Winamp Logo
ទស្សនៈព្រឹត្តិការណ៍ខ្មែរ Cover
ទស្សនៈព្រឹត្តិការណ៍ខ្មែរ Profile

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

Khmer, Political, 1 season, 24 episodes, 2 hours, 1 minute
About
នៅរៀងរាល់​ថ្ងៃ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​រឿង​នយោបាយ ​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌ ​មកធ្វើការ​​ពន្យល់​ បំភ្លឺ ​និង​វិភាគ ជូន​លោក​អ្នក​ស្តាប់។ ​ជា​ការពន្យល់​​បកសា្រយ​ហេតុផល​នៃ​ព្រឹត្តិការណ៍ តាម​លក្ខណៈ​សត្យានុម័ត​និង​អព្យាក្រឹត។
Episode Artwork

នៅពេលជំនឿអរូបិយដែលគ្មានឫសគល់និងគ្មានមូលដ្ឋាន ក្លាយជាហានិភ័យសម្រាប់សង្គមខ្មែរ

ជំនឿ​អរូបិយ​​នៅតែ​មាន​ឥទ្ធិពល​​ក្នុង​សង្គម​ខ្មែរ រាប់​ចាប់​តាំង​ពី​ជំនឿ​លើ​ការ​បន់​ស្រន់ សែន​ព្រេន​ចំពោះ​អ្នក​តា រហូត​ដល់​អារុក្ខ​អារក្ស​ទេពតា​ ព្រម​ទាំង​ជំនឿ​លើ​លទ្ធិ​ឥត​មូលដ្ឋាន​ផ្សេង​ៗ​ទៀត​។ នេះ​ជា​ទំនៀម​ទម្លាប់​ដែលដូន​តា​ខ្មែរ​បន្សល់​ទុក​តាំង​ពី​យូរ​ណាស់​មក​ហើយ​។ ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ប៉ុន្តែពលរដ្ឋ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ព្រោះ​ជំនឿ​អរូបិយដែល​គ្មាន​ឫស​គល់ និង​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ច្បាស់​លាស់ គឺ​ជា​ហានិភ័យ​មួយ សម្រាប់ពលរដ្ឋ និង​សង្គម​ជាតិ ប្រសិន​​បើ​ការ​ជឿ​នោះ ​មិន​បានឆ្លង​កាត់​ការ​​​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​ទេ​នោះ​។  ជំនឿ​អរូបិយ​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ពោល​គឺ​យូរ​ជាងការ​ចូល​មក​ដល់​នៃ​ព្រហ្មញ្ញ​សាសនា និង ព្រះ​ពុទ្ធ​សាសនា​ទៅ​ទៀត​។ ជន​ជាតិ​ខ្មែរ​ដើម មាន​ជំនឿ​លើ​កម្លាំង​ក្រៅ​ធម្មជាតិ និង កម្លាំង​ក្រៅ​ខ្លួន ​ដែល​ជាទូទៅ​គោរព​បូជា​វត្ថុ​អរូប​ដូច​ជា អាទិទេព ទេវតា អារុក្ខ​អារក្ស និង​អ្នក​តា​នានា​។ អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​កន្លង​ទៅ​នេះ ជំនឿ​អរូបិយ​នៅ​ក្នុង​សង្គម​ខ្មែរ​មិន​ធ្លាប់​ឃ្លាត​ចាក​ទៅ​ណា​ទេ​។ ពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​នៅ​តាម​ជនបទ ​នៅ​តែ​មាន​ជំនឿ​លើ​រឿង​អរូបិយ​ដដែល​។ សត្វ​ជ្រូក​ជើង​ប្រាំ សត្វ​គោ​ក្បាល​ពីរ និង​ភាព​មិន​ប្រក្រតី​ខុស​ធម្មជាតិ​ផ្សេង​ៗ អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ផ្អើល​អុជ​ទៀន​ធូប​គោរព​បូជា​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។ ករណី​ខ្លះ​ថែម​ទាំង​ត្រូវ​បាន​យក​ទៅ​ចុះ​នៅ​លើ​ទំព័រ​សារព័ត៌មាន​ទៀត​ផង​។ សម្រាប់​អ្នក​ដែល​មាន​ជំនឿ​លើ​រឿង​អរូបិយ ករណី​ចម្លែក​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​បារមី​​​សក្តិសិទ្ធ​ខ្លាំង​ពូកែ​ចូល​សន្ធិត។ ហើយ​ការ​អុជទៀន​ធូប​គោរព​បូជា​នានា នឹង​នាំ​មក​នូវ​លាភ​សំណាង​ដល់​ពួក​គេ​។ នេះ​ជា​រឿង​មួយ។ ក្រៅ​ពី​ជំនឿ​លើ​ភាព​មិន​ប្រក្រតី​នៃ​ធម្មជាតិ គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ថែម​ទាំង​មាន​ជំនឿ​លើ​​​អាគម​អរូបិយ និង​សិល្ប៍​សាស្ត្រវិទ្យាការ​ផ្សេង​ៗ​​ទៀត​ផង​។ ជំនឿ​នេះ​ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ទៅ​រក​គ្រូ​ទាយ៖ ខ្លះ​ដើម្បី​ជោគ​សំណាងក្នុង​ការងារ​មុខ​របរ ខ្លះ​ដើម្បី​រំដោះ​គ្រោះ​អាក្រក់ ហើយ​ខ្លះ​ទៀត​ទៅ​រក​គ្រូ​ទាយ ដើម្បី​ភាព​សម​បំណង​ក្នុង​រឿង​ស្នេហា​ជា​ដើម​។ ជា​ការ​កត់​សម្គាល់ ជំនឿ​លើ​រឿង​អរូបិយ បារមី​សក្តិសិទ្ធ​អស់​ទាំង​នេះ មិន​មែន​មាន​តែនៅ​ក្នុង​ចំណោម​ពលរដ្ឋ​នៅ​តាម​ជនបទ ដែល​មាន​ចំណេះដឹង​ទាប ខ្វះទី​ពឹង​ពំនាក់​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយនោះ​ទេ ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​ជា​អ្នក​មាន​ទ្រព្យ​ធន ជាពិសេស​អ្នក​ដែល​ប្រកប​មុខ​របរ​រក​ស៊ី អ្នក​នយោបាយ និង​មន្ដ្រី​អ្នក​មុខ​អ្នក​ការ​ដែល​មាន​តំណែង​ខ្ពស់​មួយ​ចំនួន ក៏​ជឿ​លើ​រឿង​ទាំង​នេះ​ដែរ​។ ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ការ​​​ជឿជាក់​ទៅ​​​​លើ​អារុក្ខ​អារក្ស​អ្នក​តា ឬ​ដាក់​ចិត្ត​ដាក់​ថ្លើម​ជឿ​ទៅ​លើ​គ្រូ​បារ្យ​អាចារ្យ​ណា​មួយ គឺ​ជា​ជំនឿ​ដូច​គ្នា​នឹង​ការ​បូជា​ចំពោះ​ព្រះ​ព្រហ្ម ព្រះ​សិវៈ និង​ព្រះ​វិស្ណុ​នៅ​ក្នុង​ព្រហ្មញ្ញ​សាសនា ឬ​ការ​គោរព​បូជា​ព្រះ​ពុទ្ធសាសនា​ដូច្នោះ​ដែរ​។ ការ​មិន​ជឿ​លើ​សាសនា ឬ លទ្ធិ​ណា​មួយ​សោះ ក៏​ជា​សិទ្ធិ និង​ជា​ជំនឿ​មួយ​ប្រភេទ​ដែរ​។ បើ​ទោះ​បី​ជា​វា​ជា​សិទ្ធិ​សេរីភាពរៀង​​ៗខ្លួន​​ក៏​ដោយ ក៏​ពលរដ្ឋ​​ម្នាក់​ៗ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ដោយ​ចំពោះ​ជំនឿ​អរូបិយ​តែ​ម្ដង ព្រោះ​ខុស​ពី​សាសនា​ផ្សេង​ៗ ជំនឿ​អរូបិយ​ជា​ទូទៅ​ត្រូវ​បាន​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​តាម​រយៈ​បុគ្គល​ប៉ុណ្ណោះ​ ដោយ​មិន​មាន​ក្បួន​ខ្នាត​ច្បាស់​លាស់ ដើម្បី​​វាស់ស្ទង់​​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អនុវត្ត​ឡើយ​។ ភាព​មិន​ច្បាស់​លាស់​ និង​ជំនឿ​ងប់​ងល់​របស់​ពលរដ្ឋ ផ្ដល់​ឱកាស​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​អាជីវកម្ម​បោក​បញ្ឆោត​របស់​បុគ្គល​មួយ​ចំនួន​។ នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​ជឿ​លើ​វោហាសាស្ត្រ​របស់​អតីត​អ្នក​នយោបាយ​មួយ​រូប ប្រជាពលរដ្ឋ​ជា​ច្រើន ទាំង​នៅ​ក្រៅ​ស្រុក និង​ជា​ពិសេស​បង​ប្អូន​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នាំ​គ្នា​វេច​បង្វិច​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ហើយ​តម្រង់​ទៅ​ខេត្ត​សៀមរាប​។ ជា​ទីកន្លែង​តែ​មួយ​គត់​​ដែលអតីត​អ្នក​នយោបាយ គឺ​​លោក ខឹម វាសនា អះអាង​ថា នឹង​រួច​ផុត​ពី​អាសន្ន​ទឹក​លិច​ភព​ផែន​ដី​។ វោហាសាស្ត្រ​របស់​លោក ខឹម វាសនា ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​លោក​។ ប៉ុន្តែ​សិទ្ធិ​បញ្ចេញ​មតិ​នេះ វា​កំពុងបង្ក​ជា​បញ្ហា​ដល់​សង្គម​ជាតិ​ខ្មែរ ព្រោះ​សូម​កុំ​ភ្លេច​ថា ពលរដ្ឋ​ខ្មែរ​ដែល​ជឿ​លើ​ការ​អះអាង​របស់​លោក ខឹម វាសនា ហើយ​នាំ​គ្នាធ្វើ​មាតុភូមិ​និវត្តន៍ នឹង​មិន​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​បាន​ទេ​។ សំខាន់​ជាង​នេះ វា​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ដែល​ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​ការ ហើយ​ស្រាប់​តែ​វិល​ត្រឡប់​មក​វិញ​ទាំង​មិន​ទាន់​ចប់​កុងត្រា​។​ ក្រៅ​ពី​រឿង​លោក ខឹម វាសនា គេ​ធ្លាប់​ឃើញ​មាន​ឧទាហរណ៍​ជា​ច្រើន​ទៀត ​ជុំ​វិញ​ករណី​បុគ្គល​មួយ​ចំនួន ដែលឆ្លៀត​ឱកាស​យក​ជំនឿ​អរូបិយ​របស់​ពលរដ្ឋ មក​ធ្វើ​អាជីវកម្ម​ស្វែង​រក​ផល​ប្រយោជន៍​បំពេញ​កិលេស​ផ្ទាល់​ខ្លួន។ ជាក់​ស្ដែង​ដូច​ជា​ករណី​អតីត​​ចៅ​អធិការ​វត្ត​ស្រះ​ចក នេត ខៃ ដែល​បាន​លួច​ថត​រូប​អាស​អាភាស​របស់​ស្ដ្រី​មិន​តិច​ជាង​៦០០​នាក់​ឡើយ នៅ​ពេល​ពួក​គេ​មក​​ស្រោច​ទឹក​មន្ត​នៅ​វត្ត​ស្រះ​ចក។ និង​ករណី បុរស​ឈ្មោះ​ធាន វុទ្ធី ដែល​តាំង​ខ្លួន​ឯង​ជា​ព្រះ​សិអារ្យ​មេត្រិយ៍ ស្លៀក​ស ពាក់​ស នៅ​វត្ត​ទួល​ព្រះ​រាជា ហើយ​បង្គាប់​ឲ្យ​ព្រះ​សង្ឃ​ថ្វាយ​បង្គំ​ខ្លួន​ជា​ដើម​។ ​តាម​រយៈ​ករណី​ទាំង​នេះ យើង​ឃើញ​ថា ទង្វើ​បោក​បញ្ឆោត​ដោយ​ឈរ​លើ​ជំនឿ​អរូបិយ​ នៅ​តែ​មាន​ជាប់​ជា​និច្ច​នៅ​ក្នុង​សង្គម​ខ្មែរ​។ យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​លុប​បំបាត់ ឬ​គាស់​រំលើងបុគ្គល​ដែល​សាច​ព្រាច​ជំនឿ​អរូបិយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​នោះ​ណាស់ ខណៈពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​ជំនឿ​ទៅ​លើ​រឿង​ទាំង​នោះ។ ហើយ​​ជា​លទ្ធផល វា​​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​ខាត​បង់​ពេល​វេលា​និង​ប្រាក់​កាស​នោះ​ឡើយ​។ សរុប​មក​វិញ បើ​ទោះ​បី​ជា​ជំនឿ គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់​ៗ​ក៏​ដោយ ក៏​ពលរដ្ឋ​គួរ​តែ​ត្រិះ​រិះ​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ មុន​នឹង​ដាក់​ចិត្ត​ជឿ​ទៅ​លើ​អ្វី​មួយ ឬ​បុគ្គល​ណា​ម្នាក់​។ ការជឿជាក់​លើ​ជំនឿ​មិន​សម​ហេតុផល គ្មាន​ឫស​គ្មាន​គល់ និង គ្មាន​មូលដ្ឋាន​រឹង​មាំ គ្មាន​នាំ​ប្រយោជន៍​អ្វី​ដល់​ខ្លួន​ឡើយ ក្រៅ​តែ​ពី​ការ​ខាត​បង់ពេលវេលា​និង​ប្រាក់​កាស ហើយ​ពេល​ខ្លះ វិនាស​ខូច​ខាត​ដល់​ខ្លួន​ឯង​ ​គ្រួសារ និង​សង្គម​ជាតិ​​ថែម​ទៀត៕
8/29/20226 minutes, 49 seconds
Episode Artwork

«វៀតណាម» នៅក្នុងទស្សនៈជនជាតិខ្មែរ

ប្រតិកម្ម​ចម្រុះ​ធ្លាក់​មក​ព្រោង​ព្រាត ក្រោយ​ពី​កម្ពុជា​សម្រេច​បង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាមនៅលើទឹកដីខ្មែរ។ ជា​ការ​ចាក់​សាំង​ថែម​ពី​លើ​ភ្លើង អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួន បាន​យក​រឿង​នេះ ទៅ​ភ្ជាប់​ជាមួយ​សំណុំ​រឿង​ការ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​និង​កោះ​ត្រល់​ទៅឲ្យ​វៀតណាម ហើយ​​បង្កទៅ​​ជា​ការ​ជជែក​ស្រួចស្រាល់​លើ​បណ្ដាញ​សង្គម​។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ សិក្សា​ពី​ទំនាក់​ទំនងរវាង​ជនជាតិ​ខ្មែរ​និង​វៀតណាម។ តើ​ហេតុ​អ្វី​បាន​ជា​​ជន​ជាតិ​ខ្មែរ​ខ្លះ មិន​ទុក​ចិត្ត​វៀតណាម ហើយ​ចាត់​ទុក​ប្រទេស​វៀតណាម​និង​ជនជាតិ​វៀតណាម ​ថា​​ជាចោរ​លួច​ទឹក​ដី​ខ្មែរ​? ទស្សនៈ «ស្អប់» វៀតណាម គឺ​ជា​ជំងឺ​ត​ជំនាន់​នៅ​ក្នុង​សង្គម​ខ្មែរ ហើយ​ជំងឺ​នេះ ទំនង​ជា​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​បាន​ឡើយ​។ នៅ​ក្នុង​ទស្សនៈ​របស់​ជនជាតិ​ខ្មែរ​មួយ​ចំនួន វៀតណាម ឬ យួន កំពុង​តែ​លេប​ត្របាក់​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បញ្ជូន​ប្រជាពលរដ្ឋ​វៀតណាម​មក​រស់​នៅ រកស៊ី​ដោយ​ខុស​ច្បាប់​នៅ​ស្រុក​ខ្មែរ​ និង​ការ​វាត​យក​ទឹក​ដី​ខ្មែរ​នៅ​តាម​ខ្សែ​ព្រំដែន​។ ទស្សនៈ​នេះ​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ផ្នត់​គំនិត​មនុស្ស​ខ្មែរ គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ រាប់​ចាប់​តាំង​ពី​​ប្រជាពលរដ្ឋ​ធម្មតា អ្នក​នយោបាយ និង​បណ្ឌិត​ផង​ដែរ​។ គំនិត​អគតិ​របស់​ពលរដ្ឋ​ខ្មែរ​ចំពោះ​ជនជាតិ​វៀតណាម​ដូច្នេះ មិន​មែន​ជា​រឿង​ថ្មី​​ឡើយ​។ មិន​ថ្មី​​ព្រោះ​ខ្មែរ​និង​វៀតណាម មាន​ប្រវត្តិ​ជូរ​ចត់​រួម​គ្នា​ជា​ច្រើន​ជំនាន់​មក​ហើយ គឺ​​ចាប់​តាំង​ពី​​ពាក់​កណ្ដាល​សតវត្សរ៍​ទី​១៥ ដែល​ដែន​ដី​ខ្មែរត្រូវ​​លេប​ត្របាក់ដោយ​​សៀម​នៅ​ខាង​លិច និង​អាណ្ណាម នៅ​ខាង​កើត ដែល​បច្ចុប្បន្ន​ជា​ប្រទេស​វៀតណាម។ នៅ​អំឡុង​សតវត្សរ៍​ទី​១៩ នគរ​អាណ្ណាម បាន​កាត់​យក​ទឹក​ដី​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម​ពី​ខ្មែរ និង​​បាន​លើក​បន្តុប​ក្សត្រិយ អង្គម៉ី ឲ្យ​ឡើង​គ្រង​រាជ្យ​ជា​មហាក្សត្រ​ខ្មែរ​។ ក្រោម​ខ្សែ​ញាក់​របស់​នគរ​អាណ្ណាម ក្សត្រិយ អង្គម៉ី បាន​ព្យាយាម​បំបាត់ប្រពៃណី ទំនៀមទម្លាប់ សាសនា និង​របៀបរបប​គ្រប់គ្រង​រដ្ឋបាល​ពី​បុរាណ​របស់​នគរ​ខ្មែរ។ ខេត្ត​របស់​ខ្មែរ ដែល​មាន ៥៦ ត្រូវ​បានកាត់បន្ថយ​មក​នៅ​ត្រឹម ៣៣ ហើយ​ត្រូវ​ប្តូរឈ្មោះ​​ហៅ​តាម​ភាសាវៀតណាម​វិញ ហើយ​គ្រប់​ចៅហ្វាយខេត្ត​ទាំងអស់​នេះ ត្រូវ​មាន​ជំនាញការ​វៀតណាម​ម្នាក់​មក​ត្រួតពីលើ។ ដោយទ្រាំ​មិនបាន​នឹង​ទង្វើ​​នេះ ប្រជារាស្រ្ត​ខ្មែរ​ក៏​បាន​នាំគ្នា​ងើបឡើង​បះបោរ ធ្វើការ​វាយឆ្មក់ កាប់ស្លាប់​ទាហាន និង​ប្រជាជន​អាណ្ណាម​ដោយ​ឥតរើសមុខ​។ ​ការ​បះបោរ​ប្រឆាំង​អាណ្ណាម ឬ វៀតណាម​លើក​នោះ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ចាប់​តាំង​ពី​ពេល​នោះ មក អំពើ​ហិង្សា និង​ការ​លាប​ពណ៌ ​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​កើត​មាន​ជា​បន្ត​បន្ទាប់និងខ្លាំង​ឡើង​ៗ រាប់​ចាប់​តាំង​ពី​សម័យ​សាធារណរដ្ឋ​ខ្មែរ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ សម័យ​រដ្ឋ​កម្ពុជា និង​សម័យ​ព្រះ​រាជាណាចក្រ​កម្ពុជា​ទី​២​សព្វ​ថ្ងៃ​។ សម្រាប់​ជន​ជាតិ​ខ្មែរ​មួយ​ចំនួន ប្រទេស​វៀតណាម​និង​ជនជាតិ​វៀតណាម ​នៅ​តែ​​ជាសភាវៈ​អាក្រក់ ជា​ចោរ​លួច​ទឹក​ដី​ខ្មែរ ហើយ​ព្យាយាម​ដាក់​អាណានិគម​លើ​ប្រទេស​​ខ្មែរ​​។ វៀតណាម​គឺ​ជា​មូលហេតុ​ដែល​ទឹក​ដី​ខ្មែរ​រួម​តូច​ដូច​សព្វ​ថ្ងៃ​។ ជនជាតិ​វៀតណាម​គឺជា​មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​គ្មាន​ការងារ​ធ្វើ ហើយ​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​បរទេស​។ ពលរដ្ឋ​ខ្មែរ​ធ្លាក់​ខ្លួនឈឺ​ច្រើន ក៏​ដោយ​សារ​តែ​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​។ ចំណែក​ជន​ជាតិ​ខ្មែរ​ដែល​មិន «អគតិ» ជាមួយ​ជនជាតិ​វៀតណាម ជា​រឿយ​ៗ ​ត្រូវ​បាន​លាបពណ៌​ថា​ជា​ជនជាតិ​វៀតណាម​ដែរ​។ ទស្សនៈ​អគតិ​ចំពោះ​ជនជាតិ​​វៀតណាម គឺ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ ដែល​កម្ពុជា​​ត្រូវ​ដោះ​ស្រាយ មុន​ពេល​វា​វិវត្ត​ក្លាយ​ទៅ​ជា​ការ​រើស​អើង​​ប្រឆាំង​ពូជ​សាសន៍​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាងទស្សនៈ​អគតិ​ចំពោះ​ជនជាតិ​វៀតណាម គឺការ​លាប​ពណ៌​ខ្មែរ​គ្នា​ឯង​ថា​ជា​វៀតណាម​។ តើ​មិន​មែន​ដោយ​សារ​តែ​ការ​លាប​ពណ៌​ខ្មែរ​គ្នា​ឯង​នេះ​ទេ​ឬ ដែល​ធ្វើ​ឲ្យ​ខ្មែរបែក​បាក់​​គ្នា ​គុំ​គួន​សង​សឹក​គ្នា មើល​មុខ​គ្នា​មិន​ត្រង់ និង​បាត់​បង់​មោទនភាព​ជាតិ អស់​ជា​ច្រើន​ទសវត្សរ៍​? ហើយ​ថា​តើ​វា​គួរ​តែ​ដល់​ពេល​ហើយ​ឬ​នៅ ដែល​ខ្មែរ​គួរ​តែ​បញ្ឈប់​ការ​​លាប​ពណ៌​គ្នា​ថា​ជាជនជាតិ​​វៀតណាម​ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​? ទាំង​នេះ​ជា​សំណួរ​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​ត្រូវ​ផ្ដល់​ចម្លើយ​។ ជា​ការ​ពិត ការ​បញ្ឈប់​ការ​លាប​ពណ៌​គ្នា​ថា​ជា​វៀតណាម មិន​មែន​មាន​ន័យ​ថា​ខ្មែរ​ត្រូវ​តែ​ឈប់​ខ្វាយ​ខ្វល់​ពី​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម និង​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​វៀតណាម​នៅ​កម្ពុជា​ទេ​។ ខ្មែរ​នៅ​តែ​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន តាម​រយៈ​ការ​រួប​រួម​គ្នា​។ ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ សាមគ្គី​ភាព​ជាតិ​នឹង​អាច​ឈាន​ទៅ​​ដោះ​ស្រាយ​បញ្ហា ជា​ជាង​យក​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ ដោយ​ចោទដាក់​​គ្នា​ថា​ជា «យួន»៕
8/22/20224 minutes, 35 seconds
Episode Artwork

ខ្មែរគួរនាំគ្នាចាយប្រាក់ «រៀល» ដើម្បី ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ

គិត​ត្រឹម​ឆ្នាំ​២០២២​នេះ វា​មាន​រយៈ​ពេល​៤២​​ឆ្នាំ​ហើយ ​ដែល​ប្រទេស​កម្ពុជា​បាន​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ ក្រោយ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ។ ៤២​​ឆ្នាំ​មក​នេះ គេ​សង្កេត​ឃើញ​ថា ​ការ​ចរាចរ​ប្រាក់​រៀល​​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ការ​ចាយ​​​ប្រាក់​ដុល្លារ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន បើ​ទោះ​បី​ជា​ធនាគារ​ជាតិ​នៃ​កម្ពុជា តែង​តែ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ងាក​មក​ប្រើ​ប្រាស់​ប្រាក់​រៀល​យ៉ាង​ណា​ក៏​ដោយ​។ តើ​ហេតុ​អ្វី​ទើប​គេ​គួរ​នាំ​គ្នា​ចាយ​លុយ​រៀល​នៅ​លើ​ទីផ្សារ? រូបិយប័ណ្ណ​ជាតិ ជា​និមិត្ត​រូប​ដ៏​សំខាន់​មួយ​នៃ​អធិបតេយ្យ​ជាតិ​។ ដូច្នេះ​ហើយ​បាន​ជា​គេ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្ដា​ប្រទេស​ភាគ​ច្រើន​លើ​សកល​លោក គឺ​មាន​តែ​រូបិយប័ណ្ណ​ជាតិ​របស់​ប្រទេស​នោះ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ចរាចរ​នៅ​លើ​ទី​ផ្សារ​បាន​។ ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​។ ពោល​គឺ កម្ពុជា​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​ច្រើន​ប្រភេទ​ មិន​មែន​ប្រើ​ប្រាស់​តែ​ប្រាក់​រៀល ដែល​ជា​រូបិយប័ណ្ណ​ជាតិ​នោះ​ទេ​។ នៅ​ភាគ​ខាង​កើត ខេត្ត​ខ្មែរ​ដែល​ជាប់​ព្រំ​ដែនប្រទេស​វៀតណាម ​និយម​ចាយ​លុយ​ដុង​ រូបិយវត្ថុ​របស់​វៀតណាម​​។ ចំណែក​នៅ​ខាង​លិច ខេត្ត​ខ្មែរដែល​​ជាប់​ព្រំដែន​ប្រទេស​ថៃ និយម​ចាយ​លុយ​បាត រូបិយវត្ថុ​របស់​ថៃ​។ ដោយ​ឡែក ខេត្តនិង​រាជធានី​​ខ្មែរ​ដែល​មិន​ជាប់​ព្រំដែន​ប្រទេស​ដទៃ និយម​ចាយ​លុយ​ដុល្លារ​របស់​អាមេរិក​​។ លុយ​ដុល្លារ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​បំផុត​ នៅ​កម្ពុជា​។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ ប្រជាពលរដ្ឋ​ខ្មែរបាត់​បង់​ទំនុក​ចិត្ត​លើ​ប្រាក់​រៀល លែង​សូវ​ប្រើ​ប្រាក់​ប្រាក់​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ ហើយ​ងាក​មក​​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ទៅ​វិញ​។ បច្ចុប្បន្ន លុយ​រៀល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ក្រប​ខណ្ឌមាន​ដែន​​កំណត់​មួយ​ចំនួន ដូច​ជា​ការ​បង់​ពន្ធ​គ្រប់​ប្រភេទ​ជូន​រដ្ឋ ការបើក​​ប្រាក់​បៀរវត្ស​មន្ដ្រី​រាជការ ការ​ទូទាត់​ប្រាក់​សេវាកម្ម​របស់​រដ្ឋ និង​ការ​ទិញ​ដូរ​ក្នុង​ទំហំ​ទឹក​ប្រាក់​តូច នៅ​តាម​ទី​ផ្សារ​មួយចំនួន​។ ប៉ុន្តែ​សម្រាប់​ការ​កំណត់​តម្លៃ ការ​ទូទាត់ និង​សន្សំ ភាគ​ច្រើន​លើស​លុប គឺ​ប្រើ​ប្រាស់​​ជា​លុយ​ដុល្លារ​អាមេរិក​។ ជា​ការ​ពិត​ហើយ​ថា គេ​អាច​ទូទាត់ជា​​ប្រាក់​រៀល​បាន​ដែរ បើ​ទោះ​បី​ជា​មាន​ការ​កំណត់​តម្លៃ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ក៏​ដោយ​។ ប៉ុន្តែ​សេវា​ទូទាត់​ជា​ប្រាក់​រៀល អាច​នឹង​តម្រូវ​ឲ្យ​គិត​ថ្លៃ​ខ្ពស់ជាង​​បន្តិច​។ នៅ​ក្នុង​របាយការណ៍ប្រចាំ​ឆ្នាំ​២០២១ ធនាគារ​ជាតិ​នៃ​កម្ពុជា ​បាន​ប្រកាស​អំពី​ការ​រីកចម្រើន​ផ្នែក​​សេដ្ឋកិច្ច ​និង​វិស័យ​ធនាគារថា សេដ្ឋកិច្ច​ស្រុកខ្មែរ​ ឆ្នាំ២០២១ មាន​កំណើន​វិជ្ជមាន​ឡើងវិញ បន្ទាប់​ពី​ធ្លាក់​ចុះ​កាលពី​ឆ្នាំ២០២០។ យ៉ាង​ណា​ក៏​ដោយ បើ​តាម​ធនាគារជាតិនៃកម្ពុជា ​កម្រិត​ខ្ពស់​នៃ​ដុល្លារូបនីយកម្ម បាន​ដាក់​សម្ពាធ​លើ​ការ​អនុវត្ត​នយោបាយ​រូបិយវត្ថុ​ខ្មែរ។ ការណ៍​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ​​និន្នាការ​នៃ​ការប្រើ​លុយដុល្លារ​នៅ​កម្ពុជា ​​មិនមាន​ការ​ថយចុះ​ទាល់តែ​សោះ បើទោះបីជា​កម្ពុជា​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ហើយ​​​មាន​អត្រា​អតិផរណា​មិន​ខ្ពស់​ហួសហេតុ​​ក៏ដោយ។ ជា​ការ​ពិត​ហើយ​ថា ការអនុញ្ញាត​ឲ្យ​ចាយលុយដុល្លារ​យ៉ាង​ទូលំទូលាយ​​បែបនេះ​អាច​បញ្ចៀស​​មិន​ឲ្យ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ចលនា​ហូរ​ចេញ​មូលធន​ទៅ​ក្រៅ​ប្រទេស និង​​ជួយ​សម្រួលកម្ពុជា​​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​ពាណិជ្ជកម្ម​អន្ដរជាតិ​។ ប៉ុន្តែ​ក្រៅ​ពី​គុណ​ប្រយោជន៍​ទាំង​នេះ ការ​ចាយ​លុយ​ដុល្លារ ក៏​អាច​បង្ក​នូវ​ផល​វិបាក​អវិជ្ជមាន​ច្រើន​ផង​ដែរ​ដល់​សេដ្ឋកិច្ច​ខ្មែរ​។ ដំបូង​បង្អស់ ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ ឬ​ដុល្លារូបនីយកម្ម នាំ​មក​នូវ​ការ​ខាត​បង់​ចំណូល ដែល​ទទួល​បាន​ពី​ការ​បោះ​ពុម្ព​រូបិយវត្ថុ​ជាតិ​។ មាន​ន័យ​ថា កម្ពុជា​ត្រូវ​បាត់​បង់​សិទ្ធិ​លើ​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​។ ហើយ​ការ​បាត់​បង់​សិទ្ធិ​លើ​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​នេះ មាន​ន័យ​ថា រដ្ឋ​បាត់​បង់​ចំណូល ដែល​បាន​មក​ពី​ការ​បោះ​ពុម្ព​រូបិយវត្ថុ​។ លើស​ពី​នេះ ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ បាន​ធ្វើ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​គោលនយោបាយ​​រូបិយវត្ថុ និង​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់ ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។ ដោយ​ឡែក ទាក់ទង​នឹង​បញ្ហា​សង្គម​វិញ ដុល្លាររូបនីយកម្ម ​បាន​រួម​ចំណែក​បង្កើត​ឲ្យ​មាន​គម្លាតរវាង​អ្នក​មាន​និង​អ្នក​ក្រ​។ ដូច​បាន​លើក​ឡើង​ខាង​ដើម​ហើយ​ថា ការ​ទិញ​ដូរ​នៅ​កម្ពុជា ភាគ​ច្រើន​ត្រូវ​បាន​កំណត់​ជា​ប្រាក់​ដុល្លារ​។ ហើយ​មាន​តែ​បុគ្គល​ដែល​មាន​ធនធាន​ហិរញ្ញវត្ថុ​ជា​ដុល្លារ ឬ​ជន​បរទេស​ប៉ុណ្ណោះ ដែល​អាច​ទិញ​ទំនិញ​ទាំង​នោះ​បាន​។ ចំណែក​ពលរដ្ឋ​ដែល​មាន​ប្រាក់​ខែ​ជា​ប្រាក់​រៀល ត្រូវ​ប្រឈម​មុខ​នឹង​ការ​ខាត​បង់​យ៉ាង​ច្រើន នៅ​ពេល​ពួក​គេ​ដូរ​ប្រាក់​ជា​ដុល្លារ​។ ក្នុង​បរិបទ​នេះ ការ​បង្កើន​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល ដែល​ជារូបិយប័ណ្ណ​ជាតិ គឺ​ជា​រឿង​ចាំ​បាច់ ដែល​គួរ​ពិចារណា​ ព្រោះ​ថា វា​​ជា​​ការ​គ្រប់គ្រង​នយោបាយ​រូបិយវត្ថុ​យ៉ាងពេញលេញ​ដោយ​ខ្លួនឯង។ ការ​ចាយ​ប្រាក់​រៀល ​មិនត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​​មោទកភាព​របស់​ជាតិ​ខ្មែរ​ទាំងមូល​ផងដែរ ព្រោះ​រូបិយប័ណ្ណ​ជាតិ ជា​និមិត្ត​រូប​ដ៏​សំខាន់​មួយ​នៃ​អធិបតេយ្យ​ជាតិ​។ ដូច្នេះ ​ដើម្បី​ឲ្យ​លុយរៀល​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន និង​ជា​មោទកភាព​របស់​ជាតិ​ខ្មែរ​បាន រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ដាក់ចេញ​នូវ​នយោបាយ ដើម្បី​ស្តារ​ទំនុកចិត្ត​លើ​លុយរៀល​ឡើងវិញ​។ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ពង្រឹង​ទំនុក​ចិត្ត​លើ​ប្រាក់​រៀល​ក្នុង​ចំណោម​ប្រជាពលរដ្ឋបាន នៅ​ពេល​នោះ ឥទ្ធិពល​របស់​ប្រាក់​ដុល្លារ​នឹង​ថយ​ចុះ​ជា​បណ្ដើរ​ៗ និង​ជា​ស្វ័យ​ប្រវត្តិ​។ ការ​លើក​ដម្កើង​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​នៅ​តាម​ធនាគារ​ក្នុង​ស្រុក ក៏​ដូច​ជា​ការ​កំណត់​ការ​ទូទាត់​ជា​ប្រាក់​រៀល ក៏​ជា​មធ្យោបាយ​ក្នុង​ការ​ធ្វើ​បដិ​ដុល្លារ​រូបនីយកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែរ​។ ការ​ប្រើ​ប្រាស់​ប្រាក់​រៀល ប្រសិន​បើអាច​​ធ្វើ​បាន​យ៉ាង​ទូលំទូលាយ នោះ​វា​នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ អធិបតេយ្យ​ភាព និង​ឯក​រាជភាពនៃ​នយោបាយរូបិយវត្ថុ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​ផ្ដល់​ការ​​គាំទ្រដល់​ការ​ស្តារ និង​ពង្រឹងភាពធន់​នៃ​សេដ្ឋកិច្ចខ្មែរ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​ផង​​​៕
8/15/20225 minutes, 39 seconds
Episode Artwork

សារជូនពរខួបកំណើត៖ លោក សម រង្ស៊ី ចង់ព្រលយឲ្យលោក ហ៊ុន សែន ចូលនិវត្តន៍ក្នុងវ័យ៧០ឆ្នាំ

ជា​រឿងដ៏​ចម្លែក នៅ​ពេល​ដែល​លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ដែល​តែង​តែ​រិះគន់ បរិហារ និង​ថ្កោល​ទោស​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ស្រាប់​តែ​ផ្ញើ​សារ​ជូនពរ​លោក ហ៊ុន សែន​។ ជា​សារ​ជូន​ពរ​លោក ហ៊ុន សែន នា​ឱកាស​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ចម្រើន​វ័យ​បាន​៧០​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​០៥​ខែ​សីហា​សប្ដាហ៍​មុន​។ សារ​របស់​លោក សម រង្ស៊ី បើ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ទៅ ពុំ​មាន​ភាព​ស្មោះ​ត្រង់​ទេ តែ​វា​បង្កប់​ទៅ​ដោយ​ន័យ​នយោបាយ ដៀមដាម​ដល់​អ្នក​នយោបាយ​ខ្មែរ​​វ័យ​ចំណាស់។ ​អ្នក​នយោបាយ​ខ្មែរ​​វ័យ​ចំណាស់ ដែល​លោក សម រង្ស៊ី ប្រាប់​ឲ្យ​ឈប់​ក្រាញ​អំណាច ហើយ​នាំ​គ្នា​​ចូល​និវត្តន៍​ចាប់​ពី​អាយុ​៧០​ឡើង​ទៅ​​។ មែន​ទែន​ទៅ វា​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក សម រង្ស៊ី អ្នក​នយោបាយ​ប្រឆាំង​ចាស់​វស្សា ស្នើ​ឲ្យ​មាន​ការ​រៀបចំ​ច្បាប់ ដើម្បី​ឲ្យ​អ្នក​នយោបាយ​ខ្មែរ ចូល​និវត្តន៍ចាប់​ពី​អាយុ​៧០​ឆ្នាំ​ឡើង​ទៅ​។ កាល​ពី​ថ្ងៃ​ទី​០៨ ​ខែ​តុលា​ ឆ្នាំ​២០២១ លោក សម រង្ស៊ី បាន​បង្ហោះ​លិខិត​មួយច្បាប់ ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​លោក ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បង្កើត​ច្បាប់​ឲ្យ​នាយក​រដ្ឋ​មន្ដ្រី រដ្ឋ​មន្ដ្រី និង​អ្នក​កាន់​តំណែង​ក្នុង​មុខ​ងារ​សាធារណៈ​ទាំង​អស់ ចូល​និវត្តន៍ចាប់​ពី​អាយុ​៧០​ឆ្នាំ​ឡើង​ទៅ​។ នៅ​ក្នុង​លិខិត​នោះ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ពន្យល់​ថា ច្បាប់​ដែល​លោក​ស្នើ​នេះ ចាំ​បាច់​ណាស់ ដើម្បី​លើក​តម្កើង​តួនាទី និង​លើក​ទឹក​ចិត្ត​យុវជន​ជំនាន់​ក្រោយ ឲ្យ​មាន​ឱកាស​បង្ហាញ​សមត្ថភាព និង​ស្នាដៃ​របស់​ខ្លួន ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​គ្រប់​ជាន់​ថ្នាក់​។ ងាក​មក​លិខិត​ចុង​ក្រោយ​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​សុក្រ ទី​០៥ ខែ​សីហា ថ្មី​ៗ​នេះ​វិញ​។ ដ្បិត​តែ​មាន​អត្ថន័យ​ដូច​គ្នា​ទៅ​នឹង​លិខិត​កាល​ពី​ឆ្នាំ​២០២១ ប៉ុន្តែ​ការណ៍​ដែល​លោក សម រង្ស៊ី ភ្ជាប់​រឿង​នេះ ទៅ​នឹង​ឱកាស​ខួប​កំណើត​វ័យ​៧០​ឆ្នាំ​របស់​លោក ហ៊ុន សែន វា​មាន​ន័យ​ឌឺដង​ចំពោះ​លោក ហ៊ុន សែន​ និង​ជា​ការ​ចាក់​សាំង​លើ​រងើក​ភ្លើង​ដែលសឹង​តែ​ស្ងប់​ទៅ​ហើយ។ គិត​ត្រឹម​ឆ្នាំ​២០២២​នេះ​ លោក ហ៊ុន សែន មាន​វ័យ​៧០​ឆ្នាំ​។ លោក​ជា​មេដឹកនាំ​ដែល​កាន់​តំណែង​យូរ​បំផុត​ម្នាក់ ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ ដោយ​បាន​កាន់​តំណែង​​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៨៥​មក។ បើ​ទោះ​បី​ជា​កាន់​តំណែង​ជា​មេ​ដឹក​នាំ​កម្ពុជា ជិត​៤​ទសវត្ស​ហើយ​ក៏​ដោយ ក៏​លោក ហ៊ុន សែន នៅ​តែ​ប្រកាន់​ជំហរ​បន្ត​ដឹក​នាំ​កម្ពុជា​ត​ទៅ​ទៀត ប្រសិន​បើ​សុខភាព​របស់​លោក​នៅតែ​អំណោយ​ផល​។ ចំពោះ​សំណើ​របស់​លោក​សម រង្ស៊ី មែន​ទែន​ទៅ លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់​បាន​ឆ្លើយ​តប​រួច​ទៅ​ហើយ​។ កាល​ពី​ឆ្នាំ២០២១ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​ស្នើ​ច្បាប់​ដើម្បី​កំណត់​អាយុ​របស់​នាយករដ្ឋ​មន្ដ្រី ត្រឹម​៧០​ឆ្នាំ ទៅ​តាម​ការ​ចង់​បាន​របស់​គូ​ប្រជែង​នយោបាយ​របស់​លោក ដែល​កំពុង​រស់​នៅ​ឯ​ក្រៅ​ប្រទេស​។ គូ​ប្រជែង​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​លោក​មិន​ហៅ​ឈ្មោះ​ឲ្យ​ចំនោះ គឺ​គ្មាន​នរណា​ក្រៅតែ​ពី លោក សម រង្ស៊ី ឡើយ។ ពី​ខាង​លោក សម រង្ស៊ី ឯ​ណោះ​វិញ​។ លិខិត​ចុះ​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០២២ បាន​លើក​ឡើង​ពី​ការ​ពិត​មួយ​ប្រកែក​មិន​បាន​។ នោះ​គឺ នៅ​កម្ពុជា មាន​មន្ដ្រី​ក្នុង​មុខងារ​សាធារណៈ​ច្រើន​ណាស់ ដែល​នៅ​កាន់​តំណែង​នៅ​ឡើយ បើ​ទោះ​បី​ជា​មាន​វ័យ​ដល់​៧០​ឆ្នាំ ឬ​លើស​ពី​នេះ​ហើយ​ក៏​ដោយ​។ ការណ៍​នេះ បើ​តាម​លោក សម រង្ស៊ី វា​ធ្វើ​ឲ្យ​ជាប់​គាំង​ដល់​ការ​វិវត្តន៍​នៃ​មុខងារ​របស់​យុវជន។ យុវជន​ជំនាន់​ក្រោយ ដែល​មិន​អាច​ឡើង​បុណ្យ​សក្តិ​បាន ពី​ព្រោះ​ចាស់​ៗ​នៅ​ខាង​លើ ក្រាញ​អំណាច មិន​ព្រម​ដក​ខ្លួន​ចេញ​ពី​តំណែង​​ បើ​ទោះ​បី​ជា​ពួក​គាត់ថយ​ចុះ​កម្លាំង​កាយ និង​កម្លាំង​ប្រាជ្ញា​ក៏​ដោយ​ចុះ​។ ជា​ការ​ពិត ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដូច្នេះ មិន​ខុស​ទេ។ ប៉ុន្តែ​វា​ក៏​មិន​ត្រូវ​ទាំង​ស្រុង​ដែរ​។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​អ្នក​ដឹក​នាំ បាន​ត្រៀម​ជើង​ព្រួល​រួច​រាល់​យូរ​ក្រែល​ដែរ​ហើយ ក្នុង​ការ​បណ្ដុះ​បណ្ដាលអ្នក​បន្ត​វេន​របស់​ខ្លួន​។ ជាក់​ស្ដែង​ គណបក្ស​ប្រជាជន បាន​ព្រម​ព្រៀង​គ្នា​ជា​ឯកច្ឆន្ទ ជ្រើស​រើស​លោក ហ៊ុន ម៉ាណែត វ័យ​៤៤​ឆ្នាំ ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ឲ្យ​ក្លាយ​ជា​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​នា​ពេល​អនាគត​។ បើ​តាម​ការ​គូស​បញ្ជាក់​ពី​គណប្រជាជន ការ​បណ្ដុះ​បណ្ដាល​អ្នក​បន្ត​វេន​របស់​គណបក្ស​នេះ មិន​មែន​ធ្វើ​ឡើង​ត្រឹម​ជំនាន់​ទី​២​ទេ ប៉ុន្តែ​កំពុង​បណ្ដុះ​ដល់​ជំនាន់​ទី​៣​ថែម​ទៀត​។ ទាំង​នេះ គឺ​ជា​ការ​ត្រៀម​ខ្លួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជាគណបក្ស​កាន់​អំណាច​។ ចុះ​គណបក្ស​ដទៃ​ទៀត បាន​គូស​វាស​ផែន​ការ​យុទ្ធសាស្ត្រ​អ្វី​ខ្លះ​ហើយ សម្រាប់​ពេល​អនាគត​? ប្រសិន​បើ​កម្ពុជា នា​ពេល​អនាគត នឹង​រៀបចំ​ច្បាប់​កំណត់​អាយុ​ចូល​វិវត្តន៍​របស់​អ្នក​នយោបាយ ចាប់​ពី​៧០​ឡើង​ទៅ តើ​គណបក្ស​នយោបាយ​ដទៃ​ទៀត រួម​ទាំង​គណបក្ស​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​ផង​នោះ មាន​អ្នក​បន្ត​វេន​ប្រកប​ដោយ​សក្ដានុពល​ហើយ​ឬ​នៅ? មួយ​វិញទៀត លោក សម រង្ស៊ី ត្រូវ​ដឹង​ថា នៅ​ពេល​ដែល​កម្ពុជា​រៀបចំ​ច្បាប់​កំណត់​អាយុ​ចូល​និវត្តន៍​តាម​សំណើ​របស់​លោក នោះ​វា​មិន​ត្រឹម​តែ​បិទ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ជា​គូ​ប្រជែង​របស់​លោក សម រង្ស៊ី​ទេ។ ប៉ុន្តែ​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ខ្លួន​ឯង​ក៏​ត្រូវ​​ចប់​ដូច​គ្នា​ដែរ ខណៈ​ដែល​លោក សម រង្ស៊ី មាន​វ័យ៧៣​ឆ្នាំ​ទៅ​ហើយ​៕           ​
8/8/20225 minutes, 5 seconds
Episode Artwork

ហេតុអ្វីបានជាកម្ពុជានៅតែបន្តរងទណ្ឌកម្មពីអាមេរិកដោយសារបញ្ហា «ប្រជាធិបតេយ្យ»?

កាលពីសប្ដាហ៍មុន គណៈកម្មការ​កិច្ច​ការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា​។ ច្បាប់​នេះ មាន​ខ្លឹមសារ​ដាក់​ទណ្ឌកម្ម និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្ដ្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន ព្រម​ទាំង​អ្នក​ដែល​អាមេរិក​ចាត់​ទុក​ថា បាន​រួម​ចំណែក​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ជា​ការ​កត់​សម្គាល់ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា ដោយ​សារ​បញ្ហា​សិទ្ធិ​មនុស្ស និង «ប្រជាធិបតេយ្យ»។ តើអាមេរិក ​ចង់​ឲ្យ​កម្ពុជា​​ប្រកាន់​ប្រជាធិបតេយ្យ​បែប​ណា ទើប​​ពេញ​ចិត្ត? តើ​កម្ពុជា​គ្មាន​សិទ្ធិ​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ស្រប​តាម​បរិបទ​សង្គម​ខ្លួន​ឯង​ទេ​ឬ? តាមនិយមន័យ របបប្រជាធិបតេយ្យ គឺជាការដឹកនាំប្រទេសដោយគោរពសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋជាធំ។ នៅលើសកលលោកយើងនេះ មានប្រទេសច្រើនណាស់ដែលប្រកាន់យករបបប្រជាធិបតេយ្យ ប៉ុន្តែគឺមានតែក្រុមប្រទេសលោកខាងលិចទេ ដែលត្រូវបានគេចាត់ទុកថា ជាប្រទេសប្រជាធិបតេយ្យពេញលេញ។ ចំណែករបបប្រជាធិបតេយ្យនៅប្រទេសតូចៗ ដូចយ៉ាងនៅកម្ពុជាជាដើម ត្រូវគេពិនិត្យឃើញថា កំពុងដំណើរការក្រោមបរិបទដាច់ដោយឡែកមួយរបស់ខ្លួនឯង ដែលជារឿយៗ តែងតែទទួលបានការរិះគន់ពីសំណាក់ប្រទេសលោកខាងលិចថា «មិនប្រជាធិបតេយ្យ»។ មានមូលហេតុច្រើនយ៉ាង ដែលបណ្តាលឲ្យខ្លឹមសារប្រជាធិបតេយ្យនៅកម្ពុជា ត្រូវទទួលរងការរិះគន់ពីសំណាក់ប្រទេសលោកខាងលិច។ ដំបូងបង្អស់ គឺដោយសារតែកម្ពុជាមានប្រវត្តិនយោបាយ និងផ្នត់គំនិតសង្គមដោយឡែករបស់ខ្លួនខុសពីគេយ៉ាងខ្លាំង។ បើទោះបីជាប្រជាធិបតេយ្យជាវប្បធម៌នយោបាយដែលចាប់កំណើតជាយូរណាស់មកហើយក្ដី ប៉ុន្តែទម្លាប់នយោបាយនេះ មានប្រើប្រាស់ច្រើនតែនៅតាមប្រទេសលោកខាងលិចប៉ុណ្ណោះ។ ការទទួលយករបបប្រជាធិបតេយ្យមកប្រើប្រាស់ គឺជារឿងថ្មីណាស់សម្រាប់កម្ពុជា ដែលធ្លាប់ភ្លក់អស់ហើយ និងរងគ្រោះរាប់មិនអស់ហើយដែរ ដោយសាររបបដឹកនាំបែបផ្សេងទៀត។ ផ្នត់គំនិតចាស់ៗរបស់អ្នកនយោបាយ ក៏ជាមូលហេតុសំខាន់មួយដែរ។ អ្នកនយោបាយខ្មែរមួយចំនួន ដែលតែងតែចាត់ទុកខ្លួនឯងថា ជាអ្នកដែលមានសិទ្ធិផ្តាច់មុខក្នុងការសម្រេចកិច្ចការទាំងឡាយរបស់ប្រទេសជាតិនោះ បានដិតដាមយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ។ បើទោះជាដោយចេតនា ឬ អចេតនាក្តី ពួកគេហាក់ពិបាកនឹងបន្សាំខ្លួនទៅនឹងវប្បធម៌នយោបាយប្រជាធិបតេយ្យ ដែលផ្តល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋជាធំ។ ចំណែកប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់តែផ្ញើវាសនាទាំងស្រុងទៅលើអ្នកនយោបាយនោះក៏នៅមិនទាន់ស៊ាំនឹងវប្បធម៌ប្រជាធិបតេយ្យនៅឡើយដែរ ជាពិសេសទាក់ទងនឹងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនតែម្ដង។ យ៉ាងណាក៏ដោយ គេត្រូវទទួលស្គាល់ថា កម្ពុជាត្រូវការពេលដើម្បីធ្វើឲ្យប្រជាធិបតេយ្យរបស់ខ្លួនមានភាពចាស់ទុំ។ ហើយគេក៏ត្រូវតែទទួលស្គាល់ការពិតមួយទៀតដែលថា ប្រទេសមួយមិនអាចចម្លងគំរូប្រជាធិបតេយ្យទាំងស្រុងពីប្រទេសមួយទៀតមកអនុវត្តបានឡើយ។ សូម្បីតែលោកខាងលិច ដែលអ្នកខ្លះហៅថាជា «បិតាប្រជាធិបតេយ្យ» នោះ ក៏អនុវត្តប្រជាធិបតេយ្យតាមរបៀបខុសៗគ្នាដែរ ពីព្រោះប្រទេសនីមួយៗ មានវប្បធម៌ ប្រពៃណី និងទម្លាប់រស់នៅរបស់មនុស្សខុសៗគ្នា។ ប៉ុន្តែ ការផ្តេកផ្តួលទៅលើតែពេលវេលាខ្លាំងពេកអាចនឹងក្លាយជាលេសក្នុងការលួងចិត្ត ដើម្បីបិទបាំងភាពយឺតយ៉ាវនៃការអភិវឌ្ឍប្រទេសក៏ថាបាន។ ដូច្នេះ ដល់ពេលហើយដែលកម្ពុជាគួរទម្លុះទម្លាយរនាំងទាំងនេះចោល។ ទោះបីជាមិនអាចចម្លងពុម្ពគំរូប្រជាធិបតេយ្យពីប្រទេសណាមួយទាំងស្រុងបានក៏ដោយ ក៏កម្ពុជាអាចទាញយកចំណុចល្អៗមួយចំនួនពីប្រទេសប្រជាធិបតេយ្យដទៃទៀត មកស្លឲ្យចេញជាប្រជាធិបតេយ្យរបស់ខ្លួន ដោយរៀនសូត្រនិងទាញយកចំណុចល្អមួយចំនួនពីប្រទេសមួយទៀតមកអនុវត្តបាន។ របបប្រជាធិបតេយ្យ មានសម្រស់នៅពេលដែលវាត្រូវបានអនុវត្តស្របតាមទ្រឹស្តី និងអនុលោមទៅតាមវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងទម្លាប់នៃការរស់នៅនៃប្រទេស។ ការងារទាំងពីរនេះ ត្រូវដើរទន្ទឹមគ្នាជាចាំបាច់ ដោយមិនអាចខ្វះមួយណាបានឡើយ។ អ្នកដែលប្រាថ្នាចង់ចម្លងទាំងស្រុងនូវគំរូប្រជាធិបតេយ្យរបស់ប្រទេសលោកខាងលិច មកអនុវត្តនៅកម្ពុជានោះ គឺពិតជាមិនអាចទៅរួចឡើយ។ ចំណែក អ្នកដែលប្រកាន់គំនិតអភិរក្សនិយមជ្រុលដោយបដិសេធមិនទទួលយកគំរូពីប្រទេសណាទាំងអស់នោះក៏មិនត្រឹមត្រូវដែរ៕
8/1/20223 minutes, 56 seconds
Episode Artwork

ហេតុអ្វីបានជាសង្គមស៊ីវិលនិងពលរដ្ឋមួយចំនួនមិនទុកចិត្តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ?

រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ត្រូវកម្ពុជាធ្វើវិសោធនកម្មលើកទី១០ នៅខែកក្កដា ឆ្នាំ២០២២នេះ។ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានការពារការធ្វើវិសោធនកម្មលើកនេះ ថាជា​ការបំពេញបន្ថែមនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីការពារឧត្តមប្រយោជន៍ជាតិ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសសង្គមស៊ីវិល និងគណបក្សដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល បានសម្ដែងការមិនពេញចិត្ត និងមិនទុកចិត្តចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះឡើយ។ តើហេតុអ្វីបានជាដូច្នេះ?   វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ធ្វើឡើងដោយកែប្រែមាត្រាចំនួន៦ និងចែងបន្ថែមថ្មីចំនួន២មាត្រា។ មាត្រាទាំងនោះ រួមមាន៖ មាត្រា១៩ថ្មី មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ មាត្រា១១៩ថ្មី និងមាត្រា១២៥ រួមនឹងមាត្រា៣ និងមាត្រា៤នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលមាត្រាទាំងនេះ ពាក់ព័ន្ធនឹងការតែងតាំងនាយករដ្ឋមន្ត្រី និងដំណើរការក្នុងរដ្ឋសភា។ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានការពារការធ្វើវិសោធនកម្មលើកនេះ ថាជា​ការបំពេញបន្ថែមនូវចន្លោះ​ខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីការពារឧត្តមប្រយោជន៍ជាតិ។ និងថា ការណ៍ដែលកម្ពុជាកែរដ្ឋធម្មនុញ្ញ គឺក្នុងគោលបំណងធ្វើយ៉ាងណាឲ្យច្បាប់កំពូលរបស់ប្រទេសនេះ មានភាពពេញលេញល្អជាងមុន មិនខុសពីប្រទេសផ្សេងៗនោះទេ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសសង្គមស៊ីវិល និងគណបក្សដែលមាននិន្នាការប្រឆាំង​នឹងរដ្ឋាភិបាល បានសម្ដែងការមិនពេញចិត្ត និងមិនទុកចិត្តចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីសំណាក់​រដ្ឋាភិបាលកម្ពុជានាពេលនេះ។ ហេតុអ្វី? ដើម្បីឆ្លើយនឹងសំណួរនេះ គេគួរបង្វិលពេលវេលាទៅក្រោយ ទៅមើលវិសោធនកម្មមុនៗនៃរដ្ឋធម្មនុញ្ញកម្ពុជា។ នៅក្នុងឆ្នាំ១៩៩៩ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានធ្វើឡើងដើម្បីបង្កើតស្ថាប័នព្រឹទ្ធសភា។ ការបង្កើតស្ថាប័ន ព្រឹទ្ធសភាកាលណោះ បានជួយស្រោចស្រង់វិបត្តិនយោបាយនៅកម្ពុជា ដែលជាប់គាំងដោយសារតែគណបក្ស រាជានិយមហ្វ៊ុនស៊ីនប៉ិច និងគណបក្សប្រជាជនកម្ពុជា មិនអាចចែកអំណាចគ្នាបាន ក្រោយការបោះឆ្នោតជាតិ ឆ្នាំ១៩៩៨។ លុះមកដល់ឆ្នាំ២០០៣ ការជាប់គាំងនយោបាយបានកើតឡើងម្ដងទៀត ហើយវិបត្តិលើកនេះស៊ីពេលដល់ទៅជិត មួយឆ្នាំ។ ដើម្បីទម្លុះទម្លាយការជាប់គាំងនយោបាយ វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើឡើងម្ដងទៀតនៅឆ្នាំ២០០៦ ផ្លាស់ប្ដូរពីការអនុម័តដើម្បីបង្កើតរដ្ឋាភិបាលថ្មីដោយសំឡេង២ភាគ៣ មកជាសំឡេងភាគច្រើនដាច់ខាត ឬ៥០%បូក១។ ចំណែកវិបត្តិនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ ក៏បានជំរុញឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែរ។ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកនោះ ធ្វើឡើងក្នុងឆ្នាំ២០១៤ ដើម្បីផ្តល់​ធម្មនុញ្ញភាព​ដល់​សមាសភាព​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការឆ្នោត​ ស្របតាមគណបក្សនយោបាយដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុត ចំនួន២ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ នោះគឺគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ដែលកាលណោះនៅជាគណបក្សប្រឆាំង និងដែលមិនទាន់ត្រូវតុលាការរំលាយចោល​នៅឡើយ។ ដោយឡែក វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី៩ ធ្វើឡើងកាលពីចុងឆ្នាំ២០២១ ដើម្បី​រឹតបន្តឹង​បន្ថែម​លើ​តំណែងអ្នក​ដឹកនាំ​កំពូលៗ​ចំនួន៤ គឺ​នៅ​រដ្ឋាភិបាល​ រដ្ឋសភា​ ព្រឹទ្ធសភា​ និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ វិសោធនកម្ម​ថ្មី​នេះ​ កំណត់​ថា ​ប្រធាន​ព្រឹទ្ធសភា ​ប្រធាន​រដ្ឋសភា ​នាយក​រដ្ឋមន្ត្រី ​និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ។ សម្រាប់ប្រជាពលរដ្ឋអ្នកតាមដាននយោបាយ អ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួន ការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញនៅកម្ពុជា ដូចដែលបានលើកឡើងអម្បាញ់មិញនេះ ដ្បិតតែមានភាពត្រឹមត្រូវតាមផ្លូវច្បាប់ ប៉ុន្តែសុទ្ធតែធ្វើឡើងក្រោមហេតុផលនយោបាយ។ ជាភាពចាំបាច់ផ្នែកនយោបាយ ជាប្រតិកម្មចំពោះនយោបាយ ឬការសម្របសម្រួលនយោបាយ។ បើពុំដូច្នោះទេ គឺធ្វើឡើងក្រោមឥទ្ធិពលនយោបាយ ឬកំហឹងនយោបាយ និងពុំបានឆ្លុះបញ្ចាំងពី​ឆន្ទៈ​របស់ប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយនោះឡើយ។ គឺដោយសារតែហេតុនេះហើយ ទើបបានជាវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នាពេលនេះ នៅបន្តស្ថិតក្នុងស្រមោល នៃក្ដីសង្ស័យពីសំណាក់ប្រជាពលរដ្ឋ អ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួន។ សម្រាប់ពួកគេ ដូចលើកមុនៗដែរ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នាពេលនេះ ធ្វើឡើងដើម្បីបម្រើផលប្រយោជន៍នៃមនុស្សមួយក្រុមតែប៉ុណ្ណោះ។ លើសពីនេះ វាថែមទាំងធ្វើឲ្យរដ្ឋសភា ដែលជាស្ថាប័ននីតិបញ្ញត្តិរបស់រដ្ឋ មានអំណាចខ្សោយជាងមុនថែមទៀត។ រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស និងត្រូវតែមានភាពបត់បែន ស្របតាមសេចក្ដីត្រូវការនិងការវិវត្តរបស់សង្គម​ជាតិ។ គឺដោយហេតុនេះហើយ ទើបរដ្ឋធម្មនុញ្ញ បើកផ្លូវឲ្យមានការធ្វើវិសោធនកម្ម។ ការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​នៅ​ពេល​ប្រទេស​ជាតិឋិត​ក្នុង​ភាព​អាសន្នទេ​។ ហើយការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ មិន​អាច​ធ្វើ​បាន​ឡើយ​កាល​បើ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ និង​របប​រាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ។ នេះគឺជាគោលការណ៍គ្រឹះដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ បើមើលពីទិដ្ឋភាពច្បាប់ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាទាំង១០លើកនៅកម្ពុជា គឺធ្វើឡើងយ៉ាងត្រឹមត្រូវ ដោយគ្មាននរណាអាចប្រកែកបានឡើយ។ ប៉ុន្តែបើមើលពីទិដ្ឋភាពនយោបាយវិញ ជារឿយៗ ការធ្វើវិសោធនកម្ម ត្រូវបានចោទប្រកាន់ថា ជាការឆ្លើយតបទៅនឹងភាព​ចាំបាច់​ខាងផ្នែក​នយោបាយ​ ជាជាង​ភាពចាំបាច់​ផ្លូវ​ច្បាប់​ ដែលនេះ វាបានបង្កើតឲ្យមានវិបត្តិធម្មនុញ្ញនៅកម្ពុជា។ វិបត្តិធម្មនុញ្ញនៅកម្ពុជា អាចបិទបញ្ចប់បាន នៅពេលកម្ពុជា មានក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឯករាជ្យ​ពិតប្រាក។ គឺមានតែ​ក្រុមប្រឹក្សាធម្មនុញ្ញ​តែមួយគត់​ដែលជា​អ្នក​បកស្រាយ​​ផ្លូវការ​និង​បិទផ្លូវ​តវ៉ា។ ​មានន័យថា បើ​ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ​បែបណា ទាំងអស់​គ្នា​ត្រូវតែ​ទទួលយក​និង​អនុវត្ត​ទៅតាម​នោះ។ ការបកស្រាយ​ផ្ទុយ​ពីនេះ​គ្មាន​តម្លៃ​ខាង​ផ្លូវច្បាប់​ឡើយ។ ប៉ុន្តែ បញ្ហា​នៅត្រង់ថា ដោយសារតែ​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវគេ​មើលឃើញថា ​លម្អៀង​ទៅរក​បក្ស​កាន់អំណាច ហេតុ​ដូច្នេះហើយ​បានជា​ការបកស្រាយ​រប​ស់​ស្ថាប័ន​នេះ ​មិន​ត្រូវបាន​នយោបាយប្រឆាំង​​ឬ​ក្រុម​សង្គមស៊ីវិលមួយចំនួន​ទទួលយក​ឡើយ ពី​ព្រោះ​ពួកគេ​ចាត់ទុក​ការបកស្រាយ​នោះ​ថា ​មាន​ចរិត​ការពារ​បក្ស​កាន់អំណាច។ ដូច្នេះ មិន​ខុសពី​ប្រព័ន្ធតុលាការ​ទេ ការធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឯករាជ្យ​ពិតប្រាកដ គឺជា​គន្លឹះ​តែមួយគត់​ឈានទៅ​បំបាត់​វិបត្តិ​ធម្មនុញ្ញ​នៅ​កម្ពុជា។ តើ​ពេលណា​ទើប​កម្ពុ​ជាមាន​ស្ថាប័ន​ជាតិកំពូលៗបែងចែក​ដាច់ពីគ្នា​ដោយ​មិន​ចំណុះ​ឲ្យ​បក្ស​នយោបាយ​? ផ្លូវ​ទៅកាន់​គោលដៅ​នេះ​ជិត​ឬ​ឆ្ងាយ​អាស្រ័យ​លើ​ឆន្ទៈ​របស់​អ្នក​នយោបាយ ​​ដែល​ត្រូវ​ថ្លឹងថ្លែង​រវាង​ប្រយោជន៍​នយោបាយ​និង​ប្រយោជន៍​ជាតិ៕
7/18/202236 seconds
Episode Artwork

ឃាតកម្មលោកបណ្ឌិត កែម ឡី៖ សម្រែកដង្ហោយរកយុត្តិធម៌នៅតែឮសូររងំ

ថ្ងៃ​ទី​១០​ខែ​កក្កដាម្សិលមិញ​នេះ គឺ​ជា​ខួប​គម្រប់​៦​ឆ្នាំ​គត់ នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក កែម ឡី អ្នក​វិភាគ​នយោបាយ​និង​សង្គម​ដ៏​ល្បី​ល្បាញ​។ នៅ​ក្នុង​សំណុំ​រឿង​នេះ តុលាការ​កម្ពុជា​ចាប់​តាំង​ពី​ថ្នាក់​ដំបូង​​ដល់​ថ្នាក់​កំពូល ​មាន​សេចក្ដី​សម្រេច​ដូច​គ្នា គឺ​​ផ្ដន្ទាទោស​ខ្មាន់​កាំភ្លើង​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ សម្រាប់អ្នក​គោរព​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី ការ​ផ្ដន្ទាទោស​ឃាតករ​ឈ្មោះ ​ជួប សម្លាប់ គឺ​ជា​យុត្តិធម៌​សម្រាប់​តែ​​​ខ្មាន់​កាំភ្លើងប៉ុណ្ណោះ មិន​មែន​​សម្រាប់​​លោក កែម ឡី ឡើយ ហើយ​ពួក​គេ​នៅ​តែ​បន្ត​​ដង្ហោយ​រក​យុត្តធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ជា​រៀង​រាល់​ឆ្នាំ​​​​​។ គិត​រហូត​មក​ទល់​ខែ​កក្កដា​ឆ្នាំ​២០២២​នេះ លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ដ៏​ល្បី​ឈ្មោះ បាន​លា​ចាក​ពី​លើ​លោក​នេះ​អស់​រយៈ​ពេល៦​ឆ្នាំ​មក​ហើយ​។ ៦​​ឆ្នាំ​កន្លង​មក​នេះ សម្រែក​ទាមទារ​រក​យុត្តិធម៌​នៅ​តែ​បន្លឺ​ឡើងជាប់​​ជា​ប្រចាំ បើ​ទោះ​បី​ជា​តុលាការ បាន​សម្រេច​ផ្ដន្ទាទោស​ខ្មាន់​កាំភ្លើង​ដែល​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី រួច​ហើយ​ក៏​ដោយ​។ ជួប សម្លាប់ ឬ អឿត អាង ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ រហូត​ដល់​តុលាការ​កំពូល ចេញ​សាល​ដីកា​​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​បទ​កាន់​កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត​។ ចំពោះ​​សំណុំ​រឿង​ទូទៅ សាលដីកា​​គឺ​ជា​សេចក្ដី​ប្រកាស​ពី​យុត្តិធម៌​។ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​កត់​សម្គាល់​ថា យុត្តិធម៌​ដែលត្រូវ​បាន​ប្រកាស​ក្នុង​សាលដីកា​របស់​តុលាការ​កំពូល គឺ​សម្រាប់ ​​ជួប ​សម្លាប់ ប៉ុណ្ណោះ​ មិនមែន​​​សម្រាប់​លោក កែម ឡី ទេ​។ នោះ​ក៏​ព្រោះ​តែ​ដំណើរការ​កាត់​សេចក្ដី​ក្នុង​សំណុំ​រឿង​នេះ តាំង​ពី​តុលាការ​ជាន់​ទាប រហូត​ដល់​តុលាការ​ជាន់​ខ្ពស់ ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​ភាគី​តែ​ម្ខាង គឺ​ភាគី​ជន​ជាប់​ចោទ​និង​មេធាវី​ការពារ​ក្ដី​។​ ខណៈ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ពិសេស​ភរិយា គឺ​លោក​ស្រី ប៊ូ រចនា បោះ​បង់​ចោល​សិទ្ធិ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី មិន​ចូល​តតាំង​ស្វែង​រក​យុត្តិធម៌​នៅ​តុលាការ​ឡើយ​។ សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​អ្នក​សង្កេតការណ៍ អវត្តមាន​នៃ​ដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​លោកស្រី ប៊ូ រចនា ឬ​មេធាវី​ការពារ​ក្ដី ធ្វើ​ឲ្យបាត់​បង់​យុត្តិធម៌​មួយ​ផ្នែក​សម្រាប់​លោក​បណ្ឌិត កែម ឡី​។ មែន​ទែន​ទៅ វា​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​នៅ​ពេល​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី មិន​ចូល​រួម​នៅ​ក្នុង​សវនាការ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​បន្ទោស​ពួក​គាត់​ណាស់​។ ពិបាក​បន្ទោស​ព្រោះ​​ហេតុផល​ពីរ​សំខាន់៖ ទី​១ ក្រោយ​ការ​បាត់​បង់​លោក​កែម ឡី វា​ជា​រឿង​ធម្មតា​ដែល​ក្រុម​គ្រួសារ​​បារម្ភ​ពី​​សុវត្ថិភាព​ផ្ទាល់​ខ្លួន​​។ និង​ទី​២ ភរិយា​លោក កែម ឡី គឺ​លោក​ស្រី ប៊ូ រចនា ធ្លាប់​បាន​បញ្ជាក់​កន្លង​មក​ហើយ​ថា លោក​ស្រី​គ្មាន​សង្ឃឹម​នឹង​ទទួល​បាន​យុត្តិធម៌​។ ដូច្នេះ វា​មិន​ចម្លែក​ទាល់​តែ​សោះ​ដែល​លោក​ស្រី​មិន​ចូល​រួម​សវនាការ ឬ​មិន​ចាត់​ចែង​មេធាវី​​ដើម្បី​ធ្វើ​ការងារ​ជំនួស​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គ្រាន់​តែ​អវត្តមាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី មិន​មែន​មាន​ន័យ​ថា យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ទាំង​ស្រុង​ដែរ​។ នៅ​ក្នុង​សំណុំ​រឿងព្រហ្មទណ្ឌ នៅ​មាន​អង្គ​អយ្យការ​ ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​​ចោទ​ប្រកាន់​បទ​ល្មើស ព្រម​ទាំង​​ដឹក​នាំ​ការ​ស៊ើប​អង្កេត​​។ កន្លង​មក នៅ​ក្នុង​សំណុំ​រឿង​លោក​បណ្ឌិតកែម ឡី គេ​កត់​សម្គាល់​ឃើញ​ថា អង្គ​អយ្យការ រួម​សហការ​ជាមួយ​សមត្ថកិច្ច​និងអាជ្ញាធរ​ពាក់ព័ន្ធ បាន​ធ្វើ​ការងារ​ច្រើន​ណាស់ ក្នុង​គោលដៅ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។ គ្រាន់​តែ​ការងារ​ដែល​បាន​ធ្វើ​កន្លង​មក​នោះ សង្គម​ស៊ីវិល​ដែល​តាម​ដាន​សវនាការ​យល់​ថា នៅមិន​ទាន់​គ្រប់​គ្រាន់ និង​នៅ​មាន​មន្ទិល​។ សម្រាប់​អង្គការ​សង្គម​ស៊ីវិល មាន​តែ​ការ​គាស់​កកាយ ស្រាវ​ជ្រាវ ស្វែង​រក និង​ដាក់​ទោស​ទណ្ឌ​លើ​​អ្នក​ពាក់ព័ន្ធ ឬ​អ្នក​នៅ​ពីក្រោយ​​សំណុំ​រឿង​​នេះ​ទេ ទើប​អាចផ្ដល់​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី បាន​។ បច្ចុប្បន្ន ការ​ស៊ើប​អង្កេត​បន្ត ដើម្បី​រក​អ្នក​លក់​កាំភ្លើង​ឲ្យ​ ជួប ​សម្លាប់, អ្នក​ទទួល​ឲ្យ ជួប សម្លាប់ ស្នាក់​នៅ​ក្នុង​ក្រុង​ភ្នំពេញ, និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង ជួប សម្លាប់ កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។ ប៉ុន្តែ​ដំណើរការ​នៃ​សំណុំ​រឿង​នេះ ហាក់​មិន​បាន​រំកិល​ទៅ​មុខ​សោះ​។ ក្នុង​ន័យ​នេះ អង្គ​អយ្យការ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ គួរ​តែ​រួម​​គ្នា​បង្ហាញ​ឲ្យ​អស់​ថ្វី​ដៃ វែក​រក​មុខ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ឲ្យ​សង្គម​ស៊ីវិល គ្រួសារ​ជន​រង​គ្រោះ និង​សាធារណជន ឃើញ​ថា តុលាការ​ខ្មែរ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី​។ និង​សំខាន់​ជាង​នេះ ដើម្បី​លាង​សម្អាត​ក្ដី​សង្ស័យ​និង​ការ​ចោទ​ប្រកាន់ដែល​​រដ្ឋាភិបាល​កម្ពុជា​យល់​ឃើញ​ថា ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​៕
7/11/20224 minutes, 39 seconds
Episode Artwork

ហេតុអ្វីពលរដ្ឋខ្មែរគួរពិចារណាអំពីការប្រើប្រាស់យានយន្តអគ្គិសនី?

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​មាន​លទ្ធភាព ងាក​ទៅ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី ជំនួស​យានយន្ត​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​។ លោក​បាន​ថ្លែង​ដូច្នេះ ក្នុង​ពេល​ដែល​ពិភពលោក​ទាំង​មូល កំពុង​ប្រឈម​នឹង​ការ​ឡើង​ថ្លៃ​នៃ​ប្រេង​ ដោយ​សារ​តែ​សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន​។ បើ​តាម​លោក ហ៊ុន សែន ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​នឹង​អាច​ជួយ​ឲ្យ​ពលរដ្ឋ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ប្រេងសាំង​បាន​។ តើ​ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី ពិត​ជា​ចំណេញ​ជាងមែន​ឬ? ហើយ​ថា​តើ​កម្ពុជា​មាន​លក្ខខណ្ឌ​អំណោយ​ផល​ប៉ុនណ្ណា​សម្រាប់​ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី? បើ​ទោះ​បី​ជា​កម្ពុជា​មិន​ទាន់​ជួប​វិបត្តិ​ខ្វះ​ប្រេង​ប្រើ​ប្រាស់​ដូច​ប្រទេស​មួយ​ចំនួន​ក្ដី ប៉ុន្តែ​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន យល់​ឃើញ​ថា វា​ល្មម​​ដល់​ពេល​​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​គិត​គូរ​អំពី​ការ​ផ្លាស់​ប្ដូរ​យានយន្ត​ដែល​ប្រើ​ប្រាស់​ប្រេង ទៅ​ប្រើ​យានយន្ត​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី​។ នោះ​ក៏​ព្រោះ​តែ​ប្រេង​ឥន្ធនៈ​នឹង​នៅ​តែ​មាន​តម្លៃ​ខ្ពស់ ឬ​អាច​នឹង​បន្ត​ឡើង​ថ្លៃ​ទៀត ខណៈ​សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន​នៅ​តែ​បន្ត​អូស​បន្លាយ​ ដោយ​គ្មាន​បង្ហាញ​សញ្ញា​ថា ​នឹង​អាច​បិទ​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ឡើយ​។ បើ​និយាយ​អំពីការ​ជំរុញ​ឲ្យ​ប្រើ​ប្រាស់​​យានយន្ត​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កម្ពុជា បាន​ចាប់​ផ្ដើម​ធ្វើ​ការងារ​នេះ​តាំងពី​មុន​ពេល​ដែល​មាន​បញ្ហា​ឡើង​ថ្លៃ​ប្រេង​សាំង​មក​ម្ល៉េះ​។ លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ធ្លាប់​បាន​បង្ហាញ​ពី​មោទកភាព​ចំពោះ​កំណើន​នៃ​ការ​ចុះ​បញ្ជី​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​។ នៅ​ក្នុង​រយៈ​ពេល​​៥​ខែ​ដើម​ឆ្នាំ​២០២២​នេះ មាន​ការ​ចុះ​បញ្ជី​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ចំនួន​៨៤​គ្រឿង ដែល​ចំនួន​នេះ កើន​ឡើង​ជាង​៨០០​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០២១​។ រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២១ ដែល​មាន​ការ​ចុះ​បញ្ជី​យានយន្ត​អគ្គិសនី​តែ​ចំនួន​៦​គ្រឿង​ប៉ុណ្ណោះ​។ ហេតុអ្វី​បាន​ជា​ពលរដ្ឋខ្មែរ ដែល​មាន​លទ្ធភាព គួរតែ​ពិចារណាអំពីការប្រើប្រាស់យានយន្តអគ្គិសនី? ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី តិច​ឬ​ច្រើន វា​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ ក្នុង​ពេល​​ដែល​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា និយាយ​ដោយ​ឡែក និង​នៅ​ទូទាំង​ពិភពលោក និយាយ​ជា​រួម កំពុង​ឡើង​ថ្លៃ​។ នៅ​កម្ពុជា បើ​តាម​ការ​គូស​បញ្ជាក់​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ការ​បញ្ចូល​ថាមពល​អគ្គិសនី​យានយន្ត​ក្នុង​តម្លៃ​៤​ដុល្លារ អាច​ធ្វើ​ដំណើរ​បាន​១០០​គីឡូម៉ែត្រ ខណៈ​ការ​ចាក់​ប្រេង​ឥន្ធនៈ​យានយន្ត ត្រូវ​ចំណាយ​ជាង​១០​ដុល្លារ ឬ​លើស​ពី​នេះ​។ ទន្ទឹម​គ្នា​នេះ ពន្ធ​និង​អាករ​នាំ​ចូល​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ទទួល​បាន​ការ​អនុគ្រោះ​ពី​​រដ្ឋាភិបាល​កម្ពុជា ដោយ​កំណត់​យក​ត្រឹម​៦៣​ភាគរយ​ប៉ុណ្ណោះ ខណៈ​រថយន្ត​ប្រើ​សាំង ជាប់​ពន្ធ​អាករ​ជា​មធ្យម​ចំនួន​១២០​ភាគរយ​។ មួយ​វិញទៀត ការ​ប្រើ​ប្រាស់​យានយន្ត​ដើរ​ដោយថាមពល​អគ្គិសនី ជា​និន្នាការ​សកល ដែល​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​កំពុង​រុញ​ច្រាន​ឲ្យ​ទៅ​មុខ ដើម្បី​ជួយ​ដល់​បរិស្ថាន​ភព​ផែនដី​។ ជាក់​ស្ដែង​គណៈកម្មការ​អឺរ៉ុប ទើប​តែ​​សម្រេច​កាល​ពី​ថ្ងៃ​ទី​២៧​មិថុនា​ឆ្នាំ​២០២២​​កន្លង​ទៅ កំណត់វិធានការ​ហាមឃាត់​នូវរថយន្តដែលបំពាក់ដោយ​ម៉ាស៊ីនប្រើប្រេងសាំង ប្រេងម៉ាស៊ូត និង​រថយន្តហាយប្រ៊ីដ Hybride ចាប់​ពី​ឆ្នាំ​២០៣៥ត​ទៅ។ គ្រប់រថយន្តផលិតថ្មី លក់នៅ​លើ​ទីផ្សារអឺរ៉ុបទាំងអស់ គឺត្រូវតែជារថយន្តអគ្គិសនីទាំងស្រុង១០០ភាគរយ។​ ចំណែក​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​រយៈ​ពេល​វែង ស្ដី​ពី​អព្យាក្រឹត្យ​កាបូន​ឆ្នាំ​២០៥០ ដោយ​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​ក្នុង​អត្រា​៤០​ភាគរយ និង​ម៉ូតូ​អគ្គិសនី​ក្នុង​អត្រា​៧០​ភាគរយ​។ សរុប​មក​វិញ ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី មិន​ត្រឹម​តែ​ផ្ដល់​ផល​ចំណេញ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​អ្នក​ប្រើ​ប្រាស់​ក៏​អាច​រួម​ចំណែក​ជួយ​ដល់​បរិស្ថានភព​ផែនដី​​ផង​ដែរ​។ ដ្បិត​តែ​មាន​ផល​ចំណេញ ប៉ុន្តែ​​កម្ពុជា​នៅ​មិន​ទាន់​មាន​លក្ខខណ្ឌ​អំណោយ​ផល​ល្អ​សម្រាប់​ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​នៅ​ឡើយ​ទេ​។ នោះ​ក៏​ព្រោះ​តែ​កម្ពុជា​នៅ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់ដំណើរការ​នៃ​យានយន្ត​អគ្គិសនី ដូច​ជា​កន្លែង​ផ្ដល់​សេវាកម្ម គ្រឿង​បន្លាស់ កម្មករ​ជំនាញ និង​កន្លែង​បន្សល់​ថ្ម​។ ចំណែក​​​វិសាលភាព​នៃ​​ស្ថានីយ​សាក​ថ្ម​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​ទៀត​សោត ក៏​នៅ​មាន​កម្រិត ពុំ​ទាន់​មាន​លក្ខណៈ​ទូលំទូលាយ​​។ យ៉ាង​ណា​ក៏​ដោយ ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នេះ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន កំពុង​​ប្រឹង​ប្រែង​ខ្លាំង​ណាស់ ក្នុង​ការ​ដំឡើង​ស្ថានីយ​សាក​ថ្ម​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​។ ក្នុង​នោះ ក្រសួង​កំពុង​បន្ត​ស្វែង​រក​កិច្ច​សហការ​ពី​ក្រុមហ៊ុនប្រេង​ឥន្ធនៈ​ធំ​ៗ​នៅ​កម្ពុជា ក្នុង​ការ​បំពាក់​ឧបករណ៍​សម្ភារៈ​បញ្ជូល​ថាមពល​យានយន្ត​អគ្គិសនី​ឲ្យ​បាន​ច្រើន​​។ រហូត​មក​ទល់​ពេល​នេះ កម្ពុជា​មាន​គម្រោង​ដំឡើង​ស្ថាននីយ​សាក​ថ្ម​យានយន្ត​នៅរាជធានី​ភ្នំពេញ​ចំនួន​១០​​កន្លែង តាម​បណ្ដោយ​​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ចំនួន​​២​កន្លែង និង​នៅ​តាម​ផ្លូវ​ជាតិ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា ផ្លូវ​ជាតិ​លេខ​១ ផ្លូវ​ជាតិ​លេខ​៥ ផ្លូវ​ជាតិ​លេខ​៦ និង​ផ្លូវ​ជាតិ​លេខ​៧​ជា​ដើម​៕
7/4/20225 minutes, 5 seconds
Episode Artwork

