មេហាម៉ាសយ៉ាហយ៉ា ស៊ីនវ៉ា ស្លាប់ ជារបត់ថ្មីនៃសង្គ្រាមនៅហ្កាហ្សា?
មេកើយចលនាហាម៉ាស យ៉ាហយ៉ា ស៊ីនវ៉ា (Yahya Sinwar) ស្លាប់នៅថ្ងៃទី ១៧ តុលា ក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កហ្សា។ ប្រតិកម្មលោកខាងលិចបានធ្លាក់មកជាបន្តបន្ទាប់។ ប្រមុខដឹកនាំខ្លះយល់ថាការកម្ចាត់មេកើយហាម៉ាសបាន ជាឱកាសនាំដល់ការបិទបញ្ចប់សង្គ្រាមនៅហ្កាហ្សា តែលោកនេតាន់យ៉ាហ៊ូ បានព្រមានភ្លាមថាសង្គ្រាមមិនទាន់បញ្ចប់ទេ។ ចំណែកអ៊ីរ៉ង់ចាត់ទុកការស្លាប់របស់យ៉ាហយ៉ា ស៊ីនវ៉ារ ថាជាការពង្រឹងស្មារតីតស៊ូ។ ចលនាហេសបូឡាបានប្រកាសបើកប្រតិបត្តិការវាយប្រហារដំណាក់កាលថ្មីលើអ៊ីស្រាអែល។ មេកើយចលនាហាម៉ាស យ៉ាហយ៉ា ស៊ីនវ៉ា ត្រូវបានយោធាអ៊ីស្រាអែលសម្លាប់នៅថ្ងៃទី ១៧ តុលា ក្នុងប្រតិបត្តិការនៅតំបន់ហ្កហ្សា។ នេះបើតាមការជូនដំណឹងរបស់អ៊ីស្រាអែល។តើយ៉ាហយ៉ា ស៊ីនវ៉ា ជានរណា ?ជាសមាជិកក្រុមភេរវកម្មហាម៉ាស ដ៏ប្តូរផ្តាច់ម្នាក់ តាំងតែពីវ័យក្មេង បច្ចុប្បន្នមានអាយុ៦១ឆ្នាំ យ៉ាហយ៉ា ស៊ីនវ៉ា (Yahya Sinwar) បានឡើងបុណ្យស័ក្តិបន្តិចម្តងៗ រហូតក្លាយជាមេចលនាហាម៉ាសប្រចាំតំបន់ហ្កាហ្សា នៅឆ្នាំ២០១៧ និងក្លាយជាមេដឹកនាំនយោបាយចលនាហាម៉ាស នៅថ្ងៃ៧សីហា ក្រោយពីប្រមុខចលនាអ៊ីស្មាយ ហានីយ៉េ បានត្រូវគេសម្លាប់នៅតេអេរ៉ង់ កាលពីថ្ងៃទី៣១កក្កដា។ងប់ក្នុងគំនិតស្អប់អ៊ីស្រាអែល ចង់កំទេចអ៊ីស្រាអែល យ៉ាហយ៉ា ស៊ីនវ៉ា ត្រូវបានអ៊ីស្រាអែលចាត់ទុកជាមេគំនិតធំ (ជាមួយមេកើយពីរនាក់ផ្សេងទៀតដែលអ៊ីស្រាអែលសម្លាប់បានហើយ) ក្នុងការរៀបចំផែនការវាយឆ្មក់ទ្រង់ទ្រាយធំសម្រុកចូលដីអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា២០២៣ សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃចំនួនប្រមាណ១២០០នាក់ និងបង្កឲ្យឆេះក្លាយជាសង្គ្រាមនៅហ្កាហ្សា។ហេតុដូច្នេះហើយបានជា កងទ័ពអ៊ីស្រាអែល កំណត់កម្មវត្ថុតាមសម្លាប់ យ៉ាហយ៉ា ស៊ីនវ៉ា នេះឲ្យបាន។ អ៊ីស្រាអែលតាមកម្ចាត់ យ៉ាហយ៉ា ស៊ីនវ៉ា ដោយប្រើពេលអស់ជាងមួយឆ្នាំ។ គឺយូរខ្លាំងណាស់! ហើយជោគជ័យទើបសម្រេចបាននៅថ្ងៃព្រហស្បតិ៍ទី ១៧តុលា។តើអ៊ីស្រាអែលកម្ចាត់យ៉ាហយ៉ាស៊ីវ៉ាបាន ដោយវិធីណា?យោធាអ៊ីស្រាអែលមិនសម្លាប់មេកើយហាម៉ាសនេះបាន ដោយសារជំនួយពីប្រព័ន្ធរ៉ាដា តាមដៅរកទីតាំងលាក់ខ្លួនក្រោមដីទេ ហើយក៏មិនមែនដោយសារប្រតិបត្តិការរបស់កងកម្មង់ដូរពិសេស តាមរយៈសកម្មភាពចារកិច្ចដែរ។ សត្រូវជួរជាតិអ៊ីស្រាអែលដែលតែងធ្វើបម្លាស់ទីក្នុងរូងដី ដោយមានជនស៊ីវិល ឬចំណាប់ខ្មាំងអូសតាមជាមួយ ដើម្បីធ្វើជាខែលការពារ បានស្លាប់ក្នុងបាញ់ប្រយុទ្ធគ្នាពេលទ័ពអ៊ីស្រាអែលដើរល្បាតនៅតំបន់រ៉ាហ្វាភាគខាងត្បូងហ្កាហ្សា។ ទាហានអ៊ីស្រាអែលបាញ់សម្លាប់ដោយមិនទាំងដឹងថាចំណុចស៊ីបនេះជាមនុស្សដែលអ៊ីស្រាអែលតាមស្វែងបំផុតទេ។ នៅយប់មិញ អាជ្ញាធរអ៊ីស្រាអែល បានផ្សព្វផ្សាយរូបភាពវីដេអូថតដោយដ្រូន បង្ហាញពីសកម្មភាពចុងក្រោយរបស់យ៉ាហយ៉ា ស៊ីនវ៉ា ត្រូវរបួស អង្គុយលើកៅអីក្នុងផ្ទះបែកបាក់ និងលើកដំបងគប់ម៉ាស៊ីនដែលតាមថតខ្លួន។បន្ទាប់មកទើបយោធាបំផ្ទុះផ្ទះនោះ ហើយចូលទៅឃើញមានសាកសពបីកំណាត់។ ការវិភាគDNA ធ្មេញនិងក្រយៅ បញ្ជាក់ថាពិតជា យ៉ាហយ៉ា ស៊ីនវ៉ាមែន។អ៊ីស្រាអែលសម្រេចបំណងសម្លាប់ យ៉ាហយា ស៊ីនវ៉ា សង្គ្រាមនៅតំបន់ហ្កាហ្សាក៏នឹងអាចបញ្ចប់?ថ្វីបើប្រមុខដឹកនាំក្រុមប្រទេសបស្ចិមលោកមួយចំនួន យល់ថាជាឱកាសបិទបញ្ចប់សង្គ្រាមនៅហ្កាហ្សាមែន ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ បានអបអរមែន តែលោកអះអាងភ្លាមដែរថា សង្គ្រាមនៅតែបន្ត ! ស្ថានភាពសង្គ្រាមនៅហ្កាហ្សាកំពុងប្តូរផ្លាស់។ អ៊ីស្រាអែលបានសម្រេចបំណងសងសឹក កម្ចាត់មេរៀបចំផែនការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលាបាន តែអ៊ីស្រាអែលត្រូវសម្រេចកម្មវត្ថុធំមួយទៀត គឺនាំចំណាប់ខ្មាំងត្រលប់មកវិញ។ លោកនាយករដ្ឋមន្ត្រីបានប្រកាសថាការកម្ចាត់មេកើយហាម៉ាស យ៉ាហយ៉ាស៊ីនវ៉ា បាន ប្រើកម្លាំង និងគ្រប់មធ្យោបាយដែលមាន ពោលគឺបន្តវាយប្រហារលើហ្កាហ្សារហូតទាល់តែអាចនាំជនរួមជាតិជាប់ជាចំណាប់ថ្នូរទាំង១០១នាក់ អាចវិលមកផ្ទះវិញដោយសុខសាន្តទាំងអស់គ្នា។ចំណែកខាងហាម៉ាស មិនទាន់មានប្រតិកម្មអ្វីទាំងអស់រហូតមកទល់ម៉ោងនេះ។ តែយ៉ាងណាក៏ដោយ ក៏ការស្លាប់មេកើយប្រកបដោយនិម្មិត្តរូបបំផុតនេះ បានបំបាក់ធ្មុងចលនាហាម៉ាសឱ្យស្រពាប់ចុះទន់ខ្សោយដោយមិនអាចប្រកែកបានទេ។ សហរដ្ឋអាមេរិក បានបង្ហាញចេតនាចង់ចាប់ផ្តើមបើកឱ្យមានកិច្ចចរចាផ្អាកបាញ់និងដោះលែងចំណាប់ថ្នូរ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក គឺយ៉ាហយ៉ា ស៊ីនវ៉ានេះហើយដែលជាឧបសគ្គដ៏ចម្បងរារាំងការបិទបញ្ចប់សង្គ្រាមនៅហ្កាហ្សា ព្រោះអតីតមេចលនាហាម៉ាសនេះ បានច្រានចោលរាល់គ្រប់សំណើចរចា។ ប្រមុខការទូតអាមេរិក បានទូរស័ព្ទទៅមេដឹកនាំអារ៉ាប៊ីសាអូឌីត កាតា អេហ្ស៊ីប និងកំពុងទាក់ទងទៅភាគីពាក់ព័ន្ធ គឺចលនាចលនាប៉ាឡេស្ទីន និងចលនាហាម៉ាសទៀត ដើម្បីបើកកិច្ចចរចានៅក្រុងគែរ។ ប៉ុន្តែ ក្នុងនាមជាអន្តរការីដ៏ចម្បងម្នាក់ អេហ្ស៊ីបបានព្រមានអំពីគ្រោះផ្ទុះកំហឹងរាលដាលជម្លោះកាន់តែធំ ដោយការស្លាប់របស់យ៉ាហយ៉ា ស៊ីនវ៉ា។សង្គ្រាមអាចរាលដាលកាន់តែធំ?នេះជាក្តីព្រួយបារម្ភជាទូទៅមួយទៀត នៅពេលបានទទួលដំណឹងថាមេកើយហាម៉ាសស្លាប់ភ្លាម។ អ្នកស្រាវជ្រាវ និងអ្នកជំនាញមួយចំនួនយល់ថាការស្លាប់របស់យ៉ាហយ៉ាអាចអូសអន្ទងឱ្យមានចរន្តតស៊ូថ្មី ជាតបស្នងនឹងអ្វីដែលគេយល់ថាមេកើយបានពលីជីវិតដើម្បីចលនា។ នាយកវិទ្យាស្ថានភូមិសាស្ត្រនយោបាយអឺរ៉ុប លោក Sébatien Boussois បានបញ្ជាក់ថា “កម្ចាត់រូបមេកើយម្នាក់បានមិនមែនជាការបញ្ចប់បញ្ហានិងធ្វើឱ្យចលនារលាយបាត់រូបរាងទេ។ ហាម៉ាសនឹងមានមេដឹកនាំថ្មី។ ហើយអ្នកបន្តវេននឹងងប់ក្នុងមនោគមវិជ្ជាកាន់តែខ្លាំង និងកាន់តែគួរព្រួយបារម្ភ។ជាក់ស្តែង អ៊ីរ៉ង់ ដែលជាអ្នកគាំទ្រចលនាហាម៉ាសដោយគ្មានប្រែប្រួល មិនទាន់បញ្ចេញប្រតិកម្មផ្លូវការទាក់ទងនឹងការស្លាប់របស់យ៉ាហយ៉ាស៊ីនវ៉ាមែន តែតំណាងអ៊ីរ៉ង់នៅអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ថា ការពលីជីវិតរបស់យ៉ាហយ៉ាស៊ីនវ៉ា ជាគំរូសម្រាប់យុវជនប៉ាឡេស្ទីនបន្តការតស៊ូ។ ស្មារតីតស៊ូនឹងកាន់តែរឹង! នេះបើតាមតំណាងអ៊ីរ៉ង់ដដែល។ចំណែកចលនាហេសបូឡានៅលីបង់ ជាសម្ព័ន្ធមិត្តបានប្រកាសឆ្លងអន្តរកាលឆ្ពោះទៅរកដំណាក់កាលថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល។ ហេសបូឡាពេលនេះស្ថិតក្នុងជំហរចាញ់ប្រៀបទេ តែមានកម្លាំងទ័ពច្រើនដល់ទៅ៥ម៉ឺននាក់ ដែលអ៊ីស្រាអែលគ្មានលទ្ធភាពកម្ចាត់អស់ ក្រៅពីរុញឱ្យពួកនេះបានក្លាយជាភេរវជនមកអុកឡុកអ៊ីស្រាអែល នាពេលអនាគត។ នេះបើតាមទស្សនៈរបស់អតីតនាយទាហានបារាំង។មេហាម៉ាសស្លាប់ អាចជះឥទ្ធិពលលើសង្គ្រាមនៅលីបង់យ៉ាងណា?បើនិយាយអំពីផ្នែកប្រយុទ្ធឬប្រតិបត្តិការប្រើកម្លាំងយោធា គ្មានទេ ព្រោះហាម៉ាស មិនបានជួយអីដល់ហេសបូឡាក្នុងផ្នែកយោធាឡើយ តែផលវិបាកអាចមានច្រើនលើផ្នែកនយោបាយ ព្រោះវាអាស្រ័យទៅលើបុគ្គលដែលត្រូវមកស្នងតំណែងបន្តពីយ៉ាហយ៉ា ស៊ីនវ៉ា។ អ្នកត្រូវមកស្នងអាចមានច្រើននាក់។បើអ្នកស្នងស្ថិតនៅក្នុងចំណោមមេកើយហាម៉ាសនៅលីបង់ ដូចយ៉ាង អ៊ូសាម៉ា ហាមដាន នោះអាជ្ញាធរលីបង់ពិតជាពិបាក និងស្មុគស្មាញកាន់តែខ្លាំង។តែបើក្រោយការស្លាប់មេកើយអស់ ហាម៉ាសបែរជាព្រមធ្វើសម្បទាន និងព្រមទទួលយកលក្ខខណ្ឌរបស់អ៊ីស្រាអែល ដើម្បីឈប់បាញ់និងដោះលែងចំណាប់ថ្នូរ នោះហេសបូឡា នឹងត្រូវស្ថិតក្នុងស្ថានភាពទើសទ័លខ្លាំង និងបាត់បង់ប្រជាប្រិយភាពក្នុងរង្វង់ប្រជាពលរដ្ឋលីបង់ ជាពិសេស ព្រោះសកម្មភាពទាំងឡាយដែលនាំឱ្យលីបង់រងការវាយប្រហាររបស់អ៊ីស្រាអែលស្ទើរខ្ទេចខ្ទាំ គឺដើម្បីបុព្វហេតុគាំទ្រហ្កាហ្សានេះឯង៕
18-10-2024 • 8 minuten, 10 seconden កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រ ជុំកំពូលប្រទេសនិយាយភាសាបារាំង នៅឆ្នាំ ២០២៦
នៅទីក្រុងប៉ារីស កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្រុមប្រទេសនិយាយភាសាបារាំងបានសម្រេចកាលពីថ្ងៃយប់ថ្ងៃសៅរ៍ម្សិលមិញ ជ្រើសរើសកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង លើកទី២០ នៅ២ឆ្នាំខាងមុខទៀត ឆ្នាំ ២០២៦។ នៅក្នុងសន្និសីទកាសែតនៅក្រោយកិច្ចប្រជុំបិទទ្វារដែលមានការចូលរួមពីប្រមុខរដ្ឋ និងថ្នាក់ដឹកនាំរដ្ឋាភិបាលមកពីបណ្តាប្រទេសសមាជិកហ្រ្វង់កូហ្វូនី លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុងបានប្រកាសដំណឹងនេះជាផ្លូវការនៅមុខលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ។ នេះជាដំណឹងដ៏ល្អមួយចំពោះកម្ពុជា ? កម្ពុជាត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង ដែលហៅថា ហ្រ្វង់កូហ្វូនីលើកទី២០ នៅក្រុងសៀមរាបអង្គរ នៅឆ្នាំ ២០២៦។ នៅលើវេទិកាសន្និសីទកាសែតជាមួយប្រធានអង្គការហ្រ្វង់កូហ្វូនី និងលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបទេស និងសហប្រតិបត្តិការអន្តរជាតិ លោកប្រធានាធិបតីបារាំង អេម៉ានុយអែលម៉ាក្រុងបានថ្លែងអបអរកម្ពុជា។ ប្រមុខការបរទេសកម្ពុជាវិញបានបង្ហាញការរីករាយ រំជួលចិត្ត និងមោទនភាព ដែលកម្ពុជាត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលក្រុមប្រទេសនិយាយភាសាបារាំងនៅ ២ឆ្នាំខាងមុខ។កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលហ្វ្រង់កូហ្វូនី ជាដំណឹងដ៏ប្រពៃ ប៉ុន្តែ វាមិនមែនជារឿងថ្មីភ្ញាក់ផ្អើលខ្លាំងនោះទេ។ នៅប៉ុន្មានឆ្នាំមកនេះ ក្នុងនាមជាប្រទេសសមាជិកពេញសិទ្ធិ និងមាន ព្រះបរមរតនកោដ សម្តេចព្រះនរោត្តមសីហនុជាស្ថាបនិកមួយអង្គដែលបានចូលរួមបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅ ទសវត្សរ៍ឆ្នាំ ១៩៧០ កម្ពុជាបានប្រឹងប្រែងធ្វើយុទ្ធនាការទូតច្រើនណាស់ ដើម្បីបានសិទ្ធិរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការដែលមានប្រទេសចំនួន ៩៣ជាសមាជិក។ ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលបានយាងចូលរួមនៅក្នុងជំនួបកំពូលនៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ម្សិលមិញបានមានព្រះបន្ទូលបញ្ជាក់ថា កម្ពុជានៅតែភ្ជាប់ខ្លួនជាមួយហ្វ្រង់កូហ្វូនី និងថា ជាមួយនឹងការរៀបចំជំនួបកំពូលហ្វ្រង់កូហ្វូនីនៅខេត្តសៀមរាប កម្ពុជាសង្ឃឹមចែករំលែកជាមួយសហគមន៍អ្នកនិយាយភាសាបារាំងនូវចំណុចពិសេសប្លែករបស់ហ្វ្រង់កូហ្វូនីនៅអាស៊ីប៉ាស៊ីហ្វិក។ ហេតុអ្វីបានជាកម្ពុជាចង់ធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលក្រុមប្រទេសនិយាយភាសាបារាំង?កន្លងមកគេច្រើនតែដឹងថា ហ្វ្រង់កូហ្វូនី ឬក្រុមប្រទេសនិយាយភាសាបារាំង ផ្តោតច្រើនទៅលើការអប់រំ ភាសា និងវិប្បធម៌។ ប៉ុន្តែ ចំពោះ រដ្ឋមន្រ្តីការបរទេសកម្ពុជា ហ្វ្រង់កូហ្វូនីមិនមែនត្រឹមតែភាសា វប្បធម៌ ប៉ុន្តែ គេអាចនិយាយពីសេដ្ឋកិច្ច។ ដូច្នេះ បានធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលក្រុមប្រទេសនិយាយភាសាបារាំង ដែលមានប្រទេសចំនួន៩៣ជាសមាជិក មកពីទ្វីបចំនួន ៥ កម្ពុជានឹងទទួលបានឱកាសដ៏វិសេសវិសាលដើម្បីទាញផលប្រយោជន៍សេដ្ឋកិច្ច។ហេតុអ្វីបានជាហ្វ្រង់កូហ្វូនី ពង្រីកខ្លួន ទៅកាន់ប្រទេសដែលមិននិយាយភាសាបារាំង ដូចជាAngola ជាដើមដែលជាប្រទេសនិយាយភាសាព័រទុយហ្កាល់ ហើយហ្កាណាជាប្រទេសនិយាយភាសាអង់គ្លេស?នៅក្នុងកិច្ចប្រជុំបិទទ្វារកាលពីថ្ងៃសៅរ៍ម្សិលមិញ គេបានបោះឆ្នោតទទួលយកប្រទេស៥ទៀត ឲ្យធ្វើជាសមាជិកសង្កេតការណ៍របស់ហ្រ្វង់កូហ្វូនី។ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបានរីកធំធាត់សមាជិក ពី ៨៨ ទៅ៩៣ នៅគ្រប់ទ្វីបទាំង៥។ សមាជិកច្រើនមែន ប៉ុន្តែ ប្រទេសមួយចំនួនធំមិនមែនជាប្រទេសដែលប្រើភាសាបារាំងជាផ្លូវការ ឬច្រើន ដូចតាមលក្ខខណ្ឌចងជាសមាជិករបស់ហ្វ្រង់កូហ្វូនី។ Chypre មានអ្នកនិយាយភាសាបារាំងតែ៦% ហ្កាហានៅអាហ្វ្រិកមានអ្នកប្រើភាសាបារាំង ប្រមាណ ១%។ ចំណែកកម្ពុជាវិញ បើតាមលោកលីម ប៊ុនហុក មានអ្នកនិយាយភាសាបារាំងប្រមាណកន្លះលាននាក់ប៉ុណ្ណោះ។ សួរថា បើថា មានអ្នកប្រជាជននិយាយភាសាបារាំងតិចតួច ឬក៏គ្មានសោះតែម្តងដូច កាតា ហេតុអ្វីបានជាហ្រ្វង់កូហ្វូនីអនុញ្ញាតឲ្យគេចូលជាសមាជិកធ្វើអ្វី។ ហេតុផលគឺផលប្រយោជន៍សេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់ ដូចក្នុងករណីរបស់ប្រទេសហ្កាណា និយាយភាសាអង់គ្លេស ប៉ុន្តែ ប្រទេសនេះ ឡោមព័ទ្ធដោយក្រុមប្រទេសនិយាយភាសាបារាំង។ ពីចំណែកខាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ការពង្រីកចំនួនសមាជិកកាន់តែច្រើន ដើម្បីបង្កើនកម្លាំងទម្ងន់ ទឹកមាត់ប្រៃ ជាពិសេសនៅក្នុងគោលដៅជំរុញការរៀន ប្រើប្រាស់ភាសាបារាំងកាន់តែទូលំទូលាយនៅក្នុងពិភពលោក៕
6-10-2024 • 9 minuten, 43 seconden លោកចូបៃដិនដកខ្លួនចេញពីការបោះឆ្នោតប្រធានាធ ិបតី តើនរណានឹងអាចក្លាយជាបេក្ខជនជំនួស?
នៅទីបំផុត ក្រោមសម្ពាធរបស់ក្រុម និងដើម្បីប្រយោជន៍ជាតិព្រមទាំងបក្សលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាស នៅរសៀលថ្ងៃអាទិត្យទី២១កក្កដា ដកខ្លួនចេញពីការប្រកួត។ ការបោះបង់បេក្ខភាពប្រធានាធិបតីរបស់លោកចូបៃដិន បាននិងកំពុងធ្វើឱ្យការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក មានភាពកាន់តែមិនជាក់លាក់ ព្រោះ នៅបីខែមុនសម័យបោះឆ្នោត គណបក្សប្រជាធិបតេយ្យបែរជាគ្មានបេក្ខជនប្រធានាធិបតីសម្រាប់ប្រកួតប្រជែងជាមួយលោកដូណាល់ត្រាំនៃបក្សសាធារណរដ្ឋ។ ចំណែកគណបក្សសាធារណរដ្ឋក៏ត្រូវប្តូរផ្លាស់យុទ្ធសាស្ត្រឃោសនាដែរ។ តាំងពីបរាជ័យនៅក្នុងការតស៊ូមតិតាមកញ្ចក់ទូរទស្សន៍ជាមួយលោកត្រាំមក សំឡេងទាមទារឱ្យលោកចូបៃដិន ប្តូរចិត្តឈប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាណត្តិទីពីរ បានចាប់លាន់ឮឡើងយ៉ាងរងំ។ ហើយបើទោះបីជាលោកចាស់ ភ្លេចភ្លាំង និយាយខុសច្រើន ដើរដួល ... ក៏លោកនៅតែបន្តអះអាងថាលោកជាបេក្ខជនតែម្នាក់ដែលអាចយកឈ្នះលើលោកត្រាំ។ តែនាប៉ុន្មានថ្ងៃចុងក្រោយនេះ សុខភាពលោកបៃដិនចុះខ្សោយកាន់តែខ្លាំង ឥស្សរជនគ្រាក់ៗរបស់បក្ស ដូចយ៉ាងលោកស្រីប្រធានសភា ណាន់ស៊ី ប៉េឡូស៊ី ឬអតីតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ក៏លែងគាំទ្របេក្ខភាពលោកបៃដិន។ ម្ចាស់ឧបត្ថម្ភកម្មវិធីឃោសនាធំៗ មានជាអាទិ៍ម្ចាស់ក្រុមហ៊ុនDisney លែងផ្តល់ប្រាក់វិភាគទាន។ លទ្ធផលនៃការស្ទង់មតិក៏បង្ហាញថាលោកធ្លាក់ប្រជាប្រិយភាពខ្លាំង ទើបលោកព្រមពិចារណាជាថ្មីនិងសម្រេចចិត្តភ្លាមតែម្តងថា ដកខ្លួនចេញពីការប្រកួត។ដំណើរការជ្រើសរើសបេក្ខជនប្រធានាធិបតីជំនួសនឹងប្រព្រឹត្តទៅយ៉ាងដូចម្តេច?ប្រមុខគណបក្សប្រជាធិបតេយ្យ បានសន្យាថាដំណើរការជ្រើសរើសបេក្ខជនមកជំនួសលោក ចូ បៃដិននឹងប្រព្រឹត្តទៅប្រកបដោយតម្លាភាពនិងតាមវិន័យ ឱ្យសមជាបក្សប្រជាធិបតេយ្យមានសាមគ្គីជាធ្លុងមួយ និងបេក្ខជនម្នាក់ដែលមានសមត្ថភាពយកឈ្នះលោកដូណាល់ត្រាំ។ទោះបីជាមានការព្រមព្រៀងលើរូបបេក្ខជនណាម្នាក់រួចហើយក៏ដោយ ក៏ដំណើរការតែងតាំងបេក្ខជនប្រធានាធិបតីថ្មីមកជំនួសលោកចូបៃដិន ត្រូវឆ្លងកាត់បែបបទបច្ចេកទេសខ្លាំងបន្តិចដោយចៀសមិនរួចទេ។ ព្រោះ ប្រធានាធិបតីដែលត្រូវបានជ្រើសរើសឱ្យឈរឈ្មោះជាថ្មី បានឆ្លងកាត់ការបោះឆ្នោតតាមរដ្ឋជាបន្ទាប់តាំងពីខែមករាដល់ខែមិថុនា២០២៤ និងត្រូវប្រកាសតែងតែងជាផ្លូវការនៅថ្ងៃទី១៩សីហាខាងមុខ។ ឥលូវលោកបានដកខ្លួនចេញ ប្រតិភូបក្សទាំង៣៩០០រូប ត្រូវសម្រេចចិត្តជាថ្មី និងមានសេរីភាពពេញលេញក្នុងការជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត។ ដូច្នេះចរន្តនីមួយៗរបស់បក្សអាចស្នើ និងជំរុញបេក្ខជនរបស់ខ្លួនឱ្យបានក្លាយបេក្ខជនរបស់បក្ស ដែលគេពិបាកនឹងស្មានដឹងជាមុនណាស់។វិធានច្បាប់ផ្ទៃក្នុងរបស់បក្សប្រជាធិបតេយ្យ បានចែងថា ក្នុងករណីបេក្ខជនជ្រើសរើរួច ស្លាប់ លាលែង ឬបាត់បង់សមត្ថភាព ប្រធានគណបក្សនឹងពិគ្រោះជាមួយមេដឹកនាំបក្សប្រចាំសភា និងប្រចាំសមាគមអភិបាល មុននឹងជ្រើសតាំងបេក្ខជនម្នាក់ ដែលនឹងត្រូវតែងតាំងជាផ្លូវការនៅខែសីហា។ សម្រាប់ពេលនេះ មានការគាំទ្រច្រើនកំពុងស្រោចទៅលើរូបលោកស្រី ខាម៉ាឡា ហារីស។ តែលោកស្រីអនុប្រធានាធិបតី ខាម៉ាឡា ហារីស ដែលលោកចូបៃដិន ជ្រើសរើសជាបេក្ខជនអនុប្រធានាធិបតី សម្រាប់អាណត្តិថ្មី មិនប្រាកដថានឹងក្លាយជាបេក្ខជនប្រធានាធិបតីទេ។តើនរណាអាចនឹងមកជំនួសបេក្ខភាពលោកចូបៃដិន?គ្មានក្បួនច្បាប់ណា កំណត់ថា បេក្ខជនអនុប្រធានាធិបតី ត្រូវក្លាយជាបេក្ខជនប្រធានាធិបតីជាស្វ័យប្រវត្តិនោះទេ។ ដូច្នេះ លោកស្រីខាម៉ាឡា ហារីស មិនប្រាកដជាប់ឈ្មោះជាបេក្ខជនប្រធានាធិបតី ជំនួសលោកបៃដិនឡើយ។ ប៉ុន្តែលោកស្រីបានដាក់បេក្ខភាពឱ្យគណបក្សជ្រើសរើសហើយ។ ហើយលោកស្រីអាចមានប្រៀបជាងគេ លេចឈ្មោះលឿនជាងគេ ព្រោះលោកស្រីធ្លាប់ជាអនុប្រធានាធិបតី និងបានចេញឃោសនាច្រើន មួយរយៈនេះ។ លោកស្រី ខាម៉ាឡា ហារីស ជាស្ត្រីទីមួយ ជាស្ត្រីអាមេរិកស្បែកខ្មៅកាត់អាហ្វ្រិក និងជាស្ត្រីដើមកំណើតអាស៊ីដំបូងគេបង្អស់ ដែលបានក្លាយជាអនុប្រធានាធិបតីអាមេរិក។ លោកស្រី ហារីស ក៏ជាស្ត្រីអាមេរិក និងជាស្ត្រីអាមេរិកស្បែកខ្មៅទីមួយដែលបានទទួលតួនាទីជារដ្ឋអាជ្ញានៅរដ្ឋកាលីហ្វ័រញ៉ា និងជាសមាជិកព្រឹទ្ធសភាអាមេរិកស្បែកខ្មៅស្រីទីពីរប៉ុណ្ណោះក្នុងប្រវត្តិអាមេរិក។ លោកស្រី ហារីស មានឪពុកដើមកំណើតហ្សាម៉ាអ៊ីក ម្តាយជាជនជាតិឥណ្ឌា។ក្នុងវ័យ៥៩ឆ្នាំ លោកខាម៉ាឡា ហារីស នឹងក្លាយជាបេក្ខនារីប្រធានាធិបតីអាមេរិកទីមួយ មានពណ៌សម្បុរស្បែកនិងដើមកំណើតអាហ្វ្រិកកាត់អាស៊ីឬ? ពេលនេះគ្រប់ចក្ខុកំពុងផ្តោតលើរូបលោកស្រីយ៉ាងខ្លាំង។ ពេលនេះ លោក ចូ បៃដិន ដែលបន្តបំពេញនាទីជាប្រធានាធិបតីរហូតដល់ចប់អាណត្តិនៅខែមករា២០២៥ និងជាឥស្សរជនដ៏ប្រកបដោយឥទ្ធិពលម្នាក់ក្នុងជួរបក្សប្រជាធិបតេយ្យបានប្រកាសផ្តល់ការគាំទ្រទាំងស្រុងទៅលើរូបលោកស្រី ខាម៉ាឡា ហារីស។ ប្រធានគណបក្ស អតីតប្រធានាធិបតីអាមេរិក ប្លីលគ្លីនតុន និងលោកស្រី ហ៊ីលឡារី គ្លីនតុន សមាគមគណៈកម្មការបក្សប្រជាធិបតេយ្យ សុទ្ធតែបានប្រកាសគាំទ្រភ្លាមបេក្ខភាពលោកស្រី ហារីស។ ប៉ុន្មានម៉ោងក្រោយ លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា ដែលគេយល់ថាអាចជាគូប្រជែងម្នាក់ក្នុងការជ្រើសរើសបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យនេះ ក៏បានប្រកាសគាំទ្រលោកស្រី ខាម៉ាឡា ហារីសដែរ។នៅឡើយតែលោកស្រីណាន់ស៊ី ប៉េឡូស៊ី អតីតប្រធានសភា និងអតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាទេ ដែលស្ងាត់មិនចេញស្តី។ លោក បារ៉ាក់ អូបាម៉ា ថាប្រតិភូបក្សជាអ្នកសម្រេចនៅពេលបោះឆ្នោតតែងតាំងបេក្ខជនជាផ្លូវការថ្ងៃទី ១៩សីហា។ក្រៅអំពីលោកស្រីហារីស អាចមានឥស្សរជនពីរបីរូបទៀត ចង់ឈរឈ្មោះបេក្ខជនប្រធានធិបតីដែរនោះគឺ អភិបាលរដ្ឋមីស៊ីហ្កែនGretchen Whitmer ឬ អភិបាលរដ្ឋពែនស៊ីវ៉ាន់នី Josh Shapiro។តើយុទ្ធនាការឃោសនានឹងមានទម្រង់យ៉ាងណា?ការជ្រើសតាំងបេក្ខជនប្រធានាធិបតីជំនួសនេះ ជារលកសន្ទុះថ្មីនៃការឃោសនាហើយ។ តែពេលវេលាបីខែវាជារយៈពេលខ្លីបន្តិច សម្រាប់បេក្ខជនក្នុងការឃោសនានាំប្រជាពលរដ្ឋជាង២៥០លាននាក់ ឱ្យស្គាល់និងជាពិសេសបញ្ចុះបញ្ចូលឱ្យព្រមបោះឆ្នោតគាំទ្រនេះ។ប្រសិនបើលោកស្រី ខាម៉ាឡា ហារីស ក្លាយជាបេក្ខជនប្រធានាធិបតីជាផ្លូវការ វាអាចគ្រាន់បើបន្តិចព្រោះអាមេរិកស្គាល់លោកស្រីជិតបួនឆ្នាំមកហើយ ក្នុងនាមជាអនុប្រធានាធិបតី និងបានចេញឃោសនាច្រើនដែរ ក្នុងនាមជាបេក្ខជនអនុប្រធានាធិបតីសម្រាប់អាណត្តិថ្មី។ការដកខ្លួនរបស់បេក្ខជនបៃដិន មិនត្រឹមតែធ្វើឱ្យមានការប្តូរផ្លាស់ក្នុងរង្វង់គណបក្សប្រជាធិបតេយ្យទេ គណបក្សសាធារណរដ្ឋ ក៏ដូចជាបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោកដូណាល់ត្រាំផ្ទាល់ ក៏ច្រងាប់ច្រងិលដែរ ដោយត្រូវរៀបយុទ្ធសាស្ត្រឃោសនាថ្មី។ ព្រោះគូប្រជែងថ្មី មិនដឹងជានរណា។ កន្លងមក លោកដូណាល់ត្រាំ ផ្តោតការវាយប្រហារនយោបាយខ្លាំងទៅលើតែសុខភាពលោកបៃដិន បង្អាប់លោកបៃដិននិយាយមិនទៅមុខ គិតមិនរហ័ស។ល។ និង។ល។ ចុះបើបែរជាលោកស្រីហារីសវ័យ៥៩ឆ្នាំ កំពុងពេញកម្លាំង និងជាស្ត្រី មានបុព្វហេតុការពារសិទ្ធិរំលូតកូនរបស់ស្ត្រី តើលោកត្រាំទៅបង្វែរការឃោសនាទៅទិសណា? លោកត្រាំនឹងក្លាយជាបេក្ខជនចាស់ជរាបំផុតវិញ។ បើតាមអ្នកវិភាគ លោកស្រីហារីសជាប់ជាបេក្ខនារីប្រធានាធិបតីបក្សប្រជាធិបតេយ្យ ជាសេណារីយ៉ោដ៏អាក្រក់បំផុតសម្រាប់លោកត្រាំ៕
ដោយរំលាយសភាបារាំង ក្រោយបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ ុប លោកម៉ាក្រុងកំពុងលេងល្បែងដ៏គ្រោះថ្នាក់
នៅប្រទេសបារាំង លោកប្រធានាធិបតី លោកអេម៉ានុយអែល ម៉ាក្រុងបានធ្វើមជ្ឈដ្ឋានអ្នកនយោបាយភ្ញាក់ផ្អើលគ្រប់គ្នា នៅពេលលោកសម្រេចចិត្តរំលាយសភាបារាំង និងរៀបចំការបោះឆ្នោតមុនកាលកំណត់។ ការសម្រេចចិត្តរបស់លោកម៉ាក្រុងធ្វើឡើង នៅមួយម៉ោងក្រោយការប្រកាសលទ្ធផលបោះឆ្នោតសភាអឺរ៉ុបដែលបង្ហាញថា គណបក្សរបស់លោកម៉ាក្រុងបរាជ័យ ចាញ់ដាច់គណបក្សស្តាំនិយមជ្រុល ដែលបានទទួលសំឡេងឆ្នោត ដល់ទៅ ៣១% នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីថ្ងៃអាទិត្យទី៩មិថុនា។គណបក្សស្តាំនិយមជ្រុលកំពុងមានសន្ទុះគាំទ្រច្រើន សឹងនៅគ្រប់ប្រទេសនៅអឺរ៉ុប មិនមែនមានតែនៅបារាំងនោះទេ ប៉ុន្តែ ហេតុអ្វីបានជាប្រធានាធិបតីបារាំង លោកម៉ាក្រុងចាំបាច់ប្រកាសរំលាយសភា និងរៀបចំការបោះឆ្នោតមុនកាលកំណត់? កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងបានធ្វើគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន។ ភ្ញាក់ផ្អើលនៅត្រង់ថា នៅតែមួយម៉ោងក្រោយ លទ្ធផលនៃការបោះឆ្នោតសភាអឺរ៉ុបបង្ហាញថា គណបក្សកណ្តាលនិយមរបស់លោកបរាជ័យ ចាញ់ដាច់គណបក្សស្តាំនិយមជ្រុល ដែលទទួលបានសំឡេងគាំទ្រ ជាង៣១% លោកប្រធានាធិបតីបារាំង បានចេញមុខប្រកាសនៅកញ្ចក់ទូរទស្សន៍ជាតិ រំលាយសភាចោលតែម្តង និងប្រកាសរៀបចំការបោះឆ្នោតមុនកាលកំណត់ នៅចុងខែមិថុនានេះ (ដោយការបោះឆ្នោតជុំទី១ ធ្វើឡើងនៅថ្ងៃទី ៣០ មិថុនា និងជុំទី២ នៅថ្ងៃទី៧កក្កដា)។បើតាមការពន្យល់របស់លោកម៉ាក្រុង នៅចំពោះមុខសន្ទុះកើនឡើងរបស់ក្រុមបក្សស្តាំនិយមជ្រុល ជាពិសេសនៅក្នុងការបោះឆ្នោតសភាអឺរ៉ុប លោកបានសម្រចចិត្តរំលាយសភាបារាំងដើម្បីផ្តល់ឱកាសឲ្យប្រជាជនបារាំងអាចសម្រេចចិត្តសាជាថ្មី ជ្រើសរើសអ្នកតំណាងរបស់ខ្លួននៅក្នុងសភា។ នៅលើបណ្តាញសង្គមX លោកម៉ាក្រុងបានសរសេរបន្ថែមថា លោកមានជំនឿទុកចិត្តថា ប្រជាជនបារាំងមានសមត្ថភាពជ្រើសរើសដ៏ត្រឹមត្រូវដើម្បីខ្លួនឯង និងដើម្បីអនាគតជំនាន់ក្រោយ។បើតាមអ្នកវិភាគមួយចំនួន ដោយសម្រេចចិត្តរំលាយសភាបារាំង និងរៀបចំការបោះឆ្នោតនៅមុនកាលកំណត់នៅពេលនេះ លោកម៉ាក្រុងចង់ទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅលើប្រជាជនបារាំង ដើម្បីឲ្យពួកគេជ្រើសរើសថា តើបន្តគាំទ្រនយោបាយរបស់គណបក្សកាន់អំណាច ឬជ្រើសរើសក្រុមស្តាំនិយមជ្រុលឲ្យចូលដឹកនាំរដ្ឋាភិបាល។លោកម៉ាក្រុងដឹងថា មានប្រជាជនបារាំងច្រើនដែលមិនចង់ឃើញគណបក្សស្តាំនិយមជ្រុលដែលស្អប់អឺរ៉ុប និងស្អប់រើសអើង ប្រឆាំងជនអន្តោប្រវេសន៍ ចូលកាន់អំណាចនៅបារាំង។ ដូច្នេះ ដោយរំលាយសភា និងរៀបចំការបោះឆ្នោតមុនកាលកំណត់ លោកម៉ាក្រុងសង្ឃឹមថា គណបក្សRenaissanceរបស់លោកនឹងអាចទទួលសំឡេងឆ្នោតច្រើនមកវិញ ដើម្បីចូលគ្រប់គ្រងសំឡេងភាគច្រើន នៅសភាបារាំង។ គួរបញ្ជាក់ថា ដោយសារតែបរាជ័យនៅក្នុងការបោះឆ្នោតសភា កាលពីឆ្នាំ ២០២២ គណបក្សកាន់អំណាចរបស់លោកម៉ាក្រុងចុះខ្សោយ គ្មានសំឡេងភាគច្រើននៅសភា។ អាចថា ជាជាងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ គ្មានអំណាចនៅសភា លោកម៉ាក្រុងចង់ឆ្លៀតឱកាសរំលាយសភាលើកនេះ ដើម្បីផ្តល់សន្ទុះដល់គណបក្សរបស់លោកដើម្បីចូលគ្រប់គ្រងសំឡេងភាគច្រើននៅសភា។បើតាមអ្នកជំនាញ ការរំលាយសភានេះអាចជាយុទ្ធសាស្រ្តមួយរបស់លោកម៉ាក្រុង ដើម្បីទាក់ទាញប្រជាជនបារាំងឲ្យបោះឆ្នោត ផ្តល់ទំនុកចិត្តសាជាថ្មីដល់គណបក្សកាន់អំណាចរបស់លោក។ ទោះនេះ ជាលើកទី១នៅក្នុងរយៈពេល២៧ឆ្នាំ ដែលប្រធានាធិបតីបារាំង ប្រកាសរំលាយសភា ប៉ុន្តែ និន្នាការរំលាយសភា រៀបចំការបោះឆ្នោតមុនកាលកំណត់ដើម្បីផ្តល់សន្ទុះគាំទ្រដល់គណបក្សកាន់អំណាចនៅសភាបារាំង មិនមែនជារឿងថ្មីនោះទេ។ នៅអតីតកាល មានប្រធានាធិបតីបារាំងពីររូបធ្លាប់សម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ ដូចលោកម៉ាក្រុង។ បញ្ហានៅត្រង់ថា នៅសម័យកាលលោក ហ្រ្វង់ស័រ មីទែររ៉ង់ ការរំលាយសភា និងការបោះឆ្នោតមុនកាលកំណត់បានជួយឲ្យលោកប្រធានាធិបតីមីទែរ៉ង់ប្រមូល គ្រប់គ្រងសំឡេងភាគច្រើននៅសភាឡើងវិញ។ ប៉ុន្តែ នៅជំនាន់លោកហ្សាក់ ស៊្ហីរ៉ាក់ ការរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតមុនកាលកំណត់នៅឆ្នាំ ១៩៩៧ បាននាំមកនូវបរាជ័យដ៏ធ្ងន់ធ្ងរដល់គណបក្សរបស់លោកប្រធានាធិបតី និងវិបត្តិនយោបាយជាប់គាំងគ្មានច្រកចេញនៅបារាំង ព្រោះថា ការបោះឆ្នោតនៅពេលនោះ បានបើកផ្លូវឲ្យបក្សប្រឆាំង គឺគណបក្សឆ្វេងនិយមជ្រុលទទួលបានសំឡេងភាគច្រើននៅសភា ដែលជាហេតុធ្វើឲ្យលោកប្រធានាធិបតីស្ហ៊ីរ៉ាក់ ត្រូវបង្ខំចិត្តចាប់ដៃធ្វើការជាមួយបក្សប្រឆាំងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ លោកម៉ាក្រុងកំពុងតែលេងល្បែងដ៏គ្រោះថ្នាក់ យកអនាគតរបស់ប្រទេសជាតិទៅប្រថុយលេង ព្រោះថា មើលមិនត្រូវទេ បក្សស្តាំនិយមជ្រុលអាចទទួលជ័យជំនះនៅក្នុងការបោះឆ្នោតសភាបារាំង និងចូលគ្រប់គ្រងសំឡេងភាគច្រើននៅសភា ដើម្បីដឹកនាំរដ្ឋាភិបាលថ្មី ការភ្នាល់ដ៏ឆ្កួតលីលា ការប្រថុយប្រថាន ឬជាការផ្គើនដ៏គ្រោះថ្នាក់។ នេះជាការវាយតម្លៃរបស់គណបក្សនយោបាយ និងអ្នកជំនាញ នៅបន្ទាប់ពីលឺលោកប្រធានាធិបតីម៉ាក្រុងប្រកាសរំលាយសភា កាលពីយប់ថ្ងៃអាទិត្យទី ៩មិថុនា។ប្រធានវិទ្យាសា្ថនស្ទង់មតិ លោកស្រី Céline Bracqយល់ថា ការសម្រេចចិត្តរបស់លោកម៉ាក្រុងដែលរំលាយសភា នៅពេលនេះប្រៀបបាននឹងកាំរន្ទះ និងការដាក់ភ្នាល់ដ៏ប្រថុយប្រថាន និងគ្រោះថ្នាក់បំផុត ព្រោះវាធ្វើឡើងនៅក្នុងកាលៈទេសៈដែលប្រជាជនបារាំងកំពុងដាក់ពិន័យប្រធានាធិបតីបារាំង តាមរយៈការបោះឆ្នោតជ្រើសរើសបក្សស្តាំនិយមជ្រុល នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប។ មួយវិញ លោកម៉ាក្រុងអាចប្រឈមនឹងការចាញ់ច្រើនជាងឈ្នះ ព្រោះថា ការស្ទង់មតិកាលពីរដូវរងាកន្លងមកបង្ហាញរួចហើយថា គណបក្សស្តាំនិយមជ្រុល គឺគណបក្សរួបរួមជាតិរបស់លោកស្រីម៉ារីន ឡឺប៉ែន ដែលបានទទួលអាសនៈ កើនឡើងរួចហើយ នៅក្នុងការបោះឆ្នោតសភា កាលពី២ឆ្នាំមុន នឹងទទួលបានសំឡេងភាគច្រើនផ្តាច់មុខ នៅសភាបារាំងតែម្តង ក្នុងករណីមានការរំលាយសភា និងការបោះឆ្នោតមុនកាលកំណត់។ដោយរំលាយសភា និងរៀបចំការបោះឆ្នោត លោកម៉ាក្រុងអាចចង់ផ្ចាញ់ផ្ចាលបក្សស្តាំនិយមជ្រុល ដែលលោកគិតថា នឹងគ្មានសមត្ថភាពប្រមែប្រមូលបេក្ខជនមានសមត្ថភាពមកឈរឈ្មោះនៅក្នុងការបោះឆ្នោតសភាក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ នៅបក្សស្តាំនិយមជ្រុល គេអះអាងថា ពួកគេត្រៀមខ្លួនរួចហើយដើម្បីចូលដឹកនាំរដ្ឋាភិបាលបារាំង។ ត្រូវដឹងថា ការប្រកាសរបស់ប្រធានាធិបតីដើម្បីរំលាយសភា ជាបំណងប្រាថ្នាធំបំផុតរបស់បក្សស្តាំនិយមជ្រុល។ជាក់ស្តែង នៅថ្ងៃអាទិត្យ អ្នកគាំទ្របក្សស្តាំនិយមជ្រុលបានស្រែក ត្រេកអរមែនទែន នៅពេលលឺលោកម៉ាក្រុងប្រកាសរំលាយសភាដើម្បីរៀបចំការបោះឆ្នោតមុនកាលកំណត់ ទៅតាមការទាមទារចង់បានរបស់ប្រធានគណបក្សស្តាំនិយមជ្រុល គឺលោក លោកហ្សកដាន បារដេលឡា Jordan Bardella។ មានវ័យត្រឹម២៨ឆ្នាំ លោកហ្សកដាន បារដេលឡា ដែលជាមនុស្សដៃស្តាំរបស់លោកស្រី ម៉ារីន ឡឺប៉ែន ស្ថាបនិករបស់គណបក្សរួបរួមជាតិ ត្រូវគេរំពឹងនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់បារាំង ក្នុងករណី គណបក្សស្តាំនិយមជ្រុលទទួលជ័យជំនះ នៅក្នុងការបោះឆ្នោតសភានៅចុងខែមិថុនានេះ។ គោលដៅបន្ទាប់របស់គណបក្សស្តាំនិយមជ្រុលគឺ បោះទិសតម្រង់ចង់បានកៅអីប្រធានាធិបតីបារាំង នៅក្នុងការបោះឆ្នោតឆ្នាំ ២០២៧។ការបោះឆ្នោតសភាមុនកាលកំណត់ អាចផ្តល់សេណារីយ៉ូបីទី១ គណបក្សកាន់អំណាចរបស់លោកម៉ាក្រុងអាចទទួលបានសំឡេងភាគច្រើននៅសភាឡើងវិញ តាមរយៈការជំរុញ ចាប់ដៃជាមួយគណបក្សដែលមាននិន្នាការកណ្តាលនិយម ឆ្វេង និងស្តាំនិយម។ ទី២ គឺគ្មានគណបក្សណាមួយដែលទទួលសំឡេងឆ្នោតច្រើនផ្តាច់មុខនៅសភា ដែលជាហេតុធ្វើឲ្យគណបក្សកាន់អំណាចនៅតែជួបការលំបាកក្នុងការអនុម័តច្បាប់ ដោយសារតែគ្មានសំឡេងភាគច្រើន ដូចសព្វថ្ងៃនេះ។ សេណារីយ៉ូទី៣គឺគណបក្សស្តាំនិយមជ្រុល របស់លោកស្រី ម៉ារីនឡឺប៉ែន អាចប្រមូលបានសំឡេងភាគច្រើននៅរដ្ឋសភា ដែលធ្វើឲ្យលោកប្រធានាធិបតីបារាំងត្រូវតែបង្ខំចិត្តចាប់ដៃ បង្កើតរដ្ឋាភិបាលចម្រុះ។ បើសិនជាដូច្នេះ មែននោះ បារាំងនឹងធ្លាក់ខ្លួនជាលើកទី២ ទៅក្នុងការជាប់គាំងនយោបាយ ដូចឆ្នាំ ១៩៩៧ ព្រោះថា ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីមកពីបក្សពីរប្រឆាំងគ្នា។ បើសិនបារាំងមាននាយករដ្ឋមន្រ្តីដឹកនាំរដ្ឋាភិបាល មកពីបក្សប្រឆាំង ដែលចាំតែជំទាស់ មិនព្រមអនុវត្តស្តាប់តាមបញ្ជារបស់លោកប្រធានាធិបតីម៉ាក្រុង នោះ គោលនយោបាយជាច្រើនរបស់បារាំងនឹងត្រូវជាប់គាំង ដូចជាការរៀបចំការប្រកួតកីឡាអូឡាំពិក ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ២៦មិថុនា ឬមហិច្ឆតារបស់លោកម៉ាក្រុងដែលចង់ឲ្យសភាអឺរ៉ុបបោះឆ្នោតលើថវិកាការពារអឺរ៉ុបតម្លៃ១០០ពាន់លានអឺរ៉ូជាដើម។ក្នុងករណីមាននាយករដ្ឋមន្រ្តីមកពីគណបក្សប្រឆាំង ដែលមិនព្រមស្តាប់អនុវត្តតាមគោលនយោបាយរបស់លោក ប៉ុន្តែ លោកប្រធានាធិបតី ម៉ាក្រុងនឹងមិនអាចរំលាយសភាភ្លាមៗទៀតនោះទេ ពោលគឺត្រូវរង់ចាំ១ឆ្នាំសិន ដើម្បីអាចរៀបចំការបោះឆ្នោតសភា បង្កើតរដ្ឋាភិបាលសាជាថ្មី៕
10-6-2024 • 8 minuten, 47 seconden ខួប៨០ឆ្នាំ ព្រឹត្តិការណ៍រំដោះសមរភូមិណរម៉ង់ឌី ផ្តួលអាល្លឺម៉ង់ណាហ្ស៊ី និងបញ្ចប់សង្គ្រាមលោកលើកទី២
ថ្ងៃទី៦មិថុនា ជាខួប៨០ឆ្នាំ នៃព្រឹត្តិការណ៍វាយរំដោះប្រទេសបារាំង ពីក្រញាំដៃទាហានណាហ្ស៊ីអាល្លឺម៉ង់។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលឈានទៅផ្តួលរំលំរបបណាស៊ី ហើយនិងបិទបញ្ចប់សង្គ្រាមលោកលើកទី២។ រដ្ឋាភិបាលបារាំង រៀបចំពិធីដ៏គគ្រឹកគគ្រេងសម្បើមណាស់ ដើម្បីរំឭកខួប៨ទសវត្សរ៍ នៃមហាព្រឹត្តិការណ៍វាយបំបែកបន្ទាយណាហ្ស៊ីអាល្លឺម៉ង់ នៅខេត្តណរម៉ង់ឌី។ ភាសាបារាំង ហៅថា Débarquement ឬខាងភាសាអង់គ្លេស ថា D-Day។ ឆ្នាំ១៩៤៤ ទាហានសម្ព័ន្ធមិត្ត សរុបប្រមាណជាង ១៥០ ០០០ នាក់ រួមព្រួតដៃគ្នា វាយបំបែកកងទ័ពអាល្លឺម៉ង់ណាហ្ស៊ី នៅបន្ទាយសមរភូមិខេត្តណរម៉ង់ឌី។ ប្រតិបត្តិកាយវាយសម្រុកនេះ ត្រូវរៀបចំយ៉ាងល្អិតល្អន់ និងយ៉ាងសម្ងាត់បំផុត ស៊ីពេលជាច្រើនខែ ដើម្បីបើកការវាយប្រហារក្នុងពេលតែ១រួមគ្នា និងត្រូវធ្វើឡើងនៅច្រើនចំណុចគោលដៅ តាមផ្លូវទឹកនិងផ្លូវអាកាស។ ទាហានចម្រុះជាតិសាសន៍ ចុះពីនាវានិងទូកឡើងគោកប្រយុទ្ធ និងក្រុមផ្សេងទៀត ត្រូវលោតឆត្រយោងពីលើយន្តហោះ ដើម្បីចូលច្បាំងលោមព័ទ្ធកម្ទេចបន្ទាយអាល្លឺម៉ង់ណាហ្ស៊ី។ នាយករដ្ឋមន្ត្រីបារាំង ហ្កាប៊្រីយែល អាតតាល់ រំឭកពីវីរភាពរបស់កងទ័ពរំដោះជំនាន់នោះ ថា មានកងទ័ពចម្រុះច្រើនជាតិសាសន៍ មានទាហានអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី ប៊ែលហ្ស៊ិក ដាណឺម៉ាក់ ហូឡង់ ន័រវែស្ស ប៉ូឡូញ និងប្រទេសជាមិត្តច្រើនទៀតទៀត។ ថ្នាក់ដឹកនាំបារាំងថា យុទ្ធជនទាំងនោះ ខ្លះ ប្រយុទ្ធមិនមែនដើម្បីប្រទេសកំណើតរបស់ពួកគេទេ ប៉ុន្តែ ពួកគេប្រកៀកស្មាគ្នាតស៊ូប្រយុទ្ធ ដើម្បីឧត្តមគតិរួមមួយ និងប្រយុទ្ធដើម្បីសេរីភាព។កាលនោះ កងទ័ពទាហានសម្ព័ន្ធមិត្ត ចំនួនជាង ១៣ ០០០ នាក់ត្រូវពលីបាត់បង់ជីវិត នៅសមរភូមិខេត្តណរម៉ង់ឌី។ ថ្ងៃទី៦មិថុនាឆ្នាំនេះ នៅឆ្នេរ Omaha Beach និងឆ្នេរផ្សេងៗទៀត ក្នុងខេត្តណរម៉ង់ឌី ប្រទេសបារាំង មានទាហានសម្ព័ន្ធមិត្តជាច្រើនក្រុម រៀបចំក្បួនរំឭកខួប និងដាក់ទង់ជាតិតែរៀងៗខ្លួន។ អតីតយុទ្ធជន ចាស់ៗជរា អាយុសុទ្ធតែប្រមាណ១០០ឆ្នាំ ត្រូវគេអញ្ជើញមកចូលរួមពិធីរំឭកខួបឆ្នាំនេះ។ ក្នុងនោះ មានអតីតយុទ្ធជនអាមេរិកនិងអង់គ្លេស ប្រមាណ ២០០ នាក់។ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ប្រមាណ ៣០ ប្រទេសចូលរួម តួយ៉ាង ប្រធានាធិបតីអាមេរិក ចូ បៃដិន និងភរិយា អញ្ជើញមកដល់បារាំង តាំងពីល្ងាច ថ្ងៃទី៥មិថុនា។ ថ្ងៃទី៥មិថុនា ប្រទេសអង់គ្លេសបានប្រារព្ធខួបម្តងហើយ។ ថ្នាក់ដឹកនាំអង់គ្លេស ព្រះមហាក្សត្រ ឆាលស៍ ទី៣ និងរាជបុត្រ វីល្លៀម ព្រមទាំងនាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ បន្តមកប្រារព្ធរំឭកខួបថែមទៀត នៅបារាំង ដើម្បីរំឭកដឹងគុណដ៏ជ្រាលជ្រៅចំពោះយុទ្ធជនដែលបានពលីកម្ម។ភ្ញៀវសំខាន់ៗផ្សេងទៀត មាន អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ នាយករដ្ឋមន្ត្រីដាណាដា លោក ហ្សូសស្តាំង ទ្រុយដូ និង ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ។ល។ ចំពោះមុខអតីតយុទ្ធជននិងភ្ញៀវបរទេស ប្រធានាធិបតីបារាំង បានបំពាក់មេដាយកិត្តិយសថ្នាក់ជាតិបារាំង Chevalier de la Légion d’honneur ចំពោះយុទ្ធជន១១នាក់។ លោក ម៉ាក្រុង ក៏បានរំឭកគុណអតីតយុវជនស្លាប់ទៅហើយនិងនៅរស់រាននៅឡើយ ដោយថ្លែងថា ពួកគេបានលះបង់អ្វីៗគ្រប់យ៉ាង និងប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់ជំពូក ដើម្បីឯករាជ្យនិងសេរីភាពរបស់យើងនៅថ្ងៃនេះ។ វីរភាពនេះ ដិតជាប់ក្នុងដួងចិត្តយើងជានិច្ច មិនអាចបំភ្លេចបាន។នៅឆ្នេរខេត្តណរម៉ង់ឌី វត្តមានថ្នាក់ដឹកនាំសំខាន់ៗជាច្រើនប្រទេសអញ្ជើញមកចូលរួម ហើយនិងរៀបចំកម្មវិធីនៅឆ្នេរផ្សេងៗគ្នាដែលធ្លាប់មានទ័ពរបស់ខ្លួនឈរជើងនៅជំនាន់នោះ។ ក៏ប៉ុន្តែ គ្មានវត្តមានរបស់ថ្នាក់ដឹកនាំរុស្ស៊ីទេ។៨ទសវត្សរ៍មុន ទន្ទឹមនឹងកងទ័ពសម្ព័ន្ធមិត្តបច្ចិមលោក បើកការវាយស្រុកបំបែកបន្ទាយអាល្លឺម៉ង់នៅស្រុកបារាំង, កងទ័ពសហភាពសូវៀត ក៏សម្រុកប្រយុទ្ធចូលពួតដៃគ្នាផ្តួលរំលំកម្ចាត់របបផ្តាច់ការណាស៊ី។ សូម្បីតែ លលាដ៏ក្បាលរបស់មេផ្តាច់ការ ហ៊ីត្លែ នៅរក្សាទុកនៅរុស្ស៊ី រហូតមកដល់សព្វថ្ងៃ។ ដូច្នេះ ពីជំនាន់នោះ ការរំដោះអឺរ៉ុប ចេញពីកណ្តាប់ដៃរបបណាហ្ស៊ីអាល្លឺម៉ង់ គេមិនអាចនឹងបំភ្លេចតួនាទីចូលរួមដ៏សកម្មរបស់ កងទ័ពសហភាពសូវៀត បានឡើយ។កាលពី១០ឆ្នាំមុខ ក្នុងពិធីរំឭកខួប៧០ឆ្នាំ នៃការវាយរំដោះនេះ គឺឆ្នាំ២០១២ បារាំងបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ឲ្យមកចូលរួម។ បើទោះបីជាគ្រានោះ រុស្ស៊ីបានលេបត្របាក់យកដែនដីគ្រីមេ ដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនក្តី ក៏អតីតថ្នាក់ដឹកនាំបារាំង លោក ហ្វ្រង់ស័រ ហូឡង់ និងអតីតអធិការបតីអាល្លឺម៉ង លោកស្រី អង់ហ្គេឡា មែរគែល បានជួយជ្រោមជ្រែងឲ្យ លោក ពូទីន មកជួបនឹងសមភាគីអ៊ុយក្រែន លោក ប៉េត្រូ ប៉ូរូឆេនកូ ដោយគេសង្ឃឹមថានឹងអាចរកច្រកផ្លូវសម្រួលស្ថានការណ៍ ហើយរកច្រកផ្លូវសន្តិភាព។ផ្ទុយទៅវិញ នៅខួប៨០ឆ្នាំនេះ ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន, បារាំងមិនអញ្ជើញលោក ពូទីន មកទៀតឡើយ ពីព្រោះតែរុស្ស៊ីបញ្ឆេះភ្លើងសង្គ្រាមឈ្លានពានអ៊ុយក្រែន តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២ រហូតមកទល់នឹងពេលនេះ។ ត្រឹមឆមាសទី២ ឆ្នាំទៅមិញ ដែនដីអ៊ុយក្រែន ២០% ត្រូវរុស្ស៊ីត្រួតត្រា។ ដូច្នេះហើយ គេពុំអាចលាតក្រាលកំរាលព្រំក្រហមទទួលថ្នាក់រុស្ស៊ី បានជាដាច់ខាត។ស្មារតីដ៏សំខាន់នៃការរំឭកខួបរំដោះអឺរ៉ុបនេះ ត្រូវថ្នាក់ដឹកនាំអាមេរិក បារាំង និងអង់គ្លេស បានសង្កត់ធ្ងន់ ទៅលើការទប់ទល់ប្រឆាំងនឹងទង្វើឈ្លានពាន ហើយរំដោះប្រទេសដើម្បីសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ។ ប្រមុខរដ្ឋបារាំង បានសរសេរលិខិតផ្លូវការទៅចៅហ្វាយវិមានក្រេមឡាំង ដោយបញ្ជាក់ថា មិនអញ្ជើញលោក ពូទីន មកចូលរួមពិធីដ៏សំខាន់នេះឡើយ។ ក្នុងបណ្តាញផ្សព្វផ្សាយបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានចាត់ទុកសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ជាសង្គ្រាមឈ្លានពាន ហើយទង្វើដ៏គឃ្លើនឈ្លានពានរបស់រុស្ស៊ី ជាការក្បត់ខ្លឹមសារនៃព្រឹត្តិការណ៍រំដោះអឺរ៉ុប កាលពី៨០ឆ្នាំមុន។ជុំវិញសំណុំរឿងសង្គ្រាមអ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដាស់រំឭកដែរថា ពេលនេះ សម្ព័ន្ធមិត្តអូតង់សាមគ្គីពួកដៃយ៉ាងមាំជាងពេលណាៗទាំងអស់។ អ៊ុយក្រែន ត្រូវឈ្លានពានពីរបបផ្តាច់ការ យើងមិនអាចបោះបង់ចោលអ៊ុយក្រែននោះឡើយ។ភ្ញៀវពិសេស ក្នុងឱកាសនេះ គឺប្រធានាធិបតីអ៊ុយក្រែន។ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានគូសបង្ហាញថា ព្រឹត្តិការណ៍រំឭកខួប៨០ឆ្នាំរំដោះអឺរ៉ុបពីរបបផ្តាច់ការណាហ្ស៊ី ជាសក្ខីកម្មរំឭកអំពីសេចក្តីក្លាហាននិងការប្តេជ្ញាចិត្តដើម្បីប្រយុទ្ធដើម្បីសេរីភាពនិងប្រជាធិបតេយ្យ៕
6-6-2024 • 5 minuten, 43 seconden វត្តមាននាវាចិននៅកំពង់ផែរាមកម្ពុជាជាង៤ខែ កំពុងបង្ក ើនភាពតានតឹងរវាងកម្ពុជា អាមេរិក?
នាវាចម្បាំងចិនចំនួន២គ្រឿងកំពុងបន្តមានវត្តមាននៅទឹកដីកំពង់ផែរាមកម្ពុជា។ ព្រឹត្តិការណ៍មួយនេះត្រូវបានអាមេរិកដាក់ក្តីសង្ស័យពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា។ គួរបញ្ជាក់ថា រូបភាពពីប្រព័ន្ធផ្កាយរណបរបស់វិទ្យាស្ថានស្រាវជ្រាវអាមេរិកបានបង្ហាញឲ្យឃើញនូវនាវាចម្បាំងចិនចំនួន២គ្រឿងដែលមានវត្តមាននៅកំពង់ផែរាមកម្ពុជាតាំងពីអំឡុងខែធ្នូ ឆ្នាំ ២០២៣។ អ្នកតាមដានបញ្ហាភូមិសាស្ត្រនយោបាយបានបង្ហាញក្តីកង្វល់ និងយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែបន្តមានជំហរតម្លាភាពទាក់ទងនឹងកំពង់ផែរាម។
6-5-2024 • 13 minuten, 18 seconden តើអ៊ីស្រាអែលផ្តើមសងសឹកអ៊ីរ៉ង់ដែលបាញ់ដ្រូននិងមីស៊ីលកាលពីសប្តាហ៍មុន ឬយ៉ាងណា?
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា អ៊ីស្រាអែលបានវាយប្រហារទៅអ៊ីរ៉ង់ សំដៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហើយនិងព្រលានយន្តហោះអ៊ីរ៉ង់ នៅថ្ងៃសុក្រទី១៩មេសា និងថា ការវាយប្រហារផ្លូវអាកាសនេះជាការសងសឹកឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល កាលពីថ្ងៃទី១៣-១៤មេសា។ ផ្ទុយទៅវិញ ភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់មួយចំនួន ព្យាយាមអះអាងថា គ្មានការវាយប្រហារអ្វីឡើយលើទឹកដីអ៊ីរ៉ង់ ហើយសារព័ត៌មានខ្លះទៀត បញ្ជាក់ថា មានសំឡេងផ្ទុះ តែគ្មានការខូចខាតអ្វីទេ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ ចេញមុខអះអាងថា សេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយអាមេរិក ពុំត្រឹមត្រូវទេ។ ចំណែកឯ រដ្ឋាភិបាលអ៊ីស្រាអែល រក្សាភាពស្ងៀមស្ងាត់ ដោយមិនបញ្ជាក់ថាជាស្នាដៃខ្លួន ហើយក៏មិនបដិសេធចោលដែរ។ នៅអ៊ីរ៉ង់ មានសំឡេងផ្ទុះ៣ នៅលើអាកាស ក្នុងខេត្ត អ៊ីស្បាហាំង ប៉ែកកណ្តាលប្រទេសអ៊ីរ៉ង់។ ទីតាំងនោះ ជាមូលដ្ឋានយោធាអ៊ីរ៉ង់ Qahjavarestan និងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ផលិតថាមពលនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ហើយនិងមានព្រលានយន្តហោះផង។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាមេរិក ជាច្រើនសុទ្ធតែអះអាងព្រមគ្នាថា មីស៊ីលអ៊ីស្រាអែលជាច្រើនគ្រាប់ វាយប្រហារទៅលើមូលដ្ឋានយោធាអ៊ីរ៉ង់ ជាការសងសឹក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាមេរិក CNN និង ទីភ្នាក់ងារព័ត៌មានអូស្ត្រាលី ABC News ។ ទន្ទឹមនឹងសំឡេងផ្ទុះនោះ ប្រព័ន្ធរ៉ាដាររបស់ក្រសួងការពារជាតិស៊ីរី ក៏ផ្តល់ដំណឹងព័ត៌មានពីការវាយប្រហារលើដែនអាកាសអ៊ីរ៉ង់ដែរ។កាសែតអាមេរិក The New York Times បានស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ដែលបញ្ជាក់ថា មានការវាយប្រហារផ្លូវអាកាស បង្កឡើងពីយន្តហោះដ្រូនតូចៗ ហើយទំនងជាបញ្ជាហោះចេញពីទឹកដីអ៊ីរ៉ង់ខ្លួនឯង។ ប្រព័ន្ធខែលការពារដែនអាកាសនិងនៅព្រំដែន គ្មានចាប់សញ្ញាពីការវាយប្រហារហោះហើរឆ្លងព្រំដែននោះដែរ។ កាសែតអាមេរិកមួយទៀត The Washington Post បានស្រង់ប្រភពពី មន្ត្រីអ៊ីស្រាអែល ដែលសុំលាក់ឈ្មោះ ទៅប្រកាសឲ្យដឹងថា ការវាយប្រហារលើកនេះ ជាការសងសឹកចំពោះទង្វើគឃ្លើនរបស់អ៊ីរ៉ង់ដែលបាញ់ប្រហារតាមផ្លូវអាកាស ទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី១៣មេសា ហើយនិងបញ្ជាក់ទៀតថា អ៊ីស្រាអែល មានសមត្ថភាពវាយបកតបតខ្លាំងណាស់ និង អាចបញ្ជាការវាយប្រហារចេញពីទឹកដីអ៊ីរ៉ង់តែម្តង។អ្នកតំណាងរាស្ត្រអ៊ីស្រាអែលមួយរូប លោកស្រី Tally Gotliv មកពីបក្សកាន់អំណាចលីគួដ របស់លោកនាយករដ្ឋមន្ត្រី បេនចាមិន នេតាន់យ៉ាហ៊ូ បានកោតសរសើរតាមបណ្តាញសង្គមX ដោយសម្តែងក្តីមោទនភាពចំពោះហេតុការណ៍ដែលបានកើតឡើងនេះ ថា អ៊ីស្រាអែលពិតជាខ្លាំងក្លា ខ្លាំងពូកែមែន។កាសែតជាច្រើនអះអាងថាគ្មានការវាយប្រហារទេ ហើយពិសេស សារព័ត៌មានអ៊ីរ៉ង់ ខ្លួនឯងតែម្តង។ ទីភ្នាក់ងារព័ត៌មានReuters របស់អង់គ្លេស បានប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ប្រកាសនៅថ្ងៃសុក្រថា សំឡេងផ្ទុះនៅខេត្តអ៊ីស្បាហាំង បណ្តាលមកពីការបើកដំណើរការប្រព័ន្ធការពារដែនអាកាសតែប៉ុណ្ណោះ និងបញ្ជាក់ទៀតថា គ្មានការវាយប្រហារមីស៊ីលណាមួយលើអ៊ីរ៉ង់នោះឡើយ។ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់មួយឈ្មោះថា Tasnim អះអាងថា បានទទួលព័ត៌មានពីប្រភពច្បាស់ការ និងគួរឲ្យទុកចិត្តបាន ដែលបញ្ជាក់ថា អ៊ីរ៉ង់គ្មានរងការវាយប្រហារពីកម្លាំងបរទេស ណាឡើយ។ជាការពិត ការផ្ទុះនោះ ព្រោះតែមានការបាញ់កម្ទេចកូនយន្តហោះដ្រូនតូចៗ និងមិនមែនជាមីស៊ីលឡើយ។ មេបញ្ជាអ៊ីរ៉ង់ Siavosh Mihandoust ប្រចាំនៅខេត្ត អ៊ីស្បាហាំង ត្រូវបណ្តាញព័ត៌មានអ៊ីរ៉ង់ ស្រង់សម្តីអះអាងថា អ៊ីរ៉ង់គ្មានខូចខាតអ្វីឡើយ។ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់មួយទៀត ឈ្មោះថា Irna ក៏សង្កត់ធ្ងន់ដែរថា នៅខេត្ត អ៊ីស្បាហាំង មានសុខសុវត្ថិភាពល្អ និងគ្មានសញ្ញាណគ្រោះថ្នាក់អ្វីបានប្រកាសឲ្យដឹង និងគួរឲ្យខុសប្រក្រតីសោះ។ ព្រលានយន្តហោះនៅក្នុងខេត្តវិញ គ្រាន់តែបានផ្អាកដំណើរការមួយរយៈខ្លីប៉ុណ្ណោះ ហើយបានចាប់ផ្តើមដំណើរការឡើងវិញ។ជាផ្លូវការ ទាំងរដ្ឋាភិបាលអ៊ីស្រាអែល និងទាំងទីបញ្ជាការយោធាអ៊ីស្រាអែល គ្មានបញ្ជាក់ ហើយក៏មិនច្រានចោលថាជាស្នាដៃរបស់ខ្លួនដែរ។ ចំណែកភាគីសហរដ្ឋអាមេរិក រដ្ឋមន្រ្តីក្រសួងការបរទេស លោក អង់តូនី ប្ល៊ីងកិន បានអះអាងប្រាប់អ្នកកាសែតថា សហរដ្ឋអាមេរិកគ្មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ផ្ទុះនៅអ៊ីរ៉ង់សោះឡើយ។ ប្រមុខការទូតអាមេរិក សូមមិនអត្ថាធិប្បាយទៅលើព័ត៌មានដែលបណ្តាផ្សព្វផ្សាយអាមេរិកបានចុះផ្សាយឡើយ។ លោក អង់តូនី ប្ល៊ីងកិន គ្រាន់តែសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនិងក្រុមប្រទេសហ្សេ៧ នឹងសហការគ្នា ក្នុងគោលបំណងតែ១ ជំរុញឲ្យស្ថានការណ៍បានធូរស្រាលទៅវិញ។ភាគីអ៊ីរ៉ង់ ទាំងរដ្ឋាភិបាលក្រុងតេហេរ៉ង់ និងទាំងថ្នាក់ដឹកនាំរបបឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏រក្សាភាពស្ងៀមស្ងាត់។ ក្នុងដំណើរទស្សនកិច្ចនៅខេត្តប៉ែកឥសានប្រទេស នៅថ្ងៃសុក្រ ទី១៩មេសា ប្រធានាធិបតីអ៊ីរ៉ង់ នៅអេប្រាហ៊ីម រ៉ៃស៊ី បានថ្លែងសុន្ទរកថា១តែពុំបានលើកឡើងសូម្បីតែមួយម៉ាត់សោះអំពីហេតុការណ៍ផ្ទុះ។អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ អះអាងបន្ថែមថា ព័ត៌មានសេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយអាមេរិក ពុំត្រឹមត្រូវទេ។សហគមន៍អន្តរជាតិ អំពាវនាវឲ្យបញ្ឈប់ល្បែងសងសឹកគ្នាដ៏គ្រោះថ្នាក់ទីភ្នាក់ងារថាមពលអន្តរជាតិ AIEA របស់អង្គការសហប្រជាជាតិ បានថ្លែងអំពាវនាវឲ្យភាគីនីមួយៗបង្កើនភាពអត់ធ្មត់។ ទីភ្នាក់ងារថាមពលអន្តរជាតិ AIEA បានទាក់ទងសហការីនៅមូលដ្ឋាន ហើយនិងបានបញ្ជាក់ថា គ្មានការខូចខាតអ្វីពិតមែននៅទីតាំងមជ្ឈមណ្ឌលនុយក្លេអ៊ែរ នៅខេត្តអ៊ីស្បាហាំង។ ទោះជាយ៉ាងនេះក្តី AIEA ព្រមានថា កុំឲ្យកើតមានរឿងបែបនេះបន្តទៀត ហើយនិងថា មិនត្រូវយកកន្លែងចម្រាញ់ថាមពលបរមាណូ និងមជ្ឈមណ្ឌលនុយក្លេអ៊ែរដូច្នេះ ជាផ្ទាំងស៊ីប ក្នុងជម្លោះប្រដាប់អាវុធសោះឡើយ ព្រោះវាជាមហាគ្រោះថ្នាក់ធ្ងន់។ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានប្រកាសឲ្យភាគីទាំងឡាយទាំងពួងនៅតំបន់ដើមបូព៌ា ត្រូវនៅឲ្យស្ងៀម កុំបង្កសកម្មភាពថ្មីអ្វីថែមទៀត។ អ៊ីតាលី ប្រធានផ្លាស់វេនប្រទេសមានសេកិច្ចជឿនលឿន ហ្សេ៧ តាមរយៈរដ្ឋមន្ត្រីការបរទេស បានស្នើឲ្យគ្រប់ភាគីជៀសវៀងឲ្យបាន នូវការប្រឈមមុខដាក់គ្នា និងត្រូវបន្ធូរបន្ថយស្ថានការណ៍ កុំឲ្យធ្លាក់ដុបដាបជ្រុលជាងនេះ។អគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរស៍ តាមរយៈអ្នកនាំពាក្យ បានថ្កោលទោសការវាយប្រហារសងសឹកគ្នានៅក្នុងតំបន់ដើមបូព៌ា និងអំពាវនាវឲ្យបញ្ចប់ល្បែងសងសឹកគ្នាទៅវិញទៅមក មិនចប់មិនចេះហើយនិងដ៏គ្រោះថ្នាក់នេះចោលទៅ។ប្រទេសចិន តាមរយៈអ្នកនាំពាក្យការទូតចិន លីន ឈាន់ បានអះអាងថា ចិនជំទាស់រាល់សកម្មភាពទាំងឡាយណាដែលជំរុញឲ្យស្ថានការណ៍ធ្លាក់ក្នុងភាពតានតឹងកាន់តែខ្លាំង ហើយរដ្ឋអំណាចចិននឹងបន្តដើរតួជួយបន្ធូរភាពតានតឹង។ រដ្ឋាភិបាលក្រុងប៉េកាំង ក៏អំពាវនាវពលរដ្ឋខ្លួនដែលស្នាក់នៅអ៊ីរ៉ង់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។ចំណែករុស្ស៊ី អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានប្រកាសលើកទឹកចិត្តឲ្យភាគីជម្លោះ ខំប្រឹងអត់ធ្មត់សង្កត់ចិត្ត និងកុំបង្កការញុះញ៉ុងបង្កស្ថានភាពឲ្យក្តៅធ្ងន់ធ្ងរឡើយ។ ឆ្លៀតពេលនេះ រុស្ស៊ី ដែលជាមិត្តជិតស្និទ្ធនឹងអ៊ីរ៉ង់ បានបង្ហើរផ្ញើសារទៅកាន់អ៊ីស្រាអែល ថា អ៊ីរ៉ង់គ្មានចង់ឲ្យសភាពការណ៍ ធ្លាក់ជ្រុលទៅធ្ងន់ធ្ងន់ទេ ៕
19-4-2024 • 5 minuten, 36 seconden អូឡាំពិកបារីស២០២៤៖ ១០០ថ្ងៃមុនការសម្ពោធ តើបារាំងបានត្រៀមខ្លួនរួចរាល់ហើយឬនៅ?
គិតចាប់ពីថ្ងៃទី១៧មេសានេះទៅ គឺនៅសល់១០០ថ្ងៃគត់ ដែលកម្មវិធីប្រកួតកីឡាអូឡាំពិក២០២៤នៅទីក្រុងប៉ារីស នឹងចាប់ផ្តើមជាផ្លូវការ។ មានមតិខ្លះ បានបង្ហាញការព្រួយបារម្ភជាច្រើនចំណុច ថាហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងបណ្តាញដឹកជញ្ជូនបារាំង នៅមិនទាន់រៀបចំស្រេចបាច់ ដើម្បីទទួលកីឡាករនិងអ្នកទស្សនារាប់សែននាក់ឡើយ។ ហើយទន្ទឹមនឹងនេះ ក៏មានផងដែរ នូវការព្រួយបារម្ភស្តីពីបញ្ហាសន្តិសុខ ដោយសារតែមានការគំរាមធ្វើភេរវកម្ម នៅថ្ងៃបើកសម្ពោធការប្រកួត។ តើគិតត្រឹមពេលនេះ ដំណើរការនៃការរៀបចំ និងការសាងសង់ផ្សេងៗ បានរួចរាល់អ្វីខ្លះ នៅខ្វះអ្វីខ្លះ? ហើយថាតើអ្វីៗនឹងអាចដំណើរការដោយរលូន ដូចការរំពឹងទុកដែរឬទេ?សំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗរួចរាល់ទាំងស្រុងជាការពិតណាស់ វាតែងតែមានមនុស្សមួយចំនួន ដែលមិនពេញចិត្ត ហើយរិះគន់ជានិច្ច ថាខ្វះអញ្ចេះខ្វះអញ្ចោះ។ តែតាមពិតទៅ បើនិយាយអំពីសំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលបារាំងត្រូវសាងសង់ដើម្បីទទួលរៀបចាំការប្រកួតកីឡាអូឡាំពិកនៅប៉ារីសនេះ គឺបានរួចរាល់សឹងតែទាំងស្រុងហើយ។ យោងតាម គណៈកម្មាធិការរៀបចំការប្រកួត និងក្រុមហ៊ុនSolideo ដែលជាអ្នកទទួលបន្ទុកប្រគល់សំណង់ទាំងអស់ គឺគេបានគោរពកាលបរិច្ឆេទសាងសង់ ដូចអ្វីដែលគ្រោងទុក។ មិនត្រឹមតែប៉ុណ្ណោះទេ គឺតម្លៃនៃការចំណាយសាងសង់ បានឡើងលើសបន្តិចបន្តួចតែប៉ុណ្ណោះ បើប្រៀបធៀបទៅកញ្ចប់ថវិកាដែលគេគ្រោង។សំណង់ភូមិអូឡាំពិក ដើម្បីទទួលកីឡាករឲ្យស្នាក់នៅ ត្រូវបានប្រគល់និងបើកសម្ពោធឲ្យដំណើរការហើយ កាលពីចុងខែកុម្ភៈ ដោយតម្លៃចំណាយសាងសង់បានកើនលើសការកំណត់ប្រមាណតែ១០០លានអឺរ៉ូប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ក្រុមការងារកំពុងតែបំពាក់គ្រឿងសង្ហារឹម។ ដូចគ្នាដែរ ភូមិមួយទៀតសម្រាប់អ្នកសារព័ត៌មានទូទាំងពិភពលោក ក៏ត្រូវបានបើកសម្ពោធរួចរាល់ដែរ កាលពីដើមខែមីនា។ សំណង់ភូមិអូឡាំពិកទាំង២នេះ គឺគេនឹងកែច្នៃយកធ្វើជាផ្ទះរស់នៅ និងជាទីតាំងការិយាល័យធ្វើការ នៅក្រោយការប្រកួតកីឡាំអូឡាំពិកចប់។ មានអ្នកកក់ទិញផ្ទះទាំងនេះ សឹងតែអស់ទៅហើយ។ចំណែកសំណង់ថ្មីដ៏ធំមួយទៀត ឈ្មោះ Arena Porte La Chapelle ខាងជើងក្រុងប៉ារីស ក៏រួចរាល់ហើយដែរ។ ទីនេះគឺជាកន្លែងសម្រាប់ប្រកួតវិញ្ញាសារកីឡាវាយសី និងកីឡាកាយសម្ព័ន្ធ។ រីឯទីតាំងប្រកួតវិញ្ញាសារកីឡាទឹកទាំងអស់ ដែលស្ថិតនៅជិតពហុកីឡាដ្ឋានជាតិបារាំង ក៏បានបើកសម្ពោធរួចរាល់ហើយដែរ។ជាសរុប គឺសំណង់ធំៗជាប់យូរអង្វែង គឺរួចរាល់អស់ហើយ។ ហេដ្ឋារចនាសម្ព័ន្ធខ្លះទៀត ជាការកែច្នៃជួលជុល យកទីតាំងដែលមានស្រាប់យកមកប្រើ ជាក់ស្តែង ដូចជាវិមានGrand Palais ដ៏ល្អវិចិត្រនៅកណ្តាលក្រុងប៉ារីស ដែលគេនឹងយកធ្វើជាទីតាំងប្រកួតកីឡាលោតសេះ និងកីឡាចាក់សាប។ ដោយឡែក នៅមានសំណង់មួយចំនួយទៀត ដែលគេគ្រោងសាងសង់បណ្តោះអាសន្ន ហើយរូសចេញវិញពេលចប់ការប្រកួត។ ជាក់ស្តែង សំណង់ទីតាំងប្រកួត នៅខាងក្រោមក្បែរជើង Tour Eiffel តែម្តង សម្រាប់ទទួលការប្រកួតកីឡាបាល់ទាល់ងងឹតភ្នែក និងកីឡាបាល់បោះលើខ្សាច់។ បច្ចុប្បន្ននេះ ការរដ្ឋានចាប់ផ្គុំសំណង់បណ្តោះអាសន្ននេះ បានចាប់ផ្តើមហើយ នៅក្បែរ Tour Eiffel។កម្មវិធីបើកសម្ពោធលើដងទន្លេសែន ប្រឈមនឹងការគំរាមភេរវកម្មទាក់ទិននឹងកម្មវិធីបើកបើកសម្ពោធការប្រកួតវិញ ដែលបារាំងគ្រោងរៀបចំធ្វើ នៅលើដងទន្លេសែននោះ គឺមានការបារម្ភខ្លាំងណាស់អំពីបញ្ហាសន្តិសុខ ការគំរាមភេរវកម្មជាដើម។ ការរៀបចំពិធី ធ្វើនៅទីហាលវាល តាមដងទន្លេសែន ដែលឆ្លងកាត់ក្រុងប៉ារីសទាំងមូល គឺវាមិនដូចយើងរៀបចំនៅក្នុងពហុកីឡាដ្ឋានទេ។ ពោលគឺអាជ្ញាធរបារាំង ត្រូវតែរៀបចំកម្លាំង និងផែនការច្បាស់លាស់ណាស់ ដើម្បីការពារសន្តិសុខចេញចូល។ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោកម៉ាក្រុងបានប្រកាសថា បើកៀកថ្ងៃនោះមែនទែន មានការបារម្ភខ្លាំងពីសន្តិសុខ គឺគេមានជម្រើស២ទៀត។ ជម្រើសទី១ គឺកម្មវិធីបើកសម្ពោធការប្រកួតនឹងត្រូវធ្វើ នៅតែតំបន់ទីលាន Trocadero ខាងមុខTour Eiffel តែប៉ុណ្ណោះ។ ហើយជម្រើសទី២ គឺលើកទៅធ្វើក្នុងពហុកីឡាដ្ឋានជាតិបារាំង តែម្តង ប្រសិនបើមានការបារម្ភខ្លាំងពីបញ្ហាភេរវកម្ម។តែយ៉ាងណាសម្រាប់ពេលនេះ លោក Gérald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានធានាអះអាងថា អាជ្ញាធរបារាំង និងគណៈកម្មាធិការរៀបចំ នៅតែធ្វើការដើរឆ្ពោះទៅកាន់កម្មវត្ថុដែលគ្រោងទុកដដែល គឺរៀបចំប្រារព្ធរាត្រីបើកសម្ពោធការប្រកួត ថ្ងៃទី២៦កក្កដា នៅលើដងទន្លេសែន។ តែទន្ទឹមនឹងនេះ ស្រីពេជ្រ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គេបានបន្ថយចំនួនមនុស្សចូលរួមទស្សនា ពី៦សែននាក់ ឲ្យមកនៅត្រឹមតែ ៣២៦០០០នាក់ប៉ុណ្ណោះ។ ផ្អែកតាមលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅ៧ថ្ងៃមុនថ្ងៃបើកសម្ពោធ គេនឹងដាក់រនាំងសន្តិសុខ ព័ទ្ធតាមបណ្តោយដងទន្លេសែន ទាំងសងខាង ចាប់ពីស្ពានBercy ទៅដល់ Trocadero ។ អ្នកដែលចង់ចូល ឬឆ្លងកាត់តំបន់នេះ គឺត្រូវបង្ហាញ QR កូដ និងអត្តសញ្ញាបណ្ណ។ ហើយនៅថ្ងៃបើកសម្ពោធការប្រកួតវិញ ការរឹតបន្តឹងសន្តិសុខ នឹងធ្វើឡើងតឹងតែងជាងនេះទៀត ដោយចរាចរណ៍នឹងត្រូវបិទទាំងស្រុងតែម្តង។ប្រណាំងហែលទឹកក្នុងទន្លេសែន ដែលមានសារធាតុពុល?បញ្ហាការប្រកួតហែលទឹក នៅក្នុងទឹកទន្លេសែននោះវិញ ក៏ជាចំណុចដែលបានរងការសើចចំអកខ្លាំងបំផុត កន្លងមក ទាក់ទិននឹងផែនការរៀបចំរបស់បារាំង។ កាលពីរដូវក្តៅឆ្នាំ២០២៣ គេបានរៀបចំការហែលទឹកសាកល្បងក្នុងទឹកទន្លេសែនរួចម្តងហើយ តែក៏ត្រូវលុបចោលវិញ ដោយសារតែគេធ្វើវិភាគទៅ ឃើញថាទឹកទន្លេសែនមានកម្រិតជាតិពុលបាក់តេរី ច្រើនលើសអ្វីដែលអាចទទួលយកបាន។បើទឹកទន្លេសែនមានជាតិពុល អញ្ចឹងវិញ្ញាសារប្រកួតដែលគេគ្រោងធ្វើនៅក្នុងទន្លេនេះ នឹងលើកទៅធ្វើនៅឯណាវិញ? កាលពីថ្ងៃចន្ទ អង្គការមួយឈ្មោះ Surfrider Foundation បានចេញរបាយការណ៍ទាញសញ្ញាអាសន្ន អំពីគុណភាពទឹកទន្លេសែន។ អង្គការនេះបាន ស្រង់យកសំណាកទឹកទៅពិនិត្យចំនួន១៤លើក រវាងពីខែកញ្ញា២០២៣ ដល់ខែមីនា២០២៤ ត្រង់ក្រោមស្ពាន Alexandre-III និងស្ពាន Alma ជាទីតាំងដែលគេគ្រោងរៀបចំការប្រកួតវិញ្ញាសារ ទ្រីអាតឡុង និងកីឡាហែលទឹកសេរី។ ក្នុងចំណោមការវិភាគទាំង១៤នេះ គឺមាន១៣ដែលបង្ហាញថាទឹកទន្លេសែនមានកម្រិតជាតិពុលបាក់តេរី “ខ្ពស់ជាងឬខ្ពស់ជាងឆ្ងាយ” លើសពីកម្រិតកំណត់អតិបរមា។ឆ្លើយតបនឹងរបាយការណ៍នេះ លោក Tony Estanguet ប្រធានគណកម្មធិការរៀបចំការប្រកួត Cojo បានលើកឡើងថា ការធ្វើតេស្តគុណភាពទឹកទន្លេសែនក្នុងរដូវរងារបែបនេះ គឺមិនអាចយកជាការបានទេ ព្រោះតាមទម្លាប់ ឲ្យតែដល់ខែត្រជាក់ គឺអាជ្ញាធរតែងតែហាមឃាត់មិនឲ្យមនុស្សចុះហែលទឹកក្នុងទន្លេឡើយ នរណាក៏ដឹងដែរ។ លោកបានអះអាងថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ កំពុងប្រឹងប្រែងធ្វើការ យ៉ាងយកចិត្តទុកដាក់ និងដោយក្តីសង្ឃឹមបំផុត ដើម្បីសម្រេចកម្មវត្ថុ ធ្វើឲ្យទឹកទន្លេសែន ស្អាតបរិសុទ្ធមនុស្សអាចហែលបាន នៅរដូវក្តៅខាងមុខ។ លោកបានរំលឹកថា បច្ចុប្បន្ននេះ សាលាក្រុងប៉ារីស និងរដ្ឋបាលតំបន់ទាំងមូល បានចំណាយប្រាក់ ១៤០០លានដុល្លារ ដើម្បីធ្វើឲ្យទន្លេសែនក្លាយជាទន្លេ ដែលមនុស្សអាចចុះហែលបាន។បណ្តាញដឹកជញ្ជូនសាធារណៈ រអាក់រអួលនិងកកស្ទះខ្លាំងចំណុចព្រួយបារម្ភធំមួយទៀត គឺបណ្តាញដឹកជញ្ជូនសាធារណៈក្នុងក្រុងប៉ារីស ដែលជួបបញ្ហារអាក់រអួលមិនស្វាងរួចទៅហើយ តើអាចដំណើរការដោយរលូនបានទេ នៅអំឡុងពេលប្រកួតកីឡាអូឡាំពិក ដែលមានមនុស្សរាប់សែននាក់មកកកកុញ?ចំណុចនេះក៏មានការរិះគន់ សើចចំអកមិនស្ទើរដែរ ព្រោះថារាល់ថ្ងៃធម្មតា មិនទាំងមានកម្មវិធីអ្វីធំដុំផង បណ្តាញដឹកជញ្ជូនសាធារណៈនៅប៉ារីស គឺរអាក់រអួលខ្លាំងរួចទៅហើយ។ ចុះទម្រាំដល់ពេលប្រកួតកីឡាអូឡាំពិក ដែលមានអ្នកទស្សនារាប់ម៉ឺននាក់ មកពីបរទេសថែមទៀត? លោក Jean Castex អគ្គនាយកក្រុមហ៊ុនគ្រប់គ្រងបណ្តាញដឹកជញ្ជូនសាធារណៈប៉ារីស ហៅកាត់ថា RATP បានទទួលស្គាល់ថា បើមេត្រូក្រោមដី រថយន្តក្រុងដំណើរមិនល្អទេ គឺបារាំងប្រាកដជាបាក់មុខមិនខានទេ។ដើម្បីដោះស្រាយបញ្ហាកកស្ទះ RATP បានសន្យាថានឹងបន្ថែម ចំនួនរថភ្លើងឲ្យបាន១៥%បន្ថែមទៀត លើសពីរដូវក្តៅសព្វមួយដង។ ហើយអំឡុងពេលបច្ចុប្បន្ននេះ គេកំពុងតែរើសមនុស្សចូលធ្វើការបន្ថែម ឲ្យបានច្រើនតាមតែអាចធ្វើបាន ដើម្បីបម្រើការងារជាអ្នកបើកបររថភ្លើង មេត្រូ រថយន្តក្រុង ភ្នាក់ងារនៅតាមស្ថានីយ៍ និងបុគ្គលិកជំនាញជួសជុលម៉ាស៊ីនជាដើម។ ទន្ទឹមគ្នានេះ ស្រីពេជ្រ អាជ្ញាធរបារាំង បានអំពាវនាវឲ្យអ្នកក្រុងប៉ារីស ដល់ពេលនោះ គួរនាំគ្នាដើរ ឬក៏ជិះកង់ឲ្យបានច្រើន ដើម្បីកុំឲ្យប្រច្រៀតគ្នាខ្លាំង នៅក្នុងបណ្តាញដឹកជញ្ជូនសាធារណៈ៕
17-4-2024 • 9 minuten, 56 seconden ខួបអូតង់៧៥ឆ្នាំ៖ អូតង់ខ្លាំង និងរីកធំជាងមុន ប៉ុន្ត ែនៅភ័យនឹងស្រមោលរបស់លោកដូណាល់ ត្រាំ
បង្កើតឡើងនៅថ្ងៃទី ៤មេសា ១៩៤៩ ដើម្បីទប់ទល់ឥទ្ធិពលរបស់សហភាពសូវៀត សម្ព័ន្ធអាត្លង់ទិកខាងជើង អង្គការអូតង់ នៅថ្ងៃព្រហស្បតិ៍ទី ៤មេសានេះ ប្រារព្ធខួប៧៥ឆ្នាំរបស់ខ្លួននៅទីស្នាក់កណ្តាលអូតង់ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក។ នៅចំពោះមុខសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន អង្គការអូតង់កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ ដោយសារតែស្រមោលរបស់លោកដូណាល់ ត្រាំដែលអាចឈ្នះឆ្នោត មកដឹកនាំអាមេរិកសាជាថ្មី។ មានអាយុ៧៥ឆ្នាំ តើអូតង់ពិតជាចាស់គំរិលហួសសម័យ ដូចការលើកឡើងរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ឬជាស្ថាប័នដែលស្លាប់មិនដំណើរការ ដូចពាក្យរិះគន់របស់ប្រធានាធិបតីបារាំងដែរឬទេ? គិតមកត្រឹមថ្ងៃនេះ ថ្ងៃទី ៤មេសាឆ្នាំ២០២៤ មានរយៈពេល ៧៥ឆ្នាំគត់ ដែលអង្គការអូតង់ត្រូវបានបង្កើតឡើង ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់សហភាពសូវៀត។ នៅថ្ងៃខួប៧៥ឆ្នាំ របស់អូតង់ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសសមាជិកអូតង់ ទាំង៣២ជួបប្រជុំគ្នា នៅទីស្នាក់ការរបស់អូតង់ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក។នៅក្នុងប្រវត្តិសាវតារ ៧៥ឆ្នាំរបស់ខ្លួន សម្ព័ន្ធអាត្លង់ទិកខាងជើងអូតង់ ខ្លាំង រួបរួម និងរីកធំខ្លួនជាងពេលណាៗទាំងអស់។ នេះជាប្រសាសន៍របស់អគ្គលេខាធិការអង្គការអូតង់ នៅថ្ងៃពុធទី ៣មេសា មួយថ្ងៃមុនខួប៧៥ឆ្នាំរបស់អូតង់។នៅថ្ងៃទី៤មេសា ឆ្នាំ ១៩៤៩ មានតែ ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង ចំនួន ១២ប៉ុណ្ណោះដែលបានស្រាក់ដៃគ្នាបង្កើតសម្ព័ន្ធកម្លាំងអាត្លង់ទិក ដើម្បីប្រឈមទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់សហភាពសូវៀត ក្រោយចប់សង្រ្គាមលោកលើកទី២។ ៧៥ឆ្នាំក្រោយ ចំនួនសមាជិកអូតង់បានកើនឡើង ពី១២ ដល់៣២ប្រទេស។អូតង់ខ្លាំងជាងមុន ដោយបានពង្រីកវិសាលភាពរបស់ខ្លួន នៅទឹកដីអឺរ៉ុប តាមរយៈ ការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតដោយសារសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ សង្រ្គាមអ៊ុយក្រែនជាការវាយទូងស្គរដាស់ឲ្យប្រទេសជិតខាងរុស្ស៊ី ជាពិសេសប្រទេសនៅអឺរ៉ុបខាងជើង ដូចជាហ្វាំងឡង់ និងស៊ុយអែតដែលសុខចិត្តបោះចោលគោលការណ៍អព្យាក្រឹតរបស់ខ្លួន ដើម្បីចុះចូលក្នុងសម្ព័ន្ធអូតង់ ក្នុងក្តីសង្ឃឹមទទួលបានការការពារពីមាត្រាទី៥របស់អូតង់។សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅទឹកដីអឺរ៉ុប នៅក្បែរប្រទេសសមាជិករបស់អូតង់ ដូចជាប៉ូឡូញ រូម៉ានី បានធ្វើឲ្យពាក្យចោទប្រកាន់ ដែលថា អូតង់ចាស់គំរិលលែងមានន័យ។ នៅពេលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០១៧ លោកដូណាល់ ត្រាំ ធ្លាប់បង្កើតក្តីមន្ទិលសង្ស័យក្នុងចំណោមប្រទសសមាជិកអូតង់ នៅពេលលោកនិយាយរិះគន់អូតង់ថា ជាអង្គការចាស់គំរិល ហួសសម័យ។ ចាស់គំរិល ព្រោះតែតែអូតង់ ផ្តោតសំខាន់តែរឿងរុស្ស៊ី ប៉ុន្តែ មិនមែនក្រុមភេរវនិយម។ លោកដូណាល់ ត្រាំកាលណោះចង់ឲ្យអូតង់ងាកបែរទៅជួយអាមេរិក នៅក្នុងរឿងប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយមដែលសកម្មខ្លាំង នៅស៊ីរី និងអ៊ីរ៉ាក់។ ប៉ុន្តែ ការប្រែប្រួលស្ថានការណ៍នយោបាយ នៅអឺរ៉ុបសព្វថ្ងៃនេះ ជាមួយការធ្វើសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន បានធ្វើឲ្យសំដីរបស់លោកដូណាល់ ត្រាំចាស់គំរិល ហួសសម័យ ទៅវិញ។ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន នៅទឹកដីអឺរ៉ុប បានបញ្ជាក់អត្ថន័យកម្មវត្ថុរបស់អូតង់ដែលចាត់ទុករុស្ស៊ីជាគោលដៅអាទិភាពរបស់អូតង់។ ចង់ ឬមិនចង់ អូតង់ត្រូវត្រលប់មកប្រឈមនឹងសត្រូវចាស់រុស្ស៊ី ដែលតាមពិតជាហេតុផលចំបងឲ្យគេបង្កើតអង្គការអូតង់ កាលពី៧៥ឆ្នាំមុន។លោកម៉ាក្រុងធ្លាប់ថា អូតង់ដែលជាស្ថាប័នស្លាប់ មិនដំណើរការ នៅក្នុងក្រសែភ្នែករបស់លោកប្រធានាធិបតីបារាំងពាក្យរិះគន់របស់លោកប្រធានាធិបតីបារាំង ដែលថា អូតង់ ជាស្ថាប័នស្លាប់មិនដំណើរការ វិញ ក៏លែងត្រូវដែរ។ លោកម៉ាក្រុងបាននិយាយពាក្យនេះ នៅមុនមានសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន នៅក្នុងកាលៈទេសៈមួយ ដែលសមាជិកអូតង់កំពុងបែកប្រេះឆា ដោយសារផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកម៉ាក្រុងធ្លាប់បាននិយាយថា អូតង់ មានតែដង្ហើម បេះដូង ប៉ុន្តែ ខួរក្បាលស្ពឹក មិនដំណើរការ ព្រោះថា អូតង់កាលពី៥ឆ្នាំមុន គ្មានលទ្ធភាពចាត់ចែង អារកាត់អ្វី នៅពេល ប្រទេសសមាជិកដូចជាអាមេរិកសម្រេចអត្តនោម័តដកទ័ពចេញពីស៊ីរី លែងជួយកងកម្លាំងគួដឌីស្ថាន និងបណ្តោយទុកឲ្យតួកគីដែលជាសមាជិករបស់អូតង់វាយប្រហារទៅលើក្រុមនេះយ៉ាងសន្ធប់។ ការវាយប្រហាររបស់តួកគីទៅលើក្រុមគួដឌីស្ថានបានប៉ះពាល់ដល់បេសកកម្មរបស់បារាំងនៅស៊ីរី ដែលកំពុងជួយក្រុមនេះនៅស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតភេរវនិយម។នៅ៥ឆ្នាំក្រោយការរិះគន់របស់ប្រធានាធិបតីបារាំង អូតង់ចាប់រស់រវើក សកម្មជាងមុនឆ្ងាយណាស់។ ប្រទេសនៅអឺរ៉ុបដែលជាសមាជិករបស់អូតង់រួមទាំងបារាំងខ្លួនឯងផង បានជំរុញវិស័យការពារជាតិ តាមរយៈការបង្កើនថវិកាកងទ័ព និងជំរុញឧស្សាហកម្មយោធា។ អូតង់ផ្ទាល់បានព្យាយាមសម្របសម្រួលប្រមូលផ្តុំប្រទេសសមាជិកឲ្យរួបរួមគ្នា នៅក្នុងសមយុទ្ធទ្រង់ទ្រាយដ៏ធំមិនធ្លាប់មាន។ សមយុទ្ធរយៈពេល ៣ខែ របស់អូតង់ដែលមានការចូលរួមពីកងទ័ពរាប់ពាន់នាក់របស់ប្រទេសសមាជិកទាំង៣២របស់អូតង់មានគោលដៅ ចង់បង្ហាញសាច់ដុំ ព្រមានរុស្ស៊ីកុំឲ្យសំឡឹងចង់ឈ្លានពានប្រទេសសមាជិកអូតង់។ ដការគំរាមកំហែងអូតង់មិនមែនមានមកតែពីខាងក្រៅ ពីខាងកើត គឺរុស្ស៊ី ប៉ុន្តែ គ្រោះថ្នាក់ ធ្វើឲ្យអូតង់អស្ថិរភាព ក៏អាចផ្ទុះចេញពីខាងក្នុង ពីខាងលិច ជាមួយការកើនឡើងសមាជិកដល់៣២ប្រទេស សម្ព័ន្ធអាត្លង់ទិកអូតង់ខ្លាំងជាងមុនមែន ប៉ុន្តែ វាក៏ផុយស្រួយ និងអស្ថិរភាពខ្លាំងណាស់ដែរ។ រុស្ស៊ីដែលកំពុងមានប្រៀបលើអ៊ុយក្រែន ក្នុងសមរភូមិ ជារឿងឈឺក្បាល បញ្ហាដ៏មួយដែលអូតង់ត្រូវរកដំណោះស្រាយឲ្យបានឆាប់បំផុត ដើម្បីទប់ទល់កុំឲ្យសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ហៀហូរចូលដល់ប្រទេសអឺរ៉ុបផ្សេងទៀត ដែលជាសមាជិករបស់អូតង់។ប៉ុន្តែ នៅមានបញ្ហាមួយទៀត ដែលធ្វើឲ្យប្រទេសសមាជិករបស់អូតង់ នៅមិនស្រណុក ខ្វល់ខ្វាយជាប់រហូត នោះគឺស្រមោលរបស់លោកដូណាល់ ត្រាំ ដែលអាចឈ្នះឆ្នោត នៅចុងឆ្នាំនេះ ដើម្បីត្រលប់មកដឹកនាំអាមេរិកសាជាថ្មី។ នៅមិនទាន់ឈ្នះឆ្នោត ចូលកាន់តំណែងផង លោកដូណាល់ ត្រាំ កាលពីខែកុម្ភៈ កន្លងទៅ នៅពេលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅរដ្ឋការ៉ូលីនខាងត្បូង បានធ្វើឲ្យសមាជិកអូតង់រំជើបរំជួលម្តងហើយ នៅពេលលោកនិយាយទៅកាន់អ្នកគាំទ្ររបស់លោកថា បើសិនលោកឈ្នះឆ្នោត កា្លយជាប្រធានាធិបតីអាមេរិក នោះ លោកនឹងមិនជួយប្រទេសសមាជិកអូតង់ណា ដែលមិនបង់វិភាគទានចូលកេសអូតង់។ តាំងពីនៅជាប្រធានាធិបតីអាមេរិក ក្នុងអាណត្តិមុនម្ល៉េះ លោកដូណាល់ ត្រាំធ្លាប់ប្រើពាក្យគំរាម និងរិះគន់ប្រទេសនៅអឺរ៉ុបថា បង់លុយ មិនគ្រប់គ្រាន់ ក្នុងកេសអូតង់ និងកេងប្រវ័ញ្ចលើកម្លាំងអាមេរិកដើម្បីជួយការពារអឺរ៉ុប។ ដូច្នេះ សម្រាប់លោកត្រាំ បើសិន ចង់ឲ្យអាមេរិកជួយ ប្រទេសនៅអឺរ៉ុប ត្រូវបង់យ៉ាងហោច ២%នៃផលិតផលក្នុងស្រុកសរុបទៅក្នុងអង្គការអូតង់។ ថ្មីៗនេះ លោកនៅធ្លាប់និយាយដោយគ្មានខ្លាចរអែងថា នៅពេលជួបសន្ទនាជាមួយមេដឹកនាំអឺរ៉ុបម្នាក់ដែលសួរថា តើអាមេរិកនឹងជួយប្រទេសរបស់លោកដែរឬទេ លោកត្រាំបានឆ្លើយថា បង់លុយចូលអូតង់សិនទៅ។ បើសិន គេមិនព្រម នោះលោកមានតែជំរុញឲ្យរុស្ស៊ីវាយប្រហារប្រទេសអឺរ៉ុបនោះមុនគេ។សម្រាប់អ្នកជំនាញ បញ្ហារបស់លោកដូណាល់ ត្រាំ មិនមែនត្រឹមតែគំនិត ពាក្យព្រមានរបស់លោកតែប៉ុណ្ណោះទេ ប៉ុន្តែ គឺភាពមិនច្បាស់លាស់ គំនិតជំហរនយោបាយរបស់អាមេរិក ក្រោមការដឹកនាំរបស់លោក ដែលគេមិនអាចស្មានទុកជាមុន។ គ្រាន់តែសារធ្វីត គំរាមរបស់លោកដូណាល់ ត្រាំ អាចធ្វើឲ្យសម្ព័ន្ធមិត្តអូតង់ រញ្ជួយ ធ្លាក់ចុះខ្សោយ នៅចំពោះមុខសត្រូវ ដូចជារុស្ស៊ី និងគូប្រជែងដូចជាចិន។ ការគំរាមដោះដៃរបស់អាមេរិក មិនជួយសម្ព័ន្ធមិត្ត ជាសញ្ញាមិនល្អ មិនជួយស្តារមុខមាត់របស់អូតង់ ដែលចង់ដើរតួជាអ្នកជំរុញសន្តិភាព នៅក្នុងពិភពលោកមួយដែលកំពុងអង្រួនដោយបញ្ហាអសន្តិសុខ សង្រ្គាមប្រដាប់អាវុធ នៅអាហ្វ្រិក តំបន់ដើមបូព៌ា និងការប្រកួតប្រជែងមីស៊ីល អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងអ៊ីរ៉ង់។តើអាមេរិកអាចដកខ្លួនចេញពីអូតង់?ឆ្លើយដោយគ្មានអល់អែក គឺមិនអាចរស់បានដាច់ខាត។ អូតង់មិនអាចគ្មានអាមេរិកបានទេ។ អាមេរិកដែលជាក្បាលម៉ាស៊ីនដឹកនាំអូតង់ មានទាហានរបស់ខ្លួន ជាង ១សែននាក់ ដែលពង្រាយនៅក្នុងទឹកដីអឺរ៉ុប។ នៅពេលមានភាពតានតឹងខ្លាំង នៅឆ្នាំ ១៩៨៩ នៅក្នុងសម័យសង្រ្គាមត្រជាក់ អាមេរិកមានកងទ័ពរបស់ខ្លួន ដល់ទៅជាង៣សែននាក់ នៅទ្វីបអឺរ៉ុប។ អាមេរិកផ្តល់ថវិកាច្រើនជាងគេប្រមាណ ៦០០លានដុល្លារ ក្នុងកញ្ចប់ថវិកាយោធារបស់អូតង់។គេអាចនិយាយថា បើសិនអាមេរិកដកខ្លួន នោះអូតង់នឹងដួលរលំតែម្តង។ ប៉ុន្តែ សេណារីយ៉ូ នេះទំនងមិនអាចកើតឡើងបានទេ ទោះអាមេរិកស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី មិននឹងន ដូចជាលោកដូណាល់ ត្រាំ។ ដោយសារមូលហេតុ ពីរ។ ទី១ អាមេរិកកាលពី ខែធ្នូចុងឆ្នាំមុន បានធ្វើច្បាប់មួយរួចហើយ ដើម្បីបង្ការ ទប់ស្កាត់ការដកខ្លួនរបស់អាមេរិកចេញពីអូតង់។ ច្បាប់នេះ ត្រូវបានធ្វើឡើង ដើម្បីកុំឲ្យប្រធានាធិបតីណាមួយមានគំនិតចង់ដកអាមេរិកចេញពីបក្សសម្ព័ន្ធអូតង់។ តាមច្បាប់ប្រឆាំងនឹងការដកខ្លួនចេញពីអូតង់ ប្រធានាធិបតីអាមេរិកមិនអាចព្យួរ ឬដកខ្លួនចេញពីអូតង់ដោយគ្មានច្បាប់អនុញ្ញាត ឬគ្មានការយល់ព្រមព្រៀង សំឡេង ២ភាគ៣នៅព្រឹទ្ធសភាបានទេ។ លើសពីនោះ ប្រធានាធិបតីអាមេរិកត្រូវជូនដំណឹង នៅ៦ខែមុនប្រកាសចេតនារបស់ខ្លួន ចង់ដកខ្លួនចេញពីអូតង់។ ហេតុផលទី២ ដែលធ្វើឲ្យអូតង់មិនអាចចុះខ្សោយបាន ទោះមានលោកដូណាល់ ត្រាំជាប្រធានធិបតីអាមេរិក គឺប្រទេសអឺរ៉ុប នៅពេលនេះភ្ញាក់រលឹក ស្រាក់ដៃគ្នា ជំរុញវិស័យការពាររបស់ខ្លួន តាមរយៈការដំឡើងកញ្ចប់ថវិកាយោធា ដើម្បីពង្រឹងសមត្ថភាព ប្រព័ន្ធការពាររបស់ខ្លួន កាន់តែរឹងមាំជាងមុន ដើម្បីកាត់បន្ថយការពឹងអាស្រ័យលើអាមេរិកដូចមុន។ អឺរ៉ុបអាចលែងជឿជាក់លើជំនួយអាមេរិកទៀតហើយ ព្រោះសូម្បីតែកញ្ចប់ជំនួយសម្រាប់កងទ័ពអ៊ុយក្រែន ប្រមាណ ៦០ពាន់លានដុល្លារក៏ត្រូវជាប់គាំងនៅព្រឹទ្ធសភាអាមេរិក ដោយសារការបោះឆ្នោតប្រឆាំងរបស់សមាជិកព្រឹទ្ធសភាដែលមាននិន្នការទៅរកលោកដូណាល់ ត្រាំ។នៅចំពោះមុខជំហរមិនប្រាកដប្រជារបស់អាមេរិក អឺរ៉ុបចាំបាច់ត្រូវតែពង្រឹងសមត្ថភាពការពារខ្លួនឯងព្រោះថាភ្លើងសង្រ្គាមរុស្ស៊ី នៅអ៊ុយក្រែននឹងអាចឆាបឆេះ ចូលក្នុងទឹកដីអឺរ៉ុប នៅថ្ងៃណាមួយ បើសិនអឺរ៉ុបនឹងខ្វះការប្រយ័ត្នប្រយែង៕
4-4-2024 • 10 minuten, 45 seconden ២ឆ្នាំនៃសង្រ្គាម អ៊ុយក្រែនស្ថិតក្នុងស្ថានភាពទប់ ទល់លើសមរភូមិ
ថ្ងៃទី២៤ កុម្ភៈ ២០២៤ ជាគម្រប់២ឆ្នាំនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ សង្គ្រាមបានឈានចូលដល់ឆ្នាំទីបី តែអ៊ុយក្រែនហាក់ចុះទន់ដៃ។ ក្នុងខណៈដែលជំនួយយោធារបស់ក្រុមសម្ព័ន្ធមិត្តហូរចូលអ៊ុយក្រែនយ៉ាងយឺតយ៉ាវ យោធារុស្ស៊ី កំពុងស្ទុះឡើងកម្លាំង។ ប៉ុន្តែសាមគ្គីភាពមិនចុះថយទេ នៅថ្ងៃទី២៤កុម្ភៈ២០២៤នេះ ប្រមុខដឹកនាំជាច្រើនបានធ្វើដំណើរទៅក្រុងកៀវ ហើយហ្សេ៧បានបើកជំនួបកំពូលស្តីពីអ៊ុយក្រែន ដោយគ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួមរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត។ នៅថ្ងៃទី ២៤កុម្ភៈ២០២២ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានរំពឹងថា ប្រត្តិបត្តិការយោធារុស្ស៊ី នឹងដណ្តើមយកក្រុងកៀវបានដោយប្រើពេលតែពីរបីថ្ងៃ តែកម្លាំងតស៊ូរបស់អ៊ុយក្រែនបានជំរុញឱ្យរុស្ស៊ីចាញ់ដកខ្លួនចេញទៅវិញ ហើយសង្គ្រាមក៏បានអូសបន្លាយ តាំងពីពេលនោះមក និងមានរយៈពេលពីរឆ្នាំពេញ នៅថ្ងៃទី ២៤កុម្ភៈ២០២៤នេះ។ ក្នុងថ្ងៃខួបពីរឆ្នាំនេះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានប្រកាសថា អ៊ុយក្រែននឹងយកឈ្នះសង្គ្រាមបាន។រុស្ស៊ីកំពុងមានប្រៀបលើអ៊ុយក្រែននៅសមរភូមិប៉ុន្តែ ក្នុងអំឡុងពេលពេញមួយឆ្នាំ២០២៣កន្លងទៅ កងទ័ពអ៊ុយក្រែន មិនបានសម្រេចផែនការប្រយុទ្ធរបស់ខ្លួនទេ។ គម្រោងវាយបកយកទឹកដីវិញកាលពីរដូវក្តៅមិនបានសម្រេចដូចបំណងឡើយ។ កងទ័ពរុស្ស៊ីស្រាប់តែមានសន្ទុះឡើងវិញ និងមានប្រៀបខ្លាំង។ ឯកងទ័ពអ៊ុយក្រែនធ្លាក់ដៃ បានថ្ងូរថ្ងូរអំពីភាពទន់ខ្សោយរបស់ខ្លួន ព្រោះខ្វះកម្លាំងទាហានមកប្តូរសាងនៅលើសមរភូមិ ហើយត្រូវប្រឈមនឹងការខ្វះខាតគ្រាប់និងសម្ភារៈជាខែលការពារដែនអាកាសទៀត។ ទីតាំងយុទ្ធសាស្ត្រខ្លះ នៅភាគខាងកើតនៃប្រទេស ត្រូវបានរុស្ស៊ីដណ្តើមយកវិញផង។សារសាមគ្គីភាពនិងជំនួយស្ថានភាពនៅសមរភូមិប្រយុទ្ធលំបាកខ្លាំងមែន។ នេះជាប្រសាសន៍របស់លោកប្រមុខអង្គការអូតង់ ដោយអះអាងថា ប្រធានាធិបតីរុស្ស៊ី នៅតែចង់គ្រប់គ្រងអ៊ុយក្រែន ហើយគ្មានបញ្ចេញសញ្ញារកសន្តិភាពឡើយ ប៉ុន្តែសូមកុំអស់សង្ឃឹម។អំពើអាក្រក់មិនអាចឈ្នះបានទេ ! នេះជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស ដែលបានប្រកាសនៅថ្ងៃម្សិលមិញ ថាអង់គ្លេស នៅក្បែរនិងគាំទ្រអ៊ុយក្រែនជានិច្ចនិងជារៀងរហូតទៅ។ លោកថែមទាំងបានប្រកាសផ្តល់ជំនួយ២៨៧លានអឺរ៉ូ សម្រាប់យកទៅផលិតគ្រាប់កាំភ្លើង ដែលអ៊ុយក្រែនកំពុងត្រូវការជាបន្ទាន់ផង និងបង្កើនស្តុកផង ព្រមទាំងជំនួយជិត១០លានអឺរ៉ូទៀត សម្រាប់ផ្នែកមនុស្សធម៌។ អង់គ្លេសជាម្ចាស់ជំនួយដ៏ចម្បងមួយសម្រាប់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក សង្ឃឹមថាជំនួយបន្ថែមទាំងនេះ នឹងនាំជោគជ័យ និងសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញ។ហ្សេ៧បន្ថែមទណ្ឌកម្មលើរុស្ស៊ីនាយករដ្ឋមន្ត្រីកាណាដា លោកស្រីប្រមុខដឹកនាំសហភាពអឺរ៉ុប បានអញ្ជើញទៅដល់ក្រុងកៀវនៅថ្ងៃសៅរ៍នេះ និងបានអបអរស្វាគមន៍ភាពតស៊ូស្វិតស្វាញរបស់ប្រជាពលរដ្ឋអ៊ុយក្រែន ដោយបញ្ជាក់ថា អឺរ៉ុប គាំទ្រអ៊ុយក្រែន ទាំងផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច យោធា និងផ្លូវចិត្តរហូតទល់តែប្រទេសអ៊ុយក្រែនបានទទួលសេរីភាពពេញលេញ។នាយករដ្ឋមន្ត្រីអ៊ីតាលីដែលជាប្រធានផ្លាស់វេនក្រុមប្រទេសហ្សេ៧ ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចដោយឥតព្រៀងទុកនៅទីក្រុងកៀវដែរ។ លោកស្រី ចចារ មេឡូនី នឹងដឹកនាំជំនួបកំពូលហ្សេ៧ស្តីពីអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃសៅរ៍ទី ២៤កុម្ភៈនេះ។ ជំនួបរយៈពេលមួយកន្លះ នឹងបញ្ចប់ទៅដោយមានចេញសេចក្តីថ្លែងការណ៍រួមជាមួយអ៊ុយក្រែនផង។ បើតាមគម្រោង ហ្សេ៧ គ្រោងដាក់ទណ្ឌកម្មបន្ថែមដើម្បីរឹតបន្តឹងសេដ្ឋកិច្ចរុស្ស៊ី។ដោយឡែកក្នុងក្របខ័ណ្ឌទ្វេភាគី អ៊ីតាលីក៏នឹងចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយអ៊ុយក្រែនដែរ ដូចអ្វីដែលក្រុមហ្សេ៧បានសម្រេចកាលពីខែកក្កដា២០២៣។ បន្ទាប់ពីអង់គ្លេសកាលពីខែមករា បារាំងអាល្លឺម៉ង់និង២៥ប្រទេសផ្សេងទៀត ដូចយ៉ាងប៉ូឡូញ បានសម្របតាមគំនិតផ្តួចផ្តើមបង្កើតកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយអ៊ុយក្រែន។ កិច្ចព្រមព្រៀងសន្តិសុខនេះ នឹងជួយដល់អ៊ុយក្រែននូវសម្ភារៈបរិក្ខារយោធា ប្រតិបត្តិការ និងការបំពាក់បំប៉នយុទ្ធជនអ៊ុយក្រែន ព្រមទាំងពង្រឹងឧស្សាហកម្មការពារជាតិអ៊ុយក្រែនទៀត។ចំណែកអាមេរិក ថ្វីបើមិនទាន់អាចទម្លាយកញ្ចប់ជំនួយយោធានៅសភាបានមែន តែបានសម្រេចដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី។ ជាទណ្ឌកម្មដៅលើក្រុមហ៊ុនដឹកជញ្ជូនប្រេង ចំនួន១៤ ដែលរុស្ស៊ីតែងប្រើសម្រាប់ពង្វាងទណ្ឌកម្ម និងប្រើសម្រាប់នាំចេញប្រេងចេញឱ្យបានច្រើនលើសកូតាកំណត់របស់លោកខាងលិច៕
24-2-2024 • 4 minuten, 11 seconden សន្និសីទសន្តិសុខក្រុងម៉ុយនិចលើកទី៦០បើកនៅអាល្លឺ ម៉ង់ ខណៈសង្រ្គាមនៅអ៊ុយក្រែន ឈានចូលឆ្នាំទី៣
បាំងតែ១សប្តាហ៍ទៀត សង្គ្រាមឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន ឈានចូលឆ្នាំទី៣។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អញ្ជើញចូលរួមខួប ៦០ឆ្នាំ នៃ សន្និសីទសន្តិសុខក្រុងម៉ុយនិច នៅអាល្លឺម៉ង់។ មេដឹកនាំនយោបាយនិងការទូតពិភពលោក ប្រមាណ ១៨០ ចូលរួមសន្និសីទសន្តិសុខនេះ។ សន្និសីទសន្តិសុខក្រុងម៉ុយនិច ចាប់បើកនៅថ្ងៃសុក្រ ទី១៦កុម្ភៈ គ្របដណ្តប់ដោយសំណុំរឿងជម្លោះសង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន និងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ ជុំវិញសង្គ្រាមនៅហ្កាហ្សា ប្រធានាធិបតីអ៊ីស្រាអែល អញ្ជើញចូលរួមសន្និសីទសន្តិសុខក្រុងម៉ុយនិច ស្របពេលនឹងវត្តមានរបស់ថ្នាក់ដឹកនាំប៉ាឡេស្ទីន ព្រមទាំងថ្នាក់ដឹកនាំប្រទេសក្នុងតំបន់ដើមបូព៌ា រួមទាំង អនុប្រធានាធិបតី លោកស្រី ខាម៉ាឡា ហារីស និងលោក អង់តូនី ប្ល៊ីងកិន ប្រមុខការទូតសហរដ្ឋអាមេរិក ក៏ចូលរួមដែរ។ ប្រមុខការទូតចិន លោក វ៉ាង យី មកចូលរួមសន្និសីទ ដោយស្កាត់ចូល អេស្ប៉ាញ ជាមុនសិន ដើម្បីអបអរខួបទំនាក់ទំនង៥០ឆ្នាំ។ ផ្ទុយទៅវិញ លោក វ្ល៉ាឌីមៀរ ពូទីន ប្រមុខរដ្ឋរុស្ស៊ីនិងថ្នាក់ដឹកនាំរុស្ស៊ី គ្មានការអញ្ជើញសោះឡើយ។បារាំង អាល្លឺម៉ង់ និងអ៊ុយក្រែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខចំពោះប្រមុខរដ្ឋអ៊ុយក្រែន, ដំណើរទស្សនកិច្ចរបស់លោក ហ្សេឡេនស្គី មកអឺរ៉ុបនេះ ដើម្បីចូលរួមសន្និសីទសន្តិសុខនៅក្រុងម៉ុយនិចផង ហើយក៏ស្របពេលដែល សមរភូមិមុខនៅប៉ែកខាងកើតប្រទេសអ៊ុយក្រែន កំពុងតែតានតឹងខ្លាំង ដ្បិតថា ទ័ពរុស្ស៊ីកាន់តែរុលមកមុខ ហើយទ័ពអ៊ុយក្រែនលំបាកទប់ទល់។ លំបាកទប់ទល់ព្រោះខ្វះកម្លាំងសម្ភារៈសឹក ស្របពេលដែល ជំនួយយោធាពីសំណាក់អាមេរិក ត្រូវជាប់គាំង។អាស្រ័យហេតុដូចនេះហើយ ទើបនៅថ្ងៃសុក្រ ទី១៦កុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ត្រូវជួបអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ និងប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ កម្មវត្ថុនៃដំណើររបស់លោក ហ្សេឡេនស្គី ជំរុញឲ្យថ្នាក់ដឹកនាំអឺរ៉ុប ឲ្យប្រញាប់ទម្លាក់ជំនួយបន្ថែម ជាបន្ទាន់។ក្នុងខែនេះ នេះគឺជាលើកទី១ដែលលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អញ្ជើញចេញក្រៅប្រទេស បន្ទាប់ពីលោកបានរុះរើក្បាលម៉ាស៊ីនមេបញ្ជាកងទ័ព ដែលលោកចង់ឲ្យជំរុញសន្ទុះកម្លាំងយោធា។ លោក ហ្សេឡេនស្គី ត្រូវជួបអធិការបតីអាល្លឺម៉ង់ មុនគេ ក៏ព្រោះតែលោក អូឡាហ្វ ស្ហុលស៍ ដែលទើបតែត្រឡប់មកពីសហរដ្ឋអាមេរិកថ្មីៗ។ ក្រុងវ៉ាស៊ីនតោន ជាទីថ្នាក់ដឹកនាំអាល្លឺម៉ង់ ជំរុញឲ្យអាមេរិកប្រឹងប្រែងផ្តល់ជំនួយឲ្យរុះរាន់ជួយដល់អ៊ុយក្រែន។ ចំណែកជំនួបលោក អេម៉ានុយអែល ម៉ាក្រុង វិញ គឺវិមានប្រធានាធិបតីបារាំង អេលីហ្សេ បានបញ្ជាក់តាំងពីថ្ងៃព្រហស្បតិ៍ ទី១៥កុម្ភៈ ថា ប្រធានាធិបតីអ៊ុយក្រែនអញ្ជើញមកក្រុងប៉ារីស ជាគម្រប់លើកទី៣ ហើយជំនួបរវាងប្រមុខរដ្ឋទាំង២ បង្ហាញពីស្មារតីជួយគាំទ្ររបស់បារាំងចំពោះអ៊ុយក្រែន ដោយឥតងាករេ ដើម្បីផ្ចាញ់ការឈ្លានពានរបស់រុស្ស៊ី។ បើតាមប្រភពពីកាសែតក្នុងស្រុក បារាំង អាចនឹងផ្តល់មូលនិធិជំនួយ ២០០ លានអឺរ៉ូ សម្រាប់គម្រោងស៊ីវិល ដឹកនាំដោយក្រុមហ៊ុនបារាំង។ ក្នុងជំនួបនៅលើកនេះ ថ្នាក់ដឹកនាំទាំងបី បារាំង អាល្លឺម៉ង់ និងអ៊ុយក្រែន ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ។ច្រើនតែសន្យា តែកញ្ចប់ជំនួយធ្លាក់ដៃតិចនៅលើសមរភូមិអ៊ុយក្រែន គឺ អ៊ុយក្រែន វាយរុលទៅមុខស្ទើរមិនរួច ហើយការវាយប្រហាររបស់អ៊ុយក្រែន បែរប្តូរយុទ្ធសាស្ត្រមកប្រើយន្តហោះដ្រូនវិញ។ នេះក៏ព្រោះខ្វះជំនួយ ខ្វះគ្រាប់។ ប៉ុន្មានសប្តាហ៍មកនេះ ទ័ពអ៊ុយក្រែន សន្សំសំចៃគ្រាប់ណាស់។ ចាប់ពីផ្ទុះសង្គ្រាមនៅខែកុម្ភៈឆ្នាំ២០២២មក ប្រទេសពិភពលោក បានសន្យាផ្តល់ជំនួយ ២៦៥,១ ពាន់លានអឺរ៉ូ សម្រាប់ជួយអ៊ុយក្រែន ដោយបែងចែងជាជំនួយហិរញ្ញវត្ថុ ជំនួយយោធា និងជំនួយមនុស្សធម៌។ នេះបើតាមកាសែតឡឺម៉ុង់។បើគិតជាប្រទេសនីមួយៗ សហរដ្ឋអាមេរិក ម្ចាស់ជំនួយធំជាងគេ ទាំងថវិកានិងសម្ភារៈយោធា សម្រាប់ជួយដល់អ៊ុយក្រែន។ ច្រើនសប្តាហ៍មកហើយ ដែលរដ្ឋបាលរបស់លោក ចូ បៃដិន បានខំប្រឹងបញ្ចុះបញ្ចូលសភាអាមេរិក ឲ្យអនុម័តទម្លាក់ជំនួយ ក៏ប៉ុន្តែ កញ្ចប់ជំនួយអាមេរិក ត្រូវជាប់ការកក់ស្ទះ ព្រោះតែបញ្ហានយោបាយផ្ទៃក្នុង ពិសេសគឺការជំទាស់ពីក្រុមអ្នកនយោបាយគណបក្សសាធារណរដ្ឋ។ មិនតែប៉ុណ្ណោះ អ្នកជំនាញកិច្ចការអន្តរជាតិ កំពុងតែមានក្តីព្រួយបារម្ភថា ប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតឆ្នាំ២០២៤ នឹងមានការបង្កកជំនួយដល់អ៊ុយក្រែន។បើតាមទិន្នន័យរបស់ វិទ្យាស្ថានស្រាវជ្រាវអាល្លឺម៉ង់ (Kisel Institute) ចេញផ្សាយនៅថ្ងៃសុក្រ ទី១៦កុម្ភៈ គឺថា គិតត្រឹមពាក់កណ្តាលខែមករា សហភាពអឺរ៉ុប និងប្រទេសសមាជិកអង្គការអូតង់ បានសន្យាផ្តល់ជំនួយ១០៧,៥ ពាន់លានអឺរ៉ូដល់ អ៊ុយក្រែន។តាមប្រភពដដែល សហភាពអឺរ៉ុប សន្យាផ្តល់ជំនួយ ៤៩,៧ ពាន់លានអឺរ៉ូ ប៉ុន្តែ រហូតដល់ពេលនេះ កញ្ចប់ជំនួយបានធ្លាក់ដល់អ៊ុយក្រែន ត្រឹមតែ ៣៥,២ ពាន់លានអឺរ៉ូ តែប៉ុណ្ណោះ។ ពោលគឺតិចជាងជំនួយសហរដ្ឋអាមេរិក។ ជំនួយអាមេរិកតែម្នាក់ឯង គឺ ៤២,២ ពាន់លានអឺរ៉ូ។ បន្ទាប់ពីអាមេរិក គឺអាល្លឺម៉ង ១៧,៧ ពាន់លានអឺរ៉ូ ក្នុងនោះ ៩,៤ ពាន់លានអឺរ៉ូ បានធ្លាក់ទៅដល់អ៊ុយក្រែនហើយ។ អង់គ្លេស់ សន្យាផ្តល់ ៩,១ ពាន់លានអឺរ៉ូ ធ្លាក់ដល់ដៃអ៊ុយក្រែន ៤,៨ ពាន់លានអឺរ៉ូ។ ចំណែក ដាណឺម៉ាក់ សន្យាផ្តល់ ៨,៤ ពាន់លានអឺរ៉ូ បានដល់អ៊ុយក្រែន ៤,៥ ពាន់លានអឺរ៉ូ។ប្រទេសសន្យាផ្តល់ជំនួយ មានច្រើន ប៉ុន្តែ កញ្ចាប់ជំនួយធ្លាក់ដល់ដៃអ៊ុយក្រែនមែនទែន គឺបានតិច ហើយធ្វើឡើងជាដំណាក់កាលៗ ហើយនិង ទើបតែបានផ្តល់ប្រហែលត្រឹមពាក់កណ្តាលតែប៉ុណ្ណោះនៃការសន្យា។ នេះបើតាមការពិនិត្យទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវអាល្លឺម៉ង់ (Kisel Institute)។ ប្រធានវិទ្យាស្ថានស្រាវជ្រាវអាល្លឺម៉ង់ លោក គ្រិស្តូប ត្រេបេស រិះគន់ពញ្ញាក់ស្មារតីថ្នាក់ដឹកនាំអឺរ៉ុបថា ក្នុងកាលៈទេសៈដែល សហរដ្ឋអាមេរិក រាំងស្ទះជំនួយដូច្នេះ សហភាពអឺរ៉ុប គួរតែបន្ថែមជំនួយទ្វេដង ទើបសក្តិសម។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ ទំហំជំនួយសហភាពអឺរ៉ុបដល់អ៊ុយក្រែន មិនបានស្មើ ១% នៃចំណូលក្នុងស្រុកសរុប នៅឆ្នាំ២០២១ ផងទេ៕
16-2-2024 • 5 minuten, 27 seconden បោះឆ្នោតប្រធានាធិបតី៖ អតីតឧត្តមសេនីយ៍កំពុងក្ លាយជាប្រមុខដឹកនាំថ្មីឥណ្ឌូណេស៊ី?
ថ្ងៃនេះ ពលរដ្ឋឥណ្ឌូណេស៊ីជិត២០៥លាននាក់ ត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតី និង បោះឆ្នោតសភា ជ្រើសរើសតំណាងរាស្ត្រថ្នាក់ជាតិ ៥៨០អាសនៈព្រមទាំងថ្នាក់តំបន់និងមូលដ្ឋានចំនួន២ម៉ឺនរូប។ បេក្ខជនបីរូបបានឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីបន្តពីលោកចូកូ វីដូដូ ដែលមិនអាចឈរឈ្មោះជាលើកទីបី។ បើតាមលទ្ធផលប៉ាន់ស្មានបឋម បេក្ខជនប្រធានាធិបតីប្រាបូវូ ស៊ូប៊ីយានតូ ដែលមានជំហរបន្តនយោបាយរបស់លោកចូកូវី កំពុងនាំមុខ ជាមួយនឹងសំឡេងគាំទ្រប្រមាណ៥៥% សម្រាប់ការរាប់សន្លឹកឆ្នោត៦០%។ ថ្ងៃនេះ ពលរដ្ឋឥណ្ឌូណេស៊ីជិត២០៥លាននាក់ ត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលមានបេក្ខជនបីរូប ប្រកួតប្រជែងគ្នាផង និង ត្រូវបោះឆ្នោតសភា ជ្រើសរើសតំណាងរាស្ត្រថ្នាក់ជាតិ ៥៨០អាសនៈ និងថ្នាក់តំបន់-មូលដ្ឋានចំនួន២ម៉ឺនរូប។ជាសរុបឥណ្ឌូណេស៊ី មានការិយាល័យបោះឆ្នោតចំនួន ជាង៨០ម៉ឺនការិយាល័យ ដាក់ពង្រាយនៅទូទាំងប្រទេស ដែលជាប្រជុំកោះតូចធំចំនួនដល់ទៅ១៧០០០កោះ លាតសន្ធឹងពីកើតទៅលិច ប្រវែង ៤៨០០គីឡូម៉ែត្រ។ប៉ាពូអាស៊ី នៅភាគខាងកើតបំផុតនៃប្រទេស បានចាប់ផ្តើមបោះឆ្នោតមុនគេ នៅវេលាម៉ោង៧ព្រឹកម៉ោងក្នុងតំបន់ ដែលត្រូវជាម៉ោង ១០យប់ថ្ងៃអង្គារនៅឡើយបើគិតតាមម៉ោងសកល ហើយអ្នកកោះស៊ូម៉ាត្រាភាគខាងលិចបំផុតនៃប្រទេស ចាប់បោះឆ្នោតក្រោយគេ។ជាងពាក់កណ្តាលនៃអ្នកបោះឆ្នោត ពោលគឺ១០៦លាននាក់ជាពលរដ្ឋវ័យក្មេង អាយុក្រោម៤០ឆ្នាំ។ នៅឥណ្ឌូណេស៊ី ពលរដ្ឋមានសិទ្ធិទៅបោះឆ្នោត តាំងពីអាយុ១៧ឆ្នាំទៅ ឬក្រោមនេះក៏បានបើពួកគេរៀបការរួច។ អ៊ីចឹងហើយបានជាបេក្ខជនប្រធានាធិបតី ឃោសនា ទាក់ទាញពលរដ្ឋស្រទាប់នេះខ្លាំងជាងគេ ព្រោះជាអ្នកប្រើប្រាស់ប្រព័ន្ធសង្គមដ៏ធំដែលងាយទទួលព័ត៌មានមិនពិតនិងក្លែងក្លាយផង។តើបេក្ខជនប្រធានាធិបតីជានរណាខ្លះ?នៅក្នុងការបោះឆ្នោតថ្ងៃនេះ ស្របតាមរដ្ឋធម្មនុញ្ញ លោក ចូកូ វីដូដូ ប្រធានាធិបតីផុតអាណត្តិមិនអាចឈរឈ្មោះបានទេ។ ឯបេក្ខជនបីរូបដែលឈរឈ្មោះជាប្រធានាធិបតីឥណ្ឌូណេស៊ីនៅលើកនេះ គឺ លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ីបច្ចុប្បន្ន។ លោកមានប្រជាប្រិយភាពខ្ពស់ជាងគេ។ បន្ទាប់មកគឺលោកអានីស បាស្វេដាន អតីតអភិបាលក្រុងហ្សាការតា និង លោក ហ្កងចារ ប្រាណូវូ អតីតអភិបាលក្រុងJava។លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ អាយុ៧២ឆ្នាំ ជាអតីតឧត្តមសេនីយ៍-ជាកូនប្រសាររបស់អតីតមេដឹកនាំផ្តាច់ការឥណ្ឌូណេស៊ី លោក ស៊ូហាតូ។ នេះជាលើកទីបួនហើយដែលលោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ មកឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតី។ ធ្លាប់ចាញ់លោក ចូកូវីដូដូ ដល់ទៅពីរដងមែន តែលោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ មានប្រជាប្រិយភាពខ្ពស់នៅក្នុងការបោះឆ្នោតលើកនេះ ដោយទំនងជាអាចឈ្នះ នៅជុំទីមួយតែម្តង។ នេះបើគេជឿលើការស្ទង់មតិចុងក្រោយមុនបោះឆ្នោត និងបើតាមវិទ្យាស្ថានស្ទង់មតិពីរដែលផ្អែកលើលទ្ធផលស្មាននៃការរាប់សន្លឹកឆ្នោត៦០%ដំបូង។ប្រជាប្រិយភាព របស់លោកប្រាបូវូ ស៊ូប៊ីយានតូ ទំនងដោយសារជម្រើសបន្តមរតកនយោបាយ ពីលោកចូកូវីដូដូផង និងដោយសារជម្រើសយកលោកជីប្រង់រ៉ាកាប៊ូមីង រ៉ាកា ជាអនុប្រធានាធិបតីផង។ អាយុ៣៦ឆ្នាំ អភិបាលក្រុងស៊ូរ៉ាការតាដែលអាចឈរឈ្មោះជាអនុប្រធានាធិបតីរួមជាមួយលោកប្រាបូវូបានដោយសារសាលក្រមដ៏ចម្រូងចម្រាសរបស់តុលាការធម្មនុញ្ញ ត្រូវជាកូនប្រុសរបស់លោកចូកូវីដូដូ ដែលបន្តមានប្រជាប្រិយភាពដ៏ខ្ពស់ត្រដែត។ តាមច្បាប់បេក្ខជនឈរឈ្មោះប្រធានាធិបតីត្រូវមានអាយុយ៉ាងតិច៤០ឆ្នាំ និងអាយុក្មេងជាងនេះ បើធ្លាប់ជាប់ឆ្នោតជាតំណាងរាស្ត្រថ្នាក់តំបន់។មាននិន្នការជាអ្នកអភិរក្ស និង ជាតិនិយម ការពារប្រយោជន៍សេដ្ឋកិច្ចជាតិឥណ្ឌូណេស៊ី តាមគំរូប្រធានាធិបតីផុតអាណត្តិ លោក ប្រាបូវូ ស៊ូប៊ីយានតូ រក្សាគោលនយោបាយការបរទេសអព្យាក្រិត្យតាំងពីដើមរៀងមករបស់ឥណ្ឌូណេស៊ី ដោយមានទំនាក់ទំនងល្អជាមួយគ្រប់មហាអំណាច ទើបធានាបាននូវផលប្រយោជន៍ជាតិ។ តែលោកប្រាបូវូ ធ្លាប់មានប្រវត្តិមិនល្អកាលនៅជាមេទាហាន ដោយធ្លាប់ជាប់ចោទពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅទីម័រខាងកើត។រដ្ឋធានីថ្មីដូចជាបេក្ខជនបក្សប្រជាធិបតេយ្យតស៊ូឥណ្ឌូណេស៊ី លោកហ្កង់ចារ ប្រាណូវូ វ័យ៥៥ឆ្នាំ ដែលមានប្រជាប្រិយភាពធ្លាក់ចុះជាលំដាប់ លោក ប្រាបូវូ ស៊ូប៊ីយានតូ បានសន្យាដូចគ្នាថានឹងបន្តអភិវឌ្ឍក្រុងនុសានតារ៉ា អនាគតរដ្ឋធានីឥណ្ឌូណេស៊ីថ្មី។ការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ីថ្ងៃនេះ ក៏ជាវិញ្ញាសាតេស្ត ឬអាចចាត់ទុកជាប្រជាមតិសម្រេចរឿងលើករដ្ឋធានីហ្សាការតា ទៅនុសានតារ៉ានៃកោះបរនេអូដេរ។ រដ្ឋធានី នុសានតារ៉ា នឹងត្រូវសម្ពោធជាផ្លូវការនៅថ្ងៃទី១៧សីហា ថ្ងៃបុណ្យឯករាជ្យជាតិឥណ្ឌូណេស៊ី។ ប្រសិនបើលោកប្រាបូវូ ជាប់ឆ្នោតជាប្រធានាធិបតីអ្វីនឹងដំណើរការអភិវឌ្ឍដូចការគ្រោងទុក តែបើលោក អានីស បាស្វេដាន ជាប់ឆ្នោតវិញ លោកបានប្រកាសថា លោកនឹងបន្តដឹកនាំប្រទេសពីហ្សាការតា មិនមែនពីក្រុងនុសានតារ៉ាទេ ហើយលោកផ្តល់អាទិភាពដល់ការដោះស្រាយបញ្ហាឱ្យក្រុងហ្សាការតា ឱ្យតំបន់ដែលអាចលិចទឹកនៅឆ្នាំ២០៥០។មានអាយុ៥៤ឆ្នាំ កើតនៅភាគខាងលិចកោះJava ក្នុងគ្រួសារបញ្ញាវន្ត លោក អានីស បាស្វេដាន ធ្លាប់បានទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកនិងជប៉ុន ខាងផ្នែកវិទ្យាសាស្ត្រនយោបាយ។ មានកូនបួននាក់ លោកបានក្លាយជាសកលវិទ្យាធិការក្រុងហ្សាការតា នៅឆ្នាំ២០០៧ និងចូលប្រលូកក្នុងឆាកនយោបាយចាប់ពីឆ្នាំ២០១៣ប៉ុណ្ណោះ ក្នុងនាមជាអ្នកនាំពាក្យក្រុមយុទ្ធនាការឃោសនារបស់លោកចូកូវីដូដូនៅឆ្នាំ២០១៤។អតីតសកលវិទ្យាធិការ អតីតរដ្ឋមន្ត្រីក្រសួងអប់រំនិងវប្បធម៌របស់រដ្ឋាភិបាលទីមួយរបស់លោកចូកូវីដូដូ មុននឹងក្លាយជាអភិបាលក្រុងហ្សាការតានៅឆ្នាំ២០១៧ លោក អានីស បាស្វេដាន ប្រឆាំងនឹងគម្រោងបង្កើតរដ្ឋធានីថ្មីរបស់ប្រធានាធិបតីផុតអាណត្តិ។ លោកសង្ឃឹមថា យុទ្ធសាស្ត្រនិងជំហរនយោបាយជាបក្សប្រឆាំងដ៏ចម្បងរបស់រដ្ឋាភិបាលផុតអាណត្តិ នឹងរុញច្រានលោកឱ្យបានឡើងទៅប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីជុំទីពីរ ប្រឈមនឹងលោក ប្រាបូវូ ស៊ូប៊ីយានតូ នៅខែមិថុនា។ ប្រជាប្រិយភាពរបស់លោកបានស្ទុះឡើងខ្លាំង និងឡើងជាលំដាប់ ក្រោយការតស៊ូមតិបីដងតាមកញ្ចក់ទូរទស្សន៍ ដែលបង្ហាញថាលោកមានថ្វីមាត់ល្អពូកែនិយាយ។លោក អានីស បាស្វេដាន ក៏មានប្រជាប្រិយភាពខ្លាំងក្នុងរង្វង់អ្នកអ៊ីស្លាមអភិរក្ស តែធ្លាប់រងការចោទប្រកាន់ ក្នុងពេលឃោសនាថាបានបំផុសបំផុលឱ្យមានការបែងចែងរវាងសហគមន៍សាសនា ដោយទាក់ទាញឆ្នោតពីក្រុមអ៊ីស្លាមនិយម រាប់ទាំងអ៊ីស្លាមជ្រុលនិយមផង ដើម្បីឈ្នះគូប្រជែងគ្រិស្តសាសនា។បើតាមអ្នកវិភាគ លោកអានីស ជាបេក្ខជននៃការប្តូរផ្លាស់មកធ្វើជាស្នូលនៃគ្រប់សុន្ទរកថា លោកប្រាបូវូ ការបន្តនយោបាយរបស់រដ្ឋាភិបាលមុន ឯបេក្ខជនហ្កង់ចារ មិនច្បាស់លាស់៕
14-2-2024 • 7 minuten, 12 seconden អឺរ៉ុបបើកជំនួបកំពូលស្តីពីជំនួយសម្រាប់អ៊ុយក ្រែន ក្រោមសម្ពាធនិងកំហឹងកសិករ
នៅថ្ងៃព្រហស្បតិ៍ទី១កុម្ភៈ២០២៤នេះ សមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេសបានមកជួបជុំគ្នាបើកជំនួបកំពូលវិសាមញ្ញ ដើម្បីជជែកអំពីបញ្ហាថវិកានិងអនុម័តជំនួយ៥០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន។ ជំនួបប្រជុំត្រូវរកវិធីជំនះចិត្តហុងគ្រីឱ្យបាន ហើយត្រូវពន្លត់កំហឹងកសិករអឺរ៉ុបទៀត។ កសិករនិងត្រាក់ទ័ររាប់ពាន់គ្រឿងបាននាំគ្នាទៅដល់មុខសហភាពអឺរ៉ុបនាទីក្រុងព្រុចសែលប្រទេសប៊ែលហ្ស៊ិក។ ហេតុអ្វីហុងគ្រីជំទាស់នឹងការផ្តល់ជំនួយដល់អ៊ុយក្រែន ? ហើយហេតុអ្វីបានជាកសិករអឺរ៉ុបផ្ទុះកំហឹងរាលដាលខ្លាំងដូច្នេះ? ជំនួបកំពូលវិសាមញ្ញអឺរ៉ុបថ្ងៃនេះ ជាជំនួបផ្តាច់ព័ត្រដែលគេសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលហុងគ្រីបាន និងបង្ហាញសាមគ្គីភាពជាធ្លុងមួយរបស់អឺរ៉ុប ក្នុងការផ្តល់ជំនួយដល់អ៊ុយក្រែន។ តាំងពីផ្ទុះសង្គ្រាមរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនមក អឺរ៉ុបបានផ្តល់ជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់ដល់អ៊ុយក្រែន តែក្នុងទម្រង់ជាការព្រមព្រៀងអន្តររដ្ឋាភិបាលដែលតម្រូវឱ្យមានការយល់ព្រមពីជាតិនីមួយៗជារៀងរាល់ឆ្នាំ។ ជាបែបបទដ៏ស្មុគស្មាញ ទើបអឺរ៉ុបចង់បង្កើតកញ្ចប់ថវិកាតែមួយរួមគ្នាសម្រាប់អ៊ុយក្រែន និងដើម្បីឱ្យអ៊ុយក្រែនអាចព្យាករហិរញ្ញវត្ថុបានស្រួលបន្តិច។កញ្ចប់គម្រោងជំនួយថវិកានេះមានតម្លៃ ៥០ពាន់លានអឺរ៉ូ ៖ ៣៣ពាន់លានជាប្រាក់កម្ចីការថោក និង១៧ពាន់លានជាប្រាក់ឧបត្ថម្ភ ក្នុងក្របខ័ណ្ឌថវិកាអឺរ៉ុបពីឆ្នាំ២០២៤-២០២៧។ ដើម្បីអនុម័តគម្រោងថវិកានេះបាន សហភាពអឺរ៉ុបត្រូវការការព្រមព្រៀងពីសមាជិកទាំង២៧ប្រទេស។ប៉ុន្តែ ហុងគ្រីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី អ័របាន ជាប្រមុខដឹកនាំប្រទេសបែបប្រជាភិថុតតែម្នាក់គត់ក្នុងចំណោមសមាជិកសហភាពអឺរ៉ុប ដែលនៅបន្តមានទំនាក់ទំនងជិតដិតជាមួយនឹងរុស្ស៊ី បានប្រកាសជំហរជំទាស់ ដោយទាមទារសុំ សើរើមើលគម្រោងជំនួយអ៊ុយក្រែនជារៀងរាល់ឆ្នាំ តាមរយៈការអនុម័តជាឯកច្ឆ័ន្ទ។ជំនួយសហភាពអឺរ៉ុបដោយគ្មានហុងគ្រី?ប៉ុន្តែអឺរ៉ុបមិនចង់ផ្តល់ឱកាសឱ្យហុងគ្រីមានសិទ្ធិប្រឆាំងវេតូសម្រាប់ជាធ្នាក់ទាមទារការដោះដូរអ្វីមួយឡើយ ទើបចង់លួងលោមនិងបញ្ចុះបញ្ចូលរកផ្លូវកណ្តាលមួយដែលទទួលយកបានទាំងអស់គ្នា។ សហភាពអឺរ៉ុបព្រមរៀបចំការតស៊ូមតិថ្នាក់ប្រមុខរដ្ឋ-រដ្ឋាភិបាល ជុំវិញបញ្ហាថវិកាជំនួយនេះ ជារៀងរាល់ឆ្នាំ តែដោយគ្មានលទ្ធភាពប្រឆាំងទេ។នេះជាការបន្ទន់ឥរិយាបថបន្តិចរបស់អឺរ៉ុបចំពោះហុងគ្រីហើយ។ ហើយនៅទីបំផុតហុងគ្រីក៏យល់ព្រម។ អឺរ៉ុប២៧ប្រទេសបានសម្រេចព្រមព្រៀងគ្នាបើកកញ្ចប់ថវិកាជំនួយដល់អ៊ុយក្រែនក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុប។ នេះបើតាមសារប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel។បាតុកម្មកសិករបង្វែររបៀបវារៈនៃជំនួបសហភាពអឺរ៉ុប?ផ្តើមនៅប្រទេសអាល្លឺម៉ង់ រ៉ូមានី ប៉ូឡូញ និងហូឡង់ ឥលូវរាលដាលដល់វេនកសិករបារាំងនិងប៊ែលហ្ស៊ិក ព្រមទាំងអ៊ីតាលី អេស្ប៉ាញ ព័រទុយហ្កាល់ ... សន្ទុះបាតុកម្មរបស់ប្រជាកសិករអឺរ៉ុប កាន់តែខ្លាំងក្លាឡើងៗ។ នៅបារាំង បាតុករកសិករបានរំកិលមកកាន់តែកៀកក្រុងប៉ារីស និងបានចូលដល់ទីផ្សារបោះដុំ Rungis។ កសិករបារាំង ប៊ែលហ្សិកបាននាំគ្នាបិទខ្ទប់ច្រកផ្លូវនៅតាមព្រំដែនប្រទេសទាំងពីរ តាំងពីព្រលប់ ដើម្បីបរិហារកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរី និងទាមទារឱ្យរដ្ឋាភិបាលសន្យាចាត់វិធានការ ធំនិងច្បាស់លាស់។ នៅព្រុចសែល រដ្ឋធានីអឺរ៉ុប កសិករ ជាមួយត្រាក់ទ័រប្រមាណ១ពាន់គ្រឿងបានចូលទៅបិទខ្ទប់ច្រកចូលទៅកាន់ទីមានជំនួបកំពូលសហភាពអឺរ៉ុប។កសិករអឺរ៉ុបផ្ទុះកំហឹងទាមទារឱ្យសហភាពអឺរ៉ុបផ្តល់តម្លៃដល់ការងាររបស់ពួកគេ។ ពួកគេត្អូញត្អែរអំពីការលំបាក ផ្នែករដ្ឋបាលផង ចំណូលតិចផង វិបត្តិប្រេងឡើងថ្លៃផង បទដ្ឋានបរិស្ថានកាន់តែច្រើន និងតឹងតែងឡើងៗផង តែត្រូវប្រកួតប្រជែងជាមួយផលិតផលនាំចូលពីបរទេស ដែលគ្មានគុណភាពឆ្លើយតបនឹងបទដ្ឋានអឺរ៉ុបមានជាអាទិ៍ការលើកលែងចំពោះផលិតផលនាំចូលពីអ៊ុយក្រែន ដើម្បីជួយប្រទេសដែលរងការឈ្លានពានពីរុស្ស៊ី។ដើម្បីបន្ធូរកំហឹងបាតុកម្មនេះ រដ្ឋាភិបាលនីមួយៗបានសាកល្បងដោះស្រាយ និងប្រកាសប្តេជ្ញាជួយប្រជាកសិករ។ ប៉ុន្តែ ជំនួយ វិធានការថ្មីៗសម្រាប់កសិករ ដែលជាការសន្យារបស់រដ្ឋាភិបាលបារាំង ក៏ដូចជាការធ្វើសម្បទានរបស់គណៈកម្មការអឺរ៉ុប ព្រមកំរិតការទិញនិងនាំចូលផលិតផលអ៊ុយក្រែន មិនបានធ្វើឱ្យពួកគេស្ងប់ចិត្ត ស្រាកកំហឹងទេ។ ចំណាត់ការរបស់អាជ្ញាធរធ្លាក់មកយឺតពេលបន្តិចទៅហើយ ហើយវិធានការប្រយុទ្ធប្រឆាំងនឹងការនាំចូល មិនគ្រប់គ្រាន់ទេសម្រាប់ការពារប្រជាកសិករអឺរ៉ុប។ ម្យ៉ាងវិញទៀត ពេលនេះសហភាពអឺរ៉ុបកំពុងតែចរចាស្វែងរកកិច្ចព្រមព្រៀងផ្តោះប្តូរសេរី ជាមួយបណ្តាប្រទេសកសិកម្មធំៗដូចជា ប្រេស៊ីល អាហ្សង់ទីន អ៊ុយរ៉ាហ្កាយ ប៉ារ៉ាហ្កាយ។ គម្រោងកិច្ចព្រមព្រៀងនេះជាក្តីព្រួយបារម្ភខ្លាំងណាស់ សម្រាប់ប្រជាកសិករអឺរ៉ុប និងដែលបារាំងមិនចង់ឃើញវាកើតចេញជារូបរាងទេ។ដូច្នេះចង់ឬមិនចង់ និងទោះជាមិនផ្លូវការ ក៏ជំនួបកំពូលអឺរ៉ុបថ្ងៃនេះ ត្រូវតែវិលនៅជុំវិញបញ្ហាការពារប្រយោជន៍ប្រជាកសិករអឺរ៉ុប៕
1-2-2024 • 6 minuten, 28 seconden សង្គ្រាមហ្កាហ្សា៖ ហាម៉ាសទទួលស្គាល់កំហុសដែលធ្វើ ឱ្យស្លាប់ជនស៊ីវិល
ជាងបីខែកន្លះក្រោយផ្ទុះសង្គ្រាមនៅហ្កាហ្សាមក ចលនាហាម៉ាសបានប្រកាសនៅថ្ងៃទី ២១មករា២០២៤ ទទួលស្គាល់កំហុស ដោយបានបង្កឱ្យស្លាប់ជនស៊ីវិលស្លូតត្រង់ ក្នុងប្រតិបត្តិការវាយឆ្មក់ទ្រង់ទ្រាយធំលើអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា២០២៣។ ការវាយឆ្មក់ ជាដើមហេតុនាំឱ្យអ៊ីស្រាអែលចេញធ្វើសង្គ្រាមលើតំបន់ហ្កាហ្សា។ ហេតុអ្វីបានជាហាម៉ាសទើបចេញមុខទទួលស្គាល់កំហុសនៅពេលនេះ ? ថ្ងៃអាទិត្យទី២១មករា២០២៤ម្សិលមិញ ចលនាហាម៉ាសបានត្រលប់មកពន្យល់បំភ្លឺ តាមរយៈឯកសារកម្រាស់ជិត២០ទំព័រ អំពីដំណើរដើមទងនៃប្រតិបត្តិការវាយឆ្មក់ថ្ងៃទី៧តុលា២០២៣មកលើអ៊ីស្រាអែល ដែលបង្កឱ្យមានមនុស្សស្លាប់១១៤០នាក់ ភាគច្រើនជាស៊ីវិល។ នេះជាលើកទីមួយហើយដែលហាម៉ាសចេញមុខមកបកស្រាយ និងទទួលស្គាល់កំហុសរបស់ខ្លួនដែលបានធ្វើឱ្យបាត់បង់ជីវិតជនស៊ីវិលដូច្នេះ។តើហាម៉ាសបកស្រាយយ៉ាងដូចម្តេចខ្លះ?ចលនាប្រដាប់អាវុធប៉ាឡេស្ទីននៅហ្កាហ្សា បានធានាអះអាងថាប្រតិបត្តិការវាយឆ្មក់ថ្ងៃ៧តុលាដែលហាម៉ាសប្រសិទ្ធនាមថា “សន្ធឹកAl-Aqsa” ជាដំណាក់កាលចាំបាច់ និងជាការតបតធម្មតាប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែលមកលើប្រជាពលរដ្ឋប៉ាឡេស្ទីន។ ប៉ុន្តែកំហុសទំនងអាចកើតមានឡើងនៅពេលអនុវត្ត។ នៅពេលចេញធ្វើប្រតិបត្តិការ ស្រាប់តែប្រព័ន្ធសន្តិសុខនិងយោធា ត្រូវដួលរំលំមួយរំពេច នៅត្រឹមព្រំដែនរវាងអ៊ីស្រាអែលនិងតំបន់ហ្កាហ្សា។ ប្រតិបត្តិការគ្មានគម្រោងដៅវាយប្រហារលើជនស៊ីវិលទេ។ វាបានកើតឡើងដោយចៃដន្យ និងនៅពេលមានការប្រឈមមុខប្រយុទ្ធជាមួយក្រុមអ្នកឈ្លានពានតែប៉ុណ្ណោះ។ នេះជាពាក្យសារភាពរបស់ក្រុមហាម៉ាស ដោយបន្តថា “បញ្ចៀសមិនឱ្យប៉ះពាល់ដល់ជីវិតជនស៊ីវិល ជាពិសេសកុមារ ស្ត្រីភេទ និងមនុស្សចាស់ គឺជាកាតព្វកិច្ចសាសនា និងជាសីលធម៌របស់យុទ្ធជនហាម៉ាស Al-Qassam ដែលបានព្យាយាមយ៉ាងអស់ពីលទ្ធភាព ការពារជីវិតជនស៊ីវិល បើទោះបីតុល្យការស្លាប់ខ្ពស់យ៉ាងណាក៏ដោយ។តែបើតាមរូបភាពវីដេអូផ្សព្វផ្សាយក្រោយការវាយឆ្មក់របស់ហាម៉ាស គេឃើញទាហានប្រដាប់អាវុធក្រុមនេះសម្លាប់មនុស្សដោយគ្មានរើងអើងទេ។ ចំណាប់ខ្មាំងប្រមាណ២៥០នាក់ ត្រូវបាននាំទៅតំបន់ហ្កាហ្សា។ ជាការវាយប្រហារយ៉ាងឃោរឃៅ និងមានទ្រង់ទ្រាយធំមិនធ្លាប់មានទេ ទើបជំរុញឱ្យអ៊ីស្រាអែលបើកធ្វើសង្គ្រាមវាយប្រហារតាមផ្លូវអាកាសនិងផ្លូវគោលលើដែនដីមួយចំណិតតូចហ្កានេះ រហូតស្លាប់មនុស្សអស់យ៉ាងហោច២ម៉ឺន៥ពាន់១០៥នាក់ គិតចាប់ពីថ្ងៃទី៧តុលាមកទល់នឹងថ្ងៃអាទិត្យម្សិលមិញ។ក្រៅទទួលស្គាល់កំហុស ចលនាហាម៉ាសដែលសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាត់ទុកជាក្រុមភេវនិយម បានទាមទារ នៅក្នុងឯកសាររបស់ខ្លួន អ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់ទង្វើឈ្លានពាន អំពើមនុស្សឃាត បោសសម្អាតជាតិពិន្ធុនៅតំបន់ហ្កាហ្សា។ ហាម៉ាសក៏បានប្រកាសបដិសេធដែរ មិនទទួលយកជាដាច់ខាតផែនការស្នើឡើងអន្តរជាតិឬអ៊ីស្រាអែល ក្នុងការសម្រេចអនាគតរបស់តំបន់ហ្កាហ្សា។ គ្មាននរណាមានសិទ្ធិលើពលរដ្ឋប៉ាឡេស្ទីនដែលអាចសម្រេចចិត្តលើជោគវាសនាខ្លួនឯងបានឡើយ។អ៊ីស្រាអែលច្រានចោលលក្ខខណ្ឌរបស់ហាម៉ាស និងបន្តធ្វើសង្គ្រាម?តាំងពីថ្ងៃទី៧តុលាមក អ៊ីស្រាអែលបានកំណត់កម្មវត្ថុ ប្តេជ្ញាកម្ចាត់ក្រុមប្រដាប់អាវុធហាម៉ាសឱ្យខ្ទេច និងរហូតទាល់តែហ្កាហ្សាលែងក្លាយជាការគំរាមកំហែងអ៊ីស្រាអែលទៀត។តែបើតាមកាសែតWall Street Journal ភ្នាក់ងារចារកិច្ចអាមេរិកសន្និដ្ឋានថាអ៊ីស្រាអែលទើបកម្ចាត់ពួកហាម៉ាសបានប្រមាណពី២០ទៅ៣០%ប៉ុណ្ណោះ ពោលគឺតិចជាងកម្មវត្ថុឆ្ងាយណាស់។ សារព័ត៌មានអាមេរិកដដែលបានអះអាងទៀតថា សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប ដែលធ្លាប់ធ្វើអន្តរការីនាំឱ្យមានបទឈប់បាញ់មួយសប្តាហ៍កាលពីខែវិច្ឆិកា កំពុងព្យាយាមបញ្ចុះបញ្ចូលអ៊ីស្រាអែលនិងហាម៉ាសស្រុះស្រួលគ្នាព្រមដោះលែងចំណាប់ខ្មាំងអស់ជាថ្នូរនឹងការដកកងទ័ពអ៊ីស្រាអែលចេញពីហ្កាហ្សា។ប៉ុន្តែនៅល្ងាចមិញ លោកនេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានច្រានចោលភ្លាមនិងច្បាស់លាស់នូវរាល់លក្ខខណ្ឌរបស់ពួកហាម៉ាស។ បើតាមលោកនេតាន់យ៉ាហ៊ូ ហាម៉ាសបានទាមទារបញ្ចប់សង្គ្រាម ដកកម្លាំងទ័ពអ៊ីស្រាអែលទាំងស្រុងពីដីហ្កាហ្សា និងការដោះលែងក្រុមឃាតករនិងចោរទៀត។ កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលក៏បានប្រកាសបដិសេធបូរណភាពអនាគតរបស់ប្រជាពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ដែលកាន់កាប់ដោយពួកហាម៉ាសតាំងពីឆ្នាំ២០០៧ទៀត។ ការបដិសេធរបស់អ៊ីស្រាអែលចំពោះដំណោះស្រាយបង្កើតរដ្ឋពីរនេះពិតជាគួរឱ្យព្រួយបារម្ភណាស់។ដំណោះស្រាយចង់បង្កើតរដ្ឋពីរអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅជាបច្ចុប្បន្នភាព?ទោះបីជាមានការអំពាវនាវអន្តរជាតិកាន់តែច្រើនឡើងៗឱ្យមានបទឈប់បាញ់មនុស្សធម៌ និងការត្រៀមលក្ខណៈក្រោយសង្គ្រាម ដោយគិតដល់ការបង្កើតរដ្ឋពីររស់ទន្ទឹមគ្នាយ៉ាងណាក៏ដោយ ក៏លោកនេតាន់យ៉ាហ៊ូមិនយកត្រចៀកស្តាប់ដែរ។ ប៉ុន្តែអ៊ីស្រាអែលមិនអាចស្ថាបនាសន្តិភាព ដោយរំពឹងតែលើមធ្យោបាយយោធាបានទេ។ នេះបើតាមប្រសាសន៍របស់លោកប្រមុខការទូតសហភាពអឺរ៉ុប Josep Borrell នៅថ្ងៃចន្ទនេះ។ លោកប្រមុខការទូតអឺរ៉ុប ត្រូវទទួលជួបពិភាក្សាជាមួយប្រមុខការទូតអ៊ីស្រាអែល និងប៉ាឡេស្ទីន ដាច់ដោយឡែកពីគ្នានៅថ្ងៃនេះ ក្នុងក្របខណ្ឌនៃការស្វែងរកសន្តិភាពជាទូទៅឱ្យតំបន់ដើមបូព៌ា។ សម្រាប់លោកបូរ៉ែល គំនិតបង្កើតរដ្ឋពីរ គឺអ៊ីស្រាអែលនិងប៉ាឡេស្ទីន នាពលអនាគត ជាដំណោះស្រាយតែមួយគត់។ អ៊ីស្រាអែល ត្រូវតែព្រមទទួលយកដំណោះស្រាយនេះ ទើបអាចបញ្ចប់សង្គ្រាម និងធានាបាននូវសន្តិសុខសុវត្ថិភាពជានិរន្តរ៍។ នេះជាបើតាមទស្សនៈរបស់លោកប្រមុខការទូតអឺរ៉ុប ដែលបានបង្ហាញគម្រោងដំណោះស្រាយទូលំទូលាយមួយ ឈានឆ្ពោះទៅរកសន្តិភាពឋិតឋេរ និងដោយ ទទួលស្គាល់ថា អឺរ៉ុបមានឥទ្ធិពលតិចតួចណាស់ក្នុងការដាក់សម្ពាធលើអ៊ីស្រាអែល។ តែទោះជាយ៉ាងណាក្តីក៏អឺរ៉ុប ត្រូវតែចាប់ផ្តើមត្រៀមរៀបចំលក្ខខណ្ឌនាំសន្តិភាពឱ្យដើមបូព៌ាតាំងពីនេះតែម្តង ក្នុងទស្សនៈវិស័យបង្កើតរដ្ឋពីររស់ទន្ទឹមគ្នា៕
22-1-2024 • 6 minuten, 26 seconden តៃវ៉ាន់បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដោយមិន ខ្លាចញញើតនឹងការគំរាមរបស់ចិន
ថ្ងៃសៅរ៍ទី១៣មករានេះ នៅតៃវ៉ាន់មានការបោះឆ្នោត២ព្រមគ្នា គឺបោះឆ្នោតជ្រើសសមាជិកសភាផង និងជ្រើសរើសប្រធានាធិបតីថ្មីផង។ ជាការបោះឆ្នោតដែលស្ថិតនៅក្នុងបរិបទដ៏តានតឹងបំផុត ដោយសារតែចិនប៉េកាំង បានប្រើវិធីច្រើនយ៉ាង ដាក់សំពាធផង គំរាមផងមកលើប្រជាជនតៃវ៉ាន់ ដែលមានទំនោរគាំទ្រការប្រកាសឯករាជ្យកាន់តែខ្លាំង។ មោទនភាពនឹងលទ្ធិប្រជាធិបតេយ្យតៃវ៉ាន់អ្នកកាសែតបារាំង AFP ដែលប្រចាំផ្ទាល់នៅតៃវ៉ាន់ បានឲ្យដឹងថា ការបោះឆ្នោតនៅថ្ងៃនេះ គឺបានប្រព្រឹត្តិធ្វើទៅក្នុងបរិយាកាសមួយ យ៉ាងសស្រាក់សស្រាំ ដែលបង្ហាញអំពីទឹកចិត្តរបស់ប្រជាជនតៃវ៉ាន់ទូទៅ ដែលស្រលាញ់សិទ្ធិសេរីភាព ស្រលាញ់លទ្ធិប្រជាធិបតេយ្យ ព្រមទាំងរបបសេរីនិយមរបស់ទឹកដីខ្លួន។ ដូចយើងដឹងហើយ ប្រជាជនចិនដីគោកឯនោះវិញ គ្មានសិទ្ធិបញ្ចេញមតិតាមរយៈសន្លឹកឆ្នោតដូចនៅតៃវ៉ាន់ទេ។ ត្រង់ចំណុចនេះ គឺប្រជាជនតៃវ៉ាន់ មានមោទនភាពខ្លាំងនាស់ ដែលពួកគេបានកសាងស្ថាបនាជាតិមួយ ដែលរីកចម្រើន មានសិទ្ធិសេរីភាព មានប្រជាធិបតេយ្យ មិនមែនកុម្មុយនីស្តិដូចចិនប៉េកាំង។ក្នុងចំណោមប្រជាជនតៃវ៉ាន់ប្រមាណ២៣លាននាក់ អ្នកមានសិទ្ធិបោះឆ្នោតមានប្រមាណ១៩លាននាក់។ ដោយសារតែមិនអាចបោះឆ្នោតពីបរទេសបាន គេសង្កេតប្រជាជនតៃវ៉ាន់ខ្លះដែលរស់នៅក្រៅប្រទេស បានធ្វើដំណើរត្រលប់ទៅតៃវ៉ាន់ ដើម្បីទៅបោះឆ្នោត។ មនុស្សម្នាមកបន្តកន្ទុយរងចាំចូលទៅបោះឆ្នោត តាំងតែពីព្រលឹមស្រាងៗ នៅតាមការិយាល័យទាំង ១៨០០០ការិយាល័យ។ ម៉ោង៤រសៀល ការិយាល័យបោះឆ្នោតទាំងអស់ត្រូវបិទទ្វារ ហើយលទ្ធផលបឋម នឹងប្រកាសឲ្យដឹង នៅវេលាល្ងាចថ្ងៃសៅរ៍នេះតែម្តង។ពេលចេញពីបោះឆ្នោត លោកស្រី សៃ អ៊ីងវេន បានថ្លែងអំពាវនាវប្រាប់ទៅប្រជាជនតៃវ៉ាន់ថា ប្រជាជនតៃវ៉ាន់មានវាសនាមានសំណាងណាស់ ដែលបានរស់ក្នុងរបបប្រជាធិតេយ្យ មានសិទ្ធិសេរីភាពពេញបរិបូរណ៍។ ដូច្នេះ គ្រប់គ្នាត្រូវតែទៅចូលរួមបោះឆ្នោត បំពេញតួនាទីកាតព្វកិច្ចជាពលរដ្ឋ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស។ការបោះឆ្នោតថ្ងៃទី១៣មករា គឺតៃវ៉ាន់ជ្រើសរើសប្រធានាធិបតីថ្មីផង និងជ្រើសរើសសមាជិកសភាទាំង ១១៣អាសនៈផង។ អនាគតសមាសភាពសភាថ្មី និងជាពិសេស គឺអនាគតប្រធានាធិបតីតៃវ៉ាន់ថ្មី នឹងមកកំណត់ជោគវាសនា នៃទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ ព្រមទាំងស្ថិរភាពតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលតែម្តង។គណបក្សទំនោរឯករាជ្យនិយមសង្ឃឹមឈ្នះបើផ្អែកតាមការស្ទាបស្ទង់មតិ គណបក្សប្រជាធិបតេយ្យសេរីនិយម ដែលបច្ចុប្បន្នដឹកនាំដោយលោកស្រី សៃ អ៊ីងវេន ត្រូវគេជឿថាអាចនឹងឈ្នះម្តងទៀត បានសំឡេងភាគច្រើននៅក្នុងសភា។ លោកស្រី សៃ អ៊ីងវេន បានកាន់មុខតំណែងប្រធានាធិបតី២អាណត្តិហើយ ដូច្នេះមិនអាចឈរឈ្មោះទៀតបានទេ។ បេក្ខជនប្រធានាធិបតីរបស់បក្សនេះ គឺលោក Lai Ching-Te ឬ William Lai ដែលបច្ចុប្បន្នជាអនុប្រធានាធិបតី។គណបក្សប្រជាធិបតេយ្យសេរីនិយមនេះ មានទំនោរចង់ឲ្យតៃវ៉ាន់មានឯករាជ្យ មានអធិបតេយ្យពេញបរិបូរ ទទួលស្គាល់ដោយច្បាប់អន្តរជាតិ។ ហេតុដូច្នេះហើយ បានជាចិនប៉េកាំងស្អប់លោកស្រី សៃ អ៊ីងវេន ស្អប់លោក William Lai ហើយមិនចង់ឲ្យគណបក្សប្រជាធិបតេយ្យសេរីនិយមឈ្នះឆ្នោត ដឹកនាំតៃវ៉ាននោះទេ។ តៃវ៉ាន់ ក្រោមការដឹកនាំរបស់បក្សនេះ គឺនឹងកាន់តែក្លាហាន ហ៊ានប្រកាសឯករាជ្យនៅថ្ងៃណាមួយ។ផ្ទុយទៅវិញ ចិនប៉េកាំង គាំទ្រ និងចង់ឃើញបក្សមួយទៀតឈ្នះឆ្នោត គឺបក្ស គួមីនតាង។ បេក្ខជនប្រធានាធិបតីរបស់បក្សគួមីនតាង ឈ្មោះ Hou Yu-Ih។ ជាទំលាប់តរៀងមក គណបក្សគួមីនតាង មានបន្ទាត់នយោបាយ ងាកទៅខាងចិនដីគោក ចង់ផ្សារភ្ជាប់ទំនាក់ទំនងល្អគ្រប់វិស័យទាំងអស់ជាមួយចិនដីគោក។ក៏ប៉ុន្តែ តាមការសង្កេតវិភាគទៅ សង្គមតៃវ៉ាន់មានការពុះចែកមតិគ្នាខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រជាជនតៃវ៉ាន់ ថ្វីបើអ្នកខ្លះមិនចង់ឃើញសង្គ្រាមផ្ទុះឡើងជាមួយចិនមែន តែពួកគេគិតថាបើបណ្តោយឲ្យបក្សគួមីនតាង ដឹកនាំតៃវ៉ាន់ នោះមិនយូរមិនឆាប់ ប្រជាជនតៃវ៉ាន់នឹងលែងមានសិទ្ធិសេរីភាព លែងមានប្រជាធិបតេយ្យ ដោយសារតែចិនប៉េកាំងនឹងចូលមកជ្រៀតជ្រែក ប្រើប្រាស់ឥទ្ធិពលមកលើតៃវ៉ាន់។ចិន៖ “ប្រជាជនតៃវ៉ាន់ប្រយ័ត្នសម្រេចចិត្តខុស!”ក្នុងអំឡុងពេលឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃមកនេះ ចិនបានបង្កើនការដាក់សំពាធខ្លាំងណាស់ មកលើតៃវ៉ាន់ ទាំងផ្នែកការទូត ទាំងផ្នែកយោធា។ ប៉េកាំងបានថ្លែងការណ៍ ប្រកាសដោយចំៗប្រាប់ទៅប្រជាជនតៃវ៉ាន់ ថាត្រូវសម្រេចចិត្តឲ្យត្រឹមត្រូវ កុំសម្រេចចិត្តខុសឲ្យសោះ។ ប៉េកាំងបានគំរាមថា កងទ័ពចិន ត្រៀមប្រុងប្រៀបរួចរាល់ហើយ នឹងកំទេចរាល់ការប៉ុនប៉ងប្រកាសឯករាជ្យរបស់តៃវ៉ាន់។ផ្អែកតាមក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ ចិនបានបង្ហោះយានប៉េតប៉ោង ឈ្លបយកការណ៍ចំនួន៥គ្រឿង ចូលទៅកៀកតៃវ៉ាន់។ ប្រភពដដែលនេះ អះអាងថា ចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន១០គ្រឿង និងនាវាចម្បាំង៦គ្រឿងទៀត ឲ្យមកក្រវែល បំភ័យប្រជាជនតៃវ៉ាន់។ ហើយនៅថ្ងៃសៅរ៍ ពេលប្រជាជនតៃវ៉ាន់កំពុងទៅបោះឆ្នោត ផ្អែកតាមអ្នកកាសែតបារាំង AFP គឺមានយន្តហោះចម្បាំងចិន១គ្រឿង បានហោះកាត់ទីក្រុង Pingtan ទីក្រុងចិនដែលស្ថិតនៅកៀកនឹងតៃវ៉ាន់បំផុត។ នៅលើបណ្តាញសង្គម Weibo វិញ អាជ្ញាធរចិនបានបិទខ្ទប់ Hashtag “បោះឆ្នោតតៃវ៉ាន់” នៅព្រឹកថ្ងៃសៅរ៍ ដើម្បីរារាំង កុំឲ្យមានការចែករំលែកព័ត៌មានតៗគ្នា ស្តីពីការបោះឆ្នោតនេះ។បញ្ហាលក្ខន្តិកៈរបស់កោះតៃវ៉ាន់នេះ គឺវាស្មុគស្មាញខ្លាំងណាស់។ វាជាចំណុចមួយ ដែលបង្កើតឲ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង រវាងចិននឹងអាមេរិក។ កាលពីថ្ងៃសុក្រម្សិលមិញ នៅវ៉ាស៊ីនតោន លោកប្រមុខការទូតអាមេរិក អង់តូនីប្លីងកិន បានជួបជាមួយលោក Liu Jangchao មន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ នៃបក្សកុម្មនុយនិស្តចិន។ លោកអង់តូនី ប្លីងកិន បានប្រាប់ទៅភាគីចិនថា វាជារឿងចាំបាច់ណាស់ ដែលត្រូវតែរក្សាការពារសន្តិភាព និងស្ថិរភាពតំបន់ច្រកសមុទ្រតៃវ៉ាន់។ដូចយើងដឹងច្បាស់ហើយ បើសង្គ្រាមតៃវ៉ាន់ផ្ទុះឡើងមែន សេដ្ឋកិច្ចពិភពលោកយើងប្រាកដជាលំបាកវឹកវរខ្លាំងណាស់។ ទីមួយដោយសារតែវ៉ាន់ជាអ្នកផ្គត់ផ្គង់៧០%នៃឧបករណ៍សឺមីកុងឌុកទ័រ ដែលចាំបាច់បំផុតប្រើក្នុងសម្ភារៈបច្ចេកវិទ្យា។ ទី២ គឺច្រកសមុទ្រតៃវ៉ាន់ គឺជាផ្លូវឆ្លងកាត់នៃនាវាដឹកទំនិញអន្តរជាតិចំនួន៥០%ឯណោះ។ បើសេដ្ឋកិច្ចពិភពលោកវឹកវរ មានន័យថាសេដ្ឋកិច្ចចិនក៏រងការលំបាកខ្លាំងដែរ។ ដូច្នេះមិនប្រាកដថាចិនហ៊ានធ្វើសង្គ្រាមនេះទេ។ យ៉ាងណាមិញ លោក Liu Pei-Chi គ្រូបង្រៀនម្នាក់នៅតៃប៉ិ បាននិយាយថាប្រជាជនតៃវ៉ាន់ មិនទៅឆោត ខ្លាចការគំរាមរបស់ចិនទេ ព្រោះចិនគ្រាន់តែជាខ្លាក្រដាសតែប៉ុណ្ណោះ។
13-1-2024 • 7 minuten, 18 seconden តុលាការឡាអេបើកសវនាការស្តាប់អាហ្វ្រិកខាងត្បូងចោទ អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍នៅហ្កាហ្សា
បីខែក្រោយធ្វើសង្រ្គាមនៅទឹកដីហ្កាហ្សា ដើម្បីសងសឹកនឹងក្រុមហាម៉ាសដែលវាយឆ្មក់ចូលសម្លាប់មនុស្សនៅទឹកដីអ៊ីស្រាអែល តុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ បានសវនានៅថ្ងៃព្រហស្បតិ៍ទី១១មករា ទៅតាមពាក្យបណ្តឹងរបស់អាហ្វ្រិកខាងត្បូង ដែលបានចោទប្រកាន់អ៊ីស្រាអែល ថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅហ្កាហ្សា។ គិតចាប់តាំងពីការវាយប្រហាររបស់ក្រុមប្រដាប់អាវុធហាម៉ាសដែលបានចូលសម្លាប់មនុស្សប្រមាណ ១១៤០នាក់ នៅអ៊ីស្រាអែល ប្រតិបត្តិការសងសឹករបស់កងទ័ពអ៊ីស្រាអែល នៅទឹកដីហ្កាហ្សា គិតចាប់តាំងពីថ្ងៃទី ៧តុលា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងតិច ២៣ ០០០នាក់ ដែលភាគច្រើនជាប្រជាជនស៊ីវិល ស្ត្រី និងកុមារ។ នៅប្រទេសហូងឡង់ តុលាការយុត្តធម៌អន្តរជាតិនៅទីក្រុងឡាអេ នៅថ្ងៃព្រហស្បតិ៍នេះបើកសវនាការលើសំណុំរឿងប្រល័យពូជសាសន៍នៅហ្កាហ្សា ដែលមានប្រជាជនប៉ាឡេស្ទីនជាជនរងគ្រោះ។ ម្ចាស់ដើមបណ្តឹងនៅក្នុងរឿងនេះ គឺអាហ្វ្រិកខាងត្បូង ចំណែកអ៊ីស្រាអែលជាអ្នករងការចោទប្រកាន់។ តុលាការក្រុងឡាអេ បើកសវនាការនៅថ្ងៃនេះ បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់អាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ២៩ធ្នូកន្លងទៅ ដែលនៅក្នុងនោះ អាហ្វ្រិកខាងត្បូងចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា។ អាហ្វ្រិកខាងត្បូងចេញមុខ ចោទប្រកាន់អ៊ីស្រាអែល ជំនួសប្រជាជនប៉ាឡេស្ទីន ដោយសារហេតុផលពីរ៖ទី១ ដោយសារតែតុលាការយុត្តិធម៌អន្តរជាតិជាអ្នកដោះស្រាយវិវាទរវាងប្រទេស ហើយប៉ាឡេស្ទីននៅមិនទាន់មានរូបរាងជាប្រទេស។ អាហ្វ្រិកខាងត្បូង ចេញមុខជំនួសប្រជាជនប៉ាឡេស្ទីន ប្តឹងអ៊ីស្រាអែល។ ម្យ៉ាង អាហ្វ្រិកខាងត្បូង និងអ៊ីស្រាអែល សុទ្ធជាប្រទេសហត្ថលេខីនៃអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីប្រល័យពូជសាសន៍ ដែលគេបានបង្កើតឡើងនៅឆ្នាំ ១៩៤៨ នៅក្រោយពីមានការសម្លាប់ប្រល័យពូជសាសន៍ទៅលើជនជាតិជ្វីហ្វ នៅក្នុងសង្រ្គាមលោកលើកទី២។ ដោយដាក់ពាក្យបណ្តឹងប្រឹងអ៊ីស្រាអែល អាហ្វ្រិកអះអាងថា ខ្លួន ធ្វើ ក្នុងនាមជាហត្ថលេខីមួយនៃអនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍។ សម្រាប់អាហ្វ្រិកខាងត្បូង ដោយធ្វើសង្រ្គាម នៅទឹកដីហ្កាហ្សា ដែលបានសម្លាប់ប្រជាជនស៊ីវិលប៉ាឡេស្ទីន ជាង ២ម៉ឺននាក់ គិតចាប់តាំងពីថ្ងៃទី ៧តុលា អ៊ីស្រាអែលបានរំលោភសំដី ពាក្យប្តេជ្ញារបស់ខ្លួន នៅពេលចុះហត្ថលេខាលើអនុសញ្ញា ដោយថា អ៊ីស្រាអែលនឹងទប់ស្កាត់មិនឲ្យមានការសម្លាប់ប្រល័យពូជសាសន៍ កើតមានសាជាថ្មី នៅក្នុងពិភពលោក។ទី២ អាហ្វ្រិកខាងត្បូងចេញមុខជួយការពារបុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីន មកពី អាហ្វ្រិកខាងត្បូង ធ្លាប់មានប្រវត្តិទំនាក់ទំនងជិតស្និទ្ធិជាមួយប្រជាជនប៉ាឡេស្ទីន តាំងពីនៅអតីតកាល។ គណបក្សកាន់អំណាចនៅអាហ្វ្រិកខាងត្បូងសព្វថ្ងៃ គឺគណបក្សសភាជាតិអាហ្រ្វិកធ្លាប់មានប្រវត្តិសាមគ្គីភាពជាមួយ ប៉ាឡេស្ទីន តាំងពីជំនាន់ លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង នែលសុន ម៉ង់ដេឡាម្ល៉េះ។ ធ្លាប់តស៊ូ ប្រឆាំងនឹងការគ្រប់គ្រង របស់ក្រុមស្បែកស រហូតទទួលបានការបោះឆ្នោតប្រជាធិបតេយ្យ ថ្នាក់ដឹកនាំជាតិនិយមអាហ្វ្រិកខាងត្បូងយល់ថា ប្រជាជនប៉ាឡេស្ទីនក៏រងគ្រោះឈឺចាប់ ដោយសារការជិះជាន់ដូចជាប្រជាជនអាហ្វ្រិកខាងត្បូង។ នៅខែធ្នូកន្លងទៅនេះ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ដែលធ្លាប់ចេញមុខរិះគន់សង្រ្គាមអ៊ីស្រាអែលនៅហ្កាហ្សា បាននិយាយប្រាប់ថ្នាក់ដឹកនាំជ្វីហ្វនៅអាហ្រ្វិកខាងត្បូងថា រដ្ឋាភិបាលរបស់លោកឈរ នៅខាងប្រជាជនប៉ាឡេស្ទីន ដែលរងការជិះជាន់ ការធ្វើបាបរាប់ទសវត្សរ៍ ដូចប្រជាជនអាហ្វ្រិកខាងត្បូង។តើពិតជាមានការប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា ដូចការលើកឡើងរបស់អាហ្វ្រិកខាងត្បូង?នៅក្នុងឯកសារបណ្តឹងកម្រាស់ ៨៤ទំព័រ ដែលដាក់ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ភាគីអាហ្វ្រិកខាងត្បូងអះអាងថា ពិតជាមានការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនប៉ាឡេស្ទីន នៅហ្កាហ្សា ដោយសំអាងទៅលើសេចក្តីរាយការណ៍របស់អ្នកកាសែត អង្គការមនុស្សធម៌ សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ និងសេចក្តីប្រកាសផ្លូវការរបស់រដ្ឋាភិបាលអ៊ីស្រាអែលខ្លួនឯង។ភាគីអាហ្វ្រិកខាងត្បូងនិយាយថាខ្លួនចោទប្រកាន់អ៊ីស្រាអែលពីបទសម្លាប់ប្រល័យពូជសាសន៍ប្រជាជនប៉ាឡេស្ទីនក៏ព្រោះថា ការទម្លាក់គ្រាប់ សង្រ្គាមឈ្លានពានរបស់កងទ័ពអ៊ីស្រាអែលនៅហ្កាហ្សា មានគោលដៅបំផ្លាញផ្នែកសំខាន់របស់ជាតិ ប្រជាជនប៉ាឡេស្ទីន។ នៅក្នុងពាក្យបណ្តឹងរបស់ខ្លួន អាហ្វ្រិកខាងត្បូងបានទាមទារពីរចំណុចសំខាន់។ ទី១ គឺអាហ្វ្រិកខាងត្បូងចង់ឲ្យតុលាការយុត្តិធម៌អន្តរជាតិចេញសាលក្រមថា អ៊ីស្រាអែលរំលោភកាតព្វកិច្ចរបស់ខ្លួន ដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍។ ជាមួយសេចក្តីសម្រេចនេះ តុលាការក្រុងឡាអេអាចទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់សកម្មភាព វិធានការដែលបង្កឲ្យមានការខាតបង់ធ្ងន់ធ្ងរដល់ប្រជាជនប៉ាឡេស្ទីន។ នៅក្នុងចំណុចទាមទារទី១របស់ខ្លួន អាហ្វ្រិកខាងត្បូងចង់ឲ្យតុលាការក្រុងឡាអេកាត់ទោសឧក្រិដ្ឋជនដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់ប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីន។ចំណុចទី២ដែលអាហ្វ្រិកខាងត្បូង ទាមទារដែរ គឺ គេចង់ឲ្យតុលាការក្រុងឡាអេចេញសេចក្តីសម្រេច ស្តីពីmesure conservatoire ឬ វិធានការរក្សាទុក ៩ចំណុច ដើម្បីទប់ស្កាត់ការបាត់បង់ភ្លាមៗ និងមិនអាចត្រលប់ក្រោយបាននៅតំបន់ហ្កាហ្សា។ វិធានការរក្សាទុក ទាំង៩ចំណុចមានដូចជា ការព្យួរជាបន្ទាន់ប្រតិបត្តិការយោធា នៅហ្កាហ្សា ការហាមឃាត់សកម្មភាពយោធា។ ការបង្ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ការការពារប្រជាជនប៉ាឡេស្ទីន ការបង្ការកុំឲ្យមានការញុះញង់ឲ្យធ្វើសកម្មភាពប្រល័យពូជសាសន៍ និងការអភិរក្សការពារភស្តុតាង ជាដើម។អ៊ីស្រាអែលវិញឆ្លើយតបយ៉ាងណាវិញ ទៅនឹងការចោទប្រកាន់របស់អាហ្វ្រិកខាងត្បូង?អ៊ីស្រាអែលទាត់ចោលពាក្យចោទប្រកាន់របស់អាហ្វ្រិកខាងត្បូង និងចាត់ទុកអាហ្វ្រិកខាងត្បូងថាកំពុងចូលដៃ ចូលជើងជាមួយក្រុមហាម៉ាស។ សម្រាប់អ៊ីស្រាអែល ពាក្យចោទប្រកាន់របស់អាហ្វ្រិកខាងត្បូងគ្មានមូលដ្ឋាន និងសាហាវអាក្រក់ខ្លាំងណាស់ ព្រោះថា អ្នកដែលត្រូវគេចោទថា ប្រព្រឹត្តអំពើប្រល័យពូជសាសន៍មិនមែន អ៊ីស្រាអែល ប៉ុន្តែ ក្រុមហាម៉ាស ដែលបានលើកគ្នាមកសម្លាប់មនុស្សជាង១ពាន់នាក់ នៅក្នុងទឹកដីអ៊ីស្រាអែល។ជាថ្មីម្តងទៀត អ៊ីស្រាអែលនិយាយការពារខ្លួនថា ប្រតិបត្តិការយោធានៅហ្កាហ្សា គ្រាន់តែជាការប្រើសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលតែប៉ុណ្ណោះ នៅក្រោយពេលក្រុមហាម៉ាសចូលទៅសម្លាប់ប្រជាជនអ៊ីស្រាអែលកាលពីថ្ងៃទី ៧តុលា។ បើតាមអ៊ីស្រាអែល ប្រតិបត្តិការយោធានៅហ្កាហ្សា មានគោលដៅតែមួយគត់ គឺកម្ទេចក្រុមហាម៉ាសដែលជាគ្រោះថ្នាក់គំរាមកំហែងសន្តិសុខរបស់ប្រជាជនអ៊ីស្រាអែល។ ម្យ៉ាង គេមិនអាចចោទអ៊ីស្រាអែលថា ប្រព្រឹត្តអំពើប្រល័យពូជសាសន៍បានទេ ព្រោះថា រហូតមកដល់ពេលនេះ កងទ័ពអ៊ីស្រាអែលមិនដែលដៅបាញ់សម្លាប់ប្រជាជនប៉ាឡេស្ទីន។ កងទ័ពអ៊ីស្រាអែលអត់ធ្មត់ និងប្រុងប្រយ័ត្នបំផុត នៅក្នុងប្រតិបត្តិការវាយប្រហាររបស់ខ្លួន ពោលគឺដើម្បីជៀសវាងកុំឲ្យមានប្រជាជនប៉ាឡេស្ទីនស្លាប់ខ្លួននៅក្នុងការវាយប្រហាររបស់ខ្លួននៅហ្កាហ្សា។ ជាក់ស្តែង នៅមុនបើកការវាយប្រហារម្តងៗ កងទ័ពអ៊ីស្រាអែលធ្លាប់បាចលិខិត ឬផ្ញើសារទៅឲ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីតំបន់ដែលជាគោលដៅវាយប្រហារអ៊ីស្រាអែល។ សម្រាប់អ៊ីស្រាអែល ប្រជាជនប៉ាឡេស្ទីនស្លាប់ច្រើនដូច្នេះ ក៏ដោយសារតែពួកហាម៉ាសដែលយកប្រជាជនប៉ាឡេស្ទីនជាខែល ការពារពីការទម្លាក់គ្រាប់វាយប្រហាររបស់អ៊ីស្រាអែល។តើតុលាការយុត្តិធម៌អន្តរជាតិអាចសម្រេចអ្វីបានខ្លះ?បើតាមអ្នកជំនាញច្បាប់ នៅក្រោយ សវនការពីរថ្ងៃនេះ នៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រស្អែកនេះ តុលាការយុត្តិធម៌អន្តរជាតិអាចប្រកាសវិធានការរក្សាទុក ដែលអាចទាមទារឲ្យអ៊ីស្រាអែលផ្អាកប្រតិបត្តិការយោធា នៅហ្កាហ្សា ដើម្បីគិតគូរដល់អាយុរបស់ប្រជាជនប៉ាឡេស្ទីន។ ប៉ុន្តែដោយសារតែការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិគ្មានលក្ខណៈចាប់បង្ខំ អ៊ីស្រាអែល ប្រហែលជានឹងមិនយកត្រចៀកស្តាប់ ធ្វើតាមនោះទេ។រឿងនេះ ធ្លាប់កើតមានម្តងហើយ នៅពេលអ៊ុយក្រែនចេញមុខប្តឹងរុស្ស៊ី ទៅតុលាការយុត្តិធម៌អន្តរជាតិ កាលពីឆ្នាំ ២០២២។ តុលាការក្រុងឡាអេ បានបញ្ជាឲ្យរុស្ស៊ីឈប់ធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន ប៉ុន្តែ រហូតដល់ពេលនេះ រុស្ស៊ី នៅតែធ្វើសង្រ្គាមវាយប្រហារអ៊ុយក្រែន សឹងមិនលោះថ្ងៃ។យ៉ាងណាក៏ដោយ គេក៏មិនអាចទុទិដ្ឋិនិយមរហូតដែរ។ ទោះការសម្រេចរបស់តុលាការក្រុងឡាអេមិនអាចទៅបញ្ចុះបញ្ចូលឲ្យអ៊ីស្រាអែលបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា ប៉ុន្តែ ចង់ ឬមិនចង់ អ៊ីស្រាអែលនឹងអាចខូចឈ្មោះ។ ប្រទេសជាច្រើននឹងសំអាងលើសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិដើម្បីទាមទារដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យឈប់ធ្វើសង្រ្គាម ដែលគ្មានអ្នកណារងគ្រោះខ្លាំងជាងគេបំផុត ក្រៅពីប្រជាជនប៉ាឡេស្ទីន៕
ការបាញ់បង្ហោះផ្កាយរណបរបស់ចិនបង្កឲ្យមានការជ្រួលច្របល់ នៅតៃវ៉ាន់
៤ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់ កាន់តែតានតឹងខ្លាំងឡើង។ នៅថ្ងៃអង្គារទី៩មករា ការបាញ់បង្ហោះផ្កាយរណបរបស់ចិន បានបង្កឲ្យមានការភ័យជ្រួលច្របល់នៅកោះតៃវ៉ាន់។ បេក្ខជនប្រធានាធិបតី មកពីគណបក្សកាន់អំណាចបានទម្លាក់កំហុសដាក់ប៉េកាំងថា កំពុងធ្វើនយោបាយដាក់សម្ពាធលើអ្នកបោះឆ្នោតតៃវ៉ាន់ រីឯបក្សប្រឆាំង បក្សគួមីនតាំងដែលជិតស្និទ្ធនឹងរដ្ឋអំណាចចិនចោទប្រកាន់បក្សកាន់អំណាចថា ផ្ញើសារ បំភិតបំភ័យប្រជាជនតៃវ៉ាន់ដើម្បីប្រយោជន៍សំឡេងឆ្នោត។ នៅថ្ងៃអង្គារ ចិនបានអះអាងថា ខ្លួនបានបាញ់បង្ហោះដោយជោគជ័យ ផ្កាយរណបសម្រាប់តាមដាន កាំរស្មីX នៅក្នុងទីអវកាស។ ប៉ុន្តែ នៅតៃវ៉ាន់វិញ ការបាញ់បង្ហោះផ្កាយរណបរបស់ចិនបានបង្កឲ្យមានការភ័យជ្រួលច្របល់ខ្លាំង ក៏ដោយសារតែសារទាញអាសន្នរបស់រដ្ឋាភិបាលតៃវ៉ាន់តែម្តង។ នៅរសៀលថ្ងៃអង្គារនេះ ពោលគឺប៉ុន្មាននាទីក្រោយ ចិនបាញ់បង្ហោះរ៉ូកក្កែតនាំយកផ្កាយរណបទៅកាន់គន្លងតារាវិថី សារផ្លូវការរបស់រដ្ឋាភិបាលតៃវ៉ាន់ ត្រូវបានផ្ញើទៅគ្រប់ទូរស័ព្ទដៃរបស់ប្រជាជនតៃវ៉ាន់។ នៅក្នុងសារប្រកាសអាសន្ន ជាភាសាអង់គ្លេស គេអំពាវនាវឲ្យប្រជាជនប្រុងប្រយ័ត្ន ព្រោះថា មានមីស៊ីលរបស់ចិនហោះកាត់ដែនអាកាសខាងត្បូងរបស់តៃវ៉ាន់។ អ្នកប្រើប្រាស់អ៊ីនធ័នែតរបស់តៃវ៉ាន់ភ័យបារម្ភ និងនាំគ្នាចោទសំណួរថា តើអ្វីដែលកើតឡើងពិតប្រាកដ ព្រោះថា សាររបស់រដ្ឋាភិបាលតៃវ៉ាន់ ដដែល ជាភាសាចិន និយាយពីការបាញ់បង្ហោះផ្កាយរណប។ដោយសារហេតុការណ៍នេះកើតឡើងនៅក្នុងអំឡុងសន្និសីទកាសែតរបស់លោកនៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីតៃវ៉ាន់ លោក Joseph Wu បានធានាអះអាងកុំឲ្យប្រជាជនភ័យបារម្ភព្រោះថា វាគ្រាន់តែការបាញ់បង្ហោះផ្កាយរណប ប៉ុន្តែមិនមែន មីស៊ីលដូចក្នុងសារ ជាភាសាអង់គ្លេសទេ។ អាចជាកំហុសក្នុងការបកប្រែភាសា ប៉ុន្តែ ប្រមុខការទូតតៃវ៉ាន់នៅតែអំពាវនាវឲ្យប្រជាជនតៃវ៉ាន់ប្រុងប្រយ័ត្នខ្លួនជានិច្ច ព្រោះថា ទោះមិនមែនជាមីស៊ីល ប៉ុន្តែ បំណែករ៉ូក្កែតរបស់ចិនអាចធ្លាក់មកលើកោះតៃវ៉ាន់ និងបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។ចិនបង្ហាញសាច់ដុំយោធា នៅប៉ុន្មានថ្ងៃមុនបោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់កាន់តែកៀកថ្ងៃបោះឆ្នោត តៃវ៉ាន់បានចោទប្រកាន់ចិនថា ក្រៅតែបញ្ជូនយន្តហោះចម្បាំងទៅហោះរំលោភចូលដែនអាកាសតៃវ៉ាន់ ចិនទើបបញ្ជូនបាឡុងចារកិច្ចទៅហោះលើមូលដ្ឋានទ័ពតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី៧មករា។ សម្រាប់បេក្ខជនប្រធានាធិបតីមកពីគណបក្សចម្រើនប្រជាធិបតេយ្យ ដែលជាបក្សកាន់អំណាច២អាណត្តិជាប់គ្នា នៅតៃវ៉ាន់ នេះជាចេតនាច្បាស់ក្រឡែតរបស់ចិនដើម្បីបំភិតបំភ័យ កុំឲ្យប្រជាជនតៃវ៉ាន់នៅប៉ុន្មានថ្ងៃមុនតៃវ៉ាន់ រៀបចំការបោះឆ្នោត។តៃវ៉ាន់ទទួលស្គាល់ថា ការដាក់សម្ពាធរបស់ចិនមកលើកោះតៃវ៉ាន់ មិនថា ផ្នែកយោធា សេដ្ឋកិច្ច កាន់តែខ្លាំងឡើងៗ ចាប់តាំងពីតៃវ៉ាន់ស្ថិតក្រោមការដឹកនាំរបស់លោកស្រី ត្សៃ អ៊ីងវេន មកពីគណបក្សចម្រើនប្រជាធិបតេយ្យ ដែលចិនចោទប្រកាន់ថា មាននិន្នាការចង់ប្រកាសទាមទារឯករាជ្យឲ្យកោះតៃវ៉ាន់ តាមរយៈការបង្កើនទិញ បំពាក់សព្វាវុធពីអាមេរិក។ នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតី តៃវ៉ាន់ ដែលនឹងទៅកំណត់អនាគតទំនាក់ទំនាក់ចិន និងកោះប្រជាធិបតេយ្យតៃវ៉ាន់ ចិនបានបង្កើនការដាក់សម្ពាធបន្ថែមទៀត ជាពិសេសផ្នែកយោធា ដូចជាបញ្ជូនយន្តហោះចម្បាំង នាវាចម្បាំងបើកហោះហែល ឆ្វែលតៃវ៉ាន់ ឬការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់។ នៅសប្តាហ៍មុននេះទៀតសោត តៃវ៉ាន់ចាប់បានសញ្ញាយន្តហោះចម្បាំងចិន ហោះរំលោភចូលក្នុងដែនអាកាសរបស់ខ្លួន។ បន្ទាប់មក នៅថ្ងៃអាទិត្យ ក្រសួងការពារជាតិតៃវ៉ាន់ បានចេញសារព្រមានចិន ដែលបានបញ្ជូនបាឡុងចារកម្មចំនួន៤ទៅហោះឆ្លងកាត់ដែនអាកាសតៃវ៉ាន់ ដែលនៅក្នុងនោះ បាឡុងចិនមួយហោះពីលើមូលដ្ឋានទ័ពតៃវ៉ាន់ ភាគខាងត្បូង។សម្រាប់បេក្ខជនប្រធានាធិបតី មកពីគណបក្សកាន់អំណាច បក្សចម្រើនប្រជាធិបតេយ្យ ចិនប្រើគ្រប់មធ្យោបាយដើម្បីលូកដៃចូលរាល់ការបោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់ តាមរយៈ ការបំភិតបំភ័យនយោបាយ កងទ័ព និងសេដ្ឋកិច្ច។ ប៉ុន្តែ នៅក្នុងការបោះឆ្នោតតៃវ៉ាន់លើកនេះ ចិនធ្វើយុទ្ធនាការច្រើន មិនថា ការធ្វើសមយុទ្ធយោធា ឬផ្សព្វផ្សាយព័ត៌មានមិនពិត នៅក្នុងគោលដៅដាក់សម្ពាធខ្លាំងយកតែមែនទែនលើប្រជាជនតៃវ៉ាន់ ដែលជាម្ចាស់សំឡេងឆ្នោត។ប្រជាជនតៃវ៉ាន់នឹងសម្រេចផ្តល់ជោគវាសនាអនាគតរបស់តៃវ៉ាន់ទៅឲ្យគណបក្សមួយណា?នៅចំពោះមុខការដាក់សម្ពាធពីប្រទេសចិន ប្រជាជនតៃវ៉ាន់ត្រូវប្រឈមនឹងជម្រើសលំបាក។ នៅក្នុងការបោះឆ្នោតប្រធានាធិបតីលើកនេះ មានគណបក្សបីដែលចូលរួម គឺ គណបក្សចម្រើនប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាចរបស់លោកស្រី ប្រធានាធិបតីត្សៃអ៊ីងវេន គណបក្សគួមីនតាងដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប៉េកាំង និងដែលត្រូវគណបក្សកាន់អំណាចចោទប្រកាន់ថា ត្រូវរ៉ូវជាមួយចិន ហើយនិងគណបក្សក្មេងខ្ចីថ្មី គឺគណបក្សប្រជាជន។ទំនាក់ទំនងជាមួយចិន ជាចំណុចស្នូលនៅក្នុងការតស៊ូមតិរបស់បេក្ខជនគណបក្សនយោបាយទាំងបី។ នៅថ្ងៃអង្គារ ពោលគឺនៅ៤ថ្ងៃមុនការបោះឆ្នោតដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ គណបក្សគួមីនតាងបានប្រកាសប្រាប់អ្នកបោះឆ្នោតតៃវ៉ាន់ ឲ្យជ្រើសរើសរវាងសង្រ្គាម និងសន្តិភាព។ មានន័យថា បើគេបោះឆ្នោតឲ្យគណបក្សគួមីនតាង នោះ តៃវ៉ាន់នឹងនឹងមានសន្តិភាព ដោយសារគណបក្សរក្សាទំនាក់ទំនងល្អជាមួយចិន។ ផ្ទុយទៅវិញ តៃវ៉ាន់ក្រោមការដឹកនាំរបស់គណបក្សចម្រើនប្រជាធិបតេយ្យ នឹងត្រូវរុញច្រានឲ្យនៅមាត់ជ្រោះគ្រោះថ្នាក់ សង្រ្គាម ព្រោះថា គណបក្សចម្រើនប្រជាធិបតេយ្យ ចេះតែចង់ចេញមុខ តទល់ជាមួយចិន តាមរយៈការបង្កើនបំពាក់សព្វាវុធ។ប៉ុន្តែ សម្រាប់បេក្ខជនប្រធានាធិបតី មកពីគណបក្សចម្រើនប្រជាធិបតេយ្យ លោកឡៃ ជីងតេ ដែលជាអនុប្រធានាធិបតីតៃវ៉ាន់ដែរនោះ តៃវ៉ាន់មិនអាចជួបសន្តិភាពបានទេ បើសិនតៃវ៉ាន់ ទទួលយកគោលការណ៍ចិនតែមួយ។ ករណី ហុងកុងនិងទីបេ ជាឧទាហរណ៍ស្រាប់។បើតាមលោកលោកឡៃ ជីងតេ សន្តិភាពដែលគ្មានដែនអធិបតេយ្យភាព ដូចជាហុងកុងនោះ គឺជាសន្តិភាពក្លែងក្លាយ។ យ៉ាងណាក៏ដោយ លោក ឡៃ ជីតេ ដែលត្រូវគេស្ទង់មតិថា នឹងទទួលការគាំទ្រពីអ្នកបោះឆ្នោតតៃវ៉ាន់ បញ្ជាក់ដែរថា នៅក្រោមការដឹកនាំរបស់គណបក្សរបស់លោក រដ្ឋាភិបាលតៃវ៉ាន់នៅតែបើកទ្វារស្វាគមការសហការជាមួយចិន ប៉ុន្តែ ក្នុងរូបភាពស្មើភាពគ្នាជានិច្ច។ តើប្រជាជនតៃវ៉ាន់នឹងបោះឆ្នោតជ្រើសរើសយកគណបក្សមួយណា? មួយប្រកាសត្រលប់ទៅស្តារទំនាក់ទំនងល្អជាមួយចិន វិញ ប៉ុន្តែ មួយទៀត ប្រកាសពង្រឹង វិស័យការពារ តៃវ៉ាន់ នៅចំពោះមុខការគំរាមកំហែងរបស់ចិន។ គេនឹងអាចដឹងលទ្ធផល ឃើញការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃ សៅរ៍ខាងមុខនេះ៕
9-1-2024 • 7 minuten, 7 seconden ខួប៣ឆ្នាំសម្រុកចូលវិមានកាពីតូល៖ សំណុំរឿងចាស់ រំខាន លោក ត្រាំ ក្នុងការឈរឈ្មោះបោះឆ្នោតអាណត្តិថ្មី?
ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ គឺជាខួប ៣ ឆ្នាំគត់ នៃការសម្រុកចូលវិមានកាពីតូល រដ្ឋសភាសហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមានអំពើហិង្សា និងស្លាប់មនុស្សផង។ ករណីនេះ ក្លាយជាសំណុំរឿងព្រហ្មទណ្ឌ ដែលតម្រូវ តុលាការកំពូលរដ្ឋសហព័ន្ធអាមេរិក សម្រេចថា តើលោក ដូណាល់ ត្រាំ អាចនឹងត្រូវហាម ឬមិនត្រូវហាម នៅក្នុងការឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នាចុងឆ្នាំនេះ។ តុលាការកំពូលអាមេរិក កំណត់ថ្ងៃជម្រះក្តីលោក ត្រាំពេលនេះ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែល្បីល្បាញខ្លាំង នៅក្នុងឱកាសផ្តើមរដូវឃោសនាបោះឆ្នោតអាមេរិក។ តែ រដ្ឋ២ បានហាមឃាត់ មិនឲ្យលោក ឈរឈ្មោះក្នុងរដ្ឋរបស់ខ្លួនទេ។ នោះ គឺ រដ្ឋកូលូរាដូ និង រដ្ឋមែន ជារដ្ឋជាប់មាត់សមុទ្រ ដែលបានចេញមុខ ហាមឃាត់ មិនឲ្យលោក ត្រាំ ឈរឈ្មោះនៅក្នុងរដ្ឋរបស់ខ្លួនទេ គឺព្រោះតែ តុលាការ និងថ្នាក់ដឹកនាំរដ្ឋ ទាំងនេះ ចាត់ទុកថាលោក ដូណាល់ ត្រាំ ជាដើមហេតុនៃការអំពាវនាវឲ្យអ្នកគាំទ្រលុកលុយសម្រុកវិមាន កាពីតូល រហូតដល់មានអំពើហិង្សានិងស្លាប់មនុស្ស។ករណីអំពើហិង្សានេះ មានមនុស្ស ១ ៣០០ នាក់ ត្រូវជាប់បណ្តឹងចោទប្រកាន់របស់តុលាការ ហើយក្នុងនោះ មានប្រមាណ ៤០ នាក់ កំពុងតែនៅជាប់ក្នុងមន្ទីរឃុំឃាំងនៅឡើយ រហូតមកទល់ពេលនេះ ដើម្បីនឹងរង់ចាំ តុលាការក្រុងវ៉ាស៊ីនតោន ជំនុំជម្រះក្តី។ លោក ត្រាំ ក៏ត្រូវ រដ្ឋអាជ្ញា ចោទប្រកាន់ ហើយទាមទារយករូបលោកមកជំនុំជម្រះដែរ ក៏ប៉ុន្តែ លោក ត្រាំ បដិសេធ ដោយសំអាងទៅលើ អភ័យឯកសិទ្ធិប្រធានាធិបតី។ នេះជាសំណុំរឿងថ្មីសម្រាប់ប្រវត្តិសាស្ត្រអាមេរិក។ចុងខែធ្នូកន្លងទៅ តុលាការកំពូលរដ្ឋសហព័ន្ធអាមេរិក បានលើកពេល ពុំទាន់ជំនុំជម្រះករណីនេះទេ។ ថ្ងៃសុក្រទី ៥ ខែមករា តុលាការកំពូលរដ្ឋសហព័ន្ធអាមេរិក បានសម្រេចកំណត់ពេលវេលាថា នឹងជំនុំក្តីរឿងនេះ នៅថ្ងៃទី ៨ ខែកុម្ភៈ ខាងមុខ។ ក្នុងដំណាក់កាលនេះ គឺ រដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក ក៏កំពុងតែយកគំរូតាមរដ្ឋកូលូរាដូនិងរដ្ឋមែន គឺ ហាមមិនចង់ឲ្យលោក ត្រាំ ឈរឈ្មោះក្នុងរដ្ឋខ្លួនទេ ប៉ុន្តែបណ្តារដ្ឋខ្លះទៀត ក៏បានធ្វើផ្ទុយពីនេះដែរ។ក្រៅពីរឿងអាស្រូវលុកលុយសម្រុកចូលវិមានកាពីតូល ដើមឆ្នាំ២០២១ គឺលោក ដូណាល់ ត្រាំ ក៏មានជាប់ប្រឡាក់ខ្លួននឹងសំណុំរឿងព្រហ្មទណ្ឌផ្សេងទៀត ដូចជា ករណីធ្វេសប្រហែសក្នុងការទុកដាក់ឯកសារសម្ងាត់ជាតិ នៅពេលលោក ត្រាំ ចាកចេញពីវិមានប្រធានាធិបតី ហើយករណីផ្ទេរលុយទៅឲ្យនារីរកស៊ីផ្លូវភេទជាថ្នូរនឹងឲ្យនាងបិទមាត់ជុំវិញបញ្ហារួមសង្វាសជាមួយនឹងលោក ជាដើម។ នេះនៅមិនទាន់និយាយពីសំណុំរឿងផ្លូវច្បាប់ផ្សេងៗទៀត ជុំវិញរឿងពន្ធដាររបស់ក្រុមហ៊ុនលោកផងទេ។ ទោះបីជារឿងអាស្រូវ ច្រើនយ៉ាងនេះក្តី ក៏គេមិនអាចមិនទទួលស្គាល់ទេ ថា លោក ត្រាំ គឺនៅតែជាបេក្ខជនមួយ ដ៏មានប្រជាប្រិយភាព និងទាក់ទាញអ្នកបោះឆ្នោតរបស់បក្សសាធារណរដ្ឋ យ៉ាងសម្បើម។លោក ត្រាំ អញ្ជើញទៅឃោសនា នៅរដ្ឋអាយហូវ៉ាក្នុងវ័យ ៧៧ ឆ្នាំ លោក ត្រាំ បានចេញឃោសនាជាច្រើនរដ្ឋមកហើយ។ ថ្ងៃសៅរ៍ ទី៦មករា លោក ត្រាំ ជួបជុំឃោសនានយោបាយ ដល់ទៅ ២ កន្លែង។ ១នៅ នៅញូវតុន ហើយ១ទៀត នៅក្លីនតុន ក្បែរព្រំដែនរដ្ឋអ៊ីលីណយ។ លោក ត្រាំ បានយកសំណុំរឿង អភ័យឯកសិទ្ធិប្រធានាធិបតី របស់លោកទៅអះអាងដដែល ថាមានអភ័យឯកសិទ្ធិពេញទី ហើយ លោកសង្ឃឹមថានឹងទទួលបានការសម្រេចក្តីដោយយុត្តិធម៌ត្រឹមត្រូវ។ក្នុងគណបក្សសាធារណៈរដ្ឋ នរណាខ្លះផ្សេងទៀត អាចជំនួសលោក ត្រាំ ?នៅក្នុងគណបក្សសាធារណៈរដ្ឋ តាមការស្ទង់មតិចុងក្រោយ គឺថាលោក ត្រាំ មានសំឡេងគ្រាំ ដល់ទៅ ៦០% លើបេក្ខជនផ្សេងទៀត នៅក្នុងបក្ស។ ក៏ប៉ុន្តែ ករណីប្រសិនបើ នៅខែកុម្ភៈខាងមុខ សាលាវិនិច្ឆ័យតុលាការកំពូលសហរដ្ឋអាមេរិក សម្រេចថា លោក ត្រាំ មិនអាចឈរឈ្មោះបាន គឺបក្សសាធារណរដ្ឋ អាចនឹងមានបេក្ខជនសំខាន់ៗ មួយចំនួនទៀត។ នោះគឺ អ្នកស្រី នីកគី ហាឡី ជាអតីតអភិបាលរដ្ឋការូឡាយណាខាងត្បូង ហើយនិងជា អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។ វ័យត្រឹមតែ ៥១ឆ្នាំ អ្នកស្រី ជាបេក្ខភាពនារីតែម្នាក់គត់ របស់គណបក្សសាធារណរដ្ឋ ដែលគេកំពុងតែសម្លឹងមើល ថាកំពុងតែលេចធ្លោ។នៅមានអ្នកផ្សេងទៀត គឺ អភិបាលក្រុងហ្វ្ល័រីដា លោក រុន ដឺសាន់ទីស វ័យក្មេងទើបតែ ៤៥ ឆ្នាំ។ ម្នាក់ទៀត សេដ្ឋីវ័យក្មេង វីវេក រាមាវ៉ាមី អាយុ ៣៨ ឆ្នាំ ហើយនិង អតីតអភិបាលរដ្ឋញូវជេរស៊ី លោក គ្រិស គ្រិស្តី វ័យ ៦១ ជាដើម។លោក ចូ បៃដិន ចោទលោក ត្រាំ ជា«ណាស៊ីអាល្លឺម៉ង់»អាយុ៨១ឆ្នាំ ប្រធានាធិបតី លោក ចូ បៃដិន អញ្ជើញពីថ្ងៃសុក្រ ទៅរដ្ឋផែនស៊ីវ៉ានី និង បានយកសំណុំរឿងសម្រុកចូលលុកលុយវិមានកាពីតូល មកធ្វើជាប្រធានបទក្តៅ។ នេះក៏ដើម្បីរំឭកខួប៣ឆ្នាំ នៃព្រឹត្តិការណ៍ហិង្សានៅសភាអាមេរិក ហើយនិងដើម្បីជាលេសល្អ ក្នុងការវាយប្រហារលោក ដូណាល់ ត្រាំ ជាគូប្រជែង។បើតាមលោក ចូ បៃដិន ថ្ងៃទី៦មករា២០២១ គឺជាថ្ងៃ ដែលសហរដ្ឋអាមេរិក ស្ទើរតែប៊ិះបាត់បាត់លិទ្ធិប្រជាធិបតេយ្យ។ តាមរយៈព្រឹត្តិការណ៍លុកលុយសភាអាមេរិកដើមឆ្នាំ២០២១នេះ គឺលោក បៃដិន បន្ទោសលោក ត្រាំ ថាជា មនុស្សដែលហ៊ានលះបង់ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ដើម្បីតែទទួលបានអំណាច ជាប្រយោជន៍ផ្ទាល់ខ្លួន។ លោក បៃដិន ក៏បានរិះគន់ពាក្យសម្តីរបស់លោក ត្រាំ ថាមានគំរូបែបផែនដូចពាក្យសម្តីរបស់ពួកផ្តាច់ការណាស៊ីអាល្លឺម៉ង់ ធ្លាប់បានប្រើដូច្នោះដែរ៕
6-1-2024 • 6 minuten, 57 seconden កូរ៉េខាងជើងបាញ់កាំភ្លើងត្បាល់សំដៅកូរ៉េខាងត្បូង សេអ៊ូលធ្វើសមយុទ្ធគ្រាប់ពិត
ស្ថានភាពនៅឧបទ្វីបកូរ៉េ កំពុងធ្លាក់ក្នុងភាពតានតឹងយោធាយ៉ាងខ្លាំងមិនធ្លាប់មានទេ គិតចាប់ពីឆ្នាំ២០១០មក។ នៅថ្ងៃសុក្រនេះ កូរ៉េខាងជើងបានបាញ់កាំភ្លើងត្បាល់ចំនួន២០០គ្រាប់ទៅក្នុងសមុទ្ទលឿង ម្តុំជិតកោះរបស់កូរ៉េខាងត្បូង។ បន្ទាប់ពីបានជម្លៀសជនស៊ីវិលជាកិច្ចការពារ សេអ៊ូលបានតបតវិញដោយធ្វើសមយុទ្ធនៅតាមព្រំដែនជាប់កូរ៉េខាងជើង។ ជាសមយុទ្ធដោយបាញ់គ្រាប់ពិតតែម្តង។ នៅចំពោះមុខស្ថានការណ៍បែបនេះចិនបានអំពាវនាវឱ្យគ្រប់ភាគីអត់ធ្មត់ កុំចាត់វិធានការណាដែលនាំឱ្យស្ថានភាពកាន់តែដុនដាប។ ចំណែកអាមេរិកបានទម្លាយសេចក្តីចោទប្រកាន់ថាកូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធមីស៊ីលឱ្យរុស្ស៊ីបាញ់អ៊ុយក្រែន។ ភាពតានតឹងយោធានៅឧបទ្វីបកូរ៉េ មានសភាពធ្ងន់ធ្ងរខ្លាំងមែនទែន មិនដែលធ្លាប់ប្រទះទេគិតចាប់តាំងពីឆ្នាំ២០១០មក ដែលកាលណោះព្យុងយ៉ាងបានផ្លោង១៧០គ្រាប់លើកោះYeonpyeong ជាលើកទីមួយ ស្លាប់ស៊ីវិល២នាក់ ទាហានពីរនាក់។កូរ៉េខាងជើងជន្លកូរ៉េខាងត្បូង?មានទំនាក់ទំនងដុនដាបស្រាប់ តាំងពីប៉ុន្មានថ្ងៃចុងក្រោយមកនេះ ប្រមុខដឹកនាំរបបព្យុងយ៉ាងបានចេញសេចក្តីថ្លែងការណ៍គំរាមកម្ទេចកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានប្រកាសត្រៀមប្រឈមនឹងសង្គ្រាម ...ជាពាក្យដ៏ធ្ងន់ៗ ហើយស្រាប់តែនៅថ្ងៃនេះ មានការបាញ់ផ្លោងតែម្តង។បើតាមសេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូង ក្នុងរយៈពេលតែប្រមាណពីរម៉ោង គឺនៅរវាងពីម៉ោង៩ ទៅម៉ោង១១ព្រឹកម៉ោងនៅក្នុងស្រុក កូរ៉េខាងជើងបានបាញ់គ្រាប់កាំភ្លើងត្បាល់ចំនួនដល់ទៅប្រមាណ២០០គ្រាប់ សំដៅសមុទ្ទលឿង ត្រង់ដែនទឹកជិតកោះដ៏ដាច់ស្រយាលបំផុតរបស់កូរ៉េខាងត្បូង គឺកោះYeonpyeong និងកោះBaengnyong។ ជាសំណាងល្អ គ្រាប់កាំភ្លើងត្បាល់កូរ៉េខាងជើងមិនបង្កឱ្យមានជនរងគ្រោះនិងការខូតខាតជាសម្ភារៈទេ ព្រោះវាធ្លាក់នៅផ្នែកខាងជើងនៃព្រំដែនទឹករវាងកូរ៉េទាំងពីរ។ ប៉ុន្តែចរាចរណ៍ភ្ជាប់ទៅកាន់កោះត្រូវផ្អាក។ ប្រជាពលរដ្ឋលើកោះទាំងពីរ បានទទួលបញ្ជាឱ្យទៅសំងំនៅក្នុងទីជម្រកសុវត្ថិភាព។ អាជ្ញាធរសម្រេចជម្លៀសប្រជាជនដើម្បីជាកិច្ចការពារ។ មានប្រជាពលរដ្ឋរស់នៅប្រមាណ២ពាន់នាក់ Yeonpyong ស្ថិតនៅចម្ងាយ១១៥គីឡូម៉ែត្រពីទីក្រុងសេអ៊ូល និងតែជាង១០គីឡូម៉ែត្រពីឆ្នេរខាងត្បូងបំផុតរបស់កូរ៉េខាងជើង។ ចំណែកកោះ Baengnyong នៅកាន់តែកៀកកូរ៉េខាងជើងខ្លាំងនិងមានមនុស្សរស់នៅ៤៩០០នាក់។ចំណែកខាងកូរ៉េខាងត្បូងវិញ កូរ៉េខាងត្បូងបានដឹកនាំធ្វើសមយុទ្ធរួមជាមួយសហរដ្ឋអាមេរិក នៅចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីកូរ៉េខាងជើង។ ហើយនៅព្រឹកមិញ ក្រៅអំពីបរិហារសកម្មភាពបង្កហេតុរបស់កូរ៉េខាងជើងថាគំរាមកំហែងសន្តិភាពក្នុងតំបន់ យោធាកូរ៉េខាងត្បូងបានធ្វើសមយុទ្ធតប ដោយបាញ់គ្រាប់ពិតៗ ប្រភេទគ្រាប់កាំភ្លើងត្បាល់K9ចំនួន២០០គ្រាប់ វិញផង។ នេះជាលើកទីមួយហើយកូរ៉េខាងត្បូងធ្វើយ៉ាងដូច្នេះ គិតចាប់តាំងពីសេអ៊ូលបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨មក។កូរ៉េខាងជើងសម្រេចកម្មវត្ថុផលិតកម្មបង្ហោះមីស៊ីល?បើតាមភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើងចេញផ្សាយនៅថ្ងៃសុក្រនេះ ក្នុងពេលចុះទៅបំពេញទស្សនកិច្ចនៅក្នុងរោងចក្រផលិតប្រព័ន្ធបង្ហោះមីស៊ីលបាលីស្ទិក ជាមួយកូនស្រី ប្រមុខរបបព្យុងយ៉ាងគីមជុងអ៊ុន បានអះអាងថានៅចំពោះមុខស្ថានភាពកាន់តែធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន និងភាពចាំបាច់ក្នុងការត្រៀមប្រឈមនឹងសង្គ្រាមយោធាជាមួយសត្រូវ (កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក) កូរ៉េខាងជើងត្រូវតែបង្កើនផលិតកម្មបង្ហោះមីស៊ីល។លោកគីមជុងអ៊ុនបានសរសើរអ្នកទទួលខុសត្រូវស្ថាប័នរោងចក្រ ដែលបានសម្រេចលើសកម្មវត្ថុឆ្នាំ២០២៣ ក្នុងការផលិតប្រព័ន្ធបង្ហោះមីស៊ីល។ ដូច្នេះកូរ៉េខាងជើងច្បាស់ជានឹងសម្រេចបាននូវកម្មវត្ថុថ្មីឆ្នាំ២០២៤ ដែលកំណត់ដោយគណៈកម្មាធិការបក្សជាក់ជាមិនខាន។ នេះបើតាមការអួតអាងបន្ថែមរបស់លោកគីមជុងអ៊ុន ដោយមិនបានផ្តល់តួលេខ ថាតើកូរ៉េខាងជើងគ្រោងនឹងផលិតមីស៊ីលប៉ុន្មានឡើយនៅឆ្នាំ២០២៤។កូរ៉េខាងជើងបញ្ជូនប្រព័ន្ធមីស៊ីលទៅឱ្យរុស្ស៊ី?ក្នុងពេលដែលប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាសបង្កើនផលិតកម្មប្រព័ន្ធបង្ហោះមីស៊ីល សហរដ្ឋអាមេរិកបានទម្លាយ ពាក្យចោទប្រកាន់នៅ ថ្ងៃសុក្រនេះថា កូរ៉េខាងជើងបានផ្គត់ផ្គង់ប្រព័ន្ធបង្ហោះមីស៊ីបាលីស្ទិក និងមីស៊ីលបាលីស្ទិកជាច្រើនដល់រុស្ស៊ី។ បើតាមអ្នកនាំពាក្យទីប្រឹក្សាសន្តិសុខអាមេរិកលោក ចន គៀប៊ី គឺមីស៊ីលទាំងអស់នេះហើយដែលរុស្ស៊ីបានយកទៅវាយប្រហារទ្រង់ទ្រាយធំ កាលពីថ្ងៃទី៣០ធ្នូ និង២មករា លើអ៊ុយក្រែននោះ។ មីស៊ីលកូរ៉េខាងជើងយ៉ាងហោចមួយគ្រាប់បានធ្លាក់ក្នុងចំការនៅតំបន់ហ្សាប៉ូរីចា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអាមេរិកដដែល។ប៉ុន្តែមកទល់នឹងម៉ោងនេះ អ៊ុយក្រែននៅមិនទាន់មានលទ្ធភាពបញ្ជាក់ព័ត៌មានថារុស្ស៊ីពិតជាបានប្រើមីស៊ីលកូរ៉េខាងជើងបាញ់មកលើទឹកដីខ្លួននៅឡើយ។ អ្នកនាំពាក្យទ័ពអាកាសអ៊ុយក្រែន បានអះអាងកំពុងរង់ចាំអ្នកជំនាញផ្តល់លទ្ធផលវិភាគបំណែកមីស៊ីលសិន។យ៉ាងណាក៏ដោយ ក៏អាមេរិកសន្យានាំបញ្ហានេះទៅប្តឹងដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រោះការផ្ទេរមីស៊ីលគឺជារំលោភទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ មានប្រវត្តិជាសម្ព័ន្ធមិត្តនឹងគ្នា រុស្ស៊ីនិងកូរ៉េខាងជើងជាប់ទណ្ឌកម្មអន្តរជាតិដូចគ្នា៖ រុស្ស៊ីជាប់ទណ្ឌកម្មពីបទចូលឈ្លានពានអ៊ុយក្រែន ឯកូរ៉េខាងជើងពីបទអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរយោធា។ កាលពីខែតុលា សហរដ្ឋអាមេរិកបានអះអាងកូរ៉េខាងជើងបានដឹកជញ្ជូនបរិក្ខារយោធា និងគ្រាប់រំសេវ ជាង១ពាន់កុងតឺន័រទៅឱ្យរុស្ស៊ី។ សេអ៊ូលប៉ាន់ស្មានថារុស្ស៊ីបានទទួលគ្រាប់កាំភ្លើងត្បាល់ជាងមួយលានគ្រាប់ពីព្យុងយ៉ាង ជាថ្នូរនឹងជំនួយប្រឹក្សាផ្នែកបច្ចេកទេសផ្កាយរណប៕
5-1-2024 • 5 minuten, 19 seconden ក្រោយវេតូរបស់អាមេរិក ប្រជាជនហ្កាហ្សាកាន់តែរងទុក្ ខវេទនា ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល
បន្ទាប់ពីបានភ្លើងខៀវពីអាមេរិក ដែលវេតូប្រឆាំងមិនឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្តីសម្រេច ទាមទារបទឈប់បាញ់មនុស្សធម៌នៅហ្កាហ្សា អ៊ីស្រាអែលនៅថ្ងៃអាទិត្យទី១០ធ្នូបង្កើនការវាយប្រហារនៅហ្កាហ្សា ដោយគ្មានលើកលែង តំបន់ភាគជើង តំបន់ខាងត្បូងហ្កាហ្សាឡើយ។ ការខ្វះឯកភាពគ្នា នៅក្រុមប្រឹក្សាសន្តិសុខជាសញ្ញាបើកដៃឲ្យកងទ័ពអ៊ីស្រាអែលសម្រុកវាយប្រហារយ៉ាងចាស់ដៃទៅលើតំបន់ហ្កាហ្សា ហើយអ្នកដែលរងទុក្ខវេទនាខ្លាំងជាងគេដោយសារការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន គ្មានអ្នកណាក្រៅតែពីប្រជាជនស៊ីវិលប៉ាឡេស្ទីន។ ស្ថានភាពមនុស្សធម៌នៅហ្កាហ្សាកំពុងមហន្តរាយការសម្លាប់រង្គាលមិនធ្លាប់មាន ជំងឺអាសន្នរោគ និងគ្រោះអត់ឃ្លាន។ ទាំងនេះជាអ្វីដែលប្រជាជនប៉ាឡេស្ទីនកំពុងជួបប្រទះ នៅហ្កាហ្សា ដែលក្លាយជាសមរភូមិប្រយុទ្ធគ្នាដ៏ហិង្សារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅ២ខែមកនេះ។នៅថ្ងៃអាទិត្យ មួយថ្ងៃក្រោយ ក្រុមប្រឹក្សាសន្តិសុខបរាជ័យ មិនអាចចេញសេចក្តីសម្រេច ទាមទារបទឈប់បាញ់មនុស្សធម៌ ដោយសារវេតូរបស់អាមេរិក អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកបង្កើនការវាយប្រហារដ៏ហិង្សា តាមផ្លូវអាកាស និងផ្លូវគោក ទៅលើទីក្រុង Khan Younès និងទីក្រុងរ៉ាហ្វា នៅភាគខាងត្បូង ហ្កាហ្សា ជាប់ព្រំដែនជាមួយអេហ្ស៊ីប។បន្ទាប់ពីទម្លាក់គ្រាប់បែក បាញ់ប្លោងដែលកម្ទេចរាបដល់ដី ហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីន នៅខាងជើងហ្កាហ្សា កងទ័ពអ៊ីស្រាអែល នៅប៉ុន្មានថ្ងៃមកនេះ បានបែរចុះមកវាយប្រហារលើតំបន់ខាងត្បូងហ្កាហ្សា ក្នុងហេតុផល តាមប្រមាញ់មេក្រុម និងជនប្រដាប់អាវុធហាម៉ាសដែលរត់គេចពីខាងជើងមកនៅនៅតំបន់ភាគខាងត្បូង។បញ្ហានៅត្រង់ថា ដោយសារការវាយប្រហារដ៏សន្ធប់របស់អ៊ីស្រាអែល ប្រជាជនប៉ាឡេស្ទីន ជិត ២លាននាក់ ដែលត្រូវអ៊ីស្រាអែល បង្ខំឲ្យរត់ចាកចេញពីភាគខាងជើងរបស់ហ្កាហ្សា មកនៅភាគខាងត្បូង លែងមានកន្លែងជ្រកសុវត្ថិភាពតទៅទៀត។ថ្មីៗនេះ ដោយសារប្រតិបត្តិការយោធាតាមបោសសម្អាតក្រុមហាម៉ាស ដែលត្រូវពង្រីកមកដល់តំបន់ភាគខាងត្បូង អ៊ីស្រាអែលបានបញ្ជាឲ្យប្រជាជនប៉ាឡេស្ទីនទៅរកកន្លែងជ្រកសុវត្ថិភាព នៅជាប់មាត់សមុទ្រ ដែលស្ថិតនៅក្រៅតំបន់សង្រ្គាម វាយប្រហាររបស់កងទ័ពអ៊ីស្រាអែល។ថ្កោលទោស រិះគន់ចំណាត់ការសោះអង្គើយរបស់អ៊ីស្រាអែល ដែលមិនខ្វល់ពីអាយុជីវិតរបស់ប្រជាជនស៊ីវិល អង្គការសហប្រជាជាតិ នៅចុងសប្តា៍នេះ ទាញសញ្ញាអាសន្នពីគ្រោះអត់ឃ្លាន និងការរីករាលដាលជំងឺឆ្លង អាសន្នរោគ ដោយសារអ៊ីស្រាអែលបិទខ្ទប់រថយន្តដឹកជញ្ជូនជំនួយស្បៀង និងថ្នាំពេទ្យ និងដោយសារការរស់នៅដ៏ប្រជ្រៀតគ្នារបស់ប្រជាជនភៀសខ្លួនប៉ាឡេស្ទីន នៅក្នុងទីកន្លែងដ៏តូច។តាមអង្គការស្បៀងអាហារពិភពលោក ដោយសារការរឹតត្បិតរបស់អ៊ីស្រាអែល និងការវាយប្រហាររបស់យន្តហោះចម្បាំងអ៊ីស្រាអែលទៅលើទីក្រុងរ៉ាហ្វា ជាប់ព្រំដែនអេហ្ស៊ីប រថយន្តដឹកជញ្ជូនស្បៀង ទឹក និងប្រេងក្នុងចំនួនដ៏តិចតួចបំផុត អាចបរចូលទៅហ្កាហ្សា។ ការណ៍នេះធ្វើឲ្យប្រជាជនប៉ាឡេស្ទីន ប្រមាណ ៩០ភាគរយ ដែលកំពុងរត់ភៀសខ្លួន ពេញហ្កាហ្សា នៅថ្ងៃខ្លះត្រូវចូលនិន្រ្ទា ទាំងគ្មានអាហារចូលពោះទាល់តែសោះ។មន្រ្តីអង្គការសហប្រជាជាតិ៖ អ៊ីស្រាអែលមានចេតនារុញច្រានប្រជាជនប៉ាឡេស្ទីនឲ្យចេញពីទឹកដីហ្កាហ្សាជាមួយនឹងការវាយប្រហារប្រដេញពីជើងទៅត្បូងហ្កាហ្សា នៅក្នុងហេតុផលតាមវាយកម្ចាត់ក្រុមហាម៉ាសឲ្យអស់ពីទឹកដី ហ្កាហ្សា អ៊ីស្រាអែលបានបញ្ជា បង្ខំឲ្យប្រជាជនប៉ាឡេស្ទីនផ្លាស់ទីកន្លែងរស់នៅ មួយលើកជាពីរលើក។ បន្ទាប់ពីរត់ចោលផ្ទះសម្បែង នៅភាគខាងជើងហ្កាហ្សា ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែក ការបាញ់ប្លោង របស់អ៊ីស្រាអែល និងការប្រយុទ្ធគ្នាកងទ័ពអ៊ីស្រាអែល ជាមួយពួកហាម៉ាស ប្រជាជនប៉ាឡេស្ទីនជាង១លាន ៨សែននាក់ជាប់គាំង រស់នៅកកកុញ នៅភាគខាងត្បូង។ ការវាយប្រហារដ៏ខ្លាំងក្លារបស់កងទ័ពអ៊ីស្រាអែលនៅភាគខាងត្បូងហ្កាហ្សា នៅប៉ុន្មានថ្ងៃមកនេះ បានឈានចូលដល់ដំណាក់កាលមួយ ដែលទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិវាយតម្លៃថា ជាយុទ្ធសាស្រ្តរបស់អ៊ីស្រាអែលដើម្បី បណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីហ្កាហ្សា។នៅក្នុងអត្ថបទបញ្ចេញមតិ របស់កាសែតអាមេរិក Los Angeles Times ចុះផ្សាយនៅថ្ងៃអាទិត្យ ប្រធានទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដើម្បីប្រជាជនប៉ាឡេស្ទីនចោទប្រកាន់អ៊ីស្រាអែលថា កំពុងប៉ុនប៉ង បង្ខំប្រជាជនប៉ាឡេស្ទីនឲ្យចាកចេញពីហ្កាហ្សាសំដៅទឹកដីអេហ្ស៊ីប។ តាមយោបល់របស់ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិ បើសិនអ៊ីស្រាអែលនៅតែបន្តវាយប្រហារគ្មានសល់ចន្លោះទៅលើទឹកដីហ្កាហ្សា និងរុញច្រានប្រជាជនប៉ាឡេស្ទីនទៅនៅកកប្រមូលផ្តុំនៅជំរំជនភៀសខ្លួនក្បែរព្រំដែនអេហ្ស៊ីប គេមិនអាចមើលឃើញអ្វីផ្សេង ក្រៅពីផែនការរបស់អ៊ីស្រាអែល ដើម្បីប្រែក្លាយហ្កាហ្សា គ្មានប្រជាជនប៉ាឡេស្ទីន។ ការរុញច្រានប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ដែលអ៊ីស្រាអែលអះអាងថា ជាតំបន់សង្រ្គាម ធ្វើឲ្យគេនឹកដល់ចំណាកស្រុករបស់ប្រជាជនប៉ាឡេស្ទីន ជាង ៧សែននាក់ ដែលត្រូវរត់ផ្លាស់ទីចេញពីទឹកដីរបស់ខ្លួន នៅក្នុងសម័យសង្រ្គាមកាលពីអតីតកាលដែលឈានទៅបង្កើតរដ្ឋអ៊ីស្រាអែល នៅឆ្នាំ ១៩៤៨។ឆ្លើយតបនឹងការចោទប្រកាន់ របស់មន្រ្តីអង្គការសហប្រជាជាតិ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអ៊ីស្រាអែលទទួលបន្ទុកកិច្ចការប្រជាជនស៊ីវិលប៉ាឡេស្ទីន បដិសេធថា អ៊ីស្រាអែលមិនដែល ហើយក៏និងគ្មានផែនការជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីហ្កាហ្សាទៅ អេហ្ស៊ីប។ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីស្រាអែលខុសផ្ទុយពីការលើកឡើងកាលពីខែមុន របស់រដ្ឋមន្រ្តីចារកម្មអ៊ីស្រាអែលលោកGila Gambliel ដែលថា អ៊ីស្រាអែលមានជម្រើស១នៅក្រោយចប់សង្រ្គាមហ្កាហ្សា នោះ គឺការរើផ្លាស់ទីដោយស្ម័គ្រចិត្តរបស់ប្រជាជនប៉ាឡេស្ទីនចេញពីហ្កាហ្សា។ តាមរដ្ឋមន្រ្តី អេហ្ស៊ីបអាចសាងសង់ទីក្រុងជំរំភៀសខ្លួនដាក់ប្រជាជនប៉ាឡេស្ទីនចេញពីហ្កាហ្សា នៅក្នុងទឹកដីស៊ីណៃរបស់អេហ្ស៊ីប និងដែលទទួលជំនួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ។ម៉ាមូដ អាបាសចោទអាមេរិកថា កំពុងឃុបឃិតជាមួយអ៊ីស្រាអែល ធ្វើសង្រ្គាម នៅហ្កាហ្សានៅក្រោយអាមេរិកវេតូប្រឆាំង មិនឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចេញសេចក្តីសម្រេចទាមទារបទឈប់បាញ់បន្ទាន់នៅហ្កាហ្សា ប្រធានអាជ្ញាធរប៉ាឡេស្ទីនដែលគ្រប់គ្រងទឹកដីស៊ីហ្សកដានី បានរិះគន់ខ្លាំងៗអាមេរិក ថា កំពុងចូលដៃ ចូលជើងជាមួយអ៊ីស្រាអែល និងថា អាមេរិកចូលរួមចំណែកទទួលខុសត្រូវលើ ការសម្លាប់បង្ហូរឈាម ទៅលើកុមារ ស្រ្តី និងមនុស្សចាស់ប៉ាឡេស្ទីន នៅហ្កាហ្សា។ឯកោ និងរងការរិះគន់ពីគ្រប់ទិសដោយសារវេតូនៅ ក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែ អាមេរិកមិនផ្លាស់ប្តូរជំហររបស់ខ្លួនដើម្បីការពារអ៊ីស្រាអែល។ នៅថ្ងៃសៅរ៍ ពោលគឺនៅប៉ុន្មានម៉ោងក្រោយវេតូ ប្រឆាំងបទឈប់បាញ់នៅហ្កាហ្សា រដ្ឋបាលលោកចូ បៃដិនបានចេញបញ្ជាឲ្យលក់គ្រាប់កាំភ្លើង សម្រាប់រថក្រោះអ៊ីស្រាអែល ប្រមាណ ១៤០០០គ្រាប់។ តាមទូរទស្សន៍ CNN ដោយលក់សព្វាវុធទៅឲ្យកងទ័ពអ៊ីស្រាអែល ប្រយុទ្ធប្រឆាំងនឹងពួកហាម៉ាសនៅហ្កាហ្សា រដ្ឋបាលលោកចូ បៃដិនបានលើកឡើងពីករណីបន្ទាន់ ដើម្បីហេតុផលសន្តិសុខជាតិអាមេរិក។តាមអ្នកវិភាគខ្លះ បើទោះជាលក់អាវុធ និងវេតូជួយការពារអ៊ីស្រាអែលនៅក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែ វ៉ាស៊ីនតោន នៅមួយរយៈចុងក្រោយនេះបានដាក់សម្ពាធ ទាមទារចង់ឲ្យអ៊ីស្រាអែលបិទបញ្ចប់សង្រ្គាមឲ្យបានឆាប់បំផុត យ៉ាងយូរនៅចុងឆ្នាំនេះ។ ប៉ុន្តែ មន្រ្តីយោធាអ៊ីស្រាអែលអះអាងថា នៅក្រោយសង្រ្គាមហ្កាហ្សាចប់ ដែលគេមិនដឹងថា នៅពេលណា កងទ័ពអ៊ីស្រាអែលត្រូវការពេលយ៉ាងហោច ១ខែ ដើម្បីច្បាស់ប្រាកដចិត្តថា ក្រុមហាម៉ាសរលាយលែងមានមុខ នៅហ្កាហ្សា។ក្រុមហាម៉ាសកំពុងធ្លាក់ដៃប្រយុទ្ធ?ដោយវាយសន្ធប់ បណ្តេញពីជើងទៅត្បូង រដ្ឋមន្រ្តីការពារអ៊ីស្រាអែលអះអាងថា កងទ័ពអ៊ីស្រាអែលនឹងបង្កើនការវាយប្រហារ តាមប្រមាញ់ ពីផ្ទះមួយទៅផ្ទះមួយ តាមរូងក្រោមដី ដើម្បីកម្ទេចក្រុមហាម៉ាស។ បើតាមប្រមុខការពារជាតិអ៊ីស្រាអែល នៅក្រោយការវាយប្រហារផ្លូវអាកាស និងតាមជើងគោក ដែលបានសម្លាប់សមាជិកហាម៉ាសជិត ៦ពាន់នាក់ នៅក្នុងសង្រ្គាមហ្កាហ្សា២ខែមកនេះ គេឃើញសញ្ញាធ្លាក់ដៃប្រយុទ្ធរបស់ពួកហាម៉ាស។ នៅប៉ុន្មានថ្ងៃមកនេះ រូបភាពវីដេអូរបស់អ៊ីស្រាអែល បានបង្ហាញ សព្វាវុធដែលគេរឹបអូសបាន ហើយនិងមនុស្សប្រុសសល់តែខោខ្លី ដែលអ៊ីស្រាអែលអះអាងថា ជាសកម្មជនប្រយុទ្ធរបស់ហាម៉ាសទម្លាក់អាវុធ ចុះចាញ់កងទ័ពអ៊ីស្រាអែល។
10-12-2023 • 8 minuten, 31 seconden ហ្កាហ្សា៖ រដ្ឋបាលលោកចូបៃដិន ផ្តើមរិះគន់អ៊ីស្រា អែល ថាមិនការពារអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីន
យោងតាម អ្នកនាំពាក្យក្រសួងសុខាភិបាលហាម៉ាស គឺគ្រាន់តែក្នុងមួយថ្ងៃព្រហស្បតិ៍ទី៧ធ្នូ មានមនុស្សស្លាប់ចំនួន៣៥០នាក់ ដោយសារតែការបាញ់ប្លោងគ្រាប់របស់អ៊ីស្រាអែល។ ហើយគិតសរុបមកដល់ថ្ងៃទី៦៣នៃសង្គ្រាមនេះ មានប្រជាជនស៊ីវីលប៉ាឡេស្ទីន ស្លាប់ចំនួនជាង១៧០០០នាក់ និងរបួសចំនួន៤៦០០០នាក់។ ៧០% នៃជនរងគ្រោះ គឺសុទ្ធតែជាកុមារ ក្មេងជំទង់ និងស្ត្រី។ នេះបើផ្អែកតាមអាជ្ញាធរហាម៉ាស គ្រប់គ្រងតំបន់ហ្កាហ្សា។ ប្រឈមនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក បានរិះគន់ចំៗជាលើកទីមួយ ថាអ៊ីស្រាអែលមិនការពារអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីន។ បន្ទាប់ពីបានផ្អាកការប្រយុទ្ធចំនួន៧ថ្ងៃ កាលពីចុងខែវិច្ឆិកា អ៊ីស្រាអែលបានសំរុកបើកការវាយប្រហារ បាញ់ប្លោងគ្រាប់ និងបញ្ជូនកងទ័ពថ្មើរជើង ទៅកាន់ភាគខាងត្បូងហ្កាហ្សា ទាំងដែលប្រជាជនស៊ីវីលប៉ាឡេស្ទីន កំពុងកកកុញយ៉ាងលំបាកវេទនានៅតំបន់នោះ។ ថ្ងៃសុក្រទី៨ធ្នូ កងទ័ពអ៊ីស្រាអែល បានអះអាងថា គេបានបើកប្រតិបត្តិការធំ រវាងពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ ដោយបានវាយចំគោលដៅចំនួន៤៥០ចំណុច ដោយប្រើប្រាស់កងកុម្មង់ដូថ្មើរជើងផង ការវាយប្រហារផ្លូវអាកាស និងតាមផ្លូវទឹកផង។ ប្រតិបត្តិការនេះ បានអនុញ្ញាតឲ្យកងទ័ពអ៊ីស្រាអែល សម្លាប់បានសមាជិកក្រុមហាម៉ាសជាច្រើននាក់។ជាការកត់សំគាល់ គេសង្កេតឃើញតំបន់ Khan Younès ដែលស្ថិតនៅភាគខាងត្បូងហ្កាហ្សា និង តំបន់Jabaliya មិនឆ្ងាយប៉ុន្មានពីក្រុងហ្កាហ្សាស៊ីធី បានរងនូវការបាញ់ប្លោងគ្រាប់យ៉ាងដំណំបំផុត ពីសំណាក់កងទ័ពអ៊ីស្រាអែល។ មន្ត្រីហាម៉ាស ទទួលបន្ទុកសុខាភិបាល បានអះអាងនៅថ្ងៃសុក្រថា នៅតំបន់ហ្កាហ្សាស៊ីធី មានស្លាប់ជនស៊ីវីលយ៉ាងហោច ៤០នាក់ ហើយស្លាប់ច្រើនសិបអ្នកទៀត នៅតំបន់ Jabaliya និងតំបន់ Khan Younès។តើអាមេរិកដែលគាំទ្រអ៊ីស្រាអែល បានចាប់ផ្តើមប្តូរឥរិយាបថ?ប្រឈមនឹងចំនួនជនស៊ីវីលប៉ាឡេស្ទីន ដែលស្លាប់និងរបួសដ៏ច្រើនសន្ធឹក កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល រដ្ឋបាលរបស់លោកចូ បៃដិន ហាក់ចាប់ផ្តើមប្តូរឥរិយាបថ រិះគន់ទៅលើអ៊ីស្រាអែល ថាមិនខ្វល់ពីអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីន។នៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោក James Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេស នៅឯក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ទី៧ធ្នូ លោកអង់តូនៅ ប្លីងកិន ប្រមុខកាទូតអាមេរិកបានលើកឡើងថា វាជារឿងសំខាន់បំផុត ដែលអ៊ីស្រាអែលត្រូវតែផ្តល់អាទិភាព ទៅលើការការពារអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីន។ លោកបានបន្ថែមថា តែបើយើងក្រឡេកទៅមើលការពិតជាក់ស្តែង គឺវាមានគម្លាតគ្នាឆ្ងាយខ្លាំងណាស់ រវាងអ្វីដែលអ៊ីស្រាអែលអះអាងថា ធ្វើគ្រប់យ៉ាងដើម្បីបញ្ចៀសកុំឲ្យស្លាប់ជនស៊ីវីលច្រើន និងតួលេខជាក់ស្តែងនៃចំនួនមនុស្សស្លាប់។គួរកត់សំគាល់ថា នេះគឺជាលើកទី១ហើយ ដែលលោករដ្ឋមន្ត្រីការបរទេសអាមេរិក និយាយសំដីក្នុងន័យរិះគន់ដោយចំៗ ទៅលើអ៊ីស្រាអែល ទាក់ទិននឹងការវាយប្រហារបាញ់ប្លោងគ្រាប់ បណ្តាលឲ្យស្លាប់ជនស៊ីវីលប៉ាឡេស្ទីន។ ផ្អែកតាមសេតវិមាន លោកប្រធានាធិបតី ចូ បៃដិន ក៏ទើបតែបានទូរស័ព្ទទៅនិយាយ ជាមួយនឹងលោកបេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍ដែរ។ ក្នុងកិច្ចសន្ទនានេះ លោកចូ បៃដិន បានប្រាប់ទៅលោកណេតាន់យ៉ាហ៊ូ ថា អ៊ីស្រាអែលត្រូវតែការពារអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីនឲ្យបានជាដាច់ខាត។ មិននឹងវាយប្រហារ កងទ័ពអ៊ីស្រាអែល ត្រូវតែបែងចែងឲ្យច្បាស់ រវាងជនស៊ីវីលនិងក្រុមភេរវកម្មហាម៉ាស។ លោក ចូ បៃដិន បានអំពាវនាវប្រាប់ទៅភាគីអ៊ីស្រាអែល ថាត្រូវតែរៀបចំឲ្យមានច្រកផ្លូវសុវត្ថិភាព សម្រាប់ជនស៊ីវីលនៅហ្កាហ្សា ដើម្បីឲ្យពួកគេ អាចធ្វើដំណើរចាកចេញពីតំបន់ដែលមានការប្រយុទ្ធ។តើក្រុមប្រឹក្សាសន្តិសុខ អាចដាក់កំហិត ឲ្យអ៊ីស្រាអែលឈប់បាញ់បានទេ?នៅថ្ងៃសុក្រទី៨ធ្នូ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ត្រូវជួបប្រជុំគ្នាជាថ្មីម្តងទៀត ដើម្បីបោះឆ្នោតលើគម្រោងសេចក្តីសម្រេចចិត្តរួម ថ្មីមួយទៀត។ គឺអេមីរ៉ាតអារ៉ាប់រួម ដែលជាអ្នកផ្តួចផ្តើមគំនិតនេះ។ អត្ថបទសេចក្តីសម្រេចចិត្តរួមនេះ មានខ្លឹមសារហៅឲ្យអ៊ីស្រាអែល ត្រូវតែឈប់បាញ់ ឈប់ប្រយុទ្ធជាបន្ទាន់នៅហ្កាហ្សា ដើម្បីការពារអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីន។ អាយុជីវិតប្រជាជនស៊ីវីល ទាំងប៉ាឡេស្ទីន ទាំងអ៊ីស្រាអែល ត្រូវតែទទួលបានការការពារ ដោយផ្អែកលើច្បាប់មនុស្សធម៌អន្តរជាតិ។ គម្រោងសេចក្តីសម្រេចចិត្តនេះ បានអំពាវនាវផងដែរ ឲ្យដោះលែងចំណាប់ខ្មាំងទាំងអស់ ដោយគ្មានលក្ខខណ្ឌ។សូមបញ្ជាក់ថា ដើម្បឲ្យអត្ថបទសំណើសេចក្តីសម្រេចចិត្តរួមមួយ អាចអនុម័តជាស្ថាពរបាន គឺទាល់តែអត្ថបទនោះ ទទួលបានការគាំទ្រ ចំនួនយ៉ាងហោច ៩សំឡេងក្នុងចំណោម១៥ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ។ តែទន្ទឹមនឹងនេះ គឺល្គឹកណាទាល់តែគ្មានប្រទេសសមាជិកអចិន្ត្រៃយ៍ណាមួយ ក្នុងចំណោមទាំង៥ បោះឆ្នោតវ៉េតូ។ ផ្អែកតាមការវិភាគ ថ្វីបើសហរដ្ឋអាមេរិកបានចាប់ផ្តើមបង្ហាញជំហររិះគន់ខ្លះ មកលើអ៊ីស្រាអែល តែសហរដ្ឋអាមេរិកដែលមានសិទ្ធិវ៉េតូ មិនចង់ចេញមុខទាមទារឲ្យអ៊ីស្រាអែលឈប់បាញ់ទេ។ រដ្ឋបាលលោក ចូ បៃដិន ធ្លាប់បានលើកឡើងថា ការឈប់បាញ់ ឬការទំលាក់អាវុធ គឺវានឹងហុចអត្ថប្រយោជន៍ទៅឲ្យក្រុមភេរវកម្មហាម៉ាស។យ៉ាងណាក៏ដោយ ប្រឈមនឹងទុក្ខវេទនា ដែលប្រជាជនប៉ាឡេស្ទីនកំពុងតែជួបប្រទះនាពេលនេះ សំឡេងទាមទារឲ្យអ៊ីស្រាអែលបិទបញ្ចប់សង្គ្រាមនេះ មានកាន់តែច្រើនឡើងៗ។ យ៉ាងណាមិញ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខមុនពេលបើកការប្រជុំ។ ក្នុងលិខិតនេះ លោកបានលើកឡើងអំពីមាត្រា៩៩ នៃកាតិកាសញ្ញារបស់អង្គការសហប្រជាជាតិ ដែលចែងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ មានសិទ្ធិទាញសញ្ញាអាសន្ន ប្រាប់ប្រទេសសមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ ថាត្រូវតែសម្រេចធ្វើអ្វីម្យ៉ាង ដើម្បីការពារសន្តិភាព និងស្ថិរភាពសន្តិសុខអន្តរជាតិ ពីគ្រោះថ្នាក់។ ជាការកត់សំគាល់ ករណីអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រើប្រាស់មាត្រា៩៩ ដើម្បីដាក់កំហិតឲ្យសមាជិកក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តរួមនេះ គឺវាជារឿងកម្រមានណាស់។ មានន័យនេះ កាលៈទេសៈពេលនេះគឺអាសន្នបំផុត ផ្នែកមនុស្សធម៌។តើជំនួយមនុស្សធម៌ បញ្ជូនចូលហ្កាហ្សា គ្រប់គ្រាន់ឬទេ?ទាក់ទិននឹងការដឹកជញ្ជូនស្បៀងអាហារ ជំនួយមនុស្សធម៌ ថ្នាំសង្កូវចូលទៅហ្កាហ្សា គឺមានការថយចុះច្រើន ប្រមាណមួយសប្តាហ៍មកនេះ។ អំឡុងពេលដែលអ៊ីស្រាអែលបានយល់ព្រមផ្អាកការប្រយុទ្ធ រយៈពេល១សប្តាហ៍ កាលពីចុងខែវិច្ឆិកា យ៉ាងហោចណាស់មានជំនួយមនុស្សធម៌ ចំនួនជិត២០០រថយន្តកុងទឺន័រជាមធ្យមក្នុងមួយថ្ងៃ ត្រូវបានគេដឹកចូលទៅហ្កាហ្សា តាមច្រករ៉ាហ្វា។ ក៏ប៉ុន្តែ បច្ចុប្បន្នដោយសារតែការបាញ់ប្លោងទម្លាក់គ្រាប់ នៅភាគខាងត្បូងហ្កាហ្សា ចំនួនរថយន្តដឹកជំនួយមនុស្សធម៌ បានធ្លាក់មកនៅមិនដល់១០០គ្រឿងទេ។ផ្អែកតាម ការិយាល័យកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ មានរថយន្តដឹកស្បៀងចូលទៅហ្កាហ្សា តាមច្រករ៉ាហ្វា ចំនួន៦៩គ្រឿង និងមានការបញ្ជូនប្រេងឥន្ធនៈ ចំនួន៦១០០០លីត្រផងដែរ។ ទោះជាយ៉ាងនេះក្តី ការិយាល័យនេះ អះអាងថាវាតិចតួចស្តួចស្តើងខ្លាំងណាស់ បើក្រឡេកទៅមើលតម្រូវការជាក់ស្តែងរបស់ប្រជាជនជិត២លាននាក់នៅហ្កាហ្សា។ដោយឡែក ផ្អែកតាមសេតវិមាន គឺគេកំពុងចរចា ជាមួយភាគីអ៊ីស្រាអែល ឲ្យបើកច្រកមួយទៀត គឺច្រកKerem Shalom ដែលស្ថិតនៅភាគត្បូងហ្កាហ្សាដែរ ត្រង់ចំណុចព្រំដែន រវាងហ្កាហ្សា អេហ្ស៊ីប និងអ៊ីស្រាអែល។ លោក វីរៈសេនីយ៍ឯក Elad Goren មន្ត្រីអ៊ីស្រាអែលទទួលបន្ទុករដ្ឋបាលស៊ីវីលក្នុងដែនដីប៉ាឡេស្ទីន បានប្រាប់អ្នកកាសែតថា ភាគីអ៊ីស្រាអែល នឹងបើកច្រក Kerem Shalom តែគឺបើកឲ្យតែរថយន្តកាមីញ៉ុង ចូលមកដើម្បីធ្វើការត្រួតពិនិត្យសន្តិសុខតែប៉ុណ្ណោះ៕
សន្និសីទអាកាសធាតុក្នុងប្រទេសផលិតប្រេង ជាឱកាសនិ យាយពីវិបត្តិថាមពលផូស៊ីល?
សន្និសីទអាកាសធាតុCOP28 ចាប់បើកនៅថ្ងៃទី ៣០វិច្ឆិកាដល់ថ្ងៃទី ១២ធ្នូនៅក្រុងឌូបៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ សន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុត្រូវបន្តជជែកអំពីប្រធានបទចម្រូងចម្រាសជាច្រើនមានជាអាទិ៍ការបោះបង់ថាមពលផូស៊ីលនិងការផ្តល់ហិរញ្ញប្បទានសម្រាប់ធ្វើអន្តរកាលថាមពលស្អាតនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែដូចជារៀងរាល់លើក មានសំណួរដដែលៗតែងផុសឡើងទាក់ទងនឹងសន្និសីទអាកាសធាតុ ថា តើមានប្រយោជន៍យ៉ាងណា? និងអាចសង្ឃឹមបានលទ្ធផលអ្វី បើសន្និសីទស្តីពីអាកាសធាតុធ្វើនៅក្នុងប្រទេសផលិតប្រេងនោះ? រដ្ឋជាសមាជិកអង្គការសហប្រជាជាតិ១៩៧ប្រទេស និងសហភាពអឺរ៉ុប បានមកជួបជុំគ្នានៅក្រុងឌូបៃ ពីថ្ងៃទី៣០វិច្ឆិកានេះរហូតដល់ថ្ងៃទី ១២ធ្នូ២០២៣ ដើម្បីបើកសន្និសីទប្រចាំឆ្នាំស្តីពីអាកាសធាតុ លើកទី ២៨ COP28។ សន្និសីទនេះជាឱកាសជជែកអំពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រួមគ្នាតែមួយគត់ក្នុងកំរិតពិភពលោក។ហេតុអ្វីCOP28 ជាជំនួបដ៏សំខាន់ខ្លាំង?ថ្វីបើឥស្សរជនសំខាន់ៗ ដូចយ៉ាងប្រធានាធិបតីអាមេរិក ចិន មិនបានអញ្ជើញមកចូលរួមដោយផ្ទាល់ក៏ដោយ ក៏COP28 ត្រូវបានគេចាត់ទុកថាជាជំនួបដ៏ធំ ដែលប្រមូលផ្តុំអ្នកចូលរួមដល់ទៅប្រមាណ៧ម៉ឺននាក់ និងជាសន្និសីទដ៏សំខាន់បំផុត។តាំងពីមានកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសក្នុងCOP21មក សន្និសីទអាកាសធាតុឆ្នាំបន្តបន្ទាប់ជាការបន្តដាក់ឱ្យដំណើរការនូវកម្មវត្ថុគោល គឺទប់ការឡើងកម្តៅសីតុណ្ហភាពនៃភពផែនដីឱ្យនៅក្រោមពីរអង្សានៅដំណាច់សតវត្សរ៍ និងបើអាចឱ្យឡើងត្រឹមតែ១អង្សាកន្លះបើប្រៀបទៅនឹងសម័យមុនឧស្សាហកម្ម។COP24 ឬCOP26 បានលម្អិតពីផែនការនៃកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស២០១៥។ តែឆ្នាំនេះ COP28បានដើរមកដល់របត់ថ្មី។ រដ្ឋជាហត្ថលេខីនៃកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស មិនត្រឹមតែត្រូវព្រមព្រៀងអំពីលើវិធានការត្រូវធ្វើដើម្បីអាកាសធាតុទេ តែត្រូវបញ្ជាក់ថាតើចាត់វិធានការនោះយ៉ាងដូចម្តេចទៀត។ពោលគឺក្នុងរយៈពេលពីរសប្តាហ៍នេះ សន្និសីទមានបេសកកម្មដ៏ធំមួយ គឺបញ្ចេញតុល្យការពិភពលោកនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាំងពីមានកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស COP21 ឆ្នាំ២០១៥។ គេបានដឹងជាស្រេចហើយថាតុល្យការមិនសូវល្អទេ បើយោងតាមរបាយការណ៍កាលពីខែតុលា។ នៅក្នុងការសិក្សាចុងក្រោយរបស់អង្គការសហប្រជាជាតិស្តីពីអាកាសធាតុ ផែនដីកំពុងឡើងកម្តៅក្នុងទិសដៅ ២,៥ទៅ២,៩អង្សានៅដំណាច់សតវត្សរ៍ ពោលគឺឆ្ងាយពីកម្មវត្ថុក្រុងប៉ារីសឆ្ងាយណាស់។ ប៉ុន្តែ មនុស្សជាតិនៅតែអាចកំរិតការឡើងកម្តៅសីតុណ្ហភាពផែនដីបាននៅឡើយ ប្រសិនបើមានសកម្មភាពភ្លាមនិងខ្លាំងក្លា។ដូច្នេះទោះល្អឬមិនល្អក៏ដោយ ក៏តុល្យការសរុបបាននៅក្នុងសន្និសីទលើកនេះនឹងអាចជួយចង្អុលបង្ហាញឱ្យឃើញអំពីចំណុចខ្វះខាត ហើយCOP28ត្រូវកំណត់អំពីកម្មវត្ថុដែលត្រូវធ្វើនៅដំណាក់កាលបន្ទាប់ ពីពេលនេះដល់ឆ្នាំ២០៣០ ដើម្បីតម្រែតម្រង់ទិស។កម្មវត្ថុនេះ ត្រូវសម្រេចព្រមព្រៀងដោយរដ្ឋជាសមាជិកទាំងអស់ ប៉ុន្តែសន្និសីទកំពុងខ្វែងគ្នាលើបីចំណុចធំៗ។COP28នឹងសម្រេចដើរចេញពីថាមពលផូស៊ីល?ទីមួយគឺអនាគតថាមពលផូស៊ីល។ ថាមពលផូស៊ីលដែលរួមមាន ថាមពលធ្យូងថ្ម ប្រេងកាត ប្រេងសាំង និងឧស្ម័នហ្កាស ជាដើមហេតុនាំចម្បងនាំមានឧស្ម័នផ្ទះកញ្ចក់និងការឡើងកម្តៅនៃភពផែនដី។ នៅក្នុងCOP26 រដ្ឋជាច្រើនបានប្តេជ្ញាបោះបង់ថាមពលធ្យូងថ្មជាបណ្តើរៗបន្តិចម្តងៗ។ តែថាមពលផូស៊ីលផ្សេងទៀតមិនត្រូវបានលើកមកនិយាយទេ។ អ៊ីចឹងហើយបានជារដ្ឋខ្លះព្រមទាំងអង្គការក្រៅរដ្ឋាភិបាលចង់លើយកបញ្ហាចំហេះផូស៊ីលទាំងអស់មកលាតត្រដាងនៅលើតុសន្និសីទCOP28នេះ។ត្រូវនិយាយអំពីថាមពលផូស៊ីលដែលជាប្រធានបទដ៏រសើបបំផុតហើយ សន្និសីទត្រូវប្រព្រឹត្តទៅនៅក្នុងប្រទេសផលិតថាមពលផូស៊ីលទៀត។ ម្ចាស់ផ្ទះអ្នករៀបចំសន្និសីទអេមីរ៉ាតអារ៉ាប់រួមជាប្រទេសផលិតប្រេង(ថាមពលផូស៊ីល) លំដាប់ទី៧នៅលើពិភពលោក។ អេមីរ៉ាតអារ៉ាប់រួមនិងបណ្តាប្រទេសដែលរំពឹងខ្លាំងលើថាមពលផូស៊ីល ចង់ឱ្យCOP28ផ្ចង់គិតគូរលើបច្ចេកវិទ្យាទំនើបជាន់ក្រោយសម្រាប់ចាប់និងស្តុកទុកឧស្ម័នកាបូនិក មិនឱ្យសាយភាយបំពុលបរិយាកាស ដែលភ្នាក់ងារថាមពលអន្តរជាតិក៏យល់ថាជាបច្ចេកវិទ្យាអាចជួយសម្រេចកម្មវត្ថុអាកាសធាតុបាន និងចង់ផ្តោតការគិតគូរខ្លាំងដល់ថាមពលកើតឡើងវិញ។ថាមពលកើតឡើងវិញ ជាចំណុចខ្ទាស់ទីពីរ។ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអេមីរ៉ាតស្នើកំណត់កម្មវត្ថុ បង្កើនសមត្ថភាពប្រើប្រាស់ថាមពលស្អាតបីដង។ គ្រប់គ្នាពេញចិត្តនឹងគំនិតផ្តួចផ្តើមនេះតែអង្គការការពារបរិស្ថានខ្លាចថាCOP28ជាការបង្វែរចំណាប់អារម្មណ៍ចេញពីការគិតគូរបញ្ចប់ការប្រើប្រាស់ថាមពលផូស៊ីល។ ថាមពលកើតឡើងវិញក៏ពិតជាសំខាន់ខ្លាំងមែនហើយ គ្រាន់តែថាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ពួកគេត្រូវការហិរញ្ញវត្ថុសម្រាប់ធ្វើវិនិយោគថាមពលស្អាត។ តើបានថវិកាមកពីណា?តើនរណាជាអ្នកផ្តល់ហិរញ្ញប្បទានអាកាសធាតុ? នេះចំណោទទីបី ដែលនឹងមានតស៊ូមតិយ៉ាងផុសផុសក្នុងរយៈពេល១៤ថ្ងៃនៃសន្និសីទ។ កាលពីCOP27 បានសម្រេចបង្កើតមូលនិធិ ប៉ះប៉ូវការខូចខាត សម្រាប់ជួយប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍន៍ដែលជាជនរងគ្រោះមហន្តរាយអាកាសធាតុបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ បើតាមរបាយការណ៍របស់សាកលវិទ្យាល័យDelaware ក្នុងមួយឆ្នាំ២០២២ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យពិភពលោកខាងបង់អស់ដល់៦,៣%នៃផលិតផលសរុបរបស់ពលរដ្ឋសកម្មនៅលើផែនដី។ ជាការខាតបង់ដោយផ្ទាល់ ដោយការខាតបង់ផលិតកម្មក្នុងស្រុក ទិន្និផលកសិកម្ម និងថាមពល ព្រមទាំងជាការខាតបង់ក្នុងវិស័យវិនិយោគ។ ហើយដោយគ្មានការភ្ញាក់ផ្អើល គឺប្រទេសដែលមិនជឿនលឿន កំពុងអភិវឌ្ឍន៍ដែលរងគ្រោះនិងបន្ទុកធ្ងន់ជាងគេ។ក្រុមប្រទេសអ្នកមានបានសន្យាផ្តល់ហិរញ្ញប្បទានដល់ក្រុមប្រទេសក្រីក្រីចំនួន ១០០ពាន់លាន។ ពាក្យសន្យាត្រូវសម្រេចឱ្យបានជាក់ស្តែងនៅឆ្នាំនេះ។ តែសេចក្តី ត្រូវការ មានទំហំដល់ទៅ២ទ្រីលាន(២០០០ពាន់លាន)ឯណោះក្នុងមួយឆ្នាំៗ។ក្រៅអំពីខ្លឹមសារនៃប្រធានបទខ្វែងគ្នានេះ ជោគវាសនានិងជំនឿទុកចិត្តលើCOPកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង។ ប្រសិនបើCOP28 មិនអាចសម្រេចលទ្ធផលអ្វីដោយជាក់លាក់និងប្រកបដោយមហិច្ឆតាទេ នៅ៨ឆ្នាំក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីស ក្នុងពេលដែលឧស្ម័នផ្ទះកញ្ចក់ កាបូន បន្តកើនឡើងជាលំដាប់ ហើយប្រមុខដឹកនាំសន្និសីទជាប្រទេសផលិតប្រេងទៀត នោះពិភពលោកច្បាស់ជាអស់ជំនឿ និងបន្ទោសCOPជាមិនខាន៕
30-11-2023 • 6 minuten, 55 seconden មួយខែនៃសង្រ្គាមហ្កាហ្សា អ៊ីស្រាអែលប្រកាសគម្រោងគ្រប់គ្រងសន្តិសុខហ្កាហ្សា នៅក្រោយសង្រ្គាម
គិតមកត្រឹមថ្ងៃទី៧វិច្ឆិកា មានរយៈពេលមួយខែគត់ដែល អ៊ីស្រាអែលបើកការវាយប្រហារសងសឹកក្រុមហាម៉ាស ក្នុងទឹកដីហ្កាហ្សា បន្ទាប់ពីក្រុមនេះបើកការវាយឆ្មក់ចូលទឹកដីអ៊ីស្រាអែល ដោយសម្លាប់មនុស្សប្រមាណ ១៤០០នាក់ និងចាប់ជាចំណាប់ខ្មាំង ជាង២៤០នាក់ កាលពីថ្ងៃទី៧តុលា។ ការវាយប្រហារផ្លូវអាកាស ផ្លូវគោក របស់កងទ័ពអ៊ីស្រាអែលទៅលើទឹកដីហ្កាហ្សា នៅរយៈពេលមួយខែមកនេះ បានសម្លាប់មនុស្សប្រមាណ ១ម៉ឺននាក់។ នេះបើតាមតួលេខផ្តល់ដោយក្រសួងសុខាភិបាលហាម៉ាស។ សង្រ្គាមហ្កាហ្សា ដែលអ៊ីស្រាអែលបានដាក់ទិសដៅ គាស់រំលើងក្រុមហាម៉ាស ប៉ាឡេស្ទីនបានបណ្តាលឲ្យហ្កាហ្សាដែលមានប្រជាជនរស់នៅជាង ២លាននាក់ កំពុងជួបវិបត្តិមនុស្សធម៌ វិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរ។ មួយខែក្រោយអំពើហិង្សាសម្លាប់មនុស្ស របស់ក្រុមហាម៉ាសប៉ាឡេស្ទីនក្នុងទឹកដីអ៊ីស្រាអែល តើអ្វីទៅជាតុល្យការចុងក្រោយ នៃការវាយប្រហារសងសឹករបស់អ៊ីស្រាអែលទៅលើក្រុមហាម៉ាស នៅទឹកដីហ្កាហ្សា? គិតមកទល់ថ្ងៃអង្គារ ទី៧វិច្ឆិកា សង្រ្គាមហ្កាហ្សាមានរយៈពេល១ខែគត់។ ១ខែគត់ដែលអ៊ីស្រាអែលបើកការវាយប្រហារសងសឹកក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានបញ្ជូនកងកុម្មង់ដូរ ចូលទៅវាយឆ្មក់ សម្លាប់ប្រជាជនស៊ីវិល នៅក្នុងទឹកដី អ៊ីស្រាអែល។ យោងតាមអ៊ីស្រាអែល នៅថ្ងៃទី ៧តុលា សកម្មជនប្រដាប់អាវុធហាម៉ាសជាង ២០០០នាក់ ដែលបានបំផ្លាញជញ្ជាំងព្រំដែនខ័ណ្ឌហ្កាហ្សាជាមួយអ៊ីស្រាអែលចំនួន ២៩កន្លែង បានទទួលបញ្ជាឲ្យទៅបង្កសកម្មភាពភេរវនិយម សម្លាប់ប្រជាជនស៊ីវិលអ៊ីស្រាអែលឲ្យបានច្រើនបំផុត។ ការវាយឆ្មក់របស់កងកម្ម៉ង់ដូរហាម៉ាស ទៅលើទីក្រុងភាគខាងត្បូងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ១៤០០នាក់ ដែលភាគច្រើនជាប្រជាជនស៊ីវិល ចំណែកមនុស្សជាង២៤០ត្រូវពួកហាម៉ាសចាប់ជាចំណាប់ខ្មាំង លាក់ទុកក្នុងទឹកដីហ្កាហ្សា។ ប្រកាសសង្រ្គាមសងសឹកភ្លាមៗទៅលើពួកហាម៉ាស អ៊ីស្រាអែលបដិសេធបទឈប់បាញ់គ្រប់ទម្រង់ ថ្វីបើអ៊ីស្រាអែលរងការដាក់សម្ពាធពីគ្រប់ទិស ដោយសារចំនួនមនុស្សស្លាប់កាន់តែកើនឡើង នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទឹកដីហ្កាហ្សា។មួយខែបើកសង្រ្គាមហ្ហាហ្សា អ៊ីស្រាអែលនៅតែបដិសេធមិនអនុវត្តបទឈប់បាញ់មួយខែក្រោយបើកសង្រ្គាមសងសឹក ក្រុមហាម៉ាសប៉ាឡេស្ទីន នៅទឹកដីហ្កាហ្សា អ៊ីស្រាអែលនៅតែប្រកាន់ជំហរតឹងរ៉ឹង មិនព្រមអនុវត្តបទឈប់បាញ់ ដោយនៅតែបន្តជញ្រ្ជំ ទម្លាក់គ្រាប់ ទៅលើទឹកដីហ្កាហ្សា។ នៅយប់ថ្ងៃអាទិត្យឈានចូលដល់ថ្ងៃចន្ទ ដែលជិតដល់គម្រប់រយៈពេល១ខែ គត់នៃសង្រ្គាមសងសឹកក្រុមហាម៉ាសប៉ាឡេស្ទីន អ៊ីស្រាអែលបើកការវាយប្រហារដ៏សន្ធឹក ខ្លាំងជាងពេលណាៗទាំងអស់ ទៅលើទីតាំងរបស់ក្រុមហាម៉ាស នៅក្នុងទឹកដីហ្កាហ្សា។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីកងទ័ពអ៊ីស្រាអែល ប្រតិបត្តិការយោធាទាំងផ្នែកផ្លូវអាកាស និងជើងគោករបស់អ៊ីស្រាអែល នៅដើមសប្តាហ៍នេះបានសម្លាប់សកម្មជនហាម៉ាស និងបំផ្លាញទីតាំងយោធា កន្លែងស្តុកទុកអាវុធ គ្រាប់រ៉ូក្កែតរបស់ក្រុមហាម៉ាសជាច្រើនកន្លែង។ ប៉ុន្តែ ទូរទស្សន៍ហាម៉ាស ឈ្មោះ Al-Aqsaបានផ្សាយថា ការទម្លាក់គ្រាប់របស់កងទ័ពអ៊ីស្រាអែល នៅយប់ថ្ងៃអាទិត្យ សម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៧៥នាក់។ យោងតាម ក្រសួងសុខាភិបាលហាម៉ាស ដែលជាអ្នកបញ្ចេញផ្សាយតួលេខជនរងគ្រោះនៅហ្កាហ្សារហូតមក ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា នៅមួយខែមកនេះ បានសម្លាប់មនុស្សយ៉ាងតិច ១ម៉ឺននាក់ ដែលនៅក្នុងនោះ ៤ពាន់នាក់ជាកុមារ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែង មន្ទីរពេទ្យ សាលារៀនជាច្រើនកន្លែង រួមទាំងជំរំជនភៀសខ្លួនគ្រប់គ្រងដោយអង្គការសហប្រជាជាតិនៅហ្កាហ្សា។សង្រ្គាមហ្កាហ្សាមិនត្រឹមបង្កឲ្យមានការបាត់បង់ជីវិតប្រជាជនស៊ីវិលប៉ាឡេស្ទីន ជាពិសេស ជាកុមារ ប៉ុន្តែ វាបានបណ្តាលឲ្យវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ បន្ទាប់ពីមនុស្សជាង ១លាន ៥សែននាក់ ត្រូវបង្ខំឲ្យផ្លាស់ទី បោះបង់ចោលផ្ទះសម្បែង នៅហ្កាហ្សា ដែលរងការទម្លាក់គ្រាប់បែកគ្មានលោះថ្ងៃរបស់កងទ័ពអ៊ីស្រាអែល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយទែរស្ក៍ នៅថ្ងៃអង្គារបានទាមទារឲ្យមានបទឈប់បាញ់បន្ទាន់ ព្រោះថា ហ្កាហ្សា ដែលរងការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលកំពុងក្លាយជាវាលកប់ខ្មោចកុមារប៉ាឡេស្ទីន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្កោលទោសផងដែរ ការវាយប្រហាររបស់ក្រុមហាម៉ាស ប្រើទឹកដីលីបង់ ដើម្បីបន្តបាញ់គ្រាប់រ៉ូក្កែត ចូលទឹកដីអ៊ីស្រាអែល។ពិភពលោកបែកបាក់ ដោយសារសង្រ្គាមហ្កាហ្សានៅចំពោះមុខសង្រ្គាមហ្កាហ្សា ពិភពលោកបែកបាក់គ្នា ជាពីរក្រុម ដោយមិនក្រុមការពារបុព្វហេតុប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា ដែលស្លាប់ រងគ្រោះ អត់ឃ្លាន ដោយសារការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល និងមួយក្រុមទៀតជាអ្នកចេញមុខការពារអ៊ីស្រាអែល ក្នុងការប្រើសិទ្ធិការពារខ្លួន នៅក្រោយ រងការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស។សហគមន៍អន្តរជាតិវិញនៅតែមិនអាចរកចំណុចរួមមួយ ដើម្បីទាមទារឲ្យមានបទឈប់បាញ់នៅហ្កាហ្សា។ ជាក់ស្តែង ទោះអ៊ីស្រាអែលបើកការវាយប្រហារទម្លាក់គ្រាប់លើហ្កាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅតែបរាជ័យ មិនអាចចេញសេចក្តីសម្រេចទាមទារឲ្យមានបទឈប់បាញ់នៅហ្កាហ្សា។ អាមេរិកផ្ទាល់ដែលជាសម្ព័ន្ធរបស់អ៊ីស្រាអែលបានវេតូ ប្រឆាំងសេចក្តីសម្រេច ក្នុងហេតុផលថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន នៅចំពោះមុខការវាយប្រហារភេវរកម្មរបស់ក្រុមហាម៉ាស។ ដោយផ្អែកលើការលើកឡើងរបស់អ៊ីស្រាអែល អាមេរិកប្រាប់ទៅក្រុមប្រឹក្សាសន្តិសុខថា បទឈប់បាញ់នឹងអនុញ្ញាតឲ្យក្រុមហាម៉ាសមានឱកាសប្រមូលកម្លាំងដើម្បីបន្តសង្រ្គាមរ៉ាំរ៉ៃជាមួយអ៊ីស្រាអែល។ថ្វីបើចេញមុខការការពារអ៊ីស្រាអែល ដែលបដិសេធបទឈប់បាញ់ នៅហ្កាហ្សា ប៉ុន្តែ អាមេរិកដែលរងការរិះគន់ដោយសារធ្វើមិនដឹងមិនឃើញ ចំនួនមនុស្សស្លាប់ដោយសារការទម្លាក់គ្រាប់របស់អ៊ីស្រាអែល បានទាមទារឲ្យអ៊ីស្រាអែលអនុវត្តបទឈប់បាញ់មនុស្សធម៌ ឬយ៉ាងហោចបទឈប់បាញ់តាក់ទិក ដែលមានន័យផ្អាកការប្រយុទ្ធប៉ុន្មានម៉ោង ដើម្បីបើកផ្លូវជម្លៀសមនុស្សចេញពីការប្រយុទ្ធនៅហ្កាហ្សាខាងជើង រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នៅក្នុងកិច្ចប្រជុំក្រុមប្រទេសមហាអំណាចឧស្សាហកម្មG៧ នៅទីក្រុងតូក្យូ នៅថ្ងៃអង្គារនេះ អាមេរិក តាមរយៈរដ្ឋមន្រ្តីការបរទេស លោកអង់តូនី ប្លីងកិន ត្រូវព្យាយាមបញ្ចុះបញ្ចូល ប្រទេសសមាជិកដទៃទៀត ឲ្យគាំទ្របទឈប់បាញ់តាក់ទិកដែលអាមេរិកស្នើទៅភាគីអ៊ីស្រាអែល។នៅក្រោយចប់សង្រ្គាម អ៊ីស្រាអែលគ្រោងកាន់កាប់ផ្នែកសន្តិសុខនៅហ្កាហ្សាទោះរងការដាក់សម្ពាធ ពីសហគមន៍អន្តរជាតិ ការទាមទាររបស់អាមេរិកដែលជាសម្ព័ន្ធមិត្ត និងការគំរាមរបស់ប្រទេសអារ៉ាប់ ដូចជាអ៊ីរ៉ង់ជាដើមដែលបានព្រមានពីការរីករាលដាលទៅជាសង្រ្គាមតំបន់ អ៊ីស្រាអែលនៅតែរឹងទទឹង មិនប្តូរជំហររបស់ខ្លួន។ នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានបញ្ជាក់សាជាថ្មីថា អ៊ីស្រាអែលនឹងមិនអនុវត្តបទឈប់បាញ់ ដាច់ខាត ដរាបណាក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំង ជាង ២៤០នាក់ ដែលកំពុងក្រុមហាម៉ាសចាប់យកទៅលាក់ទុកនៅហ្កាហ្សា។អ៊ីស្រាអែលមិនត្រឹមបដិសេធបទឈប់បាញ់ ប៉ុន្តែ ដោយប្រកាសសន្យាគាស់រំលើង កម្ទេចក្រុមហាម៉ាសឲ្យបាត់មុខពីទឹកដីហ្កាហ្សា ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលអះអាងនៅថ្ងៃអង្គារថា នៅក្រោយចប់សង្រ្គាមវាយប្រហារទៅលើហាម៉ាស អ៊ីស្រាអែលនឹងចូលទៅគ្រប់គ្រងផ្នែកសន្តិសុខនៅហ្កាហ្សា សាជាថ្មីឡើងវិញ បន្ទាប់ពីអ៊ីស្រាអែលដកខ្លួនចេញពីហ្កាហ្សានៅឆ្នាំ ២០០៥។ សម្រាប់នាយកដ្ឋមន្រ្តីអ៊ីស្រាអែល ដោយសារតែហ្កាហ្សាធ្លាក់ក្រោមគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅឆ្នាំ ២០០៧ ហ្កាហ្សាលែងស្ថិតក្រោមការគ្រប់គ្រងសន្តិសុខរបស់អ៊ីស្រាអែល ខណៈពេលក្រុមហាម៉ាសប្រែក្លាយទឹកដីហ្កាហ្សាទៅជាមូលដ្ឋានទ័ពដ៏រឹងមាំ ដើម្បីបើកប្រតិបត្តិការធ្វើភេរវនិយមសម្លាប់មនុស្សនៅទឹកដីអ៊ីស្រាអែល។អ៊ីស្រាអែល និងអាមេរិកកាន់តែឯកោសង្រ្គាមសងសឹករបស់អ៊ីស្រាអែល ដែលបានសម្លាប់ប្រជាជនស៊ីវិលប៉ាឡេស្ទីនជារៀងរាល់ថ្ងៃ បានបណ្តាលឲ្យមានរលកបាតុកម្ម កើតឡើងនៅទូទាំងពិភពលោក មិនថា នៅប្រទេសដែលកាន់សាសនាអ៊ីស្លាម ឬនៅប្រទេសសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ដូចជាអាមេរិកជាដើម។ នៅអាមេរិក បារាំង អាល្លឺម៉ង់ បាតុកម្មត្រូវបានរៀបចំជាច្រើនកន្លែង ដើម្បីទាមទារឲ្យអ៊ីស្រាអែលអនុវត្តបទឈប់បាញ់ បើកផ្លូវឲ្យគេនាំជំនួយមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន។ចង់ ឬមិនចង់ ការវាយប្រហារដោយមិនសំចៃដៃរបស់កងទ័ពអ៊ីស្រាអែល ទៅលើទឹកដីភាគខាងជើងហា្កហ្សា បានសម្លាប់ប្រជាជនស៊ីវិល រដ្ឋាភិបាលអ៊ីស្រាអែល និងអាមេរិកដែលចេញមុខគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងជំនួយយោធាសម្រាប់អ៊ីស្រាអែល បានរងការរិះគន់ និងនៅឯកោជាងពេលណាៗទាំងអស់។ ដោយសារតែអ៊ីស្រាអែលនៅតែរឹងទទឹងមិនព្រមផ្អាកការវាយប្រហារហា្កហ្សា ដែលបានសម្លាប់ប្រជាជនស៊ីវិលប៉ាឡេស្ទីន ប្រទេសអារ៉ាប់មួយចំនួន ដែលធ្លាប់រាប់រកអាមេរិកនិងអ៊ីស្រាអែលបានដកខ្លួនឃ្លាតឆ្ងាយ និងដកទូតរបស់ខ្លួនចេញពីអ៊ីស្រាអែល។ នៅតាមបណ្តាប្រទេសកាន់សាសនាអ៊ីស្លាម បាតុកម្មប្រឆាំងអាមេរិក និងអ៊ីស្រាអែល បានកើតចំនួនកាន់តែច្រើន។ ចំណែក និន្នាការស្អប់ខឹង ជនជាតិជ្វីហ្វ នៅក្នុងពិភពលោក បានហក់កើនឡើងចំនួន ដោយសារតែសង្រ្គាមអ៊ីស្រាអែលនៅហ្កាហ្សា៕
7-11-2023 • 7 minuten, 55 seconden CPI/ICC៖ ការប្រយុទ្ធនៅហ្កាហ្សាដែលរារាំងដល់ការដឹកស្បៀងទៅឲ្យជនស៊ីវីល អាចជា "ឧក្រិដ្ឋកម្មសង្គ្រាម"
សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន បានឈានចូលដល់ថ្ងៃទី២៤ហើយ បន្ទាប់ពីក្រុមភេរវកម្មអ៊ីស្លាមនេះ បានសំរុកចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា សម្លាប់មនុស្សប្រមាណ១៤០០នាក់ និងបានចាប់ចំណាប់ខ្មាំងប្រមាណ២៣០នាក់។ អស់រយៈពេល២ថ្ងៃមកហើយ ដែលកងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការវាយលុក ចូលក្នុងតំបន់ហ្កាហ្សាដោយផ្ទាល់ និងបានបន្តបាញ់ប្លោងមីស៊ីលយ៉ាងដំណំ ទៅលើទីតាំងរបស់ក្រុមហាម៉ាស។ ប្រជាជនស៊ីវីលប៉ាឡេស្ទីន កំពុងរងទុក្ខវេទនាដ៏លំបាកបំផុត ដោយសារតំបន់ហ្កាហ្សាត្រូវរាំងខ្ទប់ទាំងស្រុង មិនអាចរត់ទៅណាបាន គ្មានជំរក គ្មានស្បៀងអាហារ និងគ្មានថ្នាំសង្កូវ។ យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន យ៉ាងហោចណាស់ មានជនប៉ាឡេស្ទីនស្លាប់ជាង៨០០០នាក់ហើយ គិតត្រឹមថ្ងៃទី៣០តុលា។ ឧក្រិដ្ឋកម្មសង្គ្រាម?មហន្តរាយមនុស្សធម៌ ដែលប្រជាជនស៊ីវីលប៉ាឡេស្ទីនទាំងជាង២លាននាក់នៅតំបន់ហ្កាហ្សា កំពុងតែរងគ្រោះ គឺជាការព្រួយបារម្ភដ៏ធំធេង នាពេលនេះ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវម្តងហើយម្តងទៀត ឲ្យផ្អាកការប្រយុទ្ធ ដើម្បីបើកផ្លូវដឹកស្បៀងអាហារ ព្រមទាំងជំនួយមនុស្សធម៌ចាំបាច់ជាច្រើនទៀត ដែលប្រជាជននៅហ្សាហ្សា កំពុងតែត្រូវការជាទីបំផុត។កាលពីថ្ងៃអាទិត្យ ទី២៩តុលា លោក Karim Khan អគ្គរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានធ្វើដំណើរទៅពិនិត្យស្ថានការណ៍ នៅឯច្រករ៉ាហ្វា ព្រំដែនរវាងតំបន់ហ្កាហ្សា និងអេហ្ស៊ីប ដែលច្រកនេះគឺជាច្រកតែមួយគត់ ដែលគេអាចដឹកស្បៀងចូលទៅហ្កាហ្សាបាន។ ក៏ប៉ុន្តែ ដោយសារតែការបាញ់ប្លោងគ្រាប់ នៅតែបន្តយ៉ាងសកម្ម ព្រមទាំងការវាយប្រយុទ្ធគ្នានៅលើដីដោយផ្ទាល់ផង រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស បានធ្វើឲ្យច្រករ៉ាហ្វា នៅតែបិទខ្ទប់ដដែល មិនអាចមានរថយន្តដឹកស្បៀងចូលទៅបានទេ។លោកអគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ បានលើកឡើងថា ស្ថានការណ៍នេះ វាអាចត្រូវបានចាត់ទុកថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។ លោកបានបន្តថា អ៊ីស្រាអែល ត្រូវតែធានាការពារសុវត្ថិភាពដល់បុគ្គលិកអង្គការមនុស្សធម៌ ហើយត្រូវតែធ្វើយ៉ាងណា ឲ្យប្រជាជនស៊ីវីលប៉ាឡេស្ទីនអាចទទួលបាននូវស្បៀងអាហារ ព្រមទាំងថ្នាំពេទ្យដើម្បីព្យាបាលជំងឺនិងសង្គ្រោះអ្នករបួស។ដូចគ្នាដែរ កាលពីថ្ងៃអាទិត្យ ពីទីក្រុងវ៉ាស៊ីនតោន លោកចូ បៃដិន បានថ្លែងអំពាវនាវទៅកាន់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ថាត្រូវតែធ្វើយ៉ាងណា អនុញ្ញាតឲ្យមានការដឹកស្បៀងចូលទៅហ្កាហ្សា ប្រកបដោយសុវត្ថិភាព។ លោកចូ បៃដិន បានរន្ធាន់ថា ត្រូវតែបង្កើនចំនួនស្បៀងដឹកចូលហ្កាហ្សា ឲ្យបានច្រើនបំផុត និងត្រូវតែធ្វើឲ្យបានឆាប់បំផុត ព្រោះស្ថានការណ៍កំពុងតែអាសន្នខ្លាំងណាស់។ស្បៀងមិនគ្រប់ មនុស្សដណ្តើមគ្នា!យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (Ocha) កាលពីថ្ងៃអាទិត្យទី២៩តុលា គឺមានស្បៀងអាហារចំនួនប្រមាណ៣៣រថយន្ត ត្រូវបានដឹកចូលតាមច្រករ៉ាហ្វា ទៅកាន់តំបន់ហ្កាហ្សា។ គិតជាសរុប ចាប់ពីសង្គ្រាមនេះបានផ្ទុះឡើង មកត្រឹមថ្ងៃទី៣០តុលា គឺមានស្បៀងអាហារនិងជំនួយមនុស្សធម៌ ចំនួនតែ១១៧រថយន្តប៉ុណ្ណោះ ដែលត្រូវបានដឹកចូលទៅហ្កាហ្សា។ ពោលគឺជាចំនួនតិចតួចខ្លាំងណាស់ ប្រៀបបាននឹងទឹកមួយដំណក់ក្នុងមហាសមុទ្រ។ តាមធម្មតា ប្រជាជននៅតំបន់ហ្កាហ្សាប្រមាណ២លាន៤សែននាក់ ត្រូវការស្បៀងចំនួនជាង១០០កុងទឺន័រ ក្នុងមួយថ្ងៃ ទើបគ្រប់។ស្ថានការណ៍កាន់តែអាសន្ននិងចលាចលបែបនេះ បានធ្វើឲ្យមានការព្រួយបារម្ភខ្លាំងណាស់ ទាក់ទិងការផ្ទុះអំពើហិង្សា លែងមានសណ្តាប់ធ្លាប់សាធារណៈក្នុងចំណោមប្រជាជនស៊ីវីលនៅហ្កាហ្សា។ ដោយសារតែគ្មានស្បៀងអាហារ គ្មានទឹកបរិភោគ និងសម្ភារៈប្រើប្រាស់ ប្រជាជនចាប់ផ្តើមចលាចលស្លន់ស្លោ ប្រវាយប្រតប់ដណ្តើមគ្នាយ៉ាងអាណាធិបតេយ្យ។យ៉ាងណាមិញ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (Unrwa) បានបញ្ជាក់ឲ្យដឹងថា គេមានការបារម្ភណាស់ អំពីភាពចលាចលហិង្សាដែលអាចកើតឡើង ដោយសារតែមនុស្សប្រញ៉ាយដណ្តើមគ្នា លែងមានសណ្តាប់ធ្នាប់។ ហេតុការណ៍ មនុស្សចូលទៅប្រមូលយក និងប្រញ៉ាយដណ្តើមយកស្បៀងអាហារ បានកើតឡើងហើយ កាលពីថ្ងៃសៅរ៍ទី២៨តុលា នៅទីតាំងស្តុកស្បៀងមួយកន្លែង និងទីតាំងចែកស្បៀងច្រើនកន្លែងទៀត។អ៊ីស្រាអែលបន្ថែមកម្លាំង ចូលកាត់ផ្តាច់ផ្លូវឆ្លងកាត់ជើង-ត្បូង នៃតំបន់ហ្កាហ្សាគួរបញ្ជាក់ថា ទោះជាមានការអំពាវនាវឲ្យឈប់បាញ់យ៉ាងណាក៏ដោយ តែអ៊ីស្រែអែលនៅតែបន្តប្រយុទ្ធ និងបន្ថែមកាន់តែសកម្ម។ កាលពីថ្ងៃអាទិត្យទី៣០តុលា កងទ័ពអ៊ីស្រាអែល បានប្រកាសបន្ថែមកម្លាំងទាហាន ដើម្បីបើកប្រតិបត្តិការ សំរុកចូលទៅតំបន់ហ្កាហ្សាកាន់តែជ្រៅ។ អ៊ីស្រាអែល អះអាងថា គេមានកម្មវត្ថុ គឺបោលសំអាតក្រុមហាម៉ាសឲ្យវិនាស ទាំងកម្លាំងមនុស្ស ទាំងកម្លាំងសព្វាវុធ និងហេដ្ឋារចនាសម្ព័ន្ធរូងក្រោមដីនៅហ្កាហ្សា។យ៉ាងណាមិញ កងទ័ពអ៊ីស្រាអែល បានអះអាងថា នៅរវាង២៤ម៉ោងចុងក្រោយនេះ គេបានវាយកម្ទេចបានជោគជ័យ ទៅលើចំណុចគោលដៅចំនួន៦០០ របស់ក្រុមភេរវកម្មហាម៉ាស។ កងទ័ព បានកំទេចទីតាំងស្តុកអាវុធរបស់ក្រុមហាម៉ាស ទីតាំងបាញ់និងប្រព័ន្ធបាញ់គ្រាប់រ៉ូកែត និងគ្រាប់មីស៊ីល ព្រមទាំងទីតាំងលាក់ខ្លួនរបស់ពួកហាម៉ាសថែមទៀត។សូមបញ្ជាក់ដែរថា គិតចាប់ពីថ្ងៃសៅរ៍ ជាថ្ងៃដែលកងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការសំរុកចូលតំបន់ហ្កាហ្សា គឺ មានមេក្រុមហាម៉ាសជាច្រើននាក់ ត្រូវបានកងទ័ពអ៊ីស្រាអែលសម្លាប់បាន។ ហើយកាលពីយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទ ទី៣០តុលា ទាហានអ៊ីស្រាអែល បានបញ្ជាយន្តហោះមួយគ្រឿងគ្មានមនុស្សបើក ឲ្យទៅវាយប្រហារចំអាគារមួយកន្លែង ដែលមានសមាជិកហាម៉ាសជាង២០នាក់សំងំលាក់ខ្លួន។ហើយនៅព្រឹកថ្ងៃចន្ទ រថក្រោះរបស់កងទ័ពអ៊ីស្រាអែល បានឈានចូលទៅដល់តំបន់ al-Zetoun ដែលស្ថិតនៅជាយក្រុងហ្កាហ្សាស៊ីធី។ វត្តមានរបស់រថក្រោះអ៊ីស្រាអែលនៅតំបន់នេះ បង្ហាញថា កងទ័ពអ៊ីស្រាអែល បានកាត់ផ្តាច់ផ្លូវ Salah al-Deen ហើយ ដែលផ្លូវនេះជាខ្សែផ្លូវដ៏សំខាន់ ឆ្លងកាត់ពីជើងទៅត្បូងនៅតំបន់ហ្កាហ្សា។អ៊ីស្រាអែលគំរាមបាញ់ប្លោងគ្រាប់ទៅលើមន្ទីរពេទ្យ?យោងតាមអង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន គឺនៅតំបន់ក្បែរមន្ទីរពេទ្យជាច្រើនកន្លែងដែលពួកគេគ្រប់គ្រង បានរងនូវការបាញ់ប្លោងមីស៊ីលជាច្រើនដង។ អង្គការនេះ លើកឡើងថា ការបាញ់ប្លោងរបៀបនេះ គឺវាបានគំរាមយ៉ាងអាសន្នបំផុត ទៅលើអាយុជីវិតអ្នកជំងឺ អ្នករបួស និងប្រជាជនស៊ីវីលប៉ាឡេស្ទីន ដែលមកជ្រកនៅមន្ទីរពេទ្យ។លោក Bacha Mourad ប្រធានមន្ទីរពេទ្យ al-Quds បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា មន្ទីរបានទទួលសារពីភាគីអ៊ីស្រាអែល ឲ្យមន្ទីរពេទ្យលោកជម្លៀសអ្នកជំងឺ អ្នករបួស និងប្រជាជនស៊ីវីលចេញឲ្យអស់ ក្នុងពេលដ៏ឆាប់ ព្រោះកងទ័ពអ៊ីស្រាអែលនឹងបើកការវាយប្រហារ។នៅចំពោះមុខស្ថានការណ៍មហន្តរាយមនុស្សធម៌នេះ ព្រឹកថ្ងៃចន្ទទី៣០តុលា លោកប្រធានអង្គការសុខភាពពិភពលោក បានថ្លែងការអំពាវនាវទៅកាន់អ៊ីស្រាអែល ដោយលោកបានលើកឡើងថា “យើងសូមនិយាយម្តងហើយម្តងទៀត ថាការជម្លៀសមន្ទីរពេទ្យមួយទាំងមូល ដែលពោរពេញដោយអ្នកជំងឺ អ្នករបួស វាជារឿងមួយមិនអាចធ្វើទៅបានទេ។ វាគឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់ ធ្វើឲ្យជំងឺ អ្នករបួស ត្រូវប្រឈមនឹងសេចក្តីស្លាប់។សូមបញ្ជាក់ថា កងទ័ពអ៊ីស្រាអែល តែងតែបានអះអាងជានិច្ច ថាក្រុមហាម៉ាសបានយកប្រជាជនស៊ីវីលជាខែលដើម្បីការពារខ្លួន។ អ៊ីស្រាអែលបានអះអាងថា គេមានភស្តុតាងនិងរូបភាពបញ្ជាក់យ៉ាងច្បាស់ ថាទីតាំងសំខាន់ៗនៃរូងក្រោមដីរបស់ពួកហាម៉ាស គឺធ្វើនៅខាងក្រោមមន្ទីរពេទ្យនៅតំបន់ហ្កាហ្សា ព្រោះក្រុមភេរវកម្មនេះមិនដែលខ្វល់អំពីអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីនឡើយ។ ជាងនេះទៀត សង្គ្រាមដ៏ធំនេះបានផ្ទុះឡើង គឺដោយសារក្រុមហាម៉ាសជាអ្នកចាប់ផ្តើម ដោយបានចូលទៅសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត នៅខាងទឹកដីអ៊ីស្រាអែលចំនួន១៤០០នាក់ កាលពីថ្ងៃទី៧តុលា។ ក្រុមហាម៉ាសដឹងយ៉ាងច្បាស់ណាស់ ថាប្រតិបត្តិការភេរវកម្មរបស់ខ្លួននេះ នឹងត្រូវរងការឆ្លើយបតបវិញដ៏ធ្ងន់ ពីសំណាក់អ៊ីស្រាអែល ហើយអ្នករងគ្រោះលំបាកគឺប្រជាជនស៊ីវីលប៉ាឡេស្ទីន តែក្រុមនេះនៅតែធ្វើ។ភាគីអ៊ីស្រាអែល បានចោទថាក្រុមហាម៉ាស បានយកមន្ទីរពេទ្យ ជាកន្លែងលាក់អាវុធ និងជាកន្លែងពួនសំងំលាក់ខ្លួនថែមទៀតផង។ កងទ័ពអ៊ីស្រាអែល គ្មានបំណងណាមួយសម្លាប់ប្រជាជនស៊ីវីលប៉ាឡេស្ទីននៅមន្ទីរពេទ្យទេ ហេតុដូច្នេះហើយ ទើបបានជាភាគីអ៊ីស្រាអែល ជូនដំណឹងឲ្យជម្លៀសជនស៊ីវីលចេញពីទីតាំងមន្ទីរពេទ្យ មុននឹងបើកការវាយប្រហារកំទេចក្រុមហាម៉ាស។ តែយ៉ាងណា ការចោទរបស់អ៊ីស្រាអែលនេះ ត្រូវបានក្រុមភេរវកម្មហាម៉ាស បដិសេធជានិច្ចដែរ៕
30-10-2023 • 8 minuten, 32 seconden កងទ័ពអ៊ីស្រាអែលបន្តចូលទៅក្នុងហ្កាហ្សា ខណៈរុស្សីជួបតំណាងក្រុមហាម៉ាសនិងអ៊ីរ៉ង់នៅម៉ូស្គូ
វេលាទៀបភ្លឺថ្ងៃសុក្រទី២៧តុលា កងទ័ពអ៊ីស្រាអែល បានចូលទៅក្នុងតំបន់ហ្កាហ្សាជាលើកទី២ ដើម្បីបើកប្រតិបត្តិការកំទេចទីតាំងរបស់ក្រុមហាម៉ាស។ នៅឯទីក្រុងម៉ូស្គូឯណោះ កាលពីថ្ងៃព្រសហ្បតិ៍ ក្រុមហាម៉ាសបាននាំគណៈប្រតិភូទៅជួបប្រជុំជាមួយភាគីរុស្ស៊ី ខណៈអនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ក៏មានវត្តមាននៅម៉ូស្គូដែរ។ កងទ័ពអ៊ីស្រាអែលចូលទៅតំបន់ភាគកណ្តាលហ្កាហ្សាបន្ទាប់ពីបានចាប់ផ្តើមប្រតិបត្តិការ ចូលទៅភាគខាងជើងតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ទី២៦តុលា កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា គេបានបន្តសំរុកចូលជាថ្មីម្តងទៀត នៅវេលាទៀបភ្លឺថ្ងៃសុក្រ ទី២៧តុលា។ ប្រតិបត្តិការថ្មីនេះ បានធ្វើនៅតំបន់ភាគកណ្តាល នៃតំបន់ហ្កាហ្សា ដោយកងទ័ពអ៊ីស្រាអែល បានប្រើប្រាស់កម្លាំងរថក្រោះ ជាច្រើនគ្រឿង និងបានត្រូវបានការពារពីលើអាកាស ដោយយន្តហោះចម្បាំង និងយានដ្រូនថែមទៀត។ ទន្ទឹមគ្នានេះ កងទ័ពអ៊ីស្រាអែល ក៏បានបាញ់ប្លោងមីស៊ីលជាច្រើនគ្រាប់ ទៅលើទីតាំងរបស់ក្រុមហាម៉ាស នៅភាគកណ្តាលហ្កាហ្សាដែរ នៅវេលាយប់ថ្ងៃសុក្រ ទី២៦តុលា។លិខិតប្រកាសរបស់កងទ័ពអ៊ីស្រាអែល ដែលបានចេញផ្សាយនៅព្រឹកថ្ងៃសុក្រ បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលបានចេញពីតំបន់ហ្កាហ្សាមកវិញហើយ បន្ទាប់់ពីបានសម្រេចកម្មវត្ថុនៃបេសកកម្ម។ កម្មវត្ថុដែលគេសម្រេចបាន គឺបានកំទេចជើងទម្របាញ់គ្រាប់រ៉ូកែត របស់ក្រុមហាម៉ាស ជាច្រើនកន្លែង កំទេចទីបញ្ជាការដ្ឋានរបស់ក្រុមហាម៉ាស ហើយបានសម្លាប់សមាជិកក្រុមហាម៉ាសជាច្រើននាក់ទៀត។ លិខិតប្រកាសរបស់កងទ័ពអ៊ីស្រាអែលនេះ មិនបានបញ្ជាក់ទេ ថាខាងអ៊ីស្រាអែលមានរបួសឬស្លាប់ប៉ុន្មាននាក់ នៅក្នុងប្រតិបត្តិការលុកចូលហ្កាហ្សានេះ។គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលកងទ័ពអ៊ីស្រាអ៊ែល សំរុកចូលទៅក្នុងតំបន់ហ្កាហ្សាដោយផ្ទាល់។ ប្រតិបត្តិការលើកទី១បានធ្វើកាលយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ទី២៦តុលា នៅភាគខាងជើងហ្កាហ្សា។ តាមការសង្កេត ប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែល គឺប្រើប្រាស់រថក្រោះ រថពាសដែកចូលទៅហ្កាហ្សា ដើម្បី “វាយប្រហារដោយចំពោះ” ទៅលើទីតាំងមុខសញ្ញាណាមួយរបស់ក្រុមហាម៉ាស ដែលគេបានកំណត់គោលដៅទុក។ សម្រេចហើយ គេដកថយមកខាងអ៊ីស្រាអែលវិញ មុននឹងមានប្រតិបត្តិការថ្មី ចូលទៅម្តងទៀត។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល ធ្លាប់បានសន្យាហើយថានឹងសម្លាប់សមាជិកក្រុមហាម៉ាសម្តងមួយៗ រហូតទាល់តែអស់។គួរបញ្ជាក់ដែរថា តាមរយៈរូបភាពវីដេអូបង្ហាញពីប្រតិបត្តិការចូលទៅហ្កាហ្សា ដែលខាងភាគីកងទ័ពអ៊ីស្រាអែលបានផ្សព្វផ្សាយ គឺភាគីអ៊ីស្រាអែលចង់បង្ហាញប្រាប់មតិមហាជនទូទាំងពិភពលោក ថាកងទ័ពអ៊ីស្រាអែលមានការប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវខ្ពស់ណាស់ មិនមែនចូលទៅវាយប្រហារដោយឥតរើសមុខនៅក្នុងតំបន់ហ្កាហ្សាទេ។ ពោលគឺគេទៅកម្ទេច តែទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមភេរវកម្មហាម៉ាសតែប៉ុណ្ណោះ។រុស្ស៊ីហៅតំណាងក្រុមហាម៉ាស និងអ៊ីរ៉ង់ ទៅប្រជុំនៅម៉ូស្គូ?ស្របពេលដែលអ៊ីស្រាអែលបើកប្រតិបត្តិការចូលក្នុងហ្កាហ្សា ដើម្បីកំទេចក្រុមហាម៉ាស នៅម៉ូស្គូឯណោះ រុស្ស៊ីបានជួបជាមួយតំណាងក្រុមហាម៉ាស និងតំណាងរដ្ឋាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦តុលា។ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ឲ្យដឹងថា តំណាងក្រុមហាម៉ាសប៉ាឡេស្ទីន តំណាងរដ្ឋាភិបាលអ៊ីរ៉ង់ ពិតជាមានវត្តមាននៅក្រុងម៉ូស្គូពិតមែន។ តែយ៉ាងណា មិនមានការបញ្ជាក់ឲ្យច្បាស់ ថាភាគីទាំង៣ជួបប្រជុំគ្នា ក្នុងពេលតែមួយ ឬក៏ជាជំនួបដាច់ដោយឡែកពីគ្នានោះទេ។ក្រោយដឹងដំណឹងនេះភ្លាម ក្រសួងការបរទេសអ៊ីស្រាអែល បានប្រតិកម្មយ៉ាងខ្លាំង ដោយបានបរិហារបន្ទោសរុស្ស៊ី ថាមិនត្រូវទទួលជួបជាមួយក្រុមភេរវកម្មហាម៉ាសបែបនេះទេ។ លិខិតក្រសួងការបរទេសអ៊ីស្រាអែល បានលើកឡើងថា ក្រុមហាម៉ាសជាក្រុមភេរវកម្មសាហាវព្រៃផ្សៃ សឹងតែជាងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមទៅទៀត។ ក្រុមហាម៉ាសជាក្រុមដែលមានបាតដៃប្រឡាក់ឈាម។ កាលពីថ្ងៃទី៧តុលា ជនស៊ីវីលចំនួនប្រមាណ១៤០០ នៅក្នុងទឹកដីអ៊ីស្រាអែល ត្រូវបានក្រុមហាម៉ាសសម្លាប់យ៉ាងសាហាវបំផុត ខ្លះត្រូវពួកវាបាញ់សម្លាប់ ខ្លះដុតទាំងរស់ និងបានចាប់ចំណាប់ខ្មាំងទាំងកុមារ ទាំងមនុស្សចាស់ជរា សរុបជាង២២០នាក់ថែមទៀត។ផ្អែកតាមទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី ដែលស្រង់ប្រភពពីមន្ត្រីការទូត គឺគណៈប្រតិភូក្រុមហាម៉ាសទៅម៉ូស្គូ ដឹកនាំដោយមេក្រុមហាម៉ាសម្នាក់ ឈ្មោះ Moussa Abou Marzouk។ ផ្អែកតាមប្រភពនេះ ការជជែកគ្នារវាងរុស្ស៊ីនិងក្រុមហាម៉ាស គឺបានផ្តោតសំខាន់ ទៅលើបញ្ហាចំណាប់ខ្មាំងដែលកំពុងស្ថិតក្នុងដៃក្រុមហាម៉ាស។ បណ្តាញព័ត៌មានរុស្ស៊ី អះអាងថាភាគីរុស្ស៊ី បានទាមទារយ៉ាងទទូច ឲ្យក្រុមហាម៉ាស ត្រូវតែពិចារណា ដោះលែងចំណាប់ខ្មាំងជាជនជាតិបរទេសទាំងអស់។ បន្ថែមពីនេះ ភាគីរុស្ស៊ីបានលើកឡើងអំពីការជម្លៀសជនជាតិរុស្ស៊ី និងជនបរទេសដែលជាប់នៅក្នុងតំបន់ហ្កាហ្សា។ដោយឡែក នៅព្រឹកថ្ងៃសុក្រទី២៧តុលា បណ្តាញព័ត៌មានរុស្ស៊ី Kommersant បានចុះផ្សាយថា តំណាង ក្រុមហាម៉ាសម្នាក់ ឈ្មោះ Abou Hamid ដែលមានវត្តមាននៅម៉ូស្គូ បានអះអាងប្រាប់ថា ក្រុមហាម៉ាសនឹងមិនអាចដោះលែងចំណាប់ខ្មាំងជាដាច់ខាត ដរាបណាគ្មានបទឈប់បាញ់ទេនោះ។ តំណាងក្រុមហាម៉ាសរូបនេះ បន្ថែមថា ពួកគេត្រូវការពេលវេលា ដើម្បីប្រមូលព័ត៌មាននិងកំណត់ទីតាំង ថាចំណាប់ខ្មាំងស្ថិតនៅត្រង់ទីតាំងណាខ្លះ។ ប្រភពដដែលនេះ បានអះអាងទៀតថា គិតត្រឹមពេលនេះ យ៉ាងហោចមានចំណាប់ខ្មាំងជិត៥០នាក់ហើយ ដែលបានស្លាប់ដោយការបាញ់ប្លោងមីស៊ីលរបស់អ៊ីស្រាអែល។ប្រភពពីក្រសួងការបរទេសរុស្ស៊ីវិញ បានឲ្យដឹងថា លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ Ali Bagheri Kani ដែលមានវត្តមាននៅម៉ូស្គូ បានជួបប្រជុំជាមួយលោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Mikhail Bogdanov កាលពីថ្ងៃព្រហស្បតិ៍។ អ្នកទាំង២ បាននិយាយគ្នា អំពីភាពចាំបាច់នៅក្នុងការឈានទៅបញ្ឈប់ការផ្ទុះអាវុធនៅហ្កាហ្សា និងតំបន់ជុំវិញ ហើយនិងការបញ្ជូនជំនួយមនុស្សធម៌ ទៅជួយប្រជាជនប៉ាឡេស្ទីន ឲ្យបានឆាប់ជាទីបំផុត។ ភាគីទាំង២ សន្យាថានឹងបន្តសហការគ្នា ប្រឹងប្រែងការពារស្ថិរភាពតំបន់ដើមបូព៌ា។លោក ចូ បៃដិន ផ្ញើសារទៅគំរាមមេដឹកនាំអ៊ីរ៉ង់គួរកត់សំគាល់ថា ស្ថិរភាពតំបន់ដើមបូព៌ា កំពុងតែស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំ ដោយគេបារម្ភថាសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល អាចនឹងឆាបឆេះរាលដាលពាសពេញតំបន់តំបន់។ អ្វីដែលគេបារម្ភបំផុត គឺការចូលលូកដៃ របស់អ៊ីរ៉ង់ នៅក្នុងសង្គ្រាមនេះ។ យ៉ាងណាមិញ ដើម្បីបង្ការកំញើញទៅលើអ៊ីរ៉ង់ ឲ្យប្រុងប្រយ័ត្ន អាមេរិកបានបន្ថែមកម្លាំងទៅក្បែរអ៊ីស្រាអែល។នៅថ្ងៃសុក្រទី២៧តុលា ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា គេបានបើកប្រតិបត្តិការវាយប្រហារ ទៅលើទីតាំង២កន្លែង ដែលក្រុមប្រដាប់អាវុធជាកូនចៅអ៊ីរ៉ង់ប្រើប្រាស់ ស្ថិតនៅភាគខាងកើតស៊ីរី។ លោក Lloyd Austin បានឲ្យដឹង ការវាយប្រហាររបស់កងទ័ពអាមេរិកនេះ គឺជាការវាយប្រហារការពារខ្លួនដ៏ស្របច្បាប់ ឆ្លើយតបវាយបកទៅវិញ បន្ទាប់់ពីក្រុមប្រដាប់អាវុធកូនចៅអ៊ីរ៉ង់ បានវាយប្រហារជាច្រើនដង មកលើទីតាំងរបស់កងទ័ពអាមេរិក ប្រចាំនៅស៊ីរីនិងនៅអ៊ីរ៉ាក់ គិតចាប់ពិថ្ងៃទី១៧តុលាមក។កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៦តុលា លោក John Kirby អ្នកនាំពាក្យសេតវិមានបានបញ្ជាក់ឲ្យដឹងថា លោក ប្រធានាធិបតី ចូ បៃដិន បានផ្ញើសារដោយផ្ទាល់ ទៅកាន់ប្រមុខដឹកនាំអ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមឺណី ដោយបានក្រើនរំឭកឲ្យអ៊ីរ៉ង់ ត្រូវតែបញ្ឈប់ការវាយប្រហារមកលើកងទ័ពអាមេរិក ដែលប្រចាំនៅតំបន់ដើមបូព៌ា។ លោក ចូ បៃដិនបានគំរាមដោយត្រង់ៗថា អ៊ីរ៉ង់ត្រូវតែស្ថិតនៅឲ្យឆ្ងាយ កុំចង់មកលូកដៃ ពង្រីកសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ឲ្យរីករាលដាលធំឲ្យសោះ។ជាការពិតណាស់ ប៉ុន្មានថ្ងៃចុងក្រោយនេះ ភាគីអាមេរិកបានឲ្យដឹងថា ក្រុមប្រដាប់អាវុធកូនចៅអ៊ីរ៉ង់ជាច្រើនក្រុម បានបាញ់មីស៊ីល និងបានបញ្ជាយានដ្រូន មកវាយប្រហារមកលើទីតាំងរបស់កងទ័ពអាមេរិក ដែលប្រចាំការនៅស៊ីរី និងនៅអ៊ីរ៉ាក់។ គិតត្រឹមថ្ងៃទី២៧តុលា ការវាយប្រហាររបៀបនេះ មានចំនួនប្រមាណ១៦ដង នៅអ៊ីរ៉ាក់១២ដង នៅស៊ីរី៤ដង។ តែភាគច្រើននៃការវាយប្រហារនេះ គឺមិនបានជោគជ័យទេ ដោយគ្រាន់តែបានបណ្តាលឲ្យបុគ្គលិកអាមេរិក របួសស្រាលជាង២០នាក់។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានសង្កត់ធ្ងន់ថាការវាយបកវិញរបស់អាមេរិក ទៅលើក្រុមប្រដាប់អាវុធអ៊ីរ៉ង់ គឺវាស្ថិតនៅដាច់ដោយឡែក ពីសង្គ្រាមដែលកំពុងកើតឡើងនៅហ្កាហ្សា ហើយគោលជំហរអាមេរិក ទាក់ទិននឹងសង្គ្រាមនេះ គឺនៅដដែលមិនប្រែប្រួលទេ៕
27-10-2023 • 8 minuten, 9 seconden អ៊ីស្រាអែលផ្តើមផែនការវាយលុកជើងគោកលើតំបន់ហ្ កាហ្សា?
