Winamp Logo
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ Cover
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ Profile

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Khmer, Political, 1 season, 184 episodes, 23 hours, 22 minutes
About
រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។
Episode Artwork

វត្តមាននាវាចិននៅកំពង់ផែរាមកម្ពុជាជាង៤ខែ កំពុងបង្កើនភាពតានតឹងរវាងកម្ពុជា អាមេរិក?

នាវាចម្បាំងចិនចំនួន២គ្រឿងកំពុងបន្តមានវត្តមាននៅទឹកដីកំពង់ផែរាមកម្ពុជា។ ព្រឹត្តិការណ៍មួយនេះត្រូវបានអាមេរិកដាក់ក្តីសង្ស័យពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា។ គួរបញ្ជាក់ថា រូបភាពពីប្រព័ន្ធផ្កាយរណបរបស់វិទ្យាស្ថានស្រាវជ្រាវអាមេរិកបានបង្ហាញឲ្យឃើញនូវនាវាចម្បាំងចិនចំនួន២គ្រឿងដែលមានវត្តមាននៅកំពង់ផែរាមកម្ពុជាតាំងពីអំឡុងខែធ្នូ ឆ្នាំ ២០២៣។ អ្នកតាមដានបញ្ហាភូមិសាស្ត្រនយោបាយបានបង្ហាញក្តីកង្វល់ និងយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែបន្តមានជំហរតម្លាភាពទាក់ទងនឹងកំពង់ផែរាម។
5/6/202413 minutes, 18 seconds
Episode Artwork

តើអ៊ីស្រាអែលផ្តើមសងសឹកអ៊ីរ៉ង់ដែលបាញ់ដ្រូននិងមីស៊ីលកាលពីសប្តាហ៍មុន ឬយ៉ាងណា?

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក បាន​រាយការណ៍ថា​​ អ៊ីស្រាអែល​​បាន​វាយប្រហារទៅ​អ៊ីរ៉ង់ សំដៅមជ្ឈមណ្ឌល​នុយក្លេអ៊ែរ ហើយនិង​ព្រលាន​យន្តហោះ​អ៊ីរ៉ង់ នៅថ្ងៃសុក្រ​ទី​១៩មេសា និងថា​ ការវាយប្រហារ​ផ្លូវ​អាកាសនេះ​ជាការសងសឹក​​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​របស់​អ៊ីរ៉ង់​លើអ៊ីស្រាអែល កាលពី​ថ្ងៃទី​១៣-១៤មេសា​។ ផ្ទុយទៅវិញ ភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​មួយ​ចំនួន​ ព្យាយាម​អះអាង​ថា គ្មាន​ការ​វាយប្រហារ​អ្វីឡើយលើ​ទឹក​ដីអ៊ីរ៉ង់​ ហើយ​សារព័ត៌មាន​​ខ្លះទៀត បញ្ជាក់ថា មាន​សំឡេង​ផ្ទុះ តែ​គ្មានការ​ខូច​ខាត​អ្វីទេ។  អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ ​ចេញមុខ​អះអាង​ថា ​សេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយអាមេរិក ​ពុំត្រឹមត្រូវទេ។ ចំណែកឯ  ​​រដ្ឋាភិបាល​អ៊ីស្រាអែល​ រក្សា​ភាព​ស្ងៀមស្ងាត់​​​ ដោយ​មិន​បញ្ជាក់ថា​ជាស្នាដៃ​ខ្លួន ហើយ​ក៏មិ​ន​បដិសេធ​ចោល​ដែរ​។ ​​នៅអ៊ីរ៉ង់ ​មាន​សំឡេង​ផ្ទុះ​៣ នៅលើអាកាស​ ក្នុង​​ខេត្ត​ អ៊ីស្បាហាំង​ ប៉ែក​កណ្តាល​ប្រទេសអ៊ីរ៉ង់​។ ​​ ទីតាំងនោះ ជាមូលដ្ឋានយោធា​អ៊ីរ៉ង់ Qahjavarestan  និង​កន្លែង​​​​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម ផលិត​ថាមពល​នុយក្លេអ៊ែរ​ របស់​អ៊ីរ៉ង់ ហើយ​និងមាន​​ព្រលាន​យន្តហោះផង​។​ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាមេរិក ជាច្រើន​សុទ្ធតែអះអាងព្រមគ្នាថា មីស៊ីលអ៊ីស្រាអែលជាច្រើនគ្រាប់ វាយប្រហារទៅលើមូលដ្ឋានយោធាអ៊ីរ៉ង់ ជាការសងសឹក​។​ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាមេរិក CNN និង ទីភ្នាក់ងារព័ត៌មានអូស្ត្រាលី ABC News ។ ​ទន្ទឹម​នឹង​សំឡេង​ផ្ទុះ​នោះ ប្រព័ន្ធ​រ៉ាដាររបស់​ក្រសួង​ការពារជាតិ​ស៊ីរី ក៏ផ្តល់​ដំណឹង​ព័ត៌មាន​ពីការ​វាយប្រហារ​លើ​ដែន​អាកាស​អ៊ីរ៉ង់ដែរ​​។កាសែតអាមេរិក The New York Times ​បានស្រង់​ប្រភពពី​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​ ដែល​​បញ្ជាក់ថា មានការ​វាយប្រហារ​ផ្លូវ​អាកាស បង្កឡើង​ពី​យន្តហោះ​ដ្រូន​តូចៗ​ ហើយ​ទំនង​ជា​បញ្ជាហោះចេញ​ពី​ទឹកដីអ៊ីរ៉ង់​ខ្លួន​ឯង​។ ​ប្រព័ន្ធ​ខែល​ការពារដែន​អាកាស​និងនៅព្រំដែន​​ គ្មាន​ចាប់​សញ្ញា​ពីការ​វាយប្រហារ​ហោះហើរ​ឆ្លងព្រំដែន​នោះដែរ។ កាសែត​អាមេរិក​មួយទៀត The Washington Post បាន​ស្រង់ប្រភព​ពី​ មន្ត្រី​អ៊ីស្រាអែល​ ដែល​សុំ​លាក់​ឈ្មោះ ទៅប្រកាស​ឲ្យដឹង​ថា ការវាយប្រហារលើកនេះ ជាការ​សងសឹក​ចំពោះ​ទង្វើ​គឃ្លើន​របស់អ៊ីរ៉ង់​ដែល​បាញ់ប្រហារ​តាម​ផ្លូវ​អាកាស ទៅលើ​អ៊ីស្រាអែល​កាលពីថ្ងៃទី​១៣​មេសា ហើយ​និង​បញ្ជាក់ទៀតថា អ៊ីស្រាអែល​ មា​នសមត្ថភាព​វាយ​បក​តបត​ខ្លាំងណាស់ និង​ អាច​បញ្ជាការ​វាយប្រហារ​ចេញពី​ទឹកដី​អ៊ីរ៉ង់​តែម្តង​។​អ្នក​តំណាង​រាស្ត្រ​អ៊ីស្រាអែល​មួយ​រូប លោកស្រី​ Tally Gotliv  មកពី​បក្ស​កាន់អំណាច​លីគួដ របស់​លោកនាយករដ្ឋមន្ត្រី​ បេនចាមិន នេតាន់យ៉ាហ៊ូ បាន​កោត​សរសើរ​តាម​បណ្តាញ​សង្គម​X ដោយ​សម្តែង​ក្តី​មោទនភាព​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ​ ថា អ៊ីស្រាអែល​ពិត​ជា​ខ្លាំង​ក្លា​ ខ្លាំងពូកែមែន​។កាសែត​ជាច្រើនអះអាង​ថា​គ្មា​នការ​វាយប្រហារទេ ហើយ​ពិសេស សារព័ត៌មាន​អ៊ីរ៉ង់​ ខ្លួន​ឯង​តែម្តង​។ ​ទីភ្នាក់ងារព័ត៌មានReuters របស់អង់គ្លេស បានប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ប្រកាសនៅថ្ងៃសុក្រថា សំឡេងផ្ទុះនៅខេត្តអ៊ីស្បាហាំង​ បណ្តាលមកពីការបើកដំណើរការប្រព័ន្ធការពារដែនអាកាសតែប៉ុណ្ណោះ និងបញ្ជាក់ទៀតថា គ្មានការវាយប្រហារមីស៊ីលណាមួយលើអ៊ីរ៉ង់នោះឡើយ។ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់​មួយឈ្មោះថា Tasnim ​​​អះអាងថា បាន​ទទួល​ព័ត៌មាន​ពី​ប្រភព​ច្បាស់​ការ និង​គួរ​ឲ្យ​ទុកចិត្ត​បាន ដែល​បញ្ជាក់ថា​ អ៊ីរ៉ង់គ្មាន​​រង​ការ​វាយប្រហារ​ពីកម្លាំង​​បរទេស ណា​ឡើយ​​។ជាការ​ពិត ​ការផ្ទុះ​​នោះ ព្រោះតែ​មាន​ការ​បាញ់​កម្ទេច​កូន​យន្តហោះ​ដ្រូន​​តូចៗ និង​មិន​មែន​ជា​មីស៊ីល​ឡើយ។ មេបញ្ជាអ៊ីរ៉ង់ Siavosh Mihandoust ប្រចាំ​នៅ​ខេត្ត​ អ៊ីស្បាហាំង ត្រូវ​បណ្តាញ​ព័ត៌មាន​អ៊ីរ៉ង់​ ស្រង់​សម្តី​អះអាងថា អ៊ីរ៉ង់​គ្មាន​ខូច​ខាតអ្វីឡើយ។​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់​មួយទៀត ឈ្មោះថា Irna ក៏សង្កត់ធ្ងន់ដែរថា ​ នៅ​ខេត្ត​ អ៊ីស្បាហាំង​ មាន​សុខសុវត្ថិភាពល្អ និង​​គ្មាន​សញ្ញាណ​គ្រោះថ្នាក់អ្វី​បាន​ប្រកាស​ឲ្យដឹង​ និងគួរ​ឲ្យ​ខុស​ប្រក្រ​តី​សោះ។ ​​ ព្រលាន​យន្តហោះ​នៅ​ក្នុង​ខេត្ត​វិញ គ្រាន់តែ​បាន​ផ្អាក​ដំណើរ​ការ​មួយ​រយៈ​ខ្លីប៉ុណ្ណោះ ហើយ​​បាន​ចាប់ផ្តើម​ដំណើរ​ការ​ឡើងវិញ​។​ជាផ្លូវការ​ ទាំង​រដ្ឋាភិបាល​​អ៊ីស្រាអែល និងទាំង​ទីបញ្ជាការ​យោធា​អ៊ីស្រាអែល​ គ្មាន​បញ្ជាក់ ហើយ​ក៏​មិនច្រាន​ចោលថាជា​​ស្នាដៃ​របស់ខ្លួនដែរ​។ ចំណែកភាគី​សហរដ្ឋ​អាមេរិក​ រដ្ឋមន្រ្តីក្រសួងការបរទេស លោក អង់តូនី ប្ល៊ីងកិន បាន​អះអាងប្រាប់អ្នក​កាសែត​ថា សហរដ្ឋអាមេរិក​គ្មាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ផ្ទុះ​​នៅ​អ៊ីរ៉ង់​សោះឡើយ។ ប្រមុខការទូត​អាមេរិក សូម​មិន​អត្ថាធិប្បាយ​ទៅលើ​ព័ត៌មាន​ដែលបណ្តាផ្សព្វផ្សាយ​អាមេរិកបាន​ចុះ​ផ្សាយឡើយ​​។ លោក អង់តូនី ប្ល៊ីងកិន គ្រាន់តែ​សង្កត់ធ្ងន់ថា សហរដ្ឋ​អាមេរិក​និងក្រុម​ប្រទេស​ហ្សេ៧ នឹង​សហការគ្នា ក្នុងគោល​បំណង​តែ១ ជំរុញឲ្យ​ស្ថានការណ៍​បានធូរស្រាល​​ទៅវិញ​។​ភាគី​អ៊ីរ៉ង់ ទាំង​រដ្ឋាភិបាលក្រុង​តេហេរ៉ង់​ និង​ទាំង​ថ្នាក់ដឹកនាំ​របបឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ក៏រក្សាភាព​ស្ងៀមស្ងាត់​​។  ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​ប៉ែក​ឥសាន​ប្រទេស​ នៅថ្ងៃសុក្រ ទី​១៩មេសា ប្រធានាធិបតីអ៊ីរ៉ង់ នៅអេប្រាហ៊ីម រ៉ៃស៊ី បានថ្លែងសុន្ទរកថា១តែពុំបានលើកឡើងសូម្បីតែមួយម៉ាត់សោះអំពីហេតុការណ៍​ផ្ទុះ​។អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ អះអាងបន្ថែម​ថា ព័ត៌មានសេចក្តីរាយការណ៍របស់បណ្តាញផ្សព្វ​ផ្សាយ​អាមេរិក ​ពុំត្រឹមត្រូវទេ។​​សហគមន៍​អន្តរជាតិ ​អំពាវនាវ​ឲ្យ​បញ្ឈប់​ល្បែង​សងសឹក​គ្នា​ដ៏គ្រោះថ្នាក់ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ AIEA របស់​អង្គការ​សហប្រជាជាតិ បាន​ថ្លែងអំពាវនាវ​ឲ្យ​ភាគីនីមួយៗ​បង្កើន​ភាព​អត់ធ្មត់​។ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ AIEA បាន​ទាក់ទង​សហការី​នៅមូលដ្ឋាន​ ហើយ​និង​បាន​បញ្ជាក់ថា គ្មាន​ការ​ខូច​ខាត​អ្វី​ពិត​មែន​នៅ​ទីតាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ នៅ​ខេត្តអ៊ីស្បាហាំង​​។ ទោះជា​យ៉ាង​នេះក្តី AIEA ​ព្រមាន​ថា​ កុំឲ្យ​កើត​មាន​រឿង​បែបនេះ​បន្តទៀត ហើយ​និង​ថា មិនត្រូវ​យក​កន្លែង​ចម្រាញ់​ថាមពល​បរមាណូ និងមជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ដូច្នេះ ជា​ផ្ទាំងស៊ីប ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​សោះឡើយ ព្រោះ​វា​ជា​មហាគ្រោះថ្នាក់​ធ្ងន់។​ប្រធានគណៈកម្មការ​សហភាព​អឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បាន​ប្រកាស​ឲ្យ​ភាគី​ទាំងឡាយ​ទាំងពួង​​នៅតំបន់​​ដើមបូព៌ា​ ត្រូវ​នៅ​ឲ្យ​ស្ងៀម​ កុំ​បង្ក​សកម្មភាព​ថ្មី​អ្វី​ថែមទៀត​។ អ៊ីតាលី ប្រធាន​ផ្លាស់វេន​ប្រទេស​មាន​សេកិច្ច​ជឿន​លឿន ហ្សេ៧ តាមរយៈ​រដ្ឋមន្ត្រីការបរទេស​ បាន​ស្នើឲ្យ​គ្រប់​ភាគី​ជៀសវៀងឲ្យ​បាន​ នូវ​ការប្រឈម​មុខ​ដាក់​គ្នា និងត្រូវ​​បន្ធូរ​បន្ថយ​ស្ថានការណ៍​ កុំឲ្យធ្លាក់​​ដុប​ដាប​ជ្រុល​ជាង​នេះ។​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរស៍ តាមរយៈ​អ្នក​នាំពាក្យ បានថ្កោលទោស​ការវាយប្រហារ​សងសឹក​គ្នានៅក្នុង​តំបន់ដើមបូព៌ា ​ និង​អំពាវនាវ​ឲ្យ​បញ្ចប់​ល្បែង​សងសឹក​គ្នាទៅវិញទៅមក ​មិន​ចប់មិនចេះហើយ​និង​ដ៏​គ្រោះថ្នាក់នេះ​ចោលទៅ។ប្រទេស​ចិន​ តាមរយៈ​អ្នក​នាំពាក្យ​ការទូត​ចិន លីន ឈាន់ បាន​អះអាងថា ចិនជំទាស់​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​ជំរុញ​ឲ្យ​ស្ថានការ​ណ៍​ធ្លាក់​ក្នុង​ភាព​តានតឹង​កាន់តែខ្លាំង ហើយរដ្ឋអំណាច​​ចិន​នឹង​បន្ត​ដើរតួ​​ជួយ​បន្ធូរ​ភាព​តាន​តឹង​។ រដ្ឋាភិបាលក្រុង​ប៉េកាំង ក៏​​អំពាវនាវ​​ពលរដ្ឋ​ខ្លួន​ដែល​ស្នាក់​នៅ​អ៊ីរ៉ង់​ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។​ចំណែក​រុស្ស៊ី អ្នក​នាំពាក្យ​វិមាន​ក្រេមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាន​ប្រកាស​លើកទឹកចិត្ត​ឲ្យ​ភាគី​ជម្លោះ​ ខំប្រឹង​អត់ធ្មត់​សង្កត់​ចិត្ត​ និង​កុំ​បង្ក​ការ​ញុះញ៉ុង​បង្កស្ថានភាព​ឲ្យ​ក្តៅ​ធ្ងន់ធ្ងរ​ឡើយ​។ ឆ្លៀត​ពេល​នេះ  រុស្ស៊ី ដែលជាមិត្ត​ជិត​​ស្និទ្ធ​នឹង​អ៊ីរ៉ង់ បាន​បង្ហើរផ្ញើ​សារទៅកាន់អ៊ីស្រាអែល ថា​ អ៊ីរ៉ង់​គ្មាន​ចង់​ឲ្យ​សភាព​ការណ៍ ធ្លាក់​ជ្រុល​ទៅធ្ងន់ធ្ងន់​ទេ ​៕​
4/19/20245 minutes, 36 seconds
Episode Artwork

អូឡាំពិក​បារីស​២០២៤៖ ១០០​ថ្ងៃ​មុន​ការ​​សម្ពោធ តើ​បារាំង​បាន​ត្រៀមខ្លួន​​រួចរាល់​ហើយ​ឬនៅ?

គិតចាប់ពីថ្ងៃទី​១៧មេសានេះទៅ គឺនៅ​សល់​១០០ថ្ងៃគត់ ដែល​កម្មវិធីប្រកួតកីឡាអូឡាំពិក២០២៤នៅទីក្រុងប៉ារីស នឹងចាប់ផ្តើមជាផ្លូវការ​។​ មានមតិខ្លះ បានបង្ហាញការព្រួយបារម្ភជាច្រើនចំណុច ថាហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងបណ្តាញដឹកជញ្ជូន​បារាំង នៅមិនទាន់រៀបចំស្រេចបាច់ ដើម្បី​ទទួល​កីឡាករនិងអ្នកទស្សនារាប់សែននាក់ឡើយ​​។​ ហើយទន្ទឹមនឹងនេះ ក៏មានផងដែរ នូវការព្រួយបារម្ភស្តីពីបញ្ហាសន្តិសុខ ដោយសារតែមានការគំរាម​​ធ្វើភេរវកម្ម​​ នៅថ្ងៃ​បើក​សម្ពោធការប្រកួត​។ តើគិតត្រឹមពេលនេះ ដំណើរការនៃ​ការរៀបចំ និងការសាងសង់ផ្សេងៗ បាន​រួចរាល់អ្វីខ្លះ នៅខ្វះអ្វីខ្លះ? ហើយថាតើអ្វីៗនឹងអាចដំណើរការដោយរលូន ដូចការរំពឹងទុកដែរឬទេ?សំណង់ហេដ្ឋារចនាសម្ព័ន្ធ​ធំៗរួចរាល់ទាំងស្រុងជាការពិតណាស់​ វាតែងតែមាន​មនុស្ស​មួយចំនួន ដែល​មិនពេញចិត្ត ហើយរិះគន់​ជានិច្ច ថាខ្វះអញ្ចេះខ្វះអញ្ចោះ។ តែតាមពិតទៅ បើ​និយាយ​អំពី​សំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ដែល​បារាំងត្រូវសាងសង់​ដើម្បីទទួលរៀបចាំការប្រកួតកីឡាអូឡាំពិកនៅប៉ារីសនេះ គឺបានរួចរាល់សឹងតែទាំងស្រុងហើយ។ យោងតាម​ គណៈកម្មាធិការរៀបចំការប្រកួត និង​ក្រុមហ៊ុនSolideo ដែលជាអ្នកទទួល​បន្ទុកប្រគល់សំណង់ទាំងអស់ គឺគេបាន​គោរព​កាលបរិច្ឆេទសាងសង់ ដូចអ្វីដែលគ្រោងទុក។ មិនត្រឹមតែប៉ុណ្ណោះទេ គឺតម្លៃនៃការចំណាយសាងសង់ បាន​ឡើងលើសបន្តិចបន្តួចតែប៉ុណ្ណោះ បើ​ប្រៀបធៀបទៅ​កញ្ចប់ថវិកា​ដែលគេគ្រោង​។សំណង់​ភូមិអូឡាំពិក ដើម្បីទទួលកីឡាករ​ឲ្យស្នាក់នៅ ត្រូវបានប្រគល់​និង​បើកសម្ពោធឲ្យ​ដំណើរការហើយ កាលពី​ចុងខែកុម្ភៈ ដោយ​តម្លៃចំណាយ​សាងសង់​បានកើនលើសការកំណត់​ប្រមាណ​តែ​១០០លានអឺរ៉ូប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ក្រុមការងារ​កំពុងតែបំពាក់គ្រឿងសង្ហារឹម​។ ដូចគ្នាដែរ ភូមិ​មួយទៀតសម្រាប់អ្នកសារព័ត៌មាន​ទូទាំងពិភពលោក ក៏ត្រូវបាន​បើកសម្ពោធរួចរាល់ដែរ កាលពីដើមខែមីនា។ សំណង់ភូមិអូឡាំពិកទាំង២នេះ គឺគេនឹងកែច្នៃយកធ្វើ​ជាផ្ទះរស់នៅ និងជាទីតាំងការិយាល័យ​ធ្វើការ នៅក្រោយ​ការប្រកួត​កីឡាំអូឡាំពិកចប់​។ មានអ្នកកក់ទិញផ្ទះទាំងនេះ សឹងតែអស់ទៅហើយ។ចំណែកសំណង់ថ្មីដ៏ធំមួយទៀត ឈ្មោះ Arena Porte La Chapelle ខាងជើងក្រុងប៉ារីស ក៏រួចរាល់ហើយដែរ។ ទីនេះគឺជា​កន្លែងសម្រាប់​ប្រកួតវិញ្ញាសារ​​កីឡា​វាយ​សី និង​កីឡាកាយ​សម្ព័ន្ធ​។ រីឯទីតាំង​ប្រកួត​វិញ្ញាសារកីឡាទឹកទាំងអស់ ដែល​ស្ថិតនៅជិត​ពហុកីឡាដ្ឋានជាតិបារាំង ក៏បានបើកសម្ពោធរួចរាល់ហើយដែរ។ជាសរុប គឺសំណង់ធំៗជាប់យូរអង្វែង គឺរួចរាល់អស់ហើយ។ ហេដ្ឋារចនាសម្ព័ន្ធខ្លះទៀត ជាការកែច្នៃជួលជុល យកទីតាំងដែលមានស្រាប់​យកមកប្រើ ជាក់ស្តែង ដូចជា​វិមានGrand Palais ដ៏ល្អវិចិត្រនៅកណ្តាលក្រុងប៉ារីស ដែលគេនឹងយកធ្វើជាទីតាំងប្រកួតកីឡាលោតសេះ និង​កីឡា​ចាក់សាប។ ដោយឡែក​ នៅមានសំណង់មួយចំនួយទៀត ដែល​គេ​គ្រោង​សាងសង់​បណ្តោះអាសន្ន​ ហើយរូសចេញវិញពេលចប់ការប្រកួត។ ជាក់ស្តែង សំណង់​ទីតាំងប្រកួត នៅខាងក្រោមក្បែរជើង Tour Eiffel តែម្តង សម្រាប់ទទួលការប្រកួត​​កីឡា​បាល់ទាល់ងងឹតភ្នែក និង​កីឡា​បាល់បោះលើខ្សាច់​។​ បច្ចុប្បន្ន​នេះ ការរដ្ឋានចាប់ផ្គុំសំណង់បណ្តោះអាសន្ន​នេះ បានចាប់ផ្តើមហើយ នៅក្បែរ Tour Eiffel។កម្មវិធីបើកសម្ពោធលើដងទន្លេសែន ប្រឈមនឹង​ការគំរាមភេរវកម្ម​ទាក់ទិននឹងកម្មវិធីបើកបើក​សម្ពោធ​ការប្រកួតវិញ ដែល​បារាំងគ្រោងរៀបចំធ្វើ នៅលើ​ដង​ទន្លេសែននោះ​​ គឺមាន​ការ​បារម្ភខ្លាំង​ណាស់​​អំពីបញ្ហាសន្តិសុខ ការគំរាមភេរវកម្ម​ជាដើម​។ ការរៀបចំពិធី ធ្វើនៅ​ទីហាលវាល តាមដងទន្លេសែន ដែលឆ្លងកាត់ក្រុងប៉ារីសទាំងមូល គឺវាមិន​ដូចយើងរៀបចំនៅក្នុងពហុកីឡាដ្ឋានទេ។ ពោលគឺអាជ្ញាធរបារាំង ត្រូវតែរៀបចំកម្លាំង និងផែនការច្បាស់លាស់ណាស់ ដើម្បីការពារសន្តិសុខ​ចេញចូល។ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោក​ម៉ាក្រុងបានប្រកាសថា បើកៀកថ្ងៃនោះមែនទែន មាន​ការបារម្ភខ្លាំងពីសន្តិសុខ គឺគេមានជម្រើស​២ទៀត។ ជម្រើសទី​១ គឺកម្មវិធីបើកសម្ពោធ​ការប្រកួត​នឹងត្រូវធ្វើ នៅតែតំបន់​ទីលាន Trocadero ខាងមុខTour Eiffel តែប៉ុណ្ណោះ។ ហើយជម្រើសទី​២ គឺ​លើកទៅធ្វើក្នុងពហុកីឡាដ្ឋានជាតិបារាំង​ តែម្តង ប្រសិន​បើ​មានការបារម្ភខ្លាំងពីបញ្ហាភេរវកម្ម​។តែយ៉ាងណាសម្រាប់ពេលនេះ លោក ​Gérald Darmanin ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបារាំង បានធានាអះអាងថា អាជ្ញាធរ​បារាំង និងគណៈកម្មាធិការរៀបចំ​ នៅតែ​ធ្វើការដើរឆ្ពោះទៅកាន់កម្មវត្ថុដែលគ្រោងទុកដដែល គឺរៀបចំ​ប្រារព្ធ​​រាត្រី​បើកសម្ពោធ​​ការប្រកួត ថ្ងៃទី​២៦កក្កដា នៅលើដងទន្លេសែន​។ តែទន្ទឹមនឹង​នេះ ស្រីពេជ្រ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គេ​បាន​​បន្ថយ​ចំនួន​មនុស្ស​ចូលរួមទស្សនា ពី៦សែននាក់ ឲ្យ​មកនៅត្រឹមតែ​ ៣២៦០០០នាក់ប៉ុណ្ណោះ។ ផ្អែកតាម​លោករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​៧ថ្ងៃមុន​ថ្ងៃបើកសម្ពោធ គេនឹងដាក់រនាំងសន្តិសុខ ព័ទ្ធតាម​បណ្តោយ​ដងទន្លេសែន ទាំងសងខាង ចាប់ពី​ស្ពាន​Bercy ទៅដល់ Trocadero ។ អ្នកដែលចង់ចូល ឬឆ្លងកាត់​តំបន់នេះ គឺត្រូវបង្ហាញ​ QR កូដ និង​អត្តសញ្ញាបណ្ណ​។ ហើយ​នៅថ្ងៃបើកសម្ពោធការប្រកួតវិញ ការរឹតបន្តឹងសន្តិសុខ នឹងធ្វើឡើងតឹងតែងជាងនេះទៀត ដោយ​ចរាចរណ៍​នឹងត្រូវបិទទាំងស្រុងតែម្តង​។ប្រណាំងហែលទឹកក្នុងទន្លេសែន ដែល​មានសារធាតុពុល?បញ្ហាការប្រកួតហែលទឹក នៅ​ក្នុងទឹកទន្លេសែននោះវិញ ក៏ជាចំណុចដែល​បានរងការ​សើចចំអកខ្លាំងបំផុត កន្លងមក ទាក់ទិននឹងផែនការរៀបចំរបស់បារាំង​។ កាលពីរដូវក្តៅឆ្នាំ​២០២៣ គេបានរៀបចំ​ការហែលទឹក​សាកល្បងក្នុង​ទឹកទន្លេ​សែន​រួច​ម្តងហើយ តែក៏ត្រូវ​លុបចោលវិញ ដោយសារតែគេធ្វើវិភាគទៅ ឃើញថាទឹកទន្លេសែនមានកម្រិតជាតិពុលបាក់តេរី ច្រើនលើសអ្វីដែលអាចទទួលយកបាន​។បើទឹកទន្លេសែនមានជាតិពុល អញ្ចឹងវិញ្ញាសារប្រកួតដែលគេគ្រោងធ្វើនៅក្នុងទន្លេនេះ នឹងលើកទៅធ្វើនៅឯណាវិញ? កាលពីថ្ងៃចន្ទ អង្គការមួយឈ្មោះ Surfrider Foundation បានចេញរបាយការណ៍ទាញសញ្ញាអាសន្ន​ អំពីគុណភាពទឹក​ទន្លេសែន។ អង្គការនេះបាន​ ស្រង់យកសំណាកទឹកទៅពិនិត្យ​ចំនួន​១៤លើក រវាង​ពីខែ​កញ្ញា២០២៣ ដល់ខែ​មីនា​២០២៤ ត្រង់ក្រោមស្ពាន Alexandre-III និងស្ពាន Alma ជាទីតាំងដែលគេគ្រោងរៀបចំការប្រកួតវិញ្ញាសារ ទ្រីអាតឡុង និង​កីឡាហែលទឹកសេរី។ ក្នុងចំណោម​ការវិភាគទាំង​១៤នេះ គឺមាន​១៣ដែល​បង្ហាញថាទឹកទន្លេសែន​មាន​​កម្រិត​ជាតិពុលបាក់តេរី “ខ្ពស់ជាង​ឬខ្ពស់ជាងឆ្ងាយ”​ លើសពី​កម្រិតកំណត់​អតិបរមា​។ឆ្លើយតបនឹងរបាយការណ៍​នេះ លោក Tony Estanguet ប្រធាន​គណកម្មធិការរៀបចំការប្រកួត Cojo បាន​លើកឡើងថា ការធ្វើតេស្តគុណភាពទឹកទន្លេសែនក្នុងរដូវរងារបែបនេះ គឺមិនអាចយកជាការបានទេ ព្រោះតាមទម្លាប់ ឲ្យតែដល់ខែត្រជាក់ គឺអាជ្ញាធរតែងតែហាមឃាត់មិន​ឲ្យ​មនុស្សចុះហែលទឹកក្នុងទន្លេឡើយ នរណាក៏ដឹងដែរ​​​។ លោកបានអះអាងថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ កំពុងប្រឹងប្រែងធ្វើការ​ យ៉ាងយកចិត្តទុកដាក់ និងដោយ​ក្តីសង្ឃឹមបំផុត ដើម្បីសម្រេចកម្មវត្ថុ ធ្វើ​​ឲ្យទឹកទន្លេសែន ស្អាតបរិសុទ្ធ​មនុស្សអាចហែលបាន ​នៅរដូវក្តៅខាងមុខ​។ លោក​បានរំលឹកថា បច្ចុប្បន្ននេះ សាលាក្រុងប៉ារីស និង​រដ្ឋបាល​តំបន់ទាំងមូល បានចំណាយ​ប្រាក់ ១៤០០លានដុល្លារ ដើម្បី​ធ្វើ​ឲ្យទន្លេសែន​ក្លាយជាទន្លេ ដែល​មនុស្សអាចចុះហែលបាន​។​បណ្តាញដឹកជញ្ជូនសាធារណៈ រអាក់រអួលនិងកកស្ទះខ្លាំង​ចំណុចព្រួយបារម្ភធំមួយទៀត គឺ​បណ្តាញដឹកជញ្ជូនសាធារណៈក្នុងក្រុងប៉ារីស ដែល​ជួបបញ្ហារអាក់រអួលមិនស្វាងរួចទៅហើយ តើអាច​ដំណើរការដោយរលូនបានទេ នៅអំឡុងពេលប្រកួតកីឡាអូឡាំពិក ដែលមានមនុស្សរាប់សែន​នាក់​​មកកកកុញ?ចំណុចនេះក៏មានការរិះគន់ សើចចំអកមិនស្ទើរដែរ ព្រោះថារាល់ថ្ងៃធម្មតា មិនទាំងមាន​កម្មវិធីអ្វីធំដុំផង បណ្តាញ​ដឹកជញ្ជូនសាធារណៈនៅប៉ារីស គឺរអាក់រអួលខ្លាំងរួចទៅហើយ។ ចុះទម្រាំដល់ពេលប្រកួតកីឡាអូឡាំពិក ដែលមានអ្នកទស្សនារាប់ម៉ឺននាក់ មកពីបរទេសថែមទៀត? លោក Jean Castex អគ្គនាយក​ក្រុមហ៊ុនគ្រប់គ្រងបណ្តាញដឹកជញ្ជូនសាធារណៈ​ប៉ារីស ហៅកាត់ថា RATP បានទទួលស្គាល់ថា បើមេត្រូក្រោមដី រថយន្តក្រុងដំណើរមិនល្អទេ គឺបារាំងប្រាកដជាបាក់មុខមិនខានទេ​។ដើម្បី​ដោះស្រាយ​បញ្ហាកកស្ទះ RATP បាន​សន្យាថានឹងបន្ថែម ចំនួន​រថភ្លើងឲ្យ​បាន​១៥%បន្ថែមទៀត លើសពីរដូវក្តៅ​សព្វមួយដង។ ហើយ​អំឡុងពេលបច្ចុប្បន្ននេះ គេកំពុងតែ​រើស​មនុស្សចូលធ្វើការ​បន្ថែម ឲ្យ​បានច្រើនតាមតែអាចធ្វើបាន​​ ដើម្បី​បម្រើការងារ​ជាអ្នកបើកបររថភ្លើង មេត្រូ​ ​​រថយន្តក្រុង ភ្នាក់ងារនៅតាមស្ថានីយ៍​ និង​បុគ្គលិកជំនាញ​ជួសជុលម៉ាស៊ីនជាដើម។​ ទន្ទឹមគ្នានេះ ស្រីពេជ្រ​ អាជ្ញាធរបារាំង​ បានអំពាវនាវឲ្យអ្នកក្រុងប៉ារីស ​ដល់ពេលនោះ គួរនាំគ្នាដើរ ឬក៏ជិះកង់​ឲ្យ​​បាន​ច្រើន​ ដើម្បី​កុំឲ្យ​ប្រច្រៀតគ្នាខ្លាំង នៅក្នុងបណ្តាញដឹកជញ្ជូនសាធារណៈ៕​
4/17/20249 minutes, 56 seconds
Episode Artwork

ខួបអូតង់៧៥ឆ្នាំ៖ អូតង់ខ្លាំង និងរីកធំជាងមុន ប៉ុន្តែនៅភ័យនឹងស្រមោលរបស់លោកដូណាល់ ត្រាំ

បង្កើតឡើង​នៅថ្ងៃទី ៤​មេសា ១៩៤៩ ដើម្បីទប់ទល់​ឥទ្ធិពលរបស់​សហភាពសូវៀត សម្ព័ន្ធអាត្លង់ទិក​ខាងជើង អង្គការ​អូតង់ នៅថ្ងៃព្រហស្បតិ៍ទី ៤មេសានេះ ប្រារព្ធ​ខួប​៧៥ឆ្នាំ​របស់ខ្លួននៅទីស្នាក់កណ្តាល​អូតង់ នៅទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្សិក។ នៅចំពោះមុខ​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន អង្គការ​អូតង់​កំពុង​ប្រឈមមុខ​នឹង​ភាពមិនច្បាស់លាស់ ដោយសារ​តែ​ស្រមោល​របស់​លោក​ដូណាល់ ត្រាំ​ដែល​អាច​ឈ្នះឆ្នោត មកដឹកនាំ​អាមេរិក​សាជាថ្មី។ មានអាយុ​៧៥ឆ្នាំ តើ​អូតង់​ពិតជា​ចាស់គំរិល​ហួសសម័យ ដូច​ការលើកឡើង​របស់​អតីត​ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ឬ​ជាស្ថាប័ន​ដែល​ស្លាប់​មិន​ដំណើរការ ដូច​ពាក្យរិះគន់​របស់​ប្រធានាធិបតី​បារាំង​ដែរឬទេ? គិត​មកត្រឹមថ្ងៃនេះ ​ថ្ងៃទី ៤​មេសា​ឆ្នាំ​២០២៤ មាន​រយៈពេល ៧៥ឆ្នាំគត់ ដែល​អង្គការ​អូតង់ត្រូវ​បាន​បង្កើតឡើង ដើម្បី​ទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល​របស់​សហភាពសូវៀត។ នៅថ្ងៃ​ខួប​៧៥ឆ្នាំ របស់អូតង់ រដ្ឋមន្រ្តី​ការបរទេស​របស់ប្រទេស​សមាជិក​អូតង់ ទាំង​៣២​ជួបប្រជុំគ្នា នៅ​ទីស្នាក់ការរបស់អូតង់ នៅទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្សិក។នៅក្នុងប្រវត្តិ​សាវតារ ៧៥​ឆ្នាំ​របស់ខ្លួន សម្ព័ន្ធអាត្លង់ទិក​ខាងជើង​អូតង់ ខ្លាំង រួបរួម និង​រីកធំខ្លួន​ជាងពេលណាៗទាំងអស់។ នេះ​ជា​ប្រសាសន៍​របស់​អគ្គលេខាធិការ​អង្គការ​អូតង់ នៅ​ថ្ងៃពុធទី ៣មេសា មួយថ្ងៃ​មុន​ខួប​៧៥ឆ្នាំ​របស់​អូតង់។នៅ​ថ្ងៃ​ទី​៤​មេសា ឆ្នាំ ១៩៤៩ មានតែ ប្រទេសនៅ​អឺរ៉ុប និង​អាមេរិកខាងជើង ​ចំនួន ១២ប៉ុណ្ណោះ​ដែលបាន​ស្រាក់ដៃ​គ្នាបង្កើត​សម្ព័ន្ធ​កម្លាំង​អាត្លង់ទិក ដើម្បី​ប្រឈម​ទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល​របស់​សហភាព​សូវៀត ក្រោយ​ចប់​សង្រ្គាមលោក​លើក​ទី២។ ៧៥ឆ្នាំក្រោយ ចំនួន​សមាជិក​អូតង់​បានកើនឡើង ពី​១២ ដល់​៣២ប្រទេស។អូតង់​ខ្លាំង​ជាងមុន ដោយ​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន នៅទឹកដីអឺរ៉ុប តាមរយៈ ការចូលជា​សមាជិក​របស់​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត​ដោយសារ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ សង្រ្គាម​អ៊ុយក្រែន​ជា​ការវាយ​ទូងស្គរ​ដាស់​ឲ្យ​ប្រទេសជិតខាង​រុស្ស៊ី ជាពិសេស​ប្រទេស​នៅ​អឺរ៉ុបខាងជើង ដូចជា​ហ្វាំងឡង់ និងស៊ុយអែតដែលសុខចិត្ត​បោះចោលគោលការណ៍​អព្យាក្រឹត​របស់ខ្លួន ដើម្បីចុះចូល​ក្នុងសម្ព័ន្ធអូតង់ ក្នុងក្តីសង្ឃឹម​ទទួលបានការការពារ​ពីមាត្រា​ទី​៥​របស់​អូតង់។សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែននៅ​ទឹកដី​អឺរ៉ុប នៅ​ក្បែរ​ប្រទេសសមាជិក​របស់​អូតង់ ដូចជា​ប៉ូឡូញ រូម៉ានី បាន​ធ្វើ​ឲ្យ​ពាក្យ​ចោទប្រកាន់ ដែលថា អូតង់​ចាស់គំរិល​លែង​មាន​ន័យ។ នៅ​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅឆ្នាំ ២០១៧ លោក​ដូណាល់ ត្រាំ ធ្លាប់​បង្កើត​ក្តី​មន្ទិល​សង្ស័យ​ក្នុងចំណោម​ប្រទសសមាជិកអូតង់ នៅពេល​លោក​និយាយ​រិះគន់​អូតង់​ថា ជា​អង្គការ​ចាស់​គំរិល ហួសសម័យ។ ចាស់គំរិល ព្រោះតែ​តែ​អូតង់ ផ្តោតសំខាន់តែ​រឿងរុស្ស៊ី ប៉ុន្តែ មិនមែន​ក្រុមភេរវនិយម។ លោក​ដូណាល់ ត្រាំ​កាលណោះ​ចង់​ឲ្យអូតង់​ងាកបែរ​ទៅជួយអាមេរិក នៅក្នុងរឿងប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម​ដែលសកម្មខ្លាំង នៅស៊ីរី និង​អ៊ីរ៉ាក់។ ប៉ុន្តែ ការប្រែប្រួល​ស្ថានការណ៍នយោបាយ នៅ​អឺរ៉ុបសព្វថ្ងៃនេះ ជាមួយ​ការធ្វើសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន បាន​ធ្វើ​​ឲ្យ​សំដី​របស់​លោក​ដូណាល់ ត្រាំ​ចាស់គំរិល ហួសសម័យ ទៅវិញ។ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅទឹកដី​អឺរ៉ុប បាន​បញ្ជាក់​អត្ថន័យកម្មវត្ថុ​របស់​អូតង់​ដែលចាត់ទុក​រុស្ស៊ីជា​គោលដៅ​អាទិភាព​របស់​អូតង់។ ចង់ ឬមិនចង់ អូតង់​ត្រូវ​ត្រលប់​មក​ប្រឈម​នឹង​សត្រូវចាស់​រុស្ស៊ី ដែលតាមពិត​ជាហេតុផល​ចំបង​ឲ្យគេ​បង្កើត​អង្គការអូតង់ កាលពី​៧៥ឆ្នាំមុន។លោកម៉ាក្រុងធ្លាប់​ថា អូតង់​ដែល​ជា​ស្ថាប័នស្លាប់ មិនដំណើរការ នៅក្នុងក្រសែភ្នែក​របស់​លោកប្រធានាធិបតីបារាំងពាក្យ​រិះគន់​របស់​លោក​ប្រធានាធិបតីបារាំង ដែលថា អូតង់ ជា​ស្ថាប័ន​ស្លាប់​មិនដំណើរការ វិញ ក៏​លែង​ត្រូវដែរ។ លោក​ម៉ាក្រុង​បាននិយាយ​ពាក្យនេះ នៅមុន​មាន​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន នៅក្នុងកាលៈទេសៈ​មួយ ដែល​សមាជិក​អូតង់​កំពុង​បែកប្រេះឆា ដោយសារ​ផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកម៉ាក្រុង​ធ្លាប់បាននិយាយ​ថា អូតង់ មានតែ​ដង្ហើម បេះដូង ប៉ុន្តែ ខួរក្បាលស្ពឹក មិនដំណើរការ ព្រោះថា អូតង់​កាលពី​៥ឆ្នាំ​មុន គ្មាន​លទ្ធភាព​ចាត់ចែង អារកាត់អ្វី នៅពេល ប្រទេស​សមាជិក​ដូចជា​អាមេរិក​សម្រេច​អត្តនោម័តដកទ័ព​ចេញពីស៊ីរី លែង​ជួយ​កងកម្លាំងគួដឌីស្ថាន និងបណ្តោយ​ទុក​ឲ្យ​តួកគី​ដែលជា​សមាជិក​របស់អូតង់​វាយប្រហារ​ទៅលើ​ក្រុមនេះ​យ៉ាងសន្ធប់។ ការវាយប្រហារ​របស់តួកគី​ទៅលើ​ក្រុមគួដឌីស្ថាន​បាន​ប៉ះពាល់​ដល់​បេសកកម្ម​របស់​បារាំង​នៅស៊ីរី ដែលកំពុងជួយ​ក្រុមនេះ​នៅ​ស៊ីរី ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​ភេរវនិយម។នៅ​៥ឆ្នាំក្រោយការរិះគន់របស់​ប្រធានាធិបតីបារាំង អូតង់​ចាប់រស់រវើក សកម្ម​ជាងមុនឆ្ងាយណាស់។ ប្រទេស​នៅអឺរ៉ុប​ដែលជា​សមាជិក​របស់អូតង់​រួមទាំងបារាំងខ្លួន​ឯង​ផង បាន​ជំរុញ​វិស័យការពារ​ជាតិ តាមរយៈ​ការបង្កើន​ថវិកាកងទ័ព និង​ជំរុញ​ឧស្សាហកម្ម​យោធា។ អូតង់​ផ្ទាល់​បាន​ព្យាយាម​សម្របសម្រួល​ប្រមូលផ្តុំ​ប្រទេស​សមាជិ​កឲ្យរួបរួមគ្នា នៅក្នុង​សមយុទ្ធ​ទ្រង់ទ្រាយ​ដ៏ធំ​មិនធ្លាប់មាន។ សមយុទ្ធ​រយៈពេល ៣ខែ របស់អូតង់​ដែលមានការចូលរួម​ពីកងទ័ពរាប់ពាន់នាក់​របស់ប្រទេស​សមាជិកទាំង​៣២​របស់អូតង់មានគោលដៅ ចង់​បង្ហាញ​សាច់ដុំ ព្រមាន​រុស្ស៊ីកុំ​ឲ្យសំឡឹង​ចង់​ឈ្លានពាន​ប្រទេស​សមាជិកអូតង់។ ដការគំរាមកំហែង​អូតង់​មិនមែន​មាន​មក​តែ​ពី​ខាងក្រៅ ពី​ខាងកើត គឺរុស្ស៊ី ប៉ុន្តែ គ្រោះថ្នាក់ ធ្វើ​ឲ្យ​អូតង់​អស្ថិរភាព ក៏​អាច​ផ្ទុះចេញពី​ខាងក្នុង ពីខាងលិច ជាមួយ​ការកើនឡើង​សមាជិក​ដល់​៣២​ប្រទេស សម្ព័ន្ធអាត្លង់ទិក​អូតង់​ខ្លាំងជាងមុន​មែន ប៉ុន្តែ វាក៏ផុយស្រួយ និង​អស្ថិរភាព​ខ្លាំង​ណាស់​ដែរ។ រុស្ស៊ី​ដែល​កំពុង​មានប្រៀប​លើ​អ៊ុយក្រែន ក្នុងសមរភូមិ ជា​រឿងឈឺក្បាល បញ្ហា​ដ៏មួយ​ដែល​អូតង់​ត្រូវ​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់បំផុត ដើម្បី​ទប់ទល់​កុំ​ឲ្យ​សង្រ្គាមឈ្លានពាន​របស់រុស្ស៊ី ហៀហូរចូល​ដល់​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដែលជា​សមាជិក​របស់អូតង់។ប៉ុន្តែ នៅមាន​បញ្ហាមួយទៀត ដែលធ្វើ​ឲ្យប្រទេស​សមាជិក​របស់អូតង់ នៅ​មិនស្រណុក ខ្វល់ខ្វាយជាប់រហូត នោះគឺ​ស្រមោល​របស់​លោកដូណាល់ ត្រាំ ដែល​អាច​ឈ្នះឆ្នោត នៅ​ចុងឆ្នាំនេះ ដើម្បី​ត្រលប់មក​ដឹកនាំ​អាមេរិក​សាជាថ្មី។ នៅមិន​ទាន់​ឈ្នះឆ្នោត ចូល​កាន់តំណែង​ផង លោកដូណាល់ ត្រាំ កាលពី​ខែ​កុម្ភៈ កន្លងទៅ នៅពេល​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​រដ្ឋ​ការ៉ូលីន​ខាងត្បូង បាន​ធ្វើ​ឲ្យ​សមាជិក​អូតង់​រំជើបរំជួល​ម្តងហើយ នៅពេលលោកនិយាយ​ទៅ​កាន់អ្នកគាំទ្រ​របស់លោកថា បើសិន​លោក​ឈ្នះឆ្នោត កា្លយជាប្រធានាធិបតីអាមេរិក នោះ លោកនឹង​មិនជួយ​ប្រទេស​សមាជិក​អូតង់​ណា ដែល​មិន​បង់វិភាគទាន​ចូល​កេស​អូតង់។ តាំងពីនៅ​ជា​ប្រធានាធិបតី​អាមេរិក ក្នុងអាណត្តិ​មុនម្ល៉េះ លោក​ដូណាល់ ត្រាំ​ធ្លាប់​ប្រើពាក្យ​គំរាម និងរិះគន់​ប្រទេស​នៅ​អឺរ៉ុបថា បង់លុយ មិនគ្រប់គ្រាន់ ក្នុងកេស​អូតង់ និង​កេងប្រវ័ញ្ច​លើកម្លាំងអាមេរិក​ដើម្បីជួយ​ការពារ​អឺរ៉ុប។ ដូច្នេះ សម្រាប់លោកត្រាំ បើសិន ចង់​ឲ្យអាមេរិក​ជួយ ប្រទេស​នៅអឺរ៉ុប ត្រូវ​បង់​យ៉ាងហោច ២%​នៃផលិត​ផល​ក្នុងស្រុកសរុបទៅក្នុង​អង្គការអូតង់។ ថ្មីៗនេះ លោក​នៅធ្លាប់​និយាយ​ដោយ​គ្មានខ្លាច​រអែងថា នៅពេល​ជួបសន្ទនា​ជាមួយ​មេដឹកនាំអឺរ៉ុបម្នាក់​ដែល​សួរថា តើអាមេរិក​នឹង​ជួយ​ប្រទេស​របស់​លោកដែរឬទេ លោកត្រាំ​បានឆ្លើយថា បង់លុយ​ចូលអូតង់សិនទៅ។ បើសិន គេ​មិនព្រម នោះលោក​មានតែជំរុញ​ឲ្យរុស្ស៊ី​វាយប្រហារ​ប្រទេស​អឺរ៉ុប​នោះមុនគេ។សម្រាប់​អ្នកជំនាញ បញ្ហា​របស់លោកដូណាល់ ត្រាំ មិនមែនត្រឹមតែ​គំនិត ពាក្យព្រមាន​របស់​លោក​តែ​ប៉ុណ្ណោះទេ ប៉ុន្តែ គឺ​ភាពមិនច្បាស់លាស់ គំនិត​ជំហរនយោបាយ​របស់អាមេរិក ក្រោមការដឹកនាំ​របស់លោក ដែល​គេ​មិន​អាច​ស្មានទុក​ជាមុន។ គ្រាន់តែ​សារធ្វីត គំរាម​របស់​លោកដូណាល់ ត្រាំ អាច​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្តអូតង់ រញ្ជួយ ធ្លាក់ចុះខ្សោយ នៅចំពោះមុខ​សត្រូវ ដូចជា​រុស្ស៊ី និងគូប្រជែង​ដូចជា​ចិន។ ការគំរាម​ដោះដៃ​របស់អាមេរិក មិន​ជួយសម្ព័ន្ធមិត្ត ជាសញ្ញាមិន​ល្អ មិនជួយស្តារមុខមាត់របស់អូតង់ ដែល​ចង់​ដើរតួជា​អ្នកជំរុញ​សន្តិភាព នៅក្នុងពិភពលោក​មួយដែល​កំពុង​អង្រួន​ដោយ​បញ្ហាអសន្តិសុខ សង្រ្គាមប្រដាប់អាវុធ នៅអាហ្វ្រិក តំបន់​ដើមបូព៌ា និងការប្រកួតប្រជែង​មីស៊ីល អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និងអ៊ីរ៉ង់។តើអាមេរិក​អាច​ដកខ្លួន​ចេញ​ពី​អូតង់?ឆ្លើយដោយគ្មានអល់អែក គឺ​មិនអាច​រស់បានដាច់ខាត។ អូតង់​មិនអាច​គ្មាន​អាមេរិកបានទេ។ អាមេរិក​ដែលជា​ក្បាលម៉ាស៊ីនដឹកនាំអូតង់ មាន​ទាហាន​របស់ខ្លួន ជាង ១សែននាក់ ដែលពង្រាយនៅក្នុងទឹកដីអឺរ៉ុប។ នៅពេល​មានភាពតានតឹង​ខ្លាំង នៅឆ្នាំ ១៩៨៩ នៅក្នុង​សម័យ​សង្រ្គាមត្រជាក់ អាមេរិក​មានកងទ័ព​របស់ខ្លួន ដល់ទៅជាង​៣សែននាក់ នៅ​ទ្វីបអឺរ៉ុប។ អាមេរិក​ផ្តល់ថវិកា​ច្រើនជាងគេ​ប្រមាណ ៦០០លាន​ដុល្លារ ក្នុងកញ្ចប់ថវិកា​យោធា​របស់អូតង់។គេ​អាច​និយាយ​ថា បើសិន​អាមេរិក​ដកខ្លួន នោះអូតង់​នឹង​ដួលរលំតែម្តង។ ប៉ុន្តែ សេណារីយ៉ូ នេះ​ទំនង​មិនអាច​កើតឡើង​បានទេ ទោះ​អាមេរិក​ស្ថិតក្រោមការដឹកនាំ​របស់ប្រធានាធិបតី មិន​នឹងន ដូចជា​លោកដូណាល់ ត្រាំ។ ដោយសារ​មូលហេតុ ពីរ។ ទី១ អាមេរិក​កាលពី ខែធ្នូ​ចុងឆ្នាំមុន បានធ្វើច្បាប់មួយរួចហើយ ដើម្បី​បង្ការ ទប់ស្កាត់​ការដកខ្លួន​របស់អាមេរិក​ចេញពីអូតង់។ ច្បាប់នេះ ត្រូវបានធ្វើឡើង ដើម្បី​កុំ​ឲ្យប្រធានាធិបតី​ណាមួយ​មាន​គំនិត​ចង់​ដក​អាមេរិក​ចេញពីបក្ស​សម្ព័ន្ធអូតង់។ តាមច្បាប់​ប្រឆាំង​នឹង​ការដកខ្លួន​ចេញ​ពី​អូតង់ ប្រធានាធិបតីអាមេរិក​មិនអាច​ព្យួរ ឬ​ដកខ្លួនចេញពី​អូតង់​ដោយ​គ្មាន​ច្បាប់អនុញ្ញាត ឬ​គ្មាន​ការយល់ព្រមព្រៀង សំឡេង ២ភាគ៣​នៅព្រឹទ្ធសភា​បានទេ។ លើសពីនោះ ប្រធានាធិបតីអាមេរិក​ត្រូវ​ជូនដំណឹង នៅ​៦​ខែ​មុន​ប្រកាស​ចេតនា​របស់ខ្លួន ចង់​ដក​ខ្លួន​ចេញ​ពី​អូតង់។ ហេតុផលទី២ ដែលធ្វើ​ឲ្យ​អូតង់​មិនអាច​ចុះខ្សោយបាន ទោះមាន​លោកដូណាល់ ត្រាំ​ជា​ប្រធានធិបតីអាមេរិក គឺ​ប្រទេស​អឺរ៉ុប នៅពេល​នេះ​ភ្ញាក់រលឹក ស្រាក់ដៃ​គ្នា ជំរុញ​វិស័យ​ការពារ​របស់ខ្លួន តាមរយៈ​ការដំឡើង​កញ្ចប់​ថវិកា​យោធា ដើម្បី​ពង្រឹង​សមត្ថភាព ប្រព័ន្ធ​ការពារ​របស់ខ្លួន កាន់តែ​រឹងមាំ​ជាងមុន ដើម្បី​កាត់បន្ថយ​ការពឹង​អាស្រ័យ​លើ​អាមេរិក​ដូចមុន។ អឺរ៉ុប​អាច​លែង​ជឿជាក់​លើជំនួយអាមេរិកទៀតហើយ ព្រោះសូម្បីតែកញ្ចប់ជំនួយ​សម្រាប់កងទ័ព​អ៊ុយក្រែន ប្រមាណ ៦០ពាន់លានដុល្លារក៏ត្រូវជាប់គាំងនៅ​ព្រឹទ្ធសភាអាមេរិក ដោយសារ​ការបោះឆ្នោតប្រឆាំង​របស់​សមាជិកព្រឹទ្ធសភា​ដែលមាននិន្នការ​ទៅរកលោកដូណាល់ ត្រាំ។នៅចំពោះមុខជំហរ​មិនប្រាកដប្រជារបស់អាមេរិក អឺរ៉ុប​ចាំបាច់​ត្រូវតែ​ពង្រឹង​សមត្ថភាព​ការពារខ្លួនឯង​ព្រោះថា​ភ្លើងសង្រ្គាម​រុស្ស៊ី នៅ​អ៊ុយក្រែន​នឹង​អាច​ឆាបឆេះ ចូល​ក្នុង​ទឹកដី​អឺរ៉ុប នៅថ្ងៃ​ណាមួយ បើសិន​អឺរ៉ុប​នឹង​ខ្វះ​ការប្រយ័ត្នប្រយែង៕
4/4/202410 minutes, 45 seconds
Episode Artwork

២ឆ្នាំនៃ​សង្រ្គាម អ៊ុយក្រែនស្ថិត​ក្នុងស្ថានភាពទប់ទល់លើ​សមរភូមិ

ថ្ងៃទី២៤ កុម្ភៈ ២០២៤ ជាគម្រប់​​២ឆ្នាំ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។​ សង្គ្រាម​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទីបី តែ​អ៊ុយក្រែន​ហាក់​ចុះ​ទន់​ដៃ។ ក្នុង​ខណៈ​ដែល​ជំនួយ​យោធា​របស់​ក្រុម​សម្ព័ន្ធមិត្តហូរ​ចូល​អ៊ុយក្រែន​យ៉ាង​យឺត​យ៉ាវ យោធា​​រុស្ស៊ី កំពុង​ស្ទុះ​ឡើង​កម្លាំង។ ប៉ុន្តែ​សាមគ្គី​ភាពមិន​ចុះ​ថយ​ទេ នៅថ្ងៃ​ទី​២៤​កុម្ភៈ​២០២៤​នេះ ប្រមុខ​ដឹកនាំ​ជា​ច្រើន​បាន​ធ្វើ​ដំណើរទៅ​ក្រុង​កៀវ ហើយ​ហ្សេ៧​បាន​បើក​ជំនួប​កំពូល​ស្តីពី​អ៊ុយក្រែន​ ដោយ​គ្រោង​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​រួមរឹត​បន្តឹង​​ទណ្ឌកម្មលើ​រុស្ស៊ី​បន្ថែម​ទៀត។ ​ នៅថ្ងៃទី ២៤​កុម្ភៈ​២០២២ ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន បាន​រំពឹង​ថា ប្រត្តិបត្តិការ​យោធា​​​រុស្ស៊ី ​នឹង​ដណ្តើម​យក​ក្រុងកៀវ​បាន​ដោយប្រើពេល​តែពីរ​បី​ថ្ងៃ​ តែ​កម្លាំង​តស៊ូ​របស់​អ៊ុយក្រែន​បាន​ជំរុញ​ឱ្យ​រុស្ស៊ី​ចាញ់​ដក​ខ្លួន​ចេញទៅ​វិញ ហើយ​សង្គ្រាម​ក៏​បាន​អូស​បន្លាយ តាំងពី​ពេល​នោះ​មក​ និង​មាន​រយៈ​​ពេលពីរ​ឆ្នាំពេញ​ នៅ​ថ្ងៃ​ទី ២៤​កុម្ភៈ​២០២៤​នេះ។ ក្នុង​ថ្ងៃ​ខួប​ពីរ​ឆ្នាំ​នេះ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​ប្រកាស​ថា ​​អ៊ុយក្រែន​នឹងយក​​ឈ្នះ​សង្គ្រាម​បាន​។​រុស្ស៊ី​កំពុង​មាន​ប្រៀប​លើ​អ៊ុយក្រែននៅ​​សមរភូមិប៉ុន្តែ ក្នុង​អំឡុងពេល​ពេញ​មួយ​ឆ្នាំ​២០២៣​កន្លង​ទៅ​ កងទ័ព​​អ៊ុយក្រែន​ មិន​បាន​សម្រេច​ផែនការ​ប្រយុទ្ធ​របស់​ខ្លួន​ទេ។ គម្រោង​​វាយបក​យក​ទឹក​ដីវិញកាលពី​រដូវ​ក្តៅ​មិន​បាន​សម្រេច​ដូច​បំណងឡើយ។ កងទ័ព​រុស្ស៊ី​ស្រាប់​តែ​មាន​សន្ទុះ​ឡើង​វិញ និង​មាន​ប្រៀប​ខ្លាំង។​ ឯ​កងទ័ព​អ៊ុយក្រែនធ្លាក់​ដៃ​ បាន​ថ្ងូរ​ថ្ងូរ​អំពី​ភាពទន់​ខ្សោយ​របស់​ខ្លួន ​ព្រោះ​ខ្វះ​កម្លាំង​ទាហាន​មក​ប្តូរ​សាង​នៅ​លើ​សមរភូមិ ហើយ​ត្រូវ​ប្រឈម​នឹង​ការ​ខ្វះ​ខាត​គ្រាប់​និង​សម្ភារៈជា​ខែល​​ការពារ​ដែន​អាកាស​ទៀត។ ទីតាំង​យុទ្ធសាស្ត្រ​ខ្លះ នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស ត្រូវ​បាន​រុស្ស៊ី​ដណ្តើម​យក​វិញផង។សារសាមគ្គីភាពនិង​ជំនួយស្ថានភាព​នៅ​សមរភូមិ​ប្រយុទ្ធ​លំបាកខ្លាំង​មែន។ នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រមុខ​អង្គការ​អូតង់ ដោយ​អះអាង​ថា​​ ប្រធានាធិបតី​រុស្ស៊ី នៅ​តែ​​​ចង់​គ្រប់គ្រង​អ៊ុយក្រែន​ ហើយ​គ្មាន​បញ្ចេញ​សញ្ញា​រក​សន្តិភាព​ឡើយ ប៉ុន្តែ​​សូម​កុំ​អស់​សង្ឃឹម​។អំពើ​អាក្រក់​មិន​អាចឈ្នះ​​បាន​ទេ ! នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស ដែល​បាន​ប្រកាស​នៅថ្ងៃ​ម្សិលមិញ ថា​អង់គ្លេស នៅ​ក្បែរ​និង​គាំទ្រ​អ៊ុយក្រែន​ជា​និច្ច​និង​ជា​រៀង​រហូត​ទៅ​។ លោក​ថែម​ទាំង​បាន​ប្រកាស​ផ្តល់​ជំនួយ​២៨៧​លានអឺរ៉ូ​ សម្រាប់យក​ទៅ​ផលិត​គ្រាប់​កាំភ្លើង ដែល​អ៊ុយក្រែន​កំពុង​ត្រូវការ​ជា​បន្ទាន់​ផង ​និង​បង្កើន​ស្តុកផង ព្រមទាំង​ជំនួយ​​ជិត​១០​លាន​អឺរ៉ូ​ទៀត សម្រាប់​ផ្នែក​​មនុស្សធម៌។ អង់គ្លេស​ជា​ម្ចាស់​ជំនួយដ៏​ចម្បង​មួយ​សម្រាប់​អ៊ុយក្រែន បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ សង្ឃឹម​ថាជំនួយប​ន្ថែម​​ទាំងនេះ នឹងនាំ​ជោគជ័យ​ និង​សណ្តាប់​ធ្នាប់អន្តរជាតិ​ឡើងវិញ។ហ្សេ៧បន្ថែមទណ្ឌកម្ម​លើ​រុស្ស៊ីនាយករដ្ឋមន្ត្រីកាណាដា ​​​លោកស្រី​ប្រមុខ​ដឹកនាំសហភាព​អឺរ៉ុប បាន​អញ្ជើញទៅដល់​ក្រុង​កៀវ​នៅថ្ងៃ​សៅរ៍​នេះ និង​បាន​អបអរ​ស្វាគមន៍​ភាព​តស៊ូ​ស្វិតស្វាញ​របស់​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ ដោយ​បញ្ជាក់​ថា អឺរ៉ុប គាំទ្រ​អ៊ុយក្រែន ទាំង​ផ្នែក​ហិរញ្ញវត្ថុ សេដ្ឋកិច្ច​ យោធា​ និង​ផ្លូវ​ចិត្ត​រហូត​ទល់​តែ​ប្រទេស​អ៊ុយក្រែន​បានទទួល​សេរីភាពពេញ​លេញ។នាយករដ្ឋមន្ត្រី​អ៊ីតាលី​ដែល​ជា​ប្រធាន​ផ្លាស់​វេនក្រុម​ប្រទេស​ហ្សេ​៧ ក៏​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ដោយ​ឥត​ព្រៀង​ទុក​នៅ​ទីក្រុង​កៀវ​ដែរ។ លោកស្រី​ ចចារ មេឡូនី នឹង​ដឹកនាំ​ជំនួបកំពូល​​ហ្សេ​៧​ស្តីពី​អ៊ុយក្រែន​ តាម​ប្រព័ន្ធ​វីដេអូ​ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី ២៤​កុម្ភៈនេះ។ ជំនួប​រយៈ​ពេល​មួយ​កន្លះ នឹង​បញ្ចប់​ទៅ​ដោយ​មាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ជាមួយ​អ៊ុយក្រែន​ផង។ បើ​តាម​គម្រោង​ ហ្សេ​៧ គ្រោង​ដាក់​ទណ្ឌកម្ម​បន្ថែម​ដើម្បី​រឹត​បន្តឹង​សេដ្ឋកិច្ច​រុស្ស៊ី។ដោយ​ឡែក​ក្នុង​ក្របខ័ណ្ឌទ្វេ​ភាគី អ៊ីតាលី​ក៏​នឹង​ចុះ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​អ៊ុយក្រែនដែរ ដូច​អ្វី​ដែល​ក្រុមហ្សេ​៧​បានសម្រេច​កាលពី​ខែ​កក្កដា​២០២៣។ ​បន្ទាប់​ពី​អង់គ្លេស​កាលពី​ខែ​មករា ​បារាំងអាល្លឺម៉ង់​និង​២៥​ប្រទេស​ផ្សេង​ទៀត​ ដូច​យ៉ាង​ប៉ូឡូញ បាន​សម្រប​តាម​គំនិត​ផ្តួច​ផ្តើម​បង្កើត​កិច្ចព្រមព្រៀងសន្តិសុខ​​ទ្វេភាគី​ជាមួយ​អ៊ុយក្រែន។ កិច្ចព្រមព្រៀង​សន្តិសុខ​នេះ នឹង​ជួយដល់​អ៊ុយក្រែន​នូវ​​សម្ភារៈ​បរិក្ខារយោធា ប្រតិបត្តិការ​ និង​ការ​បំពាក់បំប៉ន​យុទ្ធជន​អ៊ុយក្រែន ព្រមទាំង​ពង្រឹង​ឧស្សាហកម្ម​ការពារ​ជាតិ​អ៊ុយក្រែនទៀត។ចំណែក​អាមេរិក ថ្វីបើ​មិន​ទាន់​អាច​ទម្លាយ​កញ្ចប់​ជំនួយ​យោធា​នៅសភា​បាន​មែន តែ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​លើរុស្ស៊ី។ ជា​ទណ្ឌកម្ម​ដៅ​លើ​ក្រុម​ហ៊ុន​ដឹកជញ្ជូន​ប្រេង​ ចំនួន​១៤​ ដែល​រុស្ស៊ី​តែង​ប្រើ​សម្រាប់ពង្វាង​ទណ្ឌកម្ម​ និង​ប្រើ​សម្រាប់​នាំ​ចេញ​ប្រេង​ចេញ​ឱ្យ​បាន​ច្រើន​លើស​កូតា​កំណត់​របស់​លោក​ខាង​លិច៕
2/24/20244 minutes, 11 seconds
Episode Artwork

សន្និសីទសន្តិសុខក្រុងម៉ុយនិចលើកទី៦០​​បើកនៅអាល្លឺម៉ង់ ខណៈសង្រ្គាមនៅអ៊ុយក្រែន ឈានចូលឆ្នាំទី៣

បាំងតែ​១សប្តាហ៍ទៀត ​សង្គ្រាម​ឈ្លានពានរុស្ស៊ី​លើ​អ៊ុយក្រែន ឈាន​ចូល​ឆ្នាំទី៣។ ​ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អញ្ជើញ​ចូលរួម​ខួប ​៦០ឆ្នាំ ​នៃ សន្និសីទ​​សន្តិសុខ​​ក្រុងម៉ុយនិច នៅអាល្លឺម៉ង់​។ ​ ​​មេដឹកនាំ​នយោបាយ​និងការទូតពិភពលោក​ ប្រមាណ ១៨០ ​ចូល​រួម​​សន្និសីទ​​សន្តិសុខនេះ។ សន្និសីទ​​សន្តិសុខ​​ក្រុងម៉ុយនិច ចាប់បើក​នៅថ្ងៃ​សុក្រ ទី​១៦កុម្ភៈ ​​គ្រប​ដណ្តប់​ដោយ​សំណុំរឿង​ជម្លោះ​សង្គ្រាមឈ្លានពាន​​រុស្ស៊ី​នៅ​អ៊ុយក្រែន និង​សង្គ្រាម​​អ៊ីស្រាអែល-ក្រុម​ហាម៉ាស នៅតំបន់ហ្កាហ្សា។ ជុំវិញ​​សង្គ្រាម​នៅ​ហ្កាហ្សា ​ប្រធានាធិបតី​អ៊ីស្រាអែល អញ្ជើញ​ចូលរួម​សន្និសីទ​​សន្តិសុខ​​ក្រុងម៉ុយនិច ស្របពេល​នឹង​វត្តមាន​របស់​ថ្នាក់ដឹកនាំ​​ប៉ាឡេស្ទីន​ ព្រមទាំង​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុងតំបន់​ដើមបូព៌ា រួមទាំង អនុប្រធានាធិបតី លោកស្រី ខាម៉ាឡា ហារីស ​និង​លោក អង់តូនី ប្ល៊ីងកិន ប្រមុខ​ការទូត​សហរដ្ឋអាមេរិក​ ក៏ចូលរួម​ដែរ។​ ប្រមុខ​ការទូត​ចិន លោក វ៉ាង យី មកចូលរួមសន្និសីទ ដោយ​ស្កាត់​ចូល​ អេស្ប៉ាញ ​ជាមុន​សិន ដើម្បី​អបអរ​ខួប​ទំនាក់ទំនង​៥០ឆ្នាំ​។​​ ផ្ទុយ​ទៅវិញ លោក វ្ល៉ាឌីមៀរ ពូទីន ប្រមុខរដ្ឋរុស្ស៊ី​និង​ថ្នាក់ដឹកនាំរុស្ស៊ី ​គ្មាន​ការ​អញ្ជើញ​សោះឡើយ។​​បារាំង អាល្លឺម៉ង់ និងអ៊ុយក្រែន ​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិសុខ​ចំពោះ​ប្រមុខ​រដ្ឋអ៊ុយក្រែន, ដំណើរ​ទស្សនកិច្ច​របស់​លោក ហ្សេឡេនស្គី​ មក​អឺរ៉ុប​នេះ ដើម្បី​ចូលរួមសន្និសីទ​​សន្តិសុខ​នៅក្រុងម៉ុយនិចផង ​ហើយក៏​ស្របពេល​ដែល​ សមរភូមិ​មុខ​នៅប៉ែក​ខាង​កើត​ប្រទេសអ៊ុយក្រែន កំពុងតែតាន​តឹង​ខ្លាំង ដ្បិត​ថា ទ័ព​រុស្ស៊ី​កាន់​តែ​រុល​មក​មុខ​ ហើយ​ទ័ព​អ៊ុយក្រែន​លំបាក​ទប់​ទល់។ លំបាកទប់​ទល់ព្រោះ​ខ្វះ​កម្លាំង​សម្ភារៈ​សឹក ស្របពេល​ដែល​ ជំនួយ​យោធា​ពី​សំណាក់​អាមេរិក ត្រូវជាប់​គាំង​។​អាស្រ័យ​ហេតុ​ដូចនេះ​ហើយ ទើប​នៅថ្ងៃ​សុក្រ ទី​១៦កុម្ភៈ​​​ ​ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ត្រូវ​ជួប​អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ និង​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង។ កម្មវត្ថុ​នៃដំណើរ​របស់​លោក ហ្សេឡេនស្គី ​ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​អឺរ៉ុប​ ឲ្យ​ប្រញាប់​ទម្លាក់​ជំនួយ​បន្ថែម ជា​បន្ទាន់​។ក្នុង​ខែ​នេះ នេះគឺ​ជាលើកទី១​ដែល​លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អញ្ជើញ​ចេញក្រៅប្រទេស បន្ទាប់ពី​លោក​បាន​រុះរើ​ក្បាល​ម៉ាស៊ីន​មេបញ្ជាកងទ័ព​ ដែល​លោក​ចង់​ឲ្យ​ជំរុញ​សន្ទុះ​កម្លាំង​យោធា។ លោក ហ្សេឡេនស្គី ត្រូវ​ជួប​អធិការបតីអាល្លឺម៉ង់ មុន​គេ ក៏ព្រោះតែលោក​ អូឡាហ្វ ស្ហុលស៍ ដែល​ទើបតែ​ត្រឡប់​មកពី​សហរដ្ឋអាមេរិក​ថ្មីៗ។ ក្រុង​វ៉ាស៊ីនតោន ជាទីថ្នាក់ដឹកនាំ​អាល្លឺម៉ង់ ជំរុញ​ឲ្យ​អាមេរិក​ប្រឹង​ប្រែង​ផ្តល់​ជំនួយ​ឲ្យរុះ​រាន់​ជួយ​ដល់​អ៊ុយក្រែន​។​  ចំណែក​ជំនួប​​លោក អេម៉ានុយអែល ម៉ាក្រុង វិញ គឺ​វិមានប្រធានាធិបតីបារាំង អេលីហ្សេ បាន​បញ្ជាក់​តាំងពីថ្ងៃ​ព្រហស្បតិ៍ ទី​១៥កុម្ភៈ ថា ប្រធានាធិបតីអ៊ុយក្រែនអញ្ជើញ​មក​ក្រុង​ប៉ារីស ជាគម្រប់​លើកទី៣ ហើយ​ជំនួប​រវាងប្រមុខ​រដ្ឋទាំង២ បង្ហាញពី​ស្មារតី​ជួយ​គាំទ្រ​របស់​បារាំង​ចំពោះ​អ៊ុយក្រែន​ ដោយ​ឥត​ងាករេ ដើម្បី​ផ្ចាញ់​ការ​ឈ្លានពាន​របស់​រុស្ស៊ី។​ បើតាម​ប្រភព​ពីកាសែត​ក្នុងស្រុក ​បារាំង អាច​នឹង​ផ្តល់​​មូលនិធិ​ជំនួយ ២០០ លានអឺរ៉ូ​ សម្រាប់​គម្រោង​ស៊ីវិល​ ដឹកនាំដោយ​ក្រុមហ៊ុន​បារាំ​ង។​ ក្នុងជំនួបនៅលើកនេះ  ​ថ្នាក់​ដឹកនាំ​ទាំងបី ​បារាំង អាល្លឺម៉ង់ និងអ៊ុយក្រែន ក៏​នឹងចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិសុខ​។ច្រើនតែសន្យា តែ​កញ្ចប់​ជំនួយ​ធ្លាក់​ដៃតិចនៅលើសមរភូមិអ៊ុយក្រែន ​គឺ អ៊ុយក្រែន វាយ​រុល​ទៅ​មុខស្ទើរ​​មិនរួច ហើយ​ការវាយប្រហាររបស់អ៊ុយក្រែន បែរប្តូរ​​យុទ្ធសាស្ត្រ​មកប្រើ​យន្តហោះ​ដ្រូនវិញ។ នេះក៏​ព្រោះខ្វះ​ជំនួយ ខ្វះគ្រាប់​។ ប៉ុន្មា​នសប្តាហ៍​មកនេះ ទ័ព​អ៊ុយក្រែន សន្សំសំចៃ​គ្រាប់ណាស់។ ​ចាប់ពីផ្ទុះ​សង្គ្រាម​នៅខែ​កុម្ភៈ​ឆ្នាំ​២០២២មក ប្រទេស​ពិភពលោក បាន​សន្យាផ្តល់​ជំនួយ ២៦៥,១ ពាន់​លានអឺរ៉ូ សម្រាប់​ជួយ​អ៊ុយក្រែន ដោយ​បែង​ចែង​ជាជំនួយ​ហិរញ្ញវត្ថុ​ ជំនួយ​យោធា និង​ជំនួយ​មនុស្ស​ធម៌។​ នេះបើតាម​កាសែត​ឡឺម៉ុង់​។​បើ​គិត​ជាប្រទេសនីមួយៗ សហរដ្ឋអាមេរិក ម្ចាស់​ជំនួយ​ធំ​​ជាង​គេ ទាំង​ថវិកា​និង​សម្ភារៈ​យោធា សម្រាប់​ជួយ​ដល់​អ៊ុយក្រែន។ ​ច្រើន​សប្តាហ៍​មកហើយ ដែល​រដ្ឋបាល​របស់​លោក ចូ បៃដិន បាន​ខំប្រឹង​បញ្ចុះ​បញ្ចូល​សភា​អាមេរិក​ ឲ្យ​អនុម័ត​ទម្លាក់​ជំនួយ​ ក៏ប៉ុន្តែ​ ​កញ្ចប់​ជំនួយ​អាមេរិក​ ត្រូវ​ជាប់​ការ​កក់ស្ទះ ព្រោះតែ​បញ្ហានយោបាយ​​ផ្ទៃក្នុង ពិសេស​គឺការ​ជំទាស់​ពីក្រុម​អ្ន​កនយោបាយ​គណបក្ស​សាធារណរដ្ឋ​​។ មិនតែប៉ុណ្ណោះ​ អ្ន​កជំនាញ​កិច្ចការ​អន្តរជាតិ កំពុងតែ​មាន​ក្តីព្រួយបារម្ភថា ប្រសិន​បើ​លោក ដូណាល់ ត្រាំ ឈ្នះ​ឆ្នោត​ឆ្នាំ​២០២៤ នឹង​មា​នការ​បង្កក​ជំនួយ​ដល់​អ៊ុយក្រែន។​បើតាម​ទិន្នន័យ​របស់ វិទ្យាស្ថាន​ស្រាវ​ជ្រា​វ​​អាល្លឺម៉ង់ (Kisel Institute) ​​ចេញផ្សាយ​នៅ​ថ្ងៃសុក្រ​ ទី​១៦កុម្ភៈ គឺថា​ គិត​ត្រឹម​ពាក់កណ្តាល​ខែ​​មករា សហភាពអឺរ៉ុប និង​ប្រទេស​សមាជិក​អង្គការ​អូតង់ បាន​សន្យា​ផ្តល់​​ជំនួយ​១០៧,៥ ពាន់​លាន​អឺរ៉ូដល់ ​អ៊ុយក្រែន​។​តាមប្រភព​ដដែល សហភាពអឺរ៉ុប សន្យា​ផ្តល់​ជំនួយ​ ៤៩,៧ ពាន់​លាន​អឺរ៉ូ ប៉ុន្តែ​ រហូត​ដល់​ពេល​នេះ កញ្ចប់​ជំនួយ​បាន​ធ្លាក់​ដល់​អ៊ុយក្រែន ត្រឹមតែ​ ៣៥,២ ពាន់​លាន​អឺរ៉ូ តែប៉ុណ្ណោះ។ ពោល​គឺ​តិច​ជាង​ជំនួយ​សហរដ្ឋអាមេរិក​។ ជំនួយ​អាមេរិក​តែម្នាក់ឯង គឺ ​៤២,២ ពាន់​លានអឺរ៉ូ​។ បន្ទាប់ពី​អាមេរិក គឺ​អាល្លឺម៉ង ១៧,៧ ពាន់លានអឺរ៉ូ​ ក្នុងនោះ ៩,៤ ពាន់​លានអឺរ៉ូ​ បាន​ធ្លាក់​ទៅដល់​អ៊ុយក្រែន​ហើយ។ អង់គ្លេស់​​ សន្យាផ្តល់ ​៩,១ ពាន់​លានអឺរ៉ូ​ ធ្លាក់​ដល់​ដៃអ៊ុយក្រែន ៤,៨ ពាន់​លានអឺរ៉ូ​។ ចំណែក ដាណឺម៉ាក់ សន្យាផ្តល់ ៨,៤ ពាន់​លានអឺរ៉ូ​ បាន​ដល់​អ៊ុយក្រែន ៤,៥ ពាន់​លានអឺរ៉ូ​។​ប្រទេស​សន្យា​ផ្តល់​ជំនួយ មាន​ច្រើន​​​ ប៉ុន្តែ កញ្ចាប់​ជំនួយ​ធ្លាក់​ដល់ដៃ​អ៊ុយក្រែន​មែនទែន គឺបាន​តិច ហើយ​ធ្វើឡើង​​ជា​ដំណាក់កាលៗ ហើយនិង ​ទើបតែ​បាន​ផ្តល់​ប្រហែល​ត្រឹម​ពាក់​កណ្តាល​តែប៉ុណ្ណោះនៃការ​សន្យា​​។​ នេះបើតាមការ​ពិនិត្យ​ទិន្នន័យ​របស់​​វិទ្យាស្ថាន​ស្រាវ​ជ្រា​វ​​អាល្លឺម៉ង់ (Kisel Institute)។ ប្រធាន​វិទ្យាស្ថាន​ស្រាវ​ជ្រា​វ​​អាល្លឺម៉ង់ លោក គ្រិស្តូប ត្រេបេស រិះគន់​ពញ្ញាក់ស្មារតី​ថ្នាក់ដឹកនាំអឺរ៉ុប​ថា ក្នុង​កាលៈ​ទេសៈ​ដែល សហរដ្ឋអាមេរិក រាំង​ស្ទះ​ជំនួយ​ដូច្នេះ​ សហភាពអឺរ៉ុប គួរតែ​បន្ថែម​ជំនួយ​ទ្វេ​ដង ទើប​សក្តិសម។ ក៏ប៉ុន្តែ រហូត​មកទល់​ពេល​នេះ​ ទំហំជំនួយ​សហភាពអឺរ៉ុបដល់​អ៊ុយក្រែន​ មិនបានស្មើ ​១% នៃ​ចំណូល​ក្នុង​ស្រុក​សរុប នៅ​ឆ្នាំ២០២១ ផង​ទេ៕​
2/16/20245 minutes, 27 seconds
Episode Artwork

បោះឆ្នោត​ប្រធានាធិបតី​៖ អតីត​ឧត្តមសេនីយ៍​កំពុង​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​ថ្មីឥណ្ឌូណេស៊ី​?

​ថ្ងៃ​នេះ ពលរដ្ឋ​ឥណ្ឌូណេស៊ីជិត២០៥​លាន​នាក់ ត្រូវ​បោះឆ្នោតជ្រើសរើស​​ប្រធានាធិបតី​ និង​ ​​បោះឆ្នោត​សភា ជ្រើសរើស​តំណាង​រាស្ត្រ​ថ្នាក់ជាតិ ៥៨០អាសនៈព្រមទាំង​ថ្នាក់តំបន់និងមូលដ្ឋាន​ចំនួន២ម៉ឺន​រូប​។ បេក្ខជនបី​​រូបបាន​ឈរ​ឈ្មោះ​​ប្រកួត​ប្រជែង​យក​តំណែង​​ប្រធានាធិបតីបន្តពីលោក​ចូកូ វីដូដូ ដែល​មិន​អាច​ឈរ​ឈ្មោះ​ជា​លើក​ទីបី។ បើ​តាម​លទ្ធផល​ប៉ាន់ស្មាន​បឋម​ បេក្ខជន​ប្រធានាធិបតី​ប្រាបូវូ ស៊ូប៊ីយានតូ ដែល​មាន​ជំហរ​បន្ត​នយោបាយ​របស់​​លោក​ចូកូវី កំពុង​នាំ​មុខ​ ជាមួយ​នឹង​សំឡេង​គាំទ្រ​ប្រមាណ​៥៥% សម្រាប់​ការ​រាប់​សន្លឹកឆ្នោត​៦០%។ ថ្ងៃ​នេះ ពលរដ្ឋ​ឥណ្ឌូណេស៊ីជិត២០៥​លាន​នាក់ ត្រូវ​បោះឆ្នោតជ្រើសរើស​​ប្រធានាធិបតី​ ដែល​មាន​​បេក្ខជន​បី​រូប ប្រកួត​ប្រជែង​គ្នាផង និង​ ត្រូវ​​បោះឆ្នោត​សភា ជ្រើសរើស​តំណាង​រាស្ត្រ​ថ្នាក់ជាតិ ៥៨០អាសនៈ និង​ថ្នាក់តំបន់-​មូលដ្ឋាន​ចំនួន២ម៉ឺន​រូប។​ជា​សរុប​ឥណ្ឌូណេស៊ី​ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន ជាង​៨០ម៉ឺន​ការិយាល័យ ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​ ដែល​ជា​ប្រជុំ​កោះ​តូច​ធំ​ចំនួន​ដល់​ទៅ​១៧០០០​កោះ លាត​សន្ធឹង​ពី​កើត​ទៅលិច ប្រវែង ៤៨០០​គីឡូម៉ែត្រ។ប៉ា​ពូអាស៊ី​ នៅ​ភាគ​ខាងកើតបំផុត​នៃ​ប្រទេស ​បាន​ចាប់​ផ្តើម​បោះឆ្នោត​មុន​គេ នៅ​វេលា​ម៉ោង​៧ព្រឹក​ម៉ោង​ក្នុង​តំបន់ ដែល​ត្រូវ​ជា​ម៉ោង ១០យប់​ថ្ងៃអង្គារ​នៅ​ឡើយ​បើ​គិត​តាម​ម៉ោង​សកល ហើយអ្នក​​កោះស៊ូម៉ាត្រាភាគ​ខាង​លិច​បំផុត​នៃ​ប្រទេស ​ចាប់​បោះឆ្នោត​ក្រោយ​គេ។​ជាង​ពាក់​កណ្តាល​នៃ​អ្នក​បោះ​ឆ្នោត ពោល​គឺ​១០៦លាន​នាក់​​​​ជាពលរដ្ឋ​វ័យក្មេង អាយុ​ក្រោម​៤០ឆ្នាំ។ នៅ​ឥណ្ឌូណេស៊ី ពលរដ្ឋ​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ តាំងពី​អាយុ​១៧​ឆ្នាំ​ទៅ ឬ​ក្រោម​នេះក៏​បាន​បើ​ពួក​គេ​រៀប​ការរួច។ អ៊ីចឹង​ហើយ​បាន​ជា​បេក្ខជន​ប្រធានាធិបតី​ ​ឃោសនា​ ​ទាក់ទាញ​ពលរដ្ឋ​ស្រទាប់​នេះខ្លាំងជាង​គេ​ ព្រោះ​ជា​អ្នក​ប្រើប្រាស់​ប្រព័ន្ធសង្គម​ដ៏​ធំ​ដែល​​ងាយ​ទទួល​ព័ត៌មាន​មិន​ពិត​និង​ក្លែងក្លាយ​ផង។​តើ​បេក្ខជនប្រធានាធិបតី​​ជា​នរណាខ្លះ​?នៅក្នុង​ការ​បោះឆ្នោត​ថ្ងៃ​នេះ ស្រប​តាម​រដ្ឋធម្មនុញ្ញ លោក ចូកូ វីដូដូ​ ប្រធានាធិបតី​ផុត​អាណត្តិ​មិន​អាច​ឈរ​ឈ្មោះ​បានទេ។ ឯបេក្ខជន​បីរូប​ដែល​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​នៅលើក​នេះ គឺ​ លោក​ ប្រាបូវូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​ឥណ្ឌូណេស៊ី​បច្ចុប្បន្ន។ លោក​មានប្រជាប្រិយភាព​ខ្ពស់​ជាង​គេ។ បន្ទាប់​មក​គឺលោក​អានីស បាស្វេដាន អតីត​អភិបាល​ក្រុង​ហ្សាការតា និង​ លោក ហ្កងចារ ប្រាណូវូ អតីត​អភិបាល​ក្រុង​Java។លោក​ ប្រាបូវូ ស៊ូប៊ីយ៉ានតូ អាយុ​៧២​ឆ្នាំ ជា​អតីត​ឧត្តមសេនីយ៍-​ជា​កូន​ប្រសារ​របស់​អតីត​មេដឹកនាំ​ផ្តាច់ការ​ឥណ្ឌូណេស៊ី លោក ស៊ូហាតូ។ នេះ​ជា​លើក​ទី​បួនហើយ​ដែល​លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ​ ​មក​ឈរ​ឈ្មោះ ជា​បេក្ខជន​ប្រធានាធិបតី។ ធ្លាប់​​ចាញ់លោក ចូកូវីដូដូ ដល់​ទៅ​ពីរ​ដងមែន​ តែ​លោក​ ប្រាបូវូ ស៊ូប៊ីយ៉ានតូ ​មាន​ប្រជាប្រិយភាព​ខ្ពស់នៅក្នុង​ការ​បោះឆ្នោត​លើក​នេះ ដោយ​ទំនង​ជា​អាច​ឈ្នះ នៅជុំទីមួយ​តែម្តង។​ នេះ​បើ​គេ​ជឿ​លើ​ការ​ស្ទង់មតិ​ចុងក្រោយ​មុន​បោះឆ្នោត និង​បើ​តាម​វិទ្យាស្ថានស្ទង់មតិ​ពីរ​ដែល​ផ្អែក​លើ​លទ្ធផលស្មាន​​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​៦០%​ដំបូង។​ប្រជាប្រិយភាព ​របស់​លោក​ប្រាបូវូ ស៊ូប៊ីយានតូ ទំនង​ដោយសារ​​ជម្រើស​បន្តមរតកនយោបាយ ​ពី​លោក​ចូកូវីដូដូផង និង​ដោយ​សារ​ជម្រើស​យក​លោក​ជីប្រង់រ៉ាកាប៊ូមីង រ៉ាកា ជា​អនុប្រធានាធិបតី​ផង។ អាយុ​៣៦​ឆ្នាំ ​អភិបាល​ក្រុង​ស៊ូរ៉ាការតាដែល​អាច​ឈរ​ឈ្មោះជា​អនុប្រធានាធិបតី​រួម​ជាមួយ​លោក​ប្រាបូវូ​​បាន​ដោយ​សារ​សាលក្រមដ៏​ចម្រូង​ចម្រាស​​របស់​តុលាការ​ធម្មនុញ្ញ ត្រូវ​ជា​កូន​ប្រុស​របស់​លោក​ចូកូវីដូដូ ដែល​បន្ត​មាន​ប្រជាប្រិយភាព​ដ៏​ខ្ពស់​ត្រដែត។ តាម​ច្បាប់​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ត្រូវ​មានអាយុ​យ៉ាង​តិច​៤០ឆ្នាំ​ និង​អាយុ​ក្មេង​ជាង​នេះ បើធ្លាប់​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ថ្នាក់​តំបន់។មាន​​និន្នការ​​ជា​អ្នក​អភិរក្ស​ និង​ ជាតិ​និយម​ ការពារ​​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​ឥណ្ឌូណេស៊ី​ តាម​គំរូ​​​ប្រធានាធិបតី​ផុត​អាណត្តិ លោក ប្រាបូវូ ស៊ូប៊ីយានតូ រក្សា​​គោលនយោបាយការបរទេស​អព្យាក្រិត្យ​តាំងពី​ដើម​រៀង​មករបស់​ឥណ្ឌូណេស៊ី​ ដោយ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រប់​មហាអំណាច​ ទើប​ធានាបាន​នូវផលប្រយោជន៍​ជាតិ។ តែ​លោកប្រាបូវូ ធ្លាប់​មានប្រវត្តិ​មិន​ល្អ​កាល​នៅ​ជា​មេទាហាន ដោយធ្លាប់​​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ទីម័រ​ខាង​កើត។​រដ្ឋ​ធានី​ថ្មី​ដូច​ជា​បេក្ខជន​បក្ស​ប្រជាធិបតេយ្យតស៊ូ​​ឥណ្ឌូណេស៊ី​ លោក​ហ្កង់ចារ ប្រាណូវូ វ័យ៥៥ឆ្នាំ ដែលមាន​ប្រជាប្រិយភាពធ្លាក់​ចុះ​ជា​​លំដាប់ លោក ប្រាបូវូ ស៊ូប៊ីយានតូ បាន​សន្យា​ដូច​គ្នា​ថា​នឹង​បន្ត​អភិវឌ្ឍ​ក្រុង​នុសានតារ៉ា អនាគត​រដ្ឋធានីឥណ្ឌូណេស៊ី​ថ្មី​។ការ​បោះឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ថ្ងៃ​នេះ ក៏​ជា​វិញ្ញាសា​តេស្ត​ ឬអាច​ចាត់​ទុក​​ជា​ប្រជាមតិ​សម្រេច​រឿង​លើក​រដ្ឋ​ធានីហ្សាការតា ទៅ​នុសានតារ៉ានៃកោះ​បរនេអូដេរ។ រដ្ឋធានី​ នុសានតារ៉ា នឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​នៅថ្ងៃទី​១៧​សីហា​ ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ឥណ្ឌូណេស៊ី។ ប្រសិន​បើ​លោក​ប្រាបូវូ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អ្វី​នឹង​ដំណើរការ​អភិវឌ្ឍ​ដូចការ​គ្រោង​ទុក តែ​បើ​លោក អានីស បាស្វេដាន ជាប់​ឆ្នោត​វិញ លោក​បាន​ប្រកាស​ថា លោក​នឹង​បន្ត​ដឹកនាំប្រទេសពី​ហ្សាការតា មិនមែនពី​ក្រុង​នុសានតារ៉ាទេ ហើយ​លោក​ផ្តល់​អាទិភាព​ដល់​ការ​ដោះស្រាយ​បញ្ហា​ឱ្យ​ក្រុង​ហ្សាការតា ឱ្យ​តំបន់​ដែល​អាច​លិច​ទឹក​នៅ​ឆ្នាំ​២០៥០។មាន​អាយុ​៥៤​ឆ្នាំ កើត​នៅ​ភាគ​ខាង​លិច​កោះ​Java ក្នុង​គ្រួសារ​បញ្ញាវន្ត លោក អានីស បាស្វេដាន ធ្លាប់​បាន​ទៅ​បន្ត​ការសិក្សា​នៅសហរដ្ឋ​អាមេរិក​និង​ជប៉ុន ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ។ មាន​កូន​បួន​នាក់ លោក​បានក្លាយ​ជា​សកលវិទ្យាធិការ​ក្រុង​ហ្សាការតា នៅឆ្នាំ​២០០៧ និង​ចូល​ប្រលូក​ក្នុង​ឆាក​នយោបាយ​ចាប់​ពី​ឆ្នាំ​២០១៣​ប៉ុណ្ណោះ ក្នុងនាម​ជា​អ្នក​នាំពាក្យ​ក្រុម​យុទ្ធនាការ​ឃោសនា​របស់​លោក​ចូកូវីដូដូនៅឆ្នាំ​២០១៤។អតីត​សកលវិទ្យាធិការ អតីត​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​និង​វប្បធម៌​របស់​រដ្ឋាភិបាល​ទីមួយរបស់លោក​ចូកូវីដូដូ មុន​នឹង​ក្លាយ​ជា​អភិបាល​ក្រុង​ហ្សាការតានៅ​ឆ្នាំ​២០១៧ លោក អានីស បាស្វេដាន ប្រឆាំង​នឹង​គម្រោង​បង្កើត​រដ្ឋធានី​ថ្មី​របស់​ប្រធានាធិបតី​ផុតអាណត្តិ។ លោក​សង្ឃឹម​ថា យុទ្ធសាស្ត្រ​និង​ជំហរ​នយោបាយ​​ជា​បក្ស​ប្រឆាំង​ដ៏​ចម្បង​របស់​រដ្ឋាភិបាល​ផុត​អាណត្តិ នឹង​រុញ​ច្រានលោក​​ឱ្យ​បាន​ឡើង​ទៅ​ប្រកួត​ប្រជែងក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​​ជុំ​ទីពីរ ប្រឈម​នឹង​លោក ប្រាបូវូ ស៊ូប៊ីយានតូ នៅ​ខែ​មិថុនា។ ប្រជាប្រិយភាព​របស់​លោក​បាន​ស្ទុះ​ឡើង​ខ្លាំង និង​ឡើង​ជា​លំដាប់​ ​ក្រោយការ​តស៊ូមតិ​បី​ដង​តាមកញ្ចក់​ទូរទស្សន៍​ ដែល​បង្ហាញ​ថា​លោក​មាន​ថ្វីមាត់​ល្អ​ពូកែ​និយាយ។លោក អានីស បាស្វេដាន ក៏មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​រង្វង់​អ្នក​អ៊ីស្លាម​អភិរក្ស តែ​ធ្លាប់​រង​ការ​ចោទ​ប្រកាន់ ក្នុង​ពេល​ឃោសនា​​ថា​បាន​បំផុស​បំផុល​ឱ្យ​មាន​ការ​បែង​ចែងរវាង​សហគមន៍​សាសនា ដោយ​ទាក់ទាញ​ឆ្នោត​ពី​ក្រុម​អ៊ីស្លាមនិយម រាប់​ទាំង​អ៊ីស្លាមជ្រុលនិយម​ផង ដើម្បី​ឈ្នះ​គូប្រជែង​គ្រិស្តសាសនា។បើតាមអ្នក​វិភាគ លោក​អានីស ជា​បេក្ខជន​នៃ​ការ​ប្តូរផ្លាស់​មក​ធ្វើ​ជា​ស្នូល​នៃគ្រប់​​សុន្ទរកថា លោកប្រាបូវូ ការ​បន្ត​នយោបាយ​របស់​រដ្ឋាភិបាល​មុន ឯ​បេក្ខជន​ហ្កង់ចារ មិន​ច្បាស់​លាស់៕​
2/14/20247 minutes, 12 seconds
Episode Artwork

អឺរ៉ុបបើក​ជំនួប​កំពូលស្តី​ពី​ជំនួយ​សម្រាប់​អ៊ុយក្រែន​ ក្រោម​សម្ពាធ​និង​​​កំហឹង​កសិករ

នៅថ្ងៃព្រហស្បតិ៍​ទី​១កុម្ភៈ​២០២៤​នេះ សមាជិក​សហភាពអឺរ៉ុបទាំង​២៧​ប្រទេស​បាន​មក​ជួប​ជុំ​គ្នា​​បើក​ជំនួប​កំពូល​វិសាមញ្ញ​ ដើម្បី​ជជែក​អំពី​បញ្ហា​​ថវិកា​និងអនុម័ត​​ជំនួយ៥០ពាន់​លាន​អឺរ៉ូ​​សម្រាប់​អ៊ុយក្រែន។ ជំនួប​ប្រជុំ​ត្រូវ​រក​វិធី​​ជំនះ​ចិត្ត​ហុងគ្រីឱ្យ​បាន​ ហើយ​ត្រូវ​​ពន្លត់​កំហឹង​កសិករ​អឺរ៉ុប​ទៀត។ កសិករ​និង​ត្រាក់ទ័រ​រាប់​ពាន់គ្រឿង​​បាន​នាំ​គ្នា​ទៅ​ដល់​មុខ​សហភាព​អឺរ៉ុប​នា​ទីក្រុង​ព្រុចសែលប្រទេស​ប៊ែលហ្ស៊ិក។ ហេតុ​អ្វី​ហុងគ្រី​ជំទាស់​នឹង​ការ​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន ? ហើយ​ហេតុ​អ្វី​បាន​ជា​កសិករ​អឺរ៉ុប​ផ្ទុះ​កំហឹង​រាល​ដាល​ខ្លាំង​ដូច្នេះ? ជំនួបកំពូល​វិសាមញ្ញ​អឺរ៉ុប​ថ្ងៃ​នេះ ជា​ជំនួប​ផ្តាច់ព័ត្រដែល​គេ​សង្ឃឹម​ថា​នឹង​អាច​បញ្ចុះ​បញ្ចូល​ហុងគ្រី​បាន​ និង​បង្ហាញ​សាមគ្គីភាព​ជា​ធ្លុង​មួយ​របស់​អឺរ៉ុប​ ក្នុង​ការ​ផ្តល់​ជំនួយដល់​​អ៊ុយក្រែន។  តាំងពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​មក អឺរ៉ុប​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ជា​បន្ត​បន្ទាប់​ដល់​អ៊ុយក្រែន តែ​ក្នុង​ទម្រង់​ជា​ការ​ព្រមព្រៀង​អន្តររដ្ឋាភិបាល​ដែល​តម្រូវ​ឱ្យ​មាន​ការ​យល់ព្រម​ពី​​ជាតិ​នីមួយៗ​ជា​រៀង​រាល់​ឆ្នាំ។ ជា​បែប​បទ​ដ៏​ស្មុគស្មាញ ទើប​អឺរ៉ុប​ចង់​បង្កើត​កញ្ចប់​ថវិកាតែ​មួយ​​​​រួម​គ្នា​សម្រាប់​អ៊ុយក្រែន និង​ដើម្បី​ឱ្យ​អ៊ុយក្រែន​អាច​ព្យាករ​ហិរញ្ញវត្ថុ​បាន​ស្រួល​បន្តិច។កញ្ចប់​គម្រោងជំនួយ​​ថវិកានេះ​មាន​តម្លៃ​ ​៥០ពាន់​លាន​អឺរ៉ូ ៖ ៣៣​ពាន់​លាន​ជា​ប្រាក់​កម្ចី​​ការ​ថោក និង​១៧ពាន់​លាន​ជា​ប្រាក់​ឧបត្ថម្ភ​ ក្នុងក្របខ័ណ្ឌ​ថវិកាអឺរ៉ុប​ពី​ឆ្នាំ​២០២៤-២០២៧។ ដើម្បី​អនុម័ត​គម្រោង​ថវិកា​នេះ​បាន សហភាព​អឺរ៉ុប​ត្រូវ​ការ​ការ​ព្រមព្រៀង​ពី​សមាជិក​ទាំង​២៧​ប្រទេស។ប៉ុន្តែ​ ហុងគ្រី​ដែល​ដឹកនាំ​ដោយ​​លោកនាយករដ្ឋមន្ត្រី ​អ័របាន ជាប្រមុខ​ដឹកនាំ​ប្រទេស​បែប​ប្រជាភិថុត​តែ​ម្នាក់​គត់​ក្នុង​ចំណោម​សមាជិកសហភាពអឺរ៉ុប ដែល​នៅ​បន្ត​មាន​ទំនាក់ទំនង​ជិត​ដិត​ជាមួយ​នឹង​រុស្ស៊ី​ ​បាន​ប្រកាស​ជំហរ​ជំទាស់ ដោយ​​ទាមទារ​សុំ​ ​សើរើ​មើល​គម្រោង​ជំនួយ​អ៊ុយក្រែន​ជារៀង​រាល់​ឆ្នាំ​ តាម​រយៈ​ការ​អនុម័ត​ជា​ឯកច្ឆ័ន្ទ។​ជំនួយ​សហភាពអឺរ៉ុប​ដោយ​គ្មាន​ហុងគ្រី​?ប៉ុន្តែអឺរ៉ុប​​មិន​ចង់​ផ្តល់​ឱកាស​ឱ្យ​ហុងគ្រី​មាន​សិទ្ធិ​ប្រឆាំង​វេតូ​​សម្រាប់​ជាធ្នាក់​ទាមទារ​ការ​ដោះដូរ​អ្វី​មួយឡើយ​ ទើប​ចង់​លួង​លោម​និង​បញ្ចុះ​បញ្ចូល​រក​ផ្លូវ​កណ្តាល​មួយ​ដែល​ទទួល​យក​បាន​ទាំងអស់​គ្នា។ ​សហភាព​អឺរ៉ុប​ព្រម​​រៀប​ចំ​ការ​តស៊ូ​មតិថ្នាក់​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ ជុំ​វិញ​បញ្ហា​ថវិកា​ជំនួយ​នេះ ​ជា​រៀង​រាល់​ឆ្នាំ តែដោយ​គ្មាន​លទ្ធភាព​ប្រឆាំង​ទេ។នេះ​ជាការ​បន្ទន់​ឥរិយាបថ​បន្តិច​របស់អឺរ៉ុប​ចំពោះហុងគ្រី​ហើយ។ ហើយ​នៅទី​បំផុតហុងគ្រី​ក៏​យល់​ព្រម។ អឺរ៉ុប​២៧​ប្រទេស​បាន​សម្រេច​ព្រមព្រៀង​គ្នា​បើក​​កញ្ចប់​ថវិកា​ជំនួយ​ដល់​អ៊ុយក្រែន​ក្នុង​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប។ នេះ​បើ​តាម​សារ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​ Charles Michel។បាតុកម្ម​កសិករ​បង្វែររបៀបវារៈ​នៃ​ជំនួប​​សហភាពអឺរ៉ុប?ផ្តើម​នៅ​ប្រទេស​អាល្លឺម៉ង់ រ៉ូមានី ប៉ូឡូញ និងហូឡង់ ឥលូវ​រាលដាល​ដល់​វេន​កសិករ​បារាំង​និង​ប៊ែលហ្ស៊ិក ព្រមទាំង​អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្កាល់ ... សន្ទុះបាតុកម្ម​របស់ប្រជា​​កសិករ​អឺរ៉ុប​ កាន់​តែ​ខ្លាំង​ក្លា​ឡើង​ៗ។ នៅ​បារាំង​ បាតុករ​កសិករ​បាន​រំកិល​មក​កាន់​តែ​កៀក​ក្រុង​ប៉ារីស និង​បាន​ចូល​ដល់​ទីផ្សារ​បោះដុំ ​Rungis។ កសិករ​បារាំង ប៊ែលហ្សិក​បាន​នាំ​គ្នា​បិទ​ខ្ទប់​ច្រក​ផ្លូវ​នៅ​តាម​ព្រំ​ដែន​ប្រទេស​ទាំងពីរ តាំង​ពីព្រលប់​ ដើម្បី​បរិហារ​កិច្ចព្រមព្រៀង​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​សេរី និង​ទាមទារ​ឱ្យរដ្ឋាភិបាល​សន្យា​ចាត់​វិធានការ ធំ​និង​​ច្បាស់​លាស់​។ នៅ​ព្រុចសែល រដ្ឋធានី​អឺរ៉ុប កសិករ ជាមួយ​ត្រាក់ទ័រ​ប្រមាណ​១ពាន់​គ្រឿង​បាន​ចូល​ទៅ​បិទ​ខ្ទប់​ច្រក​ចូល​ទៅ​កាន់​ទី​មាន​ជំនួប​កំពូល​សហភាព​អឺរ៉ុប។កសិករ​អឺរ៉ុបផ្ទុះ​កំហឹង​ទាមទារ​ឱ្យ​សហភាព​អឺរ៉ុបផ្តល់​តម្លៃ​ដល់​ការងារ​របស់​ពួក​គេ។ ពួក​គេ​ត្អូញត្អែរ​អំពី​ការ​លំបាក ផ្នែក​រដ្ឋបាលផង ចំណូល​តិច​ផង វិបត្តិប្រេងឡើងថ្លៃផង​ បទដ្ឋានបរិស្ថានកាន់​តែ​ច្រើន និង​តឹងតែងឡើងៗផង​ តែ​ត្រូវ​​ប្រកួតប្រជែង​ជាមួយផលិតផល​នាំចូលពីបរទេស ដែល​គ្មាន​គុណភាពឆ្លើយ​តប​នឹង​​បទ​ដ្ឋាន​អឺរ៉ុបមាន​ជា​អាទិ៍​ការ​លើក​លែង​ចំពោះ​ផលិតផល​នាំ​ចូល​ពី​អ៊ុយក្រែន ដើម្បីជួយ​ប្រទេស​ដែល​រង​ការ​ឈ្លានពាន​ពី​រុស្ស៊ី។ដើម្បី​បន្ធូរ​កំហឹង​​បាតុកម្ម​នេះ​ រដ្ឋាភិបាល​នីមួយៗ​បាន​សាកល្បង​ដោះស្រាយ​ និង​ប្រកាស​ប្តេជ្ញា​​ជួយ​ប្រជាកសិករ​។ ប៉ុន្តែ​ ជំនួយ វិធានការ​ថ្មីៗ​សម្រាប់​កសិករ ដែល​ជា​​ការ​សន្យា​របស់​រដ្ឋាភិបាល​បារាំង ក៏​ដូច​ជា​ការ​ធ្វើ​សម្បទានរបស់​​​គណៈកម្មការអឺរ៉ុប​​ ព្រម​កំរិត​ការ​ទិញ​និង​នាំ​ចូល​ផលិត​ផល​អ៊ុយក្រែន មិន​បាន​ធ្វើ​ឱ្យ​ពួកគេ​ស្ងប់​ចិត្ត ស្រាក​កំហឹង​ទេ។ ចំណាត់ការ​របស់​អាជ្ញាធរ​​​ធ្លាក់​មក​យឺត​ពេល​បន្តិច​ទៅ​ហើយ ហើយ​វិធានការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ការ​នាំ​ចូល​ ​ មិនគ្រប់គ្រាន់​ទេ​សម្រាប់​ការ​ពារ​ប្រជាកសិករ​អឺរ៉ុប។ ម្យ៉ាង​វិញទៀត ពេល​នេះ​សហភាព​អឺរ៉ុប​កំពុង​តែ​ចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​សេរី​ ជាមួយ​បណ្តា​ប្រទេស​កសិកម្ម​ធំៗ​ដូច​ជា​ ប្រេស៊ីល អាហ្សង់ទីន អ៊ុយរ៉ាហ្កាយ​ ប៉ារ៉ាហ្កាយ។ គម្រោង​កិច្ចព្រមព្រៀង​នេះ​ជា​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ សម្រាប់​ប្រជាកសិករអឺរ៉ុប និង​ដែល​បារាំង​មិន​ចង់ឃើញ​វា​កើត​ចេញ​ជា​រូប​រាង​ទេ។ដូច្នេះ​ចង់​ឬ​មិន​ចង់​ និង​ទោះ​ជា​មិន​ផ្លូវការ ក៏​ជំនួប​កំពូល​អឺរ៉ុប​ថ្ងៃ​នេះ ត្រូវ​តែ​វិល​នៅ​ជុំ​វិញ​​បញ្ហាការពារ​ប្រយោជន៍​​ប្រជា​កសិករអឺរ៉ុប​​៕
2/1/20246 minutes, 28 seconds
Episode Artwork

សង្គ្រាមហ្កាហ្សា៖ ហាម៉ាសទទួល​ស្គាល់កំហុស​ដែល​ធ្វើ​ឱ្យស្លាប់​ជនស៊ីវិល

ជាង​បីខែកន្លះ​ក្រោយផ្ទុះ​​សង្គ្រាម​នៅ​ហ្កាហ្សា​មក ចលនា​ហាម៉ាស​បាន​​ប្រកាស​នៅថ្ងៃទី ២១​មករា​២០២៤ ​ ទទួល​ស្គាល់​កំហុស ដោយ​បាន​បង្ក​ឱ្យ​ស្លាប់​ជន​ស៊ីវិល​ស្លូតត្រង់ ក្នុង​​ប្រតិបត្តិការ​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​លើ​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧​តុលា​២០២៣។ ការ​វាយឆ្មក់​ ​ជា​ដើម​ហេតុ​នាំឱ្យ​អ៊ីស្រាអែល​ចេញ​ធ្វើ​សង្គ្រាម​លើ​តំបន់​ហ្កាហ្សា។ ហេតុ​អ្វី​បាន​ជាហាម៉ាស​ទើប​ចេញ​មុខ​ទទួល​ស្គាល់​កំហុស​នៅពេលនេះ ? ​ថ្ងៃ​អាទិត្យទី​២១​មករា​២០២៤​ម្សិលមិញ​ ចលនាហាម៉ាស​បាន​ត្រលប់​មកពន្យល់​​​​​បំភ្លឺ តាម​រយៈ​ឯកសារ​កម្រាស់​ជិត​២០​ទំព័រ ​​អំពីដំណើរ​ដើម​ទងនៃ​​​​ប្រតិបត្តិការ​វាយឆ្មក់​ថ្ងៃទី​៧តុលា​២០២៣មក​លើ​អ៊ីស្រាអែល​ ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​១១៤០នាក់ ភាគ​ច្រើន​ជា​ស៊ីវិល​។ នេះ​ជាលើក​ទី​មួយ​ហើយ​ដែល​ហាម៉ាសចេញ​​មុខមក​បក​ស្រាយ និង​ទទួល​ស្គាល់​កំហុស​របស់​ខ្លួនដែល​បាន​ធ្វើ​ឱ្យ​បាត់​បង់​ជីវិត​​ជន​ស៊ីវិល​​​ដូច្នេះ។តើ​ហាម៉ាសបក​ស្រាយ​យ៉ាង​ដូចម្តេច​ខ្លះ?ចលនា​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា បាន​ធានា​អះអាង​ថាប្រតិបត្តិការវាយឆ្មក់​ថ្ងៃ​៧តុលាដែល​ហាម៉ាស​ប្រសិទ្ធនាម​ថា “សន្ធឹក​​Al-Aqsa” ​ ជា​ដំណាក់កាល​ចាំបាច់​ និង​ជា​ការ​តប​ត​ធម្មតា​​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​អ៊ីស្រាអែល​មកលើ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​។ ប៉ុន្តែ​កំហុស​ទំនង​អាច​កើត​មាន​ឡើង​នៅ​ពេល​អនុវត្ត។ នៅ​ពេល​ចេញ​ធ្វើ​ប្រតិបត្តិការ ស្រាប់​តែ​​ប្រព័ន្ធ​សន្តិសុខ​និង​យោធា​ ត្រូវ​ដួល​រំលំ​មួយ​រំពេច​ នៅ​ត្រឹម​ព្រំដែន​រវាង​អ៊ីស្រាអែល​និង​តំបន់​ហ្កាហ្សា។ ប្រតិបត្តិការ​គ្មាន​គម្រោង​ដៅ​វាយប្រហារ​លើ​ជនស៊ីវិល​ទេ។ វា​បាន​កើត​ឡើង​ដោយ​ចៃដន្យ​ និង​នៅពេល​មាន​ការ​ប្រឈមមុខ​ប្រយុទ្ធ​ជា​មួយ​ក្រុម​អ្នក​ឈ្លានពាន​តែ​ប៉ុណ្ណោះ។ នេះ​ជា​ពាក្យ​សារភាព​របស់​ក្រុម​ហាម៉ាស​ ដោយ​បន្ត​ថា “​បញ្ចៀស​មិន​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​ជន​ស៊ីវិល ជាពិសេស​កុមារ ស្ត្រីភេទ​​ និង​មនុស្ស​ចាស់​ គឺ​ជា​កាតព្វកិច្ចសាសនា និង​ជា​សីលធម៌​របស់យុទ្ធជន​ហាម៉ាស Al-Qassam ដែល​បាន​ព្យាយាម​យ៉ាង​អស់​ពី​លទ្ធភាព​ ការពារ​ជីវិត​ជន​ស៊ីវិល បើ​ទោះ​បី​តុល្យការ​ស្លាប់​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ។តែបើ​តាម​រូបភាព​វីដេអូ​​ផ្សព្វផ្សាយ​ក្រោយ​ការ​វាយឆ្មក់​របស់​ហាម៉ាស គេ​ឃើញ​ទាហាន​ប្រដាប់​អាវុធ​ក្រុម​នេះ​សម្លាប់​មនុស្ស​ដោយ​គ្មាន​រើង​អើង​ទេ។ ចំណាប់​ខ្មាំង​ប្រមាណ​២៥០​នាក់ ត្រូវ​បាន​នាំ​ទៅ​​តំបន់​ហ្កាហ្សា។ ជាការ​វាយប្រហារ​​យ៉ាង​ឃោរឃៅ និង​មាន​ទ្រង់ទ្រាយ​ធំ​មិនធ្លាប់​មានទេ ទើប​ជំរុញ​ឱ្យ​អ៊ីស្រាអែល​បើក​ធ្វើ​សង្គ្រាម​វាយប្រហារ​តាម​ផ្លូវ​អាកាស​និង​ផ្លូវ​គោល​លើ​ដែន​ដី​មួយ​ចំណិត​តូច​ហ្កានេះ រហូត​ស្លាប់​មនុស្ស​អស់​យ៉ាង​ហោច​២ម៉ឺន​៥ពាន់​១០៥នាក់ គិត​ចាប់​ពី​ថ្ងៃទី៧​តុលា​មក​ទល់​នឹង​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ក្រៅ​ទទួល​ស្គាល់​កំហុស​ ចលនា​ហាម៉ាស​ដែល​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល​ចាត់ទុក​ជា​ក្រុម​ភេវនិយម បាន​ទាមទារ​ នៅ​ក្នុង​ឯកសារ​របស់​ខ្លួន អ៊ីស្រាអែល​បញ្ឈប់​ជា​បន្ទាន់ទង្វើ​​ឈ្លាន​ពាន អំពើ​មនុស្ស​ឃាត ​បោស​សម្អាត​​ជាតិ​ពិន្ធុ​​នៅ​តំបន់​ហ្កាហ្សា។ ហាម៉ាស​ក៏​បាន​ប្រកាស​បដិសេធ​ដែរ មិន​ទទួល​យក​ជា​ដាច់​ខាត​ផែនការស្នើ​ឡើង​​អន្តរជាតិ​ឬ​អ៊ីស្រាអែល ក្នុង​ការ​សម្រេច​អនាគត​របស់​តំបន់​ហ្កាហ្សា​។ គ្មាន​នរណា​មាន​សិទ្ធិ​លើ​​ពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​អាច​សម្រេច​ចិត្ត​លើ​ជោគវាសនា​ខ្លួន​ឯង​បានឡើយ។​អ៊ីស្រាអែលច្រានចោល​លក្ខខណ្ឌរបស់ហាម៉ាស និង​បន្តធ្វើសង្គ្រាម?តាំងពីថ្ងៃទី​៧​តុលា​​មក អ៊ីស្រាអែល​បាន​កំណត់​កម្មវត្ថុ​ ប្តេជ្ញា​កម្ចាត់​ក្រុមប្រដាប់​អាវុធ​ហាម៉ាស​ឱ្យ​ខ្ទេច និងរហូត​ទាល់​តែហ្កាហ្សា​លែងក្លាយ​ជា​ការ​គំរាម​កំហែង​អ៊ីស្រាអែល​ទៀត។តែ​បើ​តាម​កាសែត​Wall Street Journal ភ្នាក់ងារ​ចារកិច្ច​អាមេរិក​សន្និដ្ឋាន​ថា​អ៊ីស្រាអែល​ទើប​កម្ចាត់​ពួក​ហាម៉ាស​បាន​ប្រមាណ​ពី​២០ទៅ​៣០%​ប៉ុណ្ណោះ ពោល​គឺ​តិច​ជាង​កម្មវត្ថុ​ឆ្ងាយ​ណាស់។ សារព័ត៌មាន​អាមេរិក​ដដែល​បាន​អះអាងទៀត​ថា សហរដ្ឋអាមេរិក កាតា និង​អេហ្ស៊ីប ដែល​ធ្លាប់​ធ្វើ​អន្តរការី​នាំ​ឱ្យ​មាន​បទ​ឈប់​បាញ់​មួយ​សប្តាហ៍​កាលពី​ខែ​វិច្ឆិកា​ កំពុង​ព្យាយាម​បញ្ចុះ​បញ្ចូល​អ៊ីស្រាអែល​និង​ហាម៉ាស​ស្រុះស្រួល​គ្នា​ព្រម​ដោះលែង​ចំណាប់​ខ្មាំង​អស់​ជា​ថ្នូរ​នឹង​ការ​ដក​កង​ទ័ព​អ៊ីស្រាអែល​ចេញ​ពី​ហ្កាហ្សា។ប៉ុន្តែ​នៅ​ល្ងាច​មិញ លោក​នេតាន់យ៉ាហ៊ូ​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​បាន​ច្រាន​ចោល​ភ្លាម​និង​ច្បាស់​លាស់​នូវ​រាល់​លក្ខខណ្ឌ​របស់​ពួក​ហាម៉ាស។ បើ​តាម​លោក​នេតាន់យ៉ាហ៊ូ ហាម៉ាស​បាន​ទាមទារ​បញ្ចប់​សង្គ្រាម ​ដក​កម្លាំង​ទ័ព​អ៊ីស្រាអែល​ទាំង​ស្រុង​ពី​ដីហ្កាហ្សា និង​ការ​ដោះលែងក្រុមឃាតករ​និង​ចោរទៀត។ កាលពី​ថ្ងៃសៅរ៍ លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ក៏​បាន​ប្រកាស​បដិសេធ​បូរណភាពអនាគត​​របស់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​ ដែលកាន់​កាប់​ដោយ​ពួក​ហាម៉ាស​តាំងពីឆ្នាំ​២០០៧​ទៀត។ ការ​បដិសេធ​របស់​អ៊ីស្រាអែល​​ចំពោះ​ដំណោះស្រាយបង្កើត​រដ្ឋ​ពីរ​​នេះពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ណាស់។ដំណោះស្រាយ​ចង់​បង្កើត​រដ្ឋ​ពីរ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីននៅ​ជា​បច្ចុប្បន្នភាព​?​ទោះ​បី​ជា​មាន​ការ​អំពាវនាវ​អន្តរជាតិ​កាន់​តែ​ច្រើន​ឡើង​ៗឱ្យ​មាន​បទ​ឈប់​បាញ់​មនុស្សធម៌ និង​ការ​ត្រៀម​លក្ខណៈ​​ក្រោយ​សង្គ្រាម ដោយ​គិត​ដល់​ការ​បង្កើតរដ្ឋ​ពីរ​រស់​ទន្ទឹម​គ្នា​​​យ៉ាងណា​ក៏​ដោយ ក៏​លោក​នេតាន់យ៉ាហ៊ូ​មិន​យក​ត្រចៀក​ស្តាប់​ដែរ។ ប៉ុន្តែអ៊ីស្រាអែល​មិន​អាច​ស្ថាបនា​សន្តិភាព​ ដោយ​រំពឹង​តែ​លើ​​មធ្យោបាយ​យោធា​បាន​ទេ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Josep Borrell នៅ​ថ្ងៃចន្ទ​នេះ។ លោក​ប្រមុខ​ការ​ទូត​អឺរ៉ុប ត្រូវ​ទទួល​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ថ្ងៃ​នេះ ក្នុងក្របខណ្ឌ​នៃ​ការ​​ស្វែង​រក​សន្តិភាពជា​ទូទៅ​​ឱ្យ​តំបន់​ដើម​បូព៌ា។ សម្រាប់​លោក​បូរ៉ែល គំនិត​​បង្កើត​រដ្ឋ​ពីរ គឺ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន នាពល​អនាគត​ ជា​​ដំណោះស្រាយតែ​មួយ​គត់​។ អ៊ីស្រាអែល ត្រូវ​តែ​ព្រមទទួល​យក​ដំណោះស្រាយ​នេះ ទើប​អាច​​​បញ្ចប់​សង្គ្រាម និង​ធានាបាន​នូវ​សន្តិ​សុខ​សុវត្ថិភាព​ជា​និរន្តរ៍។ នេះ​ជា​បើ​តាម​ទស្សនៈ​របស់​លោក​ប្រមុខ​ការទូត​អឺរ៉ុប ដែល​បាន​បង្ហាញ​គម្រោង​ដំណោះស្រាយ​ទូលំទូលាយ​មួយ ឈាន​ឆ្ពោះ​ទៅ​រក​សន្តិភាព​ឋិតឋេរ និង​ដោយ ​ទទួល​ស្គាល់​ថា​ ​​អឺរ៉ុបមាន​ឥទ្ធិពល​តិច​តួច​ណាស់​ក្នុង​ការដាក់​សម្ពាធ​លើ​អ៊ីស្រាអែល។​ តែទោះជាយ៉ាងណា​ក្តី​ក៏​អឺរ៉ុប​ ត្រូវ​តែ​ចាប់​ផ្តើម​ត្រៀមរៀប​ចំ​លក្ខខណ្ឌ​​នាំ​សន្តិភាព​ឱ្យ​ដើម​បូព៌ា​​តាំងពី​នេះ​តែ​ម្តង​​ ក្នុង​ទស្សនៈ​វិស័យ​បង្កើត​រដ្ឋ​ពីរ​រស់​ទន្ទឹម​គ្នា៕
1/22/20246 minutes, 26 seconds
Episode Artwork

តៃវ៉ាន់​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតីថ្មី ដោយ​មិនខ្លាចញញើតនឹងការគំរាមរបស់ចិន

