Winamp Logo
នាទីសុខភាពនិងអនាម័យ Cover
នាទីសុខភាពនិងអនាម័យ Profile

នាទីសុខភាពនិងអនាម័យ

Khmer, Health / Medicine, 1 saison, 66 épisodes, 9 heures, 23 minutes
A propos
សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។
Episode Artwork

ហេតុអ្វីបាន​ជា​​ក្មេងជំទង់មិន​​គួរផាត់ម្សៅ​លាបឡេ?

ផលិតផល​សំអាង​សម្រាប់​ក្មេង​​កំពុងក្លាយ​ជា​បាតុភូត​ដ៏​ពេញ​និយម។ ក្រោម​ឥទ្ធិពល​របស់​អ្នក​ផ្សព្វផ្សាយ​តាម​បណ្តាញសង្គម​ ​មាន​ក្មេង​ស្រីៗ​​ច្រើន​ឡើង​ៗ​ចង់ផាត់​ម្សៅ លាប​ឡេ តាម​ដែរ។ ប៉ុន្តែ​ក្មេងក្នុ​ង​វ័យ​ជំទង់មិន​គួរ​ប្រើ​ផលិតផលសំអាង​ឡើយ ព្រោះ​មិនត្រឹម​តែ​អត់​ប្រយោជន៍​ទេ តែ​ថែម​ទាំង​ធ្វើ​​ឱ្យ​ខូច​សុខភាព​ទៀត។ ជា​បាតុភូត​គួរឱ្យ​ព្រួយ​បារម្ភ ក្មេង​ស្រីកាន់​តែ​ច្រើនឡើងៗចេះ​ប្រើ​ផលិតផល​សំអាង​ ដោយ​មិន​សមរម្យ មិនសម​ស្រប​ទៅ​តាម​វ័យ​។ ក្នុង​វ័យ​ជំទង់ អាយុប្រមាណទើបតែ៩ ទៅ ១៣ឆ្នាំ នៅ​ឡើយ យុវតី​ជំទើ នាំ​គ្នា​ធ្វើត្រាប់តាមកាយវិការរបស់​អ្នក​ផ្សព្វផ្សាយ​គ្រឿងកែ​សម្ផស្ស​តាម​បណ្តាញសង្គម។​ ទើប​ចាប់​លូតលាស់ មិនទាន់ពេ​ញរូបរាងត្រឹមត្រូវ ក្មេងស្រីជំទើនាំគ្នា​ប្រើប្រាស់ប្រេងម្សៅ ឡេ ដែល​ស្បែក​ក្នុង​វ័យ​នេះ នៅប្រហើរ​ ​ទន់​ រលោង តាម​បែប​ធម្មជាតិ។ ស្បែក​របស់​ក្មេង​ស្រី​ ក្នុង​វ័យ​នេះ ផូរផង់​ល្អ​ណាស់ មិន​ត្រូវការ​ផលិតផល​ជំនួយ​សម្ផស្សអ្វី​ទាល់​តែសោះ។ផលិតផល​សំអាង​ជា​ប្រភព​រំខាន​ដល់​ប្រព័ន្ធ​អរមូន? ​កាន់តែអាក្រក់​បំផុតទៅ​ទៀត ផលិតផល​សំអាង ម្សៅ ឡេ សេរ៉ូម ទាំងអស់​នោះ មិន​ល្អ​សម្រាប់​នាងៗ​ជា​ក្មេង​ជំទង់ ឬទើប​ពេញ​ក្រមុំ​ទេ។ តែ​បច្ចុប្បន្ននេះ គេ​ឃើញ​ក្មេង​ស្រី ចាប់​ប្រើ​សេរ៉ូម ជំនួយ​ស្បែក​កុំ​ឱ្យ​ឆាប់​ចាស់ ឡេ​​បំបាត់​​ស្នាម​នឿយហត់​លើ​មុខ ឡេលាប​ស្បែក​ខ្លួន​ឬ​ផលិតផល​ប៉ូវស្បែក​ឱ្យ​ស្អាត​រលោង​ស​ល្អ ... ជា​សរុប​មានផលិតផលសំអាង​​ច្រើន​យ៉ាង​ទៀត​ណាស់ ដែលមិន​ត្រូវ​សោះ​នឹង​ក្មេងវ័យ​នេះ។ ធ្ងន់ធ្ងរ​ជាងនេះទៅ​ទៀត ផលិតផល​ទាំង​អស់​នេះមិន​ត្រឹម​តែ​គ្មានប្រយោជន៍​សម្រាប់​ពួកគេ​ទេ តែ​ថែមទាំង​ជា​ប្រភពនៃ​គ្រោះថ្នាក់​សម្រាប់​ក្មេង​ស្រីជា​​អ្នកប្រើ​វា​ទៀត។​សម្រាប់​ក្រុម​គ្រូពេទ្យ​ជំនាញ ​ស្បែកយុវតី​​ក្នុង​វ័យ​ជំទង់​មិនទាន់​​ត្រូវ​ការ​ជំនួយ​អ្វី​ទាំងអស់។ បើ​ចង់​​ក្មេង​អាច​ប្រើ​ផលិត​ថែទាំ​ស្បែកបាន ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក ឬ​ដើម្បី​ព្យាបាល​ជំងឺមុន។ក្នុង​វ័យ​នេះ ផលិតផល​តែមួយគត់​ដែល​ស្បែក​​អាចទទួល​បាន និងគួរតែ​ប្រើប្រាស់​នោះ គឺ​ឡេ​ ឬ​ក្រែម​ការពារ​ស្បែក​ពី​ពន្លឺ​និង​កម្តៅព្រះអាទិត្យ (ការពារ​កម្តៅ​ថ្ងៃ​)។ ក្មេងខ្លះ​មាន​ស្បែក​ស្ងួត​ខ្លាំង អាច​ត្រូវ​ការ​ជំនួយ​​បន្ថែម​ជា​ផលិតផល ​ជា​ឡេ​បន្សើម​ស្បែក តែ​ជា​ផលិតផល​សម្រាប់​កុមារ​ ដែលមាន​កំរិត​អាល់ឡែកហ្ស៊ី​ទាប​បំផុត និង​មាន​ធាតុ​ផ្សំ​តិច​បំផុត ហើយ​គ្មាន​ក្លិន គ្មាន​ជាតិ​ទឹកអប់​អ្វី​ទាំងអស់។ជា​ទូទៅ ផលិតផល​សំអាង​ផលិត​ឡើង​មិនមែន​សម្រាប់​ក្មេង​ទេ។ ផលិតផល​សំអាង ឡេ ក្រេម ម្សៅ មាន​ធាតុ​ផ្សំ​ និង​សារធាតុ​គីមី​ច្រើន​មុខណាស់។ ជា​ឧទាហរណ៍ ឡេប្រឆាំង​នឹង​ភាព​ចាស់​របស់​ស្បែក​ Anti âge អាច​មាន​ផ្ទុក​ធាតុ​សកម្មដូច​យ៉ាង​វីតាមីនសេ រ៉េទីណុល ដែលអា​ចវាយប្រហារ​ស្បែក។ ត្រូវ​ចងចាំ​ថា ស្បែក​របស់​ក្មេង​ខុសពី​​ស្បែក​របស់​មនុស្ស​ចាស់។ ស្បែក​ក្មេង ជា​ស្បែក​ស្តើង ទន់​ ​ ឆាប់ជ្រាប ងាយរង​ប្រតិកម្ម​ផ្សេងៗ មិន​ក្រាសរឹងនិងមិនទាន់អាច​បំពេញ​តួនាទី​ជាស្រទាប់​​ការពារ​សរីរាង្គកាយ​បាន​ពេញ​លេញ​នៅឡើយទេ។​ដូច្នេះ​ការ​ប្រើផលិតផល​សំអាង ទាំងនៅវ័យក្មេង​ អាច​នឹងធ្វើ​ឱ្យ​ស្បែក​​មាន​ប្រតិកម្ម ឡើងកន្ទួល រោល រលាក ឡើងមុន និង​មានអាល់ឡែកហ្ស៊ី។ ជា​ពិសេស​ទៅ​ទៀត កាយ​វិការ​នេះ​នាំឱ្យ​ក្មេងស្រី​ទាំងនោះ​ប្រឈម​នឹង​សារធាតុ​គីមី រំខានដល់ប្រព័ន្ធ​អង់ដូគ្រីន ​ (perturbateurs endocriniens)។​សារធាតុ​​រំខាន​អង់ដូគ្រីន​ Perturbateur endocrinien (EP) ជា​អ្វី?​បើ​តាមនិយមន័យ​របស់​​អង្គការ​សុខភាពពិភពលោក​ សារធាតុ​គីមី មាន​ប្រភព​ពី​​ធម្មជាតិ​ ឬសារធាតុ​គីមី​សំយោគ  ឬ​ល្បាយ​សារធាតុ​គីមី ណា​ដែល​គ្មាន​នៅ​ក្នុង​សរីរាង្គ និង​ដែល​អាច​ជ្រៀប​បន្ស៊ីទៅ​​ជាមួយ​ដំណើរការរបស់​​​សរីរាង្គ និង​កោសិកា ហើយ​ធ្វើ​ឱ្យ​​ដំណើរការ​ប្រព័ន្ធ​អង់ដូគ្រីន ​ផលិត​អរមូននិង​ក្រពេញប្រែប្រួល។ បើ​​ប្រព័ន្ធអង់ដូគ្រីនប្រែ​ប្រួល​ខុស​ប្រក្រតី​ ​ដំណើរការ​របស់​​អរមូននៃ​​សរីរាង្គ​មាន​ជីវិតក៏​ប្រែប្រួល​ ដែល​ជា​ឥទ្ធិពល​ដ៏​អាក្រក់​សម្រាប់​បរិស្ថាន និង​សម្រាប់​សុខភាព​មនុស្ស ត​ជំនាន់។​ប្រព័ន្ធ​អង់ដូគ្រីន គឺ​ជា​ក្រពេញ​ឬ​កោសិកា​​ដែល​ផលិត​អរមូនបញ្ចេញ​ទៅ​ក្នុង​ចរន្ត​ឈាម​ដោយ​ផ្ទាល់។ អរមូន​ទាំង​នេះ​ជា​សារធាតុគីមី​​​ធម្មជាតិ​ដែល​មាន​សកម្មភាព​លើ​​គ្រប់​សរីរាង្គ​​នៃ​ខ្លួន​ប្រាណ​។ ពោល​គឺ​អរមូន​អង់ដូគ្រីន មាន​តួនាទីច្រើន​ក្នុង​គ្រប់​គ្រង​ចាត់​ចែង​ដំណើរការជា​របស់​ជីវិត ដូច​ជា​ដំណើរការ​​​លូតលាស់​ ការ​បន្ត​ពូជ ដំណើរការ​ផ្លូវភេទ ដំណេក ការ​ឃ្លាន អារម្មណ៍ និង​ដំណើរការ​មេតាបូលិក។ និយាយ​ដោយ​ខ្លី របៀប​លូត​លាស់និង​ប្រព្រឹត្ត​ទៅ​នៃ​កោសិកា​នីមួយៗអាស្រ័យ​ទាំង​ស្រុង​ទៅ​លើសកម្មភាព​គុណភាព​របស់​​អរមូន​​។ដូច្នេះ​ប្រសិន​បើ​មាន​អ្វី​ទៅ​រំខាន​អរមូន ប្រព័ន្ធ​អរមូន ឬ​ប្រព័ន្ធ​អង់ដូគ្រីន​ហើយ សរីរាង្គ​កាយ​នឹង​លែង​មាន​ដំណើរ​ល្អ សុខភាព​ក៏​ត្រូវ​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ។ឥទ្ធិពល​អាក្រក់​របស់​សារធាតុ​គីមីរំខាន​​អង់ដូគ្រីន​ចំពោះ​សុខភាព​មនុស្ស ស្មុគស្មាញ​និង​មិនទាន់​មាន​បញ្ជី​គ្រោះថ្នាក់​ជាក់លាក់​ទេ។ ប៉ុន្តែ​ទិន្នន័យ​​វិទ្យាសាស្ត្រ​បាន​លើក​ឡើង​ច្រើន​អំពី​ផលវិបាក​ប៉ះពាល់​ដល់​ដំណើរការ​ប្រព័ន្ធ​អង់ដូគ្រីន និង​សង្ស័យ​ថា​ជា​ប្រភព​បង្ក​ឱ្យ​មាន​បញ្ហា​មួយ​ចំនួន ដូច​ជា ​ធ្ងន់ធ្ងរ​បំផុត គឺ​ជំងឺ​មហារីក៖ មហារីកសុដន់ មហារីក​ពង​ស្វាស ប្រូស្តាត មហារីក​ឈាម និង​មហារីក​ស្បូន បញ្ហា​លើ​ប្រព័ន្ធ​បន្ត​ពូជ ៖ កំណើន​ខុស​ប្រក្រតី​នៃ​ការ​លូត​លាស់​ប្រដាប់​ភេទ ឬ​តួនាទី​បន្ត​ពូជ ក្មេង​ឆាប់​ពេញ​កម្លោះ​ពេញក្រមុំ ​ស្ពែម៉ាតូហ្សូអ៊ីតចុះខ្សោយ ​អារ​គ្មាន​កូន ដុះ​ដុំ​សាច់​ក្នុង​ស្បូន មាន​ដុំ​ពោះ​endometriose ឬ​ពិបាក​ពរ​ពោះ។ បញ្ហា​មេតាបូលិក៖ មាន​ជំងឺ​ធាត់​ជ្រុល​ចុក​ខ្លាញ់ មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទីពីរ បញ្ហា​លើ​ប្រព័ន្ធ​ការពារ​ខ្លួន៖ មាន​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត អាល់ឡែកហ្ស៊ី ហឺត ឬ​ បញ្ចុះ​ប្រសិទ្ធភាព​ថ្នាំ​បង្ការ បញ្ហា​លើ​ប្រព័ន្ធ​ប្រសាទ៖ នាំ​ឱ្យ​មាន​វិបត្តិ​អត្តចរិត វិបត្តិ​អារម្មណ៍ វិបត្តិ​បញ្ញាញាណ កំរិត​ភាព​ឆ្លាត​វ័យ​ធ្លាក់​ចុះ វិបត្ត​សោតវិញ្ញាណ វិបត្តិ​ទំនាក់ទំនង វិបត្តិ​ផ្ចង់អារម្មណ៍រវើរវាយ​ជ្រុល​ឬ​រពិស​ជ្រុលគ្រឿង​សំអាង​មាន​ផ្ទុក​សារធាតុ​រំខាន​អង់ដូគ្រីន?ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ សារធាតុ​គីមី ពពួក​រំខាន​ដល់ប្រព័ន្ធ​អង់ដូគ្រីន (​អរមូននិង​ក្រពេញ)​ មាន​នៅ​ស្ទើរ​គ្រប់​ទី​កន្លែង និង​ក្នុង​ស្ទើរ​គ្រប់​ផលិតផលប្រើប្រាស់ប្រចាំ​ថ្ងៃ​​​នានា មាន​ជាអាទិ៍ វត្ថុប្រើប្រាស់​​ផ្ទះ​បាយ ផលិតផល​សម្អាត​អនាម័យ​ផ្ទះ ផលិតផល​ធ្វើ​ម្ហូប​​អាហារ​ និង​គ្រឿង​សំអាង។ល។និង។ល។ សារធាតុ​រំខាន​អង់ដូគ្រីន​ មានឆ្លង​ពេញ​ក្នុង​បរិស្ថាន ក្នុង​ទឹក​ ក្នុង​ដី ក្នុង​ខ្យល់​ ដែល​យើង​ស្រូបដង្ហើម​​រាល់​ថ្ងៃទៀត។ ជា​ទូទៅ​ សារធាតុ​រំខាន​អង់ដូគ្រីន អាច​ជ្រៀប​ចូល​ក្នុង​ខ្លួនមនុស្ស​ ​តាម​ច្រក​បី​-គឺ​តាម​ផ្លូវ​អាហារ (មាត់)  តាម​រយៈ​អាហារ​មាន​ជាតិ​គីមី មាន​ជាប់​សំណល់​ថ្នាំ​សម្លាប់​សត្វ​ល្អិត ឬ​សំណល់​ជីរកសិកម្ម តាម​រយៈ​អាហារ​មានខ្ចប់​​​ប្លាស្ទិក​ឬច្រកស្បោង និង​តាម​រយៈ​ទឹកដែល​ឆ្លង​ជាតិ​ពុល​សំណល់​គីមី​នានាក្នុង​ដី។-តាម​ផ្លូវ​ដង្ហើម៖ ​ខ្យល់ដែល​យើង​ស្រូប​ដង្ហើម​ជា​រៀងរាល់​ថ្ងៃ ជា​ខ្យល់​​បរិយាកាស​ពុល​ខ្លាំង ដោយ​សារធាតុគីមី ផ្សែងពុល ឬ​ថ្នាំ​គីមី​សម្លាប់​សត្វ​ល្អិត-តាម​ស្បែក គឺការ​ប្រើផលិតផល​សំអាង​ កែសម្ផស្ស ផលិតផល​លាង​បោក​​សម្អាត​​ផ្ទះ។យើង​ជា​ប្រជាពលរដ្ឋ​សាមញ្ញទូទៅ​ ​រស់​ប្រឈម​នឹង​សារធាតុគីមី​ច្របល់​គ្នា​យ៉ាង​ច្រើន​មុខ​ណាស់​ទៅ​ហើយ ដូច្នេះ​គ្មាន​ប្រយោជន៍​អ្វី​ដែល​អ្នក​ត្រូវ​បណ្តោយ​កូន​ៗ បន្ថែម​ជាតិ​ពុល​ ជាតិ​គីមី ចូល​ក្នុង​ខ្លួន​តាម​ការ​ការ​​ប្រើគ្រឿង​ម៉ាគីយេ ម្សៅ ឡេ ​ដែល​មិន​ចាំបាច់​ទាល់​សោះ​សម្រាប់​ពួកគេទេ​។ ​ផលិតផល​សំអាង គ្រឿង​ម៉ាគីយេ​ មាន​ផ្ទុក​ធាតុសកម្ម​ សារធាតុ​គីមី ច្រើន​យ៉ាងណាស់ ដែល​អាច​ជ្រាប​ចូល​តាម​ស្បែកទៅ​ប៉ះពាល់​ដល់​ប្រព័ន្ធអរមូន​ និង​ដែល​អាច​បង្ក​ផលវិបាក​អាក្រក់​ដល់​សុខភាព ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ៕
16/10/20248 minutes, 56 secondes
Episode Artwork

សំរាន្ត​ក្នុងទីងងឹត ចម្រើនដល់​សុខភាព​?

ពន្លឺ​សិប្បនិម្មិត ទោះបី​ជាខ្សោយ​យ៉ាងណា​ក៏​រំខាន​ដល់​ដំណេក និងមក​ពន្យឺត​ភាព​ងងុយ​របស់​យើង​ដែរ។ ផ្ទុយទៅវិញ ការ​​សំរាន្តយប់ក្នុង​បន្ទប់​ងងឹត​ឈឹង គ្មានពន្លឺសោះ មិន​ត្រឹម​តែ​ជួយ​ឱ្យយើង​ឆាប់​លង់លក់យ៉ាងស្កប់ស្កល់​ទេ តែថែមទាំងអាច​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​ល្អ​។ ហេតុអ្វី? តើ​អ្នក​វិទ្យាសាស្ត្រ​ពន្យល់​យ៉ាង​ដូចម្តេច? លោកអ្នកមាន​បញ្ហាដំណេកមែនទេ? សូម​សាកល្បង​ ពន្លត់​ភ្លើង បិទ​អំពូល បិទ​វាំងនន បិទ​ទូរស័ព្ទ ទូរទស្សន៍... កុំ​ទុក​ឱ្យ​មានសល់ពន្លឺនៅក្នុង​បន្ទប់គេង សាក​ល​មើល៎។ បើតាមលទ្ធផល​ស្រាវជ្រាវ​​របស់​អ្នកស្រាវជ្រាវ​វេជ្ជសាស្ត្រ​ការសំរាន្ត​ក្នុង​បន្ទប់​ងងឹត​ឈឹង​ គ្មានពន្លឺ​សោះ នឹង​ធ្វើ​ឱ្យ​អ្នក​ឆាប់​ងងុយ និង​លង់លក់​យ៉ាង​ស្កប់ស្កល់​ខ្លាំង។​យើងធ្លាប់ឮនិយាយច្រើន​អំពី​ការ​រំខាន​របស់​សំឡេង ដូច​ជា​ថ្លង់​ពេក​គេ​មិន​លក់​ គេ​មិន​បានជា​ដើម។ មែន​! សំឡេង​រំខាន​ខ្លាំងណាស់ អាចដាស់ បង្អាក់ដំណេក។ អ្នក​មាន​ដំណេក​ស្រាល អាច​ភ្ញាក់​ដោយ​គ្រាន់​តែ​ឮសំរិប​អ្វី​បន្តិច។ ប៉ុន្តែ​ពន្លឺ​ក្នុងពេល​យប់​ ក៏ជា​ប្រភព​បំពុល​បរិយាកាស​ដំណេក​ដ៏​ចម្បង​ដែល​ជះឥទ្ធិពលអវិជ្ជមាន​ ដោយ​ស្ងប់ស្ងាត់ និងដោយ​គេពុំ​សូវ​លើក​មក​និយាយទេ។ តែដោយ​ពិតជាក់ស្តែងទៅ​នោះ ពន្លឺ​ជា​ការ​រំខានដំណេកមនុស្សលោកខ្លាំងណាស់។ នៅ​ប្រទេស​បារាំង មួយ​ភាគបួននៃប្រជាពលរដ្ឋ រស់​ប្រឈម​នឹង​ពន្លឺ​អំពូល​ភ្លើង​សាធារណៈ។តើពន្លឺបង្កបញ្ហា​ដល់​ដំណេកយ៉ាង​ដូចម្តេច?ទោះបី​ជាខ្សោយ និង​ភ្លឺ​តិច​យ៉ាងណា​ក៏​ដោយ ក៏ពន្លឺអាច​ប៉ះពាល់ដល់យន្តការ​ដំណេក​ដែរ។ ដើម្បី​​ងងុយ និង​លង់លក់ សរីរាង្គកាយ​មនុស្សត្រូវ​ការ​​អ័រម័ន​ម្យ៉ាង​ ដែល​ផលិត​តែនៅពេលយប់ គឺ អ័រមូន មេឡាតូនីន។ នៅក្នុង​ការសិក្សារបស់​អ្នក​វិទ្យាសាស្ត្រអូស្ត្រាលី ទើប​ចេញផ្សាយ​ក្នុង​ពេល​ថ្មីៗ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ពន្លឺក្នុង​កំរិត​ដ៏​ខ្សោយបំផុត​ ប៉ុនកូនពន្លឺគ្រឿង​អេឡិចត្រូវនិកបិទហើយសោះ អាច​ពន្យឺតយន្តការផលិតអ័រម័នមេឡាតូនីនប្រមាណ២០នាទី និង​ពន្យឺតភាព​ងងុយ​និង​ការលង់​លក់​ប្រមាណ២០នាទី​ដែរ។មានន័យ​ថា ពន្លឺ​រំខាន​ដល់​ចង្វាក់ធម្មជាតិរបស់​មនុស្ស ដោយ​អាច​បង្ខិត ឬ​រំកិល​ចង្វាក់​ដំណេក។ បើ​សរីរាង្គ​មាន​ដំណើរការ​ខុស​ចង្វាក់យូរៗទៅ ផលវិបាកសុខភាពនឹង​លេច​ឡើង​។​ ពោលគឺ បើ​សរីរាង្គ​ដើរ​ខុស​ចង្វាក់ជីវសាស្ត្រ ប្រព័ន្ធ​មេតាបូលិក ប្រព័ន្ធការពារ​ខ្លួន​ ក៏​​ត្រូវ​ដើរ​ខុស​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ហានិភ័យធ្លាក់​ខ្លួន​ឈឺ នូវ​ជំងឺ​មេតាបូលិកជា​ច្រើន​​ដូច​យ៉ាង ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺមហារីក។ពន្លឺអាច​មាន​ឥទ្ធិពលអវិជ្ជមាន​យ៉ាង​នេះ ក៏​ដោយ​សារ​ថា គ្រប់​ប្រព័ន្ធ​ដំណើរការ​របស់សរីរាង្គកាយ (ប្រព័ន្ធអរមូន ប្រព័ន្ធ​កម្តៅ ...) សុទ្ធ​តែ​គ្រប់គ្រង​ចាត់ចែង​ទៅ​តាម​ចង្វាក់​ថ្ងៃយប់ នៃវដ្តដែលមាន​២៤ម៉ោង ហើយ​ធ្វើសមកាលកម្មដោយ​ពន្លឺ។​ដោយសារ​តែ​ខុស​ចង្វាក់ធម្មជាតិ​ដំណេកនេះ​ហើយ បាន​ជា​ការ​សិក្សា​ជាច្រើនទៀត រកឃើញ​ថា​មានកំណើន​គ្រោះ​ហានិភ័យ​​កើត​ជំងឺ​វង្វេង​វង្វាន់​អាល់ហ្សៃមែរ ដោយការប្រឈម​នឹង​ពន្លឺ​នៅ​យប់។កាលពី​​ឆ្នាំ២០២២ ការ​សិក្សា​របស់​អ្នកស្រាវជ្រាវ​អាមេរិក​បាន​អះអាង​អំពី​ចំណ​ង​ទំនាក់ទំនង​រវាង​ការ​ប្រឈមនឹង​ពន្លឺ​ច្រើននៅពេលយប់ និង​គ្រោះ​កើត​ជំងឺទឹកនោមផ្អែម​ប្រភេទទីពីរ។ ឥឡូវ​អ្នក​ជំនាញ​ផ្នែក​ដំណេក​អូស្ត្រាលី លោក អ៊ីនឌ្រូ ហ្វីលីព ​បាន​អនុម័ត​​សម្មិតិកម្ម​នោះ និង​បាន​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​សុខភាព​អឺរ៉ុប​ដ៏​ល្បីល្បាញ​ជា​ទីទុក​ចិត្ត​បំផុត ថា គ្រោះ​កើត​ជំងឺ​ទឹកនោមផ្អែម ដោយ​ហេតុ​តែ​សំរាន្ត​​យប់​ដោយ​ទុក​ភ្លើង​ មាន​កំរិត​ពន្លឺ​ត្រឹម​អំពូលទូរទស្សន៍​បិទ​ហើយ បានកើន​ឡើង​២៩%-៣៩% និង​ដល់​៥៣%​បើ​អំពូល​ភ្លឺខ្លាំង។នៅពេល​សំរាន្ត ទោះបី​ជាយើង​បិទ​ភ្នែក​ជិត​ឈឹង​ក៏​ដោយ ក៏​ពន្លឺ​នៅ​តែ​អាច​ជ្រៀត​ចាំងចូល​តាម​ត្របក​ភ្នែក​បាន​ដែរ។ យើងអាច​មាន​អារម្មណ៍​ថា​សំរាន្ត​ពេល​យប់លក់​ស្រួលគ្មាន​អ្វី​រំខាន​មែន តែពន្លឺ ការបើក​​​ទូរទស្សន៍ ​ទុក​អំពូល​ភ្លើង​ឱ្យ​នៅ​ឆេះ​ចោល​ពេល​ដេកយប់ មិនមែន​ជា​ទម្លាប់​ល្អ​ទេ។ ការសិក្សា​ពន្យល់ថា នៅពេល​ដេកក្នុងទី​ភ្លឺ សរីរាង្គកាយ​យើង​ស្ថិ​តក្នុង​ស្ថានភាព​ប្រុងត្រៀមតែ​រហូត ហើយទៅ​បំប៉ន​ប្រព័ន្ធប្រសាទឱ្យ​នៅស្វាហាប់ជានិច្ច។ ជាហេតុធ្វើ​ឱ្យ​បេះដូង​ប្រឹង​លោត​ញាប់ដដែល ដែលជាទូទៅចង្វាក់បេះដូង​ត្រូវ​លោត​រង្វើល​នៅពេលយប់ និង​ជាហេតុធ្វើឱ្យ​ចំណាត់ការ​ចែកចាយជាតិស្ករ​ក្នុងឈាម​មិន​បាន​ល្អ ដែល​អាច​​ជាចំណុច​ចាប់​ផ្តើម​នៃ​ជំងឺ​ទឹកនោមផ្អែម និង​ជា​​ទម្លាប់អាក្រក់ ធ្វើ​ឱ្យ​ខ្លួនប្រាណ​និង​សរីរាង្គ​កាយ​ទាំងមូល លែងមាន​សណ្តាប់។នេះ​ជា​សារ​រំលឹក​អំពី​ភាព​ចាំបាច់ ដែល​យើង​ត្រូវ​ចេះ​ស្តាប់​សេចក្តីត្រូវការ​របស់​សរីរាង្គកាយ និង​គោរព រក្សាចង្វាក់ធម្មជាតិ​ដែល​មានពី​ដំណាក់កាលឆ្លាស់​គ្នា គឺ​ពេល​ថ្ងៃ​សកម្ម និង​ពេលយប់​សំរាក។ សំរាក​ដោយត្រឹម​ត្រូវ ដោយ​គ្មានពន្លឺ​រំខាន។សំរាន្តក្នុងទីងងឹតមានគុណប្រយោជន៍​យ៉ាងណា?នៅ​ពេល​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​ទី​ជនបទ តាម​ខេត្ត​ឆ្ងាយៗ តើ​លោក​អ្នក​មានអារម្មណ៍​ថា​សម្រាន្ត​លក់​ស្រួល​ មាន​កម្លាំង​ ស្រលះមុខ​មាត់ ពេល​ព្រឹក​ឡើងទេ? ហេតុ​អ្វី​បាន​ជា​យើង​មាន​អារម្មណ៍​យ៉ាង​ដូច្នេះ? ទំនង​មកពីលោក​​អ្នក​ឆាប់​ចូល​ដំណេក​ និង​ពុំ​រង​ពន្លឺ​សិប្បនិម្មិត​ច្រើន​ដូច​នៅ​ក្រុងហើយ។​ភាព​ងងឹត​មិន​សុទ្ធ​តែ​អាក្រក់​ទេ។ អ្នក​វិទ្យាសាស្ត្រ​កាន់​តែ​ច្រើនឡើងៗ ណែនាំ​ឱ្យ​មនុស្ស​គ្រប់​រូប​ជ្រើសរើស​សំរាន្ត​ក្នុង​ភាព​ងងឹត ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព និង​ដើម្បី​មាន​សុខមាលភាព​ល្អ។ក្រៅ​អំពីឆាប់ងងុយ លង់​លក់​  ដំណេកក្នុង​ទីងងឹត​ឈឹងនឹង​ស្កប់ស្កល់ល្អ។ បើ​លក់​ស្កប់ស្កល់​ល្អ វា​នឹង​​ផ្តល់​គុណប្រយោជន៍​ច្រើនទៀត​ណាស់​សម្រាប់​សុខភាព​។គេង​ក្នុង​ទី​ងងឹត​ឈឹង ជា​ការ​ចេះ​ស្តាប់​និង​​គោរព​ចង្វាក់​ធម្មជាតិ​​របស់​សរីរាង្គកាយ (យប់​ងងឹត​ដេក ​​ភ្លឺឡើង​ភ្ញាក់​ធ្វើ​សកម្មភាព) ​ដែល​នឹងធ្វើឱ្យ​យន្តការ​មេតាបូលិស​ដំណើរការល្អ​ ពោល​គឺ​ខ្លួន​ប្រាណ​ក៏​មានដំណើរការ​ល្អ​ ដោយ​ជួយ​មិន​ឱ្យ​ឡើង​ទម្ងន់ ជួយ​កោសិកានិង​ជាលិកា​នៃ​ប្រព័ន្ធការពារ​ខ្លួនឱ្យ​មាន​ពេល​ដុះ​លូតលាស់​បំពេញ​កម្លាំង​ដែល​ចំណាយ​អស់​កាលពី​ពេល​ថ្ងៃ។សំរាន្ត​ក្នុង​ភាព​ងងឹត ​នឹង​កាត់​បន្ថយ​គ្រោះ​ធ្លាក់​ខ្លួន​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជួយ​រក្សា​ជាតិ​ស្ករ​អាំងស៊ូលីនឱ្យ​នៅ​នឹង​ល្អ។សំរាន្ត​ដោយ​គ្មាន​ពន្លឺ ល្អ​ខ្លាំង​ណាស់​សម្រាប់​ភ្នែក​។ ភ្នែក​​នឹង​បាន​សម្រាក​យ៉ាង​ពិត​ប្រាកដ និង​បាត់​ហត់ ព្រោះ​មិនប្រឹង​​ប្រឈម​នឹង​​ពន្លឺ​ដោយ​ឥត​ប្រយោជន៍។ នៅ​ពេល​ទទួល​​ពន្លឺ ភ្នែកបញ្ជូន​សារ​ទៅ​ខួរ​ក្បាល​ឱ្យស្ថិត​ក្នុង​ភាព​ប្រុង​ប្រយ័ត្ន បាន​ន័យ​ថា​ខួរ​ក្បាល​មាន​ស្ត្រេស និងនៅ​​ប្រឹង​​ជាប់​រហូត។សម្រាប់​អ្នក​ធ្វើការ​ពេលយប់ ការ​សម្រាក​ក្នុង​បន្ទប់​ងងឹត​ឈឹង ទាំង​ថ្ងៃ ក៏​អាច​ជួយ​ឱ្យ​ដំណេក​ស្កប់ស្កល់​ល្អ​ដែរ ព្រោះ​ខួរក្បាល​បាន​ទទួល​សញ្ញា​ច្បាស់​លាស់​ថា​ដល់​ម៉ោង​ត្រូវ​សម្រាកហើយ។ នេះ​បើ​តាម​​លទ្ធផ​លនៃ​ការ​សិក្សា​ដដែល។ ដូច្នេះ​ សូម​សម្រាក​ឱ្យ​បាន​គ្រប់​ម៉ោង​ លោក​អ្នក​នឹង​មាន​កម្លាំង​ពលំ​ធម្មតា​នៅ​ពេលត្រលប់​ទៅ​​ធ្វើ​ការវិញ​​។ជាទូទៅ ដំណេក​មិន​ល្អ​ផះ​ឥទ្ធិពល​អវិជ្ជមាន​ខ្លាំង​ណាស់​ដល់​សុខភាពស​រីរាង្គកាយ។ ដំណេកមិន​គ្រប់​គ្រាន់ បូក​ផ្សំ​នឹង​បញ្ហា​គ្រួសារ សង្គម​ និង​ការងារ អាចបង្ក​ផល​​ប៉ះពាល់​ខ្លាំងដល់​បញ្ញាញាណ អារម្មណ៍ និង​រាងកាយទាំងមូល។ ផ្ទុយ​ទៅ​វិញ ការ​សំរាន្ត​លក់​ស្កប់​ស្កល់​ល្អ​ពេញ​មួយ​​យប់ ជា​ទន្ទល់​ដ៏​រឹងមាំ​ទ្រ​យើង​ឱ្យ​មាន​អាយុ​យឺនយូរ។ ដំណេក​​​ល្អ និង​ស្កប់​ស្កល់ ត្រូវ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ និង​ក្នុងទីដ៏​សមគួរដែរ។លើកលែង​តែ​អ្នក​ខ្លាច​ងងឹត លោកអ្នកគួរ​តែជ្រើសរើស​សំរាន្ត ក្នុង​បន្ទប់ដោយ​គ្មានពន្លឺ​រំខាន​សោះនៅ​ពេល​យប់ ដោយ​បិទ​ប្រភព​ពន្លឺ​ទាំងអស់ ដូច​ជា​បិទ​ភ្លើង បិទទូរទស្សន៍ បិទ​ទូរស័ព្ទ បិទបង្អួច បិទ​​វាំងនន។ ពាក់​ម៉ាស​បិទ​ភ្នែក ប្រសិន​បើ​អ្នក​គ្មាន​មធ្យោបាយ​ធ្វើ​ឱ្យ​បន្ទប់​គេង​ងងឹត​ឈឹង​បាន។បើ​មាន​កូន​តូច ត្រូវការ​រក្សា​ពន្លឺ​ខ្លះ​ពេល​ឱ្យ​បៅ​ សូម​ប្រើ​អំពូល​ភ្លើង​ដែល​មាន​ពន្លឺ​លឿង​យ៉ាង​ស្រទន់ និង​ចៀសវៀង​ឱ្យ​បាន​ការ​ប្រើ​ពន្លឺ​ស និង​ខៀវ។ ពន្លឺ​ពណ៌​ខៀវ​ អាច​ទៅ​បិទ​ខ្ទប់​សកម្មភាព​របស់​អ័រមូន​មេឡាតូនីន។ ជា​ចុងក្រោយ​ សូម​កុំ​ខ្លាច​ថ្ងៃ ! កុំ​សំងំ​តែ​នៅ​ក្នុង​ផ្ទះ ឬ​ក្នុង​បន្ទប់! ចេញ​ឱ្យ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ ពន្លឺ​ធម្មជាតិ នៅ​ពេល​ថ្ងៃ ដើម្បី​ជួយ​សរីរាង្គ​ឱ្យ​បែង​ចែង​កាន់តែ​ច្បាស់​រវាង​ថ្ងៃ​និង​យប់៕​
09/10/20249 minutes, 37 secondes
Episode Artwork

ការ​ពារ​សុខភាព​ភ្នែក ជា​ផ្នែក​មួយ​នៃ​ការ​ពារ​ប្រឆាំងនឹង​ជំងឺវង្វេងវង្វាន់

មាន​អត្រា​ជាតិ​ខ្លាញ់​ក្នុងឈាម​ខ្ពស់ និង​មិនព្យាបាល​ភ្នែក​ពេល​មើលមិន​ច្បាស់​ ជា​កត្តាហានិភ័យ​ពីរ​ថ្មី ដែលនាំ​ឱ្យ​មានគ្រោះ​កើត​ជំងឺរង្វេងវង្វាន់ អាល់ហ្សៃម៉ែរ។ នេះបើ​តាមការ​សិក្សា​ទើប​ចេញផ្សាយ​ នៅថ្ងៃទី ៣១​កក្កដា ២០២៤។ ប៉ុន្តែ​ជាដំណឹង​ល្អ នៅ​ពេ​ល​អនាគតដ៏​ខ្លី​ខាង​មុខ វេជ្ជសាស្ត្រទំនង​ជាអាចជួយ​វែក​រកជំងឺអាល់ហ្សៃម៉ែរ បាន​ឆាប់​រហ័ស​និ​ង​ដោយ​ភាព​​ប្រាកដប្រជាខ្លាំង ហើយងាយ ដោយ​គ្រាន់​តែ​យកឈាមទៅ​​​​វិភាគ​​ជំងឺ។ អាល់ហ្សៃម៉ែរជាជំងឺដ៏​គួរ​ឱ្យ​ខ្លាច និង​គ្មាន​ថ្នាំ​ព្យាបាល​ទេ រហូត​មកទល់​នឹង​ម៉ោង​នេះ​នាទី​នេះ។ បន្ថែម​ពី​លើ​ផលវិបាក​ដែល​អ្នក​ជំងឺ​រង​ទុក្ខ​ដោយ​ផ្ទាល់ រោគ​វង្វេងវង្វាន់ ជា​បន្ទុក​របស់​សង្គម និង​គ្រួសារ​ធ្ងន់ធ្ងរណាស់។ ហើយ​ក្នុង​មួយ​ឆ្នាំៗ​មាន​មនុស្ស​រាប់​លាន​នាក់​ធ្លាក់​ក្នុង​ស្ថានភាព​វង្វេងវង្វាន់​ បាត់​បង់​ការ​ចង​ចាំ​ និង​លែងចេះ​និយាយ​ស្តី។ ប៉ុន្តែ ​អ្នក​ស្រាវជ្រាវក៏​​ចាប់​យល់​និង​កំណត់​បានកាន់​តែ​ច្រើន ​អំពី​កត្តា​ហានិភ័យ​ដែល​នាំ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ជំងឺ​អាល់ហ្សៃម៉ែរដែរ​។នៅ​ចន្លោះ​ពី​ឆ្នាំ​ ២០១៧​ដល់​ឆ្នាំ​២០២០ គណៈកម្មការ​ Lancet​ ដែល​ជា​អ្នកចង​ក្រង​​ទុក​នូវ​រាល់​គ្រប់​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​អាល់ហ្សៃម៉ែរ បានចេញ​បញ្ជី​កំណត់ ហានិភ័យ​នៃ​ជំងឺវង្វេង​វង្វាន់ថា​មាន​១២​​កត្តា ៖-មាន​​កំរិត​សិក្សា​ទាប​-​ថ្លង់​ (ធ្ងន់​ត្រចៀក)-មាន​ជំងឺ​​លើស​ឈាម-អសកម្មភាព​ផ្លូវកាយ-មាន​ជំងឺ​ទឹក​នោម​ផ្អែម-​​រស់​ឯកា​មិន​ចូល​សង្គម-​ទទួល​ទាន​សុរា​ច្រើន-ស្រូប​ខ្យល់​ពុល​-​ជក់​បារី-ធាត់​ជ្រុល-​និង​មាន​ដំបៅ​ ឬ​គ្រាំ​ខួរក្បាល។ពេល​​នេះ កា​រសិក្សាថ្មី​ដែល​ជា​ការ​វិភាគលម្អិត​ទិន្នន័យ​ពិភពលោក​ ដ៏​ធំ​ចម្បង​បំផុត ទើប​ចេញផ្សាយ​នៅ​ថ្ងៃទី ៣១​កក្កដា ២០២៤​ ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​សុខភាព​ដ៏​ល្បីល្បាញ The Lancet ដដែល បានបង្ហាញ​សម្មតិកម្ម​​ស្តីពី​កត្តា​ហានិភ័យ​ពីរ​ថ្មី​ទៀតនៃ​​ជំងឺ​វង្វេងវង្វាន់​អាល់ហ្សៃម៉ែរ។ កត្តា​ហានិភ័យពីរ​​ថ្មីដែល​មក​ជួយ​ជំរុញ​បន្ថែម​ឱ្យ​មាន​វិបត្តិខួរ​ក្បាល​ភ្លេច​ភ្លាំងនោះ​ គឺ​អត្រា​ជាតិ​ខ្លាញ់​ក្នុង​ឈាម​កូឡេស្តេរ៉ូល​ខ្ពស់​  និង​ការ​បាត់​បង់​សមត្ថភាព​មើល​របស់​ភ្នែក​ហើយ​មិន​ស្វែង​រក​ការ​ព្យាបាល។កត្តា​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់នៅក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ការងារ​​ស្រាវជ្រាវ​របស់​ខ្លួន អ្នក​វិទ្យាសាស្ត្រ​​ Lancet បាន​បញ្ចូល​អត្រា​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ LDL ឬ​ហៅ​ថា​ខ្លាញ់​កូឡេស្តេរ៉ូល​អាក្រក់ ជា​កត្តា​ហានិភ័យ​សម្រួល​ឱ្យ​មាន​ជំងឺ​វង្វេង​វង្វាន់។ បើ​តាម​លទ្ធផល​នៃ​​ការ​សិក្សាបី​​លើ​អ្នក​ជំងឺអាយុ​ក្រោម​៦៥​ឆ្នាំ ​ជាង​១​លាន​មួយ​សែន​នាក់ នៅ​អង់គ្លេស​ ដោយ​​ផ្តោតការ​តាមដាន​​តែ​លើ​កំរិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​កូឡេស្តេរ៉ូល​អាក្រក់​ រយៈ​ពេល​១២​ឆ្នាំ​ទៅ គេ​សង្កេត​ឃើញ​ថា​ នៅ​ពេល​កំរិត​កូឡេស្តេរ៉ូលLDL ឡើង​១mmol/l ហានិភ័យ​មាន​វិបត្តិ​ភ្លេច​ភ្លាំង​កើន​ឡើង​៨%។កត្តា​សុខភាព​ភ្នែកឯកត្តាហានិភ័យ​​ថ្មី​ទីពីរនៃ​ជំងឺ​វង្វេងវង្វាន់​ ពាក់ព័ន្ធ​នឹង​សមត្ថភាព​មើល​ឃើញ​​របស់​ភ្នែក​វិញ ជាករណី​ដែល​គណៈកម្មការ​មិន​ធ្លាប់​នឹក​គិត​និងចាត់​ទុក​ជា​កត្តា​ហានិភ័យ​​ពី​មុនមកសោះ​ ស្រាប់​តែឃើញ​ទិន្នន័យបញ្ជាក់​យ៉ាង​ច្បាស់​ក្រលែត​ទៅ​វិញ។ នៅ​ក្នុងទិន្នន័យ​សំយោគ​ការ​សិក្សាចំនួន​១៤​ ដោយ​មាន​អ្នក​ចូល​រួមជា​មនុស្ស​ធំ​ពេញ​វ័យ​​ជាង​៦​លាន​នាក់ ដែល​សុទ្ធ​តែ​មាន​សមត្ថភាព​ខួរក្បាល​ល្អពេញ​លេញ​​ពី​ដំបូង តែ​ចុង​ក្រោយ​ជាង​មួយសែន​៧ម៉ឺន​​នាក់​ធ្លាក់​ខ្លួន​មាន​វិបត្តិ​អាល់ហ្សៃម៉ែរភ្លេច​ភ្លាំង។ អ្នក​មាន​វិបត្តិ​ភ្លេច​ភ្លាំងទាំង​នេះ​សុទ្ធ​តែ​មាន​សុខភាព​ភ្នែក​ធ្លាក់​ចុះ​ មើល​មិន​ច្បាស់​ ពាក់​ព័ន្ធ​ជាមួយ​ទាំងអស់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ដឹកនាំតាក់តែង​​សំណេរ​នេះ ណែនាំ​ឱ្យ​គ្រប់​អ្នក​ជំងឺ​ទាំងអស់​រូត​រះ​ទៅ​ព្យាបាល​ភ្នែក​ នៅពេល​សមត្ថភាព​គំឃើញ​ចាប់​ធ្លាក់​ចុះ​ភ្លាម។ ការព្យាបាល​ភ្នែក​ជា​ចំណែក​មួយ​នៃការការពារ​មិន​ឱ្យ​ធ្លាក់​ខ្លួន​មាន​ជំងឺ​អាល់ហ្សៃម៉ែរ។មិន​ខុស​ពី​ពាក្យ​ស្លោកបូរាណ​ខ្មែរ “ការពារ​ប្រសើរ​ជាង​ការ​ព្យាបាលឡើយ” អ្នក​ជំនាញ​ផ្នែក​ជំងឺ​អាល់ហ្សៃម៉ែរ តែង​ទទូច​​អំពី​ភាព​សំខាន់ និង​ចាំបាច់​បំផុត​​នៃ​ការ​ការពារ​ខ្លួន​ពី​ជំងឺ​វង្វេង​វង្វាន់​ តាំងពី​យូរ​មក​ហើយ​​។ សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ ការវែក​រក​ឃើញ​កត្តា​ហានិភ័យ​នៃ​ជំងឺ​អាល់ហ្សៃម៉ែរ ដែល​សំខាន់​ខ្លាំង​ ព្រោះវាជា​ការ​ផ្តល់​មធ្យោបាយ​ឱ្យ​រក​វិធី​ការ​ពារ។ជា​សរុប​ បើគណនា​​តាម​ក្បួន​ ជិត​ពាក់​កណ្តាល​នៃ​ករណី​រង្វេងវង្វាន់​អាល់ហ្សៃម៉ែរ អាច​បញ្ចៀស​បាន​ តាម​រយៈ​ការ​លុប​បំបាត់​កត្តាហានិភ័យ​ទាំង​១៤មុខ​។មាន​ន័យ​ថា ជំងឺ​វង្វេង​វង្វាន់​អាល់ហ្សៃម៉ែរ មិនមែន​ជា​ជំងឺ​ដែល​គេមិន​អាច​ការពារឬ​បញ្ចៀស​បាន​ទេ។ ថ្វីបើ​កត្តា​ពូជ​​មាន​ចំណែក​ធំ​នាំ​ឱ្យ​មនុស្ស​មាន​រោគ​វង្វេង​ដែល​​គេ​អាច​លុប​បំបាត់​បាន​​​ក៏ដោយមែន ប៉ុន្តែ​គេ​អាច​បញ្ចៀស ច្រាន​ កត្តា​បរិស្ថាន កត្តា​រស់​នៅ​ កត្តា​ហានិភ័យក្រៅ​ខ្លួន​បាន ដើម្បី​បង្រួម​លទ្ធភាព​ធ្លាក់​ខ្លួន​មាន​ជំងឺ​វង្វេងវង្វាន់។ បើ​តាម​អ្នក​ជំនាញ ទោះ​ក្នុង​វ័យ​ណា និង​ស្ថានភាព​សុខភាព​កំរិត​ណា​ក៏​ដោយ​ ក៏​គេ​នៅ​អាច​ការពារ ពន្យារ ពន្យឺត និ​ងទប់​ជំងឺ​អាល់ហ្សៃម៉ែរ​បាន​ដែរ។ បើ​មិន​បាន​ច្រើន​ក៏​តិច។ចូរ​ព្យាយាម​បញ្ចេញ​សកម្មភាព​ផ្លូវកាយ សកម្មភាព​ខួរក្បាល ព្រោះ​​ខួរក្បាល​ដ៏​ដូច​ជា​សរីរាង្គ​ផ្សេង​ទៀត​ដែរ កាន់​តែ​ប្រើ​កាន់​តែវិវឌ្ឍទៅ​រក​​ភាពចាស់ទុំ​​ល្អ​​ ពោល​គឺ​ ត្រូវ​ទម្លាប់​ប្រើ​ខួរ​ក្បាល​តាំងពី​ក្មេង ឱ្យ​គិត ឱ្យ​ចងចាំ ឱ្យ​គណនា ឱ្យ​ស្វែង​រកក្បួន​ ឱ្យ​ត្រេះរិះ​ រហូត​ដើម្បី​ពង្រឹង​កម្លាំង​កោសិកាប្រព័ន្ធ​ប្រសាទ​។ ការ​ណែនាំ​នេះ​ មិន​មែន​ជា​ការ​ជំរុញ​ឱ្យ​អ្នក​ទៅ​អង្គុយ​គិត​ លេខ​បូក​លុយ លេ​ងស៊ូដូគុ ឬ​ប្រើ​ខួរ​ក្បាល​រក​ល្បិច​ឈ្នះ​គេ​រហូត​ទេ តែ​ឱ្យ​អ្នក​ជ្រើសរើស​សកម្មភាព​អ្វី​មួយ​ដែល​នាំ​ឱ្យមាន​រីក​រាយ និងពិសេស​មានទំនាក់ទំនង​និង​​ភាព​ប្រទាក់​ក្នុង​សង្គម​ ហើយ​ត្រូវ​សាកល្ប​ង​ប្តូរ​ផ្លាស់​របៀប​របប​រស់​នៅ​ ប្រកប​ដោយ​អនាម័យ​ខ្ពស់ គេង​គ្រប់​គ្រាន់ និង​គេច​ពីកត្តា​​ហានិភ័យទាំង​១៤​ខាង​លើ​។​ស្ថាប័នស្រាវជ្រាវ​​ជំរុញខ្លាំង​ឱ្យ​មានការ​ការពារ​ជំងឺ​អាល់ហ្សៃម៉ែរ​ ព្រោះថ្វី​បើ​គេ​ចំណាយ​ពេល​អស់​ជា​ច្រើន​ទសវត្សរ៍​ស្រាវជ្រាវ​ក៏​ដោយ​ ក៏​​វេជ្ជសាស្ត្រ​នៅ​តែ​ពុំ​ទាន់រក​ឃើញ​​ថ្នាំ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាពពិត​ទៀត។ បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​អនុម័ត​ឱ្យ​ប្រើប្រាស់​ថ្នាំ​ពីរមុខ (​Lecanemamb និង​ Donanemab​) សម្រាប់​ព្យាបាល​ជំងឺ​អាល់ហ្សៃម៉ែរ ប៉ុន្តែ​ប្រសិទ្ធភាព​នៃ​ថ្នាំ​មាន​កំរិត​ណាស់ បើ​យោល​ទៅ​លើ​ផលប៉ះពាល់​បន្ទាប់​បន្សំ​នៃ​ថ្នាំ និង​បើ​យោល​ទៅលើ​តម្លៃ។ ចំណែក​ឯ​អាជ្ញាធរ​សុខាភិបាល​អឺរ៉ុប បាន​បដិសេធរួច​ហើយ​ មិន​ឱ្យ​ប្រើ​​ថ្នាំ​Lecanemambនៅលើ​ទឹក​ដី​សហភាព​ទេ និង​នៅ​ព្យូរ​លទ្ធផល​ចំពោះ​ថ្នាំ​Donanemab។ ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កត្តាហានិភ័យ​នៃ​ជំងឺ​អាល់ហ្សៃម៉ែរ ទំនង​ជា​មធ្យោបាយ​ល្អ​ជាង​ការ​ចំណាយ​អភិវឌ្ឍ​ថ្នាំព្យាបាល​ដែល​គ្មាន​ផ្តល់​ក្តី​សង្ឃឹម​សោះ​រហូត​មក​ទល់​ពេល​នេះ។ ម្យ៉ាង​វិញ​ទៀត ការ​វែករក​​ជំងឺ​អាល់ហ្សែម៉ែរ​ទៀត​សោត​ ក៏​ត្រូវ​ការ​ចំណាយ​ពេល​វេលា​ច្រើន ខ្លះ​ទាល់​តែ​រាប់​ឆ្នាំ និង​ជួប​វេជ្ជបណ្ឌិត​ឯកទេស​រាប់​សិប​នាក់ ទម្រាំ​អាច​កំណត់​បាន​ថា​ជា​ជំងឺ​អាល់ហ្សៃម៉ែរ។ ការ​កំណត់​ដឹង​​ជំងឺ​អាល់ហ្សៃម៉ែរ តាម​រយៈ​ការ​វិភាគឈាម​ ជា​មធ្យោបាយ​ល្អ​ និង​ងាយ តែ​គេ​នៅ​មិន​ទាន់​អាច​ប្រើ​វិធី​នេះជា​លក្ខណៈ​ទូទៅ​នៅ​ឡើយ​ទេ។ អ្នក​ស្រាវជ្រាវ​ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត​សិន៕
02/10/20248 minutes, 26 secondes
Episode Artwork

ហាត់ប្រាណ​និង​ធ្វើ​កីឡា ខុស​គ្នា​យ៉ាងណា?

ធ្វើ​ចលនា បញ្ចេញ​កម្លាំង​​ផ្លូវកាយ ហាត់​ប្រាណ ធ្វើ​កីឡា នេះ​ជា​សារ​សុខភាព​ដែល​គេ​ឮ​កាន់​តែ​ញយ​ៗ​ឡើង។ ប៉ុន្តែ​ដោយ​ជាក់​ស្តែង​ទៅ​នោះ តើ​ពាក្យ​ទាំង​នេះ​មាន​ន័យ យ៉ាង​ដូចម្តេច? និង​ខុស​គ្នា​ដែរឬទេ? ជា​គម្រប់​១០០​ឆ្នាំ​គត់​ដែល​បារាំង​បាន​ក្លាយ​ជា​ម្ចាស់​ផ្ទះ​ជា​ថ្មី ទទួល​រៀប​ចំ​កីឡាអូឡាំពិក​ ពី​ថ្ងៃទី ២៦កក្កដា​ដល់​ថ្ងៃទី ១១​សីហា និង​ប៉ារ៉ាអូឡាំពិកពី​ថ្ងៃទី ២៨​សីហា​ទៅ​៨​កញ្ញា។ ក្រៅ​អំពី​ប្តេជ្ញា​រៀប​ចំ​ការ​ប្រកួត​កីឡា​ឱ្យ​បាន​ល្អ​ប្រណិត​បំផុត​ ក្រសួងការងារ សុខាភិបាល និង​ភារតភាព​បារាំង បាន​ឆ្លៀត​យក​ឱកាស​នេះ​ ជំរុញ អប់​រំ​បំពាក់​បំប៉ន និង​ឃោសនា​អំពី​តម្លៃ​និង​​ទម្លាប់​ដ៏​ល្អ​ប្រពៃ​បំផុតនៃ​ការ​​ធ្វើ​ចលនា​​កាយ​សម្បទា និង​ធ្វើ​កីឡា។អូឡាំពិកប៉ារីស​និង​សុខភាពសាធារណៈកីឡា​អូឡាំពិក និង​ប៉ារ៉ាអូឡាំពិក ត្រូវ​តែ​ជា​យន្តការ​ពន្លឿន​នយោបាយ​សុខភាព​សាធារណៈ និង​ឈ្នាន់​បង្វិល​មធ្យោបាយ​ទំនើបៗ​ឱ្យ​មាន​ដំណើរការ។ កីឡាអូឡាំពិក​២០២៤ ត្រូវបន្សល់​ទុក​នូវ​​មរតក ប្រកប​ដោយ​មហិច្ឆតាធំ គឺ បញ្ចូល​​កីឡាទៅ​ជា​ចំណែក​ដ៏​ធំ​មួយ​នៃ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាពអសកម្មផ្លូវកាយ (ភាព​ខ្ជិល​ច្រអូស​​ចង់​តែ​ស្រណុក) ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ឱ្យ​បញ្ចេញ​សកម្មភាព​ផ្លូវកាយ ​ធ្វើ​ចលនា​កាយ​សម្បទា ​ហាត់ប្រាណ ធ្វើ​កីឡា ជា​ប្រចាំ​នៅ​សាលា​រៀន នៅ​ក្នុង​ក្រុង និង​នៅ​កន្លែង​ធ្វើការ។រៀបចំ​កីឡាអូឡាំពិក​និង​ប៉ារ៉ា​អូឡាំពិក ជា​ឱកាសរៀប​ចំ​​បង្កើន​សុខមាលភាពដល់​​ប្រជាពលរដ្ឋគ្រប់​រូប ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើងផង និង​ជា​ឱកាស​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បណ្តាល​មក​ពី​​ភាព​ស្រណុក​អសកម្មផ្លូវកាយ​​ផង តាម​រយៈ​ការ​ជំរុញ​ឱ្យ​ធ្វើ​កីឡា។ សម្រាប់​អាជ្ញាធរ​បារាំង កំណើន​នៃសកម្មភាព​ហាត់​ប្រាណ​បញ្ចេញ​កម្លាំង​ធ្វើ​ចលនា​របស់​ពលរដ្ឋ​ ជា​សន្ទទស្សន៍​មួយនៃភាព​​ជោគជ័យ​របស់​កីឡាអូឡាំពិក​ក្រុង​ប៉ារីស​២០២៤ ព្រោះរដ្ឋាភិបាល​​បារាំង​បានចេញក្រិត្យ​​ចាត់​ទុក​ការបញ្ចេញ​សកម្មភាព​កាយ​សម្បទា “ជា​បុព្វហេតុ​ជាតិ​ឆ្នាំ​២០២៤” ជាមួយ​កម្មវត្ថុ​ចម្បង​បី គឺ៖ បញ្ចុះ​បញ្ចូល​ពលរដ្ឋ​បារាំង គ្រប់​វ័យ នៅទូទាំងប្រទេស ឱ្យ​ហាត់​ប្រាណ​ ធ្វើ​កីឡា ធ្វើ​ចលនា​ឱ្យ​បាន​ច្រើន​ជា​លំដាប់ ប្រមូល​ផ្តុំ​កីឡាករ​និង​គ្រប់​កម្លាំង​ ដើម្បី​លើក​តម្កើង​តម្លៃ​និង​តួនាទី​នៃកីឡា យក​កីឡា​ធ្វើ​ជា​ស្នូល​នៃ​នយោបាយសាធារណៈ​និងជា​កត្តិការ​របស់​សាធារណរដ្ឋកង្វះ​សកម្មភាព​ និង​ភាពអសកម្មផ្លូវកាយ​ ​ជាបញ្ហា​ដែល​កើត​មាន​លើ​មនុស្ស​គ្រប់​រូប និង​គ្រប់​វ័យ។ ទិន្នន័យ​ពិភពលោក​ចុងក្រោយ​បង្ហាញ​ថា​ មាន​មនុស្សពេញ​វ័យ​១៨០០​លាន​នាក់​ មិន​បញ្ចេញ​សកម្មភាព​ផ្លូវកាយ​និង​កាយ​សម្បទា​គ្រប់គ្រាន់​តាម​អនុសាសន៍​អង្គការ​សុខភាព​ពិភពលោក​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​នា​ឱកាស​ប្រារព្វ​កីឡាអូឡាំពិក ក្រសួង​ប្រតិភូ​សុខាភិបាល និង​បង្ការ​ជំងឺ​ បាន​ប្តេជ្ញា​កាច់​ប្តូរ​និន្នាការ​ តាម​រយៈ​វិធានការ​ជាក់​ស្តែង​ជា​ច្រើន​ ដើម្បី​អង្រួន​ពលរដ្ឋ​ឱ្យ​ធ្វើ​សកម្មភាព​ផ្លូវកាយ និង​សកម្មភាព​កីឡា​ឱ្យ​បាន​យ៉ាង​ហោច​​ “៣០នាទី​ក្នុង​មួយ​ថ្ងៃ”។ដូចម្តេច​ដែល​ហៅ​ថា សកម្មភាព​ផ្លូវកាយ?អនុសាសន៍​ណែនាំ លើក​ទឹក​ចិត្ត​​ឱ្យ​បញ្ចេញ​សកម្មភាព​ផ្លូវកាយ ហាត់​ប្រាណ​ ធ្វើ​កីឡា ជា​ពាក្យ​ដ៏​ពេញ​និយម ដែល​គេ​បាន​ឮ​កាន់​តែ​ញយឡើងៗ​ ចេញពី​ស្ទើរ​គ្រប់​មាត់​របស់​អ្នក​ជំនាញ។ តើ​ការ​បញ្ចេញសកម្មភាព​ផ្លូវកាយ មាន​ន័យ​យ៉ាង​ដូចម្តេច​ឱ្យ​ប្រាកដ​ទៅ?! ធ្វើ​ចលនា​ បញ្ចេញ​សកម្មភាព​ផ្លូវកាយ​ ហាត់ប្រាណ ធ្វើ​កីឡា ​ខុស​គ្នា​យ៉ាង​ណា?​លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ៖ “សកម្មភាព​ផ្លូវកាយ ជាបណ្តុំ​នៃ​​ចលនា​ទាំងឡាយ​ណា​ដែល​ទៅ​កន្ទ្រាក់​សាច់​ដុំ​ ហើយបង្កើន​ការ​​ស្រូប​យក​ថាមពល​អស់​ច្រើន​ជាង​ពេល​នៅ​ស្ងៀម។ សកម្មភាព​ផ្លូវកាយ​មាន​បី​ប្រភេទ ៖ ​សកម្មភាព​​ប្រចាំ​ថ្ងៃ ការ​ហាត់​ប្រាណ និង​ការ​ធ្វើ​កីឡា។ សកម្មភាព​ប្រចាំ​ថ្ងៃ ចង់​សំដៅ​ទៅ​លើ​ចលនា​រាងកាយ​ ដែល​កំរើក​ដោយ​សាច់ដុំ ពោល​គឺ​ការ​ដើរ​ដេកឈរអង្គុយ។ សកម្មភាព​ផ្លូវកាយ​ប្រចាំ​ថ្ងៃ​ចែក​ជា​បីក្រុម​តូចៗ​ទៀត គឺ ការ​ធ្វើ​បំលាស់​ទី​ពីកន្លែង​មួយ​ទៅ​កន្លែងមួយ (ដើរ ជិះកង់ ឡើង​ជណ្តើរ​ដោយ​ជើង...) ការងារ​ផ្ទះ (បោកខោអាវ​ដោយ​ដៃ បោសជូតផ្ទះ លាង​ចាន ស្រោច​ផ្កាធ្វើ​សួន ធ្វើ​ជាង ...) និង​ការងារវិជ្ជាជីវៈ ដែល​អាច​ជា​ការងារ​ដោយ​ប្រើ​កម្លាំង​កាយ​ និង​ជាការងារ​នៅការិយាល័យ​ដែល​ជា​ទម្រង់​មួយ​នៃ​ភាព​អសកម្ម។ ការ​ហាត់​ប្រាណ​ ជា​សកម្មភាព​ផ្លូវកាយ​ដ៏​មាន​សារៈ​សំខាន់មែនទែន ដែល​ធ្វើ​ឡើង​ដោយ​មាន​ផែនការ​កំណត់​ច្បាស់លាស់ និង​ត្រូវ​ធ្វើ​ជា​ប្រចាំ​ យ៉ាង​ទៀត​ទាត់។ ការ​រត់ ការ​ដើរ​ ជិះកង់ ទៅ​ហាត់​នៅ​សាល​ម្តងម្កាល មិន​អាច​ចាត់​ទុក​ជា​សកម្មភាព​​​ហាត់ប្រាណ បាន​ទេ។ ធ្វើ​កីឡា ឬ​លេង​កីឡា ជា​សកម្មភាព​ផ្លូវកាយ​កំរិត​ខ្ពស់ ដែល​ធ្វើ​ឡើង​ដោយ​គោរព​​ក្បួន​ច្បាប់ វិន័យ​ត្រឹម​ត្រូវ​ និង​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ទីតាំង​មួយ​ដ៏​ច្បាស់លាស់។”ការ​ហាត់​កីឡា ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ផ្លូវកាយ​ តែ​គ្រប់​ការ​បញ្ចេញ​សកម្មភាព​ផ្លូវកាយ​មិន​អាច​ចាត់​ទុក​ជា​សកម្មភាព​កីឡា​ទេ បើ​សកម្មភាព​នោះ​មិន​ធ្វើ​តាម​ច្បាប់ក្បួន​កំណត់។ ហេតុដូច្នេះហើយ​បាន​ជាង​អ្នក​ជំនាញសុខភាព​សាធារណៈ​ និង​អ្នក​វិទ្យាសាស្ត្រ​ ស្រុះ​ស្រួល​គ្នា​ តាំង​ពី​ជាង​១០ឆ្នាំ​មក ប្រើ​ពាក្យ​ “សកម្មភាព​ផ្លូវកាយ” សម្រាប់​ណែនាំ​មនុស្ស​គ្រប់​រូប​ឱ្យ​ធ្វើ​ចលនា​ បញ្ចេញ​សកម្មភាព។ ថ្វីបើ​មាន​​ការ​យល់​ច្រលំ​ជា​ញឹក​ញយ​ រវាង​សកម្មភាព​ផ្លូវកាយ ហាត់​ប្រាណ និង​​ធ្វើ​កីឡា​មែន ប៉ុន្តែ​ក្នុង​ផ្នែក​សុខភាព​សាធារណៈ​ ការ​ប្រើ​ពាក្យ​ហាត់​ប្រាណ​ធ្វើ​កីឡា ដែល​មាន​បង្កប់​អត្ថន័យ​ប្រកួត​ប្រជែង​ ចង់​សំដៅ​តែ​លើ​ការ​បញ្ចេញ​សកម្មភាព​ផ្លូវកាយ និង​ក្នុង​កម្មវត្ថុ​តែ​មួយ​ គឺ​ បញ្ចេញ​សកម្មភាព​ធ្វើ​ចលនា កុំ​នៅ​ស្ងៀម។ ​ភាព​សកម្ម​មាន​គុណប្រយោជន៍​ចំពោះ​សុខភាព​យ៉ាងណា?សកម្មភាព​ផ្លូវកាយ​ មិនមែន​ទាល់​​តែ​ទៅចូល​ក្លឹប​​ធ្វើ​កីឡា​ឡើយ។ ​ តាម​ទិសដៅ​ណែនាំ​របស់​អ្នក​វិទ្យាសាស្ត្រ​ដូច​ជា ឡើង​ជណ្តើរ​ដោយ​ជើង ធ្វើ​សួន ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ឬ​ដើរ​បែប​កំសាន្ត​ក្នុងសួន​-ឧទ្យាន​ធម្មជាតិ អាច​ចាត់ទុក​បាន​ថា​ជា​ បញ្ចេញ​សកម្មភាព​កាយសម្បទា​ហើយ។ តែ ​​រយៈ​ពេល ចង្វាក់/ល្បឿន បូក​នឹង​​កំរិតនៃការ​បញ្ចេញកម្លាំង (អាំងតង់ស៊ីតេ)​នៃ​ការ​ធ្វើ​ចលនា​ទាំងអស់​នោះ​ទេ​ដែល​នឹង​ផ្តល់​ឥទ្ធិពល​ល្អ​ តិច​ឬ​ច្រើន​ដល់​សុខភាព​នោះ។បញ្ចេញ​សកម្មភាព​ផ្លូវកាយ រហូត​ដល់​ដង្ហក់ រហូត​បែក​ញើស រហូត​ពិបាក​និយាយ​ជាមួយ​អ្នក​ហាត់​ក្បែរ ជា​សកម្មភាព​ផ្លូវកាយ​ ក្នុង​កំរិត​ល្មម និង​ខ្លាំង​ ដែល​ផ្តល់​ផល​ល្អ​ខ្លាំង​ដែរ​ដល់​សុខភាព​ផ្លូវកាយ​និង​ចិត្ត​។ តែ​សូម​ហាត់​ប្រាណ​បញ្ចេញ​សកម្មភាព​ផ្លូវកាយដោយ​សន្សឹមៗ ដោយប្រឹងធ្វើ​ឱ្យ​លើស​ពី​​ថ្ងៃ​ម្សិល​ជា​រៀង​រាល់​ថ្ងៃ មិន​ខុស​អ្វី​ពី​ការ​រៀន​​និយាយ ​អាន និងរៀន​រាប់​លេខទេ។តាម​គន្លង​កម្មវិធី បុព្វហេតុជាតិ​ឆ្នាំ​២០២៤ ដែល​ផ្សារភ្ជាប់​ដោយ​ផ្ទាល់​នឹង​ការ​ប្រកួត​កីឡាអូពិក​ក្រុង​ប៉ារីស​២០២៤ បារាំង​បាន​បើក​យុទ្ធនាការ​ឃោសនា​ បំផុស​បំផុល​ អំពី​គុណ​ប្រយោជន៍នៃ​ការ​​ធ្វើ​សកម្មភាព​កាយ​សម្បទាជា​ប្រចាំ​រយៈ​ពេល​ ៣០នាទី ​ដោយ​ប្រកាន់​របប​រស់​នៅ​បែប​សកម្ម​ខ្លាំង​ និង​នៅ​អង្គុយស្ងៀម​តិច។ របៀបរបប​រស់​នៅ​សកម្ម ធ្វើ​ចលនា​កាយ​សម្បទា​ជា​ប្រចាំ ផ្តល់​សារៈ​ប្រយោជន៍​ខ្លាំងណាស់​ដល់​សុខភាព ដូច​ជា​បង្កើន​សុខមាលភាព ផ្លូវកាយ​ ផ្លូវ​ចិត្ត អារម្មណ៍​ បញ្ចុះ​ស្ត្រេស កាត់​បន្ថយ​គ្រោះ​កើត​​ជំងឺ​រ៉ាំរ៉ៃ (ជំងឺរ​សរសៃ​ឈាម​បបេះ​ដូង ទឹកនោមផ្អែម​ប្រភេទ​២ និង​មហារីក​ខ្លះ...) បាន​ប្រមាណ​ពី​២០ទៅ៣០% បន្ថយ​គ្រោះ​​ស្លាប់​មុន​អាយុ​បាន​៣០%​ រក្សា​ស្វ័យភាព​នៅ​ពេល​ចូល​វ័យ​កាន់​តែ​ចាស់ និង​ជា​ឱសថព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​មួយ​ធំ​ទៀត​៕
31/07/20249 minutes, 23 secondes
Episode Artwork

បារាំង​រក​ឃើញ​ថ្នាំជា​ទី​សង្ឃឹម​របស់​​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល

ក្រុម​វេជ្ជបណ្ឌិត​​បារាំង​នៅ​មន្ទីរពេទ្យ​ម៉ុងប៉ឺលីយ៉េ ទើប​ចេញ​ផ្សាយ​ ​នៅ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ "New England Journal of Medicine" លទ្ធផល​គួរ​ជា​ទី​មោទនៈ​ នៃ​ការស្រាវជ្រាវ​រក​​​ថ្នាំ​មក​សង្គ្រោះ​អ្នក​​ជំងឺដាច់​ឬ​ស្ទះ​​សរសៃ​ឈាម​ខួរក្បាល​។ តើ​ជា​ថ្នាំ​អ្វី? មាន​ប្រសិទ្ធភាព​យ៉ាងណា? សម្រាប់អ្នក​ជំងឺ​ក្នុង​ស្ថានភាព​ណា? ក្នុង​មួយ​ឆ្នាំៗ ប្រទេស​បារាំង​រាប់​ឃើញ​មាន​អ្នក​ជំងឺ​​គ្រោះ​ថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល​ប្រមាណ​១៥ម៉ឺន​នាក់​ ពោល​គឺ​រាល់​បួន​នាទី​ម្តង​មាន​មនុស្ស​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​ដ៏​គួរ​ឱ្យ​ខ្លាច​នេះ។គ្រោះ​ថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាលជា​អ្វី ?គ្រោះ​ថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ដែល​ហៅ​កាត់​ជា​ភាសា​បារាំង​ថា AVC ឬ​Stroke ​ជា​ភាសា​អង់គ្លេស​ គឺ​ជាអាការៈ​ជំងឺ​ដែល​សរសៃ​ឈាម​អាទែររបស់​ខួរ​ក្បាល​គ្មាន​ឈាម​ហូរ​ទៅ​ដល់ ជួន​បណ្តាល​មក​ពី​​​សរសៃឈាម​នោះ​ដាច់​ហូរ​ចេញ​ឈាម ជួន​ដោយហេតុ​តែ​សរសៃ​ឈាម​ត្រូវ​​កកស្ទះ។ AVC ឬ​Stroke ដោយ​ការ​​កកស្ទះ ដោយ​ដុំ​កំណកឈាម ជា​​ករណីដែល​គេ​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ។នៅ​ពេល​សរសៃ​អាទែរ​​ខួរ​ក្បាល​ស្ទះ លែង​មាន​ហើយ​ចរន្ត​​​ឈាមហូរ​ទៅ​កាន់បណ្តាញ​​សរសៃតូចៗ​ទាំង​ឡាយ​របស់​ខួរក្បាល និង​​លែង​មាន​ឈាម​សម្រាប់​​ចិញ្ចឹម​សរសៃ​ឈាម​ខួរក្បាល។ ប្រព័ន្ធ​ប្រសាទ​ត្រូវ​រង​ទុក្ខ ហើយ​បើ​គ្មាន​ការព្យាបាលទាន់ពេល​វេលា​ទេ​ នោះ​កោសិការ​នៃ​ប្រព័ន្ធ​ប្រសាទ​​ខួរក្បាលផ្នែក​​ដែល​គ្មាន​ឈាម​ទៅ​ដល់​ ត្រូវ​ចុះ​ខ្សោយខ្សោះ​ហើយ​ស្វិត​ងាប់តែ​ម្តង។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេនិយាយ​អំពី​ពេល​វេលា​​សង្គ្រោះ​អ្នក​ជំងឺ​មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល ដោយ​គិត​ជា​នាទី។ ពី​មួយ​នាទីទៅ​មួយ​នាទី​​ជំងឺ​ធ្លាក់​ធ្ងន់​ធ្ងរ​ខុស​គ្នា​ឆ្ងាយ​ណាស់។ ពាក្យ​ស្លោក​បូរាណ​ថា ពេលវេលា​ជា​មាសប្រាក់ តែ​ក្នុង​ករណី​មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ពេលវេលា​ជា​ចំនួន​កោសិកាសរសៃ​​ប្រសាទ។ នៅពេល​​ខ្វះ​អុកស៊ីហ្សែន គ្មាន​ឈាម​ហូរ​ទៅ​ចិញ្ចឹម មួយ​នាទី ខួរក្បាល​ត្រូវ​បាត់បង់​កោសិកា​សរសៃ​​ប្រសាទអស់​​២លាន។ អ៊ីចឹង​ហើយ​បាន​ជា​គ្រូពេទ្យ​តែង​ផ្តល់​អនុសាសន៍​ឱ្យអ្នក​ជំងឺ​និងអ្នក​ជុំ​វិញ​ខ្លួន​ចេះ​សម្គាល់​អំពីអាការៈ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល និង​​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរ​ពេទ្យ​បាន​ឆាប់​រហ័ស​ជា​ទីបំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និងកាន់​តែ​ប្រសើរ​ឱ្យ​បាន​​ក្នុង​អំឡុង​ពេល​បួន​ម៉ោង​កន្លះ​ដំបូង​​យ៉ាង​យូរ។តើ​អាការៈ​សញ្ញា​សម្គាល់​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល​​មាន​យ៉ាង​ដូចម្តេច​ខ្លះ? រោគ​សញ្ញា​ទី​មួយ អាច​​ជា​ការ​ចុះ​ខ្សោយ​ បាត់​កម្លាំង​នៅ​ដៃ​ នៅ​ជើង នៅ​មុខ ឬ​ទាំង​បី​ក្នុង​ពេល​ជាមួយ​គ្នា​តែ​ម្តង។ អ្នក​ជំងឺ​មាន​អារម្មណ៍ថា​​ស្ពឹក ​បាត់​បង់ភាព​រំញោច ជា​សញ្ញា​ទីពីរ ឯ​សញ្ញា​ទី​បី គឺ​ការ​​និយាយ​ស្តី ពិបាក​យល់​ និង​ចុងក្រោយ​ មាន​បញ្ហា​ភ្នែក ស្រវាំង​មើល​មិន​ច្បាស់។ ជួន​កាល​អ្នក​ជំងឺ​អាច​មាន​សញ្ញា​រោគ​ផ្សេង​ទៀត ដូច​ជា​វិល​មុខ​ ឃ្លីឃ្លោង​ ឬ​ឈឺក្បាល​យ៉ាង​ខ្លាំង។ ក្នុង​៩ករណី​លើ​១០ ជំងឺ​នេះ​បាន​ស្តែង​ឡើង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ ពីរ​ទៅ​បី​នាទី​ប៉ុណ្ណោះ។ ដូច្នេះ​ត្រូវរួស​រាន់​​ធ្វើ​រោគ​វិនិច្ឆ័យ​ឱ្យ​បាន​លឿន ដើម្បី​ឆាប់​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ សូម​ស្តាប់ប្រសាសន៍​របស់​វេជ្ជបណ្ឌិត​ ស៊ន ផលនីកា គ្រូពេទ្យ​ជំនាញ​ប្រព័ន្ធ​ប្រសាទ​ ពន្យល់​អំពី​របៀប​ផ្ទៀង​ផ្ទាត់ ដើម្បី​ដឹង​ថា​អ្នក​ជំងឺ​ពិត​ជា​មាន​គ្រោះ​ថ្នាក់សរសៃ​ឈាម​ក្នុង​ខួរក្បាល៖ការ​ផ្ទៀង​ផ្ទាត់​ត្រូវធ្វើ​ឱ្យ​បាន​លឿន​ ក្នុង​ពីរ​ទៅបី​នាទី តាម​ក្បួន​អង់គ្លេស F-A-S-T- Face- មុខវៀច ៖ ឱ្យ​អ្នក​ជំងឺ​ញញឹម ដើម្បី​សម្គាល់​មើល​ថា​តើ ​មាត់​មាន​វៀច​ដែរ​ឬទេ ?- Arm- ដៃខ្សោយ​ម្ខាង ៖ ឱ្យ​អ្នក​ជំងឺ​លើក​ដៃ ទាំង​ពីរ ដាក់​ទៅ​មុខ ក្នុង​កំរិត​ ៩០​ដឺក្រ តើ​គាត់​អាច​លើក​បាន​ស្មើ​គ្នា​ដែរ​ឬអត់? ឬ​ឱ្យ​អ្នក​ជំងឺ​ចាប់​ឬ​ច្របាច់​ដៃ​យើង​ តើ​គាត់​មាន​កម្លាំង​ដៃម្ខាង​ខ្លាំង​ជាង​ម្ខាង​ទៀត​ដែរ​ឬទេ ?- Speak- ពិបាក​និយាយស្តី ៖ ហៅ​អ្នក​ជំងឺ​ឱ្យ​និយាយ សួរ​សំណួរតើ​​អ្នក​ជំងឺ​អាច​ឆ្លើយ​ បាន​ដែរ​ឬអត់- Time -ពេលម៉ោង ៖ អ្នក​នៅ​ជុំ​វិញ ត្រូវ​ចង​ចាំ​​អំពី​ពេលវេលា និង​រយៈ​ពេល​ដែល​អ្នក​ជំងឺ​ធ្វើ​ទុក្ខ រហូត​ដល់​ជួប​គ្រូពេទ្យ​ និង​ដល់​មន្ទីរពេទ្យ។ត្រូវ​ជួយ​សង្គ្រោះ​និង​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​ឱ្យ​បាន​ឆាប់​រហ័ស​។ កាន់​តែ​ឆាប់​ កាន់​តែ​ប្រសើរ ព្រោះ​ការ​ព្យាបាល ​អាស្រ័យលើ​​ពេល​វេលាខ្លាំង​ណាស់​ដែរ។ ​បើ​ជា​ករណី​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ដោយ​​កា​រកក​ស្ទះ​ដុំ​កំណកឈាមក្នុង​សរសៃ​​ ​ ការ​ព្យាបាល​ដោយ​ចាក់​ថ្នាំ​រំលាយ​ឈាម​មាន​ប្រសិទ្ធភាព​ខ្ពស់ខ្លាំង បើ​មក​ដល់​មន្ទីរ​ពេទ្យ ក្នុងកំឡុង​​ពេល​មុន​បួន​ម៉ោង។គោលការណ៍​នៃ​ការរំលាយ​ដុំ​កំណក​ស្ទះ​​សរសៃ​ឈាម​ ជា​យន្តការ​​សាមញ្ញដូចចាក់​ ​ទម្លុះ​​កំណក​ពេល​ស្ទះ​លូ ឬ​ទុយយោ​ទឹក​ដូច្នោះ។ ក្នុង​ការ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល​ គ្រូពេទ្យ​អាច​ចាក់​ថ្នាំ​បំបែក​កំណក​​ ឬដាក់​ប្រដាប់​​ចូល​តាម​សរសៃ​ឈាម​អាទែរ​ នៅ​ជើង សសៀ​ឡើង​តាម​សរសៃ​ឈាម​នោះ​​ ​ទៅ​ចាប់​ដុំ​កំណក​ក្នុង​​សរសៃ​អាទែរ​នៅ​ខួរក្បាល​។ជា​ដំណឹង​ល្អ នៅពេល​នេះ​ សូម្បី​តែ​អ្នក​ជំងឺ​ធ្ងន់​ខ្លាំង ដែល​គ្រូពេទ្យ​លែង​ធានា​ និង​មិន​សង្ឃឹម​សោះ​ពី​មុន ក៏​អាច​សង្គ្រោះ​បានដែរ។ នៅប្រទេស​បារាំង​ដែល​ល្បីខាង​មាន​គ្រូពេទ្យ​និង​បច្ចេកវិទ្យាព្យាបាល​ខ្ពស់​ គ្រូពេទ្យ​សម្រេច​ព្យាបាល​អ្នក​ជំងឺ​មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល ដោយ​សាក​ល្បង​ទៅ​ចាប់ឬ​បំបែក​​ដុំ​កំណក​ឈាម​ចេញ​ពី​សរសៃ​ខួរក្បាល​ តែ​​នៅ​ពេល​ណា​លទ្ធផល​ថត​អឹមរ៉ាយ IRM បង្ហាញ​ថា​ខួរក្បាល​រង​ការ​ខូច​ខាត​​តិច​តួច​ប៉ុណ្ណោះ។ បើ​តាម​សម្មតិកម្មកាល​ពីមុន បើ​ខួរក្បាល​ខូច​ខាត​ធំ​ខ្លាំង​ជ្រុល​ហើយ គេ​មិន​អាចទៅបាញ់​បញ្ចូល​ថ្នាំ​ក្នុង​​​សរសៃ​ឈាម​ដែល​ស្ទះ​នោះបាន​ទៀត​​ទេ។ និយាយ​ឱ្យ​ស្តាប់ទៅ​គឺ គេ​ចាត់​ទុក​ថា​ជាលិកា​ខួរក្បាល​បើស្វិត​ស្លាប់​ហើយគឺ​​ស្លាប់​រហូត គ្មាន​សង្ឃឹម​អាច​ស្តារ​ឱ្យ​ប្រសើរ​ឡើង​វិញ​បាន​ទេ។ប៉ុន្តែ​កោសិការ​ប្រព័ន្ធ​ប្រសាទ​ ឬ​ខួរក្បាល​ដែល​គេ​គិត​ថា​ងាប់​បាត់​ទៅ​ហើយនោះ​ មិន​ប្រាកដ​ជា​ស្លាប់​មែនទែន​ឡើយ។ នេះ​ជា​គឺ​សេចក្តី​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ​ប្រព័ន្ធ​ប្រសាទ​និង​ថតឆ្លុះ​ប្រព័ន្ធ​ប្រសាទ​នៅ​មន្ទីរពេទ្យ​ម៉ុងប៉ឺលីយ៉េរ ប្រទេស​បារាំង​ នៅ​ក្នុង​ការ​សិក្សា​របស់​ពួក​គេ។ សេចក្តី​សន្និដ្ឋាន​ថ្មីនេះ បាន​ផ្តល់​ក្តី​សង្ឃឹម​យ៉ាង​ធំធេង ដល់​អ្នក​ជំងឺ​ស្ត្រូប​កំរិត​ធ្ងន់​ ឬ​ដែល​មិន​អាច​ជា​ត្រលប់​មក​រក​ភាព​ដើម​វិញ​បាន។ ដូច្នេះ ទោះ​បី​ជា​ស្ថានភាព​នៃ​ជំងឺ​ហាក់​គ្មានលទ្ធភាព​ស្តារ​បាន​យ៉ាងណា​ក៏​ដោយ ក៏​គ្រូពេទ្យ​នៅ​តែ​សាក​ល្បង​ទៅ​យក​ឬ​ប្រើ​ថ្នាំ​ទៅ​បំបែក​​ដុំ​កំណក​ឈាម​នោះ​ដែរ។ ហើយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មែនទែន នៅ​ពេល​ដក​កំណក​ឈាម​នោះ​បាន ហានិភ័យ​ស្លាប់​ដោយ​អាវេសេ ​បាន​ធ្លាក់​ចុះ​២០%។ អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ អាច​ជា​ត្រលប់​មក​ផ្ទះ​វិញ​បានពីរ​បី​ខែក្រោយ​ពី​​បាន​ទទួល​ការព្យាបាល​និង​ហាត់​រៀន​ធ្វើ​កាយវិការ​ដែល​បាត់​បង់​ពេល​មាន​គ្រោះ​ថ្នាក់​។ នេះ​គឺ​ជា​របក​គំហើញ​ដ៏​ជឿន​លឿន​បំផុត​មួយ​និង​ដែល​គេ​សូម​អរគុណ​​ក្រុម​អ្នក​ស្រាវជ្រាវ​បារាំង។ ជា​ថ្នាំ​ដែល​មាន​សមត្ថភាព​ពង្រាវឈាម​មិន​ឱ្យ​កក​ក្លាយ​ជា​ដុំ​កំណក​ តែ​មិន​បង្កើន​គ្រោះដាច់​​ហូរ​ឈាម​ទេ។ថ្នាំ​រក​ឃើញ​ថ្មី​ ដែល​ត្រូវ​ប្រើ​បន្ថែម​ពី​លើ​ការ​ព្យាបាល​តាម​ក្បួន​វេជ្ជសាស្ត្រ​កំណត់​បច្ចុប្បន្ន ទំនង​អាច​កាត់​បន្ថយ​​ហានិភ័យ​ស្លាប់​បាន​ជាង​៥០% និង​កាត់​បន្ថយ​ពិការភាព​ធ្ងន់ធ្ងរ​ ដោយ​ជំងឺ​ស្ត្រូប បាន​ច្រើន​ទៀត។ សូម​បញ្ជាក់​ថា​អាវេសេ ឬ​ស្ត្រូប ជា​មូលហេតុទីមួយ​នាំ​ឱ្យ​មាន​​ភាព​ពិការ​ (ពិការ​ដោយ​គ្មាន​បុក​ទង្គិច)។ ​ប៉ុន្តែ​សម្រាប់​ពេល​នេះ ថ្នាំ​ស្ថិត​នៅក្នុង​ការ​សិក្សា​សាកល្បង​ដំណាក់​កាលទីពីរ​នៅឡើយ​ទេ។ អ្នក​ស្រាវជ្រាវ​នឹង​បញ្ជាក់​អំពី​ប្រសិទ្ធភាពនៃ​ថ្នាំ ក្រោយ​បាន​ទទួល​លទ្ធផល​សាកល្បង​ដំណាក់កាលទីបី៕ ​
24/07/20248 minutes, 52 secondes
Episode Artwork

ហេតុអ្វីពិភពលោកមានមនុស្សមីញ៉ូបភ្នែកកាន់តែច្រើន និងតាំងពីក្មេងខ្លាំង?

ប្រជាពលរដ្ឋ​​លើ​ភព​ផែនដី​ចំនួនពាក់​កណ្តាល​នឹង​មាន​ភ្នែក​មីញ៉ូប នៅ​​ឆ្នាំ​២០៥០ ពោល​គឺ​ជា​កំណើន​មួយ​ទ្វេ​ជា​ពីរ​បើ​ប្រៀប​ទៅ​នឹង​ចំនួន​អ្នក​មីញ៉ូប​នាពេល​បច្ចុប្បន្ន។ តើហេតុ​អ្វី បាន​ជា​ពិភពលោក​មាន​កំណើន​មនុស្ស​មីញ៉ូប​ខ្លាំង​ដូច្នេះ? ​នេះ​គឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​អេក្រង់ និង​មើល​ទូរស័ព្ទ​ដៃ​ច្រើន​ពេក​ឬ? ចុះ​តើ​វិទ្យាសាស្ត្រ​អាច​ទប់​ស្កាត់​និង​ព្យាបាល​ជំងឺមីញ៉ូប​បាន​ទេ? ដោយ​វិធីណា? ការ​បាញ់​ឡាស៊ែរ​បំបាត់​មីញ៉ូប មាន​គ្រោះថ្នាក់​និង​ប្រសិទ្ធភាព​យ៉ាងណា? ​តើ​អនាគត​ទៅ​ មនុស្ស​នៅ​លើ​ផែនដី​សុទ្ធ​តែ​មាន​ភ្នែក​មីញ៉ូបទាំងអស់​គ្នា​ឬ? ​កន្លង​មក​ ករណី​មីញ៉ូប មាន​ផ្ទុះ​កើន​ខ្លាំង​តែ​នៅ​តាម​បណ្តា​ប្រទេសក្នុង​ទ្វីប​​អាស៊ី​​​តែ​ប៉ុណ្ណោះ។ ទស្សនាវដ្តី​សុខភាព​The Lancet ធ្លាប់​បានចេញ​របាយការណ៍​ទាញ​សញ្ញា​អាសន្ន​កាលពី​១០​ឆ្នាំ​មុន​ថា​ នៅ​ជប៉ុន កូរ៉េខាង​ត្បូង ឬ​ក៏​ចិន ក្នុង​ចំណោម​សិស្ស​សាលា​១០នាក់ ក្មេង​៩​នាក់​ហើយ​មាន​ពាក់​វែនតា ដើម្បី​កែ​សមត្ថភាព​មើលឆ្ងាយ​​របស់​ភ្នែក។ បច្ចុប្បន្ននេះ ៤០%នៃ​មនុស្សលោក​​​មានភ្នែក​​មីញ៉ូប​ ក្នុង​នោះ​៥ទៅ​១០​% ជា​មីញ៉ូបខ្លាំង ធ្ងន់ធ្ងរ។ អត្រាកំណើន​ករណីភ្នែក​មីញ៉ូបឡើង​លឿនរហ័ស​ខ្លាំងណាស់​ ហើយជាពិសេស​​មានកុមារកាន់​តែ​ច្រើន​ឡើងៗ និងកាន់​តែ​​ក្មេង​ឡើង​ៗ ​មីញ៉ូប។​ យោង​តាម​​​ល្បឿន​សព្វ​ថ្ងៃ គេ​អាច​ព្យាករណ៍​បាន​ថា​នៅ​ឆ្នាំ​២០៥០ មនុស្សជាតិ​ពាក់​កណ្តាល​ផែនដី នឹង​ពាក់​វែនតា​ ដោយ​សារ​រោគ​មីញ៉ូប។ហេតុ​អ្វី​បាន​ជា​ជំងឺ​មីញ៉ូបកើន​ឡើង​យ៉ាង​លឿន​រហ័ស​យ៉ាង​ដូច្នេះ?មីញ៉ូប​មាន​លក្ខណៈ​ជា​​ជំងឺតពូជ មាន​ន័យ​ថា​​​បើ​ឪពុកម្តាយ​ជា​មាន​អាការៈ​មីញ៉ូប នោះ​កូន​ចៅ​ជំនាន់​ក្រោយងាយ​​មាន​ហានិភ័យ​អន់​ភ្នែកមើល​ឆ្ងាយមិន​ច្បាស់​ដែរណាស់។ ប៉ុន្តែ​នៅ​មាន​មូលហេតុ​ជា​ច្រើន​ផ្សេង​ទៀត ដែ​​ល​ជំរុញ​ឱ្យ​មាន​ករណី​មីញ៉ូបកាន់​តែ​ច្រើនឡើងនោះ។មូលហេតុ​ទាំង​នោះ​អាច​ជា​សម្ពាធ​គ្រួសារបង្ខំ​ឱ្យ​កូន​ខំ​ប្រឹង​ធ្វើការ-ប្រឹង​រៀន​ជ្រុល​ហួសហេតុ ការ​ប្តូរ​ផ្លាស់​ទម្លាប់​រស់​នៅ​ ដោយ​​លែង​សូវ ​​ចេញទៅរត់​លេង​នៅ​​ក្រៅ​ផ្ទះ​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ។ តើសម្ពាធ​គ្រួសារ​ មាន​ទំនាក់ទំនង​នឹង​ការ​មីញ៉ូបយ៉ាង​ដូចម្តេច។  លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ដាម្ញៀង ហ្កាទីណែល Damien Gatinel គ្រូពេទ្យ​ឯកទេសភ្នែក​នៅ មន្ទីរពេទ្យ​មូលនិធិអាដុល រ៉ូឈីល ក្រុង​ប៉ារីស បាន​ពន្យល់អំពី​សម្ពាធ​បរិយាកាស​ចំពោះ​ភ្នែក​មីញ៉ប​យ៉ាង​ដូច្នេះ​ថា នៅ​ក្នុង​ទីក្រុង​ធំៗ របស់​អាស៊ី ដូច​ជា​ប៉េកាំង សៀងហៃ តៃវ៉ាន់ ហុងកុង តូក្យូ ឬសេអ៊ូល ។ល។ និង​។ល។ អត្រាក្មេង​មីញ៉ូប ឡើង​ដល់​៩០% ដោយហេតុ​របៀបរបប​រស់​នៅរបស់​​ពួកគេ។ ​នៅពេល​ពលរដ្ឋ​អាស៊ីទាំង​នេះ ​និរទេស​ខ្លួន​ទៅ​រស់​នៅបរទេស-ក្នុង​ប្រទេស​ដែល​ផ្តល់​អាទិភាព​ដល់​សកម្មភាព​នៅ​ក្រៅ​ផ្ទះ​ ដូច​យ៉ាង​អូស្ត្រាលី-​ កូនៗ​របស់​ពួកគេ មិន​សូវមាន​បញ្ហា​ភ្នែក​​មីញូប​ទេ។ អត្រាក្មេង​មីញូបក្នុង​សហគម​ន៍​អាស៊ីនេះ​ទាប​ខ្លាំង​ណាស់​ បើ​​ទោះ​មាន​ហ្សែន​ដូច​គ្នា​ក៏​ដោយ។លោកវេជ្ជបណ្ឌិត​ ដាម្ញៀង ហ្កាទីណែល​ ៖ “បើ​ឪពុកម្តាយ​មីញ៉ូប កូន​ក៏​​ច្រើន​តែ​មីញ៉ូប​​ភ្នែកដែរ ប៉ុន្តែ​បរិស្ថាន និង​សម្ពាធ​បរិយាកាសជុំ​វិញខ្លួន ដែល​មកប្តូរ​​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​ចូល​ចិត្ត​សំងំ​នៅ​តែ​ក្នុង​ផ្ទះ និងការ​ប្រើប្រាស់​អេក្រង់ (ទូរស័ព្ទ​ ស្មាតហ្វូន អាយផែត អាយផាត់ ...) ច្រើន​ជ្រុល​ហួសហេតុ ក៏​ជា​កត្តា​នាំ​ឱ្យ​ភ្នែក​ឆាប់​មីញ៉ូបដែរ។ ដោយសារ​អេក្រង់ ក្មេង​មិន​ត្រឹម​តែទម្លាប់​​​ប្រើ​ភ្នែក​មើល​ជិត​ជ្រុល​ទេ តែ​ថែមទាំងជក់​ខ្លាំង​លែង​ចង់​ចេញ​រត់​លេង​ក្រៅ​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ។ ពន្លឺ​ថ្ងៃ​ដើរ​តួនាទី​សំខាន់​ណាស់ក្នុងការ​គ្រប់​គ្រង​ដំណើរ​វិវឌ្ឍលូតលាស់​នៃ​​សរីរាង្គកាយ ពិសេសគ្រាប់​ភ្នែកតែម្តង។ ភ្នែក​អ្នក​មីញ៉ូប ជា​ភ្នែក​វែង​ មាន​គម្លាត​ខ្លាំង​រវាង​ប្រស្រី​និង​កែវភ្នែក ទើបមើល​ឆ្ងាយ​មិន​ច្បាស់។ កាលណា​​ខ្វះ​ពន្លឺ​ថ្ងៃ​ នៅ​ក្នុង​វ័យ​កុមារនិង​ពេល​​ជំទង់ គ្រាប់​ភ្នែករបស់​​ពួកគេច្រើន​តែ​​លូត​​វែង​ជ្រុល​ហួស​ហេតុ​។”​មីញ៉ូប​អាច​ធ្វើ​​ឱ្យ​ងងឹត​​ភ្នែក​?ជា​ទូទៅ ក្មេង​មីញ៉ូបភ្នែក​កម្រ​ថ្ងូរ​ឬ​និយាយ​ប្រាប់​ឪពុកម្តាយ​​ អំពី​អាការៈ​មើល​មិន​ច្បាស់​របស់​ខ្លួនណាស់។ ប៉ុន្តែ​មាន​កាយវិការ​មួយ​ចំនួន​ដែល​អាណាព្យាបាល​ត្រូវ​ចាប់​អារម្មណ៍​នាំ​ក្មេង​ទៅ​ពេទ្យ​ភ្នែក គឺ​នៅ​ពេល​ក្មេង​ឧស្សាហ៍​ញីភ្នែក ធ្វើ​ភ្នែក​ប្រឹមៗ​នៅ​ពេល​សំឡឹង​មើល​អ្វី​មួយ ឬ​ គ្រាប់​ភ្នែកបង្វិល​មិន​ល្អ​ដូច​​កែក​ពេល​ប្រឹង​មើល។ ចូល​ចិត្ត​ដើរ​ទៅ​កៀក​នៅពេល​ចង់​មើល ចង់​ឃើញ​ ឬ​ចង់​អាន​អក្សរ។ លទ្ធផល​​សិក្សា​ធ្លាក់​ចុះ​ រៀន​មិន​ទាន់​គេ ដូច្នេះ​មិន​ត្រូវ​ធ្វេសប្រហែស​នឹង​អាការៈ​មីញូប​របស់​ក្មេងឡើយ​ ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ​ទៀត។​លោកសាស្ត្រាចារ្យ​ ដាម្ញៀង​ ហ្កាទីណែល៖ “មីញ៉ូបជា​បញ្ហា​ធ្ងន់ធ្ងរ ព្រោះ​វាអាច​មាន​បង្កប់​នូវ​​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទៀត ដូច​ជា​ជំងឺក្លូកូម (ជំងឺ​តឹង​​ប្រស្រីភ្នែក​​) ដែល​កើត​មាន​ជា​ញឹកញាប់​លើអ្នក​មីញ៉ូប។ អ្នក​មីញ៉ូប​ឆាប់​ជួប​បញ្ហា​​ ​​ភ្នែកឡើង​បាយ និង​ងាយ​មាន​បញ្ហា​នៅលើស្រទាប់​ស្បែកស្តើង​នៃ​​កែវភ្នែក ដោយ​អាចជា​អាការៈ​​​របើកឬ​រហែក​ដាច់​ស្រទាប់​កែវភ្នែក ដែល​ជា​តំណាង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ដល់​ការមើល ពោល​គឺ​អាចធ្វើ​ឱ្យ​​ភ្នែកងងឹត​បាន។ ដូច្នេះ​មិន​ត្រូវ​មើល​ស្រាល​ អាការៈ​​មីញ៉ូប​ទេ។ ភ្នែក​មីញ៉ូបតែង​ស្រដោង​មក​ជាមួយ​នូវ​ជំងឺ​មួយ​ចង្កោម​ផ្សេង​ទៀត ដែល​យើង​ត្រូវ​ប្រឹង​លុប​បំបាត់។”បាន​ដឹង​និង​មើលថែ​ភ្នែក​មីញ៉ូប​បាន​កាន់​តែ​ឆាប់ កាន់​តែ​ប្រសើរ​ ព្រោះ​បច្ចុប្បន្ននេះ វិទ្យាសាស្ត្រ​​បាន​រក​ឃើញ​​កញ្ចក់​វែនតាប្រភេទ​ថ្មី ​ដែល​ពាក់​ទៅ ​អាច​ព្យាបាលទប់កំរិត​​​​​មីញ៉ូប​របស់​ក្មេង​បាន។ កញ្ចក់​វែនតាទំនើប​ថ្មី​ អាច​ជួយ​កែ​តម្រង់ផ្លូវ​​​ពន្លឺ​ថ្ងៃខ្លះ។ បើ​តាម​ការ​សិក្សា​បឋម ពន្លឺ​ខ្លះ​អាច​ទប់​ស្កាត់​ការ​វិវឌ្ឍ​នៃ​ភាពមីញ៉ូបបាន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ចាំបាច់​​ត្រូវ​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព​ភ្នែក​ ដើម្បី​ឆាប់​ដឹង​អំពីអាការៈ​មីញ៉ូប​របស់​កូន។”​មីញ៉ូម​អាច​ជា​ ដោយ​ការ​វះកាត់​​បាញ់​ឡាស៊ែរ?វែន​តាប្រភេទកែវ​ធម្មតា ក៏​អាចជួយ​កែ​ឱ្យ​មើល​ឃើញ​ច្បាស់​ផង និង​អាច​ជួយ​កុំឱ្យ​ជំងឺ​​មីញ៉ូបទៅ​មុខ​លឿន​ផង។ បើ​មិន​ពាក់​វែនតា សមត្ថភាព​មើល​ឃើញ​រ​បស់​ភ្នែក​កាន់​តែ​ធ្លាក់​ចុះ​ជា​លំដាប់​។ ម្យ៉ាង ​បច្ចុប្បន្ន ការ​ពាក់​វែនតា​​​កំពុង​ពេញ​និយម និង​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជាមនុស្ស​ចម្លែក មាន​បញ្ហា​ដូចទស្សនៈ​នៅ​សម័យមុន​ទេ។ ប៉ុន្តែ​ការ​​ពាក់​វែនតាពេល​ខ្លះ​អាច​ជា​ការ​រំខាន​ អាចទើសទែង​ ទើប​អ្នក​មីញ៉ូប​ជ្រើសរើស​ពាក់ខុន​តាក់លែន ឬ​ខ្លះ​សម្រេច ព្យាបាល​មីញ៉ូប​ដោយ​បាញ់​កាំរស្មី​ឡាស៊ែរ។ តើ​វិធី​ព្យាបាល​ដោយ​ឡាស៊ែរ​ អាច​ជា​ទី​ទុក​ចិត្ត​ និង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ភ្នែក​ដែរ​ឬទេ បើ​ពេទ្យ​ធ្វើ​មិន​បាន​ត្រឹម​ត្រូវ?សម្រាប់​លោក​វេជ្ជបណ្ឌិត ហ្កាទីណែល​ អ្នក​ជំងឺ​អាច​ទុក​ចិត្ត​លើ​បច្ចេកវិទ្យា​វះកាត់​មីញ៉ូប​ដោយ​ឡាស៊ែរ​បាន​។ ទិកនិក​បច្ចុប្បន្ន​អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ប្រើ​ភ្នែក​និង​ត្រលប់​ទៅ​ធ្វើ​ការ​វិញ​បាន​យ៉ាង​ឆាប់រហ័ស។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​ត្រូវឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ថា​តើ​អ្នក​ជំងឺមីញ៉ូប​នេះ​អាច​ទទួលការ​វះកាត់​បាន​ដែរឬអត់។ គ្រប់​មីញ៉ូប​មិន​សុទ្ធ​តែ​អាច​ព្យាបាល​ដោយ​ឡាស៊ែរ​បាន​ឡើយ។ ដើម្បី​អាច​​ធ្វើការ​វះកាត់​ដោយ​ឡាស៊ែរ អ្នក​ជំងឺ​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា៖ មាន​កំរិត​មីញ៉ូប​ល្មម មិន​ខ្លាំង​ហួសហេតុ​ពេក (បើ​ខ្លាំង​ជ្រុល​ត្រូវ​វះកាត់​ដោយ​ឡាស៊ែរ​បន្សាំកែវភ្នែក)។ មីញ៉ូបលែង​វិវឌ្ឍ​ យ៉ាង​ហោច​ពីរ​ឆ្នាំ​ជាប់​គ្នា​។ ត្រូវមាន​ស្រទាប់​កែវភ្នែក​ក្រាស ស្មើល្អ​ មាន​ន័យ​ថាមិន​សូវធ្លាប់​​ញី​ភ្នែក​ ព្រោះការ​​ញី​ភ្នែក ដោយ​មាន​បញ្ហា​អាល់ឡែកស៊ី ឬ​បញ្ហា​អ្វីក៏​ដោយ វា​​ធ្វើ​ឱ្យ​សឹក​កែវភ្នែក​ ធ្វើ​ឱ្យ​កែវភ្នែក​ស្តើង​ ​ឆ្កូត និង​ដាច់​ដាច។ ​អ្នកជំងឺ​មីញ៉ូប​ខ្លះ​មិន​អាច​ទទួល​ការ​វះកាត់​ព្យាបាល​ដោយ​ឡាស៊ែរ​បានដោយ​ហេតុ​តែ​ធ្លាប់​ញី​ភ្នែក​ខ្លាំង​ពេក។ នៅពេល​រមាស់ទប់​មិន​បាន សូម​ចុច​ សង្កត់លើ​ ចុង​កន្ទុក​ភ្នែក​ដោយ​ថ្នមៗ ហើយ​កុំ​សង្កត់​ញីញក់​លើ​ត្របក​ភ្នែក។ ព្យាយាម​គ្រប់​គ្រងបញ្ចៀស​​ឱ្យ​បាន​កត្តា​នាំ​ឱ្យ​រមាស់ចង់​ញី​​ភ្នែក។ នេះ​ជា​សារ​ដែល​លោក​វេជ្ជបណ្ឌិត​ចង់​បញ្ជ្រៀប​ដល់​បណ្តា​ជន​គ្រប់​រូប ដើម្បីការពារ​សីររាង្គ​ភ្នែក​​៕
17/07/20248 minutes, 47 secondes
Episode Artwork

ជំងឺ​ក្អក​មាន់លេច​ឡើង​ជា​ថ្មី សម្លាប់​ក្មេង​ជា​ច្រើន​នាក់​នៅ​បារាំង

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១៧​នាក់ ក្នុង​នោះ​១៤នាក់​ជា​ទារក និង​បីនាក់​ជា​មនុស្ស​ចាស់ អាយុ​លើស​៨៥ឆ្នាំ នៅ​ឆ្នាំ​២០២៤​នេះ ដោយ​ជំងឺ​ក្អក​មាន់។ ជំងឺ​ក្អក​មាន់​តែ​គេ​សឹង​ភ្លេច​បាត់​ទៅ​ហើយ​ស្រាប់​តែ​ផ្ទុះ​កំរើក​ឡើង​នៅ​វិញ យ៉ាង​ខ្លាំង​ ​នៅ​ស្រុក​បារាំង​និង​អឺរ៉ុប​។ តើ​ក្អ​ក​មាន់​ជា​ជំងឺ​អ្វី? ហេតុ​មាន​ផ្ទុះ​ករណី​ក្អកមាន់​ច្រើន​នៅអឺរ៉ុប? តើ​ត្រូវ​ការពារ​ខ្លួន​ពី​ជំងឺ​ក្អកមាន់​នេះ​យ៉ាង​ដូចម្តេច? ក្អកមាន់​ ជំងឺ​ដែល​គេ​ភ្លេច​ ស្មាន​តែ​កម្ចាត់​បាន​ទាំង​ស្រុង​ហើយ បាន​វិល​មក​សម្លាប់​ជីវិត​មនុស្ស​ជា​ថ្មី ក្នុង​ល្បឿន​ក៏​គួរ​ឱ្យ​ព្រួយ​បារម្ភ នៅ​អឺរ៉ុប។ ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៤​នេះ មាន​កុមារ​១៤​នាក់​ មនុស្ស​ចាស់​អាយុ​លើស​៨៥​ឆ្នាំ​បីនាក់​ បាន​បាត់បង់​ជីវិត​ និង​ជាង​៦ពាន់​នាក់កំពុង​ទទួល​ការព្យាបាល​ជំងឺ​ក្អក​មាន់ នៅក្នុង​ប្រទេស​បារាំង​។ ក្នុង​កំរិត​អឺរ៉ុប ពីកើតទៅ​លិច​ ពី​​ប្រទេស​អង់គ្លេស​ដល់​សាធារណរដ្ឋ​ឆែក ករណី​កើត​ជំងឺ​ក្អក​មាន់​បាន​កើនឡើង​គួរ​ជា​កត់​សម្គាល់ដែរ។ ​៧៨៨៨​ករណី​នៅ​ប្រទេស​ឆែក ជាង​មួយពាន់​នាក់​នៅ​ប្រទេស​ក្រូអាស៊ី និង​ក៏​មាន​ច្រើន​ករណី​ដែរ នៅ​ប៊ែលហ្ស៊ិក ដាណឺម៉ាក អាល្លឺម៉ង់​ ​អេស្ប៉ាញ ឬហូឡង់ អង់គ្លេស​… ជាមួយ​នឹង​សេចក្តី​ជូន​ដំណឹង​នៃការ​ស្លាប់​ជា​បន្ត​បន្ទាប់​ទៀត។ក្នុង​មួយ​ឆ្នាំៗ ជំងឺ​ក្អក​មាន់​មាន​កើត​ប្រមាណ​៤០លាន​ករណី​ និង​សម្លាប់​មនុស្ស​អស់​ប្រមាណ​បី​សែន​ នៅលើ​ពិភពលោក។ មាន​ន័យ​ថា​ជំងឺ​ក្អកមាន់ មិន​បាន​ផុត​រលត់​ពី​ភពផែន​ដី​ទេ។ ប៉ុន្តែ​ជំងឺ​នេះ​បាន​បំប្លែង​ទម្រង់ និង​លេច​ឡើង​ប្រៀប​ដូច​ជា​រលក យូរៗផ្ទុះ​ឆ្លង​ខ្លាំង​​ម្តង​ ទៅ​តាម​វដ្ត​របស់​វា។ ជា​ទូទៅ​ពពួក​ជំងឺ​ដែល​គេ​ភ្លេច​ទៅ​ហើយ​នេះ តែង​តែ​លេច​ឡើង​មក​វិញ​ជារៀង​បួន​-ប្រាំ​ឆ្នាំម្តង​​ ឬជួន​ដល់​​១០​ឆ្នាំ​ម្តង ជាមួយ​ការ​បំប្លែង​ខ្លួន​បន្តិច លិប​​បាត់ហើយ​​លេច​ឡើង​មក​វិញ​ដោយគ្មាន​ប្រាប់​ជា​មុន​ទេ។ តែ​នៅ​ពេល​ត្រលប់​មក​វិញ​ម្តងៗ ជំងឺ​នៅ​តែ​កំណាច​អាច​ផ្តាច់​ជីវិត​មនុស្ស​បាន​ជា​និច្ច។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ព្រឹទ្ធ​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​លោក ហ្វីលីព សានសូនេទី Philippe Sansonetti។ការ​វិល​ត្រលប់​មក​វិញ​លើក​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​ផ្ទុះ​ជំងឺ​ក្អក​មាន់ដ៏​ខ្លាំង​មិន​ធ្លាប់​ប្រទះទេ គិត​ក្នុង​រយៈ​ពេល​ជាង​៤០​ឆ្នាំ​កន្លង​មក​នេះ ដែល​ពិភពលោក​ចាប់​​មាន​យុទ្ធនាការ​ចាក់ថ្នាំបង្ការ​ប្រឆាំង​នឹងជំងឺ​ក្អកមាន់​មក។តើ​ក្អក​មាន់​ជា​ជំងឺ​អ្វី?ក្អកមាន់​​ជា​ជំងឺផ្លូវ​ដង្ហើម ដ៏​មហា​ឆ្លង បង្ក​ឡើង​ដោយ​បាក់តេរី​ពពួក​Bordetella pertussis ឬ parapertussis និង​ផ្តល់​អាការៈ​រោគ​ពិសេស​ ប្លែក​ពីការ​ក្អក​ធម្មតា។ នៅ​ពេល​បាក់តេរី​បានចម្លង​​ចូល​ដល់​ក្នុង​ខ្លួន​មនុស្ស​ហើយ​ វា​នឹង​សំងំ​នៅក្នុង​សរីរាង្គកាយ​យើង​រយៈ​ពេល​ប្រមាណ​១០​ថ្ងៃ​ ទើប​បញ្ចេញ​រោគ​សញ្ញា​ដំបូង។ មុន​ការ​រក​ឃើញ​ថ្នាំ​បង្ការ អ្នក​ផ្ទុក​មេរោគ​ជំងឺ​ក្អកមាន់ម្នាក់​មាន​សមត្ថភាព​​អាច​ចម្លង​ទៅ​អ្នក​ដទៃ​ជុំ​វិញ​ខ្លួន ប្រមាណ​ពី​១៥​ទៅ​១៧​នាក់​ជា​មធ្យម។​ ពោល​គឺ​ជា​ជំងឺ​ឆ្លង​ខ្លាំង-ខ្លាំង​ជាង​ជំងឺ​កូវីដ​ពេលផ្ទុះ​​ឡើង​ដំបូងដល់​១០​ដង​ឯណោះ។ ក្អកមាន់​​ពេញ​អំណាច​ចម្លង​បំផុត នៅ​សប្តាហ៍​ដំបូង​ ​ពេល​អ្នក​ជំងឺ​ចាប់​ផ្តើម​មាន​រោគ​សញ្ញាក្អក​ភ្លាម និង​រហូត​ដល់​បី​សប្តាហ៍។ បន្ទាប់​ពី​​ប្រើ​ថ្នាំ​ផ្សះ​អង់ទីប៊ីយូទីក​បាន​ពីរ​បី​ថ្ងៃ​ ជំងឺ​ចាប់ផ្តើម​ស្រាក សមត្ថភាព​ចម្លង​ទៅ​អ្នក​ដទៃ​ក៏​ចាប់​ចុះ​ថយ​ដែរ។ការ​ចម្លង​ធ្វើ​ឡើង​តាមផ្លូវ​ដង្ហើម តាម​រយៈការ​ប៉ះពាល់ទឹក​សំបោរ​ តាម​​រយៈ​ការ​ខ្ទាត​ទឹក​មាត់ ពេល​ក្អក ពេល​និយាយ​។ តែ​នៅក្នុង​ប្រទេស​ដែល​មាន​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​លើគ្រប់​រូប​​កុមារជា​ចាំ​បាច់​នោះ ​ទារក​​ច្រើន​តែ​ឆ្លង​មេរោគ​ក្អក​មាន់​ពី​មនុស្ស​ធំ។រោគ​សញ្ញា​សម្គាល់មាន​ដូច​គ្នា​មិនថា​សម្រាប់​ក្មេង​ឬមនុស្ស​ចាស់ទេ។ អ្នក​ជំងឺ​ចាប់​ផ្តើម​ដំបូង ដោយ​អាការៈ​ហៀ​សំបោរជាប់​ មួយ​អាទិត្យ​ពីរ អម​ដោយ​ការ​ក្តៅ​ខ្លួន​តិច​តួច។ បួន​ដប់​ថ្ងៃ​កន្លង​ទើប​លេច​អាការៈ​ក្អក​ឡើង។ ដំបូង​ក្អ​ក​តិចៗ តែ​ក្រោយ​មក​​​ ​អ្នក​ជំងឺ​ក្អក​យ៉ាង​ខ្លាំង ភ្លាមៗ ជាប់ៗ​គ្នា ស្ទើរ​ដក​ដង្ហើម​ អម​ដោយ​ស្នូរ​ដង្ហើម​ដង្ហក់​ឮ​ដូច​មាន់​ ហេតុ​ដូច្នេះហើយបា​ន​ជា​គេ​ហៅ​​ជំងឺ​នេះ​ថា​ក្អក​មាន់។ នេះ​បើ​តាម​ប្រសាសន៍​បំភ្លឺ​របស់​លោក​សាស្ត្រាចារ្យ​ Sylvain Brisse នាយក​មជ្ឈមណ្ឌលជាតិ​ទទួល​បន្ទុក​​ជំងឺ​ក្អក​មាន់​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដោយ​រំលឹក​ថា អាការៈក្អក​អាច​អូសបន្លាយ​ពេល​ជា​ច្រើន​សប្តាហ៍និង​ដល់​១០០ថ្ងៃ ប្រសិន​បើ​គ្មាន​ការព្យាបាល​។ អ្នក​ជំងឺ​អាច​ក្អក​ខ្លាំង​ ដោយ​គ្មានអាការៈ​ក្តៅ​ខ្លួន​ទេ និង​ក្អក​ជា​ពិសេស​នៅ​ពេល​យប់។ថ្នាំបង្ការ​ជា​វិធី​ការពារ​​ជំងឺ​ក្អកមាន់ដ៏​មាន​ប្រសិទ្ធភាពជំងឺ​ក្អកមាន់ ជា​តំណាង​​គ្រោះថ្នាក់ខ្លាំង​​ជាពិសេសសម្រាប់​មនុស្ស​ចាស់ ស្ត្រី​មាន​គភ៌ និង​ទារក​ទើប​នឹង​កើត (ការ​ចាក់​ថ្នាំប​ង្ការក្អកមាន់​ ដូស​ទីមួយ នៅ​អាយុ​ពីរ​ខែ​ និង​ដូសទីពីរ​នៅ​អាយុ​បួន​ខែ)។ ទារក (ក្រោម​ពីរ​ខែ) ​តូច​ពេក​​មិន​ទាន់​អាច​ទទួល​ថ្នាំ​បង្ការ​បាន ឱ្យ​តែ​ឆ្លង​មេរោគ​ក្អក​មាន់​អាច​ស្លាប់ និង​ត្រូវ​តែ​បញ្ជូន​ទៅ​​សង្គ្រោះ​​នៅក្នុង​មន្ទីរ​ពេទ្យ ដើម្បី​បាន​ទទួល​ព្យាបាលសមស្រប​ផង និង​បាន​ទទួល​ការ​តាមដានស្ថានភាព​សុខភាព​​ផ្លូវ​ដង្ហើម​ផង។ ក្នុង​វ័យ​ក្មេង​ខ្ចី​បែប​នេះ ​ជំងឺ​ផ្លូវ​ដង្ហើម​ក្អកមាន់អាច​បង្ក​ផលប៉ះពាល់​រំខាន​ជា​ច្រើន​ដូច​ជា ខ្សោះ​ជាតិ​ទឹក ខ្វះអាហារូបត្ថម្ភ ចុះ​គីឡូ មានជំងឺ​​បង្ករោគ​មួយហើយមួយទៀត ឬ​កាន់​តែធ្ងន់ធ្ងរ​នាំ​ឱ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​បេះដូង និង​ប្រព័ន្ធ​ប្រសាទករណី​ស្លាប់ដោយជំងឺក្អកមាន់​នៅប្រទេស​បារាំង​និងអឺរ៉ុប​ពេល​នេះ ៩០%​ជា​ទារក​ក្រោម​៦​ខែ​ ជា​ឧទាហរណ៍​ជាក់​ស្តែង។ ហេតុដូច្នេះ​ហើយ​បាន​ជាអាជ្ញាធរ​សុខភាព​បារាំង បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្នខ្លាំង​នឹង​ជំងឺ​ក្អកមាន់​នេះ និង​ផ្តល់​អនុសាសន៍​ឱ្យ​មនុស្ស​ធំពេញ​វ័យ​ មាន​គម្រោង​ចង់​បាន​កូន និង​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ ទៅ​ចាក់​ថ្នាំប​ង្ការ​ជំងឺ​ក្អក​មាន់។បើ​តាម​អ្នក​ស្រី​សាស្តាចារ្យ​វេជ្ជបណ្ឌិត Anne-Claude Crémieux​ គ្រូពេទ្យ​ជំនាញផ្នែក​​ជំងឺ​ឆ្លង​ស្ត្រី​មានផ្ទៃពោះ​អាច​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ក្អក​មាន់ នៅ​ពេល​មាន​ទម្ងន់​បាន​៨​ខែ។ ការ​ចាក់​ថ្នាំបង្ការ​នៅ​ពេល​នេះ​ នឹង​ជួយ​បង្កើន​អត្រា​អង់ទីក័រ​របស់​ម្តាយ ឱ្យ​ឡើង​ខ្ពស់​ខ្លាំង។ ហើយ​ម្តាយ​អាច​ចែក​រំលែក​បញ្ជូ​ន​ទៅ​ឱ្យ​កូនទើប​កើត​ ឱ្យ​មាន​សមត្ថភាព​ទប់​ទល់​នឹង​មេរោគ​បាន​ ទម្រាំ​​ដល់​អាយុ​ដែល​ទារក​អាច​​ទទួល​វ៉ាក់សាំងដោយ​ខ្លួន​ឯងបាន។ ប្រការ​សំខាន់​មួយ​ទៀត គឺ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ទារក​ទើប​កើត ក៏​ត្រូវ​តែ​ធ្វើ​បច្ចុប្បន្នភាព​ថ្នាំ​បង្ការ​របស់​ខ្លួន​ដែរ។បើ​មាន​លេចករណី​ក្អក​ហើយ ចាំបាច់​ទៅ​ទៅពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ភ្លាម ដើម្បីធ្វើ​ការ​វិភាគ​​ឱ្យ​បាន​ច្បាស់​លាស់​​ថាពិត​​ជា​ជំងឺ​ក្អកមាន់មែន​ឬ​យ៉ាងណា។ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឱ្យ​ធ្វើ​តេស្តPCR​ រុក​ច្រមុះ​ដូច​តេស្ត​កូវីដ។ ក្នុង​ករណី​មាន​ជំងឺ​ក្អក​មាន់ អ្នក​ជំងឺ​នឹង​ទទួល​បាន​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះសម្រាប់​មេរោគ (អង់ទីប៊ីយូទិក) ​រយៈពេល​​ខ្លី ពី​បី​ទៅ​៥​ថ្ងៃ​។ ជា​ទូទៅ​ថ្នាំ​ផ្សះ​បច្ចុប្បន្ន​មាន​ប្រសិទ្ធភាព​ខ្លាំង​គួរសម​ប្រឆាំង​នឹងជំងឺ​ក្អកមាន់។ ហើយ​ក្នុង​អំឡុង​ពេល​នោះ ត្រូវ​ចៀសវា​កុំ​ជួប​មនុស្ស​ចាស់​ជរា កុមារ និង​ពិសេសទារក​ ព្រមទាំង​ពាក់​ម៉ាស​ពេល​ដើរ​ហើរ​ឬ​ទៅធ្វើ​ការ។ការការ​ពារ​ប្រសើរ​ជាងព្យាបាល ជា​សុភាសិត​ដ៏​ល្អ​​គ្មាន​អ្វីប្រៀប​បាន​ឡើយ។ ​ដើម្បី​ចៀស​វាង​កុំ​ធ្លាក់​ខ្លួន​កើត​ជំងឺ​ក្អក​មាន់​បាន គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ចាក់​ថ្នាំ​បង្ការ​ទេ។ ថ្នាំ​បង្ការ​ជំងឺ​ក្អក​មាន់ ដែល​បច្ចុប្បន្ន​ ដូច​ថ្នាំបង្ការប្រឆាំង​ជំងឺ​ខាន់ស្លាក់ តេតាណូស គ្រុន​ស្វិតដៃជើង  ​ជា​ថ្នាំ​បង្ការចាំបាច់ដាច់​ខាត​ត្រូវ​ចាក់​លើ​ក្មេង​ចាប់​ពី​អាយុ​ ២ -៤ និងនៅ​១១​ខែ។ បន្ទាប់​មក​កុមារ​ត្រូវ​ចាក់​វ៉ាក់សាំង​រំលឹក នៅ​អាយុ​៦​ឆ្នាំ​ម្តង​ទៀត និង​បន្ទាប់​មក​នៅ​ចន្លោះ​អាយុ​១១-១៣​ឆ្នាំ។ ដូច​បាន​ជម្រាប​ជូន​ខាង​លើ ដើម្បី​បង្កើនបរិមាណ​អង់ទីក័រ​សម្រាប់​ខ្លួន​ឯង​ផង ​និងបញ្ជូនឱ្យ​ទៅការពារ​​កូន​តាំងពី​នៅ​ក្នុង​ផ្ទៃផង​ ស្ត្រី​មាន​ផ្ទៃពោះ​ក៏​ត្រូវ​អញ្ជើញ​ទៅ​ចាក់ថ្នាំបង្ការនេះ​ដែរ។ សម្រាប់​មនុស្សធំ​ពេញ​វ័យ​ទូទៅ សូម្បី​កុំ​ភ្លេច​ចាក់​ថ្នាំ​បង្ការ​រំលឹក​​ ជា​រៀង​រាល់​២០ឆ្នាំ​ម្តង ឧទាហរណ៍​នៅ​អាយុ​២៥​ឆ្នាំ ៤៥ឆ្នាំ និង​៦៥​ឆ្នាំ៕
04/07/20248 minutes, 20 secondes
Episode Artwork

ប៉េង​ប៉ោះ​ ជា​ថ្នាំ​បង្ការ​ជំងឺ​លើស​ឈាម​និង​ប្រូស្ត្រាត

ប៉េងប៉ោះ មាន​គុណប្រយោជន៍​ផ្នែក​អាហារូបត្ថម្ភ​ខ្លាំងណាស់​ ព្រោះ​វា​​សម្បូរ​ទៅ​ដោយ​វីតាមីនសេ និង​ សារធាតុ​អង់ទី​អ៊ុកស៊ីដង់ លីកូប៉ែន ដ៏​ចាំ​បាច់​សម្រាប់​សុខភាព។ មាន​ការ​សិក្សា​ជា​ច្រើន​ណាស់ ដែល​រក​ឃើញ​អំពី​គុណវិសេស​នៃ​ផ្លែប៉េងបោះ។ របក​គំឃើញ​ចុងក្រោយ​ បាន​បញ្ជាក់​អំពី​គុណប្រយោជន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ប្រូស្តាត និង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់។ តើ​ត្រូវ​ទទួល​ទាន​ប៉េង​ប៉ោះ ក្នុង​ទម្រង់​ណា? និង​​ប៉ុន្មានផ្លែ​ក្នុង​ថ្ងៃ​ទើប​ទទួល​ផលល្អ​សម្រាប់​សុខភាព?អម​ដោយ​អន្តរាគមន៍​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត François Desgrandchamps គ្រូពេទ្យ​ជំនាញ​វះកាត់​ប្រព័ន្ធផ្លូវ​​ទឹក​នោម។​ ជា​ផ្លែចុះ​ចេញ​ពី​ដើម​រុក្ខជាតិ ប៉េងប៉ោះត្រូវ​បាន​គេ​ចាត់​ទុក ជា​បន្លែមិនមែន​ជា​ផ្លែ​ឈើទេ។ ប៉េងប៉ោះ​​​មានច្រើន​ប្រភេទ​ណាស់ ដល់​ទៅ​ជាង​១០០ពូជ​ឯណោះ៖ លឿង​ ក្រហម បៃតង ខ្មៅ មូល ទ្រវែង តូច ធំ ល្អិត ថ្លោស ផ្លែ​ជា​ចង្កោម ជា​កញ្ចុំ ឬ​ទោល...។ ជា​បន្លែ​ដែល​ងាយ​បរិភោគ​ ងាយ​យក​មកកែច្នៃ​​ធ្វើ​ជា​ម្ហូប ឬ​ក៏​អាច​ទទួល​ទាន​ជា​អន្លក់​ ជា​ញាំ ជា​ផ្លែ​ស្រល់ ឆៅ ឆ្អិន ទាំង​ខ្ចី​ទាំង​ចាស់​និង​ទុំ។ប៉េងប៉ោះ​ជួយបញ្ចុះ​សម្ពាធ​ឈាម?ស្រួល​ដាំ​ស្រួល​ដុះ​ និង​មាន​រសជាតិ​ជូរ​-ផ្អែមឆ្ងាញ់​តាម​ត្រូវ​ការហើយ ​​ផ្លែប៉េង​ប៉ោះមាន​គុណប្រយោជន៍​សម្រាប់​​​សុខភាព​ខ្លាំងណាស់​​។ សម្បូរ​វីតាមីន​អា សេ និង​កា ប៉េងប៉ោះ​មិន​មែន​ជា​​បន្លែដ៏​សាមញ្ញ​ទេ​ តែ​ជា​បណ្តុំ​អាហារូបត្ថម្ភ​សំខាន់ៗ​ចាំបាច់​សម្រាប់​សរីរាង្គកាយ ​​​ដែល​មាន​តួនាទី​ការពារសុខភាព​ខ្លាំងណាស់ ដូច​ជា​ជួយ​បេះ​ដូង ជួយ​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​កើត​ជំងឺ​សរសៃ​ឈាម​បេះ​ដូង និង​ជួយចាត់​ចែង​​បញ្ចុះ​​សម្ពាធ​ឈាម។​​អ្នក​ស្រាវជ្រាវ​អេស្ប៉ាញ បាន​ដឹកនាំ​ការ​​សិក្សា​​លើ​អ្នក​មាន​ហានិភ័យ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​​ខ្ពស់ ពោល​គឺ​ងាយ​មាន​គ្រោះ​ថ្នាក់​ដាច់​ឬ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង និង​ខួរក្បាល​ខ្លាំង ដោយ​ផ្តោត​ទៅ​លើ​ការ​​ពិសា​ប៉េងប៉ោះ។ ​​​ លទ្ធផល​ចេញ​មក​អស្ចារ្យ​ខ្លាំងណាស់។ អ្នក​ដែល​ទទួល​ទាន​ប៉េងប៉ោះ​ច្រើន ច្រើន​ខ្លាំងមែនទែន​ ​ជា​ប្រចាំ និង​គ្រប់​ទម្រង់ទាំងអស់​នោះ មាន​សម្ពាធ​ឈាម​ទាប​ជាង​អ្នក​មិន​សូវ​ចិត្ត​បរិភោគ​ផ្លែប៉េងប៉ោះ។ សម្ពាធ​ឈាមអ្នក​ញ៉ាំ​ប៉េងបោះច្រើន​ខ្លាំង បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​គឺ​រហូត​ដល់​ទៅ​៣៦%។ ហេតុអ្វី​ទៅ? ព្រោះ​ប៉េងប៉ោះ​មានផ្ទុក​ជាតិ​ប៉ូតាស្យូម​ច្រើន។ គេ​បាន​ដឹង​ហើយ​ថា​ ​ជាតិ​ប៉ូតាស្យូមមិន​ថា​នៅ​ក្នុង​គ្រប់​បន្លែផ្លែឈើ​ណា​ទេ សុទ្ធ​តែដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​​ជួយ​ចាត់​ចែង​សម្ពាធ​ឈាម​ឱ្យ​បាន​ប្រសើរ​ឡើង។ ​ដូច្នេះ​ប៉េងប៉ោះ​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏​ល្អ​របស់​អ្នក​ជំងឺ​លើស​ឈាម។ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​ត្រូវ​តែ​ប្រឹង​ពិសា​ប៉េងប៉ោះ។ប៉េងប៉ោះ​ជួយការពារប្រូស្តាត?​​ជាង​នេះ​ទៅ​ទៀត អាហារូបត្ថម្ភ​​ដ៏​សម្បូរ​បែប​ជា​ពិសេសជាងគេមួយ​ទៀត​របស់​ប៉េងប៉ោះ​​ ជា​ជាតិវីតាមីន​សេ និង​លីកូប៉ែន ដែល​ជា​អង់ទីអុកស៊ីដង់​ ដ៏​ប្រពៃ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក។ ការ​សិក្សា​ចុង​ក្រោយ​ទើប​ចេញ​ផ្សាយ​នាពេល​ថ្មីៗ​នេះ បាន​បង្ហាញឱ្យ​ឃើញ​​ថាលីកូប៉ែន​របស់​ប៉េងប៉ោះមាន​សមត្ថភាព​ការពារ​ជំងឺ​មហារីក​ប្រូស្តាត​ទៀត​។ បើ​តាម​ប្រសាសន៍​របស់​លោកសាស្ត្រាចារ្យ François Desgrandchamps គុណប្រយោជន៍​នៃ​ជាតិ​លីកូប៉ែន​របស់​​ផ្លែប៉េងប៉ោះ​ធ្លាប់​បាន​លាត​ត្រដាង​តាំងពី​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ហើយ​ថ្មីៗ​នេះ ពោលគឺ​កាលពី​ខែមុន ការ​សិក្សា​ដ៏​វែង​អន្លាយ​មួយ​បាន​​ចេញ​ផ្សាយ​ថា ការបរិភោគ​ផ្លែប៉េងប៉ោះ​កាន់​តែ​ច្រើន​កាលណា​ គេ​អាច​កាត់​គ្រោះ​កើត​ជំងឺ​មហារីក​ប្រូស្តាត​បាន​កាន់​តែ​ច្រើន​ទៅ​តាម​នោះ ហើយ​មិន​ងាយ​ស្លាប់​ដោយ​ជំងឺ​មហារីក​ប្រូស្តាត​ទេ។ ការ​សិក្សាដ៏​សាមញ្ញ​​មួយ​ទៀត ដែល​​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំងបំផុត​​ទៀតនោះ គឺ​ការ​សិក្សា​ប្រៀបធៀបលើ​​ក្រុម​អ្នក​ជំងឺ​ត្រូវ​វះកាត់​ដោយ​ជំងឺ​មហារីក​ប្រូស្តាត​ពីរក្រុម៖ មួយក្រុម​បរិភោគ​ទឹក​ប៉េងបោះ​ខាប់​ដែល​មាន​កំហាប់​ជាតិ​លីកូប៉ែន ចំនួនមួយ​កែវបន្ថែម​ក្នុង​មួយ​ថ្ងៃ ជា​រៀង​រាល់​ថ្ងៃ។ ហើយ​មួយ​ក្រុម​ទៀត​បរិភោគអាហារ​ធម្មតា។ បី​សប្តាហ៍​ក្រោយ​មក គ្រូពេទ្យ​ធ្វើ​ការ​វះកាត់​ពួកគេ។ លទ្ធផល​នៃការ​វះកាត់​ខុស​គ្នាឆ្ងាយ​ណាស់។ ដុំ​សាច់​មហារីក និង​ភាព​កំណាច​របស់​មហារីក​ប្រូស្តាត ព្រមទាំង​កំរិត ​PSA ដែល​ជា​​អត្រា ​កំណត់​ជំងឺ​មហារីក​ប្រូស្តាត (បាន​មក​ពី​ការ​វិភាគ​ឈាម) ធ្លាក់​ចុះ​​​១៧%​ សម្រាប់​អ្នក​បាន​ទទួល​ទាន​ទឹកប៉េងប៉ោះ​រាល់​ថ្ងៃ​។”​លោក​សាស្ត្រាចារ្យ សូម​ណែនាំឱ្យ​​ជ្រើសរើស​​បរិភោគ​ផ្លែប៉េងបោះ​ឱ្យ​បាន​រាល់​ថ្ងៃ។​ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា គេ​ត្រូវ​បរិភោគផ្លែ​ប៉េងប៉ោះ​ស្រស់​ច្រើន​ណាស់ ដល់​ទៅ​ប្រមាណ​ជាង​មួយ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃឯណោះ​ ​ទើប​អាច​ស្រូប​យក​ជាតិ​លីកូប៉ែន​បាន​គ្រប់​គ្រាន់​សម្រាប់​ការពារ​ខ្លួន។ របៀប​បរិភោគ​រាល់​ថ្ងៃ​ផ្តល់​ជាតិ​លីកូប៉ែន​ ​បាន​ប្រមាណ​៥មីលី្លក្រាម​តែប៉ុណ្ណោះក្នុង​មួយ​ថ្ងៃ។ គឺ​តិចខ្លាំងណាស់។ ដើម្បី​មាន​ប្រសិទ្ធភាព ត្រូវ​បរិភោគ​​ជាតិ​លីកូប៉ែន​ចំនួន​១៥​មីល្លីក្រាម​ ក្នុង​មួយ​ថ្ងៃ។ ដូច្នេះ​ប្រការ​ដែល​ល្អ​បំផុតនោះ​ គឺ​​ត្រូវជ្រើសរើស​ទទួល​ទាន​ផ្លែប៉េងប៉ោះ​ឆ្អិន។ ចំអិន​ប៉េងប៉ោះ​ បង្ខះ​ជាតិ​ទឹក​ (ដែល​មាន​ដល់​៩០%​) ឱ្យ​ក្លាយ​ជា​ទៅ​កំហាប់​ទឹក​ប៉េងប៉ោះរហូត​ឡើង​ពណ៌​ក្រហម​ល្អ​ ព្រោះ​ពណ៌​ក្រហម​នេះ​ជា​ជាតិ​អង់ទីអុកស៊ីដង់​ដែល​មាន​តួនាទី​ការពារសរីរាង្គ​យើង។​ រួច​លាយ​ជាមួយ​ប្រេង​អូលីវ​បន្តិច​ទៅ អ្នក​នឹង​ទទួល​ទាន​វា​បាន​យ៉ាង​ស្រួល និង​គ្រប់​គ្រាន់ហើយ។ គេ​អាច​រក​ថ្នាំ​បំប៉ន​មាន​ជាតិ​លីកូប៉ែនលេប​បន្ថែម​​ក៏​បាន​។ តែបើពិបាក​ពេក​ ​អស់​លោក​បុរស​ អាច​ពិសា​គីឆុបKetchup មួយ​ស្លាបព្រាបាយ​​ក្នុង​មួយ​ថ្ងៃ​ក៏​បាន ដើម្បី​ការពារ​ប្រូស្តាតគាត់។”​​ជា​សរុប​ប៉េងប៉ោះ​មាន​លក្ខណៈសម្បត្តិ​៥​ល្អ​៥​យ៉ាង​ ដែល​អ្នក​គួរ​ជ្រើសរើស​បរិភោគ​រាល់​ថ្ងៃ៖ បន្ថែម​ពី​លើ​អត្រា​ដ៏​ខ្ពស់​នៃ​វីតាមីនសេ លីកូប៉ែន ៩០%​នៃ​ផ្លែប៉េងប៉ោះ ជា​ជាតិ​ទឹក។ ដូច្នេះ​ការ​ទទួល​ទាន​ផ្លែប៉េងប៉ោះជា​បំពេញ​​​សេចក្តី​ត្រូវ​ការនៃ​ជាតិ​ទឹក​​​​ប្រចាំ​ថ្ងៃរបស់​សរីរាង្គកាយ​បាន​យ៉ាង​ងាយ។ មាន​ផ្ទុក​កាឡូរី​តិច​ ប៉េងប៉ោះ​ជា​ជម្រើស​ដ៏​ប្រពៃ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់។ ប៉េងប៉ោះជា​អាហារដែល​ទៅ​ភ្ញោច​បំប៉ន​ផ្លូវ​លាមក​ឱ្យ​បទ​ជើង​ស្រួល និងធ្វើ​ឱ្យ​​ឆាប់​ឆ្អែត ព្រោះ​​​មាន​សារធាតុ​សរសៃ​ច្រើន។តើត្រូវ​ជ្រើសរើសប៉េងប៉ោះ​យ៉ាងដូចម្តេច?មាន​ច្រើន​ពណ៌ ប៉េងប៉ោះ​នីមួយៗ​​មាន​ផ្ទុក​វីតាមីន​មិន​​ដូច​គ្នា​ទេ។ ប៉េងប៉ោះ​លឿង មាន​រសជាតិ​ស្រទន់​ជាង​គេ មិន​សូវ​ជូរ និង​មាន​វីតាមីន​អា​ តិច​តួច។ ប៉េងប៉ោះ​ដែលមាន​វីតាមីន​អា​ច្រើន​ជាង​គេ​មែន​ទែន គឺ​ប៉េងប៉ោះ​ពណ៌​លឿង​ទុំ (មាន​ច្រើន​លើស​ប៉េងប៉ោះ​ដទៃ​ដល់​ទៅ​១០​ដង​) ហើយ​មាន​ផ្ទុក​ជាតិ​បេតាការ៉ូតែន​ ដែល​សរីរាង្គ​ស្រូប​បំប្លែង​ទៅ​ជា​វីតាមីន​អា នៅ​ទទួល​ទាន​ចូល​ទៅ និង​ជួយ​ដល់​ភ្នែក។ ចំណែក​ប៉េងប៉ោះ​ពណ៌​ក្រហម ដែល​គេជួប​ញឹកញាប់​និង​​បរិភោគ​ច្រើន​ជាង​គេ​វិញ ល្អ​ខ្លាំង​ត្រង់​លក្ខណៈ​ទុំ​ក្រហម​វាតែម្តង ព្រោះ​ពណ៌​ក្រហម​នៃ​ប៉េងប៉ោះ​នេះ​ជា​សារជាតិ​លីកូប៉ែន។ ដូច​បាន​លើក​មក​ពី​ខាង​ដើម លីកូប៉ែន ជា​សារធាតុ​​អង់ទីអុកស៊ីដង់​ដ៏​ប្រពៃ​មាន​នាទី​ជា​ការ​ពារ​ប្រយុទ្ធ​ប្រឆាំង​នឹងសារធាតុ​​មហារីក៕
26/06/20248 minutes, 15 secondes
Episode Artwork

ឆ្អឹង​​កែងជើង ដុះ​បន្លា​ ជា​ជំងឺអ្វី?