អ៊ីស្រាអែលបានសច្ចាកម្ចាត់ចលនាហាម៉ាសប៉ាឡេស្ទីនឱ្យអស់ ក្រោយរងការឆ្មក់វាយប្រហារទ្រង់ទ្រាយធំរបស់ពួកហាម៉ាសកាលពីថ្ងៃទី៧តុលា២០២៣។ ប៉ុន្តែទោះមានពាក្យព្រមានអន្តរជាតិកាន់តែច្រើនឡើងៗយ៉ាងក៏ដោយ ក៏អ៊ីស្រាអែលមិនខ្វល់ដែរ។ អ៊ីស្រាអែលបន្តរៀបប្រតិបត្តិការជើងគោកលើតំបន់ហ្កាហ្សា និងទំនងជាបានវាយលុកចូលភាគខាងជើងហ្កាហ្សាមួយប្រាវនៅយប់មិញ។ អ៊ីស្រាអែលបានស្បថសច្ចាបញ្ចប់ជីវិតចលនាហាម៉ាស ក្រោយពីក្រុមនេះបានឆ្មក់វាយប្រហារទ្រង់ទ្រាយធំកាលពីថ្ងៃទី៧តុលា២០២៣ ដែលបើតាមអ៊ីស្រាអែល បង្កឱ្យមានមនុស្សស្លាប់ខាងអ៊ីស្រាអែលយ៉ាងហោច១៤០០នាក់ និងជាង២២០នាក់ជាប់ជាចំណាប់ថ្នូរ (បួននាក់បានសេរីភាពវិញ)។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូ បានបញ្ជាក់នៅយប់ថ្ងៃពុធម្សិលមិញថា កំពុងត្រៀមលក្ខណៈវាយចូលហ្កាហ្សា ដោយមិនលម្អិតថាចូលនៅពេលណា យ៉ាងណា និងកម្លាំងប៉ុន្មានទេ។ ស្រាប់តែនៅយប់មិញ ទាហានអ៊ីស្រាអែលបានវាយលុកចូលភាគខាងជើងតំបន់ហ្កាហ្សា។ប្រតិបត្តិការវាយលុកជើងគោកអ៊ីស្រាអែលចាប់ផ្តើមយ៉ាងណា?មិនមែនជាប្រតិបត្តិការវាយលុកជើងគោកដូចអ្វីដែលប្រមុខដឹកនាំនយោបាយនិងយោធាអ៊ីស្រាអែលបានសន្យាទេ។ ប៉ុន្តែនៅយប់ថ្ងៃពុធឆ្លងមកថ្ងៃព្រហស្បតិ៍ទី២៦តុលានេះ យោធាអ៊ីស្រាអែលបានបើកការវាយលុកមួយចូលទៅក្នុងភាគខាងជើងតំបន់ហ្កាហ្សា សំដៅលើទីតាំងសំខាន់ៗមួយចំនួន។ នេះបើតាមអ្នកនាំពាក្យយោធាអ៊ីស្រាអែល។ ក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការវាយលុកជើងគោកទ្រង់ទ្រាយធំ កងរថពាសដែកអ៊ីស្រាអែលបានជ្រៀតចូលក្នុងដែនដីប៉ាឡេស្ទីន ទៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ពួកហាម៉ាស ទីតាំងកាំភ្លើងត្បាល់និងផ្តើមត្រួសត្រាយភូមិសាស្ត្រ។ សេចក្តីថ្លែងការណ៍យោធាអ៊ីស្រាអែលដដែលបានបញ្ជាក់ទៀតថា ក្រោយប្រតិបត្តិការវាយលុកមួយប្រាវនេះរួច កងទ័ពអ៊ីស្រាអែលបានចាកចេញពីតំបន់ភាគខាងជើងហ្កាហ្សានោះ ហើយត្រលប់មកឈរជើងនៅព្រំដែនខាងដែនដីខ្លួនវិញ។នេះជា វាយលុកចូលក្នុងតំបន់ហ្កាហ្សាលើកទីពីរហើយគិតចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសបានផ្ទុះឡើងមក ប៉ុន្តែជាលើកទីមួយសម្រាប់កងពលរថក្រោះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូ បានទទួលស្គាល់ថាប្រតិបត្តិការជើងគោកមានការយឺតយ៉ាវជាងការព្រាងទុក ដោយអ៊ីស្រាអែលមិនទាន់ដឹងច្បាស់អំពីមតិសាធារណៈរបស់ប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អ្នកធ្វើអត្ថាធិប្បាយបានព្រលយអំពីមូលហេតុពីរគឺ បញ្ហាចំណាប់ខ្មាំងក្នុងដៃពួកហាម៉ាស និងសំណើអាមេរិកសុំឱ្យពន្យារពេលសិនដើម្បីមានឱកាសរៀបចំដាក់ឱ្យដំណើរការប្រព័ន្ធខែលមីស៊ីលការពារតំបន់។ប្រតិបត្តិការជើងគោកអ៊ីស្រាអែលជាការគិតខុស?តាមការពិតទៅនោះ ពាក្យព្រមានអំពីផលវិបាកនៃការវាយប្រហារជើងគោកមានកាន់តែច្រើនឡើងៗ។ ក្តីព្រួយបារម្ភជុំវិញប្រតិបត្តិការវាយលុកផ្លូវគោកអ៊ីស្រាអែលលើតំបន់ហ្កាហ្សា កំពុងរីកធំធាត់ក្នុងរង្វង់សហគមន៍អន្តរជាតិ។ ប្រតិបត្តិការវាយលុកជើងគោកលើហ្កាហ្សាដែលរងការបិទខ្ទប់ទាំងស្រុង និងរងការទម្លាក់គ្រាប់បែកឥតឈប់តាំងពី២០ថ្ងៃមកហើយ នឹងជួបការលំបាកស្មុគស្មាញខ្លាំងណាស់ ព្រោះហ្កាហ្សាជាដែនដីដ៏តូច មានមនុស្សរស់នៅកកកុញគ្នាខ្លាំង បង្កប់ដោយរូងក្រោមដីយ៉ាងប្រទាក់ក្រឡាដែលពួកហាម៉ាសបានជីកសម្រាប់លាក់ខ្លួន លាក់អាវុធយុទ្ធភ័ណ្ឌ និងមានចំណាប់ខ្មាំងក្នុងដៃទៀត។នៅយប់មិញ លោកប្រធានាធិបតីអាមេរិក ចូបៃដិន បានអះអាងថា អ៊ីស្រាអែលមិនត្រឹមតែមានសិទ្ធិទេ តែត្រូវមានទំនួលខុសត្រូវទៀត ក្នុងការការពារខ្លួន។ អ៊ីស្រាអែលត្រូវប្រឹងឱ្យអស់អំពីលទ្ធភាពដែលខ្លួនមានទោះលំបាកខ្លាំងយ៉ាងណាក៏ដោយ ក្នុងការការពារជីវិតជនស៊ីវិលប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។ ហាម៉ាសលាក់ខ្លួនពីក្រោយខ្នងជនស៊ីវិល ជាទង្វើដ៏អាក្រក់ គួរឱ្យស្អប់ខ្ពើម ប៉ុន្តែយើងចាំបាច់ត្រូវបញ្ចេញសកម្មភាពដោយគោរពច្បាប់សង្គ្រាម។ នេះជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី នៅពេលសាកសងតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូ។សម្រាប់លោកប្រធានាធិបតីបារាំង អេម៉ានុយអែលម៉ាក្រុង ដែលកំពុងជួបសមភាគីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី នៅក្រុងគែរ ជម្រើសប្រើប្រតិបត្តិការជើងគោក ជាការគិតខុស ព្រោះវានឹងធ្វើឱ្យមានជនរងគ្រោះជាជនស៊ីវិលច្រើនខ្លាំងណាស់ ហើយមិនអាចការពារអ៊ីស្រាអែលបានជានិរន្តទេ។ ក្នុងសន្និសីទកាសែតរួមជាមួយលោកម៉ាក្រុង លោកប្រធានាធិបតីអេហ្ស៊ីប អាល់ស៊ីស៊ីបានអំពាវនាវដូចគ្នាឱ្យអ៊ីស្រាអែលកុំធ្វើប្រតិបត្តិការជើងគោកលើហ្កាហ្សា។ទន្ទឹមនឹងការប្រកាសគាំទ្រអ៊ីស្រាអែលថាមានសិទ្ធិការពារខ្លួន និងស្នើឱ្យមានសម្ព័ន្ធអន្តរជាតិប្រយុទ្ធប្រឆាំងនឹងហាម៉ា លោកម៉ាក្រុង បានជំរុញឱ្យកិច្ចចរចាសន្តិភាពដើម្បីបង្កើតរដ្ឋពីរអ៊ីស្រាអែលនិងប៉ាឡេស្ទីនមានសន្ទុះឡើងវិញ។ លោកបានថែមទាំងប្រកាសបញ្ជូននាវាយោធាបំពាក់សេវាវេជ្ជសាស្ត្រទៅជួយប្រជាពលរដ្ឋនៅហ្កាហ្សា។ មិនដឹងថាតើនាវា La Tonnerre ដែលទើបចាកចេញពីកំពង់ផែបារាំង នឹងទៅសំចតនៅកំពង់ផែហ្កាហ្សាមួយណាទេបើតំបន់នេះស្ថិតក្រោមការបិទខ្ទប់ពីសំណាក់អ៊ីស្រាអែល ទាំងស្រុង ទាំងផ្លូវគោក ផ្លូវអាកាសនិងផ្លូវទឹកនោះ។ បារាំងក៏បានបញ្ជូនសម្ភារៈបរិក្ខាពេទ្យជាជំនួយមនុស្សធម៌ដល់ហ្កាហ្សាតាមយន្តហោះទៅចុះថតនៅអេហ្ស៊ីប។ ជំនួយមនុស្សធម៌អាចចូលដល់តំបន់ហ្កាហ្សាយ៉ាងតក់ៗនិងត្រដាបត្រដួសបំផុត។តើអាចមានការឈប់បាញ់ ឬ ផ្អាកប្រយុទ្ធដើម្បីមនុស្សធម៌ឬទេ?ក្នុងពេលរង់ចាំបើកប្រតិបត្តិការធំជាក់លាក់ យោធាអ៊ីស្រាអែលបន្តផ្លោងវាយប្រហារលើតំបន់ហ្កាហ្សាដែលមានទំហំ៣៦២គីឡូម៉ែត្រការ៉េនិងមានប្រជាពលរដ្ឋប្រជ្រៀតរស់នៅជាង២លាន៤សែននាក់ ដោយគ្មានបន្ធូរដៃសោះឡើយ។ គ្មានផ្នែកណាមួយនៃតំបន់ហ្កាហ្សាដែលមានសុវត្ថិភាពឡើយ។ ក្នុងមួយថ្ងៃពុធទី ២៥តុលា មានមនុស្សយ៉ាងហោចណាស់៧០០នាក់បានបង់ជីវិត។ នេះបើតាមតួលេខផ្តល់ដោយហាម៉ាស។អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវតាំងពីថ្ងៃអង្គារឱ្យមានការឈប់បាញ់ដើម្បីមនុស្សធម៌ភ្លាម និងបានថ្កោលទោសរួចជាស្រេចអំពីការរំលោភច្បាប់មនុស្សធម៌យ៉ាងច្បាស់ក្រលែតរបស់អ៊ីស្រាអែល។ ប៉ុន្តែ អ៊ីស្រាអែលក៏ដូចជាសហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសមួយចំនួនទៀត មិនគាំទ្រគំនិតចង់ឱ្យមានការឈប់បាញ់ឡើយ ដោយយល់ថាការឈប់បាញ់នឹងធ្វើឱ្យចលនាហាម៉ាសអាចឆ្លៀតយកចំណេញ។ម្សិលមិញជាថ្មីម្តងទៀត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានច្រានចោលគម្រោងសេចក្តីសម្រេចចិត្តពីរស្នើឡើងដោយរុស្ស៊ីនិងអាមេរិក ជុំវិញសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាសនេះ។ ខាងសហរដ្ឋអាមេរិក គ្រប់រដ្ឋសុទ្ធតែមានសិទ្ធិការពារខ្លួនដូចគ្នា និងចង់បានត្រឹមឱ្យមានការផ្អាកបាញ់បន្តិចដើម្បីមនុស្សធម៌ ចំណែកខាងរុស្ស៊ីវិញចង់បានការឈប់បាញ់ភ្លាមដើម្បីមនុស្សធម៌ និងបានថ្កោលទោសទង្វើវាយប្រហារដ៏អាក្រក់របស់ពួកហាម៉ាស។ ការផ្អាកបាញ់ដើម្បីមនុស្សធម៌ ក៏កំពុងស្ថិតក្នុងលើតុចរចាតស៊ូមតិនៅសហភាពអឺរ៉ុប ដែលកំពុងបើកជំនួបកំពូលរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះដែរ។ តែដូចទម្លាប់ អឺរ៉ុបមានប្រវត្តិប្រេះឆាគ្នាខ្លាំងណាស់ក្នុងសំណុំរឿងដើមបូព៌ា ដោយសមាជិកខ្លះកាន់ជើងប៉ាឡេស្ទីនខ្លាំងដូចជាអៀរឡង់ឬអេស្ប៉ាញ ឯខ្លះទៀតមានជាអាទិ៍អាល្លឺម៉ង់និងអូទ្រីសការពារអ៊ីស្រាអែលយ៉ាងមុតមាំ៕
26-10-2023 • 6 minuten, 57 seconden អ៊ីស្រាអ៊ែលសំរុកបាញ់ប្លោងគ្រាប់ ត្រៀមចូលហ្កាហ្សា ខណៈជំនួបកំពូលនៅអេហ្ស៊ីបអំពាវនាវឲ្យឈប់ប្រយុទ្ធ
នៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី២២តុលា កងទ័ពអ៊ីស្រាអែល បានសំរុកបាញ់ប្លោងគ្រាប់យ៉ាងច្រើន ទៅលើតំបន់ហ្កាហ្សាដើម្បីកាត់ផ្តាច់ផ្លូវ និងបង្កការលំបាកដល់ក្រុមហាម៉ា។ ជាប្រតិបត្តិការដែលតាមការសង្ស័យ គឺកងទ័ពអ៊ីស្រាអែល កំពុងតែត្រៀមបើកសមរភូមិ ចូលទៅប្រយុទ្ធដោយផ្ទាល់នៅក្នុងតំបន់ហ្កាហ្សា បើទោះបីជាមិនទាន់មានការប្រកាសណាមួយជាផ្លូវការ។ ក្រុមអាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានអះអាងថា យ៉ាងហោចណាស់មានមនុស្សស្លាប់បន្ថែមទៀត ចំនួន៨០នាក់ ដោយការវាយប្រហារទម្លាក់គ្រាប់ដ៏ច្រើនសន្ធឹករបស់អ៊ីស្រាអែល ក្នុងវេលាយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ។ យោងតាមប្រភពពីអ្នករាយការណ៍ព័ត៌មានបារាំង AFP ប្រចាំនៅហ្កាហ្សាវិញ បានឲ្យដឹងថា គេឃើញមានមីស៊ីលបានវាយប្រហារនៅចំណុច រ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា មិនឆ្ងាយប៉ុន្មានពីព្រំដែនអេហ្ស៊ីប។ ចំណែកទីក្រុងហ្កាហ្សាស៊ីធី ដែលស្ថិតនៅខាងជើងឯនេះ ក៏គេបានឃើញផ្សែងខ្មៅសន្ធោសន្ធៅដែរ ក្នុងវេលាយប់។កងទ័ពអ៊ីស្រាអ៊ែល ត្រៀមបើកសមរភូមិចូលក្នុងហ្កាហ្សាកាលពីថ្ងៃសៅរ៍ លោក Daniel Hagari អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះទៅគឺអ៊ីស្រាអែល និងបន្ថែមការវាយប្រហារ ទៅលើតំបន់ហ្កាហ្សា។ កម្មវត្ថុនៃការបន្ថែមការវាយប្រហារនេះ គឺដើម្បីបង្ក្រាបកម្លាំងរបស់ក្រុមហាម៉ាសឲ្យទន់ខ្សោយ ហើយកាត់បន្ថយហានិភ័យប្រឈម មកលើកងទ័ពអ៊ីស្រាអែល នៅក្នុងដំណាក់កាលបន្ទាប់នៃសង្គ្រាមនេះ។តាមរយៈសំដីនេះ គឺមានន័យថា កងទ័ពអ៊ីស្រាអែលពិតជាមានផែនការសំរុកចូលទៅក្នុងតំបន់ហ្កាហ្សា ដើម្បីបោសសំអាតសមាជិកក្រុមហាម៉ាស ដែលបានចូលមកធ្វើភេរវកម្មសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត នៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា។ យ៉ាងណាមិញ រូបភាពវីដេអូជាច្រើន ប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្ហាញឲ្យឃើញ អំពីការរៀបចំប្រមូលទ័ព រួមទាំងរថក្រោះផង បញ្ជូនទៅក្បែរតំបន់ហ្កាហ្សា និងការហ្វឹកហាត់ទាហានអ៊ីស្រាអែល ត្រៀមលក្ខណៈប្រយុទ្ធដោយផ្ទាល់ ក្នុងលក្ខខណ្ឌភូមិសាស្ត្រតំបន់ហ្កាហ្សា។ទោះជាយ៉ាងណា មិនទាន់មានបញ្ជាក់ផ្លូវការពីក្រសួងការពារជាតិអ៊ីស្រាអែលទេ ថាដំណាក់កាលបន្ទាប់គឺជាអ្វី។ ក៏ប៉ុន្តែ លោក Herzi Halevi នាយសេនាធិការកងទ័ពអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ីស្រាអែលនឹងចូលទៅក្នុងហ្កាហ្សា ក្នុងក្របខណ្ឌកម្មវត្ថុបេសកកម្ម ដែលសំដៅកំទេចហេដ្ឋារចនាសម្ព័ន្ធរបស់ពួកភេរវកម្មហាម៉ាស ហើយកងទ័ពអ៊ីស្រាអែលនឹងធ្វើប្រតិបត្តិការនេះ ប្រកបដោយភាពជំនាញបំផុត។ក្រៅពីសមរភូមិហ្កាហ្សា នៅភាគខាងជើងអ៊ីស្រាអែលឯណោះ កងទ័ពអ៊ីស្រាអែលបានបាញ់គ្រាប់ឆ្លងឆ្លើយជាមួយក្រុមហេបូឡាលីបង់ ដែលជាកូនចៅរបស់អ៊ីរ៉ង់។ អ៊ីស្រាអែលបានជម្លៀសប្រជាជនខ្លួន ចេញពីតំបន់ក្បែរព្រំដែន ដើម្បីបង្ការគ្រោះថា្នក់ ក្នុងករណីក្រុមហេសបូឡាបើកការប្រយុទ្ធ។ លោក Jonathan Conricus អ្នកនាំពាក្យម្នាក់ទៀតរបស់កងទ័ពអ៊ីស្រាអែល បានគំរាមទុកជាមុននៅព្រឹកថ្ងៃអាទិត្យថា ក្រុមហេសបូឡា កំពុងតែនាំប្រទេសលីបង់ឲ្យចូលមកក្នុងសង្គ្រាម ដោយគ្មានបានចំណេញអ្វីទាំងអស់ គឺមានតែខាតបង់។ ដោយឡែកនៅព្រឹកថ្ងៃអាទិត្យដែរ បើតាមប្រភពពីបណ្តាញព័ត៌មានផ្លូវការស៊ីរី គឺកងទ័ពអ៊ីស្រាអែលបានបាញ់មីស៊ីលទៅលើព្រលានយន្តហោះក្រុងដាម៉ាស និងព្រលាននៅក្រុងអាឡេប បង្កការខូចខាតយ៉ាងដំណំ និងត្រូវបិទដំណើរការបណ្តោះអាសន្ន។ តាមការសង្ស័យ អ៊ីស្រាអែលអាចវាយប្រហារដើម្បីបិទផ្លូវ កុំឲ្យមានការបញ្ជូនគ្រឿងសព្វាវុធរបស់អ៊ីរ៉ង់។ អាមេរិកបង្កើនការប្រុងប្រៀបកម្លាំង នៅដើមបូព៌ាកាលពីល្ងាចថ្ងៃសៅរ៍ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin បានចេញលិខិតប្រកាសមួយ ដោយបានបញ្ជាក់ថា កងទ័ពអាមេរិកនឹងចាប់ផ្តើមត្រៀមកម្លាំង ព្រមទាំងគ្រឿងសព្វាវុធ នៅតំបន់ដើមបូព៌ា ដោយសារតែសង្កេតឃើញ អំពីសកម្មភាពគួរឲ្យបារម្ភខ្លាំងឡើង របស់អ៊ីរ៉ង់ និងបក្សពួក។ យោងតាមលិខិតនេះ អាមេរិកនឹងដាក់ពង្រាយ ប្រព័ន្ធខែលមីស៊ីលការពារផ្លូវអាកាស កំពស់ខ្ពស់ THAAD ព្រមទាំងប្រព័ន្ធមីស៊ីល Patriot នៅក្នុងតំបន់នេះ។ បន្ថែមពីនេះ អាមេរិកនឹងបញ្ជូនកម្លាំងទ័ពទៅបន្ថែម ដើម្បីត្រៀម និងបង្កើនសមត្ថភាពប្រតិកម្មឲ្យបានខ្ពស់ និងឆាប់រហស័បំផុត ក្នុងករណីចាំបាច់។ដោយមិនបញ្ជាក់ថានឹងបញ្ជូនកម្លាំងទៅបន្ថែមប៉ុន្មាននាក់ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានឲ្យដឹងថា ការសម្រេចនេះគឺបន្ទាប់ពីបានពិគ្រោះគ្នាជាមួយលោកប្រធានាធិបតីចូ បៃដិន។ កម្មវត្ថុនៃការពង្រឹងកម្លាំងរបស់អាមេរិកនេះ គឺដើម្បីចូលរួមកំញើញសំឡុត កុំឲ្យភាគីផ្សេងទៀតបើកសមរភូមិថ្មី ធ្វើឲ្យតំបន់ដើមបូព៌ាត្រូវផ្ទុះឆេះក្នុងភ្លើងសង្គ្រាមទាំងស្រុង។ លោកបានបន្ថែមទៀតថា អាមេរិកនឹងតាមដានពិនិត្យស្ថានការណ៍ជានិច្ច ដើម្បីវាយតម្លៃការប្រឈម ហើយអាចដាក់បន្ថែកកម្លាំងថែមទៀត ប្រសិនបើចាំបាច់ ដើម្បីការពារអ៊ីស្រាអែលផង និងដើម្បីការពារតំបន់ដើមបូព៌ាទាំងមូល។ជំនួបកំពូល “ដើម្បីសន្តិភាព” គ្មានលទ្ធផលគួរបញ្ជាក់ថា លទ្ធភាពដែលអាចផ្ទុះសង្គ្រាមឆេះរាលដាលទូទាំងតំបន់ដើមបូព៌ា គឺជាអ្វីដែលគេព្រួយបារម្ភបំផុត។ លោកប្រធានាធិបតីអេហ្ស៊ី ហ្វាតា អាល់ស៊ីស៊ី បានផ្តួចផ្តើមគំនិតរៀបចំជំនួបកំពូលមួយ នៅទីក្រុងគែរ កាលពីថ្ងៃសៅរ៍ ទី២១តុលា ដោយមានវត្តមានតំណាងប្រទេសសម្ព័ន្ធអារ៉ាប់ជាច្រើនប្រទេស បណ្តាប្រទេសអឺរ៉ុប ហ្សកដានី តំណាងអាជ្ញាធរប៉ាឡេស្ទីន ព្រមទាំងតំណាងចិន រុស្ស៊ី និងអាមេរិកផងដែរ។បើទោះបីភាគីចូលរួមទាំងអស់ ហាក់បានបង្ហាញឆន្ទៈដូចគ្នា ក្នុងការអំពាវនាវ ឲ្យមានឈប់បាញ់នៅតំបន់ហ្កាហ្សា ដើម្បីបិទបញ្ចក់សោកនាដកម្មស្លាប់ប្រជាជនស៊ីវីលប៉ាឡេស្ទីន តែទីបំផុត គឺគ្មានសេចក្តីថ្លែងការណ៍រួមគ្នា នៅក្រោយជំនួបកំពូលនេះទេ។ ផ្អែកតាមមន្ត្រីទូតប្រទេសអារ៉ាប់ គឺមានចំណុចខ្ទាស់២ចំណុច ដែលក្រុមប្រទេសលោកខាងលិចបានទាមទារត្រូវតែសរសេរនៅក្នុងលិខិតប្រកាសរួមចុងក្រោយ។ ចំណុចទី១ គឺក្រុមប្រទេសលោកខាងលិចបានទាមទារថា ត្រូវតែសរសេរថ្កោលទោសឲ្យបានច្បាស់ៗ ទៅលើការវាយប្រហារភេរវកម្មដ៏សាហាវព្រៃផ្សៃ ដែលក្រុមហាម៉ាសបានធ្វើទៅជនស៊ីវីលនៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា ដែលមានមនុស្សស្លាប់ទាំងអស់ ១៤០០នាក់។ ចំណុចទី២ដែលគេបានដាក់កំហិត គឺការប្រកាសទាមទារឲ្យក្រុមហាម៉ាស ត្រូវតែដោះលែងដោយគ្មានលក្ខខណ្ឌ នូវចំណាប់ខ្មាំងទាំងជាង២០០នាក់ ដែលក្រុមនេះបានចាប់យកទៅ។ ការទាមទារទាំង២ចំណុចនេះ ត្រូវបានក្រុមប្រទេសអារ៉ាប់បដិសេធ មិនព្រមសរសេរនៅក្នុងលិខិតប្រកាសរួមទេ។បានឃើញលទ្ធផលបរាជ័យនៃជំនួបកំពូលនេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល បានប្រតិកម្មថា វាគួរឲ្យសោកស្តាយណាស់ ដែលអំពើដ៏ព្រៃផ្សៃធ្វើឡើងដោយក្រុមហាម៉ាស ដល់ថ្នាក់នេះហើយ ក៏នៅតែប្រទេសខ្លះ គ្មានសេចក្តីក្លាហានចាត់ទុកវាថាជាអំពើភេរវកម្ម។ លោកបន្តថា អ៊ីស្រាអែលនឹងធ្វើអ្វីដែលខ្លួនត្រូវធ្វើ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មនេះ ហើយសង្ឃឹមថាពិភពលោក នឹងទទួលស្គាល់អំពីភាពត្រឹមត្រូវនៃការប្រយុទ្ធរបស់អ៊ីស្រាអែល។នៅក្នុងពេលបើកកិច្ចប្រជុំ លោកអគ្គលេខធិការអង្គការសហប្រជាជាតិ បានថ្លែងថា គ្រប់គ្នាត្រូវតែធ្វើអ្វីម៉្យាងនៅពេលនេះ ដើម្បីបិទបញ្ចប់សោកនាដកម្មនៅហ្សាហ្សា ដែលមានមនុស្សស្លាប់ជាង៤ពាន់នាក់ហើយ ក្នុងរយៈពេល២សប្តាហ៍មកនេះ។ ថ្លែងក្នុងន័យថ្លឹងថ្លែងដោយមិនកាន់ជើងខាងណា លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បានរំលឹកអំពីបរិបទនៃការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ប្រមាណ៦០ឆ្នាំជាងមកហើយ ហើយដែលបញ្ហាបានរីកធំឡើងៗ ដោយសារតែអ៊ីស្រាអែលបានពង្រីកការដាក់អាណានិគមលើទឹកដីប៉ាឡេស្ទីន។ តែយ៉ាងណាក៏ដោយ ហេតុផលទាំងអស់នេះ វាមិនអាចមកលុបលើអំពើដ៏សាហាវយង់ឃ្នងរបស់ពួកអាម៉ាស ដែលបានធ្វើកាលពីថ្ងៃទី៧តុលាឡើយ។លោកម៉ាសមូដ អាបាស ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន ដែលបាត់មាត់ស្ងាត់ឈឹង២សប្តាហ៍មកហើយក្រោយការផ្ទុះសង្គ្រាមនេះ បានឆ្លើយតបភ្លាមៗនៅក្នុងអង្គប្រជុំថា ត្រូវតែរំលឹកប្រាប់អ៊ីស្រាអែលផង ថាត្រូវតែបិទបញ្ចក់ការដាក់អាណានិគមលើទឹកដីប៉ាឡេស្ទីន ហើយត្រូវតែស្វែងរកដំណោះស្រាយ បង្កើតរដ្ឋប៉ាឡេស្ទីនស្មើភាពគ្នាជាមួយអ៊ីស្រាអែល។ ព្រះចៅអាប់ដាឡាទី២ របស់ហ្សកដានីវិញ បានថ្លែងថា ជីវិតប្រជាជនប៉ាឡេស្ទីនក៏មានតម្លៃស្មើជីវិតជនជាតិអ៊ីស្រាអែលដែរ។ស្បៀងចូលបានតែ២០រថយន្ត ច្រករ៉ាហ្វាត្រូវបិទវិញយោងតាមប្រភពព័ត៌មានចុងក្រោយនៅព្រឹកថ្ងៃអាទិត្យទី២២តុលា ច្រករ៉ាហ្វា ដែលបានបើកកាលពីព្រឹកថ្ងៃសៅរ៍ អនុញ្ញាតឲ្យរថយន្តដឹកស្បៀងចូលចំនួន២០គ្រឿងនោះ បានបិទជិតឈឹងទៅវិញហើយ។ ជំនួយមនុស្សធម៌ក្នុងរថយន្តដឹកទាំង២០គ្រឿង ដែលបានចូលហ្កាហ្សាកាលពីម្សិលមិញនេះ គឺមានទំហំត្រឹមតែ៤%ប៉ុណ្ណោះ នៃការនាំចូលទំនិញប្រចាំថ្ងៃរបស់ហ្កាហ្សា កាលពីមិនផ្ទុះសង្គ្រាម។ផ្អែកតាមការិយាល័យកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ គឺគេត្រូវការស្បៀងអាហារចំនួនយ៉ាងហោច១០០កុងទឺន័រ ជារៀងរាល់ថ្ងៃទើបគ្រប់តម្រូវការប្រជាជនហ្កាហ្សា ប្រមាណ២លាន៤សែននាក់។ ក្រៅពីគ្មានទឹកបរិភោគ គ្មានចំណីអាហារ ប្រជាជនហ្កាហ្សា ត្រូវការជាចាំបាច់ នូវថ្នាំពេទ្យ និងបរិក្ខាចាំបាច់ ដើម្បីព្យាបាលសង្គ្រោះអ្នករបួស។តែយ៉ាងណាក៏ដោយ ភាគីអ៊ីស្រាអែលបានបង្ហាញការប្រុងប្រយ័ត្នបំផុត ទាក់ទិននឹងបើកផ្លូវឲ្យរថយន្តដឹកស្បៀងចូលហ្កាហ្សានេះ។ ទីមួយ ភាគីអ៊ីស្រាអែលសង្ស័យថារថយន្តទាំងនោះអាចដឹកអាវុធនិងសម្ភារៈទៅឲ្យក្រុមហាម៉ាស។ ហើយមួយវិញទៀត ស្បៀងទាំងនោះមិនប្រាកដថាបានទៅដល់ដៃប្រជាជនស៊ីវីលប៉ាឡេស្ទីនទេ គឺក្រុមហាម៉ាសនឹងប្រមូលទុកសម្រាប់តែគ្នាគេតែប៉ុណ្ណោះ ដើម្បីរៀបកម្លាំងប្រយុទ្ធតទៅទៀត៕
22-10-2023 • 10 minuten, 15 seconden សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស៖ វិបត្តិចំណាប់ខ្មា ំងរំពឹងលើប្រទេសកាតា?
ចលនាហាម៉ាសបានដោះលែងចំណាប់ខ្មាំងជាតិអាមេរិកពីររូបនៅល្ងាចថ្ងៃសុក្រទី២០តុលា២០២៣។ តើនេះជាពន្លឺនៃក្តីសង្ឃឹមសម្រាប់ចំណាប់ខ្មាំងជាងពីររយនាក់ផ្សេងទៀតដែលកំពុងស្ថិតក្នុងកណ្តាប់ដៃពួកហាម៉ាសនៅហ្កាហ្សាឬ? នៅថ្ងៃសុក្រទី២០តុលានេះ ចលនាហាម៉ាសបានដោះលែងចំណាប់ខ្មាំងជាតិអាមេរិកភេទស្រីពីរនាក់។ ក្រុមកាកបាទក្រហមបានទទួលម្តាយនិងកូននៅព្រំដែន និងជូនដំណើរមកដល់អ៊ីស្រាអែល។ ម្តាយនិងកូន Judith និង Nathalie Raanan ជាចំណាប់ខ្មាំងពីរនាក់ដំបូងដែលបានទទួលការដោះលែង ដោយមានការបញ្ជាក់ច្បាស់លាស់ ពីសំណាក់ក្រុមហាម៉ាស និងអ៊ីស្រាអែល។នៅក្នុងសេចក្តីថ្លែងការណ៍ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានសម្តែងក្តីអំណររីករាយ នៅពេលបានឃើញពលរដ្ឋអាមេរិកពីររូបនេះបានទទួលសេរីភាពវិញ។ លោកប្រធានាធិបតីក៏ឆ្លៀតថ្លែងអំណរគុណកាតានិងអ៊ីស្រាអែលដែលបានដើរតួក្នុងប្រតិបត្តិការស្វែងរកសេរីភាពឱ្យចំណាប់ខ្មាំងនេះ និងបានសន្យាថាសហរដ្ឋអាមេរិកមិនបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទេដរាបណាមិនទាន់អាចនាំពលរដ្ឋអាមេរិកទាំងអស់ឱ្យត្រលប់មកផ្ទះវិញបាន។តើហាម៉ាសនៅមានចំណាប់ខ្មាំងប៉ុន្មាននាក់ក្នុងដៃ?វ៉ាស៊ីនតោនមិនបញ្ជាក់ថាតើមានពលរដ្ឋអាមេរិកប៉ុន្មាននាក់កំពុងជាប់ជាចំណាប់ខ្មាំងរបស់ពួកចលនាហាម៉ាសទេ។ ប៉ុន្តែបើតាមរដ្ឋាភិបាលអ៊ីស្រាអែល មានជនស៊ីវិលនិងទាហានសរុបប្រមាណ២០៣នាក់ ដែលត្រូវពួកកម្មង់ដូហាម៉ាសចាប់ជំរិត និងនាំយកទៅឃុំនៅតំបន់ហ្កាហ្សា នៅពេលពួកគេចូលវាយលុកក្នុងតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧តុលា។ដូច្នេះ នៅមានចំណាប់ខ្មាំង២០១នាក់ទៀតកំពុងស្ថិតក្នុងកណ្តាប់ដៃពួកហាម៉ាស។ ជាង២០នាក់ប្រហែលជាក្មេងមិនទាន់ពេញវ័យ និងប្រមាណពី១០ទៅ២០នាក់ជាមនុស្សចំណាស់អាយុលើស៦០ឆ្នាំ។ ពួកគេមានសញ្ជាតិផ្សេងៗគ្នា (២២សញ្ជាតិ) ក្នុងនោះប្រហែល១០នាក់ជាជនជាតិអាមេរិក យ៉ាងហោច៧នាក់ជាជនជាតិអាល្លឺម៉ង់ និង៨នាក់ជាជនជាតិអាហ្សង់ទីន។ ខាងបារាំងអាចមានដល់៧នាក់ដែរ។ មានព័ត៌មានប្រាកដជាក់ថា មានពលរដ្ឋបារាំងម្នាក់ត្រូវបានពួកហាម៉ាសចាប់ទៅហ្កាហ្សា និង៦នាក់ផ្សេងទៀត ទំនងជាប់ជាចំណាប់ខ្មាំងរបស់ពួកហាម៉ាសដែរ តែមិនច្បាស់។ នេះបើតាមការអះអាងរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ពីរសប្តាហ៍ក្រោយហេតុការណ៍ យោធាអ៊ីស្រាអែលយល់ថាចំណាប់ខ្មាំងភាគច្រើននៅមានជីវិតទេ។ ឯចំណែកខាងហាម៉ាស បាននិយាយថាមានចំណាប់ខ្មាំងក្នុងដៃប្រមាណពី២០០ទៅ២៥០នាក់ ក្នុងនោះ២២នាក់បានស្លាប់ដោយគ្រាប់ផ្លោងវាយប្រហាររបស់អ៊ីស្រាអែល។សង្គ្រាមរវាងអ៊ីស្រាអែលនិងចលនាហាម៉ាសរបស់ប៉ាឡេស្ទីន ដែលបង្កឡើងដោយការវាយឆ្មក់ទ្រង់ទ្រាយធំកាលពីថ្ងៃទី ៧តុលា បានឈានចូលដល់សប្តាហ៍ទីបី។ ក្នុងយប់ថ្ងៃសុក្រឆ្លងមកថ្ងៃសៅរ៍ទី ២១តុលានេះ យោធាអ៊ីស្រាអែលនៅតែបន្តវាយប្រហារជញ្ជ្រុំលើតំបន់ហ្កាហ្សា ដោយដៅលើទីតាំងជាទីបញ្ជាការដ្ឋាន ជាកន្លែងបាញ់បង្ហោះមីស៊ីលប្រឆាំងរថក្រោះ និងរចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ចលនាហាម៉ាស ព្រមទាំងដៅបាញ់ក្រុមខ្មាន់កាំភ្លើងនិងអ្នកសង្កេតការណ៍ដែលលាក់ខ្លួននៅតាមអគារនានា។តើអ៊ីស្រាអែលមានប្រតិបត្តិការសង្គ្រោះចំណាប់ខ្មាំងយ៉ាងណា?យោធាអ៊ីស្រាអែលផ្តើមប្រតិបត្តិការដំបូងនៅលើដែនដីប៉ាឡេស្ទីន ដើម្បីរកនិងសម្គាល់ទីតាំងដែលមានសាកសពមនុស្សស្លាប់នៅជិត តំបន់ហ្កាហ្សា។ ហើយគឺភ្នាក់ងារចារកិច្ចរបស់ យោធា ដឹកនាំដោយឧត្តមសេនីយ៍ Nitzan Alon ជាអ្នកទទួលបន្ទុកប្រតិបត្តិការសង្គ្រោះចំណាប់ខ្មាំង។ ក្រុមនេះមានទម្រង់ជាក្រុមការងារកូនកាត់ផ្សំដោយក្រុមអ្នកស្ម័គ្រចិត្តចម្រុះរាប់ពាន់នាក់ បូកនឹងក្រុមអ្នកជំនាញសង្គមស៊ីវិល ព្រមទាំងទ័ពបម្រុងនៃកងចារកិច្ច៨២០០ដ៏ល្បី ជួយយោធាក្នុងការធ្វើជំរឿននិងកំណត់ទីតាំងចំណាប់ខ្មាំង។ អ៊ីស្រាអែលមានក្រុមទ័ពជើងឆើត ដែលគេចាត់ទុកជាក្រុមមានសមត្ថភាពខ្ពស់អាចចេញធ្វើអន្តរាគមន៍សង្គ្រោះជនជាប់ចំណាប់ថ្នូរនៅក្រៅប្រទេសទៀត។ ប៉ុន្តែបញ្ហាចម្បងខ្លាំងគឺ ក្នុងពេលកំពុងមានប្រតិបត្តិការវាយប្រហារ បាញ់ផ្លោង យ៉ាងសន្ធាប់លើតំបន់ហ្កាហ្សាដូច្នេះ ការកំណត់ទីតាំងលាក់ចំណាប់ខ្មាំងត្រូវជួបការលំបាកខ្លាំង។ ម្យ៉ាងទៀត ពួកហាម៉ាស ល្បីខាងចាប់ចំណាប់ថ្នូរជាប្រព័ន្ធដែលគ្រប់គ្រងដោយក្រុមផ្សេងៗជាច្រើនទៀតណាស់។ សូម្បីតែចលនាហាម៉ាសខ្លួនផ្ទាល់ក៏មិនដឹងអស់ និងត្រួតត្រាបានគ្រប់ក្រុមជាអ្នកចាប់ជំរិតផង។តើមានចរន្តចរចាអន្តរជាតិរំដោះចំណាប់ថ្នូរដែរឬទេ?ប្រទេសដែលមានពលរដ្ឋជាប់ចំណាប់ខ្មាំងក្នុងដៃហាម៉ាសច្រើន ដូចយ៉ាងសហរដ្ឋអាមេរិក អង់គ្លេស ឬបារាំង កំពុងសកម្មចរចា ដោយសម្ងាត់ដើម្បីរំដោះពលរដ្ឋមកវិញ បើទោះបីជាផ្លូវការពួកគេផ្តល់អាទិភាពឱ្យអ៊ីស្រាអែលជាអ្នកចេញមុខដោះស្រាយក៏ដោយ។ សេណារីយ៉ូដែលគេលើកឡើងច្រើនជាងគេនោះ គឺការចរចាដោះដូរចំណាប់ខ្មាំងជាថ្នូរនឹងផ្តល់ជំនួយបន្ទាន់ដល់ប្រជាពលរដ្ឋហ្កាហ្សាដែលរងការបិទខ្ទប់ទាំងស្រុងហើយ ត្រូវរងការវាយប្រហារផ្លូវអាកាសរាល់យប់ ព្រមទាំងរងការគំរាមកំហែងវាយលុកផ្លូវគោកទៀត។អ្នកនាំពាក្យចលនាហាម៉ាសបានប្រកាសថាការដោះលែងចំណាប់ខ្មាំងត្រូវធ្វើទៅតាមស្ថានការណ៍។ មានន័យថា គ្មានទេការចរចាជាសមូហភាពសម្រាប់ដោះលែងអ្នកទោសទាំងជាង២០០នាក់ក្នុងពេលតែមួយនោះ។ នេះបើតាមការវិភាគរបស់លោក Hasni Abidi នាយកមជ្ឈមណ្ឌលសិក្សានិងស្រាវជ្រាវពិភពលោកអារ៉ាប់និងមេឌីទែរាណេ នៅក្រុងហ្សឺណែវ ដោយបន្ថែមថា ប្រទេសនីមួយៗត្រូវតែចរចាដោយខ្លួនឯងដើម្បីសេរីភាពរបស់ពលរដ្ឋខ្លួន តាមរយៈអន្តរការីដែលគ្មាននរណាក្រៅពី កាតា អេហ្ស៊ីប និងតួកគីឡើយ។ អន្តរការីដ៏មានសក្តានុពលជាងគេបំផុត គឺមានតែអ្នកដែលធ្លាប់មានប្រវត្តិទំនាក់ទំនងយូរអង្វែងជាមួយក្រុមហាម៉ាស ទើបអាចមានទឹកមាត់និយាយជាមួយមេដឹកនាំចលនានេះបាន។វិបត្តិចំណាប់ខ្មាំងហាម៉ាសអាស្រ័យលើកាតា?ឥលូវគ្រប់គ្នាកំពុងបង្វែរភ្នែកទៅរកកាតា ព្រោះការដោះលែងចំណាប់ខ្មាំងជាតិអាមេរិកពីរនាក់នេះ ជាលទ្ធផលនៃការចរចារបស់តាកា។ ជាប្រទេសដ៏តូចតែមានសមត្ថភាពនិយាយជាមួយគ្រប់ភាគីទាំងអស់នៅក្នុងតំបន់។ បើតាមលោក ហាស្នី អាប៊ីឌីដដែល កាតាជាអន្តរការីដ៏ប្រាកដប្រជាបំផុត អាចទៅនិយាយចរចាពេលណាក៏បាន។ រាជាណាចក្រប្រេងកាតនេះ ស្គាល់ចលនាហាម៉ាសច្បាស់ណាស់ និងជាម្ចាស់ជំនួយហិរញ្ញវត្ថុដ៏ភក្តីបំផុត។ ដូហាដែលឱ្យដីហាម៉ាសបើកការិយាល័យនយោបាយតាំងពីជាង១០ឆ្នាំមកហើយនោះ ទទួលបានការគោរពរាប់អានពីសហរដ្ឋអាមេរិក (សម្ព័ន្ធមិត្តដ៏ស្មោះស័្មគ្ររបស់អ៊ីស្រាអែល) តាមរយៈការអនុញ្ញាតឱ្យអាមេរិកមានមូលដ្ឋានទ័ពក្នុងតំបន់។ដោយឡែក តាកាបានក្លាយជាជំនាញផ្នែករំដោះចំណាប់ខ្មាំងទៅហើយ។ ការដោះលែងអ្នកទោសអាមេរិកនៅអ៊ីរ៉ង់កាលពីថ្មីៗនេះក៏ជាស្នាដៃរបស់កាតាដែរ។ ក្នុងអតីតកាល កាតាបានផ្តល់ឱកាសឱ្យពួកតាលីបង់មានការិយាល័យនៅដូហា និងជួយជ្រុំជ្រែងចរចារហូតអាមេរិកព្រមដកទ័ពចេញពីអាហ្វហ្កានីស្ថានកាលពីឆ្នាំ២០២១។ ដូច្នេះវាមិនមែនជាចម្លែកទេ ដែលបេសកជនបារាំង ឬប្រមុខការទូតអាមេរិកធ្វើដំណើរទៅកាន់ប្រទេសកាតាក្នុងសប្តាហ៍កន្លងទៅថ្មីៗនេះនោះ។ កាតាកំពុងលេងល្បែងមុខពីរ គឺអាចរក្សាទំនាក់ទំនងល្អជាមួយក្រុមភេវនិយម ហើយក្រុមបស្ចិមលោកខ្លះត្រូវដឹងគុណកាតាទៀត។ក្រៅពីកាតា និងអេហ្ស៊ីប ដែលមានប្រវត្តិជាអ្នកចរចាឱ្យអ៊ីស្រាអែលនិងហាម៉ាស ប្រធានាធិបតីតួកគីក៏អាចដើរតួបានល្អដែរ ដោយអះអាងថាបានពិភាក្សាជាមួយចលនាប្រដាប់អាវុធប៉ាឡេស្ទីនដែរ។ កាកបាទក្រហមCICR ប្រចាំតំបន់ដើមបូព៌ា ដែលមានទំនាក់ទំនងជាមួយគ្រួសាររបស់ចំណាប់ខ្មាំងក៏តាំងខ្លួនជាអន្តរការីអព្យាក្រិត្យ និងបានជជែកជាមួយពួកហាម៉ាសដើម្បីសម្រួលឱ្យមានការប្រាស័្រយទាក់ទងរវាងចំណាប់ខ្មាំងនិងសមាជិកគ្រួសារ ក៏ដូចជាសម្រួលដល់ការដោះលែងអ្នកជាចំណាប់ខ្មាំង៕
21-10-2023 • 7 minuten, 34 seconden បោះឆ្នោតសភាប៉ូឡូញ៖ សម្ព័ន្ធបក្សប្រជាធិបតេយ្យនិយមអឺរ៉ុបបានជ័យជំនះ និងបើកទំព័រនយោបាយថ្មី
ជំនោរថ្មីកំពុងតែបោកបក់ មកលើនយោបាយប៉ូឡូញ តាមរយៈការបោះឆ្នោតសភា កាលពីថ្ងៃអាទិត្យទី១៥តុលា។ យោងតាមលទ្ធផលបឋម គណបក្សស្តាំអភិរក្សនិយមមានទំនោរប្រឆាំងអឺរ៉ុប ដែលដឹកនាំប៉ូឡូញប្រមាណ៨ឆ្នាំមកហើយនោះ បានបាត់បង់សំឡេងភាគច្រើនក្នុងសភាហើយ។ ចំណែកសម្ព័ន្ធបក្សប្រជាធិបតេយ្យនិងកណ្តាលនិយម ដែលមានទំនោរនិយមអឺរ៉ុប កំពុងតែឈានទៅមានជ័យជំនះ អាចបង្កើតរដ្ឋាភិបាលចម្រុះបាន។ ទំនោរនយោបាយប្រជាធិបតេយ្យនិងកណ្តាលនិយម ដែលនឹងមកដឹកនាំប៉ូឡូញ បានធ្វើឲ្យសហភាពអឺរ៉ុប និងជាពិសេសគឺអ៊ុយក្រែន បានធូរទ្រូង ខណៈក្រុមបក្សនយោបាយស្តាំនិយមជ្រុល បានបង្ហាញការជំទាស់កាន់តែខ្លាំង ទៅលើកម្លាំងសាមគ្គីរួមរបស់អឺរ៉ុប នៅក្នុងការបន្តជួយអ៊ុយក្រែន។បក្សស្តាំនិយមបាត់បង់សំឡេងភាគច្រើនក្នុងសភាផ្អែកតាមលទ្ធផលបឋម ភ្លាមៗក្រោយចប់ការបោះឆ្នោត ចេញផ្សាយដោយបណ្តាញព័ត៌មាន Polsat News នៅយប់ថ្ងៃអាទិត្យទី១៥តុលា គឺគណបក្សស្តាំអភិរក្សនិយម PiS ដែលដឹកនាំរដ្ឋាភិបាលប៉ូឡូញ ៨ឆ្នាំមកហើយនោះ បានទទួលសំឡេងឆ្នោតនាំមុខគេ ប្រមាណ៣៦,៦%។ តែយ៉ាងណា ជាមួយនឹងសំឡេងឆ្នោតនេះ គឺបក្ស PiS របស់លោក Jaroslaw Kaczynski អាចបានអាសនៈក្នុងសភា ចំនួនតែ១៩៨អាសនៈទេ ពោលគឺមិនគ្រប់២៣១អាសនៈ ដែលជាសំឡេងភាគច្រើន។ ចំណែកបក្សស្តាំនិយមជ្រុល ដែលជាសម្ព័ន្ធមិត្តរបស់បក្ស PiS ក៏បានចាញ់ក្រែលដែរ បានសំឡេងឆ្នោតប្រមាណតែ៦,៤% ដែលស្មើនឹង១៤អាសនៈ។ចំណែកគណបក្សសម្ព័ន្ធពលរដ្ឋ (KO) ដែលដឹកនាំដោយលោកដូណាល់ ទូសក៍ អតីតប្រធានក្រុមប្រឹក្សាអឺរ៉ុប បានទទួលជ័យជំនះលេខរៀងទី២ ជាមួយនឹងសំឡេងឆ្នោតប្រមាណ៣១%។ លេខរៀងទី៣ គឺបានទៅលើបក្សកណ្តាលនិយម បានសំឡេងឆ្នោត ១៣,៥% ខណៈគណបក្សឆ្វេងនិយមថ្មី បានសំឡេងឆ្នោត ៨,៦%។ គណបក្សប្រជាធិបតេយ្យនិយមទាំងបីនេះ អាចនឹងចងក្រងគ្នាជាសម្ព័ន្ធ បានចំនួនអាសនៈសរុបប្រមាណ២៤៨អាសនៈ ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលចម្រុះ។ថ្លែងទៅកាន់សមាជិកសមាជិកា កាលពីយប់ថ្ងៃអាទិត្យ លោក ដូណាល់ ទូសក៍ បានលើកឡើងថា លោកធ្វើនយោបាយច្រើនឆ្នាំមកហើយ តែមិនដែលសប្បាយចិត្តដូចពេលនេះទេ។ លោកដូណាល់ ទូសក៍ ដែលគេរំពឹងថានឹងក្លាយជាអនាគតនាយករដ្ឋមន្ត្រីប៉ូឡូញ បានអះអាងថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប៉ូឡូញ ព្រោះវានឹងបិទបញ្ចប់ ទំព័រអំណាចនយោបាយដឹកនាំដោយពួកស្តាំនិយមជ្រុល។ តែយ៉ាងណាក៏ដោយ នៅមានឧបសគ្គច្រើនទៀត ដែលរងចាំរារាំងអនាគតរដ្ឋាភិបាលថ្មី នៃសម្ព័ន្ធបក្សប្រជាធិបតេយ្យប៉ូឡូញ។តើបក្សស្តាំនិយម អាចបន្តបង្កការលំបាកបែបណាខ្លះ មកលើសម្ព័ន្ធបក្សប្រជាធិបតេយ្យ?ជាបឋម គឺសម្ព័ន្ធបក្សប្រជាធិបតេយ្យដឹកនាំដោយលោក ដូណាល់ ទូសក៍ ត្រូវរងចាំពេលច្រើនសប្តាហ៍ ឬអាចដល់ច្រើនខែផង មុននឹងអាចបង្កើតរដ្ឋាភិបាលចម្រុះបាន ព្រោះថានៅមានឧបសគ្គច្រើន។ បើផ្អែកទៅលើលទ្ធផលបោះឆ្នោតកាលពីថ្ងៃអាទិត្យ គឺបក្សស្តាំអភិរក្ស PiS ទេ ដែលបានសំឡេងឆ្នោតនាំមុខគេ ហើយតាមច្បាប់កំណត់ គឺលោកប្រធានាធិបតីប៉ូឡូញ នឹងត្រូវប្រគល់តួនាទីបង្កើតរដ្ឋាភិបាលថ្មី ទៅបក្សដែលបានឈ្នះឆ្នោតលេខរៀងទី១ ដោយទុកពេល២សប្តាហ៍។ ប្រសិនបើបរាជ័យ ធ្វើមិនបានព្រោះថាគ្មានសំឡេងភាគច្រើនក្នុងសភាគ្រប់គ្រាន់ នោះទើបក្រុមសម្ព័ន្ធបក្សដែលមានសំឡេងភាគច្រើនក្នុងសភា អាចស្នើបង្កើតរដ្ឋាភិបាលចម្រុះរបស់ខ្លួនបាន។ យោងតាមការវិភាគ គឺក្រុមបក្សស្តាំនិយម អាចនឹងអូសបន្លាយពេលវេលា ទំរាំដល់ពេលដែលប៉ូឡូញអាចមានរដ្ឋាភិបាលថ្មីនឹងន គឺប្រហែល២ខែទៀតឯណោះ។មួយវិញទៀត ទោះបីបក្សស្តាំនិយមបាត់បង់សំឡេងភាគច្រើននៅក្នុងសភា ព្រមទាំងរដ្ឋាភិបាលក៏ដោយ តែបក្សនេះនៅមានបង្អែកច្រើនណាស់ ដើម្បីដាក់ជើងរារាំងរដ្ឋាភិបាលថ្មី។ ស្ថាប័នសំខាន់ៗមួយចំនួន ស្ថិតនៅក្នុងដៃបក្សស្តាំនិយម តួយ៉ាង តុលាការកំពូល ទូរទស្សន៍សាធារណៈ និងធនាគារជាតិប៉ូឡូញ។ ជាងនេះទៀត ក្រុមស្តាំនិយម អាចសង្ឃឹមលើ “អំណាចជំទាស់” របស់លោកប្រធានាធិបតីប៉ូឡូញ Andrzej Duda ដែលមានទំនោរស្តាំអភិរក្សនិយមដែរ។លោក Antoni Dudek ប្រវត្តិវិទូ ជំនាញនយោបាយប៉ូឡូញ បានលើកឡើងថា អនាគតរដ្ឋាភិបាលថ្មីរបស់សម្ព័ន្ធបក្សប្រជាធិបតេយ្យ នឹងត្រូវជួបការលំបាកច្រើនណាស់ ព្រោះថាប្រព័ន្ធទាំងមូលដែលរៀបចំឡើងដោយពួកស្តាំនិយម មានទំនោរប្រឆាំងពួកគេ។ អ្វីៗគឺវាអាស្រ័យលើ គោលជំហររបស់លោកប្រធានាធិបតី Andrzej Duda។ អនាគតរដ្ឋាភិបាលចម្រុះ អាចត្រូវទ្រាំលំបាក យ៉ាងហោចក៏ដល់ឆ្នាំ២០២៥ដែរ មុននឹងមានការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី។ តាមការវិភាគរបស់អ្នកជំនាញនយោបាយជាច្រើននាក់ គឺបេក្ខជនប្រធានាធិបតីមកពីបក្សស្តាំនិយម អាចនឹងគ្មានសង្ឃឹមឈ្នះទេ នៅឆ្នាំ២០២៥។កត្តាអ្វីខ្លះ ដែលធ្វើឲ្យបក្សស្តាំនិយមប៉ូឡូញ បាត់បង់ការគាំទ្រ? ការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ គឺមានអត្រាអ្នកចូលរួមបោះឆ្នោត ដល់ទៅ ៧២,៩%។ ជាអត្រាខ្ពស់បំផុតមិនធ្លាប់មានទេ ក្នុងប្រវត្តិសាស្ត្រប្រជាធិបតេយ្យប៉ូឡូញ ទោះបីការបោះឆ្នោតលើកទី១ នៅក្រោយការដួលរលំរបបកុម្មុយនីស្តសហភាពសូវៀត នៅឆ្នាំ១៩៨៩ ក៏នៅទាបជាងដែរ។ កាលពីយប់ថ្ងៃអាទិត្យ មណ្ឌលបោះឆ្នោតខ្លះ ដល់ម៉ោង៩យប់ជាម៉ោងត្រូវបិទហើយ ក៏នៅមានមនុស្សមកឈររងចាំ ចូលទៅបោះឆ្នោតដែរ។ នេះស្តែងឲ្យឃើញ អំពីឆន្ទៈរបស់ប្រជាជនប៉ូឡូញ ក្នុងការប្រើសិទ្ធិរបស់ខ្លួន ដើម្បីក្តាប់ជោគវាសនាប្រទេសជាតិ បន្ទាប់ពីបានឆ្លងកាត់ការដឹកនាំ៨ឆ្នាំ របស់មេដឹកនាំស្តាំនិយម គឺលោក Jaroslaw Kaczynski។រដ្ឋាភិបាលស្តាំអភិរក្សនិយមរបស់លោក Jaroslaw Kaczynski ត្រូវបានគេសំឡឹងឃើញថា មានទំនោរកាន់តែប្រឆាំងនឹងអឺរ៉ុប ហើយមិនត្រឹមប៉ុណ្ណោះទេ គឺបានបង្កបញ្ហាធ្វើឲ្យបាក់បែកសង្គម ជាជាងការរកដំណោះស្រាយផ្សះផ្សារសង្គមជាតិ។ រដ្ឋាភិបាលនេះ បានឃោសនាបំបែកសង្គមប៉ូឡូញ ជាក្រុមប្រឆាំងគ្នា គំនិតអភិរក្សនិយម ប្រឆាំងនឹងគំនិតចម្រើនសេរីនិយម ប្រឆាំងស្អប់ខ្ពើមអ្នកស្រលាញ់ភេទដូចគ្នា និងប្រឆាំងស្អប់ជនបរទេសជាដើម។យុវជន និងស្ត្រី ចង់ឃើញប៉ូឡូញមានគោលនយោបាយបើកចំហយោងតាមការធ្វើស្ថិតិ យុវជនប៉ូឡូញអាយុចន្លោះ ពី១៨ ដល់២៩ឆ្នាំ បានទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ដែលក្នុងនោះ គឺមានជិត៦៣% បានបោះឆ្នោតឲ្យក្រុមគណបក្សប្រជាធិបតេយ្យ ខណៈបក្សស្តាំនិយមបានត្រឹមតែ ជាង១៤%។ អ្វីដែលគួរឲ្យកត់សំគាល់មួយទៀតនោះ គឺសន្លឹកឆ្នោតរបស់ស្ត្រី បានក្លាយជាអាវុធដ៏មានប្រសិទ្ធភាព ដើម្បីបិទបញ្ចប់គោលនយោបាយបំបិទសិទ្ធិសេរីភាពស្ត្រី របស់រដ្ឋាភិបាលស្តាំនិយមដឹកនាំដោយលោក Jaroslaw Kaczynski។ កាលពីឆ្នាំ២០២០ តុលាការកំពូលប៉ូឡូញ ដែលស្ថិតក្នុងដៃពួកស្តាំនិយម បានហាមឃាត់ស្ត្រីមិនឲ្យមានសិទ្ធិរំលូតកូន។ តាមរយៈការបោះឆ្នោតថ្ងៃទី១៥តុលា ស្ត្រីប្រមាណ៧០% បាននាំគ្នាទៅបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីឲ្យបក្សប្រឆាំង ដើម្បីឈានទៅចារ ការពារសិទ្ធិរំលូតកូនរបស់ស្ត្រីនៅក្នុងច្បាប់។ដោយឡែក លោក Michal Szczerbar សមាជិកសភាប៉ូឡូញមកពីសម្ព័ន្ធពលរដ្ឋ បានលើកឡើង អ្វីដែលប្រជាជនប៉ូឡូញ ចង់បានតាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ គឺចង់ឃើញប៉ូឡូញក្លាយជាដៃគូដ៏គួរឲ្យទុកចិត្តឡើងវិញ នៅក្នុងមហាគ្រួសារសហភាពអឺរ៉ុប នៅក្នុងក្របខណ្ឌសហគមន៍អន្តរជាតិ ជាក់ស្តែងក្នុងសំណុំរឿងអ៊ុយក្រែន។ ប្រជាជនប៉ូឡូញ ចង់ឃើញប្រទេសខ្លួនដោះស្រាយវិវាទទាំងអស់ជាមួយសហភាពអឺរ៉ុប ដើម្បីអាចចាប់ផ្តើមទទួលបានកញ្ចប់ថវិកាផ្តល់សន្ទុះសេដ្ឋកិច្ច។ ដូច្នេះ ប៉ូឡូញត្រូវតែមានអ្នកដឹកនាំថ្មី ដែលជាមនុស្សធ្វើឲ្យទុកចិត្តបាន មិនថានៅក្នុងក្រសែភ្នែកអឺរ៉ុប និងសហគមន៍អន្តរជាតិទាំងមូល។ មនុស្សនោះ គឺលោក ដូណាល់ ទុសក៍។លោក Michal Szczerbar បានអះអាងថា សម្ព័ន្ធបក្សប្រជាធិបតេយ្យដែលនឹងបង្កើតរដ្ឋាភិបាលចម្រុះថ្មី មានកម្មវត្ថុរួមគ្នា នាំប៉ូឡូញឲ្យក្លាយជាដៃគូរគួរឲ្យទុកចិត្តលើឆាកអន្តរជាតិ ហើយរៀបចំគោលនយោបាយផ្សះផ្សារសង្គម រស់នៅដោយសុខសន្តិភាពនឹងគ្នា តាមរយៈការការពារសិទ្ធិសេរីភាពស្ត្រី និងក្រុមមនុស្សអ្នកស្រលាញ់ភេទដូចគ្នាជាដើម។ ទាំងអស់នេះ វាគឺជាការរំពឹងចង់បានរបស់យុវជនប៉ូឡូញ៕
16-10-2023 • 8 minuten, 34 seconden អឺរ៉ុបបារម្ភខ្លាចថា សង្រ្គាមអ៊ីស្រាអែល-ហាម៉ាសប៉ាឡ េស្ទីនរញ្ជួយឲ្យកើតមានអំពើហិង្សាចូលដល់ទឹកដីអឺរ៉ុប
សង្រ្គាមអ៊ីស្រាអែល ហាម៉ាសប៉ាឡេស្ទីនកាន់តែធ្លាក់ផុងជ្រៅ។ ៨ថ្ងៃក្រោយ ការវាយឆ្មក់ទ្រង់ទ្រាយធំក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានសម្លាប់មនុស្សជាង ១៣០០នាក់ នៅក្នុងទឹកដីអ៊ីស្រាអែល កងទ័ពអ៊ីស្រាអែលបន្តបាញ់ប្លោង ទៅលើតំបន់ហ្កាហ្សា សម្លាប់មនុស្សជិត ២០០០នាក់ និងត្រៀមកម្លាំងដើម្បីវាយលុកជើងគោក ក្នុងគោលដៅ គាស់រំលើង ចលនាហាម៉ាសប៉ាឡេស្ទីន។ ការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមប្រដាប់អាវុធហាម៉ាសប៉ាឡេស្ទីនដែលបានសម្លាប់ប្រជាជនស៊ីវិល នៅទឹកដីអ៊ីស្រាអែលបានបណ្តាលឲ្យមានបាតុកម្មបង្ហាញសាមគ្គីភាពជាមួយអ៊ីស្រាអែល។ ប៉ុន្តែ ការវាយប្រហារផ្លូវអាកាស និងការត្រៀមកម្លាំងវាយលុក បោសសម្អាតកុ្រមហាម៉ាសប៉ាឡេស្ទីន ដែលបានសម្លាប់មនុស្ស និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅទឹកដីហ្កាហ្សា កំពុងបណ្តាលឲ្យផ្ទុះមានបាតុកម្មប្រឆាំង ស្អប់អ៊ីស្រាអែល នៅតាមបណ្តាប្រទេសអារ៉ាប់ និងប្រទេសសំបូរប្រជាជនកាន់សាសនាអ៊ីស្លាម។ ភ្លើងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនកំពុងឆេះសន្ធោសន្ធៅ ជាពិសេសនៅតំបន់ហ្កាហ្សា ជាទី ដែលអ៊ីស្រាអែល នៅ៧ថ្ងៃមកនេះបានបាញ់ប្លោង ទម្លាក់គ្រាប់បែក សឹងមិនលោះថ្ងៃ។ តាមអាជ្ញាធរប៉ាឡេស្ទីន ការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលគិតមកត្រឹមថ្ងៃសុក្រ បានសម្លាប់មនុស្សជាង ១៥០០នាក់ ដែលនៅក្នុងនោះ មានកុមារ ៥០០នាក់ និងបានបំផ្លាញអគារជាង ១៣០០នៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ។អ៊ីស្រាអែលបាញ់សម្លាប់មេចលនាហាម៉ាស៨ថ្ងៃក្រោយបាញ់ប្លោងទៅលើជំរំ អគារ រូងក្រោមដី ដែលអ៊ីស្រាអែល ជឿថា ជាកន្លែងលាក់ខ្លួនរបស់ក្រុមហាម៉ាសប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា អ្នកនាំពាក្យរបស់កងទ័ពអ៊ីស្រាអែលបានអះអាងនៅថ្ងៃសៅរ៍នេះថា ការវាយប្រហារផ្លូវអាកាសបានសម្លាប់ Al Qadi មេបញ្ជាការកងពល Nukhba ដែលជាក្រុមទាហានឆ្នើមរបស់ហាម៉ាស និងជាអ្នកដែលដឹកនាំការវាយប្រហារឆ្មក់ចូលទឹកដីអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។តាមអ្នកនាំពាក្យខាងលើ កងទ័ពអ៊ីស្រាអែលនិងទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងបានទទួលព័ត៌មានគួរឲ្យជឿជាក់ដែលថា Al Qadi មេបញ្ជាការកងពល Nukhbaរបស់ចលនាហាម៉ាសស្លាប់នៅក្នុងការវាយប្រហារផ្លូវអាកាស។មានអាយុ ៣៧ឆ្នាំ Al Qadi ជាជនជាតិប៉ាឡេស្ទីន មានដើមកំណើតចេញពី Ramallha របស់ស៊ីហ្សកដានី ដែលជាទឹកដីមួយទៀតរបស់ប្រជាជនប៉ាឡេស្ទីន។ តាមអ្នកនាំពាក្យរប់សកងទ័ពអ៊ីស្រាអែល Al Qadi ដែលចលនាហាម៉ាសធ្លាប់បញ្ជាក់ថា ជាមេបញ្ជាការរបស់ក្រុមប្រដាប់អាវុធឆ្នើម Nukhba ធ្លាប់ស្ថិតក្នុងចំណោមអ្នកទោសប៉ាឡេស្ទីន ដែលអ៊ីស្រាអែលដោះលែង និងចាប់បញ្ជូនឲ្យទៅរស់នៅ ហ្កាហ្សា នៅឆ្នាំ ២០១១ នៅក្នុងក្របខ័ណ្ឌដោះដូរអ្នកទោស រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ភាគីហាម៉ាសនៅថ្ងៃសៅរ៍ទី ១៤តុលា បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ទាក់ទងនឹងព័ត៌មានដែលថា មេបញ្ជាការម្នាក់របស់ខ្លួនស្លាប់នៅក្នុងការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល។បាតុកម្មគាំទ្រប៉ាឡេស្ទីនកំពុងគ្របដណ្តប់សមានចិត្តសំដែងសាមគ្គីភាពជាមួយអ៊ីស្រាអែលនៅចំពោះមុខការវាយប្រហារដ៏សន្ធឹករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា ដែលបានសម្លាប់ប្រជាជនស៊ីវិល និងបណ្តាលឲ្យប្រជាជនប៉ាឡេស្ទីន រាប់សែននាក់រត់ភៀសខ្លួន គេចចេញពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បាតុកម្មដើម្បីបុព្វហេតុប៉ាឡេស្ទីនបានបន្លឺឡើងជាបន្តបន្ទាប់ ជាពិសេសនៅតាមបណ្តាប្រទេសអារ៉ាប់ និងនៅប្រទេសដែលមានប្រជាជនកាន់សាសនាអ៊ីស្លាម។ តាំងពីប្រទេសនៅតំបន់ដើមបូព៌ា អេហ្ស៊ីប ហ្សកដានី លីបង់ ស៊ីរី យេម៉ែន អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន រហូតអាហ្វ្រិក ដូចជាលីប៊ី អាល់ហ្សេរី ម៉ារ៉ុក និងនៅអាស៊ី ដូចជា បង់ក្លាដែស ឥណ្ឌូណេស៊ី ម៉ាឡេស្ទី ប៉ាគីស្ថាន ប្រជាជនរាប់ពាន់ រាប់ម៉ឺននាក់ ចុះថ្នល់ធ្វើបាតុកម្ម លើកទង់ជាតិប៉ាឡេស្ទីន និងទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់ ការប្រើកម្លាំងយោធា ដ៏ហិង្សាទៅលើប្រជាជនស្លូតត្រង់ប៉ាឡេស្ទីនដែលកំពុងនៅជាប់គាំងក្នុងតំបន់ហ្កាហ្សា។នៅប្រទេសមួយចំនួន ដូចជាអ៊ីរ៉ង់ អ៊ីរ៉ាក់ និងប៉ាគីស្ថាន បាតុករដុតទង់ជាតិអ៊ីស្រាអែល ទង់ជាតិអាមេរិក និងស្រែកថ្កោលទោសនយោបាយឈ្លានពានធ្វើអាណានិគមនិយមរបស់អ៊ីស្រាអែល ទៅលើទឹកដីប៉ាឡេស្ទីន តាមរយៈការបញ្ជា បណ្តេញប្រជាជនប៉ាឡេស្ទីនឲ្យរើចាកចេញ ដោយកំហិតពីភាគខាងជើងតំបន់ហ្កហ្សា។អឺរ៉ុបកំពុងខ្លាចជម្លោះអ៊ីស្រាអែលប៉ាឡេស្ទីនហៀរចេញពីដើមបូព៌ាភ្លើងសង្រ្គាមកំពុងឆេះសន្ធោសន្ធៅនៅទឹកដីហ្កាហ្សា។ ប៉ុន្តែ ប្រទេសជាច្រើន នៅអឺរ៉ុបកំពុងភ័យបារម្ភខ្លាចពីការជះឥទ្ធិពលរបស់វា រហូតបណ្តាលឲ្យមានបញ្ហាក្នុងសង្គម ជាពិសេសភាពតានតឹង ជម្លោះរវាងសហគមន៍ជនជាតិនៅអឺរ៉ុប។ថ្វីត្បិតថា ជម្លោះប្រដាប់អាវុធ អំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន កើតឡើងនៅអ៊ីស្រាអែល និងប៉ាឡេស្ទីនមែន ប៉ុន្តែ វារមែងជះឥទ្ធិពល រងរញ្ជួយរហូតដល់ទឹកដីអឺរ៉ុប។ ជាក់ស្តែង នៅបារាំង ក្រសួងមហាផ្ទៃបានហាមឃាត់មិនឲ្យមានបាតុកម្មដើម្បីបុព្វហេតុប៉ាឡេស្ទីន ក្នុងហេតុផលថា បាតុកម្មរបស់អ្នកគាំទ្រប៉ាឡេស្ទីន តែងទាក់ទាញឲ្យកើតមានការប្រព្រឹត្តអំពើហិង្សា បង្កអសណ្តាប់ធ្នាប់ និងការប៉ះទង្គិចជាមួយប៉ូលិសបារាំង។តាមការវាយតម្លៃរបស់អ្នកនាំពាក្យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយសារ ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា និងការប្រព្រឹត្តអំពើហិង្សា និង អយុត្តិធម៌របស់អាជ្ញាធរអ៊ីស្រាអែល ទៅលើប្រជាជនប៉ាឡេស្ទីន និន្នាការស្អប់អ្នកកាន់សាសនាជ្វីហ្វ និងសារស្អប់អ្នកកាន់សាសនាអ៊ីស្លាម បានកើនឡើង នៅតាមបណ្តាប្រទេសក្នុងពិភពលោក។ នៅបារាំង អាជ្ញាធររកឃើញ មានសកម្មភាពប្រឆាំងជេរប្រមាថ ជនជាតិជ្វីហ្វជាង១០០ករណី គិតចាប់តាំង មានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ៨ថ្ងៃមកនេះ។ ប៉ូលិសបារាំងបានចាប់ឃាត់ខ្លួនមនុស្ស៤១នាក់ ចំណែកសាលារៀន វិហារអ្នកកាន់សាសនាជ្វីហ្វ ប្រមាណ ៥០០កន្លែងនៅទូទាំងប្រទេសត្រូវដាក់ស្ថិតក្រោមការយាមការបាររបស់ប៉ូលិស កងអាវុធហត្ថបារាំង ចំនួន ១ម៉ឺននាក់។ បារាំងចាត់វិធានការការពារតឹងរ៉ឹងខ្លាំង ព្រោះបារាំងជាប្រទេសនាំមុខគេនៅអឺរ៉ុបដែលមានសហគមន៍ជ្វីហ្វរស់នៅច្រើនជាងគេ ប្រមាណ ៥សែននាក់ ប៉ុន្តែ បារាំងក៏មានប្រជាជនកាន់សាសនាអ៊ីស្លាមច្រើនសម្បើមដែរ ប្រមាណ ៦លាននាក់ ពោលគឺស្មើនឹង៩%នៃប្រជាជនបារាំងសរុប។ក្រៅពីបារាំង អាល្លឺម៉ង់ និងប្រទេសនៅអឺរ៉ុបមួយចំនួនទៀត បានចាត់វិធានការតឹងរ៉ឹងដូចគ្នានេះដែរ ដើម្បីបង្កាទប់ស្កាត់កុំឲ្យមានបញ្ហាសង្គម ជាពិសេស ការស្អប់រើសអើងសហគមន៍ជ្វីហ្វ។ នៅអង់គ្លេស នៅពេលមានការវាយប្រហារខ្លាំងរបស់កងទ័ពអ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សាដើម្បីសងសឹកនឹងការវាយឆ្មក់សម្លាប់មនុស្សរបស់ក្រុមហាម៉ាសនៅក្នុងទឹកដីអ៊ីស្រាអែល ចៅហ្វាយក្រុងឡុងដ៍ធ្លាប់បានអំពាវនាវឲ្យប្រជាជនកាន់សាសនាជ្វីហ្វនៅអង់គ្លេស ស្ថិតនៅតែក្នុងផ្ទះ។ អង់គ្លេសបានអនុញ្ញាតឲ្យមានបាតុកម្មលើកទង់ជាតិប៉ាឡេស្ទីននៅថ្ងៃសុក្រ ប៉ុន្តែហាមមិនឲ្យបាតុកម្មគាំទ្រក្រុមហាម៉ាស ដែលអង់គ្លេសចាត់ចូលក្នុងបញ្ជីក្រុមភេរវនិយមអន្តរជាតិ។ដោយសារសង្រ្គាមអ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា សហគមន៍ជនជាតិជ្វីហ្វ នៅអឺរ៉ុប ត្រូវរស់នៅក្នុងការភ័យខ្លាចជាប់ជានិច្ច។ នៅហូឡង់ អេស្ប៉ាញ ប៉ូលិសត្រូវដាក់ពង្រាយ នៅតាមវិហារ និងមុខសាលារៀនជ្វីហ្វ នៅបន្ទាប់ពី ចលនាហាម៉ាសប៉ាឡេស្ទីនស្រែកអំពាវនាវឲ្យគេសម្លាប់ជនជាតិជ្វីហ្វនៅគ្រប់កន្លែងក្នុងពិភពលោក។
14-10-2023 • 6 minuten, 33 seconden អ៊ីស្រាអែលបិទខ្ទប់ហ្កាហ្សាទាំងស្រុងនិងគ្រោង បើកប្រតិបត្តិការកម្ទេចចលនាហាម៉ាស
៧២ម៉ោងក្រោយការវាយឆ្មក់ទ្រង់ទ្រាយធំរបស់ពួកហាម៉ាស យោធាអ៊ីស្រាអែលបានបន្តបាញ់ផ្លោងលើតំបន់ហ្កាហ្សា និងបិទខ្ទប់តំបន់នេះទាំងស្រុង ព្រមទាំងប្រមូលកងកម្លាំងទ័ពបម្រុងរាប់ម៉ឺននាក់។ អ៊ីស្រាអែលចង់កម្ទេចចលនាហាម៉ាសឱ្យរលត់រលាយអស់។ ចំណែកខាងប៉ាឡេស្ទីន ចលនាហាម៉ាសបានគំរាមសម្លាប់ចំណាប់ខ្មាំងវិញ ដើមតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល។ ចំនួនមនុស្សស្លាប់បាត់បង់ជីវិត ក្នុងរយៈពេលបីថ្ងៃនៃការតតាំងគ្នារវាងអ៊ីស្រាអែល-ហាម៉ាសបានឡើងដល់ជាង១២០០នាក់។ ខាងអ៊ីស្រាអែលមានស្លាប់ជាង៧០០នាក់និងរបួស២១៥០នាក់។ ចំណែកខាងប៉ាឡេស្ទីនមានស្លាប់ជាង៥៦០នាក់ និងអ្នករងរបួសប្រមាណ២៩០០នាក់ នៅតំបន់ហ្កាហ្សា ដែលយោធាអ៊ីស្រាអែលបន្តវាយប្រហារ និងកាត់ផ្តាច់ឱ្យនៅឯកាកាន់តែខ្លាំង។តើតំបន់ហ្កាហ្សាមានស្ថានភាពយ៉ាងណា?តំបន់ហ្កាហ្សាដែនដីមួយចំណិតរបស់ប៉ាឡេស្ទីនមានទទឹងតែ៦-១២គីឡូម៉ែត្រ និងបណ្តោយតែ៤១គីឡូម៉ែត្រ នៅជាប់សមុទ្ទមេឌីទែរ៉ាណេ ត្រូវអ៊ីស្រាអែលបិទត្រួតត្រាសេរីភាពនៃការធ្វើដំណើរចេញចូលតាំងពីឆ្នាំ២០០៧មក ប៉ុន្តែពេលនេះហ្កាហ្សាត្រូវឡោមព័ទ្ធជិតដោយទាហានអ៊ីស្រាអែលជាច្រើនពាន់នាក់។ ជាងនេះទៅទៀត រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានប្រកាសបិទខ្ទប់តំបន់ទាំងស្រុងតែម្តង។ បន្ទាប់ពីផ្អាកការផ្តល់ថាមពលអគ្គិសនី-ហ្កាស និងជំនួយស្បៀងអាហារ អាជ្ញាធរអ៊ីស្រាអែលបានកាត់ផ្តាច់ទឹក ដែលអ៊ីស្រាអែលបង្ហូរទៅឱ្យហ្កាហ្សាក្នុងកំរិត១០%ក្នុងមួយឆ្នាំ។ដើម្បីសងសឹកនឹងការវាយឆ្មក់ទ្រង់ទ្រាយធំរបស់ពួកចលនាហាម៉ាសកាលពីថ្ងៃទី៧តុលា យោធាអ៊ីស្រាអែលបានបើកប្រតិបត្តិការផ្លូវអាកាសទម្លាក់គ្រាប់បែកឥតដាច់លើទីតាំងជាច្រើន ដែលជារចនាសម្ព័ន្ធយោធារបស់ចលនាហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា។ យោធាអ៊ីស្រាអែលបានប្រកាសគ្រប់គ្រងស្ថានការណ៍តំបន់ភាគខាងត្បូងនៃប្រទេសដែលផ្ទាំងស៊ីបនៃការវាយហាម៉ាសបានវិញហើយ តែអ្នកនាំពាក្យយោធាអ៊ីស្រាអែលយល់ថាអាចនៅមានសេសសល់ភេរវជនខ្លះក្នុងតំបន់។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ បានសន្យានៅល្ងាចថ្ងៃចន្ទទី ៩តុលាថាអ៊ីស្រាអែលនឹងធ្វើឱ្យក្រុមហាម៉ាសរស់យ៉ាងលំបាកនិងវេទនាបំផុត ព្រោះអ៊ីស្រាអែលនឹងឈ្នះដោយប្រើកម្លាំង-ជាកម្លាំងដ៏មហិមា ឯប្រជាពលរដ្ឋប៉ាឡេស្ទីននៅហ្កាហ្សាត្រូវប្រឈមនឹងសង្គ្រាមដ៏ធ្ងន់ធ្ងរ និងដ៏វែង។ប៉ុន្តែចលនាហាម៉ាស បានគំរាមតាមរយៈសេចក្តីថ្លែងការណ៍វិញថា បើសត្រូវមិនយល់ភាសាមនុស្សធម៌ ហាម៉ាសនឹងប្រើភាសាណាដែលអ៊ីស្រាអែលយល់។ ពោលគឺ នៅពេលណាមានពលរដ្ឋប៉ាឡេស្ទីនណាម្នាក់បានស្លាប់ក្នុងការវាយប្រហារដោយឥតព្រៀងទុក ហាម៉ាសនឹងផ្តាច់ជីវិតចំណាប់ខ្មាំងស៊ីវិលអ៊ីស្រាអែលម្នាក់វិញដែរ។ បើតាមរដ្ឋាភិបាលអ៊ីស្រាអែល នៅពេលពួកហាម៉ាសវាយលុកចូលក្នុងដែនដីអ៊ីស្រាអែលពួកគេបានចាប់ជនស៊ីវិលបានប្រមាណជិត១៥០នាក់ជាចំណាប់ខ្មាំង។បិទខ្ទប់តំបន់ហ្កាហ្សាទាំងស្រុងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ?ការឆ្មក់វាយប្រហាររបស់ចលនាហាម៉ាស បានរងការថ្កោសទោសពីគ្រប់មជ្ឈដ្ឋាន ប៉ុន្តែការសម្រេចបិទខ្ទប់ទាំងស្រុងតំបន់ហ្កាហ្សាដែលមានប្រជាពលរដ្ឋប៉ាឡេស្ទីនស៊ីវិលជាង២លាន៣សែននាក់រស់នៅ ក៏កំពុងតែធ្វើឱ្យសហគមន៍អន្តរជាតិជ្រួលច្របល់មិនតិចដែរ។ការបិទខ្ទប់តំបន់មួយទាំងស្រុង ដែលនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិតជនស៊ីវិល បង្អត់សេចក្តីត្រូវការចាំបាច់សម្រាប់រស់ មានចែងហាមឃាត់ក្នុងច្បាប់មនុស្សធម៌អន្តរជាតិ។ នេះបើតាមការរំលឹករបស់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការប្រជាជាតិ នៅព្រឹកថ្ងៃអង្គារទី ១០តុលា។ លោក Volker Turk ក៏បានបង្ហាញភាពតក់ស្លុតនិងអាម៉ាសនៅចំពោះមុខវិធីប្រហារជីវិតរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ដោយស្នើសុំឱ្យក្រុមនេះដោះលែងចំណាប់ខ្មាំងនិងអ្នកទោសស៊ីវិលភ្លាម និងដោយគ្មានលក្ខខណ្ឌ។លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែកស៍ ក៏បានទទួលស្គាល់ដែរថាលោកព្រួយបារម្ភនឹងការប្រើសិទ្ធិការពារខ្លួនដ៏ស្របច្បាប់របស់អ៊ីស្រាអែល។ លោកជ្រួលច្របល់ក្នុងចិត្តខ្លាំងណាស់នៅពេលឮអ៊ីស្រាអែលប្រកាសបិទខ្ទប់ទាំងស្រុង។ ក្នុងន័យនេះលោកបានប្រកាសរំលឹកអ៊ីស្រាអែលថាប្រតិបត្តិការយោធាត្រូវតែរៀបចំធ្វើឡើងដោយគោរពសិទ្ធិមនុស្សធម៌អន្តរជាតិ។ ត្រូវការពារនិងគោរពជីវិតជនស៊ីវិល។ រចនាសម្ព័ន្ធស៊ីវិល មានជាអាទិ៍មន្ទីរពេទ្យ សាលារៀន កន្លែងស្នាក់នៅ មិនត្រូវក្លាយជាចំណុចវាយប្រហារទេរបស់យោធាអ៊ីស្រាអែលទេ។សហភាពអឺរ៉ុបបានប្រកាសបើកប្រជុំបន្ទាន់នៅថ្ងៃអង្គារនេះ ដោយអញ្ជើញប្រមុខការទូតអ៊ីស្រាអែលនិងប៉ាឡេស្ទីនចូលរួមផង។ ប្រមុខដឹកនាំតួកគីនិងអេហ្ស៊ីប ព្រមទាំងកាតា កំពុងសាកល្បងដើរតួជាអន្តរការី។តើអ៊ីស្រាអែលកំពុងឈានទៅបើកប្រតិបត្តិការកម្ចាត់ពួកហាម៉ាសអស់តាមវិធីណា?យោលទៅលើចំនួនទ័ពបម្រុងប្រមាណ៣សែននាក់ ដែលអ៊ីស្រាអែលប្រមូលបានក្នុងរយៈពេលតែ៤៨ម៉ោង បូកនឹងទាហានពេញសិទ្ធិជិតមួយសែននាក់ ដែលផ្តើមមកផ្តុំនៅជុំវិញតំបន់ហ្កាហ្សា ពលរដ្ឋប៉ាឡេស្ទីនចាប់ព្រួយបារម្ភទុកជាមុនថាច្បាស់ជានឹងមានប្រតិបត្តិការវាយកម្ទេចក្រុមយុទ្ធជនហាម៉ាសទ្រង់ទ្រាយធំតាមផ្លូវគោក។ប៉ុន្តែប្រតិបត្តិការបែបនេះ អាចចោទជាបញ្ហាច្រើនសម្រាប់អ្នកដឹកនាំអ៊ីស្រាអែល ព្រោះអាចមានការបាត់បង់មនុស្សច្រើន ទាំងសងខាង ព្រោះតំបន់នេះមានដង់ស៊ីតេប្រជាជនខ្ពស់ ជាផ្ទះរបស់ពួកហាម៉ាសស្រាប់ដែលពួកគេអាចសំងំលាក់ខ្លួននៅគ្រប់ជ្រុង គ្រប់ផ្លូវ គ្រប់រូង ... ចាំស្ទាក់ស្វាគមទាហានអ៊ីស្រាអែល។កម្លាំងយោធាអ៊ីស្រាអែលអាចមានប្រៀបខ្លាំង និងអាចបំផ្លាញរចនាសម្ព័ន្ធរបស់ពួកហាម៉ាស ដូចជា កន្លែងផលិតឬដំឡើងរ៉ុកកែត ផ្លូវក្រោមដីដែលតភ្ជាប់ពីហ្កាហ្សាទៅអេហ្ស៊ីប ទៅអ៊ីស្រាអែល សម្រាប់ឱ្យពួកហាម៉ាសទាក់ទងជាមួយអ្នកនៅក្រៅតំបន់ហ្កាហ្សា ឬកម្ទេចស្តុកអាវុធ គ្រាប់សព្វាវុធ តែមិនងាយកម្ចាត់មេកើយចលនាហាម៉ាសបានដោយងាយៗឡើយ។ ម៉ូហាមេដ Dief មេក្លោងដឹកនាំប្រតិបត្តិការវាយលុកកាលពីថ្ងៃសៅរ៍ ត្រូវបានយុវជនប៉ាឡេស្ទីនចាត់ទុកជាព្រះ។ឧបមាមេកើយក្រុមភេរវនិយមហាម៉ាសត្រូវកម្ចាត់បាន ក៏អ៊ីស្រាអែលមិនអាចកម្ចាត់ពួកគេអស់ដែរ។ អ៊ីស្រាអែលធ្លាប់ឈ្នះនិងសម្លាប់បានមេក្រុម ជាច្រើនដងមកហើយ ក្នុងសង្គ្រាមមុនៗ។ តែនៅហ្កាហ្សា គេមិនអាចកំណត់លទ្ធផលចុងក្រោយថាតើមានស្លាប់ជីវិតទាហានអ៊ីស្រាអែលនិងពលរដ្ឋស៊ីវិលប៉ាឡេស្ទីនប៉ុន្មានទេ។ ហើយបើទោះបីជាឈ្នះ ក៏ត្រូវមានបញ្ហាដែរ។ កម្ចាត់ពួកហាម៉ាសអស់ អ៊ីស្រាអែលនឹងមកធ្វើអាណានិគមលើដែនដីមួយដុំនេះទៀតឬ? អ៊ីស្រាអែលគ្មានអនុស្សាវរីយ៍ល្អនឹងការធ្វើអាណានិគមកិច្ចទេ។ ទុកជនស៊ីវិលជាង២លាននាក់ដោយគ្មានការឃុំគ្រង ចលនាថ្មីនឹងលេចឡើងខ្លាំងជាងហាម៉ាសទៅទៀត។ស្ថាបនិកអ៊ីស្រាអែល លោក David Ben Gourion បានអះអាងនៅឆ្នាំ១៩៥៨ថា ដែនដីហ្កាហ្សាជាអពមង្គលសម្រាប់គ្រប់របប មិនថាសម្រាប់រដ្ឋអ៊ីស្រាអែល របបអ៊ីស្រាអែលជាមួយអង្គការសហប្រជាជាតិ ឬអង្គការសហប្រជាជាតិដោយគ្មានអ៊ីស្រាអែល។ ប៉ុន្តែនោះជាគំនិតកាល៦៦ឆ្នាំមុន តើអាចហួសសម័យទេ?
10-10-2023 • 7 minuten, 26 seconden តើប្រតិបត្តិការវាយប្រហាររបស់ក្រុមហាម៉ាសប៉ា ឡេស្ទីន កើតឡើងដូចម្តេចខ្លះ?
គិតត្រឹមថ្ងៃចន្ទទី៩តុលា ការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតែបន្តយ៉ាងសកម្ម ២ថ្ងៃក្រោយការវាយឆ្មក់ទ្រង់ទ្រាយធំ និងគួរឲ្យភ្ញាក់ផ្អើលបំផុតរបស់ក្រុមហាម៉ាស។ ជាលើកទី១ ដែលក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានសំរុកចូលមកក្នុងទឹកដីអ៊ីស្រាអែល វាយប្រហារសម្លាប់មនុស្សជាច្រើនរយនាក់។ លោកបេនចាមិន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសថា អ៊ីស្រាអែលនឹងធ្វើសង្គ្រាមកំទេចក្រុមហាម៉ាសឲ្យអស់ ហើយថាសង្គ្រាមនេះ គឺជាសង្គ្រាមរយៈពេលវែង។ តើការវាយប្រហាររបស់ក្រុមហាម៉ាសនេះ បានកើតឡើងយ៉ាងដូចម្តេចខ្លះ?នៅព្រឹកថ្ងៃសៅរ៍ទី៧តុលា វេលាទាបភ្លឺ ដែលជាកំឡុងពេល បុណ្យShabbat សំរាកប្រចាំសប្តាហ៍ របស់ប្រជាជនជ្វីហ្វ ក្រុមហាម៉ាសប៉ាឡេស្ទីន បានបើកការវាយឆ្មក់ ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន។ ក្រុមហាម៉ាស បានសំរុកបាញ់គ្រាប់រ៉ុកកែត ជាច្រើនពាន់គ្រាប់ចេញពីតំបន់ហ្កាហ្សា ឆ្ពោះមកកាន់ទឹកដីអ៊ីស្រាអែល ធ្វើឲ្យប្រព័ន្ធខែលរបស់អ៊ីស្រាអែល វង្វេងចាប់លែងឈ្នះ។ស្របពេលជាមួយគ្នានេះ ក្រុមកម្លាំងហាម៉ាសជាច្រើនរយនាក់ បាននាំគ្នាសំរុកចូលមកក្នុងទឹកដីអ៊ីស្រាអែល។ ក្រុមថ្មើរជើង បានប្រើប្រាស់គ្រាប់បែក និងប្រើរថយន្តគ្រឿងចក្រឈូសឆាយ ទៅបើកបំបុកឈូសទម្លាយរបងជញ្ជាំង ដែលខណ្ឌចែកតំបន់ហ្កាហ្សា និងទឹកដីអ៊ីស្រាអែល។ ក្រុមផ្សេងទៀត បានប្រើប្រាស់ឆ័ត្រយោងបំពាក់ដោយម៉ាស៊ីនកង្ការ ហោះរំលងជញ្ជាំង និងមានខ្លះបានប្រើទូកបើកតាមសមុទ្រ ចូលទៅកាន់ទឹកដីអ៊ីស្រាអែល។ចូលទៅដល់ទឹកដីអ៊ីស្រាអែល ក្រុមហាម៉ាស់ បានបើកការវាយប្រហារទៅលើប៉ុស្តិនគរបាល ទីតាំងទាហាន និងបានបាញ់រះទៅលើប្រជាជនស៊ីវីលដោយឥតរើសមុខ។ ក្រុមហាម៉ាស បានសំរុកចូលទៅដល់ក្នុងទីក្រុងមួយចំនួន របស់អ៊ីស្រាអែល ដូចជាទីក្រុង Ashkelon ទីក្រុង Sderot និងទីក្រុង Ofakim ជាដើម ដែលស្ថិតនៅចំងាយប្រមាណជាង២០គីឡូម៉ែត្រ ពីព្រំដែនតំបន់ហ្កាហ្សា។ អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិអ៊ីស្រាអែល បានលើកឡើងថា យ៉ាងហោចណាស់ ក្រុមហាម៉ាសមានគ្នា១០០០នាក់ ដែលបានសំរុកចូលមកក្នុងទឹកដីអ៊ីស្រាអែល។ពួកកងកម្លាំងហាម៉ាស បានដណ្តើមយកសម្ភារៈ និងគ្រឿងសព្វាវុធរបស់កងទ័ពអ៊ីស្រាអែល ព្រមទាំងបានចាប់ចំណាប់ខ្មាំង ទាហាននិងប្រជាជនស៊ីវីលជាច្រើននាក់ថែមទៀតផង។ យោងតាមការិយាល័យព័ត៌មានរដ្ឋាភិបាលអ៊ីស្រាអែល យ៉ាងហោចណាស់ មានមនុស្សជាង១០០នាក់ ដែលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង ដែលក្នុងចំណោមនោះ គឺមានជនជាតិអាមេរិក និងជនជាតិអាល្លឺម៉ង់ជាច្រើននាក់។ ផ្អែកតាមលោក Herzi Halevi អគ្គមេបញ្ជាការកងទ័ពជាតិអ៊ីស្រាអែល គឺក្នុងចំណោមចំណាប់ខ្មាំង មានទាំងកុមារ ស្ត្រី មនុស្សចាស់ជរា ជនពិការ និងទាហានអ៊ីស្រាអែលផង។ ពួកហាម៉ាស បានសំដៅចូលទៅវាយប្រហារយុវជនអ៊ីស្រាអែល ដែលកំពុងជួបជុំគ្នាក្នុងកម្មវិធីប្រគុំតន្រ្តីដ៏ធំមួយ នៅជិតក្រុង Kibboutz។ យោងតាមបណ្តាញព័ត៌មានអ៊ីស្រាអែល នៅទីនោះ ក្រុមហាម៉ាសបានបាញ់សម្លាប់មនុស្សជាង២០០នាក់។អ៊ីស្រាអែលប្រកាសសង្គ្រាមផ្អែកតាមកងទ័ពអ៊ីស្រាអែល គឺក្រុមហាម៉ាស បានបាញ់គ្រាប់រ៉ុកកែត ចំនួនជាង៣០០០គ្រាប់ នៅព្រឹកថ្ងៃសៅរ៍។ កងទ័ពអ៊ីស្រាអែល បានប្រកាសអាសន្នភ្លាមៗ និងបានបើកប្រតិបត្តិការ « ដាវដែក » ដើម្បីឆ្លើយតបវិញ ទៅលើក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ដែលមានប្រជាជនរស់នៅប្រមាណ ២,៣លាននាក់។ អ៊ីស្រាអែលបានបាញ់កំទេចអគារជាច្រើនទីតាំង នៅក្នុងតំបន់ហ្កាហ្សា ដែលគេអះអាងថា គឺជាទីបញ្ជាការរបស់ពួកភេរវកម្មហាម៉ាស។ យោងតាម លោក Richard Hecht អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល គឺគេបានវាយប្រហារទៅលើ គោលដៅចំនួន ៤២៦ទីតាំងនៅក្នុងតំបន់ហ្កាហ្សា ដោយរាប់តាំងកន្លែងលាក់ខ្លួនក្នុងរូងក្រោមដី និងសំណង់ហេដ្ឋរចនាសម្ព័ន្ធផ្សេងទៀត របស់ពួកហាម៉ាសប៉ាឡេស្ទីន។លោកនេតាន់យ៉ាហ៊ូ បានប្រកាសសន្យាថា និងកំទេចទីតាំងលាក់ខ្លួនរបស់ពួកហាម៉ាស ឲ្យរលាយក្លាយជាផេះ។ ភ្លាមៗក្រោយការវាយឆ្មក់ទ្រង់ទ្រាយធំមិនធ្លាប់មាននេះ ក្រសួងការពារជាតិអ៊ីស្រាអែល បានបញ្ចេញកងកម្លាំងជាច្រើនម៉ឺននាក់ ដើម្បីដេញតាមប្រយុទ្ធជាមួយក្រុមហាម៉ាស ដែលបានបន្លំចូលមកក្នុងទឹកដីអ៊ីស្រាអែល តំបន់ភាគខាងត្បូង។ មិនត្រឹមប៉ុណ្ណោះ អ៊ីស្រាអែល បានប្រកាសប្រមូលកងទ័ពបំរុងទាំងអស់ ដើម្បីត្រៀមធ្វើសង្គ្រាម។ នៅព្រឹកថ្ងៃចន្ទ កងទ័ពអ៊ីស្រាអែល បានប្រកាសផងដែរថា គេកំពុងពិចារណាជម្លៀសប្រជាជន ចេញពីតំបន់ដែលដែលស្ថិតនៅក្បែរតំបន់ហ្កាហ្សាបំផុត ក្នុងរយៈពេល២៤ម៉ោងទៀត។តើមានស្លាប់មនុស្សប៉ុន្មាននាក់ ហើយបាត់ខ្លួនប៉ុន្មាននាក់?ផ្អែកតាមអាជ្ញាធរអ៊ីស្រាអែល គិតពីថ្ងៃសៅរ៍ ដល់ព្រឹកថ្ងៃចន្ទ យ៉ាងហោចណាស់ មនុស្សជាង៧០០នាក់បានស្លាប់ និងមានរបួសប្រមាន ២១៥០នាក់ នៅខាងទឹកដីអ៊ីស្រាអែល។ អ្នករាយការណ៍ព័ត៌មានបារាំង AFP បានឃើញសាកសពប្រជាជនស៊ីវីលអ៊ីស្រាអែលជាច្រើននាក់ ដែលត្រូវក្រុមហាម៉ាស់ បាញ់សុះសាច់ ដេករណូករណាកនៅតាមផ្លូវ និងខ្លះនៅក្នុងរថយន្ត នៅក្នុងទីក្រុងចំនួនយ៉ាងហោច៣ គឺ Sderot Kibboutz និង ក្រុងឆ្នេរសមុទ្រ Zikimស្ថិតនៅខាងជើងតំបន់ហ្កាហ្សា។នៅឯតំបន់ហ្កាហ្សាប៉ាឡេស្ទីនវិញ យោងតាមក្រុមហាម៉ាស គឺយ៉ាងហោចណាស់ មានមនុស្សស្លាប់ ចំនួន៤១៣នាក់ និងជាង២៣០០នាក់របួស ដោយសារតែការបាញ់ប្លោងរបស់កងទ័ពអ៊ីស្រាអែល ក្នុងរយៈពេល២ថ្ងៃមកនេះ។ ក្នុងចំណោមអ្នកស្លាប់ គឺមានកុមារ៧៨នាក់ និងស្ត្រី៤១នាក់។គួរបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះនៅខាងទឹកដីអ៊ីស្រាអែល គឺមានជនបរទេសជាច្រើននាក់បានស្លាប់ ក្នុងនោះ មានជនជាតិថៃ១២នាក់ ជនជាតិនេប៉ាល់ ១០នាក់ ជនជាតិអាមេរិកចំនួន៤នាក់ ជនជាតិអ៊ុយក្រែន២នាក់ បារាំង១នាក់ កាណាដា១នាក់ និងមាននិស្សិតជនជាតិខ្មែរ១នាក់ដែរ។ ហើយក្រៅពីមនុស្សស្លាប់ អាជ្ញាធរអ៊ីស្រាអែល អះអាងថា មានប្រជាជនស៊ីវីល និងទាហាន សរុបប្រមាណជាង១០០នាក់ ដែលត្រូវបានក្រុមហាម៉ាស ចាប់ជាចំណាប់ខ្មាំង។យ៉ាងណាមិញ នៅថ្ងៃចន្ទទី៩កញ្ញា ក្រសួងការបរទេសថៃ បានប្រកាសថា ក្រៅពីជនជាតិថៃ១២នាក់ស្លាប់ គឺមាន៨នាក់របួស និង១១នាក់ ត្រូវក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង។ អជ្ញាធរថៃ កំពុងតែត្រៀមបញ្ជូនយន្តហោះកងទ័ពអាកាស ហោះទៅដឹកប្រជាជនថៃនៅអ៊ីស្រាអែល។ ផ្អែកតាមតួលេខផ្លូវការ គឺបច្ចុប្បន្នមានប្រជាជនថៃចំនួនប្រមាន ៣ម៉ឺននាក់នៅអ៊ីស្រាអែល ដែលភាគច្រើនជាពលករធ្វើការក្នុងវិស័យកសិកម្ម ហើយក្នុងចំណោមនេះ គឺមានប្រមាន៥០០០នាក់ ដែលកំពុងស្ថិតនៅក្នុងតំបន់មានជម្លោះ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ហេតុអ្វីក្រុមហាម៉ាស បើកការវាយប្រហារទ្រង់ទ្រាយធំនេះ?ក្រុម Ezzedine Al-Qassem ដែលជាក្រុមប្រដាប់អាវុធមួយនៃចលនាហាម៉ាសប៉ាឡេស្ទីន បានអះអាងថា ក្រុមខ្លួនបានបាញ់គ្រាប់រ៉ុកកែត ចំនួនជាង៥០០០គ្រាប់។ នេះគឺជាប្រតិបត្តិការវាយប្រហារ ទៅលើអ៊ីស្រាអែល ដើម្បី “សងសឹក និងបិទបញ្ចប់ឧក្រិដ្ឋកម្មដាក់អាណានិគមដែលអ៊ីស្រាអែល ធ្វើមកលើប៉ាឡេស្ទីន”។ចលនាហាម៉ាសប៉ាឡេស្ទីន លើកឡើងថា តាំងតែពីឆ្នាំ១៩៦៧មក អ៊ីស្រាអែល បានដាក់អាណានិគមមកលើតំបន់ស៊ីហ្សកដានី និងនៅផ្នែកខាងកើតទីក្រុងហ្សេរុយសាឡឹម ព្រមទាំងបានរាំងខ្ទប់តំបន់ហ្កាហ្សា តាំងតែពីឆ្នាំ២០០៧មក ក្រោយពេលចលនាហាម៉ាសបានឡើងគ្រប់គ្រងអំណាចនៅហ្កាហ្សា។ កាលពីថ្ងៃអាទិត្យទី ៨តុលា មេដឹកនាំចលនាហាម៉ាស ឈ្មោះ Ismaïl Haniyeh បានអះអាងថា ចលនាហាម៉ាសកំពុងតែឈានដណ្តើមបានជ័យជំនះ ដ៏ធំមួយ។ ចលនានេះ ថែមទាំងបានអំពាវនាវ ហៅក្រុមកងកម្លាំងតស៊ូប៉ាឡេស្ទីន នៅតំបន់ស៊ីហ្សកដានី ព្រមទាំងប្រទេសអារ៉ាប់ និងអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ ត្រូវតែចូលរួមប្រយុទ្ធជាមួយពួកខ្លួន។ជាក់ស្តែង ក្រោយការបើកប្រតិបត្តិការវាយឆ្មក់របស់ក្រុមហាម៉ាសនេះ កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមចលនាហេសបូឡាលីបង់ឯណោះ ក៏បានបាញ់ប្លោងគ្រាប់កាំភ្លើងធំ ព្រមទាំងបានបាញ់មីស៊ីលជាច្រើនគ្រាប់ ចូលមកកាន់ទឹកដីអ៊ីស្រាអែល នៅភាគខាងជើង។ ចលនាហេសបូឡា ដែលមានអ៊ីរ៉ង់នៅពីក្រោយ បានអះអាងាថា ខ្លួនចង់វាយប្រហារអ៊ីស្រាអែល ដើម្បីជាការសាមគ្គីជាមួយចលនាហាម៉ាសប៉ាឡេស្ទីន។ កងទ័ពអ៊ីស្រាអែល បានអះអាងថាគេបានវាយបកវិញទៅលើក្រុមហេសបូឡា តាមរយៈការបញ្ជាយានដ្រូនទៅវាយប្រហារនៅចំទីតាំងមួយចំនួន នៅក្នុងទឹកដីលីបង់។តើសហគមន៍អន្តរជាតិបានប្រតិកម្មយ៉ាងណាខ្លះ?លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថ្កោលទោសយ៉ាងធ្ងន់ ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានសម្លាប់ប្រជាជនស៊ីវីលដោយមិនរើសមុខ។ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងអំពាវនាវទៀតថា សហគមន៍អន្តរជាតិត្រូវតែរួមគ្នា ប្រើប្រាស់ការចរចាការទូត ដើម្បីជួយទប់កុំឲ្យជម្លោះប្រដាប់អាវុធនេះ ផ្ទុះក្លាយទៅជាសង្គ្រាមធំនៅក្នុងតំបន់ដើមបូព៌ាទាំងមូល។គួរបញ្ជាក់ថា នៅក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ថ្វីបើមានប្រទេសជាច្រើនបានប្រកាសថ្កោលទោសក្រុមហាម៉ាស នៅទីបំផុត ការបោះឆ្នោតលើ “សេចក្តីសម្រេចចិត្តរួមដើម្បីថ្កោលទោសក្រុមហាម៉ាស” មិនអាចសម្រេចទៅបានទេ ដោយសារតែគ្មានសំឡេងជាឯកច្ឆ័ន្ទ។យ៉ាងណាក៏ដោយ លោកប្រធានាធិបតី ចូ បៃដិន វិញបានថ្លែងថ្កោលទោស ការវាយប្រហាររបស់ក្រុមហាម៉ាស និងបានអះអាងថា សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយយោធា ទៅជួយអ៊ីស្រាអែល ដែលរងការវាយប្រហារ។ ដូចគ្នាដែរ លោកស្រី អួរស៊ុឡា វ៉ុនឌែរ ឡេយ៉េន បានចាត់ទុកការវាយប្រហាររបស់ក្រុមហាម៉ាស ថាគឺជា “ការវាយប្រហារភេរវកម្មដ៏សាហាវ និងថោកទាបបំផុត”។ លោកស្រីប្រធានាគណៈកម្មាការអឺរ៉ុប បានបន្ថែមថា ក្នុងនាមជាប្រទេសឯករាជ្យនិងប្រជាធិបតេយ្យ អ៊ីស្រាអែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការឆ្លើយតបវិញ។ ចំណែកលោក រីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ប្រាប់ទៅសមភាគីអ៊ីស្រាអែល ថាអង់គ្លេសគាំទ្រនៅពីក្រោយអ៊ីស្រាអែលជានិច្ច។ដោយឡែក រដ្ឋាភិបាលបារាំង ដែលបានប្រកាសថ្កោសទោសយ៉ាងធ្ងន់ ទៅលើការវាយប្រហាររបស់ក្រុមហាម៉ាសដែរនោះ បានអះអាងថា កំពុងតែប្រឹងប្រែងបើកការចរចាការទូត ដើម្បីបញ្ចៀសកុំឲ្យភ្លើងសង្គ្រាមនេះ ឆាបឆេះ ទៅដល់តំបន់ស៊ីសហ្សកដានី លីបង់ និងក្នុងតំបន់ដើមបូព៌ាទាំងមូល។ រីឯលោក អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី បានប្រកាសអំពាវនាវ ឲ្យក្រុមហាម៉ាស និងអ៊ីស្រាអែល រក្សាការស្ងៀមស្ងាត់ ផ្តល់អាទិភាពដល់សន្តិភាព និងធ្វើយ៉ាងណាបញ្ចៀសកុំឲ្យស្លាប់ប្រជាជនស៊ីវីល។ផ្ទុយទៅវិញ លោកប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់គាំទ្រការតស៊ូប្រយុទ្ធការពារខ្លួនដ៏ស្របច្បាប់ របស់ប្រជាជាតិប៉ាឡេស្ទីន។ យ៉ាងណាមិញ អ៊ីរ៉ង់ត្រូវបានគេសង្ស័យថា គឺជាអ្នកទំនុកបំរុងជួយក្រុមហាម៉ាសប៉ាឡេស្ទីន ដើម្បីបើកប្រតិបត្តិការវាយឆ្មក់ទ្រង់ទ្រាយធំនេះ ទៅលើអ៊ីស្រាអែល ដែលអ៊ីរ៉ង់ចាត់ទុកថាជាសត្រូវដ៏ធំបំផុតរបស់ខ្លួន៕
អ៊ីស្រាអែលប្រកាសសង្រ្គាមក្រោយការវាយប្រហារទ្រង់ទ្រាយធ ំមិនធ្លាប់មានរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន
អ៊ីស្រាអែលប្រកាសដាក់ប្រទេសក្នុងស្ថានភាពសង្រ្គាមបន្ទាប់ពីត្រូវរងស្រោចដោយគ្រាប់រ៉ូកែតរបស់ចលនាហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា នៅព្រឹកព្រលឹមថ្ងៃសៅរ៍ទី ៧ តុលា។ តាមតុល្យការបឋមរបស់កងទ័ពអ៊ីស្រាអែល ការវាយប្រហាររបស់ក្រុមហាម៉ាសទៅលើទឹកដីភាគខាងត្បូងអ៊ីស្រាអែលដែលនៅជាប់ព្រំប្រទល់ជាមួយតំបន់ហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងតិច ២២នាក់នាក់ និងរបួសជាង ៥០០នាក់។ ក្រោយកោះប្រជុំសន្តិសុខបន្ទាន់ នៅព្រឹកថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូប្រកាសដាក់ប្រទេសក្នុងស្ថានភាពសង្រ្គាម និងបញ្ជាឲ្យកងទ័ពបើកប្រតិបត្តិការវាយប្រហារតបទៅលើតំបន់ហ្កាហ្សា។ ប្រមុខការពារជាតិអ៊ីស្រាអែលវិញ បានព្រមានក្រុមហាម៉ាសថា កំពុងធ្វើកំហុសដ៏ធ្ងន់ធ្ងរដែលបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែលនៅពេលនេះ។ ការវាយប្រហារបកវិញរបស់កងទ័ពអ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត២០០នាក់នៅថ្ងៃសៅរ៍ទី ៧តុលា។ តាំងពីព្រលឹមថ្ងៃសៅរ៍ទី ៧ តុលា ក្រុមហាម៉ាសប៉ាឡេស្ទីនបាញ់ស្រោចគ្រាប់រ៉ូកែតចេញពីតំបន់ហ្កាហ្សាសំដៅទឹកដីភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សយ៉ាងតិច ២២នាក់ និងរងរបួសជាង ៥០០នាក់។ នៅភាគខាងត្បូង និងភាគកណ្តាលប្រទេសអ៊ីស្រាអែល ទោះគ្រាប់រ៉ូកែតជាច្រើនរបស់ក្រុមហាម៉ាស ត្រូវប្រព័ន្ធការពារដែនអាកាសបាញ់ស្ទាក់ទម្លាក់ជាមុន ប៉ុន្តែ សំឡេងស៊ីរ៉ែនស្រែករោទិ៍ដាស់តឿនឲ្យប្រជាជនរត់រកកន្លែងពួនជ្រក ដើម្បីគេចចេញពីការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន។យុទ្ធសាស្រ្តវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីនខុសប្លែកពីលើកមុនៗយ៉ាងដូចម្តេចនៅព្រឹកថ្ងៃសៅរ៍ទី ៧តុលា ក្រុមហាម៉ាសប៉ាឡេស្ទីនបានបើកការប្រហារទ្រង់ទ្រាយធំ និងគួរឲ្យភ្ញាក់ផ្អើល រន្ធត់ខ្លាំង សម្រាប់ប្រជាជនអ៊ីស្រាអែល ព្រោះថា ក្រៅពីបាញ់ស្រោចគ្រាប់រ៉ូកែត ជាង ៥០០០គ្រាប់សំដៅទឹកដីអ៊ីស្រាអែល តាំងពីម៉ោង៦កន្លះព្រឹក ម៉ោងដែលប្រជាជនអ៊ីស្រាអែលកំពុងលង់លក់ក្នុងដំណេក ក្រុមហាម៉ាសប៉ាឡេស្ទីននៅបានបើកប្រតិបត្តិការវាយប្រហារពិសេសមួយទៀត នោះគឺការបញ្ជូនក្រុមប្រដាប់អាវុធ វាយលុកចូលផ្ទាល់ក្នុងទឹកដីអ៊ីស្រាអែល។តាមកងទ័ពអ៊ីស្រាអែល នៅបន្ទាប់ពីមានការបាញ់ស្រោចគ្រាប់រ៉ូកែតសំដៅអ៊ីស្រាអែល សកម្មជនប្រដាប់អាវុធរបស់ក្រុមហាម៉ាសជាច្រើននាក់បានចូលទឹកដីអ៊ីស្រាអែល តាមផ្លូវទឹក ដូចជាការប្រើទូក និងតាមផ្លូវអាកាស តាមរយៈការប្រើឆ័ត្រយោងហោះសម្រូតខ្លួនចូលដីអ៊ីស្រាអែល។ រូបភាពវីដេអូនៅលើបណ្តាញសង្គម ដែលទីភ្នាក់ងារព័ត៌មានបរទេសមិនទាន់អាចបញ្ជាក់ប្រភពបានបង្ហាញមនុស្សប្រដាប់អាវុធ បិទមុខជាច្រើននាក់ ដើរឆ្លងរបងលួស គេកាត់ទម្លុះ នៅព្រំប្រទល់ហ្កាហ្សាជាមួយអ៊ីស្រាអែល។ រូបភាពវីដេអូខ្លះបង្ហាញយុវជនប៉ាឡេស្ទីនឡើងជាន់រថក្រោះដែលគេចូលវាយបំផ្លាញ នៅក្រោយប្រតិបត្តិការរបស់ក្រុមប្រដាប់អាវុធ ឬការរឹបអូសយកបានរថយន្តពីទាហានអ៊ីស្រាអែលដែលគេបើកបរពេញទីក្រុងហ្សាហ្សា។ អ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន បានផ្ទុះសង្រ្គាមប្រយុទ្ធគ្នា ចំនួន៤លើក គិតចាប់តាំងពីក្រុមហាម៉ាស ចូលគ្រប់គ្រងតំបន់ហ្កាហ្សា នៅឆ្នាំ ២០០៧។ កន្លងមក ក្រុមហាម៉ាសបាញ់តែគ្រាប់រ៉ូកែតសំដៅទឹកដីអ៊ីស្រាអែល ហើយវាជារឿងដ៏កម្របំផុត ដែលក្រុមហាម៉ាសប៉ាឡេស្ទីនបញ្ជូនបានសម្រេច ក្រុមប្រដាប់អាវុធរបស់ខ្លួនទៅប្រយុទ្ធអុកឡុកក្នុងទឹកដីអ៊ីស្រាអែល។ សម្រាប់ប្រជាជនអ៊ីស្រាអែលដែលរស់នៅទីក្រុងភាគខាងត្បូង ជាប់ទឹកដីហ្កាហ្សា នេះជាលើកទី១ដែលការវាយប្រហាររបស់ក្រុមហាម៉ាសធ្វើឲ្យពួកគេភ័យខ្លាចបំផុត។ មុនៗ ពួកគេមានសុវត្ថិភាព នៅក្រោយរត់ដល់កន្លែងជ្រកពីការវាយប្រហាររបស់គ្រាប់រ៉ូកែត។ ម្យ៉ាងគ្រាប់រ៉ូកែតសឹងទាំងស្រុងរបស់ពួកហាម៉ាសប៉ាឡេស្ទីនត្រូវប្រព័ន្ធខែលមីស៊ីលរបស់កងទ័ពអ៊ីស្រាអែលបាញ់ស្ទាក់ នៅលើមេឃមិនឲ្យធា្លក់ដល់ដី ប៉ុន្តែ ការវាយប្រហាររបស់ចលនាហាម៉ាសប៉ាឡេស្ទីនលើកនេះ សាហាវជាងលើកមុនៗ ព្រោះក្រៅពីបាញ់គ្រាប់រ៉ូកែត ក្រុមហាម៉ាសបញ្ជូនក្រុមប្រដាប់អាវុធរបស់ខ្លួនឲ្យចូលទៅដើរបាញ់សម្លាប់ប្រជាជនអ៊ីស្រាអែល ដល់ក្នុងទឹកដីអ៊ីស្រាអែល។កាសែតក្នុងស្រុកអ៊ីស្រាអែលចុះផ្សាយនៅថ្ងៃសៅរ៍នេះថា កងកម្លាំងរក្សាសន្តិសុខអ៊ីស្រាអែលបាញ់តបតជាមួយក្រុមប្រដាប់អាវុធ ដែលបានដើរបាញ់រះលើអ្នកដំណើរតាមផ្លូវ ក្នុងទីក្រុងSderot នៅភាគខាងត្បូងអ៊ីស្រាអែល។រូបភាពរបស់ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានបង្ហាញប្រជាជនអ៊ីស្រាអែលត្រូវក្រុមប្រដាប់អាវុធចាប់ជំរិតជាចំណាប់ខ្មាំង ចំណែកសាកសពជនជាតិអ៊ីស្រាអែលដែលកុម្ម៉ង់ដូរប៉ាឡេស្ទីនបាញ់សម្លាប់ នៅរណូករណែលតាមផ្លូវ។អ្វីជាដើមចមដែលធ្វើឲ្យក្រុមហាម៉ាសប៉ាឡេស្ទីនបាញ់ស្រោចគ្រាប់រ៉ុកក្កែតទៅលើអ៊ីស្រាអែល?ការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីនដែលបានធ្វើឲ្យអ៊ីស្រាអែលភ្ញាក់ផ្អើល រន្ធត់ខ្លាំង កើតឡើង នៅមួយថ្ងៃក្រោយដែលអ៊ីស្រាអែលរំលឹកខួប៥០ឆ្នាំនៃYom Kippur សង្រ្គាមវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ប្រទេសអារ៉ាប់ នាំមុខដោយអេហ្ស៊ីប និងស៊ីរី ដើម្បីដណ្តើមយកទឹកដីដែលអ៊ីស្រាអែលយកមកកាន់កាប់ ក្រោយជ័យជំនះរបស់អ៊ីស្រាអែល ក្នុងសង្រ្គាម៦ថ្ងៃ កាលពីឆ្នាំ ១៩៦៧។(កាលពី៥០ឆ្នាំ មុន នៅថ្ងៃទី ៦ តុលា ឆ្នាំ ១៩៧៣ អេហ្ស៊ីប និងស៊ីរីដែលចាញ់ អ៊ីស្រាអែល នៅក្នុងសង្រ្គាម៦ថ្ងៃ ឆ្នាំ ១៩៦៧ បានរួមគ្នាបើកការវាយប្រហារ ដោយសង្រ្គប់ ដោយមិនឲ្យអ៊ីស្រាអែលដឹងខ្លួនមុន ក្នុងគោលដៅដណ្តើមយកទឹកដីរបស់ខ្លួន ពីអ៊ីស្រាអែលមកវិញ។ ទោះអ៊ីស្រាអែលជាអ្នកឈ្នះ សង្រ្គាម៣សប្តាហ៍ ដែលបានសម្លាប់ទាហានអ៊ីស្រាអែល ២៦០០នាក់ និងយ៉ាងតិច ៩០០០នាក់ នៅចំណែកក្រុមប្រទេសអារ៉ាប់ អ៊ីស្រាអែលបានបាត់បង់ទឹកដីស៊ីណៃទៅឲ្យអេហ្ស៊ីប ប៉ុន្តែ តំបន់ខ្ពង់រាបហ្គោឡង់របស់ស៊ីរី នៅតែស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែលរហូតមកដល់សព្វថ្ងៃ។)ដូចប្រទេសអារ៉ាប់កាលពី៥០ឆ្នាំមុន ចលនាហាម៉ាសប៉ាឡេស្ទីនបានយកគំរូតាម ដោយបើកការវាយប្រហារទៅលើអ៊ីស្រាអែល នៅចំពេលដែលអ៊ីស្រាអែលមិនបានប្រុងប្រៀបខ្លួនទុកជាមុន ជាពិសេស នៅថ្ងៃ បុណ្យចុងក្រោយរបស់ជនជាតិជ្វីវ នៅថ្ងៃសៅរ៍។ ក្រុមហាម៉ាសបាញ់ស្រោចគ្រាប់រ៉ូកែតទៅលើអ៊ីស្រាអែលលើកនេះ ដោយគ្មានព្រឹត្តិការណ៍សំខាន់ ណាមួយកើតឡើងនោះទេ។ ប៉ុន្តែ ការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើអ៊ីស្រាអែល កើតឡើង នៅក្នុងកាលៈទេសៈ ដែលប្រជាជនប៉ាឡេស្ទីន និងអាជ្ញាធរអ៊ីស្រាអែលឧស្សាហ៍ប៉ះទង្គិច តានតឹងនឹងគ្នា កាន់តែខ្លាំងនៅតំបន់ជេរូសាឡឹមដែលអ៊ីស្រាអែលកាន់កាប់ដោយខុសច្បាប់អន្តរជាតិ។ នៅក្នុងសារសំឡេង នៅថ្ងៃសៅរ៍ មេបញ្ជាការរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន ម៉ូហាម៉េដ អាលឌេអ៊ីហ្វ Muhammad Al-Deif បានប្រកាសបើកប្រតិបត្តិការព្យុះ Al Aqsa ដើម្បីសងសឹកឲ្យស្ត្រីប៉ាឡេស្ទីន ដើម្បីឆ្លើយតបនឹងការបង្រ្កាបហិង្សារបស់អាជ្ញាធរអ៊ីស្រាអែលទៅលើប្រជាជនប៉ាឡេស្ទីននៅវិហារទីសក្ការៈអ៊ីស្លាម នៅជេរូសាឡឹម និងដើម្បីវាយបកនយោបាយបិទខ្ទប់របស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា។តាំងពីបទឈប់បាញ់នៅឆ្នាំ ២០២១ នៅបន្ទាប់ពីត្រូវទ្រមខ្លួនយ៉ាងដំណំ ដោយសារការវាយប្រហារដ៏សន្ធឹករបស់កងទ័ពអ៊ីស្រាអែលដែលបានសម្លាប់ថ្នាក់ដឹកនាំសំខាន់ និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស ដូចជារូងក្រោមដីជាដើម ក្រុមហាម៉ាសបានអត់ធ្មត់មិនលូកដៃក្នុងជម្លោះជាមួយអ៊ីស្រាអែល ដែលបើកការវាយប្រហារទៅលើក្រុមជីហាតប៉ាឡេស្ទីននៅជំរំហ្សេនីនជាដើម។អ្នកតាមដានស្ថានការណ៍នៅតំបន់ដើមបូព៌ា ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ហ៊ានចេញមុខវាយប្រហារទៅលើអ៊ីស្រាអែល នៅពេលនេះ ដើម្បីទាក់ទាញការគាំទ្រពីប្រជាជនប៉ាឡេស្ទីន ក្នុងគោលដៅ ប្រជែងដណ្តើមឥទ្ធិពលពីរដ្ឋអំណាចប៉ាឡេស្ទីន ដឹកនាំដោយក្រុមហ្វាតា។ ក្រុមហាម៉ាសចង់បង្ហាញទៅប្រជាជនប៉ាឡេស្ទីន ថា ខ្លួនគឺជាថ្នាក់ដឹកនាំតែម្នាក់គត់ដែលជាអ្នកចេញមុខឈឺឆ្អាល ការពារប្រជាជនប៉ាឡេស្ទីននៅចំពោះមុខ ការឈ្លានពាន ការធ្វើទុក្ខបុកម្មេញ អំពើហិង្សារបស់អាជ្ញាធរអ៊ីស្រាអែល។នៅក្នុងសារសំឡេង មេបញ្ជាការក្រុមហាម៉ាសបានអំពាវនាវឲ្យប្រជាជនប៉ាឡេស្ទីននៅគ្រប់ទឹសទីដែលរងការធ្វើបាបជិះជាន់របស់អ៊ីស្រាអែលឲ្យឆ្លៀតយកហេតុការណ៍នៅថ្ងៃសៅរ៍នេះដើម្បីងើបរើបំរះ សងសឹក តាមគ្រប់មធ្យោបាយ ដើម្បីគាស់រំលើង បណ្តេញ ក្រុមអាណានិម ឈ្លានពានទឹកដីប៉ាឡេស្ទីន។ក្រុមហាម៉ាសចំណេញ ឬខាតពីវាយប្រហារលើអ៊ីស្រាអែលលើកនេះ?មហិច្ឆតានយោបាយរបស់ចលនាហាម៉ាស គឺដើម្បីរម្លឹកឡើងវិញពីវត្តមាន និងឥទ្ធិពលរបស់ខ្លួននៅទីតាំងដែនដីប៉ាឡេស្ទីនផ្សេងទៀតក្រៅពីតំបន់ហ្កាហ្សា។ ដូច្នេះ យុទ្ធសាស្រ្តរបស់ក្រុមហាម៉ាស មិនមែនជាយុទ្ធសាស្រ្តយោធា។ ពួកហាម៉ាសបានដឹងមុនរួចជាស្រេចថា ខ្លួនគ្មានថ្ងៃនឹងទទួលជ័យជំនះផ្លូវយោធា តាមរយៈការប្រើគ្រាប់រ៉ូកែតបាញ់ផ្លោងទៅលើអ៊ីស្រាអែលនោះឡើយ។ ជាក់ស្តែង ក្រោយការបាញ់ស្រោចគ្រាប់រ៉ូកែតចេញពីតំបន់ហ្កាហ្សា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានប្រកាសគំរាមក្រុមហាម៉ាសប៉ាឡេស្ទីនពីផលវិបាកដ៏ធ្ងន់ធ្ងរដែលហ៊ានវាយប្រហារលើអ៊ីស្រាអែលលើកនេះ។ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាឲ្យគេបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅវាយប្រហារតំបន់ហ្កាហ្សា និងកោះប្រមូលទាហានបម្រុងរាប់ម៉ឺននាក់ ដើម្បីធ្វើសង្រ្គាមប្រយុទ្ធវាយបកលើក្រុមហាម៉ាស។ចលនាហាម៉ាសដឹងច្បាស់ថា ខ្លួនប្រាកដជារងខូចខាតខ្លាំង ដោយសារការវាយប្រហារតបដ៏ចាស់របស់កងទ័ពអ៊ីស្រាអែល។ ប៉ុន្តែ ចលនាប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្កាហ្សាមួយនេះ នៅតែចង់ជួយឈឺឆ្អាល និងកេណ្ឌប្រមូលកម្លាំងវាយប្រហារ ទៅលើអ៊ីស្រាអែល ដើម្បីដាស់ស្មារតី កន្ត្រាក់អារម្មណ៍ លើរឿងរ៉ាវដែលបានកើតមានឡើង នៅក្រៅតំបន់ហ្កាហ្សា។ យុទ្ធសាស្រ្តដែលពួកហាម៉ាសបានប្រើគឺយុទ្ធសាស្រ្តយាយី។ ការបាញ់ផ្លោងគ្រាប់រ៉ូកែតជាសញ្ញាមួយដែលពួកហាម៉ាសចង់ប្រាប់អ៊ីស្រាអែល ដរាបណាប្រជាជនប៉ាឡេស្ទីនមិនអាចរស់នៅដោយសុខស្រួល ប្រជាជនអ៊ីស្រាអែលក៏មិនអាចរស់នៅដោយសុខស្រួលដែរ។ម្យ៉ាងការវាយប្រហាររបស់ក្រុមហាម៉ាសលើកនេះនឹងធ្វើឲ្យអ៊ីស្រាអែលចងចាំទុកជាមេរៀន។ ទោះក្រុមហាម៉ាសនឹងត្រូវកងទ័ពអ៊ីស្រាអែលវាយបង្រ្កាបវិញ ប៉ុន្តែ យ៉ាងណាក៏ដោយ ក្រុមហាម៉ាសបានធ្វើអ៊ីស្រាអែលភ័យបុកពោះមិនតិចដែល នៅពេល អ៊ីស្រាអែលមិនបានប្រុងប្រៀបខ្លួនទុកជាមុនទេ ថាមានកងកុម្ម៉ង់ដូររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន អាចបញ្រ្ជៀតខ្លួនចូលទៅវាយប្រហារលើប្រជាជន និងទីតាំងយោធាដល់ក្នុងទឹកដីអ៊ីស្រាអែល។
7-10-2023 • 9 minuten, 2 seconden អាមេរិក៖ លោក Kevin McCarthy ត្រូវធ្លាក់ពីកៅអីប្រធានសភាតំណ ាង
ជាលើកទី១ក្នុងប្រវត្តិសាស្ត្រ នៃនយោបាយសហរដ្ឋអាមេរិក ដែលប្រធានសភាតំណាង ត្រូវគេបោះឆ្នោតទាញទម្លាក់ពីមុខងារ។ ថ្ងៃទី៣តុលា២០២៣ លោក Kevin McCarthy សមាជិកសភាបក្សសាធារណរដ្ឋ ដែលត្រូវបានគេបោះឆ្នោតតែងតាំងឲ្យធ្វើជាប្រធានសភាតំណាង កាលពីខែមករា ត្រូវបានសមាជិកសភាបោះឆ្នោត ដកចេញពីតំណែងដ៏ធំមួយនេះ តាមរយៈសំឡេងឆ្នោត ២១៦យល់ព្រម ទល់នឹង ២១០មិនព្រម។ ក្នុងចំណោមអ្នកដែលបានបោះឆ្នោតយល់ព្រមបញ្ចប់មុខតំណែងរបស់លោក Kevin McCarthy គឺមានសមាជិកសភាបក្សសាធារណរដ្ឋគ្នាឯង ចំនួន៨នាក់។ ភ្លាមៗក្រោយដឹងលទ្ធផលឆ្នោត លោក Kevin McCarthy បានថ្លែងទៅកាន់អ្នកកាសែតថា លោកបានកាន់ការងារជាប្រធានសភាតំណាង វាគឺជាកិត្តិយសធំធេងណាស់សម្រាប់លោក។ លោកបានអះអាងប្រកបដោយមោទនភាព ថាលោកបានធ្វើការងារនេះ ប្រកបដោយឆន្ទៈបង្រួបបង្រួម សម្រុះសម្រួល ដើម្បីប្រយោជន៍ជាតិជាធំ។ ទន្ទឹមគ្នានេះ លោកបានបញ្ជាក់ថា លោកនឹងមិនស្នើបេក្ខភាពលោកសាជាថ្មី ដើម្បីឲ្យគេបោះឆ្នោតជ្រើសរើសធ្វើជាប្រធានសភាម្តងទៀតនោះទេ។បរិយាកាសហែកហួរគ្នា ក្នុងបក្សសាធារណរដ្ឋស្ថានការណ៍រញ៉េរញ៉ៃនៅសភាតំណាង របស់សហរដ្ឋអាមេរិក បានស្តែងឲ្យឃើញពីការបាក់បែកឈ្លោះប្រកែកគ្នា រវាងក្រុមសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ដែលមានសំឡេងភាគច្រើននៅក្នុងសភានេះ។ យ៉ាងណាមិញ ការបោះឆ្នោតតែងតាំងលោក Kevin McCarthy កាលពីខែមករា ត្រូវបានធ្វើឡើងទាំងបង្ខំ និងត្រដាបត្រដួសរួចទៅហើយ ដោយឆ្លងកាត់ការធ្វើសម្បទានជាច្រើនចំណុច មុននឹងក្រុមសមាជិកសភាបក្សសាធារណរដ្ឋយល់ព្រមបោះឆ្នោត។តែមកទល់ពេលនេះ ជម្លោះប្រេះឆា ហាក់កាន់តែរីកធំនៅក្នុងបក្សនេះ ខណៈក្រុមសមាជិកសភាដែលស្និទ្ធនឹងលោកដូណាល់ ត្រាំ បាននាំគ្នាតវ៉ារិះគន់មិនសំចៃមាត់ ទៅលើលោក Kevin McCarthy។ គឺសមាជិកសភាម្នាក់ មកពីរដ្ឋផ្លរីដា ឈ្មោះ Matt Gaetz ដែលជាអ្នកចេញមុខ ដំឡើងសំឡេងខ្លាំងជាងគេ។ គឺលោក Matt Gaetz រូបនេះហើយដែលជាអ្នក ស្នើឲ្យមាននីតិវិធីបោះឆ្នោតទម្លាក់លោក Kevin McCarthy នៅថ្ងៃទី៣តុលា។មុនពេលបោះឆ្នោតបានចាប់ផ្តើម នៅរសៀលថ្ងៃអង្គារ អង្គសភាទាំងមូល បានក្លាយជាវេទិការ ស្រែកចោទ រិះគន់គ្នាទៅវិញទៅមក យ៉ាងទ្រហឹងអឺងកង រវាងក្រុមសមាជិកសភាបក្សសាធារណៈរដ្ឋដូចគ្នា ដែលបានពុះចែកជា២ក្រុម ម្ខាំងប្រឆាំងម្ខាងគាំទ្រលោក Kevin McCarthy។ ចំណែកក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យ ដែលសាមគ្គីធ្លុងមួយ អង្គុយស្ងាត់ស្ងៀម តាមដានមើលទស្សនីយភាពឈ្លោះប្រកែកគ្នានេះយ៉ាងហួសចិត្តបំផុត។ហេតុអ្វី លោក Kevin McCarthy ត្រូវមនុស្សក្នុងបក្សរិះគន់?លោក Matt Gaetz ដែលដឹកនាំក្រុមប្រឆាំងនឹងលោក លោក Kevin McCarthy បានលើកឡើងថា គ្មាននរណាមានទំនុកចិត្ត លើលោក Kevin McCarthy ទៀតទេ ព្រោះលោកម្នាក់នេះ បានធ្វើរឿងបញ្ច្រាសទិសជាច្រើនលើកច្រើនសារ។ ដូច្នេះ ត្រូវតែដូរប្រធានសភាថ្មី ដែលល្អជាងនេះ។ សមាជិកសភាស្និទ្ធនឹងលោកត្រាំរូបនេះ បានចោទថាលោក Kevin McCarthy បានចរចាជាមួយពួកបក្សប្រជាធិបតេយ្យ ដើម្បីបើកកញ្ចប់ថវិកាបណ្តោះអាសន្ន ក្នុងកម្មវត្ថុបញ្ចៀស បញ្ហា Shut Down។ លោកម្នាក់បានអះអាងទៀតថា លោក Kevin McCarthy បានចរចាដោយសម្ងាត់ ជាមួយលោកចូ បៃដិន ទាក់ទិននឹងកញ្ចប់ថវិកាជួយអ៊ុយក្រែន។គួរបញ្ជាក់ថា ក្រុមសមាជិកសភាបក្សសាធារណរដ្ឋ ដែលមានទំនោរស្តាំនិយមខ្លាំង ហើយដែលស្និទ្ធគាំទ្រលោកដូណាល់ ត្រាំ មានចេតនារារាំងការបោះឆ្នោតច្បាប់ថវិកាជាតិ ទុកឲ្យប្រទេសជួបបញ្ហា Shut Down ដើម្បីយកលេសនេះដាក់សំពាធលើរដ្ឋាភិបាលលោក ចូ បៃដិន។ បន្ថែមពីនេះ ក្រុមគាំទ្រលោកដូណាល់ត្រាំ ប្រឆាំងដាច់ខាត ចំពោះគំរោងកញ្ចប់ថវិកាថ្មី ប្រមាណ២៤ពាន់លានដុល្លារ ដែលរដ្ឋបាលលោកចូ បៃដិន បានស្នើដើម្បីយកទៅជួយអ៊ុយក្រែន។ ក្រុមសមាជិកសភាទាំងនេះ លើកឡើងថា រដ្ឋអាមេរិកគួរណាតែទុកប្រាក់ យកទៅចំណាយលើការគ្រប់គ្រងជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមព្រំដែនជាមួយម៉ិកស៊ិកវិញ។ឆ្លើយទៅកាន់អ្នកកាសែត លោក Kevin McCarthy បានអះអាងថា លោកមិនសោកស្តាយទេ ដែលបានចរចា រកការស្រុះស្រួលមតិ ជាមួយបក្សប្រជាធិបតេយ្យ។ វាគឺជាការងារចាំបាច់ ដើម្បីការពារផលប្រយោជន៍ជាតិ ជាជាងការប្រកាន់បក្សពួករឹងរូសតែម្ខាងៗ។ឈានចូលដំណាក់កាលចលាចលក្នុងពេលបោះឆ្នោត កាលពីថ្ងៃអង្គា លោក Tom McClintock សមាជិកសភាម្នាក់នៃបក្សសាធារណរដ្ឋ បានលើកឡើងថា យើងកំពុងតែនាំគ្នាដើរដល់មាត់ជ្រោះហើយ សូមគ្រប់គ្នាដកថយមកវិញ ពិចារណាច្បាស់មុននឹងធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់។ លោកបានបន្តថា សភាតំណាងនឹងឈានចូលក្នុងតំណាក់កាលរាំងស្ទះ ធ្វើអ្វីលែងកើត នៅពេលដែលគ្មានប្រធាន។លោកដូណាល់ ត្រាំ បានបង្ហោះសារតាមបណ្តាញសង្គម Trust Social ដោយចោទសួរថា “ហេតុអ្វីបាន បានជាពួកសាធារណរដ្ឋ គិតតែនាំគ្នាឈ្លោះប្រកែកគ្នា ហើយបែរជាមិនព្រមរួមកម្លាំងគ្នា ប្រយុទ្ធនឹងពួកឆ្វេងនិយមជ្រុល ដែលកំពុងតែបង្កគ្រោះថ្នាក់ដល់ប្រទេសទៅវិញ?"ចំណែកលោកចូ បៃដិនវិញ តាមរយៈអ្នកសម្តីរបស់លោកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមាន បានអំពាវនាវឲ្យសភាតំណាង ត្រូវតែជ្រើសរើសប្រធានថ្មី ឲ្យបានឆាប់ជាទីបំផុត ព្រោះថាសហរដ្ឋអាមេរិក មានរឿងធំៗ និងសំខាន់ៗ ដែលត្រូវចាត់ចែងច្រើនណាស់ មិនអាចរាំងស្ទះបានទេ។ជាការពិតណាស់ ជាមួយនឹងការបោះឆ្នោតទម្លាក់ប្រធានសភាពីតំណែង ជាលើកទី១នៃប្រវត្តិសាស្ត្រនេះ គឺនយោបាយអាមេរិកបានឈានជើងចូលក្នុងតំណាក់កាលមួយ ដ៏ចលាចលបំផុត។ សភាតំណាង បានទុកពេល១សប្តាហ៍ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានសភាថ្មី មកជំនួសលោក Kevin McCarthy។ យោងតាមការវិភាគខ្លះ រយៈពេល១សប្តាហ៍នេះ គឺខ្លឺណាស់ បើយើងក្រឡេកទៅមើលជម្រៅដ៏ជ្រៅ នៃការឈ្លោះប្រកែកគ្នា រវាងក្រុមសមាជិកសភាបក្សសាធារណរដ្ឋ។ គេមិនសង្ឃឹមថា បក្សសាធារណរដ្ឋ អាចនឹងស្រុះស្រួលគ្នា ជ្រើសរើសមនុស្សថ្មីម្នាក់ទៀត មកបានដោយងាយនោះឡើយ។ សមាជិកសភាខ្លះបានថែមទាំង ចង់ស្នើឈ្មោះលោកដូណាល់ ត្រាំ ឲ្យមកធ្វើជាប្រធានសភាថែមទៀតផង៕
4-10-2023 • 6 minuten, 9 seconden ការផ្អាកជំនួយយោធារបស់អាមេរិកនឹងជះផលអាក្រក់ដល់កងទ័ពអ៊ុយក្រែន?
ដោយប្រផិតប្រផើយបំផុត អាមេរិកបានជៀសរួចផុត វិបត្តិថវិកា កាលពីយប់ថ្ងៃសៅរ៍ទី ៣០កញ្ញា នៅបន្ទាប់ពីសភាឯកភាពគ្នា នៅនាទីចុងក្រោយ លើកិច្ចព្រមព្រៀងស្តីកញ្ចប់ថវិកាថ្មីរបស់រដ្ឋាភិបាលអាមេរិក ដែលគ្មានខ្ទង់ចំណាយសម្រាប់ជួយអ៊ុយក្រែន។ ជាមួយកិច្ចព្រមព្រៀងស្តីពីកញ្ចប់ថវិកាថ្មី មន្រ្តីរដ្ឋាភិបាលអាមេរិកជាង១លាន៥សែននាក់ បានធូរទ្រូង គេចផុតពីវិបត្តិShutdown រយៈពេល៤៥ថ្ងៃ ប៉ុន្តែ ប្រជាជន និងកងទ័ពអ៊ុយក្រែន ដែលពឹងផ្អែកលើកញ្ចប់ជំនួយធំពីអាមេរិក អ៊ុយក្រែនកំពុងប្រឈមអនាគតមិនច្បាស់លាស់។ នៅយប់ថ្ងៃសៅរ៍ ទី៣០កញ្ញា អាមេរិកបានគេចផុតពីវិបត្តិShutdown រយៈពេល៤៥ ថ្ងៃ បន្ទាប់ពីសភាទាំងពីរថ្នាក់បោះឆ្នោត ដោយសំឡេងភាគច្រើន អនុម័តកញ្ចប់ថវិកាថ្មីរបស់រដ្ឋាភិបាល។ កិច្ចព្រមព្រៀងបណ្តោះអាសន្នដែលមានរយៈពេល៤៥ថ្ងៃ គ្មានរាប់បញ្ចូលខ្ទង់ចំណាយសម្រាប់ជួយអ៊ុយក្រែន ដែលជាចំណុចប្រទាញប្រទង់គ្នារវាងក្រុមសាធារណរដ្ឋ ដែលមានសំឡេងភាគច្រើននៅសភាអ្នកតំណាងរាស្រ្ត និងក្រុមប្រជាធិបតេយ្យរបស់លោកចូ បៃដិន។កញ្ចប់ជំនួយរបស់អាមេរិកសម្រាប់អ៊ុយក្រែនមានអ្វីខ្លះចាប់តាំងពីផ្ទុះមានសង្រ្គាមរុស្ស៊ីឈា្លនពានអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ ២០២២ អាមេរិកបានក្លាយជាប្រទេសនាំមុខគេខាងផ្តល់ជំនួយ សម្រាប់អ៊ុយក្រែន។ តាមវិទ្យាស្ថានអាល្លឺម៉ង់សម្រាប់សេដ្ឋកិច្ចពិភពលោក ឈ្មោះ Kiel រដ្ឋបាលលោកចូ បៃដិនបានបញ្ចេញថវិកា៧៥ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ក្នុងផ្នែកយោធា មនុស្សធម៌ និងហិរញ្ញវត្ថុ។ជាមួយកញ្ចប់ថវិកាជំនួយរបស់ប្រទេសលោកខាងលិច នាំមុខដោយអាមេរិក រដ្ឋាភិបាលអ៊ុយក្រែនមានថវិកាសម្រាប់បើកប្រាក់ខែឲ្យមន្រ្តីរដ្ឋការ ជួយប្រជាជនអ៊ុយក្រែន ដែលរងគ្រោះដោយសារការវាយប្រហារមីស៊ីលរបស់រុស្ស៊ី។ ប៉ុន្តែ គឺកញ្ចប់ជំនួយយោធារបស់អាមេរិក ដែលអ៊ុយក្រែនត្រូវការខ្លាំងជាងគេ។ដើម្បីជួយកងទ័ពអ៊ុយក្រែន ប្រយុទ្ធដណ្តើមទឹកដីពីរុស្ស៊ី អាមេរិកបានបង្កើនជំនួយយោធាកាន់តែច្រើន ក្រាស់ក្រែលដល់អ៊ុយក្រែន។ នៅខែ ឧសភា ឆ្នាំ ២០២២ ពោល៣ខែក្រោយរុស្ស៊ីបើកការវាយប្រហារ លើអ៊ុយក្រែន អាមេរិកបានប្រកាសកញ្ចប់ជំនួយយោធាដ៏ធំ ប្រមាណ ៤០ពាន់លានដុល្លារ សម្រាប់ជួយកងទ័ពអ៊ុយក្រែន។តើការផ្អាកជំនួយរបស់អាមេរិកប៉ះពាល់ប៉ុណ្ណាដល់សមរភូមិប្រយុទ្ធរបស់អ៊ុយក្រែន?នៅក្នុងជំនួយ៧៥ពាន់លានដុល្លារ ដែលអាមេរិកបានផ្តល់ទៅឲ្យអ៊ុយក្រែន កញ្ចប់ជំនួយយោធារបស់អាមេរិកសម្រាប់អ៊ុយក្រែន មានច្រើនជាងគេ ប្រមាណ៤២,៨ពាន់លានដុល្លារ ពោលគឺស្មើនឹងពាក់កណ្តាលនៃកញ្ចប់ជំនួយយោធារបស់ប្រទេសលោកខាងលិចបូកសរុបចូលគ្នា សម្រាប់ជួយអ៊ុយក្រែន នៅក្នុងសមរភូមិប្រយុទ្ធតទល់នឹងកងទ័ពរុស្ស៊ី។ ជាការប្រៀបធៀប ជំនួយយោធារបស់អង់គ្លេស ដែលស្ថិតនៅចំណាត់ថ្នាក់ទី២ បន្ទាប់ពីអាមេរិក មានតែ ជាង ៦ពាន់លានដុល្លារប៉ុណ្ណោះ គឺតិចតួចជាងអាមេរិក ឆ្ងាយណាស់។កញ្ចប់ជំនួយយោធារបស់អាមេរិកដើរតួនាទីសំខាន់ណាស់សម្រាប់ជួយកងទ័ពអ៊ុយក្រែន នៅក្នុងសមរភូមិប្រយុទ្ធដណ្តើមទឹកដីពីរុស្ស៊ី។ ជាក់ស្តែង ជាមួយកញ្ចប់ជំនួយយោធារបស់អាមេរិក អ៊ុយក្រែនបានទទួលគ្រឿងសព្វាវុធទំនើបៗរបស់អាមេរិក ដូចជា ប្រព័ន្ធខែលមីស៊ីល យន្តហោះចម្បាំង F-16 រ ថក្រោះដ៏ទំនើបរបស់អាមេរិក Abraham មីស៊ីលប្រឆាំងរថក្រោះ ដ្រូន និងកាំភ្លើងធំ ដែលបានជួយកងទ័ពអ៊ុយក្រែនរហូតមកឲ្យដណើ្តមយកបានភូមិ និងវាយប្រហារដល់ទីតាំងស្តុកអាវុធ របស់រុស្ស៊ី នៅក្នុងតំបន់ដុនបាស់។អ៊ុយក្រែនត្រូវការសព្វាវុធ កញ្ចប់ជំនួយយោធារបស់អាមេរិក ដើម្បីវាយដណ្តើមទឹកដីពីរុស្ស៊ី។ ដូច្នេះ បើតាមអ្នកជំនាញ ការផ្អាកព្យួរជំនួយយោធាណាមួយរបស់អាមេរិកជាដំណឹងដ៏អាក្រក់បំផុតសម្រាប់អ៊ុយក្រែន ព្រោះវាកើតឡើងចំពេលដែលអ៊ុយក្រែនកំពុងត្រូវការខ្លាំង ចំនួនសព្វាវុធសម្រាប់ធ្វើសង្រ្គាមប្រឆាំងរុស្ស៊ី។ តាមអ្នកជំនាញ ការផ្អាកព្យួរជំនួយយោធារបស់អាមេរិកសម្រាប់អ៊ុយក្រែននឹងមិនទាន់ហុចផលវិបាកភ្លាមៗសម្រាប់កងទ័ពអ៊ុយក្រែន ព្រោះថា គេនៅតែមានសព្វាវុធរបស់អាមេរិក ដែលត្រូវបានបញ្ជូនទៅឲ្យអ៊ុយក្រែន នៅក្នុងកញ្ចប់ថវិកាជំនួយមុនៗ។ប៉ុន្តែ ផលប៉ះពាល់ ដោយសារការផ្អាកកញ្ចប់ជំនួយថ្មីរបស់អាមេរិក សម្រាប់អ៊ុយក្រែន នឹងអាចកើតមាន នៅពេលខាងមុខ នៅពេលកងទ័ពអ៊ុយក្រែនត្រូវដាច់អាវុធ លែងមានក្នុងស្តុកមួយរយៈ ទម្រាំមានការបញ្ជូនជំនួយយោធាសាជាថ្មី សម្រាប់អ៊ុយក្រែន។មួយវិញទៀត ដោយសារការផ្អាកកញ្ចប់ជំនួយយោធារបស់អាមេរិក ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដែលពឹងទាំងស្រុងលើប្រព័ន្ធខែលមីស៊ីលរបស់អាមេរិក ក៏អាចចុះទន់ខ្សោយ មិនអាចការពារជីវិតប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ពីការវាយប្រហារមីស៊ីលរបស់រុស្ស៊ី។តើជំនួយយោធារបស់អាមេរិកសម្រាប់អ៊ុយក្រែនឈានមកដល់ចំនុចមិនច្បាស់លាស់?រដ្ឋបាលលោកចូ បៃដិនបានដាក់ខ្ទង់ចំណាយ ២៤ពាន់លានដុល្លារ សម្រាប់ជួយអ៊ុយក្រែននៅក្នុងកញ្ចប់ថវិកាថ្មីរបស់រដ្ឋសហព័ន្ធ ប៉ុន្តែ ប្រធានក្រុមសំឡេងភាគច្រើនរបស់បក្សសាធារណរដ្ឋបានទាមទារ នៅនាទីចុងក្រោយ ឲ្យគេដកខ្ទង់ចំណាយសម្រាប់ជួយអ៊ុយក្រែន ចេញ ទើប គេអាចបោះឆ្នោតលើកិច្ចព្រមព្រៀងស្តីពីថវិកា។ និយាយម្យ៉ាងថា អាមេរិកបានជៀសផុតពីវិបត្តិគ្មានប្រាក់បើកឲ្យបុគ្គលិក ដោយសារតែនៅក្នុងកញ្ចប់ថវិការបស់រដ្ឋសហព័ន្ធ គ្មានទេ ខ្ទង់ចំណាយសម្រាប់ជួយអ៊ុយក្រែន។ជាង១ឆ្នាំនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន សំឡេងប្រឆាំងនឹងការផ្តល់ជំនួយសម្រាប់អ៊ុយក្រែន មានកាន់តែច្រើនឡើងនៅអាមេរិក។ តាមការស្ទង់មតិ របស់ប្រព័ន្ធទូរទស្សន៍CNN ប្រជាជនអាមេរិក៥៥%ប្រឆាំងលែងចង់ឲ្យរដ្ឋាភិបាលផ្តល់ជំនួយដល់អ៊ុយក្រែនតទៅទៀត និងថា រដ្ឋាភិបាលអាមេរិកគួយកថវិកាមកដោះស្រាយវិបត្តិក្នុងស្រុក ដូចជាវិបត្តិជនអន្តោប្រវេសន៍។តាមមន្រ្តីសេតវិមាននិយាយថា នៅប៉ុន្មានសប្តាហ៍ខាងមុខ រដ្ឋបាលលោកចូ បៃដិននឹងដាក់កញ្ចប់ថវិកាជំនួយ ចំនួន ២៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនទៅឲ្យសភាបោះឆ្នោតសាជាថ្មី ប៉ុន្តែ គេមិនសង្ឃឹមច្រើននោះទេ។សមាជិកបក្សសាធារណរដ្ឋ ជាដើម ដែលមាននិន្នាការស្តាំនិយមជ្រុល និងគាំទ្រអតីតប្រធានាធិបតី លោកដូណាល់ ត្រាំ បានប្តេជ្ញាហើយថា គេនៅតែបន្តបោះឆ្នោត ប្រឆាំងមិនឲ្យមានខ្ទង់ចំណាយថ្មីសម្រាប់ជួយអ៊ុយក្រែននោះទេ ព្រោះបញ្ហាអាទិភាពរបស់អាមេរិកនៅពេលនេះ មិនមែនសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ គឺបញ្ហារបស់ប្រជាជនអាមេរិកដែលកំពុងជួបវិបត្តិជនអន្តោប្រវេសន៍ធ្ងន់ធ្ងរ ដែលលួចឆ្លងព្រំដែនម៉ិចស៊ិក ចូលទឹកដីអាមេរិក។ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន វិញ អះអាងថា គេនឹងប្រឹងប្រែងបញ្ចុះបញ្ចូលសមាជិកសភាអាមេរិកដើម្បី បោះឆ្នោត គាំទ្រកញ្ចប់ថវិកាជំនួយសម្រាប់អ៊ុយក្រែន នៅក្រោយកិច្ចព្រមព្រៀងបណ្តោះអាសន្ន ស្តីពីថវិការបស់រដ្ឋសហព័ន្ធអាមេរិកត្រូវចប់អស់សុពលភាព នៅ៤៥ថ្ងៃខាងមុខ៕
3-10-2023 • 6 minuten, 14 seconden អាមេរិកចោទចិនផ្តាច់ការលើប្រព័ន្ធឌីជីថល ប៉េកាំង ថាអាមេរិកជាចក្រភពភូតភរ
ភាពតានតឹងរវាងអាមេរិកនិងចិនហាក់ដូចជាមិនចេះចប់មិនចេះហើយ។ អស់ពីរឿងមួយ ចូលរឿងមួយទៀត... នៅថ្ងៃសៅរ៍ទី៣០កញ្ញា ចិនបាន ចោទអាមេរិកថាជាចក្រភពភូតភរ។ នេះជាប្រតិកម្មតបទៅនឹងរបាយការណ៍អាមេរិកដែលថាប៉េកាំងបានប្រើអំណាចផ្តាច់ការលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល។ នៅល្ងាចថ្ងៃសៅរ៍ទី៣០កញ្ញាម្សិលមិញ ចិនបានបញ្ចេញប្រតិកម្មតបទៅនឹងរបាយការណ៍អាមេរិកចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៨កញ្ញា។ សម្រាប់ក្រសួងការបរទេសចិន របាយការណ៍បញ្ជាក់អំពីលក្ខណៈលម្អៀងការទូតរបស់សហរដ្ឋអាមេរិក។តើរបាយការណ៍អាមេរិករិះគន់ចិនដូចម្តេចខ្លះ?របាយការណ៍របស់មជ្ឈមណ្ឌល Global Engagement Center ដែលជាភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៃក្រសួងការបរទេសអាមេរិក បានចោទប៉េកាំងថាបានចំណាយលុយអស់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីបើកប្រតិបត្តិការបំភ្លៃព័ត៌មាននៅលើពិភពលោក។ ប្រតិបត្តិការបំភ្លៃព័ត៌មាននេះមានទម្រង់ជាការឃោសនាលើកតម្កើងខ្លួន ជាការផ្តល់ព័ត៌មានក្លែងក្លាយ និងការត្រួតពិនិត្យដើម្បីបិទខ្ទប់ព័ត៌មាន។ នេះជារបៀបគ្រប់គ្រងផ្តាច់លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល ដើម្បីកេងប្រវ័ញ្ញពីលើអង្គការអន្តរជាតិនិងដោយឃុំគ្រងបណ្តាញព័ត៌មានជាភាសាចិន។ ជាល្បិចដែលជួយប៉េកាំងឱ្យកែប្រែបរិស្ថានព័ត៌មាននៅលើពិភពលោកបាន។សម្រាប់អ្នកសម្របសម្រួលរបាយការណ៍ លោក James Rubin ទង្វើរបស់សាធារណរដ្ឋប្រជាមានិតចិននេះនឹងបង្កើតឱ្យមានច្រក និងគម្លាតដែលប្រទេសជាតិនានាអាចសម្រេចចិត្តខុស បម្រើតែផលប្រយោជន៍សេដ្ឋកិច្ចនិងសន្តិសុខចិន។ បើគ្មានការទប់ស្កាត់ទេ គឺការបំភ្លៃព័ត៌មានអាចបំផ្លាញដោយយឺតៗនិងយ៉ាងសន្សឹមៗ មូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។ ការបំភ្លៃព័ត៌មានអន្តរជាតិរបស់ចិនមិនមែនត្រឹមតែជាបញ្ហាការទូតមួយមុខទេ ប៉ុន្តែជាតំណាងគ្រោះថ្នាក់សម្រាប់សុចរិតភាពនៃដែនព័ត៌មានអន្តរជាតិ។នៅចំពោះមុខអ្នកសារព័ត៌មាន លោក James Rubin អតីតអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានពន្យល់ទៀតថា នៅពេលប្រមូលបំណែកឯកសារមកផ្គុំបញ្ចូលគ្នាទៅទើបគេសង្កេតឃើញអំពីមហិច្ឆតាដ៏ធំធេងរបស់ចិនដែលចង់គ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងតំបន់សំខាន់ៗនៃផែនដី។ ឧទាហរណ៍នៅតំបន់អាហ្វ្រិកខាងកើត ចិនបានប្រើវិធីបង់ប្រាក់ទិញកាសែតក្នុងស្រុកសរសេរតែព័ត៌មានល្អ។ចុងក្រោយ របាយការណ៍បានបរិហារលទ្ធិផ្តាច់ការលើប្រព័ន្ធឌីជីថល ដោយកេងពីលើបណ្តាញសង្គមWechat សម្រាប់ផ្សព្វផ្សាយព័ត៌មានក្លែងងក្លាយដៅឱ្យចំអ្នកចេះនិយាយភាសាចិន ហើយរស់នៅក្នុងប្រទេសប្រជាធិបតេយ្យ និងសាកល្បងរារាំងអ្នកប្រឆាំងមិនឱ្យប្រើបណ្តាញសង្គមTikTok។ចុះចិនការពារខ្លួនយ៉ាងណា?របាយការណ៍អាមេរិកសរសេរផ្ទុយពីការពិត។ នេះជាចម្លើយតបរបស់ចិននៅថ្ងៃល្ងាចថ្ងៃសៅរ៍ម្សិលមិញ ដោយវាយបកលើអាមេរិកវិញថា គឺរបាយការណ៍នេះហើយជាអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ជាមួយនឹងប្រតិកម្ម ចិនបានចោទសហរដ្ឋអាមេរិកថាជាចក្រភពភូតភរ។ អាមេរិកជាជើងឯកខាងធ្វើសង្គ្រាមព័ត៌មានបំភ័ន្តមតិសាធារណៈ។ ដើម្បីរំលេចឱ្យឃើញថាអាមេរិកសក្តិសមនឹងទទួលនាមជាចក្រភពភូតភរ នៅក្នុងសេចក្តីថ្លែងការណ៍ចិនបានរៀបរាប់អំពីរបៀបលាក់បាំងសកម្មភាពអាក្រក់ៗ និងមិនសូវជោគជ័យរបស់ខ្លួន តាមរយៈការលាបពណ៌ទម្លាក់កំហុសលើអ្នកដទៃ មានជាអាទិ៍ប្រតិបត្តិការ Mockingbird របស់ភ្នាក់ងារសេអ៊ីអាក្នុងសម័យសង្គ្រាមត្រជាក់ ដើម្បីបំពុលសារព័ត៌មានអាមេរិកនិងបរទេស ឬអន្តរាគមន៍របស់អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Colin Powell ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៣ ដែលថាអ៊ីរ៉ាក់មានអាំវុធប្រល័យលោកនុយក្លេអ៊ែរ។ប៉េកាំងបានចោទវ៉ាស៊ីនតោនផងដែរ ថាបានផ្សព្វផ្សាយ ពាក្យភូតភរប្រចាំសតវត្សរ៍ ទាក់ទងនឹងនយោបាយចិននៅស៊ីនជាំង។ បើតាមអាមេរិក ចិនបានបើកប្រតិបត្តិការប្រល័យពូជសាសន៍លើសហគមន៍អ៊ុយហ្គួរ ជាជនជាតិភាគតិចកាន់សាសនាអ៊ីស្លាម ក្រោមផ្លាកប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម៕
1-10-2023 • 3 minuten, 56 seconden សហរដ្ឋអាមេរិកមានវិបត្តិជាប់គាំងថវិកាជាថ្ មី ដោយហេតុសង្គ្រាមអ៊ុយក្រែន?
បើគ្មានការព្រមព្រៀងនៅមុនម៉ោង១២អាធ្រាត្រនៃយប់ថ្ងៃសៅរ៍ទី ៣០កញ្ញានេះទេ សហរដ្ឋអាមេរិកនឹងធ្លាក់ក្នុងវិបត្តិជាប់គាំងថវិកាជាថ្មី។ រដ្ឋបាលសហព័ន្ធមិនចាំបាច់មួយចំនួនអាចនឹងត្រូវបិទទ្វារផ្អាកដំណើរការ។ ប្រធានាធិបតីចូបៃដិន និងអ្នកសាធារណរដ្ឋទម្លាក់ទំនួលខុសត្រូវដាក់គ្នាទៅវិញទៅមកថាជាដើមហេតុនាំភាពរញ៉េរញៃនេះកើតឡើង។ ទើបគេចពីវិបត្តិបំណុលយ៉ាងប្រផុតប្រផើយកាលពីបួនខែមុន មហាអំណាចសេដ្ឋកិច្ចទីមួយពិភពលោក ទំនងជាមិនអាចបញ្ចៀសមិនឱ្យមានវិបត្តិជាប់គាំងថវិកាShutdownជាថ្មីបានទេ។ ច្បាប់ថវិកាដែលជាអ្នកធានាដំណើរការរដ្ឋបាលរដ្ឋសហព័ន្ធត្រូវផុតឱសានវាទនៅថ្ងៃសៅរ៍ទី៣០កញ្ញាវេលាម៉ោង១២អាធ្រាត្រម៉ោងនៅវ៉ាស៊ីនតោន។ ដូច្នេះបើគ្មានការព្រមព្រៀង អនុម័ត និងចុះហត្ថលេខាលើគម្រោងថវិកាឆ្នាំថ្មី២០២៤ឱ្យបានមុនពេលរំលងអាធ្រាត្រឆ្លងចូលថ្ងៃអាទិត្យទី១តុលានេះទេ សេវារដ្ឋបាលសហព័ន្ធមិនចាំបាច់ទាំងឡាយនឹងត្រូវបិទទ្វារហើយ។ហេតុអ្វីសហរដ្ឋអាមេរិកឧស្សាហ៍ធ្លាក់ក្នុងវិបត្តិជាប់គាំងថវិកា?រដ្ឋធម្មនុញ្ញអាមេរិកចែងឱ្យសភាអាមេរិកទាំងពីរ គឺព្រឹទ្ធសភានិងសភាជាន់ទាប ជាអ្នកបោះឆ្នោតអនុម័តច្បាប់ថវិកាសហព័ន្ធ តាមរយៈដំណើរបែបបទដ៏វែង។ ជារៀងរាល់ឆ្នាំ វិមានប្រធានាធិបតីរៀបចំគម្រោងថវិកាសម្រាប់ឆ្នាំបន្ទាប់ ដែលគិតចាប់ផ្តើមពីថ្ងៃទី១តុលាទៅ។ លោក ចូបៃដិន បានលើកគម្រោងថវិកាគោលឆ្នាំ២០២៤ កាលពីខែ៩មីនា សម្រាប់ឱ្យគណៈកម្មការចំនួន១២នៅសភានិងព្រឹទ្ធសភាទទួលបន្ទុករៀបចំចំណាយថវិកាលម្អិតទៅតាមផ្នែកនីមួយៗ ( ការពារជាតិ កសិកម្ម យុត្តិធម៌ ...) និងទៅតាមសំណើរបស់រដ្ឋាភិបាល។ សភានិងព្រឹទ្ធសភា រៀបចំគម្រោងច្បាប់លម្អិតរៀងខ្លួនៗ ហើយយកមកជជែកពិភាក្សាគ្នា។ នៅពេលជជែកតស៊ូមតិគ្នា តែងសម្រេចនៅនាទីចុងក្រោយ ប៉ុន្តែក្រុមម្ខាងៗតែងការពារជំហររបស់ខ្លួន និងយកការជាប់គាំងសេវារដ្ឋបាលសហព័ន្ធមកគំរាមសំឡុតដើម្បីឱ្យម្ខាងទៀតធ្វើសម្បទាន។តាំងពីឆ្នាំ១៩៧៦មក សហរដ្ឋអាមេរិកធ្លាប់ឆ្លងកាត់វិបត្តិជាប់គាំងថវិកាShutdownនេះ២១ដង ក្នុងនោះ១០ដងបានឈានដល់ដំណាក់កាលគាំងសេវារដ្ឋបាល បុគ្គលិករដ្ឋត្រូវឈប់ធ្វើការដោយបង្ខំ។ វិបត្តិធ្ងន់ធ្ងរខ្លាំងជាងគេនៅឆ្នាំ១៩៩៥-៩៦ ក្រោមរដ្ឋបាលលោកប៊ីលគ្លីនតុន និងវែងជាងគេ ដល់ទៅ៣៥ថ្ងៃ នៅឆ្នាំ២០១៨-២០១៩ ដោយកាលណោះប្រធានាធិបតីលោកដូណាល់ត្រាំ និងសភាខុនក្រេស ប្រឆាំងគ្នាខ្លាំងជុំវិញការភ្ជាប់សំណើសាងសង់ជញ្ជាំងម៉ិចស៊ិកទប់ស្កាត់អន្តោប្រវេសន៍ក្នុងកញ្ចប់ថវិកាជាតិ។តើអ្វីជាដើមហេតុនាំឱ្យមានគ្រោះShutdown នៅលើកនេះ? លោកប្រធានាធិបតីចូបៃដិន និងអ្នកសាធារណរដ្ឋបានទម្លាប់កំហុសដាក់គ្នាទៅវិញមក ថាជាដើមហេតុនាំអាមេរិកឱ្យប្រឈមនឹងគ្រោះជាប់គាំងថវិកាជាថ្មី។ សម្រាប់លោក ចូ បៃដិន ដោយឥតសង្ស័យ គ្រោះធ្លាក់ក្នុងវិបត្តិថវិកាលើកនេះបណ្តាលមកពីក្រុមសភាអ្នកតំណាងបក្សសាធារណរដ្ឋ ដែលចង់បិទខ្ទប់ជំនួយយោធាផ្តល់ទៅឱ្យអ៊ុយក្រែន។នៅច្បាប់ដើមដំបូងសេតវិមានចង់ឱ្យសភាខុនក្រេសអនុម័តគម្រោងថវិកាមានបូកជំនួយយោធានិងមនុស្សធម៌ដល់អ៊ុយក្រែនចំនួន២៤ពាន់លានដុល្លារអាមេរិក។ ហើយនៅក្នុងគម្រោងច្បាប់ចុងក្រោយនាថ្ងៃអង្គារ ព្រឹទ្ធសភាដែលគ្រប់គ្រងដោយក្រុមអ្នកប្រជាធិបតេយ្យ បានបញ្ចូលជំនួយយោធាដល់អ៊ុយក្រែនត្រឹមតែមួយភាគបួននៃទឹកប្រាក់ដើមប៉ុណ្ណោះ។ ប៉ុន្តែនៅសភាដែលក្រុមអ្នកសាធារណរដ្ឋមានសំឡេងភាគច្រើន ប្រធានសភាលោកKevin McCarty ក្រោមសម្ពាធចង់ភ្ជាប់ជំនួយអ៊ុយក្រែនទៅនឹងគម្រោងកំរិតការទទួលជនអន្តោប្រវេសន៍។ ចំណែកសមាជិកសភាអ្នកសាធារណរដ្ឋមួយក្តាប់តូចស្និទ្ធនិងនិយមលោកដូណាល់ត្រាំ បដិសេធដាច់ខាតមិនឱ្យភ្ជាប់សំណុំរឿងអ៊ុយក្រែនក្នុងច្បាប់ថវិកាជាតិទេ។ ពួកគេចង់ឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការផ្តល់ជំនួយដល់អ៊ុយក្រែនតែម្តង។ក្រុមត្រាំនិយមជ្រុល មានគ្នាតិចទេ តែមានអំណាចធំក្នុងរង្វង់អ្នកសាធារណរដ្ឋនៅក្នុងសភា ដោយវិះតែនឹងធ្វើឱ្យអាមេរិកធ្លាក់ក្នុងវិបត្តិនយោបាយហិរញ្ញវត្ថុកាលពីបួនខែមុនម្តង នៅពេលរដ្ឋាភិបាលសុំដំឡើងកំរិតអតិបរិមានៃប្រាក់បំណុលជាតិ។ ក្រុមដែលធ្លាប់បានជួយលោកម៉ាកខេទី ឱ្យបានក្លាយជាប្រធានសភាអាមេរិកនេះ បានទទួលបញ្ជាពីអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំដែលអាចនឹងមកឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកម្តងទៀតទល់នឹងលោកបៃដិនជាថ្មីនៅឆ្នាំ២០២៤ ឱ្យរក្សាជំហរដាច់ខាតមិនធ្វើសម្បទានអ្វីទាំងអស់នៅក្នុងគ្រប់សំណុំរឿងច្បាប់ថវិកា។ នៅក្នុងបណ្តាញTrush Social លោកដូណាល់ត្រាំបានជំរុញឱ្យសភាខុនក្រេសអ្នកសាធារណរដ្ឋកុំទទួលយកច្បាប់ថវិកា ដែលរដ្ឋាភិបាលបៃដិនប្រើជាអាវុធប្រឆាំងនឹងពលរដ្ឋពាក់កណ្តាលប្រទេស ក្នុងនាមជាសត្រូវ។តើពលរដ្ឋអាមេរិកណាខ្លះអាចរងគ្រោះដោយផ្ទាល់ពីវិបត្តិជាប់គាំងថវិកា?ហេតុដូច្នេះហើយបានជាសហរដ្ឋអាមេរិកត្រៀមបិទសេវាមួយចំនួន។ បុគ្គលិករដ្ឋសហព័ន្ធបានទទួលសេចក្តីជូនដំណឹងបិទសេវាការងារ តាំងពីថ្ងៃព្រហស្បតិ៍ទី ២៨កញ្ញាមក។ ពួកគេត្រូវរង់ចាំទាល់តែវិបត្តិថវិកានេះចប់ទើបបានបើកប្រាក់ខែ។ តែបុគ្គលិកក្នុងសេវាចាំបាច់ ត្រូវតែមកធ្វើការ ឯអ្នកផ្សេងត្រូវឈប់ធ្វើការ មិនប៉ះពាល់សំណុំរឿងឬចូលមើលសារអ៊ីមែលអ្វីទាំងអស់។ ឧទ្យានជាតិល្បីៗនៅអាមេរិកដូចយ៉ាងឧទ្យាន Yosemite ឬYellowstone ក៏ត្រូវបិទទ្វារជាបណ្តោះអាសន្នដែរ។ ចរាចរណ៍ផ្លូវអាកាសក៏ទំនងត្រូវរអាក់រអួលខ្លាំងដែរ។វិបត្តិជាប់គាំងថវិកាShutdown អាចនឹងបង្កផលវិបាកដល់ប្រជាពលរដ្ឋអាមេរិករាប់លាននាក់ ក្នុងកំរិតមួយដែលអាស្រ័យទៅលើរយៈពេលនិងភាពធ្ងន់ធ្ងរនៃការបិទសេវារដ្ឋបាលសហព័ន្ធ។ សហជីពនិយោកជិកនៃរដ្ឋាភិបាលសហព័ន្ធវាយតម្លៃថានឹងអាចមានបុគ្គលិកយោធានិងស៊ីវិលរហូតដល់៤លាននាក់រងផលប៉ះពាល់ផ្ទាល់ពីវិបត្តិជាប់គាំងថវិកាលើកនេះ ក្នុងនោះ២,២លាននាក់ជាបុគ្គលិកស៊ីវិល។ ទាហានជាងមួយលានបីសែនត្រូវបន្តធ្វើការដោយគ្មានទទួលប្រាក់បៀរវត្សរ៍។ កម្មវិធីផ្តល់ជំនួយស្បៀងអាហារដល់ជនក្រីក្រអាមេរិក ៤០លាននាក់ និង កម្មវិធីផ្តល់អាហារូបត្ថម្ភដល់ក្មេងនិងស្ត្រីជិត៧លាននាក់ ត្រូវបង្ខំចិត្តផ្តាច់សិទ្ធិអ្នកគួរទទួលជំនួយមួយចំនួនមួយរយៈសិន។ជាការរំលឹក កាលពីឆ្នាំ២០១៨ វិបត្តិជាប់គាំងថវិកាបានធ្វើឱ្យអាមេរិកបង់ខាតផលិតផលសរុបក្នុងស្រុកអស់ជាង៣ពាន់លានដុល្លារ៕
30-9-2023 • 6 minuten, 3 seconden លោកអគ្គលេខាធិការ អ .ស.ប. បរិហារថា ពិភពលោកកំពុងតែឆ្កួ តលីលាជាមួយនឹងអាវុធនុយក្លេអ៊ែរ
នៅក្នុងឱកាសកិច្ចប្រជុំពិសេសមួយ ក្នុងក្របខណ្ឌមហាសន្និបាទនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី២៦កញ្ញា លោកអគ្គលេខាធិការ អង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងសុន្ទរកថាដោយលោកបានលើកឡើងថា ពិភពលោកយើង កំពុងតែវក់វីនឹងភាពឆ្កួតលីលា ជាមួយនឹងអាវុធនុយក្លេអ៊ែរ។ ការប្រណាំងប្រជែងគ្នា នៃអាវុធមហាប្រល័យនេះ ត្រូវបានលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បរិហាថាគឺជាគ្រោះថ្នាក់ដ៏អាសន្នបំផុតសម្រាប់មនុស្សជាតិ។ ហេតុអ្វីលោកអង់តូនីញ៉ូ ហ្គូតទែរស៍ បារម្ភខ្លាំង?នៅថ្ងៃទី២៦កញ្ញា ដែលជាទិវាអន្តរជាតិនៃការបំបាត់ចោលទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បានលើកឡើងថា ជាលើកទី១ក្នុងរវាងច្រើនទសវត្សមកនេះ ចំនួនគ្រាប់នុយក្លេអ៊ែរ អាចនឹងកើនឡើងនៅទូទាំងពិភពលោក។ បញ្ហានេះគឺជាបញ្ហាអាសន្ន ព្រោះថាមហាអំណាចធំៗ កាន់តែប្រជែង ប្រណាំងគ្នាបង្កើនចំនួនអាវុធមហាប្រល័យនេះ តែរៀងៗខ្លួន។ ជាងនេះទៀត លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងការបារម្ភថា គ្រោងឆ្អឹងស្ថាប័នពិភពលោកដើម្បីទប់ស្កាត់ការរីកសាយភាពអាវុធនុយក្លេអ៊ែរ ត្រូវបានរុះរើ ឬរលំបាក់ជាបន្តបន្ទាប់។លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា សព្វាវុធនុយក្លេអ៊ែរបច្ចុប្បន្ននេះ កាន់តែទំនើប កាន់តែលឿនរហ័ស កាន់តែបាញ់ចំគោលដៅច្បាស់ និងកាន់តែអាចបញ្ជាបានដោយងាយ។ ភាពឆ្កួតលីលានៃអាវុធនុយក្លេអ៊ែរនេះ វាបៀបបាននឹងជ្រោះមរណៈ ដែលដែលមនុស្សជាតិយើងត្រូវតែរួមគ្នាចាកចេញឲ្យផុត។ នៅក្នុងបរិបទនេះ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បានអំពាវនាវាហៅក្រុមប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងអស់ ថាត្រូវតែធ្វើគម្រូល្អ បង្ហាញផ្លូវត្រឹមត្រូវ ហើយសន្យាថា ទោះជាកាលៈទេសៈណាក៏ដោយ គឺខ្លួនសន្យាថានឹងមិនប្រើអាវុធនុយក្លេអ៊ែរជាដាច់ខាត។ក្នុងនាមលោកជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោកសូមសន្យាថានឹងប្រឹងប្រែងធ្វើការ ឲ្យអស់ពីសមត្ថភាព ក្នុងការជួយជំរុញប្រមូលប្រទេសទាំងអស់ ដើម្បីឈានទៅរួមគ្នាលុបបំបាត់ឲ្យបាន នូវអាវុធប្រល័យលោកទាំងនេះឲ្យអស់ពីផែនដី ហើយធ្វើឲ្យក្លាយជាអតីតកាល ដែលមិនអាចរស់ឡើងវិញបាន ។កូរ៉េខាងជើងចោទអាមេរិកថាជាអ្នកដុត “ភ្លើងសង្គ្រាមនុយក្លេអ៊ែរ”ដោយឡែក នៅថ្ងៃទី២៦កញ្ញា នៅអង្គការសហប្រជាជាតិដែរ តំណាងរដ្ឋាភិបាលរបបផ្តាច់ការកូរ៉េខាងជើង បានឡើងថ្លែងសុន្ទរកថា ដោយបានលើកឡើងថា “ឧបទ្វីបកូរ៉េ កំពុងស្ថិតនៅមាត់ជ្រោះសង្គ្រាមនុយក្លេអ៊ែរ ហើយអ្នកដែលបង្កបញ្ហានេះ គឺគ្មាននរណាទេ ក្រៅពីសហរដ្ឋអាមេរិក”។លោក គីម សុង អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ បានបរិហារថា គឺសកម្មភាពដែលគ្មានការពិចារណា និងពោរពេញដោយភាពកម្រោលចូលរបស់អាមេរិក ដែលកំពុងតែដុតភ្លើងសង្គ្រាមនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។ មន្ត្រីកូរ៉េខាងជើងរូបនេះ បន្តថាអាមេរិកបានអុជអាលប្រទេសក្នុងតំបន់ក្បែរខាងកូរ៉េខាងជើង ឲ្យធ្វើតាមខ្លួន ពោលគឺវាជាយុទ្ធសាស្ត្រខ្វះការប្រុងប្រយ័ត្ន ដើម្បីតែបំពេញមហិច្ឆតា និងផលប្រយោជន៍របស់អាមេរិកតែប៉ុណ្ណោះ។អស់ពីបរិហារអាមេរិក អគ្គរដ្ឋទូតកូរ៉េខាងជើង បានចោទថារដ្ឋាភិបាលកូរ៉េខាងត្បូង ក៏មានចំណែកខុសដែរ ក្នុងការធ្វើឲ្យឧបទ្វីបកូរ៉េត្រូវប្រឈមនឹងសង្គ្រាមនុយក្លេអ៊ែរ ព្រោះសេអ៊ូលព្រមឱនក្បាលធ្វើជាអាយ៉ងរបស់អាមេរិក ឈ្លក់វង្វេងចង់តែធ្វើសង្គ្រាមជាមួយបងប្អូនឯង។មហាអំណាចប្រើអាវុធនុយក្លេអ៊ែរដើម្បីគំរាមគ្នាកាន់តែខ្លាំងទាក់ទិននឹងការគំរាមប្រើអាវុធនុយក្លេអ៊ែរ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ មិនបានបញ្ចេញឈ្មោះប្រទេសណាមួយឲ្យចំទេ។ តែបរិបទសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពដែលរុស្ស៊ី អាចនឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិក។ យ៉ាងណាមិញ លទ្ធភាពនេះ ត្រូវបានភាគីរុស្ស៊ីលើកយកមកគ្រវីគំរាមជាញយដងមកហើយ។សូមបញ្ជាក់ថា យោងតាមតួលេខរបស់ វិទ្យាស្ថានអន្តរជាតិស្រាវជ្រាវដើម្បីសន្តិភាព ហៅកាត់ថា SIPRI ដែលមានទីតាំងនៅក្រុងស្តុកខូលម៍ គឺដើមឆ្នាំ២០២៣ ពិភពលោកយើងមានក្បាលគ្រាប់នុយក្លេអ៊ែរ សរុបចំនួន ១២៥១២គ្រាប់។ ទំហំនេះបានថយចុះបន្តិច បើប្រៀបធៀបទៅឆ្នាំ២០២២ ដែលមានចំនួន ១២៧១០គ្រាប់។ តែយ៉ាងណា ស្ថិតក្នុងបរិបទនៃការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង រវាងមហាអំណាចធំៗ អ្នកជំនាញបានថ្លែងការបារម្ភថា ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរអាចនឹងកើនឡើង ចាប់ពីពេលនេះទៅ។ ពោលគេ សករាជនៃការថយចុះចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ទំនងជាបានដើរមកដល់ទីបញ្ចប់ហើយ។ អំណេះតទៅ ពិភពលោកនឹងឈានជើងចូលទៅកាន់ទំព័រថ្មីនៃការប្រណាំងប្រជែង ដំឡើងទំហំសព្វាវុធនុយក្លេអ៊ែរ ដើម្បីកំញើញគ្នាទៅវិញទៅមក។គួរកត់សំគាល់ដែរថា បច្ចុប្បន្នមានប្រទេស៩ ដែលជាផ្លូវការត្រូវគេដឹងថាជាមហាអំណាច មានអាវុធបរមាណូ នោះគឺ សហរដ្ឋអាមេរិក បារាំង អង់គ្លេស រុស្ស៊ី ចិន ប៉ាគីស្ថាន ឥណ្ឌា អ៊ីស្រាអែល និងកូរ៉េខាងជើង។ យោងតាមតួលេខ សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក (FAS) គឺរុស្ស៊ីមានក្បាលគ្រាប់នុយក្លែអ៊ែរច្រើនជាងគេ គឺចំនួន ៥៨៨៩គ្រាប់ ខណៈអាមេរិកមានចំនួន ៥២៤៤គ្រាប់។ រុស្ស៊ី និងអាមេរិក តែ២នាក់ មានក្បាលគ្រាប់នុយក្លេអ៊ែរ សរុបដល់ទៅ៩០%នៃទំហំរួមទូទាំងពិភពលោក។ ចិនវិញស្ថិតនៅលេខរៀងទី៣ មានចំនួន ៤១០គ្រាប់ បារាំងមាន២៩០គ្រាប់ អង់គ្លេសមាន ២២៥គ្រាប់ ប៉ាគីស្ថានមាន១៧០គ្រាប់ ឥណ្ឌាមាន ១៦៤គ្រាប់ អ៊ីស្រាអែលមាន៩០គ្រាប់ ហើយកូរ៉េខាងជើងមានប្រមាណ៣០គ្រាប់។ក្រៅកូរ៉េខាងជើង ដែលកំពុងបង្កឲ្យមានការបារម្ភ អ៊ីរ៉ង់ក៏កំពុងធ្វើឲ្យអ្នកសង្កេតស្ថានការណ៍ តាមដានយកចិត្តទុកដាក់ខ្ពស់ដែរ។ កិច្ចព្រមព្រៀងគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ស្ថិតនៅជាប់គាំង គ្មានដំណោះស្រាយ ខណៈការចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូម របស់អ៊ីរ៉ង់ បានកើនសកម្មភាពកាន់តែខ្លាំង។ យោងតាមប្រភពច្បាស់ការជាច្រើន គឺទំហំអ៊ុយរ៉ានីញ៉ូមចម្រើនធាតុរបស់អ៊ីរ៉ង់ បានលើសច្រើនទៅៗ នៃកម្រិតអនុញ្ញាត ដែលប្រការនេះអាចនឹងបើកផ្លូវឲ្យអ៊ីរ៉ង់ អាចផលិតក្បាលគ្រាប់នុយក្លេអ៊ែរបាន ក្នុងពេលដ៏ឆាប់៕
27-9-2023 • 6 minuten, 24 seconden នីហ្សេ៖ ប្រធានាធិបតីបារាំងសម្រេចដកទូត និងបិទបញ្ចប់បេសកកម្មកងទ័ពបារាំង
ជាច្រើនសប្តាហ៍បន្ទាប់ពីវិបត្តិបានផ្ទុះឡើង រវាងបារាំងនិងក្រុមកងទ័ពធ្វើរដ្ឋប្រហារនៅនីហ្សេ ទីបំផុតលោកប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង បានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៤កញ្ញា ថាបារាំងនឹងហៅអគ្គរដ្ឋទូតខ្លួនឲ្យចូលស្រុកវិញ ហើយបេសកម្មកម្មកងទ័ពបារាំង ដើម្បីប្រយុទ្ធនឹងចលនាជីហាតភេរវកម្ម នឹងត្រូវបិទបញ្ចប់ជាស្ថាពរដែរ។ គួររំលឹកថា កាលពីចុងខែកក្កដា ក្រុមយោធានីហ្សេដឹកនាំដោយ មេបញ្ជាការ Abdourahamane Tiani បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល របស់លោកម៉ូហាម៉េដ បាហ្ស៊ូម និងបានចាប់លោកប្រធានាធិបតីរូបនេះ បង្ឃាំងទុកក្នុងផ្ទះជាមួយនឹងក្រុមគ្រួសារ រហូតដល់សព្វថ្ងៃ។ ក្រុមយោធាធ្វើរដ្ឋប្រហារ អមដោយបាតុកម្មគាំទ្រតាមផ្លូវផង បានប្រកាសបណ្តេញកងទ័ពបារាំងប្រមាណ១៥០០នាក់ ដែលឈរជើងនៅនីហ្សេ ឲ្យចាកចេញ និងបានប្រកាសបណ្តេញលោកអគ្គរដ្ឋទូតបារាំងថែមទៀតផង។តែយ៉ាងណាពីប៉ារីស រដ្ឋាភិបាលបារាំង បានអះអាងថាអាជ្ញាធររបបសិកនីហ្សេ មិនមែនជារដ្ឋាភិបាលស្របច្បាប់នោះទេ។ បារាំងប្រកាសថា ទទួលស្គាល់រដ្ឋាភិបាលនីហ្សេស្របច្បាប់តែមួយគត់ ដែលដឹកនាំដោយលោកប្រធានាធិបតីម៉ូហាម៉េដ បាហ្ស៊ូម។តើហេតុអ្វីបានជាពេលនេះ ប្រធានាធិបតីបារាំងសម្រេចហៅអគ្គរដ្ឋទូតឲ្យចូលស្រុក និងដកទ័ពបារាំងចេញពីនីហ្សេ?នៅក្នុងបទសម្ភាសន៍ផ្តល់ឲ្យទូរទស្សន៍បារាំង TF1 និងFrance 2 កាលពីយប់ថ្ងៃអាទិត្យ លោកម៉ាក្រុងបានបញ្ជាក់ឲ្យដឹងថា បារាំងបានសម្រេចចិត្តហើយ គឺនឹងហៅលោកអគ្គរដ្ឋទូត Sylvain Itté ព្រមទាំងមន្ត្រីទូតបារាំងជាច្រើននាក់ទៀត ដែលកំពុងស្ថិតនៅទីក្រុងនីអាម៉េ ឲ្យត្រលប់ចូលស្រុកបារាំងវិញ ក្នុងពេលប៉ុន្មានម៉ោងខាងមុខ។ បន្ថែមពីនេះ លោកម៉ាក្រុង បានបញ្ជាក់ថា បេសកកម្មកងទ័ពបារាំងនៅនីហ្សេត្រូវបិទបញ្ចប់ទាំងស្រុង។ កងទ័ពបារាំងដែលកំពុងស្ថិតនៅលើទឹកដីនីហ្សេ នឹងត្រូវដកចេញទាំងស្រុង ពីនេះដល់ដំណាច់ឆ្នាំ២០២៣។លោកម៉ាក្រុងបានបញ្ជាក់ហេតុផលថា បារាំងបានសម្រេចបិទបញ្ចប់បេសកកម្មកងទ័ពនៅនីហ្សេ ព្រោះថា អាជ្ញាធរនីហ្សេបច្ចុប្បន្ននេះ លែងចង់ប្រយុទ្ធប្រឆាំងក្រុមជីហាតភេរវកម្មទៀតឡើយ។ លោកបន្តថា ជាងនេះទៀត បារាំងមិនអាចបន្តនៅជាចំណាប់ខ្មាំង នៃរបបសិកនីហ្សេបានទេ។ តែយ៉ាងណា លោកបានបញ្ជាក់ថា បារាំងនឹងធ្វើការជជែកជាមួយអាជ្ញាធររបបសិកនីហ្សេ ដើម្បីរៀបចំដំណើរការដកទ័ពនេះ ឲ្យរលូន និងដោយស្ងាត់ស្ងៀមបំផុត។គួរបញ្ជាក់ថា ការពិតទៅស្ថានការណ៍វិបត្តិកាន់តែតានតឹង ដុនដាបខ្លាំង រវាងនីហ្សេនិងបារាំង ប៉ុន្មានសប្តាហ៍មកហើយ។ បាតុកម្មរបស់ប្រជាជននីហ្សេ ដែលប្រឆាំងនឹងវត្តមានកងទ័ពបារាំង ត្រូវបានរៀបចំធ្វើសឹងជារៀងរាល់ថ្ងៃ នៅមុខស្ថានទូតបារាំងក្នុងទីក្រុងនីអាមេ និងនៅខាងមុខបន្ទាយទាហានបារាំង។ អ្នកវិភាគជាច្រើនធ្លាប់បានសន្និដ្ឋានហើយ ថាបារាំងគ្មានជំរើសអ្វីផ្សេងទេ ក្រៅពីការធ្វើតាមការទាមទារ របស់ក្រុមយោធានីហ្សេ។ចាប់តាំងពីពាក់កណ្តាលខែសីហា ដែលលោកអគ្គរដ្ឋទូតបារាំង Sylvain Itté និងមន្ត្រីទូតបារាំងផ្សេងទៀត ត្រូវបានក្រុមយោធានីហ្សេ រាំរាំងមិនឲ្យចេញពីស្ថានទូត។ លោកម៉ាក្រុងបានហៅស្ថានការណ៍នេះ ថាជាការចាប់ចំណាប់ខ្មាំង។ ស្ថានការណ៍កាន់តែអាសន្ន ដោយសារតែមន្ត្រីទូតបារាំងដែលជាប់ក្នុងស្ថានទូត គ្មានស្បៀងអាហារគ្រប់គ្រាន់។ មិនត្រឹមប៉ុណ្ណោះទេ ក្រុមយោធាធ្វើរដ្ឋប្រហារនីហ្សេ បានហាមឃាត់មិនឲ្យយន្តហោះបារាំង ហោះចូលដែនអាកាសនីហ្សេថែមទៀតផង។អវសាននៃប្រតិបត្តិការកងទ័ពបារាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអ៊ីស្លាមនៅតំបន់សាហ៊ែល?ក្រោយការប្រកាសរបស់លោកម៉ាក្រុង ថាបារាំងនឹងដកទ័ពចេញនីហ្សេ អាជ្ញាធររបបសិកនីហ្សេ បានចេញលិខិតប្រកាស អបអរសារទរ ថានេះគឺជាការបោះជំហាន ឈានទៅពង្រឹកអធិបតេយ្យភាពរបស់នីហ្សេ។ ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិនីហ្សេ ក្រុមយោធារបបសិក បានអះអាងថា រាល់អង្គភាព រដ្ឋាភិបាល ឬកងទ័ពបរទេសណាក៏ដោយ ដែលមានផែនការគំរាមមកលើផលប្រយោជន៍ជាតិនីហ្សេ គឺនឹងត្រូវតែដកចេញឲ្យអស់ពីទឹកដីនីហ្សេ ដោយគោរពទៅតាមឆន្ទៈរបស់ពលរដ្ឋនីហ្សេ។យ៉ាងណាក៏ដោយ ការចោទប្រកាន់កន្លងមកពីសំណាក់ក្រុមយោធារបបសិកនីហ្សេ ថាបារាំងមានគំរោងផែនការប្រឆាំងនឹងសន្តិសុខជាតិនីហ្សេនោះ គឺតែងតែត្រូវបានភាគីបារាំងច្រានចោលជានិច្ច។ ផ្ទុយទៅវិញ លោកប្រធានាធិបតីបារាំង បានអះអាងថា បេសកកម្មកងទ័ពបារាំងនៅតំបន់សាហ៊ែល ដែលបានដំណើរការទៅប្រមាណ១០ឆ្នាំមកនេះ បានហុចលទ្ធផលវិជ្ជមានច្រើនណាស់ សម្រាប់ប្រជាជននៅតំបន់នេះ។ បើគ្មានវត្តមានកងទ័ពបារាំង ជួយទេ ម្លេះក្រុមជីហាតភេរវកម្មនឹងកើនកម្លាំងរីករាលដាល កាប់សម្លាប់ជីវិតប្រជាជនស៊ីវីលកាន់តែច្រើន ជាក់ជាមិនខានទេ មិនថានៅម៉ាលី នៅបួគីណាហ្វាសូ ឬនៅនីហ្សេ។លោកម៉ាក្រុង បានថ្លែងការសោកស្តាយណាស់ ដែលប្រទេសនៅតំបន់សាហ៊ែល បានពើបប្រទះនឹងការធ្វើរដ្ឋប្រហារយោធាជាបន្តបន្ទាប់គ្នា ដែលលោកហៅថាជា “ជំងឺឆ្លងរដ្ឋប្រហារ”។ លោកម៉ាក្រុង បានលើកឡើងថា លោកក៏ដូចជាអ្នកជំនាញផ្សេងៗទៀត មានការព្រួយបារម្ភណាស់ អំពីស្ថានភាពសន្តិសុខនៅតំបន់នេះអំណេះតទៅ។ តែយ៉ាងណាក៏ដោយ បារាំងមិនមែនជាអ្នកទទួលខុសត្រូវ ទៅលើបញ្ហាវិបត្តិនយោបាយផ្ទៃក្នុងរបស់ប្រទេសទាំងនេះទេ។ទាក់ទិននឹងអនាគតនៃបេសកកម្មបាកកាន តំបន់សាហ៊ែល គិតមកទល់ពេលនេះ គឺមិនទាន់មានការបញ្ជាក់ពីរដ្ឋាភិបាលបារាំងទេ ថាកងទ័ពបារាំងចំនួន១៥០០នាក់ ដែលនឹងត្រូវដកចេញពីនីហ្សេ នឹងត្រូវយកចូលស្រុកបារាំងវិញ ឬមួយក៏ត្រូវបញ្ជូនទៅកាន់ប្រទេសផ្សេងនៅអាហ្វ្រិក។ នៅជុំវិញតំបន់សាហ៊ែល ក្រៅពីនីហ្សេ បច្ចុប្បន្នបារាំងមានកងទ័ពប្រមាណ១០០០នាក់ ប្រចាំនៅប្រទេសឆាតដែលមានព្រំដែនជាប់នីហ្សេ មាន៤០០នាក់នៅសេនេហ្កាល់ ៩០០នាក់នៅកូឌីវ័រ និងនៅហ្កាបុង ប្រមាណ៣៥០នាក់។លោក Thierry Vircoulon អ្នកសម្របសម្រួលនៅក្រុមឃ្លាំមើលអាហ្វ្រិកកណ្តាលនិងខាងត្បូង នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង(IFRI) បានលើកឡើងថា បន្ទាប់ពី ម៉ាលី និងបួគីណាហ្វាសូ បានធ្លាក់ចូលក្នុងរបបសិក ហើយបានបណ្តេញកងទ័ពបារាំងឲ្យចេញ នីហ្សេបានក្លាយជាទីតាំងបង្គោលធំចុងក្រោយសម្រាប់បារាំង នៅក្នុងប្រតិបត្តិការបោសសំអាតក្រុមជីហាតតំបន់សាហ៊ែល។ តែអំណេះតទៅ គឺប្រតិបត្តិការនេះត្រូវដល់ទីអវសានហើយ។ ចាប់ពីពេលនេះទៅ បារាំងគ្មានអនាគតអ្វីទៀតទេ នៅតំបន់សាហ៊ែល។ផ្ទុយទៅវិញ វត្តមានរបស់រុស្ស៊ី ត្រូវបានគេសង្កេតឃើញក្នុងតំបន់សាហ៊ែល តាមរយៈអន្តរាគមន៍របស់ក្រុមទាហានស៊ីឈ្នួល Wagner ។ ទង់ជាតិរុស្ស៊ី និងពាក្យស្លោកអរគុណលោកពូទីន ត្រូវបានក្រុមបាតុករនីហ្សេ លើកគ្រវីជាញឹកញាប់ ក្នុងក្បួនបាតុកម្មប្រឆាំងជេរបារាំង ប្រមាណជិត២ខែមកនេះ។
25-9-2023 • 7 minuten, 5 seconden ណាសារង់ចាំដោយអន្ទះសារដើម្បីទទួលយានអវកាសដែលដឹកនាំយកសំណាកអាចម៍ផ្កាយBennu
ជាលើកទី១ក្នុងប្រវត្តិស្រាវជ្រាវរបស់ខ្លួន ទីភ្នាក់ងារណាសាកំពុងរង់ចាំការវិលត្រលប់របស់យានអវកាសដែលទីភ្នាក់ងារណាសា បានបាញ់បង្ហោះ កាលពី៧ឆ្នាំមុន ដើម្បីទៅចុះចត យកសំណាកពីអាចម៍ផ្កាយ Bennu។ ចុះចតយកបានសំណាកអាចម៍ផ្កាយ Bennu កាលពីឆ្នាំ ២០២០ យានអវកាសOsiris-Rexត្រូវត្រលប់មកផែនដីវិញ នៅថ្ងៃអាទិត្យ ម៉ោង៩ព្រឹក ម៉ោងនៅសហរដ្ឋអាមេរិក។ តើសំណាកអាចម៍ផ្កាយBennuមានសារៈសំខាន់យ៉ាងណាសម្រាប់ការសិក្សាស្រាវជ្រាវរបស់ទីភ្នាក់ងារអវកាសណាសា? បេសកកម្មរបស់ទីភ្នាក់ងារណាសា ដើម្បីទៅយកសំណាកអាចម៍ផ្កាយBennuបានឈានដល់ទីបញ្ចប់ ព្រោះថា យានអវកាសOsiris_Rexត្រូវវិលត្រលប់មកផែនដីវិញ នៅថ្ងៃអាទិត្យ ទី ២៤កញ្ញា វេលាម៉ោង ៩ព្រឹក ម៉ោងនៅសហរដ្ឋអាមេរិក ត្រូវនឹងម៉ោង១០យប់ ម៉ោងនៅប្រទេសកម្ពុជា។ ៧ឆ្នាំក្រោយ ការបាញ់បង្ហោះរបស់ទីភ្នាក់ងារណាសា នៅឆ្នាំ ២០១៦ យានអវកាស Osiris-Rex បាននាំយកដី ដែលជាសំណាកអាចម៍ផ្កាយ Bennu ចំនួន ២៥០ក្រាម សម្រាប់ការសិក្សាស្រាវជ្រាវរបស់ទីភ្នាក់ងារណាសា។តើការវិលត្រលប់មកផែនដីប្រព្រឹត្តទៅដោយរបៀបណា?សម្រាប់ទីភ្នាក់ងារណាសា ការវិលត្រលប់មកផែនដី របស់យានOsiri-Rex ជាការវិលត្រលប់ជាប្រវត្តិសាស្រ្ត ព្រោះថា នេះជាលើកទី១ ដែលគេប្រមូលយកបានសំណាកអាចម៍ផ្កាយ ក្នុងបរិមាណដ៏ច្រើន ដល់ទៅ ២៥០ក្រាម ពោលគឺច្រើនជាងថ្មដែលបេសកកម្មអាប៉ូឡូយកពីព្រះចន្ទ កាលពីឆ្នាំ ១៩៧២។ ប៉ុន្តែ មុននឹងអាចទទួលយកបានសំណាកអាចម៍ផ្កាយBennu មកដាក់ក្នុងដៃ ទីភ្នាក់ងារណាសាត្រូវចាត់ចែងបញ្ជាការចុះចតប្រកបដោយគ្រោះថ្នាក់របស់យានដែលមានផ្ទុកសំណាកអាចម៍ផ្កាយ Bennu។តាមគម្រោងបញ្ជារបស់ណាសា យានអវកាសOsiri-Rexត្រូវទម្លាក់Capsule ដែលមានផ្ទុកសំណាកអាចម៍ផ្កាយBennu នៅប្រមាណ ៤ម៉ោងមុន វាធ្លាក់ចុះដល់ដី ពោលគឺនៅចម្ងាយ ១សែនគីឡូម៉ែត្រ ពីផែនដី។ ដំណើរធ្លាក់ចុះរបស់Capsule ជាដំណាក់កាលស្មុគស្មាញ និងគ្រោះថ្នាក់ ព្រោះថា ក្នុងរយៈពេល១៣នាទីចុងក្រោយ Capsule ដែលធ្លាក់ចុះក្នុងល្បឿន ៤៤០០០គីឡូម៉ែត្រក្នុងមួយម៉ោង មានកំដៅ នៅខាងក្រៅដល់ទៅ ២៧០០អង្សារ។ ដូច្នេះ ណាសាត្រូវប្រុងប្រយ័ត្នបំផុត នៅពេលសម្រេចចុច បញ្ចេញឆ័ត្រយោងដើម្បីធ្វើយ៉ាងណាឲ្យCapsule ធ្លាក់ចុះ ដោយគ្មានការប៉ះទង្គិចខ្លាំងនៅលើដី។ តាមគម្រោង ក្នុងករណីដែលCapsule មិនអាចធ្លាក់ចុះនៅក្នុងតំបន់ ដែលគេបានដៅរក្សាទុក គឺនៅមូលដ្ឋានយោធាទ័ពអាមេរិក ក្នុងរដ្ឋUtad នោះ ទីភ្នាក់ងារណាសានឹងប្តូរចិត្តមិនបញ្ជាឲ្យយានអវកាសOsiris-Rex ទម្លាក់Capsule មានសំណាកអាចម៍ផ្កាយ មកកាន់ផែនដី។ បើសិនជាដូច្នេះមែន យានអវកាស Osiris-Rexនឹងត្រូវត្រលប់ទៅវិលជុំវិញព្រះអាទិត្យសាជាថ្មី មុននឹងសាកល្បងវិលត្រលប់មកផែនដីសាជាថ្មី នៅ២ឆ្នាំទៀត គឺនៅឆ្នាំ ២០២៥។ប៉ុន្តែ ក្នុងករណីដែលណាសាជោគជ័យ ទទួលបាន Capsuleផ្ទុកសំណាកអាចម៍ផ្កាយBennu នោះ យានអវកាស Osiris-Rexនឹងបន្តចេញដំណើរទៅរកសំណាកពីអាចម៍ផ្កាយផ្សេងទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យ។តើការវិភាគសំណាកអាចម៍ផ្កាយប្រព្រឹត្តទៅយ៉ាងដូចម្តេចទៅតាមការរៀបចំរបស់ណាសា ក្នុងករណីដែលCapsule ធ្លាក់ចុះមកដល់ដីដោយសុវត្ថិភាព ក្រុមអ្នកបច្ចេកទេសរបស់ណាសា ដែលមានពាក់ម៉ាស និងស្រោមដៃ មានភារកិច្ចទៅលើកCapsule ដាក់ក្នុងសំណាញ់ដែលឧទ្ធម្ភាគចក្រលើកសណ្តោងភ្លាម យកទៅដាក់នៅក្នុងបន្ទប់បិទជិត ជាបណ្តោះអាសន្ន មុននឹងបញ្ជូនតាមយន្តហោះទៅ មូលដ្ឋានអវកាសរបស់ណាសានៅHouston ក្នុងរដ្ឋតិចសាស់។ អ្នកជំនាញរបស់ណាសា ព្យាយាមធ្វើយ៉ាងណាកុំឲ្យCapsule នៅជាប់នឹងដីខ្សាច់របស់រដ្ឋUtah យូរពេក ដើម្បីកុំឲ្យសំណាកអាចម៍ផ្កាយBennu ប្រែទម្រង់ដើម និងធ្វើឲ្យគេវិភាគខុស។តាមទីភ្នាក់ងារណាសា គេនឹងយកសំណាកតែ ២៥%ប៉ុណ្ណោះ ទៅវិភាគ ចំណែក នៅសល់ នឹងត្រូវចែករំលែកជាមួយប្រទេសជប៉ុន កាណាដា និងដៃគូដទៃទៀត សម្រាប់ការសិក្សាពិសោធទៅថ្ងៃអនាគត។នៅក្រោយការពិសោធន៍ចប់សព្វគ្រប់ ទីភ្នាក់ងារណាសាគ្រោងធ្វើសន្និសីទកាសែត នៅថ្ងៃទី ១១តុលា ដើម្បីបង្ហាញលទ្ធផលនៃការស្រាវជ្រាវលើអាចម៍ផ្កាយBennu។សំណាកអាចម៍ផ្កាយបេនូនឹងអាចជួយឲ្យគេដឹងពីអ្វីខ្លះអ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារណាសា ចាប់អារម្មណ៍សិក្សាលម្អិតអាចម៍ផ្កាយ Bennu ក៏ព្រោះតែគេចង់ស្វែងយល់ពីប្រវត្តិកំណើតរបស់ប្រព័ន្ធព្រះអាទិត្យ និងចង់ដឹងពីកម្រិតគំរាមកំហែងរបស់វា ព្រោះថា អាចម៍ផ្កាយBennuជាអាចម៍ផ្កាយដែលអ្នកវិទ្យាសាស្រ្តចាត់ទុកថា គ្រោះថ្នាក់ អាចបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ភពផែនដី។សម្រាប់ទីភ្នាក់ងារណាសា នៅពេលគេទទួលបានសំណាកអាចម៍ផ្កាយ Bennu គេនឹងសិក្សាភ្លាមលើធាតុផ្សំនៅលើអាចម៍ផ្កាយដែលមានអាយុដ៏ចំណាស់ តាំងពីប្រមាណ ៤៥០០លានឆ្នាំមុន ពោលគឺសារធាតុដែលបន្សល់ទុកតាំងពីការកកើតប្រព័ន្ធព្រះអាទិត្យ។ តាមសាស្រ្តាចារ្យDante Lauretta ដែលធ្វើការលើបេសកកម្មអាចម៍ផ្កាយ Bennu សំណាករបស់អាចម៍ផ្កាយ Bennu នឹងជួយឲ្យគេដឹងពីប្រភពដើមកំណើតជីវិតនៅលើផែនដី និងដឹងថា តើផែនដីកកើតឡើងបានយ៉ាងម៉េចនិងហេតុអ្វីបានជាផែនដីអាចក្លាយជាភពមានជីវិតរស់នៅ។ បន្ថែមពីនោះ គេនឹងអាចដឹងដែរថា តើមហាសមុទ្របានទឹកមកពីណា តើធ្វើដូចម្តេច បានជាផែនដីមានខ្យល់ និងម៉ូលេគុលសរីរាង្គដែលជាប្រភពបង្កើតជីវិត?កន្លងមក អ្នកវិទ្យាសាស្រ្តធ្លាប់គិតថា ផែនដីកើតមានទឹកទៅបាន ក៏ដោយសារ មានអាចម៍ផ្កាយដែលមានទឹក ហោះបុកទង្គិច កាលពីប៉ុន្មានពាន់លានឆ្នាំមុន។គោលដៅសិក្សាមួយទៀតរបស់អ្នកវិទ្យាសាស្រ្ត គឺគ្រោះថ្នាក់របស់អាចម៍ផ្កាយមកផែនដី។ អាចម៍ផ្កាយ Bennu ជាអាចម៍ផ្កាយធុនមធ្យម ប្រវែង ៥១០ម៉ែត្រ ពោលគឺតូចជាងឆ្ងាយអាចម៍ផ្កាយដែលបានសម្លាប់សត្វឌីណូស័រ កាលពី ជាង ៦៦លានឆ្នាំមុន ប៉ុន្តែវាមានទំហំធំល្មម ដែលអាចបង្កគ្រោះមហន្តរាយដល់ផែនដី។ អ្នកវិទ្យាសាស្រ្តបារម្ភថា អាចម៍ផ្កាយ Bennu ដែលខ្ពស់ជាង អគារដែក តួអេហ្វែល នៅប៉ារីស ឬអគារ Empire State និងហោះជិតផែនដីជាងគេ នឹងអាចហោះមកបុកផែនដី នៅចុងសតវត្សរ៍ទី ២២ខាងមុខ។ ក៏ប៉ុន្តែ ប្រូបាលីតេដែល Bennuអាចហោះមកបុកផែនដី មានមិនច្រើននោះទេ គឺប្រមាណតែ ០,០៣៧% ពោលគេអាចនិយាយបានថា មានសំណាងជាង ៩៩%ទៅហើយ ដែល អាចម៍ផ្កាយ Bennu មិនហោះបុកផែនដី។
24-9-2023 • 6 minuten, 13 seconden សង្គ្រាមដ្រូន កំពុងតម្រូវឲ្យអូតង់និងប្រទេសស មាជិក ព្យាយាមរិះរកវិធីទប់ទល់
សង្គ្រាមនៅអ៊ុយក្រែន ប្រមាណជាង១ឆ្នាំមកនេះ បានរំលេចឲ្យឃើញនូវការប្រើប្រាស់អាវុធប្រភេទថ្មី គឺយានដ្រូនដែលអាចនាំយកគ្រាប់ផ្ទុះ ទៅកម្ទេចទីតាំងគោលដៅមិនថាខាងរុស្ស៊ី និងខាងអ៊ុយក្រែន។ ថ្មីៗនេះ សមត្ថកិច្ចប៊ុលហ្ការី ដែលជាប្រទេសសមាជិកអូតង់មួយដែរ បានប្រទះឃើញបំណែកយានដ្រូននៅមាត់ឆ្នេរសមុទ្រខ្មៅ ដែលគេសង្ស័យថាអាចជាដ្រូនរបស់រុស្ស៊ី។ បញ្ហានេះ បានបង្កឲ្យប្រទេសសមាជិកអូតង់ ជាពិសេសបណ្តាប្រទេសមានព្រំដែនជាប់អ៊ុយក្រែន ដែលកៀកបំផុតនឹងសមរភូមិសង្គ្រាម ត្រូវបង្កើនការប្រុងប្រយ័ត្ន ក្នុងការការពារសន្តិសុខផ្លូវអាកាស។ គឺក្នុងបរិបទនេះហើយ ទើបអង្គការសម្ព័ន្ធមិត្តអូតង់ បានរៀបចំ កម្មវិធីជួបជុំមួយ នៅមូលដ្ឋានទ័ព Vredepeel ភាគខាងត្បូងប្រទេសហូឡង់ ចាប់ពីថ្ងៃទី២០កញ្ញា។ កម្មវត្ថុនៃកម្មវិធីជួបជុំនៅ Vredepeelកម្មវិធីជួបជុំនៅមូលដ្ឋានទ័ព Vredepeel មានការចូលរួមពី មន្ត្រីកងទ័ពជំនាញមកពីបណ្តាប្រទេសអឺរ៉ុបជាច្រើន រួមជាមួយមន្ត្រីទទួលខុសត្រូវ របស់អង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា NATO/OTAN។ ក្រៅពីនេះ គឺមានវត្តមានចូលរួមផងដែរ នៃតំណាងក្រុមហ៊ុនសហគ្រាសក្នុងវិស័យការពារជាតិ ចំនួនប្រមាណ៥៧ក្រុមហ៊ុន ដែលមានជំនាញផលិតយានដ្រូន ឬផលិតប្រព័ន្ធការពារផ្លូវអាកាសទប់ទល់នឹងយានដ្រូន។ក្រៅពីការជជែកដោះដូរយោបល់ ក៏ដូចជាបទពិសោធន៍គ្នា កម្មវិធីនេះគឺមានកម្មវត្ថុពង្រីកចំណេះដឹង ផ្នែកបច្ចេកវិទ្យាទំនើប ស្តីអំពីយានដ្រូន ដែលបច្ចុប្បន្នបានក្លាយជាអាវុធមួយដ៏គ្រោះថ្នាក់ នៅក្នុងវិស័យសន្តិសុខផ្លូវអាកាស។ ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ីបានប្រើប្រាស់យ៉ាងញឹកញាប់ នូវយានដ្រូន Shahed 136 ដែលជាប្រភេទដ្រូនអត្តឃាតផលិតដោយអ៊ីរ៉ង់ ដើម្បីមកបំផ្ទុះកំទេចអគារផ្ទះសម្បែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន។ ជាការវាយបកវិញ កងទ័ពអ៊ុយក្រែន បានប្រើយានដ្រូនខ្នាតធំ ប្រភេទ TB2 របស់តួកគី ដើម្បីវាយប្រហារទៅលើទីតាំងកងទ័ពរុស្ស៊ី និងបានប្រើដ្រូនតូចៗដែលខ្លួនបានផលិតឡើង ដើម្បីវាយប្រហារទៅលើទឹកដីរុស្ស៊ីវិញ ជាក់ស្តែង ដូចជាការវាយប្រហារនៅក្នុងទីក្រុងម៉ូស្គូ កាលពីពេលថ្មីៗនេះ។លោក Willem Koedam អ្នកជំនាញផ្នែកបច្ចេកវិទ្យាប្រឆាំងដ្រូនហៅកាត់ថា C-UAS ប្រចាំនៅអង្គការអូតង់ បានលើកឡើងថា យានដ្រូនគឺជាអាវុធដ៏គ្រោះថ្នាក់និងមានប្រសិទ្ធភាព ពីព្រោះវាមានទំហំតូច ងាយស្រួលប្រើប្រាស់ ធ្វើប្រតិបត្តិការរហ័ស ហើយមានតម្លៃថោក។ ដូច្នេះ ការទប់ទល់អាវុធប្រភេទនេះ គឺមិនមែនជាការងាយទេ គឺស្មុគស្មាញ តែក៏មិនមែនមានន័យថា មិនអាចធ្វើបានដែរ។នៅក្នុងឱកាសកម្មវិធីនៅមូលដ្ឋានទ័ព Vredepeel ក្រុមហ៊ុនទាំង៥៧ បានមកតាំងបង្ហាញ នូវផលិតផលបច្ចេកវិទ្យាទំនើបថ្មីៗរបស់គេរៀងៗខ្លួន។ ផលិតផលទាំងនេះ ត្រូវគេអះអាងថា អាចប្រយុទ្ធប្រឆាំងនឹងការគំរាមរបស់យានដ្រូនគ្រប់ប្រភេទ មិនថាយានដ្រូនសាមញ្ញដែលគេលក់នៅលើទីផ្សារធម្មតា ឬយានដ្រូនអត្តឃាត Shahed 136របស់អ៊ីរ៉ង់នោះឡើយ។ស្ទាក់បាញ់កំទេចចោល ឬ ចាប់វាយកទុក?ក្រុមហ៊ុននីមួយៗបានបង្ហាញនូវផលិត ព្រមទាំងប្រសិទ្ធភាពរបស់វា នៅក្នុងការទប់ស្កាត់ការគំរាមពីយានដ្រូន។ លោក Ludwig Fruhauf អគ្គនាយកក្រុមហ៊ុន DDTS ដែលជាក្រុមហ៊ុនអាល្លឺម៉ង់ មានជំនាញផលិតប្រព័ន្ធការពារផ្លូវអាកាស បានអះអាងប្រាប់អ្នកកាសែតថា មធ្យោបាយដ៏អស្ចារ្យបំផុតក្នុងបាញ់កំទេចដ្រូន Shahed 136 របស់អ៊ីរ៉ង់ គឺគេត្រូវតែប្រើ ដ្រូនJet របស់ក្រុមហ៊ុនលោក។លោកម្នាក់នេះ បានអះអាងថា ដ្រូន Shahed 136 របស់អ៊ីរ៉ង់ អាចហោះបានល្បឿនតែ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដ្រូន Jet របស់DDTS អាចហោះបានដល់ទៅជាង៥០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះ គឺវាងាយស្រួល ក្នុងការហោះដេញស្ទាក់ដើម្បីបាញ់កំទេច។ ជាងនេះទៀត លោកអះអាងថា ដ្រូន Jet របស់ DDTS មានតម្លៃថោកជាងឆ្ងាយណាស់ បើប្រៀបធៀបទៅគ្រាប់រ៉ូកែត ដែលគេប្រើជាធម្មតានៅក្នុងប្រតិបត្តិការការពារផ្លូវអាកាស។ដោយឡែក សត្រូវអាចប្រើប្រាស់យានដ្រូនខ្នាតតូច ដើម្បីវាយប្រហារ ដែលវាពិបាកនៅក្នុងការស្ទាក់បាញ់កំទេច។ លោក Matt Roper មន្ត្រីទទួលបន្ទុកនៅទីភ្នាក់ងារទូរគមនាគមន៍និងព័ត៌មាន របស់អង្គការអូតង់ ដែលជាបណ្តុំនៃអ្នកជំនាញផ្នែកសន្តិសុខព័ត៌មានវិទ្យា បានលើកឡើងថាយានដ្រូនសត្រូវ ពេលខ្លះវាមានទំហំតូចមែន តែវាអាចសម្លាប់ជីវិតមនុស្ស និងអាចមកបំផ្ទុះកំទេចបង្កការខូចខាតយ៉ាងដំណំបាន ទៅលើអគារផ្ទះសំបែង និងទីតាំងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រផ្សេងទៀត ដូចជាស្ថានីយ៍អគ្គីសនី ស្ថានីយបូមទឹកជាដើម។ការបញ្ចៀសពីការវាយប្រហារដោយយានដ្រូន គឺមិនមែនសុទ្ធតែត្រូវតែប្រើប្រាស់ វិធីបាញ់ស្ទាក់កំទេចវាទាំងអស់នោះទេ។ ក្នុងករណីខ្លះ គេត្រូវតែប្រើវិធីទៅចាប់វាមកទុក ឲ្យវាលែងដំណើរការ ព្រោះថាបើបាញ់កំទេចវាលើអាកាស វានឹងបណ្តាលឲ្យកើតជាការផ្ទុះ បង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងទីតាំងយុទ្ធសាស្ត្រ ដែលស្ថិតនៅខាងក្រោម។ យ៉ាងណាមិញ ក្រុមហ៊ុនអាល្លឺម៉ង់ មួយទៀត ឈ្មោះ Argus Interception បានបង្ហាញបច្ចេកទេសថ្មីមួយរបស់ខ្លួន ក្នុងការស្ទាក់ចាប់ដ្រូន ដោយប្រើសំណាក់ទៅចាប់យក ហើយនាំវាចុះមកលើដី។បច្ចេកទេសរបស់ Argus Interception ត្រូវការប្រើប្រាស់ឧបករណ៍រ៉ាដា កាម៉េរ៉ា ឬស្ថានីយតាមដាន ដើម្បីចាប់រលកសញ្ញាដ្រូនរបស់សត្រូវ។ ពេលដែលចាប់បានហើយ ទើបគេអាចបញ្ជាយានដ្រូនមួយឲ្យហោះទៅក្បែរ បាញ់សំណាញ់ស្ទាក់ចាប់សណ្តោងយកដ្រូនសត្រូវចុះមក ដល់កន្លែងមានសុវត្ថិភាព។ លោក Christian Schöning អគ្គនាយក Argus Interception អះអាងថាវិធីសាស្ត្ររបៀបនេះ មានប្រសិទ្ធភាពខ្លាំងណាស់ ជាពិសេសនៅក្នុងការការពារសន្តិសុខព្រលានយន្តហោះ។ប្រើបច្ចេកទេសធ្វើឲ្យដ្រូនរបស់សត្រូវវង្វេង រកគោលដៅលែងឃើញគួរបញ្ជាក់ថា ជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន ប្រទេសក្បែរខាងដែលស្ថិតនៅកៀកនឹងសមរភូមិ បានបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការតាមដានសន្តិសុខផ្លូវអាកាស ដោយខ្លាចក្រែងមានដ្រូនហោះចូលមក។ យ៉ាងណាមិញ ប្រទេសរូម៉ានី បានមកចូលរួមយ៉ាងយកចិត្តទុកដាក់បំផុត នៅក្នុងកម្មវិធីស្តីអំពីបច្ចេកទេសទប់ស្កាត់ការវាយប្រហារដោយយានដ្រូន ដែលរៀបចំដោយអូតង់ នៅមូលដ្ឋាន Vedrepeel។លោកមេបញ្ជាការរ៉ូមានី Ionut-Vlad Cozmuta បានប្រាប់អ្នកយកព័ត៌មានបារាំង AFPថា បំណែកដ្រូនរបស់រុស្ស៊ី ត្រូវបានគេប្រទះឃើញធ្លាក់ក្នុងទឹកដីរូម៉ានី ច្រើនដងមកហើយ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោកមកចូលរួមនេះ គឺមកប្រមូលព័ត៌មានចាំបាច់ទាំងអស់ ដើម្បីយកទៅពង្រឹង រៀបចំសមត្ថភាពការពារផ្លូវអាកាសរបស់រូម៉ាណី ឲ្យកាន់តែល្អប្រសើរ។ បច្ចេកទេសមួយដែលរូម៉ានីចាប់អារម្មណ៍បំផុត គឺបច្ចេកទេសធ្វើឲ្យដ្រូនរបស់សត្រូវវង្វេង លែងស្គាល់គោលដៅ។ជាការពិតណាស់ ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានវត្តមាន បានបង្ហាញបច្ចេកទេសថ្មីប្លែកៗ ដើម្បីធ្វើឲ្យយានដ្រូនដែលប៉ុនប៉ងហោះចូលមកវាយប្រហារ ត្រូវវង្វេងវង្វាន់ ឬដាច់ទំនាក់ទំនងជាមួយនឹងមូលដ្ឋានដែលបញ្ជាវាពីចំងាយ។ នៅពេលដែលដ្រូនវង្វេង ដាច់ទំនាក់ទំនង វានឹងហោះត្រលប់ទៅកាន់មូលដ្ឋានដើមរបស់វាវិញដោយស្វ័យប្រវត្តិ។ ហើយក្នុងករណីខ្លះទៀត គឺគេអាចប្រើបច្ចេកវិទ្យាប្លន់យកប្រព័ន្ធទំនាក់ទំនងរបស់ដ្រូននោះ មកគ្រប់គ្រងតែម្តង ហើយបញ្ជាវា ឲ្យហោះទៅគោលដៅណាមួយដែលគេចង់បាន។តែយ៉ាងណាក៏ដោយ មិនថាបច្ចេកទេសមួយណា ឬបច្ចេកវិទ្យាទំនើបណាមួយក៏ដោយ គឺអូតង់ត្រូវការការសហការជាមួយប្រទេសសមាជិកទាំងអស់ ជាពិសេសជាមួយបណ្តាក្រុមហ៊ុនដែលផលិតវា ដើម្បីរៀបចំឲ្យមានស្តង់ដាររួមរបស់អូតង់។ តួយ៉ាង ប្រព័ន្ធការពារផ្លូវអាកាស Sapient របស់អង់គ្លេស បានរៀបចំស្តង់រួមជាមួយអូតង់រួចរាល់ហើយ។ លោក Hans Folmer មេបញ្ជាការកងទ័ពហូឡង់ បានថ្លែងថា គម្រោងផែនការនេះ វានឹងហុងអត្ថប្រយោជន៍ច្រើនណាស់ ដល់សមត្ថភាពនៃកងទ័ពសម្ព័ន្ធមិត្តអូតង់។ ដូចគ្នាដែរ លោក Claudio Palestini ទីប្រឹក្សាវិទ្យាសាស្ត្ររបស់អូតង់ បានលើកឡើងថា ថ្វីបើកម្មវិធីនេះមិនមានវត្តមានមន្ត្រីជំនាញអ៊ុយក្រែនចូលរួមមែន តែកងទ័ពអ៊ុយក្រែន ដើរតួនាទីធំខ្លាំងណាស់ នៅក្នុងការនាំយកនូវគំនិតច្នៃប្រឌិតថ្មីៗ បច្ចេកទេសថ្មីៗដែលគេប្រើនៅសមរភូមិដោយផ្ទាល់។ លោកអះអាងថា អូតង់ទាក់ទងនិយាយយ៉ាងញឹកញាប់បំផុតជាមួយភាគីអ៊ុយក្រែន ស្តីអំពីបច្ចេកទេសទប់ស្កាត់ការវាយប្រហារដោយយានដ្រូននេះ៕
23-9-2023 • 8 minuten, 58 seconden សង្គ្រាមអ៊ុយក្រែន៖ សមរភូមិការទូតក៏ស្មុគស្មាញ ដែរសម្រាប់លោកហ្សេឡេនស្គី?
វិបត្តិគ្រាប់ធញ្ញជាតិ ភាពតានតឹងជាមួយនឹងប៉ូឡូញ យុទ្ធសាស្ត្រយោធារងការរិះគន់ ... ការលំបាកមានកាន់តែច្រើនឡើងៗសម្រាប់ប្រធានាធិបតីអ៊ុយក្រែន ដែលកំពុងប្រឹងប្រែងខ្លាំងលើសមរភូមិការទូត ដើម្បីធានាថាក្រុមបស្ចិមលោកនៅតែបន្តជួយអ៊ុយក្រែនក្នុងការធ្វើសង្គ្រាមយកឈ្នះរុស្ស៊ី។ ជាងមួយឆ្នាំកន្លះនៃសង្គ្រាម លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ខ្លាចមតិសាធារណៈអឺរ៉ុបនិងអាមេរិក ទម្លាក់ដៃលែងសូវជួយទ្រអ៊ុយក្រែន ទើបធ្វើដំណើរទៅទីក្រុងញូវយ៉កដើម្បីការពារប្រទេសដោយផ្ទាល់ នៅចំពោះមុខអង្គមហាសន្និបាតអង្គការសហប្រជាជាតិ និងទៅទីក្រុងវ៉ាស៊ីនតោនដើម្បីជួបប្រធានាធិបតី ព្រមទាំងតំណាងសភា-ព្រឹទ្ធសភាអាមេរិក រួចបន្តដំណើរទៅកាណាដាទៀត។ កាណាដាជាប្រទេសចុងក្រោយគេបង្អស់ក្នុងចំណោមក្រុមហ្សេ៧ ដែលលោកហ្សេឡេនស្គីទៅធ្វើទស្សនកិច្ច។ កាណាដាបានសន្យាគាំទ្រអ៊ុយក្រែនដោយឥតងាករេ។ហេតុអ្វីអ៊ុយក្រែនខ្លាចក្រុមបស្ចិមលោកទម្លាក់ដៃ?នៅចំពោះមុខខ្សែការពារយ៉ាងមាំរបស់រុស្ស៊ី ប្រតិបត្តិការវាយបកដណ្តើមយកទឹកដីវិញរបស់អ៊ុយក្រែនរុលទៅមុខយឺតបំផុត។ ក្តីសង្ឃឹមថានឹងទទួលបានជោគជ័យឆាប់រហ័ស គ្មានក្នុងការវិភាគ និងក្នុងសមរភូមិប្រយុទ្ធជាក់ស្តែងទេ។ ដូច្នេះការគាំទ្ររបស់ក្រុមបស្ចិមលោកចំពោះអ៊ុយក្រែនត្រូវបន្តអូសបន្លាយពេលយូរទៀត។ហើយរុស្ស៊ីទំនងជានឹងប្រើពេលវេលានេះ ពង្រឹងពង្រីកខ្សែការពាររបស់ខ្លួនបន្ថែម និងរៀបចំត្រៀមលក្ខណៈសម្រាប់រដូវផ្ការីកខាងមុខផង។ នេះបើតាមប្រមុខភ្នាក់ងារចារកិច្ចអេស្តូនី។ ឧត្តមសេនីយចូលនិវត្តន៍អូស្ត្រាលីលោក Mick Ryan បានបញ្ជាក់បន្ថែមថា ទោះមានការគាំទ្រអ៊ុយក្រែនយ៉ាងណាក៏សង្គ្រាមត្រូវបន្តអូសពេលពេញមួយឆ្នាំ២០២៤ ហើយអាចដល់ឆ្នាំ២០២៥។ ដូច្នេះជោគជ័យការទូតនៅអាមេរិក និងនៅតាមបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ជាតំណាងអាយុជីវិតរបស់អ៊ុយក្រែនដែរ បើទោះបីជាអ៊ុយក្រែនមានជំហរយុទ្ធសាស្ត្រល្អប្រសើរជាងកាលពីចុងឆ្នាំ២០២២ក៏ដោយ។តើជំនួបបៃដិន-ហ្សេឡេនស្គីបានលទ្ធផលយ៉ាងណា?បន្ទាប់ពីបានថ្លែងសុន្ទរកថានៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ ឱ្យបានជ្រួតជ្រាបអំពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនិងផែនការទាមទារយកទឹកដីមកវិញ លោកប្រធានាធិបតីអ៊ុយក្រែនបានទៅដល់ក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ទី ២១កញ្ញា។ ជាទស្សនកិច្ចក្នុងន័យការពារប្រសើរជាងព្យាបាល។ ការពារកុំឱ្យការគាំទ្រអាមេរិកចុះខ្សោយបាន ជាពិសេសក្នុងករណីបក្សសាធារណរដ្ឋឈ្នះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤។ជាមួយប្រធានាធិបតី ចូ បៃដិន ដែលជាអ្នកប្រជាធិបតេយ្យ អ៊ុយក្រែនមានទំនុកចិត្តណាស់។ ជាថ្មីម្តងទៀត លោកចូបៃដិន បានទទួលស្វាគមន៍និងផ្តល់ភាពកក់ក្តៅខ្លាំងលោកហ្សេឡេនស្គី ដោយសន្យានៅក្បែរអ៊ុយក្រែនជារហូតទៅ និងដោយបានប្រកាសផ្តល់ជំនួយយោធាថ្មីតម្លៃ៣២៥លានដុល្លារ។ តែគ្មានទេការប្រកាសផ្តល់មីស៊ីលតាកទិករយៈឆ្ងាយដូចការទាមទាររបស់អ៊ុយក្រែនទេ។ លោកចូបៃដិន បានត្រឹមធានាថារថក្រោះAbram ដែលជាអាវុធយុទ្ធភ័ណ្ឌដ៏សក្តិសិទ្ធរបស់អាមេរិក នឹងបញ្ជូនទៅដល់អ៊ុយក្រែននៅសប្តាហ៍ក្រោយ។ពេញមួយថ្ងៃព្រហស្បតិ៍នៃទស្សនកិច្ចរបស់លោកហ្សេឡេនស្គីនៅសហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងពាក្យអរគុណជាប់នឹងមាត់ ហើយបានសម្តែងការដឹងគុណចំពោះសភា-ព្រឹទ្ធសភាអាមេរិក ដែលកំពុងរៀបចំបោះឆ្នោតអនុម័តកញ្ចប់ថវិកាថ្មីសម្រាប់ជាជំនួយយោធាដល់អ៊ុយក្រែន និងដែលតំណាងសភា-ព្រឹទ្ធសភាអភិរក្សនិយមខ្លះ មិនចង់ដឹងមិនចង់ឮទេ គឺចង់បញ្ឈប់ការគាំទ្រអ៊ុយក្រែនតែម្តងផង។នៅវិមានកាពីតូល ក្នុងឯកសណ្ឋានពណ៌គគីរជានិច្ច ប្រមុខរដ្ឋដើរតួជាមេទ័ពហ្សេឡេនស្គី ត្រូវប្រឈមនឹងសមរភូមិនយោបាយនិងហិរញ្ញវត្ថុ ខុសពីនៅសេតវិមាន។ ក្រោមសម្ពាធរបស់ក្រុមអ្នកអភិរក្សនិយមខ្លាំង ប្រធានសភាអាមេរិក ដែលមកបក្សសាធារណរដ្ឋ លោក ខេវីន ម៉ាក់កាទី មិនបានមកទទួលនិងអមដំណើរលោកហ្សេឡេនស្គីចូលវិមានកាពីតូលទេ។ គឺទុកភារៈឱ្យប្រធានព្រឹទ្ធសភាក្រុមអ្នកប្រជាធិបតេយ្យវិញ។ នេះជាសញ្ញាមិនល្អ ដែលបញ្ជាក់អំពីភាពស្មុគស្មាញការទូត សម្រាប់លោកហ្សេឡេនស្គី និងប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះឆ្នោតត្រលប់មកដឹកនាំសហរដ្ឋអាមេរិកវិញ។ តាំងពីមួយឆ្នាំ មកនេះមានសំឡេងសមាជិកសភាបក្សសាធារណរដ្ឋជាច្រើនក្រុម បានស្រែកទាមទារឱ្យកាត់បន្ថយឬបញ្ឈប់ការផ្តល់ជំនួយដល់ក្រុងកៀវ ក្រោមលេសដើម្បីបញ្ចៀសភាពតានតឹងផ្សេងៗ។ កាលពីថ្ងៃអង្គារលោក ម៉ាក់កាទី បានអះអាងថាចង់បានការបំភ្លឺជុំវិញអំពីយុទ្ធសាស្ត្រយកជ័យជំនះរបស់អ៊ុយក្រែន និងការចំណាយក្នុងសង្គ្រាម នៅក្នុងជំនួបមួយទល់នឹងមួយ ជាមួយលោកហ្សេឡេនស្គី។ដោយយល់និងដឹងអំពីហានិភ័យដែលអាមេរិកអាចនឿយណាយនឹងផ្តល់ជំនួយដល់អ៊ុយក្រែន លោកហ្សេឡេនស្គីបានព្រមានប្រាប់សមាជិកសភានិងព្រឹទ្ធសភាអាមេរិកថាអ៊ុយក្រែនអាចនឹងចាញ់សង្គ្រាមបើគ្មានលំហូរជំនួយ។ភាពតានតឹងអ៊ុយក្រែនអឺរ៉ុបប៉ូឡូញមិនអាចបញ្ចៀសបាន?ទាំងអាមេរិក ទាំងអឺរ៉ុប ... គ្មាននរណាចង់ឃើញអ៊ុយក្រែនចាញ់សង្គ្រាមឈ្លានពានដោយរុស្ស៊ីនេះទេ។ ប៉ូឡូញប្រទេសជិតខាតដែលកំពុងថ្នាំងថា្នក់ជាមួយអ៊ុយក្រែន ក៏មិនត្រូវការឃើញអ៊ុយក្រែនបរាជ័យដែរ។ បន្ទាប់ពីបានប្រកាសចង់ផ្អាកការផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែន ប្រធានាធិបតីប៉ូឡូញ ឌូដា បានសាកល្បងបន្ធូរសម្ពាធ។ បើតាមលោកប្រធានាធិបតីឌូដា មានការបកស្រាយសេចក្តីរបស់នាយកមន្ត្រីមិនត្រឹមត្រូវ។ ប៉ូឡូញមិនឱ្យសព្វាវុធថ្មីៗ ដែលទើបនឹងទិញសម្រាប់មកធ្វើទំនើបកម្មវិស័យការពារជាតិរបស់ខ្លួនតែប៉ុណ្ណោះ។ តែកិច្ចសន្យាផ្ទេរសព្វាវុធពីមុននៅមានសុភពភាពដដែល។ ឯវិវាទជុំវិញបញ្ហាធញ្ញជាតិ ត្រូវដោះស្រាយត្រឹមថ្នាក់រដ្ឋមន្ត្រីក្រសួងកសិកម្ម។ប៉ុន្តែសត្រូវមានជម្លោះផ្ទៃក្នុងជាឱកាស។ សម្រាប់រុស្ស៊ី ជម្លោះរវាងអ៊ុយក្រែននិងប៉ូឡូញ និងជាមួយក្រុមប្រទេសអឺរ៉ុបផ្សេងទៀត ជាអ្វីដែលមិនអាចបញ្ចៀសបាន៕
22-9-2023 • 5 minuten, 51 seconden ហេតុអ្វីប៉ូឡូញប្រកាសលែងផ្គត់ផ្គង់អាវុធឱ្យ អ៊ុយក្រែន?
ប៉ូឡូញបានប្រកាសនៅល្ងាចថ្ងៃពុធទី ២០កញ្ញា ថាលែងផ្គង់ផ្គង់អាវុធឱ្យអ៊ុយក្រែនជាសម្ព័ន្ធមិត្តទៀតហើយ។ សេចក្តីសម្រេចនេះធ្វើឡើងក្នុងពេលដែលអ៊ុយក្រែនកំពុងសម្រុកធ្វើប្រតិបត្តិការវាយបកដណ្តើមយកទឹកដីពីរុស្ស៊ីវិញផង។ តើអ្វីជាដើមចមនាំឱ្យសម្ព័ន្ធមិត្តទាំងពីរថ្នាំងថ្នាក់គ្នាខ្លាំងដល់កំរិតនេះ?! លែងមានហើយភាពល្អូកល្អើនរវាងប៉ូឡូញនិងអ៊ុយក្រែន និងក៏ប្រហែលលែងមានដែរពាក្យថាសាមគ្គីភាពរវាងសម្ព័ន្ធមិត្តជាប់របងគ្នាទាំងពីរ។ ប៉ូឡូញដែលធ្លាប់គាំទ្រនិងជួយអ៊ុយក្រែន តាំងពីថ្ងៃរុស្ស៊ីចូលឈ្លានពានក្រុងកៀវភ្លាម ស្រាប់តែបានចេញសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើល នៅល្ងាចថ្ងៃពុធទី២០កញ្ញាម្សិលមិញ ឈប់ផ្ទេរអាវុធទៅឱ្យអ៊ុយក្រែន ដែលកំពុងសម្រុកធ្វើប្រតិបត្តិការវាយបកលើរុស្ស៊ីដើម្បីដណ្តើមយកទឹកដីមកវិញ។ប៉ូឡូញឈប់ផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែនចាប់ពីពេលណា?តាំងពីផ្ទុះសង្គ្រាមរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនមក ប៉ូឡូញជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំចម្បងបង្អស់មួយសម្រាប់អ៊ុយក្រែន ប៉ុន្តែលោកនាយករដ្ឋមន្ត្រីប៉ូឡូញមិនបានបញ្ជាក់ថាតើការឈប់ផ្ទេរអាវុធទៅឱ្យកៀវត្រូវចាប់ផ្តើមនៅពេលណាទេ។ នៅក្នុងសុន្ទរកថាខ្លីតាមកញ្ចក់ទូរទស្សន៍ឯកជនPolsat News លោកប្រមុខរដ្ឋាភិបាលបានអះអាងថាប៉ូឡូញត្រូវការផ្តុំកម្លាំងជាចម្បងក្នុងការធ្វើទំនើបកម្មនិងបំពាក់អាវុធឱ្យយោធាប៉ូឡូញឱ្យបានឆាប់រហ័ស ដើម្បីឱ្យកងទ័ពជើងគោកប៉ូឡូញក្លាយជាទ័ពដ៏ខ្លាំងក្លាជាងគេនៅអឺរ៉ុប និងក្នុងរយៈពេលដ៏ខ្លីខាងមុខ។ នៅក្នុងសេចក្តីប្រកាស លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាកងកម្លាំងយោធានៅក្រុងភាគអាគ្នេយ៍នៃប្រទេសដែលជាច្រកដឹកជញ្ជូនសម្ភារៈបរិក្ខាររបស់លោកខាងលិចទៅឱ្យអ៊ុយក្រែន នៅតែមានដំណើរការជាធម្មតា។ហេតុអ្វីប៉ូឡូញខឹងអ៊ុយក្រែនខ្លាំង?សេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateuzs Morawieckiនេះធ្វើឡើងតែប៉ុន្មានម៉ោងក្រោយពី អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញបានកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំក្រុងវ៉ាសូវីឱ្យមកចូលជួបជាបន្ទាន់ដើម្បីបរិហារប្រឆាំងនឹងសំដីរបស់លោកប្រធានាធិបតីអ៊ុយក្រែនហ្សេឡេនស្គីនៅអង្គការសហប្រជាជាតិ។ថ្លែងទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ លោក ហ្សេឡេនស្គីថា មានប្រទេសខ្លះធ្វើឬកជាមានសាគ្គីភាពជាមួយអ៊ុយក្រែន តែគាំទ្ររុស្ស៊ីដោយប្រយោលទៅវិញ។ ពាក្យមួយឃ្លារបស់លោកប្រធានាធិបតីអ៊ុយក្រែននេះទំនងជាបានមកដុតរោលបន្ថែមឱ្យកំហឹងប៉ូឡូញផ្ទុះឆាបឆេះឡើង។តាមការពិត ទំនាក់ទំនងរវាងប៉ូឡូញនិងអ៊ុយក្រែន បានឡើងតានតឹងតាំងជាលំដាប់ តាំងពីប៉ុន្មានថ្ងៃចុងក្រោយមកនេះ។ កាលពីថ្ងៃសុក្រទី ១៥កញ្ញា សហភាពអឺរ៉ុបបានប្រកាសបិទបញ្ចប់ ការហាមឃាត់មិនឱ្យនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែនទៅ៥ប្រទេសជាសមាជិកសហភាពក្នុងនោះមានប៉ូឡូញមួយដែរ។ ជាសេចក្តីសម្រេចតាំងតែពីខែឧសភាមក។ ប៉ុន្តែប៉ូឡូញ ហុងគ្រី និងស្លូវាគី មិនព្រមធ្វើតាមអឺរ៉ុបទេ ហើយបន្តហាមឃាត់ជាឯកតោភាគី មិនឱ្យនាំចូលធញ្ញជាតិអ៊ុយក្រែនដដែល ដើម្បីការពារប្រយោជន៍កសិកម្មរបស់ខ្លួន។ បើតាមអ្នកជំនាញ ប៉ូឡូញកំពុងស្ថិតក្នុងដំណាក់កាលត្រៀមបោះឆ្នោត។ បក្សកាន់អំណាចត្រូវការទាក់ទាញសំឡេងគាំទ្ររបស់ប្រជាកសិករ ទើបជំនះលើសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប។ ហើយជាចម្លើយតបនឹងទង្វើរបស់ប៉ូឡូញ អ៊ុយក្រែនក៏ឡើងទៅប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក។ទំនាក់ទំនងប៉ូឡូញនិងអ៊ុយក្រែនធ្លាក់ដុនដាបយ៉ាងណា?ប៉ុន្តែរឿងរ៉ាវបែរជារីករាលដាលកាន់តែធំ។ មុននឹងឈានដល់ការប្រកាសឈប់ផ្គត់ផ្គង់ វិបត្តិធញ្ញជាតិបានរុញច្រានប៉ូឡូញនិងអ៊ុយក្រែនឱ្យធ្លាក់ក្នុងសង្គ្រាមពាក្យសំដីវាយប្រហារគ្នាគួរឱ្យអាសូរ។ប៉ូឡូញកាន់តែខឹង និងបានព្រមានកាលពីថ្ងៃពុធថានឹងពង្រីកបញ្ជីឈ្មោះផលិតផលអ៊ុយក្រែនដែលជាប់បម្រាមមិនឱ្យនាំចូលបន្ថែមទៀត។ សម្រាប់លោកនាយករដ្ឋមន្ត្រីប៉ូឡូញ ការដាក់គំនាបលើប៉ូឡូញក្នុងវេទិកាពហុជាតិ ឬនាំប៉ូឡូញទៅឡើងតុលាការអន្តរជាតិ មិនមែនជាវិធីសាស្ត្រត្រឹមត្រូវសម្រាប់ដោះស្រាវវិវាទរបស់ប្រទេសទាំងពីរទេ។ចំណែកខាងអ៊ុយក្រែនវិញក៏បានប្រកាសហាមឃាត់ផលិតផលប៉ូឡូញដូចគ្នា។ ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងការបរទេសបានអំពាវនាវឱ្យប៉ូឡូញកុំបញ្ចេញប្រតិកម្មតាមអារម្មណ៍ និងបានបរិហារការសម្រេចហាមឃាត់ឯកតោភាគីមិនឱ្យនាំធញ្ញជាតិចូលប៉ូឡូញ ដោយស្នើឱ្យមានដំណោះស្រាយបែបស្ថាបនាវិញចំពោះសំណុំរឿងធញ្ញជាតិនេះ។ អ្នកនាំពាក្យអ៊ុយក្រែនដដែលបានឆ្លៀតលើកឡើងអំពីភាសាមិនត្រឹមត្រូវរបស់ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ដែលពេលកំពុងស្ថិតនៅក្រុងញូវយ៉កដើម្បីចូលរួមក្នុងមហាសន្និបាតអង្គការប្រជាជាតិ លោកបានថ្លែងបា្រប់អ្នកសារព័ត៌មានដោយប្រៀបប្រដូចអ៊ុយក្រែននៅនឹងមនុស្សលង់ទឹកដែលស្រវាចង់រស់ពេក ទើបអាចទាញអ្នកជួយឱ្យលង់ស្លាប់ជាមួយ។ប្រមុខការទូតបារាំងយល់ថាពិតជាគួរឱ្យសោកស្តាយណាស់ដែលសម្ព័ន្ធមិត្តទាំងពីរធ្លាក់ក្នុងស្ថានភាពតានតឹងដាក់គ្នាយ៉ាងដូច្នេះ។ ក្រោយជំនួបពិសេសនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បារាំងបានបញ្ជាក់ជាថ្មីថាសេចក្តី សម្រេចរបស់អឺរ៉ុបបិទបញ្ចប់ការហាមឃាត់ការនាំចូលធញ្ញជាតិអ៊ុយក្រែន មិនមែនជាកាត់ផ្តាច់ភាពប្រកួតប្រជែង ឬរំខានទីផ្សារធញ្ញជាតិឡើយ៕
21-9-2023 • 5 minuten, 5 seconden ការ៉ាបាក់៖ ក្រុមផ្តាច់ទឹកដីអាមេនីយល់ព្រមទំលាក់អ ាវុធ ២ថ្ងៃក្រោយអាស៊ែបៃហ្សង់បាញ់ប្លោងសាជាថ្មី
តំបន់ការ៉ាបាក់ ដែលជាជម្លោះរ៉ាំរ៉ៃ រវាងអាមេនី និងអាស៊ែបៃហ្សង់ ពេលនេះបានពើបប្រទះនឹងការផ្ទុះអាវុធសាជាថ្មី កាលពីថ្ងៃអង្គារ ទី១៩កញ្ញា។ កងទ័ពអាស៊ែបៃហ្សង់ បានបើកប្រតិបត្តិការវាយប្រហារ ទៅលើទីតាំងជាច្រើននៃតំបន់នេះ បណ្តាលឲ្យស្លាប់មនុស្សប្រមាណ៣២នាក់ និងរបួសជាង២០០នាក់។ ប្រជាជនប្រមាណ៧០០០នាក់ បានរត់ភៀសខ្លួនយ៉ាងតក់ក្រហល់ ក្រោយការផ្ទុះអាវុធសាជាថ្មី បង្កឡើងដោយកងទ័ពអាស៊ែបៃហ្សង់នេះ។ ហេតុអ្វី បានជាផ្ទុះអាវុធសាជាថ្មី?យោងតាមក្រសួងការពារជាតិអាស៊ែបៃហ្សង់ ប្រតិបត្តិការយោធានេះ គឺជាកម្មវត្ថុបោសសំអាតក្រុមភេរវកម្មនិយមអាមេនី។ ក្រុមនេះបានដាក់គ្រាប់បែកបំផ្ទុះ នៅក្នុងការដ្ឋានសាងសង់ផ្លូវរូងក្រោមដីមួយ ស្ថិតនៅចន្លោះ តំបន់ Choucha និង Fizouli ដែលស្ថិតក្នុងតំបន់ការ៉ាបាក់ តែគ្រប់គ្រងដោយអាស៊ែបៃហ្សង់។ ប្រភពពីភាគីអាស៊ែបៃហ្សង់ដដែល គឺអំពើនេះ បានសម្លាប់ជីវិតជនអាស៊ែបៃហ្សង់ចំនួន៦នាក់។ក្រោយហេតុការណ៍នេះ នៅព្រឹកថ្ងៃអង្ការទី១៩កញ្ញា កងទ័ពអាស៊ែបៃហ្សង់ ដោយមានការបញ្ជាពីលោកប្រធានាធិបតី Ilham Aliev បានបើកប្រតិបត្តិការបាញ់គ្រាប់ប្លោងទៅលើតំបន់ការ៉ាបាក់ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រុមផ្តាច់ខ្លួននិយមអាមេនី។ ក្រោយការផ្ទុះអាវុធនេះ សហគមន៍អន្តរជាតិ ដែលកំពុងជួបប្រជុំគ្នានៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យបិទបញ្ចប់ការវាយប្រហារជាបន្ទាន់ ដើម្បីការពារអាយុជីវិតប្រជាជនស៊ីវីល។តែយ៉ាងណា នៅក្នុងលិខិតប្រកាស ចេញផ្សាយយប់ថ្ងៃអង្គារ លោកប្រធានាធិបតីអាស៊ែបៃហ្សង់ Ilham Aliev បានលើកឡើងថា ដរាបណាក្រុមឧទ្ទាមផ្តាច់ទឹកដីអាមេនីនៅតំបន់ការ៉ាបាក់ មិនទម្លាក់អាវុធទេនោះ អាស៊ែបៃហ្សង់ និងបន្តប្រតិបត្តិការយោធាជានិច្ច។ លោក Ilham Aliev បានអះអាងទៀតថា ក្រៅពីការធ្វើអំពើសកម្មភាពភេរវកម្ម ក្រុមបំបែកទឹកដីអាមេនីនៅការ៉ាបាក់ បានថែមទាំងរៀបចំការបោះឆ្នោតប្រធានាធិបតីក្លែងក្លាយមួយ កាលពីថ្ងៃទី៩កញ្ញាកន្លងទៅ ដែលនេះគឺជាទង្វើផ្គើន បំពានមកលើអធិបតេយ្យភាព បូរណភាពដែនដីរបស់អាស៊ែបៃហ្សង់។“ប្រតិបត្តិការបោសសំអាតជាតិសាសន៍”គួរបញ្ជាក់ថា បញ្ហាតំបន់ការ៉ាបាក់ បានចិញ្ចឹមកំហឹងស្អប់គុំគួនគ្នា រវាងអាមេនី និងអាស៊ែបៃហ្សង់ជាច្រើនសិបឆ្នាំមកហើយ។ មានទីតាំងភូមិសាស្ត្រ ស្ថិតនៅក្នុងអាស៊ែបៃហ្សង់មែន តែតំបន់នេះមានប្រជាជនរស់នៅភាគច្រើនលើសលុប ជាជនជាតិអាមេនី និយាយភាសាអាមេនី និងកាន់សាសនាគ្រិស្ត ខុសពីប្រជាជនអាស៊ែបៃហ្សង់ភាគច្រើន ដែលកាន់សាសនាអ៊ីស្លាម។ចលនាបះបោរបំបែកទឹកដីរបស់ក្រុមជនជាតិអាមេនីនៅតំបន់ការ៉ាបាក់ បានបង្កឲ្យមានការផ្ទុះសង្គ្រាមជាច្រើនដងមកហើយ រវាងអាស៊ែបៃហ្សង់ និងអាមេនីដែលមកជួយក្រុមបំបែកទឹកដី។ ការផ្ទុះអាវុធចុងក្រោយ មានរយៈពេលប្រមាណ៦សប្តាហ៍ ក្នុងឆ្នាំ២០២០ បានបិទបញ្ចប់ទៅដោយបរាជ័យរបស់កងទ័ពអាមេនី។ កងទ័ពរុស្ស៊ីបានចូលអន្តរាគមន៍ រក្សាសន្តិភាព ដោយបានដាក់កំហិតឲ្យភាគីទាំងសងខាងឈប់បាញ់។កាលពីយប់ថ្ងៃអង្គារទី១៩កញ្ញា ក្រោយការផ្ទុះអាវុធសាជាថ្មី បង្កឡើងដោយកងទ័ពអាស៊ែបៃហ្សង់ លោកនាយករដ្ឋមន្ត្រីអាមេនី Nikol Pachinian បានថ្លែងសារតាមវីដេអូ ដោយបានចោទប្រតិបត្តិការរបស់អាស៊ែបៃហ្សង់ ថាជាប្រតិបត្តិការ បោសសំអាតជាតិសាសន៍នៅតំបន់ការ៉ាបាក់។ បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រីអាមេនី បានចោទថាអាស៊ែបៃហ្សង់ មានចេតនាចង់ឃើញប្រទេសអាមេនីកើតចលាចល តាមរយៈការរុញប្រជាជនអាមេនី ឲ្យធ្វើបាតុកម្មហិង្សា ប្រឆាំងរិះគន់រដ្ឋាភិបាល ដែលមិនជួយជនជាតិអាមេនីនៅតំបន់ការ៉ាបាក់។ក្រុមឧទ្ទាមអាមេនី យល់ព្រមទំលាក់អាវុធលោកនាយករដ្ឋមន្ត្រីអាមេនី បានចាត់ទុកថា វាគឺជាតួនាទីរបស់រុស្ស៊ី ក្នុងនាមជាអ្នករក្សាសន្តិភាព ដែលត្រូវតែធានាឲ្យមានការបិទបញ្ចប់ការផ្ទុះអាវុធនៅតំបន់ការ៉ាបាក់។ ពីម៉ូស្គូ វិមានក្រេមឡាំង បានអំពាវនាវកាលពីល្ងាចថ្ងៃអង្គារ ឲ្យភាគីទាំងសងខាង ស្វែងរកច្រកផ្លូវចរចា ឈានទៅទម្លាក់អាវុធ។ នៅក្នុងលិខិតរបស់លោក Ilham Aliev កាលពីថ្ងៃអង្គារដែរ ភាគីអាស៊ែបៃហ្សង់ បានស្នើឲ្យក្រុមឧទ្ទាមបំបែកទឹកដីអាមេនី ចូលខ្លួនមកចរចា នៅក្រុង Yevlakh ស្ថិតនៅចំងាយប្រមាណជិត៣០០គីឡូម៉ែត្រ ពីរដ្ឋធានីបាគូ។យោងតាមដំណឹងចុងក្រោយ ព្រឹកថ្ងៃពុធម៉ោងប្រមាណជា១២ថ្ងៃត្រង់ នៅទីបំផុតគឺកិច្ចព្រមព្រៀងទំលាក់អាវុធមួយ ត្រូវបានចុះហត្ថលេខាហើយ រវាងកងទ័ពអាស៊ែបៃហ្សង់ និងក្រុមឧទ្ទាមផ្តាច់ទឹកដីអាមេនីនៅតំបន់ការ៉ាបាក់។ ជាកិច្ចព្រមព្រៀង ដែលត្រូវបានធ្វើឡើង ដោយមានការសម្របសម្រួល ពីភាគីរុស្ស៊ី។ ក្រោយដំណឹងថ្មីនេះ ក្រុមឧទ្ទាមបំបែកទឹកដីអាមេនី បានបង្ហោះផ្សាយលិខិតប្រកាស នៅលើបណ្តាញសង្គម Facebook បញ្ជាក់ថាក្រុមខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទម្លាក់អាវុធពិតមែន។ លិខិតប្រកាសនេះ បញ្ជាក់ឲ្យដឹងផងដែរថា ការប្រជុំចរចាគ្នារវាង អាជ្ញាធរតំបន់ការ៉ាបាក់ និងភាគីរដ្ឋាភិបាលអាស៊ែបៃហ្សង់ នឹងបន្តធ្វើនៅថ្ងៃព្រហស្បតិ៍ទី២១កញ្ញា ដើម្បីនិយាយអំពីអនាគតនៃតំបន់ការ៉ាបាក់៕យោងតាមការប្រកាសរបស់លោក Anar Eivazov អ្នកនាំពាក្យក្រសួងការពារជាតិអាស៊ែបៃហ្សង់ គឺ កិច្ចព្រមព្រៀងនេះ ចែងជាអាទិ៍ថា កងកម្លាំងប្រដាប់អាវុធអាមេនីនៅតំបន់ការ៉ាបាក់ នឹងត្រូវរំសាយចោល ហើយត្រូវទំលាក់អាវុធ ទាំងអស់។ បន្ថែមពីនេះ កងទ័ពអាមេនីនឹងត្រូវដកចេញទាំងស្រុង ពីតំបន់ការ៉ាបាក់ ក្រោមការឃ្លាំមើល និងសម្របសម្រួលពីកងទ័ពរុស្ស៊ី៕
20-9-2023 • 5 minuten, 34 seconden ប្រធានាធិបតីអ៊ុយក្រែនធ្វើដំណើរទៅបញ្ចុះបញ្ចូលផ្ទ ាល់នៅ មហាសន្និបាតអង្គការសហប្រជាជាតិ
មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ ចាប់ផ្តើមជាផ្លូវការពីថ្ងៃអង្គារទី ១៩ ដល់ថ្ងៃទី ២៦កញ្ញា នៅទីក្រុងញូវយ៉ក។ មហាសន្និបាតដែលមានការចូលរួមពីប្រមុខរដ្ឋាភិបាល និងមេដឹកនាំប្រទេសយ៉ាងតិច ១៤៥ប្រទេស ត្រូវកត់សំគាល់ដោយវត្តមានចូលរួមផ្ទាល់ជាលើកទី១ របស់ប្រធានាធិបតីអ៊ុយក្រែន លោកវ្លូឌីមៀ ហ្សេឡេនស្គី។ ដោយសារសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន សុន្ទរកថារបស់ប្រធានាធិបតី អ៊ុយក្រែននឹងអាចលុបបិទបាំងជិតបញ្ហាសំខាន់ៗមួយចំនួនទៀតរបស់ពិភពលោក ដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិត្រូវផ្តោតពិភាក្សា ដូចជាភាពក្រីក្រ ការអប់រំ និងការប្រែប្រួលអាកាសធាតុ។ មហាសន្និបាតអង្គការសហប្រជាជាតិបើកទ្វារជាផ្លូវការ នៅទីក្រុងញូវយ៉ក នៅថ្ងៃអង្គាទី ១៩ កញ្ញា ជាមួយអវត្តមានរបស់មេដឹកនាំសំខាន់ៗក្នុងពិភពលោក។ ក្រៅពីលោកប្រធានាធិបតីចូ បៃដិនដែលជាម្ចាស់ផ្ទះ មហាសន្និបាតអង្គការសហប្រជាជាតិកត់សំគាល់ដោយអវត្តមានរបស់មេដឹកនាំរបស់ប្រទេសចិន រុស្ស៊ី អង់គ្លេស និងបារាំង ដែលសុទ្ធសឹងជាសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។គ្មានមេដឹកនាំប្រទេសមហាអំណាចចូលរួម តើមហាសន្និបាតអង្គការសហប្រជាជាតិមានន័យអ្វីទៀត?នៅមហាសន្និបាតអង្គការសហប្រជាជាតិ ដែលចាប់ផ្តើមពីថ្ងៃទី ១៩ដល់ថ្ងៃទី ២៦កញ្ញា លោកប្រធានាធិបតីអាមេរិក ចូ បៃដិនជាមេដឹកនាំប្រទេសមហាអំណាចតែមួយគត់ដែលមានវត្តមាននៅក្នុងអង្គមហាសន្និបាត។ មេដឹកនាំរបស់ប្រទេសសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ៤ផ្សេងទៀត ដូចជាបារាំង អង់គ្លេស ចិន និងរុស្ស៊ី មិនបានធ្វើដំណើរទៅចូលរួមក្នុងមហាសន្និបាតលើកទី៧៨របស់អង្គការសហប្រជាជាតិ។ ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងលើកយកហេតុផលជាប់រវល់ទទួលព្រះមហាក្សត្រអង់គ្លេស ឆាល នៅទីក្រុងប៉ារីស ចំណែក រដ្ឋាភិបាលអង់គ្លេសលើកឡើងថា លោកនាយករដ្ឋមន្រ្តីរីស៊ី ស៊ូណាក់មិនអាចចូលរួមក្នុងមហាសន្និបាត ដោយសារលោកត្រូវចំណាយពេលលើបញ្ហាក្នុងស្រុកអង់គ្លេសម្តង បន្ទាប់ពី លោកធ្វើដំណើរចេញទៅក្រៅប្រទេសញយដង ដូចជានៅក្នុងជំនួបកំពូលក្រុមប្រទេសហ្សេ ២០ នៅឥណ្ឌា។ម្យ៉ាង នាយករដ្ឋមន្រ្តីអង់គ្លេសគ្រោងធ្វើដំណើរទៅចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ នៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម នៅខែវិច្ឆិកាខាងមុខ ដែលជាហេតុធ្វើឲ្យលោកគ្មានពេលច្រើនដើម្បីដោះស្រាយបញ្ហារបស់ប្រជាជនអង់គ្លេស។ជារឿងដ៏កម្រដែលមេដឹកនាំបារាំង និងអង់គ្លេស អវត្តមាន នៅក្នុងមហាសន្និបាត ប៉ុន្តែ សម្រាប់ប្រធានាធិបតីចិន និងរុស្ស៊ីឯណោះវិញ វាក្លាយជាទម្លាប់ទៅហើយដែលគ្មានវត្តមាន ឡើងថ្លែងសុន្ទរកថា នៅវេទិកា មហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រធានាធិបតីចិនពេញចិត្តទៅចូលរួមក្នុងជំនួបកំពូលBRICS ជាជាងមហាសន្និបាតអង្គការសហប្រជាជាតិ។ លើកនេះ លោកប្រធានាធិបតីពូទីនដែលមិនអាចដាក់ជើងជាន់ទីក្រុងញូវយ៉ក ដោយសារដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ មានប្រមុខការបរទេស លោកឡាវ៉្រ្វូវ ជាអ្នកតំណាង ឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ។សម្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ អ្វីដែលសំខាន់ មិនមែនការចូលរួមផ្ទាល់របស់ប្រមុខដឹកនាំប្រទេសណានោះទេ ប៉ុន្តែ គឺ ការសម្រេច ការចូលរួមជាក់ស្តែងរបស់ប្រទេសនីមួយៗ ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ។ ចង់ ឬមិនចង់ គ្មានមេដឹកនាំរបស់ប្រទេសមហាអំណាច ដទៃទៀត ចូលរួម លោកប្រធានាធិបតី ចូ បៃដិនជាមេដឹកនាំរបស់ប្រទេសសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខតែមួយគត់ ដែលនឹងប្រើវេទិកានៅមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីលើកឡើងពីការប្តេជ្ញាចិត្ត របស់អាមេរិកដើម្បីស្តាប់ និងជួយប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍។ឯណាទៅគោលដៅអភិវឌ្ឍរបស់មហាសន្និបាតអង្គការសហប្រជាជាតិ?នៅមួយថ្ងៃមុន បើកមហាសន្និបាតអង្គការសហប្រជាជាតិ ក្រុមប្រទេសកំពុងអភិវឌ្ឍបានបើកជំនួបកំពូលស្តីពីការអភិវឌ្ឍន៍ ដែលនៅក្នុងនោះ ក្រុមប្រទេសកំពុងអភិវឌ្ឍបានទាមទារចង់បានកំណែទម្រង់ប្រព័ន្ធដឹកនាំក្នុងពិភពលោក ដើម្បីធ្វើយ៉ាងណា ឲ្យប្រជាជនរបស់ពួកគេដែលកំពុងជួបគ្រោះម្តងហើយ ម្តងទៀត ដូចជា គ្រោះអត់ឃ្លាន គ្រោះធម្មជាតិ អាចមានវាសនារស់មានជីវិត និងមានអនាគតដូចការកំណត់គោលដៅរបស់អង្គការសហប្រជាជាតិ។មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោត នៅឆ្នាំ ២០១៥ កំណត់គោលដៅ ចំនួន១៧ ពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០៣០ ដើម្បីកសាងអនាគត និងអភិវឌ្ឍដោយចីរកាល។ ប៉ុន្តែ ៨ឆ្នាំមកនេះ ពោលនៅសល់តែ៧ឆ្នាំទៀត ដល់កាលកំណត់ មានតែប្រទេសប្រមាណ ១៥%ប៉ុណ្ណោះ ដែលសម្រេចគោលដៅ។ គោលដៅ ទាំង១៧ របស់អង្គការសហប្រជាជាតិ មាននិយាយពីការលុបបំបាត់ចោលភាពក្រីក្រ ការទទួលបានការអប់រំ ការទទួលបានទឹកស្អាតប្រើប្រាស់ ថាមពលស្អាតស្អំ ប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ឬការឈានទៅបង្កើតសង្គមសន្តិភាព។ ប៉ុន្តែ តាមអគ្គលេខាធិការសហប្រជាជាតិ ការប្រឹងប្រែងកន្លងមកត្រូវបំផ្លិចបំផ្លាញ ដោយវិបត្តិជំងឺកូវីដ និងចុងក្រោយ គឺសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ក្រុមប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍ ដែលភាគច្រើនស្ថិតនៅភាគខាងត្បូងផែនដី កំពុងត្រូវក្រុមប្រទេសមហាអំណាច ដែលកំពុងបែងចែកបក្សពួកគ្នាជាពីរក្រុម រុស្ស៊ី ចិន និងក្រុមប្រទេសលោកខាងលិច ដឹកនាំដោយអាមេរិក ត្រូវការចង់បាន ការគាំទ្ររបស់ក្រុមប្រទេសនៅខាងត្បូងឲ្យចូលរួមក្នុងក្រុមរៀងៗខ្លួន។ ដឹងថាខ្លួនអាចមានទម្ងន់នយោបាយ ក្រុមប្រទេសខាងត្បូងចង់យកមហាសន្និបាតអង្គការសហប្រជាជាតិ ជាឱកាសសម្រាប់ដាក់លក្ខខណ្ឌ ទាមទារជំនួយ ពីក្រុមប្រទេសមហាអំណាច ប្រទេសអ្នកមាន។ប្រធានាធិបតីអ៊ុយក្រែនកំពុងទាញយកប្រយោជន៍ពីមហាសន្និបាតអង្គការសហប្រជាជាតិ?គោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ឬសំណុំរឿងធំៗរបស់ពិភពលោក មិនថា បញ្ហាសេដ្ឋកិច្ច វិបត្តិអតិផរណា ភាពក្រីក្រ ឬប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ អាចត្រូវគ្របលុបបាំងជិតដោយសំណុំរឿងអ៊ុយក្រែន ព្រោះថា ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គីបានធ្វើដំណើរជាលើកទី១ ទៅចូលរួមដោយផ្ទាល់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ គិតចាប់តាំងពីរុស្ស៊ីបើកសង្រ្គាមឈ្លានពានអ៊ុយក្រែន ប្រទេសសមាជិកភាគច្រើន បានបោះឆ្នោត នៅមហាសន្និបាតអង្គការសហប្រជាជាតិ លើសេចក្តីសម្រេចជាច្រើន គាំទ្រអ៊ុយក្រែន អធិបតេយ្យភាពទឹកដីរបស់អ៊ុយក្រែន និងទាមទារឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន។ប៉ុន្តែ ដោយសារសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន អូសបន្លាយពេលជាង ១ឆ្នាំកន្លះ បូកផ្សំនឹងវិបត្តិស្បៀងអាហារ ដោយសារសង្រ្គាមអ៊ុយក្រែន ប្រទេសនៅភាគខាងត្បូងមាននិន្នាការកាន់តែច្រើនចង់បានការចរចាការទូត ជាជាងការប្រយុទ្ធធ្វើសង្រ្គាម ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។ ជាក់ស្តែង លោកលូឡា ប្រធានាធិបតីរបស់ប្រទេសប្រេស៊ីល ដែលមានទម្ងន់នយោបាយគួរសម ត្រូវគេរំពឹងថា នឹងប្រើវេទិការបស់មហាសន្និបាតអង្គការសហប្រជាជាតិដើម្បីទាមទារឲ្យភាគីជម្លោះ ដោះស្រាយវិបត្តិសង្រ្គាមអ៊ុយក្រែន តាមការចរចាការទូត។ ចង់ដើរតួជាអាជ្ញាកណ្តាលដូចចិន ប្រេស៊ីលបដិសេធដាក់ទណ្ឌកម្មលើរុស្ស៊ី និងមិនបោះឆ្នោតលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ក្នុងសំណុំរឿងរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ជំហររបស់ប្រេស៊ីលបានបណ្តាលឲ្យមានការរិះគន់តវ៉ាពីខាងអ៊ុយក្រែន។ នៅចំពោះមុខជំហររារែករបស់ក្រុមប្រទេសសមាជិកអង្គការសហប្រជាជាតិ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី និយាយដោយមិនលាក់លៀមថា វត្តមានរបស់លោកនៅមហាសន្និបាត មានគោលដៅសំខាន់គឺ ផ្សព្វផ្សាយ ដើម្បីឲ្យប្រទេសដៃគូ ប្រទេសសមាជិកអង្គការសហប្រជាជាតិ បានដឹងយល់ច្បាស់ពីសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ហើយនិងផែនការជាក់ស្តែងរបស់អ៊ុយក្រែន ដើម្បីទាមទារចង់បានទឹកដីរបស់ខ្លួន ដូចដើមមកវិញ៕
19-9-2023 • 7 minuten, 12 seconden អ៊ុយក្រែន និង រុស្ស៊ី ប្រឈមមុខគ្នាជាលើកទី១ នៅតុលា ការយុត្តិធម៌អន្តរជាតិ
ថ្ងៃចន្ទ ទី១៨កញ្ញា តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ចាប់ផ្តើមបើកសវនាកា រហូតដល់ថ្ងៃទី២៧កញ្ញា នៅក្នុងនីតិវិធីប្តឹងមួយ ដែលអ៊ុយក្រែននិងរុស្ស៊ីប្រឈមមុខដាក់គ្នា។ ក្នុងសំណុំរឿងនេះ រដ្ឋាភិបាលអ៊ុយក្រែន បានចោទទៅលើរុស្ស៊ី ថាបានប្រើប្រាស់ហេតុផល “ប្រល័យពូជសាសន៍” ដោយគ្មានមូលដ្ឋាន ដើម្បីធ្វើជាសំអាងលើកទ័ព ចូលមកឈ្លានពាន វាយប្រហារលើអ៊ុយក្រែន។ នេះជាលើកទី១ ក្រោយសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង ដែលភាគីរុស្ស៊ី និងអ៊ុយក្រែន ត្រូវធ្វើបទបង្ហាញនូវអំណះអំណាងរៀងៗខ្លួន ចំពោះមុខចៅក្រមទាំង១៥រូប នៅតុលាការយុត្តិធម៌អន្តរជាតិ។ ការបកស្រាយពាក្យ “ប្រល័យពូជសាសន៍” នៅក្នុងសន្ធិសញ្ញា១៩៤៨ដំណើរដើមហេតុ គឺប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ដែលបានចោទថា រដ្ឋាភិបាលអ៊ុយក្រែន បានធ្វើ “អំពើប្រល័យពូជសាសន៍” ទៅលើប្រជាជននិយាយភាសារុស្ស៊ី ដែលរស់នៅតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែន។ លោកពូទីនអះអាងថា គឺដោយហេតុផលនេះហើយ ទើបធ្វើឲ្យរុស្ស៊ី ត្រូវតែបង្ខំចិត្ត បើក “ប្រតិបត្តិការពិសេសនៅអ៊ុយក្រែន” នៅថ្ងៃទី២៤កុម្ភៈ ២០២២ ដើម្បីជួយរំដោះប្រជាជនដែលរងគ្រោះ ។ក្រោយសង្គ្រាមផ្ទុះឡើងបាន២ថ្ងៃ គឺថ្ងៃទី២៦កុម្ភៈ ២០២២ រដ្ឋាភិបាលអ៊ុយក្រែន បានដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយបានលើកឡើងថា អំណះអំណាងរបស់រុស្ស៊ីដែលចោទថាអ៊ុយក្រែនបានធ្វើអំពើប្រល័យពូជសាសន៍នោះ គឺវាជាការចោទប្រកាន់ ដែលគ្មានភស្តុតាង គ្មានមូលដ្ឋានច្បាប់អ្វីទាំងអស់។ ភាគីអ៊ុយក្រែន អះអាងថា អំណះអំណាងរបស់រុស្ស៊ី ដើម្បីធ្វើជាលេសបើកផ្លូវធ្វើសង្គ្រាមឈ្លានពានខ្លួននេះ គឺវាផ្ទុយស្រឡះអំពីខ្លឹមសារ ដែលមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិ ស្តីពីអំពើប្រល័យពូជសាសាន៍ ចុះហត្ថលេខានៅឆ្នាំ១៩៤៨។សូមបញ្ជាក់ថា កាលពីខែមីនា២០២២ តុលាការយុត្តិធម៌អន្តរជាតិ បានចេញដីកាបឋមមួយ ដោយបានបញ្ជា ឲ្យភាគីរុស្ស៊ី ត្រូវតែបិទផ្អាកជាបន្ទាន់ នូវប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន ដើម្បីរងចាំការជំនំជំរះចុងក្រោយ ស្តីអំពីការសម្រេច “អំណាចយុត្តាធិការ” របស់តុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងសំណុំរឿងនេះ។ ចៅក្រុមតុលាការក្រុងឡាអេ លើកឡើងថា ប្រតិបត្តិការកងទ័ពទ្រង់ទ្រាយធំរបស់រុស្ស៊ី អាចនឹងប៉ះពាល់ដល់អាយុជីវិតជនស្លូតត្រង់អ៊ុយក្រែន ព្រមទាំងការខូចខាតផ្សេងៗទៀត។ ទោះជាយ៉ាងណា ដីកាបង្គាប់របស់ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិនេះ មានសុពលភាពតែនៅក្រដាសប៉ុណ្ណោះ ព្រោះថាដូចយើងទាំងអស់គ្នាដឹងហើយ ថារុស្ស៊ីបានបន្តធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន រហូតមកដល់សព្វថ្ងៃនេះ។តើតុលាការយុត្តិធម៌អន្តរជាតិ មានអំណាចយុត្តាធិការដែរឬទេ?គួរបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះ កន្លងមកភាគីរុស្ស៊ីបានប្រកែក មិនបញ្ជូនមនុស្សមកចូលរួមដោយផ្ទាល់ នៅក្នុងនីតិវិធីសួរដេញដោយផ្ទាល់មាត់ នៅមុខចៅក្រមទេ។ ផ្អែកតាមតុលាការក្រុងឡាអេ រុស្ស៊ី បានត្រឹមតែផ្ញើលិខិតមួយមកប៉ុណ្ណោះ ដោយអះអាងថាគ្មានពេលគ្រប់គ្រាន់ ដើម្បីរៀបចំឯកសារច្បាប់ និងគ្មានមេធាវីដើម្បីការពារ។ នៅក្នុងលិខិតនោះ ភាគីរុស្ស៊ីបានអះអាងទៀតថា តុលាការយុត្តិធម៌អន្តរជាតិ គ្មានអំណាចយុត្តាធិការ កាត់សេចក្តីលើសំណុំរឿងនេះទេ ព្រោះថាករណីអ៊ុយក្រែន គឺវាមិនចូលទៅក្នុង សន្ធិសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍ ចុះឆ្នាំ១៩៤៨ទេ។សវនាកាបើកនៅថ្ងៃចន្ទ ទី១៨កញ្ញានេះ វាជាលើកទី១ហើយ ដែលរុស្ស៊ីបានបញ្ជូនក្រុមអ្នកច្បាប់ ឲ្យមកតំណាង និងចូលរួមដោយផ្ទាល់។ តាមការគ្រោងទុក ថ្ងៃទី១៨កញ្ញា គឺចៅក្រមទាំង១៥រូប នឹងស្តាប់អំណះអំណាងរបស់ភាគីរុស្ស៊ី។ ហើយថ្ងៃទី១៩ គឺដល់វេនដើមចោទ គឺភាគីអ៊ុយក្រែន ដែលនឹងត្រូវធ្វើអំណះអំណាង។ បន្ថែមពីនេះ នៅថ្ងៃពុធ ទី២០កញ្ញា ចៅក្រមទាំង១៥រូប នៃតុលាការយុត្តិធម៌អន្តរជាតិ នឹងស្តាប់អំណះអំណាងរបស់តំណាងប្រទេសចំនួន ៣២ប្រទេស ដែលនឹងមកផ្តល់សក្ខីកម្ម ការពារអ៊ុយក្រែន ដែលជាប្រទេសរងគ្រោះដោយការឈ្លានពានរបស់រុស្ស៊ី។សូមបញ្ជាក់ថា អង្គសវនាការនេះ នឹងបន្តរហូតដល់ថ្ងៃទី២៧កញ្ញា មុននឹងចៅក្រមសម្រេចសេចក្តី ថាតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ មានអំណាចយុត្តាធិការ ឬក៏គ្មាន ដើម្បីជំនំជំរះ លើពាក្យបណ្តឹងនេះរបស់អ៊ុយក្រែន។ សេចក្តីសម្រេច ដែលអាចនឹងត្រូវការពេលច្រើនខែបន្ថែមទៀត។ គួរបញ្ជាក់ដែរថា ក្រៅពីសំណុំរឿងនេះ តុលាការយុត្តិធម៌អន្តរជាតិ ត្រូវជំនំជំរះលើសំណុំរឿងផ្សេងទៀត ជាក់ស្តែងសំណុំរឿងដែលអ៊ុយក្រែនចោទរុស្ស៊ី ថាបានផ្គត់ផ្គង់ថវិកានិងអាវុធ ដល់ក្រុមបំបែកទឹកដីនៅភាគខាងកើតអ៊ុយក្រែន ដោយបំពានទៅនឹងសន្ធិសញ្ញាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងហិរញ្ញវត្ថុក្រុមភេរវនិយម។ការប្រយុទ្ធស្វិតស្វាញទាំងផ្លូវច្បាប់ និងនៅសមរភូមិក្នុងអំឡុងពេលដែល ក្រុមអ្នកច្បាប់រុស្ស៊ី និងអ៊ុយក្រែនត្រូវប្រយុទ្ធតទល់គ្នា នៅតុលាការយុត្តិធម៌អន្តរជាតិ នៅឯសមរភូមិប្រយុទ្ធឯណោះ កងទ័ពអ៊ុយក្រែន និងរុស្ស៊ីក៏នៅតែបន្តប្រយុទ្ធយ៉ាងស្វិតស្វាញដែរ។ ប្រតិបត្តិការវាយបក ដណ្តើមយកទឹកដីមកវិញ ដែលអ៊ុយក្រែនបានចាប់ផ្តើមធ្វើជាច្រើនខែមកហើយនោះ បានដំណើរការទៅយ៉ាងយឺតយ៉ាវ និងបានលទ្ធផលស្តួចស្តើងបំផុត។ យ៉ាងណាក៏ដោយ នៅថ្ងៃចន្ទទី១៨កញ្ញានេះ ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងថា គេទើបតែបានរំដោះបានទឹកដីប្រមាណ ៧គីឡូម៉ែត្រក្រឡាបន្ថែមទៀត នៅចំណុច Klichtchiïvka ក្បែរតំបន់ Bakhmout។លោកវ្លូដីមៀរ ហ្សេឡេនស្គី បានថ្លែងសារតាមវីដេអូ នៅយប់ថ្ងៃអាទិត្យទី១៧កញ្ញា អបអរសាទរ និងកោតសរសើរចំពោះវីរភាពកងទ័ពអ៊ុយក្រែន ដែលតស៊ូប្រយុទ្ធដណ្តើមកយកវិញនូវទឹកដី។ អ្នកនាំពាក្យកងកម្លាំងអ៊ុយក្រែននៅសមរភូមិខាងកើត បានអះអាងថា កងទ័ពអ៊ុយក្រែនកំពុងព្យាយាមដណ្តើមដែនដី ដើម្បីកាត់ផ្តាច់ផ្លូវដឹកជញ្ជូនតាមផ្លូវដែក របស់កងទ័ពរុស្ស៊ី។ដោយឡែក នៅក្នុងបទសម្ភាសន៍មួយផ្សាយកាលពីថ្ងៃអាទិត្យ លោក Mark Milley អគ្គមេបញ្ជាការកងទ័ពអាមេរិក បានទទួលស្កាល់ថា ប្រតិបត្តិការដណ្តើមយកទឹកដីវិញរបស់អ៊ុយក្រែន គឺជួបឧបសគ្គច្រើន ដែលត្រូវចំណាយពេលយូរ តែយ៉ាងណាប្រតិបត្តិការនេះមិនបានបរាជ័យទេ។ ដូចគ្នាដែរ លោក Jen Stoltenberg អគ្គលេខាធិការអង្គការអូតង់ បានថ្លែងតាមបណ្តាញព័ត៌មានអាល្លឺម៉ង់ Funke ថាសង្គ្រាមអ៊ុយក្រែន នឹងអូសបន្លាយពេលយូរទៅមុខទៀត។គួរបញ្ជាក់ដែរថា លោកប្រធានាធិបតីអ៊ុយក្រែន វ្លូដីមៀរ ហ្សេឡេនស្គី នឹងធ្វើដំណើរទៅជួបថ្នាក់ដឹកនាំអាមេរិក នៅក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ទី២១កញ្ញា។ ជាដំណើរទៅស្របពេលដែលសភាខុសហ្ក្រេសអាមេរិក កំពុងត្រៀមបោះឆ្នោត ផ្តល់កញ្ចប់ថវិកាជំនួយថ្មីមកឲ្យអ៊ុយក្រែន ដែលមានទឹកប្រាក់ប្រមាណ២៤ពាន់លានដុល្លារ៕
18-9-2023 • 6 minuten, 55 seconden លំហូរអន្តោប្រវេសន៍កំពុងក្លាយជាសម្ពាធការទូត យ៉ាងធ្ងន់ធ្ងរជាថ្មីនៅអឺរ៉ុប
នៅថ្ងៃអាទិត្យទី ១៧ កញ្ញា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយេន បានអញ្ជើញទៅកោះឡំប៉េឌូហ្សា ដែលលំហូរជនអន្តោប្រវេសន៍កំពុងជន់ជោរស្ទើរលិចកោះ។ នៅសប្តាហ៍នេះ មានអន្តោប្រវេសន៍ឆ្លងតាមទូកប្រមាណជាង៨ពាន់នាក់បានមកដល់កោះអ៊ីតាលី។ ប្រឈមនឹងស្ថានភាពនេះ ការបែងចែកទំនួលខុសត្រូវ ក្នុងរង្វង់ប្រទេសជាសមាជិកសហភាពអឺរ៉ុបបានកក្រើកឡើងវិញ។ វិបត្តិអន្តោប្រវេសន៍កំពុងផ្ទុះឡើងជាថ្មីនៅអឺរ៉ុប។ ថ្ងៃនេះលោកស្រីប្រធានគណៈកម្មការអឺរ៉ុប អួរស៊ូឡា វ៉ុនឌែរ ឡេយេន បានអញ្ជើញទៅកោះអ៊ីតាលី Lampedusa ដែលកំពុងរងរលកអន្តោប្រវេសន៍ជាថ្មី ក្នុងសប្តាហ៍នេះ។លំហូរអន្តោប្រវេសន៍មកអឺរ៉ុបចាប់ធ្ងន់ធ្ងរខ្លាំងជាថ្មី?នៅរវាងតែបីថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃពុធដើមសប្តាហ៍ មានទូកអន្តោប្រវេសន៍ខុសច្បាប់ចំនួន១៩៩ទូក ដែលមានផ្ទុកមនុស្សសរុបប្រមាណ៨៥០០នាក់បានចូលមកដល់កោះLampedusa គឺច្រើនជាងចំនួនពលរដ្ឋអ៊ីតាលីសរុបរស់នៅលើកោះទៅទៀត។ នេះបើតាមតួលេខរបស់ទីភ្នាក់ងារអន្តោប្រវេសន៍អង្គការសហប្រជាជាតិ ដោយបន្ថែមថា មជ្ឈមណ្ឌលទទួលអន្តោប្រវេសន៍នៅលើកោះមានសមត្ថភាពទទួលមនុស្សត្រឹមតែ៤០០នាក់ប៉ុណ្ណោះ។ ក្នុងពេលដែលកោះព្យាយាមជម្លៀសជនអន្តោប្រវេសន៍ចេញ ទូកដឹកជនភៀសខ្លួនផ្សេងទៀតបានបន្តមកដល់នាំព្រឹកថ្ងៃសៅរ៍នេះ និងទូកជាច្រើនសិបគ្រឿងទៀតកំពុងធ្វើដំណើរក្នុងសមុទ្ទសំដៅឆ្នេរអ៊ីតាលី។ហេតុដូច្នេះហើយបានជាលោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលី ចរចា មេឡូនី បានអះអាងកាលពីថ្ងៃសុក្រថា អ៊ីតាលីមិនអាចទ្រទ្រង់នឹងសម្ពាធអន្តោប្រវេសន៍បានទៀតទេ។ស្ថិតនៅចម្ងាយមិនដល់១៥០គីឡូម៉ែត្រពីឆ្នេរទុយនីស៊ី កោះLampedusa ជាទីសំចតដ៏ជិតដំបូងគេមួយសម្រាប់ជនអន្តោប្រវេសន៍រត់ឆ្លងសមុទ្ទមេឌីទែរាណេ ដែលចង់មកជ្រកកោននៅអឺរ៉ុប។ ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវក្តៅម្តងៗ ពួកគេរាប់សិបពាន់នាក់ បានប្រថុយជីវិតចុះសមុទ្ទជិះទូករខេករខាកសំដៅត្រើយអឺរ៉ុប។ គិតតាំងពីដើមឆ្នាំ២០២៣មក មានអន្តោប្រវេសន៍តាមទូកចំនួនជាង១២៧០០០នាក់បានមកដល់ឆ្នេរអ៊ីតាលី ពោលគឺពីរដងច្រើនជាងឆ្នាំ២០២២ ក្នុងរយៈពេលដូចគ្នា។ច្បាប់បែងចែងនិងទប់ស្កាត់លំហូរអន្តោប្រវេសន៍អឺរ៉ុបគ្មានប្រសិទ្ធភាព?សហភាពអឺរ៉ុបមានកិច្ចព្រមព្រៀងអន្តោប្រវេសន៍តាំងពីឆ្នាំ២០១៣ ឈ្មោះថាកិច្ចព្រមព្រៀងឌុយប្លាំង ដែលតម្រូវឱ្យជនអន្តោប្រវេសន៍មកដល់ស្រុកណាមុនគេ ត្រូវសុំសិទ្ធជ្រកកោននៅស្រុកនោះ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះហាក់មិនស៊ីនឹងស្ថានការណ៍ ដែលត្រូវតែធ្វើកំណែទម្រង់ ព្រោះជាមួយនឹងចំនួនអន្តោប្រវេសន៍យ៉ាងហោចបីម៉ឺននាក់ក្នុងមួយឆ្នាំ ប្រទេសនៅជួរមុខដូចយ៉ាងអ៊ីតាលី ក្រិក និងកោះម៉ាល់តិ៍ជាដើមនេះ ទទួលបន្ទុកធ្ងន់តែម្នាក់ឯង។ទោះប្រេះឆាគ្នាខ្លាំងមែន តែនៅខែមិថុនាកន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអឺរ៉ុបទាំង២៧បានព្រមព្រៀងគ្នាធ្វើកំណែទម្រង់ពីរចំណុចសំខាន់ៗទាក់ទងនឹងការចាត់ចែងអន្តោប្រវេសន៍និងដំណើរបែបបទសុំសិទ្ធជ្រកកោន សម្រាប់មកជំនួសកិច្ចព្រមព្រៀងឌុយប្លាំង។ ប៉ុន្តែច្បាប់ថ្មីនេះមិនទាន់ត្រូវបានសភាអឺរ៉ុបអនុម័តនៅឡើយទេ។ក្នុងពេលរង់ចាំ សហភាពអឺរ៉ុបបានអនុម័តយន្តការបណ្តោះអាសន្នមួយ កាលពីខែមិថុនាឆ្នាំ២០២២ ជួយសម្រួលប្រទេសស្ថិតនៅជួរមុខ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ យន្តការនេះ អនុញ្ញាតឲ្យប្រទេសដែលស្ម័គ្រចិត្ត១២ប្រទេស ទទួលយកជនភៀសខ្លួនពីប្រទេសជួរមុខ ចំនួនសរុប ៨០០០នាក់ក្នុងមួយឆ្នាំ។ ក្នុងចំណោមនេះ បារាំង និងអាល្លឺម៉ង់ ត្រូវទទួលម្នាក់ ៣០០០នាក់។ ក៏ប៉ុន្តែតួលេខនេះ មានតែលើក្រដាសទេ។ ជាងនេះទៅទៀត កាលពីថ្ងៃពុធម្សិលម្ង៉ៃ អាល្លឺម៉ង់បានប្រកាសព្យួរការទទួលដោយស្ម័គ្រចិត្តជនអន្តោប្រវេសន៍មកពីអ៊ីតាលីទៀត ក្រោមហេតុផលថាអ៊ីតាលីមិនព្រមគោរពកិច្ចព្រមព្រៀងឌុយប្លាំង។ ភាពប្រទាំងប្រទើសរវាងអាល្លឺម៉ង់និងអ៊ីតាលី ទើបត្រូវបានដោះស្រាយរួចនៅម្សិលមិញ ដោយអាល្លឺម៉ង់ព្រមបន្តទទួលយកអន្តោប្រវេសន៍វិញ។លំហូរអន្តោប្រវេសន៍ជាគំហុកលើកោះអ៊ីតាលី នាសប្តាហ៍នេះ បាននិងកំពុងក្លាយជាប្រធានបទការទូតដ៏ក្តៅគគុកជាថ្មីក្នុងរង្វង់សហភាពអឺរ៉ុប។ ក្រោយពីមានជំនួបត្រីភាគីរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងអ៊ីតាលីនិងអាល្លឺម៉ង់ នៅថ្ងៃសៅរ៍ម្សិលមិញ រដ្ឋមន្ត្រីបារាំងបានរៀបចំសន្និសីទតាមទូរស័ព្ទត្រីភាគីបន្ថែមជាមួយតំណាងប្រធានាធិបតីអេស្ប៉ាញ និងស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការមហាផ្ទៃទៀត រួចក៏គ្រោងធ្វើដំណើរទៅកាន់កោះLampedusaដែរ។ ជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង បានលើកមកនិយាយអំពីកាតព្វកិច្ចសាមគ្គីភាពអឺរ៉ុប ដោយបានព្រមព្រៀងគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការអឺរ៉ុប ដើម្បីរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ភ្លាមៗ និងយូរអង្វែង ឱ្យវិបត្តិអន្តោប្រវេសន៍ដែលញាំញីអឺរ៉ុប និងដែលធ្វើឱ្យអឺរ៉ុបប្រេះឆាគ្នា។ដើម្បីសាកល្បងកាត់បន្ថយលំហូរអន្តោប្រវេសន៍ អឺរ៉ុបបានចុះកិច្ចព្រមព្រៀងធ្វើជាដៃគូជាមួយទុយនីស៊ី ជាថ្នូរនឹងជំនួយហិរញ្ញវត្ថុរយលានអឺរ៉ូ ក្រោមវត្តមានរបស់លោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលីផង កាលពីខែកក្កដា២០២៣ តែកិច្ចព្រមព្រៀងជួបភាពចម្រូងចម្រាសខ្លាំង ដោយហេតុទុយនីស៊ីដឹកនាំបែបផ្តាច់ការខ្លាំង។ ការកាន់តែដុនដាបមួយកំរិតទៀត ក្រោយពីអាជ្ញាធរទុយនីស៊ីមិនអនុញ្ញាតឱ្យប្រតិភូអឺរ៉ុបចូលស្រុក។តើអ៊ីតាលីសង្ឃឹមលើទស្សនកិច្ចរបស់ប្រធានគណៈកម្មការអឺរ៉ុបយ៉ាងណា?ប្រឈមនឹងរលកអន្តោប្រវេសន៍ថ្មីនេះ នាយករដ្ឋមន្ត្រីអ៊ីតាលីបានអញ្ជើញប្រធានគណៈកម្មការអឺរ៉ុបឱ្យមើលអំពីស្ថានភាពអន្តោប្រវេសន៍នៅលើកោះអ៊ីតាលីដោយជាក់ស្តែង ដើម្បីស្រួលងាយវាយតម្លៃ និងជាពិសេសដើម្បីយកបញ្ហាអន្តោប្រវេសន៍ ទៅធ្វើជារបៀបវារៈនៃជំនួបកំពូលអឺរ៉ុប នៅខែតុលាខាងមុខ។ អាចថាជាវិធីដាក់សម្ពាធលើសហភាពអឺរ៉ុបរបស់អ៊ីតាលី ដែលឆ្លៀតប្រកាសគំរាមថា រដ្ឋាភិបាលអ៊ីតាលី ធ្លាប់មានចេតនាចង់ចាត់វិធានការបែបអស្ចារ្យតែម្តងផង។ជាងនេះទៅទៀត ក្នុងសន្និសីទកាសែតរួមជាមួយប្រធានគណៈកម្មការអឺរ៉ុប នៅលើកោះLampedusa លោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលី ចរចា មេឡូនី បានអះអាងថា អនាគតអឺរ៉ុបស្ថិតនៅលើកោះLampedusaនេះហើយ។ អនាគតអឺរ៉ុបអាស្រ័យទៅលើសមត្ថភាពប្រឈមនឹងបញ្ហាធំៗ ដូចយ៉ាងបញ្ហាលំហូរអន្តោប្រវេសន៍ដែលមិនអាចគ្រប់គ្រងបាន។ នេះបើតាមប្រសាសន៍របស់លោកស្រីមេឡូនីដដែល។ចំណែកលោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយេន ប្រធានគណៈកម្មការអឺរ៉ុបវិញ យល់ថារលកអន្តោប្រវេសន៍ ត្រូវការមានដំណោះស្រាយថ្នាក់អឺរ៉ុប និងបានអំពាវនាវឱ្យប្រទេសជាសមាជិកសហភាពព្រមចែករំលែកអន្តោប្រវេសន៍ខ្លះពីអ៊ីតាលី។ មិនដឹងថាតើសម្រែករបស់លោកស្រីអាចចូលក្នុងត្រចៀករដ្ឋសមាជិកបានប៉ុន្មាននាក់និងប៉ុន្មានថ្ងៃទេ
17-9-2023 • 6 minuten, 30 seconden គុយបានិងចិនបើកជំនួបកំពូលហ្សេ៧៧ទាមទារការ ប្តូរផ្លាស់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក
ជំនួបកំពូល G77 និងចិន ដែលមានប្រទេសជាងមួយរយ តំណាងឱ្យប្រជាពលរដ្ឋចំនួន៨០%នៅលើពិភពលោកមកជួបជុំគ្នា បានចាប់បើកនៅសុក្រទី១៥កញ្ញា សម្រាប់រយៈពេលពីរថ្ងៃនៅទីក្រុងឡាហាវ៉ានប្រទេសគុយបា។ ក្នុងសុន្ទរកថាបើកជំនួបកំពូល ប្រធានផ្លាស់វេនក្រុមហ្សេ៧៧ បានអំពាវនាវឱ្យមានការប្តូរផ្លាស់ក្បួនច្បាប់សេដ្ឋកិច្ចពិភពលោក។ គុយបាបានធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំជំនួបកំពូលនៃក្រុមហ្សេ៧៧ និងចិន នៅថ្ងៃសុក្រនិងសៅរ៍នេះ។តើហ្សេ៧៧ជាអ្វី?ហ្សេ៧៧ជាសម្ព័ន្ធក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ដ៏ធំចម្បងគេនៅអង្គការសហប្រជាជាតិដែលបង្កើតឡើងនៅឆ្នាំ១៩៦៤ ដោយ៧៧ប្រទេស នៅអាស៊ី អាហ្វ្រិក និងអាមេរិឡាទីន។ ក្នុងបំណងពង្រឹងនិងកំណត់តួនាទីព្រមទាំងទម្ងន់នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍លើឆាកអន្តរជាតិ ដើម្បីជំរុញផលប្រយោជន៍សមូហភាពនិងកម្មវិធីអភិវឌ្ឍន៍នានា។ ហ្សេ៧៧ជាក្រុមប្រទេសដែលស្ថិតក្នុងចង្ក្រោមប្រទេសក្រីក្រ រួចក្រោយមកគេដូរមកហៅថាជាក្រុមប្រទេសកំពុងអភិវឌ្ឍ ហើយឥលូវគេប្រើពាក្យថ្មីថា “ក្រុមប្រទេសខាងត្បូង”។ពីមួយឆ្នាំទៅមួយឆ្នាំ សម្ព័ន្ធហ្សេ៧៧ កើនទាំងកម្លាំង ទាំងសមាជិក ជាលំដាប់ ដល់១៣៤ប្រទេសហើយនាពេលបច្ចុប្បន្ននេះ និងបានដើរតួនាទីកាន់តែសំខាន់ឡើងៗ ក្នុងការចរចាអន្តរជាតិមិនថាជុំវិញសំណុំរឿងនយោបាយ ស្វែងរកសន្តិភាព ឬការអភិវឌ្ឍទេ។ បច្ចុប្បន្ន សម្ព័ន្ធហ្សេ៧៧ ជាយន្តការតែមួយគត់ដែលគួរឱ្យទុកចិត្តនិងមានដំណើរការនៃទំនាក់ទំនងការទូតសេដ្ឋកិច្ចពហុភាគីក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ។មានគុយបាជាប្រធានផ្លាស់វេន នៅឆ្នាំនេះ និងរហូតដល់ឆ្នាំក្រោយ សម្ព័ន្ធហ្សេ៧៧ បានរៀបចំបើកជំនួបកំពូលវិសាមញ្ញ ជាលើកទីមួយរបស់ខ្លួន គិតចាប់តាំងពី១០ឆ្នាំមក ដោយបានអញ្ជើញភ្ញៀវពិសេសចិនផង។ចិនមានតួនាទីយ៉ាងណាក្នុងហ្សេ៧៧?ថ្វីបើធ្លាប់មានឈ្មោះជាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍក៏ដោយ ក៏ចិនគ្មានឈ្មោះជាសមាជិកសម្ព័ន្ធហ្សេ៧៧ឡើយ។ តែចិនបង្ហាញវត្តមានខ្លាំងនិងស្ទើរគ្រប់ពេលវេលាក្នុងរង្វង់សម្ព័ន្ធ ក្នុងនាមប្រទេសសង្កេតការណ៍។ ហេតុដូច្នេះហើយបានជាពេលខ្លះគេហៅជំនួបថ្ងៃនេះថាជាជំនួបកំពូល ហ្សេ៧៧+១ តែម្តងផង។ ចិនបានបញ្ជូន លោក លី ស៊ី សមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន មកជាតំណាងជាន់ខ្ពស់។ លោក លីស៊ី បានបញ្ជាក់អំពីភាពសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសខាងត្បូងនិងខាងត្បូងដូចគ្នា នៅចំពោះមុខវិសមភាពពិភពលោក ដែលវិបត្តិកូវីដ១៩ បានលាតត្រដាងឱ្យឃើញ។នៅក្នុងជំនួបកំពូលហ្សេ៧៧ដែលមានសមាជិកជាងមួយប្រទេសនេះ ក៏មានប្រមុខរដ្ឋ-រដ្ឋាភិបាលមកពីជាង៣០ប្រទេសផ្សេងទៀតមកចូលរួមដែរ មានជាអាទិ៍ ប្រធានាធិបតី ប្រេស៊ីល អាហ្សង់ទីន កូឡុំប៊ី អង់ហ្កោឡា រវ៉ាន់ដា កាតា ប្រធានអាជ្ញាធរដែនដីប៉ាឡេស្ទីន ម៉ះមូដ អាបាស ព្រមទាំងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ។ តំណាងប្រទេសជាច្រើនទៀត បានឆៀងចូលក្នុងស្តាប់ជំនួបនៅគុយបា មុននឹងបន្តដំណើរទៅក្រុងញូវយ៉ក ដើម្បីចូលរួមក្នុងមហាសន្និបាតអង្គការប្រជាជាតិដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៩ដល់ថ្ងៃទី ២៦កញ្ញាខាងមុខ។ម្យ៉ាងវិញទៀត ជំនួបកំពូលហ្សេ៧៧ ក៏ប្រព្រឹត្តទៅចំពេលពិភពលោកកំពុងមានជំនួបកំពូលអន្តរជាតិធំៗជាបន្តបន្ទាប់ គឺជំនួបហ្សេ២០ ជំនួបBrics ដែលសមាជិកហ្សេ៧៧ខ្លះ ដូចយ៉ាងប្រេស៊ីលឬអាហ្វ្រិកខាងត្បូង មានឈ្មោះក្នុងគ្រប់ក្រុម ក្រុមអ្នកក្រG77ផង ក្រុមអ្នកមានG20ផង។តើជំនួបហ្សេ៧៧ចង់បានអ្វីខ្លះ?ប្រធានបទជាផ្លូវការនៃជំនួបប្រជុំផ្តោតទៅលើ “ការជំនះឧបសគ្គនៃការអភិវឌ្ឍ តួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងទំនើបកម្ម”។ ប៉ុន្តែនៅក្នុងសុន្ទរកថាបើកជំនួប គ្រប់ភាគីមិនថាជាប្រធាន ឬសមាជិក ឬភ្ញៀវរបស់ហ្សេ៧៧ទេ បានបញ្ជាក់បំណងតែមួយដូចគ្នា គឺទាមទារឱ្យមានការប្តូរផ្លាស់របៀបរបបសេដ្ឋកិច្ចពិភពលោក។ សម្រាប់ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel មីហ្គែល ឌីយ៉ាហ្ស កានែល ក្រុមប្រទេសខាងជើង(ប្រទេសអ្នកមាន) រៀបចំដឹកនាំពិភពលោកទៅតាមប្រយោជន៍ពួកគេយូរមកហើយ ឥលូវដល់ពេល ក្រុមប្រទេសខាងត្បូងដែលត្រូវប្តូរក្បួនដឹកនាំម្តង។ ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ជាជនរងគ្រោះដ៏ចំបងគេនៃវិបត្តិគ្រប់ទម្រង់នៅលើពិភពលោក ជាជនរងគ្រោះនៃការប្រែប្រួលវដ្តពាណិជ្ជកម្ម ហិរញ្ញវត្ថុអន្តរជាតិ និងការផ្តោះប្តូរមិនស្មើភាព ព្រមទាំងការប្រែប្រួលអាកាសធាតុ។ លោកប្រធានាធិបតីគុយបា បានប្រកាសថ្កោលទោសរចនាសម្ព័ន្ធអន្តរជាតិដែលស្អប់ខ្ពើមរើសអើងវឌ្ឍនភាពរបស់ក្រុមប្រទេសខាងត្បូង។ ជាមួយនឹងការលើកសរសើរប្រទេសម្ចាស់ផ្ទះគុយបា ដែលប្រឹងប្រែងអភិវឌ្ឍថ្នាំបង្ការជំងឺកូវីដ១៩ដោយខ្លួនឯងបានសម្រេច លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរក៍ ក៏ចង់ឃើញពិភពលោកធ្វើត្រឹមត្រូវជាងបច្ចុប្បន្ន ហើយឆ្លើយតបទៅនឹងសេចក្តីត្រូវការផ្នែកសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍបានប្រសើរឡើង។ជំនួបកំពូលហ្សេ៧៧ ទំនងជានឹងត្រូវចេញសេចក្តីថ្លែងការណ៍រួមនៅល្ងាចថ្ងៃសៅរ៍នេះ ទាមទារសិទ្ធិអភិវឌ្ឍរបស់ខ្លួន នៅក្នុងពិភពដែលកាន់តែផ្តាច់មុខ អយុត្តិធម៌ មិនស្មើភាព និងសាហាវឡើងៗ។ក្រៅអំពីបរិហាររិះគន់វិសមភាពសេដ្ឋកិច្ចនៅលើពិភពលោក សម្ព័ន្ធហ្សេ៧៧ក្នុងសំឡេងដ៏ច្រើន ព្រមទាំងចិនផង បានទាមទារឱ្យកាត់បន្ថយបំណុលរបស់ក្រុមប្រទេសក្រីក្រខ្លាំង ដើម្បីអាចមានលទ្ធភាពធ្វើអន្តរកាលថាមពល។ ការចរចាជាលក្ខណៈសកលដើម្បីកាត់បន្ថយបំណុលរួចឈានបើកឱ្យមានមូលនិធិសាធារណៈទើបអាចនាំប្រទេសក្រីក្រឆ្លងអន្តរកាលថាមពលឆ្ពោះទៅរកសេដ្ឋកិច្ចគ្មានបញ្ចេញកាបោនបាន។ នេះបើតាមប្រសាសន៍របស់លោកប្រធានាធិបតីកូឡុំប៊ី។ ប្រធានាធិបតីអាហ្សង់ទីនបានបន្ថែមថា ក្រុមប្រទេសខាងត្បូង ហ៊ានទាមទារផលស្មើភាព ក៏ព្រោះតែខាងត្បូងជាប្រភពនៃសេចក្តីត្រូវការគ្រប់យ៉ាងរបស់ពិភពលោកខាងជើង(របស់អ្នកមាន) ៖ ស្បៀងអាហារផលិតនៅអាមេរិកខាងត្បូង ថាមពលនៅប្រទេសអារ៉ាប់ ...៕
16-9-2023 • 6 minuten, 9 seconden រថយន្តអគ្គិសនី៖ តើសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអឺ រ៉ុប កំពុងតែចាប់ផ្តើមហើយមែនទេ?