ឈានដល់វ័យ៧១ឆ្នាំ៖ គណបក្សប្រជាជនកម្ពុជា ដើរដល់របត់ថ្មីនៃ «អ្នកបន្តវេន»

២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២​។ ថ្ងៃ​ទី​២៨​មិថុនា​ស្អែក​នេះ គឺ​ជា​​ខួប​លើក​ទី​៧១ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។ នា​ឱកាស​ខួប​គម្រប់​៧១​ឆ្នាំ គណបក្ស​​កាន់​អំណាច​​នៅ​កម្ពុជា ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ត្រូវ​ដើរ​ដល់​របត់​ថ្មី​ដ៏​សំខាន់​មួយ នោះ​គឺ របត់​ថ្មី​នៃ «​អ្នក​បន្ត​វេន»​។ អ្នក​បន្ត​វេន ដែល​គណបក្ស​ប្រជាជន​កម្ពុជា តាំង​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​លើ សម្រេច​គាំទ្រជា​ឯកច្ឆ័ន្ទ ​លើ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន​។ តើ​លោក ហ៊ុន ម៉ាណែត មាន​ប្រវត្តិ​យ៉ាង​ណា? ស័ក្តិសម​នឹង​តំណែង​ជា «អ្នក​បន្ត​វេន» នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ឬ​ទេ? និង​ថា​តើ ការ​សម្រេច​ឲ្យ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​អ្នក​បន្ត​វេន​​នេះ ជះ​ឥទ្ធិពល​យ៉ាង​ណា​ក្នុង​រង្វង់​គណបក្ស​ប្រជាជន​ខ្លួន​ឯង​?  ជាកូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ដែលកាន់​តំណែង​ជា​នាយករដ្ឋ​មន្ដ្រី​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៨៥ និង​ដែល​ថែម​ទាំង​​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន​ពី​លោក​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត មែន​ទែន​ទៅ ត្រូវ​ក្រាល​ដោយ​កម្រាល​ព្រំ​ក្រហម ​និង​រោយ​ដោយ​ស្រទាប់​ផ្កា​កូលាបរួច​ជា​ស្រេច ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ លោក ហ៊ុន សែន ធ្លាប់​បាន​បង្ហើប​ជា​សាធារណៈ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មកហើយ​ថា លោក ហ៊ុន ម៉ាណែត គឺ​ជា​បេក្ខភាព​ម្នាក់ នៅ​ក្នុង​ចំណោម​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​ ដែល​​គណបក្ស​ប្រជាជន​កម្ពុជា​កំណត់​គោល​ដៅ​ទុក ចំនួន​៤​នាក់​។ ប៉ុន្តែ​នៅ​ទី​បំផុត ភាព​ស្រពេច​ស្រពិលរលាយ​បាត់​ស្រមោល​។ ការ​បន្ត​វេន​ពី​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត​ បាន​ក្លាយ​ជា​ការ​ពិត​។ នៅ​ក្នុង​អង្គ​សន្និបាត​គណៈកម្មាធិការ​ការ​កណ្ដាល លើក​ទី​៤៣ គណបក្ស​ប្រជាជាជន​កម្ពុជា បាន​បោះ​ឆ្នោត​គាំទ្រ​ជា​ឯកច្ឆ័ន្ទ ដល់​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​នា​ពេល​អនាគត​។ ជា​បេក្ខជន​តែ​ម្នាក់​គត់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ លោក ហ៊ុន ណែត ក្នុង​វ័យ​៤៤​ឆ្នាំ បច្ចុប្បន្នជាអគ្គមេបញ្ជាការរងកង​ទ័ព និងជាមេបញ្ជាការកងទ័ពជើងគោក ទទួលបានការគាំទ្រពី​សមាជិក​គណៈកម្មាធិការ​កណ្ដាល ​ដែល​មាន​វត្តមាន​ទាំង​អស់​ចំនួន ៧៧៥សំឡេង​។ កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ជា​ការ​ពិត​ប្រកែក​មិន​បាន គឺ​ជា​បុគ្គល​លេច​ធ្លោ​ជាង​គេក្នុង​ចំណោម​ក្រុម​អ្នក​បន្ត​វេន​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ជា​ឧត្តម​សេនីយ៍​ឯក​ពាក់​ផ្កាយ​បី លោក ហ៊ុន ម៉ាណែត បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​​បណ្ឌិត​សភា​យោធា​អាមេរិក West Point និង​បាន​ទទួលសញ្ញាបត្រ​បណ្ឌិត​សេដ្ឋកិច្ច​ពី​សកលវិទ្យាល័យ Bristol នៃ​ប្រទេស​អង់គ្លេស​។ ក្រៅ​ពី​មុខ​ជំនាញ​ទាំង​ពីរ​នេះ លោក ហ៊ុន សែន ជាឪពុក ទើបបាន​បង្ហាញ​ជា​សាធារណៈអំពី​សំបុត្រ​មួយ​ច្បាប់ ​ដែល​លោក ហ៊ុន ម៉ាណែត ផ្ញើ​មក​ពិគ្រោះ​យោបល់អំពី​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​។ ចំពោះ​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នេះ​ទៀត​សោត លោក ហ៊ុន ម៉ាណែត សរសេរ​ប្រាប់​ឪពុក​របស់​ខ្លួន​ថា សូម​កុំ​ឱ្យ​ប្រាប់​នរណា​ឱ្យ​ដឹង​ឱ្យ​សោះ ព្រោះ​វា​ជា​ការ​សម្ងាត់​របស់​ខ្លួន​។ ម្យ៉ាង លោក ហ៊ុន ម៉ាណែត សរសេរ​ក្នុង​សំបុត្រ​បញ្ជាក់​ថា អ្នក​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម ត្រូវ​មាន​គ្រឹះ​ខាង​ទាហាន សេដ្ឋកិច្ច និង​នយោបាយ​ជា​ចាំ​បាច់​។ មហិច្ឆតា​ផ្នែក​នយោបាយ​របស់​លោក ហ៊ុន ម៉ាណែត នេះ គ្មាន​នរណា​ដឹង​ទាល់​តែ​សោះ រហូត​ទាល់​តែ​លិខិត​មួយ​ច្បាប់​នេះ​ត្រូវ​លោក ហ៊ុន សែន ជា​ឪពុក បង្ហាញ​ជា​សាធារណៈ​តាម​រយៈ​បណ្ដាញ​សង្គម​។ ក្រៅ​ពី​ចំណេះ​ជំនាញ​ទាំង​នេះ លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន​ មាន​មុខ​តំណែងគន្លឹះ​និង​ការ​ទទួល​ខុស​ត្រូវ​ជា​ច្រើន នៅ​ក្នុង​វិស័យ​យោធា និង​នៅក្នុង​ជួរ​គណបក្ស​ប្រជាជន។ នៅ​ក្នុង​វិស័យ​យោធា ក្រៅ​ពី​កាន់​តំណែង​ជាអគ្គមេបញ្ជាការរងកង​ទ័ព និងជាមេបញ្ជាការកងទ័ពជើងគោក លោក​ក៏​ជា​មេបញ្ជាការ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជា​ការ​រង​កង​អង្គរក្ស​។ ចំណែក​នៅ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត គឺ​ជា​សមាជិកវ័យ​ក្មេង​ជាង​គេ​នៃ​​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ជាប្រធាន​ចលនា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ចុង​ក្រោយ នៅ​ចុង​ឆ្នាំ​២០២០ កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន រូប​នេះ ត្រូវ​បាន​តែង​តាំង​ជា​អនុ​ប្រធាន​នៃគណៈ​ចលនា​មហាជន ដែល​ជា​តួនាទី​ធំ​មួយ​ទៀតក្នុង​គណបក្ស។ ទាំង​នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ការងារ​សង្គម ដែលលោក ហ៊ុន ម៉ាណែត និង​ភរិយា គឺ​លោក​ស្រី ពេជ្រ ច័ន្ទមុន្នី បានធ្វើ​យ៉ាង​សស្រាក់​សស្រាំ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​​កូវីដ​១៩​នៅ​កម្ពុជា នា​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ផង​​។ តាម​រយៈ​ចំណេះដឹង​និង​បទពិសោធ​ការងារ​ទាំង​អស់​នេះ វា​មិន​ចម្លែក​ទេ​ដែល លោក ហ៊ុន ម៉ាណែត ត្រូវ​អង្គ​សន្និបាត​នៃ​គណបក្ស​ប្រជាជន ផ្ដល់​សេចក្ដី​ទុក​ចិត្ត និង​បោះ​ឆ្នោត​អនុម័ត​ឱ្យ​ក្លាយ​ជា​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​បន្ត​ពី​លោក ហ៊ុន សែន​។ ការ​គាំទ្រ​នេះ បើ​ទោះ​បី​ជា​ធ្វើ​ដោយ​សេចក្ដី​ពេញ​ចិត្ត​ក៏​ដោយ ក៏​គេ​មើល​ឃើញ​ថា វាទំនង​ជា​​អាច​បង្ក​ឱ្យ​មាន​ភាព​ល្អក់​កករ​ខ្លះ​ដែរ​នៅ​ក្នុង​ជួរ​គណបក្ស​​កាន់​អំណាច​ ព្រោះ​សូម​កុំ​ភ្លេច​ថា ការ​ជ្រើស​តាំង​​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​អនាគត​នាយករដ្ឋ​មន្ដ្រី ធ្វើ​ឡើង​ដោយ​រំលងមន្ដ្រីជាន់​ខ្ពស់​ដ៏​មាន​ឥទ្ធិពល​ជា​ច្រើន​រូប​ទៀត ដែល​ធ្លាប់​ប្រថុយ​ជីវិត តស៊ូ​រំដោះ​ប្រទេស ប្រកៀក​ស្មា​នឹង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។ តើ​ការណ៍​នេះ ជះ​ឥទ្ធិពល​យ៉ាង​ដូច​ម្ដេច​ដល់​សាមគ្គីភាព​ផ្ទៃ​ក្នុង​របស់​គណបក្ស​កាន់​អំណាច? សំណួរ​នេះ ពិបាក​ឆ្លើយ​ដែរ​។ វា​អាស្រ័យ​ទាំង​ស្រុង​លើ​គណបក្ស​ប្រជាជន​។ ថា​តើ​គណបក្ស​នេះ តម្កល់​ផល​ប្រយោជន៍​អ្វី​ជា​ធំ? ផល​ប្រយោជន៍​បុគ្គល ផល​ប្រយោជន៍​សែ​ស្រឡាយ​បក្ស​ពួក​ខ្លួន ផល​ប្រយោជន៍​គណបក្ស​ទាំង​មូល ឬ​ផល​ប្រយោជន៍​​ប្រជាជាតិ? នេះ​គឺ​ជា​សមីកា​ដែល​គណបក្ស​ប្រជាជន​ខ្លួន​ឯង ត្រូវ​ដោះ​ស្រាយ​ដោយ​ប្រយ័ត្ន​ប្រយែង​ជា​ទី​បំផុត​។ សម្រាប់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ការ​សម្រេច​ឱ្យ​​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​អ្នក​បន្ត​វេន​ជា​ផ្លូវ​ការ​បន្ទាប់​ពី​រូប​លោក មិន​មែន​ធ្វើ​ឡើង​ដោយ​ប្រថុយ​ប្រថាន​នោះ​ទេ​។ ផ្លូវ​ទៅ​កាន់​ការ​កាន់​អំណាច​សម្រាប់​លោក ហ៊ុន ម៉ាណែត បាន​ត្រួស​ត្រាយ​រួច​ហើយ​។ ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ នៅ​ក្នុង​ផ្ទៃ​ក្នុង​បក្ស លោក ហ៊ុន សែន ទំនង​ជា​ត្រូវ​ធ្វើ​សម្បទាន​ច្រើន​ដល់​យុទ្ធមិត្ត​រួម​ជំនាន់​។ ចំណែក លោក ហ៊ុន ម៉ាណែត ខ្លួន​ឯង លោក​នៅ​មាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ មាន​បទ​ពិសោធ​ក្នុង​វិស័យ​ផ្សេង​ៗ​ទៀត​ដែល​ត្រូវ​ប្រឹង​ប្រែង​ប្រមែ​ប្រមូល ហើយ​នៅ​មាន​សេចក្ដី​ទុក​ចិត្ត​របស់​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​ស្វែង​រក​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប្រសិន​បើ​លោក​ចង់​ក្លាយ​ជា​នាយករដ្ឋ​មន្ដ្រី​ដ៏​មាន​ឥទ្ធិពល​របស់​កម្ពុជា តាម​រយៈ​ការ​បោះ​ឆ្នោត​នា​ពេល​អនាគត៕
6/27/20226 minutes, 40 seconds
Episode Artwork

លទ្ធផលឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាចជាម៉ែត្រវាស់ការបោះឆ្នោតសកល ២០២៣?

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បានបញ្ចប់ទៅហើយ នៅឡើយការប្រកាសលទ្ធផលផ្លូវការ ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ទោះជាមិនទាន់ប្រកាសលទ្ធផលផ្លូវការក៏ដោយ ក៏លទ្ធផលបណ្តោះអាសន្នបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចបានឈ្នះការបោះឆ្នោតនេះ ហើយគណបក្សប្រឆាំងសំខាន់ជាងគេគឺគណបក្សភ្លើងទៀន បានឈ្នះបន្ទាប់ ខណៈគណបក្ស១៥ផ្សេងទៀត បានសម្លេងតិចតួច បូកបញ្ចូលគ្នាមានគម្លាតដាច់ឆ្ងាយពីគណបក្សធំៗទាំងពីរខាងលើ។  តាមលទ្ធផលបណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រចំនួនជាង ៥,៣លានសម្លេង ហើយគណបក្សភ្លើងទៀនទទួលបានសម្លេងគាំទ្រចំនួនជាង ១,៦លានសម្លេង និងត្រូវគេប៉ាន់ស្មានទៅថាបានប្រមាណជាជាង ២ពាន់អាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងនោះក៏បានឈ្នះ ៤អាសនៈមេឃុំផងដែរ។ ក្រៅពីនេះ គណបក្សប្រជាជនកម្ពុជាយកស្ទើរតែទាំងអស់ក្នុងចំណោមអាសនៈឃុំ សង្កាត់សរុបចំនួន ១៦៥២ និងបានបែងចែកតិចតួចទៅគណបក្សក្រៅរដ្ឋាភិបាលចំនួន៧ផ្សេងទៀត។ លទ្ធផលឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ រួមនឹងអំណះអំណាងផ្សេងៗ ធ្វើឲ្យមានការទាញសមត្ថកម្មថា លទ្ធផលឆ្នោតពេលនេះ អាចឆ្លុះបញ្ចាំងខ្លះទៅនឹងការបោះឆ្នោតសំខាន់នៅឆ្នាំ២០២៣ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ កាលពីឆ្នាំ ២០១៨ ការបោះឆ្នោតសកលនៅកម្ពុជាមិនមានការចូលរួមពីគណបក្សប្រឆាំងគីឡូធ្ងន់ទេ ដោយហេតុថាគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយបន្ទាប់ពីមានការចោទប្រកាន់រឿងនយោបាយដ៏ស្រួចស្រាល់។ ហេតុដូច្នេះ អាសនៈរដ្ឋសភាទាំង១២៥ នៅឆ្នាំ២០១៨ ត្រូវបានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់។ វិលមកពិនិត្យមើលលទ្ធផលការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះវិញ គណបក្សប្រឆាំងថ្មីគឺគណបក្សភ្លើងទៀន ត្រូវគេមើលឃើញថានឹងអាចដើរតួនាទីសំខាន់ជាគណបក្សប្រឆាំងគីឡូធ្ងន់អាចចូលប្រកួតជាមួយគណបក្សកាន់អំណាចនៅឆ្នាំ ២០២៣បាន។ គណបក្សភ្លើងទៀន ត្រូវគេរំពឹងថានឹងអាចស្រូបទាញអាសនៈពីគណបក្សប្រជាជនបានវិញនៅក្នុងកំរិតមួយ បើទោះណាពេលនេះ សម្លេងប្រឆាំងតំណាងឲ្យ២០% នៅក្នុងការបោះឆ្នោតឃុំសង្កាត់ក៏ដោយ។   បើនិយាយពីសម្លេងប្រឆាំងវិញកាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ អតីតគណបក្សសង្គ្រោះជាតិទទួលបានប្រមាណជិត ៣,១លានសម្លេង ស្មើនឹង ៤៣,៨៣% ខណៈគណបក្សប្រជាជនទទួលបាន ៣,៥លានសម្លេង ស្មើនឹង ៥០,៧៦%។ ក៏ប៉ុន្តែលទ្ធផលប្រកៀកប្រកិតគ្នានេះ គឺអាស្រ័យដោយកាលណោះគណបក្សប្រឆាំងមានការរួបរួមគ្នាភ្លើងទៀន និងសិទ្ធិមនុស្ស។ ដូច្នេះការស្រោចស្រង់សម្លេងប្រឆាំងឲ្យត្រលប់មកដូចដើមវិញ និងអាចលើសពីនេះ នៅក្នុងការបោះឆ្នោតសកលនៅឆ្នាំក្រោយយ៉ាងណានោះ គឺវាអាចអាស្រ័យទៅលើកត្តាមួយចំនួន។ កត្តាទាំងនោះរួមមាន ការរួបរួមគ្នាឡើងវិញពីអ្នកប្រជាធិបតេយ្យ និងការជម្រុញឲ្យពលរដ្ឋដែលបានខកខានការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ ត្រលប់ទៅបោះឆ្នោតឲ្យបានភាគរយខ្ពស់។ ការរៀបចំខ្លួនឲ្យបានល្អ និងគ្រប់លក្ខណៈចូលរួមរបស់ក្រុមប្រឆាំងចាប់តាំងពីដំណើរការចុះឈ្មោះ រហូតដល់ការផ្ទៀងផ្ទាត់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោត និងការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជាដើម។ ការពន្យល់ផ្សព្វផ្សាយដល់ពលរដ្ឋបន្ថែមទៀតអំពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ដោះស្រាយភាពមន្ទិលជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលតែងតែមានការចម្រូងចម្រាសជាមួយបក្សប្រឆាំងឲ្យជ្រះស្រឡះ។ ក៏ប៉ុន្តែបក្សប្រឆាំងអាចនឹងមានការលំបាកខ្លះ ប្រសិនបើមេដឹកនាំសំខាន់ៗ ដែលជាតួអង្គនយោបាយលេចធ្លោ នៅតែជាប់ទោស និងរងបណ្តឹង ជាហេតុធ្វើឲ្យក្រុមប្រឆាំងប្រៀបបាននឹងពស់ដាច់ក្បាល។ ចំណុចមួយទៀត ដែលសំខាន់នោះ គឺ ការចរចានយោបាយទឹកចុងក្រោយមួយ ដោយមានការឃ្លាំមើលពីអន្តរជាតិឲ្យមេដឹកនាំសំខាន់ៗបក្សប្រឆាំងអាចវិលមកធ្វើនយោបាយឡើងវិញ នោះជាអ្វីដែលមានការំពឹងថាសម្លេងប្រឆាំងនឹងវិលមករកសភាពដើមវិញ។ ជាមួយគ្នានេះ គណបក្សប្រជាជនដែលគ្រោងនឹងបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួននៅថ្ងៃទី១៦ និង១៧ ខែកក្កដាខាងមុខ ក៏នឹងកំណត់យកយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីយកឈ្នះលើគូប្រកួតជាថ្មីដែរ តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ។ ថ្វីត្បិតតែលទ្ធផលរបស់គណបក្សកាន់អំណាចពេលនេះ មានភាពវិជ្ជមានច្រើន ក៏ប៉ុន្តែនៅមិនទាន់អាចកំណត់បានជាក់លាក់ និងបាត់បង់ការព្រួយបារម្ភទាំងស្រុងនោះទេ ប្រសិនបើគណបក្សចាស់វស្សាមួយនេះនៅមានចំណុចខ្សោយច្រើននៅតាមមូលដ្ឋាន។ គណបក្សកាន់អំណាចនឹងមិនអាចរក្សាសម្លេងរបស់ខ្លួនបានណែន និងគង់វង្សទេ ប្រសិនបើចំណុចខ្សោយមួយចំនួនមិនត្រូវបានកែប្រែ។ នោះគឺឥរិយាបទមិនល្អរបស់អាជ្ញាធរមូលដ្ឋាន។ អាជ្ញាធរមូលដ្ឋានដែលជាកូតាគណបក្សកាន់អំណាច មិនទាំងអស់ទេ នៅតែរងការរិះគន់ដដែល ចំពោះបញ្ហាសំខាន់ៗមួយចំនួន ដូចជាការផ្តល់សេវាសាធារណៈមិនបានល្អ អំពើពុករលួយ បញ្ហាគ្រឿងញៀន និងមូលដ្ឋានខ្លះទុកឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ថិតនៅរខេករខាក ស្ទះលូ លិចលង់ទឹកសំអុយនៅរដូវវស្សាជាដើម។ លើសពីនេះទៅទៀត មន្ត្រីរាជការដែលមានបុណ្យស័ក្តិ និងធនធានមួយចំនួនបង្ហាញចរិកមើលងាយមើលថោកពលរដ្ឋក្រីក្រនៅមូលដ្ឋាន បក្សពួកនិយម និងបង្ហាញពីនីទណ្ឌភាពជាសាធារណៈនៅពេលមានបញ្ហាជាមួយប្រជាពលរដ្ឋសាមញ្ញ ឬពលរដ្ឋក្រីក្រ ដែលទង្វើទាំងអស់នេះ គឺជាគោលដៅសំអប់របស់មហាជនទូទៅ ហើយដែលមានបង្ហាញតៗគ្នាលើបណ្តាញសង្គមផងដែរ។ មានចំណុចអយុត្តិធម៌ជាច្រើនទៀត ដែលជាទង្វើរបស់មន្ត្រីថ្នាក់ក្រោម និងថ្នាក់កណ្តាល ហើយថ្នាក់លើមិនបានដឹង ឬក៏ខ្លះបានដឹងដែរ តែស៊ុំគ្រលំការពារគ្នា។ ដូច្នេះបើគណបក្សកាន់អំណាចអាចចាត់វិធានការកាត់បន្ថយឥរិយាបទទាំងអស់នេះឲ្យបានជាអតិបរមា នោះទើបអាចរក្សាបានការគាំទ្រដ៏ស្ថិតស្ថេរមួយ និងប្រាកដថាលទ្ធផលដែលគណបក្សប្រជាជនទទួលបានអំឡុងពេលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ពេលនេះ បានឆ្លុះបញ្ចាំងពីជ័យជម្នះរបស់ខ្លួននៅឆ្នាំ ២០២៣៕
6/13/20226 minutes, 14 seconds
Episode Artwork

តើយុវជនគួរធ្វើបែបណាដើម្បីកុំឲ្យក្លាយខ្លួនជាឧបករណ៍របស់អ្នកនយោបាយ?

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​ទើប​តែ​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​យុវជន​ជា​ច្រើន នាំ​គ្នា​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​យល់​ដឹង​ពី​សិទ្ធិ​នយោបាយ​របស់​ខ្លួន ហើយ​មាន​សេចក្ដី​ក្លាហាន​បង្ហាញ​ពី​ជំហរ​នយោបាយ​របស់​ខ្លួន​យ៉ាង​បើក​ចំហ ទាំង​នៅ​តាម​ទី​សាធារណៈ និង​នៅ​លើ​បណ្ដាញ​សង្គម​។ ជា​ការ​ពិត ការ​ចូល​រួម​របស់​យុវជន​នេះ មិន​ត្រឹម​តែ​ផ្ដល់​ឲ្យ​យុវជន​នូវ​បទ​ពិសោធ​ការងារ​ជាក់​ស្ដែង​ទេ តែ​វា​ថែម​ទាំង​អាច​​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ទៀត​ផង​​។ ប៉ុន្តែគួរ​ឲ្យ​សោក​ស្ដាយ​ដែរ ដែល​នៅកម្ពុជា នៅ​តែ​មាន​អ្នក​នយោបាយ​ដែល​និយម​យក​យុវជន​ជា​ឈ្នាន់ ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​។ ក្នុង​បរិបទ​នេះ ​តើយុវជនប្រយ័ត្ន​ខ្លួន​យ៉ាង​ដូច​ម្ដេច ដើម្បីកុំឲ្យក្លាយខ្លួនជាឧបករណ៍របស់អ្នកនយោបាយ? 
6/6/20225 minutes, 38 seconds
Episode Artwork

ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ក្នុងបរិបទដែលពលរដ្ឋកាន់តែយល់ដឹងពីអំណាចនៃសន្លឹកឆ្នោតរបស់ខ្លួន