ឈឺ​ដូច​គេ​ចាក់ ដូច​មុត​បន្លា​នៅត្រង់​កែងជើង ឈឺ​ខ្លាំង​ពើត​ជា​ពិសេស​នៅ​ពេល​ព្រឹក​ងើប​ពី​ដំណេក ... អាការៈ​ឈឺកែង​ជើង​បែប​នេះ ទំនង​ជា​ឆ្អឹង​ដុះ​បន្លា​ហើយ។ តើ​ឆ្អឹង​កែង​ជើង​ដុះបន្លា​យ៉ាង​ដូចម្តេច? និង​ជា​ជំងឺ​អ្វី ? អាចព្យាបាល ដោយ​វិធីណា​ខ្លះ? អាការៈ​ឈឺ​ជើង ​នៅ​ត្រង់​កែង​ជើង ដែល​ស្តែង​ឡើង​ជា​ញឹក​ញយ​នៅ​ពេល​ដើរ​ឬ​បញ្ចេញ​សកម្មភាព​ខ្លង​ជ្រុល ច្រើន​តែ​​បណ្តាលមក​ពី​មូលហេតុ​មេកានិក ដែល​រុញ​ប្រទាក់​គ្នា​ ​ឱ្យ​​​ រលាក​ ស្បែក រលាក​សរសៃ ឬ​រលាក​ឆ្អឹង។ ​ដូច្នេះ​​មុននឹង​ផ្តើម​និយាយ​អំពី​អាការៈឈឺ​កែង​​ជើង​​ ​យើងត្រូវ​ស្គាល់​អំពីគ្រោង​កាយ​វិទ្យា​នៃ​ប្រអប់​ជើង​សិន។ ​ជើង​ផ្គុំ​ឡើង​ដោយ​ឆ្អឹង​ចំនួន​២៦​ដុំ មាន​ជា​អាទិ៍​ឆ្អឹង​ម្រាម ឆ្អឹង​ខ្នង​ជើងជួរ​ខាង​មុខ ជួរ​ខាង​ក្រោយ​ ដុំ​ឆ្អឹងកែង​ និង​ឆ្អឹង​តូច​ធំ​ជា​ច្រើន​ទៀត ដែល​ត​ភ្ជាប់​គ្នា​ដោយសសៃចងចំនួន​១០៧ខ្សែ ​សសៃរ​ពួរនិង​សាច់​ដុំ​ជា​ច្រើន​សម្រាប់​ជំរុញ​ជើង​ឱ្យ​ធ្វើ​ចលនា​បាន។ ​ដើម្បីអាច​​កំរើកនិង​មានវិញ្ញាណ​​ ជើង​មាន​សរសៃ​ឈាមតូចធំហូរ​កាត់​​​​និង​ស​​សៃ​ប្រសាទ-វិញ្ញាណប្រទាក់​គ្នា​​កាត់​ខ្វាត់​ខ្វែង​​។ ជា​ចុងក្រោយ គ្រឿង​ផ្សំ​របស់​​ជើង​គ្រប​រុំ​ដណ្តប់​ទៅ​ឱ្យ​ស្រទាប់​ការពារ​ដ៏​ល្អ​មួយ​គឺ​ស្បែក និង​ទ្រក្រាល​ដោយ​បន្ទះ​ជាលិកា​ស្រោប​សាច់​ដុំ​បាត​ជើង ត​ភ្ជាប់ពី​​កែង​ជើង​ទៅ​ដល់​ម្រាម។ ស្រទាប់​នេះ​ជា​អ្នក​ទ្រប្រអប់​ជើង​និង​ការពារ​សរសៃពួរ​។ឆ្អឺង​កែង​ជើង​ដុះ​បន្លាយ៉ាង​ដូចម្តេច?​នៅពេល​ណារចនា​សម្ព័ន្ធ​ណា​មួយ​នៃ​ប្រអប់​​​ជើង មិន​ថា​ឆ្អឹង​កែង​ជើង សរសៃពួរ សរសៃ​វិញ្ញាណ​ ជាលិកាទន់​-រឹង​ ឬ​ស្រទាប់​បាតជើង​ទេ ឱ្យ​តែ​រង​សម្ពាធ​ ​ដើរ សង្កត់ កកិត​កៀប​ ​ខ្លាំង​ពេក​ សរីរាង្គ​នេះ​នឹង​បញ្ចេញ​ប្រតិកម្ម ដោយ​ស្តែង​ជា​អាការៈ​ឈឺ​ ខ្ទាំ តិច​តួច ឬខ្លាំង ឬ​​នាំ​ឱ្យ​មាន​អាការៈ​រលាក។ អាច​ជា​ការ​រលាក​ស្បែក រលាក​សរសៃ រលាក​ឆ្អឹង​ រលាក​ត្រង់​កន្លែងជិត​​ឆ្អឹង​ ជាពិសេស​គឺនៅ​ត្រង់​ឆ្អឹង​កែងជើង។ នៅពេល​មាន​ការរាល​​រលាក​ កោសិកា​ឆ្អឹង​​ចាប់​ ​ដុះពក​​លយ​ ចេញ​ទម្រង់​ស្រួចៗ​ដូច​បន្លា​។ បន្លាឆ្អឹង​នេះ​អាច​​មើល​ឃើញ​ដោយ​ការ​ថត​ឆ្លុះ​។ ការ​ថតអេកូ និង​ថត​អឹមរាយ ជាការ​​បញ្ជាក់ថែម​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ ​អំពី​វត្តមាន​នៃ​បន្លា​កែងជើង។នៅពេល​ឮ​ពាក្យ​ថា​បន្លា លោក​អ្នក​ច្បាស់​ជា​គិត​ភ្លាម​ថាវា​នឹង​បណ្តាល​ឱ្យ​ឈឺ​ចាប់​ខ្លាំង​ភ្លាម​មួយ​រំពេច នៅ​ពេល​ដាក់​ជើង​ផ្ទាល់​ជាន់​ដី ឬ​ដើរ។​ តែ​នេះ​មិនមែន​ជា​គំនិត​ត្រឹម​ត្រូវ​ទេ។ តាមការពិត​ អាការៈ​ឈឺ​ចុក​ចាប់​នៅ​កែងជើង ដោយ​បន្លា បណ្តាល​មក​ពីអាការៈ​​រាល​រលាក​ទេ។ នៅពេល​​ជើងចាប់​ឈឺ ដល់​ថ្នាក់​​​ទៅ​​រក​គ្រូពេទ្យ​ព្យាបាល និង​ថត​ឆ្លុះ​នោះ ឆ្អឹង​បន្លា​កែងជើងរបស់​​អ្នក​ជំងឺ​ខ្លះ​បាន​ដុះ​តាំងពី​ជាង​១០​ឆ្នាំ​ទៅ​ហើយ។គេ​អាច​សម្គាល់​ការ​ឈឺ​កែង​ជើង​​មាន​បន្លា ដោយច្រើន​តែ​ជា​ការ​ឈឺ​ស្រួច​ស្រាវ នៅ​ព្រឹក​ព្រលឹម​ពេលភ្ញាក់​ពី​ដំណេក និង​មាន​ទម្រង់​ជា​ការ​ឈឺ​ចាក់​ដូច​មាន​ម្ជុល​នៅ​បាត​ជើង ឬ​មាន​អារម្មណ៍​ដូច​មាន​ដែក​គោល​មុត​ក្នុង​ស្បែក​ជើង។ ការ​ឈឺ​កែង​ជើង អាច​ឈឺ​នៅ​ចំពី​ក្រោម​កែងជើង នៅ​ផ្នែក​ខាង​ក្រោយ​នៃកែងជើង នៅ​ជុំ​វិញ​កែងជើង ឬឈឺ​កែងជើង​ទាំង​មូល​តែម្តង។ ជួន​ឈឺ​តែ​ជើង​ម្ខាង ជួន​ឈឺ​ទាំង​សង​ខាង តែ​ជា​អាការៈឈឺ​ដែល​រំខាន​ខ្លាំង ដល់​ការ​ដើរ និង​ដែល​បង្កើន​គ្រោះ​​ធ្វើ​ងាយ​ដួល។​រលាក​សរសៃ​ពួរនាំ​ឱ្យ​ឈឺ​កែងជើង?ដោយ​មិន​និយាយ​អំពី​ភាព​គ្រាំ​របស់​ឆ្អឹងជើង បណ្តាលមក​ពី​គ្រោះថ្នាក់ លោត ធ្លាក់​ដួល​បាក់​ ជា​ញឹកញយ មូលហេតុមួយ​ទៀត​នៃ​ការ​​ឈឺ​កែង​ជើង អាច​បណ្តាល​មក​ពីមានបញ្ហា​សរសៃ ឬ​​ការ​រលាក​សរសៃ​ពួរ​​ជើង​។ ​សរីរាង្គ​ស្រោប​សាច់ដុំ​បាត​ជើង​ ដែល​ជា​សរសៃ​តភ្ជាប់​​កែងជើង​ទៅ​ម្រាម​ជួនមាន​វិប្បរិត្ត (ជាំ រលាក ខ្ទាំ) ទើប​ធ្វើ​ឱ្យ​មាន​​អាការៈ​ឈឺ​ចាប់​កែងជើង​។ ករណី​បែប​នេះ ផ្តើម​ឡើង​បន្តិច​ម្តងៗ៖ ដំបូង​ឈឺ​តិច​ ក្រោយ​មក​ឈឺ​កាន់​តែ​ខ្លាំង  នៅ​ពេល​ដើរ នៅ​ពេល​ឈរ​យូរ នៅ​ពេល​ឡើង​ចុះ​ជណ្តើរ។ ប៉ុន្តែ​ឱ្យ​បាន​សម្រាក​នឹង​បាត់​ឈឺ​ភ្លាម។ជួន​ជា​ការ​រលាក​សរសៃ​ពួរ គឺ​សរសៃពួរកែង ដែល​បង្ក​ឱ្យ​ឈឺ​ខ្លាំង​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​កែងជើង ហើយ​ដែល​ចាប់​ឈឺ​ឡើង​នៅ​ពេល​ចាប់​ផ្តើម​ប្រឹង​បញ្ចេញ​កម្លាំង​ ឬ​ក្រោយ​ពី​បាន​ហាត់​ប្រាណ​ធ្វើ​កីឡា​ច្រើន​ជ្រុល​ឬសកម្មភាព​ច្រំដែលៗ​ ដូច​យ៉ាង​រត់។ ក្នុង​ករណី​ឈឺ​កែង​ជើង​ដោយ​មូលហេតុ​រលាក​សរសៃពួរកែង ដំណោះស្រាយ​ដ៏​ប្រពៃ​ជាង​គេ​បំផុត គឺ​ការ​សម្រាក​ ដោយ​បញ្ឈប់​រាល់​គ្រប់​សកម្មភាព​ដែល​តម្រូវ​ឱ្យ​សរសៃ​ពួរ​ប្រឹង​ធ្វើការ។ បើ​សរសៃ​ពួរ​នៅ​តែ​បន្ត​ប្រឹង​​ មាន​ចលនា​ នោះ​ជើង​កាន់​តែ​ឈឺ​ឡើង​ៗ ហើយ​អាច​ឈឺជាប់​រហូត​។ឈឺ​កែង​ជើង​ក៏​អាច​បណ្តាល​មក​ពី​មូលហេតុ​សើៗ​ត្រឹម​ស្រទាប់​ស្បែក។ ឈឺ​នៅ​ពេលមាន​កម្លាំង​​សង្កត់​លើ អាច​មក​ពី​មានភាព​មិន​ប្រក្រតី​នៅ​លើ​ស្បែក​ ដូច​ជា​មាន​ដុះ​ឬសនៅ​បាត​ជើង​ក្រោម​កែង​ជើង ស្បែក​បាត​ជើង​ឡើង​ក្រិន​ ស្បែក​បាត​ជើងសឹក​ស្តើង​។ជើង​សំប៉ែត​ងាយឈឺ?​​ធម្មជាតិ​បង្កើត​មនុស្ស​មក​មិនដូច​គ្នា​ទេ។ ខ្លះ​មាន​សំណាង​មិនចេះ​ឈឺ​សោះ។ ខ្លះ​ឈឺ​ឥតឈប់។ អ្នក​ខ្លះ​ឈឺ​ជើង ស្ទើរ​ជា​ប្រចាំ​ឱ្យ​ប្រឹង​ដើរ​ឬធ្វើ​ចលនា​តែ​បន្តិច។ ហេតុអ្វី? ព្រោះ​ការរលាកឆ្អឹង រលាក​ស្រទាប់​បាត​ជើង ឬ​រលាក​សរសៃពួរ ដែល​នាំ​ឱ្យ​ឈឺ​ដល់​កែង​ជើង ច្រើន​តែ​ជា​បញ្ហា​សរីរៈ​វិទ្យា។ មនុស្ស​ខ្លះ​កើត​មក​ មាន​ទម្រង់​នៃប្រអប់​​ជើង​ ដែល​ងាយ​នឹងនាំ​ឱ្យ​ឈឺ ឱ្យ​​រលាក​ឆ្អឹង​ ឬ​រលាក​សរសៃ​ពួរ។ នោះ​គឺ​ បាត​ជើង​មាន​លក្ខណៈ​សំប៉ែត​ពេក ឬ​ខូង​ខ្លាំង​ពេក។ ជង្គង់​វៀច នៅ​ពេល​ឈរត្រង់ ​​ប្រអប់​ជើងបែរ​ជា​​ញែក​ចេញ​ក្រៅ ឬ​កោង​ចូល​ក្នុង។ អវៈយវៈ​ក្រោម​ទាំង​សង​ខាង មាន​ប្រវែង​​មិន​ស្មើ​គ្នា។ ការ​លម្អៀង​តែ​បន្តិច​ សឹង​មើល​មិន​ឃើញ​ដោយ​ភ្នែក​ទទេ ក៏​អាច​ជំរុញ​ឱ្យ​មាន​បញ្ហា​ដែរ។ ឈរ​យូរ ប្រឹង​ដើរ/រត់​ខ្លាំង​ជ្រុល​ លើ​ដី​រឹង​កំពីក​កំពក​ខ្លាំង និង​ការ​ពាក់​ស្បែក​ជើង​រាប​ជ្រុល ឬ​ខ្ពស់​ជ្រុល​មាន​កែង​ចោទ​ខ្លាំង ហើយ​តូច មិន​អំណោយ​ផល​ដល់​ប្រអប់​ជើង​ទេ។ដើម្បី​សម្រួល​អាការៈ​ឈឺ​កែង​ជើង គ្រូពេទ្យ​អាច​ផ្តល់​ការ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ដែល​អាច​មាន​ប្រសិទ្ធភាព​ពិត​ប្រាកដ តែ​ក្នុង​ករណី​អ្នក​ជំងឺ​គិត​គូរ​ថែទាំ​សុខភាព​សរីរាង្គជើង​​ទាំង​មូល​។ ក្នុង​ករណី​ឆ្អឹង​កែង​ជើងដុះ​បន្លា បន្ថែម​ពីលើ​ការ​​ថ្នាំ​លេប ត្រូវ​​ព្យាបាល​ដោយ​​​ចលនា​លើ​ប្រអប់​ជើង​​​ បាតជើង ឱ្យ​បាន​ទៀង​ទាត់រាល់​សប្តាហ៍​ ​រយៈ​ពេល​ពី​រ​៤​ទៅ​៦​ខែ ព្រមទាំង​ច្របាច់​ធ្វើ​ម៉ាស្សា​ជើង​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ផ្តល់​ភាព​ទន់​ភ្លន់ ភាព​លារលាស់​​​ដល់​សាច់​ដុំ​បាត​ជើង។ កាន់​តែ​ប្រសើរ​ទៀត ​គ្រូពេទ្យ​ឯកទេស​ជើង សូម​ណែនាំ​ឱ្យ​អ្នក​ជំងឺ​ប្រើ​ទ្រនាប់​ស្បែក​ជើង​ពិសេស​ ទន់​ក្រាស ឬ​ស្រោម​ជើង​ពិសេស​ ដើម្បី​បន្ធូរ​បន្ថយ​កំរិត​នៃ​ការ​ឈឺចាប់។ក៏​មាន​ដែរ​ករណី​ឈឺ​កែង​ជើង​ដែល​មិនមែន​ជា​មូលហេតុ​មេកានិក តែ​បណ្តាល​មក​ពី​ជំងឺ​ផ្សេង គឺ​ជំងឺ​រលាក​សន្លាក់ រលាក​ប្រព័ន្ធ​រំលាយ​អាហារ រ៉ាំរ៉ៃ ដែល​យើង​មិន​លើក​មក​បក​ស្រាយ​នៅក្នុង​អត្ថបទ​នេះ​ទេ។ អាការៈ​ឈឺ​កែង​ជើង​បែបនេះ​ ច្រើន​កើត​លើ​ជើង​ទាំង​សង​ខាង ម្តង​ឆ្វេង​ម្តង​ស្តាំ ហើយ​មាន​ហើម​នៅ​កែង​ជើង៕
19/06/20248 minutes, 5 secondes
Episode Artwork

នឹង​មាន​ថ្នាំ​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទទីមួយ ក្នុង​ពេល​ឆាប់ៗ?

ជំងឺ​ទឹក​នោម​ផ្អែម ជា​ជំងឺ​រ៉ាំរ៉ៃ​ ដែល​គ្មាន​ថ្នាំព្យាបាល​ឱ្យ​ជា​ដាច់​ទេ។ បើ​ធ្លាក់​ខ្លួន​ឈឺ​ហើយ អ្នក​ជំងឺ​ត្រូវការប្រើ​ថ្នាំ​អស់មួយ​ជីវិត ជាមួយ​នឹង​ផលវិបាក​ជា​ច្រើន​មួយ​គំនរ​ទៀត។ ជាមួយ​នឹង​ការ​រក​ឃើញ​ថា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីមួយ ទំនង​បង្ក​ឡើងដោយ​វីរ៉ុស អ្នកស្រាវជ្រាវ​បារាំង​​សង្ឃឹមថា​ពិភពលោក​នឹង​មាន​​ថ្នាំ​បង្ការ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​នេះ នា​ថ្ងៃអនាគត។ ទឹក​នោម​ផ្អែម​ជា​ជំងឺ​ដ៏​គួរ​ឱ្យ​ខ្លាច​រអារ ព្រោះ​បើ​ធ្លាក់​ខ្លួន​ឈឺ​ហើយ ត្រូវការ​ការ​ព្យាបាល​អស់​មួយ​ជីវិតនិង​សម្រួល​ឱ្យ​មាន​ផលវិបាក​ដល់​សុខភាព​ជា​ច្រើន​ផ្សេង​ទៀត។ ជំងឺ​ទឹកនោម​ផ្អែមមាន​ច្រើន​យ៉ាង​ ​ តែ​​មាន​ពីរ​ប្រភេទ​ធំៗ​ដែល​គេ​ជួប​ប្រទះ​ញឹក​ញាប់​ជាងគេ។ នោះ​គឺ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទីមួយ និង​ប្រភេទ​ទីពីរ។ ភាព​ខុស​គ្នារវាង​ប្រភេទ​ជំងឺ​ទឹកនោម​ផ្អែម​ទាំងពីរ​ គឺ​យន្តការ​​របស់​លំពែងក្នុង​ការ​ផលិត​អាំងស៊ុយលីន។ នៅ​ក្នុង​ករណី​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ លំពែង​មាន​ដំណើរ​ការ​ជាធម្មតាតែ​​មិន​អាច​ផលិត​អ័រមូន​អាំងស៊ូលីន​ប្រកប​ដោយ​គុណភាព​​បាន ឬ​ហេតុអ្វី? ព្រោះ​តែ​មាន​ភាព​ស៊ាំ​នឹង​អាំង​ស៊ុយលីន។ អ្នក​ជំងឺ​ត្រូវ​ការ​អាំង​ស៊ុយលីន​កាន់​តែ​ច្រើន​ឡើង​ ទើប​មាន​ប្រសិទ្ធភាព​បំពេញ​សេចក្តី​ការ​របស់​សរីរាង្គកាយ​បាន។ ទាំង​នេះ​បណ្តាល​មក​ពី​​ធាត់​ពេក ស្រួលពេក និង​មាន​របប​អាហារ​មិន​ត្រឹមត្រូវ ៖ ផ្អែម​ពេក ខ្លាញ់​ពេក ទើប​អាំងស៊ុយលីនមិន​អាច​ចាត់​ចែង​ជាតិ​ស្ករ​បាន​ត្រឹម​ត្រូវ​នាំ​ឱ្យ​មាន​ជំងឺ​ឡើង​។ ចំណែក​ជំងឺទឹកនោម​ផ្អែមប្រភេទ​ទីមួយ ​ ​ដែលឃើញ​​កើ​ត​ជា​ញឹក​ញាប់​ខ្លាំង​លើ​អ្នក​ជំងឺ​វ័យ​ក្មេង ជា​កុមារ ជា​ក្មេង​ជំទង់ ឬ​លើ​​មនុស្ស​ធំខ្លះ​ គឺ​បណ្តាល​មក​ពី​​ប្រព័ន្ធការ​ពារ​ខ្លួន​មាន​ដំណើរការ​មិន​ប្រក្រតី បក​មក​វាយប្រហារលើជា​លិការ​​លំពែង​ឱ្យ​ឈប់​ផលិត​អ័រមូន​អាំងស៊ុយលី ដ៏​ចាំបាច់ខាង​ចាត់​ចែង​ស្រូប​ជាតិ​ស្ករ​។ ​នៅពេល​លំពែង​ឈប់​​ផលិត​អាំង​ស៊ុយលីន​ អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើង​ គឺ​នៅពេល​នោះ​ហើយ​ដែល​ជំងឺទឹកនោម​ផ្អែមប្រភេទ​ទីមួយ​ចាប់​​លេច​ឡើង។ អ៊ីចឹង​ហើយ​បាន​ជា​អ្នកជំងឺទឹកនោម​ផ្អែមប្រភេទទីមួយ ត្រូវ​ចាក់​អាំងស៊ុយលីន​រហូត។វីរ៉ុស​Coxsackie B ពិភពអ្នក​វេជ្ជសាស្ត្រ​មិន​ដឹង​ថា​តើ​អ្វីទៅ​ជា​ប្រភពជំរុញ​ឱ្យ​ប្រព័ន្ធការពារ​ខ្លួន​ស្រាប់​តែ​មាន​ដំណើរការ​មិន​ប្រក្រតី​ទេ។ អ្នក​ស្រាវជ្រាវ​ឆ្ងល់​នឹង​ចំណុច​នេះ​ខ្លាំង​ណាស់ និង​តាំងពី​យូរ​យារ​មក​ហើយ​។ គឺ​ទើប​តែ​នៅ​ពេល​ថ្មីៗនេះ​ប៉ុណ្ណោះ ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាច​ទម្លាយ​ចម្ងល់​របស់​ខ្លួន​បាន។ ដើមហេតុ​ដែល​នាំ​ឱ្យ​ប្រព័ន្ធការពារ​ខ្លួន​មាន​ដំណើរការ​មិន​ប្រក្រតីទៅ​បញ្ឈប់​ដំណើរការ​ផលិត​អាំងស៊ុយលីន​របស់​លំពែង​ គឺ​បណ្តាល​មក​ពីការ​បង្ក​រោគ​របស់​​វីរ៉ុសឈ្មោះ​ Coxsackie B។ នេះបើ​តាម​ការ​សិក្សា​អន្តរជាតិដឹកនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ទឹក​នោម​ផ្អែម លោក Roberto Mallone ​នៅមន្ទីរពេទ្យ​កូសាំង ក្រុង​ប៉ារីស ដែល​ទើប​​ចេញ​ផ្សាយ​ក្នុងទស្សនាវដ្តី​វិទ្យាសាស្ត្រ Sciences Advance នា​ខែ​ឧសភា២០២៤។​ ​ ​វីរ៉ុសកុកសាគីបេ គឺជាវីរ៉ុស​ដែលគេស្គាល់ និងជា​វីរ៉ុស​​ដែលឆ្លង​លើ​គ្រប់​ក្មេង និង​​នាំ​ឱ្យ​ក្មេងៗមានអាការៈ​​ឈឺ​ក្តៅ​ខ្លួន​ផ្តាសាយ ហៀរ​សំបោរ ​ឬ​ក្អួត​រាករូស​។​ អ្នកជំនាញ​តាមអង្កេត​វីរ៉ុស​នេះយូរមក​ហើយ ព្រោះ​គេ​ឃើញ​វា ឆ្លង​នៅក្នុង​ខ្លួន​ក្មេង​ដែលខ្សោយ​ងាយ​រងគ្រោះ មានប្រវត្តិគ្រួសារឈឺ ហើយ​ក្មេងធ្លាក់ខ្លួនមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទីមួយ សុទ្ធ​តែមានប្រវត្តិ​ធ្លាប់កើត​ជំងឺ​បង្ករោគ​-រលាក​​ ញយៗខ្លាំង កាលពី​ប៉ុន្មានឆ្នាំ​មុន។ តើ​ហេតុ​អ្វី​បាន​ជាវីរុស​នេះមាន​ច្រើន​នៅ​លើ​អ្នក​ជំងឺ​ទឹកនោមផ្អែម?​នៅទីបំផុត អ្នក​ស្រាវជ្រាវបាន​រក​ឃើញ​ដូច​ការ​គិត​សង្ស័យ​មែន។ ការ​វិភាគ នៅក្នុង​បន្ទប់​ពិសោធន៍បាន​បង្ហាញ​ឱ្យ​​​ឃើញ​ថា​ វីរ៉ុស​​Coxsackie B មាន​សមត្ថភាព​​​ វាយប្រហារ​​សម្លាប់ ​ដោយ​ផ្ទាល់​ និង​ ​ជា​ពិសេស កោសិកាអ្នក​ផលិត​អាំងស៊ុយលីនរបស់​​លំពែងតែម្តង។ នៅពេល​​វីរ៉ុសនេះ​​វាយប្រហារ​លើ​កោសិកា​លំពែង​ វា​អាច​មានសមត្ថភាពធ្វើ​ឱ្យ​ក្មេងធ្លាក់​ខ្លួនឈឺ​​ជំងឺទឹកនោមផ្អែម​ប្រភេទទី១បាន​ ព្រោះដំបូងឡើង​វីរ៉ុស​នេះបាន​ទៅ​បង្ក​រោគ​​លើ​ជា​លិកា​លំពែង (ធ្វើ​ឱ្យ​រលាក​លំពែង)​។ ប្រព័ន្ធ​ការពារ​ខ្លួនរបស់ក្មេង​មាន​ជំងឺទឹកនោម​ផ្អែម​ប្រភេទ​ទី​១ មិន​អាច​កម្ចាត់​មេរោគCoxsackie B​បាន ហើយដោយ​ឃើញ​មាន​ការ​រោលរលាកដែល​ជា​តំណាង​គ្រោះថ្នាក់ យូរ​និង​ញយ​ពេក ​​ក៏​ចាប់​ផ្តើម​ផលិតអង្គបក្សដិបក្ស​ (អង់ទីក័រ) ការពារខ្លួន​ ដោយ​​ច្រលំ​ ​ទៅ​វាយប្រហារ​លើ​កោសិកា​ល្អ​វិញ។​​ ប៉ុន្តែ ​ជា​សំណាង​ល្អ ​វីរ៉ុស​កុកសាក់គីដែលក្មេង​ណា​ក៏​ធ្លាប់​ឆ្លង​នោះ ​មិន​បានធ្វើ​ឱ្យ​គ្រប់​ក្មេង​កើត​ជំងឺ​ទឹកនោមផ្អែម។ គ្រប់​ការ​ចម្លង​វីរ៉ុស​កុកសាក់គី​មិន​សុទ្ធ​តែ​នាំ​ឱ្យ​មាន​ជំងឺ​ទឹក​នោមផ្អែម​ទេ។ ក្មេង​ដែល​អាច​ធ្លាក់​ខ្លួន​មានជំងឺ​ទឹកនោម​ផ្អែម មកពី​​ប្រព័ន្ធការពារ​ខ្លួន​របស់​ពួក​គេ​មាន​កំរិត មិន​អាច​ការពារ​ខ្លួន​ពី​វីរ៉ុក​កុកសាក់គី​បាន​។ អ្នក​ស្រាវជ្រាវ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ព្រោះ​សម្គាល់​ឃើញ​ថា​អង់ទីក័រ​របស់​​ពួកគេ​មានបរិមាណតិច មិន​អាច​ប្រយុទ្ធ​វីរ៉ុសឈ្នះ​ ហើយ​ឡាំផូស៊ីត​តេរបស់​ពួកគេ​តិចតួច​ណាស់​មានសមត្ថភាព​បែង​ចែង​ដឹង​ថា​កោសិកាណាមានឆ្លង​រោគ កោសិកាណា​ល្អ។ ដោយ​សារ​តែ​បែប​នេះ ទើប​ក្មេង​មាន​​ភាព​អនុគ្រោះ​ឬ​សណ្តាន​ឈឺ​ស្រាប់​ អាច​ធ្លាក់​ខ្លួនឈឺ​​ជំងឺ​ទឹក​នោម​ផ្អែម​ នៅ​ក្រោយ​ពេល​បាន​ឆ្លង​វីរ៉ុស​កុកសាក់គីនោះ។ក្តី​សង្ឃឹម​មាន​ថ្នាំ​បង្ការ​ជំងឺ​ទឹកនោមផ្អែមឥលូវ​អ្នក​ស្រាវជ្រាវ​បានយល់​អំពី​យន្តការ​នៃ​ការក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទីមួយ​ហើយ ដូច្នេះ​​រប​ក​គំឃើញ​នេះ​ជា​ការ​ពាំនាំ​មក​នូវ​​​ក្តី​សង្ឃឹម​ថ្មី ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រកប​ដោយ​ប្រសិទ្ធភាពបាន ប្រសិន​បើ​គេ​ឆាប់​ដឹង​ និង​វែក​រក​ឃើញមាន​ហានិភ័យ​​ជំងឺ​ទឹក​នោម​ផ្អែម​បាន​តាំង​ពី​ដំបូងៗ​ភ្លាម។ ថ្មីៗនេះ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​​លទ្ធភាពពន្យឺត​ពេល​វេលា​បាន​ពីរ​បី​ឆ្នាំ​ការ​ឡើង​កំរិត​ជាតិ​គ្លុយកូស​ក្នុង​ឈាមព្រោះ​​ខ្វះ​អាំង​ស៊ុយលីន។ នោះ​គឺ​​​ការ​ចាក់​អង់ទីក័រ​ Teplizumab​ទៅ​បំប៉ន​ប្រព័ន្ធការពារ​ខ្លួនឡាំផូស៊ីត​ T​របស់​ក្មេង​។ ការ​​សាកល្បង​បំប៉ន​ប្រព័ន្ធការពារ​ខ្លួន​ អាច​បញ្ចៀស​ឬ​បង្ហូស​ពេល​វេលា​កុំ​ឱ្យ​ក្មេង​ឆាប់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ បាន​ពីរ​បី​ឆ្នាំ​ផង និង​ជា​ពិសេសជា​ការ​បើក​ផ្លូវ​នាំ​ទៅ​រកថ្នាំ​បង្ការ​​​ប្រឆាំង​នឹង​ជំងឺ​នោម​ផ្អែមនៅពេល​អនាគត​ខាង​មុខ​​តែម្តងផង។ការ​សិក្សា​គួរទី​ទុក​ចិត្ត​មួយ បញ្ជាក់​​ថា​ការ​បំប៉ន​ប្រព័ន្ធការពារ​ខ្លួន​របស់​​មនុស្ស​ចាស់​ប្រឈម​នឹង​វីរ៉ុស​កុកសាក់គី​ប្រភេទ​បេ​បាន​។ ដូច្នេះ​ មិន​ទៀង​ទេ​ នៅ​ថ្ងៃស្អែក​ ឬ​ខាន​ស្អែក​ ពិភពលោក​អាច​នឹង​មាន​ថ្នាំ​បង្ការ​ប្រឆាំ​ងនឹង​វីរ៉ុស​កុកសាក់គី​ប្រភេទ​បេ សម្រាប់​កុមារ​មួយ​ ដើម្បីការពារ​កុំ​ឱ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ធំ។ សហគ្រាស​ឱសថ​អាមេរិក​ កំពុង​សិក្សា​សាកល្បង​​ថ្នាំ​បង្ការដំបូងគេ​មួយ​។ ការ​សាកល្បង​​ចាក់​លើ​មនុស្ស​ធំ​មាន​សុខភាព​ល្អ​​ផ្តល់​លទ្ធផល​គួរជា​ទី​គាប់​ចិត្ត​ ដោយ​បរិមាណ​អង់ទីក័រប្រឆាំង​នឹង​វីរ៉ុស​បាន​កើន​ឡើង​យ៉ាង​ច្រើន។ តាម​ក្បួន វ៉ាក់សាំង​ប្រឆាំង​កុកសាក់គី​ប្រភេទ​បេ មាន​ទម្រង់​ដូច​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង ដែល​ត្រូវ​ចាក់​នៅ​អាយុ​២,៤​និង​១១​ខែ។ សម្រាប់​លោក​Roberto Mallone ​​​ការ​ធ្លាក់​ចុះ​ ឬ​ការ​លែង​មាន​ករណី​ក្មេង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​មួយ​ក្នុង​ចង្កោម​ក្មេង​មាន​ហានិភ័យបាន​ទទួល​ថ្នាំ​បង្ការ​​ ​​ជា​ភស្តុតាង​ចុងក្រោយ​បំភ្លឺ​អំពី​តួនាទី​របស់​វីរ៉ុស​ក្នុង​ជំងឺ​ប្រព័ន្ធការពារ​ខ្លួន​វាយប្រហារ​កោសិកា​ខ្លួន​ឯង​ និង​ជា​ក្តី​សង្ឃឹម​ធំ​បំផុត​ក្នុង​ការ​ឈាន​ទៅ​កម្ចាត់​​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីមួយ​សម្រាប់​បណ្តា​ជន​ទូទៅ៕
05/06/20249 minutes, 32 secondes
Episode Artwork

ការ​សិក្សា​អូទ្រីស៖ បរិភោគប្រៃ(អំបិល)ពេក បង្កើន​គ្រោះ​កើត​ជំងឺមហារីកក្រពះ

អំបិល​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់សម្រាប់​សរីរាង្គកាយ។ ខ្វះអំបិល អាច​នឹង​ធ្វើ​ឱ្យ​ហើម និង​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន តែបើ​បរិភោគ​ច្រើនជ្រុល (ប្រៃខ្លាំងពេក) ក៏​នឹង​ធ្វើ​ឱ្យ​មាន​ជំងឺ​ជា​ច្រើន​ដែរ មាន​ជា​អាទិ៍ គឺ​ជំងឺ​ឡើង​ឈាម​តែម្តង។​ តែ​ការសិក្សា​ថ្មី​ចុងក្រោយ​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​ជាតិ​អូទ្រីស បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អំបិល​មិន​ត្រឹម​តែអាក្រក់​សម្រាប់​សម្ពាធ​ឈាម​ទេ តែការ​បរិភោគ​ប្រៃ មាន​ជាតិ​អំបិល​ច្រើនពេក​​អាច​បង្កើន​គ្រោះ​កើត​ជំងឺមហារីក​ក្រពះ​ដល់​ទៅ​៤០%​ឯណោះ។តើ​អំបិល​ធ្វើ​ឱ្យ​មាន​​ជំងឺ​មហារីក​ក្រពះ​ យ៉ាង​ដូចម្តេច? អំបិលជា​គ្រឿង​ផ្សំ ជា​សារធាតុ​ដ៏​ចាំបាច់​សម្រាប់​ភាព​រស់​រាន​របស់មនុស្ស។ អាហារ​គ្មានជាតិ​អំបិលជា​អាហារ​ដែល​គ្មានរសជាតិ គ្មានឱជារស មិន​គួរ​ឱ្យ​បរិភោគ ឬ​បរិភោគហើយ​ចង់ខ្យល់​ក៏​មាន។ ប៉ុន្តែ​បរិភោគ​អាហារ​ប្រៃនិង​​អំបិលច្រើនពេក ជះផល​អាក្រក់​ខ្លាំងណាស់​ដល់​សុខភាព ដោយ​បង្ក​ឱ្យ​មាន​ជំងឺ​ជាច្រើន ដូចជា ពុកឆ្អឹង តម្រងនោម ល្បីជាងគេគឺ ជំងឺលើសឈាម ជំងឺសរសៃឈាមបេះដូង ...។គុណសម្បត្តិនិង​គុណវិបត្តិនៃអំបិល​អំបិល​មាន​នាទី​ជាតំណ​​គ្រប់​គ្រង​ការ​ផ្តោះប្តូរ ជាតិ​ទឹក ឈាម និង​ខួរ​ក្បាល។ ​អំបិល​ជា​អ្នក​​ស្រូបទប់​សារធាតុ​ទឹក​ក្នុង​សពាង្គកាយ។​ អំបិល​ជា​អ្នកចាត់ចែង​​ចរន្ត​-សម្ពាធឈាម។ គ្មាន​ជាតិ​អំបិល ខួរក្បាល​មិន​អាច​ដំណើរការ​បាន​ទេ ព្រោះគ្មាន​​អំបិល​គ្មាន​​សកម្មភាព​អេឡិចត្រូគីមីនៃ​​ប្រព័ន្ធ​ប្រសាទ​។ មីក្រូសរីរាង្គ​ (ចំណី​អាហារ​ជីវជាតិ​​ទាំង​អំបាលម៉ាន) ​អាច​ស្រូប​ចូលចិញ្ចឹម​​សរីរាង្គកាយ​បាន​ដោយ​សារ ឬ​តាម​រយៈ​​អំបិល។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា នៅពេល​​​អំបិលមាន​បរិមាណ​​ច្រើនជ្រុល​​ពេកក្នុង​ខ្លួន​ អំបិល​នោះ​វា​នឹង​ទៅ​រំខានជា​ដំបូង​គេ ដំណើរ​ជា​ប្រក្រតី​នៃ​ចរន្ត​ឈាម ដោយ​​ធ្វើ​ឱ្យមាន​​សម្ពាធ​ឈាម​ខ្ពស់។ ដោយហេតុ​ថា​អំបិល​ជា​អ្នក​ស្រូប​ជាតិ​ទឹក ដូច្នេះបើ​អំបិល​ច្រើន​វា​ស្រូប​ទឹក​កាន់​ខ្លាំង ​សម្ពាធ​ឈាមក៏​​ត្រូវប្រឹង​​​ឡើងខ្លាំង​ ទៅ​តាម​នោះ​ដែរ។ ហើយ​បើ​​សម្ពាធ​ឈាម​ឡើង​ខ្ពស់​យូរៗទៅ នោះ​គ្រោះថ្នាក់​ដាច់ ឬ​ស្ទះ​សរសៃឈាម​ខួរក្បាល ​និង ស្លោក​​បេះ​ដូង អាច​លេច​ឡើង​។ អ៊ីចឹង​ហើយ​បាន​ជា​យើង​ចាំបាច់​ត្រូវបរិភោគ​​អំបិល តែ​កុំ​បរិភោគ​ឱ្យ​ច្រើន​ហួសហេតុ។និយាយ​​ជារួម អំបិល​ ឬ​អាហារប្រៃនាំឱ្យ​មានសម្ពាធឈាម​ខ្ពស់ (ជំងឺលើសឈាម) ដែលជា​កត្តានាំឱ្យមានជំងឺ​សរសៃ​ឈាម​បេះ​ដូង ជាមួយនឹង​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ ដូច​ជា​ពិការស្លាប់​មួយ​ចំហៀង​ខ្លួន​ឬបាត់បង់ជីវិត​​តែម្តង នៅពេលសម្ពាធ​ឈាម​បុក​ឡើង​ខ្លាំង ក្លាយ​ជា​គ្រោះថ្នាក់​​ដាច់​ឬ​ស្ទះ​សរសៃ​ឈាម​នៅ​ខួរក្បាល ឬ​នៅ​បេះដូង។ ជំងឺសរសៃឈាមបេះដូង សម្លាប់​មនុស្ស​​​ក្នុងមួយថ្ងៃៗ​ជាង​ ​១០ម៉ឺន​នាក់​នៅ​អឺរ៉ុប ពោលគឺ(៤លើ១០)​ជិត​ពាក់កណ្តាលនៃ​ចំនួន​មនុស្ស​ស្លាប់​សរុបក្នុង​មួយ​ថ្ងៃៗ  ​ឬ​ត្រូវ​ជា​បួនលាននាក់​ក្នុង​មួយ​ឆ្នាំៗ បើ​គិត​​ក្នុង​កំរិត​ពិភព​លោក​។ នេះជា​តួលេខ​ផ្តល់​ដោយ​អង្គការ​សុខភាព​ពិភពលោក។ មូលហេតុ​ចំបង​ ដែល​​គ្រប់គ្នា​បាន​ដឹង​ស្រេច​និង​តាំងពីយូរមកហើយនោះ​ គឺ​ការទទួល​ទាន​អំបិល​ហួស​កំរិត​សុវត្ថិភាព​​សុខភាព។ចុះ​តើ​លោក​អ្នក​ពិសាប្រៃ​និង​អំបិល​ច្រើន​ទេ? បើ​ពិសា​ច្រើន​សូម​ផ្តើម​កាត់​បន្ថយ​ ព្រោះ​នៅ​ ការសិក្សាថ្មីមួយ​របស់ក្រុមវេជ្ជសាស្ត្រ​ជាតិអូទ្រីស ទើប​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី ១៧​ឧសភា​ ក្នុង​ទស្សនាវដ្តី​ Gastric Cancer ​​បានបង្ហាញ​ឱ្យ​ឃើញ​ ​អំពី​គ្រោះ​ថ្នាក់កាន់​តែធ្ងន់ធ្ងរថ្មី​មួយ​បន្ថែម​​ទៀត​​នៃការ​បរិភោគ​អំបិល និង​ជាតិ​ប្រៃខ្លាំង នោះ​គឺអំបិល​អាច​បង្កើន​គ្រោះកើត​​ជំងឺ​មហារីក​ក្រពះ។បើ​តាម​អ្នក​ស្រាវជ្រាវ​នៅ​មហាវិទ្យាល័យវេជ្ជសាស្ត្រ​នៃសាកលវិទ្យាល័យ​វីយ៉ែន​ប្រទេស​អូទ្រីស អ្នក​មាន​ទម្លាប់​បរិភោគអាហារ​ ដោយ​រោយ​អំបិលបន្ថែម​ ក្នុងម្ហូបពេលបាយ​ ​ មាន​​គ្រោះ​កើតជំងឺមហារីកក្រពះជិត៤០%លើស​អ្នក​គ្មានទម្លាប់​ថែមអំបិល​ក្រៅ​សោះឬ​ថែម​​ម្តងម្កាល​។ នេះ​ជា​លទ្ធផល​នៃ​ការ​សិក្សា​លើ​​ពលរដ្ឋ​អង់គ្លេស​ ​ប្រមាណជិត​កន្លះ​លាននាក់ (៤៧០០០០នាក់) នៅ​រវាង​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១០។ អ្នក​ចូល​រួម​ពិសោធន៍ ត្រូវ​ឆ្លើយ​នឹង​សំណួរ​ទាក់ទង​នឹង​ទម្លាប់​ប្រើ​អំបិលថែម​នៅ​​ពេលទទួល​ទាន។ ដឹកនាំ​សិក្សា​ដោយ​វេជ្ជបណ្ឌិត Selma Kronsteiner-Gicevic et Tilman Kühn អ្នកស្រាវជ្រាវ​បាន​យក​ចម្លើយ​របស់​ពួក​គេ​ទៅ​ប្រៀបធៀប រយៈ​ពេល​១១ឆ្នាំ​ ទៅ​នឹងលទ្ធផលតាមដាន​មើល​កំរិត​សូយ្យូម (ជាតិអំបិល) នៅក្នុងទឹកនោម ដែលជា​រង្វាស់​ឆ្លុះ​បញ្ចាំង​អំពី​បរិមាណ​ទទួល​ទាន​ជាតិអំបិល ​​ និង​ទិន្នន័យ​ជាតិ​នៃ​ជំងឺ​មហារីក។ការ​ផ្ទៀង​ផ្ទាត់​បាន​បង្ហាញ​ថា អ្នក​ប្រកាស​មាន​ទម្លាប់​ថែមអំបិលក្នុង​អាហារ​ រាល់​ពេល និង​ជាប្រពៃណី​ មាន​ហានិភ័យ​កើត​ជំងឺមហារីកក្រពះ​ដល់​ទៅ​៣៩%លើស​អ្នក​ដែល​បរិភោគសាប (មិនថែម​អំបិលសោះ)។អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់បន្ថែមទៀត​នោះ គឺទំនាក់ទំនង​រវាងជាតិ​ប្រៃ​អំបិល​និង​ជំងឺ​មហារីក​ក្រពះ ធ្លាប់​មាន​បញ្ជាក់​ក្នុង​ការ​សិក្សា​ជា​ច្រើន​រួច​មក​ហើយ​នៅ​អាស៊ី។ នេះ​បើ​តាម​ការអះអាង​របស់​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ជាតិ​អូទ្រីស​ដដែល ដោយ​សង្កត់​ធ្ងន់​ថា ​ការ​សិក្សា​នៅអាស៊ី​ផ្តល់​លទ្ធផល​ប្រហាក់ប្រហែល​គ្នា​។ នៅ​អាស៊ី ​ប្រជាពលរដ្ឋ​មាន​ប្រពៃណី​ទទួល​ទាន​ត្រីច្រើន តែ​ចូល​ចិត្ត​​ធ្វើ​ម្ហូបប្រលាក់ផ្អាប់ និង​ទម្លាប់​​ទទួលទាន​ប្រៃ ថែម​ទឹក​ត្រឹ ទឹកស៊ីអ៊ីវ អំបិល​ម្ទេស​ និង​ទឹក​ជ្រលក់​ក្បែរម្ហូប។ ការសិក្សានោះ​បាន​បញ្ជាក់​ថា ​របប​អាហារ​ប្រៃ​ខ្លាំង ពិតជាបានបង្កើន​គ្រោះ​ឱ្យ​មាន​ករណីកើត​ជំងឺ​មហារីកក្រពះច្រើន នៅ​អាស៊ី។ ហើយ​នៅ​អឺរ៉ុប គឺ​ទម្លាប់​ថែម​អំបិលដែល​បង្កើន​គ្រោះ​កើត​ជំងឺ​មហារីក​ក្រពះ។តើ​អំបិល​សម្រួល​ឱ្យទៅជា​ជំងឺ​មហារីក​យ៉ាង​ដូចម្តេច?មុន​នឹង​និយាយ​អំពី​ទំនាក់ទំនងរវាងអំបិល​និង​ជំងឺមហារីក​ក្រពះ យើង​ត្រូវ​ដឹង​ថា មហារីក​ក្រពះ​ជាជំងឺ​ដែលកើត​មាន​ច្រើន និង​ញឹកញាប់​ខ្លាំង​លំដាប់ទី​៥ នៅ​លើ​ពិភពលោក បន្ទាប់​ពី​ជំងឺមហារីកប្រូស្តាត (៤) មហារីកពោះវៀនធំ (៣) មហារីកសួត (២) និង​មហារីក​សុដន់​ដែល​ជាប់​ជា​ជើង​ឯក(លេខ១)។ ហានិភ័យ​កើត​ជំងឺមហារីកក្រពះ​ កើន​ឡើង​ទៅ​តាមវ័យ​របស់​មនុស្ស ប៉ុន្តែ​ស្ថិតិ​ចុងក្រោយ បានរំលេច​ឱ្យ​ឃើញ អំពី​​​កំណើន​ជា​លំដាប់​ករណីមនុស្សធំពេញ​វ័យ​​កាន់​តែ​ក្មេង អាយុ​ក្រោម​៥០ឆ្នាំ​មានជំងឺ​មហារីកក្រពះ​។គ្រោះ​ធំ​ដែល​ជំរុញ​ឱ្យ​មាន​ជំងឺមហារីកក្រពះ គឺ​ការ​បង្ក​រោគរបស់បាក់តេរី ដែល​មាន​ឈ្មោះ​ថា អេលីកូបាក់ទែរពីឡូរី Helicobacter Pylori។ មនុស្ស​គ្រប់​រូប​រស់​ប្រឈម​នឹង​បាក់តេរី​នេះ​រាល់​ថ្ងៃ និងតែង​ឆ្លង​វា​​ជា​ញឹកញយ​ គ្រាន់​តែ​ជា​ទូទៅ ជា​មិន​ធ្វើ​ទុក្ខ​អ្វីទេ។ ​ក៏​ជា​ភ្នាក់ងារបង្ក​ឱ្យ​មាន​ជំងឺដំបៅក្រពះ​ បាក់តេរីប្រភេទ​​នេះសម្រួល​ឱ្យមាន​​ការ​រោលរលាក ដែល​ជា​ការ​បំផ្លាញ​រចនាសម្ព័ន្ធ​ធម្មតារបស់​ប្រព័ន្ធ​រំលាយ​អាហារ (ក្រពះ)ដែល​យូរៗទៅ​ក៏ក្លាយ​ជា​ជំងឺ​មហារីក។​ ចំណែក​ឯ​អំបិល​ជា​សារធាតុ​ប្រៃ​វិញ បើ​មាន​ច្រើនវា​នឹង​ប៉ាត​​ប្រលាក់​ផ្ទៃ​ខាង​ក្នុង​របស់​ក្រពះ ឱ្យ​ងាយ​ទទួល​យក​ពពួក​បាក់តេរី​អេលីកូបាក់ទែរពីឡូរី​អស់​នោះ។អ៊ីចឹង​ហើយ​បាន​ជាអំបិល​ត្រូវ​ជាប់​ឈ្មោះ​​ក្លាយ​ជា​ឬ​ត្រូវ​ចាត់​បញ្ចូល​ជា​​កត្តា​ហានិភ័យ​មួយ​ទៀត​ដែល​បង្កឱ្យ​ងាយមាន​ជំងឺមហារីក​ក្រពះ បន្ថែម​ពី​លើ​មូលហេតុផឹកស្រា ​ជក់​បារី ធាត់​ជ្រុលដែល​​អ្នក​ជំនាញ​ធ្លាប់​ស្គាល់​​ពី​មុន។​​​តើ​ត្រូវ​វាស់​កំរិត​​អំបិល​ឬ​ជាតិ​ប្រៃយ៉ាង​ដូចម្តេច?ការ​​ស្រាវជ្រាវរបស់​ក្រុមគ្រូពេទ្យ​អូទ្រីស មាន​បំណង​ដាស់​ស្មារតី​ពលរដ្ឋ​គ្រប់​រូប​ឱ្យ​បាន​យល់អំពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការ​ទទួល​ទាន​ជាតិ​អំបិល​ច្រើន​ជ្រុល​ហួសហេតុផង និង​ផ្តល់​ព័ត៌មាន​ជា​មូលដ្ឋាន​​សម្រាប់​ការពារ​ជំងឺ​មហារីក​ក្រពះ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ ​​របស់​វេជ្ជបណ្ឌិតជាតិ​អូទ្រីស លោក  Tilman Kühn​​ ដែល​ជា​សហប្រធាន​ដឹកនាំ​ការ​សិក្សា។​សម្រាប់​​​អង្គការ​សុខភាព​ពិភពលោក​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ទទួល​ទាន​អំបិល ៥ក្រាម ក្នុង​មួយ​ថ្ងៃ ឬត្រូវ​ជាមួយ​ស្លាបព្រាកាហ្វេ សម្រាប់មនុស្សធំ និងសម្រាប់​​កុមារ ២ក្រាម។ ដូច្នេះ​ទម្លាប់​ទទួល​ទាន​គ្រឿង​ម្ជូរហើយ​ចុចអំបិល គ្រឿង​ត្រាំ​ផ្អាប់​ប្រលាក់ និងការ​បង់​ប្រហុក អំបិលផង ​ទឹក​ត្រីផង និង​​ប៊ីចេងផង​​ក្នុង​សម្ល របស់​បណ្តា​ជន​ខ្មែរ​យើង ច្បាស់ជា​លើ​សជាតិ​អំបិល​ហើយ។ នេះ​បើ​តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត​ទូត​ឃុន ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​និង​ទឹក​នោម​ផ្អែម និង​វេជ្ជបណ្ឌិត​ឡោគីមសុង គ្រូពេទ្យ​ជំងឺ​ទូទៅ នៅ​ប្រទេស​បារាំង​​។ដើម្បី​​ដឹង​យ៉ាង​ប្រាកដ​អំពី​​បរិមាណ​​ជាតិ​អំបិលដែល​យើង​​ទទួល​ទាន​ ក្នុង​មួយ​ថ្ងៃៗ​រយៈ​ពេល​២៤​នោះ វិធី​សាស្ត្រ​តែ​មួយ​គត់​ គឺ​ការ​​ធ្វើ​វិភាគ​ទឹក​នោមរក​មើល​កំរិត​ជាតិ​​សូយ្យូម​ (អំបិល​ក្នុង​ទឹកនោម​)។ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឱ្យ​អ្នក​ជំងឺ​យក​ទឹក​នោម​វិភាគ​ ក្នុង​ពេល​ពិគ្រោះ​ជំងឺ​ជាធម្មតា។ ​សូម​ទទួល​ទាន​ជាតិ​ប្រៃ​អំបិល ដោយ​ប្រុងប្រយ័ត្ន និង​ក្នុង​បរិមាណ សមហេតុផល​បំផុត ដោយចាប់​​ផ្តើម​ប្រកាន់​ទម្លាប់​​បរិភោគសាប កុំ​​ប្រៃ។ គ្រូពេទ្យ​ជំនាញ​ដ៏​ដូច​ជា​អ្នកស្រាវជ្រាវ​អូទ្រីស បាន​ណែនាំ​ឱ្យ​ ជំនួស​ការថែម​​អំបិលទៅ​ជា​ការ​​ប្រើ​គ្រឿង​ទេស (ម្រេច ល្មៀត ឈើអែម ផ្កាច័ន្ទ គ្រឿង​ការី ) ឬ​​ ជីរ​ ដែល​មិន​ត្រឹម​​ជួយ​លើកក្លិន និង​​រសជាតិ​ម្ហូបទេ តែ​ថែម​ទាំង​ល្អ​សម្រាប់​សុខភាពទៀត​ផង។ត្រូវ​ចៀសវាង​កុំ​ថែមអំបិល ទឹក​ត្រី ទឹកស៊ីអ៊ីវ ជា​ស្វ័យប្រវត្តិ​ក្នុង​ម្ហូប ចម្អិន​រួច។ ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​អាហារ​ឧស្សាហកម្មដែល​ជា​អាហារកែច្នៃ​ខ្លាំង​ជ្រុល បាត់​ធាតុដើម និងពោរពេញ​ទៅ​ដោយ​ជាតិ​គីមី ប្រៃ​លាក់​មុខគ្រប់​បែបយ៉ាង និង​បង្កើន​ការ​បរិភោគ​បន្លែ​ផ្លែឈើ​ ដែល​មាន​អំណាច​ការពារក្រពះ​​ពី​ជំងឺ​មហារីក៕
22/05/20249 minutes, 9 secondes
Episode Artwork

តើអ្វី​ទៅ​ជា​ដំណេក​​បណ្តុះ​គំនិត?

គេង​ថ្ងៃ មិន​ត្រឹម​តែ​អាច​ជួយ​ប្រមូល​កម្លាំង​និង​បំពេញ​កង្វះ​ខាត​ផ្នែក​ដំណេកកាលពី​យប់ តែ​អាច​ជួយ​ខួរ​ក្បាល​ ការ​ចង​ចាំ និង​បណ្តុះ​គំនិត​ថ្មីទៀត​ផង។ តើ​ត្រូវ​​គេងថ្ងៃ​យ៉ាងណា​ទើប​អាច​ទាញ​យក​ប្រយោជន៍​ទាំងអស់​នេះ​? សូម​ស្តាប់​បទអត្ថាធិប្បាយ​របស់​អៀង សុខម៉ិញ​ដូច​តទៅ។ ដំណេក​គ្រប់គ្រាន់ និង​ត្រឹម​ត្រូវ​តាម​​ក្បួន​វេជ្ជសាស្ត្រ គឺ​ត្រូវ​សំរាន្ត​​ពី​ ៧ ទៅ ៨​ ម៉ោង​ ជាមធ្យម ក្នុង​មួយ​ថ្ងៃ​។ ដូច​លោក​អ្នក​នាង​បាន​ជ្រាប​​ក្នុង​កម្មវិធី​សុខភាព​មុនៗ ដែល​បាន​លើក​ឡើង​អំពី​ផល​ប៉ះពាល់​​នៃការ​​ទទួល​ទាន​ដំណេក​មិន​គ្រប់​គ្រាន់​។ មាន​ការ​សិក្សាច្រើន​​​ណាស់​ដែលបង្ហាញ​ឱ្យ​​​ឃើញ​ថា ការ​ទទួល​ទាន​ដំណេក​រយៈ​ពេល​ខ្លី​ពេក ផ្តល់​ផល​អាក្រក់​​ដល់​សុខភាព ៖ បង្កើន​គ្រោះ​កើតជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះដូង ធាត់​ជ្រុល​ចុក​ខ្លាញ់ ប្រព័ន្ធ​ការ​ពារ​ខ្លួន​ចុះ​ខ្សោយ បាត់បង់​ការ​ចងចាំ​ និង​ភាព​ប្រុង​ប្រយ័ត្ន​ធ្លាក់​ចុះ​ ​កើត​រោគ​ព្រួយ​ និង​​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ។ល។ និង​។ល។ ដោយ​មិន​​ភ្លេច​ឡើយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ងាយ​កើត​ឡើង​បាន​ពេល​អ្នក​បើកបរ​នឿយហត់​ គេង​មិន​ឆ្អែត អត់​ងងុយ ​ ឬ​ងងុយ​គេង។ក្រោម​៦​ម៉ោង ចាត់​ទុក​ថា​ “ជា​ដំណេក​មិន​គ្រប់​គ្រាន់” ហើយ។ ដូច្នេះ​ដើម្បី​អាច​បំពេញ​កង្វះ​ខាត​នេះ​បាន​ខ្លះ ដំណោះស្រាយ​តែ​មួយ​គឺ​ការ​ គេង​ថ្ងៃ បង្គ្រប់។ ​ការ​សិក្សាកាន់​តែ​ច្រើន​ឡើងៗ បាន​​បញ្ជាក់​អំពីគុណប្រយោជន៍​នៃ​ការ​សំរាក​ថ្ងៃ។ សម្រាប់​ក្រសែ​ភ្នែក​អ្នក​វិទ្យាសាស្ត្រ​​សំរាន្ត​ថ្ងៃ​មិនមែន​ជា​សញ្ញា​នៃ​ភាព​ខ្ជិល​ច្រអូស​ ដូច​ការ​គិត​របស់​មនុស្ស​ជំនាន់​មុន​មួយ​ចំនួន​ទេ។​ការ​សំរាក​ថ្ងៃ មាន​ផល​ប្រយោជន៍​ច្រើនណាស់ ៖ អ្នក​ដែល​មាន​កាលវិភាគ​ការ​ងារ​មមាញឹក ជាប់​រដឹក​​ដល់​យប់​ជ្រៅ ការ​សំរាក​ពេល​ថ្ងៃ​បន្តិច​បន្តួច​សោះ​ អាច​នឹង​ជួយបំពេញកង្វះ​ខាត​ផ្នែក​​​​ដំណេក​ពេល​យប់​បាន។ គេង​ថ្ងៃ​អាច​កាត់​បន្ថយ ​Stress អាច​ជួយ​រក្សា និង​ឱ្យ​មាន​​​​ការ​​ចងចាំ​​ល្អ និង​អាច​ផ្ទង់​អារម្មណ៍​បាន​នឹង​ ក្នុង​ការ​បញ្ចេញ​សកម្មភាព​ការងារ​ ឬ​គំនិត​ផ្តួច​ផ្តើម​ល្អ​ និង​ធ្វើ​ឱ្យ​មុខ​ងារ​ប្រព័ន្ធ​ប្រសាទ​មាន​លំនឹង​ល្អ​ឡើង​វិញ។ មិន​តែ​ប៉ុណ្ណោះ សម្រាក​ថ្ងៃ អាច​នឹង​ធ្វើ​ឱ្យ​យើង​ស្ថិត​នៅ​ជា​មនុស្ស​មាន​​សភាព​រហ័ស​រហួនវាង​វៃ​ជានិច្ច​។អ្នក​វិទ្យា​សាស្ត្រ​អួត​អាង​ច្រើន​អំពី​គុណប្រយោជន៍​នៃ​ការ​សម្រាក​ថ្ងៃ ចុះ​តើ​មាន​ក្បួន​សម្រាកថ្ងៃ​ដែរឬទេ? តើ​ត្រូវ​សម្រាក​ប៉ុន្មាន​ម៉ោង​ ប៉ុន្មាន​នាទី ទើប​ចាត់​ទុក​ថា​ការ​សម្រាក​ថ្ងៃ​ដែល​ផ្តល់​គុណប្រយោជន៍​ល្អ​ឥតខ្ចោះ? បើ​គេង​យូរ​ពេក​ឬ​ឆាប់​ពេក​ អ្នក​ខ្លះ​ភ្ញាក់​បែរ​ជា​ស៊ើងមមើង ញាក់​ញ័រ​ខ្លួន​ទៅ​វិញ។ បើ​ដូច្នេះ​សួរ​ថា​​​តើ​ត្រូវ​ប្រើ​រយៈ​ពេល​ប៉ុន្មាននាទី​​ និង​គេង​នៅ​ពេល​ម៉ោង​ណា ទើប​ចាត់​ទុក​ថា​ជា​ការ​គេង​ថ្ងៃ​ដ៏​ល្អ​បំផុត​នោះ? តើ​មាន​កំរិត​ស្តង់ដារ និង​អនុសាសន៍​ណែនាំ​ដែលអ្នក​ជំនាញ​វេជ្ជសាស្ត្រ​​ទើប​រក​ឃើញថ្មី​ទេ?២០នាទី​ដើម្បី​ខួរក្បាលគ្មាន​ទេ​ក្បួន​ខ្នាត ឬ​វេជ្ជ​បញ្ជា​ពិសេស​ ប្រាប់​ពី​ រយៈ​ពេល​នៃ​ការ​គេង​ថ្ងៃ ! រយៈពេល​ដ៏​ប្រពៃ គឺ​អាស្រ័យទៅ​តាម​ពេល​វេលា​របស់​បុគ្គល​ម្នាក់ៗ។ រយៈ​ពេល​​គេង​ថ្ងៃ​កំរិត​ស្តង់ដារ និង​ជា​គោល ដែល​គេ​ធ្លាប់​ឮ​កន្លង​មក គឺ ២០​នាទី។ ដំបូន្មាន​នេះ​នៅ​តែ​មាន​តម្លៃ​ជា​និច្ច។​អ្នក​ស្រី​វេជ្ជបណ្ឌិត Sylvie Royant-Parola គ្រូពេទ្យ​ឯកទេស​ចិត្តសាស្ត្រ​ដំណេក​ ក៏​ឯកភាព​នឹង​អនុសាសន៍​ខាង​លើ​ដែរ និង​បានផ្តល់​សេចក្តី​ណែនាំ​បន្ថែម​ទៀត​ថា ត្រូវ​សំរាន្ត​ថ្ងៃ នៅ​ពេល​ថ្ងៃ កុំ​ចាំ​ដល់​ពេល​បាក់​រសៀល​ ព្រោះ​វា​អាច​នឹង​ទៅ​រំខាន​ដំណេក​នៅ​ពេលយប់។ ពេល​វេលា​ដ៏​ល្អ​ប្រពៃ​នៃ​ដំណេក​ថ្ងៃ គឺ​នៅ​កណ្តាល​ថ្ងៃ។ ចំណែក​រយៈ​ពេល​វិញ វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​មនុស្សម្នាក់ៗ។ បើ​អ្នក​មាន​ពេល​សំរាន្ត​យប់​ខ្លី មិន​គ្រប់​គ្រាន់​ខ្លាំង អ្នក​អាចចំណាយ​ពេលដេក​ថ្ងៃ​ ​​ពីរ​ទៅ​បី​ម៉ោង ដើម្បី​ឱ្យ​សរីរាង្គកាយ​អាច​ស្រូប​សាក​ថាមពល​បំពេញ​កង្វះ​ខាត​ដំណេក​នៅ​ពេល​យប់​បាន។ប៉ុន្តែ​បើ​អ្នក​មាន​ដំណេក​ពេល​យប់​ធម្មតាទេ រយៈពេល​ដ៏​ល្អ​ប្រពៃ​បំផុត​សម្រាប់​សុខភាព គឺ​​២០នាទី​។ សំងំ​សម្រាក​ខួរក្បាលតែ​​២០នាទី​ ទើប​មិន​សូវ​រំខាន​ដល់​ដំណេក​នាពេល​យប់ តែ​គ្រប់​គ្រាន់​សម្រាប់​សរីរាង្គកាយ​ ក្នុង​​បំពេញ​ថាមពល​និង​ប្រមូល​ភាព​ប្រុង​ប្រយ័ត្ន​បាន​យ៉ាង​ពេញ​លេញ​វិញ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី​វេជ្ជបណ្ឌិត​ដដែល។១នាទី​ ដើម្បីគំនិត​ថ្មីជាង​នេះ​ទៅទៀត ប្រសិន​បើ​អ្នក​ខ្លាច​ជ្រុល​ លង់​ដំណេក​ខក​ ដែល​នាំ​ការ​សម្រាក​ថ្ងៃ​វែង​ជ្រុល​ ជម្រើស​មួយ​ទៀត គឺ​ការ​សំរាក​ថ្ងៃ​តែ​មួយ​ស្រលេត ឬ​ធ្មេញ​ឱ្យ​លក់​មួយ​នាទី ដូច​អ្នក​ប្រាជ្ញ អាល់ប៊ែរ អាំងស្តាញ​ទៅ។ មួយ​ឬ​ពីរ​នាទីយ៉ាង​ច្រើន​នេះ​ គ្រប់​គ្រាន់​សម្រាប់​ប្រមូល​​អារម្មណ៍មក​​ផ្ចង់ធ្វើ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​​បន្ត​ទៀត​បានផង និង​ជួយ​បណ្តុះ​គំនិត​ថ្មីៗ​ផង។ ការ​គេង​ថ្ងៃ​ដ៏​ខ្លី​បែប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ដំណេក​ប្រឌិត​គំនិត​​ ឬ​ដំណេក​អឺរ៉េកា។ អ្នក​ប្រាជ្ញ អាល់ប៊ែរ អាំងស្តាញ អ្នក​វិទ្យាសាស្ត្រ​ ថូម៉ាស អេឌីសាន់ ឬ វិចិត្រករ​គំនូរ​ សាល់វ៉ាដរ ដាលី និយម​ដេក​ថ្ងៃ​អឺរ៉េកា​ណាស់ និង​ជាពិសេស​នៅពេល​ណា​លោក​ត្រូវការ​រិះគិត​រក​ដំណោះស្រាយ​ ឬ​បង្កើតវត្ថុ​​អ្វី​មួយ។តើ​​ដំណេក​អឺរ៉េកាប្រព្រឹត្ត​ទៅ​យ៉ាង​ដូចម្តេច? ជា​ឧទាហរណ៍ អ្នក​វិទ្យាសាស្ត្រ​អាមេរិក ថូម៉ាស អេឌីសាន់ ទៅ​សំរាន្ត​ថ្ងៃ ដោយ​ក្តាប់​គ្រាប់​ប៊ូល​ធ្វើ​ពីលោហៈ ហើយ​ត្រដាង​ដៃ​ឱ្យ​ផុត​ពី​គ្រែ។  នៅពេល​គាត់​ចាប់​លង់​លក់​ ដៃ​របស់​គាត់​នឹង​រលា ហើយ​ធ្លាក់​គ្រាប់​ប៊ូល​ពី​ដៃ គាត់​ក៏​ភ្ញាក់ ដូច​គេ​ដាស់ រួច​ចាប់​ផ្តើម​ធ្វើការ​វិញ​ ដោយ​លេចនូវ​​គំនិត​ថ្មីជា​ទី​គួរ​កត់​ត្រា​ទុក។ លោក សាល់វ៉ាដរ ដាលី និង​អាំងស្តាញ​ ក៏​ដូច​គ្នាបេះ​ដាក់​នេះ​ដែរ តែ​គាត់​កាន់​ស្លាបព្រា និង​ដាក់​ដាស​ដែក​ពី​ក្រោមនៅផ្ទាល់​ដី។ នៅពេល​ធ្លាក់​ស្លាបព្រា​លើ​ថាសដែក​ គាត់​ងើប​មក​សម្រេច​ការងារ​ដែល​គិត​មិន​ចេញ​ពី​មុន។នេះ​ជា​ទម្លាប់​របស់​អ្នក​ប្រាជ្ញ​ អាច​ចាត់ទុក​ថា​ជា​ករណី​ពិសេស​​របស់​មនុស្ស​ពិសេស។ ឯ​មនុស្សធម្មតា​ដូច​យើង​រាល់​គ្នា​ប្រហែល​មិន​អាច​យក​ជា​ការ​បាន​ទេ។ ដើម្បី​ជម្រះ​មន្ទិល​នេះ អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថានជាតិ​ផ្នែក​​សុខភាព​និង​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បារាំង បាន​សិក្សា​វិភាគ​បទ​ពិសោធន៍​របស់​អ្នក​ប្រាជ្ញ​នេះ​ឡើង​វិញ តាម​បែប​វិទ្យាសាស្ត្រ។ ដំណាក់កាលទីមួយ អ្នក​ចូល​រួម​​ត្រូវ​សាក​ល្បង​ដោះស្រាយ​ប្រស្នា​មួយ តាម​កុំ​ព្យូទ័រ ដោយ​អាច​ផ្តល់​ចម្លើយ​ច្រើន​ ទៅ​តាម​សមត្ថភាព​និង​លទ្ធ​ភាព​ម្នាក់ៗ។ ដំណាក់កាលទីពីរ បេក្ខជន​អាច​ទៅ​គេង​សម្រាកលើ​កៅអី​ ដោយ​មាន​កាន់​ដប​ទឹក និង​ដាក់​ដៃ​ឱ្យ​ហួស​ពី​ភ្នាក់កៅអី។អ្នក​ស្រាវជ្រាវ​បាន​បំពាក់​​អេឡេចត្រូត និង​ប្រដាប់​ចាប់​សញ្ញា​លើ​ខ្លួន​​បេក្ខជន​ទាំង​នោះ ដើម្បី​ដឹង​ថា​តើ​ពេល​ណា​ពួកគេ​ហៀប​នឹង​លក់​។ នៅពេល​បេក្ខជន​ចាប់​លង់លក់ ពួកគេ​ធ្លាក់​ដប​ទឹក​ពី​ដៃ ហើយ​ភ្ញាក់។ ពោល​គឺ​ដូច​ទម្លាប់​សម្រាក​ថ្ងៃ​របស់​អ្នក​ប្រាជ្ញយ៉ាង​ដូច្នោះ។ ជា​លទ្ធផល​ អ្នក​បាន​សម្រាក​អឺរ៉េកា ​​​ហាក់​មាន​លទ្ធភាពរក​ចម្លើយ​ឃើញ​បាន​ល្អ​ដល់​ទៅ​បី​ដង​លើស​បេក្ខជន​ដែល​មិន​គេង​សម្រាក​សោះ។​ អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា​តើ​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​ខួរ​ក្បាល​មនុស្ស​នា​ពេល​នោះទេ​។ ប៉ុន្តែ​​​​ដំណាក់​កាល​អន្តរកាល ចន្លោះ​ពេល​ភ្ញាក់​និង​ពេល​គេង​ គឺ​ជា​ពេលរៀប​ចំ​ការ​ចង​ចាំ​ឡើង​វិញ ជា​ពិសេស​ការ​ចង​ចាំ​ផ្នែក​ភាសា​ ទើប​អាច​ជួយ​ឱ្យ​ខួរ​ក្បាល​ឱ្យ​រក​ដំណោះស្រាយ​ប្រស្នា​ និង​មាន​គំនិត​ច្នៃប្រឌិត​ថ្មី​លេច​ឡើង​។ថ្វី​បើ​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​អាច​កំណត់​បាន​នូវ​និយម​ន័យ​រួម​តែ​មួយ​សម្រាប់​ហៅ ការ​សម្រាក​ពេល​ថ្ងៃ​មួយ​ភ្លែត​ខ្លី ត្រឹម​មួយ​នាទី ឬ​បួន​ដប់​វិនាទីមែន តែ​​មាន​ការ​សិក្សា​ច្រើន​ណាស់​ផ្តោត​ជុំ​វិញ​បញ្ហា​នេះ ព្រោះ​​គេ​បាន​យល់​កាន់​តែ​ច្បាស់​ឡើងៗ​ថា​ការ​ដេក​ថ្ងៃ​ មាន​ឥទ្ធិពល​លើ​​សកម្មភាព​ប្រចាំ​ថ្ងៃយ៉ាងណា។ ការ​ងងោកងងុយ ​ អាច​រំខាន​ការ​ងារ​ពេញ​មួយ​រសៀល ឬ​តែ​មួយ​ប៉ប្រិច​ភ្នែក​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​ផង​ក្នុង​ស្ថានភាព​ខ្លះ ប៉ុន្តែបើ​បាន​​ធ្មេញ​ភ្នែក​មួយ​ភ្លែត សម្រាក​មួយ​ស្រលែត​វិញ នោះ​កម្លាំងពលំ​ថាមពល​ក៏បាន​ពេញ​វិញ ហើយ​អាច​ផ្ចង់​ស្មារតី គិត​អ្វី​ក៏​ចេញ​។ ការ​សម្រាក​ថ្ងៃ​មួយ​ឬ​ពីរ​នាទី​នេះ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​សម្គាល់​ឃើញ​ថា​ជាការ​​បំប៉ន​គំនិត​បែប​ច្នៃ​ប្រឌិត​ខ្លាំងណាស់​។ការ​ដក​ពិសោធន៍​នេះ ជា​សាក្សី​បង្ហាញ​ឱ្យ​ឃើញ​ថា​ដំណេក​ជា​អាហារ​ដ៏​ចាំបាច់​សម្រាប់​ឱ្យ​មានការ​ចង​ចាំ​ល្អ​។  ចង់​មាន​ការ​ចង​ចាំ​ល្អ​ត្រូវ​គេង​ឱ្យ​បាន​គ្រប់​គ្រាន់ ព្រោះ​​ពេល​ដេក ជា​ពេល​វេលា​ថត​ផ្តិត​ព័ត៌មានទុក។ អីចឹង​ហើយ​បាន​ជា​គេ​ណែនាំ​ឱ្យ​អាន​សៀវភៅ​ ឬ​អាន​រំលឹក​មេរៀន​ឡើង​វិញ នៅ​ពេល​រៀប​ចូល​គេង ទើប​ចាំ​រឿង​នោះ​បាន​ល្អ៕
15/05/20249 minutes, 15 secondes
Episode Artwork

តរោម​ភ្នែក​អាចប៉ះពាល់​ដល់​សុខភាព​ភ្នែក?

តើ​អ្នក​ធ្លាប់​​ស្រមៃ​ចង់​បាន​រោម​ភ្នែក​វែង​កោង​-ង​ដែរឬទេ? ត-បណ្តុះ​រោម​ភ្នែក​ឱ្យ​វែង​ក្រាស់​ល្អ កំពុង​ពេញ​និយម​ខ្លាំង​សម្រាប់​សុភាព​នារី​ទាំងឡាយ។ ប៉ុន្តែ​ ការ ត-អ៊ុត ឬ​កាត់រោម​ភ្នែក​ និង​លាប​ផាត់​មុខ មិនមែន​គ្មាន​ហានិភ័យ​សម្រាប់​សុខភាព​ទេ។ តើ​ជា​ហានិភ័យ​យ៉ាងណា? ដុះ​នៅ​ចុង​ត្របក​ភ្នែក និង​ជា​រោម​តូចៗមែន តែរោម​ភ្នែក​ អាច​ជួយ​លើក​សម្រស់និង​ពន្លឺ​​​​ក្រសែ​ភ្នែកឱ្យ​​កាន់​តែមាន​លក្ខណៈ​​ទាក់ទាញ។​​​ ​តួនាទី​របស់​រោម​ភ្នែកមិន​កំរិត​ត្រឹម​ការ​ផ្តល់​ភាព​ទាក់ទាញនិងលើក​សម្ផស្សមុខមាត់ទេ។ មនុស្ស​គ្រប់​រូប​ច្រើន​ប្រហែស​មើល​រំលង មិន​សូវ​គិត​ដល់​ឡើយ តែ​តាមការពិត​ទៅ​នោះរោមភ្នែក​មានចំណែក​យ៉ាង​សំខាន់​ក្នុងការ​​ការពារ​គ្រាប់​ភ្នែក​ទាំង​គូ​របស់​យើង ពី​ភាព​គំរាមកំហែង​ផ្សេងដែល​មាន​ប្រភព​មក​ពី​ខាង​ក្រៅ។​រោម​ភ្នែក​មាន​តួនាទី​ដូចម្តេច​ខ្លះ?ដូច​រោម​ចិញ្ចើម រោម​ភ្នែក​មាន​​នាទីសំខាន់​បី គឺ ជា​របង​ការពារផង ជា​លក្ខណៈបញ្ចេញ​​ទឹក​មុខផង និង​ ភាព​​ទាក់ទាញទៀត។រោម​ភ្នែក​ជា​របង ជា​រនាំង ទប់​ វត្ថុ​មិន​ស្អាត ជា​​កម្ទេច ​លម្អង ធូលី ឱ្យ​ត្រឹម​គល់រោម​លើ​​ត្របក​ភ្នែក កុំ​ឱ្យ​ចូល​ក្នុង​ភ្នែក​បាន។ រោម​ភ្នែក ​ជា​ទំនប់ទប់​​តំណក់​ញើស​ ដែល​ជា​ទឹក​​​មិន​បរិសុទ្ធ​ មិន​ឱ្យហូរ​ចូល​មក​រំខាន​ភ្នែក​។ ហើយ​ជា​ចុងក្រោយ រោម​ភ្នែក​ប្រៀប​ដូច​ជា​វាំងនន ចាំបាំង​ទប់​កុំ​ឱ្យ​ពន្លឺ​ថ្ងៃ ឬ​កាំរស្មី​ព្រះ​អាទិត្យ ចាំង​ចូល​ភ្នែកខ្លាំង​ ដោយ​ត្រង់ៗ​ពេក នៅ​ពេល​បើក​បិទ​ភ្នែក។រោម​ភ្នែក​មាន​ចំណែក​ជួយ​​លើកដាក់​ទឹកមុខ។ យោង​ទៅ​តាម​កម្រាស​និង​ប្រវែងរបស់​​រោម​ភ្នែក ទឹក​មុខ​មនុស្សអាច​​ប្រែប្រួលស្រស់​ស្អាត​ដោយយ៉ាង ឯ​ក្រសែភ្នែកក៏​អាច​ជ្រៅ​ ​និង​មាន​លក្ខណៈ​រលឹម​ទៅ​តាម​នោះ​ដែរ។ ពោល​គឺពេល​ធ្មេចបើកម្តងៗ ​រោម​ភ្នែកជា​តំណាង​​​នៃ​ភាព​​ទាក់ទាញ​​​របស់មនុស្ស មិន​ថា​ជា​​ស្ត្រី​ឬ​​ប្រុសឡើយ​។ ដូច​ពាក្យ​ចាស់​លោក​ថា មនុស្ស​ល្អ​​​នៅ​ត្រង់​ភ្នែកភ្លឺ​ថ្លា​ ​មាន​រោមភ្នែក​កោងង​ដូច​គេ​ពត់។បើ​ចិញ្ចើម​ និង​រោម​ភ្នែក​ ជា​តំណាង​នៃ​ភាព​ទាក់ទាញ និង​ស្រស់​ស្អាត​ដូច្នេះ តើ​នរណា​មិន​ចង់​បាន​រោម​ភ្នែក​ងក្រាស់​ល្អនោះ។ ប៉ុន្តែ​ធម្មជាតិ​បង្កើត​មនុស្ស​មក​មិន​ដូច​គ្នា​ទេ។ ខ្លះ​មាន​រោម​ភ្នែក​ខ្លី ស្តើង រង្វើល ហើយ​សំយ៉ុង​ចុះទៀត។ ខ្លះ​ក៏​មាន​រោម​ភ្នែក​ក្រាស់ វែង និង​កោង​ ង​ល្អ​​ ដែល​លើក​សម្ផស្ស និង​ក្រសែ​ភ្នែក​ឱ្យ​កាន់​តែ​មានមន្ត​​ស្នេហ៍​ខ្លាំង​បន្ថែម​ទៀត។ ហេតុ​ដូច្នេះ​ហើយបាន​ជា នៅ​ពេល​ផាត់​មុខចូល​រួម​ក្នុង​កម្មវិធី​ធំៗ អ្នក​សំអាង​តែង​បំពាក់​រោម​ភ្នែក​ជូន​ភ្ញៀវ​។ វា​ក៏​មិនមែន​​ជា​ការ​កម្រ​ដែរ ​ដែល​ស្ត្រី​ខ្លះ​មិន​ចូល​ចិត្តតែង​ខ្លួន​​លាប​ម្សៅលាប​ក្រេម​មែន តែ​មិន​ភ្លេច​ឡើយ​ការ​​គូស​ចិញ្ចើម​ និង​ គូស​ភ្នែក​ លាប​ម៉ាស្ការ៉ា រំលេច​រោមភ្នែក​ លម្អ​មុខ​មាត់នោះ។ បិទ​រោម​ភ្នែក​សិប្បនិម្មិត​ជាក៏​​អ្វី​ដែល​មាន​ធ្វើ​ច្រើន​កន្លង​មកដែរ។​តរោម​ភ្នែក​អាចបង្ក​ហានិភ័យ​យ៉ាងណា?ស្ត្រី​ខ្លះ​ ហ៊ាន​ចំណាយ​ដល់​ទៅ​សាក់​ចិញ្ចើម និង​គល់​រោម​ភ្នែក ដើម្បីរំលេច​និង​បង្អួស​ក្រសែ​ភ្នែក​ និង​​កុំ​ឱ្យ​ពិបាកចំណាយ​ពេល​គូរផាត់​រាល់​ថ្ងៃ។ បច្ចុប្បន្ន និន្នាការ​ដ៏​ពេញ​និយម​មួយ​ទៀត គឺ​ការ​អ៊ុត ត​រោម​ភ្នែក​ឱ្យ​ឡើង​វែង​ កោង​ បាន​យូរ​តែ​ម្តង។ តើ​លោក​អ្ន​ក​នាង​ធ្លាប់​បាន​សាកល្បង អ៊ុត​ត រោម​ភ្នែក​ ហើយ​ឬនៅ?បច្ចេកទេស​បណ្តុះ​ត​រោម​ភ្នែក​នេះ គឺ​ជា​ការ​បិទ​រោម​ភ្នែក​សិប្បនិម្មិត​លើ​រោម​ភ្នែក​ធម្មជាតិ​ ដើម្បី​ឱ្យ​មើល​ទៅឃើញ​ក្រាស់​និង​វែងជាង​មុន។ ដើម្បី​បិទ​ឬ​ត​រោម​ភ្នែក​សិប្បនិម្មិត គេ​ត្រូវ​ការ​ប្រើ​ដង្កៀប​សម្រាប់​ដក​រោម​ធំ​វែង ចាប់​រោម​ភ្នែក​សិប្បនិម្មិត​យក​ទៅ​បិទ​នៅ​ចន្លោះ​រោម​ភ្នែក​ពិត​ដោយ​ប្រើ​​​ជ័រកាវ​ មាន​សណ្ឋាន​អន្ធិលៗ។ ស្តាប់​ទៅហាក់​ដូច​ជា​ស្រួល​ណាស់ តែ​បញ្ហា​នៅ​ត្រង់​ថា​ បច្ចុប្បន្ន​នេះ នរណា​ក៏​អាច​ប្រកាស​ និង​តាំងខ្លួន​ជា​អ្នក​ជំនាញ​បណ្តុះ​ត​រោម​ភ្នែកបាន​ដែរ​​ ដោយ​​គ្មាន​បានទៅ​រៀន​សូត្រ​ហាត់​ហ្វឹក​ជំនាញ​នេះ​សោះ។ ហើយរូប​យើង​ផ្ទាល់​ក៏អាច​ទៅ​រក​ទិញ​ប្រដាប់​ត​រោម​ភ្នែក​តាម​អ៊ីនធ័រនែត រួច​ធ្វើ​ខ្លួន​ឯង​នៅ​ផ្ទះ​ក៏​បាន​ទៀត។ប៉ុន្តែ​សូម​ប្រុង​ប្រយ័ត្ន​ ប្រសិន​បើ​លក្ខខណ្ឌ​អនាម័យ​មិន​គ្រប់​គ្រាន់​ ហើយ​សម្ភារៈ​ប្រើប្រាស់​មិនស្អាត មិន​​បាន​សម្អាត​សម្លាប់​មេរោគ​ត្រឹម​ត្រូវ​ទេ អ្នក​អាច​នឹង​មាន​បញ្ហា​រលាក​ ការ​បង្ក​រោគ​ និង​ឡើង​​ពពែឆ្កែ​ ព្រោះ​រោម​ភ្នែក​គឺ​ជា​ច្រក​ផ្លូវ​ដែល​បាក់តេរី​អាច​ឆ្លង​ចូល​ក្នុង​ភ្នែក​បាន។ជាង​នេះទៅ​ទៀត គ្រូ​ពេទ្យ​ឯកទេស​ភ្នែក​បាន​ពន្យល់​ថា សមាសធាតុ​ផ្សំ​នៅក្នុង​ជ័រកាវ​ខ្លះ​អាច​នាំ​ឱ្យ​មាន​ការ​រោល​ ឬ​អាល់ឡែកហ្ស៊ី​តែម្តង​ផង។ មាន​​អ្នក​ចូល​ចិត្ត​ត​រោម​ភ្នែក​ច្រើន​ណាស់​បានក្លាយ​ជា​ជន​រងគ្រោះ ​ជួប​ករណី​អាល់ឡែកហ្ស៊ី​ ហើយ​បង្ហោះ​ផ្សាយ​ប្រាប់​តាម​បណ្តាញ​សង្គម។ ទម្រង់​នៃអាល់ឡែកហ្ស៊ី​បង្ក​ឡើង​ដោយ​ការ​ត​រោមភ្នែក អាច​ជា​ការ​លេច​ឡើង​នូវ​ក្រមរ​ស្រែងនៅ​ចុង​ត្របក​ភ្នែក​។ ក្នុង​ករណី​បែប​នេះ សូម​រូត​រះ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្នែក​។ការ​ត​រោម​ភ្នែក​អាច​ផ្តល់គ្រោះ​ថ្នាក់​មួយ​ទៀត ​គឺ​នាំ​ឱ្យ​ខូច​ភ្នែកតែ​ម្តង ប្រសិន​បើ​ធ្វើ​​ជ្រុល​។ នៅ​ពេល​រោម​ភ្នែក​សិប្បនិម្មិត​វែង​ខ្លាំង​ពេក​ រោម​ភ្នែក​នោះ​អាច​នឹង​ទៅ​ប្តូរ​ផ្លាស់​ទិសនៃការ​ដុះលូតលាស់​​របស់​រោម​ភ្នែក​ពិតៗ។ មាន​ន័យ​ថា​រោម​ភ្នែក​ធម្មជាតិ ដុះ​ចាក់​ចូល​ទៅ​ក្នុង​ភ្នែក មិនមែន​ដុះ​ចេញ​មកផ្នែក​ខាង​​ក្រៅនៃ​​ត្របក​ភ្នែក​ទេ។ ក្នុង​ករណី​បែប​នេះ រោម​ភ្នែក​នឹងទៅ​​កកិត​លើ​គ្រាប់​ភ្នែក​ បង្ក​ឱ្យ​មាន​ភាព​រំខាន​ ដូច​មាន​កម្ទេច​ដី​នៅក្នុង​ភ្នែក​ នៅ​រាល់​ពេលព្រិច​ភ្នែក។ នេះ​គឺ​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​សម្រាប់ភាព​គំឃើញ​របស់​​ភ្នែក​ ទៅ​ថ្ងៃមុខ។កុំ​កាត់​​រោម​ភ្នែក​ផ្នែក​ខាង​ក្រោមបិទ​ត​រោម​ភ្នែក​មិន​មែន​ជា​វិធី​សាស្ត្រ​ដ៏​ពេញ​និយម​សម្រាប់​លើក​សម្ផស្ស​ភ្នែក​ នា​ពេល​សម័យ​ទំនើប​នេះ​ទេ។ តាំង​ពី​ប៉ុន្មាន​ខែ​ចុងក្រោយ​មក​នេះ នៅលើ​បណ្តាញសង្គម​ មាន​មនុស្ស​ច្រើន​ឡើងៗ​បាន​នាំ​គ្នា​បង្ហាញអំពី​វិធី​ដ៏​សាមញ្ញ​ ជួយ​រំលេច​ភ្នែក​ស្អាត​ តាម​រយៈ​ការ​កាត់​រោម​ភ្នែកផ្នែក​ខាង​ក្រោម​​ ដោយ​ប្រើ​កន្ត្រៃ​ច្រិប​​តែម្តង។ កម្មវត្ថុ​នៃ​កាត់​តម្រឹម​រោម​ភ្នែក ​ឱ្យ​ខ្លី​ខ្លាំង​ស្ទើរ​ដល់​គល់ គឺ​ដើម្បី​ឱ្យ​មានភាព​​ស្រលះ​ រំលេច​រង្វង់​ភ្នែក​ ហើយ​បំបាត់​ភាព​នឿយ​ហត់។ ទម្លាប់​បែប​នេះ យើងធ្លាប់​ឮ​​និង​ឃើញ​មាន​ប្រើ​នៅក្នុង​សង្គម​ខ្មែរ​យើង​ដែរ។ ដោយ​យល់​ពី​តម្លៃ​នៃ​រោម​ភ្នែក និង​ចង់​ឱ្យ​កូន​មាន​រោម​ភ្នែក​វែង​នៅ​ពេល​ធំ ​ចាស់​សម័យ​ដើមបាន​ណែ​នាំ​ឱ្យ​អ្នក​ជា​ម្តាយ​​​កាត់​រោម​ភ្នែក​កូន​នៅ​ពេល​កើត​មក​ភ្លាម។ ចាស់​បូរាណ​ជឿថា​ ការ​កាត់​រោម​ភ្នែក​ដូចកោរ​សក់​ក្បាល។ កោរ​សក់​ញយៗ​នៅ​ពេល​តូច​នឹង​ធ្វើ​កូន​មាន​សក់​ដុះ​លូតត្រង់​​ល្អ​នៅ​ពេល​ធំ។ ក្មេង​កើត​មក​ត្រងោល ឬ​មាន​សក់​ក្រញាញ់ ត្រូវ​ឧស្សាហ៍​កោរ ដើម្បី​មាន​សក់​ច្រើន​ និង​លាល្អ។  ប៉ុន្តែ​នេះ​គ្រាន់​ជា​ជំនឿ​ប៉ុណ្ណោះ។ វិធី​កាត់​រោម​ភ្នែក​ដើម្បី​ឱ្យ​វា​ដុះ​ល្អ​ ដុះ​វែង គ្មាន​ប្រយោជន៍​ទេ និង​ជាពិសេស​ជា​កាយ​វិការ​ដ៏​គ្រោះ​ថ្នាក់​ណាស់។ ដូច​បាន​ជម្រាប​ពី​ខាង​ដើម​ រោម​ភ្នែក​មិន​មែន​គ្រាន់​តែ​ជា​រោម​សម្រាប់​លម្អ​ទេ រោម​ភ្នែក​មាន​តួនាទី​ជា​អ្នក​ការពារ​ភ្នែក​​ពី លម្អង​ធូលី​ ឬខ្យល់។ ដូច្នេះបើ​អ្នក​ដក​ កាត់​វា​អស់ គឺ​ស្មើ​នឹងការ​ដក​របង​ការពារ ហើយ​បង្កើន​ហានិភ័យ​ដល់​សុខភាព​ភ្នែក​ ដូច​ជា​ងាយ​នាំ​មាន​ជំងឺ​ឈឺ​ភ្នែក រលាក​ភ្នែក។ការ​​​បណ្តុះ​រោមភ្នែក​​​ចុះ​ការ​បណ្តុះ​រោម​ភ្នែកវិញ​តើ​យ៉ាងណា​ដែរ? ជា​គំនិត​និង​ជា​វិធី​ល្អ​ទេ? មាន​សេរ៉ូម​បណ្តុះ​ ឬ​ពន្លូត​រោម​ភ្នែក​ ច្រើន​យ៉ាង​ច្រើន​បែប​ណាស់ ដាក់​លក់​នៅ​លើ​ទីផ្សារ។ ផលិតផល​ទាំងអស់​នោះ មាន​ផ្ទុក​ជាតិ​អាស៊ីអាមីណេ ដែលលាប​ទៅ​​ទំនង​អាចជួយ​​បើក​សរសៃ​ឈាមឱ្យ​រីក​ធំ នាំ​ឈាម​ទៅ​ចិញ្ចឹម​ត្របក​ភ្នែក​បាន​ច្រើន ពោល​គឺ​ដូច​ជួយ​នាំ​អាហារ​ទៅចាក់​​បំប៉នគល់​​រោម​ភ្នែក​ ដែល​បើ​តាម​ក្បួន​នឹង​ធ្វើ​ឱ្យ​សរសៃ​រោម​ភ្នែក​ដុះ​លូតលាស់​លឿន។ ប៉ុន្តែ​ដោយ​ជាក់​ស្តែង​នោះ គ្មាន​ទេ​ភស្តុតាង​បញ្ជាក់​អំពី​ប្រសិទ្ធភាព​​តាម​បែប​វិទ្យាសាស្ត្រនៃការ​​បំប៉ន​រោម​ភ្នែក​ឱ្យ​ដុះ​បាន​លឿន​នោះ។ គ្មាន​អ្វី​ប្រសើរ​ជាង​បណ្តោយ​ឱ្យ​រោម​ភ្នែក​ដុះ​លូត​លាស់​តាម​ដំណើរ​ធម្មជាតិ​ទេ ដោ​យ​ចេះ​ស្តាប់​សេចក្តី​ត្រូវ​ការ​របស់​សរីរាង្គកាយ​ និង​មាន​អនាម័យ​ល្អ​ក្នុង​ការ​រស់​នៅ​ទេ។ អនាម័យ​ល្អ​ក្នុង​រស់​នៅ គឺទទួល​ទាន​អាហារ​មាន​គ្រប់​ជីវជាតិ​ មាន​លំនឹង​ សម្បូរ​វីតាមីន​ ជាតិ​រ៉ែ​ដែក​ សំរាន្ត​គ្រប់​គ្រាន់​ ទទួល​ទាន​ទឹក​ច្រើន និង​កម្ចាត់​ស្ត្រេស។​​​វិធីការពារ​និង​​ជួយ​រោម​ភ្នែក​ឱ្យ​ដុះ​ល្អ​មាន​រោម​ភ្នែក​វែង ក្រាស់ កោង-ង​ល្អ ជា​ក្តី​ស្រមៃ​ចង់​បាន​របស់​ស្ត្រី​គ្រប់​រូប។ ទោះ​បី​ជា​​​ធម្មជាតិផ្តល់​ឱ្យ​​មនុស្ស​មិន​ដូច​គ្នា តែ​គេ​អាច​តម្រែ​តម្រង់រោម​ភ្នែក​ឱ្យ​លូត​លាស់​បាន​លឿន​និង​មាំ​ល្អ តាម​រយៈ​កាយវិការ​ដ៏​សាមញ្ញ​បី​យ៉ាង៖រោម​ភ្នែក ជាពពួក​​រោម​ ដែល​ត្រូវ​ការការ​​ថែទាំ​ដូច​សក់​ក្បាល​ ដោយ​ត្រូវឧស្សាហ៍​​សិត​ ទើប​វា​ដុះ​លឿន​និង​ល្អ​។ ដោយ​ជា​រោម​ខ្លី កា​រសិត​ត្រូវ​ប្រើ​ជក់ទ្រវែង​តូចៗ​​មក​បង្អូសពី​លើ និង​ពីក្រោម​​​រោម​ភ្នែក។​ចៀសវាងកុំ​ញី​ភ្នែក ដែលហាក់​ដូច​ជា​ទៅកន្ទ្រាក់​ទាញ​​​រោម​​ភ្នែក​ ឱ្យដាច់ ឱ្យ​ជ្រុះ មក​តាម​កម្លាំង​ញី។ ជា​ចុង​ក្រោយ សូម​កឧស្សាហ៍​ប្រើ​ម៉ាស្ការ៉ាពេក បើ​អាច​ចៀសបាន​កាន់​តែ​ប្រសើរ​។ បើ​មិន​អាច​ចៀសបាន ត្រូវ​លាប​ស្រាលៗ និង​សូម​កុំ​ប្រើប្រដាប់​ពុត​រោម​ភ្នែក​ពេល​លាប​ម៉ាស្ការ៉ា​ហើយ។ អ្នក​ជំនាញ​រោមភ្នែក​នៅ​ប្រទេស​បារាំង បាន​ពន្យល់​ថា នៅ​ពេល​លាបម៉ាស្ការ៉ាហើយ​វា​ស្ងួ​តទៅ​ រោមភ្នែក​ក៏​ស្ងួត​ខ្លាំងដែរ​។ នៅ​ពេល​លាង​ជម្រះ អ្នក​ខ្លះ​មិន​ប្រយ័ត្ន​ជូន​លាង​ខ្លាំង​ពេក​ដូច​ទៅ​គាស់​រំលើង​ញី​រោម​ភ្នែក​ឱ្យ​វក់​វី​ដោយ​គ្មាន​ប្រណី​ដូច្នោះ។សូម​សម្អាត​រោម​ភ្នែក ដូច​ជា​ផ្នែក​ដទៃ​នៃ​សរីរាង្គកាយ ដោយភាព​​ប្រុងប្រយ័ត្ន​។​ បើ​អ្នក​ប្រើ​ផលិតផល​សំអាងហើយ ត្រូវ​យក​សំឡី​សើម​ផ្តិត​ផ្អាប់​លើ​ភ្នែក​ពីរបី​វិនាទី​សិន​សឹម​អូស​ជូន​ដោយ​ថ្នម​យក​ជាតិ​កខ្វក់​ចេញពី​រោម​និង​ត្របក​ភ្នែក។ បើ​ចាំបាច់​ត្រូវ​ត​រោម​ភ្នែក ត្រូវ​ស្វែង​រក​អ្នក​ជំនាញ​ត្រឹម​ត្រូវ​៕
08/05/20249 minutes, 27 secondes
Episode Artwork

តើ​អ្វី​ទៅ​ជាអាការៈ​អស់​រដូវ​ ឬ​​វិបត្តិ​ហា​ប្លាយរបស់​បុរស​?

ក្នុង​ខណៈ​​ដែល​ស្ត្រីគ្រប់​រូប ត្រូវ​ឆ្លង​កាត់​ជា​ចាំ​បាច់​ដំណាក់កាលធ្វើ​ទុក្ខ​មិន​ស្រណុក​ខ្លួន​ព្រោះ​​អស់រដូវ​ (Ménopause) បុរសចូល​ដល់​វ័យ​៥០ឆ្នាំ​ឡើង​ទៅ​​ក៏​មាន​អាការៈ​ប្រហាក់​ប្រហែល​នឹង​បាតុភូត​អស់​រដូវ​របស់​ស្ត្រី​ដែរ។ ​អាការៈអស់​រដូវ​សម្រាប់​បុរស​ មាន​ឈ្មោះ​ជា​ភាសា​បារាំង​ថា អង់ដ្រូប៉ូស្ស Andropause ឬវិបត្តិ​ហាប្លាយជា​ភាសា​សាមញ្ញ។ តើ​វិបត្តិ​Andropause ​ជា​អ្វី? មាន​រោគ​សញ្ញា​យ៉ាងណា? និង​អាច​ព្យាបាល​ការពារបាន​ដែរឬទេ? តាំងពី​ចូល​វ័យ​៥០​ឆ្នាំ​ប្លាយ​មក តើ​អស់​លោក​ជា​បុរស​ធ្លាប់​មាន​អារម្មណ៍​អស់​កម្លាំងចម្លែក ចុះ​ខ្សោយ​ បែក​ញើសស្អិត​​ពេល​យប់ សម្រាន្ត​មិន​ស្កប់ ចេះ​មួរមៅ បាត់​​ចំណង់​តណ្ហា ឬ​លែង​សូវបះ​​ខឹង​​ផ្តេសផ្តាសទេ? ទាំង​អស់​នេះ​ជា​អាច​ជាអាការៈ​ធម្មតា​នៃ​​ដំណើរ​ធម្មជាតិរបស់​មនុស្សចាស់​ទេ តែ​ក៏​អាច​ជា​សញ្ញា​ប្រាប់​ថា​អ្នក​កំពុង​មានអាការៈអស់​រដូវ​Andropause ដែរ។ បុរស​មាន​រដូវ​ដែរឬ?តើ​ការ​អស់​រដូវ​អង់ដ្រូប៉ូស្ស ឬ​ការ​អស់​រដូវ​បុរស​ជា​អ្វី?នៅ​អាយុចម្លោះ​ចាប់​ពី​៤៥-៥៥​ឆ្នាំ ប្រព័ន្ធ​សរីរាង្គកាយ​​ស្ត្រី​ឈប់​ផលិត​អ័រមូន​បន្ត​ពូជទាំងស្រុង​ (អូវ៉ែរ​ឈប់​បញ្ចេញ​អ័រមូន​oestrogène និង progesterone) ដែល​គេ​និយម​ហៅ​ថាដំណាក់កាល​​អស់​រដូវ ឬ​Ménopause ជា​ភាសាបារាំង។​ ឯខាង​បុរសគ្មាន​រដូវ​គ្មាន​ខែ​ដូច​ស្ត្រី​មែន តែ​ដល់​​អាយុ​ខ្ទង់​នេះ​ បុរស​ក៏ចេះ​ចុះ​ខ្សោយ និង​​ឆ្លង​ចូល​ដល់​​ដំណាក់មួយ​ដែល​ការ​ផលិត​​អ័រមូនផ្លូវភេទ​ចុះ​ថយ​​ជា​លំដាប់​ដែរ គ្រាន់​តែ​ប្រព័ន្ធបន្ត​ពូជ​បុរស​​មិន​បញ្ឈប់​តួនាទី​ទាំង​ស្រុង​ ដូច​ស្ត្រីតែ​ប៉ុណ្ណោះ​។ បុរស​នៅ​តែ​​រក្សា​លទ្ធភាពប​ន្ត​ពូជបាន​​ដដែល។ ​មានន័យ​ថា​ចូល​ដល់​វ័យ​៥០​ឆ្នាំ​​ស្ត្រី​លែង​មាន​រដូវ និង​លែង​សមត្ថភាពបង្ក​កំណើត​កូនតាម​បែប​ធម្មជាតិ​ហើយ ឯ​ចំណែក​បុរស​វិញ ​អាច​មាន​កូន​រហូត​ដល់​ថ្ងៃ​ស្លាប់។ នេះ​ជា​ភាព​ខុស​គ្នា​ដ៏​ធំ​មួយ​រវាង​ស្រ្តី​និង​បុរស ដែល​ជំរុញ​ឱ្យ​អ្នក​ជំនាញ​មួយ​ចំនួន បដិសេធ​មិន​ហៅ​ Andropause ថា​ជាអាការៈ​អស់​រដូវ​បុរស សម្រប​តាម​អាការៈអស់​រដូវ​របស់​ស្ត្រី​Ménopauseទេ។ម្យ៉ាង​ទៀត ដោយជាក់ស្តែង​នោះ មាន​បុរស​តែ​ប្រមាណពី​​១០ទៅ២០%​ ដែល​កើត​អាការៈ​អង់ដ្រូប៉ូស្ស ចាប់​ពី​​អាយុ​៥០ឆ្នាំទៅ និង​រហូត​ដល់​៥០%​សម្រាប់​បុរស​វ័យ​ចំណាស់​លើស​ពី​៧០ឆ្នាំ។Andropause ​ជា​បាតុភូត​សរីរៈ​វិទ្យា​ដែល​គេ​ពុំ​ទាន់​ស្គាល់​ច្បាស់​នៅឡើយ​ទេ ហើយ​ក៏​​គ្មានដែរ​​និយមន័យ​ណា​កំណត់​អាយុ​ដែល​មាន​​អង់ដ្រូប៉ូស្សនោះ​។ ការ​អស់​រដូវ​បុរស​គឺចង់​សំដៅ​លើ​ការ​ធ្លាក់​ចុះ​អ័រមូនភេទ​របស់​បុរស​ដែល​គេ​ស្គាល់​ច្បាស់​ជាង​គេ​គឺ​អ័រមូន​ “តេស្តូស្តេរ៉ូន” និង​អ័រមូន​ផ្លូវភេទផ្សេងៗ​ទៀត យ៉ាង​សន្សឹមៗ​ ទៅ​តាម​វ័យ​ និង​តាម​ច្បាប់​ធម្មជាតិ ចាប់​ពី​អាយុ​៤៥​ឆ្នាំ​ឡើង​ទៅ។ ហើយ​​អង់ដ្រូប៉ូស្ស​បុរស​ ក៏​មិនមែន​ជា​ដំណាក់កាលដែល​អាច​​បែង​ចែង​ឱ្យ​ដាច់​ស្រលះ​រវាង​ពេល​មុន​និង​ពេល​ក្រោយ​ ដូច​ករណី​មនុស្ស​ស្រី​ទេ។តេស្តូស្តេរ៉ូន ជា​អ័រមូន​ផ្លូវ​ភេទ​បញ្ចេញ​ដោយ​សរីរៈ​ភេទ​ មាន​ច្រើន​សម្រាប់​បុរស និង​តិច​តួច​សម្រាប់​ស្ត្រី ​ទើប​បានជា​​គេ​ឱ្យ​ឈ្មោះ​ថាអ័រមូន​បុរស។​ អ័រមូន​នេះ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ទ្រទ្រង់​សុខមាលភាពអារម្មណ៍​និង​រាងកាយ។ ចំពោះ​មនុស្សប្រុស​ តេស្តូស្តេរ៉ូន​មួយ​ភាគ​ធំ​ផលិត​ដោយ​ពង​ស្វាស និង​ជា​អ្នក​ចាត់​ចែង​គ្រង់គ្រងចំណង់​តណ្ហា​ ម៉ាសឆ្អឹង ខ្លាញ់ សាច់ដុំ និង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម​និង​ស្ពែម៉ាតូហ្សូអ៊ីត។ពោ​ល​គឺ​អ័រមូន​នេះ​មាន​បេសកកម្ម​ធំ​ណាស់ សម្រាប់​ជាមោទនភាព​បុរស។ បរិមាណ​អ័រមូន​បុរស​ តេស្តូស្តេរ៉ូន ឡើង​ខ្ពស់​ខ្លាំងបំផុត​​នៅ​អាយុ​ម្តុំ​ខ្ទង់​២០​ឆ្នាំ។ ​ចាប់​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ​ អត្រា​តេស្តូស្តេរ៉ូន ក្នុង​ឈាម​ចាប់​​ធ្លាក់​ចុះ ដោយ​ឯងៗ​ក្នុង​កំរិត​១ទៅ​២%​ក្នុង​មួយ​ឆ្នាំៗ។ ការ​ធ្លាក់​ចុះ​បរិមាណ​អ័រមូន​បុរសនេះ ធ្វើ​ឱ្យខូច​គុណភាព​ជីវិត​ខ្លាំង​ណាស់ និង​ ​ចេញ​ចាស់​ ​​ភ្លាម​ភ្លែត​​គួ​រឱ្យ​ភ្ញាក់ផ្អើលសម្រាប់​បុរស​ខ្លះ។ ​ស្ត្រី​ក្រោយ​អស់​រដូវ​ចាប់​មានអត្រា​តេស្តូស្តេរ៉ូន​ថយ​ចុះ​ជា​លំដាប់​ ដោយជួន​មាន ​ជួន​គ្មានរោគ​​សញ្ញា​ទេ។តើ​អាការៈ​អស់​រដូវ​បុរស​ផ្តល់​រោគ​សញ្ញា​ដូចម្តេច​ខ្លះ?ដោយ​និយាយ​តែ​ពី​ករណី​បុរស​មាន​សុខភាព​ធម្មតា​គ្មាន​ជំងឺ​ជាប់​ក្នុង​ខ្លួន អាការៈ​សញ្ញា​របស់​បុរស​អស់​រដូវ​អង់ដ្រូប៉ូស្ស មាន​ប្រហាក់ប្រហែល​នឹង​ស្ត្រី​អស់​រដូវដែរ។ អាការៈ​រោគ​ទាំង​នោះ​មាន​ដូច​ជា ធ្លាក់​កម្លាំង ថយ​ថាមពលចេះ​ចង់​សម្រាក​ថ្ងៃ​ ខ្លះ​ប្តូរ​ផ្លាស់​ឥរិយាបថ និង​អត្តចរិក ក្លាយ​ជាមនុស្ស​ឆាប់​ខឹង ចេះ​ខូច​​ចិត្តបែប​បាក់​ទឹក​ចិត្ត​ផង និង​អាច​មាន​វិបត្តិ​ដំណេក​ទៀត។ ស្រកសាច់​ដុំ លែង​សូវ​មាន​រោមពុកមាត់​ពុកចង្កា ឬ​ ក្បាល​ឡើង​ឆក ឡើង​ទំពែក ស្បែកក៏​​ឡើង​ស្រអាប់ ស្ងួត តែ​សម្បូរ​ខ្លាញ់​អាក្រក់ ទៅ​ស្តុក​ផ្តុំ​នៅ​ម្តុំ​ពោះធ្វើ​ឱ្យ​ដុះ​ក្បាល​ពោះ​។ ចេះ​​ក្តៅ​ឆួល​ បែក​ញើស​នៅពេល​យប់​ ខ្សោយ​សមត្ថភាព​ផ្លូវភេទ លែង​សូវ​មានតណ្ហា ​ចំណង់​រួម​រក្សកាន់​តែ​រង្វើល ពងស្វាស​ចុះ​តូច​ជាង​មុន ប្រដាប់​ភេទ(លិង្គ)​លែង​សូវ​បះខឹង ឬ​បើ​ខឹង​ក៏​លែង​សូវ​រឹង។ ខ្លះ​ចាប់​មាន​អាការៈ​ឈឺ​ឆ្អឹង​ឆ្អែង ព្រោះ​តែអាច​មាន​​ជំងឺ​ពុក-ស្ពោត​ឆ្អឹង​ ... ទាំងអស់​នេះ​សុទ្ធ​សឹង​ជា​អាការៈដែល​​បុរសមាន​វិបត្តិ​អង់ដ្រូប៉ូស្ស អាច​ជួប​ប្រទះ។អាការៈ​សញ្ញា​អង់ដ្រូប៉ូស្ស​មាន​ច្រើន និង​ខុស​គ្នា​ពី​មនុស្សម្នាក់ទៅមនុស្សម្នាក់​ទៀត តែ​បុរស​ភាគ​ច្រើន​ចាប់អារម្មណ៍​ខ្វល់​គិត​គូរ​អំពី​សុខភាព​របស់​ខ្លួន នៅ​ពេល​លែង​សូវ​មាន​សមត្ថភាព​រួម​រក្ស​ប៉ុណ្ណោះ។ ព្យាបាល​តែ​បញ្ហា​លិង្គ​ខ្សោយ​មួយ​មុខ​មិន​គ្រប់​គ្រាន់​ទេ​ និង​មិន​ត្រឹម​ត្រូវ​ទេ។ ត្រូវ​ព្យាបាល​បញ្ហា​សុខភាពជាលក្ខណៈ​ទូទៅ​ ដោយមិន​មើល​ស្រាល​​ផ្នែក​ណាមួយ​ឡើយ។​តើ​គេ​អាច​ការពារ​និង​ព្យាបាល​អាការៈ​អស់​រដូវ​បុរស?បុរស​មាន​សំណាង​ជាង​ស្ត្រី​ខ្លាំងណាស់។ ប្រសិន​បើបុរស​ពិត​ជា​កំពុង​ឆ្លង​កាត់​​​វិបត្តិ​អង់ដ្រូប៉ូស្ស​មែន នោះបុរសៗ​អាច​រក​​ដំណោះស្រាយ​និង​វិធីការពារ​បាន​ ប្រកប​ដោយ​ប្រសិទ្ធភាព​ទៀត។ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​កំណត់​ថា​ជា​រោគ​អស់​រដូវ​បុរស គ្រូពេទ្យ​អាច​វិភាគពិនិត្យ​មើលបរិមាណ​​អ័រមូន​តេស្តូស្តេរ៉ូន​ថា​សម​មាត្រ​ទៅ​តាម​វ័យ​(អាយុ)​ដែរឬទេ។ បើ​ថ្លឹង​ថ្លែង​ទៅ​ឃើញ​ថា​ខ្វះ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឱ្យ​ប្រើថ្នាំ​បំប៉ន​​អ័រមូន​តេស្តូស្តេរ៉ូន​ ដោយ​អាច​បូក​បន្ថែម​ថ្នាំ​ព្យាបាលដំណើរការ​មិន​​​ប្រក្រតីនៃ​សមត្ថភាព​រួម​ភេទ​។ មុន​នឹង​ទទួល​ការ​ព្យាបាល​ដោយ​អ័រមូន​ណាមួយ​ អ្នក​ត្រូវ​ធានា​និង​ត្រួត​ពិនិត្យ​សុខភាព​ទូទៅ ពង​ស្វាស ប្រូស្តាត​ ព្រោះ​​តេស្តូស្តេរ៉ូនច្រើន​ អាច​ទៅ​បង្កើន​គ្រោះ​ហានិភ័យ​ផ្សេង​ទៀត ដូច​ជា​ទៅ​ពង្រីក​​ប្រូស្តាត​ឬ​នាំ​ឱ្យ​មាន​ជំងឺ​មហារីកប្រូស្តាត។ប្រកាន់​យកអនាម័យ​ល្អ​ក្នុង​ការ​រស់​នៅ ដោយ​ចៀសវាង​ការ​ទទួល​ទាន​អាហារ​ខ្លាញ់​ច្រើន ផ្អែម​ជ្រុល ប្រៃខ្លាំង។ បញ្ឈប់​ការ​ជក់​បារី និង​បន្ថយ​ជាតិ​​សុរា ហើយ​បង្កើន​ចលនា​ធ្វើ​លំហាត់​ប្រាណ ឱ្យ​បាន​ជាប់​ជា​ប្រចាំ​​ នឹង​ជួយ​ពង្រឹង​សាច់​ដុំ ទ្រទ្រង់​កំរិត​អ័រមូន​តេស្តូស្តេរ៉ូន នោះ​អស់​លោក​ជា​សុភាព​បុរស​ទាំងឡាយ​នឹង​រឹង​មាំ​មាន​សុខភាព​ល្អ​ប្រសើរ​យូរ​អង្វែងទៅ៕
24/04/20248 minutes, 11 secondes
Episode Artwork

តើការ​ជក់​​កញ្ឆា​ប៉ះពាល់​ដល់សុខភាព​​ខួរក្បាល​និង​ផ្លូវ​ចិត្ត​យ៉ាងណាខ្លះ?

អាល្លឺម៉ង់ជា​ប្រទេស​ដ៏​ធំ​ជាង​គេ ដំបូងបង្អស់​​នៅ​អឺរ៉ុប​ដែល​អនុវត្ត​ច្បាប់​សេរី​និយម​ អនុញ្ញាត​ឱ្យ​ជក់​ ទិញ កញ្ឆា​តាមទីសាធារណៈ និង​ដាំ​កញ្ឆា​នៅ​តាម​ផ្ទះ ដើម្បីជាការ​​កំសាន្ត​លំហែចិត្ត។ ប៉ុន្តែ​កញ្ឆា​ជា​គ្រឿង​ញៀន​​មួយ​ប្រភេទ​ដែល​ល្បី​ខាង​ធ្វើ​ឱ្យ​ខូច​ខួរក្បាល​​ និង​ផលវិបាក​ជា​ច្រើន​ផ្សេង​ទៀតណាស់​ចំពោះ​សង្គម​និង​សុខភាព។ នេះ​ជា​ឱកាស​បូក​សរុប​ឡើង​វិញ​អំពី​ផល​ប៉ះពាល់​នៃ​កញ្ឆា​ចំពោះ​សុខភាព​។ បន្ទាប់ពី​ប្រទេស​ម៉ាល់ត៍ នៅ​ឆ្នាំ​២០២១ លុចសំបួរ​នៅឆ្នាំ២០២៣ ចាប់​ពី​ថ្ងៃទី​១​មេសា​២០២៤មក ប្រជាពលរដ្ឋ​អាល្លឺម៉ង់​ពេញ​វ័យ​អាយុ​ចាប់​១៨​ឆ្នាំ​ឡើង​ទៅ ក៏​អាច​ជក់ អាច​មាន​កញ្ឆា​ក្នុង​ហោបៅ​ចំនួន​​២៥​ក្រាម​ បាន​ដែរ​ នៅ​តាមទី​សាធារណៈ និងដល់​ទៅ​៥០ក្រាម​​ទុក​នៅក្នុង​ផ្ទះ ព្រមទាំង​អាច​​ដាំ​កញ្ឆានៅ​តាម​យ៉​ផ្ទះ​របស់​ខ្លួន​បាន​ដល់​ទៅ​បី​ដើមទៀត​ផង។ នេះ​ជា​លទ្ធផល​​នៃ​ការ​ធ្វើ​កំណែទម្រង់​ច្បាប់​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ព្រម​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ប្រើ​កញ្ឆាកំសាន្ត​​ដោយ​ស្រប​ច្បាប់។ជា​ការ​​ទន្ទឹង​រង់​ចាំ​បំផុតសម្រាប់​អ្នកធ្លាប់​និង​ចង់​ប្រើប្រាស់​កញ្ឆា ​តែទន្ទឹម​គ្នា​នេះ​ ​ក្តី​ព្រួយ​បារម្ភ​ក៏កើត​​មាន​ច្រើន​ខ្លាំង​ដែរ​ក្នុង​រង្វង់​អ្នក​ជំនាញសុខាភិបាល និង​មតិសាធារណៈ​ទូទៅ។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​ព្រួយ​បារម្ភ​ចំពោះ​បើក​ផ្លូវ​ឱ្យ​ប្រើកញ្ឆា​ជា​សាធារណៈ?តើ​កញ្ឆា​ជា​អ្វី​?​កញ្ឆា​ជា​រុក្ខជាតិ​ម្យ៉ាង ងាយ​ដាំ ងាយ​ដុះ និង​មាន​ផ្ទុក​សារធាតុ​ពុល ឬ ម៉ូលេគុល សំខាន់​មួយ មាន​ឈ្មោះ​ថា Tetrahydrocannabinol ហៅ​កាត់ THC ដែល​ជា​ភ្នាក់ងារ​ទទួល​ខុស​ត្រូវ​បង្ក​ឥទ្ធិពលអាក្រក់​​លើ​ប្រព័ន្ធ​ប្រសាទ ដោយ​អាច​ធ្វើ​ឱ្យ​អ្នក​ជក់​បាត់​បង់វិចារណ​ញ្ញាណ​ ងាយ​ច្របូក​ច្របល់​ ក្នុង​បរិស្ថាន ក្នុង​ពេលវេលា និង​ទីកន្លែង។ កញ្ឆា​​ត្រូវ​បាន​គេ​ចាត់​បញ្ចូលជា​​គ្រឿង​ញៀនមួយ។ កំហាប់​របស់​កញ្ឆា ប្រែប្រួល​ទៅ​តាម​របៀប​ផ្សំ​ធ្វើ និង​ទៅ​តាម តំបន់​នៃ​ការ​ដាំដុះ។ ក្រោយ​ពី​បាន​កែច្នៃ សម្ងួត ឬ បំប្លែង​ឱ្យ​ចេញ​ជា​សណ្ឋាន​ផ្សេង​គ្នា​មក រុក្ខជាតិ​កញ្ឆា ត្រូវបាន​អ្នក​ប្រើប្រាស់​ដាក់​ឈ្មោះ​ប្លែកៗ​គ្នា ទៅ​តាម​ទម្រង់។ បើ​ជា​ស្លឹកនិង​ធាងសម្ងួត គេ​ច្រើន​និយម ហៅ​ថា ស្មៅ Herbe។ ចំណែក​ឯ​ជ័រ​របស់​វា​ ដែល​ខ្ចប់​ជា​បន្ទះ ឬ​ទ្រវែង មាន​ពណ៌បៃតង ត្នោត ឬ​លឿងវិញ មាន​ឈ្មោះ​ថា Haschich ឬ hachis hash។ កញ្ឆា​ទាំងពីរ​ប្រភេទ​នេះ ត្រូវ​បានគេ​យក​មក​លាយ​ជក់​ជាមួយ​នឹង​បារី។ ជា​ចុង​ក្រោយ​គឺ​ប្រេង​កញ្ឆា ដែល​គេ​ច្រើន​ជក់​ក្នុង​ខ្សៀ ប៉ុន្តែ​ពុំ​សូវ​មាន​ធ្វើ​ចរាចរណ៍​ច្រើន​ទេ។តើ​កញ្ឆា​ផ្តល់​ភាព​ញៀន​ខ្លាំង​កំរិតណា?តាំងពី​មាន​ការ​បែង​ចែក ច្បាប់​ទាក់ទង​នឹង​បញ្ហា​គ្រឿង​ញៀន​នៅ សតវត្ស​ទី២០​មក កញ្ឆា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គ្រឿង​ញៀន​ខ្សោយ ឬ អាច​និយាយ​ផ្ទុយ​មក​វិញ​បាន​ថា បើ​គេ​ប្រើ​ពាក្យ គ្រឿង​ញៀន​ខ្សោយ​នោះ​គឺ​គេ​និយាយ​សំដៅ​លើ​កញ្ឆា​ហើយ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ គ្រូពេទ្យ​ជាច្រើន​យល់​ថា កញ្ឆា​មិនមែន​ជា​គ្រឿង​ញៀន​ខ្សោយ ដូច​ដែល​គេ​បាន​គិត​ពី​មុននោះ​ទេ ការ​ពិត​កញ្ឆា​ជា​គ្រឿង​ញៀន ដែល​មាន​ប្រតិកម្ម​យឺតប៉ុណ្ណោះ។ នៅ​ពេល​បាន​ចូល​ជ្រាប​ដល់​ក្នុង​សារពាង្គកាយ​មនុស្ស​ណា​ហើយ មនុស្ស​នោះ​ត្រូវ​ការពេល​វេលា​យូរ​ណាស់​សម្រាប់បំផ្លាញ​សារធាតុពុលញៀន​ THC​របស់​កញ្ឆា​នេះ​វិញ។ខុស​ពី​ជំនឿ​ដែល​មាន​កន្លង​មក ហានិភ័យធា្លក់​ខ្លួន​​ញៀន​ដោយ​កញ្ឆា ទាប​ជាងជក់​​បារី និង​សុរា (គ្រឿង​ស្រវឹង)ទេ។ ដើម្បី​ប្រៀបធៀប និ​ង​បើ​គិត​ជា​តួលេខ ហានិភ័យ​ញៀន​កញ្ឆា​មាន​កំរិត​ប្រមាណ​១០% ឯ​ការ​ជក់​បារី មាន​ជាតិ​នីកូទីន មាន​ហានិភ័យ​ញៀន​ដល់​ទៅ​៣៥% និង​១៧%​សម្រាប់​ការ​ជក់​អាភៀន និង​១៥%​សម្រាប់​អ្នក​ផឹក​ស្រា។ គ្រាន់​តែ​ថា​ អ្នកជក់​កញ្ឆា​ខ្លះ​អាច​អភិវឌ្ឍ​ភាព​ញៀន​​ខ្លាំង​មែនទែន​តែម្តង។កញ្ឆា​ធ្វើ​​មនុស្ស​កើត​រោគ​រវើរវាយដូចវិកលចរិក​មែនឬ?ថ្វី​បើ​កញ្ឆា​ត្រូវ​បាន​វេជ្ជសាស្ត្រ​យក​មក​ប្រើ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​មួយ​ចំនួន​មែន ប៉ុន្តែ​កញ្ឆា​ជាប់​ឈ្មោះ​អាក្រក់ ថាអាច​​​ធ្វើ​ឱ្យ​មនុស្ស​ឆ្កួត ខូច​ខួរក្បាល​ មាន​រោគ​ចិត្ត​ដូច​កើត​រោគរវើរវាយឬ​​បាក់ទឹកចិត្ត។ ការ​អះអាង​បែប​នេះមិន​ខុស​ទាំង​ស្រុង​ទេ។ កញ្ឆាមិនមែន​ជា​មូលហេតុ​ផ្ទាល់​នាំឱ្យ​​មាន​រោគ​ឆ្កួត​ទេ។ ​​គ្រប់​អ្នក​ជក់​មិនសុទ្ធ​តែ​ធ្លាក់​ខ្លួន​ឈឺកើត​រោគ​រវើរវាយឡើយ​ តែ​សម្រាប់អ្នក​មាន​សុខភាព​ទន់​ខ្សោយ​ ងាយ​រងគ្រោះ មាន​ស្នាម​ស្រេច មាន​ប្រព័ន្ធ​​កោសិការងាយ​ទទួល​សារធាតុ​ញៀន ​កញ្ឆា​ជាអ្នក​ជួយ​រុញ​ឱ្យ​​ធ្លាក់​ខ្លួន​មាន​ជំងឺ​ប៉ះពាល់​នឹង​ផ្លូវ​ចិត្ត ​រវើរវាយ​ណាស់ ក្រោយ​ពី​បានជក់​កញ្ឆាហើយ។បញ្ហា​ដ៏​ធំ​របស់​កញ្ឆា​មួយ​ទៀត ពេល​ជាតិ​កញ្ឆាជ្រាប​ចូល​ក្នុង​ខ្លួន​ភ្លាម អ្នក​ជក់​មាន​អារម្មណ៍​រីករាយ ទន់ភ្លន់ រួសរាយ​ខុស​ធម្មតា និង​សើច​សប្បាយ​ណាស់។​​ ប៉ុន្តែប៉ុន្មាន​ម៉ោង​ក្រោយ​មក ជាតិ​ពុល​កញ្ឆា​នឹង​ធ្វើ​សកម្មភាព​លើ​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ។ កញ្ឆា​ ​គឺ​វា​ជា​ភ្នាក់ងារ​ទៅ​ពន្យឺត​សកម្មភាព​របស់កោសិកា​​ប្រព័ន្ធ​សរសៃ​ប្រសាទនឺរ៉ូន មិន​ឱ្យ​​ស្វាហាប់​ក្នុង​ការបញ្ជូន​ព័ត៌មាន​ប្រទាក់ភ្ជាប់គ្នា​ពី​កោសិកា​ខួរក្បាល​មួយ​ទៅកោសិកាមួយ​ ប្រកប​ដោយ​ភាព​រស់​រវើក​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាការ​​ជក់​កញ្ឆា​អាច​នឹងពន្យឺត​ភាព​រវៀស និង​សតិអារម្មណ៍​​របស់មនុស្ស។ បើសម្រាប់​​អ្នក​ជក់​ជា​ក្មេង​ ក្នុង​វ័យ​ដែល​ខួរក្បាល​កំពុង​លូត​លាស់ ក្រោម​អាយុ​២៥​ឆ្នាំ វិញ ​កញ្ឆាជះ​ឥទ្ធិពលអាក្រក់​លើ​ខួរ​ក្បាល​​របស់ពួកគេ​ខ្លាំងណាស់​ ព្រោះ​នៅ​ពេលកោសិកា​នៃ​​សរសៃ​ប្រសាទ​ស្ពឹក​ស្រពន់​ ខួរក្បាលក៏​ដើរ​យឺត​ទៅ​តាម​នោះ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្មេង​ឆាប់បាត់​បង់​ឆន្ទៈ ស្ទក់និង​រៀន​មិន​ចេះ។​កញ្ឆា​មិន​អាច​ជួយ​ឱ្យ​គេង​លក់​ស្រួល​ទេ! ថ្វីបើ​សារធាតុ​កញ្ឆា​មាន​ឥទ្ធិពល​បែប​សំដំ​មែន ប៉ុន្តែ​វា​ក៏​អាចមាន​សកម្មភាព​​ដាស់​ភ្ញោច​ដែរ សម្រាប់​មនុស្ស​ខ្លះ។ និយាយ​ឱ្យ​ចំ អ្នក​​ជក់​កញ្ឆា​​ជា​ប្រចាំ​ រាល់​ថ្ងៃ ងាយ​ធ្លាក់​ខ្លួន​មាន​វិបត្តិ​ដំណេក​ជា​អ្នក​ដែល​មិន​ប៉ះពាល់​កញ្ឆា​សោះ។កញ្ឆា​បង្កើន​គ្រោះ​កើត​ជំងឺ​មហារីក? កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះទៅទៀត កញ្ឆា​អាច​បង្កើន​គ្រោះ​កើត​ជំងឺ​មហារីក​ខ្លះ ជាពិសេស​គឺ​ជំងឺ​ហារីក​ពងស្វាស ព្រោះ​នៅក្នុងសរីរាង្គ​នេះ​មាន​កោសិកា​ចាំ​ចាប់ស្រូប​យក​​សារធាតុ​ពុល​របស់​កញ្ឆា។ ការ​សិក្សា​ផ្សេង​ទៀត​ បាន​លើក​ឡើង​អំពី​លទ្ធភាពបង្កើន​​​ហានិភ័យ​កើត​ជំងឺ​មហារីក​ប្រូស្តាត កស្បូន ឬ​ខួរក្បាល​ផង។កញ្ឆា​ជា​សត្រូវ​ធំ​បំផុត​របស់​​សួត​ខ្លាំង​បំផុត។ ​​កញ្ឆា​មួយដើម បំពុល​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​ ស្មើ​នឹង​ជក់​បារី​ពី​៦​ទៅ​២០ដើម។ ដូច្នេះសួត​និង​ប្រព័ន្ធ​​ផ្លូវ​ដង្ហើម​ច្បាស់​ឆាប់​ចុះ​ខ្សោយ ហើយ​ងាយ​ជួប​គ្រោះ​ធ្លុះ​សួត​ទៀត។ ករណី​នេះ​​គេ​ឃើញ​កើត​មាន​ជា​ញឹក​ញាប់​លើ​ក្មេង​ជក់​កញ្ឆា។ ឯ​គ្រោះ​ហានិភ័យ​ធ្លាក់​ខ្លួន​មាន​ជំងឺ​មហារីក​សួត​ច្បាស់​ជា​កើន​ខ្ពស់​ខ្លាំង​ណាស់ដែរ បើ​យោល​ទៅ​លើ​កម្លាំង​បំពុល​របស់​ផ្សែង​កញ្ឆាចំពោះ​សួត។ បើ​តាមការ​សិក្សា​ចុងក្រោយ​បង្ហាញ​ថា ជក់​កញ្ឆា​មួយ​ដើម​ក្នុង​មួយ​ថ្ងៃ រយៈ​ពេល​១០​ឆ្នាំ ឬ​ពីរ​ដើម​ក្នុង​មួយ​ថ្ងៃ​រយៈ​ពេល​៥​ឆ្នាំ បង្កើន​គ្រោះ​កើត​ជំងឺ​មហារីក​សួត ៥,៧​ដង​លើស​អ្នក​អត់​ដែល​ជក់​សោះ។ ហានិភ័យ​កើត​មហារីក​កើន​ឡើង​កំរិត​៨%​ក្នុង​មួយឆ្នាំ៕
19/04/20247 minutes, 7 secondes
Episode Artwork

សារធាតុ​រ៉ែ​ដែក​មាន​សារៈ​សំខាន់​យ៉ាង​ណា​សម្រាប់​សរីរាង្គកាយ?