ការបោះពាក្យសម្តី និងការគំរាម បានចាប់ផ្តើមមាន រវាងអាជ្ញាធរចិន និងសហភាពអឺរ៉ុប ទាក់ទិននឹងសំណុំរឿងរថយន្តអគ្គិសនី។ កាលពីថ្ងៃពុធទី១៣កញ្ញា លោកស្រី Ursula Von der Layen ប្រធានគណកម្មការអឺរ៉ុប បានប្រកាសថាអឺរ៉ុបនឹងបើកការស៊ើបអង្កេត ទៅលើរថយន្តអគ្គិសនីនាំចូលមកពីចិន ដោយសារតែមានការសង្ស័យថាវាបានបំពាន នឹងលក្ខខណ្ឌប្រកួតប្រជែងដោយស្មោះត្រង់។ ចិនគំរាមតបវិញ ថាខ្លួននឹងចាត់វិធានការសងសិកវិញ មកលើក្រុមហ៊ុនអឺរ៉ុប។ រដ្ឋចិន ជួយឧបត្ថម្ភសហគ្រាសផលិតរថយន្តអគ្គិសនីខ្លួន?ថ្លែងទៅកាន់អង្គសភាអឺរ៉ុប កាលពីថ្ងៃទី១៣កញ្ញា លោកស្រីប្រធានគណកម្មការអឺរ៉ុប បានលើកឡើងថា ក្រុមការងារស៊ើបអង្កេតនៃគណកម្មការអឺរ៉ុប នឹងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយ ទៅលើបណ្តាក្រុមហ៊ុនចិន ដែលផលិតរថយន្តដើរដោយអាគុយអគ្គិសនី នាំចូលមកលក់នៅក្នុងទីផ្សារអឺរ៉ុប។ លោកស្រីអះអាងថា បច្ចុប្បន្ននេះ ទីផ្សារអឺរ៉ុបត្រូវជន់ជោរ ពោរពេញដោយរថយន្តអគ្គិសនីមានតម្លៃថោក នាំចូលមកពីចិន។ កក្តាតម្លៃថោកខ្លាំងនេះ វាអាចធ្វើឲ្យប៉ះពាល់ មកលើលទ្ធភាពនៃការប្រកួតប្រជែង របស់រថយន្តអគ្គិសនីផ្សេងទៀត ដែលផលិតនៅក្នុងទឹកដីអឺរ៉ុប។លោកស្រី Ursula Von der Layen បានបន្ថែមថា អ្វីដែលគណកម្មការអឺរ៉ុបចង់ដឹងច្បាស់ គឺថាតើក្រុមហ៊ុនចិនទាំងនោះ បានទទួលនូវជំនួយថវិកា ពីរដ្ឋចិនដែរឬទេ នៅក្នុងសកម្មភាពផលិតរបស់ខ្លួន ទើបបានជាអាចលក់ ក្នុងតម្លៃថោកបែបនេះ។ ប្រសិនបើមានមែន នោះគឺវាជាករណីបំពាន ទៅនឹងលក្ខខណ្ឌច្បាប់របស់អឺរ៉ុប ដែលធានាការពារ “ការប្រកួតប្រជែងដោយស្មោះត្រង់”។ លោកស្រីប្រធានគណកម្មការអឺរ៉ុប បានលើកឧទាហរណ៍និងបទពិសោធន៍ដ៏លំបាកលំបិន ដែលសហគ្រាសអឺរ៉ុបក្នុងវិស័យផលិតផ្ទាំងសូឡា ត្រូវរងគ្រោះដោយការប្រកួតប្រជែងដោយមិនស្មោះត្រង់ ពីសំណាក់សហគ្រាសរបស់ចិន។លោកស្រីបានគូសបញ្ជាក់ថា អឺរ៉ុបបើកទីផ្សារខ្លួនចំហរ ប្រកួតប្រជែងជាមួយទំនិញមកពីខាងក្រៅដោយមិនប្រកាន់ទេ តែអឺរ៉ុបក៏មិនអាចល្ងង់ឆោត ទុកឲ្យគេលេងខ្សែលើដែរ។ ដូច្នេះអឺរ៉ុបត្រូវតែការពារសហគ្រាសរបស់ខ្លួន ពីការប្រកួតប្រជែងដែលមិនស្មោះត្រង់។ លោកស្រីបានបញ្ជាក់ថា ដើម្បីកែតម្រូវបញ្ហានេះ គឺអឺរ៉ុបអាចពិចារណាសម្រេចដាក់ចុះនូវពន្ធបន្ថែមថ្មីទៀត លើរថយន្តអគ្គិសនីនាំចូលមកពីចិន ដោយអាស្រ័យទៅលើលទ្ធផលនៃការស៊ើបអង្កេត។ចិនថា៖ “អឺរ៉ុបចង់ការពារតែផលិតផលខ្លួន”ក្រោយការប្រកាសបើកការស៊ើបអង្កេតនេះ ភាគីចិនបានប្រតិកម្មភ្លាមៗ តាមរយៈលិខិតប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិន ចុះថ្ងៃទី១៤កញ្ញា។ លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានថ្លែងទៅកាន់អ្នកកាសែតថា វិធានការរបស់អឺរ៉ុប ដោយសំអាងពាក្យថា ដើម្បីការពារការប្រកួតប្រជែងដោយស្មោះត្រង់នោះ ធាតុពិតគឺវាជាវិធានការ “ការពារនិយម” ដោយចំហរ ដែលអឺរ៉ុប ចង់ការពារតែផលិតផលខ្លួន។អ្នកនាំពាក្យចិនដដែល បានបន្ថែមថា វិធានការការពារនិយមរបស់អឺរ៉ុបនេះ នឹងបង្កើតឲ្យមានផលអាក្រក់ជាក់ជាមិនខាន ទៅលើទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងចិននិងសហភាពអឺរ៉ុប។ ផលវិបាកនេះ នឹងធ្លាក់ទៅលើក្រុមហ៊ុនសហគ្រាសរបស់អឺរ៉ុបខ្លួនឯង នៅថ្ងៃខាងមុខ ព្រោះវានឹងធ្វើឲ្យប៉ះពាល់ ដល់បណ្តាញផ្គត់ផ្គង់ក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត ទូទាំងពិភពលោក។ ក្រសួងពាណិជ្ជកម្មចិន បានអះអាងថា វិស័យឧស្សាហកម្មផលិតរថយន្តដើរដោយអាគុយអគ្គិសនីរបស់ចិន បានរីកចម្រើនរហូតដល់កម្រិតបច្ចុប្បន្ន វាគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង ស្រាវជ្រាវ រកបច្ចេកវិទ្យាថ្មីឥតស្រាកស្រាន្តរបស់ចិន។ក្នុងវិស័យផលិតរថយន្តអគ្គិសនី ចិនមានប្រៀបជាងអឺរ៉ុប?គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលឧស្សាហកម្មផលិតរថយន្តចិន បានផ្តោតអាទិភាពទៅលើការផលិតរថយន្តដើរដោយអាគុយអគ្គិសនី។ ពោលគឺទំហំនៃការផលិតរបស់ចិន សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុក មានច្រើនខ្លាំងណាស់ បើប្រៀបធៀបទៅនឹងអឺរ៉ុប ដែលទើបតែប្រាស់ខ្លួន ងាកទៅចាប់ផ្តើមផលិតរថយន្តអគ្គិសនី នៅប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។អ្វីដែលចិនមានប្រៀប គឺចិនវត្ថុធាតុដើមរ៉ែកម្រ ដែលគេត្រូវការចាំបាច់ ក្នុងការផលិតអាគុយអគ្គិសនីប្រើក្នុងរថយន្ត។ ដូច្នេះប្រការនេះ អាចទាញតម្លៃផលិតរបស់ចិនឲ្យអស់តិច។ នៅទីផ្សារក្នុងស្រុកចិន រថយន្តអគ្គិសនីជាច្រើនបានលេចមុខ មានដូចជា BYN Geely XPeng Nio និង Leapmotor ជាដើម។យ៉ាងណាក៏ដោយ រថយន្តអគ្គិសនីរបស់ចិន មិនសូវមានគេស្គាល់ ឬមិនសូវបានទទួលទំនុកចិត្តប៉ុន្មានទេ ជាពិសេសនៅលើទីផ្សារអឺរ៉ុប។ ទើបតែប្រមាណ២ ៣ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលម៉ាករថយន្តចិន បានចាប់ផ្តើមវាយលុកយ៉ាងខ្លាំង មកក្នុងទីផ្សារអឺរ៉ុប។ ជាក់ស្តែងរថយន្តម៉ាក BYD ដែលបានហក់ចូលមកបង្ហាញខ្លួន នៅក្នុងកម្មវិធីពិព័រណ៍រថយន្តអន្តរជាតិធំៗ នៅតាមបណ្តាប្រទេសអឺរ៉ុប ហើយដែលទទួលបានចំណាប់អារម្មណ៍ខ្ពស់ ដោយសារតែមានតម្លៃគួរឲ្យទាក់ទាញ។នៅទីផ្សារក្នុងស្រុកចិនវិញ រថយន្តអគ្គិសនីអឺរ៉ុប ពិបាកប្រជែងជាមួយរថយន្តចិនណាស់។ ក្នុងក្របខណ្ឌកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក រដ្ឋចិនបានកំណត់កម្មវត្ថុ ឈានទៅលក់រថយន្តអគ្គិសនី ឬហាយប្រីដ ឲ្យបានទំហំ២០% ក្នុងមួយឆ្នាំ ពីនេះដល់ឆ្នាំ២០២៥ សម្រាប់ទីផ្សារក្នុងស្រុក។ យោងតាម សហភាពសហគ្រាសផលិតរថយន្តចិន គឺក្នុងឆ្នាំ២០២២កន្លងទៅ គឺទំហំលក់រថយន្តអគ្គិសនីនិងហាយប្រីដ បានកើនឡើងមួយទ្វេរជា២ ពោលគឺស្មើនឹងជាង១ភាគ៤ នៃការលក់រថយន្តសរុបនៅទីទាំងប្រទេសចិន។ ជាមួយបញ្ហាសេដ្ឋកិច្ច អតិផរណា កត្តាតម្លៃគឺជាចំណុចសំខាន់ ខណៈប្រជាជនចិនកាន់តែច្រើន កាន់តែមិនសូវហ៊ានចំណាយ។ ក្នុងបរិបទនេះ រថយន្តអគ្គិសនីរបស់ចិនដែលមានតម្លៃថោក លក់ដាច់ជាងរថយន្តអគ្គិសនីនាំចូលពីក្រៅ។អាល្លឺម៉ង់ខ្លាចចិត្តចិនស្ថិតនៅក្នុងបរិបទនៃការប្រកួតប្រជែងដ៏តានតឹងនេះ ប្រទេសអឺរ៉ុបខ្លះជាក់ស្តែង ប្រទេសអាល្លឺម៉ង់ ដែលឧស្សាហកម្មរថយន្ត រំពឹងយ៉ាងខ្លាំងទៅលើទីផ្សារចិន បានបង្ហាញការប្រុងប្រយ័ត្ន ដោយមិនចង់ធ្វើរដ្ឋាភិបាលចិនថ្នាំងថ្នាក់នឹងខ្លួនទេ។ យ៉ាងណាក៏ដោយ ក្រោយការប្រកាស របស់គណកម្មការអឺរ៉ុប ស្តីពីការបើកការស៊ើបអង្កេត លើសហគ្រាសផលិតរថយន្តចិន លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ Robert Habeck បានលើកឡើងថា អាល្លឺម៉ង់សូមស្វាគមន៍ចំពោះវិធានការរបស់អឺរ៉ុប។តែទន្ទឹមគ្នានេះ លោកបានអះអាងថា វាគ្រាន់តែជាដំណាក់កាលបើកការស៊ើបអង្កេតប៉ុណ្ណោះ។ លោកបន្ថែមបញ្ជាក់ទៀតថា មិនមែនអឺរ៉ុបចង់រារាំង មិនឲ្យរថយន្តអគ្គិសនីមានតម្លៃថោកចូលមកលក់នៅអឺរ៉ុបនោះទេ។ តែអឺរ៉ុបគ្រាន់តែចង់ដឹងឲ្យច្បាស់ ថាវាអាចមានអ្វីលាក់បាំង នៅពីក្រោយតម្លៃដ៏ថោកនេះដែរឬទេ ហើយថាតើការលាក់បាំងនេះ វាបានបំពានដោយផ្ទាល់ ឬដោយប្រយោលមកលើ លក្ខខណ្ឌប្រកួតប្រជែងដោយស្មោះត្រង់ ដោយរបៀបណាតែប៉ុណ្ណោះ៕
14-9-2023 • 6 minuten, 47 seconden អាមេរិក៖ សមាជិកសភាបក្សសាធារណរដ្ឋ ប្រកាសបើកនីតិវិធីទម្លាក់លោក ចូ បៃដិន
បន្ទាប់ពីលោកដូណាល់ ត្រាំ គឺដល់វេនលោកចូ បៃដិនម្តង ដែលត្រូវរងនីតិវិធី ទម្លាក់ពីតំណែងប្រធានាធិបតី សម្រេចដោយសមាជិកសភាអាមេរិក។ លោក Kevin McCarthy ប្រធានសភាតំណាង ដែលគណបក្សសាធារណរដ្ឋ មានសំលេងភាគច្រើននោះ បានប្រកាសឲ្យដឹង កាលពីថ្ងៃអង្គារ ទី១២កញ្ញា ថាសភាតំណាងនឹងបើកនីតិវិធីបោះឆ្នោត ទំលាក់លោកចូ បៃដិន ពីតំណែងប្រធានាធិបតី ដោយអះអាងថា ព្រោះលោកចូ បៃដិន បាន “កុហក” ប្រជាជាតិអាមេរិក។ លោកចូ បៃដិន ត្រូវគេចោទពីអ្វី?ថ្លែងទៅកាន់អ្នកកាសែត នៅវិមានកាពីតូល កាលពីថ្ងៃអង្គារទី១២កញ្ញា លោក Kevin McCarthy ដែលជាប្រធានក្រុមសមាជិកសភាបក្សសាធារណរដ្ឋ បានអះអាងថា ក្រុមសមាជិកសភាបានស្វែងរកឃើញ ឈានទៅកំណត់ការចោទប្រកាន់ជាក់ច្បាស់ និងមានមូលដ្ឋាន ចំពោះទង្វើរបស់លោកចូ បៃដិន ដែលជាទង្វើមានលក្ខណៈជា “វប្បធម៌ពុករលួយ”។ លោក Kevin McCarthy បានសង្កាត់បញ្ជាក់ថា គឺលោកប្រធានាធិបតី ចូ បៃដិន បានកុហកប្រជាពលរដ្ឋអាមេរិក ដោយបានលាក់បាំងសំណុំរឿងជំនួញរកស៊ី របស់ក្រុមគ្រួសារលោក នៅឯបរទេស។សូមបញ្ជាក់ថា សំណុំរឿងនេះ គឺទាក់ទិននឹងកូនប្រុសរបស់លោក ចូ បៃដិន ឈ្មោះ Hunter Biden។ ការស៊ើបអង្កេតរបស់គណកម្មការសភាតំណាង បានចោទថា លោកម្នាក់នេះធ្លាប់បានជំនួញជាច្រើនគួរឲ្យសង្ស័យ នៅអ៊ុយក្រែន និងនៅចិនជាដើម ក្នុងអំឡុងពេលដែលឪពុកខ្លួន គឺលោក ចូ បៃដិន នៅជាអនុប្រធានាធិបតី រវាងពីឆ្នាំ២០០៩-២០១៧។ គេចោទថា កូនប្រុសលោកចូ បៃដិន បានប្រើប្រាស់ឥទ្ធិពលឈ្មោះឪពុកខ្លួន ដើម្បីទទួលបានកិច្ចសន្យាជំនួញធំៗ។គួររំលឹកដែរថា លោក Hunter Biden ធ្លាប់បានបង្ករបញ្ហាជារឿយ ដល់លោកចូ បៃដិន។ ក្រៅពីជាអ្នកជំនួញម្នាក់ ដែលធ្លាប់មានរឿងក្តីក្តាំជាច្រើននៅចំពោះមុខតុលាការ ទាក់ទិននឹងសំណុំរឿងគេចពន្ធ លោក Hunter Biden មានប្រវត្តិធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយធ្លាប់ត្រូវតុលាការចោទប្រកាន់ផងដែរ ទាក់ទិននឹងករណីកាន់កាប់អាវុធដោយខុសច្បាប់។ តែយ៉ាងណាក៏ដោយ លោកចូ បៃដិន តែងតែបានអះអាងជាសាធារណៈ ថាលោកស្រលាញ់និងគាំទ្រកូនប្រុសលោកជានិច្ច។ហេតុអ្វីទើបតែចាប់ផ្តើមនីតិវិធីនៅពេលនេះ?ការពិតទៅ អស់រយៈពេលជាច្រើនខែមកហើយ ដែលក្រុមសមាជិកសភាបក្សសាធារណរដ្ឋ ដែលគាំទ្រលោកដូណាល់ ត្រាំ បានទាមទារឲ្យបើកនីតិវិធី បោះឆ្នោតទម្លាក់លោកចូ បៃដិន ពីតំណែង។ លោក Kevin McCarthy ដែលជាមនុស្សរបស់បក្សសាធារណរដ្ឋ បានក្លាយជាប្រធានសភាតំណាងកាលពីខែមករា បន្ទាប់ពីបក្សសាធារណរដ្ឋ បានឈ្នះឆ្នោតបានអាសនៈភាគច្រើន ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ លោក Kevin McCarthy បានចរចា ធ្វើសម្បទានមួយចំនួន ជាមួយក្រុមរបស់លោកដូណាល់ ត្រាំ ដែល ហើយបានសុខចិត្តធ្វើតាមការចង់បានរបស់ក្រុមនេះ បើទោះបីជាសមាជិកសភាបក្សសាធារណរដ្ឋច្រើននាក់ទៀត បានបង្ហាញការជំទាស់ក៏ដោយ។បន្ទាប់ពីបានអាសនៈភាគច្រើនក្នុងសភាតំណាង ក្រុមសមាជិកសភាបក្សសាធារណៈរដ្ឋស្និទ្ធនឹងលោកដូណាល់ ត្រាំ បានជំរុញឲ្យបើកការស៊ើបអង្កេត ដើម្បីឈានទៅអនុម័តនីតិវិធីទំលាក់លោក ចូ បៃដិន។ ជាងនេះទៀត លោក Kevin McCarthy អាចប្រឈមនឹងការបោះឆ្នោតទំលាក់ចេញពី មុខតំណែងប្រធានសភាតំណាង ប្រសិនបើលោកបើលោកមិនប្រកាសបើកនីតិវិធីនេះ ទៅតាមការទាមទាររបស់ក្រុមលោកដូណាល់ ត្រាំទេនោះ។"គ្មានភស្តុតាង!"លោក Ian Sams អ្នកនាំពាក្យម្នាក់នៃសេតវិមាន បានលើកឡើងនៅលើបណ្តាញសង្គម X ថា ក្រុមសមាជិកសភាបក្សសាធារណរដ្ឋ បានបើកការស៊ើបអង្កេតទៅលើរូបលោក ចូ បៃដិន អស់រយៈ៩ខែមកហើយ។ តែ ៩ខែមកនេះ គឺគ្មានបានលទ្ធផល គ្មានបានភស្តុតាងសូម្បីតែមួយ មកបញ្ជាក់លើការចោទប្រកាន់នេះទេ។ ការចោទប្រកាន់ ដែលសេតវិមានអាមេរិក អះអាងថា គឺវាជាឆន្ទៈនយោបាយ រំខានមកលើបេក្ខភាពឈរឈ្មោះអាណត្តិថ្មី របស់លោកចូ បៃដិនតែប៉ុណ្ណោះ។ដូចគ្នាដែរ លោក Hakeem Jeffries ប្រធានក្រុមសមាជិកសភាតំណាង មកពីបក្សប្រជាធិបតេយ្យ បានថ្លែងប្រាប់អ្នកកាសែតថា នីតិវិធីដែលក្រុមសមាជិកសភាបក្សសាធារណរដ្ឋ ប្រកាសបើកនេះ វាគឺជានីតិវិធីដែលខុសច្បាប់ ព្រោះថាវាគ្មានផ្អែកលើមូលដ្ឋានអ្វីទាំងអស់។ លោកអះអាងថា គេមិនបានរកឃើញ ភស្តុតាងណាមួយបញ្ជាក់ថាលោកចូ បៃដិនបានធ្វើខុស ដែលអាចឈានទៅទទួលរងនីតិវិធីនេះទេ។ អ្វីដែលក្រុមសមាជិកសភាបក្សសាធារណរដ្ឋកំពុងតែធ្វើនេះ គឺជានីតិវិធីឲ្យខាតតែពេលវេលា និងថវិការដ្ឋតែប៉ុណ្ណោះ។តើនីតិវិធីនេះ អាចមានផលវិបាកអ្វីខ្លះ?គួរបញ្ជាក់ថា សម្រាប់ពេលនេះ គឺគ្មានអ្វីអាចអះអាងបានទេ ថានីតិវិធីនេះ នឹងអាចឈានទៅសម្រេចបានលទ្ធផល ដូចអ្វីដែលក្រុមសមាជិកសភាបក្សសាធារណៈរដ្ឋរំពឹងចង់បាននោះ។ តាមច្បាប់កំណត់ និតីវិធីនេះ នឹងត្រូវធ្វើឡើង ដោយ២តំណាក់កាល។ ទីមួយគឺសភាតំណាង នឹងបោះឆ្នោតលើអត្ថបទច្បាប់មួយ ដែលគេហៅថាច្បាប់ «Impeachment » ដោយគេត្រូវការសំឡេងភាគច្រើន ៥០+១។ បក្សសាធារណរដ្ឋមានសំឡេងភាគច្រើននៅសភាតំណាង ដូច្នេះ តំណាក់កាលនេះអាចទៅដោយរលូន គ្មានឧបសគ្គ។ តែជំហានបន្ទាប់ គឺអត្ថបទច្បាប់នេះ នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា ដើម្បីបោះឆ្នោតអនុម័ត ដែលគេត្រូវការសំឡេងភាគច្រើនដាច់ខាត ២ភាគ៣ ក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំង១០០នាក់។ ព្រឹទ្ធសភាអាមេរិក បច្ចុប្បន្នគឺបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើន។ផ្អែកតាមការវិភាគ របស់លោក Larry Sabato សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ គឺនីតិវិធីImpeachment នេះ អាចនឹងត្រលប់មកបង្កការលំបាក ដល់គណបក្សសាធារណរដ្ឋខ្លួនឯងទៅវិញទេ ព្រោះថា ក្នុងសំណុំរឿងនេះ គឺវាគ្មានភស្តុតាងដាក់បន្ទុកទាល់តែសោះ។ ក្រុមលោក ចូ បៃដិន អាចនឹងប្រើប្រាស់រឿងនេះ យកទៅឃោសនាស្តីបន្ទោសទៅលើលោកដូណាល់ ត្រាំ ព្រមទាំងបក្សពួក ថាមានចេតនាអាក្រក់ ចង់កេងចំណេញនយោបាយ ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។ យ៉ាងណាក៏ដោយ កិត្តិនាមរបស់លោកចូ បៃដិន ដែលធ្លាប់តែរឹងមាំ ថាជាមនុស្សទៀងត្រង់ មិនចេះភូតភរនោះ ក៏អាចត្រូវប៉ះពាល់ខ្លះដែរ នៅពេលណានីតិវិធីនេះនឹងដំណើរការទៅ ហើយនឹងមានការសួរចម្លើយដេញដោល ផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ញឹកញាប់។ទន្ទឹមគ្នានេះដែរ នៅស្ថាប័ននីតិបញ្ញតិ្តអាមេរិក សមាជិកសភាបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ នឹងកាន់តែប្រឈមមុខ ឈ្លោះប្រកែកគ្នាខ្លាំងឡើង ដោយសារតែនីតិវិធីនេះ។ លោកសាស្ត្រាចារ្យ Larry Sabato បានលើកឡើងថា ការឈ្លោះប្រកែកគ្នានេះ អាចនឹងធ្វើឲ្យសមាជិកសភាទាំង២បក្ស មិនអាចរកការស្រុះស្រួលគ្នាបាន ទាក់ទិននឹងច្បាប់ថវិកាជាតិ ដែលនឹងត្រូវបោះឆ្នោតឲ្យបានមុនថ្ងៃទី៣០កញ្ញា។ បើច្បាប់ថវិកាជាតិ មិនអាចអនុម័តបានទេនោះ ស្ថាប័នរដ្ឋសហព័ន្ធអាចនឹងប្រឈមហានិភ័យគ្មានប្រាក់ចំណាយ៕
13-9-2023 • 6 minuten, 54 seconden លោកគីមជុងអ៊ុនធ្វើដំណើរទៅជួបប្រធានាធិបតីរុស្ ស៊ីពូទីនដើម្បីអ្វី?
ស្របតាមការអញ្ជើញរបស់លោកប្រធានាធិបតីរុស្ស៊ី លោកគីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទឹកដីរុស្ស៊ីហើយ ហើយនឹងមានជំនួបជាមួយលោក ពូទីន នៅថ្ងៃខាងមុខ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។ ទស្សនកិច្ចផ្លូវការ ដែលជាដំណើរទៅបរទេសជាលើកទីមួយ របស់លោកគីម ជុងអ៊ុន គិតចាប់តាំងពីមានផ្ទុះវិបត្តិសកលកូវីដ១៩មក ទំនងជាអាចនាំដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសព្វាវុធ ដើម្បីទ្រទ្រង់ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន។ ម៉ូស្គូនិងព្យុងយ៉ាង មិនបង្ហើបឱ្យដឹងអំពីខ្លឹមសារនៃទស្សនកិច្ចនេះទេ ប៉ុន្តែសេចក្តីថ្លែងការណ៍កូរ៉េខាងជើងបានផ្តល់តម្រ៉ុយខ្លះៗ។ ដូចជីតា គីមអ៊ីលស៊ុង ដែលធ្វើដំណើរតែតាមរថភ្លើង ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅដល់ក្រុងមាត់សមុទ្ទភាគខាងកើតបំផុតនៃប្រទេសរុស្ស៊ី តាមរថភ្លើងផ្ទាល់របស់ត្រកូលគីម នៅថ្ងៃអង្គារទី ១២កញ្ញា២០២៣នេះ ។ ភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី បានបង្ហោះបង្ហាញទិដ្ឋភាព ក្បួនរថភ្លើងពណ៌បៃតងចាស់របស់លោកគីមជុងអ៊ុន លូនសន្សឹមៗចូលក្នុងស្ថានីយ៍អយស្ម័យយាន អូសទាញដោយក្បាលរថភ្លើងរុស្ស៊ី។ រថភ្លើងពិសេសពាសដែក (បាញ់មិនធ្លុះ) មានបំពាក់ដោយអាវុធការពារខ្លួនរបស់មេដឹកនាំកូរ៉េខាងជើង ធ្ងន់ខ្លាំង អាចបើកបរបានក្នុងល្បឿនត្រឹមប្រមាណ៦០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ ដូច្នេះបើតាមកាសែតកូរ៉េខាងត្បូងChosun Ilbo ពីព្យុងយ៉ាងមកដល់ក្រុងVladivostokរបស់រុស្ស៊ី រថភ្លើងត្រូវការថេរវេលា យ៉ាងហោច២០ម៉ោង។អ្វីជាកម្មវត្ថុនៃដំណើរទស្សនកិច្ចរបស់លោកគីម នៅរុស្ស៊ី?ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកូរ៉េខាងជើងនៅបរទេសជាករណីកម្របំផុត។ តាំងពីឡើងកាន់អំណាចនៅឆ្នាំ២០១១មក លោក គីមជុងអ៊ុនធ្វើដំណើរទៅបរទេស ជាលើកទី១០ ប៉ុណ្ណោះ។ នេះជាទស្សនកិច្ចនៅបរទេសលើកដំបូង គិតចាប់តាំងពីផ្ទុះវិបត្តិកូវីដ១៩មក។ បើតាមអ្នកនាំពាក្យក្រេមឡាំងស្រង់យកមកផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី Ria Novosti ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះ លោកគីមជុងអ៊ុននឹងមានជំនួបជាមួយលោកប្រធានាធិបតីរុស្ស៊ីពូទីន ដើម្បីជជែកពិភាក្សាគ្នាអំពីប្រធានបទក្តៅគគុកមួយចំនួន។ ប៉ុន្តែម៉ូស្គូមិនបានបញ្ជាក់ឱ្យដឹងឡើយថាតើជំនួបផ្លូវការ ជាលើកទីពីរ រវាងប្រមុខដឹកនាំទាំងពីរ ប្រព្រឹត្តនៅថ្ងៃណា ទីណា កន្លែងណាឱ្យប្រាកដទេ។ កាលពីឆ្នាំ២០១៩ លោកគីមជុងអ៊ុននិងលោកពូទីន ធ្លាប់ជួបគ្នាជាផ្លូវការម្តង នៅក្រុងខាងកើតបំផុតនៃប្រទេសរុស្ស៊ី។ ពេលនេះលោកពូទីន ក៏កំពុងស្ថិតនៅក្នុងក្រុងវ្លាឌីវ៉ូស្តុក ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃពុធទី១៣កញ្ញាស្អែក។ គ្រាន់តែថាជំនួបគីម-ពូទីន ត្រូវរៀបចំឡើងក្នុងក្របខ័ណ្ឌផ្សេងមួយទៀត។ នេះបើតាមអ្នកនាំពាក្យវិមានក្រេមឡាំងDmitri Peskovដដែល ដែលបញ្ជាក់ថាការស្ថាបនាទំនាក់ទំនងជាមួយប្រទេសជិតខាង ពោលគឺកូរ៉េខាងជើងដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរទើបសំខាន់ ឯពាក្យព្រមានរបស់សហរដ្ឋអាមេរិកមិនសំខាន់ឡើយ។ សម្រាប់វ៉ាស៊ីនតោន ជំនួបនេះជាឱកាសសម្រាប់រុស្ស៊ីស្វែងរកសព្វាវុធពីកូរ៉េខាងជើង ដើម្បីទ្រទ្រង់និងបន្តប្រតិបត្តិការយោធានៅអ៊ុយក្រែន។កូរ៉េខាងជើងនិងរុស្ស៊ីនឹងចុះកិច្ចព្រមព្រៀងសព្វាវុធ?ម៉ូស្គូនិងព្យុងយ៉ាង បានទម្លាយព័ត៌មានទាក់ទងនឹងកម្មវត្ថុនៃដំណើរទស្សនកិច្ចដ៏កម្ររបស់លោកគីម ជុងអ៊ុននៅរុស្ស៊ីយ៉ាងតិចតួចបំផុត។ ប៉ុន្តែយោលទៅតាមសមាសភាពក្រុមប្រតិភូអមដំណើរ ដែលមានជាអាទិ៍ថ្នាក់ដឹកនាំជាន់ខ្ពស់យោធា និងរដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងមេបញ្ជាការកងទ័ពជើងទឹក និងមន្ត្រីទទួលបន្ទុកកម្មវិធីអវកាសកូរ៉េខាងជើងម្នាក់ ផង គេអាចកាត់យល់និងសន្និដ្ឋានបានថា ជំនួបរវាងលោកវ្លាឌីមៀរ ពូទីននិងលោកគីម ជុងអ៊ុន ជាការបង្ខិតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាមួយនឹងកម្មវត្ថុឈានទៅសម្រេចកិច្ចព្រមព្រៀងសព្វាវុធ ព្រមទាំងបច្ចេកវិទ្យានាវាសង្គ្រាម និងអវកាស។ រូបភាពថតនៅស្ថានីយ៍រថភ្លើងក្រុងព្យុងយ៉ាងមុនពេលចេញដំណើរ កាលពីរសៀលថ្ងៃអាទិត្យ ឆ្លើយតបទាំងស្រុងនឹងព័ត៌មានផ្តល់ដោយអាមេរិកកាលពីសប្តាហ៍មុន។កូរ៉េខាងជើងនិងរុស្ស៊ីក៏អាចនឹងព្រមព្រៀងគ្នាបង្កើតឱ្យមានយន្តការធ្វើសមយុទ្ធជើងទឹករួមគ្នាទៀត។តើកូរ៉េខាងជើងអាចផ្តល់សព្វាវុធអ្វីខ្លះដល់រុស្ស៊ី? កាលពីដើមខែកញ្ញា វ៉ាស៊ីនតោនបានអះអាងថា នៅឆ្នាំ២០២២ ព្យុងយ៉ាងបានផ្តល់ឱ្យរុស្ស៊ីនូវគ្រាប់រ៉ុកកែត និងមីស៊ីលសម្រាប់ឱ្យក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែរប្រើ។ តែសម្រាប់អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអន្តរជាតិ ម៉ូស្គូចាប់អារម្មណ៍និងចង់បានជាពិសេសពីកូរ៉េខាងជើង នូវគ្រាប់កាំភ្លើងធំ ព្រោះព្យុងយ៉ាងមានឃ្លាំងស្តុកគ្រាប់កាំភ្លើងធំផលិតសម័យសហភាពសូវៀតច្រើនជាងគេបំផុតដែលអាចមកបំពេញស្តុករុស្ស៊ី ឱ្យប្រសើរឡើងវិញបាន។ ដោយហេតុសង្គ្រាមនៅអ៊ុយក្រែនគ្រាប់ស្តុកក្នុងឃ្លាំងរុស្ស៊ីបានថយចុះជាលំដាប់។តើកូរ៉េខាងជើងចង់បានអ្វីជាថ្នូរមកវិញ?រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្រ និងដែលធ្លាប់គាំទ្ររបបព្យុងយ៉ាងតាំងពីថ្ងៃកកើតឡើងកាលពី៧៥ឆ្នាំ មានគ្រប់អ្វីៗដែលកូរ៉េខាងជើងចង់បាន។ដោយរុស្ស៊ីគឺជាប្រទេសនាំចេញអាហារ ជីរកសិកម្មនិងថាមពល ជាថ្នូរនឹងការផ្តល់អាវុធនិងគ្រាប់រំសេវដល់ម៉ូស្គូ កូរ៉េខាងជើងចង់បានត្រលប់មកវិញនូវជំនួយស្បៀងអាហារ។ កំពុងស្វះស្វែងរកបច្ចេកវិទ្យាសំខាន់ៗ ចំណេះធ្វើនិងបង្កើនសមត្ថភាពឧស្សាហកម្មអាវុធកូរ៉េខាងជើងក៏ទំនងឱ្យរុស្ស៊ីផ្ទេរបច្ចេកវិទ្យាស្ថាបនាសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ របាយការណ៍អង្គការសហប្រជាជាតិបានគូសបញ្ជាក់នៅឆ្នាំ២០២២ថាអ្នកការទូតកូរ៉េខាងជើងនៅម៉ូស្គូមានតួនាទីស្វែងរកបច្ចេកវិទ្យាមីស៊ីលបាលីស្ទិកនិងស្វែងរកដែកថែបបីតោនសម្រាប់យកមកសម្រេចកម្មវិធីសាងសង់នាវាមុជទឹក។ លើវិស័យអវកាសវិញ ដោយហេតុតែការសាកល្បងពីរលើកចុងក្រោយត្រូវបរាជ័យ ព្យុងយ៉ាងអាចនឹងឆ្លៀតឱកាសទស្សនកិច្ចនេះ សុំជំនួយពីរុស្ស៊ីក្នុងបាញ់បង្ហោះផ្កាយរណបថ្មីរបស់ខ្លួនទៅក្នុងគន្លងតារាវិថី។ជាចុងក្រោយ តាមគន្លងរបស់ជីតា គីមអ៊ីលស៊ុង ដែលចេះប្រើ ភាពប្រកួតប្រជែងរវាងស្តាលីនិងម៉ៅ ក្នុងរុញប្រទេសទៅមុខ លោកគីមជុងអ៊ុនក៏អាចទាញប្រយោជន៍ពីជោគជ័យការទូតបង្អួតចិនបានដែរ ប្រសិនបើរុស្ស៊ីនិងកូរ៉េខាងជើងអាចចុះកិច្ចព្រមព្រៀងសព្វាវុធនឹងគ្នាមែន។ តាំងពីសម័យសង្គ្រាមត្រជាក់មក កូរ៉េខាងជើងតែងអនុវត្តនយោបាយការទូត ម្តងយោលចិនម្តងយោលមកទៅខាងសហភាពសូវៀត។កិច្ចព្រមព្រៀងសព្វាវុធរុស្ស៊ី-កូរ៉េខាងជើង អាចផ្លាស់ប្តូរស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែន?ប្រសិនបើកិច្ចព្រមព្រៀងសព្វាវុធរុស្ស៊ីកូរ៉េខាងជើងលេចជារូបរាងមែន ហើយកូរ៉េខាងជើងចាប់ដឹកអាវុធនិងគ្រាប់ទៅឱ្យរុស្ស៊ីក៏ដោយ ក៏រុស្ស៊ីមិនអាចឡើងប្រៀបខ្លាំងលើសមរភូមិសង្គ្រាមនៅអ៊ុយក្រែនឡើយ គឺបានត្រឹមជួយបន្តក់ដង្ហើមឱ្យរុស្ស៊ីអាចបន្តធ្វើសង្គ្រាមបានទៀត។ ហេតុដូច្នេះហើយបានជាសហរដ្ឋអាមេរិកបង្អាប់ថារុស្ស៊ីធ្លាក់ខ្លួនទៅអង្វរសុំគ្រាប់ពីកូរ៉េខាងជើង។ ឯការលក់អាវុធទៅរុស្ស៊ី ក៏មិនអាចលើកមុខមាត់កូរ៉េខាងជើងឱ្យប្រសើរឡើងដែរ។ ព្យុងយ៉ាងនឹងត្រូវបង់ខាតនៅចំពោះមុខសហគមន៍អន្តរជាតិចំពោះទង្វើរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសរបស់លោកចេក ស៊ុយលីវ៉ាន់ ទីប្រឹក្សាសន្តិសុខអាមេរិក។ប៉ុន្តែបើតាមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានSejong ប្រសិនបើព្យុងយ៉ាងបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយម៉ូស្គូមែននោះ នោះសង្គ្រាមអ៊ុយក្រែន នឹងហានិភ័យអូសបន្លាយយូរ ខ្ពស់ខ្លាំងណាស់។ នៅពេលរុស្ស៊ីនិងកូរ៉េខាងជើងចាប់ផ្តើមបញ្ជូនអាវុធនិងគ្រាប់រំសេវ អន្តរជាតិមានទំនួលខុសត្រូវកំណត់ទីតាំងដឹកជញ្ជូនបានព្រោះព្យុងយ៉ាងអាចដឹកគ្រាប់កាំភ្លើងធំទាំងនោះទៅឱ្យរុស្ស៊ីតាមរថភ្លើង។ម្យ៉ាងទៀតជារង្វាន់តបនឹងការផ្តល់ជំនួយអាវុធដល់រុស្ស៊ី កូរ៉េខាងជើងអាចនឹងអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែរ និងផ្កាយរណបចារកម្មបានយ៉ាងលឿនស្លេវ ហើយអាចយកឈ្នះលើទណ្ឌកម្មអន្តរជាតិបានទៀត។រចនាសម្ព័ន្ធសង្គ្រាមត្រជាក់ថ្មីរវាងម្ខាងជាកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក និងជប៉ុនទល់នឹងម្ខាងទៀតជាកូរ៉េខាងជើង ចិននិងរុស្ស៊ី នឹងកាន់តែត្រូវបានពង្រឹងឡើង បើទោះបីជាជំនួបរវាងលោកគីមជុងអ៊ុននិងលោកវ្លាឌីមៀរពូទីនមានលទ្ធផលយ៉ាងណាក៏ដោយ។ នេះបើតាមប្រមុខសកលវិទ្យាល័យសិក្សាកូរ៉េខាងជើងនៅក្រុងសេអ៊ូល៕
អង់គ្លេសចោទចិនថាបានឈ្លបយកការណ៍ និងប្រើឥទ្ធិពល រំខានលទ្ធិប្រជាធិបតេយ្យអង់គ្លេស
ជាថ្មីម្តងទៀត ចិនត្រូវគេចោទថា បានប្រើប្រាស់បណ្តាញភ្នាក់ងារខ្លួន ឲ្យឈ្លបយកការណ៍ប្រមូលព័ត៌មាន នៅតាមបណ្តាប្រទេសលោកខាងលិច។ កាលពីថ្ងៃសៅរ៍ ទី៩កញ្ញា ចុងសប្តាហ៍កន្លងទៅ សមត្ថកិច្ចអង់គ្លេស នៅទីក្រុងអេដាំងបួរ បានចាប់ខ្លួនអ្នកស្រាវជ្រាវម្នាក់ ធ្វើការនៅសភាអង់គ្លេស ហើយដែលគេសង្ស័យថា គឺជាចារកិច្ចប្រមូលព័ត៌មានឲ្យចិន។ ប្រើចារកិច្ចធ្វើការក្នុងសភាអង់គ្លេសផ្អែកតាមការចុះផ្សាយ របស់បណ្តាញព័ត៌មានអងគ្លេស Sunday Times បុរសដែលត្រូវគេចាប់ខ្លួន គឺជាជនជាតិអង់គ្លេស អាយុ២៨ឆ្នាំ ឈ្មោះ Chris Cash។ ជននេះជាអ្នកស្រាវជ្រាវនៅសភាអង់គ្លេស ហើយដែលមានទំនាក់ទំនង ជាមួយសមាជិកសភាអង់គ្លេសជាច្រើននាក់ ក្នុងនោះ មានលោក Tom Tugenhat រដ្ឋលេខាធិការទទួកបន្ទុកសន្តិសុខ លោកស្រី Alicia Kearns ប្រធានគណកម្មការសភាទទួលបន្ទុកកិច្ចការបរទេស។ ប្រភពដដែលអះអាងថា ជននេះ ត្រូវបានសមត្ថកិច្ចអង់គ្លេសឃាត់ខ្លួនម្តងហើយ ជាមួយនឹងជនសង្ស័យម្នាក់ទៀត កាលពីខែមីនា។ ជនទាំង២ត្រូវគេដោះលែងមកវិញ ក្នុងអំឡុងពេលរងចាំនីតិវិធីតុលាការ ដែលនឹងចាប់ផ្តើមនៅរវាងខែតុលា ក្នុងសំណុំរឿងចារកិច្ចប៉ះពាល់កិច្ចការសម្ងាត់ជាតិ។បន្ទាប់ពីមានការចុះផ្សាយស្តីពីការចាប់ខ្លួនជនសង្ស័យនេះ នៅក្នុងឱកាសជំនួបកំពូល G20 នៅទីក្រុងញូដេលី កាលពីថ្ងៃអាទិត្យ លោក រីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស បានជួបជាមួយគណប្រតិភូចិន ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Li Qiang។ លោក រីស៊ី ស៊ូណាល់ បានបញ្ជាក់ប្រាប់អ្នកកាសែតថា ក្នុងពេលប្រជុំជាមួយភាគីចិន លោកបានលើកឡើងអំពីការព្រួយបារម្ភដ៏ធំរបស់លោក ទាក់ទិននឹងសកម្មភាពឈ្លបយកការណ៍ ព្រមទាំងការប្រើប្រាស់ឥទ្ធិពលលូកដៃរបស់ចិន ចូលទៅក្នុងដំណើរការនៃស្ថាប័នរដ្ឋធំៗ របស់អង់គ្លេស ជាក់ស្តែងនៅសភាអង់គ្លេស។ ជាអំពើដែលលោករីស៊ី ស៊ូណាក់ ចាត់ទុកថាធ្ងន់ធ្ងរ និងមិនអាចទទួលយកបានទេ។ជាប្រតិកម្មតបវិញចំពោះការចោទនេះ កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យម្នាក់ នៅស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ បានឆ្លើយបដិសេធ បែបចំអកថា ការចោទដែលថាចិនប្រើប្រាស់បុគ្គលិកធ្វើការនៅសភាអង់គ្លេស ឲ្យឈ្លបយកការណ៍នោះ វាគឺជារឿងប្រឌិតបែបកំប្លែងប៉ុណ្ណោះ។ ដូចគ្នាដែរ នៅព្រឹកថ្ងៃចន្ទទី១១កញ្ញា ពីទីក្រុងប៉េកាំង លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកកាសែតថា ចិនសូមច្រានចោទទាំងស្រុងចំពោះការចោទ ដោយគ្មានមូលដ្ឋានរបស់ភាគីអង់គ្លេស។ លោកស្រីបានបន្តថា សូមឲ្យភាគីអង់គ្លេស ឈប់ធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មានប្រឌិត ដើរនិយាយបង្កាច់បង្ខូច ប្រឆាំងនឹងចិនតទៅទៀត។មិនមែនលើកទី១គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលចិនត្រូវគេសង្ស័យ ឬត្រូវគេចោទ ថាបានឈ្លបយកការណ៍ ប្រមូលព័ត៌មានសំងាត់ ពីតាមបណ្តាប្រទេសមហាអំណាចលោកខាងលិច។ យ៉ាងណាមិញ កាលពីខែកក្កដា គណកម្មការសភាជាន់ទាបអង់គ្លេស បានអះអាងថា អង់គ្លេសកំពុងតែក្លាយជាផ្ទាំងស៊ីប នៃសកម្មភាពចារកិច្ចឈ្លបយកការណ៍របស់ចិន។ កន្លងមកមានករណីច្រើនរាប់មិនអស់ ដែលចិនប្រើវិធីសាស្ត្រផ្សេងៗគ្នា ច្រើនប្រភេទ ដើម្បីឈ្លបយកការណ៍ នៅតាមប្រទេសជាច្រើន ដែលអាចជាគូរប្រជែងរបស់ចិន មិនថាក្នុងវិស័យភូមិសាស្ត្រនយោបាយ ឬសេដ្ឋកិច្ចពាណិជ្ជកម្ម។កាលពីដើមឆ្នាំ២០២៣ អាមេរិកបានចោទចិន ថាបញ្ជាយានបាឡុងហោះលើអាកាស ដើម្បីឈ្លបយកការណ៍ ប្រមូលព័ត៌មាននៅអាមេរិក។ កងទ័ពអាមេរិក បានបាញ់កម្ទេចបាឡុងរបស់ចិននេះទម្លាក់ ហើយបានបង្កឲ្យមានវិបត្តិការទូតរវាងប្រទេសទាំង២ ព្រោះចិនអះអាងថា បាឡុងនោះគឺជាប្រតិបត្តិការស្រាវជ្រាវ ផ្នែកឧតុនិយម តែប៉ុណ្ណោះ។ជំនាញបច្ចេកវិទ្យាខាងលួចប្រមូលទិន្នន័យយោងតាមអ្នកជំនាញជាច្រើននៅតាមប្រទេសលោកខាងលិច ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានក្លាយជាប្រទេសមានជំនាញខ្ពស់ណាស់ នៅក្នុងប្រតិបត្តិការវាយប្រហារតាមបច្ចេកវិទ្យាអ៊ីនធឺនិត ដែលគេហៅថា Cyber Attack។ ចោរព័ត៌មានវិទ្យាចិន ប្រើវិធីនេះ ដើម្បីបន្លំចូលទៅក្នុងប្រព័ន្ធ បូបស្រូបយកទិន្ន័យសំខាន់ៗ ទិន្នន័យសំងាត់ ក្នុងវិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម និងសន្តិសុខជាតិ។ជាក់ស្តែង កាលពីឆ្នាំ២០២១ សហរដ្ឋអាមេរិក ប្រទេសសមាជិកអូតង់ បានចោទរដ្ឋាភិបាលចិន ថាអ្នកជាអ្នកនៅពីក្រោយ ប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំ មកលើប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រុមហ៊ុន Microsoft។ ក្រុមចោរព័ត៌មានវិទ្យាចិន ត្រូវគេចោទផងដែរ ថាជាអ្នកធ្វើសកម្មភាព ចូលលួចប្រមូលទិន្នន័យ របស់ក្រសួងថាមពលអាមេរិក ស្ថាប័នរដ្ឋអាមេរិកផ្សេងទៀត ក្រុមហ៊ុនទូរគមនាគមន៍អាមេរិក ព្រមទាំងសកលវិទ្យាល័យមួយចំនួនផង។ នេះបើផ្អែកតាមការអះអាងរបស់សេតវិមាន និងបណ្តាញសារព័ត៌មានមួយចំនួន។មិនត្រឹមប៉ុណ្ណោះទេ កម្មវិធីបច្ចេកវិទ្យារបស់ចិន ដែលគេនិយមប្រើក្នុងទូរស័ព្ទ ក៏អាចជាហានិភ័យផងដែរ។ ជាក់ស្តែងកម្មវិធី Tiktok ដ៏ល្បីល្បាញ។ អ្នកជំនាញទាំងនៅអឺរ៉ុប និងនៅអាមេរិក បានក្រើនរំលឹក ទាញសញ្ញាអាសន្ន ថាTiktok អាចជាឧបករណ៍ដើម្បីប្រមូលយកទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទ។ ក្រុមហ៊ុន Bytedance ម្ចាស់របស់ Tiktok ត្រូវគេជឿថាគឺជាភ្នាក់ងារ ដែលត្រូវប្រគល់ទិន្នន័យដែលប្រមូលបាន យកទៅឲ្យអាជ្ញាធរចិន។ ដូចគ្នាដែរ រដ្ឋាភិបាលអាមេរិក បានចាត់បញ្ចូលក្រុមហ៊ុន Huawei ចូលទៅក្នុងបញ្ជីខ្មៅ ដោយចោទថា Huawei គឺជាឧបករណ៍ឈ្លបយកការណ៍ ស្តាប់រាល់ការទំនាក់ទំនងទាំងអស់នៅអាមេរិក។ប្រើមនុស្សឲ្យប្រមូលព័ត៌មានក្រៅពីប្រើបច្ចេកវិទ្យាទំនើប ចិនអាចប្រើប្រាស់មនុស្សដោយផ្ទាល់ ក្នុងការប្រមូលបញ្ជូនព័ត៌មានទៅឲ្យខ្លួន។ តួយ៉ាងករណី វិស្វករជនជាតិចិនម្នាក់ ឈ្មោះ Ji Chaoqun ដែលបានទៅដល់ទឹកដីអាមេរិកនៅឆ្នាំ២០១៣ក្នុងនាមជានិស្សិត ហើយក្រោយមកត្រូវបានសមត្ថកិច្ចអាមេរិក វែកមុខរកឃើញថាជននេះ ប្រមូលបញ្ជូនព័ត៌មានក្នុងវិស័យវិទ្យាសាស្ត្រជាន់ខ្ពស់ទៅឲ្យចិន។ កាលពីខែមករា តុលាការអាមេរិកបានផ្តន្ទាទោសជននេះ ឲ្យជាប់ពន្ធនាគារ៨ឆ្នាំ។ ហើយកាលពីឆ្នាំ២០២០ វិស្វករចិនម្នាក់ទៀត ឈ្មោះ Wei Sun ចូលសញ្ជាតិអាមេរិក ដែលធ្វើការឲ្យក្រុមហ៊ុន Reython ផលិតគ្រឿងសព្វាវុធ ត្រូវបានតុលាការអាមេរិកកាត់ទោស បន្ទាប់ពីជននេះបានយកម៉ាស៊ីនកុំព្យូរទ័ររបស់ក្រុមហ៊ុនទៅកាន់ប្រទេសចិន ដែលក្នុងម៉ាស៊ីននោះ មានផ្ទុកដោយទិន្នន័យសម្ងាត់ ស្តីពីប្រព័ន្ធមីស៊ីលរបស់អាមេរិក។ចិនក៏អាចទទួលបានព័ត៌មានសម្ងាត់នានា ដោយផ្ទាល់ពីមន្ត្រីធំៗ ឬថ្នាក់ដឹកនាំបរទេសដែរ តាមរយៈការប្រើមនុស្សឲ្យចូលទៅមានទំនាក់ទំនងស្អិតរមួត ជាមួយមន្ត្រីទាំងនោះ។ តួយ៉ាងដូចក្នុងករណី នៅអង់គ្លេសដែលចុះផ្សាយដោយកាសែត Sunday Times កាលពីថ្ងៃសៅរ៍។ នៅឆ្នាំ២០២០ គេហទំព័រព័ត៌មានអាមេរិក Axios បានចុះផ្សាយអំពីករណីនារីជនជាតិចិនម្នាក់ ឈ្មោះ Christine Fang ដែលមានទំនាក់ទំនងយ៉ាងល្អូកល្អឺនជាមួយអ្នកនយោបាយអាមេរិកជាច្រើននាក់។ ស្ត្រីចិនរូបនេះ បានទទួលទំនុកចិត្តពីអ្នកនយោបាយអាមេរិក តាមរយៈការជួយរៀបចំប្រតិបត្តិការ ស្វែងរកថវិកាមូលនិធិផ្សេងៗ និងអាចមានករណីទំនាក់ទំនងផ្លូវភេទថែមទៀតផង។នគរបាលសម្ងាត់ក្រៅពីការឈ្លបយកការណ៍ ដោយប្រើភ្នាក់ងារ និងបច្ចេកវិទ្យា ចិនត្រូវបានគេចោទផងដែរ ថាបានបង្កើតអង្គភាពពិសេស ធ្វើការជានគរបាលសំងាត់ នៅតាមប្រទេសមួយចំនួន។ អង្គការ Safeguard Defender ដែលមានទីតាំងនៅប្រទេសអេស្ប៉ាញ បានអះអាងថា នគរបាលសម្ងាត់ទាំងនេះ គឺចិនធ្វើដោយខុសច្បាប់ ដោយមិនជូនដំណឹងទៅប្រទេសម្ចាស់ស្រុក។ ប្រតិបត្តិការរបស់នគរបាលសម្ងាត់ចិន គឺតាមឃ្លាំមើលជនជាតិចិន ដែលមានទំនោរនយោបាយប្រឆាំងរិះគន់ខ្លួន និងអាចមានករណីគំរាមសំឡុតថែមទៀត។ កាលពីខែវិច្ឆិកាឆ្នាំ២០២២ អាជ្ញាធរហូឡង់ បានបញ្ជាឲ្យចិនបិទអង្គភាពនគរបាលសំងាត់ដែលខុសច្បាស់នេះ ចំនួន២ទីតាំង។ ហើយ១ខែក្រោយមក អាជ្ញាធរឆេកក៏បានបញ្ជាឲ្យបិទអង្គភាពសម្ងាត់របៀបនេះរបស់ចិន ចំនួន២ទីតាំងដែរ នៅទីក្រុងប្រាហ្ក៕
11-9-2023 • 8 minuten, 10 seconden លោកចូ បៃដិន ទៅវៀតណាម ដើម្បីពង្រឹងសហប្រតិបត្តិសេដ្ ឋកិច្ច និងការបរទេស
ចេញពីជំនួបកំពូលG20 នៅញូដេលី លោកប្រធានាធិបតី ចូ បៃដិន បានបន្តដំណើរទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃអាទិត្យទី១០កញ្ញា។ ទស្សនកិច្ចទៅវៀតណាម ជាអ្វីដែលប្រធានាធិបតីអាមេរិកគ្រប់រូប តែងតែធ្វើមិនដែលខាន បើគិតពីឆ្នាំ១៩៩៥មក។ វាគឺជាគោលនយោបាយស្តារទំនាក់ទំនងនឹងគ្នា បន្ទាប់ពីប្រទេសទាំង២បានឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់បំផុតជាមួយគ្នា តាមរយៈ “សង្គ្រាមវៀតណាម”។ លើសពីការរឹតចំណងមិត្តភាព វៀតណាមក៏អាចមានអត្ថប្រយោជន៍ច្រើនដែរ ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ក្នុងបរិបទបច្ចុប្បន្ន ដែលអាមេរិកនិងចិន ប្រជែងគ្នាកាន់តែខ្លាំង។ ផ្សះផ្សាការឈឺចាប់ក្នុងអតីតកាលលោក Jake Sullivan ទីប្រឹក្សាពិសេសរបស់លោកចូ បៃដិន បានបញ្ជាក់ឲ្យដឹងថា អស់រយៈពេលជាច្រើនទសវត្សមកហើយ ដែលសហរដ្ឋអាមេរិក និង វៀតណាម ខិតខំធ្វើការ ដើម្បីឈានទៅព្យាបាលការឈឺចាប់ក្នុងអតីតកាល ដែលបន្សល់ទុកដោយសង្គ្រាមវៀតណាម។ កេរតំណែលនេះ នឹងមានវត្តមាននៅក្នុងឱកាសទស្សនកិច្ចរបស់លោកចូ បៃដិន នៅទីក្រុងហាណូយ។ នៅថ្ងៃចន្ទ លោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ទីបូជនីយកិច្ច ឧទ្ទិសដល់លោក John McCain អតីតទាហានអាមេរិក ដែលបានប្រឹងប្រែងពេញមួយជីវិតនយោបាយ ក្នុងការផ្សះផ្សាការឈឺចាប់ រវាងអាមេរិក និងវៀតណាម។ផ្អែកតាមការបញ្ជាក់ពីសេតវិមាន នៅហាណូយ លោកចូ បៃដិន ត្រូវជួបជាមួយលោកអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ង្វៀន ហ្វូចុង នៅថ្ងៃអាទិត្យ បន្ទាប់មកនឹងធ្វើសន្និសីទកាសែតរួមគ្នា។ កម្មវិធីបន្ទាប់ គឺលោកចូ បៃដិន នឹងជួបជាមួយ លោកប្រធានាធិបតីវៀតណាម វ៉ូ វ៉ាន់ធឿង និង លោកនាយករដ្ឋមន្ត្រីវៀតណាម ផាំ មិញជិញ នៅថ្ងៃចន្ទទី១១កញ្ញា។លោក Jake Sullivan បានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងណា លោកចូ បៃដិននឹងមិនភ្លេច និយាយលើកឡើងទេ អំពីបញ្ហាសិទ្ធិមនុស្សនៅវៀតណាម។ ករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរារាំងសិទ្ធិបញ្ចេញមតិ សិទ្ធិប្រកាន់សាសនា និងសិទ្ធិជាមូលដ្ឋានឯទៀត របស់ប្រជាជននៅវៀតណាម នឹងត្រូវលោកចូ បៃដិន លើកយកទៅនិយាយ ជាមួយថ្នាក់ដឹកនាំវៀតណាម ដើម្បីទាមទារឲ្យមានផ្លាស់ប្តូរ។វៀតណាម ជាកម្លាំងសក្តានុពលថ្មី ជំនួសឲ្យចិន?នៅក្នុងបរិបទ ដែលអាមេរិកក៏ដូចជាបណ្តាប្រទេសអឺរ៉ុប កំពុងតែរកវិធីឈប់ពឹងផ្អែកលើចិនខ្លាំងជ្រុលពេក វៀតណាមបានក្លាយជាជម្រើសគួរជាទីចាប់អារម្មណ៍ ជាមួយនឹងកម្លាំងពលកម្មច្រើន ក្មេងស្វាហាប់ និងមានតម្លៃថោក។ យោងតាមសេតវិមាន នៅហាណូយ លោកចូ បៃដិន នឹងចុះហត្ថលេខាជាមួយភាគីវៀតណាម លើ “កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្ត”។ តាមរយៈកិច្ចព្រមព្រៀងនេះ វាគឺជាការខិតចូលកៀកគ្នាយ៉ាងខ្លាំង រវាងវៀតណាម និងសហរដ្ឋអាមេរិក ព្រោះថាគិតមកទល់ពេលនេះ កិច្ចព្រមព្រៀងរបៀបនេះ គឺវៀតណាមបានចុះ តែជាមួយ រុស្ស៊ី ឥណ្ឌា ចិន និងកូរ៉េខាងត្បូង។គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចវៀតណាមកាន់តែរីកលូតលាស់។ ៨ខែដើមឆ្នាំ២០២៣ វៀតណាមបានទាក់ទាញវិនិយោគបរទេស ក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ពាន់លានដុល្លារ ពោលគឺកើនចំនួន៨% បើប្រៀបធៀបទៅឆ្នាំមុន។ ក្រុមហ៊ុនធំៗជាច្រើន ដូចជា Samsung LG និង Foxconn ដែលជាអ្នកផ្គត់ផ្គង់គ្រឿងផ្សំឲ្យ ក្រុមហ៊ុន Apple ជាដើម បាននាំគ្នាទៅតាំងទីផលិត នៅវៀតណាម។តែយ៉ាងណា ប្រទេសដែលមានប្រជាជនប្រមាណ១០០លាននាក់នេះ មានកម្លាំងពលកម្មដែលមានជំនាញខ្ពស់ នៅតិចខ្លាំងណាស់ មិនទាន់គ្រប់គ្រាន់ទេ។ ផ្អែកតាមតួលេខរបស់ក្រសួងការងារវៀតណាម បច្ចុប្បន្នមានតែកម្លាំងពលកម្មចំនួន១១%ប៉ុណ្ណោះ ដែលមានជំនាញលំដាប់ខ្ពស់។ បន្ថែមពីនេះ វៀតណាមនៅមានបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងបណ្តាញចរន្តអគ្គិសនីមិនគ្រប់គ្រាន់។ នេះបើផ្អែកតាមរបាយការណ៍ចុងក្រោយ របស់ធនាគារពិភពលោក ចេញផ្សាយកាលពីខែសីហា។សម្រាប់អាមេរិក កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ ដែលខ្លួននឹងចុះជាមួយវៀតណាមក្នុងពេលនេះ នឹងបើកផ្លូវ ពង្រឹងកសាងបណ្តាញឧស្សាហកម្មនៅវៀតណាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់អាមេរិក ហើយទន្ទឹមគ្នានេះ អាមេរិកនឹងដកខ្លួនម្តងបន្តិចៗ ឈប់ពឹងផ្អែកលើកម្លាំងឧស្សាហកម្មរបស់ចិន។ សម្រាប់វៀតណាមវិញ វាគឺជាឱកាសដ៏ធំ ដើម្បីអាចទទួលបាន ការបោះទុនវិនិយោគទ្រង់ទ្រាយធំៗ ឈានទៅពង្រឹងវិស័យឧស្សាហកម្ម ឲ្យកាន់តែទំនើបឈានមុខ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា។យក ចិន ឬ អាមេរិក?រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម តែងតែមានការប្រុងប្រយ័ត្ន មិនចង់ឲ្យគេសំឡឹងឃើញថាខ្លួន ល្អូកល្អឺនខ្លាំងជាមួយអាមេរិកនោះទេ។ មិនខុសពីប្រទេសផ្សេងទៀត នៅក្នុងតំបន់ វៀតណាមអះអាងប្រកាន់ជំហរនៅកណ្តាល មិនចង់ជ្រើសរើសនៅខាងណាមួយទេ រវាងមហាអំណាចទាំង២ គឺចិន និងអាមេរិក ដែលកំពុងតែជល់ប្រជែងគ្នាយ៉ាងខ្លាំងដៃ។តែទន្ទឹមគ្នានេះ វៀតណាមមានការព្រួយបារម្ភកាន់តែខ្លាំង ទាក់ទិនសកម្មភាពវាតទីរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលប៉ះពាល់មកលើដែនអធិបតេយ្យ របស់វៀតណាម។ គឺចំណុចនេះហើយ ដែលរដ្ឋាភិបាលអាមេរិក តែងតែលើកមកនិយាយ ដើម្បីក្រើនរំលឹកឲ្យវៀតណាមដឹងខ្លួន និងប្រុងប្រយ័ត្ន។គួរបញ្ជាក់ដែរថា រវាងវៀតណាមនិងចិន គឺនៅមានវិវាទព្រំដែនជាច្រើនចំណុច ដែលនៅមិនទាន់ដោះស្រាយ តាំងតែពីឆ្នាំ១៩៧៩មក។ យ៉ាងណាមិញ ចិន មិនបានព្រងើយទុកឲ្យអាមេរិកមកអូសទាញវៀតណាមទៅដោយងាយៗនោះឡើយ។ ក្នុងសប្តាហ៍កន្លងទៅនេះ ប៉េកាំងបានប្រញេបប្រញាប់ បញ្ជូនគណៈប្រតិភូមន្ត្រីជាន់ខ្ពស់របស់ខ្លួន ទៅវៀតណាម។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ័រ គឺភាគីចិននិងវៀតណាម បានសន្យាពង្រឹងសហប្រតិបត្តិការ និងសាមគ្គីភាពជាមួយគ្នា ឲ្យកាន់ល្អប្រសើរឡើង។លោក ង្វៀន កុងកួង អតីតអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅវ៉ាស៊ីនតោន បានលើកឡើងថា ការពិតទៅ អាមេរិកដឹងច្បាស់ណាស់ ថាវៀតណាមគ្មានថ្ងៃសម្រេចចិត្តរើសយកខាងណាមួយឡើយ រវាងចិន និងអាមេរិក។ តែយ៉ាងណា លោក ចូ បៃដិន ក៏នៅតែសង្ឃឹមថា វៀតណាមអាចនឹងកាន់តែសប្បាយចិត្តរីករាយ ចង់សហការជាមួយអាមេរិកកាន់តែខ្លាំង នៅក្នុងបរិបទមួយ ដែលក្នុងតំបន់មានភាពតានតឹង ដោយសារតែចិនអាងយ៉ាង។វៀតណាមទិញអាវុធរុស្ស៊ី?ស្រមោលមួយទៀត ដែលតាមអន្ទោលលើវៀតណាម គឺវត្តមានរបស់មហាមិត្តរុស្ស៊ី។ កាលពីថ្ងៃសៅរ៍ ទី៩កញ្ញា មួយថ្ងៃមុនពេលលោកចូ បៃដិនទៅជាន់ដីវៀតណាម កាសែត The New York Times បានចុះផ្សាយថា វៀតណាមកំពុងតែចរចាយ៉ាងសំងាត់ជាមួយរុស្ស៊ី ដើម្បីសុំទិញគ្រឿងសព្វាវុធរបស់រុស្ស៊ី។ ជាចេតនាចង់ទិញពីរុស្ស៊ី បើទោះបីជាវៀតណាមដឹងថា ទណ្ឌកម្មអន្តរជាតិបានហាមឃាត់ខ្លួនក៏ដោយ។សារព័ត៌មានអាមេរិក ដែលបានចុះផ្សាយរឿងនេះ បានផ្អែកលើឯកសារមួយ របស់ក្រសួងហិរញ្ញវត្ថុវៀតណាម។ យោងតាមឯកសារនេះ កិច្ចព្រមព្រៀងទិញលក់គ្រឿងសព្វាវុធរវាងវៀតណាម និងរុស្ស៊ី គឺនឹងត្រូវធ្វើឡើង ដោយប្រើប្រាស់ថវិកាបោះទុនវិនិយោគ របស់វៀតណាម នៅក្នុងគម្រោងអណ្តូងប្រេងកាតរបស់រុស្ស៊ី នៅតំបន់ស៊ីបេរី។ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានព្យាយាមទាល់ទងសុំការបំភ្លឺ ពីមន្ត្រីរដ្ឋាភិបាលវៀតណាម ទាក់ទិននឹងដំណឹងចុះផ្សាយនេះ តែបានត្រឹមតែការបដិសេធមិនឆ្លើយ៕
10-9-2023 • 7 minuten, 16 seconden ឥណ្ឌារៀបចំជំនួបកំពូលហ្សេ២០ ដើម្បីបង្អួតនិ ងបង្ហាញឥទ្ធិពលខ្លួនលើឆាកអន្តរជាតិ
ប្រមុខរដ្ឋ-រដ្ឋាភិបាលនៃក្រុមប្រទេសមហាឧស្សាហកម្មនិងសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងគេ២០ដំបូងនៅលើពិភពលោក ហៅកាត់ថា G២០ ត្រូវមកជួបជុំគ្នានៅថ្ងៃទី៩និង១០កញ្ញានេះ ក្នុងក្រុងញូវដេលីប្រទេសឥណ្ឌា។ ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំជំនួបកំពូលហ្សេ២០ ឥណ្ឌាបានចាត់វិធានការសុវត្ថិភាពយ៉ាងសម្បើមផង វិធានការបោសសម្អាតរដ្ឋធានីដែលល្បីខាងពុលនិងកខ្វក់ខ្លាំងផង។ លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ចង់ឆ្លៀតពេលជាប្រធានផ្លាស់វេនហ្សេ២០ ក្នុងការលើកតម្កើងរូបភាពនយោបាយរបស់លោកលើកឆាកអន្តរជាតិផង និងបញ្ជាក់អំពីតួនាទីរបស់ប្រទេសឥណ្ឌានៅលើពិភពលោកផង។ ឥណ្ឌាដែលជាប្រធានផ្លាស់វេនហ្សេ២០ (ក្រុមប្រទេសមហាឧស្សាហកម្មនិងសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងគេ២០ដំបូងនៅលើពិភពលោក) ត្រូវទទួលរៀបចំជំនួបកំពូល នៅថ្ងៃសៅរ៍និងអាទិត្យស្អែកនេះ នៅទីក្រុងញូវដេលី។ជំនួបកំពូលG២០ ជាវេលាឥណ្ឌាសម្ញែងឫទ្ធិ ?ដើម្បីធានាសុវត្ថិភាព ឥណ្ឌាបានបញ្ចេញកងកម្លាំងរក្សាសន្តិសុខរាប់សិបពាន់នាក់ រាប់ទាំងខ្មាន់កាំភ្លើងដៃឆើតបង្កប់តាមដំបូលផ្ទះក្នុងរដ្ឋធានី កងកម្លាំងប្រឆាំងភេរវកម្ម ត្រៀមចេញធ្វើប្រតិកម្មរហ័ស ព្រមទាំងមានបំពាក់ទៅដោយបច្ចេកវិទ្យាប្រឆាំងនឹងដ្រូនទៀត។ ខាងប៉ូលិសវិញ បានសន្យាសម្រួលចរាចរណ៍ឱ្យរលូន និងហាមឃាត់មិនឱ្យយានយន្តឯកជនចូលកណ្តាលក្រុង កៀកកន្លែងប្រជុំទេ។ ហាងទំនិញក្នុងរដ្ឋធានីបានទទួលបញ្ជាឱ្យបិទទ្វារ ព្រោះរដ្ឋាភិបាលបានចេញក្រិត្យចាត់ទុកថ្ងៃបើកជំនួបកំពូល ទី ៩កញ្ញា ជាថ្ងៃបុណ្យឈប់សម្រាកមួយថ្ងៃតែម្តង។ជាក្រុងធំ មហាពុល មានប្រជាជនរស់ជាង៣០លាននាក់ ញូវដេលីបានប្រែមុខមាត់ថ្មីនាឱកាសនេះ។ រដ្ឋធានីមានសភាពស្ងប់ស្ងាត់ល្អ និងស្អាតបាត មានផ្ការីកស្គុសស្គាយ ដើមឈើត្រឈឹងត្រឈៃ ដោយអាជ្ញាធរបានបោសសម្អាតនិងលុបបំបាត់សំណង់អនាធិបតេយ្យ សាងសង់ដោយខុសច្បាប់។ អ្នករស់ក្រោមស្ពានឬតាមចិញ្ចើមថ្នល់ជាង៤ពាន់នាក់ត្រូវបានបញ្ជូនទៅមណ្ឌលទទួលជនគ្មានលំនៅដ្ឋាន។ជំនួបកំពូលហ្សេ២០នៅក្រុងញូវដេលីបានប្រព្រឹត្តទៅក្នុងឆ្នាំដែលឥណ្ឌាបានក្លាយជាប្រទេសមានប្រជាពលរដ្ឋច្រើនជាងគេបំផុតនៅលើពិភពលោក (ដោយវ៉ារឈ្នះចិន) និងបានដណ្តើមចំណាត់ថ្នាក់ពីអង់គ្លេសជាម្ចាស់អាណានិគម ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៥ពិភពលោក។ នៅឆ្នាំនេះដដែល លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានទទួលស្វាគមន៍ជាភ្ញៀវកិត្តិយសបំផុតនៅវ៉ាស៊ីនតោន ប៉ារីស និងប្រទេសផ្សេងៗទៀតជាច្រើន។ ហេតុដូច្នេះហើយបានជាអ្នកវិភាគនៅវិទ្យាស្ថានBrookings Institution យល់ថា ជំនួបកំពូលនេះត្រូវបានឥណ្ឌារៀបចំឡើងក្នុងទម្រង់ជាពិធីបុណ្យអបអរការលេចមុខលើឆាកអន្តរជាតិរបស់ឥណ្ឌា ក្នុងនាមជាមហាអំណាចអព្យាក្រិត្យដ៏ចម្បង។ក្នុងនាមជាប្រទេសប្រជាធិបតេយ្យដ៏ធំជាងគេនៅលើពិភពលោក ឥណ្ឌាត្រូវជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដោយស្វ័យប្រវត្តិ ដែលមានសមត្ថភាពនិងតួនាទីសំខាន់ៗឡើងប្រឈមនឹងចិន។ តែទោះបានចូលឈ្លានពានអ៊ុយក្រែនក្តី ក៏ឥណ្ឌាបដិសេធមិនដាក់រុស្ស៊ីឱ្យនៅឯកាឡើយ។ឥណ្ឌាជាស្ពានតភ្ជាប់លោកខាងលិចនិងក្រុមប្រទេសកំពុងអភិវឌ្ឍន៍?ប៉ុន្តែគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ នរណាក៏ដឹងថាឥណ្ឌាជាប្រមុខដឹកនាំចលនានៃក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធតាំងពីសង្គ្រាមត្រជាក់មក នៅតែមានជំហរអព្យាក្រិត្យយ៉ាងមុតមាំ។ ដូច្នេះឥណ្ឌាអាចមានចំណែកនៅក្នុងគ្រប់ក្រុម ដោយគ្មានបញ្ហាឡើយ។ នេះបើតាមអ្នកជំនាញនៅសាកលវិទ្យាល័យ George Washington ដោយបន្ថែមថា ក្នុងពេមាននាទីជាប្រធានផ្លាស់វេនហ្សេ២០ ឥណ្ឌាចង់តាំងខ្លួនធ្វើជាស្ពានចងភ្ជាប់ក្រុមប្រទេសមហាឧស្សាហកម្មពិភពលោកនិងក្រុមប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍។ ប្រធានាធិបតីអាមេរិក លោក ចូបៃ ដិន ធ្លាប់បានលើកសរសើរជាច្រើនដងភាពជាប្រមុខដឹកនាំរបស់លោកម៉ូឌី និងប្រកាសចង់ធ្វើការជាមួយ ដើម្បីធ្វើយ៉ាងណាឱ្យហ្សេ២០នៅតែមានជាវេទិកានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពិភពលោកដ៏ចម្បងរហូតទៅ។ ទីប្រឹក្សាសន្តិសុខរបស់លោកប្រធានាធិបតីអាមេរិក លោក ចេក ស៊ុយលីវ៉ាន់ បានព្រលយនៅសប្តាហ៍នេះថាអាមេរិកចង់លាតត្រដាងឱ្យឃើញថា ទោះប្រេះឆាគ្នាខ្លាំង ក៏ហ្សេ២០នៅតែមានប្រសិទ្ធភាព ទន្ទឹមនឹងភាពស្ទុះឡើងនៃសម្ព័ន្ធមួយក្រុមទៀតគឺBrics។កំពុងខិតខំសម្រិតសម្រាំងខ្លួនឱ្យក្លាយជាតួអង្គសំខាន់ពិភពលោក ឥណ្ឌាមានវប្បធម៌និងទស្សនៈវិស័យនាំពិភពលោកឱ្យមានពហុប៉ូលជានិច្ច។ ហើយការដែល មានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយក្រុមប្រទេសក្រីក្រកំពុងលូតលាស់-កំពុងអភិវឌ្ឍ អតីតពិភពមិនចូលបក្សសម្ព័ន្ធដូចយ៉ាងឥណ្ឌានេះ ពិតជាតំណដ៏ប្រពៃបំផុតសម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត។ ឥណ្ឌានេះកំពុងប្រឹងប្រែងបន្ធូរបន្ថយវិបត្តិភូមិសាស្ត្រនយោបាយ និងស្វែងរកការព្រមព្រៀងសើរើបំណុលរបស់ក្រុមប្រទេសកំពុងអភិវឌ្ឍ ព្រមទាំងការប្រែប្រួលអាកាសធាតុ។គ្មានគូប្រជែងក្នុងជំនួប ជាឱកាសឬជាការខកចិត្តសម្រាប់អាមេរិក ?ប៉ុន្តែតើឥណ្ឌាតភ្ជាប់លោកខាងលិចនិងក្រុមខាងត្បូងយ៉ាងដូចម្តេចបើ លោកពូទីននិងលោកស៊ីជីនពីង មិនបង្ហាញវត្តមានផងនោះ។ លោកប្រធានាធិបតីចិន ស៊ីជីនពីង មិនអញ្ជើញមកចូលរួមក្នុងជំនួបកំពូលហ្សេ២០ឆ្នាំនេះនៅប្រទេសឥណ្ឌាទេ។ ដូច្នេះគ្មានទេ ការជួបពិភាក្សាមួយទល់នឹងមួយរវាងលោកបៃដិននិង លោកស៊ី ដូចកាលនៅជំនួបកំពូល ក្រុងបាលី កាលពីឆ្នាំទៅ។ នេះអាចចាត់ទុកជាការខាតបង់ឱកាសមួយសម្រាប់អាមេរិកនិងចិនក្នុងការសាកល្បងបញ្ចុះភាពតានតឹងនឹងគ្នា។ចំណែកលោកពូទីនវិញ អវត្តមានជាគ្រប់ពីរឆ្នាំជាប់គ្នាហើយ។ ប៉ុន្តែលោកចូបៃដិន សំឡឹងឃើញអវត្តមានរបស់មេដឹកនាំរុស្ស៊ីនិងចិន ជាប្រយោជន៍សម្រាប់អាមេរិកទៅវិញ។ បើប្រធានាធិបតីចិនមក ឥណ្ឌានឹងច្បាស់ជាមិនសូវរាក់ទាក់ទទួលស្វាគមន៍ទេ។ ឯវត្តមានលោកពូទីន នឹងនាំឱ្យមានការបែងចែកចំណាប់អារម្មណ៍ទៅលើប្រធានាធិបតីដែលជាប់ដីកាអន្តរជាតិតាមចាប់ខ្លួន។ដូច្នេះបើទោះបីជំនួបកំពូលហ្សេ២០ ក្នុងដំណាក់កាលនេះ ទំនងជាមិនអាចចេញសេចក្តីថ្លែងការណ៍រួមបានមែន ក៏លោកប្រធានាធិបតីអាចមានឱកាសបង្អួតបង្ហាញផែនការBidenomics ផែនការសេដ្ឋកិច្ចអាមេរិកនិងវិធីសាស្ត្រវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលផ្តោតជុំវិញបញ្ហាអាកាសធាតុនិងបច្ចេកវិទ្យា។ ចំណុចនេះ សហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រដល់កំណែទម្រង់អនុគ្រោះសេដ្ឋកិច្ចក្រុមប្រទេសកំពុងលូតលាស់ របស់ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិសម្រាប់។ ជួយមុនគេ គឺប្រទេសអ្នករៀបចំជំនួបកំពូល ឥណ្ឌានិងលោកណារិនដ្រា ម៉ូឌីនេះតែម្តង។ ជំនួបទ្វេភាគីរវាងលោកប្រធានាធិបតីអាមេរិកចូបៃដិន និងលោកនាយករដ្ឋមន្ត្រីប្រព្រឹត្តទៅមុនការបើកជំនួបកំពូលហ្សេ២០ទៅទៀត។ ថ្វីបើអាមេរិកដឹងថាផលប្រយោជន៍ឥណ្ឌាពេលខ្លះផ្ទុយពីនឹងជំហរសហរដ្ឋអាមេរិកក៏ដោយ ក៏វ៉ាស៊ីនតោនចាំបាច់ត្រូវពង្រឹងទំនាក់ទំនងល្អជាមួយឥណ្ឌា ដើម្បីប្រឈមនឹងចិន៕
8-9-2023 • 6 minuten, 20 seconden សេដ្ឋកិច្ចចិនបន្តបន្ថយល្បឿន រដ្ឋាភិបាលគ្មាន ផែនការស្រោចស្រង់គ្រប់គ្រាន់?
តួលេខពាណិជ្ជកម្មនៅតែមិនព្រមប្រសើរឡើងសោះ។ ការនាំចេញប្រចាំខែសីហាបានបន្តធ្លាក់ចុះ ជាគម្រប់បួនខែជាប់គ្នា។ ប៉ុន្តែរដ្ឋាភិបាលចិននៅតែចចេសមិនព្រមរៀបចំផែនការផ្តល់ការសន្ទុះទ្រង់ទ្រាយធំ ដូចអនុសាសន៍របស់សេដ្ឋវិទូទេ។ ហេតុអ្វី? បើតាមរបាយការណ៍ផ្លូវការរបស់ភ្នាក់ងារពន្ធគយចិន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ៧ កញ្ញា២០២៣ ការលក់ផលិតផលចិនទៅឱ្យបរទេស បានធ្លាក់ចុះអស់៨,៨%។ ជាការធ្លាក់ចុះតិចជាងការព្យាករទេ ប៉ុន្តែនេះជាសញ្ញាថ្មីមួយទៀតដែលបញ្ជាក់ឱ្យឃើញអំពីដំណើរសេដ្ឋកិច្ចបន្ថយល្បឿនរបស់មហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរពិភពលោក។តើចិនមានស្ថានភាពសេដ្ឋកិច្ចយ៉ាងណា?ក្នុងពេលលុបបំបាត់វិធានការហ្សេរ៉ូកូវីដ នាខែធ្នូ២០២២ ចិនរំពឹងថាសេដ្ឋកិច្ចនឹងចាប់កំរើកឡើងវិញ ដោយពលរដ្ឋនឹងធ្វើដំណើរ ចាយវាយ ចូលហាងទិញដូរ ឬឡើងភោជនីដ្ឋាន។ ប៉ុន្តែសន្ទុះសេដ្ឋកិច្ចមានកំរិតទាបជាងក្តីសង្ឃឹមឆ្ងាយណាស់ ហើយផ្នែកខ្លះ ជាក់ស្តែង វិស័យឧស្សាហកម្មនៅតែស្ទក់ជាងគេខ្លាំងជាពិសេស។បូកផ្សំនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោកមានវិបត្តិអតិផរណា សេដ្ឋកិច្ចចិនកាន់តែត្រដរ និងធ្លាក់ក្នុងវិបត្តិបរិតផរណាជាលើកទីមួយ កាលពីខែកក្កដា ព្រោះគ្មានការបញ្ជាទិញសកម្ម។ លើផ្នែកទីផ្សារការងារវិញ អត្រាយុវជនអត់ការធ្វើបានឡើងដល់កំរិតកំពូលនៅខែមិថុនា ហើយតាំងពីពេលនោះមកអាជ្ញាធរចិនលែងចេញផ្សាយតួលេខសោះ។ វិស័យអចលនទ្រព្យ ដែលធ្លាប់ជួយអូសទាញកំណើនសេដ្ឋកិច្ចជាតិ ដោយតំណាងឱ្យមួយភាគបួននៃផលិតផលសរុបក្នុងស្រុក (PIB) ក៏កំពុងមានវិបត្តិយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន។ ក្រុមហ៊ុនសំណង់និងអចលនវត្ថុ ដ៏ចម្បងរបស់ប្រទេស Evergrande និង Country Garden លង់ក្នុងបំណុលស្ទើរក្ស័យធន។ធ្លាប់ជាក្បាលម៉ាស៊ីនអូសទាញកំណើនសេដ្ឋកិច្ចជាតិ ការនាំចេញ អចលនវត្ថុនិងការចាយវាយក្នុងស្រុក វិស័យទាំងបីកំពុងរួញក្រញាញ់ទន្ទឹមពេលគ្នា។ នៅទីបំផុត ចិនមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំទាប ជាង៥% ជាកម្មវត្ថុកំណត់ដោយរដ្ឋាភិបាល។វិធានការរបស់រដ្ឋាភិបាលមិនគ្រប់គ្រាន់ឬគ្មានប្រសិទ្ធភាព?នៅចំពោះមុខស្ថានភាពសេដ្ឋកិច្ចអាប់អួរ គ្មានសន្ទុះដូចការព្យករ ប៉េកាំងមានចំណាត់ការយ៉ាងប្រុងប្រយ័ត្ននិងជ្រើសរើសប្រើវិធានការចោះៗ ជាជាងរៀបផែនការជាទ្រង់ទ្រាយធំនិងចំណាយច្រើន។ ដើម្បីជំរុញឱ្យមានការចាយវាយក្នុងស្រុកកំរើកឡើងវិញ ចិនបានប្រកាសវិធានការច្រើន ចំទិសដៅមួយៗ ដូចជា កាលពីខែកក្កដា ប៉េកាំងបានចេញវិធានការលើកស្ទួយការទិញឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះ និងឡានអាគុយ។ បន្ធូរបន្ថយពន្ធដល់គ្រួសារនិងក្រុមហ៊ុនណាដែលបានគាំទ្រវិស័យចាយវាយ។ធនាគារកណ្តាលចិនក៏ចូលរួមបំប៉នសកម្មភាពសេដ្ឋកិច្ច ដោយកាត់បន្ថយអត្រាការប្រាក់គោលពីរ ដើម្បីរុញច្រានធនាគារពាណិជ្ជកម្មឱ្យព្រមផ្តល់កម្ចីមានការប្រាក់ទាបបានច្រើនជាងមុន។ប៉ុន្តែគឺទើបតែសប្តាហ៍មុនប៉ុណ្ណោះដែល រដ្ឋាភិបាលបានចេញប្រកាសដ៏សំខាន់មួយសម្រាប់វិស័យអចលនវត្ថុ។ ក្រុងធំៗ ដូចជាប៉េកាំង សៀងហៃ កង់តុង បានបន្ធូរលក្ខខណ្ឌនៃការដាក់ផ្ទះប្រចាំដើម្បីខ្ចីលុយ។ អ្នកទិញផ្ទះជាលើកទីមួយ មានលទ្ធភាពទៅចរចាជាមួយធនាគារឡើងវិញ ដើម្បីបានទទួលការបញ្ចុះអត្រាការប្រាក់ខ្លះ។ប៉ុន្តែសេដ្ឋវិទូជាច្រើន គ្មានជំនឿលើផែនការចោះៗរបស់រដ្ឋាភិបាលនេះទេ។ បើតាមការិយាល័យសេដ្ឋកិច្ច Gavekal Dragonomics សេដ្ឋកិច្ចចិនមិនអាចងើបរួចឡើយបើទីផ្សារអចលនទ្រព្យមិនប្រសើរឡើងនោះ។ ការបន្ថយអត្រាការប្រាក់មិនអាចប្តូរផ្លាស់បញ្ហាដល់ឬសគល់ទេ ពលរដ្ឋចិនរង់ចាំទាល់តែផ្ទះចុះថ្លៃមែនទែនទើបទៅរកទិញ។ នេះបើតាមអ្នកវិភាគនៃការិយាល័យសេដ្ឋកិច្ចBCA។សម្រាប់អ្នកវិភាគនៅធនាគារអាមេរិក Goldman Sachsវិញ ស្ថានភាពសេដ្ឋកិច្ចមិនជាក់លាក់ ជាឧបសគ្គដ៏ចម្បងរារាំងមិនឱ្យមានសន្ទុះនៃចាយវាយទេ។ ជាទូទៅ ពលរដ្ឋត្រូវការសន្សំប្រាក់ជាងចាយវាយ ឬធ្វើវិនិយោគ។សេដ្ឋវិទូផ្តល់អនុសាសន៍យ៉ាងណា?អ្នកជំនាញសេដ្ឋកិច្ចបានផ្តល់អនុសាសន៍ស្របនិងដូចគ្នាក្នុងសំឡេងតែមួយ ឱ្យចិនរំញោចសេដ្ឋកិច្ច ពោលគឺត្រូវមានផែនការផ្តល់សន្ទុះពិតៗ។ ប៉ុន្តែរដ្ឋាភិបាលប៉េកាំង ហាក់ចចេសមិនធ្វើតាមការណែនាំនេះទេ។នៅចុងតាំងពីចុងឆ្នាំ២០០០ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ដែលចុះខ្សោយដោយវិបត្តិហិរញ្ញវត្ថុពិភពលោក ចិនបានចំណាយជាង៥០៦ពាន់លានអឺរ៉ូ។ ផែនការផ្តល់សន្ទុះដ៏មហាសាល បានជំរុញឱ្យមានការអភិវឌ្ឍយ៉ាងលឿនស្លេវរចនាសម្ព័ន្ធ (ផ្លូវថ្នល់ អាកាសយានដ្ឋាន ខ្សែរថភ្លើងល្បឿនលឿន ...)។ តែគម្រោងនោះហាក់ដូចជាអត់ប្រយោជន៍និងបំប៉ោងបំណុលរដ្ឋកាន់តែធំ។ បន្ទាប់ពីឆ្លងកាត់វិបត្តិកូវីដ១៩អស់បីឆ្នាំ ដែលបានបឺតស្រូបថវិកាអស់យ៉ាងច្រើនមហិមារ តាមរយៈនយោបាយបាយកូវីដសូន្យ រដ្ឋាភិបាលចិនមិនត្រូវការប្រើក្បួនចាស់ទេ។ តាំងពីឡើងកាន់អំណាចមក អាទិភាពចម្បងរបស់ប្រធានាធិបតីចិន លោក ស៊ីជីនពីង គឺដោះបំណុលជាតិ។ លោក ស៊ីជីនពីង ប្រឆាំងដាច់ខាតនឹងចំណាយដែលគ្មានការគ្រប់គ្រង៕
7-9-2023 • 5 minuten, 22 seconden ជំនួបកំពូលអាស៊ាន ក្នុងបរិបទវិបត្តិភូមា និងការប្ រជែងគ្នានៃមហាអំណាចធំៗ
ថ្នាក់ដឹកនាំក្រុមប្រទេសអាស៊ាន បានចាប់ផ្តើមជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ទី៥កញ្ញា នៅទីក្រុងចាកាតា។ សំណុំរឿងជាច្រើន ត្រូវបានគេលើកមកនិយាយគ្នា ដែលក្នុងនោះ គឺមានជាអាទិ៍ បញ្ហាជម្លោះដែនទឹក ក្នុងសមុទ្រចិនខាងត្បូង បញ្ហាសេដ្ឋកិច្ច និងជាពិសេសសំណុំរឿងភូមា ដែលថ្នាក់ដឹកនាំរបបសិក ត្រូវគេហាមឃាត់មិនឲ្យមានវត្តមាននៅក្នុងជំនួបកំពូលនេះ។ ការប្រជែងគ្នា រវាងចិន និងអាមេរិក ព្រមទាំងសំណុំរឿងកូរ៉េខាងជើង ដែលគំរាមសន្តិសុខស្ថិរភាពតំបន់ ក៏មិនទៅណាឆ្ងាយពីតុប្រជុំដែរ។ នៅថ្ងៃទី៦កញ្ញានេះ ថ្នាក់ដឹកនាំប្រទេសអាស៊ាន ជួបប្រជុំជាមួយថ្នាក់ដឹកនាំ ចិន កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក។ អាស៊ានប្រកាសអ្វីខ្លះ ស្តីពីបញ្ហាភូមា?នៅក្នុងសេចក្តីប្រកាសរួម ដែលទីភ្នាក់ងារព័ត៌មានបារាំង AFP បានអាន ថ្នាក់ដឹកនាំក្រុមប្រទេសអាស៊ាន បានហៅឲ្យភាគីភូមាទាំងអស់ ជាពិសេសរបបសិកភូមាតែម្តង ត្រូវតែបិទបញ្ចប់ឲ្យបាននូវអំពើហិង្សា និងត្រូវតែបញ្ឈប់ ការវាយប្រហារទាំងអស់ ដែលសំដៅទៅលើប្រជាជនស៊ីវីល ភូមិស្រុកផ្ទះសម្បែង សាលារៀន ផ្សារ មន្ទីរពេទ្យ និងទីកន្លែងសាសនាជាដើម។ទាក់ទិននឹងផែនការសន្តិភាពទាំង៥ចំណុច ដែលអាស៊ានបានចុះហត្ថលេខាជាមួយរបបសិកភូមា កាលពីឆ្នាំ២០២១វិញ គឺវាជាស្ថិតនៅលើផ្លូវទ័លច្រក។ នេះបើផ្អែកតាមការបញ្ជាក់ ពីសំណាក់លោកស្រី Retno Marsuda រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ដែលបានប្រាប់អ្នកសារព័ត៌មានក្រោយចេញពីកិច្ចប្រជុំនៅល្ងាចថ្ងៃអង្គារ។ លោកស្រី បញ្ជាក់ថា របបសិកភូមា មិនបានគោរពការសន្យាទាំង៥ចំណុចនេះទេ តែទោះជាយ៉ាងណា ផែនការនេះនៅតែមានសុពលភាពជាធរមានដដែល។ដោយឡែក ក្រុមប្រទេសអាស៊ាន បានសម្រេចថា នៅឆ្នាំ២០២៦ ប្រទេសភូមា នឹងមិនអាចធ្វើជាប្រធានវិលជុំអាស៊ានបានទេ។ ការងារនេះ នឹងត្រូវប្រគល់ទៅឲ្យប្រទេសហ្វីលីពីន។ យ៉ាងណាមិញ លោកប្រធានាធិបតីហ្វីលីពីន បានអះអាងកាលពីរសៀលថ្ងៃអង្គារ ថាប្រទេសលោកបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាប្រធានវិលជុំអាស៊ាន នៅឆ្នាំ២០២៦ ជំនួសឲ្យភូមា។ បើផ្អែកតាមមន្ត្រីទូតម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះ ការសម្រេចប្រគល់ការងារជាប្រធានវិលជុំទៅឲ្យហ្វីលីពីន ជំនួសឲ្យភូមានេះ គឺអាស៊ានមិនចង់ក្លាយជាចំណាប់ខ្មាំងនៃសំណុំរឿងភូមា ហើយធ្វើឲ្យដំណើរការប្រជុំលើសំណុំរឿងផ្សេងទៀត ត្រូវជាប់គាំងទាំងស្រុង។ប្រតិកម្មតបទៅនឹងសេចក្តីប្រកាសរបស់អាស៊ាន ដែលថ្កោលទោសខ្លួន រឿងវាយប្រហារទៅលើប្រជាជនស៊ីវីល របបសិកភូមាបានថ្លែងនៅព្រឹកថ្ងៃពុធ ទី៦កញ្ញា ថាសេចក្តីថ្លែងការណ៍នេះ មានលក្ខណៈ “ឯកតោភាគី” និង “លំអៀង”។ ក្រសួងការបរទេសភូមាបានចេញលិខិតមួយ ចុះផ្សាយដោយកាសែតរដ្ឋ Global New Light of Myanmar ដោយបានអំពាវនាវឲ្យអាស៊ាន ត្រូវគោរពគោលការគ្រិះនៃកតិកាសញ្ញាអាស៊ាន ដែលកំណត់អំពីការមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក។វិវាទដែនទឹកក្នុងសមុទ្រចិនខាងត្បូង នៅតែក្តៅពុះកញ្ជ្រោល?ក្រៅពីសំណុំរឿងភូមា សំណុំរឿងវិវាទដែនទឹក ក្នុងសមុទ្រចិនខាងត្បូងក៏ជាបញ្ហាធំផងដែរ ដែលប្រទេសអាស៊ានមួយចំនួនចង់ជជែក។ ប៉ុន្មានថ្ងៃមុនការបើកជំនួបកំពូលនេះ ចិនបានចេញផ្សាយនូវផែនទីផ្លូវការថ្មីមួយទៀត ដែលគូសវាសលើតំបន់សមុទ្រចិនខាងត្បូង។ យោងតាមផែនទីថ្មីនេះ តំបន់សមុទ្រចិនខាងត្បូងសឹងទាំងស្រុងគឺជាដែនកម្មសិទ្ធិរបស់ចិន ហើយបានធ្វើប្រទេសអាស៊ានខ្លះ ដូចជាវៀតណាម ហ្វីលីពីន ម៉ាឡេស៊ីជាដើម បង្ហាញការខឹងសម្បារភ្លាមដែរ។នៅថ្ងៃពុធទី៦កញ្ញា លោកនាយករដ្ឋមន្ត្រីចិន លី ឈាំង បានមានវត្តមាននៅក្នុងជំនួបកំពូល ជាមួយបណ្តាប្រទេសអាស៊ាន។ លោកបានថ្លែងថា ចិនមានកម្មវត្ថុរួមជាមួយបណ្តាប្រទេសអាស៊ាន គឺប្រឹងប្រែងការពារសន្តិភាព និងស្ថិរភាពតំបន់។ ដោយបានថ្លែងសរសើរអំពីទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មដ៏ស្អិតរមួត រវាងចិននឹងអាស៊ាន លោកនាយករដ្ឋមន្ត្រីចិនបានបន្ថែមថា ចិននឹងខំប្រឹងរកចំណុចប្រសព្វស្រុះស្រួលគ្នា ដោយទុកមួយឡែកនូវបញ្ហាវិវាទផ្សេងៗ។ លោកបន្តថា ដរាបណាយើងស្ថិតនៅលើផ្លូវដែលត្រឹមត្រូវ នោះទោះព្យុះសង្ឃរាណាក៏ដោយ ក៏មិនអាចមករំខានចំណងសហប្រតិបត្តិការ រវាងចិននិងអាស៊ានបានដែរ។គួរកត់សំគាល់ថា ថ្វីបើវិវាទអធិបតេយ្យភាពដែនទឹក ក្នុងសមុទ្រចិនខាងត្បូង នៅតែក្តៅគគុក រវាងចិននឹងប្រទេសអាស៊ានមួយចំនួនមែន តែបើកតាមការវិភាគ គឺក្រុមប្រទេសអាស៊ាន ទំនងជាមិនអាចរួមគ្នាប្រកាសថ្កោលទោស ឬបរិហារសកម្មភាពវាតទីរបស់ចិន ដោយចំៗបានទេ។ លោក Aleksius Jamadu អ្នកជំនាញកិច្ចការអន្តរជាតិ នៅសកលវិទ្យាល័យPelita Harapan ក្រុងចាកាតា បានលើកឡើងថា ក្នុងកាលៈទេសៈនេះ ក្រុមប្រទេសអាស៊ានត្រូវគិតការពារផលប្រយោជន៍សេដ្ឋកិច្ចច្រើនជាង ជាជាងការប្រឈមមុខជាមួយចិន។យ៉ាងណាក៏ដោយ ផ្អែកតាមប្រភពពីមន្ត្រីទូតខ្លះ ក្រុមប្រទេសអាស៊ាន បានសរសេរនៅក្នុងសេចក្តីព្រាង នៃសេចក្តីថ្លែងការណ៍រួម ដោយលើកឡើងពីការព្រួយបារម្ភ ទាក់ទិននឹងវិវាទដែនទឹក ក្នុងតំបន់សមុទ្រចិនខាងត្បូង។ ជាបញ្ហាដែលកើតឡើងដោយសកម្មភាពមួយចំនួនរបស់ចិន ដែលវាអាចបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង រំខានដល់សន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់។ ទាក់ទិននឹងបញ្ហានេះដែរ ក្រុមប្រទេសអាស៊ាន បានសន្យាគ្នាថាពីនេះដល់ឆ្នាំ២០២៦ នឹងចរចាសម្រេចឲ្យបាននូវ “បទដ្ឋានរួម” មួយដែលមានខ្លឹមសារ ឈានទៅកាត់បន្ថយបញ្ហាតានតឹង នៅតំបន់សមុទ្រចិនខាងត្បូង។អាស៊ានគួរប្រកាន់ជំហរបែបណា ចំពោះការប្រជែងគ្នារវាងមហាអំណាចធំៗ?ថ្ងៃពុធទី៦កញ្ញានេះដែរ ក្រុមប្រទេសអាស៊ាន ត្រូវចាប់ផ្តើមបើកជំនួបកំពូល អាស៊ាន+៣ ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង។ សំណុំរឿងកូរ៉េខាងជើង ក៏គឺជាចំណុចមួយសំខាន់ផងដែរ ខណៈសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ស្ថិតនៅក្នុងការគំរាមកំហែងជាប្រចាំ ដោយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ វត្តមានរបស់លោក ហ្វូមីអូ គីស្ហីដា នាយករដ្ឋមន្ត្រីជប៉ុន និងលោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយោល ដែលនឹងត្រូវជួបលោកនាយករដ្ឋមន្ត្រីចិននៅក្នុងកិច្ចប្រជុំនេះ ត្រូវគេរងចាំតាមដានជាខ្លាំង ដោយសារតែប្រមាណ១សប្តាហ៍កន្លងមកនេះ ជប៉ុនត្រូវបានប្រជាជនចិន និងកូរ៉េខាងត្បូង ចោទប្រកាន់ថ្កោលទោសយ៉ាងខ្លាំង រឿងបង្ហូរទឹកកាកសំណល់នុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ។កាលវិភាគបន្ទាប់ទៅទៀត គឺជំនួបកំពូលអាស៊ីខាងកើត ដែលមានទាំងអស់១៨ប្រទេស ក្នុងនោះគឺមាន ចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក និងរុស្ស៊ីផងដែរ។ គួរបញ្ជាក់ថា អាស៊ានស្ថិតនៅលើចំណុចកណ្តាល ប្រទាញប្រទង់គ្នា រវាងមហាអំណាចធំៗ គឺមានចិន រុស្ស៊ី និងសហរដ្ឋអាមេរិក មិនថាក្នុងសំណុំរឿងសេដ្ឋកិច្ចពាណិជ្ជកម្ម និងបញ្ហាភូមិសាស្ត្រនយោបាយ ដែលពាក់ព័ន្ធសន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល បញ្ហាតៃវ៉ាន់ និងសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែនជាដើម។ តាមការគ្រោងទុក លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក នឹងជួបគ្នាជាមួយលោកប្រមុខការទូតរុស្ស៊ី ស៊ែរហ្កី ឡាវរ៉ូវ នៅក្នុងវេទិកាតុមូលមួយ។ទាក់ទិននឹងការប្រជែងគ្នារវាងមហាអំណាចធំៗនេះ លោកចូកូ វីដូដូ ប្រធានាធិបទីឥណ្ឌូណេស៊ី ដែលជាប្រទេសម្ចាស់ផ្ទះ រៀបចំកម្មវិធីជំនួបកំពូលនេះ បានលើកឡើងកាលពីថ្ងៃអង្គារទី៥កញ្ញាថា ក្រុមប្រទេសអាស៊ាន ត្រូវតែមានការប្រុងប្រយ័ត្ន មិនត្រូវធ្វើខ្លួនឲ្យក្លាយជាអន្តរការី ឬជាកូនចៅរណបឲ្យមហាអំណាចណាមួយទាំងអស់។ លោកបន្តថា អាស៊ានត្រូវតែសហការជាមួយប្រទេសទាំងអស់ ដើម្បីសន្តិភាព និងការរីកចម្រើន៕
6-9-2023 • 7 minuten, 32 seconden ខ្យល់ពុល គឺជាការគំរាមដ៏គ្រោះថ្នាក់បំផុត មកលើអាយុជ ីវិតមនុស្សទូទាំងពិភពលោក
ខ្យល់ដកដង្ហើមកខ្វក់ ពោរពេញដោយល្អងធូលី សារធាតុពុល គឺជាការគំរាមដ៏គ្រោះថ្នាក់បំផុត មកលើអាយុជីវិតរបស់មនុស្ស នៅទូទាំងពិភពលោក។ នេះគឺជាការសន្និដ្ឋានជាក់ច្បាស់ នៅក្នុងរបាយការណ៍ថ្មីមួយ ធ្វើឡើងដោយអ្នកជំនាញនៃ វិទ្យាស្ថានគោលនយោបាយថាមពល នៃសកលវិទ្យាល័យឈីកាហ្គោ ហៅកាត់ថា EPIC ដែលទើបតែចេញផ្សាយ នៅថ្ងៃអង្គារទី២៩សីហា។ ជារៀងរាល់ថ្ងៃ មនុស្សម្នាក់ស្រូបខ្យល់ដកដង្ហើមចូលទៅក្នុងខ្លួន ចំនួនចន្លោះពី ២ម៉ឺន ទៅ ៣ម៉ឺន លីត្រខ្យល់។ ក្នុងខ្យល់គឺមាន ៩០% ជាអុកស៊ីសែន និងអាហ្សូត។ តែជាមួយគ្នានេះ ក្នុងខ្យល់ដកដង្ហើម មានលាយឡំទៅដោយសារធាតុពុល ល្អងធូលីផ្សេងៗ ដែលកើតចេញពីធម្មជាតិផង និងចេញពីសកម្មភាពរបស់មនុស្សផង។ គឺសារធាតុពុល និងល្អងធូលីទាំងនោះហើយ ដែលជាប្រភពគ្រោះថ្នាក់ដល់សុខភាព។ ផ្សែងពុលចេញពីយានជំនិះគ្រប់ប្រភេទ ល្អងធូលីកើតចេញពីសំណឹកកកិតនានា ផ្សែងពុលកើតចេញពីសកម្មភាពរោងចក្រផ្សេងៗ គឺសុទ្ធតែជាផ្សែងពុលដែលកើតចេញពីសកម្មភាពរបស់មនុស្ស ហើយដែលវាមកបង្កហានិភ័យដល់សុខភាពរបស់មនុស្សខ្លួនឯង។គ្រោះថ្នាក់អ្វីខ្លះ ដល់សុខភាព?យោងតាមរបាយការណ៍របស់ EPIC ខ្យល់ដកដង្ហើមពុល លាយឡំដោយល្អងធូលី វាបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរជាង ការជក់បារី ឬការសេពសុរាទៅទៀត។ ល្អងធូលី សារធាតុពុលទាំងនេះ គឺជាមូលហេតុបង្កើនហានិភ័យ ធ្វើឲ្យមនុស្សមានជំងឺសួត ខូចប្រព័ន្ធដកដង្ហើម មានជំងឺបេះដូង ជំងឺស្ទះឬដាច់សរសៃឈាម ព្រមទាំងជំងឺមហារីកថែមទៀត។ ផ្អែកតាមតួលេខរបស់អង្គការសុខភាពពិភពលោក ៣៦%នៃករណីមហារីកសួត គឺមានពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹងល្អងធូលី ក្នុងខ្យល់ដកដង្ហើម ចំណែកករណីដាច់ឬស្ទះសរសៃឈាម មាន៣៤% ហើយករណីជំងឺមហារីកវិញ មាន២៧%។យោងតាងអង្គការសុខភាពពិភពលោកដដែល មនុស្ស៩នាក់ ក្នុងចំណោម១០នាក់ នៅលើលោកយើងនេះ រស់នៅប្រចាំថ្ងៃប្រឈមនឹងខ្យល់ដកដង្ហើម ដែលមានកម្រិតសារធាតុពុល និងល្អងធូលី លើសពីកម្រិតអនុគ្រោះ កំណត់ដោយអង្គការសុខភាពពិភពលោក។ ជារៀងរាល់ឆ្នាំ មានមនុស្សស្លាប់ប្រមាណ៧លាននាក់ជាមធ្យម ដោយសារតែបញ្ហាខ្យល់ដកដង្ហើមកខ្វក់នេះ។ ពោលគឺ ប្រមាណ១២%នៃ ករណីស្លាប់មុនអាយុ នៅទូទាំងពិភពលោក។អ្នកជំនាញរបស់ EPIC បានលើកឡើងថា ផ្ទុយទៅវិញ បញ្ហាខ្យល់ដកដង្ហើមកខ្វក់ ហាក់មិនត្រូវបានមនុស្សទូទៅ ឬអាជ្ញាធររដ្ឋាភិបាល យកចិត្តទុកដាក់ប៉ុន្មាននោះទេ។ ថ្វីបើមានរបាយការណ៍ស្រាវជ្រាវជាញឹកញាប់ ដែលបញ្ជាក់អំពីគ្រោះថ្នាក់នៃខ្យល់ពុលក្នុងបរិយាកាស តែកញ្ចប់ថវិកាចំណាយ ដែលរដ្ឋត្រូវប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ មានតិចតួចខ្លាំងណាស់ បើប្រៀបធៀបទៅនឹង ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗទៀត។ យោងតាមរបាយការណ៍របស់ EPIC ប្រសិនបើគ្រប់ប្រទេសទាំងអស់ គោរពជាប្រចាំ នូវកម្រិតអនុគ្រោះអតិបរមា នៃល្អងធូលីក្នុងខ្យល់ដកដង្ហើម ដែលអង្គការសុខភាពភិភពលោកបានកំណត់ស្តង់ដារ នោះមនុស្សយើងអាចមានអាយុ រស់បាន ២,៣ឆ្នាំជាមធ្យមបន្ថែមទៀត ដោយផ្អែកលើតួលេខប្រមូលបាននៅឆ្នាំ២០២១។តំបន់ណាប្រឈមខ្លាំងជាងគេ ដោយបញ្ហាខ្យល់កខ្វក់?ក្នុងចំណោមតំបន់ទាំងអស់នៅជុំវិញផែនដី តំបន់អាស៊ីខាងត្បូង គឺជាតំបន់ ដែលប្រជាជនរស់នៅប្រឈមខ្លាំងបំផុត និងបញ្ហាខ្យល់កខ្វក់។ ប្រជាជនឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែសជាដើម ស្រូបខ្យល់ដកដង្ហើម ដែលមិនបរិសុទ្ធជាប្រចាំថ្ងៃ។ យោងតាមការស្រាវជ្រាវ ផលប៉ះពាល់មកលើសុខភាពរបស់មនុស្ស នៅតំបន់នេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ អំពីកក្តាគ្រោះថ្នាក់ នៃកម្រិតល្អងធូលីដែលក្រាសខ្លាំងក្នុងខ្យល់ ហួសពីកម្រិតអនុគ្រោះ។នៅបង់ក្លាដែស កម្រិតល្អងធូលីពុលក្នុងខ្យល់ មានចំនួនប្រមាណ ៧៤ μg/m3 ជាមធ្យម ខណៈដែលកម្រិតអនុគ្រោះអតិបរមា កំណត់ដោយអង្គការសុខភាពពិភពលោក គឺមានត្រឹមតែ ៥ μg/m3។ យោងតាមរបាយការណ៍ ប្រសិនបើអាជ្ញាធរបង់ក្លាដែស អាចចាត់វិធានការ ទាញទម្លាក់កម្រិតល្អងធូលី ឲ្យនៅត្រឹម ៥ μg/m3 នោះប្រជាជនបង់ក្លាដែស អាចមានអាយុរស់បាន ៦,៨ឆ្នាំបន្ថែមទៀត ជាមធ្យម។ទីក្រុងញូដេលី រដ្ឋធានីឥណ្ឌាវិញ តែងតែជាប់ចំណាត់ធ្នាក់សឹងជារៀងរាល់ឆ្នាំ ថាជាទីក្រុងដែលមានកម្រិតខ្យល់ពុលខ្លាំងបំផុត។ កម្រិតល្អងធូលីជាមធ្យមប្រចាំឆ្នាំនៅញូដេលី គឺមានរហូតដល់ ១២៦,៥ μg/m3។ ជាទូទៅ នោតាមទីក្រុងធំៗ ដែលមានប្រជាជនរស់នៅ ណែនណាន់តាន់តាប់ សកម្មភាពយានជំនិះចរាចរណ៍ និងសកម្មភាពរោងចក្រនានាជុំវិញទីក្រុង គឺជាកក្តាគួបផ្សំ បូកបន្ថែមជាមួយសីតុណ្ហភាពក្តៅខ្លាំង ដែលធ្វើឲ្យគុណភាពខ្យល់ដកដង្ហើមត្រូវធ្លាក់ចុះ។ដោយឡែក នៅប្រទេសចិនវិញ អ្នកជំនាញបានសង្កេតឃើញអំពីការប្រសើរឡើង គួរឲ្យត្រេកអរ ទាក់ទិននឹងគុណភាពខ្យល់ដកដង្ហើម នៅរវាង១០ឆ្នាំចុងក្រោយនេះ។ លោកស្រី Christa Hasenkopf នាយិកាផ្នែកគុណភាពខ្យល់ នៃវិទ្យាស្ថាន EPIC បានលើកឡើងថា កម្រិតខ្យល់ពុលនៅចិន បានចុះថយប្រមាណ ៤២,៣% រវាងពីឆ្នាំ២០១៣ ដល់២០២១។ តែយ៉ាងណា ក៏វានៅតែខ្ពស់ជាង៦ដង នៃកម្រិតអនុគ្រោះអតិបរមា កំណត់ដោយអង្គការសុខភាពពិភពលោកដែរ។ ប្រសិនបើការប្រសើរឡើងនេះ នៅតែបន្តទៅមុខ នោះប្រជាជនចិន អាចមានអាយុរស់បាន ២,២ឆ្នាំបន្ថែមទៀត។គោលនយោបាយសុខភាពសាធារណៈលោកស្រី Christa Hasenkopf បានបញ្ជាក់ថា ជាទូទៅ គឺគុណភាពខ្យល់ មានគម្លាតគ្នាខ្លាំងណាស់ រវាងតំបន់ឬប្រទេសដែលមានកម្រិតពុលខ្លាំង និងប្រទេសឬតំបន់ដែលអាជ្ញាធរយកចិត្តទុកដាក់ ប្រយុទ្ធប្រឆាំង ចាត់វិធានការជាប្រចាំ។ ពោលគឺ អាជ្ញាធររដ្ឋ ត្រូវតែមានគោលនយោបាយអាទិភាព ចំណាយប្រាក់ ចាត់វិធានការនានា ដើម្បីការពារគុណភាពខ្យល់ កាត់បន្ថយការបញ្ចេញផ្សែងពុលនិងល្អងធូលី ទៅក្នុងខ្យល់បរិយាកាស។ វាគឺជាផែនការគោលនយោបាយសុខភាពសាធារណៈ មិនខុសពីការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗនោះទេ។ តែវាជាគោលនយោបាយ ដែលប្រទេសក្រីក្រនៅអាស៊ី ឬនៅអាហ្វ្រិក មិនអាចមានលទ្ធភាពចំណាយនោះឡើយ។នៅសហរដ្ឋអាមេរិក កម្មវិធីនយោបាយរបស់រដ្ឋាភិបាលសហព័ន្ធ កំណត់ដោយ Clean Air Act បានជួយធ្វើឲ្យ កម្រិតខ្យល់ពុលដកដង្ហើម បានថយចុះដល់ទៅ ៦៤,៩% គិតចាប់ពីឆ្នាំ១៩៧០មក។ គោលនយោបាយដ៏ល្អនេះ បានធ្វើឲ្យប្រជាជនអាមេរិក មានអាយុកើនវែង បាន ១,៤ឆ្នាំ ជាមធ្យម។ ដូចគ្នាដែរ នៅតាមបណ្តាប្រទេសអឺរ៉ុប គុណភាពខ្យល់ដកដង្ហើម ត្រូវបានអាជ្ញាធររដ្ឋយកចិត្តទុកដាក់ កាន់តែខ្លាំងឡើង ថ្វីបើវានៅតែមានគម្លាតគ្នា រវាងក្រុមប្រទេសអឺរ៉ុបខាងកើត និងអឺរ៉ុបខាងលិច។ភ្លើងឆេះព្រៃប៉ុន្មានឆ្នាំចុងក្រោយនេះ ករណីភ្លើងឆេះព្រៃក្នុងទំហំធំមហាសាល នៅតាមបណ្តាប្រទេសនានា បានរិតតែបន្ថែមធ្វើឲ្យគុណភាពខ្យល់ដកដង្ហើម កាន់តែធ្លាក់ចុះ បើទោះបីមានការប្រឹងប្រែងរៀបចំគោលនយោបាយរដ្ឋ ដើម្បីកាត់បន្ថយខ្យល់ពុលក៏ដោយ។ បម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត គ្មានភ្លៀង ក្តៅហួតហែត បានបង្កឲ្យមានករណីភ្លើងឆេះព្រៃកាន់តែញឹកញាប់។ ជាក់ស្តែង នៅសហរដ្ឋអាមេរិក មហាភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា កាលពីឆ្នាំ២០២១ បានធ្វើឲ្យកម្រិតល្អងធូលីក្នុងខ្យល់ បានឡើងលើសកម្រិតអនុគ្រោះអតិបរមា ដល់ទៅ៥ដង។ឆ្នាំ២០២៣នេះ ភ្លើងបានលេបត្របាក់ព្រៃឈើ រាប់សិបម៉ឺនហិកតា នៅប្រទេសក្រិក នៅអេស្ប៉ាញ និងព័រទុយហ្កាល់។ ហើយបច្ចុប្បន្ន កាណាដាកំពុងតែប្រយុទ្ធយ៉ាងលំបាកលំបិន ជាមួយនឹងភ្លើងឆេះព្រៃដែលកាន់តែរីកធំទៅៗ។ ខេត្តកាបិក និងខេត្តអុងតារីយ៉ូ របស់កាណាដា ព្រមទាំងរដ្ឋមួយចំនួននៅភាគខាងកើតសហរដ្ឋអាមេរិក កំពុងតែរងឥទ្ធិពលអាក្រក់ដោយសារបញ្ហាភ្លើងឆេះព្រៃនេះ ធ្វើឲ្យមានផ្សែងពុលល្អងធូលី ក្រាសឃ្មឹកក្នុងខ្យល់បរិយាកាស៕
29-8-2023 • 8 minuten, 5 seconden ឥណ្ឌាក្លាយជាប្រទេសដំបូងគេ ដែលបានចុះចតដោយ ជោគជ័យនៅខាងត្បូងព្រះចន្ទ
៣ថ្ងៃបន្ទាប់ពីបរាជ័យរបស់រុស្ស៊ី មិនអាចចុះចតយាន Luna-25 នៅលើព្រះចន្ទ យានChandrayaan-3 របស់ឥណ្ឌាបានចុះចតដោយជោគជ័យ នៅអឌ្ឍគោលខាងត្បូងនៃព្រះចន្ទ។ វាគឺជាមោទនភាពដ៏ធំក្រៃលែង សម្រាប់ឥណ្ឌា ដើម្បីអាចឈានជើងចូលទៅក្នុងចំណោមប្រទេសមួយក្តាប់តូច ដែលអាចមានសមត្ថភាពកំពូល ក្នុងបច្ចេកវិទ្យាស្រាវជ្រាវអវកាស។ យាន Chandrayaan-3 ត្រូវបានបាញ់ចេញពីមូលដ្ឋានអវកាសឥណ្ឌា Sriharikota ក្នុងរដ្ឋឥន្ទ្រាប្រាដេស កាលពីថ្ងៃទី១៤កក្កដា ហើយត្រូវចុះចតនៅលើព្រះចន្ទ នៅថ្ងៃទី២៣សីហា។ ចំណាយពេលហោះយូរ ទំរាំទៅដល់ព្រះចន្ទបាញ់ចេញពីផែនដី កាលពីថ្ងៃទី១៤កក្កដា យាន Chandrayaan-3 ត្រូវចុះចតនៅព្រះចន្ទ នៅថ្ងៃទី២៣សីហា វេលាម៉ោងប្រមាណជាង៦ល្ងាច ម៉ោងនៅឥណ្ឌា ត្រូវនឹងម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ម៉ោងសកល។ ពោលគឺការធ្វើដំណើរត្រូវចំណាយពេល ចំនួន៤១ថ្ងៃ។ ជារយៈពេលយូរខ្លាំង បើប្រៀបធៀបទៅនឹងយានរបស់បេសកកម្ម Apollo របស់សហរដ្ឋអាមេរិក កាលពីជំនាន់ទសវត្សឆ្នាំ ៦០-៧០ ដែលយានគេ បានចំណាយពេលធ្វើដំណើរ ត្រឹមតែប៉ុន្មានថ្ងៃ។វាគឺជាជម្រើសបច្ចេកទេសរបស់ឥណ្ឌា ដែលស្ថាបនាយាន Chandrayaan-3 នេះឡើង ឲ្យមានកម្លាំងល្បឿនខ្សោយល្មម។ យោងតាមអ្នកជំនាញអវកាសឥណ្ឌា បន្ទាប់ពីហោះចេញពីផែនដី Chandrayaan-3 ត្រូវហោះជុំវិញផែនដី ចំនួនប្រមាណ ៥ទៅ៦ជុំ ជាមុនសិន មុននឹងពេញកម្លាំងល្បឿនដល់ចំណុច ដើម្បីហោះតម្រង់ ឆ្ពោះទៅកាន់ព្រះចន្ទ ដែលត្រូវចំណាយពេលប្រមាណ១ខែ ទំរាំដល់ពេលចុះចត។យាន Chandrayaan-3 ត្រូវបានស្ថាបនាដោយ អង្គភាពឥណ្ឌាដើម្បីការស្រាវជ្រាវអវកាស ហៅកាត់ថា ISRO។ យាននេះ ត្រូវហោះនាំយក យានចុះចតមួយ ឈ្មោះថា Vikram ជាភាសាសំស្ក្រឹត ប្រែមកថាវិក្រម ឬអង់អាចក្លាហាន និងកូនយានរ៉ូបូចល័តមួយទៀត ឈ្មោះ Pragyan ប្រែមកថា ប្រាជ្ញា។ កាលពីថ្ងៃទី១៧សីហា យាន Chandrayaan-3 បានឆ្លងផុតដំណាក់កាលដ៏សំខាន់ ដោយបានហោះចូលកៀកទៅជុំវិញព្រះចន្ទ ហើយបានផ្តាច់យានចុះចត Vikram ព្រមទាំងបានថតរូបភាព លំហផ្ទៃដីព្រះចន្ទ ដើម្បីពិនិត្យមើលអំពីសណ្ឋានដី ស្វែងរកទីតាំងចុះចត ដែលអំណោយផលបំផុត។បេសកកម្ម Chandrayaan-3 របស់ឥណ្ឌា ចំណាយប្រាក់តិចបំផុតផ្អែកតាម ISRO បេសកកម្ម Chandrayaan-3 របស់ឥណ្ឌា ចំណាយប្រាក់ប្រមាណ ៦១៥០លានរូពី ដែលស្មើត្រឹមតែ ជាង៧៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ បើប្រៀបធៀបទៅ បេសកកម្ម យាន Chandrayaan-2 ដែលបានបរាជ័យ លើកនេះឥណ្ឌាចំណាយប្រាក់តិចជាងសឹងតែ១ទ្វេជា២។ ហើយបើប្រៀបធៀបទៅបេសសកម្មអវកាសរបស់ប្រទេសធំៗឯទៀត គឺឥណ្ឌាចំណាយប្រាក់អស់តិចខ្លាំងណាស់ ដែលនេះ វាសបញ្ជាក់ថា វិស័យបច្ចេកវិទ្យាអវកាសឥណ្ឌា មានលក្ខណៈរិះថាំសន្សំសំចៃ មិនសម្បើមហួសហេតុ។យោងតាមអ្នកជំនាញក្នុងវិស័យអវកាស គឺឥណ្ឌាអាចមានលទ្ធភាព ទាញខ្ទង់ចំណាយមិនឲ្យឡើងខ្ពស់ ដោយសារតែជំនាញបច្ចេកទេស កែច្នៃយកមកប្រើប្រាស់ឡើងវិញ នូវសម្ភារៈមួយចំនួន ព្រមទាំងការសម្របសម្រួល យកបច្ចេកវិទ្យាអវកាស ដែលមានស្រាប់ យកមកឆ្នៃប្រឌិតបន្ថែម។ ជាងនេះទៀត ឥណ្ឌាសំបូរអ្នកជំនាញបច្ចេកវិទ្យា ដែលមានសមត្ថភាពខ្ពស់ខ្លាំងៗណាស់ ហើយមិនចាំបាច់ចំណាយប្រាក់ខែខ្ពស់កប់ពពក ដូចនៅប្រទេសផ្សេងនោះទេ។អ្វីទៅជាកម្មវត្ថុនៃបេសកកម្ម របស់យាន Chandrayaan-3?តាមការគ្រោងទុក យានVikram នឹងត្រូវចុះនៅតំបន់អឌ្ឍគោលខាងត្បូង នៃព្រះចន្ទ។ ពោលគឺជាលើកទីមួយហើយ ដែលមានបេសកកម្ម ចុះចតយាននៅទីនោះ។ ផ្អែកតាម ISRO កម្មវត្ថុធំមួយនៃបេសកកម្មនេះ គឺបច្ចេកទេសចុះចតដោយសន្សឹម ថ្នមបំផុត ព្រោះថាឥណ្ឌាធ្លាប់បានបរាជ័យម្តងហើយ កាលពីឆ្នាំ២០១៩ ជាមួយនឹងបេសកកម្មយាន Chandrayaan-2។ អ្នកជំនាញអវកាសឥណ្ឌាអះអាងថា គេបានទាញបទពិសោធន៍ច្រើនណាស់ ពីបរាជ័យលើកមុន។ ដោយឡែក យាន Chandrayaan-3 បន្ទាប់ពីផ្តាច់ទម្លាក់យានចុះចត Vikram ហើយ គឺនឹងបន្តដំណើររាប់ខែរាប់ឆ្នាំទៅមុខមុខទៀត នៅក្នុងលំហអវកាស ដើម្បីស្រាវជ្រាវ អំពីភពផ្សេងៗទៀតនៅក្នុងចក្រវាឡ ចេញឆ្ងាយពីប្រព័ន្ធព្រះអាទិត្យ។នៅអឌ្ឍគោលខាងជើងនៃព្រះចន្ទ រ៉ូបូចល័ត Pragyan នឹងធ្វើដំណើរស្រាវជ្រាវពេញមួយថ្ងៃនៃព្រះចន្ទ ដែលស្មើនឹង១៤ថ្ងៃនៃភពផែនដី។ នៅទីនោះ អ្នកវិទ្យាសាស្ត្រឥណ្ឌា មានបំណងស្រាវជ្រាវអំពី សណ្ឋានដី ស្រទាប់និងល្បាយរ៉ែដែលផ្សំនៅក្នុងដី ព្រមទាំងសកម្មភាពរំញោជរំជួយក្នុងស្រទាប់ដីនៅតំបន់នោះ។ ហើយអ្វីជាពិសេសនោះ គឺការស្រាវជ្រាវរកភស្តុតាង អំពីទឹកកកនៅតំបន់នោះ។ តំបន់អឌ្ឍគោលខាងត្បូងនៃព្រះចន្ទ ជាតំបន់ដែលមានការស្រាវជ្រាវតិចបំផុត។ទីភ្នាក់ងារអវកាស Nasa របស់អាមេរិក និងទីភ្នាក់ងារអវកាសផ្សេងៗទៀត ធ្លាប់បានអះអាងថា គេបានរកឃើញនូវ សំណាកទឹកដែលកករឹង នៅតាមរណ្តៅខូងមួយចំនួន នៅតំបន់ខាងត្បូងព្រះចន្ទ ដោយសារតំបន់នេះ មិនស្ថិតនៅចំពន្លឺព្រះអាទិត្យ។ ទឹកកកទាំងនោះ អាចជាប្រភពនៃថាមពល អាចផ្តល់ជាអុកស៊ីសែន ព្រមទាំងទឹកបរិភោគ សម្រាប់បេសកកម្មបញ្ជូនមនុស្ស ទៅថ្ងៃអនាគត។ ទីភ្នាក់ងារអវកាសជាច្រើន កំពុងសិក្សាគម្រោង កសាងមូលដ្ឋានអវកាសនៅលើព្រះចន្ទ ដោយបញ្ជូនមនុស្សទៅប្រចាំការនៅទីនោះដោយផ្ទាល់។មហិច្ឆតាភូមិសាស្ត្រនយោបាយរបស់លោកម៉ូឌីឥណ្ឌាគឺជាប្រទេសអាស៊ីដំបូងគេបង្អស់ ដែលបានបាញ់បង្ហោះដោយជោគជ័យ នាំយកផ្កាយរណប ទៅកាន់គន្លងតារាវិថីនៃភពព្រះអង្គារ កាលពីឆ្នាំ២០១៤។ ៣ឆ្នាំក្រោយមក ឥណ្ឌា បានបង្ហោះ បញ្ជូនផ្កាយរណប ចំនួនដល់ទៅ១០៤គ្រឿង ក្នុងបេសកកម្មតែមួយ។ ហើយនៅរវាងឆ្នាំ២០២៤ខាងមុខ ក្រុមអ្នកជំនាញអវកាសឥណ្ឌា គ្រោងបើកបេសកកម្ម បាញ់បង្ហោះយាននាំមនុស្សទៅជាមួយ ទៅកាន់គន្លងតារាវិថីរបស់ផែនដី រយៈពេល៣ថ្ងៃ។កាលពីឆ្នាំ២០១៩ លោកណារិនដ្រា ម៉ូឌី បានប្រកាសថា ឥណ្ឌាបានក្លាយជាមហាអំណាចអវកាស បន្ទាប់ពីបានបាញ់កម្ទេចផ្កាយរណបទាបមួយ ដោយប្រើមីស៊ីល។ បច្ចុប្បន្ន វិស័យអវកាសឥណ្ឌាមានចំណែកប្រមាណ២% នៃទីផ្សារអវកាសពាណិជ្ជកម្មពិភពលោក។ ជាចំណែកដែលឥណ្ឌាកំពុងប្រឹងប្រែងបង្កើន និងទាក់ទាញអតិថិជន តាមរយៈតម្លៃចំណាយថោក ជាងប្រទេសផ្សេងៗ។ តែទន្ទឹមគ្នានេះ ឥណ្ឌាក៏រងការរិះគន់មិនស្ទើដែរ អំពីកាកសំណល់អវកាស ដែលកើតចេញពីសកម្មភាពបាញ់បង្ហោះដ៏ញឹកញាប់របស់ខ្លួន។គិតមកត្រឹមពេលនេះ គឺមានតែ អាមេរិក រុស្ស៊ី និងចិនប៉ុណ្ណោះ ដែលបានចុះចតបានជោគជ័យនៅលើឋានព្រះចន្ទ ដែលស្ថិតនៅចំងាយ ៣៨៤៥០០គីឡូម៉ែត្រ ពីផែនដី។ ក្រៅតែពីកម្មវត្ថុវិទ្យាសាស្ត្រ បេសកកម្មទៅព្រះចន្ទ គឺជានិម្មិតរូបធំណាស់ នៃឧត្តមភាពរបស់ប្រទេសឥណ្ឌា ដែលកំពុងប្រកាសខ្លួនជាមហាអំណាចមួយនឹងគេ។ វាគឺជាមហិច្ឆតា ដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី។ ឧត្តមភាពរបស់ឥណ្ឌា ក្នុងវិស័យអវកាស ក៏គឺជាកត្តាប្រមែរប្រមូល រួបរួមជាតិមួយដ៏សំខាន់ដែរ ក្រោមដំបូលដឹកនាំរបស់លោក ណារិនដ្រា ម៉ូឌី ព្រោះថាឥណ្ឌា គឺជាប្រទេសដ៏ធំ មានរដ្ឋជាច្រើន មានភាពចម្រុះ ទាំងជនជាតិនិងសាសនា។ យាន Chandrayaan-3 ឈានទៅដល់ភពព្រះចន្ទ គឺប្រជាជាតិឥណ្ឌាមួយទាំងមូល ដែលឈានជើងដល់ឋានព្រះចន្ទ៕
23-8-2023 • 7 minuten, 40 seconden កាណាដាជម្លៀសពលរដ្ឋមួយក្រុងYellowknife គេចពីគ្រោះ ភ្លើងឆេះព្រៃ
នៅក្រុងយេឡូណាយ Yellowknife ក្រុងដ៏ធំជាងគេបំផុតនៅតំបន់ភាគខាងជើងដែលស្ថិតនៅចម្ងាយប្រមាណតែ៥០០គីឡូម៉ែត្រពីតំបន់ប៉ូលអាកទិក ពលរដ្ឋបានទទួលបញ្ជាឱ្យចាកចេញពីសម្បែង ដើម្បីគេចពីគ្រោះភ្លើងឆេះព្រៃ។ អាជ្ញាធរបានប្រកាសដាក់ដែនដីប៉ែកពាយ័ព្យ(ខាងជើងឆៀងខាងលិច) ក្នុងភាពអាសន្នភ្លើងឆេះ និងបានជម្លៀសពលរដ្ឋចេញតាំងពីប៉ុន្មានថ្ងៃមកហើយ។ ជាសរុប មានភ្លើងព្រៃជាង២៣០កំពុងបន្តឆេះយ៉ាងសកម្មនៅក្នុងតំបន់ខាងជើងកាណាដានេះ។ ហេតុអ្វីការជម្លៀសពលរដ្ឋជួបការលំបាកខ្លាំង?"ជាសំណាងអាក្រក់ ស្ថានភាពភ្លើងឆេះព្រៃកាន់តែសន្ធោសន្ធៅ និងកំពុងកំរិលយ៉ាងលឿនមកគំរាមកំហែងក្រុង Yellowknife យ៉ាងខ្លាំង" នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងបរិស្ថានដែនដីពាយ័ព្យកាណាដា ដោយបញ្ជាឱ្យប្រជាពលរដ្ឋទាំងអស់ (ជាង២ម៉ឺននាក់)ចាកចេញពីក្រុងYellowknife ឱ្យមុនថ្ងៃសុក្រថ្ងៃត្រង់ និងមិនអាចបង្អង់រហូតដល់ចុងសប្តាហ៍បានទេ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថាក្នុងពេលភ្លាមៗនេះ ក្រុងយេឡូណាយ គ្មានគ្រោះថ្នាក់ផ្ទាល់ទេ ប៉ុន្តែបើគ្មានភ្លៀងធ្លាក់មកទេ ភ្លើងព្រៃនឹងមកដល់ជាយក្រុង នៅចុងអាទិត្យនេះ។ បើចាំដល់ចុងសប្តាហ៍ចាប់រត់ នោះគេអាចនឹងមានគ្រោះថ្នាក់ដល់ខ្លួនផ្ទាល់ផង និងដល់អ្នកដទៃផង។ ភ្លើងព្រៃបានរំកិលយ៉ាងលឿន និងស្ថិតនៅចម្ងាយប្រមាណតែ១៧គីឡូម៉ែត្រពីក្រុងប៉ុណ្ណោះ។ អាជ្ញាធរបានប្រកាសដាក់តំបន់ពាយ័ព្យក្នុងភាពអាសន្នភ្លើងឆេះព្រៃតាំងពីថ្ងៃអង្គារមក។ដើម្បីចេញពីតំបន់ភាគខាងជើងរងគ្រោះ ពលរដ្ឋអាចធ្វើដំណើរតាមច្រកផ្លូវតែមួយគត់ ដែលបើកឱ្យធ្វើចរាចរណ៍សម្រាប់ចុះទៅក្រុងតូចធំៗ ភាគខាងត្បូងនៃតំបន់។ ប៉ុន្តែដងផ្លូវនោះក៏ត្រូវគំរាមកំហែងដោយភ្លើងព្រៃដែរ។ ជាងនេះទៅទៀត តំបន់ភាគខាងជើងកាណាដាដែលមាន Yellowknife ជាក្រុងដ៏ធំចម្បងគេនេះ មានផ្ទៃដីធំខ្លាំងណាស់-ធំជាងប្រទេសបារាំងពីរដង- និងមានប្រជាពលរដ្ឋរស់នៅដាច់ឆ្ងាយៗពីគ្នា។ គម្លាតពីភូមិមួយទៅភូមិមួយអាចមានចម្ងាយជាច្រើនរយគីឡូម៉ែត្រ ជាភាពស្មុគស្មាញបន្ថែមមួយកំរិតទៀត។ ហេតុដូច្នេះហើយបានជាប្រមុខរដ្ឋាភិបាលកាណាដា លោក ទ្រូដូ បានប្រកាសបញ្ចេញកងកម្លាំងយោធាទៅជួយប្រជាជននៅតំបន់រងគ្រោះ និងដើម្បីសម្រួលប្រតិបត្តិការជម្លៀសតាមផ្លូវអាកាស។ភ្លើងព្រៃកំពុងគំរាមកំហែងទូទាំងប្រទេស?ជាសរុប មានពលរដ្ឋជិត១៦៨០០០នាក់ហើយដែលត្រូវជម្លៀសចេញដែនដីតំបន់ភាគខាងជើង គិតចាប់តាំងពីចូលរដូវភ្លើងឆេះព្រៃមក។ កាណាដាកំពុងប្រឈមនឹងគ្រោះភ្លើងឆេះព្រៃ យ៉ាងច្រើន និងធ្ងន់ធ្ងរបំផុតមិនធ្លាប់ប្រទះពីមុនមកទេ។ បើតាមអាជ្ញាធរកាណាដា មានភ្លើងព្រៃចំនួន២៣០កន្លែងកំពុងឆេះយ៉ាងសកម្មនៅតំបន់ភាគខាងជើង។ ចំណែកខេត្តកូឡុំប៊ីប្រីតានិចភាគខាងលិចប្រទេស ក៏កំពុងរងគ្រោះភ្លើងឆេះព្រៃយ៉ាងធ្ងន់ធ្ងរដែរ ជាមួយនឹងសីតុណ្ហភាពឡើងដល់ជាង៤០អង្សាជាលើកទីមួយទៀត នៅថ្ងៃអង្គារម្សិលម្ង៉ៃ។ ជារួម កាណាដារាប់ឃើញមានភ្លើងព្រៃជាង១ពាន់កន្លែង នៅទូទាំងប្រទេសពីកើតទៅលិច។ក្រុមពន្លត់អគ្គិភ័យកំពុងប្រយុទ្ធតតាំងនឹងភ្លើងព្រៃដែលបានលេបត្របាក់ព្រៃអស់ជាង១៣លានហិចតារ និងបញ្ចេញឧស្ម័នកាបូនិក២៩០មេហ្កាតោនហើយគិតត្រឹមចុងខែកក្កដានេះទល់នឹង១៣៨មេហ្កាតោនកាលពីឆ្នាំ២០១៤ដែលជាប់បញ្ជីជាឆ្នាំកាណាដាបញ្ចេញផ្សែងពុលច្រើនបំផុត។ ពោលគឺ២០២៣បានបំបែកឯតទគ្គកម្មចាស់ដល់ពីរដងទាំងខាងបាត់បង់ព្រៃនិងបញ្ចេញផ្សែងពុល ដោយភ្លើងឆេះព្រៃ។ហេតុអ្វីកាណាដាជួបគ្រោះភ្លើងឆេះព្រៃធ្ងន់ធ្ងរខ្លាំង?ភ្លើងឆេះព្រៃតែងតែកើតមានជាធម្មតា នៅកាណាដា នៅរដូវក្តៅ ចាប់ពីខែ កក្កដា រហូតដល់ខែតុលា ដោយបាតុភូតធម្មជាតិ រន្ទះបាញ់ បូកផ្សំនឹងអាកាសធាតុស្ងួតហួតហែង។ នេះមិនមែនជាលើកទីមួយទេ ដែលកាណាដារងអគ្គិភ័យដ៏កំណាចៗខ្លាំងនោះ។ កាលពីឆ្នាំ២០១៦ ភ្លើងព្រៃFort Mcmurray នៅក្នុងខេត្តអាល់ប៊ែរតាដដែល ឆេះរយៈពេល១៥ខែទម្រាំពន្លត់បាន ត្របាក់យកព្រៃអស់៥៨៩៥គីឡូម៉ែត្រការ៉េ និងជំរុញឱ្យមានការជម្លៀសប្រជាពលរដ្ឋជិត១សែននាក់ដែរ ជាមួយនឹងការខូតខាតអស់ប្រមាណ១០ពាន់លានដុល្លារ។ប៉ុន្តែ អ្វីដែលខុសពីប្រក្រតី គឺពេលវេលា និងចំនួនភ្លើងឆេះព្រៃ។ ឆ្នាំនេះកាណាដា រងគ្រោះភ្លើងឆេះព្រៃ ឆាប់ជ្រុល តាំងពីពាក់កណ្តាលខែឧសភា និងក្នុងបរិមាណដ៏ច្រើនហើយកំណាចខ្លាំងទៀត។ ហេតុអ្វី?បើតាមអ្នកជំនាញអាកាសធាតុ ព្រោះតែហេតុផលច្រើន។ ទីមួយគឺទីតាំងភូមិសាស្ត្ររបស់ប្រទេសកាណាដា។ កាណាដាងាយជួបអាកាសធាតុក្តៅខ្លាំងជ្រុល ដោយសារស្ថានភាពភូមិសាស្ត្រជាដីវាលទំនាបធំដាច់កន្ទុយភ្នែកនិងខ្ពង់រាបបែរស្របទិសជើងត្បូងដែលមិនអាចខ្ទប់ខ្យល់ក្តៅបក់ត្រង់ឡើងមកពីឈូងសមុទ្ទម៉ិចស៊ិកបានទេ ហើយក៏មិនអាចទប់ខ្យល់ត្រជាក់បក់ចុះមកពីតំបន់អាកទិកបានដែរ។ ខ្យល់ក្តៅនិងខ្យល់ត្រជាក់ ជល់គ្នានិងខុសសីតុណ្ហភាពគ្នាខ្លាំងពេក បង្កើតឱ្យមានបាតុភូតធម្មជាតិជាច្រើនដូចជាព្យុះ ភ្លៀង ឬរលកក្តៅកម្តៅ និងភាពរាំងស្ងួតខ្លាំង ព្រមទាំងបាតុភូតខ្យល់កួច។សីតុណ្ហភាពនិងការប្រែប្រួលអាកាសធាតុជាមួយហេតុចម្បងមួយទៀត។ កាណាដា ជាតំបន់ដែលឆាប់ក្តៅខ្លាំងជាងគេ បើប្រៀបធៀបនឹងតំបន់ផ្សេងទៀត នៅលើផែនដី។ ជាក់ស្តែងរដូវក្តៅនេះ តាំងពីខែឧសភាមក សីតុណ្ហភាពនៅកាណាដាបានឡើងក្តៅខ្លាំងដល់ជាង៣១អង្សារនាថ្ងៃទី៤ឧសភានៅតំបន់ខាងជើង និងជាង៤០អង្សាជាលើកទីមួយ នៅខេត្តកូឡុំប៊ីអង់គ្លេសរបស់កាណាដាកាលពីថ្ងៃអង្គារម្សិលម្ង៉ៃ។ ជាសីតុណ្ហភាពខ្ពស់បំបែកឯតទគ្គកម្ម មិនមែនមួយអង្សាទេ តែឡើងលើសដល់ទៅ៤-៥អង្សាឯណោះ។ បើសីតណ្ហភាពឡើងក្តៅខ្លាំង ព្រៃកាន់តែងាយឆេះ។ ម្យ៉ាងវិញទៀត បើតាមអ្នកវិទ្យាសាស្ត្រ ការប្រែប្រួលអាកាសធាតុជាកត្តាបន្ថែមនាំឱ្យបាតុភូតក្តៅនិងភ្លើងឆេះព្រៃកើតមានកាន់តែច្រើន កាន់តែយូរ និងកាន់តែកំណាច។ ដោយហេតុតែការប្រែប្រួលអាកាសធាតុ រដូវភ្លើងឆេះព្រៃកាណាដានឹងអូសបន្លាយពេលវែង ដោយរដូវផ្ការីកឆាប់មកដល់ ឯរដូវស្លឹកជ្រុះក្រចាប់ផ្តើម។ ដូច្នេះភ្លើងពិតជាមានឱកាសឆេះបានយូរ។ នេះបើតាមអ្នកជំនាញនៅវិទ្យាស្ថាននយោបាយថាមពលនិងបរិស្ថាននៃសកលវិទ្យាល័យQueens កាណាដា៕
17-8-2023 • 5 minuten, 40 seconden ចិនធ្លាក់ក្នុងវិបត្តិបរិត្តផរណាជាលើកទីមួយ ច ាប់ពីឆ្នាំ២០២១
ក្នុងខណៈដែលប្រទេសជាទូទៅ មានអាទិ៍សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបកំពុងប្រយុទ្ធប្រឆាំងនឹងបញ្ហាអតិផរណា (ប្រមាណ៣ទៅ៥%)នៅថ្ងៃពុធទី ៩សីហានេះ មហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរពិភពលោកបានធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណាជាផ្លូវការ។ សន្ទស្សន៍តម្លៃទំនិញនៅចិនបានចុះថ្លៃ០,៣% នៅខែកក្កដា។ នេះជាដំណឹងមិនល្អទេសម្រាប់ពិភពលោក និងដែលបញ្ជាក់ថាសេដ្ឋកិច្ចចិនកំពុងត្រដ។ ហេតុអ្វីបញ្ហាបរិត្តផរណាមិនមែនជាដំណឹងល្អ?ដោយហេតុតែតម្រូវការក្នុងស្រុកមិនសកម្មដែលបង្កឱ្យសេដ្ឋកិច្ចពិបាកស្ទុះឡើងវិញ ចិនបានធ្លាក់ក្នុងវិបត្តិបរិត្តផរណា ជាផ្លូវការនៅថ្ងៃពុធនេះ។ បរិត្តផរណា ជាពាក្យផ្ទុយនឹងអតិផរណា និងមានន័យថាតម្លៃទំនិញនិងសេវាចុះថោក។ បើទំនិញថោក នោះវានឹងអាចជួយស្តារលទ្ធភាពចាយវាយប្រជាពលរដ្ឋឱ្យបានប្រសើរឡើងហើយ?! បើតាមនិយមន័យវាពិតជាបាតុភូតដ៏ល្អមែន ប៉ុន្តែនៅក្នុងស្ថានភាពជាក់ស្តែង បរិត្តផរណាជាការគំរាមកំហែងសេដ្ឋកិច្ចទៅវិញទេ ព្រោះអតិថិជនចិននឹងមិនចំណាយលុយទិញអ្វីដែលនឹងអាចចុះថោកជាលំដាប់ឡើយ។ គេច្បាស់ជាសុខចិត្តចាំក្រែងបានរបស់កាន់តែថោក។ បើគ្មានអ្នកទិញ ក្រុមហ៊ុនសហគ្រាសត្រូវបង្ខំចិត្តកាត់បន្ថយផលិតកម្មរបស់ខ្លួន និងព្រមបន្ថោកតម្លៃដើម្បីបន្ធូរស្តុក ហើយមិនត្រូវការជ្រើសរើសអ្នកធ្វើការថ្មីទេគឺមានតែបណ្តេញ-បញ្ឈប់បុគ្គលិកពីការងារ។ សម្រាប់សេដ្ឋវិទូ នេះជាវិបត្តិវិលវល់គ្មានច្រកចេញដ៏គ្រោះថ្នាក់ណាស់នៃសេដ្ឋកិច្ច។ ម្យ៉ាងទៀត បរិត្តផរណានឹងធ្វើឱ្យប្រទេសជាប់បំណុលកាន់តែធ្ងន់។ តាមក្បួន ប្រទេសមានអតិផរណា (ទំនិញឡើងថ្លៃ) ម្តុំ២%តែមិនជាប់លាប់ ទើបចាត់ទុកល្អសម្រាប់សេដ្ឋកិច្ច។អ្វីខ្លះជាឧបសគ្គរារាំងសេដ្ឋកិច្ចចិនឱ្យធ្លាក់ក្នុងវិបត្តិបរិត្តផរណា?ចិនធ្លាប់ឆ្លងកាត់វិបត្តិបរិត្តផរណាមួយភ្លែតកាលពីចុងឆ្នាំ២០២០និងដើមឆ្នាំ២០២១ ដោយកាលណោះតម្លៃសាច់ជ្រូក អាហារដ៏ពេញនិយមបំផុតរបស់ពលរដ្ឋចិន បានក្បាលចុះយ៉ាងខ្លាំង។ វិបត្តិបរិត្តផរណាពិតលើកចុងក្រោយគេគឺនៅឆ្នាំ២០០៩។ ប៉ុន្តែអ្នកវិភាគគិតថា វិបត្តិបរិត្តផរណាលើកនេះអាចធ្ងន់ធ្ងរខ្លាំង និងអូសបន្លាយពេលយូរខ្លាំង ព្រោះស្ថានភាពសេដ្ឋកិច្ចមិនល្អស្ទើរគ្រប់មុខ អត្រាយុវជនអត់ការងារធ្វើឡើងដល់កំរិតកំពូល ដល់ជិត២០%ឯណោះ។ពេលនេះ មូលហេតុចម្បងដែលជំរុញឱ្យមានបញ្ហាបរិត្តផរណា គឺទំនងជាវិបត្តិអចលនទ្រព្យ ដែលធ្លាប់តែជាវិស័យអូសទាញកំណើនសេដ្ឋកិច្ចជាតិ ដោយតំណាងឱ្យមួយភាគបួននៃផលិតផលសរុបក្នុងស្រុក (PIB)។ ទិញផ្ទះសម្បែងជាការវិនិយោគសន្សំប្រាក់ដ៏ប្រាកដនិងជាទីពេញនិយមរបស់ចិន ប៉ុន្តែវិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសំណង់និងអចលនទ្រព្យ បានធ្វើឱ្យអតិថិជនដ៏មានសក្តានុពលលែងទុកចិត្ត ចង់ទិញផ្ទះ។ លែងមានតម្រូវការ តម្លៃអចលនទ្រព្យអាចនឹងបន្តធ្លាក់ជានិរន្តន៍។សន្ទស្សន៍តម្លៃផលិតកម្មដែលជាការកំណត់ថ្លៃទំនិញចេញពីរោងចក្របន្តធ្លាក់ចុះជាថ្មី នៅខែកក្កដាអស់៤,៤% ជាគម្រប់១០ខែជាប់គ្នា និង-៥,៤%កាលពីខែមិថុនា។ នេះបើតាមការិយាល័យស្ថិតិជាតិ។ ចំណែកវិស័យការនាំចេញវិញ ដែលមានប្រវត្តិជាគន្លឹះកំណើនសេដ្ឋកិច្ច ក៏ចុះថយខ្លាំង (១៤,៤%)។ ស្ថានភាពនេះ ប៉ះពាល់ដោយផ្ទាល់ដល់ក្រុមហ៊ុនសហគ្រាសជាច្រើនពាន់។ ការវិនិយោគបរទេសនៅក្នុងប្រទេសចិនក៏មានកំរិតទាបបំផុត មិនធ្លាប់ប្រទះទេគិតចាប់តាំងពីឆ្នាំ១៩៩៨មក។ នេះបើតាមធនាគារអាមេរិកGoldman Sachs។បើតាមតួលេខផ្លូវការ កំណើនសេដ្ឋកិច្ចនៅត្រីមាសទីមួយនិងទីពីរ មានកំរិតត្រឹមតែ០,៨% ទាបជាងកម្មវត្ថុ៥%កំណត់ដោយរដ្ឋាភិបាលឆ្ងាយណាស់។តើរដ្ឋាភិបាលចិននឹងចាត់វិធានការយ៉ាងណា?ដើម្បីផ្តល់សន្ទុះដល់កំណើនសេដ្ឋកិច្ចដែលចុះខ្សោយដោយវិបត្តិហិរញ្ញវត្ថុពិភពលោក ចិនបានចំណាយទុនវិនិយោគចាប់តាំងពីចុងឆ្នាំ២០០០មក ប្រមាណជាង៥០៦ពាន់លានអឺរ៉ូ ក្នុងគម្រោងអភិវឌ្ឍរចនាសម្ព័ន្ធដ៏មហាសាល (ផ្លូវថ្នល់ អាកាសយានដ្ឋាន ខ្សែរថភ្លើងល្បឿនលឿន ...)។ តែគម្រោងនោះហាក់ដូចជាអត់ប្រយោជន៍និងបំប៉ោងបំណុលរដ្ឋកាន់តែធំ។ លង់នឹងបញ្ហាហិរញ្ញវត្ថុ ចិនជ្រើសរើសចាត់វិធានការចោះៗ ជាជាងចំណាត់ការធំទ្រង់ទ្រាយនិងចំណាយច្រើន។ ប៉ុន្មានសប្តាហ៍ចុងក្រោយមកនេះ ចិនបានប្រកាសវិធានការច្រើន ចំទិសដៅមួយៗ ដោយរំពឹងថានឹងជំរុញឱ្យមានការចាយវាយកំរើកឡើងវិញ។ ប៉ុន្តែអាជ្ញាធរចិនគ្មានគំនិតរកវិធីបង្កើនចំណូលឱ្យគ្រួសារពលរដ្ឋ ដែលប្រឹងរឹតត្បិត ក្នុងបរិបទសេដ្ឋកិច្ចយ៉ាប់យឺន និងទីផ្សារការងារតានតឹងទេ។បើមិនគាស់កាយឱ្យដល់ឫសគល់នៃបញ្ហាទេ ទស្សនវិស័យសេដ្ឋកិច្ចនៅតែមិនប្រាកដ ហើយសកម្មភាពចាយវាយក្នុងស្រុកនៅតែមិនអាចស្ទុះឡើងវិញឡើយ។ នេះបើតាមអ្នកជំនាញខាងសេដ្ឋកិច្ចចិននៅការិយាល័យTrivium។ដូច្នេះសួរថាតើតួលេខដ៏អាក្រក់ធ្លាក់មកជាបន្តបន្ទាប់គ្នាពេលនេះ គ្រប់គ្រាន់នឹងរុញច្រានរដ្ឋាភិបាលឱ្យចាត់វិធានការថ្មីភ្លាមដែរឬអត់? នេះជាសំណួរដែលពុំទាន់មានចម្លើយនៅឡើយទេ ប៉ុន្តែក្នុងពេលរង់ចាំ ចិនទំនងជាបានបញ្ជាឱ្យសេដ្ឋវិទូចិនកុំពាំនាំដំណឹងអវិជ្ជមាន អាក្រក់ៗខ្លាំង ទាក់ទងនឹងសេដ្ឋកិច្ច ពិសេសដំណឹងស្តីអំពីបញ្ហាបរិត្តផរណានេះ មកផ្សព្វផ្សាយ។ នេះបើតាមសារព័ត៌មានអង់គ្លេសFinancial Times និងភ្នាក់ងារBloomberg៕
9-8-2023 • 5 minuten, 15 seconden សង្គ្រាមអ៊ុយក្រែន៖ ហេតុអ្វីអារ៉ាប៊ីសាអូឌីតប្រឹ ងដើរតួជាអន្តរការី?
ទោះបីជាដឹងថាលទ្ធផលនឹងស្តួចស្តើងខ្លាំងយ៉ាងណាក៏ដោយ ក៏អារ៉ាប៊ីសាអូឌីតកំពុងសាកល្បងតាំងខ្លួនជាថ្មីជាអន្តរការីដ៏មានអំណាចនៅលើឆាកអន្តរជាតិក្នុងវិបត្តិអ៊ុយក្រែន។ រីយ៉ាដបានអញ្ជើញក្រុមប្រទេសជាបងប្អូន ឱ្យមកជួបជជែកពិភាក្សាស្តីអំពីបញ្ហាអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះទៅនិងសម្រាប់រយៈពេលពីរថ្ងៃ។ ជំនួបប្រព្រឹត្តទៅចំពេលដែលស្ថានភាពនៅសមុទ្ទខ្មៅកំពុងឡើងតានតឹងកាន់តែខ្លាំង។ អ៊ុយក្រែនបានអះអាងថាដ្រូនរបស់ខ្លួនបានបាញ់ចំនាវាដឹកប្រេងយោធារុស្ស៊ីមួយគ្រឿង នៅមូលដ្ឋានទ័ពក្នុងសមុទ្ទខ្មៅ។ តើអារ៉ាប៊ីសាអូឌីតរៀបចំជំនួបចរចាស្តីពីអ៊ុយក្រែនជាមួយនរណាខ្លះ?អាជ្ញាធរអារ៉ាប៊ីសាអូឌីតមិនបញ្ចេញព័ត៌មានឈូឆរទាក់ទងនឹងជំនួបពិភាក្សាស្តីអំពីវិបត្តិអ៊ុយក្រែនទេ។ នៅល្ងាចថ្ងៃសុក្រទី ៤សីហាម្សិលមិញ រាជាណាចក្រប្រេងកាតនេះបានត្រឹមប្រកាសអំពីដំណើរមកដល់ក្រុងចេដះJeddahរបស់ក្រុមប្រឹក្សាសន្តិសុខនៃបណ្តាប្រទេសជាបងប្អូនដើម្បីជួបពិភាក្សាគ្នាអំពីវិបត្តិអ៊ុយក្រែន តែមិនបានរៀបរាប់លម្អិតថាតើជាប្រទេសណាខ្លះទេ។ បើតាមប្រភពជាច្រើន ក្នុងចំណោមភ្ញៀវជាង៣០ប្រទេស គ្មានរុស្ស៊ីទេ ហើយអារ៉ាប៊ីសាអូឌីតជាប់ចិត្តចង់ជួបពិភាក្សាជាពិសេសជាមួយនឹងប្រទេសប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលជាសមាជិកក្រុមប្រទេសកំពុងមានសេដ្ឋកិច្ចលូតលាស់ហៅកាត់ថាBrics (ដែលមានរុស្ស៊ីម្នាក់ដែរ)។ ប្រទេសទាំងបួននេះ ខុសពីក្រុមលោកខាងលិច មិនប្រកាសជំហរកាន់ជើងអ៊ុយក្រែនទេ តែក៏មិនគាំទ្រប្រតិបត្តិការឈ្លានពានរបស់រុស្ស៊ីដែរ។ ឥណ្ឌានិងអាហ្វ្រិកខាងត្បូង បានបញ្ជាក់អំពីវត្តមានរបស់ខ្លួន។ ចំណែកចិនដែលរងការរិះគន់ពីក្រុមបស្ចិមលោកចំពោះការបដិសេធមិនថ្កោលទោសរុស្ស៊ី បានបញ្ជូនលោក លី ហ៊ុយ ប្រេសិតទទួលបន្ទុកកិច្ចការអ៊ុយក្រែន ព្រោះប៉េកាំងមានឆន្ទៈដាច់ខាតចង់បន្តដើរតួនាទីស្ថាបនាក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែនតាមផ្លូវនយោបាយ។ សហរដ្ឋអាមេរិកនិងបារាំង នឹងតំណាងដោយមន្ត្រីជាន់ទាប។អារ៉ាប៊ីសាអូឌីតជាអន្តរការីខ្នាតអន្តរជាតិ?នេះមិនមែនជាលើកទីមួយទេដែលអារ៉ាប៊ីសាអូឌីតរៀបជំនួបប្រជុំក្នុងកម្មវត្ថុសន្តិភាព។សម្រាប់ភ្នាក់ងារសារព័ត៌មានផ្លូវការអារ៉ាប៊ីសាអូឌីត ជំនួបប្រជុំថ្ងៃនេះបានឆ្លុះឱ្យឃើញថារីយ៉ាដមានពេលវេលាសម្រាប់បំពេញបេសកកម្មជាប្រយោជន៍ល្អ និងដើម្បីចូលរួមចំណែកស្វែងរកដំណោះស្រាយដែលនាំឱ្យមានសន្តិភាពជានិរន្តន៍។ បន្ទាប់ពីឆ្លងកាត់នយោបាយការទូតដ៏អាប់អោនប្រកបដោយរឿងអាស្រូវ បង្កឡើងដោយការធ្វើឃាតអ្នកកាសែតប្រឆាំងកាលពីឆ្នាំ២០១៨ ឬជាប់ចោទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងវិបត្តិមនុស្សធម៌នៅយេមែន អស់ជាច្រើនឆ្នាំ។ អារ៉ាប៊ីសាអូឌីតបានផ្សះផ្សាទំនាក់ទំនងជាមួយអតីតសត្រូវ ឬគូប្រជែងវិញ ផ្តើមដោយការភ្ជាប់ទូតជាមួយកាតា តូកគីនិង អ៊ីរ៉ង់ព្រមទាំងស៊ីរី និងប្រកាន់យុទ្ធសាស្ត្រជាអ្នករក្សាតុល្យភាព។ស្និទ្ធនឹងម៉ូស្គូ មានទំនាក់ទំនងល្អជាមួយនឹងក្រុងកៀវ អារ៉ាប៊ីសាអូឌីតដែលជាប្រទេសអ្នកនាំប្រេងចេញលេខមួយពិភពលោកធ្លាប់បានតាំងខ្លួនជាអន្តរការីក្នុងសង្គ្រាមនៅអ៊ុយក្រែន និងនៅក្នុងតំបន់។ រីយ៉ាដក៏កំពុងដឹកនាំការចរចាឱ្យស៊ូដង់ដែលធ្លាក់ក្នុងជម្លោះប្រដាប់អាវុធតាំងពីពាក់កណ្តាលមេសាមកផង។ កាលពីខែឧសភា អារ៉ាប៊ីសាអូឌីត បានកោះប្រជុំក្រុមសម្ព័ន្ធអារ៉ាប់ ហើយថ្ងៃនេះ រាជាណាចក្រការទទួលរៀបចំជំនួបមួយទៀតដើម្បីអ៊ុយក្រែន គឺមកពីអារ៉ាប៊ីសាអូឌីតចង់ពង្រឹងមហិច្ឆតារបស់ខ្លួនដែលចង់ក្លាយជាមហាអំណាចមធ្យមម្នាក់នៅលើពិភពលោក មានសមត្ថភាពអាចសម្របសម្រួលជម្លោះបាន។ នេះបើតាមទស្សនៈរបស់អ្នកទទួលខុសត្រូវអង្គការវិភាគនយោបាយអន្តរជាតិ ប្រចាំតំបន់ដើមបូព៌ា លោក Joost Hiltermann។ម្យ៉ាងទៀត ជម្រើសដោះស្រាយវិបត្តិក្បែរឥណ្ឌាឬប្រេស៊ីលដែលសុទ្ធសឹងជាមហាអំណាចមធ្យមដូចគ្នា និងជាក្រុមដូច្នេះ ជាមធ្យោបាយមួយដែលអាចមានឥទ្ធិពលខ្លាំង។ ដូច្នេះទោះ គ្មានលទ្ធផល ក៏ជំនួបប្រជុំនេះបានរុញអារ៉ាប៊ីសាអូឌីតឱ្យស្ថិតនៅក្នុងជំហរជាអន្តរការីមួយដ៏ពិតៗ ដែលអាចនិយាយជាមួយភាគីជម្លោះរុស្ស៊ីនិងអ៊ុយក្រែនបានទាំងសងខាង និងជាជោគជ័យការទូតមួយសម្រាប់រាជបុត្រស្នងរាជ្យ បេនសាល់ម៉ាន ព្រោះក្នុងនាមជាអ្នកស្វះស្វែងរកសន្តិភាព អាជ្ញាធរអារ៉ាប៊ីសាអូឌីតជឿថាគេនឹងអាចបំភ្លេចបាននូវរូបភាពអាក្រក់ៗរបស់រាជាណាចក្រ ក្នុងវិស័យសិទ្ធិមនុស្ស។ នេះបើតាមអ្នកវិភាគ។អ៊ុយក្រែនគាំទ្រគំនិតផ្តួចផ្តើមរបស់អារ៉ាប៊ីសាអូឌីត?ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានចាត់ទុកជំនួបប្រជុំផ្តួចផ្តើមដោយអារ៉ាប៊ីសាអូឌីតថ្ងៃនេះថាជាកិច្ចប្រជុំដ៏សំខាន់ខ្លាំងណាស់។ ប៉ុន្តែលោកហ្សេឡេនស្គី បានឆ្លៀតបន្ទោសក្រុងរីយ៉ាដថាផ្សំគំនិតជាមួយរុស្ស៊ី ដែលរងទណ្ឌកម្មបស្ចិមលោក តាមរយៈការគាំទ្រនិងអនុម័តយកនយោបាយកាត់បន្ថយការបូមប្រេងដំឡើងថ្លៃប្រេងនៅលើទីផ្សារពិភពលោក។ ការសម្រេចបន្ថយផលិតកម្មប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីរហូតដល់ខែកញ្ញា បាននិងកំពុងធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់វិញខ្លាំងបំផុតមិនធ្លាប់មានទេ គិតក្នុងរយៈពេលជិតបីខែមកនេះ។សូមរំឮកថានៅពេលរុស្ស៊ីបើកប្រតិបត្តិការចូលឈ្លានពាននៅអ៊ុយក្រែនភ្លាម តម្លៃប្រេងឆៅលើពិភពលោកបានស្ទុះឡើងជាគំហុក និងជាការបើកឱកាសលើកអារ៉ាប៊ីសាអូឌីតឱ្យត្រដែតលើឆាកអន្តរជាតិឡើងវិញ។ មហាអំណាចធំៗ រាប់តាំងពីសហរដ្ឋអាមេរិក បារាំង ... បាននាំគ្នាងាកមករាប់អានអារ៉ាប៊ីសាអូឌីត ដើម្បីបញ្ចុះបញ្ចូលប្រទេសនេះឱ្យជួយទប់តម្លៃប្រេង៕
5-8-2023 • 5 minuten, 4 seconden នីហ្សេ៖ ប្រធានាធិបតីជាប់ឃុំ ដង្ហើយហៅក្រុមប្រទេសលោក លិច ពុំនោះទេតំបន់សាហ៊ែលនឹងធ្លាក់ទៅក្នុងដៃរុស្ស៊ី
លោកប្រធានាធិបតីនីហ្សេ Mohamed Bazoum ដែលបច្ចុប្បន្នត្រូវក្រុមយោធាធ្វើរដ្ឋប្រហារ ចាប់បង្ឃាំងទុកនោះ បានផ្ញើសារមួយ ចុះផ្សាយដោយកាសែត Washington Post នៅព្រឹកថ្ងៃសុក្រទី៤សីហា។ ក្នុងសារនេះ លោកប្រធានាធិបតី Bazoum បានដង្ហើយហៅឲ្យសហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រទេសលោកខាងលិច ត្រូវរួមគ្នាជួយនីហ្សេ ទប់ទល់ជាមួយនឹងក្រុមឧទ្ទាមរបបសិក ដែលបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោក។ "តំបន់សាហ៊ែលអាចធ្លាក់ទៅក្នុងក្រញ៉ាំរុស្ស៊ី"លោកប្រធានាធិបតី Bazoumបានថ្លែងការបារម្ភថា ប្រសិនបើក្រុមយោធារបបសិក អាច ឈានចូលមកកាន់អំណាចនៅនីហ្សេពិតមែន នោះគឺតំបន់សាហ៊ែលទាំងមូល នឹងត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់រុស្ស៊ី តាមរយៈវត្តមានរបស់ក្រុមទាហានស៊ីឈ្នួល Wagner។លោកប្រធានាធិបតី Bazoum បានរំលឹកថា បច្ចុប្បន្ននេះ នីហ្សេគឺជាដែនដីចុងក្រោយដែលឈរការពារសិទ្ធិសេរីភាព សន្តិសុខ ស្ថិរភាព តាមរយៈការសហការជាមួយកងទ័ពសម្ព័ន្ធមិត្ត ប្រយុទ្ធតទល់បោសសំអាតក្រុមភេរវកម្មជាច្រើនក្រុម ដែលធ្វើសកម្មភាពនៅតំបន់សាហ៊ែល។ តែប្រសិនបើនីហ្សេ ធ្លាក់ចូលទៅក្នុងដៃរបបសិកផ្តាច់ការ នោះនីហ្សេនឹងមានវាសនាមិនខុសពី ម៉ាលី ឬបួគីណាហ្វាសូ ទេ ពោលគឺប្រជាជននីហ្សេ និងត្រូវរស់ក្នុងការភ័យខ្លាច គ្មានសិទ្ធិសេរីភាព អស្ថិរភាព អសន្តិសុខ ជាមួយនឹងអំពើកាប់សម្លាប់ សាហាវព្រៃផ្សៃរបស់ទាហានស៊ីឈ្នួលរុស្ស៊ី។ លោកសង្កត់បន្ថែមថា ប្រសិនបើតំបន់សាហ៊ែលត្រូវធ្លាក់ខ្លួន ក្នុងក្រញ៉ាំរបស់រុស្ស៊ីពិតមែននោះ នោះវាគឺជាគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ទ្វីបអាហ្វ្រិក ក៏ដូចជាពិភពលោកទាំងមូល។នៅក្នុងសារនេះដែរ លោកប្រធានាធិបតី Bazoum បានលើកឡើងថា អ្វីដែលក្រុមយោធាបានឃោសនា ថាខ្លួនបានធ្វើរដ្ឋប្រហារ ក៏ព្រោះតែចង់ស្តារឡើងវិញ នូវសន្តិសុខសុវត្ថិភាពនីហ្សេនោះ វាគឺជាពាក្យកុហកទាំងអស់។ លោកប្រធានាធិបតី Bazoum បានអះអាងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសន្តិសុខរបស់នីហ្សេបានល្អប្រសើរខ្លាំងណាស់ ក៏ដោយសារតែជំនួយ និងការសហការពីកងទ័ពសម្ព័ន្ធមិត្តលោកខាងលិច។ នៅខាងត្បូង ក្រុមឧទ្ទាមបូកូហារ៉ាំ បានចុះថយលែងវាយប្រហារ២ឆ្នាំមកហើយ។ នៅខាងជើងវិញ ការវាយប្រហារភេរវកម្ម របស់ក្រុមឧទ្ទាមជីហាតអាល់កាយដាតំបន់សាហ៊ែល ក៏បានថយចុះច្រើនដែរ តាំងតែពីឆ្នាំ២០២១មក។របបសិកប្រកាសបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយបារាំងនៅយប់ថ្ងៃព្រហស្បតិ៍ ទី៣សីហា ក្រុមកងទ័ពនីហ្សេដែលធ្វើរដ្ឋប្រហារ បានប្រកាស ដកខ្លួនចេញពីកិច្ចព្រមព្រៀង សហប្រតិបត្តិការយោធាជាមួយបារាំង។ មានន័យថា កងទ័ពបារាំងដែលឈរជើងនៅនីហ្សេ ចំនួនប្រមាណ១៥០០នាក់ នឹងត្រូវតែចាកចេញពីទឹកដីនីហ្សេ។ នៅក្នុងសារផ្សាយតាមកញ្ចក់ទូរទស្សន៍ អ្នកនាំពាក្យក្រុមកងទ័ពនីហ្សេ បានគំរាមទៀតថា គេនឹងប្រើកម្លាំងឆ្លើយតបវិញ ប្រសិនបើមានអន្តរាគមន៍វាយប្រហារណាមួយ ពីក្រុមប្រទេសសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច ហៅកាត់ថា CEDEAO។ ជាមួយគ្នានេះ របបសិកនីហ្សេបានប្រកាស បញ្ចប់មុខងារអគ្គរដ្ឋទូតនីហ្សេប្រចាំនៅបួនប្រទេស ដែលមាន បារាំង សហរដ្ឋអាមេរិក នីហ្សេរីយ៉ា និងតូហ្គោ។ ក្រោយការប្រកាសនេះ លោកអគ្គរដ្ឋទូតនីហ្សេ ប្រចាំនៅក្រុងវ៉ាស៊ីនតោន បានអំពាវនាវ ឲ្យរបបសិកងាកមកគិតពិចារណាឲ្យបានច្បាស់ កុំនាំប្រទេសផុងជ្រៅទៅក្នុងវិបត្តិបែបនេះ។ លោកអគ្គរដ្ឋទូតនីហ្សេ បានក្រើនរំលឹកថា បើស្ថានការណ៍នៅតែចុះដុនដាបបែបនេះ សន្តិសុខតំបន់សាហ៊ែលទាំងមូល នឹងត្រូវដួលរលំជាក់ជាមិនខាន។គិតមកទល់ពេលនេះ មិនទាន់មានប្រតិកម្មអ្វីពីខាងរដ្ឋាភិបាលបារាំងទេ។ ដោយឡែក កងទ័ពអាមេរិកក៏មានវត្តមាននៅនីហ្សេដែរ ក្នុងក្របខណ្ឌសហប្រតិបត្តិការជាមួយបារាំអ ដើម្បីបោសសំអាតក្រុមជីហាតអ៊ីស្លាមភេរវកម្មតំបន់សាហ៊ែល។ ល្ងាចថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិអាមេរិក បានអះអះអាងថាសម្រាប់ពេលនេះ អាមេរិកនៅតែរក្សាកងកម្លាំងនៅនីហ្សេដដែល មិនទាន់មានការផ្លាស់ប្តូរអ្វីទេ។ គួរបញ្ជាក់ដែរ ថាកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសបារាំង បានទូរស័ព្ទនិយាយគ្នា ជាមួយលោកអង់តូនីប្លីងកិន ដោយអ្នកទាំង២បានអះអាងដូចគ្នា ថាបន្តគាំទ្ររដ្ឋាភិបាលប្រជាធិបតេយ្យស្របច្បាប់ របស់លោកប្រធានាធិបតី Mohamed Bazoum។ជម្រើសអន្តរាគមន៍យោធា របស់CEDEAO ក្រុមប្រទេសសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច ហៅកាត់ថា CEDEAO បានដាក់ឱសានុវាទមួយសប្តាហ៍ ឲ្យរបបសិកនីហ្សេ ត្រូវតែនាំប្រទេសឲ្យត្រលប់ទៅកាន់មាគ៌ាប្រជាធិបតេយ្យឡើងវិញ។ ពុំនោះទេ គេអាចនឹងសម្រេចប្រើកម្លាំងអន្តរាគមន៍យោធា។ ឱសានុវាទនេះ ត្រូវដល់ថ្ងៃកំណត់ នៅថ្ងៃអាទិត្យទី៦សីហា។ CEDEAO ក៏បានចាប់ផ្តើមដាក់ទណ្ឌកម្មទៅលើនីហ្សេដែរ ដោយបានសម្រេច ព្យួរការដោះដូរពាណិជ្ជកម្មជាមួយនីហ្សេ ហើយប្រទេសនីហ្សេរីយ៉ាវិញ បានសម្រេចផ្តាច់ចរន្តអគ្គីសនីមួយផ្នែកធំ ដែលខ្លួនផ្គត់ផ្គង់ឲ្យនីហ្សេ។ល្ងាចថ្ងៃព្រហស្បតិ៍ ទី៣សីហា គណៈប្រតិភូតំណាង CEDEAO បានធ្វើដំណើរទៅដល់ទីក្រុងនីអាម៉េ ក្នុងគោលបំណងបើកការចរចា ជាមួយក្រុមយោធានីហ្សេដែលបានធ្វើរដ្ឋប្រហារ។ តែទៅដល់បានប៉ុន្មានម៉ោង គណៈប្រតិភូនេះ បានត្រលប់ទៅវិញ ដោយគ្មានបានលទ្ធផលអ្វីទាំងអស់។ គណៈប្រតិភូ CEDEAO មិនត្រូវបានក្រុមយោធានីនីហ្សេ អនុញ្ញាតឲ្យចូលជួបនិយាយជាមួយ មេធំរបស់គេ ឈ្មោះ Abdourahaman Tiani ទេ ហើយក៏មិនឲ្យចូលទៅជួបលោកប្រធានាធិបតី Mohamed Bazoum ដែលកំពុងជាប់ឃុំដែរ។ក្រោយបរាជ័យនេះ អគ្គបញ្ជាការកងទ័ពនៃប្រទេសសមាជិក CEDEAO បានបើកការប្រជុំភ្លាមៗ ដើម្បីពិភាក្សាគ្នា អំពីលទ្ធភាពប្រើប្រាស់អន្តរាគមន៍យោធា។ លោកប្រធានាធិបតីនីហ្សេរីយ៉ា Bola Tinubu ដែលបច្ចុប្បន្នជាប្រធានវិលជុំ CEDEAO បានអះអាងថា សហគមន៍នេះនឹងផ្តល់អាទិភាពដល់ការចរចា តែសូមរក្សា អន្តរាគមន៍យោធា ជាជម្រើសចុងក្រោយ។ យ៉ាងណាមិញ ប្រទេសសេណេហ្កាល់ បានអះអាងមុនគេថាខ្លួនបានត្រៀមកម្លាំងរួចហើយ ដើម្បីចូលទៅអន្តរាគមន៍ បណ្តេញក្រុមយោធារដ្ឋប្រហារនីហ្សេ។ជាមួយស្ថានការណ៍ដ៏ច្របូកច្របល់នៅនីហ្សេនេះ មានការព្រួយបារម្ភថា ភ្លើងសង្គ្រាមអាចឆាបឆេះឡើង បង្កអស្ថិរភាពតំបន់សាហ៊ែលអាហ្វ្រិក ទាំងមូលតែម្តង ព្រោះថា របបសិកបួគីនាហ្វាសូ និង របបសិកម៉ាលី បានប្រកាសហើយថា គេនឹងមកជួយរបបសិកនីហ្សេ ប្រសិនបើមានអន្តរាគមន៍យោធាពីក្រុមប្រទេសCEDEO ឬពីខាងសម្ព័ន្ធមិត្តលោកខាងលិច៕
4-8-2023 • 6 minuten, 23 seconden លោកដូណាល់ ត្រាំ រងការចោទប្រកាន់ជាផ្លូវការ ពីបទប៉ុនប៉ងកែប្រែលទ្ធផលបោះឆ្នោតឆ្នាំ២០២០
នេះគឺជាលើកទី១ហើយ ក្នុងប្រវត្តិសាស្ត្រនយោបាយសហរដ្ឋអាមេរិក ដែលអតីតប្រធានាធិបតី រងនូវការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌបែបនេះ។ លោកដូណាល់ ត្រាំ ដែលកំពុងតែធ្វើការឃោសនារកសំឡេងឆ្នោត ក្នុងនាមជាបេក្ខជនប្រធានាធិបតី របស់បក្សសាធារណរដ្ឋ ត្រូវបានរដ្ឋអាជ្ញាសហព័ន្ធ ប្រកាសចោទប្រកាន់ជាផ្លូវការ ទាក់ទិននឹងសំណុំរឿង អំពើហិង្សានៅវិមានកាពីតូលថ្ងៃទី៦មករា២០២១។ បទល្មើសប្រឆាំងនឹងរដ្ឋបន្ទាប់ពីបានស៊ើបអង្កេត អស់រយៈពេលជាង២ឆ្នាំ ការចោទប្រកាន់ជាផ្លូវការ ត្រូវបានប្រកាស នៅថ្ងៃទី១សីហា ដោយលោករដ្ឋអាជ្ញា Jack Smith ដែលជាអ្នកដឹកនាំការស៊ើបអង្កេត។ ផ្អែកតាមការប្រកាសនេះ គឺលោកដូណាល់ ត្រូវជាប់ចោទ ពីបទ ឃុបឃិតរៀបចំគម្រោងប្រឆាំងនឹងរដ្ឋ បទប៉ុនប៉ងរារាំងដល់នីតិវិធីផ្លូវការ និងបទរំលោភបំពានដល់សិទ្ធិបោះឆ្នោតជាមូលដ្ឋាននៃពលរដ្ឋអាមេរិក។ក្នុងទឹកមុខម៉ឺងម៉ាត់ លោករដ្ឋអាជ្ញា Jack Smith បានពន្យល់ថា ថ្វីបើដឹងថាខ្លួនចាញ់ឆ្នោតក៏ដោយ តែជនជាប់ចោទ ឈ្មោះដូណាល់ ត្រាំ បានមានៈប្រឹងប្រែងក្រាញននាល ចង់បន្តកាន់អំណាច។ ក្នុងការប្រឹងប្រែងនេះ គឺក្រោយថ្ងៃបោះឆ្នោត ៣វិច្ឆិកា២០២០ ពោលគឺអស់រយៈពេលជាង២ខែ ដែលជនជាប់ចោទ បានខំប្រឹងផ្សព្វផ្សាយ ប្រកូកប្រកាសព័ត៌មានក្លែងក្លាយ ពាក្យកុហកទាំងឡាយទាំងពួង ដែលខ្លួនប្រឌិតចោទ ថាការបោះឆ្នោតមានភាពមិនប្រក្រតី និងបានអះអាងប្រាប់អ្នកគាំទ្រខ្លួន ថាធាតុពិតគឺខ្លួនជាអ្នកឈ្នះឆ្នោតទេ។លោករដ្ឋអាជ្ញាបន្តថា ពាក្យចោទ កុហក បោកប្រាសទាំងនេះ គឺគ្មានផ្អែកលើមូលដ្ឋានភស្តុតាងអ្វីទាំងអស់ ហើយជនជាប់ចោទខ្លួនឯង ក៏បានដឹងច្បាស់ដែរ។ ក៏ប៉ុន្តែ ជននេះនៅតែបន្តស្រែកបន្ទ ម្តងហើយម្តងទៀត ដើម្បីញុះញង់ឲ្យមនុស្ស ចូលរួមគាំទ្រក្នុងគម្រោងឧក្រិដ្ឋរបស់ខ្លួន។ លោក Jack Smith បានបន្ថែមថា ហេតុការណ៍ហិង្សា សម្រុកចូលយ៉ាងកម្រោងនៅវិមានកាពីតូល ថ្ងៃទី៦មករា២០២១ ជាថ្ងៃដែលសមាជិកសភាខុនហ្រ្កេសត្រូវប្រកាសជាផ្លូវការអំពីលទ្ធផលបោះឆ្នោតនោះ វាគឺជាលទ្ធផលនៃការស្រែកញុះញង់ប្រកូកប្រកាស របស់ជនជាប់ចោទ ឈ្មោះដូណាល់ ត្រាំ។ ហេតុការណ៍ដែលបានគំរាម មកលើប្រព័ន្ធប្រជាធិបតេយ្យនៃសហរដ្ឋអាមេរិកនេះ បានកើតចេញពីពាក្យកុហកបោកប្រាស ញុះញង់ ប្រឆាំងនឹងស្ថានប័នកំពូលរបស់រដ្ឋ ប្រឆាំងប្រព័ន្ធបោះឆ្នោតជាតិ តាមបែបប្រជាធិបតេយ្យ។ គួរបញ្ជាក់ថា ទាក់ទិននឹងសំណុំរឿង អំពើហិង្សានៅវិមានកាពីតូលនេះ ឯកសារចោទប្រកាន់ជាផ្លូវការ បានចោទមនុស្ស៦នាក់ផ្សេងទៀត តែគេមិនរាយនាមលំអិតក្នុងលិខិតប្រកាសជាសាធារណៈទេ។ ដោយឡែក លោក រដ្ឋអាជ្ញា Jack Smith បានអះអាងថា នៅក្នុងសំណុំរឿងនេះ លោកចង់ពន្លឿននីតិវិធីឲ្យបានឆាប់បំផុត ដោយជនជាប់ចោទនឹងត្រូវកោះហៅឲ្យចូលខ្លួនភ្លាមៗនៅអង្គសវនាការ នៅថ្ងៃទី៣សីហាខាងមុខនេះ។កាន់តែជាប់ចោទ កាន់តែមានប្រជាប្រិយភាពជាការពិតណាស់ ពេលវេលាកាន់តែរំកិលទៅមុខ លោកដូណាល់ ត្រាំ កាន់តែជាប់ចោទច្រើនឡើងៗ នៅចំពោះមុខតុលាការក្នុងសំណុំរឿងផ្សេង។ គិតមកត្រឹមពេលនេះ លោកអតីតប្រធានាធិបតីមាត់ដាចរូបនេះ ត្រូវបានរដ្ឋអាជ្ញាអាមេរិក ចោទប្រកាន់ជាផ្លូវការ ចំនួន៤សំណុំរឿងផ្សេងគ្នា។ ក្រៅពីសំណុំរឿងលទ្ធផលបោះឆ្នោតឆ្នាំ២០២០ លោកដូណាល់ ត្រាំ ត្រូវបានតុលាការរដ្ឋញូយ៉ក ចោទពីបទបៀតបៀនផ្លូវភេទកាលពីខែឧសភាកន្លងទៅ ដែលអង្គហេតុ បានកើតឡើងកាលពីឆ្នាំ១៩៩៦។ កាលពីខែមីនាវិញ លោកដូណាល់ ត្រាំ ត្រូវតុលាការមួយទៀតនៅរដ្ឋញូយ៉កដែរ ចោទពីបទប្រើប្រាស់ថវិកាឃោសនាបោះឆ្នោត យកទៅចំណាយបំបិទមាត់តារាស្រីកុនអាសអាភាសម្នាក់ ដែលប៉ុនប៉ងទម្លាយរឿងអាស្រូវជាមួយរូបលោក។ ហើយនៅខែកក្កដា ប្រព័ន្ធយុត្តិធម៌សហព័ន្ធអាមេរិក បានចោទរូបលោកដូណាល់ ត្រាំជាផ្លូវការ ពីបទរក្សាទុកឯកសារសម្ងាត់ជាតិដោយខុសច្បាប់ និងបានធ្វើឲ្យសន្តិសុខជាតិអាមេរិកប្រឈមគ្រោះថ្នាក់។តែទន្ទឹមគ្នានេះ គេឃើញថា លោកដូណាល់ ត្រាំ មានប្រជាប្រិយភាពកាន់តែខ្លាំងឡើង បើទោះបីមានរឿងក្តីក្តាំជាប់ស្កះ។ យ៉ាងណាមិញ កាលពីពេលទៅឃោសនានៅរដ្ឋ Iowa លោកដូណាល់ ត្រាំ បានថែមទាំងនិយាយអួតថែមទៀត ថា ក្នុងចំណោមមនុស្សដែលជាប់ចោទទាំងអស់ គ្មាននរណាមានប្រជាប្រិយ មានគេស្រលាញ់គាំទ្រច្រើនដូចលោកនោះទេ។យោងតាមការស្ទាបស្ទង់មតិមួយចេញផ្សាយកាលពីថ្ងៃចន្ទ ដែលធ្វើឡើងដោយកាសែត New York Times និង Siena College គឺលោកដូណាល់ ត្រាំ កំពុងតែនាំមុខគេខ្លាំងណាស់ នៅក្នុងចំណោមបេក្ខជនទាំងអស់។ ពីមុនការគំាំទ្រទៅលើលោក គឺប្រកៀកប្រកិតគ្នាជាមួយលោក Ron DeSantis អភិបាលរដ្ឋផ្លរីដា តែពេលនេះ លោកដូណាល់ ត្រាំ បាននាំមុខ លោកម្នាក់នេះ ដល់ទៅ៣៧ពិន្ទុឯណោះ។ ជនរងគ្រោះត្រូវគេព្រួតគ្នាធ្វើបាបផ្អែកតាមការពន្យល់របស់អ្នកជំនាញជាច្រើន ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងAFP គឺ ប្រជាប្រិយភាពរបស់លោកដូណាល់ ត្រាំ ដែលមានកម្លាំងរឹងមាំនេះ គឺដោយសារតែ សមត្ថភាពរបស់លោកក្នុងនិយាយ តាងនាមឲ្យប្រជាជនអាមេរិក ដែលមានជីវភាពក្រីក្រ ជាពលករ កម្មករតូចតាច ហើយដែលពួកគេ មានអារម្មណ៍ថា អំណាចរដ្ឋ អ្នកនយោបាយ ព្រមទាំងពពួកក្រុមមនុស្សចេះដឹងមានទ្រព្យមានធនជាទូទៅ មិនយកចិត្តទុកដាក់ខ្វាយខ្វល់ពីពួកគេ។លោក Michael J. O’Neil តំណាងសមាគមអភិរក្សគតិយុទ្ធ Landmark Legal Foundation បានលើកឡើងថា បច្ចុប្បន្ននេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី សកលភាវូបនីយកម្ម ព្រមទាំងសង្គ្រាមដែលមិនចេះចប់មិនចេះហើយ បានធ្វើឲ្យសេដ្ឋកិច្ចអាមេរិកជួបការលំបាក និងបានរុញច្រានមនុស្សជាច្រើនឲ្យគ្មានការងារធ្វើ គ្មានក្តីសង្ឃឹមទៅអនាគត។ គឺក្រុមមនុស្សទាំងនេះហើយ ដែលស្តាប់សម្តីស្រែកក្តែងៗរបស់លោកដូណាក់ ត្រាំ ចូលត្រចៀក។ សម្រាប់ពួកគេ លោកដូណាល់ ត្រាំ គឺជាមនុស្សខុសពីពួកអ្នកអ្នកនយោបាយ តែ តែ ស្ករ ស្ករ ផ្សេងទៀត ដែលគិតតែពីការពារអត្ថប្រយោជន៍ខ្លួន មិនខ្វល់ពីជីវភាពលំបាកក្រីក្ររបស់ប្រជាជនអាមេរិក នៅតាមតំបន់ដាច់ស្រយាល។ ដូចគ្នាដែរ លោក David Greenberg សាស្ត្រាចារ្យសារព័ត៌មាន និងប្រវត្តិសាស្ត្រនៅសកលវិទ្យាល័យ Rutgers បានពន្យល់ថា កម្លាំងគាំទ្រដ៏រឹងមាំនៅពីក្រោយលោកដូណាល់ ត្រាំ គឺដោយសារតែមនុស្សទាំងនោះ មានក្រុមសត្រូវរួមតែមួយ។ ហើយចាប់ពីពេលនេះទៅ ប្រព័ន្ធយុត្តិធម៌ តុលាការអាមេរិក ក៏ស្ថិតនៅក្នុងក្រុមជាសត្រូវរបស់អ្នកគាំទ្រលោកដូណាល់ ត្រាំដែរ។ សម្រាប់ពួកគេ លោកដូណាល់ ត្រាំ ជាប់ចោទមានក្តីក្តាំជាប់ស្កះពេញខ្លួន គឺវាជាសក្ខីកម្មបង្ហាញថា លោកដូណាល់ ត្រាំ ពិតជាជនរងគ្រោះ ត្រូវពួកសត្រូវចោមរោមព្រួតគ្នាធ្វើបានចោទប្រកាន់ពីគ្រប់ទិស។ ដូច្នេះ ការដែលពួកគេ លែងមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នោះ គឺវាត្រឹមត្រូវពេកណាស់!តែយ៉ាងណាក៏ដោយ អ្វីៗអាចប្រែប្រួលទៀត ព្រោះថាការបោះឆ្នោតជ្រើសរើសបេក្ខជន ក្នុងបក្សសាធារណៈរដ្ឋ នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៤។ សន្ទុះគាំទ្រ លើលោកដូណាល់ ត្រាំ អាចនឹងប្រែប្រួល ក៏ថាបានដែរ។ លោក Mike Pence អតីតអនុប្រធានាធិបតីកាលពីអាណត្តិលោកដូណាល់ ត្រាំ ហើយដែលបច្ចុប្បន្នបានប្រកាសបេក្ខភាពឈរឈ្មោះដែរនោះ បានលើកឡើងកាលពីពេលថ្មីៗនេះថា អ្នកណាក៏ដោយ ដែលតាំងខ្លួនធំជាងរដ្ឋធម្មនុញ្ញ គឺមិនត្រូវអនុញ្ញាតឲ្យអ្នកនោះឡើងធ្វើប្រធានាធិបតីទេ៕
2-8-2023 • 7 minuten, 11 seconden ភូមា ៖ លោកស្រី អ៊ុងស៊ានសូជី បានទទួលការលើកលែងទោ ស តែបន្តជាប់ឃុំ
អតីតប្រមុខដឹកនាំស៊ីវិលភូមា លោកស្រី អ៊ុងសានស៊ូជី ដែលក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច និងចាប់ឃុំឃាំងតាំងពីថ្ងៃទី ១ កុម្ភៈឆ្នាំ២០២១មក បានទទួលការលើកលែងទោស មួយភាគ។ នេះបើតាមប្រភពព័ត៌មានប្រកាសដោយបណ្តាញឃោសនារដ្ឋ នៅថ្ងៃអង្គារទី ១សីហា។ ជាការលើកលែងទោសដល់ពិរុទ្ធជនជាង៧០០០នាក់ ក្នុងឱកាសបុណ្យពុទ្ធសាសនាជាប្រពៃណីជាតិភូមា។ លើកលែងទោស=ដោះលែងឱ្យមានសេរីភាព?ភូមាដែលជាប្រទេសប្រកាន់ពុទ្ធសាសនាដ៏មុតមាំជាងគេមួយ ជាញឹកញយ តែងតែដោះលែងអ្នកទោស នាឱកាសបុណ្យពុទ្ធសាសនាធំៗ។ សម្រាប់បុណ្យចូលវស្សាឆ្នាំនេះ ភូមាបានប្រកាសលើកលែងទោសដល់ពិរុទ្ធជនជាង៧ពាន់នាក់ ក្នុងនោះមានម្នាក់គឺលោកស្រី អ៊ុងសានស៊ូជី។“ស្របតាមច្បាប់ស្តីពីសិទ្ធិមនុស្ស ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋបានសម្រេចលើកលែងទោសដល់លោកស្រីអ៊ុងសានស៊ូជី ដែលតុលាការមានសមត្ថកិច្ចបានកាត់ទោសឱ្យជាប់ពន្ធនាគារ”។ នេះបើតាមសេចក្តីប្រកាសផ្សព្វផ្សាយដោយសារព័ត៌មានរដ្ឋភូមា។ ក្រោយរដ្ឋប្រហារថ្ងៃទី១កុម្ភៈឆ្នាំ២០២១ តុលាការសឹកភូមា បានកាត់ទោសអតីតប្រមុខរដ្ឋាភិបាលស៊ីវិល លោកស្រីអ៊ុងសានស៊ូជីឱ្យជាប់ពន្ធនាគារចំនួនសរុប៣៣ឆ្នាំ ចំពោះបទល្មើសចំនួន១៩ករណី មានជាអាទិ៍ពីបទប្រព្រឹត្តអំពើពុករលួយ និងមិនគោរពច្បាប់កូវីដ។ ប៉ុន្តែនៅថ្ងៃនេះ លោកស្រីអ៊ុងសានស៊ូជី បានទទួលការលើកលែងទោសតែចំនួន ៥ករណី ប៉ុណ្ណោះ ក្នុងចំណោមទោសទាំង១៩។ សេចក្តីប្រកាសលើកលែងទោសនេះមិននាំដល់ការដោះលែងរូបលោកស្រីអ៊ុងសានស៊ូជីទេ គឺគ្រាន់តែមានការបន្ថយទោសបាន៦ឆ្នាំ។ បើតាមរបបសឹក លោកស្រីត្រូវបន្តមានទោសជាប់ឃុំឃាំងចំនួន ២៧ឆ្នាំទៀត។ តាំងថ្ងៃរដ្ឋប្រហារយោធាមក គេបានឃើញរូបលោកស្រី ជ័យលាភីណូបែលសន្តិភាព (ឆ្នាំ១៩៩១) វ័យ៧៨ឆ្នាំតែម្តងគត់ នៅក្នុងសាលសវនាការរបស់តុលាការក្រុងណៃពិដរ តាមរយៈរូបភាពបង្ហាញដោយបណ្តាញឃោសនារដ្ឋ ដែលមានគុណភាពមិនសូវច្បាស់ផង។ កាលពីសប្តាហ៍មុន អ្នកទទួលខុសត្រូវនៃបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលសុំមិនបញ្ចេញឈ្មោះបានអះអាងថា របបសឹកបានបញ្ជូនលោកស្រីអ៊ុងសានស៊ូជី ចេញពីពន្ធនាគារទៅកាន់អគាររដ្ឋាភិបាលមួយដែលមានលក្ខណៈប្រសើរជាង។តើរបបសឹកភូមាកំពុងលេងល្បែងអ្វី?បើតាមបណ្តាញឃោសនាព័ត៌មានរដ្ឋភូមា របបសឹកក៏បានលើកលែងទោសដល់អតីតប្រធានាធិបតីភូមា លោកវីនមីង ដោយបន្ថយទោសបួនឆ្នាំដែរ តែបន្តជាប់ឃុំដូចលោកស្រីអ៊ុងសានស៊ូជីដែរ។ អ្នកទោសបរទេសចំនួន១២៥នាក់បានទទួលការលើកលែងទោស និងដោះលែង។ ដោយឡែក មានអ្នកទោសជាច្រើនផ្សេងទៀត បានទទួលការបន្ធូរបន្ថយទោស ពីទោសប្រហារជីវិតមកត្រឹមទោសជាប់ពន្ធនាគារអស់មួយជីវិត។សម្រាប់អ្នកវិភាគឯករាជ្យ David Mathieson របបសឹកភូមាកំពុងតែលេងល្បែងដ៏សាហាវជាមួយអ្នកទោសនយោបាយ។ ការផ្តន្ទាឱ្យលោកស្រីអ៊ុងសានស៊ូជីជាប់ពន្ធនាគារ៣៣ឆ្នាំជាទោសដ៏ហួសហេតុណាស់ ហើយបន្ថយទោសតែ៦ឆ្នាំ ពិតជាទង្វើដ៏អាក្រក់ក្រៃ។ ចំណែកលោក Phil Robertson នាយករងអង្គការHuman Rights Watch ប្រចាំតំបន់អាស៊ី យល់ថាក្រុមយោធាភូមាកំពុងស្វះស្វែងបង្ហាញពីភាពសមហេតុផលរបស់ខ្លួន និងចេតនាចង់ចរចាតាមរយៈការបន្ថយទោស តែតាមការពិតគឺគ្មានសោះ។ កាត់បន្ថយទោស ជាលក្ខណៈរបស់ផ្តាច់ការរបស់តុលាការសឹកដែលកាត់ទោសតាមចិត្តនឹកឃើញ ដោយអ្នកជាប់ចោទមិនអាចដឹងច្បាស់លាស់អំពីទោសរបស់ខ្លួនឡើយ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យអង្គការAmnesty Internationalនៅភូមា លោក Joe Freeman។សម្រែកអន្តរជាតិគ្មានប្រសិទ្ធភាពលើរបបសឹកភូមា? រដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសានស៊ូជី បើតាមអង្គការសហប្រជាជាតិបានរុញទម្លាក់ប្រទេសទៅក្នុងវិបត្តិ និងអំពើហិង្សាស៊ីវិល ដោយធ្វើឱ្យប្រជាពលរដ្ឋជាងបីពាន់នាក់ស្លាប់បាត់បង់ជីវិត ជាងមួយលាននាក់ត្រូវបង្ខំចិត្តធ្វើបំលាស់ទី និងជាង២ម៉ឺនបួនពាន់នាក់ត្រូវចាប់ខ្លួន ឬជាប់ឃុំ។ ទាំងអង្គការសហប្រជាជាតិ ក៏ដូចជាបណ្តាប្រទេសលោកខាងលិចធំៗ បានអំពាវនាវឱ្យភូមាដោះលែងអ្នកទោសនយោបាយ និងរៀបចំការបោះឆ្នោតជាថ្មី។ ប៉ុន្តែគ្រប់ការចរចា និងការសម្រុះសម្រួលគ្មានបានលទ្ធផលអ្វីទាំងអស់។ របបសឹកបានសន្យារៀបចំការបោះឆ្នោតជាថ្មី នៅខែសីហា២០២៣នេះ ប៉ុន្តែនៅថ្ងៃទី៣១កក្កដាម្សិលមិញ ក្នុងពេលដែលសេចក្តីប្រកាសដាក់ប្រទេសក្នុងភាពអាសន្នត្រូវដល់ទីអវសាន ក្រុមប្រឹក្សាការពារនិងសន្តិសុខជាតិ បានសម្រេចបន្តភាពអាសន្នរយៈពេល៦ខែទៀត។ ពន្យារពេលដាក់ប្រទេសក្នុងភាពអាសន្ន មានន័យថាការបោះឆ្នោតក៏ត្រូវតែលើកពេលដែរ ព្រោះបើតាមរដ្ឋធម្មនុញ្ញភូមា ការរៀបចំបោះឆ្នោតអាចប្រព្រឹត្តទៅបាននៅ៦ខែក្រោយប្រទេសដើរចេញពីភាពអាសន្ន។ លោកមីនអ៊ុងឡាំង បានពន្យល់អំពីហេតុផលនៃសេចក្តីសម្រេចពន្យារពេលដាក់ប្រទេសភាពអាសន្នម្តងហើយម្តងទៀត ដោយហេតុតែមានការប្រយុទ្ធនិងការវាយប្រហារ កំពុងកើតឡើងនៅតាមតំបន់ជាច្រើននៃប្រទេស។ ប្រមុខដឹកនាំរបបសឹកភូមាបានទទួលស្គាល់ថា រដ្ឋាភិបាលអាចគ្រប់គ្រងប្រទេសបានត្រឹមតែពីរភាគបីនៃស្រុកទាំង៣៣០របស់ភូមា ប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ក្រុមអ្នកប្រឆាំង ការបោះឆ្នោតសន្យាដោយរបបសឹក ទោះប្រព្រឹត្តទៅបានមែន ក៏គ្មានលក្ខណៈសេរី និងសមធម៌ដែរ។ គណៈកម្មការជាតិរៀបចំការបោះឆ្នោត បានរំលាយគណបក្សរបស់លោកស្រីអ៊ុងសានស៊ូជី ព្រោះមិនស្របតាមច្បាប់បោះឆ្នោតថ្មីតាក់តែងដោយក្រុមយោធា។ កាលពីខែមករាដើមឆ្នាំ គណៈកម្មការបោះឆ្នោត បានផ្តល់ពេលពីរខែឱ្យគណបក្សនយោបាយចុះឈ្មោះ តែក្នុងចំណោមគណបក្សទាំង៩០ មានតែ៥០ប៉ុណ្ណោះអាចជាប់ក្នុងបញ្ជីបោះឆ្នោតថ្មី៕
1-8-2023 • 5 minuten, 8 seconden ក្រុងម៉ូស្គូបានរងការវាយប្រហារដោយយានដ្រូនសាជាថ្មី ដែលរុស្ស៊ីអះអាងថាជាស្នាដៃអ៊ុយក្រែន
យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានរុស្ស៊ី កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី៣០កក្កដានេះ ទីក្រុងម៉ូស្គូ បានរងនូវការវាយប្រហារដោយយានដ្រូន។ ភាគីរុស្ស៊ីចាត់ទុកថាជាស្នាដៃរបស់អ៊ុយក្រែន។ នេះគឺជាការវាយប្រហារជាថ្មីទៀត កណ្តាលក្រុងម៉ូស្គូ ដែលអាចបញ្ជាក់ថា រដ្ឋធានីធំរបស់រុស្ស៊ីនេះ ហាក់ដូចជាមិនមានការការពារផ្លូវអាកាស ឲ្យបានរឹងមាំនោះទេ។ ដ្រូន៣គ្រឿងវាយធ្លាក់កណ្តាលក្រុងម៉ូស្គូផ្អែកតាមការចុះផ្សាយ របស់បណ្តាញព័ត៌មាន TASS របស់រុស្ស៊ី គឺយានដ្រូនចំនួន៣គ្រឿងរបស់អ៊ុយក្រែន បានមកវាយប្រហារនៅក្រុងម៉ូស្គូ កាលពីវេលាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យនេះ។ ដ្រូន១គ្រឿង ត្រូវបានកំទេចបានហើយធ្លាក់នៅជាយក្រុង ក្នុងតំបន់ Odintsovo។ ចំណែកពីរគ្រឿងទៀត ត្រូវបានធ្លាក់នៅកណ្តាលក្រុងម៉ូស្គូតែម្តង ក្នុងសង្កាត់ដែលសំបូរអាគារខ្ពស់ៗ។ បើផ្អែកតាមប្រភពខ្លះ គឺអគារដែលបានរងការវាយប្រហារនោះ គឺជាអគារដ្ឋបាល ការិយាល័យ ដែលក្រសួងរដ្ឋរុស្ស៊ីប្រើប្រាស់។លោក Sergueï Sobrianine អភិបាលទីក្រុងម៉ូស្គូ បានសរសេរបង្ហោះ លើបណ្តាញតេឡាក្រាម នៅព្រឹកថ្ងៃអាទិត្យនេះថា ជញ្ជាំងកញ្ចក់អាគារចំនួន២ បានរងការខូចខាត បាក់បែក ដោយសារតែការវាយប្រហារនេះ។ លោកម្នាក់នេះ អះអាងថា មិនមានមនុស្សស្លាប់ឬរបួសដោយសារការវាយប្រហារនេះទេ គឺមានតែការខូចខាតសម្ភារៈ។ រូបភាពពីក្រុមការងារ អ្នកយកព័ត៌មានបារាំង AFP បានបង្ហាញឲ្យឃើញ បំណែកបង្អួចកញ្ចក់ និងបំណែកអាគារធ្លាក់មកលើដី។ ដោយសារតែការវាយប្រហារនេះដែរ ព្រលានយន្តហោះ Vnoukovo ជាយក្រុងម៉ូស្គូ ត្រូវបានផ្អាកដំណើរការប៉ុន្មានម៉ោងដែរ នៅព្រឹកថ្ងៃអាទិត្យ។ក្រសួងការពារជាតិរុស្ស៊ីបានបរិហារថា នេះគឺជាទង្វើ ប៉ុនប៉ងវាយប្រហារភេរវកម្ម របស់អ៊ុយក្រែន។ តែយ៉ាងណា សម្រាប់ពេលនេះ មិនទាន់មានការប្រកាសទទួលស្គាល់ណាមួយពីភាគីអ៊ុយក្រែនទេ។ ដូចយើងបានដឹងហើយ ថានេះមិនមែនជាលើកទី១ទេ ដែលមានការវាយប្រហារដោយយានដ្រូន នៅកណ្តាលក្រុងម៉ូស្គូ ហើយដែលរុស្ស៊ីតែងតែចោទថាជាស្នាដៃអ៊ុយក្រែន។ លោកហ្សេឡេនស្គី ធ្លាប់បានសន្យាថានឹងវាយប្រហារទៅក្នុងទឹកដីរុស្ស៊ីវិញ ដើម្បីសងសិកចំពោះការវាយប្រហារដែលរុស្ស៊ីបានធ្វើមកលើទីក្រុងអូដេសា កាលពីពេលថ្មីៗនេះ។លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីវិញ បានស្តីបន្ទោស ថាបើគ្មានអាមេរិក និងអូតង់ទេ អ៊ុយក្រែនក៏មិនអាចបើកការវាយប្រហារនេះបានដែរ។ តែទន្ទឹមនឹងនេះ យើងឃើញថា ទីក្រុងម៉ូស្គូមួយទាំងមូល ហាក់ដូចជាមិនមានប្រព័ន្ធការពារផ្លូវអាកាសរឹងមាំសោះ បានជាយានដ្រូនអាចហោះទៅវាយប្រហារម្តងហើយម្តងទៀតបែបនេះ។ដ្រូនអ៊ុយក្រែន២៥គ្រឿង ប៉ុនប៉ងវាយប្រហារនៅគ្រីម៉េក្រសួងការពារជាតិរុស្ស៊ីអះអាងថា នៅព្រឹកថ្ងៃអាទិត្យនេះ គឺមានយានដ្រូនរបស់អ៊ុយក្រែន ចំនួន២៥គ្រឿងបានប៉ុនប៉ងមកវាយប្រហារ នោះតំបន់គ្រីម៉េ។ ក្នុងនោះកងទ័ពរុស្ស៊ីបានវាយកំទេចទាន់ពេលវេលា ចំនួន១៦គ្រឿង ដោយប្រព័ន្ធការពារផ្លូវអាកាស ចំណែក៩គ្រឿងទៀត ត្រូវបានក្រុមជំនាញរុស្ស៊ី ដណ្តើមគ្រប់គ្រងបានពីចំងាយតាមប្រព័ន្ធព័ត៌មានវិទ្យា ហើយបានបញ្ជាឲ្យធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ។ហើយកាលពីថ្ងៃសុក្រវិញ រុស្ស៊ីអះអាងថា អ៊ុយក្រែនបានបាញ់មីស៊ី២គ្រាប់ ចូលទៅក្នុងទឹកដីរុស្ស៊ី ត្រង់តំបន់ Taganrog ក្បែរព្រំដែនអ៊ុយក្រែន បណ្តាលឲ្យរបួសមនុស្ស១៦នាក់។ ករណីបាញ់មីស៊ីលចូលដីរុស្ស៊ីនេះ គឺជារឿងកម្រណាស់។ មីស៊ីល២គ្រាប់នេះ រុស្ស៊ីថាជាប្រភេទមីស៊ីល S-200។ដោយឡែក ខាងទឹកដីអ៊ុយក្រែនវិញ រុស្ស៊ីបានបាញ់មីស៊ីលវាយប្រហារ ចំអគារសាលារៀនមួយ កាលពីយប់ថ្ងៃសៅរ៍ម៉ោង៨ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៥នាក់ នៅទីក្រុងSoumy។ នេះបើផ្អែកតាមបណ្តាញព័ត៌មានអ៊ុយក្រែន Suspilne។ ហើយនៅថ្ងៃសៅរ៍ដែរ មនុស្ស២នាក់បានស្លាប់ដោយការវាយប្រហារ របស់រុស្ស៊ី នៅឯតំបន់ហ្សាប៉ូរីចា។ប្រធានសហភាពអាហ្វ្រិកអំពាវនាវឲ្យមានបទឈប់បាញ់វេទិកាកំពូល រុស្ស៊ី អាហ្វ្រិក បានបិទបញ្ចប់ទៅកាលពីថ្ងៃសុក្រ ដោយលោកប្រធានសហភាពអាហ្វ្រិក លោក Azali Assoumani បានប្រាប់ទៅលោកពូទីនថា វាជារឿងចាំបាច់ណាស់ ដែលត្រូវតែឈានទៅ មានបទឈប់បាញ់ ឲ្យបានឆាប់បំផុត ជាមួយអ៊ុយក្រែន ព្រោះថា វាគឺជារឿងស្លាប់រស់ រឿងក្រពះ របស់ប្រជាជននៅអាហ្វ្រិក។ការលើកឡើងបែបនេះ គឺបន្ទាប់ពីក្នុងពេលប្រជុំ លោកពូទីន បានសន្យាប្រាប់ទៅថ្នាក់ដឹកនាំអាហ្វ្រិកថា កុំភ័យ ចាំរុស្ស៊ីដឹកគ្រាប់ធញ្ញជាតិទៅឲ្យ ជំនួសឲ្យគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ ជាងនេះទៀត រុស្ស៊ីនឹងអោយដោយមិនគិតថ្លៃទេ ក្នុងទំហំមួយផ្នែកធំ សម្រាប់ប្រទេសប្រមាណ៦ប្រទេស ដែលលំបាកខ្លាំង។ តែការធានារបស់លោកពូទីននេះ ត្រូវបានលោក Azali Assoumani ប្រធានសហភាពអាហ្វ្រិក បានឆ្លើយបកទៅវិញថា វាមិនគ្រប់គ្រាន់ទេ។ អ្វីដែលចាំបាច់ គឺការឈានទៅមានបទឈប់បាញ់។ លោកពូទីន៖ “ខ្ញុំមិនដែលបិទផ្លូវចរចាជាមួយអ៊ុយក្រែនទេ!”នៅថ្ងៃសៅរ៍ទី២៩កក្កដា ក្នុងសន្និសីទកាសែតមួយ នៅក្រុងប៉េតេសបួរ លោកពូទីន បានឆ្លើយប្រាប់អ្នកកាសែតថា លោកមិនដែលបិទផ្លូវ រឿងចរចាជាមួយអ៊ុយក្រែននោះឡើយ។ លោកបន្តទៀតថា សំណើរបស់ក្រុមប្រទេសអាហ្វ្រិក ក៏ជាពីភាគីចិន ដែលចង់ឲ្យមានផែនការចរចា គឺរុស្ស៊ីនឹងយកមកគិត ប្រើវាជាមូលដ្ឋាន។ ចំណែករឿងបទឈប់បាញ់វិញ លោកបានលើកឡើងថា សម្រាប់ពេលនេះ គឺពិបាកធ្វើបន្តិចហើយ ព្រោះថាអ៊ុយក្រែន កំពុងតែបើកប្រតិបត្តិវាយបក ដែលតម្រូវឲ្យខាងរុស្ស៊ីត្រូវតែទប់ទល់ វាយប្រហារទៅវិញ។ តែយ៉ាងណា លោកបានបញ្ជាក់ថា សម្រាប់ពេលនេះ គឺខាងកងទ័ពរុស្ស៊ី មិនមានការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី មិនមានការបើកសម្រុកវាយប្រហារទ្រង់ទ្រាយធំណាមួយ នៅឯសមរភូមិ អ៊ុយក្រែនទេ៕
30-7-2023 • 6 minuten, 19 seconden នីហ្សេ៖ មេអង្គរក្សប្រធានាធិបតីជាអ្នកនៅពីក្រោយរដ្ ឋប្រហារ និងប្រកាសតាំងខ្លួនជាប្រមុខរដ្ឋថ្មី
នៅប្រទេសនីហ្សេ អ្នកផ្តួចផ្តើមគំនិតធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល និងចាប់ដាក់ឃុំ ប្រធានាធិបតី លោកម៉ូហាម៉េដ បាហ្ស៊ូម បានចេញមុខប្រកាសតាំងខ្លួនជាប្រមុខដឹកនាំថ្មី ចាប់តាំងពីថ្ងៃព្រហស្បតិ៍។ មេដឹកនាំរបបសឹកនីហ្សេ ដែលជាមេគំនិត ដណើ្តមអំណាចពីប្រធានាធិបី គ្មានអ្នកណាក្រៅពីលោកអាប់ឌូរ៉ាហាម៉ាន់ ចានី ដែលជាប្រធានអង្គរក្សរបស់ប្រធានាធិបតី។ នៅក្នុងការថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិ នៅយប់ថ្ងៃសុក្រម្សិលមិញ លោកអាប់ឌូរ៉ាហាម៉ាន់ ចានី បានប្រកាសតាំងខ្លួនជាប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រោចស្រង់មាតុភូមិ នៅមុនការប្រកាសរបស់ពួកយោធានីហ្សេ ដែលគាំទ្រឲ្យលោកធ្វើជាប្រមុខដឹកនាំថ្មីរបស់នីហ្សេ។ រដ្ឋប្រហារទម្លាក់រដ្ឋាភិបាលចេញមកពីការបោះឆ្នោត នៅនីហ្សេ បានទាក់ទាញឲ្យមានប្រតិកម្មថ្កោលទោសពីសហគមន៍អន្តរជាតិ មិនថា ប្រទេសលោកខាងលិច និងថ្នាក់ដឹកនាំអាហ្វ្រិក។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខរបស់សហភាពអាហ្វ្រិកបានទាមទារឲ្យពួកយោធានីហ្សេដោះលែងប្រធានាធិបតី និងត្រលប់ចូលទៅបន្ទាយវិញ ក្នុងរយៈពេល ១៥ថ្ងៃ។ ចំណែកអាមេរិកបានប្រកាសគំរាមកាត់ផ្តាច់ជំនួយ ក្នុងខណៈពេលបារាំងដែលជាដៃគូ របស់នីហ្សេ សម្រាប់ប្រយុទ្ធប្រឆាំងក្រុមភេរវនិយមនៅតំបន់សាហែល នៅអាហ្វ្រិក ប្រកាសបើកកិច្ចប្រជុំសន្តិសុខបន្ទាន់ ដើម្បីនិយាយពីស្ថានការណ៍នៅនីហ្សេ។ តើអ្វីទៅជាហេតុផលដែលជំរុញឲ្យមានការធ្វើរដ្ឋប្រហារនៅនីហ្សេ ដែលជាប្រទេសកំពុងស្ងប់ស្ងាត់ និងជាដៃគូសំខាន់របស់ប្រទេសលោកខាងលិច? ២ថ្ងៃក្រោយពួកយោធាអះអាងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល និងចាប់ប្រធានាធិបតីដាក់ឃុំ មេក្រុមអង្គរក្សប្រធានាធិបតី លោក អាប់ឌូរ៉ាហាម៉ាន់ ចានី បានចេញមុខតាមកញ្ចក់ទូរទស្សន៍ជាតិ កាលពីយប់ថ្ងៃសុក្រម្សិលមិញ និងប្រកាសតាំងខ្លួនជាប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រោចស្រង់មាតុភូមិ ដែលជាក្បាលម៉ាស៊ីនថ្មី ដឹកនាំថ្មីរបស់ប្រទេសនីហ្សេ ក្រោយរដ្ឋប្រហារ។ ខុសប្លែកពីរដ្ឋប្រហារ នៅប្រទេសដទៃ អ្នកដែលធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីនៅប្រទេស នីហ្សេ ជាប្រធានអង្គរក្សប្រធានាធិបតី ប៉ុន្តែ មិនមែនជាមេបញ្ជាការកងទ័ព។ការធ្វើរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលស៊ីវិល នៅនីហ្សេ ជារឿងដែលគេមិននឹកស្មានដល់ នេះបើមើលទៅលើស្ថានការណ៍នយោបាយដែលចាប់មានស្ថិរភាពឡើងវិញ នៅក្នុងអំឡុងដឹកនាំរបស់លោកប្រធានាធិបតីលោក លោកម៉ូហាម៉េដ បាហ្ស៊ូម។ លោកប្រធានាធិបតីបាហ្ស៊ូមដែលចេញមកពីការបោះឆ្នោតប្រជាធិបតេយ្យ បានព្យាយាមបន្ធូរបន្ថយភាពតានតឹងផ្ទៃក្នុង តាមរយៈការដោះលែងសកម្មជនអ្នកនយោបាយប្រឆាំងជាដើម។រឿងដែលគេមិននឹកស្មានដល់មួយទៀត គឺអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារ និងប្រកាសតាំងខ្លួនជាប្រមុខដឹកនាំថ្មីរបស់នីហ្សេ គឺជាមេក្រុមកងអង្គរក្សដែលតាមពិតមាននាទីជាអ្នកការពារសន្តិសុខឲ្យលោកប្រធានាធិបតីបាហ្ស៊ូមរហូតមក។ នៅថ្ងៃពុធទី ២៧កក្កដា មេកងអង្គរក្សរូបនេះបានបញ្ជាឲ្យចាប់ឃុំខ្លួនប្រធានាធិបតីនិងក្រុមគ្រួសារ ចំណែកក្រុមយោធាមួយក្រុមដែលអះអាងថា បានការគាំទ្រពីប៉ូលិស ទាហាន និងកងអាវុធ ប្រកាសធ្វើរដ្ឋប្រហារ ផ្តួលរំលំអំណាចប្រធានាធិបតី។នៅថ្ងៃសុក្រ លោក អាប់ឌូរ៉ាហាម៉ាន់ ចានី ដែលមេកងអង្គរក្សប្រធានាធិបតីបានចេញមុខតាមកញ្ចក់ទូរទស្សន៍ ប្រកាសតាំងខ្លួន ជាប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រោចស្រង់មាតុភូមិ ជាប្រមុខរដ្ឋថ្មីរបស់នីហ្សេ។ លោក អាប់ឌូរ៉ាហាម៉ាន់ ចានី ជាមនុស្សមិនសូវចេញមុខច្រើនទេ ប៉ុន្តែ នៅក្នុងពិភពកងទ័ពនីហ្សេ លោកជាមនុស្សមានមុខមាត់ មានគេគោរពច្រើន ព្រោះលោកធ្លាប់ដឹកនាំកងទ័ពជើងគោក ជើងអាកាស មុននឹងត្រូវប្រធានាធិបតីមុនៗតែងតាំងជាប្រធានអង្គរក្សការពារប្រធានាធិបតីរយៈពេល ១២ឆ្នាំមកនេះ។ អ្នកស្និទ្ធនឹងលោកប្រធានាធិបតី បាហ្ស៊ូម ដែលកំពុងស្ថិតក្រោមការចាប់ឃុំរបស់ពួកយោធា បានថ្កោលទោសការធ្វើរដ្ឋប្រហារដែលធ្វើឡើងដើម្បីប្រយោជន៍បុគ្គល ព្រោះ ថា លោកចានីមានគំនិតធ្វើរដ្ឋប្រហារ បន្ទាប់ពីលោកប្រធានាធិបតីបាហ្ស៊ូមមានគម្រោងកោះប្រជុំគណៈរដ្ឋមន្រ្តីដើម្បីដកលោកចានី និងកាត់បន្ថយឥទ្ធិពលរបស់ក្រុមអង្គរក្សប្រធានាធិបតី។ប៉ុន្តែ នៅក្នុងសារថ្លែងកាលពីថ្ងៃសុក្រ លោកចានីនិយាយថា រដ្ឋប្រហារធ្វើឡើង ដោយសារតែស្ថានការណ៍សន្តិសុខនៅនីហ្សេកាន់តែធ្លាក់ចុះ នៅចំពោះមុខការគំរាមកំហែងរបស់ក្រុមភេរវនិយម។ហេតុអ្វីបារាំងបារម្ភ យកចិត្តទុកដាក់ ពីរឿងធ្វើរដ្ឋប្រហារ នៅនីហ្សេ?គិតចាប់តាំងពីទទួលឯករាជ្យ រួចចាកផុតពីអាណានិគមនិយមបារាំងនៅឆ្នាំ ១៩៦០ នេះជាលើកទី ៥ ដែលនីហ្សេជួបប្រទះរដ្ឋប្រហារយោធា។ ប៉ុន្តែ រដ្ឋប្រហារនៅនីហ្សេលើកនេះធ្វើឲ្យបារាំងបារម្ភខ្លាំងជាងណាទាំងអស់។ នីហ្សេ ជាប្រទេសអាហ្វ្រិកសំខាន់ ចុងក្រោយ ដែលបារាំងកំពុងចាប់ដៃសហការផ្នែកយោធា នៅតំបន់សាហែល នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម ដូចជាក្រុមជីហាតអ៊ីស្លាម ក្រុមអាល់កៃដា។ នីហ្សេបានក្លាយជាមូលដ្ឋានទ័ពចុងក្រោយរបស់បារាំង ដែលបានបង្ខំចិត្តដកទ័ពចេញពីម៉ាលី និងបួគីណាហ្វាសូ បន្ទាប់ពីប្រទេសទាំងពីរនេះត្រូវពួកយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល។នៅនីហ្សេ កងទ័ពបារាំងប្រមាណ ១៥០០នាក់កំពុងប្រចាំការនៅមូលដ្ឋានទ័ព ដែលមានទីតាំងនៅព្រលានយន្តហោះក្នុងរដ្ឋធានីរបស់នីហ្សេ។ប្រធានាធិបតីបារាំងផ្ទាល់បានថ្កោលទោស ការធ្វើរដ្ឋប្រហារ និងបានទាមទារឲ្យពួកយោធាដោះលែងប្រធានាធិបតី លោកបាហ្ស៊ូម ដែលជាមេដឹកនាំប្រទេសនៅអាហ្វ្រិកដ៏កម្រ ដែលនៅបន្តរក្សាទំនាក់ទំនងជាមួយបារាំង និងប្រទេសលោកខាងលិច។ នៅថ្ងៃសៅរ៍ លោកប្រធានាធិបតីម៉ាក្រុងដែលបានរូតរះត្រលប់ពីដំណើរទស្សនកិច្ចនៅឥណ្ឌូប៉ាស៊ីហ្វិក បានកោះប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខដើម្បីនិយាយពីស្ថានការណ៍នៅនីហ្សេ។បារាំងត្រូវតែខ្វល់ខ្វាយពីស្ថានការណ៍នៅនីហ្សេ មិនមែនដោយសារតែហេតុផលប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅសាហែលតែប៉ុណ្ណោះទេ ប៉ុន្តែ បារាំងតាមដានជាប់ស្ថានការណ៍ប្រែប្រួលនៅនីហ្សេ ដើម្បីហេតុផលសេដ្ឋកិច្ច ព្រោះបារាំងមានក្រុមហ៊ុនOrano ដែលបុកគ្រឹះធ្វើអាជីវកម្មជីកយករ៉ែអ៊ុយរ៉ាញ៉ូម របស់នីហ្សេ រាប់សិបឆ្នាំមកហើយ ដើម្បី រោងចក្រថាមពលនុយក្លេអ៊ែរនៅបារាំង។នីហ្សេនឹងជួបបញ្ហាអ្វីខ្លះ នៅក្រោយរដ្ឋប្រហារ?នីហ្សេក្រោមការដឹកនាំរបស់របបសឹក ក្រោយរដ្ឋប្រហារ អាចស្ថិតនៅឯការ ដោយសារតែការថ្កោលទោស ពីសហគមន៍អន្តរជាតិ និងសហភាពអាហ្វ្រិក ដែលប្រឆាំងនឹងការចូលកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារយោធា។បន្ទាប់ពីនេះ នីហ្សេដឹកនាំដោយមេអង្គរក្សប្រធានាធិបតី លោកចានី កំពុងរងការគំរាមពីសហភាពអាហ្វ្រិក និងអាមេរិកដែលបានព្រមានពីការកាត់ផ្តាច់ជំនួយ បើសិនកងទ័ពមិនព្រមប្រគល់អំណាចទៅឲ្យប្រធានាធិបតីលោកបាហ្ស៊ូមវិញ។ ប្រធានាធិបតី បារាំងបានព្រមានពីគ្រោះថ្នាក់នៃរដ្ឋប្រហារយោធា សម្រាប់អនាគតប្រជាជននីហ្សេ ប្រទេសនីហ្សេ និងតំបន់ទាំងមូលអាមេរិក គំរាមកាត់ផ្តាច់ជំនួយយោធាសម្រាប់នីហ្សេ បើសិនកងទ័ពមិនប្រគល់អំណាចឲ្យប្រធានាធិបតីវិញបន្ទាប់ពីប្រកាសទទួលស្គាល់តែលោកប្រធានាធិបតី បាហ្ស៊ូម ជាមេដឹកនាំនីហ្សេ របបសឹកនីហ្សេ ក្រសួងការបរទេសអាមេរិកបានព្រមានពីការកាត់ផ្តាច់ជំនួយ និងសហប្រតិបត្តិការយោធាជាមួយនីហ្សេ។ នៅមុនរដ្ឋប្រហារកាលពីថ្ងៃពុធ នៅនីហ្សេ អាមេរិកធ្លាប់ចូលរួមបណ្តុះបណ្តាលកងទ័ព និងកងអង្គរក្សនីហ្សេ និងមានទាហាន ១០០០នាក់កំពុងប្រចាំការនៅទឹកដីនីហ្សេ។ប៉ុន្តែ ក្រុមយោធានីហ្សេ ទំនងមិនសុខចិត្តប្រគល់អំណាចទៅឲ្យប្រធានាធិបតី ដែលគេចោទថា អសមត្ថភាព ក្នុងការគ្រប់គ្រងប្រទេស ជាពិសេស បញ្ហាសន្តិសុខ និងបញ្ហាពុករលួយ។ ដោយហ៊ានចេញមុខធ្វើរដ្ឋប្រហារប៉ុណ្ណេះហើយ កងទ័ពនីហ្សេមិនងាយនឹងត្រលប់ដើរថយក្រោយ ដោយសារខ្លាចការសម្លុត គំរាមកាត់ផ្តាច់ជំនួយពីលោកខាងលិច ព្រោះថា របបសឹកនីហ្សេ នៅមានផ្លូវដើរផ្សេងទៀត។ ទី១ នីហ្សេនៅមានចិនដែលនៅចាំទិញប្រេងរបស់នីហ្សេ ហើយចិនមិនបាននិយាយរិះគន់ការធ្វើរដ្ឋប្រហារ។ទី ២ នីហ្សេនៅអាចជំនួយពីរុស្ស៊ី ដែលពេលនេះ ជាគូប្រជែង សត្រូវរបស់អាមេរិក និងប្រទេសលោកខាងលិច។ រុស្ស៊ី អាចជាប្រភពផ្គត់ផ្គង់ស្បៀង ជីគីមី ហើយនិងជាអ្នកលក់អាវុធដើម្បីឲ្យកងទ័ពនីហ្សេយកទៅប្រើសម្រាប់ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយមនៅតំបន់សាហែលជាប់ព្រំដែន ជាមួយម៉ាលី និងបួគីណាហ្វាសូតើ អាចមានការលូកដៃរបស់រុស្ស៊ី ដូចនៅប្រទេសអាហ្វ្រិកជិតខាង ដូចជាម៉ាលី និងបួគីណាហ្វាសូ?នៅព្រឹកថ្ងៃព្រហស្បតិ៍ ក្រុមបាតុករ ជាច្រើនរយនាក់ ដែលគាំទ្រការធ្វើរដ្ឋប្រហាររបស់ក្រុមយោធា បានស្រែកជេរបារាំង បណ្តេញកងទ័ពបារាំង នៅក្នុងការជួបជុំគ្នា នៅទីក្រុងជាច្រើន នៅប្រទេសនីហ្សេ។ យោងតាមអ្នករាយការណ៍ព័ត៌មានបារាំង AFP នៅក្នុងក្បួនបាតុកម្ម គេឃើញក្រុមបាតុករនីហ្សេ លើកគ្រវីទង់ជាតិរុស្ស៊ី ស្វាគមន៍អរគុណរុស្ស៊ី។ តាមការវិភាគខ្លះ គេសង្ស័យថា ចលាចល និងការធ្វើរដ្ឋប្រហារនៅនីហ្សេនេះ អាចមានការលូកដៃរបស់រុស្ស៊ី ដូចនៅម៉ាលី និងបួគីណាហ្វាសូ ប្រទេសជាប់ព្រំដែននីហ្សេ ដែលមានក្រុមទាហានស៊ីឈ្នួលWagner របស់រុស្ស៊ីកំពុងមានវត្តមានយ៉ាងសកម្ម។ប្រធានក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ លោកព្រីហ្គោហ្ស៊ីនដែលធ្វើការបះបោរមិនបានសម្រេចនៅម៉ូស្គូ និងត្រូវនិរទេសខ្លួនទៅនៅបេឡារុស្ស បាននិយាយនៅថ្ងៃសុក្រថា រដ្ឋប្រហារយោធានៅនីហ្សេផ្ទុះឡើង ដោយសារតែប្រជាជននីហ្សេតស៊ូ ប្រឆាំងនឹងច្បាប់ ដែលអតីតអាណានិគមនិយមបានដៅកំណត់សម្រាប់ជីវិតប្រជាជននីហ្សេ។តើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលនឹងអាចប៉ះពាល់ដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយមនៅតំបន់សាហែល?ផ្ទុយពីការបារម្ភរបស់បារាំង និងអាមេរិក រដ្ឋប្រហារនៅនីហ្សេអាចផ្តល់កម្លាំងដល់បេសកកម្មប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយមនៅតំបន់សាហែល ព្រោះថា មេដឹកនាំរបបសឹកនីហ្សេ មានគោលនយោបាយខុសស្រឡះពីលោកប្រធានាធិបតីបាហ្ស៊ូម។ ដោយសារតែរដ្ឋប្រហារយោធានៅម៉ាលី និងបួគីណាហ្វាសូ លោកប្រធានាធិបតីបាហ្ស៊ូម នៅមុនពួកយោធាធ្វើរដ្ឋប្រហារ បានបែរខ្នងដាក់របបសឹកម៉ាលី និងបួគីណាហ្វាសូ ដែលតាមពិតធា្លប់ជាដៃគូសំខាន់ដើម្បីប្រយុទ្ធ បោសសម្អាតពួកជីហាត នៅព្រំដែនប្រទេសទាំងបី នៅតំបន់សាហែល។ លោកប្រធានាធិបតីបាហ្ស៊ូម លែងសហការជាមួយរបបសឹកម៉ាលី និងបួគីណាហ្វាសូ ក៏ព្រោះតែ បារាំង អាមេរិកនិងសហភាពអាហ្វ្រិក ប្រកាសឈប់គាំទ្រប្រទេសទាំងពីរដោយសារតែការធ្វើរដ្ឋប្រហារដណ្តើមអំណាច។ប៉ុន្តែ សម្រាប់ លោកចានី ប្រធានក្រុមប្រឹក្សាជាតិដើម្បី ស្រោចស្រង់ មាតុភូមិ កងទ័ពធ្វើរដ្ឋប្រហារ ដោយសារយល់ថា ជំហរនយោបាយរបស់លោកប្រធានាធិបតី នៅក្នុងរឿងរក្សាសន្តិសុខ ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម គ្មានប្រសិទ្ធិភាព។ តាមលោក គេត្រូវចាប់ដៃសហការជាមួយម៉ាលី និងបួគីណាហ្វាសូ បើសិនចង់ បោសសម្អាតក្រុមជីហាត និងអាល់កៃដា នៅតំបន់សាហែល៕
29-7-2023 • 8 minuten, 31 seconden លោកចូ បៃដិន ទទួលស្វាគមន៍លោកស្រីម៉េឡូនី នៅសេតវិមាន ដោយទុករឿងពណ៌សំបុរនយោបាយមួយឡែក
លោកស្រី ចរចា ម៉េឡូនី នាយករដ្ឋមន្ត្រីអ៊ីតាលី បានទៅទស្សនកិច្ចផ្លូវរដ្ឋជាលើកទី១មួយ នៅរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកស្រីត្រូវបានលោកប្រធានាធិបតី ចូ បៃដិន ទទួលស្វាគមន៍យ៉ាងរាក់ទាក់ នៅឯសេតវិមាន។ ធាតុពិតទៅ លោកស្រីម៉េឡូនី ដែលមកពីគណបក្សនយោបាយស្តាំនិយមជ្រុល គឺមានទំនោរខុសគ្នាឆ្ងាយណាស់ ពីលោក ចូ បៃដិន ដែលមកពីបក្សប្រជាធិបតេយ្យ។ តែយ៉ាងណាសំណុំរឿងអ៊ុយក្រែន ព្រមទាំងបញ្ហាប្រកួតប្រជែងជាមួយចិន បានធ្វើឲ្យអ្នកទាំងពីរ ត្រូវទុករឿងពណ៌សំបុរនយោបាយមួយឡែកសិន។ ទំនោរនយោបាយផ្ទុយគ្នាស្រឡះលោកស្រី ចរចា ម៉េឡូនី គឺជាស្ត្រីដំបូងគេ ដែលបានឈានឡើងមកធ្វើជានាយករដ្ឋមន្ត្រីអ៊ីតាលី។ លោកស្រីមកពីបក្សស្តាំនិយមជ្រុល ដែលមានឬសគល់នយោបាយចេញពីក្រុមហ្វាឈីសត៍ ពោលគឺជាទំនោរនយោបាយអភិរក្សនិយមជ្រុល រើសអើងប្រកាន់ពូជសាសន៍ ស្អប់ជនបរទេស។ បក្សនយោបាយរបស់ស្រីម៉េឡូនីនេះ ប្រឆាំងនឹងសិទ្ធិរំលូតកូនរបស់ស្ត្រី ហើយប្រឆាំងនឹងសិទ្ធិរបស់អ្នកស្រលាញ់ភេទដូចគ្នាថែមទៀត។យ៉ាងណាមិញ នៅពេលលោកស្រីម៉េឡូនីបានចូលកាន់អំណាច លោកចូ បៃដិន បានថ្លែងសារ ប្រាប់ប្រជាជនអាមេរិក ថាត្រូវតែប្រឹងប្រែង ប្រុងប្រយ័ត្ន កុំឲ្យក្រុមអ្នកនយោបាយស្តាំនិយមជ្រុល អាចឈានមកកាន់អំណាចបាននៅអាមេរិក ដូចនៅអ៊ីតាលីឲ្យសោះ ព្រោះវាជាគ្រោះថ្នាក់ខ្លាំងណាស់ ដល់សិទ្ធិសេរីភាពនិងការរីកចម្រើន។ អញ្ចឹងយើងឃើញថា លោក ចូ បៃដិន និងលោកស្រីម៉េឡូនី មានទស្សនៈតម្លៃនយោបាយ ផ្ទុយគ្នាខ្លាំណាស់។តែយ៉ាងណា ជំនួបកាលពីថ្ងៃព្រហស្បតិ៍ នៅសេតវិមាន បានប្រព្រឹត្តិទៅដោយរលូន ដោយគេសង្កេតឃើញថា លោកចូ បៃដិន ព្យាយាមស្វាគមន៍យ៉ាងកក់ក្តៅ និងនិយាយលេងសើចរួសរាយរាក់ទាក់ យ៉ាងស្និទ្ធស្នាលបំផុត ជាមួយលោកស្រីម៉េឡូនី។ លោកចូ បៃដិន អះអាងថា តាមរយៈការជួបគ្នានេះ លោកបានក្លាយជាមិត្តរបស់លោកស្រីម៉េឡូនី។ ចំណែកលោកស្រី ម៉េឡូនីវិញ ក្រោយចប់ជំនួបនេះ បានប្រាប់អ្នកកាសែតថា បើនិយាយពីរឿងនយោបាយអាមេរិក គឺលោកស្រីគាំទ្រពេញចិត្តគណបក្សសាធារណរដ្ឋ ជាងបក្សប្រជាធិបតេយ្យ។ តែយ៉ាងណា ចំណុចវាមិនទៅរំខាន ដល់ទំនាក់ទំនងដ៏ល្អប្រសើរ រវាងលោកស្រី ជាមួយលោកចូ បៃដិន នោះឡើយ។“មិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្ន”លោកស្រីម៉េឡូនី និងលោកចូ បៃដិន បានទុករឿងនយោបាយផ្ទៃក្នុងមួយឡែក ដោយផ្តោតអាទិភាពទៅលើការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជួយអ៊ុយក្រែន។ ភាគីទាំង២បានលើកឡើងថា ជំនួបនេះ គឺជាឱកាសដើម្បីបញ្ជាក់ និងពង្រឹង សហប្រតិបត្តិការយ៉ាងស្អិតរមួត រវាងសហរដ្ឋអាមេរិក និងអ៊ីតាលី ក្នុងការជួយអ៊ុយក្រែន។ នៅក្នុងលិខិតប្រកាសរួមគ្នា លោក ចូ បៃដិន និងលោកស្រី ម៉េឡូនី បានសន្យាថា នឹងរួមសហការគ្នាបន្តជួយអ៊ុយក្រែន ទោះចំណាយប៉ុណ្ណា យូរប៉ុណ្ណាក៏ដោយ។ក្នុងពេលជួបគ្នា លោកចូ បៃដិន បានលើកឡើងថា អ៊ីតាលីមានតួនាទីសំខាន់ណាស់ ក្នុងអូតង់ ព្រមទាំងការជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធការពារទឹកដីប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ លោកស្រី ម៉េឡូនីវិញ បានបញ្ជាក់ថា ពិតណាស់ មិត្តពិតប្រាកដ គឺត្រូវចេះជួយគ្នាក្នុងគ្រាមានអាសន្ន មានការលំបាក។ដោយឡែក បើផ្អែកតាមប្រភពពីរដ្ឋាភិបាលអ៊ីតាលី គឺលោកស្រី ម៉េឡូនី ក៏មានបំណងនិយាយជាមួយលោកចូ បៃដិនដែរ អំពីបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម។ លោកចូ បៃដិន មានគម្រោងរៀបចំ ពង្រឹងវិស័យឧស្សាហកម្មនិងការវិនិយោគនៅអាមេរិក ដែលអាចជះផលអវិជ្ជមានខ្លះ មកលើប្រទេសនៅអឺរ៉ុប។យ៉ាងណាមិញ ក្នុងពេលជួបគ្នា លោក ចូ បៃដិន បានរំលឹកថា ឆ្នាំក្រោយនេះ អ៊ីតាលី នឹងដល់វេនធ្វើជាប្រធានវិលជុំរបស់ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7ហើយ។ លោកស្រី ម៉េឡូនី បានឆ្លើយទៅវិញបែបដាក់ខ្លួនថា សូមលោកចូ បៃដិន កុំប្រកែប្រកាន់អី ប្រសិនបើមានការឆ្គាំឆ្គង ឬខ្វះខាត ក្នុងការរៀបចំចាត់ចែងដឹកនាំG7 របស់លោកស្រីនៅឆ្នាំក្រោយ។អ៊ីតាលីអាចចាកចេញពីគម្រោង « ផ្លូវមួយខ្សែក្រវ៉ាត់មួយ » របស់ចិន គួរបញ្ជាក់ថា ក្នុងចំណោមប្រទេសG7 គឺមានតែអ៊ីតាលីមួយគត់ ដែលបានចូលរួមសហការជាមួយចិន នៅក្នុងគម្រោងផែនការ “ផ្លូវមួយខ្សែក្រវ៉ាត់មួយ”។ បញ្ហានេះ ត្រូវបានរដ្ឋាភិបាលអាមេរិកបរិហាររិះគន់ និងក្រឿនរំលឹកឲ្យអ៊ីតាលីប្រុងប្រយ័ត្នច្រើនដងហើយ។ តែយ៉ាងណា ការសម្រេចចូលរួមជាមួយចិននេះ គឺរដ្ឋាភិបាលមុនរបស់អ៊ីតាលីជាអ្នកសម្រេច កាលពីឆ្នាំ២០១៩ មិនមិនជាការសម្រេចរបស់រដ្ឋាភិបាលរបស់លោកស្រី ម៉េឡូនីទេ។មិនមានការជជែកគ្នាណាមួយដោយត្រង់ៗ អំពីបញ្ហានេះទេ រវាងលោកស្រីម៉េឡូនី និងលោកចូ បៃដិនទេ។ ក៏ប៉ុន្តែនៅក្នុងលិខិតប្រកាសរួម មេដឹកនាំទាំង២បានអះអាងថានឹងរួមគ្នា ដើម្បីទប់ទល់ចំពោះសកម្មភាពវាតទី ព្រមទាំងការលំបាកទាំងឡាយ ដែលចិនបាននិងកំពុងដាក់ជាចំណោទមកកាន់ពិភពលោក។ ក្នុងន័យនេះ គឺគេចង់សំដៅ ទៅលើ បញ្ហាឥទ្ធិពលពាណិជ្ជកម្មចិន ព្រមទាំងសំណុំរឿងកោះតៃវ៉ាន់ផងដែរ។ថ្មីៗនេះ លោកស្រី ម៉េឡូនី ធ្លាប់បានបញ្ជាក់ថា រដ្ឋាភិបាលលោកស្រី អាចនឹងពិចារណា ចាកចេញពីគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ព្រោះថាចាប់តាំងពីឆ្នាំ២០១៩មក អ៊ីតាលីដូចជាមិនបានឃើញនូវផលប្រយោជន៍ជាក់ស្តែងផ្នែកសេដ្ឋកិច្ចអ្វី បានមកពីគម្រោងវិនិយោគរបស់ចិននេះសោះ។អ្វីដែលគេរំពឹងរងចាំ គឺនៅរវាងប៉ុន្មានខែខាងមុខនេះ ពោលគឺមុនពេលអ៊ីតាលីចាប់ផ្តើមធ្វើជាប្រធាន G7 គឺគេសង្ឃឹមថាលោកស្រី ម៉េឡូនី នឹងប្រកាសជាផ្លូវការ ថាអ៊ីតាលីសម្រេចឈប់ចូលរួមជាមួយចិន ក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ។ តែទន្ទឹមគ្នានេះ អ៊ីតាលី ក៏មិនអាចមើលស្រាលបញ្ហាបានដែរ ព្រោះថាបើធ្វើមែន គឺចិនអាចនឹងសងសិកវិញមកលើអ៊ីតាលី។ ដូច្នេះ អ៊ីតាលីក៏ទំនងជាចង់ឲ្យអាមេរិកធ្វើសម្បទានខ្លះដែរ ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ប្រសិនបើចិន រករឿងដាក់ឧបសគ្គពាណិជ្ជកម្មមកលើអ៊ីតាលី៕
28-7-2023 • 6 minuten, 10 seconden បារាំងចាប់ផ្តើមរាប់ថ្ងៃថយក្រោយ ដើម្បីរៀបចំការប ្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ ២០២៤
គិតចាប់តាំងពីថ្ងៃពុធនេះ មានរយៈពេលមួយឆ្នាំគត់ ដែលបារាំងត្រូវត្រៀមខ្លួន រៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅ ដែលត្រូវបើកសម្ពោធ ជាផ្លូវការ នៅថ្ងៃទី ២៦កក្កដា ឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស។ មានវត្តមាននៅថ្ងៃពុធនេះ នៅទីក្រុងប៉ារីស ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោកThomas Bach បានប្រកាសអញ្ជើញជាផ្លូវការប្រទេសចំនួន២០៣ ឲ្យចូលរួមនៅក្នុងព្រឹត្តិការអូឡាំពិកទីក្រុងប៉ារីស ២០២៤។ ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤សំខាន់ណាស់សម្រាប់បារាំង ព្រោះ លើកចុងក្រោយ ដែលបារាំងបានរៀបចំព្រឹត្តិការណ៍អូឡាំពិក គឺកាលពី១០០ឆ្នាំ នៅឆ្នាំ ១៩២៤។ នៅមួយឆ្នាំទៀតប៉ុណ្ណោះ ទីក្រុងប៉ារីសនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក ដែលជាព្រឹត្តិការណ៍ដ៏ធំ។ តើប៉ារីសត្រៀមខ្លួនហើយឬនៅ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និងផ្នែកថវិកា? នៅទីក្រុងប៉ារីស គណៈកម្មការជាតិអូឡាំពិកបារាំងបានប្រកាសរាប់ថ្ងៃថយក្រោយ ចាប់ពីថ្ងៃពុធទី ២៦ កក្កដា ដើម្បីត្រៀមរៀបចំ ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ២០២៤ចាប់តាំងពីមានកីឡាអូឡាំពិក នេះជាលើកទី៣ ដែលបារាំងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅ។ លើកចុងក្រោយ ដែលបារាំងរៀបចំកីឡាអូឡាំពិក គឺកាលពីឆ្នាំ ១៩២៤។ ដោយសារ មិនដែលបានរៀបចំព្រឹត្តិការណ៍អូឡាំពិកសោះ នៅក្នុងរយៈពេល១០០ឆ្នាំ ហើយនៅសល់ពេលតែ ១ឆ្នាំទៀតប៉ុណ្នោះ ថ្ងៃបើកការប្រកួតកីឡាអូឡាំពិកនឹងចាប់ផ្តើម។ នៅសល់ ៣៦៥ថ្ងៃទៀត នឹងមានការបើកសម្ពោធកីឡាអូឡាំពិកប៉ារីស ២០២៤។ បើទោះបីជាមានការដាក់សម្ពាធ អ្នករៀបចំ ជាពិសេស ប្រធានគណៈកម្មាធិការអូឡាំពិកបារាំង លោកTony Estanguet បានអះអាងពីជំនឿទុកចិត្តថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសនឹងប្រព្រឹត្តទៅតាមកាលកំណត់ ពីថ្ងៃទី ២៦កក្កដា ដល់ថ្ងៃទី ១១សីហា ឆ្នាំ ២០២៤។ប៉ារីសត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍អូឡាំពិកជាប្រវត្តិសាស្រ្តលើកនេះ ប៉ុន្តែ មិនមែនគ្មានឧបសគ្គនោះទេ។ មានបញ្ហាជាច្រើនដែល គេនៅមិនទាន់ដោះស្រាយ ធ្វើចប់។ទី១ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ។ ដោយសារតែប៉ារីស មិនដែលធ្លាប់រៀបចំការប្រកួតកីឡាអូឡាំពិក ក្នុងរយៈពេល ១០០ឆ្នាំមកនេះ ប៉ារីសត្រូវសាងសង់អគារច្រើនជាង ៥០ការដ្ឋាន ដូចជាភូមិអូឡាំពិកសម្រាប់ផ្តល់ការស្នាក់នៅដល់កីឡាករ ជាង ១ម៉ឺននាក់ និងស្តាតសម្រាប់ការប្រកួតហែលទឹក ជាដើម។ ប៉ុន្តែ នៅមួយឆ្នាំ មុនបើកសម្ពោធកីឡាអូឡាំពិក សំណង់ប្រមាណ ៥៣កំពុងនៅជាការដ្ឋាននៅឡើយ។ទី២ បញ្ហាថវិកាគេប៉ាន់ប្រមាណថា គេត្រូវការថវិកា ជាង ៨ពាន់លានអឺរ៉ូសម្រាប់រៀបចំការប្រកួតកីឡាអូឡាំពិក ប៉ារីស ២០២៤ ដែលនៅក្នុងនោះ ពាក់កណ្តាលត្រូវប្រើសម្រាប់ការបង្កើតសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ ដូចរាល់លើក ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិកតែងទទួលបានការរិះគន់ ព្រោះគេត្រូវវិនិយោគចំណាយខ្ពស់ ចំណែកផលចំណេញពីការរៀបចំមានតិចតួច។ ជាញយដង សំណង់ដែលសង់សម្រាប់ព្រឹត្តិការណ៍អូឡាំពិកត្រូវទុកចោល លែងយកទៅប្រើការ នៅក្រោយចប់ព្រឹត្តិការណ៍អូឡាំពិក។ ដូច្នេះ ដើម្បីជៀសវាងកុំឲ្យប្រជាជនមិនសប្បាយចិត្តនឹងការចំណាយ ចាយខ្ជះខ្ជាយ រដ្ឋាភិបាលបារាំងនិយាយថា ខ្លួនជួយចេញតែ ៤ភាគរយទេ ចំណែក ៩៦%នៃចំណាយសម្រាប់ការរៀបចំអូឡាំពិកលើកនេះ ត្រូវបានមកពីវិស័យឯកជន ដែលនៅក្នុងនោះ ជាង១៥០០លានអឺរ៉ូបានមកពីគណៈកម្មការធិការអូឡាំពិកអន្តរជាតិ ដែលនឹងបានប្រាក់ចំណូលពីការលក់សំបុត្រ និងថ្លៃផ្សាយពាណិជ្ជកម្មជាដើម។បញ្ហាទី៣ គឺការធ្វើដំណើរដឹកជញ្ជូន នៅក្នុងអំឡុងរៀបចំព្រឹត្តិការណ៍អូឡាំពិក។នេះជាបញ្ហាដ៏ឈឺក្បាល ព្រោះថា រហូតមកដល់ពេលនេះ ផ្នែកដឹកជញ្ជូនបារាំង មិនថា រទះភ្លើង រថយន្តក្រុង នៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលជនបរទេស ជាង ៧លាននាក់ដែលត្រូវចូលមើលការប្រកួតកីឡា។ នេះគេនៅមិនទាន់និយាយពីបញ្ហាកកស្ទះចរាចរណ៍ដែលតែងតែកើតមានឡើង នៅទីក្រុងប៉ារីស។ ដើម្បីសម្រួលការធ្វើដំណើររបស់ទស្សនិកជនទៅកាន់ទីតាំងប្រកួតកីឡាអូឡាំពិក ដែលមានសរុប ២៥កន្លែង នៅក្នុងទីក្រុងប៉ារីស និងជាយក្រុង ចៅហ្វាយក្រុងប៉ារីសគ្រោងនឹងផ្អាកការធ្វើដំណើររថយន្តឯកជន នៅក្នុងក្រុង និងផ្អាកការដ្ឋានសំណង់ទាំងអស់ដែលមាននៅតាមផ្លូវក្រវ៉ាត់ក្រុង។បារាំងត្រូវឈឺក្បាលក្នុងរឿងធានាការពារសន្តិសុខការរក្សាសន្តិសុខ នៅក្នុងអំឡុងការប្រកួតកីឡាអូឡាំពិក ជាអាទិភាព សម្រាប់អាជ្ញាធរបារាំង។ ព្រឹត្តិការណ៍ដុតរថយន្ត វាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ នៅក្នុងពេលកុប្បកម្មប្រឆាំងប៉ូលិស នាពេលថ្មីៗនេះ ជាមេរៀនសំខាន់ដែលអាជ្ញាធរបារាំងមិនអាចធ្វេសប្រហែសបាន។ការធានាសុវត្ថិភាព សន្តិសុខ ជាបញ្ហាដ៏ឈឺក្បាលជាងគេសម្រាប់រដ្ឋាភិបាលបារាំង ព្រោះថា ខុសពីការបើកសម្ពោធកីឡាអូឡាំពិកនៅស្រុកផ្សេងៗ ដែលធ្វើនៅតាមពហុកីឡាដ្ឋាន បារាំងបើកសម្ពោធព្រឹត្តិការណ៍អូឡាំពិក នៅលើទឹកទន្លេសែន ដែលជាកន្លែងសម្រាប់ការប្រកួតវិញ្ញាសារមួយចំនួន។ នៅថ្ងៃបើកសម្ពោធ កីឡាករ ជាង១ម៉ឺននាក់ នឹងជិះលើទូកជាង ១០០គ្រឿង បើកតាមទន្លេសែន ក្រោមក្រសែភ្នែករបស់ទស្សនិកជនជាង ៦សែននាក់ ដែលអង្គុយឈរ ទស្សនាតាមទន្លេសែនចម្ងាយ ៦គីឡូម៉ែត្រ។ ការពារសុវត្ថិភាពឲ្យមនុស្សកកកុញ នៅតាមទន្លេសែន ចម្ងាយ ៦គីឡូម៉ែត្រ មិនមែនជារឿងងាយស្រួល។តាមរដ្ឋមន្រ្តីមហាផ្ទៃបារាំង លោកGérald Darmanin កងរក្សាសន្តិសុខ ជិត៤ម៉ឺននាក់ នឹងត្រូវពង្រាយនៅតាមទីសាធារណៈ ដើម្បីធានាការពារសន្តិសុខ នៅក្នុងព្រឹត្តិការណ៍អូឡាំពិក។ រដ្ឋាភិបាលបារាំងមានគម្រោងផងដែរថា នឹងបញ្ចេញទាហានរបស់ខ្លួន សម្រាប់បេសកកម្មដោះមីន ប្រឆាំងដ្រូន និងពង្រឹងបណ្តាញស៊ើបការណ៍សម្ងាត់ដើម្បីទប់ស្កាត់គម្រោងវាយប្រហារភេរវកម្មណាមួយ។ ក្រៅពីប៉ូលិស និងទាហាន រដ្ឋាភិបាលបារាំងត្រូវពឹងអាស្រ័យផងដែរលើក្រុមភ្នាក់ងារសន្តិសុខឯកជនជិត ២ម៉ឺននាក់ទៀត។គណៈកម្មការធិការអូឡាំពិកមិនអញ្ជើញ រុស្ស៊ី និងបេឡារុសការប្រកួតកីឡាអូឡាំពិកជាទីតាំងប្រជែងភូមិសាស្រ្តនយោបាយ? វត្តមានរបស់រុស្ស៊ី និងបេឡារុស នៅក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ បានក្លាយជារឿងចម្រូងចម្រាស បន្ទាប់ពីរុស្ស៊ីចូលធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ អ៊ុយក្រែនផ្ទាល់ បានប្រកាសថា ខ្លួននឹងមិនបញ្ជូនកីឡាករមកអូឡាំពិកនៅប៉ារីសទេ បើសិនមានកីឡាកររុស្ស៊ី និងបេឡារុសចូលរួម។ ប៉ុន្តែ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Thomas Bach នៅថ្ងៃពុធទី ២៦ កក្កដា បានអារកាត់ថា លោកបានបញ្ជូនលិខិតទៅអញ្ជើញជាផ្លូវការប្រទេសចំនួន២០៣ ឲ្យចូលរួម ក្នុងការប្រកួតកីឡាអូឡាំពិកនៅប៉ារីស ឆ្នាំ ២០២៤ ប៉ុន្តែ គ្មានប្រទេសរុស្ស៊ី និងបេឡារុស ក្នុងកាលៈទេសៈនេះ។ ក្រៅពីរុស្ស៊ី និងបេឡារុស គណៈកម្មការធិការអូឡាំពិកមិនអញ្ជើញផងដែរ ក្វាតេម៉ាឡាដោយសារហេតុផលថា មានរឿងនយោបាយចូលលូកឡំក្នុងកីឡា៕
26-7-2023 • 7 minuten, 1 seconde កូរ៉េខាងជើងត្រៀមប្រារព្ធខួប៧០ឆ្នាំនៃការបិទបញ្ចប់ស ង្រ្គាមកូរ៉េជាមួយការបាញ់មីស៊ីលបាលីស្ទិក២គ្រាប់
កូរ៉េខាងជើងកំពុងត្រៀមខ្លួនប្រារព្ធខួប៧០ឆ្នាំនៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ដែលត្រូវប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ខានស្អែក។ តាមទីភ្នាក់ងារព័ត៌មានផ្លូវរដ្ឋកូរ៉េខាងជើង KCNA ថ្នាក់ដឹកនាំជាន់ខ្ពស់ចិន និងរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ត្រូវអញ្ជើញឲ្យចូលរួម ក្នុងពិធីបុណ្យជាតិដែលរបបព្យុងយ៉ាង យកចិត្តទុកដាក់រៀបចំ យ៉ាងសម្រិតសម្រាំង។ ដើម្បីត្រៀមប្រារព្ធខួបថ្ងៃជ័យជំនះ កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលបាលីស្ទិក២ដើមថែមទៀត នៅយប់ថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប និងមីស៊ីលបណ្តែត ជាបន្តបន្ទាប់គ្នា នៅសប្តាហ៍មុន។ កូរ៉េខាងជើងបានបិទទ្វារមិនទទួលជនបរទេស ជាង៣ឆ្នាំមកហើយ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ។ កូរ៉េខាងជើងសំញែងសមត្ថភាពយោធារបស់ខ្លួនកាន់តែខ្លាំង ដោយបានបាញ់សាកល្បងមីស៊ីលបាលីស្ទិក ២គ្រាប់ទៀត នៅយប់ថ្ងៃចន្ទម្សិលមិញ។ ក្នុងរយៈពេល ១០ថ្ងៃ កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកដល់ទៅ៣លើក នោះបើទោះបីជាដឹងថា ការបាញ់សាកល្បងមីស៊ីលបាលីស្ទិក ត្រូវហាមដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខក្តី។កូរ៉េខាងជើងគ្មានគោរពសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលបានហាមកូរ៉េខាងជើងមិនឲ្យសាកល្បងមីស៊ីលបាលីស្ទិក។ ដោយគ្មានខ្លាចញញើតនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ កូរ៉េខាងជើង ក្រោមការកាច់ចង្កូតរបស់មេដឹកនាំវ័យក្មេង លោកគីម ជុងអ៊ុនបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកក្នុងចំនួនដ៏ច្រើន បំបែកកំណត់ត្រា កាលពីឆ្នាំ ២០២២ នៅពេលព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលបាលីស្ទិក ដល់ទៅ ៧៥គ្រាប់ ដែលនៅក្នុងនោះមានមួយភាគ ជាមីស៊ីលបាលីស្ទិកអន្តរទ្វីប។នៅឆ្នាំនេះ គិតត្រឹមថ្ងៃទី១៤ កក្កដា ថ្ងៃដែលសមាជិកចំនួន១០របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចេញសេចក្តីប្រកាសរួមស្តីពីបញ្ហាមីស៊ីលរបស់កូរ៉េខាងជើង កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកដល់ទៅ ២០ គ្រាប់។ នេះគេនៅមិនទាន់រាប់គ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីប ដែលកូរ៉េខាងជើងបានបាញ់សាកល្បង នៅថ្ងៃអង្គារសប្តាហ៍មុន និងនៅយប់ថ្ងៃចន្ទម្សិលមិញផង។ជាញយដង កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទិក មីស៊ីលបណ្តែត នៅក្នុងពេលដែល ភាពតានតឹងជាមួយកូរ៉េខាងត្បូង ហើយនិងអាមេរិកឡើងដល់កម្រិតកំពូល។ជាក់ស្តែង កូរ៉េខាងជើងបាញ់សាកល្បង មីស៊ីលបាលីស្ទិក ទំនើបថ្មីចុងក្រោយ ដើម្បីប្រតិកម្មប្រឆាំងនឹងអាមេរិកដែលបានបញ្ជូននាវាមុជទឹកដែលមានដឹកគ្រាប់មីស៊ីល ភ្ជាប់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ ទៅចូលចតនៅកំពង់ផែប៊ូសានរបស់កូរ៉េខាងត្បូង។ការញុះញង់ដាក់គ្នារវាងភាគីជម្លោះមិនចេះចប់។ ឆ្លើយតបនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង អាមេរិក និងកូរ៉េខាងត្បូងបានប្រកាសពង្រឹងសហប្រតិបត្តិការយោធា និងព្រមានព្យុងយ៉ាងខ្លាំងៗថា នឹងអាចប្រឈមនឹងគ្រាប់នុយក្លេអ៊ែរ បើសិនព្យុងយ៉ាងបាញ់អាវុធនុយក្លេអ៊ែរសំដៅសម្ព័ន្ធមិត្តរបស់អាមេរិក។តាមសេចក្តីប្រកាសរួមរបស់ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ ដែលមានអាមេរិក អង់គ្លេស កូរ៉េខាងត្បូង ការបាញ់មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង រំលោភយ៉ាងកម្រោលសេចក្តីសម្រេចជាច្រើនលើករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជាប់ទណ្ឌកម្មអន្តរជាតិ តាំងពីឆ្នាំ ២០០៦ កូរ៉េខាងជើងត្រូវក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្តីសម្រេច ៣លើកផ្ទួនៗគ្នា ដាក់ទណ្ឌកម្មបន្ថែម ដោយសារតែរឿងបាញ់សាកល្បងមីស៊ីលបាលីស្ទិក។ប៉ុន្តែ កូរ៉េខាងជើងវិញ នៅតែឡើងចាង សម្រុកអភិវឌ្ឍកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ នៅក្នុងសម័យដឹកនាំរបស់លោកគីម ជុងអ៊ុន បន្ទាប់ពី ចិន និងរុស្ស៊ី សម្ព័ន្ធមិត្តរបស់កូរ៉េខាងជើង តាំងពីឆ្នាំ ២០១៧ លើកដៃវេតូរហូត ប្រឆាំងមិនឲ្យក្រុមប្រឹក្សាសន្តិសុខដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើកូរ៉េខាងជើង។កូរ៉េខាងជើងចង់បង្ហាញសមិទ្ធផលមីស៊ីលដែលបានមកពីជំនួយ ការអនុគ្រោះពីចិន និងរុស្ស៊ីចិន និងរុស្ស៊ីដែលបន្តទំនាក់ទំនងជិតស្និទ្ធិជាមួយរបបព្យុងយ៉ាងនឹងបញ្ជូនមន្រ្តីជាន់ខ្ពស់របស់ខ្លួនទៅចូលរួមក្នុងពិធីបុណ្យជាតិ រំលឹកខួប៧០ឆ្នាំ នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ដែលព្យុងយ៉ាងត្រូវរៀបចំនៅថ្ងៃព្រហស្បតិ៍ខានស្អែក ទៅតាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង។ វត្តមានរបស់មន្រ្តីចិន និងរុស្ស៊ីនៅព្យុងយ៉ាងធ្វើឡើង នៅបន្ទាប់ពីកូរ៉េខាងជើង បិទទ្វារមិនទទួលជនបរទេស ជាង៣ឆ្នាំមកហើយ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ។តាមក្រសួងការពារជាតិកូរ៉េខាងត្បូង ព្យុងយ៉ាងគ្រោងរៀបចំយ៉ាងអធិកអធមបំផុត ពិធីបុណ្យខួប៧០ឆ្នាំនៃការបិទបញ្ចប់សង្រ្គាមកូរ៉េ។ គួររំលឹកថា ភាគីជម្លោះកូរ៉េបានចុះហត្ថលេខាលើបទឈប់បាញ់ ឈានទៅបិទបញ្ចប់សង្រ្គាម នៅថ្ងៃទី ២៧ កក្កដា ឆ្នាំ ១៩៥៣។ បទឈប់បាញ់ ត្រូវបានគេកំណត់ថា ជាឯកសារបណ្តោះអាសន្នតែប៉ុណ្ណោះ ដើម្បីរង់ចាំការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមជាស្ថាពរ ដែលគេនឹងរៀបចំធ្វើនៅពេលក្រោយ។ ក៏ប៉ុន្តែ ៧០ឆ្នាំ ក្រោយ សន្ធិសញ្ញាសន្តិភាពនេះនៅតែមិនទាន់ត្រូវបានភាគីជម្លោះចុះហត្ថលេខា។ តាមផ្លូវច្បាប់ ឧបទ្វីបកូរ៉េគឺនៅតែស្ថិតក្នុងស្ថានភាពសង្រ្គាម រហូតមកបច្ចុប្បន្ន។សម្រាប់កូរ៉េខាងជើង ថ្ងៃចុះហត្ថលេខាបិទបញ្ចប់សង្រ្គាម កូរ៉េ គឺជាថ្ងៃជ័យជំនះរបស់កូរ៉េខាងជើង ហើយកូរ៉េខាងជើងចង់ប្រារព្ធខួបថ្ងៃជ័យជំនះនេះជាមួយមហាមិត្តចិន ព្រោះថា ទាហានចិនជិត ២សែននាក់បានពលីជីវិតជួយកូរ៉េខាងជើងនៅក្នុងសង្រ្គាមកូរ៉េកាលពី៧០ឆ្នាំមុន។មួយវិញទៀត ដោយអញ្ជើញ មន្រ្តីជាន់ខ្ពស់របស់បក្សកុម្មុយនិស្តចិន និងរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ឲ្យចូលរួមជាពិសេស នៅក្នុងពិធីបុណ្យលើកនេះ កូរ៉េខាងជើង មានក្តីទន្ទឹងពីរ។ ទី១ កូរ៉េខាងជើងចង់បើកប្រទេសឡើងវិញ ទទួលបរទេស នៅក្រោយបិទទ្វារជាង៣ឆ្នាំដោយសារកូវីដ។ទី២ ដោយអញ្ជើញមន្រ្តីជាន់ខ្ពស់ចិន ឲ្យចូលរួមក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា នៅថ្ងៃព្រហស្បតិ៍ ដែលមានការបង្ហាញសព្វាវុធ គ្រាប់មីស៊ីល ព្យុងយ៉ាងចង់បង្ហាញដល់សម្ព័ន្ធមិត្តចិន ពីលទ្ធផលសម្រេច នៃជំនួយ ការអនុគ្រោះ យោគយល់ របស់ចិន ដែលបានបើកដៃឲ្យកូរ៉េខាងជើងអាចឈានទៅក្លាយជាមហាអំណាចនុយក្លេអ៊ែរ និងផលិតមីស៊ីលមានសមត្ថភាពវាយដល់ទឹកដីអាមេរិក ដែលជាគូភាគីជម្លោះរបស់ចិន សព្វថ្ងៃ។ចិនឆ្លើយតបថា ខ្លួនបានអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខដោយម៉ត់ចត់បំផុតប៉េកាំង តាមរយៈ អ្នកតំណាងរបស់ខ្លួននៅអង្គការសហប្រជាជាតិ ទើបតែឆ្លើយតប លិខិតរបស់ក្រុមប្រទេសG៧ នៅថ្ងៃអង្គារនេះ ពោលនៅថ្ងៃដែលទីភ្នាក់ងារKCNA របស់កូរ៉េខាងជើងចុះផ្សាយថា មន្រ្តីជាន់ខ្ពស់របស់បក្សកុម្មុយនិស្តចិននឹងមានវត្តមានចូលរួមក្នុងពិធីបុណ្យ រំលឹកខួប៧០ឆ្នាំ នៃការបញ្ចប់សង្រ្គាមកូរ៉េ នៅព្យុងយ៉ាង នៅថ្ងៃព្រហស្បតិ៍។នៅក្នុងលិខិតផ្ញើទៅកាន់ ឯកអគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ ក្រុមប្រទេសហ្សេ៧បានទាមទារឲ្យចិនចូលរួមអនុវត្តដោយតឹងរ៉ឹងបំផុត ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើកូរ៉េខាងជើង។ ការទាមទាររបស់ក្រុមប្រទេសលោកខាងលិច ធ្វើឡើង បន្ទាប់ពី អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលទទួលបន្ទុកសង្កេតការអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើង សង្កេតឃើញ មាននាវាដឹកប្រេងរបស់កូរ៉េខាងជើងជាច្រើនគ្រឿង ចត និងប្រើប្រាស់កំពង់ផែ Sansha របស់ចិន ដើម្បីចូលទៅដឹកប្រេង នាំយកទៅកូរ៉េខាងជើង។ អង្គការសហប្រជាជាតិ បានសម្រេចទណ្ឌកម្មជាបន្តបន្ទាប់ លើកូរ៉េខាងជើង តាំងពីឆ្នាំ២០០៦ ដើម្បីបិទច្រកផ្លូវ រារាំងកុំឲ្យរបបផ្តាច់ការព្យុងយ៉ាង មានលទ្ធភាពទិញ នាំចូលថាមពលប្រេង យកទៅប្រើក្នុងវិស័យកងទ័ពនិងសព្វាវុធ។ ប៉ុន្តែ ផ្ទុយទៅវិញ កូរ៉េខាងជើង នៅតែអាចមានផ្លូវ មានច្រកដើម្បីនាំចូលប្រេងដដែល ដោយសារមានជំនួយ ពីចិន។ប៉ុន្តែ ឆ្លើយតបនឹងការចោទប្រកាន់របស់ក្រុមប្រទេសលោកខាងលិច ប៉េកាំងអះអាងថា ខ្លួនបានគោរពយ៉ាងម៉ត់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងកាតព្វកិច្ចរបស់ខ្លួននៅចំពោះមុខច្បាប់អន្តរជាតិ។ ក្រៅពីឆ្លើយការពារខ្លួន ចិន នៅបាននិយាយបក ទាមទារឲ្យភាគីដទៃទៀត ដែលនៅក្នុងនោះ មានអាមេរិកនិងកូរ៉េខាងត្បូងគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការបង្កើតបរិយាកាស បង្កើននយោបាយការទូត សម្រួលដល់ឲ្យមានការបើកផ្លូវការចរចា ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ៕
25-7-2023 • 8 minuten, 28 seconden លោកម៉ាក្រុងទៅកោះនូវែលកាឡេដូនី បញ្ជាក់ពីភាពចាំប ាត់នៃវត្តមានបារាំង ក្នុងលំហឥណ្ឌូប៉ាស៊ីហ្វិក
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ទើបតែបានធ្វើដំណើរទៅដល់ កោះនូវែលកាឡេដូនី ដែលជាដែនដីនាយសមុទ្ររបស់បារាំង ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ ជាច្រើនឆ្នាំមកហើយ ដែលកោះនូវែលកាឡេដូនី បានព្យាយាមបោះឆ្នោតប្រជាមតិ ដើម្បីរលាស់ខ្លួន ឈានទៅមានឯករាជ្យពេញលេញ។ បើទោះបីជាបារាំង បានអះអាងថា មិនប្រឆាំងនឹងការផ្តាច់ខ្លួនរបស់កោះនូវែលកាឡេដូនីក៏ដោយ តែធាតុពិត បារាំងមានអត្ថប្រយោជន៍ធំសម្បើមណាស់ ក្នុងការរក្សាកោះនេះ ឲ្យបន្តស្ថិតក្នុងរង្វង់អំណាចរដ្ឋបាលរបស់បារាំង។ បារាំងក្រោមការដឹកនាំរបស់លោកម៉ាក្រុង កំពុងតែព្យាយាមពង្រឹងវត្តមានខ្លួន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនាមជាមហាអំណាចមួយ ស្ថិតនៅចន្លោះរវាងចិន និងសហរដ្ឋអាមេរិក។ ទឹកដីបារាំងក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកោះនូវែលកាឡេដូនី នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ជាដែនដីនាយសមុទ្ររបស់បារាំង ដែលកំពុងស្ថិតនៅវិបត្តិរដ្ឋបាលនិងស្ថាប័នដ៏ធ្ងន់ធ្ងរ។ តាមពិតទៅ រដ្ឋបារាំង បានចុះកិច្ចព្រមព្រៀងនៅឆ្នាំ១៩៩៨ ជាមួយរដ្ឋបាលកោះកាឡេដូនី ដោយរដ្ឋបារាំងសន្យាថា នឹងបើកផ្លូវឲ្យកោះនេះ បានទទួលឯករាជ្យក្លាយជាប្រទេសពេញសិទ្ធិ ប្រសិនបើប្រជាជនម្ចាស់ស្រុកពិតជាចង់បានមែន។តាមរយៈរបៀបវារៈនេះ គេបានរៀបចំការបោះឆ្នោតប្រជាមតិ ៣ដងហើយ នៅកោះនូវែលកាឡេដូនីនេះ តែគឺសំឡេងឆ្នោតមិនគាំទ្រការប្រកាសឯករាជ្យ បានឈ្នះជានិច្ច។ ការបោះឆ្នោតប្រជាមតិចុងក្រោយ គឺកាលពីវិច្ឆិកា ឆ្នាំ២០២១។ តែយ៉ាងណា ការគ្រប់គ្រងរដ្ឋបាល និងនយោបាយនៅកោះនេះ គឺត្រូវពុះចែក ប្រកែកតទល់គ្នាសម្បើមណាស់ រវាងក្រុមអ្នកនយោបាយខាងសហគមន៍ជនជាតិកាណាក់ ដែលជាជនជាតិដើមម្ចាស់ស្រុក ហើយដែលចង់បានឯករាជ្យ និងក្រុមអ្នកនយោបាយម្ខាងទៀត ដែលនៅខាងរដ្ឋបារាំងចង់ឲ្យកោះនេះស្ថិតនៅជាដែនដីបារាំងតទៅទៀត។ គឺក្រុមអ្នកដឹកនាំចលនានយោបាយទាំង២នេះ ដែលឈ្លោះប្រកែកគ្នា ចរចាគ្នាមិនត្រូវសោះ។លោកម៉ាក្រុង បានទៅដល់ទីក្រុងនូម៉េអា ទីក្រុងធំរបស់កោះនូវែលកាឡេដូនី ម្តងហើយ កាលពីឆ្នាំ២០១៨ ដើម្បីផ្តល់សន្ទុះឲ្យមានការបង្រួបបង្រួមគ្នា ការពារអ្វីដែលជាប្រយោជន៍រួមរបស់កោះ។ នៅលើកនេះ លោកម៉ាក្រុងទៅទស្សនកិច្ច២ថ្ងៃ ដោយលោកនឹងជួបជាមួយភាគីចលនានយោបាយទាំងសងខាង។សេដ្ឋកិច្ច និងអត្តសញ្ញាណវប្បធម៌ជនជាតិកាណាក់ផ្អែកតាម លោក Gil Brial អភិបាលរងទី២នៃខេត្តខាងត្បូង និងជាអ្នកនាំពាក្យចលនាយោបាយ ភក្តីភាពនឹងរដ្ឋបារាំង បានលើកឡើងថា អ្វីដែលគេរំពឹងរងចាំបំផុត គឺអន្តរាគមន៍របស់លោកម៉ាក្រុង បញ្ជាក់ឲ្យបានច្បាស់ ថាពិតជាបើកការចរចា ត្រីភាគី នៅខែសីហាខាងមុខ មែនឬយ៉ាងណា។ ការចរចាដែលក្រុមចលនានយោបាយភក្តីភាពនឹងបារាំងនេះ បានរំពឹងថា នឹងអាចបិទបញ្ចប់កិច្ចព្រមព្រៀងឆ្នាំ១៩៩៨ ហើយឈានទៅបើកទំព័រ កំណត់លក្ខខន្តិកៈថ្មី សម្រាប់កោះនេះ ដោយរក្សាឲ្យស្ថិតនៅក្នុងរង្វង់រដ្ឋបាលបារាំងដដែល។ លោកម្នាក់នេះ បានអះអាងថា គម្រោងត្រឹមតែធ្វើកំណែទម្រង់ចាំបាច់មួយចំនួន សម្រាប់កោះនូវែលកាឡេដូនី ទាក់ទិននឹងប្រព័ន្ធបោះឆ្នោត គឺវាមិនគ្រប់គ្រាន់ទេ គឺត្រូវចាកចេញពីកិច្ចព្រមព្រៀងនូម៉េអា។ដោយឡែក ក្រុមចលនានយោបាយឯករាជ្យនិយមវិញ ដែលការពារជនជាតិកាណាក់ គេបានយល់ព្រមបើកផ្លូវឲ្យមានការចរចាគ្នាទាក់ទិននឹងការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកោះនេះ។ ក៏ប៉ុន្តែពួកគេបានទាមទារ ថារដ្ឋបារាំង ត្រូវតែរៀបចំផែនការឲ្យបានច្បាស់ ទាក់ទិននឹងប៉ះប៉ូវសងសំណងខូចខាតកាលពីអតីតកាល ដោយសារតែបារាំងបានដាក់អាណានិគមន៍លើកកោះនេះ។ លោក Roch Wamytan តំណាងម្នាក់នាំចលនានយោបាយឯករាជ្យនិយម បានលើកឡើងថា លោកចង់ឃើញលោកម៉ាក្រុង លើកឡើងអំពីការអភិរក្សលើកកំពស់អត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់ប្រជាជនកាណាក់ ហើយអ្វីដែលសំខាន់មួយទៀត គឺគោលនយោបាយប៉ះប៉ូវសងការខូចខាត ការឈឺចាប់ ដោយសារតែការដាក់អាណានិគមន៍។បន្ថែមពីនេះ លោកប្រធានសភាតំបន់កាឡេដូនី បានលើកឡើងថា បញ្ហាសេដ្ឋកិច្ចក៏ជាចំណុចមួយសំខាន់ណាស់ដែរ ដែលរដ្ឋបារាំងត្រូវតែរកវិធីជួបកោះនេះ។ គម្រូសេដ្ឋកិច្ចបានដើរដល់ភាពទ័លច្រក ហិរញ្ញវត្ថុសាធារណៈរបស់កោះនេះ ជាប់ជំពាក់បំណុលជាង២០០%ឯនោះ នៃចំណូលដែលរកបាន។ ប្រជាជន ជាពិសេសជនជាតិដើមកាណាក់ កាន់តែក្រីក្រ។ ដូច្នេះ រដ្ឋបារាំង ត្រូវតែផ្តល់សន្ទុះដល់សេដ្ឋកិច្ចកោះនូវែលកាឡេដូនី ជួយជីវភាពមនុស្ស មានការរីកចម្រើន អារម្មណ៍ដែលស្អប់ខឹងរដ្ឋបារាំង ហើយចង់បានឯករាជ្យ ក៏វាចុះថយទៅតាមនោះដែរ។ពង្រឹងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយបារាំង នៅឥណ្ឌូប៉ាស៊ីហ្វិកយើងដឹងហើយថា កោះនូវែលកាឡេដូនី សំបូររ៉ែនីកែលខ្លាំងណាស់។ រ៉ែកម្រនេះ គឺមានតម្លៃខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ចបារាំង។ តែលើសពីនេះ កោះនូវែលកាឡេដូនី ក៏មានតម្លៃខ្លាំងបំផុតសម្រាប់បារាំងដែរ ផ្នែកយុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ។ កោះនូវែលកាឡេដូនី គឺជាដែនដី ដែលអនុញ្ញាតឲ្យបារាំង អាចមានវត្តមានស្របច្បាប់ ពេញសិទ្ធិ នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ក្បែរតំបន់អាស៊ីអាគ្នេយ៍។ មួយវិញទៀត លោកម៉ាក្រុង បានកំនត់ទិសដៅភូមិសាស្ត្រនយោបាយថ្មី ដើម្បីឈានទៅពង្រឹងវត្តមានរបស់បារាំង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូលតែម្តង។ ពោលគឺជាលំហតំបន់ដ៏ធំ គិតចាប់ពីឆ្នេរខាងកើតនៃទ្វីបអាហ្វ្រិក ក្នុងមហាសមុទ្រឥណ្ឌា រហូតមកដល់តំបន់ប៉ាស៊ីហ្វិក។ ជាវត្តមានដែលបារាំង ចង់ដើរតួ ក្នុងនាមជាមហាអំណាចរក្សាតុល្យភាព ខណៈដែលតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ កំពុងតែស្ថិតនៅក្នុងបរិបទហែកដណ្តើមគ្នារវាងចិននិងអាមេរិក។បើផ្អែកតាមប្រភពពីវិមានប្រធានាធិបតីបារាំង គឺលោកម៉ាក្រុង នឹងថ្លែងសារបញ្ជាក់ប្រាប់ប្រជាជនកោះនូវែលកាឡេដូនីថា វាសនាអនាគតរបស់បារាំង និងរបស់កោះនេះ គឺវាវេញជាប់គ្នាជាធ្លុងមួយ។ នៅក្នុងលំហដ៏ធំធេងនេះ បារាំងគឺជាបង្អែកសន្តិសុខ ស្ថិរភាព សេដ្ឋកិច្ច សម្រាប់កោះនូវែលកាឡេដូនី។ ចេញពីនូវែលកាឡេដូនី លោកម៉ាក្រុង នឹងបន្តដំណើរទៅកោះវ៉ានូអាទូ នៅថ្ងៃព្រហស្បតិ៍ទី២៧កក្កដា មុននឹងបន្តដំណើរទៅប៉ាពូអាស៊ីនូវែលហ្គីណេនៅថ្ងៃបន្ទាប់។ ដូច្នេះ ដំណើរទស្សនកិច្ចនេះ គឺច្បាស់ណាស់ លោកម៉ាក្រុងនឹងចាប់ផ្តើមគូសវាប្រាប់ថាបារាំងសន្យាមានវត្តមាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕
24-7-2023 • 6 minuten, 42 seconden អេស្ប៉ាញបោះឆ្នោតសភា ខណៈចលនានយោបាយស្តាំនិយមជ្រុល កាន់តែមានសន្ទុះគាំទ្រ
ថ្ងៃអាទិត្យ ២៣កក្កដា អេស្ប៉ាញរៀបចំការបោះឆ្នោតសភា មុនអាណត្តិ។ ការបោះឆ្នោតសភាដែលចួនចំពេលរដូវវិស្សមកាល គឺបានធ្វើឲ្យប្រជាពលរដ្ឋអេស្ប៉ាញ ខឹងនិងធុញទ្រាន់ចំពោះការសម្រេចចិត្តបោះឆ្នោតមុនកាលកំណត់របស់ លោក Pedro Sánchez ។ នាយករដ្ឋមន្ត្រីផុតអាណត្តិ រូបនេះ ដែលកំពុងធ្លាក់ប្រជាប្រិយភាព បានសម្លឹងទៅរកការចាប់ដៃចងសម្ព័ន្ធភាពជាមួយបក្សឆ្វេងនិយម ខណៈពេលដែលបក្សប្រឆាំងស្តាំនិយមកំពុងតែសម្លឹងរកពួតដៃគ្នា ជាមួយនឹងបក្សស្តាំនិយមជ្រុល។ ប្រសិនបើជា ក្រុមបក្សស្តាំនិយមឈ្នះឆ្នោតលើកនេះ គឺច្បាស់ជានឹងកែប្រែច្បាប់ និងលុបចោលការខំប្រឹងប្រែងរបស់រដ្ឋាភិបាលចាស់ ហើយនិងឈានទៅដល់ការដើរចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ពិសេសគឺលុបចោលច្បាប់ដែលធ្វើឡើងសម្រាប់លើកកម្ពស់សិទ្ធនារី និង សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ជាដើម។ ទិដ្ឋភាពទូទៅប្រជាជនអេស្ប៉ាញ ចេញទៅបោះឆ្នោតសភា ដែលឈានទៅជ្រើសរើសនាយករដ្ឋមន្ត្រីអាណត្តិថ្មី។ ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាថ្មី ចំនួន ៣៥០ អាសនៈ សម្រាប់១អាណត្តិ រយៈពេល ៤ឆ្នាំ ហើយនិង សមាជិកព្រឹទ្ធសភា ចំនួន ២០៨ នាក់ដែរ។ ប្រជាពលរដ្ឋអេស្ប៉ាញ ចំនួន ៣៧,៥ លាននាក់ ត្រូវចេញទៅបោះឆ្នោត នៅក្នុងនោះ ២,៥ លាននាក់ បានបោះឆ្នោតពីចម្ងាយ តាមប្រអប់សំបុត្ររួចហើយ។ ការិយាល័យបោះឆ្នោត បានបើកទ្វារ នៅម៉ោង ៩ ព្រឹក ហើយត្រូវបិទទ្វារនៅម៉ោង ៨ យប់ ម៉ោងនៅអេស្ប៉ាញ។ គ្រាន់តែការិយាល័យបោះឆ្នោតបើកទ្វារ បានតែ១០នាទី នាយករដ្ឋមន្ត្រីផុតអាណត្តិ Pedro Sánchez វ័យ៥១ឆ្នាំ បានអញ្ចើញទៅបោះឆ្នោតមុនគេ ជាមួយនឹងភរិយា។ ស្ថានភាពសន្តិសុខទូទៅ គ្មានអ្វីគួរឲ្យកត់សម្គាល់ខ្លាំងទេ។ ប៉ុន្តែ រឿងកម្តៅនយោបាយ និងទំនោរប្រជាជនអេស្ប៉ាញដែលងាកទៅបក្សស្តាំនិយម ជារឿងដែលគួរឲ្យយកចិត្តទុកដាក់។ការបោះឆ្នោតសភាអេស្ប៉ាញនេះ ទាញការចាប់អារម្មណ៍ខ្លាំង ខណៈពេលការបោះឆ្នោតសភាអឺរ៉ុប នឹងឈានចូលនៅឆ្នាំ២០២៤ខាងមុខ។ គេចាប់អារម្មណ៍ខ្លាំង ដ្បិតថា កម្តៅនយោបាយ នៅក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុប ហាក់ចាប់ផ្តើមផ្អៀងទៅខាងពួកស្តាំនិយម ដូចករណី បារាំង ក្រិក ពិសេសគឺ ប្រទេសហុងគ្រី និងអ៊ីតាលី ហើយពេលនេះ នៅអេស្ប៉ាញ ក៏ជាករណីព្រួយបារម្ភមួយដែរ។ នៅអឺរ៉ុប នាយករដ្ឋមន្ត្រីអ៊ីតាលី អ្នកស្រី ចរចា មេឡូនី និង នាយករដ្ឋមន្ត្រីហុងគ្រី វិទ័រ អ័កបាន សុទ្ធតែបានថ្លែងការណ៍គាំទ្រ ផ្តល់កម្លាំងចិត្ត និងជំរុញសន្ទុះ ដល់បក្សស្តាំនិយមអេស្ប៉ាញ។៥ថ្ងៃមុនបោះឆ្នោត ហាមស្ទង់មតិ៥ថ្ងៃមុនថ្ងៃបោះឆ្នោតមកដល់ គឺបើតាមច្បាប់អេស្ប៉ាញ ត្រូវហាមឃាត់មិនឲ្យស្ទង់មតិ ឬផ្សព្វផ្សាយការស្ទង់មតិ ចំពោះនិន្នាការចង់បោះឆ្នោតឲ្យបក្សណាមួយ ឬស្ទង់មតិបង្ហាញថា បក្សណាមួយមានសំឡេងចង់បោះឆ្នោតឲ្យច្រើន ឬតិចនោះឡើយ។ ការស្ទង់មតិដែលគេយកទៅផ្សាយ ថ្មីចុងក្រោយបំផុត ត្រឹមថ្ងៃច័ន្ទដើមសប្តាហ៍។ បើតាមទិន្នន័យនេះ គឺប្រជាជន ប្រមាណ ជា ២០% មិនទាន់សម្រេចចិត្ត ថាទៅឬមិនទៅបោះឆ្នោតទេ ហើយប្រសិនជាទៅបោះឆ្នោត ក៏ពួកគេ មិនដឹងថាត្រូវបោះឆ្នោតឲ្យបក្សណាមួយដែរ។ចំពោះយុវជនវិញ អត្រាមិនទៅចូលរួមបោះឆ្នោត គឺមានកម្រិតខ្ពស់។ អ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុបារាំងRFI នៅរដ្ឋធានី Madrid បានសម្ភាសយុវតីម្នាក់ ឈ្មោះ Laura វ័យ២៣ ឆ្នាំ។ នាងអះអាងថា មិនទៅបោះឆ្នោតទេ ព្រោះតែ«សន្លឹកឆ្នោតរបស់នាង គ្មានទម្ងន់ គ្មានតម្លៃ គ្មានប្រយោជន៍អ្វី ក្នុងការកំណត់ឲ្យបក្សណា១ឈ្នះឆ្នោតឡើយ»។ សំឡេងឆ្នោតដែលចេញពីការសម្រេចចិត្តរបស់ពួកយុវជន គឺនាទីចុងក្រោយបំផុត ទើបពួកគេសម្រេចចិត្ត។ ក្នុង១៣% នៃយុវជនអេស្ប៉ាញ សម្រេចចិត្តបោះឆ្នោតឲ្យបេក្ខជនណាមួយ ឬបក្សណាមួយ នៅថ្ងៃបោះឆ្នោតតែម្តង។ការឃោសនានិងគោលការណ៍នយោបាយបក្សស្តាំនិយមដើម្បីទាក់ចិត្តម្ចាស់ឆ្នោតតាមការស្ទុងមតិចុងក្រោយ ចេតនាចង់បោះឆ្នោតឲ្យបក្សស្តាំនិយម PP (Parti populaire) គឺមានជាង ៣៥%។ បក្សនេះដឹកនាំដោយ លោក Alberto Núñez Feijó អតីតអ្នករដ្ឋការជើងចាស់ វ័យ ៦១ឆ្នាំ។ លោកសន្យាជំរុញកំណើនសេដ្ឋកិច្ច តែបានសន្យាកាត់បន្ថយពន្ធលើកប្រាក់ខែ និង លុបចោលពន្ធផ្ទេរមត៌ក ហើយនិងកែទម្រង់ការអប់រំ ពិសេសកែច្បាប់ពាក់ព័ន្ធនឹងពួកស្រឡាញ់ភេទដូចគ្នា។គោលការណ៍ទាំងនេះ ស្រដៀងនឹង ការសន្យារបស់គណបក្សស្តាំនិយមជ្រុល Vox ដឹកនាំដោយ លោក Santiago Abascal ដែរ។ កម្មវិធីនយោបាយរបស់បក្សស្តាំនិយមជ្រុល Vox គឺមានលក្ខណៈជាតិនិយមជ្រុល ប្រកាន់និកាយសាសនាកាតូលិកជ្រុល ចង់លុបចោលច្បាប់គាំពារសហគមន៍ស្រឡាញ់ភេទដូចគ្នា LGBT+ ហើយក៏ប្រឆាំងនឹងគោលការណ៍ស្រីនិយម។ បក្សនេះ សន្យាបណ្តេញពួកជនអន្តោប្រវេសន៍ខុសច្បាប់ឲ្យចេញពីអេស្ប៉ាញទៀតផង។ ប្រឈមនឹងការសន្យាទាំងនេះហើយ ទើបនាយករដ្ឋមន្ត្រីផុតអាណត្តិ Pedro Sánchez បានប្រកាសឲ្យពលរដ្ឋអេស្ប៉ាញបោះឆ្នោតបង្ខាំងកុំឲ្យពួកស្តាំនិយមឈ្នះឆ្នោត។គោលការណ៍របស់នាយករដ្ឋមន្ត្រីផុតអាណត្តិ និងគណបក្សឆ្វេងនិយមប្រសិនបើជឿទៅលើការស្ទុងមតិចុងក្រោយ គ្មានក្រុមសម្ព័ន្ធបក្សខាងណា ខាងឆ្វេងនិយម ឬខាងស្តាំនិយម ដែលអាចឈ្នះសន្លឹកឆ្នោតដាច់គេ និងរៀបចំរដ្ឋាភិបាលតែម្នាក់តែឯងទេ។ នាយករដ្ឋមន្ត្រីផុតអាណត្តិ មកពីបក្សសង្គមនិយម កាន់តែអំណាចតាំងពីឆ្នាំ២០១៨មក គឺបានសម្លឹងទៅចងសម្ព័ន្ធភាពជាមួយបក្សឆ្វេងនិយម ពិសេសគឺជាមួយនឹងបក្សឆ្វេងនិយម ឈ្មោះ Sumar ។ បក្សនេះ គឺបង្កើតឡើងដោយអ្នកស្រី Yolanda Díaz វ័យ៥២ឆ្នាំ ជា រដ្ឋមន្ត្រីក្រសួងការងារ ផុតអាណត្តិ ។ បក្ស Sumar ឲ្យតម្លៃទៅលើស្រីនិយម បរិស្ថាននិយម និងសិទ្ធក្រុមជនភាគតិច ដូចជាក្រុមកែប្តូរភេទ អ្នកស្រឡាញ់ភេទដូចគ្នា។ អ្នកស្រី Yolanda Díaz ក៏បានចងសម្ព័ន្ធភាពជាមួយបណ្តាបក្សនិន្នាការឆ្វេងនិយម បក្សតូចៗ ចំនួន ៨ ដែលមានសំឡេងគាំទ្រច្រើន នៅក្នុងការបោះឆ្នោតថ្នាក់តំបន់ កាលពីខែឧសភា។ ក្រៅពីនេះ អ្នកស្រីបានសន្យាមួយដ៏គួរឲ្យទាក់ចិត្តអ្នកបោះឆ្នោតវ័យក្មេង។ នោះគឺការបង្កើតកញ្ចប់ថវិកា ២ម៉ឺនអឺរ៉ូ សម្រាប់យុវជនអេស្ប៉ាញម្នាក់ៗ ដែលអាយុចាប់ពី ១៨ ឆ្នាំ។ កញ្ចប់ថវិកា២ម៉ឺនអឺរ៉ូ សម្រាប់យុវជនម្នាក់ ធ្វើអាជីវកម្ម និងបង្កើតមុខរបរ ឬក៏សម្រាប់ចាត់ចែងគម្រោងអនាគតផ្សេងៗ។ បើតាមគោលការណ៍ ក្រុមពួកឆ្វេងនិយម គឺត្រូវការពារផលប្រយោជន៍របស់ពួកអ្នកក្រ ពួកកម្មករ។ ក៏ប៉ុន្តែ ពលរដ្ឋអេស្ប៉ាញមួយចំនួន បានមើលឃើញថា ពួកឆ្វេងនិយម ហាក់ដើរងាកពីគោលការណ៍ស្នូលរបស់ខ្លួន។ នេះគឺការយល់ឃើញរបស់ អ្នកបោះឆ្នោតម្នាក់ ឈ្មោះ David ដែលថា ខ្លួនអន់ចិត្តខ្លាំងនឹងបក្សនយោបាយឆ្វេងនិយម ដែលបែរជាទៅបម្រើប្រយោជន៍ពួកក្រុមចៅកែពួកអ្នកមាន ជៀសជាងគិតពីប្រយោជន៍កម្មករ អ្នកធ្វើការក្រីក្រ៕
23-7-2023 • 8 minuten, 16 seconden កូរ៉េខាងជើងបាញ់មីស៊ីលក្រ័រស្យែរ ជាច្រើនគ្រាប់ ចូលទៅក្នុងសមុទ្រលឿង
៣ថ្ងៃបន្ទាប់ពីបានបាញ់មីស៊ីលបាលីស្ទីកចំនួន២គ្រាប់ នៅព្រឹកថ្ងៃសៅរ៍ទី២២កក្កដា កូរ៉េខាងជើងបានបាញ់មីស៊ីលចំងាយឆ្ងាយ ជាច្រើនគ្រាប់ទៀត ដែលបានធ្លាក់ចូលក្នុងសមុទ្រលឿង។ ការបាញ់សាកល្បងអាវុធផ្ទួនៗ បំពាននឹងសេចក្តីសម្រេចចិត្តនៃអង្គការសហប្រជាជាតិនេះ បានទទួលនូវការប្រកាសថ្កោលទោសជាខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិ។ ជាមួយគ្នានេះដែរ ក្រុមប្រទេសធំៗនៅអង្គការសហប្រជាជាតិ បានរួមគ្នាចេញលិខិតមួយ រន្ធាន់ឲ្យរដ្ឋាភិបាលចិន ត្រូវតែចូលរួមឲ្យបានសកម្ម នៅក្នុងការអនុវត្តទណ្ឌកម្មដែលអង្គការសហប្រជាជាតិបានដាក់ទៅលើរបបផ្តាច់ការកូរ៉េខាងជើង ជាពិសេសទាក់ទិននឹងការលួចនាំប្រេងចូលកូរ៉េខាងជើង ដោយឆ្លងកាត់ប្រទេសចិន។ យោងតាមដំណឹងប្រកាសដោយអគ្គបញ្ជាការដ្ឋានអន្តរកងទ័ពកូរ៉េខាងត្បូង គឺកូរ៉េខាងជើង បានបាញ់ប្លោងមីស៊ីល ក្រ័រស្យែរ ឬមីស៊ីលចំងាយឆ្ងាយជាច្រើនគ្រាប់ ឆ្ពោះទៅកានើសមុទ្រលឿង សមុទ្រដែលខណ្ឌចែកឧបទ្វីបកូរ៉េ និងទឹកដីចិន។ យោងតាមប្រភពដដែលនេះ គឺការបាញ់ប្លោងបានចាប់ផ្តើមនៅវេលាម៉ោងប្រមាណជា៤ទាបភ្លឺ ព្រឹកថ្ងៃសៅរ៍ ទី២២កក្កដា។កងទ័ពកូរ៉េខាងត្បូង និងកងទ័ពអាមេរិកដែលប្រចាំការនៅឧបទ្វីបកូរ៉េ កំពុងតែប្រមូលទិន្នន័យព័ត៌មានលំអិត ស្តីពីមីស៊ីលទាំងនោះ និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត នូវសកម្មភាពបំលាស់ទីនានារបស់កងទ័ពកូរ៉េខាងជើង ក្រែងលោមានការបាញ់សាកល្បងអាវុធផ្សេងទៀត។កាលពីថ្ងៃ១៩កក្កដា ព្យុងយ៉ាងបានបាញ់មីស៊ីលបាលីស្ទីក ចំងាយជិត ចំនួន២គ្រាប់ ឆ្ពោះទៅកាន់ទិសខាងកើត ធ្លាក់ចូលសមុទ្រជប៉ុន។ ការបាញ់សាកល្បងអាវុធផ្ទួនៗនេះ គឺវាបំពាននឹងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ តែកូរ៉េខាងជើងនៅតែផ្គើន នៅតែបន្តបាញ់បង្ហោះអាវុធ។ ជាងនេះទៀត លោកគីម ជុងអ៊ុន មេដឹកនាំរបបផ្តាច់ការនេះ បានប្រកាសទៀតថា កម្មវិធីអភិវឌ្ឍន៍សព្វាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង គឺមិនអាចថយក្រោយបានទេ គឺមានតែដើរឆ្ពោះទៅមុខជាមុខជានិច្ច។កូរ៉េខាងជើងបានគម្រាមថា គេអាចនឹងប្រើអាវុធនុយក្លេអ៊ែរតាកើទិករបបព្យុងយ៉ាងបាន បានប្រកាសគំរាម កាលពីថ្ងៃព្រហស្បតិ៍ ថាការដែលកងទ័ពអាមេរិក បានបញ្ជូននាវាមុជទឹកបាតសមុទ្រ ដើរដោយថាមពលនុយក្លេអ៊ែរ ចូលទៅចតនៅកូរ៉េខាងជើងត្បូង គឺវាអាចជាលក្ខខណ្ឌមួយ អនុញ្ញាតឲ្យកូរ៉េខាងជើង ប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកបាន ដោយអនុឡោមទៅតាមច្បាប់សន្តិសុខនុយក្លេអ៊ែរជាធរមាន របស់កូរ៉េខាងជើង។ លោក កាង ស៊ុនណាំ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង បានប្រកាសដូច្នេះ បន្ទាប់ពីនាវាមុជទឹកបាតសមុទ្រ ប្រភេទ Ohio ដើរដោយថាមពលនុយក្លេអ៊ែររបស់កងទ័ពអាមេរិក បានចូលទៅចតនៅកំពង់ផែក្រុងប៊ូសាន កាលពីថ្ងៃពុធកន្លងទៅ។ស្រាប់ទៅនៅថ្ងៃសុក្រ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានឆ្លើយតបទៅកូរ៉េខាងជើងវិញថា ប្រសិនបើកូរ៉េខាងជើង ហ៊ានតែប្រើអាវុធនុយក្លេអ៊ែរ មកលើទឹកដីកូរ៉េខាងត្បូង នោះកូរ៉េខាងត្បូង រួមទាំងអាមេរិក នឹងឆ្លើយតបទៅវិញ ដោយមិនបង្អង់ដៃឡើយ។ ចម្លើយឆ្លើយតបទៅវិញ ដែលនឹងអាចកម្ទេចរបបផ្តាច់ការព្យុងយ៉ាង ឲ្យដួលរលំតែម្តង។ដូចយើងបានដឹងហើយ ថាទំនាក់ទំនងរវាងប្រទេសកូរ៉េបងប្អូនទាំង២នេះ កំពុងតែធ្លាក់ចុះដុនដាបខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទំនាក់ទំនងការទូត ដើម្បីបើកផ្លូវចរចាគ្នា គឺជាប់គាំងទាំងស្រុង មានតែពាក្យគំរាមទៅគំរាមមក ដែលធ្វើឲ្យគេព្រួយបារម្ភជាខ្លាំង។ បញ្ហាកាន់តែតានតឹងនេះ វាជួនចំពេល មានករណីទាហានអាមេរិកម្នាក់ ដែលទើបតែត្រូវបានលែងចេញពីគុកនៅកូរ៉េខាងត្បូង បានរត់គេចចូលទៅខាងទឹកដីកូរ៉េខាងជើងបាត់ដំណឹងឈឹង កាលពីថ្ងៃអង្គារ។ គេជឿថាទាហានអាមេរិករូបនោះ ត្រូវកូរ៉េខាងជើងចាប់ខ្លួនហើយ តែកូរ៉េខាងជើងមិនឲ្យដំណឹងអ្វីទាំងអស់ ទោះខាងកងទ័ពអាមេរិកខិតខំព្យាយាមទាក់ទងទៅយ៉ាងណាក៏ដោយ។ចិនត្រូវតែចូលរួម ក្នុងការអនុវត្តទណ្ឌកម្មអន្តរជាតិដោយឡែក បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលចំងាយឆ្ងាយនៅព្រឹកថ្ងៃសៅរ៍នេះ ក្រុមប្រទេសមួយចំនួននៅអង្គការសហប្រជាជាតិ បានរួមគ្នាធ្វើលិខិតមួយ ផ្ញើជូនចំពោះ លោក ចាង ជុន អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ។ លិខិតនេះ ត្រូវបានចុះហត្ថលេខាដោយ អគ្គរដ្ឋទូតអូស្ត្រាលី បារាំង អង់គ្លេស សហរដ្ឋអាមេរិក នូវែលហ្សេឡង់ អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងកូរ៉េខាងត្បូង។ ផ្អែកតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលបានអានលិខិតនេះ គឺក្រុមប្រទេសធំៗទាំងនេះ បានអំពាវនាវ ប្រាប់ទៅភាគីចិន ថាត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីរារាំងកុំឲ្យកូរ៉េខាងជើង អាចគេចវេសពីទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ។លិខិតនេះបានសង្កត់បន្ថែមថា ដោយផ្អែកតាមប្រភពច្បាស់ការ គឺគេបានសង្កេតឃើញថា មាននាវាដឹកប្រេងរបស់កូរ៉េខាងជើងជាច្រើនគ្រឿង បានចូលចត និងប្រើប្រាស់កំពង់ផែ តំបន់Sansha របស់ចិន ដោយអាជ្ញាធរចិនជាអ្នកបើកដៃ ដើម្បីឲ្យនាវាទាំងនោះ អាចទៅដឹកប្រេងនាំចូលទៅកូរ៉េខាងជើង។ អង្គការសហប្រជាជាតិ បានសម្រេចទណ្ឌកម្មជាបន្តបន្ទាប់ តាំងតែពីឆ្នាំ២០០៦ម្លេះ ដើម្បីបិទច្រកផ្លូវ រារាំងកុំឲ្យរបបផ្តាច់ការព្យុងយ៉ាង មានលទ្ធភាពមានប្រភពថាមពលប្រេង យកទៅប្រើក្នុងវិស័យកងទ័ពនិងសព្វាវុធ។ តែផ្ទុយទៅវិញ កូរ៉េខាងជើង នៅតែអាចមានផ្លូវ មានច្រកដើម្បីនាំចូលប្រេងដដែល ដោយសារតែចិនជាអ្នកជួយ។ លិខិតខាងលើនេះ បានបន្ថែមថា គេនឹងផ្ញើររូបភាពផ្កាយរណប បញ្ជាក់ជាភស្តុតាង ថាសកម្មភាពបំពានទាំងអស់នេះ គឺចិនបានបើកដៃឲ្យកូរ៉េខាងជើង ជារហូតមក ជាពិសេសក្នុងឆ្នាំ២០២២និង២០២៣នេះតែម្តង នៅចំណុចកំពង់ផែ Sansha។លិខិតខាងលើបានសរសេរទៀតថា យើងទាំងអស់គ្នាសូមសំណូមពរជាថ្មីម្តងទៀត ទៅកាន់រដ្ឋាភិបាលចិន ថាត្រូវតែចាត់វិធានការឲ្យបានតឹងតែង ក្នុងការត្រួតពិនិត្យនាវា ស្រាវជ្រាវទប់ស្កាត់ចរាចរណ៍ខុសច្បាប់ ដែលបំពាននឹងសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ វាគឺជារឿងចាំបាច់ណាស់ ដែលសហគមន៍អន្តរជាតិទាំងមូល ដោយរាប់ទាំងចិនផង ត្រូវតែផ្ញើសារជាក់ច្បាស់ និងម៉ឺងម៉ាត់ ប្រាប់ទៅរបបព្យុងយ៉ាង ឲ្យគោរពកាតព្វកិច្ចខ្លួន ដែលអង្គការសហប្រជាជាតិបានសម្រេច ដើម្បីឈានទៅរំលាយកម្មវិធីនុយក្លេអ៊ែរទាំងស្រុង និងដើម្បីកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ។យ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ គ្មានប្រតិកម្មណាមួយពីខាងភាគីចិនទេ ទាក់ទិននឹងលិខិតដែលគេផ្ញើទៅនេះ។ កន្លងមក ដូចយើងបានសង្កេតឃើញហើយ ថាទាំងចិន ទាំងរុស្ស៊ី ហាក់ដូចជាបានជួយកូរ៉េខាងជើងច្រើន តាមរយៈការបោះឆ្នោតវ៉េតូ ប្រឆាំងមិនឲ្យមានការសម្រេចដាក់ទណ្ឌកម្មជាឯកច្ឆន្ទ នៅក្រុមប្រឹក្សាសន្តិសុខ។ សហរដ្ឋអាមេរិកបានចោទថា ចិននិងរុស្ស៊ីមិនត្រឹមតែការពារកូរ៉េខាងជើងទេ គឺថែមទាំងបានពន្យុះឲ្យកូរ៉េខាងជើងកាន់តែឡើងចាង បាញ់សាកសព្វាវុធនុយក្លេអ៊ែរថែមទៀតផង។ ស្ថានការណ៍ដែលហាក់ដូចជាស្ថិតនៅផ្លូវទ័លនេះ បានញ៉ាំងឲ្យសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ពង្រឹងសហប្រតិបត្តិការយោធាកាន់តែខ្លាំង។ តាមការគ្រោងទុក នៅខែសីហាខាងមុខនេះ នឹងមានជំនួបកំពូលពិសេសមួយរវាងប្រទេសសម្ព័ន្ធមិត្តទាំង៣នេះ ដើម្បីរៀបចំយុទ្ធសាស្ត្រសង្កត់កូរ៉េខាងជើង៕
22-7-2023 • 7 minuten, 12 seconden រុស្ស៊ីប្រកាសបើកសមយុទ្ធនៅសមុទ្រខ្មៅ ហាមនាវា ឆ្លងកាត់ ចំណែកអ៊ុយក្រែនប្រើគ្រាប់បែកចង្កោមរបស់អាមេរិក
ថ្ងៃសុក្រ ទី២១ កក្កដា ក្រសួងការពារជាតិរុស្ស៊ី ប្រកាសបើកសមយុទ្ធនៅសមុទ្រខ្មៅ និងហាមឃាត់នាវាផ្សេងៗកុំឲ្យឆ្លងកាត់ឲ្យសោះ។ ការប្រកាសធ្វើសមយុទ្ធនៅសមុទ្រខ្មៅនេះ ជារនាំងថ្មីបន្ថែមទៀត ចំពោះការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ ដ្បិតថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ បានផុតកំណត់ទៅហើយ។ អង្គការសហប្រជាជាតិ ថ្លែងក្តីបារម្ភជាថ្មី បន្ទាប់ពីឃើញតម្លៃធញ្ញជាតិជាទូទៅ បានហក់ឡើងថ្លៃខ្ពស់។ជាការវាយបកទៅវិញ អ៊ុយក្រែន ប្រកាសថាបានចាប់ផ្តើមប្រើប្រាស់គ្រាប់បែកចង្កោម នៅសមរភូមិ។ គ្រាប់បែកចង្ក្រោម ជាសំណុំរឿងដ៏ចម្រូងចម្រាស់ និងជាកញ្ចប់អំណោយរបស់សហរដ្ឋអាមេរិក។ អាមេរិក ជាថ្មីទៀត ក៏បានប្រកាសផ្តល់ជំនួយ ១,១៦ ពាន់លានដុល្លារបន្ថែមទៀត ដល់អ៊ុយក្រែន។ ហេតុអ្វី រុស្ស៊ី ប្រកាសបើកសមយុទ្ធនៅសមុទ្រខ្មៅ ?ក្នុងការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី គឺសមយុទ្ធលើកនេះ សំដៅផ្តោតខ្លាំងទៅលើការបាញ់កម្ទេចនាវា។ រដ្ឋអំណាចរុស្ស៊ី ក៏ហាមឃាត់មិនឲ្យនាវាណាមួយ ឆ្លងកាត់សមុទ្រខ្មៅប៉ែកពាយ័ព្យ ឬតម្រង់ឆ្ពោះទៅខាងដែនទឹករបស់អ៊ុយក្រែនឡើយ។ ប្រសិនបើមាននាវា កប៉ាលណា ល្មើសបំរាម មិនថានាវាស៊ីវិលក្តី ក៏ត្រូវចាត់ទុករាប់ថាជា នាវាយោធា ដែរ។ ដូច្នេះគឺជាកម្មវត្ថុនៃការបាញ់កម្ទេច។ អាស្រ័យហេតុនេះ គេឃើញជាក់ច្បាស់ថា នេះជាមធ្យោបាយគំរាមរបស់រុស្ស៊ី និងដែល រដ្ឋបាលក្រុងម៉ូស្កូ យក«គ្រាប់ធញ្ញជាតិ»ធ្វើជាចំណាប់ខ្មាំង។កិច្ចព្រមព្រៀងស្តីពីការនាំចេញគ្រាប់ធញ្ញាជាតិ ដែល អង្គការសហប្រជាជាតិ និងតួកគី បានជួយសម្របសម្រួលចរចា ពីខែកក្កដាឆ្នាំ២០២២ គឺផុតកំណត់ហើយ នៅថ្ងៃច័ន្ទដើមសប្តាហ៍។ កាលយប់ថ្ងៃអង្គារ គឺ រុស្ស៊ីបាញ់ប្រហារលើកំពង់ផែអូដេសា និង Tchonormorsk របស់អ៊ុយក្រែន គឺបានធ្វើឲ្យគ្រាប់ធញ្ញជាតិ ៦ សែនតោន ត្រូវខូចខាត។ រាត្រីថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ រុស្ស៊ីក៏បើកការវាយប្រហារបាញ់មីស៊ីលពីយន្តហោះដ្រូនទៅលើកំពង់ផែអ៊ុយក្រែន អូដេសា និង Mykolaïv បណ្តាលឲ្យស្លាប់មនុស្ស យ៉ាងហោច ៣ នាក់ និងជាង ២០ នាក់រងរបួសធ្ងន់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ ថ្កោលទោសរុស្ស៊ីជាខ្លាំង ដែលវាយប្រហារតម្រង់សំដៅលើកំពង់ផែរបស់អ៊ុយក្រែន។ កំពង់ផែនេះ ជាកន្លែងស្តុកទុកគ្រាប់ធញ្ញជាតិសម្រាប់នាំចេញ។ ភាគីអ៊ុយក្រែន បានស្នើឲ្យមាននាវាយាមល្បាតរបស់អង្គការសហប្រជាជាតិ ក្នុងដំណើរការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ជាបន្ត ទោះបីគ្មានកិច្ចព្រមព្រៀងថ្មីក្តី។ ថ្ងៃសុក្រ ថ្នាក់ដឹកនាំតួកគី ប្រកាសថានឹងខំប្រឹងជំរុញចិត្តឲ្យលោកពូទីនត្រឡប់មករកកិច្ចព្រមព្រៀងថ្មី។ដំណាក់កាលនេះ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កត់សម្គាល់ថា គ្រាន់តែប៉ុន្មានថ្ងៃនេះសោះ តម្លៃគ្រាប់ធញ្ញជាតិនៅលើពិលោក រាប់ពីស្រូវសាឡី និង ពោត ជាដើម បានហក់ឡើងថ្លៃ។ នេះនឹងចោទជាបញ្ហាខ្លាំងចំពោះប្រជាជននិងប្រទេសក្រីក្រ។សង្គ្រាមកាន់តែផុងជ្រៅ ព្រោះតែភាគីជម្លោះចាប់ផ្តើមស្រវារក«គ្រាប់បែកចង្កោម»? ថ្ងៃអាទិត្យកន្លងទៅ ប្រធានាធិបតីលោក ពូទីន ប្រកាសថា រុស្ស៊ីមានស្តុកគ្រាប់បែកចង្កោមជាច្រើន ហើយព្រមានថា នឹងប្រើប្រាស់គ្រាប់បែកចង្កោមនៅសមរភូមិមុខ ប្រសិនបើ អ៊ុយក្រែន ប្រើវាដែរ។ តែ ភាគីអាជ្ញាធរអ៊ុយក្រែន ចោទប្រកាន់ថា កងទ័ពរុស្ស៊ី បានប្រើប្រាប់គ្រាប់បែកចង្កោមនេះ តាំងតែពីដើមជម្លោះមកម្ល៉េះ។ នៅពេលនេះ អ៊ុយក្រែន ក៏បានផ្តើមប្រាស់ប្រាស់គ្រាប់បែកចង្កោមដែរ ដើម្បីប្រយុទ្ធទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។ ដំណឹងចុងក្រោយនេះ បញ្ជាក់ពីសេតវិមានអាមេរិក។ ទាំងសហរដ្ឋអាមេរិក ទាំងរុស្ស៊ី និង អ៊ុយក្រែន សុទ្ធតែមិនព្រមចុះហត្ថលេខា លើសន្ធិសញ្ញាក្រុងអូស្លូ ស្តីពីការហាមឃាត់ផលិតនិងប្រើប្រាស់ គ្រាប់បែកចង្កោមទេ។ សម្ព័ន្ធមិត្តលោកខាងលិច រិះគន់អាមេរិកនិងអ៊ុយក្រែន ។ ថ្ងៃទី២១កក្កដា អ៊ុយក្រែន បានកោះហៅឯកអគ្គរាជទូតអង់គ្លេសប្រចាំក្រុងកៀវ ទៅសាកសួរ។ នេះក៏ព្រោះតែ ទូតអង់គ្លេសនៅអ៊ុយក្រែន បានរិះគន់ថ្នាក់ដឹកនាំអ៊ុយក្រែន អំពីការប្រើប្រាស់«គ្រាប់បែកចង្កោម» ដែលជាអំណោយរបស់សហរដ្ឋអាមេរិក។ ទោះបីអង់គ្លេសជាសម្ព័ន្ធអាមេរិកនិងផ្តល់ជំនួយជួយអ៊ុយក្រែនពិតមែន តែជំហររបស់រដ្ឋាភិបាលអង់គ្លេស គឺមិនឯកភាពនឹងការប្រើប្រាស់«គ្រាប់បែកចង្កោម» នោះឡើយ។នៅថ្ងៃទី២១កក្កដា លោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហើរសម្តីថា ជំនួយអាវុធ មិនថាអាវុធអ្វី មិនថារថគ្រោះ មីស៊ីល ដែលពួកលោកខាងលិច បានផ្តល់ឲ្យរដ្ឋអំណាចក្រុងកៀវ គឺមិនអាចនឹងឲ្យអ៊ុយក្រែនឈ្នះនៅសមរភូមិមុខ នោះឡើយ។ នេះបើតាមសម្តីរបស់លោកប្រមុខរដ្ឋរុស្ស៊ី។ច្រើនសប្តាហ៍មកហើយ ដែល អ្នកជំនាញខាងយុទ្ធសាស្ត្រសង្គ្រាម មើលឃើញថា សង្គ្រាមនៅសមរភូមិក្តៅ ហាក់នៅទ្រឹង។ ការវាយប្រហារចេះតែបន្តមាន រប៉ែសរប៉ស ប៉ុន្តែ អ៊ុយក្រែន ហាក់មិនអាចរុលទៅមុខ ហើយទ័ពរុស្ស៊ីក៏ដូចគ្នា។ ទំនងជាដូច្នេះហើយ ទើបជំរុញឲ្យ អ៊ុយក្រែន សម្រេចចិត្តប្រើគ្រាប់បែកចង្កោម ដើម្បីផ្តល់សន្ទុះវាយប្រហារ។ អ៊ុយក្រែន ក៏ទំនងជាបានងាកទៅខាងតំបន់គ្រីមេ ដែលត្រូវរុស្ស៊ីលេបត្របាក់ដាក់ចូលជាឧបសម្ព័ន្ធដែនដីរបស់ខ្លួន។ នៅថ្ងៃពុធ ជំរំយោធាមួយរបស់រុស្ស៊ីនៅគ្រីមេ ត្រូវភ្លើងឆេះ តម្រូវឲ្យមនុស្ស ជាង ២ ពាន់នាក់ ត្រូវជម្លៀសចេញ។ កន្លែងស្តុកគ្រឿងបរិក្ខារយោធារុស្ស៊ីនៅគ្រីមេ ក៏ត្រូវរងការប្រហារដែរ។ ក៏ប៉ុន្តែ អ៊ុយក្រែនមិនបានបញ្ជាក់ថា នោះជាស្នាដៃរបស់ខ្លួនទេ៕
21-7-2023 • 7 minuten, 2 seconden លោក ពូទីន មិនចេញក្រៅប្រទេស ទៅចូលរួមផ្ទាល់ ក្នុងកិច ្ចប្រជុំកំពូល Brics ព្រោះជាប់ដីកាចាប់ខ្លួន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដែលស្ថិតក្រោមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ បានបញ្ជាក់ថា លោកនឹងមិនទៅចូលរួមផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូល Brics ក្នុងប្រទេសអាហ្រ្វិកខាងត្បូង ទេ តែ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីទៅជំនួស។ ក្រុមប្រទេសទាំង៥ ដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង ហៅកាត់ថា Brics នឹងត្រូវបើកកិច្ចប្រជុំកំពូលលើកទី១៥ ចាប់ពីថ្ងៃទី ២២ ដល់ទី២៤សីហា នៅទីក្រុង Johannesburg នៃប្រទេស អាហ្វ្រិកខាងត្បូង។ តើហេតុអ្វីបានជាលោក ពូទីន មិនសម្រេចចិត្តទៅចូលរួមកិច្ចប្រជុំកំពូលនេះ? តើម្ចាស់ផ្ទះអាហ្រ្វិកខាងត្បូង នឹងត្រូវជួបការលំបាកអ្វីខ្លះ ប្រសិនបើលោក ពូទីន អញ្ជើញចូលរួមផ្ទាល់នោះ? វត្តមានរបស់លោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុងកិច្ចប្រជុំកំពូលនៅអាហ្វ្រិកខាងត្បូង ត្រូវឋិតនៅក្នុងភាពស្រពិចស្រពិលជាច្រើនសប្តាហ៍មកហើយ ហើយផ្ទៃក្នុងប្រទេសអាហ្វ្រិកខាងត្បូង គឺមានការជជែកពិភាក្សាគ្នាយ៉ាងផុសផុលនៅក្នុងរង្វង់អ្នកនយោបាយនិងសាធារណៈជនផង។ អ្នកច្បាប់ និង ពួកអ្នកនយោបាយអាហ្វ្រិកខាងត្បូង បានថ្លឹងថ្លែងខ្លាំងណាស់ ចំពោះការរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេស Brics គឺមានប្រទេស ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង និងដែល អាហ្វ្រិកខាងត្បូង ត្រូវធ្វើជាម្ចាស់ផ្ទះ។ ទីបំផុតទៅ ថ្នាក់ដឹកនាំអាហ្វ្រិកខាងត្បូង និងរុស្ស៊ី បានអះអាងព្រមគ្នាថា ប្រមុខរដ្ឋរុស្ស៊ី លោក ពូទីន មិនអញ្ជើញទៅចូលរួមផ្ទាល់ទេ។បើផ្អែកតាមសេចក្តីប្រកាសផ្លូវការរបស់រុស្ស៊ី គឺលោក ឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យវិមានក្រេមឡាំង បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងអញ្ជើញចូលរួមកម្មវិធីប្រជុំកំពូលរបស់ក្រុមប្រទេស Brics តាមរយៈវីដេអូពីចម្ងាយ។ ខុសពីនេះ មជ្ឈដ្ឋានអន្តរជាតិ ខាងលោកខាងលិច គឺជឿជាក់ថា លោក ពូទីន ពុំហ៊ានចេញក្រៅប្រទេសទេ ដ្បិតកំពុងតែជាប់ដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ ដំណឹងពីម្ចាស់ផ្ទះអាហ្វ្រិកខាងត្បូងវិញ គឺថា ថ្នាក់ដឹកនាំប្រទេសនេះ ប្រធានាធិបតី Cyril Ramaphosa ផ្ទាល់តែម្តង បានទទូចអង្វរករសុំកុំឲ្យលោក ពូទីន អញ្ជើញទៅចូលរួមកិច្ចប្រជុំដោយផ្ទាល់។នេះក៏ព្រោះតែអាហ្វ្រិកខាងត្បូង ឋិតក្នុងស្ថានភាពលំបាក។ ដ្បិតថា នៅក្នុងប្រទេស គឺគណបក្សប្រឆាំងធំជាងគេ បានជំរុញដាក់សម្ពាធឲ្យរដ្ឋាភិបាលត្រូវចាប់ខ្លួនលោកពូទីន ប្រសិនបើលោកមកជាន់ដី អាហ្វ្រិកខាងត្បូង។ អាហ្រ្វិកខាងត្បូង ជាសមាជិករដ្ឋទទួលស្គាល់លក្ខន្តិកៈ របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ ប្រទេសនេះគឺត្រូវមានកាតព្វកិច្ចអនុវត្តដីកាតាមចាប់ខ្លួន លោក ពូទីន។ក្នុងសប្តាហ៍នេះ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ត្រូវកាសែតក្នុងស្រុកស្រង់ប្រសាសន៍ផ្សាយ ថា ប្រសិនបើរដ្ឋអំណាច Johannesburg ចាប់ខ្លួនលោកពូទីន បញ្ជូនទៅតុលាការក្រុងឡាអេ គឺប្រៀបដូចជា«ប្រកាសសង្គ្រាម»ជាមួយរុស្ស៊ីដោយផ្ទាល់តែម្តង។ ទង្វើនេះ គឺច្បាស់ជាគំរាមកំហែងដល់សន្តិសុខ សន្តិភាព និងសណ្តាប់ធ្នាប់របស់ប្រទេស។អាហ្វ្រិកខាងត្បូង មិនអាចនឹងលើកដៃចាប់ខ្លួនថ្នាក់ដឹកនាំរុស្ស៊ីទេ។ រុស្ស៊ី ជាអ្នកគាំទ្រចលនាតស៊ូរបស់របបដឹកនាំសព្វថ្ងៃជាច្រើនទសវត្សរ៍មកហើយ។ នៅពីម្ខាងទៀត អាហ្វ្រិកខាងត្បូង ក៏លំបាកនឹងប្រឈមមុខនឹងក្រុមបក្សប្រឆាំងអាហ្វ្រិកខាងត្បូង ប្រឈមមុខនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ ហើយនៅមាន សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ថែមទៀត។ ហេតុនេះ អាហ្វ្រិកខាងត្បូង គ្មានជម្រើសផ្សេង ក្រៅតែពីស្នើសុំឲ្យលោកពូទីន កុំឲ្យទៅចូលរួមកិច្ចប្រជុំអាហ្វ្រិកខាងត្បូង តែប៉ុណ្ណោះ។ អ៊ុយក្រែន បរិហារថារុស្ស៊ី«លាងខួរក្បាលក្មេង»។ រុស្ស៊ីប្រុងរៀបចំគម្រោងមនុស្សធម៌សម្រាប់កូនក្មេងនៅអាហ្វ្រិកថែមទៀត។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជាប់ដីកាតាមចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម ពិសេសគឺការពង្រាត់កូនក្មេងអ៊ុយក្រែនរាប់ពាន់នាក់។ អ្នកស្រី Maria Lvova-Belova ស្នងការប្រតិភូអមប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ ក៏បានជាប់ដីកាចាប់ខ្លួននេះដែរ។ ប្រភពពីភាគីអ៊ុយក្រែន គឺតាំងពេលដែលរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែនមក មានកូនក្មេងអ៊ុយក្រែនប្រមាណជា ១ លាន ៥ សែននាក់ ឋិតនៅក្រោមតំបន់ដែលរុស្ស៊ីត្រួតត្រា។ បើតាមអ៊ុយក្រែន គឺ ពួកកុមារទាំងនោះ ត្រូវរដ្ឋអំណាចរុស្ស៊ីចាប់ពង្រត់ទាំងបង្ខំ និងត្រូវលាង«ខួរក្បាល» លែងឈប់ឲ្យនិយាយភាសាអ៊ុយក្រែន ហើយនិងត្រូវ អាជ្ញាធររុស្ស៊ី ចាក់បញ្ចូលគំនិតមនោគមន៍ឲ្យស្អប់អ៊ុយក្រែន ជាដើម។ បទយកការណ៍របស់ទីភ្នាក់ព័ត៌មានបារាំង AFP ក៏បានឲ្យដឹងពីកូនក្មេងមួយចំនួន ដែល អាជ្ញាធរអ៊ុយក្រែន ចរចាយកបានឲ្យមកជួបជុំគ្រួសារវិញ គឺ ពួកគេខ្លះ លែងចង់និយាយភាសាអ៊ុយក្រែនពិតមែន និងចង់ឲ្យតែនិយាយភាសារុស្ស៊ីទៅកាន់ពួកគេ។ មន្ត្រីជាន់ខ្ពស់នៃវិមានប្រធានាធិបតីអ៊ុយក្រែន បានគូសបង្ហាញថា គោលបំណងរបស់រុស្ស៊ី គឺបង្វែរខួរក្បាលកូនក្មេងឲ្យស្រឡាញ់រុស្ស៊ី ស្អប់អ៊ុយក្រែន និងបំផ្លាញអត្តសញ្ញាណអ៊ុយក្រែន។ផ្ទុយទៅវិញ អ្នកស្រី Maria Lvova-Belova ស្នងការប្រតិភូអមប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ បានអះអាងថា កូនក្មេងដែលអាជ្ញាធររុស្ស៊ីយកមកមើលថែ គឺបានទទួលការស្នាក់នៅក្នុងជំរំ និងរស់នៅតាមគ្រួសារត្រឹមត្រូវ ហើយបានសិក្សារៀនសូត្រនៅសាលារៀនទៀតផង។អ្នកស្រី Maria Lvova-Belova បានទទួលទំនុកទុកចិត្តពីប្រមុខរដ្ឋរុស្ស៊ី ដើម្បីនឹងអភិវិឌ្ឈកម្មវិធីមនុស្សធម៌និងសិទ្ធកុមារ នៅប្រទេសអាហ្វ្រិក ថែមទៀត។ វិទ្យុRFI ខាងជំនាញកិច្ចការតំបន់អាហ្វ្រិក បានផ្សាយបណ្តើរៗទៅហើយ ពីគម្រោងនេះ ដ្បិតថា ថ្នាក់ដឹកនាំរុស្ស៊ី នឹងទទួលថ្នាក់ដឹកនាំប្រទេសអាហ្វ្រិក Saint-Pétersbourg នៅសប្តាហ៍ខាងមុខ។ ប្រសិនបើឈរនៅគំនិតខាងអ៊ុយក្រែន គម្រោងមនុស្សធម៌រុស្ស៊ីនេះ ក៏ជាក្តីបារម្ភមួយដែរចំពោះកូនក្មេងអាហ្វ្រិក៕
20-7-2023 • 6 minuten, 46 seconden សភាថៃទាំង២អង្គ ប្រកាសមិនទទួលយកការស្នើឈ្មោះជាលើកទី ២ របស់លោកភិថា លីមចៈរើនរ៉ាត់
ថៃកំពុងស្ថិតក្នុងភាពរំជើបរំជួលនយោបាយបំផុត។ ថ្ងៃពុធទី១៩កក្កដានេះ សភាថៃទាំង២អង្គ បានបើកសម័យប្រជុំ ដើម្បីបោះឆ្នោតជាលើកទី២ លើបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ លោក ភិថា លីមចៈរើនរ៉ាត់។ ក៏ប៉ុន្តែ ខណៈដែលការប្រជុំកំពុងដំណើរការទៅ ដំណឹងថ្មីមួយបានផ្ទុះឡើង គឺតុលាការធម្មនុញ្ញថៃ បានសម្រេចព្យួរលោក ភិថា លីមចៈរើនរ៉ាត់ ពីសមាជិកសភា ជាបណ្តោះអាសន្នសិន ដោយផ្អែកតាមការចោទប្រកាន់ពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតថៃ។ លោកភិថា លីមចៈរើនរ៉ាត់ ត្រូវបង្ខំចិត្តដើរចេញពីអង្គប្រជុំ ខណៈការបោះឆ្នោតនៅមិនទាន់ចាប់ផ្តើមនៅឡើយ។ ក្រោយការជជែកតឹងសរសៃក សមាជិកសភាទាំង២អង្គបានបោះឆ្នោត បដិសេធមិនទទួលយកការដាក់ស្នើបេក្ខភាពជាលើកទី២របស់ ភិថា លីមចៈរើនរ៉ាត់។ តុលាការធម្មនុញ្ញ ព្យួរសមាជិកភាពជាតំណាងរាស្ត្ររបស់លោកភិថាតុលាការធម្មនុញ្ញថៃ ដែលបានទទួលបានពាក្យបណ្តឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបោះឆ្នោតសម្រេចនៅថ្ងៃទី១៩កក្កដា ថាត្រូវព្យួរសមាជិកភាពជាតំណាងរាស្ត្ររបស់លោក ភិថា លីមចៈរើនរ៉ាត់ ជាបណ្តោះអាសន្នសិន។ ចៅក្រម៧រូប ក្នុងចំណោម៩រូប នៃតុលាការធម្មនុញ្ញថៃបានបោះឆ្នោតយល់ព្រម ហើយសវនាកាសម្រេចសេចក្តីជាស្ថាពរ នៅត្រូវធ្វើក្នុងពេលឆាប់ៗខាងមុខនេះ។ ផ្អែកតាមការចោទ របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺលោក ភិថា លីមចៈរើនរ៉ាត់ បានធ្វើបំពាននឹងច្បាប់បោះឆ្នោត ព្រោះលោកមានចំណែកភាគហ៊ុន ក្នុងក្រុមហ៊ុនបណ្តាញទូរទស្សន៍ iTV។ ប្រសិនបើតុលាការធម្មនុញ្ញថៃ រកឃើញថា លោក ភិថា លីមចៈរើនរ៉ាត់ ពិតជាបានធ្វើខុសមែន មានន័យថាលោក អាចនឹងប្រឈមទោស មិនអាចឈរឈ្មោះបោះឆ្នោត ដល់ទៅ២០ឆ្នាំឯណោះ។ក្នុងពេលប្រជុំសភា នៅព្រឹកថ្ងៃពុធទី១៩កក្កដា លោកភិថា បានទទួលលិខិតរបស់តុលាការធម្មនុញ្ញ ហើយលោកបានឡើងអាន ថ្លែងនៅចំពោះមុខសភាតែម្តង ដែលលិខិតនេះ បានជូនដំណឹងថាត្រូវព្យួរសមាជិកភាពជាតំណាងរាស្ត្ររបស់លោក ក្នុងពេលនេះម៉ោងនេះតែម្តង។ អានចប់ លោកក៏បានដើរចេញពីអង្គប្រជុំសភា ក្រោមសំឡេងទះដៃផ្តល់កម្លាំងចិត្ត ពីសំណាក់ក្រុមសមាជិកសភាដែលគាំទ្ររូបលោក។តែយ៉ាងណា តាមច្បាប់ថៃ បេក្ខជននាយករដ្ឋមន្ត្រី មិនចាំបាច់ទាល់តែជាតំណាងរាស្ត្រនោះទេ។ ដូច្នេះ តាមធម្មតាមគឺលោកភិថា លីមចៈរើនរ៉ាត់ នៅតែជាបេក្ខជននាយករដ្ឋមន្ត្រីដដែល។ អង្គប្រជុំបានបន្ត ដោយសមាជិកសភាបក្សកាវក្លៃ និងបក្សភឿថា បានឡើងថ្លែងប្រកាស ថាគេសូមរក្សាស្នើបេក្ខជននាយករដ្ឋមន្ត្រីឈ្មោះដដែល ឲ្យសភាទាំង២អង្គបោះឆ្នោត គឺឈ្មោះ លោក ភិថា លីមចៈរើនរ៉ាត់។ស្នើឈ្មោះមនុស្សដដែល ឲ្យសភាបោះឆ្នោតម្តងទៀត ផ្ទុយនិងបទបញ្ជាផ្ទៃក្នុងសភា?មុននឹងឈានទៅដល់ការបោះឆ្នោត យល់ព្រម ឬមិនយល់ព្រម តែងតាំងលោក ភិថា លីមចៈរើនរ៉ាត់ ជានាយករដ្ឋមន្ត្រី សមាជិកសភាថៃទាំង២អង្គ បានជជែកដេញដោលគ្នាយ៉ាងតឹងសរសៃកបំផុត ទាក់ទិននឹងការដាក់ស្នើបេក្ខភាពរបស់លោកជាលើកទី២។ក្រុមសមាជិកព្រឹទ្ធសភាថៃជាច្រើននាក់ ដូចដែលយើងដឹងហើយ ថាមិនគាំទ្រលោកភិថា លីមចៈរើនរ៉ាត់នោះ បានឡើងថ្លែងអំណះអំណាងបន្តបន្ទាប់គ្នា ថាដោយ យោងតាមមាត្រា៤១ នៃបទបញ្ជាសភា គឺក្នុងសម័យប្រជុំតែ១ គេមិនអាចបោះឆ្នោត២ដង លើរឿងតែមួយនោះទេ។ ពោលគឺ គេចង់បានន័យថា បេក្ខភាពរបស់លោកភិថា លីមចៈរើនរ៉ាត់ ដែលក្រុមគណបក្សចម្រុះមានបក្សកាវក្លៃ បក្សភឿថៃជាដើម បានដាក់ស្នើមកឲ្យសភាទាំង២អង្គបោះឆ្នោតសម្រេចនោះ គឺគេបានបោះឆ្នោតរួចហើយ កាលពីថ្ងៃទី១៤កក្កដា។ លទ្ធផលគឺយើងដឹងហើយ គឺសម្លេងឆ្នោតគាំទ្រមានមិនគ្រប់ ទៅតាមអ្វីដែលរដ្ឋធម្មនុញ្ញបានកំណត់ទេ។ ដូច្នេះ គឺគេមិនអាចបោះឆ្នោតម្តងទៀត លើការស្នើបក្ខភាពជាលើកទី២ របស់លោក ភិថា លីមចៈរើនរ៉ាត់ បានទេ ព្រោះថាឈ្មោះមនុស្សដដែល។ក្រោយការតវ៉ាគ្នាចុះឡើង លោកប្រធានសភាថៃ បានប្រកាសឲ្យសមាជិកសភា និងសមាជិកព្រឹទ្ធសភាទាំងអស់ បោះឆ្នោត ថាតើយល់ស្រប ឬមិនយល់ស្រប ដែលថាការដាក់ស្នើឈ្មោះលោកភិថា លីមចៈរើនរ៉ាត់ ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីឲ្យសភាទាំង២អង្គបោះឆ្នោតជាលើកទី២នេះ វាផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងសភា។ លទ្ធផលឆ្នោត បានបង្ហាញថា ក្នុងចំណោមសមាជិកសភាដែលមានវត្តមានទាំង៧១៥រូប គឺមាន៣៩៤បានយល់ស្របថាវាផ្ទុយពីបទបញ្ជាផ្ទៃក្នុងសភា។ ចំណែកសំឡេងឆ្នោតយល់ថាមិនផ្ទុយវិញ គឺមាន៣១២ ពោលគឺជាចំនួនសមាជិកសភាទាំងអស់ ដែលស្ថិតនៅក្នុងសម្ព័ន្ធគណបក្សគាំទ្រលោកភិថា លីមចៈរើនរ៉ាត់នេះឯង។ សំឡេងអនុប្បវាទមាន៨សំឡេង និងមានម្នាក់សុំមិនបញ្ចេញមតិ។យោងតាមលទ្ធផលនេះ លោកប្រធានសភាថៃ បានប្រកាសថា គឺសភាទាំង២អង្គ សូមបដិសេធមិនអនុញ្ញាតឲ្យលោកភិថា លីមចៈរើនរ៉ាត់ ដាក់ស្នើបេក្ខភាពមកជាលើកទី២ទេ ព្រោះវាផ្ទុយនឹងមាត្រា៤១នៃបទបញ្ជាផ្ទៃក្នុងរបស់សភា។ ប្រធានសភាបានប្រកាសបិទអង្គប្រជុំ ក្រោមសំឡេងស្រែកតវ៉ា យ៉ាងអឺងកង ពីសំណាក់តំណាងរាស្ត្រមកពីបក្សកាវក្លៃ។ អង្គប្រជុំបានចប់ ដោយសភាមិនបានឈានទៅដល់ការបោះឆ្នោត សម្រេចជ្រើសរើស ឬមិនជ្រើសរើសលោកភិថា លិមចៈរើនរ៉ាត់ ជានាយករដ្ឋមន្ត្រីផងទេ។“សន្លឹកឆ្នោតរបស់ពលរដ្ឋ គ្មានតម្លៃ”មានការព្រួយបារម្ភធំណាស់ ថាថៃនឹងឈានចូលដល់ដំណាក់កាលវិបត្តិធ្ងន់ធ្ងរ ជាមួយការផ្ទុះបាតុកម្មតវ៉ា របស់ប្រជាជន។ នៅថ្ងៃពុធទី១៩កក្កដា ស្របពេលដែលសភាបើកការប្រជុំ នៅតាមទីតាំងសំខាន់ៗ ដូចជានៅទីលានប្រជាធិបតេយ្យ កណ្តាលក្រុងបាងកក និងនៅក្បែរវិមានរដ្ឋសភាជាដើម ប្រជាជនថៃ បានចាប់ផ្តើមជួបជុំគ្នាច្រើនពាន់នាក់ណាស់ ដើម្បីទាមទារ តវ៉ា ឲ្យសមាជិកសភាទាំង២អង្គ ជាពិសេសគឺសមាជិកព្រឹទ្ធសភាតែម្តង គោរពការសម្រេចចិត្តរបស់ប្រជាជនម្ចាស់ឆ្នោត។ប្រជាជនថៃបោះឆ្នោតឲ្យបក្យកាវក្លៃ របស់ភិថា លីមចៈរើនរ៉ាត់ឈ្នះឆ្នោត ដើម្បីដឹកនាំប្រទេស តែផ្ទុយទៅវិញ គឺក្រុមសមាជិកព្រឹទ្ធសភាថៃ ដែលត្រូវបានតែងតាំងដោយក្រុមអភិរក្សនិយម រាជានិយម និងកងទ័ព គឺជាអ្នករារាំងប្រឆាំងទៅវិញ។ មានន័យថា សំឡេងឆ្នោតរបស់ប្រជាពលរដ្ឋថៃ វាគ្មានតម្លៃអ្វីទាំងអស់ ពោលគឺថៃគ្មានលទ្ធិប្រជាធិបតេយ្យទេ។ទុកឲ្យបក្សភឿថៃ ស្នើបេក្ខជននាយករដ្ឋមន្ត្រីម្តងនៅព្រឹកថ្ងៃពុធនេះ ពេលដើរចេញពីសភាហើយ លោកភិថា លីមចៈរើន បានសរសេរលើ Instagram ដោយបានទទួលស្គាល់ថា លោកគ្មានសង្ឃឹមថា នឹងអាចទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ នៅក្នុងការបោះឆ្នោតនៅសភា ជាលើកទី២នេះទេ។ លោកបន្តទៀតថា “វាច្បាស់ប្រាកដណាស់ ដែលថា សំឡេងឆ្នោតរបស់ប្រជាជនថៃ គ្មានតម្លៃគ្រប់គ្រាន់ ដើម្បីអាចគ្រប់គ្រងកំណត់ជោគវាសនាប្រទេសជាតិនោះទេ”។សូមបញ្ជាក់ថា លោកភិថា លីមចៈរើនរ៉ាត់ បានបញ្ជាក់ហើយ ថាលោកនឹងមិនស្នើឈ្មោះលោក ជាលើកទី៣ទៀតទេ។ កាលពីថ្ងៃសៅរ៍ លោកភិថា បានបញ្ជាក់ថា លោកនឹងទុកឲ្យគណបក្សភឿថៃ ស្នើបេក្ខភាពម្តងចុះ ដើម្បីកុំឲ្យប្រទេសជាប់គាំងយូរពេក។ តាមការសន្និដ្ឋាន គឺបក្សភឿថៃ អាចនឹងស្នើឈ្មោះ លោក Srettha Thavisin អាយុ៦០ឆ្នាំ។ លោកម្នាក់នេះ ជាអ្នកនយោបាយផង និងជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យផង ហើយត្រូវគេសំឡឹងឃើញថា អាចមានការគាំទ្រច្រើន ពីក្រុមសមាជិកសភាអភិរក្សនិយមថៃ៕
19-7-2023 • 7 minuten, 21 seconden តើអ្វីខ្លះជាផលវិបាកនៃការផ្អាកកិច្ចព្រមព្ រៀងនាំចេញធញ្ញជាតិពីអ៊ុយក្រែនតាមសមុទ្ទខ្មៅ?