ការ​បោះឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់​​អាណត្តិ​​ទី​៥​ នឹ​ងឈានចូល​​មក​ដល់​​នៅ​​ថ្ងៃ​អាទិត្យ​​ ទី០៥​មិថុនា ចុងសប្ដាហ៍នេះហើយ។ ​ការិយាល័យ​​បោះឆ្នោត​​ នឹង​​បើក​ទ្វារ​​ចាប់ពី​​ម៉ោង​៧​ព្រឹក ​​ដល់​​ម៉ោង​៣​រសៀល ​ដើម្បី​​ទទួល​​អ្នក​បោះឆ្នោត​​ប្រមាណ​​ជាង​៩​លាន​​នាក់នៅទូទាំងប្រទេស។​ គណ​បក្ស​នយោបាយ​​ចំនួន​១៧​នឹង​​ប្រកួត​ប្រជែង​​យក​​តំណែង​​ក្រុម​ប្រឹក្សា​​ឃុំ​​សង្កាត់​​ចំនួន ​១ ៦៥២​ នៅ​​ទូទាំង​ប្រទេស។​ តើ​​អ្វី​​ទៅ​ជា​​ការ​បោះឆ្នោត​​ក្រុមប្រឹក្សា​​ឃុំ​​សង្កាត់?​ ហើយ​​ថា​តើ​​ការ​បោះឆ្នោត​​នេះ​​មាន​​សារៈ​សំខាន់​​អ្វី​ខ្លះ​​សម្រាប់​​ប្រទេស​​កម្ពុជា?​  ថ្ងៃអាទិត្យ​ ទី០៥មិថុនា ចុងសប្ដាហ៍នេះ ​គឺជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់អាណត្តិទី៥ ​នៅ​កម្ពុជា។ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាជាង៩លាន២សែន​នាក់ ​ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​រួចហើយ ​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​បោះឆ្នោត ​ជ្រើសរើស​មេដឹកនាំ​ថ្នាក់មូលដ្ឋាន​របស់ខ្លួន។ ការិយាល័យ​បោះឆ្នោត​ចំនួន​ ២៣ ៦០២កន្លែង ​នឹង​ចាប់ផ្តើម​បើកទ្វារ ​នៅ​ម៉ោង៧ព្រឹក​ហូត​ដល់​ម៉ោង​៣​រសៀល។  នេះ​ជាការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​លើក​ទី៥ហើយ ​សម្រាប់​ប្រទេស​កម្ពុជា។ ការបោះ​ឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​លើក​ទី១ ត្រូវរៀបចំធ្វើឡើង​កាលពី​ឆ្នាំ២០០២។ ក្រុ​មប្រឹក្សា​ឃុំ​សង្កាត់​មាន​អាណត្តិ៥ឆ្នាំ​ដូច​តំណាងរាស្ត្រ​ដែរ។ ការបោះឆ្នោត​លើក​នេះ​ មាន​គណបក្សនយោបាយ​ចំនួន១៧ បានចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​យក​តំណែង​ក្នុង​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចំនួន ១ ៦៥២ នៅ​ទូទាំងប្រទេស។ បេក្ខជន​ជាង៨ម៉ឺន​នាក់ ក្នុងនោះមានជាង២ម៉ឺននាក់ជាស្ដ្រី បាន​ឈរឈ្មោះ​ ឲ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស​ធ្វើជា​តំណាង​របស់​ពួកគេ។ បើយោងតាមរបាយការណ៍របស់គ.ជ.ប ក្នុងចំណោមគណបក្សនយោបាយទាំង១៧ មានគណបក្សនយោបាយចំនួន៤ ដែល មានបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ គ្រប់ចំនួន២៥ខេត្តក្រុង។ គណបក្សទាំង៤នោះរួមមាន៖​  គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ គឺជា​ការបោះឆ្នោត​សំខាន់​ទី២ បន្ទាប់ពី​ការបោះឆ្នោត​ជ្រើស​រើស​​តំណាងរាស្ត្រ។ ក្រុមប្រឹក្សាឃុំ​សង្កាត់ ​គឺជា​អ្នកដឹកនាំ​ថ្នាក់មូលដ្ឋាន ​ដែល​ទទួល​អំណាច​ពី​រដ្ឋាភិបាល​ តាមរយៈ​ការអនុវត្តគោលនយោបាយ​វិមជ្ឈការ​អំណាច​ថ្នាក់ជាតិ។ ក្រុមប្រឹក្សាឃុំ​សង្កាត់​នីមួយៗមាន​សមាជិក​ពី៥ដល់១១នាក់ ​ដែល​សមាមាត្រ​ទៅនឹង​ចំនួន​ប្រជាជន​នៅក្នុង​ដែន​រដ្ឋបាល​របស់ខ្លួន។ ក្រុមប្រឹក្សាឃុំ​សង្កាត់​ ដឹកនាំ​ដោយ​ប្រធាន​មួយរូប​ដែល​ត្រូវបាន​ជ្រើសរើស​ចេញពី​គណបក្ស​ដែល​ទទួលបាន​សំឡេងគាំទ្រ​ពី​ប្រជាជន​ច្រើន​ជាងគេ។ ការបង្កើត​ឲ្យ​មាន​ក្រុមប្រឹក្សាឃុំ​សង្កាត់​តាមរយៈ​ការបោះឆ្នោត​ជា​សកល​ គឺជា​របត់​នយោបាយ​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា។ សំខាន់​នៅត្រង់ថា អាជ្ញាធរ​មូលដ្ឋាន​ដែលជា​អ្នកដឹកនាំ​ផ្ទាល់​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ​នោះ​ ធ្លាប់តែ​ទទួល​ការតែងតាំង​ពី​ថ្នាក់លើ។ ប៉ុន្តែ បច្ចុប្បន្ននេះ គឺ​ប្រជា​ពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ជ្រើសរើស​តំណាង​របស់ខ្លួន​ដោយ​ខ្លួនឯង។ រយៈពេល២០ឆ្នាំ​កន្លង​ទៅ​​នេះ នយោបាយ​វិមជ្ឈការ​ បានបន្ត​ចាក់ឫស​កាន់តែ​ជ្រៅ​នៅ​ថ្នាក់មូលដ្ឋាន។ តាមរយៈ​ការបោះឆ្នោត មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​បង្ហាញ​ការទទួលខុសត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើនជាង​មុន​ពីព្រោះ ប្រសិនបើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹងត្រូវ​ប្រជាពលរដ្ឋ​ទម្លាក់​ចេញពី​អំណាច​តាមរយៈ​សន្លឹកឆ្នោត​រប​ស់​ខ្លួន។ ខុសពី​ពេលមុន​ដែល​ពួកគេ​មិនសូវ​ខ្វល់ខ្វាយ​អំពី​បញ្ហា​របស់​ប្រជាពលរដ្ឋ។ មិន​ត្រឹមតែ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ការបម្រើ​ប្រជាពលរដ្ឋ​បានល្អ ឬ​មិន​បានល្អ​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក៏មាន​ផលប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​នយោបាយ​ផងដែរ។ និយាយ​ដោយ​ខ្លី យន្តការ​ដឹកនាំ​ថ្នាក់មូលដ្ឋាន​នេះហើយ ​ដែលជា​ទីលាន​ប្រកួត​ប្រជែង​​បម្រើ​ប្រជាពលរដ្ឋ​របស់​គណបក្សនីមួយ។ ទោះបីជា​កន្លងទៅនេះ នៅមាន​បញ្ហា​ជា​ច្រើន​​ក្នុង​រដ្ឋបាល​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក៏ដោយ ក៏ប៉ុន្តែ ការបោះឆ្នោត​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ​ ជាពិសេស​ចាប់ពីពេលនេះ​តទៅ គេ​ជឿជាក់ថា គ្មាន​គណបក្ស​នា​មួយ​ហ៊ាន​ជិះសេះ​លែងដៃ​ទៀត​បានឡើយ។ ព្រោះ​សូម​កុំភ្លេចថា ខណៈដែល​ពលរដ្ឋ​កាន់​តែ​យល់ច្បាស់​អំពី​សិទ្ធិ​របស់ខ្លួន ពួកគេ​នឹង​ប្រើប្រាស់​សន្លឹកឆ្នោត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ជាង​មុន៕
5/30/20224 minutes, 8 seconds
Episode Artwork

យុវជនគួរប្រុងប្រយ័ត្ន នៅពេលចូលរួមក្នុងវិស័យនយោបាយ

នៅ​សល់​មិន​ដល់​​មួយ​ខែ​ទៀតទេ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ឈាន​ចូល​មក​ដល់​។ ​ក្នុង​ឱកាស​នេះ អ្នក​ជំនាញ​បាន​​​រំឭក​យុវជន​​ឲ្យ​ប្រុង​​ប្រយ័ត្ន​ នៅ​ពេល​ចូល​រួម​នៅ​ក្នុង​វិស័យ​នយោបាយ​។ សម្រាប់​អ្នក​ជំនាញ ការ​ចូល​រួម​របស់​យុវជន​​នៅ​ក្នុង​វិស័យ​នយោបាយ គឺ​ជា​សកម្មភាព​ដ៏​សំខាន់​និង​ចាំ​បាច់ ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​។ ប៉ុន្តែយុវជន​ត្រូវ​ពិចារណា​ឲ្យ​ច្បាស់​លាស់​ដែរ ​មុន​នឹង​សម្រេច​ចិត្ត​ចូល​រួម ដើម្បី​ចៀសវាង​​ធ្លាក់​ខ្លួន​ទៅ​ជា​ឈ្នាន់​របស់​​អ្នក​នយោបាយ​ទុច្ចរិត​។
5/16/20225 minutes, 38 seconds
Episode Artwork

តើហេតុអ្វីទើបខ្មែរគួរនាំគ្នាចាយប្រាក់ «រៀល»?

ថ្មី​ៗ​នេះ នៅ​តាម​បណ្ដាញ​សង្គម មាន​ការ​ជជែក​វែក​ញែក​យ៉ាង​ផុលផុស​អំពី​ការ​ប្រើ​ប្រាស់​រូបិយបណ្ណជាតិ​ខ្មែរ ដែល​យើង​ស្គាល់​គ្រប់​គ្នា​ថា ប្រាក់ «រៀល​»។ គិត​ត្រឹម​ឆ្នាំ​២០២២​នេះ វា​មាន​រយៈ​ពេល​៤២​​ឆ្នាំ​ហើយ ​ដែល​ប្រទេស​កម្ពុជា​បាន​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ ក្រោយ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ។ ៤២​​ឆ្នាំ​មក​នេះ គេ​សង្កេត​ឃើញ​ថា ​ការ​ចរាចរ​ប្រាក់​រៀល​​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ការ​ចាយ​​​ប្រាក់​ដុល្លារ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន បើ​ទោះ​បី​ជា​ធនាគារ​ជាតិ​នៃ​កម្ពុជា តែង​តែ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ងាក​មក​ប្រើ​ប្រាស់​ប្រាក់​រៀល​យ៉ាង​ណា​ក៏​ដោយ​។ តើ​ហេតុ​អ្វី​ទើប​គេ​គួរ​នាំ​គ្នា​ចាយ​លុយ​រៀល​នៅ​លើ​ទីផ្សារ? រូបិយប័ណ្ណ​ជាតិ ជា​និមិត្ត​រូប​ដ៏​សំខាន់​មួយ​នៃ​អធិបតេយ្យ​ជាតិ​។ ដូច្នេះ​ហើយ​បាន​ជា​គេ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្ដា​ប្រទេស​ភាគ​ច្រើន​លើ​សកល​លោក គឺ​មាន​តែ​រូបិយប័ណ្ណ​ជាតិ​របស់​ប្រទេស​នោះ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ចរាចរ​នៅ​លើ​ទី​ផ្សារ​បាន​។ ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​។ ពោល​គឺ កម្ពុជា​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​ច្រើន​ប្រភេទ​ មិន​មែន​ប្រើ​ប្រាស់​តែ​ប្រាក់​រៀល ដែល​ជា​រូបិយប័ណ្ណ​ជាតិ​នោះ​ទេ​។ នៅ​ភាគ​ខាង​កើត ខេត្ត​ខ្មែរ​ដែល​ជាប់​ព្រំ​ដែនប្រទេស​វៀតណាម ​និយម​ចាយ​លុយ​ដុង​ រូបិយវត្ថុ​របស់​វៀតណាម​​។ ចំណែក​នៅ​ខាង​លិច ខេត្ត​ខ្មែរដែល​​ជាប់​ព្រំដែន​ប្រទេស​ថៃ និយម​ចាយ​លុយ​បាត រូបិយវត្ថុ​របស់​ថៃ​។ ដោយ​ឡែក ខេត្តនិង​រាជធានី​​ខ្មែរ​ដែល​មិន​ជាប់​ព្រំដែន​ប្រទេស​ដទៃ និយម​ចាយ​លុយ​ដុល្លារ​របស់​អាមេរិក​​។ លុយ​ដុល្លារ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​បំផុត​ នៅ​កម្ពុជា​។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ ប្រជាពលរដ្ឋ​ខ្មែរបាត់​បង់​ទំនុក​ចិត្ត​លើ​ប្រាក់​រៀល លែង​សូវ​ប្រើ​ប្រាក់​ប្រាក់​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ ហើយ​ងាក​មក​​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ទៅ​វិញ​។ បច្ចុប្បន្ន លុយ​រៀល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ក្រប​ខណ្ឌមាន​ដែន​​កំណត់​មួយ​ចំនួន ដូច​ជា​ការ​បង់​ពន្ធ​គ្រប់​ប្រភេទ​ជូន​រដ្ឋ ការបើក​​ប្រាក់​បៀរវត្ស​មន្ដ្រី​រាជការ ការ​ទូទាត់​ប្រាក់​សេវាកម្ម​របស់​រដ្ឋ និង​ការ​ទិញ​ដូរ​ក្នុង​ទំហំ​ទឹក​ប្រាក់​តូច នៅ​តាម​ទី​ផ្សារ​មួយចំនួន​។ ប៉ុន្តែ​សម្រាប់​ការ​កំណត់​តម្លៃ ការ​ទូទាត់ និង​សន្សំ ភាគ​ច្រើន​លើស​លុប គឺ​ប្រើ​ប្រាស់​​ជា​លុយ​ដុល្លារ​អាមេរិក​។ ជា​ការ​ពិត​ហើយ​ថា គេ​អាច​ទូទាត់ជា​​ប្រាក់​រៀល​បាន​ដែរ បើ​ទោះ​បី​ជា​មាន​ការ​កំណត់​តម្លៃ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ក៏​ដោយ​។ ប៉ុន្តែ​សេវា​ទូទាត់​ជា​ប្រាក់​រៀល អាច​នឹង​តម្រូវ​ឲ្យ​គិត​ថ្លៃ​ខ្ពស់ជាង​​បន្តិច​។ នៅ​ក្នុង​របាយការណ៍ប្រចាំ​ឆ្នាំ​២០២១ ធនាគារ​ជាតិ​នៃ​កម្ពុជា ​បាន​ប្រកាស​អំពី​ការ​រីកចម្រើន​ផ្នែក​​សេដ្ឋកិច្ច ​និង​វិស័យ​ធនាគារថា សេដ្ឋកិច្ច​ស្រុកខ្មែរ​ ឆ្នាំ២០២១ មាន​កំណើន​វិជ្ជមាន​ឡើងវិញ បន្ទាប់​ពី​ធ្លាក់​ចុះ​កាលពី​ឆ្នាំ២០២០។ យ៉ាង​ណា​ក៏​ដោយ បើ​តាម​ធនាគារជាតិនៃកម្ពុជា ​កម្រិត​ខ្ពស់​នៃ​ដុល្លារូបនីយកម្ម បាន​ដាក់​សម្ពាធ​លើ​ការ​អនុវត្ត​នយោបាយ​រូបិយវត្ថុ​ខ្មែរ។ ការណ៍​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ​​និន្នាការ​នៃ​ការប្រើ​លុយដុល្លារ​នៅ​កម្ពុជា ​​មិនមាន​ការ​ថយចុះ​ទាល់តែ​សោះ បើទោះបីជា​កម្ពុជា​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ហើយ​​​មាន​អត្រា​អតិផរណា​មិន​ខ្ពស់​ហួសហេតុ​​ក៏ដោយ។ ជា​ការ​ពិត​ហើយ​ថា ការអនុញ្ញាត​ឲ្យ​ចាយលុយដុល្លារ​យ៉ាង​ទូលំទូលាយ​​បែបនេះ​អាច​បញ្ចៀស​​មិន​ឲ្យ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ចលនា​ហូរ​ចេញ​មូលធន​ទៅ​ក្រៅ​ប្រទេស និង​​ជួយ​សម្រួលកម្ពុជា​​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​ពាណិជ្ជកម្ម​អន្ដរជាតិ​។ ប៉ុន្តែ​ក្រៅ​ពី​គុណ​ប្រយោជន៍​ទាំង​នេះ ការ​ចាយ​លុយ​ដុល្លារ ក៏​អាច​បង្ក​នូវ​ផល​វិបាក​អវិជ្ជមាន​ច្រើន​ផង​ដែរ​ដល់​សេដ្ឋកិច្ច​ខ្មែរ​។ ដំបូង​បង្អស់ ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ ឬ​ដុល្លារូបនីយកម្ម នាំ​មក​នូវ​ការ​ខាត​បង់​ចំណូល ដែល​ទទួល​បាន​ពី​ការ​បោះ​ពុម្ព​រូបិយវត្ថុ​ជាតិ​។ មាន​ន័យ​ថា កម្ពុជា​ត្រូវ​បាត់​បង់​សិទ្ធិ​លើ​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​។ ហើយ​ការ​បាត់​បង់​សិទ្ធិ​លើ​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​នេះ មាន​ន័យ​ថា រដ្ឋ​បាត់​បង់​ចំណូល ដែល​បាន​មក​ពី​ការ​បោះ​ពុម្ព​រូបិយវត្ថុ​។ លើស​ពី​នេះ ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ បាន​ធ្វើ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​គោលនយោបាយ​​រូបិយវត្ថុ និង​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់ ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។ ដោយ​ឡែក ទាក់ទង​នឹង​បញ្ហា​សង្គម​វិញ ដុល្លាររូបនីយកម្ម ​បាន​រួម​ចំណែក​បង្កើត​ឲ្យ​មាន​គម្លាតរវាង​អ្នក​មាន​និង​អ្នក​ក្រ​។ ដូច​បាន​លើក​ឡើង​ខាង​ដើម​ហើយ​ថា ការ​ទិញ​ដូរ​នៅ​កម្ពុជា ភាគ​ច្រើន​ត្រូវ​បាន​កំណត់​ជា​ប្រាក់​ដុល្លារ​។ ហើយ​មាន​តែ​បុគ្គល​ដែល​មាន​ធនធាន​ហិរញ្ញវត្ថុ​ជា​ដុល្លារ ឬ​ជន​បរទេស​ប៉ុណ្ណោះ ដែល​អាច​ទិញ​ទំនិញ​ទាំង​នោះ​បាន​។ ចំណែក​ពលរដ្ឋ​ដែល​មាន​ប្រាក់​ខែ​ជា​ប្រាក់​រៀល ត្រូវ​ប្រឈម​មុខ​នឹង​ការ​ខាត​បង់​យ៉ាង​ច្រើន នៅ​ពេល​ពួក​គេ​ដូរ​ប្រាក់​ជា​ដុល្លារ​។ ក្នុង​បរិបទ​នេះ ការ​បង្កើន​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល ដែល​ជារូបិយប័ណ្ណ​ជាតិ គឺ​ជា​រឿង​ចាំ​បាច់ ដែល​គួរ​ពិចារណា​ ព្រោះ​ថា វា​​ជា​​ការ​គ្រប់គ្រង​នយោបាយ​រូបិយវត្ថុ​យ៉ាងពេញលេញ​ដោយ​ខ្លួនឯង។ ការ​ចាយ​ប្រាក់​រៀល ​មិនត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​​មោទកភាព​របស់​ជាតិ​ខ្មែរ​ទាំងមូល​ផងដែរ ព្រោះ​រូបិយប័ណ្ណ​ជាតិ ជា​និមិត្ត​រូប​ដ៏​សំខាន់​មួយ​នៃ​អធិបតេយ្យ​ជាតិ​។ ដូច្នេះ ​ដើម្បី​ឲ្យ​លុយរៀល​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន និង​ជា​មោទកភាព​របស់​ជាតិ​ខ្មែរ​បាន រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ដាក់ចេញ​នូវ​នយោបាយ ដើម្បី​ស្តារ​ទំនុកចិត្ត​លើ​លុយរៀល​ឡើងវិញ​។ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ពង្រឹង​ទំនុក​ចិត្ត​លើ​ប្រាក់​រៀល​ក្នុង​ចំណោម​ប្រជាពលរដ្ឋបាន នៅ​ពេល​នោះ ឥទ្ធិពល​របស់​ប្រាក់​ដុល្លារ​នឹង​ថយ​ចុះ​ជា​បណ្ដើរ​ៗ និង​ជា​ស្វ័យ​ប្រវត្តិ​។ ការ​លើក​ដម្កើង​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​នៅ​តាម​ធនាគារ​ក្នុង​ស្រុក ក៏​ដូច​ជា​ការ​កំណត់​ការ​ទូទាត់​ជា​ប្រាក់​រៀល ក៏​ជា​មធ្យោបាយ​ក្នុង​ការ​ធ្វើ​បដិ​ដុល្លារ​រូបនីយកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែរ​។ ការ​ប្រើ​ប្រាស់​ប្រាក់​រៀល ប្រសិន​បើអាច​​ធ្វើ​បាន​យ៉ាង​ទូលំទូលាយ នោះ​វា​នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ អធិបតេយ្យ​ភាព និង​ឯក​រាជភាពនៃ​នយោបាយរូបិយវត្ថុ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​ផ្ដល់​ការ​​គាំទ្រដល់​ការ​ស្តារ និង​ពង្រឹងភាពធន់​នៃ​សេដ្ឋកិច្ចខ្មែរ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​ផង​​​៕
5/9/20225 minutes, 39 seconds
Episode Artwork

ទិវាសេរីភាពសារព័ត៌មាន៖ បញ្ហារើសអើងនិងគម្រាមកំហែងអ្នកកាសែត ទាមទារឲ្យមានការដោះស្រាយជាបន្ទាន់

ថ្ងៃ​ទី​០៣​ខែ​ឧសភា​​ស្អែកនេះ គឺ​ជា​ទិវា​សេរីភា​ពសារព័ត៌មាន​។ សារព័ត៌មាន​នៅ​កម្ពុជា ត្រូវ​គេកត់​សម្គាល់​​ថា មាន​បរិមាណ​ច្រើន រីក​ដុះ​ដាល​ដូច​ផ្សិត​ត្រូវ​ទឹក​ភ្លៀង​។ ចំណែក​អ្នក​កាសែត​ក៏​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់​ដែរ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ នេះ​គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​។ យ៉ាង​ណា​ក៏​ដោយ គេ​សង្កេត​ឃើញ​ថា ​ក្នុង​ពេល​ចុះ​បំពេញ​ភារកិច្ច អ្នក​កាសែត​មួយ​ចំនួន​នៅ​ស្រុក​ខ្មែរ នៅ​តែ​រង​ការ​រើស​អើង ​ការ​គម្រាម​កំហែង និង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ។ ជា​បញ្ហា​ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ជា​បន្ទាន់​។  នៅ​កម្ពុជា ចំនួន​អង្គភាព​សារព័ត៌មាន និង​បរិមាណ​អ្នក​កាសែត បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​។ គិត​ត្រឹម​ឆ្នាំ​២០២១ អង្គភាព​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ចំនួន​សរុប​ជាង​២​ពាន់​អង្គភាព ក្នុង​នោះ​មាន​តាំង​ពី​វិទ្យុ ទូរទស្សន៍ ទីភ្នាក់ងារ​ព័ត៌មាន កាសែត​ជាតិ​និង​អន្ដរជាតិ ព្រម​ទាំង​សារព័ត៌មាន​និង​ទូរទស្សន៍​អនឡាញ​ផង​។ ស្ថាប័ន​សារព័ត៌មាន​មាន​ច្រើន អ្នក​កាសែត​ក៏​មាន​ច្រើន​ដែរ។ នេះ​គឺ​ជា​រឿង​ដ៏​គួរ​ត្រេក​អរ​ចំពោះ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា នៅ​មាន​បញ្ហា​ច្រើន​ទៀត​ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ដោយ​ចំពោះ​​​បញ្ហា​ប្រឈម​របស់​​អ្នក​កាសែត នៅ​ពេល​ពួក​គេ​ចុះ​ទៅ​​បំពេញ​ការងារ​។ បញ្ហា​ទាំង​នោះ​គឺ៖ ការ​រើស​អើង ការ​គម្រាម​កំហែង និង​អំពើ​ហិង្សាលើ​អ្នក​កាសែត ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗ​​។ និយាយ​ពី​ការ​រើស​អើង​។ ជា​រឿយ​ៗ គេ​តែង​តែ​ឮ​ព័ត៌មាន​ថា អ្នក​កាសែត​នៅ​ស្រុក​ខ្មែរ ដោយ​ចំពោះ​ស្ថាប័ន​កាសែត​ដែល​និយម​រិះគន់​រដ្ឋាភិបាល ត្រូវ​អាជ្ញាធរ​​បដិសេធ​មិន​ផ្ដល់​សម្ភាស ឬ​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​មែន​ទែន​ទៅ ហេតុការណ៍​ដូច​គ្នា​នេះ​ក៏​កើត​ឡើង​ផង​ដែរ លើ​អ្នក​កាសែត​ពី​ស្ថាប័ន​ដែល​មាន​និន្នាការ​ស្និទ្ធ​នឹង​រដ្ឋាភិបាល ពី​សំណាក់​អតីត​គណបក្ស​ប្រឆាំង​​​​និង​អ្នក​គាំទ្រ​របស់​ពួក​គេ​​។ ចំពោះ​ការ​គម្រាម​កំហែង​​វិញ អ្នក​កាសែត​ជួប​តាំង​ពី​ការ​គម្រាម​ប្ដឹង​ផ្ដល់ រហូត​ដល់​គម្រាម​បាញ់​សម្លាប់​។ ដែល​នេះ វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន។ សេរីភាព​សារព័ត៌មាន ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​កម្ពុជា​និង​ច្បាប់​សកល​​។ អ្នក​កាសែត​ខ្លះ មិន​គ្រាន់​តែ​ត្រូវ​បាន​រើស​អើង និង គម្រាម​កំហែង​​ប៉ុនណោះ​ទេ ពួក​គេ​ថែម​ទាំង​ត្រូវបាន​​ដក​ហូត​សម្ភារៈ​ផលិតព័ត៌មាន និង​រង​ការ​វាយ​ដំ​ថែម​ទៀត​។ ជា​ការ​ពិត​ហើយ​ថា រហូត​មក​ទល់​ពេល​នេះ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​រីក​ចម្រើន​លូលលាស់​ទៅ​មុខ​គួរ​ឲ្យ​កត់​សម្គាល់ បើ​ប្រៀបធៀប​ទៅ​នឹង២៩​ឆ្នាំ​​មុន ដែល​កម្ពុជា​ចាប់​ផ្ដើម​បើក​ចំហ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក្ដី សុវត្ថិភាព​របស់​អ្នក​កាសែត​នៅ​តែ​ជា​បញ្ហា​ដ៏​ធំធេង​មួយ​ដែល​ត្រូវ​ដោះ​ស្រាយ​។ អ្នក​កាសែត​ជាប់ពន្ធនាគារ អ្នក​កាសែត​ត្រូវ​គេ​ប្ដឹង​ឡើង​តុលាការ អ្នក​កាសែត​រង​ការ​គម្រាម​កំហែង ឬ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ នៅ​តែ​កើត​ឡើង​ដដែល​ៗ និង​ជាប់​ជា​ប្រចាំ​។ បញ្ហា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​លើ​ឆាក​អន្ដរជាតិ ស្ថិត​នៅ​ក្នុង​លំដាប់​មិន​សូវ​ល្អ​ប៉ុន្មានឡើយ​។ ក្នុង​ន័យ​នេះ មន្ដ្រី​រដ្ឋាភិបាល​ អាជ្ញាធរ និង​ស្ថាប័ន​​ពាក់ព័ន្ធ គួរ​តែ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ឥរិយាបថ​ចំពោះ​អ្នក​កាសែត ដោយ​គួរ​ចាត់​ទុក​អ្នក​កាសែត​ជា​ដៃ​គូ​សហការ​ក្នុង​ការ​អភិវឌ្ឍ​សង្គម មិន​មែន​ជា​បន្លា​នៅ​ក្នុង​កែវ​ភ្នែក​ឡើយ​។ ការ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួលយ​ក​វប្បធម៌​ពហុ​គំនិត ដែល​ជា​​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ក៏​ជា​កត្តា​សំខាន់​ផងដែរ ក្នុង​ការ​ធានា​សុវត្ថិភាព​អ្នក​កាសែត ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​អាច​បំពេញ​តួនាទី​បាន​ពេញ​លេញ​​។ ចំណែក​អ្នក​កាសែត​ខ្លួន​ឯង ដែល​អះអាង​ថា ជា​អ្នក​សារព័ត៌មាន​អាជីព ត្រូវ​តែ​ចាប់​ផ្ដើម​ពង្រឹង​ខ្លួន​ឯង​ឲ្យ​បាន​រឹង​មាំ តាម​រយៈ​ការ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។ នៅ​ក្នុង​ទិស​ដៅ​នេះ ម្ចាស់​ស្ថាប័ន​សារព័ត៌មាន​ទាំង​ឡាយ គួរ​តែ​គិត​គូរ​ដល់​ជីវភាព​អ្នក​កាសែត និង​ពង្រឹង​ឯករាជភាព​នៃ​ស្ថាប័ន​របស់​ខ្លួនជា​ចាំ​បាច់។ ​ព្រោះ​សូម​កុំភ្លេច​ថា សារព័ត៌មាន​ដែល​ជា​អំណាច​ទី​៤ ឥឡូវ​នេះ​ដើរ​តួ​កាន់​តែ​សំខាន់​ឡើង​ៗ​នៅ​ក្នុង​សង្គម​ខ្មែរ​។ ទាំង​នៅ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដល់​ម្ចាស់​ឆ្នោត​អំពី​ការ​ប្រព្រឹត្ត​របស់​អ្នក​នយោបាយ និង​ទាំង​ការ​ផ្សាយ​ការពិត ធ្វើ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​ត្រូវ​ការ​របស់​ពលរដ្ឋ​ដល់​អ្នក​នយោបាយ​និង​អ្នក​ដឹកនាំ ដើម្បី​ឈាន​ទៅ​រក​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​។ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បញ្ចើច​បញ្ចើ ប្រជាភិថុតិ ដើម្បី​តែ​ប្រយោជន៍​បុគ្គល គឺ​ជា​រឿង​ហួស​សម័យ​ហើយ​នៅ​ក្នុង​បរិបថ​ដែល​ពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង ចាប់​ផ្ដើម​យល់​ពី​សច្ចភាព​នៃ​ព័ត៌មាន​៕
5/2/20224 minutes, 51 seconds
Episode Artwork

បោះឆ្នោតឃុំសង្កាត់៖ ការឃោសនាប្រជាភិថុតិលែងមានន័យ តើគេត្រូវយកអ្វីទាក់ចិត្តម្ចាស់ឆ្នោត?

ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាត់តែខិតជិតចូលមកដល់ ការឃោសនាទាក់ទាញចិត្តម្ចាស់ឆ្នោតរបស់គណបក្សនយោបាយ ក៏ចាប់ផ្ដើមចេញដំណើរដូចគ្នាដែរ។ ប៉ុន្តែខុសពីការបោះឆ្នោតមុនៗ អ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា ការឃោសនាប្រជាភិថុតិ លែងមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់ម្ចាស់ឆ្នោតទៀតហើយ។ មានតែគោលនយោបាយដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋទេ ទើបអាចយកឈ្នះចិត្តម្ចាស់ឆ្នោតបាន។
4/25/20225 minutes, 52 seconds
Episode Artwork

«ប្រវត្តិសាស្ត្រខ្មែរក្រហម» កាន់តែសាបរលាបពីចំណាប់អារម្មណ៍របស់យុវជនជំនាន់ក្រោយ?

១៧​មេសា​១៩៧៥-១៧​មេសា​២០២០២២។ ថ្ងៃ​ទី​១៧​មេសា​ម្សិលមិញនេះ គឺ​ជា​ខួប​លើក​ទី​​៤៧​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម​។ អ្នក​ប្រវត្តិសាស្ត្រ​និង​អ្នក​នយោបាយ​បាន​ចាត់​ទុក​ថ្ងៃ​ទី​១៧​មេសា​នេះ​ថា ជា​ថ្ងៃដ៏​សំខាន់ ដែល​ខ្មែរ​ត្រូវ​​រៀនសូត្រ​និង​ចង​ចាំ​ទុក​។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ យុវជន​ខ្មែរ​ជំនាន់​ថ្មី ហាក់​មិន​បាន​ចាប់​អារម្មណ៍ និង ​ផ្ដល់​តម្លៃ​អ្វី​ខ្លាំង ​ចំពោះ​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​នេះ​ទេ​។ ​នៅ​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ​ពួក​ទាហាន​ខ្មែរ​ក្រហម​បានចូល​កាន់​កាប់​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ទទួល​ជ័យ​ជំនះ​លើ​រដ្ឋាភិបាល​របស់​លោក​​សេនាប្រមុខ​លន់ នល់​។ ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​មួយ​ចំនួន​បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​ការ​ផ្ដួល​រំលំ​នេះ​ដោយ​គិត​ថា សង្គ្រាម​បាន​ចប់​សព្វ​គ្រប់ ហើយ​មេ​ដឹក​នាំ​ថ្មី​នឹង​នាំ​មក​នូវ​សន្តិភាព សុវត្ថិភាព និង​ការ​កសាង​ប្រទេស​។ ប៉ុន្តែ​ផ្ទុយ​ស្រឡះ កង​ទ័ព​ខ្មែរ​ក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុងភ្នំពេញ​​និង​ទីប្រជុំជន​ទាំង​អស់ដោយ​បង្ខំ ទៅ​តំបន់ជនបទ​ដាច់​ស្រយាល​។ នៅ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ កម្ពុជា​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ​របប​ថ្មី​មួយ​ទៀត ជា​របប​កុម្មុយនីស្ត សម្លាប់​រង្គាល ដឹកនាំ​ដោយ​ពួក​ខ្មែរ​ក្រហម​។ ចំណង​គ្រួសារ របៀប​របប​រស់​នៅ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ប្រជាជន​ត្រូវ​បាន​បំផ្លាញចោល​​ទាំង​ស្រុង​។ ក្រោមមនោគម​វិជ្ជា​របស់​ពួក​ខ្មែរ​ក្រហម​​ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​​៧​លាន​នាក់​​ត្រូវ​រស់​នៅ​រង​ទុក្ខ​វេទនា​ដូច​ធ្លាក់​នរក​ទាំង​រស់ ហើយ​ក្នុង​ចំណោម​នោះ មាន​ជិត​២​លាន​នាក់​ត្រូវ​ស្លាប់បាត់​បង់​ជីវិត។ សម្រាប់​អ្នក​ប្រវត្តិសាស្ត្រ របប​ខ្មែរ​ក្រហម គឺ​ជា​របត់​ដ៏​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ។ ប្រជាជន​ខ្មែរ​ត្រូវ​កាន់​ទុក្ខ ចងចាំ និង​រៀនសូត្រ​អំពី​ឫសគល់ ព្រម​ទាំង​ដំណើរ​រឿង​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​របប​នេះ​។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ បើ​ទោះ​បី​ជា​អ្នក​ប្រវត្តិសាស្ត្រ​និង​អ្នក​នយោបាយ ចាត់​ទុករបប​កម្ពុជា​ប្រជាធិបតេយ្យ​ថា ជា​មេរៀន​ដ៏​សំខាន់ ដែល​ខ្មែរ​​ត្រូវ​រៀនសូត្រ​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា យុវជន​​ខ្មែរ​ជំនាន់​ក្រោយ ហាក់​មិន​បាន​ដឹង ឬ​មិន​បាន​ចាប់​អារម្មណ៍ និង​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​ទាល់​តែ​សោះ ចំពោះរបត់​​ប្រវត្តិសាស្ត្រ​នេះ​។ មាន​មូលហេតុ​សំខាន់​យ៉ាង​ហោច​ណាស់​ពីរ ដែល​អាច​ពន្យល់​ពី​ការណ៍​នេះ​បាន​។ ទី១៖ ការ​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​ក្នុង​កម្មវិធី​សិក្សា​នៅមាន​កម្រិត ខណៈ​យុវជន​ខ្លួន​ឯង​ផ្ទាល់ ភាគ​ច្រើន​មិន​ទាន់​បាន​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ឲ្យ​បាន​ស៊ី​ជម្រៅ​នៅ​ឡើយ​។ ទី​២៖ យុវជន​មួយ​ចំនួន​យល់​ឃើញ​ថា របប​ខ្មែរ​ក្រហម​គឺ​ជា​រឿង​ឈឺ​ចាប់ ដែល​មិន​គួរ​ឲ្យ​រំឭក​ឡើង​វិញ​​។ ម្យ៉ាង យុវជន​សម័យ​ថ្មី​នេះ ផ្ដល់​ភាព​សំខាន់​ដល់​​អនាគត​ច្រើន​ជាង​អតីតកាល។ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​សូវ​ចាប់​អារម្មណ៍ ឬ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​របប​ខ្មែរ​ក្រហម​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​សម្រាប់​អ្នក​ស្រាវ​ជ្រាវ​ប្រវត្តិសាស្ត្រ ការ​មិន​ស្វែង​យល់​ពីអតីតកាល​ឲ្យ​បាន​ស៊ី​ជម្រៅ មិន​អាច​ឲ្យ​យុវជន​ដើរ​ទៅ​រក​អនាគត​ដ៏​ប្រសើរ​ទេ​។ ក្នុង​ន័យ​នេះ អ្នក​ជំនាញ​ណែនាំ​ឲ្យ​យុវជន ងាក​មក​យក​ចិត្ត​ទុក​ដាក់​សិក្សា​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ជា​ពិសេស​អំពី​កំណើត​របប​ខ្មែរ​ក្រហម​​និង​របប​ខ្មែរ​ក្រហម​នេះ​ទាំង​មូល​។ គឺ​ការ​សិក្សា​នេះ​ហើយ ដែល​នឹង​ឈាន​ទៅ​បញ្ជៀស​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​នេះ កើត​ឡើង​ច្រំដែល​លើ​ដែនដី​កម្ពុជា​ទៀត។ គឺ​ការ​សិក្សា​ដដែល​នេះ​ហើយ ដែល​នឹង​ជួយ​ផ្សះផ្សារ​ស្មារតី​របស់​ប្រជាជន​ខ្មែរ ទាំង​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​របប​ខ្មៅ​ងងឹត​នេះ​ក៏​ដោយ និង​មិន​បាន​ឆ្លង​កាត់​ក៏​ដោយ ឲ្យ​យល់​ពី​សច្ចភាពពិត​ប្រាកដ​​នៃ​របប​នេះ។ ជា​ការ​ពិត​ហើយ​ថា ការ​សិក្សា​ពី​របប​ខ្មែរ​ក្រហម​គឺ​ជា​ការងារ​ដ៏​ទូលំទូលាយ និង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​។ តើ​ហេតុ​អ្វី​បាន​ជា​មាន​របប​ខ្មែរ​ក្រហម? តើ​ការ​ដួល​រលំ​នៃ​របប​សេនា​ប្រមុខ​លន់នល់ គឺ​ជា​កំណើត​នៃ​របប​ខ្មែរ​ក្រហម ឬ​មែន​ទែន​ទៅ ចលនា​ខ្មែរ​ក្រហម​មាន​កំណើត​យូរ​លង់​មុន​នេះមក​ហើយ? តើ​ហេតុអ្វី​បាន​ជា​របប​នេះ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង?  តើ​ការ​កាប់​សម្លាប់​ខ្មែរ​គ្នា​ឯង ផ្អែក​លើ​គំនិត​ជាតិ​និយមដែរ​ឬ​ទេ? នេះ​គឺ​ជា​សំណួរ​ចាំ​បាច់​ទាំង​ឡាយ​ដែល​យុវជន​គួរ​ស្វែង​រក​ចម្លើយ​ឲ្យ​បាន បើ​មិន​បាន​ទាំង​ស្រុង ក៏​គួរ​តែ​បាន​មួយ​ផ្នែក​ដែរ​៕
4/18/20225 minutes
Episode Artwork

ទម្លាប់បោះចោលសំរាមរបស់ពលរដ្ឋខ្មែរខ្លះ ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ជាតិ

បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កំពុង​តែ​ខិត​ជិត​ចូល​មក​ដល់​។ ព្រឹត្តិការណ៍​កម្សាន្ត​​ជា​ច្រើន​ត្រូវ​អាជ្ញាធរ​ខេត្ត​ទូទាំង​ប្រទេស​​រៀបចំ​ឡើង ត្រៀម​ទទួល​ប្រជាពលរដ្ឋ ដើម្បី​អបអរនៅ​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​​។ នៅ​ក្នុង​ព្រឹត្តិការណ៍​កម្សាន្ត​តាម​ទី​សាធារណៈ​ទាំង​នោះ គេ​នៅ​តែ​សង្កេត​ឃើញ​មាន​ការ​បោះ​ចោល​សំរាម​ពាស​វាល​ពាស​កាល​ពី​សំណាក់​ពលរដ្ឋមួយ​ចំនួន​​​។ ទម្លាប់​អាក្រក់​បែប​នេះ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស ភាព​ថ្លៃថ្នូរ និង​សោភ័ណ​ភាព​របស់​ប្រទេស ព្រម​ទាំង​អាច​ជាន់​ពន្លិច​​វិស័យ​ទេសចរណ៍ ដែល​ជា​ប្រភព​ប្រាក់​ចំណូល​របស់​ជាតិ​ទៀត​ផង។ ការ​បោះ​ចោលសំរាមនៅ​តាម​ទីសាធារណៈ ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន មិន​មែន​ជា​រឿងថ្មី​ឬ​​ប្លែក​ទេ។ ប្រជាពលរដ្ឋ​មួយ​ចំនួន មាន​ទម្លាប់​​​​បោះ​ចោល​សំរាម​យ៉ាង​អនាធិបតេយ្យ​យ៉ាង​ដូច្នេះ នៅ​គ្រប់​ទី​កន្លែង រាប់​តាំង​ពី​នៅ​មុខ​ផ្ទះ តាម​ចិញ្ចើម​ផ្លូវ និង​នៅ​តាមទី​សាធារណៈ​នានា​។ នៅ​​តំបន់​ទេសចរណ៍​សំខាន់​ៗមួយ​ចំនួន ដូច​ជា​នៅ​តាម​ឆ្នេរ​សមុទ្រ រួម​ទាំង​ប្រាសាទ​អង្គរវត្ត​ផង ក៏​មានការ​ចោល​សំរាម​ដូច​គ្នា​ដែរ ជា​ពិសេស​នៅ​ពេល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​នានា ដែល​មាន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ច្រើន​។ ជាទូទៅ នៅ​តាម​តំបន់​ទេសចរណ៍ សំរាម​ដែល​គេ​តែង​តែប្រទះ​​ឃើញ​មាន​ជា​អាថិ៍​ ដប​ទឹក​សុទ្ធ កំប៉ុង​ទឹក​ក្រូច កំប៉ុង​ស្រាបៀរ ប្រអប់​ស្នោរ​ដាក់​អាហារ ថង់ប្លាស្ទិក និង​កាក​សំណល់​ចំណី​អាហារ​ជា​ដើម។ ក្រៅ​តែ​ពី​ការ​បោះ​ចោល​សំរាម​នៅ​នឹង​កន្លែង ក៏​មាន​ដែរ​ការ​បោះ​ចោល​សំរាម​ចេញ​ពី​យាន​នៅ​តាម​ផ្លូវ។ អ្នក​បោះ​ចោល​សំរាម​ខ្លះ គឺ​ជា​ម្ចាស់​រថយន្ត​ដ៏​ប្រណីត ឯ​អ្នក​ខ្លះ​ទៀត គឺ​ជា​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល។ ការ​បោះចោល​សំរាម​ខ្លះ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​អ្នក​ដំណើរ​នៅ​លើ​ដង​ផ្លូវ​ជាមួយ​គ្នា និង ពេល​ខ្លះ​ទៀត បាន​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ ផង​ក៏​មាន។ តើ​មាន​មូល​ហេតុ​អ្វី​ខ្លះ ដែល​នាំ​អោយ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មាន​ទម្លាប់​មិន​ល្អ​បែប​នេះ? ហើយ​តើ​ត្រូវ​ដោះ​ស្រាយ​ទម្លាប់​អាក្រក់​បែប​នេះ​យ៉ាង​ដូចម្តេច? កំណាព្យ​មួយ​ឃ្លា​នៅ​ក្នុង​ច្បាប់​បណ្តាំ​បិតា បាន​សរសេរ​ថា “ដឹង​ឆ្ងើយ​ត្បិត​ដង កូន​សោត​រែង​ឆ្គង ត្បិត​តែ​ឪពុក”។ កំណាព្យ​នេះ បាន​បង្ហាញ​ថា ការ​អប់រំ​នៅ​ក្នុង​គ្រួសារ​គឺ​ជា​រឿង​សំខាន់។ ដូច្នេះ​ទម្លាប់​អាក្រក់​ទាក់​ទង​នឹង​ការ​ចោល​សំរាម​របស់​កុមារ យុវជន និង​ពលរដ្ឋ​មួយ​ចំនួន គឺ​បណ្តាល​មក​ពី​ការ​មិន​ទទួល​បាន​ការ​ អប់រំ​ពី​ឪពុក​ម្តាយ អាណាព្យាបាល ឬ​មនុស្ស​ចាស់​ក្នុង​គ្រួសារ។ បើ​ពុំ​ដូច្នេះ​ទេ គឺ​មនុស្ស​ចាស់​ក្នុង​គ្រួសារ តែម្តង ដែល​បាន​ធ្វើ​ជា​គំរូ​អាក្រក់​សម្រាប់​កូន​ៗ។ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ចោល​សំរាម​នេះ​ បាន​ក្លាយ​ជា​ទម្លាប់​អាក្រក់​មួយ ដែល​តែងតែ​ប្រព្រឹត្ត​ឡើង​ដោយ​មិន​ខ្វល់​ពី​អ្នក​ជុំវិញ​ទាល់​តែ​សោះ។ ក្រៅ​តែ​ពី​គ្រួសារ​ដែល​ជា​សង្គម​តូច នៅ​ក្នុង​សង្គម​ធំ ពលរដ្ឋ​ក៏​ត្រូវ​ទទួល​បាន​ការ​អប់រំ​ផង​ដែរ។ សាលារៀន គឺ​ជា​កន្លែង​ទី​២ ដែល​ត្រូវ​អប់រំ កុមារ យុវជន និង​ពលរដ្ឋ អោយ​បាន​យល់​ដឹង​អំពី​សំរាម​នេះ ។ កង្វះ​ការ​យល់​ដឹង​អំពី​បរិស្ថាន ធ្វើ​អោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន មិន​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​បោះ​ចោល​សំរាម​ និង​ការ​គ្រប់​គ្រង​សំរាម។ ពេល​ខ្លះ​ពួក​គេ​ត្អូញត្អែរ​អំពី​ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​សំរាម ប៉ុន្តែ​ពួកគេ​មិន​ចូល​រួម​សំអាត ឬ​គ្រប់​គ្រង​សំរាម​អោយ​មាន​របៀប​រៀប​រយ​នោះ​ទេ។ ការ​ចោល​សំរាម មើល​ទៅ​ដូច​ជា​រឿង​តូចតាច ប៉ុន្តែ​ទម្លាប់​នេះ គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង ពី​ចំណេះ​ដឹង មារយាទ និង​ការ​ទទួល​​ខុស​ត្រូវ របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ ដែល​នៅ​ក្នុង​នោះ​មាន​ទាំង ពលរដ្ឋ​ធម្មតា និង​អាជ្ញាធរ។ ទម្លាប់​អាក្រក់​បែប​នេះ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស ភាព​ថ្លៃថ្នូរ និង​សោភ័ណ​ភាព​របស់​ប្រទេស ព្រម​ទាំង​អាច​ជាន់​ពន្លិច​​វិស័យ​ទេសចរណ៍ ដែល​ជា​ប្រភព​ប្រាក់​ចំណូល​របស់​ជាតិ​ទៀត​ផង។ បញ្ហា​សំរាម មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​នរណា​ម្នាក់ ឬ​ក្រុម​ណាមួយ​តែ​ឯង​ឡើយ​។ ដូច្នេះ បន្ថែម​ពី​លើ​ការងារ​របស់​អាជ្ញាធរ​រដ្ឋាភិបាល ពលរដ្ឋ​ម្នាក់​ៗក៏​ត្រូវ​រួម​ចំណែក​ក្នុង​ការងារ​នេះ​ដែរ ដោយ​ចាប់​ផ្ដើមពី​ការលះបង់​ទម្លាប់​ចាស់ ឈប់​បោះ​ចោល​សំរាម​ពាសវាល​ពាស​កាល ​ហើយ​បង្កើត​ទម្លាប់​ថ្មី។ ទម្លាប់​ថ្មី​គឺ​ការ​ចេះ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ចៀស​វាង​ការ​បោះ​ចោល​សំរាម​ពាស​វាល​ពាស​កាល​។ វា​ល្មម​ដល់​ពេល​ហើយ ដែល​ប្រជាពលរដ្ឋខ្មែរ​ទាំង​អស់​គ្នា ចាប់ផ្តើម​គិត​គូរ និង​អនុវត្ត​រឿង​តូច​តាច​មួយ​នេះ ដើម្បី​សង្គម​យើង។ អ្នក​ដែល​ត្រូវ អនុវត្ត​មុន​គេ​គឺ ឪពុក​ម្តាយ អាណា​ព្យាបាល ឬ​មនុស្ស​ចាស់ គ្រូ​បង្រៀន និង​អាជ្ញាធរ។ ប្រសិន​បើ​យើង​អាច​អនុវត្ត​បាន​ទាំង​អស់​គ្នា នោះ​យើង​នឹង​អាច​លើក​កំពស់​បរិស្ថាន ហើយ​អាច​រួម​ចំណែក​កសាង​សោភ័ណភាព​របស់​ប្រទេស​យើង​បាន​ទៀត​ផង៕
4/11/20225 minutes, 2 seconds
Episode Artwork

ហេតុអ្វីត្រូវចាំបទបញ្ជារបស់នាយករដ្ឋមន្ដ្រី ទើបដោះស្រាយបញ្ហាបាន?

បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ត្រូវ​បាន​សាធារណៈ​មតិ​ទទួល​ស្គាល់​ថា មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្លា​នៅ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​មន្ដ្រី​រដ្ឋាភិបាល ក៏​ដូច​ជា​ស្ថាប័ន​នីតិបញ្ញត្តិ និង​ស្ថាប័ន​តុលាការ​។ ការ​ចុះ​បង្ក្រាប​បទ​ល្មើស​ជលផល​នៅ​បឹង​ទន្លេ​សាប​ដែល​កំពុង​តែ​អនុវត្ត​នា​ពេល​នេះ ក៏​បាន​កើត​ឡើង​ក្រោយ​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ដែរ​។ ជា​ការ​ពិត បទ​បញ្ជា​របស់​បុគ្គល​ដែល​មនុស្ស​មួយ​ចំនួន​ហៅ​ថា បុរស​ខ្លាំង​កម្ពុជា នោះ គ្មាន​អ្វី​ដែល​ថា​មិន​អាច​ធ្វើ​បាន​ឡើយ​។ ប៉ុន្តែ ហេតុ​អ្វី​​បាន​ជា​គេ​ត្រូវ​ចាំ​​​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ដ្រី ទើប​ដោះ​ស្រាយបញ្ហា​បាន​?  បទល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាប កំពុង​តែ​រង​ការ​បង្ក្រាប​យ៉ាង​សស្រាក់សស្រាំ ពី​សំណាក់​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់ ក្រោយ​ពី​មាន​បញ្ជា​ដាច់​ណាត់​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន​។ លោក​នាយករដ្ឋ​​មន្ដ្រី ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ទី​២៣​មីនា បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​តាម​បណ្ដា​ខេត្ត​ជុំ​វិញ​បឹង​ទន្លេ​សាប​ទាំងអស់ កម្ចាត់​ឈ្មួញ​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាប​​ឱ្យ​អស់​ បើ​ទោះ​បី​ជា​ត្រូវ​ប្រើ​មធ្យោបាយ​ណា​ក៏​ដោយ​។ និង​ថា ប្រសិន​បើ​មន្ត្រី​ពាក់ព័ន្ធ រាប់​ចាប់​តាំង​ពី​ចៅហ្វាយ​ខេត្ត រដ្ឋមន្ដ្រី​និង​មេ​​ទាហាន មេ​ប៉ូលីស​ទាំង​ឡាយ មិន​អាច​បង្ក្រាប​បទ​ល្មើស​​នេសាទ​ត្រី​ខុស​ច្បាប់ ជា​ពិសេស​បទ​ល្មើស​ទ្រង់ទ្រាយ​ធំ​បាន​ទេ នោះពួក​គេ​មិន​គួរ​បន្ត​ការងារ​របស់​ខ្លួន​ត​ទៅ​ទៀត​ឡើយ​។ ភ្លាម​ៗ​ក្រោយ​ការ​ចេញ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ រួមមានក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តនៅជុំវិញបឹងទន្លេសាប បានជួបប្រជុំជាបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហាបទល្មើសនេសាទ​នៅ​បឹងទន្លេសាប ដែលកើតមានជារៀង​រាល់​ថ្ងៃ​។ ក្រោយការប្រជុំ ភាគីពាក់ព័ន្ធបានសម្រេចឲ្យអភិបាលខេត្តទាំង៦ជុំ​វិញ​បឹងទន្លេសាប ត្រូវស្រាវជ្រាវរកជនល្មើស មកចាត់ការទៅតាមផ្លូវច្បាប់ដោយម៉ឺងម៉ាត់ និងកំណត់ឧបករណ៍ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល។ ក្រៅពីនេះ អាជ្ញាខេត្តទាំង៦ រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ត្រូវបង្កើតទីតាំងយាមការជាប្រចាំ ដើម្បបង្រ្កាបបទល្មើសនេសាទជាក់ស្តែងដែលកើតមានក្នុងភូមិសាស្រ្តខេត្តរៀងៗខ្លួន។ បើតាមក្រសួងកសិកម្ម បទល្មើសនិងជនល្មើសទាំងអស់ មិនត្រូវមានការយល់យោគជាដាច់ខាត។ គួរ​កត់​សម្គាល់​ថា ការ​ចុះ​បង្ក្រាប​បទ​ល្មើស​ជលផល​នៅ​បឹង​ទន្លេ​សាប​ដែល​កំពុង​តែ​អនុវត្ត​នា​ពេល​នេះ ​បាន​កើត​ឡើង​ក្រោយ​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​មនុស្ស​មួយ​ចំនួន​ហៅ​ថា បុរស​ខ្លាំង​កម្ពុជា។ បទ​បញ្ជា​របស់​បុរស​ខ្លាំង​កម្ពុជា គ្មាន​អ្វី​ដែល​ថា​មិន​អាច​ធ្វើ​បាន​ឡើយ​។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​បញ្ហា​នៅ​ក្នុង​សង្គម ត្រូវ​ចាំ​ទាល់​តែ​មាន​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ដ្រី ទើប​ដោះ​ស្រាយ​បាន​? ហេតុ​អ្វី​បាន​ជា​មន្ដ្រី​ថ្នាក់​ក្រោម មិន​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន​ដោយ​គ្មាន​បញ្ជា​ពី​ថ្នាក់​លើ​? ដើម្បី​ឆ្លើយ​នឹង​សំនួរ​នេះ គេ​ចាំ​បាច់​ត្រូវ​យល់​ពី​បញ្ហា​មួយ​ចំនួន​ជា​មុន​សិន​។ បញ្ហា​ដំបូង​បង្អស់​នោះ​គឺ ការ​ឃុប​ឃិត​គ្នា​ជា​ប្រព័ន្ធ ​នៃមន្ដ្រី​ថ្នាក់​ក្រោម​ឱវាទ​របស់​នាយក​រដ្ឋ​មន្ដ្រី​។ បញ្ហា​ប្រឈម​នានា​នៅ​តែ​កើត​ឡើង​ដោយ​គ្មាន​ដំណោះ​ស្រាយ នៅ​ពេល​មន្ដ្រី​ក្រោម​ឱវាទ​ឃុប​ឃិត​គ្នា​ដើម្បី​ផល​ប្រយោជន៍ ដោយ​បិទ​បាំង​ពី​ភ្នែក​នាយក​រដ្ឋ​មន្ដ្រី​។ មួយ​វិញ​ទៀត រដ្ឋបាល​​ថ្នាក់​ក្រោម និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដែល​ជា​ភ្នែក​ច្រមុះ​របស់​រដ្ឋាភិបាល ហាក់​ដូច​ជា​មិន​បាន​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវនៅ​​ឡើយ​។ មាន​មូលហេតុ​៣​យ៉ាង​ដែល​អាច​ពន្យល់​បញ្ហា​នេះ​បាន​។ ទី​១ គឺ​អសមត្ថភាព​របស់​អាជ្ញាធរ​ក្នុង​ការ​គ្រប់​គ្រង​អំពើ​​ល្មើស​។ ទី​២ គឺ​បញ្ហា​ផល​ប្រយោជន៍​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចិញ្ចឹម បទ​ល្មើស​។ និង​ទី​៣ គឺ​អ្នក​ប្រព្រឹត្ត​ល្មើស ឬ​ធ្វើ​ជា​ខ្នង​បង្អែក​ឲ្យ​ជន​ល្មើស គឺ​ជា​មន្ដ្រី​មាន​អំណាច ដែល​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​បង្ខំ​ចិត្ត​បិទ​ភ្នែក បិទ​ត្រចៀក​នៅ​ចំពោះ​មុខ​អំពើ​ល្មើស​។ នៅ​ក្នុង​បរិបទ​ដូច្នេះ ​នាយក​រដ្ឋ​មន្ដ្រី ដែល​ជា​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ត្រូវ​បង្ខំ​ចិត្ត​ចេញ​មុខ​ដាក់​បញ្ជា​ទៅ​ដល់​មន្ដ្រី​ក្រោមបង្គាប់ ដើម្បី​កម្ចាត់​​ភាព​អសកម្ម ឬ​បទ​ល្មើស​ផ្សេង​ៗ​។ បទបញ្ជា​ទាំងឡាយ​របស់​នាយករ​ដ្ឋ​មន្ត្រី​បាន​ឆ្លុះ​ឲ្យ​ឃើញថា រដ្ឋាភិបាល​ពិតជា​ចង់​លុបបំបាត់​បាតុភាព​អសកម្ម​នៅក្នុង​សង្គម ពីព្រោះថា នៅលើ​លោក​នេះ​ប្រហែលជា​គ្មាន​មេដឹកនាំ​ប្រទេស​ណាមួយ​ ដែល​មិន​ប្រាថ្នា​ចង់ឃើញ​វឌ្ឍនភាព ​ប្រកបដោយ​ភាពសុខដុមរមនា​ក្នុងសង្គម ​នៅក្រោម​ការដឹកនាំ​របស់​ខ្លួន​នោះឡើយ។ ប៉ុន្តែ នាយករដ្ឋមន្ត្រី​ម្នាក់ឯង​មិនអាច​ចេញ​បញ្ជា​គ្រប់​បញ្ហា​បានទេ។ អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការងារ​របស់​ខ្លួន ដោយ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ភាព​​ម៉ឺងម៉ាត់ និង​ស្មើ​ភាព​។  ប្រសិទ្ធភាព​ពិតប្រាកដ​ក្នុងការ​បំបាត់​បទល្មើស​ទាំងឡាយ ​គឺ​ស្ថិតនៅលើ​សមត្ថភាព និង​មនសិការ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ​ដែលជា​សេនាធិការ​របស់​រដ្ឋាភិបាល។ បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ដ្រី មែន​ទែន​ទៅ មាន​ភាព​ចាំ​បាច់​សម្រាប់​កិច្ច​ការ​ធំ​ៗ​មួយ​ចំនួន​។ ដោយ​ឡែក ​ចំពោះ​រឿង​កំប៉ិកកំប៉ុក​អង្ករ​កំប៉ុង គេ​មិន​គួរ​រង់​ចាំ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ដ្រី​ដើម្បី​ដោះ​ស្រាយ​ទេ​​។ ប្រសិនបើ​ក្រសួង​ជំនាញ​ទាំងឡាយ ​រង់ចាំតែ​បទបញ្ជា​នាយករដ្ឋមន្ត្រី​គ្រប់​តែ​រឿង​ គេ​ប្រហែលជា​មិនចាំបាច់​បង្កើត​ក្រសួង​ទាំងនោះ ​នាំ​ឲ្យ​ខាតបង់​ថវិកាជាតិ​នោះឡើយ៕
3/28/20225 minutes, 7 seconds
Episode Artwork

កម្ពុជាត្រូវធ្វើអ្វីដើម្បីទាញប្រយោជន៍ឲ្យបានជាអតិបរមាពីកិច្ចព្រមព្រៀង RCEP?