​​មនុស្ស​យើង​ម្នាក់ៗ​មាន​ផ្ទុក​ជាតិ​រ៉ែ​ដែក​ក្នុង​ខ្លួនតិច​តួច​បំផុត គឺ​​ប្រមាណតែ ​​៤ក្រាម។ ប៉ុន្តែ​​​ ជាតិដែក​​ជា​សារធាតុចិញ្ចឹម ​ដែលសរីរាង្គ​កាយ​​មិន​អាច​ខ្វះ​បានទេ និង​ក៏​​មិន​ត្រូវ​ឱ្យ​មាន​ច្រើន​ជ្រុលឡើយ។ បើ​ខ្វះជាតិ​ដែក មនុស្ស​​​អាច​នឹង​មាន​អាការៈ​ខ្វះ​ឈាម ស្លេក​ស្លាំង អស់​កម្លាំង​ ធីងធោង​។ តែ​បើ​មាន​ជាតិ​ដែក​ច្រើន​ជ្រុល​ ​វាក៏​អាច​បង្ក​ឱ្យ​មាន​បញ្ហា​អស់​កម្លាំង ឈឺ​ចុក​ចាប់​នៅ​សន្លាក់ ឬអាច​ធ្វើ​ឱ្យ​ខូច​ដល់​ថ្លើម​ និង​តម្រង​នោម​ទៀត។ តើ​រ៉ែ​ដែក​មាន​តួនាទី​ និង​សារៈ​សំខាន់​យ៉ាង​ខ្លះ​សម្រាប់​សុខភាពសរីរាង្គកាយ? សារធាតុ​ខ្លះ​មាន​ចំនួន​តិច​តួច​ ស្ទើរ​គ្មាន​ទម្ងន់​សោះ​ក្នុង​សរីរាង្គ​មនុស្ស ​ប៉ុន្តែ​មាន​តួនាទី​គន្លឹះ​ និង​មិន​អាច​ខ្វះ​បាន​ទេ​សម្រាប់​ទ្រទ្រង់​ឱ្យ​មាន​សុខភាព​ល្អ។ នោះ​គឺ​សារធាតុ​រ៉ែ។ សារជាតិ​រ៉ែមាន​​ជា​ច្រើន​មុខណាស់ តែ​នៅថ្ងៃ​នេះ ​កម្មវិធី​សុខភាព​សូម​លើក​មក​និយាយ​តែ​អំពី​​សារធាតុ​រ៉ែ​ដែកមួយ​ទេ។ ជាតិ​​​​ដែកដ៏​​ចាំបាច់​ ត្រូវ​មាន​កំរិត​រង្វាស់​ដ៏​ត្រឹម​ត្រូវ​បំផុត​ មិន​ឱ្យត្រូវ​ឱ្យ​លើស​ឬ​ខ្វះ​បានឡើយ។សរីរាង្គកាយ​មនុស្សធំ​ពេញ​វ័យ​ម្នាក់ៗមាន​ផ្ទុក​៣,៥​ទៅ៥​មីល្លីក្រាម​ក្នុង​មួយ​គីឡូក្រាម ឬសរុបទៅ​​ ​ត្រូវ​ជាប្រមាណតែ​៤​ក្រាម​ប៉ុណ្ណោះ។ តិចតួច​មែន ប៉ុន្តែ​បើ​ខ្វះបន្តិច​ មនុស្ស​​​អាច​នឹង​មាន​អាការៈអស់​កម្លាំង​ ធីងធោង ​ខ្វះ​ឈាម ស្លេក​ស្លាំង ហើយ​បើ​មាន​ច្រើន​​ជ្រុល​ ​វាក៏​អាច​បង្ក​ឱ្យ​មាន​បញ្ហា​អស់​កម្លាំង ឈឺ​ចុក​ចាប់​នៅ​សន្លាក់ និង​ចុងក្រោយ​អាច​ធ្វើ​ឱ្យ​ខូច​ដល់​ថ្លើម​ និង​តម្រង​នោម​ទៀត។តើ​សារធាតុ​រ៉ែ​ដែក​មាន​តួនាទី​ក្នុង​សរីរាង្គ​កាយ​មនុស្ស​យ៉ាង​ណាខ្លះ?ដែក​ជា​សារធាតុ​រ៉ែដ៏​ចាំ​បាច់​ដែល​មាន​តួនាទី​ដំបូង​គេ​គឺ​ផលិត​គ្រាប់​ឈាម​ក្រហម Globule rouge សម្រាប់​ពាំនាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​កោសិកានានា​របស់​សរីរាង្គកាយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ផលវិបាក​ទីមួយ​នៃ​ការ​ខ្វះ​ជាតិ​ដែក​ នឹង​ធ្វើ​ឱ្យ​មានកង្វះ​គ្រាប់​ឈាម​ក្រហម ឬ​ហៅ​ថា​ជំងឺ​ស្លេក​ស្លាំង​ ខ្វះ​ឈាមក្រហម​។ ដូច្នេះ​ខ្វះ​ជាតិ​ដែក​អាច​ជា​ដើម​ហេតុ​មួយ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម។ តួនាទី​ធំ​ចម្បង​ជា​អ្នក​ផលិត​គ្រាប់​ឈាម​ក្រហម​មែន​ហើយ ​តែ​សារធាតុ​រ៉ែដែក​ក៏​ជា​អ្នក​ចូល​រួម​ចំណែក​ទ្រទ្រង់​ការ​លូត​លាស់​របស់​សរីរាង្គ​ផ្សេងៗ​ទៀតដូច​ជា សាច់​ដុំ ខួរក្បាល ឬ​បេះដូង ។ល។ និង​។ល។ ព្រមទាំង​បញ្ញាញាណ​របស់​ក្មេង។​ស្ត្រី​និង​បុរស​ត្រូវការ​ជាតិ​ដែក​មិន​ដូច​គ្នា។ អាស្រ័យ​ទៅ​តាម​​វ័យ ​ស្ត្រី​អាច​ត្រូវការ​ជាតិ​ដែក​ច្រើន​ជាង​បុរស ដូច​ជា​នៅ​ពេល​ចាប់​ពេញ​វ័យ (ចូល​វ័យ​ក្រមុំ) ស្ត្រី​មាន​ធ្លាក់​រដូវ បាត់​បង់​ឈាម​​ជា​រៀង​រាល់​ខែ។ ដើម្បី​អាច​បំពេញ​នូវ​ការ​បាត់​បង់គ្រាប់​ឈាម​ក្រហម Globule Rouge ​ស្ត្រី​ត្រូវ​បង្កើនកំរិត​​ជាតិ​​ដែកឱ្យ​​ខ្ពស់។ រយៈ​ពេល​មាន​ផ្ទៃពោះ ក៏​ជា​ពេល​វេលា​ដែលស្ត្រីកាន់​តែ​ត្រូវ​ការរ៉ែដែក​ច្រើន​​​ លើស​ធម្មតាដែរ ដោយ​សរីរាង្គកាយ​​ត្រូវ​ការផលិត​គ្រាប់​ឈាម​ក្រហមសម្រាប់​យក​ទៅ​ចិញ្ចឹម​ម្តាយអ្នក​ពរពោះ​​ក៏ដូច​ជា​ទារក​ក្នុង​ផ្ទៃ។​​ ​ជាតិ​ដែក​សំខាន់​ខ្លាំង​សម្រាប់​ដំណើរការ​របស់​សរីរាង្គ តែ​ត្រូវ​ឱ្យ​មាន​រង្វាស់ដូស​យ៉ាង​ត្រឹម​ត្រូវ មិន​ច្រើន​ពេក​ និង​មិន​តិច​ពេក។ ការ​វិភាគ​ឈាម ជា​មធ្យោបាយ​ដ៏​សាមញ្ញ​ដើម្បី​វាស់​បរិមាណ​ជាតិ​ដែក ដែល​មាន​​នៅក្នុងចរន្ត​​ឈាម (ជាប្រូតេអ៊ីនដឹក​ជញ្ជូន​ជាតិ​ដែក​ទៅ​ឱ្យ​សរីរាង្គ​ឬ​ហៅ​ជា​ភាសា​បច្ចេកទេស​ថាTransferrine) និង​ជាតិ​ដែកជា​សារធាតុ​បម្រុង (Ferratine)។ការខ្វះ​ជាតិ​ដែក​ផ្តល់​ផលវិបាក​និង​រោគ​សញ្ញា​ដូចម្តេច​ខ្លះ?កង្វះ​ជាតិ​ដែក ជា​កង្វះ​អាហារូបត្ថម្ភ​ដែល​គេ​ជួប​ប្រទេស​ជា​ញឹក​ញាប់​ជាង​គេ។ ប៉ុន្តែ​កង្វះ​សារធាតុ​មួយ​មុខ​នេះ ច្រើន​តែ​កើត​ឡើង​ដោយ​ស្ងាត់ៗ ពុំ​មាន​រោគ​សញ្ញា​អ្វី​ជា​ជាក់​លាក់​ទេ​ នៅ​ពេល​ដំបូង។ សូម​ស្តាប់​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​ Laurent Frenzel គ្រូពេទ្យឯកទេស​ឈាម​និង​សន្លាក់​ និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​​មជ្ឈមណ្ឌល​ឈាម​នៅមន្ទីរ​ពេទ្យ​Necker Enfants malades ក្រុង​ប៉ារីស​ប្រទេស​បារាំង រៀប​រាប់​អំពី​រោគ​សញ្ញា​ខ្លះ​ ដែល​ដាស់​ស្មារតី​យើង​ឱ្យ​ចាប់​អារម្មណ៍​ដល់​បញ្ហា​ខ្វះ​ជាតិ​ដែក។លោក វេជ្ជបណ្ឌិត Laurent Frenzel៖ “គ្មាន​សញ្ញារោគ​ច្បាស់លាស់​បញ្ជាក់​អំពី​អាការៈ​ខ្វះជាតិ​ដែកទេ តែ​អាច​ជា​ការ​បាត់​បង់​រសជាតិ លែង​ឆ្ងាញ់​អាហារ​ ឬ​​ ជា​ការ​ជ្រុះ​សក់​ ដែល​ជា​ផលវិបាក​បង្ក​ឡើង​ការ​ខ្វះ​ជាតិ​ដែក។ ផលវិបាក​ដ៏​ចម្បង​មួយ​ទៀត​នៃ​ការ​ខ្វះ​ជាតិ​ដែក​នោះ​គឺការធ្លាក់​ចុះ​នៃ​បរិមាណ​គ្រាប់​ឈាម​ក្រហម​ ពោល​គឺ​ការ​លេច​ឡើង​នូវ​ជំងឺ​ខ្វះ​គ្រាប់ឈាម​ក្រហម។ គឺនៅពេល​ចាប់​មានជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ ទើប​រោគ​សញ្ញា​នឹង​ស្តែង​ចេញ​ឡើង ដូច​ជា​​ស្លេក​ស្លាំង អស់​កម្លាំង​ខ្លាំង ឆាប់​ហត់។ តែ​ទម្រាំឃើញ​​រោគ​សញ្ញាទាំង​អស់​​នេះ មាន​ន័យ​ថា​វេលា​បាន​កន្លង​ទៅ​អស់​យូរ​ក្រែលទៅ​ហើយ។ សរីរាង្គ​កាយទំនង​​ខ្វះ​ជាតិ​ដែកតាំងពី​ជា​ច្រើន​​សប្តាហ៍ ឬ​តាំងពី​រាប់​ខែ​មក​ហើយ ទើប​បាន​ដល់​ថ្នាក់មាន​អាការៈ​ជំងឺ​​​ខ្វះគ្រាប់​ឈាម​។ ទាល់​តែ​ខ្វះ​ជាតិ​ដែក​យូរ​ថ្ងៃ​ខែ​ បាន​បរិមាណ​គ្រាប់​ឈាម​ក្រហមចាប់​ធ្លាក់​ចុះ ហើយ​ស្តែង​ជា​ជំងឺ​ខ្វះ​គ្រាប់​ឈាម​បន្តិច​ម្តងៗ និង​ធ្ងន់ឡើងៗ​បើ​គ្មាន​ការ​ព្យាបាល​ឬ​​ការពាំនាំជាតិ​ដែក​មក​បំពេញកង្វះ​ខាត​ទេ។”នៅពេល​ចាប់​មាន​អាការៈ​ខ្វះ​ជាតិ​ដែក​ហើយ ការ​បំពេញវិញអាច​ត្រូវការ​ពេល​វេលា​យូរដែរ។ គេ​មិន​អាច​ប្រមូល​ជាតិ​ដែក​ចូល​ស្តុក​ក្នុង​សម្រាប់​ទំនុក​បម្រុង​ដល់​សរីរាង្គ​កាយ​វិញ​បាន​ ដូចប្រមូល​ទិញ​វត្ថុ​មក​ស្តុក​ក្នុង​ឃ្លាំង​បាន​ឡើយ។ ​ការ​បំពេញ​កង្វះ​ជាតិ​ដែកឱ្យ​សរីរាង្គកាយ​ ​អាចប្រើ​ពេល​ដល់​ទៅ​រាប់​ខែ។ យ៉ាង​ហោច​ណាស់​ក៏​បី​បួន​ខែដែរ​ក្រោយ​ពី​ការ​ចាប់​ផ្តើម​លេប​ថ្នាំ ព្យាបាល​ជំងឺ​ខ្វះ​ជាតិ​ដែក​។ គិត​គូរ​ឡើង​វិញ​ដល់​របប​អាហារ​ ជា​មធ្យោបាយ​ដ៏​ប្រពៃ​បំផុត​ សម្រាប់​ផ្តល់​លំនឹង​ជាតិ​ដែក​ឱ្យ​សរីរាង្គ​កាយ​វិញ។លោក វេជ្ជបណ្ឌិត Laurent Frenzel៖ “​អាហារ​​សម្បូរ​ជាតិ​ដែកជាង​គេ និង​ដែ​ល​សរីរាង្គ​ក្រពះពោះ​វៀន​​ ​ងាយ​ស្រូប​យក​បំផុត គឺ​​សាច់សត្វ សាច់​ក្រហម សាច់​គោ​​ សាច់​ចៀម សាច់​ជ្រូក និងត្រី។ ​បន្លែ​បៃតង បន្លែ​គ្រប់​មុខ ក៏​មាន​ផ្ទុក​​​ជាតិ​ដែកច្រើន​ដែរ តែ​ពិបាក​ស្រូប​យក​ ហើយ​ត្រូវ​បរិភោគ​ក្នុង​បរិមាណ​ដ៏​ច្រើន។ សាច់​ជា​ប្រភព​ផ្គត់ផ្គង់​ជាតិ​ដែក​ដ៏​ចម្បង​គេ។​ ក្នុង​ករណីភាគ​ច្រើន ការ​គិត​គូរ​មើល​របប​អាហារ​ឡើង​វិញឱ្យ​បាន​ត្រឹម​ត្រូវ​ អាចនឹង​គ្រប់​គ្រាន់​សម្រាប់​​ផ្តល់​លំនឹង​ ឬ​ដំឡើង​ជាតិ​ដែក​ហើយ។ ប៉ុន្តែ​ករណី​ខ្លះ ត្រូវ​លេប​ថ្នាំ​ ឬ​ប្រើ​ថ្នាំបំប៉ន​ ដើម្បី​ជួយ​ពាំនាំ​ជាតិ​ដែក។ ដូច្នេះ​គេ​​ចាំ​បាច់​ត្រូវ​តែ​ទៅ​ធ្វើ​តេស្ត​វិភាគ​ឈាម​ដើម្បី​បាន​ដឹង ​​អំពី​កំរិត​និង​បរិមាណ​ខ្វះ​ខាត​ជាតិ​ដែក​ឱ្យ​បាន​​ប្រាកដនិង​ជាក់លាក់ ដើម្បី​សម្រប​វិធី​ព្យាបាល​ការ​ខ្វះ​​ជាតិ​ដែក។ ឥលូវនេះ​​យើង​មាន​ថ្នាំព្យាបាល ថ្នាំ​បំប៉ន​​បន្ថែម​ប្រកប​ដោយ​ប្រសិទ្ធខ្ពស់​ គ្រាន់​តែ​វា​អាច​ផ្តល់​ផល​រំខាន​តិច​តូច​ដូច​ជាធ្វើ​ឱ្យ​ក្តៀន​ ឬ​លាមក​ឡើង​ខ្មៅ។ នេះ​ជា​ប្រការ​ធម្មតារបស់​ជាតិ​ដែក​ទេ។”តើ​ការ​សម្បូរ​ជាតិ​ដែក​ជ្រុល​បង្ក​ផលវិបាក​យ៉ាង​ណាខ្លះ?កង្វះ​ជាតិ​ដែក អាច​ជំរុញ​ឱ្យ​មនុស្ស​ធ្លាក់​ខ្លួន​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាម។ បើ​តាម​អង្គការ​សុខភាពពិភពលោក ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ជា​បញ្ហា​​សុខភាព​សាធារណៈដ៏​ធំ​មួយ ព្រោះ​វា​មាន​កើត​លើ​៤០%​នៃ​ទារក​និង​កុមារ​អាយុ​ពីខែ​ដល់​៥​ឆ្នាំ​ និង​៣០%​នៃ​ស្ត្រី​កំពុង​ពេញ​វ័យ​បន្ត​ពូជ នៅ​លើ​ពិភពលោក។ ​​ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ការ​លើស​ជាតិ​ដែក ក៏​មិន​ល្អ​សម្រាប់​សុខភាព​ឡើយ ហើយ​ថែម​ទាំង​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​ផ្សេង​ទៀត។ តើជា​ជំងឺ​អ្វី​ខ្លះទៅ? ​លោកវេជ្ជបណ្ឌិត Laurent Frenzel៖ “មាន​រ៉ែដែក​ច្រើន​ជ្រុល​ឬ​ហៅ​ជា​ភាសា​បច្ចេកទេស​ថា Hemochlomatose ជា​ជំងឺ​មានច្រើន​ប្រភេទ។ ខ្លះ​ជា​ជំងឺ​បង្ក​ឡើង​ដោយ​ហ្សែន (តពូជ) ដែល​ឃើញ​មាន​កើត​ឡើង​ច្រើន​នៅ​តំបន់​អឺរ៉ុប​ខាង​ជើង។ ជំងឺ​អេម៉ូក្លូម៉ាតូស្សខ្លះ​ទៀត បណ្តាល​មក​ពី​ការ​បញ្ចូល​ឈាម​ញយដង​ពេក។ ការ​បញ្ចូល​ឈាម​ពាំនាំ​ជាតិ​ដែក​មក​ជាមួយ​ច្រើន​ណាស់។ ហើយ​ក៏​អាច​បង្ក​ឱ្យ​មាន​ផលវិបាក​ច្រើន​ទៅ​តាម​នោះ​ដែរ។ ផលវិបាក​នៃ​ការ​ដែល​មាន​ជាតិ​ដែកច្រើន​ជ្រុល​​ក្នុង​សរីរាង្គកាយ​ គឺ​វា​អាច​ប៉ះពាល់​ដល់​សរីរាង្គ​មួយ​ចំនួន​ដូច​ជា និង​ជា​ពិសេស សរីរាង្គ​បេះ​ដូង និង​ថ្លើម​។ ថ្លើម​អាច​នឹង​ដំណើរការខុស​ប្រក្រតី ដោយ​អាច​ក្រិន ឬមាន​ជំងឺ​មហារីក​ថ្លើម​ផង​​ក្នុង​ករណី​ធ្ងន់ធ្ងរ​មែន​ទែន។ ឯ​ផលវិបាក​ចំពោះ​សរីរាង្គ​បេះ​ដូង​វិញ ការ​លើស​ជាតិ​ដែក​រ៉ាំរ៉ៃ​ យូរ​ទៅ​អាច​នឹង​ធ្វើ​មាន​បញ្ហា​ខ្សោយ​បេះ​ដូង​។ ខូច​លំពែង​ធ្វើ​ឱ្យ​មាន​ជំងឺទឹក​នោម​ផ្អែម។  អ៊ីចឹង​ហើយ​បាន​ជា​គ្រូពេទ្យ​ណែនាំ​ឱ្យ​មនុស្សគ្រប់​រូប​ គួរ​ទៅ​ពិនិត្យ​ឈាម​យ៉ាង​ហោច​ណាស់​ក៏​ម្តង​ក្នុង​ជីវិត ដើម្បី​ដឹង​អំពី​កំរិត​ជាតិ​ដែក​របស់​ខ្លួន ថា​លើស​ឬ​ខ្វះ។ បើ​​លទ្ធផល​នៃ​​ការ​វិភាគ​ឈាម​បង្ហាញ​ថា​កំរិត​ជាតិ​ដែកបម្រុង​Ferritine ​​ខ្ពស់ ឬច្រើន​​ជ្រុលហើយ ត្រូវ​តែ​ស្វែង​រក​មូលហេតុ​ឱ្យ​ស៊ីជម្រៅទៀត​ ថា​បណ្តាលមក​ពី អ្វី។”ដើម្បី​បញ្ចុះ​ជាតិកំរិត​Ferritine​​ (​ជាតិ​ដែក​បម្រុង)ដែល​ឡើង​ខ្ពស់​ខ្លាំង ដោយហេតុ​តែមាន​ឈាម​មាន​ជាតិ​ដែក​ខ្ពស់ គ្រូពេទ្យ​អាច​ព្យាបាល​ដោយ​បូមឈាមចេញ​ខ្លះ តែបើ​បណ្តាលមក​ពី​មូលហេតុ​ផ្សេង គេ​ត្រូវ​ព្យាបាល​ជំងឺ​ជា​ដើម​ហេតុ​នោះ។យ៉ាង​ណា​ក៏​ដោយ សូម​កុំ​ធ្វេស​ប្រហែស ព្រោះ​ដូច​បាន​ជម្រាប​ពី​ខាងដើម​ រ៉ែដែកជា​អាហារូបត្ថម្ភ​ ដែល​មាន​តួនាទីសំខាន់​​ច្រើន​យ៉ាង ដោយ​មិន​អាច​ខ្វះ និង​លើស​បាន​ទេ។ ខ្វះ​ក៏​នាំ​ឱ្យ​ឈឺ ​លើសក៏​ឈឺ។ លើស​ឬ​ខ្វះ ច្រើន​តែ​កើត​ឡើង​ដោយ​ស្ងាត់ តែបើ​មាន​រោគ​សញ្ញា គឺ​អាច​ជា​រោគ​សញ្ញា​ដូច​គ្នា ដូច​ជា​​ អស់​កម្លាំង ឈឺ​ចុក​ចាប់​នៅ​តាម​សន្លាក់-នៅ​ពោះ​ ឬ​វិលមុខជា​ដើម​។
11/04/20249 minutes, 7 secondes
Episode Artwork

កូឡាហ្សែន​ពិត​ជា​អាច​ជួយ​ធ្វើ​ឱ្យ​នៅ​ក្មេង​ជាង​វ័យ​មែនឬ?

ជា​គ្រាប់​ដូច​ថ្នាំ ជាម្សៅ​​អាហារ​បន្ថែម​ ជា​ឡេ​លាប​ស្បែក កូឡាហ្សែន​កំពុង​ពេញ​និយមខ្លាំង​ណាស់​នាពេល​បច្ចុប្បន្ន។ កូឡាហ្សែន​ដែ​ល​គេប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ពុកឆ្អឹងស្គាល់​តាំងពី​យូរ ត្រូវ​បាន​ឧស្សាហកម្ម​អួតអាង​អំពី​ប្រសិទ្ធភាព​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ភាព​ចាស់​ជីវជ្រួញ​របស់​ស្បែក​ទៀត។ តើ​កូឡាហ្សែន​ជា​អ្វី ? កូឡាហ្សែន​មាន​ឥទ្ធិពល​លើ​ស្បែក​ និង​ភាព​ក្មេង​របស់​មនុស្ស​យ៉ាងណា? ជួយ​ឱ្យ​នៅក្មេង​ជាង​វ័យ ជួយចិញ្ចឹម​​ស្បែកឱ្យ​តឹង​​ភ្លឺរលោង​ល្អ ឱ្យ​សក់​មាន​សំរិល ឱ្យ​ក្រចក​ដុះ​ល្អ​ ... ទាំង​នេះសុទ្ធសឹង​ជា​ពាក្យ​ឃោសនាផ្សាយ​ពាណិជ្ជកម្ម​អំពីគុណប្រយោជន៍​នៃ​ថ្នាំ​បំប៉ន​កូឡាហ្សែន ដែលមានផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​តាម​អ៊ីនធ័រនែត។ផលិតផល​មាន​ជាតិ​កូឡាហ្សែន​កំពុង​ក្លាយ​ជា​របស់​ពេញ​និយម​សម្រាប់​មនុស្ស​ទាន់​សម័យ​ទំនើប។ តើ​កូឡាហ្សែន​ជាអ្វី?កូឡាហ្សែន​ជា​ប្រូតេអ៊ីន​ដ៏​ចាំបាច់​សម្រាប់សរីរាង្គកាយ​មនុស្ស​ និង​មាន​នៅ​ក្នុង​គ្រប់​សរីរាង្គ​ទាំង​អស់ ៖ នៅក្នុង​ស្បែក សរសៃ សាច់ដុំ សន្លាក់ ឆ្អឹង។ ​ប្រូតេអ៊ីនកូឡាហ្សែនជា​​រចនា​សម្ព័ន្ធដ៏ចាំបាច់​របស់​ជាលិកានៃ​សរីរាង្គមនុស្ស​។ ​ជាមូលេគុលក្នុង​ទម្រង់​ជា​​សរសៃ​ប្រទាក់​​​ទ្រទ្រង់ ​ចងភ្ជាប់ភ្ជិតកោសិកាក្នុង​សរីរាង្គកាយ​ទាំង​មូល ទាំង​ផ្នែក​ខាង​ក្រៅ និង​ខាង​ក្នុង។​ បើ​សរសៃ​កូឡាហ្សែន ញឹក​ឆ្មារប្រទាក់​គ្នា​ខ្លាំង សាច់​ សរសៃ ឆ្អឹង សាច់​ដុំ​ និង​ជាលិកា​ផ្សេងទៀត​មួយ​ជំលៀសធំ ក៏​ជិត​ រឹង​មាំ តឹង​ណែន​ល្អ​ទៅ​តាម​នោះ។ ដូច​ពាក្យ​អ៊ីចឹង​ហើយ​បាន​គេ​ដាក់​ឈ្មោះ​កូឡាហ្សែន កុល មានន័យថា​បិទ​ភ្ជាប់ ជាភាសាបារាំង។​ ​កូឡាហ្សែន ជា​ប្រូតេអ៊ីន​ដ៏​ច្រើន​ជាង​គេ​បំផុត​នៅក្នុង​ខ្លួន​មនុស្ស មាន​ច្រើនប្រភេទ​ណាស់។ យ៉ាងហោច​ក៏​២៨ប្រភេទ​ដែរ។ ប្រភេទ​នីមួយ មាន​តូនាទី និង​ទីតាំង ព្រមទាំង​សកម្មភាព​ខុសគ្នាៗ។ ប៉ុន្តែ​គ្មាន​ប្រយោជន៍​អ្វី​​នឹង​រៀបរាប់​លម្អិត​​អំពី​ប្រភទេកូឡាហ្សែនទាំងជិត​៣០នោះមួយ​ម្តងៗ​ទេ ព្រោះ ៩០%​នៃ​កូឡាហ្សែន​ក្នុង​ខ្លួន​មនុស្ស​ជា​កូឡាហ្សែនប្រភេទទីមួយ ទីពីរ និង​ទីបី។ប្រភេទទីមួយ​មាន​នៅ​ក្នុង​ស្បែក​ សរសៃ និងឆ្អឹង ជាមួយ​នឹង​តួនាទី​ផ្សះផ្សាភ្ជិត និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ចាស់​របស់​ជាលិកា។ ប្រភេទ​ទីពីរ​មាន​នៅ​ត្រង់​ឆ្អឹង​ខ្ចី ដើម្បី​ទ្រទ្រង់​ចលនា​បត់​បែន​របស់​សន្លាក់។ ចំណែក​ប្រូតេអ៊ីន​កូឡាហ្សែន​នៅ​សាច់​ដុំ នៅ​តាម​សរីរាង្គនីមួយៗ និង​នៅ​តាមសរសៃ​ឈាម ជា​ប្រភេទ​ទីបី។កូឡាហ្សែនជាប្រូតេអ៊ីន​ធម្មជាតិ​ដែល​កើត​មាន​នៅ​ក្នុង​សរីរាង្គកាយ​មនុស្ស តាម​រយៈ​ការ​​ធ្វើ​សំយោគ​ពី​ចំណីអាហារ​។ តាំងពី​ក្មេង​និង​ក្នុង​វ័យ​កំពុង​លូត​លាស់ សរីរាង្គ​ផលិត​ជាតិ​កូឡាហ្សែនច្រើន​ខ្លាំងជាង​​​គេ​បំផុត។ ប៉ុន្តែ​ចាប់​ពី​អាយុ​២៥ឆ្នាំ​​ទៅ ការ​ផលិត​កូឡាហ្សែនតាម​ច្បាប់​​ធម្មជាតិរបស់​សរីរាង្គមនុស្ស​​ចាប់​ធ្លាក់​ចុះ។ បរិមាណ​កូឡាហ្សែន​ក្នុង​សរីរាង្គ​កាយ​ចាប់​ផ្តើម​ថយ​ ក្នុង​កំរិត​ជាមធ្យម​១,៥%​។ ​ចូល​ដល់​អាយុពី​៣០-៤០ឆ្នាំ និង​អាស្រ័យ​លើ​ពូជ​ព្រមទាំង​របៀបរបប​រស់​នៅផង ការ​បាត់​បង់​កូឡាហ្សែន​អាចជា​ការ​​ស្រក​ស្រុត​ដោយ​សន្សឹមៗ ​ឬអាចមាន​លក្ខណៈ​ជា​គំហុក ​ដែល​​ស្តែង​ឱ្យ​ឃើញ​នឹង​ភ្នែក ដូច​ជាការ​​ធ្លាក់​ខ្លួន​ចាស់ ចេញ​ស្នាម​ជ្រីវជ្រួញ​​នៅ​លើ​ស្បែក ឬ​ចាប់​ចេះ​មាន​អារម្មណ៍​ឈឺ​នៅ​តាម​សន្លាក់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ចាំបាច់​ត្រូវ​ចេះ​ថែរក្សា​ខ្លួន​ បំពេញ​បំប៉នធន​ធាន​កូឡាហ្សែន​ឱ្យ​បាន​ច្រើន​បំផុត​ក្នុង​វ័យ​កំពុង​លូត​លាស់​​ ដើម្បី​ជា​​ទុន​សុខភាព​សម្រាប់​ថ្ងៃក្រោយ និង​នៅ​ពេល​ចាស់​ទៅ។បើ​អ៊ីចឹង​តើត្រូវ​បំពេញ​ឱ្យ​សរីរាង្គកាយ​នូវជាតិ​ប្រូតេអ៊ីនកូឡាហ្សែន​បានយ៉ាងដូចម្តេច?ដូច​បាន​ជម្រាប​ពី​ខាង​ដើម កូឡាហ្សែន ជា​ប្រូតេអ៊ីន​ដែលមាន​នៅក្នុង​ខ្លួន​មនុស្ស តាមបែប​ធម្មជាតិ​​​។ ជា​អ្នកទ្រទ្រង់​រចនា​សម្ព័ន្ធ​ស្បែក សក់ សាច់ដុំ សរសៃ និង​ឆ្អឹង។ គឺ​កូឡាហ្សែន​ជា​អ្នក​ផ្តល់​ភាព​តឹងរលោង​​នៃ​ស្បែក មាន​ចំណែក​ការជួយ​ឱ្យ​មាន​ទន់ភ្លន់​ងាយបត់​បែន​ចលនា​នៅ​តាម​សន្លាក់ ឬ​ផ្តល់​ទម្ងន់និងភាពភ្លឺរលោង​ដល់សក់ និង​ ភាព​មាំហាប់​នៃ​សាច់ដុំ។ តែ​នៅ​ពេលណា​​បរិមាណកូឡាហ្សែន​ធម្មជាតិ​​ចាប់​ផ្តើម​ចុះ​ថយ​ មនុស្ស​ចាប់​ផ្តើម​មាន​ជំងឺ​ និង​មាន​​សញ្ញាស្បែក​ចាស់​​ជ្រីវជ្រួញ យារ​ ឬ​លែង​សូវ​ទន់​ភ្លន់។ ម្យ៉ាង​វិញ​ទៀត វា​ជា​កត្តា​សត្យានុម័ត កូឡាហ្សែន​ធម្មជាតិ​ក្នុង​ខ្លួន​មនុស្ស​ នឹង​ចុះ​ថយ​ជា​លំដាប់​ទៅ​តាម​វ័យ​។ដូច្នេះ​វា​ពិត​ជា​ឡូស៊ិក​ណាស់​ដែល​មនុស្ស​គ្រប់គ្នា​គិត​ឃើញ​ថា​ការ​​បរិភោគ ឬលេប​ថ្នាំ​បំប៉ន ឬ​លាប​​កូឡាហ្សែន​​អាចនឹង​​ទប់ស្កាត់​​ភាព​ចាស់ជរានៃ​ស្បែក​បាន។ដើម្បីសន្សំ​ប្រូតេអ៊ីន​កូឡាហ្សែន គ្មាន​អ្វីប្រសើរ​ជាង​ការ​ទទួល​ទាន​​ចំណីអាហារមាន​ផ្ទុក​និង​សម្បូរ​ទៅ​ដោយ​ជាតិ​កូឡាហ្សែន​ទេ។ អាហារ​ទាំងអស់​នោះ​គឺ ​អាច​ជាត្រី សាច់ ស៊ុត​ស តែ​សម្បូរ​ខ្លាំងជាង​គេ គឺ​ឆ្អឹង​គោ  ឆ្អឹង​ជ្រូក ឆ្អឹង​មាន់ (ជា​ឆ្អឹង​កន្ទុយ​ ឆ្អឹង​ចុងជើង ឬ​ឆ្អឹង​មាន​ខួរ​ដែល​រំងាស់យក​ជាតិ​ចេញយូរ​ទៅ​ឡើង​អន្ធិលៗ)។​ ចំណី​​អាហារ​​មាន​ផ្ទុក​សារជាតិ​អាស៊ីអាមីណេ​ និង​វីតាមីសេ​ ព្រមទាំង​អង់ទីអុកស៊ីដង់ ក៏​មាន​ចំណែក​ជួយបង្កើន​ប្រូតេអ៊ីន​កូឡាហ្សែន​បាន​​ច្រើនដែរ។ សូម​ចង​ចាំ​ថា កូឡាហ្សែន​ មាន​តែ​នៅ​ក្នុង​សាច់​សត្វ និង​គ្រឿង​សមុទ្ទ​ប៉ុណ្ណោះ​។​អាហារ​​បំប៉នកូឡាហ្សែនមាន​ប្រសិទ្ធភាព​យ៉ាងណា?ចូល​វ័យ​មួយ​ដែលសរីរាង្គកាយ​លែង​សូវ​ធ្វើ​សំយោគ​ចំណីអាហារ​យក​ជាតិ​កូឡាហ្សែន យើង​ទំនង​ជា​ត្រូវការ​ជំនួយ​បន្ថែម​ គឺ​អាហារ​​បំប៉នកូឡាហ្សែន។​ថ្នាំបំប៉នឬ​អាហារ​បំប៉ន​កូឡាហ្សែន ​មាន​ច្រើន​មុខ ​ច្រើន​ទម្រង់ណាស់ ខ្លះ​ជា​មាន​ទម្រង់​ជាគ្រាប់​​ដូច​ថ្នាំ​ពេទ្យ​ ខ្លះ​ជា​ម្សៅ ជា​ទឹក​ភេសជ្ជៈ ខ្លះ​ជា​ឡេ​សម្រាប់​លាប​លើ​ស្បែក ។ល។ និង​។ល។ ផលិតផល​ទាំងអស់​នោះ អាច​ផលិត​ចេញ​ពី​ជាតិ​សាច់ ជាតិ​គ្រឿង​សមុទ្ទ ពី​រុក្ខជាតិ ស្រដៀង​នឹង​កូឡាហ្សែន​ធម្មជាតិ ព្រមទាំងជាតិ​កូឡាហ្សែន​សិប្បនិម្មិត។ការសិក្សា​បែប​វិទ្យាសាស្ត្រ​បាន​បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃអាហារ​បំប៉នបន្ថែម។ ការសិក្សា​ចំនួន​១៩​ បាន​រក​​ឃើញ​ថា ​ថ្នាំបំប៉ន​កូឡាហ្សែនបាន​ជួយ​ឱ្យ​មាន​ភាព​ប្រសើរ​ច្រើន ដូច​ជា​ជួយ​បន្តឹង​ស្បែក ជួយ​​ឱ្យ​មាន​ទន់​ល្មើយ ជួយ​ឱ្យ​ស្បែក​មាន​ជាតិ​សំណើម​ល្អ និង​ថែមទាំង​អាច​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​បាន​ខ្លះ​ផង​​។ ការ​សិក្សា​ខ្លះទៀត បាន​លាត​ត្រដាង​ឱ្យ​ឃើញ ទៀត​ដែរ​ថា​​ភេជ្ជសៈ​មាន​ជាតិ​កូឡាហ្សែនច្រើន ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​​ជួយ​ស្បែក​ឱ្យ​មាន​គុណភាព​ល្អប្រសើរ​។ ផ្ទុយទៅ​វិញ ចំពោះ​សក់ ក្រចក​ ផលិតផល​មានប្រសិទ្ធភាព​​ស្តួច​ស្តើង​ណាស់។ ការ​សិក្សា​ទាំងនេះបានទទួល​ការ​ឧបត្ថម្ភ​ច្រើន​ជា​ចំបងពី​​ក្រុមហ៊ុន​ឧស្សាហកម្ម​កែសម្ផស្ស​។ និយាយ​ដូច្នេះ​មិនមែន​ថា​ លទ្ធផល​ស្រាវជ្រាវ​បាំង​បាត់​លទ្ធផល​​​វិទ្យាសាស្ត្រនោះ​ទេ តែ​របៀបផ្សព្វផ្សាយ​​ផ្តល់​ព័ត៌មាន​ទំនង​លើស​ពី​អ្វី​ជា​ ​វិទ្យាសាស្ត្រ។ គ្រប់លទ្ធផល​វិទ្យាសាស្ត្រ​មិន​សូវ​មាន​អំនួត ផ្នែកប្រសិទ្ធភាព​ខ្លាំងដ៏​​អស្ចារ្យ​ដូច​ខ្លឹម​សារ​​ផ្សាយ​ពាណិជ្ជកម្មឡើយ។ ហើយ​ផលិតផលអាហារ​បំប៉ន​ មួយភាគ​ធំទៀត មិន​ទាំងបាន​ឆ្លង​កាត់​ការ​វាយតម្លៃ​តាមបែបវិទ្យាសាស្ត្រ​ផង។អ្វី​ដែល​គួរ​ចង​ចាំ និង​ជា​ការ​ដាស់​ស្មារតី​ដល់​អ្នកប្រើប្រាសគ្រប់​រូប​ ផលិតផលអាហារ​បំប៉ន​នីមួយៗ​មិន​ដូច​គ្នា​ទេ ហើយ​មិន​សុទ្ធ​តែ​បរិសុទ្ធ​ល្អ​ត្រឹម​ត្រូវ​ឡើយ។ បើនិយាយ​អំពី​ហានិភ័យ​នៃ​អាហារ​បំប៉ន​វិញ ថ្នាំខ្លះ​អាច​ធ្វើ​ឱ្យ​មានបញ្ហាឈឺពោះ ពិបាក​​រំលាយ​នៅក្នុង​ក្រពះ សម្រាប់​អ្នកប្រើប្រាស់​ខ្លះ តែ​គ្មានការ​​សរសេរ​ប្រាប់​អំពី​គ្រោះថ្នាក់ និង​ភាព​អវិជ្ជមាន​អ្វី​ផ្សេង​ទៀត​ទេ។ ប៉ុន្តែ ! គេ​ពិត​ជា​មិន​អាច​ដឹង​បាន​ទេ អំពី​ផលវិបាក​នៃ​​ថ្នាំឬ​អាហារ​បំប៉ន សម្រាប់​រយៈ​ពេល​វែង​ទៅ​មុខ​យូរ ព្រោះ​គ្រប់អាហារបំប៉ន សុទ្ធ​តែ​មាន​ដាក់​សារធាតុ​គីមីបន្ថែម ខ្លះ​មាន​ផ្ទុក​សារធាតុ​រ៉ែ​ពិបាក​រំលាយ ជាពិសេស​សម្រាប់​ថ្នាំបំប៉ន​កូឡាហ្សែន​សមុទ្ទ ដែល​មិន​បាន​បន្សុទ្ធ​ ឬ​ជម្រះ​ជាតិពុល​ត្រឹម​ត្រូវ​។ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ហើយ​បើ​អ្នក​ចង់ លោកអ្នក​នៅ​តែអាច​ជ្រើសរើស​ទទួល​ទាន​អាហារ​បំប៉ន​កូឡាហ្សែន ឬ​ថ្នាំ​អាហារបំប៉នប្រភេទ​ផ្សេងៗ ដែលបញ្ចេញ​ផ្តល់​​​ប្រសិទ្ធភាព​​ក្នុង​រយៈ​ពេល​ខ្លី និង​ភ្លាមៗយ៉ាងជាក់​ស្តែង​ ដោយ​ជ្រើសរើស​តែ​ថ្នាំ​បំប៉នត្រូវ​តែ​មួយ​មុខ ជា​ពិសេស​ណាមួយ ហើយ​​ប្រើ​តែមួយ​មុខ ក្នុង​ពេល​តែ​មួយ និង​កុំ​ប្រើលាយ​ច្របល់​ជាមួយ​ផលិតផល​អាហារ​បំប៉ន​ផ្សេង​ទៀត។ ភ្នាក់ងារ​សុវត្ថិភាព​ចំណីអាហារ​និង​សុខភាព​បារាំង បាន​ផ្តល់​អនុសាសន៍​​ឱ្យ​អ្នកប្រើប្រាស់អាហារបំប៉ន​ កុំលេប​ថ្នាំ​នេះ​រយៈ​ពេល​វែង  ​ច្រើន​មុខចូល​គ្នា និងដដែលៗ​យូរពេក៕
13/03/20249 minutes, 30 secondes
Episode Artwork

តើប្រេង​កូឡាមាន​​ប្រសិទ្ធភាពយ៉ាងណា​ តាម​បែប​វិទ្យាសាស្ត្រ​?

តឹង​ច្រមុះ​ ឈឺក្បាល ឈឺ​ពោះ ចុក​ដៃ រួយ​ជើង រមាស់​ស្បែក មូសខាំ ... សូម​យក​ប្រេង​កូឡា​មក​លាប​ អ្នក​​នឹង​បាន​ធូរ​ស្បើយ​។ ទាំង​នេះ​ជា​កាយ​វិការ​និង​ជា​យោបល់ ​ដែល​ចាស់ៗមាន​ទម្លាប់​ណែនាំឱ្យ​ក្មេង​ៗ​ប្រើ។ តើ​ប្រេងកូឡា​ពិត​ជា​មាន​ប្រសិទ្ធភាព​មែនឬ? ចុះតើ​វិទ្យាសាស្ត្រ​ពន្យល់​អំពី​ប្រេងកូឡា​នេះ​យ៉ាងណា? ប្រេង​កូឡា​សញ្ញា​រូប​ស្វា ប្រេង​កូឡា​សញ្ញា​រូប​ខ្លា ប្រេង​កូឡា​សៀម ប្រេង​កូឡា​សាំងហ្កាពួរ តើ​លោក​អ្នក​ធ្លាប់​ប្រើ និង​ដឹង​អំពី​ប្រវត្តិ​ពិត ព្រមទាំង​ប្រសិទ្ធភាព​របស់​​ប្រេងកូឡា​ទេ? ​មាន​ឈ្មោះ​ជា​ប្រេងកូឡា ​​​ផលិតផលនេះ​ត្រូវ​បាន​​រក​ឃើញ​និង​ផ្សំ​ឡើង​ដោយ​គ្រូ​ឱសថបូរាណ​ចិន Aw Chu Kim រស់​នៅក្នុង​ប្រទេស​ភូមា កាលពី​ចុង​សតវត្សរ៍​ទី​១៩ (១៨៧០)។ ស្តេច​​ចិន​សម័យ​នោះ​ក៏​បាន​ប្រើ​ប្រេងកូឡានេះ​សម្រាប់​ព្យាបាល​រោគា​ស្រាល​ៗ​ជា​ច្រើន​មុខដែរ។ត្រូវ​បាន​បណ្តា​ជន​នៅអាស៊ី​ចាត់​ទុក​ជាឱសថ ប្រេងកូឡា​ឬ ​​ប្រេង​ខ្យល់ (ប្រេងកូឡា​ជា​វត្ថុរាវ) អាច​​ព្យាបាល និង​បន្ធូរ​បន្ថយ​​អាការៈ​ច្រើន​មុខណាស់។ ប្រេងកូឡា​ពណ៌​ក្រហម​ ខ្លាំង​ជាង​ប្រេង​កូឡា​ពណ៌​សធម្មតា ហើយ​ត្រូវ​នឹង​អាការៈ​រលាក គ្រេច​ថ្លោះ ឈឺសន្លាក់​​ ឈឺ​ចុក​ស្រពន់​សាច់​ដុំ​ ឈឺ​ខ្នង​ឈឺ​ចង្កេះ។ ចំណែក​ប្រេងកូឡា​សវិញ ត្រូវ​នឹង​ជំងឺ​​ឈឺក្បាល តឹង​ច្រមុះ ​ ឈឺ​ពោះ​ រមាស់​ដោយ​សត្វ​ល្អិត​ទិច​ឬ​ខាំ។ ពោល​គឺ​ប្រេង​កូឡាជា​ឱសថ​​ត្រូវ​នឹង​ជំងឺ​មួយ​រយ​មុខ​។ ពេល​នេះ​ប្រេង​កូឡា​ល្បីល្បាញ និង​បានហូរ​ចូល​មក​ដល់​អឺរ៉ុប​។តើ​អាច​ទៅ​រួច​ទេ​ដែល​ផលិតផល​មួយ​អាច​ត្រូវ​នឹង​ជំងឺ​រាប់​សិប​មុខ​យ៉ាង​ដូច្នេះ? ប្រេង​កូឡាផ្សំ​ឡើង​ពី​អ្វី​ខ្លះ​? និង​ពិត​ជា​ឱសថ​ទិព្វ​ដូច​ជំនឿ​ទាំង​អស់​នេះមែន​​ឬ?បើ​និយាយ​អំពី​ថ្នាំពេទ្យផលិត​តាម​បែប​វេជ្ជសាស្ត្រ​និ​ង​វិទ្យាសាស្ត្រ​ វា​កម្រ​ណាស់​ដែល​ថ្នាំ​មួយ​មុខ​អាច​ត្រូវ​នឹង​ជំងឺ​ដ៏​ច្រើន​ដូច​ប្រេងកូឡា​នោះ។ លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Alain Astier ប្រធានគ្រប់គ្រ​ងសេវា​​ផ្នែក​ឱសថ​នៃ​មន្ទីរពេទ្យ​ហង់រី​ម៉ុងដ័រ ក្រេតី ក្បែរក្រុង​ប៉ារីស បាន​ព្រមាន ឱ្យ​អ្នក​ប្រើប្រាស់​គ្រប់​គ្នា​ចេះ​ត្រេះរិះនិង​​ប្រុង​ប្រយ័ត្ន​ មុន​នឹង​សម្រេច​លាប​ប្រេងកូឡា។ប្រេង​កូឡា​ផ្សំ​ឡើង​ដោយ​សារធាតុ​ប្រេង​របស់​រុក្ខជាតិ​ជា​ច្រើន​មុខ ដូច​ជា​ឈើឯម ជីរអង្កាម ដើមប្រេង​ខ្យល់ ជាតិ​ម៉ង់តុល campre ...។ ប្រេង​របស់​សារធាតុ​ផ្សំ​ពីរ​មុខ​ចុងក្រោយ​នេះ អាច​ពុល​ដល់​ប្រព័ន្ធ​ប្រសាទ​ និង​ធ្វើ​ឱ្យ​អ្នក​លាប ហិត​និង​ស្រូប​ក្លិន​វា ទៅ​ជា​​ប្រកាច់​បាន។តើ​ប្រេង​កូឡា​មាន​ប្រសិទ្ធភាព​ពិត​ដូចម្តេច​ខ្លះ?ស្បែក​មនុស្ស​ចាស់ ជា​ស្បែក​ក្រាស់ដែល​មិន​ងាយ​ជ្រាប​ទេ មាន​ន័យ​ថា​ សារធាតុ​ខ្លាញ់/​ប្រេង​ ដូច​យ៉ាង​ប្រេង​កូឡា​ ឬ​ប្រេង​ខ្យល់ មិន​អាច​ជ្រាប​ចូល​តាម​ស្បែក​នៅ​ក្នុង​សរីរាង្គ​​ផ្នែក​ខាង​ក្នុង​បាន​ទេ។ ដូច្នេះ​បើ​តាម​ការ​ពន្យល់​របស់​សាស្ត្រាចារ្យ Astier ដដែល ប្រេងកូឡា​ អាច​មាន​ឥទ្ធិពល​តែ​លើ​ស្បែក​ខាង​ក្រៅ ចំ​កន្លែង​លាប​ និង​នៅ​ផ្នែក​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ។ ឯ​ការ​ឈឺ​ខ្នង ឈឺ​ចង្កេះ ឈឺ​សាច់​ដុំ ឬ​ឈឺ​សន្លាក់ ជា​ទូទៅ ច្រើន​តែជា​​បញ្ហា​ពាក់ព័ន្ធ​នឹង​សរីរាង្គ​នៅក្រោម​ និង​ផ្នែក​ខាង​ក្នុង​ខ្លាំង​នៃ​ស្បែក។ ដូច្នេះ​ការ​លាប​ផលិតផល​អ្វី​មួយ​នៅលើ​ស្បែក​មិន​អាច​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹងអាការៈ​រោគ​ទាំងអស់​នោះ​​ទេ។ កាយវិការ​តែមួយ​គត់​ដែល​ការ​លាប​ប្រេងកូឡា​ទៅ​អាច​មាន​ប្រសិទ្ធភាពបំបាត់​ការ​ឈឺ​ចុកចាប់​សាច់​ដុំ​​ គឺ​លាប​អម​ជាមួយ​នឹង​​ការ​ធ្វើ​ម៉ាស្សា។ គឺ​ការ​ធ្វើ​ម៉ាស្សាទេដែល​ជួយ​សម្រួល​ការ​អាការៈ​ឈឺ​សាច់​ដុំ​ឱ្យបាន​ធូរ​ស្បើយ។ ក្នុងករណី​នេះ លោក​សាស្ត្រាចារ្យ​ Astier បាន​ផុ្តល់​អនុសាសន៍​ឱ្យ​​ធ្វើ​ម៉ាស្សា​ដោយ​មិន​បាច់​ប្រើ​ប្រេងកូឡា​តែម្តង​​ ព្រោះ​ប្រេង​កូឡា​​ជា​ផលិតផល​ងាយ​ធ្វើ​ឱ្យ​ស្បែក​រលាក ឡើង​ក្រហាយ​ ដែល​មិន​ត្រូវ​ប្រើ​នៅ​ត្រង់​ស្បែក​មាន​របួស មាន​ដំបៅ ឬ​ត្រង់​ស្បែក​មាន​ស្នាមដាច់​ដាចទេ។ចំពោះ​ប្រេងកូឡា​ពណ៌​សវិញ គេ​មាន​ជំនឿ​ថា​ត្រូវ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម។ ​អ្នក​ផលិតអួត​អាង​ថា​​ ប្រេង​កូឡា​នេះ​នឹង​ជួយ​អាការៈ​តឹង​ច្រមុះ​ឱ្យ​បាន​ធូរ ព្រមទាំង​អាការៈក្អក​និង​អាការជំងឺ​មាន​ពាក់​ព័ន្ធនឹង​ទង​សួត​ឬ​សួត​បា​ន ដោយ​គ្រាន់​តែ​យក​មក​រឹត​នៅ​លើ​ទ្រូង បំពង់ក និង​នៅ​ជុំ​វិញរន្ធច្រមុះ។ ប៉ុន្តែ​សម្រាប់​លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ្វី​ដែល​ផ្តល់​ប្រសិទ្ធភាព​ខ្ពស់​មិនមែន​ដោយសារ​ប្រេងកូឡា​ទេ តែ​ដោយ​សារ​ជាតិ​ម៉ង់តុល និង​អឺកាលីបទុសរបស់​ដើម​ប្រេង​ខ្យល់​ ដែល​ជា​ផ្នែក​មួយ​នៃធាតុ​ផ្សំ​របស់​ប្រេង​កូឡា។ សារធាតុ​ពី​រ​មុន​ត្រូវ​បាន​គេ​ស្គាល់​តាំងពី​យូរ ថា​អាច​ជួយ​រំលាយ​កំណក​កំហាប់​ជា​លិកា​នៅ​រន្ធ​ច្រមុះ​ ដោយ​ជួយ​សម្រួល​ការ​បង្ហូរ​ចេញ​នូវ​ភ្នាស​មិន​ល្អ។ ដូច្នេះ​ប្រេង​កូឡា​គ្មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង ថ្នាំ​បាញ់​ច្រមុះ​ឬ​ក្រដាស​ជូត​សំបោរ​មាន​លាយ​ជាតិ​ម៉ង់តុល​ទេ។ ការ​ញើស​សំបោរ​ដោយ​ក្រដាស​មាន​ជាតិ​ម៉ង់តុល ឬ​ការ​លាង​រន្ធ​ច្រមុះ​ដោយ​ថ្នាំ​ស្ពៃ​បាញ់​ អាច​កម្ចាត់​សំបោរ​ដោយ​ផ្ទាល់​ឱ្យ​ចេញ​អស់​ ហើយ​បើក​បណ្តាញ​ផ្លូវ​ដង្ហើម​ឱ្យ​ស្រលះ​អាច​ស្រូប​ខ្យល់​ចេញ​បាន​ស្រួល​។ ចំណែក​ប្រេងកូឡា គ្មាន​សមត្ថភាព​នេះ​ទេ។ នេះ​ជា​សេចក្តី​បញ្ជាក់​របស់​សាស្តាចារ្យ​ Astier ដោយ​ទទូច​ថា ប្រេង​កូឡា​មិន​ប្រាកដ​ថា​មាន​ប្រសិទ្ធភាព​ទេ។ មិនមែន​គ្រប់​ឱសថ​បូរាណ​សុទ្ធ​តែ​មាន​ប្រសិទ្ធភាព​ឡើយ។រហូត​មក​ទល់​នឹងពេល​នេះ ពុំ​ទាន់​មាន​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​ដែល​អាច​បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​ប្រេង​កូឡា​ឡើយ។ លោកសាស្ត្រាចារ្យ​សូម​រំលឹក​ថា ប្រេងកូឡា​ជា​ផលិតផល​មួយ តែមិនមែន​ជា​ថ្នាំ ជា​ឱសថ​ឡើយ​។ គ្មានការ​ត្រួត​ពិនិត្យ​អំពី​ធាតុ​ផ្សំ​របស់​ប្រេង​កូឡាទេ ហើយ​ក៏​បរិមាណ​របស់​ធាតុផ្សំ​នីមួយៗ​ក៏ប្រែប្រួល​ខុស​គ្នា​ច្រើន ព្រមទាំង​អាច​មាន​ការ​បន្ថែម​សារធាតុ​ផ្សេងៗ​ដែល​មិន​បរិសុទ្ធផង។ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាជ្ញាធរ​បារាំង បានហាម​ឃាត់​មិន​ឱ្យ​ប្រើ​ប្រេង​កូឡា​លើ​ក្មេង​អាយុ​ក្រោម​៦​ឆ្នាំ​ទេ​។ ស្បែក​ក្មេង​ខុស​ពី​ស្បែក​របស់​មនុស្ស​ធំ អាចស្រូប​ជាតិ​ខ្លាញ់​និ​ងប្រេង​បាន​យ៉ាង​ងាយ​។ ក្រៅ​អំពី​ងាយ​រលាក និង​អាល់​ឡែកហ្ស៊ី ការ​លាប​ប្រេង​កូឡា​លើ​ស្បែក​ដ៏ខ្ចីរបស់​ក្មេង​​អាច​នឹង​ធ្វើ​ឱ្យមាន​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ និង​ប្រកាច់ ព្រោះ​ជាតិ​ម៉ង់តុល​ឬ​Campre។ ដោយ​ហេតុ​តែ​មាន​ជាតិ​ប្រេង​របស់​រុក្ខជាតិ​និង​សារធាតុ​Campre ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន ក៏​មិន​ត្រូវ​ប្រើ​ប្រេង​កូឡាដែរ។ មិន​ត្រូវ​លេប​ឬ​ផឹក​ទឹក​មាន​ប្រេងកូឡា​ឬ​ប្រេង​ខ្យល់ និង​ត្រូវ​លាង​ដៃ​ឱ្យ​បាន​ស្អាត​ក្រោយ​ពី​បាន​ប្រើ​ប្រេង​កូឡា​រួច៕
09/03/20247 minutes, 1 secondes
Episode Artwork

តើ​ជំងឺ​មហារីក​កម្រ ពិត​ជា​កម្រ​មែនឬ?

​មហារីក​ខ្លះ​ ជា​ជំងឺ​ដ៏​កម្រ ដែល ​ពិបាក​វិភាគ​វែក​រក​អាការៈ​សញ្ញានិង​​ពិបាក​ព្យាបាល​​ខ្លាំងណាស់។ ប៉ុន្តែ​មិន​ដូច​ឈ្មោះ មហារីក​កម្រ មិន​ប្រាកដថា​មិន​សម្បូរ​អ្នក​កើតនោះ​ទេ។ ​តើ​អ្វីទៅ​ជា​មហារីក​កម្រ? បច្ចុប្បន្ន​នេះយើង​បាន​ដឹងនិង​ឮ​និយាយ​ច្រើន​អំពី​ជំងឺ​មហារីក​។ ​ មហារីកថ្លើម មហារីក​ក្រពះ មហារីក​ខួរក្បាល ... នេះ​អាច​ចាត់​ទុក​ជា​ជំងឺ​មហារីកខ្លះៗ​​ដែល​មាន​កើតច្រើន​ជាង​គេ​ប៉ុណ្ណោះ។ នៅ​មាន​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​ទៀត​ណាស់ ហើយ​ជំងឺ​មហារីក​ខ្លះ​ជា​ប្រភេទ​ជំងឺ​កម្រ​ទៀត​ផង។ដូច​ម្តេច​ដែល​ហៅ​ថា​មហារីក​កម្រ?មហារីកដែល​គេ​ចាត់​ទុក​ជា​​ជំងឺ​​កម្រ នៅពេល​ណាចំនួន​អ្នក​ជំងឺ​​ថ្មី​មាន​កំរិត​ទាប​ជាង​៦ករណី​​ក្នុង​មួយ​ឆ្នាំ​ ក្នុង​ចំណោមមនុស្ស​​១០ម៉ឺន​នាក់ ឬ​ជា​ជំងឺ​មហារីក​ដែល​កើត​នៅ​ក្នុង​តំបន់​ណាមួយ​ជា​ពិសេស ហើយ​កើត​លើ​សរីរាង្គ​ដែល​មិន​គួរ​ឬ​មិន​សូវ​ឃើញ​មាន​កើត​ជំងឺ​មហារីក។ ជំងឺ​មហារីកលេច​ឡើង​​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ឬ លេច​ឡើង​ក្នុង​ស្ថានភាព​​ដ៏​ស្មុគស្មាញ កើត​លើ​កុមារ ក៏​អាច​ចាត់​ទុក​ថា​ជា​ជំងឺ​មហារីក​កម្រ​បាន​ដែរ។ ខួរក្បាល ឆ្អឹង ជាលិកា​ទន់ ភ្នាស សរសៃឈាម ឬ​អូវែរ ... គ្រប់​​សរីរាង្គ​ គ្រប់​ផ្នែក​នៃ​រាងកាយ​មនុស្ស​សុទ្ធ​តែ​អាច​កើត​ជំងឺ​មហារីក​កម្រ​បាន​ទាំងអស់។​ជំងឺ​មហារីក​កម្រ​មាន​កើត​លើ​មនុស្សធំ ឬក្មេង​ក្នុង​បរិមាណ​ដ៏​តិច​តួច​ដូច​ឈ្មោះ​ដែល​បាន​ហៅមែន ប៉ុន្តែ​បើ​គេ​ធ្វើ​បញ្ជី​រាប់​ឈ្មោះប្រភេទ​​មហារីក​កម្រ​ទៅ​នោះ​វា​នឹង​វែងខ្លាំងណាស់។​ ​បើ​សរុប​រួម​ទៅ​ជំងឺ​មហារីក​កម្រ​តំណាង​ឱ្យ​ដល់​ទៅ ២៥ទៅ​៣០%​នៃការ​វិភាគ​មើល​សញ្ញា​រោគ​​ជំងឺ​មហារីក​ធម្មតា និង​តំណាង​ឱ្យ២៥%​នៃ​ការ​ស្លាប់​ដោយ​ជំងឺ​មហារីក។ នេះ​បើ​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​មហារីក​អន្តរជាតិ ដែល​ជា​ភ្នាក់ងារ​មួយ​របស់​អង្គការ​សុខភាពពិភពលោក។នៅប្រទេស​បារាំង ក្នុង​មួយ​ឆ្នាំៗ គេ​រក​ឃើញ​មាន​ករណី​ជំងឺ​មហារីក​កម្រថ្មីច្រើន ដែលគ្រាន់​តែ​​កើត​​នៅ​លើ​កុមារ មានចំនួន​ដល់​ទៅ​​៧ម៉ឺន​ករណីឯណោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Alain Puisieux នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​មហារីក​នៃ​វិទ្យាស្ថាន​Curie ប្រទេស​បារាំង យល់​ថា​ជំងឺ​មហារីក​កម្រ​ ជា​ករណី​កម្រ​មែន​បើ​គិត​ពី​ប្រភេទ​មហារីកនីមួយៗ តែបើ​​និយាយ​ជា​ទូទៅ​វិញ​មហារីក​កម្រ​ មាន​កើត​ញឹកញាប់​ណាស់ ហើយ​ជា​ជំងឺ​ដែល​ពិបាក​សង្ឃឹម។ អត្រា​សង្ឃឹម​រស់​មាន​កំរិត​ទាប​ជា​ជាង​ជំងឺ​មហារីក​ធម្មតាប្រមាណ​៥​ឆ្នាំ​។មហារីក​កម្រ​គ្មាន​រោគ​សញ្ញា?វែក​រក​ជំងឺ​មហារីក​កម្រ​ជា​វិញ្ញាសា​ដ៏​លំបាក​និង​ស្មុគស្មាញ​បំផុត​សម្រាប់​គ្រូពេទ្យ​ជំនាញ​ផ្នែក​​មហារីក។ ជា​ញឹកញយ ​អ្នក​ជំងឺ​មហារីក​កម្រ​ អាច​ដឹង​ខ្លួន​ថា​មាន​ផ្ទុក​ជំងឺ​មហារីក​ ដោយ​យឺត​យ៉ាវ​បំផុត ជួន​ទាល់​តែ​ជំងឺ​មហារីក​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ ឬ​ជួន​ដល់​ដំណាក់កាល​រីករាលដាល​ពេញ​ខ្លួន Métastase ​ទៅ​ហើយ។​ ម្យ៉ាង​ទៀត គ្រូពេទ្យ​ក៏​នៅ​មិនទាន់​​សូវ​ស្គាល់​ជំងឺ​មហារីក​កម្រ​ ដែល​មាន​ចែក​ជា​ប្រភេទ​មហារីក​តូចៗ​ផ្សេង​​​ជា​ច្រើនទៀត​ណាស់។ ដល់​អ៊ីចឹង​ទៅ ដុំ​មហារីកនៅ​ភ្នែក​ស្លូតសោះ​​ អាច​ផ្តាច់​ជីវិតមនុស្ស​ខ្លាំង​ជាង​ជំងឺ​មហារីក​ស្បែក​​ដ៏ច្រើន​​ទៅ​ទៀត ពីព្រោះជំងឺ​មហារីក​ខ្លះ​​គ្រូពេទ្យ​ជំនាញ​មហារីក​បាន​ជួប​តែម្តង​ឬ​ពីរ​ដង​ក្នុង​មួយ​ជីវិត​ជា​ពេទ្យ ឯ​ជំងឺ​មហារីកធម្មតា ដូច​យ៉ាង​មហារីក​​ស្បែក​គ្រូពេទ្យ​ជួប​បី​បួន​ករណី​ថ្មី​ក្នុង​មួយ​សប្តាហ៍។​ អ្នក​ស្រាវជ្រាវ​ជំងឺ​មហារីក​កម្រ​នៅវិទ្យាស្ថាន​Curie ប្រទេស​បារាំង​ដ៏​ល្បី​ល្បាញ​ទាំង​ក្នុង​អឺរ៉ុប​និង​នៅ​លើ​ពិភពលោក បាន​ទទួល​ស្គាល់​ថា គ្រូពេទ្យ​ដើរ​ទន្ទឹម​នឹង​អ្នកឈឺ​​ក្នុង​ការ​វែ​ក​ជំងឺ និង​បញ្ជាក់​ថា​គួរ​ព្រួយ​បារម្ភ​ឬ​មិន​គួរ។ឆាប់​រក​ឃើញ​ថា​ជា​ជំងឺ​មហារីក​ (កម្រ ឬ​​មិនកម្រ) បាន​លឿន​កាលណា ការ​ដៅ​សម្រេច​ព្យាបាល​បានកាន់​​ប្រសើរ​កាលណោះ ហើយក៏​ងាយ​ព្យាករណ៍​ដែរ។ ដើម្បី​អាច​ធ្វើ​ការ​វិនិច្ឆ័យ​វែក​រក​ជំងឺ​មហារីក​បាន​ល្អ​ប្រសើរ​ គេ​ក៏​ត្រូវ​រំពឹង​លើ​បច្ចេកវិទ្យាទំនើបៗ​ផង​ដែរ។ ក្នុង​ករណី​បែប​នេះ បញ្ញាសិប្បនិម្មិត អាច​ជួយ​វិភាគគគំនរ​​ទិន្នន័យ តាម​រយៈ​Algorithmes ដែល​មាន​បញ្ចូល​កម្មវិធី​សម្គាល់​ដុំ​សាច់​មហារីក។ឧទាហរណ៍ ក្នុង​ករណី​មាន​ជំងឺ​មហារីកមិន​ដឹង​មូល​ហេតុ​គ្មាន​ប្រភព ​រក​ឃើញ​នៅ​​ដំណាក់កាល​មេតាស្តា​ទៅ​ហើយ គេ​ច្បាស់​ជា​មិន​ដឹង​ថា​សរីរាង្គ​មួយ​ណា​ជាសរីរាង្គ​មហារីក​​ដើម​ដំបូង​ទេ តែ​បើ​មាន​បញ្ញាសិប្បនិម្មិត​ជា​ឧបករណ៍​ជំនួយ​នោះ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​Curie​អាច​ចាប់​សញ្ញា​រក​ប្រភព​ដើម​នេះ​ជំងឺ​បាន​ខ្លះ​ តាម​រយៈ​កំណត់​ARN​របស់​ដុំ​សាច់​មហារីក។មហារីកកម្រ​គ្មាន​ថ្នាំព្យាបាល?ឈ្មោះ​ជា​មហារីក​ គឺ​ជា​ជំងឺ​ដ៏​គួរ​ឱ្យ​ខ្លាច​ ​តែ​ង​ផ្តាច់​ជីវិត​មនុស្សយ៉ាង​លឿន​រហ័ស​។ បច្ចុប្បន្ន​ដោយ​សារ​ភាពជឿនលឿន​ផ្នែក​វេជ្ជសាស្ត្រ​និង​វិទ្យាសាស្ត្រ អ្នក​ជំងឺ​មហារីក “ធម្មតា” ​មួយ​ចំនួន​អាច​ជា​សះស្បើយ​ឡើង​វិញ។ អត្រា​នៃ​ការ​ជារោគ និង​ក្តី​សង្ឃឹម​ ព្រមទាំង​ការ​ព្យាករណ៍​អំពី​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​ ​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​កំរិត​នៃ​ជំងឺ​។ មាន​ន័យ​ថា បើអ្នក​ជំងឺ​បាន​ទទួល​ការ​ព្យាបាល​តាំងពី​​ដំណាក់កាល​ដំបូងៗ​ ក្តី​សង្ឃឹម​រស់​ខ្ពស់​ខ្លាំង។  ឯ​ចំណែក​មហារីក​កម្រវិញ ជា​ទូទៅ​ ​ជា​ប្រភេទ​ជំងឺ​ដែល​ពិបាក​ព្យាបាល​ឱ្យ​ជា​ណាស់ ពីព្រោះ​ការស្រាវជ្រាវ​ជា​​មូលដ្ឋាន​គ្រឹះ​ ការ​សាកល្បង​គ្លីនិក​ និង​ការ​ព្យាបាល​ថ្មី​ៗ​សម្រាប់​ជំងឺមហារីក​​កម្រ​ មា​នលក្ខណៈ​ខ្សត់ខ្សោយ​​ខ្លាំងណាស់។​ បើ​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​មហារីក​អន្តរជាតិ យុទ្ធ​សាស្ត្រ​ព្យាបាល​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្នើ​ឱ្យ​មាន​អ្នក​ជំងឺ​ចូល​រួម​ធ្វើ​កា​រសាកល្បង​គ្លីនិក​ ឬ​ព្រម​សាកល្បង​ប្រើ​ថ្នាំ​ទើប​រក​ឃើញ​ថ្មី។ ចុះ​បើ​ពុំ​សូវ​មាន​អ្នក​ជំងឺ​ផង​ តើ​ការ​សាកល្បង​គ្លីនិក​នឹង​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ដូចម្តេច?!​ នេះ​ជា​ករណី​ជាក់ស្តែង​មួយ។បច្ចុប្បន្ន​នេះ អ្នក​សា្រវជ្រាវ​កំពុង​រុក​រក​ និង​ត្រួសត្រាយ​វិធី​ព្យាបាល​ដោយ​ប្រើ​ប្រព័ន្ធការពារ​ខ្លួន ឬ​ហៅជា​ភាសា​បារាំង​ថា immunothérapie។ វិធី​ព្យាបាល​នេះ ដៅ​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន​ទល់​នឹង​ជំងឺ ដែល​បាន​ទទួល​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ​ផង​កាលពី​ឆ្នាំ​២០០៨។ ភាព​ជឿន​លឿន​ជា​លំដាប់​ក្នុង​វិធី​ចាប់​សញ្ញា​បំប្លែង​ហ្សែន​ក៏​ជា​ក្តី​សង្ឃឹម​ថ្មី​ក្នុង​ដៅ​រក​វិធី​ព្យាបាល​ថ្មី​​ដែរ។ តម្រ៉ុយ​មួយ​ទៀត គឺ​អ្នក​ស្រាវជ្រាវ​កំពុង​ដៅ​សិក្សាមិនមែន​លើ​ដុំ​សាច់​មហារីកផ្ទាល់​ទេ តែ​​លើ​កោសិកា​ដែល​នៅ​ជុំ​វិញ​ដុំ​មហារីក​ តើអាច​​មាន​ប្រតិកម្ម​តប​ត​យ៉ាងណា​ខ្លះ​ក្នុង​បរិស្ថាន​មហារីក។ការ​រក​ឃើញ​មហារីក​កម្រ​ជួន​ក៏​អាច​ជួយ​ផ្តល់​ផល​ដល់​ការ​ព្យបាល​ជំងឺ​មហារីក​ធម្មតា​ដែរ។ គ្រាន់​តែ​ថា​គួរ​ឱ្យ​សោក​ស្តាយ ការ​ស្រាវជ្រាវ​​ទាក់ទង​នឹង​ជំងឺ​មហារីក​កម្រ​អូស​ជើង​ខ្លាំងណាស់ ដោយ​ខ្វះ​ថវិកា​។ នៅពេល​កញ្ចប់​មូលនិធិ​សាធារណៈ​ឬ​មូលនិធិ​ជំនួយ​ម្តងៗ ឧស្សាហកម្ម​ឱសថ​ផ្តល់​អាទិភាព​ដល់​វិស័យ​ដែល​មាន​តម្រូវការ មាន​អ្នក​ជំងឺ​ច្រើន​ ទើបទទួល​​ផល​ចំណេញបាន​​ច្រើនដែរ៕
29/02/20247 minutes, 50 secondes
Episode Artwork

ស្នេហា​មាន​ឥទ្ធិពល​លើ​សុខភាព​យ៉ាងណា?

១៤​កុម្ភៈ ​ជា​ថ្ងៃ​បុណ្យ​សង្សា ឬ​ជា​ទិវា​នៃ​ក្តី​ស្រលាញ់។ តើ​សេចក្តី​ស្រលាញ់ ឬ​សេ្នហា ​មាន​ឥទ្ធិពល​យ៉ាងណា​ចំពោះ​សុខភាព​? ស្នេហាជា​អ្វី ? ហើយជីវិត​ស្នេហា​​ដោយ​មាន​អាពាហ៍​ពិពាហ៍​ពិត​ជា​ល្អ​សម្រាប់​សុខភាព​មែន​ឬយ៉ាងណា? សូម​កុំ​រង់​ចាំ​តែ​ថ្ងៃ​ទី​១៤​កុម្ភៈ ចាំ​បង្ហាញ​ សម្តែង និងផ្តល់​សេចក្តី​ស្នេហា ដើម្បី​ដូរ​យក​​ផ្កា​កូលាប​មួយ​ទងអី។ ក្តី​ស្រលាញ់ ការ​រួម​រក្ស​ស្នេហា ជា​ប្រធានបទ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ដ៏​ច្រើន និង​បន្ត​នៅ​ជា​ប្រធានបទ​សិក្សា​វិភាគ​របស់​អ្នក​វិទ្យាសាស្ត្រ​ជានិច្ច។ស្នេហា​អាច​ជួយ​បញ្ចុះ​កាឡូរី សេ្នហា​អាច​ពង្រឹង​ប្រព័ន្ធការពារ​ខ្លួន សេ្នហា​អាច​ជួយ​សម្រួល​ដំណេកឱ្យ​គេង​លក់​ស្រួល ស្នេហា​អាច​ជួយ​បន្ធូរបន្ថយ​ការ​ឈឺ​ចុក​ចាប់ ស្នេហា​អាច​ជួយ​បំប៉ន​ការ​ចង​ចាំ​ ស្នេហា​ជា​ថ្នាំដ៏​មាន​ប្រសិទ្ធភាព​​ប្រឆាំងនឹង​​ស្ត្រេស ស្នេហា​ផ្តល់​ភាព​រីករាយ ស្នេហា​ជួយ​ឱ្យ​នៅ​ក្មេង​បាន​យូរ ... នេះ​ជា​​គុណប្រយោជន៍នៃ​ការ​រួម​រក្ស​សេ្នហា។ទាក់ទង​នឹង​ជីវិត​ស្នេហ៍​​អាពាហ៍ពិពាហ៍វិញ កាលពី​ថ្ងៃទី​១៤​កុម្ភៈ​២០២៣ ​លោក​វេជ្ជបណ្ឌិត​និង​អ្នក​កាសែត​ទូរទស្សន៍​ជាតិ​បារាំង Damien Mascret បាន​ពន្យល់​ថា​​ជីវិត​អាពាហ៍ពិពាហ៍​ទំនង​ជា​ល្អ​ខ្លាំង​ណាស់​សម្រាប់​សុខភាព ព្រោះ​មាន​​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ជា​អាទិ៍​ថា ស្ត្រីនៅ​លីវ​វ័យ​​ពី​៤៥​ឆ្នាំទៅ​៦៤​ឆ្នាំ ប្រឈម​នឹង​ហានិភ័យ​មរណៈ​មួយ​គុណ​នឹង​១,៣៧។ កាន់​តែ​អាក្រក់​ខ្លាំងទៅ​ទៀត សម្រាប់​បុរស នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត​ដដែល ដែល​អះអាង​ថា បុរស​គ្មាន​ប្រពន្ធ​ រស់​តែ​ម្នាក់​ឯង វ័យ​៤៥ទៅ​៦៤​ឆ្នាំ មាន​ហានិភ័យ​មរណៈកាន់​តែ​ខ្ពស់ខ្លាំង​ទៅ​ទៀត ​គឺដល់​ទៅ​​មួយ​គុណនឹង​១,៨៥ ក្នុង​ខណៈ​ដែល​បុរសចំណាស់​អាយុ​ពី​​៦៥ឆ្នាំ​ទៅ​៨៩​ឆ្នាំ មាន​ប្រពន្ធ​មើល​ថែ​គ្នា​ មាន​អត្រាហានិភ័យ​​មរណៈ​ត្រឹម​មួយ​គុណ​១,១៧ ​ប៉ុណ្ណោះ។ សម្រាប់​លោក​វេជ្ជបណ្ឌិត Damien Mascret នៅពេល​ណា​មនុស្ស​រស់​នៅ​តែ​ម្នាក់​ឯង​ គេ​​មិន​សូវ​យក​ទុក​ដាក់​លើ​ខ្លួន​ឯង​ទេ។ជីវិត​គូ​ផ្តល់​អាយុ​យឺនយូរហើយ ថែម​ទាំង​ល្អ​សម្រាប់​សុខភាព​ខួរ​ក្បាល និង​សរសៃ​ឈាម​បេះ​ដូង​ទៀត។ ការ​សិក្សា​ស្រាវជ្រាវ​​របស់​វិទ្យាស្ថាន​Harvard ដ៏​ល្បី​ល្បាញ​របស់​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ឱ្យ​ឃើញ​ទៀត​ថា​​មនុស្ស​ទូទៅ​ធម្មតា (ដោយ​មិន​គិត​ពី​រឿង​រៀប​ការឬ​មិន​រៀប​ការ)​ ​​មាន​ហានិភ័យ​កើត​ជំងឺ​ភ្លេច​ភ្លាំង​ កើន​ឡើង​ខ្ពស់ ចាប់​ពី​​អាយុ​៥២​ឆ្នាំ​ឡើង​ទៅ។ ​ប្រសិនបើ​ជា​ពោះម៉ាយ ឬ​មេម៉ាយ ហានិភ័យ​នោះ​នឹងកើន​​ឡើង​​១,៥ដង។ បើ​មិន​ដែល​មាន​ជីវិត​គូ​សោះ​ ហានិភ័យ​ឡើង១,៧​ដង តែសម្រាប់​អ្នកបាន​​លែង​លះ​គ្នា​វិញ​ ហានិភ័យ​ឡើង​ខ្ពស់​ខ្លាំងដល់​ទៅ​២,៦​ដង។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត​ដដែល។មាន​ន័យ​ថា​ ​​គុណប្រយោជន៍ចំពោះ​​សុខភាពសរសៃ​ឈាម​បេះ​ដូង នៃ​ជីវិត​អាពាហ៍ពិពាហ៍ត្រូវ​មាន​ស្នេហា​រីករាយ​រស់​​ល្អូនល្អើន​នឹង​គ្នា ទើបប្រសើរ​ជាង​ភាព​នៅ​លីវ នៅ​​ម្នាក់​ឯង។ ប៉ុន្តែ​បើ​ជីវិត​ប្តី​ប្រពន្ធ​មិនចុះ​សម្រុង​គ្នា​ទេ គ្មាន​ស្នេហាទេ​ គួរ​តែ​នៅ​លីវ ឬ​រស់នៅ​​ម្នាក់​ឯង​ប្រសើរ​ជាង។​តើ​ស្នេហាជា​អ្វី ហេតុ​អ្វី​មាន​ឥទ្ធិពល​ចំពោះ​សុខភាព​ខ្លាំង​យ៉ាង​ដូច្នេះ?ដោយ​មិន​និយាយ​អំពី​គុណប្រយោជន៍នៃ​​​ការ​រួម​រក្ស ស្នេហា​​​​តាម​ផ្លូវ​មនោសញ្ចេតនា ក៏​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​ និង​មាន​គុណ​ប្រយោជន៍​ច្រើន​ណាស់​ដែរសម្រាប់​សុខភាព។ ​ស្នេហា​ជាមនោសញ្ចេតនា ជា​​ចំណង​អារម្មណ៍ ជា​ចិត្ត​ស្រលាញ់ ​ដ៏​ស្មុគស្មាញ​ជាងអ្វី​ដែល​យើង​ធ្លាប់​គិត​ឆ្ងាយណាស់។បើ​តាម​អ្នក​ស្រី​វេជ្ជបណ្ឌិត កាទ្រីន សូឡាណូ គ្រូពេទ្យ​ជំនាញ​ផ្លូវភេទនៅប្រទេស​បារាំង សេ្នហា​មិនមែន​គ្រាន់​​តែ​រឿង​រួម​រក្ស ​​រឿង​កាមគុណ​ទេ។ ស្នេហាមាន​បី​ទម្រង់។ទីមួយ ស្នេហា​ ជា​ ​តណ្ហា។ តណ្ហាដែល​​​ជា​កម្លាំងទាក់ទាញ​ដែល​​រុញ​ច្រាន​មនុស្សម្នាក់​​ឱ្យទៅ​រក​ម្នាក់​ទៀត និង​ជា​កម្លាំង​​​ផ្លូវភេទដ៏​ខ្លាំងក្លា​។ ប៉ុន្តែ​ជា​ទូទៅ​គេ​ច្រើន​តែ​យល់​ច្រលំ​រវាង​ស្នេហា​និង​តណ្ហា។ ស្នេហានិង​តណ្ហា​ មិន​ដូច​គ្នា​ទេ។ តណ្ហា​អាច​ត្រឹម​តែ​អារម្មណ៍​ទាក់ទាញ​ដោយ​រូបសម្ផស្ស តែ​មិន​ប្រាកដ​ជា​ការ​ស្រលាញ់​ស្នេហាពិតឡើយ។ ស្នេហា​និង​តណ្ហា​អាច​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពីគ្នា មាន​ការ​ទាក់ទាញ​សម្រាប់​អ្នក​នេះ តែ​មាន​ស្នេហា​ស្រលាញ់​ពិត​លើ​អ្នក​នោះ។ ដៃគូដែល​ស្រលាញ់​គ្នា​ ល្អូន​ល្អើន​ ត្រូវ​គ្នា​ខ្លាំង ​ស្និទ្ធស្នាល​នឹង​​គ្នា​រហូត​មិន​ទាមទារ​ ​​ តណ្ហាច្រើន​ទេ។ទម្រង់​​ទីពីរ​នៃ​ស្នេហា​គឺ​ចំណង។ ជា​អារម្មណ៍​ជាប់​ជំពាក់​លើ​នរណា​ម្នាក់​ដែល​អ្នក​គិត​ថា​សំខាន់​។ ខុស​ពី​តណ្ហា អារម្មណ៍​​នេះ​រីក​លូត​លាស់​ធំធាត់​ជា​លំដាប់​។ ចំណង​នេះ​មិន​កំរិត​ត្រឹម​អារម្មណ៍​ទេ តែ​ជា​ប្រតិកម្ម​បែប​គីមីវិទ្យា​ទៀត។ទម្រង់​ចុងក្រោយ​គឺ​ស្នេហាជា​មនោសញ្ចេតនា​ផុសចេញ​ពី​បេះ​ដូង គ្មាន​ពាក់ព័ន្ធ​នឹង​ផ្លូវ​ភេទ។ ជា​ស្នេហា ​កើត​ឡើង​ពីការ​យក​ចិត្ត​ទុក​ដាក់ មើល​ថែ មើល​ការ​ខុស​ត្រូវ​ ​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ សេ្នហា​នេះ​អាច​កើត​ឡើង​ដោយ​ងាយ​បំផុត ដោយ​គ្រាន់​តែ​អ្នក​សម្រេច​ចិត្ត​ផ្តល់​សេចក្តី​ស្រលាញ់​​ឱ្យ​បាន​ច្រើន។ ជា​ក្តី​ស្រលាញ់​​ តាម​រយៈ​កាយវិការ ឬ​ការ​គិត​រើស​មើល​តែ​កន្លែង​ល្អ​របស់​ដៃគូ។ ការ​គិត​តែ​វិជ្ជមានជា​ប្រភព​ស្នេហា​ដ៏​ធំធេង​។ទម្រង់​សេ្នហាទាំង​​បី​នេះ​ អាច​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​មក ដើម្បី​ឱ្យ​ជីវិត​គូ​មាន​ដំណើរការ​ទៅ​បាន​ល្អ​និង​យូរ​អង្វែង។ទោះក្នុង​ទម្រង់​ណា​ក៏​ដោយ ក៏​ទឹក​ចិត្ត​ស្រលាញ់ ឬ​សេចក្តី​សេ្នហា ជា​ការ​​ពាំនាំ​មក​នូវ​ភាព​រីក​រាយ ព្រោះអារម្មណ៍​ស្រលាញ់​នរណា​ម្នាក់​ឬ​ទទួលបាន​​ការ​ស្រលាញ់​ពី​នរណា​ម្នាក់ ​នឹងទៅ​ភ្ញោច​បញ្ចេញ​អ័រមូន​ហ្វេនីឡេទីឡាមីន Phényléthylamine។ ​ជាប់​ឈ្មោះ​ជា​អ័រមូន​តណ្ហា​ អ័រមូន​​នេះមាន​តួនាទីជាមូលេគុល​គីមី​​ត​ភ្ជាប់​សារ​ពីប្រព័ន្ធប្រសាទ​មួយ​ទៅ​ប្រព័ន្ធ​ប្រសាទ​មួយ​ ​ពិសេសទៅ​ប្រព័ន្ធ​ប្រសាទ​ពាក់​ព័ន្ធ​នឹង​ផាសុក​និង​ភាព​រីករាយ​ភ្លាម។ក្រោយ​​សកម្មភាពដ៏​ស្វាហាប់​​របស់​​អ័រមូន​ហ្វេនីឡេទីឡាមីន ​អ័រមូន​សុភមង្គល​ដូប៉ាមីននិង​អ័រមូន​អូស៊ីតូស៊ីន (អ័រមូន​ជាប់ជំពាក់​ចិត្ត​ស្នេហ៍) ក៏​ចាប់​សាយ​ភាព​ចេញ​មក​ដែរ។និយាយ​ដោយ​ខ្លី ​អ័រមូនដូប៉ាមីន និង​អូស៊ីតូស៊ីន ជា​ថ្នាំ​ធម្មជាតិ​ប្រឆាំង​នឹង​​​អាការៈ​​ស្តេ្រស​និង​ការ​ថប់​បារម្ភ ដែល​ជួយ​បញ្ចុះ​សម្ពាធ​តាន​តឹង និង​សម្ពាធ​ឈាម។អ័រមូន​ដូប៉ាមីន​ ត្រូវ​បាន​បញ្ចេញ​នៅ​ពេល​មានចាប់​មាន​​ចំណង​ស្នេហ៍​ជាប់ជំពាក់​ចិត្ត​ និង​ពេល​បាន​ជួប​ស្នេហ៍ស្មោះ​ភក្តី។ អ័រមូន​អូស៊ីតូស៊ីន បញ្ចេញដោយ​ឯងៗ​​ដោយ​ខួរ​ក្បាល​ ​នៅ​ពេល​សម្រាល​និង​បំបៅ​បោះ​កូន​ ពេល​រួម​រក្ស និង​ពេល​បាន​ទទួល​ការ​បបោស​អង្អែល​ថ្នាក់ថ្នម​។ ការ​ប្រសូត​កូន និង​បំបៅ​ដោះ​កូន ជា​ពេល​វេលាដែល​សរីរាង្គ​កាយ​បញ្ចេញ​អ័រមូន​អូស៊ីតូស៊ីន​យ៉ាង​ច្រើន​បំផុត។ អ៊ីចឹង​ហើយ​បាន​ជា​អ្នក​ជា​ម្តាយ​ជំពាក់​ចិត្ត​ស្រលាញ់​កូន​ទើប​នឹង​កើត​ខ្លាំង។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី​វេជ្ជបណ្ឌិត​ កាទ្រីន សូឡាណូដដែល ដែល​បញ្ជាក់​ថា​ដូច​គ្នា​នេះ​ដែរ នៅ​ពេល​រួម​រក្ស​ ក៏​មាន​ការ​បញ្ចេញ​អ័រមូន​អូស៊ីតូស៊ីន​យ៉ាង​ខ្លាំង​ពេល​ដៃ​គូ​មាន​​សំរើបសម្រេច​កាម​។ មាន​ន័យ​ថា បើ​ដៃគូ​ពីរ​នាក់​រួម​រក្ស​គ្នា​ជា​ញឹកញយ​ ជា​ប្រចាំជា​មួយ​ដៃគូ​ដដែល​យូរឆ្នាំទៅ ដៃគូទាំងពីរ​នឹង​មាន​ចំណង​ជំពាក់​ចិត្ត​គ្នា​កាន់​តែ​ស្អិត​ល្មួត​ឡើងៗ។ ការ​ថើប​អង្អែល​ ប៉ះពាល់​គ្នា​ជា​ជួយ​សម្រួលការ​បញ្ចេញ​​អ័រមូន​អូស៊ីតូស៊ីន​ដែរ។អ័រមូន​នេះ​ជា​ប្រភព​នាំមក​នូ​វ​អារម្មណ៍​ធូរ​ស្បើយ​ ទាក់ទាញ ជាប់​ជំពាក់​នឹង​មនុស្ស​ម្នាក់​ទៀត ហើយ​ក៏​ជា​ថ្នាំ​ដ៏​មាន​មហិទ្ធិរិទ្ធ​សម្រាប់​​​បំបាត់​​ស្តេស​ និង​បំប៉ន​ប្រព័ន្ធ​ការពារសរីរាង្គកាយ។អ័រមូន​ដូប៉ាមីន អូស៊ីតូស៊ីន បញ្ចេញ​សាយភាយក្នុង​បរិមាណ​ដ៏​ច្រើន​​ពេញ​សរីរាង្គកាយ ពេល​មាន​ស្នេហា ដែល​លាត​ត្រដាង​ដោយ​​អារម្មណ៍​ល្អ​ ​​រីករាយ​ ពោរពេញ​ដោយ​ក្តី​សុខ​។​ តែនៅ​​ពេល​បែក​បាក់​ព្រាត់​ប្រាសស្នេហ៍ ផលិត​កម្ម​អ័រមូន​ត្រូវ​ធ្លាក់​ចុះ​ទើប​យើង​មាន​អារម្មណ៍មិន​ល្អ ​​​កើត​ទុក្ខ និង​ឈឺ​ចាប់៕
14/02/20248 minutes, 41 secondes
Episode Artwork

អង្គការសុខភាពពិភពលោក ៖ ការ​ជក់​បារី​អេឡិចត្រូនិក​កើន​ឡើង​នៅទូទាំងពិភពលោក

បើ​តាម​ការ​សិក្សា​ថ្មី​ចុងក្រោយ ចំនួន​ក្មេង​ជំទង់​​ចង់​ភ្លក្ស ចង់​សាក​ប្រើ​គ្រឿង​ញៀន ផឹក​ស្រា និង​ជក់​បារី នៅលើ​ពិភពលោក បាន​ថយ​ចុះ​បន្តិច។ ប៉ុន្តែ​ បើ​គិត​អំពី​តួលេខ​វិញ គឺ​នៅ​តែ​ខ្ពស់​ខ្លាំង​ដដែល​។ ចំណែក​ការ​ជក់​បារី​អេឡិចត្រូនិក​វិញ​ បន្ត​កើន​ឡើង​ជា​និច្ច។ ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ចំនួន​ម​នុស្ស​ចាស់ (ធំពេញ​វ័យ) ជក់​បារី​បាន​ធ្លាក់​ចុះ​ជា​លំដាប់ តាំងពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ​។ នៅ​ឆ្នាំ​២០២២ មាន​មនុស្ស​ប្រមាណ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ នៅជក់​បារី ឬ​ប្រើផលិតផល​ធ្វើ​ពី​ថ្នាំ​​ជក់។ កាលពី​សតវត្សរ៍​មុន ក្នុង​ចំណោម​មនុស្ស​បី​នាក់ មាន​ម្នាក់​ជក់​ហើយ។ នេះ​បើ​តាមរបាយការណ៍​ថ្មីដែល​ជា​​លទ្ធផល​សិក្សា​លើ​ប្រេវ៉ាឡង់​ជក់​បារី​នៅ​រវាង​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០៣០ ​​​អង្គការសុខភាពពិភពលោកបាន​​បញ្ជាក់​ថា ការ​ជក់​បារី​មាន​និន្នាការ​ថយ​ចុះ​ក្នុង​គ្រប់​ប្រទេស​ចំនួន​១៥០​នៅលើ​ពិភពលោក។​ថ្វីបើ​អត្រា​អ្នក​ជក់​បារី បាន​ធ្លាក់​ក្នុង​ប្រទេស​ជា​ច្រើន​នៅលើ​ពិភពលោក​មែន ប៉ុន្តែអត្រា​មរណៈ​បង្ក​ឡើង​ឬ​ពាក់ព័ន្ធ​នឹង​ថ្នាំជក់ ត្រូវ​បន្ត​កើន​ឡើង​នៅប៉ុន្មាន​​ឆ្នាំ​ខាង​មុខ​ទៀត។ ស្ថិតិ​របស់​អង្គការ​សុខភាពពិភពលោក​បាន​បង្ហាញ​ថា​ក្នុង​មួយ​ឆ្នាំ​ៗ បារី​ឬ​ថ្នាំជក់ បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​៨​លាន​នាក់ ក្នុង​នោះ​ជាង​១លាន​បី​សែន​នាក់ ជា​អ្នក​ស្រូប​ផ្សែងបារី​ពី​គេ។​ គេ​ត្រូវ​ការ​ពេលវេលា​ជា​ច្រើន​ដល់​ទៅ​ប្រមាណ​៣០​ឆ្នាំ​ ក្រោយ​ការ​ចាត់​វិធានការ​ដ៏​តឹង​តែង​ប្រឆាំង​នឹង​ថ្នាំ​ជក់​ ទើប​ចាប់​ឃើញ​ចំនួន​មនុស្ស​ស្លាប់​ដោយ​បារី​ចាប់​ធ្លាក់​ចុះ។ម្យ៉ាង​វិញ​ទៀត ​បើ​ទោះ​បី​ជា​ចំនួនអ្នក​ជក់​បារី​បាន​បន្ត​ធ្លាក់​ចុះ​ជា​លំដាប់​ក៏​ដោយ ក៏​អង្គការ​សុខភាព​ពិភពលោកមិន​​រំពឹង​ថា​អាច​សម្រេច​កម្មវត្ថុ​បញ្ចុះ​អត្រា​អ្នក​ជក់​បារី​ឱ្យ​បាន​៣០%​នៅ​រវាង​ពី​ឆ្នាំ​២០១០ដល់​ឆ្នាំ​២០២៥បាន​ទេ។​ មាន​តែ​​៥៦​ប្រទេស​ប៉ុណ្ណោះ មាន​ជាអាទិ៍​ប្រេស៊ីល ដែល​បាន​សម្រេច​កាត់​បន្ថយ​ការ​ប្រើ​ថ្នាំជក់​ឬ​បារី​បាន​៣៥%​ តាំងពី​ឆ្នាំ​២០១០មក។ ផ្ទុយ​ទៅវិញ ការ​ជក់​បារី​បែរ​ជាកើន​ឡើង​នៅក្នុង​​៦​ប្រទេស គឺ កុងហ្គោ អេហ្ស៊ីប ឥណ្ឌូណេស៊ី ហ្សកដានី អូម៉ង់ និង​ម៉ុលដាវី។ដូច្នេះ​មិន​ត្រូវ​ភ្លេច​ខ្លួន និងមិន​ទាន់​ដល់​ពេល​ត្រូវ​ទម្លាក់​ដៃ​ឡើយ បើ​ទោះ​បី​ជា​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជក់​បារី​នៅលើ​ពិភពលោក​មាន​លក្ខណៈ​ប្រសើរ​ជា​ទូទៅ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក៏​ដោយ​។ ​អង្គការ​សុខភាព​​ពិភពលោក​បាន​ឆ្លៀត​ព្រមាន​ថា ឧស្សាហកម្ម​បារី​មិនបាន​ឈរ​អោប​ដៃ​នៅ​ស្ងៀម​ឡើយ​។ នាយក​ដេប៉ាតឺម៉ង់​ទ្រទ្រង់​សុខភាព​របស់​អង្គការ​ បាន​អះអាង​បែប​ចោទ​ប្រកាន់​ដោយ​ចំៗ​ថា នៅទីណា​ដែលការ​ជក់​​បារីធម្មតា​​ធ្លាក់​ចុះ ឧស្សាហកម្ម​បារី​តែង​បើក​សមរភូមិ​ថ្មី​ បង្កើត​ផលិតផល​ថ្មី​ គ្មាន​ផ្សែង​ សម្រាប់​ទាក់​ទាញ​និង​បង្កើត​ទីផ្សារ​ថ្មី​ប្រមូល​ចំណាប់​អារម្មណ៍​ឱ្យ​បាន​ច្រើន​ជា​អតិបរិមា ក្នុង​ចំណោម​អតិថិជន​ថ្មី​ គឺ​ក្មេង​ជំទង់។ ១០%​នៃ​​ក្មេង​អាយុ​ពី​១៣ទៅ​១៥​ឆ្នាំ នៅលើ​ពិភពលោក​បាន​ជក់​បារី​ និងប្រើ​​ថ្នាំ​ជក់​ប្រភេទថ្មី​​ និង​ទម្រង់ថ្មី។ ពោល​គឺ​មាន​ក្មេង​យ៉ាង​ហោច​៣៧​លាន​នាក់ ជា​អ្នក​ជក់​បារី ក្នុង​នោះ​១២​លាន​នាក់​ប្រើ​ផលិតផល​បារី​​ថ្មី​។ សម្រាប់​អង្គការ​សុខភាពពិភពលោក តួលេខ​នេះ​ទាប​ជាង​ការ​ពិត​ជាក់​ស្តែង​ឆ្ងាយ​ណាស់ ព្រោះ​ជាង​៧០​ប្រទេស​មិន​បាន​ផ្តល់​ទិន្នន័យ​អ្វី​ទាំងអស់។នៅ​ប្រទេស​បារាំង អត្រា​ក្មេង​រៀន​នៅ​វិទ្យាល័យ​​ជក់​បារី​ បាន​ធ្លាក់​ចុះ​ពី​១៧,៥%​នៅ​ឆ្នាំ​២០១៨​មក​នៅ​ត្រឹម​តែ​៦,២%​នៅ​ឆ្នាំ​២០២២។ មាន​កញ្ចប់​បារី​ក្នុង​កាតាប​ ក្នុង​កាបូប លែង​ពេញ​និយម​ហើយ។ នេះពិត​ជា​ដំណឹង​ល្អ​មែន ព្រោះ​ការ​ប្រព្រឹត្ត​បារី​ក្នុង​វ័យ​កាន់​តែ​ក្មេង (ក្រោម២០ឆ្នាំ) កាន់​តែ​ឆាប់​ញៀន។ ប៉ុន្តែ​ទន្ទឹម​ដំណឹង​ល្អ​នេះ តែ​ក្មេងៗ​បាន​ងាក​​ទៅ​សាកល្បង​ និង​ជក់​បារី​អេឡិចត្រូនិក កាន់​តែ​ច្រើនឡើងៗ។ ការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ការ​ប្រើប្រាស់​បារី​អេឡិច​ត្រូនិក​ពិត​ជា​មាន​កំណើន​ នៅទូទាំង​ពិភពលោក។ ក្មេង​អាច​មិន​ចូល​ចិត្ត​រសជាតិ​និង​ក្លិន​បារី​បែប​បូរាណ តែ​ចូល​ចិត្ត​បារី​អេឡិចត្រូនិក ដែល​មាន​គ្រប់រសជាតិ និង​ក្លិន​ផ្លែ​ឈើ​ជា​ច្រើន​មុខ។បញ្ហា​នៅ​ត្រង់​ថា រសជាតិ ក្លិន និង​ទម្រង់​ប្លែកៗ​របស់​បារី​អេឡិចត្រូនិច ​មិនមែន​ជា​ដើមបារី​មាន​កន្ទុយ​ស្នោ​នេះ ក៏ច្រើន​តែ​​​មាន​បង្កប់ និង​ផ្ទុក​សារធាតុ​​ជាតិ​នីកូទីន​ច្រើន​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សាស្ត្រាចារ្យ​ Loïc Josseran ប្រធាន​សម្ព័ន្ធ​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំជក់ នៅ​ប្រទេស​បារាំង បាន​រំលឹក​ថា“បារីអេឡិចត្រូនិក នៅ​តែ​អាច​ផ្តល់​ភាព​ញៀន​នឹង​នីកូទីន​ខ្ពស់​ខ្លាំង​ដដែល​។ យុទ្ធសាស្ត្រ​របស់​ឧស្សាហកម្ម​ថ្នាំជក់​​នៅ​តែ​ដដែល -នៅ​តែ​បន្ត​ផ្សព្វផ្សាយ​ក្នុង​ចំណោម​យុវវ័យ​នូវ​ផលិត​ផល​មាន​ផ្ទុក​ជាតិ​នីកូទីន។ អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ គឺ​ការ​កកើត​ទីផ្សារ​នីកូទីន​ តាម​រយៈ​ផលិត​ផល​បារី​អេឡិចត្រូនិក e-cigarette Vapeឬ Vapoteuse បំពង់បង្ហុយ​ឬ​ Puff ...”។តើ​អ្វី​ទៅ​ជា​បារី​អេឡិចត្រូនិក?បង្កើត​ឡើង​ដោយ​ជន​ជាតិ​ចិន នៅ​ឆ្នាំ​២០០៦​ បារីអេឡិចត្រូនិក គឺ​ជា​គ្រឿង​អេឡិចត្រូនិក មានដូច​ប៊ិច ដូច​ដែកកេះ ​សម្រាប់ស្រូប​​បឺតបង្ហុយ​​ផ្សែង​ ដែល​បាន​មក​ពី​ការ​កម្តៅ​វត្ថុ​រាវក្នុង​បំពង់​ឬ​ដប​ ដោយ​​ប្រើ​ថ្ម មិន​បាច់​អុជភ្លើង​​ និង​ក្នុង​សីតុណ្ហភាព​តែ​៦០អង្សា។ វត្ថុ​​រាវ​ក្នុង​បារី​អេឡិចត្រូនិក​ ផ្សំ​ឡើង​ដោយ​សារធាតុ​គីមី​ច្រើន​មុខ មាន​ជា​អាទិ៍ Propylène glyco ឬនីកូទីនផង និង​មាន​ក្លិន មាន​រសជាតិរាប់​ពាន់​មុខ​​ មិន​ស្អុយ​ដូច​បារី​បូរាណទេ ហើយ​​អាច​សាក​បញ្ចូល​បន្ថែម ឬប្រើ​ម្តង​ក្រវ៉ាត់​ចោល​ក៏​បាន។ បារី​អេឡិចត្រូនិក​ខ្លះ​គ្មាន​ជាតិ​នីកូទីន​សោះ ខ្លះ​ក៏​មាន​ក្នុង​កំរិត​​មួយ​ដែល​អាច​នាំ​ឱ្យ​ញៀន​បាន។ មាន​ឈ្មោះ​ហៅ​ថា​បារី​មែន ប៉ុន្តែ​​គ្មាន​ផ្ទុក​ឬ​មាន​ផ្ទុក​យ៉ាង​តិច​តួច​បំផុត​ ជាតិ​ជ័រTar និង​ធាតុ​ផ្សំ​ពុល​ជា​ច្រើន​ផ្សេង​ទៀតដូច​​បារីដើម​ធ្វើ​ពី​ថ្នាំជក់​ធម្មជាតិ​ទេ។ ក្នុង​ពេល​ភ្លាមៗ​និង​ខ្លី​ ការ​ជក់​បារី​អេឡិចត្រូនិក គ្មាន​ជាតិ​នីកូទីន ជាជម្រើស​​​មួយ​សម្រាប់​អ្នក​ចង់​​ផ្តាច់​​បារី។ ប៉ុន្តែ​ការ​បឺត ស្រូប​ផ្សែង​ ចូល​ក្នុង​ខ្លួន​ អាច​នឹង​ប៉ះពាល់​ដល់​សួត ដល់​បេះដូង។ ផលវិបាក និង​ឥទ្ធិពល​នៃ​បារី​អេឡិចត្រូនិក​សម្រាប់ពេល​អនាគត និង​រយៈ​ពេល​ មិនទាន់​កំណត់​បាន​ដោយ​ច្បាស់​លាស់​នៅឡើយទេ។ គ្រាន់​តែ​គេ​ចាប់​ផ្តើម​សង្កេត​ឃើញមាន​ចំណង​ពាក់ព័ន្ធ​រវាង​ការ​ជក់​បារី​អេឡិចត្រូនិក និង​ជំងឺ​រលាក​សួត ជំងឺ​បេះដូង ព្រមទាំង​ជំងឺ​មហារីក​ខ្លះ៕
01/02/20247 minutes, 7 secondes
Episode Artwork

ចង្ក្រាន​បាយ ជា​សម្បុក​មេរោគមែនឬ?

បង្គន់ ទូរស័ព្ទ​ដៃ​ ជាប់​ឈ្មោះ​ល្បី​ថា​ជា​កន្លែង​ដ៏​កខ្វក់ មាន​ផ្ទុក​មេរោគ​ច្រើន​ណាស់។ ប៉ុន្តែ​គ្មាន​នរណា​និយាយ​អំពី​ចង្ក្រាន​ទេ។ ចង្ក្រាន​ ឬ​ផ្ទះ​បាយ ​ជា​កន្លែង​ផ្តុំ​មេរោគ​ច្រើន​ជាង​បង្គន់​ទៅ​ទៀត។ តើ​ផ្នែក​ណា​នៃ​ចង្ក្រាន​ដែល​អាច​ចម្លង​មេរោគ​ច្រើន​ជាងគេ ? តើ​ធ្វើ​ដូចម្តេច​ដើម្បី​បង្កើន​អនាម័យ​នៅផ្ទះបាយ? តើ​នៅក្នុង​ផ្ទះ ​កន្លែងណា​​ដែល​កខ្វក់​ និង​ មាន​ផ្ទុក​មេរោគ​ច្រើន​ជាង​គេ? ចម្លើយរបស់​អ្នក​​ច្បាស់​ជា​ “បង្គន់”​ហើយ។ ថ្វីបើបង្គន់​ជាប់​ឈ្មោះ​ជា​កន្លែង​កខ្វក់​សម្បូរ​មេរោគ​​ច្រើន​​​មែន​  ប៉ុន្តែ​ផ្ទះ​បាយ​មាន​ផ្ទុក​មីក្រុប​ច្រើន​ជាង​នៅ​បង្គន់ទៅ​​ទៀត។ នេះ​បើ​តាម​ការ​សិក្សា​នៅ​ឆ្នាំ​២០២២ ​ដែលលម្អិត​ទៀត​ថា កន្លែង​​មាន​ផ្ទុកនិងបណ្តុះ​​មេរោគ បាក់តេរី ​វីរ៉ុស ច្រើន​ជាងគេ​បំផុត នៅក្នុង​ផ្ទះ​ គឺ​អេប៉ុង​លាង​ចាន។ អេប៉ុងលាង​ចាន​មាន​សមត្ថភាព​ប្រមូលផ្តុំ​មេរោគ​​ ហើយអាច​​ចែក​ចាយ​បាក់តេរី និង​ភ្នាក់ងារ​ចម្លង​មេរោគ​ទៀត។ ឬ​អាច​និយាយ​បែប​ផ្សេង​បាន​ថា​ អេប៉ុង​លាង​ចាន​អាច​អាក្រក់​សម្រាប់​សុខភាព។ បើ​គិត​តាម​ក្បួន​អនាម័យ មាន​អេប៉ុង​គគ្រិច​ក្នុង​ចង្ក្រាន​ ប្រៀប​បាន​នឹង​ស្លៀក​ខោក្នុង​មិន​ប្តូរ​ផ្លាស់​​ជា​រៀង​រាល់​ថ្ងៃ​យ៉ាង​ដូច្នោះ។ បើ​គេ​ជឿ​លើ​ការ​​សិក្សាដែល​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​Nature កាលពី​ឆ្នាំ​២០១៧​ អេប៉ុង​លាង​ចាន​ និង​​​ខោ​ក្នុង​ស្លៀក​មិន​ប្តូរ(រាល់​ថ្ងៃ)​ មាន​ផ្ទុក​បាក់តេរី​ដូច​គ្នា​។អេប៉ុង​លាង​ចាន​កខ្វក់​យ៉ាងណា?នៅក្នុង​ការ​សិក្សា​ មាន​បាក់តេរី​ជាង​១ម៉ឺនប្រភេទ ​រស់​ចម្រុះ​​គ្នា​ក្នុង​អេប៉ុង​លាង​ចាន​យើងដែល​ខ្លះមាន​ចំនួន​បាក់​តេរី​​ឡើង​ដល់​ទៅ​៥០ពាន់​លាន​​ក្នុង​មួយ​សង់ទីម៉ែត្រគូប​អេប៉ុង។ ជា​បាក់តេរី​ដែល​មាន​ស្ថិត​នៅក្នុង​ចង្កោម​គ្រួសារ​ខុសគ្នា យ៉ាង​ហោច​២០​គ្រួសារផ្សេង​គ្នា ក្នុង​នោះ​ខ្លះ​ពពួក​បាក់តេរី​ដ៏​គ្រោះ​ថ្នាក់​​មាន​នៅក្នុង​លាមក​ ដូច​យ៉ាង​ Salmonelle, Escherichia coli, Klebsiellaផង។ បើទោះ​បី​ជា​គេ​សម្អាត​ផ្ទះ​បាយ ដោយ​មិន​ប្រើ​អេប៉ុងតែមួយ​ជាមួយ​នឹង​អេប៉ុង​​លាង​បង្គន់​ក៏​ដោយ ក៏​អេប៉ុង​លាង​ចាន​អាច​ប្រមូល​បាក់​តេរីពពួក​សាល់​ម៉ូណែល​បាន​ដែរ​ តាម​រយៈ​ការ​លាង​ចាន ជូត​លាង​កែម​ជើង​ចង្ក្រាន​ដែល​មាន​ស្នាម​​គោះ​ពង​មាន់ ឬ​ដោយ​សារ​ដៃ​របស់​យើង​ ដែល​មិន​បាន​លាង​សម្អាត​ត្រឹម​ត្រូវ​ក្រោយ​ចេញ​ពី​បង្គន់ ហើយ​មក​លាង​ចាន។ការ​ចម្លង​និង​ផ្ទុក​មេរោគ​ក្នុង​អេប៉ុង​លាង​ចាន មិនមែន​ពាក់ព័ន្ធ​តែ​នឹង​ចំណី​អាហារ​មួយ​មុខ​ទេ តែ​ដោយសារ​រចនា​សម្ព័ន្ធ​របស់​អេប៉ុង​តែម្តង។ អេប៉ុង​មាន​រន្ធ​ ហើយ​សើម​ជា​និច្ច​ដែល​​បាក់តេរី​និង​មេរោគ​គ្រប់​ប្រភេទ​ចូល​ចិត្ត​សំងំ​នៅ​ ហើយ​ពង្រីក​គ្នា​បាន​យ៉ាង​ងាយ។ គ្មាន​ប្រយោជន៍​​អ្វី​ដែល​ត្រូវ​យក​អេប៉ុង ទៅ​បោក​លាង​ក្នុង​ម៉ាស៊ីន ឬ​ស្ងោរ​ក្នុង​ទឹក​ពុះ ដើម្បី​សម្លាប់​មេរោគ​ឡើយ។ ការ​សិក្សា​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​ដដែល​នេះ បាន​អះអាង ការ​សម្អាត​អេប៉ុង​ក្នុង​ទឹក​ពុះ​អាំច​សម្លាប់​បាក់តេរី​បានត្រឹម​តែ​​៦០%​យ៉ាង​ច្រើន​។ មាន​ន័យ​ថា​គេ​មិន​កម្ចាត់​មេរោគ​ពី​អេប៉ុង​បាន​១០០%​ទេ​។ មធ្យោបាយ​ដ៏​ល្អ​តែ​មួយ​គត់​ដែល​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ គឺ​ត្រូវ​ឧស្សាហ៍​ប្តូរ​អេប៉ុង​ឱ្យ​បាន​ញយ។ យក​ល្អ​ត្រូវ​ប្តូរ​​ជា​រៀង​រាល់​សប្តាហ៍កុំ​រង់​ចាំ​ទាល់​តែ​អេប៉ុង​ឡើង​ទក់រហែក​ទើប​បាន​គ្រវាត់​ចោល។​ បើ​មិន​ដូច្នេះ​ទេ វិទ្យុ​កាណាដា ណែនាំ​ឱ្យ​ប្រើ​ច្រាសឈើ​​ដែល​មាន​ចុង​ធម្មជាតិ​ មិន​ជប់​ទឹក​ ឬ​ដែក​ដុស​ធ្វើ​ពី​ស្ពាន់ទន់ មិន​ឆ្កូត​ហើយ​អាច​សម្លាប់​មេរោគ​បាន​ខ្លះ​ទៀត។ក្រៅ​ពី​ប្រដាប់​លាង​ចាន ការសិក្សា​មួយ​ទៀតបង្ហាញ​ថា ក្រណាត់​ជូត​ចាន ក៏​ជា​ជង្រុក​មេរោគ​ និង​ជា​កន្លែងចិញ្ចឹម​បាក់តេរី​យ៉ាង​ខ្លាំង​ក្លាដែរ ជាពិសេស​ពពួក​មេរោគ​Escherichia coli បាក់តេរី​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ពោះវៀន​។ ត្រូវ​បើ​ក្រណាត់​ជូត​ ដាច់​ដោយ​ឡែក​ពី​គ្នា ក្រណាត់​ជូតតុ​សម្រាប់​ជូត​តែ​តុ ក្រណាត់​ជូត​ដៃ​សម្រាប់​តែ​ជូត​ដៃ ឯ​ក្រណាត់​ជូត​ចាន​សម្រាប់​តែ​ជូត​ចាន ហើយ​ត្រូវ​បោក​ជា​រៀង​រាល់​ថ្ងៃ ក្នុង​ទឹក​ក្តៅ​៦០អង្សា​កាន់​តែ​ប្រសើរ។វត្ថុ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ក្នុង​ចង្ក្រាន​​មួយ​ចំនួន​ទៀត ដែល​មាន​ប្រើ​និង​ប៉ះពាល់​ញឹក​ញាប់​ខ្លាំង ក៏​សម្បូរ​មីក្រុង​តោង​ដែរ។ ដំបូង​គេ​គឺ ជ្រុញ គម្រប​ (គម្រប​ក្រឡ​ស្ករ ប៊ីចេង ប្រហុកផ្អក...) ដៃ​ឆ្នាំង ដៃ​កំសៀវ​ដាំ​ទឹក និង​តុ​ក្នុង​ផ្ទះ​បាយ ដែល​យើង​តែង​យក​ស្បោង​ម្ហូប​មក​ពី​ផ្សារ​ដាក់​បន្តុប​លើ។ បើ​តាម​ការ​សិក្សា​ឆ្នាំ​២០២២ គម្រប​ក្រឡ​គ្រឿង​ផ្សំ​ចំនួន​ពាក់​កណ្តាល​មាន​ឆ្លង​មេរោគ។សូម​ឧស្សាហ៍​សម្អាត​ ធុង​សំរាម និង​ទូរទឹក​កក ព្រមទាំង​ដប​ទឹក​ ក្នុង​ម៉ាស៊ីន​ឆុងកាហ្វេផង ព្រោះ​វត្ថុ​ទាំង​នេះ​ក៏​មាន​ហានិភ័យ​ផ្ទុក​មេរោគ​ច្រើន​ដែរ។ ប៉ុន្តែ​​ការលាង​​សម្អាត ដោយ​ប្រើ​សាប៊ូលាង​ចាន អាច​បំបាត់​ជាតិ​ខ្លាញ់ ជម្រះ​កាក​សំណល់​​អាហារ និង​ភាព​កខ្វក់​ ធ្វើ​ឱ្យ​ចាន​ក្បាន​ភ្លឺ​ល្អ​មែន ប៉ុន្តែ​មិន​ប្រាកដ​ថា​បរិសុទ្ធ​សម្រាប់​សុខភាព​ឡើយ ព្រោះ​សាប៊ូ​លាង​ចាន ​​អាច​​កម្ចាត់​​​មេរោគ​បានតែ​មួយ​ចំនួន ឬ​គ្រាន់​តែ​រុញ​ច្រាន​មេរោគ​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ប៉ុណ្ណោះ។បន្ថែម​ពី​លើ​ការ​សម្អាត​ជា​ប្រចាំ​ថ្ងៃ សូម​ប្រើ​ផលិតផល​សម្លាប់​មេរោគ បាត់តេរី និង​​ផ្សិត ​មាន​អាទិ៍​ទឹក​អូហ្សាវែល សម្អាតផ្ទៃ​ចង្ក្រាន វត្ថុ​ប្រើប្រាស់សម្រាប់​ធ្វើ​ម្ហូប តុ ​ការ៉ូ​ឥដ្ឋ​ ...ទើបប្រាកដថា​​មាន​ប្រសិទ្ធភាពកម្ចាត់​មេរោគ​ក្នុង​ផ្ទះ​បាយ​​​​បាន​ពិត​ប្រាកដ។ជា​ចុងក្រោយ​គឺ​កុំ​ភ្លេច​ឧស្សាហ៍​លាង​ដៃ ដែល​ជា​ប្រភព​ចម្លង​មេរោគ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ពីវត្ថុ​មួយ​ទៅ​វត្ថុ​មួយទៀត។ ចាំ​បាច់​ត្រូវ​តែ​លាង​ដៃ​ឱ្យ​បាន​ស្អាត មុន​និង​ក្រោយ​ទៅ​​ប៉ះពាល់​បន្លែ​ អាហារ​ឆៅ។ កុំ​ភ្លេច​លាង​ដៃនឹង​សាប៊ូ ឬ​ជែល​សម្រាប់​មេរោគ ​ក្រោយ​ចេញ​ពី​បង្គន់ ក្រោយ​ពី​បានធ្វើ​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ​ និង​ពេល​ត្រលប់​ចូលមក​ដល់​​ផ្ទះ។ សាប៊ូលាង​ចាន ជា​ផលិតផល​សម្រាប់​លាង​សម្អាត ឱ្យ​ជ្រះ​ជាតិ​ខ្លាញ់ ជ្រះ​ស្នាម​ប្រលាក់ ភាព​គគ្រិច មិន​គួរ​ប្រើ​សម្រាប់​លាងសម្អាត​​ដៃ​ទេ ដោយ​វា​​អាច​នឹង​ធ្វើ​ខូច​ស្បែក​ ​ឆាប់​ស្ងួត ឬ​ប្រេះ ដែល​ជា​ទង្វើ​បញ្ច្រាសខ្យល់​​បើក​ឱកាសឱ្យ​​មេរោគ​វិញ។ជំងឺ​បង្កឡើងដោយ​មេរោគ​ជា​ពពួក​បាក់តេរី ជាមូលហេតុ​ទីពីរ​នៃ​មរណភាព​នៅលើ​ពិភពលោក​បន្ទាប់​ពី​ជំងឺ​បេះដូង។ នេះ​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​ដ៏​ធំ​មួយដឹកនាំ​ដោយ​មូលនិធិ​Bill Gates ចេញ​ផ្សាយ​កាលពី​ថ្ងៃអង្គារ​ទី​២១​វិច្ឆិកា​២០២៣ ដោយ​លម្អិត​ទៀតថា នៅក្នុង​ចំណោម​ពពួក​បាក់តេរី​ជាង​៣០ប្រភេទ​ដែល​បង្ក​ជំងឺ​ជា​ញឹកញាប់​ជាង​គេ មាន​៥​ជា​ឃាតករ​កំណាច​ជាង​គេ គឺ Staphylocoque Doré, Escherichia Coli, Pneumocoque Klebsellia pneumoniae និង​ Bacille pyocyanique៕
25/01/20246 minutes, 51 secondes
Episode Artwork

ការ​សិក្សា​៖ រស់នៅ​​ឬការ​​​លំហែ​​នៅ​មាត់​សមុទ្ទ​ជួយ​ទ្រទ្រង់​មនុស្ស​ឱ្យ​មាន​សុខភាព​ល្អ​រឹងមាំ

អ្នក​​ស្រាវជ្រាវ​បាន​លើក​ទឹ​កចិត្ត​​អំណាច​សាធារណៈ​​​ជួយ​សម្រួល​ការ​​ទៅ​សម្រាក​លំហែ​នៅ​មាត់​សមុទ្ទ ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​របស់​ខ្លួន ព្រោះ​សមុទ្ទ​ជា​ប្រភព​នៃ​គុណប្រយោជន៍​ច្រើន​យ៉ាង​ណាស់​សម្រាប់​សរីរាង្គកាយ​មនុស្ស។ ទឹក​សមុទ្ទ ខ្យល់​សមុទ្ទ សំឡេង​រលក ឆ្នេរ​ខ្សាច់ ក៏​ដូច​​ជា​អាហារគ្រឿង​សមុទ្ទ​ សារាយ ... ​សុទ្ធ​តែ​ជា​អ្នក​ផ្គត់​ផ្គង់​សុខភាព​ទាំងអស់។ តើ​យើ​ង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​ទាញ​យក​ផល​ល្អ​នៃ​បរិស្ថាន​សមុទ្ទឱ្យ​​រាងកាយ​និង​ស្មារតី​​? បើ​តាម​ជំនឿ​របស់មហាជន​​នៅអឺរ៉ុប បាន​ទៅ​សម្រាក​លំហែ​នៅ​សមុទ្ទ​បាន​​មួយ​ខែ​ក្នុង​មួយ​ឆ្នាំ​ នឹង​គ្មាន​ជំងឺ​ដង្កាត់​ទេ។ ប៉ុន្តែថ្វី​បើ​​​គ្មាន​កា​រសិក្សា​ណា​អាច​បញ្ជាក់​តាមបែប​វិទ្យាសាស្ត្រ​ជុំ​វិញ​ជំនឿ​នេះក៏​ដោយ ក៏​គេ​ទទួល​ស្គាល់​​យ៉ាង​ជាក់លាក់​ថា​សមុទ្ទ​អាច​ជួយ​សរីរាង្គ​មនុស្ស​យើង​ឱ្យ​​មាន​ដំណើរការ​យ៉ាង​ល្អ​ប្រសើរ​បំផុត។ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវផ្នែក​ចិត្តវិទ្យា​បរិស្ថាន​នៃ​សកលវិទ្យាល័យ​វីយ៉ែន ​ជាតិ​អូទ្រីស Sandra Geiger ទើប​ផ្តល់​សេចក្តី​សន្និដ្ឋាន​ដែលអាច​ពង្រឹងជំនឿ​ចាស់​បូរាណ​ខាង​លើ​បាន ដោយ​អាច​បញ្ជាក់​អំពី​ចំណង​ទាក់ទង​ដោយ​ផ្ទាល់​រវាង​ការ​មាន​សុខភាព​ល្អ​និង​ការ​រស់​នៅ​ជាប់​មាត់​សមុទ្ទ។ យោង​តាម​ទិន្នន័យ​សិក្សា​ក្នុង​១៥​​ប្រទេស​ ប្រជាពលរដ្ឋ​រស់​នៅ​តាម​មាត់​សមុទ្ទ​និង​អ្នក​ទៅ​សម្រាក​លំហែ​វិស្សមកាលនៅ​តំបន់​ឆ្នេរ​ មាន​ស្ថានភាព​សុខភាព​ល្អ​ប្រសើរ​ឡើង មិន​ថា​ជន​នោះ​រស់​នៅក្នុង​ប្រទេស​ណា​និង​មាន​កំរិត​ជីវភាព​យ៉ាងណា​ទេ។​សេចក្តីសន្និដ្ឋានដែល​ទស្សនាវដ្តី​ Communications Earth & Environment យក​មក​ចុះ​ផ្សាយ​ ជា​លទ្ធផល​​បានមក​ពី​ការ​ចោទ​សំណួរ ស្តីពី​សកម្មភាព​ស្នើ​ឡើង​នៅ​លើ​ឆ្នេរ ព្រមទាំង​ស្តីពី​សុខភាព​រាងកាយ​និង​ផ្លូវចិត្ត ​លើ​មនុស្ស​ជាង​១៥០០០នាក់​រស់​នៅ​ក្នុងប្រទេស​អូស្ត្រាលី​ និង​១៤​ប្រទេស​នៅអឺរ៉ុប (អាល្លឺម៉ង់ ប៊ែលហ្សិក ប៊ុលហ្ការី អេស្ប៉ាញ បារាំង ក្រិក​ អៀឡង់ អ៊ីតាលី ន័រវែស ហូឡង់ ប៉ូឡូញ ព័រទុហ្កាល់ សាធារណរដ្ឋ​ឆែក​និង​អង់គ្លេស)។ ចម្លើយ​របស់​ពួកគេទាំង​១៥​ប្រទេស មាន​លក្ខណៈ​ស៊ីចង្វាក់គ្នា​​ និង​ច្បាស់​លាស់​ក្រៃ ដែល​សូម្បី​តែ​ក្រុម​ជំនាញ​និង​អ្នក​ស្រាវជ្រាវ​ផ្ទាល់​ក៏​ភ្ញាក់​ផ្អើល​ខ្លាំងមែនទែន។ សម្រាប់​​អ្នកស្រី Sandra Geiger លទ្ធផល​នៃ​ការសិក្សា​នេះស​ឱ្យ​ឃើញ​ថា​មនុស្ស​គ្រប់​រូប​ហាក់​ទទួល​បាន​នូវ​គុណប្រយោជន៍​ដូច​គ្នា​ពីការ​រស់​នៅក្បែរ​មាត់​សមុទ្ទ មិនមែន​តែ​ចំពោះ​​អ្នក​ធូរធារ​ឡើយ។ ការ​រស់​នៅ​ក្បែរ​សមុទ្ទ​និង​ពិសេស​ការ​ទៅ​លំហែ​នៅ​មាត់​សមុទ្ទ​អាច​ជះ​ឥទ្ធិពល​សំខាន់​លើ​សុខភាព​មនុស្ស។ នេះ​ជា​ការ​បញ្ជាក់បន្ថែម​​របស់​អ្នក​ស្រាវជ្រាវ​ជាតិ​អូទ្រីស​Sandra Geigerដដែល។តើ​​សមុទ្ទ​ជួយ​ចម្រើន​សុខភាពយ៉ាងណា​ខ្លះ?​៧០%​ នៃ​ភពផែន​ដី​ ជា​សមុទ្ទ​។ ហើយ​សមុទ្ទនេះ​​ជា​ប្រភព​នៃ​គុណប្រយោជន៍​ច្រើន​យ៉ាង​ណាស់​សម្រាប់​សរីរាង្គកាយ​មនុស្ស។ ទឹក​សមុទ្ទ ខ្យល់​សមុទ្ទ សំឡេង​រលក ឆ្នេរ​ខ្សាច់ ក៏​ដូច​​ជា​អាហារគ្រឿង​សមុទ្ទ​ សារាយ ... ​សុទ្ធ​តែ​ជា​អ្នក​ផ្គត់​ផ្គង់​សុខភាព​ទាំងអស់។ទឹក​សមុទ្ទ​មាន​បន្សំ​សមាសធាតុ​រ៉ែ (រ៉ែ​អំបិល កាល់ស្យូម សូស្យូម ប៉ូតាស្យូម...)  និង​ធាតុចាំបាច់​olegoelement​ ​(អ៊ីយ៉ូដ ដែក សង្កសី ម៉ង់ហ្កាណែស...) គ្រប់មុខ ដូច​គ្នា​ស្ទើរ​បេះដាក់​នឹង​ជាតិ​ទឹក​នៅក្នុង​ខ្លួន​មនុស្សយើង។ ជាង​នេះ​ទៅ​ទៀត ទឹក​សមុទ្ទ​មានផ្ទុក​សារធាតុ​អង់ទីប៊ីយូទិក​ ដែល​ចូល​ចំណែក​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន​ទៀត។ ចំណែក​ខ្យល់​សមុទ្ទ ជា​ខ្យល់​ប្រៃ សម្បូរ​ជាតិ​រ៉ែ និង​អ៊ីយ៉ុង​អវិជ្ជចេញ​មក​ពី​អំបិល​សមុទ្ទ។ គឺអ៊ីយ៉ុង​អវិជ្ជមាន​នេះ​ហើយ​ដែល​មាន​ចំណែក​បន្សុទ្ធ​ខ្យល់​បរិយាស​ដោយ​ទៅ​កម្ចាត់​អ៊ីយ៉ុង​វិជ្ជមាន​ និង​ជាតិ​ពុល​ បង្ក​ឡើងដោយ​ផ្សែង​ពុល។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​បាន​ទៅ​ដល់ និង​សម្រាក​កំសាន្ត​នៅ​មាត់​សមុទ្ទ ខ្លួន​ប្រាណ​យើង​នឹង​បាន​ស្រូប​យក​ខ្យល់​ប្រៃ​ខ្យល់​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ មក​បំពេញ​កង្វះ​ខាត​របស់​ខ្លួន។ ខ្យល់​បរិយាកាស​មាត់​សមុទ្ទ​ ជា​ខ្យល់​បរិសុទ្ធ ប្រៃ និង​មាន​ជាតិ​ពុល​តិច​តួច​ណាស់ ដោយ​មាន​បាក់តេរី ប្រមាណ​តែ​២រយ​ជា​មធ្យម​ក្នុង​មួយម៉ែត្រគូប​ខ្យល់ ទល់​នឹង​ជាង​៥ម៉ឺន​នៅ​ក្នុង​ក្រុង។នៅ​មាត់​សមុទ្ទ សម្ពាធ​បរិយាកាស​ខ្ពស់​ខ្លាំង ទើប​យើង​អាច​ដក​ដង្ហើម​បាន​ស្រួល ហើយ​សរីរាង្គកាយ​ក៏​ទទួល​ខ្យល់​អុកស៊ីហ្សែន​បាន​ប្រសើរ។ ជាតិ​អំបិល អ៊ីយ៉ូត ដែល​ជា​សារធាតុ​ដ៏​ចាំបាច់​នៃ​ការ​ផលិត​និង​ចាត់​ចែង​ក្រពេញ​អ័រមូន​ទីរ៉ូអ៊ីត​ អាច​ហូរ​ចូល​ទៅ​សម្រួល​សព៌ាង្គកាយ​បាន​ផ្លូវ​ដង្ហើម​បាន​យ៉ាង​ស្រួល។ចុះ​មុជ​ទឹក​សមុទ្ទ​ឱ្យ​បាន​តែ​១៥​នាទី ក៏​នឹង​ធ្វើ​ឱ្យខ្លួន​ប្រាណ​ពិសេស​ស្បែក​មាន​កម្លាំង។​ បើ​ជា​ទឹក​សមុទ្ទ​ត្រជាក់ វា​នឹង​ជួយ​ផ្តល់ជាតិ​​សំណើម​ដល់​ស្បែក និង​ធ្វើ​ឱ្យ​ស្បែក​ឡើង​ភ្លឺ​រលោង ព្រោះ​ជាតិ​អំបិល​របស់​ទឹក​សមុទ្ទ នឹង​ទៅ​ជម្រុះ​កោសិកា​ងាប់ៗ​តោង​​នៅ​លើ​ស្រទាប់​ស្បែក​អេពីដែម ​ជា​ហេតុ​នាំ​ឱ្យ​ស្បែក​ឡើង​ទន់​ល្មើយ​ល្អ។ ការ​សិក្សា​ខ្លះ​ទៀត បាន​រក​ឃើញ​ថា​ទឹក​សមុទ្ទ​មាន​សមត្ថភាពប្រឆាំង​នឹង​ការ​រោលរលាក ដោយ​អាចជួយ​​​ព្យាបាល​​អាការៈរោគ​សើរ​ស្បែក​មួយ​ចំនួន​ដូច​ជា​ជំងឺ​រលាកនៅ​លើ​​ស្បែក ​កម​រមាស់​ ... សូម​ចុះ​មុជ​ទឹក​ក្នុង​សមុទ្ទ​ឱ្យ​បានលិចយ៉ាង​ហោច​​ដល់​ត្រឹម​ទ្រូង ព្រោះ​នៅ​ពេល​នោះ​ខ្លួន​អ្នក​លែងទ្រទម្ងន់​ទាំង​មូល​ហើយ។ សាច់​ដុំ​នឹង​ចាប់​ធ្វើ​ចលនា​ដោយ​គ្មាន​ទម្ងន់ ទាញ​ផល​ប្រយោជន៍​ពី​ទឹក​សមុទ្ទ​ប្រៃ ដោយ​មិន​បះពាល់​រំខាន​ដល់​សន្លាក់។ឆ្នេរ​ខ្សាច់​ ជា​ទីលាន​ដ៏​ប្រពៃ​បំផុត​សម្រាប់​ក្មេង​តូច​ៗ ជាពិសេស​ក្មេង​ក្នុង​វ័យ​រៀន​ដើរ។ នៅពេល​ដើរ​លើ​ឆ្នេរ​ខ្សាច់​ ក្មេង​ត្រូវ​ការ​ប្រឹង​ប្រើ​ជើង​និង​សន្លាក់​ខុស​ពី​ទម្លាប់​នៃ​ការ​រៀន​ដើរ​លើ​ផ្ទៃ​រាប​និង​រឹង​ក្នុង​ផ្ទះ​។ កាន់​តែ​ប្រសើរ​ទៀត គឺ​ការ​ដើរ​ក្នុង​ទឹក​លើ​ឆ្នេរ​ខ្សាច់​ ដើម្បី​ឱ្យ​​កែង​ជើងបាន​ប៉ះ​ប្រឈម​នឹង​រលកស្រាលៗ។ ពីរ​បី​ថ្ងៃ​នៅ​ឆ្នេរ​សមុទ្ទ​គ្រប់គ្រាន់​សម្រាប់​ក្មេង​តូច​ពង្រឹង​សាច់​ដុំ​ជើង សាច់​ដុំ​កំប៉េះគូថ និង​ឆ្អឹង​ខ្នង​ ឱ្យ​លូត​លាស់​ប្រកប​ដោយ​លំនឹង​និង​ស្ថិរភាព​ហើយ។ ចុះ​សម្រាប់​មនុស្សធំ?! ការ​ដើរ​លើ​ខ្សាច់ ក៏​ជា​សកម្មភាព​ដ៏​ល្អ​សម្រាប់​មនុស្ស​ធំ និង​គ្រប់​វ័យ​ទាំងអស់។ ដើរ​តាម​ឆ្នេរ​កាត់​ទឹក​ ឱ្យ​ដល់​គល់​ភ្លៅ មិន​សូវ​ហត់​ហើយ អាច​ជួយ​​សម្រួល​ចរន្ត​ឈាម​ ឱ្យ​ហូរ​ត្រលប់​​ទៅបេះ​ដូង​វិញ​ ប្រយុទ្ធ​ប្រឆាំ​ង​នឹងអាការៈ​ហើម​ជើង និង​ស្រយ៉ង់​ជើងផង។ ភាព​ត្រជាក់​របស់​ទឹក​សមុទ្ទ​មាន​ឥទ្ធិពល​ជួយ​ភ្ញោច​ បង្រួម​ និង​ពង្រឹង​សរសៃឈាម​វែន។ដើរ​កម្សាន្តតាម​ឆ្នេរ​សមុទ្ទ​​ក្រោម​ពន្លឺ​ព្រះ​អាទិត្យនា​ពេល​ព្រឹក​ព្រលឹម និង​រៀប​លិច កាន់​តែ​ប្រពៃ និង​ផ្តល់​ប្រយោជន៍​ដល់សុខភាព។ ក្រោម​ពន្លឺព្រះ​អាទិត្យ​ បូក​និង​ខ្យល់​សមុទ្ទ​ដ៏​រំភើយៗ ស្បែក​នឹង​ធ្វើ​សំយោគ​វីតាមីដេ ដែល​អនុញ្ញាត​ឱ្យកាល់ស្យូម​និង​ហ្វូស្វ័រ​អាច​ជ្រាប​តោង​ជាប់​ក្នុង​សរីរាង្គ និង​ធ្វើ​ឱ្យ​ឆ្អឹង​បាន​រឹង​មាំ​ល្អ។ តែ​១០​ទៅ​២០​នាទី​ គ្រប់​គ្រាន់​ហើយ។​ លើស​ពី​នេះ អ្នក​ត្រូវ​ការពារ​ខ្លួន និង​ស្បែក​ពី​ពន្លឺ​ព្រះ​អាទិត្យ​ ដែល​ចាប់ចែង​ចាំង​និងក្តៅ​ខ្លាំង។ចំណី​អាហារ​ជា​គ្រឿង​សមុទ្ទ ដោយ​មិននិយាយ​ដល់​​ក្តាម​ បង្កង បង្គា អយស្ទ័រ​ ដែល​មាន​វីតាមីន អ៊ីយ៉ូដ ជាតិ​ដែក អង់ទីអុកស៊ីដង់​ដ៏​ច្រើន ប្រភេទ​ត្រី​តូចៗ សារាយ​សមុទ្ទ ក៏​ជា​ប្រភព​ផ្តល់​អាហារ​រូបត្ថម្ភ​ដ៏ខ្ពស់ សម្បូរ​វីតាមីដេ និងអូមេហ្កា៣ អាស៊ីត​ខ្លាញ់​ដ៏​ចាំបាច់​សម្រាប់​សរីរាង្គ​កាយ​ដែរ។ គ្រឿង​សមុទ្ទ​ទាំង​នេះ ជា​អាហារ​ប៉ូវ​ហើយ​ មិន​ធ្វើ​ឱ្យ​ធាត់​ទៀត៕
18/01/20248 minutes, 2 secondes
Episode Artwork