បន្ទាប់ពីភាគីរុស្ស៊ី បានប្រកាសដកខ្លួនចេញ កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្ទខ្មៅ បានអស់សុពលភាពនៅយប់ថ្ងៃចន្ទទី១៧កក្កដាវេលាម៉ោង១១អាធ្រាត្រម៉ោងនៅក្រុងប៉ារីស។ ចុះហត្ថលេខាដោយរុស្ស៊ី អ៊ុយក្រែន អង្គការសហប្រជាជាតិ និងតួកគី កាលពីខែកក្កដាឆ្នាំ២០២២ កិច្ចព្រមព្រៀងបានសម្រួលការនាំចេញធញ្ញជាតិបានប្រមាណ៣៣លានតោនក្នុងរយៈពេលមួយឆ្នាំ។ ប៉ុន្តែសម្រាប់ពេលភ្លាមៗនេះ ការព្យួរកិច្ចព្រមព្រៀង បង្កផលប៉ះពាល់ខ្សោយណាស់លើទីផ្សារធញ្ញជាតិ។ ហើយសម្រាប់លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី ទោះគ្មានរុស្ស៊ី ក៏ក្រុងកៀវនៅតែអាចបន្តនាំចេញតាមច្រកសមុទ្ទខ្មៅដដែល ព្រោះអ៊ុយក្រែនមិនខ្លាចទេ។ ការបញ្ចប់កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិពេលនេះបង្កផលប៉ះពាល់តិចតួចណាស់ក្នុងពេលភ្លាមៗនេះ ព្រោះអំឡុងពេលនេះជារដូវច្រូតកាត់ផង ហើយស្ថានភាពខុសកាលពីឆ្នាំមុនផង។ កាលពីចុងខែកុម្ភៈឆ្នាំ២០២២ ពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនភ្លាម ចរាចរណ៍តាមសមុទ្ទខ្មៅដែលជាច្រកផ្លូវនាំចេញផលិតផលកសិកម្មដ៏ចម្បងរបស់អ៊ុយក្រែនត្រូវបិទខ្ទប់។ ពេលនោះ អ៊ុយក្រែន អ្នកនាំចេញប្រេងផ្កាឈូករ័ត្នលេខមួយនិងនាំចេញស្រូវសាលីលេខបួនពិភពលោកមានស្តុកផលិតផលកសិកម្មសម្រាប់នាំចេញពេញណែនជង្រុក។ ភាពរន្ធត់នឹងសង្គ្រាមដោយឥតព្រាងទុកបានធ្វើឱ្យទីផ្សារឡើងតានតឹងខ្លាំង។ ក្រោយពីការចុះកិច្ចព្រមព្រៀងនាំចេញរវាងរុស្ស៊ីនិងអ៊ុយក្រែនក្រោមការផ្តួចផ្តើមរបស់តួកគីនិងអង្គការសហប្រជាជាតិមក ការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនបានចាប់ផ្តើម នៅថ្ងៃទី១សីហា២០២២ និងបានសម្រួលទីផ្សារស្រូវសាលី នៅអាហ្វ្រិកនិងតំបន់មេឌីទែរ៉ាណេ ហើយបានបញ្ចុះតម្លៃគ្រាប់ធញ្ញជាតិពិភពលោក ដល់កំរិតដ៏ទាបបំផុតមួយកាលពីខែឧសភា។តែពេលនេះ ផលិតផលកសិកម្មរបស់អ៊ុយក្រែនបានធ្លាក់ចុះស្ទើរអស់ពាក់កណ្តាល។ តាមការព្យាករ អ៊ុយក្រែននឹងទទួលទិន្នផលពោតត្រឹមតែ២៥លានតោន និងស្រូវសាលី ១៧លានតោនកន្លះ សម្រាប់ឆ្នាំ២០២៣-២៤ ទល់នឹង៤២លានតោនពោតនិង៣៣លានតោនស្រូវសាលីកាលពីឆ្នាំ២០២១-២២ ដោយអាចនាំចេញតិចជាងមុនប្រមាណ៦លានតោនស្រូវ និងពោត១០លានតោន។ ដូច្នេះស្ថានភាពនាំចេញមិនតានតឹង ពេកទេ ព្រោះអ៊ុយក្រែនពុំសូវមានផលិតផលសម្រាប់នាំចេញ។ ហើយដោយសារពិភពលោកមិនខ្វះស្រូវសាលី និងក្នុងរដូវប្រមូលផលដូច្នេះ ទីផ្សារធញ្ញជាតិស្ងប់ស្ងាត់ល្អ ទើបមិនសូវមានប្រតិកម្មខ្លាំងនឹងដំណឹងព្យួរកិច្ចព្រមព្រៀងនាំចេញនេះទេ។ តម្លៃស្រូវសាលីឡើងមិនបាន១%ផង ម្សិលមិញ។ក្តីបារម្ភអនាគតសម្រាប់រយៈពេលយូរផ្ទុយទៅវិញ ការព្រួយបារម្ភអាចកើតមានសម្រាប់រយៈពេលយូរនិងមធ្យមទៅមុខ។ រុស្ស៊ីជាប្រទេសនាំចេញស្រូវសាលីលេខ១ និងជាស្រូវដ៏ថោកជាងគេនៅលើពិភពលោក។ ភ្លាមៗនេះ រុស្ស៊ី និងអឺរ៉ុប អាចបំពេញសេចក្តីត្រូវការទីផ្សារស្រូវសាលីជំនួសអ៊ុយក្រែនបាន ប៉ុន្តែយូរទៅវាអាចនឹងធ្វើឱ្យប្រទេសទីបី (អ្នកនាំចូលស្រូវសាលី) រំពឹងលើរុស្ស៊ីកាន់តែខ្លាំង ហើយកាន់តែពិបាកចាត់ចែងទៀត បើមានគ្រោះធម្មជាតិអាកាសធាតុលេចឡើង។ នៅក្នុងចំណោមគ្រាប់ធញ្ញជាតិ បើជាគ្រាប់ពោតមិនសូវអីទេ ព្រោះគេអាចទៅរកទិញពីប្រេស៊ីលបាន តែស្រូវសាលីដែលជាវត្ថុធាតុដើមសម្រាប់ធ្វើនំប៉័ង ទើបពិបាក។ បើបិទច្រកសមុទ្ទខ្មៅយូរពេកនោះបរិមាណនាំចេញនឹងចុះថយ តម្លៃនឹងឡើងដែលនឹងធ្វើឱ្យមានវិបត្តិអតិផរណាស្បៀងអាហារ ប៉ះពាល់ដល់សុវត្ថិភាពស្បៀងអាហារជាក់ជាពុំខាន។ឯជំនួយស្បៀងអាហារនឹងត្រូវចុះថយ ព្រោះអ៊ុយក្រែនជាអ្នកផ្គត់ផ្គង់កម្មវិធីស្បៀងអាហារដ៏ចម្បងមួយ។ ប្រមាណ៨%នៃការនាំចេញស្រូវសាលីអ៊ុយក្រែនមានជាប់ក្នុងកម្មវិធីPAM ជួយប្រទេសក្រីក្រដូចជា អាហ្វហ្កានីស្ថាន និងក្រុមប្រទេសនៅតំបន់ស្នែងអាហ្វ្រិក។អ៊ុយក្រែនអាចបន្តនាំចេញដោយគ្មានរុស្ស៊ី?សេចក្តីសម្រេចចិត្តរបស់រុស្ស៊ីដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិពេលនេះ មានន័យថាម៉ូស្គូលែងធានាសន្តិសុខដល់ចរាចរណ៍នាវានាំចេញតាមច្រកសមុទ្ទខ្មៅហើយ។ ហើយម៉ូស្គូក៏ព្យួរកិច្ចសហប្រតិបត្តិការសម្របសម្រួលរួមនៅក្រុងអ៊ីស្តង់ប៊ូលដែលទទួលបន្ទុកត្រួតពិនិត្យនាវាមកពីឬទៅអ៊ុយក្រែនដែរ។ តែដោយជាក់ស្តែងនោះ គេលែងឃើញមាននាវាដឹកធញ្ញជាតិនាំចេញ ពីកំពង់ផែអ៊ុយក្រែនតាំងពីថ្ងៃទី ២៧មិថុនាមក ពោលគឺជិតមួយខែទៅហើយ។ ប្រធានាធិបតីអ៊ុយក្រែន បានអះអាងនៅល្ងាចមិញថា ទោះបីរុស្ស៊ីបញ្ឈប់កិច្ចព្រមព្រៀងក្តី ក៏អ៊ុយក្រែនត្រៀមជាស្រេចនឹងបន្តការនាំចេញធញ្ញជាតិ តាមច្រកសមុទ្ទខ្មៅ ដែលធ្លាប់មានចុះកិច្ចព្រមព្រៀងពីមុន។ ទោះបីជាលែងមានការធានាសន្តិសុខយ៉ាងណាក៏ដោយ លោកហ្សេឡេនស្គីប្រកាសថាមិនខ្លាចដែរ។ មិនខ្លាចការវាយប្រហាររបស់រុស្ស៊ីដែលជាអ្នកក្តោបក្តាប់សមុទ្ទខ្មៅឡើយ។ ប៉ុន្តែក្នុងដំណាក់កាលនេះ គេមិនប្រាកដទេថាការនាំចេញធញ្ញជាតិពីអ៊ុយក្រែនអាចនឹងចាប់ផ្តើមឡើងវិញដោយឆាប់ៗទេ។ វាហាក់ដូចជាឆាប់បន្តិច ក្នុងការគិតគូរដោយហ្មត់ចត់រឿងនាំចេញតាមច្រកសមុទ្ទខ្មៅ ព្រោះមិនដឹងថាតើក្រុមហ៊ុនធានារ៉ាប់រង ទារថ្លៃប៉ុនណា បើគ្មានលក្ខខណ្ឌសន្តិសុខគ្រប់គ្រាន់យ៉ាងដូច្នេះ។សមត្ថភាពនាំចេញតាមផ្លូវគោកមានកំរិត មុនមានកិច្ចព្រមព្រៀងនាំចេញតាមសមុទ្ទខ្មៅ សហភាពអឺរ៉ុបបានដាក់ឱ្យដំណើរការបណ្តាញផ្លូវគោក និងផ្លូវទឹក(ទន្លេ) ដើម្បីសម្រួលការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនបានខ្លះដោយឆ្លងកាត់អឺរ៉ុប។ បើតាម Fondation Farm មូលនិធិគិតគូរអំពីចំណោទកសិកម្មពិភពលោក បច្ចុប្បន្ននេះការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនពាក់កណ្តាល ធ្វើដំណើរតាមផ្លូវដែកនិងទន្លេដានូប ឆ្លងតាមប៉ូឡូញនិងរ៉ូមានី។ ប៉ុន្តែបញ្ហាចោទមួយនៅត្រង់ថាតើសហភាពអឺរ៉ុប ដែលទទួលទិញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន៥០%តាំងពីសង្គ្រាមផ្ទុះឡើងមក មានសមត្ថភាពនាំចេញបន្តបានកំរិតណា? ម្យ៉ាងទៀត អឺរ៉ុបកំពុងគិតគូរពង្រីកមធ្យោបាយដឹកជញ្ជូនតាមផ្លូវដែកហើយតែត្រូវការចំណាយពេលវេលា តែទោះជាពង្រីកយ៉ាងណាក៏គេមិនអាចដំឡើងទំហំនៃការនាំចេញតាមផ្លូវដែកនិងផ្លូវទន្លេមិនបានច្រើនឡើយ៕
18-7-2023 • 7 minuten, 38 seconden សេដ្ឋកិច្ចចិនមានកំណើននៅត្រីមាសទី២ តែអ្នកជំនា ញបារម្ភថា អាចជាកំណើនបំភ័ន្តភ្នែក
នៅត្រីមាសទី២ឆ្នាំ២០២៣នេះ សេដ្ឋកិច្ចចិន បានមានកំណើនចំនួន ៦,៣% បើប្រៀបធៀបទៅឆ្នាំមុន។ នេះបើផ្អែកតាមតួលេខផ្លូវការ ចេញផ្សាយដោយអាជ្ញាធរចិន។ តែយ៉ាងណា អ្នកជំនាញវិភាគសេដ្ឋកិច្ច បានបង្ហាញការព្រួយបារម្ភថា នៅពីក្រោយតួលេខកំណើននេះ គឺសេដ្ឋកិច្ចចិន មិនមានសុខភាពរឹងមាំប៉ុន្មាននោះទេ ក្នុងអំឡុងពេលនេះ។ សេដ្ឋកិច្ចចិន ដែលធំជាងគេទី២ លំដាប់ពិភពលោក អាចនឹងប្រឈមវិបត្តិជាច្រើនរងចាំនៅពេលខាងមុខ។ ការិយាល័យស្ថិតិជាតិ របស់ចិន បានប្រកាសផ្សាយតួលេខផ្លូវការនៅព្រឹកថ្ងៃចន្ទ ទី១៧កក្កដា ថាចំណូលដុលក្នុងស្រុក (PIB) របស់ចិន ក្នុងត្រីមាសទី២ឆ្នាំ២០២៣នេះ គឺបានកើនចំនួន៦,៣% បើប្រៀបធៀបទៅត្រីមាសទី២ ឆ្នាំ២០២២។ ដូចយើងដឹងហើយ សេដ្ឋកិច្ចប្រទេសមហាអំណាចធំៗ កំពុងជួបបញ្ហាដោយសារតែវិបត្តិអតិផរណា ទំនិញឡើងថ្លៃខ្លាំង។ដោយឡែក អ្នកជំនាញច្រើននាក់បានពន្យល់ថា តួលេខកំណើនសេដ្ឋកិច្ចរបស់ចិននៅត្រីមាសទី២នេះ កុំឃើញច្រើនបែបនេះ ហើយគិតថាល្អនោះ។ ធាតុពិត នៅពីក្រោយតួលេខខ្ពស់នេះ សេដ្ឋកិច្ចចិនមិនសូវជាមានលំនឹងប៉ុន្មានទេ។ ទីមួយ កំណើនសេដ្ឋកិច្ចនៅត្រីមាសទី២ មានចំនួន ៦,៣%មែន តែប្រៀបធៀបទៅត្រីមាសទី២ឆ្នាំ២០២២ ដែលចិនកំពុងស្ថិតនៅក្នុងរណ្តៅវិបត្តិកូវីដកាលណោះ។ បើប្រៀបធៀបពីត្រីមាសទី១ឆ្នាំ២០២៣ យើងឃើញថា តាមពិតទៅកំណើនសេដ្ឋកិច្ចចិន បានកើនឡើងតិចបំផុត ពោលគឺប្រមាណតែ ០,៨%ប៉ុណ្ណោះ។ កាលពីត្រីមាសទី១ រវាងខែមករា ដល់ខែមីនាដើមឆ្នាំនេះ សេដ្ឋកិច្ចចិនបានកើនចំនួន២,២% ពោលគឺជាកំឡុងពេលស្ទុះឡើងវិញ បន្ទាប់ពីរដ្ឋចិនបានបើកចំហប្រទេសឡើងវិញ ក្រោយកូវីដ១៩។ ក៏ប៉ុន្តែ កម្រិតស្ទុះឡើងនៃសេដ្ឋកិច្ចចិន ហាក់នៅទ្រឹងមួយកន្លែង គិតចាប់ពីខែមេសាមក។ការបញ្ជាទិញពីក្រៅប្រទេស ធ្លាក់ចុះខ្លាំងលោក Erin Xin អ្នកជំនាញម្នាក់នៅធនាគារ HSBC បានលើកឡើងថា នៅត្រីមាសទី២ សេដ្ឋកិច្ចចិនបានបាត់បង់ល្បឿនស្ទុះឡើង ដោយសារតែការបញ្ជាទិញពីក្រៅប្រទេស បានថយចុះច្រើនណាស់។ ដូចយើងដឹងហើយ ថាសេដ្ឋកិច្ចចិនរំពឹងខ្លាំង ទៅលើការនាំចេញទំនិញទៅក្រៅប្រទេស។ ប៉ុន្តែ បញ្ហាអតិផរណា បានធ្វើឲ្យប្រជាជនតាមបណ្តាប្រទេសផ្សេងទៀត កាត់បន្ថយការចំណាយ ហើយដែលធ្វើឲ្យការលក់ទំនិញរបស់ចិន បានចុះថយខ្លាំង។ កាលពីខែមិថុនា តួលេខនាំចេញរបស់ចិន បានធ្លាក់ចុះ ដល់ទៅ១២,៤% ពោលគឺបានធ្លាក់ចុះខ្លាំង ២ខែជាប់គ្នា។ បញ្ហានេះ បានធ្វើបាបសហគ្រាសចិនជាច្រើន ដែលមានសកម្មភាពផលិត ដើម្បីនាំចេញទៅក្រៅប្រទេស។យ៉ាងណាមិញ លោក Fu Linghui អ្នកនាំពាក្យការិយាល័យស្ថិតិជាតិចិន បានទទួលស្គាល់នៅចំពោះមុខអ្នកកាសែត ក្នុងពេលបង្ហាញតួលេខ ថា សេដ្ឋកិច្ចចិនកំពុងតែប្រឈមនឹងកត្តាលំបាកជាច្រើនគួបផ្សំគ្នា នៅក្នុងបរិបទអន្តរជាតិ។ លោកបានបន្តថា ដូច្នេះវានៅមានការងារលំបាកជាច្រើនណាស់ ដែលចិនត្រូវធ្វើ ដើម្បីឈានធ្វើកំណែទម្រង់ ឈានទៅអភិវឌ្ឍន៍ និងធានាឲ្យមានស្ថិរភាពឡើងវិញ។យុវជនចិនជាង២១% គ្មានការងារធ្វើសេដ្ឋកិច្ចលំបាក ជីវភាពមនុស្សកាន់តែចុះខ្សត់ខ្សោយ ធ្វើឲ្យការប្រើប្រាស់ទិញលក់ទំនិញ ក្នុងស្រុករបស់ចិនបានចុះថយច្រើនណាស់។ កូវីដ៣ឆ្នាំជាប់គ្នា ប្រទេសត្រូវបិទខ្ទប់ជាប់ ពេលចាប់ផ្តើមបើកមកវិញ ឃើញថាបានស្ទុះមួយភ្លែតនៅដើមឆ្នាំ២០២៣។ តែក្រោយមកចាប់ពីមេសា គេសង្កេតឃើញថា ប្រជាជនចិនមិនសូវហានចំណាយទេ។វិស័យអចលនទ្រព្យ ដែលជាមែកធាងសំខាន់មួយនៃសេដ្ឋកិច្ចចិន ក៏នៅទ្រឹងក្នុងវិបត្តិដែរ។ គម្រោងជាច្រើន លក់មិនដាច់ ម្ចាស់គម្រោងជំពាក់បំណុលធានាគារ។ គម្រោងខ្លះសង់មិនទាន់រួចក៏បោះបង់ចោលកណ្តាលទី។ ថ្មីៗនេះ ធនាគារកណ្តាលចិន ទើបតែបានសម្រេចបន្តយន្តការ ជួយសម្រួលការប្រាក់ ដល់ក្រុមហ៊ុនវិនិយោគអចលនទ្រព្យចិន រហូតដល់ចុងឆ្នាំ២០២៤។ តែបើផ្អែកតាមការវិភាគ របស់លោក Ting LU អ្នកវិភាគនៅធនាគារ Nomura គឺវិធានការនេះ ជួយបានតែមួយផ្នែកតែប៉ុណ្ណោះ ពោលគឺវាមិនគ្រប់គ្រាន់ទេ ដើម្បីអាចស្រោចស្រង់វិស័យអចលនទ្រព្យទាំងមូលរបស់ចិន។កត្តាវិបត្តិទាំងអស់នេះ គឺវាបានធ្វើឲ្យយុវជនចិនច្រើនណាស់ អត់ការងារធ្វើ។ យោងតាមតួលេខផ្លូវការ ចេញផ្សាយកាលពីខែមិថុនា គឺក្នុងចំណោមយុវជនអាយុចន្លោះពី ១៦ទៅ២៤ឆ្នាំ គឺមាន២១,៤%% ដែលអត់ការងារធ្វើ។ នេះគឺជាតួលេខខ្ពស់បំផុតមិនធ្លាប់មានទេ។ ជាងនេះទៀត តួលេខនេះ គឺគេរាប់តែយុវជនអត់ការងារធ្វើ នៅតាមទីក្រុងធំៗតែប៉ុណ្ណោះ។បារម្ភថាអាចមានបរិត្តផរណា?អ្វីដែលអ្នកជំនាញគេបារម្ភ គឺបញ្ហា បរិត្តផរណា នៃសេដ្ឋកិច្ចចិន។ បរិត្តផរណា គឺវាផ្ទុយពីអតិផរណា ដែលទំនិញឡើងថ្លៃ។ ក្នុងករណី បរិត្តផរណា គឺតម្លៃទំនិញនិងសេវាគ្រប់សព្វ នឹងចុះថោកខ្លាំង។ ការចុះថោកខ្លាំងបែបនេះ មើលមួយភ្លែត ឃើញថាដូចជាល្អ សម្រាប់ជីវភាពប្រជាជន តែអ្នកជំនាញគេ ថាវាការគំរាមមួយដ៏គ្រោះថា្នក់ ទៅលើសេដ្ឋកិច្ច។កាលណាមានបរិត្តផរណា មនុស្សទូទៅនឹងមិនចំណាយប្រាក់ទិញទំនិញប៉ុន្មាននោះទេ ព្រោះគេនឹងរងចាំឲ្យទំនិញចុះថោកថែមទៀត។ កាន់តែរងចាំ អ្នកលក់កាន់តែលែងដាច់។ ខ្វះអ្នកទិញ រោងចក្រផលិតទូទៅ នឹងកាត់បន្ថយការផលិត លែងទិញទំនិញវត្ថុធាតុដើម លែងរើសមនុស្សចូលធ្វើការ ឬអាចឈានទៅបណ្តេញកម្លាំងពលកម្មខ្លះចោលផង។ ដើម្បីលក់ទំនិញបញ្ចេញពីស្តុក គេត្រូវលក់ក្នុងតម្លៃថោក ពេលខ្លះយកតែរួចដើមក៏មាន។ ជាសរុប គឺមានន័យថា បរិត្តផរណា ជាវដ្តមួយគ្រោះថ្នាក់ សម្រាប់សេដ្ឋកិច្ច និងទីផ្សារការងារ។មួយវិញទៀត បរិបទភូមិសាស្ត្រនយោបាយ រវាងចិន ជាមួយនឹងសហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសអឺរ៉ុប កាន់តែឈានចូលដំណាក់កាលល្អក់កករខ្លាំង។ មិនថាអាមេរិក មិនថាអឺរ៉ុប គឺគេកំពុងតែរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មី ផ្តាច់ខ្លួនម្តងបន្តិចៗ ពីសេដ្ឋកិច្ចចិន ពីទីផ្សារទំនិញ ក៏ដូចជាវត្ថុធាតុដើមចិន។ វាគឺជាគោលនយោបាយការពារសន្តិសុខជាតិ ជាក់ស្តែងទាក់ទិននឹងមុខទំនិញបច្ចេកវិទ្យាមួយចំនួន ដូចជា បន្ទះឈីប សឺមីកុងឌុកទ័រជាដើម។ មានន័យថា ក្នុងវិស័យបច្ចេកវិទ្យាទំនើបនេះ គឺចិនកាន់តែជួបឧបសគ្គនៅក្នុងការស្រាវជ្រាវ ការផលិត ការនាំចេញ៕
17-7-2023 • 6 minuten, 50 seconden តើហ្សេ៧ ជួយអ៊ុយក្រែនភ្លេចក្រុមប្រទេសកំពុងអភ ិវឌ្ឍន៍មែនឬ?
នៅថ្ងៃអាទិត្យទី ១៦កក្កដា ក្រុមប្រទេសអ្នកមានទាំង៧ ឬហៅកាត់ថា ហ្សេ៧ កំពុងជួបប្រជុំគ្នានៅក្រុងហ្កង់ឌីណាហ្កា ប្រទេសឥណ្ឌា។ ជំនួបនេះត្រូវបន្តដោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំង២០ដំបូងគេនៅលើពិភពលោក (ហ្សេ២០)។ កិច្ចពិភាក្សាត្រូវផ្តោតជាសំខាន់ទៅលើការរកមធ្យោបាយសម្រាលបំណុលរបស់ក្រុមប្រទេសក្រីក្រកំពុងអភិវឌ្ឍ អំពីការធ្វើកំណែទម្រង់ធនាគារ និងការយកពន្ធលើក្រុមហ៊ុនពហុជាតិដោយមិនរំលងទេសំណុំរឿងជួយអ៊ុយក្រែន។ សម្រាប់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី ចានែត យេលែន ជួយអ៊ុយក្រែនគឺជាទង្វើដ៏ប្រសើរបំផុត សម្រាប់សេដ្ឋកិច្ចពិភពលោក។ ជួយអ៊ុយក្រែននិងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ជាវិញ្ញាសាពីរដែលចងជាប់គ្នាយ៉ាងខ្លាំង។ ក្រុងហ្កង់ឌីណាហ្កា ក្រុងទើបបង្កើតថ្មីនៅទសវត្សរ៍ឆ្នាំ១៩៦០ ដើម្បីឧទ្ទិសដល់បិតាឯករាជ្យជាតិឥណ្ឌា លោក ហ្កង់ឌី ថ្ងៃនេះកំពុងទទួលបើកជំនួបប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសហ្សេ៧ ហើយនឹងបន្តដោយ ជំនួបប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស មានសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងគេ២០ដំបូង ឬហៅកាត់ថាហ្សេ២០ ដែលមានឥណ្ឌាជាប្រធានផ្លាស់វេន។ជំនួបនេះមានពិភាក្សាជាចម្បងអំពីការសម្រាលបំណុលរបស់ក្រុមប្រទេសក្រីក្រកំពុងអភិវឌ្ឍ ការធ្វើកំណែទម្រង់ធនាគារ និងការយកពន្ធលើក្រុមហ៊ុនពហុជាតិ ព្រមទាំងសំណុំរឿងអ៊ុយក្រែន។ ក្រុមហ្សេ៧ ចង់ផ្តល់ការគាំទ្រដល់ធនាគារអភិវឌ្ឍធំៗ ដូចយ៉ាងធនាគារពិភពលោក ដើម្បីតម្រង់ជំនួយហិរញ្ញវត្ថុឱ្យចំទិសដៅប្រឈម គឺការឡើងកម្តៅអាកាសធាតុ ព្រោះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុអាមេរិក គេចាំបាច់ត្រូវតែចាត់វិធានការរួមគ្នា ជួយស្រោចស្រង់ក្រុមប្រទេសមានចំណូលទាបដែលជាងពាក់កណ្តាលកំពុង ឬមានហានិភ័យធ្លាក់ខ្លួន ជាប់បំណុលជាន់លើបំណុល។ម្យ៉ាងទៀត រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី ចានែត យេលែន ចង់ប្រើជំនួបប្រជុំថ្ងៃនេះជាខ្នោសកោសលុបបំបាត់ក្តីព្រួយបារម្ភរបស់ក្រុមប្រទេសក្រីក្រដែលខ្លាចហ្សេ៧សម្រុកជួយអ៊ុយក្រែនពេក ភ្លេចរឿងជួយដល់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍។ភាពក្រីក្រ និងទំនុកចិត្ត នៅសប្តាហ៍នេះ ប្រធានធនាគារពិភពលោកថ្មី លោក អាចាយ បង់ហ្កា Ajay Banga បានបង្ហាញក្តីព្រួយបារម្ភថា ក្នុងខណៈដែលពិភពលោកត្រូវការសាមគ្គីរួបគ្នាជួយគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រលើផែនដី ប្រឆាំងនឹងវិបត្តិអាកាសធាតុ និងស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដដែលញាំញីបន្ថែមដោយវិបត្តិអតិផរណានិងសង្គ្រាមអ៊ុយក្រែន ក្រុមប្រទេសអ្នកក្រមានចំណូលទាប បានបាត់បង់ទំនុកចិត្តលើក្រុមប្រទេសអ្នកមាន និងព្រួយបារម្ភខ្លាចប្រទេសអ្នកមានមិនគោរពពាក្យសន្យា ដោយបង្វែរមធ្យោបាយទៅជួយស្តារស្ថាបនាប្រទេសអ៊ុយក្រែន។ជាការព្រួយបារម្ភដែលគេអាចយល់និងទទួលយកបាន ព្រោះ ពួកគេមានអារម្មណ៍ថាជំនួយសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហាក់មានកំរិត ព្រោះច្បាប់ថាមពលមិនទាន់អនុវត្តជាលក្ខណៈសកល ហើយខ្លាចតែភាពយឺតយាវក្នុងការអភិវឌ្ឍអាចច្រានទម្លាក់ប្រទេសទៅក្នុងអន្លង់នៃភាពក្រីក្រកាន់តែជ្រៅ។ប៉ុន្តែសម្រាប់លោកស្រីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ការជួយអ៊ុយក្រែន និងជួយក្រុមប្រទេសកំពុងអភិវឌ្ឍន៍ឱ្យដើរចេញពីភាពក្រីក្រ ប្រឆាំងការប្រែប្រួលអាកាសធាតុ ជាការពិតជាក់ស្តែងពីរដែលមិនអាចផ្តាច់ពីគ្នាបានឡើយ។ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេឡើងក្នុងការជួយអ៊ុយក្រែន ជាអាទិភាពគន្លឹះតែម្តង ព្រោះបញ្ចប់សង្គ្រាមជាកាតព្វកិច្ចដាច់ខាតខាងសីលធម៌ តែក៏ជាទង្វើដ៏ប្រសើរបំផុតរបស់យើងសម្រាប់ជួយស្តារសេដ្ឋកិច្ចពិភពលោក។ សង្គ្រាមឈ្លានពានអ៊ុយក្រែន ពីសំណាក់រុស្ស៊ី ដែលជាប្រទេសជម្រុកស្រូវសាលីដ៏សំខាន់ទាំងពីរនៅលើពិភពលោក បានធ្វើកន្ទ្រាក់សេដ្ឋកិច្ចពិភពលោកឱ្យរួញក្រញាញ់ តាមរយៈការឡើងថ្លៃផលិតផលស្បៀងអាហារ និងថាមពល។ នេះជាប្រសាសន៍លោកស្រី ដោយសង្កត់ធ្ងន់ទៀតថា សង្គ្រាមបង្កឡើងដោយរុស្ស៊ី គឺជាមូលហេតុមួយ ក្នុងចំណោមមូលហេតុច្រើនផ្សេងទៀតដែលជំរុញឱ្យប្រទេសកំពុងអភិវឌ្ឍន៍លុងក្នុងវិបត្តិបំណុលកាន់តែធ្ងន់ធ្ងរ។ប៉ុន្តែនិយាយទទូចអំពីការគាំទ្រអ៊ុយក្រែននៅឥណ្ឌា និងនៅចំពោះមុខក្រុមហ្សេ២០ ពិតជាមិនស្រួលទេ ព្រោះឥណ្ឌាមិនដែលថ្កោលទោសអំពើឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនទេ ហើយមានក្រុមប្រទេសកំពុងអភិវឌ្ឍន៍ច្រើនណាស់ដែលមិនបញ្ជាក់ជំហរដោយចំហចំពោះសង្គ្រាមនៅអ៊ុយក្រែននេះ។ ហេតុដូច្នេះបានជាដើម្បីបង្ហាញថាក្រុមប្រទេសអ្នកមាន មិនបន្ធូរកិច្ចខិតខំប្រឹងប្រែងជួយក្រុមប្រទេសកំពុងចាប់លូតលាស់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានលើកឡើងអំពីវឌ្ឍនភាពនៃគម្រោង និងកំណែទម្រង់ផ្សេងៗក្នុងផ្នែកជំនួយអភិវឌ្ឍន៍ និងដែលជំនួបថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្សេ២០ ត្រូវលើកមកជជែកទៀត។ លោកស្រីយេលែន ក៏បានផ្តល់ឧទាហរណ៍ជាក់ស្តែងអំពីសកម្មភាពកំពុងដំណើរការធ្វើកំណែទម្រង់ធនាគារអភិវឌ្ឍន៍ពហុភាគី ធនាគារពិភពលោក ដើម្បីបង្កើនប្រសិទ្ធភាពផ្តល់ជំនួយនាឆ្នាំខាងមុខ និងអំពីការសើរើបំណុលរបស់ប្រទេសមួយចំនួនដូចយ៉ាងប្រទេសហ្សំប៊ី ហ្កាណានិងស្រីលង្កា។ ជំនួបហ្សេ២០ ក៏ជាឱកាសបន្តជជែកចរចារកកិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីការយកពន្ធលើក្រុមហ៊ុនពហុជាតិ ដែលសមាជិកអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ចជិត១៤០ប្រទេសបានអនុម័តលើគម្រោងបឋមរួចហើយដែរ៕
16-7-2023 • 6 minuten, 54 seconden អាកាសធាតុ ៖ អឌ្ឍគោលខាងជើងរងរលកកម្តៅខ្លាំងហួសហេតុ
រដូវក្តៅទើបតែចាប់ផ្តើមទេនៅអឌ្ឍគោលខាងជើង ប៉ុន្តែមួយផ្នែកធំនៃតំបន់នេះបានរងរលកកម្តៅយ៉ាងខ្លាំង និងខ្លាំងជ្រុលស្រេចទៅហើយ។ ភពផែនដី ពីលិចទៅកើត កំពុងរងលក្ខខណ្ឌអាកាសធាតុបែបហួសហេតុគ្រប់បែបយ៉ាង ៖ រលកកម្តៅលើផ្ទៃដី លើផ្ទៃទឹក ទឹកជំនន់ ភ្លើងឆេះព្រៃ... តាំងពីនៅអាមេរិក ឆ្លងទៅអឺរ៉ុប និងរហូតដល់ចិន សីតុណ្ហភាពត្រូវឡើងខ្ពស់បំបែកកំណត់ត្រាចាស់ នាចុងសប្តាហ៍នេះតែម្តងផង។ លក្ខខណ្ឌអាកាសធាតុក្តៅហួសហេតុ កាន់តែច្រើន កាន់តែឆាប់ និងកាន់តែខ្លាំងនេះ គឺដោយមូលហេតុអាកាសធាតុប្រែប្រួល ផែនដីឡើងកម្តៅ។ គ្រាន់តែចូលដល់រដូវក្តៅភ្លាម សីតុណ្ហភាពចាប់ស្ទុះឡើងក្តៅខ្លាំងស្ទើរទ្រាំលែងបាន។ បើតាមការព្យាកររបស់ភ្នាក់ងារអវកាសអឺរ៉ុប អ៊ីតាលី អេស្ប៉ាញ បារាំង អាល្លឺម៉ង់ និងប៉ូឡូញ កំពុងរងរលកកម្តៅខ្លាំងខុសប្រក្រតីណាស់ ជាមួយសីតុណ្ហភាពឡើងលើស៤០អង្សា។ ៤៣អង្សានៅក្រុងរ៉ូម ៤៨អង្សានៅកោះស៊ីលីល និងSadaigne របស់អ៊ីតាលី។ កម្តៅដី បានឡើងដល់ជាង៦០អង្សារួចទៅហើយ កាលពីដើមសប្តាហ៍។ គឺពិតជាក្តៅខ្លាំងបំផុតដែលទ្វីបអឺរ៉ុបពុំធ្លាប់ជួបប្រទះទេ។ កម្តៅបានសម្លាប់ជីវិតកម្មករអ៊ីតាលីម្នាក់ ដែលធ្វើការក្រោមថ្ងៃក្តៅ៤០អង្សាកាលពីថ្ងៃទី ១១កក្កដា។នៅក្រិក អាជ្ញាធរបានសម្រេចបិទទីតាំងទេសចរណ៍Acropoleក្រុងអាថែន កាលពីថ្ងៃសុក្រម្សិលមិញ និងនៅថ្ងៃសៅរ៍នេះទៀត នៅចន្លោះម៉ោងក្តៅខ្លាំង ដើម្បីការពារបុគ្គលិកនិងភ្ញៀវទេសចរពីកម្តៅសីតុណ្ហភាពដែលបើតាមភ្នាក់ងារឧតុនិយម នឹងឡើងដល់៤១អង្សា។នៅប្រទេសចិន តំបន់ខ្លះ និងរដ្ឋធានីប៉េកាំង ដែលរងរលកកម្តៅ ថប់អស់ជាច្រើនថ្ងៃហើយក៏ដូចជានៅជប៉ុនភាគខាងកើត សីតុណ្ហភាពនឹងបន្តឡើងទៀត ដល់៣៨-៣៩អង្សា នាថ្ងៃស្អែកឬខាងស្អែក។នៅសហរដ្ឋអាមេរិក ភ្នាក់ងារអាកាសធាតុជាតិ បានប្រកាសដាក់តំបន់មួយភាគបីនៃប្រទេសក្នុងភាពអាសន្នក្តៅជ្រុល។ ពោលគឺមានពលរដ្ឋអាមេរិកជាង១០០លាននាក់ ភាគច្រើនរស់នៅប៉ែកខាងត្បូងនិងខាងលិចនៃសហរដ្ឋកំពុងប្រឈមនឹងលក្ខខណ្ឌអាកាសធាតុដ៏គ្រោះថ្នាក់ ក្នុងប៉ុន្មានថ្ងៃខាងមុខ ព្រោះបើតាមការព្យាករ សីតុណ្ហភាពនឹងឡើងខ្លាំង អាចដល់៥៥អង្សានៅជ្រលងមរណៈដ៏ល្បីរបស់អាមេរិក ៤៧អង្សានៅឡាវេហ្កាស់ ឬ៤៣អង្សានៅរដ្ឋអារីហ្សូណា តាំងពី១៥ថ្ងៃមកហើយ។ឯតទគ្គកម្មសីតុណ្ហភាពជាងមួយរយកន្លែងនឹងត្រូវបំបែក នៅសៅរ៍និងអាទិត្យនេះ បន្ថែមពីលើកំណត់ត្រាឯតទគ្គកម្មជាងមួយពាន់នៅខែមិថុនាកន្លងទៅ។ ក្នុងកំរិតពិភពលោក មិថុនា២០២៣ជាខែដ៏ក្តៅជាងគេបំផុតមិនដែលធ្លាប់មានកត់ត្រាទុកពីមុនមកទេ។សម្រាប់អង្គការអាកាសធាតុពិភពលោក កម្តៅជាបាតុភូតអាកាសធាតុមួយដែលអាក្រក់និងសម្លាប់មនុស្សច្រើនជាងគេ ព្រោះវាអាចបង្កឱ្យមានផលវិបាកជាច្រើនបន្តបន្ទាប់ទៀតណាស់។ បើតាមរបាយការណ៍ថ្មីចុងក្រោយ កម្តៅខ្លាំងនារដូវក្តៅឆ្នាំ២០២២ បានសម្លាប់ជីវិតពលរដ្ឋអឺរ៉ុបជាង៦ម៉ឺននាក់។ ហើយ កម្តៅនេះ ជាដើមហេតុបង្កឱ្យមានមហន្តរាយជាច្រើនទៀត ដូចជានាំមានភ្លើងឆេះព្រៃ និង ទឹកជំនន់។ គ្រាន់តែចូលរដូវក្តៅភ្លាម ភ្លើងបានឆាបឆេះព្រៃកាណាដាអស់ជិត១០លានហិចតារ និងមានភ្លើងបន្តឆេះព្រៃ ទប់មិនឈ្នះ នៅជាង ៥៧០កន្លែងទៀត។ ផ្សែងភ្លើងឆេះព្រៃបានបំពុលខ្យល់បរិយាកាសយ៉ាងខ្លាំងនិងរហូតដល់អាមេរិកនិងអឺរ៉ុបផង កាលពីខែមិថុនា។ នៅសហរដ្ឋអាមេរិក ក្នុងពេលរដ្ឋខ្លះកំពុងប្រឈមនឹងរលកកម្តៅហួសហេតុ រដ្ឋVermont រងទឹកជំនន់។ កាន់តែព្រួយបារម្ភបន្ថែមទៀត គឺរលកកម្តៅកាន់តែញឹកនិងកាន់តែញយនៅលើផែនដីនេះមិនមែនកើតឡើងនៅតែក្នុងតំបន់ដែនគោកទេ សូម្បីតែផ្ទៃទឹកសមុទ្ទនិងមហាសមុទ្ទនៅអឌ្ឍគោលខាងជើងក៏រងរលកកម្តៅខ្លាំងដែរ។ ក្នុងរយៈពេលតែមួយខែ ទឹកមហាសមុទ្ទអាត្លង់ទិកឡើងកម្តៅ៥អង្សា គឺពិតជាច្រើនខ្លាំងណាស់។ ទឹកសមុទ្ទអាត្លង់ទិកនៅផ្លរីដា បានឡើងដល់៣២អង្សា ទឹកសមុទ្ទមេឌីទែរ៉ាណេនឹងក្តៅខ្លាំងហួសហេតុ ក្នុងរយៈពេលប៉ុន្មានថ្ងៃនិងសប្តាហ៍ខាងមុខ ដែលបើតាមការព្យាករអាចនឹងឡើងដល់ហួស៣០អង្សាដែរ ពោលគឺទឹកមានសីតុណ្ហភាពលើសធម្មតា ដល់ទៅ៤អង្សា។ សមុទ្ទរងរលកកម្តៅដែរ សីតុណ្ហភាពខ្ពស់ ដែលក្លាយជាបទដ្ឋានថ្មីសម្រាប់ពិភពលោក ជាអ្វីដែលអ្នកជំនាញបានព្យាករប្រាប់ជាយូរមកហើយ។ ប៉ុន្តែមហាសមុទ្ទរងរលកកម្តៅហួសហេតុដែរ គឺជាអ្វីកើតឡើងលឿនជ្រុលនិងឆាប់ជ្រុល ដែលអ្នកវិទ្យាសាស្ត្រមិនទាន់អាចទស្សន៍ទាយដឹងបាននៅឡើយ ថាវាអាចកើតឡើងនៅពេលណា រយៈពេលវែងឬខ្លី ក្នុងកំរិតណា ហើយផ្ទៃទឹកក្តៅរហូតដល់ជម្រៅណាទេ។ តាមនិយមន័យមហាសមុទ្ទរងរលកកម្តៅហួសហេតុ នៅពេលណាសីតុណ្ហភាពទឹកសមុទ្ទឡើងហួសកំរិតធម្មតា ៥ថ្ងៃជាប់គ្នា។ អ្នកវិទ្យាសាស្ត្របានយល់ស្របគ្នាថាបើសមុទ្ទរងរលកកម្តៅ នោះប្រព័ន្ធអេកូសាស្ត្រសមុទ្ទ ត្រូវក្រឡាប់ចាក់ សត្វរុក្ខជាតិទន់ខ្សោយនឹងរងគ្រោះ ឯក្រុមខ្លាំងនឹងរីកលូតលាស់លឿន។ ត្រីប្រភេទខ្លះចាញ់ក្តៅនឹងរត់ទៅសមុទ្ទតំបន់ប៉ូល ឬប្រភេទខ្លះទៀត រត់ទៅតំបន់ត្រូពិក ... បើសត្វរុក្ខជាតិប្តូរផ្លាស់បរិស្ថាន និងជីវចម្រុះរបស់សមុទ្ទហើយ នោះមនុស្សក៏នឹងត្រូវរងផលប៉ះពាល់ និងផលវិបាកទៅតាមនោះដែរ។ របរនេសាទ ពិតជារងគ្រោះខ្លាំងជាងគេ។ ដោយមិនផ្ទាល់រលកកម្តៅសមុទ្ទអាចនឹងធ្វើឱ្យមនុស្សមិនអាចចុះមុជទឹកនៅតំបន់ខ្លះផង។ ជាចុងក្រោយ គឺការបាត់បង់លំនឹងនៃប្រព័ន្ធសមុទ្ទ។ តាមធម្មតា មហាសមុទ្ទជាសម្ព័ន្ធមិត្តរបស់មនុស្សក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅអាកាសធាតុ។ តាមបែបវិទ្យាសាស្ត្រ មហាសមុទ្ទបានស្រូបកម្តៅ ដែលបញ្ចេញដោយសកម្មភាពមនុស្ស អស់ប្រមាណជាង៩០% និងស្រូបយកមួយភាគបួននៃឧស្ម័នកាបូនិកដែលមនុស្សបញ្ចេញជ្រុលក្នុងបរិយាកាស។ តែឥលូវ មហាសមុទ្ទក្តៅ និងរងរលកកម្តៅជ្រុលហួសហេតុដែរ។ បើសមុទ្ទក្តៅទៅហើយធ្វើម្តេចនឹងស្រូបកម្តៅក្នុងបរិយាកាសបានទៀត។ នៅពេលសមុទ្ទក្តៅ សមុទ្ទលែងមានសមត្ថភាពស្រូបខ្យល់ពុលកាបូនបានដូចមុន។ នៅទីបំផុត គេត្រូវធ្លាក់ក្នុងរង្វង់វិលទៅវិលមកគ្មានច្រកចេញ ៖ មានឧស្ម័នកាបូនិកច្រើនក្នុងបរិយាកាស បង្កឱ្យឡើងកម្តៅអាកាសធាតុ ហើយនៅពេលឡើងកម្តៅ សមុទ្ទមិនស្រូបឧស្ម័នពុលco2ពីបរិយាកាស។សម្រាប់ប្រធានអង្គការអាកាសធាតុពិភពលោក រលកកម្តៅនាពេលនេះ សឱ្យឃើញអំពីភាពបន្ទាន់ខ្លាំងនៃ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ឱ្យបានលឿនបំផុត។ “ជាការឡើងកម្តៅខ្លាំង លែងអាចគ្រប់គ្រងបាន” នេះជាប្រសាសន៍របស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ចុះផ្សាយដោយសារព័ត៌មានបារាំងLe figaro៕
15-7-2023 • 7 minuten, 23 seconden បារាំង ប្រារព្ធបុណ្យជាតិ ១៤ កក្កដា និងអញ្ជើញ ឥណ្ឌា ជាភ្ញៀវកិត្តិយសពិសេសក្នុងឆ្នាំនេះ
ថ្ងៃទី១៤ កក្កដា ប្រទេសបារាំង រៀបចំប្រារព្ធបុណ្យជាតិប្រចាំឆ្នាំ ដ៏ធំសម្បើម។ អ្វីដែលចម្លែកសម្រាប់ពិធីបុណ្យបារាំងឆ្នាំនេះ គឺ ការពង្រឹងសុវត្ថិភាពសន្តិសុខ ជាខ្លាំង ហើយចម្លែកមួយទៀត ប្រធានាធិបតីបារាំង មិនបានថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិ ដូចទម្លាប់មុននោះឡើយ។ ចំណុចគួរឲ្យចាប់អារម្មណ៍ទៀត គឺវត្តមាន នាយករដ្ឋមន្ត្រីឥណ្ឌា ដែលជាភ្ញៀវកិត្តិយសពិសេស សម្រាប់ឆ្នាំនេះ។ ប្រធានាធិបតី មិនថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិ ដូចឆ្នាំមុនៗទេ។ ឆ្នាំនេះ បារាំង ក៏ពង្រឹងសន្តិសុខខ្លាំងថែមទៀត។ តើមកពីហេតុអ្វី?ឆ្នាំមុនៗ គឺ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានថ្លែងសារ ចេញមុខ ចេញមាត់សម្បើម និងផ្តល់បទសម្ភាសន៍ពិសេសផ្តាច់មុន ឲ្យទូរទស្សន៍ជាតិ ជាដើម។ តែឆ្នាំនេះ លោកប្តូរចិត្តមិនធ្វើសុន្ទរកថាទៅកាន់ប្រជាជាតិ ដែលជាទម្លាប់របស់ប្រមុខរដ្ឋឡើយ។ លោកថានឹងធ្វើតុល្យការនៃការដឹកនាំប្រទេសរបស់លោក នៅឱកាសខាងមុខវិញ។នេះជាការដូរទម្លាប់១ ប៉ុន្តែអ្នកវិភាគស្ថានការណ៍មើលឃើញថា លោកប្រមុខរដ្ឋ ជួប អប្រជាប្រិយភាពខ្លាំង ពីព្រោះតែ បាតុកម្មប្រឆាំងថ្មីៗនេះ និង បូកនឹងការបាតុកម្មរឿងចូលនិវត្តន៍ ថែមផង។ ពលរដ្ឋបារាំង ច្រើនទៅៗ ស្អប់ ខឹងនឹងប្រមុខរដ្ឋ ទោះបីជា លោកនិយាយថ្លែងពេលនេះ ក៏គេមិនសូវចង់ស្តាប់ដែរ។ចំណុចគួរឲ្យចាប់អារម្មណ៍ដែរ ឆ្នាំនេះ បារាំង បានដាក់ពង្រាយកម្លាំងនគរបាល ៤៥ ០០០ នាក់ ចាប់ពីថ្ងៃព្រហ្បត្តិ៍ ដល់ថ្ងៃសៅរ៍។ នៅប៉ារីស នគរបាល ប៉ូលិស ទាហានយាមល្បាត ចំនួនប្រមាណ ១ ម៉ឺននាក់។ នេះក៏ព្រោះតែ មានក្តីបារម្ភពីបញ្ហាអសន្តិសុខ ពិសេសគឺចលនាបាតុកម្ម។ ដូចជ្រាបថា ការស្លាប់របស់យុវជនម្នាក់ ប៉ុន្មានសប្តាហ៍មុននេះ ដែលតម្រូវឲ្យរដ្ឋអំណាចបារាំង ពង្រឹងសន្តិសុខឲ្យបានខ្ពស់បំផុត។ ក្នុងបាតុកម្មកន្លងទៅថ្មីៗនេះ មានហិង្សា ដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជនជាច្រើនកន្លែង នៅក្រុងប៉ារីស និងបណ្តាខេត្តជាច្រើន។ ដូច្នេះ ទើបក្រសួងមហាផ្ទៃ ចេញវិធានការដាក់ពង្រាយកម្លាំងនគរបាល និងដាក់បំរាមហាមមធ្យោបាយធ្វើដំណើរសាធារណៈ មិនឲ្យដឹកជញ្ជូនមនុស្សនៅពេលល្ងាចផុតម៉ោងធ្វើការនិងនៅយប់ៗ ដ្បិតខ្លាចក្រែងមានក្រុមបាតុកម្ម ប្រមូលផ្តុំគ្នា ធ្វើបាតុកម្ម ឬបង្កបញ្ហាអសន្តិសុខ ជាដើម។ ថ្ងៃនេះ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gérald Darmanin មានប្រសាសន៍ថា តាំងថ្ងៃព្រហស្បតី៍មក គឺមានភាពស្ងប់ស្ងាត់ល្អ។តាមគម្រោង បុណ្យជាតិបារាំងឆ្នាំនេះ មានមនុស្សចូលរួម ដង្ហែក្បួន ៦ ៥០០ នាក់។ យន្តហោះ ជាង ៦០ គ្រឿង និងមាន ឧទ្ធម្ភាសចក្រ ឡាន ម៉ូតូ រាប់រយគ្រឿង និង សត្វសេះឆ្មាំសាធារណៈរដ្ឋ ២០០ ក្បាលផង។ សម្រាប់ពិធីដើរព្យុះហយាត្រាកងទ័ព នៅក្រុងប៉ារីស នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បាននាំយកទាហានឥណ្ឌា ចំនួន ២៥០ នាក់ មកដើរដង្ហែក្បួននឹងគេដែរ។ភ្ញៀវបរទេសពិសេសសម្រាប់ឆ្នាំនេះ គឺលោក ណារិនដ្រា ម៉ូឌីវិមានប្រធានាធិបតីបារាំង បានទទួលលោក ម៉ូឌី តាំងពីថ្ងៃព្រហស្បតិ៍ ហើយនៅថ្ងៃបុណ្យជាតិប្រចាំឆ្នាំដ៏ធំនៅក្រុងប៉ារីសនេះ ប្រមុខរដ្ឋបារាំងនឹងជូនមេដាយកិត្តិយសជាតិ la Légion d’honneur ជាមេដាយឋានៈខ្ពស់បំផុតរបស់បារាំង ជូនលោក ម៉ូឌី ថែមទៀត។ វត្តមានរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី នៅក្រុងប៉ារីសលើកនេះ ក៏ដើម្បីជាការចូលរួមអបអរ ខួប២៥ឆ្នាំ នៃទំនាក់ទំនងជាយុទ្ធសាស្ត្រ និងកិច្ចសហការវិស័យយោធា របស់ប្រទេសទាំងពីរ។ ប្រសិនបើគិតពីទំនាក់ទំនងពាណិជ្ជកម្មអាវុធយោធា គឺ បារាំង បានសម្លឹងឃើញប្រយោជន៍ច្រើន ក្នុងការចាប់ដៃជាមួយ ឥណ្ឌា។ ត្រឹមតែអំឡុងពេល១០ឆ្នាំចុងក្រោយនេះ ឥណ្ឌា បានក្លាយជាមហាប្រទេសដែលទិញអាវុធនាំចូលច្រើនជាងគេលើកពិភពលោក។ បន្ទាប់ពីប្រទេសរុស្ស៊ី គឺ បារាំង លក់អាវុធឲ្យឥណ្ឌាច្រើនជាងគេ និងច្រើនជាង អាមេរិក លក់អាវុធឲ្យ ឥណ្ឌា ទៅទៀត។ ពោលគឺ ឥណ្ឌាទិញអាវុធពី បារាំង ២៩% និងទិញពីអាមេរិក ត្រឹមតែ ១១% ប៉ុណ្ណោះ។ ថ្មីៗកន្លងទៅនេះ ឥណ្ឌា បានបញ្ជាទិញយន្តហោះចម្បាំង ៣៦ គ្រឿងពី បារាំង។ ៣ គ្រឿងឥណ្ឌា អនុញ្ញាតឲ្យហោះនៅក្នុងឱកាសព្យុះហយាត្រា ថ្ងៃបុណ្យជាតិ១៤កក្កដានេះដែរ។ ហើយដំណឹងពីម្សិលមិញ ថ្នាក់ដឹកនាំឥណ្ឌា លោក ម៉ូឌី បានពិភាក្សាជាមួយសមភាគីបារាំង ដើម្បីនឹងបញ្ជាទិញយន្តហោះចម្បាំងបារាំង ចំនួន ២៦ បន្ថែមទៀត សម្រាប់ដាក់នៅនាវាឥណ្ឌា និងព្រមទាំងទិញ នាវាមុជទឹកក្រោមបាតសមុទ្រ ៣ គ្រឿងថែមទៀត។ជាង២០ឆ្នាំចុងក្រោយមកនេះ ឥណ្ឌា មិនលាក់លៀមសោះឡើយអំពី មហិច្ចតាចង់ក្លាយជាមជ្ឍមណ្ឌលនុយក្លេអ៊ែរ ដ៏ធំជាងគេ ហើយក្នុងគម្រោងនេះ ជាយូរមកហើយ ឥណ្ឌា ក៏បង្ហាញចេតនាចង់ទិញទិញក្បាលរ៉េអាក់ទ័រនុយក្លេអ៊ែរ ចំនួន ២ គ្រឿង ពីបារាំង។ នៅល្ងាចនេះ ថ្នាក់ដឹកនាំបារាំង នឹងទទួលពិសាលៀងអាហារ ជាមួយលោក ម៉ូឌី ហើយនឹងធ្វើសេចក្តីថ្លែងការណ៍រួមគ្នា ដែលយើងអាចនឹងដឹងដំណឹងច្បាស់ការពីកិច្ចព្រមព្រៀងផ្លូវការផ្សេងៗទៀត។ ឥណ្ឌា ជាដៃគូដ៏សំខាន់ មិនអាចខ្វះបាន។ ផលប្រយោជន៍របស់បារាំង ដែលបារាំងប្រឹងចាប់ដៃថ្នាក់ដឹកនាំឥណ្ឌា គឺព្រោះតែ ប្រទេសទាំងពីរហាក់មានបន្ទាត់យុទ្ធសាស្ត្រស្រដៀងគ្នា នៅក្នុងភូមិសាស្ត្រនយោបាយយុទ្ធសាស្ត្រនៅដែនឥណ្ឌូប៉ាស៊ីហ្វិក។ គឺអាចថា ឥណ្ឌា ជាជំហរមួយសម្រាប់ទប់ទល់នឹងនយោបាយវាតទីនិយមរបស់ ចិន។ មិនតែប៉ុណ្ណោះ បារាំងស្និទ្ធនឹងឥណ្ឌា ក៏ចាំបាច់ណាស់ដែរ ដ្បិតថា ឆ្នាំនេះ ឥណ្ឌា ជាប្រធានផ្លាស់វេន វេទិកាសេដ្ឋកិច្ចក្រុងសៀងហៃ របស់ចិន ហើយ ឥណ្ឌា ក៏នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលនៃប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ដែលត្រូវរៀបចំនៅក្រុងញូវដេលី នាខែកញ្ញា ខាងមុខនេះ។ដោយឡែក សំណុំរឿងអាកាសធាតុ ដែលបារាំងជ្រោមជ្រែងខ្លាំងតាំងពីដើមមក ក៏បារាំង រឹងរឹតតែត្រូវការ ឥណ្ឌា ក្នុងកិច្ចខិតខំប្រឹងប្រែងនេះដែរ ពីព្រោះថា ឥណ្ឌា ជាមហាប្រទេសដែលបញ្ចេញផ្សេងពុល ច្រើនលំដាប់ទី៣ បន្ទាប់ពីអាមេរិកនិងចិន៕
14-7-2023 • 6 minuten, 38 seconden ថៃ៖ ពពកខ្មៅគ្របដណ្តប់លើលោក ភិថា លីមចារើនរ៉ាត់ ក្ រោយគណកម្មការបោះឆ្នោត ស្នើឲ្យព្យួរបេក្ខភាពជានាយករដ្ឋមន្ត្រី
ថ្ងៃព្រហស្បតិ៍ ទី១៣កក្កដាស្អែកនេះ សភាថៃទាំង២អង្គ និងបើកការប្រជុំរួមគ្នាដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី មកដឹកនាំរដ្ឋាភិបាល។ សម្ព័ន្ធគណបក្សចម្រុះ ដឹកនាំដោយបក្សកាវក្លៃ ដែលជាអ្នកបានសំឡេងឆ្នោតនាំមុខគេកាលពីពេលបោះឆ្នោតនៅចុងខែឧសភា បានស្នើបេក្ខជននាយករដ្ឋមន្ត្រីគឺលោក ភិថា លីមចារើនរ៉ាត់។ ក៏ប៉ុន្តែ ស្រាប់តែនៅថ្ងៃពុធនេះ គណកម្មជាតិជាតិរៀបចំការបោះឆ្នោតថៃ បានប្រកាស សម្រេចស្នើឲ្យព្យួរបេក្ខភាពរបស់លោក ភិថា លីមចារើនរ៉ាត់ បន្ទាប់ពីបានស៊ើបអង្កេតអស់ជិត១ខែ ទាក់ទិននឹងការបំពានច្បាប់បោះឆ្នោត។ កាលៈទេសៈនយោបាយថៃ ពេលនេះកំពុងតែរំជើបរំជួលខ្លាំងណាស់ ដោយគ្មាននរណាអាចដឹងបានទេ ថាលោកភិថា លីមចារើនរ៉ាត់ ពិតជាអាចក្លាយជានាយករដ្ឋមន្ត្រីថ្មីឬយ៉ាងណានោះទេ។ គណកម្មការជាតិរៀបចំការបោះឆ្នោតថៃ បញ្ជូនសំណុំរឿងទៅកាន់តុលាការធម្មនុញ្ញនៅមួយថ្ងៃមុនសភាទាំង២អង្គរបស់ថៃបោះឆ្នោត យើងឃើញថាអ្វីៗនៅមិនប្រាកដទាំងអស់ សម្រាប់អនាគតនយោបាយ របស់លោក ភិថា លីមចារើនរ៉ាត់ មេដឹកនាំគណបក្សកាវក្លៃ ដែលបានសំឡេងឆ្នោតនាំមុខគេ កាលពីពេលបោះឆ្នោតនៅចុងខែឧសភា។កាលពីខែមិថុនា គណកម្មការជាតិរៀបចំការបោះឆ្នោតថៃ បានបើកការស៊ើបអង្កេតមួយ ទាក់ទិននឹងការសង្ស័យថា លោក ភិថា លីមចារើនរ៉ាត់ បានបំពានលើច្បាប់បោះឆ្នោត។ ករណីនេះ គឺគេបានចោទថា លោកភិថា លីមចារើនរ៉ាត់ មានចំណែកភាគហ៊ុន នៅក្នុងក្រុមហ៊ុនគ្រប់គ្រងទូរទស្សន៍ថៃមួយ ឈ្មោះ iTV។ តាមច្បាប់បោះឆ្នោតថៃ គឺបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ មិនអាចមានចំណែកគ្រប់គ្រងកម្មសិទ្ធិ នៅក្នុងបណ្តាញព័ត៌មានជាដាច់ខាត។មានន័យថា លោកភិថា លីមចារើនរ៉ាត់ អាចនឹងប្រឈមទោសជាប់ពន្ធនាគារផង អាចបាត់បង់អាសនៈសភាផង ហើយនឹងត្រូវគេដកសិទ្ធឈរឈ្មោះបោះឆ្នោត រយៈពេល២០ឆ្នាំថែមទៀត។ តែយ៉ាងណា លោក ភិថា លីមចារើនរ៉ាត់ បានអះអាងថា ចំណែកភាគហ៊ុនដែលលោកមាននោះ គឺជាកេរ្តិ៍មរតកប្រគល់ឲ្យពីឪពុកលោកមកទេ មិនមែនលោកទៅទិញដើម្បីរៀបចំយុទ្ធសាស្ត្រនយោបាយអ្វីទេ ហើយមួយវិញទៀត បណ្តាញទូរទស្សន៍នេះបានឈប់ដំណើរការផ្សាយតាំងតែពីឆ្នាំ២០០៧មកម្លេះ។បន្ទាប់ពីបានស៊ើបអង្កេតបានជិត១ខែ គណកម្មការជាតិរៀបចំការបោះឆ្នោតថៃ បានប្រកាសនៅព្រឹកថ្ងៃពុធនេះថា គេពិតជាបានប្រមូលនូវធាតុផ្សំគ្រប់គ្រាន់ ថាលោកភិថា បានបំពានច្បាប់បោះឆ្នោត ហើហយគេបានសម្រេច ស្នើឲ្យព្យួរបេក្ខភាពរបស់ លោកភិថា លីមចារើនរ៉ាត់។ លោក អ៊ិធិភុន ប៊ូនប្រាកង ប្រធានគណកម្មការជាតិរៀបចំការបោះឆ្នោតថៃ បានអះអាងប្រាប់អ្នកយកព័ត៌មានបារាំង AFP នៅព្រឹកមិញនេះ ថាគណកម្មការលោក មានហេតុផលគ្រប់គ្រាន់ ដើម្បីរុញសំណុំរឿងនេះ ជូនទៅតុលាការធម្មនុញ្ញថៃ ជាអ្នកសម្រេច។ ដូច្នេះអំណេះតទៅ គឺអ្វីៗស្ថិតក្នុងដៃរបស់តុលាការធម្មនុញ្ញថៃ ក្នុងការសម្រេចចាត់ទុក ឬមិនចាត់ទុកជាមោឃៈ នូវបេក្ខភាពរបស់លោក ភិថា លីមចារើនរ៉ាត់។ពិបាកបានគ្រប់សំឡេង ៣៧៦ស្ថានការណ៍ពេលនេះ គឺថាគ្មានអ្វីប្រាកដទាល់តែសោះ។ គ្មាននរណាអាចស្មានបានទេ ហើយអ្វីៗក៏អាចកើតឡើងបានដែរ នៅក្នុងប្រវត្តិនយោបាយថៃ។ តុលាការធម្មនុញ្ញថៃ គឺជាស្ថាប័នកំពូលមួយ តែងតែចូលមកលូកដៃសម្រេចវាសនានយោបាយថៃ ជារឿយៗ ឲ្យតែពេលមានបញ្ហាវិបត្តិម្តងៗ។ សម្រាប់ការបោះឆ្នោតនៅសភាទាំង២អង្គនៅថ្ងៃស្អែកនេះ ក៏គេមិនដឹងថាលោកភិថា លីមចារើនរ៉ាត់ អាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ក្លាយជានាយករដ្ឋមន្ត្រីថ្មី បង្កើតរដ្ឋាភិបាលដែរ។ សម្ព័ន្ធគណបក្សចម្រុះ ដឹកនាំដោយបក្សកាវក្លៃ មានអាសនៈភាគច្រើននៅសភាមែន គឺចំនួន៣១២ ក្នុងចំណោម៥០០អាសនៈ ក៏ប៉ុន្តែ គេត្រូវការឲ្យបានសំឡេងភាគច្រើន ទាំងសភា និងព្រឹទ្ធសភា ដែលមានអាសនៈ២៥០ទៀត។ ពោលគឺ ទាល់តែបានសំឡេងឆ្នោតគាំទ្រសរុប ចំនួន៣៧៦ ទើបអាចក្លាយជានាយករដ្ឋមន្ត្រីបាន។ មានន័យថា លោកភិថា លីមចារើនរ៉ាត់ ត្រូវការសំឡេងគាំទ្របន្ថែមពីខាងសមាជិកព្រឹទ្ធសភា ចំនួនយ៉ាងហោច ៦៤នាក់ទៀត ទើបគ្រប់ ៣៧៦។ ជាចំនួនច្រើនណាស់ ដែលគ្មាននរណាសង្ឃឹមថាអាចបានទេ ព្រោះសមាជិកព្រឹទ្ធសភាភាគច្រើន តែងតាំងដោយក្រុមរាជានិយម ក្រុមកងទ័ព ហើយមានទំនោរអភិរក្សនិយមខ្លាំងណាស់។សមាជិកព្រឹទ្ធសភាជាច្រើននាក់ហើយ បានប្រកាសថា គឺនឹងមិនបោះឆ្នោតឲ្យបេក្ខជនលោកភិថា លីមចារើនរ៉ាត់ ជានាយករដ្ឋមន្ត្រីនោះទេ។ អ្វីដែលធ្វើឲ្យសមាជិកព្រឹទ្ធសភាអភិរក្សនិយមថៃ គេមិនចង់ឲ្យលោកភិថា លីមចារើនរ៉ាត់ ក្លាយជានាយករដ្ឋមន្ត្រី គឺដោយសារតែគោលនយោបាយរបស់គាត់ ដែលគេចាត់ទុកថាវា ចម្រើននិយមជ្រុលហួសហេតុពេក។ ក្នុងកម្មវិធីនយោបាយរបស់បក្សកាវក្លៃ គឺលោកភិថា លីមចារើនរ៉ាត់ បានសន្យាថានឹងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថៃបច្ចុប្បន្ន ដែលត្រូវបានតាក់តែងឡើងដោយក្រុមយោធា ដើម្បីក្រុមយោធា។ ចំណុចដ៏សំខាន់មួយទៀត គឺលោកបានសន្យាធ្វើកំណែទម្រង់ ច្បាប់ផ្តន្ទាទោសប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដែលជាលោកចាត់ទុកថាជាច្បាប់ធ្ងន់ធ្ងរជ្រុលហួសហេតុ ចាស់គំរិត ហួសសម័យ មិនត្រូវសម័យនិងការរីកចម្រើនៃសង្គមថៃ។បន្ថែមពីនេះ លោកភិថា លីមចារើនរ៉ាត់ បានសន្យាលុបចោលកាតព្វកិច្ចយោធា បើកចំហវិស័យមួយចំនួន ដើម្បីទទួលយកការវិនិយោគចូលរួមពីឯកជន និងបានសន្យាទទួលស្គាល់ជាផ្លូវការនូវសិទ្ធិរៀនអាពាហ៍ពិពាហ៍ របស់អ្នកស្រលាញ់ភេទដូចគ្នា។ គោលនយោបាយសេរី និងចម្រើននិយមទាំងអស់នេះ គឺវាប្រឆាំងនឹងការយល់ឃើញ របស់ក្រុមអ្នកមានអំណាចចាស់វស្សានៅថៃ ដូចជាក្រុមយោធាអភិរក្សនិយម និងក្រុមរាជានិយមថៃ ដែលអះអាងថាខ្លួនគឺជាអ្នកការពារតម្លៃសង្គមតាមបែបប្រពៃណីពីបុរមបុរាណ។ជំនោរនៃការផ្លាស់ប្តូរថ្មីលទ្ធផលបោះឆ្នោតកាលពីខែឧសភា ដែលបានផ្តលជ័យជំនះជូនគណបក្សកាវក្លៃ គឺវាមានន័យថាប្រជាជនថៃ បានបង្ហាញឆន្ទៈ ចង់ឲ្យមានការផ្លាស់ប្តូរថ្មី តាមរយៈបេក្ខជននាយករដ្ឋមន្ត្រីថ្មី គឺលោក ភិថា លីម ចារើនរ៉ាត់រូបនេះ។ ប្រជាជនថៃ ជាពិសេស គឺយុវជនវ័យក្មេងៗតែម្តង បានបង្ហាញឆន្ទៈ ចង់ឲ្យមានការផ្លាស់ប្តូរ ចង់ឲ្យសង្គមរីកចម្រើនទៅមុខ ទៅតាមសម័យកាល។ ពួកគេនឿយណាយ នឹងវិបតិ្តនយោបាយ រដ្ឋប្រយោធាម្តងហើយម្តងទៀត នឿយណាយនឹងការដឹកនាំប្រទេស របស់ពួកយោធាថៃ ហើយដែលបានធ្វើឲ្យសេដ្ឋកិច្ចថៃធ្លាក់ចុះខ្លាំង ប៉ុន្មានឆ្នាំចុងក្រោយនេះ។យ៉ាងណាមិញ នៅថ្ងៃពុធនេះ លោកភិថា លីមចារើនរ៉ាត់ បានថ្លែងសារថា ការបោះឆ្នោតតែងតាំងរដ្ឋាភិបាលថ្មី ដោយសភាទាំង២អង្គ នៅថ្ងៃស្អែកនេះ គឺមិនមែនជារឿងបោះឆ្នោតដើម្បីតែងតាំងរូបលោក ឬដើម្បីបក្សកាវក្លៃរបស់លោកនោះទេ។ តែវាជាការបោះឆ្នោត ដែលសមាជិកសភានិងព្រឹទ្ធសភា អាចឈានទៅបើកទំព័រថ្មី បើកផ្លូវនាំប្រទេសថៃឲ្យត្រលប់ទៅកាន់មាគ៌ាប្រជាធិបតេយ្យធម្មតាដូចគេឯងឡើងវិញ និងជាការបោះឆ្នោត ដោយគោរពឆន្ទៈរបស់ប្រជាពលរដ្ឋថៃ ដែលបានសម្តែងមតិតាមរយៈសន្លឹកឆ្នោតកាលពីចុងខែឧសភា។ប្តូរបេក្ខជននាយករដ្ឋមន្ត្រី?លោកភិថា លីមចារើនរ៉ាត់ អាចប្រហែលជាមិនបានសំឡេងឆ្នោតគ្រប់ទាំង៣៧៦ទេ នៅថ្ងៃព្រហស្បតិ៍ទី១៣កក្កដា។ តាមធម្មតា សភាទាំង២អង្គ អាចប្រជុំគ្នា ម្តងហើយម្តងទៀត ដោយគ្មានចំនួនកំណត់ទេ ដើម្បីធ្វើយ៉ាងណា បោះឆ្នោតឲ្យចេញជាលទ្ធផលស្ថាពរតែងតាំងនាយករដ្ឋមន្ត្រីថ្មី។បើនៅតែមិនមានលទ្ធផល យូរថ្ងៃទៅមុខ អ្នកវិភាគខ្លះបានលើកឡើងថា គឺអាចមានការចរចាគ្នា ដើម្បីផ្លាស់ប្តូរបេក្ខជននាយករដ្ឋមន្ត្រី ព្រោះថាគេមិនអាចដាក់ បេក្ខជនលោក ភិថា លីមចារើនរ៉ាត់ រហូតនោះទេ ដោយដឹងថាបោះមិនចេញដដែលជាដដែល។ គណបក្សភឿថៃ ដែលស្ថិតនៅក្នុងគម្រោងរដ្ឋាភិបាលចម្រុះដែរនោះ អាចនឹងស្នើបេក្ខភាព លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ កូនស្រីលោកថាក់ស៊ីន ដែលតាមទំនោរគឺក្រុមអភិរក្សនិយមថៃមិនប្រឆាំងខ្លាំងពេក ដូចលោកភិថា លីមចារើនរ៉ាត់។ទន្ទឹមគ្នានេះ គ្មានអ្វីធានាថា ក្រុមយោធាថៃនឹងមិនអន្តរាគមន៍នោះទេ ប្រសិនបើវិបត្តិនេះរ៉ាំរៃយូរខែ ធ្វើឲ្យប្រទេសជាប់គាំង។ យោងតាមអ្នកវិភាគនយោបាយថៃ គឺលោកប្រាយុទ្ធ ចាន់អូចា ដែលបានប្រកាសលាចាកពីជីវិតនយោបាយ កាលពីថ្ងៃម្សិលមិញមែន តែមិនប្រាកដថា គាត់នឹងមិនវិលត្រលប់មកវិញ ជាមួយកងទ័ពថៃនោះទេ។ ដូច្នេះ សម្រាប់ពេលនេះ អនាគតនយោបាយថៃ គឺស្ថិតនៅក្នុងភាពមិនប្រាកដប្រជាទាំងស្រុង៕
12-7-2023 • 8 minuten, 55 seconden សញ្ញាណវិជ្ជមានច្រើន ដែលថា ស៊ុយអែត ចូលជាសមាជិកអ ូតង់ នៅឡើយតែ អ៊ុយក្រែន?
ថ្ងៃអង្គារ៍ ទី១១កក្កដា អង្គការសម្ព័ន្ធមិត្តអូតង់ បើកកិច្ចប្រជុំកំពូល សម្រាប់រយៈពេល២ថ្ងៃ នៅក្នុងប្រទេសលីទុយអានី។ សំណុំរឿង សំខាន់ៗ ដែលកំពុងក្តៅគគុក គឺបេក្ខភាពសមាជិក របស់ ស៊ុយអែត និង អ៊ុយក្រែន។ ប្រភពពីថ្នាក់ដឹកនាំអូតង់ និងប្រទេសសមាជិកផ្សេងទៀត ព្រមទាំងបណ្តាញផ្សព្វផ្សាយផង គឺបង្ហាញឲ្យឃើញថា មានសញ្ញាណវិជ្ជមានច្រើន ដែលថា ស៊ុយអែត អាចចូលជាសមាជិកអូតង់ នៅឡើយតែ អ៊ុយក្រែន។ តើមានបញ្ហាអ្វីខ្លះ នៅពីក្រោយ ការចូលជាសមាជិករបស់ ស៊ុយអែត? ហើយនិងថា បញ្ហាអ្វីទៀត ដែលខ្ទាស់ ចំពោះករណី អ៊ុយក្រែន ? ហ្វាំងឡង់ ចូលរួមប្រជុំកំពូលអូតង់ជាលើកទី១ ក្នុងនាមជា រដ្ឋសមាជិកទី៣១។ គេក៏សង្ឃឹមថា ស៊ុយអ៊ែត នឹងក្លាយជាសមាជិកទី៣២។ ចំពោះបេក្ខភាព ស៊ុយអែត គឺត្រូវរាំងស្ទះអស់ ១៤ ខែមកហើយ ពីព្រោះតែ តួកគី និង ហុងគ្រី ជំទាស់។ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំតួកគី លោក រេសេប តាយីប អ៊ែរដូហ្កាន បញ្ជាក់ថាបានបញ្ចូនសំណើឯកភាពទៅរដ្ឋសភារួចហើយ នៅថ្ងៃចន្ទ។ រដ្ឋសភា នឹងសម្រេចនៅថ្ងៃទី១៨កក្កដា។ ឆន្ទៈនយោបាយមានហើយ នៅតែហត្ថលេខាផ្លូវការតែប៉ុណ្ណោះ។ នេះ ក៏ជាករណី ហុងគ្រី ដែរ។ មានការសម្រេចពីថ្នាក់ដឹកនាំនយោបាយ គឺចប់ស្រេចហើយ វាយូរបន្តិច តែនៅលើបច្ចេកទេសនិងបែបបទរដ្ឋបាលការិយាធិបតេយ្យ តែប៉ុណ្ណោះ។ តាំងតែពីឥឡូវនេះទៅហើយ ដែលនៅក្នុងប្រទេសស៊ុយអែត បានកក់ក្តៅចិត្ត និងអ្នកខ្លះចាប់ផ្តើមលើកកែវ អបអរ។ នាយករដ្ឋមន្ត្រីស៊ុយអែត ចាត់ទុកថានេះជាជំហានមួយដ៏ធំសម្បើមសម្រាប់ប្រទេសខ្លួន។ ប្រទេសផ្សេងទៀតជាច្រើន ក៏ចាត់ទុកថា ការបើកកិច្ចប្រជុំនៅរដ្ឋធានី Vilnius គឺ «ទិវាប្រវត្តិសាស្ត្រសម្រាប់អង្គការអូតង់»។ អគ្គលេខាធាធិការអូតង់ តំណាងអាល្លឺម៉ង់ និងបារាំង ថានេះជាដំណឹងល្អណាស់។ សហរដ្ឋអាមេរិករបស់ លោក ចូ បៃដិន ថាទន្ទឹងរង់ចាំ ស៊ុយអែត ចូលជាសមាជិកពេញសិទ្ធិ ជារដ្ឋទី៣២របស់អូតង់ ស្ទើរតែមិនបាន គឺថា លោករំភើបនឹងដំណឹងនេះ។ ការស្វាគមន៍ មានច្រើនទៀត និងចាត់ទុកថានេះជាសាមគ្គីភាពក្នុងធ្លុងតែមួយរបស់អូតង់។តួកគី និងហុងគ្រី យល់ព្រមចំពោះបេក្ខភាពស៊ុយអែត។ តើបានចំណេញ ?នៅក្នុងរង្វង់ក្របខ័ណ្ឌសហភាពអឺរ៉ុប ពេលកន្លងទៅ ស៊ុយអែត ដាក់សម្ពាធ និងរិះគន់មិនសំចៃមាត់ ស្តីបន្ទោស ហុងគ្រី អំពីរឿងរំលោភសិទ្ធិ និងដំណើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។ នៅពេលនេះ គ្រាដែល ហុងគ្រី យល់ព្រមតាម តួកគី ឲ្យ ស៊ុយអែត ចូលជាសមាជិកអង្គការអូតង់ គឺទំនងជាមានអ្វី ដែលអាចថ្នូរខ្លះៗ ជាមិនខាន ដែល ស៊ុយអែត ត្រូវសម្បទានឲ្យ ហុងគ្រី និង តួកគី។ បើតាមដំណឹងពីក្នុងស្រុក ស៊ុយអែត គឺតំណាងបក្សនយោបាយ អាចនឹងឯកភាពយល់ព្រមឲ្យ តួកគី ចូលជាសមាជិកសហភាពអឺរ៉ុប។ ក៏ប៉ុន្តែ ដំណើរជាក់ស្តែង វាមិនងាយស្រួលពេកទេ។ ទោះយ៉ាងណាក្តី គឺតាមរយៈសម្បទានរបស់ តួកគី ចំពោះ ស៊ុយអែត គឺ សហភាពអឺរ៉ុប ហាក់បើកផ្លូវវិជ្ជមានច្រើនឡើងវិញ សម្រាប់រដ្ឋបាលក្រុងអង់ការ៉ា។ ជាក់ស្តែង ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក ស្ហាល មីស្ហែល បានប្រកាសថានឹងពង្រឹងឲ្យខ្លាំងឡើងវិញ និងពង្រស់ជាថ្មីទំនាក់ទំនង រវាង សហភាពអឺរ៉ុបនិង តួកគី ព្រមទាំងផ្តើមគិតពីការបើកផ្លូវចរចា ចូលជាសមាជិករបស់ តួកគី។បើតាមការឲ្យដឹងពី អគ្គលេខាធាធិការអូតង់ គឺ ស៊ុយអ៊ែត នឹងគាំទ្រទំនាក់ទំនងនេះឲ្យសកម្ម ហើយនិងជំរុញជ្រោមជ្រែងជួយ តួកគី នៅក្នុងការស្វែងរកកិច្ចព្រមព្រៀងផ្លូវសេដ្ឋកិច្ច ដូចជាការលើកលែងពន្ធគយ រវាងអឺរ៉ុបនិងតួកគី ហើយលើកលែងវិសា ទិដ្ឋាការ រវាង រដ្ឋសមាជិកសហភាពអឺរ៉ុប និង ប្រទេសតួកគី ជាដើម។ ទន្ទឹមនឹងគ្នា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក៏បានថ្លែងដែរថាត្រៀមខ្លួនធ្វើការជាមួយប្រធានាធិបតីតួកគី នៅក្នុងការពង្រឹងកិច្ចសហការភាពជាដៃគូ ក្នុងវិស័យការពារជាតិ នៅក្នុងក្របខណ្ឌតំបន់អឺរ៉ុបអាត្លង់ទិក។បេក្ខភាពអ៊ុយក្រែន ចូលជាសមាជិកអូតង់ ?ប្រសិនបើអូតង់អនុញ្ញាតឲ្យអ៊ុយក្រែន ចូលជាសមាជិក គឺប្រៀបដូចជា អូតង់ ត្រូវតទល់ច្បាំងនឹង រុស្ស៊ី ដោយផ្ទាល់ដូច្នោះដែរ។ ដ្បិតថា មាត្រា៥ របស់ធម្មនុញ្ញ អង្គការអូតង់ គឺ ប្រសិនបើប្រទេសសមាជិកណា១ ត្រូវរងសង្គ្រាមឈ្លានពាន គឺបានន័យថា ធ្វើសង្គ្រាមឈ្លានពានអូតង់ទាំងមូលដែរ។ ទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ប្រទេសសមាជិកអូតង់ផ្សេងទៀត គឺសុទ្ធតែយល់ច្បាស់ពីចំណុចនេះ និងចង់ចៀសវាងឲ្យខាងតែបាន ចំពោះការប្រឈមមុខធ្វើសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ី។នៅថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានលើកឡើងថា ភាពស្ទាក់ស្ទើររបស់អូតង់ គឺធ្វើឲ្យរុស្ស៊ីកាន់តែបានចិត្ត និងគឃ្លើនឈ្លានពានអ៊ុយក្រែនបន្ថែមទៀត។ នៅយប់មិញ យន្តហោះដ្រូនរុស្ស៊ី ក៏បានវាយប្រហារដែរ។ ទោះយ៉ាងម្តេចក្តី ចំពោះប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី ក៏បានដឹងច្បាស់ និងទំនងជាប្រាកដក្នុងចិត្តរួចទៅហើយ ពីដំណើរស្មុកស្មាញក្នុងការចូលជាសមាជិករបស់អូតង់។ ក៏ប៉ុន្តែ លោក ហ្សេឡេនស្គី លើកឡើងថា « អ៊ុយក្រែន សក្តិសមនឹងចូលជាសមាជិកអូតង់។ បើទោះបីជាមិនទាន់ចូលឥលូវនេះ និងមិនមែនឆាប់ៗនេះ តែជាការបន្ទាន់ អ៊ុយក្រែន ចាំបាច់ត្រូវការសន្យាច្បាស់លាស់មួយ និងចង់បានសញ្ញាណជាក់លាក់មួយពីឥឡូវឲ្យហើយ»។សេតវិមានអាមេរិក គឺបានពន្យល់ជាច្រើនខែមកហើយដែរ ថាក្នុងរយៈខ្លី អ៊ុយក្រែន មិនអាចទាន់ចូលជាសមាជិកអូតង់ទេ។ ផ្ទុយទៅវិញ អាមេរិក ឯកភាពនឹងបន្តជួយផ្នែកយោធាដល់អ៊ុយក្រែន ជួយយូរទៀត ដើម្បីអ៊ុយក្រែនការពារប្រទេស។ គឺនៅក្នុងន័យថា ភាពដៃគូសហការ រវាងអ៊ុយក្រែន និង អូតង់ ប៉ុន្តែ មិនមែនសមាជិកអូតង់ទេ។ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ថានឹងពិគ្រោះជាមួយប្រទេសមហាអំណាចធំៗ ដូចអង់គ្លេស បារាំង អាល្លឺម៉ង់ ជាដើម ដើម្បីផ្តល់ការសន្យាជាក់លាក់ និងផ្តល់ជំនួយ រយៈពេលវែង ដល់អ៊ុយក្រែន។ ជាចម្លើយ គឺថ្ងៃអង្គារនេះ ថ្នាក់ដឹកនាំប្រទេសបារាំង បានប្រកាសសន្យាផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ ឲ្យអ៊ុយក្រែន។ ហើយ ប្រទេសអាល្លឺម៉ង់ បញ្ជាក់ថា ផ្តល់៧០០លានដុល្លារថែមទៀត ឲ្យរដ្ឋបាលក្រុងកៀវ៕
11-7-2023 • 7 minuten, 42 seconden មុនប្រជុំកំពូលអូតង់១ថ្ងៃ លោក ចូ បៃដិន ទៅអង់គ្លេ ស ដើម្បីជជែកពីសំណុំរឿងអ៊ុយក្រែន
នាថ្ងៃចន្ទ ទី១០កក្កដា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បំពេញទស្សនកិច្ចរយៈពេលខ្លី នៅក្នុងប្រទេសអង់គ្លេស មុននឹងបន្តដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអង្គការអូតង់ នៅក្នុងប្រទេស លីទុយអានី ចាប់ពីថ្ងៃអង្គារ។ នៅរាជធានីអង់គ្លេស លោក ចូ បៃដិន នឹងចូលគាល់ព្រះមហាក្សត្រ ឆាលស៍ ជាលើកទី១ ក្រោយពីព្រះអង្គទ្រង់ឡើងគ្រងសោយរាជសម្បត្តិ។ ទន្ទឹមនឹងគ្នានេះ ប្រមុខដឹកនាំនយោបាយនៃប្រទេសពីរ ក៏នឹងជជែកពិភាក្សាគ្នាអំពីសំណុំរឿងទ្វេភាគីផង ហើយនិងសំណុំរឿងអន្តរជាតិសំខាន់ៗផ្សេងទៀតផង ពិសេសអំពីការចូលជាសមាជិក របស់អ៊ុយក្រែន ទៅក្នុងអង្គការអូតង់។ សំណុំរឿងទ្វេភាគីនៅមុនដំណើរលោក ចូ បៃដិន ទៅដល់ទីក្រុងឡុង គឺ សេតវិមានអាមេរិក បានបញ្ជាក់ថា លោក ចូ បៃដិន ចង់រឹតចំណងទាក់ទងជាមួយអង់គ្លេសឲ្យកាន់តែខ្លាំងឡើងថែមទៀត។ គួររំលឹកថា កាលពីខែមុន ពេលនាយរដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ ទៅក្រុងវ៉ាស៊ីនតោន លោក ចូ បៃដិន បានធានាអះអាងថា អាមេរិកគ្មានសម្ព័ន្ធមិត្តណាស់ ជិតដិតដូច អង់គ្លេស ឡើយ។ ចំណែកនៅគ្រានេះ វិមានរដ្ឋាភិបាលអង់គ្លេស ក៏ថ្លែងបែបការទូតថា វត្តមានរបស់ប្រធានាធិបតីអាមេរិក បង្ហាញសឲ្យឃើញយ៉ាងច្បាស់អំពីខ្សែរឹតចំណងទាក់ទងដ៏រឹងមាំនៃប្រទេសជាតិទាំងពីរ។ លោក ចូ បៃដិន បានចុះចតថតយន្តហោះ នៅនគរអង់គ្លេស ពីល្ងាចថ្ងៃអាទិត្យ។ ថ្ងៃច័ន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវចូលគាល់ព្រះមហាក្សត្រ Carles III ជាលើកទី១ តាំងពីទ្រង់ឡើងគ្រងរាជនៅខែឧសភា ដែលកាលនោះ លោក បៃដិន ខកខានមិនបានមកចូលរួមព្រះរាជពិធីគ្រងរាជសម្បត្តិ ដោយផ្ទាល់ឡើយ។ ភរិយារបស់លោក ទៅជំនួស។ បើតាមដំណឹងពីព្រះបរមរាជវាំងអង់គ្លេស ព្រះអង្គរាជទានសោយទឹកតែជាមួយនឹងលោក ចូ បៃដិ ហើយនិងក្រសាលជំនុំអំពីបរិស្ថានអាកាសធាតុ។ ប្រធានបទនេះ ជាកិច្ចការដែលស្តេចទ្រង់យកព្រះរាជហឫទ័យទុកដាក់ជាយូរមកហើយ។ ប្រភពពីរាជវាំងដដែល ព្រះប្រមុខរដ្ឋនិងប្រធានាធិបតីអាមេរិក នឹងពិគ្រោះពីគម្រោងកញ្ចប់ថវិកាជំនួយ ត្រូវជួយដល់ប្រទេសក្រីក្រ ក្នុងការទប់ទល់ប្រែប្រួលអាកាសធាតុ។នៅក្នុងជំនួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសវិញ លោក បៃដិន ក៏ទំនងជានឹងត្រូវពិភាក្សាពីភាពជាដៃគូសេដ្ឋកិច្ចពាណិជ្ជកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ដែលលោកទាំងពីរធ្លាប់បាននិយាយខ្លះៗពីមុនមក។ នេះជាលើកទី ៥ ហើយ ដែលបុរសរដ្ឋទាំងពីរជួបគ្នាផ្ទាល់។ លើកនេះ សំណុំរឿងជៀសមិនផុត មួយទៀតនោះ គឺបញ្ហាអ៊ុយក្រែន។ កិច្ចប្រជុំកំពូលអង្គការ អូតង់ អញ្ជើញប្រធានាធិបតីអ៊ុយក្រែន ជាភ្ញៀវ។សំណុំរឿងអ៊ុយក្រែន ជាប្រធានបទស្នូលមួយនៃដំណើររបស់លោក បៃដិន ដែលត្រូវទៅអង់គ្លេស ១ថ្ងៃមុនកិច្ចប្រជុំអូតង់។ តាំងពីផ្ទុះសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក គឺសហរដ្ឋអាមេរិក ជាប្រទេសម្ចាស់ជំនួយធំទី១ ហើយអង់គ្លេស ប្រទេសធំទី២ ដែលផ្តល់ជំនួយយោធា ច្រើនជាងគេ ដល់ អ៊ុយក្រែន។ ហេតុនេះ អាមេរិក និងអង់គ្លេស ទំនងជាត្រូវជជែកគ្នាមុនឲ្យដាច់ស្រេច ថាត្រូវប្រកាន់ពាក្យសម្តីសាមគ្គីក្នុងជំហរមូរមាត់តែមួយ សម្រាប់ថ្ងៃទី ១១ -១២កក្កដា។នៅក្នុងបទសម្ភាសថ្មីៗ ជាមួយទូរទស្សន៍CNN លោក ចូ បៃដិន មានប្រសាសន៍ថា លោកមិនគិតថាអ៊ុយក្រែនបានត្រៀមខ្លួនគ្រប់គ្រាន់ក្នុងការចូលជាសមាជិកអូតង់នៅឡើយ។ ថ្នាក់ដឹកនាំអង់គ្លេស ប្រហែលគិតបែបផ្សេង ក៏មិនដឹង។ ដ្បិតថា អង់គ្លេស ហាក់មិនសូវស្របនឹងអាមេរិកទេចំពោះទង្វើចុងក្រោយរបស់ថ្នាក់ដឹកនាំអាមេរិក។ ពីរបីថ្ងៃមុនទៅអង់គ្លេសនេះ លោក ចូ បៃដិន ប្រកាសផ្តល់ គ្រាប់បែកចង្កោម ឲ្យអ៊ុយក្រែន។ អង់គ្លេស មិនយល់ស្របនឹងការសម្រេចដូច្នេះទេ ដ្បិតថា គ្រាប់បែកចង្កោម បង្កគ្រោះថ្នាក់ខ្លាំង និងបង្កហានិភ័យវែងឆ្ងាយទៅថ្ងៃមុន ហើយម្យ៉ាងទៀត ដ្បិតថា ខុសពីអាមេរិក គឺ អង់គ្លេស ជាសមាជិកហត្ថលេខី នៃសន្ធិសញ្ញាទីក្រុងអូស្លូ ឆ្នាំ២០០៨ ដែលស្តីអំពីការហាមឃាត់ផលិតនិងហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោម។ មួយវិញទៀត ពាក់ព័ន្ធនឹងអូតង់ដែរ គឺ ភាគីខាង អង់គ្លេស ក៏អន់ចិត្តនឹងអាមេរិកដែរ ពិសេស រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Ben Wallace ដែលត្រូវបង្ខំចិត្តដកបេក្ខភាពក្នុងការជ្រើសអគ្គលេខាធិការអូតង់ ព្រោះតែគ្មានការជួយគាំទ្រពីអាមេរិក។ មិនមែនតែអាមេរិកទេ បារាំងក៏មិនចង់ឃើញអង់គ្លេសដឹកនាំអូតង់ដែរ។បើតាមគម្រោង ចប់ពីទស្សនកិច្ចនៅអង់គ្លេស និងចប់កិច្ចប្រជុំអង្គការអូតង់ នៅលីទុយអានី គឺលោក ចូ បៃដិន នឹងអញ្ជើញបន្តដំណើរទៅប្រទេសហ្វាំងឡង់ ដើម្បីប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសអ្នកមានៗ នៅប៉ែកខាងជើង។
10-7-2023 • 6 minuten, 4 seconden ហូឡង់៖ នាយករដ្ឋមន្ត្រី រំលាយរដ្ឋាភិបាល និងថ្វាយញត្តិលាលែងពីដំណែងជូនព្រះរាជា
នៅប្រទេសហូឡង់ ក្រោយពីរំលាយរដ្ឋាភិបាលនៅថ្ងៃសុក្រ នាយករដ្ឋមន្រ្តី លោក ម៉ាក រូតត៍ បានចូលគាល់ព្រះមហាក្សត្រ និងថ្វាយញត្តិសុំលាលែងចុះពីដំណែង នាល្ងាចថ្ងៃសៅរ៍ ទី៨ កក្កដា ។ រដ្ឋាភិបាលចម្រុះរបស់លោក ម៉ាក រូត គឺទើបតែដឹកនាំប្រទេស បាន ១ឆ្នាំកន្លះប៉ុណ្ណោះ។ តើមានហេតុផលអ្វីខ្លះ ដែលបានទាញទម្លាក់រដ្ឋាភិបាលចម្រុះហូឡង់ ? ដើមហេតុនៃការដួលរលំរដ្ឋាភិបាលដើមចមពីដំបូងឡើយ គឺ កាលសប្តាហ៍មុន រដ្ឋាភិបាលរបស់ នាយករដ្ឋមន្រ្តី លោក ម៉ាក រូតត៍ បានចេញចំណាត់ការច្បាប់ថ្មី ជុំវិញការគ្រប់គ្រងជនអន្តោប្រវេសន៍។ នៅហូឡង់ បញ្ហាជនភៀសខ្លួន ជារឿងរស៊ើបខ្លាំង។ កាលពីឆ្នាំមុន មណ្ឌលទទួលជនភៀសខ្លួន ផ្ទុកមនុស្សច្រើនលើកចំណុះ។ ជនភៀសខ្លួន មួយចំនួន ក៏ត្រូវបង្ខំចិត្ត ដេកនៅខាងក្រៅ រស់នៅលំបាកលំបិន ត្រូវខ្យល់ ត្រូវភ្លៀង និងកំដៅថ្ងៃ ដែលត្រូវគេរិះគន់និងទម្លាក់កំហុសលើរដ្ឋអំណាច។ រឿងអាស្រូវកាន់តែផ្ទុះខ្លាំង នៅពេលកូនក្មេងម្នាក់ស្លាប់។ តាំងពីនោះមក រដ្ឋាភិបាល សន្យារៀបចំឲ្យបានស្រួល។ផ្ទុយទៅវិញ រដ្ឋអំណាច ហាក់ចេញវិធានការណ៍ ខុសពីការសន្យា។ នៅម្ខាង សន្យាថា ជួយទទួលជនភៀសខ្លួន ពិសេសសន្យាជាមួយ អ៊ុយក្រែន ថានឹងគាំទ្រអ៊ុយក្រែនជានិច្ច ខាងផ្លូវស្មារតីសឹកចម្បាំង និងជួយជនជនស៊ីវិលភៀសខ្លួន។ ក៏ប៉ុន្តែ ជនភៀសខ្លួន នៅហូឡង់ បានកើនឡើងលើសចំណុះ ពោលគឺ ឆ្នាំទៅមិញ មានជាង ៤ ម៉ឺន ៦ ពាន់នាក់។ ឆ្នាំ២០២៣នេះ គ្រាន់តែត្រឹម ខែកក្កដា អត្រាជនភៀសខ្លួន ហក់កើនឡើងរហូតដល់ជាង ៧ ម៉ឺននាក់ឯណោះ។ ហេតុនេះ ទើបរដ្ឋាភិបាលសម្រេចចេញវិធានការណ៍ថ្មី ដើម្បីគ្រប់គ្រងចំនួនជនភៀសខ្លួន។ នៅក្នុងចំណាត់ការនោះ គឺមានចែងពីការចង់កំណត់ការទទួលកូនៗរបស់ជនភៀសខ្លួន ឲ្យត្រឹមតែ ២០០ នាក់តែប៉ុណ្ណោះ ក្នុងមួយខែៗ និងបានកំហិតឲ្យជនសុំសិទ្ធិជ្រកកោណ ស្នាក់នៅហូឡង់ឲ្យបានយ៉ាងហោច ២ឆ្នាំសិន ទើបមានសិទ្ធិដាក់ពាក្យសុំយកកូនៗ មកជួបជុំគ្រួសារ។ វិធានការបែបនេះ ត្រូវរងការរិះគន់ខ្លាំងពីសំណាក់សមាជិករដ្ឋាភិបាលចម្រុះ និង ពីអ្នកនយោបាយបក្សផ្សេងទៀត។ ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងប្រឆាំងនឹងភាពក្រីក្រ អ្នកស្រី Caroline Schouten មកពីបក្ស ChristenUnie បានប្រកាសថា «និយមន័យគ្រួសារ គឺ កូនចៅត្រូវរស់នៅធំធាត់ជាមួយឪពុកម្តាយ ហើយនេះជាតម្លៃជាមូលដ្ឋានរបស់ជាតិហូឡង់យើង។»។ រីឯ រដ្ឋមន្ត្រីផ្សេងៗទៀត មកពីបក្សផ្សេងៗគ្នា បានលើកឡើងសារចម្រុះសម្រួលដែរ ប៉ុន្តែ ស្ថានការណ៍លំបាក ទុំជោរខ្លាំងណាស់ទៅហើយ ទើបនាយករដ្ឋមន្ត្រី ម៉ាក រូតត៍ សម្រេចរំលាយរដ្ឋាភិបាល នៅថ្ងៃសុក្រ ហើយនិងថ្វាយញត្តិលាលែងពីដំណែង បង្គំគាល់ថ្វាយទៅព្រះមហាក្សត្រ នៅថ្ងៃសៅរ៍។ ព្រះរាជា Willem-Alexander ជាព្រះប្រមុខរដ្ឋ មានរាជបន្ទូលព្រះរាជានុញ្ញាតឲ្យ រូបលោក ម៉ាក រូតត៍ នៅបន្តកាន់រដ្ឋាភិបាលបណ្ដោះអាសន្នសិន ទម្រាំរៀបចំការបោះឆ្នោតជាថ្មី។ ជនភៀសខ្លួន កសិកម្ម និងកម្រិតជីវភាពពលរដ្ឋ ជាប្រធានបទសំខាន់ សម្រាប់ការបោះឆ្នោត។គោលនយោបាយ គ្រប់គ្រងជនអន្តោប្រវេសន៍ គឺនឹងនៅតែជាសំណុំរឿងរស៊ើប និងជាប្រធានបទក្តៅសម្រាប់ការឃោសនានយោបាយ នាពេលខាងមុខជាក់ជាពុំខាន។ បណ្តាកាសែតហូឡង់ បានមើលឃើញសំណុំរឿងពីរទៀត ដែលក្តៅខ្លាំងដែរ គឺនយោបាយកសិកម្ម ហើយនិងការលើកស្ទួយកម្រិតជីវិភាពពលរដ្ឋ ឲ្យរស់នៅស្រណុកសុខស្រួល។ចំពោះនយោបាយកសិកម្ម និងការនេសាទ គឺ បញ្ហាថ្មីមួយដែលគេសម្គាល់ឃើញ ហូឡង់ ផ្តើមប្រឆាំងនឹងច្បាប់សហភាពអឺរ៉ុប កាន់តែខ្លាំង។ ពោលគឺប្រឆាំងជុំវិញបញ្ហាប្រើប្រាស់ថ្នាំគីមី និង បញ្ហាបញ្ចេញផ្សែងពុលក្នុងវិស័យកសិកម្ម។ មានបក្សថ្មីថ្មោងម៉ោង ឈ្មោះថា BBB គឺជាបក្សចលនា គាំទ្រប្រជាកសិករ ដែលមាននិន្នាការមិនគោរពតាមបទបញ្ញត្តិច្បាប់សហភាពអឺរ៉ុប ក៏ប៉ុន្តែ បក្សនេះបានទទួលការគាំទ្រច្រើនពីប្រជាកសិករហូឡង់ រហូតដល់ មានសំឡេងលេចធ្លោខ្លាំងផង នៅព្រឹទ្ធសភា។ កន្លងទៅ រដ្ឋាភិបាលខំដាក់កំហិតឲ្យបន្ថយការបញ្ចេញផ្សែងពុលឲ្យបាន៥០% ប៉ុន្តែ ពលរដ្ឋកសិករ បែរជាធ្វើបាតុកម្មប្រឆាំង និងបែរងាកទៅគាំទ្របក្ស BBB នោះទៅវិញ។ចំណែកអ្នកនយោបាយជាតិនិយម និងប្រជាភិថុត លោក Geert Wilders ប្រធានបក្សស្តាំនិយមជ្រុល PVV បានឃោសនាសន្យាស្រេចទៅហើយ តាំងពីពេលនេះ ថាសន្យានឹងធ្វើឲ្យហូឡង់ល្អប្រសើរឡើង។ ល្អប្រសើរក្នុងន័យរបស់គាត់ គឺក៏ចង់សង្កត់ធ្ងន់លើកការកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ ហើយនិង បង្កើនដីកសិកម្ម ។ «រដ្ឋាភិបាលចម្រុះអស្ថិរភាព»ក្នុងអាណត្តិនេះ រដ្ឋាភិបាលចម្រុះហូឡង់ មានគណបក្សចំនួន ៤ ឯណោះ។ អ្នកជំនាញការ និងបណ្តាញព័ត៌មានកាសែតនយោបាយក្នុងស្រុក បានព្យាករស្រេចទៅហើយ ថា ទោះបីជាបោះឆ្នោតនៅខែវិច្ឆិកាខាងមុខក្តី ក៏ ហូឡង់ ច្បាស់ជាចៀសមិនផុតពី រដ្ឋាភិបាលចម្រុះទេ។ អ្នកនយោបាយមកពីបក្សផ្សេងៗ យល់ឃើញដែរថា មិនគួរនឹងរំលាយរដ្ឋាភិបាលនៅពេលនេះចោលសោះ ដ្បិតថា បើគង់តែនឹងបោះឆ្នោតថ្មីទៅ នឹងមានរដ្ឋាភិបាលចម្រុះ ដដែលជាដដែល។ រដ្ឋាភិបាលចម្រុះនៅហូឡង់ ក៏ត្រូវអ្នកជំនាញការមើលឃើញថា ជារដ្ឋាភិបាលអស្ថិរភាព។ អស្ថិរភាព បើពិនិត្យតាមបទពិសោធចុងក្រោយ កាលពីការបោះឆ្នោត អាណត្តិមុន ពួកអ្នកនយោបាយហូឡង់ ត្រូវជជែកគ្នា អូសបន្លាយពេលវេលា ដល់ទៅ ជាង ២៧០ ថ្ងៃឯណោះ ទើបរកច្រកផ្លូវរៀបចំរដ្ឋាភិបាលចម្រុះបាន។ គួរឲ្យកត់សម្គាល់ដែរថា នាយករដ្ឋមន្រ្តីហូឡង់ លោក ម៉ាក រូតត៍ ចូលកាន់អំណាច នៅខែតុលា ឆ្នាំ២០១០ និង បើសរុបជាក្បាលអាណត្តិ គឺ ៤ អាណត្តិជាប់ៗគ្នា ហើយដែលគេអាចចាត់ទុកថា លោកជារដ្ឋនាយករដ្ឋមន្ត្រីកាន់អំណាចបានច្រើនឆ្នាំជាងគេ ក្នុងប្រវត្តិសាស្ត្រប្រទេសហូឡង់។ កាលពីថ្ងៃសុក្រ ពេលប្រកាសរំលាយរដ្ឋាភិបាល លោក ម៉ាក រូតត៍ វ័យ៥៦ឆ្នាំ មានប្រសាសន៍ថា លោកនៅមាន«ថាមពលមាំទាំ» និងបានបង្ហាញចេតនាចង់ចូលរួមការបោះឆ្នោតជាថ្មីទៀត ដើម្បីបន្តបេក្ខភាពនាយករដ្ឋមន្ត្រី ជាគម្រប់អាណត្តិ ទី៥៕
9-7-2023 • 7 minuten, 39 seconden ខួប៥០០ថ្ងៃ សង្រ្គាមនៅអ៊ុយក្រែន លោក ហ្សេឡេនស្គី ទស្ សនកិច្ចក្នុងរដ្ឋសមាជិកអូតង់ ពិសេស តួកគី
ថ្ងៃទី៨ កក្កដានេះ ជាខួប ៥០០ថ្ងៃ នៃ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ ២០២២។ នាឱកាសនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសសមាជិកអូតង់មួយចំនួន ពិសេសនៅតួកគី ដែលជាមិត្តជិតដិតចាក់ទឹកមិនលេចរបស់រដ្ឋបាលក្រុងម៉ូស្កូ។ សង្គ្រាម ៥០០ថ្ងៃ ជនស៊ីវិលរងគ្រោះ ស្លាប់ ជាង ៩ ០០០ នាក់។ប្រសិនបើគេមិនរាប់ជីវិតយោធាទាំងពីរខាងដែលស្លាប់នោះទេ និងបើគិតត្រឹមតែចំនួនប្រជាជនស៊ីវិល គឺ សង្គ្រាម៥០០ថ្ងៃមកនេះ បានផ្តាច់ជីវិតជនស៊ីវិល ជាង ៩ ០០០នាក់ ក្នុងនោះ កូនក្មេង យ៉ាងហោច ៥០០នាក់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ។ ក្រុមអង្គការអ្នកសង្កេតការណ៍នៅអ៊ុយក្រែន និងអ្នកតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្សនៅអ៊ុយក្រែន បានលើកឡើងដែរ ថា ចំនួនជនស៊ីវិល ដែលស្លាប់នោះ អាចនឹងមានច្រើនជាង តួលេខផ្លូវការ។ ទោះម្តេចក្តី គេបានកត់សម្គាល់ថា ក្នុងឆ្នាំនេះ អត្រាចំនួនជនស៊ីវិលស្លាប់ក្នុងសង្គ្រាម បានចុះថយបន្តិច បើធៀបនឹងឆ្នាំមុន ប៉ុន្តែ ចំនួនអ្នកស្លាប់ ក៏កើនឡើងខ្លាំងឡើងវិញដែរ នៅក្នុងចន្លោះខែមេសា និងមិថុនាកន្លងទៅ។ថ្ងៃសុក្រ អង្គការយូណេស្ក ក៏បញ្ជាក់ថា ក្នុងការវាយប្រហារនៅ ខេត្តLviv ដែលសម្លាប់មនុស្សជាង៤០នាក់ ក៏ធ្វើឲ្យខូចខាតអគារ១ដែលជាមរត៌កអារ្យធម៌មនុស្សជាតិ និងដែលបានចុះក្នុងបញ្ជីសម្បត្តិពិភពលោក រួចទៅហើយ។ថ្ងៃសៅរ៍ ទី៨កក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានអញ្ចើញទៅទស្សនកិច្ច នៅកោះពស់ នៅសមុទ្រខ្មៅ ជានិមិត្តរូបនៃចលនាតស៊ូប្រឆាំងនឹងការវាយប្រហារបំពានរបស់រុស្ស៊ី។ បើតាមលោក ហ្សេឡេនស្គី កោះពស់នេះជាទីដ្ឋានពុំដែលត្រូវរុស្ស៊ីត្រួតត្រាទេ និងទឹកដីអ៊ុយក្រែនផ្សេងៗទៀត ក៏ត្រូវតែងើបឈរតស៊ូដោយក្លាហានដូចគ្នាដែរ។ តាមវីដេអូពីលើកោះពស់នោះ ប្រធានាធិបតី ហ្សេឡេនស្គី ក៏បានថ្លែងអំណរគុណចំពោះទាហានអ៊ុយក្រែនគ្រប់រូប ដែលបានប្រឹងប្រែងស្វិតស្វាញ ដើម្បីការពារជាតិមាតុភូមិ មកទល់នឹង៥០០ថ្ងៃនេះ។លោក ហ្សេឡេនស្គី បានជំរុញឲ្យទាហានខ្លួនតស៊ូការពារទឹកដីទៅទៀត ដ្បិតមានគ្រាប់បែកបន្ថែមទៀត ដែលជាជំនួយសហរដ្ឋអាមេរិក។ រដ្ឋបាលសហរដ្ឋអាមេរិក របស់លោក ចូ បៃដិន ថ្មីៗនេះ បានសម្រេចយល់ព្រមប្រគល់គ្រាប់បែកចង្កោម ទៅឲ្យ អ៊ុយក្រែន បើទោះបីជារងការរិះគន់ខ្លាំងពីសម្ព័ន្ធមិត្តក្តី។ គេរិះគន់អំពីផលវិបាកនៃគ្រាប់បែកចង្កោម ដែលវានឹងបណ្តាលឲ្យគ្រោះថ្នាក់ដល់ជនស៊ីវិលច្រើន និងអូសបន្លាយយូរឆ្នាំទៅទៀត។ ប៉ុន្តែ ចំពោះអ៊ុយក្រែន គឺថា ធ្វើម្តេចឲ្យតែឈ្នះសង្គ្រាមសិន ចាំចប់ សឹមបោសសម្អាតគ្រាប់ ជាក្រោយ។ ប៉ុន្មានថ្ងៃតែប៉ុណ្ណោះ មុនប្រជុំកំពូលអង្គការអូតង់ លោក ហ្សេឡេស្គី បានទស្សនកិច្ចសមាជិកអូតង់មួយចំនួន ពិសេសនៅតួកគី។មុនទៅជាន់ទឹកដី តួកគី ជាលើកទី១តាំងពីផ្ទុះសង្គ្រាមមក គឺលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានធ្វើដំណើរទៅប្រទេសប៊ុកហ្ការីទៅសាធារណរដ្ឋឆែក ហើយនិងទៅ ស្លូវ៉ាគី ដែលសុទ្ធសឹងជាសមាជិកអូតង់។ ថ្ងៃទី៧កក្កដា នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និងលោកប្រធានាធិបតី រេសេប តាយីប អ៊ែរដូហ្កាន បានធ្វើសន្និសីទកាសែតរួមគ្នា ប្រមាណ ២០ នាទី។ នៅក្នុងនោះ លោក ហ្សេឡេនស្គី បានលើកឡើងអំពីការសុំចូលជាសមាជិកអង្គការអូតង់ និងស្នើសុំឲ្យ តួកគី គាំទ្រ។ជារឿងដែលភ្ញាក់ផ្អើល គឺ ប្រធានាធិបតី អ៊ែរដូហ្កាន ដែលជាមិត្តជិតដិតនឹងរុស្ស៊ីរបស់លោក ពូទីន បានបញ្ជាក់ថា អ៊ុយក្រែន ពិតជា«សក្តិសម»នឹងចូលជាសមាជិកអូតង់។ ការលើកឡើងនេះ គឺតែប៉ុន្មាថ្ងៃប៉ុណ្ណោះ ដែល អង្គការអូតង់ ត្រូវរៀបចំកិច្ចប្រជុំកំពូល នៅថ្ងៃទី១១-១២កក្កដា នៅរដ្ឋធានី Vilnius ប្រទេស លីទុយអានី។ នៅតួកគី គឺ លោក ហ្សេឡេនស្គី ក៏បានលើកឡើងដែរ អំពីករណីប្រទេសស៊ុយអែត ឲ្យ តួកគី យោគយល់និងយល់ព្រមឲ្យចូលជាសមាជិកដែរ។ ដំណឹងចុងក្រោយ គឺថា លោក យែន ស្តុលទែនប៊ែរ អគ្គលេខាធិការអង្គការអូតង់ ឲ្យដឹងថា លោកនឹងជួបជាមួយភាគី តួកគី និង ស៊ុយអែត នៅថ្ងៃច័ន្ទ។ ពោលគឺ១ថ្ងៃមុនកិច្ចប្រជុំធំចាប់ផ្តើម។ចំពោះរឿងអ៊ុយក្រែនចូលសមាជិកអូតង់នេះ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jack Sullivan បានថ្លែងថា នៅមានជំហាន និង ដំណាក់កាលច្រើនណាស់ ដែលត្រូវឆ្លងកាត់។កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ចេញពីតំបន់ជម្លោះរវាងរុស្ស៊ី និង អ៊ុយក្រែន ចុះហត្ថលេខាកាលពីឆ្នាំមុន គឺ មានប្រទេស តួកគី ជាអ្នកសម្របស្រួលការចរចា និងដែលសហការជាមួយអង្គការសហប្រជាជាតិ។ វាត្រូវផុតកំណត់ ថ្ងៃទី១៧កក្កដា។ នាពេលកន្លងទៅ រុស្ស៊ី របស់លោក ពូទីន បានគំរាមជាញឹកញយថា មិនចង់បន្តកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិ ទេ។ ចំពោះលោក ហ្សេឡេនស្គី វិញ គឺ គ្រប់ធញ្ញជាតិ អ៊ុយក្រែន គឺសំខាន់ដល់អាយុជីវិតមនុស្សរាប់លាននាក់ ដូច្នេះវាមិនគួរអាស្រ័យតែនឹងអារម្មណ៍របស់លោកពូទីនម្នាក់ទេ ដែលថាចង់ផ្តាច់ ក៏ផ្តាច់ និងចង់បន្ត ក៏បន្តនោះឡើយ។រីឯភាគីតួកគី នៅចំពោះមុខអ្នកកាសែតនៅក្រុងអង់ការ៉ា ប្រធានាធិបតី អ៊ែរដូហ្កាន បានថ្លែងក្តីសង្ឃឹម ថា ថ្នាក់ដឹកនាំវិមានក្រេមឡាំង នឹងយល់ព្រមបន្តកិច្ចព្រមព្រៀង។ ជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌីមីទ្រី ប៉េស្កូវ លើកឡើងពីរដ្ឋធានីម៉ូស្កូថា បានតាមដានយ៉ាងដិតដល់ ពីកិច្ចពិភាក្សារបស់បុរសរដ្ឋទាំងពីរ ហើយនិងថា លោក អ៊ែរដូហ្កាន ជាអ្នកចរចាអន្តរាគមន៍ដ៏ពូកែ។បន្ទាប់ពីទទួលជួបលោក ហ្សេឡេស្គី ថ្ងៃទី៧កក្កដា ប្រធានាធិបតី អ៊ែរដូហ្កាន ឲ្យដឹងថា តួកគី ក៏នឹងទទួលស្វាគមន៍លោក វ្ល៉ាឌីមៀរ ពូទីន នៅខែថ្មី។ លោក អ៊ែរដូហ្កាន និយាយម្តងហើយម្តងទៀតថា រុស្ស៊ីនិងអ៊ុយក្រែន គួរតែចូលតុចរចាបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាព៕
8-7-2023 • 7 minuten, 19 seconden អង្គការសហប្រជាជាតិចង់ប្រើបញ្ញាសិប្បនិម្មិតដើម្បីប្រយោជន៍មនុស្សជាតិ
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបាននិងកំពុងរីកលូតលាស់យ៉ាងលឿនស្លេវ ប៉ុន្តែសំណួរជាច្រើនទាក់ទងនឹងបច្ចេកវិទ្យានេះនៅតែមិនទាន់មានចម្លើយ។ នេះបើតាមការព្រមានរបស់អង្គការសហប្រជាជាតិ ដែលបានរៀបចំបើកជំនួបកំពូលរយៈពេលពីរថ្ងៃ (ទី៦និងទី៧ កក្កដា ២០២៣) ដើម្បីជជែកអំពីការគ្រប់គ្រងបញ្ញាសិប្បនិម្មិត។ សម្រាប់អង្គការសហប្រជាជាតិ ដើម្បីប្រយោជន៍មនុស្សជាតិ គេមិនអាចបណ្តោយឱ្យវិស័យបញ្ញាសិប្បនិម្មិតវិវឌ្ឍដោយគ្មានបទដ្ឋាននិងការឃុំគ្រងបានឡើយ។ ជំនួបពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ និងជាលើកទីមួយ នៅឆ្នាំ២០១៧ ដោយសហព័ន្ធទូរគមនាគមន៍អន្តរជាតិ ដែលជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ មានទីស្នាក់ការនៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស និងមានសមាជិក១៩៣ប្រទេស ព្រមទាំងក្រុមហ៊ុនសហគ្រាស សកលវិទ្យាល័យ និងអង្គការប្រមាណជាង៩០០ទៀត។ ស្ថាប័នអង្គការសហប្រជាជាតិនេះមានរចនាសម្ព័ន្ធខុសប្លែកពីប្រព័ន្ធអង្គការប្រជាជាតិ ដែលតាមទម្លាប់គឺរដ្ឋាភិបាលប្រទេសនីមួយៗជាអ្នកដឹកមុខ។ ស្ថាប័ននេះជាអ្នកកំណត់បទដ្ឋានបច្ចេកទេស និងគ្រប់គ្រងរលកវិទ្យុអេឡិចទ្រិកនិងផ្កាយរណប។ តែតាំងពីឆ្នាំ២០២០មក ជំនួបកំពូលស្តីពីបញ្ញាសិប្បនិម្មិតត្រូវបង្រួមតូចជាបណ្តាញអនឡាញសកម្មពេញមួយឆ្នាំ និងទើបរៀបចំជាថ្មីដោយអ្នកចូលរួមត្រូវបង្ហាញវត្តមានផ្ទាល់នឹងកន្លែងនៅឆ្នាំនេះ។ ជាសរុបជំនួបកំពូលមានអ្នកចូលរួមជាង៣ពាន់នាក់ ដែលជាមន្ត្រីរដ្ឋាភិបាលប្រទេសនីមួយផង មន្ត្រីអង្គការសហប្រជាជាតិ អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យអ្នកដឹកនាំផ្នែកឧស្សាហកម្ម-វិស័យឯកជន ដូចជានាយកបច្ចេកទេសក្រុមហ៊ុនអាម៉ាហ្សូន Google ... ជាពិសេសមនុស្សរ៉ូបូ ជាច្រើនគ្រឿងទៀតក្នុងនោះ៩គ្រឿង មានសមត្ថភាពជំនាញ តាំងពីការប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យដល់ការចែកចាយជំនួយមនុស្សធម៌ ឬចែកចាយសម្ភារៈបរិក្ខាពេទ្យ និងកសិកម្ម។អង្គការសហប្រជាជាតិ សង្ឃឹមថានឹងអាចប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីពន្លឿនកម្មវត្ថុទាក់ទងនឹងវិស័យសុខភាពសុខាភិបាល អាកាសធាតុ និងការលុបបំបាត់ភាពក្រីក្រ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិចង់ឱ្យជំនួបកំពូលនេះ អាចជួយធ្វើយ៉ាងណាឱ្យវិស័យបញ្ញាសិប្បនិម្មិតក្លាយជាប្រយោជន៍សម្រាប់មនុស្សជាតិ មិនមែនជាគ្រោះថ្នាក់សម្រាប់មនុស្សជាតិ ដូចអ្វីដែលគេព្រួយបារម្ភទេ។ អ៊ីចឹងហើយបានជាគេហៅជំនួបនេះថា “ជំនួប Artificial Intelligence for Good” ឬ ជំនួបបញ្ញាសិប្បនិម្មិតដើម្បីជាប្រយោជន៍ល្អ។ ភាពបន្ទាន់នៃគ្រប់គ្រងវិស័យបញ្ញាសិប្បនិម្មិតបច្ចុប្បន្ននេះការស្រាវជ្រាវផ្នែកបញ្ញាសិប្បនិម្មិតកំពុងវិវឌ្ឍយ៉ាងខ្លាំងក្លានិងលឿនស្លេវណាស់ ជាពិសេសផ្នែកបញ្ញាសិប្បនិម្មិតដែលមានបញ្ញាស្ទើរដូចមនុស្សនិងអាចប្រកួតប្រជែងជាមួយមនុស្សបានឬហៅជាភាសាបច្ចេកទេស AGI (Artificial General Intelligence)។ ជាការលូតលាស់លឿនជ្រុល និងដ៏អស្ចារ្យនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលលុកលុយចូលក្នុងជីវិតប្រចាំថ្ងៃ ដោយយើងមិនទាន់ទាំងបានត្រៀមលក្ខណៈរួចផង។ សូម្បីតែក្រុមអ្នកបច្ចេកទេសល្បីៗក្នុងវិស័យនេះ ក៏ស្ងើចនិងបារម្ភ រហូតចេញញត្តិមួយ កាលពីខែមីនា២០២៣ អំពាវនាវឱ្យផ្អាកជាបណ្តោះអាសន្ននូវការអភិវឌ្ឍបញ្ញាសិប្បនិម្មិត រយៈពេល៦ខែ ដោយលើកឡើងអំពីហេតុផលហានិភ័យធ្ងន់ធ្ងរចំពោះមនុស្សជាតិ។អ្នកជំនាញមិនបានជំទាស់ទាំងស្រុងទៅនឹងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនោះទេ តែទាមទារឲ្យការអភិវឌ្ឍបច្ចេកវិទ្យានេះត្រូវធ្វើឡើង ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីធានាថា បច្ចេកវិទ្យានេះនឹងមិនបង្កនូវគ្រោះថ្នាក់ដល់មនុស្សជាតិយើង។ សម្រាប់អ្នកជំនាញបញ្ញាសិប្បនិម្មិត Gary Marcus ដល់វេលាជាប្រវត្តិសាស្ត្រមួយ ដែលយើងត្រូវសម្រេចឱ្យដំណើរការការធ្វើអធិការកិច្ចពិភពលោក ដ៏ចាំបាច់ហើយ បើបរាជ័យយើងនឹងធ្លាក់ក្នុងស្ថានភាពមួយ ដែលក្រុមហ៊ុននឹងក្លាយជាអ្នកគ្រប់គ្រងជោគវាសនារបស់មនុស្សមួយចំនួនធំជាក់ជាពុំខាន។ហេតុដូច្នេះហើយបានជាអង្គការសហប្រជាជាតិ អំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើត វិធានច្បាស់លាស់មួយ។ បើគ្មានច្បាប់គ្រប់គ្រងត្រឹមត្រូវ បញ្ញាសិប្បនិម្មិត នឹងនាំពិភពលោកឱ្យធ្លាក់ក្នុងហានិភ័យបាត់បង់ការងាររបស់មនុស្សរាប់លាននាក់ ឬលង់ក្នុងព័ត៌មានមិនពិត ក្លាយជាចំណីនៃវិបត្តិសង្គម អស្ថិរភាពភូមិសាស្ត្រនយោបាយ និងវិសមភាពសេដ្ឋកិច្ច ដែលពុំធ្លាប់មានពីមុនមកទេ។ នេះបើតាមប្រសាសន៍របស់លោកស្រី Bogdan Martin អគ្គលេខាធិការសហព័ន្ធទូរគមនាគមន៍អន្តរជាតិ ដែលយល់ថានៅស្ងៀមមិនមែនជាដំណោះស្រាយឡើយ។ ច្បាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិត និងភាពប្រកួតប្រជែងគ្មានទេច្បាប់ជាលក្ខណៈអន្តរជាតិស្តីពីបញ្ញាសិប្បនិម្មិតនោះ! តែអង្គការយូនេស្កូ ធ្លាប់បានអនុម័តបទដ្ឋានពិភពលោកដំបូង កាលពីឆ្នាំ២០២១ ស្តីពីក្រមសីលធម៌បញ្ញាសិប្បនិម្មិត ដោយឈរលើការគោរពសិទ្ធិមនុស្ស សម្រាប់ឱ្យរដ្ឋជាសមាជិកទាំងអស់ ប្រើជាគោលក្នុងការតាក់តែងច្បាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិត។ អ្នកជំនាញអង្គការយូនេស្កូ លោកស្រី Gabriela Ramos ដែលទទួលបន្ទុកគ្រប់ការអភិវឌ្ឍនិងសម្របក្រមសីលធម៌បញ្ញាសិប្បនិម្មិត យល់ថាគេមិនចាំបាច់ត្រូវមានស្ថាប័នអន្តរជាតិមួយសម្រាប់ត្រួតពិនិត្យបញ្ញាសិប្បនិម្មិតទេ ប៉ុន្តែប្រទេសនីមួយៗត្រូវមានអាជ្ញាធរមួយ ដូចអាជ្ញាធរគ្រប់គ្រងឱសថ ចាំផ្តល់ការអនុម័តសម្រេចលើគម្រោងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតសំខាន់ មុននឹងអនុញ្ញាតឱ្យធ្វើចរាចរណ៍លើទីផ្សារ។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ត្រូវឆ្លងកាត់ការធ្វើសវនកម្ម និងច្បាស់ជាគោរពសិទ្ធិមនុស្សយ៉ាងត្រឹមត្រូវ មិនមែនគ្រាន់តែឆ្លើយតបទៅនឹងលក្ខខណ្ឌពាណិជ្ជកម្មនិងភូមិសាស្ត្រនយោបាយទេ។មានតែអឺរ៉ុបទេ ដែលនឹងមានច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត។ កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ សភាអឺរ៉ុប បានអនុម័តគម្រោងច្បាប់ AI Act ដែលជាវិធានច្បាប់ដ៏ពេញលេញដំបូងបង្អស់មួយនៅលើពិភពលោកក្នុងវិស័យបញ្ញាសិប្បនិម្មិត។ ប៉ុន្តែក្រុមហ៊ុនសហគ្រាសធំៗជាង១៥០នៅលើផែនដី បានព្រមានថាគម្រោងច្បាប់អឺរ៉ុបនេះ នឹងឱ្យបាត់បង់ភាពប្រកួតប្រជែងរបស់អឺរ៉ុប ជាពិសេសបើប្រៀបទៅនឹងសហរដ្ឋអាមេរិក៕
7-7-2023 • 8 minuten, 17 seconden ទស្សនកិច្ចរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកនៅចិននឹងអាចជួយស្តារទំនាក់ទំនងសេដ្ឋកិច្ចដ៏ប្រេះស្រាំរវាងចិន និងអាមេរិក?
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ អាមេរិក លោកស្រី Janet Yellen បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅប្រទេសចិន។ ទស្សនកិច្ចជាច្រើនថ្ងៃរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក នៅទីក្រុងប៉េកាំង ធ្វើឡើង នៅក្នុងកាលៈទេសៈដែលចិន និងអាមេរិកចាប់ផ្តើមឈ្លោះគ្នា ក្នុងរឿងបច្ចេកវិទ្យាមួយទៀត បន្ថែមពីលើជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។ ភាគីចិនវិញ ស្វាគមទស្សនកិច្ចរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក ជាមួយការប្រកាសបិទខ្ទប់ ការនាំចេញលោហៈកម្រ ពីរប្រភេទ ដែលចាំបាច់សម្រាប់ផលិតសឺមីកុងឌុចទ័រ។ តាំងពីចូល កាន់តំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក កាលពីដើមឆ្នាំ ២០២១ នេះជាលើកទី១ ដែលលោកស្រី Janet Yellen ធ្វើដំណើរទស្សនកិច្ច នៅប្រទេសចិន។ នៅក្នុងវេលាមួយដែលទំនាក់ទំនងសេដ្ឋកិច្ចអាមេរិក ចិន កំពុងល្អក់កករ វឹកវរខ្លាំង ទស្សនកិច្ចរបស់លោកស្រីរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក នៅទីក្រុងប៉េកាំង កំពុងត្រូវគេតាមដានខ្លាំង។នៅមុនលោកស្រី Janet Yellen ធ្វើដំណើរទៅដល់ទៅក្រុងប៉េកាំង ក្រសួងហិរញ្ញវត្ថុអាមេរិកបានចុះផ្សាយថា គោលដៅនៃទស្សនកិច្ចរបស់លោកស្រី Janet Yellen នៅទីក្រុងប៉េកាំង ដើម្បីដោះដូរយោបល់រវាងភាគីចិន អាមេរិក ដើម្បីជៀងវាសការយល់ច្រលំគ្នា និងដើម្បីពង្រីកសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងផ្នែកសេដ្ឋកិច្ច វិបត្តិប្រាក់បំណុល និងបញ្ហាអាកាសធាតុ។ទស្សនកិច្ចផ្លូវរដ្ឋរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុ អាមេរិកនៅប្រទេសចិន ធ្លាប់ត្រូវបានគេគ្រោងទុកជាយូរមកហើយ ប៉ុន្តែ ត្រូវបានពន្យារពេលជាបន្តបន្ទាប់ ដោយសារទំនាក់ទំនងការទូតអាមេរិកនិងចិន ចេះតែតានតឹង ដោយសារទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិកនៅតៃវ៉ាន់ និងចុងក្រោយ គឺរឿងអាមេរិក បាញ់ទម្លាក់បាឡុងចារកិច្ច ដែលធ្វើចិនខឹងក្តៅក្រហាយ។លោកស្រី Janet Yellenអាចធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រមុខការបរទេសអាមេរិក លោកអង់តូនី ប្លីងកិន ជាអ្នកបើកផ្លូវធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីប៉ុន្មានសប្តាហ៍មុន។តាមក្រសួងហិរញ្ញវត្ថុអាមេរិក នៅក្នុងទស្សនកិច្ចរយៈពេល ៤ថ្ងៃ ដែលត្រូវចប់នៅថ្ងៃអាទិត្យ លោកស្រី Janet Yellenនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ឈាំង និងជួបប្រធានក្រុមហ៊ុននៅប្រទេសចិន។ ក្រសួងហិរញ្ញវត្ថុអាមេរិកបានសង្កត់ធ្ងន់ពីជំហររបស់លោកស្រីរដ្ឋមន្រ្តីហិរញ្ញវត្ថុ ដែលចង់បានទំនាក់ទំនងសេដ្ឋកិច្ចល្អជាមួយចិន។ ផ្ទុយពីរដ្ឋមន្រ្តីសេដ្ឋកិច្ចមុនៗរបស់អាមេរិក លោកស្រី Janet Yellen ដែលធ្លាប់ធ្វើជាប្រធានធនាគារកណ្តាលអាមេរិកមានទស្សនវិស័យទូលំទូលាយសម្រាប់ទំនាក់ទំនងចិន អាមេរិក។ នៅខែមេសាកន្លងទៅ លោកស្រីធ្លាប់អះអាងថា អាមេរិកមិនបានព្យាយាមដោះដៃ លែងពឹងពាក់លើសេដ្ឋកិច្ចរបស់ចិន។ ការចែកផ្លូវគ្នារវាងអាមេរិក និងចិន ជាគ្រោះមហន្តរាយសម្រាប់មហាអំណាចទាំងពីរ និងធ្វើឲ្យពិភពលោកទាំងមូលត្រូវរង្គោះរង្គើ។នៅមុនធ្វើទស្សនកិច្ចរបស់លោកស្រី Janet Yellen នៅប្រទេសចិន អាមេរិកបានបញ្ជាក់ពីសារៈសំខាន់ដែលចិន និងអាមេរិកត្រូវទទួលខុសត្រូវ និងពិភាក្សាពីចំណុចគាំង ចំណុចដែលធ្វើឲ្យប្រទេសទាំងពីរព្រួយបារម្ភ និងធ្វើការរួមគ្នា ដើម្បីដោះស្រាយវិបត្តិសកល ដូចជាវិបត្តិអាកាសធាតុ និងវិបត្តិប្រាក់បំណុលរបស់ប្រទេសក្រីក្រ។ទោះជាលោកស្រីរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកមានជំហរមិនសូវតឹងតែងជាមួយចិន ប៉ុន្តែ គេមិនប្រាកដថា នៅក្នុងទស្សនកិច្ចនៅចិន លើកនេះ លោកស្រីនឹងអាចជួយស្រោចស្រង់ទំនាក់ទំនងចិន និងអាមេរិក ឲ្យបានល្អប្រសើរជាងមុនប៉ុន្មានទេ ព្រោះថាទី១ ចិននិងអាមេរិកមានចំណុចតានតឹងនឹងគ្នាច្រើនយ៉ាង។ ទី២លោកស្រីគ្មានអំណាចអ្វីច្រើន និងត្រូវដើរតាមគោលនយោបាយរបស់សេតវិមាន។ តាមក្រសួងហិរញ្ញវត្ថុអាមេរិក នៅប្រទេសចិន លោកស្រី Janet Yellen នឹងនិយាយពីសកម្មភាពធ្វើជំនួញមិនស្មោះត្រង់ ជាពិសេសនៅក្នុងរឿងដែលចិនចាត់វិធានការដាក់ពិន័យ និងបង្កឧបសគ្គដល់ក្រុមហ៊ុនអាមេរិកដើម្បីចូលទៅទីផ្សារនៅប្រទេសចិន។ ចិន និងអាមេរិកខ្វែងគំនិតគ្នាក្នុងសំណុំរឿងច្រើនកំពុងមានជម្លោះពាណិជ្ជកម្មនឹងគ្នា មហាអំណាចចិន និងអាមេរិកកំពុងផ្តើមជម្លោះមួយទៀតនឹងគ្នា នោះ គឺជម្លោះបច្ចេកវិទ្យា។-សឺមីកុងឌុចទ័រនៅប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានដាក់ឈ្មោះក្រុមហ៊ុនចិន មួយចំនួន ទៅក្នុងបញ្ជីខ្មៅ ដើម្បីឈប់ឲ្យក្រុមហ៊ុនទាំងនោះអាចចូលទិញ ប្រើសឺមីកុងឌុចទ័រ។ ជាក់ស្តែង នៅខែតុលាឆ្នាំមុន ក្រោមក្រោមហេតុផលសន្តិសុខជាតិ សហរដ្ឋអាមេរិកក៏បានប្រកាសត្រួតពិនិត្យជាថ្មី ការនាំចេញសឺមីកុងឌុចទ័រ ដើម្បីកំរិតការទិញនិងកុំឱ្យចិនអាចយកទៅប្រើសម្រាប់អភិវឌ្ឍកម្មវិធីយោធា ដែលជាហេតុធ្វើឱ្យចិនផ្ទុះកំហឹងយ៉ាងខ្លាំង។-របាំងពន្ធជម្លោះពាណិជ្ជកម្ម ដែលបន្សល់ទុកតាំងពីអាណត្តិប្រធានាធិបតីដូណាល់ត្រាំ។ រហូតមកដល់ពេលនេះ រដ្ឋបាលលោកចូ បៃដិននៅតែមិនព្រមលុបចោលរបាំងពន្ធគយ ដែលលោកដូណាល់ត្រាំ ធ្លាប់បានអនុវត្ត ដើម្បីសងសឹកនឹងចិន ដែលលោកត្រាំចោទប្រកាន់ថា រំលោភកម្មសិទ្ធិបញ្ញា កេងចំណេញលើក្រុមហ៊ុនអាមេរិក។ តាមវិទ្យាស្ថាន អាមេរិក Peterson PIIE ការដំឡើងពន្ធរបស់អាមេរិកទៅលើទំនិញនាំចូលពីចិនបានកើនឡើងដល់១៩% ដែលជាកម្រិតមួយខ្ពស់ ៦ដងបើប្រៀបធៀបរយៈពេលមុនមានជម្លោះពាណិជ្ជកម្ម។ចិនវិញបានដំឡើងពន្ធលើទំនិញអាមេរិក ដល់២០%។ ជាលទ្ធផល ការនាំចូលផលិតផលអាមេរិក ជាពិសេស រថយន្ត និងយន្តហោះទៅប្រទេសចិនបានធ្លាក់ដាំដូងចុះ មិនងាយនឹងស្រោចស្រង់ឲ្យដូចសភាពដើម។ នៅពេលចិនព្យាយាមបង្វែរការនាំចូលទំនិញកសិកម្ម ពីប្រទេសដទៃ ដោយលែងចង់ពឹងផ្អែកលើអាមេរិក តទៅទៀត អាមេរិកនៅតែត្រូវការចិន ដែលជាទីផ្សារធំសម្រាប់ផលិតផលកសិកម្មអាមេរិក ជាពិសេស សណ្តែកសៀង។-បច្ចេកវិទ្យា និងបរិយាកាសធ្វើជំនួញអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនហួវៃ និងក្រុងហ៊ុនTikTokដែលអាមេរិកសង្ស័យថា ជាភ្នែកត្រចៀករបស់ចិន ដើម្បីស៊ើបយកការណ៍សម្ងាត់ជាតិរបស់អាមេរិក។ ចិន វិញបានសងសឹក ដោយថ្មីៗនេះ បានចេញបម្រាម ហាមមិនឱ្យក្រុមប្រតិបត្តិករចិនដែលមានទិន្នន័យរសើបៗមួយចំនួន ទិញផលិតផលរបស់ក្រុមហ៊ុនផលិតសឺមីកុងឌុចទ័រអាមេរិក Micron ដោយមូលហេតុសន្តិសុខជាតិ។ជាការសងសឹកវិញ រដ្ឋបាលលោកចូ បៃដិន នៅខែមិថុនាកន្លងទៅទើបបានចេញច្បាប់រឹតបន្តឹងការវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក នៅប្រទេសចិន។ចំនុចចុងក្រោយគឺរឿងវិបត្តិប្រាក់បំណុល ព្រោះថា អាមេរិកតែងទាមទារឲ្យចិន ដោះស្រាយរឿងប្រាក់បំណុលរបស់ប្រទេសក្រីក្រ ជាពិសេសនៅអាហ្រ្វិក ព្រោះថាចិនជាប្រទេសម្ចាស់បំណុលធំជាងគេនៅក្នុងពិភពលោក។ អ្នកជំនាញវាយតម្លៃថា នៅប្រទេសចិន លោកស្រីរដ្ឋមន្រ្តីហិរញ្ញវត្ថុទំនងនឹងលើកនិយាយរឿងនេះជាមួយភាគីចិន។ចិនស្វាគមរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក ជាមួយការប្រកាសហាមនាំចេញលោហៈកម្រពីរដែលចាំបាច់សម្រាប់ផលិតសឹមីកុងឌុចទ័រនៅថ្ងៃចន្ទចិនបានប្រកាសហាមការនាំចេញ លោហៈកម្រពីរប្រភេទ គឺ gallium និង germaniumដែលដើរតួនាទីចាំបាច់សម្រាប់ធ្វើបន្ទះសឺមីកុងឌុចទ័រ។ ចំណាត់ការរបស់ចិន នៅប៉ុន្មានថ្ងៃមុនទស្សនកិច្ចរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកនៅចិន បញ្ជាក់ថា ចិន ហាក់គ្មានចេតនាបន្ទន់ជំហររបស់ខ្លួន និងចង់ដាក់សម្ពាធលើអាមេរិក នៅក្នុងការពិភាក្សាចិន អាមេរិក។តាមអ្នកនាំពាក្យរបស់ក្រសួងសេដ្ឋកិច្ចចិន វិធានការហាមការនាំចេញ លោហៈកម្រពីរ ធ្វើឡើង សុវត្ថិភាពសន្តិសុខជាតិ និងដើម្បីឆ្លើយតបនឹងអាមេរិកដែលចង់បិទខ្ទប់ មិនចង់ឲ្យចិនទទួលបានសឺមីកុងឌុចទ័រ និងបច្ចេកវិទ្យាទំនើបដទៃទៀត។ “ទង្វើរបស់អាមេរិកមិនត្រឹមតែប៉ះពាល់សិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិន ប៉ុន្តែវាបំផ្លាញផលប្រយោជន៍របស់ប្រទេស និងតំបន់ជាច្រើន។ សកម្មភាពរបស់អាមេរិកនឹងទៅបន្ទុចបង្អាក់ ការដោះដូរផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងពិភពលោក ហើយនៅទីបំផុតនឹងត្រូវទៅឆេះបំផ្លាញអាមេរិកខ្លួនឯង” នេះជាប្រសាសន៍របស់លោកស្រី Shu Jueting អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិន។តាមអ្នកនាំពាក្យចិនខាងលើ ចាប់តាំងពីខែសីហាខាងមុខ រាល់ការនាំចេញលោហៈកម្រពីរប្រភេទគឺត្រូវឆ្លងកាត់ការអនុញ្ញាតពីអាជ្ញាធរ។ ចិនជាប្រទេសមានលោហៈកម្រ ច្រើនជាងគេ ដែលគេត្រូវការចាំបាច់សម្រាប់ផលិតបន្ទះសឺមីកុងឌុចទ័រ។ សឺមីកុងឌុចទ័រនេះ ជាស្នូលនៃសេដ្ឋកិច្ចសម័យទំនើប មានប្រើក្នុងស្ទើរគ្រប់ម៉ាស៊ីនអេឡិចត្រូនិចទាំងអស់ ដូចជា អំពូលភ្លើងLED ម៉ាស៊ីនបោកខោអាវ កុំព្យូទ័រ រថយន្ត ទូរស័ព្ទ និងបច្ចេកវិទ្យាយោធា។រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកទៅប្រទេសចិន ដើម្បីត្រៀមរៀបចំជំនួបកំពូលលោកចូ បៃដិន និងលោកស៊ី ជីនពីងទស្សនកិច្ចរបស់លោកស្រី រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកក៏អាចជាចំណុចវិជ្ជមានព្រោះវាបង្ហាញពីសញ្ញាដែលថា មហាអំណាចអាមេរិកនិងចិន នៅតែពិភាក្សាគ្នា។ ម្យ៉ាង គេវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកទៅចិន លើកនេះ អាចជាការបើកផ្លូវឲ្យមានជំនួបកំពូល រវាងលោកប្រធានាធិបតីអាមេរិក និងប្រធានាធិបតីចិន។ ទោះជាមិនបន្ថយដៃ នៅក្នុងរឿងដាក់សម្ពាធលើចិន លោកចូ បៃដិនផ្ទាល់ធ្លាប់និយាយរួចហើយថា លោកសង្ឃឹមជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងពេលឆាប់ៗខាងមុខ។
6-7-2023 • 7 minuten, 42 seconden បច្ចេកទេសស្រូបឧស្ម័នកាបូនិករីកចម្រើនខ្លាំង ជាក្ត ីសង្ឃឹមដល់យុទ្ធនាការទប់ស្កាត់ការឡើងកំដៅផែនដី
ឧស្ម័នកាបូនិកដែលមនុស្សយើងបញ្ចេញទៅក្នុងបរិយាកាស គឺជាប្រភពដ៏ចំបង ធ្វើឲ្យផែនដីយើងឡើងកំដៅ ហើយធ្វើឲ្យមានវិបត្តិអាកាសធាតុ។ តែទោះជាយ៉ាងណា ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច ហាក់ដូចជាស្ថិតនៅលើផ្លូវមួយដ៏លំបាក សម្រាប់មនុស្សជាតិយើង។ ប្រឈមនឹងបញ្ហានេះ ពិភពលោកយើង បានដាក់ក្តីសង្ឃឹមទៅលើបច្ចេកវិទ្យាថ្មីៗ ដើម្បីចាប់យក ឬស្រូបយកឧស្ម័នកាបូនិកពីក្នុងបរិយាកាស យកទៅបង្ឃាំងទុក។ មានក្រុមហ៊ុន សហគ្រាសជាច្រើន ដែលបានចាប់ផ្តើមវិនិយោគលើគម្រោងធំៗរបៀបនេះ។ តើបច្ចុប្បន្ន បច្ចេកទេសស្រូបយកឧស្ម័នកាបូនិក មានអ្វីខ្លះ ហើយវាមានប្រសិទ្ធភាពយ៉ាងណាខ្លះ នៅក្នុងការកាត់បន្ថយឧស្ម័ននេះពីក្នុងបរិយាកាស? យើងដឹងហើយថា ឧស្ម័នកាបូនិកដ៏សែនក្រាសក្នុងបរិយាកាស ដែលកើតចេញពីសកម្មភាពរបស់មនុស្សយើង បាននិងកំពុងជះផលអាក្រក់អ្វីខ្លះ មកលើកត្តាអាកាសធាតុ ព្រមទាំងសុខមាលភាពរបស់មនុស្សជាតិ។ តែទន្ទឹមគ្នានេះ ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក វាគឺជារឿងមួយលំបាកខ្លាំងណាស់។ មនុស្សយើងនៅតែបញ្ចេញឧស្ម័នពុលនេះទៅក្នុងបរិយាកាស ក្នុងកម្រិតខ្ពស់ដដែល មិនថាក្នុងជីវភាពប្រចាំថ្ងៃ ដោយការប្រើរថយន្ត និងចរន្តអគ្គីសនី ឬដោយសកម្មភាពផលិតតាមរោងចក្រនានាទូទាំងពិភពលោក។ ដូច្នេះ មានតែរកវិធីទៅចាប់យក ឬស្រូបយកឧស្ម័នកាបូនិកដែលមនុស្សយើងបញ្ចេញចោលនោះ យកទៅបង្ឃាំងទុកវិញ ដើម្បីកុំឲ្យវានៅអណ្តែតហ៊ំព័ទ្ធក្នុងបរិយាកាស ធ្វើឲ្យសីតុណ្ហភាពផែនដីយើង ឡើងកំដៅ។បច្ចេកទេស២ អាចស្រូបយកឧស្ម័នកាបូនិកបច្ចុប្បន្ននេះ បច្ចេកវិទ្យាស្រូបយក ឬចាប់យកឧស្ម័នកាបូនិក គឺមាន២ប្រភេទ ដែលគេកំពុងផ្តោតការយកចិត្តទុកដាក់។ បច្ចេកទេសទាំង២នេះ មានលក្ខណៈខុសគ្នា តែភាគច្រើនមនុស្សចេះតែច្រឡំគ្នា។ បច្ចេកទេសទី១ គឺការចាប់យក ឬការកាក់យកឧស្ម័នកាបូនិកភ្លាមៗតែម្តង មិនឲ្យវាអណ្តែតចូលទៅក្នុងបរិយាកាសទាន់ទេ។ បច្ចេកទេសនេះ គេហៅកាត់ជាភាសាអង់គ្លេសថា CCS។ ចំណែកបច្ចេកទេសទី២ គឺជាការទៅស្រូបយកឧស្ម័នកាបូនិក ដែលស្ថិតនៅក្នុងបរិយាកាសរួចហើយ ដើម្បីយកវាទៅបង្ឃាំងទុកនៅកន្លែងផ្សេង។ បច្ចេកទេសនេះ គេហៅឈ្មោះថា DAC។បច្ចេកទេស CCS គឺគេប្រើនៅតាមរោងចក្រធំៗ ដែលធម្មតាបញ្ចេញផ្សែងឧស្ម័នកាបូនិកខ្លាំងណាស់ តួយ៉ាង ដូចជារោងចក្រផលិតចរន្តអគ្គិសនី រោងចក្រស៊ីម៉ង់ត៍ ឬរោងចក្រស្លដែកជាដើម។ ឧស្ម័នកាបូនិកដែលកើតដោយចំហេះថាមពលហ្វូស៊ីល ដែលគេប្រើក្នុងរោងចក្រទាំងនេះ នឹងត្រូវគេចាប់បង្ឃាំងយកទុក ដោយប្រើបច្ចេកទេសពិសេស រំលាយវាឲ្យទៅជារាវដូចទឹក មិនឲ្យវាអណ្តែតចេញទៅក្នុងបរិយាកាសទេ។រីឯបច្ចេកទេស DAC គឺគេប្រើកង្ហារធំៗ បូកផ្សំជាមួយប្រតិកម្មគីមី ឈានទៅស្រូបយកឧស្ម័នកាបូនិកដែលស្ថិតនៅក្នុងបរិយាកាស។ ក៏ប៉ុន្តែ ដោយសារតែឧស្ម័នកាបូនិកនៅក្នុងបរិយាកាស វារសាត់សាយភាយឡាយឡំនឹងឧស្ម័នផ្សេងទៀតច្រើនមុខ ដូច្នេះហើយទើបបច្ចេកទេសនេះ គេត្រូវការប្រើថាមពលច្រើន ហើយជាពិសេសនោះគឺប្រើទឹកច្រើនណាស់។ មានន័យថា វាមានន័យថា គេត្រូវចំណាយប្រាក់និងធនធានធម្មជាតិច្រើន បើប្រៀបធៀបទៅបច្ចេកវិទ្យា CCS។យកទៅកប់ទុកចោលក្នុងដីជ្រៅ ឬនៅបាតសមុទ្រជាមួយនឹងបច្ចេកទេសទាំង២នេះ គឺកាបូនិកដែលគេចាប់បាន គឺគេយកវាទៅបំប្លែងឲ្យរាវ ហើយបន្ទាប់មកគេយកទៅទុកកប់ជ្រៅក្នុងស្រទាប់ដី ឬុមួយនៅក្រោមបាតសមុទ្រជាដើម។ ឧទាហរណ៍ នៅតាមអណ្តូងប្រេងកាត ឬអណ្តូងឧស្ម័នដែលលែងដំណើរការ សោះនឹងបោះបង់ចោល គឺគេនឹងប្រើវា ដើម្បីចាក់កប់ឧស្ម័នកាបូនិករាវទាំងនេះ។ ជាក់ស្តែង នៅក្នុងសមុទ្រខាងជើងទ្វីបអឺរ៉ុប គឺគេបានធ្វើរួចហើយ ដោយយកឧស្ម័នកាបូនិកទៅបង្ហូរ កប់ចូលជ្រៅក្នុងស្រទាប់ដីបាតសមុទ្រ។ ក្នុងករណីខ្លះ គេអាចយកឧស្ម័នកាបូនិកដែលគេចាប់យកបាននេះ យកទៅប្រើជាធាតុផ្សំ ក្នុងការផលិតផលិតផលមួយចំនួនដែរ ឧទាហរណ៍ ដូចជា ដុំចំហេះ ដែលមនុស្សយើងអាចយកទៅប្រើ ដើម្បីដុតជាភ្លើងជាដើម។ តាមពិតទៅបច្ចេកទេស CCS គឺមានយូរហើយ តាំងតែពីឆ្នាំ១៩៧០ម្លេះ ដោយគេប្រើវាក្នុងវិស័យឧស្សាហកម្មចម្រាញ់ប្រេងឥន្ធនៈ។ គេប្រើដើម្បីពន្លឿនការចម្រាញ់ប្រេង តែមិនមែនដើម្បីចាប់យកឧស្ម័នកាបូនិកកុំឲ្យវាទៅបំពុលបរិយាកាសអីនោះទេ។ តែឥឡូវទើបគេកែច្នៃយក ប្រើបច្ចេកទេសនេះដើម្បីទប់ឧស្ម័នកាបូនិកកុំឲ្យវាហោះចូលទៅបរិយាកាស។ យោងតាមតួលេខ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ថា AIE គឺនៅក្នុងឆ្នាំ២០២២ មានក្រុមហ៊ុនសហគ្រាសចំនួន ៣៥ ដែលបានប្រើបច្ចេកទេសនេះ ហើយគេបានចាប់ឧស្ម័នកាបូនិកទុក សរុបចំនួន៤៥លានតោន។ដោយឡែកបច្ចេកទេស DAC ដែលស្រូបឧស្ម័នពីក្នុងបរិយាកាស គឺជាបច្ចេកទេសថ្មី ហើយប្រសិទ្ធភាពស្រូបវិញទៀតសោត ក៏បានតិចដែរ មិនច្រើនដូចបច្ចេកទេស CCS ទេ។ ក្នុងឆ្នាំ២០២២ មានរោងចក្រចំនួន១៨ ដែលប្រើបច្ចេកទេសនេះ ដោយបានស្រូបឧស្ម័នកាបូនិកពីបរិយាកាស បានប្រមាណ ១ម៉ឺនតោន ពោលគឺស្មើទំហំបញ្ចេញចោលឧស្ម័នកាបូនិកទូទាំងពិភពលោក ក្នុងរយៈពេល១០វិនាទីតែប៉ុណ្ណោះ។ ប្រឹងស្រូបអស់មួយឆ្នាំ ស្មើបញ្ចេញចោល១០វិនាទី គឺវាតិចយកតែមែនទែន។កម្មវត្ថុដ៏ធំ ដែលតម្រូវឲ្យបន្ថែមការប្រឹងប្រែងដើម្បីឈានទៅសម្រេចកម្មវត្ថុ ហ្សេរ៉ូកាបូន ឬ អព្យាក្រិត្យាភាពកាបូននៅឆ្នាំ២០៥០ គឺវាច្បាស់ណាស់ ដែលគេត្រូវតែពង្រីក ការប្រើប្រាស់បច្ចេកទេសទាំងនេះ ឲ្យបានទូលំទូលាយ ទូទាំងពិភពលោក។ ដើម្បីសម្រេចកម្មវត្ថុនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ បានព្យាករណ៍ថា នៅរវាងឆ្នាំ២០៣០ បច្ចេកវិទ្យា CCS ត្រូវតែអាចបូមស្រូបយកឧស្ម័នកាបូនិក ចំនួន ១៣០០០លានតោនក្នុងមួយឆ្នាំ ពោលគឺត្រូវតែច្រើនជាងឆ្នាំមុន ឲ្យ៣០ដងឯណោះ។ ចំណែកបច្ចេកវិទ្យា DAC វិញ គឺត្រូវតែអាចស្រូបឧស្ម័នកាបូនិក បានខ្ទង់ ៦០លានតោនក្នុងមួយឆ្នាំ។ពោលគឺកម្មវត្ថុទាំងនេះ វាធំៗ ស្ថិតនៅខ្ពស់ឆ្ងាយណាស់។ ដូច្នេះ គឺត្រូវតែវិនិយោគឲ្យបានច្រើនបំផុត នៅក្នុងវិស័យនេះ។ តែយ៉ាងណា លោក Gregory Nemet សាស្តាចារ្យនៅសកលវិទ្យាល័យ Wisconsin បានលើកឡើងថា ពិភពលោកយើងអាចធ្វើបានរួចហើយ មិនមែនមិនធ្លាប់ទេ។ ជាក់ស្តែង ក្នុងវិស័យថាមពលដើរដោយពន្លឺព្រះអាទិត្យ ត្រឹមតែប្រមាណជាង១០ឆ្នាំគឺបានរីកចម្រើនខ្លាំងណាស់។ តែឧបសគ្គដ៏ធំមួយ ដែលចោទទៅលើបច្ចេកទេសស្រូបចាប់យកឧស្ម័នកាបូនិក គឺការស្តុកទុក។ ការជីករណ្តៅ រៀបចំស្តុកកប់វាក្នុងដី ឬក្នុងបាទសមុទ្រ អាចចំណាយពេលរៀបចំសាងសង់យូរឆ្នាំណាស់។យ៉ាងណាក៏ដោយ ក្រុមហ៊ុនសហគ្រាសខ្លះបានចាប់ផ្តើមវិនិយោគហើយ។ នៅអាមេរិក រោងចក្រថ្មីមួយនឹងចាប់ផ្តើមដំណើរការនៅឆ្នាំក្រោយ ដែលបំពាក់ដោយបច្ចេកវិទ្យា ស្រូបយកឧស្ម័នកាបូនិកបានដល់ទៅ១លានតោនក្នុងមួយឆ្នាំ។ នៅចិនវិញ រោងចក្រមួយនៅ ខេត្តJiangsu ទើបចាប់ផ្តើមដំណើរការ អាចចាប់កាក់ឧស្ម័នកាបូនិក បាន៥សែនតោនក្នុងមួយឆ្នាំ។ អាមេរិក កាណាដា ចិន កូរ៉េខាងត្បូង និងអឺរ៉ុបជាដើម គេចាប់ផ្តើមនាំគ្នាវិនិយោគក្នុងវិស័យនេះយ៉ាងក្រាស់ក្រែល។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក៏បានសន្យាផ្តល់ប្រាក់វិនិយោគដែរ។តែទន្ទឹមគ្នានេះ មនុស្សលោកយើង មិនអាចដាក់ក្តីសង្ឃឺម តែទៅលើការស្រូបយកឧស្ម័នកាបូនិកទៅទុកនេះដែរ។ វាជាមធ្យោបាយមួយល្អហើយ ក្នុងការកាត់បន្ថយកម្រិតឧស្ម័នកាបូនិក។ តែគ្រប់គ្នាក៏ត្រូវតែកាត់បន្ថយការបញ្ចេញ ការផលិតឧស្ម័នកាបូនិកដែរ មិនមែនអាងតែបញ្ចេញហើយ អាចចាប់ទុកវិញនោះទេ។ មួយវិញទៀត វាមានមធ្យោបាយផ្សេងទៀត បែបធម្មជាតិ ដែលមានប្រសិទ្ធភាពដែរ នោះគឺការរក្សាការពារព្រៃឈើ ដែលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការស្តុកទុកឧស្ម័នកាបូនិក កុំឲ្យវាអណ្តែតទៅក្នុងបរិយាកាស៕
5-7-2023 • 8 minuten, 29 seconden រុស្ស៊ីដុតដៃដុតជើងឲ្យសម្ព័ន្ធមិត្តអ៊ីរ៉ង់ក្លាយជាសមាជិករបស់អង្គការសហប្រតិបត្តិការក្រុងសៀងហៃ
អង្គការសហប្រតិបត្តិការក្រុងសៀងហៃបានបើកជំនួបកំពូលលើកទី២៣ នៅថ្ងៃអង្គារនេះ ដោយមានឥណ្ឌាធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងកិច្ចប្រជុំកំពូល តាមវីដេអូ មេដឹកនាំរបស់ប្រទេសសមាជិកអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ដែលមានដូចជាលោកនាយករដ្ឋមន្រ្តីឥណ្ឌា ប្រធានាធិបតីចិន ប្រធានាធិបតីរុស្ស៊ី និងថ្នាក់ដឹកនាំរបស់ប្រទេសអាស៊ីកណ្តាល ត្រូវពិភាក្សាសំខាន់ពីបញ្ហាសន្តិសុខ ការដោះដូរពាណិជ្ជកម្ម និងការជំរុញបង្កើនឥទ្ធិពលរបស់អង្គការសហប្រតិបត្តិការក្រុងសៀងហៃ តាមរយៈការដាក់បញ្ចូលអ៊ីរ៉ង់ជាសមាជិកទី៩។ ដោយមានអ៊ីរ៉ង់ជាសមាជិកមួយបន្ថែមទៀត តើអង្គការសហប្រតិបត្តិការក្រុងសៀងហៃនឹងមានទម្ងន់នយោបាយ ការទូត និងសេដ្ឋកិច្ចកាន់តែខ្លាំងជាងមុន? ជំនួបកំពូលលើកទី២៣របស់អង្គការសហប្រតិបត្តិការក្រុងសៀងហៃ ដែលធ្វើឡើង តាមវីដេអូ នៅថ្ងៃអង្គារត្រូវកត់សំគាល់ ដោយការចូលជាសមាជិកផ្លូវការរបស់អ៊ីរ៉ង់ ក្នុងនាមជាសមាជិកទី៩របស់អង្គការសហប្រតិបត្តិការក្រុងសៀងហៃ។អង្គការសហប្រតិបត្តិការក្រុងសៀងហៃ (OCS) ជាអង្គការអន្តររដ្ឋាភិបាល បង្កើតឡើង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ នៅទីក្រុងសៀងហៃ ដោយប្រទេសចំនួន ៦ គឺ ចិន រុស្ស៊ី ហើយនិងប្រទេសអតីតសហភាពសូវៀតនៅអាស៊ីកណ្តាល ចំនួន៤ទៀត ដូចជា កាហ្សាក់ស្ថាន កៀហ្គីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន។នៅឆ្នាំ ២០១៦ អង្គការសហប្រតិបត្តិការក្រុងសៀងហៃបានពង្រីកខ្លួន ដោយបានទទួលយកឥណ្ឌា និងប៉ាគីស្ថានចូលជាសមាជិកបន្ថែមទៀត រហូតធ្វើឲ្យអង្គការដែលមានលេខាធិការដ្ឋាននៅទីក្រុងប៉េកាំងមានសមាជិកសរុបចំនួន ៨។គោលបំណងដំបូងដែលធ្វើឲ្យគេបង្កើតអង្គការសហប្រតិបត្តិការក្រុងសៀងហៃ គឺដើម្បីហេតុផលសន្តិសុខ និងសេដ្ឋកិច្ច ក្នុងតំបន់។ ប្រទេសសមាជិក OCSដឹកនាំដោយចិន និងរុស្ស៊ី ឧស្សាហ៍រៀបចំសមយុទ្ធរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងសហការគ្នា ក្នុងការចែកចាយព័ត៌មានក្នុងវិស័យសន្តិសុខ។ និយាយពីទីតាំងភូមិសាស្រ្ត អង្គការសហប្រតិបត្តិការក្រុងសៀងហៃ ជាអង្គការថ្នាក់តំបន់ធំជាងគេលើលោក ព្រោះវាគ្របដណ្តប់ផ្ទៃដីពិភពលោក ប្រមាណ ៣៤លានគីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុប ជាង ៣ពាន់លាននាក់ ដោយត្រូវអរគុណដល់ចិន និងឥណ្ឌាដែលជាប្រទេសសមាជិក។ ដោយមកពីអង្គការសហប្រតិបត្តិការក្រុងសៀងហៃ មានទំងន់ធ្ងន់ទាំងផ្នែកភូមិសាស្រ្ត និងប្រជាសាស្រ្ត (ប្រជាជនតំណាងឲ្យ៤២%នៃប្រជាជនសរុបក្នុងពិភពលោក) ហើយនិងទម្ងន់សេដ្ឋកិច្ចដែលស្មើនឹង ២២%នៃផលិតផលដុលសរុបរបស់ពិភពលោក អង្គការសហប្រតិបត្តិការក្រុងសៀងហៃបានទាក់ទាញ ប្រទេសកាន់តែច្រើនឲ្យចង់ចូលជាសមាជិក។ នៅឆ្នាំ ២០០៥ អ៊ីរ៉ង់ បេឡារុស និងម៉ុងហ្គោលី បានក្លាយជាប្រទេសសង្កេតការណ៍។ នៅឆ្នាំ ២០២១ ដែលអ៊ីរ៉ង់ត្រូវបានជ្រើសរើសឲ្យចូលជាសមាជិក ប៉ុន្តែ តាមរដ្ឋមន្រ្តីការបរទេសរុស្ស៊ី អ៊ីរ៉ង់នឹងក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រតិបត្តិការក្រុងសៀងហៃ នៅក្នុងឱកាសកិច្ចប្រជុំកំពូលនៅថ្ងៃអង្គារនេះ ចំណែកបេឡារុស នឹងត្រូវរើសបញ្ចូលជាសមាជិកថ្មីមួយទៀត របស់អង្គការ នៅពេលខាងមុខអ៊ីរ៉ង់។ នេះគេនៅមិនទាន់និយាយពីអារ៉ាប៊ី សាអូឌីត ដែលចង់ចូលជាសមាជិកមួយដែរ របស់អង្គការសហប្រតិបត្តិការក្រុងសៀងហៃ ប៉ុន្តែ ដែលសព្វថ្ងៃកំពុងមានតួនាទីត្រឹមប្រទេសសង្កេតការណ៍។អ៊ីរ៉ង់នឹងទទួលប្រយោជន៍អ្វី បានជាចង់ចូលជាសមាជិករបស់អង្គការសហប្រតិបត្តិការសៀងហៃ?ទម្ងន់សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយរបស់អង្គការសហប្រតិបត្តិការក្រុងសៀងហៃ ដែលប្រមូលផ្តុំប្រទេសមហាអំណាចនៅអាស៊ី ដូចជា ចិន ឥណ្ឌា និងរុស្ស៊ី ជាចំណុចទាក់ទាញអ៊ីរ៉ង់។ រងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក និងការដាក់សម្ពាធរបស់សហភាពអឺរ៉ុប នៅក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ អ៊ីរ៉ង់ប្រឹងប្រែងចង់ក្លាយជាសមាជិករបស់អង្គការសហប្រតិបត្តិការក្រុងសៀងហៃ ដើម្បីកុំឲ្យខ្លួននៅឯកោរ តទៅទៀត។ កន្លងមក ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក អ៊ីរ៉ង់ពិបាកលក់នាំចេញប្រេង ឧស្ម័នរបស់ខ្លួនទៅបរទេស។ ចំណែកការនាំចូលទំនិញ ជាពិសេសថ្នាំពេទ្យ ទៅអ៊ីរ៉ង់ក៏ខ្សត់ខ្សោយ ដោយសារការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។ ប៉ុន្តែ នៅពេលក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រតិបត្តិការក្រុងសៀងហៃ អ៊ីរ៉ង់នឹងងាយស្រួលច្រើន ក្នុងការលក់នាំចេញប្រេងរបស់ខ្លួន និងនាំចូលបច្ចេកវិទ្យាពីបរទេស ព្រោះថា អំណើះតទៅ អ៊ីរ៉ង់ នឹងសហការធ្វើជំនួញ ផ្ទាល់ ជាមួយប្រទេសសមាជិករបស់អង្គការសហប្រតិបត្តិការក្រុងសៀងហៃ ដែលមានចិន ឥណ្ឌា និងរុស្ស៊ី ជាដើម ដែលឃ្លាតឆ្ងាយ មិនស្ថិតក្រោមឥទ្ធិពល ការដាក់សម្ពាធរបស់អាមេរិក។ ក្រៅពីចូលជាសមាជិករបស់អង្គការសហប្រតិបត្តិការក្រុងសៀងហៃ អ៊ីរ៉ង់ នៅចង់ក្លាយជាសមាជិករបស់ក្រុមប្រទេសBRICS ប្រេស៊ីល រុស្ស៊ីចិន ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ដែលគ្មានវត្តមានរបស់ប្រទេសលោកខាងលិច។ សព្វថ្ងៃនេះ អ៊ីរ៉ង់ដែលកំពុងប្រទេសសង្កេតការណ៍កំពុងបង្កើនការចរចា ដើម្បីក្លាយជាប្រទេសសមាជិករបស់BRICS ឲ្យបានឆាប់បំផុត។រុស្ស៊ីអូសទាញសម្ព័ន្ធមិត្តអ៊ីរ៉ង់ និងបេឡារុសឲ្យចូលជាសមាជិករបស់អង្គការសហប្រតិបត្តិការសៀងហៃ?ប្រយោជន៍ គឺបានទាំងសងខាង ទាំងអ៊ីរ៉ង់ និងអង្គការសហប្រតិបត្តិការសៀងហៃ។ នៅពេលចូលជាសមាជិករបស់អង្គការសហប្រតិបត្តិការសៀងហៃ អ៊ីរ៉ង់សង្ឃឹមរកប្រាក់ចំណេញច្រើនជាងមុន ពីការលក់នាំចេញប្រេងរបស់ខ្លួន ព្រោះថា ការដោះដូរ ធ្វើពាណិជ្ជកម្មក្នុងចំណោមប្រទេសសមាជិកអង្គការសហប្រតិបត្តិការក្រុងសៀងហៃ នឹងធ្វើឡើងដោយប្រើរូបិយបណ្ណរបស់ប្រទេសរៀងខ្លួនៗ ដោយលែងចាំបាច់ត្រូវប្រើប្រាក់ដុល្លារអាមេរិកតទៅទៀត។ពីខាងអង្គការសហប្រតិបត្តិការក្រុងសៀងហៃ វត្តមានរបស់អ៊ីរ៉ង់ជាសមាជិកថ្មីមួយទៀត នឹងធ្វើឲ្យអង្គការមួយនេះ អាចបោះទីតាំង ឈរជើង នៅតំបន់ដើមបូព៌ា។ ម្យ៉ាង អ៊ីរ៉ង់ជាប្រទេសមហាសេដ្ឋីប្រេងដែលជាប្រភពថាមពលចាំបាច់ សម្រាប់សេដ្ឋកិច្ច របស់ប្រទេសសមាជិក ជាពិសេសមហាអំណាចចិន។ក្រៅតែពីប្រទេសសំបូរប្រេង អ៊ីរ៉ង់ក៏កំពុងអភិវឌ្ឍ ចង់ក្លាយខ្លួនជាប្រទេសមានអាវុធនុយក្លេអ៊ែរនឹងគេដែរ។ សព្វថ្ងៃនេះ អង្គការសហប្រតិបត្តិការក្រុងសៀងហៃមានប្រមូលផ្តុំប្រទេសមហាអំណាចនុយក្លេអ៊ែរ ចំនួន៤រួចហើយ គឺចិន រុស្ស៊ី ឥណ្ឌា និងប៉ាគីស្ថាន។ បើសិនមានអ៊ីរ៉ង់មួយទៀតជាសមាជិក នោះ អង្គការសហប្រតិបត្តិការសៀងហៃ ជាអង្គការដែលមានឥទ្ធិពល មានអំណាចខ្លាំងជាងគេនៅក្នុងលោក។ អ្នកដែលចង់ឲ្យការប្រមូលផ្តុំអំណាចនយោបាយ សេដ្ឋកិច្ចពិភពលោក មកនៅអាស៊ី តាមរយៈការពង្រឹង បង្កើនសមាជិករបស់អង្គការសហប្រតិបត្តិការក្រុងសៀងហៃ គ្មានអ្នកណាក្រៅពីចិន និងរុស្ស៊ី ដែលជាប្រទេសស្ថាបនិក ជាពិសេស រុស្ស៊ីតែម្តងដែលជាអ្នកចេញមុខជំរុញ ឲ្យអង្គការទទួលយកសមាជិកថ្មី តាំងពីឥណ្ឌា ប៉ាគីស្ថាន និងចុងក្រោយ គឺអ៊ីរ៉ង់ និងបេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី។អង្គការ សហប្រតិបត្តិការក្រុងសៀងហៃ OCS ត្រូវបានគេមើលឃើញជាទូទៅថា ជាគូប្រជែងរបស់អូតង់ ព្រោះថាវាជាអង្គការសន្តិសុខដ៏កម្រមួយ ដែលគ្មានសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចចូលរួម ផ្ទុយទៅវិញ មានសុទ្ធតែជាអតីតប្រទេសក្នុងប្លុកខាងកើត។ យុទ្ធសាស្រ្តរបស់អង្គការ OCS គឺចង់ធ្វើជាតួអង្គដ៏ចម្បងមួយ ក្នុងការទប់ស្កាត់ឥទ្ធិពលរបស់អាមេរិក នៅអាស៊ី។មានចិន រុស្ស៊ី ឥណ្ឌា និងប៉ាគីស្ថាន ជាប្រទេសមហាអំណាចនុយក្លេអ៊ែរ និងមានបន្ថែម អ៊ីរ៉ង់ រួមទាំងប្រទេសអតីតសហភាពសូវៀត៤ ដែលជាប្រទេសសម្បូរប្រេងកាត ហើយគម្រោងទៅថ្ងៃមុខនឹងដាក់បញ្ចូលអារ៉ាប៊ីសាអូឌីតបន្ថែមទៀត ចង់ ឬមិនចង់ អង្គការ OCS អាចនឹងក្លាយទៅជាតួអង្គដ៏មានឥទ្ធិពលមួយ ទាំងនៅអាស៊ី និងនៅលើឆាកអន្តរជាតិជាទូទៅ ប្រសិនបើប្រទេសជាសមាជិកពិតជាអាចពង្រឹងរចនាសម្ព័ន្ធ និងបង្កើនសហប្រតិបត្តិការរវាងគ្នា ដោយមិនឈ្លោះប្រកែកគ្នា។ ប៉ុន្តែ បញ្ហាចោទនៅត្រង់ថា ប្រទេសសមាជិកនៅមិនទាន់មានទំនាក់ទំនងរលូននឹងគ្នាខ្លាំងនោះទេ។ ជាក់ស្តែង ឥណ្ឌានៅតែដំឡើងសំឡេងដាក់ប៉ាគីស្ថាន ដែលឥណ្ឌាចោទថា ផ្តល់ជំរកឲ្យក្រុមភេរវនិយម វាយប្រហារឥណ្ឌា។ ចំណែកចិន និងឥណ្ឌាក៏នៅឈ្លោះគ្នា នៅក្នុងជម្លោះព្រំដែននៅតំបន់ភ្នំហិមាល័យ។
4-7-2023 • 7 minuten, 56 seconden កុប្បកម្មនៅបារាំង៖ ក្រសួងយុត្តិធម៌ព្រមានដាក់ទ ោសពន្ធនាគារ និងផាកពិន័យឪពុកម្តាយ
កុប្បកម្ម អំពើហិង្សាដុតរថយន្ត ទ្រព្យសម្បត្តិសាធារៈ និងវាយបំផ្លាញចូលលួចហាងទំនិញ នៅបន្តមាននៅប្រទេសបារាំង។ តាមក្រសួងមហាផ្ទៃបារាំង ប៉ូលិសចាប់ឃាត់ខ្លួនមនុស្សជាង ៧០០នាក់នៅទូទាំងប្រទេស នៅក្នុងអំពើហិង្សាកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ពោលគឺធ្លាក់ចុះបន្តិច បើប្រៀបធៀបនឹងយប់ថ្ងៃសុក្រ ដែលមានចំនួនដល់ទៅជាង ៩០០នាក់ ក្នុងរយៈពេលតែមួយយប់។ ការប្រឈមមុខហិង្សារវាងកងកម្លាំងរសក្សាសណ្តាប់ធ្នាប់ និងកុប្បករហាក់ធ្លាក់ចុះបន្តិច នៅទីក្រុងប៉ារីស នៅយប់ថ្ងៃសៅរ៍ ប៉ុន្តែ ទីក្រុងធំៗពីរ ដូចជាលីយ៉ុង និងម៉ាសីយ៍កុប្បករនៅបន្តប្រើបាញ់គ្រាប់កាំជ្រួច លាយកាំភ្លើងពិតទៅលើប៉ូលិស។ នៅម៉ាសីយ៍ ក្រសួងមហាផ្ទៃបញ្ជូនប៉ូលិសទៅពង្រឹងសន្តិសុខបន្ថែម បន្ទាប់ពីមានការព្រួយបារម្ភពីការផ្ទុះអំពើហិង្សាសម្លាប់មនុស្ស នៅក្រោយក្រុមកុប្បករវាយបំផ្លាញចូលលួចហាងលក់កាំភ្លើង មួយកន្លែង កាលពីថ្ងៃសុក្រ។ នៅព្រឹកថ្ងៃអាទិត្យនេះ អ្នកនយោបាយបារាំងត្រូវភ្ញាក់ផ្អើល រន្ធត់ នៅបន្ទាប់ពីគេហដ្ឋានរបស់ចៅហ្វាយក្រុងម្នាក់ នៅជាយក្រុងប៉ារីសត្រូវកុប្បករបើករថយន្តបុកបំផ្លាញ នៅអាធ្រាត្រថ្ងៃសៅរ៍ ដែលបានបណ្តាលឲ្យរបួស ភរិយា និងកូនប្រុសរបស់ចៅហ្វាយក្រុង។ តុល្យការរបស់ក្រសួងមហាផ្ទៃបារាំងបង្ហាញថា នៅក្នុងកុប្បកម្ម កាលពីយប់ថ្ងៃសៅរ៍ ដែលជាថ្ងៃទី ៥ នៃអំពើហិង្សាដែលផ្ទុះឡើងនៅទូទាំងប្រទេសបារាំង មនុស្ស៧១៩នាក់ត្រូវបានចាប់ខ្លួន ចំណែក ប៉ូលិស និងអាវុធហត្ថ៤៥នាក់ រងរបួស។ នៅក្នុងអំពើហិង្សាកាលពីថ្ងៃសៅរ៍ រថយន្តជិត ៦០០គ្រឿង និងអគារជាង ៧០អគារត្រូវដុតបំផ្លាញ រីឯ ស្នងការដ្ឋាន និងប៉ុស្តពន្លត់អគ្គិភ័យ ជាង៣០បានក្លាយ ជាផ្ទាំងស៊ីបវាយប្រហាររបស់បាតុករ។នៅចំពោះមុខអំពើហិង្សាដែលផ្ទុះឡើង៥ថ្ងៃមកហើយ នៅក្រោយយុវជនណាអែល ត្រូវប៉ូលិសបាញ់ស្លាប់ នៅក្នុងពេលត្រួតពិនិត្យចរាចរណ៍ ប្រធានាធិបតីបារាំង លោកម៉ាក្រុងបានលុបចោលទស្សនកិច្ចផ្លូវរដ្ឋនៅអាល្លឺម៉ង់ ដែលត្រូវចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ។ នៅបណ្តាប្រទេសអឺរ៉ុបកាន់តែច្រើន ចាប់ផ្តើមដោយអង់គ្លេស រដ្ឋាភិបាលបានអំពាវនាវប្រជាជនរបស់ខ្លួនកុំឲ្យធ្វើដំណើរ ឬត្រូវប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរនៅបារាំង។ កុងស៊ុលចិន នៅខេត្តម៉ាសីយ៍ផ្ញើលិខិតតវ៉ាទៅកាន់ អាជ្ញាធរបារាំង នៅក្រោយ រថយន្តដឹកអ្នកទេសចរចិនមួយគ្រឿងរងការវាយប្រហារគប់ដុំថ្មរបស់បាតុករហិង្សាកាលពីថ្ងៃយប់ថ្ងៃសៅរ៍។ អ៊ីរ៉ង់វិញដែលធ្លាប់រងការរិះគន់ពីបារាំង ថាប្រើអំពើហិង្សាបង្រ្កាបលើបាតុករ កន្លងមក បាននិយាយឌឺដងដាក់បារាំង ឲ្យឈប់ប្រើអំពើហិង្សាទៅលើប្រជាជនឯង។អំពើហិង្សា នៅបារាំងលើកនេះ មានលក្ខណៈខុសប្លែកពីអំពើហិង្សា កន្លងទៅ ជាពិសេស បើប្រៀបធៀបនឹងកុប្បកម្មឆ្នាំ ២០០៥ នៅពេលអំពើហិង្សាផ្ទុះឡើង សំដៅប្រឆាំងតែប៉ូលិស ដែលគេចោទថា រើសអើង អ្នកដែលរស់នៅក្នុងសង្កាត់ក្រីក្រ សង្កាត់ជាយក្រុង។ អំពើហិង្សាលើកនេះ ផ្ទុះកើតចេញដំបូង ដោយសារគេខឹងនឹងប៉ូលិសដែលគេចោទថា រើសអើង បាញ់សម្លាប់យុវជនណាអែល អាយុ១៧ឆ្នាំម្នាក់ ដើមកំណើត អាល់ហ្សេរី។ ប៉ុន្តែ កុប្បកម្ម នៅប៉ុន្មានថ្ងៃមកនេះ ដែលបានបំផ្លាញ សាលាក្រុង សាលារៀន មន្ទីរពេទ្យ បង្ហាញថា វាមិនត្រឹមជាការសំដែងកំហឹង ប្រឆាំងនឹងអំពើអយុត្តិធម៌ និងការរើសអើងរបស់ប៉ូលិសទៅលើអ្នករស់នៅក្នុងសង្កាត់ក្រីក្រ សង្កាត់ជាយក្រុងតែប៉ុណ្នោះទេ ប៉ុន្តែ វាបង្ហាញពីក្តីក្រេវក្រោធរបស់យុវជន ដែលលែងជឿទុកចិត្តលើ រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ដែលពួកគេចោទថា ខ្ជីខ្ជា មិនយកចិត្តទុកដាក់ ពីជីវភាព ជោគវាសនាអនាគតរបស់អ្នករស់នៅតាមជាយក្រុង នៅសង្កាត់ក្រីក្រ។តើប៉ូលិសបារាំងពិតជារើសអើង?តាមការសិក្សាកាលពីឆ្នាំ ២០២០ យុវជនបារាំង រស់នៅសង្កាត់ជាយក្រុង ដែលមានអាយុ ពី ១៨ ទៅ៣០ឆ្នាំ ចំនួន៥០%និយាយថា ពួកគេគ្មានទំនុកចិត្តលើប៉ូលិសបារាំងទេ។ ពួកគេប្រមាណ ៧៩%និយាយថា ប៉ូលិសពិតជាប្រព្រឹត្តអំពើហិង្សា ចំណែក មនុស្ស៤៨%និយាយថា ប៉ូលិសបារាំងរើសអើង។រឿងប៉ូលិសបារាំងរើសអើងនេះ តាមពិតធ្លាប់ត្រូវបានគណៈកម្មការរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការរើសអើងពូជសាសន៍ ទាញសញ្ញាអាសន្នម្តងហើយ កាលពីខែធ្នូឆ្នាំមុន។ គណៈកម្មការរបស់អង្គការសហប្រជាជាតិបានសំដែងក្តីបារម្ភនៅត្រង់ថា នៅពេល ចាប់ឆែកឆេរ ត្រួតពិនិត្យ រកអត្តសញ្ញាណបណ្ណ ប៉ូលិសបារាំងមើលតែមុខ។ ជាញយដង រាល់អ្នកដែលមានដើមកំណើតអាហ្វ្រិក កូនចៅអារ៉ាប់ ឬជនជាតិរ៉ូម តែងត្រូវប៉ូលិសបារាំងដៅមុខ ចាប់មកសួរដេញដោលមុនគេ។ នៅសង្កាត់ជាយក្រុងទៀតសោត ជាទីដែលប៉ូលិសបារាំងឧស្សាហ៍ចុះទៅស្រាវជ្រាវបទឧក្រិដ្ឋ ការជួញដូរគ្រឿងញៀន យុវជននៅក្នុងសង្កាត់ទាំងនោះ ភាគច្រើននិយាយថា ពួកគេត្រូវប៉ូលិសចាប់វាយធ្វើបាប ទោះបីជាពួកគេគ្មានជាប់ពាក់ព័ន្ធ ឬប្រព្រឹត្តបទល្មើសអ្វីក៏ដោយ។នៅក្នុងសារកាលពីថ្ងៃសុក្រ ដើម្បីប្រតិកម្មនឹងអំពើហិង្សា នៅប្រទេសបារាំង អ្នកនាំពាក្យរបស់ឧត្តមស្នងការសិទ្ធិមនុស្សក៏បានបង្ហាញក្តីបារម្ភពីរឿងដែលប៉ូលិសបារាំងអនុវត្តច្បាប់ដោយមានការរើសអើង ប្រកាន់ពូជសាសន៍នេះ។ ប៉ុន្តែ រដ្ឋាភិបាលបារាំង វិញបានបដិសេធទាត់ចោលការចោទប្រកាន់ ដោយថា បារាំងជាប្រទេសគោរពសិទ្ធិមនុស្ស ចំណែកប៉ូលិសបារាំងប្រឹងប្រែងធ្វើការដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងប្រទេសមួយដែលបទឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន និងបទល្មើស កាន់តែមានចំនួនកើនឡើងនៅប៉ុន្មានឆ្នាំមកនេះ។រដ្ឋមន្រ្តីយុត្តិធម៌ព្រមានទោសជាប់ពន្ធនាគារសម្រាប់ឪពុកម្តាយដែលបណ្តោយឲ្យកូនចូលរួមក្នុងកុប្បកម្មនៅថ្ងៃសុក្រ លោកម៉ាក្រុងអំពាវនាវឲ្យឪពុកម្តាយទទួលខុសត្រូវ បន្ទាប់ពីក្រសួងមហាផ្ទៃបង្ហាញថា នៅក្នុងចំណោមមនុស្សចាប់ខ្លួន ដោយសារការប្រព្រឹត្តអំពើហិង្សា ចូលលួចហាងទំនិញ មាន១ភាគ៣ជាអនិតិជន អាយុ ពី ១៤ ទៅ១៨ឆ្នាំ។ទៅតាមសេចក្តីណែនាំរបស់ក្រសួងយុត្តិធម៌ ដែលរដ្ឋអាជ្ញានៅទូទាំងប្រទេសបានទទួលកាលពីថ្ងៃសុក្រ ឪពុកម្តាយដែលខ្វះការទទួលខុសត្រូវ ក្នុងការអប់រំ មើលថែទាំកូន ទៅតាមការកំណត់របស់ច្បាប់ ហើយបណ្តោយឲ្យកូនទៅដើរប៉ោឡែតាមផ្លូវ ទៅដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ វាយបំផ្លាញ និងចូលទៅលួចទំនិញ យ៉ាងដូច្នេះ គឺអាចប្រឈមនឹងការទោសជាប់ពន្ធនាគារ ២ឆ្នាំ និងបង់ប្រាក់ពិន័យ ៣ ម៉ឺនអឺរ៉ូ។ សម្រាប់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក Eric Dupond-Moretti នៅពេលកុប្បករ ដែល១ភាគបី ជាអនិតិជន ដើរដុតបំផ្លាញ រថយន្ត វាយប្រហារប៉ូលិសមានសមត្ថកិច្ច យ៉ាងដូច្នេះ មិនមែនរដ្ឋាភិបាលទេដែលត្រូវទទួលខុសត្រូវ ប៉ុន្តែ គឺឪពុកម្តាយ ដែលមិនបានអប់រំប្រៀនប្រដៅ។តាមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឪពុកម្តាយដែលមិនព្រមទៅបង្ហាញមុខនៅក្នុងសវនាការកាត់ទោសកូនដែលជាអនិតិជនក៏ត្រូវរងការបង់ប្រាក់ពិន័យ៣៧០០០អឺរ៉ូ។ លើសពីនោះ ឪពុកម្តាយត្រូវបង់សងថ្លៃខូចខាត ដោយសារតែកូនៗរបស់ខ្លួន ធ្វើកុប្បកម្ម វាយបំផ្លាញ ចូលលួចហាងទំនិញ។ហាង និងធនាគារ៧០០កន្លែងត្រូវបំផ្លាញគាស់លួច នៅក្នុងរយៈពេល ៥ថ្ងៃនៃកុប្បកម្មកុប្បកម្មរយៈពេល៣សប្តាហ៍ កាលពីឆ្នាំ ២០០៥ បានធ្វើឲ្យមានការខាតបង់ប្រាក់ប្រមាណ ២០៤លានអឺរ៉ូ។ ប៉ុន្តែ កុប្បកម្មលើកនេះនឹងអាចធ្វើមានការបាត់បង់ប្រាក់ច្រើនសន្ធឹកសន្ធាប់។ តាមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំង នៅក្នុងកុប្បកម្ម នៅក្នុងរយៈពេល ៥ថ្ងៃមកនេះ ហាងទំនិញ ធនាគារ ប្រមាណ៧០០កន្លែង នៅទូទាំងប្រទេស ត្រូវគេវាយបំផ្លាញ ចូលលួចទំនិញ ដែលអាចខោអាវ ទឹកអប់ស្បែកជើង និងចំណីអាហារ ទឹកសុទ្ធ៕
2-7-2023 • 7 minuten, 8 seconden ប្រមុខហុងកុង ព្រមានប្រឆាំងនឹងចលនាតស៊ូស្រទន់ ក្នុងថ្ងៃខួបប្រគល់ហុងកុងមកចិន
ខុសពីទម្លាប់ និងដូចកាលពីឆ្នាំទៅដែរ គ្មានទេការប្រមូលផ្តុំ គ្មានការទេបាតុកម្ម ដើម្បីទាមទារសិទ្ធិសេរីភាព បែបប្រជាធិបតេយ្យ នៅហុងកុង នាថ្ងៃខួប២៦ឆ្នាំនៃការប្រគល់ដែនដីក្រោមអាណានិគមអង់គ្លេស ទៅឱ្យចិនវិញ។ គឺមានតែពាក្យព្រមានរបស់អាជ្ញាធរ។ នៅថ្ងៃទី ១ កក្កដា២០២៣នេះ ប្រមុខដឹកនាំកោះហុងកុង លោក ចន លី បានប្រកាសថាក្រុងហុងកុងត្រូវតែការពារខ្លួនប្រឆាំងនឹងកម្លាំងបំផ្លិចបំផ្លាញដែលជាចលនាតស៊ូស្រទន់។ នៅថ្ងៃសៅរ៍នេះ ប៉ូលិសហុងកុងបានប្រកាសថា គ្មានទេពាក្យសុំធ្វើបាតុកម្ម ឬសុំដើរដង្ហែក្បួនផ្សេងៗ។ ដងផ្លូវក្រុងហុងកុង មានលក្ខណៈស្ងប់ស្ងាត់ល្អ ខុសស្រឡះពីថ្ងៃខួបនៃការផ្ទេរដែនដីហុងកុងទៅឲ្យចិន នាឆ្នាំមុនៗ។ រហូតមកទល់ឆ្នាំ២០១៩ ថ្ងៃ១កក្កដា ជាឱកាសដែលប្រជាជនហុងកុង នាំគ្នាធ្វើបាតុកម្ម - មហាបាតុកម្ម ស្រែករិះគន់រដ្ឋាភិបាលប៉េកាំង និងទាមទារឲ្យមានការគោរពសិទិ្ធសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅហុងកុង ។ល។ និង ។ល។ តែដូចឆ្នាំ២០២២ដែរ នៅឆ្នាំនេះ សកម្មជនប្រជាធិបតេយ្យ បានអះអាងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងAFPថា អាជ្ញាធរបានមករំឭកដល់ពួកគេមិនឱ្យរៀបចំបាតុកម្មនាថ្ងៃទី ១ កក្កដា២០២៣ ឬធ្វើសកម្មភាពប្រមូលផ្តុំគ្នានៅមុនថ្ងៃខួបទេ។ ជាផ្លូវការ ការដង្ហែក្បួនបាតុកម្ម ក៏ដូចជាការប្រមូលផ្តុំត្រូវហាមឃាត់ តាំងពីពីរឆ្នាំមកហើយ ដោយមូលហេតុសុខាភិបាលនិងសន្តិសុខ។ ច្បាប់សន្តិសុខតម្រូវដោយប៉េកាំង ក្រោយមហាបាតុកម្មឆ្នាំ២០១៩ ដែលចូលជាធរមានកាលពី ថ្ងៃទី ៣០មិថុនាឆ្នាំ២០២០ បានច្រិបបង្ហើយសេរីភាពហុងកុងដែលនៅសេសសល់ ក្រោយដើរចេញពីការគ្រប់គ្រងដោយអង់គ្លេស។ មិនអាចចុះថ្នល់ធ្វើបាតុកម្ម ប្រព័ន្ធឃោសនាព័ត៌មានប្រឆាំងត្រូវបិទ អ្នកនយោបាយប្រឆាំងត្រូវអាជ្ញាធរបង្រ្កាប ឬចាប់ដាក់ពន្ធនាគារ ដោយយោងតាមច្បាប់ការពារសន្តិសុខជាតិ ហើយមេដឹកនាំហុងកុងត្រូវជ្រើសរើសចេញពីក្រុមដែលស្មោះស្ម័គ្រនឹងទីក្រុងប៉េកាំង ... នេះហើយហុងកុង-២៦ឆ្នាំក្រោមកណ្តាប់ដៃដឹកនាំរបស់ចិន។ សម្រាប់សកម្មជនប្រឆាំងហុងកុង គោលការណ៍ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ដែលមានចែងក្នុងកិច្ចព្រមព្រៀងជាមួយអង់គ្លេស ឆ្នាំ១៩៨៤ បានរលាយស្លាប់បាត់ទៅហើយ។អង់គ្លេសដែលបានដាក់អាណានិគមលើហុងកុងជាង១៥០ឆ្នាំ ព្រមប្រគល់ដែនកោះនេះទៅឱ្យចិនជាម្ចាស់ដើមវិញ ជាថ្នូរនឹងអនុវត្តគោលការណ៍ ប្រទេសមួយ ប្រព័ន្ធពីរ ពីឆ្នាំ១៩៩៧-២០៤៧ ពោលគឺហុងកុងជា “តំបន់រដ្ឋបាលពិសេស” មានប្រព័ន្ធគ្រប់គ្រងអំណាចនីតិបញ្ញតិ នីតិប្រតិបត្តិ និងអំណាចតុលាការផ្ទាល់ខ្លួន ដូចប្រទេសឯករាជ្យមួយ លើកលែង តែនយោបាយការបរទេស និងនយោបាយការពារជាតិ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ចលនាតស៊ូស្រទន់នៅក្នុងសុន្ទរកថា នាឱកាប្រារព្វខួបលើកទី ២៦ឆ្នាំ នៃការប្រគល់ហុងកុងមកឱ្យចិនវិញ លោក ចន លី ប្រមុខដឹកនាំកោះហុងកុង ដែលធ្លាប់ធ្វើជាប្រធានសន្តិសុខហុងកុង និងជាអ្នកគាស់រំលើងចលនាបាតុកម្មឆ្នាំ២០១៩ បានអះអាងថា ពេលនេះ ស្ថានភាពហុងកុងមានស្ថិរភាពទូលំទូលាយ ជាទូទៅ។ ចូលកាន់តំណែងជាប្រមុខដឹកនាំហុងកុងកាលពីថ្ងៃទី ១ កក្កដា២០២២ ត្រូវជាមួយឆ្នាំគត់មុន លោក លី បានអួតអាងបន្ថែមទៀតថា មជ្ឈមណ្ឌលហិរញ្ញវត្ថុដែលសេដ្ឋកិច្ចត្រូវរងគ្រោះយ៉ាងដំណំដោយវិធានការរិតត្បិតប្រឆាំងជំងឺរាតត្បាតសកលកូវីដ១៩ កំពុងស្ថិតនៅលើគន្លងផ្លូវដ៏រលូនដែលនឹងអាចវិលមករកភាពធម្មតាឡើងវិញក្នុងពេលដ៏ឆាប់រហ័ស។ ចំណែកផលិតផលសរុបក្នុងស្រុកហុងកុង នឹងត្រូវមានកំណើនប្រមាណពី ៣,៥ទៅ៥,៥% នៅឆ្នាំ២០២៣នេះ។ប៉ុន្តែហុងកុងនៅតែជាផ្ទាំងស៊ីបរបស់ប្រទេសដែលប្រឆាំងនឹងការស្ទុះឡើងជាមហាអំណាចរបស់ចិន។ ជាកម្លាំងបំផ្លិចបំផ្លាញដែលកំពុងធ្វើចលនាតស៊ូបែបស្រទន់លាក់ខ្លួនក្នុងផ្ទៃហុងកុង។ ហេតុដូច្នេះហើយបានជា សម្រាប់លោក ចន លី ហុងកុងត្រូវតែបន្តប្រុងប្រយ័ត្ន និងផ្តើមគំនិតចាត់វិធានការ ដោយខ្លួនឯង ដើម្បីការពារសន្តិសុខជាតិ។បន្ថែមពីលើការហាមឃាត់បាតុកម្ម បើតាមសារព័ត៌មានមូលដ្ឋាន អាជ្ញាធរហុងកុង បានដាក់ពង្រាយកងកម្លាំងនគរបាល ប្រមាណជាង ៦ពាន់នាក់ទៀត នាថ្ងៃខួបទី២៦ឆ្នាំនេះ ដើម្បីរក្សាសណ្តាប់ធ្នាប់។ច្បាប់ចារកិច្ចថ្មីរបស់ចិនក្នុងពេលទន្ទឹមគ្នា ដោយលេសសន្តិសុខជាតិដូចគ្នា ចិនបានពង្រឹងច្បាប់ចារកិច្ច ដែលចូលជាធរមាននៅថ្ងៃសៅរ៍នេះដែរ។ជាច្បាប់ដែលផ្តល់និងពង្រឹងអំណាចខ្លាំងដល់អាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងនឹងអ្វីដែលគេចាត់ទុកជាគំរាមកំហែងដល់សន្តិសុខជាតិ។ រាល់គ្រប់ការទទួលបាននូវឯកសារ ទិន្នន័យ សម្ភារៈ ឬវត្ថុ មានពាក់ព័ន្ធ នឹងសន្តិសុខព្រមទាំងផលប្រយោជន៍ជាតិ ដោយគ្មានការអនុញ្ញត នឹងត្រូវចាត់ទុកថាជាបទចារកិច្ចទាំងអស់។ សម្រាប់អ្នកវិភាគ និងអ្នកច្បាប់ ច្បាប់ចារកិច្ចចិនថ្មី ពង្រីកដែនទង្វើចារកិច្ចកាន់តែធំ កំណត់និយមន័យសន្តិសុខជាតិយ៉ាងទូលំទូលាយបំផុត ហើយត្រូវអនុវត្តនៅក្នុងគ្រប់ស្រទាប់សង្គម និងគ្រប់វិស័យទាំងអស់។ ច្បាប់នេះច្បាស់ជានឹងមានឥទ្ធិពលកំឡាខ្លាំង ជាចំពោះប្រជាជនដែលមានទំនាក់ទំនងជាមួយនឹងជនបរទេស ឬអង្គការអន្តរជាតិ។ ការចូលជាធរមាននៃច្បាប់ចារកិច្ចថ្មី ប្រព្រឹត្តទៅក្នុងខណៈដែលក្រុមហ៊ុនបរទេសជាច្រើនរង់ចាំដំណោះស្រាយ ព្រោះតាំងពីដើមឆ្នាំមក ក្រុមហ៊ុនអាមេរិកមួយចំនួន បានរងការឆែកឆេរ ឬហៅទៅសួរចម្លើយ និងបង្កបង្កើតឱ្យមានភាពជ្រួលច្របល់មិនតិចទេ។ ហេតុដូច្នេះហើយបាន ជាក្រុមហ៊ុន សហគ្រាសក៏ព្រួយបារម្ភខ្លាំង នៅចំពោះមុខការចូលជាធរមាននៃច្បាប់ចារកិច្ចថ្មី ខ្លាចក្រែងតែមានការត្រួតពិនិត្យកាន់ខ្លាំង និងជាការព្រួយបារម្ភដ៏សមហេតុផល។ សកម្មភាពពាណិជ្ជកម្មខ្លះដែលធ្លាប់ជាសកម្មភាព ធម្មតា នៃការជជែករឿងសម្ងាត់ពាណិជ្ជកម្ម ការសិក្សាទីផ្សារ ចែករំលែកទិន្នន័យ ឬការប្រមូលព័ត៌មានពាណិជ្ជកម្ម អាចមានហានិភ័យចាត់ចូលជាទង្វើបែបចារកិច្ចបាន។ នេះបើតាមប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចចិនអាមេរិក ព្រោះច្បាប់មិនបានលម្អិតអំពីប្រភេទនៃទិន្នន័យ នៃឯកសារ ឬសម្ភារៈ មានពាក់ព័ន្ធនឹងសន្តិសុខជាតិទេ។ប៉ុន្តែសម្រាប់ចិន ច្បាប់ចារកិច្ចប្រហាក់ប្រហែលនឹងច្បាប់របស់ខ្លួន មានប្រើច្រើននៅតាមបណ្តាប្រទេសផ្សេងៗច្រើនណាស់ និងរួចមកហើយ។ ដូច្នេះចិនក៏មានសិទ្ធត្រូវការពារថែក្សាសន្តិសុខជាតិរបស់ខ្លួនឯង ដោយធានាមិនរំលងនីតិរដ្ឋទេ៕
1-7-2023 • 8 minuten, 10 seconden តើបារាំងនឹងអាចជួបកុប្បកម្មទ្រង់ទ្រាយធំ ដូចកា លឆ្នាំ ២០០៥?
ប្រធានាធិបតីបារាំង លោកម៉ាក្រុងប្រញាប់ត្រលប់ពីជំនួបកំពូលអឺរ៉ុប នៅទីក្រុងព្រុចសែល នៅថ្ងៃសុក្រនេះ ដើម្បីកោះប្រជុំបន្ទាន់រដ្ឋាភិបាល នៅបន្ទាប់ពីអំពើហិង្សា អនាធិបតេយ្យ ដុតរថយន្ត អគារ ទ្រព្យសម្បត្តិសាធារណៈ ផ្ទុះកក្រើក បីយប់ជាប់ៗគ្នា នៅទូទាំងប្រទេសបារាំង។ បារាំងជួបអំពើហិង្សាដែលផ្ទុះកើតចេញមកពីកំហឹងរបស់ប្រជាជនជាយក្រុង នៅក្រោយយុវជនអាយុ១៧ឆ្នាំ ឈ្មោះ ណាអែលត្រូវប៉ូលិសបាញ់សម្លាប់ នៅក្នុងពេលត្រួតពិនិត្យ ចរាចរណ៍ កាលពីថ្ងៃអង្គារ។ ប្រធានាធិបតីបារាំងកោះប្រជុំបន្ទាន់ ដើម្បីដោះស្រាយវិបត្តិ ដែលគេកំពុងបារម្ភខ្លាចថា នឹងអាចរាលដាលទៅជាកុប្បកម្មទ្រង់ទ្រាយធំ ដូចកាលឆ្នាំ ២០០៥ ឆ្នាំដែលបារាំងប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ជាលើកទី១ គិតចាប់តាំង សង្រ្គាមបារាំង នៅអាល់ហ្សេរី។ ប្រធានាធិបតីបារាំង លោកម៉ាក្រុងបានកោះប្រជុំបន្ទាន់ នៅថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីកិច្ចប្រជុំពិសេស កាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងកិច្ចប្រជុំដោះស្រាយវិបត្តិ នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្រ ប្រមុខដឹកនាំបារាំងកោតសរសើរចំណាត់ការទាន់រហ័ស និងសមស្របរបស់កម្លាំងមានសមត្ថកិច្ច នៅចំពោះមុខការប្រព្រឹត្តអំពើហិង្សា កាលពីយប់ថ្ងៃព្រហស្បតិ៍។ ប្រធានាធិបតីបារាំងបានបញ្ជាឲ្យមានការពង្រាយកម្លាំងប៉ូលិសបន្ថែម និងអំពាវនាវឲ្យឪពុកម្តាយមានការទទួលខុសត្រូវ ដោយត្រូវឃាត់ទុកកូននៅក្នុងផ្ទះ កុំឲ្យទៅចូលរួមក្នុងកុប្បកម្ម។ តាមលោកម៉ាក្រុង ក្នុងចំណោមមនុស្ស៨៧៥នាក់ ដែលប៉ូលិសចាប់ខ្លួន ក្នុងអំពើហិង្សានៅទូទាំងប្រទេស កាលពីថ្ងៃព្រហស្បតិ៍ មាន១ភាគ៣ជាកុមារ អាយុចន្លោះពី ១៤ ទៅ ១៨ឆ្នាំ។ រដ្ឋមន្រ្តីមហាផ្ទៃបារាំង លោកGerald Darmanin និយាយថា នៅក្នុងអំពើហិង្សា កាលពីថ្ងៃព្រហស្បតិ៍ មនុស្ស ប៉ូលិសជាង២០០នាក់រងរបួសដោយសារការវាយប្រហាររបស់ក្រុមកុប្បករ។ក្រៅពីប្រកាសពង្រាយប៉ូលិសបន្ថែម លោកម៉ាក្រុងទាមទារឲ្យបណ្តាញសង្គមលុបចោល គណនីណាដែលបង្ហោះផ្សាយរូបភាព ញុះញង់ឲ្យមានការប្រព្រឹត្តអំពើហិង្សា។ចាប់តាំងពីថ្ងៃដែលយុវជនណាអែល ត្រូវប៉ូលិសបាញ់ស្លាប់ នៅក្នុងពេលត្រួតពិនិត្យចរាចរណ៍ នៅជាយក្រុងប៉ារីស អំពើហិង្សាកាន់តែខ្លាំងក្លា និងរាលដាលទូទាំងប្រទេសបារាំង។ នៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ សាលារៀន ទីស្នាក់ការប៉ូលិស និងរថយន្តក្រុងជាដើមគ្រឿង ត្រូវពួកកុប្បករដុតបំផ្លាញ។ នៅតាមទីក្រុងធំៗ ដូចជា នៅទីក្រុងប៉ារីសដើម ជនខិលខូច ឆ្លៀតឱកាស វាយបំផ្លាញ ចូលគាស់លួចហាងទំនិញជាច្រើន នៅតាមផ្លូវទៅសារមន្ទីរLouvre។ អំពើហិង្សា នៅ៣យប់ជាប់គ្នា ដែលគេមិនដឹងថា នឹងអាចចប់ពេលណា កំពុងធ្វើឲ្យគេបារម្ភថា បារាំងនឹងអាចជួបកុប្បកម្មទ្រង់ទ្រាយធំ ដូចកាលឆ្នាំ ២០០៥។ បារាំងអាចនឹងឈានចូលទៅ ក្នុងកាលៈទេសៈមួយដែលអំហើហិង្សា ចលាចល អនាធិបតេយ្យ ទប់លែងជាប់ ដោយសារតែក្រុមយុវជនក្មេងៗ លាយឡំនឹងក្រុមអន្ធពាលផង ចេញធ្វើសកម្មភាពហិង្សាវាយ ដុតបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ។ពិតណាស់ថា នៅក្រោយ យុវជនណាអែលត្រូវប៉ូលិស បាញ់ស្លាប់ រដ្ឋាភិបាលបារាំង ជាពិសេសលោកប្រធានាធិបតីបារាំង អេម៉ានុយអែលម៉ាក្រុងបានចេញមុខមកនិយាយបន្ថយកំហឹង ដូចជា ប្រកាសថ្កោលទោស សកម្មភាពរបស់ប៉ូលិសដែលបាញ់សម្លាប់យុវជនណាអែល។ រដ្ឋអាជ្ញាបារាំងទៀតសោត បានប្រញាប់ស៊ើបអង្កេត និងទីបំផុតសម្រេចចោទប្រកាន់ប៉ូលិសដៃដល់ ពីបទធ្វើមនុស្សឃាតដោយចេតនា។ នៅថ្ងៃព្រហស្បតិ៍ មេធាវីរបស់ប៉ូលិសអាយុ៣៨ឆ្នាំដែលរងការចោទប្រកាន់របស់រដ្ឋអាជ្ញា បាននិយាយថា កូនក្តីរបស់ខ្លួនបាននិយាយប្រាប់គ្រួសាររបស់ជនរងគ្រោះ យុវជនណាអែលថា ខ្លួនសោកស្តាយ និងថា ខ្លួនគ្មានចេតនាបាញ់សម្លាប់យុវជនណាអែល។ផ្ទុយពីរដ្ឋមន្រ្តីមហាផ្ទៃបារាំង លោកសាកូហ្ស៊ី កាលពី ១៣ឆ្នាំ ដែលនិយាយរិះគន់អ្នករស់នៅជាយក្រុង រហូតធ្វើឲ្យគេផ្ទុះកំហឹងប្រព្រឹត្តអំពើហិង្សាប្រឆាំងប៉ូលិស រដ្ឋាភិបាលរបស់លោកម៉ាក្រុងវិញ មិននិយាយកាន់ជើង ប៉ូលិស ក្នុងបំណងចង់បន្ថយភាពតានតឹង កំហឹងតវ៉ារបស់ប្រជាជន។ ប៉ុន្តែ ជំហរចង់ផ្សះផ្សារជាមួយមហាជន មិនបានសម្រេច ប៉ុន្តែ ផ្ទុយទៅវិញ រឹតតែបង្ហាញថា ប្រធានាធិបតីយល់ស្របដែលថា ប៉ូលិសអយុត្តិធម៌ ប្រព្រឹត្តហិង្សាទៅលើប្រជាជន ជាពិសេស អ្នករស់នៅតាមសង្កាត់ក្រីក្រ។ ហេតុការណ៍ប៉ូលិសបាញ់សម្លាប់យុវជនណាអែល ប្រៀបបាននឹងអំបែងភ្លើងតូចមួយដែលទៅដុតធ្វើឲ្យភ្លើងឆេះសន្ធោសន្ធៅឡើងវិញ ព្រោះថា ប្រជាជននៅគុំខឹងនឹងរដ្ឋាភិបាលរបស់លោកម៉ាក្រុង នៅឡើយ ដែលព្រងើយកន្តើយមិនដោះស្រាយបញ្ហារបស់ពួកគេ ទាំងនៅក្នុងបាតុកម្មក្រុមអាវលឿង និងបាតុកម្មប្រឆាំងនឹងច្បាប់ចូលនិវត្ត។បារាំងប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន នៅឆ្នាំ ២០០៥ ដោយសារកុប្បកម្មទ្រង់ទ្រាយធំនៅថ្ងៃទី ២៧ តុលា ឆ្នាំ ២០០៥ អំពើហិង្សាបានផ្ទុះរាលដាលពេញ ទូទាំងប្រទេសបារាំង នៅបន្ទាប់ពីយុវជន២នាក់ ឈ្មោះ Zyed Benna Bourna Traoré ដែលត្រូវប៉ូលិសដេញតាមចាប់ខ្លួន ស្លាប់ដោយឆក់ខ្សែភ្លើង នៅក្នុងរោងចក្រអគ្គិសនី នៅClichy-sous-bois ជាយក្រុងប៉ារីសជាទីដែលពួកគេចូលទៅពួនលាក់ខ្លួន ។ ប៉ូលិស បារាំងមិនបានបាញ់សម្លាប់យុវជនទាំងពីរនាក់ មែន ប៉ុន្តែ ពួកគេរងការចោទប្រកាន់ពីក្រុមគ្រួសាររបស់ជនរងគ្រោះថា និងប្រជាជនរស់នៅក្នុងសង្កាត់របស់យុវជនរងគ្រោះទាំងពីរ ថា ជាដើមហេតុ និងមិនរវីរវល់ជួយ សង្រ្គោះជីវិត ដោយសារតែការរើសអើង ព្រោះថា យុវជនដែលប៉ូលិសតាមប្រមាញ់ចាប់ មានផ្ទះសម្បែងរស់នៅ ក្នុងសង្កាត់ក្រីក្រ ជាយក្រុងប៉ារីស។ជាផ្ទាំងស៊ីបនៃការប្រពឹ្រត្តអំពើហិង្សារបស់ប៉ូលិស ម្តងហើយ ម្តងទៀត ប្រជាជននៅតាមសង្កាត់ក្រីក្រ ចាប់ផ្តើមមានអារម្មណ៍ថា ពួកគេជួបរឿងអយុត្តិធម៌ មិនបានទទួលការយកចិត្តទុកដាក់ពីអាជ្ញាធរ រដ្ឋាភិបាល។ អំពើហិង្សា ដុតឡានប៉ូលិស និងការប៉ះទង្គិចគ្នារវាងប៉ូលិស និងកុប្បករចាប់ផ្តើមផ្ទុះឡើង ភ្លាម នៅយប់ថ្ងៃដំបូង ដែលយុវជនទាំងពីរឆក់ស្លាប់ នៅថ្ងៃទី ២៧តុលា ឆ្នាំ ២០០៥។ រងគ្រោះដោយអំពើអយុត្តិធម៌ គ្មានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលជារឿងមួយ ប៉ុន្តែ សំដី និងជំហររបស់រដ្ឋមន្រ្តីមហាផ្ទៃបារាំង គឺលោកនីកូឡា សាកូហ្ស៊ី ដែលកាន់ជើងប៉ូលិសបារាំង នៅក្រោយការប៉ះទង្គិចរវាងប៉ូលិសនិងកុប្បករ ដែលលោកសាកូហ្ស៊ី ចាត់ទុកជាក្រុមជនអន្ធពាលបានទៅដុតកំហឹងកាន់តែខ្លាំង។នៅចំពោះមុខចលាចលសង្គម កុប្បកម្មរយៈពេល ៣សប្តាហ៍ ដែលបានសម្លាប់មនុស្ស៣នាក់ និងរបួសជិត ៣០០នាក់ រដ្ឋាភិបាលបារាំង របស់លោកប្រធានាធិបតី ហ្សាក់ ស៊្ហីរ៉ាក់ នាសម័យនោះ បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ជាលើកទី១ គិតចាប់តាំងពីសង្រ្គាម នៅអាល់ហ្សេរី។ក្រុមស្តាំនិយមបានទាមទារឲ្យរដ្ឋាភិបាលប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នគិតចាប់តាំងពីសង្រ្គាមនៅអាល់ហ្សេរី បារាំងប្រកាសដាក់ប្រទេស ក្នុងស្ថានភាពអាសន្នតែ៦ដងប៉ុណ្ណោះ។ លើកចុងក្រោយ នៅឆ្នាំ ២០១៥ នៅចំពោះមុខការគំរាមកំហែងរបស់ក្រុមភេរវនិយម។ ដាក់ប្រទេសក្នុងស្ថានភាពអាសន្ន មានន័យថា រដ្ឋាភិបាលបើកសិទ្ធិឲ្យអាជ្ញាធរ មូលដ្ឋាន ចេញច្បាប់ បម្រាមគោចរ។ ប៉ូលិស មានសិទ្ធិចុះឆែកឆេរ ឃាត់ខ្លួនឲ្យនៅក្នុងផ្ទះ ឬហាមមិនឲ្យដំណើរចេញចូលនៅម្តុំបរិវេណដែលអាចផ្ទុះមានអំពើហិង្សា។ក្រុមគណបក្សស្តាំនិយមបានទាមទារឲ្យរដ្ឋាភិបាលបារាំងដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដោយមើលទៅស្ថានការណ៍ អំពើហិង្សា គិតចាប់តាំងដែលយុវជនណាអែលត្រូវប៉ូលិសបាញ់ស្លាប់។ ប៉ុន្តែ រដ្ឋាភិបាលបារាំងរបស់លោកស្រី អេលីហ្សាបែត ប៊ន កាលពីថ្ងៃ ពុធ មិនព្រមធ្វើតាមនោះទេ។ប៉ុន្តែ នៅថ្ងៃសុក្រនេះ នៅប៉ុន្មានម៉ោងមុនការកោះប្រជុំពិសេសរបស់លោកប្រធានាធិបតីម៉ាក្រុង លោកស្រីនាយករដ្ឋមន្រ្តីនាយករដ្ឋមន្រ្តីបារាំងនិយាយថា នៅក្រោយអំពើហិង្សា ដុតបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ រដ្ឋាភិបាលនឹងចាត់គ្រប់វិធានការ ដើម្បីធ្វើឲ្យបារាំងជួបភាពស្ងប់ស្ងាត់ ឡើងវិញ ដោយក្នុងនោះអាចមានផងដែរ ស្ថានភាពប្រកាសអាសន្ន។ នៅមុនការចាត់វិធានការណាមួយរបស់រដ្ឋាភិបាល អាជ្ញាធនៅតាមទីក្រុងបីរបស់បារាំង ដូចជានៅទីក្រុងនៅជុំវិញ ប៉ារីសដូចជាទីក្រុងក្លាម៉ាជាដើមបានប្រកាសដាក់បម្រាមគោចរ សម្រាប់រយៈពេលជាច្រើនថ្ងៃ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕
30-6-2023 • 6 minuten, 54 seconden ប៉ុន្មានថ្ងៃក្រោយការបះបោរក្រុម Wagner សំណួរនៅតែចោទឡើងជុំវិញការបាត់មុខមន្រ្តីយោធាកំពូលៗរបស់រុស្ស៊ី
ប៉ុន្មានថ្ងៃក្រោយពីព្រឹត្តិការណ៍បះបោរនៅរុស្ស៊ី បង្កឡើងដោយក្រុមទាហានស៊ីឈ្នួល Wagner គឺធ្វើឲ្យមានសំណួរចោទឡើងជាច្រើន ជុំវិញការបាត់មុខមន្រ្តីកងទ័ពជាន់ខ្ពស់សំខាន់ៗរបស់រុស្ស៊ី និងជាពិសេសរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី។ ទន្ទឹមនឹងគ្នានេះ ក៏មានលេចឮដំណឹងដែរ ពីការចាប់ខ្លួនមេៗបញ្ជារបស់ក្រុមទាហានស៊ីឈ្មួល Wagner នៅស៊ីរី។ តើការបាត់ខ្លួនមន្ត្រីយោធានៅរុស្ស៊ី និងនៅស៊ីរី មានអ្វីជាប់ពាក់ព័ន្ធគ្នា? កាសែតក្នុងស្រុករុស្ស៊ី ព្រលយឲ្យដឹងថា មេៗថ្នាក់ដឹកនាំយោធា ត្រូវចាប់ឃុំខ្លួន។ ប្រមាណជា ៥-៦ ថ្ងៃមកហើយ ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍បះបោររបស់ក្រុមវ៉ាក់នែរមក គឺ គេពុំបានឃើញ មេបញ្ជាការធំៗរុស្ស៊ី បង្ហាញមុខនៅទីសាធារណៈនោះទេ។ នៅពុំទាន់មានសេចក្តីប្រកាសទទួលស្គាល់ជាផ្លូវការ អំពីការចាប់ឃាត់ខ្លួនមន្ត្រីយោធាជាន់ខ្ពស់ណាមួយនោះឡើយ។ ក្រសួងការពារជាតិរុស្ស៊ី ក៏ពុំទាន់បញ្ចេញមតិយោបល់អ្វីដែរ ចំពោះការបាត់មុខជាសាធារណៈ របស់ មេបញ្ជាការយោធា សំខាន់ៗ និងព្រមទាំង រដ្ឋមន្ត្រីការពារជាតិ។ សារព័ត៌មានលោកខាងលិច និងរុស្ស៊ី សង្ស័យព្រមគ្នាគឺបាត់មុខ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក សែរហ្គៃ ឆយហ្គូ និងមនុស្សជំនិតជិតដិតរបស់លោក វ្លាឌីមៀរ ពូទីន ប្រមុខរដ្ឋរុស្ស៊ី។ ឆ្នាំ២០១៧ រូបថតលោកទាំង២បង្ហាញសកម្មភាពងូតទឹកជុំគ្នា ដេកសំដិលហាលថ្ងៃ ដោះអាវបញ្ចេញសាច់ទ្រូងផង។ ប៉ុន្មានថ្ងៃមកនេះ នៅប្រទេសរុស្ស៊ី គេមិនឃើញ លោករដ្ឋមន្ត្រីបង្ហាញខ្លួនជាសាធារណៈទៀតសោះ ជាពិសេសគិតចាប់ពីថ្ងៃផ្ទុះសកម្មភាពបះបោរ នៅថ្ងៃចុងសប្តាហ៍មុនមក។ ក្នុងរយៈពេលនេះ មានវីដេអូរូបលោករដ្ឋមន្ត្រី ធ្លាយចេញមកក្រៅដែរ ក៏ប៉ុន្តែ គ្មាននរណា ឬបណ្តាញផ្សព្វផ្សាយណា អាចបញ្ជាក់ថា វីដេអូនោះ ថតនៅកន្លែងណា និងថតឡើងថ្មីៗនេះទេ។ ជារួម គេមិនអាចកំណត់កាលបរិច្ឆេទវីដេអូបានទេ ហើយមជ្ឈដ្ឋានទូទៅ និង មតិសាធារណៈជនរុស្ស៊ី សង្ស័យថា រដ្ឋមន្ត្រីការពាររូបនេះ ត្រូវចាប់ឃុំខ្លួនហើយ ឬមានបច្ច័យអាក្រក់ផ្សេងកើតមានចំពោះរូបលោកជាពុំខាន។ ការបាត់ខ្លួន ស្ងាត់ដំណឹងនៅទីសាធារណៈ ក៏មានដែរ ចំពោះលោក វ៉ាឡឺរី ហ្សេរ៉ាស៊ីម៉ូវ អគ្គមេបញ្ជាកងទ័ពរុស្ស៊ី និងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ។ កាន់តែចម្លែកនិងរឹតតែគួរឲ្យសង្ស័យ គឺដើមសប្តាហ៍នេះ ពេលប្រធានាធិបតីរុស្ស៊ី ថ្លែងអរគុណទាហានជាតិរុស្ស៊ីដែលជួយទប់ទល់ការបះបោរ គឺលោក ពូទីន ក៏មិនបានអរគុណ ឬគ្មាននិយាយចំឈ្មោះរូបលោកអគ្គមេបញ្ជាកងទ័ព វ៉ាឡឺរី ហ្សេរ៉ាស៊ីម៉ូវ នេះដែរ។ នៅមានម្នាក់ទៀត គឺ ឧត្តមសេនីយ៍យោធា លោក សែរហ្គៃ សូរូវីគីន ជាមេបញ្ជាការទ័ពអាកាសរុស្ស៊ី។ កាសែត Moscow Time និងក្រុមប្លុកឃ័រព័ត៌មានរុស្ស៊ី បានរាយការណ៍ថា ឧត្តមសេនីយ៍ សូរូវីគីន និងមន្ត្រីជាន់ខ្ពស់យោធាច្រើននាក់ផ្សេងទៀត ត្រូវចាប់ឃុំខ្លួន និង កំពុងត្រូវសួរចម្លើយ ក្នុងពន្ធនាគារក្រុងម៉ូស្កូ។ ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters ពុំទាន់អាចបញ្ជាក់បាននៅឡើយថា លោក សូរូវីគីន គឺពិតជាត្រូវគេឃុំខ្លួន ពិតមែន ឬយ៉ាងណាទេ។«គុណបំណាច់នៃសឹកចម្បាំងនៅបរទេស»នៅចុងសប្តាហ៍មុន មុននឹងលើកទ័ពបែរឆ្ពោះទៅរដ្ឋធានីម៉ូស្កូ គឺ ចៅហ្វាយក្រុមទាហានស៊ីឈ្នួល Wagner លោក អេវហ្គេនី ព្រីហ្គោហ្ស៊ីន បានរិះគន់មិនសំចៃមាត់ចំពោះរដ្ឋមន្ត្រី សែរហ្គៃ ឆយហ្គូ និងមេបញ្ជាការ វ៉ាឡឺរី ហ្សេរ៉ាស៊ីម៉ូវ ដោយវាយប្រហារថា មន្ត្រីធំ ២នេះ គ្មានសមត្ថភាព ខ្សោយកំសាក ហើយនិងបញ្ចូនទាហានរុស្ស៊ីទៅស្លាប់នៅសមរភូមិ។ ដូច្នេះពួកគេត្រូវតែលាចុះចេញពីដំណែង។ លោក ព្រីហ្គោហ្ស៊ីន បានស្តីបន្ថោសមន្ត្រីធំរុស្ស៊ី២នាក់នេះ ជាច្រើនខែណាស់មកហើយ។ ក៏ប៉ុន្តែ លោកបែរធ្លាប់បានថ្លែងសរសើរជាញឹកញយចំពោះរូបលោកមេបញ្ជាការ សូរូវីគីន ទៅវិញគឺ កោតសរសើរចំពោះ«បុណ្យបំណាច់ និងបទពិសោធដឹកនាំប្រតិបត្តិការសឹក»នៅ Tchétchénie និងនៅប្រទេសស៊ីរី។ អ្នកសង្កេតការណ៍ខ្លះ ថែមទាំងវាយតម្លៃថា លោក សែរហ្គៃ សូរូវីគីន អាចនឹងមានសក្កានុពលក្លាយជារដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃអនាគត។ ប្រភពស៊ើបការណ៍សម្ងាត់អាមេរិក ដែលកាសែត New York Time ផ្សាយ គឺ ភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី បានដឹងថា លោក សែរហ្គៃ សូរូវីគីន បានជ្រាបពីដំណឹងដំណើរគ្រោងការបះបោររបស់ពួកទ័ពវ៉ាក់នែរ ហើយនិងថា អាជ្ញាធររុស្ស៊ី បានបើកការស៊ើបអង្កេតជុំវិញការពាក់ព័ន្ធរបស់មេបញ្ជាយោធារូបនេះ ទៅនឹងការផ្សំគំនិតឃុបឃិត ក្នុងគម្រោងការបះបោរ។ ផ្ទុយទៅវិញ នៅថ្ងៃពុធ ទី២៨មិថុនា រដ្ឋបាលវិមានក្រេមឡាំង បានច្រានចោលការសន្មតបែបនោះ និងថា ខណៈពេលនេះ ច្បាស់ជាមានពាក្យចចាមអារ៉ាមនិងការនិយាយអុជអាលផ្សេងៗជាច្រើន ដែលអាចលេចឡើង និង ដែលត្រូវប្រយ័ត្នប្រយែង។ដំណឹងពីការចាប់ខ្លួន មិនមែននៅតែរុស្ស៊ីទេ នៅក្នុងប្រទេសស៊ីរីក៏មានដែរ។ បើតាមបណ្តាញផ្សាយព័ត៌មានរបស់អារ៉ាប់និងបស្ចិមលោក គឺរដ្ឋាភិបាលស៊ីរី បានចាប់ខ្លួន មេៗបញ្ជារបស់សាខាក្រុមទាហានស៊ីឈ្នួល វ៉ាក់នែរ។ ពួកក្រុមមេៗបញ្ជារបស់ក្រុមទាហានស៊ីឈ្មួល វ៉ាក់នែរនៅស៊ីរី ដែលមានឋានៈស្មើវរសេនីយ៍ឯក ម្នាក់ និង វរសេនីយ៍ទោ ពីរនាក់ ត្រូវចាប់ខ្លួនស្រេចទៅហើយ។ ប្រតិបត្តិការចាប់ខ្លួនសហការរួមគ្នា រវាង ក្រុមទាហានជាតិរុស្ស៊ី និងទាហានក្រុមស៊ើបការសម្ងាត់ស៊ីរី។នៅស៊ីរី មានទាហានស៊ីឈ្នួលវ៉ាក់នែរ ឈរជើង ប្រមាណជា ៥ ០០០ នាក់។ ក្នុងចំណោមនោះ គឺ ២ ០០០ នាក់ ជាទាហានស៊ីឈ្នួល ជាតិរុស្ស៊ី និងជាតិដទៃដែលជាប្រទេសធ្លាប់ក្រោមចំណុះសហភាពសូវៀត ហើយនិង ៣ ០០០ នាក់ទៀត ជាទាហានស៊ីឈ្នួល ជាតិស៊ីរី ដែលគេជ្រើសរើសចូល ឲ្យបម្រើអាជីពជាយុទ្ធជន«លីដែក លក់ជីវិត»។ វត្តមានទាហានស៊ីឈ្នួលរុស្ស៊ីនៅស៊ីរី គឺមានជាច្រើនឆ្នាំមកហើយ និងដែលចូលរួមចំណែកនៅក្នុងការបង្កអស្ថិរភាពនៅក្នុងតំបន់។ កាលពីខែកុម្ភៈ ឆ្នាំ២០១៨ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក បានសម្លាប់ពួកទាហានក្រុមនេះ អស់ប្រមាណ ៣០០នាក់។ប្រសិនបើជាគេភ្ជាប់ព្រឹត្តិការណ៍បាត់មុខមេទាហាននៅរុស្ស៊ី និងការចាប់ខ្លួនមេបញ្ជាការទាហានវ៉ាក់នែរនៅស៊ីរី គឺ គេអាចនឹងប្រមើលមើលបែបផ្សេងមួយទៀតអំពីព្រឹត្តិការណ៍បះបោរមួយភ្លើងចំបើងនៅរុស្ស៊ី គឺ ទំនងជាគម្រោងការល្បិចសម្ងាត់អ្វីមួយ ដើម្បីបោសសម្អាតផ្ទៃក្នុង នៅជួរកងទ័ពរុស្ស៊ីផង និងក្នុងបណ្តាញរបស់ពួកក្រុមទាហាន Wagner ផង៕
29-6-2023 • 8 minuten, 20 seconden បារាំង៖ ផ្ទុះអំពើហិង្សា ក្រោយករណីនគរបាលបាញ់សម្លាប់ក្មេងជំទង់ម្នាក់ ដែលមិនព្រមឈប់រថយន្ត
នៅបារាំង ភាគខាងលិចជាយទីក្រុងប៉ារីស មានផ្ទុះនូវអំពើហិង្សាដុតរថយន្ត និងទ្រព្យសម្បត្តិសាធារណៈ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ។ អំពើហិង្សា ដែលបានផ្ទុះឡើង បន្ទាប់ពីមានករណីនគរបាលបារាំង បានបាញ់ក្មេងជំទង់ម្នាក់បណ្តាលឲ្យស្លាប់ បន្ទាប់ពីក្មេងជំទង់នោះ បានបដិសេធមិនស្តាប់ការឃាត់រថយន្ត។ ករណីនេះ បានបណ្តាលឲ្យផ្ទុះមតិរិះគន់ ទៅលើកងសមត្ថកិច្ច ក៏ដូចជាស្ថាប័ននគរបាលបារាំងទាំងមូលតែម្តង ថាបាននិងកំពុងតែប្រើប្រាស់កម្លាំងហួសប្រមាណ ទៅលើប្រជាពលរដ្ឋ ក្នុងនាមខ្លួនជាអ្នករក្សាសន្តិសុខសុវត្ថិភាព។ បញ្ហា អំពើហិង្សារបស់នគរបាល តែងតែជាចំណុចរសើប បង្កឲ្យមានការជជែកតវ៉ា តឹងសរសៃក មិនថានៅលើឆាកនយោបាយ និងក្នុងសង្គមបារាំងជាទូទៅ។ ចាប់ពីល្ងាចថ្ងៃអង្គារ ឈានដល់យប់ជ្រៅ អំពើហិង្សាអនាធិបតេយ្យ បានផ្ទុះឡើង នៅតាមសង្កាត់ជាច្រើន ត្រង់នេះបន្តិច ត្រង់នោះបន្តិច នៅតំបន់ Nanterre ជាយក្រុងប៉ារីស ភាគខាងលិច ហើយបានរីកសាយភាយទៅកាន់ឃុំ សង្កាត់ផ្សេងៗទៀត ជាប់នោះដែរ។ ក្រុមបាតុករ ដែលភាគច្រើន ជាយុវជន បានដុតរថយន្ត ដុតជំរកស្ថានីយ៍រថយន្តក្រុង ជាច្រើនទីតាំង និងបានវាយបំផ្លាញទ្រព្យសម្បតិ្តសាធារណៈជាច្រើនផ្សេងទៀត។ អគ្គីភ័យបានឆាបឆេះសាលាតូរ្យតន្ត្រីមួយកន្លែងក្នុងសង្កាត់ ហើយក្រុមបាតុករបានដុតភ្លើង នៅតាមបណ្តោយផ្លូវរថភ្លើងថែមទៀត។ យ៉ាងហោចណាស់ បាតុករហិង្សា ចំនួន២០នាក់ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃអង្គារ។ គិតត្រឹមព្រឹកថ្ងៃពុធនេះ ស្ថានការណ៍បានស្ងប់បន្តិតទៅវិញហើយ តែមិនប្រាកដថាល្ងាចនេះ នឹងមិនផ្ទុះឡើងបន្តទៀតនោះទេ។មិនឈប់រថយន្តតាមការបង្គាប់របស់នគរបាលអំពើហិង្សា អនាធិបតេយ្យទាំងនេះ បានផ្ទុះឡើង គឺបន្ទាប់ពីមានករណីនគរបាលបានបាញ់បណ្តាលឲ្យស្លាប់យុវជនម្នាក់។ ហេតុការណ៍បានកើតឡើង នៅព្រឹកថ្ងៃអង្គារ នៅសង្កាត់ Nanterre ដែលជនរងគ្រោះស្លាប់ អាយុ១៧ឆ្នាំ កំពុងបើករថយន្តប្រណិតមួយ។ ពីដំបូង ប្រភពពីនគរបាលបារាំង អះអាងថា ជនរងគ្រោះបានបដិសេធមិនព្រមឈប់ ទៅតាមការឃាត់របស់នគរបាល២នាក់ ដែលជិះម៉ូតូ។ មិនស្តាប់ការឃាត់ហើយ ជនរងគ្រោះបានបើករថយន្តសំដៅចង់បុកនគរបាល ទើបធ្វើឲ្យនគរបាលម្នាក់ក្នុងចំណោម២នាក់នោះ ប្រើកាំភ្លើងបាញ់។ដោយឡែក ស្រាប់តែនៅពេលរសៀលថ្ងៃអង្គារ មានវីដេអូខ្លីមួយ ដែលត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម នៅបារាំង។ ក្នុងវីដេអូនោះ គេឃើញថា រថយន្តប្រណិត Mercedes AMG ពណ៌លឿងបានឈប់ ហើយមាននគរបាល២នាក់ កំពុងឱននិយាយជាមួយអ្នកនៅក្នុងរថយន្ត ដោយមានម្នាក់កាន់កាំភ្លើងភ្ជង់ផង។ តាមរយៈវីដេអូនេះ គេឮសំឡេងបន្លឺជាភាសាបារាំងថា “Tu vas te prendre une balle dans la tête” ដែលប្រែមកថា “ហ្អែង ប្រយ័ត្នយើងបាញ់ចំកណ្ដាលក្បាល”។ ភ្លាមៗ រំពេចនោះ ស្រាប់តែរថយន្តបានបើកទៅមុខ ហើយក៏មានសំលេងផ្ទុះគ្រាប់កាំភ្លើងភ្លាមដែរ។ រថយន្តបានទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ ហើយយុវជនអាយុ១៧ឆ្នាំ ដែលជាអ្នកបើករថយន្ត ត្រូវគ្រាប់កាំភ្លើងចំទ្រូងក្បែរបេះដូង ក៏ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្នុងរថយន្តនោះ មានមនុស្ស២នាក់ទៀត ម្នាក់ជាក្មេងជំទង់អនីតិជនដែរ ត្រូវបាននគរបាលឃាត់ខ្លួន ចំណែកម្នាក់ទៀត បានរត់គេចខ្លួន រកមិនទាន់ឃើញទេ។មនុស្សឃាតដោយចេតនាមានការស៊ើបអង្កេត២ ត្រូវបានគេបើក ទីមួយ គឺពាក់ព័ន្ធទៅលើជនរងគ្រោះ អំពី ករណីបដិសេធមិនសហការ មិនឈប់រថយន្តទៅតាមការឃាត់របស់សមត្ថកិច្ច។ ចំណែកករណីទី២ គឺករណីមនុស្សឃាតដោយចេតនា ធ្វើឡើងដោយបុគ្គល ដែលមានអំណាចសាធារណៈ គឺនគរបាលនេះឯង។ នគរបាល អាយុ៣៨ឆ្នាំ ដែលជាអ្នកបានបាញ់គ្រាប់កាំភ្លើង បណ្តាលឲ្យស្លាប់ក្មេងជំទង់នេះ ត្រូវបានគេឃាត់ខ្លួនហើយ ដោយប្រឈមនឹងបទចោទប្រកាន់ មនុស្សឃាតដោយចេតនា។ការស៊ើបអង្កេតទី១ ត្រូវបានប្រគល់ទៅឲ្យ អយ្យការអមតុលាការក្រុង Nanterre។ ចំណែកការស៊ើបអង្កេតទី២ គឺត្រូវបានប្រគល់ទៅឲ្យ អគ្គស្នងការរដ្ឋានគរបាលជាតិបារាំង ដែលមានតួនាទីស៊ើបអង្កេតទៅលើបទល្មើស បង្កឡើងដោយសមត្ថកិច្ចនគរបាល។ដោយឡែក ខាងក្រុមគ្រួសារជនរងគ្រោះវិញ នឹងដាក់ពាក្យបណ្តឹង២។ លោក Yassine Bouzrou ដែលជាមេធាវីតំណាងក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា បណ្តឹងទី១ គឺទាក់ទិននឹងករណីមនុស្សឃាតដោយចេតនា ដែលសំដៅទៅលើនគរបាលដែលជាខ្មាន់កាំភ្លើង និងករណីផ្សំគំនិត ដែលសំដៅទៅលើនគរបាលម្នាក់ទៀត ដែលមានវត្តមានក្នុងពេលកើតហេតុ។ ចំណែកបណ្តឹងទី២ គឺទាក់ទិននឹងការផ្សព្វផ្សាយជាសាធារណៈ ដែលប្រាសចាកពីការពិត។ បណ្តឹងនេះ គឺសំដៅលើស្ថាប័ននគរបាលតែម្តង ដែលបានលើកឡើងថា ហេតុការណ៍បានកើតឡើងដោយសារតែជនរងគ្រោះ បើករថយន្តប៉ុនប៉ងបង្កគ្រោះថ្នាក់ ទៅលើសមត្ថកិច្ចនគរបាល ទើបបណ្តាលឲ្យមានការបាញ់គ្រាប់កាំភ្លើង។ លោកមេធាវីការពារគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា ការផ្សព្វផ្សាយរបស់នគរបាលខាងលើនេះ ត្រូវបានបកអាក្រាតយ៉ាងច្បាស់ថា មិនមែនជាការពិតទេ បន្ទាប់ពីគេបានឃើញវីដេអូ ថតផ្ទាល់នៃហេតុការណ៍នេះ។នរគបាលបារាំងហិង្សា?បញ្ហាអំពើហិង្សារបស់នរបាល គឺជាចំណុចរសើបខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅបារាំង។ ក្រុមអ្នកនយោបាយប្រឆាំង តែងតែយកវាមកចោទ រិះគន់ការប្រើអំណាចរបស់អាជ្ញាធរ រដ្ឋាភិបាល ជាពិសេសនៅក្នុងពេលធ្វើបាតុកម្មតវ៉ាផ្សេងៗ ដែលមានការបង្ក្រាបធម៌ក្តៅ។ តែទន្ទឹមគ្នានេះ បាតុកម្មក៏វាកាន់តែហិង្សាដែរ។ទាក់ទិននឹងករណី សមត្ថកិច្ចនគរបាល ប្រើប្រាស់កាំភ្លើងបាញ់បណ្តាលឲ្យស្លាប់ ទៅលើអ្នកបើកបរដែលមិនស្តាប់ការឃាត់រថយន្តនេះ គឺពិតជាបានកើនឡើងខ្លាំងពិតមែន។ ក្នុងឆ្នាំ២០២២កន្លងទៅ គឺមានស្លាប់មនុស្សចំនួន១៣នាក់ ពោលគឺជាតួលេខខ្ពស់បំផុតមិនធ្លាប់មានទេ។ សំណួរ សួរថា តើនគរបាលបារាំងកាន់តែហិង្សា ឬមួយក៏មកពីអ្នកបើកបរ ដែលកាន់តែលែងស្តាប់បញ្ជារបស់នគរបាល ? វាអាចមានកត្តាច្រើនណាស់ គួបផ្សំគ្នា ទីមួយ មនុស្សក្នុងសង្គមបារាំងអាចស្អប់នគរបាលកាន់តែខ្លាំង នគរបាលឃាត់មិនស្តាប់។ តែទន្ទឹមគ្នានេះ ករណីបទល្មើសចរាចរណ៍ ការជួញដូរគ្រឿងញៀន កាន់តែសំបូរ ហើយនៅពេលសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់រថយន្ត អ្នកបើកបរដែលមានខ្លួន ដែលភ័យ ក៏គេចវេស ព្រមទាំងបើករថយន្តបំបុកសមត្ថកិច្ចនគរបាលថែមទៀត។ ធ្លាប់មានហើយ ករណីនគរបាលឈរឃាត់ ហើយត្រូវអ្នកបើកបរបើកបុកស្លាប់។តាមច្បាប់ គឺសមត្ថកិច្ចនគរបាល មានសិទ្ធិការពារខ្លួន ក្នុងករណីមានការគំរាមកំហែងលើរូបរាងកាយ។ តែការការពារខ្លួនរបស់សមត្ថកិច្ចនេះ គឺត្រូវតែធ្វើដោយប៉ាន់ប្រមាណកម្លាំង ឲ្យត្រឹមត្រូវបំផុត មិនឲ្យហួសហេតុនោះទេ។ មុននឹងសម្រេចបាញ់ សមត្ថកិច្ចត្រូវតែថ្លឹងថ្លែង។ ក្រោយហេតុការណ៍កើតឡើងកាលពីម្សិលមិញនេះ អ្នកនយោបាយខ្លះ បានចេញមុខស្រែករិះគន់ថា “បារាំងគ្មានទោសប្រហារជីវិតទេ ហេតុអ្វីក៏នគរបាលបាញ់មនុស្សស្លាប់បែបនេះ”។ អ្នកខ្លះទៀត បានរិះគន់ថា ត្រឹមករណីមិនឈប់រថយន្ត ទៅតាមការឃាត់របស់នគរបាល មិនអាចបើកសិទ្ធិឲ្យនគរបាលនោះ បាញ់សម្លាប់មនុស្សនោះទេ។តែយ៉ាងណា យើងមិនអាចនិយាយម៉ៃជាទូទៅ ថានគរបាលបារាំងសុទ្ធតែហិង្សា បាញ់សម្លាប់មនុស្សយ៉ាងអនាធិបតេយ្យនោះដែរ។ ទះដៃម្ខាងគឺមិនវាមិនឮទេ។ ក្នុងសង្គមមួយដែលកាន់តែហិង្សា កាន់តែសំបូរបទល្មើស ឧក្រិដ្ឋកម្មផ្សេងៗ គឺវាតែងតែមានការបង្ក្រាប ដែលពេលខ្លះវាជ្រុលដៃ ដោយចៀសមិនរួច។ ដូច្នេះគ្រប់ករណីទាំងអស់ គឺត្រូវតែឆ្លងកាត់ការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅ ដោយប្រព័ន្ធតុលាការ។លោកប្រធានាធិបតីម៉ាក្រុង បានមានប្រសាសន៍នៅព្រឹកមិញនេះ ថា ករណីស្លាប់យុវជនអាយុ១៧ឆ្នាំកាលពីថ្ងៃអង្គារ វាគឺជារឿងមួយមិនអាចអត់ឱនឲ្យបានទេ។ លោកស្រីនាយករដ្ឋមន្ត្រី ក៏ដូចជាលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ក៏បានប្តេជ្ញាដែរ ថាត្រូវតែវែករកការពិតឲ្យបាន ប្រគល់យុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ។ តែទន្ទឹមនឹងនេះ រដ្ឋាភិបាលបារាំង បានអំពាវនាវ សុំឲ្យរក្សាភាពស្ងៀមស្ងាត់ ទប់កំហឹង បញ្ឈប់រាល់អំពើហិង្សាអនាធិបតេយ្យ ដែលកាន់តែធ្វើឲ្យសង្គមជាតិបាក់បែកគ្នា៕
28-6-2023 • 8 minuten, 17 seconden វិមានក្រេមឡាំង៖ អំណាចរបស់លោកពូទីនមិនបានចុះខ្ស ោយ ដោយសារការបះបោររបស់ពួកវ៉ាក់ណែ
នៅរុស្ស៊ី ទីភ្នាក់ងារសន្តិសុខជាតិ បានប្រកាសទម្លាក់ចោលបទចោទប្រកាន់ ប្រឆាំងទាហានស៊ីឈ្នួលវ៉ាក់ណែដែលធ្វើការបះបោរ លើកគ្នាសំដៅទីក្រុងម៉ូស្គូកាលពីថ្ងៃសៅរ៍ទី ២៤ មិថុនា។ ការសម្រេចរបស់ទីភ្នាក់ងារសន្តិសុខជាតិរុស្ស៊ី នៅព្រឹកថ្ងៃអង្គារនេះ ធ្វើឡើងនៅប៉ុន្មានម៉ោងក្រោយ លោកប្រធានាធិបតីពូទីនចេញមុខប្រកាសលើកលែងទោសទាហានវ៉ាក់ណែ ដែលលោកចាត់ទុកជាអ្នកស្នេហាជាតិ ជួយបញ្ផៀសមិនឲ្យមានថ្លុកឈាម នៅរុស្ស៊ី។ នៅក្នុងការថ្លែងទៅកាន់ប្រជាជាតិរុស្ស៊ី ជាលើកទី១ នៅក្រោយការបះបោរមិនបានសម្រេចរបស់ក្រុមទាហានវ៉ាក់ណែ លោកពូទីននៅបានឆ្លៀតចោទប្រកាន់ថ្នាក់ដឹកនាំអ៊ុយក្រែន និងលោកខាងលិច ដែលជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ថា ជាអ្នកចង់ឃើញរុស្ស៊ីសម្លាប់គ្នាទៅវិញ ទៅមក។ នៅថ្ងៃចន្ទ លោកប្រធានាធិបតីបៃដិនប្រាប់អ្នកកាសែតថា តាំងពីនៅថ្ងៃ កើតហេតុ អាមេរិកបានបញ្ជាក់ទៅភាគីរុស្ស៊ីហើយថា អាមេរិក មិនដឹងរឿង និងគ្មានជាប់ពាក់ព័ន្ធក្នុងរឿងបះបោររបស់ក្រុមទាហានរុស្ស៊ីវ៉ាក់ណែ។ បីថ្ងៃក្រោយ ការបះបោរមិនបានសម្រេចរបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ ប្រធានាធិបតីរុស្ស៊ី លោកពូទីនចេញមុខថ្លែងទៅកាន់ប្រជាជាតិ និងកោះប្រជុំសន្តិសុខជាតិ ដែលត្រូវបានចាក់ផ្សាយនៅទូរទស្សន៍ជាតិ។ នៅក្រោយ ចលនាបះបោរមិនបានសម្រេចរបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ លោកពូទីនបានចេញមុខមកបញ្ជាក់ថា លោកជាមេដឹកនាំដែលបានធានាសន្តិភាពផ្ទៃក្នុងរបស់រុស្ស៊ី។ នៅក្នុងសារថ្លែងទៅកាន់ប្រជាជាតិ កាលពីថ្ងៃចន្ទ លោកពូទីនបាននិយាយថា លោកបានចាត់វិធានការបញ្ជាគ្រប់បែបយ៉ាងដើម្បីជៀសវាងការប្រយុទ្ធបង្ហូរឈាមរវាងជនជាតិរុស្ស៊ី។ សម្រាប់លោកពូទីន ការប្រយុទ្ធសម្លាប់គ្នារវាងបងប្អូនរុស្ស៊ី គឺជាអ្វីដែលទន្ទឹងរង់ចាំ ចង់បានរបស់ពួកសត្រូវ ដូចជាពួកណាហ្ស៊ីថ្មីនៅអ៊ុយក្រែន ពួកមេដឹកនាំលោកខាងលិច ហើយនិងពួកក្បត់ជាតិនិយម។នៅត្រង់ចំណុចនេះ លោកពូទីននិយាយដោយខឹងសម្បារ បរិហារទង្វើក្បត់ជាតិ ដែលអាចរុញច្រានប្រទេសឲ្យធ្លាក់ក្នុងសង្រ្គាមស៊ីវិល។ ម្យ៉ាងដែរ លោកពូទីនចាត់ទុកការបះបោររបស់ក្រុមទាហានវ៉ាក់ណែថា ក្បត់ជាតិ ប៉ុន្តែ ជាមួយគ្នានោះ ក៏ប្រកាសលើកលែងទោស រាល់ទាហានវ៉ាក់ណែ ដែលបានចូលរួមក្នុងការបះបោរ កាលពីថ្ងៃ សៅរ៍ទី ២៤មិថុនា។សម្រាប់លោកពូទីន ទាហានស៊ីឈ្នួលវ៉ាក់ណែក៏ជាអ្នកសេ្នហាជាតិបានចូលរួមជួយរុស្ស៊ីក្នុងការប្រយុទ្ធក្នុងសមរភូមិនៅអ៊ុយក្រេន ហើយនៅថ្ងៃសៅរ៍កន្លងទៅ ពួកគេប្តូរចិត្ត នៅពាក់កណ្តាលផ្លូវទៅម៉ូស្គូ ដោយសារមិនចង់ប្រយុទ្ធបង្ហូរឈាម។ តាមលោកពូទីន លោកគោរពតាមការសន្យារបស់លោក ដែលយល់ព្រមឲ្យលើកលែងទោសរាល់ពួកទាហានវ៉ាក់ណែដែលសុខចិត្តឈប់ធ្វើការបះបោរប្រឆាំងម៉ូស្គូ។ នៅថ្ងៃចន្ទ លោកពូទីនបាននិយាយថា ទាហានវ៉ាក់ណែអាចស្ម័គ្រចិត្តចុះឈ្មោះក្នុងបញ្ជីកងទ័ពជាតិរុស្ស៊ី ឬអាចត្រលប់ទៅផ្ទះទៅជួបប្រពន្ធកូន។ បើមិនដូច្នោះទេ ពួកគេអាចតាមទៅធ្វើការជាមួយមេដឹកនាំរបស់ពួកគេ គឺលោកព្រីហ្គោហ្ស៊ីន នៅប្រទេសបេឡារុសអាវ។ នៅថ្ងៃអង្គារនេះ ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរុស្ស៊ីបានប្រកាសជាផ្លូវការ ទម្លាក់រាល់ការចោទប្រកាន់ ការស៊ើបអង្កេតប្រឆាំងនឹងពួកវ៉ាក់ណែ ក្នុងរឿងរៀបចំការបះបោរ កាលពីថ្ងៃសៅរ៍។ ក្រសួងការពារជាតិរុស្ស៊ីវិញនិយាយថា គេកំពុងត្រៀមរឹបអូសយករាល់សព្វាវុធធុនធ្ងន់របស់វ៉ាក់ណែ មកដាក់បញ្ចូលក្នុងបញ្ជីអាវុធយុទ្ធភ័ណ្ឌរបស់កងទ័ព ចំណែកទាហានវ៉ាក់ណែមានពេលរហូតដល់ថ្ងៃទី ១កក្កដា ដើម្បី ចុះឈ្មោះជាទាហានស្របច្បាប់ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិរុស្ស៊ី។វ៉ាក់ណែគ្មានចេតនាចង់ផ្តួលអំណាចដឹកនាំរបស់លោកពូទីននោះទេ…ជាការពិត នៅក្នុងសារសំឡេង១១នាទី លោកព្រីហ្គោហ្ស៊ីន មេទាហានស៊ីឈ្នួលវ៉ាក់ណែ បាននិយាយយ៉ាងដូច្នេះមែនថា ដំណើរឆ្ពោះទៅម៉ូស្គូដើម្បីទាមទារយុត្តិធម៌ គ្មានគោលដៅចង់ផ្តួលមេដឹកនាំស្របច្បាប់ដែលចេញពីការបោះឆ្នោតនោះទេ។ លោកព្រីហ្គោហ្ស៊ីនចង់និយាយសំដៅដល់លោកពូទីន។ប៉ុន្តែ នៅក្នុងសារដែលមានលក្ខណៈផ្សះផ្សាច្រើន មេទាហានវ៉ាក់ណែបញ្ជាក់សាជាថ្មី ទាហានវ៉ាក់ណែ ធ្វើដំណើរទៅម៉ូស្គូ ដើម្បីតវ៉ាប្រឆាំង ការប៉ុនប៉ងរំលាយក្រុមទាហានវ៉ាក់ណែ ហើយនិងដើម្បីបរិហារអសមត្ថភាពរបស់រដ្ឋមន្រ្តីការពារជាតិ និងមេបញ្ជាការកងទ័ពជាតិរុស្ស៊ី។ តាមលោកព្រីហ្គោហ្ស៊ីន ទាហានវ៉ាក់ណែភាគច្រើនមិនចង់ចូលរួមក្នុងជួរកងទ័ពធម្មតារបស់ក្រសួងការពារជាតិរុស្ស៊ីនោះទេ។ គិតចាប់តាំងពីថ្ងៃប្រកាសរបស់រដ្ឋមន្រ្តីការពារជាតិដែលចង់ឲ្យទាហានវ៉ាក់ណែ ចុះកិច្ចសន្យាចូលធ្វើកងទ័ពរុស្ស៊ី មានតែ ទាហានវ៉ាក់ណែ ២%ដែលយល់ព្រម ក្រៅពីនោះ គឺប្រឆាំងដាច់ខាត។ ជាច្រើនខែមកហើយ ដែលលោកព្រីហ្គោហ្ស៊ីនដែលជាស្ថាបនិកក្រុមហ៊ុនវ៉ាក់ណែ តាំងពីឆ្នាំ ២០១៤ ដំឡើងសំឡេងរិះគន់ និយាយប្រមាថថ្នាក់ដឹកនាំយោធារុស្ស៊ី ថាអសមត្ថភាពនៅក្នុងសង្រ្គាមអ៊ុយក្រែន។ តាមលោកព្រីហ្គោហ្ស៊ីន ដោយសារតែមិនសប្បាយចិត្តនឹងទាហានវ៉ាក់ណែដែលមានស្នាដៃក្នុងសមរភូមិ កងទ័ពរុស្ស៊ី ក្រោមបញ្ជារបស់រដ្ឋមន្រ្តីការពារជាតិ បាញ់សម្លាប់ទាហានវ៉ាក់ណែ ប្រមាណ ៣០នាក់ កាលពីសប្តាហ៍មុន។ តាមលោកព្រីហ្គោហ្ស៊ីន ហេតុការណ៍នេះធ្វើឲ្យទាហានវ៉ាក់ណែផ្ទុះកំហឹង បះបោរដើម្បី ទាមទារឲ្យរដ្ឋាភិបាលទម្លាក់តំណែងរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី។ នៅក្នុងសារ១១នាទី មេទាហានវ៉ាក់ណែ និយាយអួតផងដែរ ពីស្នាដៃរបស់ទាហានឆ្នើមវ៉ាក់ណែបើប្រៀបធៀបនឹងកងទ័ពរុស្ស៊ី ព្រោះថា ក្នុងរយៈពេលមិនដល់មួយថ្ងៃផង ទាហានវ៉ាក់ណែចូលកាន់កាប់មូលដ្ឋានទ័ព និងក្រុងRostov ដែលជាទីតាំងបញ្ជាការដ្ឋានសំខាន់របស់រុស្ស៊ី។ ផ្ទុយទៅវិញ កងទ័ពរុស្ស៊ី ដែលធ្លាប់សង្ឃឹមថាអាចវាយយកក្រុងកៀវក្នុងរយៈពេលតែមួយថ្ងៃ ឥលូវនេះ ត្រូវចំណាយពេលជាង១ឆ្នាំមកហើយ នៅតែមិនអាចវាយយកបានអ៊ុយក្រែន។លោកបៃដិនថា អាមេរិកបានជូនដំណឹងទៅម៉ូស្គូថាអាមេរិកមិនជាប់ពាក់ព័ន្ធនឹងការបះបោររបស់ពួកវ៉ាក់ណែប្រធានាធិបតីអាមេរិក លោកចូ បៃដិននិយាយប្រាប់អ្នកកាសែតកាលពីថ្ងៃម្សិលមិញថា អាមេរិកតាមរយៈស្ថានទូតនៅទីក្រុងម៉ូស្គូ បានជូនដំនឹងភ្លាមទៅភាគីរុស្ស៊ីថា អាមេរិកមិនដឹងរឿង ហើយក៏មិនជាប់ពាក់ព័ន្ធនឹងរឿងបះបោររបស់ទាហានវ៉ាក់ណែ កាលពីថ្ងៃសៅរ៍។តាមលោកបៃដិន អាមេរិកនៅតែតាមដានជាប់ស្ថានការណ៍នៅរុស្ស៊ី និងថា ទោះស្ថានការណ៍ផ្ទៃក្នុងរបស់រុស្ស៊ីប្រែប្រួលយ៉ាងណាក៏ដោយ ក៏អាមេរិកមិនផ្លាស់ប្តូរជំហរ ដើម្បីជួយអ៊ុយក្រែន។មេទាហានវ៉ាក់ណែទៅនៅបេឡារុសធ្វើអ្វី?តាមលទ្ធផលនៃការចរចាសម្របសម្រួលរបស់ប្រធានាធិបតីបេឡារុស លោកលូកាឆិនកូ ដែលតាំងខ្លួនជាអាជ្ញាកណ្តាលរវាងលោកពូទីន និងលោកព្រីហ្គោហ្ស៊ីន មេក្រុមវ៉ាក់ណែ ត្រូវចាកចេញទៅបេឡារុស ជាថ្នូរនឹងការទម្លាក់ការចោលរាល់ការស៊ើបអង្កេតទាក់ទងនឹងការប្រព្រឹត្តបទឧក្រិដ្ឋ ក្នុងរឿងបះបោររបស់វ៉ាក់ណែ។តាមអ្នកនាំពាក្យរបស់វិមានក្រេមឡាំង លោកលូកាឆិនកូយល់ព្រមផ្តល់កន្លែងជ្រកកោនដល់លោកព្រីហ្គោហ្ស៊ីន ដោយមកពីលោកលូកាឆិនកូស្គាល់លោកព្រីហ្គោហ្ស៊ីន ២០ឆ្នាំមកហើយ។ប៉ុន្តែ ថ្លែងទៅកាន់អ្នកកាសែត នៅថ្ងៃអង្គារនេះ ប្រធានាធិបតីបេឡារុសមិនបានបញ្ជាក់ពីហេតុផលដែលធ្វើឲ្យលោកទទួលមេទាហានវ៉ាក់ណែនៅបេឡារុស ប៉ុន្តែ លោកនិយាយថា ស្ថានការណ៍នៅរុស្ស៊ីធ្វើឲ្យលោកបារម្ភខ្លាំង និងបានបញ្ជាឲ្យកងទ័ពត្រៀមខ្លួន នៅថ្ងៃដែល ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែធ្វើការបះបោរប្រឆាំង នៅរុស្ស៊ី។ តាមប្រធានាធិបតីបេឡារុស បើសិន រុស្ស៊ីជួបអសន្តិសុខ នោះបេឡារុសនឹងធ្លាក់ក្រោមបំណែកផ្ទាំងថ្ម ស្លាប់ទាំងអស់គ្នា។ តាមមេដឹកនាំបេឡារុស ការបះបោររបស់ទាហានស៊ីឈ្នួលវ៉ាក់ណែជាលទ្ធផលនៃការគ្រប់គ្រងមិនបានល្អ ព្រោះគេដឹងហើយថា ពួកវ៉ាក់ណែ និងរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីបានតឹងសសៃក តានតឹងដាក់គ្នាជាច្រើនខែមកហើយ ប៉ុន្តែ គេមិនរកដំណោះស្រាយ។ លោកលូកាឆិនកូអាចចង់និយាយដល់លោកពូទីន ដែលជាក្បាលម៉ាស៊ីនដឹកនាំរុស្ស៊ី។លោកព្រីហ្គោហ្ស៊ីនវិញ និយាយថា លោកទៅបេឡារុស ព្រោះតែប្រធានាធិបតីបេឡារុសបានសន្យាថា លោកនឹងអាចបន្តការងារជំនួញស្របច្បាប់របស់លោកដដែល។ តើលោកព្រីហ្គោហ្ស៊ីន នឹងបន្តដឹកនាំបញ្ជាក្រុមវ៉ាក់ណែតាំងពីបេឡារុស? លោកព្រីហ្គោហ្ស៊ីនមិនបានលម្អិតច្រើននោះទេ។ ដោយសារលោកពូទីននិយាយអនុញ្ញាតឲ្យក្រុមទាហានវ៉ាក់ណែ ទៅចូលរួមជាមួយមេដឹកនាំរបស់ខ្លួននៅបេឡារុស គេអាចនិយាយថា លោកព្រីហ្គោហ្ស៊ីនអាចប្រមូលផ្តុំកម្លាំងទាហានស៊ីឈ្នួល នៅបរទេស នៅបេឡារុស។ ជួនកាល នេះជាអាចយុទ្ធសាស្រ្តរបស់លោកពូទីនដែលអាចនឹងខ្ចីដៃរបស់ទាហានស៊ីឈ្នួលរបស់ព្រីហ្គោហ្ស៊ីនដើម្បីវាយអ៊ុយក្រែន ពីខាងទឹកដីបេឡារុសដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីក៏អាចថាបាន។
27-6-2023 • 8 minuten, 9 seconden ការបះបោររបស់ក្រុមWagner ត្រូវបិទបញ្ចប់ តែផលវិបាកអាចបន ្តអង្រួនរបបដឹកនាំរបស់លោកពូទីន?
កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះ ព្រឹត្តិការណ៍បះបោររបស់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ តែបានតែមួយថ្ងៃ ក្រុម Wagner ដែលដឹកនាំដោយលោក អេវហ្គេនី ព្រីហ្គោហ្ស៊ីន (Evguéni Prigojin) បានត្រលប់ក្រោយវិញ ដោយអះអាងថា មិនចង់ធ្វើឲ្យការបង្ហូរឈាម។ គិតត្រឹមថ្ងៃចន្ទនេះ វិមានក្រេមឡាំង បានប្រកាសថា ការបោះបោររបស់ក្រុម Wagner នេះ ត្រូវបានបិទបញ្ចប់ហើយ បន្ទាប់ពីមានអន្តរាគមន៍ ធ្វើអាជ្ញាកណ្តាល ពីសំណាក់លោកប្រធានាធិបតីបេឡារុស។ “ស្ថានការណ៍ត្រលប់ទៅរកភាពប្រក្រតីវិញ”ផ្អែកតាមការប្រកាសរបស់អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌីមីទ្រី ប៉េស្កូវ នៅព្រឹកថ្ងៃចន្ទនេះ គឺព្រឹត្តិការណ៍បះបោរនេះ បានរលត់ទៅវិញហើយ ហើយស្ថានការណ៍ ក៏បានវិលត្រលប់មករកភាពប្រក្រតីវិញដែរ។ ចំណែកលោក Sergueï Sobianine អភិបាលទីក្រុងម៉ូស្គូ ក៏បានសរសេរលើបណ្តាញតេឡាក្រាមដែរថា ការប្រកាសអាសន្នស្តីពីប្រតិបត្តិការប្រឆាំងភេរវកម្ម ក៏បានត្រូវបានដកចេញហើយដែរ។ លោកបានថ្លែងអំណរគុណចំពោះប្រជាជនអ្នកក្រុងម៉ូស្គូ ដែលបានរក្សាភាពស្ងៀមស្ងាត់ មិនភ័យជ្រួលច្របល់។ក្រុមទាហានស៊ីឈ្នួល Wagner ដែលដឹកនាំដោយលោក Evguéni Prigojin បានប្រកាសត្រលប់ក្រោយបែរ បន្ទាប់ពីបាននាំកម្លាំង ឈានទៅដល់សល់តែចំងាយប្រមាណ៣០០គីឡូម៉ែត្រ ទៀតគឺដល់ទីក្រុងម៉ូស្គូ។ ជាការបះបោរ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ព្រោះវាបានកើតឡើងភ្លាមៗ ហើយមិនត្រឹមតែប៉ុណ្ណោះ គឺក្រុម Wagner បានធ្វើទៅដោយងាយ ដោយគ្មានឧបសគ្គ ឬការរារាំងអ្វីទាំងអស់ ពីសំណាក់កងទ័ពជាតិរុស្ស៊ី។ តែយ៉ាងណា កាលពីព្រឹកថ្ងៃអាទិត្យ Evguéni Prigojin បានសម្រេចចិត្តដកថយវិញ ដោយអះអាងថា មិនចង់ឲ្យមានការបង្ហូរឈាម។យោងតាមការប្រកាសជាផ្លូវការពីវិមានក្រេមឡាំង គឺការត្រលប់ក្រោយបែរនេះ គឺជាលទ្ធផលនៃការអន្តរាគមន៍សម្របសម្រួល ពីសំណាក់លោកប្រធានាធិបតីបេឡារុស អាឡិចសង់ដ្រ៍ លូកាឆិនកូ។ ក្រុម Wagner បានចុះកិច្ចព្រមព្រៀងជាមួយក្រេមឡាំង ដើម្បីបញ្ចៀសការបង្ហូរឈាម ក៏ប៉ុន្តែគិតមកត្រឹមពេលនេះ គេមិនអាចដឹងលំអិត ថាកិច្ចព្រមព្រៀងនេះ បានកំណត់ពីអ្វីខ្លះទេ។ វិមានក្រេមឡាំងបានត្រឹមប្រកាសថា លោក Evguéni Prigojin មេក្រុមWagner នឹងធ្វើដំណើរចេញពីរុស្ស៊ីឆ្ពោះទៅកាន់បេឡារុស។មិនចាប់ទោសអូសដំណើរ លើក្រុមបះបោរ Wagnerយោងតាមការប្រកាសរបស់អ្នកនាំពាក្យវិមានក្រេមឡាំង ផ្ទាល់តែម្តង គឺការស៊ើបអង្កេតស្តីពីបទឧក្រិដ្ឋ ទៅលើលោក Evguéni Prigojin មេក្រុមWagner គឺត្រូវបានបោះបង់ចោលទាំងអស់ហើយ។ ក្រសួងការពារជាតិរុស្ស៊ី ក៏បានអះអាងដែរ ថារឿងនេះចប់រួចរាល់ហើយ។ ពោលគឺគ្មានការចាប់ទោសអូសដំណើរអ្វីទាំងអស់។ សមាជិកសភារុស្ស៊ី ឈ្មោះ Andreï Kartapolov ដែលជាប្រធានគណៈកម្មាធិការការពារជាតិ នៅសភាឌូម៉ា បានថែមទាំងអះអាងទៀត អាជ្ញាធររុស្ស៊ីគ្មានអ្វីនឹងស្តីបន្ទោសក្រុមWagner ទេ ព្រោះក្រុមនេះ មិនបានបង្កការខូចខាតអ្វីទាំងអស់។ ក៏ប៉ុន្តែ បើយោងតាមអ្នកសរសេរBlogកងទ័ពនៅរុស្ស៊ី គឺមានទាហានរុស្ស៊ីស្លាប់ចន្លោះពី១៣ទៅ២០នាក់ ដែលភាគច្រើន គឺស្លាប់ដោយសារក្រុមWagner បាញ់ទម្លាក់ឧត្ថម្ភាគចក្រចំនួន៦គ្រឿង និងយន្តហោះមួយគ្រឿង។ជារួមយើងឃើញថា គោលជំហររបស់រដ្ឋអំណាចរុស្ស៊ីនៅពេលនេះ ហាក់ដូចជាស្លូតខ្លាំងណាស់ គឺស្លូតយ៉ាងចម្លែកខុសធម្មតា។ យើងមិនដឹង ថាតើផ្ទៃក្នុង គេមានការត្រូវរ៉ូវ ផ្សះផ្សារគ្នាយ៉ាងណាទេ តែសម្តីរបស់លោកពូទីន កាលពីពេលកើតហេតុភ្លាម ហាក់ដូចជាខ្លាំង ដោយលោកបានហៅការបះបោរនេះ ថាជាអំពើក្បត់។ តែទីបំផុត គឺគ្មានការចាប់ទោសអូសដំណើរអ្វីទាំងអស់។ Evguéni Prigojin នឹងត្រូវបេឡារុសទទួលស្វាគមន៍។ក៏ប៉ុន្តែ នៅមានចម្ងល់មួយចំនួន ដែលគេកំពុងចោទសួរ គឺទាក់ទិននឹងអនាគតរបស់ក្រុមទាហានស៊ីឈ្នួល Wagnerនេះ? វិមានក្រេមឡាំង បានបញ្ជាក់ថា ទាហានស៊ីឈ្នួលណា ដែលមិនបានចូលរួម នៅក្នុងការបះបោរកាលពីថ្ងៃសៅរ៍ គឺអាចចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិ ដើម្បីចូលបម្រើទ័ពបាន។ ដោយឡែក អ្នកផ្សេងវិញគឺត្រូវត្រលប់ទៅមូលដ្ឋានរបស់ខ្លួនវិញ។ តែសួរថា បន្ទាប់មកទៀត ត្រូវធ្វើយ៉ាងម៉េចទៀត? តើក្រុមនេះនឹងត្រូវរំសាយអាវុធចោល ? ឬអាចបន្តប្រយុទ្ធនៅអ៊ុយក្រែនទទៅទៀត? ឬមួយក៏នាំគ្នាទៅតាម Evguéni Prigojin នៅបេឡារុស ? ឃើញថា ភាពស្រពេចស្រពិល មន្ទិលសង្ស័យនៅនៅទាំងស្រុងតែម្តង។របបដឹកនាំរបស់ពូទីន បាក់បែកប្រេះស្រាំ ?ពីក្រុមប្រទេសលោកខាងលិចវិញ គេបានតាមដានស្ថានការណ៍បះបោរនេះ យ៉ាងយកចិត្តទុកដាក់បំផុត ព្រោះវាហាក់ដូចជាបានបង្ហាញ អំពីការបាក់បែកប្រេះស្រាំ នៅក្នុងរបបដឹកនាំរបស់លោកពូទីន។ មតិជាច្រើនពីក្រុមប្រទេសលោកខាងលិច គឺគេឃើញថា ព្រឹត្តិការណ៍បះបោរនេះ ទោះជាត្រឹមតែ២៤ម៉ោង ហើយក៏រលត់ទៅវិញ វាគឺជារឿងមួយមិនធម្មតាទេ។ មិនធម្មតាព្រោះថាកន្លងមកគេតែងគិតថា លោកពូទីន គឺជាបុរសខ្លាំង ក្តាប់អំណាចណែនក្នុងដៃមិនឲ្យរបបដឹកនាំខ្លួនរង្គោះរង្គើ។ តែផ្ទុយទៅវិញ យើងឃើញថា ក្រុមWagner អាចធ្វើសកម្មភាពបានងាយងាយបំផុត នាំកម្លាំងនាំរថក្រោះ ឡើងវិះតែទៅដល់ម៉ូស្គូ ធ្វើឲ្យក្រេមឡាំងភ័យស្លន់ស្លោ ជីករណ្តៅដាក់បាវខ្សាច់ ដើម្បីផ្តាច់ផ្លូវការពារខ្លួនជាដើម។ល។លោកអង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងថា ព្រឹត្តិការណ៍នេះ បានស្តែងឲ្យឃើញថា ធាតុពិត អំណាចកំពូលរបស់រុស្ស៊ី ដែលលោកពូទីនអង្គុយពីលើ គឺមិនរឹងមាំប៉ុន្មាននោះទេ។ ពោលគឺវាមានស្នាមប្រេះបាក់បែកហើយ។ ដូចគ្នាដែរ លោកម៉ាក្រុងប្រធានាធិបតីបារាំង បានលើកឡើងថា ការបះបោររបស់ក្រុម Wagner បានបង្ហាញឲ្យឃើញថា មានការបែកបាក់គ្នានៅក្នុងរបបដឹកនាំរុស្ស៊ីបច្ចុប្បន្ន។ ជាការបាក់បែក ផុយស្រួយ ទាំងក្នុងចំណោមមន្ត្រីកងទ័ពរុស្ស៊ី និងក្នុងក្រុមកម្លាំងដៃជើងដូចយ៉ាងក្រុមទាហានស៊ីឈ្នួល Wagner។ចំណែកលោកMykhaïlo Podoliak ទីប្រឹក្សាពិសេសរបស់លោកហ្សេឡេនស្គី បានលើកឡើងថា Evguéni Prigojin បានធ្វើឲ្យលោកពូទីន ក៏ដូចជារបបដឹកនាំរុស្ស៊ី ត្រូវអាម៉ាសមុខ ពេញមួយពិភពលោកតែម្តង។ លោក Abbas Galliamov អតីតទីប្រឹក្សារបស់លោកពូទីន បានលើកឡើងថា ព្រឹត្តិការណ៍បានបង្ហាញប្រាប់គ្រប់គ្នាឲ្យឃើញថា របបដឹកនាំរបស់ពូទីនគឺពោរពេញដោយចន្លោះប្រហោង។ដោយឡែក ប្រទេសខ្លះទៀត ដូចជាចិន បានប្រកាសថា គេនៅតែគាំទ្រ ដោយឥតងាករេ ចំពោះរដ្ឋាភិបាលរុស្ស៊ីដឹកនាំដោយលោកពូទីន ដែលការពារស្ថិរភាពប្រទេស។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសចិន អះអាងថាព្រឹត្តិការណ៍ដែលកើតឡើងថ្មីៗនេះ គឺជាកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី។អ៊ុយក្រែនប្រុងប្រយ័ត្នចំពោះស្ថានការណ៍ដោយឡែក ភាគីអ៊ុយក្រែន មានការប្រុងប្រយ័ត្នណាស់ ដោយមិនអរលឿនរហ័សពេកនោះទេ។ កងទ័ពរុស្ស៊ីវិញ បន្តអះអាងថា គ្មានអ្វីប្រែប្រួលទេ មិនត្រឹមប៉ុណ្ណោះ គេថែមទាំងបានរុញច្រានកងទ័ពអ៊ុយក្រែនបានជោគជ័យថែមទៀត នៅចំណុចសមរភូមិចំនួន៤។ នៅតំបន់ក្បែរក្រុង Bakhmout វិញ កងទ័ពអ៊ុយក្រែនទទួលស្គាល់ថា ដូចជាគ្មានអ្វីប្រែប្រួលធំដុំមែន នៅមួយថ្ងៃក្រោយបរាជ័យនៃការបះបោររបស់ក្រុម Wagner។ ទាហានអ៊ុយក្រែនម្នាក់ ឈ្មោះ Nazar បានប្រាប់អ្នកកាសែតថា កងទាហានអ៊ុយក្រែនហួសពីដឹងពេកថា ហេតុការណ៍បះបោររបស់ក្រុមWagner វាគឺជាការសម្តែងសៀករហ័សកម្មឆ្ពិនភ្នែកតែប៉ុណ្ណោះ ធាតុពិត គឺពួករុស្ស៊ីនឹងមិនដកថយចេញពីសមរភូមិនោះទេ។ដោយឡែក យោងតាមអ្នកវិភាគខ្លះទៀត លើកឡើងថា រុស្ស៊ីអាចនឹងទទួលផលវិបាកដោយសារតែបញ្ហាបះបោរ បាក់បែកផ្ទៃក្នុងនេះ។ ជាផលវិបាកផ្នែកសតិអារម្មណ៍ ដែលអាចនឹងវាយប្រហារទៅលើកម្លាំងរបស់កងទ័ពរុស្ស៊ី។ លោក Lucian Kim អ្នកវិភាគម្នាក់នៅ Wilson Center បានលើកឡើងថា ចង់មិនចង់ សំដីឃោសនារបស់ Evguéni Prigojin ដែលបានជេរប្រទេច រិះគន់មេដឹកនាំកងទ័ព និងមន្ត្រីមានអំណាចធំៗនៅក្រេមឡាំង គឺនឹងចូលចាក់ជ្រាបក្នុងចំណោមកងទាហានរុស្ស៊ី ធ្វើឲ្យគ្រប់គ្នារមាស់មាត់រិះគន់ដែរ។ ការរិះគន់ អាចឈានទៅដល់ការដាក់អាវុធ លែងស្តាប់បញ្ជា លែងប្រយុទ្ធ ឬក៏អាចឈានដល់ការបាក់ទ័ពរត់ចោលជួរក៏ថាបាន។ ប្រហែលជាត្រង់ចំណុចនេះហើយ បានជាក្រេមឡាំងបានប្រកាន់គោលជំហរ ស្លូតខ្លាំងណាស់ ដាក់ក្រុម Wagner ដោយអះអាងថាមិនយកទោសពៃអ្វីទាំងអស់ ព្រោះមិនចង់ឲ្យកងទាហានខឹងច្រឡោតឡើង ទប់លែងឈ្នះ៕
26-6-2023 • 8 minuten, 45 seconden មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ីWagnerបែរទិសចេញពីអ៊ុយក្ រែនទៅតទល់នឹងអំណាចយោធានៅរុស្ស៊ី
នៅព្រឹកថ្ងៃសៅរ៍ទី ២៤មិថុនា មេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ Wagner ដែលធ្លាប់ជួយប្រយុទ្ធកងទ័ពរុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន កំពុងលើកគ្នា ត្រលប់ចូលទឹកដីរុស្ស៊ី សំដៅម៉ូស្គូ ដើម្បីផ្តួលអំណាចមេដឹកនាំយោធារុស្ស៊ី។ នៅព្រឹកថ្ងៃសៅរ៍នេះ រដ្ឋាភិបាលម៉ូស្គូប្រកាសចាត់វិធានការប្រឆាំងភេរវកម្ម។ នៅក្នុងសារតាមទូរទស្សន៍ទៅកាន់ប្រជាជនរុស្ស៊ី លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីនបានចោទប្រកាន់ ការប៉ុនប៉ងរបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែរ ថា ជាទង្វើក្បត់ជាតិ ក្បត់ប្រជាជនរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីនៅបានព្រមានដាក់ពិន័យរាល់អ្នកដែលចូលរួមជាមួយក្រុមកម្លាំងបះបោរ ក្រុមដែលបំពាក់អាវុធឲ្យក្រុមឧទ្ទាម នៅរុស្ស៊ី។ ហេតុអ្វីបានជាក្រុមទាហានស៊ីឈ្នួលរុស្ស៊ីងាកបែរ គោលដៅមកវាយប្រហាររដ្ឋអំណាចយោធារុស្ស៊ីនៅពេលនេះ? ស្ថានការណ៍នៅរុស្ស៊ីបានប្រែប្រួលខ្លាំង នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែបែរទិសដៅប្រយុទ្ធ ចេញពីទឹកដីអ៊ុយក្រែន សំដៅ ប្រទេសរុស្ស៊ី។ នៅក្នុងសារវីដេអូ តាមតេឡេក្រាម មេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ លោកអេវហ្គីនី ព្រីហ្គោហ្ស៊ីននិយាយថា ទាហានវ៉ាក់ណែបានឆ្លងព្រំដែនអ៊ុយក្រែនចូលទៅរុស្ស៊ី ដើម្បី ផ្តួលមេដឹកនាំយោធារុស្ស៊ី។ លោកប្រធានាធិបតីរុស្ស៊ី បានប្រកាសចាត់ទុកមេក្រុមទាហានវ៉ាក់ណែថា ក្បត់ជាតិ។ម៉ូស្គូបានចាត់វិធានពង្រឹងសន្តិសុខតាំងពីយប់ថ្ងៃសុក្រម្សិលមិញ នៅខណៈពេលដែលមេទាហានស៊ីឈ្នួលវ៉ាក់ណែ ប្រកាសបែរទិសប្រយុទ្ធ ទៅផ្តួលមេដឹកនាំយោធា នៅក្នុងទឹកដីរុស្ស៊ី។ នៅព្រឹកថ្ងៃសៅរ៍នេះ មេក្រុមទាហានស៊ីឈ្នួល វ៉ាក់ណែ លោក អេវហ្គីនី ព្រីហ្គោហ្សីនបានប្រកាសនៅក្នុងសារវីដេអូតេឡេក្រាមថា ទាហានស៊ីឈ្នួលវ៉ាក់ណែបានឆ្លងព្រំដែនចេញពីអ៊ុយក្រែន ទៅក្នុងទឹកដីរុស្ស៊ី។ តាមមេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ កងកម្លាំងរបស់ខ្លួនបានចូលកាន់កាប់ទីក្រុង Rostov-on-Don ដែលជាទីតាំងបញ្ជាការដ្ឋានដ៏ធំរបស់រុស្ស៊ី សម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន។ តាមមេក្រុមវ៉ាក់ណែ ការចូលកាន់នៅទីក្រុង Rostov-on-Don ប្រព្រឹត្តទៅដោយស្រួល គ្មានការប្រយុទ្ធគ្នា បន្ទាប់ពីទាហានរុស្ស៊ីយល់ព្រមទម្លាក់អាវុធ។ ទាហានស៊ីឈ្នួលវ៉ាក់ណែនិយាយដែរថា ពួកគេបានចូលកាន់កាប់មូលដ្ឋានទ័ពរុស្ស៊ីផ្សេងទៀតនៅទីក្រុងVoronezh ដែលស្ថិតនៅចម្ងាយ ៥០០គីឡូម៉ែត្រពីរដ្ឋធានីម៉ូស្គូ។ នៅមុននេះ ទីភ្នាក់ងារព័ត៌មានReuters បានបង្ហាញក្បួនរថយន្តដែលមានដឹករបស់រថក្រោះរបស់ក្រុមទាហានវ៉ាក់ណែ នៅម្តុំទីក្រុងVoronezh សំដៅទីក្រុងម៉ូស្គូ។ប្រធានាធិបតីរុស្ស៊ី លោកពូទីនវិញ បានចេញមុខនៅទូរទស្សន៍ជាតិរុស្ស៊ី ប្រកាសចាត់ទុកទង្វើរបស់មេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែថា ជាការក្បត់ជាតិ ក្បត់ប្រជាជន និងជាកាំបិតចាក់ពីក្រោយខ្នងប្រជាជនរុស្ស៊ី។ សម្រាប់លោកពូទីន ទង្វើក្បត់របស់ទាហានស៊ីឈ្នួលវ៉ាក់ណែ ដែលកើតឡើងដោយសារមហិច្ឆតាហួសមាឌ និងផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍បុគ្គល កំពុងក្លាយជាការគំរាមកំហែងដ៏គ្រោះថ្នាក់សម្រាប់រុស្ស៊ី។ មេដឹកនាំរុស្ស៊ី ទទួលស្គាល់ស្ថានការណ៍លំបាក បន្ទាប់ពីក្រុមទាហានវ៉ាក់ណែ វាយចូលកាន់កាប់ទីក្រុង Rostov-on-Don។ លោកពូទីបានព្រមានផងដែរ ស្ថានការណ៍លើកនេះ អាចរុញច្រានរុស្ស៊ីឲ្យធ្លាក់ក្នុងសង្រ្គាមស៊ីវិល។ យ៉ាងណាក៏ដោយ លោកបានសន្យាថា នឹងមិនឲ្យមានរឿងហ្នឹងកើតឡើងបានទេ ព្រោះលោកបានបញ្ជារួចហើយឲ្យគេចាត់គ្រប់វិធានការដាក់ពិន័យរាល់ពួកបះបោរ ដើម្បីស្តារស្ថានការណ៍ក្នុងប្រទេសឡើងវិញ។ពីដៃគូប្រយុទ្ធ ទៅជាជនក្បត់ជាតិក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែជាដៃគូប្រយុទ្ធដ៏សំខាន់របស់កងទ័ពរុស្ស៊ី នៅក្នុងសមរភូមិអ៊ុយក្រែន។ ទាហានវ៉ាក់ណែផ្ទាល់ក៏បានទទួលអាវុធពីកងទ័ពរុស្ស៊ី ដើម្បីប្រយុទ្ធនៅអ៊ុយក្រែនដែរ។ មេដឹកនាំក្រុមវ៉ាក់ណែផ្ទាល់ធ្លាប់ជាមេចុងភៅ និងជាមនុស្សជំនិតនឹងលោកពូទីន។ ដូច្នេះ គ្មានអ្នកណានឹកស្មានដល់ថា ក្រុមទាហានស៊ីឈ្នួលរុស្ស៊ីវ៉ាក់ណែអាចក្លាយជាក្រពើ ងាកក្បាលមកខាំរដ្ឋអំណាចរុស្ស៊ីនោះទេ។ប៉ុន្តែ មានផ្សែងគឺមានភ្លើង។ មេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ លើកទ័ពសំដៅម៉ូស្គូ នៅពេលនេះ គឺជាលទ្ធផលនៃជម្លោះពាក្យសំដី ភាពតានតឹងគ្នាជាយូរមកហើយ រវាងមេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ លោកព្រីហ្គោហ្សីន ហើយនិងរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោកស៊ែរហ្គេយ ស្ហូហ្គុយ។ នៅថ្ងៃសុក្រ ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរុស្ស៊ីបានប្រកាសបើកការស៊ើបអង្កេតទៅលើលោកព្រីហ្គោហ្សីន ក្នុងបទសង្ស័យថា លោកបំពាក់អាវុធឲ្យក្រុមឧទ្ទាមដើម្បីធ្វើការបះបោរប្រឆាំងរដ្ឋអំណាចរុស្ស៊ី។កន្លងមក មេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ រិះគន់ មិនសំចៃមាត់ និយាយប្រមាថទាំងមេបញ្ជាការកងទ័ពរុស្ស៊ី ទាំងរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ថា អសមត្ថភាព គ្មានយុទ្ធសាស្រ្តប្រយុទ្ធនៅក្នុងសមរភូមិអ៊ុយក្រែន។នៅប៉ុន្មានខែមុននេះ លោកព្រីហ្គោហ្ស៊ីននៅបានចោទប្រកាន់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីថា មានចេតនាមិនផ្តល់អាវុធឲ្យទាហានវ៉ាក់ណែ។ មិនតែប៉ុណ្ណោះ នៅបានលបបាញ់ឆ្មក់ពីក្រោយ បាញ់សម្លាប់ ទាហានស៊ីឈ្នួលវ៉ាក់ណែនៅក្នុងសមរភូមិអ៊ុយក្រែន។ សម្រាប់មេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ គោលដៅរបស់ខ្លួននៅរុស្ស៊ី គឺដើម្បីទាមទារយុត្តិធម៌ ទម្លាក់មេដឹកនាំយោធា ដែលបាញ់សម្លាប់ប្រជាជនស៊ីវិល ដែលនិយាយកុហក បោកប្រាស់ប្រជាជនរុស្ស៊ីឲ្យធ្វើសង្រ្គាមនៅអ៊ុយក្រែន ដើម្បីតែផលប្រយោជន៍របស់ខ្លួន។មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី វ៉ាក់ណែព្រហើនលើកទ័ពទៅវាយទម្លាក់មេដឹកនាំយោធារុស្ស៊ីតាមមេក្រុមវ៉ាក់ណែ លោកព្រីហ្គោហ្ស៊ីន ទាហានវ៉ាក់ណែទាំងអស់ ប្រមាណ ២៥០០០នាក់ ត្រៀមស្លាប់ នៅក្នុងការប្រយុទ្ធ ដើម្បីជាតិមាតុភូមិ ដើម្បី ទម្លាក់មេដឹកនាំយោធា និងមិនព្រមទម្លាក់អាវុធតាមការបញ្ជារបស់លោកពូទីន។មេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែមានអំណួតខ្លាំង ហ៊ានចេញមុខតទល់នឹងកងទ័ពរុស្ស៊ី ព្រោះដោយមកពីគិតថា ក្រុមខ្លួនជាទាហានអាជីព មានបទពិសោធន៍ក្នុងការធ្វើសង្រ្គាម មិនខ្លាចស្លាប់បើប្រៀបធៀបនឹងកងទ័ពរុស្ស៊ី។ ក្រុមវ៉ាក់ណែកាន់តែអាងយ៉ាង នៅបន្ទាប់ពីពួកគេមានស្នាដៃ វាយយកបានទីក្រុងប៉ាក់ម៉ូត ដែលកងទ័ពរុស្ស៊ីបរាជ័យ មិនអាចវាយដណ្តើមពីកងទ័ពអ៊ុយក្រែន នៅ១ខែមុននេះ។តាមភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក នៅមុនធ្វើសង្រ្គាមនៅអ៊ុយក្រែន ទាហានស៊ីឈ្នួលវ៉ាក់ណែ ធ្លាប់ធ្វើសង្រ្គាមសម្រាប់រុស្ស៊ី នៅប្រទេសស៊ីរី លីប៊ី និងនៅប្រទេសអាហ្វ្រិកមួយចំនួន ដូចជាម៉ាលីជាដើម ជាទីដែលក្រុមនេះ កំពុងជួយគាំទ្ររដ្ឋាភិបាលសឹកម៉ាលី ជាថ្នូនឹងការគ្រប់គ្រងកន្លែងធ្វើអាជីវកម្មរ៉ែ ដើម្បីបំពេញកេសប្រាក់របស់ក្រុមវ៉ាក់ណែ។ នៅពេលកំពុងល្បីធ្វើសង្រ្គាមនៅអ៊ុយក្រែន ក្រុមហ៊ុនវ៉ាក់ណែ បើកទីស្នាក់ការរបស់ខ្លួននៅទីក្រុងរុស្ស៊ី Saint Petersbourg និងរើសបញ្ចូលពួកអ្នកទោស ដើម្បីធ្វើជាទាហានប្រយុទ្ធក្នុងសមរភូមិអ៊ុយក្រែន។អំណាចរបស់លោកពូទីនអាចរង្គោះរង្គើដោយសារការងើបបះបោររបស់មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី?មេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែនិយាយថា ខ្លួនមិនធ្វើរដ្ឋប្រហារ ប៉ុន្តែ មានគោលដៅ ចង់ទម្លាក់មេដឹកនាំយោធារុស្ស៊ី តែប៉ុណ្ណោះ ដោយគ្មានពាក់ព័ន្ធនឹងលោកពូទីន។ ប៉ុន្តែ ជាមួយកម្លាំងទ័ពមិនដល់៣ម៉ឺននាក់ នៅចំពោះមុខលោកពូទីន ដែលបានទទួលការគាំទ្រពីមេដឹកនាំសភារុស្សី មេដឹកនាំសាសនា និងមេដឹកនាំនៅតំបន់ឆេឆិន ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែមិនសង្ឃឹមថា នឹងអាចវាយបំបែកក្រុមរបស់លោកពូទីន។យ៉ាងណាក៏ដោយ ជម្លោះផ្ទៃក្នុងរុស្ស៊ីនៅពេលនេះ អាចជះផលអាក្រក់ដល់យុទ្ធសាស្រ្តសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ កងទ័ពរុស្ស៊ីមួយចំនួនអាចបាក់ទឹកចិត្ត ហើយលែងចង់គាំទ្រថ្នាក់ដឹកនាំរុស្ស៊ីធ្វើសង្រ្គាមនៅអ៊ុយក្រែន ទៅទៀត។សើចលើគំនរទុក្ខអ្នកដទៃគ្រប់គ្នាជាពិសេស អ៊ុយក្រែន កំពុងតាមដានស្ថានការណ៍នៅរុស្ស៊ី ព្រោះថា កាបែកបាក់ផ្ទៃក្នុងជាអំណោយផលល្អសម្រាប់ភាគីអ៊ុយក្រែន នៅក្នុងការប្រយុទ្ធដណ្តើមទឹកដីរបស់ខ្លួនពីកងទ័ពរុស្ស៊ី។តាមអាជ្ញាធរតំបន់ភាគខាងកើតអ៊ុយក្រែន ដែលគាំទ្រដោយរុស្ស៊ី គ្រាន់តែ កើតមានរឿង ទាហានស៊ីឈ្នួលវ៉ាក់ណែ លើកទ័ពសំដៅម៉ូស្គូ ទាហានអ៊ុយក្រែនបានវាយសម្រុក ចង់ចូលកាន់កាប់ទីក្រុងបាក់ម៉ូដវិញ នៅថ្ងៃសៅរ៍នេះ។ចំណែកអឺរ៉ុប អាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស ដែលជួយអ៊ុយក្រែនធ្វើសង្រ្គាមប្រឆាំងរុស្ស៊ីនិយាយថា គេកំពុងតាមដានស្ថានការណ៍នៅរុស្ស៊ីដោយកៀកបំផុត ព្រោះថា បើសិនស្ថានការណ៍ធ្លាក់ចុះអាក្រក់ នៅរុស្ស៊ីដូចជា សង្រ្គាមស៊ីវិល ឬអសន្តិសុខ នោះវាជារឿងមិនល្អនោះទេសម្រាប់ពិភពលោក។ រុស្ស៊ីជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេ នៅក្នុងពិភពលោក៕
24-6-2023 • 8 minuten, 19 seconden លោកម៉ូឌី និងលោកបៃដិន ប្រកាសអបអរចំពោះ "កម្លាំងថ ាមពលថ្មី" នៃសហប្រតិបត្តិការអាមេរិក-ឥណ្ឌា
លោកណារិន្ទ្រា ម៉ូឌី បានទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃ ព្រសហ្បតិ៍ទី២២មិថុនា ដោយលោកត្រូវបាន លោកចូ បៃដិន ទទួលស្វាគមន៍យ៉ាងគគ្រឹកគគ្រេងបំផុត។ មេដឹកនាំទាំង២ បានថ្លែងប្រកាសអបអរ ចំពោះ កម្លាំងថាមពលថ្មី នៃចំណងសហប្រតិបត្តិការ រវាងឥណ្ឌា និងសហរដ្ឋអាមេរិក ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការពារជាតិ។ ជាចំណងសហប្រតិបត្តិការ ដ៏ពេញលេញ និងកាន់តែស្អិតរមួត ដែលគេជឿថា ជាការរួមកម្លាំងគ្នា ដើម្បីទប់ទល់ជាមួយចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ កម្លាំងថាមពលថ្មីនៃសហប្រតិបត្តិការសេតវិមានបានក្រាលព្រុំក្រហម ទទួលលោកណារិន្ទ្រា ម៉ូឌី យ៉ាងគគ្រឹកគគ្រេងខ្លាំងណាស់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ លោកម៉ូឌី ត្រូវបានលោកចូ បៃដិន ទទួលជួបនៅក្នុងបន្ទប់ប្រធានាធិបតី ប្រកបដោយភាពកក់ក្តៅបំផុត។ នៅក្នុងលិខិតប្រកាសដ៏វែងអន្លាយ របស់សេតវិមាន បានឲ្យដឹងថា មេដឹកនាំទាំង២ បានចាប់ផ្តើមស្ថាបនា គូសវាស ទស្សនវិស័យដែលពេញលេញបំផុត សម្រាប់ទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌា។ ពោលគឺជាទំនាក់ទំនងសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងច្រើនវិស័យណាស់ មិនថាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការពារជាតិ។ជារឿងដ៏កម្រគួឲ្យកត់សំគាល់ដែរ គឺលោកណារិន្ទ្រា ម៉ូឌី ដែលមិនចូលចិត្តធ្វើសន្និសីទកាសែត បានសុខចិត្តឆ្លើយសំណួរអ្នកកាសែត នៅឯសេតវិមានអាមេរិក។ លោកបានប្រកាសអួតថា ទំនាក់ទំនងសហប្រតិបត្តិការរវាងអាមេរិកនិងឥណ្ឌា គឺកំពុងតែមាន “កម្លាំងថាមពលថ្មី”។ តែយ៉ាងណា អ្នកកាសែត បានឈ្លេចសួរលោក ទាក់ទិននឹងទំនោរកាន់តែផ្តាច់ការជ្រុលនិយម និងគោលនយោបាយរើសអើងប្រកាន់សាសនា ធ្វើបាបអ្នកកាន់សាសនាអ៊ីស្លាមនៅឥណ្ឌា។ លោកម៉ូឌី បានឆ្លើយថា តម្លៃប្រជាធិបតេយ្យរបស់ឥណ្ឌា គឺគ្មានការរើសអើងសាសនានោះទេ។ ក្នុងពេលថ្លែងសុន្ទរកថា នៅចំពោះមុខអង្គសភាខុសហ្គ្រេស លោក ណារិន្ទ្រា ម៉ូឌី ក៏បានថ្លែងអះអាងទៀតថា ឥណ្ឌាគឺជាប្រទេសប្រជាធិបតេយ្យ ដែលស្វាគមន៍គ្រប់សាសនាទាំងអស់។តាមពិតទៅ កាលពីប៉ុន្មានឆ្នាំមុន លោកណារិន្ទ្រា ម៉ូឌី មិនត្រូវបានភាគីអាមេរិកពេញចិត្តប៉ុន្មានទេ ដោយសារតែបញ្ហារើសអើសសាសនា និងទំនោរផ្តាច់ការជ្រុលនិយមនេះឯង។ សហរដ្ឋអាមេរិក ធ្លាប់ទាំងបានបដិសេធមិនឲ្យទិដ្ឋាការ លោកម៉ូឌី ទៅជាន់ដីអាមេរិកថែមទៀតផង។ តែលើកនេះ អ្វីៗបានប្រែប្រួលទាំងស្រុង ដោយអាមេរិក បានឃើញពីសក្តានុពលរបស់ឥណ្ឌា។ នៅពេលល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកចូ បៃដិន បានរៀបចំកម្មវិធីលៀងសាយភោគដ៏អធិកអធម ទទួលលោកណារិន្ទ្រ ម៉ូឌី នៅក្នុងបរិវេនសេតវិមាន ដោយមានការចូលរួមពីមន្ត្រី និងអ្នកជំនួញធំៗជាច្រើនផងដែរ។ លោកម៉ូឌី និងលោកបៃដិន បានលើកកែវសរសើរ បញ្ជោរគ្នាទៅវិញទៅមក យ៉ាងសប្បាយក្អាកក្អាយណាស់។ម៉ាស៊ីនយន្តហោះចម្បាំង ដ្រូនប្រយុទ្ធ និងសឺមីកុងឌុកទ័រកិច្ចសន្យាដ៏ធំបំផុត ដែលលោក ចូ បៃដិន និងលោកណារិន្ទ្រា ម៉ូឌី បានប្រកាសរួមគ្នា គឺកិច្ចសន្យាប្រគល់ការផលិតម៉ាស៊ីនយន្តហោះចម្បាំងប្រភេទថ្មីរបស់អាមេរិក F-414 ទៅឲ្យឥណ្ឌាជាអ្នកទទួលបន្ទុក។ គឺក្រុមហ៊ុនឧស្សាហកម្មអាមេរិក ដ៏ធំ General Electric ដែលទទួលបន្ទុកចាត់ចែងកិច្ចការនេះ។ លោកម៉ូឌី បានលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យឧស្សាហកម្មឥណ្ឌា មានភាពកាន់តែរឹងមាំ និងមានជំនាញបច្ចេកទេសកាន់តែខ្ពស់ថែមទៀត។ប្រភពពីមន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងទី១ហើយ ដែលអាមេរិកយល់ព្រមផ្ទេរបច្ចេកវិទ្យា ផ្នែកផលិតយន្តហោះចម្បាំងទៅឲ្យប្រទេសផ្សេង។ ប្រភពដដែលនេះ អះអាងថា ជាថ្នូរវិញ ភាគីឥណ្ឌា បានសន្យាថា នឹងទិញយានដ្រូនប្រយុទ្ធរបស់អាមេរិកជាច្រើនគ្រឿង។ ក្នុងពេលធ្វើសន្និសីទកាសែត លោកចូ បៃដិន មិនបានលាក់សេចក្តីរំភើបត្រេកអរទេ ដែលឃើញថាឥណ្ឌា ងាកមកសន្យាទិញគ្រឿងសព្វាវុធរបស់អាមេរិក ដើម្បីធ្វើទំនើបកម្មវិស័យកងទ័ព។ ដូចយើងបានដឹងហើយ ថាឥណ្ឌាមានគ្រឿងសព្វាវុធចាស់ៗច្រើន ហើយភាគច្រើនបំផុតគឺទិញពីរុស្ស៊ី។កិច្ចសន្យាដ៏ធំមួយទៀត ដែលឥណ្ឌាបានទទួល គឺ កិច្ចសន្យាវិនិយោគផលិតសឺមីកុងឌុកទ័រ ដែលមានតម្លៃទឹកប្រាក់ចំនួន ៨០០លានដុល្លារ។ ក្រុមហ៊ុន Micron ដែលជាក្រុមហ៊ុននាំមុខគេមួយក្នុងវិស័យនេះ នៅសហរដ្ឋអាមេរិក នឹងសហការវិនិយោគ ជាមួយរោងចក្រនៅឥណ្ឌា។រួមកម្លាំងគ្នា ឈប់រំពឹងលើចិនចិនគឺជាស្រមោល នៅពីក្រោយភាពល្អូកល្អឺន រវាង អាមេរិក និងឥណ្ឌា។ ឥណ្ឌា កំពុង តែព្យាយាមប្រណាំងប្រជែងជាមួយចិន ដើម្បីយកកេរ្តិ៍ឈ្មោះជាមហាអំណាចអាស៊ីដ៏ធំមួយដែរ ហើយសង្ឃឹមថានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចមួយ មិនអាចខ្វះបាន ដែលពិភពលោកទទួលស្គាល់។ តាមពិតទៅ ជាមួយនឹងចំនួនប្រជាជនច្រើនលើសគេទូទាំងពិភពលោក ឥណ្ឌាត្រូវគេគិតរួចទៅហើយ ថាគឺជាមហាអំណាច ដែលកំពុងតែឈានឡើងយ៉ាងសន្សឹមៗ។ ជាងនេះទៀត កុំភ្លេចថា ឥណ្ឌាមានអាវុធនុយក្លេអ៊ែរ! សហរដ្ឋអាមេរិក ក៏មិនខុសពីបណ្តាប្រទេសលោកខាងលិចផ្សេងទៀត នៅអឺរ៉ុបដែរ គឺគេកំពុងតែស្វែងរកវិធី ដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់ផ្សេងទៀតក្រៅពីចិន ជាក់ស្តែងឧបករណ៍សឺមីកុងឌុកទ័រ ដែលចាំបាច់បំផុតសម្រាប់ផលិតផលបច្ចេកវិទ្យាទំនើប។ ឥណ្ឌាមិនត្រឹមតែជាទីផ្សារដ៏ធំប៉ុណ្ណោះទេ តែឥណ្ឌាមានបុគ្គលិកជំនាញផ្នែកវិស្វកម្មច្រើនណាស់ ដែលវាគឺជាសក្តានុពលទាក់ទាញ។ យ៉ាងណាមិញ កម្មវិធីក្បួនព្យុហយាត្រា បុណ្យជាតិបារាំង ថ្ងៃទី ១៤កក្កដា ខាងមុខនេះ គឺលោកម៉ាក្រុង បានអញ្ជើញឥណ្ឌា ជាប្រទេសកិត្តិយស។ យើងឃើញថាឥណ្ឌា កំពុងត្រូវគេរាក់ទាក់ចង់បានគ្រប់ៗគ្នាតែម្តង ព្រោះថាថាឥណ្ឌាអាចមានសក្តានុពល កុំឲ្យចិនអាងយ៉ាងឥទ្ធិពលតែម្នាក់ឯងតទៅទៀត។តែយ៉ាងណាក៏ដោយ អ្នកវិភាគខ្លះទៀត លើកឡើងថា លោកណារិន្ទ្រា ម៉ូឌី ឆ្លាតណាស់។ អំឡុងពេលនេះ ឥណ្ឌា ត្រូវការចំណេះជំនាញ និងថវិកាវិនោយោគរបស់អាមេរិក ដើម្បីឈានទៅប្រកួតជាមួយចិនពិតមែន តែគេមិនជឿថា ថ្ងៃក្រោយទៅ ឥណ្ឌានឹងក្លាយជាសម្ព័ន្ធមិត្តដៃក្នុងដៃ ភ្នែកក្នុងភ្នែករបស់អាមេរិក ដូចសម្ព័ន្ធមិត្តអូតង់នោះឡើយ។ ឥណ្ឌាមានទំលាប់មិនចូលបក្សសម្ព័ន្ធ ហើយបច្ចុប្បន្ននេះ គោលគំនិតរបស់លោក ណារិន្ទ្រា ម៉ូឌី គឺជ្រើសយកបក្សសម្ព័ន្ធច្រើនក្នុងពេលតែមួយ ឲ្យតែឥណ្ឌាបានទទួលប្រយោជន៍។ ជាក់ស្តែងយើងឃើញហើយ ក្នុងសំណុំរឿង សង្គ្រាមអ៊ុយក្រែន ដែលឥណ្ឌាមិនថ្កោលទោសរុស្ស៊ី ហើយថែមទាំងជួយទិញប្រេងរុស្ស៊ីទៀត។ ដូច្នេះ នៅក្នុងសំណុំរឿងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលចិននិងអាមេរិកប្រជែងគ្នានោះ ក៏មិនប្រាកដថា ឥណ្ឌានឹងតាមអាមេរិកទាំងស្រុងនោះទេ៕
23-6-2023 • 6 minuten, 42 seconden ជំនួបកំពូលស្តីពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោកថ្ មី មានកម្មវត្ថុយ៉ាងណា ?
ដើម្បីឱ្យមនុស្សជាតិភាគច្រើនអាចតតាំងនឹងវិបត្តិអាកាសធាតុ និងដើរចេញពីភាពក្រីក្រ គេត្រូវការលុយច្រើនពាន់លានដុល្លារណាស់។ ហេតុដូច្នេះហើយបានជានៅក្នុងសុន្ទរកថាបើកជំនួបកំពូលស្តីអំពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោកថ្មី ដែលមាន ប្រមុខរដ្ឋ-រដ្ឋាភិបាល ជាង៤០ប្រទេសបានមកជួបប្រជុំគ្នានៅទីក្រុងប៉ារីស លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានអះអាងថាលុយមានច្រើន តែប្រើមិនចំនឹងតម្រូវការរបស់ផែនដីសម័យថ្មី ប្រព័ន្ធហិរញ្ញវត្ថុដែលមាន លែងត្រូវនឹងកម្មវត្ថុនាពេលបច្ចុប្បន្ន ដូច្នេះពិភពលោកត្រូវតែប្រមូលផ្តុំកម្លាំងគ្នា តម្រែតម្រង់ប្រព័ន្ធសេដ្ឋកិច្ចពិភពលោក ឱ្យបានប្រសើរឡើង។ ជំនួបកំពូលនេះត្រូវបានផ្តួចផ្តើមរៀបចំឡើង ដោយប្រធានាធិបតីបារាំង លោក ម៉ាក្រុង តាំងពីខែវិច្ឆិកា២០២២ ក្រោយពីបានជួបពិភាក្សាជាមួយលោក Mia Mottley នាយករដ្ឋមន្ត្រីកូនកោះតូចមួយក្នុងតំបន់ការ៉ាអ៊ីប។ ប្រមុខដឹកនាំប្រទេសកូនកោះដ៏គួរឱ្យចូលចិត្តនោះ មានផែនការហិរញ្ញវត្ថុដែលលោកសិក្សាតាំងពីជាច្រើនឆ្នាំមក ប្រកបដោយមហិច្ឆតាបំផុត គឺចង់ឱ្យប្រទេសងាយរងគ្រោះធម្មជាតិអាចមានលទ្ធភាពរកហិរញ្ញវត្ថុមកឆ្លើយតបនឹងវិបត្តិអាកាសធាតុឡើងកម្តៅ។ នរណាក៏យល់អំពីភាពចាំបាច់នៃការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនេះដែរ តែបញ្ហានៅវិលវល់នឹងរឿងលុយ និង បំណុល។ គ្មានលុយត្រូវទៅខ្ចីបុល មានបុលទៅខ្ចីមិនបាន គ្មានលុយមិនអាចធ្វើវិនិយោគដើម្បីទប់ទល់នឹងបញ្ហាអាកាសធាតុ ... បើតាមអង្គការOxfam ៩៣%នៃប្រទេសងាយរងគ្រោះមហន្តរាយអាកាសធាតុ ស្ថិតក្នុងស្ថានភាពជាប់បំណុលខ្លាំង ខ្លះមានបំណុលជាន់លើបំណុលទៅទៀត។ ប្រទេសទាំងនេះ មិនអាចវិនិយោគក្នុងវិស័យសេវាសាធារណៈ ឬ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុទេ។ កំណែទម្រង់ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុហេតុដូច្នេះហើយបានជាលោកប្រធានាធិបតីបារាំងដែលដឹងយ៉ាងច្បាស់ថាមិនអាចសម្រេចតែម្នាក់ឯង ត្រូវតែរៀបចំជំនួបស្តីពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោកថ្មីនេះឡើង ដើម្បីដោះស្រាយបញ្ហាបំណុល ជំរុញឱ្យមានការធ្វើកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ប្រព័ន្ធធនាគាររដ្ឋ-ឯកជន និងបង្កើតប្រភពហិរញ្ញវត្ថុថ្មី។ សម្រាប់លោកម៉ាក្រុង គំរូកិច្ចព្រមព្រៀងប្រព័ន្ធហិរញ្ញវត្ថុចាស់ តាំងពីឆ្នាំ១៩៤៤ ដែលជាការផ្តល់កំណើតដល់ ធនាគារពិភពលោក ឬមូលនិធិហិរញ្ញវត្ថុអន្តរជាតិ មានភារៈធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តែវាលែងស៊ីនឹងការពិតជាក់ស្តែងនិងភាពចាំបាច់របស់ផែនដី នាសតវត្សរ៍នេះហើយ។ ធនាគាររដ្ឋ ធនាគារអភិវឌ្ឍ ធនាគារពហុជាតិ ធនាគារតំបន់ ធនាគារកូនកាត់ និងឯកជន ...ក៏ត្រូវតែប្តូរផ្លាស់មុខមាត់ដែរ ដោយត្រូវបំរុងទុនកម្ចីឱ្យបានច្រើនជាងមុនលើគម្រោងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។នេះហើយជាកម្មវត្ថុចម្បងនៃជំនួបកំពូល ដែលមានការចូលរួមពីបណ្តាប្រមុខរដ្ឋ-រដ្ឋាភិបាល ចំនួន៣៩ប្រទេស រដ្ឋមន្ត្រី និងប្រតិភូ ៤៥ប្រទេស ព្រមទាំងប្រមុខដឹកនាំស្ថាប័នហិរញ្ញវត្ថុធំៗ ដូចជា ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ប្រធានធនាគារអភិវឌ្ឍ ថៅកែក្រុមហ៊ុនប្រេង ព្រមទាំងលោកប្រមុខអង្គការសហប្រជាជាតិផង។ពន្ធដឹកជញ្ជូនតាមផ្លូវសមុទ្ទក្រុមអង្គការក្រៅរដ្ឋាភិបាល និងអ្នកស្រាវជ្រាវ រំពឹងថា ជំនួបកំពូលអាចយ៉ាងហោចបំផុត ក៏សម្រេចចេញជាលទ្ធផលជាក់ស្តែង ទាក់ទងនឹងគោរពពាក្យសន្យាផ្តល់ជំនួយមុនៗ និងអំពីការយកពន្ធលើមធ្យោបាយដឹកជញ្ជូនតាមផ្លូវសមុទ្ទ (ជាពន្ធដាក់ប្រឆាំងនឹងការបញ្ចេញកាបោនបំពុលបរិយាកាស)។ គំនិតចង់ឱ្យព្យួរការសងបំណុល ក្នុងករណីប្រទេសជួបគ្រោះមហន្តរាយធម្មជាតិ ដែលគាំទ្រការពារយ៉ាងមុតមាំដោយលោកនាយករដ្ឋមន្ត្រីកោះ Barbade ក៏មានចំណែកក្នុងការតស៊ូមតិនាជំនួបកំពូលនេះដែរ ក្នុងនាមជាហិរញ្ញវត្ថុថ្មី។រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបានដាក់សម្ពាធឱ្យម្ចាស់បំណុលក្រុមប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍ ចូលចរចាសើរើមើលបំណុល។ ចិនដែលជាម្ចាស់បំណុលដ៏ចម្បងលើពិភពលោក ដែលរងការរិះគន់ជាញឹកញយចំពោះឥរិយាបថមិនខ្វល់ខ្វាយដោះស្រាយរឿងបំណុលជាមួយលោកខាងលិច។ប៉ុន្តែ ជំនួបតែពីរថ្ងៃ មិនអាចផ្តល់សេចក្តីសម្រេច ជាក់លាក់ណាមួយបានទេ។ ទីប្រឹក្សាប្រធានាធិបតីបារាំងបានព្រលយរួចជាស្រេចហើយថា យ៉ាងច្រើនអាចមានត្រឹមជាសេចក្តីសម្រេច បង្ហាញផ្លូវ ជាជាងសេចក្តីសម្រេចដោយចំៗ។ ជំនួបកំពូលគ្មានសិទ្ធិ ចេញសេចក្តីសម្រេច ជាផ្លូវការ ដូចជំនួបក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ឬជំនួបកំពូលក្រុមប្រទេសមហាអំណាច ហ្សេ៧ ឬហ្សេ២០ទេ ជោគជ័យស្ថិតនៅលើការបង្ហាញសមត្ថភាពនៃភាពជាមេដឹកនាំ នៃសម្ព័ន្ធក្រុមប្រទេសដែលមានអាចប្រកាសពាក្យសន្យា។ជំនួយ១០០ពាន់លានដើម្បីដើរចេញពីភាពក្រីក្រ ដោយអភិរក្សធម្មជាតិ និងមិនប្រើថាមពលផូស៊ីល និងដើម្បីប្រឈមគ្រោះរាំងរស្ងួត ទឹកជំនន់ អាកាសធាតុឡើងក្តៅខ្លាំង ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ (មិនរាប់ចិន) ត្រូវការចំណាយច្រើនណាស់ គឺប្រមាណ ២៤០០ពាន់លានដុល្លារ ពីពេលនេះដល់ឆ្នាំ២០៣០។ នេះបើតាមក្រុមអ្នកជំនាញអាកាសធាតុរបស់អង្គការសហប្រជាជាតិ។ ហើយបើតាមទីភ្នាក់ងារថាមពលអន្តរជាតិ បើប្រទេសកំពុងអភិវឌ្ឍចង់ដើរចេញពីថាមពលផូស៊ីល ពួកគេត្រូវការចំណាយពី ២៦០ ទៅ ១៩០០ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅទសវត្សរ៍នេះ។ ប្រទេសអ្នកមាន សន្យាថាផ្តល់ហិរញ្ញវត្ថុ១០០ពាន់លានក្នុងមួយឆ្នាំដល់ក្រុមប្រទេសក្រីក្រ សម្រាប់ប្រឈមនឹងការប្រែប្រួលអាកាសធាតុ។ ជាជំនួយដ៏ទាបណាស់បើប្រៀបទៅនឹងសេចក្តីត្រូវការ ប៉ុន្តែតិចហើយ យឺតទៀត។ ជំនួយនេះ មកយឺត អស់បីឆ្នាំ ជាការទាញទម្លាក់ទំនុកចិត្តរបស់ក្រុមប្រទេសក្រីក្រចំពោះប្រទេសអ្នកមាន។ តែថ្ងៃនេះក៏ជាឱកាសដែលពួកគេត្រូវលើកមកនិយាយដោយចំពោះមុខ ដើម្បីឱ្យពាក្យសន្យាបានក្លាយជាការពិតនៅឆ្នាំនេះ។ នាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានប្រកាសពីជំនួបស្តីពីប្រព័ន្ធហិរញ្ញវត្ថុថ្មីនៅប៉ារីស អំបាញ់មិញនេះ ថាកម្មវត្ថុប្រមូល១០០ពាន់លានសម្រាប់ប្រទេសក្រីក្រ បានគ្រប់ចំនួនហើយ៕
22-6-2023 • 7 minuten, 36 seconden ក្រុមប្រទេសក្លឹបប៉ារីស បើកការប្រជុំរកដំណោះស្រាយ ស្តីពីវិបត្តិបំណុលរបស់ប្រទេសក្រីក្រ
នៅថ្ងៃព្រហស្បតិ៍ទី២២មិថុនា នៅទីក្រុងប៉ារីស នឹងមានការបើកជំនួបកំពូលអន្តរជាតិមួយ ស្តីអំពីការកាតិកាសញ្ញាហិរញ្ញវត្ថុថ្មី ដើម្បីជួយប្រទេសមានសេដ្ឋកិច្ចទន់ខ្សោយ ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ។ ហើយនៅថ្ងៃពុធនេះដែរ ក្រុមប្រទេសសមាជិកក្លឹបប៉ារីស ដែលផ្តួចផ្តើមឡើងដោយបារាំង នឹងជួបប្រជុំគ្នា ដើម្បីនិយាយអំពីដំណោះស្រាយបន្ទាន់ ក្នុងការជួយប្រទេសដែលមានបំណុលវ័ណ្ឌក។ បញ្ហាបំណុលធ្ងន់ក្រៃ គឺជាឧបសគ្គដ៏ធំ ដែលរារាំង ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ មិនអាចមានលទ្ធភាពគ្រប់គ្រាន់ ដោះស្រាយវិបត្តិអាកាសធាតុ។ យោងតាមរបាយការណ៍របស់ កម្មវិធីសហប្រជាជាតិដើម្បីការអភិវឌ្ឍន៍ ដែលយើងហៅកាត់ថា UNDP ចេញផ្សាយកាល់ពីខែកុម្ភៈ ដើមឆ្នាំនេះ គឺមានប្រទេសចំនួន ៥២ប្រទេស ដែលជាប់ជំពាក់បំណុលគេច្រើនក្រៃ។ ក្នុងចំណោមនេះ មានប្រទេសមួយចំនួន ដែលបំណុលវ័ណ្ឌកខ្លាំងតែម្តង គឺ មានដូចជា អេត្យូពី ហ្កាណា ប៉ាគីស្ថាន ស្រីលង្កា ទុយណេស៊ី និងហ្សំប៊ី ជាដើម ដែលប្រឈមខ្លាំងបំផុត ឬកំពុងតែស្ថិតនៅក្នុងដំណាក់កាល គ្មានប្រាក់សងបំណុលគេ។ យោងតាមរបាយការណ៍នេះ យ៉ាងហោចណាស់ ប្រទេសពាក់កណ្តាលក្នុងចំណោម៥២ប្រទេសនេះ ដែលត្រូវដកចំណែក២០% នៃថវិការដ្ឋប្រចាំឆ្នាំ ដើម្បីយកទៅចំណាយ សងការប្រាក់គេ។បើប្រៀបធៀបទៅទំហំ ចំណូលដុលក្នុងស្រុក PIB ប្រទេសដែលជាប់បំណុលច្រើនជាងគេក្នុងឆ្នាំ២០២១ គឺមាន ដូចជា វ៉េណស៊ុយអេឡាមានបំណុល ២៤០,៥%នៃចំណូលដុល ប្រទេស៊ូដង់ មានបំណុល ១៨១,៩%នៃចំណូលដុល ប្រទេស អេរីត្រេ មានបំណុល ១៧៦,២%នៃចំណូលដុល ប្រទេសលីបង់ មានបំណុល១៥០,៥%នៃចំណូលដុល ប្រទេសកាប់វែរ មានបំណុល ១៤២,៣%នៃចំណូលដុល ស៊ូរីណាម មានបំណុល ១២៥,៧%នៃចំណូលដុល ប្រទេសម៉ាល់ឌីវ មានបំណុល ១២៤,៨% នៃចំណូលដុល។ តួលេខទាំងនេះ គឺផ្អែកទៅលើរបាយការណ៍ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។បំណុលសរុប ៩០០០ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២១ ទំហំបំណុលសាធារណៈនៃប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ សរុបចូលគ្នាទាំងអស់ គឺស្មើនឹង ៩០០០ ពាន់លានដុល្លារ។ ទំហំទឹកប្រាក់នេះបានកើនឡើងមួយទ្វេរជាពីរ ក្នុងរវាង១០ឆ្នាំចុងក្រោយនេះ។ ទាំងនេះ គឺជាតួលេខ ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២១ ស្តីពីបំណុលអន្តរជាតិ របស់ធនាគារពិភពលោកចេញផ្សាយកាលពីខែធ្នូ។ មានន័យថា ចាប់ពីឆ្នាំ២០២២មក គឺវាច្បាស់ណាស់ ថាទំហំបំណុលរបស់ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ ពិតជាបានកើនឡើងខ្លាំងថែមទៀត។យោងតាមធនាគារពិភពលោក បើនិយាយពីទំហំទឹកប្រាក់បំណុលតែម្តង នៅឆ្នាំ២០២១ ប្រទេសអាហ្សង់ទីនជាប់បំណុលច្រើនជាងគេ ក្នុងទំហំ ១១៤,៨ពាន់លានដុល្លារ ប៉ាគីស្ថានជំពាក់គេ ជាង៩៤ពាន់លានដុល្លារ អង់ហ្គោឡាជាប់បំណុលគេ ជិត៤៧ពាន់លានដុល្លារ អុយក្រែន មានបំណុលជាង ៤៤ពាន់លានដុល្លារ អេក្វាទ័រជំពាក់គេ ជិង៣៩ពាន់លានដុល្លារ។វិបត្តិកូវីដ១៩ ក្រោយមកបន្ថែមជាមួយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកលំបាកលំបិនខ្លាំងណាស់ ជាពិសេសសម្រាប់ប្រទេសក្រីក្រ។ មានមូលហេតុ និងកត្តាជាច្រើនដែលគួបផ្សំ ធ្វើឲ្យប្រទេសក្រីក្រ ជាប់បំណុលកាន់តែច្រើនដោះមិនរួច។ តម្លៃរូបិយបណ្ណក្នុងស្រុកបានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងរវាង១០ឆ្នាំចុងក្រោយនេះ ផ្ទុយទៅវិញ បំណុលគឺគិតជាប្រាក់ដុល្លារ។ អត្រាការប្រាក់ក៏ចេះតែកើន ទំនិញឡើងថ្លៃ ទាំងទំនិញថាមពល ស្បៀងចំណីអាហារ និងជីកសិកម្មជាតិ។ ទាំងអស់នេះ គឺវាមកគួបផ្សំគ្នា ធ្វើឲ្យសាច់ប្រាក់បំរុងរបស់ប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ កាន់តែខ្សត់ទៅៗ។ចិន និងម្ចាស់បំណុលឯកជនពីដំបូងឡើយ ជាការពិតមែនដែលថា ប្រទេសដែលមានសេដ្ឋកិច្ចធំៗគឺជាប្រទេសម្ចាស់បំណុល។ ហេតុដូច្នេះហើយ បានជាបារាំងបានផ្តួចផ្តើមបង្កើត Club de Paris នៅឆ្នាំ១៩៥៦ ដើម្បីប្រមូលផ្តុំប្រទេសម្ចាស់បំណុលធំៗទាំងអស់ ដែលមានចំនួន២២ប្រទេស។ ក្នុងចំណោមនេះ មានដូចជា បារាំង អ៊ីតាលី អាល្លឺម៉ង់ ជប៉ុន សហរដ្ឋអាមេរិក និងអង់គ្លេសជាដើម។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗទាំង២ ដែលយើងស្គាល់ច្បាស់ គឺមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ក៏គឺជាម្ចាស់បំណុលធំដែរ។ក៏ប៉ុន្តែ ស្ថានការណ៍បានប្រែប្រួលច្រើនណាស់ រវាង៣០ ៤០ឆ្នាំចុងក្រោយនេះ ដោយមានតួអង្គម្ចាស់បំណុលជាច្រើនផ្សេងទៀត បានលេចមុខដែរ គឺក្រុមម្ចាស់បំណុលឯកជន។ ម្ចាស់បំណុលឯកជននេះ គឺជាបណ្តាធនាគារឯកជន និងមូលនិធិវិនិយោគទុនផ្សេងៗ។ ក្រុមនេះ គេបានបង្កើតក្រុមនៅរវាងពាក់កណ្តាលទសវត្សឆ្នាំ៧០ ដែលគេហៅឈ្មោះថាក្លឹបទីក្រុងឡុងដ៍។ ហើយក្រោយមកទៀត មានប្រទេសថ្មីបានលេចមុខ ក្លាយជាម្ចាស់បំណុលយ៉ាងលឿនរហ័ស តួយ៉ាង ចិន ឥណ្ឌា និងបណ្តាប្រទេសមហាសេដ្ឋីប្រេងនៅតំបន់អារ៉ាប់ជាដើម។ បច្ចុប្បន្ននេះ ប្រទេសដែលជាម្ចាស់បំណុលធំជាងគេនៅអាហ្វ្រិក គឺចិន។សើរើផែនការសងបំណុល ឬលុបចោលបំណុលខ្លះប្រទេសដែលមានបំណុលវ័ណ្ឌក ហើយមិនអាចសងការប្រាក់គេបាន គឺអាចប្រឈមនឹងឧបសគ្គជាច្រើន ជាក់ស្តែងគឺត្រូវគេរារាំង មិនឲ្យទទួលបានប្រាក់កំចីផ្សេងទៀត យកទៅចំណាយចាយវាយក្នុងស្រុក។ ជាក់ស្តែងកន្លងងមកដូចយើងបានឃើញហើយ ជាមួយករណីប្រទេសស្រីលង្កា ដែលរដ្ឋក្ស័យធនគ្មានប្រាក់ក្នុងហោប៉ាវសោះតែម្តង។ ដូច្នេះដើម្បីអាចឲ្យប្រទេសទាំងនោះ អាចបន្តទទួលបានប្រាក់កម្ចីឥណ្ឌទាន យកទៅបង្វិលដោះស្រាយបញ្ហាបាន គឺទាល់តែចរចា ជាមួយម្ចាស់បំណុល ដើម្បីរៀបចំសើរើផែនការសងបំណុល។ ករណីរបៀបនេះ គឺវាតែងតែមានភ្ជាប់មកជាមួយ នូវការដាក់កំហិតផ្សេងៗ ឲ្យប្រទេសកូនបំណុលត្រូវសន្យានឹងសន្សំសំចៃ កាត់បន្ថយការចំណាយដែលមិនចាប់ជាប់ជាដើម។កាលពីអំឡុងពេលវិបត្តិកូវីដ១៩ ក្រុមប្រទេសក្លឹបប៉ារីស រួមជាមួយ G20 បានព្រមព្រៀងគ្នា ផ្អាកមិនយកការប្រាក់មួយរយៈសិន ពីប្រទេសក្រីក្រដែលជាប់បំណុលច្រើនខ្លាំង។ ហើយទន្ទឹមគ្នានេះ ក្រុមប្រទេសក្លឹបប៉ារីស បានសន្មត់ថា នឹងរៀបចំក្របខណ្ឌរួមមួយ ទៅថ្ងៃអនាគត សំដៅសើរើបំណុល ឬក៏អាចលុបចោលបំណុលខ្លះតែម្តង ដើម្បីជួយប្រទេសដែលជួបការពិបាកខ្លាំង។ តែចំណុចនេះ ត្រូវបានចិនរារាំងខ្លាំងណាស់ កន្លកមក ព្រោះចិនមិនសុខចិត្តលុបបំណុលដែលគេជំពាក់ខ្លួនទេ។ហេតុដូច្នេះហើយ បានជាក្លឹបប៉ារីសបើកការប្រជុំនៅថ្ងៃពុធនេះ ដោយបានបញ្ជើញចិន និងតំណាងម្ចាស់បំណុលឯកជនទាំងអស់មកចូលរូមដែរ ដើម្បីនិយាយគ្នារកដំណោះស្រាយ ជួយកូនៗបំណុល។ យោងតាមព័ត៌មានចុងក្រោយពីលោក Emmanuel Moulin ប្រធានក្លឹបប៉ារីស គឺក្រុមម្ចាស់បំណុលទាំងអស់ បានព្រមព្រៀងគ្នានៅព្រឹកថ្ងៃពុធនេះ ថានឹងសន្យាដោះស្រាយ ឆ្លើយតប ក្នុងរវាង៦ខែ ក្រោយការដាក់ពាក្យសុំរបស់ប្រទេសណាមួយ ដែលចង់សើរើផែនការសងបំណុល។ សំណុំរឿងបន្ទាន់ បច្ចុប្បន្ន មានពាក់ព័ន្ធនឹងប្រទេស៣ ដែលធ្ងន់កខ្លាំងតែម្តង គឺហ្សំប៊ី ហ្កាណា និងអេត្យូពី។បំណុល ជះផលអាក្រក់ទៅលើការដោះស្រាយទប់ទល់វិបត្តិអាកាសធាតុកិច្ចប្រជុំក្រុមប្រទេសក្លឹបប៉ារីសដែលកំពុងធ្វើឡើងនេះ គឺមួយថ្ងៃមុននឹងមានជំនួបកំពូលអន្តរជាតិ នៅទីក្រុងប៉ារីសដែរ ស្តីអំពីផែនការហិរញ្ញវត្ថុថ្មីសម្រាប់ពិភពលោក ដើម្បីដោះស្រាយវិបតិ្តអាកាសធាតុ។ និយាយអោយងាយស្តាប់ សួរថាបើយើងជំពាក់បំណុលគេវ័ណ្ឌក គ្មានប្រាក់ចំណាយលើសេវាសាធារណៈ ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាលផង តើឲ្យមានប្រាក់ឯណា ទៅគិតរឿងអាកាសធាតុ មេឃក្តៅមេឃត្រជាក់? វាជាការគិត ឲ្យតែរួចមួយពេល ដែលយើងអាចយល់បាន។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ វិបត្តិអាកាសធាតុ គ្រោះធម្មជាតិទាំងឡាយទាំងពួង វានឹងធ្វើបានជីវភាពសេដ្ឋកិច្ច ធ្វើឲ្យប្រទេសនោះកាន់តែក្រីក្រ កាន់តែពិបាករកប្រាក់មកសងបំណុលគេថែមទៀត។លោកស្រី Clemence Landers អ្នកជំនាញម្នាក់ នៅមជ្ឈមណ្ឌលដើម្បីការអភិវឌ្ឍន៍សកល បានពន្យល់ថា ប្រទេសដែលជាប់បំណុលគេច្រើន មិនអាចមានលទ្ធភាព ចំណាយថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីទប់ទល់ជាមួយវិបត្តិអាកាសធាតុនោះទេ។ ដូច្នេះវាជារឿងចាំបាច់ ដែលត្រូវតែជួយសម្រួល ប្រទេសក្រីក្រ ដែលជាប់បំណុលច្រើន ប្រសិនបើចងជួយប្រទេសទាំងនោះ ក្នុងការទប់ទល់នឹងវិបត្តិអាកាសធាតុ។យោងតាមតួលេខគុណគូរពីក្រុមអ្នកជំនាញ គឺគេត្រូវការប្រាក់ ចំនួនចន្លោះពី ២០០០ ទៅ ៣០០០ពាន់លានដុល្លារ ពីនេះដល់ឆ្នាំ២០៣០ ដើម្បីវិនិយោគទប់ទល់វិបត្តិអាកាសធាតុ នៅប្រទេសកំពុងអភិវឌ្ឍន៍ ដោយមិនរាប់ចិនចូល។ បញ្ហាទឹកប្រាក់វិនិយោគ និងការប្រមូលប្រាក់ សងសំណងខូចខាតជូនប្រទេសក្រីក្រ ដែលរងគ្រោះដោយវិបត្តិអាកាសធាតុ វាគឺជាកម្មវត្ថុធំនៃជំនួបកំពូលអន្តរជាតិចាប់ពីថ្ងៃស្អែកនេះទៅ។ ជំនួបកំពូលនេះ ផ្តួចផ្តើមដោយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែលលោកចង់បង្កើត “កតិកាសញ្ញាហិរញ្ញវត្ថុថ្មីសម្រាប់ពិភពលោក” ដើម្បីឈានទៅរួមគ្នាដោះស្រាយវិបត្តិអាកាសធាតុ៕
21-6-2023 • 9 minuten, 4 seconden នាយករដ្ឋមន្រ្តីឥណ្ឌាទៅអាមេរិក ដើម្បីរឹតចំណងទាក់ទ ងទ្វេភាគីផង និងរួមគ្នាទប់ទល់នឹងឥទ្ធិពលចិន
ថ្ងៃអង្គារ៍ នាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី ទៅបំពេញទស្សនកិច្ចផ្លូររដ្ឋ នៅសហរដ្ឋអាមេរិក តបតាមការអញ្ជើញរបស់ប្រធានាធិបតី ចូ បៃដិន។ តាមរយៈកិច្ចពិភាក្សាកម្រិតថ្នាក់កំពូលនៃបុរសរដ្ឋទាំងពីរនេះ គឺស្តែងឲ្យឃើញពីទំនាក់ទំនង អាមេរិក-ឥណ្ឌា កាន់ជិតស្និទ្ធ ហើយនិងកាន់តែត្រូវការគ្នាខ្លាំងទៅវិញទៅមក ខណៈពេលឥទ្ធិពលមហាយក្សចិន កាន់តែរីកដុះដាលខ្លាំងនៅក្នុងតំបន់អាស៊ី។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិក ក៏ចង់ឃើញ ឥណ្ឌា ងាកចេញពីការពឹងផ្អែកខ្លាំងលើរុស្ស៊ី ខាងវិស័យគ្រឿងសព្វាវុធ និងឲ្យងាកមកសហការយោធាជាមួយ សហរដ្ឋអាមេរិក។ ជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗរបៀបវរៈ ដំណើរទស្សនកិច្ចរបស់លោក ណារិនដ្រា ម៉ូឌី ដែលក្រុមអ្នកសារព័ត៌មានបានដឹង គឺលោកត្រូវជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗរបស់សហរដ្ឋអាមេរិក។ នៅលើទិដ្ឋភាពការទូត នាយករដ្ឋមន្រ្តីឥណ្ឌា នឹងត្រូវជួបជជែកជាមួយប្រមុខការទូតអាមេរិក អង់តូនី ប្ល៊ីងកិន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរូបនេះ អញ្ជើញត្រឡប់ពីដំណើរទស្សនកិច្ចនៅប៉េកាំង ប្រទេសចិន។ថ្ងៃពុធ លោក ណារិនដ្រា ម៉ូឌី នឹងទៅ ទីស្នាក់ការកណ្តាល អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ហើយនឹងត្រូវចូលរួមពិធីណែនាំបង្ហាញពី យោហ្គា (Yoga) ដែលជាវិធីសាស្ត្រថែទាំសុខភាពផ្លូវកាយផ្លូវចិត្ត ដ៏ល្បីពេញនិយមរបស់ឥណ្ឌា។ រដ្ឋាភិបាលឥណ្ឌាយករបៀបហាត់ប្រាណ យោហ្គា ជាផ្នែកមួយយ៉ាងសំខាន់ នៃ វិស័យការទូតវប្បធម៌។ នៅក្រុងញូវយ៉កនោះដែរ ថ្នាក់ដឹកនាំឥណ្ឌារូបនេះ ក៏ត្រូវជួបជុំសំណេះសំណាលជាមួយ បណ្តាក្រុមអ្នករកស៊ីវិនិយោគទុនអាមេរិកនិងឈ្មួញអន្តរជាតិ ដើម្បីធានាទំនុកទុកចិត្ត ដល់វិស័យវិនិយោគទុននៅស្រុកឥណ្ឌា បើទោះបីជា មហាប្រទេសឥណ្ឌា នឹងរៀបចំបោះឆ្នោតជាតិនៅឆ្នាំថ្មីក៏ដោយ ក៏លោក ម៉ូឌី អះអាងផ្តល់ភាពកក់ក្តៅផ្លូវចិត្តដល់ ឈ្មួញវិនិយោគទុន ពីស្ថិរភាពនយោបាយ-សេដ្ឋកិច្ចនៅក្នុងប្រទេស។ នៅថ្ងៃព្រហស្បតិ៍ ជាថ្ងៃសំខាន់ខ្លាំង នាយករដ្ឋមន្រ្តីឥណ្ឌា ម៉ូឌី នឹងត្រូវថ្លែងសុន្ទរកថា នៅចំពោះមុខសភា Congrès សហរដ្ឋអាមេរិក ហើយលោកត្រូវជួបពិភាក្សានិងលៀងភោជនាហារជាមួយប្រធានាធិបតី ចូ បៃដិន ដ្បិតថ្នាក់ដឹកនាំទាំងពីរ មានសំណុំរឿងទំនាក់ទំនងទ្វេភាគី និងសំណុំបញ្ហាអន្តរជាតិជាច្រើន ដែលត្រូវប្រាស្រ័យចរចាគ្នា។បើតាមគម្រោង ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំមហាអំណាចឥណ្ឌា នៅអាមេរិក លើកនេះ គឺប្រទេសទាំងពីរ នឹងរឹតបន្តឹងចំណងទាក់ទងទ្វេភាគី ហើយនិងអាចចុះកិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្ម បច្ចេកវិទ្យា និងវិស័យយោធា ដែរ។សហរដ្ឋអាមេរិកនិងឥណ្ឌា ខិតរកគ្នា ដើម្បីទប់ទល់ឥទ្ធិពលចិន។Samir Sarin ប្រធានមជ្ឈមណ្ឌលសញ្ជឹងគិត Observer Research Foundation មូលដ្ឋាននៅក្រុងញូវដេលី បានវិភាគឃើញច្បាស់ថា លោក ម៉ូឌី និងលោក បៃដិន មានការចាំបាច់ត្រូវរឹតចំណងទាក់ទងនឹងគ្នា រវាងមហាប្រទេសទាំងពីរ បើទោះបីជាបុគ្គលិកលក្ខណៈ នៃបុរសរដ្ឋទាំងពីរខុសគ្នាឆ្ងាយខ្លាំងក្តី។ ទន្ទឹមនឹងគ្នានេះដែរ Ashok Malik នៃ ការិយាល័យប្រឹក្សាយោបល់ឥណ្ឌា The Asia Group យល់ឃើញថា ការរឹតចំណងទំនាក់ទំនងនៃរដ្ឋបាលក្រុងញូវដេលី និងក្រុងវ៉ាស៊ីនតោន គឺ ឈរលើទិដ្ឋភាព«ជាក់ស្តែងប្រាកដនិយម» ហើយនិង«តម្រូវការសេដ្ឋកិច្ចដ៏ខ្លាំងក្លា» នៃប្រទេសធំៗទាំងពីរ។ នេះក៏ព្រោះតែដើម្បីប្រឈមមុខទប់ទល់នឹងកម្លាំងឥទ្ធិពលចិនដែរ។ មហាយក្សចិន ពង្រឹងពង្រីកឥទ្ធិពលស្ទើរគ្រប់វិស័យ ទាំងវិស័យយោធា និងសេដ្ឋកិច្ច មិនថានៅក្នុងតំបន់អាស៊ី ឬក្នុងទ្វីបផ្សេងនោះទេ។ នៅអាស៊ី ពេលដែល ចិន កាន់កាប់កំពង់ផែស្រីលង្កា ហើយកាលពីឆ្នាំ២០២២ ចិនបានបញ្ចេញនាវា « Yuan Wang 5 » ទោះបីជាចិនខំប្រឹងថានេះជានាវាសិក្សាស្រាវជ្រាវផ្នែកស៊ីវិលក្តី តែ អាមេរិក បានចង្អុរមុខរិះគន់ខ្លាំង ថា នោះជានាវាចារកិច្ចឈ្លបយកការណ៍សម្ងាត់។ រឿងនេះគឺបានធ្វើឲ្យ ឥណ្ឌា ខ្លាចរអានិងព្រួយបារម្ភពីសុវត្ថិភាពនិងសន្តិសុខជាតិ។ ប្រទេសទាំងពីរ ឥណ្ឌា ចិន ជាសត្រូវចាស់ឆ្នាំ ហើយបានប៉ះទង្គិចប្រដាប់អាវុធជាមួយគ្នា ច្រើនដងច្រើននៅតាមព្រំដែន ពិសេសនាជ្រលងភ្នំហិមពាន្ត។ នៅមានការប៉ះទង្គិចគ្នាផ្សេងទៀតដែរ នៅក្បែរតំបន់ទីបេ និងនៅតំបន់ប៉ែកខាងឥណ្ឌា ឡាដាក់ ឆ្នាំ២០២០ ជាដើម ដែលតម្រូវឲ្យ ឥណ្ឌា កាន់តែចាំបាច់ងាកទៅរកបង្អែក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងដែលមានសត្រូវរួម ឬមានយុទ្ធសាស្ត្ររួមគ្នា ក្នុងការទប់ទល់នឹង ចិន។ យើងអាចឃើញស្រាប់ មានសម្ព័ន្ធមិត្ត ចតុភាគី Quad ដែលមានបួនប្រទេស គឺសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ។ ប្រទេសទាំង៤បានសហការគ្នាធ្វើសមយុទ្ធយោធាជាច្រើនរួចមកហើយ។អាមេរិក សហការជាមួយ ឥណ្ឌា ក្នុងវិស័យការពារជាតិ កុំឲ្យពឹងផ្អែកច្រើនលើ រុស្ស៊ី។មុននឹងនាយករដ្ឋមន្ត្រីឥណ្ឌាធ្វើដំណើរទៅអាមេរិកនៅពេលនេះ គឺ រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បានអញ្ជើញទៅស្រុកឥណ្ឌា រួចស្រេច នៅដើមខែមិថុនា ដើម្បីធានាទំនុកចិត្តដល់ថ្នាក់ដឹកនាំឥណ្ឌា។ នៅឥណ្ឌា ដើមខែនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក បានបង្ហាញគម្រោងការពង្រាងស្រេចហើយ ពីកិច្ចសហការឧស្សាហកម្មយោធា ក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ។ ហេតុដូច្នេះ នៅពេលនេះ មជ្ឈដ្ឋានជាច្រើន ជឿថា ប្រមុខដឹកនាំអាមេរិកនិងឥណ្ឌាប្រាកដជាចុះកិច្ចព្រមព្រៀងជាផ្លូវការបន្ថែមទៀត លើកិច្ចការសហការយោធានិងឧស្សាហកម្មផលិតគ្រឿងចម្បាំង។គម្រោងការអាមេរិកនេះ ក៏នឹងជំរុញឲ្យ ឥណ្ឌា បិទបញ្ចប់សម័យកាលដែលត្រូវពឹងពាក់លើគ្រឿងសព្វាវុធរបស់រុស្ស៊ី ដែល រដ្ឋបាលក្រុងញូវដេលី ពឹងផ្អែកផ្នែកអាវុធលើរុស្ស៊ីច្រើនទសវត្សរ៍មកហើយ។ ចំណុចនេះ ក៏ស្តែងឲ្យឃើញច្បាស់តាមរយៈ ជំហររបស់ឥណ្ឌា នៅក្នុងសង្គ្រាមអ៊ុយក្រែន។ គឺថា តាំងពីផ្ទុះសង្គ្រាមឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន ជាង១ឆ្នាំមក គឺ ឥណ្ឌា ពុំបញ្ជាក់ជំហរគាំទ្រអ៊ុយក្រែន ដូចពួកបច្ចិមលោកទេ ហើយ ឥណ្ឌា ក៏មិនដែលថ្កោលទោសរុស្ស៊ី នោះឡើយ។ ដូច្នេះហើយ អាមេរិកដែលនៅខាងអ៊ុយក្រែន និងជួយអ៊ុយក្រែនច្រើនជាងគេ ក៏ឃើញនិងចង់បានឲ្យ ឥណ្ឌា ងាកចេញពីរុស្ស៊ី ហើយថ្កោលទោសរុស្ស៊ីដែរ។អ្នកវិភាគ Donald Camp នៃ មជ្ឈមណ្ឌលសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ (CSIS) នៅក្រុង Washington ប្រមើលឃើញថា សហរដ្ឋអាមេរិក អូសទាញ និងលើកទឹកចិត្ត ឥណ្ឌា ឲ្យបញ្ចេញជំហរច្បាស់ៗ ចំពោះរុស្ស៊ី និងដាក់វិធានការផ្សេងៗបន្ថែមចំពោះរដ្ឋបាលក្រុងម៉ូស្កូ៕
នាយករដ្ឋមន្ត្រីចិនទៅប៊ែរឡាំង ខណៈអាល្លឺម៉ង់ប្រកាន់ជ ំហរ កាន់តែរិះគន់មកលើចិន
ព្រឹកថ្ងៃចន្ទ ទី១៩មិថុនានេះ លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន បានធ្វើដំណើរទៅដល់ទីក្រុងប៊ែរឡាំង ដើម្បីជួបប្រជុំជាមួយតំណាងរដ្ឋាភិបាលអាល្លឺម៉ង់។ បើទោះបី ចិន និងអាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់ទៅវិញទៅមក តែទំនាក់ទំនងរវាងមហាអំណាចទាំង២នេះ កាន់តែល្អក់កករ មួយរយៈចុងក្រោយនេះ។ ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញផ្សាយនូវឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ខ្លួន ដែលក្នុងឯកសារនេះ អាល្លឺម៉ង់បានចាត់ទុកចិនថាគឺជាប្រទេសដែរធ្វើសកម្មាភាពប្រឆាំងនឹងផលប្រយោជន៍ជាតិអាល្លឺម៉ង់។ លោកលី ឈាំង បានមកដល់ទីក្រុងប៊ែរឡាំង នៅព្រឹកថ្ងៃចន្ទទី១៩មិថុនា ហើយបានចូលទៅជួបលោក Frank-Walter Steinmeier ប្រមុខរដ្ឋអាល្លឺម៉ង់។ តាមការគ្រោងទុក គឺនៅព្រឹកថ្ងៃអង្គារ ដែលលោកនាយករដ្ឋមន្ត្រីចិន នឹងជួបជាមួយលោកប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍។ ជាកិច្ចប្រជុំទ្វេរភាគី ដែលគេតែងធ្វើជារៀងរាល់ឆ្នាំ ព្រោះថាប្រទេសទាំង២នេះ មួយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកផង និងនៅអាស៊ីផង ហើយមួយទៀត ជាមហាអំណាចសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប។ចិនជាមហាអំណាច ដែលធ្វើសកម្មភាពប្រឆាំងផលប្រយោជន៍អាល្លឺម៉ង់ទំនាក់ទំនងរវាងចិន និងអាល្លឺម៉ង់ ក្នុងអំឡុងពេលនេះ ហាក់ចាប់ផ្តើមល្អក់កករខ្លាំង។ កាលពីថ្ងៃទី ១៤ មិថុនា រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញផ្សាយឯកសារស្តីពី យុទ្ធសាស្ត្រសន្តិសុខជាតិអាល្លឺម៉ង់។ នៅក្នុងឯកសារនេះ អាល្លឺម៉ង់បានលើកឡើងថា ចិនគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មែនហើយ តែចិនក៏ជាមហាមអំណាចមួយ ដែលធ្វើសកម្មភាព ប្រឆាំងនឹងផលប្រយោជន៍ជាតិ និងតម្លៃរបស់អាល្លឺម៉ង់ដែរ។ អាល្លឺម៉ង់យល់ឃើញថា ដោយសារតែសកម្មភាពរបស់ចិន គឺវាបានធ្វើឲ្យ ស្ថិរភាពតំបន់ ព្រមទាំងសន្តិសុខអន្តរជាតិ កាន់តែទទួលរងសំពាធ ហើយសិទ្ធិមនុស្សវិញ លែងត្រូវគេគោរព។តែយ៉ាងណា នៅក្នុងពេលធ្វើសន្និសីទកាសែត បង្ហាញឯកសារនេះ លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ បានលើកឡើងថា ទោះជាយ៉ាងណា អាល្លឺម៉ង់ មិនត្រូវទៅរារាំង ការរីកចម្រើនសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ចិននោះទេ។ លោកអូឡាហ្វ ស្លុលស៍ បានទទួលស្គាល់ថា នៅក្នុងសហគមន៍អន្តរជាតិ ចិនក៏មានតួនាទីសំខាន់ណាស់ដែរ ដែលត្រូវតែមានវត្តមានចូលរួម ជាក់ស្តែង នៅក្នុងសំណុំរឿងវិបត្តិអាកាសធាតុ។ តែទន្ទឹមគ្នានេះ លោកប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ រំលឹកថា អាល្លឺម៉ង់ មិនត្រូវភ្លេចខ្លួនឡើយ គឺត្រូវតែប្រុងប្រយ័ត្នចំពោះការគំរាមមកលើសន្តិសុខជាតិរបស់អាល្លឺម៉ង់។លោកវ៉ាង វេនពីន អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយប្រាប់អ្នកកាសែតថា ចិនមិនយល់ស្របនូវអ្វីដែលភាគីអាល្លឺម៉ង់ បានលើកឡើងនេះទេ។ សម្រាប់ចិន ការគិតថាប្រទេសម្ខាងទៀត គឺជាគូប្រជែង គូប្រកួត ល្បងកម្លាំងគ្នាបែបនេះ គឺវាមិនមែនជារឿងត្រឹមត្រូវទេ នៅក្នុងការស្ថាបនាទំនាក់ទំនងអន្តរជាតិ។ លោកបន្តថា ការយល់ឃើញបែបនេះ ដែលយកទំនាក់ទំនង សហប្រតិបត្តិការសាមញ្ញធម្មតា រុញប្រែទៅជាគោលនយោបាយយុទ្ធសាស្ត្រសន្តិសុខជាតិ គឺវានឹងធ្វើឲ្យពិភពលោកកាន់តែខិតចូលទៅក្នុងភាពពុះកញ្ជ្រោល បែកបាក់គ្នា ប្រឈមមុខដាក់គ្នាទៅវិញទេ។ភ្លឺភ្នែក ក្រោយឃើញគ្រោះថ្នាក់ពីមុនមក អាល្លឺម៉ង់ធ្លាប់បានការពារទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ដ៏ល្អជាមួយចិន បើទោះជារងការរិះគន់ខ្លះពីប្រទេសផ្សេងទៀត ថាអាល្លឺម៉ង់ទន់ជ្រាយជាមួយចិនក៏ដោយ។ កាលពីក្នុងអាណត្តិលោកស្រី អង់ហ្កេឡា មែរកិល អាល្លឺម៉ង់ព្យាយាមយកចិត្តចិនច្រើនណាស់ ព្រោះសេដកិច្ចអាល្លឺម៉ង់ពឹងផ្អែកលើចិនច្រើន មិនថាជាវត្ថុធាតុដើមនាំចូលពីចិន ព្រមទាំងទំនិញអាល្លឺម៉ង់ ដូចជារថយន្តជាដើម ដែលអាល្លឺម៉ង់នាំចេញទៅលក់នៅចិន។ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់អាល្លឺម៉ង់។ ក៏ប៉ុន្តែភាពល្អូកល្អឺននេះ បានចុះខ្សោយខ្លាំង ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។ អាល្លឺម៉ង់ បានភ្លឺភ្នែក បន្ទាប់ពីបានឃើញថា សេដ្ឋកិច្ចខ្លួនប្រឈមគ្រោះថា្នក់ប៉ុណ្ណា នៅពេលពឹងលើចិនខ្លាំងជ្រុលពេក។ ចិន ចង់បិទ ចង់បើក ចង់បន្ធូរចង់បន្តឹងក៏ស្រេចតែចិន ចំណែកអាល្លឺម៉ង់បានត្រឹមតែរងចាំ និងទទួលផលវិបាក។ចំណុចមួយទៀត ដែលធ្វើឲ្យអាល្លឺម៉ង់អន់ចិត្តនឹងចិន គឺទាក់ទិននឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ ចិនមិនបានថ្កោលទោសរុស្ស៊ីទេ ផ្ទុយទៅវិញគឺកាន់បង្ហាញភាពស្និទ្ធស្នាលជួយរុស្ស៊ីកុំឲ្យពិបាកដោយសារទណ្ឌកម្មសេដ្ឋកិច្ចលោកខាងលិច។ សំណុំរឿងកោះតៃវ៉ាន់ ព្រមទាំងបញ្ហារំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ តំបន់ស៊ីនជាំង ក៏ជាផ្នែកមួយដែលធ្វើឲ្យអាល្លឺម៉ង់ កាន់តែមិនសប្បាយចិត្តនឹងចិនដែរ។ ត្រង់ចំណុចនេះហើយ ដែលរដ្ឋាភិបាលអាល្លឺម៉ង់ យល់ថា តម្លៃប្រជាធិបតេយ្យសេរី និងច្បាប់អន្តរជាតិជាគោល ដែលអាល្លឺម៉ង់លើកទូលការពារនោះ គឺចិនគ្មានខ្វល់សូម្បីប៉ុនក្រចក។កន្លងមក អាល្លឺម៉ង់ក៏ពឹងផ្អែកខ្លាំងលើរុស្ស៊ីដែរ គឺការទិញថាមពលឧស្ម័នពីរុស្ស៊ីក្នុងទំហំដ៏ច្រើនសន្ធឹក ដើម្បីប្រើប្រាស់ក្នុងឧស្សាហកម្ម។ កត្តាទាំងអស់នេះ បានធ្វើឲ្យអាល្លឺម៉ង់ត្រូវសញ្ជឹងគិត ឲ្យបានស៊ីជម្រៅ ដើម្បីរៀបចំយុទ្ធសាសាស្ត្រការពារសេដ្ឋកិច្ច និងសន្តិសុខជាតិខ្លួន កុំឲ្យពឹងលើអ្នកណាខ្លាំងពេក មិនថាចិន ឬរុស្ស៊ី។ អំណេះតទៅ អាទិភាពរបស់អាល្លឺម៉ង់ គឺធ្វើយ៉ាងណាពង្រីកបណ្តាញផ្គត់ផ្គង់ឲ្យបានច្រើន។ ពោលគឺដៃគូសេដ្ឋកិច្ចត្រូវតែមានច្រើន និងមានទំងន់ប្រហាក់ប្រហែលគ្នា មិនត្រូវពឹងលើភាគីមួយដែលធំជ្រុលហួស សង្កត់គេឯងពេកនោះទេ។ចិនត្រូវការអាល្លឺម៉ង់ ដូចអាល្លឺម៉ង់ត្រូវការចិនទោះជាយ៉ាងណា មហាអំណាចទាំង២នេះ មានផលប្រយោជន៍ហុចឲ្យគ្នាទៅវិញទៅមក។ អាល្លឺម៉ង់ជាមហាមអំណាចដ៏ធំជាងគេនៅអឺរ៉ុប ពោលគឺសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចចិន។ សេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ននេះ មិនទាន់ងើបល្អប្រសើរនៅឡើយទេ បន្ទាប់ពីបានឆ្លងកាត់វិបត្តិកូវីដ១៩ ៣ឆ្នាំជាប់គ្នា។ លោកនាយករដ្ឋមន្ត្រីចិន លី ឈាំង មានភារៈកិច្ចធំបំផុត គឺផ្តល់សន្ទុះដល់សេដ្ឋកិច្ចចិន ដែលការនេះ គឺត្រូវតែឆ្លងកាត់ការពង្រឹងសហប្រតិបត្តិការជាមួយមហាអំណាចសេដ្ឋកិច្ចដ៏ធំនៅអឺរ៉ុប គឺអាល្លឺម៉ង់នេះឯង។ នេះបើផ្អែកតាមពន្យល់ របស់លោក Ian Johnson អ្នកជំនាញចិននៅ Council on Foreign Relations។ដូចគ្នាដែរ លោក Thorsten Brenner អ្នកវិភាគនៅវិទ្យាស្ថាននយោបាយសាធារណៈសកល GPPI បានពន្យល់ថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាមេរិក ល្អក់ខ្វល់ខ្លាំងណាស់ ទាំងផ្នែកការទូត ទាំងផ្នែកសេដ្ឋកិច្ច។ ដូច្នេះ ចិនត្រូវរកបង្អែកមួយឲ្យមាំ បង្ហាញថាអត់អាមេរិក ក៏ខ្លួនមិនស្លាប់ដែរ។ ពោលគឺចិន អាចនៅមានទំនាក់ទំនងល្អជាមួយអឺរ៉ុប ជាពិសេសគឺជាមួយអាល្លឺម៉ង់ ដែលជាមហាអំណាចសេដ្ឋកិច្ច និងជាកម្លាំងក្បាលម៉ាស៊ីនរបស់អឺរ៉ុប។ ដូច្នេះ អ្វីៗគឺវាអាស្រ័យលើគោលជំហររបស់អាល្លឺម៉ង់ដែរ ថាចង់បន្តទន់ជ្រាយ ញញឹមថ្នមចិត្តចិន ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចតទៅទៀត ឬមួយក៏ចាប់ផ្តើមរឹងរូស និយាយរិះគន់ចិនចំៗ ត្រង់ចំណុចណាដែលត្រូវតែរិះគន់៕
19-6-2023 • 7 minuten, 15 seconden ប្រមុខការទូតអាមេរិក ទៅដល់ក្រុងប៉េកាំង ជួបនិយាយជាមួយសមភាគីចិន ដើម្បីបន្ធូរស្ថានការណ៍
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប្លីងកិន អញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំង នៅថ្ងៃអាទិត្យទី១៨មិថុនា ដើម្បីជួបនិយាយជាមួយសមភាគីចិន ខណៈភាពតានតឹងផ្នែកការទូត រវាងចិននិងសហរដ្ឋអាមេរិក កាន់តែឡើងកម្រិត។ ដូចប្រមុខការទូតរបស់ខ្លួនដែរ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានថ្លែងក្តីរំពឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅប៉េកាំង នឹងជួយបន្ថយបន្ធូរសភាពការណ៍តានតឹង ហើយរូបលោក ចូ បៃដិន ខ្លួនឯង ក៏សង្ឃឹមថានឹងបានជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង នៅ«ប៉ុន្មានខែខាងមុខនេះ»។ ដំណើរធ្វើដំណើរទស្សនកិច្ចនៅស្រុកចិននេះ ត្រូវកាសែតចិនផ្សាយពីថ្ងៃទី១៤មិថុនា អំពីការជជែកគ្នាតាមទូរសព្ទរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរប្រទេស ហើយក៏ត្រូវលោកប្រមុខទូតអាមេរិក ប្រកាសឲ្យដឹងដោយផ្ទាល់នៅសុក្រ ពេលធ្វើសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ពីក្រុងវ៉ាស៊ីនតោន។ មុននឹងចេញទៅចិន រដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាគ្នាជាមួយសមភាគី ជប៉ុន និងកូរ៉េខាងត្បូង រួចស្រេចហើយដែរ។បន្ទាប់ពីខកខាន អស់៥ឆ្នាំ នេះជាលើកទី១ហើយ ដែលរដ្ឋមន្ត្រីការបរទេសអាមេរិកទៅជាន់ដីចិន។ គ្មានថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិករូបណា ឬរដ្ឋមន្ត្រីបរទេសអាមេរិក បានទៅជាន់ដឹកដីចិន ដោយផ្ទាល់ នោះទេ ជាង៥ឆ្នាំមកនេះ។ ប្រមុខការបរទេសអាមេរិកចុងក្រោយ ដែលទៅស្រុកចិន គឺលោក Mike Pompeo ដែលទៅប៉េកាំងនៅឆ្នាំ២០១៨ ជំនាន់អាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ។ ក៏ប៉ុន្តែ គឺលោក Mike Pompeo ដែលពេលក្រោយមក ក្លាយជាបុគ្គលសំខាន់ ក្នុងការរៀបចំយុទ្ធសាស្ត្រប្រឆាំងទប់ទល់ចិន ស្របតាមខ្សែបន្ទាត់របស់លោក ដូណាល់ ត្រាំ។ វត្ថុបំណងធំបំផុតរបស់ភាគីអាមេរិក នៅពេលនេះ ដើម្បីសម្រួលស្ថានការណ៍ឲ្យធូរស្រាល និងរំលាយភាពជាប់គាំងទាំងឡាយ។ ពោលគឺឈរលើកគំនិត ថា ត្រូវនិយាយគ្នា ដើម្បីយល់ពីគ្នា យល់ពីទឹកចិត្តនិងការចង់បានរបស់ម្នាក់ ហើយដើម្បីបញ្ជៀសការយល់ខុសភាន់ច្រឡំ និងចៀសវាងផ្តាច់ទំនាក់ទំនងនិងឈ្លោះទាស់ទែងគ្នា។លោក អង់តូនី ប្លីងកិន ត្រូវទៅប៉េកាំងតាំងតែពីកុម្ភៈម្ល៉េះ ប៉ុន្តែត្រូវខកខានទៅវិញ ព្រោះតែផ្ទុះបញ្ហាបាឡុងចារកិច្ចចិន ហោះលើដែនអាកាសអាមេរិក។ រឿងនេះធ្វើឲ្យស្ថានភាពការទូតប្រទេសទាំងពីរ ជាប់គាំងខ្លាំង។ ទោះជាម្តេចក្តី មន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ ក៏បានស្កាត់ជួបគ្នាខ្លះដែរ នៅក្រៅស្រុកចិន។ ជាក់ស្តែង ខែមីនា លោក អង់តូនី ប្លីងកិន ជួបអតីតប្រមុខការទូតចិន លោក វ៉ាំង យី នៅក្រុងនៅម៉ូនិច ប្រទេសអាល្លឺម៉ង់។ លោក វ៉ាំង យី ក៏បានជួបនឹងទីប្រឹក្សាសន្តិសុខជាតិអាមេរិក នៅក្រុងវីយែន ប្រទេសអូទ្រីស។ ក្នុងខែមេសា រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ចិន ក៏បានអញ្ជើញទៅក្រុងវ៉ាស៊ិនតោនដែរ។ ជំនួបខ្លះៗមកនេះ ហាក់មិនបានជាផលអ្វីធំដុំនោះឡើយ។ ហេតុដូច្នេះហើយមើលទៅ ! ទើបលោកប្រមុខការទូតអាមេរិក សម្រេចអញ្ជើញទៅដល់កណ្តាលបេះដូង ប្រទេសចិនតែម្តង ដើម្បីជជែកចរចាដោយផ្ទាល់។នៅក្រុងប៉េកាំង អ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុបារាំង Stéphane Lagarde បញ្ជាក់ឲ្យដឹងច្បាស់ថា ដំណើរទស្សនកិច្ចនេះ ពុំមែនជាការអញ្ជើញផ្លូវរដ្ឋទេ តែជាការរៀបចំសម្រុះសម្រួលលក្ខខណ្ឌទ្វេភាគី។ ដូច្នេះ គ្មានកម្រាលព្រំក្រហម ទទួលលោក ប្លីងកិន នៅព្រលានយន្តហោះទេ។ ទំនាក់ទំនងអាមេរិកនិងចិន ជាប់គាំងស្ទើរគ្រប់វិស័យ នាប៉ុន្មានឆ្នាំចុងក្រោយ។ ក្នុងជំនួបនៅប៉េកាំងលើកនេះ តើវិស័យឬផ្នែកណាមួយដែលត្រួវសម្រួលបន្ធូរ ជាអាទិភាពនោះ?រាប់ចាប់តាំងពី វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម យោធា ការទូត បច្ចេកវិទ្យា នវានុវត្តន៍ច្នៃប្រឌិតបង្កើតថ្មី ព័ត៌មានវិទ្យា រហូតដល់វិស័យអាវកាស ជាដើម ដែលកិច្ចការសហការទ្វេភាគីត្រូវរអាក់រអួល ប្រមុខតានតឹងដាក់គ្នា និងត្រូវជាប់គាំងតែម្តង។ អ្នកឆ្លើយឆ្លងព័តមានវិទ្យុបារាំងនៅញូវយ៉ក Carrie Nooten ក៏គូសបង្ហាញដែរថា លោករដ្ឋមន្ត្រីការបរទេស អង់តូនី ប្លីងកិន បានដឹងខ្លួនឯងច្បាស់ណាស់ថា ទំនាក់ទំនងដ៏អស្ថិរភាពរវាងអាមេរិកនិងចិន គឺនាំឲ្យពិភពទាំងមូលជ្រួលច្របល់។ក្រៅពីបញ្ហាទ្វេភាគី នៅមានសំណុំរឿងច្រើន ដូចជា បញ្ហាតៃវ៉ាន់ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាចិនជាមួយជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តអាមេរិក និងដែលជាវិបត្តិប្រទាក់ក្រឡាគ្នានឹងបញ្ហាវិបត្តិកូរ៉េខាងជើង ទៅទៀត។ មួយវិញទៀត ខាងអង្គការសិទ្ធិមនុស្ស គឺចង់ឃើញនិងទន្ទឹងរង់ចាំមើលរដ្ឋមន្ត្រីការបរទេសអាមេរិកលើកឡើងពីបញ្ហាសិទ្ធជនជាតិភាគអ៊ុយហ្គួ ដែលចាត់ទុកថាជា ឧក្រិដ្ឋកិច្ចមនុស្សជាតិ ចំពោះអ្វីដែលរដ្ឋអំណាចចិនបានប្រព្រឹត្តធ្វើឡើងចំពោះជនជាតិភាគិអ៊ុយហ្គួ។ចំពោះមុខវិបត្តិច្រើនប្រភពនិងច្រើនប្រភេទនេះ គឺសំណុំស្រួចខ្លាំងជាងគេ គឺ រឿងតៃវ៉ា់ន់។ តៃវ៉ាន់ដែលត្រូវរៀបចំបោះឆ្នោតនៅតៃវ៉ាន់ នៅឆ្នាំក្រោយ។ ឆ្នាំក្រោយ អាមេរិកក៏រៀបចំបោះឆ្នោតប្រធានាធិបតីដែរ។ កាសែតអន្តរជាតិ និងអ្នកវិភាគស្ថានការណ៍មើលឃើញថា «សំណុំរឿងតៃវ៉ាន់ បើមិនជជែកគ្នាឲ្យចម្រើនទៅមុខទេ គឺដំណើរផ្លាស់ទីពីវ៉ាស៊ីនតោនទៅប៉េកាំង របស់លោក ប្លីងកិន ជាការគ្មានប្រយោជន៍។» ជាការសម្រួលចិត្តដល់ភាគីចិន គឺលោក ប្លីងកិន បានបញ្ជាក់តាំងពី៤ថ្ងៃមុនមកម្ល៉េះ នៅការជជែកគ្នាតាមទូរសព្ទរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរប្រទេស គឺថា «ជំហរអាមេរិក គឺគោរពជំហររបស់ចិនក្នុងសំណុំរឿងតៃវ៉ាន់។»ដំណឹងនៅពេលដំបូងៗនេះ កាសែតបច្ចិមលោក បានទទួលព័ត៌មានតិចតួចណាស់ ស្តីពីលទ្ធភាពដែលប្រមុខការទូតអាមេរិក លើកឡើងពីបញ្ហាវិបត្តិអ៊ុយក្រែន ដើម្បីឲ្យ ចិន ដាក់សម្ពាធលើក រុស្ស៊ី។ ប៉ុន្តែ ប្រហែលជាថ្នាក់ដឹកនាំទាំងពីរប្រទេសលើកឡើងនៅក្នុងកិច្ចប្រជុំបិទទ្វារ ក៏មិនដឹង។ ក្រុមអ្នកកាសែត បានចូលថតរូបតែមួយភ្លេត ក៏ត្រូវគេបញ្ជាឲ្យចេញទៅ។«ដំណើររយៈពេលខ្លីត្រឹម២ថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសនេះ មិននឹងជួយដោះស្រាយអ្វីច្រើនឡើយ ។»អ្នកការទូតជើងចាស់ម្នាក់ លោក Danny Russel អតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក និងបច្ចុប្បន្នជា អនុប្រធាន វិទ្យាស្ថានសិក្សាគោលនយោបាយអាស៊ី (Asia Society Policy Institute) នៅញូវយ៉ក បានប្រមើលឃើញថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រមុខការទូតអាមេរិកនៅប៉េកាំង នឹងមិនផ្តល់ដំណោះស្រាយអ្វីដល់បញ្ហាវិបត្តិធំៗរវាងអាមេរិក-ចិននោះឡើយ ហើយក៏មិនអាចនឹងធ្វើឲ្យប្រទេសទាំងពីរ ឈប់ប្រកួតប្រជែងកម្លាំងគ្នាដែរ។ ក៏ប៉ុន្តែ អ្វីដែលអាចចាត់ទុកថាជាសាច់ការខ្លះនោះ គឺ ទស្សនកិច្ចនេះ បើកផ្លូវឲ្យជំរុញកិច្ចការចរចាពិភាក្សាគ្នាឡើងវិញ ហើយឈានមួយជំហានរំលងឲ្យហួសពីការផ្លោងពាក្យសម្តីគ្នាតាមប្រព័ន្ធផ្សព្វផ្សាយ មកនិយាយគ្នាតទល់ចំពោះមុខ។ពីភាគីចិនវិញ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសចិន អ្នកស្រី Hua Chunying បានសរសេរសារនៅ បណ្តាញសង្គម ដោយភ្ជាប់រូបថតរបស់លោក ជីន កង ប្រមុខទូតចិននិងលោក អង់តូនី ប្លីងកិន កំពុងចាប់ដៃគ្នា។ អ្នកស្រីសរសេរថ្លែងក្តីសង្ឈឹមថាជំនួបនេះ អាចជួយឲ្យខ្សែបណ្តាញទូតចិនអាមេរិក ត្រឡប់លើផ្លូវព្រមព្រៀងរបស់ប្រមុខរដ្ឋទាំងពីរ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។នៅឥណ្ឌូនេស៊ី ឆ្នាំ២០២២ លោក ចូ បៃដិន និងលោក ស៊ី ជិនពីន ជួបគ្នាក្នុងជំនួនG20 និងបានព្រមព្រៀងមួយចំនួនពីសំណុំរឿងតៃវ៉ាន់ និងកូរ៉េខាងជើង៕
18-6-2023 • 8 minuten, 15 seconden គណៈប្រតិភូអាហ្វ្រិក ទៅជួបលោកពូទីននៅសាំងប៉េតេសបួ រ ដើម្បីសម្របសម្រួលឲ្យមានការចរចាសន្តិភាព
បន្ទាប់ពីបានធ្វើដំណើរទៅទីក្រុងកៀវកាលពីថ្ងៃសុក្រម្សិលមិញ គណៈប្រតិភូនៃថ្នាក់ដឹកនាំប្រទេសអាហ្វ្រិក បានបន្តដំណើរទៅដល់ទៅក្រុងសាំងប៉េតេសបួរ នៅព្រឹកថ្ងៃសៅរ៍ទី ១៧មិថុនា។ នៅទីនោះ គណៈប្រតិភូនេះ នឹងជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ដើម្បីនិយាយអំពីផែនការចរចាសន្តិភាពជាមួយអ៊ុយក្រែន។ ទោះជាមានការអបអរសាទរខ្លះៗ ដោយឃើញក្រុមប្រទេសអាហ្វ្រិកជួយឈឺឆ្អាល ចង់ចូលរួមដោះស្រាយវិបត្តិនេះ តែគេគ្មានសង្ឃឹមថា ការដើរតួនាទីជាអាជ្ញាកណ្តាលរបស់ក្រុមប្រទេសអាហ្វ្រិកនេះ អាចទទួលបានលទ្ធផលនោះឡើយ។ អាហ្វ្រិករងគ្រោះដោយប្រយោលមូលហេតុដែលក្រុមប្រទេសអាហ្វ្រិក ចង់ចូលរួមដោះស្រាយ សម្របសម្រួលធ្វើយ៉ាងណា ឲ្យសង្គ្រាមនេះចប់ឲ្យបានឆាប់ ក៏ព្រោះតែទ្វីបអាហ្វ្រិកគឺជាអ្នករងគ្រោះដោយប្រយោល។ ទ្វីបអាហ្វ្រិកដែលក្រីក្របំផុតនោះ បានរងគ្រោះជាង១ឆ្នាំមកនេះ ដោយសារតែបញ្ហាតម្លៃវត្ថុធាតុដើម គ្រាប់ធញ្ញជាតិឡើងថ្លៃខ្លាំងណាស់ បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង។ ប្រទេសអាហ្វ្រិកភាគច្រើន រស់រំពឹងយ៉ាងខ្លាំង ទៅលើគ្រាប់ពោត គ្រាប់ស្រូវសាឡី ដែលអ៊ុយក្រែននាំចេញទៅលក់ ក្នុងតម្លៃថោក និងជាជំនួយរបស់អង្គការមនុស្សធម៌ ដែលបានទិញពីអ៊ុយក្រែន។ សង្គ្រាម មិនត្រឹមតែបានបំផ្លាញកសិផលរបស់អ៊ុយក្រែនប៉ុណ្ណោះទេ តែវាបានរាំងខ្ទប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ហើយជាងនេះទៀត គឺវាបានទាញតម្លៃដឹកជញ្ជូន ឲ្យកើនឡើងខ្ពស់ណាស់។ ដោយសារតែបញ្ហានេះ ប្រទេសអាហ្រ្វិកកំពុងតែប្រឈមនឹងវិបត្តិគ្មានស្បៀងអាហារបរិភោគ។ហេតុដូច្នេះហើយ បានជាក្រុមប្រទេសអាហ្វ្រិកបានរួមគ្នា ស្នើខ្លួននិយាយជាមួយភាគីជម្លោះ ដើម្បីឈានទៅមានការទម្លាក់អាវុធ និងចរចាសន្តិភាព។ គណៈប្រតិភូនេះមាន ប្រធានាធិបតីចំនួន៤ប្រទេសចូលរួម គឺអាហ្វ្រិកខាងត្បូង សេណេហ្កាល់ ហ្សំប៊ី និងកូម៉រ ដែលបច្ចុប្បន្នជាប្រធានវិលជុំដឹកនាំសហភាពអាហ្វ្រិក ព្រមទាំងតំណាងរដ្ឋាភិបាល កុងហ្គោ អ៊ូហ្កង់ដា និងអាហ្ស៊ីប ចូលរួមដែរ។ទៅដល់រដ្ឋធានីកៀវកាលពីថ្ងៃសុក្រ គណៈប្រតិភូនេះបានធ្វើដំណើរទៅដល់តំបន់ ប៊ូដឆា ជាទីដែលកងទ័ពរុស្ស៊ីបានសម្លាប់រង្គាលប្រជាជនស៊ីវីលអ៊ុយក្រែន យ៉ាងព្រៃផ្សៃបំផុត។ ហើយនៅព្រឹកថ្ងៃសៅរ៍នេះ គណៈប្រតិភូនេះ បន្តដំណើរចេញពីអ៊ុយក្រែន ឈ្ពោះទៅកាន់រុស្ស៊ី ដើម្បីជួបជាមួយលោកពូទីន នៅទីក្រុងសាំងប៉េតេសបួរ។ គួរបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa ដែលដឹកនាំគណៈប្រតិភូនេះ នៅតែមិនប្រកាសថ្កោលទោសរុស្ស៊ី ដែលធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះ ត្រូវគេស្គាល់ថាមានទំនោរកាន់តែស្និទជាមួយលោកពទីនថែមទៀតផង។លោកហ្សេឡេនស្គី៖ អ៊ុយក្រែននឹងមិនចាញ់បោកល្បែងឆ្ពិនភ្នែករបស់រុស្ស៊ី ជាលើកទី២ជាដាច់ខាតនៅក្នុងសន្និសីទកាសែត នៅទីក្រុងកៀវ កាលពីល្ងាចថ្ងៃសុក្សម្សិលមិញ លោកប្រធានាធិបតីហ្សេឡេនស្គី បានឆ្លើយនៅចំពោះមុខគណៈប្រតិភូអាហ្វ្រិកនេះថា អ៊ុយក្រែនមិនអាចទទួលយកនូវសំណើរចរចាសន្តិភាពជាមួយចោរឈ្លានពានរុស្ស៊ីបាននៅពេលនេះទេ។ លោកហ្សេឡេនស្គី បានចាត់ទុកថា បើព្រមចរចាជាមួយរុស្ស៊ីនៅពេលនេះ គឺជាការចាញ់បោកល្បែងឆ្ពិនភ្នែកបោកប្រាស់របស់រុស្ស៊ី។លោកហ្សេឡេនស្គី បានអះអាងថា បើចរចានៅពេលនេះ ទាំងដែលចោរឈ្លានពានរុស្ស៊ី កំពុងតែគ្រប់គ្រងទឹកដីអ៊ុយក្រែនដោយខុសច្បាប់ គឺវាមិនខុសពីការបង្កកសង្គ្រាមនេះ ឲ្យនៅទ្រឹងមួយកន្លែង ហើយក៏ធ្វើឲ្យការឈឺចាប់ទាំងអម្បាលម៉ានរបស់ប្រជាជនអ៊ុយក្រែន នៅតែបន្តទ្រឹងមួយកន្លែង មិនអាចជាសះស្បើយដែរ។ លោកហ្សេឡេនស្គី បានបន្ថែមថា រុស្ស៊ីនឹងមិនអាចបោកបញ្ឆោតពិភពលោកជាលើកទី២បានទេ ព្រោះអ៊ុយក្រែនបានស្គាល់ស្នៀតល្បិចកលរបស់រុស្ស៊ីហើយ។សំដីនេះ គឺលោកហ្សេឡេនស្គី បានសំដៅទៅដល់ កិច្ចព្រមព្រៀងនៅទីក្រុងមីនស្គ៍ ដែលអ៊ុយក្រែនបានចុះជាមួយរុស្ស៊ី នៅខែកុម្ភៈឆ្នាំ២០១៥ ដោយមានអន្តរាគមន៍សម្របសម្រួលពីបារាំង និងអាល្លឺម់ង់ ដើម្បីបិទបញ្ចប់សង្គ្រាមនៅភាគខាងកើតអ៊ុយក្រែន។ តែលទ្ធផលដូចយើងដឹងហើយ រុស្ស៊ីនៅតែបន្តធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែនដដែល រហូតដល់ពេលនេះ។ អ៊ុយក្រែនយល់ថា កិច្ចព្រមព្រៀងទីក្រុងមីនស្គ៍ ត្រូវលោកពូទីន ប្រើប្រាស់ដើម្បីបោកបញ្ឆោតអ៊ុយក្រែន និងក្រុមប្រទេសលោកខាងលិច ឲ្យសប្បាយចិត្ត តែមួយគ្រាតែប៉ុណ្ណោះ។ តែធាតុពិត លោកពូទីននៅតែមានមហិច្ឆតាលោភលន់ ឈ្លានពានអ៊ុយក្រែនដដែល។ ខាងបារាំង និងអាល្លឺម៉ង់ ក៏បានបង្ហាញការឈឺចិត្តសោកស្តាយមិនតិចដែរ ដែលបានចាញ់បោកលោកពូទីនកាលនោះ។ ហេតុដូច្នេះហើយ បានជាពេលនេះ អ៊ុយក្រែន មិនអាចទទួលយកការចរចាជាមួយរុស្ស៊ីដាច់ដាច់ខាត ដរាបណារុស្ស៊ីមិនដកទ័ពចេញឲ្យអស់ពីទឹកដីអ៊ុយក្រែន។ដំណោះស្រាយដែលផ្តល់ភាពយុត្តិធម៌ដល់អ្នករងគ្រោះអង្គការសម្ព័ន្ធមិត្តអូតង់ បានថ្លែងអបអរ ដែលឃើញក្រុមប្រទេសអាហ្វ្រិក ចូលរួមឈឺឆ្អាល ក្នុងសំណុំរឿងនេះ។ ក៏ប៉ុន្តែអូតង់ បានរំលឹកថា ការចរចាសន្តិភាព ត្រូវតែមានភាពសុច្ចរិត យុត្តិធម៌សម្រាប់អ៊ុយក្រែនដែលជាជនរងគ្រោះ។ ដំណោះស្រាយសន្តិភាព ត្រូវតែមានភ្ជាប់ជាអាទិភាព នូវការទទួលស្គាល់កំហុសរបស់រុស្ស៊ីដែលជាអ្នកលើកទ័ពចូលទៅធ្វើសង្គ្រាម ឈ្លានពានប្រទេសឯករាជ្យ។សម្រាប់ពេលនេះ កាលៈទេសៈគឺមិនមែនជាពេលចរចានោះទេ។ កាលៈទេសៈពេលនេះ គឺអ៊ុយក្រែនកំពុងតែបើកការវាយប្រយុទ្ធទ្រង់ទ្រាយធំ ដណ្តើមទឹកដីរបស់ខ្លួនមកវិញ។ សម្រាប់អ៊ុយក្រែន ក៏ដូចជាក្រុមប្រទេសលោកខាងលិច គឺទាល់តែអ៊ុយក្រែន មានប្រៀបលើរុស្ស៊ីសិន ទើបដល់ពេលចូលតុចរចា។ បើចរចា ពេលនេះ គឺមិនខុសពីកាត់ដីអ៊ុយក្រែន ដែលរុស្ស៊ីគ្រប់គ្រងបច្ចុប្បន្ននេះ ឲ្យទៅរុស្ស៊ីនោះទេ។ ហើយថ្ងៃមុខ រុស្ស៊ីនឹងទន្រ្ទានចូលថែមទៀតជាក់ជាមិនខាន គ្មានថ្ងៃឆ្អែតនោះទេ។ រុស្ស៊ីគ្មានភាពស្មោះត្រង់?មួយវិញទៀត គឺគ្មាននរណាជឿទុកចិត្ត លើចេតនាស្មោះត្រង់របស់រុស្ស៊ី ថាចង់ចរចាមែននោះទេ នាពេលនេះ ទោះបីជាលោកពូទីន យល់ព្រមទទួលជួបគណប្រតិភូអាហ្វ្រិកនៅសាំងប៉េតេសបួរក៏ដោយ។ ជាក់ស្តែង ក្នុងពេលដែលគណៈប្រតិភូអាហ្វ្រិកកំពុងស្ថិតនៅទីក្រុងកៀវ រុស្ស៊ីបានបាញ់មីស៊ីលចំនួន១២គ្រាប់សំដៅមកទីក្រុងកៀវ។ លោកឌីមីទ្រី គូឡេបា ប្រមុខការទូតអ៊ុយក្រែនបានលើកឡើងថា មីស៊ីលទាំងនេះ គឺជាសារប្រាប់ទៅមេដឹកនាំប្រទេសអាហ្វ្រិករួចទៅហើយ ថារុស្ស៊ី ចង់ធ្វើសង្គ្រាម រុស្ស៊ីគ្មានចង់បានសន្តិភាពអ្វីទេ។ ដូចគ្នាដែរ លោក Peter Stano អ្នកនាំពាក្យប្រមុខការទូតអឺរ៉ុប បានលើកឡើងថា ឃើញមីស៊ីលរុស្ស៊ីធ្លាក់នៅទីក្រុងកៀវក្នុងពេលគណៈប្រតិភូអាហ្វ្រិកទៅដល់នេះ គឺវាបញ្ជាក់យ៉ាងច្បាស់ អំពីភាពសុចរិតស្មោះត្រង់របស់លោកពូទីន ដែលគ្មានសូម្បីប៉ុនសសៃសក់។នៅក្នុងកម្មវិធី វេទិកាសេដ្ឋកិច្ចមួយនៅសាំងប៉េតេសបួរ កាលពីថ្ងៃសុក្រម្សិលមិញ លោកពូទីន បានអះអាងថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន នឹងបរាជ័យ ហើយមិនយូរមិនឆាប់ទេ ក្រុមប្រទេសលោកខាងលិច នឹងត្រូវតែគ្មានជំរើសអ្វីផ្សេង ក្រៅតែពី មកអង្វរលន់តួរុស្ស៊ីឲ្យព្រមចរចានោះទេ។ លោកពូទីនអះអាងថា ដល់ពេលនោះ រុស្ស៊ីគឺជាអ្នកដាក់លក្ខខណ្ឌ ជាអ្នកសន្មត់ថាពេលណាត្រូវចរចា ហើយនិយាយអំពីចំណុចអ្វីខ្លះ។សម្តីនេះ គឺមានន័យថា រុស្ស៊ីគ្មានចេតនាដកថយទេ ក្នុងពេលនេះ។ ហើយកាលពីថ្ងៃសុក្រដែរ រុស្ស៊ីបានបញ្ជូនអាវុធនុយក្លេអ៊ែរជាច្រើនគ្រាប់ ទៅកាន់បែលឡារុស ដើម្បីដាក់ត្រៀមកំញើញអ៊ុយក្រែន និងអឺរ៉ុបទាំងមូល។ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញ លោកពូទីន ហាក់ដូចជាមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង ថានឹងឈ្នះសង្គ្រាម។ ទំនុកចិត្តនេះ នឹងមិនធ្វើឲ្យរុស្ស៊ី សុខចិត្តចរចាងាយៗឡើយ៕
17-6-2023 • 8 minuten, 3 seconden របាយការណ៍អាមេរិកស្តីពីការជួញដូរមនុស្សផ្តោតសំខាន់លើពលកម្មចាប់បង្ខំ និងការជួញដូរក្មេងប្រុស
ក្រសួងការបរទេសអាមេរិកចេញផ្សាយរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដោយផ្តោតទៅលើពលកម្មដោយចាប់បង្ខំ និងការជួញដូរក្មេងប្រុស ដែលបានកើនឡើងគួរឲ្យកត់សំគាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងការបរទេសអាមេរិកបានបង្ហាញប្រទេសដែលឡើងចំណាត់ថ្នាក់ល្អ និងប្រទេសធ្លាក់ចំណាត់ថ្នាក់ ដោយសារមិនបានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរ។ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន ២៤ ដែលជាប់ចំណាត់ថ្នាក់ កម្រិតទី៣ ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុតរបស់ក្រសួងការបរទេសអាមេរិក។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៥ មិថុនា ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ពីការកើនឡើងគួរឲ្យកត់សំគាល់ នៃពលកម្មដោយបង្ខំ ដែលមានជាប់ទាក់ទងនឹងជំងឺរាតត្បាតកូវីដ។តាមរដ្ឋមន្រ្តីការបរទេសអាមេរិក លោកអង់តូនី ប្លីងកិន ដែលបានឡើងនិយាយនៅក្នុងឱកាសបង្ហាញរបាយការណ៍ កាលពីថ្ងៃម្សិលមិញ ពលកម្មដោយបង្ខំ បានកើនឡើងលឿនស្លេវ នៅក្នុងពិភពលោក។ ជាក់ស្តែង ថៅកែរោងចក្រ ម្ចាស់ក្រុមហ៊ុនបានយកលេសវិបត្តិកូវីដ ដើម្បីកេងប្រវ័ញ្ចលើបុគ្គលិក កម្មករ តាមរយៈការទម្លាក់ កាត់បន្ថយ ប្រាក់ខែ និងចាប់បង្ខំឲ្យធ្វើការច្រើនម៉ោង។លោកស្រី Cindy Dyer ប្រធានផ្នែកប្រយុទ្ធប្រឆាំងនឹងការជួញដូររបស់ក្រសួងការបទេសអាមេរិក បានបន្ថែមថា ពួកក្រុមឈ្មួញជួញដូរមនុស្សបានយកពាក្យដែលថា ពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ មនុស្សគ្មានការងារធ្វើច្រើន បូកផ្សំ ឬការរឹតត្បិតក្នុងការធ្វើដំណើរឆ្លងដែន ទៅឃោសនា ទាក់ទាញជនរងគ្រោះ។តាមរបាយការណ៍របស់ក្រសួងការបរទេស មនុស្សប្រមាណ ២៧លាននាក់ រងគ្រោះដោយសារការជួញដូរមនុស្សនៅក្នុងពិភពលោក។ សម្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិក នៅក្នុងចំណោមការជួញដូរមនុស្សជាទូទៅ អាមេរិកបានកត់សំគាល់ឃើញ ការជួញដូរមនុស្សក្នុងទម្រង់ថ្មី គឺការជួញដូរ បោកបញ្ឆោត តាមបច្ចេកវិទ្យា ប្រព័ន្ធអ៊ីនធ័រនែត ឬហៅថា SCAM។ ការជួញដូរមនុស្សទម្រង់ថ្មី កើនឡើងខ្លាំង នៅតាមបណ្តាប្រទេសមួយចំនួន មិនថា នៅអាស៊ី អាហ្វ្រិក ដូចជានៅភូមា កម្ពុជា តួកគី ម៉ាឡេស៊ី ហ្កាណាជាដើម។ ក្រៅពីការជួញដូរមនុស្សតាមរយៈ ការឆបោកតាមប្រព័ន្ធអ៊ីនធ័រនែត ក្រសួងការបរទេសអាមេរិកបានផ្តោតទៅលើករណីជួញដូរក្មេងប្រុស ដែលបានកើនឡើងប្រមាណ ៥០០% នៅប៉ុន្មានឆ្នាំមកនេះ។ហេតុអ្វីរបាយការណ៍របស់អាមេរិកនិយាយពីការជួញដូរក្មេងប្រុស?ដោយនិយាយយោងរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីការជួញដូរមនុស្សនៅក្នុងពិភពលោក ប្រមុខការបរទេសអាមេរិក លោកអង់តូនី ប្លីងកិន បានសង្កត់ធ្ងន់លើករណីក្មេងប្រុស ដែលរងគ្រោះ ដោយសារការជួញដូចមនុស្ស។ តាមលោកប្លីងកិន ចន្លោះឆ្នាំ ២០០៤ ដល់ឆ្នាំ២០២០ ក្មេងប្រុសដែលត្រូវគេជួញដូរខុសច្បាប់ មានចំនួនច្រើនជាង ក្មេងស្រី ស្ត្រី ឬបុរស។ ប៉ុន្តែ គ្រាន់តែថា គេមិនសូវលើកនិយាយច្រើន។តាមការពន្យល់របស់អ្នកជំនាញអាមេរិក ដូចស្រ្តី និងកុមារ ក្មេងប្រុសរងគ្រោះដោយសារការជួញដូរផ្លូវភេទ និងពលកម្មបង្ខំ។ ប៉ុន្តែ គេមិនសូវលឺគេនិយាយពីករណីក្មេងប្រុសជាជនរងគ្រោះ ដោយសារ ការជួញដូរមនុស្ស ដោយសារតែ ទី ១ ក្មេងប្រុសមិនសូវចេញមុខប្រាប់ស្វែងរកសេវាជំនួយ ដោយសារតែពួកគេអាចខ្មាស់ មិនហ៊ាននិយាយថា ពួកគេចាញ់បោកពួកឈ្មួញជួញដូរមនុស្ស។ហេតុផលទី២ដែលធ្វើឲ្យក្មេងប្រុសមិនសូវមានរូបភាពនៅក្នុងបញ្ជីក្រុមជនរងគ្រោះដោយសារការជួញដូរផ្លូវភេទ និងពលកម្មចាប់បង្ខំ គឺ ការខ្វះអង្គការ ស្ថាប័នដែលធ្វើការសម្រាប់ជនរងគ្រោះដែលជាក្មេងប្រុស។ គេឃើញជាទូទៅ គេឃើញមានអង្គការច្រើនដែលធ្វើការផ្តល់ជំនួយដល់មនុស្សស្រី ឬកុមារដែលរងគ្រោះដោយសារការជួញដូរមនុស្ស ប៉ុន្តែ គេកម្រនឹងឃើញស្ថាប័ន អង្គការណាដែលធ្វើការផ្តោតពិសេសលើការជួញដូរក្មេងប្រុស។ប្រទេស២៤ស្ថិតនៅក្នុងចំណាត់ថ្នាក់កម្រិតទី ៣ ចំណែក វៀតណាម ម៉ាឡេស៊ីត្រូវអាមេរិកដំឡើងចំណាត់ថ្នាក់ទៅកម្រិតទី២នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ មានប្រទេស២៤ដែលធ្លាក់ក្នុងចំណាត់ថ្នាក់កម្រិតទី ៣ ដែលជាកម្រិតអាក្រក់ជាងគេ ក្នុងនោះ មានចិន ភូមា រុស្ស៊ី កូរ៉េខាងជើង បេឡារុស អាល់ហ្សេរី ឆាត និងអាហ្វហ្កានីស្ថានជាដើម។ តាមការពន្យល់របស់លោកស្រី Cindy Dyer ចិនជាប់ចំណាត់កម្រិតទី៣ ដោយសារចិននៅតែបន្តអនុវត្តនយោបាយ ឬទម្រង់ជួញដូរមនុស្ស ជាពិសេសក្នុងរូបភាព ជាការងារចាប់បង្ខំដូចនៅខេត្តស៊ីនជាំងជាដើម។របាយការណ៍របស់អាមេរិកបានដំឡើងចំណាត់ថ្នាក់របស់ប្រទេសដែលអាមេរិកកត់សំគាល់ឃើញថា បានធ្វើការប្រសើរឡើងនៅក្នុងរឿងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដូចករណីប្រទេសវៀតណាម ម៉ាឡេស៊ី និងព្រុយណេ ដែលត្រូវបានដកចេញពី កម្រិតទី៣ ទៅនៅកម្រិតទី២ វិញ។ប្រទេសដែលស្ថិតនៅក្នុងចំណាត់ថ្នាក់អាក្រក់ កម្រិតទី៣ នៅក្នុងរបាយការណ៍អាមេរិកស្តីពីរឿងជួញដូរមនុស្ស ត្រូវប្រឈមនឹងការជាប់ទណ្ឌកម្មរបស់អាមេរិក ការដាក់ពិន័យ មិនឲ្យចូលទឹកដីអាមេរិក ឬការកាត់បន្ថយជំនួយរបស់អាមេរិក។កម្ពុជានៅតែជាប់ចំណាត់ថ្នាក់កម្រិតទី៣របស់អាមេរិកនៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្ស កម្ពុជានៅតែបន្តជាប់ក្នុងចំណាត់ថ្នាក់ កម្រិតទី៣ ពោលគឺ២ឆ្នាំ ជាប់គ្នា បន្ទាប់ពីធ្លាក់ចំណាត់ថ្នាក់ ពីកម្រិតទី២ មកទី៣ កាលពីឆ្នាំ មុន។ បើតាមរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក កម្ពុជានៅជាប់ក្នុងកម្រិតទី៣ ដោយសារតែកម្ពុជាមិនបានគោរពពេញលេញ តាមបទដ្ឋានអប្បបរមា ក្នុងការលុបបំបាត់ចោលការជួញដូរមនុស្ស ហើយមិនបានបង្កើនការប្រឹងប្រែង ច្រើនគួរឲ្យកត់សំគាល់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ អំពើពុករលួយ និងនិទណ្ឌភាពរបស់មន្រ្តីដែលអាចជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សនៅកម្ពុជា ជាបញ្ហាសំខាន់ ដែលរបាយការណ៍រំលេចសរសេរច្រើន។ ជាថ្មីម្តងទៀត កម្ពុជា ត្រូវបានរបាយការណ៍អាមេរិកចាត់ទុកថា ត្រូវបានក្រុមជួញដូរមនុស្ស ប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធ័រនែត ឬហៅថា SCAM។ ជនបរទេស និងជនជាតិខ្មែរក្នុងស្រុកត្រូវបានក្រុមឈ្មួញជួញដូរមនុស្ស ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចិន បោកបញ្ឆោតឲ្យធ្វើការនៅតាមអគារក្នុងប្រទេសកម្ពុជា រហូតដល់មានសេចក្តីរាយការណ៍ពីការចាប់បង្ខាំងទុក មិនឲ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ នៅត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសអាមេរិកកាលពីថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ បានផ្តល់រង្វាន់ដល់អ្នកកាសែតកម្ពុជាម្នាក់ គឺលោកម៉ិច ដារ៉ា ដែលយកចិត្តទុកដាក់ សរសេរអត្ថបទស៊ើបអង្កេតស្តីពីបណ្តាញជួញដូរមនុស្ស តាមរយៈ ប្រព័ន្ធអ៊ីនធ័រនែត។
16-6-2023 • 6 minuten, 38 seconden ធនាគារវិនិយោគអាស៊ីAIIB ធ្វើការបម្រើផលប្រយោជន៍ចិន យ៉ាងណា ?
បើតាមអតីតថ្នាក់ដឹកនាំធនាគារវិនិយោគអាស៊ី លោក Bob Pickard បក្សកុម្មុយនិស្តចិន ប្រើឥទ្ធិពលខ្លាំងហួសហេតុដាក់សម្ពាធមកលើធនាគារ។ សម្រេចសម្រួចទៅ ធនាគារវិនិយោគអាស៊ីធ្វើការបម្រើតែផលប្រយោជន៍ចិន។ ពាក្យចោទប្រកាន់នៅថ្ងៃហស្បតិ៍នេះ បានជំរុញឱ្យ កាណាដាបានប្រកាសបង្កបកិច្ចសហប្រតិបត្តិការជាមួយធនាគារវិនិយោគអាស៊ីតែម្តង។ អតីតថ្នាក់ដឹកនាំធនាគារ សញ្ជាតិកាណាដា អាយុ៥៨ឆ្នាំ លោក Bob Pickard ប៊ុប ពិចកាដ ទើបបានលាលែងចេញពីតំណែងជាអ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងរបស់ធនាគារ ក្នុងសប្តាហ៍នេះឯង។ គ្រាន់តែលាលែងពីតួនាទីភ្លាម លោកបានរួសរាន់ចាកចេញពីប្រទេសចិនភ្លែត ព្រោះខ្លាចមានបញ្ហាសន្តិសុខ។ នេះបើតាមការអះអាងរបស់លោកមកកាន់ភ្នាក់ងារសារព័ត៌មានបារាំងAFP។ ហើយគឺពីទីក្រុងតូក្យូ ដែលលោកបានទម្លាយពាក្យចោទប្រកាន់ថារបបកុម្មុយនិស្តចិន ប្រើឥទ្ធិពលខ្លាំងហួសហេតុលើស្ថាប័នធនាគារ។ ធនាគារដែលត្រូវជាស្ថាប័នពហុជាតិ បែរជាស្ថិតនៅក្រោមអំណាចរបស់សមាជិកបក្សកុម្មុយនិស្តចិន និងផ្តល់ហិរញ្ញវត្ថុ ដល់គម្រោងចិន ជាចម្បង ឬនិយាយឱ្យចំជាធនាគារបម្រើផលប្រយោជន៍ឱ្យប៉េកាំង។លោក ពិចកាដ បានលម្អិតថា ធនាគារមានទិសដៅផ្តល់ប្រាក់កម្ចី ធំ ទៅឱ្យប្រទេសដែលមានពាក់ព័ន្ធគម្រោងផ្លូវសូត្រថ្មីរបស់ចិន ឬគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ ព្រោះគម្រោងទាំងពីរ មានទាក់ទងគ្នា។ គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ និងធនាគារវិនិយោគអាស៊ី ដៅប្រហាក់ប្រហែលគ្នាលើក្រុមប្រទេស ដែលចិនចង់រក្សាចំណងនយោបាយ។មួយផ្នែកទៀត លោកធ្លាប់បានទទួលការព្រមានតាំងពីទើបចូលកាន់តួនាទីនៅក្នុងធនាគារកាលពីខែមីនា២០២២ភ្លាម ថាកុំឱ្យទៅឈ្លោះទើសទាស់ជាមួយសមាជិកបក្សកុម្មុយនិស្ត ព្រោះពួកគេមានអំណាចណាស់។ អតីតថ្នាក់ដឹកនាំធនាគាររូបនេះ បានបដិសេធមិនបញ្ចេញអត្តសញ្ញាណអ្នកព្រមានទេ តែលោកបានជូនជាដំណឹងអំពីតួនាទីរបស់សមាជិកបក្សកុម្មុយនិស្តនិងឥទ្ធិពលរបស់ពួកគេ តាមរយៈលិខិតមួយកាលពីខែមុន។ ចម្លើយតបមកវិញ គឺ “កុំផ្សងព្រេងលើទឹកដីនេះ”។ កាលពីឆ្នាំ២០១៧ ធនាគារធ្លាប់រងការចោទ ប្រកាន់ម្តងហើយ កាលណោះ អនុប្រធានធនាគារ លោក Thierry de Longuemar បានព្រលយការងឿយឆ្ងល់ថា តើធនាគារវិនិយោគអាស៊ី ជាឧបករណ៍របស់រដ្ឋចិនឬយ៉ាងណា ?តើធនាគារវិនិយោគអាស៊ី AIIB ជាអ្វី ? លោកប្រធានាធិបតី ស៊ីជិនពីង បានបង្ហើបគំនិតចង់មានស្ថាប័នហិរញ្ញវត្ថុពហុជាតិនេះ តាំងពីឆ្នាំ២០១៣មក ដោយមានចិនជាបង្គោល។ នៅទីបំផុត ធនាគារក៏បានកើតចេញជារូបរាង នៅឆ្នាំ២០១៦ ដោយចិនមានភាគហ៊ុនច្រើនជាងគេ ២៧% បន្ទាប់មកឥណ្ឌា៨% ទីបីគឺរុស្ស៊ី រួចអាល្លឺម៉ង់ កូរ៉េខាងត្បូង អូស្ត្រាលី បារាំង ឥណ្ឌូណេស៊ី អង់គ្លេស និងតួកគី។មានសមាជិកជាបឋមចំនួន៥៧ប្រទេស និងឡើងដល់១០៦ប្រទេស រាប់ទាំង បារាំង អាល្លឺម៉ង់ អូស្ត្រាលី និងកាណាដាផង តែគ្មានទេសហរដ្ឋអាមេរិក។ អាមេរិក គ្មានចំណែកតាំងពីដំបូង ព្រោះមិនទុកចិត្តលើផ្នែកអភិបាលកិច្ចនិងតម្លាភាព។ មានទីស្នាក់ការធំនៅក្រុងប៉េកាំង ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដៅផ្តល់ហិរញ្ញវត្ថុដល់គម្រោងវិនិយោគ នៅអាស៊ី និង មានគោលដៅចម្បងមួយទៀត គឺចង់ទប់ទល់ឥទ្ធិពលរបស់បស្ចិមលោក នៅអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងនៅធនាគារពិភពលោក។ តាំងពីបង្កើតឡើង ធនាគារដឹកនាំដោយលោក Jin Liqun អតីតអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន តែអំណាចសម្រេចស្ថិតនៅលើក្រុមប្រឹក្សាអភិបាល ដែលជ្រើសតាំងដោយប្រទេសជាសមាជិក។ បើតាមលោក ពិចកាដ នៅក្នុងរង្វង់ក្បាលម៉ាស៊ីនដឹកនាំធនាគារមានលម្អដោយវត្តមានអ្នកទទួលខុសត្រូវជាន់ខ្ពស់បរទេសច្រើននាក់មែន តែកិច្ចការផ្ទៃក្នុងពិតគឺមានប្រព័ន្ធដឹកនាំមួយទៀតដែលជារចនាសម្ព័ន្ធសម្រេចជាសាធារណៈ និងដែលស្ថិតក្រោមអំណាចរបស់បក្ស។ចិនការពារតម្លាភាពរបស់AIIBទាំងរដ្ឋាភិបាលចិន ទាំងស្ថាប័នធនាគារផ្ទាល់ បានបញ្ចេញប្រតិកម្មដោយគ្មាបង្អង់ឡើយ។ ធនាគារបានចាត់ទុកពាក្យចោទប្រកាន់របស់លោក ពិចកាដ ថាគ្មានមូលដ្ឋាន និងគួរឱ្យសោកសា្តយបំផុត ព្រោះធនាគារមានមោទនភាពខ្លាំងណាស់នឹងបេសកកម្មពហុជាតិរបស់ពួកគេ។ តាំងពីបង្កើតឡើង ធនាគារបានផ្តល់កម្ចីហិរញ្ញវត្ថុចំនួន២២១គម្រោង តម្លៃសរុប ៤២ពាន់លានដុល្លារ។ ហើយតាមទិន្នន័យចុងក្រោយ ក្នុងខែវិច្ឆិកា២០២២ ឥណ្ឌាជាអ្នកខ្ចីច្រើនជាងគេ។ចំណែកអាជ្ញាធរចិនវិញ បានការពារតម្លាភាពរបស់សេវាធនាគារ ដោយអះអាងថា AIIB គោរពគោលការណ៍បើកចំហ គោរពសមត្ថភាព តម្លាភាពនៃការជ្រើសរើស និងចំណាត់ការបុគ្គលិក។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបន្ថែមទៀតថា តាំងពីបង្កើតឡើង ធនាគារបានសម្រេចគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។កាណាដាបញ្ឈប់ប្រតិបត្តិការជាមួយAIIBទំនាក់ទំនងចិនកាណាដា អាប់អួរខ្លាំងតាំងពីជាច្រើនឆ្នាំ មកហើយ ដោយហេតុតែវិបត្តិហួរវៃ និងការចាប់ខ្លួននាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួរវៃ លោកស្រី ម៉េង វ៉ានចូវ កាលពីឆ្នាំ២០១៨ រូចបន្តដោយការចាប់ខ្លួនពលរដ្ឋកាណាដានៅក្នុងប្រទេសចិនពីរនាក់ ពីបទចារកិច្ច។ ហើយថ្មីៗនេះ ភាពតានតឹងឡើងកាន់តែខ្លាំង ដល់កំពូល នៅពេលមានការទម្លាយព័ត៌មានទាក់ទងការបង្កើតប៉ុស្តិប៉ូលិសចិនខុសច្បាប់លើទឹកដីកាណាដា និងការជ្រៀតជ្រែកពេលបោះឆ្នោតកាណាដា។គ្រាន់តែលោក ពិចកាដ លាលែងចេញពីតំណែងនៅធនាគារវិនិយោគអាស៊ីភ្លាម រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោកស្រី Chrystia Freeland បានប្រកាសបញ្ឈប់ភ្លាមរាល់គ្រប់សកម្មភាពរបស់កាណាដាក្នុងរង្វង់ស្ថាប័នធនាគារនេះ។ ក្រសួងហិរញ្ញវត្ថុនឹងរួសរាន់ពិចារណាអំពីវត្តមានរបស់កាណាដាក្នុងធនាគារ។ សម្រាប់លោក ពិចកាដ តើមានប្រយោជន៍អ្វីដែលកាណាដាត្រូវមានចំណែកក្នុងស្ថាប័នដែលជំរុញឱ្យចិនកាន់តែឡើងខ្លាំងនោះ៕
15-6-2023 • 6 minuten, 45 seconden សង្គ្រាមអ៊ុយក្រែន៖ លោកពូទីនអួតថា ការវាយបករបស់អ៊ុយក្រែនបានបរាជ័យ ខណៈអ៊ុយក្រែនអះអាងថាបានរុលទៅមុខ
ប្រតិបត្តិការវាយបករបស់កងទ័ពអ៊ុយក្រែន ដើម្បីទម្លុះចូលទៅដណ្តើមទឹកដីមកវិញ បានចាប់ផ្តើមចាប់ពីដើមខែមិថុនាមក។ កងទ័ពអ៊ុយក្រែនបានអះអាងថា បានរុលទៅមុខ។ ក៏ប៉ុន្តែ លោកប្រធានាធិបតីពូទីន បានចេញមុខមកអះអាងថា ការវាយបករបស់អ៊ុយក្រែននេះ មិនបានជោគជ័យទេ ដោយកងទ័ពរុស្ស៊ីបានទប់ទល់បានសម្រេច ហើយថែមទាំងបានវាយកម្ទេចគ្រឿងសព្វាវុធ ដែលក្រុមប្រទេសលោកខាងលិច បានប្រគល់ទៅឲ្យអ៊ុយក្រែន បានយ៉ាងច្រើនសន្ធឹកថែមទៀតផង។ លោកពូទីន៖ ២៥% ទៅ៣០%នៃសព្វាវុធផ្តល់ឲ្យដោយសម្ព័ន្ធមិត្តលោកខាងលិច ខូចខ្ទេចអស់ហើយ!លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានចេញមុខតាមកញ្ចក់ទូរទស្សន៍ កាលពីម្សិលមិញ នៅក្នុងកម្មវិធីជួបសំណេះសំណាល ជាមួយអ្នកកាសែត ដើម្បីនិយាយអំពីដំណើរការនៅសមរភូមិ។ ក្នុងទឹកមុខពោរពេញដោយភាពជឿជាក់ លោកពូទីន បានអះអាងថា កងទ័ពអ៊ុយក្រែនកំពុងតែចាញ់ខ្លាំងសម្បើមណាស់។ ប្រតិបត្តិការវាយបក ដែលកងទ័ពអ៊ុយក្រែន ចង់ទម្លុះចូលមកខាងទឹកដី ដែលរុស្ស៊ីកាន់កាប់នោះ គឺមិនបានលទ្ធផលទេ ព្រោះកងទ័ពរុស្ស៊ីបានទប់ជាប់។លោកពូទីនអះអាងថា កងទ័ពអ៊ុយក្រែនត្រូវខ្ទេចខ្ទីសម្ភារៈសព្វាវុធ ច្រើនខ្លាំងណាស់ ចំណែកកងទ័ពរុស្ស៊ីវិញ បានខូចខាតតិចជាង១០ដងឯណោះ។ ក្នុងចំណោមគ្រឿងសព្វាវុធដែលក្រុមប្រទេសលោកខាងលិច បានប្រគល់ទៅឲ្យអ៊ុយក្រែន គឺយ៉ាងហាច ពី ២៥% ទៅ៣០% បានខូចខ្ទេចខ្ទី ប្រើការលែងកើតហើយ។ លោកពូទីនបន្ថែមថា យ៉ាងហោចណាស់ រថក្រោះអ៊ុយក្រែនចំនួន១៦០គ្រឿង និងរថពាសដែក ចំនួន៣៦០គ្រឿង ត្រូវបានកម្ទេច ក្នុងរវាងប៉ុន្មានថ្ងៃមកនេះ។ ចំណែកខាងរុស្ស៊ីវិញ បានខូចរថក្រោះតែប្រមាណ៥៤គ្រឿងទេ ហើយមានខ្លះអាចជួសជុលប្រើការកើតឡើងវិញ។សារភាពទទួលស្គាល់ថា កងទ័ពរុស្ស៊ីខ្វះខាតច្រើនដោយឡែក នៅក្នុងកម្មវិធីឆ្លើយសំណួរអ្នកកាសែតនេះដែរ លោកពូទីន បានទទួលស្គាល់ថា រុស្ស៊ីនៅខ្វះខាតច្រើន។ចំណុចនេះ លោកពូទីនបានសំដៅទៅលើការវាយប្រហារនៅតំបន់ Belgorod របស់រុស្ស៊ី ហើយបានបង្ខំឲ្យរុស្ស៊ីជម្លៀសមនុស្សជាច្រើនពាន់នាក់ចេញពីតំបន់នេះ។ អ្នកកាសែតបានសួរថា តើហេតុអ្វីបានជា រុស្ស៊ីបណ្តោយឲ្យពួកអ៊ុយក្រែន ឆ្លងព្រំដែនចូលមកវាយប្រហារបាន។ លោកពូទីនសារភាពថា កងទ័ពរុស្ស៊ីខ្វះគ្រាប់ ខ្វះមីស៊ីល ខ្វះដ្រូន និងសម្ភារៈផ្សេងទៀតដើម្បីការពារ តែយ៉ាងណា លោកសន្យាថានឹងប្រឹងប្រែង ធ្វើឲ្យបានល្អជាងនេះ ដើម្បីការពារព្រំដែនឲ្យបានជាប់ កុំឲ្យអ៊ុយក្រែនចូលមកវាយប្រហារក្នុងទឹកដីរុស្ស៊ីជាថ្មីទៀត។នេះជាលើកទី១ហើយ ដែលគេឃើញលោកពូទីន ទទួលស្គាល់ ពីការខ្វះខាត ពីចំណុចខ្សោយរបស់កងទ័ពរុស្ស៊ី។ ហើយក៏ជាលើកទីមួយដែរ ដែលគេឃើញលោកពូទីន មកអង្គុយនិយាយរៀបរាប់លំអិតពីស្ថានការណ៍នៅសមរភូមិបែបនេះ។ បន្ថែមពីនេះទៀត លោកពូទីន បាននិយាយបែបចាប់ចុងប្រយុងគល់ ទាក់ទិននឹងកម្មវត្ថុរបស់រុស្ស៊ី។ កម្មវត្ថុដែលពីដំបូង លោកអះអាងថា រុស្ស៊ី ចង់ផ្តួលរំលំរបបដឹកនាំណាហ្ស៊ីសម័យថ្មីនៅអ៊ុយក្រែន ហើយរំដោះប្រជាជននិយាយភាសារុស្ស៊ី ដែលរងគ្រោះដោយអំពើប្រល័យពូជសាសន៍នៅអ៊ុយក្រែន។ តែពេលនេះ លោកពូទីនបានលើកឡើងថា កម្មវត្ថុរបស់រុស្ស៊ី អាចប្រែប្រួលទៅតាមកាលៈទេសៈ ទៅតាមស្ថានការណ៍។ សរុបមក វាហាក់ដូចជាលោកពូទីន ពុំមានកម្មវត្ថុអ្វីច្បាស់លាស់ទេ ក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែននេះ ព្រោះថាកម្មវត្ថុនោះអាចប្រែប្រួល។ជាមួយគ្នានេះ រុស្ស៊ីបានបន្តវាយប្រហារពីចំងាយនៅក្នុងទឹកដីអ៊ុយក្រែន តាមរយៈការបាញ់ប្លោងគ្រាប់មីស៊ីលជាច្រើនគ្រាប់ នៅយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារ។ ជាក់ស្តែង នៅទីក្រុង Kryvyï Rig ដែលជាស្រុកកំណើតលោកហ្សេឡេនស្គី កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលកំទេចអគារផ្ទះប្រជាជនអ៊ុយក្រែន បណ្តាលឲ្យស្លាប់យ៉ាងហោច១១នាក់ នៅព្រឹកថ្ងៃអង្គារ។ នៅក្រុងអូដេសាវិញ មានស្លាប់៦នាក់ របួស១៩នាក់ ដោយសារគ្រាប់មីស៊ីលរុស្ស៊ី ព្រឹកថ្ងៃពុធនេះ។ ហើយនៅតំបន់ Soumy ភាគខាងជើងឈាងកើត មិនឆ្ងាយប៉ុន្មានពីព្រំដែនរុស្ស៊ី មីស៊ីលរបស់រុស្ស៊ីបានបាញ់ចំ រថយន្តមួយគ្រឿង ស្លាប់មនុស្ស៦នាក់ ដែល៤នាក់ជាឆ្មាំការពារព្រៃឈើអ៊ុយក្រែន។ យើងឃើញថា កងទ័ពរុស្ស៊ីមិនបានបង្អង់ដៃទេ ក្នុងការបាញ់សម្លាប់ប្រជាជនអ៊ុយក្រែន។អ៊ុយក្រែន អះអាងថាបានរុលទៅមុខ ត្រង់ចំណុចខ្លះ៖ត្រង់ចំណុចនេះ វាគឺជាការលំបាកណាស់ ព្រោះថា ម្ខាងៗបានផ្សាយអះអាង ថាឈ្នះរៀងៗខ្លួន។ គិតត្រឹមពេលនេះ យើងមិនទាន់មានតួលេខឯករាជ្យណាមួយ មកបញ្ជាក់ថាខាងណាខូចខាតអ្វីខ្លះនោះទេ។ ទាក់ទិននឹងការលើកឡើងរបស់លោកពូទីន ដែលថាកងទ័ពរុស្សីបានកំទេចគ្រឿងសព្វាវុធ រថគ្រោះរាប់រយគ្រឿងដែលក្រុមប្រទេសលោកខាងលិច បានប្រគល់ទៅឲ្យអ៊ុយក្រែននោះ ក៏យើងមិនអាចផ្ទៀងផ្ទាត់តួលេខ ថាវាពិតកម្រិតណាដែរ។កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីហ្សេឡេនស្គី បានទទួលស្គាល់ថា ការវាយទម្លុះសមរភូមិឈានចូលទៅដណ្តើមទឹកដីមកវិញនេះ គឺវាមិនមែនជារឿងងាយស្រួលទេ។ តែកាលពីថ្ងៃអង្គារម្សិលមិញ លោក Valéry Zaloujny អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន បានអះអាងថា កងទ័ពអ៊ុយក្រែនកំពុងរុលទៅមុខ ខណៈការវាយប្រហារ កំពុងក្តៅគគុកនៅឡើយ នៅខាងកើតនិងខាងត្បូង។ មន្ត្រីកងទ័ពអ៊ុយក្រែនរូបនេះ បញ្ជាក់ថា កងទ័ពអ៊ុយក្រែនបានជ័យជំនះខ្លះ ហើយ ជាក់ស្តែងបានដណ្តើមបានភូមិចំនួន៧ នៅភាគខាងត្បូង ហើយនឹងបន្តអនុវត្តផែនការគ្រោងទុក ឈានទៅមុខជាបន្តបន្ទាប់។ គ្រាប់មីនជាឧបសគ្គបណ្តាញសង្គមរុស្ស៊ីបានផ្សព្វផ្សាយរូបភាព បង្ហាញថា រថក្រោះ Léopard 2 របស់អាល្លឺម៉ង់ និងរថពាសដែក Bradley របស់អាមេរិក ត្រូវផ្ទុះឆេះខ្ទេចជាច្រើនគ្រឿង។ ផ្អែកតាមគេហទំព័រ Oryx ដែលប្រមូលទិន្នន័យដោយផ្អែកលើរូបថត គិតត្រឹមថ្ងៃអង្គារទី១៣មិថុនា គឺយ៉ាងហោច រថពាសដែកធន់ស្រាល Bradley របស់អ៊ុយក្រែនបានខូចខ្ទេចអស់ ១៦គ្រឿង ក្នុងចំណោម ១០៩គ្រឿងដែលសម្ព័ន្ធមិត្តលោកខាងលិចបានប្រគល់ឲ្យ។ បន្ថែមពីនេះ រថក្រោះធុនធ្ងន់ Leopard 2 គឺអ៊ុយក្រែនបានខូចខ្ទេចអស់ យ៉ាងហោច៤គ្រឿង និងរថក្រោះធុនស្រាល AMX-10 RC ចំនួន២គ្រឿងទៀត។ ឧបសគ្គដ៏ធំ ដែលរារាំងកងទ័ពអ៊ុយក្រែន មិនឲ្យរុលទៅមុខបានដោយងាយ គឺគ្រាប់មីនជាច្រើនគ្រាប់ ដែលកងទ័ពរុស្ស៊ីបានដាក់កប់ក្នុងដី នៅតាមបណ្តោយខ្សែត្រៀមជួរមុខ។ តាមការវិភាគ គឺគ្រាប់មីនទាំងនោះហើយ ដែលបានផ្ទុះ ធ្វើឲ្យឆេះខ្ទេចរថក្រោះ រថពាសដែករបស់អ៊ុយក្រែន។ រឿងគ្រាប់មីនក្នុងដីនេះ គឺជារឿងដែលគេភ័យខ្លាចណាស់។ យោងតាមតួលេខរបស់ក្រុមប្រទេសលោកខាងលិច យ៉ាងហោចផ្ទៃដីអ៊ុយក្រែន ប្រមាណ ១៧០០០០គីឡូម៉ែត្រក្រឡា ដែលមានគ្រាប់មីនកប់រាយប៉ាយ ពោលគឺវាសឹងតែស្មើទំហំផ្ទៃដីប្រទេសកម្ពុជាយើងទៅហើយ។ គ្រាប់មីនទាំងនេះមិនមែនរុស្ស៊ីដាក់តែឯងទេ ភាគីអ៊ុយក្រែន ក៏បានដាក់កប់ខ្លះដែរ តាំងតែពីឆ្នាំ២០១៤មក ក្រោយផ្ទុះសង្គ្រាមបំបែកទឹកដីនៅភាគខាងកើត។តែដោយឡែក យោងតាមការវិភាគរបស់អ្នកជំនាញយោធា ដែលតាមដានស្ថានការណ៍នេះ គឺធាតុពិតទៅអ៊ុយក្រែន ប្រហែលជាមិនទាន់ចាប់ផ្តើម បើកការវាយប្រហារទ្រង់ទ្រាយធំណាស់ណានោះទេ ប្រមាណ១០ថ្ងៃមកនេះ។ ពោលគឺអ៊ុយក្រែននៅមានសព្វាវុធ និងកម្លាំងមនុស្សច្រើនទៀត។ រូបភាពខ្លះដែលបង្ហាញឲ្យឃើញរថក្រោះខូចខាត តែមិនឆេះខ្ទេច ហើយទ្វាររបើក ដែលមានន័យថា កងទាហានអ៊ុនក្រែននៅរួចជីវិត ខូចតែសម្ភារៈប៉ុណ្ណោះ។ យោងតាមអ្នកវិភាគ តាក់ទិករបស់អ៊ុយក្រែននាពេលនេះ គឺគ្រាន់តែជាការសាកល្បងស្វែងរកចំនុចខ្សោយ នៅតាមបណ្តោយខ្សែការពាររបស់រុស្ស៊ី ដើម្បីចង់ដឹងថាត្រង់ណាដែលអាចផុយស្រួយ ងាយស្រួលសម្រុកទម្លុះចូលក្នុងទ្រង់ទ្រាយធំតែម្តង៕
14-6-2023 • 8 minuten, 2 seconden អាមេរិកត្រលប់ចូលជាសមាជិករបស់យូណេស្កូ ដើម្បីកុំឲ្ យចាញ់ប្រៀបចិន?
៦ឆ្នាំក្រោយដកខ្លួនចេញពីអង្គការយូណេស្កូ អាមេរិកបានដាក់ពាក្យសុំចូលជាសមាជិកសាជាថ្មីរបស់ស្ថាប័នអង្គការសហប្រជាជាតិ។ នៅថ្ងៃចន្ទម្សិលមិញ នាយិកាអង្គការយូណេស្កូ លោកស្រី អូដ្រេ អាហ្សូឡេ បានប្រកាសដំណឹងដ៏ល្អនេះ ដល់ប្រទេសសមាជិក នៅទីស្នាក់ការបស់យូណេស្កូ នៅទីក្រុងប៉ារីស ។ អាមេរិកក្រោមការដឹកនាំរបស់រដ្ឋបាលលោកដូណាល់ ត្រាំ បានសម្រេចចិត្តដកខ្លួនចេញពីអង្គការយូណេស្កូ ក្នុងហេតុផលថា ស្ថាប័នរបស់អង្គការសហប្រជាជាតិមួយនេះ មានជំហរលំអៀង ប្រឆាំងអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ នៅមុនដកខ្លួនទៅទៀត វ៉ាស៊ីនតោនបានផ្អាកឈប់បង់វិភាគទាន សម្រាប់កេសថវិការបស់យូណេស្កូ តាំងពីឆ្នាំ ២០១១ ដើម្បីប្រឆាំងការសម្រេចចិត្តរបស់យូណេស្កូ ដែលយល់ព្រមបោះឆ្នោតយកប៉ាឡេស្ទីនជាសមាជិកថ្មី។ ហេតុអ្វីអាមេរិកត្រលប់មកសុំចូលជាសមាជិករបស់អង្គការយូណេស្កូ? អគ្គនាយិកាអង្គការយូណេស្កូ លោកស្រី អូដ្រេ អាហ្សូឡេ បានកោះប្រជុំប្រទេសសមាជិក កាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីប្រកាសដំណឹងដ៏ល្អដែលថា អាមេរិកបានដាក់ពាក្យសុំចូលជាសមាជិកឡើងវិញ របស់អង្គការយូណេស្កូ។ តាមប្រធានអង្គការយូណេស្កូ ការបោះឆ្នោតទទួលយកអាមេរិកជាសមាជិកឡើងវិញ របស់យូណេស្កូនឹងប្រព្រឹត្តទៅនៅខែកក្កដា នៅក្នុងជំនួបកំពូលរបស់យូណេស្កូ។សម្រាប់អគ្គនាយិកាអង្គការយូណេស្កូ លោកស្រី Audray Azoulay ការដាក់ពាក្យសុំរបស់អាមេរិកដើម្បីចូលជាសមាជិករបស់យូណេស្កូ គឺជាដំណឹងដ៏ល្អបំផុត ព្រោះវាបញ្ជាក់ពីការទទួលស្គាល់អាណត្តិ របស់អង្គការយូណេស្កូ ដែលធ្វើការទៅលើផ្នែកអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌។ ការវិលត្រលប់របស់អាមេរិកក៏សំខាន់ណាស់ដែរ ព្រោះថា អាមេរិកជាប្រទេសដែលផ្តល់វិភាគទានច្រើនជាងគេសម្រាប់អង្គការយូណេស្កូ ប្រមាណ ២២% នៃថវិកាសរុបរបស់យូណេស្កូ។មន្រ្តីទូតនៅយូណេស្កូនិយាយមិនលាក់ទេថា ពួកគេបានធូរទ្រូងច្រើនខ្លាំង នៅពេលលឺថា អាមេរិកត្រលប់ចូលជាសមាជិករបស់យូណេស្កូ ព្រោះថា ចាប់តាំងពីអាមេរិក ដកខ្លួន និងឈប់ផ្តល់វិភាគទាន ដល់យូណេស្កូ តាំងពី ឆ្នាំ ២០១១ កញ្ចប់ថវិការបស់យូណេស្កូ ត្រូវថយចុះ ដែលជាហេតុធ្វើឲ្យយូណេស្កូត្រូវរឹតត្បិតហិរញ្ញវត្ថុ កាត់បន្ថយបុគ្គលិក និងកាត់បន្ថយ គម្រោងសកម្មភាព ជាច្រើន នៅក្នុងពិភពលោក។សម្រាប់អគ្គនាយិកាអង្គការយូណេស្កូ ការវិលត្រលប់របស់អាមេរិក ក្នុងអង្គការយូណេស្កូ មិនត្រឹមតែពង្រឹងសន្ទុះនយោបាយ និងយុទ្ធសាស្រ្តរបស់យូណេស្កូ ប៉ុន្តែ ប្រាកដគ្មានសង្ស័យ វត្តមានរបស់អាមេរិក ជាសមាជិករបស់យូណេស្កូនឹងជួយធានាស្ថិរភាពកញ្ចប់ថវិការបស់យូណេស្កូ។គេរំពឹងថា ជាមួយការវិលត្រលប់របស់អាមេរិក ដែលតំណាងឲ្យ២២%នៃកញ្ចប់ថវិកាសរុបរបស់យូណេស្កូ គេអាចចាប់ផ្តើមជំរុញកម្មវិធី គម្រោងការនានារបស់យូណេស្កូដែលមានតាំង ពីការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ការបង្រៀនក្មេងស្រីនៅតាមបណ្តាប្រទេសក្រីក្រជាដើម។អាមេរិកសុខចិត្តបង់ប្រាក់បំណុលដែលខ្លួនជំពាក់យូណេស្កូដើម្បីអាចត្រលប់ចូលជាសមាជិកឡើងវិញរបស់យូណេស្កូ អាមេរិកមិនត្រឹមតែសុខចិត្តបង់ថវិកា ១៥០លានដុល្លារ ដែលជាចំណែកវិភាគទានរបស់ខ្លួនសម្រាប់យូណេស្កូ តែប៉ុណ្ណោះទេ ប៉ុន្តែ អាមេរិកនៅបានធ្វើឲ្យគេភ្ញាក់ផ្អើល ដោយសុខចិត្តបង់សងបំណុលទាំងអស់ ដែលអាមេរិក ជំពាក់ ពោលគឺប្រាក់ដែលអាមេរិក ខកខានមិនបានបង់ ទៅឲ្យយូណេស្កូ តាំងពីឆ្នាំ ២០១១។យូណេស្កូ ជួបបញ្ហាថវិកា តាំងពីឆ្នាំ ២០១១ ដោយសារតែអាមេរិកក្រោមការដឹកនាំរបស់របស់លោកអូបាម៉ាម្ល៉េះ ឈប់ផ្តល់វិភាគទាន ដោយសារតែយូណេស្កូយល់ព្រមទទួលយកប៉ាឡេស្ទីនជាសមាជិកថ្មី។ វាមិនមែនជាកំហុសរបស់លោកអូបាម៉ាទេដែលសម្រេចចិត្តឈប់ផ្តល់វិភាគទានដល់យូណេស្កូ ប៉ុន្តែ រដ្ឋបាលលោកអូបាម៉ាធ្វើដូច្នេះ ដោយសារតែច្បាប់របស់អាមេរិក បង្កើតនៅឆ្នាំ ១៩៩០ ដែលចែងថា អាមេរិកត្រូវហាមដាច់ខាត ផ្តល់ថវិកាដល់ស្ថាប័ន អង្គការណាដែលធ្វើការ ទទួលស្គាល់ ប៉ាឡេស្ទីន។ សួរថា បើយូណេស្កូ នៅតែមានប៉ាឡេស្ទីន ជាសមាជិក តើរដ្ឋបាលលោកចូ បៃដិនអាចមានសិទ្ធិផ្តល់ថវិកាដល់យូណេស្កូបានយ៉ាងម៉េច? ការសម្រេចចិត្តវិលត្រលប់របស់អាមេរិក ទៅក្នុងអង្គការយូណេស្កូ មិនមែនជាការសម្រចចិត្តអត្តនោម័តរបស់លោកចូ បៃដិន ប៉ុន្តែ ជាការសម្រេចចិត្តដែលបានទទួលការគាំទ្រពីគណបក្សទាំងពីររបស់អាមេរិក។ ដើម្បីអាចបង់វិភាគទាន ដែលជាលក្ខខណ្ឌមួយរបស់យូណេស្កូ ដើម្បីទទួលអាមេរិកជាសមាជិក សភាអាមេរិកបានបោះឆ្នោត កាលពីខែធ្នូ ឆ្នាំ ២០២២ លើកញ្ចប់ថវិកាមហាសាលមួយ ដែលរដ្ឋបាលលោកចូ បៃដិនអាចយកទៅប្រើមួយចំណែកសម្រាប់បង់ឲ្យយូណេស្កូ។ ប៉ុន្តែ ភ្លើងខៀវរបស់សភាឲ្យរដ្ឋាភិបាលប្រើកញ្ចប់ថវិកាដ៏មហាសាល ១,៧ទ្រីលានដុល្លារ នឹងចប់ត្រឹម ខែតុលា ឆ្នាំ ២០២៥។ ការណ៍នេះធ្វើឲ្យគេបារម្ភថា ពីស្ថិរភាពថវិកា ក្នុងករណីអាមេរិកមានការផ្លាស់ប្តូរប្រធានាធិបតី។ អ្វីដែលគេខ្លាចនៅត្រង់ថា បើសិនលោកដូណាល់ ត្រាំឈ្នះឆ្នោត ត្រលប់មកកាន់អំណាច អាមេរិកអាចត្រូវដកខ្លួន និងឈប់បង់វិភាគទានឲ្យយូណេស្កូសាជាថ្មីម្តងទៀត។អាមេរិកសម្រេចចិត្តត្រលប់មកចូលអង្គការយូណេស្កូដើម្បីទប់ទល់អំណាចចិន?មានហេតុផលពីរដែលធ្វើឲ្យអាមេរិកសម្រេចចិត្តត្រលប់ចូលជាសមាជិករបស់យូណេស្កូ។ ទី១ អាមេរិកបានចរចាសម្របសម្រួលជាមួយយូណេស្កូលើបញ្ហារសើប ប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលតែងជាដើមចម ធ្វើឲ្យអាមេរិក និងយូណេស្កូ រកាំរកូសដាក់គ្នា។នៅក្រោមការដឹកនាំរបស់លោកស្រី អគ្គនាយិកាថ្មី យូណេស្កូបានធ្វើកំណែទម្រង់ច្រើន ជាពិសេស ដើម្បីស្វែងរកការយល់ព្រមព្រៀងភាគច្រើន នៅក្នុងការសម្រចចិត្តទាក់ទងនឹងតំបន់ដើមបូព៌ា។ឧទាហរណ៍ នៅពេលអង្គការយូណេស្កូ ចុះបញ្ជីរមណីយដ្ឋានរបស់ប៉ាឡេស្ទីន ដែលស្ថិតក្នុងដែនដីកាន់កាប់ខុសច្បាប់របស់អ៊ីស្រាអែល អ៊ីស្រាអែលតែងចេញមុខប្រឆាំង។ ប៉ុន្តែ ឥលូវនេះ យូណេស្កូ ផ្លាស់ប្តូរវិធីសាស្រ្តថ្មី ដើម្បីកុំឲ្យមានការដំឡើងសំឡេងដាក់គ្នារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ ជាក់ស្តែង យូណេស្កូ បានទទួលស្គាល់ទីតាំងប្រវត្តិសាស្រ្តរបស់ប៉ាឡេស្ទីន ក្នុងបញ្ជីបេតិកភណ្ឌរបស់យូណេស្កូ ប៉ុន្តែ ដោយបញ្ជាក់ថា ទីតាំងស្ថិតក្រោមការចាត់ចែងរបស់ប្រទេសហ្សកដានី អាជា្ញកណ្តាល។កំណែទម្រង់របស់យូណេស្កូគ្រាន់តែជាលេសមួយ ប៉ុន្តែ អាមេរិកសម្រេចចិត្តត្រលប់យូណេស្កូ ប្រាកដណាស់ គឺដើម្បី បន្ទុចបង្អាក់ការពង្រីកឥទ្ធិពលរបស់ចិន។ នៅពេលអាមេរិកដើរចេញពីយូណេស្កូ ចិនបានក្លាយជាប្រទេសធំជាងគេដែលផ្តល់ថវិកាដល់យូណេស្កូ ប្រមាណ ១១៥លានដុល្លារ។ វិភាគទានច្រើន អាចធ្វើឲ្យចិនមានបុគ្គលិក មានសំឡេងឥទ្ធិពលច្រើននៅយូណេស្កូ។ នៅក្នុងឱកាសនិយាយការពារគម្រោងចូលជាសមាជិករបស់យូណេស្កូ នៅព្រឹទ្ធសភា កាលពីខែ មេសា ឆ្នាំ ២០២៣ រដ្ឋមន្រ្តីការបរទេសអាមេរិក លោកអង់តូនីប្លីងកិនផ្ទាល់បាននិយាយថា អវត្តមានរបស់អាមេរិកកំពុងផ្តល់ប្រយោជន៍ច្រើនដល់ចិន។ ចិនមានទម្ងន់សំឡេងកាន់តែខ្លាំងលើសំណុំរឿងអន្តរជាតិ ជាពិសេសបញ្ញាសិប្បនិម្មិតដែលជាសំណុំរឿងសំខាន់ មួយដែរសម្រាប់អាមេរិក។ ចាប់តាំងពីឆ្នាំ ២០២១ យូណេស្កូ ជាទីដែលចិនមានឥទ្ធិពល និងចូលរួមសកម្មខ្លាំង កំពុងរៀបចំបង្កើត បទដ្ឋាន ក្រមសីលធម៌ គ្រប់គ្រងបញ្ញាសិប្បនិម្មិត។តាមអគ្គនាយិកាយូណេស្កូ អាមេរិកនឹងខាតប្រយោជន៍ បើសិន ទុកកៅអីរបស់ខ្លួនឲ្យនៅទំនេរនៅយូណេស្កូ។ គ្មានកៅអីនៅយូណេស្កូ អាមេរិក គ្មានទម្ងន់សំឡេងអ្វីទៅលើការបង្កើតច្បាប់ទាក់ទងនឹងបញ្ញាសិប្បនិមិត្ត។ផ្ទុយទៅវិញ ចិននៅតែមានទឹកមាត់ប្រៃអារកាត់គ្រប់រឿង ដូចជា នៅអាហ្រ្វិក និងនៅតំបន់ដើមបូព៌ាជាដើម ជាទីដែលយូណេស្កូមានគម្រោងកម្មវិធីច្រើន។ចិនទាមទារឲ្យអាមេរិកត្រង់បង់សងប្រាក់ដែលខ្លួនជំពាក់យូណេស្កូអ្នកតំណាងចិន នៅអង្គការយូណេស្កូ លោក Jin Yangនិយាយថា ចិនមិនប្រឆាំងនឹងការវិលត្រលប់របស់អាមេរិកនៅយូណេស្កូ ប៉ុន្តែ ចិនទាមទារឲ្យអាមេរិក បង់លុយដែលអាមេរិកខកខាន មិនបានបង់តាំងពី១១ឆ្នាំមក។ លើសពីនោះ អ្នកតំណាងចិននៅបានចំអកធ្វើឲ្យអាមេរិកអាម៉ាស់មុខ នៅពេលនិយាយទាមទារឲ្យអាមេរិក ប្រកាន់ខ្លួន ជាមនុស្សធំ ព្រោះថា យូណេស្កូ មិនមែនជាកន្លែងដែលគេអាចដើរចេញ ដើរចូល តាមចិត្តចង់នោះទេ។ អាមេរិក ធ្លាប់បានដើរចេញម្តងហើយ កាលពីឆ្នាំ ១៩៨៤ និងវិលត្រលប់មកយូណេស្កូវិញ នៅឆ្នាំ ២០០៣ នៅក្នុងហេតុផលស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិសម្រាប់សង្រ្គាមអាមេរិកនៅអាហ្វហ្កានីស្ថាន។កាសែតស្រុកចិន បានសរសេរដាស់តឿន យូណេស្កូ កុំឲ្យធ្លាក់ក្នុងអន្ទាក់របស់អាមេរិក ព្រោះថា អាមេរិកនឹងអាចប្រើយូណេស្កូ ជាឈ្នាន់ ជាឧបករណ៍សម្រាប់ប្រឆាំងចិន៕
13-6-2023 • 8 minuten, 23 seconden OTAN/NATO ធ្វើសមយុទ្ធផ្លូវអាកាស ដ៏ធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ
ចាប់ពីថ្ងៃទី១២មិថុនានេះទៅ ក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់ បានបើកការធ្វើសមយុទ្ធយោធាផ្លូវអាកាសរួមគ្នា ដែលមានរយៈពេល១១ថ្ងៃ។ សមយុទ្ធដែលប្រព្រឹត្តិធ្វើទៅនៅតាមបណ្តាប្រទេសអឺរ៉ុបមួយចំនួននេះ ត្រូវអង្គការអូតង់ អះអាងថាគឺជាសមយុទ្ធផ្លូវអាកាស ដែលមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានទេ ក្នុងប្រវត្តិសាស្ត្រ។ បើទោះជាគេមិនបញ្ចេញឈ្មោះឲ្យចំៗ តែបរិបទសង្គ្រាមឈ្លានពាន ដែលរុស្ស៊ីបានធ្វើទៅលើអ៊ុយក្រែន គឺជាហេតុផលដ៏ធំ នៅពីក្រោយការរួមកម្លាំងគ្នា ហាត់សមការពារខ្លួននេះ។ យន្តហោះចម្បាំង២៥០គ្រឿងសមយុទ្ធនេះ គឺមិនមែនចូលរួមត្រឹមតែប្រទេសសមាជិករបស់អូតង់ប៉ុណ្ណោះទេ គឺមានការចូលរួមដោយប្រទេសដែលជាដៃគូសហការ ដូចជាជប៉ុន និងប្រទេសដែលត្រៀមខ្លួនចូលជាសមាជិក ដូចជាស៊ុយអែតជាដើម។ កម្មវិធីសមយុទ្ធដែល ចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី២៣មិថុនានេះ មានឈ្មោះថា Air Defender 23 ហើយត្រូវដំណើរការទៅ នៅក្នុងទឹកដីអាល្លឺម៉ង់មួយផ្នែកធំ នៅសាធារណរដ្ឋឆែក អេស្តូនី និងលីទុយអានីផងដែរ។សមយុទ្ធផ្លូវអាកាសនេះ មានទ្រង់ទ្រាយធំ ព្រោះគេគ្រោង ប្រើយន្តហោះចម្បាំងគ្រប់ធុន ចំនួនដល់ទៅ២៥០គ្រឿងឯណោះ។ ហើយក្នុងចំណោមនេះ គឺកងទ័ពអាកាសអាមេរិក បានបញ្ជូនយន្តហោះចម្បាំងមកចូលរួមចំនួន ពាក់កណ្តាល។ យ៉ាងហោចណាស់ មន្ត្រីយោធាជំនាញនៃប្រទេសដែលចូលរួម ចំនួន១ម៉ឺននាក់ ត្រូវចូលរួមក្នុងកម្មវិធីហាត់សមនេះ ដោយមានកងទ័ពអាកាសអាល្លឺម៉ង់ ជាអ្នកដឹកនាំសម្របសម្រួល។ផ្អែកតាមអូតង់ សមយុទ្ធនេះ គឺផ្តោតទៅលើការរៀបចំផ្គុំកម្លាំង ដើម្បីបើកប្រតិបត្តិការ និងរៀបចំតាក់ទិក។ ពោលគឺជាការហាត់សម ពង្រឹងសមត្ថភាពអន្តរប្រតិបត្តិការ រវាងកងទ័ពសមាជិក ដើម្បីការពារទឹកដីរបស់អូតង់ ពីការវាយប្រហារណាមួយរបស់សត្រូវ។ ការវាយប្រហារទាំងនោះ មានដូចជាការវាយប្រហារដោយប្រើដ្រូន ប្រើមីស៊ីលក្រ័រស្យែ ព្រមទាំងការវាយប្រហារ សំដៅមកលើទីក្រុង ព្រលានយន្តហោះ និងកំពង់ផែសំខាន់ៗ នៅក្នុងទឹកដីនៃប្រទេសសមាជិកអូតង់សារផ្ញើទៅកាន់រុស្ស៊ី តាមពិតទៅគម្រោងធ្វើសមយុទ្ធផ្លូវអាកាសនេះ គឺអូតង់បានគិតគូរតាំងតែពីឆ្នាំ២០១៨ម្លេះ ពោលគឺបន្ទាប់ពីរុស្ស៊ីបានឈ្លានពាន ប្លន់យកតំបន់គ្រីម៉េ របស់អ៊ុយក្រែន។ លោក Ingo Gerhartz អគ្គមេបញ្ជាការកងទ័ពអាកាសរបស់អាល្លឺម៉ង់ បានបញ្ជាក់ឲ្យដឹងថា ប្រាកដណាស់ ដែលសមយុទ្ធនេះ គឺជាការឆ្លើយតប ទៅនឹងកាលៈទេសៈ នៃការគំរាមកាន់តែខ្លាំងឡើងរបស់រុស្ស៊ី មកលើសន្តិសុខរបស់ប្រទេសអឺរ៉ុប ដែលជាសមាជិកអូតង់ បើទោះបីគេមិននិយាយឲ្យចំឈ្មោះក៏ដោយ។តែយ៉ាងណា លោកអគ្គមេបញ្ជាការអាល្លឺម៉ង់រូបនេះ បានអះអាងថាក្នុងសមយុទ្ធនេះ កងទ័ពអូតង់នឹងមិនទៅ បញ្ជាយន្តហោះចម្បាំង ឲ្យទៅឆ្លងកាត់ ឬក៏សំដៅទៅកាន់តំបន់កាលីនីងហ្ក្រាដ ដែលជាដែនដីរបស់រុស្ស៊ី ស្ថិតនៅចន្លោះ ប៉ូឡូញ និងលីទុយអានីនោះទេ។ លោកអះអាងថា សម្ព័ន្ធភាពអូតង់ ជាសម្ព័ន្ធភាពការពារខ្លួន មិនមែនជាសម្ព័ន្ធភាពទៅដើរវាយប្រហារគេនោះឡើយ។ ដូច្នេះសមយុទ្ធផ្លូវអាកាសនេះ គឺត្រូវបានរៀបចំក្នុងក្របខណ្ឌនៃការការពារខ្លួន ក្នុងករណីមានការវាយប្រហារណាមួយ ព្រោះអូតង់នឹងការពារទឹកដីប្រទេសសមាជិកខ្លួន គ្រប់សង់ទីម៉ែត្រការ៉េ។ដោយឡែក លោកស្រី Amy Gutmann អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអាល្លឺម៉ង់ បានលើកឡើងថា វាជារឿងប្រាកដណាស់ ដែលថាសមយុទ្ធយោធាដ៏ធំរបស់អូតង់នេះ គឺជាការផ្ញើសារមួយ ទៅកាន់រុស្ស៊ី។ លោកស្រី អះអាងថា គ្រប់មេដឹកនាំពិភពលោកទាំងអស់ ដោយរាប់ទាំងលោកពូទីនផង គឺប្រាកដជានឹងបានឃើញ នូវការតាំងចិត្ត ការរួមកម្លាំងសាមគ្គីគ្នា ដើម្បីការពាខ្លួន របស់ប្រទេសសមាជិកអូតង់។បរិបទសន្តិសុខអឺរ៉ុប ប្រែប្រួលទាំងស្រុង ដោយសារតែរុស្ស៊ីជាអ្នកគំរាមសម្រាប់ពេលនេះ គេមិនទាន់មានការសន្មត់ណាមួយ ថានឹងរៀបចំ សមយុទ្ធ Air Defender នេះឲ្យវាមានលក្ខណៈទៀងទាត់ មួយឆ្នាំម្តងឬយ៉ាងណាទេ។ តែលោកស្រី អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអាល្លឺម៉ង់ បានអះអាងថា សមយុទ្ធដ៏នេះជាលើកទីមួយ តែក៏មិនមែនជាលើកចុងក្រោយដែរ ពោលគឺនឹងមានជាថ្មីទៀត។លោក Michael Loh អគ្គនាយកផ្នែកកងឆ្មាំផ្លូវអាកាសអាមេរិក ប្រចាំការនៅអូតង់ បានលើកឡើងថា ដំណាក់កាលបច្ចុប្បន្ននេះ គឺជាចំនុចផ្លូវបត់ ដែលអូតង់ត្រូវតែរៀបចំយុទ្ធសាស្ត្រដើម្បីការពារខ្លួន។ បរិបទយុទ្ធសាស្ត្រពិភពលោកទាំងមូល ជាពិសេសនៅអឺរ៉ុបតែម្តង គឺបានប្រែប្រួលទាំងស្រុង បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។មន្ត្រីកងទ័ពអាមេរិករូបនេះបន្ថែមថា កងទ័ពអាមេរិក មានវត្តមានប្រចាំការ ដើម្បីការពារប្រទេសអឺរ៉ុប ក្នុងក្របខណ្ឌអូតង់មែនហើយ តែតាមរយៈសមយុទ្ធនេះ គឺកងទ័ពអាមេរិក មានបំណងចង់ពង្រឹងសមត្ថភាព របស់ប្រទេសអឺរ៉ុប ដែលជាសមាជិកអូតង់។ ពោលគឺគេនឹងបណ្តុះបណ្តាល ហ្វឹកហាត់ ឲ្យកងទ័ពអាកាស អ្នកបើយន្តហោះចម្បាំង នៃប្រទេសសម្ព័ន្ធមិត្តទាំងអស់ ឲ្យចេញសហការគ្នា ផ្តល់ព័ត៌មានឲ្យគ្នា។ មានន័យថា អំណេះតទៅ អាមេរិកចង់ឲ្យអឺរ៉ុបរួមគ្នា ទាំងផ្នែកថវិកា និងកម្លាំងសព្វាវុធ ដើម្បីការពារខ្លួនឯង ដោយមិនត្រូវរំពឹងចាំតែខាងអាមេរិកមកជួយនោះទេ។តែជាមួយនេះ សមយុទ្ធដ៏ធំនេះ វាគឺជាសារប្រកាសថា អូតង់ទាំងមូល មានសាមគ្គីភាពរឹងមាំជាធ្លុងមួយ ហើយសាមគ្គីភាពនេះបានកម្រើកឡើង ក៏ដោយសារតែលោកពូទីនតែម្នាក់គត់ ដែលជាអ្នកបានដាស់អូតង់។ អូតង់មានសាមគ្គី ហើយកាន់តែកើនសមាជិក ដោយសារតែរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយបានធ្វើឲ្យប្រទេសផ្សេងទៀត គេមានការព្រួយបារម្ភពីសុវត្ថិភាពរបស់គេ។ ដូច្នេះអ្នកដែលហុចឱកាស ឲ្យអូតង់មានកម្លាំង រៀបចំសមយុទ្ធយោធាដ៏ធំបែបនេះ គឺរុស្ស៊ីខ្លួនឯងតែម្តង៕
12-6-2023 • 6 minuten, 3 seconden តើចិនពិតជាដាក់ត្រចៀក ចាំឈ្លបស្តាប់អាមេរិ ក ពីគុយបាមែនឬ ?
នៅថ្ងៃសៅរ៍ទី ១០ មិថុនា២០២៣នេះ អ្នកទទួលខុសត្រូវជាន់ខ្ពស់សេតវិមានម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថា ចិនបានព្យាយាមបើកប្រតិបត្តិការចារកិច្ចអាមេរិកពីទឹកដីគុយបា តាំងពីជាច្រើនឆ្នាំមក និងបានសម្រិតសម្រាំងសមត្ថភាពឈ្លបការណ៍កាន់ខ្ពស់បន្ថែមទៀត នៅឆ្នាំ២០១៩។ សេចក្តីប្រកាសរបស់អ្នកទទួលខុសត្រូវរូបនេះ ធ្វើឡើងតែពីរថ្ងៃក្រោយការបដិសេធជាផ្លូវការ របស់ក្រសួងការពារជាតិអាមេរិក និងភាគីគុយបា ថាគ្មានការកិច្ចព្រមព្រៀងចិន-គុយបា បង្កើតស្ថានីយ៍ចារកម្មលើកោះ ដូចអ្វីដែលសារព័ត៌មានអាមេរិក Wall Street Journal បានទម្លាយទេ។ រឿងចចាមអារាមចារកិច្ចចិននៅគុយបា កំពុងចាប់រីក។ កាលពីថ្ងៃព្រហស្បតិ៍ទី ៨ មិថុនា អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខ បានចាត់ទុកព័ត៌មានចុះផ្សាយដោយកាសែតអាមេរិក ជុំវិញការចុះកិច្ចព្រមព្រៀងបង្កើតស្ថានីយ៍ឈ្លបការណ៍ រវាង ចិនគុយបា ជាព័ត៌មានមិនពិត។ តែនៅថ្ងៃនេះ អ្នកទទួលខុសត្រូវជាន់ខ្ពស់នៅសេតវិមាន ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានអះអាងបញ្ច្រាសវិញ ថា រដ្ឋបាលអាមេរិកបានប្រាប់លោកប្រធានាធិបតីអាមេរិក ចូបៃដិន តាំងពីលោកបានចូលកាន់តំណែងនៅខែមករា២០២១ភ្លាម អំពីកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការបង្កើតមូលដ្ឋាន នៅទូទាំងពិភពលោក ក្នុងកម្មវត្ថុស៊ើបការណ៍។ នៅក្នុងចំណោមនោះ មានមួយ ជាការសាងសង់ស្ថានីយ៍ចារកិច្ចនៅគុយបា ហើយមណ្ឌលនេះទើបត្រូវបានចិនកែលម្អឱ្យបានកាន់តែប្រសើរឡើងថែមទៀត នៅឆ្នាំ២០១៩។ ភ្នាក់ងារអាមេរិកមានឯកសារនេះទាំងអស់។ នេះតាមមន្ត្រីសេតវិមានដដែលដែលធានាថា រដ្ឋបាលបៃដិន គ្រប់គ្រងស្ថានការណ៍បកនឹងគម្រោងតាំងទីចារកិច្ចរបស់ចិននៅលើពិភពលោក ដោយប្រុងប្រយ័ត្នបំផុត និងស្ងាត់ៗបំផុត តាមផ្លូវការទូតជាមួយបណ្តារដ្ឋាភិបាលជាច្រើន។ រដ្ឋាបាលអាមេរិកបានពន្យឺតសកម្មភាពចិនបានច្រើន តែត្រូវខ្វល់ខ្លាំងនិងប្រឹងបន្ថែមទៀត ទាក់ទងនឹងស្ថានភាពចារកិច្ចចិនពីគុយបា។ ចិនបន្តពង្រឹងវត្តមាននៅគុយបា ឯអាមេរិកបន្តធ្វើការដើម្បីរារាំង។ នេះបើតាមប្រភពដដែល។ភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចបើឧបមានថាចិនមានបើមានស្ថានីយ៍ចារកិច្ចចិននៅគុយបាមែន នោះពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់ សម្រាប់សន្តិសុខអាមេរិក ព្រោះ កោះគុយបាមានទីតាំងភូមិសាស្ត្រនយោបាយស្ថិតនៅចម្ងាយប្រមាណតែ១៦០គីឡូម៉ែត្រ ពីរដ្ឋផ្លរីដា។ ដូច្នេះ ចិន អាចឈ្លបយកការណ៍បានគ្រប់រឿងហេតុកើតនៅភាគខាងត្បូងសហរដ្ឋអាមេរិក ដែលមានទីតាំងនិងមូលដ្ឋានយោធាជាច្រើន។ កាសែតអាមេរិកបានបញ្ជាក់ថា មណ្ឌលលបស្តាប់នៅគុយបា នោះចិននឹងអាចប្រមូលគ្រប់ប្រភេទនៃព័ត៌មានទាំងអស់ ដែលគេអាចចាប់បានតាមប្រព័ន្ធទូរគមនាគមន៍ ដូចជាការនិយាយតាមទូរស័ព្ទ អ៊ីមែល ឬការផ្ទេរទិន្នន័យតាមផ្កាយរណប ...មណ្ឌលចារកិច្ចចិន-គុយបា មិនល្អសម្រាប់អាមេរិក តែវារឿងឡូហ្ស៊ិក ខ្លាំងណាស់ ព្រោះចិននិងគុយបា មានគោលជំហរនយោបាយស្និទ្ធនឹងគ្នាស្រាប់ផង ហើយគុយបាកំពុងអាក់អន់ចិត្តនឹងអាមេរិក តាំងពីវ៉ាស៊ីនតោនបានបញ្ចូលគុយបាជាថ្មី ទៅក្នុងបញ្ជីរដ្ឋគាំទ្រភេរវនិយមកាលពីថ្ងៃទី ១២មករា២០២១។ ឱកាសបែបនេះ ចិនប្រាកដទាញចំណេញ មិនឱ្យខកខានបានឡើយ។ នេះបើតាមការវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិអាមេរិក នៅ Team for the Study of Security។ អាចដាក់វត្តមាន នៅទ្វីបអាមេរិក ពិតជាសំខាន់ខ្លាំងណាស់ ក្នុងការប្រមូលព័ត៌មានចាំបាច់ជាច្រើនសម្រាប់ វាស់ស្ទង់ដឹងអំពីសមត្ថភាពយោធារបស់អាមេរិក ដែលនឹងអាចធ្វើអន្តរាគមន៍យោធាប្រឆាំងនឹងចិន មិនថាក្នុងជម្លោះជាតៃវ៉ាន់ឬនៅសមុទ្ទចិនខាងត្បូង និងវាស់ដឹងថាតើចិនខាតបង់ប៉ុនណាបើសម្រេចធ្វើសង្គ្រាម។មានភ្នែកមានត្រចៀកនៅគុយបា ក៏អាចផ្តល់ប្រយោជន៍ច្រើនដល់ផ្នែកសេដ្ឋកិច្ច។ ក្រុមហ៊ុនធំៗនៅចិន ពិតជាចង់បានព័ត៌មានប្រមូលបានមកពីក្រុមហ៊ុនជាគូប្រជែងនៅតិចសាស់ ឬនៅផ្លរីដា ជាប្រាកដ។ ជាចុងក្រោយក្នុងសង្គ្រាមចារកិច្ច ចិនគិតថាត្រូវតែមានអាវុធដូចអាមេរិក។ អាមេរិកមានកិច្ចព្រមព្រៀងចារកិច្ចជាមួយតៃវ៉ាន់ នៅកៀកបង្កើយនឹងប៉េកាំង ដូច្នេះចិនក៏ត្រូវមានមូលដ្ឋានលួចស្តាប់នៅមាត់ទ្វារផ្ទះអាមេរិកគឺ គុយបាដែរ។ធ្លាយព័ត៌មានចារកិច្ចមុនទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិកនៅប៉េកាំងសំណុំរឿងនេះ មានលក្ខណៈរសើបខ្លាំងណាស់ ខាងផ្នែកការទូត ក្នុងខណៈដែលប្រធានាធិបតីអាមេរិកដែលសង្ឃឹមស្តារទំនាក់ទំនងជាមួយប៉េកាំងឱ្យបានប្រសើរឡើងវិញ តាមរយៈគម្រោងជំនួបជាមួយលោកប្រធានាធិបតីស៊ីជីនពីង នាពេលខាងមុខ។ លើផ្នែកនយោបាយវិញ នេះជាប្រធានបទដ៏ទើសទាល់ខ្លាំងណាស់សម្រាប់លោកចូបៃដិន ដែលត្រូវឈរឈ្មោះជាប្រធានាធិបតីអាណត្តិទីពីរ នៅឆ្នាំ២០២៤ខាងមុខ។ បក្សប្រឆាំងតែងបន្ទោសលោកជាញឹកញយ ថាមានជំហរធូររលុងជាមួយចិន និងគុយបា។ ជាការពិតបញ្ហាគុយបាគ្មានចារក្នុងគម្រោងអាទិភាពរបស់ប្រធានាធិបតីបៃដិនទេ។ តែកិច្ចសហប្រតិបត្តិការចិន-គុយបា ក្នុងវិស័យចារកិច្ច បានមកដាស់សេតវិមានឱ្យឃើញអំពីគ្រោះថ្នាក់នៃការមិនយកទុកដាក់លើគុយបា។ចំណុចចៃដន្យមួយទៀត គឺ ការទម្លាយរឿងចារកិច្ចចិននេះឡើង ចំពេលរដ្ឋមន្ត្រីការបរទេសអាមេរិក គ្រោងនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិនជាថ្មី។ លើកមុននៅខែកុម្ភៈឆ្នាំ២០២៣ ដោយហេតុរឿងអាស្រូវចារកិច្ចចិនបង្ហោះបាល់ឡុង លោករដ្ឋមន្ត្រីការបរទេស អង់តូនី ប្លីងកិន បានលុបទស្សនកិច្ចនៅប៉េកាំង នៅនាទីចុងក្រោយតែម្តង ដើម្បីតវ៉ាប្រឆាំងនឹងទង្វើចារកិច្ចចិន។ ទស្សនកិច្ច ត្រូវលើកពេលទៅថ្ងៃទី ១៨ មិថុនាសប្តាហ៍ក្រោយវិញ។ ហើយជិតដល់ថ្ងៃទៅ ស្រាប់លេចធ្លាយរឿងអាស្រូវចារកិច្ចនៅគុយបាម្តង។ ដូច្នេះគេពិតជាអាចចោទសួរបានតើការទម្លាយព័ត៌មាននេះ មានបង្កប់ចេតនាបង្អាក់ទស្សនកិច្ចលោកប្លីងកិននៅប៉េកាំងជាលើកទីពីរឬយ៉ាងណា ? ប៉ុន្តែទោះក្នុងហេតុផលណាក៏ដោយ ក៏ការធ្លាយព័ត៌មានចារកិច្ចនេះ ពិតជាមិនសម្រួលដល់គំនិតផ្តួចផ្តើមស្តារទំនាក់ទំនងចិន-អាមេរិកទេ៕
11-6-2023 • 7 minuten, 36 seconden តើក្រុមសង្គ្រោះរកឃើញក្មេងកូឡុំប៊ីទាំងបួននា ក់ដែលបាត់ខ្លួនក្នុងព្រៃ៤០ថ្ងៃយ៉ាងដូចម្តេច ?
ពិតជាអស្ចារ្យនិង ជាដំណឹងល្អក្រៃ សម្រាប់ប្រទេសកូឡុំប៊ីទាំងមូល ដែលបានរកឃើញក្មេងបួននាក់បងប្អូន នៅមានជីវិត បន្ទាប់ពីរងគ្រោះថ្នាក់ធ្លាក់យន្តហោះ និងបាត់ខ្លួនក្នុងព្រៃជ្រៅ រយៈពេល៤០ថ្ងៃ។ មានអាយុ ១៣-៩-៤ និង១ឆ្នាំ ក្មេងទាំងបួនដែលស្គមស្លេកស្លាំង និងខ្សោយខ្លាំង បានបញ្ជូនទៅដល់មន្ទីរពេទ្យយោធានាទីក្រុងបូហ្កូតា នៅព្រឹកថ្ងៃ១០មិថុនានេះហើយ ដើម្បីទទួលបានការថែទាំនិងពិនិត្យសុខភាព។ ប្រធានាធិបតីកូឡុំប៊ីបានប្រកាសជូនដំណឹងយ៉ាងអំណរតាមប្រព័ន្ធសង្គម។ រឿងរ៉ាវបាត់ខ្លួនក្មេងទាំងបួននាក់បងប្អូន នៅក្នុងព្រៃជ្រៅអាម៉ាហ្សូន បានចាប់ផ្តើមនៅថ្ងៃទី ១ ឧសភា២០២៣ ពេលយន្តហោះ Cessna ២០៦ ដ៏តូចមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ Avianline Charters បានហោះចេញពីព្រៃAraracuara ដ៏ល្បីនៃព្រៃអាម៉ាហ្សូនសំដៅ San José del Guaviare ក្រុងដ៏ធំជាងគេរបស់តំបន់អាម៉ាហ្សូនកូឡុំប៊ី។ នៅក្នុងយន្តហោះមានផ្ទុកអ្នកដំណើរ ៦នាក់ គឺ ក្មេងបួននាក់ និងម្តាយរបស់ពួកគេ ព្រមទាំងមេកុលសម្ព័ន្ធម្នាក់ និងអ្នកបើកបរម្នាក់ទៀត។ បើតាមព័ត៌មានផ្សព្វផ្សាយដោយអាជ្ញាធកូឡុំប៊ី ក្មេងៗទាំងបួន គឺ Leslyអាយុ១៣ឆ្នាំ Soleiny ៩ឆ្នាំ Tien Noriel បួនឆ្នាំ និង Cristin អាយុទើប១១ខែនៅឡើយ នៅពេលនោះ ត្រូវធ្វើដំណើរជាមួយម្តាយដើម្បីគេចពីការគំរាមកំហែងរបស់ពួកឧទ្ទាមទ័ពព្រៃ ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពចុះហត្ថលេខាដោយក្រុមឧទ្ទាមFarc កាលពីឆ្នាំ២០១៦។ចម្ងាយផ្លូវហោះហើរមានប្រវែង៣៥០គីឡូម៉ែត្រ ប៉ុន្តែហោះឡើងបានតែប៉ុន្មាននាទី មេបញ្ជាការបើកបរបានផ្តល់សញ្ញាថាយន្តហោះមានបញ្ហាម៉ាស៊ីន រួចយន្តហោះក៏បាត់ដានពី ប្រព័ន្ធរ៉ាដាតែម្តងទៅ។ ក្រុមយោធាកូឡុំប៊ី បានរកឃើញយន្តហោះនៅ រវាងថ្ងៃទី១៥-១៦ឧសភា ធ្លាក់ កណ្តាលព្រៃ នៅភាគខាងត្បូងខេត Caqueta ក្បាលបុកដី។ អ្នកបើកបរបានបាត់បង់ជីវិត នៅក្នុងបន្ទប់បញ្ជាយន្តហោះ។ មេកុលសម្ព័ន្ធនិងម្តាយរបស់ក្មេងទាំងបួន ក៏ស្លាប់ តែក្រុមយោធាមិនបានបញ្ជាក់ថាសាកសពស្លាប់នៅត្រង់ណាទេ។ ឯឆ្កែហិតបានរកឃើញដបទឹកដោះគោមួយ នៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ។ ប្រតិបត្តិការ នៃក្តីសង្ឃឹមប្រតិបត្តិការស្វែងរក មានប្រើកម្លាំងទាហានកូឡុំប៊ីជាងមួយរយនាក់ ក្រុមកុលសម្ព័ន្ធជាច្រើនសិបនាក់ មកពីភូមិជិតខាង ហើយមានបទពិសោធន៍ខាងដើរក្នុងព្រៃជ្រៅអាម៉ាហ្សូន ដែលសម្បូរទៅដោយសត្វសាហាវៗ ដូចជាពស់ ខ្លា jaguars Pumas ... ព្រមទាំងសត្វល្អិតមានពិសគ្រប់ប្រភេទ និងភ្លៀងព្យុះយ៉ាងកំណាចៗ។ តំបន់ព្រៃនេះក៏ស្ថិតនៅក្រោមឥទ្ធិពលនៃពួកឧទ្ទាមព្រៃប្រដាប់អាវុធផ្តាច់ខ្លួនទៀត។ ដូច្នេះក្តីសង្ឃឹមរកឃើញក្មេងទាំងបួននៅមានជីវិត ត្រូវធ្លាក់ចុះ ជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។កងទ័ពអាកាស ក៏បានបញ្ជូន ឧទ្ធម្ភាគចក្រ បីគ្រឿង មកហោះឆ្វែលលើព្រៃត្រង់តំបន់ធ្លាក់យន្តហោះ ដោយទម្លាក់កញ្ចប់សម្រាប់សង្គ្រោះជីវិតជាងមួយរយកញ្ចប់ ស្ទើរពេញព្រៃ។ ក្នុងកញ្ចប់នីមួយៗមានទឹកស្អាត និងចំណីអាហារ។ ឧទ្ធម្ភាចក្រមួយគ្រឿងដាក់មីក្រូ ចាក់សំឡេងជីដូន និយាយភាសាកំណើតកុលសម្ព័ន្ធ Uitoto ឱ្យក្មេងទាំងបួនឈប់ដើរ រុលទៅមុខ ក្នុងព្រៃ ទើបអាចឱ្យក្រុមសង្គ្រោះតាមរកឃើញ។ យោធាបានទាំងប្រើ បច្ចេកវិទ្យាផ្ការណបដើម្បីសាកល្បងកំណត់ផ្លូវដែលក្មេងប្រុងដើរផង។ មានឈ្មោះថា “ក្តីសង្ឃឹម” ប្រតិបត្តិការស្វែងរក ជាងមួយខែនេះ ដែលបើលាតជំហានដើររុកក្នុងព្រៃដ៏ក្រាស់ឃ្មឹកមកវាស់ទៅមានប្រវែងជិត២៦៥៦គីឡូម៉ែត្រ និងផ្តុំការរុករកក្នុងផ្ទៃក្រឡាប្រមាណ៣២៣គីឡូម៉ែត្រការ៉េ បន្ទាប់មកទើបបង្រួញមកនៅត្រឹម២០គីឡូម៉ែត្រការ៉េ នៅពេលក្រុមយោធា បានប្រទះឃើញដាននៅមានជីវិតរបស់ក្មេងទាំងបួន ជាបន្តបន្ទាប់ ដូចជា ដានជើង កន្ត្រៃ ស្បែកជើង ខោអាវ ខោទឹកនោមក្មេង ផ្លែឈើទំពារហើយខ្ជាក់ចោលថ្មីៗ ឬជម្រកធ្វើមែកឈើ ... មានពេលមួយនោះ ក្រុមសង្គ្រោះវិះគិតស្មានថានៅចម្ងាយប្រមាណមិន១០០ម៉ែត្រពីក្មេងៗ តែភ្លៀងធ្លាក់ខ្លាំងពេកទើបបាត់ដានទៅវិញ។នៅថ្ងៃទី ២៦ឧសភា ក្រុមសង្គ្រោះនិងយោធាបាននាំគ្នារៀបចំកម្មវិធីបុណ្យ ជានិម្មិតរូប ខួបកំណើត១ឆ្នាំឱ្យCristinផង។នៅថ្ងៃទី ៨ មិថុនា ការរុករកបានចូលដំណាក់កាលថ្មីមួយលែងសូវសំខាន់ ព្រោះរដ្ឋាភិបាលកំពុងជួបរឿងអាស្រូវ និង មានការបាត់ខ្លួន ឆ្កែដែលជាជំនួយការស្វែងរកក្មេង ក្នុងព្រៃជ្រៅដែរ។ បើតាមយោធា ស្ថានភាពព្រៃស្មុគស្មាញពេកទើបឆ្កែបាត់បង់ញាណចំណាំរបស់ខ្លួន។ ស្រាប់តែនៅថ្ងៃសុក្រទី ៩ មិថុនា នៅវេលាម៉ោង៩យប់ ក្រសួងការពារជាតិ បានប្រកាសរកឃើញក្មេងទាំងបួន និងបញ្ជូនទៅកាន់មន្ទីរពេទ្យ តែឆ្កែមិននៅជាមួយក្មេងៗនោះទេ។កូនកូឡុំប៊ីការរកឃើញក្មេងទាំងបួននៅមានជីវិត ក្រោយពីបាត់ខ្លួនក្នុងព្រៃជ្រៅអស់៤០ថ្ងៃ ពិតជារឿងដ៏អស្ចារ្យខ្លាំងណាស់ មិនមែនសម្រាប់តែក្រុមគ្រួសារទេ តែគឺសម្រាប់ប្រទេសកូឡុំប៊ីទាំងមូលតែម្តង។ ជីដូននិងជីតារបស់ក្មេងទាំងបួន ត្រេកអរខ្លាំងណាស់ និងចង់ស្ទាបអោបចៅៗឱ្យបានភ្លាមៗតែម្តង។ ពួកគាត់មិនដែលបាត់បង់ក្តីសង្ឃឹមទេ ព្រោះយល់ថា ចៅស្រីច្បងដែលមានអាយុ១៣ឆ្នាំ មាននិស្ស័យតស៊ូពីកំណើត និងចេះស្រលាញ់គ្រប់គ្រងប្អូនៗជំនួសម្តាយពេលគាត់ទៅធ្វើការ។ លោកយាយសង្ឃឹមថានឹងទទួលបានសិទ្ធិគ្រប់គ្រងចៅ ដែលម្តាយបានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ។សម្រាប់លោក Gustavo Petro ប្រធានាធិបតីកូឡុំប៊ីវិញ លោកបានកោតសរសើរក្មេងទាំងបួន ដែលអាចរកត្រដររស់ដោយខ្លួនឯង រហូតទាល់តែបានជួបមនុស្សធំ។ នេះជាគំរូប្រឹងរស់មួយដែលនឹងចារជាប់ក្នុងប្រវត្តិសាស្ត្រ។ នេះជាសំណេរបស់លោក ប៉េត្រូ ដោយបញ្ជាក់ទៀតថា ក្មេងទាំងបួន ជាកូនរបស់សន្តិភាព និងកូនរបស់កូឡុំប៊ី។ ដោយចាត់ទុកការរកឃើញក្មេងទាំងបួន ជាថ្ងៃដ៏អស្ចារ្យ លោកប្រធានាធិបតីកូឡុំប៊ី ដែលទើបត្រលប់មកពីចុះកិច្ចព្រមព្រៀងឈប់បាញ់នៅគុយបា ជាមួយនឹង “យោធារំដោះជាតិ” ក្រុមឧទ្ទាមប្រដាប់អាវុធសកម្មចុងក្រោយគេបង្អស់របស់កូឡុំប៊ី ក៏បានអបអរ ចំពោះប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរបស់ក្រុមយោធានិងកុលសម្ព័ន្ធ ក្នុងការស្វែងរកក្មេងទាំងបួន ថាជាគំរូនៃការចងសម្ព័ន្ធដើម្បីភាពរស់រៀននៃប្រទេស៕
10-6-2023 • 7 minuten, 43 seconden តើម្ចាស់បុរី និងអ្នកទិញផ្ទះបង់រំលោះគួរមានដំណោះស្រ ាយយ៉ាងណាចៀសវាងការរឹបអូសផ្ទះ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យម្ចាស់បុរី ម្ចាស់អចលនទ្រព្យទាំងឡាយ បញ្ឈប់ការរឹបអូសផ្ទះសម្បែងដែលពលរដ្ឋគ្មានប្រាក់បង់រំលោះជាបន្ទាន់។ បើតាមលោក ហ៊ុន សែន បញ្ហានេះ គួរតែដោះស្រាយបាន តាមរយៈការរៀបចំឥណទានឡើងវិញ រវាងម្ចាស់បុរីនិងអ្នកទិញ ដែលមានការជួយសម្រួលពីរដ្ឋាភិបាល។ សម្រាប់លោក ហ៊ុន សែន នេះគឺជាផ្នែកមួយនៃយុត្តិធម៌សង្គម ដែលលោកមិនអាចបន្តអោបដៃឈរមើលបានទៀតនោះឡើយ។ ការស្នើនេះ ធ្វើឡើងក្រោយពីមានម្ចាស់បុរី និងអចលនទ្រព្យខ្លះ បានរឹបអូសផ្ទះពីប្រជាពលរដ្ឋដោយសារអស់លទ្ធភាពបង់រំលោះប្រចាំខែ។
10-6-2023 • 12 minuten, 32 seconden តុលាការសហព័ន្ធអាមេរិក ចោទប្រកាន់លោកដូណាល់ ត្រាំ ជាលើកទីមួយក្នុងប្រវត្តិអតីតប្រធានាធិបតី
តុលាការសហព័ន្ធអាមេរិក បានសម្រេចចោទប្រកាន់លោកដូណាល់ ត្រាំ ចំនួន៧បទល្មើស ទាក់ទិននឹងសំណុំរឿងឯកសារសម្ងាត់ជាតិ។ នេះគឺជាលើកទី១ហើយ ក្នុងប្រវត្តិសាស្ត្រ ដែលអតីតប្រធានាធិបតីអាមេរិក ត្រូវតុលាការរដ្ឋសហព័ន្ធចោទប្រកាន់បែបនេះ។ ការចោទប្រកាន់ ដែលលោកដូណាល់ ត្រាំ បានស្រែកក្តែងៗថា គឺជាចេតនានយោបាយ របស់គណបក្សប្រជាធិបតេយ្យ ដើម្បីរារាំងលោក មិនឲ្យឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នៅអាណត្តិក្រោយតែប៉ុណ្ណោះ។ លើកទី១ក្នុងប្រវត្តិសាស្ត្រនយោបាយអាមេរិកមិនធ្លាប់មានទេ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវតុលាការរដ្ឋសហព័ន្ធចោទប្រកាន់បែបនេះ។ លោកដូណាល់ ត្រាំ គឺជាមនុស្សដំបូងគេហើយក្នុងប្រវត្តិសាស្ត្រ។ ដំណឹងនេះបានលេចឮ និងត្រូវគេសង្ស័យ ២ ៣ថ្ងៃមកហើយ។ លោក Jim Trusty មេធាវីរបស់លោកដូណាល់ ត្រាំ បានបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ CNN ថា លោកដូណាល់ ត្រាំ ត្រូវបានតុលាការសហព័ន្ធទីក្រុងមីអាមី កោះហៅឲ្យចូលខ្លួននៅថ្ងៃអង្គារ ទី១៣មិថុនាខាងមុខ ដើម្បីស្តាប់បទចោទប្រកាន់ជាផ្លូវការ ដែលមានចំនួន៧បទចោទប្រកាន់។នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំ ក៏បានសរសេរសេរដែរ កាលពីល្ងាចថ្ងៃព្រសហ្បតិ៍ម្សិលមិញ ដោយចោទថា គឺរដ្ឋបាលពុករលួយរបស់លោកចូ បៃដិន បានប្រាប់មកមេធាវីរបស់លោក ថាលោកត្រូវគេចោទរឿងកេសឯកសារក្លែងក្លាយ។ កេសឯកសារ ដែលលោកចង់សំដៅទៅដល់ឯកសារសំងាត់ ដែល FBI បានប្រមូលយកពីផ្ទះលោកនោះឯង។មេធាវីលោកត្រាំ បានបញ្ជាក់ថា ក្រៅពីបទល្មើសទាក់ទិននឹងការរក្សាទុកនូវឯកសារសម្ងាត់ដោយខុសច្បាប់ តុលាការរដ្ឋសហព័ន្ធ ក៏បានចោទលោកត្រាំដែរ ថាបានរារាំងការងាររបស់ប្រព័ន្ធយុត្តិធម៌ និងបទល្មើសផ្តល់សក្ខីកម្មក្លែងក្លាយជាដើម។ ដោយឡែក ផ្អែកតាមការចុះផ្សាយរបស់ កាសែត New York Times គឺតុលាការបានចោទលោកដូណាល់ ត្រាំ ថាបានរក្សាទុកដោយចេតនា នូវឯកសារសម្ងាត់ជាតិ ដោយបំពានទៅនឹងអ្វីដែលមានចែង ក្នុងច្បាប់ ដែលតម្រូវឲ្យប្រធានាធិបតីពេលចប់អាណត្តិត្រូវតែប្រគល់ឯកសារទាំងអស់ ទៅឲ្យបណ្ណសារជាតិ។ ជាមួយនឹងបទល្មើសនេះ គឺលោកដូណាល់ ត្រាំ អាចប្រឈមនឹងទោសជាប់ពន្ធនាគារ១០ឆ្នាំ។ហើយកាលពីចុងខែមីនា លោកដូណាល់ ត្រាំ ត្រូវបានជាប់បទចោទមួយទៀត នៅតុលាការរដ្ឋញូយ៉ក ទាក់ទិននឹងបទល្មើសក្លែងបន្លំតួលេខគណនេយ្យ។ វាគឺជាសំណុំរឧង ដែលគេចោទថា លោកត្រាំ បានយកប្រាក់ឃោសនាបោះឆ្នោត ទៅសូកបិទមាត់តារាស្រីកុនអាសអាភៀសម្នាក់ ដើម្បីកុំឲ្យនិយាយទំលាយរឿងរ៉ាវពាក់ពន័្ធនឹងលោក។“គេធ្វើបាបខ្ញុំ!”តាមរយៈបទចោទប្រកាន់ទាំងនេះ លោកដូណាល់ ត្រាំ កំពុងតែប្រកាសខ្លួន ថាលោកគឺជាជនរងគ្រោះ ត្រូវគេតាមធ្វើបាប។ អ្នកដែលតាមយាយីលោកនោះ គឺគ្មានអ្នកណាទេ ក្រៅពីពួកគណបក្សប្រជាធិបតេយ្យ ដែលលោកហៅថា ជាពួកឆ្វេងនិយមជ្រុល ជាពួកហ្វាឈីស្ត។ នៅលើទំព័របណ្តាញសង្គម លោកដូណាល់ ត្រាំ បានសរសេរថា “ខ្ញុំជាជនស្លូតត្រង់ ខ្ញុំមិនបានធ្វើអ្វីខុសទេ!”។សារត្អូញត្អែរថាខ្លួនត្រូវគេធ្វើបាបទាំងនេះ បានញ៉ាំងឲ្យអ្នកគាំទ្រលោកកាន់តែជ្រួលច្របល់ កក្រើកខឹង ស្អប់គណបក្សប្រជាធិបតេយ្យខ្លាំងឡើង។ បើនិយាយពីក្នុងចំណោមបេក្ខជនឈរឈ្មោះប្រធានាធិបតី ក្នុងគណបក្សសាធារណរដ្ឋវិញ គឺគ្មាននរណាមានប្រជាប្រិយភាពលើសលោកដូណាល់ ត្រាំនោះទេ បច្ចុប្បន្ននេះ។យ៉ាងណាមិញ ក្រោយដំណឹងចោទប្រកាន់ ពីសំណាក់តុលាររដ្ឋសហព័ន្ធនេះ អ្នកនយោបាយធំៗរបស់បក្សសាធារណរដ្ឋ បាននាំគ្នាប្រកាសគាំទ្រលោកដូណាល់ត្រាំ តួយ៉ាង លោក Kevin McCarthy ប្រធានសភាតំណាង និងលោក Jim Jordan ប្រធានគណកម្មការយុត្តិធម៌។ លោក Elon Musk មហាសេដ្ឋីដ៏ល្បីឈ្មោះ ដែលឥឡូវកំពុងតែចង់លេចមុខក្នុងឆាកនយោបាយដែរនោះ បានលើកឡើងថា ការចោទប្រកាន់មកលើលោកដូណាល់ ត្រាំ គឺវាមានប្រយោជន៍ច្រើន ជាងការចោទបេក្ខជនឈរឈ្មោះផ្សេងៗទៀត។គ្មាននរណាអាចយកច្បាប់ទ្រាប់គូទអង្គុយខាងគណបក្សប្រជាធិបតេយ្យ បានអបអរសាទរ ចំពោះបទចោទប្រកាន់ទៅលើលើកដូណាល់ ត្រាំ ដោយចាត់ទុកថា គ្មាននរណាម្នាក់អាចយកច្បាប់ទៅទ្រាប់គូទអង្គុយបានឡើយ កុំថាឡើយអតីតប្រធានាធិបតី។ លោក Adam Schiff សមាជិកសភាបក្សប្រជាធិបតេយ្យ បានលើកឡើង គេគ្មានអ្វីភ្ញាក់ផ្អើលទេ ដែលឃើញលោកដូណាល់ ត្រាំ បង្វែរយកបទចោទប្រកាន់នេះ ធ្វើជាឧបករណ៍នយោបាយ ដើម្បីផ្ញើសារញុះញង់ ចោទមកលើគណបក្សប្រជាធិបតេយ្យ ថាធ្វើទុក្ខបុកម្នេញលោកនោះ។ដោយឡែក ក្រុមសមត្ថកិច្ច FBI គេបានអះអាងច្បាស់ណាស់ ថាមុននឹងឈានដល់ការចោទប្រកាន់លើលោកត្រាំនេះ គឺគេបានស៊ើបអង្កេត មានភស្តុតាងមានឯកសារច្បាស់ណាស់។ ច្បាប់ឆ្នាំ១៩៧៨ បានកំណត់យ៉ាងច្បាស់ថា ប្រធានាធិបតីពេលចប់អាណត្តិ ត្រូវតែប្រគល់ឯកសារទាំងអស់ ទៅឲ្យបណ្ណាសារជាតិថែរក្សាទុក មិនថាជាអ៊ីមែល ជាសំបុត្រ និងឯកសារផ្សេងៗទៀត។ ផ្ទុយទៅវិញ លោកដូណាល់ ត្រាំមិនបានគោរពចំណុចនេះទេ។ មួយឆ្នាំក្រោយចាកចេញពីសេតវិមាន និងបន្ទាប់ពីមានការទាមទារជាច្រើនដងពីបណ្ណាសារជាតិ ទើបលោកត្រាំព្រមប្រគល់ឯកសារចំនួន១៥កេស ដែលក្នុងនោះមានឯកសារសម្ងាត់ចំនួន២០០ដុំ។ មេធាវីលោកត្រាំកាលនោះ បានអះអាងថាបញ្ជូនទៅអស់ហើយ គ្មានសល់ឯកសារអ្វីទៀតទេ។ក៏ប៉ុន្តែ នគរបាលសហព័ន្ធបានពិនិត្យទៅ គឺឃើញថានៅមានសល់ទៀត ទើបបានឈានទៅដល់ ការចុះទៅរឹបអូស ដល់ផ្ទះលោកត្រាំតែម្តង នៅរដ្ឋផ្លរីដា កាលពីខែសីហាឆ្នាំមុន។ ក្នុងការរឹបអូសនេះ គេបានប្រមូលឯកសារដល់ទៅ ជាង៣០កេស មានដុំឯកសារសរុប ១១០០០ដុំ ហើយមានខ្លះគឺជាឯកសារសម្ងាត់ Top Secret ពាក់ព័ន្ធជាមួយចិននិងអ៊ីរ៉ង់ជាដើម។ ក្រុមស៊ើបអង្កេត យល់ថាលោកត្រាំមានចេតនា ចង់ទុកឯកសារសំងាត់មួយចំនួន។ តែយ៉ាងណាគេមិនដឹងថា តើក្រុមស៊ើបអង្កេតបានស្រាវជ្រាវដឹងថា លោកដូណាល់ ត្រាំ បានបង្ហាញឯកសារសម្ងាត់ជាតិទាំងនោះ ទៅឲ្យមនុស្សណាខ្លះអាននោះទេ។ដើម្បីបង្ហាញតម្លាភាព លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសតែងតាំងកាលពីខែវិច្ឆកា នូវរដ្ឋអាជ្ញាពិសេសម្នាក់ ឈ្មោះ Jack Smith ឲ្យដឹកនាំការស៊ើបអង្កេត ដោយឯករាជ្យក្នុងសំណុំរឿងនេះ និងរដ្ឋអាជ្ញាពិសេសម្នាក់ទៀត ក្នុងសំណុំរឿងព្រឹត្តិការចូលលុកលុយវិមានកាពីតូល ថ្ងៃទី៦មករា។ ក្រសួងយុត្តិធម៌អាមេរិក ក៏បានតែងតែងរដ្ឋអាជ្ញាម្នាក់ដែរ ឲ្យស៊ើបអង្កេត ករណីរកឃើញឯកសារសម្ងាត់ប៉ុន្មានដុំ នៅអតីតការិយាល័យរបស់លោកចូ បៃដិន និងនៅផ្ទះលោកចូ បៃដិនដែរ។ ទាំងអស់នេះ គឺក្រសួងយុត្តិធម៌ចង់បង្ហាញថា គេមិនមែនស៊ើបតែទៅលើលោកដូណាល់ ត្រាំម្នាក់នោះទេ។បេក្ខភាពប្រធានាធិបតីរបស់លោកដូណាល់ ត្រាំ កាន់តែរឹងមាំ?អ្វីដែលគួរកត់សំគាល់បំផុត គឺថានៅសហរដ្ឋអាមេរិក ទោះមនុស្សម្នាក់ជាប់ចោទ ជាប់ពន្ធនាគារ ក៏មនុស្សនោះ នៅតែអាចឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ ឬក៏អាចកាន់មុខតំណែងធំបានដែរ។ ដូច្នេះ ទោះលោកដូណាល់ ត្រាំ ជាប់ចោទ១០ ២០បទល្មើសទៀត ក៏ការពិតទៅ គាត់នៅតែអាចឈរឈ្មោះ ជាបក្ខជនប្រធានាធិបតីបានដដែល។បញ្ហាចោទ គឺសួរថា តើគណបក្សសាធារណរដ្ឋ សុខចិត្តនៅតែនាំគ្នា គាំទ្របេក្ខភាពលោកដូណាល់ ត្រាំ ដែរឬទេ? ដំណឹងស្តីពីការចោទប្រកាន់មួយហើយមួយទៀត ទៅលើរូបលោកដូណាល់ ត្រាំ វាធ្វើឲ្យអ្នកដែលគាំទ្រគាត់ពីមុនមកដែលមានស្រាប់នោះ កាន់តែពុះកញ្ជ្រោល អាណិតស្រលាញ់លោកត្រាំខ្លាំងឡើងមែន តែវាមិនមានន័យថា នឹងធ្វើឲ្យចំនួនអ្នកគាំទ្រគាត់ កាន់តែកើនឡើងចំនួន ឈានទៅយកឈ្នះការបោះឆ្នោតរើសបេក្ខជនក្នុងបក្ស និងឈ្នះការបោះឆ្នោតប្រធានាធិបតីនោះទេ។ផ្ទុយទៅវិញ រឿងរ៉ាវក្តីក្តាំនៅតុលាការ មួយហើយមួយទៀតនេះ វាអាចធ្វើឲ្យចំនួនអ្នកគាំទ្រលោកត្រាំ ចុះថយផងក៏ថាបាន ខណៈដែលមានបេក្ខជនផ្សេងទៀត របស់បក្សសាធារណរដ្ឋ ដែលកាន់តែប្រជាប្រិយភាព តួយ៉ាងលោក Ron DeSantis អភិបាលរដ្ឋផ្លរីដា។ ជាងនេះទៀត សំណុំរឿងនៅតុលាការ ដែលពាក់ព័ន្ធនឹងលោកត្រាំ គឺមិនទាន់ចប់អស់ទេ។ នៅមានសំណុំរឿងមួយទៀត នៅតុលាការរដ្ឋGeorgia ទាក់ទិនការប៉ុនបង់ដាក់សំពាធកែប្រែលទ្ធផលបោះឆ្នោតឆ្នាំ២០២០។ ដូច្នេះ ចង់មិនចង់ អ្នកខ្លះដែលមិនគាំទ្រលោកត្រាំផ្កាប់មុខខ្លាំង គេអាចនឹងងាកទៅគាំទ្របេក្ខជនផ្សេងទៀត ដែលមិនធ្វើរឿងរញ៉េរញ៉ៃ ជាប់ក្តីក្តាំងរសេមរសាមបែបនេះ៕
9-6-2023 • 8 minuten, 42 seconden តើអាចទៅរួចទេដែលប្រទេសនៅអាស៊ានចាប់ខ្លួនលោក សម រង្ស៊ ី ដែលកាន់លិខិតឆ្លងដែនបារាំង តាមសំណើភ្នំពេញ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ បានប្រាប់ទៅប្រទេសវៀតណាមឲ្យសហការចាប់ខ្លួន លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិដែលមានទោស ប្រសិនបើលោក សម រង្ស៊ី ចូលទៅទឹកដីវៀតណាម។ ក៏ប៉ុន្តែការចាប់ខ្លួនលោក សម រង្ស៊ី ដែលកាន់លិខិតឆ្លងដែនបារាំងនោះ ត្រូវគេមើលឃើញថា អាចមានភាពចម្រូងចម្រាសខាងផ្លូវច្បាប់ ក៏ប៉ុន្តែវាអាស្រ័យទៅលើលក្ខខណ្ឌ និងស្ថានភាពមួយចំនួនទាក់ទងទៅនឹងកំរិតនៃការគោរពច្បាប់អន្តរជាតិ និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស និងប្រទេស។
9-6-2023 • 11 minuten, 57 seconden អាមេរិកឈ្លក់ពុលនឹងផ្សែងភ្លើងឆេះព្រៃ នៅប្រទេសកាណាដា
តាំងពីថ្ងៃពុធ ប្រជាជនអាមេរិក ប្រមាណ ១០០លាននាក់ នៅភាគខាងកើតប្រទេសប្រឈមនឹងផ្សែងពុលបរិយាកាស ដែលបណ្តាលមកពីភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅ នៅប្រទេសកាណាដា។ នៅទីក្រុងញូវយ៉ក ដែលគ្របដណ្តប់ដោយផ្សែងពុលក្រាស់ឃ្មឹក ពណ៌លឿង អាជ្ញាធរអំពាវនាវឲ្យប្រជាជនកាត់បន្ថយ ការដើរហើរចេញទៅខាងក្រៅ ដើម្បីជៀសវាងស្រូបផ្សែងពុល សារធាតុល្អិតឆ្មារដែលអាចជ្រាបចូលក្នុងសរសៃឈាម គ្រោះថ្នាក់ខ្លាំងសម្រាប់សុខភាព។ នៅខេត្តកេបិច ប្រទេសកាណាដា ប្រភពនៃផ្សែងភ្លើងឆេះព្រៃ ដែលស្ថិតនៅចម្ងាយជាង ៨០០គីឡូម៉ែត្រពីទីក្រុងញូវយ៉ក ក្រុមពន្លត់អគ្គិភ័យកំពុងដុតដៃ ដុតជើង ទាំងយប់ទាំងថ្ងៃ ដើម្បីពន្លត់ភ្លើងឆេះព្រៃដែល សរុបជាង ១៦០កន្លែង។ អាជ្ញាធរក្រុងញូវយ៉ក បានទាញសញ្ញាអាសន្ន តាំងពីថ្ងៃពុធ ពីគ្រោះថ្នាក់ផ្សែងពុលបរិយាកាសដែលមានប្រភពចេញមកពីភ្លើងឆេះព្រៃ នៅកាណាដា ប្រទេសជិតខាងរបស់អាមេរិក។ផ្សែងពុលពណ៌លឿងដែលកំពុងគ្របដណ្តប់ អាប់អួរពេញទីក្រុងញូវយ៉ក តាំងពីថ្ងៃពុធកើតចេញមកពីភ្លើងឆេះព្រៃ នៅខេត្តកេបិច របស់ប្រទេសកាណាដា ដែលស្ថិតនៅចម្ងាយដល់ទៅ ៨០០គីឡូម៉ែត្រ ពីទីក្រុងញូវយ៉ក។ តាមអ្នកវិទ្យាសាស្រ្ត របស់ទីភ្នាក់ងារណាសា ជំនាញខាងខ្យល់ពុលបរិយាកាស ផ្សែងភ្លើងឆេះព្រៃ នៅកាណាដា អាចបក់មកដល់ទីក្រុងញូវយ៉ក និងបំពុលទីក្រុងជាច្រើនផ្សេងទៀត នៅភាគខាងកើតអាមេរិក ដោយសារតែបាតុភូតប្រឆាំងស៊ីក្លូននៅកាណាដា និងបាតុភូតធ្លាក់ចុះសម្ពាធនៅភាគឦសានអាមេរិក បង្កើតឲ្យមានខ្យល់បក់ខ្លាំងសំដៅភាគខាងត្បូង។សម្រាប់វិទ្យាសាស្រ្តរបស់ទីភ្នាក់ងារណាសា ទីក្រុងញូវយ៉កត្រូវគ្របដណ្តប់ដោយផ្សែងភ្លើងឆេះព្រៃជាច្រើនថ្ងៃតទៅទៀត។ វាជាព្រឹត្តិការណ៍កម្រ កើតមាន នៅអាមេរិក។ នៅ២៥ឆ្នាំចុងក្រោយនេះ អាមេរិកធ្លាប់បានជួបបញ្ហាផ្សែងពុលខ្លាំងតែម្តងគត់ នៅខែកក្កដា នៅឆ្នាំ ២០០២ ដោយសារភ្លើងឆេះព្រៃ នៅកាណាដា។តាំងពីថ្ងៃអង្គារ អាជ្ញាធរក្រុងញូវយ៉កបានណែនាំឲ្យប្រជាជន ជាពិសេស មនុស្សចាស់ និងកុមារ ឲ្យកាត់បន្ថយការដើរចេញក្រៅផ្ទះ ក្រៅអគារធ្វើការ ព្រោះថា ផ្សែងពុលបរិយាកាសដែលបណ្តាលមកពីផ្សែងភ្លើងឆេះព្រៃ លើកនេះមានកំហាប់ពុលខ្លាំង ពោលគឺមានសារធាតុល្អិតឆ្មារច្រើនជាង១០ បរិមាណដែលកំណត់ដោយអង្គការសុខភាពពិភពលោក។សារធាតុល្អិតឆ្មារដែលតូចជាងសរសៃសក់ អាចចូលទៅក្នុងសួត ឲ្យមានបញ្ហាផ្លូវដង្ហើម និងអាចជ្រាបចូលទៅក្នុងសរសៃឈាម ដែលបណ្តាលឲ្យកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺដាច់សរសៃឈាម ជំងឺគាំងបេះដូងជាដើម។នៅកាណាដា ភ្លើងឆេះព្រៃ កើតមានកាន់ច្រើន និងញឹកញាប់ភ្លើងឆេះព្រៃតែងតែកើតមានជាធម្មតា នៅកាណាដា ព្រោះថា កាណាដា ជាតំបន់ដែលឆាប់ក្តៅខ្លាំងជាងគេ បើប្រៀបធៀបនឹងតំបន់ផ្សេងទៀត នៅលើផែនដី។ ភ្លើងឆេះព្រៃរមែងកើតឡើងមកពីរន្ទះបាញ់ បូកផ្សំនឹងអាកាសធាតុស្ងួតហួតហែង។ នេះជាបាតុភូតធម្មជាតិ ដែលតែងកើតមាននៅកាណាដា ប៉ុន្តែ អ្វីដែលមិនធម្មតា ដែលកំពុងកើតឡើងនៅកាណាដា គឺពេលវេលា ហើយនិងចំនួនភ្លើងឆេះព្រៃ។ រហូតមកដល់ពេលនេះ ភ្លើងឆេះព្រៃខ្លាំងបំផុត នៅកាណាដា ចាប់ផ្តើមនៅពាក់កណ្តាលខែ ឧសភាពោលគឺជិត២ខែមុន ទម្លាប់ភ្លើងឆេះព្រៃ ដែលតែងកើតមាននៅរដូវក្តៅ ចាប់ពីខែ កក្កដា រហូតដល់ខែតុលា។ទាំងអាជ្ញាធរក្នុងខេត្តកេបិច និងសូម្បីនាយករដ្ឋមន្រ្តីកាណាដា លោកJustine Trudeau និយាយថា ភ្លើងឆេះព្រៃ ប្រាកដណាស់ជាផលវិបាកនៃការប្រែប្រួលអាកាសធាតុ ហើយកាណាដាដែលស្ថិតនៅប៉ូលខាងជើងជាងគេ ដែលឆាប់ក្តៅជាងគេ គឺងាយនឹងរងគ្រោះខ្លាំងជាងគេដោយសារភ្លើងឆេះព្រៃ។តាមតួលេខរបស់រដ្ឋាភិបាលសហព័ន្ធកាណាដា នៅក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍មកនេះ កាណាដារាប់ឃើញមានភ្លើងឆេះព្រៃ ជាង ២២១៤កន្លែង ដែលបានដុតបំផ្លាញព្រៃ ជាង ៣លានហិចតា និងបណ្តេញមនុស្សជាង ១សែននាក់ចេញពីផ្ទះសម្បែង។គិតត្រឹមសប្តាហ៍នេះ កាណាដា នៅមានភ្លើងឆេះព្រៃ ជាង ៤១៣កន្លែង ដែលកំពុងសកម្ម ហើយក្នុងនោះ មាន ១៥០កន្លែង ស្ថិតនៅក្នុងខេត្តកេបិច។ ក្នុងចំណោមភ្លើងឆេះព្រៃទៀតសោត ក្រុមអគ្គិភ័យអាចគ្រប់គ្រងបានតែជាង ១៦០កន្លែងប៉ុណ្ណោះ ចំណែក ភ្លើងឆេះព្រៃជាង ២៤០កន្លែង កំពុងឆេះរាលដាលខ្លាំង ដែលគេមិនអាចពន្លត់ ទប់ទល់បាន។ភ្លើងឆេះព្រៃច្រើនសន្ធឹកសន្ធាប់សព្វថ្ងៃនេះ មានភ្នាក់ងារពន្លត់អគ្គិភ័យជាង ៣០០០នាក់ដែលកំពុងប្រយុទ្ធនៅក្នុងសមរភូមិភ្លើងឆេះព្រៃនៅកាណាដា ដែលនៅក្នុងនោះ មាន១ពាន់នាក់ជាភ្នាក់ងារអគ្គិភ័យមកពីបរទេសដែលមានដូចជា អាមេរិក អូស្ត្រាលី អាហ្វ្រិកខាងត្បូង នូវែលសេឡង់ និងកូស្តារីកាជាដើម។ នៅថ្ងៃពុធម្សិលមិញ ប្រធានាធិបតីអាមេរិកបាននិយាយប្រាប់នាយករដ្ឋមន្រ្តីកាណាដា ថា អាមេរិកបានបញ្ជូនភ្នាក់ងារពន្លត់ភ្លើង ៦០០នាក់ទៅជួយកាណាដា។ អាមេរិកត្រូវបង្ហាញសាមគ្គីភាពជាមួយកាណាដា ព្រោះថា ភ្លើងឆេះព្រៃ នៅប្រទេសជិតខាងមែន ប៉ុន្តែ អាមេរិកក៏ត្រូវរងគ្រោះដែរ។ ជាក់ស្តែង ញូវយ៉ក ដែលស្ថិតនៅ ៨០០គីឡូម៉ែត្រ ពីកន្លែងភ្លើងឆេះព្រៃ នៅខេត្តកេបិច នៅតែមិនរួចខ្លួន នៅតែរងគ្របដណ្តប់ក្រាស់ឃ្មឹកដោយសារផ្សែងភ្លើងឆេះព្រៃកាណាដា។បារាំងដែលស្ថិតនៅចម្ងាយរាប់យោជន៍ពីកាណាដា ក៏ប្រកាសបញ្ជូនជំនួយ បញ្ជូនក្រុមពន្លត់អគ្គិភ័យជាង១០០នាក់ទៅ ជួយខេត្តកេបិច ខេត្តរបស់កាណាដា ដែលនិយាយភាសាបារាំង។សរុបមកវិញ ទោះមានជំនួយបន្ថែមពីក្រុមពន្លត់អគ្គិភ័យបរទេស ប៉ុន្តែ កាណាដានៅតែពិបាកទប់ទល់ ព្រោះថា ចំនួនភ្លើងឆេះព្រៃ ច្រើនពេក។ ដោយសារតែអាកាសធាតុក្តៅខ្លាំង បូកផ្សំ នឹងអំណោយផល ដើមឈើសាប៉ាំងដែលស្ងួតខ្លាំង ភ្លើងឆេះងាយនឹងឆាបឆេះរាលដាល ទៅច្រើនកន្លែង ដែលនេះជារឿងដ៏ឈឺក្បាលបំផុតរបស់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យកាណាដា ដែលត្រូវមមាញឹកមិនឈប់ ព្រោះថា នេះគ្រាន់តែជាការចាប់ផ្តើមដំបូងប៉ុណ្ណោះ។ ត្រូវដឹងថា ភ្លើងឆេះព្រៃ ដោយសារអាកាសធាតុក្តៅស្ងួតខ្លាំងនៅកាណាដា អាចមានរយៈពេលយូររហូតដល់ខែ តុលាឯណោះ។ នេះបើតាមប្រកាសរបស់នាយករដ្ឋមន្ត្រីកាណាដា។ដើម្បីប្រយោជន៍សេដ្ឋកិច្ច កាណាដានៅតែយឺតក្នុងរឿងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនាយករដ្ឋមន្ត្រីកាណាដា Justine Trudeauផ្ទាល់ទទួលស្គាល់ថា ភ្លើងឆេះព្រៃទ្រង់ទ្រាយធំលើកនេះ ជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែ នៅពេលសួរថា តើកាណាដា ធ្វើអ្វីខ្លះ ដើម្បីប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ប្រមុខដឹកនាំកាណាដា និយាយដោយមោទនភាពថា កាណាដាបានសន្យាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឲ្យបាន៤០% រហូតដល់ឆ្នាំ ២០៣០។ តាមនាយករដ្ឋមន្រ្តីកាណាដា ផែនការរបស់កាណាដា ជាផែនការដ៏មានមហិច្ឆតាបំផុតក្នុងលោក។ការសន្យាប្រហែលជាមានតែនៅលើក្រដាស ព្រោះថា ក្នុងការពិតជាក់ស្តែងវិញ រដ្ឋាភិបាលកាណាដានៅតែបន្តបើកភ្លើងខៀវ ឲ្យគេអនុវត្តគម្រោងដែលបញ្ចេញឧស្ម័នកាបូនិក ដូចជាគម្រោងធ្វើអាជីវកម្មថាមពលផូស៊ីល ការជីកយកប្រេង និងឧស្ម័ន។កាណាដាមានភ្លើងឆេះព្រៃ ស្ទើរគ្រប់កន្លែង ប៉ុន្តែ សភាកាណាដា នៅតែសម្រេចលុបចោល ពន្ធកាបូន ដែលរដ្ឋាភិបាលបង្កើតឡើង នៅឆ្នាំ ២០១៩ ក្នុងគោលដៅជំរុញ លើកទឹកចិត្តឲ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ដែលជាផ្នែកមួយនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
8-6-2023 • 7 minuten, 39 seconden OCDE បង្ហាញសុទិដ្ឋិនិយមបន្តិចឡើងវិញ ស្តីពីកំណើនសេដ្ឋកិច្ចពិភពលោក
បរិបទសេដ្ឋកិច្ចពិភពលោក ក្នុងពេលបច្ចុប្បន្ននេះ ប្រកបដោយភាពតានតឹង ដោយសារតែបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ខណៈសេដ្ឋកិច្ចពិភពលោក នៅមិនទាន់ងើបមកវិញបានល្អផង ក្រោយពីចប់វិបត្តិជម្ងឺឆ្លងកូវីដ១៩។ តែយ៉ាងណា សេចក្តីសង្ឃឹម ហាក់បានជះពន្លឺបន្តិចឡើងវិញ។ បើផ្អែកតាមការព្យាករណ៍ចងុក្រោយ ចេញផ្សាយនៅថ្ងៃពុធនេះ របស់អង្គការដើម្បីសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OCDE/OECD គឺកំណើនសេដ្ឋកិច្ចពិភពលោកយើង ក្នុងឆ្នាំ២០២៣ អាចនឹងមានលើសបន្តិច ពីការរំពឹងទុកកាលពីខែមីនាកន្លងទៅ។ កំណើនអតិផរណាថយល្បឿនអង្គការ OCDE ទើបតែចេញរបាយការណ៍ថ្មី ដែលបានព្យាករណ៍ថា ឆ្នាំ២០២៣នេះ ពិភពលោក យើង អាចនឹងមានកំណើនសេដ្ឋកិច្ច ជាមធ្យមចំនួន ២,៧%។ កាលពីការព្យាករណ៍នៅខែមីនា គឺមានតែប្រមាណ២,៦%ទេ។ លោកស្រី Clare Lombardelli អគ្គនាយកថ្មីផ្នែកសេដ្ឋកិច្ច របស់ OCDE បានបង្ហាញនូវសុទិដ្ឋិនិមបន្តិច ថាសេដ្ឋកិច្ចពិភពលោក ហាក់កំពុងតែបោះជំហានឈានដើរលើផ្លូវ ដែលមានស្ថិរភាពប្រសើរឡើងវិញ បន្ទាប់ពីបានឆ្លងកាត់ វិបត្តិធ្ងន់ធ្ងរ ៣ឆ្នាំជាប់គ្នា គឺបញ្ហាជំងឺឆ្លងកូវីដ១៩ ហើយបន្ទាប់ថមក គឺសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឆាបឆេះឡើង។ប្រមាណជាង១ឆ្នាំមកនេះ អត្រាអតិផរណា បានឡើងស្រឺតៗ នៅតាមប្រទេសដែលមានសេដ្ឋកិច្ចនំាំមុខ។ ទំនិញឡើងថ្លៃ មិនថាទំនិញថាមពល ឬទំនិញចំណីអាហារ។ បញ្ហានេះ បានធ្វើឲ្យធានាគារកណ្តាល តាមប្រទេសធំៗជាច្រើន បានដំឡើងអត្រាការប្រាក់គោល ដើម្បីទប់អតិផរណាកុំឲ្យចេះតែកើន។ ជាលទ្ធផល នៅក្នុងខែឧសភាកន្លងទៅនេះ គេចាប់ផ្តើមសង្កេតឃើញថា កំណើនអត្រាអតិផរណា បានថយចុះល្បឿនគួរឲ្យកត់សំគាល់។ នៅតំបន់ចាយប្រាក់អឺរ៉ុប អត្រាអតិផរណា បានថយមកត្រឹម ៦,១% ជាមធ្យម បើគិតក្នុងរយៈពេលមួយឆ្នាំ។ នៅសហរដ្ឋអាមេរិកវិញ តួលេខខែមេសាបង្ហាញថា អតិផរណាមានខ្ទង់ ៤,៤% ពោលគឺបានថយចុះច្រើនណាស់ បើប្រៀបធៀបទៅឆ្នាំ២០២២។គឺដោយផ្អែកលើកអត្រាអតិផរណាបានថយល្បឿននេះហើយ ទើបរបាយការណ៍ OCDE បានបង្ហាញពន្លឺសង្ឃឹមបន្តិចមកវិញ។ អតិផរណាមិនសូវកើន មានន័យថាធានាគារកណ្តាលក៏នឹងមិនដំឡើងអត្រាការប្រាក់ថែមទៀត។ ជាលទ្ធផលគឺវាអាចជំរុញ ឲ្យមានការទទួលបាននូវឥណ្ឌទាន មិនថាជាលក្ខណៈបុគ្គល ឬជាលក្ខណៈក្រុមហ៊ុន ដើម្បីយកទៅរកស៊ី វិនិយោគ ឬចាយវាយធម្មតា។ កត្តាទាំងនេះ គឺវានឹងជម្រុញឲ្យមានចរន្តសេដ្ឋកិច្ច ដោយសារការទិញលក់ ជាទូទៅកើនឡើង។អត្រាការប្រាក់គោលនៅតែខ្ពស់បើយើងពិនិត្យលំអិតទៅ កំណើនសេដ្ឋកិច្ចពិភពលោក ស្ទុះឡើងតិចតួចណាស់ គ្រាន់តែថាវាមិនធ្លាក់ចុះ ដើរថយក្រោយ ដូចអ្វីដែលគេបានបារម្ភកន្លងមក។ នៅតំបន់ចាយប្រាក់អឺរ៉ូ កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ អាចមានជាមធ្យម ០,៩%។ សេដ្ឋកិច្ចបារាំង អាចមានកំណើន ០,៨% ខណៈដែលអាល្លឺម៉ង់ ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប គឺនៅនឹង មិនឡើងមិនចុះ។ អង់គ្លេសវិញ អាចមានកំណើនប្រមាណ ០,៣% ។ សហរដ្ឋអាមេរិកវិញ តាមការព្យាករណ៍របស់ OCDE គឺអាចមានកំណើនប្រមាណ ១,៦%។ ចំណែកឥណ្ឌា អាចមានកំណើ ប្រមាណ៦%។យោងតាមអ្នកជំនាញ OCDE ឧបសគ្គដ៏ធំរបស់សេដ្ឋកិច្ចពិភពលោក គឺបញ្ហាអតិផរណានេះឯង ដែលវានៅតែខ្ពស់។ ធនាគារកណ្តាលត្រូវតែបង្ខំចិត្ត រក្សាអត្រាការប្រាក់គោល ឲ្យនៅខ្ពស់ដដែល ដរាបណាគេមិនទាន់សំឡឹងឃើញថា អតិផរណាធ្លាក់ចុះទេនោះ។ អត្រាការប្រាក់ខ្ពស់ គឺវាជាឧបសគ្គ មិនឲ្យមនុស្សបានទទួលប្រាក់ឥណ្ឌទាន បានច្រើន។ ក្នុងបរិបទបែបនេះ ទាំងយើងទាំងគេ គឺមិនចង់ចាយប្រាក់ទិញនេះទិញនោះទេ គឺមានតែសន្សំទុក។ ការសន្សំទុករៀងៗខ្លួន វាមិនមែនជាកត្តាល្អសម្រាប់សេដ្ឋកិច្ចទីផ្សារសេរីឡើយ ។ផ្អែកតាមការវិភាគ របស់លោក James Pomeroy អ្នកជំនាញនៅធនគារ HSBC គឺធាតុពិតទៅថ្នាក់ដឹកនាំធំៗ បាន មានចេតនា ចង់ឲ្យពិភពលោកយើង ដើរលើផ្លូវដែលមានកំណើនសេដ្ឋកិច្ចយឺតសន្សឹមៗ ដើម្បីធ្វើយ៉ាងណា កាត់បន្ថយសំពាធពីបញ្ហាអតិផរណា ម្តងបន្តិច ៗ។ អ្នកវិភាគរូបនេះ អះអាងថា តាមពិតទៅនោះ ពិភពលោកយើង មិនទាន់ពើបប្រទះអស់នៅឡើយទេ នូវផលវិបាកបង្កឡើងដោយអត្រាការប្រាក់គោលដែលឡើងខ្ពស់។ នៅរវាងប៉ុន្មានខែខាងមុខនេះ ផលវិបាកនឹងជះមកលើសេដ្ឋកិច្ច មិនថានៅអឺរ៉ុប ឬនៅអាមេរិក ដែលវាប៉ះពាល់ដល់សន្ទុះសេដ្ឋកិច្ចជាទូទៅ។អត្រាការប្រាក់ខ្ពស់ គឺវាប៉ះពាល់ខ្លាំង ដល់ ហិរញ្ញវត្ថុសាធារណាៈ ខណៈដែលប្រទេសជាច្រើន មានបំណុលសាធារណៈច្រើនៗខ្លាំងណាស់រួចទៅហើយ។ ជាងនេះទៀត បន្ថែមពីការរកប្រាក់ដោះបំណុល ប្រទេសធំៗទាំងអស់ ត្រូវតែស្វែងរកប្រាក់ មកដោះស្រាយបញ្ហា ដូចជារឿងមនុស្សវ័យចំណាស់កាន់តែច្រើន និងបញ្ហាអន្តរអាកាសាធាតុជាដើម។ ដូច្នេះ រដ្ឋាភិបាលនីមួយ នឹងត្រូវតែបង្កើនការប្រុងប្រយ័ត្ន មុននឹងបញ្ចេញប្រាក់ជួយទៅលើវិស័យណាមួយ។ការនាំចេញចិន ធ្លាក់ចុះខ្លាំងក្នុងខែឧសភាតួលេខផ្លូវការរបស់អាជ្ញាធរគយចិន បានបង្ហាញថា ក្នុងខែឧសភា ការនាំចេញទំនិញរបស់ចិន បានធ្លាក់ចុះ ចំនួន៧,៥% បើគិតក្នុងរវាងមួយឆ្នាំ។ ចំណែកការនាំចូលទំនិញពីក្រៅវិញ នៅចិន ក៏បានធ្លាក់ចុះ ចំនួន៤,៥%ដែរ ក្នុងខែឧសភា។ ចិនគឺជាទីផ្សារដ៏ធំរបស់ពិភពលោក។ ការនាំចេញនាំចូលរបស់ចិន គឺជាកញ្ចក់ឆ្លុះឲ្យឃើញ នូវស្ថានភាពសេដ្ឋកិច្ចពិភពលោកទាំងមូលតែម្តង។ ទាក់ទិននឹងទំហំនាំចេញរបស់ចិន ដែលធ្លាក់ចុះ បើផ្អែកតាមលោក Guillaume Dejean អ្នកវិភាគនៅការិយាល័យ Convera គឺវាជាផលវិបាកដោយផ្ទាល់ នៃបញ្ហាអត្រាការប្រាក់ខ្ពស់ នៅតាមប្រទេសអឺរ៉ុបនិងអាមេរិក។ ការនាំចេញមួយផ្នែកធំរបស់ចិន គឺពឹងផ្អែកលើខុសភាពឧស្សាហកម្មរបស់ប្រទេសទាំងនេះ ដែលគេយកទំនិញទៅដំឡើងនៅចិន មុននឹងនាំចេញមកលក់វិញ។ អតិផរណា អាត្រាការប្រាក់ខ្ពស់ ធ្វើឲ្យការបញ្ជាទិញធ្លាក់ចុះជារួម ដែលប៉ះពាល់ដល់ការនាំចេញរបស់ចិន។លោក Evans-Pritchard អ្នកវិភាគនៅ Capital Economics បានអះអាងថា ដំណឹងអាក្រក់នេះ នឹងមិនទាន់ចប់ទេ ពោលគឺរវាងប៉ុន្មានខែខាងមុខ ការនាំចេញរបស់ចិនប្រាកដជាចុះថយថែមទៀត។ ថ្វីបើចិនបានដកចេញនូវវិធានការរឹតបន្តឹងកូវីដក៏ដោយចុះ តែសុខភាពសេដ្ឋកិច្ចនៅមិនទាន់ជាសះស្បឿយទេ ជាពិសេសទាក់ទិននឹងវិស័យអចលនទ្រព្យ ដែលជាបង្គោលសំខាន់មួយ។ ឆ្នាំនេះ រដ្ឋាភិបាលចិនបានកំណត់កម្មវត្ថុ សម្រេចកំណើនសេដ្ឋកិច្ចចំនួន៥% ដែលជាកំណើនទាបបំផុតណាស់ មិនធ្លាប់មានទេសម្រាប់ចិន។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីចិន លី ឈាំង បានសារភាពថា កម្មវត្ថុនេះប្រហែលជាពិបាកធ្វើបានណាស់៕
7-6-2023 • 7 minuten, 11 seconden អ៊ុយក្រែន និងរុស្ស៊ីទម្លាក់កំហុសដាក់គ្នា ក្នុងរឿងប ំផ្ទុះបាក់ទំនប់វារីអគ្គិសនី Kakhovka
ប្រតិកម្មរបស់មេដឹកនាំអឺរ៉ុបធ្លាក់ចុះ ជាបន្តបន្ទាប់ នៅថ្ងៃអង្គារនេះ នៅប៉ុន្មានម៉ោង ក្រោយ បាក់ទំនប់វារីអគ្គិសនី Kakhovka នៅក្នុងតំបន់Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ រុស្ស៊ី និងអ៊ុយក្រែនបានចង្អុរ ចោទប្រកាន់គ្នាទៅវិញ ទៅមក ថា ជាអ្នកវាយប្រហារវារីអគ្គិសនី Kakhovka។ នៅទីក្រុងឡាអេ ជាទីដែលអ៊ុយក្រែន និងរុស្ស៊ីតទល់មុខគ្នា នៅតុលាការយុត្តិធម៌អន្តរជាតិ មន្រ្តីតំណាងអ៊ុយក្រែនចោទប្រកាន់រុស្ស៊ីថា ជារដ្ឋភេរវនិយម វាយប្រហារទំនប់វារីអគ្គិសនី ចំណែកមេដឹកនាំអឺរ៉ុប នាំមុខដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ចេញមុខថ្កោលទោសការវាយប្រហារទៅលើទំនប់វារីអគ្គិសនី។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសអង់គ្លេស ចាត់ទុកសកម្មភាពវាយប្រហារទៅលើរចនាសម្ព័ន្ធស៊ីវិលថា ជាឧក្រិដ្ឋកម្មសង្រ្គាម។ តើការបំផ្លាញ Kakhovka ជាស្នាដៃរបស់អ្នកណា? ទំនប់វារីអគ្គិសនី Kakhovka ក្នុងតំបន់Kherson ដែលកាន់កាប់ដោយកងទ័ពរុស្ស៊ី ត្រូវខូចខាត ដោយសារគ្រាប់ផ្ទុះ។ភាគីរុស្ស៊ី និងអ៊ុយក្រែនបានចោទ ទម្លាក់កំហុសដាក់គ្នាទៅវិញ ទៅមក ថា អ្នកវាយប្រហារបំផ្លាញទំនប់វារីអគ្គិសនី។ តាមចៅហ្វាយក្រុងNova Kakhovka ដែលលើកបន្តុបដោយកងទ័ពរុស្ស៊ីនៅតំបន់Kherson គឺកងទ័ពអ៊ុយក្រែនដែលបានបាញ់គ្រាប់ផ្លោង សំដៅទំនប់ តាំងពីយប់ថ្ងៃចន្ទ ឈានចូលដល់ថ្ងៃអង្គារ។ប៉ុន្តែ មេបញ្ជាការកងទ័ពអ៊ុយក្រែន ប្រចាំតំបន់ខាងត្បូងបាននិយាយថា កងកម្លាំងឈ្លានពានរុស្ស៊ី នៅក្នុងតំបន់Kherson ជាអ្នកដាក់គ្រាប់បំផ្ទុះ ធ្វើឲ្យទំនប់មួយផ្នែកត្រូវបំផ្លាញ និងបាក់ធ្លាយ លេចទឹក។ តាមភាគីអ៊ុយក្រែន ទាហានរុស្ស៊ីបំផ្ទុះបំផ្លាញ វារីអគ្គិសនី Kakhovka នៅពេលនេះ ដើម្បីបង្កឲ្យមានគ្រោះទឹកជំនន់បាក់ទំនប់ ព្រោះថា ចេតនាពិតប្រាកដរបស់រុស្ស៊ី គឺ បន្ទុចបង្អាក់ ការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ុយក្រែន នៅតំបន់ភាគខាងត្បូង។ ការលើកឡើងរបស់ភាគីអ៊ុយក្រែន អាចសមហេតុផលម្យ៉ាងដែរ ព្រោះថា កងទ័ពរុស្ស៊ីអាចខ្លាចថា កងទ័ពអ៊ុយក្រែន អាចប្រើទំនប់វារីអគ្គិសនី Kakhovka ជាផ្លូវឆ្លងទឹកទន្លេ Dnipro ចូលទៅក្នុងដែនដីដែលរុស្ស៊ីកំពុងកាន់កាប់នៅក្នុងតំបន់Kherson។ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គីបានចេញមុខ បរិហារការវាយប្រហារបំផ្លាញ ទំនប់វារីអគ្គិសនី Kakhovka ដែលលោកចាត់ទុកថា ជាស្នាដៃរបស់ភេរវជនរុស្ស៊ី។ នៅក្រោយ ការវាយប្រហារ បំផ្លាញKakhovka នៅព្រឹកថ្ងៃអង្គារ មេដឹកនាំអ៊ុយក្រែនបានកោះប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខ នៅទីក្រុងកៀវ។វារីអគ្គិសនីរងការវាយប្រហារ ខូចខាត ជារឿងដែលគេធ្លាប់បារម្ភរហូតមក ព្រោះថា ទំនប់មួយនេះ ស្ថិតនៅក្នុងតំបន់សង្រ្គាមប្រយុទ្ធគ្នារវាងកងទ័ពអ៊ុយក្រែន និងរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនផ្ទាល់ ធ្លាប់បានព្រមានជាច្រើនដងហើយថា រុស្ស៊ីនឹងអាចវាយប្រហារ បំផ្លាញទំនប់ វារីអគ្គិសនី Kakhovka ដើម្បីបង្កជាទឹកជំនន់ ជន់លិចតំបន់រស់នៅរបស់ប្រជាជនអ៊ុយក្រែន នៅតំបន់Kherson។ កន្លងមក រុស្ស៊ីបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធ និងទំនប់ផ្សេងទៀតរបស់អ៊ុយក្រែន។Kakhovka ទំនប់ដ៏ធំសំខាន់របស់អ៊ុយក្រែនទំនប់វារីអគ្គិសនី Kakhovka ស្ថិតក្នុងចំណោមទំនប់វារីអគ្គិសនីសរុប ចំនួន ៦ ដែលអ៊ុយក្រែនសាងសង់ឡើងនៅលើដងទន្លេ Dnipro ប្រវែង ជាង២ពាន់គីឡូម៉ែត្រ ដែលហូរកាត់ប្រទេសអ៊ុយក្រែន ពីព្រំដែនបេឡារុស រហូតដល់សមុទ្រខ្មៅ។ជាមួយកំពស់ ៣០ម៉ែត្រ និងប្រវែងបណ្តោយ ជាង ៣គីឡូម៉ែត្រ កាត់ទទឹងលើទន្លេ Dnipro វារីអគ្គិសនី Kakhovkaត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩៥៦ ក្នុងសម័យសហភាពសូវៀត។ ជាហេដ្ឋារចនាសម្ព័ន្ធធំមួយរបស់អ៊ុយក្រែន ទំនប់ Kakhovka ដើរតួនាទីទប់ទឹកទន្លេ បង្កើតជាអាងស្តុកទឹកដ៏ធំ សម្រាប់ទឹកស្អាតប្រើប្រាស់ និង ផលិតអគ្គិសនីសម្រាប់ប្រជាជនអ៊ុយក្រែន នៅក្នុងតំបន់Kherson។ប៉ុន្តែ នៅឆ្នាំ ២០២២ ទំនប់វារីអគ្គិសនីKakhovka បានធ្លាក់ទៅក្នុងដៃកងទ័ពរុស្ស៊ី ដែលបានដៅចង់ចូលគ្រប់គ្រងវារីអគ្គិសនី នៅពេលធ្វើសង្រ្គាមឈ្លានពានតំបន់Kherson ភាគខាងត្បូងអ៊ុយក្រែន។ផលវិបាកនៃការបាក់ទំនប់Kakhovkaបាក់ទំនប់ដ៏ធំ ដូចជាទំនប់វារីអគ្គិសនី Kakhovkaនឹងបង្កផលវិបាកធ្ងន់ធ្ងរ។ទី១ គឺទឹកជំនន់ ដែលហូរចាក់ច្រាលចេញពី អាងស្តុកទឹក នៅតំបន់ខាងលើ ទៅចាក់ជន់លិចតំបន់ប៉ែកខាងក្រោម។ ប្រជាជនដែលរស់នៅភាគខាងក្រោម មិនថា ស្ថិតនៅក្នុងតំបន់ដែលកាន់កាប់ដោយកងទ័ពរុស្ស៊ី ឬខាងអ៊ុយក្រែនគឺសុទ្ធតែរងគ្រោះ ដូចគ្នា។ជាក់ស្តែង គ្រាន់តែ បាក់ទំនប់ភ្លាម អាជ្ញាធរគ្រប់គ្រងតំបន់ Kherson ភាគខាងកើតទន្លេ Dnipro ដែលលើកបន្តុបដោយកងទ័ពរុស្ស៊ី បានបញ្ជាឲ្យប្រជាជនដែលរស់នៅតាមដងទន្លេ ជាច្រើនគ្រួសារឲ្យចាកចេញពីផ្ទះសម្បែង ព្រោះថា ទឹកទន្លេ បានឡើងក្រឺត ពី ២ទៅ៤ម៉ែត្រក្នុងរយៈពេលតែប៉ុន្មានម៉ោង។ តាមអាជ្ញាធររុស្ស៊ី ប្រជាជនជាង ២ម៉ឺននាក់ ប្រឈមនឹងគ្រោះទឹកជំនន់ ដោយសារការបាក់ទំនប់ Kakhovka។ការបាក់ទំនប់ Kakhovkaអាចគំរាមកំហែងជន់លិចផងដែរ ទីក្រុងKherson ដែលកងទ័ពអ៊ុយក្រែនទើបវាយយកបានមកវិញ នៅឆ្នាំនេះ។ តាមអាជ្ញាធរអ៊ុយក្រែន នៅមុនទឹកជំនន់អាចទៅជន់លិចទីក្រុងKherson ប្រជាជនអ៊ុយក្រែន នៅក្បែរទំនប់ Kakhovka ប្រមាណ ១ម៉ឺន ៦ពាន់នាក់កំពុងប្រឈមនឹងគ្រោះទឹកជំនន់។ផលវិបាកទី២នៃ គ្រោះបាក់ទំនប់ Kakhovka គឺ ការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ ជាពិសេសសម្រាប់តំបន់គ្រីមេ ដែលរុស្ស៊ី កាត់យកពីអ៊ុយក្រែន នៅឆ្នាំ ២០១៤។ រហូតមក គ្រីមេរស់ពឹងអាស្រ័យលើទឹកស្អាត ដែលមានប្រភពចេញពីអាងស្តុកទឹក នៅទំនប់ Kakhovka។ផលវិបាកទី៣ គឺគ្រោះខ្វះទឹក សម្រាប់មជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្សាប៉ូរីចាដែលកំពុងស្ថិតនៅក្រោមការកាន់កាប់របស់កងទ័ពរុស្ស៊ីដែរ។ រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ នៅហ្សាប៉ូរីចា ត្រូវការទឹកពីអាងស្តុកទឹកនៅ Kakhovkaដើម្បីយកទៅប្រើសម្រាប់បញ្ចុះកំដៅ ម៉ាស៊ីនប្រតិករ។ បើសិនទំនប់ Kakhovkaបាក់ បញ្ចេញទឹកពីក្នុងអាងស្តុកទឹក នោះ គេនឹងលែងមានទឹកគ្រប់គ្រាន់ ដើម្បីបញ្ចុះកំដៅ ម៉ាស៊ីនប្រតិករ ដែលនឹងធ្វើឲ្យស្នូលរ៉ាក់អាក់ទ័ររលាយ បញ្ចេញសារធាតុវិទ្យុសកម្ម គំរាមកំហែងជីវិតមនុស្ស។តាមទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ រហូតមកដល់ម៉ោងនេះ មជ្ឈមណ្ឌលនុយក្លេអ៊ែរ នៅហ្សាប៉ូរីចា នៅមិនទាន់ប្រឈមគ្រោះថ្នាក់នៅឡើយទេ ប៉ុន្តែ គេនៅតាមដានជាប់ ស្ថានការណ៍បាកទំនប់ Kakhovka៕
6-6-2023 • 6 minuten, 53 seconden តើអេមីរ៉ាត់អារ៉ាប់រួម ក្នុងនាមជាប្រធានដឹកនាំCOP28 អា ចជំរុញឲ្យឈានទៅឈប់ប្រើថាមពលហ្វូស៊ីលដែរឬទេ ?
សន្និសីទស្តីពីអាកាសធាតុ COP28 ឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិធ្វើទៅនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ ការប្រជុំ ដើម្បីពិភាក្សាលើសំណុំរឿងធំៗ ដែលគេនឹងសម្រេចនៅក្នុងសន្និសីទនេះ បានចាប់ផ្តើមនៅថ្ងៃចន្ទនេះ នៅទីក្រុងបូន ប្រទេសអាល្លឺម៉ង់។ ក្រសែភ្នែកទាំងពួង កំពុងតែសំឡឹងមើលទៅកាន់ តំណាងអេមីរ៉ាត់អារ៉ាប់រួម ដែលដើរតួនាទីជាប្រធានចាត់ចែង និងដឹកនាំសន្និសីទCOP28។ ក្នុងនាមជាប្រទេសផលិត និងនាំប្រេងចេញដ៏សំខាន់មួយ តើអេមីរ៉ាត់អារ៉ាប់រួម នឹងអាចជួយជំរុញឲ្យសន្និសីទនេះ ឈានទៅសម្រេចឲ្យពិភពលោក ចាកចេញពីការប្រើប្រាស់ថាមពលហ្វូស៊ីល ដែលជាប្រភពបញ្ចេញឧស្ម័នកាបូនិក ដែរឬទេ? អេមីរ៉ាត់អារ៉ាប់រួម ជាប្រធានដឹកនាំសន្និសីទCOP28សន្និសីទអន្តរជាតិ COP28 គឺជាសន្និសីទដែលគេជជែកពិភាក្សាគ្នា និងឈានទៅដាក់ចុះជាវិធានការ ដើម្បីទប់ស្កាត់ការកើនឡើងកំដៅផែនដី ដោះស្រាយវិបត្តិអាកាសធាតុ។ ដូចយើងដឹងហើយ ថាឧស្ម័នកាបូនិកដែលស្ថិតនៅក្រាសឃ្មឹកក្នុងបរិយាកាស គឺជាប្រភពធ្វើឲ្យសីតុណ្ហភាពផែនដីយើងឡើងក្តៅ។ ហើយឧស្ម័នកាបូនិកនេះ វាកើតចេញពីចំហេះថាមពលហ្វូស៊ីល ដែលមានដូចជាប្រេងឥន្ទនៈ ឧស្ម័ន និងធ្យូងថ្មជាដើមនេះ។ក៏ប៉ុន្តែ ដូចសុចិនាថដឹងហើយ អេមីរ៉ាត់អារ៉ាប់រួម គឺជាប្រទេសផលិតប្រេងដ៏ធំជាងគេមួយ ក្នុងពិភពលោកយើង។ ឲ្យប្រទេសផលិតប្រេង មកដឹកនាំសន្និសីទអន្តរជាតិ ស្តីពីការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក វាគឺជារឿងចម្លែក និងដើរបញ្ច្រាសទិសខ្លាំងណាស់។ ហេតុដូច្នេះហើយ បានជាអង្គការការពារបរិស្ថានសឹងទាំងអស់ បានរិះគន់និងជំទាស់ខ្លាំងណាស់ ទាក់ទិននឹងភាពជាប្រធានដឹកនាំចាត់ចែងសន្និសីទ របស់អេមីរ៉ាត់អារ៉ាប់រួមនេះ។ ជាងនេះទៀត រដ្ឋាភិបាលអេមីរ៉ាត់អារ៉ាប់រួម បានសម្រេចជ្រើសរើសលោក Sultan al-Jaber ឲ្យធ្វើជាប្រធានដឹកនាំសន្និសីទទាំងមូល។ លោក Sultan al-Jaber គឺជាអគ្គនាយកក្រុមហ៊ុនជាតិប្រេងកាត របស់អេមីរ៉ាត់អារ៉ាប់រួមតែម្តង។ដើម្បីបង្ហាញការជំទាស់ ថ្មីៗនេះទៀត សមាជិកសភាខុនហ្ក្រេសអាមេរិក និងសមាជិកសភាអឺរ៉ុប បានរួមគ្នាអំពាវនាវ ថាត្រូវតែដក លោក Sultan al-Jaberចេញ មិនត្រូវឲ្យថៅកែក្រុមហ៊ុនប្រេងដ៏ធំ ដែលលក់ប្រេងបញ្ចេញឧស្ម័នកាបូនិក បំពុលបរិស្ថាន ឲ្យមកដឹកនាំសន្និសីទអន្តរជាតិស្តីពីអាកាសធាតុនោះឡើយ។ចាំបាច់ត្រូវមានវត្តមានចូលរួម របស់ប្រទេសផលិតប្រេងលោក ចន ឃែរី ដែលជាតំណាងប្រតិភូចរចា របស់រដ្ឋាភិបាលអាមេរិក ក៏ដូចជាលោក Frans Timmermans តំណាងប្រតិភូសហភាពអឺរ៉ុប គឺសុទ្ធតែបានការពារ ការតែងតាំងលោក Sultan al-Jaber ឲ្យធ្វើជាប្រធានដឹកនាំសន្និសីទCOP28។ គេបានការពារថា វត្តមានជាប្រធានរបស់អេមីរ៉ាត់អារ៉ាប់រួម គឺវាជារឿងចាំបាច់ ក្នុងការបូកបញ្ចូលគ្នារួបរួមគ្នា ហើយជាងនេះទៀត ផែនការដោះស្រាយវិបត្តិអាកាសធាតុ គឺត្រូវតែមានការចូលរួមពីក្រុមប្រទេសផលិតប្រេងផលិតឧស្ម័ន ដោយចៀសមិនផុតទេ។ដោយឡែក លោក Sultan al-Jaber ខ្លួនឯង ក៏បានឆ្លើយអះអាងការពារខ្លួនដែរ ថាលោកមិនមែនគ្រាន់តែជាអគ្គនាយកក្រុមហ៊ុនប្រេងកាតតែមួយមុខនោះទេ តែលោកក៏មានក្រុមហ៊ុនដ៏ធំ ផលិតថាមពលស្អាតស្អំ ថាមពលកកើតឡើងវិញដែរ។ លោក ម្នាក់នេះ ធ្លាប់បានលើកឡើងថា យ៉ាងណាក៏ដោយ ថាមពលហ្វូស៊ីល វាមានសារៈសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចពិភពលោក។ ដូច្នេះគេមិនត្រូវបោះបង់ចោលថាមពលប្រភេទនេះ ទាំងស្រុងនោះទេ។ លោកបានអំពាវនាវថា ពិភពភពលោកត្រូវជំរុញ រិះរកវិធី បំបាត់ឧស្ម័នកាបូនិកដែលបញ្ចេញចោលដោយថាមពលហ្វូស៊ីវិញ។ មានន័យថា ពិភពលោកបន្តប្រើប្រេង ប្រើឧស្ម័នដដែល តែត្រូវតែរកបច្ចេកទេស ចាប់បូម បឺតយកឧស្ម័នកាបូនិក ទៅទុកមួយដុំ កុំឲ្យវាហោះអណ្តែតចូលទៅក្នុងបរិយាកាស។ក៏ប៉ុន្តែ គិតត្រឹមបច្ចុប្បន្ននេះ បច្ចេកវិទ្យាចាប់ឧស្ម័នកាបូនិកស្តុកទុកនេះ គឺនៅមិនទាន់ច្បាស់លាស់ ទូលំទូលាយប៉ុន្មានទេ។បច្ចេកវិទ្យានេះ ត្រូវបានផ្សព្វផ្សាយអួត ដោយបណ្តាប្រទេសផលិតប្រេង និងឧស្ម័ន ដើម្បីបន្តលក់ផលិតផលខ្លួនតទៅមុខទៀត។ តែវាជាបច្ចេកវិទ្យាថ្មី ត្រូវការការស្រាវជ្រាវបន្ថែមទៀត ហើយបើអាចយកមកប្រើបាន ក៏មានតែតាមប្រទេសធំៗ ដែលមានលទ្ធភាពតែប៉ុណ្ណោះ។ កំហុសមកពីថាមពលហ្វូស៊ីលប្រទេសកូនកោះខ្លះ ដែលកំពុងតែប្រឈមនឹងគ្រោះអាសន្ន ដោយសារតែវិបត្តិអាកាសធាតុ តួយ៉ាង កោះវ៉ានូអាទូ កោះទូវ៉ាលូ ជាដើម គឺរដ្ឋាភិបាលគេ បានប្រកាសថ្កោលទោសដោយចំៗតែម្តង ថាកំហុសគ្រប់យ៉ាង គឺមកពីថាមពលហ្វូស៊ីល មានប្រេង ឧស្ម័ន និងធ្យូងថ្មនេះឯង។ ប្រទេសទាំង២នេះ បានទាមទារ ថាត្រូវតែបង្កើតសន្ធិសញ្ញាអន្តរជាតិ ទប់ស្កាត់ការរីកសាយភាពថាមពលនេះតទៅអនាគត។ ពោលគឺពិភពលោកមិនត្រូវបន្តដើរលើផ្លូវ ដែលប្រើប្រាស់ថាមពលបញ្ចេញផ្សែងពុលទាំងនេះ ទទៅទៀតឡើយ។ ដោយឡែក ក្រុមប្រទេសសេដ្ឋកិច្ចធំៗ មានឧស្សាហកម្មរីកចម្រើន សមាជិកG7 បានប្រកាសសន្យាថ្មីៗនេះថា គេនឹងរៀបចំផែន ដើម្បីឈប់ប្រើថាមពលហ្វូស៊ីល ឲ្យបានឆាប់បំផុត។ តែទន្ទឹមគ្នានេះ ក្រុមប្រទេស G7 មិនបានបញ្ជាក់អំពីកាលវិភាគ ថាឈប់ប្រើនៅពេលណាទេ ហើយបន្ថែមពីនេះ ក៏មិនមែនគ្រប់ថាមពលហ្វូស៊ីលដែរ។ គឺនឹងឈប់ប្រើ តែថាមពលណា ដែលមិនអាចមានភ្ជាប់ជាមួយបច្ចេកទេសចាប់ស្តុកឧស្ម័នកាបូនិក។ មានន័យថា អាណាដែលគេអាចចាប់ស្តុកឧស្ម័នកាបូនិកបាន គឺគេនឹងនៅតែបន្តប្រើដដែល។យ៉ាងណាក៏ដោយ បើយើងក្រឡេកទៅមើល ទំហំនៃថាមពលស្អាតស្អំ ទូទាំងពិភពលោក គឺបានកើនឡើងគួរឲ្យកត់សំគាល់។ យោងតាម ទីភ្នាក់ងារថាមពលអន្តរជាតិ AIE ទំហំវិនិយោគលើថាមពលកកើតឡើងវិញ ត្រូវគេរំពឹងថានឹងមានដល់ ១៧០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣នេះ។ តែជាមួយគ្នានេះ ការវិនិយោគលើថាមពលហ្វូស៊ីល នៅតែមានប្រមាណជា ១០០០ពាន់លានដុល្លារ។ប្រាក់១០០ពាន់លានដុល្លារក្នុងមួយឆ្នាំអ្វីដែលគេរំពឹងរងចាំ នៅក្នុងការប្រជុំជជែកគ្នារយៈពេល២សប្តាហ៍ នៅប្រទេសអាល្លឺម៉ង់ ដែលចាប់ផ្តើមនៅថ្ងៃទី៥មិថុនាគឺការបោះជំហានវិវឌ្ឍន៍នៅក្នុងសំណុំរឿង ចំនួនថវិកាជាក់ស្តែង ដែលត្រូវយកទៅប៉ះប៉ូវសងការខូចខាត និងជួយប្រទេសក្រីក្រ ដែលរងគ្រោះដោយវិបត្តិអាកាសធាតុ។ ប្រទេសអ្នកមាន បានសន្យាថា នឹងប្រមូលប្រាក់ឲ្យបាន១០០ពាន់លានដុល្លាក្នុងមួយឆ្នាំ ដើម្បីជួយប្រទេសក្រីក្រ។ តែបច្ចុប្បន្ននេះ ការសន្យានេះមានតែនៅលើក្រដាសទេ។ក្រុមអ្នកសង្កេតការណ៍ ក៏រំពឹងផងដែរថា ថានឹងមានការជជែកគ្នា អំពី ការធ្វើបូកសរុបទូទាំងពិភពលោក ទាក់ទិននឹងវិធានការដោះស្រាយវិបត្តិអាកាសធាតុ។ តាមការគ្រោងទុកការបូកសរុបនេះ នឹងត្រូវបង្ហាញជាសាធារណៈ នៅខែកញ្ញាខាងមុខ ដើម្បីឲ្យដឹងថា ប្រទេសនីមួយបានធ្វើអ្វីខ្លះហើយ ក្នុងការគោរពសន្ធិសញ្ញាស្តីពីអាកាសធាតុ ដែលបានចុះហត្ថលេខានៅទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥។ការងាររបស់អេមីរ៉ាត់អារ៉ាប់រួម នៅក្នុងការជជែកចរចាគ្នា ក៏គេកំពុងរងចាំតាមដានដែរ។ គេរងចាំមើល ថាតើប្រទេសនេះ នឹងប្រឹងប្រែងការពារតែផលប្រយោជន៍សេដ្ឋកិច្ចខ្លួន ក៏ដូចជារបស់ប្រទេសផលិតប្រេងគ្នាឯង ឬមួយក៏មានចេតនាពិតប្រាកដ ចង់ចូលរួមដោះស្រាយ កាត់បន្ថយឧស្ម័នកាបូនិកពិតមែន។
5-6-2023 • 7 minuten, 23 seconden ក្រុមប្រទេសផលិតប្រេង ប្រជុំគ្នាដើម្បីនិយាយអំពីក ារកាត់បន្ថយទំហំផលិត ខណៈតម្លៃប្រេងធ្លាក់ចុះ
នៅទីក្រុងវីយែន ថ្ងៃអាទិត្យទី៤មិថុនានេះ ក្រុមប្រទេសផលិតប្រេង កំពុងតែជួបប្រជុំគ្នា ដើម្បីរកដំណោះស្រាយ ទាក់ទិននឹងបញ្ហាតម្លៃប្រេងដែលធ្លាក់ចុះថោក។ ការកាត់បន្ថយទំហំនៃការផលិត អាចនឹងត្រូវគេយកមកជជែកគ្នា ដើម្បីអាចទាញតម្លៃប្រេងឲ្យឡើងថ្លៃ ឡើងវិញ។ តែទន្ទឹមគ្នានេះ ការជំទាស់គ្នារវាងអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលជាប្រទេសផលិតប្រេងដ៏ធំទាំងពីរនោះ ប្រហែលអាចជាឧបសគ្គ រារាំងមិនឲ្យមានការត្រូវរ៉ូវគ្នា ណាមួយបាន។ មួយធុងបារីល ខ្ទង់ជាង៧០ដុល្លារភ្លាមៗក្រោយសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង តម្លៃប្រេងបានឡើងថ្លៃមួយរំពេច មួយធុងបារីល ខ្ទង់១៤០ដុល្លារឯណោះ។ ក៏ប៉ុន្តែតម្លៃនេះបានធ្លាក់ចុះទៅវិញ រហូតបច្ចុប្បន្ន សល់តែខ្ទង់ជាង៧០ដុល្លារប៉ុណ្ណោះ ក្នុងមួយធុងបារីល។ប្រឈមនឹងបញ្ហានេះ ក្រុមប្រទេសផលិតប្រេង OPEP ទាំង១៣ប្រទេស ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត រួមជាមួយប្រទេសដៃគូរ ចំនួន១០ប្រទេសទៀត ដែលដឹកនាំដោយរុស្ស៊ី កំពុងតែជួបប្រជុំគ្នានៅ ទីក្រុងវីយែន ប្រទេសអូទ្រីស ដើម្បីជជែកគ្នា រកវិធានការដើម្បីទាញតម្លៃប្រេងឲ្យឡើងបន្តិចវិញ ឬយ៉ាងហោច ត្រឹមទប់កុំឲ្យវាចុះថោកជាងនេះទៀត។ បើតាមប្រភពដែលស្និទនឹងកិច្ចប្រជុំបន្ទាន់នេះ គឺគេរំពឹងថា នឹងអាចឈានទៅស្រុះស្រួលគ្នា កាត់បន្ថយទំហំផលិត ខ្ទង់ ពី ៧សែន ទៅ១លានធុងបារីលក្នុងមួយថ្ងៃ ដោយបែងចែកកូតាគ្នាទៅតាមទំហំផលិត របស់ប្រទេសនីមួយៗ។តែយ៉ាងណា តំណាងប្រទេសផលិតប្រេងធំៗ ដូចជាមិនសូវចង់បង្ហាញ ក្តីសង្ឃឹមប៉ុន្មានទេ ទាក់ទិននឹងលទ្ធផលនៃការប្រជុំនេះ។ លោក Amir Hossein Zamaninia តំណាងឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ បានប្រាប់អ្នកកាសែតកាលពីល្ងាចម្សិលមិញថា ជម្រើសទាំងអស់ត្រូវដាក់លើតុ ដើម្បីជជែកគ្នា។ ព្រះអង្គម្ចាស់ ម៉ូហាមេត បេនសាល់ម៉ាន់ វិញ បានឆ្លើយពង្វាងដានអ្នកកាសែតតែម្តង។ ចំណែកតំណាងឧស្សាហកម្មប្រេងរបស់អេមីរ៉ាត់អារ៉ាប់រួមវិញ បានលើកឡើងថា លោករំពឹងរងចាំការសម្រេចរួមមួយ ដែលនឹងឈានទៅរក្សាលំនឹងទីផ្សារប្រេង។សេដ្ឋកិច្ចពិភពលោក គ្របដណ្តប់ដោយផ្សែងខ្មៅកាលពីខែមេសា ក្រុមប្រទេសផលិតប្រេង OPEP+ទាំង២៣ប្រទេស បានព្រមព្រៀងគ្នា កាត់បន្ថយទំហំផលិត ចំនួន១លាន៦សែនធុងបារីលក្នុងមួយថ្ងៃ រួចទៅហើយ។ ហើយមុននេះ កាលពីខែតុលា គេបានកាត់បន្ថយចំនួន ប្រមាណ២លានធុងបារីលរួចហើយដែរ។ ក៏ប៉ុន្តែ តម្លៃប្រេងឆៅនៅតែបន្តធា្លក់ចុះ ប្រមាណ១០%ទៀត គិតចាប់ពីខែមេសាមក។ដូច្នេះ កត្តាដែលទាញតម្លៃប្រេងឲ្យធ្លាក់ចុះ គឺវាមិនអាស្រ័យទៅលើទំហំផលិតថាមានតិចឬច្រើន តែមួយមុខនោះទេ។ ស្ថានភាពបច្ចុប្នន្បនេះ គឺបញ្ហាសេដ្ឋកិច្ចសកលលោកយើង ដែលស្រអាប់ តានតឹងខ្លាំង ដែលធ្វើឲ្យទីផ្សារសេដ្ឋកិច្ច មិនសូវមានសង្ឃឹម ហើយសកម្មភាពផលិតគ្រប់បែបយ៉ាង ហាក់ដូចជានៅទ្រឹង។ អត្រាអតិផរណាកើនឡើងជាលំដាប់ ទំនិញឡើងថ្លៃគ្រប់មុខ ហើយបានបង្ខំចិត្ត ឲ្យធនាគារកណ្តាលនៅតាមប្រទេសធំៗនានា ជាពិសេសនៅអឺរ៉ុបតែម្តង បានសម្រេចទាញតម្លើងអត្រាការប្រាក់កណ្តាល។ កត្តានេះ វាបានធ្វើឲ្យវិស័យឯកជន ពិបាកក្នុងការទទួលបានកម្ចី ហើយក៏មិនសូវហ៊ានបោះទុករកស៊ីដែរ។ បន្ថែមពីនេះទៀត សេដ្ឋកិច្ចចិនក្រោយកូវីដចប់ទៅមែន តែនៅតែលំបាក មិនសូវកើនសន្ទុះប៉ុន្មានទេ ប៉ុន្មានខែមកនេះ ដោយសារតែបរិបទសង្គ្រាមនៅអ៊ុយក្រែនផង និងបញ្ហាភាពតានតឹងជាមួយអាមេរិក ក្នុងសំណុំរឿងកោះតៃវ៉ាន់ផង។តែយ៉ាងណា ប្រឈមនឹងបញ្ហាតម្លៃប្រេងធ្លាក់ចុះនេះ គឺប្រទេសផលិតប្រេងប្រហែលជាមិនអាចមានជម្រើសអ្វីផ្សេងទេ ក្រៅតែពីវិធានការកាត់បន្ថយទំហំផលិត ទំហំស្តុក ដោយសង្ឃឹមវានឹងដាស់ទីផ្សារឲ្យកម្រើក ទាញតម្លៃឡើងបន្តិចវិញ។ សម្រាប់ប្រទេសទាំងនេះ ប្រេងឆៅគឺជាប្រភពចំណូលដ៏ធំបំផុត ដូច្នេះបើលក់បានថោក រដ្ឋគេក៏បានចំណូលតិចទៅតាមនោះ។ ដោយឡែក ក្រុមប្រទេសនៅអឺរ៉ុបវិញ បានស្តីបន្ទោសថា ក្រុមប្រទេសផលិតប្រេងទាំងនេះ ពូកែលេងល្បិចណាស់ ម្តងដំឡើង ម្តងបន្ថយការផលិត ទៅតាមតែចិត្តចង់ ដោយធ្វើយ៉ាងណាឲ្យតែបានចំណេញច្រើន ដោយមិនគិតពីផលលំបាកលើសេដ្ឋកិច្ចពិភពលោកជារួម។រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត មានអត្ថប្រយោជន៍មិនស្របគ្នារុស្ស៊ី និងអារ៉ាប៊ីសាអូឌីត មានផលប្រយោជន៍ មិនដូចគ្នានោះទេ នៅក្នុងរឿងនេះ។ សម្រាប់រុស្ស៊ី គឺគេមិនសូវចង់កាត់បន្ថយទំហំនៃការផលិតនាំចេញទេ ព្រោះថារាល់ថ្ងៃនេះ ការនាំចេះរបស់រុស្ស៊ីបានធ្លាក់ចុះរួចទៅហើយ ដោយសារតែទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច។ ដូច្នេះ វាគឺជាអាទិភាពសម្រាប់រុស្ស៊ី ដែលត្រូវតែបន្តរក្សាទំហំផលិតឲ្យបានខ្ពស់ តាមតែអាចធ្វើទៅបាន ព្រោះថារាល់ថ្ងៃនេះ ការនាំចេញប្រេង គឺជាប្រភពចំណូលដ៏ធំដែលនៅសល់សម្រាប់ឲ្យរុស្ស៊ីយកលុយទៅចំណាយធ្វើសង្គ្រាមនៅអ៊ុយក្រែន។ចំណុចមួយទៀត គឺថាបើប្រេងកាន់តែឡើងថ្លៃ គឺវាមិនចំណេញអ្វីដល់រុស្ស៊ីទេ។ រុស្ស៊ីជាប់ទណ្ឌកម្មក្រុមប្រទេសលោកខាងលិច ដែលហាមឃាត់ ក្រុមហ៊ុនទាំងអស់ មិនថាក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនធានារ៉ាបរងអីជាដើម មិនត្រូវរកស៊ីជាមួយប្រេងរបស់រុស្ស៊ីទេ ប្រសិនបើប្រេងនោះ មានតម្លៃលើសពី ៦០ដុល្លារ ក្នុងមួយធុងបារីល។ ទណ្ឌកម្មនេះ គឺគេចង់ធ្វើឲ្យរុស្ស៊ី អាចបន្តលក់ប្រេងបាន តែចំណេញតិចបំផុត។ ដោយឡែក សម្រាប់អារ៉ាប៊ីសាអូឌីតវិញ គឺគេត្រូវការឲ្យប្រេងឡើងថ្លៃដើម្បីបានចំណេញ។ យោងតាមលោកស្រី Barbara Lambrecht នៅCommerzBank គឺអារ៉ាប៊ីសាអូឌីតមានថ្លៃដើមចំណាយខ្ពស់ ដែលតម្រូវឲ្យលក់ចេញទាល់តែចាប់ពី៨០ដុល្លារក្នុងមួយធុងបារីល បានចំណេញ។ ចំណែកប្រេងរុស្ស៊ី ការចំណាយថ្លៃដើម ទាបជាងខាងអារ៉ាប៊ីសាអូឌីត។ កាលៈទេសៈពេលនេះ គឺពិបាកស្មានទុកណាស់ ថានឹងមានការត្រូវរ៉ូវគ្នា រវាងមហាយក្សផលិតប្រេងទាំង២នេះ។ លោក Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី ធ្លាប់បានលើកឡើងថា ភាគីរុស្ស៊ី ដូចជាមិនយល់ថាមានការចាំបាច់អ្វី ក្នុងការផ្លាស់ប្តូរផ្លូវដើរនោះទេ។ ពោលគឺរុស្ស៊ីចង់រក្សាស្ថានការណ៍បច្ចុប្បន្ននេះឲ្យនៅដដែរ ដែលមានន័យថា បន្តអនុវត្តការព្រមព្រៀងគ្នាកាលពីមេសា ដែលកាត់បន្ថយចំនួន១លាន៦សែនធុងក្នុងមួយថ្ងៃ រហូតដល់ដាច់ឆ្នាំ២០២៣។តែសួរថា អារ៉ាប៊ីសាអូឌីត សុខចិត្តទេ? កាល ពីខែមីនា ឆ្នាំ២០២០ រុស្ស៊ីធ្លាប់បានប្រកែកមិនកាត់បន្ថយការផលិត អារ៉ាប៊ីសាអូឌីតខឹងពេក ក៏បន្ថែមការផលិតផ្គើនវិញ ធ្វើឲ្យទីផ្សារជនជោរសុទ្ធតែប្រេង តម្លៃប្រេងបានធ្លាក់ចុះ អត់ចំណេញទាំងអស់គ្នា។ តែយ៉ាងណា បើផ្អែកតាមការវិភាគរបស់លោក Yousef Alshammari អ្នកវិភាគទីផ្សារប្រេង នៅCMarkits គឺថាអារ៉ាប៊ីសាអូឌីត មិនចង់ឲ្យសេណារីយ៉ូនេះ កើតឡើងម្តងទៀតនោះទេ៕
4-6-2023 • 7 minuten, 1 seconde ប្រមុខការពារជាតិចិនចាប់ដៃ ប៉ុន្តែមិនជួបពិភាក្សាស៊ី ជម្រៅជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក
ភាពមិនចុះសម្រុងគ្នារវាង អាមេរិក និងចិន ត្រូវបានភាគីអាមេរិកយកទៅលាតត្រដាង នៅក្នុងជំនួបកំពូលស្តីពីសន្តិសុខអាស៊ី ដែលចាប់ផ្តើមបើកទ្វារ នៅប្រទេសសិង្ហបុរី ពីថ្ងៃ សុក្រទី២មិថុនា ដល់ថ្ងៃអាទិត្យទី ៤មិថុនា។ ថ្លែងនៅក្នុង សន្និសីទSangri-La ដែលមានការចូលរួមពីប្រមុខការពារជាតិរបស់បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃសៅរ៍នេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោកឡយ អូស្ទីនបានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួប ពិភាក្សា ជាមួយភាគីចិន ដើម្បីជៀសវាងការភ័ន្តច្រលំ ដែលអាចឈានទៅបង្កឲ្យមានជម្លោះរវាងមហាអំណាចទាំងពីរ។ រដ្ឋមន្រ្តីការពារជាតិអាមេរិកលើកឡើងពីសារៈសំខាន់នៃជំនួបជាមួយសមភាគីចិន នៅបន្ទាប់ពី ចិនបដិសេធមិនទទួលការអញ្ជើញរបស់អាមេរិក ដែលចង់ឲ្យមានជំនួបពិភាក្សាផ្ទាល់រវាងរដ្ឋមន្រ្តីការពារអាមេរិក និងចិន នៅក្នុងឱកាសចូលរួមក្នុងសន្និសីទ Sangri-La នៅប្រទេសសិង្ហបុរី។ នៅក្នុងជំនួបកំពូលស្តីពីសន្តិសុខអាស៊ី នៅថ្ងៃសៅរ៍នេះ រដ្ឋមន្រ្តីការពារអាមេរិកបញ្ជាក់ជំហររបស់អាមេរិកដើម្បីការពារសម្ព័ន្ធមិត្ត និងប្រទេសដៃគូ នៅចំពោះមុខការគំរាមកំហែង ដាក់សម្ពាធរបស់ចិន។ ដូចទម្លាប់ ជំនួបកំពូលស្តីពីសន្តិសុខអាស៊ី បានក្លាយជាវេទិកា ដែលមហាអំណាចអាមេរិក និងចិនដំឡើងសំឡេងរិះគន់ វាយប្រហារគ្នា ទៅវិញ ទៅមក គិតចាប់តាំងពីចិនពង្រីកដែនឥទ្ធិពល ប្រកាសជាម្ចាស់ផ្តាច់មុខ នៅសមុទ្រចិនខាងត្បូង។អាមេរិកផ្ទាល់ដែលបែរយុទ្ធសាស្រ្តយោធា ទៅអាស៊ីប៉ាស៊ីហ្វិក បន្តបញ្ចុះបញ្ចូលប្រទេសនៅក្នុងតំបន់ឲ្យគាំទ្រនយោបាយចក្ខុវិស័យរបស់អាមេរិក នៅអាស៊ីប៉ាស៊ីហ្វិក នោះគឺ ការគោរពច្បាប់អន្តរជាតិ ការធានាសេរីភាពក្នុងការធ្វើដំណើរ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសនៅសមុទ្រចិនខាងត្បូង។ ថ្លែងទៅកាន់អ្នកចូលរួម ដែលជារដ្ឋមន្រ្តីការពារជាតិ មន្រ្តីការទូត និងក្រុមហ៊ុនលក់អាវុធ នៅក្នុងកិច្ចសន្ទនា សង់គ្រីឡា នៅថ្ងៃនេះ ប្រមុខការបរអាមេរិកលោកឡយ អូស្ទីន មិនរារែកនឹងនិយាយថា ការគាំទ្រចក្ខុវិស័យរបស់អាមេរិកជាមធ្យោបាយដ៏ល្អបំផុតដើម្បីទប់ទល់ការពង្រីកដែនឥទ្ធិពលរបស់ចិន នៅក្នុងតំបន់។ តាមប្រមុខការពារជាតិអាមេរិក អាមេរិកបង្កើនការសហការ បណ្តុះបណ្តាលជាមួយប្រទេសដៃគូនៅក្នុងតំបន់ ដើម្បីធានាថា ប្រទេសតូចធំ អាចធ្វើការហោះហើរ និងធ្វើនាវាចរ ដោយគ្មានបញ្ហា នៅក្នុងតំបន់ទឹកអន្តរជាតិ ដូចជានៅសមុទ្រចិនខាងត្បូង។រដ្ឋមន្រ្តីការពារជាតិអាមេរិកបាននិយាយធានាសម្ព័ន្ធមិត្ត និងប្រទេសដៃគូ ថា អាមេរិកនឹងនៅការពារ មិនបណ្តោយឲ្យចិនធ្វើបាប គំរាមកំហែងសម្ព័ន្ធមិត្តរបស់អាមេរិក។ ប៉ុន្តែ យ៉ាងណាក៏ដោយ អាមេរិកក៏មិនព្យាយាម ចង់បានជម្លោះ ចង់បានការប្រឈមមុខដាក់គ្នា ជាមួយចិនដែរ។ អាមេរិកនៅតែបើកទ្វារសម្រាប់ការពិភាក្សាថ្នាក់ដឹកនាំជាន់ខ្ពស់យោធារបស់ប្រទេសទាំងពីរ ចិន និងអាមេរិក។តាំងពីមុនជំនួបកំពូលនៅសិង្ហបុរី រដ្ឋមន្រ្តីការពារជាតិអាមេរិក លោកឡយ អូស្ទីនបានទាមទារចង់ជួបរដ្ឋមន្រ្តីការពារជាតិចិន ដើម្បីកាត់បន្ថយភាពតានតឹង រវាងប្រទេសទាំងពីរ ប៉ុន្តែ រដ្ឋមន្រ្តីការពារជាតិថ្មីរបស់ចិន គឺលោកលី ស្ហាំងហ្វូបានបដិសេធមិនទទួលជួប។លោកឡយ អូស្ទីននិងលោកលី ស្ហាំងហ្វូចាប់ដៃ និងសើចដាក់គ្នា នៅក្នុងកម្មវិធីទទួលទានអាហារ រូបថតរបស់ទីភ្នាក់ងារព័ត៌មានបរទេស បង្ហាញរដ្ឋមន្រ្តីការពារជាតិអាមេរិក និងរដ្ឋមន្រ្តីការពារជាតិចិនចាប់ដៃ និងសើចដាក់គ្នា នៅក្នុងចំណោមថ្នាក់ដឹកនាំផ្សេងទៀត នៅមុនកម្មវិធីទទួលទានអាហារ កាលពីថ្ងៃសុក្រម្សិលមិញ។ ប្រមុខការពារជាតិទាំងពីរ នៅបានអង្គុយទល់មុខគ្នា នៅក្នុងកម្មវិធីពិភាក្សារួម ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូល សង់គ្រីឡា។ ប៉ុន្តែ នៅក្នុងសន្និសីទ នៅថ្ងៃសៅរ៍ រដ្ឋមន្រ្តីការពារជាតិ លោកឡយ អូស្ទីននិយាយថា ការចាប់ដៃ រលាក់តែមួយភ្លែត នៅក្នុងកម្មវិធីទទួលទានអាហារ មិនគ្រប់គ្រាន់ ទៅអាចជំនួសការពិភាក្សាស៊ីជម្រៅរវាងភាគីទាំងពីរដែរ។លោករដ្ឋមន្រ្តីការពារជាតិអាមេរិកបានលើកយកបញ្ហានេះ ទៅនិយាយបើកចំហរនៅក្នុងសន្និសីទ នៅព្រឹកថ្ងៃសៅរ៍ ដោយបញ្ជាក់ថា ការជួបពិភាក្សាជាមួយចិន គឺសំខាន់ដើម្បីជៀសវាង ការយល់ច្រលំ ការគិតខុស ដែលអាចបណ្តាល ឲ្យកើតមានជម្លោះ។ បើតាមលោកឡយ អូស្ទីន អាមេរិកជឿថា ការបើកផ្លូវពិភាក្សាជាមួយចិន សំខាន់ណាស់ ជាពិសេស រវាងថ្នាក់ដឹកនាំក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ។នៅចំពោះមុខអ្នកចូលរួម រដ្ឋមន្រ្តីការពារជាតិអាមេរិកនិយាយដោយមិនលាក់លៀមថា លោកបារម្ភខ្លាំងណាស់ ដែលឃើញ ចិន មិនចង់ពិភាក្សាជាមួយអាមេរិក មិនចង់ស្វែងរកដំណោះស្រាយដើម្បីរកច្រកចេញ ឲ្យវិបត្តិដែលកងទ័ពរបស់ប្រទេសទាំងពីរកំពុងមាននឹងគ្នា។ នៅត្រង់ចំណុចនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិករិះគន់សកម្មភាព ទង្វើដ៏គ្រោះថ្នាក់ របស់ចិន សមុទ្រចិនខាងត្បូង។ នៅសបា្តហ៍មុននេះ អាមេរិកបានចោទចិនថាបានបញ្ជូន យន្តហោះចម្បាំងទៅបើកបំភិតបំភ័យអ្នកបើកយន្តហោះអាមេរិក ដែលកំពុងធ្វើបេសកកម្មហោះហើរ ធានាសន្តិសុខ នៅក្នុងដែនអាកាស ពីលើសមុទ្រចិនខាងត្បូង។ចិនទាមទារឲ្យអាមេរិកដកលោក លី ស្ហាំងហ្វូ ចេញពីបញ្ជីទណ្ឌកម្មនៅថ្ងៃសៅរ៍ គេនៅមិនទាន់លឺរដ្ឋមន្រ្តីការពារជាតិចិន លោកលី ស្ហាំងហ្វូ និយាយប្រតិកម្មទៅនឹងការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក។ គេមិនដឹងច្បាស់ថា តើរដ្ឋមន្រ្តីការពារជាតិចិន មានវត្តមាននៅក្នុងបន្ទប់សន្និសីទជាទីដែលរដ្ឋមន្រ្តីការបរទេសអាមេរិកនិយាយរិះគន់ចិនដែរឬទេ។តាមគម្រោងរបស់កិច្ចប្រជុំកំពូល សង់គ្រីឡា រដ្ឋមន្រ្តីការពារជាតិចិននឹងឡើងនិយាយនៅថ្ងៃអាទិត្យទី ៤មិថុនា។ ប៉ុន្តែ នៅមុនប្រតិកម្មយ៉ាងណារបស់រដ្ឋមន្រ្តីការពារជាតិ ចិន មន្រ្តីរបស់គណៈប្រតិភូក្រសួងការពារជាតិចិនបាននិយាយប្រាប់អ្នកកាសែតបណ្តើរៗពីជំហរយល់ឃើញរបស់ចិន។ ជាក់ស្តែង អ្នកនាំពាក្យរបស់ក្រសួងការពារជាតិចិន លោក Tang Hefei បាននិយាយថា ចិនប្រឆាំងដាច់ខាតការលើកឡើងរបស់អាមេរិក និងថា រដ្ឋមន្រ្តីការពារជាតិអាមេរិកបាននិយាយចោទប្រកាន់ចិន ខុសទាំងស្រុង។ តាមមន្រ្តីចិន អ្វីដែលកងទ័ពចិនកំពុងធ្វើសព្វថ្ងៃ គឺផ្អែកទៅលើប្រយោជន៍សន្តិសុខជាតិចិន ដែលសំខាន់ណាស់សម្រាប់ចិន។ មន្រ្តីជាន់ខ្ពស់ម្នាក់ទៀតរបស់គណៈប្រតិភូចិន គឺលោក Jing Jianfeng ដែលដកស្រង់សំដី ដោយទីភ្នាក់ងារAPបាននិយាយថា ចិននៅតែរក្សាជំហរដដែល គឺចិនជាម្ចាស់កម្មសិទ្ធិទៅលើបណ្តាកោះ នៅសមុទ្រចិនខាងត្បូង និងតំបន់ដែនទឹកក្បែរកោះទាំងនោះ និងថា តៃវ៉ាន់ ជាផ្នែកមួយនៃដែនដីរបស់ចិន។ទាក់ទងនឹងការអញ្ជើញ របស់អាមេរិក ដើម្បីបើកជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិចិន អ្នកនាំពាក្យរបស់ក្រសួងការពារជាតិចិន នៅបាននិយាយបែបចំអកថា អាមេរិកត្រូវដកទណ្ឌកម្មចេញពីរដ្ឋមន្រ្តីការពារជាតិជាមុន។ តាមមន្រ្តីខាងលើ ការដកចោលទណ្ឌកម្មសេដ្ឋកិច្ច្ ដែលអាមេរិកបានដាក់ទៅលើលោក លី ស្ហាំងហ្វូ តាំងពីលោកនៅមិនទាន់ ក្លាយជារដ្ឋមន្រ្តីការពារជាតិ ថ្មី របស់ចិន អាចជាលក្ខខណ្ឌមួយ បើសិន រដ្ឋមន្រ្តីការពារជាតិអាមេរិកចង់ជួបពិភាក្សាជាមួយ លោករដ្ឋមន្រ្តីចិន លី ស្ហាំងហ្វូ។ លោកលី ស្ហាំងហ្វូ ត្រូវរដ្ឋបាលលោកដូណាល់ ត្រាំ ដាក់ក្នុងបញ្ជីទណ្ឌកម្មរបស់អាមេរិក ក្នុងរឿងលោកទិញសព្វាវុធ និងយន្តហោះចម្បាំងរបស់រុស្ស៊ី នៅឆ្នាំ ២០១៨។ ប៉ុន្តែ អាមេរិកថា ទោះលោក លី ស្ហាំងហ្វូ រដ្ឋមន្រ្តីការពារជាតិចិនសព្វថ្ងៃ ជាប់ក្នុងបញ្ជីទណ្ឌកម្ម មានន័យថា លោកមិនអាចធ្វើដំណើរ ធ្វើជំនួញ នៅអាមេរិក ប៉ុន្តែ អាមេរិកនៅតែអាចជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិចិនដដែល។
3-6-2023 • 7 minuten, 29 seconden អឺរ៉ុបចង់ធ្វើច្បាប់ ឲ្យក្រុមហ៊ុនមានការទទួលខុ សត្រូវ ស្តីពីការគោរពសិទ្ធិមនុស្ស សង្គម និងបរិស្ថាន
កាលពីថ្ងៃព្រហស្បតិ៍ ទី១មិថុនា សភាអឺរ៉ុបបានបើកការប្រជុំពេញអង្គ និងបានអនុម័តអត្ថបទគម្រោងច្បាប់មួយ ដែលមានខ្លឹមសារ បង្កើតឲ្យមាន “ករណីកិច្ចត្រូវប្រុងប្រយ័ត្ន” ដែលក្រុមហ៊ុនអឺរ៉ុបទាំងអស់ត្រូវគោរព ទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស ការគោរពច្បាប់ការងារ ព្រមទាំងការគោរពបរិស្ថានអាកាសធាតុ។ នេះគឺជាការបោះជំហានថ្មីមួយទៀត ដែលសមាជិកសភាអឺរ៉ុប ចង់ដាក់កំហិត ឲ្យក្រុមហ៊ុនធំៗរបស់អឺរ៉ុប ត្រូវតែប្រុងប្រយ័ត្ន នឹងមានការទទួលខុសត្រូវ ចំពោះប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅតាមប្រទេសនានាក្រៅពីទឹកដីសហភាពអឺរ៉ុប។ ១០ឆ្នាំក្រោយ សោកនាដកម្មនៅរោងចក្រ Rana Plaza គម្រោងអត្ថបទច្បាប់ថ្មីនេះ វាគឺជាការបោះជំហានថ្មីមួយដ៏សំខាន់ នៅក្នុងក្របខណ្ឌប្រព័ន្ធគតិយុទ្ធរបស់សហភាពអឺរ៉ុប។ វានឹងមកគូសវាស កាតព្វកិច្ចថ្មីៗជាច្រើន សម្រាប់ក្រុមហ៊ុន សហគ្រាសអឺរ៉ុប ដែលមានប្រតិបត្តិការអាជីវកម្ម ឬមានរោងចក្រនៅតាមបណ្តាប្រទេសក្រីក្រ ទូទាំងពិភពលោក។កាលពី១០ឆ្នាំមុន មតិសាធារណៈអឺរ៉ុបបានតក់ស្លុតជាខ្លាំង ជាមួយនឹងហេតុការណ៍បាក់រលំអគារ រោងចក្រកាត់ដេរ Rana Plaza នៅបង់ក្លាដែស ដែលបានបណ្តាលឲ្យស្លាប់មនុស្សចំនួនជាង១១០០នាក់។ រោងចក្រនេះ ដេរសម្លៀកបំពាក់ឲ្យក្រុមហ៊ុនម៉ាកសំលៀកបំពាក់ជាច្រើននៅអឺរ៉ុប។ ហេតុការណ៍ដ៏អកុសលនេះ បានជះពន្លឺឲ្យឃើញ នូវអវត្តមាននៃការគោរពលក្ខខណ្ឌការងារ កត្តាសុវត្ថិភាពនៅតាមរោងចក្រ នៅតាមប្រទេសក្រីក្រ។ ពោលគឺជាការធ្វេសប្រហែស ឬក៏ជាការមិនខ្វល់តែម្តង របស់ក្រុមហ៊ុនអឺរ៉ុប ដែលទៅបញ្ជាទិញទំនិញពីតាមប្រទេសក្រីក្រយកមកដាក់លក់យកចំណេញនៅអឺរ៉ុប ទាំងដែលទំនិញទាំងនោះដិតដាមដោយស្នាមញើសស្នាមឈាមរបស់ពលករនៅតាមប្រទេសក្រីក្រ។ជាមួយនឹងបទពិសោធន៍នេះ អ្នកធ្វើច្បាប់នៅអឺរ៉ុប ចង់កែប្រែ ចង់កែតម្រូវ រៀបចំធ្វើច្បាប់ ឲ្យក្រុមហ៊ុនអឺរ៉ុបទាំងអស់មានការទទួលខុសត្រូវ មិនថានៅតាមក្រុមហ៊ុនដែលជាសាខានៅបរទេស ឬក៏ក្រុមហ៊ុនដែលលក់សេវាកម្មឲ្យនោះទេ។ ពោលគឺ តាមរយៈគម្រោងច្បាប់ថ្មីនេះ ក្រុមហ៊ុនអឺរ៉ុប ដែលមានប្រតិបត្តិការអាជីវកម្ម មានបណ្តាញផលិត មានរោងចក្រនៅក្រៅអឺរ៉ុប គឺត្រូវតែមាន ករណីយកិច្ចត្រូវប្រុងប្រយត្ន័ ទាក់ទិននឹងការគោរពច្បាប់ការងារ ការគោរពសិទ្ធិមនុស្ស និងជាពិសេសនោះ គឺការគោរពបរិស្ថានធម្មជាតិ។ ជាការទទួលខុសត្រូវផ្លូវច្បាប់ ជាកាតព្វកិច្ច ដែលត្រូវតែតាមដាន ដូចជាតាមដាន អំពីលក្ខខណ្ឌការងារ អំពីការងារដោយបង្ខំ អំពីពលកម្មកុមារ សុវត្ថិភាពនៅអគាររោងចក្រ ត្រូវពិនិត្យមើល ថាតើមានករណីរឹបអូសដីធ្លីផ្ទះសម្បែងប្រជាជន ដោយអយុត្តិធម៌ឬអត់ ហើយបញ្ហាបរិស្ថានវិញ ត្រូវតែតាមដានថាតើ មានការកាប់បំផ្លាញព្រៃឈើ ឬមានការបង្ហូរសារធាតុពុលចូលក្នុងប្រភពទឹក ជាដើម។ល។“ករណីយកិច្ចត្រូវតែប្រុងប្រយ័ត្ន”កាលពីខែកុម្ភៈ ឆ្នាំ២០២២ គណកម្មការអឺរ៉ុបបានដាក់ស្នើ នូវគម្រោងអត្ថបទច្បាប់មួយដែរ ទៅកាន់សភាអឺរ៉ុប។ អ្វីដែលខុសពីគម្រោងច្បាប់ស្នើដោយគណកម្មការអឺរ៉ុប គឺទាក់ទិននឹងវិសាលភាព អនុវត្តទៅលើក្រុមហ៊ុននានាដែលជាប់កាតព្វកិច្ច។ សំណើមុន បានកំណត់ថា មានតែក្រុមហ៊ុនធំៗ ដែលមានបុគ្គលិកចាប់ពី៥០០នាក់ទៅ ទើបជាប់កាតព្វកិច្ច។ ក៏ប៉ុន្តែជាមួយគម្រោងថ្មីរបស់សភាអឺរ៉ុបនេះ គឺក្រុមហ៊ុនអឺរ៉ុបទាំងអស់ ដែលមានបុគ្គលិកចាប់ពី២៥០នាក់ទៅ និងមានប្រាក់ចំណូលប្រចាំឆ្នាំ ចាប់ពី ៤០លានដុល្លារនៅអឺរ៉ុប ឬ ១៥០លានដុល្លារនៅទូទាំងពិភពលោក នឹងត្រូវជាប់កាតព្វកិច្ច។សមាជិកសភាអឺរ៉ុប ក៏បានពង្រីកកាតព្វកិច្ច ទៅលើក្រុមហ៊ុនមេ ដែលមានបុគ្គលិកចាប់ពី៥០០នាក់ឡើងទៅ ព្រមទាំងក្រុមហ៊ុននៅក្រៅសហភាពអឺរ៉ុប ឲ្យតែមានចំណូលប្រចាំឆ្នាំលើសពី៤០លានដុល្លារនៅអឺរ៉ុប ឬ១៥០លានដុល្លារទូទាំងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនហិរញ្ញវត្ថុ ដូចជាធនាគារ ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនគ្រប់គ្រងភាគហ៊ុនជាដើម ដែលមិនមែនជាអ្នករកស៊ី មានរោងចក្រផលិតដោយផ្ទាល់នៅតាមប្រទេសនានាមែន តែក៏ត្រូវតែជាប់កាតព្វកិច្ចដែរ។ ជាកាតព្វកិច្ចដែលត្រូវពិនិត្យឲ្យបានល្អិតល្អន់ មុននឹងបញ្ចេញប្រាក់ឲ្យគេខ្ចី យកទៅវិនិយោគ ឬយកទៅទិញភាគហ៊ុនជាដើម។ ទាក់ទិននឹងការគោរពបរិស្ថានវិញ ក្រុមហ៊ុនដែលមានបុគ្គលិកចាប់ពី១០០០នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ច រៀបចំផែនការអន្តរកម្មអាកាសធាតុ ដើម្បីចូលរួមគោពកម្មវត្ថុកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក។ពាក្យថា “ករណីយកិច្ចដែលត្រូវប្រុងប្រយ័ត្ន” របស់ក្រុមហ៊ុនទាំងអស់ គឺត្រូវតែឆ្លើយតបដោយ ការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ពោលគឺវាជា ការសងជំងឺចិត្ត ការប៉ះប៉ូវការខូចខាត ជូនជនរងគ្រោះ។ គម្រោងអត្ថបទនេះ បានកំណត់ អំពីយន្តការជួយជនរងគ្រោះ ឲ្យអាចមានលទ្ធភាពស្វែងរកយុត្តិធម៌ នៅចំពោះមុខតុលាការអឺរ៉ុប ដែលការផាកពិន័យទៅលើក្រុមហ៊ុនដែលរំលោភបំពាន អាចមានទឹកប្រាក់ចំនួន ៥%នៃចំណូលប្រចាំឆ្នាំទូទាំងពិភពលោក របស់ក្រុមហ៊ុននោះ។ ចរចាជាមួយប្រទេសសមាជិកទាំង២៧នីតិវិធីមិនទាន់ចប់នៅឡើយទេ ដោយជំហានបន្ទាប់ គឺគេនឹងយកអត្ថបទដែលសមាជិកសភាអឺរ៉ុបបានអនុម័តនេះ ទៅជជែកពិភាក្សា ជាមួយតំណាងរដ្ឋាភិបាលនៃប្រទេសសមាជិកអឺរ៉ុប ទាំង២៧ប្រទេស។ ដូច្នេះ ឧបសគ្គវានៅមានទៀត មុននឹងគម្រោងអត្ថបទច្បាប់នេះ ត្រូវគេអនុម័ត ដាក់ចុះឲ្យប្រើប្រាស់ជាស្ថាពរ។មានការព្រួយបារម្ភ ថានៅពេលគេយកទៅចរចាជាមួយនឹងបណ្តារដ្ឋាភិបាលប្រទេសសមាជិក គឺខ្លឹមសារច្បាប់នេះអាចនឹងប្រែប្រួល ឬកាត់បន្ថយឲ្យចុះខ្សោយវិសាលភាព ជាក់ស្តែងទាក់ទិននឹងកាតព្វកិច្ច ដាក់ទៅលើវិស័យហិរញ្ញវត្ថុ។ ក្រុមឡុបប៊ីការពារវិស័យនេះ កំពុងតែព្យាយាមប្រើគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ឲ្យច្បាប់នេះប៉ះពាល់តិចបំផុតទៅលើវិស័យរបស់គេ។លោកស្រី Arianne Griffith តំណាងអង្គការ Global Witness បានអំពាវនាវថា យន្តការដាក់កំហិតក្រុមហ៊ុនសហគ្រាស ឲ្យកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកសកលលោក ព្រមទាំងវិធានការរារាំងកុំឲ្យក្រុមហ៊ុនហិរញ្ញវត្ថុ បោះទុនវិនិយោគដែលបំផ្លាញបរិស្ថាន បំផ្លាញធនធានធម្មជាតិនោះ វាគឺជារឿងសំខាន់ខ្លាំងណាស់។ ខ្លឹមសារទាំងនេះត្រូវតែស្ថិតនៅជាស្នូលនៃច្បាប់ដែលគេនឹងអនុម័តជាស្ថាពរ។ បើសមាជិកសភាអឺរ៉ុបហ៊ានតែដកថយ មានន័យថា ធម្មជាតិ បរិស្ថាន សិទ្ធិមនុស្ស ដែលនឹងត្រូវប្រឈមគ្រោះថ្នាក់។ចំណែក អង្គការ WWF វិញបានបារម្ភថា តាមមើលទៅ ច្បាប់ថ្មីនេះ ទំរាំតែចូលជាធរមាន ក៏ដល់ឆ្នាំ ២០២៨យ៉ាងហោច។ ពោលគឺយឺតយ៉ាវណា។ ជាមួយគ្នានេះ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានសោកស្តាយ និងរិះគន់ ថាគម្រោងច្បាប់នេះ នៅតែមានខ្លឹមសារខ្សោយ។ ជាក់ស្តែងទាក់ទិននឹង កាតព្វកិច្ចដែលតម្រូវឲ្យជនរងគ្រោះតូចតាច ដែលត្រូវប្រមូលបង្ហាញភស្តុតាង បញ្ជាក់ពីការរំលោភបំពានរបស់ក្រុមហ៊ុនធំៗ។ អង្គការក្រៅរដ្ឋាភិបាល ចង់ឲ្យច្បាប់កំណត់ថា គឺក្រុមហ៊ុនធំៗដែលមានលទ្ធភាព មានអំណាច មានលុយ ទៅវិញទេ ដែលត្រូវតែមានកាតព្វកិច្ចបង្ហាញភស្តុតាងដោះបន្ទុក បញ្ជាក់ថាខ្លួនមិនបានរំលោភបំពាន មិនមែនឲ្យជនរងគ្រោះដែលជាបុគ្គលិក កម្មករពលករតូចតាច ដែលគ្មានលទ្ធភាពផ្នែកថវិកា និងបង្អែកច្បាប់ ទៅប្រមូលភស្តុតាងដាក់បន្ទុកនោះទេ៕
2-6-2023 • 7 minuten, 35 seconden សហគមន៍នយោបាយអឺរ៉ុប ជុំគ្នា នៅម៉ុលដាវី ដើម្បីបញ្ជាក់ពីសាមគ្គីភាពជាធ្លុងមួយ
ជាប្រទេសដ៏តូចក្រីក្រជាងគេមួយនៅអឺរ៉ុប ម៉ុលដាវី ដែលមានព្រំដែនដ៏វែងជាប់អ៊ុយក្រែន និងរស់ក្នុងការគំរាមកំហែងពីរុស្ស៊ីដែរ។ តែនៅថ្ងៃព្រហស្បតិ៍ទី ១ មិថុនា ២០២៣នេះ ម៉ុលដាវី បានធ្វើម្ចាស់ផ្ទះ ទទួលស្វាគមន៍ប្រមុខរដ្ឋ-រដ្ឋាភិបាលអឺរ៉ុប ជិត៥០ប្រទេស ដែលមកជួបជុំគ្នា បើកជំនួបកំពូលសហគមន៍នយោបាយអឺរ៉ុបជាលើកទីពីរ។ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី ក៏ធ្វើដំណើរមកចូលរួមដោយផ្ទាល់ដែរ។ មិនមែនជាជំនួបក្នុងក្របខ័ណ្ឌ សហភាពអឺរ៉ុប ឬក្រុមប្រឹក្សាអឺរ៉ុបទេ គឺជំនួបកំពូល លើកទីពីរ របស់ សហគមន៍នយោបាយអឺរ៉ុប ដែលជារចនាសម្ព័ន្ធថ្មី បង្កើតឡើងដោយសហភាពអឺរ៉ុបទាំង២៧ប្រទេស កាលពីខែមិថុនាឆ្នាំ២០២២ តាមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីបារាំង គឺលោក អេម៉ានុយអែល ម៉ាក្រុង។ សហគមន៍នយោបាយអឺរ៉ុប ប្រមូលផ្តុំដោយ៤៧ប្រទេស គឺសមាជិកសហភាពអឺរ៉ុប ទាំង២៧ប្រទេស និង២០ប្រទេសទៀតនៅទ្វីបអឺរ៉ុប ដែលមានលក្ខន្តិកៈជាប្រទេសអាចសុំចូលជាសមាជិកសហភាពអឺរ៉ុប (អាល់បានី បូស្នី ម៉ុលដាវី ម៉ុងតេណេក្រូ ម៉ាសេដ្វានខាងជើង ស៊ែរប៊ី តួកគី និងអ៊ុយក្រែន) ប្រទេសបានសុំចូលជាសមាជិកហើយ (កូសូវូ និងហ្សកហ្ស៊ី) ព្រមទាំងប្រទេសជាសមាជិកទីផ្សារសេដ្ឋកិច្ចអឺរ៉ុប (អ៊ីស្លង់ លីតស្តិនស្តែន ន័រវែស អារមេនី អាហ្សែបៃហ្សង់) ស្វីស និងអង់គ្លេស។ ដូចឈ្មោះដែលគេហៅ សហគមន៍នេះត្រូវចែករំលែកកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ក្នុងរង្វង់សមាជិកទាំង៤៧ប្រទេស នៅអឺរ៉ុប ដើម្បីរឹតចំណងនយោបាយ រវាងក្រុមប្រទេសជាសមាជិកសហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប តែមានឆន្ទៈនយោបាយដូចគ្នា ឬនិយាយឱ្យចំការពង្រីកនយោបាយអឺរ៉ុប ដោយមិនចាំបាច់ពង្រីកសមាជិកសហភាពអឺរ៉ុប។ប៉ុន្តែជំនួបកំពូលថ្ងៃនេះ ដែលលោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី បង្ហាញវត្តមានដោយផ្ទាល់ដែរ បានទទួលការចាប់អារម្មណ៍ជាពិសេស និងមានអត្ថន័យជានិម្មត្តិរូបខ្លាំង ព្រោះវាប្រព្រឹត្តទៅនៅក្នុងប្រទេសម៉ុលដាវី ដ៏ក្រីក្រជាងគេបំផុតមួយនៅអឺរ៉ុបដែលមានរចនាសម្ព័ន្ធទន់ខ្សោយហើយ មានទីតាំងកៀកសមរភូមិសង្គ្រាមទៀត។ កន្លែងប្រជុំស្ថិតនៅចម្ងាយតែប្រមាណ១៦០គីឡូម៉ែម៉ែត្រ ពីក្រុងកំពង់ផែអូដេសាដែលរុស្ស៊ីផ្លោងគ្រាប់វាយប្រហារឥតឈប់ និងមិនដល់២០គីឡូម៉ែត្រពីទីប្រជុំនេះ ជាតំបន់របស់ក្រុមផ្តាច់ខ្លួននិយមម៉ុលដាវី ស្និទ្ធិនឹងរុស្ស៊ី ដែលមានប្រជាជនរស់នៅជាងបីសែននាក់ និងទាហានរុស្ស៊ីប្រមាណជាង១៥០០នាក់ ព្រមទាំងសព្វាវុធយ៉ាងច្រើនផង។ តែរដ្ឋាភិបាលម៉ុលដាវី ជ្រើសរើសរួមរស់ជាមួយអឺរ៉ុប។ សមាជិកភាពសហភាពអឺរ៉ុប មានប្រធានបទច្រើនដែលគេត្រូវលើកជជែកគ្នានៅពេលនេះ។ ក្រៅអំពីជំនួបពិភាក្សាបែបទ្វេភាគី ឬជាក្រុមតូចៗ ដើម្បីដោះស្រាយវិបត្តិក្នុងតំបន់ ដូចជាវិបត្តិនៅកូសូវ៉ូ ឬជម្លោះអារមេនីនិងអាស៊ែរបៃសង់ ជំនួបកំពូលសហគមន៍នយោបាយអឺរ៉ុបពិតជាមិនរំលង បញ្ហាសន្តិសុខអ៊ុយក្រែនទេ។ បើតាមការអំពាវនាវរបស់ប្រធានាធិបតីបារាំង ក្រុមសហគមន៍អឺរ៉ុប ត្រូវផ្តល់ការធានានិងការគាំទ្រដល់អ៊ុយក្រែន ប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ី។ តែម៉ុលដាវី ដែលមានព្រំដែនជាមួយអ៊ុយក្រែនជាងមួយពាន់គីឡូម៉ែត្រ ហើយរងការគំរាមកំហែងពីរុស្សីដែរនោះ ក៏បានឱកាស សម្រាប់បញ្ជាក់ឡើងវិញអំពីចេតនារបស់ខ្លួនដែលចង់ក្លាយជាសមាជិកសហភាពអឺរ៉ុប។ ប្រធានាធិបតីម៉ុលដាវី បានទទួលសារលើកទឹកចិត្តពីលោកស្រីប្រធានគណៈកម្មការអឺរ៉ុបផ្ទាល់តែម្តង ថារដ្ឋាភិបាលម៉ុលដាវីបានធ្វើកំណែទម្រង់ច្រើនសម្បើមណាស់ ដើម្បីសង្ឃឹមអាចបំពេញលក្ខខណ្ឌក្លាយជាសមាជិកសហភាពអឺរ៉ុប។ ម៉ុលដាវី បានទទួលលក្ខន្តិកៈជាបេក្ខភាពជាផ្លូវការ សុំចូលជាសមាជិកសហភាពអឺរ៉ុប ទន្ទឹមនឹងអ៊ុយក្រែនកាលពីខែមិថុនាឆ្នាំ២០២២។ បេក្ខភាពអ៊ុយក្រែន និងម៉ុលដាវី ចូលជាសមាជិកសហភាពអឺរ៉ុប ជារឿងបន្ទាន់ តែដំណើរបែបបទនៅវែងឆ្ងាយខ្លាំង និងមានឧបសគ្គច្រើនទៀតណាស់។ សមាជិកភាពអង្គការអូតង់ក្នុងពេលដែលក្រុមមេដឹកនាំអឺរ៉ុប៤៧ប្រទេស រួមទាំងប្រធានាធិបតីអ៊ុយក្រែន កំពុងជួបប្រជុំគ្នានៅប្រទេសម៉ុលដាវី នោះអូតង់ក៏កំពុងប្រជុំគ្នាដែរ នៅក្រុងអូស្លូដើម្បីសម្រុះសម្រួលគ្នានាំអ៊ុយក្រែនអាចចូលជាសមាជិកអូតង់។ អូតង់កំពុងផ្តោតកិច្ចពិភាក្សាលើចំណុចបីជាសំខាន់៖ ការធានាសន្តិសុខ អ៊ុយក្រែនសម្រាប់នាំប្រទេសនេះឱ្យបានក្លាយជាសមាជិកអូតង់ ការបញ្ចៀសជម្លោះថ្មីទៀត ជាមួយរុស្ស៊ី និងការជ្រើសរើសប្រមុខដឹកនាំថ្មីរបស់អង្គការ។ លោក ស្តុលទែនប៊ែករប្រធានអង្គការអូតង់ បានអះអាងនៅព្រឹកមិញថា សម្ព័ន្ធមិត្តអូតង់ទាំងអស់ គួរតែឯកភាពឱ្យអ៊ុយក្រែន ត្រូវក្លាយជាសមាជិករបស់អង្គការ នៅពេលសង្គ្រាមចប់ ដោយមូស្គូមិនអាចប្រើសិទ្ធិប្រឆាំងវេតូបានជាដាច់ខាត។ នៅក្នុងសុន្ទរកថាបើកប្រជុំ លោកបានបញ្ជាក់ថាអូតង់ ត្រូវតែរៀបចំដាក់ឱ្យដំណើរការក្របខ័ណ្ឌមួយ សម្រាប់ធានាសន្តិសុខឱ្យអ៊ុយក្រែន នៅថ្ងៃមុខ ដោយមានផែនទីចង្អុលផ្លូវមួយដ៏ច្បាស់លាស់ឱ្យអ៊ុយក្រែន។ ប៉ុន្តែផ្តល់ក្របខ័ណ្ឌច្បាស់លាស់មួយ ឬពង្រីកសមាជិកអូតង់ ឆ្ពោះទៅទិសខាងកើតដោយមានបញ្ចូលអ៊ុយក្រែន ជាប្រធានបទចម្រូងចម្រាសគ្នាណាស់ក្នុងរង្វង់សមាជិកអូតង់។ បារាំងបានព្រមព្រៀងជាផ្លូវការ តែសមាជិកផ្សេងទៀតមិនទាន់ទេមានជាអាទិ៍សហរដ្ឋអាមេរិក ព្រោះខ្លាចវាអាចនាំឱ្យមានសង្គ្រាមដោយចំមុខរវាងអូតង់និងរុស្ស៊ី។លោក ស្តុលទែនប៊ែរ ខ្លួនឯងបានទទួលស្គាល់ថា គ្មានលទ្ធភាពអះអាងដោយប្រាកដ អំពីសេចក្តីសម្រេចចិត្តចុងក្រោយរបស់អង្គការអូតង់ ចំពោះរឿងបេក្ខភាពអ៊ុយក្រែននេះទេ។ ជំនួបកំពូលអូតង់នៅសល់ពេលតែមួយខែទេ តែបើគ្មានការព្រមព្រៀងគ្នា នឹងគ្មានឡើយសេចក្តីសម្រេច។ ហើយម្យ៉ាងទៀតអូតង់អាចនឹងត្រូវមានប្រមុខដឹកនាំថ្មីផង។ ការចូលជាសមាជិកអង្គការអូតង់ ត្រូវមានការព្រមព្រៀងពីគ្រប់សមាជិក ដូច្នេះវាមិនមែនជាការងាយឡើយសម្រាប់អ៊ុយក្រែន។ សូម្បីតែបេក្ខភាពស៊ុយអែត ដែលអង្គការបានព្រមព្រៀងជាគោលការណ៍ផ្តល់ការពារឱ្យហើយ នៅតែពុំទាន់អាចចេញរួច។ សំណុំរឿងកំពុងនៅជាប់គាំង ដោយមានសមាជិកពីរ គឺតួកគី និងហុងគ្រី មិនព្រមផ្តល់សច្ចាប័ន។ លោកប្រធានអង្គការអូតង់ សង្ឃឹមទម្លាយបេក្ខភាពស៊ុយអែត ឱ្យបានមុនជំនួបកំពូលអូតង់នៅខែកក្កដាខាងមុខ ដោយគ្រោងធ្វើដំណើរទៅបញ្ចុះបញ្ចូលប្រធានាធិបតីតួកគីទើបជាប់ឆ្នោតជាថ្មី ដល់ផ្ទះនៅពេលឆាប់ៗនេះ៕
1-6-2023 • 7 minuten, 30 seconden កូរ៉េខាងជើងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ តែបានបរាជ ័យធ្លាក់ក្នុងសមុទ្រ
បន្ទាប់ពីបានប្រកាសជូនដំណឹងគេឯងឲ្យដឹង ប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ទីបំផុត នៅថ្ងៃពុធទី៣១ឧសភា កូរ៉េខាងជើង បានបាញ់បង្ហោះនូវផ្កាយរណប ដែលខ្លួនអះអាងថា ជាផ្កាយរណបស៊ើបការផ្នែកយោធា។ តែយ៉ាងណា ការបាញ់បង្ហោះនេះ បានជួបបរាជ័យ បន្ទាប់ពីយានទម្រដឹកផ្កាយរណបនេះ បានធ្លាក់ទៅក្នុងសមុទ្រលឿង ក្រោយហោះឡើងបានប៉ុន្មាននាទី។ ទោះបើបរាជ័យ ការបាញ់បង្ហោះផ្ការណបរបស់កូរ៉េខាងជើងនេះ បានបង្កឲ្យមានកា ភ័យផ្អើល ប្រកាសអាសន្ននៅកូរ៉េខាងខាងត្បូង និងនៅជប៉ុនផងដែរ ដោយខ្លាចក្រែងថា មានការវាយប្រហារដោយមីស៊ីល ពីសំណាក់កូរ៉េខាងជើង។ យោងតាមការផ្សាយរបស់បណ្តាញ ព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA គឺយានទម្រ ដឹកផ្កាយរណបឈ្មោះ Cheollima-1 បានធ្លាក់នៅក្នុងសមុទ្រខាងលិច ជាឈ្មោះហៅសមុទ្រលឿង របស់កូរ៉េខាងជើង។ បណ្តាញព័ត៌មាននេះ បានបញ្ជាក់ថា យានទាំងមូលបានហោះឡើងដោយធម្មតានៅដំណាក់កាលដំបូង តែនៅពេលនេះយាននេះចាប់ផ្តើមផ្តាច់ខ្លួន បញ្ឆេះម៉ូទ័ររុញអាផ្នែកទី២ឡើងទៅលើ ស្រាប់តែផ្នែកទី២នេះមិនអាចមានល្បឿនហោះទៅលើបាន ក៏ធ្លាក់ចុះមក។ផ្អែកតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានYonhap កូរ៉េខាងត្បូងវិញ បានឲ្យដឹងថា បំណែកយានទម្រ និងផ្កាយរណបរបស់កូរ៉េខាងជើង បានធ្លាក់នៅក្នុងសមុទ្រលឿង ចំងាយប្រមាណ២០០គីឡូម៉ែត្រ ពីកោះ Eocheong របស់កូរ៉េខាងត្បូង។ កងទ័ពកូរ៉េខាងត្បូង បានចេញទូកទៅស្រង់យកហើយ។ ទីភ្នាក់ងារព័ត៌មាននេះ បានផ្សព្វផ្សាយរូបភាពជាច្រើន បង្ហាញឲ្យឃើញបំពង់ស៊ីឡាំងដ៏ធំមួយ ដែលអាចជាយានទម្រ និងបំណែកផ្កាយរណប ដែលគេឃើញមានទុយយោនិងខ្សែភ្លើងតជ្ជាប់ជាដើម។ប្រកាសអាសន្នភ័យផ្អើលនៅកូរ៉េខាងត្បូងនិងជប៉ុននៅវេលាម៉ោងប្រមាណ ៦ និង ៤១នាទីព្រឹកថ្ងៃពុធនេះ សំឡេងស៊ីរ៉េន បានបន្លឹរន្ធាន់ពេញទីក្រុងសេអ៊ូលតែម្តង។ សម្លេងរោទិ៍ តាមទូរស័ព្ទដៃក៏បានបន្លឺឡើងដែរ ហើយបានដាស់មនុស្សឲ្យភ័យផ្អើលឈូរឆទាំងព្រឹកព្រហាម។ វាគឺជាការប្រកាសអាសន្ន ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានទេ ចេញបញ្ជាដោយសាលាក្រុងសេអ៊ូល។ ជាមួយនឹងសំឡេងស៊ីរ៉ែន រោទិ៍ឥតដាច់ អាជ្ញាធរកូរ៉េខាងត្បូង បានប្រកាសអាសន្ន ឲ្យប្រជាជនត្រូវប្រមូលការពារក្មេងៗ និងមនុស្សចាស់ឲ្យបានមុន។ ក៏ប៉ុន្តែ ប៉ុន្មាននាទីក្រោយមក ក៏ស្រាប់តែក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បានចេញប្រកាស លុបចោលការប្រកាសអាសន្ននេះវិញ ដោយលើកឡើងថា មានការភ័ន្តច្រឡំទេ។ យោងតាមទីភ្នាក់ងារ ព័ត៌មាន Yonhap ដោយផ្អែកតាមកងទ័ពកូរ៉េខាងត្បូង គឺយានបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង មិនបានសំដៅមកគំរាមទីក្រុងសេអ៊ូលទេ។បើតាមការសង្ស័យ ស្រីពេជ្រ គឺប្រហែលជាគេដោយសារតែយានអវកាសរបស់កូរ៉េខាងជើង ដែលក្នុងនោះគ្មាននរណាដឹងទេ ថាវាមានមីស៊ីលឬក៏អត់ បានបាត់ដំណឹងពីរ៉ាដាភ្លាមៗ។ ម្លោះហើយបានកើតជាការភ័យបារម្ភ ថាវាអាចធ្លាក់ចំទីកន្លែងណាមួយនៅកូរ៉េខាងត្បូង។មិនត្រឹមតែនៅកូរ៉េខាងត្បូងទេ ដែលប្រកាសអាសន្នភ័យស្លន់ស្លោ នៅជប៉ុនឯណោះក៏ភ័យមិនណយដែរ នៅព្រឹកថ្ងៃពុធនេះ។ អាជ្ញាធរកោះអូគីណាវ៉ា ស្ថិតនៅភាគខាងជើងជប៉ុន បានប្រកាសអាសន្ន ប្រាប់ឲ្យប្រជាពលរដ្ឋរកកន្លែងមានសុវត្ថិភាពជាបន្ទាន់។ ប្រហែលជា៣០នាទីក្រោយមក ទើបបានអាជ្ញាធរប្រកាសថាលែងមានអាសន្នទៀត បន្ទាប់ដឹងច្បាស់ថា យានរបស់កូរ៉េខាងជើង បានធ្លាក់ចូលសមុទ្រ។បង្ហោះផ្កាយរណប បន្លំសាកល្បងមីស៊ីលបាលីស្ទិកហេតុដែលគេរិះគន់ គឺដោយសារតែគេដឹងច្បាស់ថា កូរ៉េខាងជើង បានប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទីក ដើម្បីបាញ់បង្ហោះផ្កាយរណបនេះ។ ទង្វើនេះ គឺវាបំពាននឹងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ លោក Adam Hodge អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានលើកឡើងថា កូរ៉េខាងជើងកំពុងតែបន្លំភ្នែកពិភពលោក លួចអភិវឌ្ឍន៍បច្ចេកវិទ្យាមីស៊ីលបាលីស្ទីក ដែលទង្វើនេះគឺវាជានឹងបំផ្លាញស្ថិតភាពសន្តិសុខរបស់តំបន់ទាំងមូល។តាំងតែពីបានដំណឹង ថាកូរ៉េខាងជើងនឹងបាញ់បង្ហោះផ្កាយរណបនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង និងជប៉ុន ក៏បានថ្កោលទោសរួចទៅហើយ ព្រោះគេមិនទុកចិត្តរបបផ្តាច់ការព្យុងយ៉ាងនោះទេ។ សម្រាប់ជប៉ុននិងកូរ៉េខាងត្បូង ការបាញ់បង្ហោះផ្កាយរណប ដែលកូរ៉េខាងជើងអះអាងថាជាផ្កាយរណបឈ្លបយកការផ្នែកកងទ័ពនោះ វាគ្រាន់តែជាលេស ដើម្បីសាកល្បងបាញ់បង្ហោះយានដែលអាចភ្ជាប់ដោយមីស៊ីលបាលីស្ទិកតែប៉ុណ្ណោះ។កាលពីឆ្នាំ២០១២ និង២០១៦ កូរ៉េខាងជើងក៏បានប្រកាសថាបង្ហោះផ្កាយរណបដែរ តែធាតុពិត វាគឺជាការបាញ់សាកល្បងមីស៊ីលបាលីស្ទីក។ កាលណោះ មីស៊ីលទាំង២បានហោះរំលង ពីលើកោះអូគីណាវ៉ារបស់ជប៉ុន។ យោងតាមការវិភាគរបស់លោកស្រី Soo Kim អតីតអ្នកជំនាញម្នាក់ CIA គឺមិនយូរទេ កូរ៉េខាងជើង អាចនឹងបើកការសាកល្បងអាវុធនុយក្លេអ៊ែរជាថ្មីទៀត ព្រោះថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសមហិច្ឆតាច្បាស់ហើយថា នឹងពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដើម្បីរារាំងកុំឲ្យគេមកផ្តួលរំលំរបបដឹកនាំរបស់ខ្លួន។ផ្កាយរណបកូរ៉េខាងជើងមិនដំណើរការទេកន្លងមក កូរ៉េខាងជើងបានអះអាងថា បានបាញ់បង្ហោះផ្កាយរណបចំនួន៥លើកហើយ ក៏ប៉ុន្តែ ៣លើកគឺបានបរាជ័យ ហោះឡើងទៅលើអត់រួចទេ។ ដូច្នេះ តាមធម្មតា គឺមានផ្កាយរណប២ទេ ដែលទំនងជាស្ថិតនៅលើខ្សែអកប៊ីត។ ក៏ប៉ុន្តែ យោងតាមអ្នកជំនាញ គឺគេមិនជឿថា ផ្កាយរណបទាំង២គ្រឿងរបស់កូរ៉េខាងជើងនោះ ដំណើរការទេ ព្រោះថាអង្គភាពឯករាជ្យផ្សេងៗ មិនដែលចាប់បានរលកសញ្ញា របស់ផ្កាយរណបនោះទេ។ មានន័យថា វាអត់ដំណើរការទេ។តែយ៉ាងណា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ធ្លាប់បានលើកឡើងថា ដោយសារតែអាមេរិកនិងកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធាគម្រាមគេខ្លាំងពេក ទើបតម្រូវឲ្យគេប្រឹងប្រែងអភិវឌ្ឍន៍ផ្កាយរណប ដើម្បីឈ្លបយកការណ៍សម្ងាត់។ គឺប្រហែលជាមកពីគ្មានផ្កាយរណបដំណើរការសោះនេះ បានជាកូរ៉េខាងជើងខំប្រឹងបាញ់បង្ហោះនៅលើកនេះក៏ថាបានដែរ។ តែសំណាងអាក្រក់ វាបរាជ័យទៀត។យ៉ាងណាក៏ដោយ លោក Leif-Eric Easley សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Ewha ក្រុងសេអ៊ូល បានលើកឡើងថា រឿងបរាជ័យឬជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណប គឺវាមិនសំខាន់ទេ សម្រាប់របបផ្តាច់ការកូរ៉េខាងជើង។ អ្វីដែលសំខាន់បំផុតនោះ គឺ ការបន្លឺសំឡេងផ្ញើសារប្រាប់ទៅពិភពលោក ថាកូរ៉េខាងជើងមានមហិច្ឆតា និងសមត្ថភាពផ្នែកអវកាស។ ពោលវាគឺជាសារឃោសនា ដើម្បីអួតសំញ៉ែង ជាទម្លាប់របស់របបផ្តាច់ការ បើទោះបីការពិតជាក់ស្តែង វាមិនសូវជាអស្ចារ្យណាស់ណាក៏ដោយ៕
ហេតុអ្វីតួកគីនៅតែមិនអាចដោះដៃ ចេញពីលោករេស៊េប អ៊ែ រដូហ្កាន?