ថ្ងៃសៅរ៍ទី​១៣មករានេះ នៅតៃវ៉ាន់មានការបោះឆ្នោត២ព្រមគ្នា គឺបោះឆ្នោតជ្រើសសមាជិកសភាផង និង​ជ្រើសរើសប្រធានាធិបតីថ្មី​ផង។ ជាការបោះឆ្នោត​ដែលស្ថិតនៅក្នុងបរិបទដ៏តានតឹងបំផុត ដោយសារតែចិនប៉េកាំង​ បានប្រើវិធីច្រើនយ៉ាង ដាក់សំពាធផង គំរាម​ផង​មក​លើប្រជាជន​តៃវ៉ាន់ ដែល​មានទំនោរគាំទ្រការប្រកាសឯករាជ្យ​កាន់តែខ្លាំង​។​ មោទនភាព​នឹងលទ្ធិប្រជាធិបតេយ្យ​តៃវ៉ាន់​អ្នកកាសែតបារាំង AFP ដែលប្រចាំផ្ទាល់នៅតៃវ៉ាន់ បាន​ឲ្យដឹងថា ការបោះឆ្នោត​នៅថ្ងៃនេះ គឺបានប្រព្រឹត្តិធ្វើទៅ​ក្នុងបរិយាកាសមួយ យ៉ាងសស្រាក់សស្រាំ ដែលបង្ហាញអំពីទឹកចិត្តរបស់ប្រជាជនតៃវ៉ាន់ទូទៅ ដែលស្រលាញ់សិទ្ធិសេរីភាព ស្រលាញ់លទ្ធិប្រជាធិបតេយ្យ​ ព្រមទាំងរបបសេរីនិយមរបស់ទឹកដីខ្លួន។ ដូចយើងដឹងហើយ ប្រជាជនចិនដីគោកឯនោះ​វិញ គ្មានសិទ្ធិបញ្ចេញមតិ​តាមរយៈសន្លឹកឆ្នោតដូចនៅតៃវ៉ាន់ទេ។ ត្រង់ចំណុចនេះ គឺប្រជាជនតៃវ៉ាន់ មានមោទនភាពខ្លាំងនាស់ ដែល​ពួកគេបានកសាងស្ថាបនាជាតិមួយ ដែលរីកចម្រើន មានសិទ្ធិសេរីភាព មានប្រជាធិបតេយ្យ​ មិនមែនកុម្មុយនីស្តិដូច​ចិនប៉េកាំង។ក្នុងចំណោមប្រជាជនតៃវ៉ាន់​ប្រមាណ​២៣លាននាក់ អ្នកមានសិទ្ធិបោះឆ្នោត​មានប្រមាណ​១៩លាននាក់។ ដោយសារតែមិនអាចបោះឆ្នោតពីបរទេសបាន គេ​សង្កេតប្រជាជនតៃវ៉ាន់​ខ្លះដែលរស់នៅក្រៅប្រទេស បានធ្វើដំណើរត្រលប់ទៅតៃវ៉ាន់ ដើម្បីទៅបោះឆ្នោត​។ មនុស្ស​ម្នា​មក​បន្តកន្ទុយរងចាំ​ចូលទៅបោះឆ្នោត តាំងតែពីព្រលឹមស្រាងៗ នៅតាមការិយាល័យ​ទាំង ១៨០០០ការិយាល័យ។ ម៉ោង៤រសៀល ការិយាល័យបោះឆ្នោត​​ទាំងអស់​ត្រូវបិទទ្វារ​ ហើយលទ្ធផល​បឋម នឹងប្រកាសឲ្យ​ដឹង នៅវេលាល្ងាចថ្ងៃសៅរ៍នេះតែម្តង​។​ពេលចេញពីបោះឆ្នោត លោកស្រី សៃ អ៊ីងវេន បានថ្លែងអំពាវនាវ​ប្រាប់ទៅប្រជាជនតៃវ៉ាន់ថា ប្រជាជនតៃវ៉ាន់មានវាសនាមានសំណាងណាស់ ដែល​បានរស់ក្នុងរបបប្រជាធិតេយ្យ មានសិទ្ធិសេរីភាពពេញបរិបូរណ៍​។​ ដូច្នេះ​ គ្រប់គ្នាត្រូវតែទៅចូលរួមបោះឆ្នោត បំពេញតួនាទីកាតព្វកិច្ចជាពលរដ្ឋ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស។​ការបោះឆ្នោតថ្ងៃទី​១៣មករា​ គឺ​តៃវ៉ាន់ជ្រើសរើសប្រធានាធិបតីថ្មីផង និងជ្រើសរើសសមាជិកសភាទាំង ១១៣អាសនៈផង។ អនាគតសមាសភាពសភាថ្មី និងជាពិសេស គឺ​អនាគតប្រធានាធិបតី​តៃវ៉ាន់ថ្មី នឹងមកកំណត់ជោគវាសនា នៃទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ ព្រមទាំងស្ថិរភាពតំបន់អាស៊ីប៉ាស៊ីហ្វិក​ទាំងមូលតែម្តង។គណបក្សទំនោរឯករាជ្យនិយមសង្ឃឹមឈ្នះបើ​ផ្អែកតាមការស្ទាបស្ទង់មតិ​​ គណបក្សប្រជាធិបតេយ្យ​សេរីនិយម ដែលបច្ចុប្បន្នដឹកនាំដោយ​លោកស្រី សៃ អ៊ីងវេន ត្រូវគេជឿថាអាចនឹងឈ្នះម្តងទៀត បានសំឡេងភាគច្រើននៅក្នុងសភា។ លោកស្រី​ សៃ អ៊ីងវេន​ បានកាន់មុខ​តំណែងប្រធានាធិបតី​២អាណត្តិហើយ ដូច្នេះមិនអាចឈរឈ្មោះទៀតបានទេ។ បេក្ខជនប្រធានាធិបតី​​របស់​បក្សនេះ គឺលោក Lai Ching-Te ឬ William Lai ដែលបច្ចុប្បន្នជាអនុប្រធានាធិបតី​។​គណបក្ស​​ប្រជាធិបតេយ្យ​​សេរីនិយមនេះ មានទំនោរចង់ឲ្យ​តៃវ៉ាន់មានឯករាជ្យ មានអធិបតេយ្យពេញបរិបូរ ទទួលស្គាល់ដោយ​ច្បាប់អន្តរជាតិ​។ ហេតុដូច្នេះហើយ បានជាចិនប៉េកាំងស្អប់លោកស្រី សៃ អ៊ីងវេន ស្អប់​លោក​ William Lai ហើយ​មិន​ចង់​ឲ្យ​គណបក្សប្រជាធិបតេយ្យសេរីនិយមឈ្នះឆ្នោត ដឹកនាំតៃវ៉ាននោះទេ។ តៃវ៉ាន់ ក្រោមការដឹកនាំរបស់​បក្សនេះ គឺនឹងកាន់តែក្លាហាន ហ៊ាន​ប្រកាសឯករាជ្យនៅថ្ងៃណាមួយ​។ផ្ទុយទៅវិញ ចិនប៉េកាំង គាំទ្រ និងចង់ឃើញបក្សមួយទៀតឈ្នះឆ្នោត គឺបក្ស​ គួមីនតាង។ បេក្ខជនប្រធានាធិបតី​​របស់​បក្សគួមីនតាង ឈ្មោះ Hou Yu-Ih។ ជាទំលាប់តរៀងមក គណបក្សគួមីនតាង មានបន្ទាត់នយោបាយ ងាកទៅខាងចិនដីគោក ចង់ផ្សារភ្ជាប់ទំនាក់ទំនងល្អគ្រប់វិស័យទាំងអស់ជាមួយចិនដីគោក។ក៏ប៉ុន្តែ តាមការសង្កេត​វិភាគទៅ សង្គមតៃវ៉ាន់មានការពុះចែក​មតិគ្នាខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ​។ ប្រជាជន​តៃវ៉ាន់​ ថ្វីបើអ្នកខ្លះមិនចង់ឃើញសង្គ្រាមផ្ទុះឡើងជាមួយចិនមែន តែពួកគេ​គិតថា​បើបណ្តោយ​ឲ្យ​បក្សគួមីនតាង ដឹកនាំ​តៃវ៉ាន់ នោះ​មិនយូរមិនឆាប់ ប្រជាជនតៃវ៉ាន់នឹងលែងមានសិទ្ធិសេរីភាព​ លែងមានប្រជាធិបតេយ្យ​ ដោយសារ​តែ​ចិន​ប៉េកាំង​នឹងចូលមកជ្រៀតជ្រែក ប្រើប្រាស់ឥទ្ធិពល​មកលើតៃវ៉ាន់។ចិន៖ “ប្រជាជនតៃវ៉ាន់ប្រយ័ត្នសម្រេចចិត្តខុស!”ក្នុងអំឡុងពេលឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃមកនេះ ចិនបាន​បង្កើនការដាក់សំពាធខ្លាំងណាស់ មកលើតៃវ៉ាន់ ទាំង​ផ្នែកការទូត ទាំងផ្នែក​យោធា។ ប៉េកាំងបាន​ថ្លែងការណ៍ ប្រកាសដោយចំៗប្រាប់ទៅប្រជាជនតៃវ៉ាន់ ថាត្រូវសម្រេចចិត្តឲ្យត្រឹមត្រូវ កុំសម្រេចចិត្តខុសឲ្យសោះ។ ប៉េកាំងបានគំរាមថា កងទ័ពចិន ត្រៀម​ប្រុងប្រៀបរួចរាល់ហើយ នឹងកំទេចរាល់ការប៉ុនប៉ងប្រកាសឯករាជ្យ​របស់តៃវ៉ាន់​។ផ្អែក​តាមក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ ចិនបានបង្ហោះយាន​ប៉េតប៉ោង ឈ្លបយកការណ៍​ចំនួន៥គ្រឿង ចូលទៅកៀកតៃវ៉ាន់។ ប្រភពដដែលនេះ អះអាងថា ចិនបាន​បញ្ជូនយន្តហោះចម្បាំងចំនួន​១០គ្រឿង និងនាវាចម្បាំង​៦គ្រឿងទៀត ឲ្យ​មកក្រវែល បំភ័យប្រជាជនតៃវ៉ាន់។ ហើយនៅថ្ងៃសៅរ៍ ពេលប្រជាជនតៃវ៉ាន់កំពុងទៅបោះឆ្នោត ផ្អែកតាមអ្នកកាសែតបារាំង AFP គឺ​​មានយន្តហោះចម្បាំងចិន១គ្រឿង បានហោះកាត់ទីក្រុង Pingtan ទីក្រុងចិនដែលស្ថិតនៅកៀកនឹងតៃវ៉ាន់បំផុត។ នៅលើបណ្តាញសង្គម Weibo វិញ អាជ្ញាធរចិនបាន​បិទខ្ទប់ Hashtag “បោះឆ្នោតតៃវ៉ាន់” នៅព្រឹកថ្ងៃសៅរ៍ ដើម្បីរារាំង កុំឲ្យ​មានការចែករំលែកព័ត៌មានតៗគ្នា ស្តីពីការបោះឆ្នោតនេះ​។បញ្ហាលក្ខន្តិកៈរបស់កោះតៃវ៉ាន់នេះ គឺវាស្មុគស្មាញខ្លាំងណាស់។ វាជាចំណុចមួយ ដែល​បង្កើតឲ្យ​មានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង រវាង​ចិននឹងអាមេរិក​​។ កាលពីថ្ងៃសុក្រម្សិលមិញ នៅវ៉ាស៊ីនតោន លោកប្រមុខការទូតអាមេរិក អង់តូនីប្លីងកិន បានជួបជាមួយ​លោក Liu Jangchao មន្ត្រីទទួល​បន្ទុកកិច្ចការអន្តរជាតិ នៃ​បក្សកុម្មនុយនិស្តចិន។​ លោក​អង់តូនី ប្លីងកិន បានប្រាប់​ទៅភាគីចិនថា ​វាជារឿងចាំបាច់ណាស់ ដែល​ត្រូវតែ​រក្សាការពារសន្តិភាព ​និង​ស្ថិរភាពតំបន់ច្រកសមុទ្រតៃវ៉ាន់។ដូចយើងដឹងច្បាស់ហើយ បើសង្គ្រាម​តៃវ៉ាន់ផ្ទុះឡើងមែន សេដ្ឋកិច្ចពិភពលោកយើងប្រាកដជាលំបាកវឹកវរខ្លាំងណាស់។ ទីមួយដោយសារតែវ៉ាន់​ជាអ្នកផ្គត់ផ្គង់៧០%នៃ​ឧបករណ៍សឺមីកុងឌុកទ័រ ដែលចាំបាច់បំផុតប្រើក្នុងសម្ភារៈបច្ចេកវិទ្យា​។ ទី២ គឺច្រកសមុទ្រតៃវ៉ាន់ គឺជា​ផ្លូវឆ្លងកាត់នៃនាវាដឹកទំនិញអន្តរជាតិចំនួន​៥០%ឯណោះ។​ បើសេដ្ឋកិច្ចពិភពលោក​វឹកវរ មានន័យថាសេដ្ឋកិច្ចចិន​ក៏រងការលំបាកខ្លាំងដែរ។ ដូច្នេះមិនប្រាកដថាចិន​ហ៊ាន​ធ្វើសង្គ្រាមនេះទេ។ យ៉ាងណាមិញ លោក Liu Pei-Chi គ្រូបង្រៀនម្នាក់នៅតៃប៉ិ បាន​និយាយថាប្រជាជនតៃវ៉ាន់ មិនទៅ​ឆោត ខ្លាច​ការគំរាមរបស់ចិនទេ ព្រោះចិនគ្រាន់តែជាខ្លាក្រដាសតែប៉ុណ្ណោះ។
1/13/20247 minutes, 18 seconds
Episode Artwork

តុលាការឡាអេ​បើកសវនាការស្តាប់អាហ្វ្រិកខាងត្បូងចោទអ៊ីស្រាអែល​ពីបទប្រល័យពូជសាសន៍​នៅហ្កាហ្សា

បីខែ​ក្រោយ​ធ្វើ​សង្រ្គាម​នៅទឹកដី​ហ្កាហ្សា ដើម្បី​សងសឹក​នឹង​ក្រុមហាម៉ាសដែលវាយឆ្មក់ចូលសម្លាប់​មនុស្ស​នៅទឹកដីអ៊ីស្រាអែល តុលាការ​យុត្តិធម៌អន្តរជាតិ នៅទីក្រុង​ឡាអេ បាន​សវនានៅថ្ងៃ​ព្រហស្បតិ៍ទី​១១​មករា ទៅតាម​ពាក្យបណ្តឹង​របស់​អាហ្វ្រិកខាងត្បូង ដែល​បាន​ចោទប្រកាន់​អ៊ីស្រាអែល ថា បាន​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ នៅ​ហ្កាហ្សា។ គិត​ចាប់តាំង​ពីការវាយប្រហារ​របស់​ក្រុមប្រដាប់អាវុធ​ហាម៉ាស​ដែល​បានចូលសម្លាប់មនុស្ស​ប្រមាណ ១១៤០នាក់ នៅ​អ៊ីស្រាអែល ប្រតិបត្តិការសងសឹក​របស់​កងទ័ពអ៊ីស្រាអែល នៅទឹកដីហ្កាហ្សា គិតចាប់តាំងពីថ្ងៃទី ៧​តុលា បាន​សម្លាប់ប្រជាជន​ប៉ាឡេស្ទីន​យ៉ាងតិច ២៣ ០០០នាក់ ដែល​ភាគច្រើន​ជា​ប្រជាជន​ស៊ីវិល ស្ត្រី និងកុមារ។  នៅ​ប្រទេស​ហូងឡង់ តុលាការ​យុត្តធម៌​អន្តរជាតិនៅ​ទីក្រុង​ឡាអេ នៅថ្ងៃ​ព្រហស្បតិ៍នេះ​បើកសវនាការ​លើសំណុំរឿង​ប្រល័យពូជសាសន៍​នៅ​ហ្កាហ្សា ដែលមានប្រជាជន​ប៉ាឡេស្ទីនជា​ជនរងគ្រោះ។ ម្ចាស់ដើមបណ្តឹងនៅក្នុងរឿងនេះ គឺ​អាហ្វ្រិកខាងត្បូង ចំណែក​អ៊ីស្រាអែល​ជា​អ្នករង​ការចោទប្រកាន់។ តុលាការ​ក្រុងឡាអេ បើកសវនាការ​នៅថ្ងៃនេះ បន្ទាប់ពី​បាន​ទទួលពាក្យ​បណ្តឹង​របស់​អាហ្វ្រិក​ខាងត្បូង កាលពីថ្ងៃទី ២៩​ធ្នូ​កន្លងទៅ ដែលនៅក្នុងនោះ អាហ្វ្រិកខាងត្បូង​ចោទប្រកាន់​អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍​នៅហ្កាហ្សា។ អាហ្វ្រិកខាងត្បូង​ចេញមុខ ចោទប្រកាន់​អ៊ីស្រាអែល ជំនួស​ប្រជាជន​ប៉ាឡេស្ទីន ដោយសារ​ហេតុផលពីរ៖ទី១ ដោយសារតែ​តុលាការយុត្តិធម៌អន្តរជាតិជាអ្នកដោះស្រាយវិវាទ​រវាង​ប្រទេស ហើយ​ប៉ាឡេស្ទីន​នៅមិនទាន់មានរូបរាងជា​ប្រទេស។ អាហ្វ្រិកខាងត្បូង ចេញមុខ​ជំនួស​ប្រជាជន​ប៉ាឡេស្ទីន ប្តឹង​អ៊ីស្រាអែល។ ម្យ៉ាង អាហ្វ្រិកខាងត្បូង និង​អ៊ីស្រាអែល សុទ្ធជាប្រទេស​ហត្ថលេខី​នៃអនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ ស្តីពី​ប្រល័យពូជសាសន៍ ដែល​គេបានបង្កើតឡើង​នៅ​ឆ្នាំ ១៩៤៨ នៅក្រោយ​ពីមាន​ការសម្លាប់​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​ជ្វីហ្វ នៅក្នុង​សង្រ្គាមលោកលើកទី២។ ដោយដាក់ពាក្យបណ្តឹង​ប្រឹង​អ៊ីស្រាអែល អាហ្វ្រិកអះអាងថា ខ្លួន ធ្វើ ក្នុងនាមជា​ហត្ថលេខីមួយ​នៃអនុសញ្ញា​ស្តីពី​អំពើប្រល័យពូជសាសន៍។ សម្រាប់​អាហ្វ្រិកខាងត្បូង ដោយ​ធ្វើសង្រ្គាម នៅទឹកដីហ្កាហ្សា ដែលបាន​សម្លាប់​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន ជាង ២ម៉ឺននាក់ គិតចាប់តាំង​ពីថ្ងៃទី ៧​តុលា អ៊ីស្រាអែល​បាន​រំលោភសំដី ពាក្យប្តេជ្ញា​របស់ខ្លួន នៅ​ពេលចុះហត្ថលេខាលើ​អនុសញ្ញា ដោយ​ថា អ៊ីស្រាអែល​នឹង​ទប់ស្កាត់​មិន​ឲ្យ​មានការសម្លាប់​ប្រល័យពូជសាសន៍ កើតមាន​សាជាថ្មី នៅក្នុងពិភពលោក។ទី២ អាហ្វ្រិកខាងត្បូង​ចេញមុខ​ជួយការពារ​បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីន មកពី អាហ្វ្រិកខាងត្បូង ធ្លាប់មាន​ប្រវត្តិ​ទំនាក់ទំនង​ជិតស្និទ្ធិ​ជាមួយ​ប្រជាជនប៉ាឡេស្ទីន តាំង​ពី​នៅ​អតីតកាល។ គណបក្ស​កាន់អំណាច​នៅអាហ្វ្រិកខាងត្បូង​សព្វថ្ងៃ គឺ​គណបក្ស​សភាជាតិ​អាហ្រ្វិក​ធ្លាប់​មាន​ប្រវត្តិសាមគ្គីភាពជាមួយ ប៉ាឡេស្ទីន តាំង​ពី​ជំនាន់ លោកប្រធានាធិបតី​អាហ្វ្រិកខាងត្បូង នែលសុន ម៉ង់ដេឡា​ម្ល៉េះ។ ធ្លាប់​តស៊ូ ប្រឆាំង​នឹង​ការគ្រប់គ្រង របស់​ក្រុមស្បែកស រហូត​ទទួល​បានការបោះឆ្នោត​ប្រជាធិបតេយ្យ ថ្នាក់ដឹកនាំ​ជាតិនិយម​អាហ្វ្រិកខាងត្បូង​យល់ថា ប្រជាជន​ប៉ាឡេស្ទីន​ក៏​រងគ្រោះ​ឈឺចាប់ ដោយសារ​ការជិះជាន់​ដូចជា​ប្រជាជន​អាហ្វ្រិកខាងត្បូង។ នៅ​ខែ​ធ្នូ​កន្លងទៅនេះ ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង ដែលធ្លាប់ចេញមុខ​រិះគន់​សង្រ្គាមអ៊ីស្រាអែល​នៅហ្កាហ្សា បាន​និយាយប្រាប់ថ្នាក់ដឹកនាំជ្វីហ្វ​នៅអាហ្រ្វិកខាងត្បូងថា រដ្ឋាភិបាល​របស់​លោក​ឈរ នៅ​ខាងប្រជាជន​ប៉ាឡេស្ទីន ដែល​រង​ការជិះជាន់ ការធ្វើបាប​រាប់ទសវត្សរ៍ ដូច​ប្រជាជន​អាហ្វ្រិកខាងត្បូង។តើ​ពិតជា​មាន​ការប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា ដូចការលើកឡើង​របស់​អាហ្វ្រិកខាងត្បូង?នៅក្នុង​ឯកសារ​បណ្តឹង​កម្រាស់ ៨៤ទំព័រ ដែលដាក់​ជូន​ទៅកាន់តុលាការ​យុត្តិធម៌អន្តរជាតិ ភាគីអាហ្វ្រិកខាងត្បូង​អះអាងថា ពិតជា​មានការប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន នៅ​ហ្កាហ្សា ដោយ​សំអាង​ទៅលើ​សេចក្តីរាយការណ៍​របស់អ្នកកាសែត អង្គការ​មនុស្សធម៌ សេចក្តីថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ និង​សេចក្តីប្រកាសផ្លូវការ​របស់រដ្ឋាភិបាលអ៊ីស្រាអែល​ខ្លួនឯង។ភាគី​អាហ្វ្រិកខាងត្បូងនិយាយ​ថាខ្លួន​ចោទប្រកាន់​អ៊ីស្រាអែល​ពីបទ​សម្លាប់ប្រល័យពូជសាសន៍​ប្រជាជនប៉ាឡេស្ទីន​ក៏ព្រោះថា ការទម្លាក់គ្រាប់ សង្រ្គាម​ឈ្លានពានរបស់​កងទ័ពអ៊ីស្រាអែល​នៅហ្កាហ្សា មាន​គោលដៅ​បំផ្លាញ​ផ្នែក​សំខាន់​របស់​ជាតិ ប្រជាជន​ប៉ាឡេស្ទីន។ នៅក្នុង​ពាក្យបណ្តឹង​របស់ខ្លួន អាហ្វ្រិកខាងត្បូង​បាន​ទាមទារ​ពីរ​ចំណុចសំខាន់។ ទី១ គឺ​អាហ្វ្រិកខាងត្បូង​ចង់​ឲ្យ​តុលាការ​យុត្តិធម៌អន្តរជាតិ​ចេញ​សាលក្រមថា អ៊ីស្រាអែល​រំលោភ​កាតព្វកិច្ច​របស់ខ្លួន ដែលមាន​ចែង​នៅក្នុង​អនុសញ្ញា​ស្តីពី​អំពើប្រល័យពូជសាសន៍។ ជាមួយសេចក្តីសម្រេច​នេះ តុលាការក្រុងឡាអេ​អាច​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់ជា​បន្ទាន់​សកម្មភាព វិធានការ​ដែល​បង្ក​ឲ្យមានការខាតបង់​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​ប៉ាឡេស្ទីន។ នៅក្នុងចំណុច​ទាមទារទី១​របស់ខ្លួន អាហ្វ្រិកខាងត្បូង​ចង់​ឲ្យ​តុលាការក្រុងឡាអេ​កាត់ទោស​ឧក្រិដ្ឋជន​ដែលជាប់ពាក់ព័ន្ធ​នឹងការសម្លាប់ប្រល័យពូជសាសន៍លើប្រជាជន​ប៉ាឡេស្ទីន។​ចំណុចទី​២​ដែលអាហ្វ្រិកខាងត្បូង ទាមទារ​ដែរ គឺ គេ​ចង់​ឲ្យ​តុលាការ​ក្រុងឡាអេ​ចេញសេចក្តីសម្រេច ស្តីពី​mesure conservatoire ឬ វិធានការ​រក្សា​ទុក ៩ចំណុច ដើម្បី​ទប់ស្កាត់​ការបាត់បង់​ភ្លាមៗ និងមិនអាច​ត្រលប់ក្រោយបាន​នៅ​តំបន់ហ្កាហ្សា។ វិធានការ​រក្សាទុក ទាំង​៩ចំណុច​មាន​ដូចជា ការព្យួរ​ជាបន្ទាន់ប្រតិបត្តិការ​យោធា នៅហ្កាហ្សា ការហាមឃាត់សកម្មភាព​យោធា។ ការបង្ការទប់ស្កាត់​អំពើប្រល័យពូជសាសន៍ ការការពារ​ប្រជាជនប៉ាឡេស្ទីន ការបង្ការ​កុំ​ឲ្យមានការញុះញង់​ឲ្យធ្វើសកម្មភាពប្រល័យពូជសាសន៍ និងការអភិរក្ស​ការពារ​ភស្តុតាង ជាដើម។អ៊ីស្រាអែលវិញឆ្លើយតបយ៉ាងណាវិញ ​ទៅ​នឹង​ការចោទប្រកាន់​របស់អាហ្វ្រិក​ខាងត្បូង?អ៊ីស្រាអែលទាត់ចោល​ពាក្យ​ចោទប្រកាន់​របស់​អាហ្វ្រិកខាងត្បូង និងចាត់ទុក​អាហ្វ្រិកខាងត្បូង​ថា​កំពុងចូលដៃ ចូលជើង​ជាមួយ​ក្រុមហាម៉ាស។ សម្រាប់​អ៊ីស្រាអែល ពាក្យ​ចោទប្រកាន់របស់​អាហ្វ្រិកខាងត្បូង​គ្មានមូលដ្ឋាន និង​សាហាវអាក្រក់​ខ្លាំងណាស់ ព្រោះថា អ្នកដែល​ត្រូវគេ​ចោទថា ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​មិនមែន អ៊ីស្រាអែល ប៉ុន្តែ ក្រុមហាម៉ាស ដែលបាន​លើកគ្នា​មក​សម្លាប់​មនុស្ស​ជាង​១ពាន់នាក់ នៅក្នុងទឹកដីអ៊ីស្រាអែល។ជាថ្មីម្តងទៀត អ៊ីស្រាអែល​និយាយការពារ​ខ្លួនថា ប្រតិបត្តិការ​យោធា​នៅ​ហ្កាហ្សា គ្រាន់តែ​ជាការប្រើសិទ្ធិការពារ​ខ្លួន​របស់អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ នៅក្រោយពេល​ក្រុមហាម៉ាស​ចូលទៅសម្លាប់ប្រជាជន​អ៊ីស្រាអែល​កាលពីថ្ងៃទី ៧​តុលា។ បើតាម​អ៊ីស្រាអែល ប្រតិបត្តិការ​យោធានៅហ្កាហ្សា មានគោលដៅតែមួយគត់ គឺ​កម្ទេច​ក្រុមហាម៉ាស​ដែលជា​គ្រោះថ្នាក់​គំរាមកំហែង​សន្តិសុខ​របស់​ប្រជាជន​អ៊ីស្រាអែល។ ម្យ៉ាង គេ​មិនអាច​ចោទអ៊ីស្រាអែល​ថា ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍បានទេ ព្រោះថា រហូតមកដល់​ពេលនេះ កងទ័ព​អ៊ីស្រាអែល​មិនដែលដៅបាញ់សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន។ កងទ័ព​អ៊ីស្រាអែល​អត់ធ្មត់ និង​ប្រុងប្រយ័ត្នបំផុត នៅក្នុង​ប្រតិបត្តិការវាយប្រហារ​របស់ខ្លួន ពោលគឺ​ដើម្បី​ជៀសវាង​កុំ​ឲ្យមានប្រជាជន​ប៉ាឡេស្ទីន​ស្លាប់​ខ្លួន​នៅក្នុងការវាយប្រហារ​របស់ខ្លួន​នៅហ្កាហ្សា។ ជាក់ស្តែង នៅមុន​បើកការវាយប្រហារ​ម្តងៗ កងទ័ពអ៊ីស្រាអែល​ធ្លាប់​បាច​លិខិត ឬ​ផ្ញើសារ​ទៅ​ឲ្យប្រជាជន​ប៉ាឡេស្ទីន​ចាកចេញពីតំបន់​ដែល​ជា​គោលដៅ​វាយប្រហារ​អ៊ីស្រាអែល។ សម្រាប់អ៊ីស្រាអែល ប្រជាជន​ប៉ាឡេស្ទីន​ស្លាប់​ច្រើន​ដូច្នេះ ក៏ដោយសារ​តែ​ពួកហាម៉ាស​ដែល​យកប្រជាជន​ប៉ាឡេស្ទីនជា​ខែល ការពារ​ពីការទម្លាក់គ្រាប់​វាយប្រហាររបស់អ៊ីស្រាអែល។តើតុលាការយុត្តិធម៌អន្តរជាតិ​អាច​សម្រេច​អ្វីបានខ្លះ?បើតាម​អ្នកជំនាញ​ច្បាប់ នៅក្រោយ សវនការពីរថ្ងៃនេះ នៅថ្ងៃ​ព្រហស្បតិ៍និងថ្ងៃសុក្រស្អែកនេះ តុលាការ​យុត្តិធម៌អន្តរជាតិ​អាចប្រកាស​វិធានការ​រក្សាទុក ដែលអាច​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ផ្អាកប្រតិបត្តិការ​យោធា នៅហ្កាហ្សា ដើម្បី​គិតគូរ​ដល់​អាយុ​របស់​ប្រជាជនប៉ាឡេស្ទីន។ ប៉ុន្តែ​ដោយសារ​តែ​ការសម្រេច​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ​គ្មានលក្ខណៈចាប់បង្ខំ អ៊ីស្រាអែល ប្រហែល​ជា​នឹង​មិន​យកត្រចៀកស្តាប់ ធ្វើតាម​នោះទេ។រឿងនេះ ធ្លាប់​កើតមាន​ម្តងហើយ នៅពេល​អ៊ុយក្រែន​ចេញមុខ​ប្តឹង​រុស្ស៊ី ទៅតុលាការ​យុត្តិធម៌អន្តរជាតិ កាលពី​ឆ្នាំ ២០២២។ តុលាការ​ក្រុងឡាអេ បាន​បញ្ជា​ឲ្យ​រុស្ស៊ីឈប់​ធ្វើសង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន ប៉ុន្តែ រហូតដល់ពេលនេះ រុស្ស៊ី នៅតែធ្វើសង្រ្គាម​វាយប្រហារ​អ៊ុយក្រែន សឹងមិនលោះថ្ងៃ។យ៉ាងណាក៏ដោយ គេ​ក៏មិនអាច​ទុទិដ្ឋិនិយម​រហូតដែរ។ ទោះការសម្រេច​របស់​តុលាការ​ក្រុងឡាអេ​មិនអាចទៅបញ្ចុះបញ្ចូល​ឲ្យអ៊ីស្រាអែល​បិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា ប៉ុន្តែ ចង់ ឬមិនចង់ អ៊ីស្រាអែល​នឹង​អាច​ខូចឈ្មោះ។ ប្រទេស​ជាច្រើន​នឹង​សំអាង​លើ​សេចក្តីសម្រេច​របស់តុលាការ​យុត្តិធម៌អន្តរជាតិ​ដើម្បី​ទាមទារ​ដាក់សម្ពាធ​លើ​អ៊ីស្រាអែល ឲ្យឈប់ធ្វើសង្រ្គាម ដែលគ្មានអ្នកណា​រងគ្រោះខ្លាំងជាងគេ​បំផុត ក្រៅពីប្រជាជន​ប៉ាឡេស្ទីន៕
1/11/20249 minutes
Episode Artwork

ការបាញ់បង្ហោះផ្កាយរណបរបស់ចិន​បង្ក​ឲ្យមានការជ្រួលច្របល់ នៅតៃវ៉ាន់

៤ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ស្ថានការណ៍ នៅច្រកសមុទ្រ​តៃវ៉ាន់ កាន់តែតានតឹងខ្លាំងឡើង។ នៅថ្ងៃ​អង្គារទី​៩​មករា ការបាញ់បង្ហោះ​ផ្កាយរណប​របស់​ចិន បាន​បង្ក​ឲ្យមានការភ័យ​ជ្រួលច្របល់​នៅ​កោះតៃវ៉ាន់។ បេក្ខជន​ប្រធានាធិបតី មកពីគណបក្សកាន់អំណាច​បានទម្លាក់កំហុស​ដាក់ប៉េកាំង​ថា កំពុងធ្វើនយោបាយ​ដាក់សម្ពាធ​លើ​អ្នកបោះឆ្នោត​តៃវ៉ាន់ រីឯ​បក្ស​ប្រឆាំង បក្សគួមីនតាំង​ដែលជិតស្និទ្ធ​នឹង​រដ្ឋអំណាច​ចិន​ចោទប្រកាន់​បក្សកាន់អំណាច​ថា ផ្ញើសារ បំភិតបំភ័យ​ប្រជាជនតៃវ៉ាន់​ដើម្បី​ប្រយោជន៍​សំឡេងឆ្នោត។ នៅថ្ងៃ​អង្គារ ចិន​បានអះអាងថា ខ្លួន​បាន​បាញ់បង្ហោះដោយ​ជោគជ័យ ផ្កាយរណប​សម្រាប់​តាមដាន កាំរស្មី​X នៅក្នុងទីអវកាស។ ប៉ុន្តែ នៅ​តៃវ៉ាន់​វិញ ការបាញ់​បង្ហោះ​ផ្កាយរណបរបស់​ចិន​បាន​បង្ក​ឲ្យមាន​ការភ័យ​ជ្រួលច្របល់ខ្លាំង ក៏ដោយសារ​តែ​សារ​ទាញអាសន្ន​របស់​រដ្ឋាភិបាល​តៃវ៉ាន់តែម្តង។ នៅ​រសៀល​ថ្ងៃ​អង្គារនេះ ពោល​គឺ​ប៉ុន្មាននាទីក្រោយ ចិន​បាញ់បង្ហោះរ៉ូកក្កែត​នាំយកផ្កាយរណប​ទៅកាន់​គន្លងតារាវិថី សារផ្លូវការ​របស់​រដ្ឋាភិបាល​តៃវ៉ាន់ ត្រូវបានផ្ញើ​ទៅគ្រប់​ទូរស័ព្ទដៃ​របស់​ប្រជាជន​តៃវ៉ាន់។ នៅក្នុងសារ​ប្រកាសអាសន្ន ជាភាសាអង់គ្លេស គេអំពាវនាវឲ្យប្រជាជនប្រុងប្រយ័ត្ន ព្រោះថា មាន​មីស៊ីល​របស់​ចិន​ហោះកាត់​ដែនអាកាសខាងត្បូង​របស់​តៃវ៉ាន់។ អ្នកប្រើប្រាស់​អ៊ីនធ័នែតរបស់​តៃវ៉ាន់​ភ័យបារម្ភ និងនាំគ្នា​ចោទសំណួរថា តើអ្វីដែលកើតឡើង​ពិតប្រាកដ ព្រោះថា សាររបស់រដ្ឋាភិបាល​តៃវ៉ាន់ ដដែល ជាភាសា​ចិន និយាយ​ពី​ការបាញ់បង្ហោះ​ផ្កាយរណប។ដោយសារ​ហេតុការណ៍​នេះ​កើតឡើង​នៅក្នុងអំឡុងសន្និសីទ​កាសែត​របស់​លោកនៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីតៃវ៉ាន់ លោក Joseph Wu បានធានាអះអាង​កុំ​ឲ្យប្រជាជន​ភ័យបារម្ភ​ព្រោះថា វាគ្រាន់តែ​ការបាញ់​បង្ហោះផ្កាយរណប ប៉ុន្តែមិនមែន មីស៊ីល​ដូចក្នុងសារ ជា​ភាសា​អង់គ្លេសទេ។ អាច​ជាកំហុស​ក្នុងការបកប្រែភាសា ប៉ុន្តែ ប្រមុខការទូត​តៃវ៉ាន់​នៅតែអំពាវនាវ​ឲ្យ​ប្រជាជនតៃវ៉ាន់​ប្រុងប្រយ័ត្ន​ខ្លួនជានិច្ច ព្រោះថា ទោះមិនមែនជាមីស៊ីល ប៉ុន្តែ បំណែក​រ៉ូក្កែតរបស់ចិន​អាច​ធ្លាក់​មកលើ​កោះតៃវ៉ាន់ និង​បង្ក​គ្រោះថ្នាក់​គ្រប់​ពេលវេលា។ចិនបង្ហាញសាច់ដុំយោធា នៅប៉ុន្មានថ្ងៃ​មុន​បោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់កាន់តែកៀកថ្ងៃ​បោះឆ្នោត តៃវ៉ាន់​បាន​ចោទប្រកាន់​ចិនថា ក្រៅតែបញ្ជូន​យន្តហោះចម្បាំង​ទៅហោះរំលោភចូលដែនអាកាស​តៃវ៉ាន់ ចិន​ទើប​បញ្ជូន​បាឡុងចារកិច្ច​ទៅ​ហោះលើ​មូលដ្ឋានទ័ព​តៃវ៉ាន់ កាលពី​ថ្ងៃ​សៅរ៍ និងថ្ងៃអាទិត្យទី៧មករា។ សម្រាប់បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ចម្រើនប្រជាធិបតេយ្យ ដែលជា​បក្សកាន់អំណាច​២អាណត្តិជាប់គ្នា នៅតៃវ៉ាន់ នេះជា​ចេតនា​ច្បាស់ក្រឡែត​របស់​ចិន​ដើម្បី​បំភិតបំភ័យ កុំឲ្យ​ប្រជាជន​តៃវ៉ាន់នៅ​ប៉ុន្មានថ្ងៃ​មុន​តៃវ៉ាន់ រៀបចំ​ការបោះឆ្នោត។តៃវ៉ាន់​ទទួលស្គាល់​ថា ការដាក់សម្ពាធ​របស់​ចិនមកលើកោះតៃវ៉ាន់ មិនថា ផ្នែកយោធា សេដ្ឋកិច្ច ​កាន់តែ​ខ្លាំងឡើងៗ ចាប់តាំង​ពី​តៃវ៉ាន់​ស្ថិតក្រោម​ការដឹកនាំ​របស់លោកស្រី ត្សៃ អ៊ីងវេន មកពី​គណបក្ស​ចម្រើនប្រជាធិបតេយ្យ ដែលចិន​ចោទប្រកាន់​ថា មាននិន្នាការ​ចង់ប្រកាស​ទាមទារឯករាជ្យ​ឲ្យ​កោះតៃវ៉ាន់ តាមរយៈ​ការបង្កើន​ទិញ បំពាក់​សព្វាវុធ​ពីអាមេរិក។ នៅប៉ុន្មានថ្ងៃ​មុន​ការបោះឆ្នោត​ប្រធានាធិបតី តៃវ៉ាន់ ដែល​នឹងទៅ​កំណត់​អនាគត​ទំនាក់ទំនាក់​ចិន និង​កោះប្រជាធិបតេយ្យ​តៃវ៉ាន់ ចិន​បាន​បង្កើនការដាក់សម្ពាធ​បន្ថែមទៀត ជាពិសេស​ផ្នែកយោធា ដូចជា​បញ្ជូន​យន្តហោះចម្បាំង នាវាចម្បាំងបើកហោះហែល ឆ្វែលតៃវ៉ាន់ ឬ​ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត​នៅ​ច្រកសមុទ្រ​តៃវ៉ាន់។ នៅ​សប្តាហ៍មុននេះទៀតសោត តៃវ៉ាន់​ចាប់បាន​សញ្ញាយន្តហោះចម្បាំងចិន ហោះរំលោភចូលក្នុងដែនអាកាស​របស់​ខ្លួន។ បន្ទាប់មក នៅថ្ងៃអាទិត្យ ក្រសួងការពារ​ជាតិតៃវ៉ាន់ បាន​ចេញសារ​ព្រមាន​ចិន ដែលបាន​បញ្ជូន​បាឡុង​ចារកម្ម​ចំនួន​៤​ទៅ​ហោះឆ្លងកាត់​ដែនអាកាស​តៃវ៉ាន់ ដែល​នៅក្នុងនោះ បាឡុង​ចិន​មួយ​ហោះ​ពី​លើ​មូលដ្ឋាន​ទ័ព​តៃវ៉ាន់ ​ភាគខាងត្បូង។សម្រាប់​បេក្ខជនប្រធានាធិបតី មកពីគណបក្ស​កាន់អំណាច បក្ស​ចម្រើនប្រជាធិបតេយ្យ ចិន​ប្រើគ្រប់មធ្យោបាយ​ដើម្បី​លូកដៃ​ចូល​រាល់​ការបោះឆ្នោត​ប្រធានាធិបតី​នៅតៃវ៉ាន់ តាមរយៈ ការបំភិតបំភ័យ​នយោបាយ កងទ័ព និង​សេដ្ឋកិច្ច។ ប៉ុន្តែ នៅក្នុងការបោះឆ្នោត​តៃវ៉ាន់លើកនេះ ចិនធ្វើយុទ្ធនាការច្រើន មិនថា ការធ្វើសមយុទ្ធយោធា ឬ​ផ្សព្វផ្សាយព័ត៌មានមិនពិត នៅក្នុងគោលដៅ​ដាក់សម្ពាធ​ខ្លាំង​យក​តែមែនទែន​លើ​ប្រជាជនតៃវ៉ាន់ ដែលជា​ម្ចាស់សំឡេងឆ្នោត។ប្រជាជន​តៃវ៉ាន់​នឹងសម្រេច​ផ្តល់​ជោគវាសនា​អនាគត​របស់​តៃវ៉ាន់​ទៅ​ឲ្យ​គណបក្ស​មួយណា?នៅចំពោះមុខ​ការដាក់សម្ពាធ​ពីប្រទេស​ចិន ប្រជាជន​តៃវ៉ាន់​ត្រូវ​ប្រឈម​នឹង​ជម្រើស​លំបាក។ នៅក្នុងការបោះឆ្នោត​ប្រធានាធិបតីលើកនេះ មាន​គណបក្ស​បីដែលចូលរួម គឺ គណបក្ស​ចម្រើនប្រជាធិបតេយ្យ ដែលជា​គណបក្ស​កាន់អំណាច​របស់​លោកស្រី ប្រធានាធិបតី​ត្សៃអ៊ីងវេន គណបក្ស​គួមីនតាង​ដែល​មានទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយប៉េកាំង និងដែលត្រូវ​គណបក្សកាន់អំណាច​ចោទប្រកាន់ថា ត្រូវរ៉ូវ​ជាមួយ​ចិន ហើយនិង​គណបក្ស​ក្មេងខ្ចីថ្មី គឺគណបក្ស​ប្រជាជន។ទំនាក់ទំនង​ជាមួយ​ចិន ជា​ចំណុចស្នូល​នៅក្នុងការតស៊ូមតិ​របស់​បេក្ខជន​គណបក្ស​នយោបាយ​ទាំងបី។ នៅ​ថ្ងៃ​អង្គារ ពោលគឺ​នៅ​៤ថ្ងៃ​មុន​ការបោះឆ្នោត​ដែលត្រូវ​ប្រព្រឹត្ត​ទៅនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ គណបក្ស​គួមីនតាង​បាន​ប្រកាស​ប្រាប់​អ្នកបោះឆ្នោត​តៃវ៉ាន់ ឲ្យជ្រើសរើស​រវាង​សង្រ្គាម និង​សន្តិភាព។ មានន័យថា បើគេបោះឆ្នោត​ឲ្យ​គណបក្ស​គួមីនតាង នោះ តៃវ៉ាន់​នឹង​នឹង​មានសន្តិភាព ដោយសារ​គណបក្ស​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយចិន។ ផ្ទុយទៅវិញ តៃវ៉ាន់​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ នឹង​ត្រូវ​រុញច្រាន​ឲ្យ​នៅមាត់ជ្រោះ​គ្រោះថ្នាក់ សង្រ្គាម ព្រោះថា គណបក្ស​ចម្រើនប្រជាធិបតេយ្យ ចេះតែ​ចង់​ចេញមុខ តទល់​ជាមួយចិន តាមរយៈ​ការបង្កើនបំពាក់សព្វាវុធ។ប៉ុន្តែ សម្រាប់​បេក្ខជន​ប្រធានាធិបតី មកពី​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ លោក​ឡៃ ជីងតេ ដែលជា​អនុប្រធានាធិបតីតៃវ៉ាន់​ដែរនោះ តៃវ៉ាន់មិនអាច​ជួបសន្តិភាពបានទេ បើសិន​តៃវ៉ាន់ ទទួលយកគោលការណ៍ចិនតែមួយ។ ករណី ហុងកុងនិងទីបេ ជាឧទាហរណ៍ស្រាប់។បើតាម​លោក​លោក​ឡៃ ជីងតេ សន្តិភាព​ដែលគ្មានដែនអធិបតេយ្យភាព ដូចជា​ហុងកុងនោះ គឺជាសន្តិភាពក្លែងក្លាយ។ យ៉ាងណាក៏ដោយ លោក ឡៃ ជីតេ ដែលត្រូវ​គេស្ទង់មតិថា នឹង​ទទួលការគាំទ្រពី​អ្នកបោះឆ្នោត​តៃវ៉ាន់ បញ្ជាក់​ដែរ​ថា នៅ​ក្រោមការដឹកនាំ​របស់​គណបក្ស​របស់​លោក រដ្ឋាភិបាលតៃវ៉ាន់​នៅតែ​បើកទ្វារ​ស្វាគម​ការសហការជាមួយចិន ប៉ុន្តែ ក្នុង​រូបភាព​ស្មើភាពគ្នាជានិច្ច។ តើប្រជាជន​តៃវ៉ាន់​នឹង​បោះឆ្នោត​ជ្រើសរើស​យកគណបក្ស​មួយណា? មួយ​ប្រកាស​ត្រលប់ទៅ​ស្តារទំនាក់ទំនងល្អជាមួយចិន វិញ ប៉ុន្តែ មួយទៀត ប្រកាស​ពង្រឹង វិស័យ​ការពារ តៃវ៉ាន់ នៅចំពោះមុខការគំរាមកំហែង​របស់ចិន។ គេនឹង​អាច​ដឹង​លទ្ធផល ឃើញការសម្រេចចិត្ត​របស់​ប្រជាជនតៃវ៉ាន់ នៅក្នុងការបោះឆ្នោត​ប្រធានាធិបតី​នៅថ្ងៃ សៅរ៍ខាងមុខនេះ៕
1/9/20247 minutes, 7 seconds
Episode Artwork

ខួប៣ឆ្នាំសម្រុកចូលវិមានកាពីតូល៖ សំណុំរឿងចាស់ រំខាន លោក ត្រាំ ក្នុងការឈរឈ្មោះបោះឆ្នោតអាណត្តិថ្មី?

ថ្ងៃទី​៦ ខែមករា​ ឆ្នាំ២០២៤ គឺ​ជា​ខួប ៣ ឆ្នាំគត់​ នៃការសម្រុកចូលវិមានកាពីតូល រដ្ឋសភា​សហ​រដ្ឋ​អាមេរិក ដែល​បណ្តាល​ឲ្យ​មាន​អំពើហិង្សា និងស្លាប់​មនុស្ស​ផង​​។ ករណីនេះ ក្លាយ​ជា​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​តម្រូវ​ តុលាការកំពូលរដ្ឋ​សហព័ន្ធ​អាមេរិក ​សម្រេចថា តើលោក ដូណាល់ ត្រាំ អាចនឹងត្រូវហាម ឬមិនត្រូវ​ហាម នៅ​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោតប្រធានា​ធិបតី​ នា​ចុងឆ្នាំនេះ​។ ​ ​ តុលាការកំពូលអាមេរិក ​កំណត់ថ្ងៃ​ជម្រះក្តីលោក ត្រាំ​ពេលនេះ អតីតប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ​កំពុងតែល្បីល្បាញខ្លាំង នៅក្នុង​ឱកាស​ផ្តើម​រដូវ​ឃោសនា​បោះឆ្នោត​អាមេរិក។ តែ រដ្ឋ២ បាន​ហាមឃាត់ មិន​ឲ្យ​លោក ឈរឈ្មោះ​​ក្នុង​រដ្ឋ​របស់​ខ្លួន​ទេ។ នោះ​ គឺ រដ្ឋ​កូលូរាដូ និង ​រដ្ឋ​មែន ជារដ្ឋ​ជាប់​មាត់សមុទ្រ ដែល​​បានចេញមុខ ហាមឃាត់ មិនឲ្យលោក ត្រាំ ឈរឈ្មោះនៅក្នុងរដ្ឋរបស់ខ្លួនទេ គឺព្រោះតែ តុលាការ និងថ្នាក់ដឹកនាំរដ្ឋ ទាំង​នេះ​ ចាត់ទុក​ថា​លោក ដូណាល់​ ត្រាំ ជាដើមហេតុ​នៃការ​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​លុកលុយសម្រុក​​វិមាន កាពីតូល រហូត​ដល់​មាន​អំពើ​ហិង្សា​និង​ស្លាប់​ម​នុស្ស​។ករណីអំពើ​ហិង្សា​នេះ មាន​មនុស្ស ១ ៣០០ នាក់ ត្រូវ​ជាប់​បណ្តឹងចោទប្រកាន់​របស់​​តុលាការ ហើយ​ក្នុងនោះ មាន​ប្រមាណ ៤០ នាក់ កំពុងតែ​នៅ​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំងនៅឡើយ រហូត​មកទល់​ពេលនេះ ​ដើម្បី​នឹង​រង់ចាំ​ ​តុលាការ​ក្រុង​វ៉ាស៊ីន​តោន ជំនុំ​ជម្រះក្តី​។ លោក ត្រាំ ក៏ត្រូវ រដ្ឋអាជ្ញា ​ចោទប្រកាន់ ហើយ​ទាមទារយករូប​លោកមក​ជំនុំជម្រះដែរ ក៏ប៉ុន្តែ លោក ត្រាំ បដិសេធ ដោយ​សំអាង​ទៅលើ អភ័យឯកសិទ្ធិប្រធានាធិបតី​។​ ​នេះជា​សំណុំ​រឿង​ថ្មី​សម្រាប់ប្រវត្តិសាស្ត្រ​អាមេរិក។​ចុង​ខែ​ធ្នូកន្លងទៅ​ តុលាការកំពូលរដ្ឋសហព័ន្ធអាមេរិក បាន​លើកពេល ពុំ​ទាន់​ជំនុំ​ជម្រះ​ករណី​នេះទេ។ ​ថ្ងៃសុក្រ​ទី ៥ ខែមករា ​តុលាការកំពូលរដ្ឋ​សហព័ន្ធ​អាមេរិក ​ បាន​សម្រេចកំណត់​ពេលវេលា​​ថា នឹង​ជំនុំ​ក្តីរឿងនេះ នៅថ្ងៃ​ទី​ ៨ ខែកុម្ភៈ ខាងមុខ។ ​ក្នុង​ដំណាក់កាល​នេះ គឺ រដ្ឋ​មួយ​ចំនួននៅសហរដ្ឋ​អាមេរិក ក៏​កំពុងតែ​យកគំរូ​តាម​រដ្ឋ​កូលូរាដូនិងរដ្ឋ​មែន គឺ ហាមមិនចង់​ឲ្យ​លោក ត្រាំ ឈរឈ្មោះក្នុង​រដ្ឋខ្លួន​ទេ​​ ប៉ុន្តែ​បណ្តា​រដ្ឋខ្លះទៀត ក៏បាន​ធ្វើ​ផ្ទុយ​ពីនេះដែរ​។ក្រៅ​ពី​រឿងអាស្រូវលុកលុយ​សម្រុក​ចូល​វិមាន​កាពីតូល ដើម​ឆ្នាំ២០២១ គឺ​លោក ដូណាល់​ ត្រាំ ក៏​មាន​ជាប់​ប្រឡាក់​ខ្លួន​នឹង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ផ្សេងទៀត ដូចជា ករណី​ធ្វេសប្រហែស​ក្នុងការ​ទុកដាក់​ឯកសារ​សម្ងាត់​ជាតិ នៅពេល​លោក ​ត្រាំ​ ចាកចេញ​ពី​វិមាន​ប្រធានាធិបតី ហើយ​ករណី​ផ្ទេរលុយ​ទៅឲ្យ​នារី​រក​ស៊ី​ផ្លូ​វភេទ​ជាថ្នូរ​នឹងឲ្យ​នាង​បិទមាត់​ជុំវិញ​បញ្ហា​រួម​សង្វាស​ជាមួយ​នឹង​លោក ជាដើម។ នេះនៅ​មិនទាន់​និយាយ​ពី​សំណុំ​រឿង​ផ្លូវ​ច្បាប់​ផ្សេងៗទៀត ជុំវិញ​រឿង​ពន្ធដាររបស់ក្រុម​ហ៊ុន​លោក​ផង​ទេ។​ ទោះបី​ជា​រឿង​អាស្រូវ​ ច្រើន​យ៉ាងនេះក្តី ក៏​គេមិនអាច​មិន​ទទួល​ស្គាល់ទេ ថា លោក ត្រាំ គឺនៅតែ​ជា​បេក្ខជន​មួយ ដ៏​មាន​ប្រជាប្រិយភាព និង​ទាក់ទាញ​អ្នក​បោះឆ្នោត​របស់​បក្ស​សាធារណរដ្ឋ​ យ៉ាងសម្បើម។​លោក ត្រាំ ​អញ្ជើញ​ទៅឃោសនា​ នៅ​រដ្ឋ​អាយហូវ៉ាក្នុង​វ័យ​ ៧៧ ឆ្នាំ លោក ត្រាំ បាន​ចេញ​ឃោសនាជាច្រើន​រដ្ឋមកហើយ។ ថ្ងៃ​សៅរ៍ ទី​៦មករា លោក ត្រាំ ជួបជុំ​ឃោសនានយោបាយ​ ដល់ទៅ​ ២ កន្លែង។ ១​នៅ​ នៅ​ញូវតុន ហើយ​១ទៀត នៅក្លីនតុន ក្បែរព្រំដែន​រដ្ឋ​អ៊ីលីណយ។​​ លោក ត្រាំ បាន​យក​សំណុំ​រឿង ​អភ័យ​ឯកសិទ្ធិ​ប្រធានាធិបតី​ របស់​លោកទៅ​អះអាង​ដដែល ថា​​មា​នអភ័យ​ឯកសិទ្ធិ​ពេញ​ទី ហើយ​ លោកសង្ឃឹមថា​​នឹង​ទទួល​បាន​ការ​សម្រេច​ក្តី​ដោយ​យុត្តិធម៌ត្រឹមត្រូវ​​។ក្នុង​គណ​បក្ស​សាធារណៈរដ្ឋ នរណា​ខ្លះផ្សេង​ទៀត អាច​ជំនួស​លោក ត្រាំ ?នៅក្នុង​​គណបក្សសាធារណៈរដ្ឋ តាមការ​ស្ទង់មតិ​ចុងក្រោយ​ គឺថា​​លោក ត្រាំ មាន​សំឡេងគ្រាំ ដល់ទៅ ៦០% លើ​បេក្ខជន​ផ្សេងទៀត នៅក្នុង​បក្ស។ ក៏ប៉ុន្តែ ករណី​ប្រសិន​បើ នៅខែកុម្ភៈ​ខាងមុខ ​ សាលា​វិនិច្ឆ័យ​តុលាការកំពូល​សហរដ្ឋអាមេរិក សម្រេច​ថា លោក​ ត្រាំ មិនអាច​ឈរឈ្មោះបាន គឺ​បក្ស​​សាធារណរដ្ឋ​ អាច​នឹងមាន​បេក្ខជន​សំខាន់ៗ​ មួយ​ចំនួន​ទៀត។ នោះគឺ អ្នកស្រី នីកគី ហាឡី ជាអតីត​អភិបាល​រដ្ឋ​ការូឡាយណាខាងត្បូង ហើយ​និងជា​ អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។ វ័យត្រឹមតែ ៥១ឆ្នាំ អ្នក​ស្រី ជាបេក្ខភាពនារី​តែម្នាក់​គត់ របស់គណ​បក្ស​​សាធារណរដ្ឋ​ ដែល​គេ​កំពុង​តែសម្លឹង​មើល ថា​កំពុងតែ​លេច​ធ្លោ។នៅមានអ្នក​ផ្សេង​ទៀត គឺ​ អភិបាល​ក្រុង​ហ្វ្ល័រីដា លោក រុន ដឺសាន់ទីស វ័យក្មេងទើបតែ ៤៥ ឆ្នាំ។ ម្នាក់ទៀត សេដ្ឋីវ័យក្មេង វីវេក រាមាវ៉ាមី ​អាយុ ​៣៨ ឆ្នាំ ហើយ​និង​ អតីត​អភិបាល​រដ្ឋញូវជេរស៊ី  លោក គ្រិស គ្រិស្តី ​វ័យ​ ៦១ ជាដើម។លោក ចូ បៃដិន ​ចោទលោក ​ត្រាំ ជា«​ណាស៊ីអាល្លឺម៉ង់»​អាយុ៨១ឆ្នាំ​ ប្រធានាធិបតី លោក ចូ បៃដិន អញ្ជើញពីថ្ងៃសុក្រ ទៅ​រដ្ឋ​ផែន​ស៊ីវ៉ានី និង បាន​យក​សំណុំ​រឿង​សម្រុក​ចូល​លុកលុយ​វិមាន​កាពីតូល ​​ មកធ្វើ​ជា​ប្រធានបទ​ក្តៅ​។ នេះក៏​ដើម្បី​រំឭក​ខួប៣ឆ្នាំ នៃព្រឹត្តិការណ៍​ហិង្សានៅសភា​អាមេរិក​​ ហើយ​និង​​​ដើម្បី​ជាលេស​ល្អ​ ក្នុងការ​វាយ​ប្រហារ​លោក ដូណាល់ ត្រាំ ជា​គូ​ប្រជែង។បើតាម​លោក ចូ បៃដិន ថ្ងៃទី​៦មករា២០២១ គឺ​ជាថ្ងៃ ដែលសហរដ្ឋ​អាមេរិក​ ស្ទើរតែ​ប៊ិះ​បាត់បាត់​លិទ្ធិប្រជាធិបតេយ្យ។​ តាមរយៈ​ព្រឹត្តិការណ៍​លុកលុយ​សភា​អាមេរិកដើមឆ្នាំ២០២១នេះ គឺ​លោក បៃដិន បន្ទោស​លោក ត្រាំ ថា​ជា មនុស្ស​ដែល​ហ៊ាន​លះបង់​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​តែ​ទទួល​បាន​អំណាច ជាប្រយោជន៍​ផ្ទាល់ខ្លួន។ ​លោក បៃដិន ក៏បាន​រិះគន់​ពាក្យ​សម្តី​របស់​លោក ត្រាំ ថាមាន​គំរូ​បែបផែន​ដូច​ពាក្យ​សម្តី​របស់​ពួក​ផ្តាច់​ការ​ណាស៊ី​អាល្លឺម៉ង់ ធ្លាប់​បាន​ប្រើ​ដូច្នោះ​ដែរ​​៕
1/6/20246 minutes, 57 seconds
Episode Artwork

កូរ៉េខា​ង​ជើង​បាញ់​កាំភ្លើង​ត្បាល់សំដៅ​កូរ៉េខាង​ត្បូង ​សេអ៊ូល​ធ្វើ​សមយុទ្ធ​​គ្រាប់​ពិត

ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ កំពុង​ធ្លាក់​ក្នុង​ភាព​តាន​តឹង​យោធា​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ទេ គិត​ចាប់​ពី​ឆ្នាំ​២០១០មក។ នៅ​ថ្ងៃ​សុក្រ​នេះ កូរ៉េខាង​ជើង​បាន​បាញ់​កាំភ្លើង​ត្បាល់​ចំនួន​២០០​គ្រាប់​ទៅក្នុង​សមុទ្ទ​លឿង​ ម្តុំ​ជិត​កោះ​របស់​កូរ៉េខាង​ត្បូង។ បន្ទាប់​ពី​បាន​ជម្លៀស​ជនស៊ីវិល​ជា​កិច្ចការពារ សេអ៊ូល​បាន​តប​ត​វិញ​ដោយ​ធ្វើ​សមយុទ្ធ​នៅ​តាម​ព្រំដែន​ជាប់​កូរ៉េខាង​ជើង។ ជា​សមយុទ្ធ​ដោយ​បាញ់​គ្រាប់​ពិតតែម្តង។ នៅ​ចំពោះ​មុខ​ស្ថានការណ៍​​បែប​នេះ​ចិន​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​អត់​ធ្មត់​ កុំ​ចាត់​វិធានការ​ណា​ដែល​នាំ​ឱ្យ​ស្ថានភាព​កាន់តែ​ដុនដាប​។ ចំណែក​អាមេរិក​បាន​ទម្លាយ​សេចក្តី​ចោទ​ប្រកាន់​ថា​​កូរ៉េខាង​ជើងបាន​ផ្គត់​ផ្គង់​អាវុធ​មីស៊ីលឱ្យ​រុស្ស៊ី​បាញ់​អ៊ុយក្រែន។ ភាព​តាន​តឹង​យោធា​នៅ​ឧបទ្វីប​កូរ៉េ​ ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​មែន​ទែន ​មិន​ដែល​ធ្លាប់​ប្រទះ​ទេ​គិត​ចាប់​តាំងពី​ឆ្នាំ​២០១០​មក ដែល​កាលណោះ​ព្យុងយ៉ាងបាន​ផ្លោង​១៧០​គ្រាប់​​លើ​កោះ​Yeonpyeong ជា​លើក​ទី​មួយ ស្លាប់​ស៊ីវិល​២​នាក់​ ទាហាន​ពីរ​នាក់។កូរ៉េខាង​ជើង​ជន្លកូរ៉េខាង​ត្បូង?មាន​ទំនាក់ទំនងដុនដាបស្រាប់​ តាំងពី​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មក​នេះ ប្រមុខ​ដឹកនាំ​របប​ព្យុងយ៉ាង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​គំរាម​កម្ទេច​កូរ៉េខាង​ត្បូង និង​សហរដ្ឋ​អាមេរិក ​បានប្រកាស​ត្រៀម​ប្រឈម​នឹង​សង្គ្រាម ...ជា​ពាក្យ​ដ៏​ធ្ងន់ៗ ហើយ​ស្រាប់​តែ​នៅ​ថ្ងៃ​នេះ មានការ​បាញ់​ផ្លោង​តែម្តង។បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​យោធា​កូរ៉េខាង​ត្បូង​ ក្នុង​រយៈ​ពេល​តែ​ប្រមាណ​ពីរ​ម៉ោង គឺ​នៅរវាង​ពី​ម៉ោង​៩ ទៅ​ម៉ោង​១១​ព្រឹក​ម៉ោង​នៅក្នុង​ស្រុក កូរ៉េខាង​ជើង​បាន​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​ចំនួន​ដល់​ទៅ​ប្រមាណ​២០០គ្រាប់ សំដៅ​សមុទ្ទ​លឿង ត្រង់​ដែន​ទឹក​ជិត​កោះដ៏​ដាច់​ស្រយាល​បំផុត​របស់​កូរ៉េខាង​ត្បូង​ គឺ​កោះ​Yeonpyeong និង​កោះ​Baengnyong។ ​ជា​សំណាង​ល្អ គ្រាប់​កាំភ្លើង​ត្បាល់​កូរ៉េខាង​ជើង​មិនប​ង្ក​ឱ្យ​មានជនរងគ្រោះ​និង​​ការ​ខូត​ខាត​ជា​សម្ភារៈទេ​ ព្រោះ​វា​ធ្លាក់​នៅ​ផ្នែក​ខាង​ជើង​នៃ​ព្រំដែន​ទឹក​រវាង​កូរ៉េទាំងពីរ។ ប៉ុន្តែ​ចរាចរណ៍​ភ្ជាប់​ទៅកាន់​កោះ​ត្រូវ​ផ្អាក។ ប្រជាពលរដ្ឋ​​លើ​កោះទាំងពីរ​ បាន​ទទួល​បញ្ជា​ឱ្យទៅ​​សំងំ​នៅ​ក្នុង​ទី​ជម្រក​សុវត្ថិភាព។ អាជ្ញាធរ​សម្រេច​ជម្លៀស​ប្រជាជន​ដើម្បី​​ជា​កិច្ចការពារ។  ​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ប្រមាណ​២ពាន់​នាក់ Yeonpyong ស្ថិត​នៅ​ចម្ងាយ​១១៥​គីឡូម៉ែត្រ​ពី​ទីក្រុង​សេអ៊ូល និង​តែ​ជាង​១០គីឡូម៉ែត្រ​ពីឆ្នេរ​ខាង​ត្បូង​បំផុត​របស់​កូរ៉េខាង​ជើង។ ចំណែក​កោះ​ Baengnyong នៅកាន់​តែ​កៀក​កូរ៉េខាង​ជើង​ខ្លាំងនិង​មាន​មនុស្ស​រស់​នៅ​៤៩០០នាក់។ចំណែក​ខាង​កូរ៉េខាង​ត្បូង​វិញ កូរ៉េខាង​ត្បូង​បាន​ដឹកនាំធ្វើ​សមយុទ្ធ​រួម​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ពី​កូរ៉េខាង​ជើង។ ហើយ​នៅ​ព្រឹកមិញ​​ ក្រៅ​អំពី​បរិហារ​សកម្មភាព​បង្ក​ហេតុ​របស់​កូរ៉េខាង​ជើង​ថា​គំរាមកំហែង​សន្តិភាព​ក្នុង​តំបន់ យោធា​កូរ៉េខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​តប ​ដោយ​បាញ់​គ្រាប់​ពិតៗ ប្រភេទ​គ្រាប់​កាំភ្លើង​ត្បាល់​K9ចំនួន​២០០គ្រាប់​ ​​​វិញផង​។ នេះ​ជា​លើក​ទី​មួយ​ហើយ​កូរ៉េខាង​ត្បូង​ធ្វើ​យ៉ាង​ដូច្នេះ គិត​ចាប់​តាំងពី​សេអ៊ូល​បាន​ប្រកាស​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​យោធា​ឆ្នាំ​២០១៨មក។កូរ៉េខាង​ជើង​សម្រេច​កម្មវត្ថុ​ផលិតកម្មបង្ហោះមីស៊ីល?បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើងចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រ​នេះ ក្នុង​ពេល​​ចុះ​ទៅ​បំពេញទស្សនកិច្ច​នៅក្នុង​រោងចក្រ​ផលិត​ប្រព័ន្ធ​បង្ហោះ​មីស៊ីល​បាលីស្ទិក ជាមួយ​កូនស្រី ប្រមុខ​របបព្យុងយ៉ាងគីមជុងអ៊ុន ​បា​ន​អះអាង​ថា​នៅ​ចំពោះ​មុខ​ស្ថានភាព​កាន់​តែធ្ងន់ធ្ងរ​​នាពេល​បច្ចុប្បន្ន និង​ភាព​ចាំបាច់​​ក្នុងការ​ត្រៀម​ប្រឈម​នឹង​សង្គ្រាម​យោធា​ជាមួយ​សត្រូវ (កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក)​ ​​កូរ៉េខាង​ជើងត្រូវ​តែ​បង្កើន​ផលិតកម្ម​បង្ហោះ​មីស៊ីល។លោកគីមជុងអ៊ុនបាន​សរសើរ​អ្នក​ទទួល​ខុសត្រូវ​ស្ថាប័នរោងចក្រ​ ដែល​បាន​សម្រេច​លើស​កម្មវត្ថុ​ឆ្នាំ​២០២៣ ក្នុង​ការ​ផលិត​ប្រព័ន្ធបង្ហោះ​មីស៊ីល​។ ដូច្នេះ​កូរ៉េខាង​ជើង​ច្បាស់​ជា​នឹង​សម្រេច​បាន​នូវ​កម្មវត្ថុ​ថ្មី​​ឆ្នាំ​២០២៤​ ដែល​កំណត់​ដោយ​គណៈកម្មាធិការ​បក្ស​ជាក់​ជា​មិន​ខាន។ នេះ​បើ​តាម​ការ​អួតអាង​បន្ថែម​របស់​​លោក​គីម​ជុងអ៊ុន ដោយ​​មិន​បាន​ផ្តល់​តួលេខ ​ថា​តើ​កូរ៉េខាង​ជើង​គ្រោង​នឹងផលិតមីស៊ីល​ប៉ុន្មាន​ឡើយនៅ​ឆ្នាំ​២០២៤។កូរ៉េខាង​ជើង​បញ្ជូនប្រព័ន្ធមីស៊ីល​​ទៅ​ឱ្យ​រុស្ស៊ី?ក្នុង​ពេល​ដែល​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាស​បង្កើន​ផលិត​កម្ម​ប្រព័ន្ធ​បង្ហោះមីស៊ីល​ សហរដ្ឋ​អាមេរិក​បាន​ទម្លាយ​ ពាក្យ​​ចោទ​ប្រកាន់​នៅ​ ​ថ្ងៃ​សុក្រ​នេះថា កូរ៉េខាង​ជើង​បាន​ផ្គត់ផ្គង់​ប្រព័ន្ធ​បង្ហោះ​មីស៊ីបាលីស្ទិក និង​មីស៊ីល​បាលីស្ទិក​ជា​ច្រើន​ដល់​រុស្ស៊ី។ បើ​តាម​អ្នកនាំពាក្យ​​ទីប្រឹក្សាសន្តិសុខ​អាមេរិក​លោក ចន គៀប៊ី គឺ​​មីស៊ីល​ទាំង​អស់​នេះហើយ​ដែល​រុស្ស៊ី​​បាន​យក​ទៅ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ កាលពី​ថ្ងៃ​ទី​៣០ធ្នូ និង​២​មករា​ លើ​អ៊ុយក្រែននោះ។ មីស៊ីល​កូរ៉េខាងជើង​យ៉ាង​ហោច​មួយគ្រាប់​បាន​ធ្លាក់​ក្នុង​ចំការ​នៅ​តំបន់​ហ្សាប៉ូរីចា។ នេះ​បើតាមការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​អាមេរិក​ដដែល។ប៉ុន្តែ​មក​ទល់​នឹងម៉ោង​នេះ អ៊ុយក្រែន​នៅ​មិន​ទាន់មាន​លទ្ធភាព​​បញ្ជាក់​ព័ត៌មាន​ថា​រុស្ស៊ី​ពិត​ជា​បា​ន​ប្រើ​មីស៊ីល​កូរ៉េខាង​ជើង​បាញ់​មក​លើ​ទឹក​ដី​ខ្លួន​នៅឡើយ។ អ្នក​នាំពាក្យ​ទ័ព​អាកាស​​អ៊ុយក្រែន​ បានអះអាង​កំពុង​រង់​ចាំ​អ្នក​ជំនាញផ្តល់​លទ្ធផល​វិភាគបំណែក​មីស៊ីល​​សិន។​​យ៉ាង​ណា​ក៏​ដោយ​ ក៏​អាមេរិក​​សន្យា​នាំ​បញ្ហា​នេះ​ទៅ​ប្តឹង​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ព្រោះ​ការ​ផ្ទេរ​មីស៊ីល​គឺ​ជា​រំលោភ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។ មាន​ប្រវត្តិ​ជា​សម្ព័ន្ធ​មិត្តនឹង​គ្នា រុស្ស៊ី​និង​កូរ៉េខាងជើង​ជាប់​ទណ្ឌកម្ម​អន្តរជាតិ​ដូច​គ្នា៖ រុស្ស៊ី​ជាប់​ទណ្ឌកម្ម​ពីបទ​ចូល​ឈ្លានពាន​អ៊ុយក្រែន ឯ​កូរ៉េខាង​ជើង​ពី​បទ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​យោធា។ កាលពី​ខែ​តុលា​ សហរដ្ឋ​អាមេរិក​បានអះអាង​កូរ៉េខាង​ជើង​បាន​ដឹកជញ្ជូន​បរិក្ខារ​យោធា​ និង​គ្រាប់​រំសេវ​ ជាង​១ពាន់​កុងតឺន័រទៅ​ឱ្យ​រុស្ស៊ី។ សេអ៊ូល​ប៉ាន់​ស្មាន​ថា​រុស្ស៊ី​បានទទួល​គ្រាប់​កាំភ្លើង​ត្បាល់​ជាង​មួយ​លាន​គ្រាប់​ពី​ព្យុងយ៉ាង ជា​ថ្នូរ​នឹង​ជំនួយ​ប្រឹក្សាផ្នែក​​បច្ចេកទេស​ផ្កាយ​រណប៕
1/5/20245 minutes, 19 seconds
Episode Artwork

ក្រោយវេតូរបស់អាមេរិក ប្រជាជន​ហ្កាហ្សាកាន់តែរងទុក្ខវេទនា ដោយសារ​ការវាយប្រហារ​របស់​អ៊ីស្រាអែល

បន្ទាប់ពីបានភ្លើងខៀវ​ពីអាមេរិក ដែល​វេតូ​ប្រឆាំង​មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចេញសេចក្តីសម្រេច ទាមទារ​បទឈប់បាញ់មនុស្សធម៌​នៅហ្កាហ្សា អ៊ីស្រាអែល​នៅថ្ងៃអាទិត្យទី​១០​ធ្នូ​បង្កើនការវាយប្រហារ​នៅហ្កាហ្សា ដោយគ្មាន​លើកលែង តំបន់​ភាគជើង តំបន់​ខាងត្បូង​ហ្កាហ្សា​ឡើយ។ ការខ្វះឯកភាពគ្នា នៅក្រុមប្រឹក្សា​សន្តិសុខ​ជាសញ្ញា​បើកដៃ​ឲ្យ​កងទ័ព​អ៊ីស្រាអែល​សម្រុក​វាយប្រហារ​យ៉ាង​ចាស់ដៃ​ទៅ​លើ​តំបន់​ហ្កាហ្សា ហើយ​អ្នកដែល​រង​ទុក្ខវេទនា​ខ្លាំង​ជាងគេដោយសារ​ការប្រយុទ្ធគ្នា​រវាងអ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន គ្មាន​អ្នកណា​ក្រៅ​តែ​ពី​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន។ ​ស្ថានភាព​មនុស្សធម៌​នៅហ្កាហ្សាកំពុងមហន្តរាយការសម្លាប់រង្គាល​មិនធ្លាប់មាន ជំងឺ​អាសន្នរោគ និង​គ្រោះ​អត់ឃ្លាន។ ទាំងនេះ​ជា​អ្វី​ដែល​ប្រជាជន​ប៉ាឡេស្ទីនកំពុងជួបប្រទះ នៅ​ហ្កាហ្សា ដែល​ក្លាយ​ជា​សមរភូមិប្រយុទ្ធគ្នា​ដ៏ហិង្សា​រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន នៅ​២ខែ​មកនេះ។នៅថ្ងៃ​អាទិត្យ មួយថ្ងៃក្រោយ ក្រុមប្រឹក្សា​សន្តិសុខ​បរាជ័យ មិនអាច​ចេញសេចក្តីសម្រេច ទាមទារ​បទឈប់បាញ់​មនុស្សធម៌ ដោយសារ​វេតូ​របស់អាមេរិក អ៊ីស្រាអែល​ដែលជាសម្ព័ន្ធមិត្ត​របស់​អាមេរិក​បង្កើន​ការវាយប្រហារដ៏ហិង្សា តាម​ផ្លូវអាកាស និង​ផ្លូវគោក ទៅលើ​ទីក្រុង Khan Younès និង​ទីក្រុង​រ៉ាហ្វា នៅភាគខាងត្បូង ហ្កាហ្សា ជាប់ព្រំដែន​ជាមួយ​អេហ្ស៊ីប។បន្ទាប់ពី​ទម្លាក់គ្រាប់បែក បាញ់ប្លោង​ដែលកម្ទេច​រាបដល់ដី ហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែង​របស់​ប្រជាជន​ប៉ាឡេស្ទីន នៅខាងជើង​ហ្កាហ្សា កងទ័ព​អ៊ីស្រាអែល នៅប៉ុន្មានថ្ងៃ​មកនេះ បានបែរចុះមកវាយប្រហារ​លើ​តំបន់​ខាងត្បូងហ្កាហ្សា ក្នុងហេតុផល តាមប្រមាញ់​មេក្រុម និងជនប្រដាប់អាវុធ​ហាម៉ាស​ដែល​រត់គេច​ពីខាងជើងមកនៅ​នៅតំបន់​ភាគខាងត្បូង។បញ្ហា​នៅត្រង់ថា ដោយសារ​ការវាយប្រហារ​ដ៏សន្ធប់របស់​អ៊ីស្រាអែល ប្រជាជន​ប៉ាឡេស្ទីន ជិត ២លាននាក់ ដែល​ត្រូវអ៊ីស្រាអែល បង្ខំ​ឲ្យ​រត់ចាកចេញពី​ភាគខាងជើងរបស់​ហ្កាហ្សា មកនៅ​ភាគខាងត្បូង លែងមាន​កន្លែង​ជ្រក​សុវត្ថិភាព​តទៅទៀត។ថ្មីៗនេះ ដោយសារ​ប្រតិបត្តិការយោធា​តាមបោសសម្អាត​ក្រុមហាម៉ាស ដែលត្រូវ​ពង្រីកមកដល់​តំបន់​ភាគខាងត្បូង អ៊ីស្រាអែល​បាន​បញ្ជា​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ទៅរកកន្លែងជ្រក​សុវត្ថិភាព នៅ​ជាប់មាត់សមុទ្រ ដែលស្ថិតនៅក្រៅ​តំបន់សង្រ្គាម វាយប្រហារ​របស់​កងទ័ពអ៊ីស្រាអែល។ថ្កោលទោស រិះគន់​ចំណាត់ការ​សោះអង្គើយ​របស់​​អ៊ីស្រាអែល ដែលមិនខ្វល់​ពី​អាយុជីវិត​របស់​ប្រជាជនស៊ីវិល អង្គការសហប្រជាជាតិ នៅ​ចុងសប្តា៍នេះ ទាញសញ្ញា​អាសន្ន​ពី​គ្រោះអត់ឃ្លាន និង​ការរីករាលដាលជំងឺឆ្លង អាសន្នរោគ ដោយសារ​អ៊ីស្រាអែល​បិទខ្ទប់​រថយន្ត​ដឹកជញ្ជូនជំនួយ​ស្បៀង និងថ្នាំពេទ្យ និង​ដោយសារ​ការរស់នៅ​ដ៏​ប្រជ្រៀតគ្នា​របស់​ប្រជាជនភៀសខ្លួន​ប៉ាឡេស្ទីន នៅ​ក្នុង​ទីកន្លែង​ដ៏តូច។តាម​អង្គការ​ស្បៀងអាហារ​ពិភពលោក ដោយសារ​ការរឹតត្បិត​របស់​អ៊ីស្រាអែល និង​ការវាយប្រហារ​របស់យន្តហោះចម្បាំង​អ៊ីស្រាអែលទៅលើ​ទីក្រុង​រ៉ាហ្វា ជាប់ព្រំដែន​អេហ្ស៊ីប រថយន្ត​ដឹកជញ្ជូនស្បៀង ទឹក និងប្រេង​ក្នុងចំនួន​ដ៏តិចតួច​បំផុត អាច​បរចូល​ទៅ​ហ្កាហ្សា។ ការណ៍នេះធ្វើ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន ប្រមាណ ៩០ភាគរយ ដែល​កំពុង​រត់ភៀសខ្លួន ពេញ​ហ្កាហ្សា នៅថ្ងៃ​ខ្លះ​ត្រូវ​ចូលនិន្រ្ទា ទាំងគ្មាន​អាហារ​ចូលពោះ​ទាល់តែសោះ។មន្រ្តីអង្គការសហប្រជាជាតិ៖ អ៊ីស្រាអែល​មានចេតនា​រុញច្រាន​ប្រជាជន​ប៉ាឡេស្ទីន​ឲ្យ​ចេញ​ពី​ទឹកដី​ហ្កាហ្សាជាមួយនឹង​ការវាយប្រហារ​ប្រដេញ​​ពី​ជើង​ទៅ​ត្បូង​ហ្កាហ្សា នៅក្នុង​ហេតុផល​តាមវាយកម្ចាត់​ក្រុមហាម៉ាស​ឲ្យ​អស់​ពីទឹកដី ហ្កាហ្សា អ៊ីស្រាអែល​បាន​បញ្ជា​ បង្ខំ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ផ្លាស់ទីកន្លែងរស់នៅ មួយ​លើក​ជា​ពីរ​លើក។ បន្ទាប់ពី​រត់ចោល​ផ្ទះសម្បែង នៅ​ភាគខាងជើង​ហ្កាហ្សា ដើម្បី​គេច​ចេញពី​ការទម្លាក់គ្រាប់បែក ការបាញ់ប្លោង របស់អ៊ីស្រាអែល និងការប្រយុទ្ធគ្នាកងទ័ពអ៊ីស្រាអែល ជាមួយ​ពួកហាម៉ាស ប្រជាជន​ប៉ាឡេស្ទីនជាង​១លាន ៨សែននាក់​ជាប់គាំង រស់នៅកកកុញ នៅ​ភាគខាងត្បូង។ ការវាយប្រហារ​ដ៏ខ្លាំងក្លា​របស់​កងទ័ពអ៊ីស្រាអែល​នៅ​ភាគខាងត្បូងហ្កាហ្សា នៅប៉ុន្មានថ្ងៃ​មកនេះ បាន​ឈាន​ចូល​ដល់​ដំណាក់កាលមួយ ដែលទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​វាយតម្លៃថា ជាយុទ្ធសាស្រ្ត​របស់​អ៊ីស្រាអែល​ដើម្បី បណ្តេញ​ប្រជាជន​ប៉ាឡេស្ទីន​ចេញពីទឹកដី​ហ្កាហ្សា។នៅក្នុង​អត្ថបទបញ្ចេញ​មតិ របស់​កាសែត​អាមេរិក Los Angeles Times ចុះផ្សាយ​នៅ​ថ្ងៃ​អាទិត្យ ប្រធាន​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រជាជន​ប៉ាឡេស្ទីន​ចោទប្រកាន់​អ៊ីស្រាអែល​ថា កំពុង​ប៉ុនប៉ង បង្ខំ​ប្រជាជន​ប៉ាឡេស្ទីន​ឲ្យចាកចេញ​ពី​ហ្កាហ្សា​សំដៅ​ទឹកដី​អេហ្ស៊ីប។ តាម​យោបល់​របស់​ប្រធានទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ បើសិន​អ៊ីស្រាអែល​នៅតែ​បន្ត​វាយប្រហារ​គ្មានសល់ចន្លោះទៅលើ​ទឹកដីហ្កាហ្សា និងរុញច្រាន​ប្រជាជនប៉ាឡេស្ទីន​ទៅនៅ​កកប្រមូលផ្តុំនៅ​ជំរំជនភៀសខ្លួន​ក្បែរ​ព្រំដែន​អេហ្ស៊ីប គេមិនអាច​មើលឃើញ​អ្វីផ្សេង ក្រៅពី​ផែនការ​របស់​អ៊ីស្រាអែល ដើម្បី​ប្រែក្លាយ​ហ្កាហ្សា គ្មាន​ប្រជាជន​ប៉ាឡេស្ទីន។ ការរុញច្រាន​ប្រជាជន​ប៉ាឡេស្ទីនចេញពី​តំបន់ដែល​អ៊ីស្រាអែលអះអាងថា ជា​តំបន់​សង្រ្គាម ធ្វើ​ឲ្យ​គេ​នឹកដល់​ចំណាកស្រុក​របស់​ប្រជាជន​ប៉ាឡេស្ទីន ជាង ៧សែននាក់ ដែលត្រូវ​រត់ផ្លាស់ទី​ចេញពីទឹកដី​របស់ខ្លួន នៅក្នុង​សម័យសង្រ្គាម​កាល​ពី​អតីតកាល​ដែល​ឈាន​ទៅ​បង្កើត​រដ្ឋ​អ៊ីស្រាអែល នៅ​ឆ្នាំ ១៩៤៨។ឆ្លើយតប​នឹង​ការចោទប្រកាន់ របស់មន្រ្តី​អង្គការ​សហប្រជាជាតិ អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​អ៊ីស្រាអែល​ទទួល​បន្ទុក​កិច្ចការ​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន បដិសេធថា អ៊ីស្រាអែល​មិនដែល ហើយក៏និងគ្មានផែនការ​ជម្លៀស​ប្រជាជនប៉ាឡេស្ទីន​ចេញពី​ហ្កាហ្សាទៅ អេហ្ស៊ីប។ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ​អ៊ីស្រាអែល​ខុសផ្ទុយពី​ការលើកឡើងកាលពីខែ​មុន របស់​រដ្ឋមន្រ្តី​ចារកម្ម​អ៊ីស្រាអែល​លោក​Gila Gambliel ដែលថា អ៊ីស្រាអែល​មានជម្រើស​១នៅក្រោយចប់សង្រ្គាម​ហ្កាហ្សា នោះ គឺ​ការរើផ្លាស់ទី​ដោយ​ស្ម័គ្រចិត្ត​របស់​ប្រជាជន​ប៉ាឡេស្ទីន​ចេញពីហ្កាហ្សា។ តាម​រដ្ឋមន្រ្តី អេហ្ស៊ីប​អាច​សាងសង់​ទីក្រុងជំរំភៀសខ្លួន​ដាក់​ប្រជាជន​ប៉ាឡេស្ទីនចេញពីហ្កាហ្សា នៅក្នុង​ទឹកដីស៊ីណៃរបស់​អេហ្ស៊ីប និងដែលទទួលជំនួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ។ម៉ាមូដ អាបាស​ចោទអាមេរិកថា កំពុង​​ឃុបឃិត​ជាមួយ​អ៊ីស្រាអែល ធ្វើសង្រ្គាម នៅហ្កាហ្សានៅក្រោយអាមេរិក​វេតូ​ប្រឆាំង មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ចេញសេចក្តីសម្រេច​ទាមទារ​បទឈប់បាញ់បន្ទាន់​នៅហ្កាហ្សា ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន​ដែលគ្រប់គ្រង​ទឹកដី​ស៊ីហ្សកដានី បាន​រិះគន់​ខ្លាំងៗអាមេរិក ថា កំពុង​ចូលដៃ ចូលជើង​ជាមួយ​អ៊ីស្រាអែល និងថា អាមេរិក​ចូលរួម​ចំណែក​ទទួលខុសត្រូវ​លើ ការសម្លាប់បង្ហូរឈាម ទៅលើ​កុមារ ស្រ្តី និង​មនុស្ស​ចាស់​ប៉ាឡេស្ទីន នៅ​ហ្កាហ្សា។ឯកោ និងរងការរិះគន់ពីគ្រប់ទិស​ដោយសារ​វេតូ​នៅ ក្រុមប្រឹក្សា​សន្តិសុខ ប៉ុន្តែ អាមេរិក​មិន​ផ្លាស់ប្តូរជំហររបស់ខ្លួនដើម្បីការពារ​អ៊ីស្រាអែល។ នៅ​ថ្ងៃសៅរ៍ ពោលគឺ​នៅប៉ុន្មានម៉ោង​ក្រោយ​វេតូ ប្រឆាំង​បទឈប់បាញ់​នៅ​ហ្កាហ្សា រដ្ឋបាលលោកចូ បៃដិន​បានចេញបញ្ជា​ឲ្យ​លក់គ្រាប់កាំភ្លើង សម្រាប់​រថក្រោះអ៊ីស្រាអែល ប្រមាណ ១៤០០០គ្រាប់។ តាមទូរទស្សន៍ CNN ដោយ​លក់សព្វាវុធ​ទៅ​ឲ្យ​កងទ័ពអ៊ីស្រាអែល ប្រយុទ្ធប្រឆាំង​នឹង​ពួកហាម៉ាស​នៅ​ហ្កាហ្សា រដ្ឋបាល​លោកចូ បៃដិន​បានលើកឡើងពី​ករណីបន្ទាន់ ដើម្បី​ហេតុផល​សន្តិសុខជាតិ​អាមេរិក។តាមអ្នកវិភាគខ្លះ បើទោះជា​លក់អាវុធ និង​វេតូជួយការពារ​អ៊ីស្រាអែល​នៅ​ក្រុមប្រឹក្សា​សន្តិសុខ ប៉ុន្តែ វ៉ាស៊ីនតោន នៅមួយរយៈចុងក្រោយ​នេះបាន​ដាក់សម្ពាធ ទាមទារ​ចង់​ឲ្យ​អ៊ីស្រាអែល​បិទបញ្ចប់​សង្រ្គាម​ឲ្យ​បាន​ឆាប់បំផុត យ៉ាងយូរ​នៅ​ចុងឆ្នាំ​នេះ។ ប៉ុន្តែ មន្រ្តីយោធា​អ៊ីស្រាអែល​អះអាងថា នៅក្រោយ​សង្រ្គាម​ហ្កាហ្សាចប់ ដែលគេមិនដឹងថា នៅ​ពេលណា កងទ័ពអ៊ីស្រាអែលត្រូវការ​ពេលយ៉ាងហោច ១ខែ ដើម្បី​ច្បាស់ប្រាកដ​ចិត្ត​ថា ក្រុមហាម៉ាស​រលាយ​លែងមានមុខ នៅហ្កាហ្សា។ក្រុមហាម៉ាស​កំពុង​ធ្លាក់ដៃ​ប្រយុទ្ធ?ដោយ​វាយសន្ធប់ បណ្តេញ​ពីជើង​ទៅត្បូង រដ្ឋមន្រ្តីការពារ​អ៊ីស្រាអែល​អះអាងថា កងទ័ពអ៊ីស្រាអែល​នឹង​បង្កើន​ការវាយប្រហារ តាមប្រមាញ់ ពីផ្ទះមួយ​ទៅផ្ទះមួយ តាម​រូងក្រោមដី ដើម្បី​កម្ទេច​ក្រុមហាម៉ាស។ បើតាម​ប្រមុខការពារ​ជាតិ​អ៊ីស្រាអែល នៅក្រោយ​ការវាយប្រហារ​ផ្លូវអាកាស និងតាម​ជើងគោក ដែលបាន​សម្លាប់​សមាជិកហាម៉ាស​ជិត ៦ពាន់នាក់ នៅក្នុងសង្រ្គាមហ្កាហ្សា​២ខែមកនេះ គេឃើញ​សញ្ញា​ធ្លាក់ដៃប្រយុទ្ធ​របស់​ពួកហាម៉ាស។ នៅប៉ុន្មានថ្ងៃមកនេះ រូបភាពវីដេអូ​របស់​អ៊ីស្រាអែល បាន​បង្ហាញ សព្វាវុធ​ដែលគេ​រឹបអូសបាន ហើយ​និង​មនុស្ស​ប្រុស​សល់តែខោខ្លី ដែល​អ៊ីស្រាអែលអះអាងថា ជា​សកម្មជនប្រយុទ្ធរបស់​ហាម៉ាស​ទម្លាក់អាវុធ ចុះចាញ់​កងទ័ពអ៊ីស្រាអែល។
12/10/20238 minutes, 31 seconds
Episode Artwork

ហ្កាហ្សា៖ រដ្ឋបាល​លោក​ចូបៃដិន​ ផ្តើមរិះគន់អ៊ីស្រាអែល ថាមិនការពារអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីន

យោងតាម​ អ្នកនាំពាក្យក្រសួងសុខាភិបាល​ហាម៉ាស គឺគ្រាន់តែក្នុងមួយថ្ងៃព្រហស្បតិ៍​ទី​៧ធ្នូ មានមនុស្ស​ស្លាប់ចំនួន​៣៥០នាក់ ដោយសារតែ​ការបាញ់ប្លោងគ្រាប់​របស់អ៊ីស្រាអែល​។​ ហើយគិតសរុប​មកដល់​ថ្ងៃទី៦៣​នៃ​សង្គ្រាម​នេះ មានប្រជាជន​ស៊ីវីល​ប៉ាឡេស្ទីន ស្លាប់ចំនួនជាង​១៧០០០នាក់ និងរបួស​ចំនួន​៤៦០០០នាក់។ ៧០% នៃជនរងគ្រោះ ​គឺសុទ្ធតែជាកុមារ ក្មេងជំទង់ និងស្ត្រី​។ នេះបើផ្អែកតាមអាជ្ញាធរហាម៉ាស គ្រប់គ្រងតំបន់ហ្កាហ្សា​។ ប្រឈមនឹងបញ្ហានេះ រដ្ឋមន្ត្រី​ការបរទេសអាមេរិក បានរិះគន់ចំៗជាលើកទី​មួយ ថាអ៊ីស្រាអែលមិនការពារអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីន​។ បន្ទាប់ពីបាន​ផ្អាក​ការ​ប្រយុទ្ធចំនួន​៧ថ្ងៃ កាលពីចុងខែ​វិច្ឆិកា​ អ៊ីស្រាអែល​បានសំរុកបើកការវាយប្រហារ បាញ់​ប្លោងគ្រាប់ និង​បញ្ជូន​កងទ័ពថ្មើរជើង ទៅកាន់ភាគខាងត្បូងហ្កាហ្សា ទាំងដែល​ប្រជាជនស៊ីវីល​ប៉ាឡេស្ទីន កំពុងកកកុញយ៉ាងលំបាក​វេទនានៅតំបន់​នោះ​។ ថ្ងៃសុក្រ​ទី​៨ធ្នូ កងទ័ពអ៊ីស្រាអែល បានអះអាងថា គេបានបើក​ប្រតិបត្តិការធំ រវាងពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ ដោយ​បាន​វាយ​ចំ​គោលដៅចំនួន៤៥០ចំណុច ដោយប្រើប្រាស់​កងកុម្មង់ដូ​ថ្មើរជើងផង ការវាយប្រហារផ្លូវអាកាស និង​តាមផ្លូវទឹកផង។ ប្រតិបត្តិការនេះ​ បានអនុញ្ញាត​ឲ្យ​កងទ័ពអ៊ីស្រាអែល សម្លាប់​បានសមាជិក​ក្រុមហាម៉ាសជាច្រើននាក់​។ជាការកត់សំគាល់ គេសង្កេតឃើញតំបន់ Khan Younès ដែលស្ថិតនៅភាគខាងត្បូងហ្កាហ្សា និង​ តំបន់Jabaliya មិនឆ្ងាយ​ប៉ុន្មានពីក្រុងហ្កាហ្សាស៊ីធី បានរងនូវការបាញ់​ប្លោង​គ្រាប់យ៉ាងដំណំបំផុត ពីសំណាក់​កងទ័ពអ៊ីស្រាអែល​។ មន្ត្រីហាម៉ាស ទទួល​បន្ទុក​សុខាភិបាល បានអះអាងនៅថ្ងៃសុក្រថា នៅតំបន់​ហ្កាហ្សាស៊ីធី មានស្លាប់​ជនស៊ីវីល​​យ៉ាងហោច ៤០នាក់​ ហើយ​ស្លាប់ច្រើនសិបអ្នកទៀត នៅ​តំបន់​ Jabaliya និងតំបន់​ Khan Younès។តើ​អាមេរិក​ដែលគាំទ្រអ៊ីស្រាអែល​ បាន​ចាប់ផ្តើម​ប្តូរឥរិយាបថ?ប្រឈមនឹងចំនួន​ជនស៊ីវីលប៉ាឡេស្ទីន​ ដែល​ស្លាប់​និងរបួសដ៏ច្រើនសន្ធឹក ​កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការវាយ​ប្រហាររបស់អ៊ីស្រាអែល​ រដ្ឋបាល​​របស់លោក​ចូ បៃដិន ហាក់​ចាប់ផ្តើម​​ប្តូរ​ឥរិយាបថ រិះគន់​ទៅលើ​អ៊ីស្រាអែល​ ថាមិន​ខ្វល់ពីអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីន។នៅក្នុងសន្និសីទ​កាសែតរួមគ្នាជាមួយ​លោក James Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេស នៅឯក្រុងវ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ទី​៧ធ្នូ លោក​អង់តូនៅ ប្លីងកិន ប្រមុខកាទូតអាមេរិកបានលើកឡើងថា វាជារឿងសំខាន់​បំផុត ដែល​អ៊ីស្រាអែលត្រូវតែផ្តល់អាទិភាព ទៅលើការការពារអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីន។ លោក​បានបន្ថែមថា តែបើយើងក្រឡេកទៅមើល​ការពិតជាក់ស្តែង គឺវាមានគម្លាតគ្នា​ឆ្ងាយ​ខ្លាំងណាស់ រវាងអ្វី​ដែល​អ៊ីស្រាអែលអះអាងថា ធ្វើគ្រប់យ៉ាងដើម្បី​បញ្ចៀសកុំឲ្យស្លាប់​ជនស៊ីវីល​ច្រើន និង​តួលេខជាក់ស្តែងនៃចំនួន​មនុស្សស្លាប់។​គួរកត់សំគាល់ថា នេះគឺជាលើកទី​១ហើយ ដែល​លោករដ្ឋមន្ត្រីការបរទេសអាមេរិក និយាយសំដីក្នុងន័យ​រិះគន់ដោយ​ចំៗ ទៅលើ​អ៊ីស្រាអែល​ ទាក់ទិននឹងការវាយប្រហារបាញ់​ប្លោងគ្រាប់ បណ្តាល​ឲ្យស្លាប់ជនស៊ីវីល​ប៉ាឡេស្ទីន​។ ផ្អែកតាមសេតវិមាន លោកប្រធានាធិបតី​ ចូ បៃដិន ក៏ទើបតែបាន​ទូរស័ព្ទទៅនិយាយ ជាមួយ​នឹងលោក​បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍ដែរ។ ក្នុងកិច្ចសន្ទនានេះ លោកចូ បៃដិន បានប្រាប់ទៅលោកណេតាន់យ៉ាហ៊ូ ថា អ៊ីស្រាអែល​ត្រូវតែ​ការពារអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីនឲ្យ​បានជាដាច់ខាត​។ មិននឹងវាយប្រហារ កងទ័ពអ៊ីស្រាអែល ​ត្រូវតែ​បែងចែងឲ្យ​ច្បាស់ រវាងជនស៊ីវីលនិ​ងក្រុមភេរវកម្មហាម៉ាស។ លោក ចូ បៃដិន បាន​អំពាវនាវប្រាប់ទៅ​ភាគីអ៊ីស្រាអែល ថាត្រូវតែ​រៀបចំ​ឲ្យ​មានច្រកផ្លូវ​សុវត្ថិភាព សម្រាប់ជនស៊ីវីល​នៅហ្កាហ្សា ដើម្បី​ឲ្យ​ពួកគេ អាចធ្វើដំណើរ​ចាកចេញពី​តំបន់ដែលមានការប្រយុទ្ធ។តើ​ក្រុមប្រឹក្សាសន្តិសុខ​ អាចដាក់កំហិត​ ឲ្យ​អ៊ីស្រាអែលឈប់បាញ់​បានទេ?នៅថ្ងៃសុក្រ​ទី​៨ធ្នូ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការ​សហប្រជាជាតិ ត្រូវជួបប្រជុំគ្នាជាថ្មីម្តងទៀត ដើម្បី​បោះឆ្នោត​លើ​គម្រោង​សេចក្តីសម្រេចចិត្តរួម ថ្មី​មួយទៀត។ គឺអេមីរ៉ាតអារ៉ាប់រួម ដែល​ជាអ្នកផ្តួចផ្តើមគំនិតនេះ។​ អត្ថបទ​សេចក្តីសម្រេចចិត្តរួម​នេះ មានខ្លឹមសារ​​ហៅឲ្យ​អ៊ីស្រាអែល ត្រូវតែ​ឈប់បាញ់​ ឈប់ប្រយុទ្ធជាបន្ទាន់នៅហ្កាហ្សា​ ដើម្បីការពារអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីន។ អាយុជីវិតប្រជាជនស៊ីវីល ទាំងប៉ាឡេស្ទីន ទាំង​អ៊ីស្រាអែល ត្រូវតែទទួលបានការការពារ ដោយ​ផ្អែកលើច្បាប់​មនុស្សធម៌អន្តរជាតិ​។ គម្រោងសេចក្តីសម្រេចចិត្តនេះ បាន​អំពាវនាវផងដែរ ឲ្យ​ដោះលែងចំណាប់ខ្មាំង​ទាំងអស់ ដោយ​គ្មានលក្ខខណ្ឌ​។សូមបញ្ជាក់ថា ដើម្បឲ្យ​អត្ថបទសំណើសេចក្តីសម្រេចចិត្តរួមមួយ អាចអនុម័តជាស្ថាពរបាន គឺទាល់តែ​អត្ថបទនោះ ទទួលបាន​ការគាំទ្រ ចំនួនយ៉ាងហោច ៩សំឡេងក្នុងចំណោម​១៥​ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ។ តែទន្ទឹមនឹងនេះ គឺ​ល្គឹកណាទាល់តែគ្មានប្រទេសសមាជិកអចិន្ត្រៃយ៍ណាមួយ ក្នុងចំណោម​ទាំង​៥ ​បោះឆ្នោតវ៉េតូ។ ផ្អែកតាមការវិភាគ ថ្វីបើ​សហរដ្ឋអាមេរិកបានចាប់​ផ្តើម​​បង្ហាញជំហររិះគន់ខ្លះ មក​លើអ៊ីស្រាអែល តែសហរដ្ឋអាមេរិកដែលមានសិទ្ធិវ៉េតូ មិនចង់ចេញមុខទាមទារឲ្យអ៊ីស្រាអែលឈប់បាញ់ទេ។ រដ្ឋបាលលោក ចូ បៃដិន ធ្លាប់បាន​លើកឡើងថា ការ​ឈប់​បាញ់ ឬការទំលាក់អាវុធ គឺវានឹង​ហុច​អត្ថប្រយោជន៍​ទៅ​ឲ្យ​ក្រុមភេរវកម្មហាម៉ាស។យ៉ាងណាក៏ដោយ ប្រឈមនឹងទុក្ខវេទនា​ ដែល​ប្រជាជន​ប៉ាឡេស្ទីន​កំពុងតែជួបប្រទះនាពេលនេះ សំឡេងទាមទារ​ឲ្យ​អ៊ីស្រាអែលបិទបញ្ចប់សង្គ្រាមនេះ មានកាន់តែច្រើនឡើងៗ។ យ៉ាងណាមិញ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ បានផ្ញើលិខិតមួយទៅកាន់​ក្រុមប្រឹក្សាសន្តិសុខមុនពេលបើកការប្រជុំ។ ក្នុងលិខិតនេះ​ លោកបានលើកឡើងអំពីមាត្រា៩៩ នៃ​កាតិកាសញ្ញារបស់អង្គការសហប្រជាជាតិ ដែលចែងថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ មានសិទ្ធិ​ទាញសញ្ញាអាសន្ន ប្រាប់ប្រទេសសមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ ថា​ត្រូវតែសម្រេចធ្វើអ្វីម្យ៉ាង ដើម្បី​ការពារ​សន្តិភាព និងស្ថិរភាព​សន្តិសុខអន្តរជាតិ ពីគ្រោះថ្នាក់​។ ជាការកត់សំគាល់ ករណីអគ្គលេខាធិការ​អង្គការសហប្រជាជាតិ ប្រើប្រាស់មាត្រា៩៩ ដើម្បី​ដាក់កំហិតឲ្យ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តរួមនេះ គឺវាជារឿងកម្រមានណាស់។ មានន័យនេះ កាលៈទេសៈពេលនេះគឺអាសន្នបំផុត ផ្នែក​មនុស្សធម៌។តើជំនួយមនុស្សធម៌ បញ្ជូនចូល​ហ្កាហ្សា គ្រប់គ្រាន់ឬទេ?ទាក់ទិននឹងការដឹកជញ្ជូន​ស្បៀងអាហារ ជំនួយមនុស្សធម៌ ថ្នាំសង្កូវ​ចូលទៅហ្កាហ្សា គឺមានការថយចុះច្រើន ប្រមាណមួយសប្តាហ៍​មកនេះ​។ អំឡុងពេល​ដែលអ៊ីស្រាអែល​បានយល់ព្រមផ្អាកការប្រយុទ្ធ រយៈពេល​១សប្តាហ៍ កាលពីចុងខែ​វិច្ឆិកា យ៉ាងហោចណាស់​មានជំនួយមនុស្សធម៌ ចំនួន​ជិត​២០០រថយន្តកុងទឺន័រជាមធ្យមក្នុងមួយថ្ងៃ​ ត្រូវបានគេដឹកចូលទៅហ្កាហ្សា តាមច្រករ៉ាហ្វា។ ក៏ប៉ុន្តែ បច្ចុប្បន្នដោយសារតែការបាញ់ប្លោងទម្លាក់​គ្រាប់ នៅភាគខាងត្បូងហ្កាហ្សា ចំនួន​រថយន្តដឹកជំនួយ​មនុស្សធម៌ បានធ្លាក់​មកនៅមិនដល់​១០០គ្រឿងទេ។ផ្អែកតាម​ ការិយាល័យកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ មាន​រថយន្តដឹកស្បៀងចូលទៅ​ហ្កាហ្សា តាមច្រករ៉ាហ្វា ចំនួន៦៩គ្រឿង និង​មាន​ការបញ្ជូនប្រេងឥន្ធនៈ ចំនួន​៦១០០០លីត្រផងដែរ។ ទោះជាយ៉ាងនេះក្តី​ ការិយាល័យនេះ អះអាងថាវាតិចតួចស្តួចស្តើងខ្លាំងណាស់ បើក្រឡេកទៅមើល​តម្រូវការជាក់ស្តែងរបស់​ប្រជាជន​ជិត​២លាននាក់នៅហ្កាហ្សា។​ដោយឡែក ផ្អែកតាម​សេតវិមាន គឺ​គេកំពុងចរចា ជាមួយ​ភាគីអ៊ីស្រាអែល ឲ្យ​បើកច្រកមួយទៀត គឺច្រកKerem Shalom ដែលស្ថិតនៅ​ភាគត្បូងហ្កាហ្សាដែរ ត្រង់ចំណុចព្រំដែន រវាងហ្កាហ្សា អេហ្ស៊ីប និង​អ៊ីស្រាអែល។ លោក វីរៈសេនីយ៍​ឯក Elad Goren មន្ត្រីអ៊ីស្រាអែលទទួលបន្ទុក​រដ្ឋបាល​ស៊ីវីល​ក្នុងដែន​ដីប៉ាឡេស្ទីន បានប្រាប់អ្នកកាសែតថា ភាគីអ៊ីស្រាអែល នឹង​​បើកច្រក​ Kerem Shalom តែគឺបើក​​ឲ្យតែ​រថយន្តកាមីញ៉ុង ចូល​មកដើម្បី​ធ្វើការត្រួតពិនិត្យ​​សន្តិសុខតែ​ប៉ុណ្ណោះ៕
12/8/20238 minutes
Episode Artwork

សន្និសីទ​អាកាសធាតុ​ក្នុង​​ប្រទេស​ផលិតប្រេង ជា​ឱកាស​និយាយ​ពី​​វិបត្តិ​ថាមពលផូស៊ីល?

សន្និសីទ​អាកាសធាតុ​COP28 ចាប់​បើក​នៅ​​ថ្ងៃ​ទី ៣០​វិច្ឆិកា​ដល់​ថ្ងៃទី ១២​ធ្នូនៅ​ក្រុង​ឌូបៃ​ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម។ សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​អាកាសធាតុ​ត្រូវ​​បន្ត​ជជែក​អំពី​ប្រធានបទ​ចម្រូង​ចម្រាស​ជា​ច្រើន​មាន​ជាអាទិ៍​ការ​បោះបង់​ថាមពល​ផូស៊ីល​​និង​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ធ្វើ​អន្តរកាល​ថាមពល​ស្អាត​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ប៉ុន្តែ​ដូច​ជា​រៀង​រាល់​លើក​​ មានសំណួរដដែលៗ​តែង​ផុស​ឡើង​ទាក់ទង​នឹង​សន្និសីទ​អាកាស​ធាតុ ថា តើ​មាន​ប្រយោជន៍​យ៉ាងណា? និង​អាច​សង្ឃឹម​បាន​លទ្ធផល​អ្វី បើ​សន្និសីទស្តីពី​អាកាសធាតុ​ធ្វើ​នៅ​ក្នុង​ប្រទេស​ផលិត​ប្រេង​នោះ? រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​១៩៧ប្រទេស និង​សហភាព​អឺរ៉ុប ​ បាន​មក​ជួប​ជុំ​គ្នានៅក្រុង​ឌូបៃ ពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​នេះរហូត​ដល់​ថ្ងៃទី ១២​ធ្នូ​២០២៣ ដើម្បី​បើក​សន្និសីទប្រចាំ​ឆ្នាំ​ស្តីពី​អាកាសធាតុ​ លើក​ទី​ ២៨ COP28។ ​សន្និសីទ​​នេះ​ជា​ឱកាស​​ជជែក​អំពីការ​ប្រយុទ្ធប្រឆាំង​នឹងការ​ប្រែប្រួល​អាកាសធាតុ រួម​គ្នា​តែ​មួយ​គត់​ក្នុង​កំរិត​ពិភពលោក​។ហេតុអ្វី​COP28 ​ជា​ជំនួប​ដ៏សំខាន់​ខ្លាំង?ថ្វីបើឥស្សរជន​សំខាន់ៗ ដូច​យ៉ាង​ប្រធានាធិបតី​អាមេរិក ចិន មិន​បាន​អញ្ជើញ​មក​ចូល​រួមដោយ​ផ្ទាល់​ក៏​ដោយ ក៏​​COP28 ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំនួប​ដ៏​ធំ ដែល​ប្រមូល​ផ្តុំ​អ្នក​ចូល​រួម​ដល់​ទៅ​​ប្រមាណ​៧ម៉ឺន​នាក់ និង​ជាសន្និសីទ​ដ៏​​សំខាន់​បំផុត​។តាំងពី​មាន​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ក្នុង​COP21មក​ សន្និសីទអាកាសធាតុ​ឆ្នាំ​បន្ត​បន្ទាប់​ជា​ការ​បន្ត​ដាក់​ឱ្យ​ដំណើរការ​នូវ​កម្មវត្ថុ​គោល​ គឺ​ទប់​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​នៃ​ភព​ផែន​ដី​ឱ្យ​នៅក្រោម​ពីរ​អង្សានៅ​ដំណាច់​សតវត្សរ៍ និង​បើ​អាច​ឱ្យ​ឡើង​ត្រឹម​តែ​១អង្សា​កន្លះ​បើ​ប្រៀប​ទៅ​នឹង​សម័យ​មុន​ឧស្សាហកម្ម។COP24 ឬ​COP26 បាន​លម្អិត​ពី​ផែនការ​នៃ​កិច្ចព្រមព្រៀងអាកាសធាតុ​​ក្រុង​ប៉ារីស២០១៥។ តែ​​ឆ្នាំ​នេះ COP28បាន​ដើរ​មក​ដល់​​របត់​ថ្មី។ រដ្ឋ​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស មិន​ត្រឹម​តែ​ត្រូវ​ព្រមព្រៀង​អំពី​លើ​វិធានការ​ត្រូវ​ធ្វើ​ដើម្បី​អាកាសធាតុ​ទេ តែ​ត្រូវ​បញ្ជាក់​ថា​តើ​ចាត់​វិធានការ​នោះ​យ៉ាង​ដូចម្តេច​ទៀត។ពោល​គឺ​ក្នុង​រយៈ​ពេលពីរ​សប្តាហ៍​នេះ ​​​សន្និសីទ​មាន​បេសកកម្មដ៏ធំ​មួយ គឺបញ្ចេញ​​តុល្យការពិភពលោក​​នៃកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ប្រែប្រួល​អាកាសធាតុ​​តាំងពី​មានកិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស COP21 ឆ្នាំ​២០១៥។ ​គេ​បាន​ដឹង​ជា​ស្រេច​ហើយ​ថា​តុល្យការ​មិន​សូវ​ល្អ​ទេ ​បើយោង​តាម​របាយការណ៍​កាលពី​ខែ​តុលា។ នៅក្នុង​ការ​សិក្សា​​ចុងក្រោយ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពីអាកាសធាតុ ផែនដី​កំពុង​ឡើង​កម្តៅ​ក្នុង​ទិសដៅ​ ២,៥​ទៅ​២,៩​អង្សា​នៅ​ដំណាច់​សតវត្សរ៍​ ពោល​គឺ​ឆ្ងាយ​ពី​កម្មវត្ថុ​ក្រុង​ប៉ារីស​ឆ្ងាយណាស់។ ប៉ុន្តែ​ ​មនុស្សជាតិ​​នៅ​តែ​អាច​កំរិត​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​ផែន​ដី​បាន​នៅ​ឡើយ ប្រសិន​បើ​មាន​សកម្មភាព​ភ្លាម​និង​ខ្លាំងក្លា។ដូច្នេះ​ទោះ​ល្អ​ឬ​មិន​ល្អ​​​​ក៏​ដោយ ក៏​​​​​​តុល្យការសរុប​បាននៅក្នុង​សន្និសីទ​លើក​នេះ​នឹង​អាច​ជួយ​ចង្អុល​បង្ហាញ​ឱ្យ​ឃើញ​អំពី​ចំណុច​ខ្វះ​ខាត​ ហើយ​​COP28ត្រូវ​កំណត់​អំពី​កម្មវត្ថុ​ដែល​ត្រូវ​ធ្វើ​នៅ​ដំណាក់កាល​បន្ទាប់​ ពី​ពេល​នេះ​ដល់ឆ្នាំ​២០៣០ ដើម្បី​តម្រែតម្រង់​ទិស​។កម្មវត្ថុនេះ ត្រូវ​សម្រេច​ព្រមព្រៀង​ដោយ​​រដ្ឋជា​សមាជិក​ទាំង​អស់ ប៉ុន្តែ​សន្និសីទ​កំពុង​ខ្វែង​គ្នា​លើ​បី​ចំណុច​ធំៗ។COP28នឹង​សម្រេច​ដើរ​ចេញ​ពី​ថាមពលផូស៊ីល​?ទីមួយ​គឺអនាគត​ថាមពល​ផូស៊ីល។ ថាមពល​ផូស៊ីលដែល​​រួម​​មាន ថាមពល​ធ្យូងថ្ម ប្រេងកាត​ ប្រេងសាំង និង​ឧស្ម័ន​ហ្កាស ជា​ដើមហេតុ​នាំចម្បងនាំ​​មាន​ឧស្ម័នផ្ទះកញ្ចក់និង​ការ​ឡើង​កម្តៅ​នៃភពផែន​ដី​។ នៅក្នុង​COP26 រដ្ឋ​ជា​ច្រើន​បាន​ប្តេជ្ញា​បោះបង់​ថាមពលធ្យូងថ្ម​ជា​បណ្តើរៗ​​បន្តិចម្តងៗ​។ តែ​​ថាមពល​ផូស៊ីលផ្សេងទៀត​មិន​ត្រូវ​បាន​លើក​មក​និយាយ​ទេ។ ​អ៊ីចឹង​ហើយ​បាន​ជា​​រដ្ឋខ្លះ​ព្រមទាំង​អង្គការក្រៅ​រដ្ឋាភិបាល​ចង់​លើ​យក​បញ្ហាចំហេះ​ផូស៊ីល​ទាំងអស់​​មក​លាត​ត្រដាង​នៅលើ​តុ​សន្និសីទCOP28នេះ។ត្រូវ​និយាយ​អំពី​ថាមពល​ផូស៊ីល​ដែល​ជា​ប្រធានបទ​ដ៏​រសើប​បំផុតហើយ ​សន្និសីទត្រូវ​ប្រព្រឹត្ត​ទៅនៅក្នុង​ប្រទេស​ផលិត​ថាមពល​ផូស៊ីលទៀត។ ​ម្ចាស់​ផ្ទះ​អ្នក​រៀប​ចំសន្និសីទអេមីរ៉ាតអារ៉ាប់រួមជា​ប្រទេស​ផលិត​ប្រេង​(ថាមពលផូស៊ីល) លំដាប់​ទី​៧​នៅលើ​ពិភពលោក​។ អេមីរ៉ាតអារ៉ាប់រួម​និង​បណ្តាប្រទេសដែល​​រំពឹង​ខ្លាំង​លើ​ថាមពល​ផូស៊ីល​ ចង់​ឱ្យ​COP28​ផ្ចង់​គិត​គូរលើ​បច្ចេកវិទ្យាទំនើប​ជាន់​ក្រោយ​សម្រាប់​ចាប់​និង​ស្តុក​ទុក​ឧស្ម័ន​កាបូនិក​ មិន​ឱ្យ​សាយភាយបំពុល​​បរិយាកាស ដែល​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​ក៏យល់​ថា​ជា​បច្ចេកវិទ្យា​អាច​ជួយ​សម្រេច​កម្មវត្ថុ​អាកាសធាតុ​បាន និងចង់​ផ្តោត​ការ​​គិត​គូរ​ខ្លាំង​ដល់​​ថាមពល​កើត​ឡើង​វិញ។ថាមពល​កើត​ឡើង​វិញ​ ជា​ចំណុច​ខ្ទាស់ទីពីរ។  សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​អេមីរ៉ាត​ស្នើ​កំណត់​កម្មវត្ថុ​ បង្កើនសមត្ថភាព​​ប្រើប្រាស់​ថាមពល​ស្អាតបីដង​។ គ្រប់​គ្នា​ពេញ​ចិត្ត​នឹង​​គំនិតផ្តួចផ្តើម​នេះ​តែ​អង្គការ​ការពារបរិស្ថាន​ខ្លាច​ថា​COP28ជា​ការ​បង្វែរ​ចំណាប់​អារម្មណ៍​ចេញ​ពី​ការ​គិត​គូរ​បញ្ចប់​ការ​ប្រើប្រាស់​ថាមពល​ផូស៊ីល។ ​ថាមពល​កើត​ឡើង​វិញ​ក៏ពិត​ជា​​សំខាន់​ខ្លាំងមែន​ហើយ​ គ្រាន់​តែ​ថា​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ពួកគេ​ត្រូវ​ការ​ហិរញ្ញវត្ថុសម្រាប់​ធ្វើ​វិនិយោគថាមពលស្អាត។ តើ​បាន​ថវិកា​មកពីណា?តើ​នរណា​ជា​អ្នក​ផ្តល់​ហិរញ្ញប្បទាន​អាកាសធាតុ? នេះ​ចំណោទ​ទីបី ដែល​នឹង​មាន​តស៊ូ​មតិ​យ៉ាង​ផុសផុស​ក្នុងរយៈ​ពេល​១៤​ថ្ងៃ​នៃ​សន្និសីទ។ កាលពី​COP27 បាន​សម្រេច​បង្កើត​មូលនិធិ​ ប៉ះប៉ូវ​ការ​ខូចខាត សម្រាប់ជួយប្រទេស​ក្រីក្រ​និ​ងកំពុង​អភិវឌ្ឍន៍ដែល​​ជា​ជនរងគ្រោះ​មហន្តរាយ​អាកាសធាតុ​បណ្តាល​មក​ពីការ​ប្រែប្រួល​អាកាសធាតុ។ បើ​តាម​របាយការណ៍​របស់​សាកលវិទ្យាល័យ​Delaware ក្នុងមួយ​ឆ្នាំ​២០២២ ការប្រែប្រួលអាកាសធាតុ​បាន​ធ្វើ​ឱ្យ​ពិភពលោក​ខាង​បង់​អស់​ដល់​៦,៣%​នៃ​ផលិតផលសរុប​របស់​ពលរដ្ឋសកម្ម​​នៅលើ​ផែន​ដី​។ ជា​ការ​ខាត​បង់​ដោយ​ផ្ទាល់​ ដោយ​ការ​ខាត​បង់​ផលិតកម្ម​ក្នុង​ស្រុក ទិន្និផលកសិកម្ម​ និង​ថាមពល ព្រមទាំង​ជា​ការ​ខាត​បង់​ក្នុង​វិស័យ​វិនិយោគ។ ហើយ​ដោយ​គ្មាន​ការ​ភ្ញាក់ផ្អើល គឺ​ប្រទេស​ដែល​មិន​ជឿន​លឿន​ កំពុង​​អភិវឌ្ឍន៍​ដែល​រងគ្រោះ​និង​បន្ទុក​ធ្ងន់ជាងគេ។ក្រុមប្រទេសអ្នក​មាន​បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រុម​ប្រទេស​ក្រីក្រី​ចំនួន ១០០ពាន់​លាន​។​ ពាក្យ​សន្យា​ត្រូវ​សម្រេច​ឱ្យ​បាន​ជាក់​ស្តែង​នៅ​ឆ្នាំ​នេះ។ តែ​សេចក្តី ត្រូវការ​ មានទំហំ​ដល់​ទៅ​២ទ្រី​លាន(២០០០ពាន់​លាន)​ឯណោះ​ក្នុង​មួយ​ឆ្នាំៗ។ក្រៅ​អំពី​ខ្លឹម​សារ​នៃ​​ប្រធានបទ​ខ្វែង​គ្នា​នេះ ជោគវាសនា​និង​ជំនឿ​ទុក​ចិត្ត​លើ​​COPកំពុង​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង។ ប្រសិន​បើ​COP28 មិន​អាច​សម្រេច​លទ្ធផល​អ្វី​ដោយ​ជាក់លាក់​និង​ប្រកប​ដោយ​មហិច្ឆតា​ទេ នៅ​​៨​ឆ្នាំក្រោយ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ក្នុង​ពេល​ដែល​ឧស្ម័ន​ផ្ទះ​កញ្ចក់​ កាបូន បន្ត​កើន​ឡើង​ជា​លំដាប់ ហើយ​ប្រមុខ​ដឹកនាំ​សន្និសីទ​ជា​ប្រទេស​ផលិតប្រេង​ទៀត នោះពិភពលោក​ច្បាស់​ជា​អស់​ជំនឿ និង​បន្ទោស​​COPជា​មិន​ខាន៕
11/30/20236 minutes, 55 seconds
Episode Artwork

មួយខែនៃសង្រ្គាមហ្កាហ្សា អ៊ីស្រាអែល​ប្រកាសគម្រោង​គ្រប់គ្រងសន្តិសុខ​ហ្កាហ្សា នៅក្រោយសង្រ្គាម