សុរា​និង​​ការ​ប្រើប្រាស់​ថ្នាំ​ពេល​ស្រវឹង

​​Dry January ខែ​មករា​គ្មាន​ជាតិ​សុរា ជា​កម្មវិធី​ដែល​មាន​ប្រារព្វ​ធ្វើ​កាន់តែ​ច្រើន​ឡើងៗនៅលើ​ពិភពលោក ដើម្បី​បញ្ច្រាប​ព័ត៌មាន​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង (ស្រា ប៊ីយ៉ែរ ...)។ បើ​លោក​អ្នក​មិន​ចូល​រួម​ក្នុង​កម្មវិធី Dry January  មិន​អាច​ឈប់​ផឹក​ស្រាឱ្យ​បាន​​ពេញ​មួយ​ខែ​មករា​​ទេ សូម​កុំ​​បរិភោគ​ស្រា​ឱ្យ​ដល់​ថ្នាក់​ស្រវឹង ​ហើយ​រក​ថ្នាំ​លេបបំបាត់​អាការៈ​មិន​ស្រួល​ខ្លួន​ឱ្យ​សោះ​។ ហេតុអ្វី? នៅពេល​ជួប​ជុំ​គ្នា​ម្តងៗ ​មិនលែង​មាន​អ្នក​ផឹក​ជ្រុល ហើយ​ស្រវឹង​ទេ។ តើ​លោក​អ្នក​ធ្លាប់​ស្រវឹង​ស្រា​ទេ? ជា​ញឹកញយ​ ក្រោយ​ពី​បាន​ផឹក​​ស្រា ស្រវឹង​ជោគជាំ​ហើយ ស្អែក​ឡើងអ្នក​ស្រវឹង ច្រើន​មាន​អាការៈ​ស្ងួត​មាត់ ប្រេះ​បបូរ​មាត់ ព្រោះ​តែ​ជាតិ​សុរា​ធ្វើ​ឱ្យ​សរីរាង្គកាយ​ខ្សោះ​ជាតិ​​ទឹកស្ទើរអស់​ពី​ខ្លួន។ នេះ​ជា​អាការៈ​ដែល​គេ​សង្កេត​ឃើញ​មាន​​ច្រើន ប៉ុន្តែ​រោគ​សញ្ញា​នៃ​ការ​ស្រវឹង​ស្រា​មាន​ច្រើន​យ៉ាង​ផ្សេង​ទៀតណាស់។ផឹក​ស្រា (ប៊ីយ៉ែរ អាល់កុល វីស្គី  ស្រា...) ហួស​កំរិត នឹង​ធ្វើ​ឱ្យ​យើង​មាន​អាការៈ​ នឿយហត់​អស់​កម្លាំង ឈឺក្បាល  ឈឺក្រពះ ចង់​ក្អួត ចង់​ចង្អោរ ព្រមទាំង​មាន​អារម្មណ៍​ស្រេក​ទឹក ឈឺ​ចាប់​សាច់​ដុំ ឬ​វិល​មុខផង។ សំរាន្ត​មិន​ស្កប់​ បែក​ញើស​ ឡើង​សម្ពាធ​ឈាម ខ្លាច​ពន្លឺ និង​សំឡេង ឆាប់​ខឹងឆេវឆាវ ឆាប់​ខ្វល់​ព្រួយ សុទ្ធ​សឹង​ជា​អាការៈ​ដែល​បង្ក​ឡើយ​ដោយ​ជាតិសុរា​ចូល​ខ្លួន​ច្រើន​ជ្រុល។ ​ជាតិ​អាល់កុល​បង្ក​ឱ្យ​ខ្សោះ​ជាតិ​ទឹក ព្រោះ​នៅពេល​ផឹក​ប៊ីយ៉ែរ ឬស្រា អ្នក​​នឹង​​នោម​ញយ និង​បាត់​បង់​ជាតិ​ទឹក​ច្រើន។ ជាង​នេះទៅទៀត ជាតិ​អាល់កុល​នឹង​បង្ក​ឱ្យ​មាន​ការ​រោល​រលាក​លើ​សរីរាង្គ​ខ្លះ​ ដែល​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​អ្នកផឹក​ជ្រុល​​ស្រវឹង​ដួល​​ សន្លប់បាត់​ស្មារតី​។រោគ​សញ្ញា​ស្រវឹង​ស្រា​ប្រែប្រួលខុស​ប្លែក​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​ក៏​អាស្រ័យ​ទៅ​លើ​បរិមាណ​នៃ​ជាតិ​អាល់កុលទៀត។តើ​ត្រូវ​ធ្វើ​ដូចម្តេច​នៅពេល​មាន​អាការៈ​មិន​ស្រួល​ខ្លួន​​ពេល​ស្រវឹងស្រារួច?ក្បួន​និង​វិធី​ណែនាំ​ប្រឆាំង​នឹង​អាការៈ​ស្រវឹង​ស្រា​មាន​ច្រើន​ណាស់។ ខ្លះ​ថា​ស្អែក​ឡើង​ត្រូវ​បរិភោគ​កាហ្វេ ទទួល​ទាន​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល ខ្លះ​ថា​លេប​វីតាមីន​សេ ខ្លះ​ទៀត​ថា​ត្រូវ​មុជ​ទឹក​ជម្រះកាយា ... ប៉ុន្តែ​ជំនឿ​ទាំងអស់​នេះ​គ្មាន​មួយ​ណា មាន​ប្រសិទ្ធភាព​ពិត​ប្រាកដ​ទេ។ ល្បិចល្បងវិធីសាស្ត្រ​​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ ឬ​ក្បួន​បូរាណ​របស់​ដូន​តា​ មិន​ដែល​ផ្តល់​លទ្ធផលជា​សក្ខីកម្ម​​ជាក់លាក់​ឡើយ។​មាន​តែ​ “ពេល​វេលា” ​មួយ​គត់​ដែលជា​ដំណោះស្រាយ។ ​ថ្លើម​ត្រូវ​ការប្រើ​​ពេល​វេលា​ ក្នុង​ការ​​បំពេញ​តួនាទី​កម្ចាត់​រាល់​គ្រប់​ជាតិ​ពុល​​ដែល​ផលិត​ឡើង​នៅពេល​ថ្លើមធ្វើ​សំយោគ​​(រំលាយ​)​ជាតិ​អាល់កុល​។ ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា​ ដើម្បី​ ​បំប្លែង​ជាតិ​ពុល​របស់​ស្រា​មួយ​កែវ ​ថ្លើម​ត្រូវ​ការពេល​មួយ​ម៉ោង ចុះ​ពីរកែវ បីកែវ ? សរីរាង្គ​កាយក៏​​ត្រូវ​ការពេល​វេលាខ្លះ​ដែរ​​ទម្រាំបំពេញ​​ជាតិ​ទឹក​ឡើង​វិញ ​ទម្រាំ​​ជាលិកា​ដែលខ្សោះ​​ហួត​ហែង​ បាន​ជា​ឡើង​វិញ។ក្រោយ​ពេល​ស្រវឹង​ និង​ទទួល​ទាន​ជាតិ​សុរា​ជ្រុល​ហួសហេតុ​ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​បរិភោគ​ទឹកឱ្យ​បាន​ច្រើន​​ នៅ​ស្អែក​ឡើង ដើម្បី​បំពេញ​កង្វះខាត​ជាតិដែល​​ទឹក​បង្ក​ឡើយ​ដោយ​ជាតិ​អាល់កុល​ទេ។ ទទួល​ទាន​ទឹក​ច្រើន​នឹង​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល និង​អាការៈ​ស្ងួត​មាត់​បាន។សូម​ចង​ចាំ​ថា អាល់កុល​ក៏​អាច​បង្ក​ឱ្យ​​មាន​បញ្ហា​ជាតិ​ស្ករ​ធ្លាក់​ចុះ​ Hypoglycémieផងដែរ។ នៅពេល​មាន​បញ្ហា​ Hypoglycemie វា​នឹង​ងាយ​ធ្វើ​ឱ្យ​អ្នក​កើត​អាការៈចង់​ក្អួត និង​អស់​កម្លាំង​ខ្លាំង។ ដូច្នេះ​អ្នកចាំបាច់​ត្រូវផ្តល់​អាហារូបត្ថម្ភ​​ដល់​សរីរាង្គ​កាយ ជាពិសេស​ត្រូវ​បរិភោគ​អាហារ​ល្អ​ៗសម្រាប់​សុខភាព​ ជា​​​អាហារ​គ្មាន​ជាតិ​ខ្លាញ់ ឬ​គ្មាន​ជាតិ​ជូរអាស៊ីត​ តែ​ជា​​បបរ​សក្តៅៗ ​ស៊ុត​ ឬ​នំប៉័ង​ទឹក​ឃ្មុំ ដែល​ផ្តល់​ថាមពល​ភ្លាម​ៗ។ គួរ​ចៀសវាង​ ទឹក​ក្រូច ភេសជ្ជៈ​ជូរ​ខ្លាំង ឬ​ខ្លាញ់​ខ្លាំង ដែល​ធ្វើ​ឱ្យ​ថ្លើ​ម​និង​ក្រពះ​ត្រូវប្រឹង​ធ្វើការ​ខ្លាំង។សម្រាក​និង​ឈប់​ទទួល​ទាន​សុរា​ឱ្យ​បាន​ច្រើន​ថ្ងៃ​ អាការៈ​ជំងឺ​ក្រោយ​ការ​ស្រវឹង​ស្រា​នឹង​បាន​ប្រសើរ​ឡើង​វិញ​ហើយ។ចុះ​តើ​គេ​អាចលេប​​ថ្នាំដូច​យ៉ាង​Paracétamol​ ​​​ពេល​មិន​ទាន់​អស់​ចំណាយស្រវឹង​​​ស្រា​ដែរ​ឬ​ទេ?  ប៉ារ៉ាសេតាម៉ុល​ជា​ថ្នាំ​សំណព្វ​ ដែល​មាន​ស្រគួរ​​ស្ទើរនៅក្នុង​គ្រប់​ផ្ទះ។ ឱ្យ​តែ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ ឬ​ក្តៅ​ខ្លួន​បន្តិច​បន្តួច គេ​នឹក​ឃើញ​ដល់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ភ្លាម។ យ៉ាង​ណាមិញ​ បន្ទាប់​ជួប​ជុំ​ផឹក​ស៊ី​ស្រវឹង​ជោគជាំ​ហើយ ស្អែក​ឡើង​មិន​សូវស្រួល​ខ្លួន​ គ្រប់​គ្នា​គិត​ភ្លាម​ដល់​ថ្នាំ​ប៉ារ៉ា។ ប៉ុន្តែ​ថ្នាំប៉ារ៉ា​និង​អាល់កុល​មិន​ស៊ី​ធាតុ​គ្នា​ទេ​​សម្រាប់​សុខភាព។ពពួក​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ស្ថិត​នៅក្នុង​​ក្រុម​ថ្នាំ​បំបាត់​ការ​ឈឺចាប់ មាន​សកម្មភាព​លើ​អាការៈឈឺចាប់ តែ​គ្មាន​សកម្មភាព​លើ​មូលហេតុ​នាំ​ឱ្យ​ឈឺ​ចាប់​ទេ។ ប៉ារ៉ាសេតាម៉ុល ជា​ថ្នាំ​ប្រឆាំង​នឹង​ការ​ក្តៅ​ខ្លួន​ វា​នឹង​ទៅ​បញ្ចុះកម្តៅ។ គុណ​ប្រយោជន៍​នៃ​ប៉ារ៉ាសេតាម៉ុល គឺ​នរណា​ក៏​អាច​លេបបាន។ ​ក្មេងតូច​ កុមារ ស្ត្រី​មាន​ផ្ទៃពោះ និង​មនុស្សចាស់​ជរា​ ​សុទ្ធ​តែ​អាច​ប្រើ​ពពួក​ប៉ារ៉ាសេតាម៉ុល​បាន​ទាំងអស់។ ប៉ុន្តែ​ឈ្មោះ​ជា​ថ្នាំ​ពេទ្យ​ តែង​មាន​បង្កប់​ពិស។ ដូច្នេះ​គ្មាន​ហេតុ​ផល​អ្វី​ដែល​ថា​ ប៉ារ៉ាសេតាម៉ុល​ គ្មាន​គ្រោះថ្នាក់​សោះនោះ​ឡើយ។ពពួក​ថ្នាំ ប៉ារ៉ាសេតាម៉ុល អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ណាស់​ដល់​សុខភាព​ ជាពិសេស​ក្នុង​ករណី​ប្រើ​វា​នៅ​ក្រោយ​ការ​ទទួល​ទាន​សុរា ​​ជោគជាំ​ ហើយ​មិនទាន់​អស់​ចំណាយ​ស្រវឹង​។ ហេតុ​ផល​ងាយ​យល់​ទេ។ អាល់កុល​ក៏​ដូច​ជាថ្នាំ​​ប៉ារ៉ាសេតាម៉ុល សុទ្ធ​តែ​​ត្រូវ​បំប្លែង​ដោយ​ថ្លើម ដើម្បី​​ចម្រោះនិង​កម្ចាត់​​​ជាតិ​ពុលចេញ​ពី​សរីរាង្គកាយ។ ដូច្នេះ​បើ​ថ្លើម​ជាប់​រវល់​ ​ប្រឹង​ធ្វើការ​ខ្លាំង នៅ​ពេល​ល្ងាច ដោយ​​ទទួល​ជាតិ​សុរា​ច្រើន​ទៅ​ហើយ​ ស្អែក​ឡើង​ត្រូវ​ទទួល​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ទៀត ថ្លើម​ច្បាស់​ជា​លែង​សូវ​មាន​កម្លាំង​ក្នុង​ការ​បំប្លែង​ និង​សំយោគ​ ជាក់​ជា​មិន​ខាន។ ម្យ៉ាង​ទៀត ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ដ៏​ពេញ​និយមនេះ​​ ជាដើម​ហេតុ​ទីមួយនៃ​ជំងឺ​ថ្លើម​បង្ក​ឡើង​ដោយ​ការ​ប្រើ​ថ្នាំ ដែល​ជំរុញ​ឱ្យ​មាន​​ការវះកាត់​​ប្តូរផ្លាស់​ថ្លើម​ នៅ​ប្រទេស​បារាំង។ នៅពេល​បើ​ថ្នាំ​ពពួក​ប៉ារ៉ា​សេតាម៉ុល ច្រើន​ហួស​កំរិត​អតិបរិមា ប៉ារ៉ាសេតាម៉ុល​ក្លាយ​ជា​ថ្នាំពុល​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ថ្លើម​ ដែល​គ្មាន​ការ​ព្យាបាល​​អ្វី​ក្រៅ​ប្តូរ​ផ្លាស់​ថ្លើម​ទេ។ចុះ​បើ​​ប្រើ​ថ្នាំ​ពពួក​អាស្ពីរីន ឬ​Ibuprofène វិញ​ តើ​យ៉ាងណា​ទៅ​វិញ? ប្រសិន​បើ​អ្នក​ចង់​ប្រើ​ថ្នាំ​ពីរ​មុខ​នេះ​ ជំនួស​ប៉ារ៉ាសេតាម៉ុល​ដើម្បីកុំ​ឱ្យ​ប៉ះពាល់​ដល់​​ថ្លើម ត្រូវ​ដឹង​និង​ត្រៀម​ខ្លួន​ទទួល​ហានិភ័យ​នៅ​ក្រពះ។ ក្រុមថ្នាំ​ទាំងពីរ​​Aspirine និង​Ibuprofène ត្រូវ​​ជាមួយ​អាល់កុល ​នឹង​ដំឡើង​​បរិមាណ​ជាតិ​អាស៊ីត​នៅក្នុង​ក្រពះ ដែល​ជា​ញឹក​ញាប់​វា​នឹង​​បង្ក​ឱ្យ​មាន​រោគរលាក​ក្រពះ ជា​ផលវិបាកតាម​ក្រោយ។តើ​គេអាច​បង្ការ​មិន​ឱ្យ​ឈឺ​ក្រោយ​ពេល​ស្រវឹង​បានទេ?ការ​ពារ​ពិត​ជា​ប្រសើរ​ជាង​ព្យាបាល​ ! ប្រសិនបើ​មិន​ចង់​ឈឺ មិន​ចង់​ស្រវឹង​ ​គ្មានក្បួន​អ្វី​ប្រសើរ​ជាង​ កំរិត​ការ​ទទួល​ទាន​បរិមាណ​ជាតិ​ស្រវឹង​ទេ។ គឺ​ កុំ​ផឹក​ច្រើន​ជ្រុល​ កុំ​ផឹក​ស្រាលាយ​គ្នា​ច្រើន​មុខ កុំ​ភ្លេច​ទទួល​ទាន​អាហារ​ បរិភោគ​បាយ​បាន​ឆ្អែត​គ្រប់​គ្រាន់​ ដើម្បីកុំ​ឱ្យ​មានអាការៈ​ខ្វះជាតិ​ស្ករ​ដែល​បង្ក​ឡើង​ដោយ​អាល់កុល បរិភោគ​​ទឹក​មួយ​កែវ​ឬ​ច្រើន​កែវ​ឆ្លាស់​ជា​មួយ​នឹង​ការផឹក​សុរា​មួយ​កែវ​។ ហើយ​ត្រូវ​ផឹក​ដោយ​សន្សឹមៗ​បំផុតជា​សារ​រំលឹក​ដាស់​តឿន ភ្នាក់ងារ​សុខាភិបាល​បារាំង​ណែនាំ​ឱ្យ​បុរស​ទទួល​ទាន​អាល់កុល​ យ៉ាងច្រើន​បំផុត ពីរ​កែវ​ក្នុង​មួយថ្ងៃ​ ហើយ​​មួយ​កែវ​ក្នុង​ថ្ងៃ​សម្រាប់​ស្ត្រី និង​មិន​ត្រូវ​ទទួល​ទាន​រាល់​ថ្ងៃ​ទេ ទើប​ហៅ​ថា​ជា​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​មិន​ហួស​ហេតុ។ឯការ​ទទួល​ទាន​ទឹក​មួយ​កែវ​ ស្រាមួយកែវ​ឆ្លាស់​គ្នា ដែល​ជា​វិធីសាស្ត្រ​ទប់​ទល់​កុំ​ឱ្យ​ឆាប់​ស្រវឹង​នោះ មិន​អាច​កាត់​បន្ថយ​ហានិភ័យ​​បង្ក​ឡើង​ដោយ​អាល់កុល​ឡើយ​ ហើយ​ក៏​គ្មាន​ឥទ្ធិពលអ្វី​​លើ​​សរីរាង្គកាយ​និង​សុខភាព​ដែរ ក្នុង​ករណីនេះ។ ឧស្សាហ៍​ទទួល​ទាន​ទឹក​ ឬ​ទទួល​ទាន​ទឹក​មួយ​ក្រោយ​លើក​កែវស្រា​ អាច​ជួយ​ត្រឹម​ធ្វើ​ឱ្យ​ខ្លួន​ប្រាណ​​មិន​ឱ្យ​បាត់​បង់​​ជាតិ​ទឹក​​ដោយ​ឥទ្ធិពល​អាល់កុលខ្លាំង​ពេក​ និងគ្មាន​អាការៈ​ស្ងួត​មាត់​​មិន​សូវ​ស្រួល​ខ្លួន​ក្រោយផឹក​ស្រវឹង​ជោគជាំ។ ប៉ុន្តែ​បរិមាណ​ ​អាល់កុល​ជ្រាប​ចូលក្នុង​ខ្លួន​នៅ​ដដែល ជាតិ​ពុល​បង្ក​ឡើងសុរា​ចំពោះ​សុខភាព​នៅ​ដដែល​។ ទឹក​មិន​អាច​ការពារ​ថ្លើម មិន​អាច​ការពារ​ខួរក្បាល ឬ​សរីរាង្គណាមួយ​បាន​ឡើយ។ ទឹកមិន​អាច​រារាំង​មិន​ឱ្យ​អាល់​កុល​​ចូល​ទៅ​ក្នុង​ក្រពះ​ទេ។ កំរិត​ជាតិ​ពុល​អាស្រ័យ​ទាំង​ស្រុង​ទៅ​បរិមាណ​នៃ​ជាតិ​អាល់កុល​ដែល​អ្នក​បាន​ផឹកចូល​ទៅ​​តែ​ប៉ុណ្ណោះ៕
09/01/20248 minutes, 50 secondes
Episode Artwork

សុខភាព​ផ្លូវ​ភេទ៖ តើ​ត្រូវ​ធ្វើ​ដូចម្តេចខ្លះ​ ក្រោយការ​រួម​រក្ស​បែបប្រថុយប្រថាន?

ឆ្លង​ជំងឺ​អេដស៍ ឆ្លង​ជំងឺ​កាមរោគ មាន​ផ្ទៃ​ពោះ ... នេះ​ជាហានិភ័យ​ដែល​អាច​កើតបាន​ ​ក្រោយ​ពី​ការ​​រួមរក្ស​ដោយ​គ្មាន ឬ​ភ្លេច​ការពារ​ខ្លួន ឬ​ដោយហេតុ​​ស្រោម​អនាម័យ​ដាច់​រហែក។ ក្នុង​ករណី​បែប​នេះ​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? ត្រូវ​ទៅ​ធ្វើតេស្ត​វិភាគ​នៅពេល​ណា? វិភាគ​អ្វី​ខ្លះ? និង​គួរ​ទទួល​បាន​ការ​ព្យាបាល​យ៉ាងណា? ឆ្លង​អេដស៍ កើត​ស្វាយ-ប្រមេះ ឆ្លង​មេរោគជំងឺ​​រលាក​ថ្លើម​ ធ្លាក់​ខ្លួន​មាន​ផ្ទៃ​ពោះ ទាំង​នេះ សុទ្ធ​សឹង​ជា​ហានិភ័យពិត​ជាក់​ស្តែង​នៃ​ការ​រួម​រក្សដោយ​ភ្លេច ដោយ​គ្មាន​​ការ​ការពារ ឬ​ដោយ​ ​ការពារ​មិនបាន​ត្រឹម​ត្រូវ។ចំពោះការ​ឆ្លង​ជំងឺ​កាមរោគ ហានិភ័យ​នៃ​ការ​ឆ្លង​អាស្រ័យ​ទៅ​លើ​ប្រភេទ​និង​របៀប​រួម​រក្ស​ ប៉ុន្តែ​ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ ក៏​ការទៅ​​ធ្វើ​តេស្ត​វិភាគ​រក​មើល​ការ​ចម្លង​រោគ​ក្រោយ​ប្រព្រឹត្ត​កាម​ដោយ​គ្មាន​ការ​ការពារ​ ជា​រឿង​សំខាន់ ហើយ​អាច​ចាំបាច់​ត្រូវ​ស្វែង​រក​ការព្យាបាលបង្ការ​​ផង​ដើម្បី​កាត់​បន្ថយ​គ្រោះ​ចម្លង​ជំងឺ​កាម​រោគ។តើ​ត្រូវ​ធ្វើ​អ្វី​មុន​គេ​និង​ជា​បន្ទាន់?អនុសាសន៍របស់​អ្នក​ជំនាញ​គឺ​ត្រូវ​អញ្ជើញ​ទៅ​មន្ទីរ​ពេទ្យ​ ទៅ​កន្លែង​សង្គ្រោះ​បន្ទាន់ ឬ​ទៅ​សេវា​​ជំនាញ​ជំងឺ​សើស្បែក​និង​កាមរោគ ឬ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍។​ បើ​ទៅ​ដល់​ក្នុង​អំឡុង​ពេល​បួនម៉ោង​​ក្រោយ​ការ​រួម​រក្ស ជា​ការ​ប្រពៃ​មែនទែន និង​យ៉ាង​យូរ​បំផុត​ត្រឹម​៤៨ទៅ​៧២​ម៉ោង។ ដើម្បី​សម្រួល​ការ​ធ្វើ​តេស្ត​វិភាគ​ និងការ​​សង្គ្រោះ​ គួរ​ទៅ​ជួប​គ្រូពេទ្យជាមួយ​ដៃគូ ​ទាំង​ពីរ​នាក់។ហេតុ​អ្វី​ត្រូវ​រួស​រាន់​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ? ព្រោះ​មាន​តែ​គ្រូពេទ្យ​ជំនាញ​ទេ ទើប​អាច​វាយ​តម្លៃ​អំពី​ហានិភ័យ​ពិត​ប្រាកដ​នៃ​ការ​ឆ្លង​មេរោគ​តាម​ផ្លូវ​ភេទ និង​មេរោគ​ជំងឺ​ស៊ីដា ព្រម​ទាំង​អាច​ធ្វើ​ការ​ត្រួត​ពិនិត្យ​បឋម​ ហើយចេញ​វេជ្ជបញ្ជា​​ផ្តល់​ថ្នាំព្យាបាល​បង្ការ​ជា​យថាហេតុ​បាន។ចំពោះ​ជំងឺ​កាមរោគ​ ជំងឺអេដស៍ ជំងឺ​ឆ្លង​តាម​ការ​រួម​ភេទ វិធីសាស្ត្រ​ត្រួត​ពិនិត្យ​ដំបូង គឺ​ការ​ចោទ​សំណួរ បន្ទាប់​មក​ទើប​មាន​ការ​ធ្វើ​តេស្ត​រហ័ស​ ជួយ​ផ្តល់​ការ​វិនិច្ឆ័យ​ដំបូង​ថា​តើ​ក្នុង​ចំណោម​​ដៃ​គូ​ទាំង​ពីរ នរណា​មាន​ស្ថានភាព​វិជ្ជមាន​នឹង​ជំងឺ​កាមរោគ​ណា​ដែ​រឬអត់។ចំពោះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​Bវិញ គ្រូពេទ្យ​នឹង​ផ្ទៀង​ផ្ទាត់​ថាតើ​ដៃ​គូ​ទាំងពីរ​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​ត្រឹម​ត្រូវដែរ​ឬទេ។ លទ្ធផល​នៃ​ការ​ធ្វើ​វិភាគឈាម​នឹង​បញ្ជាក់​អំពី​កំរិតសមត្ថភាព​នៃ​ការ​ការពារខ្លួន​ទល់​នឹង​ជំងឺ​មេរោគ​​រលាក​ថ្លើម​បាន។ ក្នុង​ករណី​សង្ស័យ​ ឬ​មិន​គ្រប់​គ្រាន់ គ្រូពេទ្យ​នឹង​ណែនាំ​ឱ្យ​ទៅ​ចាក់រំលឹក​​ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​មួយ​ដូសទៀតភ្លាម​។​រួស​រាន់ស្វែង​រកការ​​ព្យាបាល​បង្ការ ​​ឱ្យ​បាន​ឆាប់​រហ័សទាក់ទង​នឹង​ជំងឺអេដស៍ មាន​ថ្នាំព្យាបាលបង្ការ​ដែល​អាច​កាត់​បន្ថយ​គ្រោះ​ឆ្លង​មេរោគ​ហ៊ីវ​បាន​គួរ​ឱ្យ​កត់​សម្គាល់។ ប្រសើរ​តេស្ត​រហ័ស​ផ្តល់​លទ្ធផល​អវិជ្ជមាន​ទាំងពីរ​នាក់ នោះ​គេមិន​ចាំបាច់​ត្រូវ​ការ​ការព្យាបាល​បង្ការ​ទេ។ ប៉ុន្តែ​​ប្រសិនបើ​មិន​ស្គាល់ មិន​ដឹង​អំពីប្រវត្តិ​របស់​ដៃ​គូ​ដែល​ទើប​រួម​រក្ស​នឹង​​គ្នា​រួច ដោយ​គ្មាន​ការ​ពារ និង​ដោយ​មិន​ដឹង​ដៃគូ​នោះ​មានឬ​គ្មាន​ផ្ទុក​មេរោគ​អេដស៍​ទេ នោះ​ការ​ព្យាបាល​បង្ការ​ដោយ​ប្រើថ្នាំ​ពន្យារ​ជីវិត​​Tritherapie ជា​ប្រការ​ចាំបាច់​សម្រាប់​ដៃ​គូ​ទាំងពីរ។ ត្រូវ​លេប​ថ្នាំ​ព្យាបាល​បង្ការ​រហូត​ដល់​ពេល​​បាន​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​អេដស៍​ ដែល​ជា​អ្នក​វាយ​តម្លៃ​ហានិភ័យ​ឆ្លង​មេរោគ​និង​សម្រេច​ថា​ត្រូវ​បន្ត​ប្រើ​ថ្នាំ​ព្យាបាល​បន្ថែម​សម្រាប់​រយៈ​ពេល​សរុប​២៨​ថ្ងៃ​ឬ​អត់។ថ្នាំ​ព្យាបាល​បង្ការក្រោយប្រព្រឹត្ត​កាម មាន​ប្រសិទ្ធភាព​ខ្លាំងណាស់ បើ​បាន​លេបវា​នៅ​អំឡុង​ពេល​​៤​ម៉ោង​ក្រោយ​ការ​រួមរក្ស​ដោយ​គ្មាន​ការការពារ។ សម្រាប់​ប្រទេស​ខ្លះនិង​​តាមប្រភេទ​នៃហានិភ័យ​ គ្រូពេទ្យ​អាច​សម្រេច​ផ្តល់​ថ្នាំព្យាបាល​បង្ការ នៅ ៤៨ទៅ​៧២​ម៉ោង​ក្រោយ​។ ប៉ុន្តែ សូម​ចង​ចាំ​ថា ការ​ព្យាបាល​បង្ការ ជា​ថ្នាំ​បន្ទាន់​ ដែល​ត្រូវ​ស្ថិតនៅ​ជា​ករណី​លើក​លែង​ បន្ទាន់​ម្តងម្កាល។ការ​ព្យាបាល​បន្ទាន់​មួយ​ទៀត​សម្រាប់​តែ​ស្រ្តី​ គឺ​ការ​ថ្នាំ​ការពារ​មិន​ឱ្យ​មាន​កូន។ នៅពេល​រួម​រក្ស​ដោយ​គ្មានការ​ការពារ​ ហើយ​ស្ត្រី​ខ្លាច​មាន​ផ្ទៃពោះ ស្ត្រី​អាច​រក​ថ្នាំ​ពន្យារកំណើត​បន្ទាន់​មក​លេប​ឱ្យ​បាន​ឆាប់​រហ័ស​ ពោល​គឺ​ក្នុង​រវាង​ពី​៣ទៅ​៥​ថ្ងៃ​យ៉ាង​យូរ​ក្រោយមាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​បុរស។ ថ្នាំពន្យារ​កំណើត​បន្ទាន់​នេះ នឹង​ទៅ​រារាំង​ឬ​ពន្យារ​ពេល​មិន​ឱ្យ​មេជីវិត​ញី និង​មេជីវិត​ឈ្មោល​ជួប​គ្នា​ដើម្បី​បង្ក​កំណើត ពោល​គឺ​ថ្នាំ​នេះ​មិនទៅ​បង្អាក់​ការ​បង្ក​កំណើត​ ឬ​រំលូត​កូន​ឡើយ។ ​​កងក្នុង​ស្បូន​​ក៏​អាច​ទប់​ស្កាត់​ការ​បង្ក​កំណើត​បាន​ដែរ ប្រសិន​បើ​អ្នក​សម្រេច​ដាក់​វា​នៅយ៉ាង​យូរ​​៥​ថ្ងៃ​ក្រោយ​ការ​រួម​រក្ស។ បាន​លេប​ថ្នាំ​ហើយ តែ​ដល់​ថ្ងៃ មិន​​ធ្លាក់​រដូវតាម​វដ្ត​របស់​វា ​ តែ​ត្រូវ​ទៅ​ផ្ទៀង​ផ្ទាត់ធ្វើ​តេស្ត​​ម្តងទៀត​​នៅ​២១​ថ្ងៃ​ក្រោយការ​រួម​រក្ស​ដោយ​គ្មានការពារ។ជា​ចុងក្រោយ​គឺ​ការ​ព្យាបាល​ប្រឆាំង​នឹង​ជំងឺ​កាមរោគ​។ រួម​រក្ស​ដោយ​គ្មានស្រោម​អនាម័យ ដោយ​គ្មាន​ការ​ការពារជាមួយ​ដៃគូ​មិន​ប្រាកដ ​អាច​ប្រឈម​នឹង​ហានិភ័យ​ឆ្លង​រោគ​ជា​ច្រើន​។ ក្នុង​ករណី​ឆ្វេស​ប្រហែស​ ឬភ្លាត់​ម្តងម្កាល សូម​រួស​រាន់​ទៅ​រក​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​អង់ទីប៊ីយូទិក​ ឱ្យ​បានក្នុង​អំឡុង​ពេល​យ៉ាង​យូរ​​៧២​ម៉ោង​ ក្រែង​អាច​កាត់​បន្ថយ​ហានិភ័យ​ឆ្លង​រោគ​បាន​ខ្លះ។ ប៉ុន្តែ​ការ​ព្យាបាល​បែបនេះ​មិន​ទាន់​អាច​ធ្វើ​ជា​ស្វ័យ​ប្រវត្តិ​បាន​ទេ។ ក្រុមអ្នក​វេជ្ជសាស្ត្រ​ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត​សិន​ ព្រោះ​តែ​មាន​បញ្ហា​ស៊ាំនឹង​ថ្នាំ​ផ្សះ។ស្វាយ ប្រមេះ រលាកថ្លើម​ មេរោគ​អាច​សំងំ​យូរទាំង​នេះជា​អ្វី​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់​ និង​យ៉ាង​ឆាប់​រហ័ស​ ក្រោយ​ពី​បាន​រួម​រក្ស​ដោយ​គ្មាន​ការការពារ។ ប៉ុន្តែ​មិន​ទាន់​អស់ហានិភ័យ​ទេ។ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ នៅ​៦​សប្តាហ៍​​ក្រោយ​ការ​រួម​រក្ស​បែប​ប្រថុយ​ប្រថាន សូម​អញ្ជើញ​ទៅ​ធ្វើ​តេស្ត​វិភាគ​ឈាមវាស់​កំរិត​អង់ទីក័រ​ប្រឆាំង​នឹង​មេរោគ​ហ៊ីវ។ ជា​ទូទៅ ការ​វិភាគ​ឈាម​ត្រូវ​ធ្វើ​នៅ​ពេល​ឈប់​ប្រើ​ថ្នាំពន្យារ​ជីវិត​បន្ទាន់​បាន​មួយ​ខែ​ បន្ទាប់​មក​នៅ​៤​ខែ​ក្រោយ​ការ​រួម​រក្សដោយគ្មានការការពារ។ការវិភាគ​ឈាម​មើល​អង់ទីក័រ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា​ក៏​ជា​ឱកាស​ផ្អៀង​ផ្ទាត់​មើល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B និង​C។ សូម​ចង​ចាំ​ថា​ ការ​រួម​រក្ស​ដោយ​មាន​ដៃគូ​ច្រើន​និង​ដោយ​គ្មានពាក់​ស្រោម​អនាម័យ​ការពារ​ក៏​អាច​ជា​ប្រភព​នាំ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ជា​ពិសេស​ ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​និង​សេ។ តាម​ធម្មតា បើ​មាន​ការ​ចម្លង​ជា​យថាហេតុណាមួយ គេ​អាច​រក​និង​វិភាគឃើញ​មេរោគ​រលាក​ថ្លើម​ ចាប់​ពី​មួយ​ខែ​ឡើង​ទៅ និង​ជួន​អាច​ទាល់​តែ​ដល់​បី​ខែ​ទើបមើល​ឃើញ​ក៏​មាន​។ ដូច្នេះ បើ​ទោះ​បី​ជា​លទ្ធផល​តេស្ត​អវិជ្ជមាន​នៅក្នុង​មួយ​ខែ​ដំបូងក៏​ដោយ ក៏​គេ​ចាំបាច់​ត្រូវ​ទៅ​ធ្វើ​តេស្ត​ឈាម​ម្តង​ទៅ​នៅ​បី​ក្រោយ​ទើប​ជា​លទ្ធផល​ប្រាកដ​ និង​ជា​ការ​បញ្ជាក់​ថា​ពិត​ជា​គ្មាន​ការ​ចម្លង​រោគ​រលាក​ថ្លើម​ទេ។ មេរោគ​រលាក​ថ្លើម និង​មេរោគ​ជំងឺស្វាយ​ មាន​សមត្ថភាព​សំងំ​ក្នុង​ខ្លួន​មនុស្ស​យូរ​ អាច​ដល់​បី​ខែ​ទើប​រក​មើល​ឃើញ។នៅមាន​ជំងឺ​កាមរោគ​ផ្សេង​ទៀត​ ដែល​បើ​ទោះ​បី​ជា​គ្មាន​រោគ​សញ្ញា​ក៏​ដោយ​ ក៏​ចាំ​បាច់​ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី ​ធ្វើ​​វិភាគ​ឈាម វិភាគទឹក​នោម​ វិភាគ​រក​មើល​មេរោគ​សំងំ​តោង​នៅ​តាម​ទ្វារ​មាស ទ្វារធំ ឬ​បង្ហួរ​នោម​សម្រាប់​មនុស្ស​ប្រុស។ មេរោគ​ពពួក​ប៉ាពីឡូម៉ាវីរុស​ដែល​ខ្លះ​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​កាមរោគ ខ្លះ​ជា​ភ្នាក់ងារ​នាំ​ឱ្យ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ មាន​សំងំបាន​យូរ​ណាស់​ មុន​នឹង​ឱ្យ​សញ្ញា​រោគ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​​ផ្តល់​អនុសាសន៍​ឱ្យ​ទៅ​ពិគ្រោះ​និង​ត្រួត​ពិនិត្យ​សុខភាព​ផ្លូវ​ភេទ​ភ្លាម បើ​មាន​អាការៈ​រមាស់​ រោល​រលាក កន្ទួល​ ឬ​ឡើង​ក្រហម ឬ​មាន​ការ​ចេញ​ទឹក​រងៃ​តាម​ប្រដាប់​ភេទ ​នៅលើ​លិង្គ​ ឬនៅ​រន្ធ​លាមក។ដោយ​សង្ខេប​ ការ​ធ្វើ​តេស្តនៅ​បី​ខែក្រោយ​ការ​រួមរក្ស​បែប​ប្រថុយប្រថានសម្រាប់​តាមដាន​ដោយ​ប្រាកដ​គ្រប់​ករណីទាំងអស់។ ឯ​ក្នុងករណីមាន​តេស្ត​វិជ្ជមាន និងមានរោគ​​​សញ្ញា​ឆ្លង​​គួរ​ឱ្យ​សង្ស័យ​ នោះ​ចាំបាច់​ត្រូវ​ស្វែង​រកព្យាបាល​ជា​បន្ទាន់​ ដើម្បី​ធានា​សុខភាព​ផ្ទាល់​ខ្លួន​ផង និង​ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​ទៅ​អ្នក​ទី​បី​ផង៕
06/12/20238 minutes, 24 secondes
Episode Artwork

តើ​អ្វី​ទៅ​ជា​យុទ្ធនាការ​Movember​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​បុរស?

កូលាប​តុលា​ជា​ខែ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​មហារីក​សុដន់។ ឯវិច្ឆិកា​ជា​​ខែ​បញ្ជ្រាប​ព័ត៌មាន​ឱ្យ​បុរសៗ​ប្រុង​ប្រយ័ត្ន​នឹង​​ជំងឺ​មហារីក​បុរស ឬ​ហៅថា​យុទ្ធនាការ​ Movember។ តើ​អ្វី​ទៅ​ជា​យុទ្ធនាការ​Movember? ជំងឺ​មហារីក​បុរស​មាន​អ្វី​ខ្លះ? បន្ទាប់​ពី​ឧទ្ទិសពណ៌​កូលាប​ដល់​​ខែ​តុលា​ដើម្បី​បញ្ជ្រាប​ព័ត៌មាន​ឱ្យ​ស្ត្រី​បាន​យល់​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​ជំងឺ​មហារីក​សុដន់ ​ខែ​​វិច្ឆិកាពណ៌​​​ខៀវសូម​​ដាស់​ស្មារតីឱ្យ​គិត​គូរអំពី​​សុខភាព បុរសនិង​យល់​ដឹង​អំពី​ជំងឺ​មនុស្ស​ប្រុស​​ មាន​ជា​អាទិ៍ជំងឺ​មហារីក​ប្រូស្តាត និង​មហារីក​ពងស្វាស ព្រមទាំងជំងឺ​ផ្លូវចិត្តនិង​អត្តឃាត ​តាម​រយៈ​កម្មវិធី ​​Movember​។Movember ជា​កាត់​បញ្ចូល​គ្នា​រវាង​ពាក្យ​Moustache ជា​ភាសាអង់គ្លេស​ដែល​ប្រែ​ពុកមាត់ និង​ពាក្យ​ November​ ខែ​វិច្ឆិកា។ ​ចាប់​កំណើតនៅ​អូស្ត្រាលីក្នុង​​​ឆ្នាំ​២០០៣ ដោយមិត្តសម្លាញ់​ប្រុស​ៗពីរ​នាក់​កំពុង​ជល់​កែវ​គ្នា​សុខៗ​ស្រាប់​តែ​លេច​គំនិតភ្នាល់​​គ្នា​ទៅ​បបួល​មនុស្ស​ប្រុស​ឱ្យ​បាន​៣០នាក់មក​ចូល​រួម​ចលនា​Movember ឈប់​កោរពុកមាត់ពេញ​មួយ​ខែ​វិច្ឆិកា​ ដើម្បី​ឱ្យ​គេ​ឯង​ចាប់​អារម្មណ៍​សួររឿង​ពុកមាត់ ​រួចបាន​ឱកាស​​និយាយ​អំពី​បញ្ហា​សុខភាព​បុរស ពោល​គឺ​ពី​ជំងឺ​មហារីក​ប្រូស្តាត មហារីក​ពងស្វាស​និង​សុខភាព​ផ្លូវ​ចិត្ត​ប្រឆាំងនឹងគ្រោះ​​ធ្វើ​អត្តឃាត ព្រោះ​ជា​ទូទៅ​បុរស​មិន​សូវ​ហ៊ាន​និយាយ​អំពី​បញ្ហា​សុខភាព​នេះ​ទេ។គំនិត​ផ្តួច​ផ្តើម​របស់​មិត្ត​សម្លាញ់​ទាំងពីរ​បាន​ទទួលចំណាប់​អារម្មណ៍យ៉ាង​ខ្លាំងហួស​ពី​ការ​គិត។ នៅ​ឆ្នាំ​បន្ទាប់​ នា​ឆ្នាំ​២០០៤ មិត្ត​ទាំងពីរ​បាន​សម្រេច​បង្កើត​វិបសៃត៍​​មួយ​ដើម្បី​ប្រមូល​ថវិកា​ជួយ​​មូលនិធិ​Prostate Cancer Foundation of Australia។ពេលវេលា​ចេះ​តែ​ទៅ​មុខ កម្មវិធី​Movember កាន់​តែ​រីក​ធំធាត់ពេញ​ផ្ទៃ​ប្រទេសអូស្ត្រាលី  ហើយ​​ក្លាយ​ជាកម្មវិធី​​​​កំរិត​ពិភពលោកបំផុសឱ្យ​បុរសចាប់​គិត​គូរ​និងយល់​​អំពីគ្រោះ​ថ្នាក់​នៃ​​ជំងឺមហារីក​​របស់មនុស្ស​ប្រុស​។ ចំណែក​ពុក​មាត់​ក៏​បាន​ក្លាយ​ជា​និម្មិតរូប​នៃ​​យុទ្ធ​នាការ​Movember ជា​រហូត​មក។ អ្នក​ចង់​​ចូល​រួម​ក្នុង​កម្មវិធី​Movemberគ្រប់​រូប​ ត្រូវ​កោរ​ពុក​មាត់​ឱ្យ​ស្អាត​នៅ​ថ្ងៃ​ទី​១​វិច្ឆិកា រួច​លែង​ប៉ះពាល់​និង​ទុក​ឱ្យ​ដុះ​តាម​ធម្មជាតិ​រយៈ​ពេល​មួយ​ខែ។​​​​តាំងពី​ពេល​នោះ​មក ជា​រៀង​រាល់​ខែ​វិច្ឆិកា ប្រទេស​នីមួយៗ​តែង​រៀប​ចំ​កម្មវិធី ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បី​ដាស់​ស្មារតី​ បញ្ជ្រាប​មតិ​សាធារណៈ​ឱ្យ​យល់​ដឹង​​អំពី​ជំងឺមហារីក​​បុរស​ និង​ប្រមូល​មូលនិធិ​ដើម្បី​ជួយ​ផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ។ យុទ្ធនាការ​ Movember អន្តរជាតិ​បាន​កំណត់​កម្មវត្ថុ​កាត់​បន្ថយអត្រាមរណៈ​មុន​អាយុ​របស់​បុរស​​​ឱ្យ​បាន​២៥% នៅ​ឆ្នាំ​២០៣០។ ជា​ទូទៅ​និង​ជា​មធ្យម បុរស​មាន​អាយុ​ខ្លីឆាប់​ស្លាប់​​ជាង​ស្ត្រី​ប្រមាណពី​​៤ទៅ​៥​ឆ្នាំ។ មាន​មោទនភាពជា​ប្រុស មាន​កម្លាំង​ខ្លាំងក្លា​មាំមួន បុរស​មិន​សូវ​លើក​មក​យក​បញ្ហា​សុខភាព ជាពិសេស​ជំងឺ​មហារីក​ប្រូស្តាត​ឬ​ពង​ស្វាស និង​​បញ្ហា​ផ្លូវ​ចិត្ត​មក​និយាយ​ជា​សាធារណៈ​ទេ​។ បើ​តាម​អង្គការ​សុខភាពពិភពលោក​ មាន​ការ​សិក្សា​ច្រើន​ណាស់​ដែល​បង្ហាញ​ថា​បុរស​មិន​និយាយស្តី​ទេ ពេលមាន​អាការៈ​មិនស្រួល​ខ្លួន​ ព្រោះ​មិន​ចង់​បាក់​មុខ​ មិន​ចង់​បង្ហាញ​ភាព​ទន់​ខ្សោយ​របស់​ខ្លួន។ ទាក់​ទង​នឹង​ការ​សម្លាប់​ខ្លួន​ អត្រា​បុរស​ធ្វើ​អត្តឃាត​មាន​ចំនួន​ច្រើន ជា​ង​ករណី​ស្ត្រី​សម្លាប់​ខ្លួន ដល់​ទៅ​ជាង​​ពីរ​ដងឯណោះ។ អង្គការសុខភាពពិភពលោក​វាយ​តម្លៃ​​ថា​មាន​មនុស្សប្រមាណ​៥សែន​មួយ​ម៉ឺន​នាក់​​សម្លាប់​ខ្លួនក្នុង​មួយ​ឆ្នាំៗ នៅ​លើ​ពិភពលោក ពោល​គឺមួយនាទី​​មាន​ករណី​អត្តឃាត​ម្នាក់។ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​ទាំងអស់នោះ ពីរភាគ​បី ឬ​​​ ៧៥%​ជា​បុរស។ចំណែក​ជំងឺ​មហារីក​បុរស​វិញ បើ​អង្គការ​សុខភាពពិភពលោក​ដដែល អាចព្យាបាល​បាន​ជា​ស្ទើរ​១០០%​បើ​រក​ឃើញ​ជំងឺ​តាំងពី​ដំបូង។ ប៉ុន្តែ​មូលនិធិ​Movember សម្គាល់​ឃើញ​ថា​បុរស​ទៅ​ពិគ្រោះ​និង​ពិនិត្យ​សុខភាព​តិច​ជាង​ស្ត្រី​ និង​ច្រើន​តែ​ដឹង​ខ្លួន​មាន​ជំងឺ​មហារីក​នៅ​ពេល​មាន​លេច​រោគ​សញ្ញា​ពោល​គឺ​ចង់​ជ្រុល​ពេល​ទៅ​ហើយ។តើគេ​អាច​សម្គាល់​​ជំងឺ​មហារីកប្រូស្តាត​យ៉ាង​ដូចម្តេច?បើ​តាម​លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អេម៉ានុយអែល Emmanuel Chartier-Kastler,ប្រធាន​ផ្នែក​វះកាត់​តម្រងនោម​នៅ​មន្ទីរពេទ្យ​Pitié Salpetriere ជំងឺ​មហារីក​​បុរសដែល​គេ​ជួប​ប្រទះ​​ច្រើន​ជាង​គេ គឺ​មហារីក​ក្រពេញ​ប្រូស្តាត និង​មហារីក​ពង​ស្វាស។ មហារីកប្រូស្តាត ជា​ជំងឺមហារីក​​​ទី​មួយរបស់​មនុស្ស​ប្រុស ​ដែល​​ច្រើនតែ​កើត​លើ​បុរស​វ័យ​ចំណាស់​ចាប់​ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ ហើយ​ហានិភ័យ​ឡើង​ខ្ពស់​ជា​លំដាប់​ទៅ​តាម​វ័យ។ ចំណែក​មហារីក​ពង​ស្វាស​វិញ ច្រើន​តែ​កើត​លើ​បុរស​វ័យ​ក្មេង​អាយុ​ចន្លោះ​ពី​២០ទៅ​៤៥​ឆ្នាំ។ ជំងឺ​នេះ​កើតមាន​កាន់​តែ​ច្រើនឡើងៗ តែ​ពុំ​សូវ​មាន​អ្នក​ស្គាល់​ដឹង​នៅឡើយទេ។ដើម្បី​បាន​ដឹង​ទាន់​ពេល​វេលា គ្រោះ​​លេច​ឡើងនូវ​ជំងឺ​មហារីក​គ្រាប់​ពង ឬ​ពង​ស្វាស គ្មាន​កាយវិការ​អ្វី​ប្រសើរ​ជាង​ការ​ស្ទាបមើលដោយ​ខ្លួន​ឯង​​ជា​រៀង​រាល់​សប្តាហ៍ ឬ​ជា​រៀង​រាល់​ខែ​ទេ។ លោក​វេជ្ជបណ្ឌិត​ Emmanuel Chartier-Kastlerសូមណែនាំ​ឱ្យ​​អស់​លោក​ជា​សុភាព​បុរស​ទាំង​ឡាយ​ឧស្សាហ៍​លុញ​គ្រាប់ពង​ដោយ​ខ្លួន​ឯង​ ក្រោយ​ពេល​មុជ​ទឹក​សម្អាត​ខ្លួន​រួច។ ដាក់​គ្រាប់​ពង​លើ​​ម្រាម​ដៃ​ទាំង​បួន​ហើយយក​​​មេដៃ​ស្ទាប​បង្វិលឱ្យ​ជុំ​។ ពង​ស្វាស​មាន​សុខភាពល្អ ត្រូវ​មូល​រលោង​គ្មាន​គ្រឿមទេ។ តែ​បើ​ស្ទាបទៅ​ឃើញ​មាន​ កន្ទួល មាន​ប៉ោង​ មាន​ពក មាន​ដុំ​ ទោះ​តូច​ប៉ុន​គ្រាប់​សណ្តែកបាយ​ ឬ​ឡើង​ធំ​ ឬ​មាន​អារម្មណ៍​រំខានពេល​ប៉ះពាល់ ឬឡើង​ធ្ងន់​ជាង​ធម្មតា សូម​រួស​រាន់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​តម្រងនោម។ប៉ុន្តែ​សូម​កុំ​ស្លន់​ស្លោ​ ពង​ស្វាស​ខុស​ប្រក្រតី​មិនមែនសុខតែ​មាន​ជំងឺ​មហារីក​ឡើយ។ វា​អាច​ជា​ដុំ​គីស​ស្លូត​ ឬ​ជា​ការ​ហើម​កូន​សរសៃ​ឈាម​តិច​តួច​។ ការ​ថត​ឆ្លុះ​មើល​អេកូ​អាច​ជួយ​ជម្រះ​មន្ទិស​សង្ស័យ​បាន។ចំពោះ​ជំងឺ​​មហារីក​ប្រូស្តាត ដែល​ជា​តំណាងនៃ​​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​សម្រាប់​សុខភាព​សាធារណៈ​ជាង​ជំងឺ​មហារីកពង​ស្វាស​នោះ គឺ​មកពី​ករណី​ភាគ​ច្រើន គ្មាន​រោគ​សញ្ញា​ទេ នៅ​ដំណាក់កាល​ដំបូងៗ។ ជំងឺ​វិវឌ្ឍ​ដោយ​ស្ងាត់ៗ​បំផុត។ គេ​អាច​វិភាគ​ដឹង​តាម​រយៈ​ការ​ពិនិត្យ​ឈាម​ និង​ការ​វិនិច្ឆ័យ​រោគ​បន្ថែម​តែ​ប៉ុណ្ណោះ។ ការ​វិភាគ​វែក​រក​ជំងឺ​មហារីក​ប្រូស្តាត គួរ​តែ​ចាប់​ផ្តើម​ធ្វើ​នៅ​ពេល​ចូល​ដល់​វ័យ​៥០ឆ្នាំ​ ឬ​ចាប់​ពី​៤៥​ឆ្នាំ​បើធ្លាប់​មានសមាជិក​​គ្រួសារ​កើត​ជំងឺនេះ។ គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ឱ្យ​ទៅ​ពិនិត្យ​ឈាម​វាស់​បរិមាណ PSA ​អង់ទីហ្សែន​ពិសេស​របស់​ប្រូស្តាត។ នៅពេល​​កំរិត​PSAឡើង​ខ្ពស់​ខ្លាំង​ ក៏​មិន​ប្រាកដ​ថា​ពិត​ជា​មាន​ជំងឺមហារីក​ដែរ។ ត្រូវ​បន្ត​ធ្វើ​រោគ​វិនិច្ឆ័យ​ផ្សេង​ទៀត​ដើម្បី​ផ្ទៀង​ផ្ទាត់មក​ពី​មាន​ដុំ​សាច់​សាច់​មហារីក​ប្រូស្តាត​ ឬ​មាន​ជំងឺ​ប្រូស្តាត​ផ្សេង​ទៀត​ ទើប​​បណ្តាល​បរិមាណ​PSAឡើង។​សរុបមក​វិញ ពេល​ចូល​វ័យ​៥០​ឆ្នាំ​ បុរស​គួរ​តែទៅ​ជួប​គ្រូពេទ្យដើម្បី​វាស់​ដូស​PSA ឯ​បុរស​វ័យ​ក្មេង​ គួរ​តែ​ឧស្សាហ៍​ត្រួត​ពិនិត្យ​ប្រដាប់​ប្រើប្រាស់​ខ្លួន​ឯង។ ដើម្បីឆាប់​ដឹង​ពី​អាការៈ​សុខភាព​ខ្លួន​ឯង ​ការ​ស្ទាបមិន​សុទ្ធ​តែអាសអាភាស​ទេ តែ​​ជា​កាយវិការ​សុខភាព​។ យុវបុរស​គួរ​​ស្ទាប​មើល​ពង​ស្វាស​​មួយ​ខែ​ម្តង​ ឯ​ស្ត្រី​ត្រូវ​ស្ទាប​សុដន់​​។ គ្រូពេទ្យ​ជំនាញ​អាច​ជួយ​បង្ហាត់​បង្ហាញ​របៀប​ស្ទាបរក​មើលក្រែង​មាន​​ករណី​សង្ស័យ​​ដុះ​ដុំ​មហារីកបាន៕
21/11/20237 minutes, 57 secondes
Episode Artwork

ជាតិ​ពុល​សំណរ​គំរាម​កំហែង​​​សុខភាពសាធារណៈ​ប្រហែល​ខ្យល់​ពុល

ការសិក្សា​មួយ​ចេញ​ផ្សាយ​នៅ​​ថ្ងៃ​អង្គារ​ទី ១២​កញ្ញា​២០២៣ បាន​បង្ហាញ​ថា​ ពិភពលោក​មើល​ស្រាល​ផលវិបាក​នៃ​ជាតិ​ពុល​សំណរ​ ចំពោះ​សុខភាព​សាធារណៈ​ខ្លាំងណាស់។ បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​​របស់​Global Burden of Disease ​សំណរបំពុល​សុខភាព​មនុស្ស​ក្នុង​​កំរិត​ប្រហាក់​ប្រហែល​ការ​ស្រូបផ្សែង​​ពុល​ក្នុង​បរិយាកាស​ដែរ។ បើ​តាម​លទ្ធផល​​សិក្សា​វិភាគ​តេស្ត​ឈាម​ស្តី​​អំពីកំរិត​ជាតិ​ពុល​នៃ​សំណរចំពោះ​សុខភាព​​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​រស់​នៅក្នុង​១៨៣​ប្រទេស  ជាតិ​ពុល​សំណរ​​ជា​ដើម​ហេតុ​នាំ​ឱ្យ​​អ្នក​ជំងឺ​សរសៃឈាម​បេះ​ដូង​៥លាន​៥​សែ​ននាក់​ស្លាប់​នៅ​ឆ្នាំ​២០១៩ នៅទូទាំង​ពិភពលោក។ ជាតិ​ពុល​សំណរ​ក៏​ជា​ប្រភព​បង្ក​ឱ្យ​មាន​ជំងឺ​ជា​ច្រើន​ផ្សេង​ទៀត ជា​ពិសេស​ចំពោះ​កុមារ​ ព្រោះ​ជាតិ​សំណរ​មាន​រក​ឃើញ​នៅ​ក្នុង​ស្ទើរ​គ្រប់ទិសទី ទាំង​ក្នុង​​ចំណី​អាហារ ចាន​ក្បាន ឬ​របស់​ប្រើប្រាស់ ព្រមទាំង​ជីរ​កសិកម្ម ។ល។និង​។ល។អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ទៀត​ថា ការ​ពុល​ដោយ​សំណរ​ ដែល​​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដូច​ផ្សែងពុល​ក្នុង​បរិយាកាសដែរ តំណាង​ឱ្យ​៣០%​នៃ​មរណភាព​ដោយ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ពោល​គឺ​វា​អាច​បង្ក​ឱ្យ​ស្លាប់​​ដល់​​៦​ដង​ច្រើន​​ជាង​ការ​ប៉ាន់​ស្មាន​មុនៗ​។ ​ជាតិ​ពុល​សំណរមាន​តួនាទី​ធ្វើ​ឱ្យ​កើត​​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ខ្លាំង​ជាង​បារី និង​ខ្លាញ់​ក្នុង​ឈាម​ទៀត។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល។ ប៉ុន្តែ​អ្នក​ជំនាញ​ខ្យល់​ពុល​ក្នុង​អាកាស​​នៃសាកលវិទ្យាល័យ​Birmingham លោក Roy Harrison ទទួល​យក​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​ ដោយ​សំអាង​ថា​ការ​សិក្សា​គួរ​ឱ្យ​ចាប់អារម្មណ៍​តែ​នៅ​មាន​​ចំណុច​គួរ​ឱ្យស​ង្ស័យ​​ច្រើន ព្រោះ​គេ​ពិបាក​វាយតម្លៃ​ប្រកប​ដោយ​ភាពប្រាកដ​ប្រជា​ណាស់​អំពី​ជាតិ​ពុល​សំណរ​ក្នុង​ស្រទាប់​ពលរដ្ឋ​រស់​នៅក្នុង​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍។ ចំណុច​គួរ​ឱ្យ​សង្ស័យ​មួយ​ទៀត ទាក់​ទង​នឹង​កំរិតសមត្ថភាព​​ពុល​នៃ​សំណរ​ក្នុង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។ ​ប្រសិនបើ​អ្វី​ៗ​ត្រូវ​បាន​បញ្ជាក់​មែន ​ការ​សិក្សា​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​វិស័យ​សុខភាព​សាធារណៈ​។ សម្រាប់​ពេល​នេះ លោក Roy Harrison យល់​ថាលទ្ធផល​នៃ​ការ​សិក្សាមាន​​កំរិត​ត្រឹម​តែ​ជា​សម្មតិកម្ម​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ។សំណរ​ជា​អ្វី ?សំណរ​ជា​លោហៈតាន់​ ពុល​ពី​​ធម្មជាតិសម្រាប់​មនុស្ស និង​មាន​កប់​​នៅក្នុង​ស្រទាប់​ដី​។ នៅ​មុន​ឆ្នាំ​១៩៧០ សំណរ​ត្រូវ​បាន​គេ​យក​ម​កប្រើប្រាស់​យ៉ាង​ខ្លាំង​ក្នុងវិស័យ​ឧស្សាហកម្ម។ ​ការ​ទាញ​យក​សំណរ​មក​ប្រើប្រាស់​ បាន​​​បំពុលបរិស្ថាន​ បំពុល​មនុស្ស​ និង​បង្ក​ឱ្យ​មាន​បញ្ហា​សុខភាព​​ធ្ងន់ធ្ងរ ​​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៃ​ភព​ផែន​ដី​។​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​​សំណរ ការ​ស្ល​បំប្លែង​សំណរ ឬការ​កែច្នៃ​សំណរ​ និង​ការយក​សំណរ​ប្រើប្រាស់សម្រាប់​ធ្វើ​ផលិតផល​រាប់​រយ​មុខ​ ជាពិសេស​យក​សំណរ​មក​ធ្វើ​ជាអាគុយ​ឡាន​ ម៉ូតូ​... ជា​ប្រភពសំខាន់​​នាំ​ឱ្យ​មាន​កា​រចម្លង​ជាតិ​ពុល​សំណរ​ក្នុង​បរិស្ថាន។ លោហៈ​សំណរ​នេះ​ក៏​មាន​ប្រើជា​គ្រឿង​ផ្សំ​​សម្រាប់​ផលិត​របស់​របរ​ប្រើប្រាស់​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជាសម្រាប់​ដំឡើង​ពណ៌​​ថ្នាំ​លាប សម្រាប់​ផ្សារ​ សម្រាប់​ធ្វើ​កញ្ចក់ ធ្វើ​កែវ​គ្រីស្តាល់​ គ្រាប់​ផ្ទុះ សេរ៉ាមិក គ្រឿង​អលង្ការ ល្បែង​ក្មេង​លេង ឬ​ផលិតផល​កែសម្ជស្ស​បែប​បូរាណ​​នៅ​ឥណ្ឌា នៅម៉ិចស៊ិក​ និង​នៅ​វៀតណាម។ គេ​ក៏មាន​​រក​ឃើញ​ស្នាម​ជាតិពុល​​សំណរ​នៅក្នុង​ទឹក​ ដែល​ហូរ​តាម​បណ្តាញ​ទុយយោមាន​ជាតិ​សំណរ ឬ​​ផ្សារភ្ជាប់​ដោយ​ប្រើ​សំណរ។សំណរ​ក៏​មាន​វត្តមាន​តាំង​ពី​យូរ​យារ​មក​ហើយ​ក្នុង​ល្បាយ​ប្រេង​សាំង។ តែ​ដោយយល់​អំពី​គ្រោះ​ថ្នាក់​នៃ​​​ជាតិ​ពុល​សំណរ ទើបបណ្តា​ប្រទេស​​នៅ​អាមេរិក​ខាង​ជើងនិង​ប្រទេស​ឧស្សាហកម្ម​ជឿន​លឿនភាគ​ច្រើន​ចាប់​កាត់​បន្ថយ​វត្តមាន​លោហៈពុល​សំណរ​តាំងពី​ឆ្នាំ​១៩៧០មក។ ​ឧស្សាហកម្ម​ប្រេង​សាំង​ចាប់​ផ្តើម​ចម្រាញ់​​ដក​ជាតិ​សំណរ​ចេញ​ជា​បណ្តើរៗ​ និង​ទាំង​ស្រុង​នៅ​ឆ្នាំ​១៩៨៦​នៅ​សហរដ្ឋ​អាមេរិក និង​១៩៩០នៅកាណាដា។ ​តាំងពីខែ​កក្កដា​ឆ្នាំ​២០២១​មក បើ​តាម​អង្គការ​សុខភាព​ពិភពលោក គ្មាន​ប្រទេស​ណា​នៅ​លក់​ប្រេង​សាំង​មាន​ជាតិ​សំណរ​ទៀតទេ។បច្ចុប្បន្ន​ សារជាតិ​ពុល​សំណរ​មួយ​ភាគ​ធំ​ ​មាន​ធ្វើចរាចរណ៍​នៅ​លើ​ទីផ្សារ​ពិភពលោក​ ក្នុង​ទម្រង់​ជា​វត្ថុ​​កែច្នៃ​ប្រើ​ឡើងវិញ​។ ​អង្គការ​សុខភាពពិភពលោកបាន​ចាត់បញ្ចូល​​សំណរ​ ទៅ​ក្នុង​ចង្កោម​សារធាតុ​គីមី​ពុល១០មុខ ដែល​​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំងសម្រាប់​សុខភាព​សាធារណៈ។ អង្គការ​បាន​ទាមទារ​ឱ្យ​រដ្ឋ​ជា​សមាជិក​នីមួយៗ​ការពារ​ពលករ កុមារ ស្ត្រីមាន​ផ្ទៃពោះ​ពី​ការ​គំរាម​កំហែង​ដោយ​សារធាតុ​ពុល​សំណរ។​តើសំណរ​អាច​​ប៉ះពាល់​ដល់​សុខភាព​យ៉ាងណា?ជាតិ​ពុល​សំណរ​មាន​នៅ​គ្រប់​ទិស​ទី ​ក្រោម​ដី​ ក្នុងទឹក​ លើខ្យល់ ក្នុង​បរិស្ថាន​ ដែល​មនុស្ស​អាច​ស្រូប​យក​តាម​មាត់​តាមផ្លូវ​ដង្ហើម​ ក្នុង​ទម្រង់​ជា​លម្អង ជា​ធាតុ​ល្អិត​ឆ្មារៗ ...នៅពេល​ ​បាន​ចូល​ទៅ​ដល់​ក្នុង​សរីរាង្គ​កាយ​ហើយ​ ជាតិពុល​​សំណរនឹង​ចែក​ចាយ​ទៅ​សរីរៈ​ផ្សេងៗ​ ដូច​ជា​ខួរក្បាល តម្រងនោម ថ្លើម​ និង​ឆ្អឹង។ សំណរ​នឹង​ទៅ​ផ្តុំ​កក​គរ​នៅ​ក្នុង​ធ្មេញ​និង​ឆ្អឹង ច្រើន​ឡើង​ៗ​ទៅ​តាម​ពេល​វេលា​ តែ​អាច​រំលាយ​បញ្ចេញ​ចោល​តាម​ទឹក​នោម​ដោយ​យឺតៗ​បំផុត។ ដំណើរ​បណ្តោះ​ជាតិ​សំណរចេញ​ពី​ក្នុង​សរីរាង្គ​​ត្រូវ​ការ​ប្រើពេល​រាប់​សិប​ឆ្នាំ​ឯណោះ។ សំណរស្តុក​ក្នុង​ឆ្អឹង​អាច​នឹង​ឆ្ល​ង​ហូរ​ទៅ​តាម​ឈាម​ ពេលស្ត្រី​ពរពោះ​និង​អាច​ចម្លង​ទៅ​ឱ្យ​ទារក​នៅក្នុង​ផ្ទៃ​បាន។បើតាម​សម្មតិកម្ម​ ការ​​ប្រឈម​​នឹង​ជាតិ​ពុល​សំណរ​អាច​នឹង​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​មាន​ងាយ​មាន​ជំងឺ​ ពាក់​ព័ន្ធ​វ័យ​ ដូច​ជា​ជំងឺសម្ពាធ​ឈាម (ឡើងឈាម) ជំងឺ​តម្រងនោម ភ្នែក​ឡើង​បាយ​ បាត់បង់ការ​ចង​ចាំ ...។ គេ​មិនទាន់​​ដឹង​នៅឡើយ​ថា​តើ​ផលវិបាក​នៃ​សារធាតុ​ពុល​សំណរ​លើសុខភាព​អាច​កែ​ប្រែឬ​ប្តូរ​ផ្លាស់​បាន​ដែរ​ឬអត់​ទេ។ ជំងឺ​ពុក​ឆ្អឹងរបស់​មនុស្ស​វ័យ​ចំណាស់​​ ក៏​ទំនង​ជា​បណ្តាល​មក​ពី​ជាតិ​សំណរ​កក​នៅ​លើ​ឆ្អឹង​តាំងពី​ក្មេង​មក​ ដាច់របេះ​​ទៅ​តាមចរន្ត​​ឈាម ព្រោះដូច​កាល់ស្យូម ​ជាតិ​សំណរ​ប្រមាណ​​៩០​ទៅ​៩៥​%​ដែលចូល​ទៅ​ដល់​ក្នុង​ខ្លួន​មនុស្ស​​តែង​ទៅ​តោង​នៅក្នុង​​ឆ្អឹង​និង​ធ្មេញ។​កុមារ​ងាយ​ទទួល​ជាតិ​ពុល​សំណរខ្លាំង​ជាងមនុស្ស​ធំ?ប៉ុន្តែ​សារធាតុ​ពុល​សំណរ​​អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំង​ដល់​សុខភាព​កុមារ។ ​ជាតិ​ពុល​សំណរក្នុង​កំរិត​​ខ្ពស់​ អាច​នឹង​ធ្វើ​ឱ្យ​ក្មេងខូច​ខួរក្បាល ខូច​ប្រព័ន្ធ​ប្រសាទ​កណ្តាល ប្រកាច់​សន្លប់ និង​ស្លាប់​បាន​។ ក្មេង​ដែល​គេច​ពី​ស្លាប់​បន្ទាប់​ពី​ពុល​ជាតិ​សំណរ​ធ្ងន់ធ្ងរ អាច​មាន​ហានិភ័យ​រស់​ក្នុង​ភាព​ពិការ​ផ្នែក​បញ្ញាញាណ​ និង​វិបត្តិអាក្បកិរិយា​អស់​មួយ​ជីវិត។ បើ​រង​ជាតិ​ពុល​សំណរ​ក្នុង​កំរិត​ទាប ក្មេង​អាច​រស់​ជា​ធម្មតា​ដោយ​គ្មាន​រោគ​សញ្ញា​អ្វី​ស្តែង​ចេញ​មក​ទេ ប៉ុន្តែ​គេ​បាន​ដឹង​ថា​ជាតិ​សំណរ​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​សរីរាង្គ​មួយ​ចំនួន​ធំ​ទ្រុឌទ្រោម​​ក្នុង​កំរិត​ផ្សេងៗ​គ្នា​។ គេ​បាន​ដឹង​ថា​ជាតិ​សំណរ​អាច​បំផ្លាញជា​ពិសេស ​កា​រលូត​លាស់នៃ​ខួរក្បាល​របស់​ក្មេង ដែល​អាច​ធ្វើ​ឱ្យ​ភាព​ឆ្លាត​វាង​វៃ​របស់​កុមារ​ធ្លាក់​ចុះ​ ដែល​អាច​ធ្វើ​ឱ្យ​ក្មេង​ប្តូរ​ផ្លាស់​ឥរិយាបថ ពិបាក​ចុះ​ចូល​ក្នុង​សង្គម ឬ​មិន​សូវ​ចេះ​ផ្ចង់​អារម្មណ៍ ជា​ដើម​។ល។ និង​ដែល​ធ្វើ​ឱ្យ​ក្មេង​រៀន​មិន​ពូកែ គ្មានលទ្ធផល​សិក្សាល្អ​នៅ​សាលា។ ​ជាតិ​ពុល​សំណរ​ក៏​ជា​ដើម​ហេតុ​នាំ​​បង្ក​ឱ្យ​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម ឡើង​ឈាម ខ្សោយ​តម្រង​នោម និងបង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​ការពារ​ខ្លួន​ ព្រមទាំង​ប្រព័ន្ធ​បន្ត​ពូជ​ទៀត។ ឥទ្ធិពល​នៃ​សំណរ​លើ​ប្រព័ន្ធ​ប្រសាទ​និង​ឥរិយាបថ​មិន​អាចព្យាបាល​ត្រលប់​ឱ្យ​ប្រសើរ​ឡើង​វិញ​បាន​ទេ។ ហើយ​ក៏​គ្មាន​កំរិត​អប្បបរិមា​នៃ​កំហាប់​ជាតិ​សំណរ​ដែល​គ្មាន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព។ កំហាប់​ជាតិ​ពុល​សំណរ​ឈាម​យ៉ាង​តិច​បំផុត​ ជួន​ក៏អាច​ធ្វើ​ឱ្យ​ក្មេង​អាប់​ប្រាជ្ញា​ និង​ជួប​ការ​លំបាក​ក្នុង​សិក្សា​បាន​ដែរ។ប្រសិន​បើ​ក្មេង គ្មាន​អាហារ​ទទួល​ទាន​គ្រប់គ្រាន់ទៀត​ នោះ​ពួក​គេ​​​ងាយ​ទទួល​យក​ជាតិ​សំណរ​ជាង​ក្មេង​ធម្មតាទៅទៀត ព្រោះ​សរីរាង្គកាយ​ក្មេង​នោះខ្វះ​ជីវជាតិ​ចិញ្ចឹម​​​ដូច​ជា​កាល់ស្យូម​និង​ដែក ​​​ដូច្នេះ​ទើប​​ត្រូវ​ការ​ស្រូបខ្លាំង​នូវ​រាល់​គ្រប់ជីរជាតិ​សម្រាប់​មក​បំពេញ​​អាហារ​រូបត្ថម្ភ។ ក្មេង​កាន់​តែ​តូច កាន់​តែ​ងាយ​ងាង​គ្រោះ​ខ្លាំង ជាពិសេសក្នុង​វ័យ​ដែល​​ប្រព័ន្ធប្រសាទកំពុង​លូត​លាស់។នៅក្នុង​របាយការណ៍​របស់​អង្គការ​សុខភាពពិភពលោក ដែល​ទើប​ធ្វើ​បច្ចុប្បន្នភាព​នៅ​ឆ្នាំ​២០២១ គេ​ប៉ាន់​ប្រមាណ​ថា​ក្នុង​ចំណោម​ក្មេង២លាន​នាក់​​ស្លាប់​​បាត់​បង់​ជីវិត​នៅ​ឆ្នាំ​២០១៩ ដោយ​សារធាតុ​ពុល​គីមី ពាក់​កណ្តាល​បណ្តាល​មក​ពី​ជាតិ​ពុល​សំណរ។ ក្នុង​កំរិត​ពិភពលោក​ មនុស្ស​លោក​បាន​ខាត​បង់​ជីវិត​សរុប​អស់​២១,៧លាន​ឆ្នាំ​ ដោយ​ហេតុ​ប្រឈម​នឹង​ជាតិ​ពុល​សំណរ​៕
14/11/20239 minutes, 38 secondes
Episode Artwork

អាហារបំប៉ន​ជា​ផលិតផល​ចាំបាច់​សម្រាប់ពង្រឹង​សុខភាពឬ?

ស្បែកភ្លឺ​ថ្លា សក់លោង លើក​កម្លាំង ក្រពះ​កិន​ស្រួល ... នេះ​ជា​ប្រសិទ្ធភាព​នៃ​ផលិតផល​អាហារ​បំប៉ន​​ដែល​គេ​បាន​ឃោសនា​ និង​សន្យា​។ ប៉ុន្តែ​តើ​អាហារ​បំប៉ន​ជា​អ្វី ? អាហារ​បំប៉ន​​មាន​ហានិភ័យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងណា? តើ​គួរទទួល​​អាហារបំប៉ន​បែបណា និង​នៅពេល​ណា? ស្បែក​អាប់​ សក់ស្ងួត​​ជ្រុះគ្មាន​ពន្លឺ​​ ក្រចក​បាក់​ អស់​កម្លាំង ពិបាក​ដំណេក គេង​មិន​លក់ ឆេវឆាវ ក្រពះ​មិន​សូវ​រំលាយ​អាហារ ធាត់​ ... គេ​​គួរ​តែប្រយុទ្ធ​ប្រឆាំង​នឹង​អាការៈ​មិន​ល្អ​ទាំងអស់​នេះ ហើយ​បើ​អាច​ត្រូវ​តែកម្ចាត់​វា​​​ចេញ​តែ​ម្តង ដោយ​វិធី​ផ្សេងៗ​ ដូច​ជា​ វិធី​កម្ចាត់​ជាតិ​ពុល វិធី​បញ្ចុះ​ទម្ងន់ វិធី​ភ្ញោច​ប្រព័ន្ធ​ការពារ​ខ្លួន វិធី​បង្កើន​ភាព​មាំមួន សម្រាល​អារម្មណ៍​ រក្សា​សម្រស់​ឱ្យ​នៅក្មេង​ជាង​វ័យ ...  បញ្ហា​ទាំងនេះ​ហាក់​ដូច​ជា​គ្មាន​ចែង​ចេញ​ពី​ក្បួន​វេជ្ជសាស្ត្រ​ទេ។ ឯ​ដំណោះស្រាយ​វិញ ក៏ហាក់​​គ្មានលក្ខណៈ​បែប​វិទ្យាសាស្ត្រ​ឱសថសាស្ត្រ​ដែរ និង​មិន​ចាំបាច់​ចាំ​ទៅ​រក​ទិញ​នៅ​តាម​ឱសថស្ថាន​ឡើយ​ តែ​នេះ​ជា​បញ្ហា​សុខភាព​ពិតៗ។ ហេតុ​អ្វី​មិន​ទៅ​ពិគ្រោះ​យោបល់​ និងសុំ​ការព្យាបាល​ពីគ្រូពេទ្យ​ជំនាញ បែរ​ជា​គិត​ដោយ​ងាយៗ​ត្រឹម​ទៅ​រក​ផលិតផល​បំប៉ន​​ទៅវិញ?!នៅ​ប្រទេស​បារាំង​ក៏​ដូច​ជា​នៅក្នុង​ប្រទេស​កម្ពុជា ផលិតផល​អាហារ​បំប៉ន​ កំពុង​ពេញ​និយម​កាន់​តែ​ខ្លាំង​ឡើងៗ​។ ដើម្បី​បញ្ចុះ​ទម្ងន់ ដើម្បី​កាត់​ស្ត្រេស ដើម្បី​ភាព​រឹង​មាំ​នៃសរីរាង្គកាយ​ ឬ​ដើម្បី​បង្កើន​សមត្ថភាព​កីឡា​ទេ ពលរដ្ឋ​ទូទៅ​មិន​ខ្លាច​នឹង​ចំណាយ​ថវិកា​ស្វែងរក​ទិញ​ផលិតផល​​​អាហារ​បំប៉ន​ដែលមាន​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារកាន់​តែ​ច្រើន​ឡើងៗ ក្នុង​គ្រប់​ទម្រង់។ មិន​ដូច​ការ​គិត​ អាហារ​បំប៉ន​​មិន​មែន​ជា​ផលិតផល​គ្មាន​ហានិភ័យ​ទេ ក្នុង​ករណី​ខ្លះ​អ្នក​ទទួល​ទាន​ផលិតផល​អាហារ​បំប៉ន​អាច​ប្រឈម​នឹង​គ្រោះ​ដល់​សុខភាព។តើ​ផលិតផល​អាហារ​បំប៉ន​ជាអ្វី?តាម​និយមន័យ ផលិតផល​អាហារ​បំប៉ន​ ជា​កំហាប់​សារធាតុ​ចិញ្ចឹម រុក្ខជាតិ ឬ​សារធាតុ​ផ្សេងៗ​ទៀត​ ដែល​ផ្សំ​ឡើងសម្រាប់​បំពេញ​បន្ថែម​ពី​លើ​របប​អាហារ​ធម្មតា​ប្រចាំ​ថ្ងៃ​ និងដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​អាហារូបត្ថម្ភផង និង​ផ្នែក​សរីរវិទ្យាផង​ឬ​ទាំងពីរ​រួមគ្នា​តែ​ម្តង​ផង។មាន​​ទម្រង់​​ជា​ ថ្នាំ​គ្រាប់សម្រាប់​លេប គ្រាប់​​បៀម ថ្នាំ​ម្សៅ ថ្នាំ​ទឹក​(អំពូល) ថ្នាំ​បណ្តក់ ...ផលិតផល​អាហារ​បំប៉ន​មាន​ច្រើន​យ៉ាង​ ខ្លះជា​បណ្តុំ​​រុក្ខជាតិ​ ខ្លះ​វីតាមីន និង​ខ្លះ​ជាតិ​រ៉ែ​ ឬ​ខ្លះ​ ​ជា​កំហាប់​សារធាតុ​ចិញ្ចឹម មេឡាតូនីន ឬ​គ្លុយកូសាមីន... រួចអាច​​មាន​​បន្ថែម​ក្លិន បន្ថែម​រសជាតិ​ទៀត​ ប៉ុន្តែ​នៅក្នុង​សមាសធាតុ​ផ្សំ​​គ្មាន​សោះ​សារធាតុ​សកម្មប្រើ​ក្នុងការ​ផលិត​ឱសថ។កម្មវត្ថុ​ចម្បង​នៃ​អាហារបំប៉ន គឺ​​ជា​​ផលិតផល​ដែល​ចូល​រួម​ចំណែក​ជួយ​បង្កើន​កំរិត​សារធាតុ​ចិញ្ចឹម​ដល់​សរីរាង្គ​ឱ្យ​ប្រសើរ​ឡើង និង​ជួយ​សម្រក​ទម្ងន់ ទប់​ស្កាត់​ភាព​ត្រជាក់ ជួយខាង​​រំលាយ​អាហារ​ ជួយ​បំប៉ន​សុខភាព​​សក់​ក្បាល​ ជួយ​កាត់​បន្ថយ​ការ​ធ្វើ​ទុក្ខ​ពេល​ពរពោះ​ឬ​ពេល​ស្ត្រី​ដល់​ពេល​អស់​រដូវ ។ល។ និង​។ល។ប៉ុន្តែ​ផលិតផល​អាហារ​បំប៉ន​មិនមែន​ជា​ថ្នាំ (ឱសថ)ទេ​ និង​គ្មាន​សកម្មភាព​-ប្រសិទ្ធភាព​ផ្នែកការពារ​-​​ព្យាបាល​ជំងឺ​ឡើយ ហើយ​មិន​ត្រូវយក​អាហារ​បំប៉ន​ជំនួសការ​ព្យាបាល​ណាមួយ​ទេ។ខុស​ពី​ឱសថ ផលិតផល​អាហារបំប៉ន​អាច​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​ដោយ​មិន​ចាំបាច់​រង់​ចាំ​ទទួល​ការ​អនុញ្ញាត​ពី​ភ្នាក់ងារ​សុវត្ថិភាព​ឱសថជាតិ​ទេ តែត្រូវ​ប្រកាស​ជូន​ដំណឹង​ទៅ​ភ្នាក់ងារ​ទទួល​បន្ទុក​គ្រប់គ្រង​​គ្រឿង​ឧបភោគ​បរិភោគដែល​មាន​ភារៈ​ត្រួត​ពិនិត្យនិង​វិភាគ​​មើល​សមាសធាតុ​ផ្សំ​នៃ​ផលិតផល ដូច​ប្រភេទ​អាហារ​ផ្សេងៗ​ទៀត​ដែរ។ អឺរ៉ុប​និងប្រទេស​ជា​​សមាជិក​សហភាព​អឺរ៉ុប មាន​ចំណាត់ការ​ច្រើន និង​វិធានច្បាប់​ច្បាស់លាស់ កំណត់​អំពី​គ្រឿង​ផ្សំ​ដែល​ត្រូវ​ប្រើ​ក្នុង​ផលិតផល​អាហារ​បំប៉ន​ ព្រម​ទាំង​កំរិត​បរិមាណ​(ដូស)​វីតាមីន​និង​សារធាតុ​រ៉ែ​ដែល​ត្រូវ​ប្រើ​ក្នុង​មួយ​ថ្ងៃៗ​ផង។នៅ​ប្រទេស​បារាំង​ ផលិតផល​អាហារបំប៉ន​មាន​​ដាក់​លក់​ជា​ចម្បង​តែ​តាម​ឱសថស្ថាន​​ប៉ុណ្ណោះ ប៉ុន្តែ​តាំងពី​ឆ្នាំ​២០១៥​មក ការ​លក់​ផលិតផល​អាហារ​បំប៉ន​សម្រាប់​មនុស្ស​ធំ បាន​រីក​ដុះ​ដាល​យ៉ាង​លឿន​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ ហើយ​ដែលផលិតផល​​ខ្លះ​គ្មាន​ប្រភព​ច្បាស់​លាស់​ និង​មិន​គោរព​តាម​បទ​ដ្ឋាន​សុវត្ថិភាព​ជាធរមាន​ទេ។តើ​យើង​ចាំបាច់​ត្រូវតែ​​ប្រើ​ផលិតផល​អាហារ​បំប៉ន​ឬ?បច្ចុប្បន្ន ឱនភាព​នៃ​សារធាតុ​ចិញ្ចឹម​និង​កង្វះ​សារធាតុ​ចិញ្ចឹម​ជា​ករណី​កម្រ​ណាស់​ ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​ទូទៅ​។ ប៉ុន្តែ​កង្វះ​អាហារូបត្ថម្ភ​ និង​សារធាតុ​ចិញ្ចឹម​ អាច​កើត​មានជា​ពិសេស​ចំពោះ​តែ​ក្រុម​​ពលរដ្ឋដែល​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ខ្លាំង ដូច​ជា​ស្ត្រី​មាន​ផ្ទៃពោះ កុមារ និង​មនុស្ស​ចាស់ជរា។ ​របប​អាហារ​ខ្លះ​អាច​នាំ​ឱ្យ​​ចុះ​ថយ​​ឬ​លុបសារធាតុ​ចិញ្ចឹម​ខ្លះ​តែ​ម្តង មាន​ជា​អាទិ៍​របប​អាហារហូប​តែ​បន្លែផ្លែឈើ​​សុទ្ធ​vegetalien។ ការ​មិន​ទទួលទាន​ជាតិ​សាច់​សោះ​ អាច​នាំ​ឱ្យ​ខ្វះ​វីតាមីន​B12ដែល​មាន​តែ​នៅក្នុងម្ហូប​​អាហារមាន​ជាតិ​សាច់​សត្វ។​បើ​យោល​ទៅ​លើ​និយមន័យ ការ​ស្វែង​រក​ផលិតផល​អាហារ​បំប៉ន​មក​ប្រើប្រាស់​ ដែល​ត្រឹម​ត្រូវ​និ​ងសមហេតុផល គឺ​នៅ​ពេលណា​​សេចក្តីត្រូវ​ការ​ផ្នែក​សារធាតុ​ចិញ្ចឹម​របស់​សរីរាង្គ​មិន​អាច​បំពេញ​បានតាម​រយៈ​​ការ​ទទួល​ទាន​ចំណី​អាហារ​ប្រចាំ​ថ្ងៃ។ក្នុង​ន័យ​នេះ គេ​ត្រូវ​វែក​រក​​ជា​បឋម​ថា​តើ​សេចក្តី​ត្រូវ​ការ​ណា​ដែល​អាច​បំពេញ​បាន។ ក្នុង​ករណីភាគ​ច្រើន គេអាច​កំណត់​បាន​យ៉ាង​ងាយ​ថា​ជន​នោះ​មាន​របប​អាហារ​គ្មាន​លំនឹង។ ឧទាហរណ៍ អ្នក​មិនដែល​ទទួល​ទាន​បន្លែ​ផ្លែឈើ​ និង​គ្រឿង​សមុទ្ទ​សោះ ច្បាស់​ជា​គ្មាន​លំនឹង​របប​អាហារ​ និង​មិន​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​សរីរាង្គ​កាយ​បាន​ទេ។ អ្នក​ខ្លះទៀត ​របប​អាហារ​គ្មាន​លំនឹង​ដោយហេតុ​តែ​ជំងឺ ឬ​ដោយហេតុ​អាល់ឡែកហ្ស៊ី ឬ​តំណម ... ក្នុង​ករណី​នេះ ដើម្បីផ្តល់​លំនឹងដល់​​របប​អាហារ ចាំបាច់​ត្រូវ​​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​​ផ្នែក​អាហារ​រូបត្ថម្ភ​។ ហើយ​បើ​នៅ​តែ​គ្មាន​លទ្ធភាព​​តម្រែ​តម្រង់​របប​អាហារ​ឱ្យ​មាន​លំនឹង​តាម​រយៈ​ការ​ទទួល​ទាន​ជា​ធម្មតា​ទេ ទើប​គួរ​ស្វែង​រក​ផលិតផល​អាហារ​បំប៉ន​មក​ប្រើប្រាស់​។ ផលិតផល​អាហារ​បំប៉ន​ក្លាយ​ជា​អាហារ​ចាំបាច់​ ជួយ​សម្រួល​ការ​ព្យាបាល​វេជ្ជសាស្ត្រ។ជា​ទូទៅ​សរីរាង្គកាយត្រូវ​ប្រឈម​នឹង​គ្រោះ​មាន​សារធាតុ​ចិញ្ចឹមមិន​គ្រប់​គ្រាន់​ ប្រសិន​យើង​មិន​បរិភោគអាហារ​ចម្រុះ​​ឱ្យ​បាន​គ្រប់​មុខ បន្លែផ្លែឈើ​​ត្រី​សាច់​ទេ។ ប៉ុន្តែ​ជា​ញឹក​ញយ គេ​សង្កេត​ឃើញ​មាន​ការ​ប្រើប្រាស់​ផលិតផលអាហារបំប៉ន​​បញ្ច្រាស​ទិស​ទៅ​វិញ។ អ្នកប្រើប្រាស់​ ច្រើន​តែ​លង់​ជឿ​តាម​ការ​ផ្សាយ​ពាណិជ្ជកម្ម​​របស់​អ្នក​លក់ថា​​ផលិត​ផលអាហារ​បំប៉ន​នេះ ឬ​នោះ​នាំ​ឱ្យ​មាន​សុខភាព​ល្អ​ប្រសើរ​ មាន​អានុភាព​ជាង​មុន ឬ​នាំ​មក​នូវ​សុខុមាលភាព​ សុខចិត្ត​ទៅ​ទទួល​ទានផលិតផល​អាហារ​បំប៉ន ដែល​មាន​សារធាតុ​ផ្សំ​បំប្លែង​ឆ្ងាយ​ពី​ចំណីអាហារ​ធម្មតា​ប្រចាំថ្ងៃ។ផលិតផល​អាហារ​បំប៉ន​មាន​ហានិភ័យ​សុខភាព​យ៉ាងណា?ដូច្នេះ​ ការ​ទទួល​ទាន​ផលិតផល​អាហារ​បំប៉ន ប្រាកដ​ជា​អាច​នាំ​ហានិភ័យ​ ប៉ះពាល់​​ដល់​សុខភាព​ជា​យថាហេតុ​ណាមួយ​ ជា​ពិសេស​ប្រសិនបើ​អាហារ​បំប៉ននោះ​មាន​ធាតុ​ផ្សំ​ជា​បង្គុំ​វីតាមីន និង​រ៉ែ។ នៅពេល​យកផលិតផល​បំប៉ន មក​ធ្វើ​ជា​អាហារ​ប្រចាំ​ថ្ងៃ នោះ​វា​ងាយ​នឹង​បង្ក​ឱ្យ​មាន​ហានិភ័យ​ញ៉ាំ​ហួស​កំរិត​សុវត្ថិភាព​សុខភាព​ណាស់។​​មុន​នឹង​សម្រេចចិត្ត​ប្រើ​ផលិតផល​អាហារបំប៉ន គួ​រតែ​ចោទ​សួរ​ខ្លួន​ឯង​ជា​មុន​សិនថា “តើអ្នក​ពិត​ជា​ត្រូវ​ការ​​អាហារបំប៉នមែនឬ?”។ តាម​រយៈ​ការ​ផ្តល់​ចម្លើយ អ្នក​នឹង​​ពិចារណា​​ឃើញ​អំពី​មូលហេតុ​ដែលជំរុញ​ឱ្យ​អ្នក​ចង់​ប្រើ​ផលិតផល​អាហារ​បំប៉ន​ហើយ៖ មក​ពី​គ្មាន​របប​អាហារ ត្រឹមត្រូវ ឬ​មក​ពី​គ្មាន​អនាម័យ​ក្នុង​ការរស់​នៅ​? ជា​ឧទាហរណ៍ អាការៈនឿយហត់​អស់​កម្លាំង អាច​បណ្តាលមក​ពីមូលហេតុ​ច្រើន ៖ ធ្វើការ​ហួស​កម្លាំង គេង​មិន​គ្រប់ គេង​មិន​លក់ បាក់ទឹក​ចិត្ត​ មាន​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត លេប​ថ្នាំ​រំងាប់​អារម្មណ៍ ... ឬ​ក៏មកពី​ទទួល​ទានអាហារ​មិន​ត្រឹម​ត្រូវ។ មុននឹង​​ហក់​ទៅ​ទិញ​ផលិត​ផល​អាហារ​បំប៉ន​មក​ប្រើ ​សូម​ចោទ​សួរ​អំពីបរិបទ​នៃ​អាការៈ​នឿយហត់​ទាំង​អស់​នេះ​សិន។ បន្ទាប់​មក​ការ​​ស្វែង​រក​ដំណោះស្រាយ​ដ៏​ប្រសើរ​​និង​លឿន​បំផុត​ គឺ​ការ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ សូម​អញ្ជើញ​ទៅ​សួរ​យោបល់​អ្នក​ជំនាញ​ជា​មុន​សិន​ កុំ​ព្យាបាល​ដោយ​ខ្លួន​ឯង ដែល​អាច​ធ្វើ​ឱ្យ​ខាត និង​ហួស​​ពេល​វេលា​ ប្រសិន​បើ​អ្នកមាន​ជំងឺ​កាច​លាក់​ក្នុង​ខ្លួន។ម្យ៉ាង​វិញ​ទៀត មុន​នឹង​សម្រេច​ប្រើ​ផលិតផល​អាហារ​បំប៉ន​ណាមួយ​ សូម​ពិចារណា​អំពី​គុណភាព ប្រភព​នៃ​ផលិតផល​នោះ​ថា​ពិត​ជាអាច​ទុក​ចិត្ត​បាន​កំរិត​ណា។ បើ​ចង់និង​ទុក​ចិត្ត​ហើយ សូម​​សាកល្បង​ប្រើក្នុង​រយៈ​ពេល​ខ្លី​ កុំ​ប្រើ​ផលិតផល​ដដែល​យូរ​ពេក និង​ច្រើន​មុខ​ចូល​គ្នា។ គោរព​លក្ខខណ្ឌ​និង​ដូស​ដែល​ត្រូវ​ប្រើ​។ សូម​​ប្រយ័ត្ន ​នៅ​ពេល​ប្រើ​ផលិតផល​ដែល​គេ​អួត​ថា​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​សូម​ជ្រើសរើស​ប្រើ​តែ​ផលិតផលណា​ដែល​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​ គួរ​ឱ្យ​ទុក​ចិត្ត។ ផលិតផល​អាហារ​បំប៉ន​លក់​តាម​បណ្តាញ​អ៊ីនធ័រនែត​អាច​មាន​ផ្ទុក​សារធាតុ​ហាម​ឃាត់​ដោយ​ច្បាប់​សុវត្ថិភាព​ចំណីអាហារ​ក្នុង​ស្រុក​៕​​
04/10/20238 minutes, 47 secondes
Episode Artwork

ធ្លាក់​ទឹក​ចិត្ត​ក្រោយ​សម្រាលកូន​ជា​ជំងឺ​?

អាជ្ញាធរអាមេរិក​ទើបបាន​ចេញ​សេចក្តីអនុញ្ញាត​ជា​លើក​ទីមួយ ឱ្យ​ប្រើប្រាស់​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ការ​សម្រាល​កូន​។ ដូច​ឈ្មោះដែល​ហៅ ​ជំងឺធ្លាក់ទឹក​ចិត្ត​ក្រោយ​កា​រសម្រាល​កូន កើត​លើ​ស្ត្រី​ប្រមាណពី​១០-២០% ក្រោយ​ឆ្លង​ទន្លេរួច។​ តើ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ការ​សម្រាលកូនជា​អ្វី ? ជំងឺ​នេះ​មាន​រោគ​សញ្ញាយ៉ាងណា? អ្វី​ជា​ដើម​ហេតុ​នាំ​ឱ្យ​កើត​ជំងឺនេះ? ភ្នាក់ងារ​ឱសថ​អាមេរិក​បានប្រកាស​​អនុញ្ញាត​ជា​លើក​ទីមួយ នៅថ្ងៃ​ទី ៤​សីហា​ ឱ្យ​ប្រើប្រាស់​ថ្នាំគ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​​លើ​រូប​ស្រ្តី​សរសៃ​ខ្ចី។ Zurzuvae ជាថ្នាំដែល​ផ្សំ​ឡើង​ដោយសារធាតុសកម្ម​ឈ្មោះ​ zuranolone។ អាជ្ញាធរ​បាន​ណែនាំ​ឱ្យស្ត្រី​លេប​ថ្នាំ​លេខ​៥០មីល្លីក្រាម​នេះ​ចំនួន​មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ ជា​រៀង​រាល់​ល្ងាច​រយៈពេល​១៤​ថ្ងៃ​។ ការ​សិក្សា​ពីរបាន​បង្ហាញអំពី​ប្រសិទ្ធភាព​ថ្នាំ​ថារោគសញ្ញា​​ជំងឺហាក់​បាន​​​ធូរ​ស្បើយ​​ប្រសើរ​ឡើង​ភ្លាមក្រោយ​ពី​បាន​ទទួល​ទាន​ថ្នាំ​ តែ​ប្រមាណ​បី​ថ្ងៃ។ ថ្នាំមាន​ប្រសិទ្ធភាព​​យ៉ាង​លឿន​រហ័សហើយ រយៈពេល​នៃ​ការ​ព្យាបាល​ខ្លី​ជាង​វិធីព្យាបាល​មុនៗទៀត។ ជាង​នេះទៅ​ទៀត ថ្នាំ​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​ក្រោយ​ការ​សម្រាលកូន​ដែល​មាន​ធ្វើ​ចរាចរណ៍​លើ​ផ្សារ​កន្លង​មក​ ឧទាហរណ៍​brexanolone មាន​ទម្រង់​ជា​ថ្នាំ​ចាក់​ និង​ត្រូវ​ស្ថិត​ក្រោម​​តាមដាន​វេជ្ជសាស្ត្រ​រយៈពេល​៦០​ម៉ោងនៅពេល​ប្រើ​ ហើយ​តម្លៃ​ក៏ថ្លៃខ្លាំង​ទៀត។ ចំណែក​ថ្នាំ​ព្យាបាល​ជំងឺធ្លាក់​ទឹក​ចិត្ត​ក្រោយការ​សម្រាលកូន​រួច​ Zurzuvaeវិញ​មាន​ទម្រង់​សាមញ្ញ​ងាយ​ប្រើ​ខ្លាំង​ព្រោះ​ជា​ថ្នាំ​គ្រាប់​សម្រាប់​លេប។ដូចម្តេច​ដែល​ហៅ​ថា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ការសម្រាលកូន​?ផ្តល់កំណើត​កូន​ជាដំណឹង​ល្អ​ណាស់​សម្រាប់​គូស្វាមី​ភរិយា​ជា​ទូទៅ និង​ជា​ប្រភពនាំ​ឱ្យ​មាន​​អារម្មណ៍ពុះ​កញ្ជ្រោល​ ៖ រំភើប​​​រីករាយ ក្តី​ស្រលាញ់ពេញ​ចិត្ត លាយលំ​ដោយ​ការ​ខកចិត្តឬ​ថប់បារម្ភ។ ក្នុង​រវាង​ប៉ុន្មាន​សប្តាហ៍​និង​ខែ​ដំបូង​ក្រោយ​កំណើត​កូន ​ស្ត្រី​ជា​ម្តាយ​តែង​តែ​មាន​អារម្មណ៍​​ចម្រុះ រំជើបរំជួល ជា​​ធម្មតា ​ម្តង​ឡើង​ម្តង​ចុះ​ ច្របូក​​ច្របល់​​នៅ​ចំពោះ​មុខ​ព្រឹត្តិការណ៍ថ្មី ដែល​បាន​ប្តូរផ្លាស់ទាំង​​រូបរាងកាយ​និង​ទឹក​ចិត្ត​ជា​ម្តាយ។ សម្រាប់​ម្តាយ​ឪពុកថ្មីថ្មោង​​ភាគ​ច្រើន ភាព​រីករាយ​ស្រលាញ់​កូន​ដ៏​លើសលប់​ បាន​មក​គ្រប​ដណ្តប់ បាំង​បាត់​ក្តី នឿយហត់ ​ព្រួយ​បារម្ភ​ ខ្វល់ខ្វាយ​ឬ​ការ​បាក់ទឹក​ចិត្ត​ជិតឈឹង។​ ប៉ុន្តែសម្រាប់​​​អ្នក​ជា​ម្តាយខ្លះទៀត​ កូនទើប​កើត​បាន​ប៉ុន្មាន​​ថ្ងៃ​សោះ ស្រាប់​តែ​​មាន​​អារម្មណ៍បាក់​ទឹក​ចិត្ត​ព្រួយ​​​ថា​មិន​អាច​ទទួល​ខុស​ត្រូវ​មើល​កូន​ អស់​កម្លាំង​ចិត្ត​-កម្លាំងកាយ​ លែង​ចង់​ថ្នាក់ថ្នម​ស្រលាញ់កូន​។ នៅ​ប្រទេស​បារាំង មានស្ត្រី​​ទើប​ឆ្លង​ទន្លេ​រួច​ប្រមាណពី១០ទៅ​២០%ធ្លាក់​ខ្លួន​មានអាការៈ​បែប​នេះ។ នោះគឺ​ជំងឺ​បាក់​ទឹក​ចិត្តក្រោយ​សម្រាលកូន​រួច។​​​គ្មាននរណា​សូវ​លើក​មក​និយាយ​ បាក់​ទឹក​ចិត្ត​ក្រោយ​ការ​សម្រាលកូន​រួច ជា​ជំងឺរោគ​ចិត្ត​​មួយ​ដ៏​ពិតៗ ដែល​តម្រូវ​ឱ្យ​មានការ​ព្យាបាល​និង​តាមដានសុខភាពម្តាយ​យ៉ាង​ត្រឹម​ត្រូវ។ ជំងឺ​នេះ​អាច​លេច​ឡើង​នៅប៉ុន្មាន​ថ្ងៃ​ក្រោយ​​សម្រាល​កូន​រួច និង​រហូត​ដល់កូន​មាន​អាយុ​ជាង​មួយ​ខួប។ គ្រាន់​តែ​រយៈ​ពេល​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត គឺ​នៅពេលកូនខ្ចី​​អាយុ​បាន​​៦ទៅ​៨អាទិត្យ និង​បន្ទាប់មក​​ពេល​កូន​មានអាយុ​៩ទៅ​១៥ខែ។បន្ទាប់​​ពី​សម្រាលកូន​រួច​ នៅម្តុំ​ថ្ងៃ​ទី​​បី ស្ត្រី​ជា​ម្តាយ​ថ្មីថ្មោង​ហាក់​មាន​អារម្មណ៍​អាប់​អួរ កើត​ទុក្ខ​ ចង់​យំ​ដោយ​ឥត​មូលហេតុ​។ អាការៈ​បែប​នេះ​មាន​លេច​ឡើងពីរបី​ម៉ោង​ ជួន​ដល់​ពីរបីថ្ងៃ រួច​ក៏​បាត់​ទៅ​វិញ​ដោយ​ឯងៗ ដោយ​គ្មាន​ត្រូវ​ការ​ការ​ព្យាបាល​អ្វីទាំង​អស់ (វត្តមាន​និង​ទឹក​ចិត្ត​យោគយល់​​របស់​ក្រុមគ្រួសារ​ គ្រប់​គ្រាន់​នឹង​ជួយ​ស្ត្រី​សរសៃ​ខ្ចី​នេះ​បាន​ហើយ)។​ នេះ​ជាបាតុភូតខ្លី​ ធម្មតា ហៅ​តាម​ភាសាបច្ចេកទេស​ថា​ ​Baby Blues ដែលបណ្តាល​មក​ពី​ការ​អស់​កម្លាំងពេល​ប្រឹង​បង្កើត​កូន​ និងការ​​ធ្លាក់ចុះ​​ជា​គំហុកនៃ​អ័រមូន​ Œstrogèneនិង​ Progestérone​ពី​​ក្នុង​​សរីរាង្គកាយ​។ កាល​នៅ​ពរ​ពោះ​ស្ត្រី​មាន​អ័រមូន​ទាំងពីរ​នេះ​ច្រើន​ខ្លាំង​ណាស់។​ស្ត្រី​ប្រមាណ​ពី​៥០ទៅ​៨០%​តែងជួបបាតុភូត ​Baby blues ក្រោយ​ពី​ឆ្លង​ទន្លេ​រួច​បាន​ពីរបី​ថ្ងៃ ប៉ុន្តែ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​កូន​ អាច​បណ្តាល​មក​ពី​​​មូលហេតុ​ផ្សេង​ ដែល​មិន​មែន​ជា​​បញ្ហា​សរីរវិទ្យាសោះ។ ​ធ្លាក់​ទឹក​ចិត្ត​​ក្រោយ​សម្រាលកូន ជា​ជំងឺដែល​ធ្ងន់ធ្ងរ អាច​អូស​បន្លាយ​យូរ ប្រសិនបើ​គ្មានការ​ព្យាបាល​ត្រឹមត្រូវ។​ជំងឺធ្លាក់ទឹកចិត្ត​ក្រោយពេល​សម្រាលកូន​មាន​រោគសញ្ញាដូចម្តេចខ្លះ? ជា​ញឹកញាប់​បំផុត ស្ត្រី​មានអាការៈនឿយហត់​អស់​កម្លាំង​ខ្លាំង​ស្ទើរ​រលីង​តែម្តង ពេល​​ឆ្លង​ទន្លេរួច។ ​ភាព​ជា​​ម្តាយក្នុង​ពេល​ដំបូងៗ​ភ្លាម​​​ តែង​អស់​កម្លាំង​ខ្លាំង​ជា​ធម្មតា តែក្នុង​ករណី​មាន​ជំងឺធ្លាក់​ទឹក​ចិត្ត​ ស្ត្រី​មាន​អាការៈអស់​កម្លាំង​ខ្លាំង​ចម្លែក​ ខុស​គេ​ឯង និង​យ៉ាង​ហួស​ហេតុ។ ផ្ទុយ​ទៅ​វិញ ស្ត្រីជា​ជន​​រងគ្រោះនៃ​ជំងឺធ្លាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​កូនខ្លះ​​​អាចភាព​​ រវើកសកម្មខុស​ទំនង​ទៅវិញ។ ហើយ​ទន្ទឹម​គ្នា​នោះ ស្រ្តី​មាន​បញ្ហា​ដំណេក សំរាន្ត​មិន​លក់​ ឬ​ដេក​មិន​ចង់​ភ្ញាក់។ មាន​អារម្មណ៍​ចង់​តែ​យំ​ ហើយ​លាក់​មិន​ឱ្យ​គេ​ដឹង។ ទទួល​ទាន​មិន​ចូល។ មាន​​អាក្បកិរិយា​ឆេវឆាវ​ ឆាប់​ខឹង​ ខឹង​មិន​ទំនង កើត​ទុក្ខ មាន​កង្វល់​ មិន​រីក​រាយ​ស្វាគមន៍​នឹង​អ្វី​ដែលធ្លាប់​នាំ​សប្បាយ​ពី​មុន។​​ ​មាន​អារម្មណ៍​ថាអសមត្ថភាព​ក្នុង​ការ​មើល​ថែ និង​​ស្រលាញ់​កូន​។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លាំង​ ស្ត្រី​មាន​គំនិត​ចង់​ធ្វើ​អត្តឃាត​តែ​ម្តងផង។គ្រប់​ស្ត្រី​រងគ្រោះ​មិន​សុទ្ធ​តែ​មាន​អាការៈ​ដូច​រៀប​រាប់​ខាង​លើ​ទាំងអស់​ទេ។ ខ្លះ​ក៏​មាន​អាការៈ​ច្បាស់​លាស់​​ខ្លាំង ខ្លះ​ក៏​ពិបាក​ដឹង​។ ដោយ​ហេតុ​ថា​ជា​ទូទៅ ស្ត្រី​មាន​ជំងឺ​នេះ​ច្រើន​តែ​ចង់​លាក់​ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្លាំង​នៅ​ពេល​ឃើញ​អ្នកទើប​ឆ្លង​ទន្លេ​រួច​ប្តូរ​ផ្លាស់​ឥរិយាបថ​និង​ទម្លាប់។តើ​មាន​កត្តា​ហានិភ័យ​អ្វី​ខ្លះ​ដែល​​នាំ​ឱ្យ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ការ​សម្រាលកូន?មូលហេតុ​ដែល​គេ​ជួប​ប្រទះ​ជា​ញឹក​ញយ​ជាង​គេ គឺ មាន​ព្រឹត្តិការ​ណ៍​ជីវិត​បែប​ស្ត្រេសខ្លាំង មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង មាន​ជីវិត​ឯកា​ មាន​បញ្ហា​ក្នុង​ជីវិតគូ​ប្តីប្រពន្ធ​ ការ​ប្តូរ​ផ្លាស់​សរីរាង្គកាយ​ខ្លាំង​និង​នឿយហត់​ជ្រុល​ពេក​ក្នុង​ពេលបាន​សមាជិក​ថ្មី។ ស្ត្រេស​​ពេ​ល​សម្រាលកូន លំបាកខ្លាំង ក៏​អាច​ដើរ​តួ​សំខាន់​នាំ​ឱ្យ​ងាយ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ។ ភាព​ក្រីក្រ ជីវភាព​ទ័ល​ខ្លាំង​គ្មាន​ទស្សនវិស័យ​សម្រាប់​អនាគត រស់​តែ​ម្នាក់​ឯង គ្មាន​ញាតិ គ្មាន​មិត្ត​ចាំ​ជួយ​ចាំ​ស្តាប់​ទុក្ខលំបាក ធ្លាប់​ឆ្លង​កាត់​កុមារភាព​លំបាក​លំបិន មានទំនាក់ទំនង​មិន​ល្អ​ជាមួយ​ឪពុកម្តាយ​ ឬ​ធ្លាប់​មាន​ករណី​បាក់ទឹក​ចិត្ត​ក្នុង​កំណើត​កូនមុនៗ​សុទ្ធ​សឹង​ជា​ហានិភ័យ​នាំ​ឱ្យ​មាន​គ្រោះ​លេច​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ទន្លេ​ជា​ថ្មី។តើ​មាន​មធ្យោបាយ​ការពារ​មិន​ឱ្យ​កើត​ជំងឺ​បាក់ទឹក​ចិត្ត​ក្រោយ​សម្រាលកូន​ដែរឬទេ?មាន! ការ​​អប់រំ​ចិត្តសាស្ត្រ ឱ្យ​ចេះ​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ជីវិត​ថ្មី ចេះ​ចាត់​ចែង​ស្ត្រេស និងមាន​​​បណ្តាញ​​ទំនាក់ទំនង​ សម្រាប់​ផ្តល់​​​​កម្លាំង​ចិត្ត​និង​កម្លាំងកាយ​ ជា​មធ្យោបាយ​សំខាន់​បំផុត​ក្នុង​ការ​ការពារ​មិន​ឱ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត។ ចូររៀប​ចំ​និង​ស្វែង​រក​ជំនួយ​និង​ការ​គាំទ្រ​ ផ្លូវកាយ​ផ្លូវ​ចិត្តពី​សំណាក់​ក្រុមគ្រួសារសាច់​ញាតិ ឬ​មិត្ត​ភក្តិ​ក្នុង​រយៈ​ពេល​សម្រាក​មាតុភាព។​ម្យ៉ាង​ទៀត ​អឺរ៉ុប​កំពុង​សំលឹង​មើល​ប្រពៃណី​​ ​ថែទាំស្ត្រី​ទើប​ឆ្លង​ទន្លេ របស់​បណ្តា​ជននៅអាស៊ី​។ ផ្ទុយពី​ស្ត្រី​នៅប្រទេស​បារាំង ឬ​នៅអឺរ៉ុប​ជាទូទៅ ដែល​ក្រោយ​ពី​​ឆ្លង​ទន្លេ​ហើយ​សម្រាក​នៅមន្ទីរ​សម្ភព​តែ​ពីរបី​ថ្ងៃ​ នឹង​ចេញ​មក​ផ្ទះ​និង​មើល​ថែ​កូន​ដោយ​ខ្លួន​ឯង ​ស្រ្តី​អាស៊ី​​សរសៃ​ខ្ចី ខ្លះ​តម​​មិនធ្វើ​ការ​ធ្ងន់​​រយៈ​ពេល​មួយ​ខែ និង​អាច​ពឹង​ពាក់​លើ​ក្រុមគ្រួសារបាន​ស្ទើរ​តែ​ទាំង​ស្រុង ដោយ​​បាន​ទទួល​ការថ្នម​ថែ​ពី​ក្រុមគ្រួសារយ៉ាង​ពិសេស។ ​ដោយភាព​ជឿន​លឿន​នា​បច្ចុប្បន្ន​នេះ តែ​មិន​បោះបង់​ប្រពៃណី​យក​ចិត្ត​ទុក​ដាក់​លើ​ស្ត្រី​សរសៃ​ខ្ចី​ ប្រទេស​កូរ៉េខាង​ត្បូង​មាន​រចនា​សម្ព័ន្ធ​ថែ​ទាំ​ស្ត្រី​ទើប​ទន្លេ​រួច​និង​កូន​ខ្ចី​ ទំនើប​ប្លែក​ពីគេ​ គឺ​មាន​ជា​សណ្ឋាគារ​កូនខ្ចី ឬសេវា​អ្នក​មើល​ថែកូនងារ និង​គិលានុបដ្ឋាក​ប្រកប​ដោយ​បទ​ពិសោធន៍​ខ្ពស់​ច្រើន​ឆ្នាំ​មក​មើល​ថែមុជ​ទឹកផ្តេក​ទារក​​ ដាំបាយ​ដាំ​ទឹក ជា​រៀង​រាល់​ដើម្បី​ឱ្យ​ស្ត្រី​ទើប​ឆ្លង​ទន្លេ​រួច​មាន​ពេល​វេលា​សម្រាក​គ្រប់គ្រាន់ មាន​កម្លាំងពលំ​ពេញ​លេញ​ឡើង​វិញ និងបាន​ជា​ស្នាម​ថ្នេរបួស​ពេល​កើត​កូន​ លែង​សូវ​មាន​ឈាម​ធ្លាក់​ឈាម។ ​នៅប្រទេស​ចិន តាមទម្លាប់​បូរាណ​ស្ត្រី​ឆ្លង​ទន្លេ​ហើយ​ត្រូវ​សំងំ​សម្រាក​នៅផ្ទះ​ពេញ​មួយ​ខែ  ហើយ​ក៏​មាន​រចនា​សម្ព័ន្ធ​ជឿន​លឿន​សេវា​ខ្ពស់​ ទៅ​តាម​តម្រូវការ​និង​ជីវភាព​មាន​បាន​របស់​មនុស្សម្នាក់ៗ។ មជ្ឈមណ្ឌល​ថែទាំ​ស្ត្រី​ឆ្លង​ទន្លេ​រួច​ខ្លះ​មានចំណាត់​ថ្នាក់​​ផ្កាយ​៥ ដូច​សណ្ឋាគារ​ប្រណិតៗ​ដែរ៕
27/09/20239 minutes, 7 secondes
Episode Artwork

តើ​គួរ​ព្រួយ​បារម្ភ​ខ្លាច​Nipahបង្ក​រោគ​​រាតត្បាត​​ទេ?