នៅទីបំផុត ប្រធានាធិបតីតួកគី ផុតអាណត្តិ លោករេស៊េប អ៊ែរដូហ្កានបានឈ្នះឆ្នោត ដឹកនាំប្រទេសមួយអាណត្តិ ៥ឆ្នាំបន្ថែមទៀត។ លទ្ធផលបឋមនៃការបោះឆ្នោត កាលពីថ្ងៃអាទិត្យម្សិលមិញ បានបង្ហាញថា លោកអ៊ែរដូហ្កាន បានទទួលសំឡេងគាំទ្រ ៥២% ច្រើនជាងគូប្រជែង គឺលោកកេម៉ាល់ គីលីច្សដារ៉ូលូ ដែលទទួលបានតែ ៤៧%។ ថ្លែងទៅកាន់អ្នកគាំទ្រ នៅប៉ុន្មានម៉ោងក្រោយ លទ្ធផលឆ្នោតបឋម កាលពីយប់ថ្ងៃអាទិត្យ លោកអ៊ែរដូហ្កាន បានសន្យាប្តូរទំព័រថ្មី ដើម្បីការរួបរួមជាតិតែមួយ។ កាន់អំណាច ដឹកនាំ តួកគី នៅ២០ឆ្នាំចុងក្រោយនេះ លោកអ៊ែរដូហ្កាន អាយុ ៦៩ឆ្នាំនឹងបន្តដឹកនាំតួកគី៥ឆ្នាំទៀត។ តួកគីដែលកំពុងបែកបាក់ជាពីរ និងរួបរឹតដោយវិបត្តិសេដ្ឋកិច្ច។ ការបោះឆ្នោតប្រធានាធិបតីតួកគីលើកនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ព្រោះថា គណបក្សប្រឆាំងធ្លាប់សង្ឃឹមច្រើនថា នឹងទទួលជ័យជំនះ បញ្ចប់សម័យដឹកនាំផ្តាច់ការរបស់លោកអ៊ែរដូហ្កាន ប្រធានាធិបតីផុតអាណត្តិដែលកំពុងធ្លាក់កូដប្រជាប្រិយដោយសារវិបត្តិសេដ្ឋកិច្ច បញ្ហាអតិផរណា ជាពិសេស បញ្ហាគ្រោះរញ្ជួយដីដែលបានសម្លាប់មនុស្សជាង ៥ម៉ឺននាក់ និងធ្វើឲ្យមនុស្សរាប់លាននាក់បាត់បង់ផ្ទះសម្បែង។ដោយសារអប្រជាប្រិយភាព របស់ប្រធានាធិបតី និងការស្រេកឃ្លានរបស់យុវជនដែលចង់ឲ្យមានការផ្លាស់ប្តូរ អ្នកវិភាគជាច្រើនធ្លាប់វាយតម្លៃ ថា លោកអ៊ែរដូហ្កាននឹងអាចបរាជ័យនៅក្នុងការបោះឆ្នោតលើកនេះ។ប៉ុន្តែ ផ្ទុយទៅវិញ លោកអ៊ែរដូហ្កាន នៅទីបំផុត នៅតែអាចទាក់ទាញសំឡេងគាំទ្រច្រើន នៅក្នុងការបោះឆ្នោត មិនថា នៅជុំទី១ និងនៅជុំទីពីរ ដែលបើកផ្លូវឲ្យលោកនៅបន្តកាន់អំណាច នៅតួកគី ៥ឆ្នាំបន្តទៀត។ លទ្ធផលបឋមនៃការបោះឆ្នោតជុំទី២បានបង្ហាញថា លោកអ៊ែរដូហ្កានបានទទួលជ័យជំនះ ដឹកនាំប្រទេសមួយអាណត្តិ ៥ឆ្នាំទៀត ជាមួយទទួលសំឡេងគាំទ្រចំនួន ៥២% ច្រើនជាង បេក្ខជន គូប្រជែង គឺលោកកេម៉ាល់ គីលីច្សដារ៉ូលូ ។ មានហេតុផលមួយចំនួនដែលធ្វើឲ្យលោកអ៊ែរដូហ្កាន នៅតែទទួលបានសំឡេងគាំទ្រច្រើន នៅក្នុងការបោះឆ្នោត។ទី១ ការប្រកាន់នយោបាយអ៊ីស្លាមនិយមបានធ្វើឲ្យរដ្ឋាភិបាលលោកអ៊ែរដូហ្កាន ទទួលបានការគាំទ្ររបស់ក្រុមអភិរក្សនិយម ដែលមានចំនួនច្រើន នៅប្រទេសតួកគី។ទី២ ក្រុមឃោសនារបស់លោកអ៊ែរដូហ្កាន ដែលគ្រប់គ្រងជាង ៩០% នៃប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេស រមែងរំលឹកពីបញ្ហាអសន្តិសុខ បើសិនតួកគី គ្មានមេដឹកនាំ តឹងរ៉ឹង ដូចជាលោកអ៊ែរដូហ្កាន។ នៅត្រង់ចំណុចនេះ គណបក្សកាន់អំណាចបានសង្កត់ធ្ងន់ពីបញ្ហាគំរាមកំហែងភេរវកម្ម ដែលរដ្ឋាភិបាលចាត់ទុកថាជាស្នាដៃរបស់ក្រុមគួដ។ គណបក្សកាន់អំណាច នៅបង្ហាញស្នាដៃច្រើនរបស់លោកប្រធានាធិបតីអ៊ែដូហ្កាន ដែលបានសម្រេច ជំរុញឲ្យតួកគី លេចមុខ ជាអ្នកដើរតួនាទីសំខាន់មួយ នៅក្នុងឆាកនយោបាយអន្តរជាតិ ដូចជានៅក្នុងសំណុំរឿងសង្រ្គាមអ៊ុយក្រែន នៅស៊ីរី។ទី៣ ប្រឈមនឹងបុរសខ្លាំង ដែលស្គាល់ និងចាក់រឹសអំណាចរបស់ខ្លួន នៅតួកគី ជាង ២០ឆ្នាំមកនេះ គឺភាពទន់ខ្សោយរបស់បក្សប្រឆាំង។ គណបក្សប្រឆាំងមានបេក្ខជនម្នាក់ គឺ លោកកេម៉ាល់ គីលីច្សដារ៉ូលូ ដែលគ្មានរូបភាពជាអ្នកដឹកនាំ អាចបញ្ចុះបញ្ចូលទាក់ទាញអ្នកបោះឆ្នោត។អាចជាជ័យជំនះចុងក្រោយរបស់លោកអ៊ែរដូហ្កាន?លោកអ៊ែរដូហ្កានទទួលជ័យជំនះ នៅក្នុងការបោះឆ្នោតដើម្បីដឹកនាំប្រទេសមួយអាណត្តិទៀតមែន ប៉ុន្តែ បើមើលឲ្យស៊ីជម្រៅ លោកអ៊ែរដូហ្កានទទួលបរាជ័យទៅវិញ ព្រោះថា ចាប់តាំងពីកាន់អំណាចដឹកនាំប្រទេស ២០ឆ្នាំមក នេះជាលើកទី១ដែលលោកអ៊ែរដូហ្កាន បានទទួលសំឡេងគាំទ្រតិចមែនទែន រហូតធ្វើឲ្យលោកត្រូវទៅប្រឈមនឹងគូប្រជែង នៅក្នុងការបោះឆ្នោត នៅជុំទី២។ លទ្ធផលឆ្នោតនៅជុំទី២ទៀតសោត បង្ហាញថា លោកអ៊ែរដូហ្កាន ដែលទទួលសំឡេងឆ្នោត ៥២% នាំមុខគូប្រជែង តែ ៤% ប៉ុណ្ណោះ ព្រោះលោក កេម៉ាល់ គីលីច្សដារ៉ូលូ បានទទួលសំឡេងឆ្នោត ៤៧,៩%។ ចង់ ឬមិនចង់ ការបោះឆ្នោតលើកនេះ បង្ហាញថា តួកគី បានបែកបាក់គ្នាជាពីរក្រុម។ គឺក្រុមអភិរក្សនិយម និងក្រុមយុវជនដែលស្រេកឃ្លានសេរីភាព ចង់ឲ្យមានការផ្លាស់ប្តូរ។តាមបេក្ខជនបក្សប្រឆាំង លោកកេម៉ាល់ គីលីច្សដារ៉ូលូ ការបោះឆ្នោតនៅតួកគីលើកនេះ ប្រព្រឹត្តទៅ ក្នុងបរិយាកាសតឹងតែង ហិង្សា បំភិតបំភ័យ ដែលមិនធ្លាប់មាន នៅក្នុងប្រវត្តិបោះឆ្នោតតួកគី។ អាចនិយាយបានថា បើសិនតួកគី រៀបចំការបោះឆ្នោតដោយសេរី ដោយគ្មានការដាក់សម្ពាធនយោបាយ នោះ អាចទៅរួច ដែលលោកអ៊ែរដូហ្កាន អាចខ្ទាតចេញពីអំណាច ដោយសារសំឡេងឆ្នោតរបស់ប្រជាជនតួកគី ដែលចង់បានសេរីភាព ដែលធុញទ្រាននឹងរបបដឹកនាំរបស់លោកអ៊ែរដូហ្កាន ដែលកាន់តែផ្តាច់ការ។ជាមួយសំលេងឆ្នោតកាន់តែតិចទៅៗ ពីអាណត្តិមួយទៅអាណត្តិមួយ ជ័យជំនះលើកនេះ អាចជាជ័យជំនះចុងក្រោយរបស់លោកអ៊ែរដូហ្កានក៏អាចថាបាន។សំណុំរឿងច្រើនដែលកំពុងរង់ចាំលោកអ៊ែរដូហ្កាននៅក្រាញដឹកនាំប្រទេស៥ឆ្នាំទៀត មិនមែនជារឿងស្រួល សម្រាប់លោកអ៊ែរដូហ្កាន ព្រោះថា មានបញ្ហាច្រើនដែលកំពុងរង់ចាំលោក ដូចជាវិបត្តិអតិផរណា ដែលកើនឡើងខ្ពស់ ដល់ទៅ ៤០% មិនធ្លាប់មាននៅតួកគី។ អត្រាអតិផរណាកើនឡើងខ្ពស់ ក៏ដោយសារតែ លោកអ៊ែរដូហ្កានខ្លួនឯងបញ្ចុះអត្រាការប្រាក់ឲ្យទាបខ្លាំង ក្នុងគោលដៅ ទប់ទល់នឹងទំនិញឡើងថ្លៃ។បញ្ហាចំពោះមុខទី ២ គឺគ្រោះមហន្តរាយបង្កឡើងដោយគ្រោះរញ្ជួយដី កាលពីខែ មេសាកន្លងទៅដែលកំពុងអូសទាញសេដ្ឋកិច្ចតួកគី ឲ្យដើរថយក្រោយ។ គេវាយតម្លៃថា តួកគី ត្រូវការប្រមាន ១០០ពាន់លានដុល្លារ ដើម្បីសាងសង់ឡើងវិញ នៅក្រោយ គ្រោះរញ្ជួយដី។ វាជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលរដ្ឋាភិបាលលោកអ៊ែរដូហ្កាន ត្រូវរកឲ្យបាន។មេដឹកនាំក្នុងពិភពលោកស្វាគម ទន្ទឹងចាប់ដៃធ្វើការសាជាថ្មីជាមួយលោកអ៊ែរដូហ្កានតាំងពីព្រឹកថ្ងៃចន្ទទី ២៩ឧសភា មេដឹកនាំនៅក្នុងពិភពលោក ដែលមានតាំងពីលោកចូ បៃដិន ប្រធានាធិបតីបារាំង ប្រធានាធិបតីអង់គ្លេស ប្រធានាធិបតីរុស្ស៊ី និងរដ្ឋាភិបាលចិន បានផ្ញើសារអបអរ ជ័យជំនះរបស់លោកអ៊ែរដូហ្កាន នៅក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីថ្ងៃអាទិត្យ។សារជូនពរ មានតាំងពីគ្រប់ទិស តាំងពីខាង ប្រទេសលោកខាងលិច និងពីខាងរុស្ស៊ី ចិន ប៉ុន្តែ គេអាចដឹងថាអ្នកដែលសប្បាយចិត្ត ត្រេកអរខ្លាំងជាងគេ ដែលឃើញលោកអ៊ែរដូហ្កាននៅបន្តដឹកនាំតួកគី គឺលោកពូទីន ប្រធានាធិបតីរុស្ស៊ី ដែលបានពង្រឹងសម្ព័ន្ធភាពកាន់តែជិតដិតខ្លាំងនឹងលោកអ៊ែរដូហ្កាន។ លោកពូទីនពេញចិត្តនឹងឲ្យលោកអ៊ែរដូហ្កាននៅបន្តជាប្រធានាធិបតីតួកគី ព្រោះថា លោកអ៊ែរដូហ្កាន ជាមេដឹកនាំម្នាក់ ដែលមិនញញើត មិនខ្វល់ពីការដាក់សម្ពាធរបស់ប្រទេសលោកខាងលិច ជាពិសេសអាមេរិក។អ្នកដែលអាចខកចិត្តនឹងឃើញ លោកអ៊ែរដូហ្កាននៅបន្តកាន់អំនាចដឹកនាំតួកគី គឺក្រុមប្រទេសលោកខាងលិច ដូចជាអាមេរិក និងសហភាពអឺរ៉ុបដែលមានទំនាក់ទំនងមិនសូវរលូនប៉ុន្មានជាមួយមេដឹកនាំតួកគី។ ក្រោមការដឹកនាំរបស់លោកអ៊ែរដូហ្កាន តួកគីបានងាកទៅជិតស្និទ្ធនឹងរុស្ស៊ី។ តួកគីជាសមាជិករបស់អូតង់ បែរជាងាកទៅទិញមីស៊ីលពីរុស្ស៊ី និងឈ្លោះដណ្តើមប្រេងជាមួយក្រិកដែលជាសមាជិកអឺរ៉ុប អូតង់។ ស៊ុយអែតផ្ទាល់ដែលចង់ក្លាយជាសមាជិកអូតង់ ខកចិត្តខ្លាំងជាងគេ ដោយសារលោកអ៊ែរដូហ្កានប្រឆាំងដាច់ខាត មិនគាំទ្របេក្ខភាពរបស់ស៊ុយអែត។សម្រាប់ប្រទេសលោកខាងលិច ជាពិសេសអាមេរិក គេចង់ឲ្យមានការផ្លាស់ប្តូរមេដឹកនាំតួកគី ប៉ុន្តែ បើតួកគី ជ្រើសរើសលោកអ៊ែរដូហ្កានឲ្យដឹកនាំបន្តទៀត នោះ គេក៏គ្មានជម្រើសអ្វីផ្សេងដែរ ក្រៅតែពីបន្តសហការ សរសេរសារអបអរ ព្រោះចង់ មិនចង់ តួកគីជាសមាជិកសំខាន់របស់អូតង់ និងដើរតួនាទីមិនអាចខ្វះបាន នៅក្នុងបរិបទភូមិសាស្រ្តនយោបាយ នៅអឺរ៉ុប និងនៅដើមបូព៌ា។
29-5-2023 • 7 minuten, 58 seconden អាមេរិករកឃើញ កិច្ចព្រមព្រៀងជាគោលការណ៍ បញ្ចៀសវិបត្តិបំណុលសាធារណៈ
បន្ទាប់ពីចរចាគ្នាអស់ជាច្រើនថ្ងៃនិងយ៉ាងតានតឹងមក នៅទីបំផុត លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានសភាអ្នកតំណាងបក្សសាធារណរដ្ឋ លោក គេវីន ម៉ាកខាធី Kevin McCathy បានស្រុះស្រួលគ្នាបញ្ចៀសវិបត្តិខ្វះប្រាក់សងបំណុល។ បើតាមព័ត៌មានបឋម ភាគីទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍ ដំឡើងកំរិតអតិបរិមានៃប្រាក់បំណុលសាធារណៈ ជាថ្នូរនឹងការបន្ថយចំណាយសាធារណៈ។ នៅថ្ងៃអាទិត្យនេះ បុរសរដ្ឋទាំងពីរត្រូវជួបពិភាក្សាគ្នាជាថ្មីទៀត ដើម្បីបង្ហើយកិច្ចព្រមព្រៀង សម្រាប់ដាក់ជូនសភានិងព្រឹទ្ធសភាអនុម័តនៅថ្ងៃពុធខាងមុខ។
នៅក្នុងសុន្ទរកថាដ៏ខ្លី ល្ងាចមិញ លោកប្រធានសភាអាមេរិកនៃបក្សសាធារណរដ្ឋ បាន ប្រកាសថារកឃើញការព្រមព្រៀងថវិកាមួយ ដ៏សក្តិសមសម្រាប់ប្រជាពលរដ្ឋអាមេរិក។ លោកបានសម្តែងអំណរចំពោះការកាត់បន្ថយជាប្រវត្តិសាស្ត្រ ការចំណាយសាធារណៈ ដែលមានចែងក្នុងកិច្ចព្រមព្រៀង និងដែលបក្សសាធារណរដ្ឋបានទាមទាររហូតមក។
ចំណែក លោកចូ បៃដិន ប្រធានាធិបតីអាមេរិកវិញ ពន្យល់ថា អាចសម្រុះសម្រួលគ្នាបានមានន័យថា ម្នាក់ៗមិនអាចទទួលទាំងស្រុងនូវអ្វីដែលខ្លួនចង់បានទេ តែលោកបានធានាថាក្នុងកិច្ចព្រមព្រៀងនេះ ពិតជាមានការកាត់បន្ថយចំណាយសាធារណៈមែន តែការពារកម្មវិធីសង្គមនិងសាធារណៈសំខាន់ៗដដែល និងជាពិសេសជាដំណឹងល្អសម្រាប់អាមេរិកដែលនឹងគេចផុតពីវិបត្តិខ្វះប្រាក់សងបំណុល។
គេនៅមិនទាន់ដឹងអំពីខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងជាគោលការណ៍នេះទេ។ ប៉ុន្តែបើតាមប្រភពស្និទ្ធនឹងការចរចា រដ្ឋាភិបាលនិងបក្សប្រឆាំងព្រមព្រៀង ដំឡើងកំរិតអតិបរមានៃប្រាក់បំណុលសាធារណៈរយៈពេលពីរឆ្នាំ ពោលគឺ ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ទៅទៀត។ ហើយក្នុងអំឡុងពេលពីរឆ្នាំនោះ រដ្ឋាភិបាលត្រូវកាត់បន្ថយចំណាយសាធារណៈ តែមិនកាត់ខ្លាំងដូចការចង់បានរបស់បក្សសាធារណរដ្ឋពីដំបូងទេ។ ចំណាយពាក់ព័ន្ធនឹងវិស័យការពារជាតិ នៅរក្សាទុកដដែលនៅឆ្នាំក្រោយ ទាល់តែឆ្នាំ២០២៥ទើបមានកើនបន្តិច។ កម្មវិធីជំនួយសហព័ន្ធខ្លះត្រូវកែប្រែ តែបើតាមប្រភពដដែល កិច្ចព្រមព្រៀងនៅតែការពារច្បាប់ប្រឆាំងនឹងអតិផរណា និងផែនការបន្ថយបំណុលនិស្សិតដដែល។
លោកប្រធានសភាត្រូវជួបពិភាក្សាជាមួយលោកប្រធានាធិបតី នៅថ្ងៃអាទិត្យនេះជាថ្មីទៀត ដើម្បីបង្ហើយកិច្ចព្រមព្រៀង ហើយអាចផ្សព្វផ្សាយនៅក្នុងថ្ងៃនេះតែម្តង មុននឹងបញ្ជូនទៅឱ្យសភានិងព្រឹទ្ធសភាអនុម័ត នៅថ្ងៃពុធទី ៣១ឧសភាខាងមុខ។ មេដឹកនាំទាំងពីរ ក៏ត្រូវបន្តបញ្ចុះបញ្ចូលសមាជិកសភានិងព្រឹទ្ធសភា មួយចំនួនទៀតដែលខ្លះមានគំនិតប្រឆាំងខ្លាំង មិនចង់ធ្វើសម្បទានឱ្យគូបដិបក្សទេ។
កំរិតអតិបរិមានៃប្រាក់បំណុលសាធារណៈជាអ្វី ?
នៅអាមេរិក ការកំណត់កំរិតអតិបរមានៃប្រាក់បំណុលសាធារណៈ មានកំណើតតាំងពីសង្គ្រាមលោកលើកទីមួយមក នៅពេលសហរដ្ឋអាមេរិកចង់សម្រួលដំណើរបែបបទខ្ចីលុយ មកធ្វើសង្គ្រាម ដោយមិនបាច់ពិបាកទៅសុំការអនុញ្ញាតពីព្រឹទ្ធសភា ជារៀងរាល់លើក។ ព្រឹទ្ធសភាសម្រេចកំណត់ត្រឹមអត្រាអតិបរមាដែលមិនត្រូវឱ្យហួស។ តាំងពីឆ្នាំ១៩៦០មក ព្រឹទ្ធសភាបានដំឡើងកំរិតអតិបរមានៃប្រាក់បំណុលសាធារណៈចំនួន ៧៨ដងហើយ។
សម្រាប់ពេលនេះ សភាបានបោះឆ្នោតអនុម័ត និងអនុញ្ញាតឱ្យរដ្ឋាភិបាលមានបំណុលសាធារណៈ ជាអតិបរមា ៣១៤០០ពាន់លានដុល្លារ។ តែបំណុលសាធារណៈរបស់រដ្ឋាភិបាលលោកបៃដិន បានឡើងដល់កំរិតអតិបរមានេះ តាំងពីខែមករា ដើមឆ្នាំ ហើយតាំងពីនោះ មក អាមេរិកបង់វិក័យប័ត្រផ្សេងៗ ដោយសារកញ្ចប់ថវិកាបន្ទាន់ប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជាលោកបៃដិនត្រូវចរចាដំឡើងជាមួយសភា។ ចំណែកសភាដែលគ្រប់គ្រងដោយបក្សប្រឆាំងក៏ឆ្លៀតប្រើដំណើរច្បាប់នេះជាសម្ពាធនយោបាយ។
វិបត្តិប្រាក់បំណុលនិង វិបត្តិជាប់គាំងថវិកា Shutdown?
នេះគឺជាយន្តការពីរផ្សេងគ្នា ដែលគ្មានពាក់ព័ន្ធគ្នាទេ បើទោះបីអ្នកប្រឆាំងសំលៀងមាត់ត្រៀមចាំវាយប្រហារពេលជជែកអំពីកញ្ចប់ថវិកាប្រចាំឆ្នាំក៏ដោយ។
បើតាមវិទ្យាស្ថានសិក្សាសេដ្ឋកិច្ច Brookings Institution ការដំឡើងកំរិតអតិបរមានៃបំណុលសាធារណៈ ធ្វើឡើងសម្រាប់បង់សងលើចំណាយដែលកំណត់រួច ចំណែកឯវិបត្តិថវិកា ដែលអាចនាំឱ្យស្ថាប័នរដ្ឋបាលសហព័ន្ធមួយចំនួនត្រូវបិទទ្វារនោះ មានពាក់ព័ន្ធនឹងការចំណាយអនាគត។ ជាចំណាយប្រចាំឆ្នាំដែលរដ្ឋាភិបាលត្រូវលើកគម្រោងថវិកាស្នើទៅសភាខុនហ្កេស ជារៀងរាល់ឆ្នាំនៅរដូវស្លឹកឈើជ្រុះ (ចុងឆ្នាំ)។ សភាអាមេរិកត្រូវអនុម័តច្បាប់ថវិកាប្រមាណ១២កញ្ចប់ ទាក់ទងនឹងក្រសួងសំខាន់ៗរបស់ប្រទេស។ បើសភាមិនអនុម័តកញ្ចប់ថវិកាក្រសួងណាមួយ នោះរដ្ឋាភិបាលមិនអាចមានលុយចំណាយក្នុងក្រសួងនោះ ហើយភ្នាក់ងារសាធារណៈក្រសួងនោះ គ្មានជម្រើសអ្វីក្រៅអំពីផ្អាកសកម្មភាពមិនចាំបាច់ ដូចដែលយើងធ្លាប់ឃើញកន្លងមក គឺបុគ្គលិករដ្ឋការត្រូវឈប់នៅផ្ទះ សេវាសាធារណៈខ្លះត្រូវបិទទ្វារ។ នៅឆ្នាំ២០១៣ ច្បាប់អូបាមាឃែរ បានធ្វើអាមេរិកជួបវិបត្តិជាប់គាំងថវិកា Shutdown អស់១៦ថ្ងៃនិងនៅឆ្នាំ២០១៨ អស់៣៥ថ្ងៃ ដោយសភាប្រឆាំងនឹងការសង់ជញ្ជាំងអន្តោប្រវេសន៍។
បើគ្មានការដំឡើងកំរិតអតិបរមា វិបត្តិបំណុលអាចធ្ងន់ធ្ងរជាងវិបត្តិថវិកាShutdown ទៅទៀត ព្រោះចាប់ពីថ្ងៃទី៥មិថុនាទៅ អាមេរិកគ្មានលទ្ធភាពបើកប្រាក់ខែឱ្យបុគ្គលិករដ្ឋ បើកប្រាក់សោធននិវត្តន៍ ឬសងបំណុលគេទេ ... ភ្នាក់ងារវាយតម្លៃហានិភ័យបំណុល Fitch បានដាក់អាមេរិកក្រោមការតាមដានតាំងពីថ្ងៃព្រហស្បតិ៍មក ជាមួយចំណាត់AAA ដោយអះអាងថា គ្មានកិច្ចព្រមព្រៀង គឺជាសញ្ញាអវិជ្ជមានផ្នែកអភិបាលកិច្ច។ នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានរិះគន់ដែរថាអាមេរិកមិនគួរធ្លាក់ក្នុងស្ថានភាពតានតឹងបែបនេះសោះ។
កិច្ចព្រមព្រៀងយប់មិញ ជាខ្យល់អុកស៊ីហ្សែនបក់ផ្លុំទីផ្សារហិរញ្ញវត្ថុឱ្យបានធូរស្បើយអារម្មណ៍បន្តិច ព្រោះថ្វីបើទីផ្សារមិនស្លន់ស្លោមែន តែគ្រប់គ្នាចាប់ទន្ទឹងលទ្ធផលហើយ។ តាមទម្លាប់ ក្នុងសំណុំរឿងបែបនេះ មេដឹកនាំអាមេរិកតែងព្រមព្រៀងគ្នា នៅនាទីចុងក្រោយ៕
28-5-2023 • 7 minuten, 20 seconden បរិស្ថាន ៖ ជំហានថ្មីឆ្ពោះទៅរកសន្ធិសញ្ញាអន្តរជាតិប្រឆាំងនឹងបរិស្ថានពុលដោយប្លាស្ទិក ?
ពីថ្ងៃទី២៩ឧសភា ដល់ថ្ងៃទី២មិថុនា សប្តាហ៍ក្រោយ តំណាង១៧៥ប្រទេស ត្រូវមកជួបជុំគ្នានៅទីក្រុងប៉ារីស ដើម្បីបើកកិច្ចចរចាជុំទីពីរដែលមានគោលដៅឈានទៅបង្កើតសន្ធិសញ្ញាអន្តរជាតិប្រឆាំងនឹងបរិស្ថានពុលដោយសារធាតុប្លាស្ទិក ឲ្យបាន នៅត្រឹមចុងឆ្នាំ២០២៤។ ប៉ុន្តែដើម្បីផ្តល់សន្ទុះដល់ការកិច្ចចរចានេះ បារាំង ក្នុងនាមជាម្ចាស់ផ្ទះ បានរៀបចំជំនួបកំពូលជាន់ខ្ពស់ ផ្តុំដោយរដ្ឋមន្ត្រីនិងអ្នកការទូតមកជាង៤០ប្រទេស តាំងពីថ្ងៃសៅរ៍ទី ២៧នេះទៅតែម្តង។
នៅថ្ងៃសៅរ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេសនិងបរិស្ថានបារាំង បានទទួលជួបតំណាងរដ្ឋ-រដ្ឋាភិបាលជាង៤០ប្រទេស ដើម្បីផ្តល់សន្ទុះនយោបាយដល់ការចរចាបង្កើតសន្ធិសញ្ញាអន្តរជាតិប្រឆាំងនឹងបរិស្ថានពុលដោយប្លាស្ទិក ដែលកំពុងចោទជាបញ្ហាកាន់តែខ្លាំងឡើងៗសម្រាប់ពិភពលោក។
សំរាមប្លាស្ទិកជាទ្វីបទី៧នៃផែនដី
តួលេខនៃបរិស្ថានពុលដោយប្លាស្ទិក គឺសម្បើមខ្លាំងណាស់ ! ប្លាស្ទិក ដែលផលិតចេញពីប្រេងកាត មាននៅគ្រប់ទិសទី និងក្នុងស្ទើរគ្រប់មុខ ៖ ជារបស់សម្រាប់វេចខ្ចប់ ជាសរសៃក្នុងក្រណាត់ ក្នុងសម្លៀកបំពាក់ ក្នុងវត្ថុសំណង់ ក្នុងគ្រឿងបរិក្ខារពេទ្យ ... ផលិតផលប្លាស្ទិកប្រចាំឆ្នាំបានកើនឡើងជាងពីរដងក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ពោលគឺ ៤៦០លានតោនក្នុងមួយឆ្នាំៗ។ ផលិតផលប្លាស្ទិកនឹងមានកំណើនដល់ទៅបីដង នៅឆ្នាំ២០៦០ ប្រសិនបើគ្មានវិធានការអ្វីទេនោះ។ ហើយមិនដល់មួយឆ្នាំទេ ៨១%នៃផលិតប្លាស្ទិកនោះ នឹងក្លាយជាសំរាម។ នេះបើតាមការវាយតម្លៃរបស់អង្គការសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច OCDE។ សំណល់ប្លាស្ទិកច្រើនពេករហូតមានការប្រៀបធៀបថា ទ្វីបទី៧ របស់ភពផែនដី គឺភពសំរាមប្លាស្ទិកនៅកណ្តាលមហាសមុទ្ទប៉ាស៊ីហ្វិក។
ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភខ្លាំងនោះ គឺក្នុងចំណោមសំរាមប្លាស្ទិកទាំងនោះ មានមិនដល់១០%ទេ ដែលគេយកមកកែច្នៃប្រើឡើងវិញ។ ឯជាងពីរភាគបីទៀត ត្រូវក្លាយជាសំណល់ចោលក្នុងធម្មជាតិ ក្រោយពីបានប្រើប្រាស់តែម្តង ឬពីរបីដងយ៉ាងច្រើន។ ផលវិបាកនៃសំណល់ប្លាស្ទិកនេះ ជាតំណាងមហន្តរាយខ្លាំងណាស់ មិនមែនចំពោះតែសត្វទេ សុខភាពមនុស្សខ្លួនឯងក៏រងគ្រោះថ្នាក់ខ្លាំងដែរ។
សំរាមប្លាស្ទិកមានគ្រប់ធុន តាំងពីដុំធំ ទៅ ល្អិតហ្មត់ផង់មើលមិនឃើញនឹងភ្នែក បានប៉ើងអណ្តែតដល់បាតមហាសមុទ្ទ ដល់ក្នុងផ្ទាំងទឹកកកនៅតំបន់ប៉ូល ដល់កំពូលភ្នំហេមពាន្ត និងក្នុងខ្យល់។ សូម្បីតែក្នុងខ្លួនប្រាណមនុស្សយើងសព្វថ្ងៃក៏មានសារធាតុពុលប្លាស្ទិកចូលទៅដល់ដែរ។ ក្នុងមួយអាទិត្យ យើងលេប ប្លាស្ទិក ក្នុងទំហំប៉ុន ក្រេឌីខាត។ ផលិតចេញពីប្រេងកាត ផលិតផលប្លាស្ទិក ដែលជួនមានលាយសារជាតិគីមីបន្ថែមទៀត មានរកឃើញនៅក្នុងឈាម និងទឹកដោះម្តាយ ទៀតផង។ បើតាមការគណនារបស់អ្នកវិទ្យាសាស្ត្របារាំង កាលពីសប្តាហ៍មុន ក្នុងខ្យល់បរិយាកាសដែលយើងស្រូបដង្ហើមចេញចូលជារៀងរាល់ថ្ងៃ មានធាតុប្លាស្ទិកតូចល្អិតមើលមិនឃើញដោយផ្ទាល់ភ្នែក ប្រមាណ៤០ទៅ៤៨គីឡូ ក្នុងមួយថ្ងៃៗ ហោះតោងក្នុងផ្ទៃអាកាសក្រុងប៉ារីស។
ជាចុងក្រោយ សូមកុំភ្លេចថា ប្លាស្ទិកមានចំណែកធំណាស់ ធ្វើឱ្យឡើងកម្តៅអាកាសធាតុ ព្រោះ ឧស្សាហកម្មប្លាស្ទិកបញ្ចេញឧស្ម័នផ្ទះកញ្ចក់១៨០០លានតោននៅឆ្នាំ២០១៩ និងដល់ទៅ ១៧%នៃឧស្ម័នកាបូនិកពិភពលោក នៅឆ្នាំ២០៦០។
សន្ធិសញ្ញាអន្តរជាតិប្រឆាំងនឹងបរិស្ថានពុលដោយប្លាស្ទិក
ដោយយល់អំពីមហន្តរាយដ៏ធ្ងន់ធ្ងរបន្សល់ទុកដោយប្លាស្ទិក ចំពោះធម្មជាតិនិងសុខភាពមនុស្ស ទើបអង្គការសហប្រជាជាតិចង់សម្រេចបង្កើតសន្ធិសញ្ញាអន្តរជាតិប្រឆាំងនឹងបរិស្ថានពុលដោយប្លាស្ទិក ឱ្យបាននៅដំណាច់ឆ្នាំ២០២៤ ដើម្បីកំណត់អំពីយន្តការគ្រប់គ្រងប្លាស្ទិក ចាប់តាំងពីដំណាក់កាលផលិត ដំណាក់កាលប្រើប្រាស់ រហូតទៅដល់ដំណាក់កាលគ្រប់គ្រងសំណល់ប្លាស្ទិក ក្នុងកម្មវត្ថុដ៏ចម្បងបំផុតមួយគឺ កាត់បន្ថយការប្រើប្រាស់ និងផលិតប្លាស្ទិក។
ក្រុមអ្នកការពារបរិស្ថាន ជាក់ស្តែងតំណាងអង្គការ គ្មានសំរាមប្លាស្ទិកសោះរបស់បារាំង ឬមូលនិធិវិទ្យាសាស្ត្រ Taraមហាសមុទ្ទ យល់ថាគេចាំបាច់ត្រូវរកដំណោះស្រាយមិនមែនត្រឹមរឿងកែច្នៃផលិតប្លាស្ទិកឡើងវិញទេ គឺត្រូវបន្ថយប្រភពនៃបញ្ហា គឺបន្ថយ បញ្ចុះផលិតផលប្លាស្ទិកនៅលើពិភពលោក ឱ្យបានលឿន ដោយត្រូវបន្ថយប្រភេទប្លាស្ទិក និងហាមឃាត់តែម្តងសារធាតុដើមណា ឬសារធាតុគីមីបន្ថែមណាដែលផលិតគ្រឿងប្លាស្ទិកពុលខ្លាំង។
សន្ធិសញ្ញាអន្តរជាតិ ចង់គិតគូរដល់ផលិតផលដែលប្រើប្រាស់ប្រចាំថ្ងៃឡើងវិញ និងចែងឱ្យពិភពលោក ត្រូវតែប្តូរវិធីវេចខ្ចប់ និងដឹកជញ្ជូន ដោយបញ្ចប់ការប្រើប្រាស់វត្ថុតែម្តងគ្រវាត់ចោល ហើយត្រូវគ្រប់គ្រងនិងកែច្នៃសំណល់ប្លាស្ទិកឱ្យបានប្រសើរឡើង។ នៅប្រទេសជឿនលឿន ដូចយ៉ាងនៅអឺរ៉ុប ជាពិសេសអឺរ៉ុបខាងជើង មានហើយច្បាប់ហាមឃាត់ការផលិតផលរបស់ប្រើម្តងចោល ឬកែច្នៃសំរាមប្លាស្ទិកនោះ តែយន្តការនេះនៅខ្វះខាតខ្លាំងសម្រាប់បណ្តាប្រទេសក្រីក្រកំពុងអភិវឌ្ឍ។
ភាគីបារាំងជាម្ចាស់ផ្ទះ បានបង្ហាញ ជំនឿថាអត្ថបទច្បាប់គោលនៃសន្ធិសញ្ញា នឹងអាចប្រសូតចេញពីកិច្ចចរចានៅប៉ារីស ដែលជាដំណាក់កាលទីពីរ សម្រាប់យកទៅជជែកសម្រួល នៅក្នុងកិច្ចចរចាបន្តបន្ទាប់ទៀត ចំនួនបីដងទៀត។
ប៉ុន្តែតើអត្ថបទច្បាប់របស់សន្ធិសញ្ញាអន្តរជាតិនឹងមានតម្លៃអនុវត្តជាក់ស្តែងយ៉ាងណា ? នេះជាបញ្ហាមួយទៀត ដែលសម្ព័ន្ធក្រុមប្រទេសអ្នកផ្តួចផ្តើមចំនួន៥៤ប្រទេស ដឹកនាំដោយ រវ៉ាន់ដា និងន័រវែស ព្រមទាំងសហភាពអឺរ៉ុប តែក៏មានដែរបារាំង កាណាដា ម៉ិចស៊ិក អូស្ត្រាលី និងជប៉ុន កំពុងប្រឹងបញ្ចុះបញ្ចូល ធ្វើយ៉ាងណាសន្ធិសញ្ញាអន្តរជាតិប្រឆាំងនឹងសារធាតុពុលប្លាស្ទិក ដើម្បីលុបបំបាត់សំរាមប្លាស្ទិកទាំងស្រុងនៅឆ្នាំ២០៤០ មានតម្លៃត្រូវតែគោរពតាមផ្លូវច្បាប់។
ដើម្បីលើកតម្លៃនៃសន្ធិសញ្ញា ត្រូវមានការអនុម័តដោយបោះឆ្នោត ជាសំឡេងភាគច្រើន ឬជាឯកច្ឆ័ន្ទ ? ជម្រើសល្អគឺការអនុម័តជាឯកច្ឆ័ន្ទ តែក្រុមLobby ការពារថាមពលផូស៊ីល និងប្រទេសដែលមានឧស្សាហកម្មប្លាស្ទិកកំពុងរីកចម្រើន ត្រូវការការពារទីផ្សារការងាររបស់ពួកគេដែរ។ ដោយមិនរាប់រុស្ស៊ី ចិន ឥណ្ឌា ប្រេស៊ីល សហរដ្ឋអាមេរិក ពុំសូវមានមហិច្ឆតាប្រយុទ្ធប្រឆាំងនឹងបរិស្ថានពុលប្លាស្ទិកទេ។ ពួកគេហាក់មិនសូវចង់ប្តូរទម្លាប់ឡើយ ដោយទទូចចង់ត្រឹមគិតគូរខ្លាំងដល់ការកែច្នៃឡើងវិញនិងប្រយុទ្ធប្រឆាំងនឹងការបោះបង់សំណល់ប្លាស្ទិក តែប៉ុណ្ណោះ។
នៅចំពោះមុខចរន្តបញ្ច្រាសគ្នាខ្លាំងដូច្នេះ មហិច្ឆតារបស់ក្រុមអ្នកការពារបរិស្ថានខ្លាំង ត្រូវតែចុះថយ បើចង់ឃើញសន្ធិសញ្ញាអន្តរជាតិអាចកើតជារូបរាងបាន៕
27-5-2023 • 7 minuten, 58 seconden សកម្មជនបរិស្ថានចូលលុកលុយរំខានមហាសន្និបាតម្ចាស់ភា គហ៊ុនក្រុមហ៊ុនតូតាល់
នៅទីក្រុងប៉ារីស ថ្ងៃសុក្រទី២៦ឧសភា ក្រុមបាតុករ ច្រើនរយនាក់ ជាក្រុមសកម្មជនការពារបរិស្ថានអាកាសធាតុ មកពីអង្គការផ្សេងៗគ្នា បានធ្វើបាតុកម្មលុកលុយរំខានមហាសន្និបាតម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុនប្រេងនិងថាមពល តូតាល់។ ប៉ូលិសបារាំង បានបំបែកហ្វូងបាតុករ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួនបាតុករខ្លះផង។ ទោះបីជារំខានយ៉ាងណាក្តី មហាសន្និបាតប្រចាំឆ្នាំ របស់ម្ចាស់ភាគហ៊ុន តូតាល់ នៅតែបន្តធ្វើឡើង ដូចតាមការគ្រោងទុក។ ទន្ទឹមនឹងគ្នានេះដែរ រដ្ឋាភិបាលបារាំង ក៏បានអំពាវនាវ ឲ្យ តូតាល់ បង្កើនការវិនិយោគទុនលើវិស័យថាមពលបៃតង។
យ៉ាងហោច បាតុករ ៤ នាក់ ត្រូវចាប់ខ្លួន។
បាតុករ ប្រមាណជា ២០០ ទៅ៤០០នាក់ ផ្តុំគ្នានៅមុខកន្លែងធ្វើមហាសន្និបាត របស់ក្រុមហ៊ុនតូតាល់ នៅកណ្តាលក្រុងប៉ារីស។ ក្រុមបាតុករសកម្មជនបរិស្ថាន គឺសហការគ្នាពី សមាគម និងអង្គការច្រើនផ្សេងគ្នា គឺមាន Amis de la Terre, ANV-COP21, Attac, Greenpeace, Scientifiques en rébellion និង Extinction Rebellion ជាដើម។ល។ គោលបំណងគឺទាមទារឲ្យក្រុមហ៊ុនគិតគូរពីបរិស្ថានអាកាសធាតុ និងចូលរួមកាត់បន្ថយកម្តៅផែនដី ស្របតាមកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ២០១៥ ដែល ក្រុមហ៊ុនតូតាល់ខ្លួនឯង ក៏ធ្លាប់បានសន្យាដែរ។
គ្រាន់តែត្រីមាសទី១ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនតូតាល់ប្រកាសថាចំណេញប្រាក់បាន ៤០ ពាន់លានដុល្លារ។ ក៏ប៉ុន្តែ ចំពោះបាតុករវិញ គឺមិនសប្បាយចិត្តទេ។ បាតុករយល់ថា ក្រុមហ៊ុនថាមពលប្រេងនិងឧស្ម័ន តូតាល់ ចំណេញប្រាក់ព្រោះតែបំពុលនិងបំផ្លាញភពផែនដី។ ថ្ងៃសុក្រនេះ ពួកគេបានស្រែក និងលើកបដាថា ក្រុមហ៊ុនតូតាល់ ជា«ឧក្រិដ្ឋជន ឃាតករ» ទៀតផង។
នគរបាលបារាំង បានបំបែកហ្វូងបាតុករ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និង ចាប់ខ្លួនបាតុករ ៤ នាក់ដែរ។ បន្ទាប់ពីប៉ះទង្គិចគ្នាភ្លាមៗ ប៉ូលិសបារាំង ប្រាប់អ្នកកាសែត ថា កិច្ចប្រជុំរបស់តូតាល់ត្រូវបិទហើយ។ ក៏ប៉ុន្តែ នៅទីបំផុតទៅ ទោះបីមានការរារាំងរំខានក្តី មហាសន្និបាតម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុនតូតាល់ ក៏បានចាប់ផ្តើមដូចតាមការគ្រោងទុក ប្រហែលម៉ោង១០ព្រឹក នៅស្រុកបារាំង។ ពេលថ្លែងសុន្ទរកថាបើកមហាសន្និបាត អគ្គនាយកក្រុមហ៊ុនតូតាល់ លោក Patrick Pouyanné បានបង្ហាញក្តីសោកស្តាយដែលត្រូវរឹតបន្តឹងសុវត្ថិភាពខ្លាំង ដោយស្នើសុំឲ្យនគរបាលជួយពិនិត្យឆែកឆេរ នៅមាត់ច្រកចូល និងដាក់វិធានការហាម អ្នកកាសែត និង ម្ចាស់ភាគហ៊ុន មិនឲ្យយកទូរសព្ទចូល ជាដើម។
រដ្ឋាភិបាលបារាំង អំពាវនាវ ឲ្យ តូតាល់ បង្កើនការវិនិយោគទុនលើវិស័យថាមពលបៃតង។
រដ្ឋាភិបាលបារាំង បានជំរុញឲ្យក្រុមហ៊ុនថាមពល TotalEnergies វិយោគទុន ទៅលើវិស័យថាមពលបៃតង ថាមពលកកើតឡើងវិញ ឲ្យបានជាបន្ទាន់ ហើយនិង ត្រូវធ្វើឲ្យលឿនឆាប់រហ័ស។ នេះជាការអំពាវនាវជំរុញ ពីសំណាក់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបារាំង អ្នកស្រី Agnès Pannier-Runacher មានប្រសាសន៍នៅវិទ្យុបារាំង FranceInfo ថ្ងៃសុក្រនេះ។
រដ្ឋមន្ត្រីបរិស្ថានបារាំង បានជំរុញឲ្យក្រុមហ៊ុនថាមពលតូតាល់បញ្ចេញបញ្ចប់ថវិការវិនិយោគទុនដល់ថាមពលស្អាតស្អំ តាមការទាមទាររបស់បាតុករបរិស្ថាន មែន ប៉ុន្តែ ទន្ទឹមនឹងគ្នានេះ អ្នកស្រីរដ្ឋមន្ត្រីក៏ស្តីបន្ទោសបាតុករដែរ ថាធ្វើបាតុកម្មមិនបានប្រកាសដំណឹងជាមុន នាំឲ្យរំខានដល់សណ្តាប់ធ្នាប់។
ការឆាឆាវរំខានកិច្ចប្រជុំនានារបស់ក្រុមហ៊ុនប្រេងនិងក្រុមហ៊ុនថាមពល ពីសំណាក់ក្រុមសង្គមស៊ីវិលអ្នកការពារបរិស្ថានអាកាសធាតុ គឺមិនមែនជាលើកទី១ នៅថ្ងៃនេះទេ។ ថ្ងៃអង្គារ៍ ទី២៣ ឧសភា ក្នុងសប្តាហ៍នេះ ក្រុមអ្នកសកម្មជនបរិស្ថាន ក៏បានបាតុកម្មអុកលុកក្នុងកម្មវិធីមហាសន្និបាតរបស់ក្រុមហ៊ុនប្រេង Shell របស់អង់គ្លេស នៅក្រុងឡុងដ្រ៍ ហើយនិងរំខានដែរ ដល់ កម្មវិធី របស់ ធានាគារផ្សេងទៀត ( BNP និង Barclays) ដែល ធនាគារទាំងនោះ បានចូលរួមវិយោគទុនជាមួយក្រុមហ៊ុនប្រេង។
បាតុកម្មរបស់សកម្មជនបរិស្ថានថ្ងៃនេះ គឺជាសម្ពាធមួយដែរ ដើម្បីឲ្យ ក្រុមហ៊ុនថាមពលប្រេងនិងឧស្ម័ន តូតាល់ ដាក់ចេញគម្រោងយុទ្ធសាស្ត្រឲ្យបានល្អ នៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
«បញ្ចប់ធ្យូងថ្ម»
តូតាល់ មានម្ចាស់ភាគហ៊ុន ជាបុគ្គលឯកជន ប្រមាណ ១,៥ លាននាក់។ ក្នុងមហាសន្និបាត គឺ អ្នកខ្លះចូលរួមផ្ទាល់ និងខ្លះទៀត ចូលរួមពីចម្ងាយតាមប្រព័ន្ធអ៊ិនធ័រនែត។ ម្ចាស់ភាគហ៊ុន មួយចំនួន ក៏បានសម្តែងមតិខ្លះហើយ ថានឹងបោះឆ្នោតសម្រេចចិត្ត សំដៅដល់កិច្ចគាំទ្របរិស្ថានអាកាសធាតុ។
ក្នុងចរន្តថ្មីដែលក្រុមអ្នកបរិស្ថាននិយមទាមទារ គឺ ត្រូវកាត់បន្ថយនិងលុបបំបាត់ការចម្រាញ់សារធាតុហ្វូស៊ីល ឧស្ម័ន ប្រេង និង ធ្យូងថ្ម ហើយងាកទៅផលិតថាមពលស្អាតសំ ទាញចេញពីពន្លឺព្រះអាទិត្យ ឬពីខ្យល់ ។ល។
អគ្គនាយកក្រុមហ៊ុនតូតាល់ លោក Patrick Pouyanné បានផ្តល់សម្ភាសឲ្យ កាសែតកាតូលិក La Croix នៅថ្ងៃពុធ ដោយមានប្រសាសន៍ បកស្រាយថា ក្រុមហ៊ុនតូតាល់តែម្នាក់ឯង មិនអាចនឹងធ្វើឲ្យចុះថយតម្រូវការប្រេងសាំងនោះឡើយ។ ហើយម្យ៉ាងទៀត ដើម្បីការរីកចម្រើនចំណេញរបស់ក្រុមហ៊ុនផង ដំឡើងប្រាក់ខែបុគ្គលិកផង និងបង់ពន្ធជូនរដ្ឋផង ហើយនិងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិទៀត គឺ ត្រូវគិតថ្លឹងថ្លែង។ ក្នុងន័យនេះ គឺថា បើឈប់វិយោគទុនលើប្រេងភ្លាមៗ មិនបានទេ។ ទោះយ៉ាងនេះក្តី តំណាងក្រុមហ៊ុនតូតាល់ យល់ស្របត្រូវបញ្ចប់ខាងធ្យូងថ្ម។
ក្រុមហ៊ុនតូតាល់ មាន គម្រោងសកម្មភាពវិនិយោគ ផ្នែកឧស្ម័ននិងប្រេង នៅប្រទេសអេមីរ៉ាត់អារាប់រួម អ៊ីរ៉ាក់ ប៉ាពូអាស៊ី និង អូហ្កង់ដា ។ល។ គម្រោងដ៏ធំ នៅអូហ្កង់ដា មានរឿងអាស្រូវល្បីល្បាញរន្ទឺ និងដែល ត្រូវ អង្គការសង្គមស៊ីវិល ចោទប្រកាន់ក្រុមហ៊ុនតូតាល់ជាខ្លាំង ពីការរំលោភបំពានសិទ្ធិមនុស្ស ពីព្រោះប៉ះពាល់ដល់ប្រជាជនមូលដ្ឋាន ដោយត្រូវបង្ខំចិត្តភៀសខ្លួន ចោលផ្ទះសម្បែង និងថា ពលរដ្ឋ ១០ម៉ឺននាក់ នៅមិនទាន់ទទួលបានសំណងសមរម្យនៅឡើយទេ៕
26-5-2023 • 7 minuten, 29 seconden សកម្មជនបរិស្ថានចូលលុកលុយរំខានមហាសន្និបាតម្ចាស់ភា គហ៊ុនក្រុមហ៊ុនតូតាល់
នៅទីក្រុងប៉ារីស ថ្ងៃសុក្រទី២៦ឧសភា ក្រុមបាតុករ ច្រើនរយនាក់ ជាក្រុមសកម្មជនការពារបរិស្ថានអាកាសធាតុ មកពីអង្គការផ្សេងៗគ្នា បានធ្វើបាតុកម្មលុកលុយរំខានមហាសន្និបាតម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុនប្រេងនិងថាមពល តូតាល់។ ប៉ូលិសបារាំង បានបំបែកហ្វូងបាតុករ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួនបាតុករខ្លះផង។ ទោះបីជារំខានយ៉ាងណាក្តី មហាសន្និបាតប្រចាំឆ្នាំ របស់ម្ចាស់ភាគហ៊ុន តូតាល់ នៅតែបន្តធ្វើឡើង ដូចតាមការគ្រោងទុក។ ទន្ទឹមនឹងគ្នានេះដែរ រដ្ឋាភិបាលបារាំង ក៏បានអំពាវនាវ ឲ្យ តូតាល់ បង្កើនការវិនិយោគទុនលើវិស័យថាមពលបៃតង។
យ៉ាងហោច បាតុករ ៤ នាក់ ត្រូវចាប់ខ្លួន។
បាតុករ ប្រមាណជា ២០០ ទៅ៤០០នាក់ ផ្តុំគ្នានៅមុខកន្លែងធ្វើមហាសន្និបាត របស់ក្រុមហ៊ុនតូតាល់ នៅកណ្តាលក្រុងប៉ារីស។ ក្រុមបាតុករសកម្មជនបរិស្ថាន គឺសហការគ្នាពី សមាគម និងអង្គការច្រើនផ្សេងគ្នា គឺមាន Amis de la Terre, ANV-COP21, Attac, Greenpeace, Scientifiques en rébellion និង Extinction Rebellion ជាដើម។ល។ គោលបំណងគឺទាមទារឲ្យក្រុមហ៊ុនគិតគូរពីបរិស្ថានអាកាសធាតុ និងចូលរួមកាត់បន្ថយកម្តៅផែនដី ស្របតាមកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ២០១៥ ដែល ក្រុមហ៊ុនតូតាល់ខ្លួនឯង ក៏ធ្លាប់បានសន្យាដែរ។
គ្រាន់តែត្រីមាសទី១ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនតូតាល់ប្រកាសថាចំណេញប្រាក់បាន ៤០ ពាន់លានដុល្លារ។ ក៏ប៉ុន្តែ ចំពោះបាតុករវិញ គឺមិនសប្បាយចិត្តទេ។ បាតុករយល់ថា ក្រុមហ៊ុនថាមពលប្រេងនិងឧស្ម័ន តូតាល់ ចំណេញប្រាក់ព្រោះតែបំពុលនិងបំផ្លាញភពផែនដី។ ថ្ងៃសុក្រនេះ ពួកគេបានស្រែក និងលើកបដាថា ក្រុមហ៊ុនតូតាល់ ជា«ឧក្រិដ្ឋជន ឃាតករ» ទៀតផង។
នគរបាលបារាំង បានបំបែកហ្វូងបាតុករ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និង ចាប់ខ្លួនបាតុករ ៤ នាក់ដែរ។ បន្ទាប់ពីប៉ះទង្គិចគ្នាភ្លាមៗ ប៉ូលិសបារាំង ប្រាប់អ្នកកាសែត ថា កិច្ចប្រជុំរបស់តូតាល់ត្រូវបិទហើយ។ ក៏ប៉ុន្តែ នៅទីបំផុតទៅ ទោះបីមានការរារាំងរំខានក្តី មហាសន្និបាតម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុនតូតាល់ ក៏បានចាប់ផ្តើមដូចតាមការគ្រោងទុក ប្រហែលម៉ោង១០ព្រឹក នៅស្រុកបារាំង។ ពេលថ្លែងសុន្ទរកថាបើកមហាសន្និបាត អគ្គនាយកក្រុមហ៊ុនតូតាល់ លោក Patrick Pouyanné បានបង្ហាញក្តីសោកស្តាយដែលត្រូវរឹតបន្តឹងសុវត្ថិភាពខ្លាំង ដោយស្នើសុំឲ្យនគរបាលជួយពិនិត្យឆែកឆេរ នៅមាត់ច្រកចូល និងដាក់វិធានការហាម អ្នកកាសែត និង ម្ចាស់ភាគហ៊ុន មិនឲ្យយកទូរសព្ទចូល ជាដើម។
រដ្ឋាភិបាលបារាំង អំពាវនាវ ឲ្យ តូតាល់ បង្កើនការវិនិយោគទុនលើវិស័យថាមពលបៃតង។
រដ្ឋាភិបាលបារាំង បានជំរុញឲ្យក្រុមហ៊ុនថាមពល TotalEnergies វិយោគទុន ទៅលើវិស័យថាមពលបៃតង ថាមពលកកើតឡើងវិញ ឲ្យបានជាបន្ទាន់ ហើយនិង ត្រូវធ្វើឲ្យលឿនឆាប់រហ័ស។ នេះជាការអំពាវនាវជំរុញ ពីសំណាក់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបារាំង អ្នកស្រី Agnès Pannier-Runacher មានប្រសាសន៍នៅវិទ្យុបារាំង FranceInfo ថ្ងៃសុក្រនេះ។
រដ្ឋមន្ត្រីបរិស្ថានបារាំង បានជំរុញឲ្យក្រុមហ៊ុនថាមពលតូតាល់បញ្ចេញបញ្ចប់ថវិការវិនិយោគទុនដល់ថាមពលស្អាតស្អំ តាមការទាមទាររបស់បាតុករបរិស្ថាន មែន ប៉ុន្តែ ទន្ទឹមនឹងគ្នានេះ អ្នកស្រីរដ្ឋមន្ត្រីក៏ស្តីបន្ទោសបាតុករដែរ ថាធ្វើបាតុកម្មមិនបានប្រកាសដំណឹងជាមុន នាំឲ្យរំខានដល់សណ្តាប់ធ្នាប់។
ការឆាឆាវរំខានកិច្ចប្រជុំនានារបស់ក្រុមហ៊ុនប្រេងនិងក្រុមហ៊ុនថាមពល ពីសំណាក់ក្រុមសង្គមស៊ីវិលអ្នកការពារបរិស្ថានអាកាសធាតុ គឺមិនមែនជាលើកទី១ នៅថ្ងៃនេះទេ។ ថ្ងៃអង្គារ៍ ទី២៣ ឧសភា ក្នុងសប្តាហ៍នេះ ក្រុមអ្នកសកម្មជនបរិស្ថាន ក៏បានបាតុកម្មអុកលុកក្នុងកម្មវិធីមហាសន្និបាតរបស់ក្រុមហ៊ុនប្រេង Shell របស់អង់គ្លេស នៅក្រុងឡុងដ្រ៍ ហើយនិងរំខានដែរ ដល់ កម្មវិធី របស់ ធានាគារផ្សេងទៀត ( BNP និង Barclays) ដែល ធនាគារទាំងនោះ បានចូលរួមវិយោគទុនជាមួយក្រុមហ៊ុនប្រេង។
បាតុកម្មរបស់សកម្មជនបរិស្ថានថ្ងៃនេះ គឺជាសម្ពាធមួយដែរ ដើម្បីឲ្យ ក្រុមហ៊ុនថាមពលប្រេងនិងឧស្ម័ន តូតាល់ ដាក់ចេញគម្រោងយុទ្ធសាស្ត្រឲ្យបានល្អ នៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
«បញ្ចប់ធ្យូងថ្ម»
តូតាល់ មានម្ចាស់ភាគហ៊ុន ជាបុគ្គលឯកជន ប្រមាណ ១,៥ លាននាក់។ ក្នុងមហាសន្និបាត គឺ អ្នកខ្លះចូលរួមផ្ទាល់ និងខ្លះទៀត ចូលរួមពីចម្ងាយតាមប្រព័ន្ធអ៊ិនធ័រនែត។ ម្ចាស់ភាគហ៊ុន មួយចំនួន ក៏បានសម្តែងមតិខ្លះហើយ ថានឹងបោះឆ្នោតសម្រេចចិត្ត សំដៅដល់កិច្ចគាំទ្របរិស្ថានអាកាសធាតុ។
ក្នុងចរន្តថ្មីដែលក្រុមអ្នកបរិស្ថាននិយមទាមទារ គឺ ត្រូវកាត់បន្ថយនិងលុបបំបាត់ការចម្រាញ់សារធាតុហ្វូស៊ីល ឧស្ម័ន ប្រេង និង ធ្យូងថ្ម ហើយងាកទៅផលិតថាមពលស្អាតសំ ទាញចេញពីពន្លឺព្រះអាទិត្យ ឬពីខ្យល់ ។ល។
អគ្គនាយកក្រុមហ៊ុនតូតាល់ លោក Patrick Pouyanné បានផ្តល់សម្ភាសឲ្យ កាសែតកាតូលិក La Croix នៅថ្ងៃពុធ ដោយមានប្រសាសន៍ បកស្រាយថា ក្រុមហ៊ុនតូតាល់តែម្នាក់ឯង មិនអាចនឹងធ្វើឲ្យចុះថយតម្រូវការប្រេងសាំងនោះឡើយ។ ហើយម្យ៉ាងទៀត ដើម្បីការរីកចម្រើនចំណេញរបស់ក្រុមហ៊ុនផង ដំឡើងប្រាក់ខែបុគ្គលិកផង និងបង់ពន្ធជូនរដ្ឋផង ហើយនិងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិទៀត គឺ ត្រូវគិតថ្លឹងថ្លែង។ ក្នុងន័យនេះ គឺថា បើឈប់វិយោគទុនលើប្រេងភ្លាមៗ មិនបានទេ។ ទោះយ៉ាងនេះក្តី តំណាងក្រុមហ៊ុនតូតាល់ យល់ស្របត្រូវបញ្ចប់ខាងធ្យូងថ្ម។
ក្រុមហ៊ុនតូតាល់ មាន គម្រោងសកម្មភាពវិនិយោគ ផ្នែកឧស្ម័ននិងប្រេង នៅប្រទេសអេមីរ៉ាត់អារាប់រួម អ៊ីរ៉ាក់ ប៉ាពូអាស៊ី និង អូហ្កង់ដា ។ល។ គម្រោងដ៏ធំ នៅអូហ្កង់ដា មានរឿងអាស្រូវល្បីល្បាញរន្ទឺ និងដែល ត្រូវ អង្គការសង្គមស៊ីវិល ចោទប្រកាន់ក្រុមហ៊ុនតូតាល់ជាខ្លាំង ពីការរំលោភបំពានសិទ្ធិមនុស្ស ពីព្រោះប៉ះពាល់ដល់ប្រជាជនមូលដ្ឋាន ដោយត្រូវបង្ខំចិត្តភៀសខ្លួន ចោលផ្ទះសម្បែង និងថា ពលរដ្ឋ ១០ម៉ឺននាក់ នៅមិនទាន់ទទួលបានសំណងសមរម្យនៅឡើយទេ៕
26-5-2023 • 7 minuten, 29 seconden ទីភ្នាក់ងារថាមពលIEA៖ ជាលើកទី១ ការវិនិយោគលើថាមពលស្អាតស្អំកើនឡើងច្រើនជាងការវិនិយោគលើថាមពលផូស៊ីល
ជាលើកទី១ នៅក្នុងប្រវត្តិសាស្រ្ត ការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ ថាមពលសូឡា មានចំនួនច្រើនជាងការវិនិយោគទៅលើការធ្វើអាជីវកម្មប្រេង។ នៅក្នុងរបាយការណ៍ចចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារថាមពលអន្តរជាតិព្យាករថា នៅឆ្នាំ ២០២៣ ទឹកប្រាក់វិនិយោគទៅលើថាមពលស្អាតស្អំ នឹងមានចំនួនជាងប្រាក់វិនិយោគលើថាមពលផូស៊ីល ដែលជាប្រភពបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដែលជាដើមហេតុនៃការឡើងកំដៅលើផែនដី។ យ៉ាងណាក៏ដោយ ទីភ្នាក់ងារថាមពលអន្តរជាតិ ដែលមានទីតាំងនៅទីក្រុងប៉ារីស បានព្រមានកុំឲ្យគេត្រេកអរភ្លេចខ្លួន និងថា ពិភពលោកត្រូវប្រឹងប្រែងបន្ថែមទៀត បើសិនគេចង់សម្រេចគោលដៅ អព្យាក្រឹត្យកាបូន នៅឆ្នាំ ២០៥០ ដើម្បីរក្សាទប់កុំឲ្យផែនដីកើនឡើងកំដៅច្រើនជាង ១,៥អង្សា។
នៅក្នុងរបាយការណ៍ ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស ថា IEA បានបង្ហាញថា នៅឆ្នាំនេះ ការវិនិយោគទៅលើថាមពលស្អាតស្អំ នឹងមានទំហំទឹកប្រាក់ ច្រើនជាងការវិនិយោគលើថាមពលផូស៊ីល។ នេះជាដំណឹងល្អមួយសម្រាប់ផែនដី បើសិនគេចង់កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ដែលមានប្រភពចេញមកពីថាមពលផូស៊ីល
បើសិនគេចង់បានអព្យាក្រឹត្យកាបូននៅឆ្នាំ ២០៥០ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដើម្បីជៀសវាងកុំឲ្យផែនដីឡើងកំដៅ ១,៥អង្សាថែមទៀត គេចាំបាច់ត្រូវការវិនិយោគច្រើនទៅលើថាមពលស្អាតស្អំ ដូចជាថាមពលសូឡា វាយោអគ្គិសនី។
តាមរបាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិ បន្ទាប់ពី និន្នាការវិនិយោគទៅលើថាមពលស្អាតស្អំ បានចាប់ពន្លក នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេនឹងឃើញសន្ទុះវិនិយោគគួរឲ្យកត់សំគាល់ទៅលើវិស័យថាមពលស្អាតស្អំ។ ជាក់ស្តែង នៅឆ្នាំ២០២៣នេះ ទំហំទឹកប្រាក់វិនិយោគលើថាមពលស្អាតស្អំនៅក្នុងពិភពលោក មានប្រមាណ ១,៧ទ្រីលានដុល្លារ ពោលគឺច្រើនជាងទឹកប្រាក់វិនិយោគទៅលើថាមពលផូស៊ីល ដូចជាប្រេង ឧស្ម័ន និងធ្យូងថ្ម ទៅទៀត ដែលមានប្រមាណតែ១ទ្រីលានដុល្លារ។ អាចនិយាយបានថា នៅពេលគេវិនិយោគ១ដុល្លារ ទៅលើថាមពលផូស៊ីល ដូចជា ការរុករកប្រេង ឧស្ម័ន និងធ្យូងថ្ម គេវិនិយោគដាក់ប្រាក់ ១,៧ ដុល្លារ សម្រាប់ថាមពលស្អាតស្អំ ឬថាមពលដែលបញ្ចេញឧស្ម័នកាបូនិកតិចបំផុត ដែលមានដូចជា រោងចក្រដើរដោយថាមពលនុយក្លេអ៊ែរ ផ្ទាំងសូឡា វោយោអគ្គិសនី រថយន្តអគ្គិសនី។
សម្រាប់នាយកប្រតិបត្តិរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol នេះជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលគេមិនធា្លប់រំពឹងទុកទាល់តែសោះ។ កាលពី៥ឆ្នាំមុន ទឹកប្រាក់វិនិយោគលើថាមពលស្អាតស្អំ និងថាមពលផូស៊ីលមានទំហំទឹកប្រាក់ប៉ុនគ្នា ប្រមាណ ១ទ្រីលានដុល្លារ។ ប៉ុន្តែ នៅឆ្នាំនេះ ទឹកប្រាក់វិនិយោគទៅលើវិស័យថាមពលស្អាតស្អំ បានកើនឡើងក្នុងល្បឿនមួយដ៏លឿន លើសការស្រមៃទុករបស់មនុស្សទៅទៀត។
ជាក់ស្តែង នៅឆ្នាំនេះ ជាលើកទី១ក្នុងប្រវត្តិសាស្រ្ត ថាមពលពន្លឺព្រះអាទិត្យ ឬផ្ទាំងសូឡាដែលកំពុងពេញនិយមខ្លាំងនៅក្នុងពិភពលោក កំពុងទាក់ទាញឲ្យគេចាប់អារម្មណ៍ វិនិយោគច្រើនជាងការវិនិយោគទៅលើការផលិតប្រេង។ ឧទាហរណ៍ នៅពេល ការវិនិយោគទៅលើការរុករក និងធ្វើអាជីវកម្មប្រេងមានទំហំប្រាក់ ៣៧០ពាន់លានដុល្លារ ការវិយោគលើថាមពលសូឡា មានដល់ទៅ ៣៨០ ពាន់លានដុល្លារ ពោល គឺច្រើនជាង ១ពាន់លានដុល្លារ។
ថាមពលពន្លឺព្រះអាទិត្យ ជាថាមពលពេញនិយម
តាមរបាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនជាកត្តាជួយជំរុញឲ្យការវិនិយោគលើថាមពលស្អាតស្អំ កើនឡើងគួរឲ្យកត់សំគាល់យ៉ាងដូច្នេះ។ នៅទឹកដីអឺរ៉ុបផ្ទាល់ ដោយសារតែអឺរ៉ុបឈប់ទិញប្រេង និងឧស្ម័នពីរុស្ស៊ី បូកផ្សំ និងតម្លៃថាមពលឡើងថ្លៃ នៅទីផ្សារអន្តរជាតិ (ម្យ៉ាងដោយសារសង្រ្គាមនៅអ៊ុយក្រែន និងតម្រូវការថាមពលសម្រាប់ការចាប់ផ្តើមសេដ្ឋកិច្ចនៅក្រោយ សម័យកូវីដ) អឺរ៉ុបចាប់ផ្តើមបង្កើនការវិនិយោគលើថាមពលស្អាតស្អំ ដែលមានទីតាំង នៅក្នុងស្រុក ដែលគេអាចជឿជាក់ និងអាចធានាការផ្គត់ផ្គង់ថាមពលសម្រាប់តម្រូវការក្នុងស្រុក ដោយមិនចាំបាច់ខ្វល់បារម្ភការផ្គត់ផ្គង់ពីបរទេស។
ម្យ៉ាង វិស័យថាមពលស្អាតស្អំ នៅក្នុងពិភពលោកបានរីកដុះដាលខ្លាំង នៅប៉ុន្មានឆ្នាំមកនេះ ក៏ដោយមកពីមានការផ្តល់ជំនួយលើកទឹកចិត្ត ពីសំណាក់រដ្ឋាភិបាល ដូចជានៅ អាមេរិក សហភាពអឺរ៉ុប ជប៉ុន និងចិនជាដើម ដែលបានបង្កើនកញ្ចប់ថវិកាបៃតង វិនិយោគទៅលើថាមពលស្អាតស្អំ នៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដើមហេតុនៃការឡើងកំដៅផែនដី។
កុំអាលអរ ព្រោះការវិនិយោគលើថាមពលផូស៊ីលនៅតែកើនឡើងដដែល
ទោះជាការវិនិយោគលើទៅលើថាមពលស្អាតស្អំ មានទំហំទឹកប្រាក់ច្រើនជាងថាមពលផូស៊ីល ដែលបំពុលខ្យល់បរិយាកាស និងបញ្ចេញឧស្ម័នកាបូនិកក្រាស់ក្រែល នៅលើផែនដីមែន ប៉ុន្តែ ទំហំប្រាក់វិនិយោគលើថាមពលផូស៊ីលនៅតែកើនឡើង មិនព្រមថយចុះស្រកទាល់តែសោះ។ ជាក់ស្តែង នៅឆ្នាំមុន និងឆ្នាំនេះ ការផលិតប្រេង នៅតែទាក់ទាញការវិនិយោគប្រមាណ ១ទ្រីលានដុល្លារ។
នៅក្នុងការវិនិយោគទៅលើថាមពលផូស៊ីលទៀតសោត គេសង្កេតឃើញថា ការវិនិយោគទៅលើថាមពលធ្យូងថ្ម នៅឆ្នាំ ២០២៣ មានតែកើនឡើង ប្រមាណ ១៥%ក្នុងមួយឆ្នាំៗ។ ការវិនិយោគទៅលើថាមពលធ្យូងថ្ម កើនឡើង នៅបន្ទាប់ពី ប្រទេសកាន់តែច្រើនជាពិសេសនៅអឺរ៉ុប ដែលលែងទិញប្រេងឧស្ម័នរុស្ស៊ី និងដោយសារតម្លៃថាមពលឡើងថ្លៃ បានងាកទៅចាប់វិនិយោគ ដាក់ឲ្យដំណើរការឡើងវិញ រោងចក្រអគ្គិសនីដែលដើរដោយថាមពលធ្យូងថ្ម។
នេះមិនមែនជារឿងល្អនោះទេ ព្រោះថា ការវិនិយោគលើធ្យូងថ្មសព្វថ្ងៃនេះ នៅតែ ច្រើន ជាងកម្រិតចង់បានរបស់ទីភ្នាក់ងារថាមពលអន្តរជាតិដល់ទៅ ៦ដង។ នៅក្នុងរបាយការណ៍កន្លងមក ទីភ្នាក់ងារថាមពលអន្តរជាតិបានប្រាប់ហើយថា បើសិនគេចង់កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ចង់បានអព្យាក្រឹត្យកាបូន ដើម្បីចូលរួមទប់ស្កាត់កុំឲ្យផែនដីឡើងកំដៅ លើស ១,៥អង្សា ប្រទេសនៅក្នុងពិភពលោក ត្រូវតែកាត់បន្ថយការវិនិយោគ និងការប្រើប្រាស់ថាមពលផូស៊ីល ឲ្យបានអតិបរមា និងងាកបែរទៅវិនិយោគលើថាមពលស្អាតស្អំវិញ។
មួយវិញទៀត ទីភ្នាក់ងារថាមពលអន្តរជាតិ មិនសូវជាត្រេកត្រអាលខ្លាំងនឹងកំណើននៃការវិនិយោគលើថាមពលស្អាតស្អំ ព្រោះថា ការវិនិយោគលើថាមពលស្អាតស្អំផ្តោតប្រមូលផ្តុំតែនៅប្រទេសអ្នកមាន ប្រទេសមហាអំណាចធំៗ ដែលមានលទ្ធភាព មានមធ្យោបាយច្រើន ដូចជា ប្រទេសចិន អាមេរិក និងសហភាពអឺរ៉ុបជាដើម។
សម្រាប់ ទីភ្នាក់ងារថាមពលអន្តរជាតិ ដើម្បីកាត់បន្ថយគម្លាត គេគួរចែករំលែក ផ្តល់ជំនួយដល់ប្រទេសក្រីក្រ ប្រទេសដែលអាចទាញផលប្រយោជន៍ពីថាមពលពន្លឺព្រះអាទិត្យ ដូចជាប្រទេសនៅតំបន់អាហ្វ្រិក នៅអាស៊ីជាដើម៕
25-5-2023 • 7 minuten, 2 seconden តំបន់Belgorod ក្នុងទឹកដីរុស្ស៊ី បន្តរងការវាយប្រហារ ពីក ្រុមប្រដាប់អាវុធរុស្ស៊ីខ្លួនឯង
តំបន់Belgorod ស្ថិតក្នុងទឹកដីរុស្ស៊ី មិនឆ្ងាយប៉ុន្មានពីព្រំដែនអ៊ុយក្រែន បានរងការវាយប្រហារយ៉ាងខ្លាំង កាលពីថ្ងៃចន្ទកន្លងទៅ។ ហើយនៅយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ តំបន់នេះ បានរងនូវការវាយប្រហារដោយយានដ្រូនជាច្រើនគ្រឿង។ នេះគឺជាលើកទីមួយហើយ ដែលមានការវាយប្រហារក្នុងទឹកដីរុស្ស៊ី ក្នុងទ្រង់ទ្រាយធំបែបនេះ។ ជាការវាយប្រហារ ធ្វើឡើងដោយក្រុមប្រដាប់២ក្រុម ប្រមូលផ្តុំដោយជនជាតិរុស្ស៊ីខ្លួនឯងតែម្តង។
វាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន ក្នុងទឹកដីរុស្ស៊ី
យោងតាមលោកអភិបាលតំបន់ Belgorod ដែលបានសរសេរលើបណ្តាញTelegram ថា កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ តំបន់Belgorod របស់រុស្ស៊ី បានរងនូវការវាយប្រហារ ដោយយានដ្រូនជាច្រើនគ្រឿង។ កងកម្លាំងការពារផ្លូវអាកាសរបស់រុស្ស៊ី បានស្ទាក់បាញ់កម្ទេចបានមួយផ្នែកធំ។ មិនមានមនុស្សស្លាប់ទេ តែការវាយប្រហារដោយយានដ្រូននេះ បានបង្កឲ្យខូចខាតដល់សម្ភារៈ រថយន្ត និងអគារមួយចំនួននៅក្នុងតំបន់នេះ។
មិនទាន់មានការបញ្ជាក់ណាមួយ ថាដ្រូនទាំងនោះហោះមកពីណា បញ្ជាចេញដោយក្រុមណាទេ។ ក៏ប៉ុន្តែ គេសឹងតែច្បាស់ក្នុងចិត្តហើយ ថាវាអាចជាស្នាដៃរបស់ក្រុមប្រដាប់អាវុធរុស្ស៊ី២ក្រុម ដែលបានបើកការវាយប្រហារកាលពីថ្ងៃចន្ទ នៅតំបន់ Belgorod នេះ។ កាលពីថ្ងៃចន្ទ ក្រុមប្រដាប់អាវុធរុស្ស៊ី២ក្រុម បានបើកការវាយប្រហារ វាយឆ្មក់ចូលទៅ ដល់ទីតាំងជាច្រើននៅតំបន់ Belgorod បង្កឲ្យមានការភ័យផ្អើលឈូរឆ នៅខាងរុស្ស៊ី។
រុស្ស៊ីបានចាត់ទុកការវាយប្រហារនេះ ជាការវាយប្រហារភេរវកម្មរបស់ក្រុមប្រដាប់អាវុធ ដៃជើងរបស់អ៊ុយក្រែន។ ខាងអាជ្ញាធររុស្ស៊ីបានជម្លៀសប្រជាជនចេញពីតំបន់ Belgorod និងបានដាក់តំបន់នេះជាតំបន់ប្រតិបត្តិការបោសសំអាតក្រុមភេរវកម្ម។ ជាការកត់សំគាល់ កន្លងមក តែងតែមានការវាយប្រហារ វាយឆ្មក់បែបនេះ នៅក្នុងទឹកដីរុស្ស៊ី ក៏ប៉ុន្តែ នេះជាលើកទីមួយហើយ ដែលមានការវាយប្រហារទ្រង់ទ្រាយធំ មានកម្លាំងនិងអាវុធច្រើន បង្កឡើងដោយក្រុមប្រដាប់អាវុធរុស្ស៊ី វាយប្រហារក្នុងទឹកដីរុស្ស៊ីខ្លួនឯងបែបនេះ។
ផ្តួលរំលំរបបផ្តាច់ការរបស់លោកពូទីន
ក្រុមប្រដាប់អាវុធរុស្ស៊ីទាំង២ក្រុមនេះ អះអាងថាបានរួមកម្លាំងគ្នា ដើម្បីវាយប្រហារ ផ្តួលរំលំរបបដឹកនាំផ្តាច់ការរបស់លោកពូទីន ដែលធ្វើសង្គ្រាមឈ្លានពានប្រទេសជិតខាង ហើយធ្វើបាបប្រជាជនរុស្ស៊ី។ ក្រុមទីមួយគឺមានឈ្មោះថា “កងអង្គភាពស្ម័គ្រចិត្តរុស្ស៊ី” ដែលដឹកនាំដោយជនជាតិរុស្ស៊ីម្នាក់ ឈ្មោះ Denis Nikitine។ ជនម្នាក់នេះ ត្រូវគេស្គាល់ថាជាអ្នកជំនួញ ហើយមានទំនោរនយោបាយស្តាំនិយមជ្រុល ហ៊ានចេញមុខប្រឆាំងនឹងលោកពូទីន។ Denis Nikitine ត្រូវរុស្ស៊ីចាត់ទុកថាជាភេរវជន។
ចំណែកក្រុមប្រដាប់អាវុធទី២ មានឈ្មោះថា “កងកម្លាំងដើម្បីសេរីភាពរុស្ស៊ី” ដែលក្រុមនេះ ត្រូវគេស្គាល់ថា មានជាប់ពាក់ព័ន្ធជាមួយអតីតសាមជិកសភារុស្ស៊ីម្នាក់ ឈ្មោះ Ilia Ponomariov។ លោកម្នាក់នេះ គឺជាសមាជិកសភារុស្ស៊ីតែម្នាក់គត់ ដែលបានបោះឆ្នោតប្រឆាំងនឹងការប្លន់ទឹកដីតំបន់គ្រីម៉េ ពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ បណ្តាញព័ត៌មានអ៊ុយក្រែនវិញ បានចុះផ្សាយថា ក្នុងពេលបើកការវាយប្រហារនៅតំបន់Belgorod កាលពីថ្ងៃចន្ទ ក្រុមកងកម្លាំងដើម្បីសេរីភាពរុស្ស៊ីនេះ ដឹកនាំដោយមេម្នាក់ ឈ្មោះហៅក្រៅថា Cesar។ បណ្តាញព័ត៌មានបារាំង AFP ធ្លាប់បានជួបសម្ភាសន៍ជននេះម្តង កាលពីខែធ្នូឆ្នាំ២០២២ ដែលអះអាងថាខ្លួនជាអតីតគ្រូពេទ្យគីណេ មានស្រុកកំណើតនៅក្រុងសាំងប៉េតេសបួរ។ ហើយផ្អែកតាមបណ្តាញព័ត៌មានរុស្ស៊ី Agentstvo គឺជននេះស្ថិតក្នុងបណ្តាញក្រុមស្តាំនិយមជ្រុលរុស្ស៊ី។
ក្រុមប្រដាប់អាវុធរុស្ស៊ីទាំង២នេះ អះអាងថាមានសមាជិកច្រើនរយនាក់ ឬអាចដល់ពាន់នាក់ផង។ កន្លងមក ពួកគេបានបើកការវាយប្រហារជាច្រើនដង នៅក្នុងទឹកដីរុស្ស៊ី ដោយមិនសំដៅសម្លាប់ប្រជាជនស៊ីវីលរុស្ស៊ីទេ តែគឺដើម្បីបង្កបរិយាកាសភ័យខ្លាច ជ្រួលច្របល់ និងរំខានដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់កងទ័ពរុស្ស៊ី។ កន្លងមកយើងបានដឹងជារឿយៗ នូវករណីឆេះផ្ទុះត្រង់នេះត្រង់នោះនៅរុស្ស៊ី និងមានករណីដាក់បង្កៃគ្រាប់បែ កបំផ្ទុះផ្តាច់ផ្លូវដែក រំខានការដឹកជញ្ជូនសម្ភារៈស្បៀង និងសព្វាវុធរបស់កងទ័ពរុស្ស៊ីជាដើម។ យោងតាមការចុះផ្សាយរបស់ បណ្តាញព័ត៌មានឯករាជ្យរុស្ស៊ីមួយ ឈ្មោះ SOTA កាលពីខែមេសា អ្នកនាំពាក្យម្នាក់ របស់ក្រុម “កងអង្គភាពស្ម័គ្រចិត្តរុស្ស៊ី” នេះ ក៏ធ្លាប់បានអះអាងដែរថា កម្មវត្ថុរបស់ក្រុមគេគឺ បង្កើតរដ្ឋឯករាជ្យមួយ ក្នុងទឹកដីរុស្ស៊ី ដើម្បីរំដោះប្រជាជនរុស្ស៊ី និងកសាងប្រទេសរុស្ស៊ីថ្មី ដែលមានសេរីភាព។
អ៊ុយក្រែនជួយពីក្រោយ?
សម្រាប់ពេលនេះ យើងមានព័ត៌មាន មិនច្រើនប៉ុន្មានទេ ស្តីអំពីទំនាក់ទំនងរវាងក្រុមប្រដាប់អាវុធរុស្ស៊ីទាំង២នេះ ជាមួយអ៊ុយក្រែន។ មិនមានការអះអាងជាផ្លូវការណាមួយ ពីសំណាក់ក្រុមប្រដាប់អាវុធទាំង២នេះ ថាបានអាវុធមកពីណា អ្នកណាជាអ្នកឧបត្ថម្ភថវិកា នោះទេ។ តែគេជឿថា វាប្រាកដជាមានការជួយពីខាងអ៊ុយក្រែន។ កាលពីខែមីនា សមាជិកម្នាក់របស់ “កងអង្គភាពស្ម័គ្រចិត្តរុស្ស៊ី” ធ្លាប់បានប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា ក្រុមខ្លួនតែងតែសហការ ដោះដូរព័ត៌មានគ្នា ជាមួយភាគីអ៊ុយក្រែន នៅពេលណាពួកគេស្ថិតក្នុងទឹកដីអ៊ុយក្រែន។ ក៏ប៉ុន្តែនៅពេលពួកគេ បើកប្រតិបត្តិការវាយប្រហារក្នុងទឹកដីរុស្ស៊ី គឺពួកគេធ្វើដោយខ្លួនឯង។
ចំណែក លោក Ilia Ponomariov ធ្លាប់ប្រាប់វិទ្យុអង់គ្លេស LBC ប៉ុន្មានថ្ងៃមុននេះ ថា គឺខាងអ៊ុយក្រែន ជាអ្នកជួយបង្វឹកជួយបង្ហាត់ និងបានផ្តល់សម្ភារៈចាំបាច់ខ្លះៗ មកឲ្យកងកម្លាំង “កងកម្លាំងដើម្បីសេរីភាពរុស្ស៊ី”។ កងកម្លាំងនេះ ធ្លាប់បានសរសេរលើ Twitter ដែរថាក្រុមគេ មានគ្រាប់កាំភ្លើងត្បាល់ RT61 របស់បារាំង។ យ៉ាងណាមិញ កាលពីពេលវាយប្រហារនៅតំបន់ Belgorod កាលពីថ្ងៃចន្ទ ខាងភាគីរុស្ស៊ីអះអាងថា ក្រុមភេរវកម្មបានប្រើគ្រាប់កាំភ្លើងត្បាល់ និងមានប្រើដ្រូនអត្តឃាតខ្លះ។ ដោយឡែក នៅក្នុងវីដេអូមួយ គេឃើញ ក្រុម “កងអង្គភាពស្ម័គ្រចិត្តរុស្ស៊ី” ប្រើប្រាស់រថពាសដែកមួយគ្រឿង ដែលក្រុមនេះ អះអាងថាដណ្តើមបានពី កងសន្តិសុខផ្ទៃក្នុងរុស្ស៊ី FSB។
យ៉ាងណាក៏ដោយ ខាងអ៊ុយក្រែន គេមិននិយាយអ្វីទាំងអស់ ប្រកែកក៏មិនប្រកែក ទទួលស្គាល់ក៏មិនទទួលស្គាល់។ ក្រោយការវាយប្រហារថ្មីៗនេះ នៅតំបន់ Belgorod អ៊ុយក្រែន បានលើកឡើងថា បញ្ហានេះ គឺជាបញ្ហាផ្ទៃក្នុងរបស់រុស្ស៊ី។
បង្វែរកញ្ចក់ ឲ្យចាំងទៅខាងរុស្ស៊ីវិញ
តែចង់មិនចង់ ពិសី ការវាយប្រហារនៅក្នុងទឹកដីរុស្ស៊ី បង្ករឡើងដោយក្រុមប្រដាប់អាវុធរុស្ស៊ីខ្លួនឯងនេះ វាជះផលចំណេញមកលើអ៊ុយក្រែន។ ត្រង់នេះហើយ ដែលគេជឿថា អ៊ុយក្រែនពិតជាអាចនៅពីក្រោយការវាយប្រហារទាំងនេះ។ តាមរយៈការវាយប្រហារ ការបះបោរបំបែកទឹកដីនៅខាងរុស្ស៊ី គឺអ៊ុយក្រែនចង់ធ្វើឲ្យខាងប្រជាជនរុស្ស៊ីដឹងខ្លួនវិញម្តងថាវាយ៉ាងម៉េច នៅពេលស្រុកខ្លួនរងការវាយប្រហារ ហើយមានក្រុមប្រដាប់អាវុធបះបោរបំបែកទឹកដី ដូចដង្កូវចេញពីសាច់ឯង។ ពោលគឺអ៊ុយក្រែន ចង់បង្វែរកញ្ចក់ ឲ្យចាំងទៅខាងរុស្ស៊ីវិញ។
យោងតាមការវិភាគ ប្រតិបត្តិការវាយប្រហាររបស់កងកម្លាំងរុស្ស៊ីនេះ វានឹងចូលរួមធ្វើឲ្យរបបដឹកនាំរបស់លោកពូទីន ភ័យជ្រួលច្របល់ ឬអាចរង្គោះរង្គើ។ យ៉ាងណាមិញក្រុមប្រដាប់អាវុធ “កងអង្គភាពស្ម័គ្រចិត្តរុស្ស៊ី” បានអះអាងថា ពួកគេនឹងតស៊ូប្រយុទ្ធ រហូតតែអាចចាប់ព្យួរកលោកពូទីន នៅនឹងជញ្ជាំងរបងវិមានក្រេមឡាំង។
អ្វីដែលយើងកំពុងតែឃើញនៅពេលនេះ គឺវាអាចជាយុទ្ធសាស្ត្រវាយបករបស់អ៊ុយក្រែន ដោយសហការជាមួយក្រុមប្រដាប់អាវុធរុស្ស៊ី តាមរយៈការវាយប្រហារ ដើរដុតភ្លើងឲ្យឆេះត្រង់នេះបន្តិច ត្រង់នោះបន្តិច ពាសពេញទឹកដីរុស្ស៊ី ធ្វើឲ្យប្រជាជននឹងថ្នាក់ដឹកនាំរុស្ស៊ី ភ័យស្លន់ស្លោវិញម្តង។ ជាមួយគ្នានេះ ការវាយប្រហារក្នុងទឹកដីរុស្ស៊ី តម្រូវឲ្យរុស្ស៊ីត្រូវដកកម្លាំងខ្លះ ពីសមរភូមិនៅអ៊ុយក្រែន ដើម្បីប្រមូលកម្លាំងទៅការពារសន្តិសុខក្នុងទឹកដីរុស្ស៊ី។ កត្តានេះ នឹងហុចឱកាស បើកច្រក ឲ្យកងទ័ពអ៊ុយក្រែនអាចចាប់ផ្តើមបើកការប្រយុទ្ធវាយបកទ្រង់ទ្រាយធំ ដើម្បីដណ្តើមយកទឹកដីខ្លួនមកវិញ មុននឹងឈានទៅបើកការចរចាសន្តិភាព៕
24-5-2023 • 8 minuten, 23 seconden ប្រឈមនឹងគ្រោះរាំងស្ងួត រលកកំដៅរយៈពេលយូរ បារាំងប្រកាសផែនការអាកាសធាតុដ៏មានមហិច្ឆតា
រលកកំដៅ ខ្វះទឹក គ្រោះរាំងស្ងួត និងទឹកជំនន់ដែលជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ។ ប្រឈមនឹងគ្រោះធម្មជាតិ កាន់តែគំរាមកំហែង បារាំងបានដាក់ចេញយុទ្ធសាស្រ្តថ្មី ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងគោលដៅ ប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅលើផែនដី។ អ្នកជំនាញអាកាសធាតុ និងអង្គការការពារបរិស្ថានស្វាគមចំណាត់ការរបស់រដ្ឋាភិបាលបារាំង ប៉ុន្តែ នៅតែមិនទាន់ជឿជាក់ថា វិធានការរបស់រដ្ឋាភិបាលនឹងអាចលេចចេញរូបរាង ត្រូវគេយកទៅអនុវត្តក្នុងការរស់នៅជាក់ស្តែង។ តើផែនការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ របស់រដ្ឋាភិបាលបារាំងផ្តោតទៅលើចំណុចអ្វីខ្លះ?
នៅថ្ងៃចន្ទ លោកស្រីនាយករដ្ឋមន្រ្តីបារាំង អេលីហ្សាបែត ប៊ន បានបង្ហាញផែនការអាកាសធាតុថ្មី ដែលនៅក្នុងនោះ បារាំងត្រូវបង្កើនការប្រឹងប្រែងទ្វេដង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលមានតាំងពីឧស្ម័នកាបូនិក ឧស្ម័នមេតាន។ បារាំងធ្លាប់បានដាក់គោលដៅរួចហើយ ដើម្បី កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឲ្យបាន៤០% ពីពេលនេះ ដល់ឆ្នាំ ២០៣០។
នៅក្រោយបារាំងចុះកិច្ចព្រមព្រៀងអន្តរជាតិក្រុងប៉ារីស ស្តីពីអាកាសធាតុ នៅឆ្នាំ ២០១៥ បារាំងធ្លាប់បានប្រកាសផែនការអាកាសធាតុ ដែលនៅក្នុងនោះ បារាំងសន្យាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឲ្យបាន៤០% រហូតដល់ឆ្នាំ ២០៣០។
រដ្ឋាភិបាលបារាំងប្រកាសផែនការអាកាសធាតុថ្មីដើម្បីសម្របតាមគោលដៅរបស់សហភាពអឺរ៉ុប ដែលចង់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបាន៥០% ពីពេលនេះ ដល់ឆ្នាំ ២០៣០។ នៅចំពោះមុខគ្រោះមហន្តរាយធម្មជាតិ ដែលជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ សហភាពអឺរ៉ុបបានដាក់គោលដៅថ្មីរបស់ខ្លួនមួយទៀត គឺអព្យាក្រិត្យកាបូន ឲ្យបានយ៉ាងយូរបំផុតឆ្នាំ ២០៥០។
ដើម្បីដើរស្របតាមគោលដៅថ្មីរបស់សហភាពអឺរ៉ុប រដ្ឋាភិបាលបានសម្រេចសើរើផែនការអាកាសធាតុរបស់ខ្លួន ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបានច្រើនជាងការកំណត់នៅក្នុងផែនការមុន ដោយផ្តោតសំខាន់ទៅលើវិស័យសំខាន់ៗចំនួន ៤ដូចជាវិស័យដឹកជញ្ជូន សំណង់ រោងចក្រឧស្សាហកម្ម និងវិស័យកសិកម្ម។
នៅក្នុងវិស័យដឹកជញ្ជូនដែលទទួលខុសត្រូវខាងបញ្ចេញឧស្ម័នកាបូនិកច្រើនជាងគេរបស់បារាំង រដ្ឋាភិបាលគ្រោងចង់ឲ្យវិស័យនេះ បញ្ចេញឧស្ម័នកាបូនិក ត្រឹម ៩២លានតោន នៅឆ្នាំ ២០៣០។ ពោលតិចជាងសព្វថ្ងៃ ដែលមានប្រមាណ ១២៩លានតោន។ ទាំងវិស័យសំណង់ និងរោងចក្រឧស្សាហកម្ម ក៏ត្រូវកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកឲ្យខ្លួន ឲ្យបានពាក់កណ្តាលដែរ តាមរយៈ ការងាកបែរទៅប្រើថាមពលដែលមិនបញ្ចេញឧស្ម័នកាបូនិកក្រាស់ក្រែល ដូចជា ឧស្ម័ន ថាមពលនុយក្លេអ៊ែរ ឬថាមពលសូឡា ជាដើម។
សម្រាប់វិស័យកសិកម្ម ចំណុចរសើប ដែលរដ្ឋាភិបាលមិនសូវប៉ះពាល់ ដោយសារ ខ្លាចមានការប្រឆាំងតវ៉ាពីកសិករបារាំង ផែនការអាកាសធាតុរបស់រដ្ឋាភិបាលមិនសូវជាមានមហិច្ឆតា ទាមទារឲ្យគេកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ច្រើនដូចវិស័យបីខាងលើនោះទេ។ នេះជាចំណុចមួយដែលធ្វើឲ្យអ្នកជំនាញអាកាសធាតុមិនសូវយល់ស្របជាមួយរដ្ឋាភិបាល។ ថ្វីត្បិតថា វិស័យកសិកម្មបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាងវិស័យផ្សេងទៀត ប៉ុន្តែ ឧស្ម័នមេតាន ដែលមានប្រភពមកពីការចិញ្ចឹមសត្វ ហើយនិងការប្រើជីគីមី អាហ្សូត គ្រោះថ្នាក់ ធ្វើឲ្យផែនដី ឡើងកំដៅ ខ្លាំង និងមានរយៈពេលយូរជាង ឧស្ម័នកាបូនិកទៅទៀត។
បារាំងកំពុងប្រឈមនឹងគ្រោះរាំងស្ងួត អាកាសធាតុក្តៅខ្លាំង និងគ្រោះទឹកជំនន់
បារាំងទើបឆ្លងកាត់រដូវក្តៅ ដែលក្តៅខ្លាំងបំផុត មិនធ្លាប់មាន រហូតដល់៤០ដឺក្រេ កាលពីឆ្នាំ២០២២។ ដោយសារ កម្រិតទឹកក្រោមដីធ្លាក់ចុះខ្លាំង តាំងពីរដូវរងាដើមឆ្នាំ២០២៣ បារាំងកំពុងបារម្ភខ្លាំងពីបញ្ហាខ្វះខាតទឹកប្រើប្រាស់។ នេះគេនៅមិនទាន់និយាយពីគ្រោះរាំងស្ងួត ដែលកំពុងលង គំរាមបារាំងពីរឿងភ្លើងឆេះព្រៃ។ តាមការព្យាករ ដោយសារការប្រែប្រួលអាកាសធាតុ កាន់តែគំរាមកំហែង តំបន់ភាគខាងត្បូងរបស់បារាំងនឹងត្រូវប្រឈមនឹងគ្រោះរាំងស្ងួត ខ្វះទឹក ចំណែកតំបន់ភាគខាងជើង តំបន់ជាប់មហាសមុទ្រ អាត្លង់ទិក អាចរងគ្រោះដោយសារទឹកភ្លៀងធ្លាក់ច្រើនជ្រុល រហូតដល់អាចបណ្តាលឲ្យមានគ្រោះទឹកជំនន់ ការរលំបាក់ដី បាក់ឆ្នេរ។
កំដៅលើផែនដីកើនឡើងក្នុងល្បឿនមួយដ៏លឿន ដោយសារតែសកម្មភាពរបស់មនុស្ស។ ក្រុមអ្នកជំនាញ អាកាសធាតុ អន្តរជាតិ Giec ធ្លាប់បានអំពាវនាវឲ្យគេកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឲ្យបានអតិបរមា បើសិនគេចង់ឲ្យការឡើងកំដៅនៅផែនដី មានត្រឹម ១,៥អង្សា នៅឆ្នាំ ២០៥០។ អ្នកជំនាញអាកាសធាតុសង្កត់ធ្ងន់លើពាក្យ ១,៥អង្សា ព្រោះថា ការឡើងកំដៅផែនដីសព្វថ្ងៃ ប្រមាណត្រឹមតែ ១,២អង្សាប៉ុណ្ណោះ គឺផែនដីជួបគ្រោះមហន្តរាយធម្មជាតិកាន់តែច្រើន និងធ្ងន់ធ្ងរ។
ម្យ៉ាង ក្នុងពេលប្រកាសផែនការអាកាសធាតុថ្មី រដ្ឋាភិបាលបារាំង កំពុងត្រៀមរៀបចំ របាយការណ៍ថ្មីមួយដើម្បីសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ នៅបន្ទាប់ពី ក្រុមជំនាញអាកាសធាតុអន្តរជាតិ Giec ទើបចេញរបាយការណ៍ថ្មីដែលថា គេមិនចាំបាច់រង់ចាំដល់ឆ្នាំ២០៥០ទេ ព្រោះថា កំដៅលើផែនដីនឹងកើនឡើង ១,៥អង្សា នៅក្នុងរយៈពេល ៧ឆ្នាំទៀត ពោលគឺចាប់តាំងឆ្នាំង២០៣០ ឬឆ្នាំ២០៣៥។ ដល់ពេលនោះបារាំងបានគ្រោងសេណារីយ៉ូដ៏អាក្រក់បំផុតដែលបារាំងអាចជួបប្រទះ ពោលគឺអាកាសធាតុបារាំងអាចកើនឡើងបន្ថែម ៤អង្សា រលកកំដៅអាចមានរយៈពេលយូរ ដល់ទៅ ២ខែក្នុងមួយឆ្នាំ ដែលនេះជាអាចគ្រោះថ្នាក់ខ្លាំងបំផុតសម្រាប់ជីវិតមនុស្សនៅប្រទេសបារាំង។
អ្នកជំនាញ៖គេពិបាកជឿជាក់លើផែនការអាកាសធាតុដ៏មានមហិច្ឆតារបស់រដ្ឋាភិបាលបារាំង
បារាំងធ្លាប់បានសន្យា ថា រហូតដល់ឆ្នាំ ២០៣០ បារាំងកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិក ឲ្យបាន៤០% ក្នុងមួយឆ្នាំៗ។ ប៉ុន្តែក្នុងការពិតជាក់ស្តែង ឧទាហរណ៍ នៅឆ្នាំ ២០២២ បារាំងអាចកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បានតែ ២៥%ប៉ុណ្ណោះ ដែលជិតពាក់កណ្តាលនៃការសន្យារបស់ខ្លួន។ ចុះទម្រាំដល់កាត់បន្ថយដល់ ៥០%? អ្នកជំនាញខាងអាកាសធាតុ មិនសូវជាជឿជាក់ប៉ុន្មានទេ ថាបារាំងនឹងអាចធ្វើបានតាមការសន្យារបស់ខ្លួន។
មានហេតុផលមួយចំនួនដែលធ្វើឲ្យគេថា រដ្ឋាភិបាលបារាំងពិបាកនឹងអាចសម្រេចគោលដៅរបស់ខ្លួន។
ទី១ ផែនការអាកាសធាតុរបស់បារាំងមានមហិច្ឆតាខ្លាំងណាស់។ ជាក់ស្តែង នៅឆ្នាំ ២០២២ បារាំងបញ្ចេញឧស្ម័នកាបូនិក ៤០៨លានតោន ប៉ុន្តែ ទៅតាមផែនការអាកាសធាតុថ្មី បារាំងត្រូវតែបញ្ចេញឧស្ម័នកាបូនិក ត្រឹម ២៧០លានតោនក្នុងមួយឆ្នាំ។ មានន័យថា ក្នុងរយៈពេលតែ ៨ឆ្នាំ ពីឆ្នាំនេះ រហូតដល់ឆ្នាំ ២០៣០ បារាំងចង់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ របស់ខ្លួន ក្នុងបរិមាណមួយ ដែលបារាំង គួរធ្វើ សម្រាប់រយៈពេល៣០ឆ្នាំ។ ផែនការដ៏មហិច្ឆតារបស់រដ្ឋាភិបាលបារាំងពិបាកនឹងអាចសម្រេចទៅបាន ដោយសារបញ្ហាពេលវេលាខ្លី។
ទី២ គឺបញ្ហាហិរញ្ញវត្ថុ។ ដើម្បីអាចសម្រេចផែនការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅក្នុងគ្រប់វិស័យ គេចាំបាច់ត្រូវការថវិកា ដើម្បីជំរុញលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធមិនថា ក្រុមហ៊ុន រោងចក្រ ឬប្រជាជន ឈប់ប្រើប្រាស់ថាមពល ដែលជាប្រភពបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នមេតាន។
តាមរបាយការណ៍ចងក្រងដោយនាយកដ្ឋានត្រួតពិនិត្យហិរញ្ញវត្ថុ ដែលគេបានចុះផ្សាយ កាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីលើកទឹកចិត្តឲ្យគ្រប់វិស័យកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នមេតាន គេត្រូវការថវិកាវិនិយោគពីរដ្ឋ និងពីផ្នែកឯកជន ប្រមាណ ៦៦ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំ។ តាមអ្នកសរសេររបាយការណ៍ខាងលើ បើសិន គ្មានការវិនិយោគ ផ្តល់ប្រាក់ជំនួយពីរដ្ឋ នោះប្រជាជនមិនងាយផ្លាស់ប្តូរទម្លាប់ ទៅប្រើរថយន្តអគ្គសនី ឬសាងសង់លំនៅឋាន ដែលប្រើប្រាស់ថាមពលស្អាតស្អំនោះទេ។ បើសិនគ្មានជំនួយឧបត្ថម្ភលើកទឹកចិត្តពីរដ្ឋ រោងចក្រឧស្សាហកម្មបញ្ចេញឧស្ម័នកាបូនិកច្រើនក្រាស់ក្រែល នៅតែបន្តប្រើប្រាស់ថាមពលបានពីធ្យូងថ្ម ប្រេង។
តាមអ្នកជំនាញ ផែនការអាកាសធាតុ ដែលត្រូវការវិយោគសាធារណៈដ៏សម្បើមនឹងអាចធ្វើឲ្យរដ្ឋាភិបាលបារាំង ប្រឈមនឹងការកើនឡើងប្រាក់បំណុល។ ចំណែកផលិតផលក្នុងស្រុកសរុបនឹងអាចធ្លាក់ចុះ ក្នុងអំឡុង ប៉ុន្មានឆ្នាំខាងមុខ។ ប៉ុន្តែ ដើម្បីសម្រាលបន្ទុកចំណាយរដ្ឋ សេដ្ឋកិច្ចវិទូមួយចំនួនបានជំរុញឲ្យគេយកពន្ធពីក្រុមអ្នកមាន ក្រុមហ៊ុនធំៗដែលរកបានប្រាក់ចំណូលច្រើន ដើម្បីយកមកឧបត្ថម្ភផែនការអាកាសធាតុរបស់រដ្ឋាភិបាល៕
23-5-2023 • 8 minuten, 32 seconden លោកចូ បៃដិន ប្រញាប់ប្រញាល់ទៅវ៉ាស៊ីនតោន ខណៈអាមេរិ កប្រឈមនឹងវិបត្តិខ្វះប្រាក់សងបំណុល
កម្មវិធីជំនួបកំពូល G7 នៅក្រុងហ៊ីរ៉ូស៊ីម៉ា បានបិទបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ។ តាមការគ្រោងទុកដំបូង លោកចូ បៃដិន ត្រូវបន្តដំណើរទៅចូលរួម ក្នុងវេទិកាសហប្រតិបត្តិប្រទេសដែនកោះតំបន់ប៉ាស៊ីហ្វិក ដែលចាប់ផ្តើមបើកនៅថ្ងៃចន្ទនេះ នៅប្រទេសប៉ាពូនូវែលហ្គីណេ។ ក៏ប៉ុន្តែលោកចូ បៃដិន បានប្រញេបប្រញាប់ ត្រលប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីអន្តរាគមន៍រកដំណោះស្រាយ ទាក់ទិននឹងបញ្ហាបំណុលសាធារណៈអាមេរិក។ ក្រុមសមាជិកសភាមកពីសាធារណៈរដ្ឋ កំពុងតែខ្វែងគំនិតគ្នា ជាមួយបក្សប្រជាធិបតេយ្យ ទាក់ទិននឹងការកំណត់អត្រាអតិបរមា នៃបំណុលសាធារណៈរបស់អាមេរិក។
បំណុលសាធារណៈ ចំនួន ៣១០០០ពាន់លានដុល្លារ
ជាបឋមយើងត្រូវដឹងថា ប្រទេសធំៗ សេដ្ឋកិច្ចនាំមុខគេទាំងអស់ គឺសុទ្ធតែមានបំណុលសាធារណៈ។ ជាបំណុលដែលរដ្ឋខ្ចីប្រាក់ពីខាងក្រៅ មកបង្វិលចាយវាយ ទៅលើវិស័យនានា មិនថាជាប្រាក់ខែបុគ្គលិករដ្ឋ ប្រាក់សោធននិវត្ត ឬ ជាការចំណាយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ បន្ទាប់មកទៀត ពេលរដ្ឋប្រមូលពន្ធបានមួយឆ្នាំៗ គឺគេបង្វិលសងបំណុលទាំងនោះវិញ។ អញ្ចឹងហើយបានប្រទេសគេរីកចម្រើន ព្រោះរដ្ឋគេមានប្រាក់បង្វិល ចាយវាយរហូត មិននៅជាប់គាំង។ បំណុលសាធារណៈ វាជារឿងធម្មតាទេ គ្រាន់តែថារដ្ឋត្រូវតែប្រយ័ត្ន កុំឲ្យចាយវាយច្រើនជ្រុល បំណុលកើនឡើងខ្ពស់ លើសខ្លាំងជ្រុលពេក ពីចំណូលដុលក្នុងស្រុកដែលរកបានមកវិញ។
នៅអាមេរិក រដ្ឋសហព័ន្ធបច្ចុប្បន្ន ជាប់បំណុលចំនួនសរុប ៣១០០០ពាន់លានដុល្លារ ដែលក្នុងនោះ មានប្រមាណ៧៤០០ពាន់លាន គឺជាបំណុលនៅក្រៅស្រុក ដោយរាប់ទាំងធនាគារកណ្តាលបរទេស និងស្ថាប័នហិរញ្ញវត្ថុឯកជននៅឯបរទេស។ តួលេខនេះ យោងតាមអ្នកជំនាញ គឺវាមិនមានអ្វីចោទជាបញ្ហាអ្វីទេ សម្រាប់សេដ្ឋកិច្ចអាមេរិក។ បញ្ហាចោទនាពេលនេះ គឺជាពេលដែលអាមេរិកត្រូវដំឡើង អត្រាអតិបរមានៃបំណុល ពោលគឺជាច្បាប់ថ្មីមួយ ដែលគេតែងតែធ្វើវា ដើម្បីកំណត់ថា រដ្ឋសហព័ន្ធ អាចមានសិទ្ធិមានបំណុលសាធារណៈ មិនឲ្យលើសពីចំនួនប៉ុន្មាន។
ពីមុនមក ការកំណត់អត្រាអតិបរមានៃបំណុលនេះ គឺគ្រាន់តែជារឿងរដ្ឋបាលសាមញ្ញមួយ ដោយសភាខុសហ្ក្រេសមានតួនាទីធ្វើវា ដើម្បីបើកផ្លូវឲ្យរដ្ឋាភិបាល។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញថា ច្បាប់ដំឡើងអត្រាបំណុលអតិបរមានេះ បានក្លាយជាចំណុចវិវាទ ខ្វែងគំនិតគ្នារវាងក្រុមគណបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យរបស់លោកចូ បៃដិន។ បក្សសាធារណៈរដ្ឋ ស្តីបន្ទោសថារដ្ឋសហព័ន្ធចាយវាយឥតគិត ចំណាយច្រើនណាស់ ធ្វើឲ្យបំណុលចេះតែប៉ោងឡើង។ រីឯបក្សប្រជាធិបតេយ្យវិញ អះអាងថាការចំណាយទាំងនោះគឺវាចាំបាច់ ក្នុងការជួយសង្គម ជួយផ្នែកសុខាភិបាល ជួយជីវភាពប្រជាជនក្រីក្រ ហើយបញ្ហាបំណុលអាចដោះស្រាយបាន តាមរយៈការដំឡើងពន្ធយកពីក្រុមហ៊ុនធំៗ ដែលកើបប្រាក់ចំណេញដ៏សន្ធឹកពីមួយឆ្នាំទៅមួយឆ្នាំ។
រដ្ឋសហព័ន្ធ ប្រឈមនឹងបញ្ហាគ្មានប្រាក់បង់វិក័យប័ត្រ និងសងបំណុល
យោងតាមលោកស្រី Janet Yallen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក គឺបញ្ហាធំមួយចំនួននឹងចោទឡើង ចាប់ពីថ្ងៃទី១មិថុនាខាងមុខនេះទៅ ប្រសិនបើគ្មានកិច្ចព្រមព្រៀងដំឡើងអត្រាអតិបរមានៃបំណុលទេនោះ។ បំណុលរដ្ឋនឹងឡើងចាល់ដល់កម្រិតអតិបរមា ដែលគេបានកំណត់កាលពីលើកមុន។ មានន័យថារដ្ឋមិនអាចបន្ថែមកម្ចីទៀតបានទេ។ ដូច្នេះ ចាប់ពីពេលនោះទៅ គឺរដ្ឋសហព័ន្ធមិនអាចមានប្រាក់គ្រប់គ្រាន់ ក្នុងការចំណាយផ្សេងៗបានទេ តួយ៉ាង ដូចជាការចំណាយលើដំណើរការទូទៅ ប្រាក់ខែបុគ្គលិករដ្ឋសហព័ន្ធ ប្រាក់សោធននិវត្តអតីតទាហាន ការចំណាយលើជំនួយសង្គម ជួយអ្នកក្រីក្រអីជាដើម។
ជារួម មានន័យថា រដ្ឋសហព័ន្ធអាមេរិក នឹងត្រូវតែបង្ខំចិត្ត កាត់បន្ថយការចំណាយដែលមិនសូវចាំបាច់ ពន្យាពេលសងបំណុលទាំងប្រាក់ដើមទាំងការប្រាក់ ឬក៏អាចកាត់បន្ថយខ្ទង់ចំណាយផ្សេងទៀតសិន ដូចជាទំលាក់ចំនួនប្រាក់សោធននិវត្ត ប្រាក់ជំនួយសង្គម បើកឲ្យតែមួយចំណែក ជំពាក់មួយចំណែកអីសិនជាដើម។ វិធានាការទាំងអស់នេះ គឺសុទ្ធតែជាការប៉ះពាល់ទៅដល់ជីវភាពប្រជាជនអាមេរិក។
ក្រុមហ៊ុនឯកជននានា ដែលផ្តល់សេវាកម្មដល់ស្ថាប័នរដ្ឋសហព័ន្ធ ហើយចេញវិក័យប័ត្រហើយ រដ្ឋមិនទាន់បង់ប្រាក់ឲ្យ គឺវានឹងប៉ះពាល់ ដល់ដំណើរការទូទៅ តាមក្រុមហ៊ុនទាំងនោះ។ ពោលគឺវាប៉ះពាល់តៗគ្នា ពីលើដល់ក្រោម។ ហើយចំណុចសំខាន់មួយទៀត គឺរដ្ឋអាមេរិក នឹងត្រូវគេប្រកាសថា គ្មានប្រាក់សងបំណុល។ បញ្ហានេះ អាចនឹងទាញទម្លាក់ពិន្ទុរបស់អាមេរិក នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ អ្នកវិនិយោគ អ្នកផ្តល់ប្រាក់កម្ចីផ្សេងៗ នឹងបាត់បង់ទំនុកចិត្ត ឬក៏មិនសូវហ៊ានរកស៊ីនៅអាមេរិកទេ។ ហេតុដូច្នេះហើយ បានជាលោកចូ បៃដិន បានប្រញេបប្រញាប់ ចេញពីប្រទេសជប៉ុន ត្រលប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីអន្តរាគមន៍ដោះស្រាយបញ្ហានេះ។
បក្សសាធារណរដ្ឋ ទាមទារថាត្រូវតែកាត់បន្ថយការចំណាយរបស់រដ្ឋសហព័ន្ធ
កាលៈទេសៈពេលនេះជាពេលបន្ទាន់ ដែលត្រូវតែស្វែងរកការស្រុះស្រួលគ្នា ប្រសិនបើមិនចង់ឲ្យរដ្ឋអាមេរិក ត្រូវគេប្រកាសថា គ្មានប្រាក់សងបំណុលទេនោះ។ បញ្ហានេះ កំពុងតែជាប់គាំងនៅសភាអាមេរិក ព្រោះសមាជិកសភាបក្សសាធារណរដ្ឋ ជាអ្នករាំងខ្ទប់។ លោក Kevin McCarthy ដែលជាប្រធានសភាតំណាង មកពីបក្សសាធារណរដ្ឋ លើកឡើងថា វ៉ាស៊ីនតោន មិនអាចចាយវាយដោយឥតគិត បានតទៅទៀតបានទេ។ គោលជំហររបស់សមាជិកសភាបក្សសាធារណរដ្ឋ គឺទាមទារឲ្យរដ្ឋាភិបាលលោកចូ បៃដិន យល់ព្រម កាត់បន្ថយការចំណាយ ទើបខាងគេ សុខចិត្តបោះឆ្នោតយល់ព្រម លើច្បាប់ដំឡើងអត្រាអតិបរមានៃបំណុលរដ្ឋ។
ចំណែកលោក ដូណាល់ ត្រាំ ឯណោះ បានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅ ហៅឲ្យសមាជិកសភាបក្សសាធារណៈ ត្រូវតែរឹងមាំ កុំធ្វើសម្បទានឲ្យបក្សប្រជាធិបតេយ្យឲ្យសោះ។ លោក ដូណាល់ ត្រាំ បានប្រកូកប្រកាសថា ត្រូវតែធ្វើឲ្យរដ្ឋាភិបាលលោកចូ បៃដិន ក្ស័យធនគ្មានប្រាក់សងបំណុល។ ការប្រកាសរបស់លោក ដូណាល់ ត្រាំ នេះ ត្រូវបានលោក ចូ បៃដិន ចាត់ទុកជាសម្តីដែលគ្មានការទទួលខុសត្រូវទាល់តែសោះ។ ហេតុតែចង់ចំណេញនយោបាយ ចង់សងសិក ចង់ធ្វើបាបរដ្ឋាភិបាល លោកដូណាល់ ត្រាំ សុខចិត្តធ្វើឲ្យមានបញ្ហាដល់ប្រាក់ចំណាយរបស់រដ្ឋ ហើយអ្នកដែលរងថ្មបាក់ គឺប្រជាជនអាមេរិក។
នៅថ្ងៃចន្ទទី ២២ឧសភា ពេលទៅដល់វ៉ាស៊ីនតោនភ្លាម គឺលោកចូ បៃដិន នឹងជួបប្រជុំជាមួយ លោក Kevin McCarthy។ តែយ៉ាងណា លោកចូ បៃដិន បានអះអាងថា លោកមិនអាចយល់ព្រមកាត់បន្ថយប្រាក់ចំណាយ ទៅក្នុងវិស័យសង្គមកិច្ចបានទេ។ ប្រជាជនអាមេរិកប្រមាណ២១លាននាក់ ដែលមានជីវភាពក្រីក្រ រស់រំពឹងទៅលើប្រព័ន្ធសុខាភិបាលរដ្ឋ និងជំនួយចំណីអាហារជាដើម។
នៅលើយន្តហោះ ជិះឆ្ពោះពីហ៊ីរ៉ូស៊ីម៉ា ទៅវ៉ាស៊ីនតោន លោកចូ បៃដិន បាននិយាយទូរស័ព្ទ ជាមួយ លោក Kevin McCarthyដែរ។ ខាង លោក Kevin McCarthy ទាមទារឲ្យកាត់បន្ថយការចំណាយរបស់រដ្ឋសហព័ន្ធ។ លោកចូ បៃដិនបានបដិសេធ តែលោកសុខចិត្តកាត់បន្ថយការចំណាយ លើផ្នែកផ្សេងមួយចំនួន។ តែទន្ទឹមនឹងនេះ លោកចូ បៃដិន បានទាមទារថាត្រូវដំឡើងពន្ធ យកពីអ្នកមានស្តុកស្តម្ភ និងសហគ្រាសអាមេរិក ដើម្បីយកមកទប់ការចំណាយ។
បើផ្អែកតាមមន្ត្រីសេតវិមាន គឺត្រឹមតែលោក ចូ បៃដិន ជួបនិយាយគ្នាតាមទូរសព័្ទ និងជួបគ្នាដោយផ្ទាល់នៅវ៉ាស៊ីនតោន គឺវាជាសញ្ញាណវិជ្ជមានខ្លះៗរួចទៅហើយ ថាអាចនឹងមានការត្រូវរ៉ូវគ្នា ការពារផលប្រយោជន៍រួមរបស់ជាតិ។ មុននឹងឡើងយន្តហោះនៅជប៉ុន លោកចូ បៃដិន បានលើកឡើងថា អាមេរិកមិនដែលមានប្រវត្តិ ជួបករណីគ្មានប្រាក់សងបំណុលទេ ហើយនឹងមិនអាចជួបករណីនេះ បានជាដាច់ខាត៕
22-5-2023 • 7 minuten, 41 seconden បោះឆ្នោតជាតិនៅក្រិក បក្សស្តាំនិយម និងឆ្វេងនិយម កំពុងប្រទាញប្រទង់គ្នា
ថ្ងៃអាទិត្យ ទី២១ឧសភា នៅប្រទេសក្រិក ប្រជាពលរដ្ឋប្រមាណ ជិត ១០ លាននាក់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសនិងផ្លាស់ប្តូរតំណាងរាស្ត្រ ចំនួន ៣០០នាក់ សម្រាប់អាណត្តិ ៤ ឆ្នាំ។ តាមការស្ទង់មតិចុងក្រោយ គណបក្សកាន់អំណាច ជាបក្សស្តាំនិយម មានសំឡេងនាំមុខ បក្សប្រឆាំង ឆ្វេងនិយម តែនាំមុខក្នុងចំនួនតិចតួចបំផុត។ ក្នុងការឃោសនា ប្រមុខដឹកនាំបក្សកាន់អំណាច ជានាយករដ្ឋមន្ត្រីផុតអាណត្តិ បានអួតសរសើរពីកំណើនសេដ្ឋកិច្ចនិងស្ថិរភាពក្នុងប្រទេស ព្រមទាំងកាត់បន្ថយចំនួនជនភៀសខ្លួន ប៉ុន្តែលោក Kyriakos Mitsotakis ត្រូវជួបការរិះគន់ខ្លាំងពីការប្រើប្រាស់អំណាចរដ្ឋពោរពាសជ្រុលពេក។ ថ្នាកដឹកនាំបក្សប្រឆាំងវិញ លោក Alexis Tsipras ធ្លាប់ជានាយករដ្ឋមន្ត្រីក្រិក ចន្លោះឆ្នាំ២០១៥ ដល់២០១៩ និងដែលធ្លាប់ធ្វើឲ្យប្រទេសធ្លាក់ចុះក្នុងវិបត្តិសេដ្ឋកិច្ចនិងបំណុលធ្ងន់ធ្ងរ។
សេដ្ឋកិច្ចនិងទេសចរណ៍ ងើបក្បាលបន្តិចហើយ
ក្នុងការយុទ្ធនាការបោះឆ្នោត នាយករដ្ឋមន្រ្តី ក្រិក ផុតអាណត្តិ លោក Kyriakos Mitsotakis បានសំអាងលើចំណុចខ្លាំង មួយចំនួន ត្រង់ផ្នែក សេដ្ឋកិច្ច សុខាភិបាល វិស័យទេសចរណ៍ សន្តិសុខស្ថិរភាព និង អន្តោប្រវេសន៍។ ទិន្នន័យថ្មីចុងក្រោយ ឆ្នាំ២០២២ បង្ហាញថា សេដ្ឋកិច្ចក្រិកបានកើតឡើងជាង៥,២%។ នេះក៏ដោយសារតែលោក Kyriakos Mitsotakisបានអនុវត្តគោលនយោបាយសេដ្ឋកិច្ចសេរីនិយម និងបើកផ្លូវឲ្យផ្នែកឯកជនជួយផ្តល់និងបំពេញសេវាកម្មខ្លះៗ សម្រាលបន្ទុករបស់រដ្ឋ។ ឧទាហរណ៍ក្នុងវិស័យសុខាភិបាលជាដើម។ មន្ទីរពេទ្យឯកជនដើរតួច្រើនក្នុងការសង្គ្រោះមនុស្សនៅរដូវជំងឺកូវីដ១៩។ វិស័យទេសចរណ៍ក្រិក ក៏បានងើបខ្លួនល្អប្រសើរច្រើន។ នយោបាយទប់ស្កាត់លំហូរជនភៀសខ្លួនវិញ គឺបានធ្វើឲ្យលំហូរជនអន្តោប្រវេសន៍ថយចុះខ្លាំង នៅក្នុងរយៈពេលចុងក្រោយនេះ។ អាស្រ័យហេតុនេះហើយ ទើបលោកអំពាវនាវថា «បើចង់បានកំណើនសេដ្ឋកិច្ច និងស្ថិរភាព សន្តិសុខសុវត្ថិភាព គឺបោះឆ្នោតជូនលោក »។
នាយករដ្ឋមន្ត្រីក្រិកផុតអាណត្តិ និមិត្តរូបនៃអំណាចពោរពាស
លោក Kyriakos Mitsotakis ឋិតក្នុងវង្សត្រកូលក្រុមគ្រួសារសុទ្ធសឹងតែធ្វើនយោបាយជោកជាំ។ លោកជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីក្រិច។ បងប្អូនស្រី គឺធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស។ ក្មួយប្រុស ជា អភិបាលរដ្ឋធានី អាថែន។ នៅក្រោមការដឹកនាំប្រទេស ចាប់ពីឆ្នាំ២០១៩មក គឺនាយករដ្ឋមន្ត្រីផុតអាណត្តិ បានក្តោបក្រសោបអំណាចបន្ថែម និងប្រើល្បិចទុច្ចរិតផ្សេងៗដើម្បីកេងចំណេញនយោបាយ។ ជាក់ស្តែង លោកបានដាក់ ភ្នាក់ងារស៊ើបការសម្ងាត់ និង ភ្នាក់ងារសារព័ត៌មានរបស់រដ្ឋ មកឲ្យឋិតនៅក្រោមអំណាចត្រួតត្រារបស់លោក។
រឿងអាស្រូវធំ ផ្ទុះឡើងនៅរដូវក្តៅ ឆ្នាំ២០២២ គឺនាយករដ្ឋមន្ត្រីក្រិច ផុតអាណត្តិរូបនេះ បានប្រើ ភ្នាក់ងារស៊ើបការសម្ងាត់របស់រដ្ឋ ឲ្យតាមដានលួចស្តាប់យកការណ៍ពីសារព័ត៌មាន ពីប្រធានក្រុមហ៊ុនសហគ្រាស និងលួចស្តាប់កិច្ចសន្ទនាតាមទូរសព្ទ របស់ អ្នកនយោបាយផ្សេងទៀត។ នេះជារឿងអាស្រូវទុច្ចរិត ប្រាសចាសពីក្រុមសីលធម៌អ្នកនយោបាយ ដែលយុវជនអឺរ៉ុប ស្អប់ខ្ពើម។
បញ្ហាមួយទៀត គឺ គ្រោះថ្នាក់បុករថភ្លើង ខែកុម្ភៈ ស្លាប់មនុស្ស៥៧ នាក់ គឺធ្វើឲ្យប្រឡាក់មុខមាត់រដ្ឋាភិបាលក្រិកជាខ្លាំង។ មានបាតុកម្មប្រឆាំងរដ្ឋាភិបាលជាច្រើន។ ពួកបាតុករ ពិសេសយុវជន បានចោទរដ្ឋាភិបាលថាជាឃាតករទៀតផង។ ប្រឈមនឹងបាតុកម្មនេះ រដ្ឋអំណាចក្រិច បានដាក់ពង្រាយកម្លាំងប៉ូសិលនៅតាមគ្រឹះស្ថានឧត្តមសិក្សាសំខាន់ៗ ដើម្បីត្រួតយុវជននិស្សិតបាតុករ ដែលគេហៅថា នគបាលសកលវិទ្យាល័យ។ ចំណុចនេះ ក៏កាន់តែត្រូវយុវជនក្រិកស្អប់ មិនចូលចិត្តទាល់តែសោះ។
បក្សប្រឆាំង ចិញ្ច្រាំចំណុចខ្សោយរបស់រដ្ឋាភិបាល
បក្សប្រឆាំង ឈ្មោះ Syriza និន្នាការឆ្វេងនិយម ចុចសង្កត់លើចំណុចខ្សោយទាំងឡាយរបស់រដ្ឋាភិបាល។ ក្រៅពីបញ្ហាដែលយើងលើកឡើងមុននេះ ជាពិសេស អំពើពុករលួយនៅក្នុងវិស័យនយោបាយ និងបញ្ហាលួចស្តាប់កិច្ចសន្ទនាតាមទូរសព្ទ គឺនៅមានបញ្ហាសង្គមច្រើនទៀត ដែលត្រូវដោះស្រាយ ជាក់ស្តែង វិបត្តិអតិផរណាទំនិញថ្លៃខ្លាំងទៅៗ។ លទ្ធភាពចាយវាយរបស់ពលរដ្ឋ ចេះតែទន់ខ្សោយ។ មួយទៀត បញ្ហាការស្នាក់នៅ លំនៅដ្ឋានរបស់ប្រជាជន ក៏ចោទខ្លាំងណាស់ដែរ ហើយក្រិក នៅមិនទាន់មាន លំដ្ឋានរដ្ឋសម្រាប់ជួយផ្នែកសង្គមកិច្ច ដល់អ្នកខ្លះផ្ទះសម្បែងស្នាក់នៅនោះទេ។ វិបត្តិធំជាពិសេសដែរនោះ គឺ វិបត្តិអត់ការងារធ្វើរបស់យុវជនក្រិក ដែលនៅមានចំនួនច្រើន និងជាបន្ទុកធ្ងន់។ យុវជនក្រិក ចន្លោះ១៨ ទៅ២៥ឆ្នាំ គឺមានចំនួនច្រើន ស្ទើរតែថាច្រើនជាងគេបើប្រៀបធៀបនឹងប្រទេសផ្សេងទៀត ក្នុងអឺរ៉ុប។
គណបក្សប្រឆាំង ចិញ្ច្រាំចំណុចបញ្ហាអស់ទាំងនេះ ដើម្បីវាយប្រហារ និង បានសន្យាពីចំណែកខ្លួនថានឹង លើកស្ទួយកំណើនជីវភាពប្រជាជន វណ្ណៈថ្នាក់កណ្តាល ដូចជា ជួយផ្តល់ជំនួយឧបត្ថម្ភផ្នែកស្បៀងអាហារ ជាដើម។
បក្សប្រឆាំង Syriza ដឹកនាំដោយ អតីតនាយករដ្ឋមន្ត្រី Alexis Tsipras ដែលធ្លាប់បានកាន់អំណាចរួចមកហើយ និងដែលត្រូវគេរិះគន់ខ្លាំង ថាក្រោមការដឹកនាំរបស់គាត់ ធ្វើឲ្យប្រទេសធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយប្រទេសជាតិជំពាក់បំណុលគេ វ័ណ្ឌក។ រហូតមកដល់សព្វថ្ងៃនេះ បំណុលសារធារណៈរបស់ក្រិក គឺកើនដល់ ១៧០% នៃផលិតផលក្នុងស្រុកសរុប។ អតីតនាយករដ្ឋមន្ត្រីរូបនេះ ក៏ត្រូវគេរិះគន់ចាស់ដែរ ដែលបានដកប្រទេស ដើរចេញពីតំបន់ចាយប្រាក់អឺរ៉ូ នៅឆ្នាំ២០១៥។ នេះជាចំណុចខ្សោយដែល ត្រូវ គូប្រជែង បក្សកាន់អំណាចសព្វថ្ងៃ យកទៅឃោសនារិះគន់។
អត្រាចូលរួមបោះឆ្នោតនៅក្រិក គឺមិនខ្ពស់នោះទេ។
នៅឆ្នាំ២០១៩ អត្រាចូលរួមបោះឆ្នោតមានត្រឹមតែ ជាង៤០%ប៉ុណ្ណោះ។ បញ្ហានេះ បែបមិនទាន់បានប្រសើរនោះឡើយ សម្រាប់ការបោះឆ្នោតអាណត្តិនេះ។ ដើម្បីជំរុញឲ្យយុវជនទៅបោះឆ្នោត រដ្ឋាភិបាលក្រិក បានចេញច្បាប់អនុញ្ញាតឲ្យយុវជន អាយុ១៧ឆ្នាំ ក៏អាចទៅបោះឆ្នោតបានដែរ។
តាមការស្ទង់មតិចុងក្រោយ គឺឃើញថា គ្មានសំឡេងបានទៅបក្សណាមួយឈ្នះដាច់គេនោះទេ។ គណបក្សបក្ស ៣ នាំមុខគេខ្លាំង គឺ បក្សស្តាំនិយម កំពុងកាន់អំណាចសព្វថ្ងៃ ឋិតនៅក្នុងកម្រិតសំឡេងគាំទ្រ ច្រើនលើស៥ទៅ៧% ច្រើនជាងបក្សប្រឆាំង។ ពោលគឺចេតនារបស់ម្ចាស់ឆ្នោតចង់ឲ្យសន្លឹកឆ្នោតឲ្យបក្សកាន់អំណាច គឺមានប្រមាណជា ៣២,៧% ហើយបក្សប្រឆាំងឆ្វេងនិយម Syriza មាន២៦% ហើយបក្សសង្គមនិយម Pasok-Kinal អាចនឹងទទួលការគាំទ្រ ៨ %។
អ្នកវិភាគនិងអ្នកតាមដានស្ថានការណ៍ក្រិក យល់ស្របព្រមគ្នាថា ការបោះឆ្នោតលើកនេះ ទំនងជាគ្មានបក្សណាមួយឈ្នះដាច់គេ ដាច់ខាតនោះឡើយ។ ហើយបញ្ហានៅពេលនេះ គឺបក្សនយោបាយនាំមុខទាំងបី គឺគ្មានចេតនាចង់ចងសម្ព័ន្ធជាមួយបក្សដៃទៀត។ ជាក់ស្តែង នាយករដ្ឋមន្ត្រីផុតអាណត្តិ ប្រកាសស្រេចតែម្តងថា គោលដៅរបស់លោក គឺ «ចង់បានឈ្នះដាច់ បានសំឡេងច្រើនជាងគេនៅរដ្ឋសភា និងបង្កើតរដ្ឋាភិបាលដឹកនាំប្រទេស ដោយបក្សតែមួយ ម្នាក់ឯង មិនចង់បានរដ្ឋាភិបាលចម្រុះទេ។»
ប្រសិនបើគ្មានបក្សណា១ឈ្នះដាច់ គ្មានការចងសម្ព័ន្ធ និង មិនអាចបង្កើតរដ្ឋាភិបាលចម្រុះបាន គឺ គេអាចនឹងត្រូវរៀបចំបោះឆ្នោតជាលើកទី២ ចុងខែមិថុនា ឬដើមខែកក្កដាខាងមុខ ទៀត៕
21-5-2023 • 9 minuten, 41 seconden G7៖ លោកហ្សេឡេនស្គីទៅដល់ជប៉ុន ខណៈអាមេរិកព្រមបើកផ ្លូវប្រគល់យន្តហោះចម្បាំងឲ្យអ៊ុយក្រែន
ជំនួបកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 កំពុងតែដំណើរការទៅយ៉ាងសកម្ម នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន។ លោកហ្សេឡេនស្គី ទើបតែទៅដល់ជប៉ុន ចូលរួមក្នុងជំនួបកំពូលនេះ ដើម្បីកៀងគរការគាំទ្រជួយអ៊ុយក្រែន ក្នុងការធ្វើសង្គ្រាម យកឈ្នះការឈ្លានពានរបស់រុស្ស៊ី។ ព្រមពេលជាមួយគ្នា រដ្ឋាភិបាលអាមេរិក ទើបតែបានប្រកាស យល់ព្រមបើកផ្លូវ ប្រគល់យន្តហោះចម្បាំងឲ្យអ៊ុយក្រែន ដូចអ្វីដែលអ៊ុយក្រែន បានទទូចស្នើសុំជាច្រើនខែមកហើយ។
ការសម្រេចជាប្រវត្តិសាស្ត្រ
លោកប្រធានាធិបតី វ្លូឌីមៀរហ្សេឡេនស្គី បានសរសេរលើទំព័រ Twitter ដោយបានចាត់ទុកការសម្រេចរបស់សហរដ្ឋអាមេរិក ថាជាការសម្រេចជាប្រវត្តិសាស្ត្រ នៅក្នុងការជួយអ៊ុយក្រែន ប្រយុទ្ធយកឈ្នះការឈ្លានពានរបស់រុស្ស៊ី។ នៅរសៀលថ្ងៃសៅរ៍នេះ លោកហ្សេឡេនស្គី បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនហើយ ដោយរដ្ឋាភិបាលបារាំង ជាអ្នកផ្តល់យន្តហោះពិសេស ដឹកលោកហ្សេឡេនស្គី ទៅដល់ក្រុងហ៊ីរ៉ូស៊ីម៉ាតែម្តង។
វត្តមានរបស់លោកហ្សេឡេនស្គី នៅទីក្រុងអ៊ីរ៉ូស៊ីម៉ា ក៏ជានិម្មិតរូបមួយសំខាន់ណាស់ដែរ។ ហ៊ីរ៉ូស៊ីម៉ា ជាទីក្រុងទីមួយក្នុងប្រវត្តិសាស្ត្រ ដែលបានរងគ្រាប់បែកបរមាណូ កាលពីសង្គ្រាមលោកលើកទី២។ សង្គ្រាមនៅអ៊ុយក្រែនបច្ចុប្បន្ននេះ បានធ្វើឲ្យមានការបារម្ភខ្លាំងណាស់ដែរ អំពីលទ្ធភាពអាចឈានផ្ទុះក្លាយជាមហន្តរាយនុយក្លេអ៊ែរ។
តាមការគ្រោងទុក លោកហ្សេឡេនស្គី នឹងចូលរួមក្នុងជំនួបកំពូលនៅថ្ងៃអាទិត្យស្អែក ដែលជាថ្ងៃចុងក្រោយ ជាមួយក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 និងប្រទេសដៃគូ ដែលគេអញ្ជើញមកចូលរួម៨ប្រទេសទៀត ដែលមានដូចជាឥណ្ឌា ប្រេស៊ីល វៀតណាម និងឥណ្ឌូណេស៊ីជាដើម។ ដោយឡែកនៅថ្ងៃសៅរ៍នេះ គឺនឹងមានជំនួបទ្វេភាគី រវាងលោកហ្សេឡេនស្គី ជាមួយលោកចូ បៃដិន ជាមួយលោកម៉ាក្រុង ជាមួយលោករីស៊ី ស៊ូណាក់ និងជាមួយលោកហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន។ ហើយមុននេះបន្តិច លោកហ្សេឡេនស្គី បានជួបមួយទល់នឹងមួយ ជាមួយលោក ណារិន្ទ្រ ម៉ូឌី ដែលទើបតែទៅដល់ក្រុងហ៊ីរ៉ូស៊ីម៉ាដែរ។
សេតវិមានបានយល់ព្រមបើកផ្លូវ ប្រគល់យន្តហោះចម្បាំងទៅឲ្យអ៊ុយក្រែន។ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បានឲ្យដឹងថា លោកប្រធានាធិបតីចូ បៃដិន បានពិចារណាច្បាស់លាស់ នឹងឈប់ស្ទាក់ស្ទើទៀតហើយ។ លោក ចូ បៃដិន កំពុងតែទន្ទឹងរងចាំជួបនិយាយលំអិត ជាមួយលោកហ្សេឡេនស្គី ទាក់ទិននឹងការប្រគល់យន្តហោះចម្បាំង ទៅតាមអ្វីដែលអ៊ុយក្រែនបានទទូចស្នើសុំ។
បារាំងជួយផ្នែកហ្វឹកហាត់ អង់គ្លេសចេញមុខដើរប្រមូលយន្តហោះF-16
ផ្អែកតាមលំអិតរបស់លោក Jake Sullivan គឺជាដំណាក់ដំបូងនេះ គឺអាមេរិក នឹងរួមសហការជាមួយប្រទេសអឺរ៉ុបមួយចំនួន ដើម្បីរៀបចំការហ្វឹកហាត់ឲ្យនាយទាហានជំនាញរបស់អ៊ុយក្រែន ចេះប្រើប្រាស់យន្តហោះចម្បាំងរបស់អាមេរិក។ យន្តហោះចម្បាំង ដែលគេកំពុងនិយាយគ្នានេះ គឺយន្តហោះប្រភេទ F-16។
និយាយឲ្យងាយស្តាប់គឺថា សម្រាប់ពេលនេះ ទាហានជំនាញអ៊ុយក្រែន នឹងចាប់ផ្តើមហ្វឹកហាត់ប្រើយន្តហោះ ចេះជួសជុល។ ហើយអំឡុងពេលនេះ ក្រុមប្រទេសសម្ព័ន្ធមិត្ត នឹងចាប់ផ្តើមនិយាយគ្នា អំពីផែនការ កាលវិភាគនៃការប្រគល់យន្តហោះ ក្នុងចំនួនប៉ុន្មាន ហើយប្រទេសអ្នកខ្លះដែលជាអ្នកឲ្យទៅអ៊ុយក្រែនជាដើម។ ដូច្នេះ ទំរាំតែអ៊ុយក្រែនបានទទួលយន្តហោះយកទៅប្រើមែនទែន ក៏ប្រហែលជា១ឆ្នាំទៀតអីដែរ បើតាមការស្មាន។
ផ្អែកតាមអ្នកវិភាគខ្លះបានលើកឡើងថា អាមេរិកបើកភ្លើងខៀវព្រមប្រគល់មែន តែមិនមែនមានន័យថា អាមេរិកនឹងដឹកយកយន្តហោះខ្លួនទៅឲ្យអ៊ុយក្រែនទេ។ ប្រភពពីរដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា គឺលោករីស៊ី ស៊ូណាក់ ជាអ្នកចេញមុខ ដឹកនាំក្រុមការងារ និយាយជាមួយហូឡង់ ប៊ែលហ្ស៊ិល និងដាណឺម៉ាក ដើម្បីរៀបចំប្រមូលយន្តហោះ F-16 នៅតាមប្រទេសទាំងនេះ។ ហូឡង់ ដាណឺម៉ាកជាដើម ធ្លាប់បានប្រកាសថាគេអាចឲ្យយន្តហោះ F-16 ទៅឲ្យអ៊ុយក្រែន ព្រោះយន្តហោះចម្បាំងគេ នឹងត្រូវជំនួសដោយអាប្រភេទថ្មី F-35។ ដោយឡែក ខាងបារាំងវិញ លោកម៉ាក្រុងបានបញ្ជាក់ថា បារាំង នឹងជួយអ៊ុយក្រែនផ្នែកហ្វឹកហាត់ប្រើយន្តហោះចម្បាំង។
« អ្នកណាឲ្យយន្តហោះចម្បាំងទៅអ៊ុយក្រែន អ្នកនោះនឹងប្រឈមគ្រោះថ្នាក់ធំ »
គ្មានអ្វីចម្លែកទេ រុស្ស៊ីបានបរិហារចោទថា ក្រុមប្រទេសលោកខាងលិច កំពុងតែលង់ខ្លួនក្នុងធ្វើសង្គ្រាមជាមួយរុស្ស៊ី ងើបមិនមិនរួចទេ។ យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានរុស្ស៊ី TASS លោក Alexandre Grouchko អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា ការប្រគល់យន្តហោះចម្បាំងទៅឲ្យអ៊ុយក្រែន វានឹងបង្កើតឲ្យមានការប្រឈមគ្រោះថ្នាក់ធំណាស់ សម្រាប់ប្រទេសដែលជាម្ចាស់យន្តហោះទាំងអស់នោះ។ លោកម្នាក់នេះ បន្តថា រុស្ស៊ីនឹងកត់ត្រាទុក ហើយនឹងយកវាបញ្ចូលទៅក្នុងផែនការយុទ្ធសាស្ត្ររបស់រុស្ស៊ី។ Alexandre Grouchko អះអាងថា រុស្ស៊ីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសម្រេចកម្មវត្ថុ និងយកឈ្នះឲ្យបាន។ សំដីទាំងនេះ គឺជាសំដី គំរាមយ៉ាងច្បាស់ ពីសំណាក់រុស្ស៊ី ទៅលើបណ្តាប្រទេសអឺរ៉ុប ដែលនឹងប្រគល់យន្តហោះចម្បាំង F-16 ទៅឲ្យអ៊ុយក្រែន។
ដោយឡែក ឆ្លើយតបនឹងការសម្រេចដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ទៅលើរុស្ស៊ី ពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិច ក្រេមឡាំងបានប្រកាសកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ នូវវិធានការឆ្លើយតបវិញដែរ ដោយដាក់ឈ្មោះជនជាតិអាមេរិក៥០០នាក់ ចូលទៅក្នុងបញ្ជីខ្មៅ ហាមឃាត់មិនឲ្យចូលដីរុស្ស៊ី។ ក្នុងចំណោមឈ្មោះនោះ គឺមានលោកបារ៉ាក់ អូបាម៉ាដែរ។
G7 បរិហារការប្រើ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ជាអាវុធបម្រើមហិច្ឆតា
ចិនគឺជាសំណុំរឿងមួយទៀត ដ៏សំខាន់ដែរ ដែលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧បានលើកមកពិភាក្សាគ្នា។ យោងតាមអត្ថបទគ្រោងនៃសេចក្តីប្រកាសរួម គឺប្រទេសធំៗទាំង៧ បានប្រកាសប្រឆាំងចំពោះ ការប្រើប្រាស់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ជាអាវុធដើម្បីបម្រើមហិច្ចតានយោបាយវាតទី។ ទោះគេមិនបញ្ចេញឈ្មោះឲ្យចំ តែគឺគេពិតជាចង់សំដៅទៅលើចិន ដែលកន្លងមក បានប្រើប្រាស់ការគំរាមផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទៅលើប្រទេសណា ដែលហ៊ានរិះគន់ចិន ឬប្រឆាំងនឹងចិន។
ទន្ទឹមគ្នានេះ ក្រុមប្រទេសឧស្សាហកម្មនាំមុខទាំង៧ បានប្រកាសថា នឹងប្រឹងប្រែង រៀបចំពង្រីកបណ្តាញផ្គត់ផ្គង់របស់ពិភពលោក ធ្វើយ៉ាងណាមិនត្រូវរំពឹងតែទៅលើប្រទេសណាមួយ។ ការពឹងផ្អែកខ្លាំងពេក វាធ្វើឲ្យប្រទេសដែលផ្គត់ផ្គង់ធំជាងគេមួយណានោះ បានចិត្តអាចយកកត្តានេះ ជាមធ្យោបាយដាក់សំពាធ រករឿង។
យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំនៃក្រុមប្រទេស G7 បានអះអាងថា គេនឹងមិនប្រកាសគោលជំហរ រករឿងប្រឆាំងចិនឬទៅរារាំងការរីកចម្រើនសេដ្ឋកិច្ចរបស់ចិននោះទេ។ ក្នុងនាមចិនជាមហាអំណាចសេដ្ឋកិច្ចលំដាបទី២ វាជារឿងចាំបាច់ណាស់ ដែលក្រុមប្រទេស G7 ត្រូវបន្តធ្វើការជាមួយចិន សហការជាមួយចិន។ តែទន្ទឹមគ្នានេះ G7 នឹងស្វែងរកច្រកផ្លូវថ្មីផ្សេង ដើម្បីកាត់បន្ថយការប្រឈម មិនពឹងផ្អែកទៅលើចិន តែមិនមែនមានន័យថា គេនឹងផ្តាច់ខ្លួនទាំងស្រុងពីចិននោះដែរ។
ហើយត្រលប់ទៅសំណុំរឿងអ៊ុយក្រែនវិញ ក្រុមប្រទេស G7 បានទទួលស្គាល់តួនាទីចាំបាច់របស់ចិន នៅក្នុងការនិយាយជាមួយរុស្ស៊ី។ ក្រុមប្រទេស G7 បានអំពាវនាវ ឲ្យចិនប្រឹងប្រែងធ្វើយ៉ាងណាបញ្ចុះបញ្ចូលរុស្ស៊ី ដាក់សំពាធ ឲ្យរុស្ស៊ី យល់ព្រមដកទ័ពថយចេញទាំងស្រុង ពីទឹកដីអ៊ុយក្រែន ដើម្បីឈានទៅបើកទំព័រថ្មីចរចាសន្តិភាព បិទបញ្ចប់សង្គ្រាម៕
20-5-2023 • 8 minuten, 7 seconden ជំនួបកំពូលG7 នៅហ៊ីរ៉ូស៊ីម៉ា៖ ឯកភាពរបស់អំណាចសេដ្ឋកិច ្ចទាំង៧ ក្នុងការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី
ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 កំពុងតែបើកជំនួបកំពូល នៅឯទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃសុក្រទី១៩ឧសភា ដល់ថ្ងៃអាទិត្យទី២១ឧសភា។ ជំនួបកំពូលដែលនឹងផ្តោតសំខាន់ ទៅលើសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន ដែលក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៧ បានប្រកាសពីការឯកភាពគ្នា ឈានទៅដាក់បន្ថែមទណ្ឌកម្មថ្មីទៀត ទៅលើរុស្ស៊ី។ យ៉ាងណាមិញ យោងតាមព័ត៌មានចុងក្រោយ ដែលទើបតែទទួលបាន គឺលោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី កំពុងតែធ្វើដំណើរឆ្ពោះទៅចូលរួមក្នុងជំនួបកំពូលនេះ ដោយផ្ទាល់តែម្តង។
លោកហ្សេឡេនស្គី មានវត្តមានដោយផ្ទាល់
ពីដំបូងលោកហ្សេឡេនស្គី មានគំរោងថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ នៅពេលបើកជំនួបកំពូល នៃក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 ដែលត្រូវរៀបចំនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យទី២១ឧសភា។ ក៏ប៉ុន្តែ ផ្អែកតាមព័ត៌មានចុងក្រោយ បញ្ជាក់ប្រាប់ទៅបណ្តាញព័ត៌មានបារាំង AFP គឺលោកហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន នឹងធ្វើដំណើរទៅចូលរួមដោយផ្ទាល់តែម្តង។ គ្រាន់តែមិនទាន់ដឹងថា ទៅដល់ថ្ងៃនេះ ឬថ្ងៃស្អែក។ ដូចយើងដឹងហើយ ការធ្វើដំណើរចេញក្រៅប្រទេស របស់លោកប្រធានាធិបតីអ៊ុយក្រែន គឺតែងតែត្រូវគេលាក់ការសម្ងាត់ ទាល់តែនាទីចុងក្រោយបានទំលាយព័ត៌មានឲ្យដឹង ព្រោះដើម្បីការពារសុវត្ថិភាពសន្តិសុខ ។
លោក Oleksiï Danilov អគ្គលេខាក្រុមប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែន បានបញ្ជាក់ឲ្យដឹងថា ការសម្រេចធំៗ និងសំខាន់ៗមួយចំនួន នឹងត្រូវធ្វើនៅក្នុងឱកាសជំនួបកំពូល G7 នៅហ៊ីរ៉ូស៊ីម៉ា។ ដូច្នេះវាជារឿងចាំបាច់ណាស់ ដែលលោកប្រធានាធិបតីហ្សេឡេនស្គី ត្រូវតែមានវត្តមានដោយផ្ទាល់នៅទីនោះ ដើម្បីនិយាយការពារផលប្រយោជន៍ជាតិអ៊ុយក្រែន។
យន្តហោះចម្បាំង
ប៉ុន្មានថ្ងៃមកនេះ លោកហ្សេឡេនស្គី បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការប្រមូលកៀងគរ ការគាំទ្រ ផ្តល់ជំនួយសព្វាវុធបន្ថែមទៀត មកឲ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធដណ្តើមទឹកដីមកវិញ។ បច្ចុប្បន្ននេះ សមរភូមិហាក់នៅទ្រឹងមួយកន្លែង។ កងទ័ពអ៊ុយក្រែនពិបាករុលទៅមុខ ដោយសារតែកងទ័ពរុស្ស៊ីបានជីករណ្តៅ ដាក់ឧបសគ្គដ៏រឹងមាំ នៅតាមបណ្តោយខ្សែត្រៀម សមរភូមិជួរមុខ។ ហេតុដូច្នេះហើយ យន្តហោះចម្បាំងទំនើប គឺពិតជាអាចជួយកងទ័ពអ៊ុយក្រែនបានច្រើន។ លោកហ្សេឡេនស្គី បានអះអាងម្តងហើយម្តងទៀតថា គ្រឿងសព្វាវុធទាំងអស់ របស់ប្រទេសសម្ព័ន្ធមិត្តលោកខាងលិច គឺអ៊ុយក្រែននឹងមិនយកទៅវាយប្រហារក្នុងទឹកដីរុស្ស៊ីនោះទេ សូមកុំបារម្ភ។ អ៊ុយក្រែននឹងយកទៅប្រើ ដើម្បីតែការពារខ្លួន ប្រយុទ្ធដណ្តើមយកទឹកដីដ៏ស្របច្បាប់របស់អ៊ុយក្រែនមកវិញតែប៉ុណ្ណោះ។
កាលពីថ្ងៃពុធ ក្នុងជំនួបកំពូលក្រុមប្រឹក្សាអឺរ៉ុប នៅប្រទេសអ៊ីស្លង់ ក្រុមប្រទេសអឺរ៉ុបធំៗ បានបង្ហាញជំហរហើយ ថាគេអាចនឹងពិចារណា ប្រមូលយន្តហោះចម្បាំង F-16 ទៅជួយអ៊ុយក្រែន។ តែយន្តហោះចម្បាំងប្រភេទនេះ គឺជាបច្ចេកវិទ្យាអាមេរិក ដូច្នេះគឺទាល់តែរដ្ឋាភិបាលអាមេរិកយល់ព្រមជាមុនសិន។ ម្លោះហើយ នៅក្នុងឱកាសជំនួបកំពូល G7 នាពេលនេះ គឺជាពេលសំខាន់ណាស់ ដែលលោកហ្សេឡេនស្គី នឹងថ្លែងការណ៍ អំពាវនាវទទូចសុំពីលោកចូ បៃដិន ដែលកន្លងមកបានប្រកែកថា អាមេរិកនឹងមិនឲ្យយន្តហោះចម្បាំងទៅអ៊ុយក្រែនទេ។
អ៊ុយក្រែនប្រយុទ្ធដើម្បីការពារពិភពសេរីទាំងមូល
វត្តមានថ្លែងការណ៍ របស់លោកហ្សេឡេនស្គី នៅពេលនេះ ក៏សំខាន់ណាស់ដែរ នៅក្នុងការប្រមូលការគាំទ្រជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធធ្វើសង្គ្រាម ដើម្បីការពារគោលការណ៍គ្រិះនៃពិភពលោកសេរី។ ក្នុងជំនួបកំពូល G7 លើកនេះ គេបានអញ្ជើញប្រទេសចំនួន៨ផ្សេងទៀត មកចូលរួមជាពិសេស គឺមានដូចជា ឥណ្ឌា ប្រេស៊ីល និង ឥណ្ឌូណេស៊ី ជាដើម។ ដូចយើងបានដឹងកន្លងមកហើយ ឥណ្ឌាមិនបានថ្កោលទោសរុស្ស៊ីទេ ហើយថែមទាំងបានពង្រឹងទំនាក់ទំនងយោធាជាមួយរុស្ស៊ី ហើយបានលួចទិញប្រេងដែលរុស្ស៊ីលក់ឡៃឡុងទៀត។ ចំណែកប្រេស៊ីលវិញ លោកប្រធានាធិបតីលូឡា បានថ្លែងស្តីបន្ទោសក្រុមប្រទេសលោកខាងលិចថា គិតតែពីរុញអ៊ុយក្រែនឲ្យធ្វើសង្គ្រាម។
តាមការរំពឹងទុក លោកប្រធានាធិបតីអ៊ុយក្រែន នឹងយកវេទិកា G7នេះ ដើម្បីថ្លែងពន្យល់ប្រទេសទាំងអស់នេះថា សង្គ្រាមដែលលោកពូទីនកំពុងធ្វើទៅលើអ៊ុយក្រែន គឺមិនមែនត្រឹមតែចង់បានទឹកដីអ៊ុយក្រែនមួយមុខនោះទេ តែលើសពីនេះ គឺលោកពូទីនធ្វើសង្គ្រាមប្រឆាំងនឹងច្បាប់អន្តរជាតិ ប្រឆាំងនឹងពិភពលោកសេរី និងប្រជាធិបតេយ្យ។ បើឲ្យលោកពូទីនឈ្នះថ្ងៃនេះ លោកពូទីននឹងបន្តមហិច្ឆតានេះតទៅទៀត ទៅកាន់ប្រទេសផ្សេងទៀតជាបន្តបន្ទាប់។ ដូច្នេះការតស៊ូប្រយុទ្ធរបស់អ៊ុយក្រែននៅពេលនេះ គឺអ៊ុយក្រែនមិនមែនការពារតែខ្លួនឯងទេ តែគឺការពារពិភពលោកសេរីទាំងមូលតែម្តង។
ពេជ្ររុស្ស៊ី
ឆ្លងកាត់ការប្រជុំរៀបចំការងារ កន្លងមកនេះ ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ ដែលមានអាមេរិក បារាំង អង់គ្លេស កាណាដា អាល្លឺម៉ង់ អ៊ីតាលី និង ជប៉ុន បានប្រកាសថា គេនឹងដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា វាយកម្ទេច “ម៉ាស៊ីនធ្វើសង្គ្រាម” របស់រុស្ស៊ី។ ព្រឹកថ្ងៃសុក្រនេះ ប្រភពពីរដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា ទណ្ឌកម្មថ្មីនឹងសំដៅ ទៅលើក្រុមហ៊ុនឬស្ថាប័នចំនួន៧០ ទាំងនៅរុស្ស៊ីនិងប្រទេសផ្សេង។ ក្រុមហ៊ុនឬស្ថាប័នទាំងនោះ នឹងមានអាចទទួលបាននូវទំនិញសំខាន់ៗមួយចំនួនរបស់អាមេរិក ដែលរុស្ស៊ីអាចយកទៅប្រើ នៅក្នុងការធ្វើសង្គ្រាម។
បន្ថែមពីនេះ ក្រុមប្រទេស G7 នឹងនិយាយលំអិត អំពីយន្តការថ្មីៗបន្ថែមទៀត ដើម្បីទប់ស្កាត់ ការលួចបន្លំ គេចវៀងពីទណ្ឌកម្មសេដ្ឋកិច្ច ដែលគេបានដាក់ទៅលើរុស្ស៊ីនាពេលកន្លងមក។ ការកាត់បន្ថយការទិញប្រេងឆៅរបស់រុស្ស៊ី ក៏ជាសំណុំរឿងសំខាន់ដែរ ដែលគេនឹងនិយាយគ្នា។ ហើយយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់ នៃរដ្ឋាភិបាលអាមេរិក គឺក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ បានសន្យាគ្នា ថានឹងបង្កកទ្រពសម្បត្តិ ថវិការបស់រុស្ស៊ី រហូតទាល់តែចប់សង្គ្រាម។
ដោយឡែក រដ្ឋាភិបាលអង់គ្លេសវិញ បានបង្ហាញគម្រោងទណ្ឌកម្មថ្មីមួយ ទៅលើវិស័យធនធានរ៉ែរបស់រុស្ស៊ី។ រ៉ែដ៏សំខាន់មួយ ហើយដែលអាចនាំចំណូលជាច្រើនពាន់លានដុល្លារ ដល់រដ្ឋាភិបាលរុស្ស៊ីនោះ គឺរ៉ែពេជ្រ។ ក្រុមប្រទេសអឺរ៉ុប ចង់ដាក់ចុះ នូវទណ្ឌកម្មរារាំងការទិញពេជ្រពីរុស្ស៊ី។ ប្រទេសធំៗបី ដែលជាអតិថិជនទិញពេជ្ររុស្ស៊ី គឺមានដូចជាប៊ែលហ្ស៊ិក អារ៉ាប៊ីសាអូឌីត និងឥណ្ឌា។ ហេតុដូច្នេះហើយ ការចូលរួមគាំទ្រក្នុងវិធានការទណ្ឌកម្មនេះ ពីសំណាក់ប្រទេសទាំង៣នេះ ជាពិសេសឥណ្ឌា គឺសំខាន់ខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណា វាឲ្យចំកញ្ចប់ប្រាក់របស់រុស្ស៊ី៕
19-5-2023 • 6 minuten, 54 seconden តើអ្វីទៅជាបាតុភូត El Nino ដែលនឹងធ្វើឱ្យអាកាសធាត ុឡើងក្តៅមិនធ្លាប់មាននៅ៥ឆ្នាំខាងមុខ ?
ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៧ សីតុណ្ហភាពនៅលើភពផែនដី ប្រាកដនឹងឡើងក្តៅខ្លាំងបំផុត ដែលគេពុំធ្លាប់ជួបប្រទះពីមុនមកទេ។ នេះជាការព្រមានរបស់អង្គការសហប្រជាជាតិ នៅថ្ងៃពុធទី ១៧ឧសភា ដោយពន្យល់ថា កំណើនសីតុណ្ហភាពជាលទ្ធផលនៃបន្សំបាតុភូតពីរ គឺឥទ្ធិពលរបស់ឧស្ម័នផ្ទះកញ្ចក់ និងបាតុភូតឧតុនិយម អែល នីញ៉ូ El Nino។
ការសន្និដ្ឋានរបស់អង្គការឧតុនិយមពិភពលោកមានបង្កប់ដោយភាពប្រាកដប្រជាស្ទើរ១០០%។ ពោលគឺក្នុងកំរិតប្រូបាប៊ីលីតេ៩៨% មានយ៉ាងហោចណាស់ក៏មួយឆ្នាំ ក្នុងអំឡុងពេល៥ឆ្នាំខាងមុខ និងសម្រាប់ទាំង៥ឆ្នាំនោះតែម្តង អាកាសធាតុនឹងក្តៅខ្លាំងបំផុត ដែលគេមិនធ្លាប់ជួបប្រទះសោះពីមុន។ ក្នុងចំណោម៥ឆ្នាំខាងមុខ មានយ៉ាងហោចណាស់ក៏មួយឆ្នាំដែរ ដែលសីតុណ្ហភាពមធ្យមប្រចាំឆ្នាំនៃផ្ទៃផែនដី នឹងឡើងលើស១,៥អង្សា បើប្រៀបទៅនឹងកំរិតសីតុណ្ហភាពមុនសម័យឧស្សាហកម្ម ជាមួយនឹងកំរិតប្រូបាប៊ីលីតេ ៦៦%។ នេះបើតាមទិន្នន័យរបស់ស្ថាប័នអង្គការសហប្រជាជាតិដដែល។
នេះមិនមែនមានន័យថា ផែនដីឡើងកម្តៅលើសកម្មវត្ថុកំណត់ក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ឆ្នាំ២០១៥ ជាប់ជាអចិន្ត្រៃយ៍ឡើយ ប៉ុន្តែទិន្នន័យនេះជាការដាស់សតិថា ពិ ភពលោកមានសីតុណ្ហភាពហួសកំរិតកំណត់ (១,៥អង្សា) ម្តងម្កាល តែញាប់។
ការឡើងសីតុណ្ហភាពខ្លាំងស្ទើរជាប្រាកដនេះ បណ្តាលមកពីបាតុភូតពីរបូកផ្សំគ្នា គឺកំណើនឧស្ម័នផ្ទះកញ្ចក់ និងបាតុភូតឧតុនិយមធម្មជាតិ អែល នីញ៉ូ ដែលនឹងលេចឡើងនៅប៉ុន្មានខែខាងមុខ ម្តុំចុងខែកក្កដា ក្នុងកំរិត៦០% និងដល់៨០% នៅចុងខែកញ្ញា។ នេះបើតាមការព្យាកររបស់ អង្គការឧតុនិយមពិភពលោក កាលពីដើមខែឧសភា ដោយរំលឹកថាឧស្ម័នផ្ទះកញ្ចក់ (បីមុខចម្បងCo2, Methane Azote) ដែលមាននៅក្នុងបរិយាកាសក្នុងកំរិតជាអតិបរិមា បានខ្ទប់កម្តៅនិងដំឡើងសីតុណ្ហភាពផែនដីខ្លាំងណាស់។ គេត្រូវការពេលវេលារាប់ពាន់ឆ្នាំទើបអាចនាំបរិយាកាស អាចត្រលប់មករកភាពធម្មតាវិញបាន។
បាតុភូត អែល នីញ៉ូ ជាអ្វី ?
អែលនីញ៉ូ ជាបាតុភូតធម្មជាតិ ដែលកំណើតនៅតំបន់មហាសមុទ្ទប៉ាស៊ីហ្វិកខាងត្បូង។ តាមធម្មតា ខ្យល់ក្តៅនៅអេក្វាទ័រ លើមហាសមុទ្ទប៉ាស៊ីហ្វិក បក់ពីកើតទៅលិច នាំខ្យល់ក្តៅនោះទៅ ប៉ែកខាងលិច សំដៅប្រទេសឥណ្ឌូណេស៊ី ... ហើយធ្វើខ្យល់ត្រជាក់ឡើងទៅផ្នែកខាងកើតប៉ាស៊ីហ្វិក។ កម្លាំងខ្យល់ជួនទៅក៏មានសន្ទុះខ្លាំង។ នៅពេលមានសន្ទុះខ្លាំង បក់ខ្យល់ក្តៅទៅខាងលិចគេហៅថាបាតុភូត ឡានីញ៉ា។ ប៉ុន្តែ នៅពេលខ្យល់ក្តៅធាក់ទៅខាងលិច យូរទៅៗ ជាច្រើនឆ្នាំជាប់គ្នាពេក ទប់លែងបានខ្យល់ក្តៅក៏បក់ថយក្រោយ បក់ទៅរកឆ្នេរប៉ែកខាងកើត ៖ នេះហើយជាបាតុភូត អែលនីញ៉ូ។
គេមិនអាចទស្សន៍ទាយបានដោយប្រាកដថាបាតុភូតនេះលេចឡើងនៅ ពេលម៉ោងណា និងក្នុងកំរិតខ្លាំងប៉ុនណាទេ។ អ្វីដែលគេធ្លាប់បានដឹងកន្លងមកគឺ ខ្យល់ក្តៅ-ទឹកឱ្យក្តៅ នៃបាតុភូតអែលនីញ៉ូ បង្កឱ្យមានមហន្តរាយធម្មជាតិ និងផលវិបាកអាកាសធាតុខ្លាំង ដូចជាបានបង្កើនកម្តៅនៃភពផែនដី និងធ្វើឱ្យមានការប្រែបួលអាកាសធាតុខ្លាំង នៅតាមតំបន់ជាច្រើន។
ផលវិបាកនៃបាតុភូតអែលនីញ៉ូ នឹងធ្វើឱ្យមាន ភ្លៀងព្យុះកំណាច រាំងស្ងួតចម្លែក ប្តូររដូវ ប្តូរទម្លាប់អាកាសធាតុ។ កន្លែងខ្លះមានភ្លៀងច្រើនជ្រុល កន្លែងខ្លះកាន់តែរាំងស្ងួតខ្លាំង ៖ ភ្លៀងទៅធ្លាក់ខ្លាំងនៅអាមេរិកខាងត្បូង ឬនៅស្នែងអាហ្វ្រិក- ឯតំបន់ត្រូពិកនៅអាស៊ីអាគ្នេយ៍ ឥណ្ឌា អាហ្វ្រិក បែរជារាំងស្ងួត លែងមានរដូវវស្សាមូសុង ឬភាពរាំងស្ងួតហួសហេតុនៅអូស្ត្រាលីជាដើម។ល។
បាតុភូតអែលនីញ៉ូ និង សីតុណ្ហភាពផែនដី
តំបន់អាមេរិកខាងត្បូង ដូចយ៉ាងម្តុំប្រទេសអេក្ខាទ័រ ពេរ៉ូ ... និងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងឥណ្ឌា រងគ្រោះខ្លាំងជាងគេ ដោយម្ខាងបានទទួលទឹកភ្លៀងច្រើនជ្រុលខុសទម្លាប់ ឯម្ខាងទៀតត្រូវជួបគ្រោះរាំងស្ងួត ដែលបង្កឱ្យមានផលប៉ះពាល់ដល់ជីវិតប្រជាពលរដ្ឋទាំងមូល។
មានតែអឺរ៉ុបទេ ដែលហាក់ដូចជាពុំសូវទទួលផលវិបាកពីបាតុភូតអែលនីញ៉ូ ដោយផ្ទាល់នោះ ព្រោះទ្វីប ទទួលឥទ្ធិពលអាកាសធាតុពីមហាសមុទ្ទអាត្លង់ទិកច្រើនជាង។
ប៉ុន្តែមហាសមុទ្ទប៉ាស៊ីហ្វិកធំ តំណាងឱ្យជាងមួយភាគបីនៃផែនដី ដូច្នេះផលប៉ះពាល់ក៏ត្រូវតែធំធេងដែរ។ ឱ្យតែមានលម្អៀងសីតុណ្ហភាពនៅប៉ាស៊ីហ្វិកបន្តិច សីតុណ្ហភាពពិភពលោកត្រូវឡើងខ្លាំងដែរ។ ជាឧទាហរណ៍ បាតុភូតអែលនីញ៉ូ ឆ្នាំ២០១៤ បានធ្វើឱ្យសីតុណ្ហភាពពិភពលោកកើនឡើងបីភាគ១០នៃអង្សា។
ជាទូទៅ បាតុភូតអែលនីញ៉ូ តែងធ្វើឱ្យសីតុណ្ហភាពពិភពលោកកើនឡើងនៅឆ្នាំបន្ទាប់។ ដូច្នេះបើបាតុភូតអែលនីញ៉ូលេចឡើងនៅឆ្នាំនេះ ២០២៤ច្បាស់ជានឹងក្តៅខ្លាំង។ មាន អែលនីញ៉ូ ហើយ បូកផ្សំនឹងសកម្មភាពមនុស្សនាំឱ្យមានការប្រែប្រួលអាកាសធាតុទៀត ទើបសីតុណ្ហភាពត្រូវឡើងខ្ពស់ខ្លាំង ក្នុងកំរិតមិនធ្លាប់មានដោយប្រាកដ។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៀត គឺអ្នកវិទ្យាសាស្ត្រសម្គាល់ឃើញថា នៅពេលសីតុណ្ហភាពពិភពលោកបានឡើងដោយបាតុភូតអែលនីញ៉ូហើយ វាពិបាកចុះមកត្រជាក់ដល់កំរិតដើមវិញណាស់៕
18-5-2023 • 7 minuten, 6 seconden ក្រុមប្រឹក្សាអឺរ៉ុបបើកជំនួបកំពូល ដើម្បីប្រមូលក ារសាមគ្គីជួយអ៊ុយក្រែន ដែលត្រូវរុស្ស៊ីឈ្លានពាន
ក្រុមប្រឹក្សាអឺរ៉ុប ដែលមានសមាជិកចំនួន៤៦ប្រទេស កំពុងតែជួបប្រជុំ ក្នុងជំនួបកំពូលលើកទី៤ នៅឯទីក្រុង រីក្យ៉ាវីក ប្រទេសអ៊ីស្លង់។ ជាចំនួបកំពូលជាពិសេស និងកម្រ ដែលក្រុមប្រទេសអឺរ៉ុប នឹងនិយាយគ្នា អំពីសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងការគំរាមរបស់រុស្ស៊ី មកលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុបទាំងមូល។ ការរួមកម្លាំងសាមគ្គីគ្នា ជួយអ៊ុយក្រែន ទាំងថវិកា សព្វាវុធ និង មនុស្សធម៌ គឺជារឿងដ៏ចាំបាច់ ដែលក្រុមប្រឹក្សាអឺរ៉ុបកំពុងតែលើកមកនិយាយគ្នា ក្នុងពេលនេះ។
ក្រុមប្រឹក្សាអឺរ៉ុប ឬដែលអាចហៅបានថា ក្រុមប្រឹក្សាទ្វីបអឺរ៉ុប គឺវាខុសពីក្រុមប្រឹក្សាអឺរ៉ុបមួយទៀត ដែលជាស្ថាប័នរបស់សហភាពអឺរ៉ុបដែលមានប្រទេសតែ២៧ប្រទេសទេ។ ចំពោះក្រុមប្រឹក្សាទ្វីបអឺរ៉ុប គឺវាទូលំទូលាយជាង មានប្រទេសសមាជិកទាំងអស់៤៦ប្រទេស។ ក្រុមប្រឹក្សាអឺរ៉ុប បានចាប់បដិសន្ធិឡើង នៅក្រោយសង្គ្រាមលោកលើកទី២ តាមរយៈសន្ធិសញ្ញាទីក្រុងឡុងដ៍ ចុះហត្ថលេខាដោយ១០ប្រទេសដំបូង នៅថ្ងៃទី៥ ឧសភា ១៩៤៩។
កម្មវត្ថុធំចំបង នៃក្រុមប្រឹក្សាអឺរ៉ុបនេះ គឺជាការរួបរួមគ្នា ទ្រទ្រង់សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងជាពិសេសនោះគឺការគោរពសិទ្ធិមនុស្ស។ អត្ថបទច្បាប់គោលគ្រិះ នៃក្រុមប្រឹក្សាអឺរ៉ុប គឺសន្ធិសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស ចូលជាធរមាន នៅថ្ងៃទី៣កញ្ញា១៩៥៣ ដែលប្រទេសហត្ថលេខីនីមួយៗ មានកាតព្វកិច្ចត្រូវគោរព។ ហើយស្ថាប័នដ៏សំខាន់មួយ ដែលតាមដានការគោរពសន្ធិសញ្ញានេះ គឺតុលាការសិទ្ធិមនុស្សអឺរ៉ុប ដែលយើងតែងតែលើជារឿយនោះឯង។
ប្រជាជនសរុបប្រមាណ ៦៧៥លាននាក់ នៅតាមប្រទេសសមាជិកទាំង៤៦ប្រទេស គឺអាចដាក់ពាក្យប្តឹង ទៅកាន់តុលាការសិទ្ធិមនុស្សអឺរ៉ុប ប្រសិនបើសង្កេតឃើញថា ប្រទេសខ្លួន រដ្ឋាភិបាលខ្លួន បានធ្វើបំពាននឹងអ្វីដែលមានចែងក្នុងសន្ធិសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស។
រុស្ស៊ីក៏ជាប្រទេសសមាជិកនៃក្រុមប្រឹក្សាអឺរ៉ុបដែរ។ ក៏ប៉ុន្តែ ក្រោយការលើកទ័ពចូលឈ្លានពាននៅអ៊ុយក្រែន គេបានព្យួរឈ្មោះ មិនឲ្យរុស្ស៊ីចូលរួមប្រជុំទេ។ ជំនួបកំពូលនៅទីក្រុង រីក្យ៉ាវីក រដ្ឋធានីប្រទេសអ៊ីស្លង់នៅពេលនេះ គឺជាជំនួបកំពូលលើកទី៤ប៉ុណ្ណោះ នៃក្រុមប្រឹក្សាអឺរ៉ុប បើគិតការថ្ងៃកកើតស្ថាប័នកំពូលនេះមក។ សំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន គឺជាកម្មវត្ថុធំបំផុត នៃជំនួបកំពូលដ៏កម្រនេះ !
សម្ព័ន្ធភាពប្រមូលយន្តហោះចម្បាំងជួយអ៊ុយក្រែន
លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងតាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ នៅក្នុងជំនួបកំពូលនេះ ដោយលោកបានលើកឡើងថា ក្រុមប្រឹក្សាអឺរ៉ុបត្រូវតែរួមកម្លាំងសាមគ្គី ដើម្បីប្រយុទ្ធការពារសិទ្ធិសេរីភាព។ លោកហ្សេឡេនស្គី បានសង្កត់បន្ថែមថា ការប្រយុទ្ធនេះ នឹងមិនអាចជោគជ័យបានទេ ប្រសិនបើគ្មានយន្តហោះចម្បាំងទំនើបៗ របស់ប្រទេសសម្ព័ន្ធមិត្តលោកខាងលិច។
លោកហ្សេឡេនស្គី បានថ្លែងអរគុណផងដែរ ថាគឺដោយសារតែប្រព័ន្ធខែលមីស៊ីលទំនើបរបស់សម្ព័ន្ធមិត្តលោកខាងលិច ទើបអ៊ុយក្រែនអាចមានលទ្ធភាពស្ទាក់កំទេចបានយ៉ាងជោគជ័យ នូវមីស៊ីលអ៊ីពែរសូនិករបស់រុស្ស៊ី ដែលបានបាញ់សំដៅមកអ៊ុយក្រែន កាលពីយប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារកន្លងទៅនេះ។ តែផ្ទៃអាកាសអ៊ុយក្រែន នៅតែមិនទាន់មានសុវត្ថិភាពពេញលេញទេ ល្គឹកណាអ៊ុយក្រែនគ្មានយន្តហោះចម្បាំងទំនើប។
ទាក់ទិននឹងការប្រគល់យន្តហោះចម្បាំងទំនើបឲ្យអ៊ុយក្រែននេះ គឺដំណឹងល្អបានលេចរូបរាង្គខ្លះៗហើយ។ នៅព្រឹកថ្ងៃពុធ លោករីឈី ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស និងលោក ម៉ាក រូត នាយករដ្ឋមន្ត្រីហូឡង់ បានអះអាងប្រាប់អ្នកកាសែតថា លោកទាំង២បានព្រមព្រៀងគ្នាដឹកនាំ សម្របសម្រួល សម្ព័ន្ធភាពពិសេសមួយស្តីពីយន្តហោះចម្បាំង ដើម្បីធ្វើយ៉ាងកៀងគរ បញ្ជូនយន្តហោះចម្បាំងប្រភេទ F-16 ដែលផលិតដោយអាមេរិក យកទៅឲ្យអ៊ុយក្រែន។ យ៉ាងណាមិញ បារាំង និងអង់គ្លេស បានប្រកាសកាលពីល្ងាចម្សិលមិញ ថាគេនឹងចាប់ផ្តើមប្រតិបត្តិការ បង្វឹកកងទ័ពជំនាញអ៊ុយក្រែនឲ្យចេះប្រើយន្តហោះចម្បាំងទំនើបៗ។
រុស្ស៊ីត្រូវតែទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលបានធ្វើនៅអ៊ុយក្រែន
នៅក្នុងសុន្ទរកថាបើកជំនួបកំពូល លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានលើកឡើង អំពីករណីដែលរុស្ស៊ីបានកេណ្ឌប្រមូលយកកុមារអ៊ុយក្រែន យកទៅទុកនៅខាងដីរុស្ស៊ី។ ទង្វើនេះជាឧក្រិដ្ឋកម្មសង្គ្រាម ហើយលោកម៉ាក្រុងបានបន្ថែមថា បើរុស្ស៊ីនៅតែបន្តធ្វើកាន់តែធ្ងន់ថែមទៀត គឺវានឹងក្លាយជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ជាឧក្រិដ្ឋកម្ម ដែលរុស្ស៊ីនឹងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ ទៅថ្ងៃក្រោយ។
ដូចគ្នាដែរ លោករីឈី ស៊ូណាក់ បានលើកឡើងថា ត្រូវតែធ្វើឲ្យរុស្ស៊ីដឹងខ្លួន ហើយទទួលខុសត្រូវ ចំពោះមហន្តរាយ សោកនាដកម្មដែលរុស្ស៊ីបានបង្កឡើងទៅលើប្រជាជនអ៊ុយក្រែន។ ចំណែក លោកអូឡាហ្វ ស្ហុលស៍ អធិការបតីអាល្លឺម៉ង់វិញ បានបន្ថែមថា វាជារឿងចាំបាច់ណាស់ ដែលត្រូវផ្តន្ទាទោសរុស្ស៊ី ចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលរុស្ស៊ីបានធ្វើប្រមាណជាងមួយឆ្នាំមកនេះ។
រុស្ស៊ីត្រូវតែទទួលខុសត្រូវ ចំពោះមុខប្រព័ន្ធយុត្តិធម៌អន្តរជាតិ ដែលមានដូចជា តុលាការព្រហ្មទណ្ឌអន្តរជាតិទីក្រុងឡាអេ និងជាពិសេស គឺតុលាការសិទ្ធិមនុស្សអឺរ៉ុប ដែលស្ថិតនៅក្នុងក្របខណ្ឌក្រុមប្រឹក្សាអឺរ៉ុបនេះតែម្តង។ ក្រុមអ្នកច្បាប់ កំពុងតែរៀបចំឯកសារ កត់ត្រា ប្រមូលភស្តុតាងទាំងអស់។
បញ្ជីពិសេសកត់ត្រារាល់ការខូចខាត
ដោយឡែក ចំណុចមួយទៀតដែលសំខាន់ គឺការសងសំណងខូចខាត ដែលរុស្ស៊ីបានធ្វើទៅលើអ៊ុយក្រែន។ លោកអូឡាហ្វ ស្លុលស៍ បានអំពាវនាវថា ត្រូវតែបង្កើតបញ្ជីពិសេសមួយ ដើម្បីកត់ត្រា នូវរាល់ការខូចខាតទាំងអស់របស់អ៊ុយក្រែន មិនថា ផ្នែកសង្គមមនុស្សធម៌ និងផ្នែកសម្ភារៈ ការបាក់បែកខូចខាតហេដ្ឋារចនាសម្ព័ន្ធជាដើម។ លោកប្រមុខរដ្ឋាភិបាលអាល្លឺម់ង់ បានគូសបញ្ជាក់ហើយបញ្ជាក់ទៀត ថា សង្គ្រាមឈ្លានពានទៅលើអ៊ុយក្រែន ដែលរុស្ស៊ីបានធ្វើ មីស៊ីលរាប់រយរាប់ពាន់គ្រាប់ ដែលរុស្ស៊ីបានបាញ់កម្ទេចអាគារផ្ទះសំបែង និងសម្លាប់ជីវិតប្រជាជនអ៊ុយក្រែន គឺរុស្ស៊ីត្រូវតែទទួលខុសត្រូវ។
ផ្អែកតាមប្រភពស្និទ្ធខ្លះទៀត បានឲ្យដឹងថា ក្រុមប្រឹក្សាអឺរ៉ុប អាចនឹងរួមគ្នាសម្រេច ដកហូតយកប្រាក់របស់រុស្ស៊ី ដែលគេបង្កកទុកនៅតាមស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីយកទៅឲ្យអ៊ុយក្រែន ក្នុងនាមជាសំណងជំងឺចិត្ត ប៉ះប៉ូវការខូចខាត និងកសាងប្រទេសអ៊ុយក្រែនឡើងវិញ។
បន្ថែមពីនេះ លោកម៉ាក្រុងបានស្នើ ឲ្យក្រុមប្រទេសសមាជិកក្រុមប្រឹក្សាអឺរ៉ុប រួមគ្នាកសាង បង្កើតមណ្ឌលសុខភាពផ្លូវចិត្ត ឲ្យបានច្រើននៅអ៊ុយក្រែន ដើម្បីជួយទ្រទ្រង់ផ្លូវចិត្ត សតិអារម្មណ៍របស់ប្រជាជនអ៊ុយក្រែន ដែលបានរងគ្រោះដោយសារតែសង្គ្រាម។ លោកម៉ាក្រុងបានលើកឡើងថា ក្រុមប្រឹក្សាអឺរ៉ុបអាចជួយបាន តាមរយៈការបញ្ចេញថវិកាចំនួនប្រមាណ ១ពាន់លានអឺរ៉ូ ពីធនាគារអភិវឌ្ឍន៍អឺរ៉ុប។
តាមរយៈជំនួបកំពូកជាពិសេសនៅពេលនេះ គឺក្រុមប្រទេសអឺរ៉ុប ចង់បង្ហាញប្រាប់ថា ទោះជាយ៉ាងណា គឺអឺរ៉ុបនឹងស្ថិតនៅចាំជួយអ៊ុយក្រែនជានិច្ច ព្រោះអ្វីដែលអ៊ុយក្រែនកំពុងតែប្រយុទ្ធតស៊ូនាពេលនេះ គឺដើម្បីការពារដល់អឺរ៉ុបទាំងមូល។ ការពារអឺរ៉ុប ពីមហិច្ឆតាសង្គ្រាមឈ្លានពាន របស់លោកពូទីន៕
17-5-2023 • 7 minuten, 16 seconden មហោស្រពភាពយន្តអន្តរជាតិកានទី ៧៦ចាប់ផ្តើម ក្រោមបរិយាកាសរឹតបន្តឹងសន្តិសុខ
នៅអាស៊ី មានការប្រកួតកីឡាស៊ីហ្គេម ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅទឹកដីអឺរ៉ុបឯណោះវិញ និយាយឲ្យចំនៅប្រទេសបារាំង មហោស្រពភាពយន្តអន្តរជាតិកានកំពុងត្រៀមសម្ពោធ បើកទ្វារជាផ្លូវការនៅប៉ុន្មានម៉ោងខាងមុខ សម្រាប់រយៈពេល១១ថ្ងៃ ពីថ្ងៃអង្គារទី១៦ រហូតដល់ថ្ងៃទី ២៨ ឧសភា នៅទីក្រុងកាន ជាប់មាត់សមុទ្រភាគខាងត្បូងប្រទេសបារាំង។ មហោស្រពភាពយន្តអន្តរជាតិកាន ដែលតែងជាកន្លែងប្រមូលផ្តុំ តារាភាពយន្តគ្រប់សាសន៍ និងការចាក់បញ្ចាំងខ្សែភាពយន្តមកពីទិសទី ក្នុងពិភពលោក បានចាប់មានសកម្មភាពមមាញឹកសាជាថ្មី បន្ទាប់ពីធ្លាក់ថមថយចុះសកម្មភាព មួយរយៈដោយសារវិបត្តិកូវីដ។ ប៉ុន្តែ ខណៈពេលដែលមហោស្រពភាពយន្តអន្តរជាតិលើកទី៧៦ កំពុងត្រៀមបើកទ្វារ ដើម្បីជ្រើសរើសខ្សែភាពយន្តដ៏ល្អជាងគេ ក្នុងចំណោមខ្សែភាពយន្តចំនួន ១៨ សម្រាប់ពានរង្វាន់តាល់ប័ត្រ ចលនាសង្គម ដែលបណ្តាលមកពីបាតុកម្មរបស់សហជីព ដើម្បីប្រឆាំងច្បាប់ចូលនិវត្តិន៍ថ្មីរបស់រដ្ឋាភិបាលកំពុងគំរាមកំហែងដំណើរប្រព្រឹត្តទៅនៃមហោស្រពភាពយន្តកាន ដែលជាព្រឹត្តិការណ៍វប្បធម៌ដ៏ល្បីល្បាញជាងគេ ក្នុងពិភពលោក។
នៅប៉ុន្មានថ្ងៃមុន មហោស្រពភាពយន្តអន្តរជាតិកាន លើកទី៧៦ ត្រូវចាប់ផ្តើមសម្ពោធបើកទ្វារពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ២៧ឧសភា បុគ្គលិករបស់មហោស្រពកំពុងមមាញឹក ដាក់ក្រាលកម្រាលព្រំក្រហម និងចាត់ចែងកាម៉េរ៉ា សម្រាប់ត្រៀមថតពិធីបើកឆាកមហោស្រពនៅយប់ថ្ងៃអង្គារទី ១៦ឧសភា ដែលសន្យាថា ពិតជាគគ្រឹកគគ្រេងខ្លាំង ព្រោះនឹងមានការចូលរួមពីតារាភាពយន្តល្បីៗ មិនថា បារាំង អឺរ៉ុប អាស៊ីអាមេរិក។ មហោស្រពចាប់ផ្តើមអ៊ូអរ មមាញឹកព្រោះថា មនុស្សបានត្រលប់មកចូលរួមច្រើនក្នុងមហោស្រពឡើងវិញ ជាពិសេស ចិនកូរ៉េ បន្ទាប់ពីមានការលុបចោលវិធានការបិទខ្ទប់ដោយសារជំងឺកូវីដនៅអាស៊ី។
មហោស្រពភាពយន្តផ្តោតទៅលើខ្លឹមសាររបស់ខ្សែភាពយន្តដែលត្រូវប្រកួត និងវត្តមានចូលរួមរបស់តារាភាពយន្ត
មហោស្រពភាពយន្តអន្តរជាតិកានលើកទី ៧៦ គ្មានចាប់យកប្រធានបទអ្វីឲ្យច្បាស់លាស់ ដូចជាបញ្ហារំលោភសិទ្ធិស្រ្តី ការចូលរួមរបស់ស្រ្តីតិចនៅក្នុងមហោស្រព ឬការបំផ្លាញបរិស្ថានដូចឆ្នាំមុនៗ។ ជាក់ស្តែង បន្ទាប់ពីខកខាន មិនបានរៀបចំ នៅឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ អ្នករៀបចំមហោស្រពភាពយន្តកានលើកទី៧៤កាលពីឆ្នាំ ២០២១បានត្រលប់ទៅផ្តោតលើបញ្ហាបរិស្ថាន ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដើមហេតុនៃការឡើងកំដៅផែនដី។ ចំណែកមហោស្រពនៅ ឆ្នាំ ២០២២ផ្តោតចាប់អារម្មណ៍ខ្លាំងលើសង្រ្គាមអ៊ុយក្រែន ដោយអ្នករៀបចំមហោស្រពភាពយន្តកាន នៅបានបង្ហាញសមានចិត្តចំពោះប្រជាជនអ៊ុយក្រែន តាមរយៈការអនុញ្ញាតឲ្យប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី យកផ្ទាំងសំពត់ស នៅថ្ងៃ បើកមហោស្រព ដើម្បីផ្ញើសារនិយាយ រិះគន់សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
នៅក្នុងមហោស្រពភាពយន្តកានឆ្នាំនេះ សង្រ្គាមអ៊ុយក្រែន បញ្ហាបរិស្ថាន សិទ្ធិមនុស្សស្រី នៅមិនទាន់ហើរបាត់អស់ក្លិនមែន ប៉ុន្តែ អ្នករៀបចំមហោស្រពចង់ផ្តោតសំខាន់ទៅលើ ទម្លាប់ជាប្រពៃណី ការប្រកួតប្រជែងខ្សែភាពយន្ត និងរូបភាពមិនអាចខ្វះបានរបស់មហោស្រព នោះគឺវត្តមានរបស់តារាភាពយន្ត អ្នកដឹកនាំរឿងល្បីៗមកពីគ្រប់ទិសទីក្នុងពិភពលោក ដើរបង្ហាញម៉ូដ នៅលើកម្រាលព្រំក្រហមដ៏ល្បីល្បាញរបស់មហោស្រព។
ជាលើកទី១ ខ្សែភាពយន្តដឹកនាំដោយមនុស្សស្រី ចំនួន៧ត្រូវជ្រើសរើសសម្រាប់ការប្រកួតប្រជែងរង្វាន់តាល់ប័ត្រមាស
អ្នករៀបចំសម្រិតសម្រាំងបញ្ជីឈ្មោះតារាភាពយន្តនិងអ្នកដឹកនាំល្បីៗដែលមកចូលរួមក្នុងមហោស្រពលើកនេះ។ ខ្សែភាពយន្តដែលសម្ពោធបើកមហោស្រពនៅថ្ងៃអង្គារទី ១៦ឧសភាគឺរឿង Jeanne du Barry ចូលរួមសំដែងដោយ តួចោរសមុទ្រលោក Johnny Depp។ កម្រាលព្រំក្រហមរបស់មហោស្រព នឹងទទួលតារាភាពយន្តហូលីវូដផ្សេងទៀត ដូចជា លោក Michael Douglas តារាឯកTitanic លោកLeonardo dicaprio តារាScarlett Johansson និងតារាស្វែងរកកំណប់ លោកHarrison Ford នេះគេនៅមិនទាន់និយាយពី អ្នកដឹកនាំ រឿងល្បីៗ ដូចជាMartine Scorsese អ្នកដឹកនាំជប៉ុន លោកHirokazu Kore-eda អ្នកដឹកនាំរឿង អង់គ្លេស លោកKen loach ជាដើម។
និយាយពីគណៈមេប្រយោគដែលត្រូវជ្រើសរើសខ្សែភាពយន្តល្អដាច់គេសម្រាប់ពាន រង្វាន់តាល់ប័ត្រមាស មានប្រធានជាអ្នកដឹកនាំរឿងជនជាតិស៊ុយអែត លោកRuben Östlund ដែលទើបឈ្នះរង្វាន់តាល់ប័ត្រមាស កាលពីឆ្នាំមុន សម្រាប់រឿងត្រីកោន នៃទុក្ខសោក Triangle of Sadness។ ឆ្នាំនេះ មានខ្សែភាពយន្តចំនួន ២១ ដែលក្នុងនោះមានខ្សែភាពយន្តដឹកនាំដោយមនុស្សស្រី ចំនួន ៧ ត្រូវប្រកួតដណ្តើមរង្វាន់រង្វាន់តាល់ប័ត្រមាស ដែលមានតម្លៃ ជាង ២ម៉ឺន អឺរ៉ូ ។ ជារួមមានខ្សែភាពយន្តជាង៨០ដែលត្រូវប្រកួតប្រជែងដណ្តើមរង្វាន់ក្នុងអំឡុងមហោស្រពកាន ដូចជា រង្វាន់កាម៉េរ៉ាមាស រង្វាន់Certains Regard ឬការប្រកួតរបស់ផ្នែកផ្សេងៗទៀត ដូចជា la Quinzaine des Cineastesជាភាសាអង់គ្លេស Director’s Fornight ឬSemaine de la critiqueជាដើម។
គ្មានខ្មែរភាពយន្ត ប៉ុន្តែ មានជនជាតិខ្មែរនៅក្នុងក្រុមមេប្រយោគ
នៅមហោស្រពភាពយន្តកាន ឆ្នាំ២០២២ កម្ពុជាមានខ្សែភាពយន្តរបស់ដាវី ជូ រឿងត្រលប់ទៅសេអ៊ូល ចូលរួមប្រកួតដណ្តើមរង្វាន់ Certains Regard ប៉ុន្តែ ឆ្នាំនេះ គ្មានខ្សែភាពយន្តខ្មែរទាល់តែសោះ។ អត់មានខ្សែភាពយន្តខ្មែរ ឬខ្សែភាពយន្តដែលដឹកនាំដោយជនជាតិខ្មែរណាមួយ មិនថា រឿងខ្នាតខ្លី កុនឯកសារ ឬរឿងខ្នាតវែងដែលត្រូវជ្រើសរើសសម្រាប់ចូលប្រកួតក្នុងមហោស្រពភាពយន្តអន្តរជាតិកាន។ គ្មានខ្សែភាពយន្តខ្មែរ នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកាន ប៉ុន្តែ ជនជាតិខ្មែរ នៅតែមានមុខក្នុងមហោស្រព នោះ គឺលោកដាវី ជូ អ្នកដឹកនាំរឿងខ្មែរបារាំង។ ក្នុងអាយុ៣៩ឆ្នាំ ដាវី ជូបានត្រលប់មកក្នុងមហោស្រព ក្នុងនាមជាមេប្រយោគម្នាក់ក្នុងចំណោមមេប្រយោគចម្រុះជាតិសាសន៍ ៥រូប ខាងផ្នែក Certains Regard ដែលជារង្វាន់ពិសេសសម្រាប់សម្គាល់ស្នាដៃរបស់អ្នកដែលដឹកនាំរឿងជាលើកដំបូង។ អាចនិយាយបានថា នៅឆ្នាំនេះ លោកដាវី ជូ ត្រូវជ្រើសរើសឲ្យមកធ្វើជាមេប្រយោគដាក់ពិន្ទុ ជ្រើសរើសខ្សែភាពយន្តណា ដែលល្អជាងគេ សម្រាប់រង្វាន់ Certains Regard។ រង្វាន់ដែលលោកធ្លាប់ប៉ងចង់បាន នៅពេលលោកយកខ្សែរឿងត្រលប់ទៅសេអ៊ូល របស់លោកមកប្រកួតប្រជែង កាលពីឆ្នាំមុន។ ទោះរឿង ត្រលប់ទៅសេអ៊ូល retour à Séoul មិនបានទទួលរង្វាន់មែន ប៉ុន្តែ ខ្សែភាពយន្តរបស់លោកដាវីជូ រហូតមកដល់ពេលនេះ បានទទួលការស្វាគម មានមនុស្សចូលមើលច្រើន នៅក្នុងការចាក់បញ្ចាំង មិនថា នៅបារាំង ឬនៅទឹកដីអាស៊ី។
បាតុករប្រឆាំងច្បាប់ចូលនិវត្តន៍ថ្មី របស់រដ្ឋាភិបាល គំរាមអុកឡុករំខានមហោស្រព
នៅប៉ុន្មានថ្ងៃមុនមហោស្រពបើកទ្វារ ខាងក្រុមសហជីពបានគំរាមរួចហើយថា នឹងធ្វើបាតុកម្ម កូដកម្ម ដើម្បីរំខានការរៀបចំមហោស្រព ដូចជា គំរាមកាត់ផ្តាច់ភ្លើងរបស់មហោស្រពជាដើម និងគម្រោងលើកគ្នាទៅធ្វើបាតុកម្មនៅក្នុងបរិវេណរបស់មហោស្រព។
មហោស្រពភាពយន្តអន្តរជាតិកាន ដែលជាព្រឹត្តិការណ៍អន្តរជាតិ ដ៏ធំប្រចាំឆ្នាំរបស់ទីក្រុងកានតែងស្ថិតនៅក្រោមការយាម រក្សាសន្តិសុខយ៉ាងតឹងរ៉ឹង ដោយសារវត្តមានចូលរួមរបស់តារាភាពយន្ត ឥស្សរជននយោបាយសំខាន់ៗ។ នៅប៉ុន្មានឆ្នាំមកនេះ មហោស្រពត្រូវដាក់ក្រោមការយាមរឹតបន្តឹងការរក្សាសន្តិសុខ ដោយសារការគំរាមភេរវកម្មផង និង ដោយសារខ្លាចក្រុមសកម្មជនជ្រុលនិយមចូលមកអុកឡុកផង។ ប៉ុន្តែ នៅឆ្នាំនេះ ដោយសារ បាតុកម្មហិង្សាប្រឆាំងនឹងច្បាប់ចូលនិវត្តន អាចឈានទៅបង្កចលាចលសង្គម អាជ្ញាធរក្នុងទីក្រុងកានបានចាត់វិធានការខ្លាំងជាងមុន ដូចជា ពង្រាយប៉ូលិស កងអាវុធហត្ថ និងអ្នករក្សាសន្តិសុខជាង ១ពាន់នាក់ ដើម្បីធានាការពារ ជាខ្សែក្រវ៉ាត់ មិនឲ្យអ្នកបង្កចលាចលអាចចូលទៅបង្កអុកឡុកក្នុងមហោស្រព។ បរិវេណរបស់មហោស្រព ត្រូវឡោមព័ទ្ធដោយរនាំងខណ្ឌ ជាមួយការឈរយាមត្រួតពិនិត្យរាល់អ្នកចេញ។ នៅឆ្នាំនេះ ប៉ូលិសកានបានប្រកាសប្រើប្រាស់ជាលើកទី១ដ្រូនសម្រាប់ថតរូបពីលើអាកាសដើម្បីតាមដានរក្សាសន្តិសុខ បន្ថែមពីលើកាម៉េរ៉ារាបរយ នៅតាមផ្លូវ។
ទាំងអាជ្ញាធរក្រុងកាន និងអ្នករៀបចំមហោស្រពពួតដៃគ្នា ដើម្បីធានាថា មហោស្រពភាពយន្តកាន ដែលជាព្រឹត្តិការណ៍អន្តរជាតិ មានមនុស្ស ចូលរួមជាង ៥០០០០នាក់ (ទាំងជនបរទេស និងជនជាតិក្នុងស្រុក) ត្រូវប្រព្រឹត្តទៅដោយរលូន គ្មានបញ្ហាអសន្តិសុខមករំខាន។ វាជារឿងធម្មតាដែលគេត្រូវការពារមហោស្រពភាពយន្តអន្តរជាតិកាន ព្រោះថា ការចំណាយរៀបចំមហោស្រពនេះ ប្រមាណ២០លានអឺរ៉ូ មានពាក់កណ្តាលជាប្រាក់បង់ពន្ធរបស់ប្រជាជនបារាំង និងពាក់កណ្តាលទៀត បានមកពីក្រុមហ៊ុនឧបត្ថម្ភមហោស្រព។
គេប្រយ័ត្នប្រយែងការពារសុវត្ថិភាពសម្រាប់អ្នកចូលរួមក្នុងមហោស្រព ដើម្បីមុខមាត់ ព្រោះថា មានអ្នកកាសែតជាតិ និងអន្តរជាតិ ជាង ៤០០០នាក់ដែលចុះយកព័ត៌មាននៅក្នុងមហោស្រព ដែលល្បីល្បាញ ទាក់ភ្នែក មិនចាញ់ការប្រកួតកីឡាអូឡាំពិក។ ក្រៅពីមុខមាត់ នៅមានហេតុផលហិរញ្ញវត្ថុ ព្រោះថា រាល់ការរៀបចំមហោស្រពភាពយន្តកាន នៅរៀងរាល់ឆ្នាំ តែងនាំចំណូលសេដ្ឋកិច្ចពីអ្នកចូលរួមបរទេស ទៅឲ្យក្រុងកាន និងវិស័យទេសចរណ៍កាន ប្រមាណ ៧០លាន អឺរ៉ូ ក្នុងអំឡុងមហោស្រព រយៈពេល ១១ថ្ងៃ៕
16-5-2023 • 8 minuten, 34 seconden តួកគី ៖ ដំណើរឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីជុំទីពីរ ជាលើកទីមួយ
បើតាមលទ្ធផលបណ្តោះអាសន្ន ប្រធានាធិបតីផុតអាណត្តិលោក អ៊ែរដូហ្កាន បានទទួលសំឡេងគាំទ្រនាំមុខយ៉ាងប្រផុតប្រផើយ និងតិចជាង៥០%។ ដូច្នេះ លោក អ៊ែរដូហ្កាន ត្រូវប្រឈមតទល់ជាមួយលោក កេម៉ាល់ គីលីច្សដារ៉ូហ្គូ បេក្ខជននៃសម្ព័ន្ធបក្សប្រឆាំង ជាថ្មី នៅថ្ងៃទី ២៨ ឧសភា។ នេះជាលើកទីមួយ ហើយសម្រាប់សាធារណរដ្ឋតួកគី ដែលការបោះឆ្នោតប្រធានាធិបតី មិនអាចសម្រេចជ្រើសរើសមេដឹកនាំប្រទេសបាន នៅជុំដំបូង។
ពុំទាន់មានទេលទ្ធផលជាផ្លូវការ ហើយក៏ពុំទាន់មានការបញ្ជាក់ជាផ្លូវការដែរ អំពីចំនួនអ្នកចូលរួមបោះឆ្នោត ដែលទំនងមានអត្រាខ្ពស់ខ្លាំងដល់ទៅជាង៩០%។ ប៉ុន្តែ បើតាមប្រធានក្រុមប្រឹក្សាបោះឆ្នោតតួកគី និងយោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតបាន៩៩% លោក អ៊ែរដូហ្កាន បានទទួលសំឡេង ៤៩,៤%។ ចំណែក លោក គីលីច្សដារ៉ូហ្គូ ជាគូប្រជែងដ៏ចម្បង ដែលគ្រប់ការស្ទង់មតិសុទ្ធតែទស្សនទាយថាឈ្នះនោះ បានទទួលការគាំទ្រ ៤៤,៩៦%។ ជាង៥%ទៀត ជាសំឡេងរបស់បេក្ខជនទីបី អ្នកជាតិនិយម លោក ស៊ីណាន អូហ្កាន (Sinan Ogan)។
ដោយគ្មានអ្នកឈ្នះលើស៥០% តួកគីត្រូវបោះឆ្នោតប្រធានាធិបតីជុំទីពីរ ដែលបេក្ខជននាំមុខគេពីរដំបូង ត្រូវតទល់គ្នាជាថ្មី នាថ្ងៃទី ២៨ ឧសភា។ នេះជាលើកទីមួយ សម្រាប់សាធារណរដ្ឋតួកគីដែលមានអាយុ១រយឆ្នាំ និងសម្រាប់លោក អ៊ែរដូហ្កានផ្ទាល់តែម្តង ដែលត្រូវឡើងសង្វៀនឆ្នោតជាលើកទីពីរដូច្នេះ។
ប៉ុន្តែទោះមិនមែនជាជោគជ័យភ្លាមក៏ដោយ ក៏លទ្ធផលថ្ងៃនេះមិនមែនជាបរាជ័យឡើយសម្រាប់លោកអ៊ែរដូហ្កាន។ នៅចំពោះមុខសកម្មជនគាំទ្រ ដ៏កកកុញ ទាំងកណ្តាលយប់ លោក អ៊ែរដូហ្កាន ដែលដឹកនាំប្រទេសអស់២០ឆ្នាំមកហើយ បានអះអាងប្រកបដោយភាពជឿជាក់ថា លោកនឹងបំរើប្រទេសរយៈពេល៥ឆ្នាំ បន្ថែមទៀត។
លោក គីលីច្សដារ៉ូហ្គូ ជាគូប្រជែងដ៏ចម្បង ដែលហាក់មានសមត្ថភាពឈ្នះតាំងពីជុំទីមួយ តែបែរជាធ្លាក់មកនៅលំដាប់ទីពីរ ដោយប្រមូលសំឡេងមិនបានទាំង៤៥%ផងនោះ ទើបជាអ្នកចាញ់ល្បែងភ្នាល់។ តែលោកនៅមានទំនុកចិត្តខ្លាំងក្លាដដែល។ លោកបានប្រកាសនៅយប់មិញថា នឹងឈ្នះជាប្រាកដនៅជុំទីពីរ ព្រោះសង្គមតួកគីស្រេកឃ្លានការប្តូរផ្លាស់។
លោក គីលីច្សដារ៉ូហ្គូ អាចប្តូរផ្លាស់លទ្ធផលឆ្នោត នៅជុំទីពីរទេ ?
សំណាងមានតិចតួចបំផុត ! ពេលនេះ គឺលោកប្រធានាធិបតីផុតអាណត្តិ អ៊ែរដូហ្កាន ជាអ្នកនាំមុខ និងជាអ្នកមានប្រៀបខ្លាំងជាងនៅក្នុងបោះឆ្នោតជុំទីពីរ ព្រោះគណបក្សរបស់លោកអ៊ែរដូហ្កាន ក៏កំពុងក្លាយទៅជាបក្សមានសំឡេងភាគច្រើននៅក្នុងសភាទៀត។ បើ តាមលទ្ធផលបឋម ប្រសូតចេញពីការបោះឆ្នោតសភាថ្ងៃម្សិលមិញជាមួយគ្នានោះ គណបក្សរបស់លោកប្រធានាធិបតីទទួលបាន ២៧០កៅអី ទល់នឹង១៦៨អាសនៈសម្រាប់សម្ព័ន្ធបក្សប្រឆាំងរបស់លោក គីលីច្សដារ៉ូហ្គូ ក្នុងចំណោមអាសនៈសភាទាំងអស់៦០០។
ចំណែក លោក គីលីច្សដារ៉ូហ្គូ ហាក់ដូចជាគ្មានគន្លឹះនយោបាយអ្វីថ្មីផ្សេង សម្រាប់ទាក់ទាញរកសំឡេងថ្មីមកគាំទ្រលោកនៅជុំទីពីរទេ។ ការបោះឆ្នោតជុំទីពីរនេះ ក៏អាស្រ័យផងដែរលើបក្សដែលជាប់ឆ្នោតលំដាប់ទីបីថ្ងៃនេះ។ នោះគឺគណបក្សជាតិនិយម ដឹកនាំដោយលោកស៊ីណាន អូហ្កាន ដែលបានទទួលសំឡេងគាំទ្រប្រមាណ៥,៣%។ លោក គីលីច្សដារ៉ូហ្គូមិនរំពឹងថាអាចទាញយកសំឡេងជាង៥% នេះបានទេ។
បេក្ខជនទីបី ដែលអាចប្តូរផ្លាស់ជោគវាសនាឆ្នោតនៅជុំទីពីរ ជានរណា ?
លោក ស៊ីណាន អូហ្កាន កំពុងក្លាយជាបុគ្គលដែលគួរឱ្យចែចង់ខ្លាំងណាស់ពេលនេះទាំងលោក អ៊ែដូហ្កាន ទាំងលោកគីលីច្សដារ៉ូហ្គូ។ រហូតមកទល់យប់មិញនេះ លោក ស៊ីណាន អូហ្កាន មិនទាន់បង្ហាញ ជំហរ របស់លោកនៅឡើយទេ។ លោកថែមទាំងបដិសេធ មិនចេញសេចក្តី ណែនាំ ឱ្យសកម្មជននិងអ្នកគាំទ្របក្ស ថាគួរបោះឆ្នោតឱ្យបេក្ខជនណាឡើយនៅថ្ងៃទី២៨ខាងមុខ។
ជាអតីតអ្នកនយោបាយជាតិនិយមជ្រុល ប្រឆាំងនឹងគួដឌីស្ថាន លោក អូហ្កាន បានថ្លែងប្រាប់សារព័ត៌មានអាល្លឺម៉ង់មួយ កាលពីព្រឹកមិញថា លោកនឹងអំពាវនាវឱ្យបោះឆ្នោតជូនលោក គីលីច្សដារ៉ូហ្គូ ដរាបណាតែបេក្ខជនបក្សប្រឆាំងរូបនេះ ព្រមផ្តាច់ទំនាក់ទំនងជាមួយគណបក្សស្និទ្ធនឹងក្រុមគួដឌីស្ថាន។ នេះជាលក្ខខណ្ឌ ដែលមិនអាចទទួលបានទេ សម្រាប់លោក គីលីច្សដារ៉ូហ្គូ ព្រោះគណបក្សគួដឌីស្ថានជាកម្លាំងនយោបាយទីបី របស់ប្រទេស។ សំឡេងរបស់គណបក្សនេះបានចូលរួមចំណែកច្រើនណាស់ ក្នុងការរុញច្រានលោក គីលីច្សដារ៉ូហ្គូ ឱ្យបានដល់ថ្ងៃនេះ។ លោកមិនអាចបោះបង់គណបក្សនេះដែល នឹងធ្វើឱ្យសម្ព័ន្ធបក្សប្រឆាំងរង្គោះរង្គើឡើយ។
ចំណុចអវិជ្ជមានចុងក្រោយសម្រាប់លោក គីលីច្សដារ៉ូហ្គូ ពលរដ្ឋតួកគីដែលសាកល្បងជ្រើសរើសលោកគីលីច្សដារ៉ូហ្គូ កាលពីជុំទីមួយ អាចនឹងងាកមករកលោកអ៊ែរដូហ្កានវិញ ដើម្បីនិរន្តរភាពនិងស្ថិរភាព។
តួកគីក្រោយការបោះឆ្នោត ?
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតួកគីទី ១៣ នេះ មានឥទ្ធិពលនយោបាយខ្លាំងស្ទើរពុំធ្លាប់មានទេសម្រាប់ប្រវត្តិសាស្ត្រតួកគី ដែលសឱ្យឃើញថា នយោបាយដឹកនាំរបស់លោកអ៊ែរដូហ្កានបែបអ៊ីស្លាមនិយម ទំនើប និងស្រមៃក្លាយជាមហាអំណាចមួយ បានចាក់កប់ជ្រៅក្នុងសង្គមតួកគី។
ជោគជ័យរបស់ប្រធានាធិបតីផុតអាណត្តិតួកគី សម្ព័ន្ធមិត្តរបស់លោកពូទីន នឹងធ្វើឱ្យរុស្ស៊ីរីករាយ តែត្រូវបន្តធ្វើការជាមួយទាំងទើសទាល់ចិត្តសម្រាប់រដ្ឋបាលអាមេរិករបស់លោកបៃដិន ក៏ដូចជាបណ្តាមេដឹកនាំអឺរ៉ុបជាច្រើនផ្សេងទៀត ដែលមានទំនាក់ទំនងរកាំរកូសស្រាប់ជាមួយលោកអ៊ែដូហ្កាន និងដែលចង់ឃើញតួកគីមានមេដឹកនាំ ថ្មី បែបប្រជាធិបតេយ្យនិងមិនប្រកាន់សាសនា។ ជាសមាជិកអង្គការអូតង់ តួកគីក៏ជាដៃគូដ៏ចាំបាច់របស់សហភាពអឺរ៉ុប ក្នុងវិបត្តិជនភៀសខ្លួន៕
15-5-2023 • 6 minuten, 56 seconden បោះឆ្នោតនៅថៃ៖ ក្រុមគណបក្សប្រឆាំងសង្ឃឹមថាអាច គាស់រំលើងកៅអីអំណាចរបស់ក្រុមយោធា
នៅថ្ងៃអាទិត្យទី១៤ឧសភា ប្រជាជនថៃប្រមាណជាង៥០លាននាក់ ត្រូវចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសសមាជិកសភា និងឈានទៅតែងតាំងនាយករដ្ឋមន្ត្រីអាណត្តិថ្មី។ បើតាមការសង្កេត សន្ទុះគាំទ្រគណបក្សប្រឆាំង បានផុសផុលខ្លាំង នៅទូទាំងប្រទេសថៃ ដែលបង្ហាញអំពីទឹកចិត្ត ចង់ឲ្យមានការផ្លាស់ប្តូរ ចង់បិទបញ្ចប់ទំព័រសករាជ្យ នៃអំណាចនយោបាយរបស់លោកប្រាយុទ្ធ ចាន់អូចា ដែលកើតចេញពីការធ្វើរដ្ឋប្រហាររបស់កងទ័ព។ តែយ៉ាងណា ប្រព័ន្ធបោះឆ្នោតថៃ មានភាពស្មុគស្មាញ និងបានការពារអំណាច របស់ក្រុមយោធាថៃបានយ៉ាងរឹងមាំ ហើយការភ័យបារម្ភពីករណីរដ្ឋប្រហារសារជាថ្មី ក៏នៅស្ថិតនៅមិនឆ្ងាយប៉ុន្មានដែរ។
ការបោះឆ្នោតនៅថ្ងៃនេះ គឺបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សមាជិកសភាជាតិថៃ ដែលមានអាសនៈចំនួន៥០០អាសនៈ។ មណ្ឌលបោះឆ្នោតប្រមាណ៩៥០០០ទីតាំង បានចាប់ផ្តើមបើកទ្វារនៅម៉ោងប្រមាណ៨ព្រឹក រងចាំទទួលអ្នកបោះឆ្នោតប្រមាណ៥២លាននាក់ ទូទាំងប្រទេសថៃ។ លទ្ធផលផ្លូវការ នឹងត្រូវប្រកាសនៅខែកក្កដា។បន្ទាប់មកទៀត គឺនឹងឈានដល់ការសម្រេចតែងតាំងនាយករដ្ឋមន្ត្រី។
នាយករដ្ឋមន្ត្រីថ្មី ត្រូវការសំឡេងភាគច្រើន៣៧៦
ចំណុចពិសេសមួយ គឺថានៅថៃ នាយករដ្ឋមន្ត្រីមិនចាំបាច់ឈរឈ្មោះបោះឆ្នោត ជាតំណាងរាស្ត្រនោះទេ។ ពោលគឺគណបក្សដែលឈ្នះឆ្នោត ដែលអាចមានសំឡេងភាគច្រើនគ្រប់គ្រាន់ក្នុងសភា អាចបញ្ជូនឈ្មោះបុគ្គលណាម្នាក់ក៏បានដែរ ដើម្បីឲ្យគេតែងតាំងឲ្យដឹកនាំរដ្ឋាភិបាល។ យ៉ាងណាមិញ លោកប្រាយុទ្ធ ចាន់អូចា ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស “រួមថៃសាងឆាត” មិនឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រទេ។ ហើយលោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ បេក្ខជនរបស់គណបក្សភឿថៃ ក៏ដូចគ្នាដែរ មិនឈរឈ្មោះជាតំណាងរាស្ត្រទេ។
ចំណុចពិសេសមួយទៀត គឺមិនមែនសភាតែម្នាក់ឯងទេ ដែលបោះឆ្នោតតែងតែងនាយករដ្ឋមន្ត្រី។ ព្រឹទ្ធសភាថៃ ក៏ចូលរួមនៅក្នុងនីតិវិធីតែងតាំងនេះដែរ។ ដូចយើងដឹងហើយ ព្រឹទ្ធសភាថៃ គឺមិនមែនកើតឡើងដោយការបោះឆ្នោតទេ ពោលគឺសមាជិកត្រូវបានតែងតាំងដោយព្រះមហាក្សត្រថៃ ទៅតាមការស្នើសុំរបស់កងទ័ពថៃដែលមានអំណាចមានឥទ្ធិពលបំផុត។ និយាយឲ្យចំទៅ គឺសមាជិកព្រឹទ្ធសភាថៃ ដែលមានចំនួន២៥០នាក់ គឺសុទ្ធតែជាមនុស្សស្និទ្ធនឹងស្ថាប័នព្រះមហាក្សត្រ ស្និទ្ធនឹងកងទ័ពថៃ ហើយស្និទ្ធនឹងលោកប្រាយុទ្ធចាន់អូចាតែម្តង។ ត្រង់នេះហើយ ដែលបង្កឲ្យមានការរិះគន់ពីសំណាក់អង្គការសិទ្ធិមនុស្សនានា ព្រោះប្រព័ន្ធប្រជាធិបតេយ្យថៃនេះ មានលក្ខណៈមិនស្មោះត្រង់។
ដូច្នេះ នាយករដ្ឋមន្ត្រីថៃ មិនមែនត្រូវបានតែងតាំងដោយសំលេងភាគច្រើន នៃសមាជិកសភាទាំង៥០០នាក់ ដែលកើតចេញពីសន្លឹកឆ្នោតប្រជាជនទេ តែគឺ ៥០០បូកថែម២៥០ទៀត។ មានន័យថា ក្រុមគណបក្សប្រឆាំងត្រូវធ្វើយ៉ាងណាឈ្នះបានអាសនៈក្នុងសភា ចំនួនដល់ទៅ៣៧៦អាសនៈ ទើបអាចដឹកនាំរដ្ឋាភិបាលបាន។ ផ្ទុយទៅវិញលោកប្រាយុទ្ធ ចាន់អូចា ដែលមានអាសនៈ២៥០នៅក្នុងព្រឹទ្ធសភាស្រាប់ហើយ ត្រូវការឈ្នះអាសនៈក្នុងសភា បន្ថែមតែ១២៦ប៉ុណ្ណោះ នឹងអាចបន្តតំណែងនាយករដ្ឋមន្ត្រីមួយអាណត្តិទៀត។
សន្ទុះគាំទ្រខ្លាំងក្លា លើគណបក្សប្រឆាំង
គណបក្សភឿថៃ ដែលជាបក្សរបស់លោកថាក់ស៊ីន នៅតែមានអ្នកគាំទ្រច្រើនខ្លាំងណាស់។ សន្ទុះឃោសនាបោះឆ្នោត របស់ក្រុមអាវក្រហមនេះ បានផុសផុលខ្លាំង ជាមួយនឹងវត្តមានរបស់កូនស្រីលោកថាក់ស៊ីន គឺលោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ អាយុ៣៦ឆ្នាំដែលកំពុងតែមានប្រជាប្រិយភាពបំផុត។ លោកភែថងថាន ស៊ីណាវ៉ាត្រ សង្ឃឹមយ៉ាងមុតមាំថា និងបានអំពាវនាវ ឲ្យប្រជាជនថៃ ចូលរួមបោះឆ្នោតនៅថ្ងៃនេះ ឲ្យភ្លូកទឹកភ្លូកដី ដើម្បីឈានទៅប្រមូលអាសនៈឲ្យបានគ្រប់ ហើយរារាំងក្រុមយោធា កុំឲ្យកាន់អំណាចតទៅទៀត។
គណបក្សប្រឆាំងមួយទៀត ក៏មានសន្ទុះគាំទ្រខ្លាំងណាស់ដែរ ជាពិសេសគឺពីសំណាក់យុវជនថៃ។ នោះគឺគណបក្ស Move Forward ដឹកនាំដោយបេក្ខជននាយករដ្ឋមន្ត្រីវ័យ៤២ឆ្នាំ ឈ្មោះ ភិថា លិមចារឺនរ៉ាត់។ គណបក្សនេះ គឺកើតចេញពីបក្ស Future Forward របស់លោកថាណាថន ដែលបានស្ទុះឡើងប្រជាប្រិយភាពខ្លាំងណាស់ កាលពីពេលបោះឆ្នោតអាណត្តិមុន មុននឹងត្រូវតុលាការថៃប្រកាសរំលាយចោល។
គណបក្ស Move Forward របស់លោក ភិថា លិមចារឺនរ៉ាត់ ប្រកាសខ្លួនថាជាអ្នកតំណាងយុវជនថៃសម័យថ្មី តំណាងមនុស្សជំនាន់ថ្មី ដែលស្រេកឃ្លានសិទ្ធិសេរីភាព តាមរយៈការធ្វើកំណែទម្រង់សង្គម ឲ្យកាន់តែមានសមភាព។ គណបក្សនេះ បានប្រកាសពីចេតនាចង់លុបចោលមាត្រាច្បាប់ “ប្របាថព្រះចេស្តាព្រះមហាក្សត្រ”។ គណបក្សនេះ បានអះអាងថា មាត្រាបំបិទសិទ្ធិសេរីភាពបញ្ចេញមតិនេះ ជាទូទៅ តែងតែត្រូវបានក្រុមយោធាក្រាញអំណាញ យកមកប្រើដើម្បីបំបិទមាត់អ្នករិះគន់ ឬសំឡេងប្រឆាំងនានា តែប៉ុណ្ណោះ។
រដ្ឋាភិបាលចម្រុះ?
យោងតាមការស្ទាបស្ទង់មតិ គណបក្សភឿថៃ ប្រហែលអាចបានអាសនៈច្រើននាំមុខគេមែន តែក៏នៅមិនគ្រប់គ្រាន់ដែរ។ តាមការវិភាគទៅ ការរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះ គឺអាចជាជម្រើសមួយសំខាន់ សម្រាប់ក្រុមគណបក្សប្រឆាំង ប្រសិនបើពិតជាចង់រារាំង កុំឲ្យលោកប្រាយុទ្ធ ចាន់អូចា បន្តកាន់អំណាចពិតមែន។គណបក្សភឿថៃ មានទំនោរស្រដៀងច្រើន នឹងបក្ស Move Forward។ ពោលគឺបក្សទាំង២នេះ ចង់បិទបញ្ចប់អំណាចរបស់លោកប្រាយុទ្ធ ចាន់អូចា ដែលជាអ្នកធ្វើរដ្ឋប្រហារយោធាប្លន់អំណាចកាលពីឆ្នាំ២០១៤ ចង់ធ្វើកំណែទម្រង់សេដ្ឋកិច្ច នាំយកអំណាចស៊ីវីលមកដឹកនាំរដ្ឋាភិបាលវិញ។
ដោយឡែក លោកប្រាយុទ្ធ ចាន់អូចា ក៏មិនប្រាកដថាអស់ផ្លូវដើរដែរ។ យ៉ាងហោចណាស់ មានគណបក្សចំនួនយ៉ាងហោច១៥គណបក្ស ដែលអាចនឹងរួមគ្នាបង្គ្រប់អាសនៈ ដើម្បីរុញលោកប្រាយុទ្ធ ឲ្យបង្កើតរដ្ឋាភិបាលថ្មី។ បន្ថែមពីនេះ គណបក្ស ប្រជាធិបតេយ្យថៃ និងគណបក្ស ភូមិចៃថៃ ដែលធ្លាប់បានចំនួនអាសនៈសភា លេខរៀងទី៤និងទី៥ កាលពីពេលបោះឆ្នោតអាណត្តិមុន ក៏អាចដើរតួនាទីសំខាន់ដែរ នៅក្នុងការចរចាគ្នា ហុចកម្លាំងទៅឲ្យខាងណាមួយ ដើម្បីបង្គ្រប់ចំនួនអាសនៈឲ្យបានគ្រប់ ឈានទៅតែងតាំងនាយករដ្ឋមន្ត្រីថ្មី។
បារម្ភពីរដ្ឋប្រហារយោធា
ដោយឡែក លោកប្រាយុទ្ធ ចាន់អូចា បានឃោសនាហៅឲ្យប្រជាជនថៃបោះឆ្នោតជូនលោក ដោយអះអាងថា មានតែលោកទេ ទើបអាចការពារ រក្សាស្ថិរភាពស្រុកទេសបាន។ សំដីនេះបានបង្កឲ្យមានការបារម្ភថា ក្នុងករណីដែលលោកប្រាយុទ្ធ ចាន់អូចា បរាជ័យ គឺក្រុមយោធាថៃ អាចនឹងធ្វើរដ្ឋប្រហារសាជាថ្មី។ នយោបាយថៃ តែងតែដើរជំពប់ ជួបនឹងករណីរដ្ឋប្រហារយោធានេះ ញឹកញាប់ខ្លាំងណាស់។ តែយ៉ាងណា លោកប្រាយុទ្ធ ចាន់អូចា បានថ្លែងកាលពីដើមខែមីនា ថា “ការធ្វើរដ្ឋប្រហារយោធា គឺត្រូវតែឈប់ឲ្យមានទៀតទៅ!”។ ហើយកាលពីថ្ងៃសុក្រកន្កងទៅនេះ លោកឧត្តមសេនីយ៍កងទ័ពជាតិថៃ ណារ៉ុងផាន់ ជីតកែវធែ បានប្រកាសសន្យាថា កងទ័ពនឹងមិនធ្វើរដ្ឋប្រហារទេ នៅក្រោយការបោះឆ្នោត។
យ៉ាងណាក៏ដោយ ការសន្យានេះ មិនប្រាកដថានឹងកងទ័ពថៃ នឹងគោរព្យរយៈយូរប៉ុណ្ណានោះទេ។ យោងតាមការវិភាគ របស់លោក Alexandre Barthel អ្នកស្រាវជ្រាវម្នាក់នៅទីក្រុងបាងកក បានលើកឡើងថា ប្រសិនគណបក្សភឿថៃឈ្នះឆ្នោតបានសំឡេងភាគច្រើនគ្រប់ ដើម្បីបង្កើតរដ្ឋាភិបាល នោះគឺក្រុមយោធាថៃ អាចនឹងចេញអន្តរាគមន៍ ធ្វើរដ្ឋប្រហាររំលាយចោល តែមិនឆាប់ភ្លាមៗទេ ប្រហែលក្នុងរវាង២ទៅ៣ឆ្នាំខាងមុខ។ យោងតាមបទពិសោធន៍ គឺជាអ្វីដែលកងទ័ពថៃតែងតែធ្វើ ជាក់ស្តែងនៅឆ្នាំ២០០៦ រដ្ឋប្រហារទំលាក់លោកថាក់ស៊ីន ឆ្នាំ២០១៤រដ្ឋប្រហារទំលាក់លោកស្រីយីងឡាក់។
បន្ថែមពីនេះ ក្រុមយោធាថៃ ក៏អាចប្រើប្រាស់ប្រព័ន្ធតុលាការដែរ តាមរយៈការរករឿងចោទប្រកាន់ ពីបទល្មើសផ្សេងៗ ដើម្បីឈានប្រកាសរំលាយគណបក្សប្រឆាំងចោលតែម្តង។ ករណីនេះ បានកើតឡើងរួចហើយ ទៅលើគណបក្ស Future Forward របស់លោកថាណាថន ដែលមានប្រជាប្រិយភាពខ្លាំងបំផុត កាលពីបោះឆ្នោតឆ្នាំ២០១៩៕
14-5-2023 • 8 minuten, 28 seconden ក្រុមប្រទេសហ្សេ៧ សម្រេចចាប់អនុវត្តយន្តការថ្មី ពង្រីកបណ្តាញផ្គត់ផ្គង់ពិភពលោក
នៅថ្ងៃសៅរ៍នេះ ក្នុងឱកាសជួបប្រជុំនៅទីក្រុងនីហ្កាតា ប្រទេសជប៉ុន ក្រុមប្រទេសមានសេដ្ឋកិច្ចនាំមុខគេទាំង៧ (G7) បានសម្រេចព្រមព្រៀងគ្នា ផ្តើមអនុវត្តចាប់ពីដំណាច់ឆ្នាំ២០២៣នេះទៅយ៉ាងយូរ នូវយន្តការថ្មី សំដៅពង្រីកបណ្តាញផ្គត់ផ្គង់ពិភពលោក។ ការពង្រីកបណ្តាញផ្គត់ផ្គង់ ឱ្យទូលំទូលាយ ជាមធ្យោបាយមួយ កាត់បន្ថយភាពរំពឹងលើចិន។
យន្តការថ្មី គឺជាប្រព័ន្ធដែលមានបូកផ្សំជំនួយហិរញ្ញវត្ថុ ការផ្តោះប្តូរចំណេះធ្វើ និងភាពជាដៃគូជាមួយបណ្តាប្រទេសមានចំណូលទាបនិងចំណូលមធ្យម ដើម្បីជួយពួកគេឱ្យដើរតួនាទីខ្ពស់ មានតម្លៃមិនអាចខ្វះបានក្នុងដំណើរការឧស្សាហកម្មពិភពលោក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្សេ៧ ក្រោយការបិទបញ្ចប់ជំនួបប្រជុំនៅទីក្រុងនីហ្កាតា ប្រទេសជប៉ុន ថ្ងៃសៅរ៍ទី ១៣ឧសភា។
ក្រុមហ្សេ៧ បានប្រសិទ្ធនាមឱ្យយន្តការថ្មីនេះថា Rise Resilient and inclusive Supply-chain Enhancement ដែលអាចបកប្រែបានថា ការពង្រឹងបណ្តាញផ្គត់ផ្គង់ដែលធុននិងមិនចោលនរណាម្នាក់សោះ។ យន្តការដែលចំណុចគោលៗត្រូវបានបង្ហើបបង្ហាញតាំងពីខែមេសា នឹងមានដំណើរការអមដោយកិច្ចសហការជាមួយធនាគារកណ្តាលពិភពលោកនិងស្ថាប័នអង្គការអន្តរជាតិមានសមត្ថកិច្ចជាច្រើនផ្សេងទៀត។
យន្តការ កាត់បន្ថយភាពរំពឹងតែលើចិន
ដោយជាក់ស្តែងទៅនោះ យន្តការថ្មី ត្រូវជួយជាឧទាហរណ៍ប្រទេស ឱ្យត្រឹមតែអាចទាញយកធនធានរ៉ែធម្មជាតិ ចេញពីដី មកធ្វើជាវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មទេ តែត្រូវឱ្យប្រទេសនោះមានសមត្ថភាពកែច្នៃធនធានធម្មជាតិនោះនៅផ្ទាល់នឹងកន្លែងតែម្តង។ ការធ្វើបែបនេះនឹងអាចបញ្ចៀសមិនឱ្យគេទៅពឹងពាក់ចិន បានមួយចំណែក។
ប៉ុន្តែបើតាមអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន អះអាងប្រាប់អ្នកសារព័ត៌មាន កញ្ចប់ថវិកាសម្រាប់ដំណើរការយន្តការថ្មីនេះនៅពុំទាន់ត្រូវបានកំណត់នៅឡើយទេ។
បណ្តាញផ្គត់ផ្គង់ពិភពលោក ជាវិស័យយុទ្ធសាស្ត្រខ្លាំងណាស់។ ការពង្រីកបណ្តាញផ្គត់ផ្គង់ នេះឱ្យទូលំទូលាយ ដែលជាគំនិតស្របគ្នារបស់ប្រទេសហ្សេ៧ គឺជាមធ្យោបាយ កាត់បន្ថយភាពរំពឹងលើចិន ក្នុងវិស័យយុទ្ធសាស្ត្រមួយ និងមានទិសដៅកាត់បន្ថយហានិភ័យនៃបណ្តាញផ្គត់ផ្គង់ មិនមែនជាលុបបំបាត់ទំនាក់ទំនងជាមួយចិនទេ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្សេ៧ទាំងអស់ មិនបានចាត់ទុកយន្តការថ្មីនេះជាផែនការប្រឆាំងចិនដែរ។ គ្មានទេឈ្មោះឬពាក្យ “ប្រទេសចិន” ចែងក្នុងសេចក្តីថ្លែងការណ៍។ គ្មានសោះការដៅ ចង្អុល ឬបន្ទោសចិននោះ។
ការពង្រីកបណ្តាញផ្គត់ផ្គង់ពិភពលោក អាចចូលរួមចំណែករក្សានិងការពារសុវត្ថិភាពថាមពល និងជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ នេះជាហេតុផលបញ្ជាក់ដោយក្រុមរដ្ឋមន្ត្រីហ្សេ៧។ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន ថែមទាំងបានលើកឧទាហរណ៍ចំៗមករំលេចសេចក្តីសម្រេចរបស់ហ្សេ៧ថា វិបត្តិរាតត្បាតសកលកូវីដ១៩ បានឆ្លុះបញ្ចាំងឱ្យឃើញ អំពីគុណវិបត្តិនៃការផ្តុំបណ្តាញផ្គត់ផ្គង់ពិភពលោក តែមួយដុប។ ការបិទខ្ទប់ប្រទេសដ៏យូររបស់ចិន កាលពីឆ្នាំទៅបានធ្វើឱ្យឧស្សាហកម្មពិភពលោករអាក់រអួលយ៉ាងខ្លាំង។
G៧ និងអ៊ុយក្រែន
ដោយគ្មានការភ្ញាក់ផ្អើល ក្រុមហ្សេ៧ (សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី និងកាណាដា បានប្រកាសគាំទ្រអ៊ុយក្រែនជាថ្មី ដោយឥតងាករេ និងថ្កោលទោសសង្គ្រាមឈ្លានពានខុសច្បាប់និងគ្មានហេតុផលរបស់រុស្ស៊ី។ ជាការគាំទ្រផ្នែកថវិកានិងសេដ្ឋកិច្ច សម្រាប់អ៊ុយក្រែន ដែលមានទំហំឡើងដល់៤៤ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ទល់នឹង៣៩ពាន់លានដុល្លារគិតត្រឹមសេចក្តីប្រកាសនៅខែកុម្ភៈ។ ហ្សេ៧បានរំលឹកអំពីឆន្ទៈដាច់ខាតរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងពង្វាងទណ្ឌកម្មសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលដាក់លើរុស្ស៊ី តែមិនបានប្រកាសវិធានការថ្មី ឬចង្អុលមុខប្រទេសណាជាអ្នកជួយពង្វាងទណ្ឌកម្មទេ។
G៧និងអាកាសធាតុ
ជំនួបប្រជុំបីថ្ងៃនេះ បានការចូលរួមពីសំណាក់ធនាគារកណ្តាល និងអ្នកទទួលខុសត្រូវអង្គការអន្តរជាតិធំៗដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក ព្រមទាំងជាការជួបជុំត្រៀមលក្ខណៈបើកជំនួបកំពូលហ្សេ៧ នៅអ៊ីរ៉ូហ្ស៊ីម៉ា ផង មានលើកយកប្រធានបទជាច្រើនផ្សេងទៀត មកជជែក ដូចជាវិស័យធនាគារ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ឬការផ្តល់ហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍។ ហ្សេ៧ ត្រូវជួយក្រុមប្រទេសទាំងអស់នេះឆ្លងអន្តរកាលថាមពលផង និងជួយកំរិតផលវិបាកបង្កឡើងដោយការឡើងកម្តៅអាកាសធាតុចំពោះសេដ្ឋកិច្ចនិងប្រជាពលរដ្ឋផង។ កញ្ចប់ថវិកាថ្មី សម្រាប់ពិភពលោកប្រឈមនឹងអាកាសធាតុ នឹងត្រូវលើកមកជជែកនៅក្នុងជំនួបកំពូលនៅទីក្រុងប៉ារីស នាចុងខែមិថុនាខាងមុខ ដែលជាដំណាក់កាលដ៏សំខាន់សម្រាប់ផ្តល់សន្ទុះដល់សន្និសីទអាកាសធាតុពិភពលោក COP២៨ នៅក្រុងឌូបៃ៕
13-5-2023 • 5 minuten, 50 seconden បោះឆ្នោតតួកគី៖ ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនា បេក្ខជនម្នាក់បោះបង់ចោលការប្រកួត
នៅថ្ងៃអាទិត្យ ទី១៤ឧសភា នៅតួកគី នឹងមានការបោះឆ្នោតសភា និងបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី។ លោកអ៊ែរដូហ្កាន់ ប្រធានាធិបតីចប់អាណត្តិ ឈរឈ្មោះសាជាថ្មី ក៏ប៉ុន្តែ ការបោះឆ្នោតលើកនេះ ហាក់ដូចជាមានភាពស្រពេចស្រពិលខ្លាំងណាស់ សម្រាប់អនាគតនយោបាយរបស់លោកអ៊ែរដូហ្កាន់។ ក្រុមគណបក្សប្រឆាំងជាច្រើនបក្ស បានរួមកម្លាំងគ្នាបង្កើតសម្ព័ន្ធតែមួយ បញ្ជូនឈ្មោះបេក្ខជនតែមួយ ដើម្បីប្រមូលសន្លឹកឆ្នោត។ ហើយនៅថ្ងៃសុក្រទី១២ឧសភា ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត ស្រាប់តែមានបេក្ខជនម្នាក់ បានប្រកាសបោះបង់ចោលការប្រកួតថែមទៀត។
មានបេក្ខជនចំនួន៤រូប ដែលឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនៅតួកគី ដែលនឹងដំណើរការទៅនៅថ្ងៃអាទិត្យខានស្អែកនេះ។ ថ្ងៃសុក្រនេះជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត ស្រាប់តែបេក្ខជនម្នាក់ ឈ្មោះ Muharrem Ince បានប្រកាសដកខ្លួនចេញ។ លោកម្នាក់នេះ ត្រូវគេស្គាល់ថា ជាអ្នកនយោបាយ តែងតែប្រឆាំង និងរិះគន់លោក អ៊ែរដូហ្កាន់ដែរ។
ដកខ្លួន មុននឹងគេស្តីបន្ទោសថាធ្វើឲ្យបែកសំឡេងឆ្នោត
ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គមតួកគី គឺមានការចែកចាយយ៉ាងព្រោងព្រាត នូវសារជាសំឡេង និងរូបភាពក្លែងក្លាយ បង្កើតដោយប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលបង្ហាញរូបលោក Muharrem Ince ជិះរថយន្តទំនើបថ្លៃ ឬក៏រូបថតជាមួយនារីរូបស្អាតជាដើម។ នេះគឺជាយុទ្ធនាការ ដើម្បីបំផ្លាញកិត្តិយស របស់បេក្ខជនរូបនេះ តែគេមិនដឹងប្រភព ថាអ្នកណាជាអ្នកធ្វើវាទេ។
ដោយឡែក លោក Kemal Kiliçdaroglu បេក្ខជននៃសម្ព័ន្ធបក្សប្រឆាំងដ៏ធំ បានចោទប្រកាន់ថា គឺរុស្ស៊ី ដែលបានប្រើយុទ្ធនាការបង្កាច់បង្ខូចកិត្តិយសរបស់បេក្ខជនលោក Muharrem Ince។ លោក Kemal Kiliçdaroglu បានថ្លែងថា បើរុស្ស៊ីចង់ធ្វើមិត្តជាមួយតួកគី ចាប់ពីថ្ងៃទី១៥ឧសភាតទៅមុខ គឺរុស្ស៊ីត្រូវតែឈប់លូកដៃចូលមកប៉ះពាល់ កិច្ចការផ្ទៃក្នុង និងឯករាជភាពជាតិតួកគីតទៅទៀត។
យ៉ាងណាក៏ដោយ នៅក្នុងសន្និសីទកាសែត លោកMuharrem Ince បានលើកឡើងថា លោកបានសម្រេចចិត្តដកខ្លួនចេញពីការបោះឆ្នោត ដោយសារលោក មិនចង់ឲ្យសម្ព័ន្ធគណបក្សប្រឆាំង ដែលកំពុងតែរួមកម្លាំងគ្នាដើម្បីយកឈ្នះលោក អ៊ែរដូហ្កាន់នោះ ចោទលោកថា ពួកគេចាញ់ដោយសារតែលោកធ្វើឲ្យបែកសន្លឹកឆ្នោត។ គួរបញ្ជាក់ដែរ ថាប៉ុន្មានថ្ងៃចុងក្រោយនេះ សមាជិកធំមួយចំនួននៃគណបក្សរបស់លោក Muharrem Ince ក៏បានលាឈប់ ពីបក្សដែរ ដោយសារតែបារម្ភខ្លាចថាលោក Muharrem Ince ក្លាយជាឧបសគ្គ នៃជ័យជំនះរបស់សម្ព័ន្ធបក្សប្រឆាំង ដឹកនាំដោយបេក្ខភាពរបស់លោក Kemal Kiliçdaroglu។
សម្ព័ន្ធបក្សប្រឆាំងនាំមុខក្នុងការស្ទាបស្ទង់មតិ
តាមការស្ទាបស្ទង់មតិ លោក Muharrem Ince បានទទួលចេតនាចង់បោះឆ្នោតឲ្យពីប្រជាជនតួកគី ប្រមាណចន្លោះពី ២ ទៅ ៤%ប៉ុណ្ណោះ។ ក៏ប៉ុន្តែត្រឹមប៉ុណ្ណេះ វាក៏សំខាន់ដែរ អាចធ្វើឲ្យប្រែប្រួលដល់លទ្ធផល របស់បេក្ខជនផ្សេងទៀត។ យោងតាមការស្ទាបស្ទង់មតិចុងក្រោយ ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ធ្វើដោយ វិទ្យាស្ថានល្បីឈ្មោះមួយ ឈ្មោះ Konda បានបង្ហាញថា បេក្ខជនលោក Kemal Kiliçdaroglu បានទទួលចេតនាចង់បោះឆ្នោតឲ្យពីប្រជាជន ចំនួន ៤៩,៣% ចំណែកលោក អ៊ែរដូហ្កាន់ វិញ បានទទួលចំនួន ៤៣,៧%។
ការស្ទាបស្ទង់មតិមួយទៀត ធ្វើនៅរវាងថ្ងៃទី៩ និងទី១០ឧសភា ដោយវិទ្យាស្ថាន Metropoll បានបង្ហាញថា ជិត៥០% នៃអ្នកបោះឆ្នោត ឲ្យលោក Muharrem Ince គឺគេអាចយកសន្លឹកឆ្នោតគេទៅបោះឲ្យលោក Kemal Kiliçdaroglu។ ចំណែក អ្នកដែលចង់ផ្ទេសន្លឹកឆ្នោត ទៅបោះជូនលោក អ៊ែរដូហ្កាន់ គឺមានប្រមាណ១ភាគ៤ប៉ុណ្ណោះ។ ដូច្នេះយើងឃើញថា យោងតាមការស្ទាបស្ទង់មតិទាំងនេះ គឺបេក្ខភាពរបស់លោកអ៊ែរដូហ្កាន់ ដែលជាប្រធានាធិបតីចប់អាណត្តិ ហាក់ដូចជាអាចប្រឈមគ្រោះថ្នាក់ អាចចាញ់។
អវសាននៃរបបប្រធានាធិបតីអំណាចមូលក្នុងដៃ?
យើងសង្កេតឃើញថា ក្នុងការបោះឆ្នោតលើកនេះ សម្ព័ន្ធគណបក្សប្រឆាំង ដឹកនាំដោយបេក្ខភាពរបស់លោក Kemal Kiliçdaroglu មានប្រៀប មានសន្ទុះគាំទ្រ ច្រើនជាងលោក អ៊ែរដូហ្កាន់ ដែលជាប្រធានាធិបតីចប់អាណត្តិ។ បញ្ហាវិបត្តិសេដ្ឋកិច្ច អតិផរណា ជីវភាពប្រជាជនតួកគីកាន់តែលំបាក គឺជាកត្តាសំខាន់មួយ ដែលធ្វើឲ្យប្រជាប្រិយភាពរបស់លោក អ៊ែរដូហ្កាន់ បានធ្លាក់ចុះ។ យ៉ាងណាមិញ លោកអ៊ែរដូហ្កាន់ បានសន្យាថា បើលោកឈ្នះឆ្នោត គឺលោកនឹងដំឡើងប្រាក់ខែមន្ត្រីរដ្ឋការ មួយគុណជា២។ ជាការសន្យា ដែលហាក់ដូចជានៅតែគ្មានឥទ្ធិពលខ្លាំងក្លាទេ។
ជាការកត់សំគាល់ លោកអ៊ែរដូហ្កាន់ បានកាន់អំណាច២០ឆ្នាំមកហើយ ដោយធ្វើជានាយករដ្ឋមន្ត្រី ពីឆ្នាំ២០០៣ ដល់ ២០១៤ ហើយលោកបានកែប្រែរដ្ឋធម្មនុញ្ញ ប្តូរផ្លាស់ឲ្យតួកគីអនុវត្តរបបនយោបាយ ប្រធានាធិបតីវិញ ចាប់ពីឆ្នាំ២០១៤មក។ ពោលគឺជាការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីឲ្យលោកធ្វើជាប្រធានាធិបតីមានអំណេញពេញដៃ មិនចាំបាច់ពឹងលើរដ្ឋសភា។
២០ឆ្នាំមកនេះ គឺប្រជាជនតួកគី បានសង្កេតឃើញ អំពីចំណុចអវិជ្ជមានជាច្រើន ជាពិសេសក្នុងចំណោមយុវជនវ័យក្មេង ដែលពួកគេសង្កេតឃើញ ពីការប្រមូលអំណាចកាន់រួមទៅក្នុងដៃមនុស្សតែម្នាក់ គឺលោកអ៊ែរដូហ្កាន់ ហើយនិងបញ្ហាសិទ្ធិសេរីភាពកាន់តែរួញខើច។ យ៉ាងណាមិញ បញ្ហាសិទ្ធិសេរីភាព ការបែកចែកអំណាង ពង្រឹងលទ្ធិប្រជាធិបតេយ្យនេះហើយ ដែលជាបេះដូងនៃយុទ្ធនាការឃោសនារបស់សម្ព័ន្ធបក្សប្រឆាំង ដឹកនាំដោយលោក Kemal Kiliçdaroglu។
បក្សប្រឆាំងសន្យាធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ពង្រឹងការបែងចែងអំណាច
លោក Kemal Kiliçdaroglu បានសន្យាថា បើលោកឈ្នះឆ្នោត គឺលោកនឹងរៀបចំធ្វើកំណែទម្រង់ជាច្រើន ជាពិសេសគឺ ការចាកចេញពីរបបប្រធានាធិបតីតែម្តង។ លោកអះអាងថា របបដឹកនាំរាល់ថ្ងៃ ដែលកើតចេញពីមហិច្ឆិតាក្តោបអំណាចរបស់លោកអ៊ែរដូហ្កាន់ វាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់តួកគី។ លោកបានសន្យាថា នឹងនាំតួកគី វិលត្រលប់ទៅកាន់របបសភា មានការបែងចែងអំណាចដោយត្រឹមត្រូវ។ អំណាចនីតប្រតិបត្តិ នឹងដឹកនាំដោយនាយករដ្ឋមន្ត្រី ដែលអាស្រ័យលើសភាជាអ្នកបោះឆ្នោតផ្តល់ទំនុកចិត្ត ចំណែកមុខតំណែងប្រធានាធិបតីវិញ គឺនៅតែមាន តែមិនដឹកនាំរដ្ឋាភិបាលទេ ហើយអាចឈរឈ្មោះបានតែមួយអាណត្តិប៉ុណ្ណោះ ដែលមានរយៈពេល៧ឆ្នាំ។
លោក Kemal Kiliçdaroglu សន្យាពង្រឹងប្រព័ន្ធយុត្តិធម៌ឲ្យរឹងមាំ មានឯករាជ្យ ហើយសន្យាដោះលែងអ្នកទោសនយោបាយជាច្រើននាក់ ដែលលោកអ៊ែរដូហ្កាន់ បានចាប់គុកនាពេលកន្លងមកនេះ។ ជាងនេះទៀត លោកបានសន្យានឹងនាំតួកគីឈ្ពោះទៅកាន់ពន្លឺសង្ឃឹមនៃសិទិ្ធសេរីភាព ទាំងសេរីភាពនៃការបញ្ចេញមិត និងសេរីភាពសារព័ត៌មាន។ លោកសន្យាថា នឹងលុបចោលមាត្រាច្បាប់ ដែលចែងអំពីបទល្មើសរិះគន់ជេរប្រមាថប្រធានាធិបតី។ មាត្រាច្បាប់នេះ ត្រូវបានលោកអ៊ែរដូហ្កាន់ ប្រើប្រាស់ដើម្បីបំបិទមាត់អ្នករិះគន់ទាំងអស់។
តែយ៉ាងណាក៏ដោយ ការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញមិនមែនជាការងាយធ្វើទេ ព្រោះថាសភាត្រូវការសំឡេងឆ្នោត ចំនួន៣ភាគ៥។ នេះបើផ្អែកតាមលោក Bertil Oder សាស្ត្រាចារ្យនីតិរដ្ឋធម្មនុញ្ញ នៅសកលវិទ្យាល័យ Koç ក្រុងអ៊ីស្តងប៊ូល។ ហេតុដូច្នេះហើយ លទ្ធផលឆ្នោតនៅថ្ងៃអាទិត្យខាងមុខនេះសំខាន់ណាស់ ពោលគឺទាល់តែសម្ព័ន្ធបក្សប្រឆាំង ដឹកនាំដោយលោក Kemal Kiliçdaroglu ឈ្នះនាំមុខខ្លាំង មានសមាជិកសភាគ្រប់គ្រាន់ ទើបអាចគោរពការសន្យាទាំងអម្បាលម៉ានបាន៕
12-5-2023 • 7 minuten, 44 seconden អាមេរិកត្រៀមប្រឈមភាពវឹកវរអន្តោប្រវេសន៍ ក្រោយវិ ធានការTitle 42 ចប់អស់សុពលភាព
នៅសហរដ្ឋអាមេរិក វិធានការរឹតបន្តឹងនៅច្រកព្រំដែន ដែលដាក់ចេញ ក្នុងអំឡុងវិបត្តិកូវីដ ត្រូវចប់អស់សុពលភាព ចាប់ពីយប់១២យប់ ថ្ងៃព្រហស្បតិ៍នេះ។ ដោយសារតែ វិធានការTitle 42 ត្រូវចប់អស់សុពលភាព អាជ្ញាធរអាមេរិកកំពុងព្រួយបារម្ភពីការផ្ទុះវិបត្តិជនអន្តោប្រវេសន៍ ជាពិសេសនៅតាមរដ្ឋជាប់ព្រំដែនជាមួយប្រទេសម៉ិចស៊ិក។ នៅទឹកដីម៉ិចស៊ិក ជាប់ព្រំដែនខាងត្បូងរបស់អាមេរិក ជនអន្តោប្រវេសន៍រាប់ពាន់នាក់ បានទៅបោះតង់ តាំងពីប៉ុន្មានថ្ងៃមកហើយ ក្នុងពេលរង់ចាំវិធានការរឹតត្បិតការចេញចូលព្រំដែនអាមេរិក Title 42 ត្រូវអស់សុពលភាព ជាផ្លូវការ នៅយប់ថ្ងៃព្រហស្បតិ៍ទី ១១ ឧសភា។
អាមេរិកត្រូវបិទបញ្ចប់វិធានការរឹតត្បិតលើការធ្វើដំណើរចូលអាមេរិក នៅយប់ថ្ងៃព្រហស្បតិ៍។ វិធានការTitle 42 ដែលត្រូវបានអនុវត្ត៣ឆ្នាំមកហើយ ដើម្បី បិទខ្ទប់ លំហូរជនអន្តោប្រវេសន៍ ក្នុងហេតុផលធានាការពារសុខភាពសាធារណៈ ក្នុងសម័យកូវីដ ត្រូវបិទបញ្ចប់ ទន្ទឹមគ្នា នឹងការចប់អស់សុពលភាពវិធានការសុខភាពបន្ទាន់នៅអាមេរិក នៅថ្ងៃទី ១១ ឧសភា។
វិធានការTitle 42 ជាអ្វី?
ជាផ្នែកមួយនៃច្បាប់សេវាសុខភាពសាធារណៈឆ្នាំ ១៩៤៤ វិធានការ Title 42អនុញ្ញាតឲ្យរដ្ឋាភិបាលមានសិទ្ធិបិទខ្ទប់លំហូរចូលរបស់មនុស្ស និងទំនិញ ទៅក្នុងទឹកដីអាមេរិក ក្នុងគោលដៅ បង្កា ទប់ស្កាត់ការឆ្លងជំងឺរាតត្បាត ពីប្រទេសខាងក្រៅ។ នៅខែមីនា ឆ្នាំ ២០២០ នៅក្នុងពេលដែលវិបត្តិជំងឺកូវីដផ្ទុះឡើងខ្លាំង រដ្ឋបាលលោកដូណាល់ត្រាំបានអនុវត្តវិធានការ Title 42 ក្នុងហេតុផលទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ។ ប៉ុន្តែ សម្រាប់អង្គការការពារសិទ្ធិមនុស្ស រដ្ឋបាលលោកដូណាល់ត្រាំ បានប្រើវិធានការ Title 42 ដើម្បីប្រឆាំង រារាំងមិនឲ្យជនអន្តោប្រវេសន៍ធ្វើដំណើរចូលទឹកដីអាមេរិក។
ទៅតាមវិធានការ Title ៤២ ជនអន្តោប្រវេសន៍ដែលធ្វើដំណើរខុសច្បាប់ ចូលទឹកដីអាមេរិក ត្រូវគេចាប់បញ្ចេញភ្លាមៗ ពីអាមេរិក។ នៅក្នុងរយៈពេល៣ឆ្នាំនេះ អាជ្ញាធរអាមេរិក នៅរដ្ឋភាគខាងត្បូងជាប់ព្រំដែនម៉ិកស៊ិកបានប្រើវិធានការ Title 42 ដើម្បីចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ជាង ២លាននាក់ ចេញពីអាមេរិក ដែលនៅក្នុងនោះមានផងដែរ អ្នកដាក់ពាក្យសុំសិទ្ធិជ្រកកោន។ នៅព្រំដែនអាមេរិក ម៉ិកស៊ិក មន្រ្តីអន្តោប្រវេសន៍អាមេរិកបានប្រើវិធានការ Title42 ដើម្បីកាត់បន្ថយ ពេលវេលាមកនៅត្រឹមតែ ១០នាទីប៉ុណ្ណោះ ដើម្បីពិនិត្យមើលសំណុំឯកសារដាក់ពាក្យសុំសិទ្ធិជ្រកកោន។ ជាញឹកញយ អ្នកដាក់ពាក្យសុំសិទ្ធិជ្រកកោន ត្រូវមន្រ្តីអន្តោប្រវេសន៍អាមេរិកបដិសេធ និងសម្រេចចាប់បញ្ជូនចេញពីអាមេរិកដូចជនអនោ្តប្រវេសន៍ខុសច្បាប់ផ្សេងទៀត។
សម្រាប់អង្គការការពារសិទ្ធិមនុស្ស ដោយអនុវត្តវិធានការ Title 42 អាជ្ញាធរព្រំដែនអាមេរិកបានបិទភ្នែក មិនខ្វល់ពីសន្តិសុខរបស់អ្នកសុំជ្រកកោន ដែលតាមពិតបានរត់គេចពីអំពើហិង្សា អសន្តិសុខ និងការធ្វើទុក្ខបុកម្នេញ នៅក្នុងប្រទេសកំណើតរបស់ពួកគេ។
រដ្ឋបាលលោកចូ បៃដិនផ្ទាល់ ធ្លាប់បានប្រកាសចង់បិទបញ្ចប់ វិធានការ Title42ម្តងជាពីរដង ប៉ុន្តែមិនបានសម្រេច ដោយសារការប្រឆាំងរបស់អភិបាលរដ្ឋដែលកំពុងប្រឈមនឹងវិបត្តិលំហូរជនអន្តោប្រវេសន៍។ នៅ២ខែមុននេះ លោកប្រធានាធិបតីចូ បៃដិនបានប្រកាសបិទបញ្ចប់វិធានការអាសន្នកូវីដ ដែលត្រូវអស់សុពលភាព នៅថ្ងៃទី ១១ឧសភា ថ្ងៃព្រហស្បតិ៍នេះ។ ជាលទ្ធផល វិធានការ Title 42 ត្រូវចាប់អនុវត្ត ក៏ដោយសារហេតុផលជំងឺកូវីដ ក៏ត្រូវបិទបញ្ចប់នៅថ្ងៃព្រហស្បតិ៍ទី ១១ឧសភា។
តើមានរឿងអ្វីកើតឡើង នៅក្រោយវិធានការTitle 42 ត្រូវចប់អស់សុពលភាព
ការផ្ទុះវិបត្តិជនអន្តោប្រវេសន៍សាជាថ្មី ជាពិសេស នៅព្រំដែនភាគខាងត្បូងអាមេរិក ដែលជាប់ជាមួយព្រំដែនប្រទេសម៉ិកស៊ិក។ ដូចបានលើកខាងដើម តាំងពីដឹងថា វិធានការTitle 42ត្រូវចប់អស់សុពលភាពនៅយប់ថ្ងៃព្រហស្បតិ៍នេះ ជនអន្តោប្រវេសន៍ដែលភាគច្រើនមកពីប្រទេសនៅភាគខាងត្បូងទ្វីបអាមេរិក រាប់ពាន់នាក់ បានមកកកកុញ បោះជំរំ នៅតំបន់ព្រំដែន ក្នុងបំណងចូលទៅដាក់ពាក្យសុំសិទ្ធិជ្រកកោន នៅទឹកដីអាមេរិក។
ជនអន្តោប្រវេសន៍ភាគច្រើនមានក្តីសង្ឃឹមថា ដោយសារតែ Title 42ចប់អស់សុពលភាព នោះអាជ្ញាធរអន្តោប្រវេសន៍នឹងមិនចាប់ចាប់បញ្ជូនពួកគេចេញភ្លាមៗ ពីទឹកដីអាមេរិកនោះទេ។ ត្រូវដឹងថា នៅពេលលែងមានវិធានការ Title 42 ឆ្មាំព្រំដែនអាមេរិកត្រូវត្រលប់ទៅប្រើនិតិវិធីចាស់ ដើម្បីសម្រេចលើការដាក់ពាក្យសុំសិទ្ធិជ្រកកោន។ ជានីតិវិធីដែលត្រូវប្រើពេលវេលាយូរ ដូច្នេះក្នុងពេលរង់ចាំការសម្រេចផ្តល់សិទ្ធិជ្រកកោន ជនអន្តោប្រវេសន៍នឹងត្រូវគេឃុំខ្លួន នៅព្រំដែនអាមេរិក ឬត្រូវលែងឲ្យមានសេរីភាព ក្នុងពេលរង់ចាំការសម្រេចរបស់តុលាការស្តីពីពាក្យសុំសិទ្ធិជ្រកកោន។
ស្ថានភាពនេះនឹងទៅបង្កបញ្ហាឈឺក្បាលដល់បណ្តារដ្ឋដែលត្រូវប្រឈមបញ្ហាវិបត្តិជនអន្តោប្រវេសន៍ ជាពិសេសរដ្ឋតិចសាស់ ដែលជាប់ព្រំដែនជាមួយម៉ិកស៊ិក។ នៅមួយថ្ងៃមុនដែលជនអន្តោប្រវេសន៍ អាចហូរចូលដូចទឹកបាក់ទំនប់ ចូលទឹកដីអាមេរិក អភិបាលរដ្ឋតិចសាស់ បានប្រកាសភាពអាសន្នរួចហើយ។ ប្រកាសអាសន្នព្រោះ វិបត្តិលំហូរជនអន្តោប្រវេសន៍ នឹងដាក់សម្ពាធផ្នែកហិរញ្ញវត្ថុ និងការចំណាយកម្លាំងរក្សាសន្តិសុខ របស់រដ្ឋតិចសាស់ ដែលត្រូវប្រឈមមុនគេបញ្ហាជនអន្តោប្រវេសន៍។
ដោយពិតទៅ បើទោះជាវិធានការ នៅមានជាធរមាននៅឡើយ ក៏ប៉ូលិសព្រំដែនតែងបានចាប់ខ្លួនអន្តោប្រវេសន៍ខុសច្បាប់ ជាមធ្យម៧៨០០នាក់ ក្នុងមួយថ្ងៃ ពោលគឺជិត៥ដងលើសឆ្នាំ ២០១៩ មុនសម័យកូវីដ។ អ្វីដែលអាជ្ញាធរអាមេរិកព្រួយបារម្ភខ្លាំងលើកនេះ នៅត្រង់ថា ការចប់អស់សុពលភាពវិធានការ Title 42នឹងលើកទឹកចិត្តឲ្យជនអន្តោប្រវេសន៍ ចង់ធ្វើដំណើរមកអាមេរិក។ ពួកឈ្មួញជួញដូរមនុស្សអាចដើរឃោសនា បញ្ចុះបញ្ចូល បោកប្រាស់យកប្រាក់ពីជនអន្តោប្រវេសន៍ តាមរយៈ ការសន្យាថា ពួកគេនឹងអាចទៅរស់នៅទឹកដីអាមេរិក ដោយមិនចាំបាច់ត្រូវជួបបញ្ហាក្រដាសស្នាមដូចមុន។
ដើម្បីទប់លំហូរជនអន្តោប្រវេសន៍ តើរដ្ឋាភិបាលអាមេរិកមានបានប្រុងប្រៀបត្រៀមចាត់វិធានការអ្វីដែរឬទេ?