គិតមកត្រឹមថ្ងៃទី​៧​វិច្ឆិកា មានរយៈពេល​មួយខែគត់​ដែល ​អ៊ីស្រាអែល​បើក​ការវាយប្រហារសងសឹក​ក្រុមហាម៉ាស ក្នុងទឹកដី​ហ្កាហ្សា បន្ទាប់ពីក្រុមនេះ​បើក​ការវាយឆ្មក់​ចូល​ទឹកដីអ៊ីស្រាអែល ដោយ​សម្លាប់មនុស្ស​ប្រមាណ ១៤០០នាក់ និង​ចាប់ជាចំណាប់ខ្មាំង ជាង​២៤០នាក់ កាលពីថ្ងៃទី​៧តុលា។ ការវាយប្រហារ​ផ្លូវអាកាស ផ្លូវគោក របស់​កងទ័ព​អ៊ីស្រាអែល​ទៅលើ​ទឹកដី​ហ្កាហ្សា នៅ​រយៈពេល​មួយខែ​មកនេះ បានសម្លាប់មនុស្ស​ប្រមាណ ១ម៉ឺន​នាក់។ នេះ​បើតាម​តួលេខ​ផ្តល់ដោយ​ក្រសួង​សុខាភិបាល​ហាម៉ាស។ សង្រ្គាមហ្កាហ្សា ដែលអ៊ីស្រាអែល​បានដាក់ទិសដៅ គាស់រំលើង​ក្រុមហាម៉ាស ប៉ាឡេស្ទីន​បានបណ្តាល​ឲ្យហ្កាហ្សា​ដែលមាន​ប្រជាជន​រស់នៅ​ជាង ២លាននាក់ កំពុង​ជួប​វិបត្តិ​មនុស្សធម៌ វិបត្តិ​ជនភៀសខ្លួន​ដ៏ធ្ងន់ធ្ងរ។ មួយខែ​ក្រោយ​អំពើហិង្សា​សម្លាប់​មនុស្ស របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ក្នុងទឹកដី​អ៊ីស្រាអែល តើ​អ្វីទៅជា​តុល្យការចុងក្រោយ នៃ​ការវាយប្រហារ​សងសឹក​របស់​អ៊ីស្រាអែល​ទៅលើក្រុមហាម៉ាស នៅទឹកដី​ហ្កាហ្សា? គិតមកទល់ថ្ងៃអង្គារ ទី៧​វិច្ឆិកា សង្រ្គាម​ហ្កាហ្សា​មាន​រយៈពេល​១ខែគត់។ ១ខែ​គត់​ដែល​អ៊ីស្រាអែល​បើកការវាយប្រហារសងសឹក​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ដែល​បាន​បញ្ជូន​កងកុម្មង់ដូរ ចូលទៅវាយឆ្មក់ សម្លាប់ប្រជាជន​ស៊ីវិល នៅក្នុង​ទឹកដី អ៊ីស្រាអែល។ យោងតាម​អ៊ីស្រាអែល នៅថ្ងៃទី ៧តុលា សកម្មជន​ប្រដាប់អាវុធ​ហាម៉ាស​ជាង ២០០០នាក់ ដែល​បាន​បំផ្លាញ​ជញ្ជាំង​ព្រំដែនខ័ណ្ឌហ្កាហ្សាជាមួយ​អ៊ីស្រាអែល​ចំនួន ២៩​កន្លែង បាន​ទទួល​បញ្ជា​ឲ្យ​ទៅ​បង្កសកម្មភាព​ភេរវនិយម សម្លាប់​ប្រជាជន​ស៊ីវិល​អ៊ីស្រាអែល​ឲ្យបាន​ច្រើនបំផុត។ ការវាយឆ្មក់​របស់​កងកម្ម៉ង់ដូរ​ហាម៉ាស ទៅលើ​ទីក្រុង​ភាគខាងត្បូង​អ៊ីស្រាអែល បាន​សម្លាប់​មនុស្សជាង ១៤០០នាក់ ដែល​ភាគច្រើន​ជា​ប្រជាជន​ស៊ីវិល ចំណែក​មនុស្ស​ជាង​២៤០​ត្រូវ​ពួកហាម៉ាស​ចាប់ជា​ចំណាប់ខ្មាំង លាក់ទុកក្នុងទឹកដីហ្កាហ្សា។ ប្រកាសសង្រ្គាមសងសឹកភ្លាមៗ​ទៅលើ​ពួកហាម៉ាស អ៊ីស្រាអែល​បដិសេធ​បទឈប់បាញ់គ្រប់ទម្រង់ ថ្វីបើ​អ៊ីស្រាអែល​រងការដាក់សម្ពាធ​ពីគ្រប់ទិស ដោយសារ​ចំនួន​មនុស្សស្លាប់​កាន់តែ​កើនឡើង នៅ​ក្នុង​ការវាយប្រហាររបស់​អ៊ីស្រាអែល​ទៅលើ​ទឹកដីហ្កាហ្សា។មួយខែ​បើកសង្រ្គាម​ហ្ហាហ្សា អ៊ីស្រាអែលនៅតែបដិសេធ​មិន​អនុវត្តបទឈប់បាញ់មួយខែ​ក្រោយ​បើកសង្រ្គាមសងសឹក ក្រុមហាម៉ាស​ប៉ាឡេស្ទីន នៅ​ទឹកដីហ្កាហ្សា អ៊ីស្រាអែល​នៅតែ​ប្រកាន់ជំហរតឹងរ៉ឹង មិន​ព្រម​អនុវត្ត​បទ​ឈប់បាញ់ ដោយ​នៅ​តែបន្ត​ជញ្រ្ជំ ទម្លាក់គ្រាប់ ទៅ​លើ​ទឹកដី​ហ្កាហ្សា។ នៅ​យប់​ថ្ងៃអាទិត្យ​ឈាន​ចូល​ដល់​ថ្ងៃ​ចន្ទ ដែលជិត​ដល់​គម្រប់​រយៈពេល​១ខែ គត់​នៃ​សង្រ្គាមសងសឹក​ក្រុមហាម៉ាស​ប៉ាឡេស្ទីន អ៊ីស្រាអែល​បើក​ការវាយប្រហារ​ដ៏​សន្ធឹក ខ្លាំងជាង​ពេលណាៗ​ទាំងអស់ ទៅលើ​ទីតាំង​របស់​ក្រុមហាម៉ាស នៅក្នុង​ទឹកដី​ហ្កាហ្សា។ យោង​តាមការចុះផ្សាយ​របស់​ទស្សនាវដ្តី​កងទ័ពអ៊ីស្រាអែល ប្រតិបត្តិការយោធា​ទាំងផ្នែកផ្លូវអាកាស និងជើងគោក​របស់​អ៊ីស្រាអែល នៅដើមសប្តាហ៍នេះ​បានសម្លាប់​សកម្មជនហាម៉ាស និងបំផ្លាញ​ទីតាំង​យោធា កន្លែងស្តុកទុកអាវុធ គ្រាប់រ៉ូក្កែត​របស់​ក្រុមហាម៉ាស​ជាច្រើន​កន្លែង។ ប៉ុន្តែ ទូរទស្សន៍​ហាម៉ាស ឈ្មោះ Al-Aqsa​បាន​ផ្សាយថា ការទម្លាក់គ្រាប់​របស់​កងទ័ព​អ៊ីស្រាអែល នៅ​យប់ថ្ងៃ​អាទិត្យ សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាងតិច ៧៥នាក់។ យោងតាម ក្រសួងសុខាភិបាល​ហាម៉ាស ដែលជា​អ្នកបញ្ចេញ​ផ្សាយ​តួលេខ​ជនរងគ្រោះ​នៅ​ហ្កាហ្សារហូតមក ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​តំបន់​ហ្កាហ្សា នៅ​មួយខែ​មកនេះ បាន​សម្លាប់​មនុស្ស​យ៉ាងតិច ១ម៉ឺននាក់ ដែលនៅក្នុងនោះ ៤ពាន់នាក់​ជា​កុមារ និង​បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ​ផ្ទះសម្បែង មន្ទីរពេទ្យ សាលារៀន​ជាច្រើនកន្លែង រួម​ទាំង​ជំរំជនភៀសខ្លួន​គ្រប់គ្រង​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ហ្កាហ្សា។សង្រ្គាម​ហ្កាហ្សា​មិនត្រឹម​បង្ក​ឲ្យមានការបាត់បង់ជីវិត​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន ជាពិសេស ជា​កុមារ ប៉ុន្តែ វា​បានបណ្តាល​ឲ្យ​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ បន្ទាប់ពី​មនុស្ស​ជាង ១លាន ៥សែននាក់ ត្រូវ​បង្ខំ​ឲ្យផ្លាស់ទី បោះបង់​ចោលផ្ទះសម្បែង នៅហ្កាហ្សា ដែល​រងការទម្លាក់គ្រាប់បែក​គ្មានលោះថ្ងៃ​របស់​កងទ័ព​អ៊ីស្រាអែល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយទែរស្ក៍ នៅថ្ងៃ​អង្គារ​បាន​ទាមទារ​ឲ្យ​មាន​បទឈប់បាញ់​បន្ទាន់ ព្រោះថា ហ្កាហ្សា ដែល​រងការវាយប្រហារ​ផ្លូវអាកាស​របស់​អ៊ីស្រាអែល​កំពុង​ក្លាយ​ជា​វាលកប់ខ្មោច​កុមារប៉ាឡេស្ទីន។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ថ្កោលទោស​ផង​ដែរ ការវាយប្រហារ​របស់​ក្រុមហាម៉ាស ប្រើទឹកដីលីបង់ ដើម្បី​បន្ត​បាញ់គ្រាប់រ៉ូក្កែត ចូលទឹកដី​អ៊ីស្រាអែល។ពិភពលោក​បែកបាក់ ដោយសារ​សង្រ្គាម​ហ្កាហ្សានៅចំពោះមុខ​សង្រ្គាម​ហ្កាហ្សា ពិភពលោក​បែកបាក់គ្នា ជាពីរក្រុម ដោយ​មិនក្រុម​​ការពារ​បុព្វហេតុប្រជាជន​ប៉ាឡេស្ទីន​នៅហ្កាហ្សា ដែល​ស្លាប់ រងគ្រោះ អត់ឃ្លាន ដោយសារ​ការវាយប្រហារ​របស់​កងទ័ពអ៊ីស្រាអែល និង​មួយក្រុមទៀតជាអ្នកចេញមុខការពារ​អ៊ីស្រាអែល ក្នុងការប្រើសិទ្ធិ​ការពារខ្លួន នៅក្រោយ រងការវាយប្រហារភេរវកម្ម​របស់​ក្រុមហាម៉ាស។សហគមន៍អន្តរជាតិ​វិញ​នៅតែ​មិនអាច​រក​ចំណុចរួមមួយ ដើម្បី​ទាមទារ​ឲ្យមានបទឈប់បាញ់​នៅហ្កាហ្សា។ ជាក់ស្តែង ទោះ​អ៊ីស្រាអែល​បើកការវាយប្រហារ​ទម្លាក់គ្រាប់លើ​ហ្កាហ្សា ដែលបាន​សម្លាប់ប្រជាជន​ប៉ាឡេស្ទីន ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅតែ​បរាជ័យ មិនអាចចេញសេចក្តីសម្រេចទាមទារ​ឲ្យមានបទឈប់បាញ់​នៅហ្កាហ្សា។ អាមេរិក​ផ្ទាល់​ដែលជាសម្ព័ន្ធ​របស់អ៊ីស្រាអែល​បាន​វេតូ ប្រឆាំង​សេចក្តីសម្រេច ក្នុងហេតុផលថា អ៊ីស្រាអែល​មាន​សិទ្ធិការពារខ្លួន នៅចំពោះមុខការវាយប្រហារ​ភេវរកម្ម​របស់​ក្រុមហាម៉ាស។ ដោយ​ផ្អែកលើ​ការលើកឡើង​របស់​អ៊ីស្រាអែល អាមេរិក​ប្រាប់ទៅក្រុមប្រឹក្សា​សន្តិសុខ​ថា បទឈប់បាញ់​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហាម៉ាស​មាន​ឱកាស​ប្រមូលកម្លាំងដើម្បីបន្តសង្រ្គាមរ៉ាំរ៉ៃ​ជាមួយ​អ៊ីស្រាអែល។ថ្វីបើចេញមុខការ​ការពារ​អ៊ីស្រាអែល ដែលបដិសេធ​បទឈប់បាញ់ នៅហ្កាហ្សា ប៉ុន្តែ អាមេរិក​ដែល​រងការរិះគន់​ដោយសារ​ធ្វើមិនដឹងមិនឃើញ ចំនួនមនុស្សស្លាប់​ដោយសារ​ការទម្លាក់គ្រាប់​របស់​អ៊ីស្រាអែល បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​អនុវត្ត​បទឈប់បាញ់​មនុស្សធម៌ ឬ​យ៉ាង​ហោច​បទឈប់បាញ់តាក់ទិក ដែលមានន័យ​ផ្អាកការប្រយុទ្ធប៉ុន្មានម៉ោង ដើម្បី​បើកផ្លូវជម្លៀសមនុស្ស​ចេញពី​ការប្រយុទ្ធនៅ​ហ្កាហ្សា​ខាងជើង រវាង​អ៊ីស្រាអែល និងក្រុមហាម៉ាស។ នៅក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​G​៧ នៅទីក្រុង​តូក្យូ នៅថ្ងៃ​អង្គារ​នេះ អាមេរិក តាមរយៈ​រដ្ឋមន្រ្តីការបរទេស លោក​អង់តូនី ប្លីងកិន ត្រូវ​ព្យាយាម​បញ្ចុះបញ្ចូល ប្រទេស​សមាជិក​ដទៃទៀត ឲ្យគាំទ្រ​បទឈប់បាញ់​តាក់ទិកដែលអាមេរិកស្នើទៅ​ភាគីអ៊ីស្រាអែល។នៅក្រោយ​ចប់សង្រ្គាម អ៊ីស្រាអែល​គ្រោង​កាន់កាប់​ផ្នែកសន្តិសុខនៅហ្កាហ្សាទោះរងការដាក់សម្ពាធ ពីសហគមន៍អន្តរជាតិ ការទាមទារ​របស់​អាមេរិកដែលជា​សម្ព័ន្ធមិត្ត និង​ការគំរាម​របស់​ប្រទេស​អារ៉ាប់ ដូចជា​អ៊ីរ៉ង់​ជាដើម​ដែលបានព្រមាន​ពីការរីករាលដាល​ទៅជាសង្រ្គាមតំបន់ អ៊ីស្រាអែល​នៅតែ​រឹងទទឹង មិនប្តូរជំហរ​របស់ខ្លួន។ នៅថ្ងៃ​អង្គារនេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​បាន​បញ្ជាក់សាជាថ្មីថា អ៊ីស្រាអែល​នឹង​មិន​អនុវត្ត​បទឈប់បាញ់ ដាច់ខាត ដរាបណា​ក្រុមហាម៉ាស​មិន​ដោះលែង​ចំណាប់ខ្មាំង ជាង ២៤០​នាក់ ដែលកំពុង​ក្រុមហាម៉ាស​ចាប់យកទៅលាក់​ទុក​នៅហ្កាហ្សា។អ៊ីស្រាអែល​មិនត្រឹម​បដិសេធ​បទឈប់បាញ់ ប៉ុន្តែ ដោយ​ប្រកាស​សន្យា​គាស់រំលើង កម្ទេច​ក្រុមហាម៉ាស​ឲ្យបាត់មុខ​ពីទឹកដីហ្កាហ្សា ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល​អះអាងនៅថ្ងៃ​អង្គារ​ថា នៅក្រោយ​ចប់សង្រ្គាម​វាយប្រហារ​ទៅលើ​ហាម៉ាស អ៊ីស្រាអែល​នឹង​ចូលទៅគ្រប់គ្រង​ផ្នែក​សន្តិសុខ​នៅហ្កាហ្សា សាជាថ្មីឡើងវិញ បន្ទាប់ពី​អ៊ីស្រាអែល​ដក​ខ្លួនចេញ​ពី​ហ្កាហ្សានៅ​ឆ្នាំ ២០០៥។ សម្រាប់​នាយកដ្ឋមន្រ្តី​អ៊ីស្រាអែល ដោយសារ​តែ​ហ្កាហ្សា​ធ្លាក់ក្រោម​គ្រប់គ្រង​របស់​ក្រុមហាម៉ាស នៅ​ឆ្នាំ ២០០៧ ហ្កាហ្សាលែង​ស្ថិត​ក្រោមការគ្រប់គ្រង​សន្តិសុខ​របស់​អ៊ីស្រាអែល ខណៈពេល​ក្រុមហាម៉ាសប្រែក្លាយ​ទឹកដី​ហ្កាហ្សា​ទៅជា​មូលដ្ឋានទ័ព​ដ៏រឹងមាំ ដើម្បី​បើកប្រតិបត្តិការ​ធ្វើភេរវនិយម​សម្លាប់​មនុស្ស​នៅទឹកដី​អ៊ីស្រាអែល។អ៊ីស្រាអែល និង​អាមេរិក​កាន់តែ​ឯកោសង្រ្គាមសងសឹករបស់អ៊ីស្រាអែល ដែលបាន​សម្លាប់ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន​ជារៀងរាល់ថ្ងៃ បាន​បណ្តាល​ឲ្យមាន​រលកបាតុកម្ម កើតឡើង​នៅទូទាំងពិភពលោក មិនថា នៅប្រទេស​ដែល​កាន់សាសនា​អ៊ីស្លាម ឬនៅប្រទេស​សម្ព័ន្ធមិត្ត​របស់អ៊ីស្រាអែល ដូចជា​អាមេរិក​ជាដើម។ នៅអាមេរិក បារាំង អាល្លឺម៉ង់ បាតុកម្ម​ត្រូវ​បាន​រៀបចំ​ជាច្រើនកន្លែង ដើម្បី​ទាមទារ​ឲ្យអ៊ីស្រាអែល​អនុវត្ត​បទឈប់បាញ់ បើកផ្លូវ​ឲ្យគេនាំជំនួយមនុស្សធម៌​សម្រាប់ប្រជាជន​ប៉ាឡេស្ទីន។ចង់ ឬ​មិនចង់ ការវាយប្រហារ​ដោយ​មិនសំចៃដៃរបស់​កងទ័ពអ៊ីស្រាអែល ​ទៅលើ​ទឹកដីភាគខាងជើង​ហា្កហ្សា បានសម្លាប់ប្រជាជន​ស៊ីវិល រដ្ឋាភិបាល​អ៊ីស្រាអែល និង​អាមេរិកដែលចេញមុខ​គាំទ្រ​ទាំងផ្នែក​ហិរញ្ញវត្ថុ និងជំនួយយោធា​សម្រាប់​អ៊ីស្រាអែល បានរងការរិះគន់ និង​នៅឯកោ​ជាងពេលណាៗទាំងអស់។ ដោយសារ​តែ​អ៊ីស្រាអែល​នៅតែ​រឹងទទឹង​មិនព្រមផ្អាកការវាយប្រហារ​ហា្កហ្សា ដែលបាន​សម្លាប់ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន ប្រទេស​អារ៉ាប់មួយចំនួន ដែល​ធ្លាប់​រាប់រក​អាមេរិក​និង​អ៊ីស្រាអែល​បានដកខ្លួន​ឃ្លាតឆ្ងាយ និង​ដកទូត​របស់ខ្លួន​ចេញពី​អ៊ីស្រាអែល។  នៅតាម​បណ្តាប្រទេស​កាន់សាសនា​អ៊ីស្លាម បាតុកម្ម​ប្រឆាំង​អាមេរិក និងអ៊ីស្រាអែល បានកើតចំនួន​កាន់តែច្រើន។ ចំណែក ​និន្នាការ​ស្អប់ខឹង ជនជាតិជ្វីហ្វ នៅក្នុង​ពិភពលោក បាន​ហក់កើនឡើងចំនួន ដោយសារ​តែ​សង្រ្គាមអ៊ីស្រាអែល​នៅហ្កាហ្សា៕
11/7/20237 minutes, 55 seconds
Episode Artwork

CPI/ICC៖ ការប្រយុទ្ធ​​នៅហ្កាហ្សាដែលរារាំងដល់ការដឹកស្បៀងទៅឲ្យជនស៊ីវីល អាចជា​ "ឧក្រិដ្ឋកម្មសង្គ្រាម"

សង្គ្រាមរវាងអ៊ីស្រាអែល និង​ក្រុមហាម៉ាសប៉ាឡេស្ទីន បានឈានចូលដល់ថ្ងៃទី​២៤ហើយ បន្ទាប់ពីក្រុមភេរវកម្ម​អ៊ីស្លាមនេះ បាន​សំរុកចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី​៧តុលា សម្លាប់មនុស្ស​ប្រមាណ​១៤០០នាក់ និង​បានចាប់ចំណាប់​ខ្មាំង​ប្រមាណ​២៣០នាក់។ អស់រយៈពេល២ថ្ងៃមកហើយ ដែល​កងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការវាយលុក ចូលក្នុង​តំបន់ហ្កាហ្សាដោយ​ផ្ទាល់ និងបានបន្ត​បាញ់​ប្លោងមីស៊ីលយ៉ាងដំណំ ទៅលើទីតាំងរបស់​ក្រុមហាម៉ាស។​ ប្រជាជនស៊ីវីលប៉ាឡេស្ទីន កំពុងរងទុក្ខវេទនាដ៏​លំបាកបំផុត ដោយ​សារតំបន់ហ្កាហ្សាត្រូវរាំងខ្ទប់ទាំងស្រុង មិនអាចរត់ទៅណាបាន គ្មានជំរក គ្មាន​​ស្បៀងអាហារ និងគ្មាន​ថ្នាំសង្កូវ។ យោងតាមអាជ្ញាធរសុខាភិបាល​ប៉ាឡេស្ទីន យ៉ាងហោចណាស់ មាន​ជនប៉ាឡេស្ទីនស្លាប់​ជាង​៨០០០នាក់ហើយ គិតត្រឹមថ្ងៃទី​៣០តុលា​។​ ឧក្រិដ្ឋកម្មសង្គ្រាម​?មហន្តរាយមនុស្សធម៌ ដែលប្រជាជនស៊ីវីលប៉ាឡេស្ទីនទាំង​ជាង​២លាននាក់​នៅតំបន់​ហ្កាហ្សា កំពុងតែរងគ្រោះ គឺជាការព្រួយបារម្ភដ៏ធំធេង នាពេលនេះ​។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវម្តងហើយម្តងទៀត ឲ្យ​ផ្អាកការប្រយុទ្ធ ដើម្បី​បើក​ផ្លូវដឹកស្បៀងអាហារ ព្រមទាំងជំនួយមនុស្សធម៌ចាំបាច់ជាច្រើនទៀត ដែលប្រជាជននៅហ្សាហ្សា កំពុងតែត្រូវការជាទីបំផុត​។កាលពីថ្ងៃអាទិត្យ ទី​២៩តុលា​ លោក Karim Khan អគ្គរដ្ឋអាជ្ញានៃ​តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានធ្វើ​ដំណើរទៅ​ពិនិត្យ​ស្ថានការណ៍ នៅឯច្រក​រ៉ាហ្វា ព្រំដែន​រវាងតំបន់​ហ្កាហ្សា និងអេហ្ស៊ីប ដែលច្រកនេះគឺជាច្រកតែមួយគត់ ដែលគេអាចដឹកស្បៀងចូលទៅហ្កាហ្សាបាន។ ក៏ប៉ុន្តែ ដោយសារតែការបាញ់​ប្លោងគ្រាប់ ​នៅតែបន្តយ៉ាងសកម្ម ព្រមទាំង​ការវាយប្រយុទ្ធគ្នានៅលើដីដោយផ្ទាល់ផង រវាងកងទ័ពអ៊ីស្រាអែល និង​ក្រុមហាម៉ាស បានធ្វើ​ឲ្យ​ច្រករ៉ាហ្វា នៅតែបិទខ្ទប់ដដែល​ មិនអាចមាន​រថយន្តដឹកស្បៀងចូលទៅបានទេ​។លោកអគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ បាន​លើកឡើងថា ស្ថានការណ៍នេះ​ វាអាចត្រូវបានចាត់ទុកថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។ លោក​បាន​បន្តថា អ៊ីស្រាអែល ត្រូវតែធានាការពារសុវត្ថិភាពដល់បុគ្គលិក​អង្គការមនុស្សធម៌ ហើយត្រូវតែធ្វើយ៉ាងណា ឲ្យប្រជាជនស៊ីវីលប៉ាឡេស្ទីនអាចទទួល​បាន​នូវ​ស្បៀងអាហារ ព្រមទាំងថ្នាំពេទ្យដើម្បី​ព្យាបាលជំងឺនិងសង្គ្រោះអ្នករបួស។​ដូចគ្នាដែរ កាលពីថ្ងៃអាទិត្យ​ ពីទីក្រុងវ៉ាស៊ីនតោន លោក​ចូ បៃដិន បាន​ថ្លែងអំពាវនាវទៅកាន់​លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ថាត្រូវតែធ្វើយ៉ាងណា​ អនុញ្ញាត​ឲ្យ​មានការដឹកស្បៀងចូលទៅហ្កាហ្សា ប្រកបដោយសុវត្ថិភាព។ លោក​ចូ បៃដិន បានរន្ធាន់ថា​ ត្រូវតែបង្កើន​ចំនួនស្បៀងដឹកចូលហ្កាហ្សា ឲ្យ​បានច្រើនបំផុត និងត្រូវតែ​ធ្វើ​ឲ្យ​បាន​ឆាប់បំផុត ព្រោះស្ថានការណ៍​​កំពុង​តែ​អាសន្នខ្លាំង​​​ណាស់។ស្បៀងមិនគ្រប់​​ មនុស្សដណ្តើមគ្នា​!យោងតាម​ការិយាល័យសម្របសម្រួល​កិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (Ocha) កាលពីថ្ងៃអាទិត្យទី​២៩តុលា​ គឺមានស្បៀងអាហារចំនួន​ប្រមាណ​៣៣រថយន្ត ត្រូវបានដឹកចូលតាមច្រករ៉ាហ្វា ទៅកាន់តំបន់​ហ្កាហ្សា។ គិតជាសរុប ចាប់ពីសង្គ្រាម​នេះបាន​ផ្ទុះឡើង មកត្រឹមថ្ងៃទី៣០តុលា គឺមានស្បៀងអាហារនិងជំនួយមនុស្សធម៌ ចំនួន​តែ១១៧រថយន្តប៉ុណ្ណោះ ដែលត្រូវបានដឹកចូលទៅហ្កាហ្សា។​ ពោលគឺជាចំនួនតិចតួចខ្លាំងណាស់ ប្រៀបបាននឹងទឹក​មួយដំណក់ក្នុងមហាស​មុទ្រ​។ តាមធម្មតា ប្រជាជន​នៅតំបន់​ហ្កាហ្សាប្រមាណ​២លាន​៤សែននាក់ ត្រូវការស្បៀងចំនួនជាង១០០កុងទឺន័រ ក្នុងមួយថ្ងៃ​ ទើបគ្រប់​។ស្ថានការណ៍កាន់តែអាសន្ន​និងចលាចលបែបនេះ បានធ្វើ​ឲ្យ​មានការព្រួយបារម្ភខ្លាំងណាស់ ទាក់ទិងការផ្ទុះអំពើហិង្សា លែងមានសណ្តាប់ធ្លាប់សាធារណៈក្នុងចំណោមប្រជាជនស៊ីវីលនៅហ្កាហ្សា។ ដោយសារតែគ្មានស្បៀងអាហារ គ្មានទឹកបរិភោគ និងសម្ភារៈប្រើប្រាស់ ប្រជាជន​ចាប់ផ្តើមចលាចលស្លន់ស្លោ ប្រវាយប្រតប់ដណ្តើមគ្នាយ៉ាងអាណាធិបតេយ្យ​។​យ៉ាងណាមិញ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (Unrwa) បានបញ្ជាក់ឲ្យដឹងថា គេមានការបារម្ភណាស់ អំពី​ភាពចលាចលហិង្សា​​ដែលអាចកើតឡើង ដោយសារតែ​មនុស្ស​ប្រញ៉ាយ​ដណ្តើមគ្នា លែងមានសណ្តាប់ធ្នាប់។ ហេតុការណ៍ មនុស្សចូលទៅប្រមូលយក និង​​​ប្រញ៉ាយដណ្តើមយក​ស្បៀងអាហារ បានកើតឡើងហើយ​ កាលពីថ្ងៃសៅរ៍ទី​២៨តុលា នៅ​ទីតាំង​ស្តុកស្បៀងមួយកន្លែង​ និងទីតាំងចែកស្បៀងច្រើនកន្លែង​ទៀត​។អ៊ីស្រាអែលបន្ថែម​កម្លាំង ចូលកាត់​ផ្តាច់ផ្លូវឆ្លងកាត់ជើង-ត្បូង នៃតំបន់ហ្កាហ្សា​​គួរបញ្ជាក់ថា ទោះជាមានការអំពាវនាវឲ្យឈប់​បាញ់​យ៉ាងណាក៏ដោយ តែ​អ៊ីស្រែអែលនៅតែបន្តប្រយុទ្ធ និង​បន្ថែមកាន់​តែ​សកម្ម​។ កាលពីថ្ងៃអាទិត្យទី៣០តុលា​​ កងទ័ពអ៊ីស្រាអែល បានប្រកាស​បន្ថែម​កម្លាំងទាហាន ដើម្បី​បើកប្រតិបត្តិការ សំរុក​ចូលទៅ​តំបន់​ហ្កាហ្សាកាន់តែជ្រៅ។ អ៊ីស្រាអែល អះអាងថា គេមានកម្មវត្ថុ គឺបោលសំអាតក្រុមហាម៉ាសឲ្យ​វិនាស ទាំងកម្លាំងមនុស្ស ទាំងកម្លាំងសព្វាវុធ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូងក្រោមដីនៅហ្កាហ្សា។យ៉ាងណាមិញ កងទ័ពអ៊ីស្រាអែល បានអះអាងថា នៅរវាង​២៤ម៉ោងចុងក្រោយនេះ គេបាន​វាយកម្ទេចបានជោគជ័យ ទៅលើចំណុចគោលដៅចំនួន​៦០០ របស់​ក្រុមភេរវកម្ម​ហាម៉ាស។ កងទ័ព​ បានកំទេចទីតាំងស្តុកអាវុធរបស់​ក្រុមហាម៉ាស ទីតាំង​បាញ់និងប្រព័ន្ធបាញ់​គ្រាប់រ៉ូកែត និងគ្រាប់មីស៊ីល ព្រមទាំងទីតាំងលាក់ខ្លួន​របស់ពួកហាម៉ាសថែមទៀត។សូមបញ្ជាក់ដែរថា គិតចាប់ពីថ្ងៃសៅរ៍ ជាថ្ងៃដែល​កងទ័ពអ៊ីស្រាអែល​​ បានបើក​ប្រតិបត្តិការសំរុកចូលតំបន់​ហ្កាហ្សា គឺ​ មានមេក្រុមហាម៉ាសជាច្រើននាក់ ត្រូវបាន​កងទ័ពអ៊ីស្រាអែលសម្លាប់បាន​។ ហើយកាលពីយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទ ទី​៣០តុលា ទាហានអ៊ីស្រាអែល បានបញ្ជាយន្តហោះមួយគ្រឿងគ្មានមនុស្សបើក ឲ្យទៅវាយ​ប្រហារចំអាគារមួយកន្លែង ដែល​មាន​សមាជិកហាម៉ាសជាង​២០នាក់សំងំលាក់​ខ្លួន។ហើយនៅព្រឹកថ្ងៃចន្ទ រថក្រោះរបស់កងទ័ពអ៊ីស្រាអែល បានឈានចូលទៅដល់​តំបន់ al-Zetoun ដែលស្ថិតនៅជាយ​ក្រុង​ហ្កាហ្សាស៊ីធី។ វត្តមានរបស់​រថក្រោះអ៊ីស្រាអែលនៅតំបន់នេះ បង្ហាញថា កងទ័ពអ៊ីស្រាអែល បានកាត់ផ្តាច់​​​ផ្លូវ​ Salah al-Deen ហើយ ដែលផ្លូវនេះ​​ជាខ្សែ​ផ្លូវដ៏សំខាន់ ឆ្លងកាត់ពី​ជើងទៅត្បូងនៅ​តំបន់ហ្កាហ្សា​​។​​អ៊ីស្រាអែល​គំរាមបាញ់​ប្លោងគ្រាប់ទៅលើមន្ទីរពេទ្យ?យោងតាមអង្គការ​អឌ្ឍចន្ទក្រហម​ប៉ាឡេស្ទីន គឺ​នៅតំបន់​ក្បែរមន្ទីរពេទ្យជាច្រើនកន្លែងដែលពួកគេគ្រប់គ្រង បានរងនូវការ​បាញ់​ប្លោងមីស៊ីល​ជាច្រើនដង។ អង្គការនេះ លើកឡើងថា ការបាញ់​ប្លោងរបៀបនេះ គឺវាបានគំរាម​យ៉ាងអាសន្នបំផុត ទៅលើអាយុជីវិត​អ្នកជំងឺ អ្នករបួស និង​ប្រជាជនស៊ីវីលប៉ាឡេស្ទីន ដែលមកជ្រកនៅមន្ទីរពេទ្យ​។លោក Bacha Mourad ប្រធានមន្ទីរពេទ្យ al-Quds បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា មន្ទីរ​បានទទួលសារពីភាគីអ៊ីស្រាអែល ឲ្យ​មន្ទីរពេទ្យ​លោក​ជម្លៀស​អ្នកជំងឺ អ្នករបួស និងប្រជាជនស៊ីវីលចេញឲ្យអស់ ក្នុងពេល​ដ៏ឆាប់ ព្រោះកងទ័ពអ៊ីស្រាអែលនឹងបើកការវាយប្រហារ​។នៅចំពោះមុខស្ថានការណ៍​មហន្តរាយមនុស្សធម៌នេះ ព្រឹកថ្ងៃចន្ទទី​៣០តុលា លោកប្រធានអង្គការសុខភាពពិភពលោក បានថ្លែងការអំពាវនាវទៅកាន់អ៊ីស្រាអែល ដោយ​លោក​បានលើកឡើងថា “យើងសូមនិយាយម្តងហើយម្តងទៀត ថា​ការជម្លៀស​​មន្ទីរពេទ្យមួយទាំងមូល ដែលពោរពេញ​ដោយ​​អ្នកជំងឺ​ អ្នករបួស វាជារឿងមួយមិនអាចធ្វើទៅបានទេ។ វាគឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់ ធ្វើឲ្យ​ជំងឺ អ្នករបួស ត្រូវប្រឈមនឹងសេចក្តីស្លាប់​។សូមបញ្ជាក់ថា កងទ័ពអ៊ីស្រាអែល តែងតែបានអះអាងជានិច្ច ថា​ក្រុមហាម៉ាសបានយកប្រជាជនស៊ីវីលជាខែលដើម្បីការពារខ្លួន។ អ៊ីស្រាអែលបានអះអាងថា គេមានភស្តុតាងនិងរូបភាពបញ្ជាក់យ៉ាងច្បាស់ ថា​ទីតាំងសំខាន់ៗនៃរូងក្រោមដីរបស់​ពួកហាម៉ាស គឺធ្វើនៅខាងក្រោមមន្ទីរពេទ្យនៅតំបន់​ហ្កាហ្សា ព្រោះក្រុមភេរវកម្មនេះមិនដែលខ្វល់អំពីអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីនឡើយ។ ជាងនេះទៀត សង្គ្រាមដ៏ធំនេះបានផ្ទុះឡើង គឺដោយសារក្រុមហាម៉ាសជាអ្នកចាប់ផ្តើម ដោយ​បានចូលទៅសម្លាប់​មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត នៅខាងទឹកដីអ៊ីស្រាអែល​ចំនួន​១៤០០នាក់ កាលពីថ្ងៃទី​៧តុលា។​ ក្រុមហាម៉ាសដឹងយ៉ាងច្បាស់ណាស់​ ថា​ប្រតិបត្តិការភេរវកម្មរបស់ខ្លួននេះ នឹងត្រូវរងការឆ្លើយបតបវិញ​ដ៏ធ្ងន់​ ពីសំណាក់អ៊ីស្រាអែល ហើយអ្នករងគ្រោះលំបាក​គឺប្រជាជនស៊ីវីលប៉ាឡេស្ទីន តែក្រុមនេះនៅតែធ្វើ។​ភាគីអ៊ីស្រាអែល បាន​ចោទថា​​ក្រុមហាម៉ាស បាន​​យកមន្ទីរពេទ្យ ជាកន្លែងលាក់អាវុធ និងជាកន្លែងពួនសំងំលាក់ខ្លួនថែមទៀតផង។ កងទ័ពអ៊ីស្រាអែល គ្មានបំណងណាមួយ​សម្លាប់​ប្រជាជនស៊ីវីលប៉ាឡេស្ទីននៅមន្ទីរពេទ្យ​ទេ ហេតុដូច្នេះ​ហើយ ទើប​បានជា​ភាគីអ៊ីស្រាអែល ជូនដំណឹងឲ្យ​ជម្លៀសជនស៊ីវីល​​ចេញពីទីតាំងមន្ទីរពេទ្យ មុននឹងបើកការវាយប្រហារកំទេចក្រុម​ហាម៉ាស។ តែយ៉ាងណា ការចោទរបស់អ៊ីស្រាអែលនេះ ត្រូវបាន​ក្រុមភេរវកម្មហាម៉ាស បដិសេធជានិច្ចដែរ​៕
10/30/20238 minutes, 32 seconds
Episode Artwork

កងទ័ពអ៊ីស្រាអែល​បន្ត​ចូល​ទៅ​ក្នុង​ហ្កាហ្សា ខណៈ​រុស្សី​​ជួប​តំណាង​ក្រុម​ហាម៉ាស​និង​អ៊ីរ៉ង់​នៅម៉ូស្គូ

វេលាទៀបភ្លឺថ្ងៃសុក្រទី​២៧តុលា កងទ័ពអ៊ីស្រាអែល បានចូលទៅក្នុង​តំបន់ហ្កាហ្សាជាលើកទី​២ ដើម្បី​បើក​ប្រតិបត្តិការ​កំទេចទីតាំងរបស់​ក្រុមហាម៉ាស។ នៅឯទីក្រុងម៉ូស្គូឯណោះ កាលពីថ្ងៃព្រសហ្បតិ៍ ក្រុមហាម៉ាសបាននាំគណៈប្រតិភូទៅជួបប្រជុំជាមួយ​ភាគីរុស្ស៊ី​ ខណៈអនុរដ្ឋមន្ត្រី​ក្រសួងការបរទេសអ៊ីរ៉ង់ ក៏មានវត្តមាននៅម៉ូស្គូដែរ។​ កងទ័ពអ៊ីស្រាអែលចូលទៅតំបន់ភាគកណ្តាលហ្កាហ្សាបន្ទាប់​ពីបានចាប់ផ្តើមប្រតិបត្តិការ​​ ចូលទៅភាគខាងជើង​តំបន់​ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ទី​២៦តុលា កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា គេបានបន្ត​សំរុកចូលជាថ្មីម្តងទៀត នៅវេលាទៀបភ្លឺថ្ងៃសុក្រ ទី​២៧តុលា។ ប្រតិបត្តិការថ្មីនេះ បានធ្វើនៅតំបន់​ភាគកណ្តាល នៃតំបន់​ហ្កាហ្សា ដោយ​កងទ័ពអ៊ីស្រាអែល បានប្រើប្រាស់​កម្លាំងរថក្រោះ ជាច្រើនគ្រឿង និងបានត្រូវបាន​ការពារពីលើអាកាស ដោយ​យន្តហោះចម្បាំង​ និងយានដ្រូនថែមទៀត។ ទន្ទឹមគ្នានេះ កងទ័ពអ៊ីស្រាអែល ក៏បានបាញ់​ប្លោងមីស៊ីលជាច្រើនគ្រាប់​ ទៅលើទីតាំងរបស់​ក្រុមហាម៉ាស នៅភាគកណ្តាល​ហ្កាហ្សាដែរ នៅវេលាយប់ថ្ងៃសុក្រ ទី​២៦តុលា។លិខិតប្រកាសរបស់កងទ័ពអ៊ីស្រាអែល ដែលបានចេញផ្សាយ​នៅព្រឹកថ្ងៃសុក្រ បាន​ឲ្យ​ដឹងថា កងទ័ពអ៊ីស្រាអែល​បាន​ចេញពីតំបន់​ហ្កាហ្សាមក​វិញហើយ បន្ទាប់់ពីបានសម្រេចកម្មវត្ថុនៃបេសកកម្ម។ កម្មវត្ថុដែលគេសម្រេចបាន គឺបានកំទេចជើងទម្របាញ់គ្រាប់រ៉ូកែត របស់​ក្រុមហាម៉ាស ជាច្រើនកន្លែង កំទេច​ទីបញ្ជាការដ្ឋានរបស់ក្រុមហាម៉ាស ហើយបាន​សម្លាប់សមាជិក​ក្រុមហាម៉ាស​ជាច្រើននាក់ទៀត​។ លិខិតប្រកាសរបស់កងទ័ពអ៊ីស្រាអែលនេះ មិនបានបញ្ជាក់ទេ ថាខាងអ៊ីស្រាអែលមានរបួសឬស្លាប់​ប៉ុន្មាននាក់ នៅក្នុង​ប្រតិបត្តិការលុកចូល​ហ្កាហ្សានេះ​។គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលកងទ័ពអ៊ីស្រាអ៊ែល សំរុកចូលទៅក្នុងតំបន់ហ្កាហ្សាដោយ​ផ្ទាល់។​ ប្រតិបត្តិការលើកទី​១បាន​ធ្វើកាលយប់ថ្ងៃពុធ ឈានចូលថ្ងៃ​ព្រហស្បតិ៍​ទី​២៦តុលា នៅភាគខាងជើងហ្កាហ្សា។ តាមការសង្កេត​ ប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែល គឺប្រើ​ប្រាស់រថក្រោះ រថពាសដែកចូលទៅហ្កាហ្សា ដើម្បី “វាយប្រហារដោយចំពោះ” ទៅលើទីតាំងមុខសញ្ញាណាមួយរបស់ក្រុមហាម៉ាស ដែលគេបានកំណត់​គោលដៅទុក។ សម្រេចហើយ​ គេដកថយមកខាងអ៊ីស្រាអែលវិញ មុននឹងមានប្រតិបត្តិការថ្មី ចូលទៅ​ម្តងទៀត។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល ធ្លាប់​បានសន្យាហើយថា​នឹងសម្លាប់​សមាជិក​ក្រុមហាម៉ាសម្តងមួយៗ រហូតទាល់តែអស់​។​គួរបញ្ជាក់ដែរថា តាមរយៈរូបភាព​វីដេអូបង្ហាញពីប្រតិបត្តិការ​ចូលទៅហ្កាហ្សា ដែល​ខាងភាគីកងទ័ពអ៊ីស្រាអែលបានផ្សព្វផ្សាយ គឺភាគីអ៊ីស្រាអែលចង់បង្ហាញប្រាប់​មតិមហាជនទូទាំងពិភពលោក ថាកងទ័ពអ៊ីស្រាអែលមានការប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវ​​ខ្ពស់ណាស់​ មិនមែន​ចូលទៅវាយប្រហារ​ដោយ​ឥតរើសមុខនៅក្នុងតំបន់ហ្កាហ្សាទេ។ ពោលគឺគេទៅកម្ទេច តែទីតាំង​និងហេដ្ឋារចនាសម្ព័ន្ធ ​របស់​ក្រុមភេរវកម្ម​ហាម៉ាសតែប៉ុណ្ណោះ។រុស្ស៊ីហៅ​តំណាងក្រុមហាម៉ាស និងអ៊ីរ៉ង់ ទៅប្រជុំនៅម៉ូស្គូ?ស្របពេល​ដែល​អ៊ីស្រាអែលបើកប្រតិបត្តិការចូលក្នុងហ្កាហ្សា ដើម្បីកំទេចក្រុមហាម៉ាស នៅម៉ូស្គូឯណោះ រុស្ស៊ីបាន​ជួបជាមួយតំណាងក្រុមហាម៉ាស និង​តំណាងរដ្ឋាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី​២៦តុលា។ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាន​បញ្ជាក់​ឲ្យដឹងថា តំណាងក្រុមហាម៉ាសប៉ាឡេស្ទីន តំណាងរដ្ឋាភិបាលអ៊ីរ៉ង់ ពិតជាមានវត្តមាននៅក្រុងម៉ូស្គូពិតមែន។ តែយ៉ាងណា មិនមាន​ការបញ្ជាក់​ឲ្យច្បាស់ ថាភាគីទាំង​៣ជួបប្រជុំគ្នា ក្នុងពេលតែមួយ ឬក៏ជាជំនួបដាច់ដោយឡែកពីគ្នានោះទេ។​​ក្រោយដឹងដំណឹងនេះភ្លាម ក្រសួងការបរទេសអ៊ីស្រាអែល បានប្រតិកម្មយ៉ាងខ្លាំង ដោយ​បានបរិហារ​​បន្ទោសរុស្ស៊ី ថាមិនត្រូវទទួល​ជួប​ជាមួយ​ក្រុមភេរវកម្ម​ហាម៉ាសបែបនេះទេ។ លិខិតក្រសួងការបរទេស​អ៊ីស្រាអែល បានលើកឡើងថា ក្រុមហាម៉ាសជាក្រុមភេរវកម្មសាហាវព្រៃផ្សៃ សឹងតែជាង​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមទៅទៀត។ ក្រុមហាម៉ាសជាក្រុមដែលមានបាតដៃប្រឡាក់ឈាម។ កាលពីថ្ងៃទី​៧តុលា​ ជនស៊ីវីលចំនួន​ប្រមាណ​១៤០០ នៅក្នុងទឹកដីអ៊ីស្រាអែល ត្រូវបាន​ក្រុមហាម៉ាសសម្លាប់យ៉ាងសាហាវបំផុត ខ្លះត្រូវពួកវាបាញ់សម្លាប់ ខ្លះដុតទាំងរស់ និងបានចាប់ចំណាប់ខ្មាំងទាំងកុមារ ទាំងមនុស្សចាស់ជរា សរុបជាង​២២០នាក់ថែមទៀត។ផ្អែកតាម​ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី ដែលស្រង់ប្រភពពីមន្ត្រីការទូត គឺគណៈប្រតិភូក្រុមហាម៉ាសទៅម៉ូស្គូ ដឹកនាំដោយមេក្រុមហាម៉ាសម្នាក់ ឈ្មោះ Moussa Abou Marzouk។ ផ្អែកតាមប្រភពនេះ ការជជែកគ្នារវាងរុស្ស៊ីនិងក្រុមហាម៉ាស គឺបានផ្តោតសំខាន់ ទៅលើ​បញ្ហា​ចំណាប់ខ្មាំង​ដែលកំពុងស្ថិតក្នុងដៃក្រុមហាម៉ាស។ បណ្តាញព័ត៌មានរុស្ស៊ី អះអាងថា​ភាគីរុស្ស៊ី បានទាមទារយ៉ាងទទូច ឲ្យក្រុមហាម៉ាស ត្រូវតែពិចារណា ដោះលែងចំណាប់​ខ្មាំង​ជាជនជាតិបរទេសទាំងអស់។ បន្ថែមពីនេះ ភាគីរុស្ស៊ីបាន​លើកឡើងអំពីការជម្លៀសជនជាតិរុស្ស៊ី និងជនបរទេសដែលជាប់​នៅក្នុងតំបន់ហ្កាហ្សា។ដោយឡែក នៅព្រឹកថ្ងៃសុក្រទី​២៧តុលា បណ្តាញ​ព័ត៌មានរុស្ស៊ី​ Kommersant បាន​ចុះផ្សាយថា តំណាង ​ក្រុមហាម៉ាសម្នាក់​ ឈ្មោះ Abou Hamid ដែលមានវត្តមាននៅម៉ូស្គូ បាន​អះអាងប្រាប់ថា​ ក្រុមហាម៉ាសនឹងមិនអាច​ដោះលែង​ចំណាប់ខ្មាំងជាដាច់ខាត ដរាបណាគ្មាន​បទឈប់បាញ់ទេនោះ​។ តំណាងក្រុមហាម៉ាសរូបនេះ បន្ថែមថា ពួកគេត្រូវការពេលវេលា ដើម្បីប្រមូលព័ត៌មាន​និងកំណត់ទីតាំង ថាចំណាប់ខ្មាំងស្ថិតនៅត្រង់ទីតាំងណាខ្លះ។ ប្រភពដដែលនេះ បានអះអាងទៀតថា គិតត្រឹមពេលនេះ យ៉ាងហោច​មាន​ចំណាប់ខ្មាំង​ជិត៥០នាក់ហើយ ដែលបានស្លាប់​ដោយ​ការបាញ់​ប្លោងមីស៊ីល​របស់​អ៊ីស្រាអែល​។​ប្រភពពី​ក្រសួងការបរទេសរុស្ស៊ីវិញ បានឲ្យដឹង​​ថា​ លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស​អ៊ីរ៉ង់ Ali Bagheri Kani ដែលមានវត្តមាននៅម៉ូស្គូ បានជួបប្រជុំជាមួយ​លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Mikhail Bogdanov កាលពីថ្ងៃព្រហស្បតិ៍​។ អ្នកទាំង​២ បាននិយាយគ្នា អំពីភាពចាំបាច់នៅក្នុង​ការ​ឈានទៅបញ្ឈប់​ការផ្ទុះអាវុធនៅហ្កាហ្សា និងតំបន់​ជុំវិញ ហើយនិងការបញ្ជូនជំនួយ​មនុស្សធម៌ ទៅជួយប្រជាជនប៉ាឡេស្ទីន ឲ្យ​បានឆាប់ជាទីបំផុត​។ ភាគីទាំង២ សន្យា​ថានឹងបន្តសហការគ្នា​​ ប្រឹងប្រែង​ការពារស្ថិរភាពតំបន់​ដើមបូព៌ា។លោក ចូ បៃដិន ផ្ញើសារទៅគំរាម​មេដឹកនាំអ៊ីរ៉ង់គួរកត់សំគាល់ថា ស្ថិរភាពតំបន់ដើមបូព៌ា កំពុងតែស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំ ដោយគេបារម្ភថាសង្គ្រាម​រវាងក្រុមហាម៉ាស និង​អ៊ីស្រាអែល អាចនឹងឆាបឆេះរាលដាលពាសពេញតំបន់តំបន់។ អ្វីដែល​គេបារម្ភបំផុត គឺការចូលលូកដៃ របស់អ៊ីរ៉ង់ នៅក្នុងសង្គ្រាមនេះ។ យ៉ាងណាមិញ ដើម្បីបង្ការកំញើញទៅលើអ៊ីរ៉ង់ ឲ្យ​ប្រុងប្រយ័ត្ន អាមេរិក​បានបន្ថែមកម្លាំងទៅក្បែរអ៊ីស្រាអែល។នៅថ្ងៃសុក្រទី​២៧តុលា ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា គេបាន​បើកប្រតិបត្តិការវាយប្រហារ ទៅលើទីតាំង​២កន្លែង ដែលក្រុមប្រដាប់អាវុធជាកូនចៅអ៊ីរ៉ង់ប្រើប្រាស់ ស្ថិតនៅភាគខាងកើត​ស៊ីរី​។ លោក Lloyd Austin បានឲ្យដឹង​ ការវាយប្រហាររបស់កងទ័ពអាមេរិកនេះ គឺជាការវាយប្រហារការពារខ្លួនដ៏ស្របច្បាប់ ឆ្លើយតបវាយបកទៅវិញ បន្ទាប់់ពីក្រុម​ប្រដាប់អាវុធកូនចៅអ៊ីរ៉ង់ បានវាយប្រហារជាច្រើនដង មកលើទី​តាំង​របស់កងទ័ពអាមេរិក ប្រចាំនៅស៊ីរីនិងនៅអ៊ីរ៉ាក់ គិតចាប់ពិថ្ងៃទី​១៧តុលាមក។កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី​២៦តុលា​ លោក John Kirby អ្នកនាំពាក្យ​សេតវិមានបាន​បញ្ជាក់​ឲ្យដឹងថា លោក ប្រធានាធិបតី ចូ បៃដិន បានផ្ញើសារ​ដោយផ្ទាល់ ទៅកាន់ប្រមុខដឹកនាំអ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមឺណី ដោយ​បានក្រើនរំឭកឲ្យអ៊ីរ៉ង់ ត្រូវតែ​បញ្ឈប់​ការវាយប្រហារមក​លើកងទ័ពអាមេរិក ដែលប្រចាំនៅតំបន់ដើមបូព៌ា។ លោក ចូ បៃដិនបាន​គំរាម​ដោយត្រង់ៗថា អ៊ីរ៉ង់ត្រូវតែ​ស្ថិតនៅឲ្យឆ្ងាយ កុំ​ចង់មកលូកដៃ ពង្រីកសង្គ្រាម​រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ឲ្យរីករាលដាលធំ​ឲ្យសោះ។​ជាការពិតណាស់ ប៉ុន្មានថ្ងៃចុងក្រោយនេះ ភាគី​អាមេរិកបានឲ្យដឹងថា ក្រុមប្រដាប់អាវុធកូនចៅអ៊ីរ៉ង់ជាច្រើនក្រុម បានបាញ់មីស៊ីល និង​បានបញ្ជាយានដ្រូន មក​វាយប្រហារមកលើទីតាំងរបស់កងទ័ពអាមេរិក ដែលប្រចាំការនៅ​ស៊ីរី និងនៅអ៊ីរ៉ាក់។ គិតត្រឹមថ្ងៃទី​២៧តុលា ការវាយប្រហាររបៀបនេះ មាន​​ចំនួន​ប្រមាណ១៦ដង នៅអ៊ីរ៉ាក់១២ដង នៅស៊ីរី​៤ដង។ តែភាគច្រើន​នៃការវាយប្រហារនេះ គឺ​មិនបានជោគជ័យទេ ដោយ​គ្រាន់តែបានបណ្តាលឲ្យបុគ្គលិកអាមេរិក​​ របួសស្រាល​​ជាង​២០នាក់។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានសង្កត់ធ្ងន់ថាការវាយបកវិញរបស់អាមេរិក ទៅលើក្រុមប្រដាប់អាវុធអ៊ីរ៉ង់ គឺវាស្ថិតនៅដាច់ដោយឡែក ពី​សង្គ្រាម​ដែលកំពុងកើតឡើងនៅហ្កាហ្សា ហើយ​គោលជំហរអាមេរិក ទាក់ទិននឹងសង្គ្រាមនេះ គឺនៅដដែលមិនប្រែប្រួលទេ៕
10/27/20238 minutes, 9 seconds
Episode Artwork

អ៊ីស្រាអែលផ្តើម​​ផែនការ​វាយលុក​ជើងគោកលើ​តំបន់​ហ្កាហ្សា?

អ៊ីស្រាអែល​បាន​សច្ចា​កម្ចាត់​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ឱ្យ​អស់ ​ក្រោយ​រងការឆ្មក់​​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​ពួក​ហាម៉ាស​កាលពី​ថ្ងៃទី​៧តុលា​២០២៣។ ប៉ុន្តែ​ទោះ​មានពាក្យ​ព្រមាន​អន្តរជាតិ​កាន់​តែ​ច្រើន​ឡើងៗ​យ៉ាង​ក៏​ដោយ​ ក៏​អ៊ីស្រាអែល​មិន​ខ្វល់ដែរ។ ​អ៊ីស្រាអែល​បន្ត​រៀប​ប្រតិបត្តិការ​​ជើងគោកលើ​តំបន់​ហ្កាហ្សា​ និង​ទំនង​ជា​បាន​វាយលុក​ចូល​ភាគ​ខាង​ជើង​ហ្កាហ្សា​មួយ​ប្រាវ​នៅ​យប់​មិញ។ អ៊ីស្រាអែល​បាន​ស្បថសច្ចា​បញ្ចប់​ជីវិត​ចលនា​ហាម៉ាស ក្រោយ​ពី​ក្រុម​នេះ​បាន​ឆ្មក់​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​​កាលពី​​ថ្ងៃទី​៧​តុលា​២០២៣ ដែល​បើ​តាម​អ៊ីស្រាអែល​ បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ខាង​អ៊ីស្រាអែល​យ៉ា​ងហោច​១៤​០០នាក់ និង​ជាង​២២០នាក់​ជាប់​ជា​ចំណាប់​ថ្នូរ​ (បួន​នាក់​បាន​សេរីភាព​វិញ​)។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ បាន​បញ្ជាក់​នៅយប់​ថ្ងៃ​ពុធ​ម្សិលមិញ​ថា កំពុងត្រៀម​លក្ខណៈវាយ​ចូល​ហ្កាហ្សា​ ដោយ​មិន​លម្អិត​ថា​ចូល​នៅពេល​ណា យ៉ាង​ណា ​និង​កម្លាំង​ប៉ុន្មានទេ។​ ​ស្រាប់​តែ​នៅយប់​មិញ​ ទាហាន​អ៊ីស្រាអែលបាន​វាយ​លុក​ចូល​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា។ប្រតិបត្តិការ​វាយលុក​ជើងគោក​អ៊ីស្រាអែល​ចាប់​ផ្តើមយ៉ាងណា?មិនមែន​ជា​ប្រតិបត្តិការ​វាយលុក​ជើងគោក​ដូច​អ្វី​ដែល​ប្រមុខ​ដឹកនាំ​នយោបាយ​និង​យោធា​​អ៊ីស្រាអែល​បាន​សន្យា​ទេ​។ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ពុធ​ឆ្លង​មក​ថ្ងៃព្រហស្បតិ៍ទី​២៦​តុលានេះ យោធា​អ៊ីស្រាអែល​បាន​បើក​ការ​វាយលុក​មួយ​ចូល​ទៅ​ក្នុង​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា​ ​សំដៅ​លើ​ទីតាំង​សំខាន់​ៗ​មួយ​ចំនួន​។ នេះ​បើតាម​អ្នក​នាំពាក្យ​​យោធា​អ៊ីស្រាអែល។ ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការ​វាយលុក​ជើងគោកទ្រង់ទ្រាយ​ធំ កង​រថពាសដែកអ៊ីស្រាអែល​​បាន​ជ្រៀត​ចូល​ក្នុង​ដែន​ដី​ប៉ាឡេស្ទីន​ ទៅ​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធរបស់ពួក​ហាម៉ាស ទី​តាំង​កាំភ្លើងត្បាល់​និង​ផ្តើម​ត្រួសត្រាយ​ភូមិសាស្ត្រ។ សេចក្តី​ថ្លែងការណ៍​យោធា​អ៊ីស្រាអែល​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ប្រតិបត្តិការ​វាយលុក​មួយ​ប្រាវ​នេះរួច កង​ទ័ព​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​តំបន់​ភាគខាង​ជើង​ហ្កាហ្សា​នោះ ហើយ​ត្រលប់​មក​ឈរ​ជើង​នៅ​ព្រំដែន​ខាង​ដែនដី​ខ្លួន​វិញ។នេះ​ជា​ ​វាយលុក​ចូល​ក្នុង​តំបន់​ហ្កាហ្សា​លើក​ទីពី​រ​ហើយគិត​ចាប់​តាំងពីសង្គ្រាម​​​អ៊ីស្រាអែល-ហាម៉ាស​​បានផ្ទុះ​ឡើងមក ប៉ុន្តែ​ជា​លើក​ទី​មួយ​សម្រាប់​​កងពល​រថក្រោះ​​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ បានទទួល​ស្គាល់​ថា​ប្រតិបត្តិការ​ជើង​គោក​មាន​ការ​យឺត​យ៉ាវ​ជាង​ការ​ព្រាង​ទុក​ ដោយ​អ៊ីស្រាអែល​មិន​ទាន់​ដឹង​ច្បាស់​អំពី​​មតិ​សាធារណៈ​របស់​ប្រជា​ពល​រដ្ឋ​។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ អ្នក​ធ្វើ​អត្ថាធិប្បាយ​បាន​ព្រលយ​អំពីមូលហេតុ​ពីរ​គឺ​ បញ្ហា​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ពួក​ហាម៉ាស និង​សំណើ​អាមេរិក​សុំ​ឱ្យ​ពន្យារ​ពេល​សិន​ដើម្បីមាន​ឱកាស​​រៀប​ចំដាក់​ឱ្យ​ដំណើរការ​​ប្រព័ន្ធ​ខែល​មីស៊ីល​ការ​ពារ​តំបន់​។ប្រតិបត្តិការ​ជើង​គោក​អ៊ីស្រាអែលជាការ​គិតខុស?តាមការ​ពិត​ទៅ​នោះ ពាក្យ​ព្រមាន​អំពី​ផលវិបាក​នៃ​ការ​វាយប្រហារ​ជើង​គោក​មាន​កាន់​តែ​ច្រើន​ឡើងៗ។ ​ក្តី​ព្រួយ​បារម្ភ​ជុំ​វិញ​ប្រតិបត្តិការ​វាយលុក​ផ្លូវគោក​អ៊ីស្រាអែល​លើ​តំបន់​ហ្កាហ្សា​ កំពុង​រីក​ធំធាត់​ក្នុង​រង្វង់​សហគមន៍អន្តរជាតិ។ ​ប្រតិបត្តិការ​​វាយលុក​ជើងគោក​លើ​ហ្កាហ្សាដែល​រង​ការ​បិទ​ខ្ទប់​ទាំង​ស្រុង និង​រង​ការ​ទម្លាក់​គ្រាប់​បែក​ឥត​ឈប់​តាំងពី​២០​ថ្ងៃ​មក​ហើយ នឹង​ជួប​ការ​លំបាក​ស្មុគស្មាញ​ខ្លាំងណាស់​ ព្រោះហ្កាហ្សា​ជា​​ដែន​ដី​​ដ៏​តូច​ មាន​មនុស្ស​រស់​នៅកកកុញ​គ្នា​ខ្លាំង បង្កប់​ដោយ​រូង​ក្រោម​ដី​យ៉ាង​ប្រទាក់​ក្រឡា​ដែល​ពួក​ហាម៉ាស​បាន​ជីក​សម្រាប់​លាក់​ខ្លួន លាក់​អាវុធ​យុទ្ធភ័ណ្ឌ​ និង​មាន​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ទៀត។នៅ​យប់​មិញ លោកប្រធានាធិបតី​អាមេរិក​ ចូ​បៃដិន បាន​អះអាង​ថា អ៊ីស្រាអែល​មិន​ត្រឹម​តែ​មាន​សិទ្ធិ​ទេ តែត្រូ​វមាន​ទំនួល​ខុស​ត្រូវ​ទៀត ​ក្នុង​ការ​ការពារ​ខ្លួន​។ អ៊ីស្រាអែល​ត្រូវ​ប្រឹង​ឱ្យ​អស់​អំពី​លទ្ធភាពដែល​​ខ្លួនមាន​ទោះ​លំបាកខ្លាំង​​​យ៉ាងណា​ក៏​ដោយ ក្នុង​ការ​ការពារ​ជីវិត​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា។ ហាម៉ាស​លាក់​ខ្លួន​ពីក្រោយ​ខ្នង​ជន​ស៊ីវិល​ ជា​ទង្វើ​ដ៏​អាក្រក់​ គួរ​ឱ្យស្អប់​ខ្ពើម​ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​​បញ្ចេញ​សកម្មភាព​​ដោយគោរព​ច្បាប់​សង្គ្រាម។​ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នៅពេល​សាកសង​តាម​ទូរស័ព្ទ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ។សម្រាប់​លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល​ម៉ាក្រុង​​ ដែល​កំពុង​ជួប​សមភាគី​អេហ្ស៊ីប​ លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី នៅក្រុង​គែរ ​ ជម្រើស​ប្រើ​​ប្រតិបត្តិការ​ជើង​គោក​ ជា​​ការ​គិត​ខុស​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​ជនរងគ្រោះ​ជា​ជនស៊ីវិល​ច្រើន​ខ្លាំង​ណាស់ ហើយ​មិន​អាច​ការពារ​អ៊ីស្រាអែល​បាន​ជា​និរន្តទេ។ ក្នុង​សន្និសីទ​កាសែត​រួម​ជាមួយ​លោក​ម៉ាក្រុង​ លោក​ប្រធានាធិបតី​អេហ្ស៊ីប​ អាល់​ស៊ីស៊ី​បាន​អំពាវនាវដូច​គ្នាឱ្យ​​​អ៊ីស្រាអែល​កុំ​ធ្វើ​ប្រតិបត្តិការ​ជើង​គោក​​លើ​ហ្កាហ្សា។ទន្ទឹម​នឹង​ការ​ប្រកាសគាំទ្រ​​អ៊ីស្រាអែល​ថា​មាន​សិទ្ធិ​​​ការពារ​ខ្លួន​ និង​ស្នើ​ឱ្យ​មាន​សម្ព័ន្ធ​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ហាម៉ា លោក​ម៉ាក្រុង បាន​ជំរុញ​​ឱ្យ​កិច្ចចរចា​សន្តិភាពដើម្បី​​បង្កើត​រដ្ឋ​ពីរ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​​មាន​សន្ទុះ​ឡើង​វិញ។ លោក​បាន​ថែមទាំង​​ប្រកាស​បញ្ជូន​នាវា​យោធាបំពាក់​សេវា​វេជ្ជសាស្ត្រ​​ទៅ​ជួយ​ប្រជាពលរដ្ឋ​នៅហ្កាហ្សា​។ មិនដឹង​ថា​តើ​នាវា ​La Tonnerre ដែល​ទើប​ចាក​ចេញ​ពី​កំពង់​ផែ​បារាំង នឹង​ទៅ​សំចត​នៅកំពង់​ផែ​ហ្កាហ្សា​មួយ​ណា​ទេ​បើ​តំបន់​នេះ​ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់​ពី​សំណាក់​អ៊ីស្រាអែល ទាំង​ស្រុង ទាំង​ផ្លូវ​គោក​ ផ្លូវ​អាកាស​និង​ផ្លូវ​ទឹកនោះ។ បារាំង​ក៏​បាន​បញ្ជូន​សម្ភារៈ​បរិក្ខា​ពេទ្យ​ជា​ជំនួយ​មនុស្ស​ធម៌​ដល់​ហ្កាហ្សា​តាម​យន្តហោះ​ទៅ​ចុះ​ថត​នៅ​អេហ្ស៊ីប​។ ​ជំនួយ​មនុស្ស​ធម៌អាច​​ចូល​​ដល់​តំបន់​​ហ្កាហ្សាយ៉ាងតក់ៗ​និង​​ត្រដាប​ត្រដួស​បំផុត។​តើ​អាច​មាន​ការ​ឈប់បាញ់​ ឬ ផ្អាកប្រយុទ្ធ​ដើម្បីមនុស្សធម៌ឬទេ?ក្នុង​ពេល​រង់ចាំ​បើក​ប្រតិបត្តិការ​ធំជាក់លាក់​ យោធា​អ៊ីស្រាអែល​បន្ត​ផ្លោង​វាយប្រហារ​លើ​តំបន់​ហ្កាហ្សា​ដែល​មាន​ទំហំ​៣៦២គីឡូម៉ែត្រ​ការ៉េ​និង​មាន​ប្រជាពលរដ្ឋប្រជ្រៀត​​រស់​នៅ​ជាង​២លាន​៤សែន​នាក់ ដោយ​គ្មាន​បន្ធូរ​ដៃ​សោះឡើយ។ គ្មាន​ផ្នែក​ណាមួយ​នៃ​តំបន់​ហ្កាហ្សា​ដែល​មាន​សុវត្ថិភាព​​ឡើយ។ ក្នុងមួយ​ថ្ងៃពុធ​ទី ២៥​តុលា​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៧០០នាក់​បាន​បង់​ជីវិត​។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​ហាម៉ាស។អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​តាំង​ពី​ថ្ងៃអង្គារ​​ឱ្យ​មានការ​ឈប់​បាញ់​ដើម្បី​មនុស្សធម៌​ភ្លាម និង​បាន​ថ្កោល​ទោស​រួច​ជា​ស្រេច​​អំពី​ការ​រំលោភ​ច្បាប់​មនុស្ស​ធម៌​យ៉ាង​ច្បាស់​ក្រលែត​​របស់​អ៊ីស្រាអែល​។ ប៉ុន្តែ អ៊ីស្រាអែល​ក៏​ដូច​ជា​សហរដ្ឋ​អាមេរិក ព្រមទាំង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត មិន​គាំទ្រ​គំនិត​ចង់​ឱ្យ​មាន​ការ​ឈប់​បាញ់​ឡើយ ដោយ​យល់​ថា​​ការ​ឈប់​បាញ់​នឹង​ធ្វើ​ឱ្យ​ចលនា​ហាម៉ាស​អាច​ឆ្លៀត​យក​ចំណេញ។ម្សិលមិញ​ជា​ថ្មី​ម្តង​ទៀត ​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​បាន​ច្រាន​ចោល​គម្រោង​សេចក្តី​សម្រេច​ចិត្ត​ពីរ​ស្នើ​ឡើង​ដោយ​រុស្ស៊ី​និង​អាមេរិក ជុំ​វិញ​សង្គ្រាម​អ៊ីស្រាអែល​និង​ហាម៉ាស​នេះ​។ ខាងសហរដ្ឋ​អាមេរិក គ្រប់​រដ្ឋ​សុទ្ធ​តែមាន​សិទ្ធិការពារ​ខ្លួន​ដូច​គ្នា និង​ចង់​បាន​ត្រឹម​​ឱ្យ​មាន​ការ​ផ្អាក​បាញ់​បន្តិច​ដើម្បី​មនុស្សធម៌ ចំណែក​ខាង​រុស្ស៊ី​វិញ​ចង់​បាន​ការ​ឈប់​បាញ់ភ្លាម​​ដើម្បី​មនុស្សធម៌​ និង​បាន​ថ្កោល​ទោស​ទង្វើ​វាយប្រហារ​ដ៏​អាក្រក់​របស់​ពួក​ហាម៉ាស។ ការ​ផ្អាក​បាញ់​ដើម្បី​មនុស្សធម៌​ ក៏​កំពុង​ស្ថិត​ក្នុង​​លើ​តុ​ចរចា​តស៊ូ​មតិនៅ​សហភាព​អឺរ៉ុប​ ដែល​កំពុង​បើក​ជំនួប​កំពូល​របស់ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ដែរ។​ តែ​ដូច​ទម្លាប់​ អឺរ៉ុបមាន​ប្រវត្តិ​​ប្រេះឆា​គ្នា​ខ្លាំង​ណាស់​ក្នុង​សំណុំ​រឿង​ដើម​បូព៌ា ដោយ​សមាជិក​ខ្លះ​កាន់ជើង​ប៉ាឡេស្ទីន​ខ្លាំង​ដូច​ជា​អៀរឡង់​ឬអេស្ប៉ាញ ឯ​ខ្លះ​ទៀតមាន​ជា​អាទិ៍​អាល្លឺម៉ង់​និង​អូទ្រីស​​ការពារ​អ៊ីស្រាអែល​​យ៉ាង​មុត​មាំ៕
10/26/20236 minutes, 57 seconds
Episode Artwork

អ៊ីស្រាអ៊ែលសំរុក​បាញ់​ប្លោងគ្រាប់ ត្រៀម​ចូលហ្កាហ្សា ខណៈជំនួបកំពូលនៅអេហ្ស៊ីប​អំពាវនាវឲ្យឈប់ប្រយុទ្ធ

នៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី​២២តុលា កងទ័ពអ៊ីស្រាអែល បានសំរុក​បាញ់ប្លោងគ្រាប់​យ៉ាងច្រើន ទៅលើតំបន់​ហ្កាហ្សាដើម្បីកាត់ផ្តាច់ផ្លូវ និង​បង្កការលំបាក​ដល់ក្រុមហាម៉ា។ ជាប្រតិបត្តិការ​ដែល​តាមការសង្ស័យ គឺ​កងទ័ពអ៊ីស្រាអែល កំពុងតែត្រៀមបើក​សមរភូមិ ចូលទៅប្រយុទ្ធដោយ​ផ្ទាល់​នៅក្នុងតំបន់​ហ្កាហ្សា បើទោះបីជាមិនទាន់មានការប្រកាសណាមួយជាផ្លូវការ​។ ក្រុមអាម៉ាសដែលគ្រប់គ្រង​តំបន់ហ្កាហ្សា បានអះអាង​ថា យ៉ាងហោចណាស់មានមនុស្សស្លាប់​បន្ថែមទៀត ចំនួន​៨០នាក់ ដោយការវាយ​ប្រហារទម្លាក់គ្រាប់​ដ៏ច្រើនសន្ធឹករបស់​អ៊ីស្រាអែល ក្នុងវេលាយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ​។ យោងតាម​ប្រភពពីអ្នករាយការណ៍​ព័ត៌មានបារាំង AFP ប្រចាំនៅហ្កាហ្សាវិញ បាន​ឲ្យដឹងថា គេឃើញមាន​មីស៊ីល​បានវាយ​ប្រហារនៅចំណុច រ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា មិនឆ្ងាយប៉ុន្មានពី​ព្រំដែន​អេហ្ស៊ីប​។ ចំណែកទីក្រុងហ្កាហ្សាស៊ីធី ដែលស្ថិតនៅខាងជើងឯនេះ ក៏គេបានឃើញ​ផ្សែងខ្មៅសន្ធោសន្ធៅដែរ ក្នុងវេលាយប់​។កងទ័ពអ៊ីស្រាអ៊ែល ត្រៀមបើកសមរភូមិចូលក្នុងហ្កាហ្សាកាលពីថ្ងៃសៅរ៍ លោក Daniel Hagari អ្នកនាំពាក្យ​កងទ័ពអ៊ីស្រាអែល បាន​បញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះទៅគឺអ៊ីស្រាអែល និង​បន្ថែម​ការវាយ​ប្រហារ ទៅលើតំបន់ហ្កាហ្សា។ កម្មវត្ថុនៃការបន្ថែមការ​វាយប្រហារនេះ គឺដើម្បីបង្ក្រាបកម្លាំងរបស់​ក្រុមហាម៉ាសឲ្យទន់ខ្សោយ​ ហើយ​កាត់​បន្ថយ​ហានិភ័យប្រឈម មកលើ​​កងទ័ពអ៊ីស្រាអែល នៅក្នុង​ដំណាក់​កាលបន្ទាប់នៃសង្គ្រាមនេះ​។តាមរយៈសំដីនេះ គឺមានន័យថា កងទ័ពអ៊ីស្រាអែលពិតជាមានផែនការ​សំរុកចូលទៅក្នុងតំបន់​ហ្កាហ្សា ដើម្បី​បោសសំអាតសមាជិក​ក្រុមហាម៉ាស ដែលបានចូលមកធ្វើភេរវកម្ម​សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត នៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី​៧តុលា។​ យ៉ាងណាមិញ រូបភាពវីដេអូជាច្រើន ប៉ុន្មានថ្ងៃចុងក្រោយ​នេះ បានបង្ហាញ​ឲ្យ​ឃើញ អំពី​ការ​រៀបចំ​ប្រមូលទ័ព រួមទាំងរថក្រោះផង បញ្ជូន​ទៅ​ក្បែរតំបន់ហ្កាហ្សា និង​ការហ្វឹកហាត់ទាហានអ៊ីស្រាអែល ត្រៀមលក្ខណៈប្រយុទ្ធដោយផ្ទាល់​ ក្នុងលក្ខខណ្ឌភូមិសាស្ត្រតំបន់ហ្កាហ្សា។ទោះជាយ៉ាងណា មិនទាន់​មានបញ្ជាក់​ផ្លូវការ​ពីក្រសួងការពារជាតិអ៊ីស្រាអែលទេ ថា​ដំណាក់​កាលបន្ទាប់គឺជាអ្វី​។ ក៏ប៉ុន្តែ លោក Herzi Halevi នាយសេនាធិការកងទ័ពអ៊ីស្រាអែលបានប្រកាស​កាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ីស្រាអែល​នឹងចូលទៅក្នុងហ្កាហ្សា ក្នុង​ក្របខណ្ឌកម្មវត្ថុបេសកកម្ម​ ដែលសំដៅ​កំទេច​ហេដ្ឋារចនាសម្ព័ន្ធ​របស់ពួកភេរវកម្ម​ហាម៉ាស ហើយកងទ័ពអ៊ីស្រាអែលនឹងធ្វើប្រតិបត្តិការនេះ ប្រកបដោយ​ភាព​ជំនាញ​បំផុត​។ក្រៅពីសមរភូមិហ្កាហ្សា នៅភាគខាងជើងអ៊ីស្រាអែលឯណោះ កងទ័ពអ៊ីស្រាអែលបាន​បាញ់គ្រាប់​ឆ្លងឆ្លើយជាមួយ​ក្រុមហេបូឡាលីបង់ ដែល​ជាកូនចៅរបស់អ៊ីរ៉ង់។ អ៊ីស្រាអែលបានជម្លៀសប្រជាជនខ្លួន ចេញពីតំបន់​ក្បែរព្រំដែន ដើម្បីបង្ការគ្រោះថា្នក់ ក្នុងករណី​ក្រុមហេសបូឡាបើកការប្រយុទ្ធ​។ លោក Jonathan Conricus អ្នកនាំពាក្យ​ម្នាក់ទៀតរបស់កងទ័ពអ៊ីស្រាអែល បានគំរាមទុកជាមុននៅព្រឹកថ្ងៃអាទិត្យថា​ ក្រុមហេសបូឡា កំពុងតែនាំប្រទេស​​​លីបង់​ឲ្យចូលមកក្នុងសង្គ្រាម ដោយ​គ្មានបានចំណេញអ្វីទាំងអស់ គឺមាន​តែខាតបង់​។ ដោយឡែកនៅព្រឹកថ្ងៃអាទិត្យដែរ បើ​តាមប្រភពពីបណ្តាញព័ត៌មានផ្លូវការ​ស៊ីរី គឺកងទ័ពអ៊ីស្រាអែលបានបាញ់មីស៊ីលទៅលើព្រលានយន្តហោះក្រុងដាម៉ាស និងព្រលាន​នៅក្រុងអាឡេប បង្កការខូចខាតយ៉ាងដំណំ និងត្រូវ​បិទដំណើរការបណ្តោះអាសន្ន​។​ តាមការសង្ស័យ អ៊ីស្រាអែល​អាចវាយ​ប្រហារដើម្បីបិទផ្លូវ​ កុំឲ្យមានការបញ្ជូនគ្រឿងសព្វាវុធរបស់អ៊ីរ៉ង់។ ​អាមេរិកបង្កើនការ​​ប្រុងប្រៀបកម្លាំង នៅដើមបូព៌ាកាលពីល្ងាចថ្ងៃសៅរ៍ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin បានចេញលិខិតប្រកាសមួយ ដោយ​បាន​បញ្ជាក់ថា​ កងទ័ពអាមេរិកនឹង​ចាប់ផ្តើមត្រៀមកម្លាំង ព្រមទាំងគ្រឿងសព្វាវុធ នៅតំបន់​ដើមបូព៌ា ដោយសារតែសង្កេតឃើញ អំពី​សកម្មភាពគួរឲ្យ​បារម្ភខ្លាំងឡើង របស់អ៊ីរ៉ង់ និងបក្សពួក​។ យោងតាមលិខិតនេះ អាមេរិក​នឹងដាក់ពង្រាយ ប្រព័ន្ធខែល​មីស៊ីលការពារ​ផ្លូវអាកាស កំពស់ខ្ពស់ THAAD ព្រមទាំងប្រព័ន្ធមីស៊ីល​ Patriot នៅក្នុងតំបន់នេះ​។ បន្ថែមពីនេះ អាមេរិកនឹងបញ្ជូនកម្លាំងទ័ពទៅបន្ថែម ដើម្បីត្រៀម និង​បង្កើន​សមត្ថភាព​ប្រតិកម្ម​ឲ្យ​បានខ្ពស់ និងឆាប់​រហស័បំផុត ក្នុងករណីចាំបាច់​។​ដោយ​មិនបញ្ជាក់ថានឹងបញ្ជូន​កម្លាំងទៅ​បន្ថែម​ប៉ុន្មាន​នាក់ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានឲ្យដឹងថា ការសម្រេចនេះ​គឺបន្ទាប់ពីបាន​ពិគ្រោះគ្នាជាមួយ​លោក​ប្រធានាធិបតីចូ បៃដិន។ កម្មវត្ថុនៃ​ការពង្រឹងកម្លាំងរបស់អាមេរិកនេះ គឺដើម្បី​ចូលរួម​កំញើញ​សំឡុត កុំ​ឲ្យ​ភាគីផ្សេងទៀតបើកសមរភូមិ​ថ្មី ធ្វើ​ឲ្យតំបន់ដើមបូព៌ាត្រូវផ្ទុះឆេះក្នុងភ្លើងសង្គ្រាមទាំងស្រុង។ លោក​បានបន្ថែមទៀតថា អាមេរិកនឹងតាមដានពិនិត្យស្ថានការណ៍ជានិច្ច ដើម្បី​វាយតម្លៃការប្រឈម ហើយ​អាចដាក់​បន្ថែកកម្លាំងថែមទៀត ប្រសិនបើចាំបាច់ ដើម្បីការពារអ៊ីស្រាអែលផង និងដើម្បី​ការពារ​តំបន់ដើម​បូព៌ាទាំងមូល​។​ជំនួបកំពូល “ដើម្បីសន្តិភាព” គ្មានលទ្ធផលគួរបញ្ជាក់ថា លទ្ធភាពដែលអាចផ្ទុះសង្គ្រាម​ឆេះរាលដាលទូទាំងតំបន់ដើមបូព៌ា គឺជាអ្វីដែលគេព្រួយបារម្ភបំផុត​។ លោក​ប្រធានាធិបតី​អេហ្ស៊ី ហ្វាតា អាល់ស៊ីស៊ី បាន​ផ្តួចផ្តើមគំនិត​រៀបចំជំនួបកំពូល​មួយ នៅទីក្រុងគែរ កាលពីថ្ងៃសៅរ៍ ទី​២១តុលា ដោយ​មានវត្តមាន​តំណាង​ប្រទេស​សម្ព័ន្ធអារ៉ាប់ជាច្រើនប្រទេស បណ្តាប្រទេសអឺរ៉ុប ហ្សកដានី តំណាងអាជ្ញាធរប៉ាឡេស្ទីន ព្រមទាំងតំណាង​ចិន រុស្ស៊ី និងអាមេរិកផងដែរ​។បើទោះបីភាគីចូលរួមទាំងអស់ ហាក់​បាន​បង្ហាញ​ឆន្ទៈដូចគ្នា ក្នុងការអំពាវនាវ ឲ្យ​មាន​ឈប់បាញ់នៅតំបន់ហ្កាហ្សា ដើម្បីបិទបញ្ចក់សោកនាដកម្ម​ស្លាប់ប្រជាជនស៊ីវីលប៉ាឡេស្ទីន តែទីបំផុត គឺគ្មានសេចក្តីថ្លែងការណ៍រួមគ្នា នៅក្រោយ​ជំនួប​កំពូលនេះទេ។ ផ្អែកតាមមន្ត្រីទូតប្រទេសអារ៉ាប់ គឺមានចំណុចខ្ទាស់​២ចំណុច ដែលក្រុមប្រទេសលោកខាងលិចបានទាមទារ​ត្រូវតែសរសេរនៅក្នុងលិខិត​ប្រកាសរួមចុងក្រោយ​។ ចំណុចទី១ គឺក្រុមប្រទេសលោកខាងលិចបានទាមទារថា ត្រូវតែ​សរសេរថ្កោលទោសឲ្យ​បានច្បាស់ៗ ទៅលើការវាយ​ប្រហារភេរវកម្ម​ដ៏សាហាវព្រៃផ្សៃ ដែលក្រុមហាម៉ាសបានធ្វើទៅ​ជនស៊ីវីលនៅក្នុងទឹកដី​អ៊ីស្រាអែល កាលពីថ្ងៃទី​៧តុលា ដែលមានមនុស្សស្លាប់ទាំងអស់​ ១៤០០នាក់។​ ចំណុចទី២ដែលគេបានដាក់កំហិត គឺការប្រកាសទាមទារ​ឲ្យ​ក្រុមហាម៉ាស ត្រូវតែដោះលែងដោយ​គ្មានលក្ខខណ្ឌ នូវចំណាប់ខ្មាំងទាំងជាង​២០០នាក់ ដែលក្រុមនេះបានចាប់យកទៅ។ ការទាមទារទាំង​២ចំណុចនេះ ត្រូវបាន​ក្រុម​ប្រទេសអារ៉ាប់បដិសេធ មិនព្រមសរសេរនៅ​ក្នុង​លិខិតប្រកាសរួមទេ​។បានឃើញលទ្ធផលបរាជ័យនៃជំនួបកំពូលនេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល បានប្រតិកម្មថា វាគួរឲ្យសោកស្តាយណាស់ ដែល​អំពើដ៏​ព្រៃផ្សៃធ្វើឡើងដោយ​ក្រុម​ហាម៉ាស ដល់ថ្នាក់នេះហើយ ក៏នៅតែប្រទេសខ្លះ គ្មានសេចក្តីក្លាហានចាត់ទុកវាថាជាអំពើភេរវកម្ម​។ លោក​បន្តថា អ៊ីស្រាអែលនឹងធ្វើអ្វីដែលខ្លួនត្រូវធ្វើ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម​ភេរវកម្មនេះ ហើយសង្ឃឹមថាពិភពលោក ​នឹងទទួលស្គាល់អំពី​ភាពត្រឹមត្រូវ​នៃការប្រយុទ្ធរបស់​អ៊ីស្រាអែល​។នៅក្នុងពេលបើកកិច្ច​​ប្រជុំ លោកអគ្គលេខធិការអង្គការសហប្រជាជាតិ បានថ្លែងថា គ្រប់គ្នា​ត្រូវតែ​ធ្វើអ្វីម៉្យាងនៅពេលនេះ ដើម្បី​បិទបញ្ចប់​សោកនាដកម្ម​នៅហ្សាហ្សា ដែលមានមនុស្សស្លាប់ជាង៤ពាន់នាក់​ហើយ ក្នុងរយៈពេល​២សប្តាហ៍​មកនេះ។ ថ្លែងក្នុងន័យ​ថ្លឹងថ្លែងដោយ​មិនកាន់ជើងខាងណា លោក​អង់តូនីញ៉ូ ហ្គូតទែរស៍ បាន​រំលឹកអំពីបរិបទនៃការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ប្រមាណ​៦០ឆ្នាំជាងមកហើយ ហើយដែលបញ្ហា​បានរីកធំឡើងៗ ដោយសារតែអ៊ីស្រាអែលបានពង្រីក​ការ​ដាក់អាណានិគមលើទឹកដីប៉ាឡេស្ទីន​។​ តែយ៉ាងណាក៏ដោយ ហេតុផលទាំងអស់នេះ វាមិនអាច​មកលុបលើអំពើដ៏សាហាវយង់ឃ្នងរបស់ពួកអាម៉ាស ដែលបានធ្វើកាលពីថ្ងៃទី​៧តុលា​ឡើយ​។​លោក​ម៉ាសមូដ អាបាស ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន ដែល​បាត់​មាត់ស្ងាត់ឈឹង​២សប្តាហ៍​មកហើយក្រោយ​ការផ្ទុះសង្គ្រាមនេះ បានឆ្លើយតបភ្លាមៗនៅក្នុងអង្គប្រជុំថា ត្រូវតែ​រំលឹកប្រាប់អ៊ីស្រាអែលផង ថាត្រូវតែ​បិទបញ្ចក់ការដាក់អាណានិគមលើទឹកដីប៉ាឡេស្ទីន ហើយត្រូវតែ​ស្វែងរកដំណោះស្រាយ​ បង្កើតរដ្ឋប៉ាឡេស្ទីនស្មើភាពគ្នាជាមួយអ៊ីស្រាអែល។ ព្រះចៅអាប់ដាឡាទី​២ របស់ហ្សកដានីវិញ បានថ្លែងថា ជីវិតប្រជាជនប៉ាឡេស្ទីនក៏មានតម្លៃ​ស្មើជីវិតជនជាតិ​​អ៊ីស្រាអែលដែរ។ស្បៀងចូលបាន​តែ២០រថយន្ត ច្រករ៉ាហ្វាត្រូវបិទវិញ​យោងតាមប្រភពព័ត៌មានចុងក្រោយនៅព្រឹកថ្ងៃអាទិត្យទី​២២តុលា ច្រករ៉ាហ្វា ដែលបានបើក​កាលពីព្រឹកថ្ងៃសៅរ៍ អនុញ្ញាតឲ្យរថយន្តដឹកស្បៀងចូលចំនួន​២០គ្រឿងនោះ បានបិទជិតឈឹងទៅវិញហើយ​។ ជំនួយមនុស្ស​ធម៌ក្នុងរថយន្តដឹកទាំង២០គ្រឿង ដែលបានចូលហ្កាហ្សាកាលពីម្សិលមិញនេះ គឺ​មានទំហំត្រឹមតែ​៤%ប៉ុណ្ណោះ នៃការ​នាំចូលទំនិញប្រចាំថ្ងៃរបស់ហ្កាហ្សា កាលពីមិនផ្ទុះសង្គ្រាម។ផ្អែកតាមការិយាល័យ​កិច្ចការ​មនុស្សធម៌នៃអង្គការសហប្រជាជាតិ គឺគេត្រូវការស្បៀងអាហារចំនួន​យ៉ាងហោច​១០០កុងទឺន័រ ជារៀងរាល់ថ្ងៃទើបគ្រប់​តម្រូវការប្រជាជនហ្កាហ្សា ប្រមាណ​២លាន៤សែននាក់។ ក្រៅពីគ្មានទឹកបរិភោគ គ្មានចំណីអាហារ ប្រជាជនហ្កាហ្សា ត្រូវការជាចាំបាច់ នូវ​ថ្នាំ​ពេទ្យ និងបរិក្ខាចាំបាច់ ដើម្បី​ព្យាបាលសង្គ្រោះអ្នករបួស​។​តែ​យ៉ាងណាក៏ដោយ ភាគីអ៊ីស្រាអែលបានបង្ហាញការប្រុងប្រយ័ត្នបំផុត ទាក់ទិននឹងបើក​ផ្លូវឲ្យរថយន្តដឹកស្បៀងចូលហ្កាហ្សានេះ។​ ទីមួយ ភាគីអ៊ីស្រាអែលសង្ស័យថារថយន្តទាំងនោះអាចដឹក​អាវុធនិងសម្ភារៈទៅឲ្យ​ក្រុមហាម៉ាស។ ហើយមួយវិញទៀត ស្បៀងទាំងនោះមិនប្រាកដថាបានទៅដល់ដៃប្រជាជនស៊ីវីលប៉ាឡេស្ទីនទេ គឺក្រុមហាម៉ាសនឹងប្រមូលទុកសម្រាប់តែគ្នាគេតែប៉ុណ្ណោះ ដើម្បី​រៀបកម្លាំងប្រយុទ្ធតទៅទៀត៕
10/22/202310 minutes, 15 seconds
Episode Artwork

សង្គ្រាម​អ៊ីស្រាអែល-​ហាម៉ាស៖ ​វិបត្តិ​ចំណាប់​ខ្មាំងរំពឹង​​លើ​ប្រទេសកាតា?

ចលនា​ហាម៉ាស​បាន​ដោះលែងចំណាប់​ខ្មាំង​ជាតិ​អាមេរិក​ពីរ​រូប​នៅល្ងាច​ថ្ងៃ​សុក្រ​ទី​២០​តុលា​២០២៣។ តើ​នេះ​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​សម្រាប់​ចំណាប់​ខ្មាំង​ជាង​ពីររយ​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ពួក​ហាម៉ាស​នៅ​ហ្កាហ្សាឬ? នៅថ្ងៃ​សុក្រ​ទី​២០​តុលានេះ​​ ចលនា​ហាម៉ាស​បានដោះលែង​ចំណាប់​ខ្មាំងជាតិ​អាមេរិក​ភេទ​ស្រី​​ពីរ​នាក់។​ ​​ក្រុម​កាកបាទ​ក្រហមបាន​ទទួល​​ម្តាយ​និង​កូន​នៅ​ព្រំ​ដែន​ និង​ជូន​ដំណើរ​មក​ដល់​អ៊ីស្រាអែល​។​ ម្តាយ​និង​កូន​ Judith និង​ Nathalie Raanan ជា​ចំណាប់​ខ្មាំង​ពីរ​នាក់​ដំបូង​ដែល​បាន​ទទួល​ការ​ដោះលែង ដោយ​មាន​ការ​​បញ្ជាក់​ច្បាស់​លាស់​​ ​ពី​សំណាក់​ក្រុម​ហាម៉ាស និង​អ៊ីស្រាអែល។នៅក្នុង​​​សេចក្តី​ថ្លែងការណ៍ លោកប្រធានាធិបតី​អាមេរិក​ ចូ បៃដិន បាន​​សម្តែង​ក្តី​អំណរ​រីករាយ​ នៅពេល​បាន​ឃើញ​ពលរដ្ឋ​អាមេរិក​ពីរ​រូប​នេះ​បាន​ទទួល​សេរីភាព​វិញ។ លោកប្រធានាធិបតី​ក៏​ឆ្លៀត​ថ្លែង​អំណរ​គុណ​កាតា​និងអ៊ីស្រាអែលដែល​បាន​ដើរ​តួ​ក្នុង​​​ប្រតិបត្តិការស្វែង​រក​សេរីភាព​ឱ្យ​​ចំណាប់​ខ្មាំង​នេះ​ និង​បាន​សន្យា​ថា​សហរដ្ឋ​អាមេរិក​មិន​បញ្ឈប់​​​កិច្ចខិត​ខំប្រឹងប្រែង​របស់​ខ្លួនទេ​ដរាប​ណា​មិន​ទាន់អាច​​នាំ​ពលរដ្ឋ​អាមេរិក​ទាំង​អស់​​ឱ្យ​ត្រលប់​មក​ផ្ទះ​វិញបាន។តើ​ហាម៉ាស​នៅ​មាន​ចំណាប់​ខ្មាំង​ប៉ុន្មាន​នាក់​ក្នុង​ដៃ?វ៉ាស៊ីនតោន​មិន​បញ្ជាក់​ថា​​តើ​មាន​ពលរដ្ឋ​អាមេរិក​ប៉ុន្មាន​នាក់​កំពុង​ជាប់​ជា​ចំណាប់​ខ្មាំង​របស់​ពួក​ចលនា​ហាម៉ាស​ទេ។ ប៉ុន្តែបើ​តាម​រដ្ឋាភិបាល​អ៊ីស្រាអែល មាន​ជន​ស៊ីវិល​​និង​ទាហាន​សរុប​ប្រមាណ​២០៣​នាក់ ដែល​ត្រូវពួក​កម្មង់ដូ​ហាម៉ាស​ចាប់​ជំរិត និង​នាំ​យក​ទៅ​ឃុំ​នៅ​​តំបន់​ហ្កាហ្សា នៅពេល​ពួក​គេ​ចូល​វាយ​លុក​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​អ៊ីស្រាអែល​កាលពី​ថ្ងៃទី ៧​តុលា។ដូច្នេះ​ នៅ​មាន​ចំណាប់​ខ្មាំង​២០១​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ពួក​ហាម៉ាស។ ជាង​២០នាក់​ប្រហែល​​ជា​ក្មេង​មិន​ទាន់​ពេញ​វ័យ និង​ប្រមាណ​ពី​១០​ទៅ​២០នាក់​ជា​មនុស្ស​ចំណាស់​អាយុ​លើស​៦០ឆ្នាំ។ ពួកគេ​មាន​សញ្ជាតិ​ផ្សេងៗ​គ្នា​ (២២​សញ្ជាតិ) ក្នុង​នោះ​ប្រហែល​១០នាក់​ជា​ជនជាតិ​អាមេរិក​ យ៉ាង​ហោច​៧នាក់​ជា​ជនជាតិអាល្លឺម៉ង់ និង​៨នាក់​ជា​ជនជាតិ​អាហ្សង់ទីន។ ខាង​បារាំងអាច​មាន​ដល់​៧នាក់​ដែរ។ ​មាន​ព័ត៌មាន​ប្រាកដជាក់​ថា​ មានពលរដ្ឋ​​បារាំង​ម្នាក់​ត្រូវ​បាន​ពួក​ហាម៉ាស​ចាប់ទៅ​ហ្កាហ្សា​ និង​៦នាក់​ផ្សេង​ទៀត ទំនង​ជាប់​ជា​​ចំណាប់​ខ្មាំងរបស់​ពួក​ហាម៉ាស​ដែរ តែ​មិន​ច្បាស់​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល​ ម៉ាក្រុង។​ពីរសប្តាហ៍​ក្រោយ​ហេតុការណ៍​ យោធា​អ៊ីស្រាអែល​យល់​ថា​ចំណាប់​ខ្មាំង​ភាគ​ច្រើន​​នៅ​មាន​ជីវិត​ទេ​។ ឯ​ចំណែក​ខាង​ហាម៉ាស បាន​និយាយ​ថា​មាន​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ប្រមាណ​ពី​២០០​ទៅ​២៥០នាក់ ក្នុង​នោះ​២២​នាក់​បាន​ស្លាប់​ដោយ​គ្រាប់​ផ្លោង​វាយប្រហាររបស់​អ៊ីស្រាអែល។សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ចលនា​ហាម៉ាស​របស់​ប៉ាឡេស្ទីន​ ដែល​បង្ក​ឡើង​ដោយ​ការ​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃទី ៧​តុលា បាន​ឈាន​ចូល​ដល់​សប្តាហ៍ទីបី។ ក្នុង​យប់​ថ្ងៃ​សុក្រ​ឆ្លង​មក​ថ្ងៃ​សៅរ៍​ទី ២១​តុលា​នេះ យោធា​អ៊ីស្រាអែលនៅ​តែ​​បន្ត​វាយប្រហារ​ជញ្ជ្រុំ​លើតំបន់​ហ្កាហ្សា​ ដោយ​ដៅ​លើ​​ទីតាំង​ជា​ទី​បញ្ជាការដ្ឋាន​ ជា​កន្លែងបាញ់​បង្ហោះ​មីស៊ីល​ប្រឆាំង​រថក្រោះ និង​រចនា​សម្ព័ន្ធ​យុទ្ធសាស្ត្រ​របស់​ចលនា​ហាម៉ាស​ ព្រមទាំង​ដៅ​បាញ់​ក្រុម​ខ្មាន់​កាំភ្លើង​និង​អ្នក​សង្កេត​ការណ៍​ដែល​លាក់​ខ្លួន​នៅ​តាម​អគារ​នានា។តើ​អ៊ីស្រាអែល​មាន​ប្រតិបត្តិការ​សង្គ្រោះ​ចំណាប់​ខ្មាំង​យ៉ាង​ណា?យោធា​អ៊ីស្រាអែល​ផ្តើម​ប្រតិបត្តិការ​ដំបូងនៅ​លើ​ដែន​ដី​ប៉ាឡេស្ទីន ដើម្បី​រក​និង​សម្គាល់​ទីតាំង​ដែល​មាន​​សាកសព​​មនុស្ស​ស្លាប់​នៅ​ជិត​​ តំបន់​ហ្កាហ្សា។ ហើយ​គឺ​ភ្នាក់ងារ​ចារកិច្ច​របស់​ ​យោធា​ ដឹកនាំ​ដោយ​ឧត្តម​សេនីយ៍​ Nitzan Alon ជា​អ្នក​ទទួល​បន្ទុក​ប្រតិបត្តិការ​សង្គ្រោះ​ចំណាប់​ខ្មាំង។​ ក្រុម​នេះ​មាន​ទម្រង់​ជា​​ក្រុម​ការងារ​កូនកាត់​ផ្សំ​ដោយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្តចម្រុះ​​រាប់​ពាន់​នាក់ បូក​នឹង​ក្រុម​អ្នក​ជំនាញ​សង្គម​ស៊ីវិល ព្រមទាំង​ទ័ព​បម្រុង​​នៃកង​ចារកិច្ច​៨២០០​ដ៏​ល្បី​ ជួយ​យោធា​ក្នុង​ការ​ធ្វើ​ជំរឿន​និង​កំណត់ទីតាំង​ចំណាប់​ខ្មាំង​។ អ៊ីស្រាអែល​មាន​ក្រុម​ទ័ព​ជើង​ឆើត​ ដែល​គេ​ចាត់ទុក​ជា​ក្រុម​មាន​សមត្ថភាព​ខ្ពស់​អាច​ចេញ​ធ្វើ​អន្តរាគមន៍​សង្គ្រោះ​​ជន​ជាប់​ចំណាប់​ថ្នូរ​នៅ​ក្រៅ​ប្រទេស​ទៀត។ ប៉ុន្តែ​បញ្ហា​ចម្បង​ខ្លាំងគឺ ក្នុង​ពេល​​កំពុង​មាន​ប្រតិបត្តិការ​វាយ​ប្រហារ​ បាញ់​ផ្លោង​ យ៉ាង​សន្ធាប់​លើ​តំបន់​ហ្កាហ្សា​ដូច្នេះ ការ​កំណត់​ទីតាំង​លាក់​ចំណាប់​ខ្មាំងត្រូវ​ជួប​ការ​លំបាក​ខ្លាំង​។ ម្យ៉ាង​ទៀត ពួក​ហាម៉ាស​ ​ល្បី​ខាង​ចាប់​ចំណាប់​ថ្នូរ​​ជា​​ប្រព័ន្ធដែល​គ្រប់​គ្រង​ដោយ​ក្រុមផ្សេងៗ​ជា​ច្រើន​ទៀតណាស់​។​ សូម្បី​តែ​ចលនា​ហាម៉ាសខ្លួន​ផ្ទាល់​ក៏​មិន​ដឹង​អស់​ និង​ត្រួត​ត្រា​បាន​គ្រប់​ក្រុម​ជា​អ្នក​ចាប់ជំរិត​ផង។តើ​មាន​ចរន្ត​​ចរចា​អន្តរជាតិ​រំដោះ​ចំណាប់​ថ្នូរ​ដែរ​ឬទេ?ប្រទេស​ដែល​មាន​ពលរដ្ឋ​ជាប់​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ហាម៉ាស​ច្រើន ដូច​យ៉ាង​សហរដ្ឋ​អាមេរិក ​អង់គ្លេស​ ឬ​បារាំង ​កំពុង​​សកម្ម​ចរចា ដោយ​សម្ងាត់​ដើម្បីរំដោះ​ពលរដ្ឋ​មក​វិញ​ បើ​ទោះបី​ជា​ផ្លូវការ​ពួក​គេ​ផ្តល់​អាទិភាព​ឱ្យ​អ៊ីស្រាអែល​ជា​អ្នក​ចេញ​មុខ​ដោះស្រាយ​ក៏​ដោយ។ សេណារីយ៉ូ​​ដែល​គេ​លើក​ឡើង​ច្រើន​ជាង​គេ​នោះ​ គឺ​ការ​ចរចា​ដោះដូរ​ចំណាប់ខ្មាំង​ជា​ថ្នូរ​នឹង​ផ្តល់​ជំនួយ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ហ្កាហ្សា​ដែល​រង​ការ​បិទ​ខ្ទប់​ទាំង​ស្រុង​ហើយ ត្រូវ​រង​ការ​វាយប្រហារ​ផ្លូវ​អាកាស​រាល់​យប់​ ព្រមទាំង​រង​ការ​គំរាមកំហែង​វាយលុក​ផ្លូវ​គោក​ទៀត។អ្នក​នាំពាក្យ​ចលនា​ហាម៉ាស​បាន​ប្រកាស​ថា​ការ​ដោះលែង​ចំណាប់​ខ្មាំង​​ត្រូវ​ធ្វើ​ទៅ​តាម​ស្ថានការណ៍។ មាន​ន័យ​ថា គ្មាន​ទេ​ការ​ចរចា​ជា​សមូហភាព​សម្រាប់​ដោះលែង​អ្នក​ទោស​ទាំង​ជាង​២០០នាក់​ក្នុង​ពេល​តែ​មួយ​នោះ។ នេះ​បើ​តាម​ការ​វិភាគ​របស់លោក Hasni Abidi ​នាយក​មជ្ឈមណ្ឌល​សិក្សា​និង​ស្រាវជ្រាវ​ពិភពលោក​អារ៉ាប់​និង​មេឌីទែរាណេ​ នៅ​ក្រុង​ហ្សឺណែវ ដោយ​បន្ថែម​ថា​ ប្រទេស​នីមួយៗ​ត្រូវ​តែ​ចរចា​ដោយ​ខ្លួន​ឯង​ដើម្បី​សេរីភាព​របស់​ពលរដ្ឋ​ខ្លួន​ តាម​រយៈ​អន្តរការី​ដែល​គ្មាន​នរណា​ក្រៅ​ពី​ កាតា អេហ្ស៊ីប និង​តួកគីឡើយ។ អន្តរការី​ដ៏​​មាន​សក្តានុពល​ជាង​គេ​បំផុត គឺ​មាន​តែ​អ្នក​ដែល​ធ្លាប់​មាន​ប្រវត្តិ​ទំនាក់ទំនង​យូរ​អង្វែង​ជាមួយ​ក្រុម​ហាម៉ាស ទើប​អាច​មាន​ទឹក​មាត់​​និយាយ​ជា​មួយ​មេដឹកនាំ​ចលនា​នេះបាន។វិបត្តិ​​ចំណាប់​ខ្មាំង​ហាម៉ាស​អាស្រ័យ​លើ​កាតា​?ឥលូវ​គ្រប់​គ្នា​កំពុង​បង្វែរ​ភ្នែក​ទៅ​រក​កាតា ព្រោះ​ការ​ដោះលែង​ចំណាប់​ខ្មាំង​ជាតិ​អាមេរិក​ពីរ​នាក់​នេះ ជា​លទ្ធផល​នៃ​ការ​ចរចា​របស់​តាកា។ ជា​ប្រទេស​ដ៏​តូច​តែ​មាន​សមត្ថភាព​និយាយ​ជាមួយ​គ្រប់​ភាគី​ទាំងអស់​នៅក្នុង​តំបន់។ បើ​តាម​លោក ហាស្នី​ អាប៊ីឌី​ដដែល កាតា​ជា​អន្តរការី​ដ៏ប្រាកដប្រជា​បំផុត អាច​ទៅនិយាយ​ចរចា​ពេល​ណា​ក៏​បាន។ រាជាណាចក្រ​ប្រេងកាត​នេះ ស្គាល់ចលនា​​ហាម៉ាស​ច្បាស់​ណាស់ និង​ជាម្ចាស់​​ជំនួយ​ហិរញ្ញវត្ថុ​​ដ៏​ភក្តី​បំផុត​។ ដូហា​ដែល​ឱ្យដី​​ហាម៉ាស​បើក​ការិយាល័យ​នយោបាយ​​តាំងពី​ជាង​១០ឆ្នាំ​មក​ហើយនោះ ទទួល​បាន​ការ​គោរព​រាប់​អាន​ពី​សហរដ្ឋ​អាមេរិក​ (សម្ព័ន្ធ​មិត្តដ៏​ស្មោះ​ស័្មគ្រ​​របស់អ៊ីស្រាអែល) តាម​រយៈ​ការ​អនុញ្ញា​តឱ្យ​​អាមេរិក​មាន​​មូលដ្ឋានទ័ព​ក្នុង​តំបន់។ដោយ​ឡែក​ តាកាបានក្លាយ​ជា​ជំនាញ​ផ្នែក​រំដោះ​ចំណាប់​ខ្មាំង​ទៅហើយ។ ការ​ដោះលែងអ្នក​ទោស​អាមេរិក​នៅ​អ៊ីរ៉ង់​កាលពី​ថ្មីៗ​នេះ​ក៏​ជា​ស្នាដៃ​របស់​កាតា​ដែរ។ ក្នុងអតីតកាល កាតា​បាន​ផ្តល់​ឱកាស​ឱ្យពួកតាលីបង់​មាន​ការិយាល័យ​នៅ​ដូហា​ និង​ជួយ​ជ្រុំ​ជ្រែង​ចរចា​រហូត​អាមេរិក​ព្រមដក​ទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន​កាលពី​ឆ្នាំ​២០២១​។ ដូច្នេះ​វា​មិន​មែន​ជាចម្លែក​ទេ ដែល​បេសកជន​​បារាំង ឬ​ប្រមុខ​ការ​ទូត​អាមេរិក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កាតា​ក្នុង​សប្តាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​នោះ។ កាតា​កំពុង​លេង​ល្បែង​មុខ​ពីរ គឺអាច​​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ភេវនិយម ហើយ​​ក្រុម​បស្ចិម​លោកខ្លះ​ត្រូវ​ដឹង​គុណកាតា​ទៀត។ក្រៅ​ពី​កាតា និង​អេហ្ស៊ីប ​ដែល​មាន​ប្រវត្តិ​ជា​អ្នក​ចរចា​ឱ្យ​អ៊ីស្រាអែល​និង​ហាម៉ាស ប្រធានាធិបតី​តួកគី​​ក៏​អាច​ដើរ​តួ​បាន​ល្អ​ដែរ​ ដោយអះអាង​ថា​បាន​ពិភាក្សា​ជាមួយ​ចលនា​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ដែរ។ កាកបាទក្រហម​CICR ប្រចាំ​តំបន់​ដើម​បូព៌ា ដែល​មាន​ទំនាក់ទំនង​ជាមួយ​គ្រួសារ​របស់​ចំណាប់​ខ្មាំង​ក៏តាំង​ខ្លួន​ជាអន្តរការី​អព្យាក្រិត្យ​ និង​​បាន​ជជែក​​ជាមួយ​ពួកហាម៉ាស​ដើម្បី​សម្រួល​ឱ្យ​មាន​ការ​ប្រាស័្រយ​ទាក់ទង​រវាង​ចំណាប់​ខ្មាំង​និង​សមាជិក​គ្រួសារ ក៏​ដូច​ជា​សម្រួល​ដល់​ការ​ដោះលែង​អ្នក​ជា​ចំណាប់​ខ្មាំង៕​
10/21/20237 minutes, 34 seconds
Episode Artwork

បោះឆ្នោត​សភា​ប៉ូឡូញ៖ សម្ព័ន្ធបក្សប្រជាធិបតេយ្យ​និយមអឺរ៉ុបបានជ័យជំនះ និងបើកទំព័រនយោបាយ​ថ្មី

ជំនោរថ្មី​កំពុងតែបោក​បក់​ មកលើ​នយោបាយ​ប៉ូឡូញ តាមរយៈ​ការបោះឆ្នោតសភា កាលពីថ្ងៃអាទិត្យ​ទី១៥តុលា។ យោងតាម​លទ្ធផល​បឋម គណបក្សស្តាំអភិរក្សនិយម​មានទំនោរប្រឆាំងអឺរ៉ុប ដែលដឹកនាំប៉ូឡូញប្រមាណ​៨ឆ្នាំមកហើយ​នោះ បាន​បាត់បង់​សំឡេងភាគច្រើនក្នុងសភាហើយ។ ចំណែក​សម្ព័ន្ធបក្ស​ប្រជាធិបតេយ្យនិ​ងកណ្តាលនិយម ដែលមានទំនោរនិយមអឺរ៉ុប កំពុងតែឈានទៅមានជ័យជំនះ អាចបង្កើតរដ្ឋាភិបាលចម្រុះបាន​​។ ទំនោរនយោបាយ​ប្រជាធិបតេយ្យ​និង​កណ្តាល​និយម​ ដែលនឹងមកដឹកនាំប៉ូឡូញ បានធ្វើឲ្យសហភាព​​​អឺរ៉ុប និង​​ជាពិសេសគឺ​អ៊ុយក្រែន​ បានធូរទ្រូង ខណៈក្រុមបក្ស​នយោបាយ​ស្តាំនិយមជ្រុល បានបង្ហាញ​ការ​ជំទាស់កាន់តែខ្លាំង​ ទៅលើ​​កម្លាំងសាមគ្គីរួមរបស់អឺរ៉ុប នៅក្នុងការបន្ត​​ជួយ​អ៊ុយក្រែន​។បក្សស្តាំនិយម​បាត់បង់សំឡេងភាគច្រើន​ក្នុងសភា​ផ្អែកតាមលទ្ធផល​បឋម ភ្លាមៗក្រោយ​ចប់ការបោះឆ្នោត​ ចេញផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន Polsat News នៅយប់​ថ្ងៃអាទិត្យទី​១៥តុលា គឺ​គណបក្ស​ស្តាំអភិរក្ស​និយម​ PiS ដែល​ដឹកនាំរដ្ឋាភិបាល​ប៉ូឡូញ ៨ឆ្នាំមកហើយនោះ បាន​ទទួលសំឡេងឆ្នោត​នាំមុខ​គេ ប្រមាណ​៣៦,៦%។ តែយ៉ាងណា ជាមួយ​នឹងសំឡេងឆ្នោតនេះ គឺ​បក្ស PiS របស់​លោក Jaroslaw Kaczynski អាចបាន​អាសនៈក្នុងសភា ចំនួន​តែ​១៩៨អាសនៈទេ ពោល​គឺមិនគ្រប់​២៣១អាសនៈ ដែលជាសំឡេងភាគច្រើន​។ ចំណែក​បក្ស​ស្តាំនិយមជ្រុល ដែលជាសម្ព័ន្ធមិត្តរបស់​បក្ស PiS ក៏បានចាញ់ក្រែលដែរ បានសំឡេងឆ្នោ​ត​ប្រមាណ​តែ​៦,៤% ដែលស្មើនឹង១៤អាសនៈ។​ចំណែកគណបក្ស​សម្ព័ន្ធពលរដ្ឋ (KO) ដែលដឹកនាំដោយ​លោកដូណាល់ ទូសក៍ អតីតប្រធានក្រុមប្រឹក្សាអឺរ៉ុប បានទទួលជ័យជំនះលេខរៀងទី២ ជាមួយនឹងសំឡេងឆ្នោត​ប្រមាណ​៣១%។ លេខរៀងទី៣ គឺបានទៅលើ​បក្សកណ្តាលនិយម បានសំឡេងឆ្នោត ១៣,៥% ខណៈគណបក្សឆ្វេងនិយមថ្មី បាន​សំឡេងឆ្នោត ៨,៦%។ គណបក្សប្រជាធិបតេយ្យ​និយមទាំងបីនេះ អាចនឹងចងក្រងគ្នាជាសម្ព័ន្ធ បាន​ចំនួនអាសនៈសរុបប្រមាណ​២៤៨អាសនៈ ដើម្បី​ឈានទៅបង្កើតរដ្ឋាភិបាលចម្រុះ​។​ថ្លែងទៅកាន់សមាជិកសមាជិកា កាលពីយប់ថ្ងៃអាទិត្យ លោក ដូណាល់ ទូសក៍ បាន​លើកឡើងថា លោកធ្វើនយោបាយ​ច្រើនឆ្នាំមកហើយ តែមិនដែលសប្បាយចិត្តដូចពេលនេះទេ។ លោកដូណាល់ ទូសក៍ ដែល​គេរំពឹងថានឹងក្លាយជាអនាគតនាយករដ្ឋមន្ត្រីប៉ូឡូញ បានអះអាងថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប៉ូឡូញ ព្រោះវានឹងបិទបញ្ចប់ ទំព័រ​អំណាចនយោបាយ​ដឹកនាំដោយ​ពួកស្តាំនិយមជ្រុល។ តែយ៉ាងណាក៏ដោយ នៅ​មានឧបសគ្គច្រើនទៀត ដែលរងចាំ​រារាំង​អនាគតរដ្ឋាភិបាលថ្មី​ នៃសម្ព័ន្ធបក្សប្រជាធិបតេយ្យ​ប៉ូឡូញ។​តើបក្ស​ស្តាំនិយម អាចបន្ត​បង្កការលំបាកបែបណាខ្លះ មកលើ​សម្ព័ន្ធបក្សប្រជាធិបតេយ្យ?ជាបឋម គឺសម្ព័ន្ធបក្ស​ប្រជាធិបតេយ្យដឹកនាំដោយ​លោក​ ដូណាល់ ទូសក៍ ត្រូវរងចាំពេលច្រើនសប្តាហ៍ ឬអាចដល់ច្រើនខែផង មុននឹងអាច​បង្កើតរដ្ឋាភិបាលចម្រុះបាន ព្រោះថានៅមានឧបសគ្គច្រើន។​ បើផ្អែកទៅលើលទ្ធផល​បោះឆ្នោត​កាលពីថ្ងៃអាទិត្យ គឺ​បក្ស​ស្តាំអភិរក្ស​ PiS ទេ​ ដែល​បានសំឡេងឆ្នោតនាំមុខគេ ហើយតាម​ច្បាប់កំណត់ គឺលោក​ប្រធានាធិបតីប៉ូឡូញ នឹងត្រូវប្រគល់តួនាទីបង្កើតរដ្ឋាភិបាល​ថ្មី​​​ ទៅ​បក្សដែលបាន​ឈ្នះ​ឆ្នោតលេខរៀងទី១ ដោយ​ទុកពេល​២សប្តាហ៍​។ ប្រសិន​បើ​បរាជ័យ ធ្វើមិនបានព្រោះថា​គ្មានសំឡេងភាគច្រើន​ក្នុងសភា​គ្រប់គ្រាន់ នោះទើប​ក្រុមសម្ព័ន្ធបក្សដែល​មានសំឡេងភាគច្រើន​ក្នុងសភា អាចស្នើ​បង្កើតរដ្ឋាភិបាលចម្រុះរបស់ខ្លួន​បាន​។ យោងតាមការវិភាគ គឺក្រុម​បក្សស្តាំនិយម អាចនឹងអូសបន្លាយពេលវេលា ទំរាំដល់ពេលដែលប៉ូឡូញអាចមាន​រដ្ឋាភិបាល​ថ្មី​នឹងន គឺប្រហែល២ខែ​ទៀតឯណោះ។មួយវិញទៀត ទោះបីបក្សស្តាំនិយមបាត់បង់សំឡេងភាគច្រើននៅក្នុងសភា ព្រមទាំងរដ្ឋាភិបាលក៏ដោយ តែបក្សនេះ​នៅ​មានបង្អែកច្រើនណាស់ ដើម្បីដាក់ជើងរារាំង​រដ្ឋាភិបាលថ្មី​។ ស្ថាប័នសំខាន់​ៗមួយចំនួន ស្ថិតនៅក្នុងដៃបក្សស្តាំនិយម តួយ៉ាង តុលាការកំពូល ទូរទស្សន៍សាធារណៈ និងធនាគារជាតិប៉ូឡូញ។​ ជាងនេះទៀត ក្រុមស្តាំនិយម អាចសង្ឃឹមលើ “អំណាចជំទាស់” របស់​លោក​ប្រធានាធិបតី​ប៉ូឡូញ Andrzej Duda ដែលមានទំនោរស្តាំអភិរក្សនិយមដែរ​។​​លោក Antoni Dudek ប្រវត្តិវិទូ ជំនាញនយោបាយប៉ូឡូញ បាន​លើកឡើងថា អនាគត​រដ្ឋាភិបាលថ្មីរបស់​សម្ព័ន្ធបក្សប្រជាធិបតេយ្យ នឹងត្រូវជួបការលំបាក​ច្រើនណាស់ ព្រោះថាប្រព័ន្ធទាំងមូលដែលរៀបចំឡើងដោយ​ពួកស្តាំនិយម មានទំនោរប្រឆាំងពួកគេ។ អ្វីៗគឺវាអាស្រ័យ​លើ​ គោលជំហររបស់​លោកប្រធានាធិបតី Andrzej Duda។ អនាគត​​រដ្ឋាភិបាលចម្រុះ អាចត្រូវទ្រាំលំបាក យ៉ាងហោចក៏ដល់ឆ្នាំ​២០២៥ដែរ មុននឹងមាន​ការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី​។ តាម​ការវិភាគរបស់អ្នក​ជំនាញ​នយោបាយ​ជាច្រើននាក់​ គឺបេក្ខជនប្រធានាធិបតី​​មក​ពី​បក្ស​ស្តាំនិយម អាចនឹង​គ្មានសង្ឃឹមឈ្នះទេ នៅឆ្នាំ​២០២៥។កត្តាអ្វីខ្លះ ដែលធ្វើឲ្យ​បក្សស្តាំនិយម​ប៉ូឡូញ បាត់បង់ការគាំទ្រ? ការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ គឺមានអត្រាអ្នកចូលរួមបោះឆ្នោត ដល់ទៅ ៧២,៩%។ ជាអត្រាខ្ពស់បំផុត​មិនធ្លាប់​មានទេ ក្នុងប្រវត្តិសាស្ត្រប្រជាធិបតេយ្យ​ប៉ូឡូញ ទោះបីការបោះឆ្នោតលើកទី​១ នៅ​ក្រោយ​ការដួលរលំរបបកុម្មុយនីស្តសហភាពសូវៀត នៅឆ្នាំ​១៩៨៩ ក៏​នៅទាបជាងដែរ​។ កាលពីយប់ថ្ងៃអាទិត្យ មណ្ឌលបោះឆ្នោតខ្លះ ដល់​ម៉ោង​៩យប់ជាម៉ោងត្រូវបិទហើយ ក៏នៅមានមនុស្សមកឈររងចាំ ចូលទៅបោះឆ្នោតដែរ​។​ នេះស្តែង​ឲ្យឃើញ អំពី​ឆន្ទៈរបស់ប្រជាជនប៉ូឡូញ ក្នុង​ការ​ប្រើសិទ្ធិរបស់ខ្លួន ដើម្បីក្តាប់​ជោគវាសនាប្រទេសជាតិ​ បន្ទាប់​ពីបាន​ឆ្លងកាត់ការដឹកនាំ​៨ឆ្នាំ របស់មេដឹកនាំស្តាំនិយម គឺ​​​លោក Jaroslaw Kaczynski។រដ្ឋាភិបាលស្តាំអភិរក្សនិយមរបស់​លោក​ Jaroslaw Kaczynski ត្រូវបានគេសំឡឹងឃើញថា មានទំនោរកាន់តែ​ប្រឆាំងនឹងអឺរ៉ុប ហើយ​មិនត្រឹមប៉ុណ្ណោះទេ គឺបាន​​​បង្កបញ្ហា​ធ្វើ​ឲ្យ​បាក់បែកសង្គម ជាជាង​ការរកដំណោះស្រាយ​ផ្សះផ្សារសង្គមជាតិ​។​ រដ្ឋាភិបាលនេះ បានឃោសនា​​​បំបែកសង្គមប៉ូឡូញ ជាក្រុម​ប្រឆាំងគ្នា គំនិតអភិរក្សនិយម​ ប្រឆាំងនឹងគំនិតចម្រើនសេរីនិយម ប្រឆាំងស្អប់ខ្ពើម​​​អ្នកស្រលាញ់ភេទដូចគ្នា និងប្រឆាំងស្អប់​ជនបរទេសជាដើម។យុវជន និងស្ត្រី ចង់ឃើញប៉ូឡូញ​មាន​គោលនយោបាយ​បើកចំហយោងតាម​ការធ្វើស្ថិតិ យុវជនប៉ូឡូញអាយុចន្លោះ ពី​១៨ ដល់​២៩ឆ្នាំ  បានទៅចូលរួមបោះឆ្នោត​យ៉ាងច្រើនកុះករ ដែល​ក្នុងនោះ គឺមានជិត​៦៣% បានបោះឆ្នោត​ឲ្យ​ក្រុមគណបក្សប្រជាធិបតេយ្យ ខណៈបក្សស្តាំនិយមបានត្រឹមតែ ជាង​១៤%​។ អ្វីដែលគួរឲ្យកត់សំគាល់មួយទៀតនោះ គឺសន្លឹកឆ្នោតរបស់​ស្ត្រី បានក្លាយជាអាវុធដ៏​មានប្រសិទ្ធភាព ដើម្បី​បិទបញ្ចប់​គោលនយោបាយ​បំបិទសិទ្ធិសេរីភាពស្ត្រី របស់​រដ្ឋាភិបាលស្តាំនិយមដឹកនាំដោយ​លោក Jaroslaw Kaczynski។ កាលពីឆ្នាំ​២០២០ តុលាការកំពូលប៉ូឡូញ ដែលស្ថិតក្នុង​ដៃពួកស្តាំនិយម​ បានហាមឃាត់ស្ត្រី​មិនឲ្យមានសិទ្ធិរំលូតកូន​។ តាមរយៈការបោះឆ្នោតថ្ងៃទី​១៥តុលា​ ស្ត្រី​ប្រមាណ​​៧០% បាន​នាំគ្នាទៅបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីឲ្យ​បក្ស​ប្រឆាំង ដើម្បីឈានទៅចារ​ ការពារ​​សិទ្ធិរំលូតកូនរបស់ស្ត្រីនៅក្នុងច្បាប់​។​ដោយឡែក លោក Michal Szczerbar សមាជិកសភាប៉ូឡូញមកពីសម្ព័ន្ធពលរដ្ឋ បាន​លើកឡើង អ្វីដែលប្រជាជនប៉ូឡូញ ចង់បានតាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ គឺចង់ឃើញប៉ូឡូញក្លាយ​ជាដៃគូដ៏គួរ​ឲ្យទុកចិត្តឡើងវិញ នៅក្នុងមហាគ្រួសារសហភាពអឺរ៉ុប នៅក្នុងក្របខណ្ឌ​សហគមន៍អន្តរជាតិ ជាក់ស្តែងក្នុងសំណុំរឿងអ៊ុយក្រែន​​។​ ​ប្រជាជនប៉ូឡូញ ចង់ឃើញ​ប្រទេសខ្លួនដោះស្រាយវិវាទទាំងអស់ជាមួយ​សហភាពអឺរ៉ុប ដើម្បីអាចចាប់ផ្តើមទទួល​បាន​កញ្ចប់ថវិកា​ផ្តល់សន្ទុះសេដ្ឋកិច្ច​។ ដូច្នេះ ប៉ូឡូញត្រូវតែមានអ្នកដឹកនាំថ្មី ដែល​ជា​​​មនុស្សធ្វើ​ឲ្យ​ទុកចិត្តបាន​ មិនថា​នៅក្នុងក្រសែភ្នែកអឺរ៉ុប និងសហគមន៍អន្តរជាតិទាំងមូល។ មនុស្ស​នោះ គឺលោក ដូណាល់ ទុសក៍​។លោក Michal Szczerbar បានអះអាងថា សម្ព័ន្ធបក្សប្រជាធិបតេយ្យដែលនឹងបង្កើតរដ្ឋាភិបាលចម្រុះថ្មី មានកម្ម​វត្ថុរួមគ្នា នាំប៉ូឡូញឲ្យ​ក្លាយ​ជា​ដៃគូរគួរឲ្យទុកចិត្ត​លើឆាក​​អន្តរជាតិ ហើយ​រៀបចំគោលនយោបាយ​ផ្សះផ្សារសង្គម រស់នៅដោយសុខសន្តិភាពនឹងគ្នា តាមរយៈការ​ការពារសិទ្ធិសេរីភាពស្ត្រី និង​ក្រុម​មនុស្ស​អ្នកស្រលាញ់ភេទដូចគ្នាជាដើម។ ទាំងអស់នេះ វាគឺជាការរំពឹងចង់បានរបស់យុវជនប៉ូឡូញ៕
10/16/20238 minutes, 34 seconds
Episode Artwork

អឺរ៉ុបបារម្ភខ្លាចថា សង្រ្គាមអ៊ីស្រាអែល-ហាម៉ាសប៉ាឡេស្ទីនរញ្ជួយឲ្យកើតមានអំពើហិង្សាចូលដល់ទឹកដីអឺរ៉ុប