អាជ្ញាធរ​ឥណ្ឌា​បាន​ប្រកាស​នៅ​សប្តាហ៍មុន​​ថា​កំពុង​ប្រឹង​ទប់​ទល់​នឹង​ការ​រាតត្បាត​នៃ​វីរ៉ុស​Nipah។ វីរ៉ុស​ដែលចម្លង​ពី​សត្វ​មក​មនុស្ស និង​អាច​បង្ក​ឱ្យ​មាន​ជំងឺក្តៅ​ខ្លួន​យ៉ាង​ខ្លាំង ក្នុង​កំរិត​អត្រា​មរណៈ​ខ្ពស់គួរ​ឱ្យ​ព្រួយ​បារម្ភ។ តើ​វីរ៉ុស​Nipah​ជា​អ្វី? កាលពី​ថ្ងៃ​ទី​១៤កញ្ញា​ អាជ្ញាធរ​ឥណ្ឌា​បាន​ចេញ​បម្រាម​កំរិត​ការ​ជួប​ជុំ​គ្នា​​ជា​សាធារណៈ និង​បិទ​សាលា​រៀន​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋ​កេរ៉ាឡា រដ្ឋ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស ក្រោយ​ពីមាន​ករណី​ស្លាប់​មនុស្ស​ពីរ​នាក់​ដោយឆ្លង​វីរ៉ុសNipah​។ ក្រៅ​ពី​មនុស្ស​ស្លាប់ គេ​សង្កេត​ឃើញ​មានយ៉ាង​ហោច​មនុស្ស​បួននាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ​បីនាក់​ផ្សេង​ទៀត​វិជ្ជមាន​Nipah​​និង​​កំពុង​តាមដានមនុស្ស​ជាង​៧០០នាក់​ ក្នុងនោះ​១៥៣​នាក់ជា​បុគ្គលិក​ធ្វើការ​នៅក្នុង​វិស័យ​សុខាភិបាល ដែល​ជា​ករណី​ពាក់​ព័ន្ធ​ផ្ទាល់​នឹង​មាន​ផ្ទុក​មេរោគNipah​​។តើ Nipah​​ ជាអ្វី?​Nipah ជា ​វីរ៉ុស​​ប្រភេទ Paramyxovirus​ ចម្លង​ដោយ​សត្វ​ប្រចៀវ និង​មាន​វត្តមាន​ពេញ​តំបន់​អាស៊ី​អាគ្នេយ៍​និង​អាស៊ី​ខាងត្បូងNipah​ធ្លាប់បង្ក​ឱ្យ​មាន​​ជំងឺ​រាតត្បាត ជា​លើក​ដំបូង​គេ​បង្អស់​នៅ​ឆ្នាំ​១៩៩៨ ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ក្រោយ​ពីមានផ្ទុះ​​ការ​​ចម្លង​វីរ៉ុស​ក្នុង​រង្វង់​អ្នក​ចិញ្ចឹម​សត្វជ្រូក នៅ​ភូមិ​Nipah​ ទើប​ជាប់​ ​ជាប់​ឈ្មោះ​ថា​ ​Nipah តាំងពី​ពេល​នោះ​មក។ វីរ៉ុសNipah​ ជា​ភ្នាក់ងារ​ចម្លងថ្មី​​ដែល​អាច​បង្ក​បង្កើត​ឱ្យ​ទៅ​ជា​ជំងឺ​រាតត្បាត​ធ្ងន់ធ្ងរ​បាន ទើប​​អង្គការ​សុខភាពពិភពលោក​បាន​ចាត់​បញ្ចូល​ Nipah​ក្នុង​បញ្ជីជា​មួយ​​នឹង​វីរ៉ុស​ អេបូឡា ហ្ស៊ីកា និង​កូវីដ​១៩ ថា​ដូច​ជា​ជំងឺ​ជា​ច្រើន​មុន​ទៀត ដែលត្រូវ​ធ្វើ​សិក្សា​​ស្រាវជ្រាវជា​អាទិភាព ​ដើម្បី​បាន​ដឹង​អំពី​សក្តា​នុពល​នាំ​ឱ្យ​មាន​រោគ​រាតត្បាត។Nipah​អាច​ចម្លង​ជា​ទូទៅ​ពី​សត្វ​មក​មនុស្ស ឬ​តាម​ម្ហូប​អាហារ​មាន​ផ្ទុក​វីរ៉ុស និង​​ក៏​អាច​ចម្លង​ពីមនុស្ស​ទៅ​មនុស្ស​បាន​ទៀត។ ​សត្វ​ជា​ភ្នាក់ងារ​ចម្លង​វីរ៉ុស​មក​មនុស្ស មាន​ជា​អាទិ៍​សត្វ​ប្រចៀវ ឬ​សត្វ​ជ្រូក។ ជា​សត្វស៊ីផ្លែឈើ ប្រចៀវ​មាន​ផ្ទុក​វីរ៉ុសNipah​ក្នុង​ខ្លួន​ពី​កំណើត និង​ធ្លាប់​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ដើម​ហេតុ​នាំ​មាន​ជំងឺ​រាត​ត្បាត​ក្រោយៗមក។នៅពេល​វីរ៉ុសNipah​ចម្លង​ចូល​មក​ដល់​ក្នុង​ខ្លួន​មនុស្ស​ហើយ វា​អាច​សំងំ​ក្នុង​សរីរាង្គ​យើង​រយៈ​ពេល​ពី​៤​ទៅ​១៤​ថ្ងៃ ជួន​រហូត​ដល់​៤៥​ថ្ងៃ ទើបចេញ​ជា​​រោគ​សញ្ញាជំងឺ។ អាការៈ​សញ្ញា​រោគNipah​ចំបង​គេ​អាច​ជា​ការក្តៅ​ខ្លួន​ខ្លាំង​ ក្អួត ប្រកាច់ និងការ​រលាក​ផ្លូវដង្ហើម។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លាំង​ ​Nipah​​អាច​នាំ​ឱ្យ​​ខួរក្បាល​រលាកស្លាប់​ភ្លាម ឬធ្វើ​សន្លប់​លែង​ដឹង​ខ្លួន​​។ ការ​សិក្សា​អាមេរិក​បារាំង​អង់គ្លេស លើ​អ្នក​មាន​ជំងឺ​Nipah​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា មនុស្ស​ពេញ​វ័យ​វិជ្ជមានNipah ហើយ​មាន​រោគ​សញ្ញា​រលាក​ផ្លូវដង្ហើម​មាន​កំរិត​ចម្លង​ខ្ពស់ ​ទៅ​មនុស្ស​ធំ​ផ្សេង​ទៀត​នៅជុំ​វិញ​ខ្លួន។បើ​តាម​អង្គការ​សុខភាព​ពិភពលោក អត្រា​មរណៈនៃ​​អ្នក​ឆ្លង​មេរោគ​Nipah មាន​កំរិត​ប្រមាណ​ពី​៤០ទៅ​៧៥% ហើយ​មក​ទល់​ថ្ងៃ​​នេះ ពុំ​ទាន់​មាន​ទេ​ថ្នាំព្យាបាល​ និង​ថ្នាំ​បង្ការ​ជំងឺ​Nipah​។ អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​យល់​ច្បាស់​អំពី​ការ​ចម្លង​មេរោគ​Nipah​នៅ​ឡើយ​ទេ។ គេ​ត្រូវ​ការ​សិក្សា​ស៊ីជម្រៅ​ច្រើន​ទៀត។Nipahធ្លាប់ជា​ជំងឺ​​រាតត្បាតខ្លាំង?ជំងឺ​រាតត្បាត​Nipah​ទីមួយ បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​១០០នាក់​ នៅ​ប្រទេស​ម៉ាឡេស៊ី និង​ដើម្បីបិទ​ខ្ទប់​​ការ​​រាតត្បាតនៃ​វីរ៉ុស​ ​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​សម្លាប់​សត្វ​ជ្រូក ​អស់​ជា​ច្រើន​លាន​ក្បាល។ សិង្ហបុរី​ប្រទេស​ជិត​ខាង​ម៉ាឡេស៊ី​ ក៏​រង​ការ​រាតត្បាត​ឆ្លង​ពី​ម៉ាឡេស៊ី​ដែរ នៅពេលនោះ ដោយ​មាន​ពលរដ្ឋឆ្លង​និង​កើត​ជំងឺ​Nipah​​ចំនួន​​១១នាក់ និង​ម្នាក់​បាន​​ស្លាប់​បាត់​បង់​ជីវិត។ ពួក​គេសុទ្ធសឹង​ជា​អ្នក​ធ្វើ​ការ​នៅ​កន្លែង​កាប់​ជ្រូក​ដែល​នាំ​ចូលមកពី​ម៉ាឡេស៊ី។ តាំងពីពេល​នោះ​មក ជំងឺ​Nipah​​មានលេច​ឡើង​តែ​​នៅ​​ក្នុង​ប្រទេស​​បង់ក្លាដែស​និង​ឥណ្ឌា។ ប្រទេស​បាន​ឆ្លង​កាត់​ជំងឺ​រាតត្បាត​Nipah​​ជា​លើក​ទី​មួយ​នៅឆ្នាំ​២០០១។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ បង់ក្លាដែស​រងគ្រោះ​Nipah​​ខ្លាំង​ជាង ដោយ​មាន​មនុស្ស​ស្លាប់​ព្រោះ​Nipah អស់​ជាង​១០០នាក់ គិត​ចាប់​តាំងពី​ឆ្នាំ​២០០១មក​។Nipahក្នុង​ទម្រង់​ជា​ជំងឺ​​រាតត្បាត បានផ្ទុះ​ឡើង​​ពីរ​​លើក​នៅ​ឥណ្ឌា និង​បាន​ឆក់​យក​ជីវិត​​មនុស្ស​អស់​ជាង​៥០នាក់ ក្នុង​នោះ​១៧នាក់​នៅរដ្ឋ​ការ៉ាឡា ទម្រាំ​អាជ្ញាធរ​ទប់​ស្កាត់បាន។​ កាលពី​ខែ​មុន​ រដ្ឋ​កេរ៉ាឡា ដែល​ស្ថិត​នៅភាគ​ខាង​ត្បូង​នៃ​ប្រទេស​ ​Nipah​​បាន​លេច​ឡើង​ជា​ថ្មី​ ដោយ​មាន​ស្លាប់​ពីរនាក់។ នេះ​ជា​រលក​ចម្លង​Nipah​​លើក​ទីបួន​ហើយ​សម្រាប់​រដ្ឋ​កេរ៉ាឡា គិតចាប់​តាំងពីឆ្នាំ​២០១៨មក។ហេតុ​អ្វី​ការ​ចម្លង​វីរ៉ុស​ពី​សត្វ​ទៅ​មនុស្ស​ មានការ​កើនឡើង?​កូវីដ​១៩​មិន​ទាន់​ទៅ​ផុត​ផង Nipahបាន​មក​ដល់​ទៀត តើ​នឹង​មាន​ជំងឺ​ប្លែកៗ​ច្រើន​លេច​ឡើង​ប៉ុន្មាន​មុខ​ទៀត​ នៅថ្ងៃអនាគត? ហេតុ​អ្វី​មេរោគ​របស់​សត្វ​ស្រាប់​តែ​អាច​ចម្លង​មក​មនុស្ស​បាន​កាន់​តែ​ច្រើនឡើងៗ​យ៉ាង​ដូច្នេះ? Zoonoses លេច​ឡើង​តាំងពី​រាប់ពាន់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ជំងឺ​សត្វ​ឆ្លងអាច​​មក​មនុស្ស បាន​​កើន​ឡើង​ខ្លាំង​​នា​រយៈ​ពេល​២០ទៅ​៣០​ឆ្នាំ​ចុងក្រោយ​នេះ។ វឌ្ឍនភាព​នៃ​ការ​ធ្វើ​ដំណើរ​ឆ្លង​ស្រុក​ ឆ្លង​ទ្វីប​ ជាកត្តា​នាំ​ឱ្យ​មាន​ការ​រីក​រាលដាល​ចម្លង​យ៉ាង​លឿន​រហ័ស។ ការ​ពង្រីក​​ផ្ទៃ​ដី​រស់​នៅ ការ​វាតទី​ រុករុល​​ភព​ផែនដី​​ ... ទង្វើ​របស់​មនុស្សទាំងអស់​​នេះ​មាន​ចំណែក​បំផ្លាញ​ប្រព័ន្ធ​អេក្រូសាស្ត្រ​ធំណាស់​ និង​ជា​ការ​បង្កើន​​ប្រូបាលីតេ​នៃ​ការ​បំប្លែង​ខ្លួន​របស់​វីរ៉ុស​ ដែល​អាច​ចម្លងពី​សត្វ​​មក​មនុស្ស​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​ជំនាញ។កសិកម្ម​បែប​ឧស្សាហកម្ម​ក៏​បាន​បង្កើន​ហានិភ័យ​ចម្លង​រីករាល​ដាល​របស់មេរោគ​និង​ភ្នាក់ងារ​ចម្លង​ជំងឺ​​រវាង​សត្វ​និង​សត្វ​។ ឯ​ការ​កាប់​ព្រៃ​ឈើ​បាន​ជំរុញ​ឱ្យ​សត្វ​ព្រៃ​ សត្វ​ស្រុក និង​មនុស្ស​​បាន​ជួប​​និង​មានទំនាក់ទំនង​កាន់​តែ​ច្រើន​ជាង​មុន។ ការ​រស់​នៅ​កាន់​តែ​ច្របូក​ច្របល់ លាយ​លំ​គ្នា​កាន់​តែ​ខ្លាំង ការ​ចម្លង​មេរោគ​ពី​ប្រភេទ​សត្វ​មួយ​ទៅ​សត្វ​ ឬ​ពី​មនុស្ស​ទៅ​សត្វ​ ពីសត្វ​មក​មនុស្ស​ក៏​កាន់​តែ​ងាយ​ និង​បាតុភូត​ដែល​សម្រួល​ឱ្យ​ងាយ​លេច​ឡើង​នូវ​ជំងឺថ្មី ប្លែក​មាន​សក្តានុពល​​ឆ្លង​និង​រាតត្បាត​មក​មនុស្ស​កាន់​តែ​ខ្លាំង​ដែរ។ជា​ចុងក្រោយ​ គឺ​ការ​ប្រែប្រួល​អាកាសធាតុ។ មិន​ខុស​ពី​មនុស្ស ការ​ប្រែប្រួល​អាកាសធាតុ​បាន​រុញ​ច្រាន​សត្វ​ជា​ច្រើនឱ្យ​រត់​គេច​ពី​ទ្រនំ​ គេច​​ប្រព័ន្ធ​អេក្រូសាស្ត្រ​ចាស់​របស់ខ្លួន​ទៅ​រក​ទឹក​ដី​ថ្មីដែល​អនុគ្រោះ​និង​​ងាយ​ស្រួល​រស់​ជាង​មុន​។ នេះ​បើ​តាមការ​សិក្សា​មួយ​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០២២។ បើ​ការ​ប៉ាន់​ស្មាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ឆ្នាំ​២០១៨ មាន​​វីរ៉ុស​នៅ​លើ​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​និង​សត្វ​ស្លាប​​ប្រមាណ​ជាង​១,៧​លាន​ ដែល​មនុស្ស​មិន​ស្គាល់ ក្នុង​នោះពី​​៥៤០០០០​ទៅ​៨៥០០០០​ទំនង​ជា​មាន​សមត្ថភាព​ឆ្លង​មក​មនុស្ស៕
18/09/20237 minutes, 47 secondes
Episode Artwork

មហារីកកស្បូន៖ ក្មេងប្រុសជំទង់ក៏គួរចាក់ថ្នាំបង្ការប្រឆាំងមេរោគHPVដែរ

មហារីកកស្បូន​៖ ក្មេង​ប្រុស​ជំទង់​ក៏​គួរ​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​មេរោគ​HPVដែរ​ហេតុអ្វី​ក្មេង​ប្រុស​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ដែរ បើ​ពួកគេ​គ្មាន​សីររាង្គ​ស្បូន​ផងនោះ ?! វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុសភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​កស្បូនដ៏​ចម្បង​មួយ​ មិនមែន​ផលិត​ឡើង​សម្រាប់​តែ​ចាក់​​លើ​ក្មេង​ជំទង់​ភេទ​ស្រី​ទេ​ ដូច​ការ​គិត​ពី​មុន​ទេ។ ដើម្បី​អាច​ការពារ​ខ្លួន​ពី​ជំងឺ​មហារីកផ្សេងៗ និង​សង្ឃឹម​លុប​បំបាត់​ទាំង​ស្រុង​ជំងឺ​មហារីក​កស្បូន ក្មេង​ប្រុស​ក៏មាន​កាតព្វកិច្ច​​​ចាំបាច់​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស​ដែរ។ តើ​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស ឬ​HPV អាច​បង្ក​ជំងឺអ្វី​ខ្លះ? តើ​ក្មេង​ប្រុស​និង​ក្មេង​ស្រី​ត្រូវ​ចាក់​ថ្នាំ​បង្ការ​នេះ​នៅ​ពេល​ណា?  នៅ​ប្រទេស​បារាំង អាជ្ញាធរ​បាន​ផ្តល់​អនុសាសន៍​តាំងពី​ឆ្នាំ​២០០៧​មក ឱ្យ​ក្មេង​ស្រី​ជំទង់​អាយុ​១១​ទៅ​១៤​ឆ្នាំ (មិនទាន់​មាន​ទំនាក់ទំនង​ផ្លូវភេទ) ​ចាក់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស HPV និង​​សម្រាប់​ក្មេង​ប្រុស​វ័យ​ជំទង់​ដូច​គ្នា ចាប់​ពី​ឆ្នាំ​២០២១​មក។ក្នុង​មួយ​ឆ្នាំៗ មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​អ្នក​​ជំងឺ​មហារីក​ថ្មី​ចំនួន​៦ពាន់​ករណី​ថ្មី​ ភាគ​ច្រើន​ជា​មហារីក​កស្បូន ដោយ​សម្លាប់​ជីវិត​អស់១១០០នាក់​ នៅ​បារាំង និង​​បុរស​កើតមហារីក​​ប្រមាណ​៦៩៤០០នាក់ ក្នុង​កំរិត​ពិភពលោក​ នៅ​ឆ្នាំ​២០១៨។ នេះ​​បើ​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​មហារីក​អន្តរជាតិ។តើ​ប៉ាពីឡូម៉ាវីរ៉ុស​ជា​មេរោគ​អ្វី​?​Human papillomavirus ឬ​ហៅ​កាត់​ថា​ HPV ពពួក​មេរោគ​បង្ក​ជំងឺ​ឆ្លង​តាម​ផ្លូវ​ភេទ​​ដែល​រីក​រាលដាល​ខ្លាំង​​ជាង​គេ ជា​ចង្កោម​​គ្រួសារ​វីរ៉ុស​ដែល​មាន​សមត្ថភាព​ចម្លង​លើ​កោសិកា​ស្បែក និង​/ឬ​លើ​ភ្នាស។ អ្នក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ ​សម្គាល់​ឃើញវីរ៉ុស​នេះ​​មាន​ប្រមាណ​ជិត​២០០ប្រភេទ។សែន​មហាឆ្លង​ វីរ៉ុស​អាច​ចម្លង​តាម​ការ​ប៉ះពាល់​គ្នា​ និង​ជា​ញឹកញយ​បំផុត​ តាម​រយៈ​ការរួម​រក្ស។ មាន​ស្ត្រីបុរស​ច្រើន​ខ្លាំង​ណាស់ (រហូត​ដល់​ប្រមាណ​៨០%) ដែល​​​ប្រឈម​នឹង​ការ​ឆ្លង​វីរ៉ុស​នេះ យ៉ាង​ហោច​ណាស់ក៏​​ម្តងដែរ​ ក្នុង​មួយ​​​ជីវិតពេល​មានសកម្មភ្លាមផ្លូវ​ភេទ។ ​ស្រោម​អនាម័យ​ដែល​ជា​មធ្យោបាយ​ការពារ​ជំងឺ​កាមរោគជា​ច្រើន​​ដ៏​ប្រពៃ​បំផុត​នោះ ក៏​មិន​អាច​ធានា​ការពារ​ការ​ចម្លង​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស​បាន​យ៉ាង​ប្រាកដ​ដែរ ព្រោះ​ក្រុម​មេរោគ​នេះ​អាច​ឆ្លង​ជា​រឿយៗ​ដែរ​តាម​ដៃ​និង​តាម​មាត់។ វីរ៉ុស​HPV អាច​ឆ្លង​នៅគ្រប់​កន្លែង​ មិនមែន​តែ​នៅ​ត្រង់​ប្រដាប់​បន្ត​ពូជ​ទេ។ឆ្ល​ងប៉ាពីឡូម៉ាវីរ៉ុស​នឹង​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក​ជា​ស្វ័យ​ប្រវត្តិ?ឆ្លង​HPVចូល​ក្នុង​ខ្លួន មិន​ប្រាកដ​ថា​សុទ្ធ​តែ​នឹង​អាច​មាន​ជំងឺ​មហារីក​នៅ​ថ្ងៃ​មុខ​ទេ។ មិន​ផ្តល់​រោគ​សញ្ញា ​​មេរោគ​HPVភាគច្រើន អាច​ជាទៅ​វិញ​​​ដោយ​ឯងៗ នៅ​រវាង​៦​ទៅ​១៨​ខែ​ក្រោយ​ការ​ឆ្លង។ ក្នុង​ករណី​នេះ​ អ្នក​ផ្ទុក​មេរោគ គ្មាន​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​មហារីក​ទេ។​ មាន​តែ​ការ​បង្ក​រោគ​រ៉ាំរ៉ៃ នៃ​ប្រភេទ​វីរ៉ុស​HPVខ្លះ​ទេ​ដែល​អាច​នាំ​ដល់​ជំងឺ​មហារីក។ នៅក្នុង​ចង្កោម​​វីរ៉ុសនេះ មាន​១២​ប្រភេទ​អាចសំងំ​​ត្រាំត្រែង​ក្នុង​សរីរាង្គ​កាយ ​​និង​បង្ក​ឱ្យមាន​ដុំ​សាច់​ងាយ​ក្លាយ​​ជា​ជំងឺ​មហារីកបាន នៅ​ថ្ងៃ​អនាគត។ការ​ឆ្លង​វីរ៉ុស​HPVញយៗ​និង​រ៉ាំរ៉ៃ​ ធ្វើ​ឱ្យ​កកើត​ជា​ដុំដំបៅងាយ​​​ក្លាយ​ទៅ​ជា​ជំងឺ​មហារីក​ ដែល​ហៅ​តាម​បែប​​បច្ចេកទេស​វេជ្ជសាស្ត្រ​ថា CIN (Néoplasie Intra-épithéliale)​។ នេះ​មិន​ទាន់​ហៅ​ថា​មហារីក​ទេ។ ក្នុង​ដំណាក់កាល​នេះ ទោះ​លេច​ទៅ​ជា​ដុំ​សាច់បែប​មហារីក​ក៏​ដោយ​ ក៏​​ សរីរាង្គ​កាយ​មនុស្ស​នៅ​តែ​ងអាច​កម្ចាត់មេរោគ​​ប៉ាពីឡូម៉ាវីរ៉ុស​បាន​ដែរ។បើ​គ្មានកា​រព្យាបាល​ CIN អាច​វិវឌ្ឍ​ទៅ​ជា​មហារីក​កស្បូន​។ ហេតុដូច្នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​ជំនាញ​និង​អាជ្ញាធរ​សុខាភិបាល​តែង​ណែនាំ​ឱ្យ​ស្ត្រី​ក្នុង​វ័យ​២៥-៦៥​ឆ្នាំ​ អញ្ជើញ​ទៅ​ធ្វើ​តេស្ត​ពិនិត្យ​ស្បូន​រក​មើល​រោគ​មហារីក​ ជាង​រាល់​បី​ឆ្នាំ​ម្តង បើ​គ្មាន​សញ្ញាសង្ស័យ។ ការ​វិវឌ្ឍ​ទៅ​ជំងឺ​មហារីក មាន​ដំណើរ​យឺត​ខ្លាំងណាស់​។ ការ​តាម​ដាន​សុខភាព​ស្បូន​ដោយ​ទៀង​ទាត់​អាច​បញ្ចៀស​មិន​ឱ្យ​មេរោគ​រាលដាល​ទៅ​ជា​មហារីក​បាន​ទាន់​ពេលវេលា។ថ្វី​បើ​ស្ត្រី​ងា​យ​រងគ្រោះ​នឹង​មេរោគ​HPVខ្លាំង​ជាង​គេ​មែន ប៉ុន្តែ​បុរស​ក៏​មិនរួច​​ខ្លួន​ដែរ។ ជិត​មួយ​ភាគ​បី​នៃ​បុរស​ (៣១%) ទំនង​ជា​មាន​​ផ្ទុកប៉ាពីឡូម៉ា​វីរ៉ុស​HPV មួយ​ឬ​ច្រើន​ប្រភេទ​នៅក្នុង​ខ្លួន និង​ម្នាក់​ក្នុង​ចំណោម​៥​នាក់ ឆ្លងប្រភេទ​​ប៉ាពីឡូម៉ាវីរ៉ុសដែល​មាន​ហានិភ័យ​មហារីក​ខ្ពស់។ នេះ​បើ​តាម​ការ​សិក្សា​ចំនួន​៦៥​ នៅ​រវាង​ពី​ឆ្នាំ​១៩៩៥-២០២២។នៅលើ​ខ្លួន​ស្ត្រី​ ជំងឺ​មហារីក​កស្បូន​​ ស្ទើរ​ទាំងស្រុង (៩៩%) បង្កឡើង​​​ដោយមេរោគ​​ប៉ាពីឡូម៉ាវីរ៉ុស​​។ តែ​HPV ក៏​ជា​ភ្នាក់ងារ​នាំ​ឱ្យ​មានជំងឺ​​មហារីក​​​ផ្សេងៗ​ទៀត លើ​មនុស្សទូទៅ​​ ដូច​ជា មហារីក​ទ្វារធំ មហារីក​នៅប្រព័ន្ធ​ប្រចុះ​មាត់បំពង់ក អាមីដាល អណ្តាត ទ្វារមាស ឬ​លិង្គ។ ​វីរ៉ុស​HPVមាន​បង្កប់​ហានិភ័យ​មហារីក អាច​សំងំ​រីកលូត​លាស់​បង្កើត​​ដុំ​សាច់ រួច​ក្លាយ​ជា​ដុំ​មហារីក​ ដោយប្រើ​រយៈ​ពេល​​​ជា​ច្រើន​ឆ្នាំ ឬ​ដល់​រាប់​សិប​ឆ្នាំ​ក្រោយការ​ឆ្លង​​ឯណោះ។តើ​គេ​អាច​ការពារ​កុំ​ឱ្យ​ឆ្លង​ប៉ាពីឡូម៉ាវីរ៉ុស​បានដែរឬទេ?​ពាក្យ​ស្លោក “ការពារ​ប្រសើរ​ជាង​ព្យាបាល” មាន​តម្លៃ​ជានិច្ច។ គ្មានការព្យាបាល​ណា​​ប្រសើរ​ជាង​ការ​ពារ​ទេ។ ហើយការការពារ​ដ៏​ប្រពៃ​ជាង​គេ​បំផុត​ប្រឆាំង​នឹង​មេរោគ​កំណាច​ប៉ាពីឡូម៉ាវីរ៉ុស​ គ្មាន​អ្វី​ក្រៅ​អំពី​ការ​ចាក់​ថ្នាំ​បង្ការ មុន​ពេល​មាន​ការ​ចម្លង​មេរោគ​​ ឡើយ។បើ​តាម​អ្នក​ជំនាញ ថ្នាំ​បង្ការ​មាន​ប្រសិទ្ធភាពខ្ពស់មែនទែន​ ប្រសិនបើ​​ចាក់​បានតាំងពី​​ពុំ​ធ្លាប់​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​សោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​អាជ្ញាធរ​ណែនាំ​ឱ្យ​ពលរដ្ឋ​នាំ​កូនទាំង​ស្រី​ទាំង​ប្រុស ​ទៅ​ចាក់​ថ្នាំប​ង្ការ​ប្រឆាំង​HPV ជា​ទូទៅ ចាប់​ពី​អាយុ​១១ឆ្នាំ​ឡើង​ទៅ និងអាច​យឺត​យ៉ាវ​​រហូត​ដល់​អាយុ​១៩​ឆ្នាំ​ ឬ​​ត្រឹម​​២៦​ឆ្នាំ​សម្រាប់​បុរស​ដែល​ស្រលាញ់​ភេទ​ដូចគ្នា។គ្មាន​សរីរាង្គ​ស្បូន​មែន តែ​ការ​​ផ្តល់​ថ្នាំ​បង្ការ​ដល់​ក្មេង​ប្រុស​មាន​សារៈប្រយោជន៍ខ្លាំងណាស់។ ទី​មួយ ថ្នាំបង្ការ​បំពេញ​កិច្ច​ការពារ​ដោយផ្ទាល់ ​មិន​ឱ្យ​មាន​ជំងឺ​មហារីក​ និង​ជំងឺ​ឬសកម​កើត​នៅ​លើ​ប្រដាប់​ភេទ​ និង​តំបន់​ជុំ​វិញ​ប្រដាប់​បន្តពូជ។ ប្រសិទ្ធភាពនៃ​ថ្នាំ​បង្ការ​ប្រឆាំង​HPV មាន​​បញ្ជាក់​យ៉ាងច្បាស់​លាស់។ ផលប្រយោជន៍ទីពីរ​ គឺ​ថ្នាំបង្ការ​ផ្តល់​ការពារ​មិន​ឱ្យ​ធ្លាក់​ខ្លួន​មាន​ជំងឺ​មហារីក​លើ​ប្រព័ន្ធ​ច្រមុះមាត់បំពង់ក ដែល​តែង​កើត​ឡើង​ជា​ញឹកញាប់​លើ​មនុស្ស​ប្រុស​ ដោយហេតុ​មាន​ផ្ទុក​​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស។ គុណប្រយោជន៍​ចុងក្រោយ​និងទីបី គឺ​វ៉ាក់សាំង​ជា​អាវុធ​ការពារ​និង​កាត់​បន្ថយ​ការ​ចម្លង​មេរោគ។ ក្មេង​ប្រុស​ ជា​អនាគត​ដៃគូ​ស្នេហា​ ជា​អនាគត​ស្វាមី ដូច្នេះ​ក្មេង​ប្រុស​ក៏​ត្រូវ​តែ​ចាក់​ថ្នាំបង្ការ​ដើម្បី​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​វីរ៉ុស។ ក្មេង​ប្រុស​មាន​ផ្ទុក​HPV នឹង​ទៅ​ចម្លង​ក្មេង​ស្រី ហើយ​​ស្រីនៅ​ជាមួយ​ប្រុស ប្រុស​នៅជាមួយ​ស្រី ប្រុស​ឆ្លង​ពីប្រុស​ដូចគ្នា  ហើយ​ក៏​មាន​ស្រី​ឆ្លង​ពី​ស្រី​ដូចគ្នា មេរោគ​នឹង​ធ្វើ​ចរាចរណ៍​វិល​ទៅ​វិលមក​។ ដល់​ពេល​មួយ បើ​យើង​ចង់​បញ្ឈប់​សកម្មភាព​ចម្លង​របស់​មេរោគ​ គឺ​មាន​តែ​ទៅ​ចាក់​ថ្នាំ​បង្ការ​គ្រប់គ្នា។អូស្ត្រាលី អាមេរិក បាន​បើក​យុទ្ធនាការ​​​ចាក់​ថ្នាំ​បង្ការ​លើ​ក្មេង​ស្រី​ជំទង់​តាំង​ពី​ឆ្នាំ​២០០៧ និង​២០១១-២០១៣​សម្រាប់​ក្មេងប្រុស​ជំទង់។ ជា​លទ្ធផល​ វីរ៉ុស​HPV បាត់​ខ្លួន​ស្ទើរ​​លែងមាន​​​ការ​ចម្លង​សោះ​ ករណី​លេច​ដុំ​សាច់​អាច​ក្លាយ​ជា​មហារីក​ក៏​រលុប​បាត់​ស្ទើរ​ទាំង​ស្រុង​ដែរ។ បើតាមទិន្នន័យ​ដំបូងរបស់​ប្រទេស​ស៊ុយអែត​​ ស្តីពី​សុខភាព​ក្មេង​អាយុ​​១០​ឆ្នាំ​ដល់​៣០ឆ្នាំ​ចំនួន​១លាន​៦សែន​នៅ ក្នុង​អំឡុង​ពេល​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១៧ ចេញ​ផ្សាយ​នៅឆ្នាំ​២០២០ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អត្រាហានិភ័យ​មាន​ជំងឺ​មហារីក​កំណាច​លើ​ស្ត្រី​បាន​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​HPVមុន​អាយុ​១៧​ឆ្នាំ បាន​ធ្លាក់​ចុះ​អស់​៨៨%។ ការ​សិក្សា​ក្រោយ​មក​ទៀត​នៅ​អង់គ្លេស បាន​រក​ឃើញ​ថា ជំងឺ​មហារីក​កស្បូន​​បាន​ធ្លាក់​ចុះ​ជា​គំហុក​ ស្ទើរ​គ្មាន​ម្នាក់​សោះ តាំង​ពី​ប្រទេស​មាន​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​HPV​នៅឆ្នាំ​២០០០​មក។ប៉ុន្តែ​ថ្នាំ​បង្ការ​មិន​អាច​រារាំង​មិន​ឱ្យ​កើត​ជំ​ងឺ​មហារីកបាន​ទាំង​ស្រុង​​ទេ។ សម្រាប់​ជំងឺ​មហារីក​កស្បូន ការ​ធ្វើតេស្ត​វិភាគ​រក​មើល​មេរោគ​មហារីក​នៅ​តែ​ចាំបាច់​ជា​និច្ច៕
13/09/20239 minutes, 29 secondes
Episode Artwork

តើគួរ​ព្រួយ​បារម្ភ​អំពី​មេរោគ​​ជំងឺ​កូវីដ​១៩បំប្លែង​ខ្លួន​ថ្មីៗឬទេ?

តាំងពី​ខែ​ឧសភា​២០២៣​មក អង្គការ​សុខភាពពិភពលោក​លែង​ចាត់ទុក​ជំងឺ​រាតត្បាត​​កូវីដ​ជា​ការ​គំរាមកំហែង​សុខភាព​សាធារណៈ​ពិភពលោក​ទៀត​ហើយ ប៉ុន្តែ​ជំងឺ​កូវីដ​នៅ​តែ​បន្ត​ចម្លង​ ក្នុង​ប្រទេស​និង​បន្ត​បំប្លែង​ខ្លួន​ មាន​លេច​ទម្រង់​ថ្មី​ជា​រហូត។ បន្ទាប់​ពី ដែលតា អូមីក្រុង ដែល​បាន​ចម្លង​ផ្អើល​ពិភពលោក​ អេរីស និង​ពីរូឡា ជា​មេរោគ​កូវីដ​បំប្លែង​ខ្លួនថ្មីៗ​ យ៉ាង​ហោច​ពីរ​ទៀត​ដែល​កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​ពិសេស​របស់​អង្គការ​សុខភាពពិភពលោក។​​ ​​តើមេរោគ​បំប្លែងថ្មី​ទាំងនេះ​​​ គួរ​ឱ្យ​ខ្លាចរអារ​​យ៉ាងណា? លែង​ជា​ករណី​បន្ទាន់​​​សកលមែន លែង​សូវ​មាន​ព័ត៌មាន​និយាយ​អំពី​កូវីដ​មែន​ តែ​កូវីដ​មិន​បាន​ទៅ​ណា​ឆ្ងាយ​​ទេ។ កូវីដ​នៅ​តែ​បន្ត​ចម្លង​ និង​បំប្លែង​ខ្លួន​។ អង្គការ​សុខភាពពិភពលោក ក៏​ដូច​ជា​អាជ្ញាធ​រ​ប្រទេស​មួយ​ចំនួន​ មាន​ជា​អាទិ៍​អាមេរិក​ឬ​បារាំង បន្ត​តាន​ដាន​សកម្មភាព​វិវឌ្ឍន៍​​របស់​កូវីដ​ យ៉ាង​ស្អិត​ជា​និច្ច។ តាំងពី​ប៉ុន្មាន​សប្តាហ៍​មក​នេះ ​ករណី​ឆ្លង​កូវីដ​១៩ ​បាន​ស្ទុះ​កើន​ឡើងជា​​​ថ្មី ដោយ​ហេតុ​តែ​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ថ្មី​ឈ្មោះ​អេរីស​។ ​៣៥%​នៃ​អ្នក​ជំងឺ​កូវីដ​មាន​ផ្ទុក​មេរោគ​បំប្លែង​អេរីស។ បន្ថែម​ពី​លើអេរីស មាន​លេច​ការ​គំរាមកំហែងនៃ​មេរោគ​បំប្លែង​​ថ្មី​​មួយ​ទៀត។ បន្ទាប់​ពីធ្វើ​ដំណើរ​ឆ្លងក្នុង​ជាង​១៥​ប្រទេស ពីអាហ្វ្រិក​ខាង​ត្បូង ដល់​ដាណឺម៉ាក កាត់​តាម​អ៊ីស្រាអែល ស្វីស អង់គ្លេស​ ​ឬ​អេស្ប៉ាញ ពីរ៉ូឡា បាន​មក​ដល់​ប្រទេស​បារាំង ជា​មួយ​កំរិត​បំប្លែង​ខ្លួន​​គួរ​ឱ្យ​ព្រួយបារម្ភ។កូវីដបំប្លែង​ខ្លួន​ថ្មី​នឹង​បង្ក​ឱ្យ​មាន​រលក​ចម្លង​ថ្មី?ជា​សមាជិក​ថ្មី​ក្នុង​ចង្កោម​គ្រួសារ​​អូមីក្រុង​ ពីរ៉ូឡា​ ឬ​BA.2.86បាន​បំប្លែង​ខ្លួន​ខ្លាំង​ ដោយ​ប្តូរ​ទម្រង់​គួរ​ឱ្យ​កត់​សម្គាល់​ជាង​៤០​ដង​ មាន​ន័យ​ថា​វា​​មាន​សមត្ថភាព​វិវឌ្ឍ​ប្តូរផ្លាស់​ខ្លាំង​និង​​​អាច​​​ចម្លងរីក​រាលដាល​យ៉ាង​ងាយ​ណាស់។ ទម្រង់​បំប្លែង​ខ្លះ​អាច​មាន​ឥទ្ធិពល​លើ​​ប្រព័ន្ធ​ការពារ​សរីរាង្គ​កាយ​មនុស្ស​ផង។នៅក្នុង​ការ​បំប្លែង​ខ្លួនរបស់​វីរុស អ្នក​វិទ្យាសាស្ត្រ​តាមដាន​ជា​ពិសេស​ការ​បំប្លែងខ្លួន​ពីរ​យ៉ាង​នៅលើ​ប្រូតេអ៊ីន​Spike ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចម្លងមេរោគ​​និង​ក្នុង​ការ​ការ​ពារ​សរីរាង្គ​កាយ​។ ជា​ការបំប្លែង​​ទម្រង់​ដែល​មាន​នៅ​លើ​មេរោគ​ដើម​នៅ​វ៉ូហាន និង​ដែល​ប្រហាក់​ប្រហែល​នឹង​មេរោគ​​បំប្លែងខ្លួន​ដែល​តា។​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​បាន​អង្គការ​សុខភាពពិភពលោក​ចាត់​ពីរ៉ូឡា​​ចូលក្នុង​ចង្កោម​មេរោគ​ត្រូវ​តាមដាន​ជាពិសេស​ ព្រោះ​វា​បាន​បំប្លែង​ខ្លួន​លើស​ពី​៣០​ដង ដោយ​អាច​នឹង​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ហក់​ឡើង​ខ្លាំង​ដល់​កំពូល​ជា​ថ្មី។ ប៉ុន្តែទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​គ្មាន​នរណា​ទាញ​ឬ​ស្រែក​អាសន្ន​​ថាពីរ៉ូឡា​ជា​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ដ៏​គ្រោះថ្នាក់នៅឡើយ​ទេ។ គេ​មិន​រំពឹងថា​នឹង​​មាន​អ្នក​ជំងឺ​​ធ្លាក់ខ្លួន​ឈឺ​​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ និង​ស្លាប់​ច្រើន​ ដូច​រលក​ចម្លង​ដោយ​មេរោគ​បំប្លែង​ខ្លួន​ដែលតា​ឬ​អូមីក្រុង​ទេ។តើ​ត្រូវវិល​ទៅ​​ប្រកាន់ក្បួន​អនាម័យ​​ប្រឆាំង​កូវីដ​ឡើង​វិញ?ទម្លាប់ល្អ​គួរ​តែ​រក្សា​ឱ្យបានល្អ​​ យ៉ាង​ណា​មិញ ​ក្បួន​អនាម័យ​ជា​ប្រចាំ​ថ្ងៃ​តាំងពី​បី​ឆ្នាំ​មក​នេះ គួរ​តែ​បន្ត​ប្រកាន់​ឱ្យ​បាន​ខ្ជាប់​ខ្ជួន។ អាជ្ញាធរ​សុខាភិបាល​បារាំង​បាន​ផុ្តល់​អនុសាសន៍ និង​ណែនាំ​ឱ្យ​បន្ត​ពាក់​ម៉ាស់ នៅ​តាម​ទី​កន្លែង​បិទ​ជិត នៅក្នុង​ពេល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ឬ​នៅទី​តាម​ការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន។សូម​ឧស្សាហ៍​លាង​សម្អាត​ដៃ​ ឱ្យ​ញឹកញាប់។ កំរិត​ការ​ប៉ះពាល់​ជាមួយ​មនុស្ស​មាន​សុខភាព​ទន់​ខ្សោយ​ ចាស់​ជរា​ មាន​ជំងឺ ឬ​ក្មេង​តូចៗ។ ឧស្សាហ៍​បើក​ទ្វារ​បង្អួច​ផ្ទះ​ បន្ទប់​ស្នាក់នៅ​បន្ទប់​ដេក ឱ្យ​ខ្យល់​ចេញ​ចូល​ ជា​ច្រើន​ដង​ក្នុងមួយ​ថ្ងៃ​។ដើម្បី​កំរិត​ហានិភ័យ​ចម្លង​វីរ៉ុស ចាំ​បាច់​ត្រូវ​តែ​បើ​កន្សែង​ក្រដាស ​ តែ​ម្តង​ហើយ​គ្រវាត់​ចោល​ក្នុង​ធុង​សំរាម​បិទ​ជិត ​ក្រោយ​ពេល​ជូត​មាត់។ ខ្ទប់​មាត់​ច្រមុះ​ពេល​កណ្តាស់ និង​​​ក្អក ក្នុង​កែងដៃ។ល។តើ​ត្រូវ​ធ្វើ​យ៉ាងណា​នៅពេល​មាន​រោគសញ្ញា?​ប្រសិន​មាន​​រោគ​សញ្ញា​ជំងឺ គួរ​ឱ្យ​សង្ស័យថា​ជា​កូវីដ សូម​ប្រកាន់កាយវិការ​​​អនាម័យ​រារាំង​កុំ​ឱ្យ​មាន​ការ​ចម្លង​ទៅ​អ្នក​ជុំ​វិញខ្លួន។ ហើយ​រួសរាន់​ទៅ​ធ្វើ​តេស្ត​រក​មើល​ឱ្យ​ប្រាកដ​ចិត្ត​ថា​ពិត​ជា​ឆ្លង​កូវីដ​១៩។ ក្នុង​ករណី​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ ពិបាក​ដក​ដង្ហើម​ ហាក់​ដូច​ជា​ថប់​ខ្យល់​ ដង​ដង្ហើម​មិនដល់​គ្នា​ ដោយ​គ្រាន់​តែ​បញ្ចេញ​កម្លាំង​ឬ​ប្រឹង​និយាយ សូម​ប្រញាប់​ប្រញាល់​ទៅ​​មន្ទីរ​ពេទ្យ​។តើ​គួរ​ចាក់​ថ្នាំ​បង្ការ​កូវីដទៀត​ដែរឬទេ?ដើម្បីការ​ពារ​ខ្លួន​ក្នុង​​រដូវ​រងារ​ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ចាក់​ថ្នាំ​បង្ការ​ទេ។ ដូចសេចក្តី​ណែនាំ​ ​អង្គការ​សុខភាពពិភពលោកកាលពី​​ខែ​មិថុនា​ ភ្នាក់ងារ​ឱសថអឺរ៉ុប ទើប​បាន​អនុម័ត​កាលពីថ្ងៃពុធ​ទី ១​កញ្ញា​២០២៣ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​Pfizer BioNtech ធ្វើ​ចរាចរណ៍​ថ្នាំ​បង្ការ​កូវីដ​ថ្មី​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ថ្មី​ ដែល​កំពុង​សកម្ម នា​ពេល​នេះ។ នៅក្នុង​សេចក្តីថ្លែងការណ៍​ អាជ្ញាធរ​អឺរ៉ុប​​បាន​ថែម​ទាំង​ផ្តល់​អនុសាសន៍​ឱ្យ​រដ្ឋាភិបាន​នីមួយៗ​ជំរុញ​ការ​ចាក់​ថ្នាំ​បង្ការ​ថ្មី​ ដែល​មាន​ប្រសិទ្ធភាព​ទប់​ទល់​នឹង​ពពួក​មេរោគ​បំប្លែង​ក្នុង​ចង្កោមគ្រួសារ​មេរោគ​អូមីក្រុង។វ៉ាក់សាំង​Comirnaty Omicron​ អាច​ចាក់​លើ​មនុស្ស​ចាស់​និង​ក្មេង​ចាប់​ពី​អាយុ​៦​ខែ​ឡើង​ទៅ។ មនុស្ស​ពេញ​វ័យ​និង​ក្មេង​អាយុ​លើស​ពី​៥ឆ្នាំ​ ត្រូវការ​ចាក់​ថ្នាំ​បង្ការ​ថ្មី​តែ​មួយ​ដូស​តែ​ប៉ុណ្ណោះ មិន​ថា​គេ​មាន​ប្រវត្តិ​ចាក់​វ៉ាក់សាំង​កូវីដពីមុនយ៉ាង​ណា​ទេ។ ចំណែក​ក្មេង​តូច​ខ្លាំង​ អាច​ទទួល​វ៉ាក់សាំង​ពី​មួយ​ដូស​ទៅ​បី​ដូស ទៅ​តាម​ស្ថានភាព​សុខភាព​របស់​ទារក។ នេះ​បើ​តាមការ​លម្អិត​របស់​ភ្នាក់ងារ​ឱសថ​អឺរ៉ុប​ដដែល ដោយ​បញ្ជាក់​ថា ផលរំខាន​នៃ​ថ្នាំ​បង្ការ​កូវីដ មាន​តិចតូច​និង​ស្រាល ហើយ​ក្នុង​រយៈ​ពេល​ខ្លី​បំផុត។ ផល​រំខាន​ធ្ងន់​ធ្ងរ​ជា​ករណី​កម្រ​ខ្លាំង​ណាស់។​នៅក្នុងក្របខ័ណ្ឌ​នៃ​​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ មាន​ថ្នាំ​បង្ការ​បី​មុខ​ដែលប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​អាច​រក​ចាក់​បាន​ តាមការ​ណែនាំ​របស់​អង្គការ​សុខភាពពិភពលោក គឺ​ថ្នាំ​បង្ការ​របស់​ក្រុមហ៊ុន​Pfizer Moderna និង​ Navavax៕
06/09/20236 minutes, 11 secondes
Episode Artwork

ការប្រែប្រួល​អាកាសធាតុ ជះ​ឥទ្ធិពល​លើ​សុខភាពយ៉ាងណា ?

ប្លាស្ទិក ខ្យល់ពុលគីមី ជីវសាស្ត្រ លេ​ចជំងឺ​ថ្មី ... សកម្មភាព​របស់​មនុស្ស​បាន​និង​កំពុង​បំផ្លាញ​​ប្រព័ន្ធ​អេកូសាស្ត្រ ​ជីវចម្រុះ​ខ្លាំង​ណាស់ និង ធ្វើ​ឱ្យអាកាសធាតុ​ប្រែប្រួល។​ ហើយ​សកម្មភាព​នេះ កំពុង​តែ​វាយ​បក​មក​លើ​សុខភាព​របស់​មនុស្ស​វិញ​។ តើ​ការ​ប្រែប្រួល​អាកាសធាតុ​ជះ​ឥទ្ធិពល​យ៉ាងណា​ខ្លះ ដល់​សុខភាព ? ក្រុម​អ្នក​ជំនាញអន្តររដ្ឋាភិបាល​ស្តីពី​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ (Giec) បាន​ទាញសញ្ញាអាសន្ន​ តាម​រយៈ​របាយការណ៍​ជា​បន្ត​បន្ទាប់ អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ ផ្ទាំង​ទឹកកក​រលាយ ទឹកមហាសមុទ្ទ​ឡើង​កម្ពស់ គំរាម​ត្របាក់​​តំបន់​ឆ្នេរទំនាប ព្យុះភ្លៀង​កំណាចលែង​មាន​រដូវ ទឹកជំនន់​កាន់​តែ​ធំ ភាពរាំងស្ងួតកាន់​តែ​ញឹកញយ សីតុណ្ហភាព​​ឡើងក្តៅ​ហួសហេតុ កំហែង​ជីវិត​ជីវចម្រុះឱ្យ​ប្រឈម​នឹង​ការ​ផុត​រលត់​ ... ទាំង​នេះ​ជា​ផលវិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បើ​តាម​អ្នក​ជំនាញ​បណ្តាលមក​ពី​​កំណើន​ឧស្ម័ន​ផ្ទះ​កញ្ចក់​​​ក្នុង​​​​បរិយាកាស ​បញ្ចេញដោយ​ស្នាដៃ​មនុស្ស​តាម​រយៈ​ការ​ប្រើ​ចំហេះ​ផូស៊ីល​ (ធ្យូងថ្ម ឧស្ម័ន ប្រេងកាត ...)។ការឡើង​កម្តៅ​​អាកាសធាតុ​នេះ បាន​ធ្វើ​ឱ្យ​បរិស្ថាន​ប្រែប្រួល យ៉ាង​ខ្លាំង និង​​អាច​​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរនិង​ដោយផ្ទាល់​លើ​សុខភាព​របស់មនុស្ស។ ហើយ​គឺតំបន់​ដែលពុំ​សូវ​បាន​ចូល​រួម​ធ្វើ​ឱ្យ​អាកាសធាតុ​ប្រែប្រួល ដែល​​​ក្រុមមនុស្សរស់​នៅ​​ក្នុង​តំបន់​នោះ​ងាយ​រងគ្រោះ​នឹង​ជំងឺ ​​​លេច​ឡើង​ដោយការ​ឡើង​កម្តៅ​អាកាសធាតុ ហើយ​​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​អាកាសធាតុ​កើនឡើង​​លឿនខ្លាំង​។ តំបន់​មាន​ហានិភ័យខ្ពស់​ជាងគេ​​​គឺ តំបន់​ទំនាប​ជុំ​វិញ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក មហាសមុទ្ទ​ឥណ្ឌា និងតំបន់អាហ្វ្រិកសាហារ៉ា។ បើតាមអង្គការ​សុខភាព​ពិភពលោក ការប្រែប្រួល​អាកាសធាតុ​ជា​ភ្នាក់ងារ​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​ហោច​១៥ម៉ឺន​នាក់​ ក្នុង​មួយ​ឆ្នាំៗ និង​ឡើង​ដល់​ទ្វេដង​នៅ​ឆ្នាំ​២០៣០។ តើ​ការ​ប្រែប្រួលអាកាសធាតុ​ប៉ះពាល់ដល់​សុខភាព​យ៉ាង​ណា ? ​អ្នក​ស្រី​វេជ្ជបណ្ឌិត Lucile Sesé គ្រូពេទ្យ​ជំនាញ​សួត នៅមន្ទីរពេទ្យ​Avicennes ជាយ​ទីក្រុង​ប៉ារីស ៖ “ឥទ្ធិពល​នៃ​ការប្រែប្រួលអាកាសធាតុចំពោះ​សុខភាពមានច្រើន។ យើង​អាច​រាប់​ ជា​ឧទាហរណ៍ ទាក់ទង​នឹង​ជំងឺ​ផ្លូវដង្ហើម ការ​ឡើង​កម្តៅខ្លាំងនឹង​ធ្វើ​ឱ្យ​អ្នក​មានជំងឺ​ផ្លូវដង្ហើម​​ស្រាប់​ត្រូវ​ការ​ទៅ​រកការ​ព្យាបាល​ពី​​គ្រូពេទ្យ​កាន់​តែ​ញាប់ និង​មាន​ហានិភ័យមរណៈ​កាន់​តែ​ខ្ពស់ ដោយហេតុ​តែ​មាន​បញ្ហា​សរសៃឈាម។ ទាក់ទងនឹង​ការ​ឡើងកម្តៅ​ខ្លាំងដែរ នៅពេល​សីតុណ្ហភាព​ឡើងខ្ពស់​ ភាពប្រឈម​នឹង​​អូហ្សូនក៏​កាន់​តែ​ខ្លាំ​ង អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម ហឺត រលាក​សួតរ៉ាំរ៉ៃ កាន់​តែ​ពិបាក​រក​ដង្ហើម​ថែមទៀត។ អាកាសធាតុ​ប្រែប្រួល មេឃកាន់​តែ​ក្តៅ រដូវ​​លែងទៀង រយៈពេល​រុក្ខជាតិ​ចេញផ្កា សាយ​លម្អង អូស​បន្លាយ​ និង​កាន់​តែ​វែង មនុស្ស​ងាយ​កើត​អាល់ឡែកហ្ស៊ី កាន់​តែច្រើន ជំងឺ​ទាក់ទង​នឹង​អាល់ឡែកហ្ស៊ី កាន់​តែធ្ងន់ធ្ងរ ។ ឥលូវនេះ មានមនុស្ស​ប្រមាណ ៣០% មានបញ្ហា​រលាក​ច្រមុះ​ដោយ​អាល់ឡែកហ្ស៊ី តែ​ថ្ងៃ​មុខ​នឹង​ចំនួន​អ្នក​ជំងឺប្រភេទ​នឹង​មានកើន​ច្រើនឡើងៗ​ជា​រៀងរាល់ឆ្នាំ។”ការប្រែប្រួលអាកាសធាតុ​ជះឥទ្ធិពល​អាក្រក់ខ្លាំងណាស់ លើ​សុខភាពទូទៅ​របស់​មនុស្ស តែ​នៅពេលគេ​និយាយ​អំពី​ឥទ្ធិពល​នៃ​ការ​ប្រែប្រួលអាកាសធាតុ​ចំពោះ​សុខភាព គេ​តែង​ភ្ជាប់ និងនឹក​​គិត​ឃើញ​ភ្លាមស្ទើរ​ជា​ស្វ័យប្រវត្តិ​ដល់​ បញ្ហា​គុណភាព​ខ្យល់​​ក្នុង​បរិយាកាស ដល់​ផលវិបាក​នៃ​ខ្យល់​ពុល។ អ្នក​ស្រី​វេជ្ជបណ្ឌិត Sesé  ៖ « សព្វថ្ងៃ​នេះ យើង​- គ្រូពេទ្យ​ផ្នែក​សួត- យើង​ប្រឹង​ប្រែង​ពន្យល់អំពី​បញ្ហា​ខ្យល់​ពុល ​ប្រាប់​ទៅ​អ្នក​ជំងឺ​ ជា​ញឹកញយ​ ដូច​យើងបញ្ជៀប​​អំពីផលវិបាក​នៃ​ការ​ជក់​បារី​ដែរ ព្រោះយើង​ដឹង​ថា ខ្យល់​ពុល​ជាអ្នក​ផ្តួចផ្តើម​ឱ្យលេច​​មាន​ជំងឺ​ខ្លះ មាន​ជាអាទិ៍​ជំងឺ​ហឺត​លើ​កុមារ មហារីក​លើ​អ្នក​មិន​ជក់​បារី ... នេះ​ជា​ឧទាហរណ៍​ជាក់​ស្តែង ដែល​មានការ​សិក្សា​បញ្ជាក់​ត្រឹម​ត្រូវ។ បន្ទាប់​មក​ទៀត ខ្យល់​ពុល​សម្រួល​ ឱ្យ​​ជំងឺ​កាន់​តែ​ឆាប់​ធ្ងន់ធ្ងរ ដូច​ជា​ជំងឺ​ក្រិន​ថ្លើម ហឺត រលាក​ទងសួត។ ដូច្នេះអ្នក​ជំងឺ​ត្រូវ​ស្វែង​យល់​អំពី​ព័ត៌មាន​ទាក់ទង​នឹង​គុណភាព​ខ្យល់ និង​ឆាប់​រួសរាន់​រក​ជំនួយ​ពីគ្រូពេទ្យ​នៅពេល​ឃើញ​មាន​រោគ​សញ្ញា​ចាប់​ធ្លាក់​ដុនដាប។ ហើយ​យើង​ក៏បង្រៀន​អ្នក​ជំងឺ​ឱ្យ​យល់​ដឹង​និង​ប្រុងប្រយ័ត្ន​ចំពោះ​គុណភាព​ខ្យល់​ក្នុង​ផ្ទះ​ទៀត។”​ការ​ប្រែប្រួល​អាកាសធាតុ​ ជា​​ដើមហេតុបង្ក​ឱ្យលេច​​ជំងឺ​ថ្មីៗ ?ការ​ប្រែប្រួល​​អាកាសធាតុ​ ជំរុញ​ឱ្យ​មាន​ការ​ប្រែប្រួល​ជា​ខ្សែ​បន្តបន្ទាប់​គ្នា តាំងពី​ការលេច​ពូជ​សត្វ​រុក្ខជាតិ​ថ្មី ទៅ​ការ​ប្តូរ​ផ្លាស់​ឥរិយាបថ​ ដែល​នាំ​ផល​រំខាន​ ដោយ​មិន​ផ្ទាល់​ដល់​មនុស្ស​គ្រប់រូប។ ជាក់​ស្តែង​ការ​ឡើង​កម្តៅ​អាកាសធាតុ អាច​សម្រួល​ឱ្យ​មាន​លេច​និងការ​​រីកសាយភាយពពួក​មីក្រុប រុក្ខជាតិ និង​សត្វ ចង្រៃ ដែល​អាច​ជា​ប្រភព​នាំ​ឱ្យ​មាន​ជំងឺអាឡែកហ្ស៊ី ជំងឺពុល ឬ​ជំងឺ​ឆ្លង។ អ្នក​ស្រី​វេជ្ជបណ្ឌិត Sesé ៖ “ការ​ប្រែប្រួល​អាកាសធាតុ ច្បាស់​ណាស់​ថា​ជា​កត្តា​នាំ​ជំងឺ​កាន់​ងាយ​ធ្ងន់​ធ្ងរ តែ​វា​ក៏​ជា​កត្តា​ដើម​ហេតុ​នាំ​​កើត​មានជំងឺថ្មី។ គេ​ដឹង​ថា ខ្យល់ពុល​បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ធ្លាក់​ខ្លួន​កើត​អាល់ឡែកហ្ស៊ី​កាន់​តែ​ច្រើន និង​កាន់​តែធ្ងន់ធ្ងរ ហើយ​គេ​ដឹង​ទៀតថា ខ្យល់ពុល​អាច​បង្កើន​កម្លាំង​វីរុស បង្កើន​សមត្ថភាព​ចម្លង​របស់​វីរុស។ ដូច្នេះ កត្តា​បរិស្ថាន ខ្លះ ជា​ដើម​ហេតុ​នាំ​ឱ្យ​លេច​ឡើង​នូវ​ជំងឺ​ថ្មី។”ក្នុង​បរិបទ​នៃការ​ប្រែប្រួលអាកាសធាតុ ​ជំងឺ​ឆ្លង​ដែល​មាន​ភ្នាក់ងារ​ចម្លង​ជា​សត្វ​ កំពុង​ស្ថិត​ក្នុងការ​តាមដាន​ជា​ពិសេស។ ពីមុន​មក គេ​តែង​ទម្លាក់​កំហុស​ ទៅលើ​ការ​​ដឹកជញ្ជូន និងការ​ធ្វើ​ដំណើរ កាន់​តែ​លឿន​កាន់ច្រើន ថា​ជា​ដឹក​ជញ្ជូនភ្នាក់ងារ​ចម្លង​មេរោគ ​ឆ្លង ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។ ប៉ុន្តែ​តាំង​ពី​ថ្មីៗ​នេះ​មក អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​រាប់ឥទ្ធិពល​នៃ​​​ការ​ប្រែប្រួល​អាកាសធាតុថា​ជា​ភ្នាក់ងារ​ចម្លង​ជំងឺបង្ក​ឡើង​ដោយ​មេរោគ​ ​​ដែរ ព្រោះ​ការ​ឡើង​កម្តៅ​អាកាសធាតុ សម្រួលនិង​ពន្លឿន​ការ​លូតលាស់របស់​ភ្នាក់ងារ​បង្ក​ជំងឺ ឧទាហរណ៍សត្វមូសខ្លា ដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​គ្រុនឈាម គ្រុនឈីក និង​ហ្ស៊ីកា។បើ​តាម​អង្គការ​សុខភាពពិភពលោក ការ​ឡើង​កម្តៅអាកាសធាតុ​ ២ទៅ៣​អង្សា នឹង​បង្កើន​អត្រា​មនុស្ស​កើត​ជំងឺ​គ្រុន​ចាញ់​៥% ហើយ​មនុស្ស​យ៉ាង​ហោច​២ពាន់​លាន​នាក់​ត្រូវ​រស់​ប្រឈម​នឹង​គ្រោះកើត​ជំងឺ​គ្រុន​ឈាម នៅ​ឆ្នាំ​២០៨០។ការ​ឡើង​កម្តៅ​ខ្យល់​បរិយាកាស ជះ​ឥទ្ធិពល​ដោយផ្ទាល់​ទៅ​លើ​សុខភាព​មនុស្ស ដោយ​ត្រូវ​ប្រឈម​នឹង​ជំងឺ​ក្តៅ​ខ្លួន​ញយៗ និង​ជំងឺ​សរសៃឈាម​បេះ​ដូង​ ឬ​ផ្លូវ​ដង្ហើម ដែល​អាច​ជំរុញ​ឱ្យ​អត្រា​មរណៈ​ឡើង​ខ្ពស់​លើស​ធម្មតា។ ការ​សិក្សា​របស់​អាជ្ញាធរ​សុខាភិបាល​បារាំង​ទើប​បាន​ចេញផ្សាយ​របាយការណ៍​ថ្មី​មួយ​បញ្ជាក់​អំពី​កំណើន​គួរ​ឱ្យ​កត់​សម្គាល់​នៃអត្រា​មរណៈដោយ​ហេតុ​អាកាសធាតុ​ក្តៅ​ខ្លាំង៕
12/07/20237 minutes, 44 secondes
Episode Artwork

លំហាត់ យ៉ូហ្កា Yoga អាច​ចាត់​ទុក​ជា​វិធី​​ព្យាបាល​ជំងឺ ?

ថ្ងៃទី ២១ មិថុនា ជា​ទិវាយូហ្កា​ពិភពលោក។ យ៉ូហ្កា​មិនមែន​គ្រាន់​តែ​លំហាត់ផ្តល់​ភាព​ទន់​ភ្លន់​ដល់​រាងកាយ​ទេ តែ​ជា​លំហាត់​សម្រាប់​គ្រប់គ្រង​ឥរិយាបថ​នៃ​ជីវិត​។ លំហាត់​ឬ​​ក្បាច់​ហាត់​សាមញ្ញៗ អាច​ជួយយើង​ឱ្យ​មាន​​អភិវឌ្ឍ​បុគ្គល អារម្មណ៍ និង​គ្រប់គ្រង​ស្ត្រេស ហើយ​សម្រួល​ដល់​សុខមាលភាព​​ព្រមទាំង​សុខភាព​ទៀត។ តើការ​ហាត់​​យ៉ូហ្កា​អាច​ជួយ​ព្យាបាល​សុខភាព​យ៉ាងណា​ ? មាន​កំណើត​នៅ​ឥណ្ឌា យ៉ូហ្កាដែល​​ជា​ភាសា​សំង្ក្រឹត មានន័យ​ថា ភ្ជាប់ ឬ​ផ្សំគ្នា ជា​និម្មិតរូប នៃ​ការបង្រួបបង្រួម​សរីរាង្គកាយ​និង​ស្មារតី កាយ​និ​ង​ចិត្ត​។ ​ការ​ហាត់​យ៉ូហ្កា កើន​ប្រជា​ប្រិយភាពជា​លំដាប់ និង​មាន​ហាត់​ក្នុង​ទម្រង់​ប្លែកៗ​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​នៃ​ភពផែនដី។ ប៉ុន្តែ ​យ៉ូហ្កា មិនមែន​ត្រឹម​តែ​ ជា​ លំហាត់​ប្រាណ​ ធម្មតា​ទេ។ បើ​តាម​អ្នក​ជំនាញ ការ​ហាត់​​យ៉ូហ្កា គឺ​ជា​កា​របណ្តុះ​មធ្យោបាយ​រក្សា​លំនឹង​ឥរិយាបថ​ក្នុង​ការ​រស់​នៅប្រចាំ​ថ្ងៃ និង​បណ្តុះ​សមត្ថភាព​ ធ្វើ​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធភាព។មាន​ប្រជាប្រិយភាព​​ជា​លក្ខណៈ​សកល អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​នៅថ្ងៃទី ១១​ធ្នូ ២០១៤ ទទួល​ស្គាល់ ថ្ងៃទី ២១​មិថុនា ជា​ទិវា​យ៉ូហ្កាពិភពលោក​។ គម្រោង​សេចក្តី​សម្រេច​ចិត្ត​ស្នើ​ឡើង​ដោយ​ប្រទេស​ឥណ្ឌា​បាន​ទទួល​ការគាំទ្រ​រដ្ឋ​សមាជិក​ចំនួន​១៧៥ប្រទេស។លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី ដែល​ជា​អ្នក​ផ្តួច​ផ្តើម​បង្កើត​ទិវា​យ៉ូហ្កាអន្តរជាតិ​នេះ​ឡើង​ បាន​អះអា​ង​ប្រាប់​អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៦៩​ថា “យ៉ូហ្កា ជា​និម្មិតរូប​នៃ​រួមភ្ជាប់​​ស្មារតី​និង​រាងកាយ​ គំនិត​​និង​សកម្មភាព ដែល​នឹង​នាំ​មក​នូវ​គុណប្រយោជន៍​មិន​អាច​កាត់​ថ្លៃ​បានសម្រាប់​​សុខភាព និង​សុខមាលភាព។ យ៉ូហ្កា​មិនមែន​គ្រាន់តែ​ជា​លំហាត់​ប្រាណ​ ពត់បន្ទន់​​កាយ​សម្បទា​ទេ តែជា​​មធ្យោបាយ​ផ្គុំ​តែ​មួយ​ រវាង​ពិភពលោកនិងធម្មជាតិ។” សេចក្តីសម្រេច​ចិត្ត​អង្គការ​សហប្រជាជាតិ បាន​គូស​បញ្ជាក់​អំពី​ភាព​សំខាន់​ដែល​បុគ្គល និង​ពលរដ្ឋ គួរ​ជ្រើសរើស (យ៉ូហ្កា) ​អ្វី​ដែល​ល្អ​សម្រាប់​សុខភាព​ និង​បន្ត​មាន​រៀប​របប​រស់​នៅបែប​​ទ្រទ្រង់ឱ្យ​មាន​​សុខភាព​ល្អ។ ក្នុង​ន័យ​នេះ​អង្គការ​សុខភាព​ពិភពលោក បាន​ថែម​ទាំងណែនាំ​​រដ្ឋ​ជា​សមាជិក​ទាំង​អស់​ឱ្យ​ជួយជំរុញ​ពលរដ្ឋ​ខ្លួន​ទៅ​បញ្ចេញ​សកម្មភាព​កាយ​សម្បទា កាត់​បន្ថយ​ភាព​អសកម្មនៃ​សរីរាង្គកាយ។ កម្មវត្ថុនៃ​ទិវា​យ៉ូហ្កាអន្តរជាតិ​ ដៅ​បញ្ច្រៀប​មតិ​សាធារណៈ​​ពិភពលោកឱ្យ​បាន​យល់​អំពី​គុណប្រយោជន៍​ដ៏​ច្រើន​នៃ​ការ​ហាត់​យ៉ូហ្កា។ តើ​ការ​ហាត់​យ៉ូហ្កា ពិត​ជា​ផ្តល់​ប្រយោជន៍​ល្អ​សម្រាប់​សុខភាព​មែន​ឬ​យ៉ាងណា ? តើ​អ្នក​វិទ្យាសាស្ត្រ​យល់​ស្រប​ និង​បាន​សិក្សា​ស្រាវជ្រាវ​អំពី​ប្រសិទ្ធភាព​នៃ​លំហាត់​យ៉ូហ្កា​ដែរឬទេ ? សូម​ស្តាប់​ប្រសាសន៍​របស់​លោកវេជ្ជបណ្ឌិត Lionel Coudron គ្រូពេទ្យ​កីឡា មាន​ជំនាញ​​​របប​អាហារ​ និង​ជា​នាយកវិទ្យាស្ថានព្យាបាល​ដោយ​​យ៉ូហ្កា ៖យ៉ូហ្កា និង​ការ​សិក្សា​ស្រាវជ្រាវវេជ្ជសាស្ត្រ​អ្វី​ដែល​អស្ចារ្យ​បំផុត​សម្រាប់​ខ្ញុំ​នោះ គឺ​កាលពី​៤០ឆ្នាំ​មុន នៅ​ពេល​ចាប់​ផ្តើម​ហាត់​យ៉ូហ្កា ខ្ញុំ​មាន​អារម្មណ៍​ស្រួល​ខ្លួន​ជាង​មុន ទើប​ខ្ញុំ​ជឿ​លើ​យ៉ូហ្កា ហើយបន្ត​ចង់​ហាត់ទៀត​ តែ​ពុំ​​​មាន​ភស្តុតាង​បែប​វិទ្យាសាស្ត្រ​​បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​ការ​ហាត់​យ៉ូហ្កា ចំពោះ​សុខភាពឡើយ ទោះបី​លំហាត់​យ៉ូហ្កា មាន​តាំងពី​ពាក់​កណ្តាល​សតវត្សរ៍​ទី​២០មកក៏ដោយ។ ​នៅ​ឥណ្ឌា​ កាលពី​មុន​ មាន​​តែ​ការ​សិក្សាអំពីមូលដ្ឋាន​គ្រឹះ​នៃ​យ៉ូហ្កាប៉ុណ្ណោះ។ ទើប​តែ​ជាង​២០ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​ដែល​មាន​ការ​សិក្សា​ បែប​​គ្លីនិក។ ការ​សិក្សា​បែប​នេះ អាច​បញ្ជាក់​បាន​អំពី​ប្រសិទ្ធភាព​​នៃ​យ៉ូហ្កា។ សម័យ​នេះ វេជ្ជសាស្ត្រ​ត្រូវការ​ភស្តុតាង​។ គឺ​ជាការ​​ធម្មតា។ គេ​មិន​អាចធ្វើ​អ្វី​ផ្តេសផ្តាស​បានឡើយ ហើយ​ក៏​មិន​អាច​ផ្តល់​ការ​​ណែនាំ​មនុស្ស​គ្រប់​រូប ដោយ​​ប្រើ​ពាក្យ​ទទេបាន​​ដែរ។ ឥលូវ​ គេ​បាន​ដឹង​ហើយ​ថា​យ៉ូហ្កា​មាន​ប្រសិទ្ធភាព​ល្អ​ ព្រោះ​មាន​ការ​សិក្សា​យ៉ាង​ហ្មត់ចត់ តាមប្រូតូកូល​និង​ច្បាប់​យ៉ាង​​ច្បាស់លាស់។ គ្រាន់​តែ​ថា នៅក្នុងយ៉ូហ្កា គេ​មិន​អាច​ធ្វើ​ពិសោធន៍​​ប្លាសឺបូ​បាន (ពិសោធន៍​ប្លាសឺបូ គឺ​មាន​អ្នកប្រើ​របស់​​ពិត និង​អ្នក​ប្រើ​របស់​​បញ្ឆោត ដោយ​មិនដឹង​ខ្លួន)។ ដើម្បី​ជំនួសការ​​​ពិសោធន៍​ប្លាសឺបូ​ អ្នកស្រាវជ្រាវ​បាន​ប្រើ​វិធី​ផ្សេង​ គឺ​​សិក្សាត្រួត​ពិនិត្យ​និង​ប្រៀបធៀប ​រវាងការ​ព្យាបាលជំងឺឧទាហរណ៍​ជំងឺ​ធ្លាក់​ទឹកចិត្ត ថប់​បារម្ភ ឈឺ​ចង្កេះ​ ឈឺខ្នង ​ដោយ​​ហាត់​យ៉ូហ្កា ប្រៀប​ជា​មួយការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ។ ជា​លទ្ធផល ​អ្នក​ជំងឺ​បាន​ធូរ​ស្បើយ​ច្រើន​មែនទែន​ បន្ទាប់​ពី​​​ហាត់​យ៉ូហ្កាបាន​៦​សប្តាហ៍។ ការ​សិក្សា​ទាំងនោះ​ ពាក់​កណ្តាល​​ធ្វើ​នៅ​ឥណ្ឌា​ដែល​មាន​ប្រពៃណី​​ធ្វើ​យ៉ូហ្កាមុនគេ និង​ពាក់​កណ្តាល​ទៀត នៅ​​តាម​បណ្តា​ប្រទេស​លោកខាង​លិច តែ​​ជាក់ស្តែង​និង​ច្រើន​ជាងគេ​នៅ​សហរដ្ឋ​អាមេរិកតែម្តង។ ​យ៉ូហ្កា និង​ព្យាបាល​ជំងឺ គេ​មាន​ទម្លាប់​និយាយ​ថា ហាត់​យ៉ូហ្កា អាច​ជួយសម្រាល​អារម្មណ៍ ជួយ​​ព្យាបាល​ជំងឺ​ថប់​បារម្ភ ស្ត្រេស ជំងឺ​ផ្លូវ​ចិត្ត​ គេង​មិនលក់ ឬ​ឈឺ​ចង្កេះ។ តែ​គេ​មិន​សូវ​ ឬ​លើក​ឡើង​តិច​តួច​នៅ​ឡើយ​អំពី​ការ​ព្យាបាល​ វិបត្តិ​ប្រព័ន្ធ​រំលាយ​អាហារ។ តាមការ​ពិត​ទៅ​នោះ ​មាន​ ​ក្បាច់​យ៉ូហ្កាច្រើនណាស់ ដែល​អាច​ជួយ​សម្រួលដំណើរការ​របស់​ពោះ​វៀន​​ ពីអាការៈ​​ទល់​លាមក ភើ ចុកឆ្អល់ ឬ​ហើមពោះ​ ឬ​អាការៈ​ណែន​ធ្ងន់ពោះ​ ​អាហារ​មិន​កិន​ ។ល។ និង​។ល។ ក្បាច់​ទាំងអស់​នោះ​មាន​នៅក្នុង​លំហាត់​យ៉ូហ្កាធម្មតា​ និង​លំហាត់​ដែល​មិន​អាច​ខ្វះ​បាន គឺ​ការលំហាត់​​ធ្វើ​ម៉ាស្សាតំបន់​ពោះ​ទាំងមូល ព្រមទាំង​លំហាត់​ឆ្លើយ​តប​នឹង​អាការៈ​ជំងឺ​ណា​មួយ​ជា​ពិសេស​ទៀត​។ ក្នុង​ករណី​ទល់​លាមក ក្បាច់​យ៉ូហ្កា​ខ្លះ​អាច​ទម្លាយ​អាការៈ​ជំងឺ​បាន​ ដោយហាត់​តែមួយ​សេអង់។ យ៉ូហ្កា​ ក៏អាច​ជា​ដំណោះស្រាយ​សម្រាប់គ្រប់​អាការៈ​ឈឺចុកចាប់ មិនថា​ជាការឈឺចុកចាប់​នៅពោះ នៅខ្នង​នៅចង្កេះ ឬ​នៅក្បាល​ទេ។ ​អាការៈឈឺក្បាល​ប្រកាំង ឬ​ឈឺ​ក្បាល​ទាំងមូល ឬ​នៅ​ផ្នែក​ណាមួយ​ ​នឹង​បាន​ធូរ​ស្បើយ​តាម​រយៈ​លំ​ហាត់​យ៉ូហ្កា។ មាន​កា​រសិក្សា​​បង្ហាញ​ពី​ប្រយោជន៍​នៃ​ការ​ហាត់​យ៉ូហ្កា ចំពោះ​ករណី​ឈឺ​ក្បាល​ ដោយ​ហេតុ​តែ​ភាព​តាន​តឹង​និង​មាន​សម្ពាធ និង​ករណី​ឈឺក្បាល​ប្រកាំង។ លទ្ធផល​វេជ្ជសាស្ត្រ​បាន​បង្ហាញ​ថា ​យ៉ូហ្កា​ជួយ​សម្រួល​ឱ្យ​​ស្ថានភាពជំងឺ​បាន​​​ប្រសើរ​ឡើង ដូច​ជា​លែងសូវ​​ឈឺ និង​មិន​សូវ​​ញាប់ញាប់​ តែ​មិន​អាច​បំបាត់​ការ​ឈឺក្បាល​ប្រកាំង​ ឱ្យ​ជា​ដាច់​ទាំងស្រុង​ទេ។ សម្រាល​កំរិត​ឈឺ និង​ឈឺ​​រង្វើល​​ ដោយពីមុន​ធ្លាប់​ឈឺក្បាលម្តងក្នុង​​មួយ​សប្តាហ៍​ រួច​ថយមក​នៅ​ត្រឹម​មួយ​ថ្ងៃ​ត្រឹម​ពីរ​ខែ​ឈឺ​ម្តង នៅពេល​បាន​ហាត់​ហូហ្កា ពិត​ជាអាច​ប្តូរផ្លាស់​អារម្មណ៍​​អ្នក​ជំងឺ​បាន​ច្រើន។ តែ​បើ​ជា​អាការៈ​​ជំងឺ​ឈឺក្បាល​ដោយ​មាន​សម្ពាធតាន​តឹង​វិញ ជា​ទូទៅ​ យ៉ូហ្កាអាច​ព្យាបាល​បាន​​ជា​ដាច់ លែង​ឈឺ​សោះ​តែ​ម្តង។  ​ការ​ហាត់​យ៉ូហ្កា​ការ​ជ្រើសរើសសាលា​​សម្រាប់​យ៉ូហ្កាច្រើន​ជា​ឧសបគ្គ​ចម្បង​មួយ​នៃ​ការ​ចាប់​ផ្តើម​។ តែ​ដើម្បី​បាន​ដឹង​ថា​តើ​គ្រូបង្ហាត់​យ៉ូហ្កា​ណា​ល្អ​ មាន​តែ​អញ្ជើញ​ទៅ​សាកល្បង​ដោយ​ផ្ទាល់​ ព្រោះ​ការ​ហាត់​យ៉ូហ្កា មិនមែន​ត្រឹម​តែ​ជាការ​ហាត់​ពន់​ពេន​ លើក​ដៃ​លើក​ជើង​​​សម្រប​ជាមួយ​ចលនា​ដង្ហើម​ទេ តែ​ត្រូវ​ឱ្យ​មាន​បរិយាកាស​ បរិស្ថាន និង​ទំនាក់ទំនង​ប្រកប​ដោយ​ទំនុក​ចិត្ត​រវាង​អ្នក​ហាត់​និង​អ្នក​បង្ហាត់។ បើ​មិន​ពេញ​ចិត្ត​ សូម​សាកល្បង​ជាមួយ​អ្នក​បង្វឹក​ម្នាក់​ទៀត និង​ស្វែង​យល់​ពី​អ្នក​​បង្ហាត់​ថា​តើ​គាត់​ពិត​ជា​បាន​ទទួល​ការ​បំពាក់​បំប៉ន​ត្រឹម​ត្រូវ​ដែរ​ឬ​អត់​។ការ​​ហាត់​យ៉ូហ្កា ក៏​អាច​ធ្វើ​ឡើង​ ដោយ​ខ្លួន​ឯង តែ​ម្នាក់ឯង តាម​រយៈ​ការទិញ​សៀវភៅ​ពន្យល់​អំពី​ក្បួន​ហាត់​ ប្រសិន​បើ​អ្នក​មាន​ឆន្ទៈ​ពិត និង​តាម​ការណែនាំតាម​​អនឡាញ។ ដោយ​មាន​កិច្ចសហការ​ជាមួយ​ឥណ្ឌា អង្គការ​សហប្រជាជាតិ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ កម្មវិធី​ហាត់​យ៉ូហ្កា​ ដើម្បី​ជួយ​ពលរដ្ឋ​ឱ្យ​បញ្ចេញ​សកម្មភាព និង​រក្សា​សុខភាព។ WHO mYoga ជា​កម្មវិធីប្រកប​ដោយ​ទំនុក​ចិត្ត និង​មាន​សុវត្ថិភាព គ្មាន​ប្រមូល​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ទេ។ លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​មក​ប្រើ​ក្នុង​ទូរស័ព្ទ​ដៃ ​ដោយ​គិត​គិត​ថ្លៃ៕
21/06/20238 minutes, 53 secondes
Episode Artwork

តើបញ្ញាសិប្បនិម្មិត​ នឹង​មក​​ជំនួស​គ្រូពេទ្យ​ឬ ?

នៅក្នុង​វិស័យ​ខ្លះ បញ្ញាសិប្បនិម្មិត បាន​មក​ជំនួស​ការងារ​មនុស្សជា​បណ្តើរៗស្រេច​ទៅ​​ហើយ។ នៅក្នុង​វិស័យ​សុខាភិបាលវិញ បញ្ញាសិប្បនិម្មិត បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​ចាំបាច់​សម្រាប់​វិភាគ​រូប​ នៃ​ការ​ថតឆ្លុះ ហើយ​បាន​ប្រឡងជាប់​ដោយជោគជ័យ​ជា​មួយ​និស្សិត​ពេទ្យ​ទៀត​ផង។ ឧបករណ៍​វេជ្ជសាស្ត្រ​មាន​បំពាក់​កម្មវិធី​បញ្ញាសិប្បនិម្មិត​មួយ មាន​សមត្ថភាព​អាចទិន្នន័យ​សុខភាព​ដូ​ចគ្រូពេទ្យ និង​អាច​ព្យាករ ហានិភ័យ​ស្លាប់ ហានិភ័យ​ឈឺ ហានិភ័យ​ផ្សេងៗ​របស់​អ្នក​ជំងឺ​បាន​យ៉ាង​ប្រាកដ។ ដូច្នេះ​​តើ​វា​អាច​ទៅ​រួច​ទេ ដែល​ថា​អនាគត​ទៅយើង​អាច​ពិគ្រោះ​ជំងឺ​ជា​មួយ​ បញ្ញាសិប្បនិម្មិត ? ឬ​ក៏​ បញ្ញាសិប្បនិម្មិត​​នឹងមក​ជំនួសគ្រូពេទ្យ ? បញ្ញាសិប្បនិម្មិត្តក្នុង​វិស័យវេជ្ជសាស្ត្រ​ គឺ​ជាគំរូ​បច្ចេកវិទ្យា​សិក្សាជា​​ស្វ័យប្រវត្តិដើម្បី​ស្វែង​រក​ទិន្នន័យ​សុខភាព​និងបាន​​​ព័ត៌មាន​សម្រាប់វិនិច្ឆ័យលទ្ធផលសុខភាពឱ្យបាន​កាន់​តែ​ប្រសើរ​ឡើង និង​ជាប​ទពិសោធ​ន៍​សម្រាប់​អ្នក​ជំងឺ​ផ្ទាល់​ផង។ ដោយសារ​តែ​ភាព​ជឿនលឿន​ផ្នែក​ព័ត៌មាន​វិទ្យា​និង​វិទ្យាសាស្ត្រ​ព័ត៌មាន បញ្ញាសិប្បនិម្មិត មាន​ចំណែក​ យ៉ាង​ពេញ​លេញ​ក្នុង​វិស័យ​​ថែទាំ​សុខភាព​សម័យ​ទំនើប។ គំរូ និង​កម្មវិធី​របស់​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត្ត ត្រូវ​បាន​យក​មក​ប្រើ​សម្រាប់​ជួយ​អ្នក​​ជំនាញ​សុខាភិបាល ទាំង​ក្នុង​ផ្នែក​វិភាគអាការៈរោគ​(គ្លីនិក) ក៏​ដូច​ជា​ក្នុង​ផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ។បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិត​ត្រូវ​បាន​ប្រើ​ (ដើរតួនាទី) ច្រើនខ្លាំង​ក្នុងវិស័យ​សុខាភិបាល​ ដើម្បី​ជា​ជំនួយ​ដល់​ការ​សម្រេច​ចិត្ត​បែបគ្លីនិក និង​វិភាគ​រូបភាព។ ជំនួយ​​បែប​គ្លីនិក នឹង​ជួយក្រុមគ្រូពេទ្យ​នៅពេល​ត្រូវ​សម្រេចអំពី​ការព្យាបាល ការផ្តល់​ថ្នាំ អំពី សុខភាព​ខួរក្បាល និង​តម្រូវការ​របស់​អ្នក​ជំងឺ​ដោយ​ផ្តល់​ព័ត៌មាន​បាន​លឿន ឬ​របស់​អ្នក​ស្រាវជ្រាវ​ដើម្បីប្រយោជន៍​របស់​អ្នក​ជំងឺ។ ខាង​វិភាគ​រូបភាព បញ្ញា​សិប្បនិម្មិត ជា​បច្ចេកវិទ្យា​ដែល​គេ​ប្រើ​សម្រាប់​វិភាគ​រូបភាព​ ថតឆ្លុះដោយ​វិទ្យុសកម្ម ដោយ​MRI ដោយ​វិធីផ្សេងៗ រក​ដំបៅ​ ឬ​សញ្ញាណា​ដែល​អ្នក​ជំនាញ​ ជា​មនុស្ស​មិន​អាច​មើល​ឃើញ។​ជំងឺ​រាតត្បាត​សកលកូវីដ​១៩ បាន​ផ្តល់​មេរៀន​និង​ជំរុញ​ឱ្យ​អង្គការ​ស្ថាប័ន​សុខាភិបាល​ជាំ​ច្រើន​នៅ លើ​ពិភពលោក​​ មានឱកាស​ចាប់​ផ្តើម​សាកល្បងបច្ចេកវិទ្យា​ថ្មី​ដោយ​មានបញ្ចូល​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ដូច​ជា​កម្មវិធី​តាមដាន​អ្នក​ជំងឺ ឬ​កម្មវិធី​វែក​រក​អ្នក​មាន​ផ្ទុក​ជំងឺ​កូវីដ១៩ ។ល។ ការសិក្សា​និង​លទ្ធផល​នៃ​ការសាកល្បង​នេះ មិន​ទាន់​ចប់​ទេ។ ហើយ គេក៏​កំពុង​រៀបចំ​កំណត់​បទដ្ឋាន​ទូទៅ​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​ដែរ។ ប៉ុន្តែ​ ទាំងអ្នកស្រាវជ្រាវ ក៏​ដូច​ជា​គ្រូពេទ្យ និង​អ្នក​ជំងឺ​ផ្ទាល់ ត្រូវការ​បញ្ញាសិប្បនិម្មិត កាន់​តែ​ខ្លាំងឡើងៗ ជា​លំដាប់។ ចង់​ឬមិន​ចង់ បញ្ញាសិប្បនិម្មិត​នឹងក្លាយ​ជា​ឧបករណ៍​ស្នូល​នៃ​ប្រព័ន្ធ​សុខាភិបាល​ឌីជីថល​របស់​វេជ្ជសាស្ត្រសម័យ​ទំនើប។តើ​បញ្ញាសិប្បនិម្មិត្ត​ពិត​ជា​អាច​ជួយ​បង្ការ​ហានិភ័យ​នានា និង​អាច​ជួយ​​ដល់​ក្រុមគ្រូពេទ្យ​​យ៉ាងណា​ខ្លះ ? លោក​វេជ្ជបណ្ឌិត Damien Mascretសម្រាប់​ពេលនេះ បញ្ញាសិប្បនិម្មិត្ត មិនទាន់​អាច​មាន​សមត្ថភាព​ធ្វើ​ល្អ ដូចអ្វី​ដែល​​ក្រុមគ្រូពេទ្យ​​វះកាត់ចង់​បាន​​ទេ។ ប៉ុន្តែគេ​កំពុង​ប្រឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​សម្រេច​​កម្មវត្ថុ​នេះ ព្រោះឥលូវ​ បញ្ញាសិប្បនិម្មិត្ត​កំពុង​មានភាព​ជឿនលឿនខ្លាំង​សម្បើមណាស់។ នៅប្រទេស​បារាំង នៅក្នុងផ្នែក​ថត​ឆ្លុះ​​ បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ពេទ្យ​ អាចមាន​សមត្ថភាព​​វែក​រក​ឃើញ​ករណី​ដាច់​ហូរឈាម​​ក្នុង​ខួរក្បាល ដ៏​តូច។ បញ្ញាសិប្បនិម្មិត​អាច​មាន​សមត្ថភាព​ចាប់​បានដុំ​ពក​ក្នុង​សួត។ បញ្ញាសិប្បនិម្មិត​អាច​មាន​សមត្ថភាព​វិភាគក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​នាទី ដឹង​ភ្លាម​ថា​ក្នុង​ចំណោម​រូបភាព​រាប់​ពាន់ រូបភាព​ថតកៀប​សុដន់​មួយ​ណាមានភាព​មិនប្រក្រតី​អាច​ឈាន​ទៅ​កើត​រោគ​ ​មហារីក​សុដន់។ ​ បញ្ញាសិប្បនិម្មិត ស្ទើរ​ជា​ភ្នែក​ទិព្វ​អាច​មើល​ឃើញ​ស្នាម​បាក់ប្រេះ​លើ​ឆ្អឹង​ដែល​ភ្នែក​មនុស្ស​​មើល​មិន​ឃើញ។តើ​បញ្ញាសិប្បនិម្មិត នឹង​មក​ជំនួស​គ្រូពេទ្យ​នៅថ្ងៃ​អនាគតឬ ?ទោះបី​​គ្រប់គ្នា​ទទួលស្គាល់​ថា​ បញ្ញាសិប្បនិម្មិតកំពុង​លូតលាស់​ខ្លាំង និង​ជា​តម្រូវការ​សម្រាប់ស្ទើរ​គ្រប់​វិស័យ រាប់​ទាំង​វិស័យ​វេជ្ជសាស្ត្រផង ដោយ​អាច​ដើរតួនាទី​ ​ ជាជំនួយការ​​ដ៏​ប្រពៃ​របស់គ្រូពេទ្យក៏ដោយមែន ប៉ុន្តែ​ បញ្ញាសិប្បនិម្មិត ​មិនមែន​ជា​គ្រូពេទ្យ​ទេ និង​មិន​អាច​ជំនួស​គ្រួពេទ្យ​បាន​ឡើយ សម្រាប់​ពេល​នេះ​ និង​នៅអនាគត។ ហេតុអ្វី ?​តាំងពី​ប៉ុន្មាន​ខែ​ចុងក្រោយ​មក​នេះ គ្មានសប្តាហ៍​​ណា ថ្ងៃ​ណា ដែល​គេ​មិន​ឮពាក្យ​បញ្ញាសិប្បនិម្មិត​ទេ ឧទាហរណ៍​​កម្មវិធីបញ្ញាសិប្បនិម្មិត​ ChatGPT។ ជា​បញ្ញាសិប្បនិម្មិត​ដែល​គេ​អាច​និយាយ​ឆ្លើយឆ្លង​បាន​ដោយផ្ទាល់​មាត់ និង​សួរ​បាន​គ្រប់​រឿង។ កម្មវិធី​នេះ​អាច​ប្រឌិត​​កំណាព្យតាម​សំណូមពរ​អ្នក​ ឬ​អាច​ផ្តល់​ព័ត៌មាន​ស្តីពីកម្មវិធី​ដ៏​ពេញនិយម ក្នុង​ពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​អាច​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​តាម​ការ​រៀប​រាប់​របស់​អ្នក​ឆាត​បាន​ទៀតផង។ ប្រសិនបើ​អ្នក​សរសេរ​ថា ក្តៅ​ខ្លួន ហៀរសំបោរ ឈឺបំពង់ក បញ្ញាសិប្បនិម្មិត​បានឆ្លើយភ្លាម​ថា នេះ​ជា​រោគសញ្ញា​នៃ​អាការៈ​ផ្តាសាយ​ ឬ​មានការបង្ករោគ​នៅក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាង​លើ។ បញ្ញាសិប្បនិម្មិតក៏​​បាន​បញ្ជាក់​ដែរ​​ថា រោគសញ្ញា​នេះ​ក៏​អាច​ជា​ការ​បង្ករោគ​នៅកន្លែង​ផ្សេង និងបាន​ផ្តល់ការណែនាំ​ឱ្យ​វាស់​កម្តៅ​សីតុណ្ហភាព និង​ទៅ​ពិគ្រោះ​ជាមួយគ្រូពេទ្យ តែ​ក៏​បាន​ណែនាំ​ ​ឱ្យ​ទៅ​រកថ្នាំ​លេប​ បំបាត់ការឈឺចាប់ ពពួក Ibuprofène ឬ​acétaminophène។ ក្នុងការ​សាកល្បង​ទីពីរ យើង​សរសេរ​ថា​ ឈឺពោះ និង​រក​កលចង់ក្អួត កម្មវិធី​បញ្ញាសិប្បនិម្មិត​ ឆ្លើយ​បែបទូទៅ​ខ្លាំងមែនទែន ថា ទំនង​ជា​មាន​បញ្ហា​នៅពោះវៀន នៅថ្លើម មានការបង្ករោគ ឬ​មកពី ស្ត្រេស ... លើកនេះ​បញ្ញាសិប្បនិម្មិត មិន​អាច​អារកាត់ ថា​ជា​រោគសញ្ញា​អ្វី​ឱ្យ​បាន​ច្បាស់លាស់ទេ។ ជា​សរុ​ប​ទៅ ​លោក​គ្រូពេទ្យ​ផ្នែក​ជំងឺ​ទូទៅ នៅបារាំង​លោក​វេជ្ជបណ្ឌិត Matthieu Calafiore មិនយល់​ស្រប​នឹង​ការណែនាំ​របស់​បញ្ញាសិប្បនិម្មិតនេះទេ។Dr Matthieu Calafiore ៖ “អ្វី​ដែល​ល្អ​គឺ​ត្រូវ​ទៅជួប​ពិគ្រោះជំងឺ​ជាមួយគ្រូពេទ្យ នៅពេល​ក្តៅ​ខ្លួន​ ដើម្បី​លោក​អាចវិនិច្ឆ័យ​បាន​ថាមិនមែន​ជា​ការ​បង្ករោគ​ដោយ​វីរុស ឬ​ដោយ​បាក់តេរី។ ឱ្យ​លេប​ថ្នាំ​ពពួក​acétominophène ដែល​ជា​ក្រុមថ្នាំ​ប៉ារ៉ាសេតាម៉ុល មិនជា​បញ្ហា​ទេ តែការ​លេប​ថ្នាំក្រុម ibuprofène ដែល​ជា​ប្រភេទ​ថ្នាំ​ប្រឆាំងនឹង​ការ​រោលរលាក មិនល្អ​ឡើយ ព្រោះ​ប្រសិនបើ​មាន​ការ​បង្ករោគ ថ្នាំ​នេះ​នឹង​ទៅ​បញ្ចុះ​ប្រសិទ្ធភាព​ការពារ​ខ្លួន​របស់​គ្រាប់​ឈាម​ស។ មិនគួរប្រើ​ថ្នាំ​នេះ​ទេ នៅពេល​ក្តៅខ្លួន។ ខ្ញុំ​មិន​យល់​ស្រប​តាមកម្មវិធីបញ្ញាសិប្បនិម្មិត ឡើយ។ ក្នុង​ករណី​ឈឺពោះ ការ​ពិគ្រោះ​ដោយ​សួរ​បញ្ញាសិប្បនិម្មិត និង​ដោយ​​ពិគ្រោះ​ ​ជាមួយគ្រូពេទ្យ​ពីចម្ងាយ​ ពិត​ជា​មិន​អាច​កំណត់​រោគសញ្ញាបាន​ដោយច្បាស់លាស់ឡើយ បើគ្មាន​​ការ​ស្ទាប​ចុច​លើ​ពោះ​អ្នក​ជំងឺ​ដោយ​ផ្ទាល់​ដៃ​របស់​គ្រូពេទ្យ​ទេនោះ។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា ក្នុង​អនាគត​ដ៏​ខ្លី​នេះ​ គេមិន​អាច​យក​បញ្ញា​សិប្បនិម្មិត​មកជំនួសគ្រូពេទ្យ​បាន​ដោយភ្លាមៗទេ។”សម្រាប់សាស្ត្រាចារ្យ​ផ្នែក​បញ្ញាសិប្បនិម្មិត​នៅ​សាកលវិទ្យាល័យ​ប៉ារីសស័រប៊ន Paris-Sorbonne គេ​ត្រូវ​តែ​គ្រប់គ្រង​​ការ​ប្រើប្រាស់​កម្មវិធី​ បញ្ញាសិប្បនិម្មិត ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ឱ្យត្រឹម​ត្រូវ។​​ អ្នកស្រី​ Laurence Devillers ក៏​មិន​គាំទ្រ​ទាំងស្រុង​គំនិត​ឱ្យ​បញ្ញា​សិប្បនិម្មិត​មក​សម្រេចចិត្ត​ជំនួសមនុស្ស​ដែរ ដោយ​ពន្យល់​ថា មាន​ផ្ទុក​ទិន្នន័យ យោបល់ ចំណេះដឹង ទ្រឹស្តី ព័ត៌មាន​មិនពិត ​រាប់​ពាន់​លាន​ ដូច្នេះ​គួរ​តែ​បង្កើត​សហគមន៍វេជ្ជសាស្ត្រ​  មាន​សមត្ថភាព​ផ្តោះប្តូរ​ចំណេះ​ដឹង​ជាមួយ​ម៉ាស៊ីន ដើម្បី​ផ្ទៀងផ្ទាត់​នូវ​អ្វី​ដែល​ប្រព័ន្ធ​បញ្ញាសិប្បនិម្មិត​​និយាយ។ ការ​សួរនាំ​បញ្ញាសិប្បនិម្មិត​ម្តងម្កាល​ អាច​ជា​រឿង​ល្អ តែ​ត្រូវ​ឱ្យ​មនុស្ស​ជា​អ្នក​សម្រេច​ ទើប​កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍។ អ្នក​ជំនាញ​សុខភាព​ខ្លះ​ទៀត បាន​ច្បិច​យក​គុណប្រយោជន៍​​នៃ​បញ្ញាសិប្បនិម្មិត ត្រង់​វា​អាច​ជួយ​ធ្វើ​សំយោគ​​ទិន្នន័យ -ឯកសារ​សុខភាព ឯកសារ​រដ្ឋបាល​​របស់​អ្នក​ជំងឺ​។ តែនៅពេល​យើង​ចោទ​សួរ​​កម្មវិធី​បញ្ញាសិប្បនិម្មិត​ ChatGPT ដោយផ្ទាល់ ​ថា​គេ​អាច​ជំនួសគ្រូពេទ្យ​បាន​ដែរ​ឬ​អត់ ចម្លើយមាន​តែ​មួយ​ដូច​គ្នា​សម្រាប់ពេល​នេះ គឺ ទេ !
12/06/20238 minutes, 13 secondes
Episode Artwork

តើត្រូវ​ចាប់​​ផ្តើម​ហាត់​ប្រាណ​ធ្វើកីឡា រត់ ដោយ​វិធីណា ?

នៅ​ថ្ងៃ​ពុធ​ទី ៧មិថុនានេះ ជា​​ទិវាពិភពលោកនៃ​ការ​​រត់​ ឆ្នាំ​២០២៣។ រត់ ​ជា​កីឡាដ៏​សាមញ្ញ តែ​​រាល់​ការ​ចាប់​ផ្តើម​សុទ្ធ​តែ​ពិបាក​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅថ្ងៃ​នេះ លោក​វេជ្ជបណ្ឌិត ហ្សង់ម៉ាក សែន គ្រូពេទ្យ​កីឡា​ នៅក្រុង​ប៉ារីស សូម​ផ្តល់​ការ​ណែនាំ​ខ្លះ​ដើម្បី​ជាជំនួយ​​ទឹក​ចិត្ត​ឱ្យ​អ្នក​ចង់​​ផ្តើម​​ហាត់រត់ថា ត្រូវ​ចាប់​ផ្តើម​ដោយ​វិធីណា។ មួយ​ថ្ងៃៗ យើង​រវល់​តែ​រត់​តាម​ពេល​វេលា ​​មិន​សូវ​ខ្វល់​រត់​ដើម្បី​សុខភាព​ទេ។ រត់​ជា​កីឡា​ដ៏​សាមញ្ញ និងមិន​ត្រូវ​ការ​ហាត់​រៀន​ច្រើន​ទេ។ មាន​តែស្បែក​ជើង​មួយគូ គ្រប់គ្រាន់​ហើយ ប៉ុន្តែ​អ្នក​ខ្លះ​ចង់​ចាប់​ផ្តើម​ហាត់​រត់​ដែរ តែ​វា​លំបាក​ខ្លាំង​ណាស់ ហើយ​ខ្លះ​ទៀតបាន​បោះបង់​គំនិត​ចង់​រត់ ​លឿនជ្រុល​​ ទាំង​មិន​ទាន់​បាន​សាកល្បងដឹង​ថា​ខ្លួន​អាច​រត់​លឿន​ប៉ុនណា​​ផង។​នៅ​ទសវត្សរ៍​ឆ្នាំ​៦០​ កីឡា​រត់​ ឬ​ការ​រត់​ប្រណាំង មិន​សូវ​មាន​អ្នក​ឱ្យ​តម្លៃ​ទេ។ តែ​បច្ចុប្បន្ននេះ រត់​បានក្លាយ​ជា​កីឡា​ដ៏​ពេញ​និយម ជា​កីឡា​របស់​មនុស្ស​ទាំង​ហ្វូងៗ។ នៅប្រទេស​បារាំង គេ​ប៉ាន់​ប្រមាណ​ថា​មាន​ពលរដ្ឋ​ប្រមាណ​១៥​លាន​នាក់ ប្រកាន់​ខ្ជាប់​ការ​ហាត់ប្រាណ​ធ្វើ​កីឡា​រត់ ក្នុងនោះ​មួយ​ភាគ​បី​ បាន​ចូល​រួម​ប្រកួត​​រត់​ប្រណាំង​ផង។ ពេញ​និយម​ខ្លាំង រហូតអាច​ចូល​ ​​​រត់​ម៉ារាតុង ដែល​​មាន​ចម្ងាយ​ ៤២,១៩៥គីឡូម៉ែត្របាន​ផង។គុណប្រយោជន៍នៃ​ការហាត់​ប្រាណ​ដោយ​​រត់នា​ឱកាស​ទិវា​ពិភពលោក​នៃ​ការ​រត់ ដែល​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃពុធដំបូង​គេ​នៃ​ខែ​មិថុនា ពោលគឺ​ត្រូវ​នឹង​ថ្ងៃ​ពុធ​​ទី​៧មិថុនា​ឆ្នាំ​២០២៣​​នេះ វេជ្ជបណ្ឌិត​ផ្នែក​កីឡា ​សូម​ចូល​លើក​​​ទឹក​ចិត្តឱ្យ​លោក​អ្នក​ ​ចង់​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​កីឡា​រត់។ ហេតុ​អ្វី​បាន​ជា​យើង​គួរ​តែ​ជ្រើសរើសធ្វើ​​កីឡា​ រត់ ?ជា​បឋម​ ព្រោះរត់​ ជា​កីឡាដ៏​ងាយ ដែល​គេ​អាច​ធ្វើ​នៅគ្រប់​ទិសទី នៅក្នុង​ក្រុង នៅតាមទី​​ធម្មជាតិ ឬ​នៅ​លើ​ម៉ាស៊ីន​ ក្នុង​សាល​ហាត់ប្រាណ​ ក្នុងផ្ទះ។ រត់​នៅ​ខាង​ក្រៅ​ មើល​គេ​មើល​ឯង​ ព្រឹក​ក៏បាន​ល្ងាច​ក៏​បាន តាម​តែ​កាលវិភាគ​ការងារ​អនុញ្ញាត។ ទីពីរ ការ​រត់ ជា​កីឡា ដ៏​ថោក មិន​ថ្លៃ​ដូច​ទៅ​ចុះ​ឈ្មោះ​ហាត់​ប្រាណ​ក្នុង​ក្លឹប មាន​តែ​ស្បែក​មួយគូ រួចចេញ​​រត់វឹង​​តែ​ម្នាក់ឯង​យ៉ាង​ឯករាជ្យ។ ទីបី គឺ​សុខភាព។ រត់​មានគុណប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​ដោយ​  ជួយ​បំប៉ន​ការ​លូតលាស់​នៃ​​ឆ្អឹង​និង​ជួយ​ការពារ​កុំ​ឱ្យ​មាន​ជំងឺ​ពុក​ឆ្អឹង។ ​ជួយ​ពង្រឹក​សាច់​ដុំ​បេះដូង ជួយ​ឈាម​ឱ្យ​មាន​ចរន្ត​ប្រសើរ​ឡើង និង​បញ្ចុះ​ហសនិភ័យ​កើត​ជំងឺ​ឡើង​ឈាម ​រត់​អាច​​ពន្លឿន​ការបញ្ចេញ​​ថាមពល​ ដែល​មធ្យោបាយ​ដ៏​ល្អ​ប្រពៃ​បំផុត​សម្រាប់​ដុត​បំផ្លាញ​ខ្លាញ់ រត់​អាច​ជួយ​បញ្ចុះ​កំរិត​ជាតិ​ខ្លាញ់​ក្នុង​ឈាមមិន​ល្អ តែ​​បង្កើនបរិមាណcholestérol ​ល្អ អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​អាច​ចុះ​ដែរ ព្រោះ​ការ​រត់​ជួយ​ដាស់​កោសិកា​អាំងស៊ុយលីន​ឱ្យ​មាន​ដំណើរការល្អ និង​​ជួយការពារ​មិន​ឱ្យ​មាន​ជំងឺ​ទឹកនោមផ្អែម រត់​អាច​ជួយ​ទប់​ស្កាត់​អាការៈ​ស្ត្រេសនិង​ជំងឺធ្លាក់​ទឹក​ចិត្ត​ ​បាន​ប្រកប​ដោយប្រសិទ្ធភាព​ ព្រោះមាន​ការ​​បញ្ចេញ​អ័រមូន​អង់ដ័រហ្វីនendorphines ​នៅពេលយើង​​ប្រឹងបញ្ចេញ​កម្លាំង។​​ ​​​​ត្រួតពិនិត្យ​សុខភាព​ជា​ទូទៅ  មូលហេតុ​ល្អ​មាន​ច្រើន​ដែល​គួរ​តែ​យើង​ត្រូវ​ចាប់​ផ្តើម​រត់។ ប៉ុន្តែទន្ទឹម​នឹង​គុណប្រយោជន៍​​ខាង​លើ​ មាន​ជំនឿ​ដែល​ថា​ការ​រត់មិនមែន​​ជា​កីឡា​ល្អ​សម្រាប់​គ្រប់​​​មនុស្សទេ។ បើ​ដូច្នេះ​តើ​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន​ មុន​នឹង​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​កីឡា​ដូចយ៉ាង​រត់​នេះ ?លោក​វេជ្ជបណ្ឌិត​ហ្សង់ម៉ាកសែន សូមផ្តល់​ចម្លើយ​ដោយ​​បែង​ចែក​មនុស្ស​ជា​ពីរ​ក្រុម។ ​ប្រសិន​បើ​អ្នក​មាន​អាយុ​ក្រោម​៤០​ឆ្នាំ គ្មានប្រវត្តិ​សុខភាពមិនល្អ​ មិនធ្លាប់​មាន​ជំងឺ គ្មាន​ក្រុមគ្រួសារ​ស្លាប់​ភ្លាមៗ​តាំងពី​នៅវ័យក្មេង ​ហើយ​អ្នក​មាន​អារម្មណ៍​ធម្មតា សុខភាព​មាំទាំ មាន​អនាម័យ​ក្នុង​ការ​រស់​នៅ​ល្អ សូម​ជ្រើសរើស​ធ្វើ​កីឡា​រត់ ដោយ​សម្រួល​ និងមិន​ចាំបាច់​ទៅ​ពិគ្រោះ​យោបល់​អ្វី​ជាមួយ​គ្រូពេទ្យ​ទេ។ប៉ុន្តែ​ប្រសិនបើ​អ្នក​មានអាយុលើស​ពី​៤០ឆ្នាំ យក​ល្អ​គួរ​តែឆ្លង​យោបល់​ជាមួយ​គ្រូពេទ្យ​ ដើម្បី​​ឆ្លៀត​ឱកាស​ទៅ​ពិនិត្យ​សុខភាព​ជា​ទូទៅ ជា​ពិសេស​ទៅឆែក​មើល​សុខភាព​បេះដូង​និង​សរសៃរឈាម​បេះដូង។ ពេល​នោះ​គ្រូពេទ្យ​អាច​វាយតម្លៃ​អំពីហានិភ័យ​សុខភាព​សន្លាក់ (​ជង្គង់ ចង្កេះ) និង​ប្រព័ន្ធ​សរសៃឈាម​បេះ​ដូង​ (រក​មើល​ក្រែង​មាន​ជំងឺ​ខ្លាញ់​ក្នុង​ឈាមកូឡេស្តេរ៉ូល ឬ​ ជំងឺ​សម្ពាធឈាម ..)។ជា​ទូទៅ បើ​គ្មាន​បញ្ហា​សុខភាព​ជាប់​ខ្លួន​ស្រាប់​ទេ មនុស្ស​គ្រប់រូប​​សុទ្ធ​តែអាច​រត់​បាន​ទាំង​អស់ មិន​ថា​មាឌ​​ធំ មាឌ​តូច មាឌ​ឌាំង ស្តើង ធាត់​ ​ក្មេង​ឬ​ចាស់ឡើយ។ ខ្លួនប្រាណ​មនុស្ស​កើត​មក​សម្រាប់​តែ​ដើរ​និង​រត់​ មិនមែន​សម្រាប់​តែ​ដេកស្ងៀម ឬ​អង្គុយ​​មួយ​កន្លែង ធ្វើការ​ក្នុង​ការិយាល័យ​ទេ។ ប៉ុន្តែ​ដោយហេតុថា ការ​រត់ ត្រូវ​ការ​ឱ្យ​សាច់​ដុំ​​បញ្ចេញ​ចលនា​ ដែល​បើ​ប្រឹង​ខ្លាំងនឹងនាំ​ឱ្យ​​មាន​ករណី​របួសឬ​​រយះ​សាច់​ដុំ​ ទើប​អ្នក​ធាត់​​និង​អ្នក​អសកម្មយូរ ពិបាក​រត់ ឬ​ត្រូវ​ប្រយ័ត្ន​ខ្លាំង​ក្នុង​ការ​រត់។វិធី​ចាប់​ផ្តើម​និ​ងអនុវត្ត​កីឡា​​រត់ ដើម្បី​​​បញ្ចៀស​ផលវិបាក​ទាំង​ឡាយខាង​លើ និង​រត់​ដើម្បី​សុខភាព មិនមែន​រត់​ដើម្បី​ប្រណាំងយក​ឈ្នះ​ចាញ់ ឬ​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ម៉ារ៉ាតុង ឬ​ពាក់កណ្តាលម៉ារ៉ាតុង​ សូម​ចាប់ផ្តើម ដោយការ​រត់​ ឆ្លាស់ ។ ជា​កិច្ចចាប់ផ្តើម សូម​ឆ្លាស់សកម្មភាព ​រត់និង​ ​ដើរ។ មិន​ត្រូវ​ចាប់​ផ្តើម​ដោយការប្រឹង​ រត់​ ឱ្យ​បានវែង​ឆ្ងាយ​​ភ្លាម​ទេ។ ត្រូវ​ឆ្លាស់​ការ​រត់​និងការ​ដើរ ឱ្យ​បាន​ញយដង។ ដំបូង​យើង​អាច​ចាប់​រត់​៣០វិនាទី​ រួច​ដើរ​៣០វិនាទី បន្ទាប់​មក​រត់​មួយ​នាទី ឬ​ពីរនាទី ដើរ​មួយពីរ​នាទី។ ធ្វើ​បែប​នេះ គឺ​ជា​ការ​ពន្យារ​ពេល​បញ្ចេញ​សកម្មភាព​កាយ​សម្បទា ហើយ​បន្តិចម្តងៗ ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ យើង​ចាប់ដំឡើង​រយៈ​ពេល​នៃ​ការ​រត់​ ហើយ​បញ្ចុះ​រយៈ​ពេលនៃ​ការ​ដើរ។ ធ្វើ​ដូច្នេះ​ញយៗ​ និង​​កាន់​តែ​វែង​ជាង​ការ​ហាត់​ថ្ងៃ​មុនទៅ មិនយូរ​មិន​ឆាប់​អ្នក​នឹងអាចរត់​បាន​យូរ និង​រត់​ពេញ​មួយ​សេអង់​នៃ​ការ​​​ហាត់បាន​ហើយ។ សូម​កុំ​ចាប់​ផ្តើម​ដោយ​ប្រញាប់​ប្រញាល់​ពេក។ ត្រូវ​ចង​ចាំ​ថា​ នេះ​ជាការ​រត់​ដើម្បី​សុខភាព​ ជា​សកម្មភាព​កីឡា​ដែល​ត្រូវ​បញ្ចេញ​កម្លាំង​ល្មមៗទេ។ ការ​ប្រឹង​ធ្វើកីឡា​ ឬ​ប្រឹង​រត់​នេះ គឺ​ជាស្ត្រេស​មួយ​ដែរ ដូច្នេះ ជា​ចំណុច​គន្លឹះ​ទីពីរ គឺ​ក្នុង​អំឡុង​ពេល​​ប្រឹង​រត់នោះ អ្នកត្រូវតែអាច​​នៅមាន​សមត្ថភាព​និយាយ​ឆ្លើយ​ឆ្លង​ជាមួយគេ​បាន ដោយ​គ្មានសញ្ញាហត់ដង្ហក់ខ្លាំង​។  បើ​អ្នកមិនអាច​និយាយឱ្យ​ចប់ឃ្លាត្រឹមត្រូវទេ​ ត្រូវ​បន្ថយ​ល្បឿនត្រលប់មកដើរវិញ ដោយដកដង្ហើមស្រូបខ្យល់ចេញចូលឱ្យ​បានវែងៗ រួច​សឹមរត់បន្តទៀត។ រត់​បណ្តើរ​ ​អាច​និយាយស្តាប់​គ្នា​បានបណ្តើរផង​ទើបល្អ។ សូម​កុំភ្លេច​ចំណុច​នេះ​សំខាន់​ខ្លាំងណាស់។ បើ​ទោះបី​ជាអ្នក​មានអារម្មណ៍​ថា​យឺត ហើយ​អាចមាន​កម្លាំងរត់​លឿន​ជាង​នេះ​ក៏ដោយ​ ក៏​ត្រូវ​តែរក្សា​ល្បឿន​ល្មមៗ​នេះដដែល រហូត​ដល់ចប់​លំហាត់​ហ្វឹក។ ពេល​​​ហាត់រត់ សូម​កុំភ្លេច​មេរៀនទីបី គឺ​ការ​ទាញ​ពន្លារសាច់ដុំ។ ត្រូវ​ទាញ​ពន្លារ​សាច់ដុំ​ភ្លៅ និង​កំភ្លួនជើង។ លាជើងឱ្យ​ត្រង់ លើកែងជើងដាក់លើជើងម៉ា ឬ​កំណាត់ឈើ រក្សាដងខ្លួន​ឱ្យ​ត្រង់ រួចទេរខ្លួន​ទៅ​មុខ ដើម្បី​ទាញ​សាច់​ដុំ​ភ្លៅ​ផ្នែកខាងក្រោម។ ម្តងជើងធ្វេងម្តងជើងស្តាំ។ ឈរឱ្យ​ត្រង់ យៃកដៃកាន់​ខ្នងបាតជើង បត់​ឱ្ស​ទល់​នឹង​កំប៉េះគូថ ម្តងឆ្វេងម្តាងស្តាំ ជា​ដើម។ល។លំហាត់​រត់​​ថ្ងៃទីមួយ​របស់អ្នកប្រព្រឹត្ត​ទៅ​បានដោយ​រលូនហើយ សូម​ជួយ​អបអរ។ អ្នក​ក៏​សប្បាយ​ចិត្ត​ណាស់ដែរ និង​មាន​អារម្មណ៍​ចង់​រត់​ទៀត​។ តែកុំ​ទាន់​អាល​ទៅស្អែកភ្លាមអី ! ត្រូវ​ទុកពេល​ឱ្យ​សាច់ដុំ​បាន​សម្រាកយ៉ាងហោចក៏មួយ​ថ្ងៃសិន សឹម​ទៅហាត់រត់ទៀត ទើប​យើង​អាចទាញ​ផលល្អ​ពី​ការ​ប្រឹងធ្វើកីឡា​ផង​ និងធានា​សុវត្ថិភាព​ មិនប្រែក្លាយ​កីឡា​ជា​គ្រោះថ្នាក់ជា​យថាហេតុណាមួយ​ផង។ ដំបូង​គួរ​តែដាក់​កម្មវិធី​ ពីរ​ឬ​បី​​ថ្ងៃ​ បាន​រត់​ម្តង ដើម្បី​ឱ្យ​សរីរាង្គកាយ​មានពេលសម្រាក​និងប្រមូលកម្លាំង​ឱ្យ​ពេញ​លេញ​ឡើង​វិញ សម្រាប់​ទៅ​រត់​ជា​ថ្មី​ម្តង​ទៀត៕
07/06/20239 minutes, 30 secondes
Episode Artwork

ខ្សោយផ្លូវដង្ហើម ​ជា​ជំងឺ​អ្វី ?

ខ្សោយប្រព័ន្ធ​ផ្លូវដង្ហើម គឺ​ជាជំងឺ​​​សួត​មួយ ដែលសម្គាល់​ដោយ​​អាការៈហត់ ព្រោះ​តែ​សួត​​​​មិន​អាច​បំពេញ​តួនាទី​បាន​ត្រឹម​ត្រូវ។ តើ​អ្វី​ទៅ​ជាមូលហេតុ​ដែល​នាំ​ឱ្យ​មាន​ជំងឺ​ខ្សោយ​ផ្លូវ​ដង្ហើម​នេះ ? តើ​គេអាច​ការពារ​ប្រព័ន្ធផ្លូវ​ដង្ហើម​បាន​យ៉ាង​ណា​ខ្លះ ? សូម​ស្តាប់​បទ​សម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​លោក វេជ្ជបណ្ឌិត អង់ ជីនសួង គ្រូពេទ្យ​ឯកទេស​ជំងឺ​សួត នៅប្រទេស​បារាំង។
31/05/20239 minutes, 37 secondes
Episode Artwork

ដូច​ម្តេច​ដែល​ហៅ​ថា អាហារកែច្នៃ​​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ?

សុវត្ថិភាព​ចំណីអាហារ កំពុង​ក្លាយ​ជា​កង្វល់​សង្គម​ដ៏​ធំមួយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ ភ្លាមៗ​ផង​ និង​សម្រាប់​រយៈ​ពេល​ខាង​មុខ​ផង។ កាលពីពេល​ថ្មីៗ​នេះ ចំណោទ​ជុំ​វិញ​បញ្ហា​សុវត្ថិភាព​ចំណី​អាហារ​បាន​ផ្ទុះ​ឡើង​ខ្លាំង​ប្រទេស​កម្ពុជា​ រហូត​ក្រសួង​អប់​រំ​បាន​ចេញ​សេចក្តី​ណែនាំ​មិន​ឱ្យ​សាលា​រៀន​លក់​នំ​មួយ​ចំនួន។ តើ​អាហារ​ប្រភេទ​ណា ដែល​ល្អ និង​អាហារ​ប្រភេទ​ដែល​អាក្រក់​សម្រាប់​សុខភាព ? តើ​​អ្វី​ទៅ​​ជា​អាហារ​កែច្នៃ​ ? អាហារ​ឧស្សាហកម្ម​ ? ហេតុ​អ្វី​ត្រូវ​ជ្រើសរើស​ទទួលទាន​អាហារ​ជា​បន្លែ​ផ្លែឈើ​ស្រស់ តាម​រដូវ ? មនុស្សលោក​ចេះ​កែច្នៃ​​អាហារ​ តាំងពីយូរយារ​ណាស់​មកហើយ។ គោល​បំណង​​ធំ​នៃ​ការ​កែច្នៃអាហារ​នេះ គឺ​ដើម្បី​ទុកឱ្យ​​បាន​យូរផង និង​ធ្វើ​ឱ្យ​អាហារ​អាច​កាន់​តែ​ស្រួល​បរិភោគផង។ បច្ចុប្បន្ន ​អាហារ​កែច្នៃ ​​រីក​ចម្រើនកាន់​តែ​ខ្លាំង និង​កាន់​តែ​​សម្បូរបែបណាស់។ ​កាន់​តែ​សម្បូរ ចំណោទ​សួរ​ជុំ​វិញ​សុវត្ថិភាព​និង​គុណភាពផ្នែក​អាហារូបត្ថម្ភ​មាន​​កាន់​តែ​​ខ្លាំង ព្រោះ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ គំនិត​​កែច្នៃ​​​កាន់​តែប្លែក អាហារ​ប្តូរ​ផ្លាស់​ទម្រង់​កាន់​តែ​ខ្លាំង​​។ ជាអាហារ​កែច្នៃ​ខ្លាំង តាម​បែប​ឧស្សាហកម្ម ដែល​នាំ​ឱ្យ​មាន​ការ​ប្តូរ​រូបរាង ធាតុគីមី និង​​ជីវសាស្ត្រ​យ៉ាង​ខ្លាំង ឬ​ដោយ​ដាក់​បន្ថែម​យ៉ាង​ច្រើន​នូវ​សារធាតុ​គីមី​ នូវ​គ្រឿង​ផ្សំ​ឧស្សាហកម្ម​ចម្រាញ់​ចេញ​ពី​វត្ថុធាតុដើម​កសិកម្ម និង​សិប្បនិម្មិត។ នៅប្រទេស​បារាំង អាហារ​កែច្នៃ​ ឬ​អាហារ​ឧស្សាហកម្ម  មាន​ផ្ទុក​ថាមពល​ប្រមាណ​៣០%​នៃ​សេចក្តី​ត្រូវការ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស និង​ឡើង​​ដល់​ទៅ​៦០%​សម្រាប់​ប្រទេស​លោក​ខាង​លិច​ខ្លះ​ដូច​យ៉ាង​អាមេរិក​​ឬ​អង់គ្លេស។ នេះ​បើ​តាម​ទិន្នន័យ​សិក្សា​របស់​វិទ្យាស្ថាន​សុខភាព​និង​​ស្រាវជ្រាវ​សុខាភិបាល​ជាតិបារាំង​។ ដូចម្តេច​ដែល​ហៅថា​ អាហារ​កែច្នៃ​ ? ​​អ្នកស្រាវជ្រាវ​ម៉ិចស៊ិក បាន​បំផុស​ពិភពលោក​ឱ្យ​ចាប់​អារម្មណ៍​ពី​អាហារកែច្នៃ​មុន​គេ នៅឆ្នាំ​២០០៧ ព្រោះ​ឃើញ​ពលរដ្ឋ​ម៉ិចស៊ិក​លែង​សូវ​ទទួល​ទាន​ម្ហូប​ជាតិ ហើយ​ងាក​ទៅរក​អាហារ​បែប​ឧស្សាហកម្ម។ សម្រាប់​អ្នក​ស្រាវជ្រាវម៉ិចស៊ិក អាហារ​កាន់តែ​មាន​លក្ខណៈ​ឧស្សាហកម្ម កាន់​តែ​មិន​ល្អ​សម្រាប់​សុខភាព។ ពួក​គាត់​បាន​បែង​ចែក​​អាហារ​ ជា​​បី​កំរិត ៖ ចំណី​និង​ម្ហូបជា​ប្រពៃណី ចំណី​និងម្ហូប​ប្រពៃណី​បែប​ឧស្សាហកម្ម ចំណីនិង​ម្ហូបទំនើប បែប​ឧស្សាហកម្ម ឬ​ហៅ​អាហារ​​កែច្នៃ​ខ្លាំង។ តែ​និយម​ន័យ​ផ្តល់​ដោយ​អ្នកស្រាវជ្រាវ​ប្រេស៊ីល​នៅឆ្នាំ​២០០៩ ទើប​បាន​ទទួល​ជោគជ័យ​ខ្លាំង​ នៅទូទាំងពិភពលោក និង​ទទួល​ស្គាល់ សម្រាប់​សិក្សា​វាយ​តម្លៃអំពី​ផលប៉ះពាល់​នៃអាហារ​ចំពោះ​សុខភាព។ អ្នក​វិទ្យាសាស្ត្រ​ប្រេស៊ីល កំណត់​​ក្បួន NOVA ​​បែង​ចែង​​អាហារទៅ​តាម​កំរិត​នៃ​ការ​បំផ្លែង​ ទៅ​តាម​កំរិត​នៃការ​ប្រើ​សារធាតុ​គីមី​បន្ថែម ឬការ​ប្រើ​សារធាតុ​ឧស្សាហកម្មចម្រាញ់​ចេញ​ពី​វត្ថុធាតុដើម​រុក្ខជាតិ ឬ​សត្វ។ ប្រើ​គ្រឿង​ផ្សំ​កាន់​តែ​ច្រើន​មុខ អាហារ​មានការ​ប្តូរផ្លាស់​ទម្រង់​កាន់​តែ​ខ្លាំង។​ ការ​យក​បន្លែ​ផ្លែឈើ​​​​រុក្ខជាតិ ឬ​សាច់សត្វ​ មក​ ហាន់​ ចិញ្ចាំ លាយ​ច្របល់ ​ហាលចំអិន ​ផ្អាប់ ផ្អើរ ត្រាំ ប្រលាក់ ​ដោយប្រើ​តែ អំបិល ម្រេច ​ប្រេង ឬ​គ្រឿង​ទេស​ផ្សេងៗ​ ដូច​ជា​ធ្វើ​ អាហារ​កំប៉ុង ផ្អក​ ប្រហុក ប្រូម៉ា សាច់ងៀត ត្រីងៀត ត្រីឆ្អើរ ... ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​កែច្នៃហើយ​ តែ​ជា​ការ​កែច្នៃ​បែប​បូរាណ។ ប៉ុន្តែគឺ​ការ​​​កែច្នៃ​ ​តាមបែប​បទឧស្សាហកម្ម ដែល​ធ្វើ​ឱ្យ​អាហារ​ប្តូរផ្លាស់​​ទ្រង់ទ្រាយ​ខ្លាំង ​និង​ជា​ច្រើន​ត្រលប់ ហើយ​ត្រូវ​បាន​គេ​ដាក់​បន្ថែមនូវ​គ្រឿង​ផ្សំ​គីមី ឬ​គ្រឿង​ផ្សំបែប​សិប្បនិម្មិត​ (​ឧស្សាហកម្ម​) ​ជាច្រើន​មុខ​ទៀត ដូច​ជា បន្ថែម​សារធាតុ​គីមីពណ៌​(លាក់)ដើម្បី​ឱ្យ​ម្ហូប​អាហារ​ឡើង​ពណ៌​ល្អ ថែម​មេថែម​ម្សៅដើម្បី​ដំឡើង​បរិមាណ ថែម​រសជាតិដើម្បី​ឱ្យ​ម្ហូប​កាន់​តែ​ឆ្ងាញ់​​​ ថែមអង់ទីអុកស៊ីដង់ដើម្បី​ទុក​បាន​យូរ ។ល។ និង​។ល។ នេះ​ហើយដែល​ហៅថា​​អាហារ​កែច្នៃ​ខ្លាំង ឬ​អាហារ​កែច្នៃបែប​ឧស្សាហកម្ម។ ភេសជ្ជៈកំប៉ុង ភេសជ្ជៈមាន​រសជាតិទឹក​​ដោះគោ/ផ្លែឈើ ហតដក ស៊ូរីម៊ី នូហ្កែតមាន់ នូហ្កែតត្រី មីកញ្ចប់ ស៊ុបបន្លែ​សម្ងួត នំចំណី ​នំ​ផ្អប់-នំកញ្ចប់ ឆាហួយ សេរៀល​សម្រាប់​អាហារ​ពេល​ព្រឹក គ្រឿង​បង្អែម​ថែម​ស្ករថែម​ក្លិន​សិប្បនិម្មិត ស្ករ​គ្រាប់ ស្ករកៅស៊ូ ផលិតផល​អាហារ​បញ្ចុះ​ទម្ងន់ ម្ហូប​ស្រាប់​ អាហារ​ធ្វើ​ហើយ... សុទ្ធ​សឹង​ជា​អាហារ​កែច្នៃ​ខ្លាំង​។ អាហារ​កែច្នៃបែប​ឧស្សាហកម្មនេះ មាន​ ដាក់​លក់យ៉ាង​ពោរពាស​ ស្រួលណាស់រក​ទិញ​ណាស់ ​ហើយ​បាន​ឆ្ងាញ់មាត់​និង​​ទាន់​សម័យ​ទៀត។ ប៉ុន្តែ​អាហារ​ឧស្សាហកម្ម​ អាហារកែច្នៃខ្លាំង មិន​ប្រាកដ​ថា​ល្អ​សម្រាប់​សុខភាព​ទេ បើ​គិត​អំពី​គុណភាព​ផ្នែក​អាហារូបត្ថម្ភ​។ អាហារ​បែប​នេះ ជាប់​ឈ្មោះ​អាក្រក់ ថា​អាច​បង្ក​ឱ្យ​មាន​ជំងឺ​សរសៃ​ឈាម​បេះ​ដូង និងអាច​នាំ​ឱ្យ​មាន​ហានិភ័យ​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ ឬកើត​ជំងឺ​មហារីកផង។ ហានិភ័យ​កើត​សរសៃ​ឈាម​ជំងឺ​បេះ​ដូង (ឡើង​ទម្ងន់ ធាត់​ជ្រុល លើសឈាម) កើន​ឡើង​ទៅ​តាម​បរិមាណ​​នៃ​ការ​ទទួល​អាហារ​កែច្នៃ​។​ ​​ហេតុ​អ្វី​បាន​ជា​អាហារ​កែច្នៃ​ អាហារ​ឧស្សាហកម្ម​ អាច​បំផ្លាញ​សុខភាព​ ? លោកស្រី​វេជ្ជបណ្ឌិតBinetou Cheikh Seck គ្រូពេទ្យ​ឯកទេស​របបអាហារ​និង​អាហារូបត្ថម្ភ នៅ​ក្រុង​ដាកា​ប្រទេសសេណេហ្កាល់៖ “ពីព្រោះ​ចំណីអាហារ​កែច្នៃ -ចំណីអាហារ​ឧស្សាហកម្ម មាន​ផ្ទុក​សារធាតុ​គីមីបន្ថែម ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​ និង​ដល់​ដំណើរការ​ជា​ធម្មតា​របស់​សរីរាង្គកាយ​មនុស្ស។ មិនតែ​ប៉ុណ្ណោះ​ បច្ចុប្បន្ន​នេះ អ្នក​ស្រាវជ្រាវ​ និយាយ​អំពីផលរំខាន​ដល់​​ក្រពេញ​អ័រមូន​លូត​លាស់​ (Perturbateur endocrinien)។ អាហារ​ឧស្សាហកម្ម មាន​បង្កប់​សារធាតុ​ខ្លាញ់​ ជាតិ​ផ្អែម (ស្ករ) ដែល​មិន​ល្អ​ទាល់​សោះ​សម្រាប់សុខភាព​​។ ​​ទទួល​ទាន​អាហារ​ស្រស់ អាហារ​តាម​រដូវ និង​តាម​តំបន់​ ទើប​ល្អ។ ពិសារ​កាន់​តែ​ច្រើន ​សុខភាព​​កាន់​តែប្រសើរ។ ចំណីអាហារ​ស្រស់ មិន​ត្រឹម​តែ​មាន​​ឱជា​រស ​ឆ្ងាញ់​ពិសារ​ទេ តែ​ថែមទាំង​ធានា​បាន​នូវ​គុណភាព​អាហារូបត្ថម្ភខ្ពស់​ទៀត​ផង។ ហេតុអ្វី​ត្រូវ​ជ្រើសរើស​ទទួល​ទាន​បន្លែ​និង​ផ្លែឈើ​ស្រស់​តាម​រដូវ ? លោកស្រី​វេជ្ជបណ្ឌិតBinetou Cheikh Seck ៖ បើ​និយាយ​អំពី​ បន្លែ​ផ្លែឈើនេះ​ គួរ​តែ​ជ្រើសរើស​ទទួល​ទាន​ បន្លែ​ផ្លែឈើ​តាម​រដូវ និង​ដុះ​ក្នុង​ស្រុក ព្រោះ​បន្លែផ្លែឈើ​នេះ ដុះ​លូតលាស់​លើ​ទឹក​ដី​ដែល​ត្រូវ​នឹង​ធាតុអាកាស​ស្រុក​នោះ​ - ដុះលូតលាស់​ត្រង់​កន្លែង​ដែល​ត្រូវ​លូតលាស់ និង​ប្រមូលផល​ នៅ​​ពេល​ដែល​ត្រូវ​កាច់​បេះ ពោល​គឺ​ពេញ​សាច់​ ពេញ​ផ្លែ ត្រឹម​ត្រូវ​។ បន្លែ​ផ្លែឈើ​បែប​នេះ មាន​ផ្ទុក​កំហាប់អាហារូបត្ថម្ភ ​វីតាមីន​ និង​សារធាតុ​រ៉ែ​ យ៉ាង​ពេញ​លេញ​។ ចំណែក​បន្លែ​ផ្លែឈើ​នាំ​ចូលវិញ ដើម្បី​រក្សា​ទុក​ឱ្យ​បាន​យូរ ​ គេ​ប្រហែល​ជា​ត្រូវ​ប្រើ​វិធី​បែប​​សិប្បនិម្មិត។” អាហារ​បង្កក បន្លែ​ផ្លែឈើ​ស្រស់ តាម​រដូវ​ ដុះតាម​ស្រុក​ក្បែរ​ផ្ទះ មិន​ឡូយ​ទេ តែ​ជា​អាហារ​ដ៏​​មាន​ឱជារស និង​ល្អ​សម្រាប់​សុខភាពណាស់។ នេះ​ជា​​ជម្រើស​ដ៏​ប្រពៃ​បំផុត​ ប៉ុន្តែ​ដោយ​មូលហេតុថវិកា ​លក្ខខណ្ឌការងារ​ ឬ​ពេលវេលា​ ស្វែង​រក​អាហារ​ស្រស់ បន្លែ​ផ្លែឈើ​តាម​រដូវ​ មិនមែន​ជា​ប្រការ​ស្រួល​ឡើយ។ ក្នុងករណី​នេះ អ្នក​ជំនាញ​ផ្នែកអាហារូបត្ថម្ភ​បារាំង​ សូម​ណែនាំ​ឱ្យ​លោក​អ្នក​ជ្រើសរើស​បន្លែ​ផ្លែឈើ បង្កក។ ភាព​ខុស​គ្នា​ដ៏​ចម្បង​មួយនៃ​បន្លែ​ផ្លែឈើ​ស្រស់​និង​បន្លែផ្លែឈើ​កក គឺ​សម្រស់​ខាង​ក្រៅ និងភាពស្រស់​​ស្រួយ​​នៅពេល​ទំពារ។ គេ​មិន​អាចទទួល​​​អារម្មណ៍​ដូច​គ្នា នៅ​​ពេល​ទំពារ​បន្លែផ្លែឈើ​ស្រស់ និង​បន្លែផ្លែឈើ​កកទេ។ ប៉ុន្តែ​មិន​ដូច​អ្វី​ដែល​គេ​ធ្លាប់​មាន​ជំនឿ​​ បន្លែផ្លែឈើ​កក ផ្តល់​គុណប្រយោជន៍​ដល់​សុខភាព​ ​ស្មើ​នឹង​អាហារ​ស្រស់​ដែរ។ សូម​ជ្រើសរើស​ទទួល​ទាន​អាហារ​​កក​ ដោយ​រីករាយ​ចុះ ព្រោះ ​ឧស្សាហកម្ម​ចំណីអាហារ​កក មាន​បណ្តាញ​ដាច់​ដោយឡែក។ ​​បន្លែ​​ផ្លែឈើ ត្រី​សាច់ សម្រាប់​បង្កក តែងតែ​កាត់​បេះ នេសាទ​​បាន​ ភ្លាមដាក់​បញ្ចូល​ក្នុងបណ្តាញ​បង្កកភ្លាម។ ដូច្នេះ​បន្លែផ្លែឈើ ត្រី​សាច់​ទាំង​នោះ​នៅស្រស់ៗ​ល្អ​ខ្លាំងណាស់ ព្រមទាំង​មាន​ផ្ទុក​​គុណភាព​ផ្នែក​អាហារូបត្ថម្ភ​ យ៉ាង​​ខ្ពស់​ខ្លាំង ក្នុង​កំរិត​ស្ទើរ​ស្មើនឹង​​អាហារ​ស្រស់​ដែរ។ បើ​តាម​គ្រូពេទ្យ​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ មាន​ការ​ប្រែប្រួល​តិច​ណាស់​រវាង​បន្លែ​ផ្លែឈើ​ស្រស់ និង​បន្លែ​ផ្លែឈើកក ដោយ​​ភាព​ត្រជាក់​និងកក អាច​រក្សា​​វីតាមីន សេ និង​ដេ របស់​បន្លែ​ផ្លែឈើ​បាន​យ៉ាង​ពេញ​លេញ។ ការ​ទទួល​ទាន​បន្លែ​ផ្លែឈើកក ជួនកាល​ល្អ​ជាង​បរិភោគ​បន្លែផ្លែឈើ​ស្រស់ផង។ ទុកបន្លែ​ផ្លែឈើ ​​​ចោល (ហាលវាលហាលខ្យល់) ក្នុង​ផ្ទះ​យូរ​ថ្ងៃ​ពេក អាច​ធ្វើ​ឱ្យបន្លែ​ផ្លែឈើ​ទាំងនោះ​បាត់​បង់​ប្រយោជន៍​​ផ្នែកអាហារូបត្ថម្ភ  ជាពិសេស​បាត់​បង់​សារធាតុ​វីតាមីន សេ និង​សមត្ថភាព​ផ្នែក​អង់ទីអុកស៊ីដង់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​វេជ្ជបណ្ឌិត​ជំនាញ សូម​លើក​ទឹកចិត្ត​ឱ្យ​ យើង​គ្រប់គ្នា បើ​ប្រសិន​មាន​លទ្ធភាព ​សាកល្បង​បង្ក​បន្លែផ្លែឈើ​ដោយ​ខ្លួន​ឯង។ ទិញមក​ពីផ្សារ​ច្រើន រំលែក​ទទួល​ទាន​មួយភាគ​ភ្លាម សល់​ប៉ុន្មាន​ ចិត​កាត់​បន្លែ​ផ្លែឈើត្រីសាច់ ស្រស់ៗ ជា​ដុំៗ​តូច​ល្មម ​ហើយ​យក​ទៅ​បង្កក​ទុក​ភ្លាម​។ បន្លែ​ត្រីសាច់​ទាំងនោះ​នឹង​រក្សា​គុណភាព​បាន​ដូច​នៅស្រស់។ សូម​ប្រយ័ត្ន​ អ្នក​ជំនាញ​អួត​សរសើរ​អំពី​គុណភាព​អាហារកក​នេះ គឺ​សំដៅ​​តែ​លើ បន្លែ ផ្លែឈើ ត្រី សាច់ សុទ្ធ​បង្កកដោយ​​គ្មាន​កា​រកៃច្នៃទេ។ អាហារ​ឆ្អិន​ស្រាប់ ឬ​អាហារ​កែច្នៃ​ធ្វើ​ហើយ​ដាក់​បង្កកលក់ មាន​រាប់​បញ្ចូល​ក្នុង​បញ្ជីនេះ​ទេ។ ជា​ថ្មី​ម្តង​ទៀត អាហារ​ធ្វើ​​ស្រាប់ ឬ​អាហារ​កែច្នៃ ធ្វើ​ឡើង​តាមបែប​ឧស្សាហកម្ម​ គ្មាន​​គុណភាព​ល្អ​សម្រាប់សុខភាព​ឡើយ៕
24/05/20239 minutes, 1 secondes
Episode Artwork

ក្មេងរៀន​មិន​ចេះ មក​ពី​អន់​បញ្ញា ឬ​មក​ពី​មាន​ជំងឺ​ ?