នៅពីរថ្ងៃមុនដែលអាមេរិកឈប់អនុវត្តវិធានការTitle 42 លោកប្រធានាធិបតីចូ បៃដិនផ្ទាល់ទទួលស្គាល់ថា អាមេរិកនឹងជួបភាពវឹកវរ មួយរយៈ ប៉ុន្តែ រដ្ឋបាលរបស់លោកបានត្រៀមលក្ខណៈរួចហើយដើម្បីទប់ទល់ ដោះស្រាយវិបត្តិលំហូរជនអន្តោប្រវេសន៍។ រដ្ឋាភិបាលបានបញ្ជូនភ្នាក់ងារ និងកម្លាំងរក្សាសន្តិសុខ ២៤០០០នាក់ បន្ថែមពីលើទាហានជាង ៤ពាន់នាក់ ដែលត្រូវបានបញ្ជូនរួចហើយទៅព្រំដែន ដើម្បីធានារក្សាសណ្តាប់ធ្នាប់នៅព្រំដែន។
ក្រៅពីបញ្ជូនទាហាន ទៅជួយឆ្មាំព្រំដែនដែលអាចប្រឈមនឹងវិបត្តិលំហូរជនអន្តោប្រវេសន៍ រដ្ឋបាលអាមេរិកនៅបានបង្កើតវិធានការថ្មីមួយទៀតដែលត្រូវចូលជាធរមាននៅយប់ថ្ងៃព្រហស្បតិ៍នេះ ទាក់ទងនឹងការដាក់ពាក្យសុំសិទ្ធិជ្រកកោន។ រដ្ឋបាលលោកចូ បៃដិនគ្រោងបង្កើតមជ្ឈមណ្ឌលតំណាងអាមេរិក ជាង៣ម៉ឺនកន្លែង នៅប្រទេសចំនួន ៤ ដើម្បីពិនិត្យមើលពាក្យសុំសិទ្ធិជ្រកកោន និងបញ្ហាមនុស្សធម៌។
តាមវិធានការថ្មី រដ្ឋបាលលោកចូ បៃដិនចង់លើកទឹកចិត្តឲ្យគេធ្វើដំណើរចូលទឹកដីអាមេរិកដោយស្របច្បាប់ ដោយលែងប្រថុយធ្វើដំណើរខុសច្បាប់ចូលអាមេរិក។ មានន័យថា អ្នកដែលដាក់ពាក្យសុំសិទ្ធិជ្រកកោន ត្រូវសុំការណាត់ជួបជាមួយមន្រ្តីអាមេរិកជាមុន តាមទូរស័ព្ទ និងត្រូវបង្ហាញថា ពួកគេត្រូវបានប្រទេសមួយបដិសេធរួចហើយ មុននឹងមកដាក់ពាក្យសុំសិទ្ធិជ្រកកោននៅអាមេរិក។ មានន័យថា បើសិនគេគ្មានឯកសារបង្ហាញថា ខ្លួនត្រូវប្រទេសមួយធ្លាប់បដិសេធការសុំសិទ្ធិជ្រកកោន ហើយពួកគេធ្វើដំណើរចូលខុសច្បាប់ក្នុងទឹកដីអាមេរិក នោះ ពួកគេត្រូវអាមេរិកបដិសេធ ដោយស្វ័យប្រវត្តិមិនឲ្យចូលទឹកដីអាមេរិក ៥ឆ្នាំ និងត្រូវបញ្ជូនចេញ ពីទឹកដីអាមេរិកភ្លាមៗ។
ម្យ៉ាង រដ្ឋបាលអាមេរិកបានទទួលការសន្យាពីភាគីម៉ិកស៊ិក ដែលសុខចិត្តយល់ព្រមទទួលជនអន្តោប្រវេសន៍ប្រមាណ ៣ម៉ឺននាក់ ដែលអាមេរិកចាប់បញ្ជូនចេញពីអាមេរិក ក្នុងមួយឆ្នាំៗ៕
11-5-2023 • 7 minuten, 9 seconden ជំងឺស៊ីដា៖ ៤០ឆ្នាំនៃការប្រឹងប្រែង បន្ទាប់ពីការរក ឃើញមេរោគ និងការស្រាវជ្រាវរកថ្នាំពន្យារជីវិត
គិតមកទល់ពេលនេះ គឺមានរយៈពេល៤០ឆ្នាំហើយ ដែលមេរោគ VIH ឬ HIV ដែលជាប្រភពបង្កជំងឺស៊ីដា ឬ ជំងឺអេដស៍ ត្រូវបានគេរកឃើញ។ ជំងឺដ៏កាចសាហាវ ដែលឆ្លងតាមឈាមនេះ បានសម្លាប់ជីវិតមនុស្សប្រមាណ៤០លាននាក់ នៅទូទាំងពិភពលោក។ ៤០ឆ្នាំមកនេះ ការស្រាវជ្រាវវិទ្យាសាស្ត្របានរីកចម្រើនយ៉ាងខ្លាំង រហូតឈានទៅរកឃើញ ថ្នាំគ្រាប់ពន្យាជីវិត ដែលមានប្រសិទ្ធភាពខ្ពស់។ ការរីកចម្រើន ដែលបានចូលរួមចំណែកយ៉ាងច្រើន ដល់ការផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សទូទៅ ឲ្យឈប់គិតអគតិ ឬរើសអើងទៅលើអ្នកផ្ទុកមេរោគជម្ងឺអេដស៍។
ជំងឺអេដស៍(Aids) ឬហៅជាភាសាបារាំងថាជំងឺស៊ីដា(Sida) បានចាប់ផ្តើមលេចមុខជាលើកដំបូង នៅរវាងខែមិថុនា ឆ្នាំ១៩៨១។ កាលណោះ អាជ្ញាធរសុខាភិបាលអាមេរិក បានសង្កេតឃើញ ថាមានករណីមនុស្សប្រុសវ័យក្មេងពេញកម្លាំង៥នាក់ ដែលជាអ្នកស្រលាញ់ភេទដូចគ្នានៅរដ្ឋកាលីហ្វ័រញ៉ា មានជំងឺសួតឈ្មោះ Pneumocystose ធ្លាក់ខ្លួនឈឺមួយរំពេច។ តាមធម្មតាជំងឺសួតនេះជាជំងឺកម្រ ហើយកើតបានទាល់តែប្រព័ន្ធអង់ទីក័រចុះខ្សោយខ្លាំងយកតែមែនទែន តែនេះវាចម្លែក ព្រោះអ្នកជំងឺជាមនុស្សពេញកម្លាំង មិនមានជម្ងឺអ្វីផ្សេងសោះ។
ក្រោយមកគេបានរកឃើញករណីជំងឺនេះ ក្នុងចំណោមអ្នកញៀនថ្នាំញៀន នៅអាមេរិក ដែលប្រើប្រាស់ការចាក់ម្ជុលសឺរាង។ មានដំណឹងរីកសាយភាព ធ្វើឲ្យផ្អើលកាលជំនាន់នោះ ថាមានជំងឺថ្មី ដែលជាជំងឺរបស់ពួកអ្នកស្រលាញ់ភេទដូចគ្នា និងក្នុងចំណោមពួកអ្នកញៀនថ្នាំញៀនអីជាដើម។ ក្រោយមក នៅរវាងពាក់កណ្តាលឆ្នាំ១៩៨២ ក៏មានករណីឆ្លង ក្នុងចំណោមអ្នកជម្ងឺដែលប្តូរឈាម ឬបញ្ចូលឈាម និងក្នុងចំណោមសហគមន៍ជនជាតិហៃទី រស់នៅអាមេរិកថែមទៀត។
ការស្រាវជ្រាវ រក rétrovirus ដែលបង្ករជំងឺស៊ីដា
ពាក្យថា ជម្ងឺអេដស៍ ឬ ស៊ីដា (Syndromes d’immunodéficience acquise) ត្រូវបានគេចាប់ផ្តើមប្រើប្រាស់ ចាប់ពីខែកញ្ញាឆ្នាំ១៩៨២។ អ្នកជំនាញចាត់ទុកថា ជាប្រភេទជំងឺម្យ៉ាង ដែលធ្វើឲ្យប្រព័ន្ធអង់ទីករ ចុះខ្សោយទៅៗ បើកផ្លូវឲ្យជំងឺគ្រប់ជំពូក ចូលមកទន្ទ្រានសរីរាង្គ សារពាង្គកាយមនុស្ស។ អ្នកស្រាវជ្រាវធំៗ បានចាប់ផ្តើម ផ្តោតការចាប់អារម្មណ៍ រកមើលថាតើ មេរោគអ្វី ដែលបង្កជំងឺប្រភេទថ្មីដ៏កាចសាហាវនេះ។
នៅអាមេរិកការស្រាវជ្រាវរកមេរោគបង្ករជំងឺអេដស៍នេះ គឺនាំមុខដោយអ្នកជំនាញដ៏ល្បី ផ្នែកស្រាវជ្រាវមេរោគជម្ងឺមហារីក ឈ្នោះ Robert Gallo។ លោកម្នាក់នេះបានសង្ស័យថា មេរោគបង្ករជំងឺអេដស៍ អាចជាប្រភេទមេរោគក្រុម Rétrovirus ។ នៅបារាំងវិញ គឺអ្នកស្រាវជ្រាវនៅវិទ្យាស្ថានប៉ាស្ទ័រ២នាក់ គឺលោកស្រី Françoise Barré-Sinoussi និង Jean-Claude Cherman ដឹកនាំដោយលោកសាស្ត្រាចារ្យ Luc Montagnier ក៏បានផ្តោតការសង្ស័យទៅលើ មេរោគក្រុម Rétrovirus ដែរ។
នៅខែមករា ដើមឆ្នាំ១៩៨៣ ក្រុមអ្នកជំនាញបារាំង បានបូមយកបាននូវគ្រាប់កូនកណ្តុរ ពីអ្នកជំងឺម្នាក់ដែលទើបតែធ្លាក់ខ្លួនឈឺនៅទីក្រុងប៉ារីស។ ឆ្លងកាត់ការស្រាវជ្រាវ វិភាគអស់ជាច្រើនខែ ទើបនៅខែឧសភាឆ្នាំ១៩៨៣ ក្រុមអ្នកជំនាញបារាំងបានបំបែក ផ្តាច់មេរោគថ្មីមួយបាន ចេញពីសេលុលនោះ។ មេរោគ Rétrovirus ថ្មីនេះ ត្រូវបានអ្នកជំនាញបារាំងដាក់ឈ្មោះថា LAV ហើយដែលគេជឿថាជាអ្នកបង្ករជំងឺស៊ីដា។ លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានចុះផ្សាយនៅថ្ងៃទី២០ឧសភាឆ្នាំ១៩៨៣ក្នុងទស្សនាវត្តី The Science។ នៅឯអាមេរិកឯណោះវិញ គឺទាល់តែថ្ងៃទី២៣មេសាឆ្នាំ១៩៨៤ ទើបលោក Robert Gallo បានចុះផ្សាយពីលទ្ធផលស្រាវជ្រាវ បំបែកផ្តាច់មេរោគបាន ដោយដាក់ឈ្មោះថា HTLV-3។
បារាំងនិងអាមេរិកដណ្តើមគ្នា ថាអ្នកបានរកឃើញមេរោគ VIH/HIV
ការប្រជែងគ្នា រវាងបារាំងនិងអាមេរិកក៏ចាប់ផ្តើមផុសផុលឡើង។ ពេលក្រុមអ្នកជំនាញបារាំងដាក់ពាក្យសុំប្រកាសនីយប័ត្រ ដើម្បីបើកការធ្វើតេស្តរកមេរោគ អាជ្ញាធរសុខាភិបាលអាមេរិកបានបដិសេធមិនឲ្យទេ ដោយថាមិនទាន់ទុកចិត្ត។ តែក្រោយមក នៅពេលក្រុមស្រាវជ្រាវអាមេរិក ដាក់ពាក្យប្រកាសនីយប័ត្រ អាជ្ញាធរសុខាភិបាលអាមេរិកបានអនុញ្ញាតភ្លាមមួយរំពេច។ ពីដំបូងគេគិតថា មេរោគទាំង២ ដែលគេរកឃើញនេះ វាខុសគ្នា។ តែក្រោយមក នៅខែមករាឆ្នាំ១៩៨៥ ទើបបានគេស្រាវជ្រាវដឹងថា ការពិតក្រុមអ្នកស្រាវជ្រាវបារាំងនិងអាមេរិក បានរកឃើញមេរោគដូចគ្នាទេ។ ឆ្នាំ១៩៨៦ គេក៏បានព្រមព្រៀងគ្នាហៅឈ្មោះមេរោគនេះតែមួយ គឺមេរោគHIVជាភាសាអង់គ្លេស VIH ជាភាសាបារាំង។
លុះដល់ឆ្នាំ១៩៨៧ ទើបមានកិច្ចព្រមព្រៀងរួមមួយ រវាងភាគីទាំង២បារាំង និងអាមេរិក ដើម្បីបញ្ចប់វិវាទប្រជែងគ្នា ដោយសន្មត់ថា គឺលោក Robert Gallo និងលោកសាស្ត្រាចារ្យ Luc Montagnier បានរកឃើញមេរោគ VIH/HIV ទាំង២នាក់តែម្តង ដើម្បីកុំឲ្យច្រណែនគ្នា។ តែយ៉ាងណា គណៈកម្មការពានរង្វាន់ណូប៊ែល បានសម្រេចនៅឆ្នាំ២០០៨ ប្រគល់ពានរង្វាន់ណូប៊ែលវេជ្ជសាស្ត្រ ជូនទៅតែក្រុមអ្នកស្រាវជ្រាវបារាំងទេ ព្រោះថាការពិត គឺក្រុមអ្នកស្រាវជ្រាវបារាំងរកឃើញមេរោគនេះមុនក្រុមស្រាវជ្រាវអាមេរិក ដល់ទៅមួយឆ្នាំឯណោះ។
ថ្នាំគ្រាប់ពន្យារជីវិត Trithérapie
ពីដំបូង គឺនៅរវាងឆ្នាំ១៩៨៧ អ្នកជំនាញនៅអាមេរិកបានស្រាវជ្រាវ ផលិតបានថ្នាំមួយប្រភេទ ឈ្មោះ AZT ដែលជាប្រភេទថ្នាំ Antirétroviral។ តែថ្នាំនេះ មានតម្លៃថ្លៃណាស់ ហើយអាចបង្កជាផលវិបាកច្រើនណាស់ ទៅលើសុខភាពអ្នកជំងឺ។ ចន្លោះពីចុងឆ្នាំ៨០ ដើមឆ្នាំ៩០ មានមនុស្សស្លាប់ច្រើនណាស់ ដោយជំងឺស៊ីដានេះ។ តារាល្បីៗប្រុសស្រីស្លាប់ជាបន្តបន្ទាប់។
លុះដល់ឆ្នាំ ១៩៩៦ លទ្ធផលស្រាវជ្រាវលើថ្នាំគ្រាប់ប្រភេទថ្មី ត្រូវបានគេបង្ហាញនៅក្នុងសន្និសីទអន្តរជាតិ ស្តីពី Rétrovirus នៅទីក្រុងវ៉ាស៊ីនតោន។ គេស្រាវជ្រាវរកឃើញថ្នាំ២ប្រភេទ ឈ្មោះថា inhibiteurs de protéase និង inhibiteur non-nucléosidiques។ ថ្នាំ២មុខនេះយកទៅប្រើជាមួយថ្នាំគ្រាប់ antirétroviral បានបង្ហាញប្រសិទ្ធភាពខ្ពស់ ដោយគេដាក់ឈ្មោះរបៀបព្យាបាលនេះថា Trithérapie។ ថ្នាំគ្រាប់ទាំងនេះ មិនអាចសម្លាប់មេរោគ VIH ឲ្យអស់ពីក្នុងខ្លួនមែន តែវាអាចទប់កុំឲ្យមេរោគនេះវារីកសាយភាព បំផ្លាញប្រព័ន្ធអង់ទីករ និងសរីរាង្គ។ អញ្ចឹងហើយបានគេហៅថ្នាំនេះ ថាជាថ្នាំពន្យារជីវិត មិនមែនជាថ្នាំព្យាបាលឲ្យជាសះស្បើយនោះទេ។ នៅអាមេរិក ចាប់ពីឆ្នាំ១៩៩៦មក ចំនួនអ្នកស្លាប់ដោយជំងឺស៊ីដា បានចុះ។
៣ភាគ៤នៃអ្នកផ្ទុកមេរោគអេដស៍ ទទួលបានថ្នាំគ្រាប់ពន្យារជីវិត
ថ្នាំគ្រាប់ពន្យារជីវិត Trithérapie មានតម្លៃថ្លៃ ហើយមានភាគច្រើនតែនៅតាមប្រទេសអ្នកមាន។ នៅឆ្នាំ២០០១ ដោយមានការផ្តួចផ្តើម ពី ONUSIDA កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៣ វិច្ឆិកា ២០០១ នៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីឲ្យក្រុមហ៊ុនផលិតឱសថធំៗ យល់ព្រមបើកផ្លូវ ឲ្យប្រទេសកំពុងអភិវឌ្ឍន៍ អាចមានសិទ្ធិផលិតថ្នាំគ្រាប់ពន្យារជីវិត ក្នុងតម្លៃថោក យកទៅជួយប្រជាជននៅតាមប្រទេសក្រីក្រ តួយ៉ាងដូចជានៅអាហ្វ្រិក ជាទីដែលមានអ្នកផ្ទុកមេរោគអេដស៍ច្រើនបំផុត។
បច្ចុប្បន្ននេះ ការស្រាវជ្រាវថ្មីៗបន្ថែម បានធ្វើឲ្យថ្នាំគ្រាប់ប្រភេទ Trithérapies កាន់តែវិវឌ្ឍន៍រីកចម្រើនមានប្រសិទ្ធភាពខ្លាំងណាស់ មានផលវិបាកកាន់តែស្រាលលើសុខភាព ហើយមិនចាប់បាច់លេបរៀងរាល់ថ្ងៃក៏បានដែរ។ បច្ចុប្បន្នដែលផ្ទុកមេរោគអេដស៍ ដែលប្រើប្រាស់ថ្នាំនេះ អាចរស់នៅមានអាយុវែង ដូចមនុស្សទូទៅធម្មតា។ ដោយឡែក ការស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងមេរោគអេដស៍វិញ រហូតមកទល់ពេលនេះ ពុំមានលទ្ធផលគួរឲ្យយកជាការបានទេ។
យោងតាមតួលេខ ONUSIDA នៅឆ្នាំ២០២១ យ៉ាងហោចណាស់ អ្នកផ្ទុកមេរោគអេដស៍ចំនួន៣ភាគ៤ ទូទាំងពិភពលោក បានទទួលការថ្នាំគ្រាប់ពន្យារជីវិត ពោលគឺប្រមាណ ២៨,៧លាននាក់ ក្នុងចំណោមទាំងអស់ ៣៨,៤លាននាក់។ ក៏ប៉ុន្តែ វិបត្តិកូវីដកន្លងមកនេះ បានធ្វើឲ្យរំខានខ្លាំងណាស់ ដល់យុទ្ធនាការផ្សព្វផ្សាយបង្ការការឆ្លងរាលដាល និងផ្តល់ថ្នាំ។ ឆ្នាំ២០២១ មានអ្នកស្លាប់ដោយជំងឺអេដស៍ចំនួន ៦៥ម៉ឺននាក់ ហើយមានករណីឆ្លងថ្មីដល់ទៅ ១,៥លាននាក់។ ដូច្នេះ ការប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ឬជំងឺស៊ីដានេះ នៅមិនទាន់ចប់នោះទេ។ កម្មវត្ថុរបស់អង្គការសហប្រជាជាតិ គឺធ្វើយ៉ាងណាធ្វើឲ្យជំងឺនេះឈប់ជាការគំរាមដល់សុខភាពសាធារណៈ នៅរវាងឆ្នាំ២០៣០៕
10-5-2023 • 9 minuten, 2 seconden វិបត្តិការទូត ផ្ទុះឡើងសាជាថ្មី រវាងចិននិងកាណ ាដា
ថ្មីៗនេះ វិបត្តិការទូត រវាងចិននិងកាណាដា បានផ្ទុះឡើងសាជាថ្មី។ ទំនាក់ទំនងការទូត ដែលបានរកាំរកូសមិនទាន់ជាសះស្បើយនៅឡើយនោះ បានរង្គោះរង្គើរ បន្ទាប់ពីកាណាដាបានបណ្តេញមន្ត្រីទូតចិនម្នាក់ កាលពីថ្ងៃចន្ទម្សិលមិញនេះ។ ជាការឆ្លើយតបវិញ ក្រសួងការបរទេសចិន បានប្រកាសនៅព្រឹកថ្ងៃអង្គារទី៩ឧសភា បណ្តេញមន្ត្រីទូតកាណាដាម្នាក់ ប្រចាំនៅក្រុងសៀងហៃ។
យោងតាមលិខិតប្រកាសរបស់ក្រសួងការបរទេសចិន ចេញផ្សាយនៅព្រឹកថ្ងៃអង្គារទីឧសភា គឺរដ្ឋាភិបាលចិន បានសម្រេច បណ្តេញមន្ត្រីទូតកាណាដាម្នាក់ គឺលោកស្រី Jennyfer Lynn Lalonde មានតំណែងជាអគ្គកុងស៊ុលកាណាដា ប្រចាំនៅទីក្រុងសៀងហៃ។ មន្ត្រីទូតរូបនេះ ត្រូវតែចាកចេញពីទឹកដីចិន ឲ្យបានមុនថ្ងៃទី ១៣ឧសភា។ ក្រសួងការបទេសចិន បានលើកឡើងថា វិធានាការនេះ គឺជាការឆ្លើយតបយ៉ាងសមរម្យបំផុត ចំពោះអាកប្បកិរិយារបស់រដ្ឋាភិបាលកាណាដា ដែលចិនបានចាត់ទុកថា ជាសកម្មភាពរករឿងដោយគ្មានហេតុផលត្រឹមត្រូវ។ គិតមកត្រឹមពេលនេះ មិនទាន់មានប្រតិកម្មណាមួយ ពីក្រសួងការបរទេសកាណាដា ឬពីស្ថានទូតកាណាដាប្រចាំនៅប៉េកាំងទេ។
មុននឹងមានការសម្រេចរបស់ចិននេះ គឺកាលពីថ្ងៃចន្ទទី៨ឧសភា ក្រសួងការបរទេសកាណាដា បានប្រកាសបណ្តេញមន្ត្រីទូតចិនម្នាក់ ឈ្មោះ Zhao Wei ដែលជាបុគ្គលិកស្ថានកុងស៊ុលចិន ប្រចាំនៅក្រុងអូតាវ៉ា។ លោកស្រី Melanie Joly រដ្ឋមន្ត្រីការបរទេសកាណាដា បានអះអាងថា កាណាដា មិនអាចអនុញ្ញាតឲ្យមានការលូកដៃចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កាណាដា ពីសំណាក់មន្ត្រីទូតចិនបានឡើយ។
មន្ត្រីចារកិច្ចចិនគំរាមសន្តិសុខសមាជិកកាណាដា
ដំណើរដើមទង គឺមានពាក់ព័ន្ធនឹងសមាជិកសភាកាណាដាម្នាក់ ឈ្មោះ Michael Chong។ លោកMichael Chong ដែលមានដើមកំណើតចិន មានក្រុមគ្រួសាររស់នៅហុងកុង គឺជាសមាជិកសភាកាណាដាមកពី គណបក្សប្រឆាំង។ លោកម្នាក់នេះ ត្រូវបានគេស្គាល់ថាជាអ្នកបានចេញមុខរិះគន់ចិនញឹកញាប់ណាស់ ទាក់ទិននឹងបញ្ហាលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សជាដើម។ ជាក់ស្តែង នៅក្នុងពេលដែលសភាកាណាដា បានចេញសេចក្តីថ្លែងការណ៍ កាលពីខែកុម្ភៈ ២០២១ ថ្កោលទោសចិន ថាបានធ្វើសកម្មភាពមានទម្រង់ជា អំពើ “ប្រល័យពូជសាសន៍” ទៅលើប្រជាជនអ៊ុយហ្កួរនៅខេត្តស៊ីជាំង គឺលោក Michael Chong បានចូលរួមបោះឆ្នោតគាំទ្រ។
ផ្អែកតាមចុះផ្សាយរបស់សារព័ត៌មានកាណាដាមួយឈ្មោះ Globe and Mail បានឲ្យដឹងថា លោក Michael Chong ព្រមទាំងក្រុមគ្រួសារ បានរងនូវការគំរាមកំហែងសន្តិសុខ ការដាក់សំពាធ និងសំឡុត ពីសំណាក់មន្ត្រីចារកិច្ចចិន។ សារព័ត៌មាននេះ បានចុះផ្សាយថា មានការប្រជុំបន្ទាន់មួយ កាលពីសប្តាហ៍មុននេះ នៅឯសភាកាណាដា ដោយមានវត្តមានលោក នាយករដ្ឋមន្ត្រី យូស្តាំង ទ្រុយដូ លោកទីប្រឹក្សាសន្តិសុខជាតិកាណាដា លោកប្រធានស៊ើបការណ៍សំងាត់កាណាដា និងលោក Michael Chong ផ្ទាល់តែម្តង។ ការប្រជុំគ្នានេះ គឺគេនិយាយអំពីបញ្ហាសន្តិសុខ ដែលសមាជិកសភាកាណាដារូបនេះ កំពុងតែប្រឈម។
គឺបន្ទាប់ពីមានការប្រជុំនេះហើយ ទើបរដ្ឋាភិបាលកាណាដា តាមរយៈលោកស្រីរដ្ឋមន្ត្រីការបរទេស បានសម្រេចបណ្តេញមន្ត្រីទូតចិនម្នាក់ ឈ្មោះ Zhao Wei ឲ្យចេញពីកាណាដា ដើម្បីបង្ហាញថា កាណាដាប្រឆាំងដាច់ខាតចំពោះសកម្មភាព ដាក់សំពាធ និងគំរាមសន្តិសុខ មកលើសមាជិកសភាកាណាដា។ កាណាដាចាត់ទុកថាសកម្មភាពរបស់មន្ត្រីគេញសំងាត់ចិន គឺជាការលូកដៃចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កាណាដា។
ចិនចោទកាណាដាថា ប្រឌិតរឿងមួរបង្កាច់បង្ខូចកិត្តិយសចិន
ភាគីចិនបាន លើកឡើងថា ការចោទរបស់កាណាដា គឺជាពាក្យកុហក មួរបង្កាត់ បរិហារកេរ្តិ៍ សំដៅបំផ្លាញកិត្តិយសដ៏ស្អាតស្អំរបស់រដ្ឋាភិបាលចិន។ ចិនអះអាងថា គ្មានការលូកដៃចូលកិច្ចការផ្ទៃក្នុងកាណាដានោះឡើយ។
នៅក្នុងសន្និសីទកាសែតព្រឹកថ្ងៃទីអង្គារទី៩ឧសភា លោក វ៉ាង វេនពីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា កាណាដា ត្រូវតែបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពរករឿងគ្មានហេតុគ្មានផលបែបនេះតទៅទៀត ព្រោះវាកំពុងតែបំផ្លាញ ទំនាក់ទំនងការទូតរវាងចិននិងកាណាដា។ អ្នកនាំពាក្យចិន រូបនេះ បានបន្ថែមទៀតថា ចិនសូមរក្សាសិទ្ធិ ប្រតិកម្មឆ្លើយតប និងសងសិកវិញបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលកាណាដា នៅតែប្រកាន់ចរិកបែបនេះតទៅទៀត។
ទំនាក់ទំនងការទូត រកាំរកូសជាយូរឆ្នាំមកហើយ
វិបត្តិការទូត រវាងចិន និងកាណាដា នេះ មានរឿងជាបន្តបន្ទាប់ប៉ុន្មានឆ្នាំចុងក្រោយក្រោយនេះ។ កាលពីឆ្នាំ ២០១៨ សមត្ថកិច្ចកាណាដា បានចាប់ឃាត់ខ្លួន លោកស្រី Meng Wanzhou អគ្គនាយកហិរញ្ញវត្ថុ និងដែលជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Huawei ទៅតាមការស្នើសុំពីអាជ្ញាធរតុលាការអាមេរិក ដែលចោទលោកស្រីទាក់ទិននឹងបទល្មើសហិរញ្ញវត្ថុធនាគារ។ ភ្លាមៗនោះ ចិន បានចាប់ឃាត់ខ្លួនអ្នកជំនួញជនជាតិកាណាដា ចំនួន២នាក់ ជាការសងសិកវិញ។
លោកស្រី Meng Wanzhou ត្រូវបានឃុំខ្លួនក្នុងគេហដ្ឋាននៅក្រុងវ៉ង់កូវើ អស់ប្រមាណ៣ឆ្នាំ មុននឹងមានកិច្ចព្រមព្រៀង សម្រុះសម្រួលជាមួយតុលាការអាមេរិក ហើយត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។ ខាងភាគីចិន ក៏បានសុខចិត្តដោះលែងអ្នកជំនួញជនជាតិកាណាដាទាំង២នាក់វិញដែរ។
ក្រោយមក គឺមានរឿងសង្ស័យជាបន្តបន្ទាប់ ថាចិនបានប៉ុនប៉ងលូកដៃចូលទៅក្នុងនយោបាយផ្ទៃក្នុងកាណាដា តួយ៉ាង នៅក្នុងការបោះឆ្នោត កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២១។ សារព័ត៌មានកាណាដា បានចុះផ្សាយជាបន្តបន្ទាប់ ថាមានមន្ត្រីទូតចិន បានព្យាយាម យកប្រាក់ទៅសូក ទិញទឹកចិត្តសមាជិកសភាកាណាដាមួយចំនួន។ ករណីសង្ស័យថាចិនយកប្រាក់ទិញទឹកចិត្តមន្ត្រីជាន់ខ្ពស់បែបនេះ ក៏ធ្លាប់មានដែរ នៅអូស្ត្រាលី។
ហើយបញ្ហានេះ ក៏បានបង្កើតឲ្យការអន់ចិត្តនឹងគ្នាដែរ រវាងលោក ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រីកាណាដា យូស្តាំង ទ្រុយដូ។ ជាក់ស្តែងកាលពីជួបគ្នានៅក្នុងកិច្ចប្រជុំ G20 នៅកោះបាលី កាលពីខែវិច្ឆិកាឆ្នាំមុន។ ក្នុងវីដេអូមួយ គេឃើញ លោកស៊ី ជីនពីង និងលោកយូស្តាំង ទ្រុយដូ និយាយបែបទាស់សម្តីគ្នា ទោះបីជាខំញញឹមរៀងៗខ្លួនក្តី។ លោកស៊ី ជីនពីងបានបន្ទោសលោកទ្រុយដូរ ថាជាអ្នកទៅប្រាប់អ្នកកាសែត ស្តីពីខ្លឹមសារជជែកគ្នាក្នុងពេលប្រជុំរវាងលោកនិងលោកទ្រុយដូ។ យោងតាមការចុះផ្សាយ របស់សារព័ត៌មាន ក្នុងពេលប្រជុំនោះ លោកទ្រុយដូ បាននិយាយអំពី ករណីចិនលូកដៃចូលកិច្ចការផ្ទៃក្នុងកាណាដា រំខានដល់ប្រព័ន្ធប្រជាធិបតេយ្យ និងតុលាការកាណាដា។
បន្ថែមពីរឿងរកាំរកូសទាំងនេះ គឺមានបញ្ហាទាក់ទិននឹង វិស័យបច្ចេកវិទ្យា ទាក់ទិននឹងបណ្តាញ Tiktokរបស់ចិន ដែលកាណាដា បានចូលរួមជាមួយអាមេរិកនិងអឺរ៉ុប ចោទ រករឿងខាងចិន។ សំណុំរឿងសិទ្ធិមនុស្ស ការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរចិនធ្វើទៅលើជនជាតិអ៊ុយហ្កួរក៏ជាបញ្ហាធំមួយដែរ ដែលបង្កឲ្យចិននិងកាណាដាឈ្លោះគ្នា។ កាណាដាចាត់ទុកថា ចិនបាននិងកំពុងធ្វើអំពើប្រល័យពូជសាសន៍ ទៅលើអ្នកជនជាតិអ៊ុយហ្កួរ និងអ្នកកាន់សាសនាអ៊ីស្លាមផ្សេងទៀតនៅក្នុងខេត្តស៊ីនជាំង។ ហើយគឺបញ្ហានេះហើយ ដែលជាដើមហេតុ បណ្តាលឲ្យមានវិបត្តិការទូតនាពេលនេះ៕
9-5-2023 • 7 minuten, 9 seconden លោកហ្សេឡេនស្គី៖ រុស្ស៊ីនឹងចាញ់សង្រ្គាមដូចពួកណាហ្ស៊ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២
៨ ឧសភា ១៩៤៥ - ៨ ឧសភា ២០២៣ ថ្ងៃនេះជាថ្ងៃខួប៧៨ឆ្នាំនៃជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្តបស្ចិមលោកទៅលើទាហានណាហ្ស៊ី អាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២។ នៅប្រទេសបារាំង នៅព្រឹកថ្ងៃចន្ទនេះ លោកប្រធានាធិបតី ម៉ាក្រុងបានអញ្ជើញទៅដាក់កម្រងផ្កានៅផ្នូរទាហាន ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម។ ខណៈពេលដែលបារាំង និងប្រទេសអឺរ៉ុបមួយចំនួន ប្រារព្ធពិធីជ័យជំនះ លើពួកណាហ្ស៊ីអាល្លឺម៉ង់ នៅថ្ងៃទី៨ ឧសភា រុស្ស៊ីឯណោះវិញ កំពុងត្រៀមរៀបចំទិវាដូចគ្នានេះនៅថ្ងៃស្អែក ថ្ងៃទី៩ ឧសភា។ អ៊ុយក្រែនតាមរយៈលោកប្រធានាធិបតីហ្សេឡេនស្គី បានប្រកាសឈប់យកថ្ងៃទី៩ឧសភា ដើម្បីប្រារព្ធពិធីបុណ្យជ័យជម្នះដូចប្រទេសរុស្ស៊ី ដែលជាសត្រូវ កំពុងធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ការប្រារព្ធពិធីរំលឹកខួបជ័យជម្នះលើទាហានណាហ្ស៊ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២ ធ្វើឡើងនៅក្នុងបរិបទដែលសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនកំពុងបន្តអូសបន្លាយ។
ថ្ងៃទី ៨ឧសភា ជាថ្ងៃខួប៧៨ឆ្នាំនៃជ័យជម្នះរបស់ប្រទេសសម្ព័ន្ធមិត្តទៅលើរបបហ៊ីត្លែរអាល្លឺម៉ង់ នៅក្នុងសង្រ្គាមលោកលើកទី២។ ពួកណាហ្ស៊ីអាល្លឺម៉ង់ដែលបរាជ័យក្នុងសមរភូមិប្រកាសចុះចាញ់ជាផ្លូវការ នៅថ្ងៃ ទី ៨ឧសភា ប៉ុន្តែ ការប្រារព្ធទិវាជ័យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់ ត្រូវរៀបចំនៅថ្ងៃផ្សេងៗគ្នាទៅវិញ។ ឧទាហរណ៍ នៅពេលបារាំង អង់គ្លេសប្រារព្ធថ្ងៃជ័យជម្នះ នៅថ្ងៃទី៨ឧសភា រុស្ស៊ីឯណោះវិញកំពុងត្រៀមរៀបចំពិធីបុណ្យ ក្បួនដើរព្យុហយាត្រាដ៏ធំមួយ នៅថ្ងៃស្អែក ថ្ងៃទី ៩ឧសភា។
មូលហេតុ គឺមកពីប្រវត្តិខុសម៉ោងគ្នា នៅទឹកដីអឺរ៉ុប។ គួររំលឹកថា ពួកទាហានណាហ្ស៊ីអាល្លឺម៉ង់ បានលើកទង់ជ័យស ប្រកាសសុំចុះចាញ់ ដោយគ្មានលក្ខខណ្ឌ នៅថ្ងៃទី ៧ឧសភា នៅទីក្រុងReims ភាគខាងជើងប្រទេសបារាំង។ ប៉ុន្តែ មេដឹកនាំរុស្ស៊ី លោកស្តាលីន ដែលចង់បញ្ជាក់ការដួលរលំរបបហ៊ីត្លែរ បានទាមទារឲ្យអាល្លឺម៉ង់ចុះហត្ថលេខា ចុះចាញ់ជាសាជាថ្មី នៅទីក្រុងប៊ែរឡាំង នៅថ្ងៃទី ៨ឧសភា ឆ្នាំ ១៩៤៥។ ការចុះហត្ថលេខា រវាងមេទ័ពរបស់ក្រុមប្រទេសសម្ព័ន្ធមិត្ត ក្រុមប្រទេសអ្នកឈ្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់ ដែលជាអ្នកចាញ់សង្រ្គាម ប្រព្រឹត្តទៅ នៅម៉ោង ១១ និង១នាទី យប់ នៅទីក្រុងប៊ែរឡាំង ដែលត្រូវនឹងម៉ោង ១២យប់ និង១នាទី ម៉ោង នៅរុស្ស៊ី។ សម្រាប់រុស្ស៊ី គឺវាឈានចូលដល់ថ្ងៃទី ៩ឧសភា។ ហេតុដូច្នេះហើយ បានជារុស្ស៊ីសម្រេចយកថ្ងៃទី ៩ ឧសភា ដើម្បីប្រារព្ធអបអរថ្ងៃជ័យជំនះលើពួកណាហ្ស៊ីអាល្លឺម៉ង់ រហូតមកដល់សព្វថ្ងៃ។ ពោលគឺខុសផ្ទុយពីបារាំង អង់គ្លេស និងប៊ែលហ្ស៊ិកដែលរក្សាទុក ថ្ងៃ៨ឧសភា ជាថ្ងៃបិទបញ្ចប់សង្រ្គាមលោកលើកទី២។ អាមេរិកឯណោះវិញ ដែលចូលរួមក្នុងក្រុមប្រទេសសម្ព័ន្ធមិត្តដើម្បីប្រយុទ្ធយកឈ្នះលើពួកទាហានណាហ្ស៊ីអាល្លឺម៉ង់ និងទាហានជប៉ុន នៅអាស៊ី បានជ្រើសរើសយកថ្ងៃចន្ទចុងក្រោយនៃខែឧសភា ដែលគេហៅថា Memoral Day ដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់ទាហានអាមេរិក ដែលពលីជីវិត នៅក្នុងសង្រ្គាមលោកលើកទី២។
អ៊ុយក្រែនឈប់ប្រារព្ធថ្ងៃជ័យជម្នះ នៅថ្ងៃទី៩ឧសភាដូចរុស្ស៊ី
អ៊ុយក្រែន តាមរយៈលោកប្រធានាធិបតីហ្សេឡេនស្គីបានប្រកាសនៅថ្ងៃចន្ទនេះ ថា អ៊ុយក្រែននឹងឈប់ប្រារព្ធទិវាជ័យជម្នះលើពួកទាហានណាហ្ស៊ី អាល្លឺម៉ង់ នៅថ្ងៃទី ៩ឧសភា ដូចរុស្ស៊ី។ តាមប្រធានាធិបតីអ៊ុយក្រែន លោកនឹងដាក់សំណើច្បាប់ទៅកាន់សភាអ៊ុយក្រែន ដើម្បីយកថ្ងៃទី ៨ឧសភា ជាថ្ងៃ ប្រារព្ធបុណ្យជ័យជម្នះជាមួយ “ពិភពលោកសេរី”។
ជាប្រទេសអតីតសហភាពសូវៀត អ៊ុយក្រែនមានទម្លាប់ប្រារព្ធថ្ងៃជ័យជម្នះ លើពួកណាហ្ស៊ីអាល្លឺម៉ង់ នៅថ្ងៃទី ៩ឧសភា ដូចរុស្ស៊ី។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ ២០១៥មក ពោលគឺមួយឆ្នាំក្រោយ រុស្ស៊ីកាត់យកទឹកដីគ្រីមេរបស់អ៊ុយក្រែនទៅដាក់បញ្ចូលក្នុងទឹកដីរុស្ស៊ី អ៊ុយក្រែនរៀបចំទិវាជ័យជម្នះក្នុងសង្រ្គាមលោកលើកទី២ ទាំងនៅថ្ងៃទី ៨និងថ្ងៃទី ៩ឧសភា ក្រោមឈ្មោះថា ថ្ងៃចងចាំ និងការផ្សះផ្សារ ទៅតាមពាក្យស្លោករបស់សហភាពអឺរ៉ុប ដែលនាំមុខដោយបារាំង និងអាល្លឺម៉ង់។
ដោយពិតទៅ អ៊ុយក្រែន បានចាប់ផ្តើមងាករេ លែងចង់ប្រារព្ធពិធីបុណ្យជ័យជម្នះតាមរបៀបសម័យសហភាពសូវៀត តាំងពី១៥ឆ្នាំមុន។ នៅអ៊ុយក្រែន ថ្នាក់ដឹកនាំ ពីមួយអាណត្តិ ទៅមួយអាណត្តិ ដែលចង់បែរមកខាងសហភាពអឺរ៉ុប លែងប្រើពាក្យ មហាសង្គ្រាមការពារមាតុភូមិរបស់សហភាពសូវៀត ប៉ុន្តែ ប្រើត្រឹមពាក្យ សង្រ្គាមលោកលើកទី២។
នៅក្នុងកាលៈទេសៈសព្វថ្ងៃនេះ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនជាហេតុផលចំបងមួយទៀត ដែលធ្វើឲ្យអ៊ុយក្រែនរឹតតែដោះដៃ លែងធ្វើអ្វីៗដូចរុស្ស៊ីតទៅទៀត។ សម្រាប់ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី អំណឹះតទៅ អ៊ុយក្រែននឹងយកថ្ងៃទី ៨ឧសភា ជាថ្ងៃចងចាំ និងជ័យជម្នះ លើពួកណាហ្ស៊ី ក្នុងសង្រ្គាមលោកលើកទី ២ ចំណែកថ្ងៃទី ៩ ឧសភា នឹងក្លាយជាថ្ងៃទិវាអឺរ៉ុប។ ដោយសង្កត់ធ្ងន់លើពាក្យណាហ្ស៊ី ប្រធានាធិបតីអ៊ុយក្រែននិយាយថា ប្រជាជនអ៊ុយក្រែននឹងបន្តប្រយុទ្ធ ដូចក្នុងសម័យសង្រ្គាមលោកលើកទី២។ អ្វីដែលខុសគ្នានៅពេលនេះ គឺសត្រូវរបស់ប្រជាជនអ៊ុយក្រែន មិនមែនពួកណាហ្ស៊ីអាល្លឺម៉ង់ ប៉ុន្តែ គឺពួកទាហានរុស្ស៊ី។ សម្រាប់មេដឹកនាំអ៊ុយក្រែន ជាមួយសម្ព័ន្ធមិត្តលោកខាងលិច អ៊ុយក្រែននឹងធ្វើឲ្យរុស្ស៊ីចាញ់សង្រ្គាម ដូចពួកណាហ្ស៊ីអាល្លឺម៉ង់ ចាញ់សង្រ្គាម កាលពី៧៨ឆ្នាំមុន។
ម៉ូស្គូយកថ្ងៃជ័យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់ ដើម្បីជំរុញចលនាស្នេហាជាតិនិយម
បុណ្យជ័យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២ ជាបុណ្យជាតិដ៏ធំបំផុតរបស់ប្រទេសរុស្ស៊ី ព្រោះវាបញ្ជាក់ពីការតស៊ូរបស់ប្រជាជនសហភាពសូវៀត រហូតដល់ដណ្តើមបានជ័យជម្នះលើរបបហ៊ីត្លែរ កាលពី ៧៨ឆ្នាំមុន ក្នុងសង្គ្រាមលោកលើកទី ២។ សម្រាប់ប្រជាជនរុស្ស៊ី វាជាជ័យជំនះ ដែលជួយរក្សាជាតិ រុស្ស៊ីឲ្យនៅមានអត្តសញ្ញាណខ្លួន។ ត្រូវដឹងថា សហភាពសូវៀតរងគ្រោះខ្លាំងជាងគេ ជាពិសេស ជីវិតមនុស្សស្លាប់ ដល់ទៅ ជិត ២០លាននាក់ ទាំងទាហាននិងប្រជាជនស៊ីវិល នៅក្នុងសង្រ្គាមលោកលើកទី២។ រហូតដល់ឆ្នាំ ២០១០ រុស្ស៊ីនៅបានអញ្ជើញ កងទ័ពអូតង់ឲ្យចូលរួមដើរក្នុងក្បួនព្យុហយាត្រារបស់កងទ័ពរុស្ស៊ី នៅទីក្រុងម៉ូស្គូ។ ប៉ុន្តែ វត្តមានរបស់មេដឹកនាំប្រទេសលោកខាងលិច ក្នុងថ្ងៃទិវាជ័យជម្នះទីលានក្រហម ក្នុងក្រុងម៉ូស្គូ កាន់តែកម្រ។ នៅរុស្ស៊ី ថ្ងៃបុណ្យជ័យជម្នះ ត្រូវបានមេដឹកនាំរុស្ស៊ី លោកពូទីនយកទៅប្រើជាមធ្យោបាយឃោសនាជំរុញជាតិនិយម ជាពិសេសនៅក្នុងបរិបទដែលរុស្ស៊ីកំពុងបើកប្រតិបត្តិការយោធាពិសេសនៅទឹកដីអ៊ុយក្រែន។ កាលពី១ឆ្នាំ នៅក្នុងថ្ងៃបុណ្យជ័យជម្នះក្នុងសង្រ្គាមលោកលើកទី២ ត្រូវបានអ្នកនយោបាយរុស្ស៊ីយកទៅប្រើជាឱកាសសម្រាប់បញ្ចុះបញ្ចូលប្រជាជនរុស្ស៊ី ឲ្យគាំទ្រប្រតិបត្តិការពិសេសរបស់កងទ័ពរុស្ស៊ី នៅអ៊ុយក្រែន។ សម្រាប់មេដឹកនាំរុស្ស៊ី លោកពូទីន កងទ័ពរុស្ស៊ី កំពុងប្រយុទ្ធប្រឆាំងនឹងពួកណាហ្ស៊ី ដែលនៅមានវត្តមាននៅអ៊ុយក្រែន។
ប៉ុន្តែ ខុសពីឆ្នាំមុន ការប្រារព្ធបុណ្យជ័យជម្នះ ប្រហែលមិនសូវភ្លូកទឹក ភ្លូកដី ព្រោះថា ពិធីបុណ្យនៅតាមតំបន់មួយចំនួនត្រូវបានគេលុបចោល ដោយសារបញ្ហាសន្តិសុខ។ អាជ្ញាធររុស្ស៊ីនៅតែបារម្ភខ្លាចពីបញ្ហាអសន្តិសុខ បន្ទាប់ពីមានការវាយប្រហារដ្រូននៅម៉ូស្គូ និងទៅលើអ្នកគាំទ្រសង្រ្គាមរុស្ស៊ី ដែលរុស្ស៊ីទម្លាក់កំហុសថា ជាស្នាដៃរបស់អ៊ុយក្រែន។ រុស្ស៊ីបារម្ភថា នឹងមានការវាយប្រហារដ្រូនរបស់អ៊ុយក្រែន ទៅលើហ្វូងមនុស្សដែលចូលរួមក្នុងថ្ងៃបុណ្យជាតិ នៅរុស្ស៊ី នៅថ្ងៃទី ៩ឧសភា៕
8-5-2023 • 7 minuten, 19 seconden ព្រះមហាក្សត្រអង់គ្លេសឡើងគ្រងរាជសម្បត្តិ តែប្រឈ មនឹងអប្រជាប្រិយភាពក្នុងចំណោមយុវជន
ថ្ងៃសៅរ៍ ព្រះរាជាណាចក្រអង់គ្លេស ប្រារព្ធពិធីឡើងគ្រងរាជសម្បត្តិជាផ្លូវការ របស់ព្រះមហាក្សត្រ ព្រះអង្គ ឆាលស៍ ទី៣។ ព្រះរាជវត្តមាននិងវត្តមានភ្លៀវកិត្តិយសមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោក ប្រមាណជាង ២ ៣០០ នាក់ សុទ្ធសឹងតែ ព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអ្នកតំណាងជាន់ខ្ពស់ ស្តេចយាងនិងអញ្ជើញចូលរួមពិធីបុណ្យដ៏ឱឡារិកនៅអង់គ្លេស ដែល នឹងបន្តរៀបចំរហូតដល់ទៅ ៣ ថ្ងៃ។ ព្រះអង្គ ឆាលស៍ ទី៣ ត្រូវគេមើលឃើញពីភាពលេចធ្លោខាងសកម្មភាពបរិស្ថាន និងភាពទំនើបនិយម។ ក៏ប៉ុន្តែ មួយរយៈចុងក្រោយនេះ របបរាជានិយមអង់គ្លេស បានប្រឈមនឹងអប្រជាប្រិយភាព ពិសេសនៅក្នុងចំណោមយុវជនអង់គ្លេស។ នៅក្នុងឱកាសព្រះរាជពិធីគ្រងរាជសម្បត្តិថ្ងៃ ក៏មានបាតុកម្មប្រឆាំងនឹងរបបរាជនិយមនៅកណ្តាលរាជធានីឡុងដ្រឺ ដែរ។
នៅអង់គ្លេស ៧០ឆ្នាំចុងក្រោយនេះ គ្មានព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ ដ្បិតអតីតព្រះមហាក្សត្រី អេលីហ្សាបិត ទី២ គ្រងរាជ្យយូរអង្វែងណាស់។ ព្រះមហាក្សត្រ ព្រះអង្គ ឆាលស៍ ទី៣ ឡើងគ្រងរាជសម្បត្តិបន្តពីព្រះមាតា គឺជាឱកាសដ៏ឱឡារិកសម្បើមណាស់នៅអង់គ្លេស។
ព្រះរាជាពិធីបំពាក់ម្កុដរាជ ត្រូវប្រារព្ធឡើងក្នុងបែបបទគ្រិស្តសាសនា រយៈពេលប្រមាណ ២ ម៉ោង និង ត្រូវរៀបចំនៅព្រះវិហារ Westminster។ ពិធីបែបសាសនាគ្រិស្តព្រះវិហារ Westminster សម្រាប់ព្រះរាជាគ្រងរាជ្យនេះ គឺ អង់គ្លេស អភិរក្សរក្សាទុករហូតមក ជិត ១ ពាន់ឆ្នាំហើយ។
ព្រះរាជា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំធំៗនៃប្រទេសស្ទើរតែទាំងអស់លើពិភពលោក ដល់ ត្រូវ រាជាណាចក្រអង់គ្លេស អញ្ជើញទៅចូលរួមពិធីគ្រងរាជសម្បត្តិរបស់ព្រះរាជា ស្សាល។ លើកលែងតែ រុស្ស៊ី និងកូរ៉េខាងជើង គឺគ្មានការអញ្ជើញទេ។ សហរដ្ឋអាមេរិក អតីតកាលធ្លាប់ឋិតក្រោមអាណានិគមអង់គ្លេស គឺ ប្រធានាធិបតីបច្ចុប្បន្ន លោក ចូ បៃដិន មិនអញ្ជើញទៅទេ តែភរិយារបស់លោក ទៅជំនួស។ ចំណែក ចិន ប្រធានាធិបតី ស៊ី ជីនពីង ក៏អត់ទៅដែរ គឺ អនុប្រធានាធិបតីជាអ្នកតំណាង។
តាមព្រះរាជាប្រពៃណី បណ្តាសមាជិកព្រះរាជវង្ស ត្រូវស្តេចយាងចេញបង្ហាញព្រះភក្ត្រនៅមុខព្រះបរមរាជវាំង Buckingham។ ទាហាន ៤ ពាន់នាក់ ក្នុងឈុតសម្លៀកបំពាក់ចម្រុះជិត ៤០ ជាតិសាសន៍ដើរហែរក្បួនព្យុហយាត្រា អមដោយការបាញ់កាំភ្លើង និងក្បួនយន្តហោះចម្បាំងផង។ ប្រជានុរាស្ត្រអង់គ្លេស រាប់ពាន់ម៉ឺននាក់ ទឹកមុខរីករាយ ដៃកាន់ទង់ជាតិអង់គ្លេសគ្រវី ហើយនិងមានភៀវទេសចរ ព្រមទាំងអ្នកស្រឡាញ់របបរាជានិយម ច្រើនសន្ធឹក បានទៅរួមចូលរួមអបអរយ៉ាងខាប់ទឹកខាប់ដី។
ក្នុងឱកាសនេះ ប៉ូលិសប្រមាណជិត ៣ម៉ឺននាក់ ត្រូវដាក់ពង្រាយដើម្បីយាមកាម ហើយថ្ងៃសៅរ៍នេះតែម្តង នគរបាល ប្រមាណជាជាង ១១ ០០០ នាក់ រឹតបន្តឹងសុវត្ថិភាព។ ពិធីផ្លូវការមានជាហូរហែនៅអាទិត្យ នៅព្រះរាជដំណាក់ព្រះមហាក្សត្រ និងបន្តដល់ថ្ងៃច័ន្ទ ៨ឧសភា។
យុវជនអង់គ្លេស កាន់តែច្រើនឡើងៗ មិនសូវពេញចិត្តនឹងរបបរាជានិយម។
ព្រះមហាក្សត្រ ឆាលស៍ ទី៣ សោយរាជសម្បត្តិ នៅព្រះជន្ម ៧៤ ព្រះវស្សា។ ព្រះអង្គ ត្រូវគេមើលឃើញថាមានភាពលេចធ្លោខាងវិស័យបរិស្ថាន និងភាពទំនើបកម្ម។ ក៏ប៉ុន្តែ របបរាជានិយមអង់គ្លេស ជួបប្រឈមនឹងអប្រជាប្រិយភាព គួរឲ្យកត់សម្គាល់។
តាមការស្ទង់មតិរបស់ YouGov គឺប្រជានុរាស្ត្រអង់គ្លេស តែប្រមាណ ៥៨%ប៉ុណ្ណោះ ដែលបង្ហាញបញ្ចេញមតិនៅគាំទ្រស្រឡាញ់របបរាជនិយម។ ក៏ប៉ុន្តែ នៅក្នុងចំណោមរង្វង់យុវជនអង់គ្លេស របបរាជានិយម មិនសូវមានប្រជាប្រិយភាពទេ។ តាមការស្ទង់មតិដដែល គឺ យុវជន ចន្លោះពី១៨ទៅ២៤ មានតែ ៣២% ប៉ុណ្ណោះ ដែលនៅមានសមានចិត្តចំពោះរបបរាជានិយម។ ចំណែក អ្នកប្រឆាំងនឹងរាជានិយម មានច្រើនជាង ដល់ទៅ ៣៨% ហើយពួកគេចង់ឲ្យបោះឆ្នោតជ្រើសប្រមុខរដ្ឋវិញ អ្នកខ្លះថែមទាំងចង់ប្តូររបបជាសាធារណរដ្ឋ ទៅទៀត។ ៣០%ទៀត គ្មានយោបល់ទេ។
ចំពោះអ្នកប្រឆាំង ពួកគេយល់ថា ពិធីឡើងគ្រងរាជសម្បត្តិ ត្រូវចំណាយថវិកាជាតិ ច្រើនសិបលានដុល្លារ គឺការខ្ជះខ្ជាយ គ្មានប្រយោជន៍ ខាតលុយកាក់ដែលពលរដ្ឋខំបង់ពន្ធ។ ជាការខ្ជះខ្ជាយ ស្របពេលដែល អង់គ្លេស ជួបបញ្ហាអតិផរណាទំនិញ លុយចុះថោក ទំនិញឡើងថ្លៃ។ អតិផរណា នៅអង់គ្លេស មានជាង ១០% ។
នៅថ្ងៃសៅរ៍ ក្រុមបាតុករប្រឆាំងរាជានិយម យ៉ាងហោច ៦ នាក់ ត្រូវនគរបាលចាប់ខ្លួន។ ក្រុមបាតុករស្រឡាញ់បរិស្ថាន ក៏ធ្វើបាតុកម្មប្រឆាំងដែរ នឹងវត្តមានរបស់ដ៏ច្រើនសន្ធឹករបស់ភ្ញៀវបរទេស ព្រោះអ្នកបរិស្ថាននិយម យល់ថា អស់លោកទាំងនោះ ជិះយន្តហោះមក នាំឲ្យបញ្ចេញផ្សែងពុល។ សកម្មជនបរិស្ថាន ប្រមាណជា១៣ នាក់ ក៏ត្រូវប៉ូលិសអង់គ្លេស ចាប់ខ្លួនដែរ។
ប្រទេស២ប្រកាសចង់ដើរចេញពីក្រុមប្រទេស Commonwealth របស់អង់គ្លេស។
ព្រះរាជាអង់គ្លេស ឆាលស៍ ទី៣ មិនត្រឹមតែសោយរាជសម្បត្តិនិងមានអំណាចបុព្វសិទ្ធិជាព្រះមហាក្សត្រ មិនមែនសម្រាប់តែព្រះរាជាណាចក្រអង់គ្លេសមួយទេ គឺជាព្រះមហាក្សត្រ ដល់ទៅជាង១០ប្រទេសទៀត។ ថ្ងៃព្រហស្បត្តិ៍ ២ថ្ងៃមុនពិធីឡើងគ្រងរាជ្យនេះ ប្រទេស Jamaïque និង Belize បានប្រកាសជំហរជាថ្មីទៀតថាចង់ដើរចេញពីក្រុមប្រទេស Commonwealth។ ថ្នាក់ដឹកនាំប្រទេសទាំង២ថែមទាំងប្រកាសថាក្រុមប្រឹក្សាធម្មនុញ្ញរបស់ខ្លួន កំពុងតែកែប្រែច្បាប់កំពូល ដើម្បីដកមាត្រាស្តីពីឥទ្ធិពលឋិតក្រោមអំណាចអង់គ្លេសចេញ។ ការប្រកាសចេតនាដើរនេះ គឺបន្ទាប់ពីប្រទេស Bardade បានដើរចេញពី Commonwealth ឆ្នាំ២០២១ និងក្លាយខ្លួនជាសាធារណរដ្ឋ។
អ្នកជំនាញ មើលឃើញថា នេះក៏ព្រោះតែស្នាមដានអាណានិគមកិច្ច ការឈឺចាប់ក្នុងប្រវត្តិសាស្ត្រ បង្កឲ្យមានក្តីស្អប់ខ្ពើមម្ចាស់នឹមអាណានិគម ពិសេសជុំវិញ ការធ្វើបាបជិះជាន់ពីពួករដ្ឋការអាណានិគម និងការលក់ជួញដូរទេសករ។សំណុំរឿងធំនេះ នៅតែតាមមកលងបន្លាចទំនាក់ទំនង រវាងអង់គ្លេស និងប្រទេសធ្លាប់ជាចំណុះ។
អ្នកជំនាញជឿទៀតថា អង់គ្លេស នៅក្រោមការដឹកនាំរបស់ ព្រះរាជាអង់គ្លេស ឆាលស៍ ទី៣ គឺនឹងកែរបៀបរបបទំនាក់ទំនងជាមួយអតីតក្រោមអាណានិគម ហើយនឹងងាកច្រើនទៅអាហ្វ្រិក។ ហេតុផលម្យ៉ាង គឺសេដ្ឋកិច្ច។ ប្រឈមនឹងចំណោទខ្លះៗខាងទីផ្សាររកស៊ីពាណិជ្ជកម្ម បន្ទាប់ពីអង់គ្លេសដកខ្លួនចេញពីសហភាពអឺរ៉ុប អង់គ្លេស សម្លឹងឃើញសក្តានុពលថ្មីនៃទីផ្សារពាណិជ្ជកម្ម នៅអាហ្វ្រិក ដើម្បីងនឹងទូរទាត់ចំពោះការខាតបង់។
ក្រុមប្រទេស Commonwealth មានសម្ព័ន្ធមិត្តប្រទេសប្រមាណជាង ៥០ ប្រទេសហើយ ក្នុងនោះ ២១ប្រទេស នៅក្នុងទ្វីបអាហ្វ្រិក។ ប្រទេស កុងហ្កោ រ៉វ៉ាន់ដាន ហ្កាប៉ុង ក៏ដូចជា ម៉ូស្សាំប៉ិក ដែលគ្មានប្រវត្តិសាស្ត្រជូរចត់ក្រោមអាណានិគមចក្រភពអង់គ្លេសទេ បានសម្រេចចូលរួមសម្ព័ន្ធជាមួយ ក្រុមប្រទេស Commonwealth៕
6-5-2023 • 8 minuten, 37 seconden បញ្ញាសិប្បនិម្មិត៖ សេតវិមានអាមេរិកប្រជុំជាមួយបណ ្ដាក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីរៀបចំច្បាប់គ្រប់គ្រង
បច្ចុប្បន្ននេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលរីកចម្រើនយ៉ាងខ្លាំង និងលឿនរហ័សនោះ បានបង្កឲ្យមានការព្រួយបារម្ភស្តីអំពីផលប៉ះពាល់របស់វា។ កាលពីពេលថ្មីៗនេះ បណ្តាអ្នកជំនាញបច្ចេកវិទ្យាជាច្រើននាក់ បានរួមគ្នាសរសេរលិខិតចំហ អំពាវនាវថាត្រូវតែផ្អាកជាបណ្តោះអាសន្នសិន នូវការស្រាវជ្រាវអភិវឌ្ឍន៍ប្រជែងគ្នាដែលគ្មានព្រំដែនបែបនេះ ហើយត្រូវតែរៀបចំច្បាប់គ្រប់គ្រងការអភិវឌ្ឍន៍បច្ចេកវិទ្យានេះ។ កាលពីថ្ងៃព្រហស្បតិ៍ទី៤ឧសភាម្សិលមិញ នេះ នៅសេតវិមានអាមេរិក គេបានរៀបចំការប្រជុំពិសេសមួយដោយមានការចូលរួមពីលោក ចូ បៃដិន និងលោកស្រីកាម៉ាឡា ហារីស ជាមួយនឹងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បីនិយាយគ្នាអំពីការរៀបចំក្របខណ្ឌច្បាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិត។
ជាកម្មវិធីប្រជុំលើកទីដំបូង រវាងថ្នាក់ដឹកនាំរដ្ឋាភិបាលអាមេរិក ជាមួយនឹងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។ កិច្ចប្រជុំពិសេស រយៈពេលប្រមាណ២ម៉ោងនេះ មានការចូលរួម ពីលោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក ចំណែកលោកចូ បៃដិន បានមកចូលរួមមួយភ្លែត ពេលបើកការប្រជុំ។ ចំណែកខាងក្រុមហ៊ុនបច្ចេកវិទ្យាវិញ គឺមានលោក Satya Nadella (Microsoft) Sundar Pichai (Google) Sam Altman (OpenAI) Dario Amodei (Anthropic)។
ពេលបើកការប្រជុំ លោកចូ បៃដិន បានថ្លែងទៅកាន់តំណាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះថា “អ្វីដែលពួកលោកទាំងអស់គ្នាកំពុងតែអភិវឌ្ឍន៍ គឺវាពោរពេញដោយសក្តានុពលខ្លាំងណាស់ តែវាក៏មានបញ្ហាប្រឈមគ្រោះថ្នាក់ច្រើនដែរ។ លោកចូ បៃដិន បាននិយាយបែបដាក់ខ្លួនថា លោកសង្ឃឹមថាក្រុមហ៊ុនបច្ចេកវិទ្យា នឹងជួយណែនាំ ផ្តល់យោបល់ប្រាប់មករដ្ឋាភិបាល ថាត្រូវធ្វើយ៉ាងណា ដើម្បីធ្វើឲ្យបច្ចេកវិទ្យានេះរីកចម្រើនទៅមុខ ដោយការពារសង្គមផងដែរ។
នៅក្រោយកិច្ចប្រជុំនេះ លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក បានចេញលិខិតប្រកាសមួយ ដោយលោកស្រីបានលើកឡើងថា វិស័យឯកជន មានកាតព្វកិច្ចមនសិកា និងផ្លូវច្បាប់ ដោយត្រូវធ្វើយ៉ាងណា ធានាឲ្យបាននូវសុវត្ថិភាព សន្តិសុខនៃផលិតផលរបស់ខ្លួន។ លោកស្រីបន្តថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មានសក្តានុពលច្រើន នៅក្នុងការជួយសម្រួលជីវិតប្រចាំថ្ងៃរបស់មនុស្សយើង និងអាចជួយចូលរួមជាដំណោះស្រាយនៃបញ្ហាសង្គមដែរ។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត អាចនឹងបង្កើននូវគ្រោះថ្នាក់ប្រឈមមួយចំនួនមិនអាចប្រហែសបាន ដូចជាមកលើសន្តិសុខ មកលើសិទ្ធិមនុស្សនិងជីវិតឯកជន ហើយអាចបំផ្លាញការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធប្រជាធិបតេយ្យ ថែមទៀតផង។
គ្រោះថ្នាក់មកលើសង្គម
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មានច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានប្រើប្រាស់វា។ តែអ្វីដែលជាការព្រួយបារម្ភធំ គឺប៉ុន្មានខែចុងក្រោយនេះ វាកាន់តែរីកចម្រើនលឿនរហ័សខ្លាំងណាស់។ ជាក់ស្តែង បច្ចេកវិទ្យា ChatGPT របស់ក្រុមហ៊ុន OpenAI ហើយដែលមានការចូលហ៊ុនវិនិយោគដ៏ធំពីក្រុមហ៊ុន Microsoft ដែលបានធ្វើឲ្យផ្អើលពេញពិភពលោកតែម្តង។ លោក Sam Altman នាយក OpenAI បានថែមទាំងអះអាងទៀត ថា ក្នុងពេលឆាប់ៗនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នឹងកាន់តែអស្ចារ្យ លើសមត្ថភាពរបស់មនុស្សទៅទៀត។
ការវិវឌ្ឍន៍ដ៏លឿនរហ័សនេះ គឺវាបណ្តាលមកពីការប្រកួតប្រជែងគ្នា ចង់ឈ្នះគ្មានព្រំដែន រវាងក្រុមហ៊ុនទាំងអស់នេះ ថាបច្ចេកវិទ្យាអ្នកណាអស្ចារ្យជាងអ្នកណា។ កាលពីពេលថ្មីៗនេះ អ្នកជំនាញបច្ចេកវិទ្យាល្បីៗជាច្រើននាក់ ក្នុងវិស័យនេះ បានរួមគ្នាធ្វើលិខិតចំហរមួយ អំពាវនាវហៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ ត្រូវតែផ្អាកការអភិវឌ្ឍន៍ រយៈពេល៦ខែសិន កុំទៅលឿនពេល ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់។
យោងតាមអ្នកជំនាញ បញ្ញាសិប្បនិម្មិតដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ គឺវាអាចចូលរូមបង្កើនចរន្តគំនិត ស្អប់ខ្ពើមរើសអើងប្រកាន់ពូជសាសន៍នៅតាមបណ្តាញសង្គម បង្កើតជាព័ត៌មានប្រឌិតក្លែងក្លាយ ពន្យុះអំពើហិង្សាចលាចល ហើយអាចត្រូវបានក្រុមមនុស្សដែលមានចេតនាអាក្រក់ណាមួយ យកទៅប្រើប្រាស់ ដើម្បីទាញផលប្រយោជន៍ បំផ្លាញសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យជាដើម។ បញ្ញាសិប្បនិម្មិត ក៏អាចបង្កើតជាបញ្ហាផ្នែកច្បាប់ដែរ ទាក់ទិននឹងកម្មសិទ្ធិបញ្ញា។ បញ្ញាសិប្បនិម្មិត កាន់តែវិវឌ្ឍន៍ គឺវាអាចឆក់ច្បាមយកការងាររបស់មនុស្ស យូរៗទៅមនុស្សលែងមានការងារធ្វើ លែងចេះធ្វើអ្វីដោយប្រើដៃ ប្រើគំនិតប្រាជ្ញាខ្លួនឯង ដោយពឹងតែម៉ាស៊ីនទាំងស្រុងតែម្តង។
លិខិតចំហរនេះ បានអំពាវនាវ ថាថ្នាក់ដឹកនាំនយោបាយដឹកនាំប្រទេស ត្រូវតែចាប់ផ្តើមរៀបចំក្រមខណ្ឌច្បាប់ ដើម្បីគ្រប់គ្រងបច្ចេកវិទ្យានេះឲ្យបាន មិនត្រូវបណ្តោយបែបនេះទេ។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញ ទាំងលោកចូ បៃដិន ទាំងលោកស្រី កាម៉ាឡា ហារីស គឺគិតដូចគ្នាថា ត្រូវតែរៀបចំក្របខណ្ឌច្បាប់ ដើម្បីគ្រប់គ្រងការអភិវឌ្ឍន៍ និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ។
កំណត់កាតព្វកិច្ចឲ្យគោរព
កាលពីចុងឆ្នាំ២០២២ សេតវិមានអាមេរិក បានចេញផ្សាយអត្ថបទមួយ ដែលកំណត់អំពី ផែនការដើម្បីប្រកាសសិទ្ធិស្តីពីបញ្ញាសិប្បនិម្មិត។ ពោលគឺជាអត្ថបទ ដែលបានចែង កំណត់អំពីគោលការណ៍ធំៗ រៀបចំតាក់តែងដោយវិទ្យាស្ថានជាតិស្តង់ដារ និងបច្ចេកវិទ្យាអាមេរិក NIST។ តាមរយៈគោលការណ៍ទាំងនេះ គឺលោកចូ បៃដិន ចង់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធានាប្រាប់រដ្ឋាភិបាលជាមុន ថាផលិតផលនីមួយៗ ពិតជាមិនជះផលអាក្រក់ ពិតជាមានសុវត្ថិភាពសន្តិសុខ មុននឹងដាក់ឲ្យមនុស្សទូទៅប្រើប្រាស់។
តែបញ្ហាចោទ គឺថាផែនការនេះ ពុំបានកំណត់ចងជាកាតព្វកិច្ចឲ្យក្រុមហ៊ុនបច្ចេកវិទ្យានីមួយៗគោរពនោះទេ។ ពោលគឺគ្រាន់តែជាអនុសាសន៍ប្រាប់ឲ្យធ្វើ ធ្វើបានក៏បានទៅ។ នេះបើផ្អែកតាមការបញ្ជាក់ពីលោក David Harris សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Berkeley និងដែលជាអតីតអ្នកជំនាញស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៅក្រុមហ៊ុន Meta។
ទន្ទឹមគ្នានេះ លោក David Harris បានរំលឹកថា កុំសូវទុកចិត្តសម្តីយកគួររបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗពេក។ លោកសង្កត់ធ្ងន់ថា ជាទូទៅនាយកក្រុមហ៊ុនអស់ហ្នឹង តួយ៉ាងដូចជា Facebook ជាដើម តែងតែនិយាយជាសាធារណៈថា ត្រូវតែការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ តែនៅពីក្រោយវិញ Facebook ប្រើប្រាស់ក្រុមឡុំប៊ី ដើម្បីរារាំងកុំឲ្យមានច្បាប់ការពារទិន្នន័យអ្នកប្រើប្រាស់។ ដូច្នេះក្នុងបញ្ហាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះក៏អញ្ចឹងដែរ។
ថ្លឹងថ្លែងរវាង ការប៉ះពាល់ជាក់ស្តែង និងផលប្រយោជន៍សេដ្ឋកិច្ច
មានការលើកឡើងថា ច្បាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិត វាអាចរារាំង រំខាន ធ្វើឲ្យបច្ចេកវិទ្យានេះមិនអាចរីកចម្រើនទៅមុខ ហើយខាតប្រយោជន៍សង្គម និងសេដ្ឋកិច្ចទៅវិញ។ នេះគឺជាសំដីរបស់លោក Michael Schwarz ប្រធានផ្នែកសេដ្ឋកិច្ចនៅក្រុមហ៊ុន Microsoft។ លោកម្នាក់នេះ បានអំពាវនាវកាលពីថ្ងៃពុធម្សិលមិញនេះ នៅក្នុងកម្មវិធីជជែករបស់ World Forum Economic ថាអ្នកធ្វើច្បាប់នៅសភា មិនត្រូវប្រញេបប្រញាប់តក់ក្រហល់ទេ គឺត្រូវតែថ្លឹងថ្លែង ថាច្បាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត វាអាចប៉ះពាល់ជាក់ស្តែងអ្វីខ្លះ។ ពោលគឺត្រូវតែថ្លឹងរវាង ផលប្រយោជន៍មកលើសង្គម មកលើសេដ្ឋកិច្ច បានមកពីបច្ចេកវិទ្យានេះ និងផលប៉ះពាល់របស់វា ដែលជួនកាលវាមានតិចតួច កំប៉ិកកំប៉ុក។ ច្បាប់គ្រប់គ្រងបិទផ្លូវពេក វានឹងបង្អាក់ការស្រាវជ្រាវ ការវិវឌ្ឍន៍ទៅមុខនៃបច្ចេកវិទ្យានេះ។
ក៏ប៉ុន្តែ លោកស្រី Lina Khan ប្រធានទីភ្នាក់ងារអាមេរិកការពារអ្នកប្រើប្រាស់ បានប្រៀបធៀបថា កាលៈទេសៈបច្ចុប្បន្នទាក់ទិននឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ គឺមិនខុសពីកំឡុងដើមឆ្នាំ២០០០ នៅពេលបច្ចេកវិទ្យាអ៊ីនធ័រនិតវិវឌ្ឍន៍ខ្លាំងក្លានោះទេ។ នៅក្នុងបទសម្ភាសន៍មួយឲ្យកាសែត New York Times លោកស្រីបានអះអាងថា គម្រូសេដ្ឋកិច្ចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះ គឺពឹងផ្អែកទាំងស្រុងលើការប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដោយមិនខ្វល់ពីសន្តិសុខ ពីសិទ្ធិសេរីភាព និងផ្នែកច្បាប់អ្វីឡើយ។ គម្រូសេដ្ឋកិច្ចរបៀបនេះមិនមែន ចៀសមិនបាននោះទេបើគេចង់ធ្វើវា។ ដូច្នេះ ពេលនេះ អាជ្ញាធររដ្ឋគឺត្រូវតែមានការទទួលខុសត្រូវ ធានាកុំឲ្យប្រវត្តិសាស្ត្រជាន់ដានដដែល ម្តងហើយម្តងទៀត ជាមួយនឹងបច្ចេកវិទ្យាដ៏គ្រោះថ្នាក់នេះ៕
5-5-2023 • 8 minuten, 10 seconden របាយការណ៍ប្រចាំឆ្នាំRSF៖ សេរីភាពសារព័ត៌មាន ត្រូវល ិចលង់ក្នុងជំនន់នៃព័ត៌មានប្រឌិតក្លែងក្លាយ
អង្គការអ្នករាយការណ៍គ្មានព្រំដែន RSF បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីសិទ្ធិសេរីភាពសារព័ត៌មាន នៅទូទាំងពិភពលោក។ ដូចសព្វមួយដង ក្នុងចំណោមប្រទេសចំនួន១៨០ គឺកូរ៉េខាងជើងស្ថិតនៅលំដាប់ថ្នាក់ចុងប៉ូចគេ ខណៈប្រទេសន័រវែស ជាទីដែលសិទ្ធិសេរីភាពសារព័ត៌មាន មានលក្ខណៈល្អប្រសើរជាងគេបង្អស់។ កម្ពុជាឆ្នាំនេះ បានធ្លាក់លំដាប់ថ្នាក់ចំនួន៥លេខ មកនៅលេខរៀងទី១៤៧។ យោងតាមរបាយការណ៍នេះ អ្វីដែលជាការគំរាមកំហែងធំបំផុត មកលើសេរីភាពសារព័ត៌មានទូទាំងពិភពលោក គឺជំនន់ជនជោរយ៉ាងខ្លាំង នៃព័ត៌មានប្រឌិតក្លែងក្លាយ ដែលរីកសាយភាពពាសពេញបណ្តាញសង្គម។
និយាយជារួម គឺមិនមានការប្រែប្រួលខ្លាំងប៉ុន្មាននោះទេ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៣ នៃអង្គការអ្នករាយការណ៍គ្មានព្រំដែន RSF។ ប្រទេសដែលមានការគោរពសិទ្ធិសេរីភាពសារព័ត៌មានបានល្អប្រសើរជាងគេ ជាទីដែលអ្នកកាសែតអាចបំពេញការងារដោយសុវត្ថិភាព ទៅតាមជំនាញនិងវិជ្ជាជីវៈ គឺនៅតែល្អដដែល។ រីឯ ប្រទេសដែលគ្មានសេរីភាពសារព័ត៌មាន គ្មានប្រព័ន្ធច្បាប់រឹងមាំដើម្បីការពារអ្នកកាសែត ក៏នៅតែដដែលដែរ។
ន័រវែសដែលជាប់លំដាប់ថ្នាក់ឈានមុខគេ កាលពីឆ្នាំមុន ឆ្នាំនេះក៏តែស្ថិតនៅលេខរៀងទៅ១ដដែល។ ហើយដូចជារៀងរាល់ឆ្នាំ កូរ៉េខាងជើងក្រោមនឹមអំណាចផ្តាច់ការកុម្មុយនីស្តត្រកូលគីម គឺនៅលេខរៀងចុងក្រោយគេបង្អស់ ក្នុងចំណោម១៨០ប្រទេស។ បារាំងឆ្នាំនេះ បានឈានឡើង២កាំ មកនៅលេខរៀងទី២៤។ កម្ពុជាយើង បានធ្លាក់ចុះ៥កាំ ពីលេខរៀង ១៤២ មកនៅ១៤៧។
ក្នុងចំណោមប្រទេសដែលបានប្រែប្រួលចំណាត់ថ្នាក់ ធ្លាក់ចុះខ្លាំង គឺមានប៉េរូ ដែលធ្លាក់៣៣កាំ មកនៅលេខរៀងទី១១០ សេណេហ្កាល់ធ្លាក់៣១កាំ មកនៅលេខរៀងទី១០៤ ហៃទីធ្លាក់២៩កាំ មកនៅលេខរៀងទី៩៩ ហើយទុយណេស៊ី ធ្លាក់ចំណាត់ថ្នាក់ ២៧ មកនៅលេខរៀង១២១។ ផ្ទុយទៅវិញ ប្រេស៊ីលបានឈានឡើងល្អប្រសើរចំនួន ១៨កាំ មកនៅលេខរៀងទី៩២។
និយាយជារួមតាមតំបន់ គឺតំបន់ដើមបូព៌ា និងអាហ្វ្រិកខាងជើង ដែលនៅតែជាតំបន់គ្រោះថ្នាក់ជាងគេ ចំពោះអ្នកកាសែត។ ចំណែកតំបន់អឺរ៉ុប គឺជាតំបន់ដែលមានលក្ខខណ្ឌល្អប្រសើរជាងគេ ចំពោះការប្រកបការងាររបស់អ្នកកាសែត។ នៅអាស៊ីអាគ្នេយ៍យើងវិញ ថៃបានចំណាត់ថ្នាក់កើនប្រសើ៩កាំ ស្ថិតនៅលេខរៀង១០៦ ពោលគឺល្អជាងគេក្នុងតំបន់។ ប្រទេសកុម្មុយនីស្តទាំង៣នៅអាស៊ី ស្ថិតនៅលេខរៀងចុងក្រោយគេបង្អស់បន្តបន្ទាប់គ្នាតែម្តង ក្នុងចំណោម១៨០ប្រទេស។ គឺវៀតណាស្ថិតលេខរៀងទៅ១៧៨ ចិនលេខរៀងទី១៧៩ កូរ៉េខាងជើងទី១៨០។ ចំណែកឥណ្ឌាវិញ ស្ថិតនៅលេខរៀងទី១៦១ ពោលគឺធ្លាក់ចុះ១១កាំ។
ព័ត៌មានប្រឌិតក្លែងក្លាយ តាមបណ្តាញសង្គម
យោងតាមរបាយការណ៍ RSF ព័ត៌មានប្រឌិតក្លែងក្លាយ គឺជាការគំរាមដ៏ធំ មកលើសេរីភាពសារព័ត៌មាន។ ព័ត៌មានប្រឌិតក្លែងក្លាយ ដែលអាចមានជាទម្រង់ជា ព័ត៌មានឃោសនាបែបប្រជាភិថុត បែបនយោបាយ ការប្រើប្រាស់កលល្បិចបោកបញ្ឆោតទាក់ទាញ ដោយប្រើកត្តាសេដ្ឋកិច្ច ព្រមទាំងខ្លឹមសារព័ត៌មានក្លែងក្លាយជាទូទៅផ្សេងទៀត ដែលយើងហៅថា Fake News ដែលរីកសាយភាពខ្លាំងណាស់ នៅតាមបណ្តាញសង្គម។
យ៉ាងហោចណាស់ ២ភាគ៣នៃប្រទេសទាំង១៨០ដែលគេបានវិភាគ អ្នកជំនាញសង្កេតឃើញថា ការផ្សព្វផ្សាយ បំផុសបំផុលព័ត៌មាន ឃោសនាក្លែងក្លាយ គឺមានការចូលរួមធ្វើដោយអ្នកនយោបាយតែម្តង។ ជាក់ស្តែង ដូចជានៅរុស្ស៊ី នៅឥណ្ឌា នៅចិន នៅម៉ាលីជាដើម។ ជាការឃោសនាបោកបញ្ឆោតមតិសាធារណៈដើម្បីកេងចំណីនយោបាយ។
ជាងនេះទៀត បច្ចេកវិទ្យាបណ្តាញសង្គម បានក្លាយជាជង្រុក សំបុកនៃការបំផុសបំផុលព័ត៌មានប្រឌិតក្លែងក្លាយ គ្រប់ប្រភេទ។ លោក Christophe Deloire អគ្គលេខាធិការអង្គការអ្នករាយការណ៍គ្មានព្រំដែន បានលើកឡើងថា ក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម បានចូលរួមបើកផ្លូវយ៉ាងសកម្មដល់ការគំរាមកំហែងនេះ ដោយចំអក និងមិនខ្វល់ថាប៉ះពាល់ធ្ងន់ធ្ងរយ៉ាងណា មកលើសិទ្ធិសេរីភាពសារព័ត៌មាននោះទេ។ ជាក់ស្តែង ដូចជាករណី លោក Elon Musk ម្ចាស់បណ្តាញ Twitter ចំអកម្តងហើយម្តងទៀត មកលើសេរីភាពសារព័ត៌មានវិជ្ជាជីវៈ។
សេរីភាពសារព័ត៌មាន វាមិនមែនសំដៅតែទៅលើការប្រកបការងាររបស់អ្នកកាសែតនោះទេ តែគឺវាក្តោបទាំងអស់ ដល់សិទ្ធិសេរីភាពរបស់ប្រជាជនទូទៅ ក្នុងការទទួលបាននូវព័ត៌មានពិតប្រាកដ ត្រឹមត្រូវ មិនមែនជាព័ត៌មានដែលបំពុលសង្គម ធ្វើឲ្យកើតជាបញ្ហាចលាចលហិង្សា ឬក៏ធ្វើឲ្យមតិមហាជនមានការភ័ន្តច្រឡំអីជាដើម។ បច្ចុប្បន្ននេះ ព័ត៌មានប្រឌិតក្លែងក្លាយ មានខ្លឹមសារញុះញង់នេះ គឺមានពាសពេញបណ្តាញសង្គម។
គ្រោះថ្នាក់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត គឺជាកត្តាមួយបង្កើតឲ្យមានការព្រួយបារម្ភខ្លាំងណាស់។ ជាក់ស្តែងបច្ចេកវិទ្យា ឈ្មោះ Midjourney ដែលអាចបង្កើតជារូបភាពក្លែងក្លាយ ទៅតាមការចង់បានរបស់មនុស្ស បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនិងព្រួយបារម្ភខ្លាំងណាស់។ របាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន បានលើកឡើងជាឧទាហរណ៍ជាក់ស្តែង ស្តីពីរូបថតក្លែងក្លាយមួយ ដែលបច្ចេកវិទ្យានេះបានបង្កើតឡើង ជារូបថតក្លែងក្លាយ ដែលគេឃើញលោកដូណាល់ត្រាំ ត្រូវនគរបាលចាប់ខ្លួន។ រូបថតត្រូវបានគេយកទៅចែកចាយពាសពេញបណ្តាញសង្គម បង្កើតជាការភ័ន្តច្រឡំយ៉ាងកក្រើក។
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត អាចត្រូវបានយកទៅប្រើប្រាស់ ជាលក្ខណៈប្រព័ន្ធ ក្នុងទ្រង់ទ្រាយធំ ដោយក្រុមហ៊ុនឯកជន ឬក៏អំណាចនយោបាយថែមទៀត។ គេប្រើប្រាស់វា ដើម្បីបង្កើតជារូបភព ជាខ្លឹមសារ ដើម្បីពង្វក់ស្មារតី ញុះញង់ បន្លំបោកប្រាស់មតិសាធារណៈ ក្នុងហេតុផលណាមួយជាដើម។
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលកំពុងតែផុសផុលខ្លាំង គឺជាការគំរាម មកលើវិស័យសារព័ត៌មាន ដែលមានវិជ្ជាជីវពិតប្រាកដ។ បច្ចេកវិទ្យាដ៏គ្រោះថ្នាក់នេះ នឹងមករំខាន បំបាក់ ធ្វើឲ្យងាយរងគ្រោះដល់ការងាររបស់អ្នកកាសែត ដែលមានវិជ្ជាជីវពិតប្រាកដ ដែលគោរពក្រមសិលធម៌។ ហើយព្រមជាមួយគ្នានេះ វិស័យសារព័ត៌មានដែលទូលំទូឡាយ មានគុណភាព មានភាពចម្រុះ ក៏ធ្លាក់ចុះអន់ថយទៅតាមនោះ។
មនុស្សម្នាទូទៅ ទាំងយើងទាំងគេ លែងអាចបែងចែក ឲ្យដាច់ស្រឡះ ថាអ្វីទៅជាការពិត អ្វីទៅការប្រឌិតក្លែងក្លាយ។ អ្វីទៅជារូបថតមែនទែន អ្វីទៅជារូបថតក្លែងក្លាយបង្កើតដោយបច្ចេកវិទ្យា។ ព្រំដែនបែងចែក រវាង ការពិត ភាពប្រត្យក្ស និង ការប្រឌិតក្លែងក្លាយ វារលាយបាត់រូប ធ្វើឲ្យស្មារតី និងមតិយលឃើញរបស់មនុស្សទូទៅ លែងដឹងខុសត្រូវ សទៅជាខ្មៅ ខ្មៅទៅជាស។ ចំណុចនេះ វាគឺជាបញ្ហាគ្រោះថ្នាក់ធំណាស់ មកលើគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោកយើង។ តែពេលណាមនុស្សយើង លែងអាចបែកចែកអ្វីជាការពិត អ្វីជាការកុហកបោកប្រាស់ហើយ គឺមនុស្សយើង មិនអាចធ្វើការសម្រេចចិត្ត ដោយសច្ចធម៌ត្រឹមត្រូវបានតទៅទៀតទេ៕
3-5-2023 • 7 minuten, 27 seconden ប្រឈមមុខនឹងភាពតានតឹងនៅសមុទ្រចិនខាងត្បូង សហ រដ្ឋអាមេរិក ប្រកាសគាំទ្រ ហ្វីលីពីន ដោយឥតងាករេ
ប្រធានាធិបតីហ្វីលីពីន លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ បំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៤ ថ្ងៃ នៅសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក ចូ បៃដិន ទទួលជួបប្រធានាធិបតីហ្វីលីពីន នៅថ្ងៃចន្ទ ទី១ ឧសភា។ នៅក្នុងសេតវិមានអាមេរិក លោក ចូ បៃដិន បានប្រាប់សមភាគីហ្វីលីពីន ពីការគាំទ្រ«គ្មានងាករេ»ចំពោះហ្វីលីពីន។ ហ្វីលីពីន កំពុងទទួលគំនាបខ្លាំងពីប្រទេស ចិន។
អាមេរិក គាំទ្រ ហ្វីលីពីន យ៉ាងពេញទំហឹងឥតងាករេ
អាមេរិក និង ហ្វីលីពីន ជាសម្ព័ន្ធមិត្តយោធា ជាង ៧០ ឆ្នាំមកហើយ។ ការជួបប្រាស្រ័យគ្នារវាងថ្នាក់ដឹកនាំអាមេរិកនិងហ្វីលីពីន គឺជាទម្លាប់ធម្មតា ក្នុងរយៈពេលជាង៧ទសវត្សរ៍មកហើយ ដ្បិតថា សហរដ្ឋអាមេរិកនិងហ្វីលីពីន បានចុះកិច្ចព្រមព្រៀងចងសម្ព័នរួមគ្នា តាមរយៈកិច្ចព្រមព្រៀងវិស័យការពារជាតិរួម តាំងតែពីឆ្នាំ១៩៥១ គឺនៅអំលុងពេលសង្គ្រាមកូរ៉េ។
ឡើងកាន់អំណាចរដ្ឋនៅខែមិថុនាឆ្នាំទៅមិញ លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ បានជួបប្រាស្រ័យផ្ទាល់ជាមួយលោក ចូ បៃដិន ជាលើកទី១ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ នាខែកញ្ញា ឆ្នាំ២០២២។ ម្តងទៀត លើកទី២ពេលនេះ នៅរដ្ឋធានីវ៉ាស៊ីនតោន តែម្តង។ នៅចន្លោះពេលនេះ អ្នកស្រី អនុប្រធានាធិបតីអាមេរិក កាមីឡា ហារីស ក៏បានអញ្ជើញទៅរដ្ឋធានីម៉ានីល ដែរ។
និយាយដាច់ដោយឡែក គឺ ដំណើរទស្សនកិច្ចពេលនេះ ជាលើកទី១ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ដែល ប្រមុខរដ្ឋហ្វីលីពីន បំពេញទស្សនកិច្ចផ្លូវរដ្ឋ ដោយផ្ទាល់ នៅអាមេរិក។ នេះក៏ព្រោះតែ អតីតប្រមុខរដ្ឋហ្វីលីពីនចាស់ លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានប្រកាសជំហរស្អប់ខ្ពើមអាមេរិកដែល«ម្ចាស់អាណានិគម» ហើយនិងចង់ងាកទៅស្និទ្ធស្នាលជាមួយចិន។
ការជួបគ្នារវាងប្រមុខរដ្ឋប្រទេសទាំង ២ នៅលើកនេះ គឺគួរឲ្យចាប់អារម្មណ៍ខ្លាំង។ គួរចាប់ចិត្តចង់តាមដាន ដ្បិតថា ហ្វីលីពីន កំពុងជួបភាពតានតឹងជាថ្មីជាមួយ ចិន ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង។ ដើមសប្តាហ៍មុននិងមុនពេលដំណើររបស់លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ទៅអាមេរិកតែប៉ុន្មានថ្ងៃប៉ុណ្ណោះ គឺ « កប៉ាល នាវាចិន និង ហ្វីលីពីន ហៀបតែនឹងប៉ះទង្គិចគ្នា»។ ម្យ៉ាងទៀត ហ្វីលីពីន ជាប្រទេសដែលនៅកៀកក្បែរ តៃវ៉ាន់ ជាងគេ។ តៃវ៉ាន់ ដែលកំពុងតែជួបភាពតានតឹងខ្លាំងណាស់ដែរ ជាមួយចិន។
បើតាមអ្នកជំនាញខាងយុទ្ធសាស្ត្រ គឺ គេយល់ឃើញថា ប្រសិនបើមានករណីវាយប្រហារឈ្លានពានណាមួយពីសំណាក់ ចិន ទៅលើ តៃវ៉ាន់ នោះ សហរដ្ឋអាមេរិក នឹងមិននៅស្ងៀម ហើយនឹងប្រើប្រាស់មូលដ្ឋានយោធារបស់ហ្វីលីពីន ដើម្បីនឹងវាយបកតបទៅវិញ។
កិច្ចព្រមព្រៀងសំខាន់ៗបន្ថែម
ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំហ្វីលីពីននៅអាមេរិក ប្រទេសទាំង២នឹងចុះកិច្ចព្រមព្រៀង ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ក៏ដូចជា ពង្រឹងវិស័យទាក់ទងខាងយោធាដែរ។នៅក្នុងវិស័យសេដ្ឋកិច្ច ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថានឹងបញ្ចូនគណៈប្រតិភូមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មនិងវិនិយោគ «ជាលើកទី១» ទៅកាន់ប្រទេសហ្វីលីពីន ក្នុងពេលខាងមុខ។
ក្នុងវិស័យយោធាវិញ អាមេរិក ជាសម្ព័ន្ធមិត្តផង និងជាដៃគូសហការយោធា។ ក្នុងពេលថ្មីៗ សហរដ្ឋអាមេរិកបានពង្រីកចំនួនកងទ័ពនៅហ្វីលីពីន ហើយនិងបានចុះកិច្ចព្រមព្រៀងប្រើប្រាស់មូលដ្ឋានយោធាហ្វីលីពីនចំនួន៤បន្ថែមទៀត។ នៅក្នុងបរិបទនៃភាពតានតឹងគ្នារវាង ចិននិងតៃវ៉ាន់ ហ្វីលីពីន បានធ្វើសមយុទ្ធរួមគ្នាជាច្រើនជាមួយអាមេរិកដែលបង្កក្តីក្តៅក្រហាយដល់ចិន។
ពេលនេះ ប្រធានាធិបតីអាមេរិក បញ្ជាក់ថានឹងបញ្ជូនយន្តហោះចម្បាំង ព្រមទាំងកងនាវាចម្បាំង ទៅប្រទេសហ្វីលីពីន។ លោក ចូ បៃដិន ក៏អះអាងនឹងជួយធ្វើ«ទំនើបកម្ម»យោធាហ្វីលីពីន ហើយប្តេជ្ញាថានឹងគាំទ្រហ្វីលីពីនផ្នែកការពារជាតិ រួមទាំងក្នុងសំណុំរឿងជម្លោះសមុទ្ទចិន ផង។
ហ្វីលីពីន ចន្លោះ ចិន ដៃគូពាណិជ្ជកម្មធំទី១ និង អាមេរិក សម្ព័ន្ធមិត្តយោធា។
នៅលើទិដ្ឋភាពសេដ្ឋកិច្ចពាណិជ្ជកម្ម ប្រទេស ចិន គឺ ជាដៃគូពាណិជ្ជកម្មធំទី១ របស់ហ្វីលីពីន។ ដើមឆ្នាំ២០២៣នេះ ប្រធានាធិបតីហ្វីលីពីន លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ បានទៅជួបលោកប្រធានាធិបតីចិន នៅរដ្ឋធានីប៉េកាំង។ ប្រភពពីសារព័ត៌មានរដ្ឋចិន នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានចុះហត្ថលេខាសហការគ្នាក្នុងគម្រោងផ្លូវសូត្ររបស់ចិន សហការគ្នាក្នុងផ្នែកកសិកម្ម នេសាទ សិប្បកម្ម ហិរញ្ញវត្ថុត គយ ថាមពល និងទេសចរណ៍។
នៅចន្លោះការមើលមុខគ្នាមិនចំរវាងចិននិងអាមេរិក គឺ ហ្វីលីពីន ត្រូវប្រកាន់ជំហរមួយនៅកណ្តាល ពុំមែនជាការងាយស្រួលសោះ។ ចូរកុំភ្លេចថា នៅពេលឃោសនាបោះឆ្នោតនិងជាប់ឆ្នោតហើយថ្មីៗ លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ សន្យាថានឹងមិនឲ្យ រដ្ឋអំណាចចិន រំលោភបំពានទឹកដីរបស់ ហ្វីលីពីន សូម្បីតែ១ចង្អាមសោះឡើយ។ ប៉ុន្តែ ពេលក្រោយមក នៅខែមករា ដើមឆ្នាំនេះ ពេលអញ្ជើញទៅប៉េកាំង លោកបានប្រកាសថា«ធ្វើជាមិត្តសម្រាប់គ្រប់គ្នា និងមិនយកនរណាធ្វើសត្រូវ »។
នៅពេលនេះ ពីទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីហ្វីលីពីន លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ បានសារភាពឲ្យគេគ្រប់គ្នាដឹងថា «នៅលើទិដ្ឋភាពភូមិសាស្ត្រនយោបាយ ហ្វីលីពីនសព្វថ្ងៃនេះ កំពុងតែឋិតនៅក្នុងតំបន់ជម្លោះតានតឹងដ៏ស្មុកស្មាញបំផុត។» ក៏ប៉ុន្តែ លោកមានប្រសាសន៍ទៀតថា ជាការធម្មតាទេ ដែលហ្វីលីពីន ត្រូវងាកទៅរកដៃគូសម្ព័ន្ធមិត្តចាស់ឆ្នាំ តែ១ ដែលបានចងគ្នាតាមរយៈកិច្ចព្រមព្រៀងការពារជាតិរួមគ្នា។
ក្នុងសេចក្តីថ្លែងការណ៍រួម អ្នកកាសែតកត់សម្គាល់ថា ប្រធានាធិបតីទាំងពីរ ហាក់ដូចជាប្រយ័ត្នប្រយែង មិនសូវលើកឡើងចំៗពីឈ្មោះប្រទេស ចិន ប៉ុន្មាននោះទេ បើទោះបីជាមានប្រសាសន៍លើកឡើងពីជម្លោះសមុទ្ទចិនខាងត្បូង ក៏ដោយ៕
2-5-2023 • 7 minuten, 38 seconden ស៊ីរី កំពុងបោះជំហាន ដើរចេញពីភាពឯកានយោបាយ នៅក្នុងតំបន់ ?
ធ្លាប់តែឯកា គ្មានអ្នករាប់រកតាំងពីឆ្នាំ២០១១មក ស៊ីរីដឹកនាំដោយលោកប្រធានាធិបតី បាស្ហា អាល់ អាសាដ ចាប់ផ្តើមលេចមុខ មានសំឡេងឡើងវិញក្នុងតំបន់។ នៅថ្ងៃចន្ទទី ១ ឧសភានេះ ប្រទេសហ្សកដានីបានទទួលរៀបចំជំនួបប្រជុំមួយ ដើម្បីជជែកអំពីទំនាក់ទំនងជាប្រទេសស៊ីរី។ ក្នុងបរិបទការទូតដ៏កក់ក្តៅនេះ ប្រធានាធិបតីអ៊ីរ៉ង់ ក៏នឹងអញ្ជើញទៅដល់ក្រុងដាម៉ាស នាថ្ងៃពុធខានស្អែក ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃនៅស៊ីរី។
នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងការបរទេស ស៊ីរី ហ្សកដានី អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ បានមកជំនួបប្រជុំគ្នានៅទីក្រុង អាម៉ង់ ដើម្បីបន្តជជែកអំពីអ្វីដែលក្រុមប្រទេសជាសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្ទពែក្សនិងក្រុមប្រទេសអារ៉ាប បានជួបពិគ្រោះសួរយោបល់គ្នា នៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីពាក់កណ្តាលខែមេសា។
កម្មវត្ថុចំបង គឺចង់នាំប្រទេសស៊ីរីឱ្យត្រលប់មកចូលក្នុងសម្ព័ន្ធអារ៉ាប់វិញ ប៉ុន្តែបើតាមអ្នកនាំពាក្យក្រសួងការបរទេសហ្សកដានី ជំនួបថ្ងៃនេះជាការពិនិត្យមើលឡើងវិញនូវទំនាក់ទំនង ជាមួយរដ្ឋាភិបាលស៊ីរី ក្នុងការឈានទៅសម្រេចរកដំណោះស្រាយនយោបាយឱ្យវិបត្តិដ៏រាំរ៉ៃជាង១២ឆ្នាំ។
តាំងពីឆ្នាំ២០១១មក ដោយហេតុតែនយោបាយបង្ក្រាបចលនាបដិវត្តប្រជាជនយ៉ាងហិង្សា រដ្ឋាភិបាលស៊ីរីដឹកនាំដោយលោកបាស្ហារ អាល់អាសាដ បានធ្លាក់ក្នុងភាពឯកាការទូតយ៉ាងខ្លាំង លើឆាកអន្តរជាតិ។ ស៊ីរីត្រូវបានផាត់ចេញពីសម្ព័ន្ធអារ៉ាប់ទៀត តែតាំងពីថ្មីៗកន្លងមកនេះ ប្រទេសអារ៉ាប់មួយចំនួនដូចយ៉ាងអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងទុយនីស៊ី បានចាប់ផ្តើមនិយាយរកក្រុងដាម៉ាស។
កាលពីថ្ងៃទី ១៨ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានថែមទាំងអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងដាម៉ាស ជាលើកទីមួយ ដោយមានការទទួលស្វាគមន៍ផ្ទាល់ពីសំណាក់លោកប្រធានាធិបតីស៊ីរី បាស្ហារ អាល់អាសាដផង។ នៅថ្ងៃពុធទី ៣ឧសភា ប្រធានាធិបតីអ៊ីរ៉ង់ លោក រ៉ៃស៊ី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ ជាលើកទីមួយដែរ នៅក្នុងស៊ីរី រយៈពេលពីរថ្ងៃ។ ទស្សនកិច្ចនេះនឹងផ្តល់ប្រយោជន៍ខ្លាំងណាស់ដល់តំបន់ និងអ៊ីរ៉ង់ផ្ទាល់ តែជាពិសេសស៊ីរីតែម្តង ដើម្បីបង្ហាញថាប្រទេសលែងឯកានយោបាយ។
ហេតុអ្វីក្រុមប្រទេសអារ៉ាប់ចង់រាប់រកស៊ីរីវិញ ?
ភាពវិជ្ជមានជាទូទៅក្នុងតំបន់ ផ្តើមដោយការភ្ជាប់ទំនាក់ទំនងជាប្រក្រតី រវាងអតីតគូប្រជែងក្នុងតំបន់ អារ៉ាប៊ីសាអូឌីត ដែលគាំទ្រពួកឧទ្ទាមនៅស៊ីរី និងអ៊ីរ៉ង់ដែលគាំទ្ររដ្ឋាភិបាលក្រុងដាម៉ាសយ៉ាងខ្លាំង ជាអំណោយសម្រាប់របបលោកបាស្ហារអាល់អាសាដ ក្នុងស្តារទំនាក់ទំនងជាមួយក្រុមប្រទេសអារ៉ប់ឡើងវិញ។ ហើយអ្វីៗហាក់ដូចជាចាប់ផ្តើមប្រែប្រួលកាន់តែលឿនខ្លាំង ក្រោយពីមានគ្រោះរញ្ជួយដី ថ្ងៃទី៦ កុម្ភៈនៅព្រំដែនជាមួយតួកគី ដែលបានធ្វើឱ្យប្រទេសទាំងពីរ គឺតួកគី និងស៊ីរី រងគ្រោះយ៉ាងធ្ងន់ធ្ងរ។ មូលហេតុមួយទៀតគឺ ទំនងដោយសារគំនិតផ្តួចផ្តើមរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ រាជទាយាទ បេន សាលម៉ាន មានមហិច្ឆតាចង់ឲ្យពិភពអារ៉ាប់ដើរតួនាទីស្នូលជួយដោះស្រាយបញ្ហានៅក្នុងតំបន់ មានជាអាទិ៍វិបត្តិស៊ីរីនេះឯង។ អារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសអារ៉ាប់មួយចំនួនបានយល់ឃើញដូចគ្នាថា វាល្មមដល់ពេលដែលគេត្រូវបិទទំព័រខ្មៅងងឹតនៅស៊ីរី។
ម្យ៉ាងទៀត ពួកគេ មិនចង់បណ្តោយឲ្យស៊ីរីក្លាយសមរភូមិនៃការប្រកួតប្រជែងកម្លាំងរវាងមហាអំណាចមកពីក្រៅផង និងមិនចង់ឃើញអ្នកផ្សេងបន្តលូកដៃចាត់ចែងដោះស្រាយវិបត្តិស៊ីរីផងទេ។ វិបត្តិនៅក្នុងតំបន់ត្រូវតែដោះស្រាយដោយអង្គការនៅក្នុងតំបន់។ អ៊ីចឹងហើយបានជាក្នុងរយៈពេលចុងក្រោយនេះ ទីក្រុងរីយ៉ាដបានពន្លឿនសកម្មភាពការទូតយ៉ាងមមាញឹកជាមួយស៊ីរីដែលមិនធ្លាប់មាននារយៈពេល ១២ឆ្នាំកន្លងមកនេះ។ អារ៉ាប៊ីសាអូឌីតបានរៀបចំកិច្ចប្រជុំថ្នាក់ប្រមុខការទូតនៃ ៩ប្រទេសអារ៉ាប់ ថ្ងៃទី១៤ មេសា ក្នុងនោះ មាន ៦ប្រទេសជាសមាជិកក្រុមប្រឹក្សានៃកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្ស ដើម្បីស្វែងរកកុងស៊ុសនាំស៊ីរីឱ្យត្រលប់មកចូលក្នុងក្រុមអង្គការសម្ព័ន្ធអារ៉ាប់វិញ។ ជំនួបប្រជុំថ្ងៃនោះ គ្មានលទ្ធផលទេ។ ពួកគេត្រូវជួបគ្នាទៀត នៅថ្ងៃនេះនៅហ្សកដានី និង នៅក្នុងជំនួបកំពូលអារ៉ាប់ នៅប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី ១៩ឧសភាខាងមុខនេះ។
តួកគីកម្ចាត់បានមេកើយអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី
សង្គ្រាមនៅស៊ីរី បានផ្តាច់ជីវិតមនុស្សអស់ប្រមាណកន្លះលាននាក់។ ជាងពាក់កណ្តាលនៃប្រជាជនស៊ីរី បានក្លាយជាជនភៀសខ្លួន ឬ ត្រូវបង្ខំចិត្តធ្វើបំលាស់ទីនៅក្នុងផ្ទៃប្រទេស។ លោកប្រធានាធិបតី អាសាដ រំពឹងលើការផ្សារទំនាក់ទំនងជាធម្មតាឡើងវិញជាមួយក្រុមប្រទេសរាជាណាចក្រប្រេងកាតក្នុងតំបន់ ឈូងសមុទ្ទពែក្ស ក្នុងការស្តារ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដែលហិនហោចដោយសង្គ្រាមឡើងវិញ។
ប៉ុន្តែរដ្ឋាភិបាលស៊ីរីរបស់លោកអាសាដនេះ មិនទាន់អាចគ្រប់គ្រងប្រទេសបានទាំងស្រុងទេ។ ផ្ទៃដីប្រទេសមួយភាគ ស្ថិតក្រោមការត្រួតត្រារបស់ក្រុមឧទ្ទាម របស់តួកគីជិតខាង និងផ្នែកខ្លះស្ថិតក្រោមការគំរាមកំហែងរបស់ពួកអង្គការរដ្ឋអ៊ីស្លាម ខ្លាំងនៅឡើយ។ អង្គការរដ្ឋអ៊ីស្លាមបរាជ័យ គ្មានទឹកដីនៅស៊ីរីមែន ប៉ុន្តែពួកវាបន្តមានសកម្មភាពវាយប្រហារនៅស៊ីរី ឥតឈប់។ ជាក់ស្តែងមានស្លាប់៤១នាក់ កាលពីថ្ងៃទី ១៦មេសា នៅក្នុងការវាយប្រហារពីរកន្លែងពីសំណាក់ពួកជីហាតរដ្ឋអ៊ីស្លាម។
ហើយគឺក្នុងខណៈដែលជំនួបប្រជុំស្តីពីស៊ីរីកំពុងរៀបបើកនៅប្រទេសហ្សកដានី ដែលប្រធានាធិបតីតួកគី អ៊ែរដូហ្កាន បានប្រកាសសម្លាប់បានមេកើយក្រុមជីហាតរដ្ឋអ៊ីស្លាម នៅស៊ីរី តាមរយៈប្រតិបត្តិការដឹកនាំដោយភ្នាក់ងារចារកិច្ចតួកគី។ មេជីហាតនេះ ទំនងមានឈ្មោះថា Abou Hussein al-Qourachi ដែលភ្នាក់ងារចារកិច្ចតួកគី តាមដានតាំងពីយូរមកហើយ។ នេះបើតាមប្រសាសន៍បញ្ជាក់របស់លោកអ៊ែរដូហ្កាន ដោយពុំលម្អិតអំពីបរិបទនៃប្រតិបត្តិការទេ៕
1-5-2023 • 6 minuten, 44 seconden បារាំង ធ្លាក់ចំណាត់ថ្នាក់ ក្រោយមានភាពតានតឹងសង ្គមនិងបាតុកម្មប្រឆាំងច្បាប់សោធននិវត្តន៍
Fitch ភ្នាក់ងារទទួលបន្ទុកវាយតម្លៃហានិភ័យបំណុលរបស់រដ្ឋនីមួយៗ បានទម្លាក់ចំណាត់ថ្នាក់ប្រទេសបារាំង មួយកំរិត។ ភ្នាក់ងារFitch បានលើកឡើងអំពីភាពទ័លច្រកនយោបាយនិងកំណែទម្រង់ច្បាប់សោធននិវត្តន៍របស់រដ្ឋាភិបាល លោក ម៉ាក្រុង។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង បានសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍នេះភ្លាមថា ជាការវាយតម្លៃបែបទុទ្ទិដ្ឋនិយម។
Fitch ដែលជាភ្នាក់ងារវាយតម្លៃហានិភ័យបំណុល មួយក្នុងចំណោមភ្នាក់ងារអន្តរជាតិដ៏សំខាន់ចំនួនបួន បានបញ្ចុះចំណាត់ថ្នាក់ប្រទេសមួយកំរិត គឺពីAA ទៅAA-។
ភ្នាក់ងារបានពន្យល់ថា បារាំងមិនត្រឹមតែមានបំណុល និងឱនភាពថវិកា ខ្ពស់ខ្លាំងទេ តែថែមទាំងមានភាពទ័លច្រកនយោបាយ និងសម្ពាធសង្គមតាមតឹងខ្លាំង ដែលស្តែងជាកូដកម្ម បាតុកម្ម ពេញផ្ទៃប្រទេស និងជួនដោយមានអំពើហិង្សាទៀត។
បារាំងចាប់ផ្តើមមានកំណើនសេដ្ឋកិច្ចមែន ប៉ុន្តែក្នុងកំរិតទាបជាងការរំពឹងទុក។ Fitch ព្យាករថាឆ្នាំនេះបារាំងត្រូវមានកំណើន១,១% តែជាក់ស្តែងមានត្រឹម០,៨% និងមានត្រឹមតែ១,៣%នៅឆ្នាំ២០២៤ទល់នឹង១,៩%នៅក្នុងការព្យាករណ៍មុន។ ចំណែករដ្ឋាភិបាលបារាំងខ្លួនឯងរំពឹងលើផែនការកំណើនសេដ្ឋកិច្ច១%។
សម្រាប់ភ្នាក់ងារ បារាំងមានឱនភាពថវិកា និងបំណុលសាធារណៈ ធំណាស់ តែមិនសូវប្រឹងប្រែងកាត់បន្ថយទេ។ បន្ទាប់ពីធ្លាក់ចុះមកនៅ ៤,៧%នៅឆ្នាំ២០២២ ឱនភាពសាធារណៈបារាំងចាប់ស្ទុះឡើងវិញនៅឆ្នាំនេះដល់៤,៩% រួចចូលដល់ឆ្នាំ២០២៤ទើបអាចចាប់ផ្តើមធ្លាក់ចុះជាសន្សឹមៗមកវិញ។ ប៉ុន្តែភ្នាក់ងារFitch គិតថាឱនភាពបារាំងឆ្នាំនេះមានកំរិត៥% និង៤,៧%នៅឆ្នាំក្រោយ។ ចំពោះបំណុលវិញ តាមគម្រោង បំណុលសាធារណៈបារាំងនឹងកើនឡើងដល់១០៨,៣% នៅឆ្នាំ២០២៧។ ទាបជាងការព្យាករណ៍មុនមែន ប៉ុន្តែខ្ពស់ជាងកម្មវត្ថុកំណត់ដោយសហភាពអឺរ៉ុបឆ្ងាយណាស់។ អឺរ៉ុបអនុញ្ញាតឱ្យសមាជិកមានបំណុលត្រឹម៣%នៃផលិតផលសរុបរបស់ប្រទេសតែប៉ុណ្ណោះ។
បាតុកម្មទ្រង់ទ្រាយធំ ថ្ងៃ១ឧសភា
ស្ថានភាពសេដ្ឋកិច្ចមិនសូវល្អហើយ ត្រូវជួបនឹងបញ្ហាសង្គមទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍ ភ្នាក់ងារFitchបានលើកឡើងថា កាលពី៦សប្តាហ៍មុន រដ្ឋាភិបាលបារាំងរបស់លោកម៉ាក្រុង អនុម័តគម្រោងកំណែទម្រង់ច្បាប់សោធននិវត្តន៍ ដំឡើងអាយុចូលនិវត្តន៍ពី៦២ទៅ៦៤ឆ្នាំ ដោយប្រើមាត្រ៤៩,៣ នៃរដ្ឋធម្មនុញ្ញតែម្តង ពោលគឺដោយមិនឆ្លងកាត់ការបោះឆ្នោតនៅសភាទេ។ ជម្រើសអនុម័តច្បាប់បែបនេះ បានជំរុញឱ្យមានឆន្ទៈប្រឆាំងកាន់តែខ្លាំង និងការប្រមូលផ្តុំធ្វើបាតុកម្មកាន់តែ ហិង្សា។
នៅថ្ងៃចន្ទទី ១ ឧសភា ដែលជាប្រពៃណីនៅក្នុងប្រទេសបារាំង តែងតែមានការប្រមូលផ្តុំធ្វើបាតុកម្មដើម្បីបុព្វហេតុច្បាស់លាស់ណាមួយស្រាប់ផង នឹងមានចលនាបាតុកម្មទ្រង់ទ្រាយធំអនេក។ ក្រុមសហជីពទាំងអស់ (៨) របស់បារាំង នឹងចាប់ដៃគ្នាជាធ្លុងមួយ ដង្ហែក្បួន ប្រែក្លាយថ្ងៃទី១ឧសភាទៅជាទិវាប្រជាជនគ្នា ចារក្នុងប្រវត្តិសាស្ត្រ ប្រឆាំងនិងទាមទារឱ្យរំលាយកំណែទម្រង់ច្បាប់សោធននិវត្តន៍វិញ។ ជាការរួបរួមគ្នាជាធ្លុងធ្វើបាតុកម្មដែលពុំធ្លាប់មានទេ គិតចាប់តាំងពីឆ្នាំ២០០៩- ឆ្នាំមានបាតុកម្មប្រឆាំងនឹងវិបត្តិហិរញ្ញវត្ថុអន្តរជាតិមក។
អ៊ីចឹងហើយបានជាភ្នាក់ងារFitch សម្រេចបញ្ចុះចំណាត់ថ្នាក់បារាំង។ សម្រាប់ភ្នាក់ងារ ភាពតានតឹងក្នុងសង្គមបារាំង មួយរយៈចុងក្រោយមកនេះ បានធ្វើឱ្យគម្រោងច្បាប់ធ្វើកំណែទម្រង់មានហានិភ័យខ្ពស់ ហើយអាចបង្កើតជាសម្ពាធសង្កត់លើនយោបាយថវិកាផង ឬអាចនឹងធ្វើឱ្យគម្រោងកំណែទម្រង់មុនក្រឡាប់ចាក់បាន។
ផលវិបាកនៃចំណាត់ថ្នាក់
ការបញ្ចុះចំណាត់ថ្នាក់ របស់Fitch ជាការវាយសំពងលើ សេដ្ឋកិច្ច ហរិញ្ញវត្ថុ បារាំងផង និង ជាពិសេស លើនយោបាយរបស់រដ្ឋាភិបាលលោកម៉ាក្រុង។ តែដោយជាក់ស្តែងនោះ សមត្ថភាពហិរញ្ញវត្ថុបារាំងមិនចោទជាបញ្ហាទេនៅលើទីផ្សារ។ បារាំងមិនពិបាករកអ្នកវិនិយោគឡើយ។ កាលពីឆ្នាំ២០១២-២០១៣ បារាំង ធ្លាប់ធ្លាក់ចំណាត់ថ្នាក់ម្តងពី AAA មកAA ហើយកាលណោះបារាំងក៏មិនបានបាត់បង់អ្នកវិនិយោគដែរ។ គ្រាន់តែថា អត្រាការប្រាក់ត្រូវឡើងខ្ពស់ជាងមុន។ អត្រាការប្រាក់បានឡើងមួយឆ្នាំហើយពី ១ទៅ៣% ព្រោះថា កាលពីសប្តាហ៍មុន ភ្នាក់ងារវាយតម្លៃហានិភ័យបំណុលមួយទៀត គឺ Moody’s បានរក្សាចំណាត់ថ្នាក់ដដែល តែកាលពីខែធ្នូ២០២២ ភ្នាក់ងារ Standard and Poor’s បានសេចក្តីសម្គាល់ អំពីស្ថានភាពធ្លាក់ចុះនៃហិរញ្ញវត្ថុសាធារណៈបារាំងដោយហេតុតែ វិបត្តិថាមពល ហើយគ្រោងនឹងបញ្ចុះចំណាត់ថ្នាក់ដែរនៅក្នុងរបាយការណ៍វាយតម្លៃរបស់ខ្លួនដែលនឹងចេញផ្សាយនៅថ្ងៃទី២មិថុនាខាងមុខ។
ហេតុដូច្នេះហើយបានជារដ្ឋាភិបាលបារាំងបានបញ្ចេញប្រតិកម្មភ្លាម នៅថ្ងៃសៅរ៍នេះ តាមរយៈសំឡេងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដោយចាត់ទុកការវាយតម្លៃរបស់ភ្នាក់ងារFitch ថាមានលក្ខណៈទុទ្ទិដ្ឋនិយម មើលស្រាលលទ្ធផលនៃការប្រឹងធ្វើកំណែទម្រង់ ជាពិសេសកំណែទម្រង់ច្បាប់សោធននិវត្តន៍។ លោករដ្ឋមន្ត្រីបានប្រកាសថា បារាំង បន្តប្រឹងធ្វើកំណែទម្រង់ ដែលនឹងមកប្តូរប្រែគំរូសេដ្ឋកិច្ចបារាំង។
“សូមកុំសង្ស័យលើឆន្ទៈបារាំង។ បារាំងនឹងស្តារហិរញ្ញវត្ថុសាធារណៈ ពន្លឿនការបញ្ចុះបំណុលជាតិ កាត់បន្ថយឱនភាពនិងពន្លឿនការបន្ថយចំណាយសាធារណៈ។” នេះជាពាក្យសន្យារបស់លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្នុងជំនួបប្រជុំជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុបនៅក្រុងស្តុកខុលប្រទេសស៊ុយអែត។
ហើយដើម្បីសាកល្បងបន្ធូរបន្ថយសម្ពាធសង្គម និងពន្លត់កំហឹងពលរដ្ឋជុំវិញកំណែទម្រង់ច្បាប់សោធននិវត្តន៍ ប្រមុខរដ្ឋាភិបាលបារាំង បានប្រកាស កាលពីថ្ងៃពុធ ទិសដៅនយោបាយមួយខ្សែវែង មានជាអាទិ៍ការបញ្ចុះពន្ធដារដល់ពលរដ្ឋស្រទាប់កណ្តាល ចាប់ពីឆ្នាំ២០២៣នេះទៅតែម្តង៕
សម្តេចប៉ាបទៅទស្សនកិច្ចនៅហុងគ្រី ដើម្បីអំពាវនាវ “ការ ស្តារសន្តិភាពនៅអ៊ុយក្រែន”
ថ្ងៃសុក្រទី២៨មេសា សម្តេចប៉ាប ហ្វ្រង់ស្វ័រ ប្រមុខសង្ឃកាតូលិក បានយាងទៅដល់ទីក្រុងប៊ូដាប៉េសត៍ ប្រទេសហុងគ្រី ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ។ កន្លងមក យើងបានសង្កេតឃើញថា សម្តេចប៉ាបហ្វ្រង់ស្វ័រ និងលោកវិកទ័រ អកបាន នាយករដ្ឋមន្ត្រីហុងគ្រី មានទំនោរមិនស្របគ្នាទេ ទាក់ទិននឹងសំណុំរឿងជនភៀសខ្លួន។ តែយ៉ាងណា អ្នកវិភាគជឿថា តាមរយៈទស្សនកិច្ចនាពេលនេះ គឺសម្តេចប៉ាប ទំនងជាចង់រួមកម្លាំងជាមួយលោកនាយករដ្ឋមន្ត្រីហុងគ្រី ដើម្បីអំពាវនាវ ឲ្យមានការស្តារសន្តិភាពនៅអ៊ុយក្រែន ជាជាងការប្រគល់អាវុធឲ្យអ៊ុយក្រែនបន្តធ្វើសង្គ្រាម ដូចអ្វីដែលក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិចកំពុងតែធ្វើនោះ។
បួងសួងសុំសន្តិភាពនៅអ៊ុយក្រែន
ទស្សនកិច្ចនៅទីក្រុងប៊ូដាប៉េសត៍ របស់សម្តេចប៉ាបហ្វ្រ័ងស្វ័រនាពេលនេះ ទំនងជាត្រូវបានសម្តេចសង្ឃកាតូលិក ផ្តល់សារៈសំខាន់ខ្លាំងណាស់ បើទោះបីព្រះអង្គមានសុខភាពទ្រុឌទ្រោម។ ជាងនេះទៀត កាលពីខែកញ្ញាឆ្នាំ២០២១ សម្តេចប៉ាប បានឆ្លងកាត់ និងចុះនៅក្រុងប៊ូដាប៉េសត៍ម្តងរួចហើយ។ ប្រជាជនហុងគ្រី អ្នកកាន់សាសនគ្រិស្ត បានសម្តែងសេចក្តីត្រេកអរណាស់ ដែលសម្តេចប៉ាបមកហុងគ្រីញឹកញាប់បែបនេះ។
ម៉ោងប្រមាណ១០ព្រឹក ថ្ងៃសុក្រនេះ សម្តេចប៉ាប ហ្វ្រង់ស្វ័រ បានយាងទៅដល់ទីក្រុងប៊ូដាប៉េសត៍ហើយ ដោយទស្សនកិច្ច៣ថ្ងៃនេះ គឺព្រះអង្គនឹងគង់នៅតែក្នុងទីក្រុងប៊ូដាប៉េសត៍ប៉ុណ្ណោះ មិនធ្វើដំណើរចុះឡើងឆ្ងាយទេ ព្រោះសុខភាពព្រះអង្គមិនសូវមាំទាំទេ។ តាមការគ្រោងទុក នៅថ្ងៃនេះ សម្តេចប៉ាប និងយាងចូលជួបលោកស្រី Katalin Novak ប្រធានាធិបតីហុងគ្រី នៅឯវិមានប្រធានាធិបតី ហើយបន្ទាប់មកទៀត សម្តេចប៉ាប នឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី វិកទ័រ អកបាន។
សម្តេចប៉ាប នឹងថ្លែងសុន្ទរកថាមួយដែរ ចំពោះមុខអាជ្ញាធរ និងមន្ត្រីអង្គទូតទជាច្រើននាក់។ សុន្ទរកថាដែលតាមការរំពឹងទុក គឺប្រាកដជាស្តីអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ព្រោះថាបញ្ហានេះ គឺជាស្នូលសំខាន់នៃកម្មវត្ថុទស្សនកិច្ចរបស់សម្តេចប៉ាប។ មុននឹងចេញដំណើរមក កាលពីថ្ងៃទី២៣មេសា សម្តេចប៉ាប បានថ្លែងសារមួយទៅកាន់បុព្វជិតអ្នកកាន់សាសនាគ្រិស្តនៅបុរីវ៉ាទីកង់ ថា សូមឲ្យគ្រប់គ្នា សូត្រធម៌បន់ស្រន់បួងសួងដើម្បីសន្តិភាពនៅតំបន់អឺរ៉ុបកណ្តាល ជាទីដែលសង្គ្រាមកំពុងតែឆាបឆេះ។ នៅក្នុងសារនោះ ព្រះអង្គបានអំពាវនាវថា “សូមកុំបំភ្លេចចោលប្រជាជនអ៊ុយក្រែន ដែលកំពុងរងគ្រោះដោយសង្គ្រាម”។
ផ្ញើសារប្រាប់ទៅក្រុមសម្ព័ន្ធមិត្តលោកខាងលិច ថាត្រូវឈប់ជំរុញការធ្វើសង្គ្រាម
សម្តេចប៉ាបហ្វ្រង់ស្វ័រ មានគោលជំហរគាំទ្រតែសន្តិភាព ដោយមិនគាំទ្រការធ្វើសង្គ្រាមនោះទេ។ សម្តេចប៉ាប បានរងចាំច្រើនខែណាស់ ទំរាំតែប្រកាសទទួលស្គាល់ភាពត្រឹមត្រូវរបស់អ៊ុយក្រែន ដែលប្រឹងប្រែងធ្វើសង្គ្រាមប្រយុទ្ធការពារខ្លួន។ តែទន្ទឹមគ្នានេះ សម្តេចប៉ាបមិនគាំទ្រក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ដែលប្រគល់អាវុធទៅឲ្យអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមនោះទេ។ សម្តេចប៉ាបហ្វ្រង់ស័រ ចង់រុញឲ្យរុស្ស៊ីនិងអ៊ុយក្រែន ជួបគ្នា ចរចាគ្នា ដើម្បីឈានទៅទម្លាក់អាវុធ ឈប់ធ្វើសង្គ្រាមតទៅទៀត។
គោលជំហរ ប្រឆាំងសង្គ្រាម គាំទ្រសន្តិភាពនេះ ស្រដៀងទៅនឹងគោលជំហររបស់ លោកវិកទ័រ អកបាន នាយករដ្ឋមន្ត្រីហុងគ្រីដែរ។ លោកវិកទ័រ អកបាន បានបរិហារថា ក្រុមប្រទេសលោកខាងលិចនាំគ្នាជ្រើសយកជម្រើសធ្វើសង្គ្រាម រុញអ៊ុយក្រែនឲ្យធ្វើសង្គ្រាម ខណៈហុងគ្រីវិញ ជ្រើសយកជម្រើសសន្តិភាព ចង់ឲ្យមានការចរចាសន្តិភាព។ តែយ៉ាងណាសម្តេចប៉ាបហ្វ្រង់ស្វ័រ បានប្រកាសថ្កោលទោសរុស្ស៊ី ដែលបានបញ្ឆេះភ្លើងសង្គ្រាមនេះឡើង។ ក៏ប៉ុន្តែលោកវិកទ័រ អកបានវិញ មិនបានថ្កោលទោសរុស្ស៊ីឲ្យចំៗទេ។ លោកម្នាក់នេះ បានបដិសេធមិនជួយជាគ្រឿងសព្វាវុធទៅឲ្យអ៊ុយក្រែនទេ បើទោះបីហុងគ្រីជាសមាជិករបស់សហភាពអឺរ៉ុបក្តី។ គោលជំហរស្រពិចស្រពិលទាំងនេះ ត្រូវបានគេសម្លឹងឃើញថា ធាតុពិត គឺលោកវិកទ័រ អកបាន មិនចង់ធ្វើឲ្យលោកពូទីនខឹងខ្លួនតែប៉ុណ្ណោះ។
ប្រមុខសាសនានិកាយកាតូលិកហ្វ្រង់ស៊ីសកាន ដ៏មានឥទ្ធិពលនិងស្និទជាមួយរដ្ឋាភិបាលហុងគ្រីម្នាក់ ធ្លាប់បានលើកឡើងថា ខ្លួនមានការតក់ស្លុតក្នុងចិត្ត ដែលឃើញថានៅអ៊ុយក្រែន គេមិនបន់ស្រន់បួងសួងឲ្យមានសន្តិភាពទេ តែបែរជាបន់ស្រន់បួងសួងធ្វើម៉េចឲ្យតែឈ្នះសង្គ្រាមទៅវិញ។ លោកម្នាក់នេះ អះអាងទៀតថា សម្តេចប៉ាបត្រេកអរណាស់ ដែលឃើញថាហុងគ្រី គឺជាទីដ៏កម្រ ដែលគាំទ្រចង់បានសន្តិភាព។ ប្រភពពីបុរីវ៉ាទីកង់វិញ បានលើកឡើងថា “ទស្សនកិច្ចរបស់សម្តេចប៉ាបហ្វ្រង់ស្វ័រ នៅប៊ូដាប៉េសត៍នាពេលនេះ គឺសម្តេចប៉ាប ចង់ផ្ញើសារប្រាប់ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិចថា អ្វីដែលពួកខ្លួនគិត គឺមិនមែនសុទ្ធតែត្រូវបានសហគមន៍អ្នកកាន់សាសនាកាតូលិកទាំងអស់ គាំទ្រគ្រប់គ្នានោះទេ”។
ជំហរដូចគ្នាក្នុងរឿងអ៊ុយក្រែន តែខុសគ្នាស្រឡះក្នុងរឿងជនភៀសខ្លួន
សារអំពាវនាវស្វែងរកសន្តិភាពនៅអ៊ុយក្រែននេះ គឺជាកត្តាដែលបានរុញឲ្យលោកនាយករដ្ឋមន្ត្រីហុងគ្រី និងសម្តេចប៉ាបហ្វ្រង់ស្វ័រ មានភាពរាក់ទាក់ស្វាគមន៍គ្នាទៅវិញទៅមក។ បណ្តាញសារព័ត៌មានក្នុងស្រុកហុងគ្រី ដែលពីមុនមកមានទំនោរប្រឆាំងនឹងសារអំពាវនាវ របស់សម្តេចប៉ាប ទាក់ទិនសំណុំរឿងជនភៀសខ្លួន ពេលនេះបាននាំគ្នាចុះផ្សាយព្រោងព្រាត សរសើរសម្តេចប៉ាបហ្វ្រង់ស្វ័រ។
តែយ៉ាងណា ក្នុងសំណុំរឿងជនភៀសខ្លួន រវាងលោកវិកទ័រ អកបាន និងសម្តេចប៉ាបហ្វ្រង់ស័រ គឺនៅតែមានការខ្វែងគំនិតគ្នាខ្លាំងណាស់។ អ្នកទាំង២មានទស្សនវិស័យមិនដូចគ្នាទេ។ សម្តេចប៉ាប ធ្លាប់បានផ្ញើសារអំពាវនាវ ឲ្យប្រជាជនហុងគ្រី រដ្ឋាភិបាលហុងគ្រី ឲ្យបើកចិត្តឲ្យទូលាយ ប្រកបដោយមេត្តាធម៌ ទទួលយកជនភៀសខ្លួនមកពីតំបន់ដើមបូព៌ា ដែលកាន់សាសនាអ៊ីស្លាម។ ជាសារដែលលោក វិកទ័រ អកបាន ស្តាប់មិនចូលត្រចៀកទេ។ ប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលហុងគ្រី ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីស្តាំនិយមរូបនេះ បានប្រើគ្រប់មធ្យោបាយ ដើម្បីរារាំងជនភៀសខ្លួន ជនអន្តោប្រវេសន៍ មិនឲ្យចូលមកហុងគ្រី។ ឆ្នាំ២០២២កន្លងទៅ ហុងគ្រីបានផ្តល់ក្រដាសស្នាមដល់ជនភៀសខ្លួន តែ១០នាក់តែប៉ុណ្ណោះ។
ទស្សនកិច្ចរបស់សម្តេចប៉ាបនៅប៊ូដាប៉េសត៍នាពេលនេះ មិនមែនជារឿងងាយស្រួលប៉ុន្មានទេសម្រាប់បុរីវ៉ាទីកង់។ សម្តេចប៉ាបហ្វ្រង់ស្វ័រ ស្ថិតនៅលើផ្លូវដើរដែលតូចចង្អៀតណាស់។ ម្ខាងជាទស្សនវិស័យស្រដៀងគ្នាជាមួយលោកវិកទ័រ អកបាន ទាក់ទិននឹងសារអំពាវនាវឲ្យបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយម្ខាងទៀត ទាក់ទិននឹងការទទួលជនភៀសខ្លួន ដែលអ្នកទាំង២គិតខុសគ្នាដូចមេឃនឹងដី។ រដ្ឋាភិបាលហុងគ្រីដែលរើសអើងប្រកាន់សាសនានោះ មិនចង់បើកទ្វារទទួលជនភៀសខ្លួន ដែលកាន់សាសនាផ្សេង ក្រៅពីសាសនាគ្រិស្តជាដាច់ខាត៕
28-4-2023 • 6 minuten, 55 seconden អាមេរិកនិងកូរ៉េខាងត្បូងចាប់ដៃគ្នាក្នុងកិច្ចព្រម ព្រៀងស្តីពីការប្រើអាវុធនុយក្លេអ៊ែរ
អាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូងចុះកិច្ចព្រមព្រៀងថ្មី សំដៅពង្រឹងឆ័ត្រនុយក្លេអ៊ែរអាមេរិកដើម្បីការពារកូរ៉េខាងត្បូង។ នៅក្នុងសន្និសីទកាសែតដែលធ្វើឡើង នៅក្រោយជំនួបកំពូល កាលពីថ្ងៃពុធ នៅសេតវិមាន ប្រធានាធិបតីអាមេរិក លោកចូ បៃដិននិងប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយោល បានបង្ហាញចេតនាចង់ពង្រឹងការសហការរវាងសម្ព័ន្ធមិត្តទាំងពីរ ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប្រមុខដឹកនាំកូរ៉េខាងត្បូងនិងអាមេរិកព្រមានផងដែរ កូរ៉េខាងជើង កុំឲ្យវាយប្រហារនុយក្លេអ៊ែរលើអាមេរិក ឬប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក បើសិនមិនចង់ឲ្យអាមេរិកប្រើអាវុធនុយក្លេអ៊ែរ ឬទីបញ្ចប់នៃរបបកុម្មុយនិស្តព្យុងយ៉ាង។
នៅក្នុងជំនួបទ្វេភាគី ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន សុខយោល នៅសេតវិមាន កាលពីថ្ងៃពុធ លោកប្រធានាធិបតីអាមេរិក ចូ បៃដិនបានសន្យាធានាការពារសម្ព័ន្ធមិត្តកូរ៉េខាងត្បូង នៅចំពោះមុខការគំរាមកំហែងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង តាមរយៈការចុះកិច្ចព្រមព្រៀង ដែលមានឈ្មោះ សេចក្តីប្រកាសវ៉ាស៊ីនតោន។
សេចក្តីប្រកាសវ៉ាស៊ីនតោនមានចែងថា អាមេរិក និងកូរ៉េខាងត្បូងព្រមព្រៀងគ្នាពង្រឹងសហប្រតិបត្តិការយោធា និងការពិគ្រោះយោបល់ឲ្យកាន់តែជិតស្និទ្ធខ្លាំងជាងមុន។
តាមមន្រ្តីអាមេរិក សេចក្តីប្រកាសវ៉ាស៊ីនតោន ជាលទ្ធផលនៃការពិភាក្សាចរចាជាច្រើនខែមកហើយ រវាងអាមេរិក និងកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងត្បូងធ្លាប់ទាមទារចង់បានការបញ្ជាក់ និងសកម្មភាពជាក់ស្តែងរបស់អាមេរិក ដើម្បីការពារកូរ៉េខាងត្បូង នៅចំពោះមុខកូរ៉េខាងជើង ដែលបង្កើនការបាញ់សាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែរ កាន់តែទំនើបៗ គំរាមកំហែងកូរ៉េខាងត្បូង។
ថ្លែងនៅក្នុងសន្និសីទកាសែតរួមជាមួយលោកប្រធានាធិបតីចូ បៃដិន ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន ស៊ុកយោល និយាយថា សេចក្តីប្រកាសវ៉ាស៊ីនតោន ជាការសន្យាថ្មី មិនធ្លាប់មាន របស់អាមេរិក ដើម្បីទប់ទល់ និងការពារសម្ព័ន្ធមិត្តរបស់អាមេរិក តាមរយៈការប្រើអាវុធនុយក្លេអ៊ែរ។
ទៅតាមសេចក្តីប្រកាសវ៉ាស៊ីនតោន អាមេរិកយល់ព្រមបញ្ជូននាវាមុជទឹកដែលមានមីស៊ីលបាលីស្ទិក បំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យទៅបើកក្រវែល នៅទឹកសមុទ្រកូរ៉េខាងត្បូង ក្នុងពេលមានកំណត់មួយ ប៉ុន្តែ មិនទៅប្រចាំការជាអចិន្ត្រៃយ៍នោះទេ។ នេះជាលើកទី១ ក្នុងប្រវត្តិសហប្រតិបត្តិការយោធាអាមេរិក និងកូរ៉េខាងត្បូង បន្ទាប់ពីអាមេរិកដកចេញអស់អាវុធនុយក្លេអ៊ែរពីកូរ៉េខាងត្បូង កាលពីឆ្នាំ ១៩៩១។
ក្រៅពីនាវាមុជទឹក អាមេរិកអាចបញ្ជូននាវាដឹកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅហោះម្តងម្កាល នៅកូរ៉េខាងត្បូង។ ម្យ៉ាងទៀត តាមសេចក្តីប្រកាសវ៉ាស៊ីនតោន អាមេរិកនឹងដាក់បញ្ចូលកូរ៉េខាងត្បូងទៅក្នុងផែនការនុយក្លេអ៊ែររបស់អាមេរិក។ មានន័យថា អំណើះតទៅ ភាគីកូរ៉េខាងត្បូងនឹងត្រូវអនុញ្ញាតឲ្យចូលរួមក្នុងការប្រជុំបន្ទាន់របស់មន្រ្តីអាមេរិក ទាក់ទងនឹងការប្រើអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ កូរ៉េខាងត្បូងមិនត្រឹមទទួលបានព័ត៌មានស្តីពីប្រភេទ និងរបៀបប្រើនុយក្លេអ៊ែររបស់អាមេរិកតែប៉ុណ្ណោះទេ ប៉ុន្តែ កូរ៉េខាងត្បូងនៅអាចមានសិទ្ធិបញ្ចេញយោបល់របស់ខ្លួនសម្រាប់ផែនការបន្ទាន់ ដែលអាមេរិកអាចរៀបចំឡើងដើម្បីឆ្លើយតបនឹងការវាយប្រហារនុយក្លេអ៊ែរណាមួយរបស់កូរ៉េខាងជើង។ ដែលនេះទើបមានជាលើកទី១ បន្ទាប់ពីកូរ៉េខាងត្បូងបានទាមទារអស់ជាច្រើនឆ្នាំ។ កូរ៉េខាងត្បូងចង់បានសិទ្ធិដូចប្រទេសនៅអឺរ៉ុប ដែលចូលរួមយ៉ាងសកម្ម នៅក្នុងផែនការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរអាមេរិក ដែលមាន នៅទឹកដីអឺរ៉ុប។
អាមេរិកយល់ព្រមពង្រឹងឆ័ត្រនុយក្លេអ៊ែរការពារកូរ៉េខាងត្បូង ប៉ុន្តែ កូរ៉េខាងត្បូងត្រូវបោះចោលមហិច្ឆតា មានអាវុធនុយក្លេអ៊ែរ
កូរ៉េខាងត្បូងធ្លាប់មានចិត្តចង់អភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែរ កាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ប៉ុន្តែ នៅពេលអាមេរិកដឹងរឿងនេះ អាមេរិកបានដាក់ឱសានវាទឲ្យកូរ៉េខាងត្បូងជ្រើសរើសថា តើចង់បន្តមហិច្ឆតា ផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ឬត្រូវការឆ័ត្រការពារសន្តិសុខពីអាមេរិក ដែលនៅក្នុងនោះមានផងដែរ ការប្រើអាវុធនុយក្លេអ៊ែរអាមេរិក។ កូរ៉េខាងត្បូងបានរើសយកជម្រើសទី២ ដោយអនុញ្ញាតឲ្យអាមេរិកពង្រាយកងទ័ពជាច្រើនម៉ឺននាក់ នៅទឹកដីកូរ៉េខាងត្បូង។
ប៉ុន្តែ ស្ថានការណ៍បានវិវត្តប្រែប្រួលច្រើន។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កូរ៉េខាងជើង ក្រោមការដឹកនាំរបស់លោកគីម ជុងអ៊ុនសម្រុកអភិវឌ្ឍផលិតមីស៊ីលទំនើបៗ និងប្រកាសតាំងខ្លួនជាមហាអំណាចនុយក្លេអ៊ែរ នឹងគេដែរ។ ជាញយដង កូរ៉េខាងជើងបានគំរាមកំហែងថា នឹងវាយប្រហារកូរ៉េខាងត្បូង ជាមួយមីស៊ីលដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ ព្យុងយ៉ាងនៅបានបង្ហាញថា ខ្លួនមានសមត្ថភាពវាយប្រហារដល់ទឹកដីអាមេរិក ដែលស្ថិតនៅចម្ងាយ រាប់ម៉ឺនគីឡូម៉ែត្រពីកូរ៉េខាងជើង។
ដោយសារតែឃើញមីស៊ីល អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង កាន់តែទំនើប និងមានសមត្ថភាពវាយប្រហាររហូតដល់ទឹកដីអាមេរិក ប្រជាជនកូរ៉េខាងត្បូង ចាប់ផ្តើមសង្ស័យ និងចោទសួរពីចេតនារបស់អាមេរិកដើម្បីមកជួយកូរ៉េខាងត្បូង ក្នុងករណីដែលមានការវាយប្រហារនុយក្លេអ៊ែរពីកូរ៉េខាងជើង។ ក្នុងករណីដែលកូរ៉េខាងជើងគំរាមឲ្យអាមេរិកដកខ្លួន កុំអន្តរាគមជួយសេអ៊ូល បើសិនមិនចង់ឲ្យកូរ៉េខាងជើងវាយប្រហារនុយក្លេអ៊ែរលើទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ របស់អាមេរិក តើអាមេរិកនឹងរើសយកមួយណា? សម្រាប់ប្រជាជនកូរ៉េខាងត្បូង អាមេរិកប្រាកដជាជ្រើសរើសជួយសាន់ហ្វ្រាន់ស៊ីស្កូ ដែលជាទឹកដីរបស់ខ្លួន ប៉ុន្តែ មកជួយសេអ៊ូលនោះទេ។ ដោយសារតែគិតថា មានតែខ្លួនឯងជួយខ្លួនឯងនេះហើយ បានជាប្រជាជនកូរ៉េខាងត្បូង កាន់តែច្រើន តាមការស្ទង់មតិមានដល់ទៅ ៦៥% ចង់ឲ្យកូរ៉េខាងត្បូងមានសមត្ថភាពផលិតគ្រាប់បែកនុយក្លេអ៊ែរដោយខ្លួនឯង ដោយមិនចាំបាច់ពឹងអាមេរិកដូចមុនទៀត។ ម្យ៉ាង ប្រជាជនកូរ៉េខាងត្បូងហាក់កាន់តែលែងសូវជឿទុកចិត្តលើការសន្យារបស់អាមេរិក នៅពេលគេធ្លាប់លឺ អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ គំរាមឲ្យកូរ៉េខាងត្បូងត្រូវបង់ថ្លៃឲ្យអាមេរិក បើសិនចង់ឲ្យកងទ័ពអាមេរិកនៅបន្តឈរជើងការពារកូរ៉េខាងត្បូង។
ផ្ទុយពីលោកដូណាល់ ត្រាំ លោកប្រធានាធិបតីចូ បៃដិនបានចេញមុខមកធានាសមភាគីកូរ៉េខាងត្បូង ដោយនិយាយព្រមានខ្លាំងៗ កូរ៉េខាងជើងថា បើសិនជាហ៊ានវាយប្រហារអាមេរិក ឬប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក ដោយគ្រាប់មុយក្លេអ៊ែរ នោះ កូរ៉េខាងជើងត្រូវជួបគ្រាប់នុយក្លេអ៊ែររបស់អាមេរិកវិញ។ សម្រាប់លោកចូ បៃដិន ការវាយប្រហារនុយក្លេអ៊ែរណាមួយរបស់កូរ៉េខាងជើង នឹងធ្វើឲ្យរបបកូរ៉េខាងជើងត្រូវអវសាន្តជីវិត។
ប៉ុន្តែ បើមើលទៅលើតម្រូវការ និងក្តីបារម្ភរបស់ប្រជាជនកូរ៉េខាងត្បូងសព្វថ្ងៃ ការចេញមុខធានារបស់មេដឹកនាំអាមេរិក និងសេចក្តីប្រកាសវ៉ាស៊ីនតោន ដែលមាននិយាយពីការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរ ទៅបើកឆ្វែលកូរ៉េខាងត្បូងនៅតែមិនគ្រប់គ្រាន់។ ផ្ទុយទៅវិញ ប្រជាជនកូរ៉េខាងត្បូង ត្រូវខកចិត្តសាជាថ្មី ព្រោះថា ជាថ្នូនឹងការសន្យាទទួលបានឆ័ត្រនុយក្លេអ៊ែររបស់អាមេរិក កូរ៉េខាងត្បូងត្រូវបោះបង់ចោលថ្មីម្តងទៀត មហិច្ឆតារបស់ខ្លួន ដែលចង់បាន ផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯង៕
កិច្ចព្រមព្រៀងពង្រឹងឆ័ត្រការពាររបស់អាមេរិកនឹងធ្វើឲ្យកូរ៉េខាងជើងខ្លបខ្លាច?
ក្រោយអាមេរិក និងកូរ៉េខាងត្បូង ចេញសេចក្តីប្រកាសវ៉ាស៊ីនតោន ចិនតាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេសបាននិយាយរំលឹកប្រាប់កូរ៉េខាងត្បូង និងអាមេរិក កុំឲ្យធ្វើសកម្មភាពញុះញង់បង្កជម្លោះជាមួយកូរ៉េខាងជើង។ ប៉េកាំងនៅបានថ្កោលទោសសេចក្តីប្រកាសវ៉ាស៊ីនតោន និងចោទអាមេរិកថា មិនខ្វល់ពីសន្តិសុខក្នុងតំបន់។ សម្រាប់ចិន អាមេរិកងប់ងុលនឹងរឿងតែម្យ៉ាង គឺ ប្រើបញ្ហាឧបទ្វីបកូរ៉េដើម្បីបង្កើតភាពតានតឹង និងបំផ្លាញរបបមិនរីកសាយភាយនុយក្លេអ៊ែរ។
នៅមុនប្រតិកម្មរិះគន់របស់ចិន ភាគីអាមេរិកបានបញ្ជាក់ហើយថា នៅរាល់ការបញ្ជូននាវាចម្បាំង ឬអាវុធនុយក្លេអ៊ែរទៅឧបទ្វីកូរ៉េ អាមេរិកជូនដំណឹងជាមុនជានិច្ចទៅប្រាប់ចិន ដើម្បីកុំឲ្យចិនយល់ច្រលំពីចេតនារបស់អាមេរិក ដែលតាមពិត គឺដើម្បីទប់ទល់នឹងការវាយប្រហារនុយក្លេអ៊ែរណាមួយរបស់កូរ៉េខាងជើង។ ម្យ៉ាង អាមេរិកខកចិត្តណាស់ដែរ ដែលចិនមិនប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីដាក់សម្ពាធទៅលើកូរ៉េខាងជើង រហូតធ្វើឲ្យកូរ៉េខាងជើង នៅពេលនេះ មានអាវុធនុយក្លេអ៊ែរ យកទៅប្រើដើរគំរាមកំហែងប្រទេសជិតខាង។
និយាយពីកូរ៉េខាងជើងវិញ រហូតមកដល់ពេលនេះ ព្យុងយ៉ាងនៅមិនទាន់មានប្រតិកម្មអ្វីទេ។ ប៉ុន្តែ អ្នកជំនាញវាយតម្លៃថា មេដឹកនាំកូរ៉េខាងជើងទំនងគ្មានព្រឺព្រួច បារម្ភខ្លាចពីការគំរាមរបស់អាមេរិក។ កូរ៉េខាងជើងសុខចិត្តធា្លក់ខ្លួនពិបាក ដោយសារទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីសម្រួចសម្រាំង អាវុធនុយក្លេអ៊ែរ រហូតបានក្លាយជាមហាអំនាចនុយក្លេអ៊ែរដូចអាមេរិក។ រឿងអីដែលកូរ៉េខាងជើង ត្រូវខ្លបខ្លាច បោះបង់ចោលអាវុធនុយក្លេអ៊ែរដោយសារការសម្លុត បង្ហាញសាច់ដុំអាវុធនុយក្លេអ៊ែររបស់អាមេរិកនៅសមុទ្រកូរ៉េខាងត្បូង។ នៅដំណាក់កាលនេះ គេលែងអាចបញ្ចុះបញ្ចូលដាក់សម្ពាធឲ្យព្យុងយ៉ាងលះបង់ចោលអាវុធនុយក្លេអ៊ែរដូចមុនទៀតហើយ។ នៅពេលនេះ បើអាមេរិកចង់ចរចាជាមួយកូរ៉េខាងជើង គឺបានត្រឹមតែឲ្យកូរ៉េខាងជើងគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយកុំឲ្យចេះតែផលិតច្រើនជាងចំនួនសព្វថ្ងៃតែប៉ុណ្ណោះ ដូចករណីដែលអាមេរិកបានចុះសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ីកន្លងមក៕
27-4-2023 • 9 minuten, 55 seconden ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើដំណើរទៅរឹតចំណងសម្ ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក
ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន ស៊ុកយោលផ្តើមទស្សនកិច្ចផ្លូវរដ្ឋ នៅសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ។ នៅរដ្ឋធានីវ៉ាស៊ីនតោន ជាទីដែលជាទង់ជាតិកូរ៉េខាងត្បូងបក់រវិច នៅតាមច្រកផ្លូវ និងនៅសេតវិមាន លោកប្រធានាធិបតីអាមេរិកចូ បៃដិន កាលពីថ្ងៃអង្គារម្សិលមិញ បានទទួល អមដំណើរប្រធានាធិបតីកូរ៉េខាងត្បូងគោរពវិញ្ញាណក្ខន្ធទាហានអាមេរិក និងកូរ៉េខាងត្បូង ដែលបានពលីជីវិត នៅក្នុងសម័យសង្រ្គាមកូរ៉េ ពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣។ ប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក តាំងពីថ្ងៃចន្ទ។ នៅថ្ងៃអង្គារ អមដំណើរដោយអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស លោកប្រធានាធិបតីយូន ស៊ុកយោលបានធ្វើទស្សនកិច្ចនៅទីភ្នាក់ងារអវកាស ណាសានៅជាយក្រុងវ៉ាស៊ីនតោន មុននឹងជួបប្រជុំជាមួយពាណិជ្ជករអាមេរិក។ នៅថ្ងៃពុធនេះ លោកយូន ស៊ុកយោលត្រូវបើកជំនួបកំពូលទ្វេភាគីជាមួយ លោកចូ បៃដិន នៅសេតវិមាន។
បន្ទាប់ពីចូលរួមក្នុងជំនួបកំពូលសេដ្ឋកិច្ច និងទស្សនកិច្ចនៅទីភ្នាក់ងារអវកាសណាសា កាលពីថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបើកជំនួបកំពូលទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក នៅថ្ងៃពុធនេះ នៅសេតវិមាន មុននឹងធ្វើសន្និសីទកាសែត និងចូលរួមក្នុងកម្មវិធីជប់លៀង ដែលរៀបចំតាក់តែង ជាពិសេស ដោយភរិយារបស់លោកប្រធានាធិបតីចូ បៃដិន។
ទោះអាមេរិកជាសម្ព័ន្ធមិត្តជិតស្និទ្ធិគ្នាខ្លាំងរបស់កូរ៉េខាងត្បូង ប៉ុន្តែ កម្រនឹងមានប្រធានាធិបតីកូរ៉េខាងត្បូងទៅធ្វើទស្សនកិច្ចនៅទឹកដីអាមេរិកណាស់។ លោកយូន ស៊ុកយោល ជាប្រធានាធិបតីកូរ៉េខាងត្បូងលើកដំបូង ដែលបំពេញទស្សនកិច្ច ផ្លូវរដ្ឋ ទឹកដីអាមេរិក នៅក្នុងរយៈពេល ១២ឆ្នាំមកនេះ។
លោកយូន ស៊ុកយោលជាប្រមុខរដ្ឋបរទេស ទី២ បន្ទាប់ពីប្រធានាធិបតីបារាំង ដែលធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅអាមេរិក នៅក្នុងអាណត្តិដឹកនាំរបស់លោក ចូ បៃដិន។ ក្រៅពីកម្មវិធីដាក់កម្រងផ្កា នៅទីលានគោរពវិញ្ញាណក្ខន្ធទាហានកូរ៉េខាងត្បូង និងកម្មវិធីជប់លៀង នៅថ្ងៃពុធនេះ នៅសេតវិមាន មេដឹកនាំអាមេរិក និងកូរ៉េខាងត្បូងត្រូវផ្តោតលើរឿងសាច់ការ ដូចជា ការសហការយោធានៅចំពោះមុខការការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង សង្រ្គាមអ៊ុយក្រែន និងទំនាក់ទំនងសេដ្ឋកិច្ចរវាងសម្ព័ន្ធមិត្តទាំងពីរ។ ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើទស្សនកិច្ចនៅអាមេរិក ដើម្បីចូលរួមប្រារព្ធផងដែរ ខួប ៧០ឆ្នាំនៃសម្ព័ន្ធយោធាអាមេរិកកូរ៉េខាងត្បូង។
នៅថ្ងៃអង្គារ អនុប្រធានាធិបតីអាមេរិកបានអញ្ជើញលោកទៅធ្វើទស្សនកិច្ចនៅទីភ្នាក់ងារអវកាសណាសា។ នៅថ្ងៃពុធ មេដឹកនាំអាមេរិកក្រាលកម្រាលព្រំក្រហមទទួលប្រមុខរដ្ឋកូរ៉េខាងត្បូងនៅសេតវិមាន។ នៅថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីកូរ៉េខាងត្បូង ឡើងថ្លែងសុន្ទរកថា នៅសភាអាមេរិក ចំណែកនៅថ្ងៃសុក្រ មេដឹកនាំកូរ៉េខាងត្បូង បើកការពិភាក្សានៅសកលវិទ្យាល័យ Havard។
អាមេរិករៀបចំកម្មវិធីអធិកអធម សំបូរបែបដើម្បីទទួល យកចិត្ត លោកប្រធានាធិបតីយូន ស៊ុកយោល ព្រោះលោកជាមេដឹកនាំកូរ៉េខាងត្បូងម្នាក់ ដែលមានទស្សនៈនយោបាយការបរទេស ដូចគ្នា នឹងនយោបាយការបរទេសអាមេរិក ជាពិសេស ក្នុងសំណុំរឿងតៃវ៉ាន់ និងសង្រ្គាមអ៊ុយក្រែន។ ខុសប្លែកពី ប្រធានាធិបតីកូរ៉េខាងត្បូងមុនៗ ដែលប្រុងប្រយ័ត្នមិនហ៊ានរិះគន់ចិន ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ច ព្រោះក្រុមហ៊ុនកូរ៉េខាងត្បូង ដូចជា Samsung ជាដើមវិនិយោគច្រើននៅទឹកចិន លោកយូន ស៊ុកយោល ឯណោះវិញ មិនខ្វល់ និងមិនបានតមសំដី រិះគន់ចិន នៅក្នុងរឿងកោះតៃវ៉ាន់។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតបរទេស មេដឹកនាំកូរ៉េខាងត្បូងធ្លាប់និយាយថា បញ្ហាតៃវ៉ាន់ មិនមែនជារឿងផ្ទៃក្នុងរបស់ចិន ប៉ុន្តែ ជាបញ្ហារបស់ពិភពលោកទាំងមូល ដូចជាបញ្ហានៅឧបទ្វីបកូរ៉េយ៉ាងដូច្នេះដែរ។ ដោយសារតែឃើញថា ប្រធានាធិបតីកូរ៉េខាងត្បូងសព្វថ្ងៃ ប្រកាន់ជំហរថ្មីដាក់ចិន អាមេរិកក៏ឆ្លៀតចង់ឲ្យសម្ព័ន្ធមិត្តកូរ៉េខាងត្បូងកាត់បន្ថយការនាំចូលគ្រឿងបច្ចេកវិទ្យាទៅប្រទេសចិន នៅក្នុងគោលដៅ ដាក់សម្ពាធលើប៉េកាំង។
ក្រៅពីចង់បានជំនួយពីកូរ៉េខាងត្បូង ដើម្បីកាត់បន្ថយការពឹងផ្អែកលើបន្ទះឈីបរបស់ចិន រដ្ឋបាលលោកចូ បៃដិនសង្ឃឹមបញ្ចុះបញ្ចូល ប្រធានាធិបតីកូរ៉េខាងត្បូង ឲ្យបញ្ជូនអាវុធ ទៅជួយអ៊ុយក្រែន ជាពិសេសគ្រាប់និងកាំភ្លើងធំ ដែលកូរ៉េខាងត្បូង សំបូរពេញក្នុងស្តុកឃ្លាំងអាវុធរបស់ខ្លួន។
កូរ៉េខាងត្បូងផ្លាស់ប្តូរជំហរ ចង់ផ្តល់ទៅឲ្យអ៊ុយក្រែន លើសពីជំនួយមនុស្សធម៌
ជាប្រទេសលក់នាំចេញអាវុធ សំខាន់ទី ៩នៅក្នុងពិភពលោក កូរ៉េខាងត្បូងធ្លាប់បានប្រកាសដាច់ណាត់ មិនផ្តល់លក់អាវុធទៅឲ្យអ៊ុយក្រែន នោះបើទោះបីជាប្រធានាធិបតីអ៊ុយក្រែនទទូចសុំផ្ទាល់មាត់ ចង់បានយកទៅប្រើទប់ទល់កងទ័ពរុស្ស៊ីក៏ដោយ។ ភាគីអាមេរិកផ្ទាល់ក៏ធ្លាប់ទាមទារឲ្យសេអ៊ូល ផ្តល់កាំភ្លើងធំ ដែលខ្លួនមានច្រើនសន្ធឹកសន្ធាប់ក្នុងឃ្លាំងអាវុធ ទៅឲ្យអ៊ុយក្រែន ប៉ុន្តែ សេអ៊ូលរារែក មិនព្រមឲ្យ ដោយលើកយកគោលការណ៍របស់កូរ៉េខាងត្បូង ដែលបដិសេធមិនផ្តល់អាវុធឲ្យប្រទេសធ្វើសង្រ្គាម។
ដោយពិតទៅ កូរ៉េខាងត្បូង មិនចង់ផ្តល់សព្វាវុធទៅឲ្យអ៊ុយក្រែន ដោយសារតែមិនចង់ខូចទំនាក់ទំនងជាមួយរុស្ស៊ី ដែលជាដៃគូសេដ្ឋកិច្ចសំខាន់មួយដែររបស់កូរ៉េខាងត្បូង។ ម្យ៉ាង សេអ៊ូលបារម្ភខ្លាចថា បើសិនខ្លួនផ្តល់អាវុធទៅជួយអ៊ុយក្រែន នោះរុស្ស៊ីនឹងអាចខឹងថ្នាំងថ្នាក់នឹងខ្លួន ហើយអាចបែរទៅផ្តល់សព្វាវុធទៅជួយកូរ៉េខាងជើងដែលជាបងប្អូនសត្រូវរបស់កូរ៉េខាងត្បូង។
ប៉ុន្តែ នៅមុនធ្វើទស្សនកិច្ចនៅវ៉ាស៊ីនតោន ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារReuters ថា រដ្ឋាភិបាលរបស់លោកអាចផ្លាស់ប្តូរនយោបាយ ដោយផ្តល់ទៅឲ្យអ៊ុយក្រែន លើសពីជំនួយមនុស្សធម៌។ មេដឹកនាំកូរ៉េខាងត្បូងនិយាយថា ការសម្រេចចិត្តបញ្ជូនសព្វាវុធ ទៅជួយអ៊ុយក្រែន អាស្រ័យទៅលើលក្ខខណ្ឌថា តើរុស្ស៊ីបង្កើនការវាយប្រហារទៅលើប្រជាជនស៊ីវិលដែរទេ។
ការសម្រេចចិត្តរបស់ប្រធានាធិបតីកូរ៉េខាងត្បូងងាកទៅខាងអ៊ុយក្រែន គឺដើម្បីដើរស្របនឹងនយោបាយការបរទេសរបស់អាមេរិក ដែលជាសម្ព័ន្ធមិត្តសំខាន់ ការពារកូរ៉េត្បូង នៅចំពោះមុខការគំរាមកំហែងនុយក្លេអ៊ែរកូរ៉េខាងជើង។ ប៉ុន្តែ វានឹងអាចទៅពើបប្រទះផងដែរនឹងការបង្កើនសហប្រតិបត្តិការយោធារបស់រុស្ស៊ី ជាមួយ កូរ៉េខាងជើង។
ថ្មីៗនេះ ម៉ូស្គូនិយាយថា បើសិនសេអ៊ូលផ្តល់ជំនួយយោធាទៅអ៊ុយក្រែន នោះ មានន័យថា សេអ៊ូលកំពុងចូលរួមក្នុងជម្លោះនៅអ៊ុយក្រែន។ តាមការចុះផ្សាយរបស់ទីភ្នាក់ងាររុស្ស៊ី Tass ប្រធានប្រឹក្សាយោធារុស្ស៊ី លោកឌីមីទ្រី មេដវេឌេវ ធ្លាប់គំរាមថា រុស្ស៊ីនឹងសងសឹកវិញ ដោយបង្កើនការលក់អាវុធទំនើបៗទៅឲ្យកូរ៉េខាងជើង។
ប្រធានាធិបតីកូរ៉េខាងត្បូងទៅអាមេរិកដើម្បីទាមទារចង់បានឆ័ត្រការពារនុយក្លេអ៊ែរ
ប្រធានាធិបតីអាមេរិកសង្ឃឹមបញ្ចុះបញ្ចូលឲ្យប្រធានាធិបតីកូរ៉េខាងត្បូងដាក់សម្ពាធលើក្រុមហ៊ុនកូរ៉េខាងត្បូង ដើម្បីកាត់បន្ថយការនាំចេញគ្រឿងបច្ចេកវិទ្យាទៅចិន និងចង់ឲ្យកូរ៉េខាងត្បូង ផ្តល់អាវុធ ជាពិសេសកាំភ្លើងធំ ដែលអ៊ុយក្រែនត្រូវការចាំបាច់សម្រាប់បើកការប្រយុទ្ធតទល់នឹងរុស្ស៊ី នៅខែឧសភាខាងមុខ។
ប៉ុន្តែ សម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង ទស្សនកិច្ចរបស់លោកនៅវ៉ាស៊ីនតោន លើកនេះ ជាឱកាសដែលលោកចង់ឲ្យសម្ព័ន្ធមិត្តអាមេរិកបញ្ជាក់ការសន្យារបស់ខ្លួន ដើម្បីការពារកូរ៉េខាងត្បូង នៅចំពោះមុខការបាញ់សាកល្បង មីស៊ីលមិនឈប់ឈររបស់កូរ៉េខាងជើង។
ការបញ្ជាក់ជំហររបស់អាមេរិក ដើម្បីការពារកូរ៉េខាងត្បូង នៅចំពោះ មុខគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងអាចជួយកាត់បន្ថយការភ័យខ្លាច ក្តីបារម្ភរបស់ប្រជាជនកូរ៉េខាងត្បូង ដែលកំពុងដាក់សម្ពាធខ្លាំងលើលោកប្រធានាធិបតីកូរ៉េខាងត្បូង។
នៅចំពោះមុខការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រជាជនកូរ៉េខាងត្បូងចាប់សង្ស័យ បារម្ភថា អាមេរិកមិនអាចចេញមុខមកការពារកូរ៉េខាងត្បូងទាំងស្រុងនោះទេ នៅក្នុងករណីមានការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប្រជាជនកូរ៉េខាងត្បូងកាន់ច្រើន បានបង្ហាញយោបល់ចង់ឲ្យកូរ៉េខាងត្បូងអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយខ្លួនឯងសម្រាប់ទប់ទល់មីស៊ីលនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោកប្រធានាធិបតីយុន ស៊ុកយោលផ្ទាល់ ក៏ធ្លាប់ពន្លយពាក្យចង់ឲ្យមានអាវុធនុយក្លេអ៊ែរនៅទឹកដីកូរ៉េខាងត្បូងដែរ។ ប៉ុន្តែ អាចក្នុងរូបភាពជាការពង្រាយអាវុធនុយក្លេអ៊ែររបស់អាមេរិក នៅទឹកដីកូរ៉េខាងត្បូង។
សព្វថ្ងៃនេះ កូរ៉េខាងត្បូងគ្មានអាវុធនុយក្លេអ៊ែរអាមេរិកទាល់តែសោះ បន្ទាប់ពីអាមេរិកដកចេញអស់ពីទឹកដីកូរ៉េខាងត្បូង នៅឆ្នាំ ១៩៩១ នៅពេលកូរ៉េទាំងពីរបានធូរស្រាល ឈប់ឈ្លោះគ្នា ក្នុងសម័យដឹកនាំរបស់ គីម អ៊ីលស៊ុង ជីតារបស់មេដឹកនាំកូរ៉េខាងជើងសព្វថ្ងៃ។
តាមមន្រ្តីអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ នៅក្នុងជំនួបទេ្វភាគី នៅថ្ងៃពុធនេះ លោកចូ បៃដិនអាចនិយាយធានាសម្ព័ន្ធមិត្តកូរ៉េខាងត្បូង តាមរយៈការបញ្ជូននាវាមុជទឹក ដែលមានបំពាក់ដោយគ្រាប់នុយក្លេអ៊ែរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ តាមមន្រ្តីខាងលើ អាមេរិកបញ្ជូននាវាមុជទឹកដែលមានបំពាក់អាវុធនុយក្លែរត្រូវបើកក្រវែលក្បែរកូរ៉េខាងត្បូង នៅក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្តរបស់អាមេរិក នៅចំពោះមុខការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕
26-4-2023 • 8 minuten, 42 seconden សង្រ្គាមអ៊ុយក្រែន៖នៅក្រុមប្រឹក្សាសន្តិសុខ រុស្ស៊ ីតាំងខ្លួនជាអ្នកការពារច្បាប់អន្តរជាតិ
នៅទីក្រុងញូវយ៉ក រុស្ស៊ីប្រធានផ្លាស់វេនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំពិសេស កាលពីថ្ងៃចន្ទ ទី២៤មេសា ដោយផ្តោតសំខាន់ទៅលើប្រធានបទ ការពារគោលការណ៍ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ នៅក្រុមប្រឹក្សាសន្តិសុខ រុស្ស៊ី ដែលតំណាងដោយរដ្ឋមន្រ្តីការបរទេស លោកស៊ែរហ្គេយ ឡាវរ៉ូវ បានរងការរិះគន់ពីក្រុមប្រទេសសមាជិកមួយចំនួន ព្រោះថា រុស្ស៊ី ដែលជាអ្នកធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន ស្រាប់តែពេលនេះ ក្នុងនាមជាប្រធានផ្លាស់វេនរបស់ក្រុមប្រឹក្សាសន្តិសុខ បានមកតាំងខ្លួនជាអ្នកការពារធម្មនុញ្ញសន្តិភាពរបស់អង្គការសហប្រជាជាតិទៅវិញ។
នៅក្រោយចូលធ្វើជាប្រធានផ្លាស់វេនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១មេសា សម្រាប់រយៈពេល១ខែ រុស្ស៊ី បានកោះប្រជុំពិសេស កាលពីថ្ងៃចន្ទទី២៤មេសា នៅក្រោមប្រធានបទ ការពារគោលការណ៍ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ នៅក្រុមប្រឹក្សាសន្តិសុខ អ្នកតំណាងអាមេរិក និងសហភាពអឺរ៉ុបដែលជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានបរិហាររិះគន់រុស្ស៊ីភ្លាមៗថា ឥតមានការអៀនខ្មាស់។
លាក់ពុត គ្មានការអៀនខ្មាស់ អ្នកតំណាងអាមេរិក បារាំង អង់គ្លេស បានប្រើពាក្យវាយប្រហារខ្លាំងៗទៅលើភាគីរុស្ស៊ី ដែលក្នុងនាមជាប្រធានផ្លាស់វេន បានកោះប្រជុំប្រទេសសមាជិកដើម្បីនិយាយពីការការពារគោលការណ៍ធម្មនុញ្ញ និងច្បាប់អន្តរជាតិ។
សម្រាប់អ្នកតំណាងសហភាព អឺរ៉ុប នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបើកកិច្ចប្រជុំដើម្បីពិភាក្សាពីការការពារធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ រុស្សី គឺ គ្មានការអៀនខ្មាស់ទាល់តែសោះ។ ជាអ្នកធ្វើសង្រ្គាមឈ្លានពាន រំលោភដែនអធិបតេយ្យភាពរបស់អ៊ុយក្រែន ដែលជាការរំលោភយ៉ាងច្បាស់ក្រឡែត ច្បាប់អន្តរជាតិ និងធម្មនុញ្ញសន្តិភាពរបស់អង្គការសហប្រជាជាតិ រុស្ស៊ី ក្នុងនាមប្រធានផ្លាស់វេន របស់ក្រុមប្រឹក្សាសន្តិសុខ បែរជាមកតាំងខ្លួនជាអ្នកការពារគោលការណ៍ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិទៅវិញ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃចន្ទម្សិលមិញ អ្នកតំណាងអាមេរិក លោកស្រី Linda Thomas-Greenfield នៅបានលើកបង្ហាញ កូនសៀវភៅធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីចំណុចសំខាន់នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលតាមពិត ត្រូវរុស្ស៊ីរំលោភ យ៉ាងគឃ្លើន គ្មានញញើត តាមរយៈការធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន ដែលជាប្រទេសជិតខាង។
អង្គុយជាប់ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោកស៊ែរហ្គេយ ឡាវរ៉ូវដែលមានវត្តមានជាពិសេស ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនៅក្រុមប្រឹក្សាសន្តិសុខ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយទែរស៍ មិនបានតមសំដី និងបានបរិហារខ្លាំងៗសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
សម្រាប់ប្រធានអង្គការសហប្រជាជាតិ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដែលការរំលោភច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ កំពុងបង្កឲ្យមានការឈឺចាប់ដ៏ធំធេង និងការខូចខាត សម្រាប់ប្រទេស និងប្រជាជនអ៊ុយក្រែន។
នេះមិនមែនជាលើកទី១ ដែលរុស្ស៊ី រងការរិះគន់ បរិហារថ្កោលទោស នៅអង្គការសហប្រជាជាតិ ដោយសារតែរឿងធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ កាលពីថ្ងៃទី ២៣កុម្ភៈកន្លងទៅ នៅក្នុងឱកាសខួប១ឆ្នាំនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន មហាសន្និបាតអង្គការសហប្រជាជាតិទើបបានបោះឆ្នោត ជាមួយសំឡេងគាំទ្រ ចំនួន ១៤១ (ចំណែកសំឡេងប្រឆាំងមានតែ ៧) លើសេចក្តីសម្រេចទាមទារឲ្យរុស្ស៊ីដកទ័ពជាបន្ទាន់ ចេញពីអ៊ុយក្រែន។
រុស្ស៊ីរងការរិះគន់ថា រំលោភច្បាប់អន្តរជាតិ ប៉ុន្តែ រុស្ស៊ីវាយបកវិញថា ប្រព័ន្ធអង្គការសហប្រជាជាតិកំពុងជួបវិបត្តិ ដោយសារស្នាដៃអាមេរិក
រុស្ស៊ីដឹងថា ខ្លួនប្រឈមនឹងការរិះគន់ថ្កោលទោស ដោយសារធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន ដែលជាការរំលោភច្បាប់អន្តរជាតិ ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ប៉ុន្តែ រុស្ស៊ីនៅតែចេញមុខមកតាំងខ្លួនជាអ្នកការពារច្បាប់អន្តរជាតិ និងបរិហារអាមេរិកថា ដើមហេតុគំរាមកំហែងពហុភាគីនិយម។
ក្នុងនាមជាប្រធានផ្លាស់វេន របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រុស្ស៊ីគ្មានព្រឺខ្លួន ឈឈឺចាប់នឹងពាក្យរិះគន់ តិះដៀលប្រទេសសមាជិកនោះទេ។ ទោះត្រូវសមាជិកក្រុមប្រឹក្សាសន្តិសុខមួយចំនួនធំមិនរាប់រក ប៉ុន្តែ រុស្ស៊ី ដែលបានបញ្ជូនផ្ទាល់ រដ្ឋមន្រ្តីការបរទេសរបស់ខ្លួន ទៅធ្វើជាប្រធានដឹកនាំកិច្ចប្រជុំ នៅទីក្រុងញូវយ៉ក ចង់ឆ្លៀតឱកាស យកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីបរិហារក្រុមប្រទេសលោកខាងលិច។
នៅចំពោះមុខសមាជិកក្រុមប្រឹក្សាសន្តិសុខ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីមិនរារែកនឹងនិយាយថា ប្រព័ន្ធរបស់អង្គការសហប្រជាជាតិកំពុងជួបវិបត្តិដ៏សែនជ្រៅ ដែលបង្កឡើងដោយក្រុមប្រទេសលោកខាងលិច ជាពិសេសអាមេរិក។ សម្រាប់ប្រមុខការបរទេសរុស្ស៊ី មិនមែនមានតែអ៊ុយក្រែន ដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះ ប៉ុន្តែ នៅមានស្ថាប័នពហុភាគីជាច្រើនទៀត ដែលធ្វើការបម្រើប្រយោជន៍ឲ្យអាមេរិក ដូចជាអង្គការអូតង់ ជាដើម ដែលអាមេរិកប្រើសម្រាប់មហិច្ឆតានយោបាយវាតទីនិយមរបស់ខ្លួន។
ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ី មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើល ព្រោះថា រុស្ស៊ីធ្លាប់និយាយការពារប្រតិបត្តិការពិសេសរបស់ខ្លួន នៅអ៊ុយក្រែន ថា ធ្វើឡើង ដើម្បីឆ្លើយតបនឹងការពង្រឹង ពង្រាយវត្តមានទ័ពរបស់អូតង់ នៅក្នុងទឹកដីអឺរ៉ុប ដែលស្ថិតក្រោមឥទ្ធិពលរបស់រុស្ស៊ី។
ទោះជាត្រូវអន្តរជាតិ បរិហារថ្កោលទោស ក្នុងរឿងធ្វើសង្រ្គាមឈ្លានពាន កាត់យកទឹកដីភាគខាងកើត របស់អ៊ុយក្រែន ប៉ុន្តែ រុស្ស៊ីគ្មានខ្វល់ បារម្ភអ្វីនោះទេ។ ជាក់ស្តែអ រុស្ស៊ី នៅតែ អាចធ្វើជាប្រធានផ្លាស់វេន របស់ក្រុមប្រឹក្សាសន្តិសុខ។
ដោយរៀបចំកិច្ចប្រជុំពិសេស នៅក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃចន្ទ រុស្ស៊ី ចង់ប្រើប្រាស់រូបភាព ព្រឹត្តិការណ៍លើកនេះ សម្រាប់ទៅឃោសនា បញ្ចុះបញ្ចូលប្រជាមតិក្នុងស្រុករុស្ស៊ីថា ទោះរុស្ស៊ីបើកប្រតិបត្តិការយោធានៅអ៊ុយក្រែន ប៉ុន្តែ មើលចុះ នៅឆាកអន្តរជាតិ រុស្ស៊ី មិនឯកោ នោះទេ។ រុស្ស៊ី នៅតែអាចធ្វើជាប្រធានដឹកនាំប្រជុំក្រុមប្រឹក្សាសន្តិសុខដែលជាស្ថាប័នកំពូលរបស់អង្គការសហប្រជាជាតិ។
រុស្ស៊ីធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន ដែលជាការរំលោភច្បាប់អន្តរជាតិ យ៉ាងច្បាស់ក្រឡែត ប៉ុន្តែ រុស្ស៊ីទទួលបានសិទ្ធិធ្វើជាប្រធានផ្លាស់វេន និងតាំងខ្លួន ជាអ្នកការពារច្បាប់អន្តរជាតិ។ ចង់ឬមិនចង់ ព្រឹត្តិការណ៍លើកនេះ សបញ្ជាក់កាន់តែច្បាស់ថា ស្ថាប័នអង្គការសហប្រជាជាតិ កាន់តែបាត់បង់តម្លៃ លែងមានន័យដូចមុន។
អគ្គលេខាធិការអង្គការសហប្រជាជាតិឆ្លៀតជួបរដ្ឋមន្រ្តីការបរទេសរុស្ស៊ីដើម្បីនិយាយពីការនាំចេញស្រូវសាឡីអ៊ុយក្រែន
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអាចត្រូវប្រទេសសមាជិកអចិន្ត្រៃយ៍ រុស្ស៊ី ចិន ឬអាមេរិក ប្រើជាកន្លែង សម្រាប់ទាញប្រយោជន៍រៀងៗខ្លួន ប៉ុន្តែ គេមិនអាចមើលរំលង។ ទោះមានការខ្វែងគំនិតគ្នា ស្រែកបរិហាររិះគន់គ្នាក្នុងកិច្ចប្រជុំ ប៉ុន្តែ កិច្ចប្រជុំរបស់ក្រុមប្រឹក្សា នៅទីក្រុងញូវយ៉ក ក៏ជាការបើកឱកាស ផ្តល់កន្លែង ឲ្យប្រទេសសមាជិក ដែលជាភាគីជម្លោះ អាចជួបនិយាយគ្នា នៅក្រោយវាំងននក៏អាចថាបាន។
ជាក់ស្តែង ឆ្លៀតឱកាសកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនៅទីក្រុងញូវយ៉ក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយទែរស៍ បានឆ្លៀតផ្ញើលិខិត ទៅកាន់លោកប្រធានាធិបតីពូទីន តាមរយៈរដ្ឋមន្រ្តីការបរទេស លោកស៊ែរហ្គេយ ឡាវរ៉ូវ ដើម្បីសុំឲ្យរុស្ស៊ីពន្យារកិច្ចព្រមព្រៀងស្តីពីការនាំចេញស្រូវសាឡីអ៊ុយក្រែន ដែលត្រូវផុតកំណត់នៅថ្ងៃទី ១៨ឧសភាខាងមុខ។ សម្រាប់ប្រធានអង្គការសហប្រជាជាតិ រុស្ស៊ីគួរបន្ទន់ជំហរ ដើម្បីបុព្វហេតុធានាសន្តិសុខស្បៀងក្នុងពិភពលោក។ ប៉ុន្តែ រុស្ស៊ីវិញ ធ្លាប់បញ្ជាក់ហើយថា បើសិន ចង់ឲ្យរុស្ស៊ីពន្យារពេលបន្ថែមទៀត គេត្រូវឈប់បង្កឧបសគ្គដល់ការនាំចេញស្រូវសាលី និងជីគីមីរបស់រុស្ស៊ី ដូចជាឈប់ដាក់សម្ពាធ ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនដែលដឹកជញ្ជូនស្រូវសាឡីរុស្ស៊ីជាដើម៕
25-4-2023 • 7 minuten, 19 seconden ប្រទេសអឺរ៉ុប៩ បើក“ជំនួបកំពូលសមុទ្រខាងជើង” ដើម្បីផ្តល់សន្ទុះដល់ការផលិតថាមពលបានមកពីកង្ហារខ្យល់ក្នុងសមុទ្រ
នៅថ្ងៃចន្ទទី២៤មេសា ថា្នក់ដឹកនាំប្រទេសអឺរ៉ុបចំនួន៩ កំពុងតែជួបប្រជុំគ្នានៅក្នុង ជំនួបកំពូលមួយ ដែលមានឈ្មោះថា ជំនួបកំពូលសមុទ្រខាងជើង នៅឯទីក្រុងអូស្តង់ដ៍ ប្រទេសបែលហ្ស៊ិក។ ជាជំនួបកំពូល ដែលមានកម្មវត្ថុ ផ្តល់សន្ទុះដល់វិស័យផលិតថាមពលអគ្គិសនី បានមកពីកង្ហារខ្យល់ក្នុងសមុទ្រ ខណៈអឺរ៉ុបកំពុងតែព្យាយាមកាត់បន្ថយការប្រើប្រាស់ប្រភពថាមពលហ្វូស៊ីល ដែលបញ្ចេញឧស្ម័នកាបូនិកខ្លាំងទៅក្នុងបរិយាកាស។ ចរន្តអគ្គិសនីបានមកពីថាមពលកកើតឡើងវិញ គឺវាជាអាទិភាពធំបំផុតរបស់អឺរ៉ុប។
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រទេសសហភាពអឺរ៉ុបចំនួន៧ មានបារាំង អាល្លឺម៉ង់ បែលហ្ស៊ិក ហូឡង់ ដាណឺម៉ាក លុចហ្សំបួរ និងស៊ុយអែត រួមជាមួយ អង់គ្លេស និងន័រវែស កំពុងតែបើកជំនួបកំពូលសមុទ្រខាងជើង លើកទី២ នៅទីក្រុងអូស្តង់ដ៍។ គឺបែលហ្ស៊ិកដែលជាអ្នកផ្តួចផ្តើមជំនួបកំពូលនេះ ដើម្បីផ្តល់សន្ទុះដល់វិស័យផលិតថាមពលអគ្គិសនី បានមកពីកង្ហារខ្យល់នៅក្នុងសមុទ្រ។ តំបន់សមុទ្រខាងជើងរបស់អឺរ៉ុប មានសក្តានុពល និងអំណោយផលខ្លាំងណាស់ សម្រាប់វិស័យនេះ ព្រោះជាតំបន់ដែលទឹកសមុទ្រមិនសូវជ្រៅខ្លាំង ងាយស្រួលសាងសង់កង្ហារ ហើយជាតំបន់សំបូរខ្យល់បក់ខ្លាំង សឹងតែពេញមួយឆ្នាំតែម្តង។
ផលិតឲ្យបាន ៣០០ជីហ្កាវ៉ាត់ នៅរវាងឆ្នាំ២០៥០
សហភាពអឺរ៉ុបមានកម្មវត្ថុកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ដែលកើតចេញពីការផលិតថាមពល បានមកពីប្រភពហ្វូស៊ីល ដែលមានដូចជាប្រេងកាត ធ្យូងថ្ម និងឧស្ម័នជាដើម។ សង្គ្រាមនៅអ៊ុយក្រែនបានជំរុញឲ្យអឺរ៉ុប ខំប្រឹងបោះបង់ចោលប្រភពថាមពលទាំងនេះឲ្យកាន់តែលឿន ហើយងាកមកផ្តល់អាទិភាពធំ ដល់ថាមពលកកើតឡើងវិញ ដែលមានដូចជាថាមពលផ្ទាំងសូឡា បានមកពីពន្លឺព្រះអាទិត្យ និងថាមវាយោរ បានមកពីកង្ហារខ្យល់នេះឯង។ កម្មវត្ថុធំរបស់សហភាពអឺរ៉ុប គឺពីនេះដល់ឆ្នាំ២០៣០ ត្រូវតែបង្កើនទំហំចរន្តអគ្គិសនីបានមកពី ប្រភពកកើតឡើងវិញ ឲ្យបានទ្វេដង ពោលគឺប្រមាណ ៤២% នៃតម្រូវការប្រើប្រាស់ថាមពលទូទាំងអឺរ៉ុប។
ពីនេះដល់ឆ្នាំ២០៥០ អឺរ៉ុបនឹងប្រឹងផលិតចរន្តអគ្គិសនីបានមកពីកង្ហារខ្យល់ក្នុងសមុទ្រ ឲ្យបានចំនួន ៣០០ជីហ្កាវ៉ាត់ នេះបើផ្អែកតាមការលើកឡើងរបស់លោក Alexander De Croo នាយករដ្ឋមន្ត្រីបែលហ្ស៊ិក។តែយ៉ាងណាលោកបានបញ្ជាក់ថា កម្មវត្ថុនៃជំនួបកំពូលនេះ គឺគេនិយាយគ្នាអំពី ការរៀបចំបណ្តាញចាក់ស្រែសនៃវិស័យថាមពលកង្ហារខ្យល់នេះ ឲ្យមានប្រសិទ្ធភាព។ ពោលគឺ ការរៀបចំស្តង់ដាររួមនៃបច្ចេកវិទ្យា តភ្ជាប់បណ្តាញទៅវិញទៅមក ទាំងដំណាក់កាលឧស្សាហ៍កម្មផលិតកង្ហារ រៀបចំសាងសង់បង្គោលកង្ហារ និងការតភ្ជាប់បណ្តាញចរន្តអគ្គិសនីដែលផលិតបាន។ នៅបែលហ្ស៊ិក គេនឹងសាងសង់កោះសិប្បនិម្មិតមួយមុនគេបង្អស់ ដោយចាក់បេតុងទំហំ៥ហិកតាកណ្តាលសមុទ្រ ដើម្បីរៀបចំធ្វើជាមជ្ឈមណ្ឌលស្នូល នៃការចែកចាយបណ្តាញចរន្តអគ្គិសនីផលិតបានដោយកង្ហារខ្យល់ ចែកចាយទៅតាមបណ្តាប្រទេសអឺរ៉ុប។
បារាំងខ្សោយជាងគេ
បច្ចុប្បន្ននេះទំហំចរន្តអគ្គិសនីបានមកពីកង្ហារខ្យល់នៅក្នុងសមុទ្រនៅអឺរ៉ុប គឺមានខ្ទង់តែ៣០ជីហ្កាវ៉ាតទេ។ មានន័យថា កម្មវត្ថុឆ្នាំ២០៥០ គឺមានទំហំអគ្គិសនីមួយគុណជាដប់ បើប្រៀបធៀបនឹងបច្ចុប្បន្ន។ គេនឹងត្រូវតែពង្រីកទំហំផ្ទៃក្រឡា នៃតំបន់មានកង្ហារខ្យល់ក្នុងសមុទ្រនេះ ឲ្យបានយ៉ាងហោច មួយគុណជា៤ ពីនេះដល់ឆ្នាំ២០៣០។
ការផលិតអគ្គិសនីបានមកពីកង្ហារខ្យល់ក្នុងសមុទ្រនៅអឺរ៉ុប គឺប្រទេសនីមួយៗមានសមត្ថភាពផលិតមិនស្មើគ្នាទេ។ បច្ចុប្បន្ននេះ អង់គ្លេសផលិតបានច្រើនជាងគេ ប្រមាណ១៤ជីហ្កាវ៉ាត់ ខណៈអាល្លឺម៉ង់ផលិតបាន៨ជីហ្កាវ៉ាត់។ ដាណឺម៉ាក បែលហ្ស៊ិក ហូឡង់ ផលិតម្នាក់ៗបានខ្ទង់ពី ២ ទៅ ៣ជីហ្កាវ៉ាត់ រីឯបារាំង និងន័រវែសវិញ ផលិតបានប្រមាណ០,៥ជីហ្កាវ៉ាតប៉ុណ្ណោះ។ បារាំងដើរក្រោយគេខ្លាំងណាស់ ក្នុងវិស័យនេះ។ តែរដ្ឋាភិបាលបារាំងបានកំណត់កម្មវត្ថុថា និងព្យាយាមផលិតឲ្យបាន ៤០ជីហ្កាវ៉ាត់ ពីនេះដល់ឆ្នាំ២០៥០។
ពង្រឹងសមត្ថភាពឧស្សាហកម្មផលិតកង្ហារខ្យល់
ដើម្បីបង្កើនទំហំមួយគុណជា១០ នៃការផលិតចរន្តអគ្គិសនី បានមកពីកង្ហារខ្យល់ក្នុងសមុទ្រ គឺមានន័យថា គេត្រូវតែពង្រីកសមត្ថភាពផលិតកង្ហារខ្យល់។ យោងតាមអ្នកជំនាញ ក្នុងរវាង៥ឆ្នាំទៅមុខនេះ គេត្រូវផលិតកង្ហារខ្យល់សរុប ដែលមានទំហំអាចផលិតចរន្តអគ្គិសនីចំនួន២០ជីហ្កាវ៉ាត់ឯណោះ ក្នុងមួយឆ្នាំ ខណៈដែលបច្ចុប្បន្នទំហំនេះមានស្មើប្រមាណ៧ជីហ្កាវ៉ាត់ទេ។ មានន័យថា ឧស្សាហកម្មអឺរ៉ុប ត្រូវតែបន្ថែមល្បឿនឲ្យខ្លាំងតែម្តងនៅក្នុងវិស័យនេះ។ ចំណុចនេះអាចជាឧបសគ្គធំ ព្រោះមានន័យថា ត្រូវបង្កើនរោងចក្រ សង្វាក់ផលិតកម្ម និងជាពិសេស គឺត្រូវរកវត្ថុធាតុដើម ឲ្យបានគ្រប់គ្រាន់ទាន់ពេលវេលា។
យោងតាមលោក Pierre Tardieu តំណាងសហព័ន្ធឧស្សាហកម្ម WindEurope គឺវត្ថុធាតុដើមសំខាន់ៗមួយចំនួនធំ អឺរ៉ុបត្រូវនាំចូលពីគេ ហើយអ្វីដែលពិបាករកបំផុតនោះ គឺរ៉ែកម្រ ដែលភាគច្រើនាំចូលពីចិន។ លោកលើកឡើងថា អឺរ៉ុបត្រូវតែរៀបចំ ផ្តល់សន្ទុះដល់ការសិក្សាស្រាវជ្រាវ ច្នៃប្រឌិតថ្មី បើកចំហរឲ្យមានកញ្ចប់ថវិកាចំណាយ វិនិយោគឲ្យបានច្រើន ដើម្បីសាងសង់រៀបចំហេដ្ឋារចនាសម្ព័ន្ធ បង្កើនសមត្ថភាពផលិតឲ្យបានមួយគុណជា៣។
តែយ៉ាងណា លោក Pierre Tardieu ជឿជាក់ថា អឺរ៉ុបអាចសម្រេចកម្មវត្ថុនេះបាន ព្រោះអឺរ៉ុប មិនមែនត្រឹមតែមានឆន្ទៈនយោបាយប៉ុណ្ណោះទេ តែអឺរ៉ុបជាអ្នកនាំមុខគេ ក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា នៃការផលិតថាមពលអគ្គិសនីបានមកពីកង្ហារខ្យល់ក្នុងសមុទ្រនេះ។ វាក៏ជាឱកាសសេដ្ឋកិច្ចដែរសម្រាប់អឺរ៉ុប ជាមួយនឹងការបង្កើនសមត្ថភាពផលិតក្នុងវិស័យនេះ។ វិស័យកង្ហារខ្យល់ក្នុងសមុទ្រនេះ នឹងបង្កើតការងារចំនួន ២៥០០០០ការងារ នៅរវាងឆ្នាំ២០៣០ ខណៈបច្ចុប្បន្នមានប្រមាណ៨០០០០។ មានន័យថា ទាំងរដ្ឋទាំងឯកជន ត្រូវតែវិនិយោគឲ្យខ្លាំង ទៅលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស។
យ៉ាងណាមិញ ក្រុមហ៊ុនឧស្សាហកម្មអឺរ៉ុបចំនួន៩០នៅក្នុងវិស័យនេះ បានរួមគ្នាចេញលិខិតចំហ អំពាវនាវឲ្យប្រទេសអឺរ៉ុបទាំង៩ដែលប្រជុំគ្នានៅអូស្តង់ដ៍នៅថ្ងៃនេះ ថាត្រូវតែបន្ថែមទឹកប្រាក់វិនិយោគប្រចាំឆ្នាំមួយគុណជា២ ក្នុងការរៀបចំបណ្តាញតភ្ជាប់ចរន្តអគ្គិសនីបានមកពីកង្ហារក្នុងសមុទ្រ ហើយត្រូវផលិតស្នូលទួរប៊ីនរបស់កង្ហារខ្យល់ ឲ្យបានមួយគុណជា៣។
ប៉ះពាល់ប្រព័ន្ធជីវចម្រុះសមុទ្រ
យ៉ាងណាក៏ដោយ អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការងារផ្នែកបរិស្ថាន បានថ្លែងការបារម្ភ ទាក់ទិននឹងការប៉ះពាល់ ទៅលើប្រព័ន្ធជីវចម្រុះក្នុងសមុទ្រ បណ្តារមកពីកង្ហារខ្យល់ដ៏ធំៗនេះ។ អង្គការបរិស្ថាន បានទាញសញ្ញាអាសន្នថា មិនត្រូវប្រញេបប្រញាប់ខ្លាំងជ្រុលពេកទេ គឺត្រូវតែធ្វើការសិក្សាស្រាវជ្រាវ ឲ្យបានគ្រប់ជ្រុងជ្រោយ ថាកង្ហារខ្យល់ធំៗនៅតាមលំហរសមុទ្រនោះ វាប៉ះពាល់យ៉ាងណាខ្លះដល់ប្រព័ន្ធជីវចម្រុះ។ ការស្រាវជ្រាវខ្លះ នាពេលកន្លងមក បានអះអាងថា កង្ហារធំៗទាំងនេះបញ្ចេញជាសំឡេងខ្លាំងៗ ធ្វើឲ្យរំខានដល់ប្រព័ន្ធជីវចម្រុះក្នុងសមុទ្រ។ អ្នកខ្លះទៀត លើកឡើងថា វាធ្វើឲ្យខូចសោភ័ណ្ឌភាព ទេសភាពសមុទ្រ មើលទៅឃើញតែកង្ហារពាសពេញ។ ការប៉ះពាល់មួយទៀត ដែលគួរពិចារណាដែរ គឺទៅលើការនេសាទ និងផ្នែកចរាចរណ៍សមុទ្រ។
ក៏ប៉ុន្តែ ផ្អែកតាមការអះអាងរបស់លោក Pierre Tardieu តំណាងសហព័ន្ធឧស្សាហកម្ម WindEurope ដើម្បីឈានទៅសម្រេចគោលដៅឆ្នាំ២០៥០ គឺវិស័យអគ្គិសនីដើរដោយកង្ហារខ្យល់ក្នុងសមុទ្រនេះ ត្រូវការផ្ទៃលំហរសមុទ្រប្រមាណ តែ៧ ទៅ១០% តែប៉ុណ្ណោះ។ ពោលគឺវាតិចតួចណាស់ បើប្រៀបធៀបទៅនឹង គុណប្រយោជន៍ថាមពល បរិស្ថាន និងសេដ្ឋកិច្ច បានមកពីវិស័យនេះ៕
24-4-2023 • 8 minuten, 15 seconden ស៊ូដង់៖ បណ្តាប្រទេសធំៗចាប់ផ្តើមបញ្ជូនប្រជាជនគេចេ ញ ខណៈការវាយប្រយុទ្ធរវាងក្រុមយោធាកាន់តែក្តៅគគុក
ការវាយប្រយុទ្ធគ្នានៅស៊ូដង់ រវាងក្រុមយោធា២ក្រុមដែលដណ្តើមអំណាចគ្នា បានឈានចូលដល់សប្តាហ៍ទី២ហើយ។ ការបាញ់ប្លោងយ៉ាងក្តៅគគុក នៅរដ្ឋធានីខាទុំ និងនៅតាមតំបន់មួយចំនួនទៀត កំពុងតែបង្កឲ្យមានការព្រួយបារម្ភបំផុត ដល់អាយុជីវិតរបស់ប្រជាជនស៊ីវីល។ នៅថ្ងៃអាទិត្យទី២៣មេសា រដ្ឋាភិបាលប្រទេសធំៗជាច្រើន បានចាប់ផ្តើមជម្លៀស បញ្ជូនមន្ត្រីទូត និងប្រជាជនគេ ចេញពីប្រទេសស៊ូដង់ បើទោះបីប្រតិបត្តិការនេះ ត្រូវប្រឈមគ្រោះថ្នាក់យ៉ាងណាក៏ដោយ។
អាមេរិកបញ្ជូនមន្ត្រីទូតចេញ
ឆ្លងកាត់ការស្ទាក់ស្ទើប៉ុន្មានថ្ងៃមកនេះ ប្រទេសជាច្រើនបានសម្រេច ចាប់ផ្តើមបញ្ជូកបុគ្គលិកទូត និងប្រជាជនគេចេញពីស៊ូដង់ហើយ។ ជាប្រតិបត្តិការដែលមិនមែនស្រួលរៀបចំនោះទេ វាប្រឈមគ្រោះថ្នាក់ ដោយសារតែការវាយប្រយុទ្ធគ្នារវាងក្រុមយោធាបក្សដិបក្ស នៅតែសកម្មខ្លាំង ហើយ ដែលអាចប៉ះពាល់ដល់សន្តិសុខដល់ក្បួនរថយន្ត ឬក៏យន្តហោះនៃប្រតិបត្តិជម្លៀសមនុស្ស។
នៅព្រឹកថ្ងៃអាទិត្យទី២៣មេសា ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ឲ្យដឹងថា គេបានចាប់ផ្តើមជម្លៀសមន្ត្រីទូតចំនួនប្រមាណ១០០នាក់ ដោយក្នុងនោះមានមន្ត្រីទូតប្រទេសផ្សេងដែរ។ លោក អង់តូនី ប្លីងកិន បានលើកឡើងថាការសម្រេចជម្លៀសមន្ត្រីទូតនេះ គឺដោយសារតែស្ថានការណ៍កាន់តែដុនដាបខ្លាំង ប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតរបស់មន្ត្រីទូតអាមេរិក។
លោកមេបញ្ជាការអាមេរិក Douglass Sims បានឲ្យដឹងថា ប្រតិបត្តិការនេះបានប្រើឧត្ថម្ភាគចក្រ ចំនួន៣គ្រឿង ចាញពីមូលដ្ឋានទ័ពអាមេរិកនៅជីប៊ូទី ដោយចុះចតឆ្លងកាត់នៅអេត្យូពី។ លោកបន្ថែមថាប្រតិបត្តិការបានប្រព្រឹត្តិទៅដោយរលូននិងសុវត្ថិភាព។ ចំណែកលោកប្រធានាធិបតី ចូ បៃដិន ក៏បានថ្លែងអំណរគុណ ដល់ប្រទេសជីប៊ូទី អេត្យូពី និងអេហ្ស៊ីបដែរ ដែលបានជួយអន្តរាគមន៍។ ដោយឡែកក្រសួងការបរទេសអាមេរិក បានលើកឡើងថា សម្រាប់ពេលនេះ គេបញ្ជូនតែមន្ត្រីការទូតចេញសិន ដោយមិនពាក់ព័ន្ធ នឹងប្រជាជនស៊ីវីលអាមេរិក ដែលនៅស៊ីដង់ទេ។
ប្រទេសធំៗនាំគ្នាជម្លៀសប្រជាជនចេញពីស៊ូដង់
នៅព្រឹកថ្ងៃអាទិត្យនេះដែរ ក្រសួងការបរទេសបារាំងបានបញ្ជាក់ថា គេកំពុងរៀបចំប្រតិបត្តិការពិសេសមួយ ដើម្បីបញ្ជូនចេញ ទាំងបុគ្គលិកការទូតបារាំង និងប្រទេសអឺរ៉ុបផ្សេងទៀត ដោយរាប់ទាំងប្រជាជនស៊ីវីលអឺរ៉ុបខ្លះផង។ ប៉ុន្តែមិនទាន់មានព័ត៌មានលំអិត ថាបញ្ជូនចេញដោយវិធីណាទេ។
ដូចគ្នាដែរ ក្រសួងការបរទេសតួកគី ក៏បានប្រកាសដែរនៅថ្ងៃនេះ ថាគេនឹងចាប់ផ្តើមបញ្ជូនមន្ត្រីទូត ព្រមទាំងប្រជាជនគេចេញពីស៊ូដង់ ដែលមានសរុបប្រមាណ៦០០នាក់។ ក្រសួងការបរទេសតួកគីអះអាងទៀតថា ប្រជាជនប្រទេសផ្សេងទៀត ដែលបានស្នើសុំមកជាមួយ ក៏គេនឹងជួយចាត់ចែងបញ្ជូនចេញដែរ។ ដោយឡែក តួកគីបានបញ្ជាក់ថា គម្រោងបញ្ជូនមន្ត្រីទូតនិងប្រជាជនខ្លួនចេញ ពីតំបន់ Kafouri ខាងជើងក្រុងខាទុំ ដែលគ្រោងធ្វើនៅព្រឹកថ្ងៃអាទិត្យ បានអាក់ខានវិញដោយសារតែនៅតំបន់នោះ មានការបាញ់ប្លោង ផ្ទុះគ្រាប់ខ្លាំងសម្បើមណាស់។
ចំណែកកាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានរៀបចំប្រតិបត្តិការជម្លៀមមនុស្សចំនួនជាង១៥០នាក់ចេញពីស៊ូដង់ ក្នុងនោះមានជនជាតិអារ៉ាប៊ីសាអូឌីត ចំនួន៩១នាក់ និងជនជាតិបរទេស សរុប១២ប្រទេសផ្សេងទៀត មានជាង៦០នាក់។ ប្រតិបត្តិការនេះ បានធ្វើទៅតាមផ្លូវគោក ដោយក្បួនរថយន្តបានធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែធំរបស់ស៊ូដង់ នៅមាត់សមុទ្រក្រហម មុននឹងបន្តដំណើរតាមកប៉ាល់ ឈ្ពោះទៅកាន់ទីក្រុងជេដា ប្រទេសអារ៉ាប៊ីសាអូឌីត។
រីឯអេហ្ស៊ីបវិញ ដែលមានប្រជាជននៅស៊ូដង់ប្រមាណ១ម៉ឺននាក់ បានអំពាវនាវឲ្យប្រជាជនគេមកប្រមូលផ្តុំគ្នានៅកន្លែងមានសុវត្ថិភាព ដូចជានៅស្ថានកុងស៊ុលកំពង់ផែស៊ីដង់ ឬនៅកុងស៊ុលWadi Halfa ក្បែរព្រំដែនអេហ្ស៊ីប ដើម្បីរងចាំការជម្លៀសបញ្ជូនចេញ។
« បរទេសចាកចេញអស់ សល់តែប្រជាជនស៊ីវីលស៊ីដង »
លោក Hamid Khalafallah អ្នកស្រាវជ្រាវជំនាញស៊ូដង់ បានលើកឡើងថា ប្រទេសធំៗ មហាអំណាចតំបន់ នាំគ្នាប្រមូលមន្ត្រីទូតចេញអស់ពីស៊ូដង់ មានន័យថា ប្រទេសទាំងនេះនឹងកាន់តែលែងមានទំងន់អ្វី ដើម្បីចូលរួមដោះស្រាយវិបត្តិ។ លោកលើកឡើងថា ប្រទេសធំៗទាំងអស់ មិនត្រូវត្រឹមតែអំពាវនាវ បើកច្រកផ្លូវមនុស្សធម៌រំដោះប្រជាជនខ្លួនប៉ុណ្ណោះទេ គឺត្រូវតែរួមគ្នាទាមទារ និងធ្វើគ្រប់យ៉ាង ដើម្បីឈានទៅមានការទម្លាក់អាវុធ។ រំដោះប្រជាជនខ្លួនចេញពីស៊ូដង់ដោយសុវត្ថិភាពបានប៉ុណ្ណា ក៏ធ្វើទៅចុះ តែសូមមេត្តាកុំទុកប្រជាជនស៊ីវីលស៊ូដង់ចោល ឲ្យលំបាកវេទនាប្រឈមសេចក្តីស្លាប់តែម្នាក់ឯង។
យោងតាមតួលេខអង្គការសុខភាពពិភពលោក មួយសប្តាហ៍នៃការវាយប្រយុទ្ធគ្នារវាងក្រុមយោធា ក្រោមបញ្ជាមេទ័ព២នាក់ ដែលប្រជែងអំណាចគ្នានេះ បានសម្លាប់ជីវិតប្រជាជនស៊ីវីលស៊ីដង់ចំនួន ប្រមាណ៤២០នាក់ និងរបួសប្រមាណ ៣៧០០នាក់។ ការវាយប្រយុទ្ធគ្នា ដែលមិនទាន់ដឹងចាញ់ឈ្នះខាងណាទេ ព្រោះម្ខាងៗសុទ្ធតែឃោសនាយកឈ្នះរៀងខ្លួន។
នៅក្រុងខាទុំ ដែលមានមនុស្សរស់នៅប្រមាណ៥លាននាក់ ការប្រយុទ្ធគ្នាបន្តយ៉ាងសកម្ម។ ប្រជាជនសំងំក្នុងផ្ទះ គ្មានទឹកគ្មានភ្លើង គ្មានចំណីអាហារបរិភោគទេ មួយសប្តាហ៍មកនេះ។ យោងតាមសាក្សីជាច្រើនបានឲ្យដឹងថា អ្នកខ្លះបានផ្សងជីវិត ចេញក្រៅផ្ទះទៅរកទឹកមកបរិភោគ ខណៈសំឡេងគ្រាប់កាំភ្លើង និងសំឡេងផ្ទុះ ឮផូងផាំងពីគ្រប់ទិស។ យោងតាមអង្គការគ្រូពេទ្យគ្មានព្រំដែន ស្ថានភាពមនុស្សធម៌កាន់តែអាសន្នបំផុត នៅឯតំបន់ដាកហ្វួរ ជាទីប្រជាជនរស់រំពឹងខ្លាំងណាស់ និងជំនួយមនុស្សធម៌ ទាំងផ្នែកចំណីអាហារ និងផ្នែកសុខាភិបាល។ អង្គការមនុស្សធ៌មនានាបានផ្អាកការងារ ដើម្បីការពារសុវត្ថិភាពបុគ្គលិក
ស៊ូដង់មានប្រជាជនប្រមាណ៤៥លាននាក់ ជាប្រទេសជីករ៉ែមាស លក់បានច្រើនជាងគេលំដាប់ទី៣ ហើយមានអណ្តូងប្រេងកាតទៀត តែប្រទេសនេះក្រីក្រខ្លាំងណាស់។ ភាពក្រីក្រ ដោយសារតែសង្គ្រាមស៊ីវីល កាប់សម្លាប់ ដណ្តើមអំណាចគ្នា មិនចេះចប់មិនចេះស្វាងនេះឯង៕
23-4-2023 • 6 minuten, 26 seconden ស៊ូដង់ ធ្លាក់ចូលសប្តាហ៍ទី២ នៃសង្គ្រាមស៊ីវិលបង្ហូរឈាម
ស៊ូដង់ ធ្លាក់ក្នុងសង្គ្រាមស៊ីវិល១សប្តាហ៍មកហើយ។ ការប្រជែងអំណាចគ្នារវាងឧត្តមសេនីយ៍យោធា ២ រូប បានបណ្តាលឲ្យមនុស្សជាង ៤០០ នាក់ស្លាប់ និងរបួសជាង ៣ ៥០០នាក់។ ស្ថាប័នអន្តរជាតិជាច្រើន បានអំពាវនាវឲ្យទម្លាក់អាវុធនិងបង្កើតបទឈប់បាញ់ យ៉ាងហោចណាស់ ៣ថ្ងៃ សម្រាប់ពេលបញ្ចប់រដូវកាលតមអាហាររបស់សាសនាអ៊ីស្លាម។ ក៏ប៉ុន្តែ សាក្សីនៅកន្លែងសង្គ្រាម បញ្ជាក់ថា បទឈប់បាញ់នោះ ត្រូវពួកទាហានគោរពតិចតួចតែប៉ុណ្ណោះ។ ប្រទេសធំៗ កំពុងតែត្រៀមខ្លួន និង ពិចារណាជម្លៀសប្រជាជនរបស់គេចេញពីស៊ូដង់ ហើយខណៈពេលនេះ អ្នកជំនាញកិច្ចការតំបន់អាហ្វ្រិក ក៏កំពុងតែព្រួយបារម្ភពីការលូកដៃរបស់បរទេស ដែលនោះ នឹងរឹងរឹតធ្វើឲ្យស៊ូដង់ ធ្លាក់ជ្រៅក្នុងវិបត្តិសង្គ្រាមកាន់តែធ្ងន់ធ្ងរ។
ស្ថានការណ៍ថ្ងៃសៅរ៍ ជាថ្ងៃទី២ នៃសេចក្តីអំពាវនាវបទឈប់បាញ់
នៅរដ្ឋធានីKhartoum របស់ស៊ូដង់ បណ្តាសាក្សីផ្ទាល់នៅសមរភូមិមុខ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង ថា ភាគីជម្លោះទាំងពីរ មិនឈប់បាញ់គ្នាទេ។ ស្នូរកាំភ្លើងនៅតែលាន់ឮ ក៏ប៉ុន្តែ ជាការគួរឲ្យកត់សម្គាល់ គឺវាមានចំនួនតិចតួច បើធៀបនឹងពេលមុនថ្ងៃអំពាវនាវឲ្យមានបទឈប់បាញ់។ ទន្ទឹមនឹងគ្នានេះ អ្នកវិភាគស្ថានការណ៍ និងភាគីផ្សេងទៀត នៅមិនជឿថា ភាគីជម្លោះទាំង២ គោរពតាមការអំពាវនាវឲ្យឈប់បាញ់នេះទេ។
សង្គ្រាមស៊ីវិលស៊ូដង់ ឈានចូលដើមថ្ងៃសប្តាហ៍ទី២ គិតត្រឹមថ្ងៃសៅរ៍។ ក្នុងការប៉ះទង្គិចគ្នា រវាងកម្លាំងរបស់ឧត្តមសេនីយចំនួនពីររូប គឺលោក អាប់ឌែល ហ្វាតា អាល់ បួរ៉ាន (Abdel Fattah al-Burhane) និងលោក ម៉ូហាម៉េដ ហាំដាន ដាហ្កាឡូ (Mohamed Hamdane Daglo) បានផ្ទុះឡើងថ្ងៃ១៥ ថ្ងៃសៅរ៍មុន។ តុល្យការ ពេញ ១សប្តាហ៍មកនេះ សង្គ្រាមស៊ីវិល បានបណ្តាលឲ្យមនុស្សស្លាប់ មានចំនួន ៤១៣នាក់ និងរបួសចំនួន ៣ ៥៥១នាក់។ នេះតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។ អង្គការសហប្រជាជាតិ បានបាត់បង់មន្ត្រី យ៉ាងហោច ៤នាក់។ បុគ្គលិក ៣ ជារបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក។ ១ ស្លាប់ ជាភ្នាក់ងាររបស់ អង្គការសហប្រជាជាតិ ខាងសិទ្ធិជនភៀសខ្លួន។
ស៊ូដង់ គឺប្រទេសផលិតមាសនិងមានរ៉ែមាស ក្នុងលំដាប់ទី ៣ លើពិភពលោក តែជាប្រទេសនេះ ធ្លាក់ក្នុងចំណាត់ថ្នាក់ក្រីក្រជាងគេលើពិភពលោក ព្រោះតែសង្គ្រាមរាំងជល់ ២ ទសវត្សរ៍មកនេះ។ អង្គការ Unicef បារម្ភពីសុខភាពក្មេងស៊ូដង់ដែលកំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភ។ បើសង្គ្រាមនៅតែបន្ត ប្រទេសនេះកាន់តែរងគ្រោះខ្លាំង ព្រោះចូលកុំភ្លេច ត្រឹមខែកុម្ភៈកន្លងទៅ អង្គការសហប្រជាជាតិបានវាយតម្លៃថា ពលរដ្ឋប្រមាណ១៥លាន កំពុងតែជួបគ្រោះទុរ្ភិក្ស អត់ចំណីអាហារស្រាប់ផង។ ចំនួននេះ ស្មើ១ភាគ៣ នៃប្រជាជនស៊ូដង់។ ក្រុមគ្រូពេទ្យគ្មានព្រំដែន វិញ បានបញ្ជាក់ថា ៧០% នៃមន្ទីរពេទ្យរបស់ស៊ូដង់ ត្រូវបំផ្លិចបំផ្លាញ។
វិបត្តិផ្ទៃក្នុង ផុយស្រួយ អាចបណ្តាលឲ្យកើតជាបញ្ហាតំបន់ធ្ងន់ធ្ងរ មួយរំពេច។
បញ្ហាចាក់ស្រែះមានច្រើន ទាំងកម្លាំងជម្លោះផ្ទៃក្នុងផង និងកម្លាំងពីក្រៅផង។ ក្នុងប្រទេស ក្រៅពីការប្រជែកគ្នារវាងយោធានៃឧត្តមសេនីយ៍ទាំងពីរ គឺនៅកម្លាំងប្រដាប់អាវុធផ្សេងទៀត ក្រុមជនជាតិភាគតិច និងក្រុមដែលមានជំនោរអ៊ីស្លាមជ្រុលនិយម។ ប្រសិនបើ កម្លាំងប្រដាប់អាវុធ ដែលមានកម្លាំងពីរធំៗ កំពុងប៉ះទង្គិចគ្នាសព្វថ្ងៃនេះ ទៅរួមរួបនឹងពួកប្រដាប់អាវុធផ្សេងទៀត និងក្រុមជនភាគតិចផ្សេងទៀត នោះ បញ្ហានឹងកាន់តែលំបាកដោះស្រាយ។ ការលំបាកម្យ៉ាងទៀត គឺ ក្តីបារម្ភពីការលូកដៃរបស់បរទេស ដែលប្រជែងឥទ្ធិពលនៅក្នុងតំបន់ ដែលអ្នកវិភាគកំពុងសម្លឹងមើល គឺប្រទេសអេហ្ស៊ីប និង អេមីរ៉ាត់អារ៉ាប់រួម ។
នៅប៉ែកខាងជើង ស៊ូដង់ ជាប់ព្រំដែន អេហ្ស៊ីប ដែលហាក់មានទំនោរគាំទ្រ លោក បួរ៉ាន់ ហើយខាងត្បូង ទល់នឹង អេត្យូពី ដែលប្រឆាំងនឹង អេហ្ស៊ីប គឺខាងអេត្យូពី គាំទ្រលោក ដាហ្គាឡូ។ ប៉ែកខាងកើតវិញ គឺ សមុទ្រ តែជាដែនឥទ្ធិពលរបស់ អេម៊ីរ៉ាត់អារួម និងចូលរួមសង្គ្រាមនៅយេម៉ែន គឺអាចនឹង គាំទ្រ និងលក់អាវុធ ឲ្យលោក ដាហ្គាឡូ។ ចំណែក ខាងលិចវិញ ជាប់នឹងប្រទេស ឆាត និងលីប៊ី ក៏គ្នាដែរ មានសមានចិត្តនៅខាង លោក ដាហ្គាឡូ ដែរ។ គេឃើញថា ស៊ូដង់ នៅចន្លោះនៃវិបត្តិក្នុងតំបន់សង្គ្រាមដ៏ផុយស្រួយ ហើយគេខ្លាចតែ ប្រទេសនេះធ្លាក់ផុងនៅក្នុងសង្គ្រាម ដូចនៅយេម៉ែន និងនៅលីប៊ី ទៀត។
នេះគឺនៅមិនទាន់គិតពីជំហររបស់ពួកប្រទេសបស្ចិមប្រទេសផងទេ។ កាលពីថ្ងៃសុក្រម្សិលមិញ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានលុបចោលដំណើរទស្សនកិច្ចទៅតំបន់អាស៊ី ដើម្បីនឹងតាមដានស្ថានការណ៍វិបត្តិនៅស៊ូដង់ និងរង់ចាំចាត់ចែងដោះស្រាយស្ថានភាព។ ចំណែក សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏កំពុងតែតានដានស្ថានការណ៍យ៉ាងកៀកកិតណាស់ដែរ។
បណ្តាប្រទេសផ្សេងៗពិចារណានិងត្រៀមលក្ខណៈសម្រាប់ជម្លៀសប្រជាជនចេញពីស៊ូដង់។
កម្លាំងយោធាស៊ូដង់ បានកាប់មូលដ្ឋានហោះហើរតែរៀងៗខ្លួន។ លោកឧត្តមសេនីយ៍ ដាហ្គាឡូ ថានឹងអាចជួយសម្រួលឲ្យប្រទេសជាមិត្តដឹកនាំពលរដ្ឋខ្លួនចេញបាន។ ចំពោះ សហរដ្ឋអាមេរិក គឺនៅតែរារែក នៅឡើយ ព្រោះស្ថានការណ៍តាន់តឹងខ្លាំងពេក។ សហរដ្ឋអាមេរិក មានមូលដ្ឋានយោធានៅ Djibouti (ជីបូទី) ចម្ងាយប្រមាណ១ ១២៦គីឡូម៉ែត្រ ពីរដ្ឋធានី Khartoum របស់ស៊ូដង់។ មន្ទីរបញ្ចកោណអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានផ្តល់សញ្ញាឲ្យមូលដ្ឋានយោធានេះត្រៀមប្រុងប្រៀប ប្រសិនបើត្រូវចាំបាច់ជម្លៀសប្រជាជននិងមន្ត្រីទូត។ ពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីងកិន បានពិចារណាពីស្ថានការណ៍ និងថ្លែងឲ្យដឹងពីសភាពលំបាក ហើយប្រថុយគ្រោះថ្នាក់ខ្លាំង នៅក្នុងការដឹកជម្លៀសមនុស្សតាមផ្លូវអាកាស។ ជំហរសម្រេចចិត្តរបស់ប្រមុខទូតអាមេរិក ត្រឹមថ្ងៃសុក្រ គឺមិនទាន់ផ្តល់សញ្ញាភ្លើងខៀវឲ្យជម្លៀសមន្ត្រីស្ថានទូត ចេញពីស៊ូដង់ ទេ។
ចំណែកសហភាពអឺរ៉ុប ដែលមានស្ថានទូតរដ្ឋសមាជិកចំនួន៧ នៅស៊ូដង់ គឺ បានប្រុងប្រៀងជម្លៀសពលរដ្ឋខ្លួនប្រមាណ ១ ៥០០នាក់ តែគ្រោងថានឹងជម្លៀសតាមផ្លូវគោក។ ដោយឡែក ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ប្រឈមមុខនឹងសង្រ្គាមស៊ូដង់នេះ រដ្ឋបាលតូក្យូនិងសេអ៊ូល បានប្រកាសបញ្ជូនយន្តហោះទាហានទៅរំដោះជនជាតិខ្លួនចេញពីស៊ូដង់។ តាមក្រសួងការបរទេសកូរ៉េខាងត្បូង មានជនជាតិកូរ៉េខាងត្បូងចំនួន ២៦នាក់ ក្នុងនោះក៏មានមន្រ្តីការទូតកំពុងមានវត្តមាននៅស៊ូដង់។ ពីខាងជប៉ុន គឺមានប្រមាណជា ៦០នាក់ដែលត្រូវជម្លៀសចេញពីស៊ូដង់។
ក្នុងការផ្ទុះអាវុធអំលុងពេល១សប្តាហ៍ ប្រជាជនស៊ូដង់ បានចាកចេញទៅប្រទេសឆាត ក្បែរខាង មានចន្លោះ១ ម៉ឺន ទៅ២ម៉ឺននាក់។ នៅឆាត ត្រូវទទួលបន្ទុកធ្ងន់ ដ្បិតថា សង្គ្រាមរាំរ៉ៃច្រើនឆ្នាំមកនេះ ឆាតទទួលជនភៀសខ្លួនស៊ូដង់ ចំនួន៤០ម៉ឺននាក់ស្រេចទៅហើយ៕
22-4-2023 • 7 minuten, 58 seconden រ៉ែនីគែលមានសារៈសំខាន់មកលើសេដ្ឋកិច្ច តែជះផលអាក្រក ់មកលើសុខភាពនិងបរិស្ថាន
ជាមួយនឹងផែនការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស រថយន្តអគ្គិសនីកំពុងតែទទួលបានការពេញនិយម ព្រោះវាមិនប្រើប្រេងឥន្ធនៈ ដែលបញ្ចេឧស្ម័នកាបូនិក។ តែទន្ទឹមគ្នានេះ រថយន្តអគ្គិសនីត្រូវការប្រើថ្មសាកទំហំធំ ដែលត្រូវបានផលិតឡើង ដោយរ៉ែកម្រជាច្រើនប្រភេទ ក្នុងនោះមានលីត្យ៉ូម និងនីគែលជាដើម។ រ៉ែនីគែល មានសារៈសំខាន់ណាស់ ដើម្បីផលិតគ្រឿងឧបករណ៍អេឡិចត្រូនិក និងជាពិសេស គឺប្រើនៅក្នុងការផលិតលោហៈដែលមិនចេះច្រែស ឬដែលយើងជាភាសាសាមញ្ញថា “ដែកអ៊ីណុក”។ តម្រូវការរ៉ែនីគែលរបស់ពិភពលោកយើង កាន់តែរីកធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក៏ប៉ុន្តែ សកម្មភាពជីកគាស់រ៉ែនីគែល អាចបង្កគ្រោះថ្នាក់ខ្លាំងណាស់ មកលើសុខភាពមនុស្ស និងមកលើបរិស្ថាន។
វិទ្យុបារាំងអន្តរជាតិ RFI បានចូលរួមជាមួយក្រុមការងារស៊ើបអង្កេតអន្តរជាតិ Forbidden Stories ដើម្បីបន្តការស៊ើបអង្កេតនៅភាគខាងជើងប្រទេសកូឡុំប៊ី ស្តីពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរមកលើប្រជាជនមូលដ្ឋាន ដោយសារតែសកម្មភាពជីករ៉ែនីគែល។ ជាការស៊ើបអង្កេត ដែលបានចាប់ផ្តើមឡើង ដោយអ្នកកាសែតដ៏ក្លាហានម្នាក់ ឈ្មោះ Rafael Moreno ដែលលោកត្រូវបានគេបាញ់សម្លាប់ នៅតំបន់ភាគខាងជើងកូឡុំប៊ីនោះ កាលពីថ្ងៃទី១៦តុលា ឆ្នាំ២០២២។ មុននឹងត្រូវគេសម្លាប់ អ្នកកាសែតរូបនេះ បានបង្ហោះរូបថតមួយសន្លឹកនៅខែតុលា២០២២ ដែលគេឃើញផ្សែងក្រហមអណ្តែតចេញពីទីតាំងចម្រាញ់រ៉ែនីគែល គ្របដណ្តប់ពីលើតំបន់ជ្រលងភ្នំ និងភូមិអ្នកស្រុក។
រហូតមកទល់ពេលនេះ ករណីធ្វើឃាតនេះ នៅមិនទាន់មានពន្លឺដឹងពីអង្គហេតុ និងដឹងពីជនដៃដល់នោះឡើយ តែបើតាមការស្មាន គឺវាពិតជាពាក់ព័ន្ធ ជាមួយនឹងការងាររបស់អ្នកកាសែតរូបនេះ ដែលស៊ើបអង្កេតលើក្រុមហ៊ុនជីករ៉ែនីគែល ឈ្មោះ Cerro Matoso S.A. នៅភាគខាងជើងកូឡុំប៊ីនេះ។ ការចូលទៅកៀកនឹងតំបន់នេះ គឺមិនអាចធ្វើទៅដោយងាយទេ គឺមានឧបសគ្គប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះក្រុមហ៊ុននេះប្រើប្រាស់ក្រុមប្រដាប់អាវុធ ឲ្យយាមការពារ និងឃាត់ឃាំងមិនឲ្យអ្នកកាសែតបរទេសចូលទៅបានដោយងាយទេ។
សកម្មភាពជីករ៉ែនីគែលនៅតំបន់នេះ បានចាប់ផ្តើមនៅឆ្នាំ១៩៨២ ហើយយោងតាមអ្នកតំណាងសហគមន៍ប្រជាជនមូលដ្ឋាន គឺសកម្មភាពជីករ៉ែនេះ បានបង្កជាមហន្តរាយមកលើបរិស្ថានធម្មជាតិ និងសុខភាពមនុស្ស។ ទឹកទន្លេ Quebrada de Uré ដែលហូរកត់តំបន់នេះ ហើយដែលមនុស្សប្រមាណ១៤០០០នាក់ រស់រំពឹងអាស្រ័យផលនោះ បានក្លាយទឹកពុល ពោរពេញដោយសារធាតុនីគែល ព្រោះក្រុមហ៊ុនជីករ៉ែខាងលើបានបង្ហូរកាកសំណល់ចូល។ ត្រី សត្វ និងរុក្ខជាតិមួយចំនួន បានផុតពូជលែងមានទៀតដោយសារតែទឹកទន្លេពុលដោយសារធាតុនីគែល។
នៅឆ្នាំ២០១៧ តុលាការកំពូលកូឡុំប៊ី បានចេញសេចក្តីសម្រេចស្តីបន្ទោសអាជ្ញាធររដ្ឋ ទាំងតំបន់ទាំងថ្នាក់ជាតិ ថាមានការធ្វេសប្រហែស ដែលបានការពារថាសកម្មភាពជីករ៉ែនីគែល មិនបង្កផលប៉ះពាល់ដល់ប្រព័ន្ធជីវចម្រុះ និងសុខភាពមនុស្ស។ តុលាការក៏បានបង្គាប់ថា ក្រុមហ៊ុនជីករ៉ែ ត្រូវតែពិគ្រោះយោបល់ជាមុនជាមួយសហគមន៍ប្រជាជនមូលដ្ឋាន ដើម្បីរៀបចំវិធានការលាងសម្អាតជាតិពុល ព្រមទាំងមើលថែសុខភាពរបស់ប្រជាជន។ តែរហូតមក់ទល់ពេលនេះ យោងតាមតំណាងសហគមន៍ គឺពុំមានស្រមោលនៃការទទួលខុសត្រូវរបស់ក្រុមហ៊ុនជីករ៉ែទេ។ មណ្ឌលសុខភាពមួយ ដែលក្រុមហ៊ុននេះសន្យាថាសាងសង់ ប្រជាជនអះអាងថាមិនទាន់ឃើញរូបរាងទេ។
នីគែលបង្កជម្ងឺមហារីក
នៅឃុំ San José de Uré ដែលមានប្រជាជនរស់នៅប្រមាណ១១០០០នាក់ មានច្រើននាក់ណាស់ ដែលបានលើកឡើងអំពីជំងឺចម្លែកៗ ភាគច្រើនគឺជាជំងឺដុះដុំសាច់ក្នុងស្បូនរបស់ស្ត្រី។ ដុំសាច់ក្នុងស្បូន តាមធម្មតាជាករណីសាមញ្ញតែងកើតមានលើស្ត្រី តែករណីនៅតំបន់នេះ គឺមិនមែនតែមួយឬពីរដុំ គឺច្រើនដុំឡើកកកស្ទះពេញស្បូន ដែលបង្កឲ្យមានការហូរឈាមធ្ងន់ធ្ងរ ចុកពើតខ្លាំងទ្រាំមិនបាន។ យ៉ាងហោចណាស់ មានស្ត្រីជាង២០នាក់ ដែលត្រូវវះកាត់យកស្បូនចេញទាំងស្រុងតែម្តង ក្នុងរវាង២០ឆ្នាំចុងក្រោយនៅក្នុងឃុំនេះ។ ហើយមានករណីជម្ងឺចម្លែកផ្សេងទៀត នៅតំបន់នេះ ដូចជាមានទារក២នាក់ កើតមកពុំមានរុន្ធគូទទេ។ ទារកម្នាក់បានស្លាប់ហើយ កាលពី២ឆ្នាំមុន។
វិទ្យាស្ថានជាតិវិជ្ជសាស្ត្រកូឡុំប៊ី បានពិនិត្យមើលលើគំរូអេឆង់ទីយ៉ុងចំនួន ១១៤៧ ហើយបានសន្និដ្ឋានថា មានជំងឺចំនួន១៧មុខ ដែលមានពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹងសកម្មភាពជីករ៉ែនីគែល របស់ក្រុមហ៊ុនCerro Matoso S.A.។ ហើយជម្ងឺដុះដុំសាច់ពេញស្បូន ក៏ស្ថិតនៅក្នុងចំណោមនេះដែរ។
យោងតាមការសិក្សាវេជ្ជសាស្ត្រកន្លងមក បានឲ្យដឹងថា សារធាតុនីគែល អាចជ្រាបចូលក្នុងខ្លួនមនុស្សយើង ក្នុងកម្រិតណាមួយ តាមប្រព័ន្ធដកដង្ហើម តាមចំណីអាហារ និងទឹកបរិភោគជាដើម។ ជាទូទៅសារធាតុនីគែលនេះ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ នៅលើប្រព័ន្ធដកដង្ហើម នៅពេលវាកកស្ទះច្រើនខែច្រើនឆ្នាំនៅក្នុងសួត ធ្វើឲ្យមានជំងឺមហារីកសួត និងជាពិសេសនោះគឺមហារីកក្រអូមច្រមុះ និងមហារីកបំពង់ខ្យល់ជាដើម។
តាំងតែពីឆ្នាំ១៩៩០ម្លេះ ដែលគណកម្មការអន្តរជាតិស្រាវជ្រាវលើជំងឺមហារីក CIRC បានចាត់ថ្នាក់សារធាតុនីគែល ក្នុងកម្រិតណាមួយ ពិតជាអាចបង្កជំងឺមហារីកមកលើមនុស្ស។ មិនចាំបាច់ទាល់តែនៅជិតកន្លែងជីករ៉ែ ស្លររ៉ែកម្រនេះ ទើបមនុស្សអាចប្រឈមគ្រោះថ្នាក់នោះទេ។ រ៉ែនីគែល មានជាប់នៅក្នុងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃច្រើនមុខណាស់ ជាក់ស្តែង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលជាប្រភេទដែកអ៊ីណុក និងគ្រឿងអល្លង្កាជាដើម។ គ្រាន់តែថាផ្សែងចំហេះចេញពីរោងចក្រចម្រាញ់រ៉ែនីគែល អាចមានកម្រិតលោហៈនេះខ្ពស់ខ្លាំង និងគ្រោះថ្នាក់ខ្លាំង។ពោលគឺនីគែល អាចបង្កគ្រោះថ្នាក់មកលើសុខភាព មិនចាញ់មែរកួរ ប៉ុន្មាននោះទេ។
ឥណ្ឌូណេស៊ីមានស្តុកនីគែល១ភាគ៤នៃពិភពលោក
រ៉ែនីគែល ជាប្រភេទលោហៈធ្ងន់ និងកម្រ ដែលឧស្សាហកម្មពិភពលោកយើង អត់មិនបានទេ។ ទំនង់សេដ្ឋកិច្ចរបស់រ៉ែនីគែលធ្ងន់សម្បើមណាស់ ជាពិសេសជាមួយនឹងការប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាទំនើប ដែលត្រូវការប្រើថ្មសាក។ លោហៈនីគែល មិនខុសពីលីត្យូម គឺជាធាតុផ្សំចាំបាច់ណាស់ សម្រាប់ផលិតថ្មសាកធំៗ ជាពិសេស គឺថ្មរថយន្តអគ្គិសនី។ រថយន្តអគ្គិសនីនីមួយៗ អាចត្រូវការប្រើលោហៈនីគែលនេះ ប្រមានជាង៣០ ទៅ ៤០គីឡូក្រាមឯណោះ។
មានប្រទេសមិនច្រើនប៉ុន្មានទេ ដែលមានស្តុករ៉ែនីគែលក្នុងដីច្រើន ក្នុងនោះមានឥណ្ឌូណេស៊ី ហ្វីលីពីន តំបន់នូវែលកាឡែដូនី គុយបា អូស្ត្រាលី ចិន កាណាដា និងរុស្ស៊ីជាដើម។ ឥណ្ឌូណេស៊ីសំបូរខ្លាំងជាង ។ បើតាមទិន្នន័យរបស់ U.S. Geological Survey គឺឥណ្ឌូណេស៊ីមានស្តុកចំនួន២១លានតោននៅក្នុងដី ដែលគេដឹងច្បាស់ថា អាចកកាយយកមកធ្វើអាជីវកម្មបាន ពោលគឺប្រមាណ១ភាគ៤ នៃទំហំស្តុកពិភពលោក។
ដោយឃើញពីសក្តានុពលដ៏ធំមហិមារបស់ខ្លួននេះ លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានចេញបញ្ជាហាមឃាត់ការនាំចេញរ៉ែនីគែលទៅក្រៅប្រទេស ចាប់ពីឆ្នាំ២០២០មក។ ហាមឃាត់ការនាំចេញ មិនមែនហាមឃាត់ការជីកធ្វើអាជីវកម្ម។ តាមរយៈវិធានការបែបជាតិនិយមនេះ វាមានន័យថា រ៉ែនីកែលរបស់ឥណ្ឌូណេស៊ី ត្រូវតែចម្រាញ់និងកែច្នៃផលិតជាទំនិញរួចរាល់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ជាមុនសិន មុននឹងអាចនាំចេញទៅក្រៅបាន។ វិធានការនេះ គឺសំដៅផ្តល់សន្ទុះដល់ការវិនិយោគឧស្សាហកម្ម រៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធ រាប់ចាប់ពីការជីករ៉ែ ការស្លរ ចម្រាញ់កែច្នៃ និងឈានទៅផលិតថ្មអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូណេស៊ីតែម្តង។ អញ្ចឹងហើយ បានជាគ្រប់ក្រុមហ៊ុនឧស្សាហកម្មធំៗ ដែលផលិតរថយន្តអគ្គិសនី បាននាំគ្នាសំរុកទៅឥណ្ឌូណេស៊ីខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុន Tesla កំពុងពិចារណាបង្កើតរោងចក្រផលិតរថយន្តនៅឥណ្ឌូណេស៊ីដោយផ្ទាល់តែម្តង។
ក្នុងឆ្នាំ២០២២កន្លងទៅ ឥណ្ឌូណេស៊ី បានកកាយធ្វើអាជីវកម្មរ៉ែនីគែល បាចចំនួន១លាន៤សែនតោន។ ក្នុងរវាង៣ឆ្នាំមកនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចុះកិច្ចសន្យាចំនួនជាង១០ ក្នុងទំហំទឹកប្រាក់ប្រមាណ១៥ពាន់លានដុល្លារ។ ឆ្នាំ២០១៥ ចំណូលបានមកពីអាជីវកម្មរ៉ែនីគែលនៅឥណ្ឌូណេស៊ីមាន១ពាន់លានដុល្លារ។ តែឆ្នាំ២០២២កន្លងទៅនេះ ចំណូលនេះ បានរីកដល់៣០ពាន់លានដុល្លារ។ ឥឡូវហ្វ៊ីលីពីន ក៏កំពុងចង់យកគម្រូតាមឥណ្ឌូណេស៊ីដែរ ដោយបានសម្រេចយកពន្ធខ្ពស់ លើការនាំចេញរ៉ែនីគែលរបស់ខ្លួន។
រថយន្តដើរដោយថ្មីអគ្គិសនីល្អសម្រាប់បរិស្ថានមែនពិត តែកុំភ្លេចថា មុននឹងផលិតចេញជាថ្មអគ្គិសនីនេះបាន គឺវាត្រូវរ៉ែលោហៈកម្រច្រើនមុខ តួយ៉ាងរ៉ែនីគែលនេះ។ ការជីកកកាយ ចម្រាញ់រ៉ែនីគែលអាចជះផលអាក្រក់ខ្លាំងសម្បើមណាស់ដល់សុខភាពមនុស្ស និងប្រព័ន្ធជីវចម្រុះធនធានធម្មជាតិ។ ឧស្សាហកម្មរ៉ែនីគែលរបស់ឥណ្ឌូណេស៊ី ត្រូវគេរិះគន់ខ្លាំងណាស់ ថាមិនស្អាតស្អំទេ ព្រោះក្រុមហ៊ុននៅឥណ្ឌូណេស៊ី ដុតធ្យូងថ្មខ្លាំងសម្បើមណាស់ ដើម្បីផលិតចរន្តអគ្គិសនីចម្រាញ់រ៉ែនេះ។ កាកសំណល់សារធាតុពុល ត្រូវបង្ហូរចោលទៅក្នុងសមុទ្រទៀត។ តែយ៉ាងណា គ្រប់គ្នាមិនទាន់អាចគេចពីឥណ្ឌូណេស៊ីបានទេ ព្រោះទំហំសមត្ថភាពផលិតវាធំណាស់។ តែយ៉ាងណា អ្នកជំនាញរំពឹង និងសង្ឃឹមថា ឥណ្ឌូណេស៊ីនឹងកាច់ចង្កូត រៀបចំឧស្សាហកម្មរ៉ែនីគែលរបស់ខ្លួន ឲ្យបានកាន់តែស្អាតស្អំ គោរពស្តង់ដារបរិស្ថានអន្តរជាតិ៕
20-4-2023 • 9 minuten, 30 seconden អ.ស.ប.៖ ចំនួនប្រជាជនឥណ្ឌានឹងកើនឡើងលើសចិន នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣
ថ្ងៃពុធ អង្គការសហប្រជាជាតិ បញ្ជាក់អំពីរបាយការណ៍ប្រជាសាស្ត្រពិភពលោក ថា ចំនួនប្រជាជនឥណ្ឌា នឹងកើនឡើងលើសប្រជាជនចិន នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣នេះ។ ក្នុងពេលជាមួយគ្នានេះ អង្គការសហប្រជាជាតិ ក៏អំពាវនាវដែរ ដល់ចំពោះបណ្តារដ្ឋាភិបាលឲ្យផ្តោតលើការគិតគូរដល់សិទ្ធិសេរីភាពរបស់ស្ត្រីក្នុងការសម្រេចចិត្តខ្លួនឯង ជាជាងគិតតែបារម្ភរឿងប្រជាជនពិភពលោកកើនឡើងខ្លាំង។
ប្រជាជនទូទាំងពិភពលោក ឡើងលើសពី ៨ពាន់លាននាក់។
នាយិកាមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន អ្នកស្រី Natalia Kanem បញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩០មក អាយុសង្ឃឹមរស់របស់ប្រជាជនពិភពលោក បានកើនឡើងជាលំដាប់ ចន្លោះរវាង ៦ឆ្នាំ។ ជាមធ្យម ប្រុសៗ អាយុសង្ឃឹមរស់ ដល់៧១ឆ្នាំ ហើយស្រី ៧៦ឆ្នាំ ខណៈដែលអត្រាផ្តល់កំណើត យ៉ាងហោច ក្នុងស្រីម្នាក់ អាចបង្កើតកូន ២,៣ នាក់ ជិតជាមធ្យម។
អឺរ៉ុប ជាតំបន់១ដែលនឹងត្រូវស្គាល់កំណើនប្រជាជនទាប តទៅទៀត ចាប់ពីពេលនេះ ដល់២០៥០។ ពីពេលនេះដល់២០៥០ ប្រទេស ចំនួន ៨ ដែលមានអត្រាកំណើតប្រជាជនកើនច្រើនគួរឲ្យកត់សម្គាល់ គឺ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេហ្ស៊ីប អេត្យូពី ឥណ្ឌា នីហ្សេរីយ៉ា ប៉ាគីស្ថាន ហ្វីលីពីន និងតង់ហ្សានី។
នៅទ្វីបអាហ្វ្រិក ប្រទេសដែលមានអត្រាកំណើតខ្លាំង គឺ នីហ្សេ ឆាត សូម៉ាលី ម៉ាលី និងអាហ្វ្រិកកណ្តាល។ នៅទ្វីបអាហ្វ្រិក ប្រជាជននឹងសន្ទុះកើនខ្លាំង ពី ១,៤ ទៅ ៣,៩ ពាន់លាននាក់ នៅឆ្នាំ២១០០ ដែលអាចស្មើនឹង ៣៨% នៃប្រជាជនលើផែនដី។
របាយការណ៍អង្គការសហប្រជាជាតិ បញ្ជាក់ទៀតថា ១ភាគ៣នៃប្រជាជនសកលលោក គឺមានអាយុតិចជាង ១៤ឆ្នាំ។ ៦៥% អាយុចន្លោះ ១៥ទៅ ៦៤ឆ្នាំ។ អ្នកដែលអាយុលើសពី ៦៥ឡើងទៅ មាន១០%។
រីឯ ប្រទេសមានអត្រាកំណើតទាប គឺ ជប៉ុន កូរ៉េខាងត្បូង ហុងកុង សិង្ហបុរី ម៉ាកាវ សាំងម៉ារាំង អារុបា និងចិន។ ជប៉ុន ជួបបញ្ហាកំណើតប្រជាជន ហើយ ប្រជាជនចាស់ៗច្រើន និង ថយចុះប្រជាជនយ៉ាងគំហុក។ រយៈកាល១ទសវត្សរ៍ចុងក្រោយ ចន្លោះឆ្នាំ២០១១ដល់២០២១ ជប៉ុនថយចុះ ៣លាននាក់។
ឥណ្ឌា នាំមុខដាច់ ចិន ខាងបង្កើតកូន។
តាមរបាយការណ៍ថ្មីនេះ គឺ ប្រជាជនឥណ្ឌា កើនដល់ ១,៤២៨៦ ពាន់លាននាក់ ហើយ ចិន មានប្រជាជន ១,៤២៥៧ ពាន់លាននាក់។ ក្នុងរយៈពេល ២៥ឆ្នាំជាប់ៗគ្នា ចិន ឈរនាំមុខគេខាងមានប្រជាជនច្រើនជាងគេលើពិភពលោក។ នៅក្នុងឆ្នាំនេះ ឥណ្ឌា វ៉ាដាច់ចិន ដោយមានប្រជាជនច្រើនជាងចិន ប្រមាណ ៣លាននាក់ ហើយនិងបន្តច្រើនជាងតទៀត នៅពេលខាងមុខ។
ជាក់ស្តែងទៅ ប្រជាជនចិនធ្លាក់ចុះអត្រាកំណើន ជាប់ពាក់ព័ន្ធនឹងដំណើរការប្រវត្តិសាស្ត្រនិងនយោបាយផង។ នៅទសវត្ស១៩៦០ ចិនជួបអត្រាកំណើតទាប និងស្លាប់ប្រជាជនអស់ច្រើនពាន់លាន ព្រោះតែកំហុសនយោបាយ នៃបដិវត្តន៍ដ៏មហាលោតផ្លោះ នៅឆ្នាំ១៩៥៩។ ក្រោយមកទៀត រដ្ឋអំណាចចិនកំណត់គោលនយោបាយកូនតែ១ ទើបតែលុបចោលនៅឆ្នាំ២០២១ ដែលអនុញ្ញាតឲ្យ ពលរដ្ឋចិន អាចមានកូនលើសពីម្នាក់បាន។ ទាំងនេះពន្យារកំណើនប្រជាជនចិន ហើយស្រីចិនដែលរៀនបានកម្រិតចេះដឹងខ្ពស់ ក៏នាំឲ្យអាក់ខានខ្លះដែរ ដល់ដំណើរការពរពោះមានកូន។
ពេលនេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី នរិន្ទ្រា ម៉ូឌី មិនបានប្រកាសទិដ្ឋន័យប្រជាជនផ្លូវការទេ។ មិនប្រកាសជាសាធារណៈ ពីព្រោះតែបារម្ភខ្លាចក្រែងមានគេរិះគន់ពីអត្រាអត់ការងារធ្វើ ចំនួនដ៏ច្រើនក្នុងចំណោមយុវជន។ ដែលចំណុចនេះ មិននាំផលល្អ ហើយថែមទាំអអាចជះផលអាក្រក់ដល់ការបោះឆ្នោតជាតិ នៅឆ្នាំខាងមុខនេះ ផង។
ទោះជាយ៉ាងនេះ បើតាមទិន្នន័យអង្គការសហប្រជជាតិ ដែលផ្សាយពីទីភ្នាក់ងារព័ត៌មានAFP ប្រជាជនឥណ្ឌា ជិតពាក់កណ្តាល មានអាយុតិចជាង៣០ឆ្នាំ ហើយដែលកំពុងតែស្រេកឃ្លានក្នុងការប្រលូកចូលក្នុងវិស័យការងារ។
បើតាមអ្នកជំនាញបារាំង អំណឹះតទៅ ឥណ្ឌា បង្កើតប្រជាជនថ្មី ក្នុង១ឆ្នាំៗ ប្រមាណ១៤លាននាក់។ ចំពោះប្រទេសឥណ្ឌាផ្ទាល់ កំណើនខ្លាំងខាងប្រជាសាស្ត្រ គឺបង្កបញ្ហាចំណោទប្រឈមខ្លាំង វិបត្តិសង្គម មានទាំងពីការសិក្សា រចនាសម្ព័ន្ធ ទឹក ភ្លើង... ពិសេសទៅទៀត គឺ វិសមភាពអ្នកមានអ្នកក្រ, កង្វះលំនៅដ្ឋានសមរម្យនៅក្នុងទីក្រុង,បញ្ហាកង្វះការងារ...។ល។ នេះបើតាមការវិភាគរបស់សាស្ត្រាចារ្យ Christophe Jaffrelot អ្នកស្រាវជ្រាវនៅ វិទ្យាស្ថានជាតិស្រាវជ្រាវវិទ្យាសាស្ត្រ CNRS និងជាអ្នកជំនាញពីប្រទេសឥណ្ឌា។ បញ្ហាមួយទៀត ដែលអ្នកជំនាញមើលឃើញ គឺវិបត្តិធនធានមនុស្ស សម្រាប់ប្រទេសឥណ្ឌា ព្រោះតែប្រាក់ខែទាបនៅក្នុងស្រុក ធ្វើឲ្យអ្នកមានសមត្ថភាពនិងអ្នកចេះដឹង រត់ចោលស្រុក ពិសេសពួកអ្នកចេះអង់គ្លេសនិងបច្ចេកវិជ្ជា ដូចដែលយើងឃើញស្រាប់ ក្រុមហ៊ុនព័ត៌មានវិទ្យាអ៊ិនធ័រនែត គឺមានជនជាតិឥណ្ឌា តួយ៉ាង Google ជាដើម។
«បង្កើតកូន ជាសម្រេចចិត្តរបស់ស្ត្រីម្ចាស់ខ្លួន»។
របាយការណ៍ប្រជាសាស្ត្រពិភពលោក មិនគាំទ្រឲ្យរដ្ឋអំណាចឬរដ្ឋាភិបាល ដាក់គោលនយោបាយកំណត់ចំនួនកូន ឬប្រើវិធីសាស្ត្រវិធានការណាមួយដើម្បីបន្ថយឬបង្កើនកំណើតទេ។
ជំនួសឲ្យការដែលគិតថានារីគួរតែមានកូនប៉ុន្មាននិងនៅអាយុប៉ុន្មានតាមសម្ពាធសង្គមនោះ ប៉ុន្តែ គួរសូមទុកដាក់សម្រេចចិត្តថា ត្រូវមានកូនឬគ្មាន ជាសិទ្ធិសម្រេចរបស់នារីជាម្ចាស់រាងកាយរបស់នាង។ នេះបើតាម អ្នកស្រី Natalia Kanem នាយិកាមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន និងដែលបញ្ជាក់ថា « ទិន្នន័យ៤៤% ស្ទើរតែស្មើនឹងស្រីពាក់កណ្តាលពិភពលោក ដែល ពពោះ ផើមមានគភ៌ មិនតាមក្តីប្រាថ្នារបស់ខ្លួន។ នាងមិនអាចជ្រើសរើសប្រើវិធីសាស្ត្រពន្យារកំណើត មិនបានទទួលការព្យាបាយសុខភាពត្រឹមត្រូវ និងមិនអាចសម្រេចរើសដៃគូរួមភេទ ជាមួយនរណាម្នាក់ តាមចំណងរបស់ខ្លួន។ ក្នុងពិភពលោកយើង គឺអត្រាពរពោះមានកូន ដល់ទៅជិតកណ្តាល ដែលមិនចេញពីសេចក្តីប្រាថ្នារបស់នារីម្ចាស់ខ្លួនទេ។»
អ្នកស្រី Natalia Kanem កត់សម្គាល់ថា «ក្នុង១ឆ្នាំៗ យ៉ាងហោចណាស់ កូនក្មេង ទារកកន្លះលាននាក់ ប្រសូត្រចេញពីម្តាយវ័យក្មេង អាយុចន្លោះ ១០ ទៅ១៤ឆ្នាំ។»
អាស្រ័យហេតុនេះ អង្គការសហប្រជាជាតិ អំពាវនាវឲ្យបណ្តារដ្ឋាភិបាលនិងរដ្ឋអំណាច ត្រូវអប់រំណែនាំប្រជាជនទូទៅ ឲ្យយល់ពីការថែទាំសុខភាពផ្លូវភេទ អនាម័យប្រដាប់ភេទ ការបន្តពូជដោយសុវត្ថិភាព ហើយបង្កើតយន្តការនានា ជាមួយសង្គមស៊ីវិល ដើម្បីពន្យល់ណែនាំពីសិទ្ធិសេរីភាពរបស់នារីភេទ។ ដើម្បីឲ្យគ្រប់គ្នាយល់ជាក់ច្បាស់ថា ស្រីមានសិទ្ធពេញទីក្នុងការជ្រើសរើសគូស្រករ និង សិទ្ធិជ្រើសរើសដៃគូរួមភេទតាមសេចក្តីប្រាថ្នារបស់នាង ៕
19-4-2023 • 8 minuten, 58 seconden ស៊ូដង់៖ ផ្ទុះការវាយប្រយុទ្ធដណ្តើមអំណាចគ្នា រវាងក្រុមយោធា ស្លាប់ប្រជាជនស៊ីវីលជាច្រើននាក់
ស៊ូដង់ ដែលជាប្រទេសក្រីក្រមួយនៅអាហ្វ្រិក កំពុងតែធ្លាក់ចូលក្នុងភ្លើងសង្រ្គាមស៊ីវីល ឬយ៉ាងណា? អស់រយៈពេល៣ថ្ងៃមកហើយ ដែលនៅរដ្ឋធានីកាទូម មានការផ្ទុះអាវុធ វាយប្រយុទ្ធគ្នាយ៉ាងហឹង្សា រវាងក្រុមយោធា២ក្រុម ដើម្បីដណ្ដើមគ្នាគ្រប់គ្រងអំណាច។ យ៉ាងហោចណាស់ មានប្រជាជនស៊ីវីល បានស្លាប់ប្រមាណ១០០នាក់ និងមានរបួសជាច្រើននាក់ផ្សេងទៀត ខណៈការប្រយុទ្ធគ្នាកំពុងបន្តយ៉ាងសកម្ម។
ធ្លាប់សហការគ្នាធ្វើរដ្ឋប្រហារយោធា ងាកមកដណ្តើមអំណាចគ្នា
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលគេបានសង្កេតឃើញ នូវការប្រទូស្តរាយគ្នា ជាពាក្យសម្តីជេរប្រទេចគ្នាទៅវិញទៅមក រវាងមេដឹកនាំក្រុមកងទ័ពទាំង២ក្រុម។ ទីមួយគឺលោក Abdel Fattah al-Burhane ដែលជាអគ្គមេបញ្ជាការកងទ័ពជាតិស៊ូដង់ ហើយទី២គឺលោក Mohamed Hamdane Daglo ហៅក្រៅថា Hemedti ដែលជាមេបញ្ជាការកងអាវុធហត្ថប្រតិបត្តិការរហ័ស FSR។ ចាប់ពីថ្ងៃសៅរ៍មក លោកមេបញ្ជាការ Hemedti នេះ បានផ្តល់បទសម្ភាសន៍ជាបន្តបន្ទាប់ តាមទូរទស្សន៍ប្រទេសតំបន់ឈូងសមុទ្រ ដែលជាបក្សពួកខ្លួន និងប្រើភាសាស្តីបន្ទោស ជេរប្រមាថទៅលើគូរប្រជែងរបស់ខ្លួន គឺលោក Abdel Fattah al-Burhane ដែលជាមេដឹកនាំកំពូលស៊ូដង់។
គួរបញ្ជាក់ថា មេទ័ពដ៏មានអំណាចទាំង២នេះ សុទ្ធតែជាមនុស្សសល់ពីរបបដឹកនាំផ្តាច់ការ របស់ អូម៉ា អាល់បាឆៀរ។ ក្រោយរបបផ្តាច់ការនេះដួលរលំនៅខែមេសា ឆ្នាំ២០១៩ លោក Abdel Fattah al-Burhane ដែលជាអគ្គមេបញ្ជាកងទ័ពជាតិ ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានក្រុមប្រឹក្សាកំពូល បន្ទាប់ពីមេទ័ពរូបនេះ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមអ្នកនយោបាយស៊ីវីល ដើម្បីឈានទៅធ្វើអន្តរកម្មអំណាចប្រជាធិបតេយ្យ។
តែក្រោយមក គឺនៅខែតុលា ឆ្នាំ២០២១ ស្រាប់តែលោកមេទ័ពរូបនេះ បានធ្វើរដ្ឋប្រហារយោធា ផ្តួលរំលំរដ្ឋាភិបាលអន្តរកាលស៊ីវីល។ ការធ្វើរដ្ឋប្រហារ ដែលមានការចូលរួមសហការពីក្រុមកម្លាំងប្រដាប់អាវុធមួយក្រុមទៀត ឈ្មោះថា កងកម្លាំងអាវុធហត្ថប្រតិបត្តិការរហ័ស ដឹកនាំដោយ លោកមេបញ្ជាការ Mohamed Hamdane Daglo ហៅក្រៅថា Hemedti នេះឯង។ ក្រុមប្រដាប់អាវុធនេះ ត្រូវគេស្គាល់ថា គឺជាកងកម្លាំងហិង្សាធ្លាប់បានចេញមុខវាយបង្រ្កាបក្រុមបះបោល កាលពីក្នុងសង្គ្រាមនៅតំបន់ដាកហ្វួរ ហើយក៏ធ្លាប់ទៅធ្វើប្រតិបត្តិការនៅយេម៉ែន នៅលីប៊ីផងដែរ។ យោងតាមបណ្តាញព័ត៌មាន BBC កងកម្លាំងនេះ គឺជាអ្នកគ្រប់គ្រង អណ្តូងរ៉ែមាសសឹងតែទាំងអស់នៅស៊ូដង់។
ឥឡូវពេលនេះ ដៃគូសហការដែលធ្លាប់ពួតកម្លាំងគ្នាធ្វើរដ្ឋប្រហារ បានងាកមកធ្វើសង្គ្រាមវាយប្រយុទ្ធគ្នាដណ្តើមអំណាច។ ការវាយប្រយុទ្ធដែលបានផ្ទុះឡើង កាលពីថ្ងៃសៅរ៍ទី១៥មេសា នៅកណ្តាលក្រុងកាទូម រដ្ឋធានីស៊ូដង់តែម្តង។ អណ្តូងរ៉េមាស និងជាពិសេសរ៉ែប្រេងកាត ដ៏សន្ធឹកសន្ធាប់នៅក្នុងប្រទេសនេះ អាចជាហេតុផលមួយ នៃការច្រណែនគ្នារវាងមេបញ្ជាការកងទ័ពទាំង២នេះ។
ស្ថានការណ៍ស្រពិចស្រពិល
គិតមកត្រឹមថ្ងៃចន្ទនេះ ការវាយប្រយុទ្ធគ្នា នៅតែសកម្មដដែលទេ។ យោងតាមអ្នករាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលប្រចាំនៅក្រុងកាទូម គឺសំលេងផ្ទុះគ្រាប់កាំភ្លើងទាំងតូចទាំងធំ នៅតែលាន់ឮ យ៉ាងទ្រហឹងអឺងកង។ ផ្សែងខ្មៅឆាបឆេះ ក្លិនគ្រាប់រំសេវពាសពេញទីក្រុងតែម្តង។ កាលពីថ្ងៃអាទិត្យ កងទ័ពអាកាសស៊ូដង់ បានទាំងបាញ់ប្លោងទំលាក់គ្រាប់បែក នៅកណ្តាលក្រុងកាទូមថែមទៀត ដើម្បីកំទេចទីបញ្ជាការដ្ឋានកងអាវុធហត្ថប្រតិបត្តិការរហ័ស។
យោងតាមអ្នករាយការណ៍ព័ត៌មានបារាំង គឺគិតមកត្រឹមពេលនេះ គ្មានអ្វីអាចអះអាងថា ខាងណាឈ្នះ ខាងណាចាញ់ ខាងណាវាយដណ្តើមបានអ្វីខ្លះនោះទេ។ ក្រុមកងកម្លាំងអាវុធហត្ថប្រតិបត្តិការរហ័ស របស់លោកមេបញ្ជាការ Hemedti អះអាងថាកំពុងបើកប្រតិបត្តិការ ដណ្តើមយកទីតាំងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហើយអះអាងទៀតថាបានវាយដណ្តើមគ្រប់គ្រង ព្រលានយន្តហោះក្រុងកាទូម និងបានចូលទៅគ្រប់គ្រងវិមានប្រធានាធិបតីថែមទៀត។
ក៏ប៉ុន្តែ ខាងកទ័ពជាតិដែលស្ថិតក្រោមការដឹកនាំរបស់លោកមេបញ្ជាការ Abdel Fattah al-Burhane វិញ បានអះអាងថា អត់ទេ ! ស្ថានការគឺកងទ័ពគ្រប់គ្រងបានយ៉ាងល្អ ហើយទីបញ្ជាការដ្ឋានកងទ័ពជាតិលើផ្ទៃប្រទេស ក៏ត្រូវបានការពារបានយ៉ាងល្អដែរ។ ចំណែកទូរទស្សន៍ជាតិស៊ូដង់វិញ ភាគីទាំងសងខាង សុទ្ធតែអះអាង បានដណ្តើមបាន តែរៀងៗខ្លួន។ ដូច្នេះ គឺថាស្ថានការណ៍ពេលនេះ នៅស្រពេចស្រពិលណាស់ មិនដឹងខាងណា ចាញ់រឺឈ្នះទេ ព្រោះការប្រយុទ្ធកំពុងបន្តយ៉ាងសកម្ម នៅសឹងតែគ្រប់ទីកន្លែងនៅក្រុងកាទូម។ លោកមេបញ្ជាការ Abdel Fattah al-Burhane ដែលជាមេដឹកនាំទី១នៅស៊ូដង់ ក៏បាត់មុខ មិនទាន់ចេញមកថ្លែងការណ៍អ្វីដែរ គិតមកត្រឹមពេលនេះ។
ស្លាប់ជនស៊ីវីលយ៉ាងហោចជិត១០០នាក់
យោងតាមតួលេខរបស់សហជីពក្រុមគ្រូពេទ្យស៊ូដង់ គិតពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យម្សិលមិញ យ៉ាងហោចមានប្រជាជនស៊ីវីលស្លាប់ ចំនួន៩៧នាក់ និងរបួសច្រើននាក់ខ្លាំងណាស់។ ពាក់កណ្តាលនៃមនុស្សស្លាប់និងរបួស គឺនៅក្នុងទីក្រុងកាទូមតែម្តង ព្រោះជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក។ តួលេខនេះ មិនទាន់រាប់ ចំនួនទាហានស្លាប់ទាំងសងខាងផងទេ ដែលតាមស្មានគឺច្រើនសិបនាក់ណាស់។
ដូចយើងដឹងហើយ ស៊ូដង់ជាប្រទេសដែលសំបូរធនធានរ៉ែប្រេងកាតក្នុងចំណោមប្រទេសផលិតប្រេង ក៏ប៉ុន្តែប្រទេសនេះក្រីក្រខ្លាំងណាស់ ហើយប្រឈមនឹងការប្រជែងអំណាច គ្មានស្ថិរភាពទេ។ ជាង១ភាគ៣ នៃប្រជាជនស៊ូដង់ចំនួន ៤៥លាននាក់ រស់នៅរំពឹងទៅលើជំនួយស្បៀងអាហារ ជំនួយមនុស្សធម៌ពីអង្គការក្រៅរដ្ឋាភិបាលនានា ជាក់ស្តែងដូចនៅតំបន់ដាកហ្វួរជាដើម។ ការវាយប្រយុទ្ធដណ្តើមអំណាចគ្នា រវាងពួកកងទ័ពទាំង២ក្រុមនាពេលនេះ បានបណ្តាលឲ្យស្លាប់បុគ្គលិកអង្គការ កម្មវិធីស្បៀងអាហារពិភពលោក ចំនួន៣នាក់នៅដាកហ្វួរ។ ឥឡូវអង្គការនេះ បានសម្រេចផ្អាកប្រតិបត្តិការការងាររបស់ខ្លួន ដើម្បីការពារសុវត្ថិភាពបុគ្គលិក ខណៈការវាយប្រយុទ្ធផ្ទុះអាវុធ កំពុងសកម្មយ៉ាងហិង្សា។
នៅទីក្រុងកាទូមវិញ ផ្អែកតាមលោក Kholoold Khair ស្ថាបនិកមជ្ឈមណ្ឌលស្រាវជ្រាវ Confluence Advisory នៅទីក្រុងកាទូម គឺនេះជាលើកទីមួយហើយ ដែលមានការប្រយុទ្ធគ្នាយ៉ាងហិង្សាខ្លាំងបែបនេះ បើគិតពីឆ្នាំ១៩៥៦មក នៅពេលដែលមានសង្គ្រាមដណ្តើមឯករាជ្យពីអង់គ្លេស។ នៅព្រឹកថ្ងៃចន្ទនេះ ក្រុមគ្រូពេទ្យ និងបុគ្គលិកអង្គការមនុស្សធម៌បានទាញសញ្ញាអាសន្ន ដោយសារតែការប្រយុទ្ធគ្នានៅកាទូម បានបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតាមមន្ទីរពេទ្យ ដែលខ្វះមុខខ្វះក្រោយរួចទៅហើយ។
តំណាងអង្គការសុខភាពពិភពលោក បានលើកឡើងថា មន្ទីរពេទ្យទាំង៩នៅកាទូម ដាច់ចរន្តអគ្គិសនី គ្មានឈាមដើម្បីជួយសង្គ្រោះមនុស្សរបួស គ្មានសេរូម និងខ្វះសម្ភារៈវះកាត់សង្គ្រោះ ជាច្រើនផ្សេងទៀត។ ជាងនេះទៀត មនុស្សម្នា ទាំងអ្នកជំងឺអ្នករបួស និងក្រុមគ្រួសារ មិនអាចចាកចេញពីមន្ទីរពេទ្យបានទេ ដោយសារតែនៅតែនៅខាងក្រៅ មានការវាយប្រយុទ្ធផ្ទុះអាវុធ វាយប្រយុទ្ធបាញ់ប្លោងគ្រប់ច្រកល្ហក។ ស្ថានការណ៍បានបណ្តាលឲ្យមានការកកស្ទះ នៅតាមមន្ទីរពេទ្យ គ្មានចំណីអាហារ គ្មានទឹកបរិភោគ។
អេហ្ស៊ីប និង អារ៉ាប៊ីសាអូឌីត
បើគិតពីព្រឹត្តិការណ៍រដ្ឋប្រហារនៅខែតុលាឆ្នាំ២០២១មក សហគមន៍អន្តរជាតិបានត្រឹមតែឈរសំឡឹងមើលពីចំងាយ ដោយមិនអាចធ្វើអ្វីបាន ឬក៏និយាយអ្វីក៏ភាគីជម្លោះនៅស៊ូដង់មិនស្តាប់ដែរ។ ចិនដែលដែលមានចំណែកផលប្រយោជន៍គួរសមដែរនៅស៊ូដង់ បានព្យាយាមនិយាយបញ្ចុះបញ្ចូលកងទ័ពដែរ ពេលកន្លងមកនេះ ឲ្យរៀបចំប្រទេសឲ្យមានស្ថិរភាពសន្តិសុខ ព្រោះចិនមានក្រុមហ៊ុនបូមប្រេងកាតនៅស៊ូដង់ច្រើនណាស់។
សហព័ន្ធអាហ្វ្រិក សហរដ្ឋអាមេរិក និងអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍ព្រមៗគ្នា នៅថ្ងៃចន្ទនេះ ហៅឲ្យភាគីជម្លោះបិទបញ្ចប់អំពើហិង្សា ដែលបណ្តាលឲ្យស្លាប់ជីវិតជនស្លូតត្រង់ស៊ូដង់។ លោកអង់តូនី ប្លីងកិន ថ្លែងការបារម្ភថា បើសង្គ្រាមស៊ីវីលនៅស៊ូដង់ផ្ទុះឡើង វានឹងរញ្ជួយកម្រើកអស្ថិរភាពពេញមួយតំបន់អាហ្វ្រិកខាងជើងឆៀងខាងកើតនេះតែម្តង។
ចំណែកលោក អគ្គលេខាធិការអង្គការសហប្រជាជាតិវិញ បានថ្លែងសារអំពាវនាវ ឲ្យគូប្រជែងអំណាចទាំង២ ទម្លាក់អាវុធ ឈប់ប្រយុទ្ធ ហើយបានហៅឲ្យលោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sissi ត្រូវតែជួយចូលរួមដោះស្រាយជាបន្ទាន់។ យ៉ាងណាមិញ នៅទីក្រុងគែរប្រទេសអេហ្ស៊ីប ក្រុមប្រទេសសម្ព័ន្ធអារ៉ាប់ បានបើកការប្រជុំជាបន្ទាន់ ដោយអេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត ជាអ្នកផ្តួចផ្តើមគំនិត។ អាហ្ស៊ីប និង អារ៉ាប៊ីសាអូឌីត ត្រូវគេដឹងថា ជាមហាអំណាចតំបន់មានទំងន់ឥទ្ធិពលខ្លាំង ទៅលើគូបដិបក្សស៊ូដង់ទាំង២នេះ៕
17-4-2023 • 9 minuten, 13 seconden អាមេរិកចាប់ខ្លួនទាហានអាយុ២១ឆ្នាំ ដែលសង្ស័យក្ នុងរឿងបញ្ចេញឯកសារសម្ងាត់របស់មន្ទីរបញ្ចកោន
ប៉ូលិសFBI បានចាប់ខ្លួនយុវជនម្នាក់ ដែលជាប់សង្ស័យក្នុងរឿងបែកលេចធ្លាយឯកសារសម្ងាត់របស់មន្ទីរបញ្ចកោន ទៅលើបណ្តាញសង្គម។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីយុត្តិធម៌ អាមេរិក លោក Merrick Garland បានប្រកាសថា គេបានចាប់ខ្លួន យុវជនJack Teixeira ជែក តេស្ហៀរ៉ា អាយុ២១ឆ្នាំ ក្នុងរឿងជាប់សង្ស័យបញ្ចេញឯកសារសម្ងាត់ជាតិ ដោយគ្មានការអនុញ្ញាត។ តើយុវជនអាមេរិកវ័យ២១ឆ្នាំអាចចូលយកឯកសារសម្ងាត់អាមេរិក មកបង្ហោះផ្សាយ ចែកចាយនៅលើបណ្តាញសង្គមបានយ៉ាងដូចម្តេច?
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា គេបានចាប់ខ្លួនយុវជនJack Teixeira ដែលជាប់ពាក់ព័ន្ធនឹងការសង្ស័យបញ្ចេញឯកសារសម្ងាត់របស់មន្ទីរបញ្ចកោន នៅលើបណ្តាញសង្គម។
មានអាយុ ២១ឆ្នាំ Jack Teixeira ជែក តេស្ហៀរ៉ា ជាបុគ្គលិក បម្រើការនៅក្នុងអង្គភាពចារកម្មជើងអាកាសរបស់ឆ្មាំជាតិអាមេរិក តាំងពីឆ្នាំ ២០១៩។ កើតក្នុងគ្រួសារទាហាន Jack Teixeiraមានឪពុកចុងជាទាហាន ដែលទើបចូលនិវត្តន៍ និងប្អូនប្រុសដែលធ្វើការនៅមូលដ្ឋានទ័ពដូចគ្នានឹង Jack Teixeira នៅរដ្ឋ Massachusetts។ ចំណែកម្តាយរបស់ Jack Teixeiraជាបុគ្គលិករបស់អង្គការសម្រាប់អតីតយុទ្ធជនអាមេរិក។
នៅក្នុងអង្គភាពចារកម្មជើងអាកាស នៅក្នុងរដ្ឋMassachusetts ទៀតសោត Jack Teixeiraមាននាទីជាអ្នកជំនាញព័ត៌តមានវិទ្យា ទទួលខុសត្រូវលើប្រព័ន្ធទំនាក់ទំនងយោធាអាមេរិក ដូចជាបណ្តាញខ្សែកាបជាដើម។
នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នាយទាហាន Jack Teixeira ត្រូវប៉ូលិសFBI ចាប់ឃាត់ខ្លួននៅផ្ទះ នៅកូនក្រុងតូចមួយឈ្មោះ Dighton ភាគខាងត្បូងទីក្រុងបូស្តុន ក្នុងរដ្ឋMassachusetts។ នៅក្នុងវីដេអូដែលក្រុមទូទស្សន៍អាមេរិកថតបានពីលើអាកាស បានបង្ហាញយុវជនម្នាក់ ស្លៀកខោខ្លីក្រហម និងអាវយឺតនៅផ្ទះ ដាក់ដៃលើក្បាល ដើរថយក្រោយ មុននឹងត្រូវកងកម្លាំងចាប់ដាក់ខ្នោះ និងបណ្តើរចូលក្នុងរថយន្តស៊ីវិល។
ឯកសារសម្ងាត់របស់អាមេរិកបែកលេចធ្លាយដំបូងគេនៅក្នុងបណ្តាញDiscord
តាំងពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន កាសែតNew York Timesជាអ្នកចុះផ្សាយមុនគេពីការបែកលេចធ្លាយ ឯកសារសម្ងាត់របស់មន្ទីរកោនអាមេរិក នៅក្នុងបណ្តាញសង្គម ដូចជា តេឡេក្រាម ធ្វីតធ័រ និងDiscord ជាដើម។ នៅមុនពេល ក្រសួងយុត្តធម៌អាមេរិកប្រកាសបើកការស៊ើបអង្កេតទៅទៀត កាសែតអាមេរិក ដូចជា New York Times Washington Post ជាដើមបានស្រាវជ្រាវរកប្រភពបែកលេចធ្លាយឯកសារសម្ងាត់នៅលើបណ្តាញសង្គមDiscord។ Discord ជាបណ្តាញសង្គម ដែលមានអ្នកប្រើប្រាស់ភាគច្រើនជាមនុស្សប្រុស ជាអ្នកលេងហ្គេមអនឡាញ និងមានអាយុច្រើនបំផុត ២៤ឆ្នាំ។ កាសែតWashington Post យុវជន Jack Teixeira បានចែករំលែកឯកសារសម្ងាត់របស់អាមេរិក ជាច្រើន សន្លឹក នៅក្នុងចំណោមក្រុមឆាតដែលមានសមាជិកប្រមាណ ២៤នាក់ រាប់ខែមកហើយ ប៉ុន្តែ ទើបតែនៅមេសានេះ ដែលរឿងបានបែកខ្ចរខ្ចាយ លេចធ្លាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ តាមសមាជិកក្នុងក្រុមឆាត ដកស្រង់សំដី ដោយកាសែតWashington Post Jack Teixeiraបានចែករំលែកឯកសារសម្ងាត់ជាច្រើនទាក់ទងនឹងសកម្មភាពរបស់ចារកិច្ចអាមេរិក និងសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែ គេបានស្នើសុំកុំឲ្យសមាជិកក្នុងក្រុម ចែករំលែកទៅខាងក្រៅ ព្រោះគេមិនចង់ធ្វើជាអ្នកទម្លាយឯកសារសម្ងាត់អាមេរិក។
នៅក្រោយចាប់ខ្លួន Jack Teixeira ដែលជាជនសង្ស័យធំជាងគេ ក្រសួងយុត្តិធម៌អាមេរិកអះអាងថា គេនៅបន្តស៊ើបអង្កេត ដើម្បីចង់ដឹងថា តើមានអ្នកណាផ្សេងទៀត ដែលចូលរួមលួចយកឯកសារសម្ងាត់របស់CIA ពីក្នុងបណ្តាញ Discord ទៅបន្តចែកចាយ នៅលើបណ្តាញសង្គមផ្សេងទៀត ដូចតេឡេក្រាម និងធ្វីធធ័រ។
ហេតុអ្វីទាហានក្មងខ្ចី អាយុ២១ឆ្នាំអាចចូលមើលឯកសារសម្ងាត់ជាតិរបស់មន្ទីរបញ្ចកោណ
អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោកPatrick Ryder បាននិយាយប្រាប់អ្នកកាសែតថា ដើម្បីអាចចូលទៅធ្វើការ នៅក្នុងអង្គភាព ចារកម្ម ជើងអាកាសនៅរដ្ឋMassachusetts Jack Teixeiraបានឆ្លងកាត់ការធ្វើតេស្ត ជាច្រើនដំណាក់កាល ដើម្បីបញ្ជាក់ថា Jack Teixeiraស្អាតស្អំ គ្មានជាប់សង្ស័យថា នឹងអាចបញ្ចេញការណ៍សម្ងាត់អាមេរិកទៅខាងក្រៅ។ ម្យ៉ាង Jack Teixeiraធ្លាប់បានចុះហត្ថលេខាលើកិច្ចសន្យា រក្សាការណ៍សម្ងាត់របស់កងទ័ពដែរ។ បើតាមអ្នកនាំពាក្យខាងលើ ក្រសួងការពារជាតិជឿទុកចិត្តលើសមាជិករបស់ខ្លួន មិនថា ពួកគេមានវ័យក្មេង ដោយផ្តល់ការទទួលខុសត្រូវឲ្យពួកគេ នៅក្នុងការដឹកនាំក្រុមប្រយុទ្ធនៅក្នុងសមរភូមិ។ ជាក់ស្តែង នៅក្នុងនាមជាអ្នកជំនាញបច្ចេកវិទ្យា ទទួលខុសត្រូវលើបណ្តាញទំនាក់ទំនង យោធាក្នុងអង្គភាពឆ្មាំកងទ័ពជាតិ យុវជន Jack Teixeira ក៏ទទួលបានសិទ្ធិចូលទៅកន្លែងដែលមានទុកដាក់ឯកសារសម្ងាត់។
Jack Teixeiraមានអាយុតែ២១ឆ្នាំ និងមានឋានន្តសក្តិតូចតាចមែនទែន នៅក្នុងអង្គភាព ឆ្មាំជាតិអាមេរិក ប៉ុន្តែ គេមានសមត្ថភាពចូលទៅយកឯកសារសម្ងាត់ជាតិ ទៅចែកចាយជាមួយអ្នកប្រើប្រាស់បណ្តាញសង្គមមួយក្រុម ដែលតាមពិតមានប្រវត្តិរូបជាអ្នកលេងហ្គេមអនឡាញ។ ចង់មិនចង់ ការបែកលេចធ្លាយឯកសារសម្ងាត់លើកនេះបានធ្វើឲ្យគេចោទសួរពីសមត្ថភាពរបស់មន្ទីរបញ្ចកោណអាមេរិក នៅក្នុងរឿងរក្សាការណ៍សម្ងាត់ជាតិ។ ដោយសារសំណុំរឿងអាស្រូវលើកនេះ រដ្ឋមន្រ្តីការពារជាតិ លោកLloy Austin និយាយប្រាប់អ្នកកាសែតថា ក្រសួងនឹងបើកការស៊ើបអង្កេតផ្ទៃក្នុង និងសើរើត្រួតពិនិត្យសមាជិកក្រុមទទួលបន្ទុកចារកម្មរបស់អាមេរិក ដើម្បីជៀសវាងកុំឲ្យមានការបែកលេចធ្លាយឯកសារសម្ងាត់សាជាថ្មីម្តងទៀត។ ការអះអាងនេះ មិនខុសអី ពីក្របីបាត់ទើបធ្វើរបងនោះទេ ព្រោះថា នេះមិនមែនជាលើកទី១ឯណាដែលអាមេរិកត្រូវប្រឈមនឹងរឿងបែកលេចធ្លាយឯកសសារសម្ងាត់។ រឿងដែលល្បីនិងធ្វើឲ្យអាមេរិកអាម៉ាស់ជាងគេ គឺយុវជន Edward Snowdenអ្នកទម្លាយឯកសារសម្ងាត់កងទ័ពអាមេរិក ដែលពេលនេះកំពុងទទួលសិទ្ធិជ្រកកោននៅរុស្ស៊ី។
Jack Teixeiraជាប់ក្នុងបទចោទប្រកាន់ក្រោមច្បាប់ចារកម្មអាមេរិក
នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីយុត្តិធម៌អាមេរិក លោក Merrick Garland បានប្រកាសថា Jack Teixeiraត្រូវចាប់ខ្លួន មុននឹងបញ្ជូនខ្លួន ទៅតុលាការក្រុងបូស្តុន នៅថ្ងៃសុក្រនេះ។ តាមរដ្ឋមន្រ្តីយុត្តិធម៌អាមេរិក Jack Teixeiraត្រូវចាប់ខ្លួនក្នុងបទចោទប្រកាន់ ផ្ទេរ ផ្លាស់ទី ព័ត៌មានសម្ងាត់របស់កងទ័ព ដែលជាបទឧក្រិដ្ឋ មានចែងនៅក្នុងច្បាប់ចារកម្មអាមេរិក។ បរិមាណទោសទណ្ឌ ដាក់ពន្ធនាគារ ណាមួយទៅលើយុវជន Jack Teixeira គឺអាស្រ័យទៅចំនួនបទល្មើស ដែលចៅក្រមអាចប្រកាសចោទប្រកាន់ទៅលើ Jack Teixeira។
តើឯកសារសម្ងាត់បង្ហាញអ្វីខ្លះ?
មន្ទីរបញ្ចកោន ថា សន្តិសុខជាតិអាមេរិកត្រូវប្រឈមគ្រោះថ្នាក់ ដោយសារការបែកលេចធ្លាយលើកនេះ។ តាមរយៈ ឯកសារសម្ងាត់របស់CIAដែលបែកលេចធ្លាយនៅលើបណ្តាញសង្គម គេឃើញរឿងពីចំណុចធំៗ គឺសង្រ្គាមអ៊ុយក្រែន និងក្រុមចារកិច្ចអាមេរិក លួចស្តាប់របស់ប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក។
នៅក្នុងសង្រ្គាមអ៊ុយក្រែន ឯកសារដែល Jack Teixeiraយកទៅចែកចាយនៅក្នុងក្រុម ក្នុងបណ្តាញDISCORD បង្ហាញក្តីកង្វល់របស់អាមេរិក ទាក់ទងនឹងមធ្យោបាយ និងសមត្ថភាព ប្រយុទ្ធរបស់អ៊ុយក្រែន នៅក្នុងសង្រ្គាម។ តាមចារកម្មអាមេរិក នៅចំពោះមុខការវាយប្រហារមិនឈប់របស់រុស្ស៊ី បរិមាណអាវុធរបស់អ៊ុយក្រែនកាន់តែថយចុះ និងថា បើសិនគេមិនផ្តល់ជំនួយសព្វាវុធ នោះ អ៊ុយក្រែននឹងអស់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសយ៉ាងយូរនៅខែ ឧសភា។
ការបែកលេចធ្លាយឯកសារសម្ងាត់លើកនេះធ្វើឲ្យអាមេរិកទើសទាល់ខ្លាំងផងដែរ ព្រោះវាលាតត្រដាងឲ្យសម្ព័ន្ធមិត្តរបស់អាមេរិក ដូចជា កូរ៉េខាងត្បូង និងអ៊ីស្រាអែលជាដើមថា ខ្លួនកំពុងត្រូវចារកិច្ចអាមេរិកលួចស្តាប់ទូរស័ព្ទ។ ជាក់ស្តែង ឯកសារសម្ងាត់របស់CIA បង្ហាញថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានលួចស្តាប់ការសន្ទនារបស់មន្រ្តីកូរ៉េខាងត្បូង ដែលសង្ស័យខ្លាចអាមេរិកយកសព្វាវុធដែលខ្លួនកុម្ម៉ង់ទិញ ទៅប្រគល់ឲ្យអ៊ុយក្រែន។ ក្នុងករណីអ៊ីស្រាអែល អាមេរិកបានលួចស្តាប់ដឹងថា ថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីស្រាអែលជាអ្នកបញ្ចុះបញ្ចូលឲ្យគេធ្វើបាតុកម្មនៅអ៊ីស្រាអែល ដើម្បីប្រឆាំងនឹងគម្រោងរបស់នាយករដ្ឋមន្រ្តី ដើម្បីធ្វើកំណែទម្រង់តុលាការ។
ឯកសារសម្ងាត់របស់អាមេរិកបង្ហាញដែរថា រុស្ស៊ីកំពុងបញ្ចុះបញ្ចូលប្រទេសអេមីរ៉ាតអារ៉ាប់រួម មហាសេដ្ឋីប្រេង ដើម្បីដោះដៃពីអាមេរិក ទៅចូលរួមជាមួយរុស្ស៊ី។ តាមការចុះផ្សាយរបស់AP នៅប៉ុន្មានឆ្នាំនេះ អេមីរ៉ាតអារ៉ាប់រួមបានទាក់ទងជាមួយទាហានស៊ីឈ្នួលរុស្ស៊ី Wagner៕
14-4-2023 • 8 minuten, 31 seconden សម្តីលោកម៉ាក្រុងថាអឺរ៉ុបមិនត្រូវតោងកន្ទុយអាមេរិ កក្នុងរឿងតៃវ៉ាន់ កំពុងបង្កការប្រេះឆានិងរិះគន់
ថ្មីៗនេះពាក្យសម្តីរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្កឲ្យការចម្រូងចម្រាស់ជាខ្លាំង ទាក់ទិននឹងសំណុំរឿងកោះតៃវ៉ាន់។ នៅក្នុងយន្តហោះត្រលប់មកពីទស្សនកិច្ចនៅប៉េកាំងវិញ លោកម៉ាក្រុង បានថ្លែងប្រាប់អ្នកកាសែតថា នៅក្នុងសំណុំរឿងកោះតៃវ៉ាន់ គឺអឺរ៉ុបមិនត្រូវប្រកាន់គោលជំហរតាមតែពីក្រោយអាមេរិកនោះទេ។ ពាក្យសំដីនេះ បានបង្កឲ្យមានការរិះគន់ជាខ្លាំង ពីសំណាក់បណ្តាថ្នាក់ដឹកនាំនយោបាយអាមេរិក ដែលបានសំដែងការស្រង៉ាកចិត្តជាខ្លាំង ព្រោះបារាំងក៏ដូចជាអឺរ៉ុប គឺជាសម្ព័ន្ធមិត្តលោកខាងលិចជាមួយអាមេរិក។ ទន្ទឹមគ្នានេះ វាក៏បានបង្កឲ្យមានការប្រេះឆា បាក់បែកសាមគ្គីផ្ទៃក្នុងអឺរ៉ុបដែរ ខណៈប្រទេសសមាជិកខ្លះបានចេញមុខរិះគន់ លោកប្រធានាធិបតីចំៗតែម្តង។ យ៉ាងណាក៏ដោយ កាលពីថ្ងៃពុធម្សិលមិញ លោកម៉ាក្រុងបានថ្លែងបញ្ជាក់ថា “អឺរ៉ុបគឺជាសម្ព័ន្ធមិត្តរបស់អាមេរិកប្រាកដណាស់ តែអឺរ៉ុបមិនមែនជារដ្ឋចំណុះឲ្យអាមេរិកនោះទេ”។
“អឺរ៉ុបមិនត្រូវចាំតែដើរតាមពីក្រោយអាមេរិក”
ពាក្យសំដីនេះ គឺលោកប្រធានាធិបតីបារាំង បានថ្លែងទៅកាន់អ្នកកាសែត នៅលើយន្តហោះពេលធ្វើដំណើរត្រលប់ពីទស្សនកិច្ចនៅប្រទេសចិន។ លោកម៉ាក្រុង បានលើកឡើងថា នៅក្នុងសំណុំរឿងកោះតៃវ៉ាន់ មិនថាបារាំង មិនថាអឺរ៉ុប គឺមិនត្រូវមានគោលជំហរតាមតែតោងពីក្រោយសហរដ្ឋអាមេរិកនោះទេ ប្រសិនបើមានសង្គ្រាមផ្ទុះឡើងមែននៅតៃវ៉ាន់។
សំដីនេះ បានបង្កឲ្យមានការងឿងឆ្ងល់ផង ជាការបរិហាររិះគន់ផង ថាលោកម៉ាក្រុងមិនត្រូវនិយាយបែបនេះទាល់តែសោះ ព្រោះបារាំង និងអឺរ៉ុប គឺជាសម្ព័ន្ធមិត្តរបស់អាមេរិក។ ជាសម្ព័ន្ធមិត្តលោកខាងលិច លោកសេរី ដែលកំពុងតែពួតដៃគ្នា ប្រឆាំងនឹងរុស្ស៊ី ដែលធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។ ពីខាងភាគីអាមេរិក គេបានសំដែងការខកចិត្តជាខ្លាំង ក្រោយពេលលោកម៉ាក្រុងនិយាយដូចនេះ។
ថ្នាក់ដឹកនាំតៃវ៉ាន់វិញ បានចេញមុខរិះគន់ប្រធានាធិបតីបារាំង ដែលបាននិយាយសំដីមានខ្លឹមសារ ហាក់ដូចជាមិនខ្វល់ពីជោគវាសនារបស់កោះតៃវ៉ាន់ ដែលខិតខំពុះពារការពារលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព ប្រឈមនឹងចិនកុម្មុយនីស្តផ្តាច់ការប៉េកាំង។ ថ្នាក់ដឹកនាំតៃវ៉ាន់ បានចោទសួរថា ឯណាទៅខ្លឹមសារបាវចនាជាតិបារាំង ដែលសរសេរថា “សិទ្ធិសេរីភាព សមភាព និងភាតរៈភាព” នោះ។ សម្រាប់តៃវ៉ាន់ សម្តីរបស់លោកម៉ាក្រុង គឺវាហាក់ដូចជាការប្រកាសគោលជំហរ ថាបារាំងនិងអឺរ៉ុប សុខចិត្តបោះបង់ចោលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ដើម្បីធ្វើយ៉ាងណា ការពារតែផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួនជាមួយចិន។
សម្ព័ន្ធមិត្ត តែមិនមែនចំណុះ
ថ្លែងពីប្រទេសហូឡង់ កាលពីថ្ងៃពុធទី១២មេសា លោកម៉ាក្រុង បានបញ្ជាក់ថា អឺរ៉ុបគឺពិតជាសម្ព័ន្ធមិត្តរបស់អាមេរិក តែមិនមែនមានន័យថា អឺរ៉ុបជារដ្ឋចំណុះរបស់អាមេរិក ដែលត្រូវតែតាមអាមេរិកគ្រប់រឿងនោះទេ។ ការគូសបញ្ជាក់នេះ មានន័យថា លោកម៉ាក្រុង មិនលេបសំដីរបស់ខ្លួនទេ ពាក់ព័ន្ធនឹងសំណុំរឿងតែវ៉ាន់ ដែលបច្ចុប្បន្ន ចិន និងអាមេរិកកំពុងតែប្រឈមមុខដាក់គ្នាសំបើមណាស់។
តែទន្ទឹមគ្នានេះ លោកម៉ាក្រុងបានអះអាងថា អឺរ៉ុបមិនត្រូវតាមនរណាទាំងអស់ ក្រៅតែពីតាមការយល់ឃើញ និងផលប្រយោជន៍ខ្លួនឯង។ នៅក្នុងសំណុំរឿងតៃវ៉ាន់ អឺរ៉ុប មិនគាំទ្រភាគីណាទាំងអស់ ដែលកំញើញគម្រាមប្រើកម្លាំង បង្កសង្គ្រាម។ អ្វីដែលជាគោលជំហរដែលបារាំង និងអឺរ៉ុបត្រូវបន្តប្រកាន់ គឺការបញ្ចៀសសង្គ្រាម រក្សា Statu quo រក្សាស្ថិរភាពសន្តិភាពតំបន់ជុំវិញតៃវ៉ាន់ ហើយនិយាយជាមួយគ្រប់ភាគីដោយសន្តិវិធី។
លោក Mark Rutte នាយករដ្ឋមន្ត្រីហូឡង់ ដែលធ្វើសន្និសីទកាសែតជាមួយលោក ម៉ាក្រុង ក៏បានឆ្លើយប្រាប់អ្នកកាសែតក្នុងន័យនេះដែរថា មិនមែនឲ្យតែជាសម្ព័ន្ធមិត្ត មានន័យថាត្រូវតែធ្វើអ្វីៗជាមួយគ្នារហូត ឬយើងអឺរ៉ុបលែងមានសិទ្ធិ គិតអ្វីតែម្នាក់ឯងនោះឡើយ។ ហើយក៏មិនមែនមានន័យថា អឺរ៉ុបនឹងត្រូវងាកទៅគាំទ្រ ធ្វើតាមអ្នកដែលមានគោលជំហរប្រឆាំងខ្លាំងឡើងៗជាមួយអឺរ៉ុបនោះដែរ។ ពាក្យនេះ គឺលោក នាយករដ្ឋមន្ត្រីហូឡង់ចង់សំដៅទៅលើចិន ដែលលោកតែងតែរិះគន់មិនតមមាត់ប៉ុន្មានទេ។
តាមពិតទៅ សំដីរបស់លោកម៉ាក្រុង ដែលបង្កឲ្យមានភាពចម្រូងចម្រាស់នេះ គឺវាជាគោលគំនិតរួមរបស់លោកម៉ាក្រុង ដែលមានជាយូរមកហើយ ព្រោះលោកចង់ឲ្យអឺរ៉ុបមានស្វ័យភាពយុទ្ធសាស្ត្រដោយខ្លួនឯង ដោយមិនត្រូវពឹងផ្អែកលើកម្លាំងណាមួយនោះទេ មិនថាចិន ឬអាមេរិក។ បារាំង ដែលគឺជាប្រទេសអឺរ៉ុបតែមួយគត់ ដែលមានដែនដី និងវត្តមានកងទ័ព នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ចង់ឲ្យអឺរ៉ុបដើរតួនាទីជាជម្រើសទី៣ ជាផ្លូវកណ្តាល ចន្លោះចិន និងអាមេរិក។ តែទន្ទឹមគ្នានេះ វាជាកម្លាំងតុល្យភាពមួយ ដែលពិបាកនឹងធ្វើបានណាស់ ក្នុងអំឡុងពេលនេះ ព្រោះថា ពិភពលោកយើងកំពុងតែបែងចែកប៉ូលគ្នាកាន់តែខ្លាំង។
លោកម៉ាក្រុងឆ្កិះបូសឲ្យធ្លាយ ចេញរូបរាងប្រេះឆាក្នុងចំណោមសមាជិកអឺរ៉ុប
ចង់មិនចង់ ការបាក់បែកប្រេះឆា ក៏បានលេចរូបរាងដែរ នៅក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប ក្រោយសំដីរបស់លោកម៉ាក្រុងនេះ។ ក្នុងបរិបទបច្ចុប្បន្ននេះ ប្រទេសអឺរ៉ុបមួយចំនួន នៅភាគខាងកើត ខាងជើង និងតំបន់បាល់ទិក មើលមិនឃើញថា ថាបារាំងចង់ដើរទៅខាងណាឲ្យប្រាកដ។ រដ្ឋាភិបាលប៉ូឡូញ អេស្តូនី ឡេតូនីជាដើម បានចេញមុខរិះគន់លោកប្រធានាធិបតីបារាំងខ្លាំងៗណាស់ ថាបាននិយាយធ្វើឲ្យខូចសម្ព័ន្ធភាពដ៏រឹងមាំជាមួយអាមេរិក។ សម្រាប់ប្រទេសទាំងនេះ អឺរ៉ុបត្រូវតែនៅជាមួយអាមេរិកគ្រប់កាលៈទេសៈ ព្រោះវាជាសម្ព័ន្ធភាពយុទ្ធសាស្ត្រ ការពារសន្តិសុខ ប្រឆាំងក្រុមប្រទេសផ្តាច់ការ ដូចយ៉ាងរុស្ស៊ី និងចិន។ បើគ្មានអាមេរិក និងអូតង់ការពារទេ កុំសង្ឃឹមថាអឺរ៉ុបរួចផុតភ័យនោះ។
ចង់មិនចង់ សំដីរបស់លោកម៉ាក្រុង គឺវាបានឆ្កិះបូសឲ្យផ្ទុះនៅពេលនេះ ជាបូសតំណាងឲ្យទំនោរ២មិនសូវស្របគ្នា រវាងប្រទេសសមាជិកអឺរ៉ុប ដែលមួយក្រុម ចង់បន្តពង្រឹងសម្ព័ន្ធមិត្តសន្តិសុខជាមួយអាមេរិក ហើយមួយក្រុមទៀត ដែលចង់ងាកមកពង្រឹងសមត្ថភាព ស្វ័យភាពដោយខ្លួនឯងរបស់អឺរ៉ុប។សម្រាប់ពេលនេះ គេកំពុងតាមដានគោលជំហររបស់រដ្ឋាភិបាលអាល្លឺម៉ង់។
លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ បានទៅដល់ចិននៅព្រឹកថ្ងៃព្រហស្បតិ៍នេះហើយ ដែលតាមការរំពឹងទុក គឺអាល្លឺម៉ង់ នឹងប្រកាសគោលជំហរច្បាស់ ចំពោះចិនដែលកំពុងគំរាមកំញើញប្រើកម្លាំងយ៉ាងច្បាស់ទៅលើតៃវ៉ាន់។ កន្លងមកថ្វីបើអាល្លឺម៉ង់ មានទំងន់ពាណិជ្ជកម្មខ្លាំងនៅចិនមែន តែអាល្លឺម៉ង់ ហាក់ដូចជាមានគោលជំហររឹងដាក់ចិនច្រើន ព្រោះប្រហែលជាអាល្លឺម៉ង់ បានដកពិសោធន៍ជាមួយរុស្ស៊ី។ អាល្លឺម៉ង់ មិនចង់ឲ្យខ្លួនក៏ដូចជាអឺរ៉ុប ត្រូវជាប់អន្ទាក់ចិន ដូចក្នុងរឿងឧស្ម័នរបស់រុស្ស៊ីនោះទេ។ ត្រង់ចំណុចនេះ អាល្លឺម៉ង់ គិតដូចបារាំង គឺត្រូវតែ កសាងស្វ័យភាពយុទ្ធសាស្ត្រកុំពឹងលើចិនពេក តែក៏មិនមែនប្រកាសសង្គ្រាម ប្រឈមមុខដាក់គ្នាត្រង់ៗ ដូចអាមេរិកធ្វើរាល់ថ្ងៃនេះដែរ។
អ្នកខ្លះអបអរលោកម៉ាក្រុង ដែលហ៊ាននិយាយ
គោលជំហរមិនជ្រើសយកបក្សខាងណារបស់លោកម៉ាក្រុងនេះ ក៏អាចប្រហែលជាមានការយល់ឃើញស្របគ្នាដែរ នៅតាមប្រទេសមួយចំនួន ក្រៅពីក្រុមសម្ព័ន្ធមិត្តលោកខាងលិច។ តំបន់អាស៊ីអាគ្នេយ៍យើង តំបន់ដើមបូព៌ា និងនៅអាហ្វ្រិកជាដើម គឺគេកាន់តែមានគោលជំហរច្បាស់ខ្លាំងឡើងថា អាមេរិកមិនមែនជាអ្នកដឹកនាំពិភពលោកតែម្នាក់ឯងនោះទេ។ យោងតាមការវិភាគរបស់លោក Bertrand Badie សាស្ត្រាចារ្យនៅសាលាវិទ្យាសាស្ត្រនយោបាយ Science Po Paris គឺប្រទេសមួយចំនួន ជាពិសេសនៅអាហ្វ្រិក គេធុញទ្រាន់ខ្លាំងណាស់ និងភាពក្អេងក្អាងអូសទាញគេឯងរបស់អាមេរិក។ ដូច្នេះសំដីរបស់លោកម៉ាក្រុងដែលថាបារាំង ឬអឺរ៉ុបមិនត្រូវដើរតាមត្រុកៗពីក្រោយអាមេរិកនេះ អាចត្រូវបានក្រុមប្រទេសទាំងនេះទះដៃអបអរ។
បរិបទសេដ្ឋកិច្ច និងនយោបាយការបរទេសពិភពលោកបានប្រែប្រួលច្រើនណាស់។ ប្រទេសខ្លះ ដូចជាឥណ្ឌា ប្រេស៊ីល និងក្រុមសហព័ន្ធអាហ្វ្រិក កាន់តែមានសន្ទុះ មានទំងន់សេដ្ឋកិច្ច។ យោងតាមលោក Bertrand Badie គឺលោកប្រធានាធិបតីម៉ាក្រុង ចង់អូសឲ្យ បារាំងនិងអឺរ៉ុប ឈប់ពួននៅពីក្រោយពាក្យថាសម្ព័ន្ធមិត្តលោកខាងលិច ដែលមានអាមេរិកជាមេដឹកនាំតទៅទៀត។ បារាំង និងអឺរ៉ុបក៏មានចំណែកក្នុងពិភពលោកដែរ ហើយត្រូវតែកសាងខ្លួនក្នុងពិភពលោកជាមួយគេឯង មិនមែនជាមួយតែអាមេរិកនោះទេ។
ទន្ទឹមគ្នានេះ កាលពីពេលដែលអាមេរិក បង្កើតសម្ព័ន្ធភាព AUKUS ជាមួយអូស្ត្រាលី និងអង់គ្លេស ដើម្បីប្រមូលកម្លាំងគ្នាទប់ទល់ជាមួយចិននៅអាស៊ីប៉ាស៊ីហ្វិកនោះ ក៏អាមេរិក មិនបានគិតឃើញហៅបារាំងហៅអឺរ៉ុបឲ្យចូលរួមដែរ។ សម្ព័ន្ធភាពAUKUSនេះ អាមេរិកបានឆក់យកកិច្ចសន្យា លក់នាវាមុជទឹកបាតសមុទ្រពីដៃបារាំងថែមទៀតផង។ ដូច្នេះទោះសំដីលោកម៉ាក្រុងនិយាយទៅ បង្កភាពចម្រូងចម្រាស់នាពេលនេះក្តី តែវាមិនមែនខុសទាំងស្រុងទេ។ ថា្នក់ដឹកនាំប្រទេសអឺរ៉ុបខ្លះដែលមិនប្រតិកម្មក៏មានន័យថា គេក៏គិតដូចលោកម៉ាក្រុងដែរ គ្រាន់តែគេមិនហ៊ាននិយាយឲ្យចំៗដូចលោកម៉ាក្រុង៕
13-4-2023 • 8 minuten, 40 seconden ចរន្តអគ្គិសនីបានមកពីប្រភព “ស្អាតស្អំ” មានកម្រិត៣៩% នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២២
ថាមពលអគ្គិសនី បានមកពីប្រភព ស្អាតស្អំ កកើតឡើងវិញ ដែលមិនមែនជាប្រភពហ្វូស៊ីល មានកម្រិតចំនួន ៣៩% នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២២។ នេះបើផ្អែកតាមរបាយការណ៍បូកសរុបមួយ ចេញផ្សាយនៅថ្ងៃពុធ ទី១២មេសា។ នេះគឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន និងគួរឲ្យត្រេកអរ ខណៈពិភពលោកយើងកំពុងប្រឹងប្រែង កាត់បន្ថយការប្រើប្រាស់ថាមពលហ្វូស៊ីល ដែលបញ្ចេញឧស្ម័នកាបូនិក និងដែលជាមូលហេតុនៃការកើនឡើងកំដៅផែនដី។
លទ្ធផលនៃសង្គ្រាមនៅអ៊ុយក្រែន
ពាក្យថា ថាមពលអគ្គិសនីបានមកពីប្រភពស្អាតស្អំ គឺគេបូកទាំង ចរន្តអគ្គិសនីបានមកពីថាមពលនុយក្លេអ៊ែរ ជាមួយនឹងថាមពលអគ្គិសនីកកើតឡើងវិញ ដែលមានដូចជា កង្ហារខ្យល់ និង ផ្ទាំងសូឡា និងវារីអគ្គិសនី ជាដើម។ យោងតាមរបាយការណ៍ប្រចាំឆ្នាំGlobal Electricity Review ធ្វើឡើងដោយ ក្រុមអ្នកជំនាញស្រាវជ្រាវផ្នែកថាមពល ឈ្មោះ Ember គឺថាមពលអគ្គិសនីស្អាតស្អំទាំងនេះ មានកម្រិត ចំនួន៣៩% នៃថាមពលអគ្គិសនីប្រើប្រាស់ទូទាំងពិភពលោក ក្នុងឆ្នាំ២០២២។
ក្រៅពីនោះ គឺជាចំណែក ថាមពលអគ្គិសនី បានមកពីប្រភពហ្វូស៊ីល ដែលមានដូចជាប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ និងធ្យូងថ្មជាដើម។ ប្រភពថាមពលទាំងនេះ ដូចយើងដឹងហើយ គឺវាបញ្ចេញឧស្ម័នកាបូនិកខ្លាំងសម្បើមណាស់ ទៅក្នុងបរិយាកាស ហើយដែលបង្កឲ្យផែនដីឡើងកំដៅ បង្កវិបត្តិកអាកាសធាតុ បានជាយើងចាត់ទុកថាជាប្រភពថាមពលមិនស្អាតស្អំ។
របាយការណ៍នេះ បានបូកសរុបប្រមូលទិន្នន័យថាមពលអគ្គិសនី នៅក្នុងប្រទេសចំនួន ៧៨ ដែលស្មើនឹង ៩៣% នៃទំហំចរន្តអគ្គិសនីប្រើប្រាស់ក្នុងពិភពលោក។ កម្រិតកើនឡើងខ្ពស់ខ្ពស់នៃចំណែកថាមពលអគ្គិសនីស្អាតស្អំ ដែលគួរឲ្យត្រេកអរ សម្រាប់ផែនដីយើងនេះ គឺមួយផ្នែកធំ វាជាលទ្ធផលនៃសង្រ្គាមនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ ២០២២។ ដោយសារតែបញ្ហាសង្គ្រាមនេះ រុស្ស៊ីបានឈប់នាំចេញឧស្ម័នទៅកាន់អឺរ៉ុប ហើយអឺរ៉ុបក៏បានកាត់បន្ថយយ៉ាងខ្លាំង ក្នុងការទិញប្រេងរបស់រុស្ស៊ី។
អតិផរណា តម្លៃទំនិញឡើងថ្ងៃ ប្រេងឥន្ធនៈ ក៏កាន់តែឡើងថ្លៃ ដែលនាំឲ្យប្រទេសជាច្រើន ងាកទៅរកប្រភពថាមពលដែលស្អាតស្អំ ថាមពលដើរដោយពន្លឺព្រះអាទិត្យ ដើរដោយខ្យល់ជាដើម។ នៅក្នុងបរិបទសេដ្ឋកិច្ចលំបាកនេះដែរ ប្រទេសជាច្រើន ក៏បានអំពាវនាវ ឲ្យគ្រប់វិស័យទាំងអស់ ចូលរួមសន្សំសំចៃ កុំប្រើចរន្តអគ្គិសនីដោយខ្ជះខ្ជាយ ដែលចំណុចទាំងអស់នេះ វាបានបូកផ្សំគ្នា ធ្វើឲ្យកម្រិតថាមពលអគ្គីសនីបានមកពីថាមពលហ្វូស៊ីល វាធ្លាប់ចុះ។
ចរន្តអគ្គិសនីបានមកពីប្រភពមិនចេះរីងស្ងួត មាន១២%
ចរន្តអគ្គិសនីបានមកពីប្រភពមិនចេះរីងស្ងួត ដែលមានដូចជា ថាមពលបានមកពីកង្ហារខ្យល់ បានមកពីផ្ទាំងសូឡា គឺមានទំហំសរុប ប្រមាណ១២% នៃថាមពលអគ្គិសនីទូទាំងពិភពលោក។ ពោលគឺវាជាកម្រឹងកើនឡើងគួរឲ្យកត់សំគាល់ខ្លាំងណាស់ ខណៈកាលពីឆ្នាំ២០១៥ ថាមពលអគ្គិសនីប្រភេទនេះ មានត្រឹមតែ៥%ប៉ុណ្ណោះ។
មានប្រទេសជាង៦០ប្រទេស ដែលបានផលិតចរន្តអគ្គិសនីបានមកពីប្រភពមិនចេះរីងស្ងួតនេះ ក្នុងចំណែក លើស១០% នៃតម្រូវការក្នុងស្រុករៀងៗខ្លួន។ ហើយសហភាពអឺរ៉ុប ដែលជាអ្នកនាំមុខគេក្នុងវិស័យនេះ ដែលមានចំណែកចរន្តអគ្គិសនីបានមកពីប្រភពកកើតឡើងវិញ ចំនួនដល់ទៅ២២%។ បើគ្រាន់តែ ថាមពលអគ្គិសនីបានមកពីផ្ទាំងសូឡា គឺនៅអឺរ៉ុបបានកើនឡើងដល់ទៅ២៤% ក្នុងឆ្នាំ២០២២កន្លងទៅនេះ។ តួលេខទាំងនេះ វាគឺជាការបោះជំហាន គួរជាទីសង្ឃឹម ដើម្បីដោះស្រាយបញ្ហាវិបត្តិអាកាសធាតុ ដែលពិភពលោកយើង ត្រូវប្រឹងប្រែងកាត់បន្ថយឧស្ម័នកាបូនិក ដើម្បីឈានទៅទប់កំដៅផែនដី កុំឲ្យឡើងសីតុណ្ហភាព លើពី២°c នៅរវាងឆ្នាំ២០៥០។
ធ្យូងថ្មនៅតែនាំមុខ
ចរន្តអគ្គិសនីបានមកពី ប្ភពថាមពលធ្យូងថ្ម នៅតែធំខ្លាំងជាងគេ ពោលគឺស្មើនឹង៣៦% នៃការផលិតចរន្តអគ្គិសនីទូទាំងពិភពលោក ឆ្នាំ២០២២។ ផ្អែកតាមរបាយការណ៍ខាងលើ កម្រិតចរន្តអគ្គិសនីបានមកពីចំហេះធ្យូងថ្ម គឺបានកើនឡើង ចំនួន១,១% ក្នុងឆ្នាំកន្លងទៅ ដែលនេះក៏ព្រោះតែប្រទេសខ្លះ បានងាកទៅប្រើធ្យូងថ្មច្រើន ព្រោះដោយសារតែគ្មានឧស្ម័នរបស់រុស្ស៊ី។ អ្វីដែលជាគួរឲ្យកត់សំគាល់មួយទៀត
ខណៈដែលចរន្តអគ្គិសនីបានមកពីប្រភពស្អាតស្អំបានកើនទំហំចំណែកមែន ក្នុងឆ្នាំកន្លងទៅ តែតម្រូវការប្រើប្រាស់ចរន្តអគ្គិសនីជារួមនៅលើពិភពលោកយើង ក៏បានកើនឡើងដែរ។ ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ភាគច្រើន ត្រូវការប្រើប្រាស់ចរន្តអគ្គិសនីកាន់តែច្រើន ហើយដែលជម្រើសដំបូង ថោក ហើយងាយបំផុតនោះ គឺប្រភពថាមពលហ្វូស៊ីល។ ម្លោះហើយ ទំហំនៃការប្រើប្រាស់ថាមពលប្រភេទនេះ ក៏វាកាន់តែរីកធំដែរ។ ចំហេះថាមពលទាំងនេះ បានធ្វើឲ្យកើនឡើង នូវកម្រិតឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស ចំនួនប្រមាណ១,៣% ក្នុងឆ្នាំ២០២២កន្លងទៅ ពោលគឺមានទំហំសរុបប្រមាណ១២ពាន់លានតោន។
“អវសាននៃយុគសម័យថាមពលហ្វូស៊ីល”
អ្នកជំនាញដែលសរសេររបាយការណ៍នេះ បានលើកឡើងថា ឆ្នាំ២០២២ ប្រហែលអាចជាឆ្នាំចុងក្រោយហើយ ដែលមានកម្រិតឧស្ម័នពុលកើតចេញពីការផលិតចរន្តអគ្គិសនី ឡើងខ្ពស់ខ្លាំងបំផុតបែបនេះ ហើយក៏ប្រហែលអាចជាឆ្នាំចុងក្រោយដែរ នៃការស្ទុះឡើងខ្លាំង របស់ប្រភពថាមពលហ្វូស៊ីល។ មានន័យថា គេរំពឹងជឿថា ចរន្តអគ្គិសនីបានមកពីប្រភពហ្វូស៊ីល ដែលមានដូចជា ប្រេងឥន្ធនៈ ឧស្ម័ន និងធ្យូងថ្ម ប្រាកដជាចុះថយកម្រិត ។ ការចុះថយដែលអាចមានប្រមាណ ០,៣% នៅឆ្នាំនៅក្នុងឆ្នាំ២០២៣ ពោលគឺវាបន្តិចបន្តួចមែន តែវាអាចនឹងរីកធំបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់។ ទន្ទឹមគ្នានេះ ទំហំចរន្តអគ្គិសនីបានមកពីប្រភពស្អាតស្អំ នឹងកើនចំណែកវិញ។
យ៉ាងណាក៏ដោយ អ្វីៗគឺវាអាស្រ័យ លើការគិតពិចារណាកំណត់គោលដៅរួម របស់រដ្ឋាភិបាលប្រទេសនីមួយៗ ថាចង់ផ្តល់អាទិភាពដល់វិស័យថាមពលស្អាតស្អំនេះ កម្រិតណា។ ហើយវាក៏អាស្រ័យទៅលើទំហំទឹកប្រាក់វិនិយោគ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផលិតចរន្តអគ្គិសនីប្រភេទនេះដែរ។ លោកស្រី Malgorzata Wiatros-Motyka ដែលជាអ្នកជំនាញចូលរួមសរសេររបាយការណ៍ Global Electricity Review បានលើកឡើងថា ទសវត្សនេះ វាគឺជាទសវត្សសំខាន់ចុងក្រោយបង្អស់ហើយសម្រាប់អាកាសធាតផែនដីយើង ប្រសិនបើមនុស្សជាតិយើង ចង់ដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ។ លោកស្រីជឿជាល់ថា ទសវត្សនេះ ប្រហែលអាចជា “ការចាប់ផ្តើមនៃអវសានរបស់យុគសម័យ នៃថាមពលហ្វូស៊ីល”៕
12-4-2023 • 7 minuten, 34 seconden លោកប្រធានាធិបតី លូឡា ដឹកនាំគណៈប្រតិភូប្រេស៊ីលជាង២០០នាក់ទៅ ប្រទេសចិន
ប្រធានាធិបតីប្រេស៊ីល លោកលូឡាចេញដំណើរទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន នៅក្នុងគោលបំណងរឹតចំណងពាណិជ្ជកម្មទ្វេភាគី ចិនប្រេស៊ីល។ បន្ទាប់ពីលើកពេលធ្វើទស្សនកិច្ច កាលពីចុងខែ មីនា ដោយសារជំងឺផ្លូវដង្ហើម លោកប្រធានាធិបតីលូឡា ដែលសន្យាបង្ហាញមុខមាត់ថ្មីរបស់ប្រេស៊ីលនៅឆាកអន្តរជាតិ ត្រូវដឹកនាំគណៈប្រតិភូប្រេស៊ីល ជាង២០០នាក់ទៅប្រទេសចិន។ តាមរដ្ឋមន្រ្តីការបរទេសប្រេស៊ីល នៅក្នុងទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅប្រទេសចិន ប្រធានាធិបតីប្រេស៊ីល គ្រោងនិយាយជាមួយប្រធានាធិបតីចិន ពីសំណើរបស់ប្រេស៊ីលសម្រាប់ដំណើរការចរចាសន្តិភាពនៅអ៊ុយក្រែន។
បន្ទាប់ពីលើកពេល មិនបានទៅធ្វើទស្សនកិច្ចនៅប្រទេសចិន តាមការគ្រោងទុក កាលពីចុងខែមីនា ដោយសារជំងឺផ្លូវដង្ហើម ប្រធានាធិបតីប្រេស៊ីល លោកលូឡា នៅទីបំផុត ផ្តើមទស្សនកិច្ចនៅប្រទេសចិន នៅថ្ងៃអង្គារ សម្រាប់រយៈពេល ៤ថ្ងៃ។
ទស្សនកិច្ចរបស់លោកលូឡា ទៅប្រទេសចិនលើកនេះជាលើការបើកទំព័រថ្មីនៃទំនាក់ទំនងប្រេស៊ីល និងចិន ដែលមិនសូវជារលូនខ្លាំង នៅក្នុងអាណត្តិប្រធានាធិបតី ប្រេស៊ីលមុន គឺ លោកបុលសូណារ៉ូ។ ផ្ទុយពីអតីតប្រធានាធិបតីបុលសូណារ៉ូ ដែលចាត់ទុកចិនជាប្រទេសកេងប្រយោជន៍ លេបត្របាក់ប្រេស៊ីល លោកប្រធានាធិបតីលូឡា មកពីក្រុមសង្គមនិយម ចង់ប្រាប់ទៅភាគីចិនថា នៅក្នុងអាណត្តិរបស់លោក ប្រេស៊ីលត្រលប់មកវិញហើយ មកពង្រឹងចំណងមិត្តភាព ដែលប្រេស៊ីល និងចិន ធ្លាប់មានជាមួយគ្នា កាលពី ជាង ១០ឆ្នាំមុន។
ធ្លាប់ដឹកនាំប្រេស៊ីលពីរ អាណត្តិ នៅឆ្នាំ ២០០៣ និងឆ្នាំ ២០១០ លោកលូឡា ជាប្រធានាធិបតីប្រេស៊ីលដំបូងគេ ដែលធ្វើដំណើរទស្សនកិច្ចដល់ទៅ៤ដង នៅប្រទេសចិន និងជួបអតីតប្រធានាធិបតីចិន លោកហ៊ូ ជីនតាវដល់ទៅ៨លើក។ នៅក្នុងអាណត្តិដឹកនាំប្រទេសប្រេស៊ីល លោកលូឡា បានដើរតួសំខាន់ ក្នុងនាមជាសហស្ថាបនិកជាមួយប្រទេសចិនដើម្បីបង្កើតក្រុមប្រទេសBRICS ប្រទេសមានសេដ្ឋកិច្ចទើបរីកលូតលាស់ថ្មី ដែលមានសមាជិក៥ គឺចិន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងអាហ្វ្រិកខាងត្បូង។ នៅពេលត្រលប់ចូលមកកាន់តំណែងជាប្រធានាធិបតីប្រេស៊ីល នៅខែ មករាដើមឆ្នាំនេះ លោកលូឡាធ្លាប់បានសន្យាថា នឹងជួយពង្រឹងសហប្រតិបត្តិការរវាងប្រទេសសមាជិកBRICS អំណាចខាងត្បូង។
ប៉ុន្តែ មុននឹងនិយាយដល់ក្រុមប្រទេសBRICS ប្រធានាធិបតីប្រេស៊ីលត្រូវផ្តោតអាទិភាពលើការរឹតចំណងពាណិជ្ជកម្មចិន និងប្រេស៊ីល ជាមុនសិន។ ចាប់តាំងពីឆ្នាំ ២០០៩ ចិនបានជាប្រទេសដៃគូសេដ្ឋកិច្ចធំជាងគេរបស់ប្រេស៊ីល។ ទំហំដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ ១៥០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ពោល គឺច្រើនជាង ២ដង បើប្រៀបធៀបនឹងទំហំដោះដូរពាណិជ្ជកម្មអាមេរិក និងប្រេស៊ីល។ ដោយសារការនាំចេញ ផលិតផលកសិកម្ម ដូចជាសណ្តែក និងសាច់គោ ប្រេស៊ីលបានក្លាយជាប្រទេសដ៏កម្រនៅក្នុងលោក ដែលមានទំនិញរបស់ខ្លួននាំចូលទៅប្រទេសចិន ច្រើនជាង ទំនិញចិននាំចូលទៅប្រេស៊ីល។ នៅឆ្នាំ ២០២២ ការនាំចូលទំនិញប្រេស៊ីល ទៅប្រទេសចិន មានតម្លៃជាង ៨៩ពាន់លានដុល្លារ ចំណែកការនាំចូលរបស់ចិនទៅប្រេស៊ីលមានមិនដល់ ៦០ពាន់លានដុល្លារ។
ប្រធានាធិបតីប្រេស៊ីលនឹងអញ្ជើញលោកស៊ី ជីនពីងទៅធ្វើទស្សនកិច្ចនៅប្រេស៊ីល
ចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រេស៊ីល ប៉ុន្តែ ប្រធានាធិបតីប្រេស៊ីលចង់ពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីបន្ថែមទៀត។ ជាក់ស្តែង ដោយដឹកនាំគណៈប្រតិភូ ដល់ទៅជាង ២០០នាក់ ដែលនៅក្នុងនោះ មានជាង ៩០នាក់មកពីខាងក្រុមហ៊ុន មន្រ្តីខាងផ្នែកវិស័យកសិកម្ម លោកប្រធានាធិបតីលូឡា សង្ឃឹមចង់បានទំនិញប្រេស៊ីល ចូលទៅក្នុងទីផ្សារប្រទេសចិន កាន់តែច្រើនថែមទៀត។ ក្រៅពីចង់បានទីផ្សារចិនសម្រាប់ទំនិញប្រេស៊ីល លោកប្រធានាធិបតីលូឡា ចង់បានការវិនិយោគរបស់ក្រុមហ៊ុនចិន ដើម្បីបង្កើតការងារ នៅក្នុងប្រទេសប្រេស៊ីល។ នៅមុនឡើងយន្តហោះទៅប្រទេសចិន កាលពីថ្ងៃចន្ទ ប្រធានាធិបតីប្រេស៊ីល និយាយប្រាប់អ្នកកាសែត ថា នៅពេលជួបលោកស៊ី ជីនពីង លោកនឹងអញ្ជើញប្រធានាធិបតីចិនឲ្យមកធ្វើទស្សនកិច្ចនៅប្រេស៊ីលម្តងដើម្បីមកមើលថា ប្រេស៊ីលមានឱកាសវិនិយោគច្រើនសម្រាប់ក្រុមហ៊ុនចិន ជាពិសេស នៅក្នុងវិស័យឧស្សាហកម្ម ផលិតរថយន្ត និងថាមពលស្អាតស្អំជាដើម។
តាមមន្រ្តីរដ្ឋាភិបាលប្រេស៊ីល នៅក្នុងទស្សនកិច្ចរបស់លោកលូឡា នៅប្រទេសចិន ជាពិសេស នៅថ្ងៃសុក្រ នៅពេល លោកលូឡា ជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ប្រេស៊ីល និងចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង ២០ នៅក្នុងវិស័យសុខភាព កសិកម្ម អប់រំ ឧស្សាហកម្ម និងបច្ចេកវិទ្យាជាដើម។
ប៉ុន្តែ នៅមុនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ខាងលើ មន្រ្តីប្រេស៊ីលដែលធ្វើដំណើរទៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ២៩មីនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចិន ដែលនៅក្នុងនោះ ប្រេស៊ីល និងចិនយល់ព្រម ប្រើរូបិយបណ្ណចិន និងប្រេស៊ីល សម្រាប់ធ្វើការដោះដូរពាណិជ្ជកម្មនឹងគ្នា ដោយមិនចាំបាច់ប្រើលុយដុល្លារអាមេរិកតទៅទៀត។
ចិនសង្ឃឹមចង់បានអ្វី វត្តមានរបស់ប្រធានាធិបតីប្រេស៊ីលនៅទីក្រុងប៉េកាំង លើកនេះ?
ប្រេស៊ីលជាប្រទេសធំជាងគេនៅអាមេរិកខាងត្បូង ដែលចិនត្រូវការចាំបាច់ សម្រាប់ធានាសន្តិសុខស្បៀង ព្រោះចិន នាំចូល សណ្តែក និងសាច់គោប្រេស៊ីលច្រើនជាងគេបំផុត ក្នុងលោក។ បន្ទាប់មក ចិនកំពុងសំលឹងវិនិយោគទៅលើប្រភពធនធានរ៉ែ ប្រេងរបស់ប្រទេសប្រេស៊ីល។ អ្នកវិភាគវាយតម្លៃថា នៅក្នុងជំនួបជាមួយប្រធានាធិបតីប្រេស៊ីល មេដឹកនាំចិនគ្រោងនឹងបញ្ចុះបញ្ចូលប្រេស៊ីលឲ្យចូលរួមក្នុងនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនដែលចិនបង្កើតឡើងដើម្បីគោលដៅសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ។
ចិនសំឡឹងពង្រឹងទំនាក់ទំនងជាមួយប្រេស៊ីលដែលស្ថិតនៅក្បែរអាមេរិក មិនមែនដើម្បីតែប្រយោជន៍សេដ្ឋកិច្ច ប៉ុន្តែ សម្រាប់ប្រយោជន៍ភូមិសាស្រ្តនយោបាយ ក្នុងបរិបទដែលចិនកំពុងតាំងខ្លួនជាមហាអំណាចប្រជែងដ៏ធំមួយជាមួយអាមេរិក។
ដោយបញ្ចុះបញ្ចូលឲ្យប្រេស៊ីល ដោះដូរពាណិជ្ជកម្ម ជាមួយចិន ដោយមិនបាច់ឆ្លងកាត់ ប្រើប្រាក់ដុល្លារអាមេរិក ជាជោគជ័យមួយរបស់ចិន ដែលកៀងគរប្រទេសដទៃ ឲ្យដើរចេញពីក្រោមឥទ្ធិពលរបស់អាមេរិក។
លោកលូឡាប្រាប់អ៊ុយក្រែនឲ្យលះបង់គ្រីមេទៅរុស្ស៊ីបើសិនចង់បញ្ចប់សង្រ្គាម
ទស្សនកិច្ចរបស់លោកប្រធានាធិបតីប្រេស៊ីលនៅប្រទេសចិនលើកនេះ មិនមែនផ្តោតតែទៅលើទំនាក់ទំនងពាណិជ្ជកម្មតែមួយមុខទេ ប៉ុន្តែ មេដឹកនាំប្រេស៊ីលនៅចង់បង្ហាញមុខមាត់របស់ប្រេស៊ីលសាជាថ្មី ក្នុងនាមជាប្រទេសដើរតួសំខាន់ នៅក្នុងឆាកនយោបាយបរទេស។ ជាក់ស្តែង នៅមុនទស្សនកិច្ចរបស់លោកលូឡា រដ្ឋមន្រ្តីការបរទេសប្រេស៊ីលនិយាយប្រាប់អ្នកកាសែត ថា លោកលូឡា នឹងពិភាក្សាជាមួយលោកប្រធានាធិបតីស៊ី ជីនពីង ពីសំណើរបស់ប្រេស៊ីល ដែលចង់បង្កើតក្រុមចរចាសន្តិភាពសម្រាប់អ៊ុយក្រែន។
ប្រេស៊ីល របស់លោកប្រធានាធិបតីលូឡា ដែលបានប្រកាន់ជំហរនៅកណ្តាល នៅក្នុងសង្រ្គាមអ៊ុយក្រែន បានចូលខ្លួនធ្វើជាអ្នកសម្របសម្រួល តាមរយៈការបង្កើតក្រុមចរចាសន្តិភាពដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន។ ប្រធានាធិបតីប្រេស៊ីល នឹងលើកសំណើនេះ ទៅនិយាយជាមួយលោកស៊ី ជីនពីង នៅក្នុងជំនួបទ្វេភាគី ព្រោះលោកដឹងថា លោកត្រូវការពឹងផ្អែកជំនួយសំឡេងរបស់ចិន ដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីន។
គេមិនដឹងថា តើសំណើរបស់លោកប្រធានាធិបតីប្រេស៊ីលសម្រាប់ដោះស្រាយជម្លោះនៅអ៊ុយក្រែន មាននិយាយពីអ្វីខ្លះទេ ប៉ុន្តែ នៅក្រោយ ទីប្រឹក្សារបស់លោកម្នាក់ ធ្វើដំណើរទៅជួបប្រធានាធិបតីរុស្ស៊ី នៅចុងខែមីនា លោកប្រធានាធិបតីលូឡា ពន្លយពាក្យ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយស្នើឲ្យអ៊ុយក្រែនលះបង់ចោលទឹកដីគ្រីមេ ដើម្បីបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៊ី នៅអ៊ុយក្រែន។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ុយក្រែន បានស្វាគមការចូលខ្លួនរបស់ប្រេស៊ីល ដើម្បីជួយដោះស្រាយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែ អ៊ុយក្រែនបញ្ជាក់ដូចមុនដោយថា អ៊ុយក្រែននឹងមិនព្រមបាត់បង់ទឹកដីរបស់ខ្លួន សូម្បីមួយចំអាម ដោយរួមទាំងទឹកដីគ្រីមេផង។ គេអាចនិយាយបានថា បើសិនប្រធានាធិបតីប្រេស៊ីល និយាយទាមទារឲ្យអ៊ុយក្រែនសុខចិត្តលះបង់ទឹកដីគ្រីមេទៅឲ្យរុស្ស៊ី នៅក្នុងសំណើដំណោះស្រាយរបស់ខ្លួន សម្រាប់បញ្ចប់សង្រ្គាមអ៊ុយក្រែន នោះ សំណើរបស់ប្រធានាធិបតីប្រេស៊ីល នឹងស្លាប់មុនកើតទៅទៀត។
11-4-2023 • 8 minuten, 36 seconden IMF និង World Bank បើកការប្រជុំ ដើម្បីរៀបចំផែនការហិរញ្ញវត្ថុពិភពលោក ប្រឈមនឹងវិបត្តិអាកាសធាតុ
ចាប់ពីថ្ងៃចន្ទទី១០មេសានេះទៅ អ្នកជំនាញហិរញ្ញវត្ថុ នៃមូលនិធិរូបិយបណ្ណអន្តរជាតិ ព្រមទាំងធនាគារពិភពលោក នឹងបើកការប្រជុំរួមគ្នាពេញមួយសប្តាហ៍ ដើម្បីនិយាយអំពីបញ្ហាហិរញ្ញវត្ថុរបស់ពិភពលោក។ ដោយសារតែវិបត្តិជាច្រើនជំពូកនិងដ៏ធ្ងន់ធ្ងរ បង្កឡើងដោយសង្គ្រាម និងវិបត្តិអាកាសធាតុថែមទៀតនោះ សេដ្ឋកិច្ចពិភពលោកយើងនៅឆ្នាំ២០២៣នេះ អាចនឹងមានកំណើនទាបបំផុត។ ប្រទេសក្រីក្រ និងប្រទេសមានចំណូលមធ្យម គឺជាអ្នកទទួលរងនូវការលំបាកបំផុត ខណៈគ្រោះមហន្តរាយធម្មជាតិ បានវាយប្រហារកាន់តែញឹកញាប់ និងកាន់តែកាចសាហាវ។
កំណើនសេដ្ឋកិច្ចមិនដល់៣%
ពិភពលោកកំពុងឆ្លងកាត់វិបត្តិធ្ងន់ធ្ងរណាស់ អំឡុងពេលនេះ ដែលធ្វើឲ្យបរិបទសេដ្ឋកិច្ច ហិរញ្ញវត្ថុមានភាពរួមរិតតូចចង្អៀត មិនសូវមានសង្ឃឹមច្រើនទេ។ សង្គ្រាមនៅអ៊ុយក្រែន វិបត្តិខ្វះស្បៀងអាហារ វិបត្តិទំនិញឡើងថ្លៃ អតិផរណា បូកបន្ថែមជាមួយនឹងគ្រោះធម្មជាតិក៏កាចសាហាវផ្ទួនៗគ្នា បានធ្វើបាបពិភពលោកយើងសម្បើមណាស់ ប្រមាណ១ឆ្នាំកន្លងមកនេះ។ លោកស្រី Vera Songwe អ្នកជំនាញសេដ្ឋកិច្ចម្នាក់នៃអង្គការសហប្រជាជាតិ បានលើកឡើងថា ស្ថានភាពវិបត្តិគ្រប់ជំពូកបូកបញ្ចូលគ្នា នាពេលបច្ចុប្បន្ននេះ គឺវាហាក់ដូចជាពិភពលោកយើង ទើបតែងើបពីភ្នក់ភ្លើងសង្គ្រាមអញ្ចឹង។
យោងតាមលោកស្រី Kristalina Georgieva អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ គឺឆ្នាំ២០២៣នេះ ពិភពលោកយើងនឹងមានកំណើនសេដ្ឋកិច្ច ប្រហែលមិនដល់ ៣% ទេ។ ជាងនេះទៀត បញ្ហាសេដ្ឋកិច្ចចុះខ្សោយសន្ទុះនេះ នឹងបន្តយូរឆ្នាំទៅមុខទៀត បើតាមការប្រមើលមើល។ ពោលគឺពេលនេះ ដល់ឆ្នាំ២០២៨ កំណើនសេដ្ឋកិច្ចពិភពលោក នឹងមិនមានលើសពី៣% ជាមធ្យមប្រចាំឆ្នាំ។ តាំងតែពីឆ្នាំ១៩៩០មក សេដ្ឋកិច្ចពិភពលោកមិនដែលមានការរំពឹងទុកទន់ខ្សោយដល់ម្លឹងទេ។
ដោយឡែក ការព្យាករណ៍របស់ធនាគារពិភពលោកវិញ គឺទាបជាងនេះផង។ ផ្អែកតាមធនាគារពិភពលោក ពីនេះ ដល់ឆ្នាំ ២០៣០ សេដ្ឋកិច្ចសកលលោកនឹងមានកំណើន ប្រមាណតែ២,២% ក្នុងមួយឆ្នាំ ជាមធ្យម។ ពោលគឺវាជាកំណើនដែលទាបបំផុត ក្នុងរវាង៤០ឆ្នាំចុងក្រោយនេះ។
កំណែទម្រង់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ
គឺក្នុងបរិបទដ៏លំបាកតានតឹងនេះហើយ ទើបស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗទាំង២ មូលនិធិរូបិយបណ្ណអន្តរជាតិ និងធនាគារពិភពលោក បានបើកការប្រជុំពេញមួយសប្តាហ៍ចាប់ពីថ្ងៃចន្ទនេះ ដើម្បីពិនិត្យមើលលទ្ធភាព ដែលអាចធ្វើទៅបានដើម្បីដោះស្រាយបញ្ហា។ គោលគំនិតធំបំផុត ដែលគេលើកឡើងនៅក្នុងការជជែកគ្នានេះ គឺការធ្វើកំណែទម្រង់ស៊ីជំរៅតែម្តងនៅក្នុងស្ថាប័នហិរញ្ញវត្ថុទាំង២នេះ។
គេនិយាយពីការធ្វើកំណែទម្រង់នេះ គឺធ្វើកំណែទម្រង់ ទៅលើបេសកកម្មការងារ ប្រតិបតិ្តការផ្តល់កម្ចីហិរញ្ញវត្ថុ និងជំនួយអភិវឌ្ឍន៍ជាដើម។ មានប្រទេសធំៗជាច្រើន ជាក់ស្តែងសហរដ្ឋអាមេរិកតែម្តង ដែលបានទាមទារជាយូរមកហើយ ថាមូលនិធិរូបិយវត្ថុអន្តរជាតិ ត្រូវតែធ្វើកំណែទម្រង់ ឲ្យបានស៊ីជំរៅ ដើម្បីធ្វើឲ្យបេសកកម្ម ប្រតិបត្តិការរបស់ខ្លួន កាន់តែមានប្រសិទ្ធភាព។
ដូចគ្នាដែរ លោកស្រី Janet Yallen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានលើកឡើងថា ធនាគារពិភពលោកក៏ត្រូវតែរៀបចំសើរើ ពិនិត្យឡើងវិញដែរ នូវបេសកកម្មការងាររបស់ខ្លួន ក៏ដូចជាសាខាទាំងអស់របស់ខ្លួន ដើម្បីធ្វើយ៉ាងណា ជួយក្រុមប្រទេសក្រីក្រ ឲ្យមានសមត្ថភាព មានលទ្ធភាព ដោះស្រាយបញ្ហាប្រឈមនឹងវិបត្តិអាកាសធាតុ គ្រោះធម្មជាតិដែលកាន់តែធ្ងន់ធ្ងរ ពីមួយឆ្នាំទៅមួយឆ្នាំ។
និយាយជារួម គឺស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ត្រូវតែប្រមូលកម្លាំង រៀបចំកៀងគរ រកថវិកាឲ្យបានច្រើន។ ថវិកាទាំងនេះ គឺសំដៅយកទៅផ្តល់កម្ចី ឲ្យចំគោលដៅនៅតាមប្រទេសក្រីក្រ ដែលត្រូវការបំផុត ដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើន ជួយជីវភាពប្រជាជន ជួយអភិវឌ្ឍន៍វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្មជាដើម។ ការជួយពង្រឹងសមត្ថភាពប្រទេសក្រីក្រ ទប់ទល់នឹងវិបត្តិអាកាសធាតុ វាគឺជាអាទិភាពមួយធំបំផុត ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ រួមទាំងសាខាងទាំងអស់របស់ខ្លួន ត្រូវតែធ្វើ។
ប៉ុន្មានថ្ងៃមុននេះ លោកស្រី Janet Yallen អះអាងថា ការធ្វើកំណែទម្រង់នៅធនាគារពិភពលោក នឹងបើកឱកាសប្រមូលប្រាក់បានប្រមាណ៥០ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីយកទៅជួយប្រទេសក្រីក្រដែលត្រូវការបំផុត។ ការជជែកគ្នាស៊ីជំរៅ រវាងធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តថែមទៀតនៅខែតុលា។
១០០០ពាន់លានដុល្លារ ដើម្បីជួយប្រទេសក្រីក្រទប់ទល់វិបត្តិអាកាសធាតុ
ប្រាក់៥០ពាន់លានដុល្លារ ដែលជាលទ្ធផលនៃការធ្វើកំណែទម្រង់ប្រតិបត្តិការ របស់ធនាគារពិភពលោកនេះ ត្រូវបានអង្គការ Oxfam ចាត់ទុកថាគ្រាន់ជាកំទេចម្សៅតូចប៉ុណ្ណោះ ព្រោះវាតិចខ្លាំងណាស់។ ផ្អែកតាមតួលេខរបស់វិទ្យាស្ថាន ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងទំនាក់ទំនងអន្តរជាតិ "Iddri" គឺគេត្រូវការប្រាក់ចំនួនយ៉ាងហោច ១០០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីយកទៅចែកចាយ ក្នុងទម្រង់ប្រាក់កច្ចីនានា ឲ្យទៅប្រទេសក្រីក្រ និងប្រទេសមានចំណូលទាប ដើម្បីដោះស្រាយប្រឈមនឹងវិបត្តិអាកាសធាតុ។ ទឹកប្រាក់ដែលបច្ចុប្បន្នមានតែតួលេខទេ ព្រោះស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំ ប្រមូលមិនទាន់បានទេ។
លោក Sébastien Treyer នាយកវិទ្យាស្ថាន ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា ៥០ពាន់លានដុល្លារ ដែលធនាគារពិភពលោកប្រកាសនេះ គឺវាតិចខ្លាំងណាស់។ លោកបានអំពាវនាវ ថាធនាគារពិភពលោក ត្រូវតែដើរតួនាទី ផ្តល់សន្ទុះនាំមុខ ក្នុងការវិនិយោគ ដោយអូសទាញវិស័យឯកជន ឲ្យចូលរួមដែរ។
ទាក់ទិននឹងការវិនិយោគជួយប្រទេសក្រីក្រ ដើម្បីប្រឈមនឹងវិបត្តិអាសធាតុនេះ លោក Arjay Banga ដែលជាបេក្ខជនតែម្នាក់ឈរឈ្មោះធ្វើជាទេសាភិបាលធនាគារពិភពលោកអាណត្តិក្រោយ បានលើកឡើងថា លោកចង់ផ្តល់សន្ទុះអូសទាញប្រទេសអ្នកមានទាំងអស់ ឲ្យចូលរួមថវិកាឲ្យបានច្រើនបំផុត ហើយនឹងអូសទាញវិស័យឯកជនដែរ។
“កតិកាសញ្ញាហិរញ្ញវត្ថុថ្មី”
ផែនការហិរញ្ញវត្ថុ ជួយប្រទេសក្រីក្រ ពង្រឹងសមត្ថភាពទប់ទល់វិបត្តិអាកាសធាតុនេះ វាគឺជាអ្វីដែលក្រុមប្រទេសងាយរងគ្រោះ បានអំពាវនាវជាយូរមកហើយ។ ក្រុមប្រទេសក្រីក្រ ប្រទេសមានចំណូលមធ្យម បានអំពាវនាវ ថាត្រូវតែសម្រេចឲ្យបាន “កតិកាសញ្ញាហិរញ្ញវត្ថុថ្មី” ដែលនឹងបើកឱកាស ឲ្យប្រទេសដែលប្រឈមនឹងវិបត្តិអាកាសធាតុ អាចទទួលបាននូវលទ្ធភាពហិរញ្ញវត្ថុ។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ត្រូវតែប្រើប្រាស់កម្លាំងរបស់ខ្លួន ចូលរួមជួយផ្នែកវិនិយោគទៅគ្រប់វិស័យ ដែលអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក វិនិយោគលើហេដ្ឋរចនាសម្ព័ន្ធ ដែលជួយប្រទេសងាយរងគ្រោះ ឲ្យមានសមត្ថភាពទប់ទល់និងគ្រោះធម្មជាតិ។
រដ្ឋាភិបាលប្រទេសបាបាដុស ដែលជាកូនកោះមួយ នៅតំបន់សមុទ្រការ៉ាអ៊ីប ហើយដែលប្រឈមខ្លាំងបំផុត និងគ្រោះធម្មជាតិ ការឡើងកំពស់ទឹកសមុទ្រនោះ បានស្នើនូវផែនការគួរឲ្យចាប់អារម្មណ៍ជាច្រើនចំណុច។ ទី១ គឺគេចង់ឲ្យមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រើសិទ្ធិបោះពុម្ពសាច់ប្រាក់ ជាពិសេស ដើម្បីយកទៅប្រើក្នុងការវិនិយោគលើបញ្ហាអាកាសធាតុ។ ធនាគារពហុភាគី ត្រូវតែបង្កើនចំនួនកម្ចី ដោយត្រូវដាក់ខសន្យា អនុញ្ញាតឲ្យផ្អាកការសងការប្រាក់២ឆ្នាំជាប់គ្នា នៅពេលមានបញ្ហាគ្រោះធម្មជាតិធ្ងន់ធ្ងរ។ ផែនការនេះ ក៏បានស្នើផងដែរ នូវការយកពន្ធលើការប្រតិបត្តិការហិរញ្ញវត្ថុ និងពីក្រុមហ៊ុនរកស៊ីលើថាមពលហ្វូស៊ីល ដើម្បីយកប្រាក់ទាំងនេះ យកទៅប៉ះប៉ូវ សងការខូចខាត លើបរិស្ថាន។
ចំណុចទាំងអស់នេះ គឺគេនឹងលើកមកនិយាយជជែកគ្នាលំអិត ក្នុងរយៈពេលប្រជុំមួយសប្តាហ៍នេះ។ តែយ៉ាងណាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បានលើកឡើងផងដែរ អំពីហានិភ័យប្រឈមមួយចំនួន ដែលត្រូវតែប្រយ័ត្ន ព្រោះថាវិស័យហិរញ្ញវត្ថុបច្ចុប្បន្ន មិនសូវមានស្ថិរភាពទេ។ បញ្ហាអតិផរណា ជារឿងមួយសំខាន់ ហើយអាចរុញធនាគារកណ្តាលតាមប្រទេសនីមួយៗ បង្កើតអត្រាការប្រាក់កណ្តាល។ ដូច្នេះ ធនាគារកណ្តាលត្រូវតែធ្វើយ៉ាងណា ការពារស្ថិរភាពឲ្យបាន ដោយទាញកម្រិតអតិផរណាឲ្យនៅទាប តាមតែអាចធ្វើទៅបាន។
វិបត្តិបំណុលសាធារណៈក៏ជាបញ្ហាចោទធំមួយដែរ ដែលអាចធ្វើឲ្យប្រទេសខ្លះក្ស័យធុន បើគិតតែពីខ្ចីលុយខ្លាំងពេក។ បច្ចុប្បន្ននេះមានប្រទេស១៥%ហើយ ដែលស្ថិតក្នុងស្ថានភាពនេះ ហើយ៤០%ទៀត កំពុងតែប្រឈមដែរហើយ។ ត្រង់បញ្ហាបំណុលកើនខ្ពស់នេះ អង្គការក្រៅរដ្ឋាភិបាល និងប្រទេសក្រីក្រខ្លះ បានអំពាវនាវ ត្រូវតែលុបបំណុលចោលតែម្តង ព្រោះប្រទេសអ្នកមានទេ ដែលជាអ្នកបំពុលបរិស្ថា បង្កវិបត្តិអាកាសធាតុ ដូច្នេះមិនត្រូវមកច្របាច់ក ប្រទេសក្រីក្រជាមួយការប្រាក់ទៀតនោះទេ។ ចំណុចនេះ នៅមានការខ្វែងយោបល់គ្នាច្រើនណាស់៕
10-4-2023 • 9 minuten, 34 seconden អ៊ីស្រាអែលកំពុងប្រឈមខ្លាំងនឹងអស្ថិរភាព អសន្តិសុខ រងការវាយប្រហារពីគ្រប់ទិស ទាំងពីក្រៅទាំងពីក្នុង
អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលការប្រឈមមុខដាក់គ្នាយ៉ាងហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានកើតកំដៅខ្លាំងគួរឲ្យបារម្ភបំផុត។ ក្រោយប្រតិបត្តិការបង្ក្រាបដ៏ហិង្សារបស់សមត្ថកិច្ចអ៊ីស្រាអែល នៅក្នុងព្រះវិហារម៉ូស្កេក្រុងហ្សេរុយសាឡឹម ដែលជាទីសក្ការៈកំពូលនៃសាសនាអ៊ីស្លាម អ៊ីស្រាអែល បានរងនូវការវាយប្រហារភេរវកម្មផ្ទួនៗគ្នា។ បន្ថែមពីនេះ គ្រាប់រ៉ូកែតជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញ ពីលីបង់និងពីស៊ីរី សំដៅមកខាងជើងអ៊ីស្រាអែល។ លោកនាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ បានចេញបញ្ជាឲ្យកងទ័ពអ៊ីស្រាអែល វាយប្រហារឆ្លើយតបវិញ។ ស្ថានការណ៍ដ៏តានតឹងនេះ កំពុងធ្វើឲ្យមានការព្រួយបារម្ភខ្លាំងណាស់ អំពីស្ថិរភាព និងសន្តិភាពតំបន់ដើមបូព៌ា ដែលអ៊ីស្រាអែលក្រោមការដឹកនាំរបស់ក្រុមស្តាំនិយមជ្រុល កាន់តែរឹងរូស និងកាន់តែសំបូរសត្រូវក្នុងតំបន់។
ភេរវកម្មនៅក្នុង និងគ្រាបរ៉ូកែតពីខាងក្រៅ
ស្ថានភាពសន្តិសុខអ៊ីស្រាអែល ហាក់បានធ្លាក់ដុនដាបខ្លាំងណាស់ ដែលប្រភពបញ្ហា វាមិនទៅណាឆ្ងាយ ពីជម្លោះជាតិសាសន៍ ទឹកដី និងសាសនា រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីនហ្នឹងទេ។ កាលពីយប់ថ្ងៃសុក្រកន្លងទៅ ការវាយប្រហារភេរវកម្ម២ បានកើតឡើង មួួយនៅក្រុងទែលអាវីវ ជនអារ៉ាប់ម្នាក់ បានបើករថយន្តបំបុកមនុស្ស បង្កឲ្យស្លាប់អ្នកទេសចរណ៍ជនជាតិអ៊ីតាលីម្នាក់ និងរបួសមនុស្ស៧នាក់ផ្សេងទៀត។ ករណីវាយប្រហារមួយទៀត បង្កឡើងដោយជនប៉ះឡេស្ទីន ដែលបានបាញ់រះលើរថយន្ត នៅតំបន់ស៊ីហ្សកដានី បណ្តាលឲ្យស្លាប់នារីអ៊ីស្រាអែល២នាក់បងប្អូន អាយុ ១៧ឆ្នាំ និង២០ឆ្នាំ។
នៅថ្ងៃសៅរ៍ជនប៉ាឡេស្ទីនម្នាក់អាយុ២០ឆ្នាំ នៅតំបន់Azzun ខាងជើងស៊ីហ្សកដានី ត្រូវបានសមត្ថកិច្ចអ៊ីស្រាអែលបាញ់ស្លាប់។ សមត្ថកិច្ចអ៊ីស្រាអែលអះអាងថា ក្នុងប្រតិបត្តិការចុះការពារសន្តិសុខប្រចាំថ្ងៃរបស់ខ្លួន នៅតំបន់អាណានិគមជ្វីហ្វខាងជើងស៊ីហ្សកដានី ក្រុមយុវជនប៉ាឡេស្ទីនហិង្សាបាននាំគ្នាគុបដុំថ្ម និងគ្រាប់ផ្ទុះជាច្រើនមកលើសមត្ថកិច្ចអ៊ីស្រាអែល ដែលតម្រូវឲ្យខាងគេឆ្លើយបតវិញដើម្បីបំបែកហ្វូង។
នៅភាគខាងជើងអ៊ីស្រាអែលឯណោះ គ្រាប់រ៉ូកែតប្រមាណជាង៣០គ្រាប់ត្រូវបានបាញ់ចេញពីលីបង់ សំដៅមកអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមកងទ័ពអ៊ីស្រាអែល គឺក្រុមហាម៉ាប៉ាឡេស្ទីនប្រចាំនៅខាងត្បូងលីបង់ ដែលបានបាញ់គ្រាប់រ៉ូកែតទាំងនេះ។ កងទ័ពអ៊ីស្រាអែលបានឆ្លើយតបទៅវិញ ដោយបានបាញ់មីស៊ីលកំទេចទីតាំងស្តុកគ្រាប់ និងជំរំលាក់ខ្លួនរបស់ក្រុមហាម៉ាស។ កងទ័ពអ៊ីស្រាអែលក៏បានបើកការវាយប្រហារទៅលើក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាដែរ។
ហើយនៅយប់ថ្ងៃសៅរ៍ គ្រាប់រ៉ូកែតចំនួនយ៉ាងហោច៣គ្រាប់ ត្រូវបានបាញ់ចេញពីទឹកដីស៊ីរី សំដៅមកខ្ពង់រាបហ្គោឡាន ភាគខាងជើងអ៊ីស្រាអែល។ ប្រព័ន្ធខែលមីស៊ីលអ៊ីស្រាអែលបានស្ទាក់កំទេចបានគ្រាប់រ៉ូកែតមួយគ្រាប់។ កងទ័ពអ៊ីស្រាអែលក៏បានឆ្លើយតបទៅវិញ នៅវេលាម៉ោង៥ព្រឹកទាបភ្លឺ ដោយបានប្រើយានដ្រូន និងបានបាញ់មីស៊ីល សំដៅទីតាំងមួយចំនួននៅភាគខាងត្បូងស៊ីរី។ ផ្អែកតាមប្រភពពីកងទ័ពស៊ីរី ដែលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Sana គ្រាប់មីស៊ីលរបស់អ៊ីស្រាអែល បានបង្កឲ្យមានការខូចខាតសម្ភារៈ មិនមានស្លាប់មនុស្សទេ ហើយប្រព័ន្ធខែលមីស៊ីលស៊ីរី បានស្ទាក់កំទេចបានច្រើនគ្រាប់។ ចំណែកកងទ័ពហ្សកដានីវិញ ដែលស្ថិតនៅក្បែរនោះ បានអះអាងថាយប់ថ្ងៃសៅរ៍ មានគ្រាប់មីស៊ីលបានផ្ទុះលើមេឃ ធ្លាក់បំណែកចូលក្នុងទឹកដីហ្សកដានី មិនឆ្ងាយប៉ុន្មានពីព្រំដែនស៊ីរី។
វិហារឥស្លាម អាល់អាក់សា
អំពើហិង្សាផ្ទុះឡើងកាន់តែខ្លាំងនេះ វាគឺជាលទ្ធផលដោយផ្ទាល់តែម្តង នៃប្រតិបត្តិការចូលបង្ក្រាបយ៉ាងហិង្សា របស់សមត្ថកិច្ចអ៊ីស្រាអែល ដល់ក្នុងព្រះវិហារអាល់អាក់សា ដែលជាវិហារឥស្លាមជាទីសក្ការៈបំផុតរបស់អ្នកកាន់សាសនាឥស្លាម។ កាលពីថ្ងៃពុធ សមត្ថកិច្ចអ៊ីស្រាអែល បានអះអាងថាខ្លួនបានចូលទៅបំបែកក្រុមជ្រុលនិយមហិង្សា ដែលប្រមូលកម្លាំងគ្នា ដាក់រនាំងនៅក្នុងវិហារអាល់អាក់សា រារាំងមិនឲ្យជនជាតិជ្វីហ្វចូលទៅ។ អន្តរាគមន៍ចូលបង្ក្រាប បានបង្កឲ្យផ្ទុះអំពើហិង្សា បាញ់ប្លោងគ្រាប់ គុបដុំថ្ម គុបគ្រាប់បែកផ្សែង បាញ់កាំជ្រួចផ្កាភ្លើង ផ្ទុះឆេះយ៉ាងអាណាធិបតេយ្យបំផុតនៅក្នុងព្រះវិហារជាទីសក្ការៈនេះ។
ដើម្បីយល់ពីស្ថានការណ៍ហិង្សានេះ យើងត្រូវដឹងពីបរិបទដែលពាក់ព័ន្ធនឹងព្រះវិហារម៉ូស្កេនេះ គួបផ្សំជាមួយកាលៈទេសៈពេលវេលាផងដែរ។ ឆ្នាំនេះ ពិធីបុណ្យរ៉ាម៉ាដង់ ឬយើងហៅថាបុណ្យបួសឥស្លាម គឺវាចំពេលជាមួយគ្នា និងបុណ្យប៉េស្សា ដ៏សំខាន់បំផុតមួយនៃប្រជាជនជ្វីហ្វ។ សហគមន៍អ្នកកាន់សាសនាទាំង២នេះ នៅក្រុងហ្សេរុយសាឡឹមសុទ្ធតែរៀបចំពិធីសូត្រធម៌យ៉ាងធំរៀងៗខ្លួន ដែលធ្វើឲ្យវាបង្កើននូវសន្ទុះកំហឹង ច្រណែនគ្នា ស្អប់គុំគួនគ្នាខ្លាំង ដោយសារតែបញ្ហាសាសនានេះឯង។ ពោលគឺការរួមរស់ជាមួយគ្នា រវាងសាសនាទាំង២នេះ វាហាក់ដូចជាលំបាកលំបិន តឹងតែងខ្លាំងណាស់។
ព្រះវិហារឥស្លាម អាល់អាក់សា នៅក្រុងហ្សេរុយសាឡឹម ដែលយើងតែងតែឃើញក្នុងរូបថត មានដំបូលមូលពណ៌មាសដ៏ធំស្កឹមស្កៃនេះ ត្រូវបានសាងសង់នៅសតវត្សទី៧។ វិហារនេះ សង់នៅលើទីទួលថ្មភ្នំ ដែលជាអតីតទីតាំងប្រាសាទបុរាណជាទីសក្ការៈ ចំណាស់រាប់ពាន់ឆ្នាំមកហើយ របស់សាសនាជ្វីហ្វ។ ពោលគឺទីកន្លែងនេះ ជាទីសក្ការៈរបស់អ្នកកាន់សាសនាជ្វីហ្វ ជាយូរលង់មកហើយ តាំងតែពីសាសនាអ៊ីស្លាម និងសាសនាគ្រិស្តមិនទាន់ចាប់កំណើតទៅទៀត។
ក្រោយការកកើតរដ្ឋអ៊ីស្រាអែលឡើងវិញ និងបន្ទាប់ពីអ៊ីស្រាអែលបានចូលកាន់កាប់ តំបន់ខាងកើតក្រុងហ្សេរុយសាឡឹមនៅឆ្នាំ១៩៦៧ គឺអ៊ីស្រាអែលជាអ្នកគ្រប់គ្រងទីក្រុងចាស់ហ្សេរុយសាឡឹម ដែលព្រះវិហារនេះស្ថិតនៅ។ ក៏ប៉ុន្តែ មានកិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខា ដោយព្រះវិហារអាល់អាក់សារ ព្រមទាំងទីលានខាងមុខ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់មូលនិធិឥស្លាមមួយ ចាត់ចែងដោយប្រទេសហ្សកដានី។ ពោលគឺជនជាតិជ្វីហ្វមិនអាចឡើងទៅខាងលើនោះ ដើម្បីបន់ស្រន់សូត្រធម៌បានទេ គឺមានតែជនប៉ាឡេស្ទីន កាន់សាសនាឥស្លាមប៉ុណ្ណោះដែលអាចឡើងទៅបាន។ តែអ្នកគ្រប់គ្រងច្រកចេញចូលគឺខាងអ៊ីស្រាអែល។ ដូច្នេះបញ្ហាត្រង់នេះគឺវាតានតឹង នឹងរសើបខ្លាំងណាស់ ដែលបង្កឲ្យមានការប្រទូស្តរាយគ្នាជារឿយរវាងភាគីទាំង២។
បើកទីលានមុខព្រះវិហារអាល់អាក់សា ឲ្យគ្រប់គ្នាអាចចូលទៅសូត្រធម៌?