សង្រ្គាមអ៊ីស្រាអែល ហាម៉ាសប៉ាឡេស្ទីន​កាន់តែធ្លាក់ផុងជ្រៅ។ ៨ថ្ងៃ​ក្រោយ ការវាយឆ្មក់ទ្រង់ទ្រាយធំ​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន ដែលបានសម្លាប់មនុស្ស​ជាង ១៣០០នាក់ នៅក្នុងទឹកដី​អ៊ីស្រាអែល កងទ័ព​អ៊ីស្រាអែល​បន្ត​បាញ់ប្លោង ទៅលើតំបន់​ហ្កាហ្សា សម្លាប់មនុស្ស​ជិត ២០០០នាក់ និង​ត្រៀមកម្លាំង​ដើម្បី​វាយលុកជើងគោក ក្នុងគោលដៅ គាស់រំលើង ចលនាហាម៉ាសប៉ាឡេស្ទីន។ ការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមប្រដាប់អាវុធ​ហាម៉ាសប៉ាឡេស្ទីន​ដែលបាន​សម្លាប់​ប្រជាជន​ស៊ីវិល នៅទឹកដី​អ៊ីស្រាអែល​បានបណ្តាល​ឲ្យមាន​បាតុកម្ម​បង្ហាញសាមគ្គីភាព​ជាមួយ​អ៊ីស្រាអែល។ ប៉ុន្តែ ការវាយប្រហារ​ផ្លូវអាកាស និងការត្រៀមកម្លាំងវាយលុក បោសសម្អាត​កុ្រមហាម៉ាសប៉ាឡេស្ទីន ដែលបានសម្លាប់មនុស្ស និង​វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ​នៅ​ទឹកដីហ្កាហ្សា កំពុង​បណ្តាល​ឲ្យ​ផ្ទុះ​មាន​បាតុកម្ម​ប្រឆាំង ស្អប់អ៊ីស្រាអែល នៅតាម​បណ្តាប្រទេស​អារ៉ាប់ និង​ប្រទេស​សំបូរ​ប្រជាជន​កាន់សាសនា​អ៊ីស្លាម។ ភ្លើងសង្រ្គាម​អ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីនកំពុងឆេះសន្ធោសន្ធៅ ជាពិសេស​នៅ​តំបន់​ហ្កាហ្សា ជាទី ដែល​អ៊ីស្រាអែល នៅ​៧ថ្ងៃមកនេះ​បាន​បាញ់ប្លោង ទម្លាក់គ្រាប់បែក សឹងមិនលោះថ្ងៃ។ តាម​អាជ្ញាធរ​ប៉ាឡេស្ទីន ការវាយប្រហារផ្លូវអាកាស​របស់​អ៊ីស្រាអែល​គិត​មកត្រឹម​ថ្ងៃ​សុក្រ បានសម្លាប់មនុស្ស​ជាង ១៥០០នាក់ ដែលនៅក្នុងនោះ មានកុមារ ៥០០នាក់ និង​បានបំផ្លាញអគារជាង ១៣០០​នៅក្នុង​តំបន់ហ្កាហ្សា។ នេះបើតាមការវាយតម្លៃ​របស់​អង្គការ​សហប្រជាជាតិ។អ៊ីស្រាអែល​បាញ់សម្លាប់​មេចលនា​ហាម៉ាស៨ថ្ងៃក្រោយ​បាញ់ប្លោងទៅលើជំរំ អគារ រូងក្រោមដី ដែល​អ៊ីស្រាអែល ជឿថា ជាកន្លែង​លាក់ខ្លួន​របស់ក្រុមហាម៉ាស​ប៉ាឡេស្ទីន​នៅ​ក្នុងតំបន់​ហ្កាហ្សា អ្នកនាំពាក្យ​របស់​កងទ័ពអ៊ីស្រាអែល​បាន​អះអាង​នៅថ្ងៃ​សៅរ៍នេះ​ថា ការវាយប្រហារ​ផ្លូវអាកាស​បាន​សម្លាប់​ Al Qadi មេបញ្ជាការ​កងពល  Nukhba ដែលជា​ក្រុមទាហានឆ្នើមរបស់​ហាម៉ាស និងជាអ្នកដែលដឹកនាំ​ការវាយប្រហារឆ្មក់ចូលទឹកដី​អ៊ីស្រាអែល កាលពីថ្ងៃ​សៅរ៍សប្តាហ៍មុន។តាម​អ្នកនាំពាក្យ​ខាងលើ​ កងទ័ពអ៊ីស្រាអែល​និង​ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង​បាន​ទទួល​ព័ត៌មានគួរឲ្យជឿជាក់ដែលថា Al Qadi មេបញ្ជាការ​កងពល  Nukhba​របស់​ចលនា​ហាម៉ាស​ស្លាប់​នៅក្នុងការវាយប្រហារ​ផ្លូវអាកាស។មានអាយុ ៣៧ឆ្នាំ Al Qadi ជាជនជាតិ​ប៉ាឡេស្ទីន មាន​ដើមកំណើត​ចេញពី Ramallha របស់​ស៊ីហ្សកដានី ដែលជាទឹកដីមួយទៀត​របស់​ប្រជាជនប៉ាឡេស្ទីន។ តាម​អ្នកនាំពាក្យ​រប់ស​កងទ័ពអ៊ីស្រាអែល Al Qadi ដែល​ចលនា​ហាម៉ាស​ធ្លាប់​បញ្ជាក់ថា ជា​មេបញ្ជាការ​របស់​ក្រុមប្រដាប់អាវុធឆ្នើម Nukhba ធ្លាប់ស្ថិតក្នុងចំណោម​អ្នកទោស​ប៉ាឡេស្ទីន ដែលអ៊ីស្រាអែល​ដោះលែង និង​ចាប់បញ្ជូនឲ្យ​ទៅ​រស់នៅ ហ្កាហ្សា នៅ​ឆ្នាំ ២០១១ នៅក្នុងក្របខ័ណ្ឌ​ដោះដូរ​អ្នកទោស រវាង​អ៊ីស្រាអែល និងប៉ាឡេស្ទីន។ ភាគីហាម៉ាសនៅថ្ងៃសៅរ៍ទី ១៤​តុលា ​បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ​អ្វីទាំងអស់​ទាក់ទង​នឹង​ព័ត៌មានដែល​ថា មេបញ្ជាការម្នាក់របស់ខ្លួន​ស្លាប់​នៅក្នុងការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល។បាតុកម្ម​គាំទ្រ​ប៉ាឡេស្ទីនកំពុង​គ្របដណ្តប់​សមានចិត្ត​សំដែងសាមគ្គីភាពជាមួយ​អ៊ីស្រាអែលនៅចំពោះមុខការ​វាយប្រហារ​ដ៏សន្ធឹក​របស់​អ៊ីស្រាអែល ទៅលើ​តំបន់​ហ្កាហ្សា ដែលបាន​សម្លាប់​ប្រជាជនស៊ីវិល និង​បណ្តាល​ឲ្យប្រជាជន​ប៉ាឡេស្ទីន ​រាប់​សែន​នាក់​រត់ភៀសខ្លួន គេចចេញ​ពីការទម្លាក់គ្រាប់បែក​របស់អ៊ីស្រាអែល បាតុកម្ម​ដើម្បី​បុព្វហេតុ​ប៉ាឡេស្ទីន​បានបន្លឺឡើង​​ជាបន្តបន្ទាប់ ជាពិសេស​នៅតាម​បណ្តាប្រទេស​អារ៉ាប់ និង​នៅប្រទេស​ដែលមាន​ប្រជាជនកាន់សាសនា​អ៊ីស្លាម។ តាំង​ពីប្រទេស​នៅ​តំបន់ដើមបូព៌ា អេហ្ស៊ីប ហ្សកដានី លីបង់ ស៊ីរី យេម៉ែន អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន រហូត​អាហ្វ្រិក ដូចជា​លីប៊ី អាល់ហ្សេរី ម៉ារ៉ុក និង​នៅអាស៊ី ដូចជា បង់ក្លាដែស ឥណ្ឌូណេស៊ី ម៉ាឡេស្ទី ប៉ាគីស្ថាន ប្រជាជន​រាប់ពាន់ រាប់ម៉ឺននាក់ ចុះថ្នល់​ធ្វើបាតុកម្ម លើកទង់ជាតិ​ប៉ាឡេស្ទីន និងទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់ជា​បន្ទាន់ ការប្រើកម្លាំងយោធា ដ៏ហិង្សា​ទៅលើ​ប្រជាជន​ស្លូតត្រង់​ប៉ាឡេស្ទីន​ដែលកំពុង​នៅជាប់គាំង​ក្នុង​តំបន់​ហ្កាហ្សា។នៅ​ប្រទេស​មួយចំនួន ដូចជា​អ៊ីរ៉ង់ អ៊ីរ៉ាក់ និង​ប៉ាគីស្ថាន បាតុករ​ដុត​ទង់ជាតិ​អ៊ីស្រាអែល ទង់ជាតិ​អាមេរិក និង​ស្រែក​ថ្កោលទោស​នយោបាយ​ឈ្លានពាន​ធ្វើអាណានិគមនិយម​របស់​អ៊ីស្រាអែល ទៅលើ​ទឹកដី​ប៉ាឡេស្ទីន តាមរយៈ​ការបញ្ជា​ បណ្តេញ​ប្រជាជន​ប៉ាឡេស្ទីន​ឲ្យរើចាកចេញ ដោយ​កំហិត​ពី​ភាគខាងជើងតំបន់​ហ្កហ្សា។អឺរ៉ុប​កំពុង​ខ្លាច​ជម្លោះ​អ៊ីស្រាអែល​ប៉ាឡេស្ទីន​ហៀរចេញពីដើមបូព៌ាភ្លើងសង្រ្គាមកំពុងឆេះសន្ធោសន្ធៅ​នៅ​ទឹកដី​ហ្កាហ្សា។ ប៉ុន្តែ ប្រទេស​ជាច្រើន នៅអឺរ៉ុប​កំពុងភ័យបារម្ភខ្លាច​ពីការជះឥទ្ធិពល​របស់​វា រហូត​បណ្តាល​ឲ្យមានបញ្ហា​ក្នុង​សង្គម ជាពិសេសភាពតានតឹង ជម្លោះ​រវាង​សហគមន៍ជនជាតិ​នៅអឺរ៉ុប។ថ្វីត្បិតថា ជម្លោះ​ប្រដាប់អាវុធ អំពើហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន កើតឡើង​នៅ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីនមែន ប៉ុន្តែ វា​រមែងជះឥទ្ធិពល រងរញ្ជួយ​រហូត​ដល់​ទឹកដីអឺរ៉ុប។ ជាក់ស្តែង នៅបារាំង ក្រសួងមហាផ្ទៃ​បាន​ហាមឃាត់​មិន​ឲ្យ​មាន​បាតុកម្ម​ដើម្បី​បុព្វហេតុ​ប៉ាឡេស្ទីន ក្នុង​ហេតុផល​ថា បាតុកម្មរបស់​អ្នកគាំទ្រ​ប៉ាឡេស្ទីន តែងទាក់ទាញ​ឲ្យ​កើតមាន​ការប្រព្រឹត្ត​អំពើហិង្សា បង្កអសណ្តាប់ធ្នាប់ និងការប៉ះទង្គិចជាមួយប៉ូលិសបារាំង។តាមការវាយតម្លៃ​របស់​អ្នកនាំពាក្យ​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដោយសារ ការវាយប្រហារ​របស់​អ៊ីស្រាអែល ទៅលើ​តំបន់​ហ្កាហ្សា  និងការប្រព្រឹត្តអំពើហិង្សា និង អយុត្តិធម៌របស់​អាជ្ញាធរ​អ៊ីស្រាអែល ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន និន្នាការ​ស្អប់​អ្នកកាន់សាសនា​ជ្វីហ្វ និង​សារស្អប់អ្នកកាន់សាសនា​អ៊ីស្លាម បាន​កើនឡើង នៅតាមបណ្តា​ប្រទេស​ក្នុង​ពិភពលោក។ នៅបារាំង អាជ្ញាធរ​រកឃើញ មាន​សកម្មភាព​ប្រឆាំង​ជេរប្រមាថ ជនជាតិ​ជ្វីហ្វ​ជាង​១០០​ករណី គិត​ចាប់តាំង មានការប្រយុទ្ធគ្នា​រវាង​អ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ៨ថ្ងៃមកនេះ។ ប៉ូលិស​បារាំង​បានចាប់ឃាត់ខ្លួន​មនុស្ស​៤១នាក់ ចំណែក​សាលារៀន វិហារអ្នកកាន់សាសនាជ្វីហ្វ ប្រមាណ ៥០០កន្លែង​នៅទូទាំងប្រទេស​ត្រូវដាក់ស្ថិតក្រោម​ការយាម​ការបាររបស់​ប៉ូលិស កងអាវុធហត្ថបារាំង ចំនួន ១ម៉ឺននាក់។ បារាំង​ចាត់វិធានការការពារ​តឹងរ៉ឹងខ្លាំង ព្រោះបារាំង​ជា​ប្រទេស​នាំមុខគេ​នៅអឺរ៉ុប​ដែលមាន​សហគមន៍ជ្វីហ្វរស់នៅច្រើនជាងគេ ប្រមាណ ៥សែននាក់ ប៉ុន្តែ បារាំង​ក៏មាន​ប្រជាជន​កាន់សាសនា​អ៊ីស្លាមច្រើនសម្បើមដែរ ប្រមាណ ៦លាននាក់ ពោល​គឺស្មើនឹង​៩%​នៃប្រជាជនបារាំងសរុប។ក្រៅពីបារាំង អាល្លឺម៉ង់ និងប្រទេស​នៅអឺរ៉ុប​មួយចំនួនទៀត បាន​ចាត់វិធានការ​តឹងរ៉ឹង​ដូចគ្នានេះដែរ ដើម្បី​បង្កាទប់ស្កាត់​កុំ​ឲ្យមាន​បញ្ហាសង្គម ជាពិសេស ការស្អប់​រើសអើង​សហគមន៍ជ្វីហ្វ។ នៅអង់គ្លេស នៅពេល​មានការវាយប្រហារ​ខ្លាំង​របស់​កងទ័ពអ៊ីស្រាអែល ទៅលើ​តំបន់​ហ្កាហ្សាដើម្បីសងសឹកនឹង​ការវាយឆ្មក់សម្លាប់មនុស្ស​របស់​ក្រុមហាម៉ាស​នៅក្នុងទឹកដីអ៊ីស្រាអែល ចៅហ្វាយក្រុងឡុងដ៍​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កាន់សាសនា​ជ្វីហ្វនៅអង់គ្លេស ស្ថិតនៅតែក្នុងផ្ទះ។ អង់គ្លេស​បានអនុញ្ញាត​ឲ្យមាន​បាតុកម្ម​លើកទង់ជាតិ​ប៉ាឡេស្ទីន​នៅថ្ងៃ​សុក្រ ប៉ុន្តែ​ហាមមិន​ឲ្យ​បាតុកម្ម​គាំទ្រ​ក្រុមហាម៉ាស ដែលអង់គ្លេស​ចាត់ចូលក្នុងបញ្ជីក្រុមភេរវនិយមអន្តរជាតិ។ដោយសារ​សង្រ្គាមអ៊ីស្រាអែល​ទៅលើ​តំបន់​ហ្កាហ្សា សហគមន៍ជនជាតិជ្វីហ្វ​ នៅអឺរ៉ុប ត្រូវ​រស់នៅ​ក្នុងការភ័យខ្លាចជាប់ជានិច្ច។ នៅហូឡង់ អេស្ប៉ាញ ប៉ូលិស​ត្រូវ​ដាក់ពង្រាយ នៅតាម​​វិហារ និងមុខ​សាលារៀនជ្វីហ្វ នៅបន្ទាប់ពី ចលនាហាម៉ាស​ប៉ាឡេស្ទីនស្រែកអំពាវនាវ​ឲ្យគេសម្លាប់ជនជាតិជ្វីហ្វ​នៅគ្រប់​កន្លែង​ក្នុងពិភពលោក។
10/14/20236 minutes, 33 seconds
Episode Artwork

អ៊ីស្រាអែលបិទ​ខ្ទប់ហ្កា​​ហ្សាទាំងស្រុងនិង​គ្រោង​បើក​ប្រតិបត្តិការ​កម្ទេចចលនា​ហាម៉ាស

៧២ម៉ោង​ក្រោយ​ការ​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​របស់​ពួក​ហាម៉ាស​ យោធា​​អ៊ីស្រាអែលបាន​បន្ត​បាញ់​ផ្លោង​លើ​តំបន់​ហ្កាហ្សា និង​បិទ​ខ្ទប់​​តំបន់​នេះ​ទាំង​ស្រុង ព្រមទាំង​ប្រមូល​កងកម្លាំង​ទ័ព​បម្រុង​​រាប់​ម៉ឺន​នាក់។ អ៊ីស្រាអែល​ចង់​កម្ទេច​ចលនា​ហាម៉ា​សឱ្យ​រលត់​រលាយ​អស់។ ចំណែក​ខាង​ប៉ាឡេស្ទីន ចលនា​ហាម៉ាស​បាន​គំរាម​សម្លាប់​​ចំណាប់​ខ្មាំង​វិញ ដើម​តប​ទៅ​នឹង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។ ចំនួន​មនុស្ស​ស្លាប់​បាត់​បង់​ជីវិត​​ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ការ​តតាំង​គ្នា​រវាង​​អ៊ីស្រាអែល-ហាម៉ាស​បាន​ឡើង​ដល់​ជាង​១២០០នាក់។ ខាង​អ៊ីស្រាអែលមាន​ស្លាប់​ជាង​៧០០នាក់និង​​​​របួស២១៥០នាក់។ ចំណែកខាង​ប៉ាឡេស្ទីន​​មាន​ស្លាប់​ជាង​៥៦០នាក់​​ និង​អ្នក​​​រង​របួសប្រមាណ​​២៩០០នាក់​ នៅ​តំបន់​ហ្កាហ្សា ដែល​យោធា​អ៊ីស្រាអែល​បន្ត​វាយប្រហារ​ និង​កាត់​ផ្តាច់​ឱ្យ​នៅ​ឯកា​កាន់​តែ​ខ្លាំង។តើតំបន់ហ្កាហ្សា​មាន​ស្ថានភាព​យ៉ាងណា?តំបន់​ហ្កាហ្សា​​ដែន​ដី​មួយ​ចំណិត​របស់​ប៉ាឡេស្ទីនមាន​ទទឹងតែ​៦-១២គីឡូម៉ែត្រ​ និងបណ្តោយ​តែ​​៤១​គីឡូម៉ែត្រ​​ ​នៅ​ជាប់​សមុទ្ទ​មេឌីទែរ៉ាណេ ​ត្រូវ​​អ៊ីស្រាអែល​​បិទ​ត្រួត​ត្រា​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​ចេញ​ចូលតាំងពី​ឆ្នាំ​២០០៧​មក​ ប៉ុន្តែ​ពេល​នេះហ្កាហ្សា​​ត្រូវ​ឡោម​ព័ទ្ធ​ជិត​​​ដោយ​ទាហាន​អ៊ីស្រាអែល​ជា​ច្រើន​ពាន់​នាក់​។ ជាង​នេះ​ទៅ​ទៀត រដ្ឋមន្ត្រី​ការពារ​ជាតិ​​អ៊ីស្រាអែល​បាន​ប្រកាស​បិទ​ខ្ទប់​តំបន់​ទាំងស្រុងតែម្តង។ បន្ទាប់​ពី​ផ្អាក​ការផ្តល់​ថាមពលអគ្គិសនី​-​ហ្កាស​ និង​ជំនួយ​ស្បៀង​អាហារ​​ អាជ្ញាធរ​អ៊ីស្រាអែល​បាន​​កាត់​ផ្តាច់​​ទឹក​ ដែលអ៊ីស្រាអែល​​បង្ហូរ​ទៅ​ឱ្យ​ហ្កាហ្សា​​ក្នុង​កំរិត​១០%​ក្នុង​មួយ​ឆ្នាំ។​ដើម្បី​​សង​សឹក​នឹង​ការ​​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​របស់​ពួក​ចលនា​ហាម៉ាស​កាលពី​ថ្ងៃ​ទី​៧​តុលា​ យោធា​អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​ផ្លូវអាកាស​ទម្លាក់​គ្រាប់​​បែកឥត​ដាច់​​លើ​ទីតាំង​ជា​ច្រើន​ ដែល​ជា​​រចនា​សម្ព័ន្ធ​យោធារបស់​​ចលនា​ហាម៉ាសនៅ​ក្នុង​តំបន់​ហ្កាហ្សា​​។ យោធា​អ៊ីស្រាអែល​បាន​ប្រកាស​គ្រប់គ្រងស្ថានការណ៍​​តំបន់​ភាគ​ខាង​ត្បូង​នៃប្រទេសដែល​ផ្ទាំង​ស៊ីប​នៃការ​វាយហាម៉ាស​​បាន​វិញ​ហើយ​ តែ​អ្នក​នាំពាក្យ​យោធា​អ៊ីស្រាអែល​យល់​ថា​អាច​នៅ​មាន​សេស​សល់​ភេរវជន​ខ្លះ​ក្នុង​តំបន់​។ ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក នេតាន់យ៉ាហ៊ូ បាន​សន្យា​​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី ៩​តុលាថាអ៊ីស្រាអែល​នឹង​ធ្វើ​ឱ្យ​​ក្រុមហាម៉ាសរស់​យ៉ាង​លំបាក​និង​វេទនាបំផុត​​ ព្រោះ​អ៊ីស្រាអែល​នឹង​ឈ្នះ​ដោយប្រើ​​កម្លាំង-ជាកម្លាំង​ដ៏​មហិមា ឯ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​នៅហ្កាហ្សាត្រូវ​ប្រឈម​នឹង​សង្គ្រាមដ៏​ធ្ងន់ធ្ងរ និង​​​ដ៏​វែង​។ប៉ុន្តែ​ចលនា​ហាម៉ាស បាន​គំរាម​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​វិញ​​​ថា បើ​សត្រូវ​មិន​យល់​ភាសា​មនុស្សធម៌​ ហាម៉ាស​នឹង​ប្រើ​ភាសា​ណា​ដែល​អ៊ីស្រាអែល​យល់។ ពោល​គឺ​ នៅពេល​ណា​មានពលរដ្ឋ​ប៉ាឡេស្ទីនណា​​ម្នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​ដោយ​ឥតព្រៀង​ទុក ហាម៉ាស​នឹង​ផ្តាច់​ជីវិត​​ចំណាប់​ខ្មាំង​ស៊ីវិល​អ៊ីស្រាអែល​ម្នាក់​វិញ​ដែរ។ បើ​តាម​រដ្ឋាភិបាល​អ៊ីស្រាអែល នៅពេល​ពួក​ហាម៉ាស​វាយ​លុក​ចូល​ក្នុង​ដែន​ដី​អ៊ីស្រាអែល​ពួកគេ​បាន​ចាប់​ជន​ស៊ីវិល​បាន​ប្រមាណ​ជិត​១៥០នាក់​ជា​ចំណាប់​ខ្មាំង។បិទ​ខ្ទប់​តំបន់​ហ្កាហ្សា​ទាំង​ស្រុង​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ?ការ​ឆ្មក់​វាយប្រហាររបស់​ចលនា​ហាម៉ាស បាន​រង​ការ​ថ្កោស​ទោស​​ពី​គ្រប់​មជ្ឈដ្ឋាន ប៉ុន្តែ​ការ​សម្រេច​បិទ​ខ្ទប់​ទាំង​ស្រុង​តំបន់​ហ្កាហ្សា​ដែល​មាន​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ស៊ីវិល​ជាង​២លាន​៣សែន​នាក់​រស់​នៅ​ ក៏កំពុង​តែ​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​ជ្រួល​ច្របល់​​មិនតិច​ដែរ។ការ​បិទ​ខ្ទប់​តំបន់​មួយ​ទាំង​ស្រុង​ ដែល​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ជន​ស៊ីវិល​ បង្អត់​សេចក្តី​ត្រូវការ​ចាំបាច់​សម្រាប់​រស់ មាន​ចែង​ហាម​ឃាត់​ក្នុង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។ នេះ​បើ​តាម​កា​ររំលឹក​របស់​ឧត្តម​ស្នង​ការ​សិទ្ធិមនុស្ស​អង្គការ​ប្រជាជាតិ នៅព្រឹក​ថ្ងៃ​អង្គារ​ទី ១០​តុលា។​ លោក Volker Turk ក៏​បានបង្ហាញ​ភាព​តក់ស្លុត​និង​អាម៉ាស​នៅ​ចំពោះ​មុខ​វិធី​ប្រហារ​ជីវិត​​​របស់​ក្រុម​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន ដោយ​ស្នើ​សុំ​ឱ្យ​ក្រុម​នេះ​ដោះលែង​ចំណាប់​ខ្មាំង​និង​អ្នក​ទោស​ស៊ីវិល​ភ្លាម និង​ដោយ​គ្មាន​លក្ខខណ្ឌ។លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ អង់តូនីញ៉ូ ហ្គូទែកស៍ ក៏​បាន​ទទួល​ស្គាល់ដែរ​​ថាលោក​​ព្រួយ​បារម្ភ​នឹង​ការ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ដ៏​ស្រប​ច្បាប់​របស់​អ៊ីស្រាអែល​។ ​លោក​ជ្រួល​ច្របល់​ក្នុង​ចិត្ត​ខ្លាំង​ណាស់​នៅពេល​ឮ​អ៊ីស្រាអែល​ប្រកាស​បិទ​ខ្ទប់​ទាំង​ស្រុង​។ ក្នុងន័យ​នេះ​លោក​បាន​ប្រកាស​រំលឹក​អ៊ីស្រាអែល​ថា​ប្រតិបត្តិការ​យោធា​ត្រូវ​តែ​រៀប​ចំ​ធ្វើ​ឡើង​ដោយ​គោរព​សិទ្ធិមនុស្សធម៌​អន្តរជាតិ។ ត្រូវ​ការពារ​និង​គោរព​ជីវិត​ជន​ស៊ីវិល​។ រចនា​សម្ព័ន្ធ​ស៊ីវិល មានជាអាទិ៍​មន្ទីរពេទ្យ សាលារៀន កន្លែង​ស្នាក់នៅ​ ​មិន​ត្រូវ​ក្លាយ​ជា​ចំណុច​វាយប្រហារ​ទេរបស់​យោធា​អ៊ីស្រាអែល​ទេ។សហភាព​អឺរ៉ុប​បាន​ប្រកាស​បើក​ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​អញ្ជើញ​ប្រមុខ​ការ​ទូត​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ចូល​រួម​ផង។​ ប្រមុខដឹកនាំ​តួកគី​និង​អេហ្ស៊ីប​ ព្រមទាំង​កាតា កំពុង​សាកល្បង​ដើរ​តួ​ជា​អន្តរការី។តើ​អ៊ីស្រាអែល​កំពុង​ឈាន​ទៅ​បើក​ប្រតិបត្តិការ​​​កម្ចាត់​ពួក​​ហាម៉ាសអស់​តាម​វិធីណា?យោល​ទៅ​លើ​ចំនួន​ទ័ព​បម្រុងប្រមាណ​​​៣សែន​នាក់ ​ដែលអ៊ីស្រាអែល​ប្រមូល​បាន​​​​ក្នុង​រយៈ​ពេល​តែ​៤៨​ម៉ោង បូក​នឹង​ទាហាន​ពេញ​សិទ្ធិ​ជិត​មួយ​សែន​នាក់​ ដែល​ផ្តើម​មក​ផ្តុំ​នៅ​ជុំ​វិញ​តំបន់​ហ្កាហ្សា ពលរដ្ឋប៉ាឡេស្ទីន​ចាប់​ព្រួយ​បារម្ភ​​ទុក​ជា​មុន​ថាច្បាស់​ជា​​នឹង​មាន​ប្រតិបត្តិការ​វាយ​កម្ទេច​ក្រុម​យុទ្ធជន​ហាម៉ាស​ទ្រង់ទ្រាយ​ធំ​តាម​ផ្លូវ​គោក​។ប៉ុន្តែ​ប្រតិបត្តិការ​បែប​នេះ អាច​ចោទ​ជា​បញ្ហា​ច្រើន​សម្រាប់​អ្នក​ដឹកនាំ​អ៊ីស្រាអែល ព្រោះ​អាច​មាន​ការ​បាត់​បង់​មនុស្ស​ច្រើន​ ទាំង​សង​ខាង ព្រោះ​តំបន់​នេះ​មាន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់​ ជា​ផ្ទះ​របស់​ពួក​ហាម៉ាស​ស្រាប់​ដែល​ពួកគេ​អាច​សំងំ​លាក់​ខ្លួន​នៅ​គ្រប់​ជ្រុង​ គ្រប់​ផ្លូវ គ្រប់​រូង​ ... ចាំ​ស្ទាក់ស្វាគម​​ទាហាន​អ៊ីស្រាអែល។​កម្លាំង​យោធា​អ៊ីស្រាអែលអាច​​​​មាន​ប្រៀប​ខ្លាំង​ និង​អាច​បំផ្លាញ​រចនា​សម្ព័ន្ធ​របស់​ពួក​ហាម៉ាស ដូច​ជា​ កន្លែង​ផលិត​ឬ​ដំឡើង​រ៉ុកកែត ផ្លូវក្រោម​ដី​ដែល​តភ្ជាប់​ពី​ហ្កាហ្សា​ទៅ​អេហ្ស៊ីប ទៅ​អ៊ីស្រាអែល​ សម្រាប់​ឱ្យ​ពួក​ហាម៉ាស​ទាក់ទង​ជាមួយ​អ្នក​នៅ​ក្រៅ​តំបន់​ហ្កាហ្សា​ ឬ​កម្ទេច​ស្តុក​អាវុធ គ្រាប់​សព្វាវុធ​ តែ​មិន​ងាយ​កម្ចាត់​មេកើយ​ចលនា​ហាម៉ាស​បាន​ដោយងាយៗ​ឡើយ។ ម៉ូហាមេដ Dief មេក្លោង​ដឹកនាំ​ប្រតិបត្តិការ​វាយលុក​កាលពី​ថ្ងៃ​សៅរ៍​ ត្រូវ​បាន​យុវជន​ប៉ាឡេស្ទីន​ចាត់​ទុក​ជា​ព្រះ។ឧបមា​មេកើយក្រុម​ភេរវនិយម​​ហាម៉ាសត្រូវ​កម្ចាត់​បាន​ ក៏​​​​​អ៊ីស្រាអែល​មិន​អាច​កម្ចាត់​ពួក​គេ​អស់​ដែរ។ អ៊ីស្រាអែល​ធ្លាប់​ឈ្នះ​និង​សម្លាប់​បាន​មេក្រុម​ ជា​ច្រើនដង​មក​ហើយ ក្នុង​សង្គ្រាម​មុនៗ។ តែនៅ​ហ្កាហ្សា​ ​គេ​មិនអាច​កំណត់​​លទ្ធផល​ចុងក្រោយ​ថា​តើ​មាន​ស្លាប់​ជីវិត​ទាហាន​អ៊ីស្រាអែល​និង​ពលរដ្ឋ​ស៊ីវិល​ប៉ាឡេស្ទីន​ប៉ុន្មាន​ទេ។ ហើយ​​បើ​ទោះ​បី​ជា​ឈ្នះ​ ក៏​ត្រូវ​មាន​បញ្ហា​ដែរ។ កម្ចាត់​​ពួក​ហាម៉ាសអស់ អ៊ីស្រាអែល​នឹង​មក​ធ្វើ​អាណានិគម​លើ​ដែន​ដី​មួយ​ដុំ​នេះទៀតឬ​? អ៊ីស្រាអែល​គ្មាន​អនុស្សាវរីយ៍​ល្អ​នឹង​ការ​ធ្វើ​អាណានិគមកិច្ចទេ។ ទុក​ជន​ស៊ីវិល​ជាង​២លាន​នាក់​ដោយ​គ្មាន​ការ​ឃុំ​គ្រង ចលនា​ថ្មី​នឹង​លេច​ឡើង​ខ្លាំង​ជាង​ហាម៉ាស​ទៅទៀត។ស្ថាបនិក​អ៊ីស្រាអែល លោក David Ben Gourion បាន​អះអាង​នៅ​ឆ្នាំ​១៩៥៨​ថា​ ដែន​ដី​ហ្កាហ្សា​ជា​អពមង្គល​សម្រាប់​គ្រប់​របប​ មិន​ថា​សម្រាប់​រដ្ឋ​អ៊ីស្រាអែល របប​អ៊ីស្រាអែល​ជាមួយអង្គការ​សហប្រជាជាតិ ឬ​អង្គការ​សហប្រជាជាតិ​ដោយ​គ្មាន​អ៊ីស្រាអែល។ ប៉ុន្តែ​នោះ​ជា​គំនិត​កាល​៦៦​ឆ្នាំមុន ​តើ​អាចហួស​សម័យ​ទេ?​
10/10/20237 minutes, 26 seconds
Episode Artwork

តើ​ប្រតិបត្តិការវាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​​ កើត​ឡើងដូចម្តេចខ្លះ?

គិតត្រឹមថ្ងៃចន្ទទី​៩តុលា ការវាយប្រយុទ្ធគ្នារវាង​កងទ័ពអ៊ីស្រាអែល និង​ក្រុមហាម៉ាសប៉ាឡេស្ទីន នៅតែបន្តយ៉ាងសកម្ម​ ២ថ្ងៃក្រោយ​ការ​វាយឆ្មក់ទ្រង់ទ្រាយធំ និង​គួរឲ្យភ្ញាក់ផ្អើលបំផុតរបស់ក្រុមហាម៉ាស។ ជាលើកទី១ ដែ​ល​ក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានសំរុកចូល​មក​ក្នុងទឹកដី​អ៊ីស្រាអែល វាយប្រហារសម្លាប់មនុស្សជាច្រើនរយនាក់។ លោក​បេនចាមិន នេតាន់យ៉ាហ៊ូ​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាន​ប្រកាសថា អ៊ីស្រាអែលនឹងធ្វើសង្គ្រាម​កំទេច​ក្រុមហាម៉ាសឲ្យ​អស់ ហើយថាសង្គ្រាមនេះ ​គឺជាសង្គ្រាមរយៈពេល​វែង។ តើការវាយ​ប្រហាររបស់​ក្រុមហាម៉ាសនេះ បានកើតឡើងយ៉ាងដូចម្តេចខ្លះ​?នៅព្រឹកថ្ងៃសៅរ៍ទី​៧តុលា វេលាទាបភ្លឺ ដែលជាកំឡុងពេល បុណ្យ​​Shabbat សំរាក​ប្រចាំសប្តាហ៍ របស់ប្រជាជនជ្វីហ្វ ក្រុម​ហាម៉ាសប៉ាឡេស្ទីន បាន​បើកការវាយ​ឆ្មក់ ក្នុងទ្រង់ទ្រាយធំបំផុត​មិនធ្លាប់​មាន​។​ ក្រុមហាម៉ាស បាន​សំរុក​បាញ់​គ្រាប់រ៉ុកកែត ជាច្រើនពាន់គ្រាប់ចេញពី​តំបន់​ហ្កាហ្សា ឆ្ពោះមកកាន់ទឹកដីអ៊ីស្រាអែល ធ្វើឲ្យ​ប្រព័ន្ធខែលរបស់អ៊ីស្រាអែល វង្វេងចាប់លែងឈ្នះ​។ស្របពេលជាមួយគ្នានេះ ក្រុម​កម្លាំងហាម៉ាសជាច្រើនរយនាក់​ បាននាំគ្នា​សំរុកចូល​មក​ក្នុងទឹកដីអ៊ីស្រាអែល។ ក្រុមថ្មើរជើង បាន​ប្រើប្រាស់គ្រាប់បែក និងប្រើ​​រថយន្តគ្រឿងចក្រឈូសឆាយ ទៅបើកបំបុកឈូសទម្លាយរបង​ជញ្ជាំង ដែលខណ្ឌចែក​តំបន់​ហ្កាហ្សា និង​ទឹកដី​​អ៊ីស្រាអែល។ ក្រុមផ្សេងទៀត បាន​ប្រើប្រាស់ឆ័ត្រយោងបំពាក់ដោយ​ម៉ាស៊ីនកង្ការ​​ ហោះរំលងជញ្ជាំង និងមានខ្លះបាន​ប្រើទូក​បើកតាមសមុទ្រ ចូលទៅកាន់ទឹកដីអ៊ីស្រាអែល។ចូលទៅដល់​ទឹកដីអ៊ីស្រាអែល ក្រុមហាម៉ាស់ បានបើកការវាយ​ប្រហារទៅលើ​ប៉ុស្តិនគរបាល ទីតាំងទាហាន និងបានបាញ់រះទៅលើ​ប្រជាជនស៊ីវីលដោយ​ឥតរើសមុខ។ ក្រុមហាម៉ាស បានសំរុកចូលទៅដល់​ក្នុង​ទីក្រុង​មួយ​ចំនួន​ របស់អ៊ីស្រាអែល ដូចជា​ទីក្រុង Ashkelon ទីក្រុង​ Sderot និងទីក្រុង​ Ofakim ជាដើម​ ដែលស្ថិតនៅចំងាយ​ប្រមាណជាង​២០គីឡូម៉ែត្រ ពីព្រំដែនតំបន់ហ្កាហ្សា។ អ្នកនាំពាក្យម្នាក់​នៃក្រសួងការពារ​ជាតិអ៊ីស្រាអែល បាន​លើកឡើងថា យ៉ាងហោចណាស់​ ក្រុមហាម៉ាសមានគ្នា​១០០០នាក់ ដែល​បានសំរុកចូល​មកក្នុងទឹកដីអ៊ីស្រាអែល​។ពួកកងកម្លាំងហាម៉ាស បាន​ដណ្តើម​យកសម្ភារៈ និងគ្រឿងសព្វាវុធ​របស់កងទ័ពអ៊ីស្រាអែល ព្រមទាំងបាន​ចាប់ចំណាប់​ខ្មាំង ទាហាននិង​ប្រជាជនស៊ីវីល​ជាច្រើននាក់ថែមទៀតផង​។ យោងតាម​ការិយាល័យ​ព័ត៌មាន​រដ្ឋាភិបាលអ៊ីស្រាអែល យ៉ាងហោចណាស់ មានមនុស្ស​ជាង​១០០នាក់ ដែលត្រូវបាន​ក្រុមហាម៉ាសចាប់ជាចំណាប់​ខ្មាំង​ ដែល​ក្នុងចំណោមនោះ គឺមានជនជាតិអាមេរិក និងជនជាតិអាល្លឺម៉ង់ជាច្រើននាក់​។ ផ្អែក​តាម​លោក Herzi Halevi អគ្គមេបញ្ជាការកងទ័ពជាតិអ៊ីស្រាអែល គឺក្នុងចំណោម​ចំណាប់ខ្មាំង មានទាំងកុមារ ស្ត្រី មនុស្សចាស់ជរា ជនពិការ និង​ទាហាន​អ៊ីស្រាអែលផង​។ ពួកហាម៉ាស បាន​សំដៅចូលទៅវាយ​ប្រហារ​យុវជន​អ៊ីស្រាអែល ដែលកំពុងជួបជុំគ្នាក្នុងកម្មវិធី​ប្រគុំតន្រ្តី​ដ៏ធំមួយ នៅជិតក្រុង Kibboutz។ យោងតាមបណ្តាញព័ត៌មានអ៊ីស្រាអែល​​ នៅទីនោះ ក្រុមហាម៉ាសបាន​បាញ់​សម្លាប់​មនុស្ស​ជាង​២០០នាក់​។អ៊ីស្រាអែល​ប្រកាសសង្គ្រាម​ផ្អែកតាម​កងទ័ពអ៊ីស្រាអែល គឺក្រុមហាម៉ាស បាន​បាញ់​គ្រាប់រ៉ុកកែត ចំនួនជាង​៣០០០គ្រាប់ នៅ​ព្រឹកថ្ងៃសៅរ៍​។ កងទ័ពអ៊ីស្រាអែល បានប្រកាសអាសន្នភ្លាមៗ​ និង​បាន​បើក​ប្រតិបត្តិការ « ដាវដែក » ដើម្បី​ឆ្លើយតបវិញ ទៅលើក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ដែលមានប្រជាជនរស់នៅ​ប្រមាណ ២,៣លាននាក់​។ អ៊ីស្រាអែលបានបាញ់​កំទេចអគារជាច្រើនទីតាំង នៅ​ក្នុងតំបន់ហ្កាហ្សា ដែលគេអះអាងថា គឺជាទីបញ្ជាការរបស់​ពួកភេរវកម្មហាម៉ាស។ យោងតាម លោក Richard Hecht អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល គឺ​គេបាន​វាយ​ប្រហារទៅលើ គោលដៅ​ចំនួន ៤២៦ទីតាំង​នៅក្នុងតំបន់ហ្កាហ្សា ដោយរាប់តាំងកន្លែងលាក់ខ្លួនក្នុងរូងក្រោមដី និងសំណង់​​ហេដ្ឋរចនាសម្ព័ន្ធផ្សេងទៀត របស់​ពួកហាម៉ាសប៉ាឡេស្ទីន។លោកនេតាន់យ៉ាហ៊ូ បានប្រកាសសន្យាថា និង​កំទេច​ទីតាំងលាក់ខ្លួនរបស់​ពួកហាម៉ាស ឲ្យ​រលាយ​ក្លាយជាផេះ។ ភ្លាមៗក្រោយ​ការវាយ​ឆ្មក់ទ្រង់ទ្រាយធំមិនធ្លាប់​មាននេះ ក្រសួងការពារជាតិអ៊ីស្រាអែល​ បាន​បញ្ចេញ​កងកម្លាំងជាច្រើន​ម៉ឺននាក់ ដើម្បី​ដេញតាម​ប្រយុទ្ធជាមួយក្រុមហាម៉ាស ដែល​បានបន្លំចូលមកក្នុងទឹកដីអ៊ីស្រាអែល តំបន់ភាគខាងត្បូង​។​ មិនត្រឹមប៉ុណ្ណោះ អ៊ីស្រាអែល បានប្រកាសប្រមូល​កងទ័ពបំរុងទាំងអស់ ដើម្បីត្រៀម​ធ្វើ​សង្គ្រាម​។ នៅព្រឹកថ្ងៃចន្ទ កងទ័ពអ៊ីស្រាអែល បានប្រកាសផងដែរថា គេកំពុងពិចារណាជម្លៀសប្រជាជន ចេញពីតំបន់ដែលដែលស្ថិតនៅក្បែរតំបន់​ហ្កាហ្សាបំផុត​ ក្នុងរយៈពេល​២៤ម៉ោងទៀត។តើមានស្លាប់​មនុស្សប៉ុន្មាននាក់ ហើយ​បាត់ខ្លួនប៉ុន្មាននាក់?ផ្អែកតាម​អាជ្ញាធរអ៊ីស្រាអែល គិតពីថ្ងៃសៅរ៍ ដល់ព្រឹកថ្ងៃចន្ទ យ៉ាងហោចណាស់ មនុស្សជាង​៧០០នាក់បានស្លាប់ និងមាន​របួសប្រមាន ២១៥០នាក់ នៅខាងទឹកដីអ៊ីស្រាអែល។ អ្នករាយការណ៍​ព័ត៌មានបារាំង AFP បានឃើញសាកសពប្រជាជនស៊ីវីលអ៊ីស្រាអែលជាច្រើននាក់ ដែល​ត្រូវក្រុមហាម៉ាស់ បាញ់សុះសាច់​ ដេករណូករណាកនៅតាមផ្លូវ និងខ្លះនៅក្នុងរថយន្ត នៅក្នុងទីក្រុងចំនួន​យ៉ាងហោច​៣ គឺ Sderot Kibboutz និង ក្រុងឆ្នេរសមុទ្រ​​ Zikimស្ថិតនៅ​​ខាងជើងតំបន់​ហ្កាហ្សា​។នៅឯតំបន់​ហ្កាហ្សាប៉ាឡេស្ទីនវិញ យោងតាមក្រុមហាម៉ាស គឺ​យ៉ាងហោចណាស់ មាន​មនុស្សស្លាប់ ចំនួន​៤១៣នាក់ និង​ជាង​២៣០០នាក់របួស ដោយសារតែការបាញ់​ប្លោងរបស់កងទ័ពអ៊ីស្រាអែល ក្នុងរយៈពេល​២ថ្ងៃមកនេះ។ ក្នុងចំណោម​អ្នកស្លាប់ គឺមានកុមារ​៧៨នាក់ និងស្ត្រី​៤១នាក់។គួរបញ្ជាក់ថា​ ក្នុងចំណោមជនរងគ្រោះនៅខាងទឹកដីអ៊ីស្រាអែល គឺ​មានជនបរទេសជាច្រើននាក់បានស្លាប់ ក្នុងនោះ មាន​ជនជាតិ​ថៃ១២នាក់ ជនជាតិនេប៉ាល់ ១០នាក់ ជនជាតិ​អាមេរិក​ចំនួន៤នាក់ ជនជាតិអ៊ុយក្រែន​២នាក់ បារាំង១នាក់ កាណាដា១នាក់ និង​មាន​និស្សិតជនជាតិខ្មែរ១នាក់​ដែរ​។ ហើយ​ក្រៅពីមនុស្សស្លាប់ អាជ្ញាធរអ៊ីស្រាអែល អះអាងថា មានប្រជាជនស៊ីវីល និងទាហាន សរុបប្រមាណជាង​១០០នាក់ ដែលត្រូវបាន​ក្រុមហាម៉ាស ចាប់ជាចំណាប់ខ្មាំង។​យ៉ាងណាមិញ នៅថ្ងៃចន្ទទី​៩កញ្ញា ​ក្រសួងការបរទេស​ថៃ បានប្រកាសថា ក្រៅពីជនជាតិថៃ​១២នាក់ស្លាប់ គឺមាន​៨​នាក់​របួស និង​១១នាក់ ត្រូវក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង​។ អជ្ញាធរថៃ កំពុងតែត្រៀម​បញ្ជូនយន្តហោះកងទ័ពអាកាស ហោះទៅដឹក​ប្រជាជន​ថៃ​នៅអ៊ីស្រាអែល​។ ផ្អែកតាមតួលេខផ្លូវការ គឺបច្ចុប្បន្នមានប្រជាជនថៃចំនួន​​ប្រមាន​ ៣ម៉ឺននាក់​នៅអ៊ីស្រាអែល ដែលភាគច្រើនជា​ពលករធ្វើការក្នុងវិស័យ​កសិកម្ម​ ហើយ​ក្នុងចំណោមនេះ គឺមាន​ប្រមាន​៥០០០នាក់ ដែលកំពុងស្ថិតនៅក្នុងតំបន់​មានជម្លោះ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន​។ហេតុអ្វី​ក្រុមហាម៉ាស បើកការវាយប្រហារទ្រង់ទ្រាយធំនេះ?​ក្រុម Ezzedine Al-Qassem ដែលជាក្រុមប្រដាប់អាវុធមួយនៃចលនាហាម៉ាសប៉ាឡេស្ទីន បានអះអាងថា ក្រុមខ្លួន​បានបាញ់​គ្រាប់រ៉ុកកែត ចំនួន​ជាង​៥០០០គ្រាប់។​ នេះគឺជា​ប្រតិបត្តិការ​វាយប្រហារ ទៅលើអ៊ីស្រាអែល ដើម្បី “​សងសឹក និងបិទបញ្ចប់ឧក្រិដ្ឋកម្ម​ដាក់អាណានិគមដែលអ៊ីស្រាអែល ធ្វើមកលើប៉ាឡេស្ទីន”​។ចលនាហាម៉ាសប៉ាឡេស្ទីន លើកឡើងថា តាំងតែពីឆ្នាំ​១៩៦៧មក អ៊ីស្រាអែល បាន​ដាក់អាណានិគម​មកលើតំបន់ស៊ីហ្សកដានី និង​នៅផ្នែកខាងកើតទីក្រុងហ្សេរុយសាឡឹម ព្រមទាំងបាន​រាំងខ្ទប់តំបន់ហ្កាហ្សា តាំងតែពីឆ្នាំ​២០០៧មក ក្រោយពេល​ចលនាហាម៉ាសបានឡើងគ្រប់គ្រងអំណាច​នៅហ្កាហ្សា។ កាលពីថ្ងៃអាទិត្យ​ទី​ ៨តុលា មេដឹកនាំចលនាហាម៉ាស ឈ្មោះ Ismaïl Haniyeh បានអះអាងថា ចលនាហាម៉ាសកំពុងតែឈាន​ដណ្តើម​បានជ័យជំនះ ដ៏ធំមួយ​។ ចលនានេះ ថែមទាំងបានអំពាវនាវ ហៅ​ក្រុមកងកម្លាំងតស៊ូប៉ាឡេស្ទីន នៅ​តំបន់ស៊ីហ្សកដានី ព្រមទាំង​ប្រទេសអារ៉ាប់ និង​អ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ ត្រូវតែចូលរួម​ប្រយុទ្ធជាមួយពួកខ្លួន​។ជាក់ស្តែង ក្រោយ​ការបើកប្រតិបត្តិការវាយ​ឆ្មក់​របស់​ក្រុមហាម៉ាសនេះ កាលពីព្រឹកថ្ងៃអាទិត្យ​ ក្រុមចលនាហេសបូឡាលីបង់ឯណោះ ក៏បាន​បាញ់​ប្លោង​គ្រាប់កាំភ្លើងធំ ព្រមទាំងបានបាញ់​មីស៊ីលជាច្រើនគ្រាប់ ចូល​មកកាន់ទឹកដីអ៊ីស្រាអែល នៅភាគខាងជើង។ ចលនាហេសបូឡា ដែលមានអ៊ីរ៉ង់នៅពីក្រោយ បានអះអាងាថា ខ្លួនចង់វាយប្រហារអ៊ីស្រាអែល ដើម្បីជាការសាមគ្គីជាមួយចលនាហាម៉ាសប៉ាឡេស្ទីន។​ កងទ័ពអ៊ីស្រាអែល បានអះអាងថាគេបានវាយបកវិញទៅលើ​ក្រុមហេសបូឡា តាមរយៈការបញ្ជាយានដ្រូនទៅវាយ​ប្រហារនៅចំទីតាំង​មួយចំនួន​ នៅក្នុងទឹកដីលីបង់​។តើសហគមន៍អន្តរជាតិបានប្រតិកម្មយ៉ាងណាខ្លះ?លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថ្កោលទោសយ៉ាងធ្ងន់ ចំពោះការវាយ​ប្រហាររបស់​ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានសម្លាប់ប្រជាជនស៊ីវីល​ដោយ​មិនរើសមុខ។ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងអំពាវនាវទៀតថា សហគមន៍អន្តរជាតិត្រូវតែរួមគ្នា ប្រើ​ប្រាស់​ការចរចាការទូត ដើម្បីជួយទប់កុំឲ្យ​ជម្លោះប្រដាប់អាវុធនេះ ផ្ទុះក្លាយ​ទៅជាសង្គ្រាមធំនៅក្នុងតំបន់ដើមបូព៌ាទាំងមូល​។គួរបញ្ជាក់ថា នៅក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការសហប្រជាជាតិ ថ្វីបើមានប្រទេសជាច្រើនបានប្រកាសថ្កោលទោសក្រុមហាម៉ាស នៅទីបំផុត ការបោះឆ្នោត​លើ “សេចក្តីសម្រេចចិត្ត​រួម​ដើម្បី​ថ្កោលទោសក្រុមហាម៉ាស” មិនអាចសម្រេចទៅបានទេ ដោយសារតែគ្មានសំឡេងជា​ឯកច្ឆ័ន្ទ។យ៉ាងណាក៏ដោយ លោក​ប្រធានាធិបតី ចូ បៃដិន វិញបានថ្លែងថ្កោលទោស ការវាយប្រហាររបស់​ក្រុមហាម៉ាស និង​បានអះអាងថា សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយយោធា ទៅ​ជួយអ៊ីស្រាអែល ដែលរងការវាយប្រហារ។ ដូចគ្នាដែរ លោកស្រី អួរស៊ុឡា វ៉ុនឌែរ ឡេយ៉េន បានចាត់ទុក​ការវាយប្រហាររបស់​ក្រុមហាម៉ាស ថាគឺជា “ការវាយប្រហារភេរវកម្មដ៏សាហាវ និងថោកទាបបំផុត”​។ លោក​ស្រីប្រធានា​គណៈកម្មាការអឺរ៉ុប បានបន្ថែមថា ក្នុងនាមជាប្រទេសឯករាជ្យនិងប្រជាធិបតេយ្យ អ៊ីស្រាអែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការឆ្លើយតបវិញ​។ ចំណែក​លោក រីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស​បាន​បញ្ជាក់ប្រាប់ទៅសមភាគីអ៊ីស្រាអែល ថាអង់គ្លេសគាំទ្រ​នៅពីក្រោយអ៊ីស្រាអែលជានិច្ច​។ដោយឡែក រដ្ឋាភិបាលបារាំង ដែល​បានប្រកាសថ្កោសទោសយ៉ាងធ្ងន់ ទៅលើ​ការវាយប្រហាររបស់​ក្រុមហាម៉ាសដែរ​នោះ បានអះអាងថា កំពុងតែប្រឹងប្រែងបើកការចរចាការទូត ដើម្បីបញ្ចៀសកុំឲ្យ​ភ្លើងសង្គ្រាមនេះ ឆាបឆេះ ទៅដល់តំបន់ស៊ីសហ្សកដានី លីបង់ និង​ក្នុងតំបន់ដើមបូព៌ាទាំងមូល​។​ រីឯលោក​ អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី បានប្រកាសអំពាវនាវ ឲ្យក្រុមហាម៉ាស និង​អ៊ីស្រាអែល រក្សាការស្ងៀមស្ងាត់ ផ្តល់អាទិភាពដល់សន្តិភាព និង​ធ្វើយ៉ាងណា​​បញ្ចៀសកុំឲ្យ​ស្លាប់​ប្រជាជនស៊ីវីល​។ផ្ទុយទៅវិញ លោក​ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យ​ថា អ៊ីរ៉ង់គាំទ្រ​ការតស៊ូប្រយុទ្ធការពារខ្លួនដ៏ស្របច្បាប់ របស់​ប្រជាជាតិ​ប៉ាឡេស្ទីន។ យ៉ាងណាមិញ អ៊ីរ៉ង់ត្រូវបាន​គេសង្ស័យថា គឺជាអ្នកទំនុកបំរុងជួយ​ក្រុមហាម៉ាសប៉ាឡេស្ទីន ដើម្បីបើកប្រតិបត្តិការវាយឆ្មក់ទ្រង់ទ្រាយធំនេះ​​ ទៅលើអ៊ីស្រាអែល ដែលអ៊ីរ៉ង់ចាត់ទុកថាជាសត្រូវដ៏ធំបំផុតរបស់ខ្លួន​៕
10/9/202311 minutes
Episode Artwork

អ៊ីស្រាអែលប្រកាសសង្រ្គាមក្រោយការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន

អ៊ីស្រាអែលប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពសង្រ្គាម​បន្ទាប់ពីត្រូវ​រងស្រោចដោយគ្រាប់រ៉ូកែត​របស់​ចលនាហាម៉ាស​ប៉ាឡេស្ទីន ដែលគ្រប់គ្រង​តំបន់​ហ្កាហ្សា នៅព្រឹកព្រលឹមថ្ងៃសៅរ៍ទី ៧ តុលា។ តាមតុល្យការបឋម​របស់​កងទ័ពអ៊ីស្រាអែល ការវាយប្រហាររបស់​ក្រុមហាម៉ាសទៅលើ​ទឹកដីភាគខាងត្បូង​អ៊ីស្រាអែល​ដែលនៅជាប់ព្រំប្រទល់ជាមួយ​តំបន់ហ្កាហ្សា បាន​សម្លាប់មនុស្ស​យ៉ាងតិច ២២នាក់នាក់ និង​របួស​ជាង ៥០០នាក់។ ក្រោយ​កោះប្រជុំសន្តិសុខ​បន្ទាន់ នៅព្រឹកថ្ងៃ​សៅរ៍ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ​ប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពសង្រ្គាម និង​បញ្ជា​ឲ្យ​កងទ័ពបើកប្រតិបត្តិការវាយប្រហារ​តបទៅលើ​តំបន់​ហ្កាហ្សា។ ប្រមុខការពារជាតិ​អ៊ីស្រាអែល​វិញ បាន​ព្រមាន​ក្រុមហាម៉ាស​ថា កំពុងធ្វើកំហុស​ដ៏ធ្ងន់ធ្ងរ​ដែលបើកការវាយប្រហារទ្រង់ទ្រាយធំ​លើ​អ៊ីស្រាអែលនៅពេលនេះ។ ការវាយប្រហារបកវិញរបស់កងទ័ពអ៊ីស្រាអែលបានសម្លាប់​ប្រជាជនប៉ាឡេស្ទីនជិត​២០០នាក់​នៅថ្ងៃសៅរ៍ទី ៧​តុលា។  តាំងពីព្រលឹមថ្ងៃ​សៅរ៍​ទី ៧ តុលា ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​បាញ់​ស្រោច​គ្រាប់រ៉ូកែតចេញពីតំបន់​ហ្កាហ្សា​សំដៅទឹកដី​ភាគខាងត្បូង​អ៊ីស្រាអែល ដោយ​បាន​សម្លាប់មនុស្ស​យ៉ាងតិច ២២នាក់ និង​រងរបួស​ជាង ៥០០នាក់។ នៅ​ភាគខាងត្បូង និង​ភាគកណ្តាលប្រទេសអ៊ីស្រាអែល ទោះគ្រាប់រ៉ូកែតជាច្រើន​របស់​ក្រុមហាម៉ាស ត្រូវ​ប្រព័ន្ធការពារដែនអាកាស​បាញ់ស្ទាក់ទម្លាក់ជាមុន ប៉ុន្តែ សំឡេងស៊ីរ៉ែនស្រែករោទិ៍​ដាស់តឿន​ឲ្យ​ប្រជាជន​រត់រក​កន្លែងពួនជ្រក ដើម្បី​គេច​ចេញ​ពី​ការវាយប្រហារ​របស់​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន។យុទ្ធសាស្រ្តវាយប្រហារ​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ខុសប្លែក​ពីលើកមុនៗយ៉ាងដូចម្តេចនៅព្រឹកថ្ងៃ​សៅរ៍​ទី ៧​តុលា ក្រុមហាម៉ាស​ប៉ាឡេស្ទីន​បាន​បើកការប្រហារទ្រង់ទ្រាយធំ និង​គួរ​ឲ្យភ្ញាក់ផ្អើល រន្ធត់ខ្លាំង សម្រាប់​ប្រជាជន​អ៊ីស្រាអែល ព្រោះថា ក្រៅពី​បាញ់ស្រោចគ្រាប់រ៉ូកែត ជាង ៥០០០គ្រាប់​សំដៅ​ទឹកដី​អ៊ីស្រាអែល តាំងពី​ម៉ោង​៦កន្លះព្រឹក ម៉ោង​ដែល​ប្រជាជន​អ៊ីស្រាអែល​កំពុងលង់លក់ក្នុង​ដំណេក ក្រុមហាម៉ាស​ប៉ាឡេស្ទីន​នៅបាន​បើកប្រតិបត្តិការ​វាយប្រហារពិសេសមួយទៀត នោះគឺការបញ្ជូនក្រុមប្រដាប់អាវុធ វាយលុកចូលផ្ទាល់​ក្នុង​ទឹកដី​អ៊ីស្រាអែល។តាម​កងទ័ព​អ៊ីស្រាអែល នៅបន្ទាប់ពីមានការបាញ់ស្រោចគ្រាប់រ៉ូកែតសំដៅអ៊ីស្រាអែល សកម្មជនប្រដាប់អាវុធ​របស់​ក្រុមហាម៉ាស​ជាច្រើន​នាក់​បានចូលទឹកដី​អ៊ីស្រាអែល តាម​ផ្លូវទឹក ដូចជាការប្រើទូក និង​តាមផ្លូវអាកាស តាមរយៈ​ការប្រើឆ័ត្រយោងហោះសម្រូតខ្លួន​ចូល​ដីអ៊ីស្រាអែល។ រូបភាពវីដេអូ​នៅលើ​បណ្តាញសង្គម ដែល​ទីភ្នាក់ងារព័ត៌មាន​បរទេស​មិនទាន់​អាច​បញ្ជាក់​ប្រភព​បាន​បង្ហាញ​មនុស្ស​ប្រដាប់អាវុធ បិទមុខ​ជាច្រើននាក់ ដើរឆ្លង​របង​លួស គេកាត់ទម្លុះ នៅ​ព្រំប្រទល់ហ្កាហ្សាជាមួយ​អ៊ីស្រាអែល។ រូបភាពវីដេអូខ្លះ​បង្ហាញ​យុវជន​ប៉ាឡេស្ទីនឡើងជាន់រថក្រោះ​ដែលគេចូល​វាយបំផ្លាញ នៅក្រោយ​ប្រតិបត្តិការរបស់​ក្រុមប្រដាប់អាវុធ ឬ​ការរឹបអូសយកបាន​រថយន្ត​ពី​ទាហានអ៊ីស្រាអែល​ដែលគេបើកបរពេញ​ទីក្រុង​ហ្សាហ្សា។ អ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន បានផ្ទុះសង្រ្គាម​ប្រយុទ្ធគ្នា ចំនួន​៤លើក គិត​ចាប់តាំង​ពី​ក្រុមហាម៉ាស ចូលគ្រប់គ្រង​តំបន់​ហ្កាហ្សា នៅ​ឆ្នាំ ២០០៧។ កន្លងមក ក្រុមហាម៉ាស​បាញ់តែគ្រាប់រ៉ូកែត​សំដៅ​ទឹកដី​អ៊ីស្រាអែល ហើយ​វា​ជា​រឿង​ដ៏​កម្របំផុត ដែល​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​បញ្ជូន​បាន​សម្រេច ក្រុមប្រដាប់អាវុធ​របស់​ខ្លួន​ទៅ​ប្រយុទ្ធអុកឡុក​ក្នុងទឹកដីអ៊ីស្រាអែល។ សម្រាប់​ប្រជាជន​អ៊ីស្រាអែល​ដែលរស់នៅ​ទីក្រុង​ភាគខាងត្បូង ជាប់​ទឹកដីហ្កាហ្សា នេះជាលើកទី១​ដែលការវាយប្រហារ​របស់​ក្រុមហាម៉ាស​ធ្វើ​ឲ្យ​ពួកគេ​ភ័យខ្លាចបំផុត។ មុនៗ ពួកគេ​មានសុវត្ថិភាព នៅក្រោយ​រត់ដល់​កន្លែងជ្រក​ពី​ការវាយប្រហារ​របស់​គ្រាប់រ៉ូកែត។ ម្យ៉ាង​គ្រាប់រ៉ូកែត​សឹងទាំងស្រុងរបស់​ពួកហាម៉ាស​ប៉ាឡេស្ទីន​ត្រូវ​ប្រព័ន្ធខែលមីស៊ីល​របស់​កងទ័ពអ៊ីស្រាអែល​បាញ់ស្ទាក់ នៅលើ​មេឃ​មិន​ឲ្យធា្លក់ដល់ដី ប៉ុន្តែ ការវាយប្រហារ​របស់​ចលនាហាម៉ាស​ប៉ាឡេស្ទីនលើកនេះ សាហាវជាងលើកមុនៗ ព្រោះក្រៅពីបាញ់គ្រាប់រ៉ូកែត ក្រុមហាម៉ាស​បញ្ជូន​ក្រុមប្រដាប់អាវុធ​របស់ខ្លួន​ឲ្យ​ចូលទៅដើរបាញ់​សម្លាប់​ប្រជាជនអ៊ីស្រាអែល ដល់​ក្នុងទឹកដី​អ៊ីស្រាអែល។កាសែត​ក្នុងស្រុក​អ៊ីស្រាអែល​ចុះផ្សាយ​នៅថ្ងៃ​សៅរ៍នេះ​ថា កងកម្លាំងរក្សាសន្តិសុខ​អ៊ីស្រាអែល​បាញ់តបតជាមួយ​ក្រុមប្រដាប់អាវុធ ដែលបាន​ដើរ​បាញ់រះលើ​អ្នកដំណើរ​តាមផ្លូវ ក្នុង​ទីក្រុង​Sderot នៅ​ភាគខាងត្បូង​អ៊ីស្រាអែល។រូបភាពរបស់​ទីភ្នាក់ងារព័ត៌មានអន្តរជាតិ​បាន​បង្ហាញប្រជាជន​អ៊ីស្រាអែល​ត្រូវ​ក្រុមប្រដាប់អាវុធ​ចាប់ជំរិតជា​ចំណាប់ខ្មាំង ចំណែក​សាកសព​ជនជាតិអ៊ីស្រាអែល​ដែលកុម្ម៉ង់ដូរ​ប៉ាឡេស្ទីន​បាញ់សម្លាប់ នៅរណូករណែល​តាមផ្លូវ។អ្វីជាដើមចមដែលធ្វើឲ្យ​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​បាញ់ស្រោចគ្រាប់រ៉ុកក្កែត​ទៅលើ​អ៊ីស្រាអែល?ការវាយប្រហារ​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ដែលបានធ្វើ​ឲ្យ​អ៊ីស្រាអែល​ភ្ញាក់ផ្អើល រន្ធត់ខ្លាំង កើតឡើង ​នៅមួយថ្ងៃ​ក្រោយ​ដែល​អ៊ីស្រាអែល​រំលឹកខួប​៥០ឆ្នាំ​នៃ​Yom Kippur សង្រ្គាមវាយប្រហារ​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ប្រទេស​អារ៉ាប់ នាំមុខ​ដោយ​អេហ្ស៊ីប និង​ស៊ីរី ដើម្បី​ដណ្តើមយកទឹកដីដែល​អ៊ីស្រាអែល​យកមកកាន់កាប់ ក្រោយ​ជ័យជំនះ​របស់អ៊ីស្រាអែល ក្នុង​សង្រ្គាម៦ថ្ងៃ កាលពីឆ្នាំ ១៩៦៧។(កាលពី​៥០ឆ្នាំ មុន នៅថ្ងៃទី ៦ តុលា ឆ្នាំ ១៩៧៣ អេហ្ស៊ីប និង​ស៊ីរី​ដែល​ចាញ់ ​អ៊ីស្រាអែល នៅក្នុង​សង្រ្គាម​៦ថ្ងៃ ​ឆ្នាំ ១៩៦៧ បាន​រួមគ្នា​បើក​ការវាយប្រហារ ដោយ​សង្រ្គប់ ដោយ​មិនឲ្យអ៊ីស្រាអែលដឹងខ្លួនមុន ក្នុងគោលដៅ​ដណ្តើមយក​ទឹកដីរបស់ខ្លួន ពីអ៊ីស្រាអែល​មកវិញ។ ទោះ​អ៊ីស្រាអែល​ជា​អ្នកឈ្នះ សង្រ្គាម​៣សប្តាហ៍ ដែលបានសម្លាប់ទាហាន​អ៊ីស្រាអែល ២៦០០នាក់ និង​យ៉ាងតិច ៩០០០នាក់ នៅចំណែក​ក្រុមប្រទេស​អារ៉ាប់ អ៊ីស្រាអែល​បាន​បាត់បង់ទឹកដី​ស៊ីណៃ​ទៅ​ឲ្យអេហ្ស៊ីប ប៉ុន្តែ តំបន់ខ្ពង់រាប​ហ្គោឡង់​របស់ស៊ីរី នៅតែស្ថិតក្រោម​ការកាន់កាប់របស់​អ៊ីស្រាអែល​រហូតមកដល់​សព្វថ្ងៃ។)ដូច​ប្រទេស​អារ៉ាប់​កាលពី​៥០ឆ្នាំមុន ចលនា​ហាម៉ាសប៉ាឡេស្ទីន​បាន​យកគំរូតាម ដោយ​បើកការវាយប្រហារទៅលើ​អ៊ីស្រាអែល នៅចំពេល​ដែលអ៊ីស្រាអែល​មិន​បាន​​ប្រុងប្រៀបខ្លួនទុកជាមុន ជាពិសេស នៅថ្ងៃ បុណ្យ​ចុងក្រោយ​របស់​ជនជាតិជ្វីវ នៅថ្ងៃ​សៅរ៍។ ក្រុមហាម៉ាស​បាញ់ស្រោច​គ្រាប់រ៉ូកែត​ទៅលើ​អ៊ីស្រាអែល​លើកនេះ ដោយ​គ្មានព្រឹត្តិការណ៍​សំខាន់ ណាមួយ​កើតឡើង​នោះទេ។ ប៉ុន្តែ ការវាយប្រហារ​របស់​ក្រុមហាម៉ាស ទៅលើ​អ៊ីស្រាអែល កើតឡើង នៅ​ក្នុង​កាលៈទេសៈ ដែល​ប្រជាជន​ប៉ាឡេស្ទីន និង​អាជ្ញាធរ​អ៊ីស្រាអែល​ឧស្សាហ៍ប៉ះទង្គិច តានតឹង​នឹងគ្នា កាន់តែខ្លាំង​នៅ​តំបន់​ជេរូសាឡឹមដែលអ៊ីស្រាអែល​កាន់កាប់ដោយ​ខុសច្បាប់អន្តរជាតិ។ នៅក្នុង​សារសំឡេង នៅថ្ងៃ​សៅរ៍ ​មេបញ្ជាការរបស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ម៉ូហាម៉េដ អាលឌេអ៊ីហ្វ Muhammad Al-Deif​ បាន​​ប្រកាស​បើក​ប្រតិបត្តិការ​ព្យុះ Al Aqsa ដើម្បី​សងសឹក​ឲ្យ​ស្ត្រីប៉ាឡេស្ទីន ដើម្បី​ឆ្លើយតប​នឹង​ការបង្រ្កាបហិង្សា​របស់​អាជ្ញាធរអ៊ីស្រាអែល​ទៅលើ​ប្រជាជនប៉ាឡេស្ទីន​នៅ​វិហារទីសក្ការៈអ៊ីស្លាម នៅ​ជេរូសាឡឹម និង​ដើម្បីវាយបក​នយោបាយ​បិទខ្ទប់របស់អ៊ីស្រាអែល​ទៅលើ​តំបន់ហ្កាហ្សា។តាំង​ពី​បទឈប់បាញ់​នៅ​ឆ្នាំ ២០២១ នៅបន្ទាប់ពីត្រូវទ្រមខ្លួន​យ៉ាងដំណំ ដោយសារ​ការវាយប្រហារដ៏សន្ធឹក​របស់​កងទ័ព​អ៊ីស្រាអែល​ដែលបាន​សម្លាប់​ថ្នាក់ដឹកនាំ​សំខាន់ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុមហាម៉ាស ដូចជា​រូងក្រោមដីជាដើម ក្រុមហាម៉ាស​បាន​អត់ធ្មត់​មិនលូកដៃ​ក្នុងជម្លោះ​ជាមួយអ៊ីស្រាអែល ដែលបើកការវាយប្រហារ​ទៅលើ​ក្រុមជីហាត​ប៉ាឡេស្ទីន​នៅ​ជំរំហ្សេនីនជាដើម។អ្នកតាមដាន​ស្ថានការណ៍​នៅតំបន់​ដើមបូព៌ា ក្រុមហាម៉ាស​ប៉ាឡេស្ទីន ដែលគ្រប់គ្រង​តំបន់​ហ្កាហ្សា ហ៊ានចេញមុខ​វាយប្រហារ​ទៅលើ​អ៊ីស្រាអែល នៅពេលនេះ ដើម្បីទាក់ទាញ​ការគាំទ្រ​ពីប្រជាជនប៉ាឡេស្ទីន ក្នុងគោលដៅ ប្រជែង​ដណ្តើម​ឥទ្ធិពល​ពី​រដ្ឋអំណាច​ប៉ាឡេស្ទីន ដឹកនាំ​ដោយ​ក្រុមហ្វាតា។ ក្រុមហាម៉ាស​ចង់​បង្ហាញ​ទៅ​ប្រជាជន​ប៉ាឡេស្ទីន ថា ខ្លួន​គឺជាថ្នាក់ដឹកនាំ​តែម្នាក់គត់​ដែលជា​អ្នកចេញមុខ​ឈឺឆ្អាល ការពារ​ប្រជាជន​ប៉ាឡេស្ទីន​នៅចំពោះមុខ ការឈ្លានពាន ការធ្វើទុក្ខបុកម្មេញ អំពើហិង្សា​របស់​អាជ្ញាធរ​អ៊ីស្រាអែល។នៅ​ក្នុង​សារសំឡេង មេបញ្ជាការក្រុមហាម៉ាស​បានអំពាវនាវ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​នៅគ្រប់ទឹសទីដែលរងការធ្វើបាបជិះជាន់​របស់​អ៊ីស្រាអែល​ឲ្យឆ្លៀត​យក​ហេតុការណ៍​នៅថ្ងៃ​សៅរ៍នេះ​ដើម្បី​ងើបរើបំរះ សងសឹក តាមគ្រប់មធ្យោបាយ ដើម្បីគាស់រំលើង បណ្តេញ ក្រុមអាណានិម ឈ្លានពាន​ទឹកដីប៉ាឡេស្ទីន។ក្រុមហាម៉ាស​ចំណេញ ឬ​ខាត​ពី​វាយប្រហារ​លើ​អ៊ីស្រាអែល​លើកនេះ?មហិច្ឆតា​នយោបាយ​របស់​ចលនា​ហាម៉ាស គឺ​ដើម្បី​រម្លឹក​ឡើង​វិញ​ពី​វត្តមាន និង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ទីតាំង​ដែនដី​ប៉ាឡេស្ទីន​ផ្សេង​ទៀត​ក្រៅ​ពី​តំបន់​ហ្កាហ្សា។ ដូច្នេះ យុទ្ធសាស្រ្ត​របស់​ក្រុមហាម៉ាស មិនមែន​ជា​យុទ្ធសាស្រ្ត​យោធា។ ពួក​ហាម៉ាស​បាន​ដឹង​មុន​រួច​ជា​ស្រេច​ថា ខ្លួន​គ្មាន​ថ្ងៃ​នឹង​ទទួល​ជ័យជំនះ​ផ្លូវយោធា តាម​រយៈ​ការប្រើ​គ្រាប់រ៉ូកែត​បាញ់​ផ្លោង​ទៅ​លើ​អ៊ីស្រាអែល​នោះ​ឡើយ។ ជាក់ស្តែង ក្រោយការបាញ់ស្រោច​គ្រាប់រ៉ូកែត​ចេញពីតំបន់​ហ្កាហ្សា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ប្រកាស​គំរាម​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ពីផលវិបាកដ៏ធ្ងន់ធ្ងរ​ដែល​ហ៊ាន​វាយប្រហារ​លើ​អ៊ីស្រាអែល​លើកនេះ។ ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បញ្ជា​ឲ្យ​គេ​បញ្ជូន​យន្តហោះចម្បាំងជាច្រើនគ្រឿង​ទៅវាយប្រហារ​តំបន់​ហ្កាហ្សា និង​កោះប្រមូល​ទាហាន​បម្រុង​រាប់ម៉ឺននាក់ ដើម្បីធ្វើសង្រ្គាមប្រយុទ្ធវាយបកលើ​ក្រុមហាម៉ាស។ចលនា​ហាម៉ាស​ដឹងច្បាស់ថា ខ្លួនប្រាកដជា​រងខូចខាតខ្លាំង ដោយសារ​ការវាយប្រហារតបដ៏ចាស់​របស់​កងទ័ព​អ៊ីស្រាអែល។ ប៉ុន្តែ ចលនា​ប៉ាឡេស្ទីន​ដែល​គ្រប់គ្រង​តំបន់ហ្កាហ្សា​មួយនេះ នៅតែ​ចង់​ជួយ​ឈឺឆ្អាល និង​កេណ្ឌ​ប្រមូល​កម្លាំង​វាយប្រហារ ទៅលើ​អ៊ីស្រាអែល ដើម្បី​ដាស់​ស្មារតី កន្ត្រាក់​អារម្មណ៍ លើ​រឿងរ៉ាវ​ដែល​បាន​កើត​មាន​ឡើង នៅ​ក្រៅ​តំបន់​ហ្កាហ្សា។ យុទ្ធសាស្រ្ត​ដែល​ពួក​ហាម៉ាស​បាន​ប្រើគឺ​យុទ្ធសាស្រ្ត​យាយី។ ការបាញ់ផ្លោង​គ្រាប់​រ៉ូកែត​ជា​សញ្ញា​មួយ​ដែល​ពួក​ហាម៉ាស​ចង់​ប្រាប់​អ៊ីស្រាអែល ដរាប​ណា​ប្រជាជន​ប៉ាឡេស្ទីន​មិន​អាច​រស់នៅ​ដោយ​សុខស្រួល ប្រជាជន​អ៊ីស្រាអែល​ក៏​មិន​អាច​រស់នៅ​ដោយ​សុខស្រួល​ដែរ។ម្យ៉ាង​ការវាយប្រហារ​របស់​ក្រុមហាម៉ាស​លើកនេះ​នឹង​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ចងចាំ​ទុកជាមេរៀន។ ទោះក្រុមហាម៉ាស​នឹងត្រូវ​កងទ័ពអ៊ីស្រាអែលវាយបង្រ្កាបវិញ ប៉ុន្តែ យ៉ាងណាក៏ដោយ ក្រុមហាម៉ាស​បាន​ធ្វើ​អ៊ីស្រាអែល​ភ័យបុកពោះ​មិនតិចដែល នៅពេល អ៊ីស្រាអែល​មិន​បាន​ប្រុងប្រៀប​ខ្លួន​ទុកជាមុន​ទេ ថា​មាន​កងកុម្ម៉ង់ដូរ​របស់​ក្រុមហាម៉ាសប៉ាឡេស្ទីន អាច​បញ្រ្ជៀតខ្លួន​ចូល​ទៅ​វាយប្រហារ​លើ​ប្រជាជន​ និង​ទីតាំង​យោធាដល់​ក្នុងទឹកដីអ៊ីស្រាអែល។
10/7/20239 minutes, 2 seconds
Episode Artwork

អាមេរិក៖ លោក​ Kevin McCarthy ត្រូវ​ធ្លាក់ពីកៅអីប្រធានសភា​តំណាង

ជាលើកទី​១ក្នុង​ប្រវត្តិសាស្ត្រ នៃ​នយោបាយ​សហរដ្ឋអាមេរិក ដែលប្រធានសភាតំណាង ត្រូវគេ​បោះឆ្នោត​ទាញទម្លាក់​ពីមុខងារ​។ ថ្ងៃទី៣តុលា២០២៣ លោក Kevin McCarthy សមាជិកសភាបក្សសាធារណរដ្ឋ ដែលត្រូវបាន​គេបោះឆ្នោត​​តែងតាំងឲ្យ​ធ្វើជាប្រធានសភាតំណាង កាលពី​ខែ​មករា ត្រូវបាន​សមាជិក​សភាបោះឆ្នោត ដកចេញពី​តំណែងដ៏ធំមួយនេះ​ តាមរយៈសំឡេងឆ្នោត ២១៦យល់ព្រម​ ទល់នឹង ២១០មិនព្រម​។ ក្នុងចំណោមអ្នកដែល​បាន​បោះឆ្នោតយល់ព្រមបញ្ចប់​មុខតំណែងរបស់​លោក​ Kevin McCarthy គឺមាន​សមាជិក​សភាបក្ស​សាធារណរដ្ឋគ្នាឯង ចំនួន​៨នាក់​។ ភ្លាមៗក្រោយ​ដឹងលទ្ធផល​ឆ្នោត លោក​ Kevin McCarthy បាន​ថ្លែងទៅកាន់អ្នកកាសែតថា លោក​បានកាន់ការងារជាប្រធានសភាតំណាង វាគឺជាកិត្តិយសធំធេងណាស់សម្រាប់​លោក។ លោកបាន​អះអាងប្រកបដោយ​មោទនភាព​ ថាលោកបានធ្វើការងារនេះ ប្រកបដោយឆន្ទៈបង្រួបបង្រួម សម្រុះសម្រួល ដើម្បីប្រយោជន៍ជាតិជាធំ។ ទន្ទឹមគ្នានេះ លោក​បានបញ្ជាក់ថា លោក​នឹង​មិនស្នើបេក្ខភាព​លោកសាជាថ្មី ដើម្បី​ឲ្យ​គេ​បោះឆ្នោតជ្រើសរើសធ្វើជាប្រធានសភាម្តងទៀតនោះទេ។​បរិយាកាសហែកហួរគ្នា​ ក្នុងបក្ស​សាធារណរដ្ឋស្ថានការណ៍​រញ៉េរញ៉ៃនៅ​សភាតំណាង របស់សហរដ្ឋអាមេរិក បានស្តែងឲ្យឃើញពី​ការបាក់បែក​ឈ្លោះប្រកែកគ្នា រវាង​ក្រុមសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ដែលមានសំឡេងភាគច្រើននៅក្នុងសភានេះ​។ យ៉ាងណាមិញ ការបោះឆ្នោត​តែងតាំងលោក​ Kevin McCarthy កាលពីខែ​មករា ត្រូវបាន​ធ្វើឡើងទាំងបង្ខំ និងត្រដាបត្រដួសរួចទៅហើយ ដោយឆ្លងកាត់​ការធ្វើសម្បទាន​ជាច្រើនចំណុច មុននឹង​ក្រុមសមាជិកសភាបក្សសាធារណរដ្ឋយល់ព្រមបោះឆ្នោត​។តែមកទល់ពេលនេះ ជម្លោះ​ប្រេះឆា ហាក់កាន់តែរីកធំនៅ​ក្នុងបក្សនេះ ខណៈក្រុមសមាជិកសភាដែលស្និទ្ធនឹងលោក​ដូណាល់ ត្រាំ បាននាំគ្នា​តវ៉ារិះគន់មិនសំចៃមាត់ ទៅលើ​លោក​ Kevin McCarthy។ គឺសមាជិក​សភាម្នាក់ មកពី​រដ្ឋផ្លរីដា ឈ្មោះ Matt Gaetz ដែលជាអ្នកចេញមុខ ដំឡើងសំឡេងខ្លាំងជាងគេ។ គឺលោក​ Matt Gaetz រូបនេះហើយ​ដែលជាអ្នក ស្នើ​ឲ្យ​មាននីតិវិធីបោះឆ្នោត​ទម្លាក់​លោក Kevin McCarthy នៅថ្ងៃ​ទី​៣​តុលា។​មុនពេល​បោះឆ្នោតបានចាប់ផ្តើម នៅរសៀលថ្ងៃអង្គារ​​ អង្គសភាទាំងមូល​ បានក្លាយ​ជាវេទិការ ស្រែក​ចោទ រិះគន់គ្នាទៅវិញទៅមក យ៉ាងទ្រហឹងអឺងកង រវាង​ក្រុមសមាជិកសភាបក្ស​សាធារណៈរដ្ឋដូចគ្នា​ ដែលបានពុះចែកជា២ក្រុម​ ម្ខាំង​ប្រឆាំងម្ខាងគាំទ្រលោក Kevin McCarthy។ ចំណែក​ក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យ ដែលសាមគ្គីធ្លុងមួយ អង្គុយស្ងាត់ស្ងៀម តាមដាន​មើល​ទស្សនីយភាពឈ្លោះប្រកែកគ្នានេះយ៉ាងហួសចិត្តបំផុត​។ហេតុអ្វី​ លោក Kevin McCarthy ត្រូវមនុស្សក្នុងបក្សរិះគន់?លោក​ Matt Gaetz ដែល​ដឹកនាំក្រុម​ប្រឆាំង​នឹងលោក​ លោក Kevin McCarthy បានលើកឡើងថា គ្មាន​នរណាមានទំនុកចិត្ត​ លើលោក Kevin McCarthy ទៀតទេ ព្រោះលោក​ម្នាក់​នេះ បាន​ធ្វើរឿងបញ្ច្រាសទិស​ជាច្រើនលើកច្រើនសារ។ ដូច្នេះ ត្រូវតែដូរប្រធានសភាថ្មី ដែល​ល្អជាងនេះ​។​ សមាជិក​សភាស្និទ្ធនឹងលោក​ត្រាំរូបនេះ បានចោទថាលោក Kevin McCarthy បាន​ចរចាជាមួយពួក​បក្សប្រជាធិបតេយ្យ ដើម្បីបើកកញ្ចប់ថវិកាបណ្តោះអាសន្ន​ ក្នុងកម្មវត្ថុ​បញ្ចៀស​ បញ្ហា Shut Down។ លោក​ម្នាក់បានអះអាងទៀតថា លោក​ Kevin McCarthy បានចរចាដោយសម្ងាត់ ជាមួយ​លោកចូ បៃដិន ទាក់ទិននឹងកញ្ចប់ថវិកាជួយ​អ៊ុយក្រែន​។គួរបញ្ជាក់ថា ក្រុមសមាជិកសភាបក្សសាធារណរដ្ឋ ដែលមានទំនោរស្តាំនិយមខ្លាំង ហើយដែលស្និទ្ធគាំទ្រលោកដូណាល់ ត្រាំ មានចេតនារារាំងការបោះឆ្នោតច្បាប់ថវិកាជាតិ ទុក​ឲ្យ​ប្រទេសជួបបញ្ហា Shut Down ដើម្បីយកលេសនេះដាក់សំពាធ​លើ​​រដ្ឋាភិបាល​លោក ចូ បៃដិន​។ បន្ថែមពីនេះ ក្រុមគាំទ្រលោក​ដូណាល់ត្រាំ ​ប្រឆាំងដាច់ខាត ចំពោះគំរោងកញ្ចប់​ថវិកាថ្មី ប្រមាណ២៤ពាន់លានដុល្លារ ដែលរដ្ឋបាល​លោកចូ បៃដិន បានស្នើដើម្បីយកទៅជួយអ៊ុយក្រែន​​។ ក្រុម​សមាជិក​សភាទាំងនេះ លើកឡើងថា រដ្ឋអាមេរិកគួរណាតែទុកប្រាក់ យកទៅ​ចំណាយលើ​ការ​គ្រប់គ្រងជន​​អន្តោប្រវេសន៍ខុសច្បាប់ នៅតាមព្រំដែនជាមួយ​ម៉ិកស៊ិកវិញ។ឆ្លើយទៅកាន់អ្នកកាសែត លោក Kevin McCarthy បានអះអាងថា លោក​មិនសោកស្តាយ​ទេ ដែលបាន​ចរចា រក​ការស្រុះស្រួលមតិ ជាមួយ​បក្សប្រជាធិបតេយ្យ។ វាគឺជាការងារចាំបាច់ ដើម្បី​ការពារផលប្រយោជន៍ជាតិ ជាជាងការប្រកាន់បក្សពួករឹងរូសតែម្ខាងៗ។ឈានចូលដំណាក់កាលចលាចលក្នុងពេល​បោះឆ្នោត កាលពីថ្ងៃអង្គា លោក​ Tom McClintock សមាជិកសភា​ម្នាក់នៃបក្សសាធារណរដ្ឋ បាន​លើកឡើងថា យើងកំពុងតែនាំគ្នាដើរដល់មាត់ជ្រោះហើយ សូមគ្រប់គ្នាដកថយមកវិញ ពិចារណាច្បាស់មុននឹង​ធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់​។ លោក​បានបន្តថា សភាតំណាងនឹងឈានចូលក្នុងតំណាក់កាលរាំងស្ទះ ធ្វើអ្វីលែងកើត នៅពេល​ដែល​គ្មានប្រធាន​។លោកដូណាល់ ត្រាំ បានបង្ហោះសារតាមបណ្តាញសង្គម Trust Social  ដោយចោទសួរថា “ហេតុអ្វីបាន​ បានជាពួកសាធារណរដ្ឋ គិតតែនាំគ្នាឈ្លោះប្រកែកគ្នា ហើយបែរជាមិនព្រមរួមកម្លាំងគ្នា ប្រយុទ្ធនឹងពួកឆ្វេងនិយមជ្រុល​ ដែលកំពុងតែបង្កគ្រោះថ្នាក់ដល់​ប្រទេសទៅវិញ?"ចំណែក​លោកចូ បៃដិនវិញ តាមរយៈអ្នកសម្តីរបស់​លោកស្រី Karine Jean-Pierre អ្នកនាំពាក្យ​សេតវិមាន បាន​អំពាវនាវឲ្យសភាតំណាង ត្រូវតែជ្រើសរើសប្រធានថ្មី ឲ្យ​បានឆាប់ជាទីបំផុត ព្រោះថាសហរដ្ឋអាមេរិក មានរឿងធំៗ និងសំខាន់ៗ ដែលត្រូវចាត់ចែងច្រើនណាស់ មិនអាចរាំងស្ទះបានទេ។ជាការពិតណាស់ ជាមួយ​នឹង​ការ​បោះឆ្នោត​ទម្លាក់​ប្រធានសភា​ពីតំណែង ជាលើកទី១នៃប្រវត្តិសាស្ត្រនេះ គឺនយោបាយ​អាមេរិកបានឈានជើងចូលក្នុងតំណាក់​កាលមួយ​ ដ៏ចលាចលបំផុត​។ សភាតំណាង​ បានទុកពេល​១សប្តាហ៍ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធានសភាថ្មី មកជំនួស​លោក Kevin McCarthy។ យោងតាមការវិភាគខ្លះ រយៈពេល១​សប្តាហ៍នេះ គឺខ្លឺណាស់ បើយើងក្រឡេកទៅមើលជម្រៅដ៏ជ្រៅ​ នៃ​ការឈ្លោះប្រកែកគ្នា រវាង​ក្រុមសមាជិកសភាបក្សសាធារណ​រដ្ឋ។ គេមិនសង្ឃឹមថា បក្សសាធារណរដ្ឋ អាចនឹងស្រុះស្រួលគ្នា ជ្រើសរើសមនុស្សថ្មីម្នាក់ទៀត មកបានដោយ​ងាយនោះឡើយ​។ សមាជិកសភាខ្លះបានថែមទាំង​ ចង់ស្នើឈ្មោះលោកដូណាល់ ត្រាំ ឲ្យ​មកធ្វើជាប្រធានសភាថែមទៀតផង៕
10/4/20236 minutes, 9 seconds
Episode Artwork

ការផ្អាកជំនួយយោធារបស់​អាមេរិក​នឹង​ជះផលអាក្រក់​ដល់កងទ័ពអ៊ុយក្រែន?

ដោយ​ប្រផិតប្រផើយបំផុត អាមេរិក​បានជៀស​រួចផុត វិបត្តិ​ថវិកា កាលពីយប់​ថ្ងៃ​សៅរ៍ទី ៣០​កញ្ញា នៅ​បន្ទាប់ពី​សភា​ឯកភាពគ្នា នៅនាទីចុងក្រោយ លើ​កិច្ចព្រមព្រៀង​ស្តី​កញ្ចប់ថវិកាថ្មី​របស់​រដ្ឋាភិបាល​អាមេរិក ដែលគ្មាន​ខ្ទង់ចំណាយសម្រាប់ជួយអ៊ុយក្រែន។ ជាមួយកិច្ចព្រមព្រៀងស្តីពី​កញ្ចប់ថវិកាថ្មី មន្រ្តីរដ្ឋាភិបាល​អាមេរិក​ជាង​១លាន​៥សែននាក់ បាន​ធូរទ្រូង គេចផុត​ពី​វិបត្តិ​Shutdown រយៈពេល​៤៥ថ្ងៃ ប៉ុន្តែ ប្រជាជន និង​កងទ័ព​អ៊ុយក្រែន ដែល​ពឹងផ្អែកលើ​​កញ្ចប់ជំនួយ​ធំ​ពី​អាមេរិក អ៊ុយក្រែន​កំពុង​ប្រឈម​អនាគត​មិន​ច្បាស់លាស់។ នៅ​យប់ថ្ងៃសៅរ៍ ទី​៣០​កញ្ញា អាមេរិក​បាន​គេចផុត​ពី​វិបត្តិ​Shutdown រយៈពេល​៤៥ ថ្ងៃ បន្ទាប់ពី​សភាទាំងពីរថ្នាក់​បោះឆ្នោត ដោយ​សំឡេង​ភាគច្រើន អនុម័ត​កញ្ចប់​ថវិកា​ថ្មី​របស់​រដ្ឋាភិបាល។ កិច្ចព្រមព្រៀងបណ្តោះអាសន្ន​ដែលមាន​រយៈពេល​៤៥ថ្ងៃ គ្មានរាប់បញ្ចូល​ខ្ទង់ចំណាយ​សម្រាប់​ជួយអ៊ុយក្រែន ដែល​ជា​ចំណុចប្រទាញប្រទង់គ្នា​រវាង​ក្រុមសាធារណរដ្ឋ ដែលមានសំឡេងភាគច្រើន​នៅ​សភាអ្នកតំណាងរាស្រ្ត និង​ក្រុម​ប្រជាធិបតេយ្យ​របស់​លោក​ចូ បៃដិន។កញ្ចប់​ជំនួយ​របស់​អាមេរិក​សម្រាប់​អ៊ុយក្រែន​មាន​អ្វីខ្លះចាប់តាំងពីផ្ទុះមានសង្រ្គាមរុស្ស៊ីឈា្លនពានអ៊ុយក្រែន នៅខែ​កុម្ភៈ ឆ្នាំ ២០២២ អាមេរិកបានក្លាយជា​ប្រទេស​នាំមុខគេខាង​ផ្តល់ជំនួយ សម្រាប់​អ៊ុយក្រែន។ តាម​វិទ្យាស្ថានអាល្លឺម៉ង់សម្រាប់​សេដ្ឋកិច្ច​ពិភពលោក ឈ្មោះ Kiel រដ្ឋបាល​លោក​ចូ បៃដិន​បាន​បញ្ចេញ​ថវិកា​៧៥ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​អ៊ុយក្រែន ក្នុង​ផ្នែកយោធា មនុស្សធម៌ និង​ហិរញ្ញវត្ថុ។ជាមួយកញ្ចប់ថវិកា​ជំនួយ​របស់ប្រទេស​លោកខាងលិច នាំមុខ​ដោយអាមេរិក រដ្ឋាភិបាល​អ៊ុយក្រែន​មាន​​ថវិកា​សម្រាប់​បើកប្រាក់ខែ​ឲ្យ​មន្រ្តីរដ្ឋការ ជួយ​ប្រជាជន​អ៊ុយក្រែន ដែល​រងគ្រោះ​ដោយសារ​ការវាយប្រហារមីស៊ីល​របស់​រុស្ស៊ី។ ប៉ុន្តែ គឺ​កញ្ចប់ជំនួយយោធា​របស់អាមេរិក ដែល​អ៊ុយក្រែន​ត្រូវការ​ខ្លាំង​ជាងគេ។ដើម្បី​ជួយ​កងទ័ពអ៊ុយក្រែន ប្រយុទ្ធដណ្តើម​ទឹកដី​ពីរុស្ស៊ី អាមេរិក​បាន​បង្កើនជំនួយយោធា​កាន់តែ​ច្រើន ក្រាស់ក្រែល​ដល់​អ៊ុយក្រែន។ នៅ​ខែ ឧសភា ឆ្នាំ ២០២២ ពោល​៣ខែ​ក្រោយ​រុស្ស៊ី​បើកការវាយប្រហារ លើ​អ៊ុយក្រែន អាមេរិក​បាន​ប្រកាស​កញ្ចប់​ជំនួយ​យោធា​ដ៏​ធំ ប្រមាណ ៤០​ពាន់លាន​ដុល្លារ សម្រាប់ជួយ​កងទ័ព​អ៊ុយក្រែន។តើ​ការផ្អាក​ជំនួយ​របស់​អាមេរិក​ប៉ះពាល់​ប៉ុណ្ណា​ដល់​សមរភូមិ​ប្រយុទ្ធ​របស់​អ៊ុយក្រែន?នៅ​ក្នុង​ជំនួយ​៧៥​ពាន់​លាន​ដុល្លារ ដែលអាមេរិកបានផ្តល់ទៅ​ឲ្យ​អ៊ុយក្រែន កញ្ចប់​ជំនួយ​យោធា​របស់​អាមេរិកសម្រាប់អ៊ុយក្រែន មាន​ច្រើន​ជាងគេ ប្រមាណ​៤២,៨ពាន់លានដុល្លារ ពោល​គឺ​ស្មើនឹង​ពាក់កណ្តាលនៃកញ្ចប់​ជំនួយយោធា​របស់​ប្រទេស​លោកខាងលិច​បូកសរុបចូលគ្នា សម្រាប់​ជួយ​អ៊ុយក្រែន នៅក្នុង​សមរភូមិ​ប្រយុទ្ធតទល់​នឹង​កងទ័ពរុស្ស៊ី។ ជា​ការប្រៀបធៀប ជំនួយយោធា​របស់​អង់គ្លេស ដែលស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ បន្ទាប់ពីអាមេរិក​ មានតែ ជាង ៦ពាន់លាន​ដុល្លារប៉ុណ្ណោះ គឺតិចតួច​ជាង​អាមេរិក ឆ្ងាយណាស់។កញ្ចប់ជំនួយ​យោធា​របស់អាមេរិក​ដើរតួនាទី​សំខាន់ណាស់​សម្រាប់​ជួយ​កងទ័ពអ៊ុយក្រែន ​នៅក្នុង​សមរភូមិ​ប្រយុទ្ធ​ដណ្តើមទឹកដី​ពី​រុស្ស៊ី។ ជាក់ស្តែង ជាមួយ​កញ្ចប់ជំនួយយោធា​របស់អាមេរិក អ៊ុយក្រែន​បានទទួល​គ្រឿងសព្វាវុធទំនើបៗ​របស់អាមេរិក ដូចជា ប្រព័ន្ធខែលមីស៊ីល យន្តហោះចម្បាំង F-16 រ ថក្រោះដ៏ទំនើបរបស់អាមេរិក Abraham មីស៊ីល​ប្រឆាំង​រថក្រោះ ដ្រូន និងកាំភ្លើងធំ ដែលបានជួយ​កងទ័ព​អ៊ុយក្រែន​រហូតមក​ឲ្យ​ដណើ្តមយកបានភូមិ និង​វាយប្រហារ​ដល់​ទីតាំងស្តុកអាវុធ របស់​រុស្ស៊ី នៅក្នុង​តំបន់​ដុនបាស់។អ៊ុយក្រែន​ត្រូវការ​សព្វាវុធ កញ្ចប់ជំនួយ​យោធា​របស់​អាមេរិក ដើម្បីវាយដណ្តើមទឹកដី​ពីរុស្ស៊ី។ ដូច្នេះ បើតាម​អ្នកជំនាញ ការផ្អាកព្យួរ​ជំនួយយោធា​ណាមួយ​របស់​អាមេរិក​ជា​ដំណឹងដ៏អាក្រក់បំផុត​សម្រាប់​អ៊ុយក្រែន ព្រោះវាកើតឡើង​ចំពេល​ដែល​អ៊ុយក្រែន​កំពុងត្រូវការខ្លាំង ចំនួន​សព្វាវុធ​សម្រាប់​ធ្វើសង្រ្គាមប្រឆាំង​រុស្ស៊ី។ តាម​អ្នកជំនាញ ការផ្អាកព្យួរ​ជំនួយយោធា​របស់អាមេរិក​សម្រាប់អ៊ុយក្រែននឹង​មិនទាន់ហុចផលវិបាកភ្លាមៗ​សម្រាប់​កងទ័ពអ៊ុយក្រែន ព្រោះថា គេ​នៅ​តែ​មាន​សព្វាវុធ​របស់​អាមេរិក ដែល​ត្រូវ​បាន​បញ្ជូនទៅ​ឲ្យ​អ៊ុយក្រែន នៅក្នុង​កញ្ចប់ថវិកាជំនួយមុនៗ។ប៉ុន្តែ ផលប៉ះពាល់ ដោយសារ​ការផ្អាកកញ្ចប់ជំនួយ​ថ្មី​របស់អាមេរិក សម្រាប់​អ៊ុយក្រែន នឹង​អាច​កើតមាន នៅ​ពេលខាងមុខ នៅ​ពេល​កងទ័ពអ៊ុយក្រែន​ត្រូវ​ដាច់​អាវុធ លែងមាន​ក្នុង​ស្តុក​មួយរយៈ ទម្រាំ​មានការបញ្ជូន​ជំនួយយោធា​សាជាថ្មី សម្រាប់អ៊ុយក្រែន។មួយវិញទៀត ដោយសារ​ការផ្អាកកញ្ចប់ជំនួយយោធា​របស់អាមេរិក ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​អ៊ុយក្រែន ដែលពឹងទាំងស្រុង​លើប្រព័ន្ធខែល​មីស៊ីលរបស់អាមេរិក ​ក៏អាច​ចុះទន់ខ្សោយ មិនអាច​ការពារ​ជីវិតប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ​ក្នុងក្រុង ពីការវាយប្រហារ​មីស៊ីល​របស់​រុស្ស៊ី។តើ​ជំនួយយោធា​របស់អាមេរិក​សម្រាប់​អ៊ុយក្រែន​ឈាន​មក​ដល់​ចំនុច​មិន​ច្បាស់លាស់?រដ្ឋបាលលោក​ចូ បៃដិន​បាន​ដាក់​ខ្ទង់ចំណាយ ២៤ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​អ៊ុយក្រែន​នៅក្នុង​កញ្ចប់ថវិកាថ្មី​របស់​រដ្ឋសហព័ន្ធ ប៉ុន្តែ ប្រធាន​ក្រុមសំឡេង​ភាគច្រើន​របស់​បក្ស​សាធារណរដ្ឋ​បាន​ទាមទារ​ នៅ​នាទីចុងក្រោយ ឲ្យ​គេ​ដកខ្ទង់ចំណាយ​សម្រាប់ជួយ​អ៊ុយក្រែន ចេញ ទើប គេ​អាច​បោះឆ្នោតលើ​កិច្ចព្រមព្រៀង​ស្តីពីថវិកា។ និយាយ​ម្យ៉ាង​ថា អាមេរិកបានជៀសផុត​ពីវិបត្តិ​គ្មានប្រាក់បើក​ឲ្យបុគ្គលិក ដោយសារ​តែនៅក្នុង​កញ្ចប់ថវិកា​របស់រដ្ឋសហព័ន្ធ គ្មានទេ ខ្ទង់ចំណាយ​សម្រាប់ជួយ​អ៊ុយក្រែន។ជាង​១ឆ្នាំ​នៃ​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន សំឡេង​ប្រឆាំង​នឹង​ការផ្តល់ជំនួយ​សម្រាប់អ៊ុយក្រែន មានកាន់តែច្រើនឡើង​នៅ​អាមេរិក។ តាម​ការស្ទង់មតិ របស់​ប្រព័ន្ធទូរទស្សន៍​CNN ប្រជាជន​អាមេរិក​៥៥%​ប្រឆាំងលែង​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែនតទៅទៀត និងថា រដ្ឋាភិបាលអាមេរិក​គួយកថវិកា​មក​ដោះស្រាយ​វិបត្តិក្នុងស្រុក ដូចជា​វិបត្តិជនអន្តោប្រវេសន៍។តាមមន្រ្តីសេតវិមាន​និយាយ​ថា នៅ​ប៉ុន្មានសប្តាហ៍ខាងមុខ រដ្ឋបាល​លោក​ចូ បៃដិន​នឹង​ដាក់​កញ្ចប់​ថវិកាជំនួយ​ ចំនួន ២៤ពាន់លាន​ដុល្លារសម្រាប់អ៊ុយក្រែនទៅ​ឲ្យ​សភាបោះឆ្នោត​សាជាថ្មី ប៉ុន្តែ គេ​មិន​សង្ឃឹមច្រើននោះទេ។សមាជិក​បក្ស​សាធារណរដ្ឋ ជាដើម ដែលមាននិន្នាការស្តាំនិយមជ្រុល និង​គាំទ្រ​អតីត​ប្រធានាធិបតី លោកដូណាល់ ត្រាំ បាន​ប្តេជ្ញាហើយថា គេ​នៅតែបន្ត​បោះឆ្នោត ប្រឆាំង​មិន​ឲ្យ​មានខ្ទង់​ចំណាយ​ថ្មី​សម្រាប់ជួយ​អ៊ុយក្រែននោះទេ ព្រោះបញ្ហាអាទិភាព​របស់អាមេរិក​នៅពេលនេះ មិនមែនសង្រ្គាម​អ៊ុយក្រែន ប៉ុន្តែ គឺបញ្ហា​របស់​ប្រជាជនអាមេរិកដែលកំពុងជួបវិបត្តិជនអន្តោប្រវេសន៍ធ្ងន់ធ្ងរ ដែល​លួច​ឆ្លងព្រំដែន​ម៉ិចស៊ិក ចូលទឹកដីអាមេរិក។ រដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន វិញ អះអាងថា គេ​នឹង​ប្រឹងប្រែងបញ្ចុះបញ្ចូល​សមាជិកសភាអាមេរិក​ដើម្បី បោះឆ្នោត គាំទ្រ​កញ្ចប់​ថវិកាជំនួយ​សម្រាប់អ៊ុយក្រែន នៅក្រោយកិច្ចព្រមព្រៀង​បណ្តោះអាសន្ន ស្តីពីថវិការបស់​រដ្ឋសហព័ន្ធអាមេរិក​ត្រូវ​ចប់អស់សុពលភាព នៅ​៤៥ថ្ងៃ​ខាងមុខ៕
10/3/20236 minutes, 14 seconds
Episode Artwork

អាមេរិកចោទ​​ចិនផ្តាច់ការលើប្រព័ន្ធ​ឌីជីថល ប៉េកាំង​ថា​​អាមេរិក​ជាចក្រភព​ភូតភរ

ភាព​តាន​តឹង​រវាង​អាមេរិក​និង​ចិន​ហាក់​ដូច​ជា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ អស់​ពី​រឿងមួយ​ ​ចូល​រឿងមួយទៀត... នៅ​ថ្ងៃ​សៅរ៍​ទី​៣០​កញ្ញា​ ចិន​បាន​ ​ចោទ​អាមេរិក​ថា​ជា​ចក្រភព​ភូតភរ។ នេះ​ជា​​ប្រតិកម្ម​តបទៅ​នឹង​របាយការណ៍​អាមេរិក​ដែល​ថា​ប៉េកាំង​បាន​ប្រើ​អំណាច​ផ្តាច់ការ​លើ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឌីជីថល។ នៅល្ងាច​ថ្ងៃ​សៅរ៍​ទី​៣០​កញ្ញា​ម្សិលមិញ ចិន​បាន​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹងរបាយការណ៍អាមេរិកចេញ​ផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ទី​២៨​កញ្ញា។​ សម្រាប់​ក្រសួងការបរទេស​ចិន​ របាយការណ៍បញ្ជាក់​អំពី​​លក្ខណៈ​លម្អៀង​ការទូត​របស់​សហរដ្ឋ​អាមេរិក​។តើ​របាយការណ៍​អាមេរិក​រិះគន់​​ចិន​ដូច​ម្តេច​ខ្លះ?​របាយការណ៍​របស់មជ្ឈមណ្ឌល​ Global Engagement Center ដែល​ជា​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ព័ត៌មាន​ក្លែងក្លាយ​​នៃ​ក្រសួងការបរទេស​អាមេរិក ​បាន​ចោទ​ប៉េកាំង​ថា​បាន​ចំណាយ​​លុយអស់​​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ដើម្បី​បើក​ប្រតិបត្តិការ​បំភ្លៃ​ព័ត៌មាននៅ​លើ​ពិភពលោក។ ប្រតិបត្តិការ​បំភ្លៃព័ត៌មាន​នេះ​មាន​ទម្រង់​ជា​ការ​ឃោសនាលើក​តម្កើង​ខ្លួន​​ ជា​ការ​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ និង​ការ​ត្រួត​ពិនិត្យ​ដើម្បី​​បិទ​ខ្ទប់​ព័ត៌មាន​។ នេះ​ជា​​របៀប​គ្រប់គ្រង​​ផ្តាច់លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឌីជីថល ដើម្បីកេង​ប្រវ័ញ្ញ​ពី​លើ​អង្គការ​អន្តរជាតិ​និង​ដោយ​ឃុំ​គ្រង​បណ្តាញ​ព័ត៌មាន​ជា​ភាសា​ចិន។ ជា​ល្បិច​ដែល​​ជួយ​ប៉េកាំង​​ឱ្យ​កែប្រែ​បរិស្ថាន​ព័ត៌មាន​នៅ​លើ​ពិភពលោក​បាន។សម្រាប់​អ្នក​សម្រប​សម្រួល​​របាយការណ៍ លោក James Rubin ​​ទង្វើ​​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិននេះ​​នឹង​បង្កើត​ឱ្យ​មាន​ច្រក និង​គម្លាត​​ដែល​​ប្រទេស​ជាតិ​នានាអាច​​សម្រេច​ចិត្តខុស ​បម្រើ​តែ​ផលប្រយោជន៍​​សេដ្ឋកិច្ច​និង​សន្តិសុខ​ចិន។ ​​​​បើ​គ្មាន​ការ​​ទប់​ស្កាត់​ទេ គឺ​ការ​បំភ្លៃ​ព័ត៌មានអាច​​បំផ្លាញ​ដោយ​យឺតៗ​និង​យ៉ាង​សន្សឹម​ៗ​ ​មូលដ្ឋា​ននៃ​លទ្ធិ​​ប្រជាធិបតេយ្យ​។ ការ​បំភ្លៃ​ព័ត៌មាន​អន្តរជាតិ​របស់​ចិន​មិនមែន​ត្រឹម​តែ​ជា​បញ្ហា​ការទូត​មួយ​មុខ​ទេ ប៉ុន្តែ​ជា​តំណាង​គ្រោះ​ថ្នាក់​សម្រាប់​សុចរិតភាព​នៃ​ដែន​ព័ត៌មាន​អន្តរជាតិ។នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ លោក James Rubin អតីត​អ្នក​នាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​ពន្យល់​ទៀត​ថា នៅ​ពេល​ប្រមូលបំណែក​ឯកសារ​​មក​​ផ្គុំ​បញ្ចូល​គ្នា​ទៅ​ទើប​គេ​សង្កេត​ឃើញ​អំពី​មហិច្ឆតា​ដ៏​ធំ​ធេង​របស់​ចិន​ដែល​ចង់​គ្រប់គ្រង​បណ្តាញ​ផ្សព្វផ្សាយ​​ព័ត៌មាន​ក្នុង​​តំបន់​សំខាន់ៗនៃ​ផែនដី។ ឧទាហរណ៍​​នៅ​តំបន់​អាហ្វ្រិកខាង​កើត​ ​​​ចិន​បានប្រើ​វិធី​​បង់​ប្រាក់ទិញ​​កាសែត​ក្នុង​ស្រុក​សរសេរ​តែ​ព័ត៌មាន​ល្អ​។ចុងក្រោយ​ របាយការណ៍បាន​បរិហារ​​​លទ្ធិ​ផ្តាច់ការលើ​ប្រព័ន្ធ​ឌីជីថល​ ដោយ​​កេង​ពី​លើ​បណ្តាញ​សង្គម​Wechat សម្រាប់​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងងក្លាយ​​ដៅ​ឱ្យ​ចំ​អ្នក​ចេះ​និយាយ​ភាសាចិន ហើយ​​រស់​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ និងសាក​ល្បង​​រារាំង​អ្នក​ប្រឆាំង​មិន​ឱ្យ​​ប្រើ​បណ្តាញ​សង្គមTikTok។​ចុះចិន​ការពារ​ខ្លួន​យ៉ាងណា?​​របាយការណ៍​អាមេរិក​សរសេរ​ផ្ទុយ​ពីការពិត។ នេះ​ជា​ចម្លើយ​តប​របស់​ចិន​នៅ​ថ្ងៃ​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយ​វាយបកលើ​អាមេរិក​​​វិញ​ថា​ គឺ​របាយការណ៍នេះ​ហើយ​ជា​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ។ ជាមួយ​នឹង​​ប្រតិកម្ម​ ​ចិន​បាន​​​ចោទ​សហរដ្ឋ​អាមេរិក​​ថា​ជា​ចក្រភព​ភូតភរ។ អាមេរិក​ជា​ជើង​ឯក​ខាង​ធ្វើ​សង្គ្រាម​ព័ត៌មាន​​បំភ័ន្ត​មតិសាធារណៈ។ ដើម្បី​រំលេច​ឱ្យ​ឃើញ​ថា​​អាមេរិកសក្តិសម​នឹង​ទទួល​នាម​ជា​ចក្រភព​ភូតភរ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចិន​បាន​រៀប​រាប់​​អំពី​របៀប​លាក់​បាំងសកម្មភាពអាក្រក់​ៗ​​​​ និង​មិន​សូវ​ជោគជ័យ​របស់​ខ្លួន​ តាមរយៈ​ការ​លាបពណ៌​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ មាន​ជា​អាទិ៍​​​ប្រតិបត្តិការ​ Mockingbird របស់​ភ្នាក់ងារ​សេអ៊ីអា​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ ដើម្បី​បំពុល​សារព័ត៌មាន​អាមេរិក​និង​បរទេស ឬ​អន្តរាគមន៍​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក Colin Powell ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំ​២០០៣ ដែល​ថា​អ៊ីរ៉ាក់​មាន​អាំវុធ​ប្រល័យ​លោក​នុយក្លេអ៊ែរ។ប៉េកាំង​បាន​ចោទ​វ៉ាស៊ីនតោន​ផង​ដែរ ថា​បានផ្សព្វផ្សាយ​ ពាក្យ​​ភូតភរ​ប្រចាំ​សត​វត្សរ៍​ ទាក់ទង​នឹង​នយោបាយ​ចិន​នៅ​ស៊ីនជាំង។ បើ​តាម​អាមេរិក ​ ​ចិន​បាន​បើក​ប្រតិបត្តិការ​ប្រល័យ​ពូជសាសន៍​លើ​សហគមន៍​​អ៊ុយហ្គួរ ​ជា​ជន​ជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម ក្រោម​ផ្លាក​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវនិយម៕
10/1/20233 minutes, 56 seconds
Episode Artwork

សហរដ្ឋអាមេរិកមាន​​​​វិបត្តិ​ជាប់​គាំង​ថវិកាជា​ថ្មី ដោយហេតុសង្គ្រាម​​អ៊ុយក្រែន?