  ៥ទៅ​១០%​នៃ​កុមារ​បារាំង មាន​វិបត្តិ​ផ្ចង់អារម្មណ៍ ខ្លះ​អម​ដោយ​ភាព​រពឹស​ខ្លាំង ខ្លះ​អត់។ វិបត្តិ​ផ្ចង់អារម្មណ៍​នេះ ជា​វិបត្តិពាក់ព័ន្ធ​នឹង​ការ​លូតលាស់​នៃ​ប្រព័ន្ធ​ប្រសាទ ដែល​​កើត​មាន​ជា​ញឹកញាប់​បំផុត​​លើ​កុមារ។ តើវិបត្តិផ្ចង់​អារម្មណ៍​នេះ​ជា​អ្វី ? សូម​ស្តាប់​បទ​អត្ថាធិប្បាយ​របស់​អៀង សុខម៉ិញ អម​ដោយ​ការ​ពន្យល់​បំភ្លឺ​របស់​លោក​វេជ្ជបណ្ឌិត​ អែរវ៉េ ហ្កឡាហ្សែល Hervé Glasel គ្រូពេទ្យ​ឯកទេស​ប្រព័ន្ធប្រសាទ​និង​ផ្លូវចិត្ត​ ជំនាញ​ខាង​ការ​លូត​លាស់​របស់​កុមារ​និង​ក្មេងជំទង់។ មិនចេះ​នៅ​ស្ងៀម មិន​ចេះ​អង្គុយនឹងមួយ​កន្លែង ឬ​ក៏​រវើរវាយ មិនអាច​ត្រងត្រាប់ស្តាប់ឬមិន​អាច​ផ្ចង់​ស្មារតីធ្វើ​អ្វី​មួយ​​ឱ្យ​បាន​ចប់​ចុង​ចប់​ដើម  និង​គ្មានភាពអធន អំណត់ ព្រមទាំងងាយ​ខឹង​ច្រឡោត​បញ្ចេញ​​​ប្រតិកម្ម​តប​បែប​ឆេវឆាវ​ទៀត នោះកូន​អ្នក​ទំនង​ជា​មាន​ជំងឺមួយ​ ដែល​មាន​ឈ្មោះ​ថា វិបត្តិ​ផ្ចង់​អារម្មណ៍ ដែល​អប ឬ​ដោយ​គ្មាន​ភាព​រពឹស។​ ​​អាការៈបែប​នេះ ជា​អត្តចរិត​របស់មនុស្ស​លោក​ទូទៅមែន តែ​បើ​វា​ស្តែង​ ឡើង​ខ្លាំង​ហួសហេតុ និង​ក្នុង​រយៈ​ពេល​អូសបន្លាយ​យូរ ក្នុង​គ្រប់​ស្ថានភាព (មិនមែន​តែ​ពេល​នៅ​សាលា​ ឬ​នៅ​ផ្ទះ) គេ​លែង​ហៅ​ថា​ជា​ករណី​​​រពឹសធម្មតាហើយ។ ​ មាន​រោគ​សញ្ញា​បី សម្រាប់​សម្គាល់​វិបត្តិ​ផ្ចង់អារម្មណ៍ ទី​មួយ គឺ​កង្វះការ​ផ្ចង់អារម្មណ៍ រពឹសខ្លាំង និង​ ឆេវឆាវ។ អាការៈ​សញ្ញា​នេះ មាន​កំរិតខ្លាំង​ខ្សោយ​​ផ្សេងៗ​គ្នា​ទៅ​តាម​ស្ថានភាព​នៃ​ជំងឺ​របស់​ក្មេង​ម្នាក់ៗ។ មិន​រពឹស មិន​ចលាចលមែន តែ​បើ​ក្មេង​ចេះ​តែ​​​រវើរវាយ​ នៅ​ធ្មឹង ចូល​ចិត្ត​អង្គុយភ្លេច​ភ្លឹក រហូត​​មិន​អាច​បញ្ចប់​លំហាត់​ដែល​គ្រូ​ដាក់​ឱ្យ​ធ្វើ មិន​ចងចាំពាក្យ​បង្គាប់​របស់គ្រូ និង​តែង​តែ​ភ្លេច​បាត់​របស់របរ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ជា​ញឹកញាប់ ក៏​អាចចាត់​ទុក​​ជា​ក្មេង​មាន​វិបត្តិ​ផ្ចង់អារម្មណ៍​ដែរ។ ករណី​មួយ​ទៀត ក្មេង​រពឹស​ខ្លាំង​ ឆាប់​ច្រឡោត និង​ចលាចល​ខ្លាំង តែ​អាច​ផ្ចង់​ធ្វើការណាដែល​គេ​ចូល​ចិត្ត ក៏​ហៅ​ថា​ក្មេង​មាន​វិបត្តិ​ផ្ចង់អារម្មណ៍​ដែរ។ តាម​ធម្មតា ក្មេង​ប្រុស​ច្រើន​តែ​មាន​ អាការៈ​​រពឹស​និង​ឆេវឆាវ​ ខ្លាំង​ជាង​ក្មេង​ស្រី។ វិបត្តិផ្ចង់អារម្មណ៍ នេះ អាច​មាន​កើត​លើ​គ្រប់​វ័យ តែ​ស្រួល​សម្គាល់​ឃើញ​​ខ្លាំង​លើ​កុមារ។ ហើយ​ការសិក្សា​ស្រាវជ្រាវ​ក៏​មាន​ច្រើន​ខ្លាំង​ដែរ​លើ​ក្មេង។ វិបត្តិ​ផ្ចង់​អារម្មណ៍​នេះ​អាច​កើត​មាន​តាំង​ពី​នៅ​ក្មេង​ជា​កុមារ ​រហូត​ដល់​វ័យ​ជំទង់ ក្នុង​ប្រមាណ​ពី​៤០ទៅ​៧០%​ករណី និង​រហូត​ដល់​ចាស់​ពេញ​វ័យ ចំនួន​ប្រមាណ​ពាក់កណ្តាល។ គេ​ប៉ាន់​ប្រមាណ​ថា មា​នមនុស្ស​ប្រមាណ​៤% មាន​វិបត្តិ​ផ្ចង់អារម្មណ៍ ដោយ​មានឬ​គ្មាន​ភាព​រពឹស។ ជួន​កាល​ទាល់​តែ​ចាស់​ទើប​ដឹង​ខ្លួន​ថា​មាន​ជំងឺ​នេះ។ ជា​ទូទៅ​ អាការៈ​សញ្ញា​នៃ​វិបត្តិ​ផ្ចង់អារម្មណ៍​ច្រើន​តែ​លេច​ឡើង​នៅ​ពេល​ម្តុំ​អាយុ​ ៧​ឆ្នាំ តែ​ក្មេង​ចាប់​មាន​អត្តចរិត​ពិបាកគ្រប់គ្រ​ង​ តាំងពីអាយុ​ពីរ​ឆ្នាំ (​មុន​ពេលចូល​សាលា​រៀន​ម្ល៉េះ)។ វិបត្តិ​ផ្ចង់អារម្មណ៍​ គ្មាន​ពាក់​ព័ន្ធ​នឹង​ភាព​វៃឆ្លាត​របស់​ក្មេង​ទេ។ ក្មេងមាន​វិបត្តិ​ផ្ចង់​អារម្មណ៍​ដែល​ភាគ​ច្រើន​ ​ជួប​ការ​លំបាក​នៅ​សាលា​ (រៀន​មិន​ចេះ) បណ្តាល​មក​ពី​បញ្ហា​អាកប្បកិរិយា ឬ​ការ​ផ្ចង់​​អារម្មណ៍​រៀននេះ​ទេ មិនមែន​មក​ពី​ពួកគេ​ខ្វះ​បញ្ញា​ឡើយ។​ នៅប្រទេស​បារាំង មាន​ក្មេង​ប្រមាណ​៥% កើត​វិបត្តិ​នេះ​ ដែល​តម្រូវ​ឱ្យ​ឪពុកម្តាយ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ចិត្តសាស្ត្រ​ និងផ្តល់​ថ្នាំ​ព្យាបាល​ ព្រោះ​វិបត្តិ​នេះ​អាច​រំខាន​ដល់​ការ​សិក្សា​និង​អប់​រំ​យ៉ាង​ខ្លាំង។ សូម​ស្តាប់​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត Hervé Glasel ៖ “វិបត្តិ​ផ្ចង់​អារម្មណ៍អម​ដោយភាព​រពឹស​ឬ​អត់​ ជា​ផ្នែក​មួយនៃ​វិបត្តិ​ពាក់ព័ន្ធ​នឹង​ការ​លូតលាស់​របស់​ប្រព័ន្ធប្រសាទ (ខួរក្បាល)។ មាន​ប្រព័ន្ធក្នុង​ខួរក្បាល​​ខ្លះ​ ជាពិសេស​ប្រព័ន្ធ​ប្រសាទ​នៅ​ផ្នែក​ខាង​មុខ​នៃ​ក្បាល នៅ​ក្មេង​ខ្ចី​ពេក ទើប​កុមារ​ពិបាក​ ឬ​មិន​អាច​ផ្ចង់​អារម្មណ៍​បានល្អ​។ តាម​ធម្មតា ​​ខួរក្បាល​ដុះ​លូតលាស់​ចម្រើនទៅ​​​តាម​វ័យ ផ្តល់​ភាព​ចាស់​ទុំ​ជា​រៀង​រាល់​ថ្ងៃ ដល់​​​​ក្មេង​មួយ​ភាគ​ធំ តែ​មួយក្មេង​មួយ​ភាគ​ទៀត ប្រព័ន្ធ​ប្រសាទ​មិន​ព្រម​លូត​រឹងមាំ​តាម​វ័យ​ទេ។ ដល់​អាយុ​ធំ​ពេញ​វ័យ​ហើយ នៅ​តែ​មាន​ការ​លំបាក​ផ្ចង់​អារម្មណ៍​ទៀត។  “​វិបត្តិ​ផ្ចង់អារម្មណ៍​​អមដោយ​ភាព​រពិស​ខ្លាំង​ឬ​អត់​នេះ ជះ​​ផលវិបាក​ច្រើន ​ដោយអាច​ធ្វើ​​ក្មេងពិបាក​​ផ្ចង់​ស្មារតី មិន​អាចប្រមូល​ផ្តុំ​អារម្មណ៍ឱ្យ​មូល​ ក្នុង​ការ​ចាប់​យក​ខ្លឹមសារ​អ្វីមួយ​ដែល​ត្រឹម​ត្រូវ -ដែល​គេ​ចង់​បានទេ​។ នៅក្នុង​ការ​សិក្សា​ ក្មេង​មាន​វិបត្តិ​ផ្ចង់អារម្មណ៍​ មិន​អាច​ផ្តល់​ចម្លើយ​ត្រឹមត្រូវ​ មិន​អាច​មើល​ឃើញ​កំហុស​អក្ខរាវិរុទ្ធ​របស់​ខ្លួន មិន​អាច​អង្គុយ​ត្រង​ត្រាប់​ស្តាប់​ការ​ពន្យល់​របស់​គ្រូ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​រំខាន ប៉ះពាល់​ដល់​ជីវិត​សិក្សា​របស់​គេ​ទាំង​មូល​តែ​ម្តង។ ដើម្បី​អាច​​​សិក្សា​ ​ខួរក្បាលត្រូវ​តែ​មាន​​ភាព​ចាស់​ទុំ ស្រប​ទៅ​តាម​ដំណើរ​លូតលាស់ធំធាត់​​របស់​ក្មេង​។” វិបត្តិ​ផ្ចង់​អារម្មណ៍ ជា​ជំងឺ​ដ៏​ស្មុគស្មាញ​មួយ ដែលមិនមែន​មាន​មូលហេតុ​តែមួយ​ទេ។ ​ជាទូទៅ ដើម​ហេតុ​ចម្បង​ដែល​នាំ​មាន​វិបត្តិ​នេះ ច្រើន​បណ្តាលមក​ពី បញ្ហា​ប្រព័ន្ធ​ប្រសាទដែល​មាន​ពាក់​ព័ន្ធ​នឹង​កត្តា​ពូជ  និង​កត្តា​បរិស្ថាន តាម​រយៈ​ការ​​ប៉ះពាល់​សារធាតុគីមីពុល ពេល​នៅ​ជា​ទារក​ក្នុង​ផ្ទៃ។ ដំបៅ​នៅខួរក្បាល​បង្ក​ឡើង​ដោយការ​ខ្វះ​ខ្យល់​អុកស៊ីហ្សែន​ពេល​កើត អាច​បង្កើន​ហានិភ័យ​នាំ​កើត​វិបត្តិផ្ចង់អារម្មណ៍​នេះ​នៅពេល​ធំឡើង។ អ្នក​ស្រាវជ្រាវ​បាន​សង្កេត​ឃើញ​ថា ខួរក្បាល​ទទួល​បន្ទុកគ្រប់គ្រង​អារម្មណ៍ គ្រប់គ្រង​ញ្ញាណរៀប​រយ និង​គ្រប់គ្រង​ចលនា របស់​ក្មេង​ឬ​មនុស្ស​ធំ​មាន​វិបត្តិ​ផ្ចង់អារម្មណ៍​ ​សកម្មខ្លាំង​​ខុស​ប្រក្រតី​ ឬ​មាន​កាយវិភាគ​សាស្ត្រ​ប្លែក​ពី​គេ។ អត្រា​ណឺរ៉ូន​​​បញ្ជូន​សារ​ (សរសៃ​ប្រសាទ) ក៏​គ្មាន​លំនឹង។ កត្តា​ពូជ ចូល​រួម​ចំណែក​ច្រើន​គួរ​ជា​ទីកត់​សម្គាល់ ក្នុង​ការ​លេច​វិបត្តិ​ផ្ចង់​អារម្មណ៍។ នៅក្នុង​ ​ការ​សិក្សា​លើ​កូន​ភ្លោះ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា បើ​កូន​ម្នាក់​មាន​វិបត្តិ​ផ្ចង់អារម្មណ៍​ហើយ កូន​ភ្លោះ​ម្នាក់​ទៀត​ត្រូវ​តែមាន​វិបត្តិ​នេះ​ដែរ​ក្នុង​កំរិត​ដល់​ទៅ​៨០%។ បើ​មាន​ម្តាយ ឬ​ឪពុក​ ឬ​សមាជិក​ក្នុង​ក្រុមគ្រួសារ​មាន​វិបត្តិ​ផ្ចង់​អារម្មណ៍​ហើយ យ៉ាងហោច​ណាស់​ក៏​មាន​កូន​ម្នាក់​កាត់​តាម​ដែរ។ មួយភាគ​បួន​នៃ​ឪពុក/ម្តាយ​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​ផ្ចង់អារម្មណ៍ តែង​មាន​កូន​ណាម្នាក់​កើត​ជំងឺនេះ​ដែរ។ ជា​ចុងក្រោយ​ ១០ទៅ​១៥% នៃ​ជំងឺ​មាន​វិបត្តិ​ផ្ចង់​អារម្មណ៍ បណ្តាល​មក​ពី​បញ្ហា​បរិស្ថាន ដោយបាន​រស់​ប្រឈម​នឹង​សារធាតុ​គីមី​ពុល ដូច​យ៉ាង សា្រ បារី សំណរ ថ្នាំ​សម្លាប់​សត្វ​ល្អិត ... ក្នុង​អំឡុង​ពេល​នៅ​ជា​ទារក​ក្នុង​ផ្ទៃ។ នៅមាន​កត្តា​បរិស្ថាន​ជា​ច្រើន ដែល​គេ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​បាន តែ​​ទំនង​អាច​​ជា​ដើមហេតុ​នាំ​ឱ្យ​ក្មេង​មាន​ពូជ​ស្រាប់​ កាន់​តែ​ងាយ​មាន​វិបត្តិ​​ផ្ចង់​អារម្មណ៍។ រហូតមកទល់នេះ គ្មាន​ទេ​ថ្នាំ​ព្យាបាល គឺ​មាន​ថ្នាំ​សម្រាល​ និង​បន្ធូរ​អាការៈ​សញ្ញា​រោគ​តែ​ប៉ុណ្ណោះ។ ចំណែក​ឯ​ការ​វិភាគ​រក​រោគ​សញ្ញា​ជំងឺ​ខ្វះការ​ផ្ចង់​អារម្មណ៍​ ក៏​លំបាក​ខ្លាំង​ ព្រោះ​សញ្ញា​រោគ​ខ្លះ​អាច​បង្ក​ឡើង​ដោយ​វិបត្តិ​ផ្សេង ដែល​មាន​ទម្រង់​ប្រហាក់ប្រហែល​ខ្លាំង ឬ​ខ្សោយ​នឹង​វិបត្តិ​ផ្ចង់អារម្មណ៍។ ការ​វិភាគ​រោគសញ្ញា​រំពឹង​ទាំង​ស្រុង​ទៅ​លើ​ការ​វាយតម្លៃ​ស៊ីជម្រៅ​និង​បរិស្ថាន​ជីវិត​របស់​កុមារ ពោល​គឺ​គ្រូពេទ្យ​អាច​ពិនិត្យ​មើល​ ជា​ដំបូង ការ​លូត​លាស់​នៃ​ខួរ​ក្បាល​​ ហើយ​ឪពុកម្តាយ​ត្រូវ​តែ​រៀប​រាប់​អំពី​ប្រវត្តិ​ធំធាត់​របស់​កូន​ ឬ​ក៏​អាច​មាន​ពិនិត្យ​វាស់​កម្រិត​បញ្ញា​របស់​ក្មេង​ផង។ ប៉ុន្តែ​គ្មាន​ទេ ប្រដាប់​ធ្វើ​តេស្ត​ប្រព័ន្ធប្រសាទ​​ឬ​ចិត្តសាស្ត្រ​ ដើម្បី​វិភាគ​ជំងឺ​ជា​ផ្លូវការ​ទេ៕
17/05/20237 minutes, 45 secondes
Episode Artwork

ទល់​​ខ្យល់​ ឬ ហើម​ពោះ​ តើ​មកពី​មូលហេតុ​អ្វី ?

ប៉ោង​ពោះ ហើម​ពោះ ដើរ​ខ្យល់​ ជា​ប្រតិកម្ម​របស់​សរីរាង្គ​កាយ​យើង ដែល​រំខាន​ និង​គួរ​ឱ្យ​អៀន​ខ្មាស់​ណាស់ បើ​ទោះ​បី​ជា​អាការៈ​នេះ​មាន​កើត​លើ​មនុស្ស​ស្ទើរ​គ្រប់​រូប។ ហើម​ពោះ ផោម ជា​កង្វល់​របស់​មនុស្ស​ទូទៅ ពិបាក​ទាំង​និយាយ​ប្រាប់​គេ​ ពិបាក​ទាំង​និយាយ​ប្រាប់​ពេទ្យទៀត។ ហេតុ​អ្វី​ហើម​ពោះ និង​ដើរ​ខ្យល់​ខ្លាំង ? តើ​គេ​អាច​បំបាត់​អាការៈ​នេះ​បាន​ទេ ? ការ​ដើរ​ខ្យល់​អាច​ធ្វើ​ឱ្យ​យើង​សើច​ផង​ ខ្មាស់​គេ​ផង។ ប៉ុន្តែ​ ដើរ​ខ្យល់​​ជា​អាការៈ​ធម្មជាតិ​ និ​ង​អាច​ជា​សញ្ញា​បញ្ជាក់​ថាយើង​មាន​សុខភាព​ល្អ​ទេ។ ខ្យល់​​​ក្នុង​ពោះ​វៀន​ ​ផលិត​ឡើង​ដោយ​​សារ​តែយើង​លេប​ខ្យល់​ចូល​ក្នុង​ពោះជា​រៀង​​រាល់​ថ្ងៃ និង​ដោយ​សារ​តែ​បាក់តេរី​ ដែល​រស់​នៅក្នុង​ពោះវៀនយើង ឬ​ហៅ​តាម​ភាសា​បច្ចេកទេស​ថា មីក្រូប៊ីយុត Microbiote។ បាក់តេរី​អស់​នេះ​រស់​រីករាលដាល​ដោយ​ស៊ី​សំណល់​ចំណីអាហារ​ក្នុង​ពោះ​ដែលមិន​កិន​​រលាយ​ ហើយ​បង្កបង្កើត​ជា​ឧស្ម័ន​ឡើង។ ជា​ឧស្ម័ន ប្រភេទ​អ៊ីដ្រូសែន អុកស៊ីតដឺកាបោន និង​ជួន​ ជា​មេតាន។ ឧស្ម័ន​ទាំង​អស់​នេះ នាំ​គ្នា​ទៅ​ផ្តុំ​នៅ​មាត់​ច្រក​ចេញ​ (ទ្វារធំ)។ ឱ្យ​តែ​មាន​សម្ពាធ​ខ្លាំង​បន្តិច ខ្យល់​នឹង​ធាក់​ចេញ​មក​ក្រៅ​ភ្លាម​ ឬ​ហៅ​ថា​ផោម។ ​ជួនកាល​ការ​ដើរ​​ខ្យល់ មាន​សំឡេង​អមមក​ជាមួយទៀត។ នៅពេល​ធ្លាយ​ខ្យល់​ហើយ​មាន​សម្ពាធ​ខ្លាំង ខ្យល់​នឹង​ទៅ​អង្រួន​ស្បែក​រន្ធ​ទ្វារធំ។ គឺ​កា​រអង្រួន​ស្បែក​គូថ​នោះ​ហើយ​ដែល​ធ្វើ​ឱ្យ​មាន​លាន់​សំឡេង​ប្លែកៗឡើង។ មនុស្ស​ម្នាក់ៗ​បញ្ចេញ​ខ្យល់​ ជាមធ្យម​ ១០​ទៅ​២០​ដង​ ក្នុង​មួយ​ថ្ងៃ ពោល​គឺ​ស្មើ​នឹង​ប្រមាណ​កន្លះ​ទៅ​មួយមួយ​លីត្រ​កន្លះ​ខ្យល់ ក្នុង​មួយ​ថ្ងៃ។ តើ​មធ្យមភាគ​របស់​អ្នក​​នៅ​ចន្លោះ​ណា ? សូម​វាល់​វែង​រាប់​ខ្លួន​ឯង​ចុះ។ គ្រាន់តែ​ត្រូវ​ជ្រាប​បន្ថែម​ទៀត​ថា របប​អាហារ​​ក៏​កត្តា​សំខាន់​ មួយ​ចូល​រួម​ចំណែក​ខ្លាំងធ្វើ​ឱ្យ​ ហើម​ពោះ​ មាន​​ចរន្ត​ខ្យល់​នេះ​ដែរ។ អាហារ​ដែល​សម្រួល​ការ​ហើម​ពោះ គ្រូពេទ្យ​ជំនាញ​ក្រពះ​ពោះវៀន ចំណីអាហារ​ អ្នក​ស្រាវជ្រាវ បាន​យល់​ព្រមព្រៀង​ទាំងអស់​ក្នុង​ការដាក់​ចំណាត់​ថ្នាក់​ឱ្យ​ចំណីអាហារ​ ដែល​ធ្វើ​មាន​ខ្យល់​ក្នុង​ពោះ។ ស្ពៃ​ជាប់​ចំណាត់​ថ្នាក់​លើ​គេ ហើយ​សណ្តែក​ជាប់​លេខ​ខ្ពស់​ជាង​គេ។ ចំពោះ​ផ្លែ​ឈើ​វិញ ផ្លែ​ឈេរី (ព្រីង) ផ្លែសឺរី សុទ្ធ​តែ​ជាប់​ចំណាត់​ថ្នាក់​ហើយ​ តែ​ជាប់​លេខ​ខ្ពស់​ជាង​គេ​គឺ​ផ្លែប៉ោម។  ផ្លែឈើ​ទាំង​អស់​នេះ មាន​កំរិត​ជាតិ​fructoseខ្ពស់ ដែល​ជា​ជាតិ​ស្ករ​ពិបាក​បញ្ជ្រាប។ ការ​ទំពារ​ស្ករ​កៅស៊ូ និង​ទទួល​ទាន​ទឹក​មាន​ជាតិ​ហ្កាស​ ច្រើន​ពេក​ក៏​ធ្វើ​ឱ្យ​មាន​ខ្យល់​ក្នុង​ពោះ​ច្រើន​ដែរ។ ហេតុអ្វី​មាន​ក្លិន ? ដើរ​ខ្យល់​ជា​អាការៈ​ធម្មជាតិ​មែន​ហើយ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ពេល​ខ្លះ​វា​មាន​ក្លិន​មិន​ល្អ​សោះនោះ ?! ក្លិន​ខ្យល់​ប្រែប្រួល​ទៅ​តាម​ប្រភេទ​អាហារ​ដែល​យើង​បាន​ទទួល​ទាន​ចូល​ទៅ​ និង​អាស្រ័យ​ទៅ​លើ​បាក់​តេរី ដែល​ជា​អ្នក​ផ្អាប់​អាហារ​នោះ​ទៀត។ ការ​វិភាគ​ដក​ពិសោធន៍​លើ​សត្វ​​បាន​បង្ហាញ​ថា បាក់តេរី​នៅក្នុង​ពោះ​មិន​ដូច​គ្នា​ទេ។ បាក់តេរី​នៅ​ពោះវៀន​ខាង​ឆ្វេង​ផ្សេង បាក់តេរី​នៅពោះវៀន​ខាង​ស្តាំផ្សឹង។ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ ហ្វាយប័រ ដូច​ជា​សណ្តែក​ ឬ​អាហារ​ពពួក​ជាតិ​ស្ករ​ខ្លះ​ បង្ក​ឱ្យ​មាន​ឧស្ម័ន​(ខ្យល់​)​ច្រើន​នៅ​ពោះ​វៀន​ផ្នែក​ខាង​ស្តាំ និង​ច្រើន​តែ​ឱ្យ​ក្លិន​មិន​សូវ​ល្អ​នៅ​ពេល​ចេញ​ក្រៅ។ នេះ​ជា​ការ​ធម្មតា។ ផ្ទុយ​ទៅ​វិញ ការ​ទទួល​ទាន​អាហារ​សម្បូរ​ជាតិ​សាច់ សាច់​ផ្អាប់​ប្រៃ នឹង​បង្ក​ឱ្យ​មាន​ខ្យល់​នៅ​ផ្នែក​ខាង​ឆ្វេង​ពោះ​វៀន​ ហើយ​ខ្យល់​នេះ​មាន​ក្លិន​ស្អុយ​ខ្លាំង​ ព្រោះ​ជា​ខ្យល់​ដែល​មាន​ធាតុ​Sulfure d’hydrogène ​អ៊ីដ្រូហ្សែន។ ​ក្លិន​ខ្យល់​គឺ​អាស្រ័យ​ទៅ​របប​អាហារ​មែន​ហើយ​តែ​នៅ​មាន​កត្តា​សំខាន់​មួយ​ចូល​រួម​ចំណែក​ដែរ គឺ​​ប្រភេទ​នៃ​បាក់តេរីធម្មជាតិ​​ក្នុង​ពោះ​វៀន​  flore intestinale ដែល​មាន​ខុស​គ្នា​ពីមនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។ ថ្នាំ​ធ្យូង​ជួយ​ទម្លាយ​​ខ្យល់ ? នៅពេល​មាន​អាការៈ​ហើម​ពោះភ្លាម គ្រប់​គ្នា​តែង​គិត​ស្វែង​រក​ថ្នាំ​មក​ព្យាបាល។ ថ្នាំ​ដែល​គេស្គាល់ និង​ប្រើ​ទូទៅ​ជាង​គេ គឺ​ថ្នាំធ្យូង។ ជា​ថ្នាំ​ធម្មជាតិ មាន​ប្រើ​តាំង​ពី​សម័យ​ដូនតា​យូរ​មក​ហើយ។ ថ្នាំ​ធ្យូង​ធម្មជាតិ​ដែល​ផលិត​ចេញ​ពី​សំបកដូង សំបក​​រុក្ខជាតិ អាច​ស្រូប​ខ្យល់​បាន​ដល់​ទៅ ១០០​ដង​នៃ​ទំហំ​ថ្នាំ ប៉ុន្តែ​សូម​ប្រយ័ត្ន ថ្នាំ​ជា​អាវុធ​មុខ​ពីរ អាច​ព្យាបាល​អ្នក​ពី​ជំងឺ​ផង តែ​ក៏​អាច​បំពុល​អ្នក​វិញ​បាន​ដែរ។ សូម​ស្តាប់​ប្រសាសន៍​របស់​អ្នក​ស្រី​ឱសថការី Catherine Debelmas ពន្យល់​លម្អិត អំពី​គុណសម្បត្តិ​និង​គុណវិបត្តិ​នៃ​ថ្នាំ​ធ្យូង ៖ “ថ្នាំ​ធ្យូង​ធម្មជាតិ មាន​ប្រសិទ្ធភាព​ដំបូង គឺ​ស្រូបបឺត​ជាតិ​ហ្កាស។ អ៊ីចឹង​ហើយ​បាន​ជាគេ​ប្រើ​វា​ក្នុង​ពេល​ករណី​ហើម​ពោះ ​ឬទល់​ខ្យល់។ ទីពីរ​វា​អាច​ស្រូប​ជាតិ​ទឹក ហេតុ​ដូច្នេះ​គេ​អាច​ប្រើ​ថ្នាំ​នេះ​ក្នុង​ករណី​រាករូស និង​ចុងក្រោយ​វា​អាច​ស្រូប​ជាតិ​ពុល ទើប​គេ​អាច​ប្រើ​វា​នៅ​ពេល​អាការៈរលាក​​​ពោះ​វៀន​ បង្ក​ឡើង​ដោយ​បាក់តេរី​។ ថ្នាំធ្យូង​មាន​ច្រើន​ទម្រង់ ខ្លះ​ជា​ថ្នាំគ្រាប់រលាយ​ក្នុង​ទឹក ពិបាក​លេប​បន្តិច​ ជា​ថ្នាំ​ស្រោប​ ខ្លះ​ជា​កាស៊ុល។ ​​ថ្នាំធ្យូង មាន​គុណប្រយោជន៍មួយ​ គឺ​​ជាតិ​ធ្យូង មិន​រលាយ​ទៅ​ក្នុង​ឈាមទេ វា​នៅ​រក្សា​ទម្រង់​ក្នុងប្រដាប់​រំលាយ​​អាហារ​។ តែការ​មិន​រលាយ​ទៅ​ក្នុង​ឈាម អាច​បង្ក​ផលវិបាក​ និង​គុណវិបត្តិ​ផ្សេង​ទៀត។ គ្រប់​ថ្នាំ​លេប សុទ្ធ​តែ​រលាយជ្រាប​ទៅ​ក្នុង​ឈាម ដើម្បី​បញ្ចេញ​ប្រសិទ្ធភាព​ថ្នាំ។ ឯ​​ថ្នាំ​ធ្យូង​មិន​រលាយ មិន​ជ្រាប  តែ​​ជា​អ្នក​ស្រូប​ បឺត​ខ្យល់​ ស្រូប​ជាតិ​ទឹក ស្រូប​ជាតិ​ពុល ... ស្រូប​គ្រប់​ជាតិ​ទាំង​អស់ រាប់​ទាំង​​ជាតិ​ថ្នាំ​ដែល​​លេបចូល​​ទៅ​ទន្ទឹម​ពេល​ជាមួយ​គ្នា​ផង។ ដូច្នេះ​ សម្រាប់​អ្នក​លេប​ថ្នាំព្យាបាល​ជំងឺ​ជា​ប្រចាំ ដូច​ជា​ថ្នាំ​លើស​ឈាម ថ្នាំ​ទឹក​នោម​ផ្អែម ថ្នាំ​បេះ​ដូង ឬ​ថ្នាំគ្រាប់​ពន្យារ​កំណើត សូម​ប្រុង​ប្រយ័ត្ន​ឱ្យ​មែន​ទែន កុំ​លេប​ថ្នាំ​ព្យាបាល​អ្វី​ផ្សេង​​ទន្ទឹម​នឹង​ថ្នាំធ្យូង​ឱ្យ​សោះ។ សូម​កុំ​រក្សា​គម្លាត​ឱ្យ​​បាន​យ៉ាង​ហោច​ណាស់​ពីរ​ម៉ោង​។ បើ​លេប​ទន្ទឹម​គ្នាជាមួយ​​ថ្នាំ​ធ្យូង ​ថ្នាំ​ពន្យារ​​កំណើតនឹង​​គ្មាន​​ប្រសិទ្ធភាពទេ។” លោកអ្នក​អាច​រក​ថ្នាំ​លេប​បណ្តោះ​អាសន្ន​ នៅ​តាម​ឱសថស្ថាន​បាន ប៉ុន្តែ​យកល្អ ​​បើ​អ្នក​ហើម​ពោះ មាន​អាការៈ​កូរ ចុក​ឆ្អល់ ទល់​លាមក​ឬ​រាករូស ត្រូវ​តែ​ទៅ​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ជំនាញ​ក្រពះ​ពោះវៀន​និង​ថ្លើម​។ មាន​តែ​គ្រូពេទ្យ​ទេ ដែល​អាច​វិភាគ​រក​មូល​ហេតុ​នៃ​អាការៈ​ហើម​ពោះ​បាន​។ ក្នុង​ករណី​ខ្លះ​ទៀត បើ​អ្នក​មិន​ទាន់​ចង់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ សូម​សាកល្បង​ប្តូរ​ផ្លាស់​ទម្លាប់​ក្នុងការ​រស់​នៅ និង​របប​អាហារ។ ប្តូរ​ពី​ការចូល​ចិត្ត​ញ៉ាំ​​ជា​បន្លែ​ពពួក​ស្ពៃ មក​ជា​បន្លៃ​ត្រប់ ពី​ផ្លៃប៉ោម មក​ផ្លែ​ចេក ទទួល​ទាន​អាហារ​យឺតៗ​ទំពារ​មួយៗ​ឱ្យ​ម៉ត់ល្អ​មុន​នឹង​លេប កុំ​ទុក​ឱ្យ​រាន់​ខ្លាំង​បាន​រត់​ទៅ​បត់​ជើង​តូច​ឬ​បត់​ជើង​ធំ។ ​ធ្វើ​កីឡា​ ហាត់​ប្រាណ​ ជា​ការ​បញ្ចេញ​សកម្មភាព​ដែល​ល្អ​សម្រាប់​ពោះ​វៀន​ និង​ដែលជួយ​​បំបាត់​អាការៈ​​ហើម​ពោះបាន។​ កាលពី​ឆ្នាំ​២០០៦ ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​អេស្ប៉ាញ​ បាន​បង្ហាញ​ការ​ធ្វើ​កីឡា​ល្មមៗ ដូច​ជា​ធាក់កង់​ អាច​ជួយ​កាត់​កាត់​បន្ថយ​បរិមាណ ខ្យល់​ក្នុង​ពោះ​វៀន​តូច​ បាន​ដល់​ពាក់​កណ្តាលឯណោះ៕
26/04/20237 minutes, 29 secondes
Episode Artwork

សុខភាព​បន្តពូជ ៖ គ្មាន​កូន ងាយជួបវិបត្តិថប់កង្វល់​និងជំងឺ​ផ្លូវចិត្ត ?

អារ ជា​បញ្ហា​សុខភាព​សាធារណៈដ៏ចម្បងមួយ យ៉ាងពិតៗ ! នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាពពិភពលោកចេញផ្សាយកាលពីថ្ងៃទី ៣ មេសា ២០២៣។ អង្គការ​បាន​ស្នើសុំឱ្យ​អ្នក​នយោបាយ និង​អ្នក​ស្រាវជ្រាវ​កុំ​មើល​រំលង​ជំងឺ​មួយ​នេះ តែ​ត្រូវ​រួសរាន់​ផ្តល់សេវាព្យាបាលឱ្យ​បាន​ថោកសមរម្យ​និង​មាន​គុណភាពខ្ពស់។ ហេតុអ្វី​ អង្គការ​សុខភាព​ពិភពលោកណែនាំ​យ៉ាង​ដូច្នេះ ? គ្មាន​កូន​ពិត​ជា​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​មែនឬ​យ៉ាងណា​ និង​យ៉ាង​ដូចម្តេច ? តាំងពី​ឆ្នាំ​២០១០​មក អង្គការ​សុខភាពពិភពលោក បាន​ទទួល​ស្គាល់ អាការៈ “អារ” គ្មានកូន ជា​ជំងឺមួយ។ ហើយ របាយការណ៍​ចុងក្រោយ​ទើប​ចេញ​កាលពី​សប្តាហ៍មុន​​ ដែលជាការ​​សិក្សា​​វិភាគកាន់​តែ​ស៊ីជម្រៅ រយៈ​ពេលជាង​១០ឆ្នាំ ពី​ឆ្នាំ​១៩៩០-២០២១ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា  បច្ចុប្បន្ន​ គ្មានកូន ជា​ជំងឺ​ដែល​ប៉ះពាល់ ក្នុង​កំរិត​ដូចគ្នា​​នៅទូទាំង​ពិភពលោក មិនថា​នៅក្នុង​ប្រទេសអ្នក​មាន ឬ​ក្នុង​ប្រទេស​ក្រីក្រ-មធ្យមឡើយ។ បើ​តាមរបាយការណ៍​របស់​​​អង្គការ​សុខភាពពិភពលោកដដែលនេះ ក្នុង​ចំណោមមនុស្ស​​​៦នាក់ មាន​ម្នាក់ហើយ​ជា​ជនរងគ្រោះគ្មាន​សមត្ថភាព​បង្ក​កំណើត​កូន ពោល​គឺ១៧,៨% នៃ​ប្រជាពលរដ្ឋ​ពេញវ័យបង្កកំណើតជាមនុស្ស​ “អារ” ​នៅក្នុង​ប្រទេសអ្នកមាន ​និង​១៦,៥% នៅ​ប្រទេស​ក្រីក្រនិង​មធ្យម។ នេះ​សឱ្យ​ឃើញ​ថា គ្មានកូន ជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​ចម្បង​ពិតៗ និង​ជា​ជំងឺ​ដែល​មិន​រើសអើង​ប្រកាន់ឋានៈ​ទៀត​ឡើយ។ ជំងឺអារមានកើត​នៅគ្រប់ទិសទី និងក្នុង​គ្រប់មជ្ឈដ្ឋាន។ នៅក្នុង​ប្រទេស​ជឿនលឿន​ ដូច​យ៉ាងបារាំង​ជា​ឧទាហរណ៍ គ្រួសារ​បញ្ញាវន្ត​​ ក៏​ដូច​គ្រួសារ​កម្មករ នៅក្រុង​ធំ​ក៏ដូច​នៅជនបទ សុទ្ធ​តែ​ប្រឈម​នឹង​​បញ្ហា​គ្មាន​កូន ​ដូច​គ្នា។ សម្រាប់​លោក​វេជ្ជបណ្ឌិត តេដ្រូស នាយក​​អង្គការសុខភាពពិភពលោក មធ្យមភាគ​​ ​១៧% នៃ​មនុស្ស​ពេញ​វ័យ​នៅលើ​ពិភពលោកមានបញ្ហា​បង្ក​កំណើត ជា​ចំនួន​ដ៏​ច្រើន​ខ្លាំងណាស់ បើ​រាប់ទៅ​គឺស្មើនឹង​ជា​ច្រើនរយ​លាន​នាក់ ប៉ុន្តែ​ប្រធានបទ​ “ជំងឺគ្មានកូន” បែរជាពុំ​សូវ​មាន​កា​រ​សិក្សា​ស្រាវជ្រាវ ហើយ​ដំណោះស្រាយនៅ​មាន​កំរិត និង​ថ្លៃ​ខ្លាំង​​ដែល​គូស្វាមី​ភរិយា​មួយ​ចំនួន​ធំ​គ្មាន​​លទ្ធភាពពឹង​ពាក់​បាន។ យោងទៅ​លើ​អត្រា​ភាគរយ​នៃចំនួន​មនុស្ស​អារ លោក​នាយកអង្គការ​សុខភាព​ពិភពលោក​ យល់​ថាដល់​ពេលចាំបាច់​ត្រូវ​ពង្រីកការ​ផ្តល់​សេវា​ព្យាបាល​និង​ថែទាំ​ជំងឺអារ ​គ្មានកូន​​ និង​មិនត្រូវ​មើល​​បញ្ហា​អត់កូន​ទៀត​ទេ។ អ្នកនយោបាយ​ អ្នកស្រាវជ្រាវ ត្រូវ​ខិត​ខំផ្តល់​មធ្យោបាយ​ ការពារនិង​ព្យាបាលជំងឺអារ ដ៏ប្រាកដប្រជា មានប្រសិទ្ធភាព និង​តម្លៃ​សមរម្យ​ សម្រាប់​ឱ្យ​គ្រប់​គូស្វាមីភរិយា ដែល​ប្រាថ្នា​ក្លាយ​ខ្លួន​ជា​ឪពុកម្តាយ។ តើអ្នក​ជំនាញ​ពន្យល់​អំពី​​ផលវិបាក​នៃ​ការគ្មានកូន​ចំពោះ​សុខភាព​ផ្លូវចិត្ត​យ៉ាងណា ? គេ​មិន​អាច​មើល​ស្រាល​​បញ្ហា​គ្មាន​កូន​បាន​ទេ។ គ្មានកូន​ដូច​ប្រាថ្នា ប្រៀប​ដូច​ជារស់ទូល​​សម្ពាធដ៏ធ្ងន់។ នៅក្នុង​ប្រទេស​ខ្លះ ស្ត្រី​អាច​ពរពោះ​ទើប​ហៅ​ថា​ស្រី។ បុរស​គ្មាន​កូន​មិន​សម​ជា​ប្រុស។ តាមច្បាប់​ធម្មជាតិ គូស្វាមី​ភរិយា​រួម​រស់​ជាមួយ​គ្នាត្រូវ​តែមានកូន បន្តពូជ តែបើ​រស់​យូរ​ឆ្នាំ​ហើយនៅ​​មិន​អាច​មានកូន នោះ​មិន​ហៅ​ថា​ជា​ប្តីប្រពន្ធទេ។ល និង​។ល។... ជា​លទ្ធផល ​បើ​តាម​អ្នក​ជំនាញ​អង្គការ​សុខភាពពិភពលោក ផ្នែកសុខភាពផ្លូវភេទ​និងបន្តពូជ អ្នក​គ្មាន​លទ្ធភាព​មានកូន ច្រើន​តែ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត មាន​ជំងឺ​ថប់កង្វល់ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ព្រមទាំង​អាច​ប្រឈម​នឹង​ហានិភ័យ​ជួប​អំពើ​ហិង្សា​ក្នុង​គ្រួសារទៀត។ សម្រាប់​លោក សាមៀ ហាម៉ាម៉ារ Samir Hamamah ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត និង​​ជីវវិទូ ផ្នែក​បន្តពូជ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ​ក្រុង​ម៉ុងពឺលីយ៉េរ ​ដែលរដ្ឋាភិបាល​បារាំង​បាន​ប្រគល់​បន្ទុក​ឱ្យ​សិក្សា​រកមូលហេតុ​នៃ​ភាព​អារ​របស់​មនុស្ស​ ចេញ​ផ្សាយកាលពី​ឆ្នាំ​២០២២ នៅពេល​មនុស្ស​ម្នាក់​គ្មាន​សមត្ថភាព​មានកូន ស្ត្រីឬ​បុរស​នោះ តែង​មាន​អារម្មណ៍​ខ្វល់​ខ្វាយ​ បាត់បង់​ទំនុកចិត្ត​លើ​ខ្លួន​ឯង និង​អាច​ធ្លាក់​ខ្លួន​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​។ សម្ពាធសង្គម​ជា​ដើមហេតុ​មួយ​អាច​​ជំរុញ​ឱ្យគូស្វាមីភរិយាខ្លះ​ដែល​ចង់​បានកូន ធ្លាក់​ក្នុង​វិបត្តិ​ផ្លូវ​ចិត្ត។ សំណួរ​តែមួយ​ម៉ាត់ ថា “មើល៎ ! ថ្ងៃណា​បានកូន” គ្រប់គ្រាន់​នឹង​ធ្វើ​ឱ្យ​ ​ស្ត្រីឬបុរសជា​ប្តីប្រពន្ធ​ចង់បាន​កូននោះ វិលវល់​សតិអារម្មណ៍ និង​ត្រូវ​ពេលវេលា​​ពីរ​បីថ្ងៃទម្រាំ​អាច​ធ្វើ​​ចិត្តបាន​ឡើង​វិញ។ ចុះតើ​មួយ​ថ្ងៃ មួយខែ មួយ​ឆ្នាំ គូស្វាមីភរិយានេះ​ត្រូវ​ជួប​នឹង​សំណួរ​បែ​បនេះ​ប៉ុន្មានដង ?! នៅពេលកង្វល់​និង​ការព្រួយ​បារម្ភ ក្លាយ​ទៅ​ជា​​អារម្មណ៍​រអៀសនឹង​​ខ្លួន​ឯង​ឡើង​ដល់​កំរិត​ណាមួយ​ បុរសនិង​ស្ត្រី​ប្តីប្រពន្ធនោះ ​ចាប់មាន​និន្នាការ​​ឡើង​ទម្ងន់ ដែល​ជាបញ្ហា​ផ្តើម​មួយទៀត​នៃ​ជំងឺគ្មានកូន។ ធាត់​ជាកត្តាមួយ​ក្នុង​ចំណោមកត្តា​ជា​ច្រើន​នៃ​ការ​គ្មានកូន។ ដូច​ភាព​វិលវល់​ក្នុង​វដ្តសង្ខារ គេសង្កេត​ឃើញ​គូស្វាមីភរិយាអារ ​គ្មានសមត្ថភាព​មាន​កូន ​ច្រើន​តែមាន​រោគសញ្ញាធាត់​ជាប់​នឹង​ខ្លួន។ ផលវិបាក​មួយ​ទៀត នៃ​គូគ្មាន​កូន គឺ​ដោយរវល់​ខ្វល់​គិត​តែ​ចង់​បាន​កូន នៅទីបំផុត ពួកគេ​លែង​មាន​ជីវិត​ជា​ប្តីប្រពន្ធពិតៗ។ គូស្វាមីភរិយា​ ភាគ​ច្រើន ភ្លេច​រឿង​រួមរក្ស លែង​មានចំណង់​ការរួមភេទ ព្រោះ​តែ​ការ​រួមរក្ស​​​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ជំងឺអារ។ មាន​​មិនតិចករណី​ទេ ដែល​នៅពេល​មក​ជួបពេទ្យធ្វើ​តេស្ត​រកភាព​​អារ​​ហើយ ខាង​ប្តីឬ​ប្រពន្ធ​បែរ​ជា​បដិសេធ​​ទៅ​វិញ ដោយ​សំអាងថា​មិន​ទាន់​បាន​ត្រៀម​ខ្លួន។ ស្ថានភាពបែបនេះ អាច​ជំរុញ​ឱ្យ​ប្តីប្រពន្ធ​ឈាន​ដល់​ការ​លែងលះ និង​ងំ​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​រវាង​ប្តីនិង​ប្រពន្ធ​​ឡើង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ករណី​ខ្លះ គូ​គ្មានកូន​ចាំ​បាច់​ត្រូវ​រក​ការគាំទ្រ​ផ្នែក​ផ្លូវចិត្ត​ ពីគ្រូពេទ្យ​ចិត្តសាស្ត្រ ឬពី​ក្រុមគ្រួសារ និង​ត្រូវ​រួសរាន់​ស្វែង​រក​ដំណោះស្រាយ។ ជាទូទៅ គូស្វាមីភរិយា ច្រើន​សំងំ​និង​ចំណាយ​ពេល​ជា​មធ្យម​បួន​ឆ្នាំ​ ទម្រាំទម្លាយ​និង​ទៅ​រក​ជំនួយ​ដល់​ជីវិត​គូ​របស់ខ្លួន។ តើ​អ្វី​ទៅ​ជាមូលហេតុ​នាំ​អារ ?​ អារគ្មានកូន បើ​តាមនិយមន័យ​របស់​អង្គការ​សុខភាពពិភពលោក គឺ​ជា​ជំងឺពាក់ព័ន្ធ​នឹង​​ប្រព័ន្ធបន្ត​ពូជ​របស់​ស្ត្រី ឬ​បុរស ​ដែល​សម្គាល់​ដោយ​អសមត្ថភាព​ក្នុង​ការបង្ក​កំណើត​កូន ក្រោយ​ពី​​បាន​រួម​រក្សដោយ​គ្មានការពារ​​ និង​យ៉ាង​ទៀងទាត់​តាម​គន្លង​ជីវិត​​ប្តីប្រពន្ធ​ រយៈ​ពេល​យ៉ាង​ហោច​១២​ខែជាប់​គ្នា។ កាលពី​ជាង​៣០ឆ្នាំមុន នៅពេល​គ្មានកូន​ គេតែង​បន្ទោសនិង​​ទម្លាក់​កំហុស​ជា​ស្វ័យប្រវត្តិ​ទៅ​លើ​ភាគី​ខាង​ស្រី។ ដោយ​ជំរុញ​ឱ្យ​បុរសប្តូរ​ប្រពន្ធ ​ឬ​រក​ស្រី​ថ្មី​ដើម្បី​បាន​កូន​បន្តពូជ​។ ប៉ុន្តែឥលូវ​នេះ​ គេ​បាន​ដឹង​ច្បាស់​ថា បុរស ក៏​អាចជា​ដើម​ហេតុ​នៃ​ការ​គ្មានកូន​ដូចស្ត្រី​ដែរ គ្រាន់​តែ​​ភាគី​បុរសខ្លះនៅបន្ត​​ងប់​ បដិសេធ មិនទទួលស្គាល់ការពិត​ថា​ខ្លួន​ជា​ដើម​ហេតុ​នៃ​ការ​គ្មានកូន​តែ​ប៉ុណ្ណោះ។ តាមវិទ្យាសាស្ត្រ​ មួយភាគបីនៃ​ករណីគ្មានកូន បណ្តាលមក​ពី​ស្ត្រី មួយភាគបី​ទៀត គឺ​បណ្តាលមកពី​បុរស និង​មួយភាគ​ចុងក្រោយ មកពី​ទាំង​សងខាង ឬ​ដោយ​គ្មាន​មូលហេតុ​អាច​ពន្យល់​បាន។ ​ថ្វីបើ​នៅក្នុង​របាយការណ៍ថ្មីនេះ ​​អង្គការសុខភាពពិភពលោក មិន​បាន​ផ្តោត​ការ​សិក្សា​ទៅ​លើ​មូលហេតុ​ដែល​នាំ​ស្ត្រី​និង​បុរសបច្ចុប្បន្ន​ ចុះ​ថយ​ឬ​គ្មាន​សមត្ថភាព​បង្កកំណើត​មែន ប៉ុន្តែ​អាយុ​អាច​ចាត់​ទុក​ជាដើម​ហេតុ​ចម្បង។ ក្មេង​ជំនាន់​នេះ ក្រ​គិត​គូរ​យក​កូនណាស់។ នៅឆ្នាំ​២០១៩ ស្ត្រី​ចាប់​មានកូន​ដំបូង នៅ​​អាយុ២៩ឆ្នាំ ជា​មធ្យម​ ទល់​នឹង​២៤​ឆ្នាំ​កាលពី​ឆ្នាំ​១៩៧៥។ ហើយតាម​ច្បាប់​ធម្មជាតិ ​ លទ្ធភាព​បង្កកំណើត​របស់​មនុស្ស​ស្រី ត្រូវ​ផ្តើម​​ថយ​ជា​លំដាប់ ចាប់​ពីអាយុ៣០ឆ្នាំទៅ។ ក្រៅ​ពី​កត្តាអាយុ របៀបរបប​រស់​នៅបែប​ថ្មី ដែល​និយម​ភាព​ស្រណុក មិន​បញ្ចេញ​កម្លាំងកាយ ចូលចិត្ត​​ស៊ីផឹកគ្រឿង​ស្រវឹង (ស្រា-ប៊ីយែរ) ជក់បារី ធាត់ ... ក៏​ជា​កត្តា​រួមចំណែកមិន​ឱ្យ​មាន​កូន​ដែរ ព្រោះ​កត្តាទាំងនេះ ប៉ះពាល់​ខ្លាំង​ណាស់​ដល់​មេជីវិត​បុរសស្ពែម៉ាតូហ្សូអ៊ីត និង​សមត្ថភាព​ពរពោះ​របស់​ស្ត្រី។ តាំងពី​ជាង​៣០ឆ្នាំ​ចុងក្រោយមកនេះ គេ​សង្កេតឃើញ​សមត្ថភាព​បង្កកំណើត​បុរ​ស​បាន​ធ្លាក់​ចុះ​ ជា​ទូទៅ​នៅទាំង​ពិភពលោក គួរ​ឱ្យ​ព្រួយ​បារម្ភ។ ​​​ស្ពែរម៉ាតូហ្សូអ៊ីត មេជីវិត​របស់​បុរស បាន​ថយ​ ទាំង​បរិមាណ​និង​គុណភាពអស់​ជាង​៥០%។ បន្ទាប់​មកទៀត គឺ​បញ្ហា​បរិស្ថាន ដែលពោរពេញ​ទៅ​ដោយ​សារធាតុ​ពុល​ប៉ះពាល់​ដល់​ប្រព័ន្ធអ័រមូន​លូតលាស់​យ៉ាង​ខ្លាំង។ ជាតិពុល​ប៉ះពាល់ដល់​ប្រព័ន្ធ​លូតលាស់ មាន​នៅគ្រប់​ទិសទី ដូច​ជា​នៅក្នុង ថ្នាំ​លាប​ជញ្ជាំងផ្ទះ ក្នុង​ផលិតផល​សំអាង គ្រឿង​ម៉ាគីយេ នៅក្នុង​ចំណីអាហារ។ អ៊ីចឹង​បាន​ជា​គ្មាននរណាម្នាក់​អាច​គេចរួច​ទេ។ បើ​តាមការ​សិក្សា​អាមេរិក មាន​តែពលរដ្ឋ​មួយ​​ក្រុមគត់​ដែលហាក់​​គេច​រួច​ពី​បរិស្ថាន​ពុល គឺ​​អ្នករស់នៅជា​ក្រុម ដាច់​ស្រយាល​ គ្មាន​ឬ​មាន​ទំនាក់ទំនង​នឹង​ពិភពខាងក្រៅ​​យ៉ាង​តិច​តួច​បំផុត។ ដូច្នេះ​ បើ​ចង់​បំបាត់​កត្តា​មួយ​នេះ ត្រូវ​តែមានការ​ប្តូរ​ផ្លាស់នៅក្នុង​​សង្គម ក្នុង​របៀប​របប​រស់​នៅប្រចាំ​ថ្ងៃ ​ទើប​អាច​ប្តូរ​ផ្លាស់​​បរិស្ថានឱ្យ​ប្រសើរ​ឡើង​វិញ​។ តែ​និន្នាការ​បច្ចុប្បន្ន​មាន​តែ​អាក្រក់​ទៅៗ​ប៉ុណ្ណោះ។ អ្នក​ស្រាវជ្រាវ​​អាមេរិក​ព្យាករ​ថា យ៉ាង​យូរ​នៅឆ្នាំ​២០៥០ គូស្វាមី​ភរិយា​ភាគ​ច្រើនត្រូវពឹង​លើវិធី​​បង្កកំណើតក្រៅស្បូន ដើម្បី​បាន​កូន។ កត្តា​បរិស្ថាន សុខភាព និង​សង្គម​ បាន​ធ្វើ​ឱ្យ​មាន​កំណើន​ជំងឺ​អត់កូន ប្រមាណ​ ០,៣-០,៤% ក្នុង​មួយ​ឆ្នាំ។ ជាមួយ​តួលេខ​នេះ ​អារគឺ​ជាតំណាង​​បញ្ហា​សុខភាព​សាធារណៈ​ពិតៗផង ​ជាតំណាង​នៃ​​ការ​គំរាមកំហែង​មនុស្សជាតិ​ទៀត។ សម្រាប់លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សាមៀ ហាម៉ាម៉ារ បើជំងឺអត់​កូន​នៅ​តែបន្តកើនឡើង​ជា​លំដាប់​ដូច្នេះ មនុស្សជាតិអាច​នឹង​ត្រូវ​ផុត​ពូជ នៅ​២សតវត្សរ៍​ទៀត បើ​ជា​​​ការព្យាករណ៍​ប្រកប​ដោយ​សុទិដ្ឋនិយម តែ​បើ​​មាន​ទុទ្ទិដ្ឋនិយមខ្លាំងវិញ​​គឺ​​ត្រឹម​តែ​មួយ​សតវត្សរ៍​កន្លះទេ​ ព្រោះ​ដើម្បី​ឱ្យ​សង្គមជាតិ​មួយ​អាច​នៅគង់វង្ស​ស្ថិតស្ថេរ​បាន​ គ្រួសារមួយ​ត្រូវ​មាន​អ្នក​បន្តពូជ (មាន​កូន) ជា​មធ្យម ២,៦នាក់។ តែ​ពេលនេះ ស្ត្រីបារាំង​ម្នាក់​បង្កើតកូន​ជា​មធ្យម​តែ​១,៨៣នាក់ ស្ត្រីអ៊ីតាលី អេស្បាញ​ឬ​ព័រទុយហ្កាល់ មានកូន​ជា​មធ្យម​ ១,៣នាក់។ ហើយ​កាន់​តែ​គួរ​ព្រឺក្បាល​ទៀត គឺ​ចិន​អាច​នឹង​បាត់​បង់​ប្រជាជន​អស់​ពាក់កណ្តាល នៅ​រវាង ពី៤០ទៅ​៥០ឆ្នាំ​ទៀត​ខាង​មុខ។ នេះ​បើ​តាម​ទស្សនៈ​របស់​ជីវវិទូ​បារាំង សាមៀ ហាម៉ាម៉ារដដែល៕
24/04/20239 minutes, 31 secondes
Episode Artwork

អាការៈ​​អស់កម្លាំងមិន​ធម្មតា ជា​ជំងឺ ?

មាន​អារម្មណ៍​នឿយហត់​អស់​កម្លាំង ក្រោយ​ពី​បាន​ប្រឹង​បញ្ចេញ​កម្លាំង​កាយ ឬ​បញ្ញា​គិត​​ធ្វើ​អ្វី​មួយខ្លាំង​ជ្រុល​ គឺ​ជា​រឿង​ធម្មតា។ តែ​អាការៈអស់កម្លាំង​ លែង​​ហៅ​ថា ធម្មតា ប្រសិន​បើ​គេ​បាន​សម្រាកយ៉ាង​យូរ​​ហើយ​នៅ​តែ​ពុំ​ព្រមបាត់​ហត់ នៅ​តែមាន​​អារម្មណ៍​ថា​គ្មាន​ថាមពល​ចង់​​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ​ទៀត។ តើ​អាការៈ​អស់​កម្លាំង​ មិន​ធម្មតា ជា​អ្វី ? ជា​ជំងឺ​ មែនទេ ? ​បទអន្តរាគមន៍​របស់​លោកស្រីសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត  Claire Le Jeunne ឯកទេស​ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ​នៅមន្ទីរ​ពេទ្យ​កូស្ហាំង ក្រុង​ប៉ារីស នៅថ្ងៃនេះ​កម្មវិធី​សុខភាព​របស់​យើង​សូម​លើក​យកមក​ជម្រាប​ជូន​លោក​អ្នក​នាង​ឱ្យ​បាន​ជ្រាប​អំពីអាការៈ​ អស់​កម្លាំងមិន​ធម្មតា ឬ​ Asthénie បើ​តាម​​​ភាសា​បច្ចេកទេស​ពេទ្យ​។ គឺ​ជា​អាការៈ​អស់​កម្លាំង​ មិន​ប្រក្រតី បាន​សម្រាក​យ៉ាង​ពេញលេញ​ហើយ​ នៅ​តែមិន​ព្រម​បាត់​ទៀត ឬ​បាត់​តែ​មួយ​ភាគ។ នៅប្រទេស​បារាំង ១០ទៅ​២៥%​នៃ​អ្នក​ជំងឺ​មកជួប​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​ តែងតែ​ថ្ងូចថ្ងូរ​អំពី​​អាការៈ​អស់​កម្លាំង​នេះ​ឯង។ ៦ទៅ​៧%​ បាន​ណាត់​ជួប​ពេទ្យ​ដោយ​ហេតុ​តែអាការៈ​​អស់​កម្លាំងនេះ​មួយ​គត់។ Asthénie ជាពាក្យ​ពេទ្យ​ដែល​ចង់​សំដៅ​លើ​​អាការៈចុះ​ទន់​ខ្សោយ​នៃ​​​សរីរាង្គ​កាយទាំង​មូល​។ ជា​ការ​​​អស់​កម្លាំងជា​ទូទៅ​ ខុស​ពី​ការ​អស់​កម្លាំង​ធម្មតា ហើយ​បង្ក​ឱ្យ​មាន​អារម្មណ៍​មិន​ស្រណុក​ខ្លួន​ អសមត្ថភាព​នឹង​ធ្វើ​កិច្ចការ​ប្រចាំថ្ងៃ​ឱ្យ​ត្រឹម​ត្រូវ។ អ្នក​មាន​បញ្ហា​អាស្តេនី មិន​អាច​បំពេញ​​រវាងអ្វី​ដែល​ត្រូវ​​ធ្វើ​និង​អ្វី​ដែល​គេ​អាច​ធ្វើ​បាន​ទេ។ ស្រ្តី​ច្រើន​ជួប​អាការៈ​នេះ ​ជាង​បុរស។ អស់​កម្លាំង​មិន​ធម្មតា អាស្តេនី ច្រើន​ជា​អាការៈ​ដែល​សំដៅ​លើ​ ភាព​ល្វើយ ​ល្ហិតហ្ហៃ នឿយណាយ មាន​អារម្មណ៍​ខ្ជិល គ្មាន​កម្លាំងពលំ អាប់អន់​បញ្ញា​រក​គិត​អ្វី​មិន​ចេញ ខ្សោះ​ក្នុង​ខ្លួន​ ខ្វះ​-អស់ថាមពល មាន​អារម្មណ៍​ហេវហត់​អស់​កម្លាំង​ទន់​ខ្សោយ ... តើ​អ្វី​ជា​មូល​ហេតុ​នាំ​ឱ្យ​​អស់​កម្លាំង​ ? អាស្តេនី​មិនមែន​ជា​ជំងឺ​ទេ ប៉ុន្តែ​ប្រជុំ​រោគ​សញ្ញា​នៃ​បញ្ហា​សុខភាព​រាងកាយ​ សុខភាព​ផ្លូវ​ចិត្ត ឬជា​លទ្ធផល​នៃ​ប្រតិកម្មនឹងបរិស្ថាន​នៅជុំ​វិញ​ខ្លួន។ មាន​ន័យ​ថា មាន​កត្តា​ច្រើន​យ៉ាង​ដែល​ជំរុញ​ឱ្យ​ស្តែង​ជា​អាការៈ​អស់​កម្លាំង​ឡើង។ ​​ ប្រភព​នៃ​ការ​អស់​កម្លាំង អាច​បណ្តាល​មក​ពី ​របៀប​របប​រស់​នៅ​ក្នុង​ជីវិតប្រចាំ​ថ្ងៃ​​ប្រែប្រួល​ ​ ឬ​បណ្តាល​មក​ពី​បាន​កើត​ជំងឺអ្វី​មួយ។ កង្វះ​ដំណេក​ ឬ​គេង​មិន​ស្កប់​នៅពេល​យប់ ឧស្សាហ៍​ភ្ញាក់​ គេង​មិន​ទៀង មាន​កង្វល់​ក្នុង​ការងារ​ ធ្វើការ​ហួស​ មាន​បញ្ហា​ក្នុង​រង្វង់​គ្រួសារ មាន​អ្នក​ឈឺ មាន​ការ​បែក​បាក់​លែង​លះ ... ក៏​អាច​ជា​ដើម​ហេតុ​នាំ​ឱ្យ​អស់​កម្លាំង​ខ្លាំង​និង​រ៉ាំ​រ៉ៃ​ដែរ។ អស់​កម្លាំង​ខុស​ប្រក្រតី​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ហួស​កម្លាំង​ និងជា​រោគ​សញ្ញា​នៃ​ជំងឺ​ជា​ច្រើន​ផ្សេង​ទៀត​ ដូច​ជា​ជំងឺស្លេក​ស្លាំង​​ខ្វះ​ឈាម​ក្រហម​ ជំងឺ​បង្ក​រោគ​ដោយ​បាក់តេរី ដោយ​វីរ៉ុស ជំងឺ​ទាក់ទង​នឹង​ក្រពេញ​លូត​លាស់ ឬ​ជំងឺ​មហារីក និង​ផឹក​ស្រា​ច្រើន​ជ្រុល។ ​បញ្ហា​ខួរក្បាល បេះដូង ថ្លើម ប្រមាត់ ឈាម ប្រព័ន្ធ​រំលាយអាហារ ព្រមទាំង​ថ្នាំ​ខ្លះ​ ក៏​អាច​ធ្វើ​ឱ្យ​អ្នក​លេបមានអាការៈ​​អស់​កម្លាំងចម្លែក។ ​ដូច្នេះ​គេ​អាច​និយាយ​ផ្ទុយ​មក​វិញ​បាន​ថា ​អា​ការៈ​នឿយហត់អស់​កម្លាំង អាច​ជា​សញ្ញា​ដាស់​បញ្ជាក់​ថា​យើងប្រុង​ប្រយ័ត្ន​តាម​ដាន​មើល​សុខភាព​ខ្លួន​។ តើ​ពិត​ជា​មាន​ជំងឺ ​ដែល​ផ្តល់​រោគ​សញ្ញា​ដំបូង​ជា​អាការៈនឿយអស់​កម្លាំង​មែន​ឬ ? សូម​ស្តាប់​ប្រសាសន៍​របស់​លោកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Claire Le Jeunne ឯកទេស​ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ​នៅមន្ទីរ​ពេទ្យ​Cochin ក្រុង​ប៉ារីស។ Pr Clairer Le Jeunnne ៖ ចាស​មាន ! មាន​ជំងឺ​ដែល​ផ្តល់​រោគសញ្ញា​ដំបូង​ជាអាការៈ​​អស់កម្លាំង។ ផ្តើម​ដំបូង​គឺ​ជំងឺ​ប៉ះពាល់​លើ​សរីរាង្គ ហើយ​អាច​ផ្តល់​ថ្នាំព្យាបាល​បាន នោះ​គឺ​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​អាណេមី។ ជំងឺ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អ័រមូន​ ជំងឺ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធការពារ​ខ្លួន ច្រើន​តែ​លេច​សញ្ញា​ដំបូង​ជា​អាការៈ​អស់កម្លាំង​ខ្លាំង។ បញ្ហា​​ផ្លូវចិត្ត​ ការធ្លាក់​ទឹក​ចិត្ត ក៏​ជា​ដើម​ហេតុ​ចម្បង​នាំ​ឱ្យ​អស់​កម្លាំង​ដែរ។” បាន​សេចក្តីថា នៅពេល​មានអាការៈ​អស់​កម្លាំង​យូរ គេ​មិន​ត្រូវ​ធ្វេសប្រហែល​​ទេ និង​គួរ​តែទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​វែក​រក​មូល​ហេតុ​ឱ្យ​បាន​ស៊ីជម្រៅតើ​គ្រូពេទ្យ​ត្រូវ​ចាប់ធ្វើ​រោគ​វិនិច្ឆ័យយ៉ាង​ដូចម្តេច​ខ្លះទៅ​វិញ ? សូម​ស្តាប់​ប្រសាសន៍​លោកស្រី​សាស្ត្រាចារ្យ​ជា​ថ្មី Pr Clairer Le Jeunnne ៖ “គ្រូពេទ្យ​នឹង​ពិនិត្យ​វែក​រក​អតីតភាព​នៃ​ជំងឺ។ ប្រសិន​បើ​អ្នក​ជំងឺម្នាក់​ ថ្ងូរ​ថា​ហត់​អស់​កម្លាំង​ ហើយ​អាការៈ​អស់​កម្លាំង​អូសបន្លាយ​តាំងពី​ជា​ង​១០​ថ្ងៃមក​ហើយ នោះ​គ្រូពេទ្យ​នឹង​​ធ្វើរោគ​វិភាគ​បន្ថែម​មួយ​ចំនួន​ទៀត ដូច​​​ជា​ ៖ -ចោទ​​សួរ​លម្អិតព័ត៌មានទាក់ទង​នឹង​សុខភាព ដើម្បីជីក​រក​សញ្ញា​រោគ​ពាក់ព័ន្ធនឹង​អាការៈ​អស់​កម្លាំង។ -បន្ទាប់​មក​គ្រូពេទ្យអាច​​ធ្វើ​រោគវិនិច្ឆ័យគ្លីនិក ក្រែង​ឃើញ​អ្វី​មិន​ធម្មតា។ -​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឱ្យ​ទៅពិនិត្យ​ឈាមបើ​លទ្ធផល​នៃ​ការ​ពិនិត្យ​បែប​គ្លីនិក គ្មាន​លទ្ធផល ឬផ្តល់​តម្រ៉ុយ​អ្វី​មួយ។ ចាសគ្រូពេទ្យ​ចាំបាច់​ត្រូវ​តែ​រក​មូល​ហេតុ​ឱ្យ​ឃើញ ទើបអាច​រក​មធ្យោបាយ​​ព្យាបាលបាន​ត្រឹម​ត្រូវ និង​បាន​ជា​​អាការៈ​អស់​កម្លាំង​នេះ។ ការ​វិភាគ​ឈាម​ ជា​វិធី​សាស្ត្រ​ត្រួត​ពិនិត្យ​ដំបូង​នាំ​ឱ្យ​​គ្រូពេទ្យ​អាច​វែក​មើល​ក្រែង​មាន​ការរោល​រលាក ការ​បង្ក​រោគ ជា​យថាហេតុ​ណា​មួយ​កើត​ឡើង​នៅក្នុង​សរីរាង្គ​របស់​អ្នក​ជំងឺ​​ ឬ​ក៏​មាន​កង្វះ​គ្រាប់​ឈាម និង​ដើម្បី​ផ្ទៀង​ផ្ទាល់​មើល​តួនាទី​របស់​​តម្រង​នោម របស់​ថ្លើម របស់​ក្រពេញ​ទីរ៉ូអ៊ីត អត្រាជាតិស្ករ ឬ​មើល​កំរិត​សារធាតុ​ដែក​ក្រែង​ខ្វះ។ បើ​មាន​ការ​រលាក​បង្ក​រោគ​ដោយ​បាក់តេរី ការព្យាបាល​រំពឹង​លើ​ថ្នាំ​ផ្សះ។ បើ​បណ្តាល​មក​ពី​ជំងឺ​បាក់​ទឹក​ចិត្ត គ្រូពេទ្យ​នឹង​ចេញ​ថ្នាំ​ព្យាបាល​អារម្មណ៍​ជូន​។ បើ​ទម្លាប់​អាក្រក់​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ជា​ដើម​ហេតុ នោះ​ត្រូវ​ប្តូរ​របៀបរបប​ដែល​ល្អ​ប្រសើរ​ ម្ហូបអាហារ​មាន​លំនឹង​ សម្រាកឱ្យ​បាន​គ្រប់គ្រាន់ ... រួច​អាច​បំពេញ​បន្ថែម​ពី​ថ្នាំវីតាមីន។ សូម​ប្រុង​ប្រយ័ត្ន អាការៈ​អស់​កម្លាំង​មិនធម្មតា អូសបន្លាយ​លើស​ពី ៦ខែ ដោយ​គ្មាន​មូលហេតុ​ច្បាស់​លាស់ អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជំងឺ​រ៉ាំរ៉ៃ។​ ពិបាក​វិភាគ​វិនិច្ឆ័យ ជំងឺនេះ​តែ​អាច​ ជា​ទៅ​វិញ​បាន​ ប៉ុន្តែ​ជួនកាល​គេ​​ត្រូវការ​ពេល​វេលា​ជា​ច្រើន​ឆ្នាំណាស់​​ទម្រាំ​​​អាការៈ​សញ្ញាអស់​កម្លាំងអាច​រលុប​បាត់​​​ទាំង​ស្រុង៕
05/04/20237 minutes, 46 secondes
Episode Artwork

Endométriose ឬ ជំងឺ​ចុក​ពោះ​ពេល​ធ្លាក់​រដូវ ជា​ការ​ធម្មតា របស់​ស្ត្រី ?

នៅក្នុង​កម្មវិធី​សុខភាព​នា​ថ្ងៃ​ពុធ​ទី ៨ មីនា ទិវា​នារី​អន្តរជាតិ​ថ្ងៃ​នេះ អៀង​សុខម៉ិញ សូម​ណែនាំ​ឱ្យ​អស់​លោក​អ្នក​នាង​បាន​ស្គាល់​អំពី​ជំងឺ​ស្ត្រី​មួយ​ប្រភេទ ដែល​ពិភពវេជ្ជសាស្ត្រ​នៅ​មិន​ទាន់​ស្គាល់​ច្បាស់​នៅឡើយ។ នោះ​គឺ​ជំងឺ​ចុកពោះ ពេល​ធ្លាក់​រដូវ​ អង់ដូមេទ្រីយូស្ស។ កាលពី​ថ្ងៃទី ១៦ កុម្ភៈ​២០២៣ អេស្ប៉ាញ​បានក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អង់​នៅអឺរ៉ុប ដែលបាន​បោះឆ្នោត​អនុម័ត​ច្បាប់​ផ្តល់​ការ​ឈប់​សម្រាកពេល​ធ្លាក់​រដូវ ​ដល់​ស្រ្តី​ដែល​​មាន​ខែ​អម​ដោយ​ការ​ឈឺ​ចុក​ចាប់។ ជា​វិធានការជា​ប្រវត្តិសាស្ត្រ​សម្រាប់​ស្ត្រី​​ដែល​ពុំ​ធ្លាប់​មាន​ទេ​នៅ​អឺរ៉ុប ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​អេស្ប៉ាញចង់​ធ្វើ​ជា​គំរូ​ចាប់​ផ្តើម​ទម្លាយ​រឿង​ដែល​គេ​ធ្លាប់​តែ​លាក់​​មិន​ហ៊ាន​និយាយ​កន្លង​មក។ ក្រៅ​អំពី​អេស្ប៉ាញ ច្បាប់​ផ្តល់​សិទ្ធិ​ឱ្យ​ស្ត្រី​បាន​ឈប់​សម្រាក​ពេល​មក​​រដូវ​ មាន​អនុវត្ត​នៅក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​នៅលើ​ពិភពលោក មាន​ជាអាទិ៍ និង​ដំបូងគេ​បង្អង់​ នៅ​ប្រទេស​ជប៉ុន។ តាំងពី​ឆ្នាំ​១៩៤៧មក ច្បាប់​ជប៉ុន​បានចែង​មិន​ឱ្យ​ក្រុមហ៊ុន​សហគ្រាស​បង្ខំ​ស្ត្រី​ឱ្យ​មក​ធ្វើ​​ការទេ បើ​ស្ត្រី​គាត់​សុំ​ឈប់​ព្រោះ​មូល​ហេតុ​ដល់​ថ្ងៃ​ធ្លាក់​រដូវ។ ស្ត្រី​អាច​ឈប់​ប៉ុន្មាន​ថ្ងៃ​ក៏​បាន ប៉ុន្តែ​ជា​ទូទៅ​ស្ត្រី​ទាំង​នោះ​​មិន​បាន​ទទួល​កម្រៃ​ទេ។ បើ​តាម​ស្ថិតិ​របស់​ក្រសួងការងារ​ជប៉ុន​ នៅ​ឆ្នាំ​២០២០ ក្នុង​ចំណោម​ក្រុមហ៊ុន​ប្រមាណ​៦០០០​ មាន​មួយ​ភាគ​បី (៣០%) ព្រម​ឱ្យ​ប្រាក់​ខែ​ពេញ​ធម្មតា ឬ​កាត់​ប្រាក់​ខែ​ខ្លះ​ដល់​ស្ត្រី​ដែលអវត្តមាន​ពី​កន្លែង​ធ្វើការ​ដោយ​មូលហេតុ​​មក​ខែ។ ការ​សិក្សា​បាន​បង្ហាញ​ឱ្យ​ឃើញ​ទៀត​ថា មាន​ស្រ្តី​ជប៉ុន​តែ​ប្រមាណ​០,៩%​ផង​បាន​ប្រើ​សិទ្ធិរបស់​ខ្លួន។ នៅកូរ៉េខាង​ត្បូង ក្រុមហ៊ុន​អនុញ្ញាត​ឱ្យ​បុគ្គលិក​ស្រី​បាន​ឈប់​សម្រាករដូវ​មួយ​ថ្ងៃ​ក្នុង​ខែ​ តែ​ត្រូវ​កាត់​ប្រាក់​ខែ​មួយ​ថ្ងៃ​នោះ​ដែរ។ ហើយ​បើ​​​ក្រុមហ៊ុនណា​​មិន​គោរព​ច្បាប់ នឹង​មាន​ការ​ពិន័យ​ជា​ប្រាក់​ចំនួន ៥លាន​វ៉ុន។ តាំងពី​ឆ្នាំ​២០០៣​មក ឥណ្ឌូណេស៊ី​ ក៏​បាន​អនុម័ត​ច្បាប់​ គ្រោង​ផ្តល់​សិទ្ធិ​ដល់​ស្ត្រី​មាន​រដូវ​ឈឺចុកចាប់​ខ្លាំង អាច​ឈប់​សម្រាកពីការងារ​បាន​មួយឬ​ពីរ​ថ្ងៃ​ក្នុង​ខែ អាស្រ័យ​ទៅលើការ​កំណត់​របស់​​ក្រុមហ៊ុននិង​​បុគ្គលិក​។ ប៉ុន្តែក្នុង​​ដំណើរការ​អនុវត្ត ​ជាក់ស្តែង ក្រុមហ៊ុន​អនុញ្ញាត​ឱ្យ​តែមួយ​ថ្ងៃ ឬ​គ្មាន​សោះ ហើយ​ខ្លះ​ទៀត​ថែម​ទាំង​ធ្វើ​មិន​ដឹង​មិន​ខ្វល់​នឹង​ច្បាប់​នោះ​តែ​ម្តង។ ច្បាប់​តៃវ៉ាន់​ បាន​ផ្តល់​បី​ថ្ងៃ​ដល់​ស្ត្រី​សម្រាប់​ហេតុផល​មក​រដូវ​ឈឺ​ខ្លាំង ហើយ​អាច​ឈប់​លើស​នេះ​បាន​ទៀត តែ​ត្រូវ​បាន​ចាត់​ទុក​ជា​ពេល​ឈប់​ព្រោះ​មូលហេតុ​មាន​ជំងឺ និង​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​ធម្មតា។ ជាប់​ឈ្មោះ​ជា​ប្រទេស​បុណ្យ​ម្តាយ តាំង​ពីឆ្នាំ​២០១៥មក ហ្សំប៊ី​បាន​អនុម័ត​ច្បាប់​ផ្តល់​សិទ្ធិ​ឈប់​មួយ​ថ្ងៃ​ក្នុង​មួយ​ខែ​ ដល់​ស្ត្រី​ពេល​ធ្លាក់​រដូវ ដោយ​មិន​បាច់​ប្រាប់​មុន ឬ​មាន​លិខិត​បញ្ជាក់​ពី​គ្រូពេទ្យ​ទេ។ តើ​ការ​ឈឺ​ចុកចាប់​ពេល​ធ្លាក់​រដូវ ជា​ប្រការ​ធម្មតា​សម្រាប់​ស្ត្រី ? ការ​ឈឺចា​ប់ខ្លាំង​ពេល​ឆ្លង​ទន្លេ ប្រសូត​បុត្រ ជា​ករណី​ធម្មតា និង​សម្រាប់​គ្រប់​ស្ត្រី​ទាំង​អស់។ ឯការ​ឈឺ​ចាប់​​ពេល​មកខែ​អាច​មាន​បង្កប់​ជំងឺ​ និង​ហេតុផល​ផ្សេង​ ! ​ពេល​មក​រដូវ​ម្តងៗ សាច់ដុំ​របស់​ស្បូន​នឹង​ត្រូវ​កន្ត្រាក់​លាៗ​ដើម្បី​ជម្រុះ​ភ្នាស់​របស់​វា​ចេញ​។ ដោយ​គ្មាន​ការ​បង្ក​ជីវិត​ សរីរាង្គ​នៃ​ស្បូន​ បាន​បញ្ឈប់​ងក់​​ការ​ផលិត​អ័រមូន​ Oestrogènes និង Progestérone។ ​តួ​ស្បូនចាប់​រីកឡើង និង​ចាប់​កន្ទ្រាក់ ដើម្បី​ធាក់​បញ្ចេញរដូវ​ ជា​​ឈាម និង​ជា​ភ្នាស​ស្បែក​ស្តើងៗ​លើ​ជញ្ជាំងស្បូន​​ ឱ្យ​ធ្លាក់​ចេញ​មកក្រៅ ។ ស្បួន​កន្ទ្រាក់​ព្រោះ​តែ​​ស​ម្ពាធ​ខ្ពស់​រវាង​ឈាម​ដែល​ហូរ​ចេញ​ទៅក្នុ​ង​ស្បូន​ និង​ប៉ះ​ជា​មួយ​ជញ្ជាំង​ស្បូន​ ធាក់​ខ្ទប់​ គ្នា​ទៅ​វិញ​ទៅ​មក​ផង។ ​ជញ្ជាំង​ស្បូន​ខ្លួន​ឯង​ក៏​ត្រូវ​ដាច់​ចេញ​ផង​ ហើយ​កា​រ​ដាច់​ចេញ​នៃ​ភ្នាស​នៅ​ជញ្ជាំង​ស្បូន​នេះក៏​ជា​កត្តា​ធ្វើ​ឱ្យ​ស្បូន​កន្ទ្រាក់​ដែរ និង​អាច​មាន​ឥទ្ធិពល​លើ​សាច់​ដុំ​ផ្សេង​ទៀត ក្រៅ​អំពី​ស្បូន ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​ពេល​ខ្លះ​ស្ត្រី​មាន​អាការៈ​ឈឺក្បាល​ ចង់​ក្អួត ចង្អោរ។ និយាយ​​ជា​រួម ការ​ធ្លាក់​រដូវ ​មាន​ដំណើរ​ការ​ដូច​គ្នា​នឹង​​ឆ្លង​ទន្លេ​យ៉ាង​ដូច្នោះ គឺ​ស្បូន​ត្រូវ​កន្ទ្រាក់​ដើម្បីមានសម្ពាធ​ធាក់​​បញ្ចេញទារក​ឱ្យ​ចេញ​​មក​ចាប់​កំណើត ទើប​មាន​ការ​ឈឺ​ចុកចាប់​ខ្លាំង។ ឯ​ការ​កន្ទ្រាក់​ស្បួន​ពេល​ដល់​វដ្ត​រដូវ មិន​ប្រាកដ​ថា​ធ្វើ​ឱ្យ​ឈឺ​ពោះ​ខ្លាំង​ទេ។ ការ​ឈឺ​ចាប់​ពេល​មក​រដូវ​របស់​ស្ដ្រី​អាច​តិច​ឬ​ខ្លាំង​ខុស​ៗ​​គ្នា​​ពី​ មនុស្ស​ស្រី​ម្នាក់​ទៅ​មនុស្ស​ស្រី​ម្នាក់​ទៀត​។​ ស្ត្រី​ខ្លះ​ដូច​បុរស​ ការ​មករដូវ​គ្រាន់​តែ​ជា​សញ្ញា​មួយ​ប៉ុណ្ណោះ។ ​បើ​តាម​ចំណាំ ការ​ឈឺ​ចាប់​មាន​កាន់​តែ​ខ្លាំង នៅ​ពេល​មាន​ឈាម​រដូវ​ធ្លាក់​ច្រើន ព្រោះ​ស្បួន​ត្រូវ​កន្ទ្រាក់​ខ្លាំង ដើម្បីអាច​បញ្ចេញ​ឈាម​រដូវ​នោះ​អស់​ពី​ស្បូន​។ ផលវិបាក​ជា​យថាហេតុ​នៃ​ការ​ឈឺចាប់​ពេល​មក​រដូវ ការ​ឈឺចាប់​នេះ​ជា​ទូទៅ គ្មាន​​លាក់​សញ្ញា​រោគ​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ និង​ប៉ះពាល់​ដល់​សុខភាព​​ទេ មិន​ថា​ជា​សុខភាព​ក្នុង​ន័យ​ទូទៅ ឬ​សុខភាព​ផ្លូវ​ភេទ​ឡើយ។ ការ​ឈឺចាប់​ពេល​ធ្លាក់​រដូវ​ច្រើន​កើត​ឡើង​ ចំពោះ​ក្មេង ទើប​​ឡើង​ខ្លួន​និង​មាន​រដូវ​ឆ្នាំ​ៗដំបូង និង​នៅ​ពេលអំឡុង​​ពេល​ជិត​អស់​រដូវ ព្រោះ​រយៈ​កាល​​នេះ សរីរាង្គ​កាយ​មនុស្ស​ស្រី​មាន​អ័រមូន​ចុះ​ឡើង​ខ្លាំង។ ចំពោះ​យុវតី អាការៈ​ឈឺ​ចុកចាប់​​ពេលធ្លាក់​រដូវ នឹង​ចុះ​ថយ​ទៅៗ និង​បាត់​ទាំង​ស្រុង​តែ​ម្តង​ផង នៅ​ពេល​ចាប់​មាន​គភ៌ជា​លើក​ទីមួយ​។ ​ ប៉ុន្តែ​សូម​កុំ​ភ្លេច​រូត​រះ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស ប្រសិន​បើ​ការ​ឈឺចាប់​​ពេល​ធ្លាក់​រដូវ មាន​កំរិត​ខ្លាំង​ហួស​ហេតុ​ទ្រាំ​លែង​បាន។ ស្ត្រី​មាន​រដូវ​យូរឆ្នាំ​​ហើយ ស្រាប់តែ​​ស្ងៀមៗ​មាន​លេច​អាការៈ​ឈឺចាប់​ពេល​ធ្លាក់​រដូវ  ហើយ​បរិមាណ​នៃឈាម​រដូវ​មាន​កំរិត​ច្រើន​ហួស​ពីធម្មតា រដូវ​លែង​ទៀង មក​មួយ​ខែ​ពីរ​ដង​ជា​ដើម​។ល។ ធ្លាក់​រដូវ​ចុក​រមួល​​ពោះ​ហើយ​ អម​ដោយ​អាការៈ​ក្តៅ​ខ្លួន​... សុទ្ធ​សឹង​ជា​សញ្ញា​មិន​ធម្មតា ដែល​ស្ត្រី​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ផលវិបាក​ដ៏​ធ្ងន់ធ្ងរ និង​ដ៏​កម្រ​មួយទៀតនៃ​ការ​ឈឺ​ចាប់​ខ្លាំងនេះ​​​ គឺ​អាច​ជា​សញ្ញា​ប្រាប់ថា​អ្នក​អាច​មាន​​ជំងឺ​មួយ​ឈ្មោះ​ថា endométrioses ដែល​មាន​កើត​លើ​ស្ត្រី ម្នាក់​ក្នុង​ចំណោម​១០​នាក់។ តើ​អ្វី​ទៅ​ជា​ជំងឺ​អង់ដូមេទ្រី​យូស្ស ? ជា​ធម្មតា ឈាម​រដូវ​ត្រូវ​ហូរ​ធ្លាក់​ចេញ​មក​ក្រៅ តែ​ក្នុង​ករណី​មាន​​អង់ដូមេទ្រីយូស្ស្ស​​នេះ កោសិកា​​ភ្នាស​ស្បួន​ចេញ​ខុស​ផ្លូវ (មិនហូរ​​ធ្លាក់​មក​ក្រៅ​តាម​ទ្វារ​មាស​ទេ) និង​មិន​ត្រូវ​បាន​សម្អាត​រំលាយ​​អស់ឡើយ បែរ​ជា​ទៅ​តោងកក​លើ​សរីរាង្គ​​ផ្សេង​ទៀត ដូច​ជា​ផ្លោក​នោម ស្បែក​ពោះ ពោះ​វៀន​ធំ​ ហើយ​រីក​ធំ​លូត​លាស់​ទៅ​តាម​ចង្វាក់​និង​វដ្ត​នៃអ័រមូន រាល់​ខែ ជា​ហេតុ​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ពិបាក​មាន​​កូន ឬ​ត្រូវ​កាត់​ស្បូន​ចេញ​តែ​ម្តង​ទើប​បាន។ តើ​ធ្វើ​ដូចម្តេច​ទើប​អាច​ដឹង​បាន​ថា​យើង​កំពុង​មាន​ជំងឺ​រោគ​ស្ត្រី​អង់ដូមេទ្រីយ៉ូស​នេះ និង​មិនមែន​ជា​ឈឺ​ធ្លាក់​រដូវ​ធម្មតា ? សូម​ស្តាប់​ការ​ពន្យល់​លម្អិត​បន្ថែម​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Pierre François Ceccaldi ប្រធាន​ផ្នែក​ជំងឺ​រោគ​ស្រ្តី​នៅមន្ទីរ​ពេទ្យ Beaujon  ជាយ​ទីក្រុង​ប៉ារីស ៖ “ជា​ដំបូង​ ជំងឺ​អង់ដូមេទ្រីយូស្ស មាន​ច្រើន​ប្រភេទ ដូច្នេះ​ការ​សម្តែងអាការៈ​ជំងឺ​ក៏​មាន​ច្រើន​បែប​យ៉ាងខុសៗ​គ្នា​​ដែរ។ ការ​វិនិច្ឆ័យ​រក​ជំងឺនេះ ជួន​ជា​ការ​លំបាក​ខ្លាំង ជួន​ក៏​ស្រួល ព្រោះ​តែ​យន្តការ​នៃ​ជំងឺ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​យន្តការ​នៃការធ្លាក់​រដូវ ពោលគឺ​នៅពេល​ភ្នាស​រដូវ ត្រូវ​រំលាយ​ដោយ​រដ្ត​រដូវ ភ្នាស​អង់ដូមេទ្រីយូស្សចាប់​ផ្តើម​ចេញ​ឈាម​ដែរ ទើប​ធ្វើ​ឱ្យ​ស្ត្រី​មានការ​ឈឺ​ចុកចាប់​ខ្លាំង។ ជា​ការ​ឈឺ​ចាប់​ពីរ​ដោយ​ហេតុ​ពីរ​កើត​ក្នុង​ពេល​តែ​មួយ​ ទើប​ពិបាក​បែងចែង​។ ​ប៉ុន្តែ​ដោយ​សារ​ភាព​ជឿន​លឿន​នៃ​បច្ចេវិទ្យាពេទ្យ ដូច​ជា​មាន​ប្រដាប់​ថត​ឆ្លុះ​ អេកូ អ៊ឹមរ៉ាយ គេ​អាច​រក​មើល​ឃើញ​ជំងឺ​រោគ​ស្ត្រី​មួយនេះ ដោយ​មិន​ចាំបាច់​ត្រូវ​ធ្វើការ​វះកាត់​ចូល​ទៅ​មើល​ស្បូន​ផ្ទាល់​ដូច​មុន ទើប​ដឹង​ថា​ពួកគាត់​មាន​បញ្ហា​អង់ដូមេទ្រីយូស្សទេ។ គេ​ត្រូវ​ការ​វិនិច្ឆ័យ​រក​ឃើញ​ថា​មាន​ជំងឺ​អង់ដូមេទ្រីយូស្ស ឱ្យ​បាន​ឆាប់​ ព្រោះត្រូវ​តាម​ដាន​​ជំងឺ​នេះ​ទៅ​តាម​ដំណាក់កាល​នៃ​ជីវិត​របស់​ស្ត្រី។ បើកើត​នៅវ័យ​ក្មេង វា​ជាការ​ឈឺ​ចាប់​ដែល​រំខាន​ដល់​ការ​រស់​នៅ​​ប្រចាំ​ថ្ងៃ​របស់​យុវតី។ បើ​ជា​ស្ត្រី​ ពេញ​វ័យ​បង្ក​កំណើត​ វា​អាច​ធ្វើ​ឱ្យ​គ្មាន​កូន​។ ដូច្នេះ​ពេទ្យ​ពិនិត្យ​តាមដាន​ដើម្បី​បញ្ចៀសស្ត្រី​មិន​ឱ្យរង​ការ​​ឈឺ​ចាប់​ផង និង​ដើម្បី​លុប​​ផលរំខាន​ដែល​​មិន​ឱ្យស្រ្តី​មាន​​កូន​ផង។” អង់ដូមេទ្រីយូស្ស ជំងឺចាស់ តែ​ទើប​ចាប់​រៀន សូម​បញ្ជាក់​ថា​ ​ជំងឺ​អង់ដូមេទ្រីយូស្ស​នេះ​មិនមែន​ជា​ជំងឺ​ថ្មី​ទេ។ វេជ្ជសាស្ត្រ​ចាប់​ផ្តើមកត់ត្រា​សម្គាល់​ឃើញ​​ជំងឺ​នេះ តាំង​ពី​សម័យ​អេហ្ស៊ីបបុរាណ ក្នុង​អំឡុង​ឆ្នាំ​១៨៥៥​មុន​គ្រិស្តសករាជ​ទៅ​ទៀត។ កាលណោះ​គ្រូពេទ្យ​អេហ្ស៊ីប ប្រើ​ពាក្យ​ថា​ ការ​​ឈឺ​នៅផ្នែក​ខាង​ក្រោម​នៃពោះ។ គ្រូពេទ្យ​ក្រិក​ បាន​ថែម​ទាំង​ចាត់ទុក​អាការៈ​ចុកពោះ​នេះ​ថា​ជា​ជំងឺ​របស់​សរីរាង្គ ស្បូន នៅពេល​មាន​វដ្ត​រដូវ។ ប៉ុន្តែ​សេចក្តី​សន្និដ្ឋាន​ដំបូង​​របស់​គ្រូពេទ្យ​​ក្រិកនេះត្រូវ​បាន​គេ​កាយ​កប់​បំភ្លេច​ចោល​បន្តិចម្តងៗ ស្ទើរ​រលុប​បាត់​ទាំង​ស្រុង ... ឯ​ស្ត្រី​បន្ត​ឈឺ​ចាប់​ពេល​មក​ខែ​ដោយ​ពុំ​ដឹង​និង​ពុំ​យល់​អំពី​យន្ត​ការ​ជា​រហូត​មក។ នៅយុគសម័យកណ្តាល​ ស្ត្រី​ឈឺ​ពោះ​ពេល​ធ្លាក់​រដូវ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្រី​ធ្មប់  រង​អំពើ​ ... មានពុត... និយាយ​​ឱ្យ​ចំ គឺ​មិនមែន​ជា​ការ​ឈឺ​ដោយពិតៗ​ទេ។ បន្ទាប់​មក​ ក្នុង​រយៈ​ពេល​ដ៏​យូរ ដែល​ជំងឺ​ឈឺពោះ​អង់ដូមេទ្រីយ៉ូស្ស ត្រូវ​បាន​គេ​រាប់​បញ្ចូល​​ក្នុង​ចង្កោមនៃ​​​ជំងឺ​វិកលចរិក។​ ទាល់​តែ​ចូល​​ដល់​សតវត្សរ៍​ទី​១៩ ទើបពិភពលោក​អ្នក​វេជ្ជសាស្ត្រ​ចាប់​អារម្មណ៍​នឹង​ជំងឺ​អង់ដូមេទ្រីយ៉ូស​ជា​ថ្មី។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​រោគស្ត្រី​ជាតិ​អូទ្រីស Carl von Rokitansky បាន​ពិពរណា​​នៅឆ្នាំ​១៨៦០​ថា ជា​ជំងឺ​ដែល​មាន​​លេច​វត្តមាន​ស្រទាប់​ភ្នាស​ស្បូន នៅខាង​ក្រៅ​ស្បូន។ ឈ្មោះជំងឺ​ អង់ដូមេទ្រីយ៉ូស ត្រូវ​បាន​គេ​ហៅ​​ជា​លើក​ដំបូង នៅ​ឆ្នាំ​ ១៩២៧ ដោយ​គ្រូពេទ្យ​រោគស្ត្រី​អាមេរិក John Albertson Sampson។ ដូច្នេះ អង់ដូមេទ្រីយ៉ូស្ស មិនមែន​ជា​ជំងឺរោគស្ត្រី​ ទើប​លេច​ឡើង​ថ្មីថ្មោង​ទេ ប៉ុន្តែ​ជា​ជំងឺ​ដែល​នៅ​មាន​បង្កប់​ចម្ងល់​ខ្លាំង ហើយ​ទើប​ក្លាយ​ជា​មេរៀនក្នុង​កម្មវិធី​សិក្សា​​វេជ្ជសាស្ត្រ​ សម្រាប់​សិស្សនិស្សិត​ពេទ្យ ចាប់​ពី​ឆ្នាំ​២០២០​មក​នេះ​ តែ​ប៉ុណ្ណោះ៕
09/03/20239 minutes, 59 secondes
Episode Artwork

ជំងឺមហារីក ៖ តើ​ធ្វើ​ដូចម្តេច​ទើប​អាចសម្រួល​​ផលរំខាន​នៃការ​ព្យាបាល​ដោយ​ថ្នាំគីមី ?

ថ្ងៃ៤ កុម្ភៈ ជាទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​មហារីក។ បច្ចុប្បន្ន​នេះ ជំងឺមហារីកជា​ដើម​ហេតុ​ដំបូង​គេ​នៃ​មរណភាព​របស់​មនុស្ស​​នៅ​លើផែនដី។ មហារីក​​សម្លាប់​ជីវិត​ច្រើន​​ជាង​សង្គ្រាម​ និង​គ្រោះមហន្តរាយធម្មជាតិ​ទៅ​ទៀត។ ប៉ុន្តែ​មហារីក​ជា​ជំងឺ​ដែល​អាច​ព្យាបាល​បាន និង​ព្យាបាល​បាន​ជា។ គ្រាន់​តែ​ថាក្នុង​ពេល​​​ព្យាបាល​ ​អ្នក​ជំងឺ​អាច​ទទួល​ផលរំខាន​ ដោយ​ថ្នាំ​ធ្វើ​ទុក្ខ​ខ្លាំង​។ តើ​អ្នក​ជំនាញ​គ្មាន​មធ្យោបាយ​អ្វី​ជួយ​សម្រួល​អាការៈ​ធ្វើ​ទុក្ខ​របស់​ថ្នាំ​ទេ​ឬ ? តើ​អ្នក​ជំងឺ​មហារីក​ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ​ដើម្បី​អាច​ប្រឈម​នឹង​ឥទ្ធិពល​ថ្នាំ  ? មហារីក​ជា​ជំងឺ​គួរ​ឱ្យ​ខ្លាច​រអារ​បំផុត​ដែល​អាច​ឆក់​យក​ជីវិត​មនុស្ស​ទាំង​ក្មេង ប៉ុន្តែ​វេជ្ជសាស្ត្រ​កាន់​តែ​ជឿន​លឿន និងអាចព្យាបាល​ជំងឺ​មហារីក​បាន​កាន់​តែប្រសើរឡើង ឱ្យ​​បាន​ជា​សះស្បើយ​វិញ​ ក្នុង​អត្រា​កាន់​តែ​ខ្ពស់ នា​ពេល​បច្ចុប្បន្ន​នេះ ប្រសិនបើ​គេ​​វែក​ឃើញ​ជំងឺ​ បាន​ឆាប់​តាំងពី​ដំណាក់កាល​ដំបូង​មែនទែន។ ប៉ុន្តែការព្យាបាល​ជំងឺ​មហារីក ជាក់​ស្តែងការព្យាបាល​ដោយ​ថ្នាំគីមី​ អាច​បង្ក​ផលរំខានច្រើន និងការ​​ធ្វើ​ទុក្ខ​ខ្លាំង ដល់​អ្នក​ជំងឺ។ ព្យាបាល​ដោយ​គីមី គឺ​ជា​ការ​ប្រើ​ថ្នាំ​ចាក់​ ឬ​ថ្នាំ​លេប ដែល​សំដៅ​ទៅ​កម្ចាត់​កោសិកា​មហារីក​ ឬ​កំរិត​កោសិកា​មហារីក​កុំ​ឱ្យ​ពង្រីក​ខ្លួន ​ឆ្លង​រាលដាល​ទៅ​លើ​កោសិកា ឬ​សរីរាង្គ​ផ្សេង​ទៀត។ ប៉ុន្តែ​ថ្នាំ​ប្រភេទ​នេះ មាន​​អំណាច​ខ្លាំង អាច​វាយប្រហារ​លើ​កោសិកាល្អ ​គ្មាន​ជំងឺ និង​អាច​ផ្តល់​ផលវិបាក​ គួរ​ឱ្យ​ខ្លាច ដូច​ជា ជ្រុះ​សក់ ក្អួត​ ចង្អោរ ឈឺក្បាល នឿយហត់​ខ្លាំង រលាក​រលាត់​ស្បែក ... នៅពេល​មាន​អាការៈ​សញ្ញា​រំខាន អ្នក​ជំងឺ​ចាំបាច់​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជំងឺមហារីក​វិញ​ភ្លាម​ ដើម្បី​រិះរង​មធ្យោបាយ​ និង​ថ្នាំ​ព្យាបាល​អបបន្ថែម។ សម្រាប់លោកស្រី​វេជ្ជបណ្ឌិត​ អាឡិចសង់ដ្រា លារី នៅប្រទេស​បារាំង​វិញ គ្រូពេទ្យ​ពិត​ជា​អាច​រក​វិធី​ជួយ​សម្រួល​អាការៈ​ធ្វើ​ទុក្ខ​របស់​អ្នក​ជំងឺ​រង​ការព្យាបាល​ដោយ​គីមី​បាន​ច្រើន នៅ​តាម​ស្ថានភាព​ជាក់​ស្តែងនីមួយៗ។ ឧទាហរណ៍ ការ​ជ្រុះ​សក់។ គ្រប់​អ្នក​ជំងឺ​ទទួល​ការ​ព្យាបាល​ដោយ​ថ្នាំគីមី មិន​សុទ្ធ​តែ​ត្រូវ​ជ្រុះសក់​ទេ ប៉ុន្តែ​ជ្រុះសក់​ជា​ផលរំខាន​ដ៏ចម្បង​មួយ។ ​​ដើម្បីការពារ​ករណី​ជ្រុះសក់ មន្ទីរពេទ្យ​ជា​ច្រើន​នៅប្រទេសបារាំង ​កំពុង​ចាប់​ផ្តើម​សាក​ល្បង​វិធីសាស្ត្រ​ឱ្យ​អ្នក​ជំងឺ​​ពាក់​មួកត្រជាក់​ខ្លាំង​​ ដែល​មាន​សីតុណ្ហភាព​ប្រមាណ​៣​អង្សា ​ដូច​ប្រដាប់​ដាក់​ទឹក​កក​យក​មក​ស្អំក្បាល។ ហេតុ​អ្វី​មួកទឹកកក ? ពីព្រោះ​ភាព​ត្រជាក់​អាច​រឹត​បង្រួម​សរសៃ​ឈាមដែល​តភ្ជាប់​ទៅ​ចិញ្ចឹម​ស្បែក​ក្បាល ឱ្យ​រួម​តូច។ ជា​លទ្ធផល ថ្នាំ​គីមី​ព្យាបាល​ជំងឺ​មហារីក មិន​អាច​ហូរតាម​ឈាម​បានដោយ​​ស្រួល​ទៅត្រង់​ម្តុំត្រជាក់​ខ្លាំង​​នោះ ទើប​ឬសសក់​នៅ​មាំ​ល្អ​មិន​ជ្រុះ។ ប៉ុន្តែ​ការ​ពាក់​មួក​ទឹកកក​មិនមែន​តែ​អាច​ធ្វើ​ទៅកើត​ស្រេច​នឹង​ចិត្ត​ទេ។ ត្រូវ​មាន​ពិធីសារវេជ្ជសាស្ត្រ​ច្បាស់លាស់​ ដោយ​ត្រូវ​ពាក់តាំងពី​​មុន​ចាក់​ថ្នាំគីមី​កន្លះម៉ោង និង​​ នៅពេលកំពុង​ ហើយ​បន្ត​ពាក់​​ក្រោយ​​ចាក់​ថ្នាំគីមីហើយប្រហែល​កន្លះ​ម៉ោង​ទៀត។ ក្នុង​ករណីមួកត្រជាក់​​គ្មាន​ប្រសិទ្ធភាព សក់ក៏​នឹង​ដុះ​ឡើង​វិញ នៅពេល​ការ​ព្យាបាល​ដោយ​ថ្នាំ​គីមី​ចប់​សព្វគ្រប់ ឬ​នៅពេល​​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​ពី​ជំងឺ ប៉ុន្តែ​នៅ​មាន​​ករណី​មួយ​ ដែល​វេជ្ជសាស្ត្រ​នៅមិន​ទាន់​អាច​រកឃើញ​មធ្យោបាយ​ជួយ​បានក្នុង​អំឡុង​ពេល​នៃការព្យាបាល គឺ​អាការៈ​អស់​កម្លាំង។ ប៉ុន្តែ​​​អ្នក​ជំងឺ​ផ្ទាល់​អាច​ជួយ​ខ្លួន​ឯង​តាម​រយៈ​កាយវិការ​ដ៏​សាមញ្ញៗ ដូច​ជា​បន្ត​បញ្ចេញ​សកម្មភាព​កាយ​សម្បទា ទទួល​ទាន​ឱ្យ​បាន​ជាប់​លាប់​និង​ត្រឹម​ត្រូវ។ នេះ​ជា​ការណែនាំរបស់​​អ្នក​ស្រីវេជ្ជបណ្ឌិត ចំពោះ​​គ្រប់​អ្នក​ជំងឺ​មហារីក​ទាំង​អស់​ សូម​ស្តាប់​ប្រសាសន៍​របស់អ្នក​ស្រី​វេជ្ជបណ្ឌិត Alexandra Leary “គ្រប់អ្នក​ជំងឺ​សុទ្ធ​តែបាន​ដឹង​ជា​មុន​​អំពីផលរំខាន​នៃ​ការព្យាបាល​ដោយ​ថ្នាំគីមី។ ប៉ុន្តែ​អ្វី​ដែល​លំបាកបំផុត​ គឺនៅ​ពេល​ជួប​ផលរំខាន​នោះដោយជាក់ស្តែង។ មាន​ផលរំខាន​ខ្លះ​ គ្រូពេទ្យ​អាច​ជួយ​បាន ប៉ុន្តែ​ផលរំខាន​ខ្លះ​ទៀត មិន​អាច​ទេ។ ខ្ញុំ​សូម​សារភាព​ដោយ​ត្រង់​ថា ខ្ញុំ​គ្មាន​ថ្នាំ​អី​លេប​ទៅ​ធ្វើ​ឱ្យ​បាត់​អាការៈ​អស់​កម្លាំង​ទេ។ ប៉ុន្តែ​ផ្ទុយទៅវិញ ​អ្នក​ជំងឺ​អាច​ជួយ​ខ្លួនឯង​បាន! សូម​បន្ត​រក្សា​ខ្លួន​ឱ្យ​មាន​សកម្មជានិច្ច ! កុំ​ដំអក់​យល់​ថាខ្លួន​ឈឺ ខ្លួន​​កើត​មហារីក​ ​ខ្សោយអស់​កម្លាំង​ហើយ​លាក់​ខ្លួន​ពួន​​ដេកនៅលើ​គ្រែ​ ក្នុង​ផ្ទះ​ឱ្យ​សោះ។ សូម​សាកល្បង​បញ្ចេញ​កម្លាំង​កាយ​សម្បទា ធ្វើ​សកម្មភាព​កីឡា។ ខ្ញុំ​មិន​ឱ្យ​អ្នក​ទៅ​ហក់លោត​ ឬ​រត់​ប្រណាំង​ម៉ារ៉ាតុង​ទេ តែ​អ្នក​អាច​ ហាត់ប្រាណ​ជំនួយ​បេះ​ដូង សរសៃ​ឈាម។ ភាព​សកម្ម នឹង​ជួយ​អ្នក​បាន​ច្រើនណាស់។ សូម​ជឿចុះ! ចំណែក​ឯ​របប​អាហារ​វិញ សូមកុំ​ធ្វើ​បាប​ខ្លួន​បង្អត់​ និង​តម​អាហារ​អី ជា​ពិសេស​ចំពោះ​អ្នក​ជំងឺ​ដែល​ស្រក​គីឡូ និង​ខ្សោយស្រាប់។ សូម​ចង​ចាំ​ថា​ នៅពេល​កំពុង​ព្យាបាល​ អ្នក​ជំងឺ​បាត់​បង់​ចំណង់​ក្នុង​ការ​ទទួល​ទាន ព្រោះ​ជួន​មាត់​លែង​ដឹង​រសជាតិ ​ ជួន​​ហេងហាង​ដូច​មានរសជាតិស៊ី​​ច្រេះក្នុងមាត់។ ដូច្នេះ​សូម​ជ្រើសរើស​មុខ​ម្ហូបណាដែល​មាន​រសជាតិ​ខ្លាំងៗ ខុស​​ប្លែក​ពី​អ្វី​យើង​មាន​ទម្លាប់បរិភោគកាលមុន​ឈឺ​ ជា​បន្លែផ្លែឈើ​ស្រស់ៗ ឬ​ជា​អាហារ​ហិរៗ បើ​មាត់​លែង​ដឹង​ជាតិ”។ អ្នក​ជំងឺ​មហារីកកំពុង​ចាក់​គីមី ​អាច​ស្វែង​ការ​វិធី​ជួយ​សម្រួល​អាការៈ​ធ្វើ​ទុក្ខ​​ ផ្សេង​ទៀត។ ជា​ជំនួយអម​វេជ្ជសាស្ត្រ​ ​ដែល​​​មិនមែន​ជា​ការ​ប្រើ​ថ្នាំ ដែល​មិនមែន​ជា​​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ តែ​គឺ​ការ​សម្រួល​សរសៃ សម្រួល​ចលនា ដូច​ជា​ការ​ធ្វើ​ម៉ាស្សាច្របាច់​បាត​ជើង ប្របាច់​សរសៃ ឬ​ដោយ​ការ​ប្រើ​ម្ជុលវិទ្យាសាស្ត្រ ព្រោះ​វិធីសាស្ត្រ​ទាំង​នេះ គ្មាន​ហានិភ័យប៉ះពាល់​ដល់​ការ​ព្យាបាល​ដោយ​ថ្នាំគីមីទេ គឺ​មាន​តែ​ផ្តល់​ផលល្អ​ដែល​អ្នក​ជំងឺ​នឹងដឹង​ភ្លាម​នៅពេល​បាន​សាកល្បងម្តង​ឬ​ពីរដង​។ បើ​តាម​អ្នកស្រីវេជ្ជបណ្ឌិត អ្នក​ជំងឺ​មហារីក​ចំនួន​ពាក់​កណ្តាល​ មាន​អារម្មណ៍​ថា​ធូរស្បើយ​ច្រើននៅពេល​បាន​ទទួល​ជំនួយ​អមវេជ្ជសាស្ត្រ៕  
01/02/20237 minutes, 58 secondes
Episode Artwork

មូសខ្លា​កាន់​តែ​ធុន​នឹង​ថ្នាំ តើ​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនឈាម​បានយ៉ាងដូចម្តេច ?

មូស​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​ និង​ជំងឺ​ធ្ងន់ធ្ងរផ្សេងតៀត កំពុង​លូតលាស់​ស៊ាំ​នឹង​ថ្នាំ​បាញ់​មូស​យ៉ាង​ខ្លាំងក្លា នៅតំបន់​ខ្លះ​នៃ​ទ្វីបអាស៊ី។ ជា​ការ​ធុន​ខ្លាំង ដែល​តម្រូវ​ឱ្យ​យើង​ស្វែង​រក​មធ្យោបាយ​ថ្មី​ បន្ទាន់ សម្រាប់​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​។ នេះ​បើ​តាម​ការសិក្សា​ថ្មី​មួយ​របស់​ជប៉ុន​ទើប​ចេញ​ផ្សាយ​កាលពី​ចុង​ខែធ្នូ​ឆ្នាំ​២០២២។ ដុត​ធូប បាញ់​ថ្នាំ ...​ ជា​វិធី​សាស្ត្រ​កម្ចាត់​មូសដែល​បណ្តា​ជន​រស់​នៅ​តំបន់​ត្រូពិក​ តំបន់​មាន​មូស​ច្រើន តែង​ធ្វើ​ស្ទើរជា​រៀង​រាល់​ថ្ងៃ។ បាញ់​រាល់​ថ្ងៃ តែ​មូស​នៅតែ​ច្រើន​ដដែល។ ប្តូរ​ប្រភេទ​ថ្នាំ​បាញ់​មូស​ហើយ​ក៏​ដូច​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព។ តាម​ការពិត​ ភាព​ស៊ាំ​នឹង​ថ្នាំ​មូស​ ធ្លាប់​ត្រូវ​បាន​គេ​ខ្វល់​គិត​និង​ដឹង​ខ្លះ​មក​ហើយ គ្រាន់​តែ​​រហូត​មក​ទល់​នឹង​ពេល​នេះ គេ​នៅ​មិន​ទាន់​បាន​ដឹង​ថា​តើពពួក​មូស​ទាំង​អស់​នោះ​ធុន​នឹង​ថ្នាំ​សម្លាប់​សត្វ​ត្រឹម​កំរិត​ណា​តែ​ប៉ុណ្ណោះ។ នៅថ្ងៃ​នេះ អ្នក​វិទ្យាសាស្ត្រ​ជាតិ​ជប៉ុន​ លោក Shinji Kasai និង​ក្រុមការងារ​របស់​លោក បាន​ធ្វើការ​សិក្សា​អំពី​សត្វមូស​ នៅក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​នៅទ្វីប​អាស៊ី និង​នៅប្រទេស​ហ្កាណា​លើ​ទ្វីប​អាហ្វ្រិក។ ក្រុមអ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ឃើញ​ហ្សែន​របស់​សត្វ​មូស បានធ្វើ​ការ​បំប្លែងច្រើន ទើប​សត្វ​មូសកាន់​តែ​ខ្លាំង​ហើយ​ស៊ាំ​នឹង​ពពួក​ថ្នាំ​បាញ់​ដែល​មាន​ប្រើប្រាស់​ស្ទើរ​ជា​ទូទៅ ផលិត​ដោយ​ប្រើ​សារធាតុ​Perméthrine។ បើតាម​លោក​កាសៃ មូស​ពពួក​Aedes aegypti មូសខ្លាដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​គ្រុន​ឈាម​ ហ្ស៊ីកា ឈីក និង​គ្រុន​លឿង នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​ជាង​៩០% មាន​ការ​បំប្លែង​ហ្សែន​ច្រើន​មែនទែន​រហូត​អាច​​ធុននឹង​ថ្នាំសម្លាប់​សត្វ​ល្អិត​ (ថ្នាំបាញ់មូស)។ ជា​ការ​ធុន​ខ្លាំង ​ក្នុង​កំរិតខ្ពស់​​​បំផុត។ នាយក​ដេប៉ាតឺម៉ង់​វេជ្ជសាស្ត្រ​សត្វល្អិត​នៃវិទ្យាស្ថាន​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​ជប៉ុនរូប​នេះ​ បាន​​រក​ឃើញ​ទៀត​ថា​ មូសប្រភេទ​ខ្លះ​ដែល​តាម​ធម្មតា​ត្រូវ​កម្ទេច​បាន​ទាំង​ស្រុង​(១០០%) ដោយ​ថ្នាំ​បាញ់​មូស​នោះ ឥលូវ​កម្ចាត់​បាន​ត្រឹម​តែ​៧%​ប៉ុណ្ណោះ។ ហើយ​បើ​ទោះ​បី​ជា​គេ​បង្កើន​កំរិត​ជាតិ​ពុល​ក្នុង​ថ្នាំ​បាញ់​មូស​នោះ​ឡើង​ទ្វេ​ជា​១០ ក៏​គេ​អាច​សម្លាប់​ពពួក​មូស​ទាំង​អស់​នោះ​បាន​ត្រឹម​តែ​៣០%​ យ៉ាង​ច្រើន។ ជា​សំណាង​ល្អ កំរិត​នៃ​ភាពធុន​នឹង​ថ្នាំបាញ់​មូស​ខុស​គ្នា​ពី​តំបន់​​មួយ​ទៅតំបន់​​មួយ សូម្បី​តែ​នៅ​ប្រទេស​វៀតណាម​ជាប់​របង​នឹង​ប្រទេស​កម្ពុជា​ ជា​ឧទាហរណ៍​ជាក់ស្តែង ក៏​កំរិត​នៃ​ភាព​ស៊ាំ​នឹង​ថ្នាំ​សម្លាប់​របស់សត្វ​មូសវៀតណាម​​ ខុស​ពីមូស​ខ្មែរដែរ។ នេះ​បើ​តាម​ប្រសាសន៍​បញ្ជាក់​របស់​លោក​កាសៃដដែល ដោយ​បន្ថែម​ថា នៅក្នុង​លទ្ធផល​នៃ​ការ​សិក្សា ថ្នាំបាញ់​មូស​នៅ​មាន​ប្រសិទ្ធភាព​ខ្ពស់ នៅឡើយ សម្រាប់​ប្រទេស​ហ្កាណាលើ​ទ្វីប​អាហ្វ្រិក សម្រាប់​តំបន់​ខ្លះ​​នៃ​ប្រទេស​ឥណ្ឌូណេស៊ី និង​កោះតៃវ៉ាន់។ ពពួក​មូស​ខ្លា ពូជ​Aedes albopictus ក៏​ចាប់​ធុន​នឹង​ថ្នាំ​បាញ់​មូស​ដែរ គ្រាន់តែ​ក្នុង​កំរិត​នៅ​ទាប​ជាង​ពូជ​មូស​Aedes aegypti។ ជា​មួយ​​ចម្ងល់ គ្មាន​ចម្លើយ​សោះ ជុំវិញ​មូល​ហេតុ​ ទីកន្លែង​និង​ពេល​វេលា​នៃការ​​បំប្លែង​ហ្សែន​របស់​សត្វ​មូស រហូត​ក្លាយ​ជា​សត្វ​ធុន​ខ្លាំង​នឹង​ថ្នាំ​សម្លាប់​ល្អិត​ លោក​កាសៃ ព្រួយ​បារម្ភ​ខ្លាច​តែ​ភាពស៊ាំ​របស់​មូស ដែល​រក​ឃើញ​នៅ​ពេល​នេះ បន្ត​រីករាល​ដាល យ៉ាង​លឿន​រហ័សក្នុង​អនាគត​ដ៏​ខ្លី​​នៅ​ពេញពិភពលោក​ទេ។ បើ​មូស​ធុន​នឹង​ថ្នាំ​សម្លាប់​សត្វ​ល្អិត តើ​គេ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​វា​បាន​យ៉ាង​ដូចម្តេច​ទៅ​វិញ​ទៅ ?! លោក កាសៃ បាន​ណែនាំ​ឱ្យ​ឧស្សាហ៍​ប្តូរផ្លាស់​ប្រភេទ​ថ្នាំ​បាញ់​មូស តែ​លោក​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា បញ្ហា​ដ៏​ចម្បង​នោះ គឺ​គ្រប់​ថ្នាំបាញ់​មូស​ មាន​សារធាតុ​សកម្មប្រហាក់ប្រហែល​គ្នា​។​ ដូច្នេះ​ជម្រើស​ដ៏​ប្រសើរ​ជាង​គេ​មួយ​ទៀត គឺ​ត្រូវ​ពង្រឹង​កិច្ច​ខិត​ខំប្រឹងប្រែង​ លុប​បំបាត់​តំបន់​ជា​ជម្រកបង្កបង្កើត​មូស​ ឬ​ត្រូវ​រក​បច្ចេកវិទ្យា​ថ្មី​ណា​ដែល​ទៅ​ធ្វើ​មូសឈ្មោល​អារ មិន​អាច​បន្ត​ពូជ​បាន​។ ចេញ​ផ្សាយក្នុង​ទស្សនាវដ្តី​Science Advances ​កាលពី​ចុង​ខែ​ធ្នូ​២០២២ ការ​សិក្សារបស់​អ្នក​ជំនាញ​នៅ​សកលវិទ្យាល័យ​Sydney លោក កាមឺរោន វេប  Cameron Webb បាន​បង្ហាញ​ថា យុទ្ធសាស្ត្រ​ដែល​មនុស្ស​លោក​កំពុង​ប្រើ​ជា​ប្រចាំ​និង​ជា​ញឹកញយ ​​នាពេល​បច្ចុប្បន្ន​នេះ​លែង​សូវ​មាន​ប្រសិទ្ធភាពប្រឆាំង​នឹង​សត្វល្អិត​ចង្រៃមូសហើយ។ គេចាំបាច់​​ត្រូវ​តែ​ស្វែង​រក​សារធាតុគីមីថ្មី​​ ប៉ុន្តែ​អាជ្ញាធរ​និង​អ្នក​វិទ្យាសាស្ត្រ​ត្រូវ​ពិចារណាផង​ដែរ ​រក​វិធីសាស្ត្រ​ថ្មី សម្រាប់ការពារ​ ដូច​យ៉ាង​ថ្នាំបង្ការជំងឺ​​វិញ​ទៀត​ប្រសើរ​ជាង។ បើ​តាម​អង្គការ​សុខភាពពិភពលោក ករណី​កើត​ជំងឺ​គ្រុន​ឈាម​បាន​កើន​ឡើង​ គួរ​ឱ្យ​កត់​សម្គាល់​ និង​ព្រួយ​បារម្ភ​ នៅ​ទូទាំង​ពិភពលោក នា​រយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​មក​នេះ​។ ​ក្នុង​មួយ​ឆ្នាំៗ មាន​មនុស្ស​ក្មេង​ចាស់​ប្រុសស្រី ប្រមាណពី​១០០​ទៅ​៤០០​លាន​នាក់កើត​​ជំងឺគ្រុនឈាម​ ក្នុង​នោះ​៨០%​ជា​អាការៈ​ជំងឺ​ស្រាល​ ឬ​គ្មាន​រោគ​សញ្ញាទេ តែ​ក៏​មាន​អ្នក​ជំងឺ​មិន​តិច​ដែរ បាន​ស្លាប់​ដោយ​ជំងឺ​គ្រុនឈាម។ នេះ​​បើតាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោកដដែល។ មក​ទល់​នឹង​ពេល​នេះ គេរក​ឃើញ​​ថ្នាំ​បង្ការ​ជំងឺ​គ្រុនឈាម​បាន​ពីរបី​មុខ​ដែរ គឺ​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន​ Takeda និង​ក្រុមហ៊ុន​បារាំង។ ប៉ុន្តែ​ប្រសិទ្ធភាពនៃ​​​​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​បារាំង សាណូហ្វី នៅមាន​កំរិត​ណាស់ ដោយវា​​អាច​បង្ក​ផល​រំខាន​ធ្ងន់ធ្ងរ​ដល់​​អ្នក​ដែល​មិន​ធ្លាប់​កើត​ជំងឺ​គ្រុន​ឈាមសោះ។ មាន​ន័យ​ថា​ថ្នាំ​បង្ការ​Dengvaxia របស់​បារាំង​ បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ នៅអឺរ៉ុប​តាំងពី​ឆ្នាំ​២០១៨​មក​មែន តែ​សម្រាប់​ប្រជាពលរដ្ឋ​រស់​ក្នុង​តំបន់​ប្រឈម​នឹង​ជំងឺគ្រុន​ឈាម​ខ្លាំង និង​សម្រាប់​អ្នក​​ធ្លាប់​កើត​ជំងឺ​គ្រុនឈាម​ដោយ​ពិតៗ។ វ៉ាក់សាំង​Dengvaxia អាច​​ការ​ពារ​មិន​ឱ្យ​ជំងឺ​ធ្លាក់​ក្នុង​ទម្រង់​ធ្ងន់​ធ្ងរ​ដែល​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​អ្នក​ដែល​ឆ្លង​ជំងឺ​គ្រុន​ឈាមញយ​ដង។ ចំណែក​​ថ្នាំ​បង្ការ​ជំងឺ​គ្រុនឈាម​ជប៉ុន Qdenga ​ទើប​អនុម័ត​ឱ្យ​ប្រើប្រាស់​ កាលពី​ឆ្នាំ​ទៅ និង​ជា​លើក​ដំបូង​គេបង្អស់ ដោយ​ប្រទេស​ឥណ្ឌូណេស៊ីតែ​មួយ​គត់។ Qdenga ជា​ថ្នាំ​បង្ការ​របស់​ជប៉ុន​សុទ្ធសាធ និង​​អាច​ចាក់​លើ​មនុស្ស​គ្រប់​វ័យ​ចាប់​ពី​អាយុ​៤​ឆ្នាំ​ឡើង​ទៅ​។ អ្នក​ធ្លាប់​កើត​ជំងឺ​គ្រុនឈាម និង​អ្នក​មិនធ្លាប់​កើត​ សុទ្ធ​តែអាច​ចាក់​បាន​ដូច​គ្នា និង​ទទួល​លទ្ធផល​ដូច​គ្នា។ នៅក្នុង​ការ​សាកល្បង​ លើ​កុមារ និង​មនុស្សធំ ជាង ២៨០០០នាក់ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ ថ្នាំ​បាន​ផ្តល់​លទ្ធផល​គួរ​ជាទីគាប់​ចិត្ត ដោយ​មាន​​ប្រសិទ្ធភាព​ដល់​ទៅ ៨៤% ទប់​មិន​ឱ្យ​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​ឈឺ​ចូល​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ និង​​​មិន​ឱ្យ​លេច​សញ្ញា​រោគ​គ្រុនឈាមបាន​ ៦១%៕
25/01/20239 minutes, 16 secondes
Episode Artwork

តើយើង​គួរ​ព្រួយ​បារម្ភ​នឹង​ការ​ខ្វះ​ថ្នាំផ្សះ ​Amoxicilline ដែរឬទេ ?

កាលពី​ចុង​ខែ​ធ្នូ ប្រឈម​នឹង​រលក​ចម្លង​កូវីដ​១៩​យ៉ាង​ខ្លាំងក្លា​នៅក្នុង​ប្រទេស​ក្រោយ​ការ​លុបចោល​នយោបាយ​សូន្យ​កូវីដ រដ្ឋាភិបាល​ចិន​ បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន ស្តុក​ទុក​​ឱស​ថ​ចាំបាច់​និង​សំខាន់ៗ​​សម្រាប់​រដ្ឋ ដោយ​មិន​ត្រូវ​លក់​ចែកចាយ​ទៅ​ឱ្យ​ឯកជន​ទេ។ ​កង្វះ​ឱសថ​មិនមែន​ជា​បញ្ហា​របស់ប្រទេស​​ចិន​តែមួយ​ឡើយ​ តែ​ជា​បញ្ហា​របស់​ពិភពលោក​ទាំង​មូល។ តាំងពី​ជា​ច្រើន​ខែ​មក​នេះ ពិភពលោក​ទាំង​មូល​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ថ្នាំ​ព្យាបាលជំងឺ​​ជា​ច្រើន​មុខ។ បាតុភូត​ខ្វះ​មូលេគុល​ថ្នាំ​នេះ​បានលេច​ឡើង​តាំងពី​ជា​ច្រើនទសវត្សរ៍​មក​ហើយ​ ដោយ​និន្នាការ​​សកលភាវូបនីកម្ម ប្រមូល​ផ្តុំ​ការ​ផលិត​សារធាតុ​សកម្មនៅតែ​​អាស៊ី ក្នុង​ប្រទេស​ពីរ​បីមាន​។ ​ប៉ុន្តែ​វា​ទើប​ស្តែង​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ និង​កាន់​តែ​ធ្ងន់ធ្ងរ នៅពេល​ពិភពលោក​ឆ្លង​កាត់​វិបត្តិ​រោគរាតត្បាត​សកល​កូវីដ​១៩។ កាលពី​ឆ្នាំ​២០២១ ភ្នាក់ងារសន្តិសុខ​​ឱសថបារាំង បាន​ទទួល​សញ្ញា​ថា​មាន​បញ្ហា​ស្តុក​ថ្នាំ​ចំនយណ​២១៦០​ករណី ទល់​នឹង​៤០៥​ករណី​កាលពី​ឆ្នាំ​២០១៦ និង​១៥០៤​ករណី​នៅឆ្នាំ​២០១៩ និង​ឡើង​ដល់​២៥០០នៅឆ្នាំ​២០២០ ពេល​វិបត្តិ​កូវីដ​កំពុង​ពេញ​អំណាច។ សម្ពាធ​ផ្នែក​ឱសថ​មិនមែន​កើត​មាន​តែ​ក្នុង​ប្រទេស​បារាំង​ ​ដូច​បាន​រៀប​រាប់​មក​នេះ​ទេ​ សហរដ្ឋ​អាមេរិក កាណាដា អូស្ត្រាលី អង់គ្លេស អាល្លឺម៉ង់ ... ក៏​កំពុង​ទាញ​សញ្ញា​អាសន្ន​ខ្វះ​ថ្នាំ ជា​ច្រើន​មុខ​​ដែរ។ ​ចិន ប្រទេស​ជាប់​ឈ្មោះ​ជាអ្នក​ផលិត​​សារធាតុ​សកម្ម​របស់​ថ្នាំ​ដ៏​ធំ​ជាង​គេ​បំផុត​ ក៏​ប្រកាស​ហាមឃាត់​មិន​ឱ្យ​ក្រុមហ៊ុន​ឱសថ​លក់​ថ្នាំ​ចែកចាយ​ឱ្យ​ឯកជន​ទេ ត្រូវ​ទុក​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​រដ្ឋ។ សម្រាប់​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​ផ្ទាល់ ពួកគេ​បន្ទោស​គំរូ​សេដ្ឋកិច្ច​ដែលក្រុមហ៊ុន​មន្ទីរ​ពិសោធន៍​ធំៗ​ គិត​តែ​ពី​ផលប្រយោជន៍​ គិត​តែ​ពី​ស្វែង​រក​ផល​​ចំណេញ​​ តាម​រយៈ​ការ​ផលិត​ថ្នាំ​ថ្មីៗ ហើយ​បោះបង់ ឬ​លែង​សូវ​ខ្វល់​គិត​ផលិត​មូលេគុល​ចាស់។ បើ​តាម​របាយការណ៍​ ​ ​មួយ ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០២០ នៅ​ប្រទេស​បារាំង ​ថ្នាំរក​ឃើញ​​ថ្មីៗ​ លក់​បាន​ថ្លៃ មាន​បញ្ហា​យ៉ាង​តិច​តួច​បំផុត។ តើ​ពិភពលោក​កំពុងប្រឈម​នឹង​ការ​ខ្វះ​ថ្នាំអ្វីខ្លះ ? ​ថ្វីបើ​​ពពួក​ថ្នាំ​ដែល​មាន​ប្រយោជន៍​ចម្បង​ក្នុងការ​ព្យាបាល​ជំងឺ​បីប្រភេទ ប្រឆាំង​ការ​បង្ក​រោគ ថ្នាំ​សម្រាប់​ប្រព័ន្ធប្រសាទ និង​ប្រព័ន្ធសរសៃឈាម​បេះដូង កំពុង​តាន​តឹង​ខ្លាំង​មែន តែ​បញ្ហាខ្វះខាត​ដែល​​ប្រឈម​ខ្លាំងជាង​គេ​ មាន​ទាក់ទង​ជា​ពិសេសតែម្តង​​នឹង​ពពួក​​​ថ្នាំ​ដែល​មាន​ការ​ប្រើប្រាស់​ជា​ញឹកញាប់​ជាង​គេ​តែ​ម្តង។ នោះ​​ ​គឺ​ថ្នាំបំបាត់​ការ​ឈឺចាប់ បំបាត់​អាការៈ​ក្តៅ​ខ្លួន ថ្នាំ​ផ្សះ មាន​ជា​អាទិ៍​ ថ្នាំប៉ារ៉ាសេតាមុល ... និង​ ថ្នាំ​អាម៉ុកស៊ីស៊ីលីន។ ជា​ដំណោះស្រាយ​សម្រាប់​រយៈ​ពេល​ខ្លី ក្រុមហ៊ុន​ឧស្សាហកម្ម​ឱសថ​ចាប់ផ្តើម​បង្កើន​ល្បឿន​ផលិត​ឡើង​វិញ ចំណែក​អាជ្ញាធរ​សុខាភិបាល​បាន​ណែនាំ​ឱ្យ​អ្នក​ជំនាញ​សុខភាព យក​​មូលេគុល​ដែល​នៅ​មាន​មក​​ប្រើជំនួស​​មូលេគុល​ខ្វះ​ខាត​ ប្រសិន​បើ​អាច​ ឬ​កំរិត​រយៈ​ពេល​ប្រើប្រាស់ ជា​ដើម។
20/01/20238 minutes, 3 secondes
Episode Artwork

ហេតុ​អ្វីជង្គង់​ឈឺ ? តើ​ត្រូវធ្វើ​ដូចម្តេច ?

ឆ្អឹងស្ពោត រលាក​សន្លាក់​ បុក​ទង្គិច គ្រេច ... រោគ​នៅ​ជង្គង់​មាន​ច្រើន។ មូលហេតុ​នាំ​ឱ្យ​ឈឺ​ជង្គង់​ក៏​មាន​ច្រើន និង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ តែ​ការ​ឈឺ​ចុក​ចាប់នៅ​​ក្បាល​ជង្គង់​ គាំង​តឹង​រោយ ជា​រោគ​សញ្ញា​រួម​។​ ហេតុអ្វី ឈឺជង្គង់ និង​ត្រូវ​ធ្វើ​ដូចម្តេច ? តើ​គេ​អាច​ថែ​រក្សា​ជង្គង់​ និង​កាត់​បន្ថយ​​ការ​ឈឺ​ចាប់​នៅ​ជង្គង់​បាន​ដោយ​វិធីណា​ខ្លះ ? ជង្គង់​គឺ​ជា​សន្លាក់​ដ៏​ចម្បង​​គេ​របស់​សរីរាង្គកាយ​មនុស្ស ព្រោះ​វា​ជា​ទម្រ​ភ្ជាប់ពី​​ជើង​ទៅ​ភ្លៅ។ សន្លាក់​ជង្គង់​ ស្នូល​សម្រាប់​ការ​បត់​បែន​នៃរាងកាយ​ ដោយ​ចេះ​បែង​ចែកការ​ទ្រ​​ទម្ងន់​នៃ​​ខ្លួន​ប្រាណ និង​ដើរ​តួរ​សំខាន់​​ក្នុង​ការ​ធ្វើ​ចលនា​របស់​ជើង​ផង។ សន្លាក់​ជង្គង់​ទាំង​មូល គឺរាប់​តាំងពី​ចុង​ខាង​ក្នុង​នៃ​ឆ្អឹង​កំភួន​ជើង ទៅដល់​ចុង​ឆ្អឹង​ភ្លៅ​ ព្រមទាំង​គ្រាប់​អង្គុញ​ក្បាល​ជង្គង់​នៅ​ផ្នែក​ខាង​មុខ​ផង។ ដោយ​សារ​តួនាទី​ដ៏​ច្រើន និង​ដ៏​សំខាន់​របស់​សន្លាក់របស់​ជង្គង់​នេះ​ហើយ ទើប​ពេល​ខ្លះ ជង្គង់​ងាយ​​រិច​រិល​និង​ទ្រុឌទ្រោម ហើយ​អាច​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង​នៅក្បាល​ជង្គង់។ អាការៈ​សញ្ញា​រោគ​នៃ​ការ​ឈឺ​ក្បាល​ជង្គង់​ មានសំខាន់​ពីរ គឺ​ ការ​ឈឺ​ចុកចាប់ និងការ​រឹង​គាំង។ នេះ​បើ​តាមកា​រពន្យល់​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អាឡាំង សូតតេ ដោយ​លម្អិត​ទៀត​ថា ការ​ឈឺ​ចុកចាប់​អាច​កើត​ឡើង​ដោយ​ចលនា មាន​ន័យ​ថា ឈឺដោយ​ពេល ឈឺ​​​​ខ្លាំង​ពេល​ធ្វើ​ចលនា និង​អន់​ឈឺ​ពេល​នៅស្ងៀម ឬ​ជា​ការ​ឈឺ​ចុកចាប់​ដោយ​មាន​ការ​រលាក។ ក្នុង​ករណី​នេះ ការ​ឈឺ​ចុកចាប់​អាច​ខ្លាំង​ រហូត​ដាស់​អ្នក​ទាំង​យប់​។ ជា​ទូទៅ ជង្គង់​ឡើង​ប៉ោង​ហើម ក្តៅ និង​ជួន​ឡើង​ក្រហម​ទៀត​ផង។ បើ​​​ជង្គង់​​​រឹង​គាំងវិញ ​វានឹង​​បង្កការ​លំបាក​នៅពេល​បត់ ឬ​នៅពេល​លា ហើយ​​រំខាន​ខ្លាំង​នៅពេល​ដើរ។ ចុះ​តើ​នៅ​ពេល​ណា និង​មាន​រោគ​សញ្ញាយ៉ាងណា ​ដែល​ជំរុញ​ឱ្យ​អ្នក​ជំងឺត្រូវ​តែ​​ទៅ​ស្វែង​រក​ការ​ព្យាបាល ពិគ្រោះ​ជំងឺ​ពី​គ្រូពេទ្យ ? សូម​ស្តាប់​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អាឡាំង​សូតតេ  គ្រូពេទ្យ​ឯកទេស​នៅមន្ទីរ​ពេទ្យ សាំងអង់ទាន់ ក្រុង​ប៉ារីស ៖ លោក​សាស្ត្រាចារ្យ អាឡាំង សូតតេ ៖ “ទីមួយ គឺ​នៅពេល​អាការៈ​ឈឺ​ជង្គង់​មាន​អម​ដោយការ​​លំបាក​ក្នុង​ការ​ដើរ ក្នុង​ការ​ឡើង​ជណ្តើរ ឬ​មាន​សញ្ញា​រោគ​អម​សម្គាល់​​មួយ​ទៀត គឺ​ជង្គង់​ឡើង​ប៉ោងធំ​លើស​ប្រក្រតី ដែល​រំខាន​ការ​ធ្វើ​ចលនា ជាពិសេស​​មិន​អាច​បត់​-បន្ទន់​បាន។” ក្នុង​នាម​​ជា​សន្លាក់​ទម្រ ជង្គង់​​​​ងាយនឹង​ឈឺ​ណាស់​។ តើ​នេះ​បណ្តាល​មក​ពី​អ្វី​ ? ឬ​អាច​ចោទ​សួរ​បញ្ច្រាស​មក​វិញ​ថា តើ​អ្វី​ជា​បញ្ហា​ដែលអាច​​កើត​មាន​ច្រើន​ចំពោះ​ជង្គង់ ? សូម​ស្តាប់​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ សូតតេ ជា​ថ្មី ៖ “ជង្គង់អាច​ជួប​​បញ្ហា អាស្រ័យ​ទៅ​លើ​ដំណាក់កាល​នៃ​ជីវិត។ ចំពោះ​មនុស្ស​វ័យ​ក្មេង សកម្ម និង​ជា​អ្នក​កីឡា នោះ​ជំងឺ​របស់​ជង្គង់​មាន​ពាក់​ព័ន្ធ​នឹង​ប្រភេទ​កីឡា ដូច​ជា​គ្រេច ដាច់ឬ​ព័ន្ធ​សរសៃ​ជង្គង់ ឬ​បាក់។ ជា​មួយ​ពេលវេលា​កាន់​តែ​ទៅ​មុខ ជង្គង់​អាច​ជួប​បញ្ហា​បង្ក​ឡើង​ដោយ​ការ​ឡើង​ទម្ងន់។ ចំពោះ​មនុស្ស​ចំណាស់ ចូល​ដល់​មជ្ឈិមវ័យ ការ​ឈឺ​​ជង្គង់​ច្រើន​តែ​បញ្ហា​ ដែល​បង្ក​ឡើង​ដោយជំងឺ​សឹកខូច​​សន្លាក់។ សន្លាក់​ដែល​តភ្ជាប់​ពី​ជង្គង់​ទៅ​ឆ្អឹង​កំភួន​ជើង ឬត​ ​​ទៅ​ឆ្អឹង​ភ្លៅ។ តំណដែល​មាន​ឈ្មោះ​បច្ចេកទេស​ Patella ដែល​យើង​តែ​ទម្លាប់​ហៅ​​គ្រាប់​អង្គុញ​ជង្គង់។ ការ​រលាក​សន្លាក់ រលាក​សរសៃ រលាក​ឆ្អឹង ក៏​ជា​ដើមហេតុ​មួយ​ដែល​នាំ​ឱ្យ​ឈឺក្បាល​ជង្គង់​ដែរ។ តែ​វា​ករណី​ដ៏​កម្រ​បំផុត​ដែល​ការ​ឈឺ​ក្បាល​ជង្គង់​អាច​បណ្តាល​មក​ពី​មានដុះ​ដុំ​សាច់ ឬ​ដុំ​មហារីក​ នៅលើ​ផ្នែក​ណាមួយ​នៃសន្លាក់​ជង្គង់​ (​ឆ្អឹង ឆ្អឹង​ខ្ចី ...)។ ដើម្បី​អាច​រក​ឃើញ​មូលហេតុ​នៃ​ការ​ឈឺ​ជង្គង់ គ្រូពេទ្យ​អាច​តម្រូវឱ្យ​អ្នក​ជំងឺ​ទៅ​ថត​ឆ្លុះ​ ធ្វើ​Radio ថត​ពី​មុខ និង​ពី​ចំហៀង។ ការ​ថត​រ៉ាយោ​ សឹង​តែ​គ្រប់​គ្រាន់​សម្រាប់​ផ្តល់​ការ​វិនិច្ឆ័យ​រោគ​​ឈឺ​ជង្គង់ ភាគ​ច្រើន។ មាន​ករណី​ឈឺ​តិច​តួច​ណាស់ ដែល​គ្រូពេទ្យ​អាចណែនាំឱ្យ​ថត​អឹមរ៉ាយ ឬ​ថត​ស្កាន​។ ការ​ថត​បែបនេះ​មិន​ត្រូវ​ធ្វើ​ឡើង​ជា​ស្វ័យប្រវត្តិ​ឡើយ ព្រោះ​គ្មាន​ប្រយោជន៍។ ជា​ទូទៅ​មនុស្ស​គ្រប់រូប​នៅពេល​ចូល​ដល់​វ័យ​ចាប់​៤០​ឆ្នាំ​ ជង្គង់ច្រើន​ចាប់​មាន​សញ្ញា​ចាស់​ទ្រុឌទ្រោម ថត​ទៅ​ឃើញ​មាន​ស្នាម នាំ​ឱ្យ​គិត​ថា​មាន​បញ្ហា​សន្លាក់​ រួច​ទៅ​ចាក់​រុក​មើល​បន្ថែម​ឥត​អំពើ។ វិធី​សាស្ត្រ​វិភាគមួយ​ទៀត គឺការ​ចាក់​យក​ទឹក​នៅក្បាល​ជង្គង់​មក​វិភាគ​ដើម្បី​បែង​ចែក​​អាការៈ​ហើម​ឈឺ​បណ្តាលមក​ពី​ការ​បង្ក​រោគ ឬ​ការ​រលាក។ ក្នុង​ពេល​រង់​ចាំ​ការ​ពិគ្រោះ​ជំងឺ​វែក​រក​មូល​ហេតុ​នៃ​ការ​ឈឺ​ជង្គង់ គេ​អាច​បំបាត់​ឬ​បញ្ចុះ​ការ​ឈឺចាប់​ ​ដោយ​អាច​​សាកល្បង​ព្យាបាល​ដោយខ្លួន​ឯង ដោយ​​ប្រើ​ថ្នាំ លាបថ្នាំ​រឹត ឬថ្នាំ​​លេប​បំបាត់​ការ​ឈឺ​ចុកចាប់​ពពួក​ប៉ារ៉ាសេតាម៉ុល ពីរបី​ថ្ងៃយ៉ាងយូរ និង​ ដោយ​ការ​ប្តូរ​ផ្លាស់​ទម្លាប់​ប្រចាំ​ថ្ងៃ​បន្តិច​បន្តួច​ ដ៏​សាមញ្ញ។ បើ​ជា​ការ​ឈឺ​ជង្គង់​បង្ក​ឡើង​ដោយ​ការបុក​ទង្គិច-ដួល​ ៖ ត្រូវ​​បញ្ឈប់​ធ្វើ​ចលនា និង​សកម្មភាព​កីឡា​។ ថ្នម​ជង្គង់​ដោយ​ចៀស​កុំ​ប្រើកម្លាំង​សង្កត់​លើ​ជើង ស្អំជង្គង់​ដោយ​ទឹក​ត្រជាក់ឬ​ទឹកកក​ រុំ​ជើងតែ​កុំ​រឹតតឹង​ត្រង់​​ក្បាលជង្គង់ ឧស្សាហ៍​លើក​ជើង ដើម្បី​កុំ​ឱ្យ​ហើម​ជើង បើជាការ​ឈឺ​ដោយ​មូលហេតុ​ផ្សេង ចៀសវាង​កុំ​ដើរនៅពេល​កំពុង​ឈឺ​ និង​កុំ​ឈរ​យូរ​ ឧស្សាហ៍​ទម្រេខ្លួន និង​សម្រាក ចៀសវាង​កុំ​លើក​-យួរ របស់​ធ្ងន់ បន្ត​ដើរ​ជា​ប្រចាំ​នៅពេល​ឈប់​ឈឺ បើ​ចាំបាច់​ ​គួរ​តែ​ប្រើ​ឈើច្រត់​ ដើម្បី​ជួយ​សម្រាល​ទម្ងន់​កុំ​ឱ្យ​សង្កត់​ទៅ​លើ​សន្លាក់​ពេក ពេល​សំរាន្ត​ សណ្តូក​ជើង​យក​ខ្នើយ​កល់​ចុង​ជើង​ឱ្យ​ខ្ពស់​​ស្មើ​ក្បាល ថែទាំជើង ដោយ​ជ្រើសរើស​ស្បែក​ស្រួលពាក់​ និង​គ្មាន​កែង ហើយ​បើចង់​ឱ្យ​​កាន់​តែ​ប្រសើរ​ខ្លាំងទៀត ត្រូវ​សម្រក​ទម្ងន់ ព្រោះ​ធាត់​ជា​មារ​ចាំ​ផ្ចាញ់​ជង្គង់។ ​នេះ​ដំបូន្មានណែនាំដោយ​​លោក​សាស្ត្រាចារ្យ​ សូតតេ​​ ស្តីពី​ការ​ថែរក្សា​សុខភាព​ជង្គង់​ឱ្យ​បាន​មាំ​មួន​ល្អ​យូរអង្វែង។ សូម​ស្តាប់​ប្រសាសន៍​របស់​​លោក​សាស្ត្រាចារ្យ​ ៖   “កត្តា​អវិជ្ជមាន​ដ៏​សំខាន់​ដែល​ជំរុញ​ឱ្យ​មាន​ជំងឺ​សន្លាក់​គឺ​ ជំងឺ​ធាត់។ ជា​ឧទាហរណ៍​ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស​បារាំង មាន​ការ​វះកាត់​ប្តូរ​ឆ្អឹង​ត្រគៀក​ ចំនួន ១២៥០០០​ករណីនិង​​៩០០០០​ជា​ការ​វះកាត់ប្តូរ​​ជង្គង់។ ចំណែក​នៅសហរដ្ឋ​អាមេរិក​ដែល​មាន​ប្រជាជន​ជិត​៤០%​ជា​មនុស្ស​ធាត់​ជ្រុលវិញ មាន​ការ​វះកាត់​ប្តូរ​ឆ្អឹង​ត្រគៀក និង​ជង្គង់ ច្រើន​ជាង​នៅ​បារាំង​ដល់​ពីរ​ដង។ ដូច្នេះ ការ​ធាត់​ជ្រុល​ជា​កត្តា​សម្រួល​ឱ្យ​មាន​បញ្ហា​សន្លាក់​ក្បាល​ជង្គង់។​” បញ្ចុះ​ទម្ងន់ ធ្វើកីឡា​ហែលទឹក ធ្វើ​ចលនា​សរសៃ សុទ្ធ​សឹង​ជា​មធ្យោបាយ​ព្យាបាល​ការ​ឈឺ​ជង្គង់។ គ្រូ​ពេទ្យ​ក៏​អាច​ផ្តល់​ថ្នាំ​រឹត​ ជា​ជែល ជា​បង់​រុំ ឬ​ការ​ប្រើប្រាស់​ថ្នាំលេប​​​ ពពួក​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ​ក្នុង​ករណី​ចាំបាច់​ខ្លាំង។ ជួន​អាច​មាន​ការ​ផ្តល់​ថ្នាំពពួក​Corticoïde។ ការ​វះកាត់​ប្តូរ​ជង្គង់​អាចនឹង​មាន​​ស្នើ​ឡើង​ ប្រសិន​បើ​គ្រប់​វិធី​ព្យាបាល​ជួប​បរាជ័យ៕
11/01/20238 minutes, 5 secondes
Episode Artwork

តើ​បាយប៉ូឡា Bipolar ជា​ជំងឺ​អ្វី ?