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ហៅកាត់​ថា RCEP បាន​ចូល​ជា​ធរមាន​រួច​រាល់​ហើយ នៅ​ដើម​ឆ្នាំ​២០២២​នេះ​។ RCEP គឺជា​កិច្ច​ព្រម​ព្រៀង​ដ៏​ធំ​និង​សំខាន់​​បំផុត​នៅ​លើ​ពិភពលោក ដោយ​ហេតុ​ថា ផលិតផល​សរុប​របស់​ប្រទេស​ហត្ថលេខី​ទាំង​អស់ មាន​ទំហំ​ដល់​ទៅ​៣០​ភាគ​រយ​នៃ​ផលិតផល​ក្នុង​ពិភពលោក​។ កាល​ពី​សប្ដាហ៍​មុន រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្ត បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ ការ​នាំ​ចេញ​របស់​កម្ពុជា អាច​នឹង​មាន​កំណើន​ជាង​៧​ភាគរយ ខណៈ​ការ​វិនិយោគ អាច​កើន​ឡើង​ប្រមាណ​២៣​ភាគរយ ខណៈ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប នឹង​មាន​កំណើន​ក្នុងអត្រា ២ភាគរយ​។ តើ​ដើម្បី​ទទួលបាន​ប្រយោជន៍ពី​កិច្ច​ព្រមព្រៀង RCEP ​ដូច​ដែល​បាន​លើក​ឡើង​នេះ តើ​កម្ពុជា​ត្រូវ​ធ្វើ​ការ​ងារ​អ្វី​ខ្លះ? មុន​នឹង​ទៅដល់​ការ​ទាញ​ប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​នេះ គេ​ត្រូវ​ស្វែង​យល់​ពី​សវតា​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​បន្តិច​សិន​។ កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ ហៅ​កាត់​ថា RCEP ត្រូវ​បាន​ស្នើ​ឡើង​ដំបូង​នៅ​ឆ្នាំ​២០១២ នា​ទីក្រុង​ភ្នំពេញ ដោយ​មានប្រទេស​ជា​សមាជិក​ចំនួន​១៦ រួម​មាន​​ប្រទេស​អាស៊ាន​ទាំង​១០ និង​ដៃគូ​សន្ទនា​ចំនួន​៦​ផ្សេង​ទៀត​ គឺ ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា អូស្ត្រាលី និង​ណូវែលសេឡង់​។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១២​នោះ កិច្ច​ព្រម​ព្រៀង RCEP នេះ មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ឡើយ ដោយ​សារ​តែ​អាមេរិក​បាន​ដឹក​នាំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​អន្ដរប៉ាស៊ីហ្វិក ដែល​ធំ​ជាង​នេះ​។ យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​អាមេរិក​សម្រេច​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រ​ម​ព្រៀង​អន្ដរប៉ាស៊ីហ្វិក ចិន​បាន​ឆក់​ឱកាស​ប្រមូល​បណ្ដា​ប្រទេស​អាស៊ាននិង​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀត​ឲ្យ​ចូល​រួម​ជាមួយ​ខ្លួន នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង RCEP។ ចិន​រំពឹង​ថា កិច្ច​ព្រម​ព្រៀង​ RCEP នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ចុង​ឆ្នាំ​២០១៩​​។ ប៉ុន្តែ​នៅចុង​ឆ្នាំ​២០១៩​នោះ ឥណ្ឌា​​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​មហា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP។ ដូច្នេះ​ទើប​ពេល​នេះ មហា​កិច្ច​ព្រម​ព្រៀង​សេរី RCEP ​មាន​សមាជិក​តែ១៥ប្រទេស។ វត្តមាន​នៃ​កិច្ច​ព្រម​ព្រៀង RCEP និង​ក្នុង​ពេល​ដែល​ចិន​និង​អាមេរិក​កំពុង​មាន​​​សង្គ្រាម​ពាណិជ្ជកម្ម គេ​ប្រមើល​ឃើញ​ថា ក្រុម​ប្រទេស​អាស៊ាន​អាច​ទទួល​បាន​ផល​ប្រយោជន៍ច្រើន ពេល​​មាន​កិច្ច​ព្រមព្រៀង RCEP។ មាន​ប្រយោជន៍​ព្រោះ​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក អាច​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អន្ដរជាតិ ងាក​មក​បង្កើត​រោងចក្រ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ទៀត ក្រៅ​ពី​ចិន ដើម្បី​ចៀស​ផុត​ពី​ទណ្ឌកម្មអាមេរិក​។ ដូច្នេះ ប្រទេស​អាស៊ាន អាច​ក្លាយ​ទៅ​ជា​គោលដៅ​ថ្មី​សម្រាប់​ប្រទេស​ទាំង​នោះ​។ កម្ពុជា​ក៏ដូច្នោះ​ដែរ​។ យ៉ាង​ណា​ក៏​ដោយ ដើម្បី​ឲ្យ​វិនិយោគិន​ចូល​មក​ដាក់​ទុន​វិនិយោគ​ក្នុង​តំបន់​ខ្លួន អាស៊ាន​ ជា​ពិសេស​កម្ពុជាត្រូវ​ត្រៀម​ខ្លួន ត្រៀម​ហេដ្ឋារចនាសម្ព័ន្ធ វត្ថុធាតុដើម ហើយ​ត្រូវ​មាននីតិវិធី​ច្បាប់​គ្រប់​គ្រាន់​និង​ត្រឹម​ត្រូវ ដើម្បី​ធានា​ដល់​អ្នក​វិនិយោគ​ដែរ​។ នេះ​ជា​ការ​ប្រឈម​មួយ​សម្រាប់​អាស៊ាន​ និយាយ​ជា​រួម និង​សម្រាប់​កម្ពុជា និយាយ​ដោយ​ឡែក​។ សម្រាប់​កម្ពុជា ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​មហា​កិច្ច​ព្រម​ព្រៀង​ RCEP នេះ អ្នក​ជំនាញ​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​កម្ពុជា​ពន្លឿន​ការ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន ​ឲ្យ​បាន​លឿន​រហ័ស​។ ក្នុង​នោះ មាន​វិស័យ​មួយ​ចំនួន ដែល​កម្ពុជា​អាច​យក​ចិត្ត​ទុកដាក់ ដើម្បី​ពង្រីក​​សសរ​ទ្រទ្រង់​សេដ្ឋកិច្ច​របស់ខ្លួន​។ ទីមួយ គឺ​ការ​ជំរុញ​វិស័យ​កសិឧស្សាហកម្ម​ ដែល​ជា​សសរ​គ្រឹះ​គាំទ្រ​កំណើន​​វិស័យ​កសិកម្ម​ កាត់ដេរ​ និង​ទេសចរណ៍។ ទីពីរ ​ពង្រីក​សិប្បកម្ម​និង​ឧស្សាហកម្ម​ ដើម្បី​ជំរុញ​ការ​នាំចេញ​ និង​បំពេញ​តម្រូវការ​ក្នុង​ស្រុក​។ ​ទីបី​ស្វែងរក​ឧស្សាហកម្ម​​ថ្មី​ៗ និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ស្រប​ទៅ​តាម​ទីផ្សារ​ការងារ​អន្ដរជាតិ​។ កម្ពុជា​ដែលត្រូវបាន​គេ​វាយ​តម្លៃ​ថា ជាប្រទេស​ដែលមាន​​ប្រជាជន​វ័យក្មេង​និង​សកម្មច្រើន គួរ​តែ​អាច​ទាញ​យក​ផល​ប្រយោជន៍​កម្លាំង​​ទាំងនេះ តាម​រយៈការ​បង្កើត​ការងារ​តាមជំនាញ​សម្រាប់​ពួកគេ។ ប្រសិន​បើកម្ពុជា​អាចបង្កើត​ទម្រ​មូលដ្ឋា​នគ្រឹះ​សេដ្ឋកិច្ច​បានច្រើន​មែននោះ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ជឿ​ថា កម្ពុជា​នឹងអាច​ទាញ​យក​ផល​ចំណេញ​យ៉ាង​មហិមា​ ពីកិច្ច​ព្រម​ព្រៀង RCEP ​ជាក់​ជា​ពុំ​ខាន​​៕
3/21/20223 minutes, 37 seconds
Episode Artwork

ជំនឿអរូបិយនៅក្នុងសង្គមខ្មែរ ជាឱកាសអាជីវកម្មរបស់ជនទុច្ចរិត

ជំនឿ​អរូបិយ​​នៅតែ​មាន​ឥទ្ធិពល​​ក្នុង​សង្គម​ខ្មែរ រាប់​ចាប់​តាំង​ពី​ជំនឿ​លើ​ការ​បន់​ស្រន់ សែន​ព្រេន​ចំពោះ​អ្នក​តា រហូត​ដល់​អារុក្ខ​អារក្ស​ទេពតា​នានា​។ នេះ​ជា​ទំនៀម​ទម្លាប់​ដែលដូន​តា​ខ្មែរ​បន្សល់​ទុក​តាំង​ពី​យូរ​ណាស់​មក​ហើយ​។ ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ប៉ុន្តែពលរដ្ឋ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ព្រោះ​ជំនឿ​អរូបិយ​គឺ​ជា​ឱកាស​អាជីវកម្ម​របស់​ជន​ទុច្ចរិត ប្រសិន​បើពលរដ្ឋ​មិន​បាន​​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​មុន​នឹង​ដាក់​ចិត្ត​ជឿ​​ទេនោះ​​​។ ជំនឿ​អរូបិយ​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ពោល​គឺ​យូរ​ជាងការ​ចូល​មក​ដល់​នៃ​ព្រហ្មញ្ញ​សាសនា និង ព្រះ​ពុទ្ធ​សាសនា​ទៅ​ទៀត​។ ជន​ជាតិ​ខ្មែរ​ដើម មាន​ជំនឿ​លើ​កម្លាំង​ក្រៅ​ធម្មជាតិ និង កម្លាំង​ក្រៅ​ខ្លួន ​ដែល​ជាទូទៅ​គោរព​បូជា​វត្ថុ​អរូប​ដូច​ជា អាទិទេព ទេវតា អារុក្ខ​អារក្ស និង​អ្នក​តា​នានា​។ អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​កន្លង​ទៅ​នេះ ជំនឿ​អរូបិយ​នៅ​ក្នុង​សង្គម​ខ្មែរ​មិន​ធ្លាប់​ឃ្លាត​ចាក​ទៅ​ណា​ទេ​។ ពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​នៅ​តាម​ជនបទ ​នៅ​តែ​មាន​ជំនឿ​លើ​រឿង​អរូបិយ​ដដែល​។ សត្វ​ជ្រូក​ជើង​ប្រាំ សត្វ​គោ​ក្បាល​ពីរ និង​ភាព​មិន​ប្រក្រតី​ខុស​ធម្មជាតិ​ផ្សេង​ៗ អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ផ្អើល​អុជ​ទៀន​ធូប​គោរព​បូជា​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។ ករណី​ខ្លះ​ថែម​ទាំង​ត្រូវ​បាន​យក​ទៅ​ចុះ​នៅ​លើ​ទំព័រ​សារព័ត៌មាន​​និង​បណ្ដាញ​សង្គម​ទៀត​ផង​។ សម្រាប់​អ្នក​ដែល​មាន​ជំនឿ​លើ​រឿង​អរូបិយ ករណី​ចម្លែក​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​បារមី​​​សក្តិសិទ្ធ​ខ្លាំង​ពូកែ​ចូល​សន្ធិត។ ហើយ​ការ​អុជទៀន​ធូប​គោរព​បូជា​នានា នឹង​នាំ​មក​នូវ​លាភ​សំណាង​ដល់​ពួក​គេ​។ នេះ​ជា​រឿង​មួយ។ ក្រៅ​ពី​ជំនឿ​លើ​ភាព​មិន​ប្រក្រតី​នៃ​ធម្មជាតិ គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ថែម​ទាំង​មាន​ជំនឿ​លើ​​​អាគម​អរូបិយ និង​សិល្ប៍​សាស្ត្រវិទ្យាការ​ផ្សេង​ៗ​​ទៀត​ផង​។ ជំនឿ​នេះ​ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ទៅ​រក​គ្រូបារមី​៖ ខ្លះ​ដើម្បី​ជោគ​សំណាងក្នុង​ការងារ​មុខ​របរ ខ្លះ​ដើម្បី​រំដោះ​គ្រោះ​អាក្រក់ ហើយ​ខ្លះ​ទៀត​ទៅ​រក​គ្រូ​បារមី ដើម្បី​ភាព​សម​បំណង​ក្នុង​រឿង​ស្នេហា​ជា​ដើម​។ ជា​ការ​កត់​សម្គាល់ ជំនឿ​លើ​រឿង​អរូបិយ បារមី​សក្តិសិទ្ធ​អស់​ទាំង​នេះ មិន​មែន​មាន​តែនៅ​ក្នុង​ចំណោម​ពលរដ្ឋ​នៅ​តាម​ជនបទ ដែល​មាន​ចំណេះដឹង​ទាប ខ្វះទី​ពឹង​ពំនាក់​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយនោះ​ទេ ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​ជា​អ្នក​មាន​ទ្រព្យ​ធន ជាពិសេស​អ្នក​ដែល​ប្រកប​មុខ​របរ​រក​ស៊ី អ្នក​នយោបាយ និង​មន្ដ្រី​អ្នក​មុខ​អ្នក​ការ​ដែល​មាន​តំណែង​ខ្ពស់​មួយ​ចំនួន ក៏​ជឿ​លើ​រឿង​ទាំង​នេះ​ដែរ​។ ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ការ​​​ជឿជាក់​ទៅ​​​​លើ​អារុក្ខ​អារក្ស​អ្នក​តា ឬ​ដាក់​ចិត្ត​ដាក់​ថ្លើម​ជឿ​ទៅ​លើ​គ្រូ​បារ្យ​អាចារ្យ​ណា​មួយ គឺ​ជា​ជំនឿ​ដូច​គ្នា​នឹង​ការ​បូជា​ចំពោះ​ព្រះ​ព្រហ្ម ព្រះ​សិវៈ និង​ព្រះ​វិស្ណុ​នៅ​ក្នុង​ព្រហ្មញ្ញ​សាសនា ឬ​ការ​គោរព​បូជា​ព្រះ​ពុទ្ធសាសនា​ដូច្នោះ​ដែរ​។ ការ​មិន​ជឿ​លើ​សាសនា ឬ លទ្ធិ​ណា​មួយ​សោះ ក៏​ជា​សិទ្ធិ និង​ជា​ជំនឿ​មួយ​ប្រភេទ​ដែរ​។ បើ​ទោះ​បី​ជា​វា​ជា​សិទ្ធិ​សេរីភាពរៀង​​ៗខ្លួន​​ក៏​ដោយ ក៏​ពលរដ្ឋ​​ម្នាក់​ៗ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ដោយ​ចំពោះ​ជំនឿ​អរូបិយ​តែ​ម្ដង ព្រោះ​ខុស​ពី​សាសនា​ផ្សេង​ៗ ជំនឿ​អរូបិយ​ជា​ទូទៅ​ត្រូវ​បាន​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​តាម​រយៈ​បុគ្គល​ប៉ុណ្ណោះ​ ដោយ​មិន​មាន​ក្បួន​ខ្នាត​ច្បាស់​លាស់ ដើម្បី​​វាស់ស្ទង់​​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អនុវត្ត​ឡើយ​។ ភាព​មិន​ច្បាស់​លាស់​ និង​ជំនឿ​ងប់​ងល់​របស់​ពលរដ្ឋ ផ្ដល់​ឱកាស​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​អាជីវកម្ម​បោក​បញ្ឆោត​របស់​ជន​ទុច្ចរិត​។ នៅ​ក្នុង​សង្គម​ខ្មែរ គេ​ធ្លាប់​ឃើញ​មាន​ឧទាហរណ៍​ជា​ច្រើន​មក​ហើយ​ជុំ​វិញ​ករណី​ជន​ទុច្ចរិត ដែលឆ្លៀត​ឱកាស​យក​ជំនឿ​អរូបិយ​របស់​ពលរដ្ឋ មក​ធ្វើ​អាជីវកម្ម​ស្វែង​រក​ផល​ប្រយោជន៍​បំពេញ​កិលេស​ផ្ទាល់​ខ្លួន។ ជាក់​ស្ដែង​ដូច​ជា​ករណី​អតីត​​ចៅ​អធិការ​វត្ត​ស្រះ​ចក នេត ខៃ ដែល​បាន​លួច​ថត​រូប​អាស​អាភាស​របស់​ស្ដ្រី​មិន​តិច​ជាង​៦០០​នាក់​ឡើយ នៅ​ពេល​ពួក​គេ​មក​​ស្រោច​ទឹក​មន្ត​នៅ​វត្ត​ស្រះ​ចក។ និង​ករណី បុរស​ឈ្មោះ​ធាន វុទ្ធី ដែល​តាំង​ខ្លួន​ឯង​ជា​ព្រះ​សិអារ្យ​មេត្រិយ៍ ស្លៀក​ស ពាក់​ស នៅ​វត្ត​ទួល​ព្រះ​រាជា ហើយ​បង្គាប់​ឲ្យ​ព្រះ​សង្ឃ​ថ្វាយ​បង្គំ​ខ្លួន​ជា​ដើម​។ ​បើ​ទោះ​បី​ជា​​​ករណី​ទាំង​ពីរ​ខាង​ដើមត្រូវ​បាន​សមត្ថកិច្ច​បើក​កកាយ​និង​កាត់​ទោស​រួច​ហើយ​ក្ដី ក៏​ប៉ុន្តែ​ទង្វើ​បោក​បញ្ឆោត​ដោយ​ឈរ​លើ​ជំនឿ​អរូបិយ​របៀប​នេះ នៅ​តែ​មាន​ជាប់​ជា​និច្ច​នៅ​ក្នុង​សង្គម​ខ្មែរ​។ យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​លុប​បំបាត់ ឬ​គាស់​រំលើង​ក្រុមជន​ទុច្ចរិត​ទាំង​នោះ​ណាស់ ខណៈពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​ជំនឿ​ទៅ​លើ​រឿង​ទាំង​នោះ ដែល​ជា​លទ្ធផល គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​ខាត​បង់​ពេល​វេលា​និង​ប្រាក់​កាស​នោះ​ឡើយ​។ សរុប​មក​វិញ បើ​ទោះ​បី​ជា​ជំនឿ គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់​ៗ​ក៏​ដោយ ក៏​ពលរដ្ឋ​គួរ​តែ​ត្រិះ​រិះ​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ មុន​នឹង​ដាក់​ចិត្ត​ជឿ​ទៅ​លើ​អ្វី​មួយ ឬ​បុគ្គល​ណា​ម្នាក់​។ ការជឿជាក់​លើ​ជំនឿ​មិន​សម​ហេតុផល គ្មាន​ឫស​គ្មាន​គល់ និង គ្មាន​មូលដ្ឋាន​រឹង​មាំ គ្មាន​នាំ​ប្រយោជន៍​អ្វី​ដល់​ខ្លួន​ឡើយ ក្រៅ​តែ​ពី​ការ​ខាត​បង់ពេលវេលា​និង​ប្រាក់​កាស ហើយ​ពេល​ខ្លះ វិនាស​ខូច​ខាត​ដល់​ខ្លួន​ឯង​និង​គ្រួសារ​ថែម​ទៀត៕
3/14/20225 minutes, 56 seconds
Episode Artwork