បើ​គ្មាន​ការ​ព្រមព្រៀង​នៅ​មុន​ម៉ោង​១២​អាធ្រាត្រ​នៃ​យប់​ថ្ងៃ​សៅរ៍ទី ៣០​កញ្ញា​នេះទេ​ សហរដ្ឋ​អាមេរិក​នឹង​ធ្លាក់​ក្នុង​វិបត្តិ​ជាប់​គាំង​ថវិកា​ជា​ថ្មី។ រដ្ឋបាល​សហព័ន្ធ​មិន​ចាំបាច់​មួយ​ចំនួនអាច​នឹង​​ត្រូវ​បិទ​ទ្វារ​ផ្អាក​ដំណើរការ។ ប្រធានាធិបតី​ចូបៃដិន និង​អ្នក​សាធារណរដ្ឋ​ទម្លាក់​ទំនួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅមក​ថា​ជា​ដើម​ហេតុ​នាំ​ភាព​រញ៉េរញៃ​នេះ​កើត​ឡើង​។ ទើប​គេច​ពី​វិបត្តិ​បំណុល​យ៉ាង​ប្រផុត​ប្រផើយ​កាលពី​បួន​ខែ​មុន មហា​អំណាច​សេដ្ឋកិច្ច​ទីមួយ​ពិភពលោក ​ទំនង​ជាមិន​អាច​បញ្ចៀស​មិន​ឱ្យ​មាន​​វិបត្តិ​ជាប់​គាំង​ថវិកា​Shutdown​ជា​ថ្មី​បាន​ទេ។ ​​ច្បាប់​ថវិកា​ដែល​ជា​អ្នក​ធានា​ដំណើរការ​រដ្ឋបាល​រដ្ឋ​សហព័ន្ធ​​ត្រូវ​ផុត​​ឱសានវាទ​នៅ​ថ្ងៃ​សៅរ៍​ទី​៣០​កញ្ញាវេលា​ម៉ោង​១២​អាធ្រាត្រ​ម៉ោង​នៅ​វ៉ាស៊ីនតោន។ ដូច្នេះ​បើគ្មាន​​ការ​ព្រមព្រៀង ​​អនុម័ត និង​ចុះ​ហត្ថលេខា​​លើ​គម្រោង​ថវិកា​ឆ្នាំ​ថ្មី​​២០២៤​ឱ្យ​បានមុន​ពេល​រំលង​អាធ្រាត្រឆ្លង​ចូល​​ថ្ងៃអាទិត្យ​ទី​១​តុលា​នេះទេ សេវា​រដ្ឋបាល​សហព័ន្ធ​មិន​ចាំ​បាច់ទាំង​ឡាយ​​នឹង​ត្រូវ​បិទ​ទ្វារ​ហើយ។ហេតុ​អ្វី​សហរដ្ឋ​អាមេរិក​ឧស្សាហ៍​ធ្លាក់​ក្នុង​វិបត្តិ​ជាប់​គាំង​ថវិកា?​រដ្ឋធម្មនុញ្ញ​​អាមេរិកចែង​ឱ្យ​សភាអាមេរិក​ទាំងពីរ គឺ​ព្រឹទ្ធសភា​និង​សភា​ជាន់​ទាប​ ជា​អ្នក​បោះឆ្នោត​អនុម័ត​ច្បាប់​ថវិកា​​សហព័ន្ធ តាម​រយៈ​​ដំណើរ​បែប​បទ​ដ៏​វែង​។ ជា​រៀង​រាល់​ឆ្នាំ​ វិមាន​ប្រធានាធិបតី​រៀប​ចំ​គម្រោង​ថវិកា​សម្រាប់​ឆ្នាំ​បន្ទាប់ ដែល​គិត​ចាប់​ផ្តើម​ពី​ថ្ងៃទី​១​តុលា​ទៅ​។ លោក ចូ​បៃដិន បានលើក​គម្រោង​ថវិកាគោល​​ឆ្នាំ​២០២៤​ កាលពី​ខែ​៩មីនា​​ សម្រាប់​ឱ្យ​គណៈកម្មការចំនួន​១២​​នៅ​សភា​និង​ព្រឹទ្ធសភា​ទទួល​បន្ទុករៀប​ចំ​ចំណាយ​ថវិកា​លម្អិត​ទៅ​តាម​ផ្នែកនីមួយៗ (​ ការពារជាតិ កសិកម្ម យុត្តិធម៌ ...) និង​ទៅ​តាម​សំណើ​របស់​រដ្ឋាភិបាល។ សភា​និង​ព្រឹទ្ធសភា​ រៀប​ចំ​​គម្រោងច្បាប់​​លម្អិត​​​រៀងខ្លួនៗ ហើយ​យក​មក​ជជែក​ពិភាក្សា​គ្នា​។ នៅ​ពេល​​ជជែក​តស៊ូ​មតិ​គ្នា​ តែង​សម្រេច​នៅ​នាទី​ចុងក្រោយ​ ប៉ុន្តែ​ក្រុមម្ខាងៗ​តែង​ការពារ​ជំហរ​របស់​ខ្លួន​ និង​យក​ការ​ជាប់​គាំង​សេវា​រដ្ឋបាល​សហព័ន្ធ​មក​គំរាម​សំឡុត​ដើម្បី​ឱ្យ​ម្ខាង​ទៀត​ធ្វើ​សម្បទាន។តាំងពី​ឆ្នាំ​១៩៧៦​មក សហរដ្ឋ​អាមេរិក​ធ្លាប់​ឆ្លង​កាត់​វិបត្តិ​ជាប់​គាំង​ថវិកា​Shutdown​នេះ​២១​ដង ក្នុងនោះ​១០​ដង​បាន​ឈាន​ដល់​ដំណាក់កាល​គាំង​សេវា​រដ្ឋបាល បុគ្គលិក​រដ្ឋ​ត្រូវ​ឈប់​ធ្វើការ​ដោយ​បង្ខំ។ វិបត្តិ​ធ្ងន់ធ្ងរខ្លាំង​ជាង​គេ​នៅ​ឆ្នាំ​១៩៩៥-៩៦ ក្រោម​រដ្ឋបាល​លោក​ប៊ីលគ្លីនតុន និង​វែង​ជាង​គេ ដល់​ទៅ​៣៥​ថ្ងៃ ​នៅ​ឆ្នាំ​២០១៨-២០១៩ ដោយ​កាលណោះ​ប្រធានាធិបតី​​លោក​ដូណាល់​ត្រាំ ​និង​សភា​ខុនក្រេស ប្រឆាំង​គ្នា​ខ្លាំង​ជុំ​វិញ​ការ​ភ្ជាប់​សំណើ​សាង​សង់​ជញ្ជាំង​ម៉ិចស៊ិក​​ទប់​ស្កាត់​អន្តោប្រវេសន៍​ក្នុង​កញ្ចប់​ថវិកា​ជាតិ។តើ​អ្វី​ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​គ្រោះ​Shutdown នៅលើកនេះ? លោក​ប្រធានាធិបតីចូ​បៃដិន និង​អ្នក​សាធារណរដ្ឋ​បាន​ទម្លាប់​កំហុស​ដាក់​គ្នា​ទៅ​វិញ​មក​​ ថា​ជា​ដើម​ហេតុ​នាំ​អាមេរិក​ឱ្យ​ប្រឈម​នឹង​គ្រោះ​​ជាប់​គាំង​ថវិកាជា​ថ្មី។ សម្រាប់​លោក ចូ បៃដិន ដោយ​ឥតសង្ស័យ គ្រោះធ្លាក់​ក្នុង​​វិបត្តិ​ថវិកា​លើក​នេះ​​បណ្តាល​មក​ពី​ក្រុម​សភា​អ្នក​តំណាង​បក្ស​សាធារណរដ្ឋ​​ ដែល​ចង់​បិទ​ខ្ទប់​​ជំនួយ​យោធា​ផ្តល់​ទៅ​ឱ្យ​អ៊ុយក្រែន។នៅច្បាប់​ដើម​ដំបូងសេតវិមានចង់​​​ឱ្យ​សភា​ខុនក្រេស​អនុម័ត​​គម្រោង​ថវិកា​មាន​បូក​ជំនួយ​យោធា​និង​មនុស្សធម៌​ដល់​អ៊ុយក្រែន​ចំនួន​២៤​ពាន់​លាន​ដុល្លារអាមេរិក។ ហើយ​នៅក្នុង​គម្រោង​ច្បាប់​ចុងក្រោយ​នា​ថ្ងៃ​អង្គារ​ ព្រឹទ្ធសភា​​ដែល​គ្រប់គ្រង​ដោយ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ ​បាន​បញ្ចូល​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​ត្រឹមតែ​មួយ​ភាគ​បួន​នៃ​ទឹក​ប្រាក់ដើម​​ប៉ុណ្ណោះ។ ប៉ុន្តែនៅ​សភាដែល​​​ក្រុម​អ្នក​សាធារណរដ្ឋ​មាន​សំឡេង​ភាគ​ច្រើន​ ប្រធាន​សភា​លោក​Kevin McCarty ក្រោម​សម្ពាធ​ចង់​ភ្ជាប់​ជំនួយ​អ៊ុយក្រែន​ទៅ​នឹង​គម្រោង​កំរិត​ការទទួល​ជនអន្តោប្រវេសន៍​។ ចំណែក​សមាជិក​សភា​អ្នក​សាធារណរដ្ឋ​មួយ​ក្តាប់​តូច​ស្និទ្ធ​​និង​និយម​លោក​ដូណាល់​ត្រាំ បដិសេធ​ដាច់​ខាត​មិន​ឱ្យ​ភ្ជាប់​សំណុំ​រឿង​អ៊ុយក្រែន​ក្នុង​ច្បាប់​ថវិកា​ជាតិ​ទេ។ ពួកគេ​ចង់​​ឱ្យ​សហរដ្ឋ​អាមេរិក​បញ្ឈប់​ការ​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន​តែម្តង។ក្រុម​​ត្រាំ​និយមជ្រុល​ មាន​គ្នា​តិចទេ​​ តែ​មានអំណាច​ធំ​ក្នុង​រង្វង់​អ្នក​សាធារណរដ្ឋនៅក្នុង​សភា​ ដោយ​វិះ​តែ​នឹង​ធ្វើ​ឱ្យ​អាមេរិក​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ហិរញ្ញវត្ថុ​កាលពី​បួន​ខែ​មុន​ម្តង​ នៅពេល​រដ្ឋាភិបាល​សុំ​ដំឡើង​កំរិត​អតិបរិមា​នៃ​ប្រាក់​បំណុល​ជាតិ។ ក្រុម​ដែល​ធ្លាប់​បាន​ជួយ​លោក​ម៉ាកខេទី ឱ្យ​បានក្លាយ​ជា​ប្រធានសភា​អាមេរិក​នេះ បាន​ទទួល​បញ្ជា​ពី​អតីត​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ដែល​អាច​នឹងមក​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតីអាមេរិក​ម្តង​ទៀត​ទល់​នឹង​លោក​បៃដិន​ជា​ថ្មីនៅ​ឆ្នាំ​២០២៤ ឱ្យរក្សា​ជំហរ​ដាច់​ខាត​មិន​ធ្វើ​សម្បទាន​អ្វី​ទាំង​អស់​នៅ​ក្នុង​គ្រប់​សំណុំ​រឿងច្បាប់​​ថវិកា។ នៅក្នុង​បណ្តាញ​​Trush Social លោក​ដូណាល់ត្រាំ​បានជំរុញ​ឱ្យ​សភា​ខុន​ក្រេស​អ្នក​សាធារណរដ្ឋ​កុំ​ទទួល​​យក​ច្បាប់​ថវិកា​ ដែល​​រដ្ឋាភិបាល​បៃដិនប្រើ​ជា​អាវុធ​​ប្រឆាំង​នឹង​ពលរដ្ឋ​ពាក់​កណ្តាល​ប្រទេស​ ក្នុង​នាម​ជា​សត្រូវ។តើ​ពលរដ្ឋ​អាមេរិក​ណា​ខ្លះ​អាច​រង​គ្រោះដោយផ្ទាល់​​ពី​វិបត្តិ​ជាប់​គាំង​ថវិកា?ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក​ត្រៀម​​បិទ​សេវា​មួយ​ចំនួន​។ បុគ្គលិក​​រដ្ឋសហព័ន្ធ​​បាន​ទទួល​​សេចក្តី​ជូន​ដំណឹងបិទ​សេវា​ការងារ ​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨​កញ្ញា​មក។ ពួកគេ​ត្រូវ​រង់​ចាំ​ទាល់​តែ​វិបត្តិ​ថវិកា​នេះ​ចប់​ទើប​បានបើក​​ប្រាក់​ខែ។ តែ​បុគ្គលិក​ក្នុង​សេវា​ចាំបាច់​ ត្រូវ​តែ​មក​ធ្វើ​ការ ឯ​អ្នក​ផ្សេង​ត្រូវ​ឈប់​ធ្វើការ​ មិន​​ប៉ះពាល់​សំណុំ​រឿង​ឬ​ចូល​មើល​សារ​អ៊ីមែល​អ្វី​ទាំង​អស់។ ​ឧទ្យាន​ជាតិ​​ល្បី​ៗនៅអាមេរិក​ដូច​យ៉ាង​ឧទ្យាន Yosemite ឬYellowstone ក៏​ត្រូវ​បិទទ្វារ​ជា​បណ្តោះអាសន្នដែរ។ ចរាចរណ៍​ផ្លូវ​អាកាស​ក៏​ទំនង​ត្រូវ​​រអាក់រអួលខ្លាំង​ដែរ​។​វិបត្តិ​​ជាប់​គាំង​ថវិកា​Shutdown អាច​នឹង​បង្ក​ផលវិបាក​ដល់​ប្រជាពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់ ក្នុង​កំរិត​មួយ​ដែល​អាស្រ័យ​ទៅ​លើ​រយៈ​ពេល​និង​ភាពធ្ងន់ធ្ងរ​នៃការ​បិទ​សេវា​រដ្ឋបាល​សហព័ន្ធ។ ​សហជីព​និយោកជិក​នៃ​រដ្ឋាភិបាល​សហព័ន្ធ​វាយតម្លៃ​ថា​នឹងអាច​មាន​បុគ្គលិក​យោធា​និ​ង​ស៊ីវិល​រហូត​ដល់​៤លាន​នាក់​រង​ផល​ប៉ះពាល់​ផ្ទាល់​ពី​វិបត្តិ​ជាប់​គាំង​ថវិកាលើក​នេះ ក្នុង​នោះ​២,២​លាននាក់​ជា​បុគ្គលិក​ស៊ីវិល។ ទាហាន​ជាង​មួយ​លាន​បី​សែន​ត្រូវ​បន្តធ្វើការ​ដោយ​គ្មាន​ទទួល​ប្រាក់​បៀរវត្សរ៍។ កម្មវិធី​ផ្តល់​ជំនួយ​ស្បៀងអាហារ​ដល់​ជន​ក្រីក្រ​អាមេរិក ៤០​លាននាក់​ និង​ កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​ដល់​ក្មេង​និង​ស្ត្រី​ជិត​៧លាន​នាក់ ត្រូវ​បង្ខំ​ចិត្ត​ផ្តាច់​សិទ្ធិ​អ្នក​គួរ​ទទួល​ជំនួយមួយ​ចំនួន​​មួយ​រយៈ​សិន។ជា​ការ​រំលឹក​ កាលពី​​ឆ្នាំ​២០១៨ ​វិបត្តិ​ជាប់​គាំង​ថវិកាបាន​ធ្វើឱ្យ​​អាមេរិក​បង់ខាត​​ផលិតផល​សរុប​ក្នុង​ស្រុក​អស់​ជាង​៣ពាន់​លាន​ដុល្លារ៕
9/30/20236 minutes, 3 seconds
Episode Artwork

លោកអគ្គលេខាធិការ អ .ស.ប. បរិហារថា ពិភពលោក​កំពុងតែឆ្កួតលីលា​ជាមួយនឹងអាវុធនុយក្លេអ៊ែរ

នៅក្នុង​ឱកាសកិច្ចប្រជុំពិសេសមួយ​ ក្នុង​ក្របខណ្ឌមហាសន្និបាទនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី​២៦កញ្ញា លោក​​អគ្គលេខាធិការ អង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងសុន្ទរកថាដោយ​លោក​បាន​លើកឡើងថា ពិភពលោកយើង កំពុងតែ​វក់វីនឹងភាពឆ្កួតលីលា ជាមួយនឹងអាវុធ​នុយក្លេអ៊ែរ​។ ការប្រណាំងប្រជែងគ្នា នៃអាវុធមហាប្រល័យនេះ ត្រូវបាន​លោក​អគ្គ​លេខាធិការអង្គការ​សហប្រជាជាតិ បរិហាថាគឺជាគ្រោះថ្នាក់ដ៏អាសន្នបំផុតសម្រាប់មនុស្សជាតិ​។ ហេតុអ្វី​លោក​អង់តូនីញ៉ូ ហ្គូតទែរស៍​ បារម្ភ​ខ្លាំង​?នៅ​ថ្ងៃទី​២៦កញ្ញា ដែល​ជាទិវាអន្តរជាតិនៃការបំបាត់ចោលទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បាន​លើកឡើងថា ជាលើកទី១ក្នុងរវាង​ច្រើនទសវត្សមកនេះ ចំនួន​គ្រាប់នុយក្លេអ៊ែរ អាចនឹងកើនឡើងនៅទូទាំងពិភពលោក។ បញ្ហានេះគឺជាបញ្ហាអាសន្ន ព្រោះថាមហាអំណាចធំៗ កាន់តែប្រជែង ប្រណាំងគ្នាបង្កើនចំនួនអាវុធមហាប្រល័យនេះ តែរៀងៗខ្លួន​។ ជាងនេះទៀត លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងការបារម្ភថា គ្រោងឆ្អឹង​ស្ថាប័ន​ពិភពលោក​ដើម្បី​ទប់ស្កាត់ការរីកសាយភាព​​អាវុធនុយក្លេអ៊ែរ ត្រូវបាន​រុះរើ ឬរលំបាក់ជាបន្តបន្ទាប់​។លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា សព្វាវុធនុយក្លេអ៊ែរបច្ចុប្បន្ន​នេះ កាន់តែ​ទំនើប កាន់តែ​លឿនរហ័ស កាន់តែបាញ់ចំ​គោលដៅ​​​ច្បាស់ និង​កាន់តែអាចបញ្ជាបាន​ដោយងាយ​។ ភាពឆ្កួតលីលានៃអាវុធនុយក្លេអ៊ែរនេះ វាបៀបបាននឹងជ្រោះមរណៈ ដែល​ដែល​មនុស្សជាតិយើងត្រូវតែរួមគ្នាចាកចេញឲ្យផុត​។ នៅក្នុងបរិបទនេះ លោក​អង់តូនីញ៉ូ ហ្គូតទែរស៍ បានអំពាវនាវាហៅ​ក្រុមប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងអស់ ថាត្រូវតែធ្វើ​គម្រូល្អ បង្ហាញផ្លូវត្រឹមត្រូវ ហើយសន្យាថា ទោះជាកាលៈទេសៈណាក៏ដោយ​​ គឺ​ខ្លួនសន្យាថានឹងមិន​ប្រើអាវុធនុយក្លេអ៊ែរជាដាច់ខាត​។ក្នុងនាមលោក​ជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោកសូមសន្យាថានឹងប្រឹងប្រែងធ្វើការ ឲ្យ​អស់ពីសមត្ថភាព​ ក្នុងការ​ជួយ​ជំរុញប្រមូល​ប្រទេសទាំងអស់ ដើម្បីឈានទៅរួមគ្នាលុបបំបាត់ឲ្យ​បាន​ នូវអាវុធប្រល័យលោកទាំងនេះ​​ឲ្យ​អស់ពីផែនដី​ ហើយធ្វើ​ឲ្យ​ក្លាយ​ជាអតីតកាល​ ដែល​មិនអាចរស់ឡើងវិញ​បាន​​ ​។​កូរ៉េខាងជើងចោទអាមេរិកថាជាអ្នកដុត “ភ្លើងសង្គ្រាមនុយក្លេអ៊ែរ”ដោយឡែក នៅថ្ងៃទី​២៦កញ្ញា​ នៅ​អង្គការសហប្រជាជាតិដែរ តំណាងរដ្ឋាភិបាលរបបផ្តាច់​ការកូរ៉េខាងជើង​ បាន​ឡើងថ្លែងសុន្ទរកថា ដោយ​បាន​លើកឡើងថា “ឧបទ្វីបកូរ៉េ កំពុងស្ថិតនៅ​មាត់ជ្រោះសង្គ្រាមនុយក្លេអ៊ែរ ហើយ​អ្នកដែល​បង្កបញ្ហានេះ គឺគ្មាននរណាទេ ក្រៅពីសហរដ្ឋអាមេរិក”​។លោក គីម សុង អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ បាន​បរិហារថា គឺសកម្មភាព​ដែលគ្មានការពិចារណា និងពោរពេញដោយ​ភាពកម្រោល​ចូលរបស់អាមេរិក ដែលកំពុងតែដុត​ភ្លើងសង្គ្រាម​នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ​។ មន្ត្រី​កូរ៉េខាងជើងរូបនេះ បន្តថាអាមេរិកបានអុជអាលប្រទេសក្នុងតំបន់​ក្បែរខាងកូរ៉េខាងជើង ឲ្យធ្វើតាមខ្លួន ពោលគឺវា​ជាយុទ្ធសាស្ត្រខ្វះការប្រុងប្រយ័ត្ន ដើម្បី​តែបំពេញមហិច្ឆតា និង​ផលប្រយោជន៍​របស់អាមេរិកតែប៉ុណ្ណោះ។អស់ពីបរិហារអាមេរិក អគ្គរដ្ឋទូតកូរ៉េខាងជើង បាន​ចោទថារដ្ឋាភិបាល​កូរ៉េខាងត្បូង ក៏មានចំណែក​ខុសដែរ ក្នុង​ការ​​ធ្វើ​ឲ្យ​ឧបទ្វីបកូរ៉េត្រូវ​ប្រឈម​នឹងសង្គ្រាមនុយក្លេអ៊ែរ ព្រោះសេអ៊ូល​​ព្រម​ឱន​ក្បាលធ្វើ​ជាអាយ៉ងរបស់អាមេរិក ឈ្លក់វង្វេងចង់តែធ្វើសង្គ្រាម​ជាមួយបងប្អូនឯង។​មហាអំណាច​ប្រើ​អាវុធនុយក្លេអ៊ែរដើម្បីគំរាមគ្នាកាន់តែខ្លាំង​​ទាក់ទិននឹងការ​គំរាមប្រើអាវុធនុយក្លេអ៊ែរ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ មិនបាន​បញ្ចេញ​ឈ្មោះប្រទេសណាមួយ​ឲ្យចំទេ។ តែបរិបទសង្គ្រាម​នៅអ៊ុយក្រែន បានធ្វើ​ឲ្យ​មានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពដែលរុស្ស៊ី ​អាចនឹងប្រើ​អាវុធនុយក្លេអ៊ែរតាក់ទិក​។​ យ៉ាងណាមិញ លទ្ធភាពនេះ ត្រូវបាន​ភាគី​រុស្ស៊ី​លើកយកមកគ្រវីគំរាមជាញយដងមកហើយ។សូមបញ្ជាក់ថា យោងតាម​តួលេខរបស់​ វិទ្យាស្ថាន​អន្តរជាតិ​ស្រាវជ្រាវដើម្បីសន្តិភាព ហៅកាត់ថា SIPRI ដែលមានទីតាំងនៅក្រុងស្តុកខូលម៍ គឺដើមឆ្នាំ​២០២៣ ពិភពលោក​យើងមាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ សរុបចំនួន ១២៥១២គ្រាប់​។ ទំហំ​​នេះបានថយចុះបន្តិច បើប្រៀបធៀបទៅ​ឆ្នាំ​២០២២ ដែលមានចំនួន​​ ១២៧១០​គ្រាប់។​ តែយ៉ាងណា ស្ថិតក្នុងបរិបទនៃការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង រវាង​មហាអំណាចធំៗ អ្នកជំនាញ​បាន​ថ្លែងការបារម្ភថា ចំនួន​ក្បាលគ្រាប់នុយក្លេអ៊ែរអាចនឹងកើនឡើង ចាប់ពីពេលនេះទៅ។ ពោលគេ សករាជនៃ​ការថយចុះចំនួន​ក្បាលគ្រាប់​នុយក្លេអ៊ែរ ទំនង​ជាបាន​​​ដើរមកដល់ទីបញ្ចប់​ហើយ។ អំណេះតទៅ ពិភពលោកនឹងឈានជើងចូលទៅកាន់ទំព័រថ្មីនៃការប្រណាំងប្រជែង ដំឡើងទំហំសព្វាវុធ​នុយក្លេអ៊ែរ ដើម្បីកំញើញគ្នាទៅវិញទៅមក​។​គួរ​កត់សំគាល់ដែរថា បច្ចុប្បន្ន​មានប្រទេស​៩ ដែលជាផ្លូវការ​ត្រូវគេដឹងថាជាមហាអំណាច មានអាវុធបរមាណូ នោះគឺ សហរដ្ឋអាមេរិក បារាំង អង់គ្លេស រុស្ស៊ី ចិន ប៉ាគីស្ថាន ឥណ្ឌា អ៊ីស្រាអែល និង​កូរ៉េខាងជើង​។​ យោងតាមតួលេខ​ សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក (FAS) គឺរុស្ស៊ីមានក្បាលគ្រាប់នុយក្លែអ៊ែរច្រើនជាងគេ គឺចំនួន​ ៥៨៨៩គ្រាប់ ខណៈអាមេរិក​មានចំនួន ៥២៤៤គ្រាប់។ រុស្ស៊ី និង​អាមេរិក​ តែ២នាក់ មានក្បាលគ្រាប់នុយក្លេអ៊ែរ​​ សរុប​ដល់ទៅ៩០%នៃទំហំរួមទូទាំងពិភពលោក​។​ ចិនវិញស្ថិតនៅលេខរៀងទី​៣ មានចំនួន ៤១០គ្រាប់ បារាំងមាន​២៩០គ្រាប់ អង់គ្លេសមាន ២២៥គ្រាប់ ប៉ាគីស្ថានមាន​១៧០គ្រាប់ ឥណ្ឌាមាន ១៦៤គ្រាប់ អ៊ីស្រាអែលមាន៩០គ្រាប់ ហើយកូរ៉េខាងជើងមានប្រមាណ​៣០គ្រាប់។ក្រៅកូរ៉េខាងជើង ដែលកំពុងបង្កឲ្យ​មានការបារម្ភ អ៊ីរ៉ង់ក៏​​​​កំពុងធ្វើ​ឲ្យ​​អ្នកសង្កេតស្ថានការណ៍​ តាមដានយកចិត្តទុកដាក់ខ្ពស់ដែរ។ កិច្ចព្រមព្រៀងគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ស្ថិតនៅជាប់គាំង គ្មានដំណោះស្រាយ ខណៈការចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូម របស់អ៊ីរ៉ង់ បាន​កើនសកម្មភាពកាន់តែខ្លាំង​។ យោងតាមប្រភពច្បាស់ការជាច្រើន គឺ​ទំហំអ៊ុយរ៉ានីញ៉ូមចម្រើនធាតុរបស់អ៊ីរ៉ង់ បានលើស​ច្រើនទៅៗ នៃកម្រិតអនុញ្ញាត ដែលប្រការនេះអាចនឹង​បើក​ផ្លូវ​​ឲ្យ​អ៊ីរ៉ង់ អាចផលិត​ក្បាលគ្រាប់​នុយក្លេអ៊ែរបាន​ ក្នុងពេល​ដ៏ឆាប់៕
9/27/20236 minutes, 24 seconds
Episode Artwork

នីហ្សេ៖ ប្រធានាធិបតី​​បារាំងសម្រេចដក​ទូត និង​បិទបញ្ចប់​បេសកកម្ម​កងទ័ពបារាំង

ជាច្រើនសប្តាហ៍​បន្ទាប់ពី​វិបត្តិ​បានផ្ទុះឡើង រវាងបារាំង​និង​ក្រុម​កងទ័ពធ្វើរដ្ឋប្រហារនៅនីហ្សេ ទីបំផុត​លោក​ប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង​ បានប្រកាសកាល​ពីថ្ងៃអាទិត្យ​ ទី​២៤កញ្ញា ថាបារាំង​នឹង​ហៅ​​អគ្គរដ្ឋទូតខ្លួន​ឲ្យចូលស្រុកវិញ ហើយ​បេសកម្មកម្មកងទ័ពបារាំង ដើម្បីប្រយុទ្ធនឹងចលនា​ជីហាត​ភេរវកម្ម​ នឹងត្រូវបិទបញ្ចប់ជាស្ថាពរ​ដែរ​។​ គួររំលឹកថា កាលពី​ចុងខែកក្កដា ក្រុមយោធានីហ្សេ​ដឹកនាំដោយ​ មេបញ្ជាការ Abdourahamane Tiani បានធ្វើរដ្ឋប្រហារ​ផ្តួលរំលំរដ្ឋាភិបាល​ របស់​លោក​ម៉ូហាម៉េដ បាហ្ស៊ូម និងបានចាប់​លោក​ប្រធានាធិបតីរូបនេះ បង្ឃាំងទុកក្នុងផ្ទះជាមួយនឹងក្រុម​គ្រួសារ រហូតដល់​សព្វថ្ងៃ​។​ ក្រុមយោធាធ្វើរដ្ឋប្រហារ អមដោយ​បាតុកម្ម​គាំទ្រតាមផ្លូវផង បាន​ប្រកាសបណ្តេញ​កងទ័ពបារាំងប្រមាណ​១៥០០នាក់ ដែល​ឈរជើងនៅនីហ្សេ ឲ្យ​ចាកចេញ​ និង​បានប្រកាសបណ្តេញ​​លោក​អគ្គរដ្ឋទូតបារាំងថែមទៀតផង។តែយ៉ាងណាពីប៉ារីស រដ្ឋាភិបាល​បារាំង បានអះអាងថាអាជ្ញាធររបបសិក​នីហ្សេ មិនមែនជារដ្ឋាភិបាល​ស្របច្បាប់​​នោះទេ។ បារាំងប្រកាសថា​​ ទទួលស្គាល់រដ្ឋាភិបាលនីហ្សេ​​ស្របច្បាប់តែមួយគត់ ដែលដឹកនាំដោយ​លោក​ប្រធានាធិបតី​ម៉ូហាម៉េដ បាហ្ស៊ូម​។តើហេតុអ្វីបាន​ជាពេលនេះ ​ប្រធានាធិបតី​បារាំងសម្រេចហៅអគ្គរដ្ឋទូតឲ្យចូលស្រុក និង​ដកទ័ពបារាំងចេញពីនីហ្សេ?នៅក្នុងបទសម្ភាសន៍ផ្តល់ឲ្យ​ទូរទស្សន៍បារាំង TF1 និងFrance 2 កាលពីយប់ថ្ងៃអាទិត្យ លោក​ម៉ាក្រុងបានបញ្ជាក់​ឲ្យដឹងថា បារាំង​​បានសម្រេចចិត្តហើយ គឺនឹងហៅលោក​​អគ្គរដ្ឋទូត Sylvain Itté ព្រមទាំង​មន្ត្រីទូតបារាំងជាច្រើននាក់ទៀត ដែលកំពុងស្ថិតនៅទីក្រុង​នីអាម៉េ ឲ្យត្រលប់ចូល​ស្រុកបារាំង​វិញ ក្នុងពេល​ប៉ុន្មានម៉ោងខាងមុខ​។ បន្ថែមពីនេះ លោក​ម៉ាក្រុង បានបញ្ជាក់ថា បេសកកម្ម​កងទ័ពបារាំងនៅនីហ្សេត្រូវបិទបញ្ចប់ទាំងស្រុង។ កងទ័ពបារាំងដែលកំពុងស្ថិតនៅ​លើ​ទឹកដី​នីហ្សេ នឹងត្រូវដកចេញទាំងស្រុង ពីនេះ​ដល់ដំណាច់ឆ្នាំ​២០២៣។លោក​ម៉ាក្រុងបាន​បញ្ជាក់ហេតុផលថា បារាំងបានសម្រេចបិទបញ្ចប់​បេសកកម្មកងទ័ពនៅនីហ្សេ ព្រោះថា អាជ្ញាធរនីហ្សេបច្ចុប្បន្ននេះ លែងចង់​ប្រយុទ្ធប្រឆាំងក្រុម​ជីហាតភេរវកម្មទៀតឡើយ​។ លោក​បន្តថា ជាងនេះទៀត បារាំងមិនអាចបន្តនៅជាចំណាប់ខ្មាំង​ នៃរបបសិកនីហ្សេបានទេ។ តែយ៉ាងណា​​ លោកបានបញ្ជាក់ថា បារាំងនឹងធ្វើការ​ជជែកជាមួយ​អាជ្ញាធរ​របបសិកនីហ្សេ ដើម្បីរៀបចំដំណើរការដកទ័ពនេះ ឲ្យ​រលូន​ និងដោយ​ស្ងាត់ស្ងៀមបំផុត​។គួរបញ្ជាក់ថា ការពិតទៅ​ស្ថានការណ៍វិបត្តិ​​កាន់តែតានតឹង ដុនដាប​​ខ្លាំង រវាងនីហ្សេនិងបារាំង ប៉ុន្មានសប្តាហ៍​មកហើយ។ បាតុកម្មរបស់ប្រជាជន​នីហ្សេ ដែល​ប្រឆាំងនឹងវត្តមាន​កងទ័ពបារាំង ត្រូវបាន​រៀបចំធ្វើ​សឹងជា​រៀងរាល់ថ្ងៃ នៅមុខស្ថានទូតបារាំង​ក្នុង​ទីក្រុងនីអាមេ និងនៅខាងមុខបន្ទាយ​ទាហានបារាំង។​ អ្នកវិភាគជាច្រើនធ្លាប់បាន​សន្និដ្ឋានហើយ ថាបារាំងគ្មានជំរើសអ្វីផ្សេងទេ ក្រៅពីការធ្វើតាម​ការទាមទារ របស់​ក្រុមយោធា​នីហ្សេ​។ចាប់តាំងពីពាក់​កណ្តាល​ខែសីហា ដែល​លោក​អគ្គរដ្ឋទូតបារាំង​ Sylvain Itté និងមន្ត្រីទូតបារាំងផ្សេងទៀត ត្រូវបាន​ក្រុមយោធានីហ្សេ រាំរាំងមិនឲ្យចេញពីស្ថានទូត​។ លោក​ម៉ាក្រុងបានហៅស្ថានការណ៍​នេះ ថាជាការចាប់ចំណាប់ខ្មាំង​។ ស្ថានការណ៍​កាន់តែអាសន្ន ដោយសារតែមន្ត្រីទូតបារាំងដែលជាប់ក្នុងស្ថានទូត គ្មានស្បៀងអាហារគ្រប់គ្រាន់។ មិនត្រឹមប៉ុណ្ណោះទេ ក្រុមយោធាធ្វើរដ្ឋប្រហារនីហ្សេ បាន​ហាមឃាត់​មិន​ឲ្យយន្តហោះបារាំង ហោះចូលដែនអាកាសនីហ្សេថែមទៀតផង​។​អវសាន​នៃ​​ប្រតិបត្តិ​ការកងទ័ពបារាំង ដើម្បី​​ប្រយុទ្ធប្រឆាំងនឹង​​ក្រុមជីហាតអ៊ីស្លាម​នៅតំបន់សាហ៊ែល?ក្រោយ​ការប្រកាសរបស់​លោក​ម៉ាក្រុង ថាបារាំងនឹងដកទ័ពចេញនីហ្សេ អាជ្ញាធររបបសិកនីហ្សេ​ បានចេញលិខិតប្រកាស អបអរសារទរ ថានេះគឺជាការបោះជំហាន ឈានទៅ​ពង្រឹកអធិបតេយ្យភាព​របស់​នីហ្សេ។ ផ្សាយ​តាមកញ្ចក់ទូរទស្សន៍ជាតិនីហ្សេ ក្រុមយោធារបបសិក បានអះអាងថា រាល់អង្គភាព រដ្ឋាភិបាល ឬកងទ័ពបរទេសណាក៏ដោយ ដែលមានផែន​ការ​គំរាម​មកលើផលប្រយោជន៍ជាតិនីហ្សេ គឺនឹងត្រូវ​តែដកចេញឲ្យអស់ពីទឹកដី​នីហ្សេ ដោយ​គោរពទៅតាមឆន្ទៈរបស់​ពលរដ្ឋនីហ្សេ​។​យ៉ាងណាក៏ដោយ ការចោទប្រកាន់កន្លងមកពីសំណាក់ក្រុមយោធារបបសិកនីហ្សេ ថាបារាំងមានគំរោងផែនការ​ប្រឆាំងនឹងសន្តិសុខជាតិនីហ្សេនោះ គឺតែងតែត្រូវបានភាគីបារាំងច្រានចោលជានិច្ច​។ ផ្ទុយទៅវិញ លោក​ប្រធានាធិបតី​បារាំង បានអះអាងថា បេសកកម្ម​កងទ័ពបារាំងនៅតំបន់សាហ៊ែល ដែលបានដំណើរការទៅ​ប្រមាណ​១០ឆ្នាំមកនេះ បានហុចលទ្ធផលវិជ្ជមានច្រើនណាស់ សម្រាប់​ប្រជាជននៅតំបន់នេះ​។ បើគ្មានវត្តមានកងទ័ពបារាំង ជួយទេ ម្លេះក្រុមជីហាតភេរវកម្មនឹងកើនកម្លាំងរីករាលដាល កាប់សម្លាប់ជីវិតប្រជាជនស៊ីវីលកាន់តែច្រើន​ ជាក់ជាមិនខានទេ មិនថានៅម៉ាលី នៅបួគីណាហ្វាសូ ឬនៅនីហ្សេ។លោក​ម៉ាក្រុង បានថ្លែងការសោកស្តាយ​ណាស់ ដែលប្រទេសនៅតំបន់សាហ៊ែល បានពើបប្រទះនឹងការធ្វើរដ្ឋប្រហារយោធាជា​បន្តបន្ទាប់គ្នា ដែល​លោកហៅថាជា “ជំងឺឆ្លងរដ្ឋប្រហារ​”។ លោកម៉ាក្រុង បាន​លើកឡើងថា លោក​ក៏ដូចជាអ្នកជំនាញ​ផ្សេងៗទៀត មានការព្រួយបារម្ភណាស់ អំពីស្ថានភាព​សន្តិសុខនៅតំបន់នេះអំណេះតទៅ​។ តែយ៉ាងណាក៏ដោយ បារាំងមិនមែន​ជាអ្នក​ទទួលខុសត្រូវ ទៅលើ​បញ្ហាវិបត្តិនយោបាយ​ផ្ទៃក្នុងរបស់​ប្រទេសទាំងនេះទេ​។​ទាក់ទិននឹងអនាគតនៃបេសកកម្មបាកកាន តំបន់សាហ៊ែល គិតមកទល់ពេលនេះ គឺមិនទាន់មានការបញ្ជាក់ពី​រដ្ឋាភិបាល​បារាំង​ទេ ថាកងទ័ពបារាំងចំនួន​១៥០០នាក់ ដែល​នឹងត្រូវដកចេញពីនីហ្សេ​ នឹងត្រូវយកចូលស្រុក​បារាំងវិញ ឬ​មួយក៏ត្រូវបញ្ជូន​ទៅកាន់ប្រទេសផ្សេង​នៅ​អាហ្វ្រិក​។​ នៅជុំវិញតំបន់សាហ៊ែល ក្រៅពីនីហ្សេ បច្ចុប្បន្នបារាំងមានកងទ័ពប្រមាណ១០០០នាក់ ប្រចាំនៅ​ប្រទេសឆាតដែលមានព្រំដែនជាប់នីហ្សេ មាន​៤០០នាក់​នៅសេនេហ្កាល់ ​៩០០នាក់​នៅកូឌីវ័រ និងនៅ​ហ្កាបុង ប្រមាណ​៣៥០នាក់។លោក Thierry Vircoulon អ្នកសម្របសម្រួល​នៅ​ក្រុមឃ្លាំមើលអាហ្វ្រិក​កណ្តាលនិងខាងត្បូង នៃវិទ្យាស្ថាន​ទំនាក់ទំនងអន្តរជាតិបារាំង(IFRI) បាន​លើកឡើងថា បន្ទាប់ពី ម៉ាលី និង​​បួគីណាហ្វាសូ បានធ្លាក់ចូលក្នុងរបបសិក ហើយ​បានបណ្តេញ​កងទ័ពបារាំងឲ្យចេញ នីហ្សេបានក្លាយ​ជាទីតាំង​បង្គោលធំចុងក្រោយ​សម្រាប់បារាំង នៅ​ក្នុង​ប្រតិបត្តិការបោសសំអាតក្រុមជីហាតតំបន់សាហ៊ែល​។ តែអំណេះតទៅ គឺ​ប្រតិបត្តិការ​នេះត្រូវដល់ទីអវសានហើយ​។ ចាប់ពីពេលនេះទៅ បារាំងគ្មានអនាគតអ្វីទៀតទេ នៅតំបន់សាហ៊ែល។ផ្ទុយទៅវិញ វត្តមានរបស់រុស្ស៊ី ត្រូវបាន​គេសង្កេតឃើញ​ក្នុងតំបន់សាហ៊ែល តាមរយៈអន្តរាគមន៍របស់​ក្រុមទាហានស៊ីឈ្នួល Wagner ។ ទង់ជាតិរុស្ស៊ី និង​ពាក្យស្លោក​អរគុណលោក​ពូទីន ត្រូវបាន​ក្រុមបាតុករនីហ្សេ លើកគ្រវីជាញឹកញាប់ ក្នុងក្បួនបាតុកម្ម​ប្រឆាំងជេរបារាំង ប្រមាណជិត​២ខែមកនេះ​។
9/25/20237 minutes, 5 seconds
Episode Artwork

ណាសារង់ចាំដោយអន្ទះសារដើម្បីទទួល​យានអវកាសដែលដឹកនាំយក​សំណាកអាចម៍ផ្កាយBennu

ជាលើកទី១​ក្នុងប្រវត្តិស្រាវជ្រាវ​របស់ខ្លួន ទីភ្នាក់ងារ​ណាសា​កំពុងរង់ចាំ​ការវិលត្រលប់​របស់​យានអវកាស​ដែល​ទីភ្នាក់ងារ​ណាសា បាន​បាញ់​បង្ហោះ កាលពី​៧ឆ្នាំ​មុន ដើម្បី​ទៅ​ចុះចត យកសំណាកពី​អាចម៍ផ្កាយ Bennu។ ចុះចត​យកបាន​សំណាកអាចម៍ផ្កាយ Bennu កាលពីឆ្នាំ ២០២០ យានអវកាស​Osiris-Rex​ត្រូវ​ត្រលប់​មកផែនដីវិញ នៅ​ថ្ងៃអាទិត្យ ម៉ោង​៩ព្រឹក ម៉ោង​នៅសហរដ្ឋអាមេរិក។ តើ​សំណាកអាចម៍ផ្កាយ​Bennuមានសារៈសំខាន់យ៉ាងណា​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​របស់ទីភ្នាក់ងារ​អវកាស​ណាសា? បេសកកម្ម​របស់​ទីភ្នាក់ងារ​ណាសា ដើម្បី​ទៅ​យកសំណាកអាចម៍ផ្កាយ​Bennu​បានឈាន​ដល់ទីបញ្ចប់ ព្រោះថា យានអវកាស​Osiris_Rex​ត្រូវវិលត្រលប់មកផែនដីវិញ នៅ​ថ្ងៃអាទិត្យ ទី ២៤​កញ្ញា វេលា​ម៉ោង ៩ព្រឹក ម៉ោង​នៅ​សហរដ្ឋអាមេរិក ត្រូវ​នឹង​ម៉ោង​១០យប់ ម៉ោង​នៅប្រទេស​កម្ពុជា។ ៧ឆ្នាំ​ក្រោយ ការបាញ់បង្ហោះ​របស់ទីភ្នាក់ងារ​ណាសា នៅ​ឆ្នាំ ២០១៦ យានអវកាស​ Osiris-Rex បាននាំយកដី ដែលជា​សំណាកអាចម៍ផ្កាយ​ Bennu ចំនួន ២៥០​ក្រាម សម្រាប់​ការសិក្សា​ស្រាវជ្រាវរបស់​ទីភ្នាក់ងារ​ណាសា។តើការវិលត្រលប់មកផែនដីប្រព្រឹត្តទៅដោយរបៀបណា?សម្រាប់​ទីភ្នាក់ងារណាសា ការវិលត្រលប់​មកផែនដី របស់​យាន​Osiri-Rex ជា​ការវិលត្រលប់​ជាប្រវត្តិសាស្រ្ត ព្រោះថា នេះជាលើកទី​១ ដែល​គេ​ប្រមូលយកបាន​សំណាកអាចម៍ផ្កាយ ក្នុងបរិមាណ​ដ៏ច្រើន ដល់​ទៅ ២៥០​ក្រាម ពោល​គឺច្រើនជាង​ថ្មដែលបេសកកម្ម​អាប៉ូឡូ​យកពី​ព្រះចន្ទ កាលពី​ឆ្នាំ ១៩៧២។ ប៉ុន្តែ មុន​នឹង​អាច​ទទួល​យកបាន​សំណាក​អាចម៍​ផ្កាយBennu មកដាក់​ក្នុងដៃ ទីភ្នាក់ងារ​ណាសា​ត្រូវចាត់ចែង​បញ្ជា​ការចុះចត​ប្រកបដោយ​គ្រោះថ្នាក់​របស់​យានដែលមាន​ផ្ទុកសំណាកអាចម៍ផ្កាយ​ Bennu។តាម​គម្រោងបញ្ជា​របស់​ណាសា យានអវកាស​​Osiri-Rex​ត្រូវ​ទម្លាក់​Capsule ដែលមាន​ផ្ទុកសំណាកអាចម៍ផ្កាយ​Bennu នៅប្រមាណ ៤ម៉ោង​មុន ​វាធ្លាក់ចុះដល់ដី ពោល​គឺ​នៅចម្ងាយ ១សែនគីឡូម៉ែត្រ ពីផែនដី។ ដំណើរធ្លាក់ចុះ​របស់​Capsule ជាដំណាក់កាល​ស្មុគស្មាញ និង​គ្រោះថ្នាក់ ព្រោះថា ក្នុង​រយៈពេល​១៣នាទីចុងក្រោយ Capsule ដែលធ្លាក់ចុះ​ក្នុងល្បឿន ៤៤០០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង មានកំដៅ នៅខាងក្រៅ​ដល់ទៅ ២៧០០អង្សារ។ ដូច្នេះ ណាសា​ត្រូវប្រុងប្រយ័ត្នបំផុត នៅពេល​សម្រេច​ចុច បញ្ចេញ​ឆ័ត្រយោង​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​Capsule ធ្លាក់ចុះ ដោយគ្មានការប៉ះទង្គិចខ្លាំងនៅលើ​ដី។ តាមគម្រោង ក្នុងករណី​ដែល​Capsule មិនអាចធ្លាក់ចុះ​នៅ​ក្នុងតំបន់ ដែលគេ​បាន​ដៅរក្សា​ទុក គឺ​នៅ​មូលដ្ឋាន​យោធាទ័ពអាមេរិក ​ក្នុង​រដ្ឋ​Utad នោះ ទីភ្នាក់ងារ​ណាសា​នឹង​ប្តូរចិត្ត​មិន​បញ្ជា​ឲ្យ​យានអវកាស​Osiris-Rex ទម្លាក់​Capsule មាន​សំណាកអាចម៍ផ្កាយ​ មកកាន់ផែនដី។ បើសិន​ជា​ដូច្នេះមែន យានអវកាស​ Osiris-Rex​នឹងត្រូវ​ត្រលប់​ទៅវិលជុំវិញ​ព្រះអាទិត្យ​សាជាថ្មី មុន​នឹងសាកល្បង​វិលត្រលប់​មកផែនដី​សាជាថ្មី នៅ​២ឆ្នាំទៀត គឺ​នៅ​ឆ្នាំ ២០២៥។ប៉ុន្តែ ក្នុង​ករណី​ដែល​ណាសា​​ជោគជ័យ ទទួល​បាន Capsuleផ្ទុកសំណាកអាចម៍ផ្កាយBennu នោះ យានអវកាស​ Osiris-Rex​នឹងបន្ត​ចេញដំណើរ​ទៅ​រកសំណាកពីអាចម៍ផ្កាយផ្សេងទៀត នៅក្នុង​ប្រព័ន្ធព្រះអាទិត្យ។តើការវិភាគសំណាកអាចម៍ផ្កាយប្រព្រឹត្តទៅយ៉ាងដូចម្តេចទៅតាម​ការរៀបចំ​របស់ណាសា ក្នុងករណី​ដែល​Capsule ធ្លាក់ចុះ​មកដល់​ដី​ដោយ​សុវត្ថិភាព ក្រុមអ្នកបច្ចេកទេស​របស់​ណាសា ដែល​មាន​ពាក់ម៉ាស និង​ស្រោមដៃ មាន​ភារកិច្ច​ទៅលើក​Capsule ដាក់ក្នុងសំណាញ់​ដែល​ឧទ្ធម្ភាគចក្រ​លើកសណ្តោង​ភ្លាម យក​ទៅ​ដាក់​នៅ​ក្នុង​បន្ទប់បិទជិត ជាបណ្តោះអាសន្ន មុននឹង​បញ្ជូនតាមយន្តហោះ​ទៅ មូលដ្ឋានអវកាស​របស់​ណាសា​នៅ​Houston ក្នុង​រដ្ឋ​តិចសាស់។ អ្នកជំនាញ​របស់ណាសា ព្យាយាម​ធ្វើយ៉ាងណាកុំ​ឲ្យ​Capsule នៅ​ជាប់នឹង​ដីខ្សាច់​របស់​រដ្ឋUtah យូរពេក ដើម្បីកុំ​ឲ្យសំណាកអាចម៍​ផ្កាយ​Bennu ប្រែទម្រង់ដើម និង​ធ្វើឲ្យ​គេ​វិភាគខុស។តាម​ទីភ្នាក់ងារ​ណាសា គេ​នឹង​យក​សំណាក​តែ ២៥%​ប៉ុណ្ណោះ ទៅ​វិភាគ ចំណែក នៅសល់ នឹងត្រូវចែករំលែកជាមួយ​ប្រទេស​ជប៉ុន កាណាដា និងដៃគូដទៃទៀត សម្រាប់​ការសិក្សា​ពិសោធ​ទៅថ្ងៃ​អនាគត។នៅក្រោយការពិសោធន៍​ចប់សព្វគ្រប់ ទីភ្នាក់ងារ​ណាសា​គ្រោងធ្វើ​សន្និសីទកាសែត នៅថ្ងៃទី ១១​តុលា ដើម្បីបង្ហាញ​លទ្ធផល​នៃការស្រាវជ្រាវ​លើ​អាចម៍ផ្កាយBennu។សំណាកអាចម៍ផ្កាយបេនូនឹង​អាច​ជួយឲ្យគេដឹងពីអ្វីខ្លះអ្នកវិទ្យាសាស្រ្តរបស់​ទីភ្នាក់ងារ​ណាសា ចាប់អារម្មណ៍​សិក្សាលម្អិត​អាចម៍ផ្កាយ Bennu ក៏ព្រោះតែ​គេ​ចង់​ស្វែងយល់​ពី​ប្រវត្តិកំណើត​របស់​ប្រព័ន្ធព្រះអាទិត្យ និង​ចង់​ដឹង​ពី​កម្រិត​គំរាមកំហែង​របស់​វា ព្រោះថា អាចម៍ផ្កាយ​Bennu​ជា​អាចម៍ផ្កាយ​ដែល​អ្នកវិទ្យាសាស្រ្ត​ចាត់ទុកថា ​គ្រោះថ្នាក់ អាច​បង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ​ដល់​ភពផែនដី។សម្រាប់ទីភ្នាក់ងារ​ណាសា នៅពេល​គេទទួល​បាន​សំណាក​អាចម៍ផ្កាយ Bennu គេ​នឹង​សិក្សា​ភ្លាម​លើធាតុផ្សំ​នៅលើ​អាចម៍ផ្កាយ​ដែលមាន​អាយុដ៏ចំណាស់ តាំងពី​ប្រមាណ ៤៥០០លាន​ឆ្នាំ​មុន ពោល​គឺសារធាតុ​ដែល​បន្សល់ទុក​តាំងពីការកកើត​ប្រព័ន្ធព្រះអាទិត្យ។ តាមសាស្រ្តាចារ្យ​Dante Lauretta ដែលធ្វើការ​លើ​បេសកកម្ម​អាចម៍ផ្កាយ​ Bennu សំណាករបស់អាចម៍ផ្កាយ​ Bennu នឹងជួយ​ឲ្យគេ​ដឹង​ពី​ប្រភព​ដើមកំណើត​ជីវិត​នៅលើផែនដី និង​ដឹងថា តើ​ផែនដីកកើតឡើង​បានយ៉ាងម៉េច​និងហេតុអ្វីបានជា​ផែនដី​អាច​ក្លាយជា​ភពមានជីវិតរស់នៅ។ បន្ថែមពីនោះ គេនឹងអាច​ដឹងដែរថា តើ​មហាសមុទ្របានទឹកមកពីណា តើ​ធ្វើដូចម្តេច បានជា​ផែនដី​មាន​ខ្យល់ និង​ម៉ូលេគុល​សរីរាង្គ​ដែលជាប្រភព​បង្កើតជីវិត?កន្លងមក អ្នកវិទ្យាសាស្រ្ត​ធ្លាប់​គិត​ថា ផែនដី​កើតមានទឹក​ទៅបាន ក៏ដោយសារ មាន​អាចម៍ផ្កាយដែលមានទឹក ហោះ​បុកទង្គិច កាលពី​ប៉ុន្មាន​ពាន់​លាន​ឆ្នាំមុន។គោលដៅ​សិក្សា​មួយទៀត​របស់អ្នកវិទ្យាសាស្រ្ត គឺ​គ្រោះថ្នាក់​របស់​អាចម៍ផ្កាយ​មក​ផែនដី។ អាចម៍ផ្កាយ Bennu ជាអាចម៍ផ្កាយធុនមធ្យម ប្រវែង ៥១០ម៉ែត្រ ពោលគឺ​តូចជាងឆ្ងាយ​អាចម៍ផ្កាយ​ដែល​បាន​សម្លាប់​សត្វឌីណូស័រ កាលពី ជាង ៦៦លានឆ្នាំមុន ប៉ុន្តែវា​មាន​ទំហំធំល្មម ដែល​អាច​បង្កគ្រោះមហន្តរាយដល់​ផែនដី។ អ្នកវិទ្យាសាស្រ្ត​បារម្ភថា អាចម៍ផ្កាយ Bennu ដែល​ខ្ពស់ជាង អគារដែក តួអេហ្វែល នៅប៉ារីស ឬ​អគារ Empire State និង​ហោះជិតផែនដី​ជាងគេ នឹង​អាច​ហោះមក​បុកផែនដី នៅ​ចុងសតវត្សរ៍ទី ២២ខាងមុខ។ ក៏ប៉ុន្តែ ប្រូបាលីតេ​ដែល​ Bennu​អាច​ហោះមកបុកផែនដី មានមិនច្រើននោះទេ គឺ​ប្រមាណតែ ០,០៣៧% ពោលគេ​អាច​និយាយបានថា មានសំណាង​ជាង ៩៩%​ទៅហើយ ដែល អាចម៍ផ្កាយ Bennu ​មិន​ហោះបុកផែនដី។
9/24/20236 minutes, 13 seconds
Episode Artwork

សង្គ្រាម​ដ្រូន​ កំពុងតម្រូវ​ឲ្យ​​អូតង់និង​ប្រទេសសមាជិក​ ព្យាយាម​រិះរកវិធីទប់ទល់

សង្គ្រាម​នៅអ៊ុយក្រែន​​ ប្រមាណជាង​១ឆ្នាំមកនេះ បាន​រំលេចឲ្យឃើញនូវការ​ប្រើប្រាស់អាវុធប្រភេទថ្មី គឺយានដ្រូនដែលអាចនាំយកគ្រាប់ផ្ទុះ ទៅកម្ទេចទីតាំងគោលដៅ​​មិនថាខាងរុស្ស៊ី និងខាងអ៊ុយក្រែន​។ ​ ថ្មីៗនេះ សមត្ថកិច្ច​ប៊ុលហ្ការី ដែលជាប្រទេសសមាជិកអូតង់មួយដែរ​ បានប្រទះឃើញបំណែក​យានដ្រូន​នៅមាត់ឆ្នេរសមុទ្រខ្មៅ​ ដែលគេសង្ស័យថាអាចជា​ដ្រូន​របស់​រុស្ស៊ី​។​ បញ្ហា​នេះ បានបង្កឲ្យ​ប្រទេស​សមាជិកអូតង់ ជាពិសេសបណ្តាប្រទេស​មានព្រំដែនជាប់អ៊ុយក្រែន ដែល​កៀក​បំផុតនឹងសមរភូមិសង្គ្រាម ត្រូវបង្កើនការ​ប្រុងប្រយ័ត្ន ក្នុងការការពារសន្តិសុខ​ផ្លូវអាកាស​។​ គឺក្នុងបរិបទនេះហើយ ទើបអង្គការសម្ព័ន្ធមិត្ត​អូតង់ បាន​រៀបចំ​ កម្មវិធីជួបជុំមួយ នៅ​មូលដ្ឋានទ័ព Vredepeel ភាគខាង​ត្បូង​ប្រទេស​​ហូឡង់ ចាប់ពីថ្ងៃទី​២០កញ្ញា​។ កម្មវត្ថុនៃកម្មវិធីជួបជុំនៅ​ Vredepeelកម្មវិធីជួបជុំនៅមូលដ្ឋានទ័ព Vredepeel មានការចូលរួមពី​​ មន្ត្រីកងទ័ពជំនាញ​មកពី​បណ្តាប្រទេសអឺរ៉ុប​​ជាច្រើន ​រួម​​ជាមួយ​មន្ត្រីទទួលខុសត្រូវ របស់អង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា NATO/OTAN។​ ក្រៅពីនេះ គឺមាន​វត្តមានចូលរួមផងដែរ នៃតំណាងក្រុមហ៊ុនសហគ្រាស​ក្នុងវិស័យ​ការពារជាតិ ចំនួន​ប្រមាណ​៥៧​ក្រុមហ៊ុន ដែល​មានជំនាញ​ផលិតយានដ្រូន ឬផលិត​ប្រព័ន្ធការពារ​ផ្លូវអាកាសទប់ទល់នឹងយានដ្រូន​។ក្រៅពីការជជែកដោះដូរយោបល់ ក៏ដូចជាបទពិសោធន៍​គ្នា កម្មវិធីនេះគឺមាន​កម្មវត្ថុ​ពង្រីក​ចំណេះដឹង ​ផ្នែកបច្ចេកវិទ្យា​ទំនើប ​ស្តីអំពីយានដ្រូន ដែល​បច្ចុប្បន្ន​បានក្លាយជាអាវុធមួយដ៏គ្រោះថ្នាក់ នៅក្នុងវិស័យសន្តិសុខផ្លូវអាកាស​។ ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន​ រុស្ស៊ី​បានប្រើប្រាស់​យ៉ាងញឹកញាប់ នូវ​យានដ្រូន Shahed 136 ដែល​ជាប្រភេទដ្រូនអត្តឃាត​ផលិតដោយ​អ៊ីរ៉ង់ ដើម្បី​មកបំផ្ទុះកំទេច​អគារផ្ទះសម្បែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិលរបស់អ៊ុយក្រែន​។ ជាការវាយ​បកវិញ កងទ័ព​អ៊ុយក្រែន បាន​ប្រើ​យានដ្រូនខ្នាតធំ ប្រភេទ TB2 របស់តួកគី ដើម្បីវាយ​ប្រហារទៅលើទីតាំងកងទ័ពរុស្ស៊ី​ និង​បានប្រើដ្រូនតូចៗដែលខ្លួនបានផលិតឡើង​ ដើម្បីវាយ​ប្រហារ​ទៅលើទឹកដីរុស្ស៊ីវិញ ជាក់ស្តែង​​ ​ដូចជាការវាយ​ប្រហារនៅក្នុង​ទីក្រុងម៉ូស្គូ កាលពីពេលថ្មីៗនេះ​។​លោក Willem Koedam អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យាប្រឆាំងដ្រូនហៅកាត់ថា C-UAS ប្រចាំនៅ​​អង្គការអូតង់ បាន​លើកឡើងថា យានដ្រូនគឺជាអាវុធដ៏គ្រោះថ្នាក់​និងមាន​ប្រសិទ្ធភាព​ ពីព្រោះវាមានទំហំតូច ងាយស្រួលប្រើប្រាស់  ធ្វើប្រតិបត្តិការរហ័ស ហើយ​មានតម្លៃថោក​។​ ដូច្នេះ ការ​ទប់ទល់​អាវុធប្រភេទនេះ គឺមិនមែនជាការងាយទេ គឺស្មុគស្មាញ តែក៏មិនមែនមានន័យថា មិនអាចធ្វើបាន​ដែរ​។នៅក្នុងឱកាស​កម្មវិធី​នៅ​មូលដ្ឋានទ័ព Vredepeel ក្រុមហ៊ុនទាំង​៥៧ បានមកតាំងបង្ហាញ​ នូវផលិតផល​បច្ចេកវិទ្យា​ទំនើបថ្មីៗរបស់គេរៀងៗ​ខ្លួន​។ ផលិត​ផលទាំងនេះ ត្រូវគេអះអាងថា អាច​ប្រយុទ្ធប្រឆាំងនឹងការគំរាម​របស់​យាន​​ដ្រូនគ្រប់ប្រភេទ មិនថា​​​យានដ្រូនសាមញ្ញ​ដែលគេលក់នៅលើទីផ្សារធម្មតា ឬ​យានដ្រូនអត្តឃាត Shahed 136របស់អ៊ីរ៉ង់​នោះឡើយ​។​ស្ទាក់បាញ់កំទេចចោល ឬ ចាប់វា​យកទុក?ក្រុមហ៊ុននីមួយៗបានបង្ហាញ​នូវ​ផលិត​ ព្រមទាំងប្រសិទ្ធភាពរបស់វា នៅក្នុងការទប់ស្កាត់ការគំរាមពីយានដ្រូន។ លោក Ludwig Fruhauf អគ្គនាយកក្រុមហ៊ុន DDTS ដែលជាក្រុមហ៊ុនអាល្លឺម៉ង់ មានជំនាញ​ផលិត​ប្រព័ន្ធការពារផ្លូវអាកាស បានអះអាងប្រាប់អ្នកកាសែតថា មធ្យោបាយ​ដ៏អស្ចារ្យ​បំផុតក្នុងបាញ់កំទេចដ្រូន Shahed 136 របស់អ៊ីរ៉ង់​ គឺគេត្រូវតែប្រើ​ ដ្រូនJet របស់ក្រុមហ៊ុនលោក។​លោក​ម្នាក់​នេះ បាន​អះអាងថា ដ្រូន Shahed 136 របស់អ៊ីរ៉ង់​ អាចហោះបានល្បឿន​តែ​១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដ្រូន Jet របស់​DDTS  អាចហោះបាន​ដល់ទៅ​ជាង​៥០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះ គឺវាងាយស្រួល​ ក្នុង​ការហោះដេញស្ទាក់ដើម្បីបាញ់កំទេច។ ជាងនេះទៀត លោកអះអាងថា ដ្រូន Jet របស់ DDTS មានតម្លៃថោកជាងឆ្ងាយណាស់ បើប្រៀបធៀបទៅ​​គ្រាប់រ៉ូកែត ដែលគេប្រើជាធម្មតានៅក្នុងប្រតិបត្តិការការពារផ្លូវអាកាស​។​ដោយឡែក សត្រូវអាចប្រើប្រាស់យានដ្រូនខ្នាតតូច ដើម្បីវាយ​ប្រហារ ដែល​វាពិបាក​នៅ​ក្នុងការស្ទាក់បាញ់កំទេច​​​។ លោក Matt Roper មន្ត្រី​ទទួលបន្ទុក​នៅទីភ្នាក់ងារ​ទូរគមនាគមន៍​និងព័ត៌មាន របស់អង្គការអូតង់ ដែ​លជាបណ្តុំនៃអ្នកជំនាញ​ផ្នែក​សន្តិសុខព័ត៌មានវិទ្យា បានលើកឡើងថាយានដ្រូនសត្រូវ​ ពេលខ្លះ​​វាមានទំហំ​តូចមែន តែវាអាច​សម្លាប់​ជីវិតមនុស្ស និងអាច​មកបំផ្ទុះកំទេចបង្កការខូចខាតយ៉ាងដំណំបាន ទៅលើ​អគា​រផ្ទះសំបែង និង​ទីតាំងហេដ្ឋា​រចនាសម្ព័ន្ធយុទ្ធសាស្ត្រផ្សេងទៀត ដូចជា​ស្ថានីយ៍អគ្គីសនី ស្ថានីយបូមទឹកជាដើម។ការបញ្ចៀសពីការវាយ​ប្រហារដោយ​យានដ្រូន គឺមិនមែនសុទ្ធតែត្រូវតែ​​​ប្រើប្រាស់ ​វិធីបាញ់ស្ទាក់កំទេចវាទាំងអស់នោះទេ​។ ក្នុងករណីខ្លះ គេត្រូវ​តែប្រើវិធីទៅចាប់វាមកទុក ឲ្យវាលែងដំណើរការ ព្រោះថាបើបាញ់​កំទេចវាលើអាកាស​​ វានឹងបណ្តាល​ឲ្យកើតជា​​ការផ្ទុះ បង្កគ្រោះថ្នាក់ដល់​ជីវិតមនុស្ស និង​ទីតាំងយុទ្ធសាស្ត្រ ដែលស្ថិតនៅខាងក្រោម​​។  យ៉ាងណាមិញ ក្រុមហ៊ុនអាល្លឺម៉ង់ មួយទៀត ឈ្មោះ Argus Interception បានបង្ហាញ​បច្ចេកទេសថ្មីមួយរបស់ខ្លួន ក្នុងការស្ទាក់ចាប់ដ្រូន ដោយ​ប្រើ​សំណាក់​ទៅចាប់យក ហើយនាំវា​ចុះមកលើដី​។បច្ចេកទេសរបស់ Argus Interception ត្រូវការ​ប្រើប្រាស់ឧបករណ៍​រ៉ាដា កាម៉េរ៉ា ឬស្ថានីយតាមដាន​​ ដើម្បីចាប់រលកសញ្ញាដ្រូន​របស់សត្រូវ។ ពេលដែលចាប់បានហើយ ទើបគេអាចបញ្ជាយានដ្រូនមួយឲ្យហោះទៅក្បែរ​ បាញ់សំណាញ់​ស្ទាក់ចាប់សណ្តោង​យកដ្រូនសត្រូវចុះមក​ ដល់កន្លែងមានសុវត្ថិភាព​។ លោក Christian Schöning អគ្គនាយក Argus Interception អះអាងថាវិធីសាស្ត្ររបៀបនេះ មានប្រសិទ្ធភាពខ្លាំងណាស់ ជាពិសេសនៅក្នុងការការពារសន្តិសុខព្រលានយន្តហោះ។ប្រើបច្ចេកទេសធ្វើឲ្យ​ដ្រូនរបស់​សត្រូវវង្វេង ​រក​គោលដៅលែងឃើញ​គួរបញ្ជាក់ថា ជាមួយនឹង​សង្គ្រាម​នៅអ៊ុយក្រែន ប្រទេសក្បែរខាងដែលស្ថិតនៅកៀក​នឹងសមរភូមិ បានបង្កើន​ការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការតាមដាន​សន្តិសុខផ្លូវអាកាស ដោយខ្លាចក្រែងមានដ្រូន​ហោះចូលមក។ យ៉ាងណាមិញ ប្រទេសរូម៉ានី បានមកចូលរួមយ៉ាងយកចិត្តទុកដាក់បំផុត នៅក្នុងកម្មវិធីស្តីអំពី​បច្ចេកទេសទប់ស្កាត់​ការវាយ​ប្រហារដោយ​យានដ្រូន​ ដែលរៀបចំដោយអូតង់ នៅមូលដ្ឋាន Vedrepeel។លោកមេបញ្ជាការ​រ៉ូមានី Ionut-Vlad Cozmuta បាន​ប្រាប់អ្នកយកព័ត៌មានបារាំង AFPថា បំណែកដ្រូនរបស់រុស្ស៊ី ត្រូវបាន​គេប្រទះឃើញធ្លាក់​ក្នុងទឹកដី​រូម៉ានី ច្រើនដងមកហើយ ប៉ុន្មានសប្តាហ៍ចុងក្រោយ​នេះ​។ លោក​មកចូលរួមនេះ គឺ​មក​​ប្រមូលព័ត៌មានចាំបាច់ទាំងអស់ ដើម្បីយកទៅពង្រឹង​ រៀបចំសមត្ថភាព​ការពារផ្លូវអាកាសរបស់រូម៉ាណី ឲ្យ​កាន់តែ​ល្អប្រសើរ។​ បច្ចេកទេសមួយ​ដែល​រូម៉ានី​ចាប់អារម្មណ៍បំផុត គឺបច្ចេកទេសធ្វើ​ឲ្យដ្រូនរបស់សត្រូវវង្វេង លែងស្គាល់គោលដៅ​។ជាការពិតណាស់ ក្រុមហ៊ុន​បច្ចេកវិទ្យាដែលមានវត្តមាន​ បាន​បង្ហាញ​បច្ចេកទេសថ្មីប្លែកៗ ដើម្បី​ធ្វើ​ឲ្យ​យានដ្រូនដែលប៉ុនប៉ងហោះ​ចូលមកវាយ​ប្រហារ​ ត្រូវវង្វេងវង្វាន់ ឬដាច់ទំនាក់ទំនង​ជាមួយនឹងមូលដ្ឋានដែលបញ្ជាវាពីចំងាយ​។ នៅពេល​ដែល​ដ្រូន​វង្វេង ដាច់ទំនាក់ទំនង វានឹងហោះត្រលប់ទៅកាន់មូលដ្ឋាន​ដើមរបស់វាវិញដោយស្វ័យប្រវត្តិ។ ហើយ​ក្នុងករណី​ខ្លះទៀត គឺគេអាចប្រើបច្ចេកវិទ្យាប្លន់យកប្រព័ន្ធទំនាក់ទំនងរបស់ដ្រូននោះ មកគ្រប់គ្រងតែម្តង​ ហើយ​បញ្ជាវា ​ឲ្យហោះ​ទៅគោលដៅណាមួយដែលគេចង់បាន​។តែយ៉ាងណាក៏ដោយ មិនថាបច្ចេកទេសមួយណា ឬបច្ចេកវិទ្យា​ទំនើបណាមួយក៏ដោយ គឺអូតង់ត្រូវការ​ការសហការជាមួយប្រទេសសមាជិកទាំងអស់​ ជាពិសេសជាមួយ​បណ្តាក្រុមហ៊ុន​ដែលផលិត​វា ដើម្បីរៀបចំឲ្យ​មានស្តង់ដាររួម​របស់អូតង់។ តួយ៉ាង ប្រព័ន្ធការពារផ្លូវអាកាស Sapient របស់អង់គ្លេស បានរៀបចំ​ស្តង់រួម​ជាមួយ​អូតង់រួចរាល់ហើយ។​ លោក Hans Folmer មេបញ្ជាការកងទ័ពហូឡង់ បាន​ថ្លែងថា គម្រោងផែនការនេះ វានឹងហុងអត្ថប្រយោជន៍ច្រើនណាស់ ដល់សមត្ថភាព​នៃកងទ័ព​​សម្ព័ន្ធមិត្តអូតង់។ ដូចគ្នាដែរ លោក Claudio Palestini ទីប្រឹក្សាវិទ្យាសាស្ត្ររបស់អូតង់ បាន​លើកឡើងថា ថ្វីបើ​កម្មវិធីនេះមិនមានវត្តមានមន្ត្រីជំនាញអ៊ុយក្រែនចូលរួមមែន តែ​កងទ័ពអ៊ុយក្រែន ដើរតួនាទីធំខ្លាំងណាស់ នៅក្នុងការនាំយក​នូវគំនិតច្នៃប្រឌិតថ្មីៗ បច្ចេកទេសថ្មីៗដែលគេប្រើ​នៅសមរភូមិដោយផ្ទាល់។ លោកអះអាងថា អូតង់ទាក់ទងនិយាយយ៉ាងញឹកញាប់បំផុតជាមួយភាគីអ៊ុយក្រែន ស្តីអំពី​បច្ចេកទេសទប់ស្កាត់ការវាយ​ប្រហារដោយ​យានដ្រូន​នេះ​៕​
9/23/20238 minutes, 58 seconds
Episode Artwork

សង្គ្រាម​អ៊ុយក្រែន៖ សមរភូមិ​ការទូត​ក៏​ស្មុគស្មាញ​ដែរ​សម្រាប់​លោក​ហ្សេឡេនស្គី?

​វិបត្តិ​គ្រាប់​ធញ្ញជាតិ ភាព​តាន​តឹង​ជាមួយ​នឹង​ប៉ូឡូញ ​យុទ្ធសាស្ត្រ​យោធារង​ការ​រិះគន់​​ ... ការ​លំបាក​មាន​កាន់​តែ​ច្រើន​ឡើងៗ​សម្រាប់​ប្រធានាធិបតី​អ៊ុយក្រែន​ ដែល​កំពុង​ប្រឹង​ប្រែងខ្លាំង​លើ​សមរភូមិ​ការទូត ដើម្បី​ធានា​ថា​ក្រុម​បស្ចិម​លោក​នៅ​តែ​បន្ត​ជួយ​អ៊ុយក្រែន​ក្នុង​ការ​ធ្វើ​សង្គ្រាម​​យក​ឈ្នះរុស្ស៊ី។ ជាង​មួយ​ឆ្នាំ​កន្លះ​នៃ​សង្គ្រាម​ លោកប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ខ្លាចមតិ​សាធារណៈ​អឺរ៉ុប​និង​អាមេរិក​​ ទម្លាក់​ដៃ​​លែងសូវ​ជួយ​​ទ្រ​អ៊ុយក្រែន ទើប​ធ្វើ​ដំណើរទៅទីក្រុង​ញូវយ៉ក​ដើម្បី​ការពារ​ប្រទេស​ដោយផ្ទាល់​ នៅ​ចំពោះ​មុខ​អង្គមហាសន្និបាត​អង្គការ​សហប្រជាជាតិ និង​ទៅ​ទីក្រុងវ៉ាស៊ីនតោន​ដើម្បី​ជួប​ប្រធានាធិបតី​ ព្រមទាំង​​តំណាង​​សភា​-​ព្រឹទ្ធសភា​អាមេរិក រួច​បន្ត​ដំណើរ​ទៅ​កាណាដា​ទៀត។ កាណាដា​ជា​ប្រទេស​ចុងក្រោយ​គេ​បង្អស់​ក្នុង​ចំណោម​ក្រុម​ហ្សេ​៧ ដែល​លោក​ហ្សេឡេនស្គីទៅ​ធ្វើ​ទស្សនកិច្ច។ កាណាដា​បាន​​សន្យា​គាំទ្រ​អ៊ុយក្រែន​ដោយ​ឥតងាករេ។​ហេតុ​អ្វី​អ៊ុយក្រែន​ខ្លាច​ក្រុម​បស្ចិមលោក​ទម្លាក់​ដៃ?នៅ​ចំពោះ​មុខ​ខ្សែការពារ​យ៉ាង​មាំ​របស់​រុស្ស៊ី​ ប្រតិបត្តិការ​​វាយបកដណ្តើម​យក​ទឹក​ដី​វិញរបស់​អ៊ុយក្រែនរុល​ទៅមុខ​យឺត​បំផុត​។ ​ ​ក្តី​​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគជ័យ​ឆាប់​រហ័ស គ្មាន​ក្នុង​ការ​វិភាគ​ និង​ក្នុងសមរភូមិ​ប្រយុទ្ធ​ជាក់​ស្តែង​ទេ។ ដូច្នេះ​ការគាំទ្រ​របស់​ក្រុម​បស្ចិមលោក​ចំពោះ​អ៊ុយក្រែន​ត្រូវ​បន្ត​អូស​បន្លាយ​ពេល​យូរ​ទៀត។​ហើយ​រុស្ស៊ី​ទំនង​ជា​នឹង​ប្រើពេល​វេលា​​នេះ​ ពង្រឹង​ពង្រីក​ខ្សែ​ការពារ​របស់​ខ្លួន​បន្ថែម​ និង​រៀប​ចំ​ត្រៀម​លក្ខណៈ​សម្រាប់​រដូវ​ផ្ការីក​ខាង​មុខ​ផង។ នេះ​បើ​តាម​ប្រមុខ​​ភ្នាក់ងារ​ចារកិច្ច​អេស្តូនី។ ឧត្តម​សេនីយចូល​និវត្តន៍​​អូស្ត្រាលីលោក​ Mick Ryan បាន​បញ្ជាក់​បន្ថែម​ថា​ ទោះមាន​ការ​គាំទ្រ​អ៊ុយក្រែន​យ៉ាង​ណា​ក៏​សង្គ្រាម​ត្រូវ​បន្ត​អូស​ពេល​ពេញ​មួយ​ឆ្នាំ​២០២៤​ ហើយ​អាច​ដល់​ឆ្នាំ​២០២៥​។ ដូច្នេះជោគជ័យ​ការ​ទូត​នៅអាមេរិក​ និង​នៅ​តាម​បណ្តា​ប្រទេស​លោក​ខាង​លិច​ផ្សេងទៀត​​ ជា​តំណាង​អាយុ​ជីវិត​របស់​​អ៊ុយក្រែន​ដែរ បើទោះ​បី​ជា​អ៊ុយក្រែន​មាន​ជំហរ​យុទ្ធសាស្ត្រ​ល្អ​ប្រសើរជាង​កាលពី​ចុង​ឆ្នាំ​២០២២​​ក៏​ដោយ។តើ​ជំនួប​បៃដិន​-ហ្សេឡេនស្គី​បាន​លទ្ធផល​យ៉ាងណា?បន្ទាប់​ពីបាន​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ ឱ្យ​បាន​ជ្រួត​ជ្រាប​អំពី​សង្គ្រាម​ឈ្លានពានរបស់​​រុស្ស៊ី​​និង​ផែនការ​ទាមទារ​យក​ទឹក​ដី​មក​វិញ​ លោក​ប្រធានាធិបតី​អ៊ុយក្រែន​បាន​ទៅ​ដល់​​ក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃព្រហស្បតិ៍​ទី ២១​កញ្ញា។ ជា​ទស្សនកិច្ច​ក្នុង​ន័យ​ការពារ​ប្រសើរ​ជាង​ព្យាបាល។ ការពារ​កុំ​ឱ្យ​​ការ​គាំទ្រ​​អាមេរិក​ចុះខ្សោយ​បាន ជា​ពិសេស​ក្នុងករណី​បក្ស​សាធារណរដ្ឋ​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២៤។ជាមួយ​ប្រធានាធិបតី ​ចូ បៃដិន ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​ អ៊ុយក្រែន​មាន​ទំនុក​ចិត្ត​ណាស់។ ជា​ថ្មី​ម្តង​ទៀត លោក​ចូបៃដិន​ បាន​ទទួល​ស្វាគមន៍​និងផ្តល់​ភាព​កក់​ក្តៅ​ខ្លាំង​លោក​ហ្សេឡេនស្គី ដោយ​សន្យា​នៅក្បែរ​អ៊ុយក្រែន​ជារហូត​ទៅ និង​ដោយ​បាន​ប្រកាស​ផ្តល់​ជំនួយ​​យោធា​ថ្មី​តម្លៃ​៣២៥​លាន​ដុល្លារ។ តែ​គ្មាន​ទេ​ការ​ប្រកាស​ផ្តល់​មីស៊ីល​តាកទិក​រយៈ​ឆ្ងាយ​ដូច​ការ​ទាមទារ​របស់​អ៊ុយក្រែន​ទេ។ លោក​ចូបៃដិន​ បាន​ត្រឹម​ធានា​ថា​រថក្រោះ​Abram ដែល​ជា​​អាវុធ​យុទ្ធភ័ណ្ឌ​ដ៏​សក្តិសិទ្ធ​របស់​អាមេរិក នឹង​បញ្ជូន​ទៅ​ដល់​អ៊ុយក្រែន​នៅ​សប្តាហ៍​ក្រោយ។ពេញ​មួយ​ថ្ងៃ​ព្រហស្បតិ៍​នៃ​ទស្សនកិច្ចរបស់​លោក​ហ្សេឡេនស្គី​នៅ​សហរដ្ឋ​អាមេរិក ប្រធានាធិបតី​អ៊ុយក្រែន​​បាន​ថ្លែង​ពាក្យ​អរគុណ​ជាប់​នឹង​មាត់ ហើយ​បាន​សម្តែង​ការ​ដឹង​គុណ​ចំពោះ​សភា​-ព្រឹទ្ធសភា​អាមេរិក ដែល​កំពុង​រៀប​ចំ​បោះឆ្នោត​អនុម័ត​កញ្ចប់​ថវិកា​​ថ្មី​សម្រាប់​ជា​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​ និង​ដែល​​តំណាង​សភា-ព្រឹទ្ធសភា​អភិរក្ស​និយម​ខ្លះ​ មិន​ចង់​ដឹង​មិន​ចង់​ឮទេ គឺ​ចង់​បញ្ឈប់​ការ​គាំទ្រ​អ៊ុយក្រែន​​តែម្តង​ផង។នៅ​វិមាន​កាពីតូល​ ក្នុង​ឯកសណ្ឋានពណ៌​គគីរជានិច្ច​ ​ប្រមុខ​រដ្ឋ​ដើរតួជា​មេទ័ពហ្សេឡេនស្គី ត្រូវ​ប្រឈម​នឹង​សមរភូមិ​នយោបាយ​​និង​ហិរញ្ញវត្ថុ​ ​ខុស​ពី​នៅ​សេតវិមាន។ ក្រោម​សម្ពាធ​របស់ក្រុម​អ្នក​អភិរក្ស​និយមខ្លាំង ប្រធាន​​សភាអាមេរិក​ ដែល​មកបក្ស​​សាធារណរដ្ឋ​​​ លោក ខេវីន ម៉ាក់កាទី មិន​បាន​មក​ទទួល​និង​អម​ដំណើរ​លោក​ហ្សេឡេនស្គី​ចូល​វិមាន​កាពីតូល​ទេ។ គឺ​ទុក​ភារៈ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា​ក្រុម​អ្នក​ប្រជាធិបតេយ្យវិញ។ នេះ​ជា​សញ្ញា​មិន​ល្អ​ ដែល​បញ្ជាក់​អំពីភាព​ស្មុគស្មាញ​ការទូត សម្រាប់​លោក​ហ្សេឡេនស្គី និង​ប្រសិន​បើគណបក្ស​សាធារណរដ្ឋ​ឈ្នះ​ឆ្នោត​ត្រលប់​មក​ដឹកនាំ​សហរដ្ឋ​អាមេរិក​វិញ។ តាំងពី​មួយ​ឆ្នាំ មក​នេះ​​​មាន​សំឡេង​សមាជិក​សភាបក្ស​សាធារណរដ្ឋ​ជា​ច្រើន​​ក្រុម​ បាន​ស្រែក​ទាមទារ​ឱ្យ​កាត់​បន្ថយ​ឬ​បញ្ឈប់​ការ​ផ្តល់​ជំនួយ​ដល់​ក្រុងកៀវ ក្រោម​លេស​ដើម្បី​បញ្ចៀស​ភាព​តាន​តឹង​ផ្សេងៗ។ ​ កាលពី​ថ្ងៃ​អង្គារលោក​ ម៉ាក់កាទី ​បាន​អះអាង​​ថាចង់បាន​ការ​បំភ្លឺ​ជុំវិញ​​អំពីយុទ្ធសាស្ត្រយក​ជ័យ​ជំនះ​របស់​អ៊ុយក្រែន និង​ការ​​ចំណាយ​ក្នុង​សង្គ្រាម នៅ​ក្នុង​ជំនួប​​​មួយ​ទល់​នឹងមួយ ​ជាមួយ​លោក​ហ្សេឡេនស្គី។ដោយ​យល់​និង​ដឹង​អំពី​ហានិភ័យ​ដែល​អាមេរិក​អាច​នឿយណា​យ​​​នឹង​ផ្តល់​ជំនួយដល់​អ៊ុយក្រែន លោក​ហ្សេឡេនស្គី​បាន​​ព្រមាន​ប្រាប់​សមាជិក​សភា​និងព្រឹទ្ធ​សភា​អាមេរិក​ថា​អ៊ុយក្រែន​អាច​នឹង​ចាញ់​សង្គ្រាម​បើ​គ្មាន​លំហូរ​ជំនួយ។ភាព​តាន​តឹង​​​អ៊ុយក្រែនអឺរ៉ុប​ប៉ូឡូញមិន​អាច​បញ្ចៀសបាន?ទាំងអាមេរិក ទាំងអឺរ៉ុប ​​ ... គ្មាន​នរណា​ចង់​ឃើញ​អ៊ុយក្រែន​ចាញ់​សង្គ្រាម​ឈ្លានពាន​ដោយ​រុស្ស៊ី​នេះទេ។ ​​ប៉ូឡូញ​ប្រទេស​ជិត​ខាត​ដែលកំពុង​​ថ្នាំងថា្នក់​ជាមួយ​អ៊ុយក្រែន​ ​ក៏​មិន​ត្រូវ​ការ​ឃើញ​អ៊ុយក្រែន​បរាជ័យ​ដែរ។ បន្ទាប់ពី​បាន​ប្រកាស​ចង់​ផ្អាក​ការ​ផ្គត់​ផ្គង់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន ប្រធានាធិបតី​ប៉ូឡូញ​​ ឌូដា បាន​សាក​ល្បង​បន្ធូរ​សម្ពាធ។ បើ​តាម​លោក​ប្រធានាធិបតី​ឌូដា មានការ​បក​ស្រាយ​សេចក្តី​របស់​នាយក​មន្ត្រី​មិន​ត្រឹម​ត្រូវ។ ប៉ូឡូញមិន​​ឱ្យ​សព្វាវុធ​ថ្មីៗ​ ដែល​ទើប​នឹង​ទិញ​សម្រាប់​មក​ធ្វើ​ទំនើប​កម្ម​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ តែ​កិច្ចសន្យា​ផ្ទេរ​សព្វាវុធ​ពីមុន​​នៅ​មាន​សុភពភាព​ដដែល។ ឯ​វិវាទ​ជុំ​វិញ​បញ្ហា​ធញ្ញជាតិ ត្រូវ​ដោះស្រាយ​ត្រឹម​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម។ប៉ុន្តែសត្រូវ​មាន​ជម្លោះ​ផ្ទៃក្នុង​ជា​ឱកាស​។ សម្រាប់​រុស្ស៊ី ជម្លោះ​រវាង​អ៊ុយក្រែន​និង​ប៉ូឡូញ និង​ជាមួយ​ក្រុម​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត ជាអ្វី​ដែល​មិនអាច​បញ្ចៀស​បាន៕
9/22/20235 minutes, 51 seconds
Episode Artwork

ហេតុអ្វី​ប៉ូឡូញ​ប្រកាស​លែង​ផ្គត់​ផ្គង់​អាវុធ​ឱ្យ​អ៊ុយក្រែន?

ប៉ូឡូញ​បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃពុធ​ទី ២០​កញ្ញា ថា​លែង​ផ្គង់ផ្គង់​អាវុធ​ឱ្យ​អ៊ុយក្រែន​ជា​សម្ព័ន្ធមិត្ត​ទៀត​ហើយ​។ សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​អ៊ុយក្រែន​កំពុង​សម្រុក​ធ្វើ​ប្រតិបត្តិការ​វាយបក​ដណ្តើម​យក​ទឹក​ដី​ពី​រុស្ស៊ី​វិញ​ផង។ តើ​អ្វី​ជា​ដើម​ចម​​នាំ​ឱ្យ​សម្ព័ន្ធ​មិត្ត​ទាំងពីរ​​ថ្នាំង​ថ្នាក់​គ្នា​ខ្លាំង​ដល់​កំរិត​នេះ?! លែង​មាន​ហើយ​ភាព​ល្អូក​ល្អើន​រវាង​ប៉ូឡូញ​និងអ៊ុយក្រែន និង​ក៏ប្រហែល​​លែង​មាន​ដែរ​ពាក្យ​ថា​សាមគ្គីភាព​រវាង​សម្ព័ន្ធមិត្តជាប់​របង​គ្នា​ទាំងពីរ។ ប៉ូឡូញ​ដែល​ធ្លាប់​គាំទ្រនិង​ជួយ​​អ៊ុយក្រែន តាំងពី​ថ្ងៃ​រុស្ស៊ី​ចូល​ឈ្លានពាន​ក្រុង​កៀវ​ភ្លាម​ ស្រាប់​តែ​បាន​ចេញ​សេចក្តី​ប្រកាស​ដ៏​ភ្ញាក់​ផ្អើល​ នៅ​ល្ងាចថ្ងៃ​ពុធ​ទី២០​កញ្ញា​ម្សិលមិញ ​ឈប់​ផ្ទេរ​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន ដែល​កំពុង​សម្រុក​ធ្វើ​ប្រតិបត្តិការ​វាយបក​លើ​រុស្ស៊ី​ដើម្បី​ដណ្តើម​យក​ទឹក​ដី​មក​វិញ។ប៉ូឡូញឈប់​ផ្គត់ផ្គង់​អាវុធឱ្យ​អ៊ុយក្រែន​ចាប់​ពី​ពេលណា?តាំងពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​មក ប៉ូឡូញ​ជា​អ្នក​ផ្គត់ផ្គង់អាវុធ​ដ៏​ធំ​ចម្បង​បង្អស់​មួយ​សម្រាប់​អ៊ុយក្រែន ប៉ុន្តែ​លោក​​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​មិន​បាន​បញ្ជាក់​ថា​តើ​ការ​ឈប់​ផ្ទេរ​អាវុធ​ទៅ​ឱ្យ​កៀវ​ត្រូវ​ចាប់​ផ្តើម​នៅ​ពេល​ណាទេ។  នៅ​ក្នុង​សុន្ទរកថា​ខ្លី​តាម​កញ្ចក់​ទូរទស្សន៍​ឯកជន​Polsat News លោក​ប្រមុខ​រដ្ឋាភិបាល​បានអះអាង​ថា​ប៉ូឡូញ​ត្រូវ​ការ​ផ្តុំ​កម្លាំង​ជា​ចម្បង​ក្នុង​ការធ្វើ​ទំនើប​កម្ម​និ​ងបំពាក់​អាវុធ​ឱ្យ​យោធា​ប៉ូឡូញ​ឱ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​ឱ្យ​កងទ័ព​ជើង​គោក​ប៉ូឡូញ​ក្លាយ​ជា​ទ័ព​ដ៏​ខ្លាំងក្លា​ជាង​គេ​នៅអឺរ៉ុប និង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ។ នៅក្នុង​សេចក្តី​ប្រកាស​ លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា​​កងកម្លាំ​ង​យោធា​នៅ​ក្រុង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ដែល​ជា​ច្រក​ដឹកជញ្ជូន​សម្ភារៈ​បរិក្ខារ​របស់​លោក​ខាង​លិច​ទៅ​ឱ្យ​អ៊ុយក្រែន​ នៅ​តែ​មាន​ដំណើរ​ការ​ជា​ធម្មតា។ហេតុអ្វី​ប៉ូឡូញ​ខឹង​​អ៊ុយក្រែនខ្លាំង?សេចក្តី​ប្រកាស​របស់​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​លោក Mateuzs Morawieckiនេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ អនុរដ្ឋមន្ត្រីការបរទេស​ប៉ូឡូញ​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​អ៊ុយក្រែន​ប្រចាំ​ក្រុង​វ៉ាសូវី​ឱ្យ​មក​ចូល​ជួបជា​បន្ទាន់​​ដើម្បី​បរិហារ​ប្រឆាំង​នឹង​សំដី​របស់​លោក​ប្រធានាធិ​បតី​អ៊ុយក្រែន​ហ្សេឡេនស្គី​នៅអង្គការ​សហប្រជាជាតិ។ថ្លែងទៅ​កាន់​អង្គ​​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លោក ហ្សេឡេនស្គី​ថា មាន​ប្រទេស​ខ្លះ​ធ្វើ​ឬក​ជាមាន​សាគ្គីភាព​ជាមួយ​អ៊ុយក្រែន តែ​គាំទ្រ​រុស្ស៊ី​ដោយ​ប្រយោលទៅ​វិញ។ ពាក្យ​មួយ​ឃ្លា​របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែននេះ​ទំនង​ជា​បាន​មក​ដុត​រោល​បន្ថែម​​ឱ្យកំហឹង​ប៉ូឡូញ​ផ្ទុះ​​ឆាប​ឆេះ​ឡើង។តាមការ​ពិត​​ ទំនាក់ទំនងរវាង​​ប៉ូឡូញ​និង​អ៊ុយក្រែន បាន​ឡើង​តាន​តឹង​តាំងជា​លំដាប់​ តាំងពី​ប៉ុន្មាន​ថ្ងៃចុងក្រោយ​មក​នេះ។ កាលពី​ថ្ងៃសុក្រ​ទី ១៥​កញ្ញា​ សហភាព​អឺរ៉ុប​បាន​ប្រកាស​បិទ​បញ្ចប់​ ការ​ហាមឃាត់​មិន​ឱ្យ​នាំ​ចូល​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​ទៅ​៥​ប្រទេស​ជា​សមាជិក​សហភាព​ក្នុង​នោះ​មានប៉ូឡូញ​មួយ​ដែរ។ ជា​សេចក្តី​សម្រេច​តាំងតែ​ពី​ខែ​ឧសភាមក។ ប៉ុន្តែ​ប៉ូឡូញ ហុងគ្រី និង​ស្លូវាគី​ មិន​ព្រម​ធ្វើ​តាម​អឺរ៉ុប​ទេ​ ហើយ​បន្ត​ហាមឃាត់​ជា​ឯកតោភាគី​ មិន​ឱ្យ​នាំ​ចូល​ធញ្ញជាតិ​អ៊ុយក្រែន​ដដែល ដើម្បីការពារ​ប្រយោជន៍កសិកម្ម​របស់​ខ្លួន។ បើ​តាម​អ្នក​ជំនាញ​ ប៉ូឡូញ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រៀម​បោះឆ្នោត​។ បក្ស​កាន់​អំណាច​ត្រូវ​ការ​ទាក់ទាញ​សំឡេងគាំទ្រ​របស់​ប្រជាកសិករ​​ ទើប​ជំនះលើ​​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប។ ហើយ​ជា​ចម្លើយ​តបនឹង​ទង្វើ​របស់​ប៉ូឡូញ ​អ៊ុយក្រែន​​ក៏ឡើង​ទៅ​​ប្តឹង​ទៅអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ទំនាក់ទំនងប៉ូឡូញ​និង​អ៊ុយក្រែន​ធ្លាក់​ដុនដាប​យ៉ាងណា?ប៉ុន្តែ​រឿង​រ៉ាវ​បែរ​ជា​រីក​រាល​ដាល​កាន់​តែ​ធំ។ មុន​នឹង​ឈា​ន​ដល់​ការ​​ប្រកាស​ឈប់​ផ្គត់​ផ្គង់​ វិបត្តិ​ធញ្ញជាតិបាន​​រុញ​ច្រាន​ប៉ូឡូញ​និង​អ៊ុយក្រែន​ឱ្យ​ធ្លាក់​ក្នុង​សង្គ្រាម​ពាក្យ​សំដី​វាយប្រហារ​គ្នា​គួរ​ឱ្យ​អាសូរ។ប៉ូឡូញ​កាន់​តែ​ខឹង​ និង​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ថា​នឹ​ងពង្រីក​បញ្ជី​ឈ្មោះ​ផលិតផល​អ៊ុយក្រែន​ដែល​ជាប់​បម្រាម​​មិន​ឱ្យ​នាំចូល​បន្ថែម​ទៀត។ សម្រាប់​លោក​នាយករដ្ឋមន្ត្រី​ប៉ូឡូញ ការដាក់​គំនាប​លើ​ប៉ូឡូញ​ក្នុង​វេទិកា​ពហុជាតិ ឬនាំ​ប៉ូឡូញ​ទៅ​ឡើង​តុលាការ​អន្តរជាតិ​ មិនមែន​ជា​វិធី​សាស្ត្រ​ត្រឹម​ត្រូវ​សម្រាប់​ដោះស្រាវ​វិវាទ​របស់​ប្រទេស​ទាំង​ពីរ​ទេ​។​ចំណែកខាង​អ៊ុយក្រែន​វិញក៏​បាន​ប្រកា​សហាមឃាត់​ផលិតផល​ប៉ូឡូញ​ដូច​គ្នា។ ជាង​នេះទៅ​ទៀត​​ អ្នក​នាំពាក្យ​ក្រសួងការបរទេស​​បាន​អំពាវនាវ​ឱ្យ​ប៉ូឡូញ​កុំ​បញ្ចេញ​ប្រតិកម្ម​តាម​អារម្មណ៍ និង​បាន​បរិហារ​ការ​សម្រេច​ហាមឃាត់​ឯកតោភាគី​មិន​ឱ្យនាំ​​ធញ្ញជាតិ​ចូល​ប៉ូឡូញ​ ដោយ​ស្នើ​ឱ្យ​មានដំណោះស្រាយ​បែប​ស្ថាបនា​វិញ​ចំពោះ​សំណុំ​រឿង​ធញ្ញជាតិ​នេះ។ អ្នក​នាំពាក្យ​អ៊ុយក្រែន​ដដែល​បាន​ឆ្លៀត​លើក​ឡើង​អំពីភាសា​​មិន​ត្រឹម​ត្រូវ​របស់​​ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda ដែលពេល​​កំពុង​ស្ថិត​នៅក្រុង​ញូវយ៉ក​ដើម្បី​ចូល​រួម​ក្នុង​មហាសន្និបាត​អង្គការ​ប្រជាជាតិ​ លោក​បាន​ថ្លែង​បា្រប់​អ្នក​សារព័ត៌មាន​ដោយ​ប្រៀប​ប្រដូច​អ៊ុយក្រែន​នៅ​នឹង​មនុស្សលង់​ទឹក​​ដែលស្រវា​ចង់​រស់ពេក ទើប​អាច​​​ទាញ​អ្នក​ជួយ​ឱ្យ​លង់​ស្លាប់​ជាមួយ។ប្រមុខ​ការ​ទូត​បារាំង​យល់​ថា​ពិត​ជា​គួរ​ឱ្យ​សោកស្តាយ​ណាស់​ដែល​​សម្ព័ន្ធមិត្ត​ទាំងពីរធ្លាក់​ក្នុង​ស្ថាន​ភាព​តាន​តឹង​ដាក់​គ្នា​យ៉ាង​ដូច្នេះ។ ក្រោយ​ជំនួប​ពិសេស​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ បារាំង​បាន​បញ្ជាក់​ជា​ថ្មី​ថា​សេចក្តី សម្រេច​របស់​អឺរ៉ុប​បិទ​បញ្ចប់​ការ​ហាមឃាត់​ការ​នាំ​ចូល​ធញ្ញជាតិ​អ៊ុយក្រែន​ មិនមែន​ជា​កាត់​ផ្តាច់​ភាព​ប្រកួត​ប្រជែង​ ឬ​រំខាន​ទីផ្សារ​ធញ្ញជាតិ​ឡើយ៕
9/21/20235 minutes, 5 seconds
Episode Artwork

ការ៉ាបាក់៖ ក្រុមផ្តាច់ទឹកដីអាមេនី​យល់​ព្រមទំលាក់អាវុធ​ ២ថ្ងៃក្រោយអាស៊ែបៃហ្សង់​បាញ់​ប្លោង​សាជាថ្មី

តំបន់ការ៉ាបាក់ ដែលជាជម្លោះរ៉ាំរ៉ៃ រវាងអាមេនី និងអាស៊ែបៃហ្សង់​ ពេលនេះបានពើប​ប្រទះនឹង​ការផ្ទុះអាវុធសាជាថ្មី កាលពីថ្ងៃអង្គារ ទី​១៩កញ្ញា។ កងទ័ពអាស៊ែបៃហ្សង់ បានបើក​ប្រតិបត្តិការវាយប្រហារ ទៅលើទីតាំងជាច្រើននៃតំបន់នេះ បណ្តាលឲ្យស្លាប់​មនុស្សប្រមាណ​៣២នាក់ និងរបួសជាង​២០០នាក់​។ ប្រជាជនប្រមាណ​៧០០០នាក់ បាន​រត់ភៀសខ្លួនយ៉ាងតក់ក្រហល់ ក្រោយ​ការ​ផ្ទុះអាវុធសាជាថ្មី បង្កឡើងដោយកងទ័ពអាស៊ែបៃហ្សង់នេះ​។ ហេតុអ្វី បានជា​ផ្ទុះអាវុធសាជាថ្មី?យោងតាមក្រសួងការពារជាតិ​​អាស៊ែបៃហ្សង់ ប្រតិបត្តិការយោធានេះ គឺជាកម្មវត្ថុបោសសំអាតក្រុមភេរវកម្មនិយមអាមេនី។ ក្រុមនេះបាន​ដាក់​គ្រាប់បែកបំផ្ទុះ នៅ​ក្នុងការដ្ឋានសាងសង់​ផ្លូវរូងក្រោមដីមួយ ស្ថិតនៅចន្លោះ តំបន់ ​Choucha និង​ Fizouli ដែលស្ថិតក្នុង​តំបន់ការ៉ាបាក់ តែ​គ្រប់គ្រងដោយ​អាស៊ែបៃហ្សង់។ ប្រភពពីភាគីអាស៊ែបៃហ្សង់ដដែល គឺ​​អំពើនេះ បានសម្លាប់ជីវិតជនអាស៊ែបៃហ្សង់ចំនួន​៦នាក់​។ក្រោយ​ហេតុការណ៍​នេះ នៅព្រឹកថ្ងៃអង្ការទី​១៩កញ្ញា កងទ័ពអាស៊ែបៃហ្សង់ ដោយ​មានការបញ្ជាពីលោក​ប្រធានាធិបតី Ilham Aliev បានបើក​ប្រតិបត្តិការបាញ់គ្រាប់​ប្លោងទៅលើតំបន់ការ៉ាបាក់ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់​ក្រុម​ផ្តាច់ខ្លួន​និយមអាមេនី។ ក្រោយ​ការផ្ទុះអាវុធនេះ សហគមន៍អន្តរជាតិ ដែលកំពុងជួបប្រជុំគ្នានៅ​អង្គមហាសន្និបាតអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យបិទបញ្ចប់​ការវាយប្រហារជាបន្ទាន់ ដើម្បីការពារអាយុជីវិតប្រជាជនស៊ីវីល​។​តែយ៉ាងណា នៅក្នុងលិខិតប្រកាស ចេញផ្សាយយប់ថ្ងៃអង្គារ​ លោកប្រធានាធិបតីអាស៊ែបៃហ្សង់ Ilham Aliev បាន​លើកឡើងថា ដរាបណា​ក្រុមឧទ្ទាមផ្តាច់ទឹកដី​អាមេនីនៅតំបន់ការ៉ាបាក់ មិនទម្លាក់អាវុធទេនោះ អាស៊ែបៃហ្សង់ និងបន្តប្រតិបត្តិការយោធា​ជានិច្ច​។​ លោក​ Ilham Aliev បានអះអាងទៀតថា ក្រៅពី​ការធ្វើអំពើសកម្មភាព​ភេរវកម្ម​ ក្រុម​បំបែក​ទឹកដីអាមេនីនៅការ៉ាបាក់ បានថែមទាំង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតីក្លែងក្លាយ​មួយ​ កាលពី​ថ្ងៃទី៩កញ្ញាកន្លងទៅ ដែលនេះគឺជាទង្វើផ្គើន បំពានមកលើអធិបតេយ្យភាព​ បូរណភាពដែនដី​របស់អាស៊ែបៃហ្សង់។“ប្រតិបត្តិការបោសសំអាតជាតិសាសន៍​”គួរបញ្ជាក់ថា បញ្ហា​តំបន់​ការ៉ាបាក់ បានចិញ្ចឹម​កំហឹងស្អប់គុំគួនគ្នា រវាង​អាមេនី និង​អាស៊ែបៃហ្សង់ជាច្រើនសិបឆ្នាំមកហើយ។ មានទីតាំងភូមិសាស្ត្រ ស្ថិតនៅក្នុងអាស៊ែបៃហ្សង់មែន តែតំបន់នេះ​មានប្រជាជនរស់នៅ​ភាគច្រើនលើសលុប ជាជនជាតិ​អាមេនី និយាយភាសាអាមេនី និង​កាន់សាសនាគ្រិស្ត ខុសពី​ប្រជាជនអាស៊ែបៃហ្សង់ភាគច្រើន ដែលកាន់សាសនាអ៊ីស្លាម​។​ចលនាបះបោរបំបែកទឹកដី​របស់ក្រុមជនជាតិអាមេនីនៅតំបន់​ការ៉ាបាក់ បាន​បង្ក​ឲ្យ​មាន​ការផ្ទុះសង្គ្រាម​ជាច្រើនដងមកហើយ រវាង​អាស៊ែបៃហ្សង់ និងអាមេនីដែលមកជួយ​ក្រុម​បំបែកទឹកដី។ ការផ្ទុះអាវុធចុងក្រោយ​ មានរយៈពេល​ប្រមាណ​៦សប្តាហ៍ ក្នុងឆ្នាំ​២០២០ បានបិទបញ្ចប់ទៅដោយ​បរាជ័យរបស់កងទ័ពអាមេនី​។ កងទ័ព​រុស្ស៊ីបានចូលអន្តរាគមន៍​ រក្សាសន្តិភាព​ ដោយ​បានដាក់កំហិតឲ្យភាគីទាំងសងខាង​ឈប់បាញ់។កាលពីយប់ថ្ងៃអង្គារទី​១៩កញ្ញា ក្រោយការផ្ទុះអាវុធសាជាថ្មី បង្កឡើងដោយ​កងទ័ពអាស៊ែបៃហ្សង់ លោក​នាយករដ្ឋមន្ត្រី​អាមេនី Nikol Pachinian បាន​ថ្លែងសារតាមវីដេអូ ដោយ​បានចោទប្រតិបត្តិការ​របស់​​​អាស៊ែបៃហ្សង់ ថាជាប្រតិបត្តិការ​ បោសសំអាតជាតិសាសន៍​នៅតំបន់ការ៉ាបាក់។ បន្ថែមពីនេះ លោក​នាយករដ្ឋមន្ត្រីអាមេនី បានចោទថាអាស៊ែបៃហ្សង់ មានចេតនាចង់​ឃើញ​ប្រទេសអាមេនី​​កើតចលាចល តាមរយៈការរុញប្រជាជន​អាមេនី​ ឲ្យ​ធ្វើបាតុកម្មហិង្សា ប្រឆាំងរិះគន់រដ្ឋាភិបាល ដែល​មិនជួយ​ជនជាតិ​អាមេនីនៅតំបន់ការ៉ាបាក់។ក្រុមឧទ្ទាមអាមេនី យល់ព្រមទំលាក់អាវុធ​លោកនាយករដ្ឋមន្ត្រីអាមេនី បានចាត់ទុកថា វាគឺជាតួនាទីរបស់រុស្ស៊ី ក្នុងនាមជាអ្នករក្សាសន្តិភាព​ ដែលត្រូវតែធានាឲ្យ​មានការបិទបញ្ចប់ការផ្ទុះអាវុធនៅតំបន់ការ៉ាបាក់​។​ ពីម៉ូស្គូ វិមានក្រេមឡាំង បានអំពាវនាវកាលពីល្ងាចថ្ងៃអង្គារ​​ ឲ្យភាគីទាំងសងខាង​ ស្វែងរកច្រកផ្លូវចរចា ឈានទៅទម្លាក់អាវុធ។ នៅក្នុងលិខិតរបស់លោក Ilham Aliev ​កាលពីថ្ងៃអង្គារដែរ ភាគី​​អាស៊ែបៃហ្សង់ បានស្នើ​ឲ្យ​ក្រុមឧទ្ទាមបំបែកទឹកដីអាមេនី ចូលខ្លួនមកចរចា នៅ​ក្រុង Yevlakh ស្ថិតនៅចំងាយ​ប្រមាណ​ជិត​៣០០គីឡូម៉ែត្រ ពីរដ្ឋធានីបាគូ។យោងតាមដំណឹងចុងក្រោយ​ ព្រឹកថ្ងៃពុធម៉ោងប្រមាណ​ជា​១២ថ្ងៃត្រង់ នៅទីបំផុតគឺកិច្ចព្រមព្រៀងទំលាក់អាវុធមួយ ត្រូវបានចុះហត្ថលេខាហើយ រវាងកងទ័ព​​​អាស៊ែបៃហ្សង់ និង​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដីអាមេនីនៅតំបន់ការ៉ាបាក់។ ជាកិច្ចព្រមព្រៀង ដែលត្រូវបានធ្វើឡើង ដោយ​មានការ​សម្របសម្រួល​ ពីភាគីរុស្ស៊ី​។ ក្រោយដំណឹងថ្មីនេះ ក្រុម​ឧទ្ទាមបំបែកទឹកដី​អាមេនី បានបង្ហោះផ្សាយលិខិតប្រកាស​ នៅលើបណ្តាញសង្គម Facebook បញ្ជាក់ថាក្រុមខ្លួនបានចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ទម្លាក់អាវុធពិតមែន​។​ លិខិតប្រកាសនេះ បញ្ជាក់​ឲ្យដឹង​​ផងដែរថា ការប្រជុំចរចាគ្នារវាង​ អាជ្ញាធរតំបន់ការ៉ាបាក់ និង​ភាគីរដ្ឋាភិបាល​អាស៊ែបៃហ្សង់ នឹងបន្តធ្វើនៅថ្ងៃព្រហស្បតិ៍​ទី​២១កញ្ញា ដើម្បីនិយាយ​អំពីអនាគតនៃតំបន់ការ៉ាបាក់៕យោងតាមការប្រកាសរបស់​លោក Anar Eivazov អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាស៊ែបៃហ្សង់ គឺ កិច្ចព្រមព្រៀងនេះ ចែងជាអាទិ៍ថា កងកម្លាំងប្រដាប់អាវុធអាមេនីនៅតំបន់​ការ៉ាបាក់ នឹងត្រូវរំសាយ​ចោល ហើយត្រូវ​​ទំលាក់អាវុធ ទាំងអស់​​។ បន្ថែមពីនេះ កងទ័ពអាមេនី​នឹងត្រូវដកចេញទាំងស្រុង ពីតំបន់ការ៉ាបាក់ ក្រោម​ការ​ឃ្លាំមើល​ និងសម្របសម្រួល​ពី​កងទ័ពរុស្ស៊ី៕
9/20/20235 minutes, 34 seconds
Episode Artwork

ប្រធានាធិបតីអ៊ុយក្រែនធ្វើដំណើរទៅ​បញ្ចុះបញ្ចូលផ្ទាល់នៅ មហាសន្និបាត​អង្គការ​សហប្រជាជាតិ

មហាសន្និបាតអង្គការ​សហប្រជាជាតិ​លើកទី ៧៨ ចាប់ផ្តើម​ជាផ្លូវការ​ពីថ្ងៃអង្គារ​ទី ១៩ ដល់ថ្ងៃទី ២៦​កញ្ញា នៅទីក្រុង​ញូវយ៉ក។ មហាសន្និបាតដែល​មានការចូលរួម​ពី​ប្រមុខរដ្ឋាភិបាល និង​មេដឹកនាំ​ប្រទេស​យ៉ាងតិច ១៤៥​ប្រទេស ត្រូវ​កត់សំគាល់​ដោយ​វត្តមានចូលរួម​ផ្ទាល់​ជាលើកទី​១ របស់​ប្រធានាធិបតី​អ៊ុយក្រែន លោកវ្លូឌីមៀ ​ហ្សេឡេនស្គី។ ដោយសារ​សង្រ្គាម​រុស្ស៊ីឈ្លានពាន​អ៊ុយក្រែន សុន្ទរកថា​របស់​ប្រធានាធិបតី អ៊ុយក្រែន​នឹង​អាចលុបបិទបាំងជិត​បញ្ហា​សំខាន់ៗ​មួយចំនួនទៀតរបស់​ពិភពលោក ដែល​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ត្រូវផ្តោតពិភាក្សា ដូចជា​ភាពក្រីក្រ ការអប់រំ និង​ការប្រែប្រួលអាកាសធាតុ។ មហាសន្និបាតអង្គការសហប្រជាជាតិ​បើកទ្វារជាផ្លូវការ នៅទីក្រុងញូវយ៉ក នៅថ្ងៃ​អង្គាទី ១៩ កញ្ញា ជាមួយ​អវត្តមាន​របស់​មេដឹកនាំ​សំខាន់ៗ​ក្នុង​ពិភពលោក។ ក្រៅពី​លោកប្រធានាធិបតី​ចូ បៃដិន​ដែលជា​ម្ចាស់ផ្ទះ មហាសន្និបាតអង្គការ​សហប្រជាជាតិ​កត់សំគាល់​ដោយ​អវត្តមាន​របស់​មេដឹកនាំ​របស់​ប្រទេស​ចិន រុស្ស៊ី អង់គ្លេស និងបារាំង ដែលសុទ្ធសឹងជាសមាជិក​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។គ្មាន​មេដឹកនាំ​ប្រទេស​មហាអំណាចចូលរួម តើ​មហាសន្និបាត​អង្គការសហប្រជាជាតិ​មានន័យអ្វីទៀត?នៅមហាសន្និបាតអង្គការសហប្រជាជាតិ ដែលចាប់ផ្តើមពីថ្ងៃទី ១៩​ដល់ថ្ងៃទី ២៦​កញ្ញា លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន​ជា​មេដឹកនាំ​ប្រទេស​មហាអំណាច​តែមួយគត់​ដែលមាន​វត្តមាននៅក្នុង​អង្គមហាសន្និបាត។ មេដឹកនាំ​របស់​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​៤ផ្សេងទៀត ដូចជាបារាំង អង់គ្លេស ចិន និង​រុស្ស៊ី មិនបានធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​មហាសន្និបាតលើកទី​៧៨​របស់​អង្គការ​សហប្រជាជាតិ។ ប្រធានាធិបតីបារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​លើកយក​ហេតុផល​ជាប់​រវល់​ទទួល​ព្រះមហាក្សត្រអង់គ្លេស ឆាល នៅទីក្រុង​ប៉ារីស ចំណែក រដ្ឋាភិបាលអង់គ្លេស​លើកឡើងថា លោក​នាយករដ្ឋមន្រ្តីរីស៊ី ស៊ូណាក់​មិនអាច​ចូលរួមក្នុងមហាសន្និបាត ដោយសារ​លោក​ត្រូវ​ចំណាយពេល​លើបញ្ហា​ក្នុងស្រុកអង់គ្លេសម្តង បន្ទាប់ពី លោក​ធ្វើដំណើរ​ចេញទៅក្រៅប្រទេសញយដង ដូចជា​នៅក្នុង​ជំនួបកំពូល​ក្រុមប្រទេស​ហ្សេ ២០ នៅ​ឥណ្ឌា។ម្យ៉ាង នាយករដ្ឋមន្រ្តីអង់គ្លេស​គ្រោង​ធ្វើដំណើរ​ទៅចូលរួម​ក្នុងសន្និសីទ​អន្តរជាតិស្តីពីអាកាសធាតុ នៅ​ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម នៅ​ខែ​វិច្ឆិកា​ខាងមុខ ដែលជា​ហេតុធ្វើឲ្យ​លោក​គ្មានពេលច្រើន​ដើម្បីដោះស្រាយ​បញ្ហា​របស់​ប្រជាជន​អង់គ្លេស។ជារឿងដ៏​កម្រ​ដែល​មេដឹកនាំបារាំង និងអង់គ្លេស អវត្តមាន​ នៅក្នុងមហាសន្និបាត ប៉ុន្តែ សម្រាប់​ប្រធានាធិបតី​ចិន និង​រុស្ស៊ីឯណោះវិញ វាក្លាយជា​ទម្លាប់​ទៅហើយ​ដែល​គ្មានវត្តមាន ឡើងថ្លែងសុន្ទរកថា ​នៅ​វេទិកា មហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រធានាធិបតី​ចិនពេញចិត្ត​ទៅ​ចូលរួម​ក្នុងជំនួបកំពូល​BRICS ជាជាង​មហាសន្និបាតអង្គការ​សហប្រជាជាតិ។ លើកនេះ លោកប្រធានាធិបតី​ពូទីន​ដែល​មិនអាច​ដាក់ជើងជាន់​ទីក្រុង​ញូវយ៉ក ដោយសារ​ដីកាចាប់ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ មាន​ប្រមុខ​ការបរទេស លោក​ឡាវ៉្រ្វូវ ជាអ្នកតំណាង ឡើង​ថ្លែង​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ។សម្រាប់​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ អ្វីដែលសំខាន់ មិនមែន​ការចូលរួមផ្ទាល់​របស់​​ប្រមុខដឹកនាំប្រទេសណានោះទេ ប៉ុន្តែ គឺ ការសម្រេច ការចូលរួមជាក់ស្តែង​របស់​ប្រទេស​នីមួយៗ ដែលជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ។ ចង់ ឬ​មិនចង់ គ្មានមេដឹកនាំ​របស់​ប្រទេស​មហាអំណាច ដទៃទៀត ចូលរួម លោកប្រធានាធិបតី ចូ បៃដិន​ជា​មេដឹកនាំ​របស់​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​​តែមួយគត់ ដែល​នឹង​ប្រើវេទិកា​នៅមហាសន្និបាត​អង្គការសហប្រជាជាតិ ដើម្បី​លើក​ឡើង​ពី​ការប្តេជ្ញាចិត្ត របស់​អាមេរិក​ដើម្បី​ស្តាប់ និង​ជួយ​ប្រទេស​ក្រីក្រ ប្រទេស​កំពុងអភិវឌ្ឍន៍។ឯណាទៅគោលដៅអភិវឌ្ឍរបស់​មហាសន្និបាតអង្គការសហប្រជាជាតិ?នៅមួយថ្ងៃ​មុន បើកមហាសន្និបាតអង្គការ​សហប្រជាជាតិ ក្រុមប្រទេស​កំពុង​អភិវឌ្ឍ​បាន​បើក​ជំនួបកំពូលស្តីពី​ការអភិវឌ្ឍន៍ ដែលនៅក្នុង​នោះ ក្រុមប្រទេស​កំពុងអភិវឌ្ឍ​បានទាមទារ​ចង់បាន​កំណែទម្រង់​ប្រព័ន្ធដឹកនាំ​ក្នុងពិភពលោក ដើម្បីធ្វើយ៉ាងណា ឲ្យប្រជាជន​របស់​ពួកគេ​ដែលកំពុង​ជួបគ្រោះម្តងហើយ ម្តងទៀត ដូចជា គ្រោះអត់ឃ្លាន គ្រោះធម្មជាតិ អាច​មាន​វាសនា​រស់មានជីវិត និង​មានអនាគត​ដូចការកំណត់គោលដៅ​របស់​អង្គការ​សហប្រជាជាតិ។មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​បោះឆ្នោត នៅ​ឆ្នាំ ២០១៥ កំណត់គោលដៅ ចំនួន​១៧ ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ២០៣០ ដើម្បីកសាងអនាគត​ និង​អភិវឌ្ឍ​ដោយ​ចីរកាល។ ប៉ុន្តែ ៨ឆ្នាំមកនេះ ពោល​នៅ​សល់​តែ​៧ឆ្នាំទៀត ដល់​កាលកំណត់ មានតែប្រទេស​ប្រមាណ ១៥%​ប៉ុណ្ណោះ ដែល​សម្រេចគោលដៅ។ គោលដៅ ទាំង​១៧ របស់​អង្គការ​សហប្រជាជាតិ មាននិយាយ​ពីការលុបបំបាត់ចោល​ភាពក្រីក្រ ការទទួលបាន​ការអប់រំ ការទទួលបានទឹកស្អាតប្រើប្រាស់ ថាមពលស្អាតស្អំ ប្រយុទ្ធប្រឆាំង​ការប្រែប្រួលអាកាសធាតុ ឬ​ការឈាន​ទៅបង្កើត​សង្គម​សន្តិភាព។ ប៉ុន្តែ តាម​អគ្គលេខាធិការសហប្រជាជាតិ ការប្រឹងប្រែង​កន្លងមក​ត្រូវ​បំផ្លិចបំផ្លាញ ដោយ​វិបត្តិជំងឺកូវីដ និង​ចុងក្រោយ គឺ​សង្រ្គាម​រុស្ស៊ីឈ្លានពាន​អ៊ុយក្រែន។នៅក្នុងមហាសន្និបាតអង្គការ​សហប្រជាជាតិ ក្រុមប្រទេស​ក្រីក្រ ប្រទេស​កំពុងអភិវឌ្ឍ ដែលភាគច្រើន​ស្ថិតនៅភាគខាងត្បូង​ផែនដី កំពុង​ត្រូវ​ក្រុមប្រទេស​មហាអំណាច ដែលកំពុង​បែងចែកបក្សពួក​គ្នា​ជា​ពីរក្រុម រុស្ស៊ី ចិន និង​ក្រុមប្រទេស​លោកខាងលិច ដឹកនាំ​ដោយអាមេរិក ត្រូវការ​ចង់បាន ការគាំទ្រ​របស់​ក្រុមប្រទេស​នៅខាងត្បូង​ឲ្យ​ចូលរួមក្នុងក្រុមរៀងៗខ្លួន។ ដឹងថា​ខ្លួន​អាចមានទម្ងន់​នយោបាយ ក្រុមប្រទេស​ខាងត្បូងចង់​យក​មហាសន្និបាតអង្គការ​សហប្រជាជាតិ ជា​ឱកាស​សម្រាប់​ដាក់​លក្ខខណ្ឌ ទាមទារ​ជំនួយ ពីក្រុមប្រទេស​មហាអំណាច ប្រទេស​អ្នកមាន។ប្រធានាធិបតី​អ៊ុយក្រែន​កំពុង​ទាញ​យក​ប្រយោជន៍​ពី​មហាសន្និបាតអង្គការសហប្រជាជាតិ?គោលដៅអភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ ឬសំណុំរឿងធំៗ​របស់ពិភពលោក មិនថា បញ្ហា​សេដ្ឋកិច្ច វិបត្តិអតិផរណា ភាពក្រីក្រ ឬ​ប្រយុទ្ធប្រឆាំង​ការប្រែប្រួលអាកាសធាតុ អាច​ត្រូវ​គ្របលុបបាំងជិត​ដោយ​សំណុំរឿងអ៊ុយក្រែន ព្រោះថា ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី​បានធ្វើដំណើរជាលើកទី១ ទៅចូលរួម​ដោយផ្ទាល់​នៅក្នុងមហាសន្និបាតអង្គការ​សហប្រជាជាតិ នៅទីក្រុង​ញូវយ៉ក។ គិត​ចាប់តាំងពី​រុស្ស៊ី​បើកសង្រ្គាមឈ្លានពាន​អ៊ុយក្រែន ប្រទេស​សមាជិក​ភាគច្រើន បាន​បោះឆ្នោត នៅ​មហាសន្និបាតអង្គការសហប្រជាជាតិ លើ​សេចក្តីសម្រេចជាច្រើន គាំទ្រ​អ៊ុយក្រែន អធិបតេយ្យភាពទឹកដីរបស់អ៊ុយក្រែន និងទាមទារ​ឲ្យ​រុស្ស៊ី​ដកទ័ពចេញពីអ៊ុយក្រែន។ប៉ុន្តែ ដោយសារ​សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន អូសបន្លាយពេល​ជាង ១ឆ្នាំកន្លះ បូកផ្សំ​នឹង​វិបត្តិស្បៀងអាហារ ដោយសារ​សង្រ្គាមអ៊ុយក្រែន ប្រទេស​នៅភាគខាងត្បូង​មាននិន្នាការ​កាន់តែច្រើនចង់បាន​ការចរចាការទូត ជាជាង​ការប្រយុទ្ធធ្វើសង្រ្គាម ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន។ ជាក់ស្តែង​ លោកលូឡា ប្រធានាធិបតីរបស់ប្រទេសប្រេស៊ីល ដែលមាន​ទម្ងន់នយោបាយ​គួរសម ត្រូវគេ​រំពឹង​ថា នឹង​ប្រើ​វេទិកា​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដើម្បី​ទាមទារ​ឲ្យភាគីជម្លោះ ដោះស្រាយ​វិបត្តិសង្រ្គាមអ៊ុយក្រែន តាម​ការចរចា​ការទូត។ ចង់​ដើរតួជាអាជ្ញាកណ្តាល​ដូច​ចិន ប្រេស៊ីល​បដិសេធដាក់ទណ្ឌកម្ម​លើរុស្ស៊ី និង​មិន​បោះឆ្នោតលើ​សេចក្តីសម្រេច​របស់អង្គការសហប្រជាជាតិ ក្នុងសំណុំរឿងរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន។ ជំហរ​របស់​ប្រេស៊ីលបានបណ្តាល​ឲ្យមានការរិះគន់​តវ៉ា​ពីខាង​អ៊ុយក្រែន។ នៅចំពោះមុខ​ជំហររារែក​របស់​ក្រុមប្រទេស​សមាជិកអង្គការ​សហប្រជាជាតិ ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី និយាយដោយមិនលាក់លៀមថា វត្តមាន​របស់​លោក​នៅ​មហាសន្និបាត មានគោលដៅសំខាន់​គឺ ផ្សព្វផ្សាយ ដើម្បី​ឲ្យ​ប្រទេសដៃគូ ប្រទេស​សមាជិកអង្គការ​សហប្រជាជាតិ បានដឹង​យល់ច្បាស់​ពីសង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី ហើយ​និងផែនការជាក់ស្តែងរបស់អ៊ុយក្រែន ដើម្បី​ទាមទារ​ចង់បាន​ទឹកដី​របស់ខ្លួន ដូចដើមមកវិញ៕
9/19/20237 minutes, 12 seconds
Episode Artwork

អ៊ុយក្រែន និង រុស្ស៊ី ប្រឈមមុខគ្នាជាលើកទី​១ នៅ​តុលាការយុត្តិធម៌អន្តរជាតិ

ថ្ងៃចន្ទ ទី​១៨​កញ្ញា តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ចាប់ផ្តើម​បើកសវនាកា រហូតដល់ថ្ងៃទី​២៧កញ្ញា នៅក្នុងនីតិវិធីប្តឹងមួយ ដែលអ៊ុយក្រែននិង​រុស្ស៊ី​ប្រឈមមុខដាក់គ្នា។​ ក្នុងសំណុំរឿងនេះ​ រដ្ឋាភិបាល​​អ៊ុយក្រែន បានចោទទៅលើរុស្ស៊ី ថា​បាន​​ប្រើ​ប្រាស់ហេតុផល “ប្រល័យពូជសាសន៍” ដោយ​គ្មានមូលដ្ឋាន​ ដើម្បី​ធ្វើ​ជា​សំអាង​​លើកទ័ព ចូលមក​ឈ្លានពាន វាយ​ប្រហារលើ​អ៊ុយក្រែន​។ នេះ​ជា​លើកទី​១ ​ក្រោយ​​សង្គ្រា​ម​នៅ​អ៊ុយក្រែន​បានផ្ទុះឡើង ដែល​ភាគី​​រុស្ស៊ី និង​អ៊ុយក្រែន ត្រូវ​ធ្វើបទបង្ហាញ​នូវ​អំណះអំណាង​រៀងៗខ្លួន​​ ចំពោះមុខចៅក្រមទាំង​១៥រូប នៅ​តុលាការយុត្តិធម៌អន្តរជាតិ​។ ការបកស្រាយ​ពាក្យ “ប្រល័យពូជសាសន៍​” នៅក្នុង​សន្ធិសញ្ញា​១៩៤៨ដំណើរដើមហេតុ គឺប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ដែល​បាន​ចោទថា រដ្ឋាភិបាលអ៊ុយក្រែន បានធ្វើ “អំពើ​ប្រល័យពូជសាសន៍” ទៅលើប្រជាជន​និយាយភាសារុស្ស៊ី ដែលរស់នៅតំបន់ដុនបាស ​ភាគខាងកើតអ៊ុយក្រែន​។ លោកពូទីន​អះអាងថា គឺដោយ​ហេតុផលនេះហើយ ទើបធ្វើ​ឲ្យរុស្ស៊ី ត្រូវតែ​បង្ខំចិត្ត ​បើក “ប្រតិបត្តិការពិសេសនៅអ៊ុយក្រែន” នៅថ្ងៃទី​២៤កុម្ភៈ ២០២២​ ដើម្បី​ជួយរំដោះប្រជាជន​ដែលរងគ្រោះ​ ។​ក្រោយ​សង្គ្រាម​ផ្ទុះ​ឡើងបាន​២ថ្ងៃ គឺថ្ងៃទី២៦កុម្ភៈ ២០២២ រដ្ឋាភិបាល​អ៊ុយក្រែន បាន​ដាក់ពាក្យ​ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយបានលើកឡើងថា​ អំណះអំណាងរបស់រុស្ស៊ីដែលចោទថាអ៊ុយក្រែនបានធ្វើអំពើប្រល័យពូជសាសន៍នោះ គឺវាជាការចោទប្រកាន់ ដែលគ្មានភស្តុតាង គ្មានមូលដ្ឋានច្បាប់អ្វីទាំងអស់។ ភាគីអ៊ុយក្រែន​ អះអាងថា អំណះអំណាងរបស់រុស្ស៊ី ដើម្បី​ធ្វើជាលេស​​បើកផ្លូវធ្វើសង្គ្រាមឈ្លានពានខ្លួននេះ គឺវាផ្ទុយស្រឡះអំពី​ខ្លឹមសារ ដែលមានចែង​ក្នុង​សន្ធិសញ្ញាអន្តរជាតិ ស្តីពី​អំពើប្រល័យពូជសាសាន៍ ចុះហត្ថលេខានៅឆ្នាំ​១៩៤៨។សូមបញ្ជាក់ថា​ កាលពី​ខែមីនា២០២២ តុលាការ​យុត្តិធម៌អន្តរជាតិ បាន​ចេញដីកាបឋមមួយ ដោយ​បានបញ្ជា ឲ្យភាគីរុស្ស៊ី ត្រូវតែ​បិទផ្អាកជាបន្ទាន់ នូវ​ប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន ដើម្បីរងចាំការជំនំជំរះចុងក្រោយ ស្តីអំពីការសម្រេច​​ “អំណាចយុត្តាធិការ” របស់តុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងសំណុំរឿងនេះ​​។ ចៅក្រុមតុលាការក្រុងឡាអេ លើកឡើងថា ប្រតិបត្តិការកងទ័ពទ្រង់ទ្រាយធំរបស់រុស្ស៊ី អាចនឹង​ប៉ះពាល់ដល់អាយុជីវិតជនស្លូតត្រង់អ៊ុយក្រែន ព្រមទាំងការខូចខាតផ្សេងៗទៀត។ ទោះជាយ៉ាងណា ដីកាបង្គាប់របស់ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិនេះ មានសុពលភាពតែនៅក្រដាសប៉ុណ្ណោះ​ ព្រោះថាដូចយើងទាំងអស់គ្នាដឹងហើយ ថា​រុស្ស៊ីបានបន្តធ្វើសង្គ្រាមឈ្លានពាន​អ៊ុយក្រែន រហូតមកដល់សព្វថ្ងៃនេះ​។តើតុលាការយុត្តិធម៌អន្តរជាតិ មានអំណាចយុត្តាធិការដែរឬទេ?គួរបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះ កន្លងមកភាគីរុស្ស៊ីបាន​ប្រកែក​ មិន​បញ្ជូនមនុស្សមកចូលរួមដោយផ្ទាល់ នៅក្នុងនីតិវិធីសួរដេញដោយ​ផ្ទាល់មាត់ នៅមុខចៅក្រមទេ។ ផ្អែកតាមតុលាការក្រុងឡាអេ រុស្ស៊ី បានត្រឹម​តែ​​ផ្ញើលិខិតមួយ​មកប៉ុណ្ណោះ ដោយអះអាងថាគ្មានពេលគ្រប់គ្រាន់ ដើម្បីរៀបចំឯកសារច្បាប់ និងគ្មានមេធាវីដើម្បីការពារ​។ នៅ​ក្នុងលិខិតនោះ ភាគីរុស្ស៊ីបានអះអាងទៀត​ថា តុលាការយុត្តិធម៌អន្តរជាតិ គ្មានអំណាចយុត្តាធិការ​ កាត់សេចក្តីលើសំណុំរឿងនេះទេ ព្រោះ​ថាករណីអ៊ុយក្រែន គឺវាមិនចូលទៅក្នុង​ សន្ធិសញ្ញាស្តីពី​អំពើប្រល័យពូជសាសន៍ ចុះឆ្នាំ​១៩៤៨ទេ។សវនាកាបើកនៅថ្ងៃចន្ទ ទី១៨កញ្ញានេះ វាជាលើកទី១ហើយ ដែល​រុស្ស៊ីបានបញ្ជូនក្រុមអ្នកច្បាប់ ឲ្យ​មកតំណាង និងចូលរួមដោយ​ផ្ទាល់។ តាមការគ្រោងទុក ថ្ងៃទី​១៨កញ្ញា គឺចៅក្រមទាំង​១៥រូប នឹងស្តាប់អំណះអំណាងរបស់ភាគីរុស្ស៊ី។ ហើយថ្ងៃទី​១៩ គឺដល់វេនដើមចោទ គឺភាគីអ៊ុយក្រែន ដែលនឹងត្រូវធ្វើអំណះអំណាង។ បន្ថែមពីនេះ នៅថ្ងៃពុធ ទី​២០កញ្ញា ចៅក្រមទាំង​១៥រូប នៃតុលាការយុត្តិធម៌អន្តរជាតិ នឹងស្តាប់អំណះអំណាងរបស់តំណាងប្រទេសចំនួន​ ៣២ប្រទេស ដែលនឹងមកផ្តល់សក្ខីកម្ម ការពារអ៊ុយក្រែន ដែលជាប្រទេសរងគ្រោះដោយ​ការឈ្លានពានរបស់រុស្ស៊ី​។សូមបញ្ជាក់ថា អង្គសវនាការនេះ នឹងបន្តរហូតដល់ថ្ងៃទី​២៧កញ្ញា មុននឹងចៅក្រមសម្រេចសេចក្តី ថាតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ មានអំណាចយុត្តាធិការ​ ឬក៏គ្មាន ដើម្បីជំនំជំរះ លើពាក្យបណ្តឹងនេះ​​របស់អ៊ុយក្រែន​។ សេចក្តីសម្រេច ដែលអាចនឹងត្រូវការពេល​ច្រើនខែបន្ថែមទៀត។ គួរបញ្ជាក់ដែរថា ក្រៅពីសំណុំរឿងនេះ តុលាការយុត្តិធម៌អន្តរជាតិ ត្រូវជំនំជំរះលើសំណុំរឿងផ្សេងទៀត ជាក់ស្តែងសំណុំរឿង​ដែលអ៊ុយក្រែនចោទរុស្ស៊ី ថាបាន​ផ្គត់ផ្គង់ថវិកានិងអាវុធ ដល់ក្រុមបំបែកទឹកដីនៅភាគខាងកើតអ៊ុយក្រែន ដោយបំពានទៅនឹង​សន្ធិសញ្ញាអន្តរជាតិ​ប្រយុទ្ធប្រឆាំងនឹង​ហិរញ្ញវត្ថុ​ក្រុមភេរវនិយម។ការ​ប្រយុទ្ធស្វិតស្វាញទាំងផ្លូវច្បាប់ និងនៅសមរភូមិក្នុងអំឡុងពេលដែល ក្រុមអ្នកច្បាប់រុស្ស៊ី និងអ៊ុយក្រែន​​ត្រូវប្រយុទ្ធ​​តទល់គ្នា នៅតុលាការយុត្តិធម៌អន្តរជាតិ នៅឯសមរភូមិប្រយុទ្ធឯណោះ កងទ័ពអ៊ុយក្រែន និងរុស្ស៊ី​ក៏នៅតែបន្តប្រយុទ្ធយ៉ាងស្វិតស្វាញដែរ។ ប្រតិបត្តិការវាយបក ដណ្តើមយកទឹកដីមកវិញ ដែលអ៊ុយក្រែនបានចាប់ផ្តើមធ្វើជាច្រើនខែមកហើយនោះ បានដំណើរការទៅយ៉ាងយឺតយ៉ាវ និងបានលទ្ធផល​ស្តួចស្តើងបំផុត។ យ៉ាងណាក៏ដោយ នៅថ្ងៃចន្ទទី​១៨កញ្ញានេះ ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងថា គេទើបតែបាន​រំដោះបាន​ទឹកដី​ប្រមាណ​ ៧គីឡូម៉ែត្រក្រឡាបន្ថែមទៀត នៅចំណុច Klichtchiïvka ក្បែរតំបន់ Bakhmout។លោក​វ្លូដីមៀរ ហ្សេឡេនស្គី បានថ្លែងសារតាមវីដេអូ នៅយប់ថ្ងៃអាទិត្យទី​១៧កញ្ញា អបអរសាទរ និងកោតសរសើរចំពោះវីរភាពកងទ័ពអ៊ុយក្រែន ដែល​តស៊ូប្រយុទ្ធដណ្តើមកយកវិញនូវទឹកដី​។ អ្នកនាំពាក្យ​កងកម្លាំងអ៊ុយក្រែន​​នៅសមរភូមិខាងកើត បាន​អះអាងថា កងទ័ពអ៊ុយក្រែនកំពុងព្យាយាមដណ្តើមដែនដី ដើម្បី​កាត់ផ្តាច់ផ្លូវដឹកជញ្ជូនតាមផ្លូវដែក របស់កងទ័ពរុស្ស៊ី​។ដោយឡែក នៅក្នុងបទសម្ភាសន៍មួយផ្សាយ​កាលពីថ្ងៃអាទិត្យ លោក Mark Milley អគ្គ​មេបញ្ជាការ​កងទ័ពអាមេរិក បានទទួលស្កាល់ថា ប្រតិបត្តិការដណ្តើ​មយកទឹកដីវិញរបស់អ៊ុយក្រែន គឺជួបឧបសគ្គច្រើន ដែលត្រូវចំណាយពេលយូរ តែយ៉ាងណាប្រតិបត្តិការនេះមិនបានបរាជ័យទេ។ ដូចគ្នាដែរ លោក Jen Stoltenberg អគ្គលេខាធិការអង្គការអូតង់ បានថ្លែងតាមបណ្តាញព័ត៌មានអាល្លឺម៉ង់ Funke ថាសង្គ្រាមអ៊ុយក្រែន នឹង​អូសបន្លាយពេល​យូរទៅមុខទៀត​។គួរបញ្ជាក់ដែរថា លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូដីមៀរ ហ្សេឡេនស្គី នឹងធ្វើដំណើរទៅជួបថ្នាក់ដឹកនាំអាមេរិក នៅក្រុងវ៉ាស៊ីនតោន នៅ​ថ្ងៃព្រហស្បតិ៍ទី២១​កញ្ញា​។ ជាដំណើរទៅស្របពេលដែលសភាខុសហ្ក្រេសអាមេរិក កំពុងត្រៀម​បោះឆ្នោត ​ផ្តល់កញ្ចប់ថវិកាជំនួយថ្មីមកឲ្យអ៊ុយក្រែន​ ដែល​មានទឹកប្រាក់​​ប្រមាណ​២៤ពាន់លានដុល្លារ៕
9/18/20236 minutes, 55 seconds
Episode Artwork