កម្មវិធី​សុខភាព​ថ្ងៃ​នេះ សូម​ណែនាំ​លោកអ្នកនាង​ឱ្យ​បានស្គាល់ អំពី​ជំងឺផ្លូវ​ចិត្ត​ដ៏​ធ្ងន់ធ្ងរមួយ ដែល​ហៅ​ជា​ភាសា​បារាំង ប៊ីប៉ូឡែរ ឬ​បាយប៉ូឡា ជា​ភាសា​អង់គ្លេស។ អង្គការ​សុខភាព​ពិភពលោក​ចាត់​ទុក​បាយប៉ូឡា​ជា​ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​១០​មុខ​ ដែល​បង្ក​ឱ្យ​មាន​ពិការភាព​យ៉ាង​ធ្ងន់ធ្ងរតើ​ជំងឺ​នេះ​ មាន​ទម្រង់​បែប​ណា ? និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បែប​ណា ? សូម​ស្តាប់​បទ​សម្ភាស​ន៍​របស់​លោក​សាស្ត្រា​ចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកលវិទ្យា នៅ​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ-​សូវៀត។
04/01/20239 minutes, 12 secondes
Episode Artwork

ហេតុ​ដូចម្តេច​បាន​ជា​ការ​លេងចាក់បាល់​អាច​ក្លាយ​ជា​ជំងឺ​ញៀន ?

ការ​ប្រកួត​បាល់​ទាត់​ពិភពលោក បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២០ វិច្ឆិកា និង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​១៨​ធ្នូ។ ព្រឹត្តិការណ៍​កីឡា​នេះ បាន​ទាក់ទាញ​អ្នក​ទស្សនា ជា​ពិសេស​យុវវ័យ​ក្រោម​អាយុ​៣៥​ឆ្នាំ ឱ្យ​ចង់​សាកល្បង​លេង​ចាក់​បាល់​យ៉ាង​ខ្លាំង​។ ការ​​ចាក់​បាល់​ អាច​ធ្វើ​ញៀន។ ការញៀន​ល្បែង (ភ្នាល់​ ល្បែង​ស៊ីសង)​ ត្រូវ​បាន​អង្គការ​សុខភាពពិភពលោក​​ទទួល​ស្គាល់​ ​ជា​ជំងឺ​មួយ។ ​បើ​ជា​ជំងឺ គេ​​ត្រូវតែ​ស្វែង​រក​ការព្យាបាល។ តើ​ការ​ញៀន​ល្បែង​ចាក់​បាល់​មាន​គ្រោះថ្នាក់យ៉ាងណា ? ព្រឹត្តិការណ៍កីឡា ដូច​យ៉ាង​​ការ​ប្រកួត​​បាល់ទាត់​ពិភពលោក​ ជា​ឱកាសដែល​អ្នក​មាន​ចំណូល​ចិត្ត​ផ្នែក​កីឡា ​មួយ​ចំនួន​ចាប់​អារម្មណ៍​លេង​ភ្នាល់​។ ការចាក់​បាល់​លេង​ម្តង​ម្កាល​ជា​រឿង​ធម្មតា​ទេ តែ​វា​អាច​ជា​គ្រោះ​ថ្នាក់​ដែល​អាច​នាំ​ឱ្យ​អ្នក​លេង​ធ្លាក់​ក្នុង​ភាព​ញៀន​ល្បែង​ដោយ​ពិតៗ ជាមួយ​នឹង​ផលវិបាក​តាមក្រោយ​ជា​ច្រើន។ ​ អ្នក​ស្រី​វេជ្ជបណ្ឌិត សារ៉ា កូកាស Sarah Coscas គ្រូពេទ្យ​វិកលវិទ្យា​ជំនាញ​ផ្នែក​ជំងឺញៀន​ នៅមន្ទីរ​ពេទ្យ​Paul Brousse បាន​ពន្យល់​អំពីដំណើរ​ធ្លាក់​​​ក្នុង​គ្រោះ​ញៀន​ល្បែង​ភ្នាល់​/ស៊ីសង​ ជា​ជំងឺ​ ​ថា វា​ចាប់​ផ្តើមដំបូង​ ដោយ​សារតែ​​ការ​ចាក់​ត្រូវ​ ឈ្នះ​ធំ។ ចាក់​ត្រូវ​មាន​អារម្មណ៍​ថា ឈ្នះ​បាន​លុយ​ច្រើន​ ដោយ​ងាយ​ស្រួល ព្រោះ​គេ​ស្គាល់ និង​គ្រប់គ្រង​ភាព​ចៃដន្យ​នៃល្បែង​បាន​។ តែ​តាមការ​ពិត ការ​ភ្នាល់​តែង​តែ​មាន​ឈ្នះ​និង​ចាញ់​ ដូច​ពាក្យ​បូរាណ​ខ្មែរ​តែង​ពោល ថា ល្បែង​តែ​នឹង​រេ ជួន​ឯង​ឈ្នះ​គេ​ជួន​គេ​ឈ្នះ​ឯង។ យ៉ាង​ណា​មិញ​ ការ​ចាក់​បាល់​ទាត់​គឺ​ជា​​ល្បែងភ្នាល់ ដែលគេ​មិន​អាច​ទាយ​បាន​យ៉ាង​ប្រាកដ​ថាខាង​ណា​ឈ្នះ​ខាង​ណា​ចាញ់​ទេ បើ​ទោះ​អ្នក​ស្គាល់​ក្រុម​បាល់​ទាត់នោះ​យ៉ាង​ណា​ក៏​ដោយ។​ ការ​​ចៃដន្យ​នាំ​ឱ្យ​ចាញ់​នៅ​មាន​។​ តែ​ចំណង់​ចង់​ចាក់​ ចង់​លេង​ហើយ​លេង​ទៀត ឈ្នះ​រួច​ចាញ់ ចាញ់​រួច​តាម​ដើម្បី​ឈ្នះវិញ​ ឈ្នះ​ចាញ់ៗវិល​ទៅ​វិល​មក​យូរៗ​ទៅ​នឹង​ធ្វើ​ឱ្យ​យើង​លែង​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ បែរ​ជា​យល់​ថា លេង​ជា​រឿង​ធម្មតា និង​ត្រូវ​លេង​ជាប់​រហូត ដើម្បី​បាន​ឈ្នះ ដែល​នាំ​ឱ្យមាន​​ភាព​រីក​រាយ និង​ដែល​នាំ​មក​នូវ​រង្វាន់។ លោក Emmauel Lahaie មន្ត្រី​ស្ថាប័ន​សុខភាព​សាធារណៈ​បារាំង បាន​ទទួល​ស្គាល់​ថា​ល្បែង​ភ្នាល់​​​តែ​ង​មាន​ការ​ឈ្នះ មាន​ចាញ់ តែល្បែង​ចាក់​បាល់​មិនដូច​​ជា​ល្បែង​ភ្នាល់​ផ្សេង​ទៀត​ទេ។ ល្បែង​ភ្នាល់​បាល់​មាន​គ្រោះ​ថ្នាក់​ជាពិសេសដែល​គេហៅ​ថា “ការ​បំភាន់​នៃ​ជំនាញ”។ អ្នក​ចាក់​បាល់​មាន​និន្នាការ​ទុកចិត្ត​ជ្រុល​ ជឿ​ថា​ខ្លួន​ស្គាល់​ក្រុមកីឡាករ​ច្បាស់ ភ្លេច​គិត​បាល់ទាត់​ក៏​ជា​ល្បែង​ ដែល​គ្មាន​នរណា​អាច​ទាយ​និង​ផ្តល់​លទ្ធផល​នៃ​ការ​ប្រកួត​បាន​ត្រូវ​១០០%​ទេ។ ​លោក អេម៉ាណុយអែល ឡាអេ ៖ “ប្រាកដហើយ​ដែល​ថា​យើង​អាច​ចាក់​ត្រូវ​ ហើយ​ឈ្នះ នៅក្នុង​ល្បែង​ភ្នាល់​។ ប៉ុន្តែដល់​ពេល​ណា​មួយ​ ​យើង​ក៏​អាច​​ចាក់​ខុស​ ហើយ​ចាញ់ដែរ។ តែ​​ការ​រីករាយ​ដោយ​បាន​ឈ្នះ​ និង​ជំនឿ​ជាក់ថា​ឈ្នះ​ពី​​ដំបូង នឹង​រុញ​ឱ្យ​យើង​ចង់​លេង​ទៀត​។ បើ​​ចង់ហើយ​យើង​ទៅ​​លេង​​ទៀតមែន នោះ​ហើយ​ជា​ការ​ចាប់​ផ្តើម​ នៃ បញ្ហា ! បញ្ហា​ជក់​​ល្បែង​ភ្នាល់បាល់ ត្រូវ​បានគេ​ចាត់​ទុក​ជា​ជំងឺ​ញៀន ដោយគ្មាន​ប្រើ​ថ្នាំ​ គ្មាន​ប្រើ​សារធាតុគ្រឿង​​ញៀន។ តែ​ការជក់​លេង​ភ្នាល់​បាល់ ស្ថិត​ក្នុង​ចង្កោម​ល្បែង​ដែល​ញៀន​ខ្លាំងជាង​គេ​បំផុត​។ ញៀន​ខ្លាំង​ជាងលេង​​ល្បែងភ្នាល់​​ចាក់ឆ្នោត​ធម្មតា ៥ទៅ​៦​ដង​ឯណោះ។ ហើយ​គេ​បាន​ដឹង​ទៀតថា ក្នុង​ចំណោម​អ្នក​មក​លេង​ចាក់​បាល់​១០០នាក់ មាន​ប្រមាណ​​១៥​នាក់ ជា​អ្នកមាន​បញ្ហា​លេង​ច្រើន​ជ្រុល​។ បើ​ប្រៀប​ទៅ​នឹង​ល្បែង​ភ្នាល់​ដទៃ​ទៀត អ្នក​លេង​ភ្នាល់​បាល់​ ច្រើន​តែជាមនុស្ស​​ក្មេង​​ អាយុ​ក្រោម​៣៥​ឆ្នាំ (៧០%​អាយុ​ក្រោម​២៦​ឆ្នាំ) និង​ជា​ក្មេង​ដែល​ងាយរងគ្រោះ មាន​ជីវភាព​គ្រួសារ​យ៉ាប់យឺន ​ទន់​ខ្សោយ និង​ច្រើន​តែ​ជា​អ្នក​អត់​ការងារ​ធ្វើ។ នៅពេល​បាន​ឮ​ពាណិជ្ជកម្ម និង​ឃើញ​អំពី​លទ្ធភាព​អាចរក​​លុយ​បាន​ដោយ​ស្រួល ដោយ​ងាយៗ ដោយការ​ចាក់​បាល់ ក៏ចង់លេង​ ហើយលេង​កាន់​តែច្រើនឡើងៗ។” នៅពេល​បាន​ឈ្នះម្ត​ង​ហើយ អ្នក​លេង​ច្បាស់​ជា​ញ៉ាម ចង់​និង​សង្ឃឹម​ថា​អាច​ឈ្នះ​រង្វាន់​ធំ​ជា​ថ្មី​ទៀត ក៏​ទៅ​ចាក់​ និង​ទៅ​លេង​ភ្នាល់​ទៀត រួច​ក៏​វិល​ទៅ​មក​ឥត​ឈប់​ លែង​អាច​ឃាត់​ខ្លួន​ឯងបាន ដែល​នេះ​ហើយ​ជា​ការ​ចាប់​ផ្តើម​ ធ្លាក់​ក្នុង​អន្លង់​នេះពាក្យ​ថា “ញៀន”។ គេ​ចាត់​ទុក​មនុស្ស​ម្នាក់​ថា​ញៀន​នឹង​ល្បែង នៅពេល​បុគ្គលម្នាក់នោះ​ងប់​លេង​ជ្រុល ជា​ប្រចាំ និង​ជាប់​រហូត​រយៈ​ពេល​យ៉ាង​ហោច​មួយ​ឆ្នាំ​ ព្រមទាំង​មាន​អាការៈយ៉ាង​ហោច​ណាស់​បួន ក្នុង​ចំណោម​​លក្ខណៈ​ក្រោម​នេះ ៖ ត្រូវចាក់​ភ្នាល់​ ដាក់​លុយ​កាន់​តែ​ច្រើនឡើង ជា​លំដាប់ ទើប​ពេញ​​បំណង​​​ ខឹង​ មួរមៅ នៅពេល​មិន​បាន​លេង​ ឬ​ពេល​ផ្អាកលេង ល្បែង​បាន​ប្តូរ​ផ្លាស់​អាក្បកិរិយា​និង​ការ​រស់​នៅប្រចាំ​ថ្ងៃ​ (ដំណេក ការងារ អារម្មណ៍) បាន​សាកល្បង​ដែរ​តែ​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន មិនអាច​កាត់​បន្ថយ​ ឬ​ឈប់​លេង​បាន ខ្វល់​វិលវល់​តែនឹង​​ល្បែង ដោយ​មិន​អាច​បំភ្លេច​ការ​ចាញ់​ឬ​ការ​ឈ្នះ​ល្បែង​ពី​អតីតកាល​ ទើប​ត្រូវ​ប្រឹង​រក​វិធី​ថ្មី​ដែល​អាច​នាំ​ឱ្យ​ឈ្នះ​លុយ ឬ​ជំនះ​អ្នក​នៅក្បែរ​បាន​លេង​ទៀត យក​ល្បែង​មក​ធ្វើ​ជា​ថ្នាំ​សណ្តុំ​ចិត្ត លើក​ទឹក​ចិត្ត​ សម្រាប់​បំបាត់​ការ​បាក់​ទឹក​ចិត្ត បំបាត់​ទុក្ខកង្វល់ សម្រាប់​លាង​ទោស​កំហុស​ខ្លួន ក្រោយ​ចាញ់​អស់​លុយ​ ត្រលប់​ទៅ​វិញ​ដើម្បី​តាម​យក​លុយ​មក​វិញ ភូតកុហកអ្នក​នៅជុំ​វិញ​ខ្លួន​ដើម្បី​លាក់​សកម្មភាព​លេង​ល្បែង ហ៊ាន​ភ្នាល់​​ហួស​ពី​សមត្ថភាព​ដែល​មាន​ និង​ហ៊ាន​ទៅ​ខ្ចី​លុយគេមក​លេងល្បែង ដើម្បី​អាច​ដឹង​បាន​ថា​តើ​អ្នក​កំពុង​ឈាន​ទៅ​ធ្លាក់​ខ្លួន​ញៀន​ល្បែង​ស៊ីសង​ ឬ​ល្បែង​ភ្នាល់ គ្រូពេទ្យ​វិកលវិទ្យា​ឯកទេស​ជំងឺ​ញៀន សូម​ណែនាំ​ឱ្យ​ធ្វើ​តេស្ត​ តាម​រយៈ​ការ​ឆ្លើយ​នឹង​សំណួរ​ បាទ/ចាស ឬ​ទេ។ សំណួរ​ទាំងពីរ​ផ្តោត​លើលក្ខខណ្ឌ​ពីរ គឺ​សេចក្តី ត្រូវការ​លេខ​ភ្នាល់ដាក់លុយ​កាន់​តែ​ច្រើន និង​ការ​ភូតភ។ សំណួរ​ទីមួយ ៖  តើ​អ្នក​ធ្លាប់​បាន​កុហក​ម្តាយ​ឪពុក​ឬ​មនុស្ស​ជំនិត​ខ្លួន ទាក់ទង​នឹង​ឥរិយាបថ​លេង​ល្បែង​ភ្នាល់​ស៊ី​លុយទេ ? សំណួរ​ទីពីរ ៖ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ត្រូវ​តែ​ភ្នាក់​ដាក់​លុយ​កាន់​តែ​ច្រើន​ជាង​មុន​រហូត​ទេ ?   បើ​ជា​​ចម្លើយ​វិជ្ជមាន​លើ​សំណួរ​ណាមួយ​ សូម​ជួប​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​តាមដាន​មើល​ការ​វិវឌ្ឍន៍​នៃ​ស្ថានភាព។   ការ​ញៀននឹង​ល្បែង​ចាក់​បាល់​​នេះ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​​សុខភាព​ផ្លូវ​ចិត្ត​។ ការ​ចាញ់ល្បែង និង​ការ​ខាត​បង់​លុយ ញយ​ពេក បាន​ធ្វើ​អ្នក​លេង​ក្លាយ​ជា​មនុស្ស​ឆាប់​ខឹង​ ឆាប់​មួរហ្មង ហើយ​អាចងាយ​​នឹង​ធ្លាក់​ក្នុង​ភាព​បាក់​ទឹក​ចិត្ត​។ ក្នុង​ករណី​ធ្ងន់ធ្ងរ អ្នក​ញៀន​អាច​នឹង​ហ៊ាន​ដល់​ថ្នាក់​ធ្វើ​អត្តឃាត​ទៀត​ផង។ នេះបើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក អេម៉ាណុយអែល ឡាអេ មន្ត្រី​ទទួល​បន្ទុក​ការពារ​ជំងឺ​ញៀន​ល្បែង​ នៅ​ស្ថាប័ន​សុខភាព​សាធារណៈ​បារាំង។
15/12/20227 minutes, 34 secondes
Episode Artwork

មនុស្ស​​ជិតកន្លះផែនដី មាន​បញ្ហា​សុខភាពមាត់​ធ្មេញ

បើ​តាមសេចក្តី​ប្រកាស​របស់​​អង្គកា​រសុខភាព​ពិភពលោក កាលពី​ថ្ងៃព្រហស្បតិ៍​ទី ១៧ វិច្ឆិកា ២០២២ ​មាន​ប្រជាពលរដ្ឋ​ ប្រមាណ​៣៥០០​លាននាក់ ពោលគឺ​ជិត​ពាក់​កណ្តាល​នៃ​ប្រជាជន​សរុប​នៅ​លើ​ភពផែនដី មាន​បញ្ហា​សុខភាពមាត់​និង​ធ្មេញ។ ដង្កូវស៊ីធ្មេញ ជា​ជំងឺ​ដែល​មាន​កើត​ច្រើន​ញឹកញាប់ជាង​គេ។ ក្នុង​ចំណោម​​ប្រជាជន​សរុបរស់​នៅលើ​ផែនដី​​ចំនួន ៨ពាន់​លាន​នាក់ (គិត​ត្រឹម​ថ្ងៃទី ១៥ ​វិច្ឆិកា ​២០២២) ៤៥%​ ឬ​ត្រូវ​ជា​៣៥០០​លាននាក់ មាន​ជំងឺ​ដង្កូវស៊ីធ្មេញ ជំងឺ​អញ្ចាញ (ហើម-រលាក ​អញ្ចាញ) និង​ជំងឺ​មហារីក​មាត់ធ្មេញ។ នេះ​បើ​តាម​​របាយការណ៍​​ថ្មី របស់​អង្គការ​សុខភាព​ពិភពលោក ទើប​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ១៧ វិច្ឆិកា ២០២២ ដែល​លាត​ត្រដាង​ជា​លើក​ទី​មួយ អំពី​ទំហំ​នៃ​ជំងឺ​មាត់ធ្មេញ​លើ​​ផែនដី ក្នុង​១៩៤ប្រទេស​។ ក្នុងអំឡុង​​ពេល​៣០​ឆ្នាំ​ចុងក្រោយ​មកនេះ ករណី​អ្នក​មាន​បញ្ហា​មាត់​ធ្មេញ បាន​កើន​ឡើង​ចំនួន ១ពាន់​លាន​នាក់។ តួលេខ​នេះ ជា​សន្ទទស្សន៍​ដ៏ច្បាស់​លាស់​មួយ​បញ្ជាក់​ឱ្យ​ឃើញ​ថា មាន​មនុស្ស​ច្រើន​ខ្លាំងណាស់ ដែល​គ្មាន​លទ្ធភាព​ទទួល​បាន​ការ​ការពារ និង​ការ​ព្យាបាល​ជំងឺ​មាត់​ធ្មេញទេ ទើប​ត្រូវធ្លាក់​ខ្លួន មាន​ជំងឺ​ដង្កូវស៊ីធ្មេញ ហើម​រលាក​អញ្ចាញ បាក់​ធ្មេញ និង​មហារីក​។ នេះ​បើ​តាម​របាយការណ៍​ដដែល។ ធ្មេញ​ដង្កូវ​ស៊ី គ្មាន​ការ​ព្យាបាល ជា​ជំងឺ​មាត់​ធ្មេញ​ដែល​កើត​ឡើង​ច្រើន​ជាង​គេ និង​លើ​មនុស្ស​ជាង​២៥០០​លាន​នាក់​។ ចំណែក​១ពាន់​លាន​នាក់​ផ្សេង​ទៀត មាន​ជំងឺ​អញ្ចាញ ដែល​ជា​ដើម​ហេតុ​ដ៏​ចម្បង​នាំ​ឱ្យ​មនុស្ស​បាក់​ធ្មេញ​អស់។ បើ​តាម​អង្គការ​សុខភាពពិភពលោក​ ក្នុង​មួយ​ឆ្នាំៗ​ មាន​ករណី​ជំងឺ​មហារីក​មាត់ធ្មេញ​ថ្មី ចំនួន ​ប្រមាណ​៣៨០ ០០០នាក់។ ​កត្តា​ហានិភ័យ​ចម្បង​គេ នាំឱ្យ​មាន​បញ្ហា​មាត់ធ្មេញ គឺ​បណ្តាល​មក​ពី​​ការ​ទទួល​ទាន​ស្ករ​​ច្រើនជ្រុល និង​ជក់​បារី​ហើយ​ទទួល​ទាន​សុរា។ ដោយ​មិនចម្លែក​ បើ​តាម​របាយការណ៍​ដដែល បីភាគបួន​នៃ​អ្នក​ជំងឺ​មាត់ធ្មេញ​រស់​នៅ​ក្នុង​ប្រទេស​ក្រីក្រ​និង​មធ្យម។ ប៉ុន្តែ​នៅលើ​ពិភពលោក​ទាំងមូល​ មិនថា​នៅក្នុង​ប្រទេសណា​ តំបន់​ណា​ទេ គឺ​អ្នក​ក្រ  ជនពិការ ឬ​មនុស្សចាស់ និង​អ្នកងាយរងគ្រោះ ដែល​ពុំអាច​ទទួល​បានការ​ព្យាបាល​និង​ថែទាំ​សុខភាព​មាត់​ធ្មេញ​ត្រឹម​ត្រូវ ព្រោះ​គ្មាន​មធ្យោបាយ។ ការព្យាបាល​ធ្មេញ​ ថ្លៃ​ខ្លាំងណាស់។ របាយការណ៍​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ជា​ថ្មី និង​យ៉ាង​ក្រឡែត អំពី​វិសមភាព​ក្នុង​សេវា​សុខភាព​មាត់​ធ្មេញ​ និង​គូស​បញ្ជាក់​ដោយ​ចំៗ​អំពីបន្ទុក​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​ ចំពោះ​ការ​ថែរក្សា​ព្យាបាល​សុខភាព​​មាត់​ធ្មេញ រហូត​បណ្តោយ​ឱ្យ​ជំងឺ​លេច​ឡើង​យ៉ាង​ច្បាស់​ និង​មិន​អាច​លាក់​បាំង​បាន ក្នុង​ចំណោម​ប្រជាជន​ក្រីក្រ​ និង​ទន់ខ្សោយងាយរងគ្រោះ​ខ្លាំង។ សម្រាប់​​លោក​អគ្គលេខាធិការ​អង្គការ​សុខភាពពិភពលោក​ Tedros Adhanom Ghebreyesus ពិភពលោកធ្វេសប្រហែស​នឹង​បញ្ហា​​សុខភាព​មាត់​ធ្មេញ តាំងពីដើម​​មក បើ​ទោះបី​ជា​ដឹង​ថា វិធានការ​​ការពារដែល​ចំណាយអស់​​តិចសោះ អាច​បញ្ចៀស​មនុស្ស​មួយ​ចំនួន​ធំ​មិន​ឱ្យ​មាន​បញ្ហា​សុខភាព​មាត់​ធ្មេញ​ក៏ដោយ។​ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជាលោក ចេញ​សេចក្តី​ថ្លែងការណ៍ លើក​ទឹក​ចិត្ត​ឱ្យ​អាជ្ញាធរ​គ្រប់​ប្រទេស ​ប្រយុទ្ធ​ប្រឆាំង​នឹង​កត្តា​ហានិភ័យ​ប្រចាំ​ថ្ងៃ ដោយ​ត្រូវ​អប់​រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​អំពី​របប​អាហារ​ត្រឹម​ត្រូវ មាន​ជាតិ​ស្ករ​តិច ឈប់​ជក់បារី​​ចុក​ថ្នាំ កាត់​បន្ថយ​ការ​ទទួល​ទាន​សុរា និង​មាន​ថ្នាំ​ដុះ​ធ្មេញល្អ សម្បូរ​ជាតិ​Fluore​ ដែល​​ថោក​ល្មម​ឱ្យ​​ពល​រដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​មាន​លទ្ធភាព​​ទិញ​បាន។ នៅក្នុង​អនុសាសន៍ អង្គការ​សុខភាព​ពិភពលោក បាន​ធ្វើ​ប​ញ្ជី​រាយ​សំណើ​មួយ​ចំនួន​ធំ សម្រាប់​ឱ្យ​គ្រប់ប្រទេស​ដោះស្រាយ​និង​គិត​គូរ​បញ្ហា​សុខភាព​មាត់​ធ្មេញ មាន​ជា​អាទិ៍​ការ​អំពាវនាវ​ឱ្យ​បញ្ចូល​សេវាថែទាំមាត់​ធ្មេញ ទៅ​ក្នុង​ប្រព័ន្ធ​កម្មវិធីថែទាំ​​សុខភាព​បឋមតែម្តង។ នៅ​ពេល​មាត់​ធ្មេញ អញ្ចាញ មាន​សុខភាព​មិន​ល្អ​នោះ សុខភាព​រាង​កាយ​ក៏​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ដែរ ដោយ​ផ្តើម​ដំបូង ជា​អាការៈ​ធុំ​​ក្លិនមាត់ រលាក បំពង់​ក ក្រពះ ឬ ​​បេះដូង​។ ហើយ​នៅពេល​ថ្មីនេះៗ អ្នកស្រាវជ្រាវ​អាមេរិក បាន​ទម្លាយ​ការ​សម្ងាត់ តាម​រយៈ​ការ​សិក្សា​ពីរ​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៥​វិច្ឆិកា ក្នុង​ទំព័រ​ទស្សនាវដ្តី Cell Report និង​នៅថ្ងៃ​ទី ១៦​វិច្ឆិកា ក្នុង​ទំព័រ​ទស្សនាវដ្តី Nature ដែល​បញ្ជាក់​ថា មាន​បាក់តេរី ​នៅក្នុង​មាត់ កប់​ក្នុង​កំណក​ជើង​ធ្មេញ របស់​មនុស្ស​គ្រប់រូប​ ប្រភេទ Fusobacterium nucleatum​​ អាចបណ្តែត​​និង​ទៅ​ផ្តុំ​ ក្នុង​បរិមាណ​ដ៏​ច្រើន​លើសលុប ក្នុង​ដុំ​សាច់​មហារីក​នៅមាត់ និងនៅ​ពោះវៀនធំ។ អាច​លាក់​ខ្លួន​ក្នុង​សរីរាង្គ​មហារីក​ហើយ បាក់តេរី​នេះមាន​សមត្ថភាពបំប៉ន​កោសិកា​មហារីក​ឱ្យ​រីក​រាលដាល​ទៅ​ជា​ជំងឺ​មហារីក​ដំណាក់កាល​មេតាស្តាយ៉ាង​លឿន​រហ័ស។ ជាង​នេះទៅទៀត បាក់តេរី​នេះ ចេះ​ពង្វក់​ប្រព័ន្ធការពារ​ខ្លួន​ ឱ្យ​លែង​ចេះ​ការពារ​សរីរាង្គ​​ទៀត។ សម្រាប់​អ្នក​ស្រាវជ្រាវ​ ការ​សិក្សា​នេះ បង្ហាញ​ឱ្យ​ឃើញ​អំពី​ទំនាក់ទំនង​ជា​យថាហេតុ​នៃ​សុខភាព​មាត់​ធ្មេញ​និង​ហានិភ័យ​កើត​ជំងឺ​មហារីក៕
09/12/20228 minutes, 45 secondes
Episode Artwork

រលាក​ទង​សួត ជា​ជំងឺ​មិន​សូវ​ធ្ងន់ តែ​មាន​រោគ​សញ្ញា​គួរ​ឱ្យ​ភ័យខ្លាំង

ទើប​បាន​ស្បើយ​ពី​ជំងឺ​កូវីដ មន្ទីរពេទ្យ​បារាំង កំពុងរង​សម្ពាធ​យ៉ាង​ខ្លាំង និង​ដំឡើង​កំរិត​អាសន្ន​ត្រៀម​សង្គ្រោះជា​ថ្មី​ ដោយហេតុ​តែមាន​ករណី​ទារក​កើត​ជំងឺ​រលាក​ទងសួត​ កើន​ឡើង​ច្រើន​ខុស​ប្រក្រតី។ ជា​ជំងឺ​ដែល​កើត​ឡើង​យ៉ាង​ញឹកញយ​លើក​ទារកនិ​ងក្មេង​អាយុ​ក្រោម​២​ខួប រលាក​ទងសួតមិនមែន​ជា​​ជំងឺធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ពេល​ខ្លះ​ជំងឺអាច​ធ្វើ​ទុក្ខខ្លាំង ដែល​ចាំបាច់​ត្រូវបញ្ជូន​អ្នក​ជំងឺ​ទៅ​​ព្យាបាល​នៅ​មន្ទីរពេទ្យ​​​។ ​បទ​អន្តរាគមន៍​របស់​​លោក​វេជ្ជបណ្ឌិត ង៉ែត ពិសេស គ្រូពេទ្យ​ឯកទេស​កុមារ នៅមន្ទីរ​ពេទ្យ​កុមារ​អង្គរ​ ក្រុង​សៀមរាប។
30/11/20227 minutes, 58 secondes
Episode Artwork

ដំណេកខ្លីជា​សម្ព័ន្ធភាព​ដ៏គ្រោះ​ថ្នាក់​នៃ​​​ជំងឺ​រ៉ាំរ៉ៃ

នៅពេល​មាន​ចាប់​ពីអាយុ​៥០​ឆ្នាំ​ឡើង​ទៅ ការ​សំរាន្ត​​តិចម៉ោងពេក​ អាច​នឹង​បង្កើន​គ្រោះ​កើត​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​។ នេះ​បើ​តាម​ការ​ដាស់​តឿន​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​បារាំង​ដែល​ទើប​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​សិក្សា​របស់​ខ្លួន​ ស្តី​អំពី​ទំនាក់ទំនង​​ដ៏​គ្រោះ​ថ្នាក់​រវាង​ ការ​សំរាន្ត​តិច​ និង​ជំងឺ​រ៉ាំរ៉ៃរបស់​មនុស្ស​នៅពេល​ចូល​វ័យ​៥០​ឆ្នាំ។ ច្បាប់​​ធម្មជាតិ តម្រូវ​ឱ្យ​យើង​​ចំណាយ​ពេល​វេលាក្នុង​មួយ​ថ្ងៃ​ៗ​ យ៉ាង​ហោច​និង​ជា​មធ្យម​មួយ​ភាគបី​​ សម្រាប់​ដេក ព្រោះ ដំណេក​មាន​សារៈសំខាន់​ណាស់​។ ដំណេក​មាន​តួនាទី​គ្រប់គ្រងអារម្មណ៍ គ្រប់​គ្រង​ដំណើរការ​របស់​បញ្ញា របស់​ប្រព័ន្ធការ​ពារខ្លួន ឬ​ដំណើរការ​បំប្លែង​មេតាបូលិក។ ជាង​នេះ​ទៅ​ទៀត ដំណេក​មិន​គ្រប់គ្រាន់​នឹង​​ធ្វើ​ឱ្យ​ខូច​សុខភាព ដោយ​អាច​នឹង​នាំ​ឱ្យ​កើតជំងឺ​​រ៉ាំរ៉ៃ​ ផង សម្រាប់​មនុស្ស​ចាប់​ពី​អាយុ​៥០​ឆ្នាំឡើង​ទៅ​។ ​បើ​តាម​ការ​ក្រុម​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បារាំង សំរាន្ត​យប់​គ្រប់គ្រាន់​មាន​សារៈ​សំខាន់​ខ្លាំងណាស់​សម្រាប់​សុខភាព ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់។ ដំណេក​គ្រប់គ្រាន់ គឺ​ជា​ថ្នាំព្យាបាលជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ធំ ដ៏​សក្តិសិទ្ធ។ តើ​ដូច​ម្តេច​ទៅ​ដែល​ហៅ​ថា​ដំណេក​គ្រប់គ្រាន់ ? សូម​ស្តាប់​ប្រសាសន៍​របស់​អ្នក​ស្រី​វេជ្ជបណ្ឌិត អិនដាយ ហ្វាទូ អិនដូយ គ្រូពេទ្យ​ជំនាញ​ប្រព័ន្ធប្រសាទ​នៅ​មន្ទីរពេទ្យ​សេណេហ្កាល់ ៖ “ដើម្បី​អាច​ប្រមូល​កម្លាំង​បាន​ពេញ​គ្រប់គ្រាន់​ល្អ គេ​ត្រូវ​គេង​ឱ្យ​បាន​ពី​ ៦ ទៅ​១០​ម៉ោង ឬ​ជា​មធ្យម​៨​ម៉ោង សម្រាប់​មនុស្ស​​ពេញ​វ័យ។ តែ​រយៈ​ពេល​គេង ​នេះ​ វា​អាច ប្រែប្រួល​តិច​ឬ​ច្រើន​​ទៅ​តាម​មនុស្ស។ អ៊ីចឹង​ហើយ​បាន​ជា​គេប្រើ​ពាក្យ​​ថា អ្នក​គេង​តិច អ្នកគេង​ច្រើន។ សេចក្តី​ត្រូវ​ការ​ផ្នែក​ដំណេក​ក៏​ប្តូរ​ផ្លាស់​ទៀត​ទៅ​តាម​វ័យ​ ដោយសារកត្តា​ច្រើន​យ៉ាង ដូច​ជា​ កត្តា​ចិត្ត កត្តាសរីរវិទ្យា និង​បរិស្ថាន ព្រមទាំង​កត្តា​ក្រៅ​ខ្លួន​ផ្សេង​ទៀត ដែលអាច​ជះ​​ឥទ្ធិពល​ទៅ​លើ​គុណភាព​នៃ​ដំណេក​របស់​មនុស្ស​យើង។ » ​តើ​ដំណេក​មានទំនាក់ទំនង​ជាមួយ​​ជំងឺ​រ៉ាំរ៉ៃ​យ៉ាង​ណា​ និង​តើ​កង្វះ​ដំណេក របស់​មនុស្ស​អាយុ​៥០​ឆ្នាំ អាច​សម្រួល​ឱ្យមាន​ផលវិបាក​​អ្វីខ្លះ ? លទ្ធផលនៃ​​ការ​សិក្សា​របស់​​អ្នក​ស្រាវជ្រាវ​បារាំង បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ បើ​​គេ​សំរាន្ត​តិច​ជាង​៥ម៉ោងក្នុង​មួយ​យប់ នៅអាយុ​៥០ឆ្នាំ គ្រោះហានិភ័យកើត​ជំងឺ​រ៉ាំរ៉ៃ​ ទី​មួយ បាន​កើន​ឡើង​​២០%។ កាន់​តែអាក្រក់​ជាង​នេះ​ទៅ​ទៀត បើ​យើង​បន្ត​សំរាន្ត​មិន​គ្រប់គ្រាន់ ​នៅអាយុ ៥០​ឆ្នាំ នៅ៦០​ឆ្នាំ ឬដល់​​៧០ឆ្នាំ នោះ​ហានិភ័យលេច​ជំងឺពហុមុខ​​នឹងកើន​ឡើង​ប្រមាណ​ពី​ ៣០ ទៅ​៤០%។​ កំណើន​ហានិភ័យកំរិត​​នេះ គ្មាន​ពាក់​ព័ន្ធ​​​នឹង​របៀប​របប​ រស់​នៅ​និ​ងហូបចុក​ទេ មាន​ន័យ​ថា​ទោះ​អ្នក​មាន​របៀប​របប​រស់​ល្អ​ត្រឹម​ត្រូវ​ ធ្វើ​កីឡា ហាត់​ប្រាណ​ ធ្វើ​ចលនា​បញ្ចេញកម្លាំង​កាយ​សម្បទា មិនជក់​បារី មិន​ផឹក​ស្រា​ ក៏​ដោយ ក៏​ហានិភ័យ​មាន​ជំងឺ​រ៉ាំរ៉ៃ​កើន​ដែរ ឱ្យ​សំរាន្ត​មិន​គ្រប់។ កង្វះ​ដំណេក នាំ​ឱ្យ​​ឈឺ ហើយ​​អាចសម្លាប់​​​ជីវិត​បាន​​ទៀត។ ​អ្នក​គេង​តិច​ជាង​៥​ម៉ោង​ក្នុង​មួយ​យប់ មាន​ហានិភ័យ​ស្លាប់​លើសគេ​​២៥%​។ នេះ​ជា​ហេតុផល​ដែល​ងាយ​​ពន្យល់​​ ​ព្រោះអ្នក​​​ផ្ទុក​​ជំងឺ​រ៉ាំរ៉ៃ តែង​​មាន​អាយុ​សង្ឃឹម​រស់ខ្លី។ ដូច្នេះ​ សូម​កុំ​មើល​ស្រាល​ ការ​ដេក ឱ្យ​សោះ ! នៅពេល​ដេក​មាន​យន្តការ​ជា​ច្រើន​ឡើង​បន្ត​បន្ទាប់​គ្នា។ យន្តការ​នៃ​ដំណេក “ដេក​មិន​មែន​គ្រាន់​តែជា​​ការ​បិទ​ភ្នែកជិត​ទៅ​​លែង​ឃើញ​អ្វី ហើយ​គ្មាន​រឿង​អ្វី​កើត​ឡើង​សោះ​នោះ​ទេ។ ​ដំណេក​ជា​ដំណើរប្រទាក់គ្នា​ជា​ច្រើនវដ្ត​ ដែល​ក្នុង​មួយ​វដ្ត​ៗ​មាន​បី​​ដំណាក់កាល​ទៀត។ ដំណាក់ទីមួយ ឬ​មួយ​ភាំង​ដំបូង ជា​ការចាប់​ផ្តើម​​លក់​រលីវៗ ដោយ​​​វិញ្ញាណ​យើង​នៅ​ដឹង​ នៅ​ឮ​សំឡេង​ជុំ​វិញ​ខ្លួន​ ហើយ​ងាយនឹង​​ភ្ញាក់​បាន។ តែ​បើ​អ្វីៗ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដំណេក​ឈានចូល​ដល់វគ្គ​​លក់​ស្កប់ស្កល់ ដោយ​យើង​នឹង​លង់ក្នុង​ដំណេកយ៉ាងជ្រៅ។ គឺ​វេលានេះ​​ហើយ​ដែល​យើងបាន​សម្រាកដោយ​​ពិតៗ ដោយ​បាន​ស្រង់និង​ប្រមូល​​កម្លាំង​ឡើង​វិញ ប្រៀប​ដូច​ជាការ​​​សាក​បំពេញ​ថ្ម ព្រោះ​នៅ​ក្នុង​ពេល​នោះ ខួរក្បាល​កម្ចាត់​ចេញ​​ជាតិ​ពុល​ ហើយបង្កើត​ឡើង​វិញនូវ​ថាមពលសម្រាប់​ទៅ​បំពេញ​​កម្លាំង​ឱ្យ​កាយសម្បទា​ដែល​ប្រឹង​​អស់​ពេញ​មួយ​​ថ្ងៃ សម្រាប់​ពង្រឹង​ប្រព័ន្ធការពារ​ខ្លួន ឬ​ពង្រឹង​ការ​ចងចាំ​ជា​ដើម។ បន្ទាប់​មក​ទៀត​ បើ​គ្មាន​អ្វីមក​រំខាន ​ដំណេក​ឈាន​ចូល​ដល់​វគ្គ​ទីបី ឬ​ហៅ​ថាវគ្គ​សុបិន្ត (ជា​ភាសា​បច្ចេកទេស​ ដំណេក​​ប៉ារ៉ាដុកសាល់) ដែល​នៅពេល​នោះ ដោយ​មាន​សកម្មភាព​អគ្គីសនី​ខ្លាំង​ក្នុង​ខ្លួន យើង​ចាប់​ផ្តើម​យល់​សប្តិផ្សេង តែ​​យើង​បន្ត​លង់លក់​ហើយ​ខ្លួនប្រាណ​​នៅ​ដេក​ស្ងៀម​ឈឹង​ទេ។ វដ្ត​ដំណេក​ទាំង​​​បី​ដំណាក់​នេះ​​​មាន​រយៈពេល​ប្រមាណ​៩០នាទី​ ដែល​​ក្នុង​មួយ​យប់ៗ អាច​មាន​ពី​៤​ទៅ ៦​វដ្ត​វិល​បន្តឆ្លាស់​​គ្នា​ សម្រាប់​អ្នក​មាន​ដំណេក​ពី​៦ទៅ​៩ម៉ោង ដែល​ក្នុង​នោះ​ ជា​មធ្យម ​២៥%​ជា​ដំណាក់​កាលប្រមូល​​ថាមពល​ឡើង​វិញ។ ហេតុ​ដូច្នេះហើយ​បានមនុស្ស​យើង​ចាំ​បាច់​ត្រូវ​សំរាន្ត​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែរ​អាច​ធ្វើ​ទៅ​បាន។ ជា​ដំណឹងល្អ អ្នក​សំរាន្ត​ច្រើន​លើស​ពី៩​ម៉ោង ក្នុង​មួយ​​យប់ មិន​បង្ក​ឱ្យ​មាន​ហានិភ័យ​កើត​ជំងឺ​ពហុមុខ​ទេ។ ផ្ទុយ​ទៅ​វិញ បើអ្នក​​​មានផ្ទុក​​ជំងឺ​រ៉ាំរ៉ៃ​មួយ​ហើយ ហើយ​ប្រឹង​​ប្រតិបត្តិ​ដំណេក​បាន​យ៉ាង​​​ច្រើន​គ្រប់គ្រាន់​ ៩ម៉ោង តែ​​មាន​​ជំងឺ​រ៉ាំ​រ៉ៃ​ពហុមុខផ្សេង​ទៀតលេច​តាម​ក្រោយ​ នោះ​អ្នក​ស្រាវជ្រាវ​យល់​ថា ការ​គេង​ច្រើន​​​ជា​ផលវិបាក​នៃ​ជំងឺ មិនមែន​ជាមូលហេតុ​នៃ​​ជំងឺ​ទេ។ វ័យ៥០ឆ្នាំ វ័យ​ពិបាក​ដំណេក ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ​ ជិត​ពាក់​កណ្តាល​នៃ​មនុស្ស​វ័យ​៥៥​ឆ្នាំ​ មាន​​ជំងឺរ៉ាំរ៉ៃ​ យ៉ាង​ហោច​ណាស់​មួយជាប់​នឹង​ខ្លួន ឧទាហរណ៍ជំងឺ​លើស​ឈាម ឬ​ជំងឺ​មហារីក។ មនុស្ស​ចាស់​អាយុ​លើស​៦៥​ឆ្នាំ​ជាង​ពាក់​កណ្តាល​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​នឹង​ខ្លួន​យ៉ាង​ហោច​ពីរ​មុខ និង​ឡើង​ដល់​ជាង​៧០%​សម្រាប់​អ្នក​មាន​អាយុ​លើស​ពី ៧៥​ឆ្នាំ។  បើ​​មាន​ជំងឺ​រ៉ាំរ៉ៃ​ទីមួយ​លេច​ឡើង​ហើយ គេ​ច្បាស់​ជា​មាន​ហានិភ័យ​អភិវឌ្ឍ​ជំងឺ​ពហុ​មុខ​ផ្សេង​ទៀត ដែល​អាច​ធ្វើ​ឱ្យឆាប់​​ស្លាប់​បាន។ មាន​ជំងឺ​ច្រើន ផលវិបាកក៏​មាន​ច្រើន គ្រោះ​ស្លាប់​មុន​អាយុ​ក៏​ខ្ពស់​ខ្លាំង​​ដែរ។ ហេតុ​ដូច្នេះ​ហើយបាន​ជា​យើង​ចាំបាច់​​ត្រូវ​ចេះ​ថែទាំ​សុខភាព​ដំណេក​។ ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​បារាំង​ មាន​កម្ម​វត្ថុ​បង្ហាញ​ឱ្យ​ឃើញ​អំពី​ភាព​សំខាន់​នៃ​ការ​រក្សា​អនាម័យ​ក្នុង​រស់​នៅ​ល្អ​ សម្រាប់​មនុស្ស​គ្រប់​វ័យ​ រាប់​ទាំង​មនុស្ស​ចូល​ដល់​វ័យ​​៥០​ឆ្នាំ​ឡើង​ទៅ​ដែរ។ វ័យ​ដែល​ល្បី​ថា​ពិបាក​ដេក ឬ​ចាប់​ផ្តើម​មាន​វិបត្តិ​ដំណេក ក្រ​សំរាន្ត​លក់​ឬ​ឆាប់​ភ្ញាក់។ ជា​ការ​ដាស់តឿន​រំលឹក ដំណេក​សមរម្យ​និង​គ្រប់គ្រាន់​សម្រាប់​​មនុស្ស​ធំ​ពេញ​វ័យ​ ត្រូវ​មាន​រយៈ​ពេល​៧​ទៅ​៨ម៉ោង។ ដើម្បីជួយ​សម្រួល​ឱ្យ​មាន​ដំណេក​មាន​គុណភាព​ល្អ​ប្រសើរ ត្រូវ​ប្តូរផ្លាស់​​ទម្លាប់​រស់​នៅល្អក្នុង​ជីវិត​ និងបរិស្ថាន​នៅ​ជុំ​វិញ​ខ្លួន ដែល​ប៉ះពាល់​ដល់​រយៈពេល​និង​គុណភាព​ដំណេក។​   ​សូម​អញ្ជើញ​ចូល​សំរាន្ត​និង​ភ្ញាក់ពី​ដំណេក​ ឱ្យ​បាន​ទៀត​ទាត់​ម៉ោង ដើរ​ឬ​នៅ​ឱ្យ​ត្រូវ​ពន្លឺ​ព្រះអាទិត្យ​នា​ពេល​ថ្ងៃ ធ្វើ​កីឡា​ហាត់ប្រាណ​បញ្ចេញ​ចលនា​កាយសម្បទា ឧទាហរណ៍​ដើរ​ឱ្យ​បាន​យ៉ាង​ហោច​៣០នាទី ចៀសវាង​កុំ​លេង​ទូរស័ព្ទ មើល​ទូរទស្សន៍​នៅលើ​គ្រែមុន​ពេល​ហៀប​សំរាន្ត ចៀសវាងកុំ​ទទួល​ទាន​កាហ្វេ តែ សុរា ចាប់​ពី​ពេល​បាក់​រសៀល​ទៅ​ ឬ​ត្រូវ​សំរាន្ត​ក្នុង​បន្ទប់ ងងឹត បិទ​ភ្លើង ត្រជាក់ល្មម​និង​មាន​ខ្យល់​ចេញ​ចូល​ល្អ៕
23/11/20229 minutes, 30 secondes
Episode Artwork

ទឹកនោម​ផ្អែម​ជាជំងឺ​ប្រទេស​អ្នកមាន តែ​ជា​ជំងឺ​​​រាតត្បាត​ក្នុង​ប្រទេស​ក្រីក្រ

ថ្ងៃទី ១៤ វិច្ឆិកា ជា​ទិវា​ពិភពលោក​ប្រឆាំង​នឹងជំងឺ​ទឹកនោម​ផ្អែម។ មិន​មែន​ជា​ជំងឺ​ឆ្លង​ទេ តែ​ទឹក​នោម​ផ្អែម​បាន​ផ្តើម​រាតត្បាត​ និងសម្លាប់​ជីវិត​មនុស្ស​​ច្រើន​ជាង​ជំងឺ​ស៊ីដា គ្រុនចាញ់ និង​របេង​បូក​បញ្ចូល​​គ្នា​ទៀត។ ពោលគឺ​មាន​ស្លាប់​ប្រមាណ​៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ឬ​ត្រូវ​ជាស្លាប់​​ម្នាក់​នៅរៀង​រាល់៧វិនាទី។ ​ជា​ជំងឺ​រ៉ាំរ៉ៃ​ ដែល​នរណា​ក៏​ស្គាល់។ បច្ចុប្បន្ននេះ​ ​នៅលើ​ពិភពលោក មនុស្ស​ម្នាក់​ក្នុង​ចំណោម​១០នាក់ ត្រូវ​ជា​ជិត ៥៣៧លាន​នាក់ មាន​ផ្ទុក​ជាតិ​ស្ករ​ក្នុង​ឈាម​លើស​កំរិត។ ហើយផ្ទុយ​ពី ការ​គិត ទឹក​នោម​ផ្អែម​មិនមែន​ជា​ជំងឺ​របស់​ប្រទេសអ្នកមាន​ទេ។ ៧០%​នៃ​អ្នក​ជំងឺ​រស់​នៅក្នុង​ប្រទេស​មាន​ចំណូល​ទាប​និង​មធ្យម។ ​អ្នក​ជំងឺ​​មិន​ស្លាប់​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​ផ្ទាល់​ទេ។ អ្នកជំងឺទឹកនោម​ផ្អែម ​អាច​​ស្លាប់​ដោយ​ផលវិបាក​នៃ​ជំងឺ​ ដែល​ធ្វើ​ឱ្យ​ស្ថានភាព​សុខភាព​ទូទៅ​របស់​មនុស្ស​ធ្លាក់​ចុះ​ជា​លំដាប់ ៖ ដោយ​ធ្វើ​​ឱ្យ​ខូច​​តម្រង​នោមខូច​​ប្រព័ន្ធ​សរសៃ​ឈាម​។ អ្នក​ជំងឺ​អាច​ស្លាប់​ នៅពេល​តម្រង​នោម ធ្វើ​ទុក្ខ​ ​គាំង​លែង​ដើរ។ អ្នក​ជំងឺត្រូវ​​ស្លាប់​ព្រោះ​តែ​ស្ទះ​ ឬ​ដាច់​សរសៃ​ឈាម​បេះដូង​។ ជា​ការ​ស្លាប់​ដែល​បង្ក​ឡើង​ដោយ​ផល​ប៉ះពាល់​នៃ​ជំងឺ​ មិនមែន​ដោយ​ជំងឺ​ផ្ទាល់​ទេ។ អ៊ីចឹង​ហើយ​បាន​ជាអ្នក​ខ្លះ​គេ​ចាត់​ទុក​ជំងឺ​ទឹកនោម​ជា​ជំងឺ​ស្ងាត់ៗ។ តំបន់​ដែល​មាន និង​ដែល​គេ​ធ្លាប់​សម្គាល់​ឃើញ​ថា​មាន​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើនគេ គឺ​តំបន់​អាមេរិក​ឡាទីន តែ​អ្វី​ដែលគួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ គឺ​ទ្វីប​អាហ្វ្រិក និង​អាស៊ី​ក៏​មាន​អ្នក​ជំងឺ​ទឹក​នោមផ្អែម​ច្រើន​ខ្លាំង​ណាស់ដែរ។ នៅអាស៊ី ក្នុង​ប្រទេស​ចិន​តែ​មួយ​មាន​អ្នក​ជំងឺ​ដល់​ជាង​១០០លាន​នាក់​ស្រេច​ទៅ​ហើយ។ នៅ អាហ្វ្រិក​ ​ចំនួន​អ្នក​ជំងឺ​មាន​ជាង ២២លាន​នាក់​ហើយ​ និង​ឡើងមួយ​ជា​ពីរ ​ដល់​៤២លាន​នាក់​នៅឆ្នាំ​១៥ឆ្នាំ​ខាង​មុខ។ ហេតុអ្វី ​មាន​កំណើន​អ្នក​ជំងឺទឹកនោម​ផ្អែម​ច្រើន​នៅតាម​ប្រទេស​ក្រីក្រ ? កត្តាដ៏​ចម្បង​មួយ​ដែល​នាំ​ឱ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២ គឺ​ភាពស្រណុក​ជ្រុល និង​កង្វះ​សកម្មភាព-​ កង្វះ​ការ​បញ្ចេញ​ឬ​ធ្វើ​ចលនា​រាងកាយ​ដែល​បណ្តាល​មក​ពី​របៀប​របប​រស់​នៅ​ថ្មី បែប​អ្នក​ក្រុង ព្រមទាំង​របៀប​របប​ហូបចុក ដោយ​ទទួល​ទាន​ចំណីអាហារ​ មាន​ជាតិ​ខ្លាញ់ជ្រុល ប្រៃ​ខ្លាំង និង​មាន​ថាមពលច្រើន​ហួសហេតុ។ ហើយ​នៅក្នុង​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ មាន​​កត្តា​អាយុ​វែង​មួយ​បន្ថែម​ទៀត។ អាយុ​សង្ឃឹម​រស់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ចាប់​កើន​ឡើង ដូច្នេះ​ចំនួន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​តែ​លេច​ឡើងច្រើន និង​កើន​ឡើង​ដែរ ព្រោះ​ទឹក​នោម​ផ្អែម​ជា​ប្រភេទមួយ​នៃ​​ជំងឺរបស់​មនុស្ស​ចាស់។ ប៉ុន្តែ​ក្នុង​ករណីទ្វីបអាហ្វ្រិក ក៏​ដូច​ជា​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេង​ទៀត ដែល​ល្បី​ថា​ជា​ប្រទេស​ក្រីក្រ ទទួល​ទាន​មិន​គ្រប់គ្រាន់ និង​ថែម​ទាំង​មាន​វិបត្តិ​ខ្វះ​អាហារូបត្ថម្ភ​ផង​នោះ មាន​បញ្ហា​ប្រឈម​ពីរ​ផ្ទុយ​គ្នាតែ​កើត​ទន្ទឹមពេល​តែ​មួយ​ គឺ​ បញ្ហា​ខ្វះអាហារ និង​បញ្ហា​ហូបជ្រុល។ ការ​ហូប​អាហារច្រើន​ជ្រុល​ បណ្តាល​មក​ពី​ប្រទេស​/សង្គម​នោះ​កំពុង​ធ្វើ​អន្តរកាល​អាហារ។ ​អន្តរកាល​អាហារ ​ពី​មុន​ប្រទេស​មានទម្លាប់​ប្រពៃណី​ទទួល​ទាន​អាហារ​ ជា​គ្រាប់​ធញ្ញជាតិ (បាយ) ជា​អាហារ​ដែល​ផ្តល់​ថាមពល​ច្រើន សម្រាប់​ទៅ​ចិញ្ចឹម​រាងកាយ​ដែល​ប្រើ​កម្លាំង​​ ធ្វើ​ស្រែ​ធ្វើ​ចំការ ... តែ​តាំងពី​១០-១៥​ឆ្នាំ​ចុងក្រោយ​នេះ​មក ពួកគាត់​ចាប់​ផ្តើម​ប្តូរ​ទម្លាប់​មក​ទទួល​ទាន​អាហារ​បែប​ឧស្សាហកម្ម​ និង​ទទួល​ទាន​សាច់​សត្វ កាន់​តែច្រើន​ឡើងៗ (ច្រើន​ជាង​មុន​ឆ្ងាយ​ណាស់)។ ជា​ការ​ប្តូរ​ផ្លាស់​គំរូ​អាហារ​បែប​បូរាណ​ ដែល​មានថាមពល​ច្រើន​​ជា​​មូលដ្ឋានស្រាប់​ទៅ​ហើយ​​ ដោយ​ត្រូវ​បន្ថែម​​សារធាតុ​ក្លុយស៊ីត​ ជាតិ​ខ្លាញ់​ ​ជាតិ​សាច់​សត្វ បូក​នឹង​ការ​និយម​ភេសជ្ជៈ​ផ្អែម​​ដែល​ផ្តល់​​ថាមពល​លឿន​ខ្លាំងទៀត​ របប​អាហារ​ថ្មី​​នាំ​ផល​អាក្រក់ណាស់​​ដល់​​សុខភាព។ ដំបូង​គេ​គិត​ថា​កំណើន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ បណ្តាល​មក​ពី​​ការ​ប្តូរ​ផ្លាស់​ទម្លាប់​ទទួល​ទាន​ចំណី​អាហារ​បែប​បុរាណ​ ខ្លះ​ថាមក​ពីការ​ប្រកាន់​​របប​អាហារ​បែប​​អឺរ៉ុប តែ​តាម​ការ​ពិត​​ដោយ​ហេតុ​កត្តា​ទាំងពីរ​បូក​បញ្ចូល​គ្នា។ គឺ​អន្តរកាល​អាហារ​នេះ​ហើយ​​ដែល​មិន​ល្អ​ និង​ធ្វើ​ផ្ទុះ​ករណី​ធាត់​ ​និង​ ​ធាត់​ជ្រុលចុកខ្លាញ់​។ ពូជ ? ​ពូជ​ ក៏ជា​កត្តាមួយ​ដែល​នាំ​ឱ្យ​ងាយ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ដែរ។ មកទល់​ពេល​នេះ ពុំ​ទាន់​មាន​ការ​សិក្សា​ណាមួយ​ដែល​អាច​ពន្យល់​បំភ្លឺ​បាន​១០០%ទេ ប៉ុន្តែ​គេ​ចាប់យល់​ខ្លះៗ អំពី​ករណី​​ពលរដ្ឋដើម​​កំណើត​​អាស៊ី និង​អាហ្វ្រិក​ មាន​​កំណើន​​ជំងឺ​ទឹកនោម​ផ្អែម​ខ្លាំង។ ជំងឺ​ទឹកនោម​ផ្អែម​កើន​ខ្លាំង​នៅ​ទ្វីប​អាហ្វ្រិក​និ​ងអាស៊ី​ហើយ ពលរដ្ឋ​អាស៊ី អាហ្វ្រិក រស់​នៅ​លើ​ទ្វីប​អាមេរិក​ក៏​ងាយ​មាន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជាងពលរដ្ឋ​ស្បែក​សដែល​មាន​របៀប​របប​រស់​នៅ​និ​ងហូបចុក​ដូច​គ្នា​ទៀត។ ​បើ​តាម​ក្រុមគ្រូពេទ្យ​មួយ​ចំនួន នេះគឺ​បណ្តាល​មកពី​សរីរាង្គកាយ​របស់​​ពលរដ្ឋ​អាស៊ី​និងអាហ្វ្រិក​មាន​ ការ​បែងចែង​សារធាតុ​ខ្លាញ់ផ្សេង ដែល​ងាយ​ពុល ទើប​បាន​ជា​អត្រា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ហាក់​ឡើង​ខ្ពស់។ ចំណុច​មួយ​ទៀត​ដែល​អ្នក​វិទ្យាសាស្ត្រដូច​ទម្លាប់​ពុំ​ទាន់​យល់​ស្រប​គ្នា​ទាំង​ស្រុង​​នោះ គឺ​គេ​គិត​​ថា​ប្រជាពលរដ្ឋ​អាស៊ី និង​ពិសេស​អាហ្វ្រិក​ ​ធ្លាប់​រង​ភាព​អត់​ឃ្លាន តាំង​ពី​ជា​ច្រើន​តំណ ទើប​សរីរាង្គកាយ និង​ប្រព័ន្ធ​មេតាបូលិករបស់​ពួក​គេ​ធ្លាប់​និង​ ធន់​ខ្លាំង ហើយ​អាច​ដំណើរ​ការ​បាន​យ៉ាង​ល្អ​ ជាមួយ​នឹង​ចំណីអាហារ​តែ​បន្តិច​។ ស្រាប់​តែឥលូវ​មាន​​​ញ៉ាំ​ច្រើន​ ប្រព័ន្ធ​ ​មេតាបូលិកបំប្លែងមិនទាន់ ក៏​នាំ​ឱ្យ​មាន​លេច​ជា​ជំងឺ​ទឹកនោម​ផ្អែម​ឡើង។ តែ​នេះ​ជា​សម្មិតកម្ម​ដែល​អន្តរជាតិ​កំពុង​បន្ត​ជជែក​គ្នា​នៅឡើយ ពុំ​ទាន់​មានការ​ព្រមព្រៀង​ជាក់​លាក់ទេ៕ ​អន្តរាគមន៍​របស់​លោក​វេជ្ជបណ្ឌិត ទូច​ ឃុន គ្រូពេទ្យ​ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម​ នៅ​មន្ទីរ​ពេទ្យ​ព្រះកុសមៈ​ ក្រុង​ភ្នំពេញ និង​លោក​វេជ្ជបណ្ឌិត ស្តេហ្វាន បឺសង់សុង Stéphane Besançon ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​បារាំង “សុខភាព​ទឹក​នោមផ្អែម”។
21/11/20229 minutes, 14 secondes
Episode Artwork

កីឡា​ យវុវ័យ និង​ជំងឺ​ធ្លាក់​ទឺក​​​ចិត្ត

ប្រសិន​បើ​យើង​ចង់​ថែរក្សា​សុខភាព និង​ការពារមិន​ឱ្យ​កើត​ ឬ​មិន​ឱ្យ​ជំងឺ​ខ្លះ​ មាន​ជាអាទិ៍​ជំងឺ​ផ្លូវ​ចិត្ត​ ធ្លាក់​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​បាន ត្រូវ​ធ្វើ​តាម​អនុសាសន៍​ណែនាំ​របស់​គ្រូពេទ្យ ដែល​មាន​តាំងពី​ការ​ប្តូរ​ទម្លាប់​អាក្រក់​ ទៅ​ប្រកាន់​យក​ទម្លាប់​ល្អ ឬ​ត្រូវ​ចៀសវាង​ទម្លាប់​មួយ​ចំនួន​។ ទម្លាប់​ដ៏​ល្អ​មួយ​សម្រាប់ទ្រទ្រង់ និង​ការ​ពារ​​​សុខភាព​នោះ ​គឺ​ការ​​ប្រកាន់ទម្លាប់ធ្វើ​ចលនា​​បញ្ចេញ​កម្លាំង​កាយ​សម្បទា​។ នេះ​ហើយ​ជា​ប្រធានបទ​នៃ​កម្មវិធី​សុខភាពថ្ងៃ​នេះ។​​ កីឡា​នាំ​មក​នូវ​សុខភាព​ល្អ នេះ​ជា​ពាក្យ​ស្លោក​ដែល​គ្មាន​នរណា​អាច​បដិសេធ​ប្រឆាំង​បាន​ទេ។ ប៉ុន្តែ​គេ​កម្រ​និយាយ​ណាស់ អំពី​ផលវិបាក​នៃ​ការ​មិន​ធ្វើ​កីឡា​សោះ​ សម្រាប់​សរីរាង្គ​កាយ។ អង្គការ​សុខភាពពិភពលោក​ បាន​គណនា​ឃើញ​ថា នៅ​រវាង​ពី​ឆ្នាំ​២០២០ ទៅ​២០៣០ នឹង​មាន​មនុស្ស​៥០០លាន​នាក់​នៅលើ​ពិភពលោក ​កើត​ជំងឺ​បេះដូង ទឹកនោម​ផ្អែម ធាត់​ជ្រុល និង​ជំងឺ​មិន​ឆ្លង​ផ្សេង​ទៀត ដែល​បង្ក​ឡើង​ដោយ​ហេតុ​តែ​ស្រណុក​ជ្រុល​ពេក។ មាន​ន័យ​ថា ក្នុង​មួយ​ឆ្នាំៗ ពិភពលោកត្រូវ​​ចំណាយ​ប្រាក់​ជាង​២៧​ពាន់​លាន​ដុល្លារ សម្រាប់​ព្យាបាល​ជំងឺ​ស្រណុក​ជ្រុល ដែល​អាច​បញ្ចៀស​បាន​ដោយ​ប្រើ​មធ្យោបាយ​ដ៏​សាមញ្ញ​មួយ គឺ​ធ្វើ​ចលនា​បញ្ចេញ​កម្លាំង​កាយ​សម្បទា។ តាំងពី​ឆ្នាំ​២០០០​មក ពេល​វេលា​ដែល​យើង​ត្រូវ​ចំណាយ​កម្លាំង​មិន​បាន​កើន​ឡើង​សោះ។ យ៉ាង​ហោច​ ១ម៉ឺន​ជំហាន ក្នុង​មួយ​ថ្ងៃ​ កម្រ​ត្រូវ​បាន​គេ​ស្វាគមន៍​ណាស់។ ​ជា​មធ្យម មនុស្ស​ប្រុស​ម្នាក់ ក្នុង​ចំណោម​បួន​នាក់ និង​ស្ត្រីបី​នាក់​ក្នុង​ចំណោម​​១០នាក់ មិនបាន​​ធ្វើចលនា​គ្រប់តាម​​ម៉ោងដ៏​ទាបបំផុត ដែល​កំណត់​ដោយ​អង្គការ​សុខភាព​ពិភពលោកទេ។ ​ កាន់​តែ​ភ្ញាក់​ផ្អើល​ទៅទៀត គឺ​តួលេខ​នៃ​ភាពអសកម្ម​របស់​​ក្មេង​ជំទង់។ បើ​តាម​អង្គការ​សុខភាពពិភពលោក ក្មេង​ជំទង់ចំនួន​ ៨៥%​ មិន​បាន​បញ្ចេញ​ចលនា​​គ្រប់គ្រាន់​ទេ​។ ក្នុង​មួយ​ថ្ងៃៗ ក្មេង​កំពុង​ពេញវ័យ​​ត្រូវការ​បញ្ចេញ​​​កម្លាំងធ្វើ​កីឡា​ យ៉ាង​ហោច​មួយ​ម៉ោង។ ប៉ុន្តែ ដោយ​ជាក់​ស្តែង ​មានក្មេង​ជំទង់អាយុ​ពី​៦​ទៅ​១៧​ឆ្នាំ ​ភេទ​ប្រុស​ពាក់​កណ្តាល​ និង​​​ភេទ​ស្រី​ ​ មួយ​ភាគ​បី​ប៉ុណ្ណោះ​បាន​ធ្វើ​ចលនា​គ្រប់​គ្រាន់​ តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​។ អ្នក​ស្រាវជ្រាវ​បារាំង​ពន្យល់ថា ការ​ឡើង​ខ្លួនជា​កម្លោះក្រមុំ​​ ជា​កត្តា​សំខាន់​មួយដែល​មក​បញ្ចុះ​សកម្មភាព​របស់​ក្មេង​ជំទង់​ទាំងពីរ​ភេទ តែ​​ក្មេង​ស្រី​លែង​សូវ​បញ្ចេញ​ចលនា​ គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង​ជាង។ ជា​តួលេខ ក្មេង​ប្រុស​ ​​ចំនួន​៧០% ក្មេងស្រី​​៥៦% ធ្វើ​ចលនា​គ្រប់គ្រាន់ នៅ​អាយុពី​៦ទៅ​១០ឆ្នាំ ទល់​នឹង​​៣៤%​សម្រាប់​ក្មេងប្រុស និង​២០%សម្រាប់​​ក្មេង​ស្រី​ នៅពេល​ចូល​ដល់​អាយុ​១១-១៤​ឆ្នាំ និង​ត្រឹម​តែ​១៦%សម្រាប់​ក្មេង​ស្រី​នៅអាយុ​១៥-១៧​ឆ្នាំ (ក្មេង​ប្រុស​៤០%)។ ហេតុ​អ្វី បាន​ជា​តួលេខ​នៃ​ក្មេង​ធ្វើ​កីឡា​ ខុស​គ្នា​ឆ្ងាយ​ខ្លាំង​ម្ល៉េះ​រវាង​ក្មេង​ស្រី​និង​ក្មេង​ប្រុស​ ? ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញថា​មក​ពី ក្មេង​ស្រី មិន​ត្រូវ​ចាប់​អារម្មណ៍​រឿង​ធ្វើ​កីឡា​ប្រកួត​ប្រជែង​ ហើយ​ម្យ៉ាង​ទៀត​គឺ​បញ្ហា​ទីកន្លែង​ធ្វើ​កីឡា​ប្រាត់​ប្រាណ​និង​បរិស្ថានជុំ​វិញ​ខ្លួន​ ដែល​មក​កំរិត​ឪពុកម្តាយ​មិន​ឱ្យ​លើក​ទឹក​ចិត្ត​ឬ​ជំរុញ​កូន​ស្រី​ឱ្យ​ទៅ​បញ្ចេញ​កម្លាំង​កាយធ្វើ​កីឡា​​ ដូច​ជំរុញ​កូនប្រុស។ ជា​ចុងក្រោយ ការ​សិក្សា​ជា​ច្រើន​បាន​ឆ្លុះ​ឱ្យ​ឃើញ​អំពី​ឥទ្ធិពល​នៃកំរិត​ជីវភាព​របស់​គ្រួសារ​ ចំពោះ​សុខភាព​កីឡា​របស់​កូនស្រីប្រុស។ គ្រួសារ​ខ្សត់ខ្សោយ​មិន​សូវ​ធ្វើ​កីឡា​ទេ។ ធ្វើកីឡា មិនមែន​មាន​ន័យ​ថា​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ធ្វើ​ជា​កីឡាករ​អាជីព​ទេ។ ឱ្យ​តែ​ធ្វើ​​សកម្មភាព បញ្ចេញ​កម្លាំង​កាយ​សម្បទា ទោះ​ក្នុង​កំរិត​ទាប ឬ​មធ្យម​ ក៏​បាន​ដែរ​។ មាន​ចិត្ត​ចង់​ធ្វើ​កីឡា​ដែរ តែ​បរិស្ថាន​នៅជុំ​វិញ​ខ្លួន អេក្រង់ រថយន្ត ម៉ូតូ ការងារអង្គុយ មិន​អាច​ជំនះ​ចិត្ត​ដែល​ត្រូវ​ការ​​ភាព​ស្រណុក​ស្រួល​បាន​ទេ។ ម្យ៉ាង​វិញ​ទៀត តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ ដើម្បី​មាន​ចិត្ត​ចាប់​ផ្តើម​ធ្វើ​កីឡាហាត់​ប្រាណ​ទៅ បើ​មួយ​ថ្ងៃៗ រវល់​វាល់​ល្ងាច ធ្វើ​ការ​អស់​កម្លាំង​ហើយ ត្រូ​វគិត​គូរ​រឿង​គ្រួសារ​ហូបចុក​នៅ​ផ្ទះ​ ហើយ​អ្នក​ខ្លះ​មាន​បញ្ហា​សុខភាព​មួយ​មុខ​ទៀត​នោះ ?! យល់អំពី​សារៈ​សំខាន់​នៃ​​ការ​ធ្វើ​ចលនា​ ដឹង​អំពី​គុណប្រយោជន៍​នៃ​ការ​ហាត់​ប្រាណ​​ធ្វើ​កីឡា ចំពោះ​បេះ​ដូង ចំពោះ​ជំងឺ​រ៉ាំរ៉ៃ និង​ចំពោះ​ផាសុកភាព​នៃ​រាងកាយ​ និង​ផ្លូវចិត្ត​ ហើយ ត្រូវ​ជ្រើសរើស​កីឡា​ដែល​សក្តិសម​នឹង​ខ្លួន​អ្នក​​ជា​ទីបំផុតផង ដែល​អ្នក​ចូល​ចិត្តជាង​គេ​ផង និង​ត្រូវ​តាំង​ចិត្ត​អនុវត្ត​ទៅតាម​ល្បឿន​និង​សមត្ថភាព​នៃ​ខ្លួនប្រាណ​យើងទៀត។ បើ​​ធ្វើ​កីឡា​ប្រកប​ដោយ​​​ភាព​រីករាយ​ក្នុង​ចិត្ត នោះ​ចំណង់​និង​ជំនក់​ចិត្ត​ហាត់ប្រាណ​និង​ធ្វើ​កីឡា​នឹង​កើត​ឡើង​ដោយ​ឯងៗ៕
09/11/20228 minutes, 31 secondes
Episode Artwork

ហេតុ​អ្វី​ជំងឺ​មហារីកស្ទុះ​ឡើង​​ខ្លាំងក្នុង​ចំណោម​មនុស្ស​​វ័យ​​ក្រោម​៥០​ឆ្នាំ ?

ក្មេង​ជំនាន់​ក្រោយ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីកច្រើន​ជាងមុន និងក្នុង​វ័យ​​ក្មេង​ជាង​​មនុស្ស​ជំនាន់​មុន។ បើ​តាម​ការ​សិក្សាអាមេរិក​​ទើ​បចេញ​ថ្មី​ ជំងឺ​មហារីក​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​មនុស្ស​អាយុ​ក្រោម​៥០​ឆ្នាំ តាំងពី​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។ តើ​អ្នក​ស្រាវជ្រាវ​ពន្យល់​អំពី​បាតុភូត​នេះ​យ៉ាង​ដូចម្តេច ? ចំនួន​មនុស្ស​កើត​ជំងឺ​មហារីក​និង​ស្លាប់​ដោយ​ជំងឺ​មហារីក​ថ្លើម នៅ​លើ​ពិភពលោក នឹង​កើន​ឡើង​ជាង​៥៥%​ នៅរវាង​ពី​ពេលនេះ​ទៅ ២០​ឆ្នាំ​ខាង​មុខ​ ប្រសិន​បើ​គ្មាន​វិធី​ទប់​ស្កាត់​វា​ទេ។ នេះ​បើ​តាមទិន្នន័យ​វិភាគថ្មី របស់​​ក្រុម​អ្នកវិទ្យាសាស្ត្រ​​នៃ​វិទ្យាស្ថាន​​ស្រាវជ្រាវជំងឺ​មហារីក​អន្តរជាតិ​របស់​អង្គការ​សុខភាពពិភពលោក ចេញ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​ Journal of Hepatology កាលពី ថ្ងៃទី​៦​តុលា​២០២២។ មាន​ន័យ​ថា បើ​យោល​ទៅ​តាម​ស្ថានភាព​​បច្ចុប្បន្ន ពី​ពេល​នេះ​ដល់​ឆ្នាំ​២០៤០ នឹង​មាន​មនុស្ស​១,៤​នាក់​កើត​ជំងឺ​មហារីកថ្លើម និង​១,៣​លាន​នាក់​ស្លាប់​ដោយ​ជំងឺ​មហារីកថ្លើមក្នុង​មួយ​ឆ្នាំៗ។ ជំងឺ​មហារីកថ្លើមដែល​ងាយ​បញ្ចៀស​បាន​ ប្រសិន​បើ​គេ​កំរិត​ការ​ទទួល​ទាន​សុរា និង​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​សេ បាន​ត្រឹម​ត្រូវ​នោះ ​នឹង​ក្លាយ​ជា​មូលហេតុ​ចម្បង​គេ​មួយ​ក្នុង​ចំណោម​មូលហេតុ​បី​ដំបូង​នៃ​មរណភាព​ ក្នុង៤៦​​ប្រទេស​ និង​ស្ថិត​ក្នុង​ចំណោម​មូលហេតុ​៥​ដំបូង​នៃ​មរណភាព នៅក្នុង​ជាង​១០០ប្រទេស​។ កំណើន​ករណី​ឈឺ​និង​ស្លាប់​ស្ទុះ​ឡើង​ខ្លាំង​ជាង​គេ​នៅតំបន់អាស៊ី​ខាង​កើត អាស៊ីអាគ្នេយ៍ ​និង​អាហ្វ្រិក​ខាង​ជើង​។ ប៉ុន្តែ​មិនមែន​មាន​តែ​ជំងឺ​មហារីក​ថ្លើម​ទេ​ដែល​កើន​ឡើង​នោះ។ បើ​តាម​កា​រសិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​អាមេរិក ចេញផ្សាយ​ក្នុង​ទំព័រទស្សនាវដ្តី Nature Reviews Clinical Oncology កាលពី​ថ្ងៃទី ៦​កញ្ញា មាន​ជំងឺ​មហារីក​ចំនួន​១៤​មុខ ដែល​កើន​ឡើង​និង​កើត​លើ​អ្នក​ជំងឺ​​វ័យ​ ​ក្មេង​ អាយុ​ក្រោម​៥០​ឆ្នាំ។ មាន​អ្នក​ជំងឺវ័យមិនទាន់​​៥០​ឆ្នាំ​កាន់​តែ​ច្រើន​ឡើងៗ កើត​ជំងឺ​មហារីក។ នេះ​ជា​បាតុភូត​​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំងណាស់ សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក ដែល​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា និន្នាការ​​កំណើន​ជំងឺ​មហារីកក្មេង​ (​អាយុ​ក្រោម​៥០​ឆ្នាំ) បាន​ចាប់​ផ្តើម​ តាំងពី​៣០​ឆ្នាំ​មក​ហើយ។ រលក​​​ជំងឺ​មហារីក​​ក្មេង​ ជា​ក្តី​ព្រួយ​បារម្ភ​ព្រោះ​វា​ប៉ះពាល់​ដល់ក្រុម​ចង្កោម​មនុស្ស​ដែល​គ្មាន​ភាព​​ប្រឈម​នឹង​ជំងឺ​មហារីក។ មហារីក​​មិន​រើស​អាយុកើត​ឡើយ តែ​ជាទូទៅ អ្នក​ប្រឈម​នឹង​ហានិភ័យ​មហារីក​ ច្រើន​តែជា​​មនុស្សអាយុ​លើស​​ពី​៥០​ឆ្នាំ​ឡើង​ទៅ។ ប៉ុន្តែ​តាំងពី​ឆ្នាំ​១៩៩០មក ចំនួន​មនុស្ស​អាយុ​ក្រោម​៥០​ឆ្នាំកើត​ជំងឺ​មហារីក​កើន​ឡើង​ជា​លំដាប់​ នៅ​​ទូទាំងពិភពលោក។ ពោល​គឺ​ ​មហារីក​មុន​កាល បាន​ក្លាយ​ជា​ជំងឺ​រាតត្បាត​ស្រេច​ទៅ​ហើយ តាំងពី​ឆ្នាំ​១៩៩០មក។ ហើយ​កាន់តែ​គួរ​ព្រួយ​បារម្ភ​ខ្លាំង​ទៅទៀត ៣០​ឆ្នាំ​ក្រោយ​ កំណើន​អ្នក​កើត​មហារីក​ក្រោម​អាយុ​៥០​ឆ្នាំ​មិន​បន្ថយ​ល្បឿន​សោះ​ ។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មន្ទីរ​ពេទ្យ Brigham and Women’s នៅ​ក្រុង​បូស្តុន​សហរដ្ឋ​អាមេរិក បាន​ប្រមូល​ទិន្នន័យ​មនុស្ស​ធំ​ពេញ​វ័យ​អាយុ​៥០​ឆ្នាំ នៅ​ទូទាំង​ពិភពលោក ចន្លោះ​ពី​ឆ្នាំ​២០០០ទៅ​២០១២ មក​វិភាគ​ឃើញ​ថា​មនុស្ស​ពី​ជំនាន់​មួយ​ទៅជំនាន់​មួយ​ ប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​មហារីក​ ក្នុង​វ័យ​កាន់​តែ ក្មេង​ទៅ​ៗ។ ​ក្រុម​មនុស្ស​កើតនៅ​​ឆ្នាំ​១៩៦០ មាន​ហានិភ័យ​កើត​ជំងឺមហារីក​មុន​អាយុ​៥០​ឆ្នាំ​ ខ្ពស់​ជាង​ក្រុម​អ្នកកើត​នៅ​ឆ្នាំ​១៩៥០ តែ​ទាប​ជាង​ក្រុម​អ្ន​កកើត​នៅ​ឆ្នាំ​១៩៧០។ គ្រោះហានិភ័យឆាប់​មាន​ជំងឺ​មហារីក​ ​កាន់​តែ​កើន​ខ្ពស់​ថែម​ទៀត សម្រាប់​កូន​ជំនាន់​ក្រោយ ឬ​អ្នក​កើត​នៅ​ទសវត្សរ៍​ក្រោយៗ​មក​។ ហេតុ​អ្វី​​មនុស្ស​អាយុក្រោម​៥០​ឆ្នាំ កាន់​តែ​ច្រើន មានជំងឺមហារីក ? ​សម្រាប់​អ្នក​ស្រាវជ្រាវ មូលហេតុ ដំបូង​គេ គឺ​ការ​ប្តូរ​ផ្លាស់​របៀបរបប​និង​បរិស្ថាន​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​តាំងពី​កើត​មក​ ដូច​ជា​​របប​ចំណីអាហារ របប​រស់​នៅ ទម្ងន់ បរិយាកាស​។ តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​បាន​បញ្ចប់​ទៅ និង​ជាពិសេស តាំងពី​ឆ្នាំ​១៩៦០​មក ចំណីអាហារ​ឧស្សាហកម្ម​ចាប់​លូត​លាស់​ខ្លាំង ដែល​បាន​បំប្លែង​ និង​ប្តូរ​ផ្លាស់​ទម្រង់​ដើម​នៃ​អាហារ​យ៉ាង​ខ្លាំង។ វេជ្ជបណ្ឌិត​ Tomotaka Ugai អ្នក​ដឹកនាំការ​សិក្សា​ចម្បង​គេ បាន​គូស​បញ្ជាក់​ថា នៅក្នុង​ចំណោម​ជំងឺ​មហារីក​ទាំង​១៤ ដែល​កើន​និង​កើត​កាន់​តែ​ច្រើន​លើ​មនុស្ស​អាយុ​ក្រោម​៥០​ឆ្នាំ មាន​៨​ជា​ជំងឺ​មហារីក​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ រំលាយ​អាហារ។ អាហារ​ដែល​យើង​ទទួល​ទាន​ចូល​ទៅ នឹង​ទៅ​ចិញ្ចឹម​ពពួក​សរីរាង្គ​តូចៗ​ក្នុងក្រពះ​​ពោះវៀន។ របប​អាហារ​ប៉ះពាល់​ដោយ​ផ្ទាល់​តែ​ម្តង​ទៅ​លើក្រុម​បាក់តេរី​ល្អ​ មីក្រូប៊ីយ៉ុត ហើយ​យូរ​ទៅ​ការ​ប្តូរ​ផ្លាស់​នេះ អាច​នឹង​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​មាន​ហានិភ័យ​កើត​ជំងឺ។ ជំងឺ​មហារីក​១៤​យ៉ាងនោះ​គឺ មហារីក​សុដន់ មហារីក​ពោះវៀន​ អង់ដូម៉ែត្រ បំពង់អាហារ ថ្លើម ប្រមាត់ បំពង់​បង្ហូរ​វត្ថុ​រាវ​ក្នុង​ថ្លើម  ​លំពែង ក្បាល​ ក តម្រងនោម ឆ្អឹង​ ប្រូស្តាត​ ក្រពេញ​ទីរ៉ូអ៊ីត និង​ក្រពះ។ សាស្ត្រាចារ្យ​ Shuji Ogino សហនិពន្ធ​ដឹកនាំការសិក្សា​របស់​​មន្ទីរពេទ្យ​ Brigham បានពន្យល់​ក្នុង​​សេចក្តី​ថ្លែងការណ៍ទៀត​ថា មនុស្ស​ជំនាន់​ក្រោយ​មាន​គ្រោះ​ហានិភ័យ​កើត​ជំងឺ​មហារីក​កាន់​តែ​ក្មេង​ជាង​មនុស្ស​ជំនាន់​មុន ទំនង​ដោយមួយ​ផ្នែក​បណ្តាល​មក​ពី​មនុស្ស​ជំនាន់​ក្រោយ​រស់​ប្រឈម​នឹង​កត្តាហានិភ័យ​ តាំងពី​នៅ​វ័យ​ក្មេង​។ ​កត្តាប្រឈម​ ​បាន​មក​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​ករណី​មហារីក​វ័យ​ក្មេង​កើន​ឡើង​ខ្លាំង។ កត្តា​ហានិភ័យ​ទាំង​នោះ​មាន​ដូច​ជា​ ការ​ទទួល​សុរា អាល់កុល ការ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​ ជក់​បារី កង្វះ​ដំណេក ស្រណុក​ជ្រុល និង​ធាត់​ជ្រុល​។ កត្តា​ហានិភ័យ​ទាំង​នេះ ចាប់​លេច​ឡើង​ខ្លាំង​តាំងពី​ឆ្នាំ​១៩៥០មក​។ ហើយ​កត្តា​ទាំង​នេះ មិនមែន​មិន​បង្ក​ផលវិបាក​ទេ​ ព្រោះ​ការ​ប្តូរ​ផ្លាស់​ទម្លាប់​ គឺ​ជា​ការ​ប្តូរ​ផ្លាស់​ទម្រង់ ក្រុម​​បាក់តេរីល្អៗ​ដែល​នៅ​ក្នុង​ប្រព័ន្ធរំលាយ​អាហារ​របស់​មនុស្ស​​​ ដែ​ល​គេ​ហៅ​ថា មីក្រូប៊ីយ៉ុត។ សម្មតិកម្ម​ចុងក្រោយ​មួយ​ដែល​អាច​បញ្ចប់​ជំនឿ​របស់​មនុស្ស​ចាស់​ខ្មែរ ដែល​ថា​សម័យ​មុន​មិនសូវ​មាន​ជំងឺមហារីក នោះ​គឺ ដោយ​សារ​ពិភពលោក​បច្ចប្បន្ន​មាន​បច្ចេកទេស​វែក​រក​ជំងឺ​មហារីក​បាន​ល្អ​ប្រសើរ​ជាង​មុន ទើបគេ​​អាច​ឆាប់​វែក​រក​ឃើញ​ករណី​​កើត​ជំងឺ​មហារីក បាន​ឆាប់ និង​តាំងពី​ក្មេង។ គ្រាន់​តែ​ថា​សម្រាប់​អ្នក​ស្រាវជ្រាវ​ ការ​ធ្វើ​តេស្ត​វែកឃើញ​​រក​ជំងឺ​​តាំង​ពី​ដំបូងៗ​ភ្លាមៗ​ មិន​អា​ច​គ្រប់​គ្រាន់​យក​មក​ធ្វើ​ជា​សំអាង​នៃ​កំណើន​ជំងឺ​មហារីក​ដល់​ទៅ​១៤​មុខ​បាន​ទេ។ ប្រទេស​គ្មាន​លទ្ធភាព​ធ្វើ​តេស្ត​វិភាគ ក៏​មាន​កំណើន​ករណី​មហារីក​នៅ​វ័យ​ក្មេង​ដែរ។ ដូច្នេះ​អ្នក​ស្រាវជ្រាវ​នឹង​បន្ត​ការសិក្សា​ នៅ​ក្នុង​ប្រទេស​ជា​ច្រើន​បន្ថែម​ទៀត ជាពិសេស​ប្រទេស​មិន​សូវ​លូតលាស់​ និង​សិក្សា​តាម​ដាន​តាំង​ពី កុមារ​ឱ្យ​បាន​ច្រើន​ឆ្នាំ ដើម្បី​អាច​​បញ្ជ្រៀប​ព័ត៌មាន​ដល់​ប្រជាជន​ឱ្យ​បាន​យល់​ដឹង​អំពី​ផលវិបាក​នៃ​របៀប​របប​រស់​នៅ​ ចំពោះ​សុខភាព​ និងចំពោះ​ហានិភ័យ​កើត​ជំងឺ​មហារីក​ ព្រមទាំង​បាន​​ស្គាល់​ ​ជំងឺ​មហារីកកាន់​តែ​ច្បាស់៕
27/10/20228 minutes, 47 secondes
Episode Artwork

វិនិច្ឆ័យរោគ​ពី​ដំបូង​មិន​ល្អ មហារីក​សុដន់ ងាយលាប់​ឡើង​វិញ ?

ថ្ងៃ​នេះ​ជា​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់។ មហារីក​សុដន់ ជា​ជំងឺ​ដែល​សម្លាប់​ស្ត្រី​ច្រើន​ជាង​គេ​នៅលើ​ពិភពលោក ប៉ុន្តែ​ប្រសិន​បើ​គេ​អាច​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​​នៅ​ដំណាក់កាល​ដំបូង នោះអ្នក​ជំងឺ​មាន​សំណាងជា​ពី​ជំងឺ​ ​កាន់​តែ​ខ្ពស់។ ផ្ទុយ​ទៅ​វិញ គេ​សង្កេត​ឃើញ​ថា មាន​ស្ត្រី​ពីរ​នាក់​ក្នុង​ចំណោម​១០​នាក់​ធ្លាក់​ខ្លួន​ឈឺ​លាប់​ឡើងវិញ ក្រោយ​ការ​ព្យាបាល​ចប់។ តើ​មក​ពី​ហេតុ​អ្វី ? បញ្ជ្រាប​និង​ផ្តល់​ព័ត៌មាន​ស្តី​ពី​ជំងឺ​មហារីក​សុដន់ គឺ​ជា​កម្មវត្ថុ​នៃ​យុទ្ធនាការ​ “កូលាបតុលា” ដែល​ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​ឆ្នាំ​ ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៣១​តុលា នៅ​ប្រទេស​បារាំង។ ពេញ​មួយ​តុលា​នេះ និង​ជា​ពេលណាៗទាំងអស់ សូម​ស្ត្រីគ្រប់រូប​អញ្ជើញ​ទៅ​ធ្វើ​តេស្ត​រកមើល​ក្រែងកើត​​ជំងឺ​មហារីក​សុដន់ ដែល​ជា​មូលហេតុ​ទីមួយ​នៃ​មរណភាព​របស់​ស្ត្រី​នៅ​បារាំង និងនៅលើ​ពិភពលោក។ ក្នុង​យុទ្ធនាការ​ឆ្នាំ​២០២២ វិទ្យាស្ថាន​Curie មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​មហារីក​អឺរ៉ុប​ដ៏​ធំ​ជាង​គេ​ បាន​ឆ្លៀត​ឱកាស​បូក​សរុប​ស្ថានភាព​ជំងឺ​មហារីក​សុដន់​ដែល​រើ​ឡើង​វិញ។ បើ​តាម​ការ​ស្មាន ក្នុង​ចំណោម​អ្នក​ជំងឺ​មហារីក​សុដន់​១០​​នាក់ មាន​ពីរ​នាក់ធ្លាក់​ខ្លួន​ឈឺ​ឡើង​វិញ​ក្រោយ​ចប់​ការ​ព្យាបាល។ ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេ​មិន​ដឹង​អំពី​មូលហេតុ​ច្បាស់​អំពី​កត្តា​ហានិភ័យ​នាំ​ឱ្យ​ជំងឺ​លាប់​ឡើង​វិញ​ទេ ប៉ុន្តែមាន​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​មុខ​ជា​លំដាប់។ បើ​គេ​បាន​ដឹង​កាន់​តែ​ច្រើន នោះ​គេ​អាច​ការពារ​បាន​កាន់​តែ​ប្រសើរ។ តើ​គេ​អាច​ការពារ​មិនឱ្យ​ជំងឺ​លាប់​ឡើង​វិញ​បាន​ដោយ​វិធីណា ? លោកវេជ្ជបណ្ឌិតPaul Cottu ​ នៅ​ដេប៉ាតឺម៉ង់​ជំងឺ​មហារីក​នៅ​វិទ្យាស្ថាន​ ៖ “ការពារ​កុំ​ឱ្យ​លាប់​កើត​ជំងឺ​មហារីក​សុដន់​ឡើង​វិញ គ្មានអ្វី​ប្រសើរ​ជាងផ្តល់​ការ​ព្យាបាល​​​ដែល​មាន​ប្រសិទ្ធភាព​ទេ​។ មាន​ន័យថា​ គឺ​​ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ឱ្យ​បានត្រឹម​ត្រូវ​បំផុត​ ពី​ដំបូង​ ហើយ​សម្រប​ការ​ព្យាបាល មិន​ថា​ជា​ការ​ព្យាបាល​ ដោយ​វះកាត់ ដោយ​វិទ្យុសកម្ម ​ដោយ​​ប្រើ​ថ្នាំគីមី ឬ​ដោយ​វិធី​ផ្សេងទេ​ ទៅ​តាមការ​វិនិច្ឆ័យ​រោគ​ដំបូងនោះ។ នេះ​ហើយ​ជា​ការ​ការពារដ៏​ល្អ ​​មិន​ឱ្យ​ជំងឺ​លាប់​ឡើង​វិញ​។ ការ​លាប់​ឡើង​វិញ​មិន​មែន​សុទ្ធ​តែ​មាន​ន័យ​ថា​ការព្យាបាល​គ្មាន​ប្រសិទ្ធភាព​ទេ។ ថ្នាំព្យាបាល​ជំងឺ​មហារីក​សុដន់​អាច​មាន​ប្រសិទ្ធភាព រារាំង​អ្នក​ជំងឺ​មិន​ឱ្យ​ជំងឺ​មហារីក​រើ​ឡើង​វិញ​បាន​ ជា​ច្រើន​ឆ្នាំ។ ថ្នាំ​ខ្លះ​បាន​ជួយ​សម្រួល​ស្ថានភាព​អ្នក​ជំងឺឱ្យ​ជា​សះ​ស្បើយ​បាន​រយៈ​ពេលដល់​ទៅ​​​១៥​ឆ្នាំ។ នៅពេល​ជំងឺ​រើ​​​ឡើង​វិញ​ទើប​គ្រូពេទ្យ​ ចាប់​គិត​គូរ​រក​មធ្យោបាយ​ព្យាបាល​ជា​ថ្មី​ទៀត។” ការ​ព្យាបាល​ដំបូង​​ ជា​អ្នក​កំណត់​ហានិភ័យ​​នៃ​ការ​រើ​ឡើង​វិញ​នៃ​ជំងឺ​ នេះ បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី​វេជ្ជបណ្ឌិត Dr Anne Vincent-Salomon ឯកទេស​ជំងឺមហារីក​ស្ត្រី​នៅវិទ្យាសា្ថន​Curie ដដែល។ អ្នក​ស្រី​ Vincent-Salomon ៖ “ពិត​ជា​មិនអាច​ទទួល​យក​បាន​ទេ ដែល​អ្នក​ជំងឺ​ត្រូវលាប់​​ធ្លាក់​ខ្លួន​ឈឺ​ទៅ​វិញ​នោះ។ ដូច្នេះ​គេ​ត្រូវ​សិក្សា​រកឱ្យ​ឃើញ​មធ្យោបាយ​ថ្មី និង​កំណត់​ប្រូណូស្ទិក​ជំងឺ​មហារីក​សុដន់​ឱ្យ​បាន​ប្រសើរ​ឡើង​ដើម្បី​អាច​កំណត់​​ឱ្យ​កាន់​តែ​ប្រសើរ​ទៀតប្រភេទ​​ដុំ​សាច់​មហារីក​របស់​ស្ត្រី​ របស់​អ្នក​ជំងឺ ដោយ​ត្រូវ​គិត​ផង​ដែរ​អំពី​ស្ថានភាព​ជំងឺ អាយុ ដើម្បី​អាច​​ម្រែ​តម្រង់​ការព្យាបាល​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត និង​កាត់​បន្ថយ​បាន​ហានិភ័យជំងឺ​រើ​ឡើង​វិញ។” ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅពេល​ធ្វើ​តេស្ត​វិភាគ​រក​ជំងឺ​មហារីក​ ឃើញ​​លទ្ធផល​វិជ្ជមាន​​ អ្នក​ជំងឺ​ត្រូវ​ឆ្លងកាត់​ការ​វិនិច្ឆ័យរោគ​ជា​ច្រើន​ដំណាក់កាលទៀត មុន​នឹង​គ្រូពេទ្យ​ជំនាញ​សម្រេច​ផ្តល់​ថ្នាំនិង​វិធី​ព្យាបាល​ជំងឺ​មហារីកសុដន់​នោះ។ ​អ្នកស្រី​វេជ្ជបណ្ឌិតDominique Sighoko​ ៖ “ជំងឺ​មហារីក​សុដន់ ​មិនមែន​ដូច​គ្នា​តែ​មួយ​ទេ ជា​ជំងឺ​ពហុទម្រង់ ដែល​មាន​​មូលេគុលជំងឺ ច្រើន​ប្រភេទ​ ចែកជា​កូនក្រុមតូចផ្សេងៗ​គ្នា។ ដូច្នេះ​ដើម្បី​អាច​ផ្តល់​ការ​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាពខ្ពស់ គេ​ចាំបាច់​ត្រូវ​ដឹង​អំពី​ប្រភេទ​នៃ​ជំងឺ​មហារីក​សុដន់​នោះ ដោយ​ត្រូវ​​​ធ្វើ​តេស្ត​ immunohistochimie (IHC) របស់​​ដុំ​សាច់​មហារីក ដែល​គេ​ច្រិប​មក​វិភាគ។ នៅពេល​ធ្វើ​តេស្ត​ IHC​នេះ​រួច គេ​អាច​ដឹង​បាន​ថា​តើ​មហារីក​នោះ​ស្ថិត​នៅក្នុងកូន​​ក្រុមណា​។ ហើយអាច​​ផ្តល់​ការព្យាបាល​ឱ្យ​ចំ​ប្រភេទ។” មហារីក​សុដន់​ ជា​ជំងឺ​ដែល​កើត​ញឹកញាប់​ជាង​គេ​នៅ​ប្រទេស​បារាំង ដោយ​មាន​អ្នក​ជំងឺ​ថ្មី​​ប្រមាណ​៥៨០០០​នាក់ បន្ថែម​ក្នុង​មួយ​ឆ្នាំៗ។ និយាយ​បែប​ផ្សេង ក្នុង​ចំណោម​ស្ត្រី​៨​នាក់ មាន​ជិត​ម្នាក់ កើត​ជំងឺ​មហារីកសុដន់ នៅក្នុង​វ័យ​ណាមួយ​នៃ​ជីវិត។ ជា​មហារីក​ដែល​កើត​ច្រើន​ជាង​គេហើយ បង្ក​ឱ្យ​ស្លាប់​ច្រើន​ជាង​គេ​ទៀត។ ក្នុង​មួយ​ឆ្នាំៗ មហារីក​សុដន់​សម្លាប់ស្ត្រី​ប្រមាណ​ជាង​ ១២០០០​នាក់​។ ប៉ុន្តែ​ប្រសិនបើ​គេ​អាច​រក​ឃើញ​ជំងឺ​មហារីក តាំង​ដើម​ដំបូង​ភ្លាម​ សំណាង​បាន​ជា​រួច​ជីវិត​មាន​កាន់​ធំ ឯ​ការព្យាបាល​ក៏​មិន​សូវ​ធ្ងន់ធ្ងរ​ខ្លាំង។ ក្តី​សង្ឃឹម​រស់​រាន​មាន​ជីវិត​បាន​៥​ឆ្នាំ​បន្ថែម មាន​កំរិត​ដល់​ទៅ​៩០%​ប្រសិនបើ​រក​ឃើញ​ជំងឺ​មហារីក​សុដន់​ដំណាក់កាល​ដំបូង ទល់​នឹង​២៦%​ប៉ុណ្ណោះ​បើ​ចូល​ដំណាក់​ធ្ងន់។ នេះ​ហើយ​ជា​ភាព​សំខាន់​នៃ​ការ​ធ្វើ​​តេស្ត​វិភាគ​មើល​សុដន់​​ក្រែង​មាន​ជំងឺ​មហារីកនោះ។ នៅ​ប្រទេស​បារាំង​ដដែល តាំងពី​ឆ្នាំ​២០០៤​មក ស្ត្រី​អាយុ​ចន្លោះ​ពី​៥០​ឆ្នាំ​ទៅ​៧៤ បាន​ទទួល​ការ​អញ្ជើញ​ឱ្យ​ទៅ​ធ្វើ​តេស្តថត​កៀប​សុដន់​ ជា​រៀង​រាល់​ពី​រឆ្នាំ​ម្តង។ ​ប៉ុន្តែកាលពី​ថ្ងៃ​អង្គារ​ទី ២៤​កញ្ញា គណៈកម្មការ​អឺរ៉ុប បាន​ចេញ​អនុសាសន៍​អំពាវនាវ​​ឱ្យ​ប្រទេស​ជា​សមាជិក ប្តូរ​យុទ្ធសាស្ត្រ បញ្ចុះ​អាយុ​ស្ត្រី​មាន​សិទ្ធិ​ទៅ​ធ្វើ​តេស្ត​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី៤៥​ឆ្នាំ​ទៅ ព្រោះ១៥%​នៃ​ជំងឺ​មហារីក​សុដន់​ លេច​ឡើង​នៅ​អាយុ ចន្លោះ​ពី​៤០ទៅ​៥០ឆ្នាំ។ ចុះ​ចំពោះ​ស្ត្រី​ក្រោម​អាយុ​៤០​ឆ្នាំ ត្រូវ​តាមដាន​សុខភាព​សុដន់​បែបណា ? អ្នក​ជំនាញ​បារាំង​ណែនាំ​​ឱ្យ​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ជំនាញ ដើម្បី​វាយ​តម្លៃ​អំពី​កត្តា​ហានិភ័យ​របស់​បុគ្គល​ម្នាក់ៗ បើ​គ្មាន​កត្តាហានិភ័យ​ទេ ស្ត្រី​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ទៅ​ធ្វើ​ ម៉ាមូក្រាហ្វី ថតដោះ​ នៅអាយុ​ក្រោម​៤០ឆ្នាំ​ឡើយ។ ​ហេតុ​អ្វី​បានគ្រួសារ​​ខ្លះមាន​ហានិភ័យ​​កើត​ជំងឺ​មហារីក​សុដន់​ជាង​គ្រួសារ​ខ្លះទៀត ? អ្នកស្រី​វេជ្ជបណ្ឌិតDominique Sighoko​ ៖ “ពី​ព្រោះនេះ​គឺ​បណ្តាល​មក​ពី​ ​មនុស្ស​ខ្លះ​មាន​ហ្សែន​ងាយ​កើត​ជំងឺ​មហារីកពី​កំណើត។ អាច​ថា​ជាហ្សែន​​តពូជ​ ត​ពី​ឪពុកម្តាយ​មកកូនចៅ​ ជំនាន់​ក្រោយ។ គ្រួសារ​ខ្លះ​មាន ផ្ទុក​ហ្សែន​ ប្រភេទ​ BaCa​ ១ និង២ តែ​ម្តង។ អ៊ីចឹង​ហើយ​បាន​ជា​ពួកគាត់​មាន​គ្រោះ​ហានិភ័យ​ខ្ពស់ នឹង​កើត​ជំងឺ​មហារីកសុដន់។ ហានិភ័យ​កើត​ជំងឺ​មហារីក​ មិនមែន​មាន​តែ​ចំពោះ​ស្ត្រីភេទ​ទេ។ បុរស​ក៏​មាន​ហានិភ័យ​នេះដូចគ្នា។ ដូច្នេះ​បើ​ស្ត្រី​មា្នក់ កើត​ក្នុង​គ្រួសារ​មាន​ម្តាយ​កើត​ជំងឺ​មហារីក​សុដន់ ឬ​ឪពុក​មាន​ជំងឺ​មហារីក​ប្រូស្តាត គ្រួសារ​នោះ​ត្រូវ​ប្រុងប្រយ័ត្ន​ តាមដាន​សុខភាព​ឱ្យ​មែនទែន ព្រោះ​គ្រួសារនោះ ស្ត្រី​នៃ​គ្រួសារនោះប្រឈម​នឹង​គ្រោះអភិវឌ្ឍ​ជំងឺ​មហារីកសុដន់​​ខ្ពស់​ខ្លាំងមែនទែន។” ចេះ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង​ក៏​សំខាន់​ខ្លាំង​ណាស់​ដែរ​សម្រាប់​គ្រប់​ស្ត្រី ក្នុង​ការ​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​សុដន់។ ដូច​ជា​ត្រូវ​ចេះ​សម្គាល់​ថា តើ​មាន​ដុំ​រឹង​នៅក្នុង​សុដន់ រូប​រាង​សុដន់​ប្តូរ​ប្លែក​ ហើយ​មិន​ត្រលប់​មក​ធម្មតា​វិញ ក្រោយ​មក​ខែរួច ... បើ​មាន​​សញ្ញា​ទាំង​នេះ ត្រូវ​រួសរាន់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​៕
19/10/20227 minutes, 31 secondes
Episode Artwork

តើ​គេ​អាច​បញ្ជៀសវិបត្តិគ្រួស​ក្នុង​តម្រង​នោម​បាន​យ៉ាងដូចម្តេច ?

គ្រួស​ក្នុង​តម្រងនោម មាន​ច្រើន​ប្រភេទ​ និង អាច​តូច​អាច​ធំ។ នៅពេល​ធ្វើ​ទុក្ខ អ្នក​មា​ន​គ្រួស​ក្នុង​តម្រង​អាច​រង​ការ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង​នៅ​តម្រងនោម នៅប្លោកនោម និង​នៅ​គ្រប់​ប្រព័ន្ធ​បង្ហូរ​ទឹក​នោម។ ហេតុ​អ្វី​បាន​ជាមាន​គ្រួស​ក​កើត​ឡើង​នៅក្នុង​តម្រងនោម ? តើ​បាន​ជា​យើង​ចាំបាច់​ត្រូវ​បរិភោគ​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់ ដើម្បីការពារ​ខ្លួន​កុំ​ឱ្យ​មាន​កករគ្រួស ? ចុះ​បើធ្លាប់​មាន​គ្រួសហើយ តើ​ត្រូវ​ធ្វើ​ដូចម្តេច​កុំ​ឱ្យ​លាប់ ? គ្រួស​ក្នុង​តម្រង បាន​កកើត​ឡើង​នៅ​ត្រង់​តម្រង​នោម ដោយមូលហេតុច្រើន​យ៉ាង ក្នុងនោះ​មាន​មូលហេតុ​មួយ​គឺ​អ្នក​ជំងឺ​មិនបរិភោគ​ទឹក​គ្រប់គ្រាន់ ទើបធ្វើ​ឱ្យ​ទឹកនោម​មាន​កំហាប់​ខ្ពស់ ងាយ​មានកំណក ក្លាយ​ជា​គ្រួស។ មាន​ច្រើន​ប្រភេទ ហើយត្រូវ​បាន​រំលាយ​​ជា​ទូទៅ ​​ដោយ​ទឹកនោម ​គ្រួស​​​ខ្លះ​ អាច​អណ្តែត​ចេញ​ទៅ​តាម​ប្រព័ន្ធ​បង្ហូរ​ទឹកនោម​។ គឺនៅពេល​នោះ​ហើយ​ដែលគ្រួស អាច​បង្ក​ឱ្យ​មាន​អាការៈ​ឈឺ​ចុកចាប់​ខ្លាំងទ្រាំមិន​បាន និង​​យ៉ាង​ទាន់​ហន់ ដែល​ហៅ​តាម​ភាសាបច្ចេកទេសថា Colique néphrétique។ តើ​គ្រួស​កាន់​តែ​ធំ វាកាន់​តែ​ធ្វើ​ទុក្ខ ខ្លាំង​មែន​ទេ ? Dr Isabelle Tostivint, ចាសទេ ! ​ផ្ទុយ​ពី​ការ​គិត និង​ដោយ​ជាក់​ស្តែង មាន​គ្រួស​ខ្លះ​ដុះ​យឺតៗ យឺត​ខ្លាំង​មែនទែន។ បើ​គ្រួស​ដុះកាន់​តែ​យឺត វាកាន់​តែ​អាច​ធំ តែ​វា​មិន​ធ្វើ​ឱ្យ​ឈឺ​ចុកចាប់ ដូច​​កូន​គ្រួស​តូចៗទេ។ កូន​គ្រួស​តូចៗ ប៉ុន​គ្រាប់​អង្ករ ប្រវែង​៥-៦មីល្លីម៉ែត្រ ​អាចបង្ក​ការ​ឈឺ​ចុក​ចាប់​ខ្លាំងណាស់ នៅពេល​វា​​អណ្តែត​ទៅ​តាម​បំពង់​បង្ហូរទឹក​នោម ដែលត​ភ្ជាប់​ពី​ផ្លោក​នោម​ទៅ​តម្រង​នោម​ ហើយ​ស្រាប់តែត្រូវ ​គាំង​ស្ទះ​នៅក្នុង​បំពង់​បង្ហូរ​ទឹក​នោមនោះ​​​។ នៅពេល​គាំង តម្រង​នោម​នៅ​តែ​បន្ត​ផលិត​ទឹក​នោម​ជា​និច្ច ជា​ហេតុ​ធ្វើ​ឱ្យ​តម្រង​ប៉ោងធំឡើង និង  បង្ក​ជា​ការ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង។ ពេល​កំពុង​ធ្វើ​ទុក្ខ​ឈឺ​ដូច្នេះ និង​ដើម្បី​ជួយ​បន្ថយ​ការ​ឈឺ​ចុកចាប់ សូម​កុំ​ទទួល​ទាន​ទឹក​ឱ្យ​សោះ។ ​តើ​គេ​អាច​សម្គាល់​អំពី​ភាព​ខុស​គ្នា​នៃ​ការ​ឈឺ​ចុកចាប់​ដោយ​គ្រួសក្នុង​តម្រង​នោម​​និង​ឈឺ​ឆ្អឹង​ខ្នង​ឈឺ​ចង្កេះ​បានដែរ​ទេ និង​​យ៉ាង​ដូចម្តេច ? Dr Isabelle Tostivint, ហ្អា! នេះ​ជា​សំណួរ​ដ៏​ល្អ​ណាស់ ! នៅពេល​ឈឺ​ចុកចាប់​​ដោយ​បញ្ហា​គ្រួស​ក្នុង​តម្រង​នោម នោះ​គឺ​ការ​ឈឺ​ចុក​ចាប់​យ៉ាងខ្លាំង ដែល​គ្មាន​ឥរិយាបថ​មួយ​ណា​ធ្វើ​ឱ្យ​ធូរ​ស្បើយ ដូច​ករណី​ឈឺ​ឆ្អឹងខ្នង​ទេ។ ជាការ​ឈឺ​ខ្លាំង​ដែល​មិន​អាច​ទ្រាំ​នៅស្ងៀម​បាន ហើយដោលដល់​ក្រពះ​ឱ្យ​រក​កល​​ចង់​ក្អួត​ រួច​រាលដាល​ឈឺ​ដល់​ប្រដាប់​ភេទ​ផ្នែក​ខាង​ក្រៅ​ទៀត។ ជាអាការៈ​ឈឺ​​ខ្លាំងហួសហេតុ​​ ​យ៉ា​ងទាន់ហន់ និង​វិវឌ្ឍខ្លាំងឡើងៗ ទៅ​ជា​ការ​ញាក់កន្ទ្រាក់​សាច់​ដុំ​។ ចុះ​បើធ្លាប់​​មាន​គ្រួស​​ក្នុង​តម្រងនោម​រួច​ហើយ តើ​គេអាច​កាត់បន្ថយ​ និង​បញ្ចៀស​កុំ​ឱ្យ​មាន​វិបត្តិ​គ្រួស​ក្នុង​តម្រង​នោម ​កើត​បាន​ជា​ថ្មី​បាន​ដែរឬទេ ? Dr Isabelle Tostivint, ខ្ញុំ​សូម​ផ្តល់​ដំបូន្មាន​ ឱ្យ​ពិសារ​ទឹក​ឱ្យ​បាន​ច្រើន ជាពិសេស​ ចាប់​ពី​ពេល​រសៀល​ទៅ។ ពេល​ល្ងាច ចប់​ការងារ មក​ដល់​ផ្ទះ យើង​លែង​ខ្វល់​ខ្វាយ​ខ្លាច​រំខាន​​ដើរ​ទៅ​បត់​ជើង​តូច​ទៀត​ហើយ។ ដូច្នេះ ត្រូវពិសារ​ទឹក​ឱ្យ​បាន​ច្រើន ដើម្បី បង្អាក់​ដំណើរ​ ក​ ជា​គ្រួស។ ជា​ទូទៅ គឺនៅពេល​យប់ ដែលសំណល់​ទឹក​ចាប់​រង កករ​ទៅកកផ្តុំ​គ្នា​ឱ្យ​ក្លាយ​ជា​គ្រួស។ ដូច្នេះ បើ​អ្នក​មាន​គ្រួស​ហើយ គួរ​តែពិសារទឹក​ឱ្យ​បាន​ច្រើន​នៅ​ពេល​រសៀល និង​ល្ងាច ដើម្បីមានទឹកនោម​ច្រើន ព្រោះ នៅពេល​យប់​ យើង​គេងដក​តែ​ដង្ហើមទេ​ យើង​អត់​ធ្វើ​ចលនាដែល​ទាមទារ​ជាតិ​ទឹក​អ្វីឡើយ។ ជាតិ​ទឹកធ្លាក់​ទៅ​ផ្តុំគ្នា​ក្លាយ​​ជា​ទឹកនោម។ គ្រួស​ ប្រៀប​ដូច​ជា​អំបិល ដែលមិនរលាយ​អស់​ពីបាតកែវ បើ​មាន​ទឹកតិច តែ​បើ​មាន​ទឹក​ច្រើនអំបិល ឬគ្រួស​នោះនឹង​រលាយអស់ក្នុង​ទឹក។ ការ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន នៅពេល​រៀប​ចូល​គេង នឹងធ្វើ​ឱ្យ​យើង​មាន​ទឹកនោមច្រើន ដោយ​​ត្រូវ​ងើបនោម​ម្តងនៅកណ្តាលយប់ ឬនៅម៉ោង ៣-​បួនទៀបភ្លឺ រួច​ពិសារទឹក​មួយកែវ​ទៀតមុន​ចូល​គេង​ទៅ​វិញ។ បើ​ធ្វើ​បែប​នេះ​បាន នោះ​គេ​ពិត​ជា​មានសង្ឃឹម​ថា មិន​ឈឺចុកចាប់​ដោយ​សារគ្រួស​ធ្វើ​ទុក្ខ​ផង និង​មិន​ផលិត​គ្រួសថ្មី​ទៀតផង។ របប​ចំណី​អាហារត្រឹម​ត្រូវ​​​ បូក​ផ្សំនឹង​ការ​ហាត់​ប្រាណ​បញ្ចេញ​កម្លាំង​កាយ​សម្បទា ជា​ឱសថ​បញ្ចៀស​មិនឱ្យ​មាន​កករក្រួសបានតើ​មែនទេ ? Dr Isabelle Tostivint, ពិត​ណាស់ ! ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​យើង​មាន​សុខភាព​ល្អ​ទៀត។  សព្វថ្ងៃនេះ យើង​រវល់​គិត​តែ​ធ្វើការ​រក​លុយ​  មើល​គ្រួសារភ្លេច​ថែទាំ​សុខភាព​។ ​មិន​ទាន់​៥០​ផង ក៏​ចាប់​មាន​ស្នាម​ជ្រីវជ្រួញ​នៅ​តាម​កន្ទុយ​ភ្នែក។ ប៉ុន្តែ​នៅពេល​យើង​ចាប់​គិត​គូរ ទទួល​ទាន​អាហារ​ត្រឹម​ត្រូវ មាន​ពេល​វេលា​ហាត់ប្រាណ​បញ្ចេញ​កម្លាំង​កាយ​សម្បទា ដែល​ជា​ទង្វើ​ដ៏​ចាំបាច់​សម្រាប់​សុខភាព​តម្រង​នោម នោះគេ​ពិត​ជា​អាច​សង្ឃឹម​បាន​ថា​មាន​សុខភាពល្អ​ហើយ​គ្មានកករ​គ្រួស​នៅ​តម្រងនោមទេ។ ទទួល​ទាន​អាហារ​ត្រឹម​ត្រូវ មិនមែន​ជាការ​តម មិន​បរិភោគ​នេះ ឬ​មិនបរិភោគ​មុខ​នោះ​ទេ។ កាលណា​យើង​តម យើង​ហាម​ខ្លួន​ឯងមិន​ញ៉ាំ​របស់​ណាមួយ​​ នោះ​ខួរក្បាល​កាន់​តែត្រូវ​ការ​ និង​ទាមទារ​បីដងលើស​ធម្មតា។ ជា​ឧទាហរណ៍នៃ​របប​អាហារ​ល្អ គឺមួយ​ពេល​មាន​បន្លែ​ផ្លែឈើឆៅពាក់កណ្តាល -មួយភាគ៦ ជា​ប្រូតេអ៊ីន (សាច់ ជ្រូក គោ មាន់ទា ត្រី ពងមាន់) និង​មួយភាគបួន​ជា​បាយ។ បែងចែក​អាហារ​ មួយ​ថ្ងៃ​បី​ពេល​ ព្រឹក​ថ្ងៃ​ត្រង់​និងល្ងាច យ៉ាង​ទៀង​ទាត់ កុំ​សម្រុក​ញ៉ាំ​តែពេល​ល្ងាច​តែមួយពេល ដែល​ហាក់​ដូច​ជា​ទៅ​សម្រុក​ប្រើ​តម្រងនោម​ឱ្យ​ធ្វើការនៅ​ពេល​យប់​។  ផ្ទុយ​ទៅ​វិញ សូម​ប្រយ័ត្ន ! ក្នុងសម័យ​កូវីដ គ្រូពេទ្យ​ណែនាំ​ឱ្យ​ទទួល​ទាន​វីតាមីន ដេ និង​វីតាមីនសេ ឱ្យ​បាន​ច្រើន ដើម្បី​ពង្រឹង​ប្រព័ន្ធការពារ​ខ្លួន ប៉ុន្តែ​សូម​កុំ​ពិសារ​វីតាមីនសេ ច្រើន​ជ្រុល។ ក្នុង​មួយ​ថ្ងៃ​ ខ្លួនប្រាណ​យើង​ត្រូវការ​វីតាមីនសេ តែប្រមាណ​ពី ៨០​ទៅ​១០០មីល្លីក្រាម​ទេ បើ​ពិសារ​លើសពីនេះ វា​នឹងសល់​ហើយ​ប្រែក្លាយទៅ​ជាកំណកគ្រួស។ ​អ្នក​លេបថ្នាំ​វីតាមីនសេ លេខ ៥០០ ទៅ​១ពាន់ ជាប្រចាំ​ ដើម្បី​ជំនួយ​កម្លាំង ត្រូវដឹង​ខ្លួន​ថា​កំពុងបណ្តុះ​គ្រួសក្នុង​តម្រងនោម៕ សូម​អរគុណ​អ្នក​ស្រី​វេជ្ជបណ្ឌិត។ Dr Isabelle Tostivint ជាគ្រូពេទ្យ​ឯកទេស​តម្រងនោម​នៅមន្ទីរ​ពេទ្យ Pitié-Salpêtrière ក្រុង​ប៉ារីស​។
12/10/20228 minutes, 31 secondes
Episode Artwork

តើ​មាន​ការ​ខឹង​​ដែល​ល្អសម្រាប់​សុខភាព​​ដែរឬ ?

ខឹង​ខុស​ ខឹង​ខាត ខឹង​ខូច ! ខឹង​ច្រើន​ឆាប់​ចាស់ ... ពាក្យ​ថា​ខឹង​មិនល្អ​ទេ តែ​ខឹង​ជា​អាកប្បកិរិយា​មួយ​ដែលមនុស្ស​គ្រប់​រូប​តែង​សម្តែង​ឡើង​នៅពេល​ជួប ឬ​មិន​ពេញ​នឹង​​ស្ថានការណ៍​អ្វី​មួយ។​​ ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ខឹង ? ខឹង​អាច​ជាអាការៈ​​ជំងឺ ទាក់ទង​នឹង​វិបត្តិ​ផ្លូវ​ចិត្ត​ដែរឬទេ ? តើ​គេ​អាច​ពន្លត់​កំហឹង​បាន​ដោយ​វិធី​ណា? សូម​ស្តាប់​ការ​ពន្យល់​របស់​​លោក​វេជ្ជបណ្ឌិត Adrien Chaboche អតីត​ប្រធាន​គ្លីនីកសកលវិទ្យាល័យ​ ឯកទេស​ចិត្តសាស្ត្រ នៅមជ្ឈមណ្ឌលព្យាបាល​ការ​​ឈឺ​ចុក​ចាប់​Ambroise Paré។  ខឹង ភ័យ កើត​ទុក្ខ សប្បាយ ជា​អារម្មណ៍​ធម្មជាតិ​មួយ​របស់​មនុស្ស។ ប៉ុន្តែ​ នៅក្នុង​សង្គម​និង​ក្នុង​ស្ថានភាព​ជាក់​ស្តែង​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ការខឹង ត្រូវ​បាន​គេ​ចាត់ទុក​ថា “មិនល្អ”ទេ។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​គិត ការ​បញ្ចេញ​កំហឹង​មិនមែន​ជា​អ្វី​ដែលសុទ្ធ​តែ​​អាក្រក់​ និង​អវិជ្ជមាន​ឡើយ  Dr Adrien Chaboche ៖ “បាទ ! ហើយថែម​ទាំង​ជា​ប្រការ​​ល្អ​ និង​មិន​អាច​ខ្វះ​បាន​ទៀត​ផង សម្រាប់​ទ្រទ្រង់​យើង​ឱ្យ​មាន​សុខភាព​ល្អ​។ ត្រូវ​ចង​ចាំ​ថា ខឹង គឺ​ជា​អារម្មណ៍​ ​ធម្មជាតិ​របស់​មនុស្ស។ ​ឥន្ធនូ​មាន​៧ពណ៌​ ខ្វះ​ពណ៌​ណាមួយ​គេ​មិនហៅ​ថា​ឥន្ធនូ​ទេ យ៉ាងណាមិញ ​មនុស្សយើង​ ត្រូវ​ការអារម្មណ៍​​​ ​ខឹង នេះ​ដើម្បី​បញ្ចេញ​ប្រតិកម្មតប​ទៅ​នឹង​ស្ថានការណ៍នៅចំពោះ​មុខ។ ដូច្នេះ ការ​ខឹង មិនមែន​សុទ្ធ​តែ​​អវិជ្ជមាន​ទេ។ ​ តើ​មាន​រឿង​អ្វី​កើត​ឡើង​នៅពេល​យើង​ខឹង ?! ​ខឹងមានច្រើន​ដំណាក់ និង​ខុសៗ​គ្នា។ ខឹង​ជា​ប្រតិកម្ម​ធម្មតា និង​ត្រឹម​ត្រូវ​របស់​ទារក​ និង​ក្មេងតូច ព្រោះ​ជា​វិធី​ទាក់ទង​តែមួយ​គត់​របស់​ពួកគេ។ ដោយ​មាន​ការ​អប់រំ​និង​តម្រែតម្រង់​របស់​ឪពុកម្តាយ ​ក្មេងចាប់​ពី​អាយុ​បួន​ឆ្នាំ​ឡើង​ទៅ​ ចាប់​ដឹង​និង​ចេះ​គ្រប់គ្រង​កំហឹង​របស់​ខ្លួន។ ខឹង មាន​តួនាទី និង​មានអត្ថ​ប្រយោជន៍​ ដ៏​ចាំបាច់​សម្រាប់​ជីវិត​រស់​នៅប្រចាំថ្ងៃ។ ប៉ុន្តែ​គេ​អាច​ច្រលំ​គ្នា​ច្រើនរវាង ខឹង និងការ​មិន​ចេះ​គ្រប់គ្រង​កំហឹង​ ឬ​ច្រលំ​នឹង​អំពើ​ហិង្សា។ អំពើ​ហិង្សា ជា​​ការចង់​បំផ្លាញ​អ្នក​ផ្សេង ឯ​ការ​ខឹង​គឺ​ជាការធានា​​រក្សា-​គោរព​ខ្លួនឯង និង​គោរពអ្នក​ដទៃ។ ខឹង​ ​​ជា​​ការ​គណនា​​អារម្មណ៍​ខុស​ ៖ ខុស​ពី​​ការ​រំពឹង ពី​ការ​គិត​ ពីអ្វី​ដែល​ខ្លួន​ចង់​បាន ក្នុង​រឿង​មួយ ហើយ​ខឹង​តែង​មាន​ភ្ជាប់​ដោយ​​​​ប្រតិកម្ម​ដ៏​រហ័ស​របស់​ខ្លួន​ប្រាណផ្សេង​ទៀត ដូច​ជា ​បេះដូង​លោត​ញាប់ ឡើងសម្ពាធ​​ឈាម ...។ និយាយ​ដោយ​ខ្លី ការ​ខឹង​ជា​ថាមពលផ្នែកការពារ​​ដែលប៉ោង​ឡើងខ្លាំង ហើយ​​ស្វែង​រក​ច្រក​ចេញ។ ប្រសិន​បើ​​បញ្ចេញមិន​ទាន់ ឬ​បញ្ចេញ​ជ្រុល​ហួសហេតុ​ពេក វាអាច​នាំ​ឱ្យ​មាន​បញ្ហា​ផ្សេង។ បញ្ហា​ដែល​យើង​តែង​ច្រលំ​គ្នា​ថា​ការ​ខឹង មាន​ន័យស្មើ​នឹង​ ហិង្សា តែ​តាមការ​ពិត​វា​មិនមែន​ទេ។ ខឹង​មិនមែន​ជា​អ្វី​ដែល​អវិជ្ជមានមែន សម្រាប់​លោក​ជា​គ្រូពេទ្យ​។ ប៉ុន្តែ​សង្គម​មនុស្ស និ​ង​ការងារបាន​បង្រៀន​យើង​ឱ្យ​ចេះ​អត់​ធ្មត់ កុំ​បញ្ចេញ​កំហឹង​តាមទំនើង​​ចិត្ត​។ បើ​ជា​មេ​ដឹកនាំ​គេ​ទៀត គេ​រឹត​តែ​ឱ្យ​ចេះ​អត់​ធ្មត់​មែនទែន​។ គ្រប់​គ្នា​សុទ្ធ​ដឹង​ថា​បើ​ជះ​កំហឹង​មិន​ត្រូវ​ទំនង​វា​អាច​នឹង​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ធំ។ តែ​​ មាន​មនុស្ស​មួយចំនួន ទោះ​ដឹងក៏ដោយ ​ក៏ពិបាកទប់ និង​ច្រើន​តែ​បញ្ចេញ​កំហឹង​ខ្លាំងជ្រុល​ ​នៅពេល​ខឹង។ តើ​លោក​វេជ្ជបណ្ឌិត​មាន​មាន​វិធី​​សម្រាល​កំហឹង​ដែរ​ឬទេ​? ​ Dr Adrien Chaboche ៖ មិនត្រូវទប់​កំហឹង​​ក្នុង​ខ្លួន​ទាំងស្រុង​ទេ ព្រោះ​បើ​យើងផ្អិប​​កំហឹងទុក វា​នឹង​ប្តូរ​ទម្រង់ ទៅ​ជា​​សម្ពាធ និង​ធ្វើ​ឱ្យ​យើង​មាន​ទុក្ខ​កង្វល់។ អ្វីដែល​ខ្ញុំ​អាច​ផ្តល់​ជា​ដំបូន្មាន និង​ជា​​ការសាកល្បង​ដំណោះស្រាយនៅពេល​ខឹង គឺ​យើង​សុទ្ធ​តែ​ដឹង​ខ្លួន​ថាកំពុង​ខឹង ដូច្នេះ​សូម​សាកល្បង​ទុក​ដាក់​ក្នុង​ខ្លួន​ ជា​បណ្តោះអាសន្ន​ បាន​ហើយ។ កុំ​លាក់​ទុកក្នុង​ខ្លួន​ទាំង​ស្រុង។ ទុក​កំហឹង​ក្នុង​​ខ្លួន​តែ​មួយ​ភ្លែតបាន​ហើយ។ ​នៅពេល​​ដឹង​ថា​កំហឹង​ចាប់​​ប៉ោង​ឡើង​ហើយ សូម​ដើរ​ចេញមួយភ្លែត ដើរ​​ទៅ​ក្រៅផ្ទះ ទៅ​សួនច្បារ ​មួយ​ជុំ​ ដោយ​យក​ការ​ខឹង​ទៅមួយផង។ ខ្ញុំ​មិនឱ្យ​អ្នក​លុប​កំហឹង​ទាំង​ស្រុង​ទេ ព្រោះ​ខ្ញុំ​ដឹង​ថា​ធ្វើ​មិនកើត​។ ដើរ​មួយ​ជុំ ដក​ដង្ហើមវែងៗ ហើយ​ចាប់​សួរ​ខ្លួន​ឯង នៅពេល​នោះ​​ថា ហេតុអ្វី​បាន​ជា​អញ​ខឹង​ដល់​ម្លឹង ?! ខឹង​ជា​ប្រតិកម្ម​របស់​ខ្លួន​យើង​នឹង​អ្វី​មួយ​ អ្នក​អាច​ខឹង​ខ្លាំង​ ខឹង​ជ្រុល​ ឆេវឆាវហួសហេតុ តែ​ខឹង​តែង​តែមាន​មូលហេតុ។ ខឹង​មិនដែល​គ្មាន​មូលហេតុទេ។ ដូច្នេះ​បើ​ដឹង​អំពី​មូលហេតុ​នៃ​ការ​ខឹង​ហើយ ដើរ​ឬ​ធ្វើ​ចលនា​បន្តិច​ទៅ អ្នក​នឹងបញ្ចេញ​ថាមពល (​ខឹង) ​នោះ​ចេញបាន​ខ្លះ រួច​​​ត្រលប់​មក​បញ្ចេញ​កំហឹង​វិញ ក្នុង​កំរិត​សមរម្យ​ល្មមដែល​អ្នក​ចង់​បាន។ ខឹង​ ជា​អារម្មណ៍​ធម្មជាតិ​មួយ ដែល​ត្រូវ​បញ្ចេញ​ ដោយ​ចេះ​គ្រប់គ្រង ព្រោះ​ការ​បៀម​កំហឹងលាក់​ក្នុង​ខ្លួនមិន​ល្អទេ វា​អាច​ជា​ប្រភព​នៃ​ការ​​កើត​ទុក្ខ ? Dr Adrien Chaboche ៖ មែន​ហើយ ការ​ខឹងអាច​ជា​ប្រភព​នៃ​ទុក្ខកង្វល់ ព្រោះ​​យើង​​មាន​ជម្លោះ​នឹង​គំនិត​របស់​ខ្លួន​ឯង។ ដូច​ខ្ញុំ​បាន​លើក​ឡើង​ពី​ខាងដើម ទាល់​តែ​មាន​ហេតុ បានកើត​ជា ខឹង។ ខឹង​ ​​មានប្រភពជានិច្ច លើក​លែង​តែ​ករណី ​ខឹងជា​ជំងឺ។ មាន​មូលហេតុ​ទើប​ ចេញ​ជា​ខឹង​បាន គ្រាន់​តែ​ពេល​ខ្លះ​យើង​មិន​ដឹង​ ឬ​រក​មិន​ឃើញ ព្រោះ​វា​មាន​កប់​ជ្រៅ​ក្នុង​ខ្លួន​យើង​ពេក​។ សាក​ល្បង​និយាយ​ទៅ​កាន់​កូន​ពេល​ខឹង ថា​ប៉ា/ម៉ាក់​ខឹង​នឹង​កូនដែល ... និយាយ​ដល់​ត្រឹម​ណេះ ​យើង​រក​ មូលហេតុ​នៃការ​ខឹងឃើញ​ហើយ​​។ សូម​កុំ​សង្កត់​ចិត្ត​អត់​ធ្មត់ បង្គាប់​ខ្លួន​ឯង​ថា “មិនត្រូវ​ខឹង​ទេ” ឱ្យ​សោះ​ វា​មិន​បានការ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​យើង​កាន់​តែមាន​ជម្លោះ​នឹង​អារម្មណ៍​ខ្លួន​ឯង។ ដូច​គ្នា​នេះ​ដែរ ការ​​ដើរ ការ​​រត់ ការ​ធ្វើ​ចលនា ការ​​ផ្តាច់​ខ្លួន​ឱ្យ​នៅ​ម្នាក់​ឯង ដើម្បី​សម្រួល​អារម្មណ៍​ បញ្ចេញ​ថាមពលរំសាយ​​កំហឹង​ និង​ដើម្បី​គ្រប់គ្រង​កំហឹង​របស់​ខ្លួន មិន​គ្រប់គ្រាន់​សម្រាប់​បំបាត់​ទុក្ខព្រួយ​បង្ក​ឡើង​ដោយ​ការ​ខឹង​ទេ ប្រសិន​បើ​យើង​មិន​និយាយ​ឱ្យ​ចេញ​ផុត​ពី​ពោះនោះ​។ មូលហេតុ​ដែល​នាំ​ឱ្យ​ខឹង បន្ត​ស្ថិត​នៅក្នុង​ខ្លួន​យើង​ជានិច្ច ព្រោះ​យើង​មិន​បាន​​បណ្តោះវា​​ឱ្យ​ចេញ​ពី​ខ្លួន។ ដើម្បីរំសាយ​កំហឹង យើង​គួរ​តែ​ទៅ​និយាយ​ ​ជាមួយ​អ្នក​ដែល​ធ្វើ​ឱ្យ​យើង​ខឹង។ សរុបមក ​ត្រូវ​ចេះគ្រប់គ្រង​កំហឹង ដោយ​ដើរ ដោយ​ធ្វើ​ចលនា ដោយ​ការ​ដក​ខ្លួន​យក​ពេល​ពិចារណា ហើយ​ត្រូវ​ត្រលប់​មក​​បក​ស្រាយ​កំហឹង​វិញ ជាមួយ​នឹង​អារម្មណ៍​នឹង​នរ ដោយ​ប្រើ​​ភាសា​ល្អៗ សមរម្យ​ មិនមែន​ជា​ពាក្យ​ធ្ងន់ៗ។ តើ​មាន​ករណី​ ខឹង​ ជា​ជំងឺ​ដែរ​​ទេ ? ​ Dr Adrien Chaboche ៖ មាន ករណី​ខឹង​ខ្លះអាច​មានពាក់ព័ន្ធ​នឹង​​ជំងឺផ្លូវចិត្ត។ ឧទារហណ៍​អ្នក​មានវិបត្តិ​អត្តចរិក ​borderline ជា​មនុស្ស​ឆេវឆាវខ្លាំង​​ ងាយ​ផ្ទុះ​កំហឹង​ ហើយ​ជា​ការ​ខឹងខ្លាំង ​ខឹង​អាក្រក់ ខឹង​បែប​កាច​ ដោយ​គ្រាន់​តែ​ឃ្នើស​ចិត្តបន្តិច​សោះ។​ ប៉ុន្តែការ​ខឹងរបស់​​អ្នក​ជំងឺ​​នេះ មាន​តួនាទី​គឺ​រក្សា​លំនឹង​ក្នុង​ខ្លួន​គាត់​។ សម្រាប់​​អ្នក​ជំងឺ​វិកលចរិក ខឹង​ គឺ​ជា​ការ​ខ្ជាក់​-ជម្លៀស​​​ថាមពល​ចេញ បើ​ពុំ​នោះ​ទេអ្នក​ជំងឺ​នឹង​បៀម​ទុក្ខ​កង្វល់​​ នៅ​ស្ងៀម​លែងសុខ៕ សូម​អរគុណ​លោក​វេជ្ជបណ្ឌិត។ ​សូម​បញ្ជាក់​ថា លោក​វេជ្ជបណ្ឌិត អាឌ្រីយៀង ស្ហាបូស្ហ Adrien Chaboche ជា​អតីត​ប្រធាន​គ្លីនីកសកលវិទ្យាល័យ​ ឯកទេស​ចិត្តសាស្ត្រ នៅមជ្ឈមណ្ឌលព្យាបាល​ការ​​ឈឺ​ចុក​ចាប់​Ambroise Paré និង​ជា​សហនិពន្ធ​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា “ហត់ និងហើយ​ប្រសិនបើ​យើង​រៀន​សម្រាក”​ បោះពុម្ព​ដោយ​Flammarion Bersilio។
28/09/20227 minutes, 34 secondes
Episode Artwork

តើ​ត្រូវ​ថែទាំខួរក្បាល​យ៉ាង​ដូចម្តេច ដើម្បី​​កុំ​ឱ្យ​ឆាប់​កើត​ជំងឺ​វង្វេងវង្វាន់ ?