កម្ពុជាត្រូវអភិវឌ្ឍសមត្ថភាពអ្នកនិពន្ធ ដើម្បីថែរក្សាអ្នកអាន

ថ្ងៃសុក្រ​​ទី​១១​មីនា​ខាង​មុខ​នេះ គឺ​ជា​ទិវា​ជាតិ​អំណាន​។ ចាប់​តាំង​ពី​មាន​ការ​បង្កើត​ទិវា​ជាតិ​អំណាន​នៅ​ឆ្នាំ២០១៦​មក គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ បាន​ងាក​មក​អាន​សៀវភៅ​កាន់​តែ​ច្រើន​ឡើង​​​។ កំណើន​និង​សេចក្ដី​ត្រូវការ​របស់​អ្នក​អានដូច្នេះ កើត​ឡើង​ស្រប​ពេល​ដែល​ចំនួន​និង​សមត្ថភាព​របស់​អ្នក​និពន្ធ​ខ្មែរ​​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ​។  ដើម្បី​ថែ​រក្សា​កំណើន​នៃ​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា អ្នក​ជំនាញ​ស្នើ​ឲ្យ​អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី ​រួស​រាន់​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​​បន្ថែម​ទៀត​។ ជា​ច្រើន​ឆ្នាំ​​ចុង​ក្រោយ​នេះ និង​បើ​ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​ពី​វិបត្តិ​កូវីដ​១៩ ការ​អាន​សៀវភៅ​នៅ​កម្ពុជានៅ​តែ​មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​កត់​ស្គាល់​។ សន្ទុះ​អ្នក​អាន​សៀវភៅ​ខ្មែរ​ដែល​កើន​ឡើង​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​។ មាន​កត្តា​សំខាន់​ៗ​ចំនួន​៣ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​មក​អាន​សៀវភៅ​កាន់​តែ​ច្រើន​ឡើង​។ ទី​១ គឺ​ការ​អប់រំ​ផ្សព្វផ្សាយ​ទូលំទូលាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​បណ្ដាញ​សង្គម ដែល​ចាប់​ផ្ដើម​ផ្ដល់​តម្លៃ​ និង​លើក​កម្ពស់​​ការ​អាន​សៀវភៅ​។ ទី​២ គឺ​ការ​បង្កើត​ឲ្យ​មាន​ពិព័រណ៍​សៀវភៅ​។ និង​ទី​៣ ការ​បង្កើត​ទិវា​ជាតិ​អំនាន ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​។ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​មាន​ទិន្នន័យ​ច្បាស់​លាស់​អំពី​ចំនួន​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា​ដែល​កើន​ឡើង​សព្វ​ថ្ងៃ​នេះ​ទេ​។ ប៉ុន្តែ​សន្ទុះ​នៃ​កំណើន​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ឡើង តាម​រយៈ​ចំណង​ជើង​សៀវភៅ ​ដែល​បោះ​ពុម្ព​ដាក់​លក់​កាន់​តែ​ច្រើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ នៅ​តាម​បណ្ណាគារ និងតូប​​លក់​សៀវភៅ​នានា​។ ​ការ​បោះពុម្ព​សៀវភៅ​កាន់​តែ​ច្រើន មាន​ន័យ​ថា អ្នក​អាន​ក៏​មាន​ចំនួន​ច្រើន​ឡើង​។ ទន្ទឹម​នឹង​សន្ទុះ​កើន​ឡើង​នៃ​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា​នេះ គេ​សង្កេត​ឃើញ​ថា នៅ​តាម​តូប​លក់​សៀវភៅ និង​បណ្ណាគារ​នានា សៀវភៅ​ថ្មី​ៗ​ដែល​បោះ​ពុម្ព​ផ្សាយ​ជា​ខេមរភាសា ភាគ​ច្រើន​លើស​លុប គឺ​ជា​សៀវភៅ​ដែល​បក​ប្រែ​ពី​ភាសា​បរទេស​។ សៀវភៅ​​របស់​អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី ដែល​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​សព្វ​ថ្ងៃ​ មាន​ចំនួន​តិច​តួច​នៅ​ឡើយ​។ នេះ​ក៏​ព្រោះ​តែ​អ្នក​និពន្ធ​ខ្មែរ​នៅ​មាន​ចំនួន​តិច​។ ហើយ​​ក្នុង​ចំណោម​ចំនួន​​ដ៏​តិច​នោះ​ទៀត​សោត  អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី​ដែល​មាន​សមត្ថភាព ក៏​មាន​ចំនួន​កាន់​តែ​តិច​ទៅ​ទៀត​។ អ្នក​និពន្ធ​ ជា​មនុស្ស​សេរី និង​ជា​អ្នក​ច្នៃ​ប្រឌិត​បង្កើត​ថ្មី ដែល​ត្រូវ​ការ​ដឹង​រឿង​រ៉ាវ​ ក្នុង​ធម្មជាតិ​​ និង​សង្គម​ជា​ច្រើន ដើម្បី​យក​មក​ប្រឌិត​ប្រៀប​ធៀប​ ទៅ​តាម​ទំនោរ​នៃ​ឆន្ទៈរបស់​ខ្លួន ទុក​ជា​ការ​កំសាន្ត និង​ពិចារណា សំដៅ​ទៅ​រក​ការ​បង្កើត​គំនិត​ថ្មី។ អ្នក​និពន្ធ​អាច​តាក់​តែង​ព្រឹត្តិការណ៍​មួយ​ ទៅ​ជា​កំណាព្យ​ ជា​រឿងប្រឌិត ជា​ចម្រៀង ភាព​យន្ត និង​រូប​ត្លុកកំប្លុក​កំប្លែង​ក៏​មាន​ដែរ ទៅ​តាម​ជំនាញ​ ឬ​ទេពកោសល្យ​របស់​ខ្លួន ដោយ​រើស​យក​​ស្ថានការណ៍​​សង្គម​ណាមួយ​​ ទុក​ឲ្យ​អ្នក​អាន​ពិចារណា។​ ក្នុង​ទសវត្សរ៍ទី​៥០ ៦០ និង​៧០ អ្នក​និពន្ធ​ខ្មែរ​មួយ​ចំនួន ប្រឹង​ប្រែង​ត្រួស​ត្រាយ​កសាង​ស្នា​ដៃ​របស់​ខ្លួន​ រហូត​ទទួល​បាន​ការ​គាំទ្រ​​ពី​សាធារណជន ពិសេស​ក្នុង​របប​សាធារណរដ្ឋ ដែល​មាន​ការ​បោះ​ពុម្ព​ផ្សាយ​ច្រើន។ ឯ​​បច្ចុប្បន្ន អ្នក​និពន្ធ​ហាក់​ត្រូវ​បាន​ចាត់​ទុក​ជា​ក្រុម​មនុស្ស​ ដែល​មិន​មាន​សារៈសំខាន់ និង​ពុំ​មាន​អ្នក​គ្រប់​គ្រង​ត្រឹម​ត្រូវ​។ ទោះ​បី​មាន​ក្រុម​ សមាគម​អ្នក​និពន្ធ​ពីរ ឬ​បី ប្រឹង​ប្រែង​ឈរ​ដោយ​​ខ្លួន​ឯង ទាំង​ត្រដាប​ត្រដួស​ក៏​ដោយ​ ក៏​គេ​មិន​អាច​រក​ឃើញ​ភាព​​ច្បាស់​លាស់​មួយ​​ ដើម្បី​អភិវឌ្ឍ​​ន៍​វិស័យ​សំណេរ​ និង​ជា​ទី​សង្ឃឹម​ សម្រាប់​អ្នក​និពន្ធ​ខ្មែរ​ស្រករ​ថ្មី​ឡើយ។​​ នៅ​ប្រទេស​កម្ពុជា វិជ្ជា​និពន្ធ មិន​ទាន់​ជា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​មួយ ដូច​មុខ​វិជ្ជា​ឯទៀត​ទេ។ ការណ៍​ដែល​ប្រជា​ជន​ខ្មែរ​មួយ​ចំនួនបច្ចុប្បន្ន អាច​តាក់​តែង​និពន្ធ​បាន ការ​ដែល​គេ​ហៅ​អ្នក​និពន្ធ​ ជា​អ្នក​និពន្ធ​ មាន​តិច​ណាស់​ ដែល​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​និពន្ធ។ ឯ​ការ​បណ្តុះ​បណ្តាល​ទៀត​សោត​ មាន​រយៈ​ពេល​ខ្លី​ ហើយ​មិន​មាន​មេរៀន​ច្បាស់​លាស់​តាម​បែប​វិជ្ជា​ជីវៈ សម្រាប់​អ្នក​សិក្សា​ឡើយ។ គ្រូ​បង្រៀន​មួយ​ចំនួន​ ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​ទៅ​ក្នុង​ថ្នាក់​ គ្រាន់​តែ​ជា​អ្នក​ឧទ្ទេស​នាម រំលែក​បទ​ពិសោធន៍​ ដែល​ពួកគាត់​មាន​ទៅ​ឲ្យ​អ្នក​ជំនាន់​ថ្មី​តែ​ប៉ុណ្ណោះ។ គ្រូ​បង្រៀន​មុខ​វិជ្ជា​តែង​និពន្ធ​នោះ​ទៀត​សោត ច្រើន​តែ​​បង្ហាញ​សើ​ៗទៅ​សិក្ខាកាម​ ពី​របៀប​សរសេរ​កំណាព្យ​ ឬ​ប្រលោមលោក​តាម​បែប​បុរាណ ​ជាជាង​វែក​ញែក​បង្ហាញ​ពី​គំនិត​ដែល​មាន​នៅ​ក្នុង​អត្ថបទ​អក្សរ​សិល្ប៍​ទាំង​នោះ​ ឬ​បង្កើត​គំនិត​ថ្មី សម្រាប់​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​អាន​ក្នុង​សង្គម​សព្វថ្ងៃ។ ពេល​ខ្លះ វាគ្មិន​មិន​ហ៊ាន​បក​ស្រាយ​នូវ​ទស្សនៈ​របស់​រឿង​ ដែល​ឆ្លុះ​បញ្ចាំង​មក​សង្គម​ ឬឆ្លើយ​សំណួរ​របស់​សិក្ខាកាម​ ព្រោះ​គាត់​បារម្ភ​ គឺ​បារម្ភ​ថា អាច​នឹង​ប៉ះ​ពាល់​ដល់​ផ្នែក​នយោបាយ​ ឬ​ការ​ដឹកនាំ​របស់​ស្ថាប័ន​ខ្លះ​ក្នុង​រដ្ឋាភិបាល​ក៏​មាន​ដែរ។​ នេះ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សមត្ថភាព​របស់​អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី មិន​បាន​ឈាន​ឲ្យ​ដល់​ស្តង់ដារ​នៃ​អត្ថន័យ​និង​តម្លៃ​នៃ​អ្នក​និពន្ធ​ដ៏​ពិត​ប្រាកដ​។ អ្នក​និពន្ធ គឺ​ជា​មូលដ្ឋាន​គ្រឹះ​បង្កើត​ស្នាដៃ​សម្រាប់​អ្នក​អាន​។ ហើយ​សន្ទុះ​កើន​ឡើង​នៃ​អ្នក​អាន​សៀវភៅ គឺ​ជា​សាក្សី​ដ៏​សំខាន់ ​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា គ្រាប់​ពូជ​នៃ​ទម្លាប់​អាន​សៀវភៅ​នៅ​កម្ពុជា ចាប់​ផ្ដើម​រីក​ដុះ​ដាល​​ឡើង​វិញ​ហើយ​​។ គឺ​ទម្លាប់​អាន​សៀវភៅ​នេះ​ហើយ ដែល​ជា​កត្តា​រួម​ចំណែក​ដ៏​សំខាន់ ក្នុង​ការ​​អភិវឌ្ឍ​ប្រាជ្ញា​ស្មារតី​របស់​ប្រជាពលរដ្ឋ ដើម្បី​ឈាន​ទៅ​អភិវឌ្ឍ​ប្រទេស​។ ប៉ុន្តែ​ប្រសិន​បើ​ខ្មែរ នៅ​តែ​ខ្វះ​អ្នក​និពន្ធ​ប្រកប​ដោយ​សមត្ថភាព​និង​គុណភាព ហើយ​បណ្ដែត​បណ្ដោយ​ឲ្យ​ទីផ្សារ​សៀវភៅ​ខ្មែរ ​លុកលុយ​ដោយ​សៀវភៅ​បក​ប្រែ​គ្មាន​គុណភាព​ពី​ភាសា​បរទេស នោះ​ចំណាប់​អារម្មណ៍​របស់​អ្នក​អាន​អាច​នឹង​ថយ​ចុះ​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​ពុំ​ខាន​។ ការ​បណ្ដុះទម្លាប់​អាន​សៀវភៅ​ជា​រឿង​ដ៏​ល្អ​ ដែល​ត្រូវ​តែ​បន្ត​លើក​ទឹក​ចិត្ត ប៉ុន្តែ​ការ​អភិវឌ្ឍ​សមត្ថភាព​អ្នក​និពន្ធ ក៏​ជា​រឿង​ចាំ​បាច់ ដែល​មិន​អាច​មើល​រំលង​បាន​ដែរ​៕
3/7/20226 minutes, 50 seconds
Episode Artwork

អូមីក្រុងស្លូត តែជាផ្នែកមួយបន្ថែមបន្ទុកក្រីក្រដល់ប្រជាពលរដ្ឋ

វីរុសបំប្លែងថ្មី​ប្រភេទអូមីក្រុង​ បាន​មកដល់​ប្រទេសកម្ពុជា​ និង​ឆ្លងចូលសហគមន៍​ កាលពីដើម​ខែមករា​ ឆ្នាំ២០២២​នេះ។​ តាមលក្ខណៈ​ជីវសាស្ត្រ ​មេរោគកូវីដអូមីក្រុង​នេះ ​មានការ​ចម្លងលឿន​ពីមនុស្ស​ម្នាក់ទៅមនុស្ស​ច្រើននាក់​ តែមិនមាន​សភាពកាច​ដូចជាវីរុសកូវីដ​ពពួកវ៉ារីយ៉ង់​ដែលតា ​ឬអាល់ហ្វាទេ។ ​ ទោះយ៉ាងណា​វត្តមាន​របស់វីរុស​កូវីដបំប្លែងថ្មី​អូមីក្រុងនេះ ​បានជះឥទ្ធិពល​ដល់សេដ្ឋកិច្ច​និងភាពក្រីក្រ​ផងដែរ។​ ក្រោយប្រទេសកម្ពុជាបានប្រកាសបើកឲ្យដំណើរការសេដ្ឋកិច្ចសង្គម ឡើងវិញកាលពីដើមខែមករា ក្រោយរងវិបត្តិធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតពីជំងឺកូវីដ-១៩ វ៉ារីយ៉ង់ដែលតា និងអាល់ហ្វាមក វីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុង ក៏បានមកដល់ដែរ ហើយក៏បានឆ្លងចូលសហគមន៍យ៉ាងឆាប់រហ័ស។  តាមការឲ្យដឹងពីក្រសួងសុខាភិបាល ការស្លាប់ដោយវីរុសបំប្លែងថ្មីអូមីក្រុងនេះ គឺមិនមានទេអស់រយៈពេលជាង១ខែ។ ទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះ ការស្លាប់ដោយសារអូមីក្រុងចាប់ផ្តើមមានជាប់ៗគ្នា តែក្នុងចំនួនមួយតិចតួច។ ទិដ្ឋភាពនេះ អាចរាប់បានថា មិនមានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជំងឺកូវីដ-១៩ ប្រភេទដែលតា និងអាល់ហ្វាទេ ដែលពលរដ្ឋកម្ពុជាបានស្លាប់ដោយសារជំងឺនេះ ដល់ទៅជាង៣ពាន់នាក់ អំឡុងពេលនៃរាតត្បាតរយៈពេលជិត២ឆ្នាំ។ ទោះយ៉ាងណាការមកដល់នៃវីរុសអូមីក្រុង អស់រយៈពេលជិត២ខែមកនេះ មិនអាចជាឧបសគ្គក្នុងដំណើរការបើកប្រទេសឡើងវិញ ដើម្បីសង្គ្រោះសេដ្ឋកិច្ចនោះទេ។ ពិធីបុណ្យធំៗជាលក្ខណៈប្រមូលផ្តុំមនុស្សដូចជាពិធីឆ្លងឆ្នាំសកល បុណ្យចូលឆ្នាំចិន វៀតណាម ថ្ងៃឈប់សម្រាកសាធារណៈ ដែលមានមនុស្សដើរកម្សាន្តច្រើន នៅតែអាចធ្វើទៅបាន ដោយមិនមានការហាមឃាត់។ ទាំងអស់នេះ គឺដើម្បីឲ្យសកម្មភាពសេដ្ឋកិច្ច មានដំណើរការទូទាំងប្រទេស ចាប់ពីសេដ្ឋកិច្ចកញ្រ្ចែងល្អី រហូតដល់សេដ្ឋកិច្ចធំៗរបស់ជាតិ ដោយមានការបន្ធូរបន្ថយលក្ខខណ្ឌជាច្រើនពាក់ព័ន្ធនឹងការរឹតបន្តឹង នៅពេលដែលមានមនុស្សម្នាឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង។ មានន័យថាអ្នកឈឺត្រូវសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ ឬនៅតាមផ្ទះ ហើយអ្នកមិនទាន់ឈឺនៅតែបន្តធ្វើការងារ និងប្រកបអាជីវកម្មដំណាលគ្នា។ តាមតួលេខផ្លូវការពីក្រសួងសុខាភិបាល មានអ្នកជំងឺថ្មីក្នុងរង្វង់ពី៤០០ ទៅជាង៥០០នាក់ ក្នុងមួយថ្ងៃនាប៉ុន្មានថ្ងៃចុងក្រោយនេះ បានឆ្លងវីរុសកូវីដ-១៩ អូមីក្រុង។ ក៏ប៉ុន្តែតួលេខមិនផ្លូវការត្រូវគេមើលឃើញថា មានច្រើនលើសពីនេះ ដោយសារអ្នកជំងឺមិនបានរាយការណ៍ ហើយសម្រាកព្យាបាលដោយស្ងៀមស្ងាត់នៅឯផ្ទះ។ ដូច្នេះ ត្បិតជំងឺកូវីដអូមីក្រុង មិនមានចរិកកាចមែន ក៏ប៉ុន្តែមេរោគបំប្លែងថ្មីនេះ បានរំខានយ៉ាងខ្លាំងដល់ការចេញទៅក្រៅដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត និងបំរើការងារផ្សេងៗ ដោយសារតែជំងឺនេះឆ្លងលឿន។ ការខកខានមិនបានប្រកបអាជីវកម្ម និងមិនបានបំពេញការងារជាពិសេសសម្រាប់បុគ្គលិកសហគ្រាសឯកជន គឺជាហេតុផលមួយដែលនាំទៅរកការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ខណៈពលរដ្ឋក្រីក្រជាច្រើនរកចំណូលត្រឹមតែមួយថ្ងៃដើម្បីតែមួយថ្ងៃ។ ប្រសិនបើមានការខកខានមួយថ្ងៃ ពីរថ្ងៃ ឬដល់ទៅរាប់សប្តាហ៍ ដោយសារវិជ្ជមានជំងឺកូវីដ-១៩ នោះនៅក្នុងគ្រួសារមួយដែលពឹងផ្អែកតែលើមេគ្រួសារតែម្នាក់ នឹងមានការលំបាក។ លំបាកដោយសារអ្នកជំងឺ និងក្រុមគ្រួសារត្រូវការអាហារប្រចាំថ្ងៃ និងជាពិសេសថ្នាំព្យាបាល រួមនឹងឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ អាល់កុលសម្រាប់សម្លាប់មេរោគ និងម៉ាស់ការពារផងដែរ។ នៅក្នុងដំណាក់កាលមួយ ដែលមានការផ្ទុះការរាតត្បាតខ្លាំងដោយជំងឺកូវីដអូមីក្រុង វត្ថុសំខាន់ ចាំបាច់ទាំងអស់នេះត្រូវបានលក់ក្នុងតម្លៃមួយថ្លៃជាងមុន ដោយសារតែតម្រូវការខ្ពស់ជាងការផ្គត់ផ្គង់។ ចំណុចនេះ មានសំណួរជាច្រើនបានចោទសួរដូចៗគ្នាថា តើពលរដ្ឋក្រីក្រអាចមានលទ្ធភាពប្រជែង ទិញរបស់ទាំងអស់នេះមកប្រើប្រាស់និងព្យាបាលបានឬទេ? បញ្ហានេះ បានបង្កើតភាពទាល់ច្រកសម្រាប់អ្នកក្រ ជាហេតុនាំទៅរកការខ្ចីបុល ដោយក្នុងនោះមានទាំងបំណុលក្នុងសហគមន៍ និងបំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុកន្លងមក។ «អាចាស់មិនទាន់អស់ អាស្រស់មកដល់»។ នៅក្នុងបរិការណ៍នេះ ចង់មិនចង់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ពិតជាឧបសគ្គក្នុងការលូតលាស់សេដ្ឋកិច្ចជាពិសេសសេដ្ឋកិច្ចគ្រួសារ ហើយជាពិសេសមួយទៀតគឺបន្ទុកនេះ បានធ្លាក់ទៅលើពលរដ្ឋក្រីក្រច្រើនជាង។ ទាំងអស់នេះជាបញ្ហាសង្គម និងសុខមាលភាពប្រជាពលរដ្ឋដែលមិនអាចមើលរំលងបានឡើងជាពិសេសសម្រាប់អ្នកដឹកនាំរដ្ឋ។ ជាការពិតរដ្ឋាភិបាលបានប្រឹងប្រែងធ្វើច្រើនហើយ ក្នុងការរារាំងការដកហូតជីវិតពលរដ្ឋពីជំងឺកូវីដ ដូចជាការផ្តល់វ៉ាក់សាំងសន្ធឹកសន្ធាប់ និងទាន់ពេលវេលា ការផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ការឧបត្ថម្ភសាច់ប្រាក់ខ្លះៗសម្រាប់ពលរដ្ឋទីទាល់ក្រ និងបុគ្គលិក កម្មករ ដែលបាត់បង់ការងារដោយសារគាំងច្រវ៉ាក់ផលិតកម្មជាដើម។ ក៏ប៉ុន្តែនៅមិនគ្រប់គ្រាន់ទេ រដ្ឋគួរតាមដានប្រកបដោយតម្លាភាពនូវរាល់សកម្មភាពបង្កឲ្យមានការហើមប៉ោងតម្លៃទីផ្សារលើវត្ថុចាំបាច់មួយចំនួន ដូចជាថ្នាំព្យាបាលកូវីដ ឧបករណ៍ធ្វើតេស្តរហ័ស ទប់ស្កាត់ចរាចរថ្នាំព្យាបាលកូវីដក្លែងក្លាយ ឬបញ្ហាផ្សេងៗទៀត ដែលធានាដល់ការជួយទ្រទ្រង់ជាពិសេសដល់អ្នកក្រីក្រ ដើម្បីស្របតាមការតាំងចិត្ត និងគោលនយោបាយកាត់បន្ថយភាពក្រីក្រពីក្នុងរង្វង់ពលរដ្ឋខ្មែរឲ្យនៅទាបបំផុត៕
2/28/20225 minutes, 21 seconds
Episode Artwork

ប្រជាជាតិខ្មែរត្រូវយកចិត្តទុកដាក់ថែរក្សានិងផ្ដល់តម្លៃប្រាសាទបុរាណខ្មែរទាំងអស់

ព័ត៌មាន​អំពី​ការ​ចម្លង​ប្រាសាទ​អង្គរ​វត្ត នៅ​ប្រទេស​វៀតណាម បាន​បង្ក​ជា​សង្គ្រាម​ប៉ាកា​ជា​ថ្មី​ម្ដង​ទៀត នៅ​លើ​បណ្ដាញ​សង្គម​។ ជា​ការ​ពិត​ហើយ​ថា ប្រាសាទ​អង្គរ​វត្ត​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​ល្បី​ល្បាញ​របស់​ខ្មែរ នៅ​តែ​ជា​គោលដៅ​នៃ​ការ​ទាញ​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ពី​បណ្ដា​ប្រទេស​ជិត​ខាង​មួយ​ចំនួន​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ប្រជាជន​កម្ពុជា​មិន​ត្រូវ​ភ្លេច​ទេ​ថា ក្រៅ​ពី​ប្រាសាទ​អង្គរ​វត្ត ខ្មែរ​យើង​នៅ​មាន​ប្រាសាទ​បុរាណ​រាប់​រយ​កន្លែង​ទៀត ដែល​កំពុង​តែ​រង​គ្រោះ​ ដោយ​សារ​ពេល​វេលា ទង្វើ​មនុស្ស ​និង​បាតុភូត​ធម្មជាតិនានា​​។ ប្រឈម​នឹង​ស្ថានការណ៍​នេះ ​ប្រាសាទ​ខ្លះ​ត្រូវ​រៀបចំ​ឲ្យ​មាន​ការ​ជួស​ជុល​ឡើង​វិញ​ជា​បន្ត​បន្ទាប់​។ ទន្ទឹម​នឹង​ការងារ​របស់​ស្ថាប័ន​ពាក់ព័ន្ធ ប្រាសាទ​បុរាណ​ខ្មែរ​ទាំង​អស់​ក៏​ត្រូវ​ការ​ការ​យកចិត្ត​ទុក​ដាក់ ចូល​រួម​ថែ​រក្សា និង​ផ្ដល់​តម្លៃ ពី​សំណាក់​ប្រជាជាតិ​ខ្មែរទាំង​មូល​​ឲ្យ​បាន​​ជាប់​លាប់​ផង​ដែរ​​។ កម្ពុជា គឺ​ជា​ប្រទេស​តែ​មួយ​គត់​លើ​លោកដែល​មាន​រូប​​សំណង់​ប្រាសាទ​នៅ​ក្នុង​ទង់​ជាតិ​។ នេះ​គឺ​ជា​សក្ខីភាព​ដែល​បង្ហាញ​ថា ប្រាសាទ​បុរាណ មាន​ទំនាក់ទំនង​​យ៉ាង​ជិត​ស្និត​ទៅ​នឹង​ជីវិត​មនុស្សខ្មែរ​តាំង​ពី​បុរាណកាល​មក​ម្ល៉េះ​។ ដោយ​មាន​ឥទ្ធិពល​ពី​ឥណ្ឌា ព្រះ​រាជា​ខ្មែរ​ចាប់​ផ្ដើម​សាងសង់​ប្រាសាទ ដើម្បី​ឧទ្ទិស​ដល់​ទេវ​​និង​សាសនា​ផ្សេង​ៗ​។ ឬ​បើ​ពុំ​ដូច្នោះ​ទេ គេ​ស្ថាបនា​ប្រាសាទ​ឡើង​ដើម្បី​តំណាង​ឲ្យ​កំពូល​ភ្នំ​ហិមាល័យ ដែល​ជា​ទី​លំនៅ​របស់​ទេវតា​។ ក៏​មាន​ផង​ដែរ ប្រាសាទ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​​ថ្វាយ​ព្រះ​ភ្លើង ឬ​ឧទ្ទិស​ដល់​បុគ្គល​សំខាន់​ណា​មួយ​។ ប្រាសាទ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ ចាប់​ផ្ដើម​មាន​វត្តមាន​ដំបូង​នៅសម័យ​ចេនឡា ពោល​គឺ​ក្នុង​អំឡុង​​សតវត្ស​ទី​៦​នៃ​គ្រឹស្តសករាជ​។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពេល​វេលា ទង្វើ​មនុស្ស ​និង​បាតុភូត​ធម្មជាតិ​កំពុង​តែ​ធ្វើ​ឲ្យ​ប្រាសាទ​បុរាណ​ខ្មែរ​ចាស់​ទ្រុឌ​ទ្រោម​​ជា​បន្ត​បន្ទាប់​។ ក្នុង​ចំណោម​ប្រាសាទ​បុរាណ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ប្រមាណ​​១​ពាន់​ប្រាសាទ មាន​ប្រាសាទ​ជិត​៤០០​ហើយ ដែល​ត្រូវ​ដួល​រលំ​បាក់​បែក​បាត់​រូប​រាង​​​។ របាយការណ៍​របស់​ក្រសួង​វប្បធម៌​នៅ​ឆ្នាំ​២០១០​បង្ហាញ​ថា ប្រាសាទ​ដែល​នៅ​មាន​រូបរាង មាន​ប្រមាណ​តែ​ជាង​៥០០​ប្រាសាទ​ប៉ុណ្ណោះ​។ ក្នុង​គោលដៅ​ថែ​រក្សា​ប្រាសាទ​បុរាណ​ខ្មែរ​ទាំង​អស់​ឲ្យ​ឋិតឋេរ​គង់​វង្ស គេ​សង្កេត​ឃើញ​ថា ក្រសួង​វប្បធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ធ្វើ​ការងារ​ច្រើន​ណាស់​។ ប្រាសាទ​ខ្លះ​ត្រូវ​រៀបចំ​ឲ្យ​មាន​ការ​ជួស​ជុល​ឡើង​វិញ និង​ខ្លះ​ទៀត​បាន​ត្រឹម​ធ្វើ​ការងារ​អភិរក្ស​។ យ៉ាង​ណា​ក៏​ដោយ ការងារ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​តែ​ប៉ុន​នេះ នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។ ប្រាសាទ​បុរាណ​ខ្មែរ​ទាំង​អស់ ត្រូវ​ការ​ការ​យកចិត្ត​ទុក​ដាក់ ចូល​រួម​ថែ​រក្សា និង​ផ្ដល់​តម្លៃ ពី​សំណាក់​ប្រជាជាតិ​ខ្មែរទាំង​មូល​​ឲ្យ​បាន​​ជាប់​លាប់​។ សព្វ​ថ្ងៃ​នេះ ត្បិត​តែ​ពលរដ្ឋ​ខ្មែរ​ជា​ពិសេស​យុវជន ​បាន​បង្ហាញ​ទឹក​ចិត្ត​ស្រឡាញ់ និង​ផ្ដល់​តម្លៃ​ដល់​បេតិកភណ្ឌ​ប្រាសាទ​បុរាណ​ក៏​ដោយ ក៏​គេ​កត់​សម្គាល់​ឃើញ​ថា ទឹក​ចិត្ត​ស្រឡាញ់​​ចំពោះ​ប្រាសាទ​បុរាណ​ទាំង​អស់​នោះ មិន​បាន​បង្ហាញ​ចេញ​ជា​សកម្មភាព​ជាក់​ស្ដែង​ឡើយ​។ ពលរដ្ឋ​ខ្លះ​បាន​ប្រៀប​ធៀបប្រាសាទ​បុរាណ​ទៅ​នឹង​ដុំ​ថ្ម ដូច​ជា​៖ ទៅ​មើល​ប្រាសាទ ដូច​ទៅ​មើល​ថ្ម។ ចំណែក​អ្នក​ខ្លះ​ទៀត​ពិសេស​យុវជន​តែ​ម្ដង បាន​យក​ថ្ម​ទៅ​គូស​វាស​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បុរាណ​ជា​ឈ្មោះ​របស់​ខ្លួន ឬ​ជា​អក្សរ​ផ្សេង​ៗ​ថែម​ទៀត​។ សូម្បី​តែ​ការ​ចោល​សម្រាម​ពាស​វាល​ពាស​កាល​នៅ​ក្នុង​តំបន់​ប្រាសាទ​ជា​បេតិកភណ្ឌ ក៏​ជា​ទង្វើ​ដ៏​ពេញ​និយម​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែរ​។ បើ​តាម​អ្នក​ជំនាញ ពលរដ្ឋ​ខ្មែរ​ស្រឡាញ់​សម្បត្តិ​បេតិកភណ្ឌ ពិសេស​ប្រាសាទ​បុរាណ​ដែល​មាន​នៅ​រាយប៉ាយ​ទូទាំង​ប្រទេស​។ ប៉ុន្តែ សកម្មភាព​មិន​សម​ទំនង​ទាំង​ឡាយ​ដែល​បាន​លើក​ឡើង​ខាង​ដើម​នេះ កើត​ឡើង​ដោយ​សារ​តែ​​ការ​យល់​ដឹង​​នៅ​មាន​កម្រិត មិន​ទាន់​យល់​ពី​តម្លៃ​នៃ​សម្បត្តិ​បេតិកភណ្ឌ ថា​មាន​សារៈសំខាន់​សម្រាប់​ប្រជាជាតិ​មួយ​យ៉ាង​ណា​។ បើ​ទោះ​បី​​ជា​ស្ថាបនា​ពី​ដី ពី​ឥដ្ឋ ឬ​ពី​ថ្ម​ក៏​ដោយ​ ​ប្រាសាទ​បុរាណ គឺ​ជា​កេរ​ដំណែល​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​កសាង​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​។ ប្រាសាទ​បុរាណ​ដែល​ប្រឹង​ឈរ​ទប់​ខ្លួន​រាប់​រយ​ឆ្នាំ ក្រោម​ព្យុះ​ភ្លៀងនិង​ភ្លើង​សង្គ្រាម គឺ​ជា​ភស្តុតាង​នៃ​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លង់ ព្រម​ទាំង​អត្តសញ្ញាណ​របស់​ខ្មែរ។ ប្រាសាទ​បុរាណ​ប្រៀប​បាន​ទៅ​នឹង​ដួង​ព្រលឹង​ជាតិ​។ ក្នុង​ន័យ​នេះ ពលរដ្ឋ​ពិសេស​យុវជន​ដែល​អះអាង​ថា​ស្រឡាញ់​ជាតិ គួរ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឥរិយាបទ​របស់​ខ្លួន​ចំពោះ​ប្រាសាទ​បុរាណ​។ ទង្វើ​មិន​គួរ​គប្បី​នានា ដូច​ជា​ការ​គូស​វាស​លើ​ប្រាសាទ ឬ​ចោល​សម្រាម​ពាស​វាល​ពាស​កាល​នៅ​ក្នុង​បរិវេណប្រាសាទ ល្មម​ដល់​ពេល​ផ្លាស់​ប្ដូរ​ហើយ៕
2/7/20223 minutes, 48 seconds