លំហូរ​អន្តោប្រវេសន៍កំពុង​ក្លាយ​ជា​សម្ពាធ​ការទូត​យ៉ាង​ធ្ងន់ធ្ងរ​ជា​ថ្មី​នៅអឺរ៉ុប

នៅ​ថ្ងៃ​អាទិត្យ​ទី ១៧ កញ្ញា តាម​ការ​អញ្ជើញ​របស់​​នាយករដ្ឋមន្ត្រី​អ៊ីតាលី​ ប្រធាន​គណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយេន បាន​អញ្ជើញ​ទៅ​កោះ​ឡំប៉េឌូហ្សា​ ​ដែល​​លំហូរ​​ជន​អន្តោប្រវេសន៍កំពុង​ជន់ជោរស្ទើរ​លិច​​កោះ។ នៅ​សប្តាហ៍​នេះ​ មាន​អន្តោប្រវេសន៍​ឆ្លង​តាម​ទូក​ប្រមាណ​ជាង​៨ពាន់​នាក់​បាន​មក​ដល់​កោះ​អ៊ីតាលី។ ប្រឈម​នឹង​ស្ថានភាព​នេះ ការ​បែង​ចែក​ទំនួល​ខុស​ត្រូវ ក្នុង​រង្វង់​ប្រទេស​ជា​សមាជិកសហភាព​អឺរ៉ុប​បាន​កក្រើក​ឡើង​វិញ។ វិបត្តិ​អន្តោប្រវេសន៍​កំពុង​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​អឺរ៉ុប។ ថ្ងៃ​នេះ​លោក​ស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប អួរស៊ូឡា វ៉ុនឌែរ ឡេយេន បាន​អញ្ជើញ​ទៅ​កោះ​អ៊ីតាលី Lampedusa ​ ដែលកំពុង​រង​រលក​​​អន្តោប្រវេសន៍ជា​ថ្មី​ ក្នុង​​សប្តាហ៍​នេះ។​លំហូរ​អន្តោប្រវេសន៍​​មក​អឺរ៉ុប​ចាប់​​ធ្ងន់ធ្ងរខ្លាំងជា​ថ្មី?នៅរវាង​តែ​បី​ថ្ងៃ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃពុធ​ដើម​សប្តាហ៍ មាន​ទូក​អន្តោប្រវេសន៍ខុស​ច្បាប់​ចំនួន​១៩៩​ទូក ដែល​មាន​ផ្ទុក​មនុស្ស​សរុប​ប្រមាណ​៨៥០០នាក់បាន​ចូល​មក​ដល់​កោះLampedusa​ ​គឺ​ច្រើន​ជាង​ចំនួន​ពលរដ្ឋ​អ៊ីតាលី​សរុប​រស់​នៅ​លើ​កោះ​ទៅ​ទៀត។ នេះ​បើ​តាម​តួលេខ​របស់​ទី​ភ្នាក់ងារ​អន្តោប្រវេសន៍​អង្គការ​សហប្រជាជាតិ ដោយ​បន្ថែម​ថា មជ្ឈមណ្ឌល​ទទួល​អន្តោប្រវេសន៍​នៅលើ​កោះ​មាន​សមត្ថភាព​ទទួល​មនុស្ស​ត្រឹម​តែ​៤០០នាក់ប៉ុណ្ណោះ។ ក្នុង​ពេល​ដែល​កោះ​ព្យាយាម​​ជម្លៀស​ជន​អន្តោប្រវេសន៍​ចេញ ទូកដឹក​ជនភៀសខ្លួន​ផ្សេងទៀត​បាន​បន្ត​មក​ដល់នាំ​ព្រឹក​ថ្ងៃ​សៅរ៍នេះ និង​ទូក​ជា​ច្រើន​សិប​គ្រឿង​ទៀត​កំពុង​ធ្វើ​ដំណើរ​ក្នុង​សមុទ្ទ​សំដៅ​ឆ្នេរ​អ៊ីតាលី។ហេតុដូច្នេះ​ហើយ​បាន​ជា​លោកស្រីនាយករដ្ឋមន្ត្រី​អ៊ីតាលី ចរចា មេឡូនី បាន​អះអាង​កាលពី​ថ្ងៃ​សុក្រ​ថា អ៊ីតាលី​មិន​អាច​ទ្រទ្រង់​នឹង​សម្ពាធ​អន្តោប្រវេសន៍​បាន​ទៀត​ទេ។ស្ថិត​នៅ​ចម្ងាយ​មិនដល់​១៥០គីឡូម៉ែត្រ​ពី​ឆ្នេរ​ទុយនីស៊ី កោះLampedusa ជា​ទី​សំចត​ដ៏​ជិត​ដំបូងគេ​មួយ​សម្រាប់​ជនអន្តោប្រវេសន៍​រត់​ឆ្លង​សមុទ្ទ​មេឌីទែរាណេ ដែល​ចង់​មក​ជ្រកកោន​នៅអឺរ៉ុប។ ជា​រៀង​រាល់​ឆ្នាំ​ ឱ្យ​តែ​ដល់​រដូវ​ក្តៅ​ម្តងៗ ពួកគេ​រាប់​សិប​ពាន់​នាក់ បាន​ប្រថុយ​ជីវិតចុះ​សមុទ្ទ​​ជិះ​ទូក​រខេករខាក​សំដៅ​ត្រើយ​អឺរ៉ុប។ គិត​តាំងពី​ដើម​ឆ្នាំ​២០២៣​មក​ មានអន្តោប្រវេសន៍​តាម​ទូក​ចំនួន​ជាង​១២៧០០០នាក់​បាន​មក​ដល់​ឆ្នេរ​អ៊ីតាលី​ ពោល​គឺ​ពីរដង​ច្រើន​ជាង​ឆ្នាំ​២០២២ ក្នុង​រយៈ​ពេល​ដូចគ្នា។ច្បាប់​បែងចែង​និង​ទប់​ស្កាត់​លំហូរ​អន្តោប្រវេសន៍អឺរ៉ុប​គ្មាន​ប្រសិទ្ធភាព?សហភាព​អឺរ៉ុបមាន​កិច្ចព្រមព្រៀង​អន្តោប្រវេសន៍​តាំង​ពី​ឆ្នាំ​២០១៣ ឈ្មោះ​ថា​កិច្ចព្រមព្រៀង​ឌុយប្លាំង​ ដែល​តម្រូវ​ឱ្យ​ជនអន្តោប្រវេសន៍​​មក​ដល់​ស្រុក​ណា​មុនគេ ត្រូវ​សុំ​សិទ្ធ​ជ្រក​កោន​នៅ​ស្រុក​នោះ។ ប៉ុន្តែ​កិច្ច​ព្រមព្រៀង​នេះ​ហាក់​មិន​ស៊ី​នឹង​ស្ថានការណ៍ ដែល​ត្រូវ​តែ​ធ្វើ​កំណែទម្រង់ ព្រោះ​ជាមួយ​នឹង​ចំនួន​អន្តោប្រវេសន៍​យ៉ាង​ហោច​​បីម៉ឺន​នាក់​​​ក្នុង​មួយ​ឆ្នាំ​ ប្រទេស​នៅជួរមុខ​ដូច​យ៉ាងអ៊ីតាលី ក្រិក និងកោះម៉ាល់តិ៍ជាដើមនេះ ទទួលបន្ទុក​ធ្ងន់​តែម្នាក់ឯង។ទោះប្រេះឆា​គ្នា​ខ្លាំង​មែន តែ​នៅ​​ខែ​មិថុនាកន្លង​ទៅ​ថ្មីៗ​នេះ​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អឺរ៉ុប​ទាំង​២៧​បាន​ព្រមព្រៀង​គ្នា​ធ្វើ​កំណែទម្រង់​​ពីរ​ចំណុច​សំខាន់ៗ​ទាក់ទង​នឹង​ការ​ចាត់​ចែង​អន្តោប្រវេសន៍​និង​ដំណើរបែប​បទ​​សុំ​សិទ្ធ​ជ្រកកោន​ សម្រាប់​មក​ជំនួស​កិច្ចព្រមព្រៀង​ឌុយប្លាំង។ ​ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​មិន​ទាន់​ត្រូវ​បាន​សភា​អឺរ៉ុប​អនុម័ត​នៅឡើយ​ទេ។ក្នុង​ពេល​រង់ចាំ សហភាពអឺរ៉ុបបានអនុម័តយន្តការបណ្តោះ​អាសន្ន​មួយ កាលពីខែ​មិថុនាឆ្នាំ​២០២២ ​ជួយសម្រួល​ប្រទេសស្ថិតនៅជួរមុខ ដោយឈរលើគោលការណ៍​ស្ម័គ្រចិត្ត។ យន្តការនេះ អនុញ្ញាតឲ្យ​ប្រទេសដែលស្ម័គ្រចិត្ត​១២ប្រទេស ទទួលយកជនភៀសខ្លួនពីប្រទេសជួរមុខ ចំនួន​សរុប ៨០០០នាក់ក្នុងមួយឆ្នាំ។ ក្នុងចំណោមនេះ បារាំង និងអាល្លឺម៉ង់ ត្រូវទទួលម្នាក់ ៣០០០នាក់។ ក៏ប៉ុន្តែតួលេខនេះ មានតែលើក្រដាសទេ។ ជាង​នេះ​ទៅ​ទៀត កាលពី​ថ្ងៃពុធ​ម្សិលម្ង៉ៃ អាល្លឺម៉ង់​បាន​ប្រកាស​ព្យួរ​ការ​ទទួល​ដោយ​ស្ម័គ្រ​ចិត្តជន​អន្តោប្រវេសន៍​​មក​ពី​អ៊ីតាលី​ទៀត ក្រោម​ហេតុផល​ថា​អ៊ីតាលី​មិន​ព្រម​គោរព​កិច្ចព្រមព្រៀង​ឌុយប្លាំង។ ភាព​ប្រទាំងប្រទើស​​រវាង​អាល្លឺម៉ង់​និង​អ៊ីតាលី​ ទើប​ត្រូវ​បាន​ដោះស្រាយ​រួច​នៅ​ម្សិលមិញ​ ដោយ​អាល្លឺម៉ង់​ព្រម​បន្ត​ទទួល​យក​អន្តោប្រវេសន៍វិញ។លំហូរ​អន្តោប្រវេសន៍​ជា​គំហុក​លើ​កោះ​អ៊ីតាលី​ នា​សប្តាហ៍​នេះ បាន​និ​ងកំពុង​ក្លាយ​ជា​ប្រធានបទការ​ទូត​​ដ៏​ក្តៅ​គគុក​ជា​ថ្មី​​ក្នុង​រង្វង់​សហភាពអឺរ៉ុប​។ ក្រោយ​ពី​មាន​​ជំនួប​ត្រី​ភាគី​រវាង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំងអ៊ីតាលី​និ​ងអាល្លឺម៉ង់​ នៅ​ថ្ងៃ​សៅរ៍ម្សិលមិញ  រដ្ឋមន្ត្រីបារាំង​បាន​រៀប​ចំ​សន្និសីទ​តាម​ទូរស័ព្ទ​​ត្រីភាគី​បន្ថែម​ជាមួយ​​តំណាង​ប្រធានាធិបតី​អេស្ប៉ាញ និង​ស្នងការអឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​មហាផ្ទៃទៀត រួច​ក៏​គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះLampedusa​ដែរ។ ជាមួយ​នាយករដ្ឋមន្ត្រី​​​អ៊ីតាលី​ ប្រធានាធិបតី​បារាំងលោក​អេម៉ានុយអែល ម៉ាក្រុង បាន​លើក​មក​និយាយ​អំពីកាតព្វកិច្ច​សាមគ្គីភាព​អឺរ៉ុប​ ដោយ​បាន​ព្រមព្រៀង​គ្នា​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប​ ដើម្បី​រក​ដំណោះស្រាយប្រកប​ដោយ​ប្រសិទ្ធភាព ភ្លាមៗ និង​យូរអង្វែង ឱ្យ​​​វិបត្តិ​អន្តោប្រវេសន៍​ដែល​ញាំញី​អឺរ៉ុប និង​ដែល​ធ្វើ​ឱ្យ​អឺរ៉ុប​ប្រេះឆា​គ្នា។ដើម្បី​សាកល្បង​កាត់​បន្ថយ​​លំហូរ​អន្តោប្រវេសន៍​ អឺរ៉ុប​បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​ជា​ដៃគូ​ជាមួយ​ទុយនីស៊ី​ ជា​ថ្នូរ​នឹង​ជំនួយ​ហិរញ្ញវត្ថុ​រយលាន​អឺរ៉ូ ក្រោម​វត្តមាន​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​អ៊ីតាលីផង​ កាលពី​ខែ​កក្កដា​២០២៣ តែ​កិច្ចព្រមព្រៀង​ជួបភាព​ចម្រូង​ចម្រាស​ខ្លាំង ដោយហេតុ​ទុយនីស៊ី​ដឹកនាំ​បែប​ផ្តាច់ការ​ខ្លាំង។ ការ​កាន់​តែ​ដុនដាប​មួយ​កំរិត​ទៀត ក្រោយ​ពី​អាជ្ញាធរ​ទុយនីស៊ី​មិនអនុញ្ញាត​ឱ្យ​ប្រតិភូ​អឺរ៉ុប​ចូល​ស្រុក។តើ​អ៊ីតាលី​សង្ឃឹម​លើ​​ទស្សនកិច្ច​របស់​ប្រធានគណៈកម្មការអឺរ៉ុបយ៉ាង​ណា?ប្រឈម​នឹង​រលក​អន្តោប្រវេសន៍​ថ្មី​នេះ នាយករដ្ឋមន្ត្រីអ៊ីតាលី​​បាន​អញ្ជើញ​​ប្រធាន​គណៈកម្មការអឺរ៉ុបឱ្យ​មើល​អំពី​​ស្ថានភាព​អន្តោប្រវេសន៍​នៅ​លើ​កោះ​អ៊ីតាលី​ដោយ​ជាក់ស្តែង ដើម្បី​ស្រួល​ងាយ​វាយ​តម្លៃ និង​ជា​ពិសេស​ដើម្បី​យក​​បញ្ហា​អន្តោប្រវេសន៍​ ទៅ​ធ្វើ​ជា​របៀប​វារៈនៃ​ជំនួប​កំពូល​អឺរ៉ុប នៅ​ខែ​តុលា​ខា​ងមុខ។ អាច​ថា​​ជា​វិធី​ដាក់​សម្ពាធ​លើ​សហភាព​អឺរ៉ុប​របស់​អ៊ីតាលី ដែល​ឆ្លៀត​ប្រកាស​គំរាម​ថា​ រដ្ឋាភិបាល​អ៊ីតាលី ធ្លាប់​មាន​ចេតនាចង់​​ចាត់​វិធានការបែប​​អស្ចារ្យ​តែ​ម្តង​ផង។ជាង​នេះ​ទៅ​ទៀត ក្នុងសន្និសីទកាសែត​រួម​ជាមួយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប នៅលើ​កោះLampedusa លោកស្រី​នាយករដ្ឋមន្ត្រី​អ៊ីតាលី ចរចា​ មេឡូនី បាន​អះអាង​ថា អនាគត​អឺរ៉ុប​ស្ថិត​នៅលើ​កោះLampedusa​នេះ​ហើយ​។ អនាគត​អឺរ៉ុប​អាស្រ័យទៅ​​លើ​សមត្ថភាព​ប្រឈម​នឹង​បញ្ហា​ធំៗ​ ដូច​យ៉ាង​បញ្ហា​លំហូរ​អន្តោប្រវេសន៍​ដែល​មិន​អាច​គ្រប់គ្រង​បាន​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី​មេឡូនីដដែល។ចំណែក​លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយេន ប្រធាន​គណៈកម្មការ​អឺរ៉ុប​វិញ យល់​ថារលក​អន្តោប្រវេសន៍ ត្រូវ​ការ​មាន​ដំណោះស្រាយថ្នាក់​​អឺរ៉ុប និង​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ជា​សមាជិកសហភាព​​ព្រម​ចែក​រំលែក​អន្តោប្រវេសន៍​ខ្លះ​ពី​អ៊ីតាលី។ មិន​ដឹង​ថា​តើ​សម្រែក​របស់​លោកស្រី​អាច​ចូល​ក្នុង​ត្រចៀក​រដ្ឋ​សមាជិក​បាន​ប៉ុន្មាន​នាក់​និង​ប៉ុន្មាន​ថ្ងៃ​ទេ​​
9/17/20236 minutes, 30 seconds
Episode Artwork

គុយបា​​និង​ចិន​បើក​ជំនួប​កំពូលហ្សេ៧៧​ទាមទារ​ការ​ប្តូរផ្លាស់​សណ្តាប់​ធ្នាប់​​សេដ្ឋកិច្ច​ពិភពលោក

ជំនួប​កំពូល​ G77​ និង​ចិន ដែល​មាន​ប្រទេស​ជាងមួយ​រយ តំណាង​ឱ្យប្រជាពលរដ្ឋ​ចំនួន​៨០%​នៅលើ​ពិភពលោកមកជួបជុំ​គ្នា​​ បាន​ចាប់​បើក​​នៅ​សុក្រ​ទី​១៥​កញ្ញា សម្រាប់​រយៈពេល​ពីរ​ថ្ងៃ​​នៅ​ទីក្រុង​ឡាហាវ៉ាន​ប្រទេស​គុយបា។ ក្នុង​សុន្ទរកថា​បើក​ជំនួប​កំពូល​ ប្រធាន​ផ្លាស់​វេន​ក្រុម​ហ្សេ​៧៧ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្តូរផ្លាស់ក្បួន​ច្បាប់​សេដ្ឋកិច្ច​​ពិភពលោក។ គុយបា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ទទួល​រៀប​ចំ​ជំនួប​កំពូល​នៃ​ក្រុម​ហ្សេ​៧៧ និង​ចិន នៅ​ថ្ងៃសុក្រ​និង​សៅរ៍​នេះ។តើ​ហ្សេ៧៧ជា​អ្វី?ហ្សេ៧៧​ជាសម្ព័ន្ធ​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​ ដ៏​ធំចម្បង​គេ​នៅអង្គការ​សហប្រជាជាតិ​​ដែល​បង្កើត​ឡើង​នៅឆ្នាំ​១៩៦៤ ដោយ​៧៧ប្រទេស នៅ​អាស៊ី អាហ្វ្រិក និង​អាមេរិឡាទីន។ ​ក្នុង​បំណង​​ពង្រឹង​និង​កំណត់តួនាទីព្រមទាំង​ទម្ងន់​​នៃ​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​លើ​ឆាក​អន្តរជាតិ​ ដើម្បី​​ជំរុញ​ផលប្រយោជន៍​សមូហភាព​និង​កម្មវិធី​អភិវឌ្ឍន៍នានា។ ហ្សេ៧៧ជា​ក្រុមប្រទេស​ដែល​ស្ថិត​ក្នុង​ចង្ក្រោម​ប្រទេស​ក្រីក្រ រួចក្រោយមក​គេ​​ដូរមក​​ហៅ​ថា​ជា​ក្រុមប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ឥលូវ​គេ​ប្រើ​ពាក្យ​ថ្មី​ថា​ “ក្រុមប្រទេសខាង​ត្បូង”។ពីមួយ​ឆ្នាំទៅមួយឆ្នាំ សម្ព័ន្ធហ្សេ៧៧​ កើន​ទាំង​កម្លាំង ទាំង​​សមាជិក ​ជា​លំដាប់​ ដល់​១៣៤​ប្រទេសហើយ​នាពេល​បច្ចុប្បន្ននេះ​ និងបាន​ដើរ​តួនាទី​កាន់​តែ​សំខាន់ឡើងៗ ក្នុង​ការ​ចរចា​​អន្តរជាតិ​មិន​ថា​ជុំ​វិញ​សំណុំ​រឿង​នយោបាយ​ ស្វែងរក​សន្តិភាព ឬការ​អភិវឌ្ឍ​ទេ។ បច្ចុប្បន្ន​ សម្ព័ន្ធ​ហ្សេ៧៧ ជា​យន្តការតែ​មួយ​គត់​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​និង​មាន​ដំណើរការ​នៃ​ទំនាក់ទំនង​​ការទូត​សេដ្ឋកិច្ចពហុភាគី​ក្នុង​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ។មាន​គុយបា​ជា​ប្រធាន​ផ្លាស់​វេន នៅ​ឆ្នាំ​នេះ និងរហូត​ដល់​​ឆ្នាំក្រោយ​ ​សម្ព័ន្ធ​ហ្សេ​៧៧ បាន​រៀប​ចំ​បើក​ជំនួប​កំពូល​វិសាមញ្ញ​ ជា​លើក​ទី​មួយ​របស់​ខ្លួន គិត​ចាប់​តាំងពី​១០​ឆ្នាំ​មក ដោយ​បាន​អញ្ជើញ​ភ្ញៀវ​ពិសេស​ចិនផង។ចិនមានតួនាទី​យ៉ាងណាក្នុង​​ហ្សេ៧៧?ថ្វី​បើ​ធ្លាប់​មាន​​ឈ្មោះ​ជាប្រទេស​ក្រីក្រ និង​កំពុងអភិវឌ្ឍក៏​ដោយ​ ក៏​​ចិនគ្មាន​ឈ្មោះ​​​ជា​​សមាជិក​សម្ព័ន្ធ​ហ្សេ​៧៧ឡើយ។ តែចិន​បង្ហាញ​វត្តមាន​ខ្លាំងនិងស្ទើរ​​គ្រប់ពេលវេលា​ក្នុង​រង្វង់​សម្ព័ន្ធ ក្នុង​នាម​​​ប្រទេស​សង្កេតការណ៍​។ ហេតុដូច្នេះ​ហើយ​បាន​ជា​ពេល​ខ្លះ​គេ​ហៅ​ជំនួប​ថ្ងៃ​នេះ​ថា​ជា​ជំនួប​កំពូល​ ហ្សេ៧៧+១ តែ​ម្តង​ផង។ ចិន​បាន​បញ្ជូន ​លោក លី ស៊ី សមាជិក​គណៈកម្មការអចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនិស្ត​ចិន មកជា​​តំណាង​ជាន់​ខ្ពស់។ លោក លីស៊ី បាន​បញ្ជាក់​អំពី​ភាព​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមប្រទេស​ខាង​ត្បូង​និង​ខាង​ត្បូង​ដូច​គ្នា​ នៅចំពោះ​មុខ​វិសមភាព​ពិភពលោក ដែល​​​វិបត្តិ​កូវីដ​១៩ បាន​លាត​ត្រដាង​ឱ្យ​ឃើញ​។នៅក្នុង​ជំនួប​កំពូល​ហ្សេ​៧៧ដែល​មាន​សមាជិក​ជាង​មួយ​ប្រទេស​នេះ ក៏​មាន​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​មក​ពី​ជាង​៣០ប្រទេស​ផ្សេង​ទៀត​​មក​ចូល​រួមដែរ មាន​ជាអាទិ៍ ប្រធានាធិបតី ប្រេស៊ីល ​អាហ្សង់ទីន កូឡុំប៊ី អង់ហ្កោឡា រវ៉ាន់ដា កាតា ប្រធានអាជ្ញាធរដែនដី​ប៉ាឡេស្ទីន ម៉ះមូដ អាបាស ព្រមទាំង​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។ ​តំណាង​ប្រទេស​ជា​ច្រើនទៀត បានឆៀង​ចូល​ក្នុង​ស្តាប់​ជំនួប​នៅ​​គុយបា  មុន​នឹង​បន្ត​​ដំណើរ​ទៅក្រុង​ញូវយ៉ក ដើម្បី​ចូល​រួម​ក្នុង​មហាសន្និបាត​​អង្គការ​ប្រជាជាតិ​​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី ១៩​ដល់​ថ្ងៃទី ២៦​កញ្ញាខាង​មុខ។ម្យ៉ាង​វិញ​ទៀត ជំនួប​កំពូល​ហ្សេ​៧៧ ក៏​ប្រព្រឹត្ត​ទៅ​ចំពេល​ពិភពលោក​កំពុង​មាន​ជំនួប​កំពូល​អន្តរជាតិ​ធំៗ​ជា​បន្ត​បន្ទាប់ គឺ​ជំនួប​ហ្សេ​២០ ជំនួប​Brics ​ដែល​សមាជិក​ហ្សេ៧៧ខ្លះ ដូច​យ៉ាង​ប្រេស៊ីល​ឬអាហ្វ្រិក​ខាង​ត្បូង​ មាន​ឈ្មោះ​ក្នុង​គ្រប់​ក្រុម ក្រុមអ្នកក្រG77​ផង ក្រុម​អ្នក​មាន​G20ផង។តើ​ជំនួបហ្សេ៧៧ចង់​បានអ្វីខ្លះ?ប្រធានបទ​ជា​ផ្លូវការ​នៃ​ជំនួបប្រជុំ​ផ្តោតទៅ​លើ “ការ​ជំនះ​ឧបសគ្គ​នៃការ​អភិវឌ្ឍ តួនាទី​របស់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ទំនើបកម្ម”។ ប៉ុន្តែ​នៅក្នុង​សុន្ទរកថា​បើក​ជំនួប​ គ្រប់​ភាគី​មិន​ថា​ជា​ប្រធាន ឬ​សមាជិក​ ឬ​ភ្ញៀវ​របស់​ហ្សេ​៧៧ទេ បានបញ្ជាក់​​បំណង​តែមួយ​ដូច​គ្នា​ គឺទាមទារ​ឱ្យ​មាន​ការ​ប្តូរ​ផ្លាស់របៀបរបប​សេដ្ឋកិច្ច​ពិភពលោក។ សម្រាប់​ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel មីហ្គែល ឌីយ៉ាហ្ស កានែល ក្រុម​ប្រទេស​ខាងជើង(ប្រទេសអ្នកមាន) រៀប​ចំ​ដឹកនាំ​ពិភពលោកទៅ​តាម​ប្រយោជន៍​​ពួកគេ​យូរមក​ហើយ ឥលូវ​ដល់ពេល ក្រុម​ប្រទេស​ខាង​ត្បូងដែល​ត្រូវ​ប្តូរ​ក្បួន​ដឹកនាំ​ម្តង។ ក្រុម​ប្រទេ​សកំពុងអភិវឌ្ឍន៍ ជា​ជន​រងគ្រោះ​ដ៏​ចំបង​គេ​នៃ​វិបត្តិ​គ្រប់ទម្រង់​នៅលើ​ពិភពលោក ជាជន​រងគ្រោះ​នៃ​ការ​ប្រែប្រួល​វដ្ត​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ​អន្តរជាតិ និង​ការ​ផ្តោះប្តូរ​មិន​ស្មើ​ភាព ព្រមទាំង​ការ​ប្រែប្រួល​អាកាសធាតុ​។ លោក​ប្រធានាធិបតី​គុយបា បាន​ប្រកាស​ថ្កោលទោស​​រចនា​សម្ព័ន្ធ​អន្តរជាតិ​ដែល​ស្អប់ខ្ពើម​រើសអើង​វឌ្ឍនភាព​របស់​ក្រុមប្រទេស​ខាង​ត្បូង។ ជាមួយ​នឹង​ការ​លើក​សរសើរ​ប្រទេស​ម្ចាស់​ផ្ទះ​គុយបា ដែល​ប្រឹងប្រែងអភិវឌ្ឍ​ថ្នាំ​បង្ការ​ជំងឺកូវីដ​១៩​ដោយ​ខ្លួនឯងបាន​សម្រេច ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរក៍​ ក៏​ចង់​ឃើញ​ពិភពលោក​ធ្វើ​ត្រឹម​ត្រូវ​ជាង​បច្ចុប្បន្ន ហើយ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ការ​អភិវឌ្ឍ​បាន​ប្រសើរ​ឡើង។ជំនួប​កំពូល​ហ្សេ​៧៧ ទំនង​ជា​នឹង​ត្រូវ​ចេញ​សេចក្តីថ្លែងការណ៍​រួម​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ទាមទារ​សិទ្ធិ​អភិវឌ្ឍរបស់​ខ្លួន នៅក្នុង​ពិភព​ដែល​កាន់​តែ​ផ្តាច់​មុខ អយុត្តិធម៌ មិនស្មើភាព​ និង​សាហាវឡើងៗ។ក្រៅ​អំពី​បរិហារ​រិះគន់​វិសមភាព​សេដ្ឋកិច្ច​នៅលើ​ពិភពលោក សម្ព័ន្ធ​ហ្សេ៧៧​ក្នុង​សំឡេងដ៏​ច្រើន ព្រមទាំង​ចិនផង បាន​ទាមទារ​ឱ្យ​កាត់​បន្ថយ​បំណុល​​របស់​ក្រុមប្រទេស​ក្រីក្រខ្លាំង ដើម្បី​អាច​មាន​លទ្ធភាព​ធ្វើ​អន្តរកាល​ថាមពល។ ការ​ចរចាជា​លក្ខណៈ​សកល​ដើម្បី​កាត់​បន្ថយ​បំណុលរួច​ឈាន​​បើក​ឱ្យ​មាន​មូលនិធិសាធារណៈ​ទើប​អាច​នាំប្រទេស​ក្រីក្រឆ្លង​អន្តរកាល​ថាមពល​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​គ្មាន​បញ្ចេញ​កាបោន​បាន​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​កូឡុំប៊ី។ ប្រធានាធិបតី​អាហ្សង់ទីន​បាន​បន្ថែម​ថា ក្រុមប្រទេស​ខាង​ត្បូង ហ៊ាន​ទាមទារ​ផល​ស្មើភាព ក៏​ព្រោះ​តែ​ខាង​ត្បូង​ជា​ប្រភព​នៃ​សេចក្តីត្រូវការ​គ្រប់យ៉ាង​របស់​ពិភពលោកខាង​ជើង(របស់អ្នកមាន) ៖ ស្បៀងអាហារ​ផលិត​នៅអាមេរិកខាង​ត្បូង ថាមពល​នៅ​ប្រទេស​អារ៉ាប់ ...៕
9/16/20236 minutes, 9 seconds
Episode Artwork

រថយន្តអគ្គិសនី៖ តើសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប កំពុងតែចាប់ផ្តើម​ហើយមែនទេ?

ការបោះពាក្យសម្តី និងការគំរាម បានចាប់ផ្តើមមាន​​ រវាងអាជ្ញាធរចិន និងសហភាពអឺរ៉ុប ទាក់ទិននឹង​សំណុំរឿង​រថយន្ត​អគ្គិសនី​។ កាលពីថ្ងៃពុធ​ទី​១៣កញ្ញា​ លោកស្រី Ursula Von der Layen ប្រធានគណកម្មការ​អឺរ៉ុប បាន​ប្រកាស​ថាអឺរ៉ុបនឹងបើក​ការស៊ើបអង្កេត ទៅលើរថយន្តអគ្គិសនីនាំចូលមកពីចិន ដោយ​សារតែមានការសង្ស័យថាវាបានបំពាន​ ​នឹងលក្ខខណ្ឌប្រកួតប្រជែងដោយ​ស្មោះត្រង់។ ចិនគំរាម​តបវិញ ថាខ្លួននឹង​ចាត់វិធានការសងសិកវិញ មកលើក្រុមហ៊ុនអឺរ៉ុប​។ រដ្ឋ​​ចិន ជួយ​ឧបត្ថម្ភសហគ្រាសផលិតរថយន្តអគ្គិសនីខ្លួន?ថ្លែងទៅ​កាន់​​អង្គសភាអឺរ៉ុប កាលពីថ្ងៃទី​១៣កញ្ញា​ លោកស្រីប្រធានគណកម្មការ​អឺរ៉ុប បានលើកឡើងថា ក្រុមការងារស៊ើបអង្កេតនៃគណកម្មការអឺរ៉ុប​ នឹងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយ ទៅលើ​បណ្តាក្រុមហ៊ុនចិន ដែល​ផលិតរថយន្តដើរដោយ​អាគុយ​អគ្គិសនី នាំចូល​មកលក់នៅក្នុងទីផ្សារអឺរ៉ុប​។ លោកស្រីអះអាងថា បច្ចុប្បន្ននេះ ទីផ្សារអឺរ៉ុបត្រូវជន់ជោរ ពោរពេញ​ដោយ​រថយន្តអគ្គិសនីមានតម្លៃថោក នាំចូលមកពីចិន។ កក្តាតម្លៃថោកខ្លាំងនេះ វា​អាចធ្វើឲ្យ​ប៉ះពាល់ មកលើលទ្ធភាពនៃការប្រកួតប្រជែង របស់​រថយន្តអគ្គិសនីផ្សេងទៀត​ ដែល​ផលិត​នៅក្នុងទឹកដីអឺរ៉ុប​។លោកស្រី Ursula Von der Layen បានបន្ថែមថា អ្វីដែល​គណកម្មការអឺរ៉ុបចង់ដឹងច្បាស់ គឺថាតើក្រុមហ៊ុនចិនទាំងនោះ បានទទួលនូវជំនួយថវិកា ពីរដ្ឋចិនដែរឬទេ នៅក្នុងសកម្មភាព​ផលិតរបស់ខ្លួន ទើបបានជាអាចលក់ ​ក្នុងតម្លៃថោក​បែបនេះ​​។ ​ប្រសិនបើមានមែន នោះគឺវាជាករណីបំពាន ទៅនឹង​លក្ខខណ្ឌច្បាប់របស់អឺរ៉ុប​ ​ដែលធានាការពារ “ការប្រកួតប្រជែងដោយ​ស្មោះត្រង់​”។​ លោកស្រីប្រធានគណកម្មការអឺរ៉ុប បានលើកឧទាហរណ៍​និងបទពិសោធន៍​ដ៏លំបាកលំបិន ដែល​សហគ្រាសអឺរ៉ុប​ក្នុងវិស័យ​ផលិត​ផ្ទាំងសូឡា ត្រូវរងគ្រោះដោយ​ការប្រកួតប្រជែងដោយ​មិនស្មោះត្រង់ ​ពី​សំណាក់​សហគ្រាសរបស់​ចិន​។​លោកស្រីបានគូសបញ្ជាក់ថា អឺរ៉ុបបើកទីផ្សារខ្លួនចំហរ ប្រកួតប្រជែងជាមួយទំនិញមកពីខាងក្រៅដោយមិនប្រកាន់ទេ​ តែអឺរ៉ុបក៏​មិនអាចល្ងង់ឆោត ទុកឲ្យគេលេងខ្សែលើ​ដែរ។ ដូច្នេះអឺរ៉ុបត្រូវតែការពារ​សហគ្រាសរបស់ខ្លួន ពីការប្រកួតប្រជែងដែលមិនស្មោះត្រង់​។​ លោកស្រីបាន​បញ្ជាក់ថា ដើម្បី​កែតម្រូវបញ្ហានេះ គឺអឺរ៉ុប​អាចពិចារណា​សម្រេច​ដាក់ចុះនូវពន្ធបន្ថែមថ្មីទៀត លើ​រថយន្តអគ្គិសនី​នាំចូល​មកពីចិន ដោយ​អាស្រ័យទៅ​លើលទ្ធផល​នៃការស៊ើបអង្កេត​។​ចិនថា៖ “អឺរ៉ុបចង់ការពារ​តែផលិតផលខ្លួន​”ក្រោយ​ការប្រកាស​បើក​ការស៊ើបអង្កេតនេះ ភាគីចិន​បាន​ប្រតិកម្មភ្លាមៗ តាមរយៈលិខិតប្រកាស​របស់​​ក្រសួងពាណិជ្ជកម្ម​ចិន​ ចុះថ្ងៃទី​១៤កញ្ញា​​។ លោក He Yadong អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន បានថ្លែងទៅកាន់អ្នកកាសែតថា វិធានការរបស់​អឺរ៉ុប ដោយសំអាងពាក្យថា ដើម្បី​ការពារ​ការប្រកួតប្រជែងដោយ​ស្មោះត្រង់នោះ ធាតុពិត​គឺវាជាវិធានការ​ “ការពារនិយម​” ដោយចំហរ ដែលអឺរ៉ុប ចង់ការពារតែផលិត​ផលខ្លួន​។​អ្នកនាំពាក្យ​ចិន​ដដែល បាន​បន្ថែមថា វិធានការ​ការពារនិយមរបស់អឺរ៉ុបនេះ នឹងបង្កើតឲ្យ​មាន​ផលអាក្រក់ជាក់ជាមិនខាន ទៅលើ​ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងចិននិងសហភាពអឺរ៉ុប​។ ផលវិបាក​នេះ នឹងធ្លាក់ទៅលើ​ក្រុមហ៊ុន​​សហគ្រាសរបស់អឺរ៉ុបខ្លួនឯង នៅថ្ងៃខាងមុខ ព្រោះវានឹង​ធ្វើឲ្យ​ប៉ះពាល់ ដល់បណ្តាញផ្គត់ផ្គង់ក្នុងវិស័យ​ឧស្សាហកម្ម​ផលិតរថយន្ត ទូទាំងពិភពលោក​។​ ក្រសួងពាណិជ្ជកម្មចិន បានអះអាងថា វិស័យ​ឧស្សាហកម្ម​ផលិតរថយន្តដើរដោយ​អាគុយ​អគ្គិសនីរបស់ចិន បានរីកចម្រើន​​រហូតដល់​កម្រិតបច្ចុប្បន្ន វាគឺជាលទ្ធផល​នៃការខិតខំប្រឹងប្រែង ស្រាវជ្រាវ រក​បច្ចេកវិទ្យាថ្មីឥតស្រាកស្រាន្ត​របស់ចិន​។ក្នុងវិស័យផលិតរថយន្តអគ្គិសនី ចិនមានប្រៀបជាង​អឺរ៉ុប?គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលឧស្សាហកម្ម​ផលិតរថយន្តចិន បាន​ផ្តោ​តអាទិភាពទៅលើ​ការ​ផលិត​រថយន្ត​ដើរដោយអាគុយ​អគ្គិសនី​។ ពោលគឺទំហំ​នៃការផលិត​របស់ចិន សម្រាប់បំពេញ​តម្រូវការទីផ្សារក្នុងស្រុក មាន​​ច្រើនខ្លាំងណាស់ បើប្រៀបធៀបទៅនឹង​អឺរ៉ុប ដែលទើបតែប្រាស់ខ្លួន ងាកទៅ​ចាប់​ផ្តើម​ផលិតរថយន្តអគ្គិសនី នៅប៉ុន្មានឆ្នាំចុងក្រោយនេះ​ប៉ុណ្ណោះ​។អ្វីដែល​ចិនមានប្រៀប គឺចិនវត្ថុធាតុដើម​រ៉ែកម្រ ដែលគេត្រូវការចាំបាច់ ក្នុងការ​ផលិតអាគុយ​អគ្គិសនី​ប្រើក្នុងរថយន្ត​។​ ដូច្នេះ​ប្រការនេះ អាចទាញ​តម្លៃផលិត​របស់ចិន​​ឲ្យអស់តិច។ នៅទីផ្សារក្នុងស្រុកចិន រថយន្តអគ្គិសនីជាច្រើនបានលេចមុខ មានដូចជា BYN Geely XPeng Nio និង​ Leapmotor ជាដើម​។​យ៉ាងណាក៏ដោយ រថយន្តអគ្គិសនី​របស់ចិន​ មិនសូវមានគេស្គាល់ ឬមិនសូវ​បានទទួលទំនុកចិត្តប៉ុន្មានទេ​ ជាពិសេសនៅលើទីផ្សារអឺរ៉ុប​។ ទើបតែ​ប្រមាណ​២ ៣ឆ្នាំចុងក្រោយ​នេះប៉ុណ្ណោះ ដែល​ម៉ាករថយន្តចិន បានចាប់ផ្តើម​វាយ​លុក​យ៉ាងខ្លាំង មកក្នុងទីផ្សារអឺរ៉ុប​។ ជាក់ស្តែងរថយន្តម៉ាក BYD ដែលបានហក់ចូល​មកបង្ហាញខ្លួន នៅក្នុងកម្មវិធីពិព័រណ៍​រថយន្ត​អន្តរជាតិធំៗ នៅតាមបណ្តាប្រទេសអឺរ៉ុប​ ហើយ​ដែល​ទទួលបានចំណាប់អារម្មណ៍ខ្ពស់ ដោយសារតែមានតម្លៃគួរឲ្យទាក់ទាញ។​នៅទីផ្សារ​ក្នុងស្រុកចិនវិញ រថយន្ត​អគ្គិសនី​​អឺរ៉ុប ពិបាកប្រជែង​ជាមួយរថយន្តចិន​ណាស់។ ក្នុងក្របខណ្ឌ​កាត់បន្ថយ​ការបញ្ចេញឧស្ម័​ន​កាបូនិក រដ្ឋចិនបានកំណត់កម្មវត្ថុ​ ឈានទៅលក់រថយន្តអគ្គិសនី ឬហាយប្រីដ​ ឲ្យ​បាន​ទំហំ២០% ក្នុងមួយឆ្នាំ ពីនេះដល់ឆ្នាំ​២០២៥ សម្រាប់ទីផ្សារក្នុងស្រុក​។​ យោងតាម សហភាព​សហគ្រាសផលិតរថយន្តចិន គឺក្នុងឆ្នាំ​២០២២កន្លងទៅ គឺទំហំលក់រថយន្ត​អគ្គិសនីនិង​ហាយប្រីដ បានកើនឡើងមួយ​ទ្វេរជា២ ពោលគឺស្មើនឹងជាង​១ភាគ៤ នៃការលក់រថយន្តសរុបនៅទីទាំងប្រទេសចិន​។​ ជាមួយ​បញ្ហាសេដ្ឋកិច្ច អតិផរណា កត្តាតម្លៃ​គឺជា​ចំណុចសំខាន់ ខណៈប្រជាជន​ចិន​កាន់តែច្រើន​ កាន់តែមិនសូវហ៊ានចំណាយ​។ ក្នុង​បរិបទនេះ រថយន្តអគ្គិសនី​របស់​ចិន​ដែលមានតម្លៃថោក លក់ដាច់ជាង​រថយន្តអគ្គិសនីនាំចូល​ពីក្រៅ​។អាល្លឺម៉ង់ខ្លាចចិត្តចិន​ស្ថិតនៅក្នុងបរិបទនៃការប្រកួតប្រជែងដ៏តានតឹងនេះ ប្រទេសអឺរ៉ុបខ្លះជាក់ស្តែង ប្រទេសអាល្លឺម៉ង់ ដែលឧស្សាហកម្មរថយន្ត​ រំពឹងយ៉ាងខ្លាំងទៅលើទីផ្សារចិន បាន​បង្ហាញ​ការប្រុងប្រយ័ត្ន ដោយ​មិនចង់​ធ្វើរដ្ឋាភិបាលចិនថ្នាំងថ្នាក់នឹងខ្លួនទេ។ យ៉ាងណាក៏ដោយ ក្រោយ​ការប្រកាស របស់​គណកម្មការអឺរ៉ុប ស្តីពីការបើក​ការស៊ើបអង្កេត លើ​សហគ្រាស​​ផលិតរថយន្តចិន លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ Robert Habeck បាន​លើកឡើងថា អាល្លឺម៉ង់សូមស្វាគមន៍ចំពោះវិធានការ​​របស់អឺរ៉ុប។តែទន្ទឹមគ្នានេះ លោក​បានអះអាងថា វាគ្រាន់តែជាដំណាក់កាល​បើកការស៊ើបអង្កេតប៉ុណ្ណោះ។ លោក​បន្ថែមបញ្ជាក់ទៀតថា មិនមែនអឺរ៉ុបចង់រារាំង មិនឲ្យរថយន្តអគ្គិសនី​មានតម្លៃថោក​ចូលមកលក់នៅអឺរ៉ុបនោះទេ។ តែអឺរ៉ុបគ្រាន់តែចង់ដឹងឲ្យច្បាស់ ថាវាអាចមានអ្វីលាក់បាំង នៅពីក្រោយ​តម្លៃដ៏ថោក​នេះដែរឬទេ ហើយថាតើ​ការលាក់បាំងនេះ វាបានបំពានដោយ​ផ្ទាល់ ឬដោយ​ប្រយោល​មកលើ លក្ខខណ្ឌប្រកួតប្រជែងដោយស្មោះត្រង់ ដោយ​​របៀប​ណា​តែប៉ុណ្ណោះ៕
9/14/20236 minutes, 47 seconds
Episode Artwork

អាមេរិក៖ សមាជិកសភា​បក្ស​​សាធារណរដ្ឋ​ ប្រកាស​បើក​នីតិវិធី​​ទម្លាក់​លោក​ ចូ បៃដិន

បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ គឺដល់​វេន​លោក​ចូ បៃដិន​ម្តង ដែល​ត្រូវរងនីតិវិធី ​ទម្លាក់​ពីតំណែងប្រធានាធិបតី សម្រេចដោយ​សមាជិកសភាអាមេរិក​។ លោក Kevin McCarthy ប្រធានសភាតំណាង ដែលគណបក្ស​សាធារណរដ្ឋ មានសំលេងភាគច្រើននោះ បានប្រកាសឲ្យដឹង​ កាលពីថ្ងៃអង្គារ ទី​១២កញ្ញា ថា​​សភាតំណាងនឹងបើកនីតិវិធីបោះឆ្នោត ទំលាក់លោក​ចូ បៃដិន ពីតំណែងប្រធានាធិបតី ដោយអះអាងថា ព្រោះ​លោកចូ បៃដិន បាន “កុហក” ​ប្រជាជាតិអាមេរិក​។​ លោកចូ បៃដិន ត្រូវគេចោទពីអ្វី?ថ្លែងទៅកាន់អ្នកកាសែត នៅវិមានកាពីតូល កាលពីថ្ងៃអង្គារទី​១២កញ្ញា លោក Kevin McCarthy ដែលជាប្រធានក្រុម​សមាជិក​សភាបក្សសាធារណរដ្ឋ បានអះអាងថា ក្រុម​សមាជិក​សភាបានស្វែងរកឃើញ ​ឈាន​ទៅ​កំណត់​ការចោទប្រកាន់ជាក់ច្បាស់ និង​មាន​មូលដ្ឋាន ចំពោះទង្វើរបស់​លោកចូ បៃដិន​ ដែល​ជាទង្វើមានលក្ខណៈជា “វប្បធម៌​ពុករលួយ”​។​ លោក​ Kevin McCarthy បានសង្កាត់បញ្ជាក់​ថា គឺលោកប្រធានាធិបតី ចូ បៃដិន បានកុហក​ប្រជាពលរដ្ឋអាមេរិក ដោយ​បានលាក់​បាំងសំណុំរឿងជំនួញរកស៊ី​​ របស់​ក្រុមគ្រួសារលោក នៅឯបរទេស។​សូមបញ្ជាក់ថា សំណុំរឿងនេះ គឺទាក់ទិននឹង​កូន​ប្រុសរបស់​លោក ចូ បៃដិន ឈ្មោះ Hunter Biden។ ​ការ​ស៊ើបអង្កេតរបស់គណកម្មការ​​​សភាតំណាង បានចោទថា​ លោក​ម្នាក់នេះធ្លាប់​បាន​​ជំនួញជាច្រើនគួរឲ្យសង្ស័យ​ នៅអ៊ុយក្រែន និងនៅចិនជាដើម ក្នុងអំឡុងពេល​ដែលឪពុកខ្លួន គឺលោក ចូ បៃដិន នៅជាអនុប្រធានាធិបតី រវាង​ពីឆ្នាំ​២០០៩-២០១៧។ គេចោទថា កូនប្រុសលោកចូ បៃដិន បាន​ប្រើប្រាស់​ឥទ្ធិពល​ឈ្មោះឪពុកខ្លួន ដើម្បីទទួលបាន​កិច្ច​សន្យា​ជំនួញធំៗ។គួររំលឹកដែរថា លោក Hunter Biden ធ្លាប់​បានបង្ករបញ្ហាជារឿយ ដល់​លោក​ចូ បៃដិន​។ ក្រៅពីជាអ្នកជំនួញម្នាក់ ដែល​ធ្លាប់​មានរឿងក្តីក្តាំជាច្រើននៅចំពោះមុខតុលាការ ទាក់ទិននឹងសំណុំរឿងគេចពន្ធ លោក Hunter Biden មានប្រវត្តិធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ហើយ​ធ្លាប់ត្រូវតុលាការចោទប្រកាន់ផងដែរ ទាក់ទិននឹងករណី​កាន់​កាប់អាវុធដោយ​ខុសច្បាប់។ តែយ៉ាងណាក៏ដោយ​ លោក​ចូ បៃដិន តែងតែបាន​អះអាងជាសាធារណៈ ថាលោក​ស្រលាញ់​និង​គាំទ្រកូនប្រុសលោកជានិច្ច​។ហេ​តុអ្វីទើបតែចាប់ផ្តើមនីតិវិធីនៅពេលនេះ​?ការពិតទៅ អស់រយៈពេលជាច្រើនខែមកហើយ ដែល​ក្រុមសមាជិកសភាបក្ស​សាធារណរដ្ឋ ដែលគាំទ្រលោកដូណាល់ ត្រាំ បានទាមទារឲ្យ​បើក​នីតិវិធី បោះឆ្នោត​ទម្លាក់​លោកចូ បៃដិន ពីតំណែង។ លោក Kevin McCarthy ដែលជាមនុស្សរបស់​បក្សសាធារណរដ្ឋ បាន​ក្លាយ​ជា​ប្រធានសភាតំណាងកាលពី​ខែមករា បន្ទាប់ពី​បក្សសាធារណរដ្ឋ បានឈ្នះឆ្នោត​បានអាសនៈភាគច្រើន ក្រោយការបោះឆ្នោត​ពាក់​កណ្តាលអាណត្តិ​។​ លោក Kevin McCarthy បានចរចា ធ្វើសម្បទាន​មួយចំនួន ជាមួយ​ក្រុម​របស់​លោកដូណាល់ ត្រាំ ដែល ហើយ​បានសុខចិត្តធ្វើ​តាមការចង់បានរបស់ក្រុមនេះ បើទោះបីជាសមាជិក​សភាបក្សសាធារណរដ្ឋច្រើននាក់ទៀត បានបង្ហាញការជំទាស់​ក៏ដោយ​។បន្ទាប់ពីបាន​អាសនៈភាគច្រើនក្នុងសភាតំណាង ក្រុមសមាជិកសភាបក្សសាធារណៈរដ្ឋស្និទ្ធនឹងលោក​ដូណាល់ ត្រាំ បាន​ជំរុញឲ្យ​បើក​ការស៊ើបអង្កេត ដើម្បី​ឈានទៅ​អនុម័តនីតិវិធី​ទំលាក់​លោក ចូ បៃដិន។ ជាងនេះទៀត លោក Kevin McCarthy អាចប្រឈមនឹង​ការបោះឆ្នោតទំលាក់ចេញពី​ មុខតំណែង​ប្រធាន​សភាតំណាង ប្រសិនបើ​លោកបើ​លោក​មិន​ប្រកាស​បើកនីតិវិធីនេះ ទៅតាមការទាមទាររបស់​ក្រុម​លោក​ដូណាល់ ត្រាំទេនោះ​។"គ្មានភស្តុតាង​!"លោក Ian Sams អ្នកនាំពាក្យ​ម្នាក់នៃសេតវិមាន​ បាន​លើកឡើងនៅលើបណ្តាញសង្គម X ថា ក្រុម​សមាជិកសភាបក្សសាធារណរដ្ឋ បានបើក​ការស៊ើបអង្កេត​​ទៅ​លើ​រូបលោក ចូ បៃដិន អស់​រយៈ​៩ខែ​មកហើយ។​​ តែ​ ៩ខែមកនេះ គឺគ្មាន​បាន​លទ្ធផល​ គ្មានបាន​​ភស្តុតាង​សូម្បីតែមួយ មកបញ្ជាក់​លើ​ការចោទប្រកាន់​នេះ​ទេ។ ការចោទប្រកាន់ ដែលសេតវិមានអាមេរិក អះអាងថា គឺវាជា​ឆន្ទៈនយោបាយ រំខាន​មកលើ​បេក្ខភាពឈរឈ្មោះអាណត្តិថ្មី របស់​លោកចូ បៃដិន​តែប៉ុណ្ណោះ​។​ដូចគ្នាដែរ លោក​ Hakeem Jeffries ប្រធានក្រុមសមាជិកសភាតំណាង មកពីបក្ស​ប្រជាធិបតេយ្យ បាន​ថ្លែងប្រាប់អ្នកកាសែតថា នីតិវិធីដែល​ក្រុមសមាជិក​សភាបក្សសាធារណរដ្ឋ ប្រកាសបើកនេះ វាគឺជានីតិវិធី​ដែលខុសច្បាប់ ព្រោះថា​វាគ្មានផ្អែក​លើមូលដ្ឋានអ្វីទាំងអស់។ លោកអះអាងថា គេមិនបានរកឃើញ​ ភស្តុតាងណាមួយបញ្ជាក់ថា​លោកចូ បៃដិនបានធ្វើខុស​ ដែលអាចឈានទៅ​ទទួលរងនីតិវិធីនេះ​ទេ។ អ្វីដែល​ក្រុមសមាជិកសភាបក្ស​សាធារណរដ្ឋ​​កំពុងតែធ្វើនេះ គឺជានីតិវិធី​ឲ្យខាតតែពេលវេលា និងថវិការដ្ឋតែប៉ុណ្ណោះ។តើនីតិវិធីនេះ អាចមានផល​វិបាក​អ្វីខ្លះ?គួរបញ្ជាក់ថា សម្រាប់ពេលនេះ គឺគ្មាន​អ្វី​អាច​អះអាងបានទេ ថានីតិវិធីនេះ នឹងអាចឈានទៅ​សម្រេចបានលទ្ធ​ផល ដូច​អ្វីដែល​ក្រុមសមាជិកសភាបក្សសាធារណៈរដ្ឋរំពឹងចង់បាននោះ។ តាមច្បាប់កំណត់ និតីវិធីនេះ នឹងត្រូវធ្វើឡើង ដោយ​២តំណាក់កាល។ ទីមួយ​គឺសភាតំណាង នឹង​បោះឆ្នោត​លើអត្ថបទច្បាប់មួយ ដែលគេហៅថាច្បាប់ «Impeachment » ដោយគេត្រូវការ​សំឡេងភាគច្រើន ៥០+១។ បក្សសាធារណរដ្ឋមានសំឡេងភាគច្រើននៅសភាតំណាង ដូច្នេះ តំណាក់កាលនេះអាចទៅដោយរលូន គ្មានឧបសគ្គ។ តែជំហានបន្ទាប់ គឺអត្ថបទច្បាប់នេះ នឹងត្រូវបញ្ជូនទៅ​កាន់​ព្រឹទ្ធសភា ដើម្បី​បោះឆ្នោតអនុម័ត ដែលគេ​ត្រូវការ​​សំឡេងភាគច្រើនដាច់ខាត ២ភាគ៣ ក្នុងចំណោម​សមាជិកព្រឹទ្ធសភាទាំង​១០០នាក់​។ ព្រឹទ្ធសភាអាមេរិក បច្ចុប្បន្នគឺបក្សប្រជាធិបតេយ្យ​មានសំឡេងភាគច្រើន​។ផ្អែកតាមការវិភាគ របស់​លោក Larry Sabato សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ គឺនីតិវិធី​Impeachment នេះ ​អាចនឹងត្រលប់​មក​បង្ក​ការលំបាក ដល់​គណបក្សសាធារណរដ្ឋខ្លួនឯងទៅវិញទេ ព្រោះថា ក្នុងសំណុំរឿងនេះ គឺវាគ្មានភស្តុតាងដាក់បន្ទុកទាល់តែសោះ។ ក្រុម​លោក​ ចូ បៃដិន អាចនឹងប្រើ​ប្រាស់​រឿងនេះ យកទៅឃោសនាស្តីបន្ទោសទៅលើលោក​ដូណាល់ ត្រាំ ព្រមទាំង​​បក្សពួក ថាមានចេតនាអាក្រក់ ចង់កេងចំណេញនយោបាយ ខណៈការបោះឆ្នោត​កាន់តែខិតជិតមកដល់​។ យ៉ាងណាក៏ដោយ កិត្តិនាមរបស់​លោក​ចូ បៃដិន ដែល​ធ្លាប់តែរឹងមាំ ថាជាមនុស្ស​ទៀងត្រង់ មិនចេះភូតភរនោះ ក៏អាចត្រូវប៉ះពាល់ខ្លះដែរ នៅពេលណានីតិវិធីនេះនឹងដំណើរការទៅ ហើយ​នឹងមាន​ការ​សួរចម្លើយដេញដោល ផ្សាយ​បន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ញឹកញាប់​។ទន្ទឹមគ្នានេះដែរ នៅ​ស្ថាប័ន​នីតិបញ្ញតិ្តអាមេរិក សមាជិកសភា​បក្សសាធារណរដ្ឋ​ និងបក្សប្រជាធិបតេយ្យ នឹងកាន់តែប្រឈមមុខ ឈ្លោះប្រកែកគ្នាខ្លាំងឡើង ដោយសារតែនីតិវិធីនេះ​។ លោកសាស្ត្រាចារ្យ Larry Sabato បាន​លើកឡើងថា ការឈ្លោះប្រកែកគ្នានេះ អាចនឹងធ្វើ​ឲ្យ​សមាជិកសភាទាំង​២បក្ស មិនអាចរកការស្រុះស្រួលគ្នាបាន ទាក់ទិននឹងច្បាប់ថវិកាជាតិ ដែលនឹងត្រូវបោះឆ្នោត​ឲ្យ​បាន​មុន​ថ្ងៃទី​៣០កញ្ញា។ បើច្បាប់ថវិកាជាតិ មិនអាចអនុម័តបានទេនោះ ស្ថាប័នរដ្ឋ​សហព័ន្ធអាចនឹងប្រឈមហានិភ័យគ្មាន​ប្រាក់ចំណាយ៕
9/13/20236 minutes, 54 seconds
Episode Artwork

លោកគីមជុងអ៊ុនធ្វើ​ដំណើរ​ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី​ពូទីនដើម្បីអ្វី?

​ស្រប​តាម​ការ​អញ្ជើញ​របស់​លោកប្រធានាធិបតី​រុស្ស៊ី លោក​គីម ជុងអ៊ុន បាន​ធ្វើ​ដំណើរ​ទៅ​ដល់ទឹក​ដី​រុស្ស៊ី​ហើយ ហើយ​នឹង​មាន​ជំនួប​ជា​មួយ​លោក ​ពូទីន នៅ​ថ្ងៃ​ខាង​មុខ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង​។ ​ទស្សនកិច្ច​ផ្លូវការ​ ដែល​ជា​ដំណើរ​ទៅ​បរទេស​ជា​លើក​ទី​មួយ របស់​លោក​គីម ជុងអ៊ុន គិត​ចាប់​តាំង​ពី​មាន​ផ្ទុះ​វិបត្តិ​សកល​កូវីដ​១៩មក ទំនង​ជា​អាច​នាំ​ដល់​ការ​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​សព្វាវុធ ដើម្បី​ទ្រទ្រង់​ប្រតិបត្តិការយោធា​​រុស្ស៊ី​នៅអ៊ុយក្រែន។ ម៉ូស្គូ​និង​ព្យុងយ៉ាង​ មិន​បង្ហើប​ឱ្យ​ដឹង​អំពី​ខ្លឹម​សារ​នៃ​ទស្សនកិច្ច​នេះ​ទេ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​កូរ៉េខាង​ជើង​បាន​ផ្តល់​តម្រ៉ុយ​ខ្លះ​ៗ។ ដូច​ជីតា​ គីមអ៊ីលស៊ុង​ ​ដែល​ធ្វើ​ដំណើរ​តែតាម​រថភ្លើង ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន បាន​ទៅ​ដល់ក្រុង​មាត់​សមុទ្ទ​ភាគខាងកើត​បំផុត​នៃ​ប្រទេស​រុស្ស៊ី​ តាម​រថភ្លើង​ផ្ទាល់របស់​​ត្រកូល​គីម នៅ​ថ្ងៃអង្គារ​ទី ១២​កញ្ញា​២០២៣​នេះ ។ ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​រុស្ស៊ី បាន​បង្ហោះបង្ហាញទិដ្ឋភាព​ ​ក្បួន​រថភ្លើង​ពណ៌​បៃតង​ចាស់​របស់​លោក​គីមជុងអ៊ុន លូន​សន្សឹមៗ​ចូល​ក្នុង​ស្ថានីយ៍​អយស្ម័យយាន​ អូសទាញ​​ដោយក្បាល​រថភ្លើង​រុស្ស៊ី។ រថភ្លើងពិសេស​​ពាសដែក​ (បាញ់​មិនធ្លុះ) មាន​បំពាក់​ដោយ​អាវុធ​ការពារ​ខ្លួនរបស់​មេដឹកនាំ​កូរ៉េខាង​ជើង​ ធ្ងន់​ខ្លាំង​ អាច​បើក​បរបាន​​ក្នុង​ល្បឿន​ត្រឹម​ប្រមាណ​៦០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ។ ដូច្នេះបើតាម​កាសែត​កូរ៉េខាង​ត្បូង​Chosun  Ilbo​ ពី​ព្យុងយ៉ាង​មក​ដល់​ក្រុង​Vladivostokរបស់​រុស្ស៊ី​ រថភ្លើង​ត្រូវការ​ថេរវេលា​​ ​យ៉ាង​ហោច​២០ម៉ោង​។អ្វី​ជា​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​គីម នៅ​រុស្ស៊ី?ដំណើរទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​នៅបរទេស​ជា​ករណី​កម្រ​បំផុត។ តាំង​ពី​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១១​មក លោក គីមជុងអ៊ុន​ធ្វើ​ដំណើរ​ទៅបរទេស ជា​លើក​ទី​​១០ ​ប៉ុណ្ណោះ។ នេះ​ជា​ទស្សនកិច្ចនៅបរទេស​​លើក​ដំបូង គិត​ចាប់​តាំង​ពី​ផ្ទុះ​វិបត្តិកូវីដ​១៩មក។ ​​បើ​តាម​អ្នក​នាំពាក្យ​ក្រេមឡាំង​ស្រង់​យក​មក​​ផ្សាយ​ដោយទី​​ភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​រុស្ស៊ី Ria Novosti ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវការ​នេះ លោក​គីមជុងអ៊ុន​នឹង​មាន​ជំនួប​ជាមួយ​លោកប្រធានាធិបតី​រុស្ស៊ី​ពូទីន ដើម្បី​ជជែក​ពិភាក្សា​គ្នា​អំពី​ប្រធានបទ​ក្តៅ​គគុក​មួយ​ចំនួន។​ ប៉ុន្តែម៉ូស្គូ​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ឡើយ​​​ថា​តើ​ជំនួបផ្លូវការ ជា​លើក​ទីពីរ ​​រវាង​ប្រមុខ​ដឹកនាំទាំងពីរ​ ប្រព្រឹត្តនៅ​​​​ថ្ងៃណា​ ទីណា កន្លែងណា​ឱ្យ​ប្រាកដទេ។ កាលពី​ឆ្នាំ​២០១៩ លោក​គីមជុងអ៊ុន​និង​លោក​ពូទីន ធ្លាប់ជួប​គ្នា​ជា​​ផ្លូវការ​ម្តង​ នៅ​ក្រុង​ខាង​កើត​បំផុត​នៃ​ប្រទេស​រុស្ស៊ី។ ពេល​នេះ​លោក​ពូទីន ក៏​កំពុង​ស្ថិត​នៅក្នុង​ក្រុង​វ្លាឌីវ៉ូស្តុក ដើម្បី​ចូល​រួម​​ក្នុង​វេទិកា​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ ដែល​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃពុធ​ទី​១៣​កញ្ញា​ស្អែក។ គ្រាន់​តែ​ថា​ជំនួប​គីម-ពូទីន​ ត្រូវ​រៀប​ចំ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ផ្សេង​មួយ​ទៀត។ នេះ​បើតាម​អ្នក​នាំពាក្យវិមាន​ក្រេមឡាំង​Dmitri Peskov​ដដែល ដែល​បញ្ជាក់​ថា​ការ​​ស្ថាបនា​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិត​ខាង​ ពោល​គឺ​​កូរ៉េខាង​ជើងដែល​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​​​ទើបសំខាន់ ឯ​​​ពាក្យ​ព្រមាន​របស់​សហរដ្ឋ​អាមេរិកមិន​សំខាន់​ឡើយ។ សម្រាប់​វ៉ាស៊ីនតោន ​ជំនួបនេះ​ជា​ឱកាស​សម្រាប់​រុស្ស៊ី​ស្វែង​រក​សព្វាវុធពីកូរ៉េខាង​ជើង​ ​ដើម្បី​ទ្រទ្រង់​និង​បន្ត​ប្រតិបត្តិការ​យោធា​នៅអ៊ុយក្រែន។កូរ៉េខាង​ជើង​និង​រុស្ស៊ី​នឹង​ចុះ​កិច្ចព្រមព្រៀង​សព្វាវុធ?ម៉ូស្គូ​និង​ព្យុងយ៉ាង​ បាន​ទម្លាយ​ព័ត៌មាន​ទាក់ទង​នឹង​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​លោក​គីម ជុងអ៊ុន​នៅ​រុស្ស៊ី​យ៉ាង​តិច​តួច​បំផុត​។ ប៉ុន្តែ​​យោល​ទៅ​តាមសមាសភាព​ក្រុមប្រតិភូ​អម​ដំណើរ ដែល​មាន​ជាអាទិ៍​ថ្នាក់ដឹកនាំជាន់ខ្ពស់​យោធា និង​រដ្ឋមន្ត្រី​​ក្រសួងការបរទេស ព្រមទាំង​មេបញ្ជាការ​កងទ័ព​ជើងទឹក និង​មន្ត្រី​ទទួល​បន្ទុក​កម្មវិធី​អវកាស​កូរ៉េខាងជើង​ម្នាក់ ផង គេ​អាចកាត់​យល់​និ​ងសន្និដ្ឋាន​បាន​ថា ជំនួប​រវាងលោក​វ្លាឌីមៀរ ពូទីន​និងលោក​គីម ជុងអ៊ុន ជា​ការ​បង្ខិត​ទំនាក់ទំនង​​ការ​ទូតរវាង​ប្រទេស​ទាំងពីរ​ ជាមួយនឹង​​កម្មវត្ថុ​ឈាន​ទៅ​សម្រេចកិច្ចព្រមព្រៀង​សព្វាវុធ​ ព្រមទាំង​បច្ចេកវិទ្យា​នាវា​សង្គ្រាម និង​អវកាស។​ រូប​ភាពថត​នៅ​ស្ថានីយ៍​រថភ្លើង​​ក្រុង​ព្យុងយ៉ាង​​​​មុន​ពេលចេញ​ដំណើរ​​ កាលពី​រសៀល​ថ្ងៃអាទិត្យ​ ​ឆ្លើយ​តប​ទាំង​ស្រុង​នឹង​ព័ត៌មាន​ផ្តល់​ដោយ​អាមេរិក​កាលពី​សប្តាហ៍​មុន។កូរ៉េខាង​ជើង​និង​រុស្ស៊ី​​ក៏​អាច​នឹង​ព្រមព្រៀង​គ្នា​បង្កើត​ឱ្យ​មាន​យន្តការ​ធ្វើ​សមយុទ្ធ​ជើងទឹក​រួម​គ្នាទៀត។តើ​​កូរ៉េខាងជើង​អាច​ផ្តល់​សព្វាវុធ​អ្វី​ខ្លះ​ដល់​រុស្ស៊ី​?  កាលពីដើម​ខែ​កញ្ញា វ៉ាស៊ីនតោន​បាន​អះអាង​ថា នៅ​ឆ្នាំ​២០២២ ព្យុងយ៉ាងបានផ្តល់​ឱ្យ​រុស្ស៊ី​នូវ​គ្រាប់​​រ៉ុកកែត និងមីស៊ីល​សម្រាប់​ឱ្យ​ក្រុមទាហាន​ស៊ីឈ្នួល​វ៉ាក់ណែរប្រើ។ តែ​សម្រាប់​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ ម៉ូស្គូ​ចាប់​អារម្មណ៍​និង​ចង់​បាន​ជាពិសេស​ពី​កូរ៉េខាង​ជើង​ នូវ​គ្រាប់​កាំភ្លើង​ធំ​ ព្រោះ​ព្យុងយ៉ាងមាន​​ឃ្លាំង​ស្តុក​គ្រាប់​កាំភ្លើង​ធំ​ផលិត​សម័យ​សហភាព​សូវៀត​ច្រើន​ជាង​គេ​បំផុត​ដែល​អាច​មក​បំពេញ​ស្តុក​រុស្ស៊ី​ ឱ្យ​ប្រសើរ​ឡើងវិញ​បាន។ ដោយហេតុ​សង្គ្រាម​នៅអ៊ុយក្រែន​គ្រាប់​ស្តុកក្នុង​ឃ្លាំង​រុស្ស៊ី​បាន​ថយ​ចុះ​ជា​លំដាប់។តើ​កូរ៉េខាង​ជើង​ចង់​បាន​អ្វី​ជា​ថ្នូរ​មក​វិញ?រុស្ស៊ី​​ ដែល​ជា​សម្ព័ន្ធមិត្ត​ជា​ប្រវត្តិសាស្ត្រ និង​ដែល​ធ្លាប់​គាំទ្រ​របប​ព្យុងយ៉ាង​តាំងពីថ្ងៃ​កកើត​​ឡើង​កាលពី​៧៥​ឆ្នាំ ​មាន​គ្រប់​អ្វីៗ​ដែល​កូរ៉េខាង​ជើង​ចង់បាន។ដោយ​រុស្ស៊ី​គឺ​ជា​ប្រទេស​នាំ​ចេញ​អាហារ ជីរ​កសិកម្ម​និង​ថាមពល ជា​ថ្នូរ​នឹង​ការ​ផ្តល់​អាវុធ​និង​គ្រាប់​រំសេវដល់​ម៉ូស្គូ កូរ៉េខាង​ជើង​ចង់​បាន​ត្រលប់​មក​វិញ​នូវ​ជំនួយ​ស្បៀងអាហារ។ កំពុងស្វះ​​ស្វែងរក​​​​បច្ចេកវិទ្យា​សំខាន់ៗ ចំណេះ​ធ្វើ​និងបង្កើន​សមត្ថភាព​ឧស្សាហកម្ម​អាវុធ​កូរ៉េខាង​ជើង​ក៏​ទំនងឱ្យ​រុស្ស៊ី​ផ្ទេរ​បច្ចេកវិទ្យា​ស្ថាបនា​សាងសង់នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​។ ​របាយការណ៍​អង្គការ​សហប្រជាជាតិ​​បាន​គូស​បញ្ជាក់​នៅ​ឆ្នាំ​២០២២ថា​​​អ្នកការទូត​កូរ៉េខាងជើង​នៅ​ម៉ូស្គូ​​មាន​តួនាទី​ស្វែង​រក​បច្ចេកវិទ្យា​មីស៊ីលបាលីស្ទិក​និងស្វែង​រក​​ដែកថែប​បី​តោន​សម្រាប់​យក​មក​សម្រេច​កម្មវិធី​សាងសង់​នាវាមុជទឹក។ លើ​វិស័យ​អវកាស​វិញ ដោយ​ហេតុ​តែ​ការ​សាកល្បង​ពីរលើក​ចុងក្រោយ​ត្រូវ​បរាជ័យ​ ព្យុងយ៉ាង​អាចនឹង​ឆ្លៀត​ឱកាសទស្សនកិច្ច​នេះ សុំ​ជំនួយ​ពី​រុស្ស៊ី​ក្នុង​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​របស់​ខ្លួន​ទៅក្នុង​គន្លង​តារាវិថី។ជា​ចុងក្រោយ​ ​តាម​គន្លង​របស់​ជីតា គីមអ៊ីលស៊ុង ដែល​ចេះ​ប្រើ​ ភាព​ប្រកួត​ប្រជែង​រវាង​ស្តាលីនិងម៉ៅ ​ក្នុង​រុញ​ប្រទេស​ទៅ​មុខ លោក​គីមជុងអ៊ុនក៏​​អាច​ទាញ​ប្រយោជន៍ពី​ជោគជ័យការ​ទូតបង្អួត​ចិន​​បាន​ដែរ ប្រសិន​បើ​រុស្ស៊ី​និង​កូរ៉េខាង​ជើង​អាច​ចុះ​កិច្ចព្រមព្រៀង​សព្វាវុធ​នឹង​គ្នា​មែន​។ តាំងពីសម័យ​​សង្គ្រាម​ត្រជាក់​មក​ កូរ៉េខាង​ជើង​តែង​អនុវត្ត​នយោបាយការទូត​ ម្តង​យោល​ចិនម្តង​​យោល​មកទៅ​ខាង​​សហភាព​សូវៀត។​​កិច្ច​ព្រមព្រៀង​សព្វាវុធរុស្ស៊ី-​កូរ៉េខាង​ជើង អាច​ផ្លាស់ប្តូរ​ស្ថានការណ៍​​សង្គ្រាមនៅអ៊ុយក្រែន?ប្រសិន​បើ​​កិច្ចព្រមព្រៀង​សព្វាវុធ​រុស្ស៊ី​កូរ៉េខាង​ជើង​លេច​ជា​រូបរាងមែន ហើយ​កូរ៉េខាង​ជើង​ចាប់​ដឹក​​អាវុធ​និង​គ្រាប់​ទៅ​ឱ្យ​រុស្ស៊ី​ក៏​ដោយ ក៏រុស្ស៊ី​មិន​អាច​ឡើង​ប្រៀប​ខ្លាំង​លើ​សមរភូមិ​សង្គ្រាម​នៅ​អ៊ុយក្រែន​ឡើយ​ គឺ​បាន​ត្រឹម​ជួយ​បន្តក់​ដង្ហើម​ឱ្យ​រុស្ស៊ី​អាច​បន្ត​ធ្វើ​​សង្គ្រាមបាន​ទៀត។ ហេតុដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក​​បង្អាប់​ថា​រុស្ស៊ី​ធ្លាក់​ខ្លួន​ទៅ​អង្វរ​សុំ​គ្រាប់​ពីកូរ៉េខាង​ជើង។ ឯ​ការ​លក់​អាវុធ​ទៅ​រុស្ស៊ី ក៏​មិន​អាច​លើក​មុខ​មាត់​​កូរ៉េខាង​ជើង​ឱ្យ​ប្រសើរ​ឡើង​ដែរ​។ ព្យុងយ៉ាង​នឹង​ត្រូវ​បង់​ខាត​នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ​ចំពោះ​ទង្វើ​របស់​ខ្លួន​។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​លោក​ចេក ស៊ុយលីវ៉ាន់ ទីប្រឹក្សា​សន្តិសុខ​អាមេរិក។ប៉ុន្តែ​បើ​តាម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​Sejong ប្រសិនបើ​ព្យុងយ៉ាង​បង្កើន​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​ម៉ូស្គូ​មែន​នោះ ​នោះ​សង្គ្រាម​អ៊ុយក្រែន​ នឹង​​ហានិភ័យអូសបន្លាយយូរ​​ ខ្ពស់​ខ្លាំង​ណាស់។ នៅពេល​រុស្ស៊ី​និង​កូរ៉េខាង​ជើង​ចាប់​ផ្តើម​បញ្ជូន​អាវុធ​និង​គ្រាប់​រំសេវ អន្តរជាតិ​មានទំនួល​ខុស​ត្រូវ​កំណត់​ទីតាំង​ដឹកជញ្ជូន​បាន​ព្រោះ​ព្យុងយ៉ាង​អាច​ដឹកគ្រាប់​កាំភ្លើង​ធំ​ទាំង​នោះ​ទៅ​ឱ្យ​រុស្ស៊ី​តាម​រថភ្លើង។ម្យ៉ាង​ទៀត​ជា​រង្វាន់​តប​នឹង​ការ​ផ្តល់​ជំនួយ​អាវុធ​ដល់​រុស្ស៊ី កូរ៉េខាង​ជើង​អាច​នឹង​​អភិវឌ្ឍ​នាវាមុជទឹក​នុយក្លេអ៊ែរ និង​ផ្កាយរណប​ចារកម្ម​បាន​យ៉ាង​លឿន​ស្លេវ ហើយ​អាចយក​ឈ្នះ​លើ​ទណ្ឌកម្ម​អន្តរជាតិ​បាន​ទៀត។​រចនាសម្ព័ន្ធ​សង្គ្រាម​ត្រជាក់ថ្មី​​រវាង​ម្ខាង​ជា​កូរ៉េខាង​ត្បូង-​សហរដ្ឋ​អាមេរិក និង​ជប៉ុន​ទល់​នឹង​ម្ខាង​ទៀត​ជា​កូរ៉េខាង​ជើង ចិន​និង​រុស្ស៊ី នឹង​កាន់​តែ​ត្រូវ​បាន​ពង្រឹង​ឡើង បើ​ទោះ​បី​ជា​​ជំនួប​រវាង​លោក​គីមជុងអ៊ុន​និង​លោក​វ្លាឌីមៀរពូទីន​មាន​លទ្ធផល​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​តាម​ប្រមុខ​សកលវិទ្យាល័យ​សិក្សា​កូរ៉េខាង​ជើង​​នៅក្រុង​សេអ៊ូល៕
9/12/20238 minutes
Episode Artwork

អង់គ្លេស​ចោទ​ចិន​​ថាបាន​ឈ្លបយកការណ៍​ និ​ងប្រើ​ឥទ្ធិពល​​រំខាន​​លទ្ធិប្រជាធិបតេយ្យ​អង់គ្លេស

ជាថ្មីម្តងទៀត ចិនត្រូវគេចោទថា បាន​ប្រើប្រាស់បណ្តាញភ្នាក់ងារខ្លួន ឲ្យ​ឈ្លបយកការណ៍​ប្រមូលព័ត៌មាន នៅតាម​បណ្តាប្រទេសលោកខាងលិច។ កាលពីថ្ងៃសៅរ៍ ទី​៩​កញ្ញា ចុង​សប្តាហ៍​កន្លងទៅ សមត្ថកិច្ចអង់គ្លេស នៅទីក្រុងអេដាំងបួរ បានចាប់ខ្លួន​អ្នកស្រាវជ្រាវ​ម្នាក់ ធ្វើការ​នៅ​សភាអង់គ្លេស ហើយ​ដែល​គេសង្ស័យ​ថា គឺជាចារកិច្ច​ប្រមូលព័ត៌មាន​ឲ្យ​ចិន​។ ប្រើចារកិច្ច​ធ្វើការក្នុងសភាអង់គ្លេស​ផ្អែកតាមការចុះផ្សាយ របស់​បណ្តាញព័ត៌មានអងគ្លេស Sunday Times បុរសដែលត្រូវគេចាប់ខ្លួន គឺជាជនជាតិ​អង់គ្លេស អាយុ​២៨ឆ្នាំ ឈ្មោះ Chris Cash។ ជននេះ​ជាអ្នកស្រាវជ្រាវនៅ​សភាអង់គ្លេស ហើយដែល​មាន​ទំនាក់ទំនង ​ជាមួយ​សមាជិក​សភាអង់គ្លេសជាច្រើននាក់ ក្នុងនោះ មាន​លោក Tom Tugenhat រដ្ឋលេខាធិការ​ទទួក​បន្ទុក​សន្តិសុខ លោកស្រី Alicia Kearns ប្រធានគណកម្មការសភាទទួល​បន្ទុកកិច្ច​ការបរទេស​។ ប្រភពដដែលអះអាងថា ជននេះ ត្រូវបានសមត្ថកិច្ចអង់គ្លេសឃាត់ខ្លួនម្តងហើយ ជាមួយនឹងជនសង្ស័យម្នាក់ទៀត កាលពីខែ​មីនា។ ជនទាំង​២ត្រូវគេដោះលែងមកវិញ ក្នុងអំឡុងពេលរងចាំ​នីតិវិធីតុលាការ ដែលនឹងចាប់ផ្តើម​នៅរវាងខែតុលា ក្នុងសំណុំរឿងចារកិច្ចប៉ះពាល់​កិច្ចការសម្ងាត់ជាតិ​។បន្ទាប់​ពី​មាន​ការចុះផ្សាយ​ស្តីពីការចាប់ខ្លួន​ជនសង្ស័យនេះ នៅក្នុង​ឱកាសជំនួប​កំពូល G20 នៅ​ទីក្រុងញូដេលី កាលពីថ្ងៃអាទិត្យ លោក​ រីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស បានជួប​ជាមួយ​គណប្រតិភូចិន ដឹកនាំ​ដោយ​​លោក​នាយករដ្ឋមន្ត្រី Li Qiang។ លោក​ រីស៊ី ស៊ូណាល់ បានបញ្ជាក់ប្រាប់​អ្នកកាសែតថា ក្នុងពេល​ប្រជុំជាមួយ​ភាគី​ចិន លោក​​បានលើកឡើងអំពីការព្រួយបារម្ភដ៏ធំ​របស់លោក ទាក់ទិននឹង​សកម្មភាពឈ្លបយកការណ៍ ព្រមទាំងការ​ប្រើប្រាស់ឥទ្ធិពល​លូកដៃរបស់ចិន ចូលទៅក្នុងដំណើរការ​នៃស្ថាប័នរដ្ឋ​​ធំៗ របស់អង់គ្លេស​ ជាក់ស្តែង​​នៅសភាអង់គ្លេស​។​ ជាអំពើដែល​លោក​រីស៊ី ស៊ូណាក់ ចាត់ទុកថាធ្ងន់ធ្ងរ និងមិនអាចទទួលយកបានទេ​​។ជាប្រតិកម្មតបវិញចំពោះការចោទនេះ កាលពី​ថ្ងៃអាទិត្យ​ អ្នកនាំពាក្យ​ម្នាក់ នៅ​ស្ថានទូតចិន​ប្រចាំទីក្រុងឡុងដ៍ បានឆ្លើយ​បដិសេធ បែបចំអកថា ការចោទដែលថា​ចិន​ប្រើប្រាស់​បុគ្គលិកធ្វើការនៅសភាអង់គ្លេស ឲ្យ​ឈ្លបយកការណ៍​នោះ​ វាគឺជារឿងប្រឌិតបែបកំប្លែងប៉ុណ្ណោះ។ ដូចគ្នាដែរ នៅព្រឹកថ្ងៃចន្ទទី​១១កញ្ញា ពី​ទីក្រុងប៉េកាំង លោកស្រី ម៉ៅ នីង អ្នកនាំពាក្យ​ក្រសួងការបរទេសចិន​ បាន​ប្រាប់អ្នកកាសែតថា ចិន​សូមច្រានចោទទាំងស្រុងចំពោះការចោទ ដោយ​គ្មាន​មូលដ្ឋាន​​របស់​ភាគីអង់គ្លេស។ លោកស្រីបានបន្តថា សូមឲ្យ​ភាគីអង់គ្លេស ឈប់ធ្វើសកម្មភាពផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត ដើរនិយាយបង្កាច់បង្ខូច ប្រឆាំងនឹងចិនតទៅទៀត។មិនមែនលើកទី​១គួរបញ្ជាក់ថា នេះមិនមែនជាលើកទី​១ទេ ដែល​ចិន​ត្រូវគេសង្ស័យ ឬត្រូវគេចោទ​ ថា​បានឈ្លបយកការណ៍ ប្រមូលព័ត៌មានសំងាត់ ពីតាមបណ្តាប្រទេសមហាអំណាចលោកខាងលិច។ យ៉ាងណាមិញ កាលពីខែកក្កដា គណកម្ម​ការ​សភាជាន់ទាបអង់គ្លេស បាន​អះអាងថា អង់គ្លេសកំពុងតែក្លាយជាផ្ទាំងស៊ីប នៃសកម្មភាពចារកិច្ច​ឈ្លបយកការណ៍​របស់​ចិន​។​ កន្លងមកមានករណីច្រើនរាប់មិនអស់ ដែលចិន​ប្រើ​វិធីសាស្ត្រផ្សេងៗគ្នា ច្រើនប្រភេទ ដើម្បីឈ្លបយក​ការណ៍ នៅតាម​ប្រទេស​ជាច្រើន​ ដែល​អាចជាគូរប្រជែងរបស់ចិន​ មិនថាក្នុងវិស័យភូមិសាស្ត្រនយោបាយ ឬសេដ្ឋកិច្ច​ពាណិជ្ជកម្ម​។កាលពីដើមឆ្នាំ​២០២៣ អាមេរិកបានចោទចិន ​ថាបញ្ជាយាន​បាឡុងហោះលើអាកាស ដើម្បីឈ្លបយកការណ៍ ប្រមូលព័ត៌មាននៅអាមេរិក។ កងទ័ពអាមេរិក បាន​បាញ់​កម្ទេចបាឡុងរបស់ចិននេះទម្លាក់ ហើយ​បាន​បង្កឲ្យ​មាន​វិបត្តិការទូតរវាងប្រទេសទាំង២ ព្រោះចិនអះអាងថា បាឡុងនោះគឺជាប្រតិបត្តិការស្រាវជ្រាវ ផ្នែកឧតុនិយម​ តែប៉ុណ្ណោះ។ជំនាញ​បច្ចេកវិទ្យាខាងលួចប្រមូលទិន្នន័យ​​យោងតាម​អ្នកជំនាញ​ជាច្រើននៅតាមប្រទេសលោកខាងលិច ប៉ុន្មានឆ្នាំចុងក្រោយ​នេះ ចិនបាន​ក្លាយ​ជាប្រទេសមានជំនាញខ្ពស់ណាស់ នៅក្នុងប្រតិបត្តិការវាយ​ប្រហារ​តាមបច្ចេកវិទ្យា​អ៊ីនធឺនិត ដែលគេហៅថា Cyber Attack។ ចោរព័ត៌មានវិទ្យា​ចិន ប្រើវិធីនេះ ដើម្បីបន្លំចូល​ទៅក្នុងប្រព័ន្ធ បូបស្រូបយកទិន្ន័យសំខាន់ៗ ទិន្នន័យសំងាត់ ក្នុងវិស័យ​ពាណិជ្ជកម្ម វិស័យឧស្សាហកម្ម និងស​ន្តិសុខជាតិ​។ជាក់ស្តែង កាលពីឆ្នាំ​២០២១ សហរដ្ឋអាមេរិក ប្រទេសសមាជិកអូតង់ បានចោទ​រដ្ឋាភិបាលចិន ថាអ្នកជាអ្នកនៅពីក្រោយ​ ប្រតិបត្តិការ​វាយ​ប្រហារទ្រង់ទ្រាយធំ មកលើប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រុមហ៊ុន Microsoft។ ក្រុមចោរព័ត៌មាន​វិទ្យាចិន ត្រូវគេចោទផងដែរ ថាជាអ្នកធ្វើសកម្មភាព ចូលលួចប្រមូល​ទិន្នន័យ របស់​ក្រសួងថាមពលអាមេរិក ​ស្ថាប័ន​រដ្ឋអាមេរិក​ផ្សេងទៀត ក្រុម​ហ៊ុន​ទូរគមនាគមន៍​អាមេរិក ព្រមទាំង​​សកលវិទ្យាល័យ​មួយចំនួនផង។ នេះបើផ្អែកតាមការអះអាងរបស់សេតវិមាន និង​បណ្តាញសារព័ត៌មានមួយចំនួន​។មិនត្រឹមប៉ុណ្ណោះទេ កម្មវិធីបច្ចេកវិទ្យារបស់ចិន ដែលគេនិយមប្រើក្នុងទូរស័ព្ទ ក៏អាចជាហានិភ័យ​ផងដែរ។ ជាក់ស្តែង​កម្មវិធី Tiktok ដ៏ល្បីល្បាញ។ អ្នកជំនាញ​ទាំងនៅអឺរ៉ុប និងនៅអាមេរិក បាន​ក្រើនរំលឹក ទាញសញ្ញាអាសន្ន ថា​Tiktok អាចជាឧបករណ៍​ដើម្បីប្រមូលយកទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទ។ ក្រុមហ៊ុន Bytedance ម្ចាស់របស់ Tiktok ត្រូវគេជឿថាគឺជាភ្នាក់ងារ ដែលត្រូវប្រគល់​ទិន្នន័យ​ដែល​ប្រមូល​បាន យក​ទៅ​ឲ្យអាជ្ញាធរចិន​។ ដូចគ្នាដែរ រដ្ឋាភិបាល​អាមេរិក បាន​ចាត់បញ្ចូល​ក្រុមហ៊ុន Huawei ចូលទៅក្នុងបញ្ជីខ្មៅ ដោយចោទថា​ Huawei គឺជាឧបករណ៍​ឈ្លបយកការណ៍​ ស្តាប់រាល់ការទំនាក់ទំនងទាំងអស់នៅអាមេរិក​។ប្រើមនុស្ស​ឲ្យ​ប្រមូល​ព័ត៌មាន​ក្រៅពីប្រើបច្ចេកវិទ្យាទំនើប ចិនអាចប្រើប្រាស់មនុស្សដោយផ្ទាល់ ក្នុងការប្រមូលបញ្ជូនព័ត៌មានទៅឲ្យខ្លួន។ តួយ៉ាងករណី​ វិស្វករជនជាតិ​ចិនម្នាក់ ឈ្មោះ Ji Chaoqun ដែលបាន​ទៅដល់ទឹកដី​អាមេរិក​នៅឆ្នាំ​២០១៣ក្នុងនាមជានិស្សិត  ហើយ​ក្រោយ​មកត្រូវបានសមត្ថកិច្ចអាមេរិក​ វែកមុខរកឃើញថាជននេះ ប្រមូលបញ្ជូនព័ត៌មានក្នុងវិស័យវិទ្យាសាស្ត្រជាន់ខ្ពស់ទៅ​ឲ្យចិន​។ កាលពីខែមករា តុលាការអាមេរិក​បានផ្តន្ទាទោសជននេះ ឲ្យ​ជាប់ពន្ធនាគារ​៨ឆ្នាំ​។ ហើយ​កាលពីឆ្នាំ​២០២០ វិស្វករចិនម្នាក់ទៀត ឈ្មោះ Wei Sun ចូលសញ្ជាតិអាមេរិក ដែលធ្វើការ​ឲ្យ​ក្រុម​ហ៊ុន Reython ផលិតគ្រឿងសព្វាវុធ ត្រូវបាន​តុលាការអាមេរិក​កាត់ទោស បន្ទាប់ពីជននេះ​បានយកម៉ាស៊ីនកុំព្យូរទ័ររបស់ក្រុមហ៊ុនទៅកាន់ប្រទេសចិន ដែល​ក្នុងម៉ាស៊ីននោះ មានផ្ទុកដោយ​ទិន្នន័យ​សម្ងាត់ ស្តីពីប្រព័ន្ធមីស៊ីល​របស់​អាមេរិក​។ចិនក៏អាចទទួលបាន​ព័ត៌មានសម្ងាត់នានា ដោ​យផ្ទាល់ពីមន្ត្រីធំៗ ឬថ្នាក់ដឹកនាំបរទេសដែរ តាមរយៈការប្រើ​មនុស្ស​ឲ្យ​ចូល​ទៅមានទំនាក់ទំនងស្អិតរមួត ជាមួយ​មន្ត្រីទាំងនោះ​។ តួយ៉ាងដូចក្នុងករណី​ នៅអង់គ្លេសដែលចុះផ្សាយ​ដោយ​កាសែត Sunday Times កាលពីថ្ងៃសៅរ៍។ នៅឆ្នាំ​២០២០ គេហទំព័រព័ត៌មានអាមេរិក Axios បានចុះផ្សាយអំពីករណី​នារីជនជាតិចិនម្នាក់ ឈ្មោះ Christine Fang ដែលមានទំនាក់ទំនង​យ៉ាងល្អូកល្អឺនជាមួយ​អ្នកនយោបាយអាមេរិក​ជាច្រើននាក់​។ ស្ត្រីចិនរូបនេះ បានទទួលទំនុកចិត្ត​ពីអ្នកនយោបាយអាមេរិក តាមរយៈការជួយ​រៀបចំប្រតិបត្តិការ ​ស្វែងរកថវិកាមូលនិធិផ្សេងៗ និង​អាចមានករណី​ទំនាក់ទំនងផ្លូវភេទថែមទៀតផង​។នគរបាលសម្ងាត់ក្រៅពីការឈ្លបយកការណ៍ ដោយ​ប្រើភ្នាក់ងារ និង​បច្ចេកវិទ្យា ចិន​ត្រូវបាន​គេ​ចោទផងដែរ ថាបាន​បង្កើត​​អង្គភាពពិសេស ធ្វើការជានគរបាល​សំងាត់ នៅតាមប្រទេសមួយចំនួន។ អង្គការ Safeguard Defender ដែល​មានទីតាំងនៅប្រទេសអេស្ប៉ាញ​ បានអះអាងថា នគរបាលសម្ងាត់ទាំងនេះ គឺចិនធ្វើដោយខុសច្បាប់ ដោយ​មិនជូនដំណឹងទៅប្រទេសម្ចាស់ស្រុក។ ប្រតិបត្តិការ​របស់​នគរបាលសម្ងាត់ចិន គឺតាមឃ្លាំមើលជនជាតិចិន ដែលមានទំនោរនយោបាយ​ប្រឆាំងរិះគន់ខ្លួន និងអាចមានករណីគំរាមសំឡុតថែមទៀត។  កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២២ អាជ្ញាធរហូឡង់ បាន​បញ្ជាឲ្យចិនបិទអង្គភាពនគរបាលសំងាត់ដែលខុសច្បាស់នេះ ចំនួន​២ទីតាំង។ ហើយ​១ខែក្រោយមក អាជ្ញាធរឆេកក៏បានបញ្ជាឲ្យបិទអង្គភាពសម្ងាត់របៀបនេះរបស់ចិន ចំនួន​២ទីតាំងដែរ នៅទីក្រុងប្រាហ្ក៕
9/11/20238 minutes, 10 seconds
Episode Artwork

លោកចូ បៃដិន ទៅវៀតណាម ដើម្បី​ពង្រឹងសហប្រតិបត្តិសេដ្ឋកិច្ច​ និង​ការបរទេស

ចេញពីជំនួបកំពូលG20 នៅញូដេលី លោក​ប្រធានាធិបតី ចូ បៃដិន ​បាន​បន្តដំណើរទៅ​ដល់​ទីក្រុងហាណូយ​ ប្រទេសវៀតណាម នៅរសៀល​​ថ្ងៃអាទិត្យទី​១០កញ្ញា។ ទស្សនកិច្ចទៅវៀតណាម​ ជាអ្វីដែលប្រធានាធិបតី​អាមេរិកគ្រប់រូប តែងតែធ្វើមិនដែល​ខាន បើគិតពីឆ្នាំ​១៩៩៥មក។ វាគឺជា​គោលនយោបាយ​ស្តារទំនាក់ទំនងនឹងគ្នា បន្ទាប់ពីប្រទេសទាំង២បានឆ្លងកាត់​ទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់បំផុតជាមួយគ្នា តាមរយៈ​ “សង្គ្រាម​វៀតណាម”។ លើសពីការរឹតចំណងមិត្តភាព វៀតណាម​ក៏អាចមានអត្ថប្រយោជន៍​ច្រើនដែរ ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ក្នុង​បរិបទបច្ចុប្បន្ន ដែលអាមេរិកនិងចិន​ ប្រជែងគ្នាកាន់តែខ្លាំង។ ផ្សះផ្សាការឈឺចាប់ក្នុងអតីតកាលលោក Jake Sullivan ទីប្រឹក្សាពិសេសរបស់​លោក​ចូ បៃដិន បាន​បញ្ជាក់ឲ្យដឹងថា អស់រយៈពេល​​ជាច្រើនទសវត្សមកហើយ ដែលសហរដ្ឋអាមេរិក និង វៀតណាម ខិតខំធ្វើការ ដើម្បីឈានទៅព្យាបាល​ការឈឺចាប់ក្នុងអតីតកាល​ ដែល​បន្សល់ទុកដោយ​សង្គ្រាមវៀតណាម​។ កេរតំណែលនេះ នឹងមានវត្តមាន​នៅ​ក្នុង​ឱកាស​ទស្សនកិច្ចរបស់​លោកចូ បៃដិន នៅទីក្រុងហាណូយ។ នៅថ្ងៃចន្ទ លោក​ ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ទីបូជនីយកិច្ច ឧទ្ទិសដល់លោក John McCain អតីតទាហានអាមេរិក ដែល​បានប្រឹងប្រែងពេញមួយជីវិតនយោបាយ ក្នុងការ​ផ្សះផ្សា​ការឈឺចាប់ រវាងអាមេរិក និងវៀតណាម។ផ្អែកតាម​ការបញ្ជាក់ពី​សេតវិមាន នៅហាណូយ លោកចូ បៃដិន ត្រូវ​ជួបជាមួយ​លោកអគ្គលេខាធិការបក្សកុម្មុយនីស្ត​វៀតណាម​ ង្វៀន ហ្វូចុង នៅថ្ងៃអាទិត្យ បន្ទាប់​មកនឹងធ្វើ​សន្និសីទកាសែតរួមគ្នា។ កម្មវិធីបន្ទាប់ គឺលោក​ចូ បៃដិន នឹងជួបជាមួយ លោក​ប្រធានាធិបតីវៀតណាម វ៉ូ វ៉ាន់ធឿង និង​ ​លោក​នាយករដ្ឋមន្ត្រីវៀតណាម ផាំ មិញជិញ នៅថ្ងៃចន្ទទី​១១កញ្ញា។លោក Jake Sullivan បាន​បញ្ជាក់បន្ថែមថា ទោះជាយ៉ាងណា លោកចូ បៃដិននឹងមិនភ្លេច និយាយលើកឡើងទេ អំពីបញ្ហាសិទ្ធិមនុស្ស​នៅ​វៀតណាម។ ករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរារាំងសិទ្ធិបញ្ចេញមតិ សិទ្ធិប្រកាន់សាសនា និង​សិទ្ធិជាមូលដ្ឋានឯទៀត របស់ប្រជាជននៅវៀតណាម នឹងត្រូវ​លោកចូ បៃដិន លើកយកទៅនិយាយ ជាមួយថ្នាក់ដឹកនាំវៀតណាម ដើម្បីទាមទារឲ្យ​មានផ្លាស់ប្តូរ។​វៀតណាម ជាកម្លាំង​​សក្តានុពលថ្មី​ ជំនួសឲ្យចិន?នៅក្នុងបរិបទ ដែល​អាមេរិក​ក៏ដូចជាបណ្តាប្រទេសអឺរ៉ុប កំពុងតែរកវិធី​ឈប់ពឹងផ្អែកលើចិនខ្លាំងជ្រុលពេក វៀតណាម​​បានក្លាយ​ជាជម្រើស​គួរជាទីចាប់អារម្មណ៍ ជាមួយ​នឹងកម្លាំងពលកម្មច្រើន ក្មេង​ស្វាហាប់ និង​មានតម្លៃ​ថោក​។ យោងតាម​សេតវិមាន នៅហាណូយ​ លោក​ចូ បៃដិន​ នឹងចុះហត្ថលេខាជាមួយ​ភាគីវៀតណាម លើ “​កិច្ចព្រមព្រៀងសហប្រតិបត្តិការ​យុទ្ធសាស្រ្ត​”។ តាមរយៈកិច្ចព្រ​មព្រៀងនេះ វាគឺជាការខិតចូលកៀកគ្នាយ៉ាងខ្លាំង រវាងវៀតណាម និងសហរដ្ឋអាមេរិក ព្រោះថាគិតមកទល់ពេលនេះ កិច្ចព្រមព្រៀងរបៀបនេះ គឺវៀតណាមបានចុះ តែជាមួយ​ រុស្ស៊ី ឥណ្ឌា ចិន និងកូរ៉េខាងត្បូង​។គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចវៀតណាម​កាន់តែរីកលូតលាស់។ ៨ខែដើមឆ្នាំ​២០២៣ វៀតណាមបានទាក់ទាញវិនិយោគបរទេស ក្នុងទំហំទឹកប្រាក់ប្រមាណ​ ១៨ពាន់លានដុល្លារ ពោលគឺកើនចំនួន​៨% បើប្រៀបធៀបទៅឆ្នាំមុន។ ក្រុមហ៊ុនធំៗជាច្រើន ដូចជា Samsung LG និង Foxconn ដែលជាអ្នកផ្គត់ផ្គង់​គ្រឿងផ្សំឲ្យ​ ក្រុមហ៊ុន Apple ជាដើម​ បាននាំគ្នាទៅតាំងទី​ផលិត​ នៅវៀតណាម​។តែយ៉ាងណា ប្រទេស​ដែលមាន​ប្រជាជន​ប្រមាណ​១០០លាននាក់នេះ មានកម្លាំងពលកម្មដែល​មាន​ជំនាញ​ខ្ពស់ នៅតិចខ្លាំងណាស់ មិនទាន់​គ្រប់គ្រាន់ទេ។ ផ្អែកតាមតួលេខរបស់​ក្រសួងការងារវៀតណាម បច្ចុប្បន្នមាន​តែកម្លាំងពលកម្មចំនួន​១១%ប៉ុណ្ណោះ ដែល​មានជំនាញ​លំដាប់ខ្ពស់។ បន្ថែមពី​នេះ វៀតណាមនៅ​មានបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​បណ្តាញចរន្តអគ្គិសនីមិនគ្រប់គ្រាន់។ នេះបើផ្អែកតាម​របាយការណ៍​ចុងក្រោយ របស់ធនាគារពិភពលោក ចេញផ្សាយ​កាលពីខែសីហា។សម្រាប់អាមេរិក កិច្ចព្រមព្រៀងសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ ដែលខ្លួននឹង​ចុះជាមួយវៀតណាម​ក្នុងពេលនេះ​ នឹងបើក​ផ្លូវ ពង្រឹងកសាងបណ្តាញ​ឧស្សាហកម្មនៅវៀតណាម ដើម្បីឆ្លើយ​តបទៅនឹងតម្រូវការទីផ្សាររបស់អាមេរិក ហើយទន្ទឹមគ្នានេះ អាមេរិក​នឹង​​ដកខ្លួន​ម្តងបន្តិចៗ ឈប់ពឹងផ្អែក​លើកម្លាំងឧស្សាហកម្មរបស់ចិន​។ សម្រាប់វៀតណាមវិញ វាគឺជាឱកាស​ដ៏ធំ ដើម្បីអាចទទួលបាន​ ការបោះទុន​វិនិយោគទ្រង់ទ្រាយធំៗ​ ឈានទៅពង្រឹងវិស័យ​ឧស្សាហកម្ម ឲ្យ​កាន់តែទំនើបឈានមុខ ជាពិសេសក្នុងវិស័យ​បច្ចេកវិទ្យា​។​យក​ ចិន ឬ អាមេរិក?រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម តែងតែមានការប្រុងប្រយ័ត្ន មិនចង់​ឲ្យ​គេសំឡឹងឃើញថាខ្លួន ល្អូកល្អឺនខ្លាំងជាមួយ​អាមេរិក​នោះទេ។ មិនខុសពីប្រទេសផ្សេងទៀត នៅ​ក្នុងតំបន់ វៀតណាម​អះអាងប្រកាន់ជំហរនៅកណ្តាល មិនចង់ជ្រើសរើស​នៅខាងណាមួយទេ រវាង​មហាអំណាចទាំង២ គឺចិន និងអាមេរិក​ ដែលកំពុងតែជល់​ប្រជែងគ្នា​យ៉ាងខ្លាំងដៃ។​តែទន្ទឹមគ្នានេះ វៀតណាមមានការព្រួយបារម្ភកាន់តែខ្លាំង ទាក់ទិនសកម្មភាពវាតទីរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលប៉ះពាល់មកលើដែនអធិបតេយ្យ របស់វៀតណាម។ គឺចំណុចនេះហើយ ដែល​រដ្ឋាភិបាលអាមេរិក តែងតែលើកមកនិយាយ ដើម្បី​ក្រើនរំលឹកឲ្យវៀតណាមដឹងខ្លួន និងប្រុងប្រយ័ត្ន។គួរបញ្ជាក់ដែរថា រវាងវៀតណាមនិងចិន គឺនៅមានវិវាទព្រំដែន​ជាច្រើនចំណុច ដែលនៅមិនទាន់ដោះស្រាយ តាំងតែពីឆ្នាំ​១៩៧៩មក។ យ៉ាងណាមិញ​ ចិន មិនបានព្រងើយទុក​ឲ្យអាមេរិក​មក​អូសទាញវៀតណាមទៅដោយងាយៗនោះឡើយ។ ក្នុងសប្តាហ៍​កន្លងទៅនេះ ប៉េកាំងបានប្រញេបប្រញាប់ បញ្ជូនគណៈប្រតិភូ​​មន្ត្រី​ជាន់ខ្ពស់របស់ខ្លួន ទៅវៀតណាម។ យោងតាមការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ័រ គឺភាគីចិននិងវៀតណាម បានសន្យា​ពង្រឹង​សហប្រតិបត្តិការ​ និង​សាមគ្គីភាពជាមួយគ្នា ឲ្យ​កាន់ល្អប្រសើរឡើង។លោក ង្វៀន កុងកួង អតីតអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅវ៉ាស៊ីនតោន បានលើកឡើងថា ការពិតទៅ អាមេរិក​ដឹងច្បាស់ណាស់ ថាវៀតណាម​គ្មានថ្ងៃសម្រេចចិត្ត​រើសយកខាងណាមួយឡើយ រវាងចិន និងអាមេរិក។ តែយ៉ាងណា លោក ចូ បៃដិន ក៏នៅតែសង្ឃឹមថា វៀតណាមអាចនឹងកាន់តែសប្បាយ​ចិត្តរីករាយ ចង់សហការជាមួយ​អាមេរិក​កាន់តែខ្លាំង​​ នៅក្នុងបរិបទមួយ ដែល​ក្នុងតំបន់​មានភាពតានតឹង ដោយសារតែចិនអាងយ៉ាង។​វៀតណាមទិញអាវុធរុស្ស៊ី?ស្រមោលមួយទៀត ដែលតាមអន្ទោល​លើវៀតណាម គឺវត្តមាន​របស់មហាមិត្ត​រុស្ស៊ី​។ កាលពីថ្ងៃសៅរ៍ ទី៩កញ្ញា មួយថ្ងៃមុនពេល​លោកចូ បៃដិនទៅជាន់ដីវៀតណាម កាសែត The New York Times បានចុះផ្សាយ​ថា វៀតណាម​កំពុងតែចរចាយ៉ាងសំងាត់ជាមួយរុស្ស៊ី ដើម្បីសុំទិញគ្រឿងសព្វាវុធរបស់រុស្ស៊ី។ ជាចេតនាចង់ទិញពីរុស្ស៊ី បើទោះបីជាវៀតណាមដឹងថា ទណ្ឌកម្មអន្តរជាតិបានហាមឃាត់ខ្លួន​ក៏ដោយ​។សារព័ត៌មានអាមេរិក ដែលបានចុះផ្សាយ​រឿងនេះ បានផ្អែក​លើ​ឯកសារមួយ របស់​ក្រសួងហិរញ្ញវត្ថុ​វៀតណាម។ យោងតាមឯកសារនេះ កិច្ចព្រមព្រៀង​ទិញលក់គ្រឿងសព្វាវុធរវាងវៀតណាម និងរុស្ស៊ី គឺនឹងត្រូវធ្វើ​ឡើង ដោយប្រើប្រាស់ថវិកាបោះទុនវិនិយោគ របស់វៀតណាម នៅក្នុង​គម្រោង​អណ្តូងប្រេង​កាតរបស់រុស្ស៊ី នៅតំបន់ស៊ីបេរី។​ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានព្យាយាមទាល់ទងសុំការបំភ្លឺ ពីមន្ត្រីរដ្ឋាភិបាល​វៀតណាម ទាក់ទិននឹងដំណឹងចុះផ្សាយនេះ តែបានត្រឹមតែការបដិសេធមិនឆ្លើយ៕
9/10/20237 minutes, 16 seconds
Episode Artwork

ឥណ្ឌា​រៀប​ចំ​ជំនួប​កំពូល​ហ្សេ២០ ដើម្បី​បង្អួត​​និងបង្ហាញ​​ឥទ្ធិពលខ្លួន​​លើឆាក​អន្តរជាតិ

ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​នៃ​ក្រុមប្រទេសមហាឧស្សាហកម្ម​និង​សេដ្ឋកិច្ច​​​លូតលាស់​ខ្លាំង​ជាង​គេ​២០​ដំបូង​នៅលើ​ពិភពលោក ហៅកាត់​ថា G២០ ត្រូវ​មក​ជួប​ជុំ​គ្នា​នៅថ្ងៃទី​៩​និង​១០​កញ្ញា​នេះ ក្នុង​ក្រុង​ញូវដេលីប្រទេស​ឥណ្ឌា។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ រៀប​ចំ​ជំនួប​កំពូល​ហ្សេ២០ ឥណ្ឌា​បាន​ចាត់​វិធានកា​រសុវត្ថិភាព​យ៉ាង​សម្បើម​ផង វិធានការ​បោស​សម្អាត​រដ្ឋធានី​ដែល​ល្បី​ខាង​ពុល​និង​កខ្វក់​ខ្លាំងផង។ លោក​នាយករដ្ឋមន្ត្រី​ ណារិនដ្រា​ ម៉ូឌី ​ចង់​ឆ្លៀត​​ពេល​ជា​ប្រធាន​ផ្លាស់​វេន​ហ្សេ​២០ ក្នុង​ការ​លើក​តម្កើង​រូបភាព​នយោបាយ​របស់​លោក​លើក​ឆាក​អន្តរជាតិ​ផង និង​បញ្ជាក់​អំពី​តួនាទី​របស់​ប្រទេស​ឥណ្ឌា​នៅលើ​ពិភពលោក​ផង។ ឥណ្ឌាដែល​​ជា​ប្រធាន​ផ្លាស់​វេន​​​ហ្សេ២០ (ក្រុម​ប្រទេសមហាឧស្សាហកម្ម​និង​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ជាង​គេ​២០​ដំបូង​នៅលើ​ពិភពលោក) ត្រូវ​ទទួល​រៀប​ចំ​ជំនួប​កំពូល​ នៅ​ថ្ងៃ​សៅរ៍​និង​អាទិត្យ​ស្អែក​នេះ នៅ​ទីក្រុង​ញូវដេលី។ជំនួប​កំពូល​G២០ ជា​វេលា​ឥណ្ឌា​សម្ញែងឫទ្ធិ ?ដើម្បី​ធានា​សុវត្ថិភាព​ ឥណ្ឌា​បាន​បញ្ចេញ​កង​កម្លាំង​រក្សា​សន្តិសុខ​រាប់​សិបពាន់​នាក់ រាប់​ទាំងខ្មាន់កាំភ្លើង​ដៃ​ឆើត​បង្កប់តាម​​ដំបូល​ផ្ទះ​​ក្នុង​រដ្ឋ​ធានី​ កង​កម្លាំង​ប្រឆាំង​ភេរវកម្ម​ ត្រៀម​ចេញ​ធ្វើ​ប្រតិកម្មរហ័ស ព្រមទាំង​មាន​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ប្រឆាំង​នឹង​ដ្រូន​ទៀត។ ខាង​ប៉ូលិស​វិញ បាន​សន្យា​សម្រួល​ចរាចរណ៍​ឱ្យ​រលូន​ និង​ហាមឃាត់​មិន​ឱ្យ​យាន​យន្ត​ឯកជន​ចូល​កណ្តាល​ក្រុង កៀក​កន្លែង​ប្រជុំ​ទេ។ ហាង​ទំនិញ​ក្នុង​រដ្ឋធានី​បាន​ទទួល​បញ្ជា​ឱ្យ​បិទ​ទ្វារ​ ព្រោះរដ្ឋាភិបាល​បាន​ចេញក្រិត្យ​ចាត់​ទុក​ថ្ងៃបើក​ជំនួប​កំពូល​ ទី ៩​កញ្ញា​ ជា​ថ្ងៃបុណ្យ​ឈប់​សម្រាក​មួយ​ថ្ងៃ​តែម្តង។ជា​ក្រុង​ធំ មហា​ពុល​ ​មាន​ប្រជាជន​រស់​ជាង​៣០លាន​នាក់​ ញូវដេលី​បាន​ប្រែមុខ​មាត់​ថ្មី​​នា​ឱកាស​នេះ។ រដ្ឋធានី​មាន​សភាព​ស្ងប់ស្ងាត់​ល្អ និង​ស្អាត​បាត មាន​ផ្កា​រីក​ស្គុសស្គាយ​ ដើម​ឈើ​ត្រឈឹងត្រឈៃ ដោយ​អាជ្ញាធរ​បាន​បោស​សម្អាត​និង​លុប​បំបាត់​សំណង់​អនាធិបតេយ្យ​ សាងសង់​ដោយ​ខុស​ច្បាប់​។ អ្នក​រស់​ក្រោម​ស្ពាន​ឬ​តាម​ចិញ្ចើម​ថ្នល់​ជាង​៤ពាន់​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ទទួល​ជន​គ្មាន​លំនៅដ្ឋាន។ជំនួ​ប​កំពូល​ហ្សេ​២០​នៅក្រុង​ញូវដេលី​បាន​ប្រព្រឹត្តទៅក្នុង​ឆ្នាំ​ដែល​​ឥណ្ឌា​បាន​ក្លាយ​ជា​ប្រទេស​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​ (ដោយ​វ៉ារ​ឈ្នះ​ចិន​) និងបានដណ្តើម​​ចំណាត់​ថ្នាក់​ពីអង់គ្លេស​ជា​ម្ចាស់​អាណានិគម ក្លាយ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​៥​ពិភពលោក។ នៅឆ្នាំ​នេះ​ដដែល​ លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ ណារិនដ្រា​ ម៉ូឌី បាន​ទទួល​ស្វាគមន៍​ជា​ភ្ញៀវ​កិត្តិយស​បំផុត​នៅ​វ៉ាស៊ីនតោន ប៉ារីស និង​ប្រទេស​ផ្សេងៗ​ទៀត​ជា​ច្រើន។ ហេតុដូច្នេះ​ហើយបាន​ជា​​អ្នក​វិភាគ​នៅ​វិទ្យាស្ថាន​Brookings Institution យល់ថា ជំនួប​កំពូល​នេះ​ត្រូវ​បាន​ឥណ្ឌា​រៀប​ចំ​ឡើង​ក្នុង​ទម្រង់​ជា​ពិធី​បុណ្យ​អបអរ​ការ​លេច​មុខ​លើ​ឆាក​អន្តរជាតិ​របស់​​ឥណ្ឌា​ ក្នុង​នាម​ជា​មហាអំណាចអព្យាក្រិត្យ​ដ៏​ចម្បង។ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ​ជាង​គេ​នៅលើ​ពិភពលោក ឥណ្ឌា​ត្រូវ​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិកដោយ​ស្វ័យប្រវត្តិ​ ដែល​មាន​សមត្ថភាព​និង​តួនាទី​សំខាន់ៗ​ឡើង​ប្រឈម​នឹង​ចិន។ តែ​ទោះ​បាន​ចូល​ឈ្លានពាន​អ៊ុយក្រែន​ក្តី ​ក៏​​ឥណ្ឌា​​បដិសេធ​មិន​ដាក់​រុស្ស៊ី​ឱ្យ​នៅឯកា​ឡើយ។ឥណ្ឌា​ជា​ស្ពាន​តភ្ជាប់​លោក​ខាង​លិច​និ​ងក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍?ប៉ុន្តែ​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ នរណា​ក៏​ដឹង​​ថា​ឥណ្ឌា​​ជាប្រមុខ​ដឹកនាំ​ចលនា​នៃ​ក្រុមប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​តាំងពី​សង្គ្រាម​ត្រជាក់​មក​ នៅ​តែ​មាន​ជំហរ​អព្យាក្រិត្យ​យ៉ាង​មុត​មាំ។ ​ដូច្នេះ​ឥណ្ឌា​អាចមាន​ចំណែក​នៅក្នុង​​គ្រប់ក្រុម ដោយ​គ្មានបញ្ហា​ឡើយ​។ នេះ​បើ​តាម​អ្នក​ជំនាញ​នៅ​សាកលវិទ្យាល័យ​ George Washington ដោយ​បន្ថែម​ថា​ ក្នុង​ពេ​មាន​នាទី​​ជា​ប្រធាន​ផ្លាស់​វេន​ហ្សេ​២០ ឥណ្ឌា​ចង់​តាំង​ខ្លួន​ធ្វើ​ជា​ស្ពាន​ចង​ភ្ជាប់​ក្រុមប្រទេស​មហាឧស្សាហកម្ម​​ពិភពលោក​និង​ក្រុមប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍​។ ប្រធានាធិបតី​អាមេរិក​ លោក ចូបៃ​ ដិន ធ្លាប់​បាន​លើក​សរសើរ​ជា​ច្រើន​ដង​​​ភាព​ជា​ប្រមុខ​ដឹកនាំ​​របស់​លោក​ម៉ូឌី និង​ប្រកាស​ចង់​ធ្វើការ​ជាមួយ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ហ្សេ​២០​នៅ​តែ​មាន​ជា​វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពិភពលោក​ដ៏​ចម្បង​រហូត​ទៅ។ ទីប្រឹក្សា​សន្តិសុខ​របស់​លោ​ក​ប្រធានាធិបតី​អាមេរិក លោក ចេក ស៊ុយលីវ៉ាន់ បាន​ព្រលយ​នៅ​សប្តាហ៍​នេះ​ថា​អាមេរិក​ចង់​លាត​ត្រដាង​ឱ្យ​ឃើញ​ថា​ ទោះ​ប្រេះ​ឆា​គ្នា​ខ្លាំង ក៏ហ្សេ​២០នៅ​តែ​មាន​​ប្រសិទ្ធភាព​ ទន្ទឹម​នឹង​ភាព​ស្ទុះ​ឡើង​​នៃ​សម្ព័ន្ធ​មួយ​ក្រុម​ទៀត​គឺ​Brics។កំពុងខិត​ខំ​សម្រិត​សម្រាំង​​​ខ្លួនឱ្យ​ក្លាយ​ជា​តួអង្គ​សំខាន់​​​ពិភពលោក ឥណ្ឌា​មាន​វប្បធម៌​និង​ទស្សនៈវិស័យ​នាំ​ពិភពលោក​ឱ្យ​មាន​ពហុប៉ូល​ជានិច្ច​។ ហើយ​ការ​ដែល​ មាន​ទំនាក់​ទំនង​យ៉ាង​ស្អិត​ល្មួត​ជាមួយ​ក្រុម​ប្រទេស​ក្រីក្រ​កំពុង​លូត​លាស់​-កំពុង​អភិវឌ្ឍ អតីត​ពិភពមិន​ចូល​បក្ស​សម្ព័ន្ធដូច​យ៉ាង​​ឥណ្ឌា​នេះ ពិត​ជាតំណ​ដ៏​ប្រពៃ​បំផុត​សម្រាប់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត។ ​ឥណ្ឌានេះ​កំពុង​​ប្រឹង​ប្រែង​​បន្ធូរ​បន្ថយ​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​ និង​ស្វែង​រក​ការ​ព្រមព្រៀង​សើរើ​បំណុលរបស់​ក្រុមប្រទេស​កំពុង​អភិវឌ្ឍ​ ព្រមទាំង​​ការប្រែប្រួល​អាកាសធាតុ។​គ្មានគូប្រជែងក្នុង​ជំនួប​​ ជា​ឱកាសឬ​ជា​ការ​ខក​ចិត្ត​​សម្រាប់​​អាមេរិក​ ?ប៉ុន្តែតើ​ឥណ្ឌា​តភ្ជាប់​លោក​ខាង​លិច​និង​ក្រុម​ខាង​ត្បូង​យ៉ាង​ដូចម្តេច​បើ​ ​លោកពូទីន​និង​លោកស៊ីជីនពីង មិន​បង្ហាញវត្តមានផង​នោះ។ លោកប្រធានាធិបតី​ចិន​ ​ស៊ីជីនពីង មិន​អញ្ជើញ​មក​ចូល​រួម​ក្នុង​ជំនួប​កំពូល​ហ្សេ​២០​ឆ្នាំ​នេះ​នៅ​ប្រទេស​ឥណ្ឌា​ទេ។ ដូច្នេះ​គ្មាន​ទេ​ ការ​ជួប​ពិភាក្សា​មួយ​ទល់​នឹង​មួយ​រវាង​លោកបៃដិន​និង​ លោក​ស៊ី​ ​ ដូច​កាលនៅ​ជំនួប​កំពូល​ ​ក្រុង​បាលី កាលពី​ឆ្នាំ​ទៅ​។ នេះ​អាច​ចាត់​ទុក​ជា​កា​រខាត​បង់​ឱកាសមួយ​សម្រាប់​អាមេរិក​និង​ចិន​ក្នុង​ការ​សាកល្បង​​បញ្ចុះ​ភាព​តាន​តឹង​នឹង​គ្នា។ចំណែក​លោក​ពូទីនវិញ អវត្តមាន​ជា​គ្រប់ពីរ​ឆ្នាំ​ជាប់​គ្នាហើយ។ ប៉ុន្តែ​លោក​ចូ​បៃដិន សំឡឹង​ឃើញ​​អវត្តមានរបស់​មេដឹកនាំ​រុស្ស៊ីនិង​ចិន ជា​ប្រយោជន៍​​សម្រាប់​អាមេរិក​ទៅ​វិញ។ បើ​ប្រធានាធិបតី​ចិន​មក​ ឥណ្ឌា​នឹង​ច្បាស់​ជា​មិន​សូវ​រាក់ទាក់​ទទួល​ស្វាគមន៍​ទេ។ ឯ​វត្តមាន​លោក​ពូទីន នឹង​នាំ​ឱ្យមាន​ការ​​បែងចែក​​ចំណាប់​អារម្មណ៍​ទៅ​លើ​ប្រធានាធិបតី​ដែល​ជាប់​ដីកា​អន្តរជាតិ​តាម​ចាប់​ខ្លួន។ដូច្នេះ​បើ​ទោះ​បី​ជំនួប​កំពូល​ហ្សេ​២០​ ក្នុង​ដំណាក់កាលនេះ ទំនង​ជា​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍រួម​​បានមែន​ ក៏​លោក​ប្រធានាធិបតី​អាច​មាន​ឱកាស​បង្អួត​បង្ហាញ​ផែនការ​Bidenomics ផែនការ​សេដ្ឋកិច្ច​អាមេរិកនិង​វិធី​សាស្ត្រ​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ផ្តោត​ជុំ​វិញ​បញ្ហា​អាកាសធាតុ​និង​បច្ចេកវិទ្យា។ ចំណុច​នេះ​ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ការ​គាំទ្រ​ដល់​កំណែទម្រង់អនុគ្រោះ​សេដ្ឋកិច្ច​ក្រុមប្រទេស​កំពុង​លូតលាស់ ​របស់​ធនាគារពិភពលោក​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិសម្រាប់។ ជួយ​មុន​គេ​ គឺប្រទេស​អ្នក​រៀប​ចំ​ជំនួប​កំពូល​ ​ឥណ្ឌា​និង​លោក​ណារិនដ្រា ម៉ូឌី​នេះ​តែ​ម្តង។ ជំនួប​ទ្វេ​ភាគី​រវាង​លោកប្រធានាធិបតី​អាមេរិក​ចូបៃដិន ​និង​លោក​នាយករដ្ឋមន្ត្រី​ប្រព្រឹត្ត​ទៅ​មុន​ការ​បើក​ជំនួប​កំពូល​ហ្សេ២០​ទៅទៀត។ ថ្វីបើ​អាមេរិក​ដឹង​ថា​ផលប្រយោជន៍​ឥណ្ឌា​ពេល​ខ្លះ​ផ្ទុយ​ពីនឹង​ជំហរ​សហរដ្ឋ​អាមេរិក​ក៏ដោយ​ ក៏​វ៉ាស៊ីនតោន​ចាំបាច់​ត្រូវ​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​ឥណ្ឌា ដើម្បី​​ប្រឈម​នឹង​ចិន៕
9/8/20236 minutes, 20 seconds
Episode Artwork

សេដ្ឋកិច្ច​ចិនបន្ត​បន្ថយ​ល្បឿន ​ ​រដ្ឋាភិបាលគ្មាន​ផែនការ​ស្រោចស្រង់​​គ្រប់គ្រាន់?