ថ្ងៃទី ២១​ កញ្ញា ជា​ទិវា​ពិភពលោក​នៃ​ជំងឺ​វង្វេងវង្វាន់​អាល់ហ្សៃមឺរ។ ជា​រៀង​រាល់​ឆ្នាំ​ នា​ឱកាស​នេះ មូលនិធិ​អាល់ហ្សៃមឺរ​បារាំង តែង​តែង​បញ្ចៀប​និង​ផ្តល់​ព័ត៌មាន​ជូន​សាធារណៈ​ អំ​ពីមធ្យោបាយ​ការពារ​និង​ថែរក្សា​សុខភាព​ដើម្បី​កុំ​ឱ្យ​ឆាប់​កើត​ជំងឺ​វង្វេងវង្វាន់​ អាល់ហ្សៃមឺរ។ តើ​គេ​អាច​ការពារជំងឺ​នេះ​​ដោយ​វិធីណា​ខ្លះ ? នៅក្នុង​ការ​សិក្សា​មួយ​ទើប​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​សុខភាព Journal of Alzheimer’s Disease អ្នក​ស្រាវជ្រាវ​អាមេរិក​បាន​រាយការណ៍​ថា មនុស្ស​ចាស់​អាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​ទៅ​ ហើយ​បាន​ឆ្លងកូវីដ​១៩ ងាយ​នឹង​ធ្លាក់​ខ្លួន​មានជំងឺ​អាល់ហ្សៃមឺរ នៅ​ឆ្នាំ​បន្ទាប់ ជា​មនុស្ស​ចាស់​ក្នុង​វ័យ​សំបាល​គ្នា​គ្មាន​ឆ្លង​កូវីដ។ បើ​ជា​មនុស្ស​ចាស់​អាយុ​លើស​៨៥​ឆ្នាំ​ ហានិភ័យ​កើត​ជំងឺ​វង្វេង​វង្វាន់​មាន​កាន់​តែ​ខ្ពស់ខ្លាំង​ទៀត នៅ​មួយ​ឆ្នាំ​ក្រោយ​ពី​បាន​ឆ្លង​កូវីដ​១៩​រួច។ គ្រោះ​មនុស្ស​ចាស់​ឆ្លង​កូវីដ​ ធ្លាក់​ខ្លួន​មាន​ជំងឺ​អាល់ហ្សៃមឺរ កើន​ឡើង​ខ្ពស់ក្នុងកំរិត​​ប្រមាណ ពី ​៥០ ទៅ​៨០%​។ ក្រុម​អ្ន​ក​ស្រាវជ្រាវ​មិន​ភ្ញាក់ផ្អើល​នឹង​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ទេ ព្រោះ​គេ​បាន​ដឹង​និង​ធ្លាប់​ចោទ​ មេរោគ​Sras-CoV-2 ថា​បង្ក​ឱ្យ​ប្រព័ន្ធ​ប្រសាទ​​របស់​អ្នក​​ជំងឺ​កូវីដ​១៩មិន​​ប្រក្រតី​ និង​រលាក។ ដូច្នេះ​ ​​កូវីដ​១៩​ ត្រូវ​តែ​អាច​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ជំងឺ​ចុះ​ខ្សោយ​ប្រព័ន្ធ​ប្រសាទ​វង្វេងវង្វាន់​នេះ។ ប៉ុន្តែ​អ្នកស្រាវជ្រាវ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា​តើ​ជំងឺ​កូវីដ​១៩ ជាភ្នាក់ងារ​​បង្ក​ឱ្យ​មាន​ជំងឺអាល់ហ្សៃមឺរដោយ​ពិតៗ ​ឬ​ក៏​ជាភ្នាក់ងារ​​ពន្លឿន​ ឱ្យ​ជំងឺឆាប់​​បញ្ចេញ​រោគសញ្ញា​ ដោយ​តាម​ការពិត​ទៅ​នោះមនុស្ស​ចាស់ឆ្លង​កូវីដ​ប្រុង​មាន​ជំងឺ​អាល់ហ្សៃមឺរ​ស្រាប់​ទៅ​ហើយ។ គេ​ចាំបាច់​ត្រូវ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ច្រើន​ទៀត មុន​នឹង​អាច​ផ្តល់​ចម្លើយ​ច្បាស់​លាស់​ជាង​នេះ​​បាន។ ចុះ​បើ​និយាយ​អំពី​ការ​សិក្សា​​ទាក់​ទ​ង​នឹង​ជំងឺ​អាល់ហ្សៃមឺរ​ផ្ទាល់​វិញ តើ​អ្នក​ស្រាវជ្រាវ​បាន​ដឹង​ បាន​ស្គាល់​អំពី​ជំងឺ​យ៉ាង​ណា​ដែរ។ សូម​ស្តាប់​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​ Philippe Amouyel នាយកមូលនិធិ​អាល់ហ្សៃមឺរបារាំង ៖ “អ្វី​ដែល​គួរ​ជាទី​កត់​សម្គាល់ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ​ គឺ​គេ​បាន​ដឹង​ថាជំងឺ​អាល់ហ្សៃមឺរ មិនមែន​ចាប់​ផ្តើម​ នៅពេល​យើង​ចាប់​​​បាត់​បង់​ការ​ចងចាំ (ភ្លេច) ទេ។ ជំងឺ​បាន​ចាប់​ផ្តើម​តាំងពី ៥- ១០- ២០ ឆ្នាំ​មុនឯណោះ។ វា​ចាប់​ផ្តើម​ដោយយឺតៗ សន្សឹមៗ ហើយក្នុង​រយៈ​ពេល​នោះ ពេល​ខ្លះ ​ខ្លួន​ប្រាណយើងប្រឹង​​តតាំង​នឹង​ជំងឺនេះ​យ៉ាង​ខ្លាំង។ នៅពេល​ចេញជា​​រោគសញ្ញាឡើង​​ មាន​ន័យ​ថា​ខ្លួន​ប្រាណ​យើង​​ទប់ទល់​វាលែង​ជាប់។ ខួរក្បាល​យើង​លែង​មាន​កោសិកា​គ្រប់គ្រាន់​សម្រាប់​ដំណើរការ។ ហើយ​បច្ចុប្បន្ន​ គ្រូពេទ្យ​គិត​ថាបើគេ​​​អាច​កំណត់​អត្តសញ្ញាណ​ជំងឺអាល់ហ្សៃមឺរ បាន​តាំង​ពី​ដំបូង​ភ្លាម គេ​អាច​ផ្តល់​ការ​ព្យាបាល​ ដែល​មាន​ប្រសិទ្ធភាព​ ដោយ​អាច​​បញ្ឈប់​​ជំងឺ​ ទាន់​ពេលខួរក្បាល​​អ្នក​ជំងឺ​នៅមាន​​ដំណើរការ​គ្រប់គ្រាន់​នៅឡើយ។ ​“សរីរាង្គ​កាយ​មាន​សមត្ថភាព​តតាំងនឹង​ជំងឺ”​ ជា​ចំណុចសំខាន់​នៃ​ការ​ពិចារណា​​រក​ថ្នាំមក​ព្យាបាល​ជំងឺ ដែល​រហូត​មក​ទល់​ពេល​នេះ​គ្មាន​ថ្នាំព្យាបាលទេ។” នៅលើ​ពិភពលោក​បច្ចុប្បន្ន​នេះ មាន​មនុស្ស​ជាង​៥០លាន​នាក់​កើត​ជំងឺ​វង្វេងវង្វាន់ អាល់ហ្សៃមឺរ។ សញ្ញារោគ​ដែល​គេ​ជួប​ញឹកញយ​ជាង​គេ គឺ​ការ​បាត់​បង់​ការ​ចងចាំ ប៉ុន្តែ​មិនមែន​ជា​រោគ​សញ្ញា​រួម​ទេ តែ​មួយ​ នៃ​ជំងឺ​អាល់ហ្សៃមឺរទេ។ ដោយ​ឡែក​ ការ​ស្រាវជ្រាវ​ជា​ច្រើន​​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ជំងឺ​វង្វេងវង្វាន់​នេះ ជា​ជំងឺ​បង្ក​ឡើង​ដោយ​មូលហេតុ​ច្រើន​។ ដូច្នេះ​គេ​អាច​បញ្ចេញ​សកម្មភាព​ទប់​ស្កាត់​ជំងឺ​បាន តាម​រយៈ​ការ​ការពារ តាំងពី​នៅ​វ័យក្មេង ដើម្បី​ឱ្យ​ខួរក្បាល​មាន​សុខភាព​ល្អ​ពេញ​លេញ​ ហើយ​​មិន​ងាយ​កើត​​ជំងឺ​អាល់ហ្សៃមឺរ។​ ក្រៅ​អំពី​លើក​ទឹក​ចិត្ត​អ្នក​ថែទាំ​មនុស្ស​ចាស់​កើត​ជំងឺ​អាល់ហ្សៃមឺរ និង​ជំរុញការ​ស្រាវជ្រាវស្វែង​រក​វិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ខូច​ប្រព័ន្ធប្រសាទ​នេះ​​ ជា​រៀង​រាល់​ឆ្នាំ​ នា​​ឱកាស​ទិវាពិភពលោក មូលនិធិ​អាល់ហ្សៃមឺរបារាំង តែង​តែ​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង បញ្ចៀប​និង​ផ្តល់​ព័ត៌មាន​ដល់​សាធារណៈ​ជន​ទូទៅ​អំពី​មធ្យោបាយ​ការពារ​និង​ពន្យឺត​ពេល​កុំ​ឱ្យ​ឆាប់​មាន​សញ្ញា​នៃ​ជំងឺ​វង្វេងវង្វាន់។ តើ​គេ​អាច​ពន្យារ​ពេល​ឱ្យ​ក្រកើត​ជំងឺ​វង្វេងវង្វាន់​នេះ បាន​ដោយ​របៀប​ណា ? សូម​ស្តាប់​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​ ហ្វីលីព អាម៉ូយែល Philippe Amouyel​ ជា​ថ្មី៖ “នៅពេលយើ​ងគិត​ឃើញ​ថា ​ ជំងឺ​អាល់ហ្សៃមឺរ នឹង​មានស្ថានភាព​យ៉ាងណានៅ​២០ឆ្នាំខាង​មុខ ​យើង​សង្ឃឹម​គ្រប់គ្នា​ថានឹង​រក​ឃើញ​ថ្នាំសម្រាប់​​ព្យាបាល។ ប៉ុន្តែ​ពាក្យ​សន្យា​ដែល​ទំនង​ជា​អាចសម្រេចបាន គឺ​ជួយ​មនុស្សកុំ​ឱ្យ​ឆាប់​​កើត​ជំងឺ​អាល់ហ្សៃមឺរ​​។ រុញអាយុ​​ឱ្យ-​ក្រ-​លេច​រោគ​សញ្ញាដំបូង​នៃ​ជំងឺ។ ​បើ​កើត​អាល់ហ្សៃមឺរ​នៅអាយុ ៨៥​ឆ្នាំ វា​ប្រសើរ​ជាង​កើត​នៅអាយុ​៧០ឆ្នាំ ព្រោះ​យើងអាច​ចំណេញ​ពេល​១០-១៥ឆ្នាំ ក្នុង​​​ការ​រស់​នៅ​ដោយ​ធម្មតា និង​ប្រកប​ដោយ​គុណភាព។ ឥលូវ​នេះ វេជ្ជសាស្ត្រ​ដឹង​ថា អាស្រ័យ​ទៅ​លើ​គុណភាព​នៃ​​ការ​រស់​នៅ ​គេ​អាច​ពន្យារអាយុ​ឱ្យ​ក្រកើត​ជំងឺអាល់ហ្សៃមឺរ​បាន​ពីរ -បី -បួន ឬ​៥​ឆ្នាំ។ បើ​អ្នក​អាច​ប្តូរ​ទម្លាប់​នៃ​ការ​រស់​នៅ ប្រឹង​បញ្ចេញ​សកម្មភាព​ជាក់​ស្តែង​ ក្នុង​ថែរក្សា​​​សុខភាព​ខួរក្បាល​ នោះ​អ្នក​នឹង​អាច​ចំណេញ​ពេល​វេលា​បាន​បី​បួន​ឆ្នាំ​ជា​ប្រាកដ។ សូម​ចាប់​ផ្តើម​ថែរក្សា​ធនធាន​ខួរក្បាល​ ចាប់​តាំងពី​អាយុ​៤៥​ឆ្នាំ​ឡើង​ទៅ ដោយ​បំប៉ន​ខួរក្បាល ដោយ​ធ្វើ​កីឡា​ហាត់​ប្រាណ​ និង​ទទួល​ទាន​ឱ្យ​បាន​ត្រឹម​ត្រូវគ្រប់គ្រាន់។ សូម​សាកល្បង​មើល អ្នក​នឹង​អាច​រុញ​ច្រាន​ពេល​វេលា​ឱ្យក្រ​លេច​សញ្ញា​រោគ​ដំបូង​នៃ​ជំងឺ​អាល់ហ្សៃមឺរហើយ។ វិធី​ថែទាំខួរក្បាល ថែទាំ​បំប៉ន​ខួរក្បាល ? ជា​ពាក្យ​ដ៏​ងាយ​ស្រួល​ថា​ណាស់ ប៉ុន្តែ​សួរ​ថា​តើ​ត្រូវភ្ញោច​បំប៉ន​ខួរក្បាល​យ៉ាង​ដូចម្តេច​ ? គឺ​ដោយ​ប្រើ​ខួរ​ក្បាល​ឱ្យ​ធ្វើការ​ ! កោសិកា​ខួរក្បាល​មួយ អាច​មាន​សមត្ថភាព​តភ្ជាប់​ទៅ​ជាមួយ​នឹង​កោសិកា​ខួរក្បាល​១ម៉ឺន​ផ្សេង​ទៀត។ ហើយ​ក្នុង​ខួរក្បាល​របស់​មនុស្សម្នាក់ មាន​កោសិកាជា​មធ្យម​៨០ពាន់​លាន​។ អ៊ីចឹង​បាន​ជា​យើង​អាច​ធ្វើ​កិច្ចការ​ថ្មី​បាន និង​ចង​ចាំ​បាន។ ដោយសារសមត្ថភាព​នេះ ទើប​គេ​ចាត់​ទុក​​ខួរក្បាល​​​ជា​សាច់​ដុំ​ដែល​ត្រូវ​​ភ្ញោច​បំប៉នជា​ប្រចាំ។ ជា​ឧទាហរណ៍​ ដើម្បីថែរ​ក្សា​​​កោសិកា​ និង​បង្កើត​សមត្ថភាព​របស់​ខួរក្បាលជាប់​រហូត​​ មិន​ចាំ​បាច់​ត្រូវ​តែ​ប្រើ​បញ្ញា​​ប្រឹងរៀន​ដើម្បី​បាន​ក្លាយ​ជា​អ្នក​ចេះ​ដឹង​អី ត្រឹម​តែ​ស្វែង​រក​សកម្មភាពថ្មី​ ឱ្យ​ខួរក្បាល​ប្រឹង​ផ្ចង់​រៀន​ ប្រឹង​ចាំ ប្រឹង​ធ្វើ​ឱ្យ​សម្រេច​ គ្រប់គ្រាន់​ហើយ។ និយាយ​ដោយ​ខ្លី​គឺ​ត្រូវ​ចាក​ចេញ​ពី​គំនិត​លុង​តែ​ភាព​ស្រណុក ស្រួល និង​ងាយៗ។ ដើម្បី​បង្កើន​ធនធាន​ខួរក្បាល សូម​សាកល្បង​រៀន​លេង​ភ្លេង រៀន​ភាសា​បរទេស​ រៀន​ប្រើ​របស់​ថ្មី​ ចាប់​របរ​ថ្មី រៀន​ទន្ទេញ​ប៉ារូល​ចំរៀង រៀន​លេង​ល្ខោន និង​សាកល្បង​រៀន​ប្រើ​ដៃ​ឆ្វេង បើ​អ្នក​ទម្លាប់​ធ្វើការ​ដៃ​ស្តាំ​ ឬ​បញ្ច្រាស​មក​វិញ។ បន្ថែម​ពី​លើ​ការ​បញ្ចេញចលនា​ និ​ងហាត់​ប្រាណ សូម​អាន​កាសែត​ ជា​រៀង​រាល់​ថ្ងៃ អាន​សៀវភៅ​ជា​រៀងរាល់ពេល​មុន​ចូល​សំរាន្ត ធ្វើ​បញ្ជី​ឡើង​ផ្សារ​ហើយខំ​ចង​ចាំ រៀន​លេង​ល្បែង​កំសាន្ត​ដែល​ប្រើ​ខួរក្បាល រៀន​គិត​លេខ​ដោយ​មាត់... ការ​ភ្ញោច​បំប៉ន​ខួរក្បាល​​ដែល​មាន​ប្រសិទ្ធភាព​ជាង​គេ គឺ​ការ​បណ្តុះការ​ប្រាស្រ័យ​ទាក់ទង​​ជាមួយ​អ្នក​ផ្សេង ជាប់​ជា​ប្រចាំ។ ការពារ​កុំ​ឱ្យ​មាន​ការ​ប៉ះទង្គិច និង​រង​ របួស និង​ការពារ​ពី​សារធាតុ​គីមី​ពុល ក៏ជា​មធ្យោបាយ​ការ​ពារ​ថែទាំ​ខួរក្បាល​ដែរ។ ជាង​នេះ​ទៅ​ទៀត សូម​កុំ​ភ្លេចការពារ​សរីរាង្គកាយ​ខ្លួន​ប្រាណ​ដែល​ជា​អ្នក​ទ្រ​ក្បាល​និង​ខួរក្បាល ដោយ​ត្រូវ​ទទួល​ទាន​អាហារ​ត្រឹម​ត្រូវ​ និ​ងមាន​ទម្លាប់​ល្អ​ក្នុង​ការ​រស់​នៅ​ប្រចាំថ្ងៃ៕
22/09/20228 minutes, 2 secondes
Episode Artwork

តើ​គេ​អាច​សម្គាល់​រោគសញ្ញាដំបូង​នៃ​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​បាន​យ៉ាង​ដូចម្តេច ?

ដូច​ឈ្មោះ​ដែល​បាន​ហៅ ​រលាក​ស្រោម​ខួរក្បាល ជា​ជំងឺ​ដែល​វាយប្រហារ​លើ​ស្រោម​ខួរក្បាល និង​ខួរ​ឆ្អឹង​ ​យ៉ាង​លឿន​រហ័ស​ ហើយ​អាច​សម្លាប់​និង​ធ្វើ​ឱ្យ​អ្នក​ជំងឺជាពិសេស​ក្មេង​និង​កុមារ ​មាន​ពិការភាព​ជាប់​នឹង​ខ្លួន​អស់​មួយ​ជីវិត។ សំណាង​អាច​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​រលាកស្រោម​ខួរក្បាល អាស្រ័យ​ទាំង​ស្រុង​ទៅលើ​ល្បឿន​នៃការ​ព្យាបាល​។ ដូច្នេះ​សួរ​ថា​តើមាន​អាការៈ​សញ្ញា​ដំបូងៗ ​សម្រាប់​សម្គាល់ដែរឬទេ ? រលាក​ស្រោម​ខួរ​ក្បាល​ជា​បញ្ហា​សុខភាព​សាធារណៈ​ សម្រាប់​ពិភពលោក​ទាំង​មូល​ ព្រោះ​ជំងឺ​នេះ​មាន​កើត​នៅគ្រប់ទិស​ទី។ ជំងឺ​រលាកស្រោម​ខួរ​ក្បាល​អាច​បណ្តាលមក​ពី​មក​ភ្នាក់ងារ​ចម្លង​ច្រើន ដោយ​អាច​ជា​ ពួក​បាក់តេរី វីរុស ផ្សិត និង​ប៉ារ៉ាស៊ីត​។ រលាកស្រោមខួរ​ក្បាល​បង្ក​ឡើង​ដោយ​បាក់តេរី កំណាច​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជាង​គេ ដោយ​អាច​នឹង​ធ្វើ​អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​១០នាក់​ស្លាប់​ និង​ម្នាក់​ក្នុង​ចំណោម​៥​នាក់​មានពិការភាព​ជាប់​នឹង​ខ្លួន ឬ​មាន​ជំងឺ​ធ្ងន់ផ្សេង​ទៀត ដូច​ជា​​ប្រភេទជំងឺ​​រលាក​សួត។ បាក់តេរី​នាំ​ឱ្យ​មាន​ជំងឺ​រលាកស្រោម​ខួរ​ក្បាល​ស្រួចស្រាវ សំខាន់​ជាង​គេបួន​គឺ ៖ Neisseria meningitidis (méningocoque) Streptococcus pneumoniae (pneumocoque) Haemophilus influenzae Streptococcus agalactiae (streptocoque du groupe B) ជា​ប្រភេទ​ជំងឺ​ធ្ងន់ ​មាន​អត្រា​មរណៈ​ខ្ពស់​ខ្លាំង​ និង​បន្សល់​ទុក្ខ​នូវ​ផលរំខាន​ធ្ងន់ធ្ងរណាស់។ ការ​ជួយ​សង្គ្រោះ​ជីវិត​​អ្នក​ជំងឺអាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ល្បឿន​នៃ​ការ​ព្យាបាល​។ ដូច្នេះ​យើង​ត្រូវ​ចេះ​សម្គាល់​រោគ​សញ្ញា​ជំងឺ​ ដែល​បញ្ជាក់​អំពី​ភាព​បន្ទាន់​​ថា​ត្រូវ​នាំ​អ្នក​ឈឺ​ទៅ​មន្ទីរ​ពេទ្យ​។ សូម​ស្តាប់​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គ្រីស្តុហ្វ រ៉ាប់ Pr Christophe Rapp គ្រូពេទ្យ​ជំនាញ​មេរោគ​វិទ្យា​នៅមន្ទីរ​ពេទ្យ​អាមេរិក ក្រុង​ប៉ារីស។ “គំរូ​រោគ​សញ្ញា​ជា​ទូទៅ​បំផុតនៃ​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល គឺ​ការ​ក្តៅ​ខ្លួន​ខ្លាំងភ្លាមៗ អម​ដោយ​អាការៈ​ឈឺក្បាល​ និងក្អួត។ តែ​ចំពោះ​ទារក​ទើប​នឹង​កើត និង​មនុស្ស​ចាស់​វិញ រោគ​សញ្ញា​អាច​ប្រែប្រួល និង​ខុស​ប្លែក​ពី​នេះ ៖ ទារក អាច​នឹង​កិកកុក ​ងិកងក់ រក​រឿង​ យំថ្ងូរ ហើយមាន​វិបត្តិ​ស្មារតី។ ចំពោះ​មនុស្ស​ចាស់ គាត់​អាចបាត់​បង់​ស្មារតី ឬប្រកាច់​។ ដូច្នេះ​គេ​ពិត​ជា​ពិបាក​កំណត់​រោគ​វិនិច្ឆ័យ​ណាស់។ ប៉ុន្តែ​ដោយហេតុ​ថា​ជំងឺ​នេះ​ច្រើន​តែ​កើត​ឡើង​លើ​ក្មេង ​សូម​អ្នក​ជា​ឪពុកម្តាយ​ទារក​និង​ក្មេង​តូច ចង​ចាំ​និង​ចេះ​សម្គាល់​មើល​កូន​ ជាពិសេស​គឺ​សម្គាល់​មើល​ស្បែក​។ បើ​ឃើញ​មាន​ស្នាម​អុជ​ក្រហមៗ​ ឬ​ស្វាយ​ លេច​ឡើងយ៉ាង​លឿន​ ប្លែក​ខុស​ប្រក្រតី នៅលើ​ទ្រូង លើ​ដៃ​ លើ​ជើង លើ​ខ្លួន របស់​កូនៗ​ ត្រូវប្រញាប់​រួសរាន់​នាំ​កូន​ទៅ​ពេទ្យ ដើម្បី​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា​ ព្រោះនេះ​​សញ្ញា​បែប​បន្ទាន់​ខ្លាំង​ដែល​អាច​ប៉ះពាល់​ជីវិត​ហើយ​។ នេះ​ជា​សារ​ដ៏​សំខាន់​សម្រាប់​ឱ្យ​ឪពុក​ម្តាយ​ចេះ​សម្គាល់​ពី​សញ្ញា​គ្រោះថ្នាក់។ ស្នាមក្រហម​ឬ​ស្វាយ​លើ​ស្បែក​បែប​នេះ ជា​សញ្ញា​ប្រាប់​ថាមាន​បាក់តេរី​ឆ្លង​ចូល​ដល់​ក្នុង​ឈាម។ ការ​លេច​ស្នាមកកឈាម​លើ​ស្បែក​ ជា​ទម្រង់នៃ​ការ​បង្ក​រោគធ្ងន់ធ្ងរ​បំផុតនៅលើពិភពលោក ដែល​តម្រូវ​ឱ្យ​មាន​ការ​ព្យាបាលជា​បន្ទាន់ ដូច​ជំងឺ​គ្រុន​ចាញ់​ដែរ ​ដោយ​ប្រើ​ថ្នាំ​អង់ទីប៊ីយូទិក (ថ្នាំផ្សះ) ឱ្យ​បាន​ឆាប់​​បំផុត នៅ​រវាង​ពីរ​ម៉ោងក្រោយ​លេច​រោគសញ្ញា។ ជំងឺ​រលាក​ស្រោម​ខួរក្បាល អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ក្មេង​តូច​ងាយ​រងគ្រោះ​ខ្លាំង​ជាង​គេ។ ទារក​ទើប​នឹង​កើត​ច្រើន​តែ​មាន​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​បង្ក​ឡើង​ដោយ​បាក់តេរី  streptocoques ក្រុមB។ ចំណែក​កុមារ​ជា​ក្មេងតូច​ ច្រើន​តែ​ប្រឈម​នឹង​ពពួក​បាក់តេរី méningocoques, aux pneumocoques និង​ l’Haemophilus influenzae ។ រីឯ​ក្មេង​ជំទង់​ និង​ក្មេង​ទើប​ពេញ​វ័យ​ប្រឈម​ជា​ពិសេ​សនឹង​គ្រោះ​កើត​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​ នៃ​បាក់តេរី méningococcie។ ជា​ចុងក្រោយ​ ចំពោះ​ក្រុមមនុស្ស​វ័យ​ចំណាស់ ហានិភ័យ​មាន​ខ្ពស់​ខ្លាំង​នឹង​ pneumococcie ។ តំបន់​​អាហ្វ្រិក​សាហារ៉ា មាន​ករណី​រលាក​ស្រោម​ខួរក្បាល​ច្រើន​ជា​ពិសេស​ជាង​គេ។ ហើយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​នេះ ត្រូវ​បាន​បូក​បន្ថែម​ដោយ​លក្ខខណ្ឌ​ជីវិតមិន​ល្អ ដូច​ជា​ រស់​នៅ​ផ្តុំ​គ្នា​ច្រើន ក្នុង​ជំរំជនភៀសខ្លួន ក្នុង​ទីស្នាក់​តូច​ចង្អៀត​ខ្លាំង ក្នុង​សាលា​រៀន​ ក្នុង​បន្ទាយ​យោធា និងក្នុង​កន្លែង​ធ្វើការ​ខ្លះ។ ​មាន​ប្រព័ន្ធការ​ពារ​ខ្លួន​ទន់​ខ្សោយ មាន​ជំងឺ​អេដស៍ សុទ្ធ​សឹង​ជា​​កត្តា​បង្កើន​ហានិភ័យ​កើត​ជំងឺ​រលាក​ស្រោម​ខួរ​គ្រប់​ប្រភេទ​ទាំងអស់។ របៀប​ចម្លង​វិញ​ ក៏​ប្រែប្រួល​ទៅ​តាម​ប្រភេទ​នៃ​ភ្នាក់ងារ​បង្ក​រោគ​ដែរ។ ប៉ុន្តែ​បើ​ជា​ជំងឺ​រលាកស្រោម​ខួរក្បាល​បង្ក​ឡើង​ដោយ​បាក់តេរី ជំងឺ​នេះ​អាច​ចម្លង​ទៅ​មនុស្ស​នៅ​កៀក​គ្នា​បំផុត គ្រាន់​តែ​ថា​រាល់​គ្រប់​ការ​ចម្លង​មិន​ប្រាកដ​ថា​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ទេ។ បាក់តេរី​ដែល​ឆ្ល​ងចូល​ទៅ​តាម​ទឹក​មាត់ តាម​ទឹក​សំបោរ​ ឬ​នៅ​ពេល​ឆ្លង​ទន្លេ ជា​ទូទៅ​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ឡើយ តែ​ជា​ការ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន​ទៅ​វិញ​ទេ។ ​បាក់តេរី​អាច​បង្ក​ជា​ជំងឺ​ ​បាន នៅពេល​ណាដែល​​បាក់តេរីនោះ​ ជួនកាល​អាច​ឈ្លានពាន​សរីរាង្គ​កាយ​បាន។ រលាក​ស្រោម​ខួរក្បាលបង្កឡើង​ដោយ​បាក់តេរី ជា​​​ជំងឺដែល​អាច​ធ្វើ​ផ្តាច់​ជីវិ​តមនុស្ស​បាន​យ៉ាង​ឆាប់​រហ័ស ប្រសិន​បើ​គ្មាន​ការ​សង្គ្រោះ​ទាន់​ពេលវេលា។ ដូច​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គ្រីស្តុហ្វ​ រ៉ាប់ បាន​លើក​ឡើង​អំបាញ់​មិញ​ស្រាប់ ជំងឺ​រលាកស្រោម​ខួរ​ក្បាល​ទាមទារ​ការព្យាបាល​បន្ទាន់ និង​ដោយ​ប្រើថ្នាំ​ផ្សះ។ ប៉ុន្តែ​មិនមែន​គ្រប់​ថ្នាំផ្សះ​សុទ្ធ​តែអាច​សម្លាប់​បាក់តេរី​បាន​ទេ។ សូម​ស្តាប់​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ជា​ថ្មី ៖​ តើ​ថ្នាំ​ផ្សះ​មានប្រសិទ្ធភាព​យ៉ាងណា ? “ថ្នាំផ្សះ​មាន​ប្រសិទ្ធភាព​ខ្លាំងណាស់ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថាត្រូវ​ជ្រើសរើស​​ប្រើ​ថ្នាំ​អង់ទីប៊ីយូទិក​ដែល​ត្រូវ​ចំប្រភេទ​បាក់តេរី​ ជា​ភ្នាក់ងារ​បង្ក​ជំងឺ​រលាក​ស្រោម​ខួរក្បាលនោះ​ទើប​បាន។ ជំងឺ​រលាកស្រោម​ខួរក្បាល​បង្ក​ឡើង​ដោយ​បាក់តេរី​ច្រើន​ប្រភេទ​ណាស់ តែ​បាក់តេរីដែល​គេ​ស្គាល់​ច្រើន​ជាង​​គេ​គឺ​បាក់តេរី méningocoque មេណាំងហ្កូកុក តែ​​ក៏​មាន​ដែរ​បាក់តេរី​ប្រភេទ ស្លិបតូកុក Streptocoque ឬអេម៉ូហ្វីលូ Haemophilus ។ល។ និង​។ល។ ការ​កំណត់​ថាតើ​ជំងឺបង្ក​មកពី​បាក់តេរី​មួយ​ណា​នេះ​ហើយ​ដែល​ជា​ការ​លំបាក​ខ្លាំង​បំផុត​នោះ​។ ដើម្បី​បាន​ដឹង​អំពី​ប្រភេទ​បាក់តេរី គេ​ត្រូវ​​បូម​យក​ទឹក​ក្នុងក្បាល​មក​វិភាគ​។ អ៊ីចឹង​ហើយ​ទើប​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជួ​បការ​លំបាក​ខ្លាំង​។” អរគុណ​លោកសាស្ត្រាចារ្យ ! មធ្យោបាយ​ដ៏​ប្រសើរ​ជាង​បំផុត គឺ​ការ​ការពារ។ ចាក់​ថ្នាំបង្ការ​ ជា​មធ្យោបាយ​​ដែល​មាន​ប្រសិទ្ធភាព​ជាង​គេ​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​រលាកស្រោម​ខួរក្បាល​ និង​ផលវិបាក​នៃ​ជំងឺ។ វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​​ប្រឆាំង​នឹង​ពពួក​បាក់តេរី​កំណាចៗ​ខ្លាំង មាន​ជា​អាទិ៍​​បាក់តេរី  méningocoque, pneumocoque និងHaemophilus influenzae  មាន​តាំង​ពី​ជា​ច្រើន​ឆ្នាំមក​ហើយ​។ ប្រទេស​ខ្លះ​បាន​បញ្ចូល​វ៉ាក់សាំង​ខាង​លើ​នេះ​ក្នុង​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​ជាតិ​ផង។ ប៉ុន្តែ​រហូត​មក​ទល់​នេះ​ ពិភពលោក​នៅមិនទាន់​មាន​ ថ្នាំបង្ការ សម្រាប់​ប្រឆាំង​នឹង​ជំងឺ​រលាកស្រោម​ខួរក្បាល​ ជា​លក្ខណៈ​ទូទៅ ដែល​មាន​ច្រើន​ប្រភេទ​ ច្រើន​ទម្រង់​ និង​បង្ក​ឡើង​ដោយ​​បាក់តេរី  យ៉ាង​ច្រើន​ប្រភេទ​នោះ​ទេ៕
14/09/20227 minutes, 55 secondes
Episode Artwork

ស្រានិងបារី ជាមូលហេតុនាំមុខគេនៃជំងឺមហារីក

នៅលើ​ពិភពលោក​យើង​នេះ ជាង​៤០%​នៃ​ជំងឺ​មហារីក បង្ក​ឡើង​ដោយកត្តា​ហានិភ័យ​ដែល​គេ​បា​ន​ស្គាល់​តាំងពី​យូរ គឺ ​បារី និង​អាល់កុល។ នេះ​បើ​តាម​ការ​សិក្សា​ដ៏​ធំ​ទូលាយ​បំផុត​មួយ ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​សុខភាព The Lancet កាលពី​ពាក់​កណ្តាល​ខែ​សីហា​ឆ្នាំ​២០២២។ តាម​រយៈ​ការ​សិក្សា​នេះ​ អ្នក​ស្រាវជ្រាវ ចង់​ជំរុញ​ឱ្យ​ពិភពលោក​បង្កើន​ការ​ការ​ពារ​ឱ្យ​បាន​ប្រសើរ​ឡើង។ តើ​ត្រូវការ​ពារ​ពី​ជំងឺ​មហារីក​យ៉ាង​ដូចម្តេ​ច​ទៅ ?  អន្តរាគមន៍ដោយ​លោក​វេជ្ជបណ្ឌិត Dr Tambo Bathily គ្រូពេទ្យ​ជំនាញ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​និង​គ្លីនិក​ នៃ​ជំងឺ​មហារីក នៅសាលា​វិទ្យាសាស្ត្រ​មហារីក នៃ​វិទ្យាស្ថាន Gustave Roussy (IGR)។​ តើ​មហារីក ជា​ជំងឺ​អ្វី ? ដូច​ឈ្មោះ​ដែល​គេ​ហៅ មហារីក​ជា​ដុំសាច់​​កាច​មួយ​ដែលមានកោសិកា​​រីកដុះ​​ដាលយ៉ាង​​អនាធិបតេយ្យ​ ដំបូង​នៅ​តែ​មួយម្តុំ​​ទេ ប៉ុន្តែ​បន្ទាប់​មក​ក៏​រីក​រាលទៅ​លើ​ស្រទាប់​កោសិកា​ក្បែរៗ និង​ចុងក្រោយ រាលដល់​កោសិកា និង​សរីរាង្គ​ផ្សេ​ងទៀត​ដែល​នៅ​ឆ្ងាយ ដែល​គេ​ហៅ ជា​ដំណាក់​កាល​មហារីក​ Metastase ​​តាមភាសា​បច្ចេកទេស។ មហារីក​អាច​កើត​លើ​គ្រប់​សរីរាង្គ​របស់​មនុស្ស ប៉ុន្តែ​មហារីក​ដែល​គេ​ជួប​ញឹកញយ​ជាងគេ​បំផុត គឺ​ មហារីក​សុដន់ មហារីក​ក្រពេញ​ប្រូស្តាត មហារីក​សួត ពោះវៀនធំ។ មូលហេតុ​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​មហារីក​មាន​ច្រើនដែល​​បូកផ្សំគ្នា រាប់​តាំង​​កត្តា​ហ្សែន (ពូជ) កត្តា​អ័រមូន កត្តា​ក្រៅខ្លួន​ដូច​ជា​ បរិស្ថាន​ វិជ្ជាជីវៈ និង​ឥរិយាបថ​ ដូច​ជា​ទម្លាប់​ទទួល​ទាន​អាហារ មាន​គ្រឿង​ស្រវឹង​សុរា​ ជក់បារី ឬ​ស្រណុក​ជ្រុល​ពេក​។ ជិតពាក់កណ្តាល​នៃ​ជំងឺ​មហារីក​នៅលើ​ពិភពលោក បង្ក​ឡើង​ដោយ​កត្តាហានិភ័យ ពីរ។ ជាប់​លំដាប់​លេខ​មួយ គឺ​​ការ​ជក់​បារី និង​លេខ​ពីរ គឺ​ការ​ទទួល​ទាន​សុរា។ នេះ​បើ​តាម​សេចក្តី​សន្និដ្ឋាន​ ដែល​ជាលទ្ធផល​នៃ​ការ​សិក្សា​ដ៏​ធំ​ទូលាយ​បំផុត​មួយ មាន​ចុះ​ផ្សាយនៅក្នុង​ទស្សនាវដ្តី​សុខភា​The Lancet កាលពី​ថ្ងៃទី ១៩ សីហា ២០២២។ លទ្ធផល​នៃការ​សិក្សា​នេះ​ជា​​ការ​​បញ្ជាក់ ឱ្យ​កាន់​តែ​ប្រាកដ នូវ​អ្វី​​ដែល​ក្រុមគ្រូពេទ្យ​ធ្លាប់​បាន​ដឹង និង​អះអាង​កន្លង​មក។ ​ការ​សិក្សា​អង្កេត​ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​វាយតម្លៃ​អំពី​អត្រាមរណៈ​និងពិការភាព​ បង្ក​ឡើង​ដោយ​ជំងឺ បាន​បង្ហាញ​ថានៅលើ​ពិភពលោក ​ករណី​ស្លាប់​ដោយ​ជំងឺ​មហារីក ៤៤,៤%​ បណ្តាល​មក​ពី​កត្តា​ហានិភ័យ​ ដែល​គេ​អាច​បញ្ចៀស​បាន។ កម្មវិធី​ស្រាវជ្រាវ​ដ៏​ធំ​សម្បើម គ្មានប្រៀប​ ឧបត្ថម្ភ​ដោយ​មូលនិធិ Bill & Melinda Gates នេះ​ ​ បាន​ការ​ចូល​រួម​ពី​អ្នក​សា្រវជ្រាវ​រាប់​ពាន់​នាក់ ក្នុង​ប្រទេស​ច្រើន​។ កម្មវត្ថុ​ដំបូង គឺ​យល់​អំពី​ទំហំ​នៃ​បន្ទុក​របស់កត្តា​ហានិភ័យនាំ​ឱ្យ​កើត​​ជំងឺ​មហារីក​ ដែល​គេមាន​សក្តានុពល​​អាច​ប្តូរ​ផ្លាស់​បាន​ ដើម្បី​រៀប​ចំយុទ្ធសាស្ត្រ​ការពារ​ និង​ទប់ស្កាត់​ ជំងឺ​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រមទាំងបំភ្លឺ​ឱ្យ​ឃើញ​អំពី​ការ​ប្រឹងប្រែង​រៀប​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ថ្នាក់​ពិភពលោក​។ នេះបើ​តាម​ការ​ពន្យល់​របស់ក្រុម​អ្នក​​ស្រាវជ្រាវ​​ក្នុង​ទស្សនាវដ្តី The Lancet។ វិធីការពារ​ជំងឺ​មហារីក ការពារ​ពិត​ណាស់​ថា​ប្រសើរ​ជា​ការព្យាបាល បើ​ដូច្នេះ​សួរ​ថា​តើ​ត្រូវ​ការពារ​ជំងឺមហារីក​យ៉ាង​ដូចម្តេច ? សូម​ស្តាប់​ប្រសាសន៍​​របស់​លោក​វេជ្ជបណ្ឌិត Tambo Bathily គ្រូពេទ្យ​ជំនាញ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​និង​គ្លីនិក​ នៃ​ជំងឺ​មហារីក នៅសាលា​វិទ្យាសាស្ត្រ​មហារីក នៃ​វិទ្យាស្ថាន'Institut Gustave Roussy (IGR)។​ “វិធី​ការពារ ដ៏​ប្រសើរ​ជាង​គេ​បំផុត ដើម្បីបញ្ចៀស​​ជំងឺ​មហារីក​​ ទីមួយ​គឺ​ត្រូវ​ បង្កើន​គុណភាព​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃឱ្យ​ល្អ​ ដោយ​ត្រូវ​មាន​បរិស្ថាន​ជុំ​វិញ​ខ្លួន​ល្អ របបអាហារ​ល្អ​ត្រឹម​ត្រូវ ធ្វើ​​លំហាត់​ប្រាណ​បញ្ចេញ​ចលនា​​កាយ​សម្បទា​យ៉ាង​តិច​កន្លះម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម នៅ​ពេល​ឃើញ​មាន​រោគ​សញ្ញា​គួរ​ឱ្យស​ង្ស័យ។ បញ្ឈប់​ការ​ជក់​បារី កាត់​បន្ថយ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង (សុរា ប៊ីយែរ អាល់កុល ...)។ ទាំង​អស់​នេះ សុទ្ធ​សឹង​ជា​វិធានការ​ដែល​អាច​កាត់​បន្ថយ​គ្រោះ​​ នាំ​ឱ្យ​កើត​ជំងឺ​មហារីកហើយ។” ​ជក់​បារី ​ផឹក​ស្រា មិន​បញ្ចេញ​ចលនា​កម្លាំងកាយ​សម្បទា ស្រលាញ់ចូល​ចិត្ត​ភាព​ស្រណុក​ស្រួល បរិភោគ​មិន​ត្រឹម​ត្រូវ ...​ ជា​​​កត្តា​ហានិភ័យ​នាំ​ឱ្យ​មាន​គ្រោះ​កើត​ជំងឺ​មហារីក ជា​ឥរិយាបថ ជា​ទម្លាប់​​ដែល​អាច​ប្តូរ​ផ្លាស់ និង​ចៀសវាង​បាន​ ប៉ុន្តែ​ជំងឺ​មហារីក​មិន​អាច​ការពារ​បាន​ទាំង​ស្រុង​ទេ ព្រោះ​មូលហេតុ​ដ៏​ចំបង​មួយ​ទៀត គឺ​ជាង​ពាក់​កណ្តាល​នៃ​ជំងឺ​មហារីក​នៅលើ​ពិភពលោក​ បង្ក​ឡើង​ដោយ​កត្តា​ដែល​មិន​អាច​បញ្ចៀស​បាន នោះ​គឺ​​កត្តាពូជ (ហ្សែន) និង​កត្តា​អាយុ (ភាព​ចាស់ជរា)។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល​នេះ បាន​គូសបញ្ជាក់​នៅក្នុង​របាយការណ៍សិក្សា​របស់​ខ្លួនថា ប្រកាន់​ខ្ជាប់​វិធានការពារ​គ្មាន​ប្រសិទ្ធភាពគ្រប់​គ្រាន់​ទល់​នឹង​ជំងឺ​មហារីក​ទេ។ ក្រុម​អ្នកនិពន្ធ​សូមណែនាំ​ឱ្យ​ពិភពលោក​ប្រកាន់​គោលការណ៍​ពីរ​ដ៏​ចំបង​ទៀត គឺ ការ​វិភាគ​រក​សញ្ញារោគ​ឱ្យ​បាន​ឆាប់​រហ័ស ​កុំ​ឱ្យ​​ក្លាយ​ជា​ជំងឺ​មហារីកទាន់​​ និង​ការព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព។ ជំងឺ​មហារីក​ ស្ទើរ​គ្រប់​ប្រភេទ​សុទ្ធ​តែ​អាច​ព្យាបាល​បានជា ប្រសិន​បើ​គេ​អាច​វែក​រក​ឃើញ​ជំងឺ​នេះ នៅ​ដំណាក់កាល​ដំបូងភ្លាម ឬ​នៅពេល​ជំងឺ​មិន​ទាន់​ឈាន​ដល់​ដំណាក់កាលរីករាលដាល​ធ្ងន់ធ្ងរ​។ តើ​គេ​អាច​តាមដាន​សរីរាង្គ​កាយ​ណាមួយ​នៃ​ខ្លួន​ប្រាណ​យើង ពី​គ្រោះ​កើត​ជំងឺ​មហារីក ដែរ​ឬទេ ? “មាន​​សេចក្តី​ណែនាំ សម្រាប់​​ជំងឺ​មហារីក​ខ្លះ​ មាន​ជាអាទិ៍​ជំងឺ​មហារីក​សុដន់។ គឺ​ត្រូវ​ឧស្សាហ៍​ស្ទាប​ច្របាច់​ដោះ​ខ្លួន​ឯង​ នៅ​ពេល​មុជ​ទឹក ដោយ​ត្រូវ​ចុច​លើ​សុដន់​នៅ​ម្តុំ​ជិត​និង​ជុំ​វិញក្បាល​ដោះ។ ជា​ការ​ស្ទាប​ ដើម្បី​ស្វែង​រក​ក្រែង​មាន​ដុំ​រឹងនៅក្នុង​សុដន់​ ជា​យថាហេតុណាមួយ​។ នេះ​ជា​វិធី​ដ៏​ប្រសើរ​ជាង​គេ​បំផុត​ក្នុង​ការ​ពារ​ខ្លួន​ពី​ជំងឺ​មហារីក​សុដន់។ បន្ទាប់​មក​ទៀត គឺ​វិធីការពារ​ដោយ​ទៅ​ថត​ឆ្លុះ​សុដន់​ Mammographie នៅ​ពេល​ស្ត្រី​មាន​អាយុ​ចាប់​ពី​៥០ឆ្នាំ ឡើង​ទៅ និង​ជា​រៀងរាល់​បី​ឆ្នាំម្តង។ ការ​ថត​កៀប​សុដន់​នេះ អាច​ឆ្លុះ​ឱ្យ​ឃើញ​អំពី​អាការៈ​សញ្ញា​គ្លីនិក​មុន​ដំបូង​​មុន​នៃ​ជំងឺ​មហារីក។ ជា​វិធីការពារដោយ​ធ្វើ​​វិភាគ​​ស្វែង​រកក្រែង​មាន​អាការៈ​​សញ្ញា​មហារីក។” គ្រាន់​តែ​ឮ​គួរ​ឱ្យ​ខ្លាច ជំងឺ​មហារីក​ជា​មូលហេតុទីពីរ​នៃមរណភាព​នៅលើ​ពិភពលោក ប៉ុន្តែវេជ្ជសាស្ត្រ​បាន​ស្គាល់​និង​អាច​ព្យាបាល​ជំងឺ​មហារីក​នេះ​បាន​កាន់តែ​ប្រសើរ​ឡើង បើ​ទោះ​បី​ជា​នៅ​មាន​គម្លាត និ​ងវិសមភាព​ផ្នែក​សុខាភិបាល ខុស​​គ្នា​ខ្លាំង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ឬ​តំបន់​មួយ​ទៅ​តំបន់​មួយដែល​យើង​រស់នៅ​​ក៏​ដោយ។ នៅ​តំបន់​ជា​ច្រើន​នៃ​ភពផែនដី គ្មាន​ថ្នាំព្យាបាល​ថ្មីៗ មាន​ប្រសិទ្ធភាពខ្ពស់ទេ។ ប៉ុន្តែ​ជា​ទូទៅ ការថែទាំតាមដាន​អ្នក​ជំងឺ បាន​ស្គាល់​ភាព​ជឿនលឿន​ច្រើន ហើយ​​ការ​ព្យាបាលក៏​កាន់​តែ​មាន​ប្រសិទ្ធភាព​ដែរ៕
12/09/20228 minutes, 23 secondes
Episode Artwork

តើ​គេ​ត្រូវ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ ជា​រៀង​រាល់​៦​ខែ​ឬ ?

តាំងពី​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ កូវីដ​១៩​ហាក់​ចាប់​កំរើក​ឡើង​វិញ នៅស្ទើរ​ទូទាំង​ពិភពលោក​។ ចំនួន​អ្នក​ឆ្លង​កូវីដ​១៩​ថ្មី​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ប្រទេស​បារាំង រហូត​​ជំរុញ​ឱ្យ​អាជ្ញាធរ​សុខាភិបាលចេញ​​អនុសាសន៍ណែនាំ​​ឱ្យ​ប្រជាពលរដ្ឋ​ត្រលប់​មក​ពាក់​ម៉ាស​វិញ ក្នុង​ទីកន្លែង​បិទ​ជិត និង​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ។ រលក​ចម្លង​ថ្មីនេះ​ ទំនង​ជា​បណ្តាល​មក​ពី​មេរោគ​កូវីដ​ អូមីក្រុង បំប្លែង​ខ្លួន​ថ្មីបន្ថែម​ទៀត​ ដែល​អ្នក​ជំនាញ​ឱ្យ​ឈ្មោះ​ថា​អូមីក្រុង​ BA4 និង​ BA5។ ប្រឈម​នឹង​​សន្ទុះ​ចម្លង​ថ្មី នៃ​មេរោគ​ដែល​កាន់​តែ​ងាយ​ឆ្លង តើ​អាជ្ញាធរ​សុខាភិបាល​បារាំង​ណែនាំ​យ៉ាងណា ? ​ត្រូវ​ចាក់​ថ្នាំ​បង្ការ​បន្ថែម​មួយ​ដូស​ទៀត​ឬ​ទេ ? ជាង​ពីរ​ឆ្នាំ​មក​ហើយ​ដែលពិភពលោក​បាន​រង​ការ​រាតត្បាត​ពី​ជំងឺ​​កូវីដ​១៩។ ពេលវេលា​​កន្លង ជំងឺ​កូវីដ​១៩​ក៏​បាន​វិវឌ្ឍ​ និងបាន​​ប្រែប្រួល​យ៉ាង​ខ្លាំង​ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​នៃ​ភព​ផែនដី។ មេរោគ​បាន​បំប្លែង​ខ្លួន​​ ក្លាយ​ជា​មេរោគ​ថ្មី​ហើយ​បំប្លែង​ខ្លួន​បន្ត​ទៀត​ បង្កើន​អំណាច​ចម្លង​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ចំណែក​ការ​ប្រយុទ្ធ​ប្រឆាំង​ក៏​វិវឌ្ឍ​និង​ប្រែប្រួល​ដែរ ដោយ​មាន​អនុសាសន៍​ថ្មី​ទាក់ទង​នឹង​ការ​ចាក់​ថ្នាំ​បង្ការ និង​ ព្យាបាល​សង្គ្រោះ​អ្នក​ជំងឺ​​កូវីដ​។ ក្នុង​ខណៈ​ដែល​​អង្គការ​សុខភាពពិភពលោក​ព្យាករ​ថា ករណី​ឆ្លង​ថ្មី​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​អឺរ៉ុប នៅអំឡុង​ខែក្តៅ​កក្កដា​និង​សីហា​នេះ នៅប្រទេស​បារាំង ចំនួន​អ្នក​ឆ្លង​ថ្មី​បាន​កើន​មួយ​ទ្វេ​ជា​បី​ ដោយ​ជាក់ស្តែង ជា​ស្រេច​ទៅ​ហើយ។ ប្រឈម​នឹង​រលក​ចម្លង​ថ្មី​ ដែល​នឹង​អាច​បង្ក​ផលវិបាក​និង​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មន្ទីរ​ពេទ្យ​នៅ​ចុង​ខែ អាជ្ញាធរ​បារាំង​បាន​រំលឹក​អំពី​ភាព​ចាំបាច់​នៃ​ការ​ចាក់​ថ្នាំ​បង្ការ​ដូស​ជំរុញ​ទី​ពីរ (ឬ​ដូសទីបួន) តែ​មិន​ដល់​ថ្នាក់​​​បង្ខំ​ឱ្យ​សាធារណជន​ទូទៅ​បំពេញ​កាតព្វកិច្ចពាក់​ម៉ាស​ទេ គឺ​មាន​ត្រឹម​តែ​ជា​ការ​ណែនាំ​និង​ផ្តល់​អនុសាសន៍ឱ្យ​ពាក់​ម៉ាស​វិញ​​តែ​ប៉ុណ្ណោះ។​ មេរោគ​អូមីក្រុង​ BA5 ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ រលក​ចម្លង​ថ្មី​​លើក​នេះ។ តើ​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ថ្មី​ ដែល​កំពុង​រីក​សាយភាព​នៅ​អឺរ៉ុប​និង​បារាំង​ខ្លាំង​ចម្បង​គេ​នៅពេល​នេះ មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា ? ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Arnaud Fontanet ប្រធាន​ផ្នែក​អេពីដេមីសាស្ត្រនៃ​ជំងឺ​រាតត្បាត​ ​ឆ្លង​ថ្មី​ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្រុង​ប៉ារីស ៖  “បើ​គិត​​អំពី​ទម្រង់​គ្លីនិក គេ​ពិបាក​និយាយ​ណាស់ ព្រោះបើ​មេរោគ​កាន់​តែ​ឆ្លង​រាតត្បាត ពី​មនុស្ស​ទៅ​ម្នាក់​ ឆ្លង​ម្តង​ហើយ​ឆ្លង​ទៀតលើ​អ្នក​ដែល​មាន​ភាពស៊ាំ​ ដោយ​បាន​ចាក់​ថ្នាំ​បង្ការ​រួច ​ ឬដោយ​​ធ្លាប់​បាន​កើត​កូវីដ​​ហើយ​ ​នោះវា​ពិត​ជាមាន​ឥទ្ធិពល​លើ​ការ​បញ្ចេញ​​រោគ​សញ្ញា​គ្លីនិក​ជា​ប្រាកដ។ អ្វី​ដែល​គេ​បាន​ដឹង​នៅពេល​នេះ គឺ​មេរោគ​មិន​សូវ​បង្ក​ឱ្យ​មាន​ជំងឺ ទម្រង់​​ធ្ងន់​ទេ​។ ជា​ប្រការ​ល្អ។ តែ​ឥលូវ​ យើង​ត្រូវ​នឹក​គិត​ភ្លាម​ថា​អាច​​ឆ្លង​មេរោគ​កូវីដ​១៩ នៅមាន​អាការៈ​ ឈឺបំពង់ក តឹង​ច្រមុះ ឬក្តៅ​ខ្លួន​បន្តិចបន្តួច និង​នៅពេល​មាន​អាការៈ​​អស់​កម្លាំង។ ការ​អស់​កម្លាំងនេះ​​ជា​សញ្ញា​សម្គាល់មួយ​នៃ​​ជំងឺ​កូវីដ​។” ​ពេល​នេះ​រដ្ឋាភិបាល​វិធានការ​ទប់​ស្កាត់​កូវីដ១៩ ត្រូវ​បាន​លើកស្ទើរ​តែ​អស់​ទៅ​ហើយ តើ​គេ​គួរ​ត្រលប់​មក​ប្រកាន់​យក​បម្រាម​អ្វី​ខ្លះ​វិញ ដើម្បីការ​ការពារ​និង​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​កូវីដ១៩ ? លោកសាស្ត្រាចារ្យ អារណូហ្វុងតាណេ ៖ “ត្រូវ​យល់​ថា​ ឆ្លងអូមីក្រុង មិនមែន​ជា​ប្រការ​ល្អ​ប៉ុន្មាន​ទេ បើ​ទោះ​បី​ជា​ជំងឺ​នេះ​ហាក់​ត្រូវ​បាន​គេ​ចាត់​ទុក កាន់​តែ​ច្រើនឡើងៗ ​ថា​ជា​ជំងឺ​ធម្មតា​ក៏​ដោយ។ ដូច្នេះ​ត្រូវ​តែ​បន្ត​ការពារ​ខ្លួន។ ការ​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត គឺ​ការ​ពាក់​ម៉ាស់ បន្ទាប់​មក​ បើនៅទីកន្លែង​បិទ​ជិត​ត្រូវ​ឧស្សាហ៍​បើក​ចំហ​ឱ្យ​មាន​ខ្យល់​ចេញ​ចូល។ នៅពេល​វីរុស​កំពុង​សកម្មខ្លាំង ត្រូវចៀង​វាង​កន្លែង​ដែល​មាន​មនុស្សម្នា​ប្រមូល​ផ្តុំ​គ្នា​ច្រើន ឬប្រយ័ត្ន​តាម​បែប​ផ្សេង​ ព្រោះ​ការ​ជួបជុំ​ប៉ះពាល់​ពីមនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់​នេះ​ហើយ​ជា​ភ្នាក់ងារ​នាំ​ឱ្យ​មាន​កា​រចម្លង​មេរោគ។ នៅ​ចំពោះ​មុខ​រលក​ចម្លង​ថ្មី​លើក​នេះ យុទ្ធសាស្ត្រ​ដ៏​ចំបង​និង​សំខាន់​បំផុត​ដែល​គេ​គួរ​ប្រកាន់​យក​សម្រាប់​អំឡុង​ពេល​នេះ គឺ​ការ​ការពារ​អ្នក​ទន់​ខ្សោយ​ ព្រោះក្រុម​អ្នក​ទន់​ខ្សោយ​ងាយ​នឹង​ធ្លាក់​ខ្លួន​ឈឺធ្ងន់ ដល់​ស្លាប់​បាត់​បង់​ជីវិត ​ជាង​គេ។ ការប្រុងប្រយ័ត្ន ផ្តោត​ខ្លាំង​ទៅ​លើ​ ការ​ត្រលប់​មក​ប្រកាន់​វិធានការពារ​ខ្លួន សម្រាប់​មនុស្ស​ចាស់ និង​អ្នក​នៅ​ជុំ​វិញ​មនុស្ស​ចាស់​មនុស្ស​ទន់​ខ្សោយ​​ និង​ការ​ចាក់​ថ្នាំបង្ការ​ ដូស​ជំរុញ​ទីពីរ។ ការ​ចាក់​វ៉ាក់សាំង​រំលឹក​លើកទីពីរ ឬ​ត្រូវ​នឹង​ការ​ចាក់​ថ្នាំបង្ការ​លើក​ទីបួន ​អាច​ការពារ​អ្នក​ជំងឺ​ផុយស្រួយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​មែន​ទែន មិន​ឱ្យ​ពួកគាត់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​បាន។ ជា​ចុងក្រោយ​គឺ​ការ​ប្រើ​ថ្នាំ​ព្យាបាល​ ជំងឺកូវីដ ឈ្មោះ​Paxlovid សម្រាប់​អ្នក​ជំងឺ​អាយុ​លើស​ពី​៦៥ឆ្នាំ។ ថ្នាំ​នេះ​អាច​កាត់​បន្ថយ​គ្រោះ​ធ្លាក់​ខ្លួន​ឈឺចូល​សម្រាក​ពេទ្យ​បាន​មួយ​ជា​១០ ប៉ុន្តែ​បារាំង​ប្រើ​ថ្នាំ​នេះ​តិច​តួច​បំផុត៕” នរណាមាន​សិទ្ធិ​ចាក់​ដូស​ជំរុញ​ទីពីរ ? បារាំង​មិនសូវ​​ប្រើ​ថ្នាំ​ព្យាបាល​ជំងឹ​កូវីដ​១៩​ទេ ចំណែកយុទ្ធនាការ​ចាក់​​វ៉ាក់សាំង​វិញ​ក៏​មិន​សូវ​សកម្ម​ខ្លាំង​ដែរ។ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បារាំង លោក អូលីវីយេ វេរ៉ង់​ ទើប​ប្រកាសអនុញ្ញាត​ឱ្យ​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩ ដូស​​ទី​បួន ឬ​ដូស​ជំរុញ​ទី២ កាលពី​​ថ្ងៃទី ៧ មេសា​២០២២​នេះទេ។ អ្នក​ដែល​អាច​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​ទីពីរ ត្រូវ​មាន​​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ​ ឬអ្នក​ដែល​មាន​ជំងឺរ៉ាំរ៉ៃ​​មាន​ប្រព័ន្ធការពារ​ខ្លួន​ទន់​ខ្សោយ និង​ត្រូវ​មាន​គម្លាត​ពី​ការ​​​ចាក់​ដូស​ទីបី ឬ​ក្រោយ​ពីបាន​​ឆ្លង​កូវីដហើយ​​យ៉ាង​តិច​ ​៦​ខែ​។ ហេតុ​អ្វី​ដូស​ជំរុញ​សម្រាប់​មនុស្ស​ចាស់​លើស​ពី៦០ឆ្នាំ ?! “នៅពេល​មនុស្ស​ចាស់អាយុ​លើស​​ពី​៦០​ឆ្នាំ​ បាន​ទទួល​ដូស​ជំរុញ​ គាត់​អាច​កាត់​បន្ថយ​ហានិភ័យ​ធ្លាក់​ខ្លួន​ឈឺ​ដល់​ថ្នាក់​ចូលព្យាបាល​ក្នុង​មន្ទីរពេទ្យ​និង​ស្លាប់​បាន​ដល់​ទៅ​៨០%។ នេះ​ជា​ការ​ពន្យល់​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលដោយ​សំអាង​លើ​​សេចក្តីណែនាំ​របស់អាជ្ញាធរ​សុខាភិបាល​ជាន់​ខ្ពស់​បារាំង​ដែល​ជា​បណ្តុំ​ក្រុម​អ្ន​កវិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ។ ​គេ​កំពុង​ធ្វើ​ដំណើរ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​​ចាក់​ថ្នាំ​បង្ការ​កូវីដ​ ជា​រៀង​រាល់​៦​ខែ​ឬ ? វ៉ាក់សាំង​​មិន​អាច​រារាំង​ការ​ឆ្លង​មេរោគ​កូវីដ​បាន​១០០%ទេ តែ​វ៉ាក់សាំង អាច​ការពារ​មិន​ឱ្យ​អ្នក​ឆ្លង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​បាន​យ៉ាង​ប្រាកដ។ ដូច្នេះ​គ្មានអ្វី​ប្រសើរ​ជាង​ការពារ​ទេ។ សម្រាប់​លោកសាស្ត្រាចារ្យ ហ្វុងតាណេ ដែល​ជា​សមាជិក​អាជ្ញាធរ​សុខាភិបាល​បារាំង តាមបែប​វិទ្យាសាស្ត្រ​ ​​គ្រប់​ការ​ចាក់​វ៉ាក់សាំង ត្រូវ​តែ​មាន​ដូស​ជំរុញ។ ក្នុង​ករណី​កូវីដ​ ៦ខែ​ក្រោយ​ការ​ចាក់​ដូស​ទីពីរ យើង​អាច​ការពា​រ​ខ្លួន​ពី​មេរោគ​កូវីដ​​បាន​ត្រឹម​តែ​៥០%​ទេ ទល់​នឹង​៩០%​ពេល​ទើប​ចាក់​រួច​ភ្លាម។ ហើយ​នៅពេល​បាន​ទទួល​ដូស​ជំរុញ​ (ដូសទីបី) កំហាប់​នៃអង់ទីករ​ការពារ​ខ្លួន​យើង​បាន​កើន​ឡើង​៥ទៅ​១០​ដង​ លើស​កំរិត​អង់ទីករ​ កាលពីមួយ​ខែ​ក្រោយ​ចាក់​ដូស​ទីពីរ​ទៅ​ទៀត។ មាន​ន័យ​ថា​ ដូស​ទីបី​ នេះ​ ផ្តល់​ប្រសិទ្ធភាព​ការពារ​ខ្លួន​ខ្លាំង​ណាស់​ ដោយ​អាច​កាត់​បន្ថយ​គ្រោះ​ចម្លង​បាន​១០ដង និង​គ្រោះ​ធ្លាក់​ខ្លួន​ឈឺធ្ងន់​​បាន​ដល់​២០ដង។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​ ហ្វុងតាណេ ដោយ​បញ្ជាក់​ទៀត​ថា សម្រាប់​អ្នក​វិទ្យាសាស្ត្រ គំរូ​នៃ​ការ​ចាក់​ថ្នាំបង្ការ​ប្រឆាំង​កូវីដ នឹង​គូស​វាស​ចេញ​ទៅ​តាម​ពេល​វេលា​។ តែ​សម្រាប់​លោក ការចាក់​​វ៉ាក់សាំងកូវីដ មាន​ទម្រង់ ជា​ការ​ចាក់​​ពីរ​ដូសដំបូង ដោយ​ឃ្លាត​គ្នា​មួយខែ រួច​ចាក់​រំលឹកនៅ​៦​ខែ​ក្រោយ​ ពោល​គឺ​មិន​សូវ​ខុស​ប្លែក​ពី​គំរូ​នៃ​​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ផ្សេង​ទៀត​ (​​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ ឬ​វ៉ាក់សាំង​ប្រឆាំងនឹង​មេរោគ​papillomavirus ភ្នាក់ងារ​បង្ក​ជំងឹ​មហារីក​មាត់​ស្បូន​)ទេ។ តាម​ក្បួន​ ​គំរូ​វ៉ាក់សាំង​ ចាក់ពីរដូស​កៀកគ្នា ​និង​​​ដូស​ជំរុញយូរ​ខែ​ក្រោយ​ មាន​កម្លាំង​ខ្លាំង​គ្រប់គ្រាន់​សម្រាប់​ការពារ​ខ្លួន​ហើយ​​ ប៉ុន្តែ​ចំពោះ​កូវីដ គេ​នៅ​មិនទាន់​អាច​និយាយ​អ្វី​បាន​នៅឡើយ មិន​ដឹង​ថា​គំរូ​វ៉ាក់សាំង​បែប​នេះ អាច​បញ្ចៀស​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី​បួន និង​ដូសទី៥​បាន​ដែរ​ឬ​អត់​នៅ​ឡើង​ទេ។ ​ជា​មួយ​នឹង​សន្ទុះ​ចម្លង​រលក​ថ្មី ក្នុង​​ខែកក្កដា​នេះ អ្វីៗ​អាច​នឹង​ប្រែប្រួល​។ អ្នក​វិទ្យាសាស្ត្រ​អាច​នឹង​ផ្តល់​អនុសាសន៍​ថ្មី​បន្ថែម​ទៀតក៏​ថា​បាន។ នេះ​គឺ​អាស្រ័យ​ទៅតាម​ស្ថានភាព​និ​ងស្ថានការណ៍​វិវត្តនៃ​ជំងឺ៕
20/07/20228 minutes, 56 secondes
Episode Artwork

តើការ​ធ្វើ​សមាធិ​ដោយ​ចលនា (​រាំ) មាន​អត្ថប្រយោជន៍​យ៉ាងណា ?

នៅថ្ងៃទី ១៥ ឧសភា ២០២២ ក្រុមសមាគម​សិល្បៈ​វប្បធម៌​ខ្មែរ បាន​រៀប​ចំ​កម្មវិធី​សម្តែ​ង​របាំ​ខ្មែរ​ នៅ​មន្ទីរ​ពេទ្យ​ Centre Hospitalier Sud Francilien​ ជាយ​ទីក្រុង​ប៉ារីស ដើម្បី​លើក​ទឹក​ចិត្ត​ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ដែលបាន​​បូជា​កម្លាំង​ចិត្ត​កម្លាំង​កាយបំរើការងារ​ក្នុង​​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាតកូវីដ អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំកន្លង​មក​នេះ​ផង និង​ដើម្បី​ផ្តល់​ភាព​រីក​រាយ​ដល់​អ្នក​ជំងឺ​​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ផង។ បាន​ស្តាប់​ភ្លេង ស្តាប់​ចម្រៀង​ បានមើល​ទស្សនីយភាព​របាំ​ ភាព​នឿយហត់​ និង​ការ​ឈឺ​ចុក​ចាប់​បាន​រសាត់​បាត់​មួយ​រយៈ ប៉ុន្តែ​បើ​បាន​បញ្ចេញ​កាយ​វិការ​ហាត់​រាំ​ដោយ​ផ្ទាល់​ទៀត​កាន់​តែ​ប្រសើរ​ ព្រោះបច្ចុប្បន្ន​នេះ​អ្នក​​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​​បាន​ចាត់ទុក​ការ​រាំ​ ជា​របៀប​ធ្វើ​សមាធិដោយ​ចលនា។ តើ​ការ​ធ្វើ​​សមាធិ ដោយ​ចលនា (​រាំ​) មាន​អត្ថប្រយោជន៍​យ៉ាងណា ? សូម​ស្តាប់​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត ព្រំ គៀលី ប្រធាន​សមាគម​គ្រូពេទ្យ​ខ្មែរ​នៅ​ប្រទេស​បារាំងដែល​បានសហការ​​ដឹកនាំរៀប​ចំ​កម្មវិធីសិល្បៈ​សម្បុរសធម៌ (Le Printemps du Sourire) ​នេះ។
19/05/20229 minutes, 33 secondes
Episode Artwork

តើជំងឺ​វង្វេងវង្វាន់ មាន​​​សញ្ញា​ប្រាប់ ឱ្យ​ដឹង​ជា​​​​មុន​ ដែរឬ ?

វង្វេង​វង្វាន់ ជា​ជំងឺដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​មួយ​សម្រាប់​មនុស្ស​ចាស់ និង​កូន​ចៅ​ដែល​ជា​អ្នកទទួលបន្ទុក​មើល​ថែ​ឪពុកម្តាយ​ជរា។ កាលពី​ឆ្នាំ​ទៅ ភ្នាក់ងារ​សុខាភិបាល​អាមេរិក​ បាន​ចេញសេចក្តី​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​មួយ​មុខ​សម្រាប់ព្យាបាលជំងឺ​វង្វេងវង្វាន់Alzheimer នេះ ហើយ​កាលពី​ថ្មីៗ​នេះទៀត អ្នកស្រាវជ្រាវមួយ​ក្រុមបាន​អះអាង​ថាមានបញ្ហា​សុខភាព​ចំនួន​១០​ប្រភេទ​ ដែល​អាច​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មុននឹងលេច​ជំងឺ​វង្វេងវង្វាន់។ នេះ​មានន័យ​ថា​គេកំពុងរក​ឃើញ​វិធានការ​ការពារ​ជំងឺវង្វេងវង្វាន់ឬ ? លែង​ស្គាល់​កូន​ស្គាល់​ចៅ​ ភ្លេច​ភ្លាំង ភ្លេច​អ្វីៗ​ទាំង​អស់ ចាំ​តែ​រឿង​ចាស់​ រឿង​អតីត​កាល ... វង្វេងវង្វាន់​ជា​ជំងឺ​មួយដែល​រក​ឃើញដោយ​​វេជ្ជបណ្ឌិត​ជំនាញ​វិកលវិទ្យា​និងប្រព័ន្ធប្រសាទ Dr Alzheimer នៅ​ពេល​ព្យាបាលអ្នកជំងឺម្នាក់​​ដែល​បាត់​បង់​ការ​ចង​ចាំ​ទាំងឡាយ។ នៅពេល​អ្នកជំងឺនោះ​ស្លាប់​ទៅ គ្រូពេទ្យ​បានធ្វើ​កោសកលវិច័យ​​ពុះ​ក្បាល​មើល ទើប​ឃើញ​មាន​ដំបៅ​នៅខួរ​ក្បាល។ គឺ​​ដំបៅ​នោះហើយ​​​ជា​យន្តការ​មួយ​ដែល​ជាប់​ចោទ​ជា​មូលហេតុ​នាំ​ឱ្យ​មាន​ជំងឺ​វង្វេងវង្វាន់​អាល់ហ្សៃម៉ែរ ព្រោះ​វា​បាន​ទៅ​រំខាន​តួនាទី​របស់​ប្រព័ន្ធប្រសាទ។​ ​ក្រោយ​មក​គេ​បាន​ឱ្យ​ឈ្មោះដំបៅ​នោះ​​ថា បន្ទះប្រូតេអ៊ីន Amyloïde។ ជា​​ប្រូតេអ៊ីន​នៅ​ចន្លោះ​ជាលិកា ដែល​បាន​ដាច់​ចេញមកក្រៅ​ ហើយ​ផ្តុំ​គ្នា​ទៅ​ជា​បន្ទះ រួច​ទៅ​តោង​សរសៃ​ប្រសាទ​ណា​មួយ។ តោង​កន្លែងណា​វា​នឹង​ធ្វើ​ឱ្យប្រព័ន្ធ​​សរសៃ​ប្រសាទនោះ​ ខូច ឬ​ងាប់​។ នេះ​ហើយ​ជា​យន្តការ​មួយ​ដែលនាំ​មាន​ជំងឺ​វង្វេង​វង្វាន់។ ហើយ​កាលពី​ខែ​មិថុនា​២០២១ ​នៅ​សហរដ្ឋ​អាមេរិក ភ្នាក់ងារ​សុខាភិបាល​និង​ចំណី​អាហារ​ ​បាន​ផ្តល់​ការ​​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍​​ថ្នាំ​មួយ​មុខឈ្មោះ​​ Aduhelm សម្រាប់​ព្យាបាល​ជំងឺ​វង្វេង​វង្វាន់ករណី​ខាង​លើ​។  តើ​ថ្នាំ​មាន​ប្រសិទ្ធភាព​យ៉ាងណា ? គួរ​ជា​ទី​សង្ឃឹម​និង​ជាទីទុក​ចិត្ត​យ៉ាង​ណា​សម្រាប់​អ្នក​ជំងឺ ? សូម​ស្តាប់​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត Antoine Piau គ្រូពេទ្យ​ជំនាញ​ខាង​សិក្សា​ជំងឺ​មនុស្ស​ចាស់ ៖ “នេះ​ជា​ប្រភេទថ្នាំ​ ជា​​អង់ទីក័រម៉ូណូក្លូណាល់។ ​មូលេគុល​ថ្នាំ​​នឹង​ទៅ​​ប្រឆាំង​​ប្រូតេអ៊ីន​ដែលតោង​លើ​សរសៃ​ប្រព័ន្ធ​ប្រសាទ និង​ដែល​​ជា​ដើម​ហេតុ​មួយ​នាំ​ឱ្យ​មាន​ជំងឺ​វង្វេងវង្វាន់ (ក្នុង​ចំណោម​​មូលហេតុជា​​ច្រើន​ផ្សេង)។ ហើយ​ថ្នាំ​នេះ​នឹង​យក​ទៅ​ប្រើ​លើ​អ្នក​ជំងឺ​ដែល​ទើប​ធ្លាក់​ខ្លួន​ឈឺ​វង្វេង​វង្វាន់​ ដំណាក់កាល​ដំបូង បំផុត​។ ដំណាក់កាល​ដំបូង​ដែល​គេ​អាច​ជួយ​ស្តារ​ស្ថានភាព​បាន។ ប៉ុន្តែ​សូម​ប្រយ័ត្ន​ថ្នាំ​នេះ​មិនមែន​សម្រាប់​ការពារ​មិន​ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​ទេ។ ជាពិសេស​ទៀត អ្នក​ជំងឺ​អាច​ប្រើ​ថ្នាំ​នេះ​បាន​ដរាប​ណា​តែ​គេ​គ្មាន​វិធី​និងមធ្យោបាយ​អ្វី​ផ្សេង​។ លក្ខខណ្ឌ​ទី​ពីរ​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ គឺអ្នក​ជំងឺ​ត្រូវ​មាន​សញ្ញា​បញ្ជាក់​ថា​ពេល​លេប​ថ្នាំ​នេះទៅ​ បន្ទះ​ប្រូតេអ៊ីន​ចាប់ថយ​ចុះឬ​ ​របេះពី​សរសៃ​ប្រសាទ និង​ចំណុច​ចុងក្រោយ ត្រូវ​មាន​សញ្ញា​សង្ឃឹម​ថា​ថ្នាំ​មាន​ប្រសិទ្ធភាព​ច្រើន​ អាច​ជួយ​សម្រួល​ជីវភាព​របស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជំងឺ​បាន​។ តើ​ជំងឺ​ថម​ថយ​ក្រោយ​ពី​បាន​ទទួល​ការ​ចាក់​ថ្នាំនេះ​ដែរទេ ? គឺ​ប្រសិទ្ធភាព​នៃ​ថ្នាំ​នេះ​ហើយ​ដែល​គ្រូពេទ្យ​​មិន​ទាន់​ព្រមព្រៀង​នៅ​ឡើយ​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ត្រូវ​ទទួល​យក​ដំណឹង​នៃ​ការ​ធ្វើ​ចរាចរណ៍​ថ្នាំ​វង្វេងវង្វាន់​នេះ​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​បំផុត។ បើ​ទោះ​បី​នេះ​ជា​ដំណឹង​ល្អ​​គួរ​ជាទី​សង្ឃឹម​មែន​ ប៉ុន្តែ​ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន​សិន កុំ​ឱ្យ​ខក​ចិត្ត​ព្រោះ​វា​អាច​នឹង​មាន​ការ​ប្តូរ​ផ្លាស់​នៅ​អនាគត​ខា​ងមុខ”។ ការ​ព្យាបាល​ជំងឺ​វង្វេង​វង្វាន់​ ជា​ប្រធានបទ​ប្រទាញ​ប្រទង់​គ្នា​ខ្លាំងណាស់ ក្នុង​រង្វង់​អ្នក​វិទ្យាសាស្ត្រ​និង​អ្នក​ស្រាវជ្រាវ។ សញ្ញា​​១០​យ៉ាង​មុន​កើត​ជំងឺ​វង្វេងវង្វាន់ ចុះ​បើ​យើង​នាំ​គ្នា​រក​វិធីការពារ​កុំ​ឱ្យ​ងាយ​ធ្លាក់​ខ្លួន​វង្វេង​វង្វាន់​វិញ​ មិនប្រសើរជាង​ទេឬ ?! ការពារ​ពិត​ជា​ប្រសើរ​ជាង​ព្យាបាល​ ជា​ប្រាកដណាស់ ! គ្មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា ឬ​​បង្អាក់​ដំណើរ​វិវឌ្ឍ​របស់​​ជំងឺបាន​​ប្រកប​ដោយ​ប្រសិទ្ធភាព ការ​ការពារ​កុំ​ឱ្យ​កើត​ និ​ងក្រ​កើត​ជំងឺ​វង្វេងវង្វាន់ ពិត​ជាសសរទ្រូង​នៃ​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​ហើយ។ អ្នកស្រាវជ្រាវ​មួយ​ក្រុម​ បានរាប់​ឃើញ​មាន​បញ្ហា​សុខភាព​១០យ៉ាង​ដែលលេច​ឡើង​ ក្នុង​អំឡុង​ពេល​ជា​ច្រើន​ឆ្នាំមុន មុន​នឹង​វិភាគ​ឃើញ​ថា​មាន​ជំងឺ​វង្វេងវង្វាន់។ តើ​បញ្ហា​សុខភាព​ប្រភេទណា​​​ដែល​មាន​សក្តានុពល​អាច​នាំ​និង​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​វង្វេងវង្វាន់ ជា​ច្រើន​ឆ្នាំ​មុន​លេច​រោគ​សញ្ញា​វង្វេង ? ចេញ​ផ្សាយ​នៅ​ថ្ងៃទី ១ មីនា​២០២២ ក្នុង​ទស្សនាវដ្តី  The Lancet Digital Health ការសិក្សា​ទ្រង់ទ្រាយ​ធំ​ បាន​ពាំនាំនូវ​​​ចម្លើយ​មក​បំភ្លឺ។ អ្នក​ស្រាវជ្រាវ​បា​ន​សិក្សាវិភាគ​​​​ ដោយ​ផ្អែក​លើ​ទិន្នន័យ ឯកសារ​សុខភាព របស់​អ្នក​ជំងឺ​​បារាំង​និង​អង់គ្លេស ជិត​៤ម៉ឺន​នាក់​មាន​ជំងឺ​វង្វេងវង្វាន់ និង​៤នាក់​ គ្មាន​ជំងឺ​វង្វេង។ មនុស្ស​ចាស់​ទាំង​ជាង​៨ម៉ឺន​នាក់​សុទ្ធ​តែ​បាន​ទទួល​ការ​តាមដាន​សុខភាព​​ដោយ​គ្រូពេទ្យ​ជំងឺ​ទូទៅ ជា​គ្រូ​ពេទ្យ​​ប្រចាំ​ខ្លួន​ទាំង​អស់​គ្នា។​ អ្នក​ស្រាវជ្រាវ បាន​វាយ​តម្លៃ​អំពី​ការ​លេចឡើង​នៃ​ជំងឺ​វង្វេងវង្វាន់​លើ​គំរូ​អ្នក​ជំងឺ​១២៣នាក់​ រយៈ​ពេល​១៥​ឆ្នាំ​ មុន​នឹង​សញ្ញារោគ​វង្វេងវង្វាន់​ Alzheimer ចាប់​ផ្តើម​ស្តែង​ឡើង។ ការ​វិភាគ​បាន​សម្គាល់​ឃើញ​មាន​បញ្ហា​សុខភាព​ចំនួន ១០មុន ដែល​ជា​កើត​ឡើង​ជា​ញឹកញយខ្លាំង​​លើ​អ្នក​ជំងឺ​វង្វេង​ ក្នុង​អំឡុង​ពេល​១៥​ឆ្នាំ​មុន និង​ដែលគ្មាន​កើត​ឡើង​សោះ​សម្រាប់​ក្រុម​​អ្នក​គ្មាន​ជំងឺ​វង្វេង​វង្វាន់​។ បញ្ហា​សុខភាព​ទាំង​អស់​នោះ មាន​ដូច​ជា ជំងឺ​ធ្លាក់​ទឹក​ចិត្ត ជំងឺ​ព្រួយ​ចិត្ត ស្ត្រេស​ខ្លាំង ថ្លង់ ជំងឺ​ស្រកគីឡូ​ហួសហេតុ ជំងឺ​បាត់​បង់​ការ​ចងចាំ ស្ពោត​ឆ្អឹង​ក្បាល​ ទល់​លាមក និង​ជំងឺ​ហត់​អស់​កម្លាំង​រ៉ាំរ៉ៃ។ ជំងឺ​ទាំងនេះ​ តែង​តែ​លេច​ឡើង​នៅ​រវាង​ពីរ ទៅ​១០​ឆ្នាំ​ មុន​នឹង​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​កើត​រោគ​វង្វេងវង្វាន់។ នេះ​បើ​តាម​លម្អិត​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល។ ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ព្រួយ​ចិត្ត​ ជា​បញ្ហា​ពីរ​ដំបូង​គេ​ ដែល​មានជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​វង្វេងវង្វាន់  យ៉ាង​ហោច​៩​ឆ្នាំ​មុន​នឹង​វិភាគ​ឃើញ​ថាមាន​ជំងឺ​វង្វេងវង្វាន់ Alzheimer។ បន្ទាប់​មក​គឺ​ជំងឺ​ទល់​លាមក (ក្តៀន)និង​ការ​ចុះ​ស្គម​ខុស​ប្រក្រតី។ លទ្ធផល​នេះ​ជាស្ថិតិ​​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ទំនាក់ទំនង​​រវាង​បញ្ហា​សុខភាព​មួយ​និង​ហានិភ័យ​កើត​ជំងឺ​វង្វេងវង្វាន់​។ ប៉ុន្តែ​​​ចំណង​ទំនាក់ទំនង​នេះ​មិនមែន​ជា​ភស្តុតាង​វិទ្យាសាស្ត្រ​​នៃ​បញ្ហា​សុខភាព​និង​ជំងឺ​អាល់ហ្សៃម៉ែរទេ។ មាន​ជំងឺធ្លាក់​/បាក់​ទឹក​ចិត្ត ឬ​ក្តៀន​លាមក មិន​មែនសុទ្ធ​តែ​​នាំយើង​ឱ្យ​កើត​ជំងឺ​វង្វេងវង្វាន់​ នៅ​ថ្ងៃ​ខាង​មុខ​ទេ។ ហើយ​នេះ​ជា​លើក​ទី​មួយ ដែល​អាការៈទល់​លាមក ត្រូវ​បាន​យក​មក​ចង​ភ្ជាប់​ថា​ជា​សញ្ញា​សក្តានុពល​មួយ​នៃ​ជំងឺ​អាល់ហ្សៃម៉ែរ​នោះ។ វា​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន ! ដូច្នេះ គេ​ត្រូវ​ការ​សិក្សាឱ្យ​បាន​ស៊ីជម្រៅ​​បន្ថែម​ទៀត​ ដើម្បី​អាច​យល់​បាន​ថា​មាន​យន្តការ​អ្វី​ដែល​នាំ​ពី​ការ​ទល់​លាមក​ដល់​កើត​ជំងឺ​វង្វេង។ ចំណោទមួយ​ទៀត ដែល​កំពុង​ស្ថិត​នៅ​ជា​ការ​ចោទ​សួរ​ដែរ គឺ តើ​បញ្ហា​សុខភាព​ទាំង​លើ ជា​កត្តា​ហានិភ័យ​នាំ​ឱ្យ​កើត​ជំងឺ​វង្វេងវង្វាន់ មែន ឬ​ក៏​ជា​រោគ​សញ្ញា​ដំបូង​​នៃ​ជំងឺ​វង្វេងវង្វាន់ ?! ទោះ​ក្នុង​សេណារីយ៉ូ ណា​ក៏​ដោយ ក៏​អ្នក​ស្រាវជ្រាវ​​បាន​ព្យាករ​បន្ត​ការ​សិក្សា​របស់​ពួក​គាត់ ដោយ​នឹង​បន្ត​វិភាគ​ទិន្នន័យ​អ្នក​ជំងឺ​ជាង​២៦​លាន​នាក់​ផ្សេង​ទៀត​ ព្រមទាំង​ពង្រីក​ការ​សិក្សា​ទៅ​លើ​ជំងឺ​ខូច​ប្រព័ន្ធ​ប្រសាទ​ផ្សេង​ទៀត ដូច​ជា​ ជំងឺញ័រប៉ាគីសុន ជា​ច្រើន។ល។ បើ​តាម​អង្គការ​សុខភាពពិភពលោក ជំងឺ​វង្វេងវង្វាន់ Alzheimer នឹង​ក្លាយ​ជាដើមហេតុ​​នៃ​ការ​បាត់​បង់​ការ​ចង​ចាំ ក្នុង​កំរិត​៦០ទៅ ៧០%។ នៅ​ឆ្នាំ​២០៣០ ភព​ផែនដី​នឹង​មាន​មនុស្សកើត​ជំងឺ​អាល់ហ្សៃម៉ែរ ​ប្រមាណ​៨២​លាន​នាក់​៕
24/03/20228 minutes, 5 secondes
Episode Artwork

ជំងឺ​រីកប៉ោង​​សរសៃ​ឈាម ជា​ជំងឺ​ស្រាល តែ​អាច​បង្កផលវិបាក​ធ្ងន់

នៅ​ប្រទេស​បារាំង មាន​ប្រជាពលរដ្ឋ​ប្រមាណ២០​លាន​នាក់ មាន​បញ្ហា​សរសៃឈាម​វ៉ែន​រីកប៉ោង​។ នេះ​គឺមក​ពី ​ចរន្ត​ឈាម​ហូរ​មិនស្រួល ហើយ​បង្ក​ឱ្យ​មាន​ករណី​ដក់​ឈាម នៅតាម​សរសៃ​ឈាម​វ៉ែន ជាពិសេស​សរសៃឈាម​​នៅ​អវៈយវៈ​ក្រោម។ ការ​ដក់​ឈាម​អាចធ្វើ​ឱ្យ ​រីក​ប៉ោង​​ យារ សរសៃ​ឈាម ឬ​សរសៃ​ឈាមឡើង​ក្រាស់​ ឬ ប្តូរ​ទម្រង់ ឡើង​ក្រញ៉ាញ់ រហូត​អាច​មើល​ឃើញនៅ​លើ​ស្បែក​ ដោយ​ភ្នែក​ទទេ ជាពិសេស នៅ​ម្តុំ​ ​ជើង និង​ភ្លៅ។ តើ​អាការៈ​រីក​ប៉ោង​​សរសៃឈាម​នេះ អាច​ព្យាបាល​ជា​ទេ ? ហើយ​អាច​ការពារ​ និង​ធ្វើ​ឱ្យ​បាត់​ទៅ​វិញ​បាន​ទេ ? មាន​អាការៈ​ធ្ងន់ជើង ឧស្សាហ៍​ស្រពន់ជើង ចុក​ជើង មាន​អារម្មណ៍ក្រហាយ​ដូច​ជា​មាន​រលាក ឬ​មាន​ហើម​នៅកជើង  (កជើង​ហើម) ...  ទាំង​អស់​នេះ​អាច​ជា​អាការៈ​សញ្ញា​នៃ​ជំងឺ​ប៉ោង​រីក​​​សរសៃ​ឈាម​វ៉ែន។ ជា​ជំងឺដែល​កើត​ឡើង​ជា​ញឹកញយ លើ​មនុស្ស​ក្នុង​វ័យ​សកម្ម ប្រមាណ​ពី ២៥ទៅ​៣០% និង​ដល់​ទៅ​ជិត​៦០% សម្រាប់​មនុស្ស​ចូល​វ័យ​ចំណាស់ លែង​ធ្វើ​ការ។ ​សរសៃ​វ៉ែនរីកប៉ោង អាច​ចាត់​ទុក​ជា​ជំងឺ​ដែល​កើត​ច្រើន​លើ​​ស្ត្រី​ភេទ​ ប៉ុន្តែ​មនុស្ស​ប្រុស​ក៏​មិន​រួច​ខ្លួន​ទាំង​ស្រុង​ឡើយ ហើយ​ភាគ​ច្រើន​ច្រើន​តែដឹង​ខ្លួន​យឺត​ជ្រុល និ​ងមក​ស្វែង​រក​ការព្យាបាល នៅ​ពេល​ចាប់​មាន​ផលវិបាក​ទៅ​ហើយ​។ ជំងឺ​​​រីក​ប៉ោងសរសៃ​វ៉ែន ឬ​ហៅ​ជា​ភាសា​បារាំង​ថា Varices មិនមែន​ជា​ជំងឺធ្ងន់ធ្ងរ​ទេ និង​ត្រូវ​បានគេចាត់​ទុក​ជា​ជំងឺ​ដែល​ប៉ះពាល់​ដល់​សម្ផសច្រើន​ជាង​ ប៉ុន្តែ​មិន​ដូច​ការ​គិត​ ជំងឺនេះ​អាច​បង្ក​ផលវិបាកធ្ងន់​ធ្ងរ ព្រោះ​វា​អាច​នឹងធ្វើ​ឱ្យ​មានជំងឺ​Thromboses គឺការ​ស្ទះសរសៃឈាម​បង្ក​ឡើង​ដោយកូនដុំ​កំណកឈាម ​និង​ជំងឺ​រលាក​សរសៃឈាម​វ៉ែន ដែល​តម្រូវ​ឱ្យ​មានការ​ព្យាបា​ល​ជា​ចាំបាច់។ តើ​ជំងឺ​​សរសៃ​ឈាម​រីក​ប៉ោងជា​អ្វី ? សូម​ស្តាប់​ប្រសាសន៍​របស់​លោកសាស្ត្រាចារ្យ Pr Emmanuel Messasអ្នក​ទទួល​ខុស​ត្រូវផ្នែក​ជំងឺសរសៃ​ឈាម​បេះ​ដូង ​ នៅ​មន្ទីរពេទ្យ​ Georges Pompidou ក្រុង​ប៉ារីស ៖ “ជា​បឋម​ សូមយល់​ថា បណ្តាញ​សរសៃឈាម​វ៉ែនរបស់​​មនុស្ស​ មាន​ពីរ​ផ្នែក ៖ មួយ​ផ្នែកជា​សរសៃ​ឈាមកប់​​ជ្រៅ​ខាង​ក្នុង​សាច់​ដុំ និង​មួយ​ផ្នែក​ស្ថិត​ផ្ទៃ​ខាង​ក្រៅ សើ​ស្បែក ដែលភាសា​បច្ចេកទេស​គេ​ហៅ​ថា សរសៃ​ឈាម​វ៉ែន​សាហ្វែន les veines Saphènes។ សរសៃឈាមសាហ្វែន មាន​ពីរ​ទៀត គឺ​សាហ្វែន​ខាង​ក្នុង​ ភ្ជាប់​ពី​កែងជើង​ទៅ​ភ្លៅ  និ​ង​សាហ្វែន​ខាងក្រៅ(ស្វាហ្វែនតូច) ភ្ជាប់​ពីកែងជើង​ឡើង​ដល់​ត្រឹម​ជង្គង់។ គឺ​សរសៃ​ឈាម​វ៉ែន​សាហ្វែននេះហើយដែល​​ច្រើន​តែ​​មានករណី​រីក​ប៉ោង (​​ជំងឺ​វ៉ារីស)។  ហេតុអ្វី ? សរសៃ​ឈាមវ៉ែន​ មាន​តួនាទី​​ជា​អ្នក​នាំ​ឈាម​ពី​ចុង​ជើង​ឡើង​ទៅ​បេះដូង។ សរសៃ​ឈាម​វ៉ែន​សើស្បែក ហូរចាក់​ទៅ សរសៃឈាមផ្នែក​ខាង​ក្នុង ហើយ​​ហូរ​បញ្ច្រាស​ឡើងតាម​សរសៃវ៉ែន​​ទៅ​បេះដូង​វិញបាន ដោយ​សារ​តែ​មាន​សម្ពាធ និង​ការ​កន្ត្រាក់​សាច់​ដុំ​ច្របាច់​​សរសៃ​ផង ដោយសារតែ​សរសៃឈាម​​មាន​(វ៉ាល់​)ប្រឹសចាំ​បិទ​បើក​​ទៅ​តាម​យន្តការ​នៃ​សម្ពាធ​ឈាមផង។ គឺ​​បើក​ឱ្យ​ហូរទៅលើ និង​បិទ​មិន​ឱ្យ​ឈាម​​​​ច្រាលហូរមកក្រោម​វិញ។ តាម​ធម្មតា ប្រឹស​របស់សរសៃ​ឈាម​វ៉ែនជា​​​ប្រព័ន្ធប្រឆាំង​នឹង​ការ​ហូរ​ឈាម​ច្រាល​មក​ក្រោម​វិញ ​ល្អ​ ខ្លាំងណាស់​។ ជា​យន្តការ​ធម្មជាតិ​ដ៏​ឆ្លាត​វៃបំផុត​គ្មាន​អ្វី​ប្រៀប​ប្រដូច​បាន​ឡើយ ប៉ុន្តែ​វា​នៅ​តែ​អាច​មាន​ចន្លោះប្រហោង​។ នៅពេល​ ​ប្រឹស​ដំណើរកា​រមិន​ល្អ​ ឈាម​អាច​ច្រាល ឬ​ ដក់នៅ​ក្នុង​សរសៃ​វ៉ែន ដែលធ្វើ​ឱ្យ​សរសៃ​ឈាមសើស្បែក​​ឡើង​ពណ៌​ខៀវ​ក្រម៉ៅ ​ ​ឡើង​ក្រាស់ រីកប៉ោង ​​យឺតយារ រមួល ដែល​ហៅ​ថា​​វ៉ារីសនេះឯង។” សរសៃវ៉ែន ប្រៀប​ដូច​ជាខ្សែ​ទន្លេ​ហូរចាក់ខ្វាត់ខ្វែង សម្រាប់​​ទៅចិញ្ចឹម​សពាង្គកាយ សឹង​គូរ​ចេញ​ជា​​ផែនទី​បាន​។ នៅពេល​សរសៃឈាម​ រីកប៉ោង រមួល មាន​វ៉ារីសហើយ នោះ​អ្នក​ជំងឺ មិនត្រឹម​​តែមានអារម្មណ៍​ថា​ជើង​មិនស្អាត​ បាត់​សម្រស់​ទេ តែ​ថែម​ទាំង​អាចនឹងមាន​អាការៈ​​ឈឺ​ចុកចាប់ និង​ផល​រំខាន​ជា​ច្រើន​ទៀត​ផង។ វ៉ារីស​គឺ​ជា​ជំងឺ​មួយ ទោះ​បី​ជាប្រភេទ​ជំងឺ​ស្រាលមែន តែ​វា​ជា​ការចាំ​បាច់​ដែល​ត្រូវ​គិត​គូរ​ព្យាបាល​ឱ្យ​បានត្រឹមត្រូវ។ សូម​ស្តាប់​ប្រសាសន៍​លោកសាស្ត្រាចារ្យ​Emmanuel Messasជា​ថ្មី ៖ “ជួនកាលវ៉ារីស​​គ្មានឱ្យ​រោគសញ្ញា​អ្វី​ទាំង​អស់។ តែ​ជួន​កាល​ក៏​មាន​ការ​ឈឺ​ចុកចាប់​យ៉ាងខ្លាំង និងមាន​​​​សញ្ញារោគ​​ច្រើន​ប្លែកគ្នា គ្រប់បែបគ្រប់​​យ៉ាង​​ខ្លាំងណាស់។ អាចជា​ការ​​ឈឺ​ចុក ស្រពន់​ ធ្ងន់ ឬឆាប់​​​រោយជើង​នៅ​ពេល​ឈរ​អង្គុយ​យូរ។ អាច​ជា​អាការៈ​រមាស់​ អាច​ជា​តាអក អាចមាន​​សញ្ញារោគ​ច្បាស់ៗ និង​អាច​ជាអាការៈ​​​រំខានខ្លាំងណាស់​សម្រាប់​​ជីវិត​​ការងារ ជាពិសេស​ចំពោះ​អ្នកដែលមានអាជីព​ត្រូវ​ឈរ​យូរ ឬ​ឈរ​ច្រើន។ វ៉ារីស ជាជំងឺ​រ៉ាំរ៉ៃ។ នៅពេលឈឺ​យូរ​ទៅ ការ​ព្យាបាល​​ក៏​ត្រូវ​ប្រើ​ពេល​យូរ និង​ជា​ការ​ព្យាបាល​សរុប​លើ​ប្រព័ន្ធ​សរសៃ​ឈាម​កូរ៉ូណែទាំង​ស្រុង​តែម្តង។​ មិន​មែន​ត្រឹម​តែជា​ការ​​ព្យាបាល​ចោះៗ​បំបាត់​ស្នាមត្រង់កន្លែងមាន​​សរសៃ​ឈាមវ៉ែន​នោះរីកបោង រមួល ... ទេ។ ការ​រីកប៉ោង​សរសៃ​ឈាម​មិនមែន​ត្រឹម​តែ​ជា​បញ្ហា​សម្ផស​ទេ វ៉ារីស ជាជំងឺ។ ជា​ជំងឺ​ប្រភេទ​ជំងឺស្រាល​ ដែល​​ត្រូវតែ​​ធ្វើ​ការ​ព្យាបាល។ ព្យាបាល​​ជា​ដំបូង​ដោយ​គោរព​​អនាម័យ​​ក្នុងការរស់​នៅ​ត្រឹមត្រូវ បន្ទាប់​មកទើប​​អាច​ឈាន​ដល់​ការ​ព្យាបាលដោយ​ប្រើថ្នាំ ឬ​ដល់​ការ​វះកាត់ផង​ប្រសិន​បើ​ជំងឺនេះ​វា​ធ្វើ​ឱ្យ​អ្នកជំងឺ​ពិបាកពេក។ ត្រូវ​ព្យាបាល​ឱ្យ​បានត្រឹមត្រូវ​ ព្រោះ​ថ្វី​បើ​វា​ជា​ជំងឺស្រាលមែន តែការរីក​ប៉ោង​សរសៃ​វ៉ែន អាច​នឹង​បង្ក​ឱ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងន់​ខ្លាំង​ពីរ​ប្រភេទ គឺ​ផលរំខាន​ស្រួចស្រាវ និង​ផលរំខាន​រ៉ាំរ៉ៃ។ ផលរំខាន​ស្រួច​ស្រាវ ​ដូច​មាន​​រៀប​រាប់​ពី​ខាង​ដើម គឺ​វាធ្វើ​ឱ្យ​មាន​ជំងឺ​រលាក​សរសៃ​ឈាម និង​ជំងឺដុំកំណក​ឈាម Thrombose ព្រោះ​ការ​រីក​ប៉ោង​សរសៃ​ឈាម បណ្តាលមកពី​ឈាម​ហូរ​មិន​ស្រួល ហើយដក់​ រួច​ក៏​ ​ ក្លាយ​ជា​​ដុំ​កំណក​ឈាម​ ដែល​អាច​កកស្ទះសរសៃឈាម​ណា​មួយ នៅ​សួត។ នេះ​ជា​ផលរំខាន​ស្រួច​ស្រាវ​​ធ្ងន់ធ្ងរ​​ដ៏កម្រ ដែល​ត្រូវ​ព្យាបាល​ ព្រោះ​ឥលូវ​គេ​មានថ្នាំពូកែ​ខ្លាំង​ណាស់​ខាង​បំបែក​ដុំ​កំណក​ឈាម​នេះ”។​ មាន​កត្តា​ជា​ច្រើន​ដែល​ជា​ហានិភ័យ​នាំ​មាន​ជំងឺ​រីក​ប៉ោង​សរសៃ​វ៉ែន ដូច​ជា​ ធាត់​ជ្រុល​ ស្រណុក​ពេក ភាព​ក្តៅ ឬ​មាន​ផ្ទៃ​ពោះ និង​ជាពិសេស​គឺ​កត្តា​អាយុ ព្រោះ​បើ​អាយុ​កាន់​តែ​ច្រើន ប្រព័ន្ធ​ធម្មជាតិ​ប្រឆាំង​នឹង​ឈាម​​ហូរ​ច្រាល​ កាន់​តែ​ចុះ​ទន់​ខ្សោយ​ លែង​សូវ​មាន​ប្រសិទ្ធភាព។ ពូជ​ក៏​កត្តា​សំខាន់​មួយ​នៃ​ជំងឺ​វ៉ារីស​ដែរ។ ហើយ​នៅ​ពេលដែល​សរសៃ​ឈាមបាន​​រីក​ប៉ោង​ យារយឺត​ហើយ គេ​​មិន​អាចកែ​ឱ្យ​សរសៃ​ឈាម​មាន​លក្ខណៈ​រលាស់ ត្រលប់​មក​ល្អដូច​ដើម​​ឡើង​វិញបានទេ​។ រាល់ការ​ព្យាបាល​បាន​ត្រឹម​ទប់​​មិន​ឱ្យ​ជំងឺ​វិវឌ្ឍ​ទៅ​មុខទៀត​ប៉ុណ្ណោះ។​ ដូច្នេះមធ្យោបាយ​ដ៏​ល្អ​ប្រពៃ​ជាងគេ គ្មាន​អ្វី​ក្រៅ​ពី​ការ​ការពារ​ទេ។ ដូច​ពាក្យ​បូរាណខ្មែរលោកពោល “ការពារ​ប្រសើរ​ជាង​ព្យាបាល”។ ប៉ុន្តែកត្តា​អាយុ និង​ពូជ ជា​អ្វី​ដែល​គេ​មិន​អាច​បញ្ចៀសបាន​ឡើយ។ អ្នកមានឪពុកម្តាយ​ជីដូនជីតា ធ្លាប់​មានរោគវ៉ារីស​នេះ អាច​ព្យាយាម​កាត់​បន្ថយ​ហានិភ័យ​ និង​ពន្យារ​ពេល​កុំ​ឱ្យ​ឆាប់​​ធ្លាក់​ខ្លួន​ឈឺ ឬ​បើ​ឈឺ​ក៏មិន​សូវ​មានផលវិបាក​បាន តាមរយៈ​ ការ​រក្សា​សុខភាព​សាច់​ដុំ​ឱ្យរឹង​មាំ រក្សា​កាយ​សម្បទាឱ្យ​មាំមួន និង​ត្រូវចេះ​ប្រយ័ត្ន​ប្រយែង​ខ្លួន​ ឆាប់​នឹក​គិត​រក​វិធី​ការពារនិង​ព្យាបាល។ បើ​តាម​លោក​សាស្ត្រាចារ្យ អេម៉ាណុយអ៊ែល ម៉េសាស មាន​សញ្ញា​ជា​ច្រើន​ដែល​ដាស់​ប្រាប់​យើងឱ្យ​បាន​ដឹង​ខ្លះ មុន​នឹង​សរសៃ​ឈាម​ឡើង​ក្រាស់ ឬ​លេចរូប​រាង​រីកបោង រមួល​​ ចេញ​នៅ​លើ​ផ្ទៃស្បែក។ សូម​អញ្ជើញ​ស្តាប់ ៖ “មាន​សញ្ញា​ប្រាប់​មុន​ជា​ច្រើនសឹង​​អាច​រាយ​ជា​បញ្ជីបាន។​ ទីមួយគឺ​ មានអាការៈ​​ធ្ងន់​ជើង​ដែល​យើងដឹង​ស្ទើរ​​គ្រប់​គ្នា​។ ចេះ​តែ​មានអារម្មណ៍​មិន​ស្រណុក​នៅ​ជើង មិនអាច​នៅ​ស្ងៀម ឬ​ឈរ​ទ្រឹង​បាន​យូរ​ទេ ​បានទាល់​តែ​អង្រួន រើរុះ​ ផ្អៀង​ផ្អង​ទើប​ឈរ​ជាប់។ ចេះ​តែមានអារម្មណ៍​ក្តៅ​រោល​ ឬ​ស្រិបៗដូច​ប៉ះ​​ភ្លើង​​ឆក់​ ទាល់​តែ​អង្គើជើង​ទើប​បាត់។ មាន​រមាស់ ឧស្សាហ៍​រមួលក្រពើ​ ជាពិសេស​នៅពេល​យប់។ ហើម​ជើង ហើម-ក-ជើង ជាពិសេស​នៅពេល​ល្ងាច ក្រោយ​ពី​​ធ្វើការ​ឈរហត់​អស់​​ពេញ​មួយ​ថ្ងៃ និង​ការ​លេច​ឡើង​នូវ​បណ្តាញ​កូន​សរសៃឈាម​តូចៗ​ឆ្មារៗ​ប៉ុន​សរសៃសក់​ ពណ៌​ក្រហម ជួន​មាន​ទម្រង់​ជា​ផ្កាយផង នៅលើ​ផ្ទៃស្បែក និង​ មើល​ឃើញ​ដោយ​ភ្នែកទទេ។ នេះ​ជា​ការ​យឺត​យារ​កូន​សរសៃ​ឈាម​ ដែល​ជា​ដំណាក់​កាលដំបូង​មុននឹង​ឈាន​ទៅ​ជា​​ជំងឺរីកប៉ោង​សរសៃឈាម​វ៉ែន ​វ៉ារីស។​ ហើយ​ដើម្បី​ចៀសវាង​កុំ​ឱ្យ​មាន​ជំងឺវ៉ារីស​ទាន់ សូមចៀសវាងការ​ប្រឈមនឹង​ប្រភព​​ក្តៅ ចំហ៊ុយ​ស្ពង់ (សូណា ហាម៉ាំ ...)។ សូម​ព្យាយាម​ដើរ ជិះ​កង់​ ​ឱ្យ​បាន​ច្រើន ព្រោះ​កាន់​ប្រឹងដើរ​ ឈាមរត់កាន់​តែ​ស្រួល មិន​ដក់​ មិនកកក្លាយ​ជា​ដុំ​កំណកឈាម។ សំរាន្ត​ដោយ​ដាក់​ជើងឱ្យ​ខ្ពស់​ជាង​ក្បាល​ ដើម្បី​សម្រួល​ចរន្ត​ហូរ​ឈាមត្រលប់​ទៅ​បេះដូង ឬ​ ពាក់​ស្រោម​ជើង​សុខភាព bas de contention ​ដែល​ជួយច្របាច់​​​សាច់​ដុំ​ជើងឱ្យ​កន្ទ្រាក់​ ធាក់​រុញ​​ឈាមឱ្យ​​ហូរ​ត្រលប់​ទៅ​បេះ​ដូង​បាន​ល្អ”។ នៅក្នុង​ប្រទេសជឿន​លឿន​ ដូច​យ៉ាង​ប្រទេសបារាំង គេ​​សង្កេតឃើញ​មាន​ពលរដ្ឋ​ប្រមាណ ពី ១១ទៅ​២៤% មាន​បញ្ហា​វ៉ារីស។ ក្នុង​ចំណោមអ្នក​ជំងឺ​ទោះ​នោះ ​ភាគ​ច្រើន​ជា​ស្ត្រី​ ព្រោះ​ដោយ​សារ​តែ អ័រមូន​ម្យ៉ាង​រស់​ស្ត្រី ព្រោះ​ស្ត្រីជា​អ្នក​​​ពរពោះ (ពេលមាន​ផ្ទៃពោះ​សរីរាង្គ​ជា​ច្រើន​បាន​រីក ដូច្នេះសរសៃ​ឈាម​ក៏​រីក​ដែរ) របៀបរប​ប​រស់​នៅ ​ឈរច្រើន អង្គុយ​ស្ងៀម​ខ្លាំង​ ស្រណុក​ជ្រុល​ ធាត់​ហួសហេតុ សុទ្ធ​សឹង​ ជា​កត្តា​​​​នាំហានិភ័យដល់​សរសៃ​ឈាម។ អាកាសធាតុ​ក្តៅ​ ក៏​ជា​ចំណែក​មួយ​ងាយ​ជំរុញ​ឱ្យ​សរសៃ​ឈាម​វ៉ែន​រីកប៉ោង​ដែរ។ ប៉ុន្តែ​បណ្តាពលរដ្ឋ​រស់នៅក្នុង​ប្រទេសក្តៅ​ដូច​យ៉ាង​កម្ពុជា ឬ​ឥណ្ឌា​កម្រមាន​ជំងឺវ៉ារីស​ណាស់ ហេតុ​ដូច្នេះហើយ​បាន​ជា​ក្រុម​គ្រូពេទ្យ​ យល់​ថា នេះ​ទំនង​ដោយសារ​​​​កត្តា​ពូជ និង​ពូជ​សាសន៍ ព្រោះ​គេ​សង្កេត​ឃើញ​ថា​ជំងឺ​វ៉ារីស​នេះ​មាន​ ប្រមាណតែ​៥%​នៅ​អាហ្វ្រិក និង​តិច​តួច​បំផុត​នៅ​អាស៊ី (១%)៕
09/03/20229 minutes, 54 secondes
Episode Artwork

កូវីដរ៉ាំរ៉ៃ ជា​អ្វី ?

កូវីដ​ជា​ជំងឺ​បង្ក​ឡើង​ដោយវីរុស ដែល​នឹង​អាច​ជា​ទៅ​វិញ​ក្នុង​រយៈ​ពេល​ពី​១ទៅ​៣សប្តាហ៍​។ ប៉ុន្តែ​អ្នក​ជំងឺ​កូវីដ​ខ្លះ មាន​សញ្ញា​រោគ​ និ​ងអាការៈរោគ​ ដល់​ទៅ​រាប់​ខែ​ឯណោះ។ ​អ្នក​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ប្រមាណ​២០%​មាន​បន្សល់​ទុក​នូវ​ទម្រង់​ជំងឺ​កូវីដ​រយៈ​ពេល​យូរ។ យូរ​រាប់​ខែ និង​ដល់​ឆ្នាំ​ផង។ លែង​មាន​មេរោគក្នុង​ខ្លួន និង​ខ្លះលែង​ទាំង​មាន​អង់ទីក័រ​កូវីដ​១៩​ទៀតទៅ​ហើយ​មែន ប៉ុន្តែ​អ្នក​ជំងឺ​​នៅ​តែ​បន្ត​មាន​រោគ​សញ្ញា​ កូវីដ មួយឬ ​ច្រើន ក្នុង​ខ្លួន​ទៀត។ ទម្រង់ជំងឺ​កូវីដ​បែប​នេះ គេ​ឱ្យ​ឈ្មោះ​ថា​កូវីដ​រ៉ាំរ៉ៃ ឬ​កូវីដ​រយៈ​ពេល​វែង។ តើ​ទម្រង់​ជំងឺ​បែប​នេះ មានអាការៈ​សញ្ញា​ដូច​ម្តេច ? មាន​​វិធី​ព្យាបាល និង​មាន​ដំណោះស្រាយ​​ទេ ? និ​ងផលវិបាក​យ៉ាងណា​ខ្លះ ? អង្គការ​សុខភាពពិភពលោក​បាន​ប្រកាស​ទទួល​ស្គាល់ នៅ​ខែ​កញ្ញា​ឆ្នាំ​២០២០​ថា “កូវីដ​១៩ អាច​បង្ក​ឱ្យ​មាន​ជំងឺ​ អូស​បន្លាយ​ពេល​វេលា​វែង និង​មាន​រោគសញ្ញា​ជាប់​នឹង​ខ្លួន​អ្នក​ជំងឺ​យូរ មិន​ថា​អ្នក​ជំងឺ​នោះជា​​ក្មេង ជាមនុស្ស​ចាស់ ឬ​អ្នក​គ្មាន​រោគា​ ​ជំងឺ​រ៉ាំរ៉ៃ​ពី​មុន​មក​ទេ។ អ្នក​ជំងឺ​​មាន​អាការៈ​ស្រាល និង​មិន​ត្រូវ​ការ​ជំនួយ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ក៏​អាច​ធ្លាក់​ខ្លួន​មាន​ជំងឺ​កូវីដ​រយៈ​ពេល​វែង​បាន​ដែរ”។ អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​ទៀត​ថា ក្រោយ​កូវីដ អ្នក​ជំងឺ​មាន​ស្ថានភាព​សុខភាព​ប្រសើរឡើង​វិញ​​យ៉ាង​យឺតៗ បំផុត និង ​ឡើងចុះៗ ម្តង​ស្រួល​ខ្លួន​ម្តង​មិនស្រួល ហើយ​បើ​ស្រួល​ខ្លួន​ក៏​មិន​ពេញ​លេញភ្លាមដែរ។ នៅ​ប្រទេស​បារាំង សភា​ជាតិ​ក៏​បាន​អនុម័ត​លើ​​សេចក្តី​សម្រេច​ទទួល​ស្គាល់​បុគ្គល​មាន​កូវីដ​ទម្រង់​វែង​រួច​មក​ហើយ​ដែរ​កាលពី​ថ្ងៃទី ១៧​កុម្ភៈ​២០២១។ ដូចម្តេច​ដែល​ហៅ​ថា​ជំងឺ​កូវីដ​រយៈ​ពេល​វែង ឬ​កូវីដ​រ៉ាំរ៉ៃ ? ជា​ទូទៅ កូវីដ​ជា​ជំងឺ​ដែល​នឹង​ជា លែង​មាន​សញ្ញារោគ​​​​ នៅ​រវាង​ពីរ​ឬ​បី​សប្តាហ៍​។ ប៉ុន្តែសម្រាប់​​អ្នក​ជំងឺ​ខ្លះ​ បួន-​ប្រាំ​សប្តាហ៍​ក្រោយ​ការឆ្លង​រោគ​ ខ្លះ​​រាប់​ខែ​ក្រោយ​តេស្ត​វិជ្ជមានហើយ​ នៅ​តែ​មាន​អាការៈ​សញ្ញារោគ​​កូវីដ​ទៀត។ បើ​នៅមាន​រោគ​សញ្ញា​ណាមួយ​នៃ​ជំងឺ​កូវីដ បើ​មាន​រោគសញ្ញា​មួយ​ឬ​ច្រើន​ ដូច​កាល​ពីវិជ្ជមានកូវីដ ឬ​ក៏​រោគ​សញ្ញា​ទាំង​អស់​នោះ​មិន​បណ្តាល​មក​ពី​ជំងឺរ៉ាំរ៉ៃ​​អ្វីផ្សេង​ទៀត​សោះ (ដូច​ជា ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ទីរ៉ូអ៊ីត ជំងឺ​សួត​រ៉ាំរ៉ៃទេ) នោះ​ហើយ​ជា​ទម្រង់​ជំងឺ​កូវីដ​រយៈពេល​វែង។ សញ្ញារោគ​ ​នៃ​កូវីដ​វែង បើ​ធ្វើ​ជា​បញ្ជី​ប្រាក​ដ​ជា​វែង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មែនទែន។ សំណល់​របស់​ជំងឺ​បង្ក​ឡើង​ដោយ​វីរុស​ដែល​អ្នក​វិទ្យាសាស្ត្រ​មាន​ទម្លាប់​ប្រទះ ក្រោយ​ជំងឺ​ផ្តាសាយ​ធំ ជំងឺ​រលាកសួត មាន​តែ​ពីរ​បីមុខ​ប៉ុណ្ណោះ រួម​មាន​ ​សំណាកលើ​ផ្លូវ​ដង្ហើម ស្នាមរលាក​ស្រោម​បោះដូង ឬពិការភាព ប៉ុន្តែ​មិនដែល​ឃើញ​មាន​ផលវិបាក​ច្រើន​រាយ​ប៉ាយ​ស្ទើរ​គ្រប់​សរីរាង្គ​ដូច​ករណី​បង្ក​ឡើយ​ដោយវីរុស Sars-coV-2 នៃ​ជំងឺ​​កូវីដ១៩​សោះ។ អាការៈ​រោគ​ដែល​គេ​ជួប​ប្រទះញឹកញាប់​ជាង​គេមាន​ដូច​ទៅ ៖ -ហត់អស់​កម្លាំង ៖ អស់​កម្លាំង ជាអាការៈ​ដែល​កើត​ឡើង​ញឹកញាប់​ជាង​គេ។ ជា​ការ​អស់​កម្លាំង​ខ្លាំង​ ខ្លាំងមែនទែន។ សូម្បី​តែ​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ​តូច​សាមញ្ញ​មួយ​ ឬ​ធ្វើ​ការ​ប្រើ​ខួរក្បាល​តែ​បន្តិច​សោះ ក៏​អ្នក​ជំងឺ​មាន​អារម្មណ៍​ភ្លាម។ ហត់​អស់​កម្លាំង​ខ្លាំង និង​ឡើង​ចុះ​លឿន​ពេក រហូត​កា្លយ​​ជាមូលហេតុ​ចំបង​ តម្រូវ​ឱ្យអ្នក​ជំងឺ​ហាត់​សម្រប​រៀនគ្រប់​កាយវិការ ទើប​​អាច​ត្រលប់​ទៅ​បំពេញ​ការងារក្នុង​អាជីព​ សង្គម​និង​ការងារ​បុគ្គល​វិញ​បាន។ -មាន​វិបត្តិ​ប្រព័ន្ធ​ប្រសាទ ៖ ​អ្នក​ជំងឺ​ពិបាក​ផ្ចង់​អារម្មណ៍​ និងមាន​​បញ្ហា​ខួរ​ក្បាល​ លែងសូវ​​ចង​ចាំ​ល្អ ឆាប់​មួរហ្មង​ក្នុង​ចិត្ត​ និង​ចេះ​តែ​ថប់​បារម្ភ។ អ្នក​ខ្លះ​មាន​ដំណេក​មិន​ល្អ ដេក​​មិន​សូវ​លក់​ចេះ​តែ​ឧស្សាហ៍​ភ្ញាក់ ដេក​មិន​ឆ្អែត​ ងោកងុយ​ខ្លាំងនិង​ដេក​ច្រើន​​នៅពេល​ថ្ងៃ។ -ការ​ឈឺ​ចុកចាប់ ៖ អាការៈ​ឈឺចុកចាប់​ខុស​គ្នា​ពី​មនុស្សម្នាក់​ទៅមនុស្ស​ម្នាក់។ ខ្លះ​ចុកចាប់​​ណែន​ទ្រូង​ អម​ដោយ​ចង្វាក់​បេះដូង​លោត​ញាប់​ ថប់​ដង្ហើម ឬ​ក្អកភ្លាម​ឱ្យ​ប្រឹង​បន្តិច។ ខ្លះ ទៀត​ឈឺ​ក្បាលខ្លាំង ឈឺក្បាលដោយ​គ្រាន់​តែ​គ្រលៀស​ភ្នែក​លឿន​ជ្រុល មិន​ប្រយ័ត្ន។ ឈឺក្នុង​​ត្រចៀក ហឹង និង​ជួន​វិលមុខ​ថែម​ទៀត។ ឈឺ​អស់​សាច់​ដុំ​ សន្លាក់ ចុក​ស្មា ចុក​ខ្នង ស្រពន់ខ្សោយ​​​ដៃជើង​។ បាត់​ក្លិន បាត់​រសជាតិ​ លែង​ឆ្ងាញ់​បាយ​ មាន​វិបត្តិ​ប្រព័ន្ធ​រំលាយ​អាហារ (រលាក​ក្រពះ​ ឈឺ​ពោះ​ ទល់​ខ្យល់ ទល់​លាមក សុទ្ធ​សឹង​ជា​អាការៈ​រោគ​ដែល​កើត​មាន​ជា​ញឹកញាប់​ខ្លាំង​ដែរ លើ​​អ្នក​ជំងឺ​កូវីដ​រ៉ាំរ៉ៃ។ នៅ​មាន​អាការៈ​ជា​ច្រើ​នបែប​ ច្រើន​យ៉ាង​​ផ្សេង​ទៀតណាស់​ ដូច​ជាស្ងួត​មាត់ ស្ងួត​ភ្នែក ជ្រុះ​សក់ បាត់​ចំណង់​តុណ្ហា រដូវ​លែង​ទៀង ម្តងក្តៅ​ម្តង​ត្រជាក់ សៀវស្រាញ ... អាការៈ​ទាំង​អស់​នេះ​អាច​លេច​ឡើង​ដោយ​គ្រាន់​តែ​អ្នក​ជំងឺ​​ប្រើ​កម្លាំង​កាយ ឬ​កម្លាំង​បញ្ញា​បន្តិច ឬ​ដោយ​គ្រាន់​តែ​ប្តូរ​ផ្លាស់​ទម្លាប់​អ្វី​តែ​បន្តិច​បន្តួច។ ប៉ុន្តែ​ជា​សំណាងល្អ អាការៈ​សញ្ញា​នេះ​នឹង​រលុប​បាត់​ទៅ​វិញ បន្តិចម្តងៗ ពី​មួយ​ថ្ងៃ​ទៅ​ថ្ងៃ ទៅ​តាមល្បឿន​របស់​មនុស្ស​ម្នាក់ៗ ហើយ​គ្មាន​បន្យល់​ទុក​នូវ​ស្លាម​ស្នាម​អ្វី​ទេ នៅពេល​ពួក​គាត់​ជា​ដាច់។ ការ​ថត​ឆ្លុះ​ខួរក្បាល​ដោយ​ប្រើ​ប្រព័ន្ធ​IRM អ៊ឹមរ៉ាយ លើ​អ្នក​ជំងឺ​បាត់​ការ​ចង​ចាំ គេង​មិនលក់​និង​ពិបាក​ផ្ចង់​អារម្មណ៍ បានបង្ហាញ​ថា​ខួរក្បាល​របស់​ពួក​គេ​គ្មាន​សល់​ស្នាម​របួស​អ្វី​ទាំង​អស់​នៅ​ពេល​ជា​ដាច់។ មាន​តែ​១០%​ប៉ុណ្ណោះ​ដែល​អាច​មាន​ផល​វិបាក​ជាប់​ខ្លួន​ទៅ​ថ្ងៃ​ក្រោយ។ តើ​អ្នកជំងឺ​ប្រភេទ​ណា​ងាយ​មាន​អាការៈ​កូវីដរ៉ាំរ៉ៃ ? ជា​បឋម​គឺ​អ្នក​ជំងឺ​ដែល​មាន​កូវីដ​ធ្ងន់ធ្ងរ។ ប៉ុន្តែ ក៏​មាន​ដែរ​អ្នក​ជំងឺ​កូវីដមធ្យម ​ស្រាល ឬ​គ្រាន់​តែវិជ្ជមាន​គ្មានរោគ​សញ្ញា​សោះ​នោះ។ ខ្លះ​គ្មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់​ហើយ​មិន​ទាំង​បាន​ទៅ​ធ្វើ​តេស្ត​​ពេល​កំពុង​ឈឺ​កូវីដ​នោះ។ បើ​តាម​លោក​វេជ្ជបណ្ឌិត Nicolas Barizien ប្រធាន​ផ្នែក​អប់រំ​កាយសម្បទា​នៅមន្ទីរ​ពេទ្យ​ Foch ដែល​ជា​អ្នក​គ្រប់​គ្រងកម្មវិធី​ Rehab Covid ជួយ​អ្នកជំងឺកូវីដ​រ៉ាំរ៉ៃ អ្នក​ជំងឺ​កូវីដ​រយៈ​ពេលវែង​ច្រើន​ជា​មនុស្សសកម្ម ក្មេង និង​គ្មាន​កត្តាហានិភ័យ​សុខភាព​ពី​មុន​មកសោះ។ បើ​ជា​ស្ត្រី គឺ​មានអាយុ​ពី​៤០ទៅ៦០​ឆ្នាំ និងពី​៣០ទៅ​៥០ឆ្នាំ ​បើ​ជា​បុរស។ ការ​សិក្សា​បារាំង​និង​អន្តរជាតិ​ជា​ច្រើន​ ហាក់​សង្កេត​ឃើញ​និងអាច​បញ្ជាក់​បាន​ដូច​គ្នា​ថា ថ្វី​បើ​បុរស​ងា​យ​ធ្លាក់​ខ្លួន​ឈឺ​កូវីដ​ទម្រង់​ធ្ងន់​ជាង​ស្ត្រី​មែន តែ​គឺ​ស្ត្រី​ដែល​ងាយ​​មាន​គ្រោះ​ឈឺ​កូវីដ​យូរត្រាំ​ត្រែង។ ការ​សិក្សា​បាន​កំណត់​ឃើញ​អ្នក​មានជំងឺ​កូវីដ​រយៈ​ពេលវែង មាន​បែបផែន ជាមនុស្ស​ ក្មេង​ ភេទ​ស្ត្រី អាយុ​ជា​មធ្យម​៤០ឆ្នាំ​ ​មិន​ធាត់​លើស​ទម្ងន់ គ្មាន​រោគ​ប្រចាំ​កាយ និង​ច្រើន​ជា​​សកម្មខ្លាំង។ បើ​តាម​តួលេខ​របស់​អាជ្ញាធរ​សុខាភិបាល​បារាំង​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៩​វិច្ឆិកា​២០២១ ជាង​២០%​នៃ​អ្នកជំងឺ​បន្ត​មានអាការៈ​កូវីដ​រយៈ​ពេល​វែង លើស​ពី​៥​សប្តាហ៍​​ក្រោយពី​​វិជ្ជមាន​/ឈឺកូវីដ និង​ ១០%​នៅ​បី​ខែ​ក្រោយ។ ៦៧​%​នៃ​អ្នក​វិជ្ជមាន​កូវីដ​ដែល​មាន​ចេញ​រោគ​សញ្ញា (ឈឺ​ស្រាល​ឬ​ឈឺមធ្យម) បន្ត​មានអាការៈ​រោគ​ លើស​ពី​​៣០​ថ្ងៃ​ក្រោយ​​មានលទ្ធផល​តេស្ត​វិជ្ជមាន។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​អំពី​បន្ទាន់​សម្រាប់​ក្រុម​អ្នក​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំងថា ប្រសិន​បើ​ពួក​គេ​ឆ្លង​កូវីដ​ នោះ​ពួកគេ​មាន​ហានិភ័យ​ខ្ពស់​នឹង​មាន​អាការៈ​កូវីដ​រ៉ាំរ៉ៃ​ហើយ។ ចំពោះ​ក្មេង​ជំទង់និង​កុមារ​វិញ ទោះ​ជា​កម្រ​កើត​ជំងឺកូវីដធ្ងន់ធ្ងរ​មែន ប៉ុន្តែ​ការ​​សិក្សា​អង់គ្លេស​​របស់​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ College London និងនៅ​ស្ថាប័ន Public Health England ចេញ​ផ្សាយ​កាលពី​ខែ​សីហា​២០២១ បាន​បង្ហាញ​ថា ក្នុង​ចំណោមក្មេង​វិជ្ជមានកូវីដ​៧នាក់ មានម្នាក់​អាច​មាន​អាការៈ​កូវីដយូរ នៅ​បី​ខែ​ក្រោយ។ ពោល​គឺ​១៤%នៃ​ក្មេង​វិជ្ជមានកូវីដ បាន​​ប្រកាស​ថា​មាន​អាការៈ​រោគ​កូវីដ​ ចំនួន​បី​ឬ​ច្រើន​ជាង​បី នៅ​១៥​សប្តាហ៍ក្រោយ​តេស្ត​វិជ្ជមាន និង​៧%​មាន​រោគ​សញ្ញា​លើស​ពី​៥។ ហើយ​រោគ​សញ្ញា​ចម្បង​គេ​គឺ​ ការហត់​អស់​កម្លាំង​ខ្លាំង និង​ឈឺ​ក្បាល។ ប៉ុន្តែ​ជាដំណឹង​ល្អ​ អ្នក​ស្រាវជ្រាវ​ ពុំ​រក​ឃើញ​​អំពី​ផលប៉ះពាល់​​ដល់​សុខភាព​ខួរក្បាល​ និង​សុខុមាលភាព​របស់​ក្មេងវិជ្ជមាន អ្វីលើស​ពី​ក្មេងអវិជ្ជមាន​កូវីដទេ។ តើ​ត្រូវ​ធ្វើ​ដូចម្តេច​នៅ​ពេល​មានអាការៈ​កូវីដ​រ៉ាំរ៉ៃ ? គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​រយៈ​ពេលវែងទេ ! ប៉ុន្តែ​គ្រូពេទ្យ​អាច​ផ្តល់​ការ​ព្យាបាល​បំបាត់​អាការៈ​រោគ​នីមួយៗ មាន​ន័យ​ថា​បើឈឺ​ក្បាល​ពេទ្យ​ឱ្យ​ថ្នាំឈឺ​ក្បាល បើ ស្បែក​រោល​រលាកឱ្យ​ថ្នាំ​ឡេ​លាប​បំបាត់​ការរោលរលាក ... ជាទូទៅ​ អ្នក​ជំងឺ​កូវីដ​រយៈ​ពេល​វែង ភាគ​ច្រើន នឹង​បានធូរ​ស្បើយ​ និង​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​ ដោយ​សន្សឹមៗ​​។ ប្រសិន​បើ​មានការ​ថែទាំ​ និង​តាមដានពី​គ្រូពេទ្យ​ដោយ​ត្រឹមត្រូវ​ អ្នក​ជំងឺ​អាច​នឹង​ជា​ដាច់ នៅ​យ៉ាង​យូរ​រវាង​ពី​៨​ទៅ​១៨​ខែ៕
18/02/20229 minutes, 21 secondes