ជនជាតិជ្វីហ្វកាន់តែច្រើនឡើងៗ ដែលបានទាមទារឡើងទៅខាងលើទីលានខាងមុខព្រះវិហារអាល់អាក់សា ដើម្បីបួងសួងសូត្រធម៌ ក្នុងអំឡុងពេលបុណ្យធំៗដូចពេលនេះ។ ត្រង់ចំណុចនេះ យើងសង្កេតឃើញអំពីគោលជំហរ មិនច្បាស់ប្រាកដរបស់រដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្ន ដឹកនាំដោយលោកណេតាន់យ៉ាហ៊ូ ជាមួយនឹងសមាជិកមកពីបក្សស្តាំនិយមជ្រុុលជ្វីហ្វ ដែលស្អប់ប៉ាឡេស្ទីនខ្លាំងបំផុត។
លោកណេតាន់យ៉ាហ៊ូ និងជាពិសេសគឺលោក Itamar Ben Gvir រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអ៊ីស្រាអែល បានប្រកាសក្តែងៗ មុនពេលដែលមានរឿងចលាចលនេះ ថាចង់បើកទីលានខាងមុខព្រះវិហារម៉ូស្កេនេះ ឲ្យគ្រប់គ្នាបានចូល មិនថាកាន់សាសនាអ្វីនោះទេ។ ក៏ប៉ុន្តែសម្រាប់ប្រជាជនប៉ាឡេស្ទីន អ្នកកាន់សាសនាឥស្លាម គឺគេយល់ថានេះ គឺជាចេតនាទុច្ចរិតរបស់រដ្ឋាភិបាលលោកណេតាន់យ៉ាងហ៊ូ ដែលចង់ឈានទៅគ្រប់គ្រងបន្តិចម្តងៗ នៅលើទីសក្ការៈនេះ ហើយយូរៗទៅ អ្នកកាន់សាសនាឥស្លាមនឹងមិនអាចឡើងទៅលើនោះបានទៀតទេ។ ក្រុមជនប៉ាឡេស្ទីនបានស្រែកតវ៉ា ក៏បានកើតជាការប្រទូស្តរាយគ្នា ឈានទៅដល់ការចុះទៅបង្ក្រាបយ៉ាងហិង្សា របស់សមត្ថកិច្ចអ៊ីស្រាអែល ដល់ក្នុងវិហារនេះ។
ក្រុមហាម៉ាកើនឥទ្ធិពល
យើងសង្កេតឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ អំពើហិង្សាការប្រមុខដាក់គ្នាកាន់តែខ្លាំងកក្រើក ហើយគឺក្រុមហាម៉ាស ដែលជាអ្នកបានចំណេញឥទ្ធិពល។ នៅក្នុងក្រសែភ្នែក ក៏ដូចជាទឹកចិត្តដ៏ពុះកញ្ជ្រោលរបស់យុវជនប៉ាឡេស្ទីន គឺមានតែក្រុុមចលនាហាម៉ាប៉ាឡេស្ទីននេះហើយ ដែលជាអ្នកការពារផលប្រយោជន៍ប៉ាឡេស្ទីន ក៏ដូចជាទីសក្ការៈបូជានៃសាសនាអ៊ីស្លាមស៊ូនីត។
យ៉ាងណាមិញ ឲ្យតែមានរឿងប្រទូស្តរាយ រាល់លើក ពាក់ព័ន្ធនឹងព្រះវិហារអាល់អាក់សា គឺក្រុមហាម៉ា ចេញមុខប្រកាសសងសឹកអ៊ីស្រាអែលជានិច្ច ដោយការបាញ់ប្លោងគ្រាប់ពីតំបន់ហ្កាហ្សា។ តែអ្វីដែលជាកាត់សំគាល់បន្ថែមទៀតនាពេលនេះ គឺកម្លាំងរបស់ក្រុមហាម៉ាស ហាក់កាន់តែរីកធំ លើសពីតំបន់ហ្កាហ្សា ព្រោះថាលើកនេះ មានគ្រាប់រ៉ូកែតបាញ់ចេញពីភាគខាងត្បូងលីបង់ និងចេញពីស៊ីរី។ យោងតាមការវិភាគ ក្រុមហាម៉ាស ហាក់បានការសហការកាន់តែខ្លាំង ពីក្រុមហេបូឡាលីបង់ ដែលធម្មតាគឺជាអ្នកចាត់ចែងសកម្មភាពប្រដាប់អាវុធនិងវាយប្រហារនៅលីបង់។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមកម្លាំងប្រដាប់អាវុធស៊ីរីកូនចៅអ៊ីរ៉ង់ ក៏ហាក់ដូចជាបានចូលរួមដែរ។
ជាច្រើនឆ្នាំមកហើយ ដែលក្រុមប្រដាប់អាវុធឥស្លាមគាំទ្រប៉ាឡេស្ទីនទាំងនេះ នាំគ្នាអំពាវនាវ ឲ្យមានការរួមកម្លាំងគ្នា ពោលគឺ ហាម៉ាស បូកជាមួយហេបូឡា និងបូកជាមួយអ៊ីរ៉ង់ ដើម្បីរួមគ្នាវាយសង្គ្រប់លើអ៊ីស្រាអែល។ ឥឡូវរូបរាងនៃការសាមគ្គីរវាងសត្រូវទាំងអស់របស់អ៊ីស្រាអែលនេះ មានទម្រង់កាន់តែច្បាស់ហើយ។ ជាងនេះទៀត ខណៈពេលនេះ ផ្ទៃក្នុងអ៊ីស្រាអែល មានការរំជើបរំជួល ចុះខ្សោយខ្លាំង ដោយសារតែប្រជាជនអ៊ីស្រាអែល ធ្វើបាតុកម្មយ៉ាងខ្លាំងក្លាបំផុត ប្រឆាំងនឹងចរន្តគំនិតដឹកនាំបែបស្តាំនិយមជ្រុល និងកាន់តែផ្តាច់ការរបស់លោកណេតាន់យ៉ាហ៊ូ ដែលសហការជាមួយពួកជ្វីហ្វជ្រុលនិយម។
យើងឃើញថាអំពើហិង្សាទាំងអស់នេះ វាមិនអាចចង់ងាយៗទេ! អ្នករងគ្រោះគ្មាននរណាក្រៅពីជនស៊ីវីលស្លូតត្រង់នោះទេ។ គិតពីដើមឆ្នាំនេះមក អំពើហិង្សារវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន បានផ្តាច់ជីវិតជនប៉ាឡេស្ទីន ចំនួន៩២នាក់ និងជនស៊ីវីលអ៊ីស្រាអែល ១៨នាក់ រួមទាំងអ្នកទេសចរអ៊ុយក្រែន១នាក់ និងអ៊ីតាលីម្នាក់ផង។ ជារួមយើងសង្កេតឃើញថា តំបន់ដើមបូព៌ា កំពុងស្ថិតលើរងើកភ្លើងដែលអាចឆាបឆេះបានគ្រប់ពេលវេលា។ កាតាដែលជាអ្នកសម្របសម្រួល បានត្រឹមតែអំពាវនាវឲ្យកាត់បន្ថយភាពតានតឹង ទប់កំហឹងរៀងខ្លួន តែហាក់ដូចជាគ្មាននរណាស្តាប់នោះទេ !
9-4-2023 • 11 minuten, 34 seconden អ៊ីស្រាលអែលបើកការវាយប្រហារផ្លូវអាកាសទៅលើទឹកដ ីភាគខាងត្បូងលីបង់
នៅព្រឹកព្រលឹមថ្ងៃសុក្រទី៧មេសា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសទៅលើគោលដៅពីរ ក្នុងពេលតែមួយ នោះគឺទឹកដីភាគខាងត្បូងលីបង់ និងតំបន់ហ្កាហ្សា ដើម្បីសងសឹកទៅនឹងការបាញ់គ្រាប់រ៉ុកក្កែត ចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍។ សម្រាប់កងទ័ពអ៊ីស្រាអែល យន្តហោះចម្បាំងអ៊ីស្រាអែល នៅព្រឹកថ្ងៃសុក្រនេះ បើកការវាយប្រហារទៅលើតំបន់ចំនួន ៣ ក្នុងទឹកដីលីបង់ ដែលអ៊ីស្រាអែល ជឿថា ជាកន្លែងដែលជនប៉ាឡេស្ទីនបាញ់គ្រាប់រ៉ុកក្កែត គំរាមកំហែងសន្តិសុខអ៊ីស្រាអែល។ មិនទាន់ចុះកិច្ចព្រមព្រៀងសន្តិភាពនឹងគ្នា អ៊ីស្រាអែល និងលីបង់ស្ថិតនៅក្នុងស្ថានភាពសង្រ្គាមជាប់ជានិច្ច។ តើការវាយប្រហាររបស់អ៊ីស្រាអែលចូលក្នុងទឹកដីលីបង់ នឹងអាចរាលដាល ផ្ទុះឆេះក្លាយទៅជាភ្លើងសង្រ្គាម នៅតំបន់ដើមបូព៌ាដែរឬទេ?
កងទ័ពអ៊ីស្រាអែលអះអាងថា តាំងពីព្រឹកព្រលឹមថ្ងៃសុក្រនេះ អ៊ីស្រាអែលបានបើកការវាយប្រហារទាំងទៅលើទឹកដីភាគខាងត្បូងលីបង់ និងតំបន់ហ្កាហ្សារបស់ក្រុមហាម៉ាសប៉ាឡេស្ទីន។ បើតាមកងទ័ពអ៊ីស្រាអែល ការវាយប្រហារពីភាគីអ៊ីស្រាអែល គឺដើម្បីសងសឹកនឹងការបាញ់ស្រោចគ្រាប់រ៉ុកក្កែត សំដៅទឹកដីអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ទី ៦មេសា។
អ៊ីស្រាអែលបើកសមរភូមិប្រយុទ្ធ ចំនួនពីរ ក្នុងពេលតែមួយ។ នៅភាគខាងត្បូង អ៊ីស្រាអែលវាយប្រហារផ្លូវអាកាសទៅលើតំបន់ហ្កាហ្សារបស់ក្រុមហាម៉ាសប៉ាឡេស្ទីន ចំណែកនៅខាងជើង កងទ័ពអ៊ីស្រាអែលវាយប្រហារចូលទឹកដីភាគខាងត្បូងរបស់លីបង់។ ការវាប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា និងទឹកដីលីបង់ ធ្វើឡើង នៅមួយថ្ងៃក្រោយ គ្រាប់រ៉ុកក្កែត ចំនួន៣៤គ្រាប់ ត្រូវគេបាញ់ចេញ ពីភាគខាងត្បូង លីបង់ ដើម្បីវាយប្រហារអ៊ីស្រាអែល។ តាមអ៊ីស្រាអែល គ្រាប់រ៉ុកក្កែត ចំនួន ២៤ ត្រូវអ៊ីស្រាអែលបាញ់ស្ទាក់ និងមានតែ ៥គ្រាប់ប៉ុណ្ណោះ ដែលធ្លាក់ចូលក្នុងទឹកដីអ៊ីស្រាអែល ដោយបានបំផ្លាញរថយន្តមួយគ្រឿង ធនាគារមួយកន្លែង និងមានអ្នករបួសអ៊ីស្រាអែលម្នាក់។
នៅក្នុងការវាយប្រហារសងសឹករបស់អ៊ីស្រាអែល តាំងពីយប់ម្សិលមិញ នៅតំបន់ហ្កាហ្សា កងទ័ពអ៊ីស្រាអែល អះអាងថា គេបានសំដៅទីតាំងចំនួន១០ ដែលនៅក្នុងនោះ គ្រាប់មីស៊ីលអ៊ីស្រាអែលបានបាញ់បំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ក្រុមហាម៉ាស ប៉ាឡេស្ទីន ដូចជាផ្លូវរោងក្រោមដី និងទីតាំងលួចលាក់ផលិតអាវុធ គ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស។ ភាគីប៉ាឡេស្ទីនវិញ អះអាងថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃម្សិលមិញបានបំផ្លាញមន្ទីរពេទ្យកុមារមួយកន្លែង។
តាមកងទ័ពអ៊ីស្រាអែលដដែល នៅក្នុងពេលវាយប្រហាររបស់អ៊ីស្រាអែល ពួកហាម៉ាសប៉ាឡេស្ទីនបានបាញ់តបវិញ នូវគ្រាប់រ៉ុកក្កែត ជាង៤០គ្រាប់សំដៅអ៊ីស្រាអែល ប៉ុន្តែគ្រាប់រ៉ុកក្កែតភាគច្រើនរបស់ពួកហាម៉ាស ត្រូវប្រព័ន្ធខែលមីស៊ីលអ៊ីស្រាអែលបាញ់ស្ទាក់ ជាមុន ចំណែកគ្រាប់ដែលនៅសល់ ដែលធ្លាក់ចូលទឹកដីអ៊ីស្រាអែលមិនបានបង្កឲ្យប្រជាជនអ៊ីស្រាអែលរងរបួស។
និយាយពីតំបន់ភាគខាងត្បូងលីបង់វិញ អ៊ីស្រាអែល បានបញ្ជូនទាំងយន្តហោះចម្បាំង និងបាញ់គ្រាប់មីស៊ីលចេញពីភាគខាងជើងរបស់ខ្លួន ដើម្បីសំដៅទីតាំងដែលកងទ័ពអ៊ីស្រាអែល ជឿថា ជាកន្លែងបាញ់ចេញគ្រាប់រ៉ុកក្កែត វាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃ ព្រហស្បតិ៍។ តាមកាសែតក្នុងស្រុកលីបង់ ទីតាំងដែលរងគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល ស្ថិតនៅក្នុងតំបន់កសិកម្ម និងនៅក្បែរជំរំប្រជាជនភៀសខ្លួនប៉ាឡេស្ទីន នៅក្នុងទឹកដីលីបង់។
តើអ្នកណាជាអ្នកបាញ់គ្រាប់រ៉ុកក្កែតចេញពីទឹកដីលីបង់ សំដៅវាយប្រហារអ៊ីស្រាអែល?
នៅមិនទាន់មានក្រុមណាចេញមុខទទួលខុសត្រូវលើការបាញ់គ្រាប់រ៉ុកក្កែត ចេញពីទឹកដីលីបង់ សំដៅវាយប្រហារអ៊ីស្រាអែល ប៉ុន្តែ កងទ័ពអ៊ីស្រាអែល បានចោទប្រកាន់ហើយថា វាជាស្នាដៃរបស់ក្រុមហាម៉ាស ប៉ាឡេស្ទីន ឬក្រុមជីហាតអ៊ីស្លាម ដែលសកម្មក្នុងតំបន់ប៉ាឡេស្ទីន។
តាមកងទ័ពអ៊ីស្រាអែល ក្រុមហេស្បូឡា លីបង់ដែលមានឥទ្ធិពលខ្លាំង នៅតំបន់ខាងត្បូងលីបង់ និងដែលធ្លាប់ជាប់ដៃធ្វើសង្រ្គាមជាមួយអ៊ីស្រាអែល កន្លងមក បានដឹងពីផែនការបាញ់គ្រាប់រ៉ុកក្កែត សំដៅអ៊ីស្រាអែល ប៉ុន្តែ អ៊ីស្រាអែលមិនចោទក្រុមហេស្បូឡាលីបង់ ថា ជាអ្នកចូលរួម ប្រព្រឹត្តផ្ទាល់នោះទេ។ ផ្ទុយទៅវិញ អ៊ីស្រាអែលកំពុងស៊ើបអង្កេត ថាតើ អ៊ីរ៉ង់ដែលជាអ្នកគាំទ្រក្រុមហេស្បូឡា លីបង់ អាចជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកដីលីបង់ ដើម្បីបាញ់រ៉ុកក្កែតវាយប្រហារអ៊ីស្រាអែលដែរឬទេ។
មួយវិញទៀត សម្រាប់អ៊ីស្រាអែល ដោយសារគ្រាប់រ៉ុកក្កែត បាញ់ចេញពីទឹកដី លីបង់ ដូច្នេះ រដ្ឋាភិបាលលីបង់ជាអ្នកទទួលខុសត្រូវ។
ដើមចមនៃការវាយប្រហារបាញ់គ្រាប់មីស៊ីល គ្រាប់រ៉ុកក្កែតចេញពីទឹកដីលីបង់
ការប៉ះទង្គិចនៅក្នុងវិហារអ៊ីស្លាម កើតឡើងមកពី អ៊ីស្រាអែល មិនចង់ឲ្យអ្នកកាន់សាសនាអ៊ីស្លាម មកសូត្រធម៌ និងស្នាក់នៅ ក្នុងវិហារ al-Aqsa ជាប់រហូតទាំងថ្ងៃទាំងយប់ ក្នុងអំឡុងពេលបុណ្យតបអាហារមួយខែ ព្រោះវាត្រូវចំជួបពេលដែល ជនជាតិជ្វីហ្វអ៊ីស្រាអែល ត្រូវប្រារព្វពិធីបុណ្យសាសនា ដែរ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
ប៉ុន្តែ ការបង្រ្កាបដ៏ហិង្សា របស់ប៉ូលិសអ៊ីស្រាអែល កាលពីថ្ងៃពុធ ដើម្បី បណ្តេញអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើនជាប្រជាជនប៉ាឡេស្ទីន ចេញពីវិហារAl-Aqsa នៅទីលានគោរពសក្ការៈនៅជេរូសាឡឹម យ៉ាងដូច្នេះ គឺបានបង្កឲ្យមានប្រតិកម្មថ្កោលទោសពីបណ្តាប្រទេសកាន់សាសនាអ៊ីស្លាម អេហ្ស៊ីប និងក្រុមហាម៉ាស ប៉ាឡេស្ទីន។ នៅក្នុងទស្សនកិច្ចទៅប្រទេសលីបង់ កាលពីថ្ងៃម្សិលមិញ ប្រធានក្រុមហាម៉ាស ប៉ាឡេស្ទីន លោកIsmaïl Haniyeh បញ្ជាក់ហើយថា ប្រជាជនប៉ាឡេស្ទីន នឹងមិននៅឈរឱបដៃមើលការប្រព្រឹត្តអំពើហិង្សារបស់អាជ្ញាធរអ៊ីស្រាអែល នៅវិហារអ៊ីស្លាម Al-Aqsa។ ចំណែកចលនាហេស្បូឡា លីបង់ ដែលជាអ្នកមានឥទ្ធិពលនៅតំបន់ភាគខាងត្បូងលីបង់ បានចេញមុខប្រកាសការគាំទ្ររបស់ខ្លួនចំពោះគ្រប់សកម្មភាព វិធានការរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ដើម្បីប្រឆាំងអ៊ីស្រាអែល។
កងទ័ពលីបង់អះអាងថា បានចុះបង្រ្កាបកន្លែងបាញ់រ៉ុកក្កែតនៅភាគខាងត្បូងលីបង់
ចាប់តាំងពីសង្រ្គាមឆ្នាំ ២០០៦ ដែលបានសម្លាប់ប្រជាជនលីបង់ ជាង ១២០០នាក់ និងប្រជាជនអ៊ីស្រាអែល ជាង ១៦៥នាក់ អ៊ីស្រាអែលនិង លីបង់ នៅមិនទាន់បានចុះកិច្ចព្រមព្រៀងសន្តិភាពនឹងគ្នា និងស្ថិតក្នុងស្ថានភាពសង្រ្គាមនឹងគ្នាជានិច្ច។ អ៊ីស្រាអែលលើកនេះបានវាយប្រហារសងសឹកខ្លាំង ដោយសារនេះជាលើកទី១ ដែលមានការបាញ់គ្រាប់រ៉ុកក្កែត ដ៏ច្រើនមិនធ្លាប់មាន ដល់ទៅ ជាង ៣០គ្រាប់ចេញពីទឹកដីលីបង់ សំដៅអ៊ីស្រាអែល។
ប៉ុន្តែ យ៉ាងណាក៏ដោយ ភាគីទាំងពីរគ្មានចិត្តចង់ធ្វើសង្រ្គាមនឹងគ្នាសាជាថ្មីនោះទេ។ នេះបើតាមការអះអាងរបស់ក្រុមមួកខៀវរបស់អង្គការសហប្រជាជាតិ ដែលកំពុងប្រចាំការជាប់ជានិច្ច តាមដានបទឈប់បាញ់ នៅព្រំដែនជម្លោះ អ៊ីស្រាអែល លីបង់។
ភាគីអ៊ីស្រាអែល និងលីបង់ ហាក់មិនចង់ឲ្យរឿងកាន់តែវែងឆ្ងាយ និងធ្លាក់ដុនដាបខ្លាំងជាងនេះ។ ទោះទម្លាក់ការទទួលខុសត្រូវមួយផ្នែកទៅលើរដ្ឋាភិបាលលីបង់ ព្រោះថា គ្រាប់រ៉ុកក្កែត ត្រូវគេបាញ់ចេញពីទឹកដីលីបង់ ប៉ុន្តែ អ៊ីស្រាអែលមិនបានចង្អុរ ចោទប្រកាន់ក្រុមប្រដាប់អាវុធ ហេស្បូឡាលីបង់ថា ជាអ្នកនៅពីក្រោយផែនការវាយប្រហាររ៉ុកក្កែតប្រឆាំងអ៊ីស្រាអែល។
នៅខាងភាគីលីបង់ រដ្ឋាភិបាលព្យាយាមកាត់បន្ថយភាពតានតឹង ដោយបានចេញមុខថ្កោលទោស សកម្មភាពបាញ់គ្រាប់រ៉ុកក្កែត ចេញពីទឹកដីលីបង់។ លើសពីនោះទៀត រដ្ឋាភិបាលលីបង់ មានចេតនាចង់កាត់បន្ថយកំហឹងរបស់អ៊ីស្រាអែល តាមរយៈ ការចុះបង្រ្កាបទីតាំងដែលមានការបាញ់គ្រាប់រ៉ុកក្កែត នៅក្នុងទឹកដីលីបង់។ តាមកងទ័ពលីបង់ នៅថ្ងៃសុក្រទី៧ មេសា កងទ័ពបានចុះបង្ក្រាបកន្លែងបាញ់គ្រាប់រ៉ុកក្កែត មួយកន្លែងទៀត នៅភាគខាងត្បូងប្រទេស។ កងទ័ពលីបង់មិនបានបញ្ជាក់ថា តើគ្រាប់រ៉ុកក្កែត និងជើងទ្រដែលគេរឹបអូស យកបាន ជាកម្មសិទ្ធិរបស់ជនណាទេ ប៉ុន្តែ គ្រាន់តែថា នៅក្នុងចំណោមជើងទ្រចំនួន១២ មាន៦ ដែលមានបំពាក់ក្បាលគ្រាប់រ៉ុកក្កែតរួចហើយ សម្រាប់បាញ់សំដៅទឹកដីអ៊ីស្រាអែល។
រដ្ឋមន្រ្តីការបរទេសលីបង់បានបញ្ជាក់ថា លីបង់ចង់រក្សាភាពស្ងប់សុខនៅភាគខាងត្បូងប្រទេស ហើយលីបង់អំពាវនាវសុំឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធឲ្យអ៊ីស្រាអែលឈប់បង្ករឿង ធ្វើឲ្យផ្ទុះអំពើហិង្សាតទៅទៀត៕
7-4-2023 • 7 minuten, 55 seconden ចិនកំពុងក្លាយជាតួអង្គនយោបាយគន្លឹះនៅដើមបូព៌ា ?
នៅថ្ងៃនេះ មានជំនួបជាន់ខ្ពស់ដ៏កម្រមួយរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និង រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត នៅទីក្រុងប៉េកាំង។ ក្រោមម្លប់ចិន មហាអំណាចប្រចាំតំបន់ដែលធ្លាប់តែប្រជែងឥទ្ធិពលគ្នា អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមពិភាក្សានិងផ្តោះប្តូរយោបល់គ្នា អំពីរបៀបវារៈនៃដំណើរការតភ្ជាប់ទំនាក់ទំនងជាធម្មតានឹងគ្នាឡើងវិញ។
នេះគឺជាជំនួបផ្លូវការលើកទីមួយហើយ សម្រាប់មហាអំណាចប្រចាំតំបន់ទាំងពីរ គិតចាប់ពីថ្ងៃ ចុះកិច្ចព្រមព្រៀងផ្សះផ្សាគ្នាមក។
ក្រោមការផ្តួចផ្តើមរបស់ចិន នៅថ្ងៃនេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសាន់ អាមៀរ អាប់ដូឡាយ៉ាន និងសមភាគីអារ៉ាប៊ីសាអូឌីត ហ្វៃសាល់ បេន ហ្វាហាន បានជជែកផ្តោះប្តូរយោបល់ ជាសំខាន់ទៅលើរបៀបវារៈនៃការតភ្ជាប់ទំនាក់ទំនងជាធម្មតានឹងឡើងវិញ និងអំពីវិធានការដែលត្រូវប្រកាន់យកដើម្បីបើកស្ថានទូត និងស្ថានកុងស៊ុលនៅក្នុងប្រទេសទាំងពីរ។
ប្រមុខការទូតទាំងពីរ បានសេចក្តីថ្លែងការណ៍រួម ប្តេជ្ញាបន្តការងារផ្សះផ្សាប្រទេសទាំងពីរឱ្យខិតចូលជិតគ្នា ប្រកបដោយទំនុកចិត្តលើគ្នា និងមានកិច្ចសហប្រតិបត្តិការទ្វេ ដើម្បី សន្តិសុខ ស្ថិរភាព និងភាពរុងរឿង តំបន់។
ស្តារទំនាក់ទំនងជាធម្មតានឹងគ្នាឡើងវិញ បានសម្រេចនាំឱ្យអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតអាចបើកស្ថានទូតឡើងវិញពាក់កណ្តាលខែឧសភា និងដាក់ឱ្យដំណើរការឡើងវិញនូវកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងសន្តិសុខ ដែលប្រទេសទាំងពីរធ្លាប់បានចុះហត្ថលេខាកាលពីជាង ២០ឆ្នាំមុន។ ដំណឹងនេះនឹងត្រូវប្រកាសជាផ្លូវការ នៅចុងខែមេសា ក្នុងពេលដែលប្រធានាធិបតីអ៊ីរ៉ង់អញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រុងរីយ៉ាដ ស្របតាមការអញ្ជើញរបស់ស្តេចអារ៉ាប៊ីសាអូឌីត។
ជំនួបថ្ងៃនេះភស្តុតាង ថា អ្វីៗកំពុងប្រព្រឹត្តទៅដោយរលូន ស្របតាមកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីដើមខែមីនា។ ជាគូប្រជែងឥទ្ធិពលក្នុងតំបន់ និងមើលមុខគ្នាមិនចំ តាំងពីឆ្នាំ ២០១៦មក អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតបានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលមួយនៅថ្ងៃទី ១០មីនា២០២៣ អំពីឆន្ទៈភ្ជាប់ទូតនឹងគ្នាឡើងវិញ ក្រោយពីបានជួបចរចាគ្នាស្ងាត់ៗ អស់រយៈពេល២ឆ្នាំ ដោយមានចិនជាអន្តរការី។
ហេតុអ្វីចិនចង់បានការផ្សះផ្សារវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត ?
តាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ ដោយតាំងខ្លួនជាមហាអំណាចពិភពលោកមួយដែរនោះ ចិនបានចេញមុខចូលសម្របសម្រួលជម្លោះច្រើនណាស់ សរុបប្រមាណ១៥ជម្លោះ មានជាអាទិ៍សំណុំរឿងអ៊ុយក្រែន ជម្លោះអ៊ីស្រាអែលប៉ាឡេស្ទីន ... និងសំណុំរឿងអ៊ីរ៉ង់-អារ៉ាប៊ីសាអូឌីតនេះឯង។ ចិនត្រូវតែសម្របសម្រួលប្រទេសទាំងពីរនេះ មានទំនាក់ទំនងល្អនឹងគ្នាឡើងវិញ។ ចិនពិតជាមិនអាចនៅសុខស្រួលក្នុងអារម្មណ៍ទេ បើអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតនៅឈ្លោះ ប្រជែងឥទ្ធិពលគ្នានោះ ព្រោះអ៊ីរ៉ង់ គឺសម្ព័ន្ធមិត្តដ៏យូរលង់របស់ចិន ឯអារ៉ាប៊ីសាអូឌីតជាអ្នកផ្គត់ផ្គង់ប្រេងកាតដ៏សំខាន់ឱ្យប៉េកាំង។
ម្យ៉ាងទៀត ចិនត្រូវការមានដៃគូចម្រុះ មានទម្ងន់នយោបាយនៅតំបន់ដើមបូព៌ា នៅតំបន់ឈូងសមុទ្ទពែក្ស ព្រោះប៉េកាំងត្រូវការបង្ហាញក្រុមបស្ចិមលោក ដែលរិះគន់ចិនឥតឈប់ ជាពិសេសរឿងសង្គ្រាមនៅអ៊ុយក្រែន ថាចិនមានជម្រើសផ្សេង មានមិត្តថ្មី ហើយអាចរួមរស់ជាមួយបណ្តាប្រទេសជិតខាង នៅអាស៊ី នៅដើមបូព៌ា។
ចិនយល់ច្បាស់ណាស់ថា មហិច្ឆតាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជុំវិញគម្រោងផ្លូវសូត្រថ្មីដ៏មហិមា ត្រូវអមដោយមហិច្ឆតាសន្តិសុខ និងត្រូវមានប្រទេសជិតខាងដែលមិនប្រឆាំងនឹងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ខ្លួន។ បន្ទាប់ពីបានចូលទៅ អាហ្វ្រិក និងអាស៊ី អារ៉ាប៊ីសាអូឌីត ជារាជាណាចក្រដ៏សំខាន់ និងជាកូនសោ បើកទ្វារនាំចិនទៅកាន់រាជាណាចក្រប្រេងកាតផ្សេងទៀតនៅតំបន់ឈូងសមុទ្ទពែក្ស។ តាំងពីឆ្នាំ២០១៦មកចិនបានចាប់ផ្តើមធ្វើការវិនិយោគច្រើននៅតំបន់ដើមបូព៌ានេះ និងបានក្លាយជាដៃគូយុទ្ធសាស្ត្រ ជាតួអង្គនយោបាយដ៏សំខាន់របស់តំបន់ មិនមែនមាននាមត្រឹមជាអ្នកទិញប្រេងធម្មតាទេ។
អាមេរិកដកដៃ ចិនកាន់តែបានឱកាស
ហើយប៉េកាំងខុសពីអាមេរិក ! ចិនអាចរក្សាទំនាក់ទំនងល្អ ទាំងជាមួយអារ៉ាប៊ីសាអូឌីតផងជាមួយអ៊ីរ៉ង់ផង និងជាមួយអ៊ីស្រាអែលទៀត។ ជាមួយអ៊ីរ៉ង់ ចិនមានកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្ររយៈពេល២៥ឆ្នាំចុះហត្ថលេខាកាលពីឆ្នាំ២០២១។ ជាមួយអារ៉ាប៊ីសាអូឌីត ចិនមានកិច្ចសហប្រតិបត្តិការផ្លូវសូត្រថ្មីនិងគម្រោងទំនើបកម្មរាជាណាចក្រ“ទស្សនវិស័យ២០៣០” ស្នើឡើងរាជបុត្រស្នងរាជមូហាមេដ បេន សាល់ម៉ាន។
អារ៉ាប៊ីសាអូឌីត ក៏ដូចជាអ៊ីរ៉ង់ សុទ្ធតែចង់ចូលជាសមាជិកBric (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង) និងអង្គការសហប្រតិបត្តិការសៀងហៃ ដែលផ្តួចផ្តើមបង្កើតឡើងដោយចិននិងរុស្ស៊ីសម្រាប់សម្របសម្រួលសកម្មភាពនៅអាស៊ីកណ្តាល ប៉ុន្តែក៏អាចពង្រីកដល់ដើមបូព៌ាបានដែរទេតើ !
ចំណែកឥទ្ធិពលអាមេរិកក្នុងតំបន់កំពុងចុះថយដោយឯងៗ សម្រាប់ពេលនេះ ដោយអាមេរិករវល់នៅអឺរ៉ុប ដើម្បីប្រឈមនឹងសង្គ្រាមរបស់លោកពូទីននៅអ៊ុយក្រែន។ ហើយប្រទេសខ្លាំងៗក្នុងតំបន់ ដូចយ៉ាង អារ៉ាប៊ីសាអូឌីត តួកគី កំពុងឆ្លៀតឱកាសពង្រឹងខ្លួនជាមហាអំណាចប្រចាំតំបន់ តាមរយៈនយោបាយពហុការទូត ដោយទៅត្រូវជាមួយចិន និងរុស្ស៊ី តែមិនបោះបង់អាមេរិក។ ល្បែងបែបនេះចិនចូលចិត្តណាស់ និងជាឱកាសសម្រាប់ចិនជ្រៀតពង្រីកឥទ្ធិពលនិងតួនាទីនយោបាយក្នុងតំបន់។
ប៉ុន្តែទោះបីជាអាមេរិកហាក់ដកថយបន្តិចមែន តែអាមេរិក នៅតែជាមហាអំណាចយោធាបរទេសប្រចាំតំបន់ដើមបូព៌ានេះដដែល៕
6-4-2023 • 6 minuten, 49 seconden លោកដូណាល់ត្រាំចូលខ្លួនទៅស្តាប់បទចោទប្រកាន់នៅតុលាការញូវយ៉ក
ប្រព័ន្ធផ្សព្វផ្សាយក្នុងពិភពលោក កំពុងផ្តោតចាប់អារម្មណ៍លើអតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលត្រូវចូលខ្លួនទៅកាន់តុលាការក្រុងញូវយ៉ក នៅថ្ងៃអង្គារនេះ។ ការបង្ហាញខ្លួនរបស់ប្រធានាធិបតីទី៤៥របស់អាមេរិក នៅតុលាការក្រុងញូវយ៉ក ធ្វើឡើង នៅ៥ថ្ងៃក្រោយ គណៈវិនិច្ឆ័យរបស់តុលាការញូវយ៉ក សម្រេចចោទប្រកាន់ លោកដូណាល់ ត្រាំ នៅក្នុងសំណុំរឿងពុករលួយ សូកប៉ាន់ដើម្បីបំបិទមាត់ស្រ្តីតារាភាពយន្ត អាសអាភៀស ម្នាក់ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីឆ្នាំ ២០១៦។ នៅថ្ងៃអង្គារនេះ នៅប៉ុន្មានម៉ោងមុនការចូលខ្លួនរបស់អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ ក្នុងអគារតុលាការ មហាវិថី ជុំវិញ ក្នុងសង្កាត់ Manhattan ត្រូវបិទច្រកចូល។ ក្រៅពីវត្តមានកកកុញរបស់អ្នកកាសែតទូរទស្សន៍ជាតិ អន្តរជាតិ រាប់រយនាក់ នៅមុខច្រកចូលតុលាការ ប៉ូលិសញូវយ៉កតាមដានដោយប្រយ័ត្នប្រយែងវត្តមានរបស់អ្នកគាំទ្រលោកដូណាល់ ត្រាំ ដែលអាចបង្កភាពចលាចល ដូចការលើកគ្នាសម្រុកចូលវិមានកាពីតូល កាលពី២ឆ្នាំមុន នៅថ្ងសទី ៦មករា ឆ្នាំ ២០២១។
សំណុំរឿង លោកដូណាល់ត្រាំ នៅតុលាការញូវយ៉ក បានទាក់ទាញប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងបរទេសឲ្យទៅប្រចាំការ តាមដាន ផ្សាយជាប់ៗគ្នា ប៉ុន្មានថ្ងៃមកហើយ ពោលគឺចាប់តាំងពីគណៈវិនិច្ឆ័យ និងរដ្ឋអាជ្ញាតុលាការញូវយ៉កសម្រេចចោទប្រកាន់ជាផ្លូវការ លោកដូណាល់ ត្រាំ។ លោកដូណាល់ ត្រាំ ដែលជាអតីតប្រធានាធិបតីលើកដំបូងគេ នៅក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលត្រូវតុលាការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ។
តាំងពីថ្ងៃចន្ទម្សិលមិញ មហាវិថីមួយចំនួនជុំវិញ តុលាការ ក្នុងសង្កាត់Manhattan ត្រូវបិទបារ៉ាស និងស្ថិតក្រោមការយាមយ៉ាងតឹងរ៉ឹងរបស់ប៉ូលិសញូវយ៉ក។ តាមគម្រោង លោកដូណាល់ ត្រាំ ដែលបានជិះយន្តហោះពិសេសរបស់លោកពីរដ្ឋFlorida មកស្នាក់នៅអគារក្រុមហ៊ុន Trump របស់លោកនៅញូវយ៉ក កាលពីថ្ងៃចន្ទ ត្រូវចូលទៅបង្ហាញខ្លួន នៅចំពោះមុខចៅក្រមរបស់តុលាការញូវយ៉ក នៅម៉ោង ២និង១៥នាទី រសៀល ម៉ោងនៅញូវយ៉ក ដែលត្រូវនឹងម៉ោង ១ភ្លឺ ម៉ោងនៅប្រទេសកម្ពុជា។
នៅចំពោះមុខចៅក្រម លោកដូណាល់ ត្រាំ ត្រូវទទួលស្តាប់បទចោទប្រកាន់ជាផ្លូវការរបស់រដ្ឋអាជ្ញា និងគណៈវិនិច្ឆ័យ ដែលបានបើកការស៊ើបអង្កេត ក្នុងសំណុំរឿងពុករលួយ ផ្តល់ប្រាក់ដល់ស្ត្រីតារាភាពយន្តអាសអាភៀសអាមេរិក នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត ឆ្នាំ ២០១៦។ គណៈវិនិច្ឆ័យរបស់តុលាការញូវយ៉ក សម្រេចចោទប្រកាន់លោកដូណាល់ ត្រាំ ដោយផ្អែកលើសក្ខីកម្មរបស់អតីតមេធាវីរបស់លោកដូណាល់ ត្រាំ ដែលថា លោកដូណាល់ ត្រាំបានបញ្ជាឲ្យគាត់ផ្តល់លុយ ១សែន ៣ម៉ឺនដុល្លារ ទៅឲ្យនាងតារាភាពយន្ត Stormy Daniel ដើម្បីកុំឲ្យនាងលើកយករឿងទំនាក់ទំនងផ្លូវភេទជាមួយលោក ទៅនិយាយនៅក្នុងពេលឃោសនាបោះឆ្នោត។
នៅអាមេរិក ការផ្តល់ប្រាក់ទៅឲ្យបុគ្គលណាម្នាក់ មិនមែនជារឿងខុសច្បាប់នោះទេ។ ប៉ុន្តែ ក្នុងករណីរបស់លោកដូណាល់ ត្រាំ គណៈវិនិច្ឆ័យរបស់តុលាការរកឃើញថា លោកបានក្លែងបន្លំឯកសារក្រុមហ៊ុន ដែលជាបទល្មើសព្រហ្មទណ្ឌ ព្រោះ លោកដូណាល់ ត្រាំ បានប្រកាសទឹកប្រាក់១សែន ៣ម៉ឺនដុល្លារ ក្នុងបញ្ជីចំណាយសម្រាប់ដំណើរការផ្លូវច្បាប់របស់ក្រុមហ៊ុនរបស់លោក ប៉ុន្តែ មិនមែនជាមុខចំណាយ សម្រាប់ការឃោសនាបោះឆ្នោតប្រធានាធិបតី។
លោកដូណាល់ត្រាំ នឹងត្រូវគេថតរូបវាស់កំពស់ដូចអ្នកទោសដទៃទៀត?
នៅតុលាការញូវយ៉ក អតីតប្រធានាធិបតីអាមេរិកត្រូវឆ្លងកាត់នីតិវិធី ដូចអ្នកដែលត្រូវតុលាការចោទប្រកាន់ជាទូទៅ ដូចជា ត្រូវប្រាប់ឈ្មោះ ត្រកូល មុខរបរ ត្រូវផ្តិតមេដៃ ត្រូវឆ្លងកាត់កន្លែង ថតរូបវាស់កំពស់ រូបថតពីមុខ និងពីចំហៀងរបស់ជនជាប់ចោទ ដែលប៉ូលិសអាមេរិកតែងបង្ហាញជាសាធារណៈ ទាក់ទងនឹងរូបជនជាប់ចោទ។ គេមិនច្បាស់ថា តើលោកដូណាល់ ត្រាំ នឹងត្រូវគេថតរូប វាស់កំពស់ដែរឬយ៉ាងណានោះទេ។ បើមានពិតមែន នោះវាជារឿងអាម៉ាស់ខ្លាំងណាស់សម្រាប់លោក។ ធ្លាប់ធ្វើជាប្រធានាធិបតីដឹកនាំមហាអំនាចអាមេរិក ប៉ុន្តែលោកដូណាល់ ត្រាំ ត្រូវមកធ្លាក់ខ្លួន ជាប់ក្នុងរូបថតអ្នកប្រព្រឹត្តបទល្មើស យ៉ាងដូច្នេះទៅវិញ។
លោកដូណាល់ ត្រាំ អាចត្រូវថតរូបវាស់កំពស់ ប៉ុន្តែ លោកដូណាល់ ត្រាំ នឹងមិនត្រូវប៉ូលិសវ៉ៃខ្នោះ នៅពេលដើរចូលក្នុងតុលាការនោះទេ។ នេះបើតាមមេធាវីរបស់លោកដូណាល់ ត្រាំ ក្នុងហេតុផលថា លោកដូណាល់ ត្រាំ ស្ថិតក្រោមការការពាររបស់ប៉ូលិសសហព័ន្ធ។ មិនត្រឹមតែមិនជាប់ខ្នោះ លោកដូណាល់ ត្រាំ លោកដូណាល់ ត្រាំ នឹងមិនត្រូវគេបណ្តើរនៅតាមច្រកផ្លូវអាម៉ាស ដែលប៉ូលិសអាមេរិកតែងធ្វើទៅលើជនជាប់ចោទជាទូទៅ។
ការកោះហៅលោកដូណាល់ត្រាំ ឲ្យចូលខ្លួនទៅស្តាប់បទចោទប្រកាន់ នៅតុលាការនៅថ្ងៃនេះកំពុងធ្វើឲ្យគេបារម្ភពីបញ្ហាអសន្តិសុខ
គិតរហូតមកដល់ព្រឹកថ្ងៃអង្គារ នៅមុខតុលាការញូវយ៉ក ក្នុងសង្កាត់Manhattan មានសំបូរទៅដោយអ្នកកាសែត និងប៉ូលិស ច្រើនជាង ប្រជាជនធម្មតា។ យ៉ាងណាក៏ដោយ នៅក្រោយរបាំងរនាំងក្នុងបរិវេណមុខច្រកចូលតុលាការ គេឃើញ ក្រុមអ្នកគាំទ្រលោកដូណាល់ ត្រាំខ្លះដែរ ប៉ុន្តែ មិនច្រើននោះទេ។ ប៉ូលិសញូវយ៉កបាននិយាយប្រាប់ ទីភ្នាក់ងារព័ត៌មានReuters គេមិនបានទទួលសញ្ញាអាសន្នទាក់ទងនឹងការគំរាមកំហែង របស់ក្រុមបាតុករដែលគាំទ្រលោកដូណាល់ ត្រាំ នៅក្នុងបរិវេណមុខតុលាការនៅថ្ងៃនេះទេ។
បើទោះបីមានការអំពាវនាវពីលោកដូណាល់ ត្រាំ ក៏ដូចជាសមាជិកព្រឹទ្ធិសភា ដែលគាំទ្រលោកដូណាល់ ត្រាំ ឲ្យមានការធ្វើបាតុកម្មនៅមុខតុលាការក្រុងញូវយ៉ក ប៉ុន្តែ អ្នកគាំទ្រលោកដូណាល់ ត្រាំមួយចំនួនបានសរសេរនៅបណ្តាញសង្គមថា ពួកគេមិនចង់ចូលរួមក្នុងបាតុកម្មប្រឆាំង នៅមុខតុលាការ ព្រោះពួកគេមិនចង់ប្រថុយនឹងការចាប់ខ្លួន ដូចកាលពេលធ្វើបាតុកម្មសម្រុកចូលវិមានកាពីតូលកាលពី២ឆ្នាំមុន។
លោកដូណាល់ ត្រាំ នៅតែអាចចូលរួមក្នុងការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤
លោកដូណាល់ ត្រាំធ្លាប់ចាត់ទុកការចោទប្រកាន់ផ្នែកតុលាការ ថា ជាការតាមប្រមាញ់មេធ្មប់ ជាការធ្វើទុក្ខបុកម្នេញ នយោបាយ។
តាមមេធាវីរបស់លោកដូណាល់ ត្រាំ លោកស្រី នៅចំពោះមុខការចោទប្រកាន់ជាផ្លូវការរបស់តុលាការ អតីតប្រធានាធិបតីអាមេរិកនឹងប្រកាស ថាខ្លួនមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។ បើសិនដូច្នេះមែន ចៅក្រមនឹងអាចសម្រេចដាក់លោកដូណាល់ ត្រាំ នៅក្រៅឃុំ ក្នុងពេលរង់ចាំការបើកសវនាការ។
ឧបមាថា លោកដូណាល់ ត្រាំនៅទីបំផុត ត្រូវតុលាការរកឃើញបានប្រព្រឹត្តកំហុស និង ជាប់ក្នុងបញ្ជីឈ្មោះអាក្រក់របស់តុលាការ ប៉ុន្តែ វានឹងមិនទៅរារាំង មិនឲ្យលោកដូណាល់ ត្រាំ ឈរឈ្មោះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ក្រោយនោះទេ។ តាមរដ្ឋធម្មនុញ្ញអាមេរិក គឺមានតែអ្នកដែលចូលរួមក្នុងការបះបោរ ធ្វើឧទ្ទាមប្រឆាំងរដ្ឋអំនាចតែប៉ុណ្ណោះ ដែលគ្មានសិទ្ធិឈរឈ្មោះ ក្នុងការបោះឆ្នោតប្រធានាធិបតី។
ការចោទប្រកាន់លើកនេះ មិនត្រឹមតែគ្មានឥទ្ធិពល រារាំងមិនឲ្យលោកអាចឈរឈ្មោះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែ វានៅបានជួយទាក់ទាញឲ្យមុខមាត់របស់លោកដូណាល់ ត្រាំកាន់តែឡើងកូដ គឺវាហាក់ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យលោកយ៉ាងដូច្នេះដែរ។ ជាក់ស្តែង នៅក្នុងរយៈពេលតែ ២៤ម៉ោងក្រោយ រដ្ឋអាជ្ញាប្រកាសចោទប្រកាន់ ក្រុមឃោសនារបស់លោកដូណាល់ ត្រាំរៃអង្គាសបានប្រាក់ ៤លានដុល្លារសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកដូណាល់ត្រាំ។ ទូរទស្សន៍អង់គ្លេស BBC ចុះផ្សាយថា រហូតដល់ថ្ងៃនេះ ក្រុមលោកដូណាល់ ត្រាំ បានទទួលប្រាក់ឧបត្ថម្ភ ពីអ្នកគាំទ្រ ចំនួន៨លានដុល្លារ។
លោកដូណាល់ ត្រាំកំពុងជាប់ក្នុងការស៊ើបអង្កេតផ្សេងទៀត
ទោះជាលោកដូណាល់ ត្រាំ អាចបញ្ចប់សំណុំរឿងក្លែងបន្លំឯកសារក្រុមហ៊ុន ប៉ុន្តែ នៅមានសំណុំរឿងជាច្រើនផ្សេងទៀត ដែលកំពុងតាមលងរូបលោកជានិច្ច ដែលនៅក្នុងនោះ មានសំណុំរឿងមួយ ដែលនឹងអាចទៅរារាំង មិនឲ្យលោកដូណាល់ ត្រាំ សម្រេច មហិច្ឆតាដើម្បីឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីសាជាថ្មី។
ត្រូវដឹងថា លោកដូណាល់ត្រាំ សព្វថ្ងៃកំពុងជាប់ក្នុងសំណាញ់ស៊ើបអង្កេតទាក់ទងនឹងសំណុំរឿងឧក្រិដ្ឋមួយចំនួនដូចជា ការសម្រុកចូលក្នុងវិមានកាពីតូល។ តុលាការសហព័ន្ធកំពុងស៊ើបអង្កេតលើតួនាទីរបស់លោក នៅក្នុងការលើកគ្នាសម្រុកចូលរបស់ក្រុមគាំទ្រលោកដូណាល់ត្រាំ នៅក្នុងវិមានកាពីតូល។ លោកដូណាល់ ត្រាំ ត្រូវប៉ូលិសសហព័ន្ធស៊ើបអង្កេតថា បានលួចលាក់ទុកឯកសារសម្ងាត់ជាតិ។ លោកត្រូវប៉ូលិសFBI ចោទប្រកាន់ផងដែរ ថា បានប៉ុនប៉ងរារាំងមិនឲ្យគេចូលទៅរឹបអូសយកឯកសារសម្ងាត់ពីវីឡារបស់លោកនៅរដ្ឋFlorida។ មួយវិញទៀត សព្វថ្ងៃនេះ តុលាការក្នុងរដ្ឋ Georgia កំពុងបើកការស៊ើបអង្កេត ទៅលើករណីដែលថា លោកដូណាល់ ត្រាំ អាចដាក់សម្ពាធទៅលើអាជ្ញាធររបស់រដ្ឋនេះ ឲ្យកែប្រែលទ្ធផលឆ្នោត ក្នុងគោលដៅ ជួយឲ្យលោកអាចឈ្នះឆ្នោតប្រធានាធិបតីឆ្នាំ២០២០៕
4-4-2023 • 8 minuten, 41 seconden បោះឆ្នោតសភាហ្វាំងឡង់៖ គណបក្សរបស់លោក ភេតេរី អ័រប៉ូ ឈ្នះយ៉ាងប្រផិតប្រផោយ
ការបោះឆ្នោតសភានៅប្រទេសហ្វាំងឡង់ ត្រូវបានរៀបចំកាលពីថ្ងៃអាទិត្យ ទី២មេសា។ យោងតាមលទ្ធផលបឋម ដែលសឹងតែផ្លូវការទៅហើយនោះ គឺគណបក្សរបស់លោកស្រីនាយករដ្ឋមន្ត្រីចប់អាណត្តិ សាណា ម៉ារ៉ាំង មិនបានឈ្នះនាំមុខនោះទេ ដោយស្ថិតនៅលេខរៀងទី៣។ គឺគណបក្សស្តាំកណ្តាលនិយុំ របស់លោក ភេតេរី អ័រប៉ូ (Petteri Orpo) ដែលឈ្នះបានសំឡេងឆ្នោតនាំមុខគេ តែជាជ័យជំនះយ៉ាងប្រផិតប្រផោយបំផុត។ តើជ័យជំនះ របស់គណបក្សលោក ភេតេរី អ័រប៉ូ ដែលនឹងត្រូវមកដឹកនាំរដ្ឋភិបាលថ្មីហ្វាំងឡង់នេះ នឹងធ្វើឲ្យមានការប្រែប្រួលយ៉ាងណាខ្លះ ដល់សេដ្ឋកិច្ច និងគោលនយោបាយការបរទេស ខណៈហ្វាំងឡង់ កំពុងតែត្រៀមខ្លួនក្លាយជាសមាជិកពេញសិទ្ធិ របស់សម្ព័ន្ធមិត្តអូតង់?
លោកភេតេរី អ័រប៉ូ កើតនៅឆ្នាំ ១៩៦៩ បច្ចុប្បន្នអាយុ៥៣ឆ្នាំហើយ។ លោកបានចូលប្រឡូកក្នុងសកម្មភាពនយោបាយ តាំងតែវ័យមិនទាន់គ្រប់២០ឆ្នាំម្លេះ។ រៀនបណ្តើ ធ្វើជាសកម្មជននយោបាយបណ្តើ ទំរាំរៀនចប់ បានសញ្ញាបត្រអនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច លោកបានចំណាយពេល១២ឆ្នាំឯណោះ។
ឆ្នាំ២០០៧ លោកបានជាប់ឆ្នោតក្លាយជាសមាជិកសភាហ្វាំងឡង់ ជាលើកដំបូង។ បន្តិចម្តងៗ លោកបានកសាងទំនុកចិត្ត ដោយបានឈានជើងចូលក្នុងរដ្ឋាភិបាលជាបន្តបន្ទាប់។ លោកធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម ឆ្នាំ២០១៤-២០១៥ ក្រោយមក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ២០១៥-២០១៦ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០១៩ ហើយក៏ធ្លាប់ជាឧបនាយករដ្ឋមន្ត្រីហ្វាំងឡង់ដែរ ចន្លោះពីឆ្នាំ ២០១៧ ដល់ ២០១៩។ លោកត្រូវគេស្គាល់ថា ជាអ្នកនយោបាយសាមញ្ញ បែបអភិរក្សនិយម ស្ងប់ស្ងាត់ មិនស្រែកឡូឡា តែម៉ឺងម៉ាត់។ តែអ្នករិះគន់ខ្លះ ចាត់ទុកលោកថា មិនសូវមានអំណោយទានទេ ធ្វើនយោបាយបែបខ្សោយៗ ពេលជជែកដេញដោលយោបល់អី ប្រកែកមិនសូវឈ្នះគេទេ។
នៅក្នុងការបោះឆ្នោតសភាលើកនេះ លោក ភេតេរី អ័រប៉ូ គឺជាបេក្ខជននាយករដ្ឋមន្ត្រី តំណាងឲ្យគណបក្សចម្រុះជាតិស្តាំកណ្តាលនិយម ដើម្បីប្រជែងជាមួយគណបក្សសង្គមប្រជាធិបតេយ្យ របស់លោកស្រី សាណា ម៉ារ៉ាំង ដែលជានាយករដ្ឋមន្ត្រីចប់អាណត្តិ។ យោងតាមលទ្ធផលនៅព្រឹកនេះ ក្រោយការរាប់សន្លឹកឆ្នោតប្រមាណ៩៨%ហើយ បានបង្ហាញថា គឺគណបក្សរបស់លោក ភេតេរី អ័រប៉ូ ដែលបានឈ្នះនាំមុខ បានអាសនៈសភា ចំនួន៤៨ ក្នុងចំណោម២០០នៅសភា។ គណបក្សនៅលេខរៀងទី២ គឺបក្សស្តាំជាតិនិយមជ្រុល បានអាសនៈ ៤៦។ ចំណែកគណបក្សលោកស្រីនាយករដ្ឋមន្ត្រីចប់អាណត្តិ សាណា ម៉ារ៉ាំង ស្ថិតនៅលេខរៀងទីបី បានអាសនៈចំនួន ៤៣។
ព្យាបាលសេដ្ឋកិច្ច កាត់បន្ថយបំណុលសាធារណៈ
លោកស្រី សាណា ម៉ារ៉ាំង នាយករដ្ឋមន្ត្រីវ័យក្មេងបំផុត អាយុត្រឹមតែ៣៧ឆ្នាំនេះ មានប្រជាប្រិយភាពខ្លាំងណាស់ ទាំងក្នុងនិងក្រៅប្រទេសហ្វាំងឡង់។ ប្រជាប្រិយភាព ដែលអ្នកខ្លះហៅលោកស្រីថា នាយករដ្ឋមន្ត្រីRock Star ថែមទៀតផង។ ការដោះស្រាយបញ្ហា គ្រប់គ្រងវិបត្តិជំងឺឆ្លងកូវីដ១៩ ការរៀបចំដាក់ពាក្យសុំចូលជាសមាជិកអូតង់ភ្លាមៗ ព្រមទាំងគោលជំហរឹងមាំ របស់លោកស្រីក្នុងការប្រឆាំងចំពោះការធ្វើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺជាចំណុចវិជ្ជមានធំៗ ដែលធ្វើឲ្យលោកស្រីមានប្រជាប្រិយភាព។ ក៏ប៉ុន្តែបញ្ហាចោទដ៏ធំមួយ ដែលប្រជាជនរិះគន់លោកស្រី គឺផ្នែកសេដ្ឋកិច្ច អតិផរណា និងជាពិសេសគឺបំណុលសាធារណៈតែម្តង។
លោកភេតេរី អ័រប៉ូ បានធ្វើការឃោសនាបោះឆ្នោត ដោយសង្កត់ចំចំណុចនេះ។ លោកបានរិះគន់លោកស្រី សាណា ម៉ារ៉ាំង ថាចាយប្រាក់រដ្ឋធូរលុងខ្លាំងណាស់ ធ្វើឲ្យរដ្ឋមានបំណុលសាធារណៈកាន់តែកើនខ្ពស់ អាចបង្កបញ្ហាទៅថ្ងៃខាងមុខ។ លោក ភេតេរី អ័រប៉ូ អះអាងថា លោកនឹងព្យាបាលសេដ្ឋកិច្ចហ្វាំងឡង់ ឲ្យជាសះស្បើយ តាមរយៈការផ្តល់សន្ទុះសេដ្ឋកិច្ច និងការធ្វើការសន្សំសំចៃប្រាក់រដ្ឋ។ យោងតាមយោបល់លោក រដ្ឋត្រូវតែសន្សំសំចៃប្រាក់ ចំនួនយ៉ាងហោច៦ពាន់លានអឺរ៉ូ នៅក្នុងដំណាក់កាលដំបូងបន្ទាន់ ដើម្បីកាត់បន្ថយបំណុលសាធារណៈ ដែលលោកចាត់ទុកថា វាគ្រោះថ្នាក់។
យ៉ាងណាក៏ដោយ លោកស្រី សាណា ម៉ារ៉ាំង បានទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោតនេះ តែលោកស្រីបានអបអរសាទរដែរ ថាទោះបក្សលោកស្រីចាញ់ឆ្នោតមែន តែបើពិនិត្យមើលចំនួនអាសនៈវិញ គឺបក្សលោកស្រីបានកើនចំនួន លើសពីការបោះឆ្នោតអាណត្តិមុន។
ដោយឡែក អ្វីដែលគួរឲ្យកត់សំគាល់មួយទៀត គឺការកើនសន្ទុះយ៉ាងខ្លាំង នៃគណបក្សស្តាំជាតិនិយមជ្រុល ដែលបានទទួលអាសនៈ នៅលេខរៀងទី២។ វាបង្ហាញពីចរន្តនយោបាយស្តាំនិយមជ្រុល នៅហ្វាំងឡង់ ដែលកាន់តែមានអ្នកគាំទ្រច្រើន តាមរយៈការឃោសនាស្តីបន្ទោស ទំលាក់កំហុសលើជនបរទេស លើជនអន្តោប្រវេសន៍ជាដើម ថាជាអ្នកចូលមកបង្កបញ្ហាអសន្តិសុខ សំបូរចោរ សំបូរឧក្រិដ្ឋកម្ម និងបង្កភាពរញ៉េរញ៉ៃក្នុងសង្គមហ្វាំងឡង់។
បង្កើតរដ្ឋាភិបាលចម្រុះជាមួយអ្នកណា?
បើពិនិត្យលើចំនួនអាសនៈដែលប្រមូលបាន គឺលោក ភេតេរី អ័រប៉ូ មិនមានសំឡេងភាគច្រើនក្នុងសភា ដើម្បីអាចរៀបចំរដ្ឋាភិបាលតែម្នាក់ឯងនោះទេ ។ ពោលគឺលោកត្រូវតែបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយបក្សផ្សេងទៀត។ ត្រង់ចំណុចនេះហើយ ដែលនៅតែចោទជាមន្ទិលសង្ស័យ ព្រោះគេមិនទាន់ដឹងថា លោកភេតេរី អ័រប៉ូ នឹងចរចាជាមួយគណបក្សណាដើម្បីអាចបង្កើតជារដ្ឋាភិបាលចម្រុះទេ។ ជ័យជំនះលោក ឈ្នះប្រផិតប្រផោយខ្លាំងណាស់។ បើនិយាយពីភាគរយសន្លឹកឆ្នោតវិញ បក្សលោក ភេតេរី អ័រប៉ូ បានតែ២០,៨% បក្សស្តាំនិយមជ្រុលបាន ២០,១% ហើយបក្សសង្គមប្រជាធិបតេយ្យ បាន១៩,៩%។ យើងឃើញថាលើសខ្វះគ្នាតែបន្តិចប៉ុណ្ណោះ។
កាលពីយប់មិញនេះ នៅបានដឹងលទ្ធផលបឋមថាបាននាំមុខគេ លោកភេតេរី អ័រប៉ូ បានប្រកាសថា គណបក្សលោក នឹងចាប់ផ្តើមចរចាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ កន្លងមកក្នុងពេលឃោសនាបោះឆ្នោត លោក ភេតេរី អ័រប៉ូ បាននិយាយរិះគន់រដ្ឋាភិបាលរបស់លោកស្រី សាណា ម៉ារ៉ាំង ខ្លាំងៗណាស់ ទាក់ទិននឹងបញ្ហាសេដ្ឋកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដូច្នេះបើទៅចាប់ដៃជាមួយបក្សឆ្វេងកណ្តាលនិយមរបស់លោកស្រី សាណា ម៉ារ៉ាំង គឺវាហាក់ដូចជាមិនសមហេតុសមផលទេ។
អ្នកវិភាគខ្លះទៀត លើកឡើងថា លោក ភេតេរី អ័រប៉ូ អាចទំនងជាងាកទៅចាប់ដៃជាមួយបក្សស្តាំជាតិនិយមជ្រុលច្រើនជាង។ កន្លងមកលោក ភេតេរី អ័រប៉ូ ធ្លាប់បាននិយាយការពារនៅចំពោះមុខបណ្តាញសារព័ត៌មានបរទេសថា នៅហ្វាំងឡង់គ្មានគណបក្សស្តាំនិយមជ្រុល នោះទេ។ មានន័យថា ក្នុងការយល់ឃើញរបស់លោក គឺគណបក្សដើម្បីប្រជាជនហ្វាំងឡង់ ដែលបានចំនួនអាសនៈលេខរៀងទី២នេះ គឺជាស្តាំធម្មតា តែមិនជ្រុលនិយម ស្អប់ជនបរទេស ស្អប់ជនអន្តោប្រវេសន៍ដូចគេចោទនោះទេ។
តែយ៉ាងណាក៏ដោយ កន្លងមកគេបានឃើញបានឮហើយ ថាបក្សដើម្បីប្រជាជនហ្វាំងឡង់ មានទំនោរស្អប់ជនបរទេសកម្រិតណា។ បក្សនេះចង់ប្រើគោលនយោបាយបិទព្រំដែន មិនឲ្យមានជនអន្តោប្រវេសន៍ចូលមក ហើយមានទំនោរស្អប់សហភាពអឺរ៉ុបថែមទៀតផង។ តែទន្ទឹមគ្នានេះ កន្លងមក លោកភេតេរី អ័រប៉ូ ក៏ធ្លាប់អះអាងដែរ ថាលោកចង់រក្សាបើកទ្វារចំហហ្វាំងឡង់ ទទួលយកជនអន្តោប្រវេសន៍ដែលមានសមត្ថភាពមកធ្វើការ ហើយធានាឲ្យហ្វាំងឡង់បន្តផលិតនាំចេញតទៅទៀត។
ដូច្នេះ សម្រាប់ពេលនេះ មន្ទិលគឺនៅទាំងស្រុង មិនដឹងថារដ្ឋាភិបាលចម្រុះថ្មីដឹកនាំដោយលោក ភេតេរី អ័រប៉ូ នឹងមានរូបរាងពណ៌សំបុរយ៉ាងណាទេ។ ការចរចាគ្នាអាចចំណាយពេលច្រើនសប្តាហ៍ ហើយក្នុងអំឡុងពេលនេះ គឺលោកស្រី សាណា ម៉ារ៉ាំង នឹងបន្តធ្វើនាយករដ្ឋមន្ត្រីបណ្តោះអាសន្នសិន។
អូតង់ និង ហ្វាំងឡង់ត្រូវការគ្នាទៅវិញទៅមក
យោងតាមការវិភាគទៅ គឺនឹងមិនមានអ្វីប្រែប្រួលធំដុំឡើយ។ ការចូលជាសាមជិកពេញសិទ្ធិអូតង់ គឺប្រជាជនហ្វាំងឡង់គាំទ្រខ្លាំងក្លាណា រួមទាំងថ្នាក់ដឹកនាំនយោបាយផងដែរ បន្ទាប់ពីបានឃើញគ្រោះថ្នាក់ ដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ រដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយលោកភេតេរី អ័រប៉ូ នឹងបន្តដើរតាមផ្លូវនេះ ដើម្បីធានាការពារសន្តិសុខហ្វាំងឡង់ ពីការគំរាមកំហែងរបស់រុស្ស៊ី។
ហើយសម្រាប់អូតង់វិញ ហ្វាំងឡង់មានសារៈសំខាន់យុទ្ធសាស្ត្រខ្លាំងមិនណយទេ។ ហ្វាំងឡង់មានព្រំដែនជាប់រុស្ស៊ី ប្រវែង១៣០០គីឡូម៉ែត្រ។ ដូច្នេះបានហ្វាំងឡង់ជាសមាជិក គឺអូតង់ បានមានលទ្ធភាព នៅកៀកតាមដានសកម្មភាពកងទ័ពរបស់រុស្ស៊ីតែម្តង។ ហ្វាំងឡង់ ក៏មានកម្លាំងទ័ពនិងគ្រឿងសព្វាវុធដ៏ច្រើន ដើម្បីចូលរួមក្នុងកម្លាំងអូតង់ដែរ។ ហ្វាំងឡង់ និងអូតង់ ត្រូវការគ្នាទៅវិញមក ហើយអ្នកនយោបាយហ្វាំងឡង់ គឺយល់ច្បាស់ណាស់ អំពីសារៈសំខាន់ នៃសម្ព័ន្ធភាពយុទ្ធសាស្ត្រនេះ ប្រឈមជាមួយយក្សកំណាចរុស្ស៊ីដែលសង្គ្រឺតធ្មេញដាក់ប្រទេសក្នុងតំបន់នោះ ជាប្រចាំ៕
3-4-2023 • 9 minuten, 31 seconden ហ្វាំងឡង់ ៖ នាយករដ្ឋមន្ត្រីផុតអាណត្តិល្បីខ្លាំង តែអាចនឹងចាញ់ឆ្នោត
ក្នុងខណៈដែលប្រទេសកំពុងត្រៀមខ្លួនក្លាយជាសមាជិកអង្គការអូតង់ជាផ្លូវការ ហ្វាំងឡង់ត្រូវបោះឆ្នោតសភាជ្រើសតាំងរដ្ឋាភិបាលថ្មី នៅថ្ងៃអាទិត្យទី២មេសានេះ។ នាយករដ្ឋមន្ត្រីផុតអាណត្តិ លោកស្រី សានណា ម៉ារីន ដែលមានប្រជាប្រិយភាពខ្ពស់ ល្បីលើឆាកអន្តរជាតិចំពោះស្នាដៃដឹកនាំប្រទេស កំពុងប្រឹងរក្សាតំណែងមួយអាណត្តិទៀត ប៉ុន្តែការបោះឆ្នោតមានភាពប្រកួតប្រជែងខ្លាំង ពិបាកនឹងទាយលទ្ធផលណាស់។
ការបោះឆ្នោតសភាហ្វាំងឡង់ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនេះ ដោយមានប្រជាពលរដ្ឋចុះឈ្មោះជាង៥លាននាក់កន្លះចូលរួម។ ៤០% បានបោះឆ្នោតជាមុនរួចទៅហើយ។ ប៉ុន្តែគ្មាននរណាអាចទស្សន៍ទាយលទ្ធផលបានទេ សម្រាប់ពេលនេះ។ អ្វីដែលគេដឹងនិងអាចនិយាយបានយ៉ាងច្បាស់នោះ គឺមានបក្សធំបីកំពុងប្រដេញគ្នាយ៉ាងប្រកិតៗបំផុត។
បើតាមការស្ទង់មតិ ចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ គណបក្សសម្ព័ន្ធជាតិ (អ្នកស្តាំកណ្តាលនិយម) ដឹកនាំដោយលោក Petteri Orpo បាននាំមុខគេដោយទទួលសំឡេងចង់គាំទ្រដល់ទៅ ១៩,៨% បន្ទាប់មក ១៩,៥% សម្រាប់គណបក្សហ្វាំងឡង់ (ជាតិនិយមប្រឆាំងនឹងអន្តោប្រវេសន៍ ប្រឆាំងអឺរ៉ុប) របស់លោកស្រី រីអ៊ីកា ពូរ៉ាRiikka Purra។ ចំណែកគណបក្សសង្គមប្រជាធិបតេយ្យរបស់លោកស្រីសានណា ម៉ារីន នាយករដ្ឋមន្ត្រីផុតអាណត្តិវិញ ធ្លាក់មកនៅលំដាប់ទីបី ជាមួយឆន្ទៈចង់បោះឆ្នោតឱ្យត្រឹម១៨,៧%ប៉ុណ្ណោះ។ គម្លាតតិចយ៉ាងនេះ ងាយនឹងទាយខុសណាស់។ សង្ឃឹមថាយ៉ាងដូច្នេះទៅចុះ ព្រោះជាប្រពៃណីតាំងពីឆ្នាំ ១៩៨៧មក បក្សណាបានសំឡេងនាំមុខច្រើនជាង តួនាទីប្រមុខរដ្ឋាភិបាលត្រូវប្រគល់ទៅឱ្យបក្សនោះ។
ភាពល្បីល្បាញរបស់លោកស្រីនាយករដ្ឋមន្ត្រីផុតអាណត្តិ
ក្លាយជានាយករដ្ឋមន្ត្រីក្នុងវ័យ៣៤ឆ្នាំ នៅឆ្នាំ២០១៩ លោកស្រី សានណា ម៉ារីន ជាប្រមុខរដ្ឋាភិបាលដ៏ក្មេងជាងបំផុតនៅលើពិភពលោក ដែលគ្មាននរណាស្គាល់ទេពីមុនមក។ ប៉ុន្តែបួនឆ្នាំក្រោយមក លោកស្រីបានក្លាយជាមេដឹកនាំរលកថ្មីដែលពាំនាំខ្យល់នយោបាយថ្មីដល់ អឺរ៉ុបខាងជើង និងចាប់មានកិត្តិនាមល្បីល្បាញ លើកឆាកអន្តរជាតិ ព្រមទាំងទទួលបានការគោរពយ៉ាងខ្លាំងពីបរទេស ដោយសារជំហរនយោបាយច្បាស់លាស់គាំទ្រអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ មើលរុស្ស៊ីក្នុងក្រសៃភ្នែកព្រួយបារម្ភ ក្រែងមានផលវិបាកទៅថ្ងៃក្រោយ ព្រោះប្រទេសទាំងពីរមានប្រវត្តិនិងទីតាំងភូមិសាស្ត្រព្រំដែនរួមប្រវែង១៣០០គីឡូម៉ែត្រលោកស្រីប្រមុខរដ្ឋាភិបាលបានរួសរាន់រៀបបែបបទសុំឱ្យហ្វាំងឡង់បានចូលជាសមាជិកអូតង់។ អូតង់បានទទួលបេក្ខភាពហ្វាំងឡង់ដែលនឹងក្លាយជាសមាជិកពេញសិទ្ធិនៅប៉ុន្មានថ្ងៃទៀតខាងមុខនេះហើយ។
លោកស្រី សានណា ម៉ារីន ជាតំណាងមោទនភាពរបស់យុវវ័យអឺរ៉ុប រហូតមានពាក្យចចាមអារាមលេចឮចង់បញ្ជូនឈ្មោះលោកស្រី ទៅកាន់តួនាទីសំខាន់មួយនៅសហភាពអឺរ៉ុបផង ក្នុងករណីចាញ់ឆ្នោតថ្ងៃនេះ។ ជាងនេះទៅទៀត លោកស្រីមានឈ្មោះបោះសំឡេងខ្លាំងលើពិភពលោក ក៏ព្រោះតែចរិកធម្មជាតិពីកំណើតនិងនិស្ស័យជាអ្នកទាន់សម័យនិយមចូលចិត្តជួបជុំរីករាយ។ កាលពីរដូវក្តៅឆ្នាំមុខ មានវីដេអូបង្ហោះផ្សាយពេញបណ្តាញសង្គមរូបលោកស្រីជប់លៀងរាំសប្បាយជាមួយមិត្តភក្តិ ដែលមិនសមជានាយករដ្ឋមន្ត្រី។ លោកស្រីបានសុំទោសភ្លាម ដោយពន្យល់ថា លោកស្រីក៏ដូចមនុស្សទូទៅដែលពេលខ្លះត្រូវការសប្បាយដែរ។ តែនេះជាករណីដំបូងបង្អស់ដែលប្រមុខរដ្ឋាភិបាលល្បីបែបនេះនៅលើពិភពលោក។
នាយករដ្ឋមន្ត្រីផុតអាណត្តិនិងបំណុល
ទោះបីល្បីនិងមានប្រជាប្រិយភាពដូច្នេះក្តី ក៏ថ្ងៃអាទិត្យនេះលោកស្រីអាចនឹងចាញ់ឆ្នោត បាត់បង់តំណែង ដោយមូលហេតុពីរយ៉ាង។ ទីមួយលោកស្រី មានឥស្សរភាពពីរផ្ទុយគ្នា ៖ លោកស្រីមានអ្នកគាំទ្រខ្លាំង ស្ទើរដូចតារា ប៉ុន្តែស្ទីលរបស់លោកស្រីមិនចូលភ្នែកក្រុមអ្នកអភិរក្សនិយមហ្វាំងឡង់ទេ (ចូលចិត្តជប់លៀសសប្បាយមិនស៊ីនឹងតួនាទីនាយករដ្ឋមន្ត្រីទេ)។ ទីពីរ គឺខ្លឹមសារនយោបាយ។ គូប្រជែងមកពីបក្សស្តាំកណ្តាលនិយមលោក Petteri Orpo បានបន្ទោសលោកស្រីថា មិនគិតគូរអំពីបញ្ហាសេដ្ឋកិច្ចជាតិ ដឹកនាំប្រទេសឱ្យមានបំណុលកាន់តែខ្ពស់ និងខូចគំរូការពារសង្គម។ ជាការពិត ដោយហេតុកូវីដ និងសង្គ្រាមអ៊ុយក្រែន ក្នុងរយៈពេលបួនឆ្នាំ បំណុលជាតិហ្វាំងឡង់បានឡើងពី៦៣ទៅ៧៤%នៃPIB។ បេក្ខជនបក្សហ្វាំងឡង់ ស្តាំជ្រុលនិយម លោកស្រីរីអ៊ីកា ពូរ៉ា ដែលចាប់ឡើងប្រជាប្រិយភាពខ្លាំងពីប៉ុន្មានខែមកដោយសារវិបត្តិអន្តោប្រវេសន៍ និងអតិផរណា បានបន្ទោសលោកស្រីនាយករដ្ឋមន្ត្រីផុតអាណត្តិរឿងអន្តោប្រវេសន៍។ បើតាមលោកស្រី ពូរ៉ា អន្តោប្រវេសន៍ជាបញ្ហាចោទដ៏ចម្បងសម្រាប់ហ្វាំងឡង់។ ពួកយូកូម និងឧក្រិដ្ឋជនតាមដងផ្លូវសាធារណៈ ជាជនអន្តោប្រវេសន៍ ឬគ្រួសារអន្តោប្រវេសន៍។
សន្ទុះជាតិនិយមជ្រុលហ្វាំងឡង់និងអឺរ៉ុប
ការបង្កើតរដ្ឋាភិបាលថ្មីវិញ ជាមធ្យមគេត្រូវការប្រើពេល៦សប្តាហ៍។ នៅហ្វាំងឡង់ បក្សណានាំមុខគេ បក្សនោះជាអ្នកទទួលបន្ទុកដឹកនាំបង្កើតរដ្ឋាភិបាលថ្មី ទោះបីជាលទ្ធផលខុសត្រូវគ្នាស្តួចស្តើងយ៉ាងណាក៏ដោយ។
ឧបមាថា លោកស្រី សានណា ម៉ារីន បែរជាអាចនាំមុខគេវិញ លោកស្រីប្រហែលត្រូវជួបការលំបាកខ្លាំងក្នុងរៀបចំបង្កើតរដ្ឋាភិបាលថ្មី។ បើបក្សស្តាំកណ្តាលនិយម របស់លោក អ័រប៉ូឈ្នះវិញ បក្សនេះហាក់អាចលទ្ធភាពបង្កើតរដ្ឋាភិបាលចម្រុះស្រួលជាងគេ។ ផ្ទុយទៅវិញ ជោគជ័យរបស់បក្សជាតិនិយមជ្រុលហ្វាំងឡង់ នឹងនាំអឺរ៉ុបឱ្យធ្លាក់ក្នុងវិបត្តិតក់ស្លុតជាថ្មីម្តងទៀត ដោយមានប្រទេសសមាជិកដឹកនាំដោយក្រុមជ្រុលនិយមបន្ថែមមួយទៀត ពីលើប្រទេសអ៊ីតាលី និងស៊ុយអែត៕
2-4-2023 • 7 minuten, 1 seconde រុស្ស៊ីឡើងជាប្រធានផ្លាស់វេនក្រុមប្រឹក្សាស ន្តិសុខអ.ស.ប. ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន
រុស្ស៊ីដែលទើបអនុម័តយុទ្ធសាស្ត្រសកលប្រឆាំងនឹងបស្ចិមលោក ត្រូវក្លាយជាប្រធានផ្លាស់វេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី១មេសានេះ និងសម្រាប់រយៈពេលមួយខែពេញ។ ជាប្រធានដែលសមាជិកអចិន្ត្រៃយ៍ទាំងអស់របស់ក្រុមបឹក្សាមិនរាប់រក ព្រោះតែរុស្ស៊ីនេះបានធ្វើសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។ សម្រាប់អ៊ុយក្រែន និងប្រទេសជាមិត្តមួយចំនួន រុស្ស៊ីមិនគួរមានកិត្តិយសធ្វើជាប្រមុខផ្លាស់វេននៃស្ថាប័នកំពូលរបស់អង្គការសហប្រជាជាតិទេ។ ក្នុងនាមជាប្រធានតើរុស្ស៊ីអាចមានអំណាចនិងឥទ្ធិពលអ្វីខ្លះ ?
សំឡេងប្រឆាំងក៏មាន សំឡេងអំពាវនាវឱ្យប្រទេសសមាជិកក្រុមប្រឹក្សាធ្វើពហិការមិនចូលប្រជុំក៏មាន សំឡេងប្រកូកប្រកាសធ្វើបាតុកម្មនៅតាមរដ្ឋធានីនៃបណ្តាប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដូចជានៅក្រុងឡុងដ៍ នារសៀលថ្ងៃនេះ ក៏មាន។ ពិតជាសកម្មភាពប្រកបដោយនិម្មិតរូបមែន។
នេះជាប្រតិកម្មធម្មតាទេ នៅចំពោះមុខរុស្ស៊ី ដែលកាលពីឆ្នាំទៅបានបំពានធម្មនុញ្ញសន្តិភាពរបស់អង្គការសហប្រជាជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ ដោយប្រើកម្លាំងយោធាចូលទៅឈ្លានពានប្រទេសអ៊ុយក្រែនឯករាជ្យមួយនោះ។ នៅអង្គការសហប្រជាជាតិ រុស្ស៊ីបានអះអាងដោយផ្ទាល់ថាខ្លួនត្រូវប្រឈមនឹងក្រុមបស្ចិមលោកដែលរួមគ្នាដាក់រុស្ស៊ីឱ្យនៅឯកាតាំងពីបានចូលលុកលុយអ៊ុយក្រែនមក។ ជាងនេះទៀត ម្សិលមិញ រុស្ស៊ីបានអនុម័ត យុទ្ធសាស្ត្រសកលប្រឆាំងនឹងបស្ចិមលោក ថាជាការគំរាមកំហែងអត្ថិភាពរបស់រុស្ស៊ី។
សម្រាប់អ៊ុយក្រែន ឱ្យរុស្ស៊ីធ្វើប្រធានក្រុមប្រឹក្សាសន្តិសុខ ចាប់ពីថ្ងៃទី១មេសា ពិតជារឿងកំប្លែងដ៏អាក្រក់បំផុត។ ការរិះគន់ក៏មានខ្លាំងសម្បើមដែរមកពីខាងអាមេរិក។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា យោលទៅ លើទង្វើរបស់រុស្ស៊ីលើអ៊ុយក្រែន រុស្ស៊ីមិនគួរមានឈ្មោះជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខផង ប៉ុន្តែគួរឱ្យស្តាយ ធម្មនុញ្ញអង្គការសហប្រជាជាតិមិនអនុញ្ញាតឱ្យមានការប្តូរផ្លាស់លក្ខន្តិកៈសមាជិកអចិន្ត្រៃយ៍ទេ។
យន្តការនៃប្រធានផ្លាស់វេនក្រុមប្រឹក្សាសន្តិសុខ
ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នទាំង៦របស់អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខមានអំណាចចេញសេចក្តីសម្រេច ឱ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់អនុវត្តតាម។ ក្រុមប្រឹក្សាមានសមាជិកសរុប១៥ប្រទេស ៖ ៥ជាសមាជិកអចិន្ត្រៃយ៍ ( អាមេរិក បារាំង អង់គ្លេស ចិន និងរុស្ស៊ី) និងសមាជិកមិនអចិន្ត្រៃយ៍១០ប្រទេសទៀត ដែលមានអាណត្តិពីរឆ្នាំ និងបោះឆ្នោតជ្រើសតាំងចំនួនពាក់កណ្តាលជារៀងរាល់ឆ្នាំ។
តាមវិធាន សមាជិក អចិន្ត្រៃយ៍ និងមិនអចិន្រ្តៃយ៍ ត្រូវផ្លាស់ប្តូរគ្នាធ្វើជា ប្រធានដឹកនាំក្រុមប្រឹក្សាសន្តិសុខ ម្នាក់ម្តងៗ សម្រាប់រយៈពេលមួយខែ តាមលំដាប់លំដោយឈ្មោះប្រទេសជាភាសាអង់គ្លេស។ រុស្ស៊ីបន្តតំណែងពីប្រទេសមូសំប៊ិច នៅខែមេសានេះ ហើយខែក្រោយនឹងដល់វេនប្រទេសស្វីសម្តង តៗគ្នា...
កាលពីខែកុម្ភៈឆ្នាំទៅ រុស្ស៊ីក៏ជាប្រធានផ្លាស់វេនក្រុមប្រឹក្សាសន្តិសុខដែរ ហើយគឺនៅខែនោះតែម្តងដែលរុស្ស៊ីបានលើកទ័ពចូលវាយប្រហារអ៊ុយក្រែន។ តាំងពីពេលនោះមក សកម្មជនគាំទ្រអ៊ុយក្រែននិងសមាជិកសភាផ្សេងៗ ចង់សុំឱ្យបណ្តេញរុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែជាសំណើដែល គឺ មិនអាចទៅរួចសោះ ព្រោះបើតាមអ្នកជំនាញ សំណើនឹងត្រូវឆ្លងកាត់ការបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខ ហើយរុស្ស៊ីច្បាស់ជានឹងប្រើសិទ្ធិវេតូប្រឆាំង។ ដូច្នេះធ្វើម្តេចនឹងអាចបណ្តេញរុស្ស៊ីកើត !
ប៉ុន្តែវាដូចជាការចាក់បញ្ឈឺពេក ! ក្នុងខណៈដែលប្រទេសជាច្រើនយល់ថារុស្ស៊ីជាអ្នកគំរាមកំហែងសន្តិភាព ស្រាប់តែរុស្ស៊ីក្លាយជាប្រធានផ្លាស់វេនស្ថាប័នរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្វែងរកសន្តិភាពទៅវិញ។
ប្រធានាធិបតីពូទីន អាចទាញប្រយោជន៍ពីអ្វីខ្លះ ពីតួនាទីរុស្ស៊ីជាប្រធានផ្លាស់វេនក្រុមប្រឹក្សាសន្តិសុខ ?
អ្វីដែលជាកង្វល់ខ្លាំង គឺចំណុចនេះឯង។ គេខ្លាចរុស្ស៊ីប្រើតួនាទីជាប្រធានផ្លាស់វេន សម្រាប់ជាប្រយោជន៍ផ្ទាល់ ដោយអាចបំប៉ោងបំពងឃោសនា បំភ្លៃព័ត៌មានជុំវិញសង្គ្រាមនៅអ៊ុយក្រែន ទៅកាន់ពិភពលោកផង និងបង្ហាញខ្លួនលើឆាកអន្តរជាតិ បិទបាំងភាពឯការបស់ខ្លួនព្រមទាំងសាកល្បងបង្វែរចំណាប់អារម្មណ៍ពិភពលោក ដើម្បីការពារទង្វើរបស់ខ្លួនលើអ៊ុយក្រែន។ រុស្ស៊ី តាមគម្រោងនឹងរៀបចំជំនួបប្រជុំក្រុមប្រឹក្សាសន្តិសុខក្រៅផ្លូវការមួយនៅដើមខែមេសា ដើម្បីបង្ហាញអំពី “ស្ថានភាពពិត” របស់កុមារអ៊ុយក្រែននៅរុស្ស៊ី ដែលត្រូវបានបង្ហើបឱ្យដឹងដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ពេលចេញដីកាតាមចាប់ខ្លួនលោកពូទីន ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមជម្រិតក្មេង។
បើតាមអ្នកនាំពាក្យ ប្រមុខការទូតរុស្ស៊ី លោក ស៊ែកហ្គៃ ឡាវ្រូស នឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅខែមេសានេះ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏នឹងដឹកនាំព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត គឺការប្រជុំតស៊ូមតិជាសាធារណៈស្តីពី ប្រសិទ្ធភាពនៃពហុនិយមដោយការពារគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ។ នៅថ្ងៃទី ២៥មេសា លោក ឡាវ្រូសនឹងបើកសម័យប្រជុំជុំវិញប្រធានបទដើមបូព៌ាទៀត។
ក្នុងនាមជាប្រធានផ្លាស់វេន រុស្ស៊ីអាចស្នើ និងទទួលយកសំណើពីសមាជិក ក្នុងការសម្រេចប្រកាសបើកប្រជុំបន្ទាន់នានាមែន ប៉ុន្តែ ការឡើងធ្វើជាប្រធាន មិនមែនជារឿងអស្ចារ្យឡើយ ព្រោះនេះជាយន្តការធម្មតារបស់ស្ថាប័នទេ។
យ៉ាងណាមិញ តួនាទីជាប្រធានផ្លាស់វេនរបស់រុស្ស៊ី មិនអាចផ្តល់ប្រយោជន៍អ្វីបានលើសពីទម្លាប់ ដល់មូស្គូឡើយ។ លោកពូទីន មិនអាចប្រើតួនាទីនេះបានទេ ព្រោះគ្រប់សមាជិកនៃក្រុមប្រឹក្សាសន្តិសុខសុទ្ធតែមានសិទ្ធិបញ្ចេញមតិ និងសំឡេងដូចគ្នាក្នុងពេលប្រជុំក្រុមប្រឹក្សា ហើយសហរដ្ឋអាមេរិក បារាំង អង់គ្លេស ច្បាស់ជានឹងមិនផ្តល់យោបល់ស្របជាមួយរុស្ស៊ីទេ មិនថាជាសំណុំរឿងអ៊ុយក្រែនឬសំណុំរឿងលើពិភពលោកផ្សេងទៀតឡើយ។ បើរុស្ស៊ីហ៊ានបញ្ចូលសំណើអ្វីមួយដែលមិនសម អាមេរិកនិងសមាជិកផ្សេងទៀតក៏ប្រមូលសំឡេងរារាំងរុស្ស៊ីមិនឱ្យធ្វើអ្វីស្រេចតែនឹងចិត្តបានដែរ។
ការពិតមួយដែលមិនអាចប្រកែកបានមួយគឺ ប្រសិនបើសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខណាមួយ លូកដៃឬមានពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ ក្រុមប្រឹក្សាសន្តិសុខមិនអាចធ្វើអ្វីចេញសម្រាប់រារាំងទេ ព្រោះភាគីពាក់ព័ន្ធនោះមានសិទ្ធប្រឆាំងវេតូ ដូចករណីរុស្ស៊ីធ្វើលើអ៊ុយក្រែន ដូចចិនធ្វើលើតៃវ៉ាន់ និងដូចអាមេរិកធ្វើនៅអាហ្វហ្កានីស្ថាន និងអ៊ីរ៉ាក់៕
1-4-2023 • 7 minuten, 35 seconden រដ្ឋាភិបាលជប៉ុន ប្រកាសពីគម្រោងរឹតត្បិតការនាំចេញ ឧប ករណ៍សឺមីកុងឌុកទ័រ
ឧបករណ៍សឺមីកុងឌុកទ័រ ដែលគឺជាធាតុផ្សំអេឡិកត្រូនិកមួយដ៏សំខាន់ កំពុងតែស្ថិតនៅ ចំចំណុចកណ្តាល នៃការប្រកួតប្រជែងបច្ចេកវិទ្យា រវាងប្រទេសមហាអំណាចធំៗ។ វាមិនមែនត្រឹមតែក្នុងបរិបទការប្រកួតប្រជែងពាណិជ្ជកម្ម ប៉ុណ្ណោះទេ តែវាមានពាក់ព័ន្ធជាមួយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ព្រោះថាឧបករណ៍អាឡិចត្រូនិកគ្រប់ប្រភេទ ព្រមទាំងគ្រឿងសព្វាវុធទំនើបផងនោះ គឺគេត្រូវការឧបករណ័សឺមីកុងឌុកទ័រដើម្បីយកមកផ្សំឲ្យវាដំណើរការ។ គឺក្នុងបរិបទនេះហើយ បានជារដ្ឋាភិបាលជប៉ុន បានប្រកាសនៅថ្ងៃសុក្រ ទី៣១មីនា ថាគេមានគម្រោងរឹតបន្តឹងការនាំចេញឧបករណ៍សឺមីកុងឌុកទ័រទៅក្រៅប្រទេស។ ការប្រកាស ដែលធ្វើឲ្យរដ្ឋាភិបាលចិនប្រតិកម្មស្តីបន្ទោសភ្លាមៗតែម្តង។
គ្រឿងផ្សំអេឡិកត្រូនិក២៣មុខ
លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុនបានប្រកាសពីគម្រោងរឹតត្បិតនេះ ទៅកាន់អ្នកកាសែត នៅព្រឹកថ្ងៃសុក្រ ទី៣១មីនា ដោយលោកបញ្ជាក់ថា រដ្ឋាភិបាលនឹងធ្វើការពិគ្រោះយោបល់ ជាមួយសារណៈមតិជប៉ុន លើគំរោងនេះ។ ពិគ្រោះយោបល់រួចរាល់ហើយ គឺគេអាចចាប់ផ្តើមអនុវត្តវិធានការរឹតត្បិតជាផ្លូវការ ចាប់ពីខែកក្កដាខាងមុខនេះទៅ។
លោករដ្ឋមន្ត្រីបានឲ្យដឹងដែរថា ធាតុផ្សំអេឡិកត្រូនិក ដែលមានឈ្មោះក្នុងបញ្ជីគម្រោងរឹតត្បិតនេះ គឺមានចំនួន២៣មុខ ដែលសុទ្ធតែជាគ្រឿងផ្សំដើម្បីផលិតឧបករណឺសឺមីកុងឌុកទ័រទំនើបឈានមុខ។ ផ្អែកតាមទីភ្នាក់ងារព័ត៌មាន Jiji ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនចំនួនជាង១០ក្រុមហ៊ុន ដែលនឹងត្រូវប៉ះពាល់ ដោយសារវិធានការរឹតត្បិតនេះ ដែលមានដូចជា Tokyo Electron និង Nikon ជាដើម។ មានន័យថា ក្រុមហ៊ុនទាំងនេះ មិនអាចនាំចេញទៅលក់នៅក្រៅប្រទេសនូវធាតុផ្សំអេឡិកត្រូនិកទាំង២៣មុខនេះបានទេ ប្រសិនមិនឆ្លងកាត់ការត្រួតពិនិត្យ និងការអនុញ្ញាតពីខាងភ្នាក់ងាររដ្ឋាភិបាល។
បង្ការកុំឲ្យគេយកទៅប្រើដើម្បីផលិតគ្រឿងសព្វាវុធ
យោងតាមការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន គឺ វិធានការរឹតត្បិតនេះ សំដៅបង្ការ កុំឲ្យគេយកធាតុផ្សំអេឡិកត្រូនិកដ៏សំខាន់របសជប៉ុននេះ យកទៅប្រើនៅក្នុងការផលិតគ្រឿងសព្វាវុធទំនើប។ លោកNishimura បានបន្ថែមថា ជប៉ុនចង់ដើរតួនាទី ប្រកបដោយការទទួលខុសត្រូវ នៅក្នុងសហគមន៍អន្តរជាតិ ក្នុងនាមជប៉ុន ជាប្រទេសនាំមុខមួយ នៅក្នុងបច្ចេកវិទ្យាផលិត “បន្ទះម៉េម៉ូរី”។
បើតាមការវិភាគសុចិនាថ គឺបរិបទសង្គ្រាមនៅអ៊ុយក្រែន ដែលរុស្ស៊ីកំពុងតែធ្វើក្នុងពេលនេះ គឺជាហេតុផលមួយសំខាន់ ព្រោះមានប្រភពព័ត៌មានជាច្រើន បានអះអាងថា រុស្ស៊ីកំពុងតែត្រូវការធាតុផ្សំអេឡិកត្រូនិកខ្លាំងសម្បើមណាស់ ដើម្បីផលិតដ្រូន និងគ្រឿងសព្វាវុធទំនើបច្រើនមុខទៀត។ ក្រុមប្រទេសលោកខាងលិច កំពុងតែរួមគ្នារកវិធី ដើម្បីផ្តាច់ផ្លូវ កុំឲ្យរុស្ស៊ីអាចទទួលបានគ្រឿងផ្សំអេឡិចត្រូនិកទាំងនេះ យលទៅផលិតអាវុធ។
ជាមួយនឹងទណ្ឌកម្មពីក្រុមប្រទេសលោកខាងលិច ការនាំចេញដោយផ្ទាល់ទៅកាន់រុស្ស៊ី នូវធាតុផ្សំអេឡិកត្រូនិកដ៏សំខាន់នេះ ត្រូវបានហាមឃាត់មែន តែគេបារម្ភថា រុស្ស៊ីអាចស្វែងរកផ្លូវផ្សេងទៀត ដើម្បីទទួលបានគ្រឿងផ្សំទាំងនេះ។ គេសង្ស័យថារុស្ស៊ី អាចប្រើប្រាស់ភាគីចិន ឬអ៊ីរ៉ង់ ឲ្យជួយទិញឲ្យខ្លួន ឬក៏នាំចូលដោយលួចលាក់ជាដើម។ ជាងនេះទៀត ចិន ឬអ៊ីរ៉ង់ ក៏អាចផលិតគ្រឿងសព្វាវុធ ដែលប្រើប្រាស់គ្រឿងផ្សំសឺមីកុងឌុកទ័រទិញបានមកពីជប៉ុនដែរ។ ដែលត្រង់នេះហើយ បានជារដ្ឋាភិបាលជប៉ុន ចង់រៀបចំវិធានការ ដើម្បីរឹតបន្តឹងតាមដានឲ្យបានម៉ដ្ឋចត់។
ប្រកួតប្រជែងបច្ចេកវិទ្យាជាមួយចិន
សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់ជប៉ុន បានបើកការប្រកួតប្រជែងយ៉ាងខ្លាំងដៃ នៅក្នុងវិស័យផលិត “បន្ទះឈីប” ដើម្បីធ្វើយ៉ាងណា វាឲ្យដាច់ចិន ហើយរារាំងកុំឲ្យចិន អាចទទួលយកចំណេះជំនាញបច្ចេកវិទ្យារបស់គេយកទៅប្រើ។ ជាច្រើនខែមកនេះ អាមេរិកបានចេញវិធានការជាច្រើន សំដៅរារាំង មិនឲ្យក្រុមហ៊ុនផលិតរបស់ចិន អាចទិញយកគ្រឿងផ្សំបច្ចេកវិទ្យារបស់អាមេរិក យកទៅផ្សំក្នុងឧបករណ៍អេឡិកត្រូនិកផលិតនៅចិន។
អាមេរិកក៏បានដាក់សំពាធ ធ្លាប់បានប្រាប់ទៅជប៉ុន និងប្រទេសផ្សេងទៀតដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនដែរ ថាត្រូវតែប្រុងប្រយ័ត្ន មិនត្រូវបើកទ្វារបង្ហូរបច្ចេកវិទ្យាដ៏រសើបនេះ ទៅឲ្យចិនដោយងាយៗឡើយ។ យ៉ាងណាមិញ កាលពីដើមខែមីនានេះ ប្រទេសហូឡង់ ដែលជាតួអង្គមួយសំខាន់ដែរ នៅក្នុងវិស័យបច្ចេកវិទ្យាផលិតបន្ទះឈីបអេឡិកត្រូនិក បានប្រកាសថានឹងរឹតបន្តឹងការនាំចេញ ដោយឈរលើហេតុផលសន្តិសុខជាតិ។ គេមិនបានបញ្ចេញឈ្មោះចិនដោយចំៗមែន តែវាច្បាស់ណាស់ គឺការរឹតត្បិតនេះវានឹងប៉ះពាល់ទៅលើចិន ព្រោះថា ទីផ្សារផលិតគ្រឿងអេឡិកត្រូនិកវាធំមហិមាណាស់នៅចិន។
ចិនដឹងខ្លួនថាវិធានការរឹតបន្តឹងរបស់ជប៉ុននេះ គឺសំដៅមកលើខ្លួន។ ភ្លាមៗក្រោយការប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុននេះ ចិនបានប្រតិកម្មភ្លាមតែម្តង។ លោក Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងនៅក្នុងសន្និសីទកាសែតនៅព្រឹកមិញនេះ ថាជប៉ុនកំពុងតែសាងកំហុសឲ្យខ្លួនឯងហើយ ដោយសារតែរងសំពាធពីអាមេរិក។ អ្នកនាំពាក្យចិនរូបនេះបន្ថែមថា ការយកវិស័យពាណិជ្ជកម្មបច្ចេកវិទ្យាទំនើប ទៅលាបពណ៌នយោបាយ ធ្វើជាឧបករណ៍ប្រយុទ្ធយកឈ្នះ ឬយកវាទៅប្រឡាក់ប្រឡូសនឹងវិស័យយោធា វានឹងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនៃបណ្តាញចែកចាយនិងផលិត របស់ពិភពលោក។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន បានអះអាងថា វិធានការរឹតត្បិតរបស់ជប៉ុន គឺមិនបានសំដៅទៅលើប្រទេសណាមួយ ដោយចំពោះនោះទេ។ ដោយឡែកភាគីជប៉ុនបានប្រកាសផងដែរថា នៅចុងសប្តាហ៍នេះ លោកYoshimasa Hayashi រដ្ឋមន្ត្រីក្រសួងការបទេសជប៉ុន នឹងធ្វើដំណើរទៅប៉េកាំង។ បើតាមការវិភាគទៅ គឺជប៉ុនចង់ទៅនិយាយលួងចិត្តដែរ ដើម្បីកុំឲ្យអន់ចិត្តមកលើខ្លួន។
ចិនរំពឹងខ្លាំង លើបច្ចេកវិទ្យាសឺមីកុងឌុកទ័រពីខាងក្រៅ
ជាទូទៅយើងដឹងថា បិរមាណផលិតផលអាឡិកត្រូនិកមួយផ្នែកធំ ដែលមនុស្សយើងប្រើប្រាស់ រាប់ទាំងពីទូរទស្សន៍ ទូរស័ព្ទដៃ ម៉ាស៊ីមកុំព្យូទ័រ តាប្លែត និងឧបករណ៍រាប់ពាន់មុខទៀត គឺភាគច្រើនផលិតនៅចិន។ តែមិនមែនគ្រឿងផ្សំទាំងអស់សុទ្ធតែធ្វើនៅចិនទេ។ ជាក់ស្តែងឧបករណ៍សឺមីកុងដុកទ័រនេះឯង ដែលចិនទិញពីគេភាគច្រើន ព្រោះវាពិបាកធ្វើ ហើយចិននៅមិនទាន់មានបច្ចេកវិទ្យាឈានមុខដល់កម្រិត ក្នុងការផលិតវាទេ។
ឧបករណ៍បច្ចេកវិទ្យាអេឡិកត្រូវិកកាន់តែទំនើប កាន់តែមានទំហំតូចស្តើង គឺមានន័យថា គេត្រូវការប្រើសឺមីកុងដុកទ័រកាន់តែតូចដែរ។ បើនិយាយជារួម យោងតាមតួលេខឆ្នាំ២០១៩ ការផលិតសឺមីកុងឌុកទ័រគ្រប់ប្រភេទ ទាំងតូចទាំងធំ គឺតៃវ៉ាន់ផលិត២០% កូរ៉េខាងត្បូង១៩% ជប៉ុន ១៧% ចិន១៦% អាមេរិកខ្ទង់១៣% ។ តែរាល់ថ្ងៃនេះ មានក្រុមហ៊ុនតែ២ទេ ដែលឈានមុខគេ ផលិតសឺមីកុងឌុកទ័រប្រភេទឈានមុខ ដែលមានទំហំតូចជាង ៧ណាណូម៉ែត្រ គឺក្រុមហ៊ុនTSMC Taiwan Semiconductor Manufacturing Company និងក្រុមហ៊ុនSamsung កូរ៉េខាងត្បូង។
បើនិយាយពីទំងន់ គឺក្រុមហ៊ុនតៃវ៉ាន់ TSMC ធ្ងន់ខ្លាំងណាស់ ព្រោះក្រុមហ៊ុននេះផ្គត់ផ្គង់សឺមីកុងឌុកទ័រ ចំនួន៥៣% នៅក្នុងទីផ្សារពិភពលោក ខណៈ Samsung មានចំណែកប្រមាណ១៧% នៅឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់ Boston Consulting Group នៅឆ្នាំ២០១៩ ក្រុមហ៊ុន TSMC ផ្គត់ផ្គង់សឺមីកុងឌុកទ័រអាប្រភេទទំនើបឈានមុខ ចំនួន៩២%ឯណោះ។ ជាក់ស្តែងក្រុមហ៊ុន Appel ទិញតែសឺម៉ីកុងឌុកទ័ររបស់តៃវ៉ាប់ យកទៅប្រើនៅក្នុងផលិតផលរបស់គេ ព្រោះវាតូចខ្លាំងនិងទំនើបគ្មានគូប្រៀប។
ដោយផ្អែកលើទំហំតម្រូវការនិងផលិតដ៏ធំរបស់ចិន គឺចិនជាអ្នកនាំចូលសឺមីកុងឌុកទ័រធំជាងគេបង្អស់ក្នុងពិភពលោក។ ឆ្នាំ២០២១ ចិននាំចូលសឺមីកុងឌុកទ័រ ក្នុងទំហំទឹកប្រាក់ ចំនួន ៤៣០ពាន់លានដុល្លារ ដែលក្នុងនោះគ្រាន់តែនាំចូលពីតៃវ៉ាន់ គឺប្រមាណ៣៦%ទៅហើយ។ ចិនអាចផលិតខ្លួនឯងបានត្រឹមតែ ១៥,៧%នៃតម្រូវការប៉ុណ្ណោះ ហើយភាគច្រើនលើសសុប ជាប្រភេទសឺមីកុងឌុកទ័រធំមិនសូវទំនើបខ្លាំងទេ។ មានន័យថាក្នុងវិស័យនេះ ចិនមានឱនភាពពាណិជ្ជកម្មខ្លាំងណាស់ ពោលគឺចិនរំពឹងលើការនាំចូលពីក្រៅ ពីតៃវ៉ាន់ ពីកូរ៉េខាងត្បូង និងពីជប៉ុន។ ហេតុដូច្នេះហើយ បានជាថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសពីមហាផែនការជាតិ ដើម្បីផ្តល់សន្ទុះដល់ការស្រាវជ្រាវផ្នែកបច្ចេកវិទ្យានេះ។ គឺក្នុងបរិបទ ឃើញតៃវ៉ាន់មានទំងន់ខ្លាំងនេះក្នុងវិស័យសឺមីកុងឌុកទ័រនេះដែរ ដែលជំរុញឲ្យចិនកាន់តែចង់បានតៃវ៉ាន់មកគ្រប់គ្រង៕
31-3-2023 • 8 minuten, 58 seconden ប្រធានាធិបតីតៃវ៉ាន់តៃវ៉ាន់ ទៅទស្សនកិច្ចនៅតំបន់អាម េរិកកណ្តាលដោយឆ្លងកាត់សហរដ្ឋអាមេរិក បង្កកំហឹងរបស់ចិន
លោកស្រី សៃ អ៊ីងវេន ប្រធានាធិបតីកោះតៃវ៉ាន់ គ្រោងធ្វើដំណើរទៅទស្សនកិច្ច នៅតាមប្រទេសមួយចំនួននៅតំបន់អាមេរិកកណ្តាល ដែលមានទំនាក់ទំនងការទូតជាផ្លូវការជាមួយចិន។ ការធ្វើដំណើរទៅ ដែលលោកស្រីនឹងឆ្លងកាត់សហរដ្ឋអាមេរិក ហើយនឹងអាចជួបជាមួយថ្នាក់ដឹកនាំនយោបាយរបស់សហរដ្ឋអាមេរិក ថែមទៀតផង។ ដំណឹងនេះ បានបង្កឲ្យរដ្ឋាភិបាលចិន ខឹងច្រលោតជាខ្លាំង។ ចិនអះអាងថា តៃវ៉ាន់គឺជាទឹកដីរបស់ចិន ហើយមានតែប៉េកាំងមួយគត់ដែលជាតំណាងស្របច្បាប់ របស់រដ្ឋាភិបាលចិនតែមួយ។ គួរកត់សំគាល់ថា សំណុំរឿងកោះតៃវ៉ាន់ កាន់តែមានភាពតានតឹងខ្លាំងឡើងៗ បន្ទាប់ពីចិនបានបង្ហាញជំហរកាន់តែច្បាស់ ថាអាចនឹងប្រើកម្លាំងនៅថ្ងៃណាមួយ ដើម្បីកាន់កាប់កោះតៃវ៉ាន់ឲ្យបាន។
យោងតាមការបញ្ជាក់ពីរដ្ឋាភិបាលតៃវ៉ាន់ គឺលោកស្រី សៃ អ៊ីងវេន នឹងទៅធ្វើទស្សនកិច្ចចំនួន១០ថ្ងៃ នៅតាមប្រទេសមួយចំនួន ក្នុងតំបន់អាមេរិកកណ្តាល ក្នុងនោះ គឺលោកស្រីនឹងទៅជួបជាមួយលោកប្រធានាធិបតីហ្កាតេម៉ាឡា និងលោកប្រធានាធិបតីប្រទេសបេលីស។ នៅក្នុងការធ្វើដំណើរនេះ លោកស្រីនឹងចុះដូរយន្តហោះ នៅទីក្រុងញូយ៉ក នៅថ្ងៃពុធនេះ ដោយលោកស្រីនឹងធ្វើដំណើរចូលទៅទីក្រុងញូយ៉ក ប៉ុន្មានម៉ោង មុននឹងឡើងយន្តហោះបន្ត។ ហើយពេលត្រលប់មកវិញ លោកស្រីនឹងកាត់តាមទីក្រុងឡូសអង់ហ្សឺឡេស រដ្ឋកាលីហ្វ័រញ៉ា។
លោក Kevin McCarthy ប្រធានាសភាតំណាងរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសថា លោកនឹងជួបជាមួយលោកស្រី ប្រធានាធិបតីតៃវ៉ាន់ នៅឡូសអង់ហ្សឺឡេស។ តែយ៉ាងណា គិតមកត្រឹមពេលនេះ ខាងរដ្ឋាភិបាលតៃវ៉ាន់ មិនបានបញ្ជាក់អ្វីទាំងអស់ ថានៅទីក្រុងញូយ៉ក លោកស្រី សៃ នឹងទៅណាខ្លះ ទៅជួបនរណាខ្លះ ហើយពេលមកវិញ កាត់តាមឡូសអង់ហ្សឺឡេស ក៏មិនមានការបញ្ជាក់លំអិតដែរ។
ថ្លែងមិនពេលឡើងយន្តហោះ លោកស្រី សៃ អ៊ីងវេន បានលើកឡើងថា ការដាក់សំពាធពីខាងក្រៅ មិនបានឲ្យតៃវ៉ាន់បាត់បង់ការប្តេជ្ញាតាំងចិត្តយ៉ាងសកម្មនៅលើឆាកអន្តរជាតិនោះទេ។ លោកស្រីបន្ថែមថា “យើងស្ងប់ស្ងាត់ យើងមានទំនុកចិត្ត ហើយយើងមិនទៅបង្កបញ្ហារករឿងនរណាឡើយ”។
ចិនចាត់ទុកថាជាសកម្មភាពរករឿង ប៉ះពាល់មកលើគោលការណ៍ចិនតែមួយ
យើងនៅចាំបាន នូវកំដៅខឹងច្រលោតតោងតូងរបស់ចិន កាលពីខែសីហាឆ្នាំ២០២២ នៅពេលលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានសភាតំណាងអាមេរិកកាលជំនាន់នោះ បានធ្វើដំណើរទៅទីក្រុងតៃប៉ិ ជួយលោកស្រី សៃ អ៊ីងវេន។ ចិនបានបើកការធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយធំ ដើម្បីហាត់សមគំរាមប្រើកម្លាំងលើតៃវ៉ាន់។ ដូច្នេះ គេអាចស្រម៉ៃបានថា ប្រសិនបើលើកនេះ លោកស្រី សៃ អ៊ីងវេន នឹងជួបជាមួយលោក Kevin McCarthy មែននោះ គឺចិនច្បាស់ជាប្រតិកម្មខ្លាំងក្លាមិនខានទេ។
នៅថ្ងៃពុធនេះ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យចិន ទទួលបន្ទុកកិច្ចការតៃវ៉ាន់ បានប្រតិកម្មថា ដំណើរឆ្លងកាត់ទឹកដីអាមេរិក របស់លោកស្រី សៃ អ៊ីងវេន វាគឺជាសកម្មភាពរងរឿងរបស់តៃវ៉ាន់។ សកម្មភាពបែបនេះ គឺវាបំពាន មកលើគោលការណ៍ចិនតែមួយ ហើយវាប៉ះពាល់យ៉ាងខ្លាំង ទៅលើអធិបតេយ្យភាពបូរណភាពដែនដីរបស់ចិន ព្រមទាំងអាចបំផ្លាញសន្តិភាព និងស្ថិរភាពតំបន់ថែមទៀតផង។ មន្ត្រីរដ្ឋាភិបាលចិនរូបនេះ បន្ថែមថា ចិនប្រឆាំងដាច់ខាត ហើយចិននឹងមានវិធានការឆ្លើយតបវិញដោយមិនបង្អង់ ប្រសិនបើលោកស្រី សៃ អ៊ីងវេន ទៅជួបប្រធានសភាតំណាងអាមេរិកមែននោះ។
ដោយឡែក មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា វាគ្មានហេតុផលអ្វីសោះ ដែលចិន ត្រូវខឹងច្រលោតបែបនេះ។ សម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក ការដែលលោកស្រី ធ្វើដំណើរឆ្លងកាត់ទឹកដីអាមេរិក គឺវាមិនបានទៅរំលោភបំពានអ្វី ដល់គោលការណ៍ចិនតែមួយនោះទេ។ ជាងនេះទៀត បើលោកស្រី សៃ អ៊ីងវេន ជួបជាមួយមន្ត្រីអាមេរិកខ្លះមែន តែវាជាជំនួបក្រៅផ្លូវការ ជាលក្ខណៈឯកជន ហើយដែលគេធ្លាប់ធ្វើយូរយាមកហើយ មិនមែនទើបតែលើកនេះឯណា។ មន្ត្រីអាមេរិករូបនេះ អះអាងថា កន្លងមក ប្រធានាធិបតីតៃវ៉ាន់ ធ្លាប់មកអាមេរិក ហើយបានជួបជាមួយសហគមន៍ប្រជាជនតៃវ៉ាន់ និងបានជួបពិភាក្សាការងារ ជាមួយសមាជិកសភាខុនហ្ក្រេសជាដើម ដែលវាមិនមែនជារឿងអ្វីថ្មី ចម្លែកនោះទេ។
យុទ្ធសាស្ត្រចិន ដើម្បីរារាំងវិស័យការទូតតៃវ៉ាន់
យ៉ាងណាក៏ដោយ ចិនមិនសុខចិត្តទេ ដែលឃើញតៃវ៉ាន់មានទំនាក់ទំនងជាមួយប្រទេសផ្សេងៗ។ យើងសង្កេតឃើញថា ចិនបានប្រើវិធីដើម្បីអូសទាញប្រទេសកាន់តែច្រើន ឲ្យបោះបង់ចោលតៃវ៉ាន់។ ជាក់ស្តែង កាលពីចុងសប្តាហ៍មុននេះ ប្រទេសហុងឌូរ៉ាស ដែលជាប្រទេសក្រីក្រមួយនៅតំបន់អាមេរិកកណ្តាល បានប្រកាសឈប់ទទួលស្គាល់ “សាធារណរដ្ឋចិន” ដែលជាឈ្មោះផ្លូវការរបស់កោះតៃវ៉ាន់ហើយ។ ហុងឌូរ៉ាស បានងាកប្រកាសទទួលស្គាល់សាធារណៈរដ្ឋប្រជាមានិត្យចិន នឹងភ្ជាប់ចំណងការទូតជាផ្លូវការ។
ប៉ុន្មានជាង១០ឆ្នាំងចុងក្រោយនេះ គេសង្កេតឃើញថា តៃវ៉ាន់បានបាត់បង់ប្រទេសដែលទទួលស្គាល់ខ្លួនកាន់តែច្រើនឡើងៗ។ គិតត្រឹមពេលនេះ គឺនៅសល់តែ១៣ប្រទេសទេ ដែលនៅទទួលស្គាល់តៃវ៉ាន់ ដែលភាគច្រើននៅតំបន់អាមេរិកឡាទីន តំបន់ការ៉ាអ៊ីប និងប្រទេសកូនកោះក្នុងសមុទ្រប៉ាស៊ីហ្វិកជាដើម។ យោងតាមការសង្កេត គឺចិនបានប្រើប្រាស់វិធីសាស្ត្រ សន្យាជួយជាជំនួយហិរញ្ញវត្ថុ ផ្តល់ថវិកាវិនិយោគផ្សេងៗ ដើម្បីឲ្យប្រទេសទាំងអស់នោះ ដោះដៃចោលតៃវ៉ាន់។ ជាយុទ្ធសាស្ត្រដែលលោកស្រីប្រធានាធិបតីតៃវ៉ាន់ ហៅថាជាគោលនយោបាយយកលុយដើរទិញគេ របស់ចិន។ ជាក់ស្តែង កោះសាឡូម៉ុង បានភ្ជាប់ទំនាក់ទំនងជាផ្លូវការជាមួយចិន ហើយបើកដៃឲ្យចិនប្រើប្រាស់កំពង់ផែដ៏ធំ រៀបចំមូលដ្ឋានទ័ពទៀត ជាថ្នូរនឹងប្រាក់ប្រមាណ៥០០លានដុល្លារ។ កោះសាវតូម៉េ ក៏អញ្ចឹងដែរ ដែលបានទាមទារឲ្យតៃវ៉ាន់ឲ្យប្រាក់ខ្លួន២០០លានដុល្លារ តែពេលរដ្ឋាភិបាលតៃវ៉ាន់មិនព្រម ក៏ងាកទៅរកចិនទៅ ព្រោះចិនគេព្រមឲ្យ។
បើនិយាយពីផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់តៃវ៉ាន់ ជាមួយប្រទេសតូចតាចដែលទទួលស្គាល់ខ្លួននេះ គឺវាមានតិចខ្លាំងណាស់។ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ធាតុពិតទៅ តៃវ៉ាន់មានទំនាក់ទំនងក្រៅផ្លូវការជាមួយអាមេរិក អឺរ៉ុប ជប៉ុន ហើយរួមទាំងចិនផងដែរ។ ក៏ប៉ុន្តែវាមានសារៈសំខាន់ ក្នុងវិស័យការទូតសម្រាប់តែវ៉ាន់ ប្រសិនបើមានប្រទេសច្រើនទទួលស្គាល់ ទោះជាប្រទេសតូចតាចក៏ដោយ។ វាបញ្ជាក់ពីភាពជាម្ចាស់ការរបស់តៃវ៉ាន់ ពីលទ្ធភាពអាចមានគោលនយោបាយការបរទេសដោយខ្លួនឯង ដែលវាគឺជាលក្ខខណ្ឌមួយសំខាន់ ដើម្បីអាចក្លាយជាប្រទេសមួយពេញឯករាជ្យ។ មួយវិញទៀត ប្រទេសតូចតាចដែលទទួលស្គាល់តៃវ៉ាន់ អាចជួយថ្លែងសារជំនួសមុខតៃវ៉ាន់បាន នៅឯអង្គការសហប្រជាជាតិ ព្រោះថាតៃវ៉ាន់គ្មានឈ្មោះក្នុងអង្គការកំពូលនេះទេ។ ការពង្រឹងវិស័យការទូតតៃវ៉ាន់ ក៏សំខាន់ណាស់ដែរ ដើម្បីបន្តិចម្តងៗ តៃវ៉ាន់អាចត្រូវបានគេទទួលឲ្យចូលជាសមាជិកស្ថាប័នអន្តរជាតិធំ តួយ៉ាងដូចជាអង្គការសុខភាពពិភពលោក ឬសមាគមអាកាសចរណ៍ស៊ីវីលអន្តរជាតិជាដើម។
យុទ្ធសាស្ត្ររបស់ចិនបច្ចុប្បន្ននេះ គឺកាន់តែរឹងរូសខ្លាំង ដោយធ្វើម៉េចរកវិធីរារាំង កុំឲ្យវិស័យការទូតតៃវ៉ាន់ អាចរីកចម្រើន ឬដើរទៅបានដោយរលូន។ ចិនមិនត្រឹមតែប្រឆាំងនឹងទំនាក់ទំនងផ្លូវការទេ តែចិនកាន់តែចេញមុខប្រឆាំងនឹងទំនាក់ក្រៅផ្លូវការ ដែលប្រទេសនានាមានជាមួយតៃវ៉ាន់។ តែបើតាមការវិភាគ របស់លោក James Lee អ្នកជំនាញទំនាក់ទំនងអាមេរិក-តៃវ៉ាន់ នៅវិទ្យាស្ថាន Sinica គឺការដែលចិនប្រើក្រញ៉ាំអូសទាញគេឯង ឲ្យបោះបង់ចោលតៃវ៉ាន់កាន់តែខ្លាំងបែបនេះ គឺវានឹងរុញធ្វើឲ្យតៃវ៉ាន់ និងអាមេរិកកាន់តែខិតចូលកៀកគ្នាកាន់តែខ្លាំងទៅវិញទេ។
រួមរស់ជាមួយចិន ឬ មានស្វ័យភាព?
ស្របពេលដែលលោកស្រី សៃ អ៊ីងវេន ធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកនេះ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោកអតីតប្រធានាធិបតីតៃវ៉ាន់ ដែលមកពីគណបក្សកួមីនតាង បានធ្វើដំណើរទៅប្រទេសចិន។ របត់នយោបាយ២ផ្លូវផ្សេងគ្នាកំពុងតែលេចរូបរាងច្បាស់ណាស់មែនទេ នៅតៃវ៉ាន់ រវាងគណបក្សកួមីនតាងដែលចង់ងាកទៅខាងចិន និងគណបក្សរបស់លោកស្រី សៃ អ៊ីងវេន ដែលចង់រក្សាឲ្យតៃវ៉ាន់មានស្វ័យភាពម្ចាស់ការ។
បញ្ហាទំនាក់ទំនងជាមួយចិននេះ គឺជាប្រធានបទនយោបាយមួយដ៏សំខាន់ខ្លាំងណាស់ នៅតៃវ៉ាន់ ជាពិសេសគឺខណៈពេលដែលការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនៅតៃវ៉ាន់ នឹងមកដល់នៅដើមឆ្នាំ២០២៤ខាងមុខ។ គណបក្សកួមីនតាង ដែលធ្លាប់គ្រប់គ្រងអំណាចច្រើនអាណត្តិនៅតៃវ៉ាន់ មានទំនោរទន់ទោរ មិនចង់ឲ្យតៃវ៉ាន់រឹងរូសខ្លាំងជាមួយចិនទេ។ ទោះបក្សនេះមិននិយាយឲ្យចំៗ ដោយប្រើពាក្យថាចង់ឲ្យតៃវ៉ាន់រួបរួមបញ្ចូលជាមួយចិនក៏ដោយ គោលនយោបាយបក្សនេះគឺចង់ឲ្យតៃវ៉ាន់មានទំនាក់ទំនងល្អប្រសើជាមួយចិន។
ដោយឡែកគណបក្ស ប្រជាធិបតេយ្យចម្រើននិយម របស់លោកស្រីសៃ អ៊ីងវេន វិញ គឺមានទំនោររឹងរូសជាង ដោយចង់ឲ្យតៃវ៉ាន់មានភាពម្ចាស់ការ មានស្វ័យភាពបន្តដូចរាល់ថ្ងៃនេះតទៅទៀត។ គណបក្សនេះឃើញបទពិសោធន៍ហុងកុងហើយ ថាបើបណ្តោយឲ្យប៉េកាំងចូលមក គឺសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ ច្បាស់ជាត្រូវបំផ្លាញមិនខានទេ។ ត្រង់ចំណុចនេះ តាមការវិភាគយើងឃើញថា ប្រជាជនតៃវ៉ាន់បានគាំទ្រកាន់តែច្រើន ព្រោះគេមិនចង់មានវាសនាដូចហុងកុង ដូចទីបេ ឬស៊ីនជាំងទេ។
ជាច្រើនឆ្នាំមកនេះ ដែលតៃវ៉ាន់នៅដាច់ពីចិន គឺតៃវ៉ាន់បានកសាងអត្តសញ្ញាណខ្លួនឯងបានយ៉ាងច្បាស់។ នៅតៃវ៉ាន់ ក៏មិនមែនមានតែជនជាតិចិននោះដែរ គឺគេមានជនជាតិដើមម្ចាស់ស្រុកច្រើនកុលសម្ព័ន្ធ ដែលរស់នៅមុននឹងជនជាតិចិនទៅគ្រប់គ្រងទៅទៀត។ ជាងនេះទៀត តៃវ៉ាន់មានសក្តានុយពលសេដ្ឋកិច្ចខ្លាំង ដែលប្រទេសលោកខាងលិចចង់បាន និងត្រូវការការសហការ ជាក់ស្តែងក្នុងវិស័យបច្ចេកវិទ្យាទំនើប។ មតិប្រជាជនតៃវ៉ាន់ខ្លះ បានថែមទាំងចង់ឲ្យតៃវ៉ាន់កែរដ្ឋធម្មនុញ្ញ ឈប់ដាក់ឈ្មោះជាផ្លូវការថា សាធារណរដ្ឋចិន តទៅទៀត ដោយត្រូវហៅថា សាធារណរដ្ឋតៃវ៉ាន់ ឲ្យចំៗតែម្តង ដើម្បីកុំឲ្យជំពាក់វាក់វិនជាមួយចិនតទៅទៀត។ ដូច្នេះ ការវិវឌ្ឍន៍ថ្ងៃមុខយ៉ាងណា គឺវាអាស្រ័យខ្លាំងណាស់ ថាតើគណបក្សណាមួយ ដែលនឹងមកដឹកនាំរដ្ឋាភិបាលតៃវ៉ាន់នៅអាណត្តិក្រោយ។ លោកស្រី សៃ អ៊ីងវេន ឈរឈ្មោះ២អាណត្តិហើយ មិនអាចឈរឈ្មោះបានទៀតទេ៕
29-3-2023 • 10 minuten, 2 seconden Amnesty International បរិហារក្រុមប្រទេសលោកខាងលិច ថាមិនខ្វល់ពីអំពើរំលោភបំពានផ្សេងទៀត ដូចករណីនៅអ៊ុយក្រែន
អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង បន្ទាប់ពីរុស្ស៊ីបានប្រើកម្លាំងទ័ពចូលឈ្លានពានប្រទេសនេះ។ ការឈ្លានពានដែលត្រូវបានក្រុមប្រទេសលោកខាងលិច រួមកម្លាំងគ្នាយ៉ាងខ្លាំងក្លា ក្នុងការថ្កោលទោស ដាក់ទណ្ឌកម្ម ព្រួយទាំងការផ្តល់ជាជំនួយថវិកា និងគ្រឿងសព្វាវុធដល់អ៊ុយក្រែន ដែលជាអ្នករងគ្រោះ។ តែទន្ទឹមគ្នានេះ អង្គការ Amnesty International បានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ថា នៅទូទាំងពិភពលោកមានរឿងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរច្រើនណាស់ តែក្រុមប្រទេសលោកខាងលិចបានព្រងើយកន្តើយ មិនអើពើទាល់តែសោះ ដែលវាខុសពីករណីនៅអ៊ុយក្រែន។ Amnesty International បរិហារថា ការមិនខ្វល់ខ្វាយនេះ ក៏ដោយសារតែក្រុមប្រទេសលោកខាងលិច គិតថាវាគ្មានប្រយោជន៍ផ្ទាល់សម្រាប់គេ។
“គ្រាប់ជញ្ជីង១ ទម្ងន់២”
ខ្លឹមសារធំនៃរបាយការណ៍ប្រចាំឆ្នាំ របស់អង្គការ Amnesty International ដែលចេញផ្សាយនៅថ្ងៃអង្គារទី២៨មីនា គឺការលើកឡើងបែបស្តីបន្ទោស ចំពោះភាពខុសគ្នានៃការឆ្លើយតបរបស់ក្រុមប្រទេសលោកខាងលិច រវាងករណីសង្គ្រាមនៅអ៊ុយក្រែន និងករណីរំលោភបំពានសិទ្ធិមនុស្សផ្សេងទៀតនៅទូទាំងពិភពលោក។
ពោលគឺសង្គ្រាមនៅអ៊ុយក្រែន ដែលរុស្ស៊ីបានរំលោភបំពានច្បាប់អន្តរជាតិ ឈ្លានពានទឹកដីគេ បាញ់ប្លោងគ្រាប់មីស៊ីល ស្លាប់ប្រជាជនស៊ីវីលអ៊ុយក្រែន កម្ទេចផ្ទះសម្បែងអគារ ហេតុដ្ឋារចនាសម្ព័ន្ធនានា គឺក្រុមប្រទេសលោកខាងលិច បានរួមកម្លាំងគ្នាភ្លាមៗ ដើម្បីជួយឈឺឆ្អាលអ៊ុយក្រែន តាមរយៈការប្រកាសថ្កោលទោសរុស្ស៊ី ដាក់ទណ្ឌកម្មលើរុស្ស៊ី និងផ្តល់ជាជំនួយថវិកា សម្ភារៈយោធាតម្លៃរាប់ពាន់លានទៅឲ្យអ៊ុយក្រែន។ ផ្ទុយទៅវិញ ករណីរំលោភបំពានសិទ្ធិមនុស្ស ដែលកើតមាននៅប្រទេសផ្សេងទៀត គឺក្រុមប្រទេសលោកខាងលិច បានធ្មេចភ្នែក ខ្ទប់ត្រចៀក មិនមើល មិនខ្វល់សោះឡើយណា។
អំពើរំលោភសិទ្ធិមនុស្សនៅអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ ចិន …
របាយការណ៍ Amnesty International បានលើកឡើងឧទាហរណ៍ច្រើនករណី ដែលបញ្ជាក់ពីការមិនខ្វល់ខ្វាយរបស់ក្រុមប្រទេសលោកខាងលិច។ តួយ៉ាងករណីរំលោភសិទ្ធិមនុស្សនៅអេហ្ស៊ីប ដែលរដ្ឋាភិបាលបានចាប់បង្ឃាំងអ្នកទោសនយោបាយរាប់ពាន់នាក់ និងការកាត់ទោសប្រហារជីវិតសកម្មជននយោបាយប្រឆាំង និងសកម្មជនការពារសិទ្ធិមនុស្សនៅអារ៉ាប៊ីសាអូឌីតជាដើម។ សកម្មភាពរំលោភបំពានសិទ្ធិមនុស្សទាំងនេះ គឺគ្មានឡើយប្រតិកម្មថ្កោលទោស ដាក់ទណ្ឌកម្ម ទៅលើរបបដឹកនាំទាំងនេះ ពីសំណាក់ក្រុមប្រទេសលោកខាងលិច។
មិនត្រឹមតែមិនអើពើទេ ករណីខ្លះក្រុមប្រទេសលោកខាងលិច ហាក់ដូចជាបានចូលដៃជាមួយអំណាចនយោបាយ នៅក្នុងសកម្មភាពរំលោភបំពានសិទ្ធិមនុស្សថែមទៀតផង។ Amnesty International អះអាងថា ឧទាហរណ៍ដូចក្នុងករណីការរំលោភបំពានផ្ទួនៗ ទៅលើប្រជាជនប៉ាឡេស្ទីន ពីសំណាក់អាជ្ញាធរអ៊ីស្រាអែល ដែលបានច្បាមយកដីដាក់អាណានិគមនៅតំបន់ស៊ីហ្សកដានីប៉ាឡេស្ទីន។ ទង្វើនេះជាការបំពានយ៉ាងស្រស់ៗលើសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីនពីសំណាក់អ៊ីស្រាអែល។
ករណីរំលោភសិទ្ធិមនុស្សធ្វើឡើងដោយរដ្ឋាភិបាលចិន ធ្វើទៅលើប្រជាជនអ៊ុយហ្កួរខេត្តស៊ីនជាំង ធ្វើទៅលើសកម្មជនប្រជាធិបតេយ្យហុងកុង ជាដើម ក៏គ្មានប្រតិកម្មថ្កោលទោស ឬដាក់ទណ្ឌកម្មឲ្យខ្លាំងក្លា និងជាក់ស្តែងដូចក្នុងករណីនៅអ៊ុយក្រែនដែរ។ ចលនាបាតុកម្មរបស់ប្រជាជនអ៊ីរ៉ង់ ដែលត្រូវបានរបបផ្តាច់ការអ៊ីស្លាមវាយបង្ក្រាបយ៉ាងហិង្សា ប៉ុន្មានខែមកនេះ ក៏គ្មានការអើពើឯណា ពីក្រុមប្រទេសលោកខាងលិចដែរ។
ជម្លោះប្រដាប់អាវុធស្លាប់ប្រជាជនស៊ីវីល មិនខុសពីនៅអ៊ុយក្រែន
ករណីសង្គ្រាម និងជម្លោះប្រដាប់អាវុធ ដែលបណ្តាលឲ្យស្លាប់ជនស៊ីវីលរាប់ពាន់រាប់ម៉ឺននាក់ នៅតាមប្រទេសផ្សេងទៀត ក៏ហាក់ដូចជាមិនត្រូវបានក្រុមប្រទេសលោកខាងលិច យកចិត្តទុកដាក់ខ្លាំង ដូចនៅករណីអ៊ុយក្រែនដែរ។ របាយការណ៍របស់ Amnesty International បានលើកឡើង នូវឧទាហរណ៍ជាក់ច្បាស់មួយ គឺសង្គ្រាមនៅយេម៉ែន ដែលបង្កឡើងដោយក្រុមឧទ្ទាមហ៊ូទី និងកងទ័ពនៃរបបផ្តាច់ការអារ៉ាប៊ីសាអូឌីត។ យោងតាមតួលេខ របស់ Amnesty International គិតត្រឹមចុងឆ្នាំ២០១៩ សង្គ្រាមបង្ហូរឈាមនេះ បានសម្លាប់ប្រជាជនស៊ីវីលយេម៉ែន ចំនួនប្រមាណ ២៣៣០០០នាក់។ បច្ចុប្បន្នសង្គ្រាមនេះ កំពុងតែធ្វើឲ្យប្រជាជនយេម៉ែន ប្រមាណ១៦លាននាក់ រស់នៅក្នុងស្ថានភាពមនុស្សធម៌ដ៏លំបាកខ្លាំងបំផុត ដោយសារគ្មានស្បៀងអាហារ គ្មានថ្នាំសង្កូវព្យាបាល ។ល។
ករណីមួយទៀត គឺសង្គ្រាមនៅតំបន់ទីហ្ក្រេ ប្រទេសអេត្យូពី។ អង្គការ Amnesty International លើកឡើងថា កងទ័ពរដ្ឋាភិបាលអេត្យូពី បានធ្វើសកម្មភាពវាយប្រហារ កាប់សំលាប់ប្រជាជនស៊ីវីលនៅតំបន់ទីហ្ក្រេ ចំនួនយ៉ាងហោច៥សែននាក់ ដោយគ្មានសហគមន៍អន្តរជាតិណាខ្វល់ខ្វាយទាំងអស់។ ហើយករណីនៅភូមាវិញ សំណុំរឿងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅរងទុក្ខវេទនាប្រមាណជិត១លាននាក់ នៅបង់ក្លាដេស ក៏មិនត្រូវបានក្រុមប្រទេសលោកខាងលិច ចាប់អារម្មណ៍ខ្វល់ខ្វាយឈឺឆ្អាលណាស់ណាដែរ។
បន្ថែមពីនេះ នៅក្រោយរដ្ឋប្រហារ របបសិកភូមា បានបើកប្រតិបត្តិការបង្ក្រាប បំភិតបំភ័យក្រុមប្រឆាំង សម្លាប់មនុស្សជាច្រើនពាន់នាក់ និងបានធ្វើឲ្យមនុស្សប្រមាណ១៥ម៉ឺននាក់ ត្រូវភៀសខ្លួនចោលផ្ទះសម្បែង។ ករណីទាំងអស់នេះ សុទ្ធសឹងតែជាទុក្ខលំបាករបស់ប្រជាជនដែលរងគ្រោះ ដែលវាមិនខុសពីទុក្ខលំបាករបស់ប្រជាជនអ៊ុយក្រែនឡើយ។
ជនភៀសខ្លួនអ៊ុយក្រែន គេទទួលដៃ១០
នៅក្នុងបញ្ហាទទួលជនភៀសខ្លួននេះដែរ យើងឃើញថាវាមានភាពខុសគ្នាខ្លាំង ជនភៀសខ្លួនអ៊ុយក្រែន ដែលត្រូវបានក្រុមប្រទេសលោកខាងលិចរៀបចំបែងចែងទទួលយ៉ាងកក់ក្តៅភ្លាមៗ ខណៈជនភៀសខ្លួនមកពីបណ្តាប្រទេសផ្សេងទៀត ត្រូវគេរុញច្រានចេញទៅវិញដោយអមនុស្សធម៌។ ត្រង់ចំណុចនេះ របាយការណ៍របស់ Amnesty International បានថ្កោលទោសខ្លាំងណាស់ ចំពោះសកម្មភាពរបស់ក្រុមប្រទេសលោកខាងលិច ដែលបានមានគោលនយោបាយមិនដូចគ្នា ចំពោះមុខជនភៀសខ្លួនមកពីអ៊ុយក្រែន និងជនភៀសខ្លួនដែលមកពីបណ្តាប្រទេសផ្សេងទៀត។
សហរដ្ឋអាមេរិក បានប្រកាសទទួលជនភៀសខ្លួនអ៊ុយក្រែន ចំនួនច្រើនម៉ឺននាក់ណាស់។ តែផ្ទុយទៅវិញ រវាងពីខែកញ្ញាឆ្នាំ២០២១ ដល់ខែឧសភាឆ្នាំ២០២២ អាជ្ញាធរអាមេរិក បានបណ្តេញជនភៀសខ្លួនមកពីប្រទេសហៃទី ចំនួន២៥០០០នាក់។ ភាគច្រើនមុននឹងត្រូវគេបណ្តេញចេញ ជនភៀសខ្លួនហៃទីត្រូវគេយកទៅដាក់ឃុំ និងមានករណីធ្វើទារុណកម្មខ្លះទៀតផង។ នេះបើផ្អែកតាមរបាយការណ៍របស់ Amnesty International។
នៅអឺរ៉ុបវិញក៏មិនខុសគ្នាដែរ។ គេបានចាត់ចែងភ្លាមៗ បែងចែកទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះជនភៀសខ្លួនមកពីអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានលើកទ័ពចូលឈ្លានពាន។ តែផ្ទុយទៅវិញ ជនភៀសខ្លួនមកពីអាហ្វ្រិក មកពីស៊ីរី អ៊ីរ៉ាក់ ឬអាហ្វហ្កានីស្ថានជាដើម គឺអាជ្ញាធរប្រទេសអឺរ៉ុប បានប្រើវិធីគ្រប់យ៉ាងដើម្បីដាក់រនាំង។ ជាច្រើនឆ្នាំមកហើយ ដែលជនភៀសខ្លួនបានផ្សងជីវិត ឆ្លងទូកកាត់សមុទ្រ ខ្លះបានមកដល់គោក ខ្លះក៏ចោលឆ្អឹងនៅក្នុងសមុទ្រ។ តែក្រុមប្រទេសអឺរ៉ុបនៅតែគ្មានគោលនយោបាយជួយយកអាសារ គ្មានការសហការ ដោយសារតែម្នាក់ៗគិតតែប្រយោជន៍ខ្លួន ហើយគ្មានចេតនានយោបាយជាក់ស្តែងដើម្បីជួយ។
អំណាចនយោបាយដែលរំលោភបំពានសិទ្ធិមនុស្ស កាន់តែបានចិត្ត
អង្គការ Amnesty International បានចាត់ទុកទង្វើរបស់ក្រុមប្រទេសលោកខាងលិច ថាជាទង្វើ គ្រាប់ជញ្ជីងតែមួយ តែមានទម្ងន់២ខុសគ្នា។ ពោលគឺបញ្ហារំលោភបំពានសិទ្ធិមនុស្សតែមួយដូចគ្នាមែន តែវាទទួលបាននូវការឈឺឆ្អាលចាប់អារម្មណ៍ខុសគ្នា។
លោកស្រី Agnès Callamard អគ្គលេខាធិការអង្គការ Amnesty International បានលើកឡើងថា ប្រតិកម្មឆ្លើយតបយ៉ាងខ្លាំងក្លារបស់ក្រុមប្រទេសលោកខាងលិច នៅក្នុងករណីអ៊ុយក្រែន គឺវាជារឿងត្រឹមត្រូវខ្លាំងណាស់។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ក្រុមប្រទេសលោកខាងលិច គួរចោទសួរខ្លួនឯងផងថា ឈឺឆ្អាលតែរឿងអ៊ុយក្រែនមួយ វាយុត្តិធម៌ដែរឬទេ ចំពោះប្រជាជនផ្សេងទៀត ដែលរងគ្រោះដែរ ដោយការរំលោភបំពានសិទ្ធិមនុស្ស និងសង្គ្រាមប្រដាប់អាវុធ។
លោកស្រីបានបរិហាថា ក្រុមប្រទេសលោកខាងលិចជ្រើសរើសឈឺឆ្អាលខ្លាំងរឿងអ៊ុយក្រែន ដោយសារដើម្បីការពារផលប្រយោជន៍ខ្លួនឯង។ រីឯរឿងផ្សេងទៀត ដែលមិនប៉ះពាល់ដល់ផលប្រយោជន៍ខ្លួន ក្រុមប្រទេសលោកខាងលិច មិនខ្វល់ មិនឈឺឆ្អាល ឬក៏បានត្រឹមប្រកាសថ្កោលទោសតែមាត់បន្តិចបន្ទួច ដោយគ្មានការជួយជ្រោមជ្រែងជាក់ស្តែង។
ភាពអសកម្មរបស់ក្រុមប្រទេសលោកខាងលិចនេះ គឺវាបានធ្វើឲ្យរបបនយោបាយដែលធ្វើសកម្មភាពរំលោភបំពានទាំងអស់នេះ កាន់តែបានចិត្ត ព្រោះដឹងថាគ្មាននរណាមកចាប់ទោសអូសដំណើរអ្វីទេ។ ខ្លាំងណាស់ បានត្រឹមតែត្រូវគេប្រកាសថ្កោលទោស ចប់! ស្ថានភាពរបៀបនេះ គឺវាមិនល្អទេ សម្រាប់មនុស្សជាតិយើង។ សិទ្ធិមនុស្ស សិទ្ធិជាមូលដ្ឋាន ដ៏ដូចជាច្បាប់អន្តរជាតិ ត្រូវតែជាតម្លែរួម ដែលមនុស្សយើងត្រូវតែការពារទាំងអស់ ទោះនៅទីណាក៏ដោយ។ អង្គការ Amnesty International បានអំពាវនាវផងដែរថា ត្រូវតែធ្វើកំណែទម្រង់ អង្គការសហប្រជាជាតិ ដើម្បីឲ្យក្រុមប្រទេសក្រីក្រ ប្រទេសដែលរងគ្រោះ អាចមានសំឡេងបញ្ចេញមតិផង។ ការធ្វើកំណែទម្រង់ចាំបាច់ ដើម្បីឲ្យស្ថាប័នកំពូលនេះ អាចធ្វើការងារដោយយុត្តិធម៌ ស្មើភាព មានសមភាព ក្នុងការដោះស្រាយបញ្ហាទូទាំងពិភពលោក ព្រោះថាអាយុជីវិតមនុស្ស មានតម្លៃស្មើៗគ្នា៕
28-3-2023 • 8 minuten, 59 seconden កំណែទម្រង់តុលាការ៖ អ៊ីស្រាអែលធ្លាក់ក្នុងវិបត្តិធ្ ងន់ធ្ងរ ក្រោយនាយករដ្ឋមន្រ្តីដកតំណែងរដ្ឋមន្រ្តីការពារជាតិ
មហាបាតុកម្មប្រឆាំងសេចក្តីព្រាងច្បាប់កំណែទម្រង់តុលាការបានរីករាលដាលកាន់តែធំ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីនាយករដ្ឋមន្រ្តីដកហូតតំណែងរដ្ឋមន្រ្តីការពារជាតិ។ នៅព្រឹកថ្ងៃចន្ទ ទី ២៧ មីនា ប្រធានាធិបតីអ៊ីស្រាអែល លោកIsaac Herzogអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់ ដំណើរការពិភាក្សាស្តីពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ នៅរដ្ឋសភា។ នៅថ្ងៃចន្ទ ក្រុមសហជីពធំៗ បានប្រកាសធ្វើកូដកម្មទ្រង់ទ្រាយធំ ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលបោះបង់ចោលសេចក្តីព្រាងស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការអ៊ីស្រាអែល។
អ៊ីស្រាអែលកំពុងធ្លាក់ចុះ ក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ មិនធ្លាប់មាន នៅក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។ បន្ទាប់ពីមហាបាតុកម្មរបស់ប្រជាជនអ៊ីស្រាអែល រាប់ម៉ឺននាក់ កាលពីថ្ងៃអាទិត្យ ដើម្បីប្រឆាំងគម្រោងច្បាប់ធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ ដល់វេនក្រុមសហជីពធំៗរបស់អ៊ីស្រាអែល ដែលបានប្រកាសធ្វើកូដកម្មជាបន្ទាន់ នៅទូទាំងប្រទេស។ កូដកម្មដែលនឹងធ្វើឲ្យវិស័យជាច្រើនរបស់អ៊ីស្រាអែល ត្រូវជាប់គាំង។
នៅថ្ងៃចន្ទ សហជីពក្រុមគ្រូពេទ្យ ប្រកាសធ្វើកូដកម្ម សាលារៀនរដ្ឋជាច្រើនកន្លែងបិទទ្វារ ចំណែក ជើងហោះហើរចេញពី នៅទីក្រុងតែលអាវីវត្រូវផ្អាក ដោយសារកូដកម្មរបស់បុគ្គលិកនៅព្រលានយន្តហោះអន្តរជាតិ។
នៅអ៊ីស្រាអែល បាតុកម្ម និងកូដកម្ម ជាបន្តបន្ទាប់គ្នាធ្វើឡើងដើម្បីប្រតិកម្មតបទៅនឹងការសម្រេចរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដែលបានដកហូតមុខតំណែងរដ្ឋមន្រ្តីការពារជាតិ កាលពីថ្ងៃអាទិត្យ។ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ជាសមាជិកបក្សកាន់អំណាច ដូចលោកនាយករដ្ឋមន្រ្តី អ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ ដែរ ប៉ុន្តែ លោកត្រូវនាយករដ្ឋមន្រ្តីដកចេញពីតំណែង។
ខុទ្ទការល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានប្រកាសដកលោកYoav Gallant ពីមុខតំណែងរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល ដោយមិនបានលម្អិតពីមូលហេតុ និងឈ្មោះអ្នកដែលត្រូវចូលកាន់តំណែងបន្ត។ ប៉ុន្តែ តាមមន្រ្តីក្នុងជួររដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូបានកោះហៅ លោករដ្ឋមន្រ្តីការពារជាតិជាបន្ទាន់កាលពីថ្ងៃអាទិត្យ ដើម្បីប្រាប់ថា លោកលែងមានជំនឿទុកចិត្ត តទៅទៀត ទៅលើលោកYoav Gallant ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិ។
ទោះខុទ្ទការល័យរដ្ឋាភិបាលមិនបានបញ្ជាក់ពីមូលហេតុនៃការដកតំណែងប្រមុខការពារជាតិអ៊ីស្រាអែល ប៉ុន្តែ គេដឹងរួចទៅហើយថា លោក Yoav Gallant ត្រូវបណ្តេញចេញពីមុខតំណែង រដ្ឋមន្រ្តីការពារជាតិ ដោយសារតែ ការបញ្ចេញយោបល់របស់លោក កាលពីថ្ងៃសៅរ៍កន្លងទៅ។ នៅក្នុងសុន្ទរកថា ខ្លី ផ្សាយនៅទូរទស្សន៍អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលបាននិយាយថា សមាជិកមួយចំនួនរបស់កងទ័ព មិនសប្បាយចិត្ត នឹងគម្រោងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ ដែលរដ្ឋាភិបាលកំពុងដាក់ស្នើឲ្យសភាបោះឆ្នោតអនុម័ត។ តាមរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល តាំងពីលោកចូលបម្រើកងទ័ពអ៊ីស្រាអែល រាប់សិបឆ្នាំមកនេះ លោកមិនដែលឃើញ កងទ័ពខឹងសម្បារ ខកចិត្ត ដោយសារតែច្បាប់ ស្នើឡើងដោយរដ្ឋាភិបាល ដូចសព្វថ្ងៃនេះទេ។
សម្រាប់រដ្ឋមន្រ្តីការពារជាតិ គម្រោងកំណែទម្រង់ប្រព័ន្ធតុលាការដែលរដ្ឋាភិបាលដាក់ស្នើទៅសភា មានន័យស្មើនឹងគ្រោះថ្នាក់បន្ទាន់សម្រាប់សន្តិសុខរដ្ឋ។ ដូច្នេះ លោកទាមទារចង់ឲ្យរដ្ឋាភិបាលផ្អាក ការពិភាក្សាគម្រោងច្បាប់ដ៏ចម្រូងចម្រាសនេះ មួយរយៈពេលសិន ទម្រាំរកបានឯកភាពជាតិ ព្រោះថា សព្វថ្ងៃនេះ ផែនការធ្វើកំណែទម្រង់តុលាការកំពុងធ្វើឲ្យប្រជាជនអ៊ីស្រាអែលបែកបាក់គ្នាខ្លាំង ជាងពេលណាៗទាំងអស់។
នៅថ្ងៃអាទិត្យ នៅតែប៉ុន្មានម៉ោងក្រោយ នាយករដ្ឋមន្រ្តីសម្រេចដកតំណែងរដ្ឋមន្រ្តី ការពារជាតិ ដែលបង្ហាញជំហររិះគន់គម្រោងធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ប្រជាជនអ៊ីស្រាអែល រាប់ម៉ឺននាក់ដែលធ្វើបាតុកម្ម ៣ខែមកហើយ ប្រឆាំងនឹងកំណែទម្រង់តុលាការ បានចុះថ្នល់ធ្វើបាតុកម្មទ្រង់ទ្រាយ ធំនៅតាមទីក្រុងធំៗរបស់អ៊ីស្រាអែល។
វិបត្តិនយោបាយវិវត្ត ទៅជាវិបត្តិសន្តិសុខ?
នៅ៣ខែមកនេះ ប្រជាជនអ៊ីស្រាអែលរមែងចុះថ្នល់ធ្វើបាតុកម្ម នៅរៀងរាល់ចុងសប្តាហ៍ដើម្បីបរិហារ ទាមទារឲ្យរដ្ឋាភិបាលបោះបង់ចោលគម្រោងកំណែទម្រង់ប្រព័ន្ធតុលាការ ដែលពួកគេចាត់ទុកថា ជាគ្រោះថ្នាក់ សម្លាប់លទ្ធិប្រជាធិបតេយ្យ របស់អ៊ីស្រាអែល។
សេចក្តីព្រាងកំណែទម្រង់ប្រព័ន្ធតុលាការមានគោលដៅ ផ្តល់អំណាចដល់រដ្ឋាភិបាល ដើម្បីគ្រប់គ្រងគណៈកម្មាធិការ ដែលមាននាទីជ្រើសរើសចៅក្រមអ៊ីស្រាអែល។ គម្រោងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ សំដៅផងដែរ ផ្តល់សិទ្ធិអំណាចដល់សភា ដើម្បីទាត់ចោល ការសម្រេចចិត្តរបស់តុលាការកំពូល ដែលសភាចាត់ទុកថា អាចរំខាន ប៉ះពាល់គោលនយោបាយរបស់រដ្ឋាភិបាល។ ប៉ុន្តែ សម្រាប់អ្នកប្រឆាំង សេចក្តីព្រាងកំណែទម្រង់របស់រដ្ឋាភិបាល នឹងធ្វើឲ្យប្រព័ន្ធតុលាការអ៊ីស្រាអែល លែងឯករាជ្យតទៅទៀត ព្រោះថា ជាមួយកំណែទម្រង់តុលាការលើកនេះ រដ្ឋាភិបាលនឹងតែងតាំងចៅក្រមណា ដែលមាននិន្នាការស្និទ្ធិ គាំទ្ររដ្ឋាភិបាល។
តាមគណបក្សប្រឆាំង គម្រោងកំណែទម្រង់ប្រព័ន្ធតុលាការមានគោលដៅ បង្កឧបសគ្គ រារាំងមិនឲ្យតុលាការមានសិទ្ធិអំណាច ទៅដកនាយករដ្ឋមន្រ្តីចេញពីអំណាច ដែលកំពុងជាប់សំណាញ់បន្តឹង នៅតុលាការ។ សម្រាប់អ្នកប្រឆាំង ច្បាស់ណាស់ថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូ ចង់ឲ្យគេកែប្រែប្រព័ន្ធតុលាការ ដើម្បី លាងសម្អាត ឈ្មោះលោក ដែលកំពុង ជាប់ក្តីក្តាំ នៅតុលាការ នៅក្នុងសំណុំរឿងចោទប្រកាន់រំលោភអំណាច ប្រព្រឹត្តអំពើពុករលួយ។
គម្រោងកំណែទម្រង់ប្រព័ន្ធតុលាការ គ្មានការគាំទ្រ ចំណោមប្រជាជនអ៊ីស្រាអែល ជាពិសេស ក្រុមកងទ័ព។ នៅដើមខែមីនា ពួកកងទ័ពបម្រុងបានព្រមានហើយថា ពួកគេនឹងលែងចុះឈ្មោះ ស្ម័គ្រចិត្តចូលបម្រើកងទ័ពតទៅទៀត បើសិនរដ្ឋាភិបាលនៅតែជំនះធ្វើកំណែទម្រង់ ដែលធ្វើឲ្យប្រព័ន្ធតុលាការអ៊ីស្រាអែលលែងឯករាជ្យតទៅទៀត។
នៅក្រោយ ការដកមុខតំណែងរដ្ឋមន្រ្តីការពារជាតិ ដែលបានបណ្តាលឲ្យមានមហាបាតុកម្មកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ បានចេញមុខអំពាវនាវឲ្យរដ្ឋាភិបាល និងសមាជិកសភាបញ្ឈប់ជាបន្ទាន់ ការពិភាក្សាពីគម្រោងកំណែទម្រង់ប្រព័ន្ធតុលាការ។ សម្រាប់ប្រធានាធិបតី អ៊ីស្រាអែល លោកIsaac Herzog សន្តិសុខ សេដ្ឋកិច្ច និងប្រព័ន្ធសង្គមរបស់អ៊ីស្រាអែលកំពុងរងការគំរាមកំហែងជាងពេលណាៗទាំងអស់។
បាតុកម្ម និងកូដកម្មភ្លាមៗ នៅថ្ងៃចន្ទនេះ មិនត្រឹមទៅប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អ៊ីស្រាអែល ប៉ុន្តែវាកើតឡើងនៅចំពេល ដែលភ្នាក់ងារសន្តិសុខរបស់អ៊ីស្រាអែលកំពុងត្រៀមប្រឈមនឹងការផ្ទុះអំពើហិង្សា ជាមួយប៉ាឡេស្ទីន នៅប៉ុន្មានសប្តាហ៍ខាងមុខ នៅពេលប្រជាជនប៉ាឡេស្ទីន ត្រូវចាប់ផ្តើមបុណ្យតមអាហារ រ៉ាម៉ាដង់។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរងការដាក់សម្ពាធខ្លាំង ពីគ្រប់ទិស
តាមកាសែតអ៊ីស្រាអែល តាំងពីយប់ថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តីបេនចាមីន នេតាន់យ៉ាហ៊ូ បានពិគ្រោះយោបល់ជាមួយសមាជិកបក្សកាន់អំណាច និងគណបក្សស្តាំនិយមជ្រុល ដែលជាដៃគូនៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោក។
តាមគម្រោង លោកនាយករដ្ឋមន្រ្តីនេតាន់យ៉ាហ៊ូ ត្រូវធ្វើសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃចន្ទនេះ ដែលនៅក្នុងនោះ លោកទំនងអាចផ្អាក គម្រោងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការមួយរយៈសិន ដើម្បីបន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែ នៅទីបំផុត ខុទ្ទការល័យរបស់លោកបានប្រកាសថា លោកបានលើកពេល លែងធ្វើសេចក្តីថ្លែងការណ៍ទៅវិញ។
តាមកាសែតអ៊ីស្រាអែល ក្នុងជួរគណបក្សលីឃូដ របស់លោកនាយករដ្ឋមន្រ្តី សមាជិកមួយចំនួន ដែលមាននិន្នាការស្និទ្ធនឹងរដ្ឋមន្រ្តីការពារជាតិបាននិយាយថា គេគាំទ្រឲ្យលោកនាយករដ្ឋមន្រ្តីឈប់ធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ។ ប៉ុន្តែ សមាជិកបក្សកាន់អំណាចមួយចំនួនផ្សេងទៀត ព្រមទាំងគណបក្សស្តាំនិយមជ្រុល ដែលជាដៃគូរបស់រដ្ឋាភិបាល បានទាមទារឲ្យលោកនាយករដ្ឋមន្រ្តី ត្រូវតែបន្ត ធ្វើកំណែទម្រង់តុលាការ ដោយមិនត្រូវចុះចាញ់ការដាក់សម្ពាធរបស់ក្រុមបាតុករ ដែលគេចាត់ទុកជាក្រុមអនាធិបតេយ្យ។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផ្ទាល់ ដែលជាអ្នកស្នើគម្រោងធ្វើកំណែទម្រង់ ប្រព័ន្ធតុលាការ បាននិយាយហើយថា លោកនឹងចុះចេញពីតំណែង បើសិននាយករដ្ឋមន្រ្តីឈប់ធ្វើកំណែទម្រង់តុលាការតទៅទៀត។
លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលផ្ទាល់ដែលធ្លាប់ដកឃ្លា មិនបញ្ចេញយោបល់ទៅលើគម្រោងធ្វើកំណែទម្រង់តុលាការ នៅទីបំផុត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា លោកនឹងព្យាយាមបិទបញ្ចប់ការបែកបាក់ ជាតិ ប៉ុន្តែ លោកនៅតែ ប្តេជ្ញាបន្តធ្វើកំណែទម្រង់តុលាការអ៊ីស្រាអែល។ ការលូកមាត់បញ្ចេញយោបល់តែប៉ុន្មានម៉ាត់ ទាក់ទងនឹងកំណែទម្រង់ប្រព័ន្ធតុលាការអ៊ីស្រាអែល បានធ្វើឲ្យលោកនាយករដ្ឋមន្រ្តីនេតាន់យ៉ាហ៊ូ រងការចោទប្រកាន់ ពីអង្គការតាមដានរដ្ឋាភិបាល Movement for Quality Government ដែលជាស្ថាប័នប្រឆាំងអំពើពុករលួយនៅអ៊ីស្រាអែល។ អង្គការមួយនេះបានទាមទារឲ្យតុលាការកំពូលដាក់ពិន័យ លោកនេតាន់យ៉ាហ៊ូ។
តាមអង្គការខាងលើ ដោយចេញមុខនិយាយជាសាធារណៈ ពីគម្រោងកំណែទម្រង់តុលាការ លោកនេតាន់យ៉ាហ៊ូ ដែលកំពុងជាប់ក្តីក្តាំនៅតុលាការ ក្នុងសំណុំរឿងពុករលួយ បានរំលោភកិច្ចព្រមព្រៀង ជាមួយតុលាការកំពូល។ តុលាការកំពូលធ្លាប់ចេញបម្រាម ហាម មិនឲ្យលោកនាយករដ្ឋមន្រ្តី (ដែលកំពុងជាប់ក្នុងសំណាញ់ក្តីក្តាំនៅតុលាការ) បញ្ចេញយោបល់ ឬចូលរួមពាក់ព័ន្ធក្នុងវិស័យតុលាការ ដើម្បីជៀសវាង ទំនាស់ផលប្រយោជន៍៕
27-3-2023 • 10 minuten, 24 seconden ហុងឌូរ៉ាស ភ្ជាប់ទូតជាមួយចិន បន្ទាប់ពីឈប់ទទួលស្គ ាល់កោះតៃវ៉ាន់
ប្រទេសហុងឌូរ៉ាស ប្រកាសឈប់ទទួលស្គាល់កោះតៃវ៉ាន់ ហើយងាកទៅភ្ជាប់ចំណងការទូតជាមួយចិនជាផ្លូវការ។ ការប្រកាសទទួលស្គាល់ទំនាក់ទំនងជាមួយចិនប៉េកាំង នៅថ្ងៃអាទិត្យ គឺក្រោយតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ ដែល ប្រទេសហុងឌូរ៉ាស់ ផ្ញើសេចក្តីប្រកាសឈប់ទាក់ទងជាមួយតៃវ៉ាន់ និង ព្រមទទួលស្គាល់«គោលការណ៍ចិនតែមួយ»។ ជាប្រតិកម្មឆ្លើយតប ការិយាល័យប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវេន បានរិះគន់រដ្ឋអំណាចចិនថា ជាយូរមកហើយ ដែល ចិន ព្យាយាមកាត់ផ្តាច់តួនាទីរបស់ក្រុងតៃប៉ិលើឆាកអន្តរជាតិ ហើយទង្វើនេះ បង្កគ្រោះថ្នាក់ខ្លាំងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ទាំងមូល។
ហុងឌូរ៉ាស បង្ហាញចេតនា តាំងតែ ២ សប្តាហ៍មុនម្ល៉េះ ពីការងាកទៅរកចិន។
កាលពីពាក់កណ្តាលខែមីនា ហុងឌូរ៉ាស បានថ្លែងពីការកំពុងតែខ្វះខាតផ្នែកហិរញ្ញវត្ថុជាខ្លាំង និងបានសុំតៃវ៉ាន់ឲ្យជួយដែរ ប៉ុន្តែ តៃវ៉ាន់ មិនព្រម ដ្បិតថាក្រុងតៃប៉ិបានស៊ើបដឹងពីឆន្ទៈរបស់អាជ្ញាធរហុងឌូរ៉ាស ជាមុនស្រេច ថាចង់កសាងទំនាក់ទំនងជាមួយក្រុងប៉េកាំង។
យប់ថ្ងៃសៅរ៍ អ្នកស្រីប្រធានាធិបតីហុងឌូរ៉ាស់ បានធ្វើសេចក្តីថ្លែងការណ៍មួយ ជាផ្លូវការ ប្រកាសថា សាធារណរដ្ឋហុងឌូរ៉ាស់បានទទួលស្គាល់អត្ថិភាពចិនតែមួយ ហើយសាធាររដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលតំណាងចិន ស្របច្បាប់ តែមួយគត់។ ប៉ុន្មានម៉ោងក្រោយមកទៀត នៅថ្ងៃអាទិត្យ លោក Eduardo Enrique Reina រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស់ បានអញ្ជើញទៅដល់ទីក្រុងប៉េកាំង និងចាប់ដៃយ៉ាងណែនជាមួយ ប្រមុខការទូតចិន លោក ជីន កង។ រដ្ឋមន្ត្រីការបរទេសចិន បានថ្លែងកោតសរសើរថ្នាក់ដឹកនាំហុងឌូរ៉ាស ថាជ្រើសរើសឈប់ទាក់ទងតៃវ៉ាន់ និងផ្តើមទទួលស្គាល់«ចិនស្របច្បាប់តែមួយ» គឺត្រឹមត្រូវ និងជា«ជម្រើសដ៏ឈ្លាសវៃ» ព្រមទាំងស្របតាម«ចរន្តទំនោរសង្គមបច្ចុប្បន្ន»។
តាមកញ្ជក់ទូរទស្សន៍រដ្ឋចិន CCTV ប្រមុខការទូតចិន ក៏បានថ្លែងដែរ ថា ប្រជាជននិងប្រទេសចិន រីករាយសប្បាយចិត្តនឹងរង់ចាំទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់អ្នកស្រីប្រធានាធិបតី ហុងឌូរ៉ាស នៅក្នុងពេលឆាប់ៗខាងមុខនេះ។ លោក ជីន កង គូសបង្ហាញដោយក្តីត្រេកអរថា ចំណងទូតនៃប្រទេសទាំងពីរ នឹងនាំទៅរក«អនាគតភ្លឺស្វាង» ហើយនិងផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។
«ហុងឌូរ៉ាស ភាន់ច្រឡំធំ»
ជាប្រតិកម្មឆ្លើយតប នៅក្រុងតៃប៉ិ អាជ្ញាធរតៃវ៉ាន់ រដ្ឋមន្ត្រីការបរទេស លោក Joseph Wu បានធ្វើសន្និសីទកាសែត ដើម្បីពន្យល់ពីស្ថានការណ៍ និងបានបញ្ជាក់ថា «ប្រទេសហុងឌូរ៉ាស ភាន់ច្រឡំធំ លង់ជឿការសន្យារបស់ប្រទេសចិន នៅក្នុងការជួយគាំទ្រខាងជំនួយសេដ្ឋកិច្ចដល់ហុងឌូរ៉ាស»។ ថ្នាក់ដឹកនាំតៃវ៉ាន់ តាមរយៈក្រសួងការបរទេស បានសង្កត់ធ្ងន់ថា «ប្រទេសចិនចេះតែលួងលោមនិងទាក់ទាញហុងឌូរ៉ាស តាមរយៈការលើកឡើងពីផលប្រយោជន៍និងជំនួយសេដ្ឋកិច្ចដ៏ធំសម្បើមពីចិន។»
បើតាមការិយាល័យប្រធានាធិបតីតៃវ៉ាន់ «ការផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ពីសំណាក់អាជ្ញាធរហុងឌូរ៉ាស គឺឋិតក្នុងដំណើរយុទ្ធសាស្ត្ររបស់ចិន ដើម្បីបំបែកបំបាក់ តាមរយៈការបង្ខិតបង្ខំ និងគំរាមកំហែង។»
ចិន កាន់តែធ្វើឲ្យកោះ តៃវ៉ាន់ ឯកា។
ក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសចិន លោក ជីន កង បានសូមឱកាសថ្លែងផ្ញើសារទៅអាជ្ញាធរតៃវ៉ាន់។ ច្បាស់ណាស់ ជាសារឌឺដងបញ្ឈឺចិត្ត។ ប្រមុខការទូតចិន លើកឡើងថា ការធ្វើនយោបាយឃោសនាទាមទាររាជរាជ្យនិងមហិច្ចតាចង់ផ្តាច់ខ្លួនរបស់តៃវ៉ាន់ ដែលផ្ទុយស្រឡះពីឆន្ទៈនិងអត្ថប្រយោជន៍ប្រជាជាតិចិន គឺពេលនេះ ត្រូវដល់ទីចុងបញ្ចប់ហើយ។
តាំងតែពីឆ្នាំ២០១៦ សន្ទុះនយោបាយចិនប៉េកាំង កាន់តែខ្លាំងៗ ដើម្បីធ្វើឲ្យតៃវ៉ាន់ឯកោ។ នេះក៏ព្រោះតែទំនោរនយោបាយរបស់ថ្នាក់ដឹកនាំតៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវេន ដែលមាននិន្នាការនិយមឲ្យតម្លៃលើឯករាជ្យភាពតៃវ៉ាន់។ អ្នកស្រីឡើងកាន់អំណាចដឹកនាំតៃប៉ិ តាំងពីឆ្នាំ២០១៦និងជាប់ឆ្នោតម្តងទៀតឆ្នាំ២០២០។
ចិន ទោះបីមិនបានដឹកនាំអំណាចនៅតៃវ៉ាន់ផ្ទាល់ តែជាង៧០ឆ្នាំមកនេះ ចិនតែងតែចាត់ទុកកោះតៃវ៉ាន់ ជាដែនដីរបស់ខ្លួន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន បានជំរុញឲ្យប្រទេសមួយចំនួនក្នុងតំបន់អាមេរិកឡាទីន ដែលជាសម្ព័ន្ធមិត្តដៃគូសហការរបស់តៃវ៉ាន់ ផ្តាច់ទំនាក់ទំនងនិងឈប់ទទួលស្គាល់តៃវ៉ាន់។ ដូចករណីផ្តាច់ខ្សែចំណងទូតជាមួយសាធារណរដ្ឋកូមីនីក និង នីហ្ការ៉ាហ្កា។
សព្វថ្ងៃនេះ នៅមានសល់ប្រទេសនិងបុរីរដ្ឋតែ ១៣ ប៉ុណ្ណោះ ដែលនៅបន្តទទួលស្គាល់កោះតៃវ៉ាន់។ ក្នុងនោះមានបែបយ៉ាង បុរីវ៉ាទីកង់ Eswatini ប៉ារ៉ាហ្កាយ បណ្តាប្រទេសកោះតូចៗនៅតំបន់ប៉ាស៊ីហ្វិក បេលីស៍ ក្វាតេម៉ាឡា និងហៃទី។
អាជ្ញាធរតៃប៉ិ ប្រុងគិតនិងធ្វើយ៉ាងណាទៀត?
ក្រៅពីប្រឹងដំឡើងសរសៃកស្តីបន្ទោសរិះគន់បកអាក្រាតចិនប៉េកាំង តៃវ៉ាន់ប្រឹងប្រែងថែរក្សាទំនាក់ទំនងដ៏តិចតួច ដែលនៅសេសសល់។ នៅថ្ងៃពុធសប្តាហ៍ខាងមុខនេះ ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវេន នឹងអញ្ជើញបំពេញដំណើរទស្សនកិច្ច ចំនួន ១០ ថ្ងៃ នៅប្រទេស ក្វាតេម៉ាឡា និង បេលីស៍ ដែលជាសម្ព័ន្ធមិត្ត។ ក្នុងដំណើរឆ្លងទ្វីបឆ្លងសមុទ្រនេះ អ្នកស្រី សៃ អ៊ីងវេន ក៏ឈប់ចុះចតនៅសហរដ្ឋអាមេរិក ដែលជាដៃគូសម្ព័ន្ធមិត្តផងនិងម្ចាស់ជំនួយធំផង។ ជាគោលការណ៍ សហរដ្ឋអាមេរិក ជាប្រទេស១ក្នុងចំណោម១៨២ប្រទេស ដែលទទួលស្គាល់គោលការណ៍ចិនតែមួយ។ ប៉ុន្តែ រដ្ឋបាលអាមេរិកនៅតែបន្តជួយគាំទ្រ តៃវ៉ាន់ ជាហូរហែ។
ប្រធានរដ្ឋសភាអាមេរិក បានបញ្ជាក់ថានឹងឆ្លៀតទទួលជួបអ្នកស្រីប្រធានាធិបតីតៃវ៉ាន់ នៅរដ្ឋកាលីហ្វ័រញ៉ា នៅពេលខាងមុខនេះ ក៏ប៉ុន្តែ តំណាងរដ្ឋាភិបាលអាមេរិក បំភ្លឺថា ដំណើររបស់ អ្នកស្រី សៃ អ៊ីងវេន ទៅអាមេរិក គឺគ្រាន់តែ«សុំចុះចតប្តូរជើងយន្តហោះតែប៉ុណ្ណោះ» ពុំមែនជា«ទស្សនកិច្ចផ្លូវការ»ទេ។ ទោះជាម្តេចក្តី ការណ៍នេះ ច្បាស់ជាបង្កក្តីក្តៅក្រហាយដល់ចិនទៀតហើយ៕
26-3-2023 • 6 minuten, 58 seconden អគ្គលេខាធិការអ.ស.ប៖ ពិភពលោកត្រូវតែតម្រង់ទិសសាជាថ ្មី ប្រសិនបើចង់ឲ្យមនុស្សជាតិមានទឹកប្រើទាំងអស់គ្នា នៅថ្ងៃណាមួយ
សន្និសីទអន្តរជាតិស្តីពីទឹក ដែលរៀបចំឡើងនៅឯទីស្នាក់ការអង្គការសហប្រជាជាតិទីក្រុងញូយ៉ក បានបិទបញ្ចប់ហើយ កាលពីថ្ងៃសុក្រ ទី២៤មីនា។ ថ្លែងនៅក្នុងសុន្ទរកថាបិទបញ្ចប់សន្និសីទនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា “ប្រសិនបើចង់មានសង្ឃឹម ថាអាចនឹងធានាឲ្យមនុស្សលើផែនដី មានទឹកប្រើប្រាស់ទាំងអស់គ្នា នៅថ្ងៃណាមួយនោះ គឺពិភពលោកយើង ត្រូវតែតម្រង់ទិសសាជាថ្មី ចាប់ពីពេលនេះទៅ”។ សូមបញ្ជាក់ថា បញ្ហាវិបត្តិគ្មានទឹកប្រើប្រាស់ កំពុងតែចោទឡើងយ៉ាងខ្លាំង នៅទូទាំងពិភពលោក។ ទឹកគឺជាប្រភពនៃជីវិត ទឹកគឺជាសម្បត្តិរួមរបស់មនុស្សជាតិ តែទន្ទឹមនឹងនេះ មនុស្សប្រមាណ២ពាន់លាននាក់ រស់នៅដោយគ្មានទឹកស្អាតបរិភោគទេ។
តម្រង់ទិសដើរឲ្យត្រូវឡើងវិញ
នៅក្នុងសុន្ទរកថា បិទបញ្ចប់សន្និសីទអន្តរជាតិស្តីពីទឹក កាលពីថ្ងៃសុក្រទី២៤មីនា លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងថា “ដល់ពេលហើយ ដែលពិភពលោកយើង ត្រូវតែតម្រង់ទិសដៅធ្វើដំណើរ ឲ្យត្រង់ផ្លូវឡើងវិញ”។ គឺជាការកំណត់ទិសដៅរួម ឲ្យបានជាក់ច្បាស់ ប្រសិនបើយើងចង់ឲ្យមនុស្សជាតិទាំងមូល មានទឹកប្រើប្រាស់ មានទឹកស្អាតបរិភោគគ្រប់ៗគ្នា ទៅថ្ងៃខាងមុខ។
លោកបានសង្កត់បន្ថែមថា ទឹកគឺជាប្រភពនៃជីវិត ទឹកជាទ្រព្យសម្បត្តិរួមនៃមនុស្សជាតិទាំងមូល។ ដូច្នេះមនុស្សលោកត្រូវតែរួមគ្នា ការពារ គ្រប់គ្រង បែងចែក និងអាស្រ័យផល ពីធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ។ ពោលគឺ ការការពារ ការគ្រប់គ្រង ការសន្សំសំចៃ ក៏ដូចជាការបែងចែងធនធានទឹក ត្រូវតែស្ថិតនៅជាចំណុចស្នូលកណ្ដាល នៃគោលនយោបាយជាអាទិភាព របស់ប្រទេសនីមួយៗ និងរបស់ពិភពលោកយើង។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងការបារម្ភថា “បច្ចុប្បន្ននេះពិភពលោកយើង មិនមែនស្ថិតនៅលើផ្លូវដើរឆ្ពោះកាន់កម្មវត្ថុឆ្នាំ២០៣០ ដែលធានាឲ្យមនុស្សពេញមួយផែនដីអាចមានទឹកស្អាតប្រើប្រាស់នោះទេ។ ផ្ទុយទៅវិញគឺពិភពលោកកំពុងដើរផ្លូវខុស ដែលនាំគ្រោះថ្នាក់មកឲ្យអាយុជីវិតមនុស្សគ្នាឯង ដោយសារតែវិបត្តិគ្មានទឹកប្រើប្រាស់”។ ដូច្នេះពេលនេះ គឺជាពេលបន្ទាន់ដែលត្រូវតម្រង់ទិសឡើងវិញ តម្រង់ទិសដោយយកវិទ្យាសាស្ត្រ ជាមូលដ្ឋាន ជាបង្អែក ឈានទៅរៀបចំគោលនយោបាយ “ទឹក”។ មនុស្សលោក ត្រូវតែបោះបង់ចោលសកម្មភាព ឬទម្លាប់ទាំងឡាយ ដែលខ្ជះខ្ជាយទឹក ប្រើទឹកហួសពីតម្រូវការ ហួសពីស្តុកដែលមាន។
សន្យា៧០០ចំណុច
តួលេខជាច្រើន បានមកបញ្ជាក់អំពីបញ្ហាប្រឈម ដែលពិភពលោកយើងកំពុងតែជួបនាពេលបច្ចុប្បន្នទាក់ទិននឹងបញ្ហាទឹកនេះ។ ឆ្នាំ២០២០ មនុស្សយ៉ាងហោច២ពាន់លាននាក់ គ្មានទឹកស្អាតបរិភោគទេ ហើយ៣៦០០លាននាក់ គឺរស់នៅដោយគ្មានប្រព័ន្ធបណ្តាញលូបង្ហូរទឹកក្រខ្វក់ ឬលាមក ឲ្យត្រឹមត្រូវគួរឲ្យទុកចិត្តទេ។ យោងតាមតួលេខ យ៉ាងហោចណាស់ មនុស្ស ៤៩៤លាននាក់ ដែលគ្មានបង្គន់អនាម័យប្រើ ហើយត្រូវទៅបន្ទោរបង់ នៅតាមទីហាលវាល។ មនុស្ស២ពាន់លាននាក់ បរិភោគទឹកដែលមិនស្អាត ហើយដែលវាជាប្រភពបង្កបញ្ហាសុខភាព ជំងឺដង្កាត់ច្រើនជំពូកណាស់ ដែលភាគច្រើនគឺសុទ្ធតែជាអ្នកក្រ។
បញ្ហាខ្វះទឹកប្រើប្រាស់ គឺត្រូវតែរាប់បញ្ចូលដោយ ការគ្រប់គ្រងធនធានទឹកឲ្យបានត្រឹមត្រូវ ចៀសវាងការខ្ជះខ្ជាយ និងការការពារប្រភពទឹកស្អាត ឲ្យបរិសុទ្ធ កុំឲ្យមានសារធាតុពុល មេរោគ បាក់តេរីផ្សេងៗ មកលាយឡំ ធ្វើឲ្យទឹកស្អាតដែលមនុស្សអាចប្រើបាន វាកាន់តែចុះថយចំនួន។ ដូច្នេះផែនការគោលនយោបាយ ដែលត្រូវអនុវត្ត ត្រូវចាប់ផ្តើម ដោយការសាងសង់បង្គន់អនាម័យ ការរៀបចំបណ្តាញលូបង្ហូរទឹកក្រខ្វក់ឲ្យបានត្រឹមត្រូវ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្សុតទឹកក្រខ្វក់។ ដងស្ទឹង និងទន្លេ សរុបប្រវែងប្រមាណ៣សែនគីឡូម៉ែត្រ ដែលបានរងការខូចខាតនោះ នឹងត្រូវទទួលបានការជួសជុល ថែរក្សាការពារឲ្យបានប្រសើរឡើងវិញ។
សន្និសីទរយៈពេល២ថ្ងៃមកនេះ បានបិទបញ្ចប់ទៅ ជាមួយនឹងការសន្យាចំនួនប្រមាណជិត៧០០ចំណុច ពីសំណាក់រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនផងដែរ ដើម្បីឈានទៅផ្លាស់ប្តូរទិសដៅថ្មី ដែលផ្តោតអាទិភពដល់ការការពារធនធានទឹកស្អាត។ តែជារួម មានតែ១ភាគ៣នៃផែនការសន្យាទាំងនេះ ដែលនឹងអាចធ្វើឲ្យមានលទ្ធផលវិជ្ជមានជាក់ស្តែង ទៅលើការគ្រប់គ្រងការពារធនធានទឹក ហើយមានមិនដល់១ភាគ៣ទេ ដែលមានតួលេខថវិកាចំណាយជាក់ច្បាស់ ថាត្រូវការប្រាក់ប៉ុន្មាន។
ការចាប់ផ្តើមដ៏មានសង្ឃឹម តែត្រូវតែប្រឹងប្រែងបន្ត
យ៉ាងណាក៏ដោយ លោក Charles Iceland អ្នកជំនាញនៅ World Ressources Institute បានលើកឡើងថា ប៉ុណ្ណេះគឺវាជាការចាប់ផ្តើមដ៏មានសង្ឃឹមណាស់ទៅហើយ។ លោកបានអបអរជាអាទិ៍ ចំពោះគម្រោងសន្យា ដែលអាល្លឺម៉ង់ជាអ្នកផ្តួចផ្តើម ដើម្បីរៀបចំការគ្រប់គ្រងអាងទន្លេនីហ្សេ ដែលហូរកាត់ប្រទេស៩នៅអាហ្វ្រិក ហើយដែលភាពកម្រនៃធនធានទឹកនៅដងទន្លេនេះ បានក្លាយជាប្រភពនៃបញ្ហាវិវាទ ជម្លោះហិង្សារួចទៅហើយនៅក្នុងតំបន់នេះ។
ដូចគ្នាដែរ លោក Stuart Orr តំណាងអង្គការWWF បានលើកឡើងដែរថា លោកមានភ្ញាក់ផ្អើលដោយត្រកអរដែរ ដោយឃើញសន្ទុះវិជ្ជមាន ផ្តល់ឲ្យដោយសន្និសីទនេះ។ ធម្មតាសន្និសីទអន្តរជាតិរបៀបនេះ គេតែងតែនិយាយគ្នាចោល ពេលចប់មកផ្ទះវិញរៀងខ្លួនក៏ចប់ទៅ តែលើកនេះគឺថាវាមានកម្លាំងឥទ្ធិពលល្អ ដែលធ្វើឲ្យមានសង្ឃឹមជាក់ស្តែង។ លោកបានបន្ថែមថា បញ្ហាវិបត្តិខ្វះទឹកនេះ នឹងមិនបាត់ភ្លាមៗទេ ផ្ទុយទៅវិញគឺវានឹងកាន់តែធ្ងន់ធ្ងរ តែអ្វីដែលសំខាន់គឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ផ្តល់អាទិភាពគិតគូរ រកដំណោះស្រាយជាបន្ទាន់ចាប់ពីពេលនេះ។
ជាងនេះទៀត បញ្ហាទឹកវាសំខាន់ណាស់ តែកន្លងមកជាង៤០ឆ្នាំហើយ មិនដែលមានសន្និសីទអន្តរជាតិស្តីពីទឹកបែបនេះទេ។ តែក៏ មិនមែនសន្និសីទអន្តរជាតិស្តីពីទឹក រៀបចំម្តងនេះហើយ អ្វីៗនឹងប្រសើរឡើងភ្លាមនោះទេ។ តំណាងអង្គការក្រៅរដ្ឋាភិបាលដែលបានចូលរួម បានអំពាវនាវថាអំណេះតទៅ គឺត្រូវតែរៀបចំជារៀងរាល់ឆ្នាំ ដើម្បីនិយាយពិភាក្សា ដោះដូរយោបល់ គូសវាសផែនបន្ថែមទៀត។ អ្នកចូលរួមសន្និសីទនេះ ក៏បានអំពាវនាវផងដែរ ថាដើម្បីផ្តល់សន្ទុះវិជ្ជមាន គឺអង្គការសហប្រជាជាតិ ត្រូវតែតែងតាំងមនុស្សម្នាក់ក្នុងមុខតំណែងថ្មី ក្នុងនាមជាប្រេសិតពិសេសទទួលបន្ទុកបញ្ហាទឹក។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងយកសំណើនេះទៅពិចារណា។ លោក Henk Ovink ប្រេសិតពិសេសទទួលបន្ទុកផ្នែកទឹករបស់រដ្ឋាភិបាលហូឡង់ បានលើកឡើងថា បើគ្មានទីភ្នាក់ងារ គ្មានសន្ធិសញ្ញាពិសេសស្តីពីទឹកទេនោះ គឺមានន័យថា ទឹកពុំមានផ្ទះនៅក្នុងអង្គការសហប្រជាជាតិនោះទេ៕
25-3-2023 • 7 minuten, 8 seconden ថាមពលនុយក្លេអ៊ែរនិងកាបូនសំយោគ នាំឲ្យថ្នាក់ដឹកនាំប្រទេសសហភាពអឺរ៉ុបប្រទាញប្រទង់គ្នា
ប្រទេសថ្នាក់ដឹកនាំសហភាពអឺរ៉ុប បើកកិច្ចប្រជុំកំពូល ចំនួន ២ ថ្ងៃ នៅទីក្រុងព្រុចសែល។ ក្រៅពីបញ្ហាសង្គ្រាមអ៊ុយក្រែន ថ្នាក់ដឹកនាំកំពូលសហភាពអឺរ៉ុប ត្រូវផ្តោតលើបញ្ហានុយក្លេអ៊ែរ និងការហាមឃាត់ការលក់រថយន្តប្រើប្រេង។ អ្នកដឹកនាំខ្លះ នៃប្រទេសសមាជិកសហភាពអឺរ៉ុប ចង់ឲ្យវិយោគទុនកាន់តែខ្លាំងលើវិស័យថាមពលបរមាណូ ក៏ប៉ុន្តែ អ្នកដឹកនាំខ្លះទៀត ជំទាស់ និងចង់ឲ្យកែច្នៃថាមពលផ្សេងៗ ក្រៅពីថាមពលនុយក្លេអ៊ែរ។
ក្នុងជំនួបនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមវត្តមានដោយផ្ទាល់ ហើយនិង ប្រធានាធិបតីអ៊ុយក្រែន បានចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយ។ ជាថ្មីម្តងហើយម្តងទៀត លោក ហ្សេលិនស្គី ទាមទារជំនួយគ្រឿងសព្វាវុធដើម្បីយកទៅច្បាំងទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
«វិនិយោគទុនវិស័យថាមពលស្អាត»
ចំពោះសហភាព វិស័យថាមពល ជាចំណោមបញ្ហាចម្បងមួយ ហើយក៏វាដរចេញកាន់តែខ្លាំងពីវិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ម្យ៉ាងទៀត គឺក្នុងបរិបទថ្មី ដែលពិភពលោក កំពុងតែប្រឈមខ្លាំងនឹងការប្រែប្រួលអាកាសធាតុ ហើយបណ្តារដ្ឋនីមួយៗបង្កើនស្មារតីយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ដែលគេត្រូវគិតគូររកមធ្យោបាយថាមពលថ្មី ដែលស្អាត អាចកកើតឡើងវិញ និងជះឥទ្ធិពលអាក្រក់តិតតួចចំពោះអាកាសធាតុភពផែនដី។
និយាយឲ្យខ្លី ត្រឹមរង្វង់សហភាពអឺរ៉ុប។ ជាង៣០ឆ្នាំមុន នៅពេលដែលអង់គ្លេសនៅជារដ្ឋសមាជិកសហភាពអឺរ៉ុប នាយករដ្ឋមន្ត្រីអង់គ្លេសកាន់នោះ អ្នកស្រី Margaret Thatcher បានកែទម្រង់វិស័យថាមពល ដោយផ្តើមងាកចេញពីវិស័យធ្យូងថ្ម ហើយបែរមករកថាមពលឧស្ម័ន។ គ្រានោះ ប្រទេសអឺរ៉ុប ក៏នាំគ្នានាំចូលឧស្ម័នពីសមុទ្រខាងជើង ពីក្រុមប្រទេសស្កង់ដីណាវ ពីប្រទេសអាហ្វ្រិក និងជាពិសេសពី រុស្ស៊ី ជាដើម។ នៅគ្រានេះ រុស្ស៊ី បានបើកប្រតិបត្តិសឹកច្បាំងឈ្លានពានអ៊ុយក្រែន ដែលតម្រូវឲ្យប្រទេសអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ជៀសវៀងមិនទិញប្រេងនិងឧស្ម័នពីរុស្ស៊ី។ ហេតុនេះក៏បង្កការលំបាកឲ្យអឺរ៉ូបខ្លួនឯងដែរ ដែលប្រទេសអឺរ៉ុបត្រូវរកប្រភពថាមពលថ្មី ដែលអាចផ្តល់ឯករាជ្យស្វ័យតភាព មាននិរន្តរភាព និងផ្នែកថាមពលគិតគូរដល់បរិស្ថានផង។
អាស្រ័យហេតុនេះ កាលពី១០ថ្ងៃមុន សហភាពអឺរ៉ុប បានធ្វើពង្រាងច្បាប់មួយស្តីពីវិស័យថាមពល ដែលត្រូវថ្នាក់ដឹកនាំប្រទេសនីមួយៗ ជជែកតស៊ូមតិគ្នា។ អ្នកតំណាងប្រទេសបារាំងនិងមេដឹកនាំរដ្ឋសមាជិក ប្រមាណជាជាង ១០ ប្រទេស គឺ មូលមាត់ឯកភាពយល់ព្រម ចង់ឲ្យវិនិយោគទុនកាន់តែខ្លាំង និងកាន់តែច្រើនទៅលើឧស្សាហកម្មវិស័យថាមពលបរមាណូ។ ដ្បិតពីព្រោះតែពួកគេយល់ឃើញថា ប្រភពថាមពលពលនុយក្លេអ៊ែរ «ស្អាត» «មិនបញ្ចេញផ្សែងពុលឧស្ម័នកាបូនិកបំផ្លាញបរិស្ថានបង្កឲ្យបង្កើនកម្តៅផែនដី» ដែលជារួម ពួកគេចាត់ទុកថា ជា«ប្រភពថាមពលអាចកកើតឡើងវិញ» ហើយរួមចំណែក«កាត់បន្ថយការបញ្ចេញឧស្ម័នដែលធ្វើឲ្យកើនកម្តៅផែនដី«។ ផ្ទុយទៅវិញ គំនិតនេះ ត្រូវបណ្តាក្រុមនយោបាយបរិស្ថាននិយម នៅអឺរ៉ុប រិះគន់យ៉ាងចាស់ដៃ ហើយក្រុមប្រទេសផ្សេងទៀត ដែលដឹកនាំមុខគេ ដោយ អាល្លឺម៉ង់ គឺមិនយល់ស្របទាល់តែសោះ ក្នុងការពឹងផ្អែកលើថាមពលនុយក្លេអ៊ែរ។
ស្ហុលស៍ ៖ «នុយក្លេអ៊ែរ ជាថាមពលស្អាត និងកកើតឡើងវិញ គឺខុសស្រឡះ»
បណ្តាក្រុមប្រទេសដែលមិនយល់ស្របចំពោះការងាកទៅរំពឹងលើបរមាណូដើម្បីចម្រាញ់ថាមពល គឺមាន អាល្លឺម៉ង់ លុចសំបួរ ដាណឺម៉ាក់ អេស្ប៉ាញ និង អូទ្រីស ជាដើម។ ចំពោះអាល្លឺម៉ង់ (និងបារាំង) ជាប្រទេសក្បាលម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេមួយសំខាន់របស់ក្នុងរង្វង់សហភាពអឺរ៉ុប។ ប្រសិនបើរំឮកពេលខ្លី គឺ ៣ឆ្នាំមុន អាល្លឺម៉ង់ តាមរយៈរដ្ឋមន្ត្រីបរិស្ថាន គឺបានថ្លែងគោលចំហរថា «បេសកម្មរបស់រដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺលុបបំបាត់ថាមពលនុយក្លេអ៊ែរ »។ ពេលនេះទៀត គឺរដ្ឋបាលក្រុងប៊ែរឡាំងនៅតែរក្សាប្រកាន់ជំហរដដែល។ នៅក្នុងឱកាសកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ មានប្រសាសន៍បញ្ជាក់ថា «គំនិតដែលយល់ថា ថាមពលនុយក្លេអ៊ែរ ជាថាមពលស្អាត ជាថាមពលកកើតឡើងវិញ គឺការយល់ខុសស្រឡះតែម្តង»។
មានហេតុផលជាច្រើននៅពីក្រោយជំហររបស់ប្រទេសដែលមិនចង់ឲ្យវិនិយោគទុនលើនុយក្លេអ៊ែរ។ ទី១ គឺដូចអធិបតីអាម្លឺម៉ង់បញ្ជាក់ស្រាប់ ហើយនិងមានបញ្ហាកាកសំណល់នុយក្លេអ៊ែរដែលត្រូវយកចិត្តទុកដាក់ខ្ពស់។ ទី២ នេះជាការប្រឡែងជាមួយភ្លើង ច្បាស់ជារលាក ឧទាហរណ៍ ជាក់ស្កែងករណីគ្រោះថ្នាក់នៅរោងចក្រផលិតថាមពលនុយក្លែរអ៊ែរ នៅ Fukushima ឬនៅ Chernobyl ។ ហេតុផលមួយទៀត ដែល អ្នកវិភាគខាងថាមពលនៅអឺរ៉ុប សម្លឹងឃើញ គឺថា ការផលិតថាមពលនុយក្លែរអ៊ែរ ជាការវិនិយោគរយៈពេលវែងឆ្ងាយ ហើយត្រូវចំណាយលុយកាក់ច្រើនណាស់ រួមទាំងប្រព័ន្ធបច្ចេកវិទ្យាក៏ទំនើបផុតលេខដែរ ដើម្បីបញ្ជៀសហានិយភ័យ។ ដែលចំណុចនេះ គឺអាល្លឺម៉ង់មិនចង់ធ្វើទេ ដ្បិតអាល្លឺម៉ង់ចង់វិនិយោគតិច ហើយបានផលទាន់ចិត្ត ក្នុងរយៈពេលខ្លីផង។
ក្រុមប្រទេសដែលនៅឈរខាងអាល្លឺម៉ង់ យល់ឃើញបែបនេះ និង ឲ្យយោបល់ពីការផលិតថាមពល«កាបូនសំយោគ» សំយោគពីអ៊ីដ្រូសែននិងកាបូនិក ហើយនិងចម្រាញ់ថាមពលពីកាក់សំណល់កសិកម្ម សំរាម និងសំណល់ប្រេង ជាដើម។ ទន្ទឹមនេះ ត្រូវទាញយកថាមពល ខ្យល់ និងពន្លឺព្រះអាទិត្យ។
ពង្រាងច្បាប់របស់សហភាព នឹងគិតគូរពីការឧបត្ថម្ភធន ផ្តល់ជំនួយលុយកាក់ចំពោះការវិនិយោគទុនទៅវិស័យផលិតថាមពលស្អាត។ ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បញ្ជាក់ថា គម្រោងដែលគ្មានផ្តល់ផលប៉ះពាល់ បញ្ចេញផ្សែងពុល បង្កឲ្យកើនកម្តៅផែនដី ដែលនឹងត្រូវទទួលការឧបត្ថម្ភជំនួយ។ ដោយឡែក ការវិនិយោគទុនលើថាមពល«នុយក្លេអ៊ែរ» គឺទាល់តែមានការធានាបញ្ជាក់ពីសុវត្ថិភាពបំផុត ទើបអាចបានជំនួយខ្លះ ប៉ុន្តែនឹងមិនទទួលបានជំនួយជាទូទៅទេ៕
24-3-2023 • 6 minuten, 47 seconden ក្រោយការអនុម័តច្បាប់កំណែទម្រង់សោធននិវត្តន៍ បារ ាំងធ្វើបាតុកម្មកាន់តែខ្លាំង
នៅថ្ងៃព្រហស្បតិ៍ទី ២៣មីនា២០២៣នេះ ក្រុមសហជីពបារាំងបានប្រកូកប្រកាសធ្វើបាតុកម្មនិងកូដកម្មជាថ្មី ទូទាំងប្រទេសជាលើកទី៩ ដើម្បីប្រឆាំងនឹងកំណែទម្រង់ច្បាប់សោធននិវត្តន៍។ អនុម័តកាលពីថ្ងៃចន្ទទី ២០មីនា ដោយមិនឆ្លងកាត់ការបោះឆ្នោតនៅសភា ច្បាប់សោធនិវត្តន៍នេះ នឹងត្រូវដាក់ឲ្យឆ្លងកាត់ក្រុមប្រឹក្សាធម្មនុញ្ញ។ ហេតុអ្វីត្រូវឆ្លងកាត់ក្រុមប្រឹក្សាធម្មនុញ្ញ ? តើក្រុមប្រឹក្សាអាចនឹងអារកាត់សេចក្តីយ៉ាងណា ?
ក្រោមការអំពាវនាវរបស់សហជីព និងបក្សប្រឆាំង ចលនាបាតុកម្មប្រឆាំងនឹងច្បាប់កំណែទម្រង់សោធននិវត្តន៍ មិនថមថយទេ ! ថ្ងៃនេះ ចរាចរណ៍ដឹកជញ្ជូនសាធារណៈក្នុងរដ្ឋធានីប៉ារីស និងខេត្តក្រុងទូទាំងប្រទេស មានការរអាក់រអួលយ៉ាងខ្លាំង។ បណ្តាញខ្សែរថភ្លើងល្បឿនលឿន ព្រមទាំងខ្សែរថភ្លើងឆ្លងស្រុក មានដំណើរការប្រមាណតែមួយភាគបី។ ការហោះហើរក្នុងតំបន់ ត្រូវលុបចោលប្រមាណ៣០%។ ស្ថានីយ៍រថភ្លើង ចំណតរថយន្តក្រុង អាកាសយានដ្ឋាន ផ្លូវថ្នល់ ផ្លូវដែក ... រងការរារាំង និងបិទខ្ទប់ ដោយអន្លើ ពីសំណាក់បាតុករ។ សាលារៀនមួយចំនួនក៏ត្រូវបិទ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មានភារៈផ្តល់ព័ត៌មាន មិនធ្វើកូដកម្មទេ ប៉ុន្តែលើកនេះកាសែតធំៗបារាំងមួយចំនួនដូចយ៉ាង កាសែត LEMONDE បានប្រកាសផ្អាកការផ្សាយមួយព្រឹក។ ទាំងនេះសឱ្យឃើញអំពីទំហំនៃចលនាប្រឆាំង។
បន្ទាប់ពីច្បាប់ត្រូវបានអនុម័តដោយមិនឆ្លងកាត់ការបោះឆ្នោតនៅសភានៅថ្ងៃទី ចន្ទទី ២០មីនាមក បាតុកម្មរប៉េះរបោះកើតមានជារៀងរាល់ថ្ងៃ ប៉ុន្តែថ្ងៃនេះ ជាបាតុកម្មធំខ្លាំងលើកទីមួយ ក្រោយការអនុម័តច្បាប់និង បន្ទាប់ពីប្រធានាធិបតី បានផ្តល់បទសម្ភាសន៍ពន្យល់តាមកញ្ចក់ទូរទស្សន៍ជាតិ កាលពីថ្ងៃអង្គារម្សិលមិញ។ ចលនាប្រឆាំងកាន់តែខឹង និងកំពុងនាំគ្នាបាតុកម្មយ៉ាងធំនេះ ក៏ព្រោះយល់ថារដ្ឋាភិបាលលោកស្រីនាយករដ្ឋមន្ត្រី អេលីហ្សាប៊ែត ប៊ន ដែលបានរួចផុតពីញាត្តិចាប់ថ្នាក់ ប្រើមាត្រា៤៩,៣ ច្រើនជ្រុល ដើម្បីអនុម័តច្បាប់ចូលនិវត្តន៍ ប្រៀបដូចជាការបំបិទសិទ្ធិប្រជាធិបតេយ្យ។ ខឹងប្រធានាធិបតីម៉ាក្រុង ដែលនៅក្នុងបទសម្ភាសន៍ លោកបានបង្ហាញភាពមានៈរបស់លោក ដោយសុខចិត្តអាប់ប្រជាប្រិយភាពឱ្យតែច្បាប់ដ៏សំខាន់និងចាំបាច់នេះបានចូលជាធរមានយ៉ាងយូរនៅចុងឆ្នាំ។ រដ្ឋាភិបាលបានថែមទាំងសម្រេចបញ្ចូនច្បាប់នេះទៅឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យលម្អិតទៀត។
តើក្រុមប្រឹក្សាធម្មនុញ្ញ អាចនឹងសម្រេចយ៉ាងណា ?
វាជាការកម្រណាស់ ដែលនាយករដ្ឋមន្ត្រីយកច្បាប់អនុម័តហើយទៅឆ្លងកាត់យោបល់របស់ក្រុមប្រឹក្សាធម្មនុញ្ញនោះ តែប្រឈមនឹងកម្លាំងប្រឆាំងបែបនេះ រដ្ឋាភិបាលចង់បញ្ជាក់អំពីភាពត្រឹមត្រូវរបស់ខ្លួន ដោយបញ្ជូនច្បាប់ទៅឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យលម្អិត ដោយផ្ទាល់តែម្តងដូច្នេះ។
មានអំណាចកំពូល សម្រេចហើយគ្មានអ្វីតវ៉ាទៀតបាន តាមធម្មតា ក្រុមប្រឹក្សាមានពេល១ខែ ក្នុងការផ្តល់សេចក្តីសម្រេច ថាច្បាប់កំណែទម្រង់សោធននិវត្តន៍ របស់រដ្ឋាភិបាលពិតជាត្រឹមត្រូវ ឬយ៉ាងណា។ តែក្រុមប្រឹក្សាក៏អាចផ្តល់ចម្លើយ នៅត្រឹម៨ថ្ងៃ ប្រសិនបើរដ្ឋាភិបាលស្នើសុំឱ្យធ្វើការត្រួតពិនិត្យបន្ទាន់។ យោលទៅលើភាពសំខាន់នៃច្បាប់ចំពោះសង្គម ក្រុមប្រឹក្សាធម្មនុញ្ញដែលមានសមាជិក៨នាក់និង ប្រធានម្នាក់(លោកឡូរ៉ង់ហ្វាប៊ីយូស) ច្បាស់ជាបាន សិក្សា និងមានចម្លើយសម្រាប់គម្រោងកំណែទម្រង់ច្បាប់នេះខ្លះរួចទៅហើយ។ ក្រុមប្រឹក្សានឹងផ្តល់ចម្លើយនៅរវាងបីសប្តាហ៍ខាងមុខ។
តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៨ ក្រុមប្រឹក្សាធម្មនុញ្ញបំពេញការងារប្រកបសុក្រិត្យភាពបំផុត សម្រេចហាមឃាត់តែវិធានការថវិកាណាដែលនៅក្រៅរង្វង់ច្បាប់តែប៉ុណ្ណោះ។ ក្រុមប្រឹក្សាកម្រនឹងជំទាស់ ឬចេញបម្រាមប្រឆាំងទាំងស្រុងនឹងគម្រោងច្បាប់របស់រដ្ឋាភិបាលណាស់។ ពេញមួយរបបសាធារណរដ្ឋទី៥នេះ គឺមានតែម្តងគត់នៅឆ្នាំ១៩៧៩ប្រឆាំងនឹងច្បាប់ថវិកា និងម្តងទៀតនៅឆ្នាំ២០២១ ប្រឆាំងនឹងច្បាប់ទីលំនៅ។ សម្រាប់ច្បាប់កំណែទម្រង់សោធននិវត្តន៍នេះ ដែលរដ្ឋាភិបាលបង្ហាញក្នុងទម្រង់ជាច្បាប់កំណែទម្រង់ថវិកាផ្នែកធានារ៉ាប់រងសង្គមឆ្នាំ២០២៣ មិនផ្ទុយនឹងរដ្ឋធម្មនុញ្ញឡើយ។ ដូច្នេះក្រុមប្រឹក្សា ទំនងជានឹងមិនបញ្ចេញយោបល់ប្រឆាំងទេ។ បើមានគឺត្រឹមជំទាស់លើផ្នែកខ្លះនៃវិធានការ ទាក់ទងនឹងសន្ទទស្សន៍របបការងារមនុស្សចាស់ចាប់ពីអាយុ៥៥ឆ្នាំប៉ុណ្ណោះ។ បើមានការជំទាស់ផ្នែកណានោះគេត្រូវការធ្វើច្បាប់ទីពីរមកភ្ជាប់បញ្ចូល។
ប្រជាមតិ ?
ទន្ទឹមនឹងការសិក្សាសំណើរបស់រដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញក៏បានទទួលបណ្តឹងពីបក្សប្រឆាំងដែរ។ សមាជិកសភានិងព្រឹទ្ធសភាខាងបក្សប្រឆាំងចំនួន២៥០រូប បានស្នើសុំឱ្យមានដំណើរបែបបទប្រជាមតិជុំវិញការកំណត់អាយុចូលនិវត្តន៍ត្រឹមអាយុ៦២ឆ្នាំ។ ក្រុមប្រឹក្សាធម្មនុញ្ញ មានពេលមួយខែដែរ ក្នុងការផ្តល់សេចក្តីសម្រេចថាសំណើនេះសមរម្យគួរទទួលយកឬយ៉ាងណានោះ។ ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញយល់ព្រម នោះក្នុងរយៈពេល៩ខែ គេត្រូវប្រមូលហត្ថលេខារបស់ប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោត ឱ្យបានយ៉ាងហោច១០% ពោលគឺស្មើនឹងប្រមាណ៤,៨លាននាក់។
ប៉ុន្តែតាំងពីចូលជាធរមាននៅឆ្នាំ២០០៨ ច្បាប់ធ្វើប្រជាមតិលើគម្រោងអ្វីមួយ មិនដែលចេញរួចទេ ព្រោះមិនដែលប្រមូលសំឡេងអប្បបរិមាបាន។ នេះបើតាមកំណត់សម្គាល់របស់ក្រុមប្រឹក្សាធម្មនុញ្ញ៕
23-3-2023 • 6 minuten, 15 seconden អ.ស.ប. ទាញសញ្ញាអាសន្នពី “វិបត្តិខ្វះទឹកក្នុងពិភពលោក” តាមរយៈសន្និសីទអន្តរជាតិស្តីពីទឹក
ថ្ងៃទី២២មីនា គឺជាទិវាទឹកពិភពលោក។ ទឹកគឺជាប្រភពមិនអាចខ្វះបាន សម្រាប់ជីវិតមនុស្ស សត្វ និងរុក្ខជាតិនៅលើភពផែនដីយើង។ តែធនធានទឹក កំពុងតែជួបនូវភាពហិនហោច។ អង្គការសហប្រជាជាតិ ទើបតែបានចេញរបាយការណ៍មួយ ទាញសញ្ញាអាសន្ន ស្តីអំពីបញ្ហាខ្វះទឹកប្រើប្រាស់ ដែលកំពុងតែចោទខ្លាំងឡើងៗ នៅទូទាំងពិភពលោកយើង។ ១០%នៃមនុស្សលើផែនដី រងសំពាធខ្លាំងណាស់ ដោយសារបញ្ហាគ្មានទឹកស្អាតប្រើប្រាស់។ គឺនៅក្នុងបរិបទនេះហើយ អង្គការសហប្រជាជាតិបានបើកសន្និសីទអន្តរជាតិមួយ ស្តីពីទឹក ចាប់ពីថ្ងៃទី២២មីនា នៅឯទីស្នាក់ការទីក្រុងញូយ៉ក។
យោងតាមរបាយការណ៍អង្គការសហប្រជាជាតិ ស្តីពីធនធានទឹក ដែលចេញផ្សាយនៅព្រឹកថ្ងៃទី២២មីនានេះ គឺយ៉ាងហោចណាស់ មនុស្សចំនួន ២៣០០លាននាក់ នៅទូទាំងពិភពលោកយើង ដែលកំពុងរស់នៅតាមប្រទេសដែលមានសំពាធដ៏លំបាក ដោយសារតែបញ្ហាគ្មានទឹកប្រើប្រាស់។ ហើយចំនួន២ពាន់លាននាក់ គឺគ្មានទឹកស្អាតប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃទេ។ ហើយយោងតាមរបាយការណ៍ចុងក្រោយរបស់អ្នកជំនាញអាកាសធាតុ នៃអង្គការសហប្រជាជាតិ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ ទី២០មីនា គឺយ៉ាងហោចណាស់ មនុស្សចំនួនពាក់កណ្តាល ដែលរស់នៅលើផែនដី បានរងនូវបញ្ហាខ្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរ ក្នុងរយៈពេលណាមួយជារៀងរាល់ឆ្នាំ។
កាន់តែក្រីក្រ កាន់តែប្រឈមខ្លាំងដោយបញ្ហាខ្វះទឹកស្អាត
លោក Richard Connor អ្នកជំនាញនិងជាសមាជិកម្នាក់សរសេររបាយការណ៍ បានលើកឡើងថា បញ្ហាខ្វះទឹកប្រើប្រាស់នេះ វាបានរំលេចឲ្យឃើញផងដែរ នូវគម្លាតគ្នា រវាងអ្នកមាននិងអ្នកក្រ មិនថាស្រុកណាឬស្រុកណាទេ។ អ្នកដែលមានជីវភាពធូរធា អ្នកនោះអាចមានទឹកប្រើប្រាស់។ ផ្ទុយទៅវិញ បើមនុស្សនោះកាន់តែក្រីក្រ គឺអ្នកនោះ កាន់តែប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់ កុំថាឡើយដល់ទៅទឹកស្អាតសម្រាប់បរិភោគ។
បញ្ហាមិនមែនស្ថិតនៅតែលើការខ្វះទឹកមួយមុខទេ បញ្ហាដ៏ធំមួយទៀត គឺបញ្ហាប្រភពទឹកត្រូវបំពុល ធ្វើឲ្យកម្រិតចំនួនទឹកស្អាត កាន់តែរួញខើចសម្រាប់មនុស្ស។ ការខ្វះប្រព័ន្ធចម្រុះ បន្សុតទឹកស្អាត គ្មានបណ្តាញលូ ប្រព័ន្ធប្រឡាយទឹកត្រឹមត្រូវ គឺជាកត្តាមួយបំពុលទៅដល់ប្រភពទឹក។ លើផែនដីយើងនេះ មនុស្សយ៉ាងហោច ២ពាន់លាននាក់ បរិភោគទឹកដែលមិនស្អាតបរិសុទ្ធ ទឹកដែលប្រឡាក់លាយឡំជាមួយលាមក មេរោគ បាក់តេរីផ្សេងៗ ដែលធ្វើឲ្យពួកគេប្រឈមនឹងជម្ងឺដង្កាត់ច្រើនយ៉ាងណាស់ ដូចជាជំងឺអាសន្នរោគ ជំងឺគ្រុនសន្ធំ ទីហ្វូអ៊ីដ ជំងឺប៉ូលីយ៉ូ ដែលធ្វើឲ្យខូចខួរឆ្អឹងខ្នង ដែលយើងហៅជាទូទៅថា ជំងឺស្វិតដៃជើងជាដើម។ ជំងឺទាំងអស់នេះ គឺសុទ្ធតែឆ្លងតាមរយៈការបរិភោគទឹកក្រខ្វក់។
ក្រៅពីនេះ ប្រភពទឹក អាចត្រូវបំពុលដោយសារធាតុពុលផ្សេងៗទៀត ដែលមានដូចជា សារធាតុគីមី ផលិតផលឱសថ ថ្នាំសម្លាប់សត្វល្អិត កំទេចប្លាស្ទិក និងល្អងលោហៈធាតុ ជាច្រើនមុខទៀត។ ទាំងអស់នេះ គឺវាចូលរួមធ្វើឲ្យមនុស្សមានបញ្ហាសុខភាព ហើយដែលអ្នកក្រ កាន់តែប្រឈមគ្រោះថ្នាក់ ព្រោះអ្នកក្រគ្មានលទ្ធភាពទទួលបានទឹកស្អាតបរិភោគ។ លោក Richard Connor បានទាញសញ្ញាអាសន្នថា បើនៅតែបែបនេះ ចំនួនមនុស្សដែលមិនអាចទទួលបាននូវសេវារំដោះទឹកក្រខ្វក់ឲ្យបានត្រឹមត្រូវ ពិតជាកើនចំនួន ពី៤០ ទៅ៥០%នៃចំនួនមនុស្សលើផែនដី ហើយ២០ទៅ ២៥% នឹងគ្មានទឹកស្អាតបរិភោគទេ ទៅថ្ងៃមុខ។
“មនុស្សដើរលើផ្លូវ ដែលគ្រោះថា្នក់ដល់អាយុជីវិតខ្លួនឯង”
មនុស្សយើងត្រូវការទឹកសម្រាប់រស់ តែផ្ទុយទៅវិញ គឺមនុស្សយើងដែលជាអ្នកបំផ្លាញប្រភពជីវិតខ្លួនឯង។ ការបំផ្លាញមានច្រើនរូបភាព ដែលភាគច្រើនគឺវាឆ្លុះបញ្ចាំងពី ភាពអត្មានិយមគិតតែប្រយោជន៍ខ្លួន ដោយភ្លេចគិតថា ទឹកជាសម្បត្តិរួមរបស់មនុស្សគ្រប់គ្នា។ ក្នុងរវាង៤០ឆ្នាំចុងក្រោយនេះ តម្រូវការទឹកនៅទូទាំងពិភពលោក បានកើនឡើង១%ជារៀងរាល់ឆ្នាំ។ តំបន់អាស៊ីខាងកើត និងតំបន់អាមេរិកខាងត្បូង ដែលកន្លងមកមិនដែលជួបបញ្ហាខ្វះទឹក ពេលនេះក៏ចាប់ផ្តើមជួបបញ្ហានេះបណ្តើៗដែរ។
លោកអគ្គលេខាធិការនៃអង្គកាសហប្រជាជាតិ បានថ្លែងថា មនុស្សលោកយើងបច្ចុប្បន្ននេះ កំពុងតែដើរឆ្ពោះទៅកាន់ផ្លូវដ៏គ្រោះថ្នាក់ សម្រាប់អាយុជីវិតខ្លួនឯង។ ចំនួនមនុស្សកាន់តែច្រើនលើផែនដី តែចំនួនធនធានទឹកវិញ កាន់តែចុះថយ។ ការប្រើប្រាស់ទឹកលើសចំណុះ លើសតម្រូវការ ដោយការខ្ជះខ្ជាយរបស់មនុស្សម្នាក់ៗ ដោយគ្មានការទទួលខុសត្រូវ។ ការអភិវឌ្ឍន៍ ឬក៏សកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដែលត្រូវការប្រើទឹកច្រើនហួសប្រមាណ ក៏ជាកត្តាចូលរួមធ្វើឲ្យទឹកកាន់តែខ្វះ សម្រាប់ទ្រទ្រង់ជីវិតមនុស្ស។
បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យបាត់បង់តុល្យភាពនៃធនធានទឹក។ ទីកន្លែងខ្លះទឹកជំនន់ជន់ជោរ លិចលង់មួយរំពេច និងជាញឹកញាប់ ខណៈតំបន់ផ្សេងទៀត ស្ងួតប្រេះក្រហែងរកតែភ្លៀងមួយដំណក់គ្មាន។ គ្រោះរាំងស្ងួត គ្មានទឹកប្រើប្រាស់ វាមកបន្ថែមការលំបាកលំបិន ដល់ជីវិតមនុស្សរាប់សិបលាននាក់ ដែលមានជីវភាពក្រីក្រ ហើយធ្វើឲ្យពួកគេប្រឈមជារៀងរាល់ថ្ងៃ នូវគ្រោះទុរភិក្ខ គ្មានចំណីអាហារបរិភោគ។ ដល់ពេលហើយ ដែលមនុស្សយើងម្នាក់ៗ ត្រូវគិតថា ទឹកមួយដំណក់ដែលយើងបង្ហូរចាក់ចោលគ្មានស្តាយស្រណោះនោះ គឺវាមានតម្លៃសំខាន់ខ្លាំងកម្រិតណា សម្រាប់មនុស្សខ្លះ ដែលគ្នារកតែទឹកបរិភោគគ្មាន។ ដូច្នេះ ការសន្សំសំចៃ វាគឺជាអ្វីដែលមនុស្សយើងម្នាក់ៗ អាចចូលរួមបាន។
ឆ្នាំ២០៣០ មនុស្សពេញមួយពិភពលោកអាចមានទឹកស្អាតប្រើប្រាស់?
ក្នុងរយៈពេល២ថ្ងៃនេះ មនុស្សចំនួន ៦៥០០នាក់ នឹងចូលរួមនៅក្នុងសន្និសីទនៅទីក្រុងញូយ៉ក ដែលក្នុងនោះ គឺមានរដ្ឋមន្ត្រី និងប្រមុខរដ្ឋាភិបាលប្រទេសជាង១០០ចូលរួមដែរ។ គេសង្ឃឹមថា នៅក្នុងឱកាសន្និសីទនេះ គឺនឹងមានការឆ្វេងយល់ ការសន្យា ដើម្បីរៀបចំយន្តការ និងផែនការសកម្មភាពជាក់ស្តែង ឈានទៅការពារធនធានទឹក ឈានទៅរៀបចំឲ្យប្រជាជនដែលប្រឈម អាចទទួលបាននូវសេវាទឹកស្អាតប្រើប្រាស់។ បញ្ហាទឹកវាសំខាន់ណាស់ តែសន្និសីទអន្តរជាតិទ្រង់ទ្រាយធំស្តីពីទឹក គឺមិនដែលរៀបចំធ្វើទេ ប្រមាណ៤៦ឆ្នាំមកនេះ។ មានន័យថា ពិភពលោកទើបតែភ្ញាក់ខ្លួនទេ!
អង្គការសហប្រជាជាតិ បានដាក់ចុះនូវកម្មវត្ថុ កាលពីឆ្នាំ២០១៥ ថានៅរវាងឆ្នាំ២០៣០ នឹងធានាឲ្យប្រជាជនក្នុងពិភពលោកមានទឹកស្អាតប្រើប្រាស់។ កម្មវត្ថុដែលស្ថិតនៅឆ្ងាយខ្លាំងណាស់ សម្រាប់ពេលបច្ចុប្បន្ននេះ។ យោងតាមលោក Gilbert Houngbo ប្រធានផ្នែកទឹក នៃអង្គការសហប្រជាជាតិ បានលើកឡើងថា ដើម្បីសម្រេចកម្មវត្ថុនេះបាន គឺទាល់តែពិភពលោកយើង បង្កើនថវិកាវិនិយោគ ឲ្យបាន១គុណជា៣ឯណោះ នៅក្នុងវិស័យទឹកស្អាត។
អ្វីដែលគេរំពឹងរងចាំជាលទ្ធផលនៃសន្និសីទនេះ គឺការសន្យាជាក់ច្បាស់របស់ប្រទេសនីមួយៗ លើចំនុចមួយចំនួន ដូចជា ការអភិវឌ្ឍន៍រៀបចំបណ្តាញបង្ហូរទឹកក្រខ្វក់ឲ្យបានត្រឹមត្រូវ ដើម្បីការពារប្រភពទឹកស្អាត ការរៀបចំផែនការទប់ទល់ជាមួយទឹកជំនន់ និង គ្រោះរាំងស្ងួត ព្រមទាំងផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលការពារធនធានទឹក ប្រព័ន្ធជីវចម្រុះជាដើម។ កញ្ចប់ថវិកាស្រាវជ្រាវទៅលើទឹក ក៏ជាចំណុចសំខាន់ដែលគេរំពឹងរងចាំដែរ។
អង្គការក្រៅរដ្ឋាភិបាលធំៗមួយចំនួន ដូចជា WWF ជាដើម ក៏សង្ឃឹមថានឹងយកឱកាសសន្និសីទនេះ ដើម្បីដាក់សំពាធ ទាញសញ្ញាអាសន្នប្រាប់ទៅរដ្ឋាភិបាលប្រទេសនីមួយៗ ឲ្យចាប់ផ្តើមគិតគូរអភិរក្ស ការពារឲ្យបានជាក់ស្តែងនូវប្រភពទឹកសាប។ ការវិនិយោគ ដើម្បីការពារប្រភពទឹកសាប ពីនេះដល់ឆ្នាំ២០៣០ គឺត្រូវការមិនច្រើនប៉ុន្មានទេ ត្រឹមតែជាង១% នៃចំណូលដុលពិភពលោកប៉ុណ្ណោះ។ តែផ្ទុយទៅវិញ មនុស្សជាតិនឹងទទួលបានផលដ៏វិសេសវិសាលណាស់ តាមរយៈការវិនិយោគប្រភេទនេះ ព្រោះវានឹងជំរុញការរីកចម្រើន បង្កើនផលិតផលកសិកម្ម ហើយធ្វើឲ្យកត្តាជីវភាពការរស់នៅរបស់ប្រជាជនក្រីក្រ កាន់តែល្អប្រសើរឡើង។
ផែនការនយោបាយគ្រប់គ្រងធនធានទឹក ដោយការសហការគ្នា ប្រកបដោយការទទួលខុសត្រូវ រវាងប្រទេសមួយទៅប្រទេសមួយ វាក៏ជាប្រភពនៃការដោះស្រាយវិវាទ ភាពតានតឹងដែរ។ ប្រទេសជាច្រើន អាស្រ័យផលពីដងទន្លេ ឬប្រភពធនធានទឹកសាបរួមគ្នា។ ដូច្នេះវាគឺជារឿងចាំបាច់ ដែលត្រូវតែសហការគ្នា បោះបង់ចោលគំនិតអាត្មានិយម ដែលអាចឈានទៅបង្កជម្លោះវិវាទ៕
22-3-2023 • 8 minuten, 50 seconden លោកស៊ីជីនពីងនិងលោកពូទីនជួបគ្នាជាថ្មី នាយករដ ្ឋមន្ត្រីជប៉ុនទៅក្រុងកៀវ
បន្ទាប់ពីមានជំនួបក្រៅផ្លូវការមួយទល់នឹងមួយរយៈពេលជាងបួនម៉ោង កាលពីម្សិលមិញ នៅថ្ងៃអង្គារនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងសមភាគីលោក វ្លាដេមៀ ពូទីន ត្រូវបន្តជួបពិភាក្សាគ្នាទៀតជាលើកទីពីរ ក្នុងទម្រង់ផ្លូវការ នៅទីក្រុងមូស្គូ។ ទន្ទឹមគ្នានោះ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ត្រូវអញ្ជើញទៅដល់នៅទីក្រុងកៀវជាលើកទីមួយ ដើម្បីជួបលោកហ្សេឡេស្គី ប្រធានាធិបតីអ៊ុយក្រែន។
នៅថ្ងៃទីពីរនេះ ក្នុងជំនួបដែលមានទម្រង់ផ្លូវការជាងជំនួបម្សិលមិញ ប្រធានាធិបតីទាំងពីរ ត្រូវផ្តោតកិច្ចពិភាក្សា លើសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន ជាថ្មី ដោយចៀសមិនរួចឡើយ។ ប៉ុន្តែ នៅមានប្រធានបទសំខាន់ផ្សេងទៀត ដែលកំពុងរង់ចាំប្រមុខរដ្ឋទាំងពីរ គឺការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី ជាទូទៅផង និងរឹតចំណងវិស័យសេដ្ឋកិច្ចជាពិសេសទៀត។ មានកិច្ចព្រមព្រៀងជាច្រើននឹងត្រូវចុះហត្ថលេខា ក្នុងជំនួបរបស់ប្រធានាធិបតីទាំងពីរ មានជាអាទិ៍ សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីពីពេលនេះដល់ឆ្នាំ២០៣០។
ចិន-រុស្ស៊ី ទំនាក់ទំនងយុទ្ធសាស្ត្រ
លោកប្រធានាធិបតីចិន ស៊ីជីនពីង បានពន្យល់ថា ទស្សនកិច្ចរបស់លោកជាចម្លើយតបទៅនឹងប្រវត្តិសាស្ត្រ ព្រោះរុស្ស៊ីនិងចិនជាមហាអំណាចជាប់របងគ្នា និងជាដៃគូយុទ្ធសាស្ត្រលើគ្រប់កំរិត។ ទស្សនកិច្ចរបស់លោកស៊ីជីនពីងនៅមូស្គូ ប្រព្រឹត្តទៅចំពេលដែលរុស្ស៊ី កំពុងចង់តម្រែតម្រង់ទិសសេដ្ឋកិច្ចរបស់ខ្លួន ទៅរកប៉េកាំង ដើម្បីប្រឈមនឹងទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់បស្ចិមលោកប្រឆាំងនឹងរុស្ស៊ីដែពីបទធ្វើសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។
ជានិម្មិតរូបនៃការច្របាច់សេដ្ឋកិច្ច ចិនរុស្ស៊ីឱ្យកាន់តែស៊ីចង្វាក់គ្នា ក្រុមហ៊ុនហ្កាសរុស្ស៊ី Gazprom បានប្រកាសនៅថ្ងៃអង្គារនេះតែម្តង បញ្ជូនឧស្ម័នក្នុងបរិមាណដ៏ច្រើនបំផុត បំបែកឯតទគ្គកម្ម ទៅឱ្យចិន តាមប្រព័ន្ធបំពង់បង្ហូរឧស្ម័នឆ្លងព្រំដែន Force de Sibérie។
ជាងនេះទៅទៀត លោកប្រធានាធិបតីចិន ទំនងជានឹងអញ្ជើញប្រធានាធិបតីរុស្ស៊ី ឱ្យទៅបំពេញទស្សនកិច្ចនៅប៉េកាំង ក្នុងឆ្នាំនេះតែម្តង។ នេះសឱ្យឃើញថា ចិនមិនខ្វល់នឹងដីកាតាមចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដាក់ប្រឆាំងនឹងលោកពូទីនទេ។
ម្សិលមិញ ក្នុងការជួបពិភាក្សាគ្នាក្រៅផ្លូវការរយៈពេលជាងបួនម៉ោង ប្រមុខដឹកនាំទាំងពីរ ល្អូនល្អើននឹងគ្នាណាស់។ ចិនស្នើខ្លួនធ្វើជាអាជ្ញាកណ្តាល នាំភាគីជម្លោះឱ្យចូលតុចរចា តាមរយៈផែនការ១២ចំណុច ដែលលោកពូទីនព្រមទទួលយករីករាយ ហៅចិនថា “មិត្តជាទីស្នេហា” ផ្តល់សំណើដ៏ត្រឹមត្រូវ មានសមភាព តាមច្បាប់អន្តរជាតិ។
អាមេរិកអឺរ៉ុបបន្ថែមជំនួយយោធាដល់អ៊ុយក្រែន
ប៉ុន្តែ លោករដ្ឋមន្ត្រីការបរទេសអាមេរិក អង់តូនី ប្លីងកិន បានបញ្ចេញប្រតិកម្មភ្លាម អំពាវនាវមិនឱ្យពិភពលោកជឿលើសេចក្តីសម្រេចបែបតាកតិករបស់រុស្ស៊ី តាមសំណើរបស់ចិន ក្នុងការបង្កកសង្គ្រាមនៅអ៊ុយក្រែនទេ។ សង្គ្រាមបានបង្ខិតទំនាក់ទំនងចិននិងរុស្ស៊ី ឱ្យកាន់តែស្និទ្ធនឹងគ្នា។ សម្រាប់លោកអង់តូនី ប្លីងកិន អាមេរិកស្វាគមរាល់គ្រប់គំនិតផ្តួចផ្តើមផ្នែកការទូតដើម្បីសន្តិភាពជានិរន្តនិងប្រកបដោយសមធម៌ ប៉ុន្តែអាមេរិកសង្ស័យលើឆន្ទៈរបស់ចិន ក្នុងថែរក្សាបូរណភាពនិងអធិបតេយ្យភាពទាំងស្រុងឱ្យអ៊ុយក្រែន។
ជាសញ្ញានៃភាពមិនទុកចិត្ត ក្នុងពេលដែលលោកស៊ីជីនពីង កំពុងបំពេញទស្សនកិច្ចបែបគាំទ្រលោកពូទីន សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ក៏បានប្រកាសផ្តល់ជំនួយយោធាបន្ថែមទៀតដល់ក្រុងកៀវ។ ចំណែកលោកប្រធានាធិបតីអ៊ុយក្រែនផ្ទាល់ បានរក្សាជំហរប្រុងប្រយ័ត្នខ្លាំង ដោយសុំនិងជំរុញឱ្យលោកស៊ីជីនពីងប្រើឥទ្ធិពលរបស់ដាក់លើមូស្គូឱ្យបញ្ឈប់សង្គ្រាមឈ្លានពាន ព្រោះមូស្គូរំពឹងលើចិនខ្លាំងជាងចិនរំពឹងលើរុស្ស៊ី។
នាយករដ្ឋមន្ត្រីជប៉ុនទៅអ៊ុយក្រែន
ក្នុងពេលដែលចិនទៅគាំទ្ររុស្ស៊ីដល់ផ្ទះ ជប៉ុនក៏ត្រូវតែផ្តល់ការគោរព ចំពោះសេចក្តីក្លាហាននិងអំណត់តស៊ូរបស់ប្រជាពលរដ្ឋអ៊ុយក្រែន ដែលប្រឹងការពារមាតុប្រទេស តាមរយៈទស្សនកិច្ចដោយឥតប្រាប់មុនរបស់លោកនាយករដ្ឋមន្រ្តី គីស៊ីដា នៅថ្ងៃអង្គារនេះដែរ។ ជប៉ុនត្រូវតែបង្ហាញសាមគ្គីភាពនិងការគាំទ្រឥតងាករេដល់អ៊ុយក្រែន ក្នុងនាមប្រទេសជប៉ុនផង និងក្នុងនាមG៧ ដែលជប៉ុនជាប្រធានផ្លាស់វេនផងសម្រាប់ឆ្នាំនេះ។
តាមការពិត លោកនាយករដ្ឋមន្ត្រីជប៉ុនបានសិក្សាអំពីលទ្ធភាពធ្វើដំណើរមកអ៊ុយក្រែន តាំងពីជាយូរថ្ងៃខែមកហើយ។ នាយករដ្ឋមន្ត្រីជប៉ុន គឺជាប្រមុខដឹកនាំប្រទេសក្នុងក្រុមហ្សេ៧ តែគត់ដែលមិនទាន់បានធ្វើដំណើរទៅក្រុងកៀវ គិតចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅថ្ងៃទី ២៤កុម្ភៈឆ្នាំ២០២២មក។
ជាមួយក្រុមលោកខាងលិច ជប៉ុនបានចូលរួមដាក់ទណ្ឌកម្មរុស្ស៊ី និងបានផ្តល់ជំនួយដល់ក្រុងកៀវ។ កាលពីខែកុម្ភៈ ជប៉ុនបានប្រកាសផ្តល់ជំនួយថ្មីបន្ថែមទៀតចំនួន ៥៥០០លានដុល្លារ ទៅឱ្យអ៊ុយក្រែន។ តូក្យូបានបញ្ជូនសម្ភារៈបរិក្ខារការពារ និងទទួលយកពលរដ្ឋអ៊ុយក្រែនដែលចង់រត់គេចពីសង្គ្រាមទៀត។ ប៉ុន្តែជប៉ុនមិនបានផ្តល់ជំនួយយោធាទេ ព្រោះរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ប្រទេសមិនអនុញ្ញាត។
លោកគីស៊ីដា គឺជានាយករដ្ឋមន្ត្រីជប៉ុនដំបូងគេបង្អស់ដែលបានធ្វើដំណើរទៅកាន់តំបន់មានជម្លោះ (សង្គ្រាម) គិតចាប់តាំងពីសង្គ្រាមលោកលើកទីពីរបិទបញ្ចប់មក។ ហេតុដូច្នេះ ហើយបានជាអ៊ុយក្រែន ចាត់ទុកដំណើរមកដល់ក្រុងកៀវរបស់គីស៊ីដា ជាទស្សនកិច្ចជាប្រវត្តិសាស្ត្រ ដែលមានតម្លៃសាមគ្គីភាពដ៏ធំធេងណាស់៕
21-3-2023 • 6 minuten, 10 seconden ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅម៉ូស្គូ ក្រោមក្រ សែភ្នែកដ៏ប្រុងប្រយ័ត្នបំផុតរបស់អ៊ុយក្រែន
លោកប្រធានធិបតីចិន ស៊ី ជីនពីង បានទៅដល់ទីក្រុងម៉ូស្គូហើយ នៅរសៀលថ្ងៃចន្ទ ទី២០មីនានេះ។ ដំណើរទស្សនកិច្ចដែលកំពុងត្រូវគេរងចាំតាមដានបំផុត ជាពិសេស ពីភាគីអ៊ុយក្រែន ខណៈចិនកំពុងប្រឹងប្រែងធ្វើខ្លួនជាអាជ្ញាកណ្តាលដើម្បីដោះស្រាយបញ្ហា។ តែទន្ទឹមគ្នានេះ តាមរយៈទស្សនកិច្ចនេះ វាបានបង្ហាញពីភាពស្និទ្ធស្នាលនិងចំណងសម្ព័ន្ធភាព រវាងលោកស៊ី ជីនពីង និងលោកពូទីន ដែលកាន់តែរីកធំខ្លាំងក្លា ហើយដែលវាធ្វើឲ្យគេព្រួយបារម្ភ ព្រោះចិនអាចនឹងជួយទំនុកបម្រុងរុស្ស៊ី ក្រោមរូបភាពផ្សេងៗ ដើម្បីរួមគ្នាយកឈ្នះសង្គ្រាមជាមួយសម្ព័ន្តមិត្តលោកខាងលិច។
មើលចុះ រុស្ស៊ីមិនឯកាឯណា !
វត្តមានរបស់ប្រធានាធិបតីចិននៅម៉ូស្គូនាពេលនេះ វាគឺជាខ្យល់ដកដង្ហើម សប្បាយរសាយអារម្មណ៍ ល្អហួសពន់ពេកណាស់ សម្រាប់លោកពូទីន ដែលទើបតែត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ ប្រកាសចោទប្រកាន់ជាផ្លូវការ ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ ភាគីរុស្ស៊ី មិនត្រឹមតែមិនខ្វល់ មិនឲ្យតម្លៃលើការចោទប្រកាន់នេះប៉ុណ្ណោះទេ លោកឌីមីទ្រី ម៉េតវែដេវ អតីតប្រធានាធិបតីរុស្ស៊ី បានថែមទាំងគំរាមថា អគារតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ អាចនឹងរងគ្រាប់មីស៊ីលរបស់រុស្ស៊ីថែមទៀតផង។
បន្ថែមពីនេះ ដើម្បីបង្ហាញពីភាពក្រអឺតក្រទម ដោយមិនញញើតឬអៀនខ្មាសនោះ លោកពូទីន បានថែមទាំងធ្វើដំណើរទៅដល់ទីក្រុងម៉ារីយូប៉ូលរបស់អ៊ុយក្រែន កាលពីយប់ថ្ងៃសៅរ៍ ទីក្រុងដែលកងទ័ពខ្លួនបានទំលាក់គ្រាប់បែក ជញ្ជ្រុំខ្ទេចខ្ទីរអស់សឹងទាំងស្រុង។ ពីខាងភាគីអ៊ុយក្រែន ដំណើរទៅដល់ទាំងកណ្តាលអាធ្រាត្ររបស់លោកពូទីន នៅក្រុងម៉ារីយូប៉ូលនេះ គឺមិនខុសពីសកម្មភាពរបស់មេចោរ ដែលចេញធ្វើសកម្មភាពកណ្តាលយប់នោះទេ!
ជាង១ឆ្នាំមកនេះ ក្រោយពេលរុស្ស៊ីបានលើកទ័ព ចូលទៅធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន រុស្ស៊ីបានរងនូវទណ្ឌកម្មសេដ្ឋកិច្ច ព្រមទាំងការថ្កោលទោសជាបន្តបន្ទាប់ ពីសំណាក់ក្រុមប្រទេសលោកខាងលិច។ ចិនគឺជាមហាអំណាចដ៏កម្រមួយ ដែលមិនបានប្រកាសថ្កោលទោសរុស្ស៊ីទេ ហើយថែមទាំងមិនបានចូលរួមក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៀត។ ដូច្នេះ ទស្សនកិច្ចរបស់ស៊ី ជីនពីង នៅក្រុងម៉ូស្គូនាពេលនេះ វាមានតម្លៃជានិម្មិតរូបធំសម្បើមណាស់។ វាបញ្ជាក់ ពី “សម្ព័ន្ធភាពយុទ្ធសាស្ត្រដ៏ធំរឹងមាំនិងគ្មានទីបំផុត” រវាងចិននិងរុស្ស៊ី។ សម្ព័ន្ធភាពនេះ ត្រូវបានមេដឹកនាំទាំងពីរ បានប្រកាសរួមគ្នាកាលពីដើមឆ្នាំ២០២២ ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលរុស្ស៊ីលើកទ័ពចូលអ៊ុយក្រែន។
នៅថ្ងៃចន្ទនេះ កាសែតរុស្ស៊ី Rossiyskaya Gazeta បានចុះផ្សាយអត្ថបទមួយ សេរសេរអំពីការលើកឡើងរបស់លោក ស៊ី ជីនពីង ដែលចាត់ទុកថា ទស្សនកិច្ចរបស់ខ្លួននៅម៉ូស្គូនៅពេលនេះ គឺជា “ទស្សនកិច្ចមិត្តភាព សហប្រតិបត្តិការ និងសន្តិភាព”។ លោកស៊ី ជីនពីង សង្កត់បន្ថែមថា គាត់ទន្ទឹងចង់បានឆាប់ៗបំផុត ឲ្យប្រទេសទាំង២ចាប់ដៃគ្នាដើរឆ្ពោះទៅទស្សនវិស័យថ្មី នៃចំណងសហប្រតិបត្តិការទ្វេភាគី។
“សម្ព័ន្ធភាពយុទ្ធសាស្ត្រដ៏រឹងមាំ និងគ្មានទីបំផុត”
តាមការគ្រោងទុក លោកស៊ី ជីនពីង និងលោកពូទីន នឹងជួបនិយាយគ្នា ជាលក្ខណៈក្រៅផ្លូវការមួយភ្លែតនៅល្ងាចនេះ មុននឹងពិសារភោជនីយអាហារជុំគ្នា។ គឺនៅថ្ងៃអង្គារស្អែក ដែលនឹងមានជំនួបទ្វេភាគីជាលក្ខណៈផ្លូវការ។ នេះបើផ្អែកតាមលោក Iouri Ouchakov ទីប្រឹក្សាផ្នែកការទូតរបស់វិមានក្រេមឡាំង។ ប្រភពដដែលនេះ អះអាងទៀតថា មេដឹកនាំទាំង២ នឹងចុះហត្ថលេខារួមគ្នា លើសេចក្តីប្រកាសរួមមួយ ស្តីអំពីការរឹតចំណងសហប្រតិបត្តិការយុទ្ធសាស្ត្រ ឲ្យកាន់តែស៊ីជំរៅ។ បន្ថែមពីនេះ នឹងមានឯកសារមួយស្តីអំពី សហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ពីនេះដល់ឆ្នាំ២០៣០ ថែមទៀតផង។
ជាការពិតណាស់ ភាគីអ៊ុយក្រែន មិនខុសពីក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច តាមដានខ្លាំងណាស់លើទស្សនកិច្ចនេះ ព្រោះគេចង់ដឹងថាចិន នឹងធ្វើអ្វីជាមួយរុស្ស៊ី។ យ៉ាងណាក៏ដោយ ភាគីអ៊ុយក្រែន មានការប្រុងប្រយ័ត្នមាត់ណាស់ មិនធ្វើប្រតិកម្ម អត្ថាធិប្បាយអ្វីច្រើនទេ បើទោះបីជាគ្រប់គ្នាឃើញថា ចិនបង្ហាញជំហរគាំទ្ររុស្ស៊ីកាន់តែខ្លាំងក៏ដោយ។ មន្ត្រីអ៊ុយក្រែន តមមាត់សុខចិត្តនៅស្ងាត់សិនពេលនេះ ព្រោះភាគីអ៊ុយក្រែនទំនងជាចង់ទុកមុខឲ្យចិន មិនចង់ឲ្យចិនទើសចិត្តនឹងខ្លួនកាន់តែខ្លាំង។ ថាមិនត្រូវទៅថ្ងៃមុន ចិនអាចដើរតួនាទីសំខាន់សម្រាប់ជួយអ៊ុយក្រែនក៏ថាបាន ព្រោះថាមានតែចិនទេ ដែលអាចមានទំងន់ខ្លះ ដើម្បីនិយាយជាមួយលោកពូទីនបាន។
CIA លើកឡើងថាចិន អាចនឹងផ្តល់អាវុធឲ្យអ៊ុយក្រែន
ពាក់ព័ន្ធនឹងដំណឹងអះអាងថា ចិនអាចនឹងផ្តល់ជាអាវុធទៅឲ្យរុស្ស៊ី ដែលអាចមានដូចជាគ្រាប់កាំភ្លើង ព្រមទាំងយានដ្រូននោះ វាគឺជាការអះអាងរបស់ CIA អាមេរិក ដែលភាគីចិន គេបានប្រកែកជានិច្ច។ ចង់ឬមិនចង់ ភាពគួរឲ្យទុកចិត្តរបស់CIA នេះ ត្រូវបានមតិមួយចំនួន គេនៅស្ទាក់ស្ទើខ្លាំងណាស់ថាមិនត្រូវជឿទេ ព្រោះថាCIAអាមេរិក ក៏ធ្លាប់អះអាងថាអ៊ីរ៉ាក់មានអាវុធប្រល័យលោកដែរ មុននឹងចូលធ្វើសង្គ្រាមទំលាក់របបសាដាមហ៊ូសេន តែធាតុពិតរកអាវុធនោះមិនឃើញទេ។ តែជាមួយគ្នានេះ ចិនក៏អាចលេងស្នៀតក្រោយខ្នង ប្រកែកខាងមុខ តែដៃហុចខាងក្រោយក៏បានដែរ។ មានប្រភពជាច្រើន បានលើកឡើងថា ធាតុពិតទៅ ប្រមាណ១ឆ្នាំមកនេះ ចិនបានជួយរុស្ស៊ីរួចទៅហើយ នូវសម្ភារៈប្រើប្រាស់ក្នុងកងទ័ព។
យ៉ាងណាក៏ដោយ ផ្អែកតាមការលើកឡើង របស់លោក Oleksïi Danilov ទីប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែន គឺលោកមិនជឿទេ ថាចិននឹងធ្វើខ្លួនឲ្យប្រឡាក់ប្រឡូស ចូលដៃចូលជើងជាមួយរុស្ស៊ីនោះ។ ពោលគឺលោកគិតថា ចិននឹងមិនផុងខ្លួន ទៅជួយជាអាវុធឲ្យរុស្ស៊ីនោះឡើយ។
ដូចគ្នាដែរ លោក Iouriï Poïta អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថានសិក្សាសន្តិសុខជាតិនៅតៃប៉ិ បានលើកឡើងថា ដំណាក់កាលនេះ គេមិនជឿថា ចិននឹងប្រគល់អាវុធ ជាគ្រាប់កាំភ្លើង គ្រាប់មីស៊ីល រថក្រោះ ឬយន្តហោះចម្បាំងទៅឲ្យរុស្ស៊ីនោះទេ។ កម្មវត្ថុចិន សម្រាប់ពេលនេះ គឺព្យាយាមធ្វើខ្លួនជាអាជ្ញាកណ្តាល ដើម្បីនាំភាគីជម្លោះ អ៊ុយក្រែន និងរុស្ស៊ី ឲ្យចូលតុចរចា។ ចិនទើបតែបានជោគជ័យ ដោយបានជួយធ្វើជាអាជ្ញាកណ្តាល ភ្ជាប់ទំនាក់ទំនង រវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ ជោគជ័យនេះ កំពុងតែធ្វើឲ្យលោកស៊ី ជីនពិត គិតថាចិនអាចធ្វើបាន មិនមែនមានតែអាមេរិកម្នាក់ឯងទៀតឡើយ ដែលដើរចាត់ចែង ដោះស្រាយបញ្ហាពិភពលោក។ ចិនក៏អាចធ្វើបាន ហើយចិននឹងយកឱកាស ដើម្បីដាក់ចុះនូវទស្សវិស័យ ការយល់ឃើញរបស់ចិន ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
“គ្មានជំនឿចិត្ត ថាចិនអាចធ្វើអាជ្ញាកណ្តាលប្រកបដោយភាពយុត្តិធម៌”
ចិនបានស្នើផែនការចំនួន១២ចំណុច តែអ្វីដែលជាការកត់សំគាល់ គឺផែនការចិនមិនបាននិយាយថា ឲ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែននោះទេ។ ចំណុចនេះសំខាន់ខ្លាំងណាស់ សម្រាប់ភាគីអ៊ុយក្រែន។ លោកហ្សេឡេនស្គី បានអះអាងម្តងហើយម្តងទៀត ថាអ៊ុយក្រែន មិនមែនមិនចង់ចរចាជាមួយរុស្ស៊ីទេ តែមុននឹងចរចា គឺរុស្ស៊ីត្រូវដកទ័ពចេញពីទឹកដីអ៊ុយក្រែនជាមួយសិន ដោយរាប់ទាំងតំបន់គ្រីម៉េ។ បើគ្រប់គ្នា អាចលើកទ័ពចូលទៅឈ្លានពានប្រទេសមួយទៀត ប្លន់យកទឹកដីគេមកគ្រប់គ្រង ហើយបានហៅគេចរចានោះ វាដូចជាហួសហេតុពេកណាស់ ហើយគ្មាននរណាសុខចិត្តទទួលយកបានទេ។
យ៉ាងណាមិញភាគីអាមេរិក ក៏បានអះអាងដែរ ថាគេមិនមានជំនឿចិត្តបន្តិចណាឡើយ ថាចិនអាចចូលរួមដោះស្រាយបញ្ហាបាន ល្គឹកណាក្នុងផែនការរបស់ចិន មិនបានកំណត់ដាក់កំហិតឲ្យរុស្ស៊ីដកទ័ពថយចេញទៅវិញទេនោះ។ កាលពីថ្ងៃអាទិត្យម្សិលមិញ ថ្លែងក្នុងបទសម្ភាសន៍ ឲ្យទូរទស្សន៍ Fox News អ្នកនាំពាក្យសេតវិមានអាមេរិកបានលើកឡើងថា គេមិនអាចទទួលយកបានទេ នូវការអំពាវនាវស្វែងរកសន្តិភាពពីសំណាក់ ពូទីន និងស៊ីជីនពីងនាពេលនេះ ព្រោះថាបើយល់ព្រមចរចាក្នុងពេលឥឡូវនេះ គឺវាមានន័យថា ដូចទទួលស្គាល់ថា ទឹកដីដែលរុស្ស៊ីបានប្លន់ពីអ៊ុយក្រែនទាំងប៉ុន្មាន នឹងត្រូវបានទៅដៃរុស្ស៊ីជាស្ថាពរ។
មួយវិញទៀត ទំនាក់ទំនងយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី គឺវាធំខ្លាំងណាស់ ដែលគេមិនជឿថា ចិននឹងដោះដៃចោលរុស្ស៊ី ដោយធ្វើឲ្យរុស្ស៊ីអាម៉ាសមុខនោះឡើយ។ លោក Iouriï Poïta អះអាងថា អ៊ុយក្រែន គ្មានអ្វីសំខាន់សម្រាប់ចិននោះទេ ទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ ផ្ទុយទៅវិញគឺរុស្ស៊ីទេ ដែលមានតម្លៃខ្លាំងណាស់ សម្រាប់ចិន ក្នុងការរួមកម្លាំងគ្នា ប្រជែងជាមួយអាមេរិក។ ដូច្នេះ ភាពជាអាជ្ញាកណ្តាលរវាង រុស្ស៊ី និងអ៊ុយក្រែន ដែលចិនខំអះអាងថាចង់ធ្វើនោះ គឺវាជារឿងបោកបញ្ចោតរួចទៅហើយ។ ថ្ងៃនេះចិនចង់សាកល្បងទប់ ហើយមិនជួយជាអាវុធទៅឲ្យរុស្ស៊ីមែន តែថាមិនត្រូវទៅថ្ងៃមុខ ចិនអាចនឹងប្តូរចិត្តលូកដៃកាន់តែខ្លាំងក៏ថាបានដែរ ដើម្បីជួយរុស្ស៊ីយកឈ្នះសង្គ្រាម ឲ្យឆាប់ចប់បញ្ហា៕
20-3-2023 • 8 minuten, 46 seconden បន្ទាប់ពីគ្រីមេ លោក ពូទីន អញ្ជើញជាលើកទី១ទៅ ម៉ារីយ៉ ូប៉ូល ទឹកដីរុស្ស៊ីកាត់យកពីអ៊ុយក្រែន
បន្ទាប់ពីតំបន់គ្រីមេ នៅថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានធ្វើដំណើរក្នុងថ្ងៃអាទិត្យ ទៅកាន់ទីក្រុងម៉ារីយ៉ូប៉ូល។ ម៉ារីយ៉ូប៉ូល ជាទីក្រុងរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានវាយផ្តាច់យក កាលពីខែឧសភា ឆ្នាំ ២០២២។ តាំងពីរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែនមក នេះជាលើកទី១ ដែលលោក ពូទីន បានដាក់ជើងជាន់តំបន់សង្រ្គាមកាន់កាប់ដោយរុស្ស៊ី។ ក្រសួងការបរទេសអ៊ុយក្រែន ប្រតិកម្មថា លោកពូទីនទៅទីនោះទាំងយប់ ដូច«ចោរ»អ៊ីចឹង។
តើវត្តមានរបស់ប្រមុខរដ្ឋរុស្ស៊ីបង្កប់អត្ថន័យអ្វីខ្លះ?
អត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកពូទីនដ៏ភ្ញាក់ផ្អើលនៅគ្រីមេ និង ម៉ារីយ៉ូប៉ូល លើកនេះ គឺស្តែងឲ្យឃើញពីការអបអររួមគ្នា ដែលរុស្ស៊ីបានផ្តាច់យកទឹកដីអ៊ុយក្រែន ទាំងគ្រីមេផង ទាំងម៉ារីយ៉ូប៉ូល ផង រួមនឹងតំបន់ខ្លះទៀត។
ម៉ារីយ៉ូប៉ូល ជាទីក្រុងឋិតនៅប៉ែកខាងកើតរបស់អ៊ុយក្រែន និងជាតំបន់ដែលជាប់នឹងទឹកដីរុស្ស៊ី។ ម៉ារីយ៉ូប៉ូល បានធ្លាក់ចុះក្នុងកណ្តាប់ដៃរុស្ស៊ី ក្រោយពីការប្រយុទ្ធគ្នា ច្បាំងបង្ហូរឈាម អស់រយៈពេលប៉ុន្មានខែឯណោះ។ គឺនៅឆ្នាំមុន រុស្ស៊ីប្រកាសសង្គ្រាមលើកទ័ពច្បាំងនៅអ៊ុយក្រែន អំលុងចុងខែមីនា ហើយកងទ័ពរុស្ស៊ីបានផ្តាច់យកសមរភូមិ ម៉ារីយ៉ូប៉ូល នៅខែឧសភា។
ចំពោះភាគីអ៊ុយក្រែន គឺនៅតែចង់ចាំអនុស្សាវរីយ៍និងចាត់ទុកថា សមរភូមិ ម៉ារីយ៉ូប៉ូល ជាកន្លែងតស៊ូមួយដ៏ស្វិតស្វាញ ជាពិសេសព្រឹត្តិការណ៍វាយប្រហារផ្តាច់ព្រ័ត្រចុងក្រោយរុស្ស៊ី នៅរោងចក្រ អាស្សូវស្តាល (Azovstal) នៅខែឧសភា ឆ្នាំ២០២២។
ជាច្រើនខែមកក្រោយមកទៀត ដំណឹងជាផ្លូវការ លោកប្រធានាធិបតី ពូទីន ពុំដែលឈានជើងជាន់លើដីសមរភូមិម៉ារីយ៉ូប៉ូល នេះទេ តាំងតែពីវាយផ្តាច់យកបានមក។ សម្រាប់តែនៅថ្ងៃអាទិត្យនេះ គឺជាលើកទី១ និងជាអ្វីដែលធ្វើឲ្យសារព័ត៌មានបស្ចិមប្រទេសភ្ញាក់ផ្អើល។ លោក ពូទីន ជិះឧទ្ធម្ភាគចក្រ កន្ទុំរុយ ទៅទីនោះ និងបន្តបើកឡានដោយខ្លួនឯងផ្ទាល់ នៅទីក្រុងម៉ារីយ៉ូប៉ូល ហើយបានជជែកជាមួយប្រជាជននៅទីនោះ ហើយបានធ្វើទស្សនកិច្ចនៅកន្លែងផ្សេងៗ ព្រមទាំងនៅការដ្ឋានសំណង់ខ្លះ ទៀតផង។ នេះបើតាមរូបភាពរបស់ទីភ្នាក់សារព័ត៌មានរដុ្ឋរុស្ស៊ី។
ជាការសម្គាល់ ដំណើរទស្សនកិច្ចនេះ គឺបន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិនៅថ្ងៃសុក្រ បានប្រកាសចេញដីកាចាប់ខ្លួនលោកពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ ដូច្នេះ ជានិមិត្តរូប១ គឺប្រមុខរដ្ឋរុស្ស៊ី ឌឺដង ចំអក ឲ្យសាលាជម្រះក្តីអន្តរជាតិ ផង ក៏អាចថាបាន។
លោកពូទីនទៅគ្រីមេ ក៏ជាលើកទី១ដែរ តាំងផ្ទុះសង្គ្រាមនៅអ៊ុយក្រែនមក។
ថ្ងៃ១៨មីនា២០១៤ រុស្ស៊ីរបស់លោកពូទីន បានកាត់យកតំបន់គ្រីមេ ជាដែនដីឧបសម្ព័ន្ធរុស្ស៊ី ហើយរយៈពេល៩ឆ្នាំមកនេះ គឺស្ទើរសឹងតែជារៀងរាល់ឆ្នាំ លោកពូទីនតែងតែអញ្ជើញអបអរខួបរំឮកថ្ងៃនេះ ជានិច្ច។ នៅក្នុងឱកាសបុណ្យរំឮក កាលពីថ្ងៃសៅរ៍១៨មីនា នៅក្នុងទីក្រុង Sébastopol របស់គ្រីមេ គឺថ្នាក់ដឹកនាំតំបន់គ្រីមេ Mikhaïl Razvojaïev បានស្វាគមន៍ថា «ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន អញ្ជើញមកដោយផ្ទាល់ សម្រាប់ថ្ងៃរំឮកខួបជាប្រវត្តិសាស្ត្រ គឺបង្ហាញយ៉ាងច្បាស់ថា លោកពូទីននៅជាមួយទីក្រុងនិងប្រជាជាតិនៃSébastopol ជានិច្ច។» នេះបើតាមព័ត៌មានរបស់ទូរទស្សន៍រដ្ឋរុស្ស៊ី និងឲ្យដឹងទៀតថា ប្រមុខរដ្ឋរុស្ស៊ីបានចូលរួមពិធីសម្ពោធសាលាសិល្បៈមួយសម្រាប់កុមារ នៅគ្រីមេ។
នៅគ្រីមេ បើគិតជាចម្ងាយពីសមរភូមិនៅអ៊ុយក្រែន នោះគឺសមរភូមិ Kherson ឃ្លាតគ្នាចម្ងាយតែ២៤០គីឡូម៉ែត្រប៉ុណ្ណោះ។ Kherson ដែលរុស្ស៊ីបានដកទ័ពចេញ ហើយកងទ័ពអ៊ុយក្រែនបានក្តាប់យកទៅវិញ នៅខែវិច្ឆិកាឆ្នាំទៅមិញ។ ទោះជាម្តេចក្តី ការអញ្ចើញទៅដល់គ្រីមេលើកនេះ គឺបានបង្ហាញថាលោក ពូទីន បានអញ្ជើញទៅដោយផ្ទាល់កៀកក្បែរនឹងសមរភូមិជាខ្លាំង។
ករណីគ្រីមេ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី មានប្រសាសន៍កាលពីខែមករា ថានឹងទាមទារយកដែនដីគ្រីមេ ជាទឹកដីរបស់ខ្លួនមកវិញ ដោយប្រើកម្លាំងទ័ព។ ចំពោះរុស្ស៊ី ប្រសិនបើប្រមុខរដ្ឋអ៊ុយក្រែននៅតែប្រកាន់ជំហរបែបនេះ ការចរចាសន្តិភាព ច្បាស់ជាទៅមិនរួចឡើយ។ ពីព្រោះចំពោះរុស្ស៊ី គឺច្បាស់ជាមិនអាចព្រលែងឲ្យរបូតគ្រីមេ វិញឡើយ។
ចំណែកពាក្យចរចាសន្តិភាព គឺជាប្រធានបទសំខាន់មួយ ដែលថ្នាក់ដឹកនាំចិន ស៊ី ជិនពីង នឹងជជែកគ្នាជាមួយថ្នាក់ដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃច័ន្ទ ទី២០ មីនា៕
19-3-2023 • 5 minuten, 40 seconden ថ្នាក់ដឹកនាំរុស្ស៊ីបន្ត«សង្គ្រោះកុមារ» ទោះមានដីកាចាប់ខ្លួនតុលាការព្រហ្មទណ្ឌអន្តរជាតិ
តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅក្រុងឡាអេ ប្រកាសចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក្នុងបទឧក្រិដ្ឋកម្មសង្រ្គាម។ អ៊ុយក្រែន រួមទាំងប្រទេសលោកខាងលិច បានអបអរសាទរ តែរុស្ស៊ីប្រឆាំង។ តើលោក ពូទីន ត្រូវបារម្ភនឹងដីកាចាប់ខ្លួននេះ ឬទេ? និងថា តើលោក ពូទីន អាចត្រូវចាប់ខ្លួននៅថ្ងៃណាមួយដែរ ឬអត់?
បស្ចិមលោកសាទរ
ចំពោះមុខអ្នកកាសែតនៅរដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន មានប្រសាសន៍ថា ដីកាចាប់ខ្លួនប្រមុខរដ្ឋរុស្ស៊ី នេះថា «សមហេតុ» និងជា «សារមួយដ៏មានសារៈសំខាន់ខ្លាំង»។ ចំណែក ប្រធានាធិបតីអ៊ុយក្រែន ហ្សេឡិនស្គី បានស្វាគមន៍សាលដី និងថា«នេះជាកំណត់សម្គាល់នៃការទទួលខុសត្រូវជាប្រវត្តិសាស្ត្រ»។
សូមរំឮកថា ទាំង សហរដ្ឋអាមេរិក ទាំង រុស្ស៊ី និងទាំង អ៊ុយក្រែន គឺសុទ្ធសឹងតែមិនមែនជា ប្រទេសសមាជិកអនុសញ្ញាក្រុងរ៉ូម ដែលជាអនុសញ្ញាបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ ទេ។ តែ អ៊ុយក្រែន បានប្រកាស«សហការ»ជាមួយតុលាការនេះ។
ទោះជាយ៉ាងនេះ ចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិ និងសម្រាប់អ៊ុយក្រេន ដីកាចាប់ខ្លួននៅពេលនេះ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ពោលគឺនៅមានបទចោទប្រកាន់និងវិធានការផ្លូវច្បាប់ ជាបន្តច្រើនទៀត។
ដីកាចាប់ខ្លួន ថ្នាក់ដឹកនាំដែលកំពុងដឹកនាំប្រទេស គឺកម្រមានណាស់។
ការចេញដីការចាប់ខ្លួនលោក ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែកាន់អំណាច គឺជា លើកទី២ក្នុងប្រវត្តិសាស្ត្ររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ លើកទី១ គឺ តុលាការ បានចេញដីចាប់ខ្លួន ប្រធានាធិបតីសូដង់ Omar el-Béchir ដែលកំពុងកាន់អំណាចនៅឡើយ នៅឆ្នាំ២០០៩។ បើនិយាយពីក្នុងរង្វង់រដ្ឋសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ គឺ ការចេញដីការចាប់ខ្លួនលោក ពូទីន ប្រមុខរដ្ឋរុស្ស៊ី គឺជាលើកទី១ហើយ មិនធ្លាប់មានករណីបែបនេះទេ ពីមុនមក។
ក្រៅពីលើកឡើងថា នេះជាពេលវេលាប្រវត្តិសាស្ត្រដ៏សំខាន់របស់តុលាការ ប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ លោក Piotr Hofmanski បានពន្យល់ថា ការចេញដីការចាប់ខ្លួនពេលនេះ គឺដើម្បីការពារជនរងគ្រោះ ដើម្បីយុត្តិធម៌ ហើយបញ្ជៀសឧក្រិដ្ឋកម្មបែបនេះទៀត នៅថ្ងៃអនាគត។ លោកប្រធានតុលាការបញ្ជាក់ថាដើម្បីនឹងអនុវត្តដីកាចាប់ខ្លួននេះ បាន គឺចាំបាច់ត្រូវមានកិច្ចការសហការអន្តរជាតិ។
ជាប្រតិកម្មឆ្លើយតប ទាំងក្រសួងការបរទេសរុស្ស៊ី និងទាំងអ្នកនាំពាក្យវិមានក្រេមឡាំង សុទ្ធតែចាត់ទុកថា ដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ជាក្រដាសគ្មានបានការ និងគ្មានតម្លៃអ្វីសោះសម្រាប់រុស្ស៊ី និងឥតប្រយោជន៍ទាំងផ្លូវច្បាប់ទៅទៀត។
តើលោក ពូទីន អាចត្រូវដេកព្រួយបារម្ភនឹងដីកាចាប់ខ្លួននេះ ឬទេ? តើលោក ពូទីន អាចត្រូវចាប់ខ្លួននៅថ្ងៃណាមួយដែរ ឬអត់?
ដើម្បីឆ្លើយសំណួរ គឺចាំបាច់ពិចារណាពិនិត្យមើលចំណុចយ៉ាងហោច២។ ទី១ គឺត្រូវដឹង និងចាំថា ប្រទេសរុស្ស៊ី មិនមែនជារដ្ឋសមាជិករបស់ តុលាការព្រហ្មទណ្ឌអន្តរជាតិ ទេ។ រដ្ឋបាលក្រុងម៉ូស្កូ ក៏ប្រកាសស្រេចជាច្រើនលើកច្រើនសាហើយថា មិនសហការ និងមិនទទួលស្គាល់ដែនសមត្ថកិច្ចយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ នេះក៏ទេដែរ។ ដូច្នេះ ប្រសិនបើគេរង់ចាំឲ្យ អាជ្ញាធររុស្ស៊ី បញ្ចូនថ្នាក់ដឹកនាំខ្លួន ទៅកាត់ទោសនោះ ទំនងប្រហែលជា មិនងាយ ឬទៅមិនរួច។ វៀរលែងតែវាសនាក្រឡាប់ចក្រ លោក ពូទីន ចៃដន្យត្រូវគ្រោះអាក្រក់ ហើយធ្លាក់ពីអំណាចរដ្ឋ ហើយត្រូវ អ្នកដឹកនាំជាន់ក្រោយ សហការជាមួយតុលាការ និង ចាប់បញ្ជូនខ្លួនទៅកាត់ទោស។
ករណីថ្នាក់ដឹកនាំធ្លាក់ពីអំណាច ហើយត្រូវប្រទេសខ្លួនឯងបញ្ជូនទៅកាន់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ គឺ ធ្លាប់មានដែរ ប្រទេសកូដឌីវ័រ នៅឆ្នាំ២០១១។ ហើយក៏ ធ្លាប់មានដែរ ការប្រកាសរបស់ប្រទេស ស៊ូដង់ នៅឆ្នាំ២០២១ ថានឹងបញ្ជូនអតីតប្រធានាធិបតីសូដង់ Omar el-Béchir ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ប៉ុន្តែ សេចក្តីប្រកាសនេះ នៅតែជា«សន្យាខ្យល់»នៅឡើយ។
ចំណុច ទី២ បើតាមប្រវត្តិសាស្ត្រតុលាការព្រហ្មទណ្ឌអន្តរជាតិ ជាង២០ឆ្នាំមកនេះ តាំងពីការបង្កើតនៅឆ្នាំ២០០២ គឺគ្មានថ្នាក់ដឹកនាំណា ដែលតុលាការចេញដីកាចាប់ខ្លួនហើយ គឺត្រូវគេចាប់ខ្លួនភ្លាមៗ និងបញ្ជូនខ្លួនទៅកាត់ទោស នោះឡើយ។ ម្យ៉ាងទៀត ទោះសូម្បីតែ មានដីកាចាប់ខ្លួនហើយក្តី ក៏ អតីតថ្នាក់ដឹកនាំខ្លះ នៅតែបន្តរត់រួចខ្លួន និងភៀសខ្លួន រស់នៅរំភើយ គេចពីសំណាញ់ច្បាប់អន្តរជាតិដដែល។ ជាក់ស្តែង នៅប្រទេសអូហ្គង់ដា មេឧទ្ទាម Joseph Kony ដែលត្រូវចោទប្រកាន់នៅឆ្នាំ២០០៥ ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបទឧក្រិដ្ឋកម្មសង្គ្រាម តែបុគ្គលនេះ នៅតែបន្តរួចខ្លួនដល់សព្វថ្ងៃ។ មានអ្នកជាប់ដីកាចាប់ខ្លួននេះ ជាច្រើននាក់ទៀត ដែលនៅមានសេរីភាពនៅឡើយ។
ដីកាចាប់ខ្លួន២នាក់ គឺ លោក ពូទីន និង អ្នកស្រី ម៉ារីយ៉ា បេតូវ៉ា។
តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចោទប្រកាន់ថ្នាក់ដឹកនាំរុស្ស៊ីចំនួន២រូប គឺលោក ពូទីន និង អ្នកស្រី ម៉ារីយ៉ា បេតូវ៉ា អំពីបទជម្លៀសកុមារអ៊ុយក្រែនដោយខុសច្បាប់ ចាប់តាំងពីពេលចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន ជាង១ឆ្នាំមកនេះ។ ការជម្លៀសកុមារដោយខុសច្បាប់ ដែលត្រូវ តុលាការព្រហ្មទណ្ឌអន្តរជាតិ ចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម។
ពីថ្ងៃសុក្រ អ្នកស្រី Maria Lvova-Belova ស្នងការរុស្ស៊ីដើម្បីសិទ្ធិកុមារ បានអះអាងថា «យើងនឹងបន្តកិច្ចការយើងតទៅទៀត ទោះបីជាមានដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ នោះក្តី។ »។ អ្នកស្រីស្នងការរុស្ស៊ីដើម្បីសិទ្ធិកុមារ បានពន្យល់ទៅមហាជនជាតិនិងអន្តរជាតិ ក្នុងន័យថា សហគមអន្តរជាតិមិនយល់ពីចេតនាល្អនៅក្នុងការងាររបស់រុស្ស៊ី។ បើតាម អ្នកស្រី Maria Lvova-Belova គឺអាជ្ញាធររុស្ស៊ីខំប្រឹងជួយក្មេងៗ និងមិនបណ្តោយទុកឲ្យពួកគេនៅក្នុងតំបន់«ប្រតិបត្តិការពិសេស» ហើយជួយពួកគេចេញពីគ្រោះថ្នាក់។ សហគមអន្តរជាតិមិនយល់ចំណុចនេះ និងបែរជាចោទប្រកាន់ដាក់ទណ្ឌកម្មលើរុស្ស៊ីទៅវិញ។ ទោះបីជាម្តេចក្តី យើងនឹងបន្តកិច្ចការរបស់យើងតទៅទៀត។ នេះបើតាមការបកស្រាយរបស់ អ្នកស្រីស្នងការរុស្ស៊ីដើម្បីសិទ្ធិកុមារ ទៅកាន់ទីភ្នាក់ងារព័ត៌មានរដ្ឋ។
ទិន្នន័យពីអាជ្ញាធរអ៊ុយក្រែន គឺចាប់តាំងផ្ទុះសង្គ្រាមជា១ឆ្នាំមកនេះ កុមារអ៊ុយក្រែន ប្រមាណ១៦០០០នាក់ ត្រូវ រុស្ស៊ី ចាប់ជម្លៀសយកទៅទឹកដីរុស្ស៊ី និងដែលក្នុងនោះ មានប្រហែលជា១៤០នាក់ប៉ុណ្ណោះ ដែលជាក្មេងកំព្រា។ ក្មេងខ្លះត្រូវដាក់ឲ្យរស់នៅក្នុងមណ្ឌល និងខ្លះទៀតត្រូវស្មុំ យកទៅចិញ្ចឹមតាមផ្ទះ។ នេះបើតាមស្នងការកុមារអ៊ុយក្រែន ផ្សាយនៅ ពាក់កណ្តាលខែមីនា៕
18-3-2023 • 6 minuten, 19 seconden ទោះប្រជាជនប្រឆាំងតវ៉ា រដ្ឋាភិបាលបារាំងនៅតែជំនះ អនុម័តកំណែទម្រង់ច្បាប់ចូលនិវត្តន៍
រដ្ឋាភិបាលបារាំងបានប្រើមាត្រាដ៏ចម្រូងចម្រាសមួយ របស់រដ្ឋធម្មនុញ្ញដើម្បីជំនះអនុម័តកំណែទម្រង់ច្បាប់ចូលនិវត្ត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោត នៅរដ្ឋសភា។ នៅថ្ងៃសុក្រ គណបក្សប្រឆាំងនឹងដាក់ញត្តិបន្ទោស ដើម្បីបោះឆ្នោតដាក់ពិន័យ រំលាយរដ្ឋាភិបាល។ ចំណែក សហជីពប្រកាសរួចហើយពីគម្រោងកូដកម្ម និងបាតុកម្មនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាល ដែលប្រើកម្លាំង អនុម័តកំណែទម្រង់ច្បាប់ចូលនិវត្ត ដោយមិនខ្វល់ពីការទាមទារ តវ៉ារបស់ប្រជាជន។ ប្រជាជនបារាំងប្រឆាំងកំណែទម្រង់ច្បាប់ចូលនិវត្ត ប៉ុន្តែ ហេតុអ្វីបានជាលោកប្រធានាធិបតីម៉ាក្រុងជំនះប្រើមាត្រាទី ៤៩ កឋាកណ្ឌទី ៣ នៃរដ្ឋធម្មនុញ្ញបារាំង ដើម្បីអនុម័តកំណែទម្រង់ដ៏ចម្រូងចម្រាសនេះធ្វើអ្វី?
វិបត្តិនយោបាយបារាំងបានដើរមកដល់ចំណុចថ្មីមួយ នៅពេល រដ្ឋាភិបាលបារាំង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សម្រេចចិត្តប្រើមាត្រា ៤៩.៣ ដើម្បីអនុម័តកំណែទម្រង់ច្បាប់ចូលនិវត្តន៍ដ៏ចម្រូងចម្រាស់។ ច្បាប់នេះអប្រជាប្រិយខ្លាំងណាស់ នៅក្នុងចំណោមប្រជាជនបារាំង ព្រោះវាមានគោលដៅ ដំឡើងអាយុចូលនិវត្តរបស់អ្នកធ្វើការ ពី៦២ ទៅដល់៦៤ឆ្នាំ។ មានន័យថា ដើម្បីទទួលបានប្រាក់សោធននិវត្តពេញលេញ គ្រប់ចំនួន គេត្រូវធ្វើការដល់អាយុ ៦៤ឆ្នាំឯណោះ។
ត្រលប់មកនិយាយពីមាត្រា៤៩.៣។ វាជាមាត្រាទី ៤៩កឋាខណ្ឌទី៣នៃរដ្ឋធម្មនុញ្ញបារាំងដែលអនុញ្ញាតិឲ្យនាយករដ្ឋមន្រ្តីអនុម័តច្បាប់ ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោតរបស់អ្នកតំណាងរាស្រ្តនៅសភា។ នៅបារាំង ការប្រើមាត្រាទី ៤៩ កឋាខណ្ឌ មិនមានជារឿងល្អដែលគេស្វាគមទេ ព្រោះគេចាត់ទុកវាឧបករណ៍ប្រឆាំង លទ្ធិប្រជាធិបតេយ្យ បិទសិទ្ធិសំឡេងសភា ដែលជាស្ថាប័នច្បាប់កំពូលរបស់ប្រទេស។ ប៉ុន្តែ នៅក្នុងការដឹកនាំប្រទេស ជាង ៦០ឆ្នាំ មកនេះ រដ្ឋាភិបាលបារាំង គ្រប់និន្នាការនយោបាយ ធ្លាប់បានប្រើមាត្រាទី ៤៩ កឋាខណ្ឌទី ៣ ដល់ទៅជាង ១០០ដងដើម្បីអនុម័តច្បាប់ ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោត របស់សភា។
ជាទូទៅ មាត្រាទី៤៩ កឋាខណ្ឌទី៣ គឺជាជម្រើស មធ្យោបាយចុងក្រោយ នៅពេលរដ្ឋាភិបាលសំឡឹងឃើញថា ច្បាប់របស់ខ្លួនគ្មានសង្ឃឹមនឹងទទួលបានសំឡេងគាំទ្រភាគច្រើន នៅសភា។ ជាក់ស្តែង លោកស្រីនាយករដ្ឋមន្រ្តីបារាំង បានសម្រេចប្រើផ្លូវកាត់ ប្រើមាត្រា ទី ៤៩ កឋាខណ្ឌទី៣នៃរដ្ឋធម្មនុញ្ញ ដើម្បីអនុម័តកំណែទម្រង់ច្បាប់ចូលនិវត្ត ដោយសាររដ្ឋាភិបាលសំឡឹងឃើញថា ខ្លួនគ្មានសំឡេងភាគច្រើនក្នុងសភា ដើម្បីអនុម័តវា។ នៅក្រោយការប្រជុំជាច្រើនដង ជាច្រើនថ្ងៃជាប់ៗគ្នា គណបក្សសាធារណរដ្ឋ ដែលជាគណបក្សដៃគូ ហាក់ដោះដៃ លែងចង់គាំទ្រសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល តទៅទៀត ដោយសារតែឃើញថា កំណែទម្រង់ច្បាប់ចូលនិវត្តនេះ អប្រជាប្រិយខ្លាំងពេកក្នុងចំណោមប្រជាជនបារាំង។ ដូច្នេះ ដើម្បីជៀសវាងកុំឲ្យកំណែទម្រង់ច្បាប់ចូលនិវត្តន៍ត្រូវបរាជ័យធ្លាក់ទឹក នៅក្នុងការបោះឆ្នោត នៅរដ្ឋសភា រដ្ឋាភិបាលរបស់លោកស្រី អេលីហ្សាបែត ប៊នបានសម្រេចប្រើមាត្រា ទី៤៩ កឋាខណ្ឌទី ៣ នៃរដ្ឋធម្មនុញ្ញបារាំង តែម្តង អនុម័តកំណែទម្រង់ច្បាប់ចូលនិវត្ត។
នៅចំពោះមុខការប្រើកម្លាំងបាយរបស់រដ្ឋាភិបាល ដែលប្រើមាត្រា ៤៩.៣ដើម្បីអនុម័តច្បាប់ដោយកម្រោល គណបក្សប្រឆាំងបានប្រកាសគម្រោងដាក់ញត្តិពិន័យ នៅថ្ងៃសុក្រនេះ ដើម្បីបោះឆ្នោតដកទំនុកចិត្ត រំលាយរដ្ឋាភិបាលរបស់លោកស្រីអេលីហ្សាបែត ប៊ន។
ក្នុងករណីដែលសភាបោះឆ្នោតរំលាយរដ្ឋាភិបាល នោះ កំណែទម្រង់ច្បាប់ចូលនិវត្តដែលរដ្ឋាភិបាលបានអនុម័ត ដោយការចាប់បង្ខំ កាលពីថ្ងៃព្រហស្បតិ៍ ក៏ត្រូវចាត់ទុកជាមោឃៈ ផុតរលត់ទៅវិញ ដោយស្វ័យប្រវត្តិ។
រដ្ឋាភិបាលរបស់លោកស្រី នាយករដ្ឋមន្រ្តី អេលីហ្សាប៊ែត ប៊ន អាចត្រូវសភាបោះឆ្នោត រំលាយចោល?
តាមច្បាប់ គណបក្សនយោបាយមានរយៈពេល មួយថ្ងៃ ចាប់ពីនាទីដែលរដ្ឋាភិបាលប្រកាសប្រើមាត្រាទី ៤៩ កឋាខណ្ឌទី ៣ នៃរដ្ឋធម្មនុញ្ញ ពោលគឺនៅរសៀលថ្ងៃសុក្រនេះ ដើម្បីដាក់ញត្តិពិន័យរដ្ឋាភិបាល។ នៅក្រោយការពិភាក្សា ៤៨ម៉ោង សភាត្រូវបោះឆ្នោត យ៉ាងយូរបំផុត នៅថ្ងៃចន្ទ ដើម្បីសម្រេចថា តើគេត្រូវរំលាយរដ្ឋាភិបាលរបស់លោកស្រី អេលីហ្សាបែត ប៊នដែរឬទេ។
គ្រោះថ្នាក់របស់រដ្ឋាភិបាលលោកស្រី អេលីហ្សាបែត ប៊ន នៅត្រង់ថា បើសិនសមាជិកសភាដែលជំទាស់ ប្រមូលគ្នាបាន៥៨សំឡេង ដើម្បីស្នើឲ្យសភា បោះឆ្នោតដាក់ពិន័យ នោះរដ្ឋាភិបាលត្រូវប្រឈមនឹងសភាបោះឆ្នោតរំលាយចោលមួយរំពេច។ ក្នុងករណីនេះ សភាត្រូវការសំឡេងភាគច្រើន ចំនួន ២៨៧សំឡេងដើម្បីបោះឆ្នោតរំលាយរដ្ឋាភិបាល។
រដ្ឋាភិបាលរបស់លោកស្រី អេលីហ្សាបែត ប៊នទំនងមិនជួបវាសនាអាក្រក់ ដោយត្រូវសភាបោះឆ្នោតរំលាយចោលនោះទេ ព្រោះថា គណបក្សប្រឆាំងនៅតែបែកបាក់គ្នា ដែលធ្វើឲ្យពួកគេពិបាកនឹងប្រមូលបានសំឡេងច្រើនគ្រប់គ្រាន់ ចំនួន ២៨៧ សំឡេងដើម្បីបោះឆ្នោត ដកទំនុកចិត្ត រំលាយរដ្ឋាភិបាល។
ហេតុអ្វីលោកប្រធានាធិបតីម៉ាក្រុងនៅតែជំនះប្រើមាត្រាទី ៤៩ កឋាខ័ណ្ឌទី៣?
មន្រ្តីក្នុងរដ្ឋាភិបាល និងសមាជិករបស់គណបក្សរបស់លោកប្រធានាធិបតី ម៉ាក្រុងធ្លាប់បានព្រមានពីគ្រោះថ្នាក់ ផលវិបាក បើសិនរដ្ឋាភិបាលជ្រើសរើសផ្លូវកាត់ ដោយការប្រើមាត្រា ទី ៤៩ កឋាខណ្ឌទី៣ ដើម្បី អនុម័តកំណែទម្រង់ ច្បាប់ចូលនិវត្ត។ ប៉ុន្តែ នៅតែ ១៥នាទី មុនការបើកសម័យប្រជុំរបស់សភា កាលពីថ្ងៃព្រហស្បតិ៍ លោកម៉ាក្រុងបានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលនៅក្នុងនោះ លោកបានសម្រេចឲ្យលោកស្រី នាយករដ្ឋមន្រ្តី ប្រើមាត្រាទី ៤៩កឋាខ័ណ្ឌទី ៣។
ការជំនះប្រើមាត្រាទី ៤៩ កឋាខណ្ឌទី ៣នៃរដ្ឋធម្មនុញ្ញ សបញ្ជាក់ពីភាពទន់ខ្សោយ និងបរាជ័យរបស់ប្រធានាធិបតីបារាំង ក្នុងការបញ្ចុះបញ្ចូលសមាជិកសភា ឲ្យគាំទ្រសេចក្តីព្រាងកំណែទម្រង់ច្បាប់ចូលវិវត្ត។ លោកម៉ាក្រុងដឹងច្បាស់ថា កំណែទម្រង់ច្បាប់ចូលនិវត្តលើកនេះនឹងធ្វើកូដប្រជាប្រិយភាពរបស់លោកធ្លាក់ចុះខ្លាំង ហើយវានឹងអាចរុញច្រានបារាំងឲ្យធ្លាក់ក្នុងវិបត្តិសង្គម ប្រទេសត្រូវជាប់គាំង ដោយសារបាតុកម្ម និងកូដកម្មប្រឆាំង តវ៉ានៅទូទាំង នៅក្រោយការអនុម័តច្បាប់ចូលនិវត្ត។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ប្រធានាធិបតីបារាំង លោកម៉ាក្រុង នៅតែជំនះចង់ឲ្យមានកំណែទម្រង់ច្បាប់ចូលនិវត្ត។
ហេតុផលរបស់លោកម៉ាក្រុង គឺប្រព័ន្ធចូលនិវត្តន៍សព្វថ្ងៃ កំពុងស្ថិតក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់ ព្រោះមានឱនភាពថវិកា ចំណូល និងចំណាយ។ ដោយសារមនុស្សចាស់ សុខភាពនៅតែល្អ អាយុកាន់តែវែង ការចំណាយរបស់រដ្ឋសម្រាប់បើកប្រាក់សោធននិវត្តន៍បានកើនឡើង។ សម្រាប់រដ្ឋាភិបាលរបស់លោកម៉ាក្រុង បារាំង សព្វថ្ងៃ បានរត់ទៅខ្ចីបំណុលគេបន្ថែម សម្រាប់អាចធានាការបើកប្រាក់សោធននិវត្ត។ រដ្ឋាភិបាលធ្លាប់អះអាងថា ការធ្វើកំណែទម្រង់ច្បាប់ចូលនិវត្ត គឺជារឿងចាំបាច់ និងបន្ទាន់ ព្រោះថា បើសិនមិនដូច្នេះទេ សេដ្ឋកិច្ចរបស់បារាំងនឹងអាចត្រូវក្ស័យធន ដួលរលំ ដោយសារតែប្រាក់បំណុល ចេះតែកើនឡើង។
វិបត្តិកូវីដ និងជំនួយអន្តរាគមន៍របស់រដ្ឋ សម្រាប់ទប់កុំឲ្យតម្លៃថាមពលឡើងថ្លៃខ្ពស់ ដែលបង្កការលំបាកសម្រាប់ជីវភាពប្រជាជនបារាំង រដ្ឋាភិបាលបារាំងបានទៅខ្ចីបំណុល ដែលអាចកើនឡើងច្រើនជាង ៣ ទ្រីលានអឺរ៉ូ។ សម្រាប់រដ្ឋមន្រ្តីថវិកាបារាំង ប្រជាជនបារាំងត្រូវជ្រើសរើសតើពួកគេសុខចិត្តទទួលយកកំណែទម្រង់ច្បាប់ចូលវិវត្តន៍ ដោយត្រូវធ្វើការរហូតដល់អាយុ ៦៤ឆ្នាំ ឬមួយសុខចិត្តឲ្យប្រាក់បំណុលកើនឡើង ដែលគ្រោះថ្នាក់ធ្វើឲ្យសេដ្ឋកិច្ចប្រទេសត្រូវក្ស័យធន។
បារាំងកំពុងស្ថិតនៅមាត់ជ្រោះនៃវិបត្តិជាប់គាំងប្រទេស?
នៅក្រោយការអនុម័តកំណែទម្រង់ច្បាប់ចូលវិវត្តន៍ ក្រុមសហជីពបានប្រកាសរៀបចំ បាតុកម្ម និងកូដកម្មទ្រង់ទ្រាយធំមួយទៀត នៅសប្តាហ៍ក្រោយ និងថា អំណើះតទៅ ចលនាបាតុកម្មប្រឆាំងនឹងកើតមានជាហូរហែ ដើម្បីទាមទារឲ្យរដ្ឋាភិបាលបោះបង់ចោល កំណែទម្រង់ច្បាប់ចូលនិវត្ត៍។
រដ្ឋាភិបាលបារាំងអាចរួចផុតពីការបោះឆ្នោតដកទំនុកចិត្តពីសភា ចំណែកកំណែទម្រង់ច្បាប់ចូលនិវត្តនឹងត្រូវដាក់ឲ្យអនុវត្តជាផ្លូវការ។ ប៉ុន្តែ ជាមួយគ្នានោះ រដ្ឋាភិបាលបារាំងត្រូវត្រៀមខ្លួនឈឺក្បាលនឹងបញ្ហាសង្គមគ្រប់ជំពូក។ ក្រុមសហជីព ប្រកាសរួចហើយថានឹងធ្វើបាតុកម្ម កូដកម្ម ប្រឆាំងរហូតដល់ថ្ងៃដែលរដ្ឋាភិបាលប្តូរចិត្ត ដកចោលច្បាប់នេះទៅវិញ។
តាំងពីខែមករា នៅពេលរដ្ឋាភិបាលបង្ហាញគម្រោងធ្វើកំណែទម្រង់ច្បាប់ចូលនិវត្តន៍ សហជីពចាប់ធ្វើបាតុកម្ម កូដកម្ម ក្នុងទ្រង់ទ្រាយធំ ដល់ទៅ ៨ដង ដែលទៅបង្អាក់ គាំងសកម្មសេដ្ឋកិច្ចនៅទូទាំងប្រទេស។ នៅក្នុងបាតុកម្មម្តង គឺតែងមានការប្រឈមមុខដាក់គ្នារវាងប៉ូលិស និងក្រុមជ្រុលនិយមហិង្សា ដែលតែងឆ្លៀតឱកាស ដើរវាយបំផ្លាញ ហាង ដុតរថយន្ត នៅតាមផ្លូវ។
រដ្ឋាភិបាលបារាំងសម្រេចគោលដៅ ចេញកំណែទម្រង់ច្បាប់ចូលនិវត្ត ប៉ុន្តែ ត្រូវមកឈឺក្បាល ដោយសារវិបត្តិសង្គមបញ្ហាចលាចលពេញប្រទេស៕
17-3-2023 • 9 minuten, 26 seconden អាមេរិកចោទរុស្ស៊ី ថាជាអ្នកធ្វើឲ្យធ្លាក់យានដ្ រូនរបស់កងទ័ពអាមេរិក នៅក្នុងសមុទ្ទខ្មៅ
កំដៅនៃការប្រឈមមុខដាក់គ្នា បានហក់ឡើងមួយរំពេច បន្ទាប់ពីមានករណីយានដ្រូនមួយគ្រឿងរបស់កងទ័ពអាមេរិក បានធ្លាក់នៅក្នុងសមុទ្ទខ្មៅ កាលពីថ្ងៃអង្គារម្សិលមិញ មិនឆ្ងាយប៉ុន្មានពីតំបន់គ្រីម៉េ។ ភាគីអាមេរិកបានអះអាង គឺកងទ័ពរុស្ស៊ីដែលជាអ្នកធ្វើឲ្យយានដ្រូននេះធ្លាក់។ ជាការចោទដែលភាគីរុស្ស៊ីបានបដិសេធ។ យ៉ាងណាក៏ដោយ ករណីនេះ បានឆ្លុះបញ្ចាំងអំពីស្ថានភាពដែលងាយផុយស្រួយ អាចក្លាយជាការប្រឈមមុខគ្នាដោយអាវុធ និងកងទ័ព រវាងគូបដិបក្សទាំង២នេះ ហើយអាចផ្ទុះក្លាយជាសង្គ្រាមលោកលើកទី៣។
យោងតាមលោក James Hecker មេបញ្ជាការកងទ័ពអាកាសអាមេរិកប្រចាំតំបន់អឺរ៉ុប បានបញ្ជាក់ឲ្យដឹងថា យានដ្រូនមួយគ្រឿង របស់កងទ័ពអាមេរិក ប្រភេទ MQ-9 Reaper បានធ្លាក់ទៅក្នុងសមុទ្ទខ្មៅ កាលពីព្រឹកថ្ងៃទី១៤មីនា។ MQ-9 Reaper គឺជាយានដ្រូនបញ្ជាពីចំងាយ មានប្រវែងប្រមាណ១០ម៉ែត្រ ទទឹងស្លាបប្រមាណ២០ម៉ែត្រ ហើយអាចបំពាក់អាវុធមីស៊ីលបាន៨គ្រាប់ និងអាចហោះបានរយៈពេល២៤ម៉ោង ក្នុងល្បឿនជាង៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។
យន្តហោះរុស្ស៊ី បើកសាំងស្រោចពីលើដ្រូនអាមេរិក
ក្នុងពេលកើតហេតុ យានដ្រូននេះមិនមានបំពាក់អាវុធទេ ហើយកំពុងហោះក្រវែលអង្កេតការណ៍ជាលក្ខណៈធម្មតា នៅក្នុងដែនអាកាសអន្តរជាតិ ពីលើសមុទ្ទខ្មៅ។ ផ្អែកតាមប្រភពពីភាគីអាមេរិក គឺក្នុងពេលកំពុងហោះ យានដ្រូននេះ ត្រូវបានយន្តហោះចម្បាំងរុស្ស៊ី២គ្រឿង ប្រភេទ Sukhoï Su-27 ហោះកៀកពីលើជាច្រើនលើកច្រើនសារ ក្នុងបំណងរំខានរករឿង និងបានបញ្ចេញសាំងយន្តហោះ ស្រោចពីលើយានដ្រូននេះ ក្នុងគោលដៅធ្វើឲ្យដ្រូនខ្វាក់ មិនអាចមើលទិសដៅឃើញ។ ភាគីអាមេរិកអះអាងទៀតថា ភ្លាមៗនោះ ស្រាប់តែមានការប៉ះទង្គិចគ្នា រវាងយន្តហោះចម្បាំងរុស្ស៊ី ជាមួយយានដ្រូន ធ្វើឲ្យខូចកង្ហាររបស់ដ្រូន។ រំពេចនោះ ដ្រូនរបស់អាមេរិក ចាប់ផ្តើមបាត់បង់ស្ថិរភាព ហោះលែងបាន ហើយកងទ័ពអាមេរិកដែលនៅពីចំងាយ បានប្រញាប់បញ្ជាឲ្យវាបន្ទាបខ្លួនមកក្រោម មុននឹងបង្ខំចិត្តទំលាក់វាចោលទៅក្នុងសមុទ្រ។ នេះបើផ្អែកតាមការបញ្ជាក់បន្ថែម ពីលោកមេបញ្ជាការ Patrick Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក។
ក្រសួងការពារជាតិអាមេរិក បានចេញលិខិតប្រកាស ដោយបានលើកឡើងថា ទង្វើរបស់ងទ័ពរុស្ស៊ីនេះ គឺជាទង្វើដ៏គ្រោះថ្នាក់ មិនមានការទទួលខុសត្រូវ គ្មានភាពជំនាញទាល់តែសោះ។ សកម្មភាពដ៏គ្រោះថ្នាក់បែបនេះ គឺវាអាចបណ្តាលធ្វើឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ហើយបង្កឲ្យមានការប៉ះទង្គិចកម្លាំងគ្នាដោយអចេតនា។ តែយ៉ាងណាក៏ដោយ កងទ័ពអាមេរិកអះអាងថា អាមេរិកព្រមទាំងក្រុមសម្ព័ន្ធមិត្ត នឹងនៅតែបន្តហោះប្រតិបត្តិការក្រវែលនៅតំបន់សមុទ្រខ្មៅនេះ ក្នុងដែនអាកាសអន្តរជាតិ តែសូមឲ្យខាងភាគីរុស្ស៊ីត្រូវធ្វើខ្លួនឲ្យបានត្រឹមត្រូវនឹងមានភាពជំនាញផង។
រុស្ស៊ីបដិសេធថាកងទ័ពខ្លួន មិនប៉ះទង្គិចដោយផ្ទាល់ជាមួយដ្រូនអាមេរិកទេ
ក្រសួងការពារជាតិរុស្ស៊ី បានចេញលិខិតប្រកាសកាលពីយប់ថ្ងៃអង្គារ ដោយបានទទួលស្គាល់ថា គេពិតជាបានចាប់រលកសញ្ញា ឃើញមានយានដ្រូនមួយមែន កាលពីថ្ងៃអង្គារ ដោយដ្រូននោះស្ថិតនៅពីលើតំបន់គ្រីម៉េ ហើយកំពុងហោះសំដៅចូលទៅក្នុងព្រំដែនរបស់រុស្ស៊ី។ តែកងទ័ពរុស្ស៊ីបានអះអាងថា គេមិនមែនជាអ្នកធ្វើឲ្យយានដ្រូនរបស់អាមេរិកនេះ ធ្លាក់ចូលសមុទ្ទនោះទេ។ ក្រសួងរុស្ស៊ីអះអាងទៀតថា យន្តហោះចម្បាំងរុស្ស៊ី មិនបានទៅប៉ះទង្គិចដោយផ្ទាល់ ជាមួយដ្រូនអាមេរិកទេ ហើយក៏មិនបានប្រើអាវុធស្អីទៅបាញ់ទំលាក់ដែរ ពោលគឺដ្រូននោះវាហោះត្រឡប់ត្រឡិន បាត់បង់ស្ថិរភាពតែខ្លួនឯង មុននឹងធ្លាក់ចូលសមុទ្រ នៅវេលាម៉ោង ប្រមាណ៩និង៣០នាទីព្រឹក ម៉ោងនៅម៉ូស្គូ ត្រូវជាម៉ោង៦កន្លះព្រឹក ម៉ោងសកល។
ក៏ប៉ុន្តែ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានឆ្លើយនៅលើកញ្ចក់ទូរទស្សន៍ CNN កាលពីយប់មិញនេះ ថាភាគីរុស្ស៊ីមិនចាំបាច់ប្រឹងកុហកដល់ម្លឹងទេ។ លោកបានចោទថា ទង្វើរបស់កងទ័ពរុស្ស៊ីជាទង្វើដែលគ្មានការពិចារណាទាល់តែសោះ។ លោកអះអាងថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កងទ័ពរុស្ស៊ីបានចេញមករំខាន ដល់ការហោះល្បាតសាមញ្ញរបស់ដ្រូនអាមេរិក ជាច្រើនលើកច្រើនសារហើយ នៅក្នុងតំបន់ពីលើសមុទ្ទខ្មៅនេះ តែទើបតែលើកនេះទេ ដែលកងទ័ពរុស្ស៊ីបានរំខាន ធ្វើឲ្យដ្រូនអាមេរិកធ្លាក់ចូលសមុទ្រ។ លោកបានបន្ថែមថា ភ្លាមៗក្រោយធ្លាក់ដ្រូន កងទ័ពអាមេរិកបានបញ្ជូនយន្តហោះល្បាតសមុទ្រ P-8A Poseidon ឲ្យទៅក្រវែលការពារនៅតំបន់ដែលធ្លាក់ មិនឆ្ងាយប៉ុន្មានពីឆ្នេរសមុទ្រប្រទេសរូម៉ានី។ ការធ្វើបែបនេះ គឺទំនងជាដើម្បីរារាំងកុំឲ្យនាវារបស់រុស្ស៊ី មកស្រង់យកដ្រូននេះបាន។
ករណីលើកទីមួយ ឆ្លុះបញ្ចាំងពីស្ថានភាពដ៏ផុយស្រួយ
តំបន់សមុទ្ទខ្មៅ គឺជាតំបន់ប្រឈមខ្លាំងណាស់ នៅក្រោយវិបត្តិផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ វាជាលើកទីមួយហើយ ដែលយានដ្រូនរបស់កងទ័ពអាមេរិក ធ្លាក់ក្នុងតំបន់នេះ។ ប្រមាណជាង១ឆ្នាំមកនេះ កងទ័ពអាមេរិក និងសម្ព័ន្ធមិត្តអូតង់ បានចៀសវាងមិនចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ ដោយមិនចង់ប្រកាសសង្គ្រាមជាមួយរុស្ស៊ី។ តែកងទ័ពសម្ព័ន្ធមិត្តបានបញ្ជូនយានដ្រូន និងយន្តហោះ ទៅក្រវែលជាញឹកញាប់ នៅតំបន់ពីលើសមុទ្រខ្មៅ ទីមួយដើម្បីការពារសន្តិសុខប្រទេសក្នុងតំបន់ ដែលជាសមាជិកអូតង់ផង និងដើម្បីប្រមូលទិន្នន័យព័ត៌មាន ជួយកងទ័ពអ៊ុយក្រែន។ តែជាការហោះក្រវែលនៅលើដែនអាកាសអន្តរជាតិ។
ជាមួយនឹងសកម្មភាពកាន់តែសកម្ម របស់សម្ព័ន្ធមិត្តលោកខាងលិចនៅតំបន់នេះ ភាគីរុស្ស៊ីអាចនឹងកាន់ក្រេវក្រោធ ខឹងទ្រាំលែងបាន អាចបញ្ជាយន្តហោះឲ្យកំញើញ បណ្តេញជាដើម។ ត្រង់នេះហើយ ដែលវាបង្កើនកម្រិតនៃការប្រឈម អាចឈានទៅមានគ្រោះថ្នាក់ជាយកថាហេតុណាមួយ ដោយអចេតនា។ គ្រោះថ្នាក់អាចកើតឡើងមួយរំពេច ហើយអាចឈានទៅបញ្ឆេះភ្លើងសង្គ្រាមដោយផ្ទាល់ រវាងអូតង់ និងរុស្ស៊ី។ កាលពីថ្ងៃទី២៩ កញ្ញា ឆ្នាំមុន យន្តហោះចម្បាំងរ Su-27 របស់រុស្ស៊ី បានបាញ់មីស៊ីលមួយរួចទៅហោះ សំដៅទៅប្រផិតកៀកនឹងយន្តហោះស៊ើបការណ៍ RC-35 របស់អង់គ្លេស ដែលកំពុងតែហោះប៉ាទ្រុយនៅលើសមុទ្រខ្មៅ។
ខាំមាត់សង្កត់ចិត្តរៀងខ្លួន
យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា នៅក្រោយហេតុការណ៍ធ្លាក់យានដ្រូនអាមេរិកនេះ ភាគីអាមេរិក ទោះបីចោទរុស្ស៊ីដោយចំៗមែន តែគេហាក់បានថ្លឹងថ្លែងពាក្យពេជន៍ណាស់ មិនដុតកំហឹងឲ្យឆេះរោលខ្លាំងនោះទេ ដោយព្យាយាមទប់ កុំឲ្យវាក្លាយចំណុចចាប់ផ្តើមនៃសង្គ្រាម។ ថ្វីត្បិតភាគីអាមេរិក អះអាងថាគេមានវីដេអូជាភស្តុតាង បញ្ជាក់ពីសកម្មភាពរករឿងមកលើយានដ្រូនគេ ពីសំណាក់យន្តហោះចម្បាំងរុស្ស៊ីក៏ដោយ តែមន្ត្រីអាមេរិក បានថ្នមមាត់ មិនអះអាងចោទលើចេតនាអាក្រក់របស់រុស្ស៊ីនោះទេ។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកវិញ បានលើកឡើងដែរថា ភាគីអាមេរិក កំពុងនិយាយជាមួយភាគីរុស្ស៊ីដោយផ្ទាល់ ដើម្បីប្រាប់ពីការជំទាស់ដ៏ខ្លាំងក្លា ចំពោះទង្វើរបៀបនេះ របស់រុស្ស៊ី។
ជាប្រតិកម្មក្រោយការធ្លាក់យានដ្រូននេះ ក្រសួងការបរទេសអាមេរិក បានកោះហៅលោក Anatoli Antonov អគ្គរដ្ឋទូតរុស្ស៊ីឲ្យចូលចូលជួប។ ហើយបើផ្អែកតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានរុស្ស៊ី RIA ក្នុងពេលចូលទៅក្រសួងការបរទេសអាមេរិក លោកអគ្គរដ្ឋទូតរុស្ស៊ីបានបដិសេធការចោទ ហើយអះអាងរុស្ស៊ីចាត់ករណីនេះជាករណីបង្ករឿងពីខាងអាមេរិក។ លោកAnatoli Antonov អះអាងទៀតថា ចំពោះខាងរុស្ស៊ីវិញ គឺរុស្ស៊ីគ្មានចេតនាណាមួយ ចង់ឲ្យមានការប្រឈមមុខគ្នាដោយផ្ទាល់ រវាងអាមេរិកនិងរុស្ស៊ីនោះទេ។ ជារួមយើងឃើញថា ភាគីទាំងសងខាងខំប្រឹងទប់រៀងៗខ្លួន មិនមាននរណាបញ្ឆេះនរណាទេ៕
15-3-2023 • 7 minuten, 54 seconden