តួលេខ​ពាណិជ្ជកម្មនៅ​តែ​មិន​​​ព្រម​ប្រសើរ​ឡើង​​សោះ។ ការនាំ​ចេញប្រចាំ​ខែ​សីហា​បាន​បន្ត​ធ្លាក់​ចុះ​ ជា​គម្រប់​បួន​ខែ​ជាប់​គ្នា។ ប៉ុន្តែរដ្ឋាភិបាល​ចិន​នៅ​តែចចេស​​មិន​ព្រម​រៀបចំ​​ផែនការ​ផ្តល់ការ​សន្ទុះទ្រង់ទ្រាយ​ធំ​ ដូច​អនុសាសន៍​របស់​សេដ្ឋវិទូ​ទេ។ ហេតុ​អ្វី? បើ​តាម​របាយការណ៍​ផ្លូវការ​របស់​ភ្នាក់ងារ​ពន្ធគយ​ចិន ចេញ​ផ្សាយ​នៅ​​ថ្ងៃព្រហស្បតិ៍​ទី ៧ កញ្ញា​២០២៣ ការ​លក់​ផលិតផលចិន​​ទៅ​ឱ្យ​បរទេស​ ​បាន​ធ្លាក់​ចុះ​អស់​៨,៨%​។ ជា​ការ​ធ្លាក់​​ចុះ​តិច​ជាង​ការ​ព្យាករទេ ប៉ុន្តែ​នេះ​ជា​សញ្ញា​ថ្មី​មួយ​ទៀតដែល​បញ្ជាក់ឱ្យ​ឃើញ​អំពី​ដំណើរ​​សេដ្ឋកិច្ច​បន្ថយ​ល្បឿន​របស់​​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទីពីរ​ពិភពលោក។តើចិន​មាន​​ស្ថានភាពសេដ្ឋកិច្ច​យ៉ាងណា​?ក្នុង​ពេល​លុប​បំបាត់​វិធានការ​ហ្សេរ៉ូកូវីដ នា​​ខែ​ធ្នូ​២០២២​ ​ចិនរំពឹង​ថា​សេដ្ឋកិច្ចនឹង​​ចាប់​កំរើក​ឡើង​វិញ​ ដោយ​ពលរដ្ឋ​នឹង​​ធ្វើ​ដំណើរ ចាយវាយ​ ចូល​ហាងទិញ​ដូរ​ ឬឡើង​ភោជនីដ្ឋាន​។ ប៉ុន្តែ​សន្ទុះ​សេដ្ឋកិច្ច​មាន​កំរិត​ទាប​ជាង​ក្តី​សង្ឃឹម​ឆ្ងាយ​ណាស់​ ហើយ​ផ្នែក​ខ្លះ​ ជាក់ស្តែង ​វិស័យ​ឧស្សាហកម្ម​នៅ​តែស្ទក់​ជាង​គេ​ខ្លាំង​​ជា​ពិសេស។បូក​ផ្សំ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​មាន​វិបត្តិ​អតិផរណា​ ​សេដ្ឋកិច្ច​ចិន​កាន់​តែ​ត្រដរ​ និង​ធ្លាក់​ក្នុង​វិបត្តិបរិតផរណា​ជា​លើក​ទី​មួយ កាលពី​ខែកក្កដា ព្រោះ​​គ្មានការ​បញ្ជា​ទិញ​សកម្ម។ លើ​ផ្នែក​ទីផ្សារការងារ​វិញ អត្រា​​យុវជនអត់​ការធ្វើ​បាន​ឡើង​ដល់​កំរិត​កំពូល​នៅ​ខែ​មិថុនា ហើយ​តាំងពីពេល​នោះ​មក​អាជ្ញាធរ​ចិន​លែង​ចេញ​ផ្សាយ​តួលេខ​សោះ។ វិស័យ​អចលនទ្រព្យ ដែល​ធ្លាប់ជួយ​អូស​ទាញ​កំណើន​សេដ្ឋកិច្ច​ជាតិ ដោយ​តំណាង​ឱ្យ​មួយភាគបួន​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក (PIB) ក៏​កំពុងមាន​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​មិនធ្លាប់​មាន។ ​ក្រុមហ៊ុន​សំណង់​និងអចលនវត្ថុ​ ដ៏​ចម្បង​របស់​ប្រទេស​ Evergrande និង Country Garden លង់​ក្នុង​បំណុល​ស្ទើរ​ក្ស័យធន។​ធ្លាប់ជា​ក្បាល​ម៉ាស៊ីន​អូសទាញ​កំណើន​សេដ្ឋកិច្ចជាតិ​ ការនាំចេញ អចលនវត្ថុ​និង​ការចាយវាយ​ក្នុង​ស្រុក វិស័យទាំងបីកំពុង​​រួញ​ក្រញាញ់​ទន្ទឹមពេល​គ្នា។ នៅទីបំផុត​ ចិន​មាន​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ទាប​ ជាង៥%​​​​​ ជា​កម្មវត្ថុកំណត់​ដោយ​​រដ្ឋាភិបាល​។​​​​វិធានការ​របស់រដ្ឋាភិបាលមិន​​គ្រប់គ្រាន់ឬ​គ្មាន​ប្រសិទ្ធភាព?នៅចំពោះ​មុខ​ស្ថានភាព​សេដ្ឋកិច្ច​អាប់អួរ​ គ្មាន​សន្ទុះ​ដូច​ការ​ព្យករ ប៉េកាំងមាន​ចំណាត់ការ​យ៉ាង​​ប្រុងប្រយ័ត្ន​និង​ជ្រើសរើសប្រើ​​វិធានការ​​ចោះៗ ជាជាង​រៀប​ផែនការ​ជាទ្រង់ទ្រាយ​ធំ​​និង​ចំណាយ​ច្រើន។ ដើម្បី​​ជំរុញ​ឱ្យ​មាន​ការ​ចាយវាយក្នុង​ស្រុក​​កំរើកឡើង​វិញ ចិន​បាន​ប្រកាស​វិធានការច្រើន ចំទិសដៅ​មួយៗ​ ដូច​ជា​ កាលពី​ខែ​កក្កដា ប៉េកាំង​បាន​ចេញ​វិធានការលើក​ស្ទួយ​​​ការ​ទិញ​ឧបករណ៍​អគ្គិសនី​ប្រើប្រាស់​ក្នុង​ផ្ទះ និង​ឡាន​អាគុយ។ បន្ធូរបន្ថយ​ពន្ធ​ដល់​គ្រួសារ​និង​ក្រុម​ហ៊ុន​ណា​ដែល​បាន​គាំទ្រ​វិស័យ​ចាយវាយ។ធនាគារ​កណ្តាល​ចិន​ក៏​ចូល​រួម​បំប៉ន​សកម្មភាព​សេដ្ឋកិច្ច​ ដោយ​កាត់​បន្ថយ​អត្រាការប្រាក់គោល​ពីរ​ ដើម្បី​រុញ​ច្រាន​​ធនាគារ​ពាណិជ្ជកម្មឱ្យ​​ព្រម​ផ្តល់​កម្ចី​មាន​ការ​ប្រាក់​ទាប​បាន​ច្រើន​ជាង​មុន។ប៉ុន្តែ​គឺ​ទើប​តែ​​សប្តាហ៍​មុនប៉ុណ្ណោះ​ដែល​ រដ្ឋាភិបាល​​បាន​ចេញ​ប្រកាស​ដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​អចលនវត្ថុ។ ក្រុង​ធំៗ​ ដូចជា​ប៉េកាំង សៀងហៃ កង់តុង បាន​បន្ធូរ​លក្ខខណ្ឌ​នៃ​ការ​ដាក់​ផ្ទះ​ប្រចាំ​ដើម្បី​ខ្ចី​លុយ។ អ្នក​ទិញ​ផ្ទះ​ជា​លើក​ទី​មួយ មាន​លទ្ធភាព​ទៅ​ចរចា​ជាមួយ​ធនាគារ​ឡើង​វិញ ដើម្បី​បាន​ទទួល​ការ​បញ្ចុះ​អត្រា​ការប្រាក់​ខ្លះ។ប៉ុន្តែ​​​សេដ្ឋវិទូ​ជា​ច្រើន គ្មាន​ជំនឿ​លើ​ផែនការ​ចោះៗ​របស់​រដ្ឋាភិបាល​នេះ​ទេ។ បើ​តាម​ការិយាល័យ​សេដ្ឋកិច្ច​ Gavekal Dragonomics សេដ្ឋកិច្ច​ចិន​មិនអាច​ងើប​រួច​ឡើយ​បើ​ទីផ្សារ​អចលនទ្រព្យ​មិន​ប្រសើរ​ឡើង​នោះ។ ការ​បន្ថយ​អត្រាការប្រាក់​មិន​អាច​ប្តូរ​ផ្លាស់​បញ្ហា​ដល់​ឬសគល់​ទេ​ ពលរដ្ឋ​ចិន​រង់​ចាំ​ទាល់​តែ​ផ្ទះ​ចុះ​ថ្លៃ​មែនទែន​ទើប​ទៅ​រក​ទិញ។ នេះ​បើ​តាម​អ្នក​វិភាគ​​នៃ​ការិយាល័យ​សេដ្ឋកិច្ច​BCA។សម្រាប់​អ្នក​វិភាគ​នៅ​ធនាគារ​អាមេរិក​ Goldman Sachsវិញ ស្ថានភាពសេដ្ឋកិច្ច​​មិន​ជាក់លាក់​ ជា​ឧបសគ្គ​ដ៏​ចម្បង​រារាំង​មិន​ឱ្យ​មាន​សន្ទុះនៃ​ចាយ​វាយ​ទេ។ ជា​ទូទៅ​ ​ពលរដ្ឋ​ត្រូវការ​​​សន្សំ​ប្រាក់​ជាង​ចាយវាយ ឬ​ធ្វើ​វិនិយោគ​។សេដ្ឋវិទូ​ផ្តល់​អនុសាសន៍​យ៉ាងណា?អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​ផ្តល់​អនុសាសន៍​ស្រប​និង​ដូច​គ្នា​ក្នុង​សំឡេង​តែមួយ ឱ្យ​ចិនរំញោច​សេដ្ឋកិច្ច​ ពោល​គឺ​ត្រូវ​មាន​ផែនការ​ផ្តល់សន្ទុះ​ពិតៗ។ ប៉ុន្តែ​រដ្ឋាភិបាល​ប៉េកាំង​ ហាក់​ចចេស​មិន​ធ្វើ​តាម​ការ​ណែនាំ​នេះ​ទេ​។នៅ​ចុង​តាំងពី​ចុងឆ្នាំ​២០០០ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច​​ ដែ​ល​ចុះ​ខ្សោយ​ដោយ​វិបត្តិហិរញ្ញវត្ថុ​ពិភពលោក ចិន​បានចំណាយ​​ជាង​៥០៦ពាន់​លាន​អឺរ៉ូ​។ ផែនការ​ផ្តល់​សន្ទុះ​ដ៏​មហាសាល បាន​ជំរុញឱ្យ​មាន​ការ​អភិវឌ្ឍយ៉ាង​លឿន​ស្លេវ​​រចនា​សម្ព័ន្ធ​ (ផ្លូវថ្នល់ អាកាសយានដ្ឋាន ខ្សែរថភ្លើងល្បឿនលឿន ...)។ តែ​គម្រោង​នោះ​ហាក់​ដូច​ជា​អត់​ប្រយោជន៍​និងបំប៉ោង​បំណុល​រដ្ឋ​កាន់​តែ​ធំ។ ​​បន្ទាប់​ពី​ឆ្លង​កាត់​វិបត្តិ​កូវីដ​១៩​អស់​បី​ឆ្នាំ​ ដែល​បាន​បឺតស្រូប​ថវិកា​អស់​យ៉ាង​ច្រើន​មហិមារ​ តាម​រយៈ​នយោបាយ​បាយ​កូវីដសូន្យ រដ្ឋាភិបាល​ចិន​មិន​ត្រូវ​ការ​ប្រើ​ក្បួន​ចាស់​ទេ។ តាំងពី​ឡើង​កាន់​អំណាច​មក អាទិភាពចម្បង​របស់​​ប្រធានាធិបតី​ចិន លោក ស៊ីជីនពីង គឺ​ដោះ​បំណុល​ជាតិ។ លោក ស៊ីជីនពីង​ ​ប្រឆាំង​ដាច់​ខាត​នឹង​ចំណាយ​ដែល​គ្មាន​ការ​គ្រប់គ្រង៕
9/7/20235 minutes, 22 seconds
Episode Artwork

ជំនួបកំពូល​អាស៊ាន ក្នុងបរិបទ​វិបត្តិភូមា​ និងការប្រជែងគ្នា​នៃ​មហាអំណាច​ធំៗ

ថ្នាក់ដឹកនាំ​ក្រុមប្រទេសអាស៊ាន បានចាប់​ផ្តើមជួបប្រជុំគ្នា​កាលពីថ្ងៃអង្គារ ទី​៥កញ្ញា នៅទីក្រុងចាកាតា។ សំណុំរឿងជាច្រើន ត្រូវបាន​គេលើក​មកនិយាយគ្នា​​ ដែលក្នុងនោះ គឺមានជាអាទិ៍ បញ្ហា​ជម្លោះដែនទឹក ក្នុងសមុទ្រចិនខាងត្បូង បញ្ហាសេដ្ឋកិច្ច និងជាពិសេស​​សំណុំរឿងភូមា ដែលថ្នាក់ដឹកនាំរបបសិក ​ត្រូវគេហាមឃាត់មិនឲ្យ​មានវត្តមាននៅក្នុងជំនួបកំពូលនេះ​។​ ការប្រជែងគ្នា រវាងចិន និង​អាមេរិក ព្រមទាំងសំណុំរឿងកូរ៉េខាងជើង ដែលគំរាមសន្តិសុខស្ថិរភាពតំបន់​ ក៏មិនទៅណាឆ្ងាយ​ពីតុប្រជុំដែរ។ ​នៅថ្ងៃទី​៦កញ្ញានេះ ថ្នាក់ដឹកនាំប្រទេស​អាស៊ាន ជួបប្រជុំជាមួយថ្នាក់​ដឹកនាំ​ ចិន កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក​។ អាស៊ានប្រកាសអ្វីខ្លះ ស្តីពីបញ្ហាភូមា?នៅក្នុងសេចក្តីប្រកាសរួម ដែល​ទីភ្នាក់ងារព័ត៌មានបារាំង AFP  បានអាន ថ្នាក់​ដឹក​នាំ​ក្រុមប្រទេសអាស៊ាន​ បានហៅ​ឲ្យ​ភាគីភូមាទាំងអស់ ជាពិសេសរបបសិក​ភូមាតែម្តង ត្រូវតែ​បិទបញ្ចប់​ឲ្យ​បាននូវអំពើហិង្សា និងត្រូវតែ​បញ្ឈប់ ការ​វាយប្រហារទាំងអស់ ដែលសំដៅទៅលើ​ប្រជាជនស៊ីវីល ភូមិស្រុកផ្ទះសម្បែង សាលារៀន ផ្សារ មន្ទីរពេទ្យ និង​ទីកន្លែងសាសនា​ជាដើម​។ទាក់ទិននឹងផែនការ​សន្តិភាពទាំង​៥ចំណុច ដែល​អាស៊ានបានចុះហត្ថលេខាជាមួយ​របបសិកភូមា កាលពីឆ្នាំ​២០២១វិញ គឺវា​ជាស្ថិតនៅលើផ្លូវទ័លច្រក។ នេះបើផ្អែកតាម​ការបញ្ជាក់ ពីសំណាក់​លោកស្រី Retno Marsuda រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ដែល​បាន​ប្រាប់អ្នកសារព័ត៌មានក្រោយ​ចេញពី​កិច្ចប្រជុំនៅល្ងាចថ្ងៃអង្គារ​។ លោកស្រី បញ្ជាក់ថា របបសិកភូមា មិន​បានគោរពការសន្យាទាំង​៥ចំណុចនេះទេ តែទោះជាយ៉ាងណា ផែនការនេះនៅតែមាន​សុពលភាពជាធរមានដដែល​។​ដោយឡែក ក្រុម​ប្រទេសអាស៊ាន បានសម្រេច​ថា នៅឆ្នាំ២០២៦ ប្រទេសភូមា នឹង​មិនអាចធ្វើជាប្រធានវិលជុំអាស៊ាន​បានទេ។​ ការងារនេះ នឹងត្រូវប្រគល់ទៅឲ្យ​ប្រទេសហ្វីលីពីន។ យ៉ាងណាមិញ លោក​ប្រធានាធិបតី​ហ្វីលីពីន បាន​អះអាងកាលពីរសៀលថ្ងៃអង្គារ ថាប្រទេសលោកបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាប្រធានវិលជុំអាស៊ាន នៅឆ្នាំ​២០២៦ ជំនួសឲ្យ​ភូមា​។​ បើផ្អែកតាម​មន្ត្រីទូតម្នាក់ ដោយ​សុំមិនបញ្ចេញឈ្មោះ ការសម្រេច​ប្រគល់ការងារជាប្រធានវិលជុំទៅឲ្យ​ហ្វីលីពីន ជំនួសឲ្យ​ភូមានេះ គឺអាស៊ាន​មិនចង់ក្លាយ​ជា​ចំណាប់ខ្មាំងនៃសំណុំ​​រឿងភូមា ហើយធ្វើឲ្យ​ដំណើរការ​​ប្រជុំ​លើសំណុំរឿងផ្សេងទៀត ត្រូវជាប់គាំងទាំងស្រុង។ប្រតិកម្មតបទៅនឹងសេចក្តីប្រកាសរបស់​អាស៊ាន ដែលថ្កោលទោសខ្លួន រឿងវាយប្រហារទៅលើ​ប្រជាជនស៊ីវីល របបសិក​ភូមា​បានថ្លែងនៅព្រឹកថ្ងៃពុធ ទី​៦កញ្ញា ថាសេចក្តីថ្លែងការណ៍​នេះ មានលក្ខណៈ “ឯកតោភាគី” និង “លំអៀង”។ ក្រសួងការបរទេសភូមា​បានចេញលិខិតមួយ ចុះផ្សាយដោយកាសែតរដ្ឋ Global New Light of Myanmar ដោយ​បានអំពាវនាវឲ្យ​អាស៊ាន ត្រូវគោរព​គោលការគ្រិះនៃកតិកាសញ្ញាអាស៊ាន ដែលកំណត់អំពីការ​មិនលូកដៃចូល​ក្នុងកិច្ចការផ្ទៃក្នុងរបស់​ប្រទេសសមាជិក។វិវាទដែនទឹក​ក្នុងសមុទ្រចិនខាងត្បូង នៅតែក្តៅពុះកញ្ជ្រោល​?ក្រៅពីសំណុំរឿងភូមា សំណុំរឿងវិវាទដែនទឹក ក្នុងសមុទ្រចិនខាងត្បូងក៏ជា​បញ្ហាធំផងដែរ ដែលប្រទេសអាស៊ានមួយចំនួនចង់ជជែក។​ ប៉ុន្មានថ្ងៃមុន​ការបើកជំនួបកំពូលនេះ ចិនបានចេញផ្សាយ​នូវផែនទីផ្លូវការថ្មីមួយទៀត ដែល​គូសវាស​លើតំបន់សមុទ្រចិនខាងត្បូង។ យោងតាមផែនទីថ្មីនេះ តំបន់សមុទ្រចិនខាងត្បូងសឹងទាំងស្រុងគឺជាដែនកម្មសិទ្ធិរបស់ចិន ហើយបានធ្វើ​ប្រទេសអាស៊ានខ្លះ ដូចជាវៀតណាម ហ្វីលីពីន ម៉ាឡេស៊ីជាដើម បង្ហាញការខឹងសម្បារ​ភ្លាមដែរ​។នៅថ្ងៃពុធទី​៦កញ្ញា លោកនាយករដ្ឋមន្ត្រីចិន លី ឈាំង បានមានវត្តមាននៅក្នុងជំនួបកំពូល ជាមួយបណ្តាប្រទេសអាស៊ាន។ លោក​បានថ្លែងថា ចិនមានកម្មវត្ថុរួមជាមួយ​បណ្តាប្រទេសអាស៊ាន​ គឺប្រឹងប្រែងការពារសន្តិភាព និង​ស្ថិរភាពតំបន់។ ដោយ​បានថ្លែងសរសើរអំពី​ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មដ៏ស្អិតរមួត រវាងចិននឹងអាស៊ាន លោកនាយករដ្ឋមន្ត្រីចិនបានបន្ថែមថា ចិននឹងខំប្រឹងរក​ចំណុចប្រសព្វស្រុះស្រួលគ្នា ដោយ​ទុកមួយឡែកនូវ​បញ្ហាវិវាទផ្សេងៗ។​ លោក​បន្តថា ដរាបណាយើងស្ថិតនៅលើផ្លូវ​ដែលត្រឹមត្រូវ នោះទោះព្យុះសង្ឃរាណាក៏ដោយ ក៏មិន​អាច​មករំខាន​​​ចំណង​សហប្រតិបត្តិការ រវាងចិននិងអាស៊ានបានដែរ​។​គួរកត់សំគាល់ថា ថ្វីបើ​វិវាទអធិបតេយ្យភាពដែនទឹក ក្នុងសមុទ្រចិនខាងត្បូង នៅតែក្តៅគគុក រវាងចិននឹងប្រទេសអាស៊ានមួយចំនួនមែន តែ​បើកតាមការវិភាគ គឺ​ក្រុមប្រទេសអាស៊ាន ទំនងជាមិនអាចរួមគ្នាប្រកាសថ្កោលទោស ឬបរិហារសកម្មភាពវាតទីរបស់ចិន ដោយ​ចំៗបានទេ។ លោក Aleksius Jamadu អ្នកជំនាញកិច្ចការអន្តរជាតិ នៅ​សកលវិទ្យាល័យPelita Harapan ក្រុង​ចាកាតា បាន​លើកឡើងថា ក្នុងកាលៈទេសៈនេះ ក្រុមប្រទេសអាស៊ានត្រូវគិត​ការពារ​ផលប្រយោជន៍សេដ្ឋកិច្ច​ច្រើនជាង ជាជាងការប្រឈមមុខជាមួយចិន។យ៉ាងណាក៏ដោយ ផ្អែកតាមប្រភពពីមន្ត្រីទូតខ្លះ ក្រុមប្រទេសអាស៊ាន បានសរសេរនៅក្នុងសេចក្តីព្រាង​ នៃ​​សេចក្តីថ្លែងការណ៍រួម ដោយ​លើកឡើងពីការព្រួយបារម្ភ ទាក់ទិននឹងវិវាទដែនទឹក​ ក្នុងតំបន់សមុទ្រចិនខាងត្បូង។ ជាបញ្ហាដែលកើតឡើងដោយ​សកម្មភាពមួយចំនួន​របស់ចិន ដែល​វា​អាច​បង្ក​ឲ្យ​មានភាពតានតឹងកាន់តែខ្លាំងឡើង រំខានដល់​សន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់​។​ ទាក់ទិននឹងបញ្ហានេះដែរ ក្រុមប្រទេសអាស៊ាន បានសន្យាគ្នាថាពីនេះដល់​ឆ្នាំ​២០២៦ នឹងចរចាសម្រេច​ឲ្យ​បាននូវ​ “បទដ្ឋាន​រួម​” ​មួយដែលមានខ្លឹម​សារ​ ឈានទៅកាត់​បន្ថយ​បញ្ហាតានតឹង នៅតំបន់សមុទ្រចិនខាងត្បូង​។អាស៊ាន​គួរប្រកាន់ជំហរបែបណា ចំពោះ​ការប្រជែងគ្នារវាងមហាអំណាចធំៗ?ថ្ងៃពុធទី​៦កញ្ញានេះដែរ ក្រុមប្រទេសអាស៊ាន ត្រូវចាប់ផ្តើម​បើកជំនួបកំពូល អាស៊ាន+៣ ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង។ សំណុំរឿងកូរ៉េខាងជើង ក៏គឺជាចំណុចមួយសំខាន់ផងដែរ ខណៈសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ស្ថិតនៅក្នុងការគំរាមកំហែងជាប្រចាំ ដោយអាវុធនុយ​ក្លេអ៊ែរ របស់​កូរ៉េខាងជើង។ វត្តមាន​របស់​លោក ហ្វូមីអូ គីស្ហីដា នាយករដ្ឋមន្ត្រីជប៉ុន និង​លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយោល ដែលនឹងត្រូវជួបលោក​នាយករដ្ឋមន្ត្រីចិន​នៅក្នុងកិច្ចប្រជុំនេះ ត្រូវគេរងចាំតាមដានជាខ្លាំង ដោយសារតែប្រមាណ​១សប្តាហ៍​កន្លងមកនេះ ជប៉ុនត្រូវបាន​ប្រជាជនចិន និងកូរ៉េខាងត្បូង ចោទប្រកាន់ថ្កោលទោសយ៉ាងខ្លាំង​​ រឿងបង្ហូរទឹកកាកសំណល់នុយក្លេអ៊ែរ ចូលទៅ​ក្នុងសមុទ្រ។​កាលវិភាគបន្ទាប់ទៅទៀត គឺជំនួបកំពូលអាស៊ីខាងកើត ដែល​មានទាំងអស់១៨ប្រទេស ក្នុងនោះគឺមាន ចិន​ កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក​ និ​ងរុស្ស៊ីផងដែរ​។ គួរបញ្ជាក់ថា អាស៊ានស្ថិតនៅ​លើ​ចំណុចកណ្តាល ប្រទាញប្រទង់គ្នា រវាងមហាអំណាចធំៗ គឺមានចិន រុស្ស៊ី និងសហរដ្ឋអាមេរិក​ មិនថាក្នុងសំណុំរឿងសេដ្ឋកិច្ចពាណិជ្ជកម្ម និង​បញ្ហា​ភូមិសាស្ត្រនយោបាយ ដែលពាក់ព័ន្ធសន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល បញ្ហាតៃវ៉ាន់ និង​សំណុំរឿងសង្គ្រាមនៅអ៊ុយក្រែនជាដើម​។ តាមការគ្រោងទុក លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក នឹងជួបគ្នាជាមួយ​លោក​ប្រមុខការទូតរុស្ស៊ី ស៊ែរហ្កី ឡាវរ៉ូវ នៅក្នុងវេទិកាតុមូល​​មួយ។​ទាក់ទិននឹងការប្រជែងគ្នារវាងមហាអំណាចធំៗ​នេះ លោក​ចូកូ វីដូដូ ប្រធានាធិបទីឥណ្ឌូណេស៊ី ដែលជា​ប្រទេសម្ចាស់ផ្ទះ រៀបចំ​កម្មវិធីជំនួបកំពូលនេះ បាន​លើកឡើងកាលពីថ្ងៃអង្គារទី​៥កញ្ញាថា ក្រុមប្រទេសអាស៊ាន ត្រូវតែមានការប្រុងប្រយ័ត្ន មិនត្រូវធ្វើខ្លួនឲ្យ​​ក្លាយជា​អន្តរការី ឬជា​កូនចៅ​​រណបឲ្យ​មហាអំណាចណាមួយទាំងអស់។ លោក​បន្តថា អាស៊ានត្រូវតែ​សហការជាមួយ​ប្រទេសទាំងអស់ ដើម្បីសន្តិភាព និង​ការរីកចម្រើន៕
9/6/20237 minutes, 32 seconds
Episode Artwork

ខ្យល់ពុល គឺជាការគំរាមដ៏គ្រោះថ្នាក់បំផុត​ មកលើអាយុជីវិតមនុស្ស​ទូទាំងពិភពលោក

ខ្យល់ដកដង្ហើមកខ្វក់ ពោរពេញដោយ​ល្អងធូលី សារធាតុពុល​ គឺជាការគំរាមដ៏គ្រោះថ្នាក់បំផុត​ មកលើអាយុជីវិតរបស់​មនុស្ស​ នៅទូទាំងពិភពលោក។ នេះគឺជាការសន្និដ្ឋានជាក់ច្បាស់ នៅក្នុងរបាយការណ៍ថ្មីមួយ ធ្វើឡើងដោយ​អ្នកជំនាញនៃ​ វិទ្យាស្ថានគោលនយោបាយថាមពល នៃសកលវិទ្យាល័យ​ឈីកាហ្គោ ហៅកាត់ថា EPIC ដែលទើបតែចេញផ្សាយ​ នៅថ្ងៃអង្គារ​​ទី​២៩សីហា​។ ជារៀងរាល់ថ្ងៃ មនុស្សម្នាក់ស្រូបខ្យល់ដកដង្ហើមចូលទៅក្នុងខ្លួន ចំនួន​ចន្លោះពី ២ម៉ឺន ទៅ​ ៣ម៉ឺន លីត្រខ្យល់។​ ក្នុងខ្យល់គឺមាន​ ៩០% ជា​អុកស៊ីសែន និងអាហ្សូត។ តែជាមួយគ្នានេះ ក្នុង​ខ្យល់ដកដង្ហើម មានលាយ​ឡំទៅដោយសារធាតុពុល ល្អងធូលីផ្សេងៗ ដែលកើតចេញពីធម្មជាតិផង និង​ចេញពី​សកម្មភាពរបស់មនុស្សផង។ គឺសារធាតុពុល និង​ល្អងធូលីទាំងនោះហើយ ដែលជាប្រភពគ្រោះថ្នាក់ដល់សុខភាព​។ ផ្សែងពុលចេញពីយានជំនិះគ្រប់ប្រភេទ ល្អងធូលី​កើតចេញពី​សំណឹកកកិតនានា ផ្សែងពុលកើតចេញពី​សកម្មភាពរោងចក្រផ្សេងៗ គឺសុទ្ធតែជាផ្សែងពុល​ដែល​កើតចេញពីសកម្មភាពរបស់មនុស្ស ហើយ​ដែលវាមកបង្កហានិភ័យដល់សុខភាពរបស់មនុស្សខ្លួនឯង​។​គ្រោះថ្នាក់អ្វីខ្លះ ដល់សុខភាព?យោងតាមរបាយការណ៍របស់ EPIC ខ្យល់ដកដង្ហើមពុល លាយ​ឡំដោយ​ល្អង​ធូលី វា​បង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរជាង ការជក់បារី ឬការសេពសុរាទៅទៀត។ ល្អងធូលី សារធាតុពុលទាំងនេះ គឺជាមូលហេតុបង្កើនហានិភ័យ ធ្វើឲ្យ​មនុស្ស​មាន​ជំងឺសួត ខូចប្រព័ន្ធដកដង្ហើម មានជំងឺបេះដូង​ ជំងឺស្ទះឬដាច់សរសៃឈាម ព្រមទាំងជំងឺមហារីកថែមទៀត។ ផ្អែកតាមតួលេខរបស់អង្គការសុខភាពពិភពលោក ៣៦%នៃ​ករណីមហារីកសួត គឺមានពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹង​ល្អងធូលី ក្នុងខ្យល់ដកដង្ហើម ចំណែក​ករណី​ដាច់ឬស្ទះសរសៃឈាម មាន​៣៤% ហើយ​​ករណីជំងឺមហារីកវិញ មាន​២៧%។យោងតាងអង្គការសុខភាពពិភពលោកដដែល មនុស្ស​៩នាក់ ក្នុងចំណោម១០នាក់ នៅលើលោកយើងនេះ រស់នៅប្រចាំថ្ងៃប្រឈមនឹង​ខ្យល់ដកដង្ហើម ដែល​មានកម្រិត​សារធាតុពុល និង​ល្អងធូលី លើស​ពីកម្រិតអនុគ្រោះ កំណត់ដោយអង្គការសុខភាពពិភពលោក​​។ ជារៀងរាល់ឆ្នាំ មានមនុស្សស្លាប់​ប្រមាណ​៧លាននាក់ជាមធ្យម ដោយសារតែបញ្ហាខ្យល់ដកដង្ហើម​កខ្វក់នេះ​។ ពោលគឺ ប្រមាណ​១២%នៃ ករណីស្លាប់មុនអាយុ នៅទូទាំងពិភពលោក​។អ្នកជំនាញរបស់ EPIC បាន​លើកឡើងថា ផ្ទុយទៅវិញ បញ្ហាខ្យល់ដកដង្ហើមកខ្វក់ ហាក់មិនត្រូវបានមនុស្សទូទៅ ឬអាជ្ញាធររដ្ឋាភិបាល​ យកចិត្ត​​ទុកដាក់ប៉ុន្មាននោះទេ។ ថ្វីបើមានរបាយការណ៍ស្រាវជ្រាវជាញឹកញាប់ ដែលបញ្ជាក់អំពី​គ្រោះថ្នាក់នៃខ្យល់ពុលក្នុងបរិយាកាស តែ​កញ្ចប់ថវិកាចំណាយ ដែល​រដ្ឋត្រូវប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ មានតិចតួចខ្លាំងណាស់ បើប្រៀបធៀបទៅនឹង​ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗទៀត។ យោងតាមរបាយការណ៍​របស់ EPIC ប្រសិនបើគ្រប់ប្រទេសទាំងអស់ គោរពជាប្រចាំ នូវកម្រិត​អនុគ្រោះអតិបរមា នៃ​ល្អងធូលីក្នុងខ្យល់ដកដង្ហើម ដែល​អង្គការសុខភាពភិភព​លោក​បានកំណត់ស្តង់ដារ​ នោះមនុស្ស​យើង​អាចមានអាយុ រស់បាន​ ២,៣ឆ្នាំជាមធ្យមបន្ថែមទៀត​​ ដោយ​ផ្អែកលើតួលេខប្រមូលបាននៅឆ្នាំ​២០២១។តំបន់ណាប្រឈមខ្លាំងជាងគេ​ ដោយ​បញ្ហាខ្យល់កខ្វក់?ក្នុងចំណោមតំបន់ទាំងអស់នៅជុំវិញផែនដី តំបន់អាស៊ីខាងត្បូង គឺជាតំបន់ ដែលប្រជាជនរស់នៅ​ប្រឈមខ្លាំងបំផុត និង​បញ្ហាខ្យល់កខ្វក់។ ប្រជាជនឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែសជាដើម ស្រូបខ្យល់ដកដង្ហើម ដែល​មិនបរិសុទ្ធជាប្រចាំថ្ងៃ​។ យោងតាមការស្រាវជ្រាវ ផលប៉ះពាល់មកលើសុខភាព​របស់មនុស្ស នៅតំបន់នេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ អំពីកក្តាគ្រោះថ្នាក់ នៃកម្រិតល្អងធូលីដែលក្រាសខ្លាំងក្នុងខ្យល់ ហួសពីកម្រិត​អនុគ្រោះ។នៅបង់ក្លាដែស កម្រិត​ល្អងធូលីពុល​ក្នុងខ្យល់ មានចំនួន​ប្រមាណ ៧៤ μg/m3​ ជាមធ្យម ខណៈដែលកម្រិតអនុគ្រោះអតិបរមា កំណត់ដោយ​អង្គការសុខភាពពិភពលោក គឺមានត្រឹមតែ ៥ μg/m3។ យោងតាមរបាយការណ៍ ប្រសិន​បើអាជ្ញាធរបង់ក្លាដែស អាចចាត់វិធានការ ទាញទម្លាក់កម្រិតល្អងធូលី ឲ្យនៅត្រឹម ៥ μg/m3 នោះប្រជាជនបង់ក្លាដែស អាចមានអាយុរស់បាន​ ៦,៨ឆ្នាំបន្ថែមទៀត ជាមធ្យម។​ទីក្រុងញូដេលី រដ្ឋធានីឥណ្ឌាវិញ តែងតែជាប់ចំណាត់ធ្នាក់សឹងជារៀងរាល់ឆ្នាំ ថាជាទីក្រុងដែលមានកម្រិតខ្យល់ពុល​ខ្លាំងបំផុត។ កម្រិតល្អងធូលីជាមធ្យមប្រចាំឆ្នាំនៅញូដេលី គឺមានរហូតដល់ ១២៦,៥​ μg/m3។ ជាទូទៅ នោតាមទីក្រុងធំៗ ដែលមាន​​ប្រជាជនរស់នៅ ណែនណាន់តាន់តាប់ សកម្មភាពយានជំនិះចរាចរណ៍ និង​សកម្មភាពរោងចក្រនានាជុំវិញទីក្រុង គឺជាកក្តាគួបផ្សំ បូកបន្ថែមជាមួយសីតុណ្ហភាពក្តៅខ្លាំង ដែលធ្វើឲ្យ​គុណភាពខ្យល់ដកដង្ហើមត្រូវធ្លាក់ចុះ។ដោយឡែក នៅប្រទេសចិនវិញ អ្នកជំនាញបានសង្កេតឃើញអំពីការ​ប្រសើរឡើង គួរឲ្យត្រេកអរ ទាក់ទិននឹងគុណភាពខ្យល់ដកដង្ហើម នៅរវាង១០ឆ្នាំចុងក្រោយនេះ​។ លោកស្រី Christa Hasenkopf នាយិកា​ផ្នែក​គុណភាពខ្យល់ នៃវិទ្យាស្ថាន EPIC បាន​លើកឡើងថា កម្រិតខ្យល់ពុល​នៅចិន បានចុះថយប្រមាណ​ ៤២,៣% រវាងពីឆ្នាំ​២០១៣ ដល់២០២១។ តែយ៉ាងណា ក៏វានៅតែ​ខ្ពស់​ជាង៦ដង នៃកម្រិតអនុគ្រោះអតិបរមា កំណត់​ដោយ​អង្គការសុខភាពពិភពលោកដែរ​។ ប្រសិនបើការប្រសើរឡើងនេះ នៅតែ​បន្តទៅមុខ នោះ​ប្រជាជនចិន អាចមានអាយុរស់​បាន ២,២ឆ្នាំបន្ថែមទៀត។គោលនយោបាយ​សុខភាពសាធារណៈលោកស្រី Christa Hasenkopf បាន​បញ្ជាក់ថា ជាទូទៅ គឺគុណភាពខ្យល់ មាន​គម្លាតគ្នាខ្លាំងណាស់ រវាង​តំបន់ឬប្រទេសដែល​មានកម្រិតពុលខ្លាំង និង​ប្រទេសឬតំបន់ដែលអាជ្ញាធរយកចិត្តទុកដាក់ ប្រយុទ្ធប្រឆាំង ចាត់វិធានការជាប្រចាំ។ ពោលគឺ អាជ្ញាធររដ្ឋ ត្រូវតែមានគោលនយោបាយអាទិភាព ចំណាយប្រាក់ ចាត់វិធានការនានា ដើម្បី​ការពារគុណភាពខ្យល់ កាត់បន្ថយ​ការបញ្ចេញផ្សែងពុលនិងល្អងធូលី ទៅក្នុងខ្យល់បរិយាកាស។ វាគឺជាផែនការគោលនយោបាយ​សុខភាពសាធារណៈ មិនខុសពី​ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗនោះទេ។​ តែវា​ជាគោលនយោបាយ​ ដែល​ប្រទេសក្រីក្រនៅអាស៊ី ឬនៅអាហ្វ្រិក មិនអាចមានលទ្ធភាពចំណាយ​នោះឡើយ។នៅសហរដ្ឋអាមេរិក កម្មវិធីនយោបាយរបស់រដ្ឋាភិបាលសហព័ន្ធ កំណត់ដោយ Clean Air Act បានជួយធ្វើឲ្យ​ កម្រិតខ្យល់ពុលដកដង្ហើម បានថយចុះដល់ទៅ ៦៤,៩% គិតចាប់ពីឆ្នាំ​១៩៧០មក។ គោលនយោបាយ​ដ៏ល្អនេះ បានធ្វើ​ឲ្យ​ប្រជាជនអាមេរិក មានអាយុកើនវែង បាន ១,៤ឆ្នាំ ជាមធ្យម។ ដូចគ្នាដែរ នៅតាមបណ្តាប្រទេសអឺរ៉ុប គុណភាពខ្យល់ដកដង្ហើម ត្រូវបានអាជ្ញាធររដ្ឋយកចិត្តទុកដាក់ កាន់តែខ្លាំងឡើង ថ្វីបើ​វានៅតែមានគម្លាតគ្នា រវាងក្រុមប្រទេសអឺរ៉ុបខាងកើត និងអឺរ៉ុបខាងលិច។ភ្លើងឆេះព្រៃប៉ុន្មានឆ្នាំចុងក្រោយនេះ ករណីភ្លើងឆេះព្រៃក្នុងទំហំធំមហាសាល នៅតាមបណ្តាប្រទេសនានា បានរិតតែ​បន្ថែមធ្វើឲ្យ​គុណភាពខ្យល់ដកដង្ហើម កាន់តែធ្លាក់ចុះ​ បើទោះបី​មានការប្រឹងប្រែង​រៀបចំគោលនយោបាយរដ្ឋ ដើម្បី​កាត់បន្ថយ​ខ្យល់ពុល​ក៏ដោយ​។ បម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត គ្មានភ្លៀង ក្តៅហួតហែត បានបង្កឲ្យ​មានករណីភ្លើងឆេះព្រៃកាន់តែញឹកញាប់។ ជាក់ស្តែង នៅសហរដ្ឋអាមេរិក មហា​ភ្លើងឆេះព្រៃនៅ​រដ្ឋកាលីហ្វ័រញ៉ា កាលពីឆ្នាំ​២០២១ បានធ្វើឲ្យ​កម្រិត​ល្អងធូលីក្នុងខ្យល់ បានឡើងលើសកម្រិតអនុគ្រោះអតិបរមា ដល់ទៅ​៥ដង។ឆ្នាំ​២០២៣នេះ ភ្លើងបានលេបត្របាក់ព្រៃឈើ រាប់​សិប​ម៉ឺនហិកតា នៅប្រទេសក្រិក នៅ​អេស្ប៉ាញ និងព័រទុយហ្កាល់។ ហើយ​បច្ចុប្បន្ន កាណាដាកំពុងតែប្រយុទ្ធយ៉ាងលំបាកលំបិន ជាមួយនឹងភ្លើងឆេះព្រៃដែលកាន់តែរីកធំទៅៗ។ ខេត្តកាបិក និងខេត្តអុងតារីយ៉ូ របស់កាណាដា ព្រមទាំងរដ្ឋមួយចំនួន​នៅភាគខាងកើតសហរដ្ឋអាមេរិក កំពុងតែរងឥទ្ធិពលអាក្រក់ដោយ​សារបញ្ហាភ្លើងឆេះព្រៃនេះ ធ្វើ​ឲ្យ​មាន​ផ្សែងពុលល្អងធូលី ក្រាសឃ្មឹកក្នុងខ្យល់បរិយាកាស៕
8/29/20238 minutes, 5 seconds
Episode Artwork

ឥណ្ឌាក្លាយជាប្រទេសដំបូងគេ ដែល​​​​បាន​​ចុះ​ចត​​ដោយ​​ជោគជ័យ​​​នៅ​ខាងត្បូង​​​ព្រះចន្ទ

៣ថ្ងៃបន្ទាប់ពីបរាជ័យរបស់រុស្ស៊ី មិនអាចចុះចតយាន Luna-25 នៅលើព្រះចន្ទ ​យាន​Chandrayaan-3 របស់​ឥណ្ឌា​បានចុះចតដោយជោគជ័យ នៅអឌ្ឍគោលខាងត្បូងនៃព្រះចន្ទ។ វាគឺជាមោទនភាពដ៏ធំ​ក្រៃលែង សម្រាប់ឥណ្ឌា ដើម្បីអាច​​ឈានជើងចូលទៅក្នុងចំណោម​ប្រទេសមួយក្តាប់តូច ដែលអាចមានសមត្ថភាពកំពូល ក្នុងបច្ចេកវិទ្យាស្រាវជ្រាវអវកាស​។ យាន Chandrayaan-3 ត្រូវបានបាញ់ចេញ​ពីមូលដ្ឋាន​អវកាសឥណ្ឌា Sriharikota ក្នុងរដ្ឋ​ឥន្ទ្រាប្រាដេស​ កាលពីថ្ងៃទី​១៤កក្កដា ហើយត្រូវចុះចតនៅលើព្រះចន្ទ នៅថ្ងៃទី​២៣សីហា​។ ចំណាយ​ពេលហោះយូរ ទំរាំទៅដល់ព្រះចន្ទបាញ់ចេញពីផែនដី កាលពីថ្ងៃទី១៤កក្កដា យាន Chandrayaan-3 ត្រូវចុះចតនៅព្រះចន្ទ នៅ​ថ្ងៃទី​២៣សីហា  វេលាម៉ោងប្រមាណជាង៦ល្ងាច ម៉ោងនៅឥណ្ឌា ត្រូវនឹងម៉ោង ១២និង​៣០នាទីថ្ងៃត្រង់ ម៉ោងសកល​។ ពោលគឺការធ្វើដំណើរត្រូវចំណាយ​ពេល​ ចំនួន​៤១ថ្ងៃ។ ជារយៈពេលយូរខ្លាំង បើប្រៀបធៀបទៅនឹងយានរបស់​បេសកកម្ម Apollo របស់សហរដ្ឋអាមេរិក កាលពីជំនាន់ទសវត្សឆ្នាំ ៦០-៧០ ដែលយានគេ បានចំណាយពេលធ្វើដំណើរ ត្រឹមតែប៉ុន្មានថ្ងៃ។វាគឺជាជម្រើសបច្ចេកទេសរបស់ឥណ្ឌា ដែលស្ថាបនាយាន Chandrayaan-3 នេះឡើង ឲ្យមានកម្លាំងល្បឿនខ្សោយ​ល្មម។ យោងតាមអ្នកជំនាញអវកាសឥណ្ឌា បន្ទាប់ពីហោះចេញពីផែនដី Chandrayaan-3 ត្រូវហោះជុំវិញផែនដី ចំនួន​ប្រមាណ​ ៥ទៅ៦ជុំ ជាមុនសិន មុននឹងពេញកម្លាំងល្បឿនដល់ចំណុច ដើម្បីហោះតម្រង់ ឆ្ពោះទៅកាន់​ព្រះចន្ទ ដែលត្រូវចំណាយ​ពេល​ប្រមាណ​១ខែ​ ទំរាំដល់ពេលចុះចត។យាន Chandrayaan-3 ត្រូវបានស្ថាបនាដោយ​ អង្គភាពឥណ្ឌាដើម្បី​ការស្រាវជ្រាវអវកាស ហៅកាត់ថា ISRO។ យាននេះ ត្រូវហោះនាំយក យានចុះចតមួយ ឈ្មោះថា Vikram ជាភាសាសំស្ក្រឹត​ ប្រែមកថាវិក្រម ឬអង់អាចក្លាហាន​ និងកូនយានរ៉ូបូចល័តមួយទៀត ឈ្មោះ Pragyan ប្រែមកថា ប្រាជ្ញា។ កាលពីថ្ងៃទី​១៧​សីហា យាន Chandrayaan-3 បានឆ្លងផុតដំណាក់កាលដ៏សំខាន់ ដោយ​បានហោះចូល​កៀកទៅជុំវិញព្រះចន្ទ ហើយ​បាន​ផ្តាច់យានចុះចត Vikram ព្រមទាំង​បានថតរូប​​ភាព លំហផ្ទៃដីព្រះចន្ទ ដើម្បីពិនិត្យ​មើលអំពីសណ្ឋានដី ស្វែងរកទីតាំងចុះចត ដែល​អំណោយផលបំផុត​។​បេសកកម្ម Chandrayaan-3 របស់ឥណ្ឌា ចំណាយ​ប្រាក់តិចបំផុតផ្អែកតាម ISRO បេសកក​ម្ម​ Chandrayaan-3 របស់ឥណ្ឌា ចំណាយ​ប្រាក់ប្រមាណ ៦១៥០លានរូពី ដែលស្មើត្រឹមតែ ជាង៧៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ បើប្រៀបធៀបទៅ បេសកកម្ម យាន​ Chandrayaan-2 ដែលបានបរាជ័យ លើកនេះឥណ្ឌាចំណាយប្រាក់តិចជាង​សឹងតែ១ទ្វេជា២។ ហើយ​បើប្រៀបធៀបទៅបេសសកម្ម​អវកាសរបស់​ប្រទេសធំៗឯទៀត គឺឥណ្ឌាចំណាយប្រាក់អស់តិចខ្លាំងណាស់ ដែលនេះ វាសបញ្ជាក់ថា វិស័យ​បច្ចេកវិទ្យាអវកាសឥណ្ឌា មាន​លក្ខណៈរិះថាំសន្សំសំចៃ មិនសម្បើមហួសហេតុ។យោងតាមអ្នកជំនាញក្នុងវិស័យអវកាស គឺឥណ្ឌាអាចមានលទ្ធភាព​ ទាញខ្ទង់ចំណាយមិន​ឲ្យ​ឡើងខ្ពស់ ដោយសារតែ​ជំនាញ​បច្ចេកទេស​ កែច្នៃយកមកប្រើប្រាស់ឡើងវិញ នូវសម្ភារៈមួយចំនួន ព្រមទាំងការសម្របសម្រួល យកបច្ចេកវិទ្យា​​អវកាស ដែលមាន​ស្រាប់​ យកមកឆ្នៃប្រឌិតបន្ថែម។ ជាងនេះទៀត ឥណ្ឌាសំបូរអ្នកជំនាញ​បច្ចេកវិទ្យា ដែលមានសមត្ថភាពខ្ពស់ខ្លាំងៗណាស់ ហើយមិនចាំបាច់​ចំណាយ​ប្រាក់ខែខ្ពស់កប់​ពពក ដូចនៅ​ប្រទេសផ្សេងនោះទេ។អ្វីទៅជាកម្មវត្ថុនៃបេសកកម្ម របស់យាន Chandrayaan-3?តាមការគ្រោងទុក យាន​Vikram នឹងត្រូវចុះនៅតំបន់​អឌ្ឍគោលខាងត្បូង នៃព្រះចន្ទ។ ពោលគឺជាលើកទីមួយហើយ ដែល​មាន​បេសកកម្ម​ ចុះចតយាននៅទីនោះ។ ផ្អែកតាម ISRO កម្មវត្ថុធំមួយនៃបេសកកម្មនេះ គឺបច្ចេកទេសចុះចតដោយ​សន្សឹម ថ្នម​បំផុត ព្រោះថាឥណ្ឌាធ្លាប់​បាន​បរាជ័យ​ម្តងហើយ កាលពីឆ្នាំ​២០១៩ ជាមួយនឹងបេសកកម្មយាន Chandrayaan-2។ អ្នកជំនាញ​អវកាសឥណ្ឌាអះអាងថា គេបានទាញបទពិសោធន៍​ច្រើនណាស់ ពីបរាជ័យលើកមុន។ ដោយឡែក យាន Chandrayaan-3 បន្ទាប់ពីផ្តាច់ទម្លាក់យានចុះចត Vikram ហើយ គឺនឹងបន្តដំណើររាប់ខែរាប់ឆ្នាំទៅមុខមុខទៀត នៅក្នុងលំហអវកាស ដើម្បី​ស្រាវជ្រាវ អំពី​ភព​ផ្សេងៗទៀតនៅក្នុងចក្រវាឡ ចេញឆ្ងាយពី​ប្រព័ន្ធព្រះអាទិត្យ។​នៅអឌ្ឍគោលខាងជើងនៃព្រះចន្ទ រ៉ូបូចល័ត Pragyan នឹងធ្វើដំណើរស្រាវជ្រាវពេញមួយថ្ងៃនៃព្រះចន្ទ ដែលស្មើនឹង១៤ថ្ងៃនៃភពផែនដី។​ នៅទីនោះ​ អ្នកវិទ្យាសាស្ត្រឥណ្ឌា មានបំណងស្រាវជ្រាវអំពី សណ្ឋានដី ស្រទាប់និងល្បាយរ៉ែដែលផ្សំនៅក្នុងដី​​ ព្រមទាំង​សកម្មភាព​រំញោជរំជួយក្នុងស្រទាប់ដីនៅតំបន់នោះ។ ហើយអ្វីជាពិសេសនោះ គឺការស្រាវជ្រាវ​រកភស្តុតាង អំពីទឹកកកនៅតំបន់នោះ។ តំបន់អឌ្ឍគោលខាងត្បូងនៃព្រះចន្ទ ជាតំបន់​ដែល​មានការស្រាវជ្រាវតិចបំផុត​។ទីភ្នាក់ងារអវកាស Nasa របស់អាមេរិក និងទីភ្នាក់ងារអវកាសផ្សេងៗទៀត ធ្លាប់​បានអះអាងថា គេបានរកឃើញនូវ​ សំណាកទឹកដែលកករឹង នៅតាម​រណ្តៅខូងមួយចំនួន នៅតំបន់ខាងត្បូងព្រះចន្ទ ដោយសារតំបន់នេះ មិនស្ថិតនៅចំពន្លឺ​ព្រះអាទិត្យ។ ទឹកកកទាំងនោះ អាចជាប្រភព​នៃ​ថាមពល អាចផ្តល់ជា​អុកស៊ីសែន ព្រមទាំងទឹក​បរិភោគ សម្រាប់បេសកកម្ម​បញ្ជូន​មនុស្ស ទៅថ្ងៃអនាគត។ ទីភ្នាក់ងារអវកាសជាច្រើន កំពុងសិក្សា​គម្រោង កសាងមូលដ្ឋាន​អវកាសនៅលើព្រះចន្ទ ដោយ​បញ្ជូន​មនុស្សទៅ​ប្រចាំការនៅទីនោះដោយផ្ទាល់​។មហិច្ឆតាភូមិសាស្ត្រ​នយោបាយ​របស់​លោកម៉ូឌី​ឥណ្ឌាគឺជាប្រទេសអាស៊ីដំបូងគេបង្អស់ ដែលបាន​បាញ់បង្ហោះដោយជោគជ័យ​ នាំយកផ្កាយរណប ទៅកាន់​គន្លងតារាវិថី​នៃភពព្រះអង្គារ កាលពីឆ្នាំ​២០១៤។ ៣ឆ្នាំក្រោយមក ឥណ្ឌា បាន​បង្ហោះ បញ្ជូន​ផ្កាយរណប ចំនួន​ដល់ទៅ​១០៤គ្រឿង​ ក្នុងបេសកកម្មតែមួយ។ ហើយនៅរវាងឆ្នាំ​២០២៤ខាងមុខ ក្រុមអ្នកជំនាញអវកាសឥណ្ឌា គ្រោង​បើក​បេសកកម្ម បាញ់បង្ហោះយាន​នាំមនុស្ស​ទៅជាមួយ ទៅកាន់គន្លងតារាវិថីរបស់ផែនដី រយៈពេល​៣ថ្ងៃ​។​កាលពីឆ្នាំ​២០១៩ លោក​ណារិនដ្រា ម៉ូឌី បានប្រកាសថា ឥណ្ឌាបានក្លាយជាមហាអំណាចអវកាស បន្ទាប់ពីបាន​បាញ់​កម្ទេចផ្កាយរណប​ទាបមួយ ដោយ​ប្រើ​មីស៊ីល​។​ បច្ចុប្បន្ន វិស័យអវកាសឥណ្ឌាមានចំណែកប្រមាណ​២% នៃទីផ្សារ​​​អវកាសពាណិជ្ជកម្មពិភពលោក។ ជាចំណែកដែលឥណ្ឌាកំពុងប្រឹងប្រែងបង្កើន និងទាក់ទាញអតិថិជន តាមរយៈតម្លៃចំណាយ​ថោក ជាង​ប្រទេសផ្សេងៗ។​ តែទន្ទឹមគ្នានេះ ឥណ្ឌាក៏រងការរិះគន់មិនស្ទើដែរ អំពី​កាកសំណល់អវកាស ដែល​កើតចេញពីសកម្មភាព​បាញ់បង្ហោះដ៏ញឹកញាប់របស់ខ្លួន​។គិតមកត្រឹមពេលនេះ គឺមានតែ អាមេរិក រុស្ស៊ី និងចិនប៉ុណ្ណោះ ដែលបានចុះចតបានជោគជ័យនៅលើ​ឋានព្រះចន្ទ ដែលស្ថិតនៅចំងាយ ៣៨៤៥០០គីឡូម៉ែត្រ ពីផែនដី។ ក្រៅតែពីកម្មវត្ថុវិទ្យាសាស្ត្រ បេសកកម្ម​ទៅព្រះចន្ទ គឺជា​និម្មិតរូបធំណាស់ នៃឧត្តមភាពរបស់​ប្រទេសឥណ្ឌា ដែលកំពុងប្រកាសខ្លួនជា​មហាអំណាច​មួយនឹងគេ​។ វាគឺជា​មហិច្ឆតា ដឹកនាំរបស់​លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី។ ឧត្តមភាព​របស់ឥណ្ឌា ក្នុងវិស័យអវកាស ក៏គឺជា​កត្តាប្រមែរប្រមូល ​រួបរួមជាតិ​មួយដ៏សំខាន់ដែរ ក្រោមដំបូលដឹកនាំរបស់លោក ​ណារិនដ្រា ម៉ូឌី ព្រោះថាឥណ្ឌា គឺជាប្រទេស​ដ៏ធំ មាន​រដ្ឋជាច្រើន មានភាពចម្រុះ ទាំងជនជាតិនិងសាសនា។ យាន​ Chandrayaan-3 ឈានទៅដល់ភព​ព្រះចន្ទ គឺប្រជាជាតិឥណ្ឌាមួយទាំងមូល ដែល​ឈានជើងដល់ឋានព្រះចន្ទ​៕
8/23/20237 minutes, 40 seconds
Episode Artwork

កាណាដាជម្លៀស​ពលរដ្ឋមួយ​​​​ក្រុងYellowknife គេច​ពី​គ្រោះ​ភ្លើង​ឆេះព្រៃ

នៅ​ក្រុង​យេឡូណាយ Yellowknife ក្រុង​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​ភាគ​ខាង​ជើង​ដែល​ស្ថិត​នៅចម្ងាយប្រមាណ​តែ​៥០០គីឡូម៉ែត្រ​ពី​តំបន់​ប៉ូល​អាកទិក ពលរដ្ឋ​បាន​ទទួល​បញ្ជា​ឱ្យ​ចាក​ចេញ​ពី​សម្បែង​ ដើម្បី​គេច​ពី​គ្រោះ​ភ្លើង​ឆេះព្រៃ។ អាជ្ញាធរ​បាន​ប្រកាសដាក់​ដែន​ដី​ប៉ែក​ពាយ័ព្យ​(ខាង​ជើង​ឆៀង​ខាង​លិច) ​ក្នុង​ភាព​អាសន្ន​ភ្លើង​ឆេះ​ និង​បាន​ជម្លៀស​ពលរដ្ឋ​ចេញ​តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​។ ជា​សរុប​ មាន​ភ្លើង​ព្រៃ​ជាង​២៣០​កំពុង​បន្ត​ឆេះ​យ៉ាង​សកម្ម​នៅក្នុង​តំបន់​ខាងជើង​កាណាដានេះ។ ហេតុអ្វីការ​ជម្លៀស​ពលរដ្ឋជួបការលំបាកខ្លាំង?"ជា​សំណាង​អាក្រក់​ ស្ថានភាព​ភ្លើងឆេះ​​ព្រៃ​កាន់​តែ​សន្ធោសន្ធៅ និង​កំពុង​កំរិល​យ៉ាង​លឿន​មកគំរាមកំហែង​​ក្រុង Yellowknife ​យ៉ាង​ខ្លាំង" នេះ​បើ​តាម​​សេចក្តីថ្លែងការណ៍របស់​​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដែនដី​ពាយ័ព្យកាណាដា ដោយ​​បញ្ជា​ឱ្យ​​​ប្រជាពលរដ្ឋ​ទាំង​អស់ (ជាង​២ម៉ឺន​នាក់)ចាក​​​ចេញ​ពី​ក្រុង​Yellowknife ឱ្យ​មុន​ថ្ងៃ​សុក្រ​ថ្ងៃ​ត្រង់ និង​មិន​អាច​បង្អង់​រហូត​ដល់​ចុង​សប្តាហ៍​បាន​ទេ។ លោករដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថាក្នុង​ពេល​ភ្លាមៗ​នេះ ​ក្រុង​យេឡូណាយ គ្មាន​គ្រោះថ្នាក់​ផ្ទាល់​ទេ​ ប៉ុន្តែ​បើ​គ្មាន​ភ្លៀង​ធ្លាក់មក​ទេ ភ្លើង​ព្រៃ​នឹង​មក​ដល់​ជាយក្រុង នៅ​ចុង​អាទិត្យ​នេះ​។ បើ​ចាំ​ដល់​ចុង​សប្តាហ៍​ចាប់​រត់ នោះ​គេអាច​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ផ្ទាល់​ផង​ និង​ដល់​អ្នក​ដទៃ​ផង។ ​ភ្លើង​ព្រៃ​បាន​រំកិល​យ៉ាង​លឿន​ និង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​១៧គីឡូម៉ែត្រ​ពីក្រុងប៉ុណ្ណោះ។ អាជ្ញាធរ​​បាន​ប្រកាស​ដាក់​​តំបន់ពាយ័ព្យ​ក្នុង​ភាព​អាសន្ន​ភ្លើង​ឆេះព្រៃ​តាំង​ពី​ថ្ងៃ​អង្គារ​មក។​ដើម្បី​ចេញ​ពី​តំបន់​ភាគ​ខាង​ជើង​រងគ្រោះ ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​​ច្រក​ផ្លូវ​តែមួយ​គត់ ដែលបើក​ឱ្យ​ធ្វើ​ចរាចរណ៍​សម្រាប់​​ចុះ​ទៅ​​ក្រុងតូចធំៗ​ ​ភាគ​ខាង​ត្បូងនៃ​តំបន់។ ប៉ុន្តែដង​ផ្លូវ​នោះ​ក៏​ត្រូវ​គំរាមកំហែង​ដោយ​ភ្លើង​ព្រៃ​ដែរ។ ជាង​នេះទៅទៀត តំបន់​ភាគ​ខាង​ជើង​កាណាដា​ដែល​មាន Yellowknife ជា​ក្រុង​ដ៏​ធំ​ចម្បងគេនេះ​ មាន​​​ផ្ទៃដី​ធំ​ខ្លាំងណាស់-ធំជាង​ប្រទេស​បារាំងពីរ​ដង- ​និង​មានប្រជាពលរដ្ឋ​រស់​នៅ​ដាច់​​ឆ្ងាយៗ​ពីគ្នា។ គម្លាត​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​អាច​មាន​ចម្ងាយ​​ជា​ច្រើន​រយ​គីឡូម៉ែត្រ ជា​ភាព​ស្មុគស្មាញ​​​​បន្ថែម​មួយ​កំរិត​ទៀត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាប្រមុខ​​រដ្ឋាភិបាល​កាណាដា លោក ទ្រូដូ បាន​ប្រកាស​​បញ្ចេញ​កង​កម្លាំង​យោធា​ទៅ​ជួយប្រជាជន​នៅ​តំបន់​រងគ្រោះ និង​ដើម្បី​​សម្រួល​​ប្រតិបត្តិការ​ជម្លៀស​តាម​ផ្លូវ​អាកាស។ភ្លើង​ព្រៃ​កំពុង​គំរាមកំហែង​ទូទាំងប្រទេស?ជា​សរុប​ មាន​ពលរដ្ឋ​ជិត​១៦៨០០០នាក់ហើយ​ដែល​ត្រូវ​ជម្លៀស​ចេញ​ដែនដី​តំបន់ភាគ​ខាង​ជើង​​ គិត​ចាប់​តាំងពីចូល​​រដូវ​ភ្លើង​ឆេះ​ព្រៃ​មក។ កាណាដា​កំពុង​ប្រឈម​នឹង​គ្រោះ​​ភ្លើងឆេះ​​ព្រៃ​ ​យ៉ាង​ច្រើន និង​ធ្ងន់ធ្ងរ​​បំផុត​មិន​ធ្លាប់ប្រទះ​ពី​មុន​មក​​​ទេ។ បើ​តាម​អាជ្ញាធរ​កាណាដា មាន​ភ្លើង​ព្រៃចំនួន​២៣០​កន្លែង​​កំពុង​ឆេះ​យ៉ាង​សកម្ម​នៅ​តំបន់​ភាគ​ខាង​ជើង​។ ចំណែក​ខេត្ត​កូឡុំប៊ីប្រីតានិច​ភាគ​ខាង​លិច​ប្រទេស​ ក៏​កំពុងរង​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ​ ជាមួយ​នឹង​សីតុណ្ហភាព​ឡើង​ដល់ជាង​៤០​អង្សា​ជា​លើក​ទីមួយទៀត នៅ​ថ្ងៃអង្គារ​ម្សិលម្ង៉ៃ។ ជារួម​ កាណាដា​រាប់​ឃើញ​មាន​ភ្លើង​ព្រៃ​ជាង​១ពាន់កន្លែង​​ នៅទូទាំងប្រទេសពី​កើត​ទៅ​លិច។ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ប្រយុទ្ធ​តតាំង​នឹង​ភ្លើង​ព្រៃ​ដែល​បាន​​លេប​ត្របាក់​ព្រៃ​អស់​ជាង​១៣​លាន​ហិចតា​រ​ និង​​បញ្ចេញ​ឧស្ម័ន​កាបូនិក​២៩០មេហ្កាតោន​ហើយ​គិត​ត្រឹម​ចុង​​ខែ​កក្កដា​នេះទល់​នឹង​១៣៨មេហ្កាតោន​កាលពី​ឆ្នាំ​២០១៤​ដែល​ជាប់​បញ្ជី​ជា​ឆ្នាំ​​​កាណាដា​បញ្ចេញ​ផ្សែង​ពុល​ច្រើនបំផុត។ ពោល​គឺ​២០២៣បាន​បំបែក​​ឯតទគ្គកម្ម​ចាស់​ដល់​ពីរ​ដងទាំង​ខាង​បាត់បង់​ព្រៃ​និង​បញ្ចេញ​ផ្សែងពុល ដោយ​ភ្លើង​ឆេះ​ព្រៃ។ហេតុអ្វីកាណាដា​ជួបគ្រោះ​ភ្លើង​ឆេះ​ព្រៃធ្ងន់ធ្ងរខ្លាំង?ភ្លើងឆេះព្រៃ​តែងតែ​កើតមានជាធម្មតា នៅ​កាណាដា​ នៅរដូវក្តៅ ចាប់ពីខែ កក្កដា រហូត​ដល់​ខែតុលា ដោយ​បាតុភូតធម្មជាតិ រន្ទះបាញ់ បូកផ្សំ​នឹង​អាកាសធាតុស្ងួតហួតហែង។ ​​នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ ដែល​កាណាដា​រង​អគ្គិភ័យ​ដ៏​កំណាចៗខ្លាំង​នោះ។ កាលពី​ឆ្នាំ​២០១៦ ភ្លើង​ព្រៃ​Fort Mcmurray នៅ​ក្នុង​ខេត្ត​អាល់ប៊ែរតា​ដដែល​ ឆេះ​រយៈ​ពេល​១៥​ខែ​ទម្រាំ​ពន្លត់​បាន ត្របាក់​យក​ព្រៃអស់​៥៨៩៥​គីឡូម៉ែត្រ​ការ៉េ និង​ជំរុញ​ឱ្យ​មានការ​ជម្លៀស​ប្រជាពលរដ្ឋ​ជិត​១​សែន​នាក់​ដែរ​ ជាមួយ​នឹង​ការ​ខូត​ខាត​អស់​ប្រមាណ​១០ពាន់​លាន​ដុល្លារ។ប៉ុន្តែ អ្វីដែលខុស​ពីប្រក្រតី គឺ​ពេលវេលា ​និងចំនួនភ្លើងឆេះព្រៃ។ ឆ្នាំ​នេះ​កាណាដា រងគ្រោះ​ភ្លើង​ឆេះ​ព្រៃ​ ​ឆាប់ជ្រុល​​ តាំងពី​ពាក់កណ្តាល​ខែឧសភា​ និង​ក្នុង​បរិមាណ​ដ៏ច្រើន​ហើយ​កំណាច​ខ្លាំង​ទៀត។ ហេតុអ្វី?បើ​តាម​អ្នក​ជំនាញ​អាកាសធាតុ ព្រោះ​តែហេតុផល​ច្រើន។ ទីមួយ​គឺ​​ទីតាំងភូមិសាស្ត្រ​របស់​ប្រទេស​កាណាដា​។ កាណាដា​ងាយ​ជួប​អាកាសធាតុ​ក្តៅ​ខ្លាំងជ្រុល​ ដោយ​សារ​ស្ថានភាព​ភូមិសាស្ត្រ​ជា​ដីវាលទំនាបធំ​ដាច់​កន្ទុយភ្នែក​និង​ខ្ពង់រាប​បែរស្រប​ទិស​ជើង​​​ត្បូងដែល​មិន​អាច​ខ្ទប់​ខ្យល់ក្តៅ​បក់​ត្រង់​ឡើង​មក​ពីឈូង​សមុទ្ទ​ម៉ិចស៊ិក​​បាន​ទេ ហើយ​ក៏​មិន​អាច​ទប់​ខ្យល់​ត្រជាក់បក់​ចុះ​​មក​ពី​តំបន់​អាកទិក​បាន​ដែរ។ ខ្យល់​ក្តៅ​និង​ខ្យល់​ត្រជាក់ ជល់​គ្នានិង​​ខុសសីតុណ្ហភាព​​គ្នា​ខ្លាំង​ពេក​ ​​បង្កើត​ឱ្យ​មាន​បាតុភូត​ធម្មជាតិ​ជា​ច្រើន​ដូច​ជា​ព្យុះ​ ភ្លៀង ឬ​រលក​ក្តៅកម្តៅ និង​ភាព​​រាំងស្ងួតខ្លាំង ព្រមទាំង​បាតុភូត​ខ្យល់​កួច​។សីតុណ្ហភាព​​និង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​មួយ​ហេតុ​ចម្ប​ងមួយ​ទៀត។ កាណាដា ជា​តំបន់​ដែលឆាប់ក្តៅខ្លាំងជាងគេ បើប្រៀបធៀប​នឹង​តំបន់ផ្សេងទៀត នៅលើ​ផែនដី។ ជាក់​ស្តែង​រដូវ​ក្តៅ​នេះ តាំងពី​ខែ​ឧសភា​មក ​សីតុណ្ហភាព​នៅ​កាណាដា​បាន​ឡើងក្តៅ​ខ្លាំង​ដល់​ជាង​៣១​អង្សារ​នា​ថ្ងៃ​ទី​៤​ឧសភា​នៅ​តំបន់​ខាង​ជើង​ និង​ជាង​៤០​អង្សា​ជា​លើក​ទីមួយ នៅ​ខេត្ត​កូឡុំប៊ីអង់គ្លេស​របស់​កាណាដា​កាលពី​ថ្ងៃអង្គារ​ម្សិលម្ង៉ៃ​។ ជា​សីតុណ្ហភាព​ខ្ពស់​បំបែកឯតទគ្គកម្ម​ មិន​មែន​មួយ​អង្សាទេ តែឡើង​លើស​ដល់ទៅ៤-៥អង្សាឯណោះ។ បើ​សីតណ្ហភាពឡើង​​ក្តៅខ្លាំង​ ព្រៃ​កាន់​តែ​ងាយ​ឆេះ។ ម្យ៉ាង​វិញ​ទៀត បើ​តាម​អ្នក​វិទ្យាសាស្ត្រ ការ​ប្រែប្រួលអាកាសធាតុ​​ជា​កត្តា​​បន្ថែមនាំ​ឱ្យ​​​បាតុភូតក្តៅនិងភ្លើង​ឆេះ​ព្រៃ​កើតមានកាន់តែ​​ច្រើន កាន់​តែ​យូរ និងកាន់​តែ​​កំណាច​។ ដោយហេតុ​តែ​ការ​ប្រែប្រួល​អាកាសធាតុ រដូវ​ភ្លើង​ឆេះព្រៃ​កាណាដា​នឹង​អូស​បន្លាយ​ពេល​វែង​ ដោយ​រដូវ​ផ្ការីក​ឆាប់​មក​ដល់​ ឯ​រដូវ​ស្លឹកជ្រុះ​ក្រ​ចាប់​ផ្តើម។ ដូច្នេះ​ភ្លើង​ពិត​ជា​មាន​ឱកាស​ឆេះ​បាន​យូរ។ នេះ​បើ​តាម​អ្នក​ជំនាញ​នៅ​វិទ្យាស្ថាន​នយោបាយ​ថាមពល​និង​បរិស្ថាន​នៃសកលវិទ្យាល័យ​Queens កាណាដា៕
8/17/20235 minutes, 40 seconds
Episode Artwork

ចិន​ធ្លាក់​ក្នុង​វិបត្តិ​បរិត្តផរណាជា​លើក​ទីមួយ ចាប់ពី​ឆ្នាំ​២០២១

ក្នុង​ខណៈ​ដែល​ប្រទេស​ជា​ទូទៅ មាន​អាទិ៍​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​​បញ្ហា​អតិផរណា​ (ប្រមាណ​៣ទៅ​៥%​)​​នៅថ្ងៃពុធ​ទី ៩​សីហា​​នេះ​ មហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ទីពីរ​ពិភពលោក​បាន​​ធ្លាក់​ចូល​ក្នុង​វិបត្តិ​បរិត្តផរណា​ជា​ផ្លូវការ។ សន្ទស្សន៍​តម្លៃ​ទំនិញ​នៅ​ចិន​​បាន​ចុះ​ថ្លៃ​០,៣%​ នៅ​ខែ​កក្កដា។ នេះ​ជា​​ដំណឹង​មិន​ល្អទេ​សម្រាប់​ពិភពលោក និង​ដែល​បញ្ជាក់​ថា​​​សេដ្ឋកិច្ច​ចិនកំពុង​​ត្រដ។ ​ហេតុអ្វីបញ្ហា​​បរិត្តផរណាមិនមែនជា​ដំណឹង​ល្អ​?​ដោយហេតុ​តែ​តម្រូវ​ការ​ក្នុង​ស្រុក​​មិន​សកម្ម​ដែល​បង្ក​ឱ្យ​សេដ្ឋកិច្ច​ពិបាក​ស្ទុះ​ឡើង​វិញ ចិន​បាន​ធ្លាក់​ក្នុង​វិបត្តិ​បរិត្តផរណា​ ជា​ផ្លូវការ​នៅថ្ងៃ​ពុធ​នេះ។ ​បរិត្តផរណា ជា​ពាក្យ​ផ្ទុយ​នឹង​អតិផរណា ​​និង​មាន​ន័យ​ថាតម្លៃ​ទំនិញ​និង​សេវា​​ចុះថោក។ បើ​ទំនិញថោក នោះ​វា​នឹង​អាច​ជួយ​ស្តារលទ្ធភាព​ចាយ​វាយប្រជាពលរដ្ឋឱ្យ​បាន​ប្រសើរឡើងហើយ?! បើ​តាម​និយម​ន័យ​វា​ពិត​ជា​បាតុភូត​ដ៏​ល្អ​មែន​ ប៉ុន្តែ​នៅក្នុងស្ថានភាព​ជាក់ស្តែង ​បរិត្តផរណា​ជា​ការ​គំរាមកំហែង​សេដ្ឋកិច្ច​ទៅ​វិញ​ទេ ព្រោះអតិថិជន​ចិន​នឹង​មិនចំណាយលុយ​​ទិញ​អ្វី​ដែល​នឹង​អាច​ចុះ​ថោកជា​លំដាប់​​​ឡើយ។ គេ​ច្បាស់​ជា​សុខចិត្ត​​ចាំ​ក្រែង​បានរបស់​​កាន់​តែ​ថោក។ បើ​គ្មានអ្នក​​ទិញ​​ ក្រុមហ៊ុន​សហគ្រាស​ត្រូវ​បង្ខំចិត្ត​កាត់​បន្ថយ​ផលិតកម្ម​របស់​ខ្លួន និង​ព្រម​បន្ថោក​តម្លៃ​ដើម្បី​បន្ធូរ​ស្តុក​ ហើយ​មិន​ត្រូវ​ការ​ជ្រើសរើស​អ្នក​ធ្វើការ​ថ្មី​ទេគឺ​មាន​តែ​​បណ្តេញ​-បញ្ឈប់​បុគ្គលិក​ពីការងារ​។ សម្រាប់​សេដ្ឋវិទូ​ ​នេះ​ជា​វិបត្តិ​វិល​វល់​គ្មាន​ច្រក​ចេញ​ដ៏​គ្រោះ​ថ្នាក់​ណាស់នៃសេដ្ឋកិច្ច។ ម្យ៉ាង​ទៀត បរិត្តផរណា​នឹង​ធ្វើ​ឱ្យ​ប្រទេសជាប់​​បំណុល​កាន់​តែធ្ងន់។ តាមក្បួន​ ប្រទេស​មាន​អតិផរណា​ (ទំនិញ​ឡើងថ្លៃ) ម្តុំ​២%​តែ​មិន​ជាប់​លាប់ ទើប​ចាត់​ទុក​ល្អ​សម្រាប់​សេដ្ឋកិច្ច។អ្វីខ្លះ​ជា​ឧបសគ្គ​រារាំង​​សេដ្ឋកិច្ច​ចិនឱ្យ​ធ្លាក់​ក្នុង​វិបត្តិបរិត្តផរណា?ចិនធ្លាប់ឆ្លងកាត់​​វិបត្តិ​បរិត្តផរណា​មួយភ្លែត​កាលពី​ចុង​ឆ្នាំ​២០២០និង​ដើម​ឆ្នាំ​២០២១ ដោយកាលណោះ​តម្លៃ​សាច់ជ្រូក​ អាហារ​ដ៏​ពេញនិយម​បំផុត​របស់​ពលរដ្ឋ​ចិន បាន​ក្បាល​ចុះ​យ៉ាង​ខ្លាំង។ វិបត្តិបរិត្តផរណាពិត​លើក​​​ចុងក្រោយ​គេគឺ​នៅ​ឆ្នាំ​២០០៩។ ប៉ុន្តែ​អ្នក​វិភាគ​គិត​ថា​ វិបត្តិបរិត្តផរណា​លើក​នេះ​អាច​ធ្ងន់ធ្ងរ​ខ្លាំង និង​អូស​បន្លាយ​ពេល​យូរ​ខ្លាំង ព្រោះ​ស្ថានភាពសេដ្ឋកិច្ច​មិន​ល្អ​ស្ទើរ​គ្រប់មុខ ​អត្រា​យុវជន​អត់ការងារ​ធ្វើឡើង​ដល់​កំរិត​កំពូល​ ដល់​ជិត​២០%​ឯណោះ។​ពេល​​នេះ ​​មូល​ហេតុ​ចម្បង​ដែល​ជំរុញ​ឱ្យ​មាន​បញ្ហា​បរិត្តផរណា​ គឺទំនង​ជា​​វិបត្តិ​អចលនទ្រព្យ ដែល​ធ្លាប់​តែ​ជា​វិស័យ​អូស​ទាញ​កំណើន​សេដ្ឋកិច្ច​ជាតិ ដោយ​តំណាង​ឱ្យ​មួយភាគបួន​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក (PIB)។ ​ទិញ​ផ្ទះសម្បែង​ជា​ការ​វិនិយោគ​សន្សំប្រាក់​ដ៏​ប្រាកដ​និង​ជា​ទីពេញ​និយម​របស់​ចិន ប៉ុន្តែ​វិបត្តិហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​សំណង់​និងអចលនទ្រព្យ​ បាន​ធ្វើ​ឱ្យ​អតិថិជន​ដ៏​មាន​សក្តានុពល​លែង​ទុកចិត្ត ចង់​ទិញ​ផ្ទះ​។ លែង​មាន​តម្រូវការ​ ​តម្លៃអចលនទ្រព្យ​​អាច​នឹង​បន្ត​ធ្លាក់​ជា​និរន្តន៍។សន្ទស្សន៍​តម្លៃ​ផលិតកម្ម​ដែល​ជា​ការ​កំណត់​​ថ្លៃទំនិញ​ចេញ​ពី​រោងចក្របន្ត​​ធ្លាក់​ចុះ​ជា​ថ្មី​ នៅ​ខែ​កក្កដាអស់​៤,៤% ជា​គម្រប់​១០​ខែ​ជាប់​គ្នា​ និង​-៥,៤%​កាលពី​ខែ​មិថុនា​។ នេះ​បើតាម​ការិយាល័យ​ស្ថិតិជាតិ។ ចំណែក​វិស័យ​ការ​នាំ​ចេញ​វិញ ដែល​មាន​ប្រវត្តិ​ជា​គន្លឹះ​កំណើន​សេដ្ឋកិច្ច​ ក៏​ចុះថយ​ខ្លាំង (១៤,៤%)។ ស្ថានភាព​នេះ ប៉ះពាល់​ដោយ​ផ្ទាល់​​ដល់​​​ក្រុមហ៊ុនសហគ្រាស​ជា​ច្រើនពាន់​។ ការ​វិនិយោគ​បរទេស​នៅក្នុង​ប្រទេស​ចិន​ក៏​មាន​កំរិត​ទាប​បំផុត​ មិន​ធ្លាប់​ប្រទះ​ទេ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨មក។ នេះ​បើ​តាម​ធនាគារ​អាមេរិក​Goldman Sachs។បើ​តាម​តួលេខ​ផ្លូវការ ​កំណើន​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទីមួយ​និង​ទី​ពីរ មាន​កំរិត​ត្រឹម​តែ​០,៨% ទាប​ជាង​កម្មវត្ថុ​៥%​កំណត់​ដោយ​រដ្ឋាភិបាលឆ្ងាយណាស់។​តើ​រដ្ឋាភិបាល​ចិន​នឹង​ចាត់​​វិធានការយ៉ាងណា?ដើម្បី​ផ្តល់​សន្ទុះ​ដល់​​កំណើន​សេដ្ឋកិច្ច​ដែ​ល​ចុះ​ខ្សោយ​ដោយ​វិបត្តិហិរញ្ញវត្ថុ​ពិភពលោក ចិន​បានចំណាយ​ទុន​​វិនិយោគ​ចាប់​តាំងពី​ចុងឆ្នាំ​២០០០មក ប្រមាណ​ជាង​៥០៦ពាន់​លាន​អឺរ៉ូ​ ក្នុង​គម្រោង​អភិវឌ្ឍ​រចនា​សម្ព័ន្ធ​ដ៏​មហាសាល (ផ្លូវថ្នល់ អាកាសយានដ្ឋាន ខ្សែរថភ្លើងល្បឿនលឿន ...)។ តែ​គម្រោង​នោះ​ហាក់​ដូច​ជា​អត់​ប្រយោជន៍​និងបំប៉ោង​បំណុល​រដ្ឋ​កាន់​តែ​ធំ។ លង់នឹង​​បញ្ហា​ហិរញ្ញវត្ថុ​ ចិន​ជ្រើសរើស​ចាត់​វិធានការ​ចោះៗ ជាជាង​ចំណាត់ការ​ធំទ្រង់ទ្រាយ​​និង​ចំណាយ​ច្រើន។ ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មក​នេះ ចិន​បាន​ប្រកាស​វិធានការច្រើន ចំទិសដៅ​មួយៗ​ ​ដោយ​រំពឹង​ថា​នឹង​ជំរុញ​ឱ្យ​មាន​ការ​ចាយវាយ​កំរើកឡើង​វិញ។ ប៉ុន្តែអាជ្ញាធរ​ចិនគ្មាន​គំនិត​រក​វិធី​បង្កើន​ចំណូល​ឱ្យ​គ្រួសារ​ពលរដ្ឋ​ ដែល​ប្រឹង​រឹតត្បិត ក្នុង​បរិបទ​សេដ្ឋកិច្ច​យ៉ាប់យឺន និង​ទីផ្សារការងារតាន​តឹង​ទេ។​បើ​មិន​គាស់​កាយឱ្យ​ដល់​ឫសគល់​នៃ​បញ្ហា​ទេ​ ទស្សនវិស័យ​សេដ្ឋកិច្ច​នៅ​តែ​មិន​ប្រាកដ ហើយ​សកម្មភាព​ចាយវាយ​ក្នុង​ស្រុក​នៅ​តែ​មិន​អាច​ស្ទុះ​ឡើង​វិញ​ឡើយ។ នេះ​បើ​តាម​អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​ចិន​នៅការិយាល័យ​Trivium។ដូច្នេះសួរ​ថា​តើ​តួលេខ​ដ៏អាក្រក់ធ្លាក់​មក​​ជា​បន្ត​បន្ទាប់​គ្នា​ពេល​នេះ គ្រប់គ្រាន់​នឹង​រុញ​ច្រាន​រដ្ឋាភិបាល​ឱ្យ​ចាត់​វិធានការ​ថ្មី​ភ្លាម​ដែរ​ឬអត់? នេះ​ជា​សំណួរ​ដែល​ពុំ​ទាន់​មាន​ចម្លើយ​នៅឡើយ​ទេ ប៉ុន្តែ​ក្នុង​ពេល​រង់ចាំ​ ចិន​ទំនង​ជា​បាន​បញ្ជា​ឱ្យ​សេដ្ឋវិទូ​ចិន​កុំ​ពាំនាំ​ដំណឹង​អវិជ្ជមាន​ អាក្រក់ៗ​ខ្លាំង ទាក់ទង​នឹង​សេដ្ឋកិច្ច​ ​​ពិសេស​ដំណឹង​ស្តីអំពី​បញ្ហា​បរិត្តផរណា​នេះ មក​ផ្សព្វផ្សាយ។ នេះ​បើ​តាម​សារព័ត៌មាន​អង់គ្លេសFinancial Times និង​ភ្នាក់ងារ​Bloomberg៕
8/9/20235 minutes, 15 seconds
Episode Artwork

សង្គ្រាម​អ៊ុយក្រែន៖ ហេតុ​អ្វី​អារ៉ាប៊ីសាអូឌីតប្រឹង​​ដើរតួជា​​អន្តរការី​​?

ទោះបី​ជា​ដឹង​ថា​លទ្ធផល​នឹង​ស្តួច​ស្តើង​ខ្លាំង​យ៉ាងណាក៏​ដោយ​ ក៏​អារ៉ាប៊ីសាអូឌីតកំពុ​ង​សាកល្បង​តាំង​ខ្លួន​ជា​ថ្មី​ជា​អន្តរការី​ដ៏​មាន​អំណាច​នៅ​លើ​ឆាក​អន្តរជាតិក្នុង​​វិបត្តិ​អ៊ុយក្រែន។ រីយ៉ាដ​បាន​អញ្ជើញក្រុមប្រទេស​ជាបងប្អូន​ ឱ្យ​មក​ជួបជជែក​​ពិភាក្សា​ស្តីអំពី​បញ្ហា​អ៊ុយក្រែន ​​ចាប់​ពី​ថ្ងៃ​សៅរ៍​​នេះទៅនិង​សម្រាប់​រយៈ​ពេល​ពីរ​ថ្ងៃ។ ជំនួប​ប្រព្រឹត្ត​ទៅ​ចំពេល​ដែល​ស្ថានភាព​នៅ​សមុទ្ទ​ខ្មៅ​កំពុង​ឡើ​ងតាន​តឹង​កាន់​តែ​ខ្លាំង។​ អ៊ុយក្រែន​បាន​អះអាង​ថា​ដ្រូន​របស់​ខ្លួន​បាន​បាញ់​ចំ​នាវា​ដឹកប្រេងយោធា​​រុស្ស៊ី​មួយ​គ្រឿង​ នៅមូលដ្ឋានទ័ព​ក្នុង​​សមុទ្ទ​ខ្មៅ។ តើ​អារ៉ាប៊ីសាអូឌីត​រៀបចំ​ជំនួបចរចាស្តីពីអ៊ុយក្រែនជាមួយ​នរណាខ្លះ?អាជ្ញាធរ​អារ៉ាប៊ីសាអូឌីតមិន​បញ្ចេញ​ព័ត៌មានឈូឆរ​ទាក់ទង​នឹង​ជំនួប​ពិភាក្សា​ស្តីអំពី​វិបត្តិ​អ៊ុយក្រែន​ទេ។ នៅល្ងាច​ថ្ងៃ​សុក្រ​ទី ៤សីហា​ម្សិលមិញ រាជាណាចក្រ​ប្រេងកាតនេះបាន​ត្រឹម​ប្រកាសអំពី​ដំណើរ​មក​ដល់​ក្រុង​ចេដះJeddahរបស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​បណ្តា​ប្រទេស​ជាបង​ប្អូន​ដើម្បី​ជួប​ពិភាក្សាគ្នា​​អំពី​វិបត្តិ​អ៊ុយក្រែន តែ​​​មិន​បាន​រៀប​រាប់លម្អិត​​ថា​តើ​ជា​ប្រទេស​ណា​ខ្លះទេ។ បើ​តាម​​ប្រភព​ជា​ច្រើន​ ក្នុង​ចំណោមភ្ញៀវ​ជាង​៣០ប្រទេស​ ​គ្មាន​រុស្ស៊ីទេ ហើយ​អារ៉ាប៊ីសាអូឌីត​ជាប់ចិត្តចង់​ជួប​ពិភាក្សា​​ជា​ពិសេសជាមួយ​នឹង​​ប្រទេស​ប្រេស៊ីល ឥណ្ឌា ចិន និង​អាហ្វ្រិកខាង​ត្បូង ដែល​ជា​សមាជិកក្រុមប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​លូតលាស់​ហៅកាត់​ថា​​Brics (ដែល​មាន​​រុស្ស៊ីម្នាក់ដែរ)។ ​ប្រទេស​ទាំង​បួន​នេះ ​ខុស​ពី​ក្រុមលោក​ខាង​លិច មិន​ប្រកាសជំហរ​កាន់​ជើង​​អ៊ុយក្រែនទេ​ តែ​ក៏​មិន​គាំទ្រ​ប្រតិបត្តិការ​​ឈ្លានពានរបស់​រុស្ស៊ី​​ដែរ។ ឥណ្ឌា​និង​អាហ្វ្រិក​ខាង​ត្បូង បាន​បញ្ជាក់​អំពី​វត្តមាន​របស់​ខ្លួន។ ចំណែក​ចិនដែល​រង​ការ​រិះគន់​ពី​ក្រុម​បស្ចិមលោក​ចំពោះ​ការ​​បដិសេធ​មិន​ថ្កោលទោស​រុស្ស៊ី​ បាន​បញ្ជូន​លោក លី ហ៊ុយ ប្រេសិត​ទទួល​បន្ទុក​កិច្ចការ​អ៊ុយក្រែន ព្រោះ​ប៉េកាំង​មាន​ឆន្ទៈ​ដាច់​ខាត​ចង់​បន្ត​ដើរ​តួនាទី​ស្ថាបនា​ក្នុង​ការ​ដោះស្រាយ​វិបត្តិអ៊ុយក្រែន​តាម​ផ្លូវ​នយោបាយ។ សហរដ្ឋ​អាមេរិក​និង​បារាំង នឹង​តំណាង​ដោយ​មន្ត្រី​ជាន់​ទាប។អារ៉ាប៊ីសាអូឌីត​ជា​អន្តរការី​ខ្នាត​អន្តរជាតិ?នេះមិនមែន​ជា​លើក​ទីមួយ​ទេដែល​អារ៉ាប៊ីសាអូឌីត​រៀប​ជំនួប​ប្រជុំ​ក្នុង​កម្មវត្ថុ​​សន្តិភាព។សម្រាប់​​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​អារ៉ាប៊ីសាអូឌីត ជំនួប​ប្រជុំ​ថ្ងៃ​នេះបាន​ឆ្លុះ​ឱ្យ​ឃើញថា​រីយ៉ាដ​មាន​​ពេលវេលាសម្រាប់​បំពេញ​បេសកកម្ម​​ជា​ប្រយោជន៍​ល្អ និង​ដើម្បី​ចូល​រួម​ចំណែក​ស្វែង​រក​ដំណោះស្រាយ​ដែល​នាំ​ឱ្យ​មាន​​សន្តិភាព​ជា​និរន្តន៍។ បន្ទាប់ពី​ឆ្លង​កាត់​នយោបាយការទូត​ដ៏​អាប់អោន​​ប្រកប​ដោយ​រឿង​អាស្រូវ​ បង្ក​ឡើង​ដោយ​ការ​ធ្វើ​ឃាត​អ្នក​កាសែត​ប្រឆាំង​កាលពី​ឆ្នាំ​២០១៨ ឬ​ជាប់​ចោទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​វិបត្តិមនុស្សធម៌​នៅ​យេមែន អស់​ជា​ច្រើន​ឆ្នាំ។ អារ៉ាប៊ីសាអូឌីត​បាន​​ផ្សះផ្សា​​ទំនាក់ទំនង​ជាមួយ​អតីត​សត្រូវ ឬ​គូប្រជែង​វិញ ផ្តើម​ដោយ​ការ​​ភ្ជាប់​ទូត​ជាមួយ​កាតា តូកគីនិង អ៊ីរ៉ង់​ព្រមទាំង​ស៊ីរី និង​ប្រកាន់យុទ្ធសាស្ត្រ​ជា​អ្នករក្សា​តុល្យភាព។ស្និទ្ធនឹង​ម៉ូស្គូ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹងក្រុងកៀវ អារ៉ាប៊ីសាអូឌីត​ដែល​ជា​ប្រទេស​អ្នក​នាំប្រេង​ចេញ​លេខ​មួយ​ពិភពលោក​ធ្លាប់​បាន​តាំង​ខ្លួន​ជា​អន្តរការី​ក្នុង​សង្គ្រាមនៅអ៊ុយក្រែន និង​នៅ​ក្នុង​តំបន់។ ​រីយ៉ាដក៏​​​កំពុង​ដឹក​នាំ​ការ​ចរចា​ឱ្យ​ស៊ូដង់ដែល​ធ្លាក់​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​តាំងពី​ពាក់កណ្តាល​មេសា​មកផង។ កាលពី​ខែ​ឧសភា អារ៉ាប៊ីសាអូឌីត បាន​កោះ​ប្រជុំ​ក្រុម​សម្ព័ន្ធអារ៉ាប់ ​ហើយ​ថ្ងៃ​នេះ ​រាជាណាចក្រ​ការ​ទទួល​រៀប​ចំ​ជំនួបមួយ​ទៀតដើម្បី​អ៊ុយក្រែន គឺ​មក​ពី​អារ៉ាប៊ីសាអូឌីត​ចង់​ពង្រឹង​មហិច្ឆតា​របស់​ខ្លួន​ដែល​ចង់​ក្លាយ​ជា​មហាអំណាច​មធ្យម​ម្នាក់​នៅលើ​ពិភពលោក មាន​សមត្ថភាព​អាច​សម្របសម្រួល​ជម្លោះ​បាន។ នេះ​បើ​តាម​ទស្សនៈ​របស់​អ្នកទទួល​ខុស​ត្រូវ​អង្គការ​វិភាគ​នយោបាយ​អន្តរជាតិ​ ប្រចាំ​តំបន់​ដើម​បូព៌ា លោក Joost Hiltermann។ម្យ៉ាង​ទៀត ជម្រើស​​ដោះស្រាយ​វិបត្តិ​ក្បែរ​ឥណ្ឌា​ឬ​ប្រេស៊ីល​ដែល​សុទ្ធ​សឹង​ជា​មហាអំណាច​មធ្យម​ដូច​គ្នា​ និង​ជា​ក្រុមដូច្នេះ ជា​មធ្យោបាយ​មួយ​ដែល​អាចមាន​ឥទ្ធិពល​ខ្លាំង​។ ដូច្នេះ​ទោះ គ្មាន​លទ្ធផល ក៏ជំនួប​ប្រជុំនេះបាន​​រុញ​អារ៉ាប៊ីសាអូឌីត​ឱ្យ​ស្ថិត​នៅក្នុង​ជំហរ​ជា​អន្តរការី​មួយ​ដ៏​ពិតៗ ដែល​អាច​និយាយ​ជាមួយ​ភាគី​ជម្លោះរុស្ស៊ី​និង​អ៊ុយក្រែន​បាន​ទាំង​សង​ខាង និង​ជា​​ជោគជ័យ​ការទូត​មួយសម្រាប់​​រាជបុត្រ​ស្នង​រាជ្យ​ បេនសាល់ម៉ាន ព្រោះ​ក្នុង​នាម​ជាអ្នក​ស្វះស្វែង​រក​សន្តិភាព​ អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត​ជឿថា​គេនឹង​អាច​បំភ្លេច​បាន​នូវ​រូបភាព​អាក្រក់ៗ​របស់​រាជាណាចក្រ ក្នុង​វិស័យ​សិទ្ធិមនុស្ស​។ នេះបើ​តាម​អ្នក​វិភាគ​។អ៊ុយក្រែនគាំទ្រ​គំនិតផ្តួចផ្តើម​របស់អារ៉ាប៊ីសាអូឌីត?ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​ចាត់ទុក​ជំនួប​ប្រជុំ​ផ្តួច​ផ្តើម​ដោយ​អារ៉ាប៊ីសាអូឌីត​ថ្ងៃនេះ​ថា​ជា​កិច្ចប្រជុំ​ដ៏​សំខាន់​ខ្លាំង​ណាស់។​ ប៉ុន្តែ​លោក​ហ្សេឡេនស្គី បាន​ឆ្លៀត​បន្ទោស​ក្រុង​រីយ៉ាដ​ថា​ផ្សំ​គំនិត​ជាមួយ​រុស្ស៊ី ដែល​រង​ទណ្ឌកម្ម​បស្ចិមលោក តាម​រយៈ​ការ​​គាំទ្រ​និង​អនុម័ត​យក​​នយោបាយកាត់​បន្ថយ​ការ​បូមប្រេង​​ដំឡើង​ថ្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​ពិភពលោក។​ ការ​សម្រេច​បន្ថយ​ផលិតកម្ម​ប្រេង​ឆៅ​​របស់​អារ៉ាប៊ីសាអូឌីត និង​រុស្ស៊ី​​រហូត​ដល់​ខែ​កញ្ញា បាន​និង​កំពុង​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​វិញ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ទេ​ គិត​ក្នុង​រយៈ​ពេល​ជិត​បី​ខែមក​នេះ។សូមរំឮក​ថា​នៅ​ពេល​រុស្ស៊ី​បើក​ប្រតិបត្តិការ​ចូល​ឈ្លានពាន​នៅ​​អ៊ុយក្រែន​ភ្លាម​ តម្លៃ​ប្រេង​ឆៅ​លើ​ពិភពលោក​បាន​ស្ទុះ​ឡើង​ជា​គំហុក និង​ជា​ការ​បើក​ឱកាសលើក​អារ៉ាប៊ីសាអូឌីត​ឱ្យ​ត្រដែត​លើ​ឆាក​អន្តរជាតិ​ឡើង​វិញ។ មហា​អំណាច​ធំៗ រាប់​តាំងពី​សហរដ្ឋ​អាមេរិក បារាំង ... បាន​នាំ​គ្នា​ងាក​មករាប់​អានអារ៉ាប៊ីសាអូឌីត ដើម្បី​បញ្ចុះ​បញ្ចូល​ប្រទេស​នេះ​ឱ្យ​ជួយ​ទប់​តម្លៃ​ប្រេង៕
8/5/20235 minutes, 4 seconds
Episode Artwork

នីហ្សេ៖ ប្រធានាធិបតីជាប់ឃុំ ដង្ហើយហៅក្រុមប្រទេសលោកលិច​ ពុំនោះទេតំបន់សាហ៊ែលនឹងធ្លាក់ទៅក្នុងដៃរុស្ស៊ី

លោក​ប្រធានាធិបតី​នីហ្សេ Mohamed Bazoum ដែលបច្ចុប្បន្ន​ត្រូវក្រុម​យោធាធ្វើរដ្ឋប្រហារ​ ចាប់បង្ឃាំងទុកនោះ បានផ្ញើសារមួយ ចុះផ្សាយ​ដោយ​កាសែត Washington Post នៅព្រឹកថ្ងៃសុក្រទី​៤សីហា។ ក្នុងសារនេះ លោក​ប្រធានាធិបតី Bazoum បានដង្ហើយហៅឲ្យ​សហគមន៍​អន្តរជាតិ ជាពិសេសក្រុមប្រទេសលោកខាងលិច ត្រូវរួមគ្នាជួយ​នីហ្សេ ទប់ទល់ជាមួយ​នឹងក្រុម​ឧទ្ទាមរបបសិក ដែលបានធ្វើរដ្ឋប្រហារ​ផ្តួលរំលំរដ្ឋាភិបាល​ស្របច្បាប់របស់លោក​។ "តំបន់សាហ៊ែលអាចធ្លាក់ទៅក្នុងក្រញ៉ាំរុស្ស៊ី"លោកប្រធានាធិបតី Bazoum​បានថ្លែងការបារម្ភថា ប្រសិន​បើ​ក្រុមយោធារបបសិក អាច ឈានចូលមកកាន់អំណាចនៅនីហ្សេពិតមែន នោះគឺតំបន់សាហ៊ែលទាំងមូល នឹងត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់រុស្ស៊ី តាមរយៈវត្តមានរបស់ក្រុមទាហានស៊ីឈ្នួល Wagner។លោក​ប្រធានាធិបតី Bazoum បានរំលឹកថា បច្ចុប្បន្ននេះ នីហ្សេគឺជាដែនដីចុងក្រោយដែល​ឈរការពារ​សិទ្ធិសេរីភាព សន្តិសុខ ស្ថិរភាព តាមរយៈការសហការជាមួយ​កងទ័ពសម្ព័ន្ធមិត្ត ប្រយុទ្ធតទល់បោសសំអាតក្រុម​ភេរវកម្មជាច្រើនក្រុម ដែលធ្វើសកម្មភាព​នៅតំបន់សាហ៊ែល។​ តែប្រសិនបើនីហ្សេ ធ្លាក់ចូលទៅក្នុងដៃរបបសិកផ្តាច់ការ នោះនីហ្សេនឹងមានវាសនា​មិនខុសពី​ ម៉ាលី ឬបួគីណាហ្វាសូ ទេ ពោលគឺប្រជាជន​នីហ្សេ និង​ត្រូវរស់​ក្នុងការភ័យខ្លាច គ្មានសិទ្ធិសេរីភាព អស្ថិរភាព អសន្តិសុខ ជាមួយនឹង​​អំពើកាប់សម្លាប់ សាហាវព្រៃផ្សៃរបស់ទាហានស៊ីឈ្នួលរុស្ស៊ី​។ លោកសង្កត់បន្ថែមថា ប្រសិនបើតំបន់​សាហ៊ែលត្រូវធ្លាក់ខ្លួន ក្នុងក្រញ៉ាំរបស់រុស្ស៊ីពិតមែននោះ នោះ​វាគឺជាគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ទ្វីបអាហ្វ្រិក ក៏ដូចជាពិភពលោកទាំងមូល។នៅក្នុងសារនេះដែរ លោកប្រធានាធិបតី Bazoum បានលើកឡើងថា អ្វី​ដែលក្រុមយោធាបានឃោសនា ថាខ្លួនបានធ្វើរដ្ឋប្រហារ ក៏ព្រោះតែចង់ស្តារឡើងវិញ នូវសន្តិសុខសុវត្ថិភាពនីហ្សេនោះ វាគឺជាពាក្យ​កុហក​ទាំងអស់​។ លោកប្រធានាធិបតី Bazoum បានអះអាងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសន្តិសុខរបស់នីហ្សេបានល្អប្រសើរខ្លាំងណាស់ ក៏ដោយ​សារតែជំនួយ ​និងការសហការពីកងទ័ព​សម្ព័ន្ធមិត្តលោកខាងលិច។ នៅខាងត្បូង ក្រុមឧទ្ទាមបូកូហារ៉ាំ បានចុះថយលែងវាយប្រហារ២ឆ្នាំមកហើយ។ នៅខាងជើងវិញ ការវាយប្រហារភេរវកម្ម របស់​ក្រុមឧទ្ទាម​ជីហាតអាល់កាយដាតំបន់សាហ៊ែល ក៏បានថយចុះច្រើនដែរ តាំងតែពីឆ្នាំ​២០២១មក។របបសិកប្រកាសបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយបារាំង​នៅយប់ថ្ងៃព្រហស្បតិ៍ ទី​៣សីហា​ ក្រុម​កងទ័ពនីហ្សេដែលធ្វើ​រដ្ឋប្រហារ បានប្រកាស​ ដកខ្លួនចេញពីកិច្ចព្រមព្រៀង សហប្រតិបត្តិការយោធាជាមួយបារាំង។ មានន័យថា កងទ័ពបារាំងដែលឈរជើងនៅនីហ្សេ ចំនួន​ប្រមាណ​១៥០០នាក់ នឹងត្រូវតែចាកចេញពីទឹកដីនីហ្សេ។ នៅក្នុងសារផ្សាយ​តាមកញ្ចក់ទូរទស្សន៍​ អ្នកនាំពាក្យក្រុមកងទ័ពនីហ្សេ បាន​គំរាមទៀតថា គេនឹងប្រើកម្លាំងឆ្លើយតបវិញ ប្រសិន​បើមានអន្តរាគមន៍​វាយ​ប្រហារណាមួយ ពី​ក្រុមប្រទេស​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិកខាងលិច ហៅកាត់ថា CEDEAO។  ជាមួយ​គ្នានេះ របបសិក​នីហ្សេបាន​ប្រកាស បញ្ចប់មុខងារ​អគ្គរដ្ឋទូតនីហ្សេប្រចាំនៅ​បួន​ប្រទេស ដែលមាន បារាំង សហរដ្ឋអាមេរិក នីហ្សេរីយ៉ា និង​តូហ្គោ។ ក្រោយ​ការប្រកាសនេះ លោកអគ្គរដ្ឋទូតនីហ្សេ ប្រចាំនៅក្រុងវ៉ាស៊ីនតោន បានអំពាវនាវ ឲ្យ​របបសិកងាកមកគិតពិចារណាឲ្យ​បានច្បាស់​ កុំនាំប្រទេសផុងជ្រៅទៅក្នុងវិបត្តិបែបនេះ​។ លោក​អគ្គរដ្ឋទូតនីហ្សេ បានក្រើន​រំលឹកថា បើស្ថានការ​ណ៍​នៅតែចុះដុនដាបបែបនេះ សន្តិសុខតំបន់សាហ៊ែលទាំងមូល នឹងត្រូវ​ដួលរលំ​ជាក់ជាមិនខាន​។គិតមកទល់ពេលនេះ មិនទាន់​មានប្រតិកម្ម​អ្វីពី​ខាងរដ្ឋាភិបាលបារាំងទេ។ ដោយឡែក កងទ័ពអាមេរិក​ក៏មានវត្តមាននៅនីហ្សេដែរ ក្នុងក្របខណ្ឌសហប្រតិបត្តិការជាមួយបារាំអ ដើម្បី​បោសសំអាតក្រុមជីហាតអ៊ីស្លាម​ភេរវកម្ម​តំបន់សាហ៊ែល។ ល្ងាចថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិអាមេរិក បានអះអះអាងថាសម្រាប់ពេលនេះ អាមេរិកនៅតែរក្សាកងកម្លាំងនៅនីហ្សេដដែល មិនទាន់មានការផ្លាស់​ប្តូរអ្វី​ទេ។​ គួរបញ្ជាក់ដែរ ថាកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសបារាំង បានទូរស័ព្ទនិយាយគ្នា ជាមួយ​លោកអង់តូនីប្លីងកិន ដោយ​អ្នកទាំង២បានអះអាងដូចគ្នា ថាបន្តគាំទ្ររដ្ឋាភិបាលប្រជាធិបតេយ្យ​ស្របច្បាប់ របស់​លោក​ប្រធានាធិបតី Mohamed Bazoum។ជម្រើសអន្តរាគមន៍យោធា របស់​CEDEAO ក្រុមប្រទេស​សហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច ហៅកាត់ថា CEDEAO បានដាក់ឱសានុវាទមួយសប្តាហ៍ ឲ្យ​របបសិកនីហ្សេ ត្រូវតែនាំប្រទេសឲ្យត្រលប់ទៅកាន់​មាគ៌ាប្រជាធិបតេយ្យឡើងវិញ។ ពុំនោះទេ គេអាចនឹងសម្រេចប្រើកម្លាំងអន្តរាគមន៍យោធា។ ឱសានុវាទនេះ ត្រូវដល់ថ្ងៃកំណត់ នៅថ្ងៃអាទិត្យទី​៦សីហា។ CEDEAO ក៏បានចាប់ផ្តើមដាក់ទណ្ឌកម្ម​ទៅលើនីហ្សេដែរ ដោយបានសម្រេច ​ព្យួរការដោះដូរពាណិជ្ជកម្មជាមួយនីហ្សេ ហើយ​ប្រទេសនីហ្សេរីយ៉ាវិញ​ បាន​សម្រេច​ផ្តាច់ចរន្តអគ្គីសនីមួយផ្នែកធំ ដែលខ្លួនផ្គត់​ផ្គង់​ឲ្យ​នីហ្សេ។ល្ងាចថ្ងៃព្រហស្បតិ៍ ទី៣សីហា​​ គណៈប្រតិភូតំណាង​ CEDEAO បានធ្វើដំណើរទៅដល់ទី​ក្រុងនីអាម៉េ​ ក្នុងគោលបំណងបើកការចរចា ជាមួយ​ក្រុម​យោធានីហ្សេដែលបានធ្វើ​រដ្ឋប្រហារ។ តែទៅដល់​បានប៉ុន្មានម៉ោង គណៈប្រតិភូនេះ បានត្រលប់ទៅវិញ ដោយ​គ្មានបានលទ្ធផលអ្វីទាំងអស់។ គណៈប្រតិភូ CEDEAO មិនត្រូវបាន​ក្រុមយោធានីនីហ្សេ អនុញ្ញាតឲ្យចូលជួបនិយាយជាមួយ មេធំរបស់គេ ឈ្មោះ Abdourahaman Tiani ទេ ហើយ​ក៏មិនឲ្យចូលទៅជួបលោក​ប្រធានាធិបតី​ Mohamed Bazoum ដែលកំពុងជាប់ឃុំដែរ។ក្រោយបរាជ័យនេះ អគ្គបញ្ជាការ​កងទ័ពនៃប្រទេសសមាជិក CEDEAO បាន​បើកការប្រជុំភ្លាមៗ ដើម្បីពិភាក្សាគ្នា អំពីលទ្ធភាព​ប្រើប្រាស់អន្តរាគមន៍​យោធា។ លោកប្រធានាធិបតីនីហ្សេរីយ៉ា Bola Tinubu ដែលបច្ចុប្បន្នជាប្រធានវិលជុំ​ CEDEAO បានអះអាងថា សហគមន៍នេះនឹងផ្តល់អាទិភាពដល់ការចរចា តែសូមរក្សា​ អន្តរាគមន៍​យោធា ជាជម្រើសចុងក្រោយ​។ យ៉ាងណាមិញ ប្រទេសសេណេហ្កាល់ បានអះអាងមុនគេថាខ្លួនបានត្រៀម​កម្លាំងរួចហើយ ដើម្បី​ចូលទៅអន្តរាគមន៍​ បណ្តេញក្រុម​យោធារដ្ឋប្រហារ​នីហ្សេ។ជាមួយស្ថានការណ៍​ដ៏ច្របូកច្របល់នៅនីហ្សេនេះ មានការព្រួយបារម្ភថា ភ្លើង​សង្គ្រាមអាចឆាបឆេះ​ឡើង​​ បង្កអស្ថិរភាព​តំបន់សាហ៊ែល​អាហ្វ្រិក ទាំងមូលតែម្តង ព្រោះថា របបសិកបួគីនាហ្វាសូ និង របបសិកម៉ាលី បាន​ប្រកាសហើយថា គេនឹងមកជួយ​របបសិក​នីហ្សេ ប្រសិនបើមានអន្តរាគមន៍យោធាពីក្រុមប្រទេសCEDEO ឬពីខាងសម្ព័ន្ធមិត្តលោកខាងលិច៕
8/4/20236 minutes, 23 seconds
Episode Artwork

លោកដូណាល់ ត្រាំ រងការចោទប្រកាន់ជាផ្លូវការ ពីបទប៉ុនប៉ងកែប្រែលទ្ធផល​បោះឆ្នោត​ឆ្នាំ​២០២០

នេះគឺជា​លើកទី១ហើយ ក្នុងប្រវត្តិសាស្ត្រនយោបាយ​សហរដ្ឋអាមេរិក ដែល​អតីតប្រធានាធិបតី រងនូវការ​ចោទប្រកាន់​បទល្មើសព្រហ្មទណ្ឌបែបនេះ​។ លោក​ដូណាល់ ត្រាំ ដែលកំពុងតែ​ធ្វើការ​ឃោសនារកសំឡេងឆ្នោត ក្នុងនាមជាបេក្ខជនប្រធានាធិបតី​ របស់បក្សសាធារណរដ្ឋ ត្រូវបានរដ្ឋអាជ្ញាសហព័ន្ធ ប្រកាសចោទប្រកាន់ជាផ្លូវការ ទាក់ទិននឹងសំណុំរឿង អំពើហិង្សានៅវិមានកាពីតូលថ្ងៃទី​៦មករា២០២១។ បទល្មើសប្រឆាំងនឹង​រដ្ឋបន្ទាប់ពីបាន​ស៊ើបអង្កេត អស់រយៈពេលជាង២ឆ្នាំ ការចោទប្រកាន់ជាផ្លូវការ​ ត្រូវបាន​ប្រកាស នៅ​ថ្ងៃទី​១សីហា ដោយ​លោករដ្ឋអាជ្ញា Jack Smith ដែលជាអ្នកដឹកនាំការស៊ើបអង្កេត។ ផ្អែកតាមការប្រកាសនេះ​ គឺលោក​ដូណាល់ ត្រូវជាប់ចោទ ពីបទ ឃុបឃិតរៀបចំគម្រោង​ប្រឆាំងនឹងរដ្ឋ បទ​ប៉ុនប៉ងរារាំង​ដល់​នីតិវិធី​ផ្លូវការ និង​បទរំលោភបំពាន​ដល់សិទ្ធិបោះឆ្នោតជាមូលដ្ឋាន​នៃពលរដ្ឋអាមេរិក​។ក្នុងទឹកមុខម៉ឺងម៉ាត់ លោករដ្ឋអាជ្ញា Jack Smith បាន​ពន្យល់ថា ថ្វីបើ​ដឹងថាខ្លួនចាញ់ឆ្នោតក៏ដោយ តែជនជាប់ចោទ ឈ្មោះដូណាល់ ត្រាំ បានមានៈប្រឹងប្រែងក្រាញននាល ចង់បន្តកាន់អំណាច។ ក្នុងការប្រឹងប្រែងនេះ គឺ​ក្រោយថ្ងៃបោះឆ្នោត​ ៣វិច្ឆិកា២០២០ ពោលគឺអស់​រយៈពេលជាង២ខែ ដែល​ជនជាប់ចោទ បានខំប្រឹង​ផ្សព្វផ្សាយ ប្រកូកប្រកាសព័ត៌មានក្លែងក្លាយ ពាក្យកុហកទាំងឡាយទាំងពួង​ ដែល​ខ្លួនប្រឌិតចោទ ថាការបោះឆ្នោតមាន​ភាពមិនប្រក្រតី និងបានអះអាងប្រាប់អ្នកគាំទ្រខ្លួន ថាធាតុពិតគឺខ្លួនជាអ្នកឈ្នះឆ្នោតទេ​។លោក​រដ្ឋអាជ្ញាបន្តថា​ ពាក្យ​ចោទ កុហក បោកប្រាសទាំងនេះ គឺគ្មានផ្អែក​លើ​មូលដ្ឋាន​ភស្តុតាងអ្វីទាំងអស់ ហើយជនជាប់ចោទខ្លួនឯង ក៏បានដឹងច្បាស់ដែរ។ ក៏ប៉ុន្តែ ជននេះ​នៅតែបន្ត​ស្រែក​បន្ទ ម្តងហើយម្តងទៀត ដើម្បីញុះញង់ឲ្យ​មនុស្ស ចូលរួមគាំទ្រ​ក្នុង​គម្រោងឧក្រិដ្ឋរបស់ខ្លួន​។ លោក Jack Smith បានបន្ថែមថា ហេតុការណ៍​ហិង្សា សម្រុកចូលយ៉ាងកម្រោងនៅ​វិមានកាពីតូល ថ្ងៃទី​៦​មករា​២០២១ ជាថ្ងៃដែលសមាជិកសភាខុនហ្រ្កេស​ត្រូវ​ប្រកាសជាផ្លូវការ​អំពីលទ្ធផល​បោះឆ្នោតនោះ​ វាគឺជាលទ្ធផល​នៃការ​ស្រែកញុះញង់ប្រកូកប្រកាស របស់​ជនជាប់ចោទ ឈ្មោះដូណាល់ ត្រាំ។ ហេតុការណ៍​ដែលបានគំរាម ​មកលើប្រព័ន្ធប្រជាធិបតេយ្យ​នៃសហរដ្ឋអាមេរិកនេះ បាន​កើតចេញពី​ពាក្យ​កុហកបោកប្រាស ញុះញង់ ប្រឆាំងនឹង​ស្ថានប័នកំពូលរបស់​រដ្ឋ ប្រឆាំង​ប្រព័ន្ធបោះឆ្នោតជាតិ​ តាមបែបប្រជាធិបតេយ្យ​។  គួរបញ្ជាក់ថា ទាក់ទិននឹងសំណុំរឿង អំពើហិង្សានៅវិមានកាពីតូលនេះ ឯកសារចោទប្រកាន់ជាផ្លូវការ បាន​ចោទមនុស្ស៦នាក់ផ្សេងទៀត តែគេមិនរាយនាមលំអិត​ក្នុងលិខិតប្រកាសជាសាធារណៈទេ។ ដោយឡែក លោក រដ្ឋអាជ្ញា Jack Smith បានអះអាងថា នៅក្នុងសំណុំរឿងនេះ លោកចង់ពន្លឿននីតិវិធី​ឲ្យ​បានឆាប់បំផុត ដោយ​ជនជាប់ចោទ​នឹងត្រូវកោះហៅឲ្យចូលខ្លួន​ភ្លាមៗនៅ​អង្គសវនាការ នៅថ្ងៃទី​៣សីហាខាងមុខនេះ​។កាន់តែជាប់ចោទ កាន់តែមានប្រជាប្រិយភាពជាការពិតណាស់ ពេលវេលាកាន់តែរំកិលទៅមុខ លោក​ដូណាល់ ត្រាំ កាន់តែជាប់ចោទច្រើនឡើងៗ នៅចំពោះមុខតុលាការក្នុងសំណុំរឿង​ផ្សេង។ គិតមកត្រឹមពេលនេះ លោកអតីតប្រធានាធិបតីមាត់ដាចរូបនេះ​ ត្រូវបាន​រដ្ឋអាជ្ញាអាមេរិក ចោទប្រកាន់ជាផ្លូវការ ចំនួន​៤សំណុំរឿងផ្សេងគ្នា។ ក្រៅពីសំណុំរឿងលទ្ធផល​បោះឆ្នោត​ឆ្នាំ២០២០​ លោកដូណាល់ ត្រាំ ត្រូវបានតុលាការរដ្ឋញូយ៉ក ចោទពីបទបៀតបៀន​ផ្លូវភេទកាលពីខែ​ឧសភាកន្លងទៅ ដែលអង្គហេតុ ​បានកើតឡើងកាលពីឆ្នាំ​១៩៩៦។ កាលពីខែមីនាវិញ លោក​ដូណាល់ ត្រាំ ត្រូវតុលាការ​មួយទៀតនៅរដ្ឋញូយ៉កដែរ ចោទពីបទប្រើប្រាស់ថវិកា​ឃោសនាបោះឆ្នោត​ យកទៅចំណាយ​បំបិទមាត់​តារាស្រី​កុនអាសអាភាសម្នាក់ ដែលប៉ុនប៉ងទម្លាយរឿងអាស្រូវជាមួយរូបលោក។ ហើយនៅខែកក្កដា ប្រព័ន្ធយុត្តិធម៌សហព័ន្ធអាមេរិក បានចោទរូបលោកដូណាល់ ត្រាំជាផ្លូវការ ពីបទ​រក្សាទុកឯកសារសម្ងាត់ជាតិដោយខុសច្បាប់ និង​បានធ្វើ​ឲ្យសន្តិសុខជាតិអាមេរិក​ប្រឈមគ្រោះថ្នាក់។តែទន្ទឹមគ្នានេះ គេឃើញថា លោកដូណាល់ ត្រាំ មានប្រជាប្រិយភាពកាន់តែខ្លាំងឡើង បើទោះបីមានរឿងក្តីក្តាំជាប់ស្កះ​។ យ៉ាងណាមិញ កាលពីពេលទៅឃោសនានៅ​រដ្ឋ Iowa លោកដូណាល់ ត្រាំ បានថែមទាំងនិយាយអួតថែមទៀត ថា ក្នុងចំណោមមនុស្សដែលជាប់ចោទទាំងអស់ គ្មាននរណាមានប្រជាប្រិយ មាន​គេស្រលាញ់គាំទ្រច្រើនដូចលោកនោះទេ។យោងតាម​ការស្ទាបស្ទង់មតិមួយចេញផ្សាយ​កាលពីថ្ងៃចន្ទ ដែល​ធ្វើ​ឡើង​ដោយ​កាសែត New York Times និង Siena College គឺលោក​ដូណាល់ ត្រាំ កំពុងតែនាំមុខគេខ្លាំងណាស់ នៅក្នុងចំណោម​បេក្ខជនទាំងអស់។ ពីមុន​ការគំាំទ្រទៅលើលោក គឺ​​ប្រកៀកប្រកិតគ្នាជាមួយ​លោក Ron DeSantis អភិបាលរដ្ឋ​ផ្លរីដា តែពេលនេះ លោក​ដូណាល់ ត្រាំ ​បាននាំមុខ លោក​ម្នាក់នេះ ដល់ទៅ​៣៧​ពិន្ទុឯណោះ។ ជនរងគ្រោះត្រូវគេព្រួតគ្នាធ្វើបាបផ្អែកតាមការពន្យល់របស់អ្នកជំនាញជាច្រើន ដែលបានប្រាប់​ទីភ្នាក់ងារព័ត៌មានបារាំងAFP គឺ ប្រជាប្រិយភាពរបស់​លោក​ដូណាល់ ត្រាំ ដែល​មាន​កម្លាំងរឹងមាំនេះ គឺដោយសារតែ​ សមត្ថភាពរបស់​លោក​ក្នុ​ងនិយាយ តាងនាមឲ្យ​ប្រជាជនអាមេរិក ដែល​មានជីវភាព​ក្រីក្រ ជាពលករ កម្មករតូចតាច ហើយដែលពួកគេ មានអារម្មណ៍ថា អំណាចរដ្ឋ អ្នកនយោបាយ​ ព្រមទាំង​ពពួក​ក្រុមមនុស្សចេះដឹងមានទ្រព្យមានធនជា​ទូទៅ មិនយកចិត្តទុកដាក់ខ្វាយខ្វល់ពីពួកគេ។​លោក Michael J. O’Neil តំណាងសមាគមអភិរក្សគតិយុទ្ធ Landmark Legal Foundation បានលើកឡើងថា បច្ចុប្បន្ននេះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ពហុភាគី សកលភាវូបនីយកម្ម ព្រមទាំងសង្គ្រាម​ដែលមិនចេះចប់មិនចេះហើយ បាន​ធ្វើ​ឲ្យសេដ្ឋកិច្ចអាមេរិកជួបការលំបាក និងបានរុញច្រាន​មនុស្ស​ជាច្រើន​ឲ្យ​គ្មានការងារធ្វើ គ្មាន​ក្តីសង្ឃឹមទៅអនាគត។ គឺក្រុម​មនុស្សទាំងនេះហើយ ដែល​ស្តាប់សម្តីស្រែកក្តែងៗរបស់​លោកដូណាក់ ត្រាំ ចូលត្រចៀក។ សម្រាប់ពួកគេ លោកដូណាល់ ត្រាំ គឺជាមនុស្សខុសពីពួកអ្នកអ្នកនយោបាយ​ តែ តែ ស្ករ ស្ករ ផ្សេងទៀត ដែលគិតតែពីការពារអត្ថប្រយោជន៍ខ្លួន​ មិនខ្វល់ពី​ជីវភាពលំបាកក្រីក្ររបស់​ប្រជាជនអាមេរិក ​នៅតាមតំបន់ដាច់ស្រយាល។  ដូចគ្នាដែរ លោក David Greenberg សាស្ត្រាចារ្យសារព័ត៌មាន និង​ប្រវត្តិសាស្ត្រ​នៅសកលវិទ្យាល័យ Rutgers បាន​ពន្យល់ថា កម្លាំងគាំទ្រដ៏រឹងមាំនៅពីក្រោយលោកដូណាល់ ត្រាំ គឺដោយសារតែមនុស្សទាំងនោះ មានក្រុម​សត្រូវរួមតែមួយ។ ហើយចាប់ពីពេលនេះទៅ ប្រព័ន្ធយុត្តិធម៌ តុលាការអាមេរិក ក៏ស្ថិតនៅក្នុង​ក្រុមជាសត្រូវរបស់​អ្នកគាំទ្រលោក​ដូណាល់ ត្រាំដែរ។ សម្រាប់ពួកគេ លោក​ដូណាល់ ត្រាំ ជាប់ចោទមានក្តីក្តាំជាប់ស្កះពេញខ្លួន គឺវាជាសក្ខីកម្មបង្ហាញថា លោកដូណាល់ ត្រាំ ពិតជាជនរងគ្រោះ ត្រូវពួក​សត្រូវចោមរោមព្រួតគ្នា​ធ្វើបានចោទប្រកាន់ពីគ្រប់ទិស។ ដូច្នេះ ការដែល​ពួកគេ​ លែងមានទំនុកចិត្ត​លើ​ប្រព័ន្ធយុត្តិធម៌នោះ គឺវាត្រឹមត្រូវពេក​ណាស់​!តែយ៉ាងណាក៏ដោយ អ្វីៗអាចប្រែប្រួលទៀត ព្រោះថាការបោះឆ្នោត​ជ្រើសរើសបេក្ខជន ក្នុងបក្សសាធារណៈរដ្ឋ​ នឹងចាប់ផ្តើមនៅដើមឆ្នាំ​២០២៤។ សន្ទុះគាំទ្រ លើលោកដូណាល់ ត្រាំ អាចនឹងប្រែប្រួល ក៏ថាបានដែរ។ លោក Mike Pence អតីតអនុប្រធានាធិបតីកាលពី​អាណត្តិ​លោកដូណាល់ ត្រាំ ហើយដែលបច្ចុប្បន្នបានប្រកាសបេក្ខភាពឈរឈ្មោះដែរនោះ បាន​លើកឡើងកាលពីពេលថ្មីៗនេះថា អ្នកណាក៏ដោយ ដែលតាំងខ្លួនធំជាង​រដ្ឋធម្មនុញ្ញ គឺមិនត្រូវអនុញ្ញាតឲ្យអ្នកនោះឡើងធ្វើប្រធានាធិបតីទេ៕
8/2/20237 minutes, 11 seconds
Episode Artwork

ភូមា ៖ លោកស្រី​ អ៊ុងស៊ានសូជី បាន​ទទួល​ការ​លើកលែង​ទោស តែ​បន្ត​ជាប់​ឃុំ

អតីត​ប្រមុខ​ដឹកនាំ​ស៊ីវិល​ភូមា លោក​ស្រី អ៊ុងសានស៊ូជី ដែលក្រុមយោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​​ពី​អំណាច និង​ចាប់​​ឃុំ​ឃាំង​តាំង​ពី​ថ្ងៃ​ទី ១ កុម្ភៈ​ឆ្នាំ​២០២១​មក បាន​ទទួល​ការ​លើក​លែង​ទោស​ មួយ​ភាគ​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ប្រកាស​ដោយ​បណ្តាញឃោសនា​រដ្ឋ​ នៅ​ថ្ងៃ​អង្គារ​ទី ១សីហា។ ជា​ការ​លើក​លែង​ទោស​ដល់​ពិរុទ្ធជន​ជាង​៧០០០នាក់ ក្នុង​ឱកាស​បុណ្យ​ពុទ្ធសាសនា​ជា​ប្រពៃណី​ជាតិ​ភូមា។ ​លើក​លែង​ទោស=ដោះលែង​ឱ្យមាន​សេរីភាព?ភូមា​ដែល​ជា​ប្រទេស​ប្រកាន់​ពុទ្ធសាសនា​ដ៏​មុតមាំ​ជាង​គេ​មួយ ជាញឹកញយ​ តែង​តែ​​ដោះលែង​អ្នក​​ទោស ​ នា​ឱកាស​បុណ្យ​ពុទ្ធសាសនា​ធំៗ។ សម្រាប់​បុណ្យ​ចូល​វស្សា​ឆ្នាំនេះ ភូមា​បានប្រកាស​លើកលែង​ទោសដល់​ពិរុទ្ធជន​ជាង​៧ពាន់​នាក់ ក្នុង​នោះ​មាន​ម្នាក់​គឺ​លោកស្រី អ៊ុងសានស៊ូជី។“ស្រប​តាម​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស ប្រធានក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​បាន​សម្រេ​ចលើក​លែង​ទោស​ដល់​លោកស្រី​អ៊ុងសានស៊ូជី ដែល​តុលាការ​មាន​សមត្ថកិច្ច​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​”។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ផ្សព្វផ្សាយ​ដោយ​​សារព័ត៌មានរដ្ឋ​ភូមា។ ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី១​កុម្ភៈ​ឆ្នាំ​២០២១ តុលាការ​សឹក​ភូមា បាន​កាត់​ទោសអតីត​ប្រមុខ​រដ្ឋាភិបាល​ស៊ីវិល​ ​លោកស្រី​អ៊ុងសានស៊ូជីឱ្យ​ជាប់​ពន្ធនាគារ​​ចំនួនសរុប​​៣៣​ឆ្នាំ ចំពោះ​បទល្មើស​ចំនួន​១៩​ករណី​ មាន​​ជា​អាទិ៍​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​មិន​គោរព​ច្បាប់​កូវីដ។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ លោកស្រី​អ៊ុងសានស៊ូជី បាន​ទទួល​ការ​លើក​លែង​ទោស​តែ​ចំនួន ៥​ករណី ប៉ុណ្ណោះ ក្នុង​ចំណោមទោស​​ទាំង​១៩។ សេចក្តីប្រកាស​​លើកលែង​ទោស​នេះមិន​​នាំ​ដល់​ការ​ដោះលែង​រូប​លោក​ស្រី​អ៊ុងសានស៊ូជីទេ គឺគ្រាន់​តែ​មាន​ការ​បន្ថយ​ទោស​បាន​៦​ឆ្នាំ។ បើ​តាម​របប​សឹក ​លោកស្រី​ត្រូវ​បន្តមាន​ទោស​​ជាប់​ឃុំឃាំង​ចំនួន ២៧ឆ្នាំទៀត។ ​តាំងថ្ងៃ​រដ្ឋប្រហារ​យោធា​​មក គេបាន​ឃើញ​រូបលោកស្រី ជ័យលាភី​ណូបែល​សន្តិភាព (ឆ្នាំ​១៩៩១) ​វ័យ​៧៨ឆ្នាំ​​តែម្តង​គត់ នៅក្នុង​សាលសវនាការ​របស់​តុលាការ​ក្រុង​ណៃពិដរ តាម​រយៈ​រូបភាពបង្ហាញ​ដោយ​បណ្តាញ​ឃោសនា​រដ្ឋ ដែល​មាន​គុណភាព​មិន​សូវ​ច្បាស់ផង​។​ កាលពី​សប្តាហ៍​មុន​ អ្នក​ទទួល​ខុស​ត្រូវ​នៃ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​សុំ​មិន​បញ្ចេញឈ្មោះ​បាន​អះអាង​ថា របប​សឹក​បាន​បញ្ជូន​លោកស្រី​អ៊ុងសានស៊ូជី ចេញពី​ពន្ធនាគារ​ទៅ​កាន់​អគារ​រដ្ឋាភិបាល​មួយ​ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​។តើ​របប​សឹក​ភូមា​កំពុង​លេង​ល្បែង​អ្វី?បើ​តាម​បណ្តាញ​ឃោសនា​ព័ត៌មាន​រដ្ឋ​ភូមា ​របប​សឹក​ក៏​បាន​លើក​លែងទោស​ដល់​អតីត​ប្រធានាធិបតី​ភូមា លោក​វីនមីង ដោយ​បន្ថយ​ទោស​បួន​ឆ្នាំដែរ តែ​បន្ត​​ជាប់ឃុំ​ដូចលោកស្រី​អ៊ុងសានស៊ូជីដែរ​។ អ្នកទោស​បរទេស​ចំនួន​១២៥នាក់​បាន​ទទួលការ​លើកលែងទោស និង​ដោះលែង។ ដោយ​ឡែក មានអ្នក​ទោស​ជា​ច្រើន​ផ្សេង​ទៀត បាន​ទទួល​ការ​បន្ធូរបន្ថយ​ទោស ពីទោសប្រហារ​ជីវិត​មក​ត្រឹម​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។សម្រាប់​អ្នក​វិភាគ​ឯករាជ្យ David Mathieson របប​សឹក​ភូមា​កំពុង​តែ​លេង​ល្បែង​ដ៏​សាហាវ​ជាមួយ​អ្នកទោស​នយោបាយ​។ ការ​ផ្តន្ទាឱ្យ​​លោកស្រី​អ៊ុងសានស៊ូជី​ជាប់​ពន្ធនាគារ​៣៣​ឆ្នាំ​ជាទោស​​ដ៏ហួសហេតុ​ណាស់ ហើយបន្ថយ​ទោសតែ​​៦​ឆ្នាំ​ ពិត​ជា​ទង្វើ​ដ៏​អាក្រក់​ក្រៃ។ ចំណែក​​លោក Phil Robertson នាយករង​អង្គការ​Human Rights Watch ប្រចាំ​តំបន់​អាស៊ី យល់​ថា​ក្រុមយោធា​ភូមា​កំពុង​ស្វះស្វែង​បង្ហាញ​ពី​ភាព​សមហេតុផល​របស់​ខ្លួន និង​​ចេតនា​ចង់​ចរចាតាម​រយៈ​ការ​បន្ថយ​ទោស​ តែ​តាមការ​ពិត​គឺ​គ្មាន​សោះ។ កាត់​បន្ថយ​ទោស​ ជា​លក្ខណៈ​របស់ផ្តាច់ការ​របស់​​តុលាការ​សឹក​ដែល​កាត់​ទោស​តាម​ចិត្ត​នឹកឃើញ​ ដោយ​​អ្នក​ជាប់​ចោទ​មិន​អាច​ដឹងច្បាស់​លាស់​អំពី​ទោស​របស់​ខ្លួន​ឡើយ។ នេះ​បើតាម​ការ​អះអាង​របស់​អ្នក​នាំពាក្យ​អង្គការ​​Amnesty International​នៅភូមា លោក Joe Freeman។សម្រែក​អន្តរជាតិគ្មាន​ប្រសិទ្ធភាព​លើ​របប​សឹកភូមា? រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ស្រី​អ៊ុងសានស៊ូជី ​​បើ​តាម​អង្គការ​សហប្រជាជាតិបាន​រុញ​ទម្លាក់​ប្រទេស​ទៅ​ក្នុង​វិបត្តិ​ និង​អំពើ​ហិង្សា​ស៊ីវិល ដោយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាង​បីពាន់​នាក់​ស្លាប់​បាត់បង់​ជីវិត ជាង​មួយ​លាន​នាក់​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​បំលាស់​ទី និង​ជាង២​ម៉ឺនបួន​ពាន់​​នាក់ត្រូវ​ចាប់​ខ្លួន ឬ​ជាប់​ឃុំ។ ទាំងអង្គការ​សហប្រជាជាតិ ក៏​ដូច​ជា​បណ្តា​ប្រទេស​លោក​ខាង​លិចធំៗ បាន​អំពាវនាវ​ឱ្យ​ភូមា​ដោះលែង​អ្នក​ទោស​នយោបាយ និង​រៀប​ចំ​ការ​បោះឆ្នោត​ជា​ថ្មី។ ប៉ុន្តែ​គ្រប់​ការ​ចរចា​ និង​ការ​សម្រុះសម្រួល​គ្មាន​បាន​លទ្ធផល​អ្វី​ទាំងអស់។ របប​សឹក​បាន​សន្យា​រៀប​ចំ​ការ​បោះឆ្នោត​ជា​ថ្មី នៅខែ​សីហា​២០២៣​នេះ ប៉ុន្តែនៅថ្ងៃ​ទី​៣១​កក្កដា​ម្សិលមិញ ក្នុង​ពេល​ដែល​សេចក្តីប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​​ត្រូវ​ដល់​ទីអវសាន​ ​ក្រុមប្រឹក្សា​ការពារ​និង​សន្តិសុខ​ជាតិ បាន​សម្រេចបន្ត​ភាព​អាសន្ន​រយៈ​ពេល​៦​ខែ​ទៀត​។ ពន្យារ​ពេល​ដាក់​ប្រទេស​ក្នុងភាព​អាសន្ន មាន​ន័យ​ថា​ការ​បោះឆ្នោត​​ក៏​ត្រូវ​តែ​លើក​ពេល​ដែរ ព្រោះ​បើ​តាម​​រដ្ឋធម្មនុញ្ញ​ភូមា ការ​រៀប​ចំ​បោះឆ្នោត​អាច​ប្រព្រឹត្ត​ទៅ​បាន​នៅ​៦​ខែ​ក្រោយ​ប្រទេស​ដើរ​ចេញ​​ពីភាព​អាសន្ន។ លោក​មីនអ៊ុងឡាំង បាន​ពន្យល់​អំពីហេតុផល​នៃ​សេចក្តី​សម្រេច​ពន្យារ​ពេល​​ដាក់​ប្រទេស​ភាព​អាសន្ន​ម្ត​ងហើយ​ម្តង​ទៀត ដោយ​ហេតុ​តែ​មាន​ការ​ប្រយុទ្ធ​និងការ​​វាយប្រហារ​ កំពុងកើត​ឡើង​នៅ​តាម​តំបន់​ជា​ច្រើន​នៃ​ប្រទេស។ ​ប្រមុខ​ដឹកនាំ​របប​សឹក​ភូមា​បាន​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​អាច​គ្រប់គ្រង​ប្រទេស​បានត្រឹម​តែពីរ​ភាគ​បី​នៃ​​ស្រុក​ទាំង​៣៣០​របស់​ភូមា ​​ប៉ុណ្ណោះ។ ​ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​ប្រឆាំង​ ​ការ​បោះឆ្នោត​សន្យា​ដោយ​របប​សឹក ទោះ​ប្រព្រឹត្ត​ទៅ​បាន​មែន ក៏​គ្មាន​លក្ខណៈ​សេរី និង​សមធម៌​ដែរ។ គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​បាន​រំលាយ​គណបក្ស​របស់​លោកស្រី​អ៊ុងសានស៊ូជី​ ព្រោះ​មិន​ស្រប​តាម​ច្បាប់​បោះឆ្នោត​ថ្មី​តាក់តែង​ដោយ​ក្រុមយោធា។ កាលពី​ខែ​មករា​ដើម​ឆ្នាំ គណៈកម្មការ​បោះឆ្នោត​ បាន​ផ្តល់​ពេល​ពីរ​ខែ​ឱ្យ​គណបក្ស​នយោបាយ​ចុះឈ្មោះ​ តែ​ក្នុង​ចំណោម​គណបក្ស​ទាំង​៩០ មាន​តែ៥០ប៉ុណ្ណោះ​អាច​ជាប់​ក្នុង​បញ្ជីបោះឆ្នោត​ថ្មី៕
8/1/20235 minutes, 8 seconds
Episode Artwork

ក្រុងម៉ូស្គូបានរងការវាយប្រហារដោយយានដ្រូន​សាជាថ្មី ដែលរុស្ស៊ីអះអាងថាជាស្នាដៃអ៊ុយក្រែន

យោងតាមការផ្សាយ​របស់​បណ្តាញព័ត៌មាន​រុស្ស៊ី កាលពីយប់​រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី​៣០កក្កដានេះ ទីក្រុងម៉ូស្គូ បានរងនូវការវាយ​ប្រហារ​ដោយយានដ្រូន។ ភាគីរុស្ស៊ីចាត់ទុកថាជាស្នា​ដៃរបស់អ៊ុយក្រែន​។ នេះគឺជាការវាយប្រហារជាថ្មីទៀត កណ្តាល​ក្រុងម៉ូស្គូ ដែល​អាចបញ្ជាក់ថា រដ្ឋធានី​ធំរបស់រុស្ស៊ីនេះ ហាក់ដូចជាមិនមានការ​ការពារផ្លូវអាកាស ឲ្យ​បានរឹងមាំនោះទេ​។ ដ្រូន​៣គ្រឿងវាយធ្លាក់កណ្តាលក្រុងម៉ូស្គូ​ផ្អែកតាមការចុះផ្សាយ របស់​បណ្តាញព័ត៌មាន TASS របស់រុស្ស៊ី គឺយានដ្រូនចំនួន​៣គ្រឿងរបស់អ៊ុយក្រែន បានមកវាយប្រហារនៅ​ក្រុងម៉ូស្គូ កាលពីវេលាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យនេះ​។ ដ្រូន​១គ្រឿង ត្រូវបាន​កំទេចបាន​ហើយធ្លាក់នៅជាយ​ក្រុង​ ក្នុងតំបន់ Odintsovo។ ចំណែកពីរគ្រឿងទៀត ត្រូវបានធ្លាក់នៅកណ្តាលក្រុងម៉ូស្គូតែម្តង ក្នុងសង្កាត់ដែលសំបូរអាគារខ្ពស់​ៗ។ បើផ្អែកតាមប្រភពខ្លះ គឺអគារដែលបានរងការវាយ​ប្រហារនោះ គឺជាអគារដ្ឋបាល ការិយាល័យ ដែលក្រសួងរដ្ឋរុស្ស៊ីប្រើប្រាស់​។លោក Sergueï Sobrianine អភិបាលទីក្រុងម៉ូស្គូ បានសរសេរបង្ហោះ លើបណ្តាញតេឡាក្រាម នៅព្រឹកថ្ងៃអាទិត្យនេះថា ជញ្ជាំងកញ្ចក់អាគារចំនួន២ បានរងការខូចខាត បាក់បែក ដោយសារតែការវាយប្រហារនេះ​។ លោក​ម្នាក់នេះ អះអាងថា មិនមានមនុស្ស​ស្លាប់ឬរបួសដោយសារ​ការវាយប្រហារនេះទេ គឺមានតែការខូចខាតសម្ភារៈ។ រូបភាព​ពីក្រុមការងារ អ្នកយកព័ត៌មានបារាំង AFP បានបង្ហាញឲ្យឃើញ​ បំណែកបង្អួចកញ្ចក់ និងបំណែកអាគារធ្លាក់​មកលើដី។ ដោយសារតែការវាយប្រហារនេះដែរ ព្រលានយន្តហោះ Vnoukovo ជាយក្រុងម៉ូស្គូ ត្រូវបាន​ផ្អាកដំណើរការប៉ុន្មានម៉ោងដែរ​ នៅព្រឹកថ្ងៃអាទិត្យ​។ក្រសួងការពារជាតិរុស្ស៊ីបាន​បរិហារថា នេះគឺជាទង្វើ​ ប៉ុនប៉ងវាយប្រហារភេរវកម្ម របស់អ៊ុយក្រែន។ តែយ៉ាងណា សម្រាប់ពេលនេះ មិនទាន់​មានការ​ប្រកាសទទួលស្គាល់ណាមួយ​ពី​ភាគីអ៊ុយក្រែនទេ។ ដូចយើង​​បានដឹងហើយ ថានេះមិនមែនជាលើកទី១ទេ ដែលមានការ​វាយ​ប្រហារដោយយានដ្រូន​ នៅ​កណ្តាលក្រុងម៉ូស្គូ ហើយដែល​រុស្ស៊ីតែងតែចោទថាជាស្នាដៃអ៊ុយក្រែន​។ លោក​ហ្សេឡេនស្គី ធ្លាប់​បានសន្យាថានឹងវាយប្រហារទៅក្នុងទឹកដី​រុស្ស៊ីវិញ ដើម្បីសងសិកចំពោះការវាយប្រហារដែលរុស្ស៊ីបានធ្វើមកលើទីក្រុងអូដេសា កាលពីពេលថ្មីៗនេះ​។លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីវិញ បាន​ស្តីបន្ទោស ថាបើគ្មាន​អាមេរិក និងអូតង់ទេ អ៊ុយក្រែនក៏មិនអាចបើកការវាយ​ប្រហារនេះបានដែរ។ តែទន្ទឹមនឹងនេះ យើងឃើញថា ទីក្រុងម៉ូស្គូមួយទាំងមូល ហាក់ដូចជាមិនមាន​ប្រព័ន្ធការពារផ្លូវអាកាសរឹងមាំសោះ បានជាយានដ្រូនអាច​ហោះទៅវាយ​ប្រហារ​ម្តងហើយម្តងទៀតបែបនេះ​។ដ្រូនអ៊ុយក្រែន​២៥គ្រឿង ប៉ុនប៉ងវាយប្រហារ​នៅគ្រីម៉េក្រសួងការពារជាតិរុស្ស៊ីអះអាងថា នៅព្រឹកថ្ងៃអាទិត្យនេះ គឺមានយានដ្រូនរបស់អ៊ុយក្រែន ចំនួន​២៥គ្រឿងបាន​ប៉ុនប៉ងមកវាយប្រហារ នោះតំបន់គ្រីម៉េ។ ក្នុងនោះ​កងទ័ពរុស្ស៊ីបានវាយកំទេចទាន់ពេលវេលា ចំនួន​១៦គ្រឿង ដោយ​ប្រព័ន្ធការពារផ្លូវអាកាស ចំណែក​៩គ្រឿងទៀត ត្រូវបាន​ក្រុមជំនាញរុស្ស៊ី ដណ្តើមគ្រប់គ្រងបានពីចំងាយ​តាមប្រព័ន្ធព័ត៌មានវិទ្យា ហើយ​បានបញ្ជាឲ្យធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ។ហើយកាលពីថ្ងៃសុក្រវិញ រុស្ស៊ីអះអាងថា អ៊ុយក្រែនបានបាញ់មីស៊ី២គ្រាប់ ចូលទៅក្នុងទឹកដីរុស្ស៊ី ត្រង់តំបន់ Taganrog ក្បែរព្រំដែនអ៊ុយក្រែន បណ្តាលឲ្យរបួសមនុស្ស​១៦នាក់។ ករណីបាញ់មីស៊ីលចូលដីរុស្ស៊ីនេះ គឺជារឿងកម្រណាស់។ មីស៊ីល២គ្រាប់នេះ រុស្ស៊ីថាជាប្រភេទមីស៊ីល S-200។ដោយឡែក ខាងទឹកដីអ៊ុយក្រែនវិញ រុស្ស៊ីបានបាញ់មីស៊ីលវាយប្រហារ ចំអគារសាលារៀនមួយ កាលពីយប់ថ្ងៃសៅរ៍ម៉ោង​៨ បណ្តាលឲ្យ​ស្លាប់ម្នាក់ និងរបួស៥នាក់ នៅទីក្រុងSoumy។ នេះបើផ្អែកតាមបណ្តាញព័ត៌មានអ៊ុយក្រែន Suspilne។ ហើយ​នៅថ្ងៃសៅរ៍ដែរ មនុស្ស២នាក់បានស្លាប់ដោយការវាយប្រហារ របស់រុស្ស៊ី នៅឯតំបន់ហ្សាប៉ូរីចា។ប្រធានសហភាពអាហ្វ្រិកអំពាវនាវ​ឲ្យ​មានបទឈប់បាញ់​វេទិកាកំពូល រុស្ស៊ី អាហ្វ្រិក បានបិទបញ្ចប់ទៅកាលពីថ្ងៃសុក្រ ដោយ​លោក​ប្រធានសហភាពអាហ្វ្រិក លោក Azali Assoumani បាន​ប្រាប់ទៅលោកពូទីនថា វាជារឿងចាំបាច់ណាស់ ដែលត្រូវតែឈានទៅ​ មានបទឈប់បាញ់ ឲ្យ​បានឆាប់បំផុត ជាមួយអ៊ុយក្រែន ព្រោះថា វាគឺជារឿងស្លាប់រស់ រឿងក្រពះ របស់ប្រជាជននៅអាហ្វ្រិក។ការលើកឡើងបែបនេះ គឺបន្ទាប់ពីក្នុងពេលប្រជុំ លោក​ពូទីន បានសន្យាប្រាប់ទៅថ្នាក់ដឹកនាំអាហ្វ្រិកថា កុំភ័យ ចាំរុស្ស៊ី​ដឹកគ្រាប់ធញ្ញជាតិទៅឲ្យ ជំនួសឲ្យ​គ្រាប់ធញ្ញជាតិរបស់​អ៊ុយក្រែន។ ជាងនេះទៀត រុស្ស៊ីនឹងអោយ​ដោយ​មិនគិតថ្លៃទេ ក្នុងទំហំមួយផ្នែកធំ សម្រាប់ប្រទេសប្រមាណ​៦ប្រទេស ដែលលំបាកខ្លាំង​។ តែការធានារបស់​លោកពូទីននេះ ត្រូវបាន​​​លោក Azali Assoumani ប្រធានសហភាពអាហ្វ្រិក បាន​ឆ្លើយបកទៅវិញថា វាមិនគ្រប់គ្រាន់ទេ។ អ្វីដែលចាំបាច់ គឺការឈានទៅ​មានបទឈប់បាញ់​។  លោកពូទីន៖ “ខ្ញុំមិនដែលបិទផ្លូវចរចាជាមួយអ៊ុយក្រែនទេ!”នៅថ្ងៃសៅរ៍​ទី​២៩កក្កដា​ ក្នុងសន្និសីទកាសែតមួយ នៅក្រុងប៉េតេសបួរ លោកពូទីន បាន​ឆ្លើយប្រាប់អ្នកកាសែតថា លោក​មិនដែលបិទផ្លូវ រឿងចរចាជាមួយអ៊ុយក្រែននោះឡើយ​។ លោក​បន្តទៀតថា សំណើរបស់​ក្រុមប្រទេសអាហ្វ្រិក ក៏ជាពីភាគីចិន ដែលចង់​ឲ្យ​មាន​ផែនការចរចា គឺរុស្ស៊ីនឹងយកមកគិត ប្រើវាជាមូលដ្ឋាន​។ ចំណែក​រឿងបទឈប់បាញ់វិញ ​លោក​បាន​លើកឡើងថា​ សម្រាប់ពេលនេះ គឺពិបាកធ្វើ​បន្តិចហើយ ព្រោះថាអ៊ុយក្រែន​ កំពុងតែបើកប្រតិបត្តិវាយ​បក ដែលតម្រូវឲ្យ​ខាងរុស្ស៊ីត្រូវតែទប់ទល់​ វាយប្រហារទៅវិញ។ តែយ៉ាងណា លោក​បានបញ្ជាក់ថា សម្រាប់ពេលនេះ គឺខាងកងទ័ព​រុស្ស៊ី មិនមានការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី មិនមានការបើកសម្រុកវាយប្រហារទ្រង់ទ្រាយធំណាមួយ នៅឯសមរភូមិ​ អ៊ុយក្រែនទេ៕
7/30/20236 minutes, 19 seconds
Episode Artwork

នីហ្សេ៖ មេអង្គរក្ស​ប្រធានាធិបតីជាអ្នកនៅពីក្រោយរដ្ឋប្រហារ និងប្រកាសតាំងខ្លួនជា​ប្រមុខរដ្ឋថ្មី

នៅប្រទេស​នីហ្សេ អ្នកផ្តួចផ្តើម​គំនិត​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល និង​ចាប់ដាក់ឃុំ ប្រធានាធិបតី លោក​ម៉ូហាម៉េដ បាហ្ស៊ូម បាន​ចេញមុខ​ប្រកាស​តាំងខ្លួនជា​ប្រមុខដឹកនាំ​ថ្មី ចាប់តាំងពីថ្ងៃ​ព្រហស្បតិ៍។ មេដឹកនាំ​របបសឹកនីហ្សេ ដែលជាមេគំនិត ដណើ្តមអំណាច​ពីប្រធានាធិបី គ្មានអ្នកណាក្រៅពី​លោក​អាប់ឌូរ៉ាហាម៉ាន់ ចានី ដែលជា​ប្រធានអង្គរក្សរបស់​ប្រធានាធិបតី។ នៅក្នុងការថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិ នៅយប់ថ្ងៃ​សុក្រម្សិលមិញ លោក​អាប់ឌូរ៉ាហាម៉ាន់ ចានី បាន​ប្រកាស​តាំងខ្លួន​ជា​ប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រោចស្រង់មាតុភូមិ នៅមុន​ការប្រកាស​របស់​ពួកយោធា​នីហ្សេ ដែល​គាំទ្រ​ឲ្យ​លោក​ធ្វើជា​ប្រមុខដឹកនាំ​ថ្មី​របស់​នីហ្សេ។ រដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ចេញមកពីការបោះឆ្នោត នៅ​នីហ្សេ បានទាក់ទាញ​ឲ្យ​មាន​ប្រតិកម្ម​ថ្កោលទោស​ពីសហគមន៍​អន្តរជាតិ មិនថា ប្រទេស​លោកខាងលិច និងថ្នាក់ដឹកនាំ​អាហ្វ្រិក។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃ​សុក្រ ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខ​របស់សហភាពអាហ្វ្រិក​បានទាមទារ​ឲ្យ​ពួកយោធា​នីហ្សេដោះលែង​ប្រធានាធិបតី និង​ត្រលប់ចូលទៅ​បន្ទាយវិញ ក្នុង​រយៈពេល ១៥ថ្ងៃ។ ចំណែក​អាមេរិក​បាន​ប្រកាស​គំរាម​កាត់ផ្តាច់ជំនួយ ក្នុងខណៈពេល​បារាំងដែលជាដៃគូ របស់​នីហ្សេ សម្រាប់​ប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម​នៅ​តំបន់សាហែល នៅអាហ្វ្រិក ប្រកាស​បើកកិច្ចប្រជុំសន្តិសុខ​បន្ទាន់ ដើម្បីនិយាយ​ពី​ស្ថានការណ៍​នៅនីហ្សេ។ តើអ្វីទៅជា​ហេតុផល​ដែល​ជំរុញឲ្យមាន​ការធ្វើរដ្ឋប្រហារ​នៅ​នីហ្សេ ដែលជាប្រទេស​កំពុង​ស្ងប់ស្ងាត់ និង​ជា​ដៃគូសំខាន់​របស់​ប្រទេស​លោកខាងលិច? ២ថ្ងៃ​ក្រោយពួកយោធា​អះអាង​ធ្វើរដ្ឋប្រហារ​ផ្តួលរំលំរដ្ឋាភិបាលស៊ីវិល និង​ចាប់ប្រធានាធិបតីដាក់ឃុំ មេក្រុម​អង្គរក្ស​ប្រធានាធិបតី លោក អាប់ឌូរ៉ាហាម៉ាន់ ចានី បាន​ចេញមុខ​តាម​កញ្ចក់​ទូរទស្សន៍ជាតិ កាល​ពីយប់ថ្ងៃ​សុក្រម្សិលមិញ និង​ប្រកាស​តាំងខ្លួន​ជា​ប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រោចស្រង់មាតុភូមិ ដែល​ជា​ក្បាលម៉ាស៊ីនថ្មី ដឹកនាំថ្មី​របស់​ប្រទេស​នីហ្សេ ក្រោយ​រដ្ឋប្រហារ។ ខុសប្លែកពី​រដ្ឋប្រហារ នៅ​ប្រទេស​ដទៃ អ្នកដែល​ធ្វើរដ្ឋប្រហារ​ទម្លាក់ប្រធានាធិបតី​នៅប្រទេស នីហ្សេ ជា​ប្រធាន​អង្គរក្សប្រធានាធិបតី ប៉ុន្តែ មិនមែន​ជាមេបញ្ជាការ​កងទ័ព។ការធ្វើ​រដ្ឋប្រហារ​យោធា ទម្លាក់រដ្ឋាភិបាលស៊ីវិល នៅនីហ្សេ ជា​រឿងដែលគេមិននឹកស្មានដល់ នេះ​បើ​មើលទៅ​លើស្ថានការណ៍នយោបាយ​ដែលចាប់មាន​ស្ថិរភាពឡើងវិញ  នៅក្នុងអំឡុងដឹកនាំ​របស់​លោក​ប្រធានាធិបតី​លោក លោក​ម៉ូហាម៉េដ បាហ្ស៊ូម។ លោក​ប្រធានាធិបតី​បាហ្ស៊ូមដែលចេញមកពីការបោះឆ្នោត​ប្រជាធិបតេយ្យ បានព្យាយាម​បន្ធូរបន្ថយ​ភាពតានតឹងផ្ទៃក្នុង តាមរយៈ​ការដោះលែង​សកម្មជន​អ្នកនយោបាយ​ប្រឆាំង​ជាដើម។រឿងដែលគេមិននឹកស្មានដល់មួយទៀត គឺ​អ្នកនៅពីក្រោយ​ការធ្វើរដ្ឋប្រហារ និងប្រកាស​តាំង​ខ្លួន​ជា​ប្រមុខដឹកនាំថ្មី​របស់​នីហ្សេ គឺ​ជា​មេក្រុមកងអង្គរក្ស​ដែល​តាមពិត​មាន​នាទី​ជា​អ្នកការពារ​សន្តិសុខឲ្យ​លោក​ប្រធានាធិបតី​បាហ្ស៊ូម​រហូតមក។ នៅថ្ងៃ​ពុធទី ២៧កក្កដា មេកងអង្គរក្ស​រូបនេះ​បាន​បញ្ជា​ឲ្យ​ចាប់ឃុំខ្លួន​ប្រធានាធិបតី​និងក្រុមគ្រួសារ ចំណែក​ក្រុមយោធា​មួយក្រុម​ដែល​អះអាងថា បានការគាំទ្រ​ពីប៉ូលិស ទាហាន និង​កងអាវុធ ប្រកាសធ្វើរដ្ឋប្រហារ ​ផ្តួលរំលំអំណាចប្រធានាធិបតី។នៅថ្ងៃសុក្រ លោក អាប់ឌូរ៉ាហាម៉ាន់ ចានី ដែល​មេកងអង្គរក្សប្រធានាធិបតី​បាន​ចេញមុខតាមកញ្ចក់ទូរទស្សន៍ ប្រកាសតាំងខ្លួន ជា​ប្រធានក្រុមប្រឹក្សា​ជាតិដើម្បីស្រោចស្រង់មាតុភូមិ ជា​ប្រមុខរដ្ឋថ្មីរបស់នីហ្សេ។ លោក អាប់ឌូរ៉ាហាម៉ាន់ ចានី ជាមនុស្ស​មិនសូវចេញមុខច្រើនទេ ប៉ុន្តែ នៅក្នុងពិភពកងទ័ពនីហ្សេ លោក​ជាមនុស្ស​មានមុខមាត់ មានគេគោរពច្រើន ព្រោះលោកធ្លាប់​ដឹកនាំ​កងទ័ព​ជើងគោក ជើងអាកាស មុននឹង​ត្រូវ​ប្រធានាធិបតីមុនៗ​តែងតាំង​ជាប្រធានអង្គរក្ស​ការពារ​ប្រធានាធិបតីរយៈពេល ១២ឆ្នាំមកនេះ។ អ្នកស្និទ្ធ​នឹងលោកប្រធានាធិបតី បាហ្ស៊ូម ដែលកំពុង​ស្ថិតក្រោមការចាប់ឃុំ​របស់​ពួកយោធា បានថ្កោលទោស​ការធ្វើរដ្ឋប្រហារ​ដែលធ្វើឡើង​ដើម្បីប្រយោជន៍បុគ្គល ព្រោះ ថា លោក​ចានី​មានគំនិត​ធ្វើរដ្ឋប្រហារ បន្ទាប់ពី​លោក​ប្រធានាធិបតីបាហ្ស៊ូម​មានគម្រោង​កោះប្រជុំគណៈរដ្ឋមន្រ្តីដើម្បីដក​លោក​ចានី និង​កាត់បន្ថយ​ឥទ្ធិពល​របស់​ក្រុមអង្គរក្ស​ប្រធានាធិបតី។ប៉ុន្តែ នៅក្នុងសារថ្លែង​កាលពីថ្ងៃ​សុក្រ លោក​ចានី​និយាយ​ថា រដ្ឋប្រហារ​ធ្វើឡើង ដោយសារ​តែ​ស្ថានការណ៍​សន្តិសុខ​នៅ​នីហ្សេ​កាន់តែ​ធ្លាក់ចុះ នៅចំពោះមុខការគំរាមកំហែង​របស់​ក្រុមភេរវនិយម។ហេតុអ្វី​បារាំង​បារម្ភ យកចិត្តទុកដាក់​ ពីរឿង​ធ្វើ​រដ្ឋប្រហារ នៅ​នីហ្សេ?គិតចាប់តាំង​ពី​ទទួលឯករាជ្យ រួចចាកផុត​ពី​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ ១៩៦០ នេះជាលើកទី ៥ ដែលនីហ្សេជួបប្រទះរដ្ឋប្រហារ​យោធា។ ប៉ុន្តែ រដ្ឋប្រហារ​នៅនីហ្សេ​លើកនេះ​ធ្វើ​ឲ្យ​បារាំង​បារម្ភខ្លាំងជាងណាទាំងអស់។ នីហ្សេ ​ជា​ប្រទេស​អាហ្វ្រិក​សំខាន់ ចុងក្រោយ ដែល​បារាំង​កំពុង​ចាប់ដៃ​សហការ​ផ្នែកយោធា នៅ​តំបន់​សាហែល នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម ដូចជា​ក្រុមជីហាតអ៊ីស្លាម ក្រុមអាល់កៃដា។ នីហ្សេ​បានក្លាយជា​មូលដ្ឋានទ័ពចុងក្រោយ​របស់​បារាំង ដែលបានបង្ខំចិត្ត​ដកទ័ព​ចេញ​ពី​ម៉ាលី និង​បួគីណាហ្វាសូ បន្ទាប់ពី​ប្រទេស​ទាំងពីរ​នេះត្រូវ​ពួកយោធាធ្វើ​រដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល។នៅនីហ្សេ កងទ័ពបារាំង​ប្រមាណ ១៥០០​នាក់កំពុង​ប្រចាំការនៅមូលដ្ឋានទ័ព ដែលមានទីតាំង​នៅ​ព្រលានយន្តហោះ​ក្នុង​រដ្ឋធានី​របស់​នីហ្សេ។ប្រធានាធិបតីបារាំង​ផ្ទាល់​បាន​ថ្កោលទោស ការធ្វើរដ្ឋប្រហារ និង​បាន​ទាមទារ​ឲ្យ​ពួកយោធា​ដោះលែង​ប្រធានាធិបតី លោក​បាហ្ស៊ូម ដែលជាមេដឹកនាំប្រទេស​នៅ​អាហ្វ្រិក​ដ៏កម្រ ដែលនៅបន្តរក្សា​ទំនាក់ទំនងជាមួយ​បារាំង និង​ប្រទេស​លោកខាងលិច។ នៅ​ថ្ងៃសៅរ៍ លោកប្រធានាធិបតី​ម៉ាក្រុង​ដែល​បាន​រូតរះ​ត្រលប់ពី​ដំណើរទស្សនកិច្ច​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក បាន​កោះប្រជុំ​បន្ទាន់​ក្រុមប្រឹក្សា​សន្តិសុខ​ដើម្បី​និយាយ​ពី​ស្ថានការណ៍​នៅ​នីហ្សេ។បារាំង​ត្រូវ​តែ​ខ្វល់ខ្វាយ​ពីស្ថានការណ៍​នៅនីហ្សេ មិនមែនដោយសារ​តែ​ហេតុផល​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម​នៅ​សាហែលតែប៉ុណ្ណោះទេ ប៉ុន្តែ បារាំងតាមដានជាប់​ស្ថានការណ៍​ប្រែប្រួលនៅនីហ្សេ ដើម្បីហេតុផលសេដ្ឋកិច្ច ព្រោះ​បារាំង​មាន​ក្រុមហ៊ុនOrano ​ដែល​បុកគ្រឹះ​ធ្វើ​អាជីវកម្ម​ជីកយក​រ៉ែអ៊ុយរ៉ាញ៉ូម របស់​នីហ្សេ រាប់សិបឆ្នាំមកហើយ ដើម្បី រោងចក្រ​ថាមពលនុយក្លេអ៊ែរនៅបារាំង។នីហ្សេនឹង​ជួបបញ្ហាអ្វីខ្លះ នៅក្រោយ​រដ្ឋប្រហារ?នីហ្សេក្រោម​ការដឹកនាំ​របស់​របបសឹក ក្រោយរដ្ឋប្រហារ អាច​ស្ថិតនៅ​ឯការ ដោយសារ​តែ​ការថ្កោលទោស ពីសហគមន៍អន្តរជាតិ និង​សហភាពអាហ្វ្រិក ដែលប្រឆាំង​នឹង​ការចូលកាន់អំណាច​តាមរយៈការធ្វើរដ្ឋប្រហារ​យោធា។បន្ទាប់ពីនេះ នីហ្សេ​ដឹកនាំ​ដោយ​មេអង្គរក្ស​ប្រធានាធិបតី លោក​ចានី កំពុងរងការគំរាមពី​សហភាពអាហ្វ្រិក និង​អាមេរិក​ដែលបាន​ព្រមាន​ពីការកាត់ផ្តាច់ជំនួយ បើសិន​កងទ័ព​មិនព្រម​ប្រគល់អំណាច​ទៅ​ឲ្យប្រធានាធិបតី​លោក​បាហ្ស៊ូមវិញ។ ប្រធានាធិបតី បារាំង​បាន​ព្រមាន​ពីគ្រោះថ្នាក់​នៃ​រដ្ឋប្រហារ​យោធា សម្រាប់​អនាគត​ប្រជាជន​នីហ្សេ ប្រទេស​នីហ្សេ និង​តំបន់ទាំងមូលអាមេរិក គំរាមកាត់ផ្តាច់ជំនួយយោធា​សម្រាប់​នីហ្សេ បើសិន​កងទ័ពមិន​ប្រគល់អំណាច​ឲ្យប្រធានាធិបតីវិញបន្ទាប់ពី​ប្រកាស​ទទួលស្គាល់​តែ​លោក​ប្រធានាធិបតី បាហ្ស៊ូម ជាមេដឹកនាំ​នីហ្សេ របបសឹកនីហ្សេ ក្រសួងការបរទេស​អាមេរិក​បានព្រមានពីការកាត់ផ្តាច់ជំនួយ និង​សហប្រតិបត្តិការ​យោធា​ជាមួយ​នីហ្សេ។ នៅមុន​រដ្ឋប្រហារ​កាលពីថ្ងៃ​ពុធ នៅនីហ្សេ អាមេរិក​ធ្លាប់​ចូលរួមបណ្តុះបណ្តាល​កងទ័ព និងកងអង្គរក្ស​នីហ្សេ និង​មានទាហាន ១០០០នាក់​កំពុង​ប្រចាំការ​នៅទឹកដីនីហ្សេ។ប៉ុន្តែ ក្រុមយោធា​នីហ្សេ ទំនង​មិនសុខចិត្ត​ប្រគល់អំណាច​ទៅ​ឲ្យប្រធានាធិបតី ដែល​គេ​ចោទថា អសមត្ថភាព ក្នុងការគ្រប់គ្រង​ប្រទេស ជាពិសេស ​បញ្ហាសន្តិសុខ និង​បញ្ហា​ពុករលួយ។ ដោយ​ហ៊ានចេញមុខ​ធ្វើរដ្ឋប្រហារ​ប៉ុណ្ណេះហើយ កងទ័ពនីហ្សេ​មិនងាយនឹង​ត្រលប់ដើរថយក្រោយ ដោយសារ​ខ្លាច​ការសម្លុត គំរាមកាត់ផ្តាច់ជំនួយ​ពី​លោកខាងលិច ព្រោះថា របបសឹក​នីហ្សេ នៅមានផ្លូវដើរផ្សេងទៀត។ ទី១ នីហ្សេ​នៅមាន​ចិន​ដែលនៅ​ចាំទិញប្រេង​របស់​នីហ្សេ ហើយ​ចិនមិនបាន​និយាយរិះគន់​ការធ្វើរដ្ឋប្រហារ។ទី ២ នីហ្សេ​នៅអាច​ជំនួយ​ពីរុស្ស៊ី ដែលពេលនេះ ជា​គូប្រជែង សត្រូវ​របស់​អាមេរិក និង​ប្រទេស​លោកខាងលិច។ រុស្ស៊ី អាច​ជា​ប្រភពផ្គត់ផ្គង់​ស្បៀង ជីគីមី ហើយនិង​ជា​អ្នកលក់អាវុធ​ដើម្បី​ឲ្យ​កងទ័ព​នីហ្សេយកទៅប្រើសម្រាប់ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម​នៅ​តំបន់​សាហែលជាប់ព្រំដែន ជាមួយម៉ាលី និង​បួគីណាហ្វាសូតើ​ អាច​មាន​ការលូកដៃ​របស់​រុស្ស៊ី ដូចនៅប្រទេសអាហ្វ្រិក​ជិតខាង ដូចជា​ម៉ាលី និង​បួគីណាហ្វាសូ?នៅ​ព្រឹកថ្ងៃព្រហស្បតិ៍​ ក្រុមបាតុករ ជាច្រើនរយនាក់ ដែលគាំទ្រការធ្វើ​រដ្ឋប្រហាររបស់​ក្រុមយោធា បាន​ស្រែកជេរបារាំង បណ្តេញកងទ័ពបារាំង នៅក្នុងការជួបជុំគ្នា នៅ​ទីក្រុង​ជាច្រើន នៅ​ប្រទេសនីហ្សេ។ យោងតាមអ្នករាយការណ៍​ព័ត៌មានបារាំង AFP នៅ​ក្នុងក្បួនបាតុកម្ម គេឃើញក្រុមបាតុករនីហ្សេ លើកគ្រវីទង់ជាតិរុស្ស៊ី ស្វាគមន៍អរគុណរុស្ស៊ី​។ តាមការវិភាគខ្លះ គេសង្ស័យថា ចលាចល និង​ការធ្វើរដ្ឋប្រហារ​នៅនីហ្សេនេះ អាច​មានការលូកដៃ​របស់រុស្ស៊ី ដូចនៅ​ម៉ាលី និងបួគីណាហ្វាសូ ប្រទេស​ជាប់ព្រំដែន​នីហ្សេ ដែល​មាន​ក្រុមទាហានស៊ីឈ្នួលWagner របស់រុស្ស៊ី​កំពុងមានវត្តមានយ៉ាងសកម្ម។ប្រធានក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ លោក​ព្រីហ្គោហ្ស៊ីន​ដែលធ្វើការបះបោរ​មិនបាន​សម្រេច​នៅម៉ូស្គូ និង​ត្រូវ​និរទេស​ខ្លួនទៅនៅ​បេឡារុស្ស បាន​និយាយ​នៅថ្ងៃ​សុក្រថា រដ្ឋប្រហារ​យោធានៅនីហ្សេផ្ទុះឡើង ដោយសារ​តែ​ប្រជាជន​នីហ្សេ​តស៊ូ ប្រឆាំង​នឹង​ច្បាប់ ដែល​អតីត​អាណានិគមនិយម​បានដៅកំណត់សម្រាប់ជីវិត​ប្រជាជននីហ្សេ។​តើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាលស៊ីវិល​នឹងអាចប៉ះពាល់​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹងក្រុមភេរវនិយម​នៅ​តំបន់​សាហែល?ផ្ទុយពីការបារម្ភ​របស់​បារាំង និង​អាមេរិក រដ្ឋប្រហារ​នៅនីហ្សេ​អាច​ផ្តល់​កម្លាំងដល់​បេសកកម្ម​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម​នៅ​តំបន់​សាហែល ព្រោះថា មេដឹកនាំ​របបសឹក​នីហ្សេ មាន​គោលនយោបាយ​ខុសស្រឡះពី​លោកប្រធានាធិបតី​បាហ្ស៊ូម។ ដោយសារ​តែ​រដ្ឋប្រហារ​យោធា​នៅម៉ាលី និង​បួគីណាហ្វាសូ លោកប្រធានាធិបតី​បាហ្ស៊ូម នៅមុន​ពួកយោធា​ធ្វើរដ្ឋប្រហារ បាន​បែរខ្នង​ដាក់​របបសឹកម៉ាលី និង​បួគីណាហ្វាសូ ដែលតាមពិតធា្លប់ជា​ដៃគូ​សំខាន់​ដើម្បីប្រយុទ្ធ បោសសម្អាតពួកជីហាត នៅព្រំដែន​ប្រទេស​ទាំងបី នៅ​តំបន់​សាហែល។ លោក​ប្រធានាធិបតី​បាហ្ស៊ូម លែងសហការជាមួយ​របបសឹកម៉ាលី និងបួគីណាហ្វាសូ ក៏ព្រោះតែ បារាំង អាមេរិក​និង​សហភាពអាហ្វ្រិក ប្រកាស​ឈប់​គាំទ្រ​ប្រទេស​ទាំងពីរ​ដោយសារ​តែ​ការធ្វើរដ្ឋប្រហារដណ្តើមអំណាច។ប៉ុន្តែ សម្រាប់ លោក​ចានី ប្រធានក្រុមប្រឹក្សា​ជាតិដើម្បី ស្រោចស្រង់ មាតុភូមិ កងទ័ព​ធ្វើរដ្ឋប្រហារ ដោយសារ​យល់ថា ជំហរនយោបាយ​របស់​លោកប្រធានាធិបតី នៅក្នុង​រឿង​រក្សា​សន្តិសុខ ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម គ្មាន​ប្រសិទ្ធិភាព។ តាម​លោក គេ​ត្រូវ​ចាប់ដៃ​សហការ​ជាមួយ​ម៉ាលី និង​បួគីណាហ្វាសូ បើសិន​ចង់ បោសសម្អាត​ក្រុមជីហាត និងអាល់កៃដា នៅតំបន់សាហែល៕
7/29/20238 minutes, 31 seconds
Episode Artwork

លោកចូ បៃដិន ទទួលស្វាគមន៍​លោកស្រីម៉េឡូនី នៅសេតវិមាន ដោយទុករឿងពណ៌សំបុរនយោបាយ​មួយឡែក

លោកស្រី ចរចា ម៉េឡូនី នាយករដ្ឋមន្ត្រី​អ៊ីតាលី បានទៅទស្សនកិច្ច​ផ្លូវរដ្ឋជា​លើកទី​១មួយ​ នៅរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។ កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ លោកស្រីត្រូវបាន​លោក​ប្រធានាធិបតី ចូ បៃដិន ទទួលស្វាគមន៍យ៉ាងរាក់ទាក់ នៅឯសេតវិមាន​។ ធាតុពិតទៅ លោកស្រីម៉េឡូនី ដែលមកពីគណបក្ស​នយោបាយ​ស្តាំនិយមជ្រុល គឺមានទំនោរខុសគ្នាឆ្ងាយ​ណាស់ ពី​លោក​ ចូ បៃដិន ដែលមកពីបក្ស​ប្រជាធិបតេយ្យ​។ តែយ៉ាងណាសំណុំរឿងអ៊ុយក្រែន ព្រមទាំងបញ្ហា​ប្រកួតប្រជែងជាមួយចិន បានធ្វើ​ឲ្យ​អ្នកទាំងពីរ ត្រូវទុករឿងពណ៌សំបុរនយោបាយមួយឡែកសិន​។ ទំនោរនយោបាយ​ផ្ទុយគ្នា​ស្រឡះ​លោកស្រី ចរចា​ ម៉េឡូនី គឺជាស្ត្រីដំបូងគេ ដែលបាន​ឈានឡើងមកធ្វើជា​នាយករដ្ឋមន្ត្រីអ៊ីតាលី។ លោកស្រីមកពី​បក្ស​ស្តាំនិយមជ្រុល ដែលមាន​ឬសគល់នយោបាយចេញពី​ក្រុមហ្វាឈីសត៍ ពោលគឺជាទំនោរនយោបាយ​អភិរក្សនិយមជ្រុល រើសអើងប្រកាន់ពូជសាសន៍ ស្អប់ជនបរទេស។ បក្សនយោបាយ​របស់​ស្រីម៉េឡូនីនេះ ប្រឆាំងនឹងសិទ្ធិរំលូតកូនរបស់ស្ត្រី ហើយ​ប្រឆាំងនឹងសិទ្ធិរបស់​អ្នក​ស្រលាញ់ភេទដូចគ្នាថែមទៀត។​យ៉ាងណាមិញ នៅពេល​លោកស្រីម៉េឡូនីបានចូល​កាន់អំណាច លោក​ចូ បៃដិន បាន​ថ្លែងសារ ប្រាប់ប្រជាជនអាមេរិក ថា​ត្រូវតែប្រឹងប្រែង ប្រុងប្រយ័ត្ន កុំ​ឲ្យ​ក្រុមអ្នកនយោបាយស្តាំនិយមជ្រុល អាចឈានមកកាន់អំណាចបាននៅអាមេរិក​ ដូចនៅអ៊ីតាលីឲ្យសោះ ព្រោះវាជាគ្រោះថ្នាក់ខ្លាំងណាស់ ដល់សិទ្ធិសេរីភាព​និងការរីកចម្រើន​។ អញ្ចឹងយើងឃើញថា លោក ចូ បៃដិន និង​លោកស្រីម៉េឡូនី មានទស្សនៈតម្លៃនយោបាយ​ ផ្ទុយគ្នាខ្លាំណាស់​។តែយ៉ាងណា ជំនួប​កាលពីថ្ងៃព្រហស្បតិ៍​ នៅសេតវិមាន បាន​ប្រព្រឹត្តិទៅដោយរលូន ដោយ​គេសង្កេតឃើញ​ថា លោកចូ បៃដិន ព្យាយាម​ស្វាគមន៍​យ៉ាងកក់ក្តៅ និង​និយាយលេងសើចរួសរាយរាក់ទាក់ យ៉ាងស្និទ្ធស្នាលបំផុត ជាមួយ​លោកស្រីម៉េឡូនី។ លោកចូ បៃដិន អះអាងថា តាមរយៈការជួបគ្នានេះ លោក​បានក្លាយជាមិត្តរបស់​លោក​ស្រី​ម៉េឡូនី។ ចំណែក​លោកស្រី ម៉េឡូនីវិញ ក្រោយ​ចប់ជំនួបនេះ បាន​ប្រាប់អ្នកកាសែតថា បើនិយាយ​ពីរឿងនយោបាយអាមេរិក​ គឺលោកស្រី​គាំទ្រពេញចិត្ត​គណបក្ស​សាធារណ​រដ្ឋ ជាងបក្សប្រជាធិបតេយ្យ។ តែយ៉ាងណា​ ចំណុចវាមិន​ទៅរំខាន​ ដល់ទំនាក់ទំនងដ៏ល្អប្រសើរ រវាងលោកស្រី ជាមួយ​លោក​ចូ បៃដិន នោះឡើយ។“មិត្តល្អជួយគ្នាក្នុង​គ្រាមានអាសន្ន​”លោកស្រី​ម៉េឡូនី និង​លោកចូ បៃដិន បានទុក​រឿងនយោបាយ​ផ្ទៃក្នុង​មួយ​ឡែក ដោយ​ផ្តោត​អាទិភាពទៅលើការ​រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជួយអ៊ុយក្រែន​។ ភាគីទាំង២បានលើកឡើងថា ជំនួប​នេះ គឺជាឱកាសដើម្បី​បញ្ជាក់ និងពង្រឹង សហប្រតិបត្តិការ​យ៉ាងស្អិតរមួត រវាងសហរដ្ឋអាមេរិក និង​អ៊ីតាលី ក្នុង​ការជួយអ៊ុយក្រែន​។ នៅក្នុងលិខិតប្រកាសរួមគ្នា លោក​ ចូ បៃដិន និង​លោកស្រី ម៉េឡូនី បាន​សន្យាថា នឹងរួមសហការគ្នាបន្តជួយអ៊ុយក្រែន ទោះចំណាយប៉ុណ្ណា យូរប៉ុណ្ណាក៏ដោយ​។​ក្នុងពេលជួបគ្នា លោកចូ បៃដិន បានលើកឡើងថា អ៊ីតាលីមានតួនាទីសំខាន់ណាស់ ក្នុងអូតង់ ព្រមទាំងការជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធការពារទឹកដីប្រឆាំងការឈ្លានពានរបស់រុស្ស៊ី​។ លោកស្រី ម៉េឡូនីវិញ បានបញ្ជាក់ថា ពិតណាស់ មិត្ត​ពិតប្រាកដ គឺត្រូវចេះជួយគ្នាក្នុងគ្រាមានអាសន្ន​ មានការលំបាក។ដោយឡែក បើផ្អែកតាម​ប្រភពពីរដ្ឋាភិបាលអ៊ីតាលី គឺលោកស្រី ម៉េឡូនី ក៏មានបំណងនិយាយជាមួយ​លោកចូ បៃដិនដែរ អំពី​បញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម​។ លោក​ចូ បៃដិន មានគម្រោងរៀបចំ​ ពង្រឹងវិស័យឧស្សាហកម្ម​និងការវិនិយោគនៅអាមេរិក ដែលអាចជះផល​អវិជ្ជមានខ្លះ មកលើប្រទេសនៅអឺរ៉ុប។យ៉ាងណាមិញ ក្នុងពេលជួបគ្នា លោក ចូ បៃដិន បានរំលឹកថា ឆ្នាំក្រោយនេះ អ៊ីតាលី នឹងដល់វេនធ្វើជាប្រធានវិលជុំរបស់​ក្រុមប្រទេស​សេដ្ឋកិច្ចនាំមុខ G7ហើយ។ លោកស្រី ម៉េឡូនី បានឆ្លើយទៅវិញបែបដាក់ខ្លួនថា សូម​លោកចូ បៃដិន កុំប្រកែប្រកាន់អី ប្រសិន​បើមានការឆ្គាំឆ្គង ឬខ្វះខាត ក្នុងការរៀបចំចាត់ចែងដឹកនាំG7 របស់​លោកស្រី​នៅឆ្នាំក្រោយ​។អ៊ីតាលីអាចចាកចេញពី​គម្រោង « ផ្លូវមួយខ្សែក្រវ៉ាត់មួយ » របស់ចិន គួរបញ្ជាក់ថា ក្នុងចំណោមប្រទេសG7 គឺមានតែអ៊ីតាលីមួយគត់ ដែលបានចូលរួម​សហការជាមួយចិន នៅក្នុងគម្រោង​​ផែន​ការ “ផ្លូវមួយខ្សែក្រវ៉ាត់មួយ”​។ បញ្ហានេះ ត្រូវបាន​រដ្ឋាភិបាលអាមេរិកបរិហាររិះគន់ និងក្រឿន​រំលឹក​ឲ្យ​អ៊ីតាលីប្រុងប្រយ័ត្ន​ច្រើនដងហើយ។ តែយ៉ាងណា ការសម្រេចចូល​រួមជាមួយចិននេះ គឺរដ្ឋាភិបាល​មុនរបស់​អ៊ីតាលីជាអ្នកសម្រេច កាលពីឆ្នាំ​២០១៩ មិនមិនជាការសម្រេច​របស់​​រដ្ឋាភិបាល​របស់​លោកស្រី ម៉េឡូនីទេ។មិនមានការជជែកគ្នាណាមួយដោយត្រង់ៗ អំពីបញ្ហានេះទេ រវាងលោក​ស្រីម៉េឡូនី និង​លោកចូ បៃដិន​ទេ​​។ ក៏ប៉ុន្តែនៅក្នុងលិខិតប្រកាសរួម មេដឹកនាំទាំង២បាន​អះអាងថានឹងរួមគ្នា ដើម្បីទប់ទល់ចំពោះសកម្មភាពវាតទី ព្រមទាំង​ការលំបាក​ទាំងឡាយ ​ដែលចិនបាននិងកំពុងដាក់ជាចំណោទមកកាន់ពិភពលោក​។ ក្នុងន័យនេះ គឺគេចង់សំដៅ ទៅលើ​ បញ្ហា​ឥទ្ធិពលពាណិជ្ជកម្ម​ចិន ព្រមទាំងសំណុំរឿងកោះតៃវ៉ាន់ផងដែរ។ថ្មីៗនេះ លោកស្រី​ ម៉េឡូនី ធ្លាប់​បាន​បញ្ជាក់ថា រដ្ឋាភិបាល​លោកស្រី អាចនឹងពិចារណា ចាកចេញពីគម្រោង​ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ព្រោះថាចាប់តាំងពីឆ្នាំ​២០១៩មក អ៊ីតាលីដូចជាមិនបានឃើញនូវ​ផលប្រយោជន៍ជាក់ស្តែងផ្នែកសេដ្ឋកិច្ច​អ្វី បាន​មកពីគម្រោងវិនិយោគ​របស់ចិននេះសោះ។អ្វីដែលគេរំពឹងរងចាំ គឺនៅរវាង​ប៉ុន្មានខែខាងមុខនេះ ពោលគឺមុន​ពេល​អ៊ីតាលីចាប់ផ្តើមធ្វើជា​ប្រធាន​ G7 គឺគេសង្ឃឹមថា​លោកស្រី ម៉េឡូនី នឹងប្រកាសជាផ្លូវការ ថាអ៊ីតាលីសម្រេចឈប់ចូលរួម​ជាមួយចិន ក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ​។ តែទន្ទឹមគ្នានេះ អ៊ីតាលី ក៏មិនអាចមើលស្រាល​បញ្ហាបានដែរ ព្រោះថាបើធ្វើមែន គឺ​ចិនអាចនឹងសងសិកវិញមកលើអ៊ីតាលី។ ដូច្នេះ អ៊ីតាលីក៏ទំនងជាចង់ឲ្យ​អាមេរិកធ្វើ​សម្បទានខ្លះដែរ ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ប្រសិន​បើ​ចិន ​រករឿងដាក់​ឧបសគ្គពាណិជ្ជកម្ម​មក​លើអ៊ីតាលី​៕
7/28/20236 minutes, 10 seconds
Episode Artwork

បារាំង​ចាប់ផ្តើម​រាប់ថ្ងៃថយក្រោយ ដើម្បីរៀបចំ​ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ ២០២៤

គិតចាប់តាំងពីថ្ងៃពុធនេះ មាន​រយៈពេល​មួយឆ្នាំគត់ ដែលបារាំង​ត្រូវ​ត្រៀមខ្លួន រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ ដែលត្រូវបើកសម្ពោធ ជាផ្លូវការ នៅថ្ងៃទី ២៦​កក្កដា ឆ្នាំ ២០២៤ នៅទីក្រុង​ប៉ារីស។ មានវត្តមាននៅថ្ងៃ​ពុធនេះ នៅទីក្រុង​ប៉ារីស ប្រធាន​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក​Thomas Bach បាន​ប្រកាស​អញ្ជើញជាផ្លូវការ​ប្រទេស​ចំនួន​២០៣ ឲ្យ​ចូលរួម​នៅក្នុង​ព្រឹត្តិការ​អូឡាំពិកទីក្រុង​ប៉ារីស ២០២៤។ ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤​សំខាន់ណាស់សម្រាប់​បារាំង ព្រោះ លើកចុងក្រោយ ដែល​បារាំង​បាន​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក គឺ​កាលពី​១០០ឆ្នាំ នៅ​ឆ្នាំ ១៩២៤។ នៅមួយឆ្នាំទៀត​ប៉ុណ្ណោះ ទីក្រុង​ប៉ារីស​នឹង​ត្រូវធ្វើ​ជាម្ចាស់ផ្ទះរៀបចំ​ការប្រកួតកីឡាអូឡាំពិក ដែលជា​ព្រឹត្តិការណ៍​ដ៏ធំ។ តើ​ប៉ារីសត្រៀមខ្លួនហើយឬនៅ ទាំងផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និង​ផ្នែកថវិកា? នៅទីក្រុង​ប៉ារីស គណៈកម្មការជាតិអូឡាំពិកបារាំង​បាន​ប្រកាស​រាប់ថ្ងៃ​ថយក្រោយ ចាប់ពីថ្ងៃ​ពុធទី ២៦ កក្កដា ដើម្បី​ត្រៀមរៀបចំ ព្រឹត្តិការណ៍អូឡាំពិក​រដូវក្តៅ ២០២៤ចាប់តាំងពីមាន​កីឡាអូឡាំពិក នេះជា​លើកទី​៣ ដែល​បារាំង​ធ្វើ​ជា​ម្ចាស់ផ្ទះរៀបចំ​ការប្រកួតកីឡាអូឡាំពិករដូវក្តៅ។ លើកចុងក្រោយ ដែលបារាំងរៀបចំ​កីឡាអូឡាំពិក គឺ​កាលពី​ឆ្នាំ ១៩២៤។ ដោយសារ មិនដែល​បាន​រៀបចំព្រឹត្តិការណ៍អូឡាំពិកសោះ នៅក្នុងរយៈពេល​១០០ឆ្នាំ ហើយ​នៅសល់ពេល​តែ ១ឆ្នាំទៀតប៉ុណ្នោះ ថ្ងៃ​បើកការប្រកួតកីឡាអូឡាំពិក​នឹង​ចាប់ផ្តើម។ នៅសល់ ៣៦៥ថ្ងៃទៀត នឹង​មានការបើកសម្ពោធកីឡាអូឡាំពិក​ប៉ារីស ២០២៤។ បើទោះបីជាមានការដាក់សម្ពាធ អ្នករៀបចំ ជាពិសេស ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​បារាំង លោក​Tony Estanguet បានអះអាងពីជំនឿទុកចិត្ត​ថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុង​ប៉ារីស​នឹង​ប្រព្រឹត្តទៅ​តាមកាលកំណត់ ពីថ្ងៃទី ២៦​កក្កដា ដល់ថ្ងៃទី ១១​សីហា ឆ្នាំ ២០២៤។ប៉ារីស​ត្រៀមខ្លួនរៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ជា​ប្រវត្តិសាស្រ្ត​លើកនេះ ប៉ុន្តែ មិនមែន​គ្មាន​ឧបសគ្គនោះទេ។ មាន​បញ្ហា​ជាច្រើន​ដែល គេ​នៅមិនទាន់​ដោះស្រាយ ធ្វើចប់។ទី១ បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ។ ដោយសារតែ​ប៉ារីស មិនដែល​ធ្លាប់​រៀបចំ​ការប្រកួតកីឡាអូឡាំពិក ក្នុង​រយៈពេល ១០០ឆ្នាំមកនេះ ប៉ារីស​ត្រូវសាងសង់​អគារ​ច្រើនជាង ៥០​ការដ្ឋាន ដូចជា​ភូមិអូឡាំពិកសម្រាប់ផ្តល់ការស្នាក់នៅ​ដល់​កីឡាករ ជាង ១ម៉ឺននាក់ និងស្តាត​សម្រាប់​ការប្រកួតហែលទឹក ជាដើម។ ប៉ុន្តែ នៅមួយឆ្នាំ មុន​បើកសម្ពោធ​កីឡាអូឡាំពិក សំណង់ប្រមាណ ៥៣​កំពុង​នៅជា​ការដ្ឋាននៅឡើយ។ទី២ បញ្ហា​ថវិកាគេប៉ាន់ប្រមាណថា គេត្រូវការថវិកា ជាង ៨ពាន់លាន​អឺរ៉ូ​សម្រាប់​រៀបចំ​ការប្រកួតកីឡាអូឡាំពិក ប៉ារីស ២០២៤ ដែលនៅក្នុង​នោះ ពាក់កណ្តាល​ត្រូវប្រើ​សម្រាប់​ការបង្កើតសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ ដូចរាល់លើក ការទទួល​ធ្វើជាម្ចាស់ផ្ទះរៀបចំ​កីឡាអូឡាំពិកតែងទទួលបាន​ការរិះគន់ ព្រោះគេ​ត្រូវវិនិយោគ​ចំណាយ​ខ្ពស់ ចំណែក​ផលចំណេញពីការរៀបចំ​មាន​តិចតួច។ ជាញយដង សំណង់ដែលសង់សម្រាប់ព្រឹត្តិការណ៍​អូឡាំពិក​ត្រូវ​ទុកចោល លែងយកទៅប្រើការ ​នៅក្រោយ​ចប់ព្រឹត្តិការណ៍អូឡាំពិក។ ដូច្នេះ ដើម្បី​ជៀសវាង​កុំ​ឲ្យប្រជាជន​មិនសប្បាយចិត្ត​នឹងការចំណាយ ចាយខ្ជះខ្ជាយ រដ្ឋាភិបាល​បារាំង​និយាយថា ខ្លួន​ជួយចេញ​តែ ៤ភាគរយទេ ចំណែក ៩៦%​នៃ​ចំណាយសម្រាប់ការរៀបចំ​អូឡាំពិកលើកនេះ ត្រូវ​បានមកពី​វិស័យឯកជន ដែលនៅក្នុងនោះ ជាង​១៥០០​លាន​អឺរ៉ូ​បាន​មកពី​គណៈកម្មការធិការអូឡាំពិកអន្តរជាតិ ដែលនឹងបានប្រាក់ចំណូលពីការលក់សំបុត្រ និងថ្លៃផ្សាយពាណិជ្ជកម្មជាដើម។បញ្ហាទី៣ គឺការធ្វើដំណើរ​ដឹកជញ្ជូន នៅក្នុងអំឡុង​រៀបចំ​ព្រឹត្តិការណ៍អូឡាំពិក។នេះជាបញ្ហា​ដ៏ឈឺក្បាល ព្រោះថា រហូតមកដល់​ពេលនេះ ផ្នែកដឹកជញ្ជូនបារាំង មិនថា រទះភ្លើង រថយន្តក្រុង នៅមិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទទួល​ជនបរទេស ជាង ៧លាន​នាក់​ដែលត្រូវ​ចូលមើលការប្រកួតកីឡា។ នេះគេនៅមិនទាន់និយាយ​ពីបញ្ហា​កកស្ទះចរាចរណ៍ដែលតែងតែ​កើតមាន​ឡើង នៅទីក្រុង​ប៉ារីស។ ដើម្បី​សម្រួល​ការធ្វើដំណើរ​របស់​ទស្សនិកជនទៅកាន់ទីតាំងប្រកួតកីឡាអូឡាំពិក ដែលមានសរុប ២៥កន្លែង នៅក្នុងទីក្រុង​ប៉ារីស និងជាយក្រុង ចៅហ្វាយក្រុងប៉ារីសគ្រោង​នឹង​ផ្អាកការធ្វើដំណើររថយន្តឯកជន នៅក្នុង​ក្រុង និងផ្អាកការដ្ឋានសំណង់ទាំងអស់ដែលមាននៅតាម​ផ្លូវក្រវ៉ាត់ក្រុង។បារាំងត្រូវឈឺក្បាល​ក្នុងរឿង​ធានាការពារសន្តិសុខការរក្សាសន្តិសុខ នៅក្នុងអំឡុង​ការប្រកួតកីឡាអូឡាំពិក ជា​អាទិភាព សម្រាប់​អាជ្ញាធរ​បារាំង។ ព្រឹត្តិការណ៍​ដុតរថយន្ត វាយបំផ្លាញ​ទ្រព្យសម្បត្តិសាធារណៈ នៅក្នុងពេល​កុប្បកម្ម​ប្រឆាំង​ប៉ូលិស នាពេលថ្មីៗនេះ ជាមេរៀនសំខាន់ដែល​អាជ្ញាធរបារាំង​មិនអាច​ធ្វេសប្រហែសបាន។ការធានាសុវត្ថិភាព សន្តិសុខ ជា​បញ្ហា​ដ៏ឈឺក្បាលជាងគេសម្រាប់​រដ្ឋាភិបាល​បារាំង ព្រោះថា ខុសពីការបើកសម្ពោធ​កីឡាអូឡាំពិក​នៅស្រុកផ្សេងៗ ដែលធ្វើនៅតាមពហុកីឡាដ្ឋាន បារាំង​បើកសម្ពោធ​ព្រឹត្តិការណ៍អូឡាំពិក នៅលើទឹកទន្លេសែន ដែលជា​កន្លែង​សម្រាប់​ការប្រកួតវិញ្ញាសារមួយចំនួន។ នៅថ្ងៃ​បើកសម្ពោធ កីឡាករ ជាង​១ម៉ឺននាក់ នឹង​ជិះលើទូក​ជាង ១០០គ្រឿង បើកតាមទន្លេសែន ក្រោម​ក្រសែភ្នែក​របស់​ទស្សនិកជន​ជាង ៦សែននាក់ ដែលអង្គុយឈរ ទស្សនាតាមទន្លេសែន​ចម្ងាយ ៦គីឡូម៉ែត្រ។ ការពារ​សុវត្ថិភាព​ឲ្យ​មនុស្សកកកុញ នៅតាម​ទន្លេសែន ចម្ងាយ ៦គីឡូម៉ែត្រ មិនមែនជារឿង​ងាយស្រួល។តាម​រដ្ឋមន្រ្តីមហាផ្ទៃបារាំង លោក​Gérald Darmanin កងរក្សាសន្តិសុខ ជិត​៤ម៉ឺននាក់ នឹងត្រូវពង្រាយ​នៅតាមទីសាធារណៈ ដើម្បី​ធានាការពារ​សន្តិសុខ នៅក្នុង​ព្រឹត្តិការណ៍​អូឡាំពិក។ រដ្ឋាភិបាល​បារាំង​មាន​គម្រោងផងដែរ​ថា នឹង​បញ្ចេញ​ទាហាន​របស់ខ្លួន សម្រាប់​បេសកកម្ម​ដោះមីន ប្រឆាំងដ្រូន និង​ពង្រឹង​បណ្តាញស៊ើបការណ៍សម្ងាត់​ដើម្បីទប់ស្កាត់​គម្រោង​វាយប្រហារ​ភេរវកម្មណាមួយ។ ក្រៅពី​ប៉ូលិស និងទាហាន រដ្ឋាភិបាល​បារាំង​ត្រូវ​ពឹងអាស្រ័យផងដែរ​លើក្រុមភ្នាក់ងារសន្តិសុខ​ឯកជន​ជិត ២ម៉ឺននាក់ទៀត។គណៈកម្មការធិការអូឡាំពិកមិនអញ្ជើញ រុស្ស៊ី និងបេឡារុសការប្រកួតកីឡាអូឡាំពិក​ជា​ទីតាំងប្រជែងភូមិសាស្រ្តនយោបាយ? ​វត្តមាន​របស់រុស្ស៊ី និង​បេឡារុស នៅក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ ​បានក្លាយជា​រឿងចម្រូងចម្រាស បន្ទាប់ពី​រុស្ស៊ី​ចូលធ្វើសង្រ្គាម​ឈ្លានពានអ៊ុយក្រែន។ អ៊ុយក្រែនផ្ទាល់ បាន​ប្រកាសថា ខ្លួននឹង​មិនបញ្ជូន​កីឡាករ​មក​អូឡាំពិក​នៅ​ប៉ារីសទេ បើសិន​មានកីឡាកររុស្ស៊ី និង​បេឡារុស​ចូលរួម។ ប៉ុន្តែ ប្រធាន​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ​លោក Thomas Bach នៅថ្ងៃ​ពុធ​ទី ២៦ កក្កដា បាន​អារកាត់ថា លោក​បាន​បញ្ជូន​លិខិតទៅ​អញ្ជើញ​ជាផ្លូវការប្រទេស​ចំនួន​២០៣ ឲ្យ​ចូលរួម ក្នុងការប្រកួតកីឡាអូឡាំពិក​នៅប៉ារីស ឆ្នាំ ២០២៤ ប៉ុន្តែ គ្មានប្រទេស​រុស្ស៊ី និង​បេឡារុស ក្នុង​កាលៈទេសៈនេះ។ ក្រៅពី​រុស្ស៊ី និង​បេឡារុស គណៈកម្មការធិការអូឡាំពិក​មិន​អញ្ជើញ​ផងដែរ ក្វាតេម៉ាឡា​ដោយសារ​ហេតុផលថា មានរឿងនយោបាយ​ចូលលូកឡំ​ក្នុងកីឡា៕
7/26/20237 minutes, 1 second
Episode Artwork

កូរ៉េខាងជើងត្រៀមប្រារព្ធខួប៧០ឆ្នាំនៃការបិទបញ្ចប់សង្រ្គាមកូរ៉េជាមួយការបាញ់មីស៊ីលបាលីស្ទិក២គ្រាប់

កូរ៉េខាងជើង​កំពុង​ត្រៀមខ្លួន​ប្រារព្ធខួប​៧០ឆ្នាំ​នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ដែលត្រូវ​ប្រព្រឹត្តទៅ នៅថ្ងៃ​ព្រហស្បតិ៍​ខានស្អែក។ តាមទីភ្នាក់ងារព័ត៌មានផ្លូវរដ្ឋកូរ៉េខាងជើង KCNA ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចិន និង​រដ្ឋមន្រ្តីការពារជាតិ​រុស្ស៊ី ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម ក្នុង​ពិធី​បុណ្យ​ជាតិ​ដែល​របបព្យុងយ៉ាង យក​ចិត្តទុកដាក់​រៀបចំ យ៉ាង​សម្រិតសម្រាំង។ ដើម្បី​ត្រៀម​ប្រារព្ធ​ខួបថ្ងៃ​ជ័យជំនះ កូរ៉េខាងជើង​បាន​បាញ់​គ្រាប់មីស៊ីល​បាលីស្ទិក​២ដើមថែមទៀត នៅយប់ថ្ងៃ​ចន្ទម្សិលមិញ បន្ទាប់ពី​បាញ់​មីស៊ីលបាលីស្ទិក​អន្តរទ្វីប និង​មីស៊ីលបណ្តែត ជាបន្ត​បន្ទាប់គ្នា នៅសប្តាហ៍មុន។ កូរ៉េខាងជើង​បាន​បិទទ្វារ​មិនទទួល​ជនបរទេស ជាង​៣ឆ្នាំមកហើយ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត​កូវីដ។ កូរ៉េខាងជើង​សំញែង​សមត្ថភាព​យោធា​របស់ខ្លួនកាន់តែខ្លាំង ដោយ​បាន​បាញ់សាកល្បង​មីស៊ីល​បាលីស្ទិក ២គ្រាប់ទៀត នៅយប់ថ្ងៃ​ចន្ទម្សិលមិញ។ ក្នុងរយៈពេល ១០​ថ្ងៃ កូរ៉េខាងជើង​បាញ់​មីស៊ីល​បាលីស្ទិក​ដល់​ទៅ​៣លើក នោះបើទោះបីជា​ដឹងថា ការបាញ់​សាកល្បង​មីស៊ីលបាលីស្ទិក ត្រូវ​ហាមដោយ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ក្តី។កូរ៉េខាងជើងគ្មានគោរព​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ ដែលបាន​ហាម​កូរ៉េខាងជើង​មិន​ឲ្យសាកល្បង​មីស៊ីល​បាលីស្ទិក។ ដោយគ្មាន​ខ្លាចញញើតនឹង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ កូរ៉េខាងជើង ក្រោមការកាច់ចង្កូត​របស់មេដឹកនាំវ័យក្មេង លោក​គីម ជុងអ៊ុន​បានបាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​ក្នុងចំនួនដ៏ច្រើន បំបែកកំណត់ត្រា កាលពី​ឆ្នាំ ២០២២ នៅពេល​ព្យុងយ៉ាង​បាញ់សាកល្បង​មីស៊ីល​បាលីស្ទិក ដល់ទៅ ៧៥​គ្រាប់ ដែលនៅក្នុងនោះមានមួយភាគ ជាមីស៊ីល​បាលីស្ទិក​អន្តរទ្វីប។នៅឆ្នាំនេះ គិតត្រឹម​ថ្ងៃ​ទី​១៤ កក្កដា ថ្ងៃ​ដែល​សមាជិក​ចំនួន​១០​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ចេញសេចក្តីប្រកាស​រួមស្តីពីបញ្ហា​មីស៊ីល​របស់​កូរ៉េខាងជើង កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​ដល់​ទៅ ២០ គ្រាប់។ នេះ​គេនៅមិនទាន់រាប់​គ្រាប់មីស៊ីលបាលីស្ទិក​អន្តរទ្វីប ដែល​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង នៅថ្ងៃ​អង្គារ​សប្តាហ៍មុន និងនៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញផង។ជាញយដង កូរ៉េខាងជើង​បាញ់សាកល្បងមីស៊ីល​បាលីស្ទិក មីស៊ីលបណ្តែត នៅក្នុង​ពេលដែល ភាពតានតឹង​ជាមួយ​កូរ៉េខាងត្បូង ហើយនិងអាមេរិកឡើងដល់​កម្រិតកំពូល។ជាក់ស្តែង កូរ៉េខាងជើង​បាញ់សាកល្បង មីស៊ីល​បាលីស្ទិក ទំនើបថ្មី​ចុងក្រោយ ដើម្បី​ប្រតិកម្ម​ប្រឆាំង​នឹង​អាមេរិក​ដែល​បាន​បញ្ជូន​នាវាមុជទឹក​ដែល​មានដឹក​គ្រាប់មីស៊ីល ភ្ជាប់ដោយ​ក្បាល​គ្រាប់នុយក្លេអ៊ែរ ទៅ​ចូលចត​នៅ​កំពង់ផែប៊ូសាន​របស់​កូរ៉េខាងត្បូង។ការញុះញង់ដាក់គ្នា​រវាង​ភាគីជម្លោះ​មិន​ចេះចប់។ ឆ្លើយតប​នឹង​ការបាញ់មីស៊ីល​របស់​កូរ៉េខាងជើង អាមេរិក និងកូរ៉េខាងត្បូង​បាន​ប្រកាស​ពង្រឹងសហប្រតិបត្តិការយោធា និង​ព្រមាន​ព្យុងយ៉ាងខ្លាំងៗ​ថា នឹងអាចប្រឈម​នឹង​គ្រាប់នុយក្លេអ៊ែរ បើសិន​ព្យុងយ៉ាង​បាញ់អាវុធនុយក្លេអ៊ែរសំដៅ​សម្ព័ន្ធមិត្ត​របស់​អាមេរិក។តាមសេចក្តីប្រកាស​រួម​របស់​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ ដែលមាន​អាមេរិក អង់គ្លេស កូរ៉េខាងត្បូង  ការបាញ់​មីស៊ីល​បាលីស្ទិករបស់កូរ៉េខាងជើង រំលោភ​យ៉ាងកម្រោល​សេចក្តីសម្រេច​ជាច្រើន​លើក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ជាប់ទណ្ឌកម្មអន្តរជាតិ តាំង​ពី​ឆ្នាំ ២០០៦ កូរ៉េខាងជើង​ត្រូវ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ចេញសេចក្តីសម្រេច ៣លើកផ្ទួនៗគ្នា ដាក់​ទណ្ឌកម្ម​បន្ថែម ដោយសារ​តែរឿងបាញ់​សាកល្បង​មីស៊ីលបាលីស្ទិក។ប៉ុន្តែ កូរ៉េខាងជើង​វិញ នៅតែ​ឡើងចាង សម្រុក​អភិវឌ្ឍ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ នៅក្នុង​សម័យដឹកនាំ​របស់​លោកគីម ជុងអ៊ុន បន្ទាប់ពី ចិន និង​រុស្ស៊ី សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង តាំងពី​ឆ្នាំ ២០១៧ លើកដៃ​វេតូ​រហូត ប្រឆាំងមិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែមទៀត​លើ​កូរ៉េខាងជើង។កូរ៉េខាងជើង​ចង់បង្ហាញសមិទ្ធផល​មីស៊ីល​ដែលបាន​មកពី​ជំនួយ ការអនុគ្រោះ​ពីចិន និងរុស្ស៊ីចិន និង​រុស្ស៊ី​ដែលបន្ត​ទំនាក់ទំនងជិតស្និទ្ធិជាមួយ​របបព្យុងយ៉ាង​នឹង​បញ្ជូន​មន្រ្តីជាន់ខ្ពស់របស់ខ្លួន​ទៅ​ចូលរួម​ក្នុងពិធីបុណ្យជាតិ រំលឹកខួប​៧០ឆ្នាំ នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ដែល​ព្យុងយ៉ាងត្រូវ​រៀបចំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខានស្អែក ទៅតាម​ការអញ្ជើញ​របស់​មេដឹកនាំ​កូរ៉េខាងជើង។ វត្តមានរបស់​មន្រ្តីចិន និង​រុស្ស៊ី​នៅព្យុងយ៉ាងធ្វើឡើង នៅបន្ទាប់ពី​កូរ៉េខាងជើង​ ​បិទទ្វារ​មិនទទួល​ជនបរទេស ជាង​៣ឆ្នាំមកហើយ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត​កូវីដ។តាម​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ព្យុងយ៉ាងគ្រោងរៀបចំ​យ៉ាងអធិកអធមបំផុត ពិធីបុណ្យខួប​៧០ឆ្នាំ​នៃ​ការបិទបញ្ចប់​សង្រ្គាមកូរ៉េ។ គួររំលឹកថា ភាគីជម្លោះកូរ៉េ​បាន​ចុះហត្ថលេខា​លើ​បទឈប់បាញ់ ឈានទៅបិទបញ្ចប់សង្រ្គាម នៅ​ថ្ងៃទី ២៧ កក្កដា ឆ្នាំ ១៩៥៣។ បទឈប់បាញ់​ ត្រូវ​បាន​គេ​កំណត់​ថា ជា​ឯកសារ​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ ដើម្បី​រង់ចាំ​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​បញ្ចប់​សង្រ្គាម​ជា​ស្ថាពរ ដែល​គេ​នឹង​រៀបចំ​ធ្វើ​នៅ​ពេលក្រោយ។ ក៏ប៉ុន្តែ ៧០ឆ្នាំ ក្រោយ សន្ធិសញ្ញា​សន្តិភាព​នេះ​នៅតែ​មិន​ទាន់ត្រូវ​បាន​​ភាគីជម្លោះ​ចុះហត្ថលេខា។ តាមផ្លូវច្បាប់ ឧបទ្វីបកូរ៉េ​គឺ​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​សង្រ្គាម រហូត​មក​បច្ចុប្បន្ន។សម្រាប់​កូរ៉េខាងជើង ថ្ងៃ​ចុះ​ហត្ថលេខា​បិទបញ្ចប់​សង្រ្គាម កូរ៉េ គឺជាថ្ងៃ​ជ័យជំនះ​របស់​កូរ៉េខាងជើង ហើយកូរ៉េខាងជើង​ចង់ប្រារព្ធខួបថ្ងៃជ័យជំនះ​នេះជាមួយមហាមិត្ត​ចិន ព្រោះថា ទាហាន​ចិនជិត ២សែននាក់​បាន​ពលីជីវិតជួយ​កូរ៉េខាងជើងនៅក្នុង​សង្រ្គាមកូរ៉េកាលពី​៧០ឆ្នាំមុន។មួយវិញទៀត ដោយ​អញ្ជើញ មន្រ្តីជាន់ខ្ពស់​របស់​បក្សកុម្មុយនិស្ត​ចិន និង​រដ្ឋមន្រ្តីការពារ​ជាតិរុស្ស៊ី ឲ្យ​ចូលរួមជាពិសេស ​នៅក្នុងពិធីបុណ្យលើកនេះ កូរ៉េខាងជើង មានក្តីទន្ទឹងពីរ។ ទី១ កូរ៉េខាងជើង​ចង់​បើកប្រទេសឡើងវិញ ទទួល​បរទេស នៅក្រោយបិទទ្វារជាង​៣ឆ្នាំ​ដោយសារ​កូវីដ។ទី២ ដោយ​អញ្ជើញ​មន្រ្តីជាន់ខ្ពស់ចិន ឲ្យ​ចូលរួម​ក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា នៅថ្ងៃ​ព្រហស្បតិ៍ ដែល​មានការ​បង្ហាញសព្វាវុធ ​គ្រាប់មីស៊ីល ព្យុងយ៉ាង​ចង់បង្ហាញ​ដល់​សម្ព័ន្ធមិត្ត​ចិន ពីលទ្ធផល​សម្រេច នៃជំនួយ ​ការអនុគ្រោះ យោគយល់ របស់​ចិន ដែលបាន​បើកដៃ​ឲ្យ​កូរ៉េខាងជើង​អាច​ឈាន​ទៅក្លាយជា​មហាអំណាចនុយក្លេអ៊ែរ និង​ផលិតមីស៊ីល​មាន​សមត្ថភាព​វាយដល់​ទឹកដីអាមេរិក ដែលជា​គូភាគីជម្លោះ​របស់​ចិន សព្វថ្ងៃ។ចិនឆ្លើយតបថា ខ្លួនបានអនុវត្ត​សេចក្តីសម្រេច​របស់ក្រុមប្រឹក្សាសន្តិសុខ​ដោយ​ម៉ត់ចត់បំផុតប៉េកាំង តាមរយៈ អ្នកតំណាងរបស់ខ្លួន​នៅ​អង្គការសហប្រជាជាតិ ទើបតែ​ឆ្លើយតប លិខិត​របស់​ក្រុមប្រទេស​G៧ នៅថ្ងៃ​អង្គារនេះ ពោលនៅថ្ងៃ​ដែល​ទីភ្នាក់ងារ​KCNA របស់កូរ៉េខាងជើងចុះផ្សាយ​ថា មន្រ្តីជាន់ខ្ពស់​របស់​បក្សកុម្មុយនិស្ត​ចិន​នឹង​មានវត្តមានចូលរួម​ក្នុង​ពិធីបុណ្យ រំលឹកខួប​៧០ឆ្នាំ នៃការបញ្ចប់សង្រ្គាមកូរ៉េ នៅព្យុងយ៉ាង នៅថ្ងៃ​ព្រហស្បតិ៍។នៅក្នុងលិខិត​ផ្ញើទៅកាន់ ឯកអគ្គរដ្ឋទូតចិន ប្រចាំ​អង្គការ​សហប្រជាជាតិ ក្រុមប្រទេស​ហ្សេ៧​បាន​ទាមទារ​ឲ្យ​ចិន​ចូលរួម​អនុវត្ត​ដោយតឹងរ៉ឹងបំផុត ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​កូរ៉េខាងជើង។ ការទាមទារ​របស់​ក្រុមប្រទេស​លោកខាងលិច ធ្វើឡើង បន្ទាប់ពី អ្នកជំនាញ​របស់អង្គការសហប្រជាជាតិ ដែលទទួលបន្ទុកសង្កេតការអនុវត្តទណ្ឌកម្ម​លើ​កូរ៉េខាងជើង សង្កេត​ឃើញ មាននាវា​ដឹក​ប្រេងរបស់កូរ៉េខាងជើងជាច្រើនគ្រឿង ចត និង​ប្រើប្រាស់​កំពង់ផែ Sansha របស់ចិន ដើម្បី​ចូលទៅ​ដឹកប្រេង នាំយក​ទៅកូរ៉េខាងជើង។ អង្គការសហប្រជាជាតិ ​បានសម្រេច​ទណ្ឌកម្មជាបន្តបន្ទាប់ លើកូរ៉េខាងជើង តាំងពីឆ្នាំ​២០០៦ ដើម្បី​បិទច្រកផ្លូវ រារាំង​កុំឲ្យរបបផ្តាច់ការព្យុងយ៉ាង មានលទ្ធភាព​ទិញ នាំចូល​ថាមពលប្រេង យកទៅប្រើ​ក្នុង​វិស័យ​កងទ័ពនិងសព្វាវុធ។ ប៉ុន្តែ ផ្ទុយទៅវិញ កូរ៉េខាងជើង នៅតែអាចមានផ្លូវ មានច្រកដើម្បីនាំចូលប្រេងដដែល ដោយ​សារមានជំនួយ ពី​ចិន។ប៉ុន្តែ ឆ្លើយតបនឹង​ការចោទប្រកាន់​របស់​ក្រុម​ប្រទេស​លោកខាងលិច ប៉េកាំង​អះអាងថា ខ្លួន​បាន​គោរពយ៉ាងម៉ត់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ និង​កាតព្វកិច្ច​របស់ខ្លួននៅចំពោះមុខ​ច្បាប់​អន្តរជាតិ។ ក្រៅពីឆ្លើយការពារខ្លួន ចិន នៅបាន​និយាយ​បក ទាមទារ​ឲ្យ​ភាគីដទៃទៀត ដែលនៅក្នុងនោះ មានអាមេរិក​និងកូរ៉េខាងត្បូង​គោរពសេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ស្តីពីការបង្កើតបរិយាកាស បង្កើន​នយោបាយការទូត សម្រួលដល់ឲ្យមានការបើកផ្លូវ​ការចរចា ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​នៅ​ឧបទ្វីបកូរ៉េ៕
7/25/20238 minutes, 28 seconds
Episode Artwork

លោកម៉ាក្រុង​ទៅ​កោះនូវែល​កាឡេដូនី បញ្ជាក់ពីភាពចាំបាត់នៃវត្តមានបារាំង ក្នុងលំហឥណ្ឌូប៉ាស៊ីហ្វិក

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ទើបតែបានធ្វើដំណើរទៅដល់ កោះនូវែលកាឡេដូនី ដែលជាដែនដីនាយសមុទ្ររបស់បារាំង ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក​ខាងត្បូង​។ ជាច្រើនឆ្នាំមកហើយ ដែល​កោះនូវែលកាឡេដូនី បាន​ព្យាយាម​បោះឆ្នោតប្រជាមតិ​ ដើម្បី​រលាស់ខ្លួន ឈានទៅមានឯករាជ្យពេញលេញ។ បើទោះបីជាបារាំង បានអះអាងថា មិន​ប្រឆាំងនឹង​ការផ្តាច់ខ្លួន​របស់កោះនូវែលកាឡេដូនីក៏ដោយ តែធាតុពិត បារាំងមានអត្ថប្រយោជន៍ធំសម្បើមណាស់ ក្នុងការរក្សាកោះនេះ ឲ្យបន្ត​​ស្ថិតក្នុង​រង្វង់អំណាចរដ្ឋបាល​របស់​បារាំង។ បារាំងក្រោមការដឹកនាំរបស់​លោក​ម៉ាក្រុង កំពុងតែ​ព្យាយាម​ពង្រឹងវត្តមានខ្លួន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនាមជាមហាអំណាចមួយ​ ស្ថិតនៅ​ចន្លោះរវាងចិន និងសហរដ្ឋអាមេរិក​។ ​ទឹកដីបារាំងក្នុង​មហាសមុទ្រប៉ាស៊ីហ្វិក​កោះនូវែលកាឡេដូនី នៅ​តំបន់ប៉ាស៊ីហ្វិកខាងត្បូង​ ជាដែនដីនាយសមុទ្ររបស់បារាំង ដែលកំពុងស្ថិតនៅវិបត្តិ​រដ្ឋបាល​​និងស្ថាប័នដ៏ធ្ងន់ធ្ងរ។ តាមពិតទៅ រដ្ឋបារាំង បានចុះកិច្ចព្រមព្រៀងនៅឆ្នាំ​១៩៩៨ ជាមួយ​រដ្ឋបាល​កោះកាឡេដូនី ដោយ​រដ្ឋបារាំងសន្យាថា នឹងបើក​ផ្លូវ​ឲ្យ​កោះនេះ បានទទួលឯករាជ្យក្លាយជាប្រទេសពេញសិទ្ធិ ប្រសិន​បើ​ប្រជាជនម្ចាស់ស្រុកពិតជាចង់បាន​មែន​។តាមរយៈរបៀបវារៈនេះ គេបានរៀបចំការបោះឆ្នោត​ប្រជាមតិ​ ៣ដងហើយ នៅកោះនូវែលកាឡេដូនីនេះ តែ​គឺសំឡេងឆ្នោត​មិនគាំទ្រការប្រកាសឯករាជ្យ​ បានឈ្នះជានិច្ច។ ការបោះឆ្នោតប្រជាមតិចុងក្រោយ គឺកាលពីវិច្ឆិកា ឆ្នាំ​២០២១។ តែយ៉ាងណា ការគ្រប់គ្រងរដ្ឋបាល និងនយោបាយ​នៅកោះនេះ គឺត្រូវពុះចែក​ ប្រកែកតទល់គ្នាសម្បើមណាស់ រវាង​ក្រុមអ្នកនយោបាយខាងសហគមន៍​ជនជាតិ​កាណាក់ ដែលជាជនជាតិដើម​ម្ចាស់ស្រុក ហើយ​ដែលចង់​បានឯករាជ្យ និង​ក្រុមអ្នកនយោបាយម្ខាងទៀត ដែលនៅខាងរដ្ឋបារាំងចង់​ឲ្យ​កោះនេះស្ថិតនៅជាដែនដី​បារាំងតទៅទៀត។ គឺក្រុមអ្នកដឹកនាំចលនានយោបាយទាំង២នេះ ដែលឈ្លោះប្រកែកគ្នា ចរចាគ្នាមិនត្រូវសោះ​។លោក​ម៉ាក្រុង បានទៅដល់​ទីក្រុងនូម៉េអា ទីក្រុងធំរបស់​កោះនូវែលកាឡេដូនី ម្តងហើយ កាលពីឆ្នាំ​២០១៨ ដើម្បី​ផ្តល់​សន្ទុះឲ្យ​មានការ​បង្រួបបង្រួមគ្នា ការពារអ្វីដែលជាប្រយោជន៍រួម​របស់កោះ។ នៅលើកនេះ លោក​ម៉ាក្រុង​ទៅទស្សនកិច្ច​២ថ្ងៃ ដោយលោកនឹងជួបជាមួយ​ភាគីចលនានយោបាយទាំងសងខាង។សេដ្ឋកិច្ច​ និង​អត្តសញ្ញាណ​វប្បធម៌ជនជាតិកាណាក់​ផ្អែកតាម លោក Gil Brial អភិបាលរងទី២នៃខេត្តខាងត្បូង និង​ជាអ្នកនាំពាក្យចលនាយោបាយ ភក្តីភាពនឹងរដ្ឋបារាំង បាន​លើកឡើងថា អ្វីដែលគេរំពឹងរងចាំបំផុត គឺ​អន្តរាគមន៍របស់លោក​ម៉ាក្រុង បញ្ជាក់ឲ្យ​បានច្បាស់ ថាពិតជាបើកការចរចា ត្រីភាគី នៅខែសីហាខាងមុខ មែនឬយ៉ាងណា។ ការចរចាដែលក្រុមចលនានយោបាយភក្តីភាពនឹងបារាំងនេះ បាន​រំពឹងថា នឹងអាចបិទបញ្ចប់កិច្ចព្រមព្រៀងឆ្នាំ​១៩៩៨ ហើយឈានទៅបើកទំព័រ កំណត់លក្ខខន្តិកៈថ្មី សម្រាប់កោះនេះ ដោយរក្សា​ឲ្យ​​ស្ថិតនៅក្នុងរង្វង់រដ្ឋបាល​បារាំងដដែល​។ លោក​ម្នាក់នេះ បានអះអាងថា គម្រោងត្រឹមតែ​ធ្វើកំណែទម្រង់ចាំបាច់មួយចំនួន សម្រាប់កោះនូវែលកាឡេដូនី​ ទាក់ទិននឹង​ប្រព័ន្ធ​បោះឆ្នោត គឺវាមិនគ្រប់គ្រាន់ទេ គឺត្រូវចាកចេញពីកិច្ចព្រមព្រៀងនូម៉េអា។ដោយឡែក ក្រុមចលនានយោបាយ​​ឯករាជ្យនិយមវិញ ដែលការពារជនជាតិ​កាណាក់ គេបានយល់ព្រមបើក​ផ្លូវឲ្យ​មានការចរចាគ្នា​ទាក់ទិននឹងការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកោះនេះ។ ក៏ប៉ុ​ន្តែពួកគេបាន​ទាមទារ ថារដ្ឋបារាំង ត្រូវតែរៀបចំផែនការ​ឲ្យ​បានច្បាស់ ទាក់ទិននឹងប៉ះប៉ូវសងសំណងខូចខាតកាលពីអតីតកាល ដោយសារតែបារាំងបានដាក់អាណានិគមន៍​លើកកោះនេះ។​ លោក Roch Wamytan តំណាងម្នាក់​នាំចលនានយោបាយឯករាជ្យនិយម  បានលើកឡើងថា លោកចង់ឃើញលោក​ម៉ាក្រុង លើកឡើងអំពី​ការអភិរក្ស​លើកកំពស់អត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់ប្រជាជនកាណាក់ ហើយ​អ្វីដែល​សំខាន់មួយទៀត គឺគោលនយោបាយ​ប៉ះប៉ូវសងការខូចខាត ការឈឺចាប់ ដោយសារតែការដាក់អាណានិគមន៍​។បន្ថែមពីនេះ លោកប្រធានសភាតំបន់​កាឡេដូនី បាន​លើកឡើងថា បញ្ហាសេដ្ឋកិច្ច​ក៏ជាចំណុចមួយសំខាន់ណាស់ដែរ ដែលរដ្ឋបារាំងត្រូវតែរកវិធីជួបកោះនេះ។ គម្រូសេដ្ឋកិច្ច​បានដើរដល់ភាពទ័លច្រក ហិរញ្ញវត្ថុសាធារណៈរបស់កោះនេះ ជាប់ជំពាក់​បំណុល​ជាង​២០០%ឯនោះ នៃចំណូលដែលរកបាន​។ ប្រជាជន ជាពិសេសជនជាតិដើមកាណាក់ កាន់តែក្រីក្រ​។ ដូច្នេះ រដ្ឋបារាំង ត្រូវតែផ្តល់សន្ទុះដល់​សេដ្ឋកិច្ច​កោះនូវែលកាឡេដូនី​ ជួយជីវភាពមនុស្ស​ មានការរីកចម្រើន អារម្មណ៍​ដែលស្អប់ខឹងរដ្ឋបារាំង ហើយចង់​បានឯករាជ្យ ក៏វាចុះថយទៅតាមនោះដែរ​។ពង្រឹងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ​បារាំង នៅឥណ្ឌូប៉ាស៊ីហ្វិក​យើងដឹងហើយថា កោះនូវែលកាឡេដូនី សំបូររ៉ែ​នីកែលខ្លាំងណាស់។ រ៉ែកម្រនេះ គឺមានតម្លៃខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ច​បារាំង។ តែលើសពីនេះ កោះនូវែលកាឡេដូនី ក៏មានតម្លៃខ្លាំងបំផុតសម្រាប់បារាំងដែរ ផ្នែក​​យុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ។ កោះនូវែលកាឡេដូនី គឺជាដែនដី ដែលអនុញ្ញាតឲ្យ​បារាំង អាចមានវត្តមានស្របច្បាប់ ពេញសិទ្ធិ ​នៅ​តំបន់ប៉ាស៊ីហ្វិកខាងត្បូង ក្បែរតំបន់អាស៊ីអាគ្នេយ៍។ មួយវិញទៀត លោក​ម៉ាក្រុង បាន​កំនត់ទិសដៅ​ភូមិសាស្ត្រនយោបាយថ្មី ដើម្បីឈានទៅពង្រឹង​វត្តមានរបស់​បារាំង នៅក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូលតែម្តង។ ពោលគឺជាលំហតំបន់ដ៏ធំ គិតចាប់ពីឆ្នេរខាងកើតនៃទ្វីបអាហ្វ្រិក ក្នុងមហាសមុទ្រឥណ្ឌា រហូតមកដល់តំបន់ប៉ាស៊ីហ្វិក​។ ជាវត្តមាន​ដែលបារាំង ចង់ដើរតួ ក្នុងនាមជាមហាអំណាចរក្សាតុល្យភាព ខណៈដែលតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ កំពុងតែស្ថិតនៅក្នុងបរិបទហែកដណ្តើមគ្នារវាងចិននិងអាមេរិក។បើ​ផ្អែកតាម​ប្រភពពី​វិមានប្រធានាធិបតីបារាំង គឺលោក​ម៉ាក្រុង នឹងថ្លែងសារបញ្ជាក់ប្រាប់ប្រជាជនកោះនូវែលកាឡេដូនីថា វាសនា​អនាគតរបស់​បារាំង និង​របស់​កោះនេះ គឺវាវេញជាប់គ្នាជាធ្លុងមួយ​។ នៅក្នុងលំហដ៏ធំធេងនេះ បារាំងគឺជាបង្អែក​សន្តិសុខ ស្ថិរភាព​ សេដ្ឋកិច្ច សម្រាប់​កោះនូវែលកាឡេដូនី​។ ចេញពីនូវែល​កាឡេដូនី លោកម៉ាក្រុង នឹងបន្តដំណើរទៅកោះវ៉ានូអាទូ នៅថ្ងៃព្រហស្បតិ៍​ទី២៧កក្កដា មុននឹង​បន្តដំណើរទៅ​ប៉ាពូអាស៊ីនូវែលហ្គីណេនៅថ្ងៃបន្ទាប់​។ ដូច្នេះ ដំណើរទស្សនកិច្ចនេះ គឺច្បាស់ណាស់ លោក​ម៉ាក្រុងនឹងចាប់ផ្តើមគូសវា​ប្រាប់ថាបារាំងសន្យាមាន​វត្តមាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕
7/24/20236 minutes, 42 seconds
Episode Artwork

អេស្ប៉ាញបោះឆ្នោតសភា ខណៈចលនានយោបាយស្តាំនិយមជ្រុល កាន់តែមានសន្ទុះគាំទ្រ

ថ្ងៃអាទិត្យ​ ២៣កក្កដា​ អេស្ប៉ាញ​រៀបចំការ​បោះឆ្នោត​​សភា មុន​អាណត្តិ។ ការបោះឆ្នោត​សភា​ដែលចួន​​ចំពេល​រដូវ​​វិស្សមកាល​ គឺ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អេស្ប៉ាញ​ ខឹង​និងធុញទ្រាន់​ចំពោះការ​សម្រេចចិត្ត​បោះឆ្នោត​មុន​កាលកំណត់​របស់​ លោក Pedro Sánchez ​។ នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ រូបនេះ ដែល​កំពុង​ធ្លាក់​ប្រជាប្រិយភាព​ បា​នសម្លឹង​ទៅរក​ការ​ចាប់​ដៃ​ចង​សម្ព័ន្ធភាព​ជាមួយ​បក្ស​ឆ្វេង​និយម​ ខណៈ​ពេល​ដែល​បក្ស​ប្រឆាំង​ស្តាំ​និយមកំពុងតែ​សម្លឹងរក​​ពួត​ដៃ​គ្នា ជាមួយ​នឹង​បក្ស​ស្តាំនិយម​ជ្រុល។ ប្រសិន​បើជា ​ក្រុម​បក្ស​ស្តាំ​និយម​ឈ្នះ​ឆ្នោត​លើកនេះ គឺ​ច្បាស់​ជានឹង​​កែប្រែ​ច្បាប់ ​​និងលុប​ចោល​កា​រ​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ចាស់​ ហើយ​និង​ឈាន​ទៅ​ដល់​ការ​ដើរចេញពីកិច្ច​ព្រម​ព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ពិសេសគឺ​លុប​ចោល​​ច្បាប់​ដែល​ធ្វើ​ឡើង​សម្រាប់​លើកកម្ពស់​សិទ្ធនារី និង សិទ្ធិ​​អ្ន​កស្រឡាញ់​ភេទ​ដូចគ្នា ជាដើម​។ ​ ​​ទិដ្ឋភាព​ទូទៅ​ប្រជាជនអេស្ប៉ាញ​ ចេញ​ទៅ​បោះឆ្នោតសភា ដែល​ឈានទៅជ្រើសរើសនាយករដ្ឋមន្ត្រីអាណត្តិ​ថ្មី។​ ​ការ​បោះឆ្នោត​​ជ្រើស​តាំងសមាជិករដ្ឋ​សភាថ្មី ចំនួន​ ៣៥០ អាសនៈ សម្រាប់​១អាណត្តិ រយៈ​ពេល ​៤ឆ្នាំ​ ហើយ​និង​ សមាជិក​ព្រឹទ្ធ​សភា ចំនួន ២០៨ នាក់​ដែរ​។ ប្រជាពលរដ្ឋ​អេស្ប៉ាញ ចំនួន ៣៧,៥ លាន​នាក់ ត្រូវ​ចេញទៅ​បោះឆ្នោត នៅក្នុង​នោះ ២,៥ លាន​នាក់ បា​នបោះឆ្នោតពីចម្ងាយ ​តាម​ប្រអប់​សំបុត្រ​រួច​ហើយ។ ការិយាល័យ​បោះឆ្នោត​ បាន​បើក​ទ្វារ​ នៅម៉ោង​ ៩ ព្រឹក ហើយ​ត្រូវ​បិទទ្វា​រនៅម៉ោង ៨ យប់ ម៉ោង​នៅ​អេស្ប៉ាញ។   គ្រាន់​តែការិយាល័យបោះឆ្នោត​​បើកទ្វារ​ បានតែ​​១០នាទី នាយករដ្ឋមន្ត្រីផុតអាណត្តិ Pedro Sánchez វ័យ​៥១ឆ្នាំ បាន​អញ្ចើញ​ទៅបោះឆ្នោត​មុន​គេ ជាមួយ​នឹង​ភរិយា។ ស្ថានភាព​សន្តិសុខ​ទូទៅ គ្មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ខ្លាំងទេ​។​ ប៉ុន្តែ រឿង​កម្តៅ​នយោបាយ និង​ទំនោរ​ប្រជាជនអេស្ប៉ាញ​​ដែល​ងាកទៅ​បក្ស​ស្តាំ​និយម ជារឿង​ដែល​គួរ​ឲ្យ​យក​ចិត្តទុកដាក់។​ការបោះឆ្នោត​សភា​អេស្ប៉ាញ​នេះ ​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង ខណៈ​ពេល​​ការ​បោះឆ្នោត​សភាអឺរ៉ុប ​​នឹង​ឈាន​ចូល​នៅឆ្នាំ​២០២៤ខាងមុខ។ គេ​ចាប់អារម្មណ៍​ខ្លាំង ដ្បិត​ថា កម្តៅ​នយោបាយ នៅក្នុង​រដ្ឋសមាជិក​សហភាពអឺរ៉ុប​​ ហាក់ចាប់ផ្តើម​ផ្អៀង​ទៅខាង​ពួក​ស្តាំ​និយម ដូចករណី បារាំង ក្រិក​ ពិសេស​គឺ​ ប្រទេស​ហុងគ្រី និង​​​អ៊ីតាលី​ ហើយ​ពេល​នេះ នៅ​អេស្ប៉ាញ ក៏​ជា​ករណី​ព្រួយ​បារម្ភ​មួយ​ដែរ​។ នៅអឺរ៉ុប នាយករដ្ឋមន្ត្រីអ៊ីតាលី អ្នកស្រី ចរចា មេឡូនី និង នាយករដ្ឋមន្ត្រីហុងគ្រី វិទ័រ អ័កបាន សុទ្ធតែបានថ្លែងការណ៍គាំទ្រ ផ្តល់កម្លាំងចិត្ត និងជំរុញសន្ទុះ ដល់បក្សស្តាំនិយមអេស្ប៉ាញ។៥ថ្ងៃមុន​បោះឆ្នោត​ ហាម​ស្ទង់​មតិ​៥ថ្ងៃមុន​ថ្ងៃ​បោះឆ្នោតមកដល់ គឺបើតាមច្បាប់​អេស្ប៉ាញ ត្រូវហាម​ឃាត់​មិន​ឲ្យ​​ស្ទង់​មតិ ឬ​ផ្សព្វផ្សាយ​ការ​ស្ទង់​មតិ​ ចំពោះ​និន្នាការ​ចង់បោះ​ឆ្នោត​ឲ្យ​​បក្ស​ណាមួយ ឬ​ស្ទង់​មតិ​បង្ហាញ​ថា បក្ស​ណាមួយ​មាន​សំឡេងចង់​បោះឆ្នោត​ឲ្យ​​ច្រើន ឬ​តិចនោះឡើយ។ ការស្ទង់​​មតិ​ដែល​គេ​យកទៅ​ផ្សាយ ថ្មី​ចុង​ក្រោយ​​បំផុត ត្រឹម​ថ្ងៃ​ច័ន្ទ​​ដើមសប្តាហ៍​។ បើ​តាម​ទិន្នន័យ​នេះ គឺ​ប្រជាជន​​ ប្រមាណ ជា ​២០% ​​មិន​ទាន់​សម្រេច​ចិត្ត​ ថា​ទៅឬ​មិនទៅ​បោះឆ្នោត​​​ទេ​ ហើយប្រសិន​ជាទៅបោះឆ្នោត​ ក៏​​ពួកគេ​ ​មិន​ដឹង​ថា​ត្រូវ​បោះឆ្នោត​ឲ្យ​បក្សណាមួយ​ដែរ។ចំពោះយុវជន​វិញ​ អត្រា​មិនទៅចូលរួម​បោះឆ្នោត​ គឺ​មាន​កម្រិត​ខ្ពស់​។ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វិទ្យុ​បារាំងRFI នៅ​រដ្ឋធានី Madrid​ បាន​សម្ភាសយុវតីម្នាក់ ឈ្មោះ Laura វ័យ​២៣ ឆ្នាំ។ នាងអះអាង​ថា ​មិន​ទៅ​បោះឆ្នោត​ទេ​ ព្រោះតែ​«សន្លឹក​ឆ្នោតរបស់​​នាង​ គ្មានទម្ងន់​ គ្មាន​​តម្លៃ​ គ្មាន​ប្រយោជន៍​អ្វី ក្នុងការ​កំណត់​ឲ្យ​បក្ស​ណា​១​ឈ្នះ​ឆ្នោត​ឡើយ»។​ សំឡេង​ឆ្នោតដែល​ចេញពីការ​សម្រេចចិត្ត​របស់​ពួក​យុវជន គឺ​​​នាទី​ចុងក្រោយ​បំផុត​ ទើប​ពួក​គេ​សម្រេច​​ចិត្ត​។​ ក្នុង​១៣% នៃយុវជន​អេស្ប៉ាញ សម្រេច​ចិត្ត​បោះឆ្នោត​ឲ្យ​បេក្ខជនណាមួយ ឬ​បក្ស​ណាមួយ នៅ​ថ្ងៃ​បោះឆ្នោត​តែម្តង។ការឃោសនា​និង​​គោល​ការណ៍​នយោបាយ​បក្ស​ស្តាំនិយម​​​​ដើម្បី​ទាក់ចិត្ត​ម្ចាស់​ឆ្នោត​​​តាម​ការ​ស្ទុង​មតិ​ចុងក្រោយ ចេតនា​ចង់​បោះឆ្នោត​ឲ្យ​បក្ស​​ស្តាំនិយម​​ PP (Parti populaire) គឺ​មា​ន​ជាង ៣៥%។ បក្សនេះ​ដឹកនាំដោយ​ លោក Alberto Núñez Feijó អតីត​អ្ន​ករដ្ឋការ​ជើងចាស់ វ័យ ៦១ឆ្នាំ​។​ លោក​សន្យា​ជំរុញ​កំណើន​សេដ្ឋកិច្ច តែ​បាន​សន្យា​​កាត់​បន្ថយ​ពន្ធលើកប្រាក់ខែ​ និង​ លុបចោល​ពន្ធ​ផ្ទេរ​មត៌ក​ ហើយ​និង​កែ​ទម្រង់​ការអប់រំ ពិសេស​កែច្បាប់​ពាក់ព័ន្ធ​នឹង​ពួក​ស្រឡាញ់​ភេទ​ដូចគ្នា​។​គោល​ការណ៍ទាំង​​នេះ ស្រដៀង​នឹង​ ការ​សន្យា​របស់​​គណបក្ស​ស្តាំ​និយម​ជ្រុល Vox ដឹក​នាំ​ដោយ លោក Santiago Abascal ដែរ​។ កម្មវិធី​នយោបាយ​របស់បក្ស​ស្តាំ​និយម​ជ្រុល Vox គឺ​មាន​លក្ខណៈជាតិនិយមជ្រុល ​ប្រកាន់​និកាយ​សាសនា​កាតូលិក​ជ្រុល ចង់​លុប​ចោល​​ច្បាប់​គាំពារ​សហគម​ន៍ស្រឡាញ់ភេទ​ដូចគ្នា​ LGBT+ ហើយក៏​​ប្រឆាំង​នឹង​គោលការណ៍​ស្រីនិយម។ បក្ស​នេះ សន្យា​បណ្តេញ​ពួក​ជន​អន្តោប្រវេសន៍ខុសច្បាប់​​​ឲ្យ​ចេញពី​អេស្ប៉ាញ​ទៀត​ផង។ ប្រឈម​នឹង​ការ​សន្យា​ទាំង​នេះហើយ ទើបនាយករដ្ឋមន្ត្រី​ផុត​អាណត្តិ Pedro Sánchez ​​បាន​ប្រកាស​ឲ្យ​ពលរដ្ឋអេស្ប៉ាញ​បោះឆ្នោត​បង្ខាំង​កុំឲ្យ​ពួក​ស្តាំ​និយម​ឈ្នះ​ឆ្នោត​។​​គោលការណ៍របស់​​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ និងគណបក្សឆ្វេងនិយមប្រសិន​បើ​ជឿ​ទៅលើការ​ស្ទុង​មតិ​ចុងក្រោយ គ្មាន​ក្រុម​សម្ព័ន្ធ​បក្ស​ខាងណា ខាងឆ្វេងនិយម ឬ​ខាងស្តាំ​និយម ដែល​អាច​ឈ្នះ​សន្លឹក​ឆ្នោត​ដាច់គេ​ និងរៀបចំ​រដ្ឋាភិបាល​តែម្នាក់តែ​ឯងទេ។ នាយករដ្ឋមន្ត្រីផុតអាណត្តិ មកពីបក្សសង្គមនិយម កាន់តែអំណាចតាំងពីឆ្នាំ២០១៨មក គឺ​បាន​សម្លឹង​ទៅ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​​បក្ស​ឆ្វេង​និយម ពិសេស​គឺជាមួយ​នឹង​បក្ស​ឆ្វេងនិយម​ ឈ្មោះ Sumar ។ បក្សនេះ គឺ​បង្កើតឡើង​ដោយ​អ្នកស្រី Yolanda Díaz ​​វ័យ​៥២ឆ្នាំ ជា ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ផុត​អាណត្តិ ។ បក្ស​ Sumar ឲ្យ​តម្លៃ​ទៅលើ​ស្រីនិយម បរិស្ថាន​និយម និង​សិទ្ធ​ក្រុម​ជន​ភាគតិច ដូចជា​ក្រុម​កែ​ប្តូរ​ភេទ ​អ្ន​កស្រឡាញ់​ភេទ​ដូចគ្នា។​ អ្នកស្រី​ Yolanda Díaz ក៏​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​បណ្តា​បក្ស​និន្នាការ​ឆ្វេង​និយម បក្ស​តូចៗ ចំនួន ៨ ដែល​មាន​សំឡេង​គាំទ្រ​ច្រើន នៅក្នុងការ​បោះឆ្នោត​ថ្នាក់​តំបន់ កាលពី​ខែ​ឧសភា​។​ ក្រៅពីនេះ អ្នកស្រី​បាន​សន្យា​មួយ​ដ៏​គួរឲ្យទាក់ចិត្ត​អ្នក​បោះឆ្នោត​វ័យ​ក្មេង។​ នោះគឺ​ការ​បង្កើត​កញ្ចប់​ថវិកា​ ២ម៉ឺន​អឺរ៉ូ សម្រាប់​យុវជន​អេស្ប៉ាញ​ម្នាក់ៗ​ ដែល​អាយុ​ចាប់ពី​ ១៨​ ឆ្នាំ​។ កញ្ចប់​ថវិកា​​២ម៉ឺនអឺរ៉ូ សម្រាប់​យុវជន​ម្នាក់​ ធ្វើ​អាជីវកម្ម និង​បង្កើត​មុខ​របរ ឬក៏​​សម្រាប់​ចាត់ចែង​គម្រោង​អនាគត​ផ្សេងៗ។ បើតាម​គោលការណ៍ ក្រុម​ពួក​ឆ្វេងនិយម ​គឺ​ត្រូវ​ការ​ពារ​ផល​ប្រយោជន៍​របស់​ពួកអ្នកក្រ ពួក​កម្មករ​។ ក៏ប៉ុន្តែ ពលរដ្ឋ​អេស្ប៉ាញមួយ​ចំនួន​ បានមើលឃើញថា ពួក​ឆ្វេង​និយម ហាក់​ដើរងាក​ពីគោលការណ៍​ស្នូលរបស់​ខ្លួន​។ នេះគឺការ​យល់ឃើញ​របស់ ​អ្ន​កបោះឆ្នោត​ម្នាក់ ឈ្មោះ David ដែលថា ខ្លួន​អន់ចិត្ត​ខ្លាំង​នឹង​បក្ស​​នយោបាយ​ឆ្វេង​និយម ដែលបែរជា​ទៅបម្រើ​ប្រយោជន៍​ពួក​ក្រុម​ចៅកែ​ពួក​អ្នក​មាន ជៀសជាង​គិតពី​ប្រយោជន៍​កម្មករ ​អ្នក​ធ្វើការ​ក្រីក្រ៕​
7/23/20238 minutes, 16 seconds
Episode Artwork

កូរ៉េខាងជើងបាញ់មីស៊ីល​ក្រ័រស្យែរ ជាច្រើនគ្រាប់ ចូលទៅក្នុងសមុទ្រលឿង

៣ថ្ងៃបន្ទាប់ពីបាន​បាញ់មីស៊ីល​បាលីស្ទីកចំនួន២គ្រាប់ នៅព្រឹកថ្ងៃសៅរ៍ទី​២២កក្កដា​​ កូរ៉េខាងជើងបានបាញ់​មីស៊ីល​ចំងាយ​ឆ្ងាយ ជាច្រើនគ្រាប់ទៀត ដែលបានធ្លាក់ចូលក្នុងសមុទ្រលឿង។ ការបាញ់សាកល្បងអាវុធ​ផ្ទួនៗ បំពាននឹងសេចក្តី​សម្រេចចិត្តនៃអង្គការ​សហប្រជាជាតិនេះ បានទទួល​នូវការ​ប្រកាសថ្កោលទោសជាខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិ។ ជាមួយគ្នានេះដែរ ក្រុមប្រទេសធំៗនៅអង្គការសហប្រជាជាតិ បានរួមគ្នាចេញលិខិតមួយ រន្ធាន់​ឲ្យ​រដ្ឋាភិបាល​ចិន ត្រូវតែ​ចូលរួម​ឲ្យ​បានសកម្ម​ នៅក្នុង​ការ​អនុវត្តទណ្ឌកម្ម​ដែលអង្គការសហប្រជាជាតិ​បានដាក់ទៅលើ​របបផ្តាច់ការកូរ៉េខាងជើង ជាពិសេសទាក់ទិននឹងការលួច​នាំប្រេងចូល​កូរ៉េខាងជើង ដោយ​ឆ្លងកាត់​ប្រទេសចិន​។ យោងតាមដំណឹង​ប្រកាសដោយ​អគ្គបញ្ជាការដ្ឋានអន្តរកងទ័ពកូរ៉េខាងត្បូង គឺកូរ៉េខាងជើង បានបាញ់​ប្លោង​មីស៊ីល ក្រ័រស្យែរ ឬមីស៊ីលចំងាយ​ឆ្ងាយ​ជាច្រើនគ្រាប់ ឆ្ពោះទៅកានើសមុទ្រលឿង សមុទ្រដែល​ខណ្ឌចែក​ឧបទ្វីបកូរ៉េ និងទឹកដីចិន​។ យោងតាមប្រភពដដែលនេះ គឺការបាញ់​ប្លោង​បានចាប់ផ្តើម​នៅវេលាម៉ោង​ប្រមាណ​ជា​៤ទាបភ្លឺ​ ព្រឹកថ្ងៃសៅរ៍ ទី​២២កក្កដា។​កងទ័ពកូរ៉េខាងត្បូង និងកងទ័ពអាមេរិក​ដែលប្រចាំការនៅឧបទ្វីបកូរ៉េ កំពុងតែប្រមូលទិន្នន័យព័ត៌មានលំអិត ស្តីពីមីស៊ីល​ទាំងនោះ និងកំពុង​តាមដានយ៉ាងយកចិត្តទុកដាក់បំផុត នូវសកម្មភាព​បំលាស់ទីនានារបស់​កងទ័ពកូរ៉េខាងជើង ក្រែងលោមាន​ការបាញ់សាកល្បងអាវុធផ្សេងទៀត។កាលពីថ្ងៃ១៩កក្កដា ព្យុងយ៉ាងបាន​បាញ់​មីស៊ីល​បាលីស្ទីក ចំងាយជិត ចំនួន​២គ្រាប់ ឆ្ពោះទៅកាន់ទិសខាងកើត ធ្លាក់ចូលសមុទ្រជប៉ុន។ ការបាញ់សាកល្បងអាវុធផ្ទួនៗនេះ គឺវាបំពាន​នឹង​សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ តែកូរ៉េខាងជើងនៅតែផ្គើន នៅតែបន្ត​បាញ់​បង្ហោះអាវុធ។ ជាងនេះទៀត លោកគីម ជុងអ៊ុន មេដឹកនាំរបបផ្តាច់ការនេះ បានប្រកាសទៀតថា កម្មវិធីអភិវឌ្ឍន៍សព្វាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង គឺមិនអាចថយក្រោយ​បានទេ គឺមានតែដើរឆ្ពោះទៅមុខជាមុខជានិច្ច​។កូរ៉េខាងជើងបាន​គម្រាម​ថា គេអាចនឹង​ប្រើ​អាវុធនុយក្លេអ៊ែរតាកើទិករបបព្យុងយ៉ាងបាន បាន​ប្រកាសគំរាម កាលពីថ្ងៃព្រហស្បតិ៍ ថាការដែល​កងទ័ពអាមេរិក បានបញ្ជូន​នាវាមុជទឹកបាតសមុទ្រ ដើរដោយ​ថាមពលនុយក្លេអ៊ែរ ចូលទៅចតនៅ​កូរ៉េខាងជើងត្បូង គឺវាអាច​ជាលក្ខខណ្ឌ​មួយ អនុញ្ញាតឲ្យ​កូរ៉េខាងជើង ប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកបាន ដោយ​អនុឡោមទៅតាមច្បាប់​សន្តិសុខ​នុយក្លេអ៊ែរជាធរមាន របស់​កូរ៉េខាងជើង​​។ លោក កាង ស៊ុនណាំ រដ្ឋមន្ត្រីក្រសួង​ការពារជាតិកូរ៉េខាងជើង បាន​ប្រកាស​ដូច្នេះ បន្ទាប់ពីនា​វាមុជទឹកបាតសមុទ្រ ប្រភេទ Ohio ដើរដោយ​ថាមពលនុយក្លេអ៊ែររបស់កងទ័ពអាមេរិក បានចូលទៅចតនៅកំពង់ផែក្រុងប៊ូសាន កាលពីថ្ងៃពុធកន្លងទៅ។ស្រាប់ទៅនៅថ្ងៃសុក្រ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង បានឆ្លើយតបទៅកូរ៉េខាងជើង​​វិញថា ប្រសិន​បើ​កូរ៉េខាងជើង ហ៊ានតែប្រើអាវុធនុយក្លេអ៊ែរ មកលើទឹកដីកូរ៉េខាងត្បូង នោះកូរ៉េខាងត្បូង រួមទាំងអាមេរិក នឹងឆ្លើយតបទៅវិញ ដោយ​មិនបង្អង់ដៃឡើយ។ ចម្លើយឆ្លើយតបទៅវិញ ដែលនឹងអាចកម្ទេចរបបផ្តាច់ការព្យុងយ៉ាង ឲ្យដួលរលំតែម្តង។ដូចយើង​បាន​ដឹងហើយ ថាទំនាក់ទំនង​រវាងប្រទេសកូរ៉េបងប្អូនទាំង២នេះ កំពុងតែធ្លាក់ចុះដុនដាបខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទំនាក់ទំនងការទូត ដើម្បីបើកផ្លូវចរចាគ្នា គឺជាប់គាំងទាំងស្រុង មានតែពាក្យ​គំរាមទៅគំរាមមក ដែលធ្វើ​ឲ្យ​គេព្រួយបារម្ភជាខ្លាំង​។ បញ្ហាកាន់តែតានតឹងនេះ វាជួនចំពេល មានករណីទាហានអាមេរិកម្នាក់ ដែលទើបតែ​ត្រូវបានលែងចេញពីគុកនៅកូរ៉េខាងត្បូង បាន​រត់គេចចូលទៅខាងទឹកដីកូរ៉េខាងជើងបាត់ដំណឹងឈឹង កាលពីថ្ងៃ​អង្គារ​។ គេជឿថាទាហានអាមេរិក​រូបនោះ ត្រូវកូរ៉េខាងជើងចាប់ខ្លួនហើយ តែកូរ៉េខាងជើងមិន​ឲ្យដំណឹងអ្វីទាំងអស់ ទោះខាងកងទ័ពអាមេរិកខិតខំព្យាយាមទាក់ទងទៅយ៉ាងណាក៏ដោយ​។ចិនត្រូវតែចូលរួម ក្នុងការអនុវត្តទណ្ឌកម្ម​អន្តរជាតិ​ដោយឡែក បន្ទាប់ពី​កូរ៉េខាងជើង បាន​បាញ់មីស៊ីលចំងាយ​ឆ្ងាយនៅព្រឹកថ្ងៃសៅរ៍នេះ ក្រុមប្រទេសមួយចំនួននៅអង្គការសហប្រជាជាតិ បានរួម​គ្នាធ្វើលិខិតមួយ ផ្ញើជូនចំពោះ លោក ចាង ជុន អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ។ លិខិត​នេះ ត្រូវបាន​ចុះហត្ថលេខាដោយ អគ្គរដ្ឋទូតអូស្ត្រាលី បារាំង អង់គ្លេស សហរដ្ឋអាមេរិក នូវែលហ្សេឡង់ អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​កូរ៉េខាងត្បូង​។ ផ្អែកតាម​ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលបាន​អានលិខិតនេះ គឺក្រុមប្រទេសធំៗទាំងនេះ បាន​អំពាវនាវ ប្រាប់ទៅភាគីចិន ថាត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បី​រារាំងកុំ​ឲ្យកូរ៉េខាងជើង អាចគេចវេសពី​ទណ្ឌកម្ម​របស់សហគមន៍អន្តរជាតិ។លិខិតនេះបាន​សង្កត់បន្ថែមថា ដោយ​ផ្អែកតាមប្រភពច្បាស់ការ គឺគេបានសង្កេតឃើញថា មាននាវា​ដឹក​ប្រេងរបស់កូរ៉េខាងជើងជាច្រើនគ្រឿង បានចូលចត និង​ប្រើប្រាស់​កំពង់ផែ តំបន់Sansha របស់ចិន​ ដោយ​អាជ្ញាធរចិន​ជាអ្នកបើកដៃ​ ដើម្បី​ឲ្យ​នាវាទាំងនោះ អាចទៅដឹកប្រេងនាំចូលទៅកូរ៉េខាងជើង​។ អង្គការសហប្រជាជាតិ ​បានសម្រេច​ទណ្ឌកម្មជាបន្តបន្ទាប់ តាំងតែពីឆ្នាំ​២០០៦ម្លេះ​ ដើម្បី​បិទច្រក​ផ្លូវ​ រារាំងកុំឲ្យរបបផ្តាច់ការព្យុងយ៉ាង មានលទ្ធភាព​មាន​ប្រភពថាមពលប្រេង យកទៅប្រើ​ក្នុង​វិស័យ​កងទ័ពនិងសព្វាវុធ។ តែផ្ទុយទៅវិញ កូរ៉េខាងជើង នៅតែអាចមានផ្លូវ មានច្រកដើម្បីនាំចូលប្រេងដដែល ដោយ​សារតែចិនជាអ្នកជួយ​។ លិខិតខាងលើនេះ បានបន្ថែមថា គេនឹងផ្ញើររូបភាពផ្កាយរណប​ បញ្ជាក់ជាភស្តុតាង ថាសកម្មភាពបំពានទាំងអស់នេះ គឺចិនបាន​បើកដៃឲ្យ​កូរ៉េខាងជើង ជា​រហូតមក ជាពិសេសក្នុងឆ្នាំ​២០២២​និង​២០២៣នេះតែម្តង នៅចំណុចកំពង់ផែ Sansha។លិខិតខាងលើបានសរសេរទៀតថា យើងទាំងអស់គ្នាសូមសំណូមពរ​ជាថ្មីម្តងទៀត ទៅកាន់រដ្ឋាភិបាលចិន​ ថាត្រូវតែចាត់វិធានការ​ឲ្យ​បានតឹងតែង​ ក្នុងការ​​ត្រួតពិនិត្យ​នាវា ស្រាវជ្រាវទប់ស្កាត់​ចរាចរណ៍​ខុសច្បាប់ ដែលបំពាននឹង​​សេចក្ដីសម្រេចចិត្ត​របស់អង្គការសហប្រជាជាតិ​។ វាគឺជារឿងចាំបាច់ណាស់ ដែល​សហគមន៍អន្តរជាតិទាំងមូល ដោយ​រាប់ទាំងចិនផង ត្រូវ​តែ​ផ្ញើសារជាក់ច្បាស់ និងម៉ឺងម៉ាត់ ប្រាប់ទៅរបបព្យុងយ៉ាង ​ឲ្យ​គោរពកាតព្វកិច្ច​ខ្លួន​ ដែលអង្គការសហប្រជាជាតិបានសម្រេច ដើម្បីឈានទៅរំលាយ​កម្មវិធីនុយក្លេអ៊ែរទាំងស្រុង និងដើម្បីកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ។យ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ គ្មានប្រតិកម្មណាមួយ​ពីខាងភាគីចិនទេ ទាក់ទិន​នឹងលិខិតដែលគេផ្ញើទៅនេះ។ កន្លងមក ដូចយើងបានសង្កេតឃើញហើយ ថាទាំងចិន ទាំងរុស្ស៊ី ហាក់ដូចជាបានជួយ​កូរ៉េខាងជើងច្រើន តាមរយៈការបោះឆ្នោតវ៉េតូ ប្រឆាំងមិនឲ្យ​មានការសម្រេចដាក់ទណ្ឌកម្មជាឯកច្ឆន្ទ នៅក្រុម​ប្រឹក្សាសន្តិសុខ។ សហរដ្ឋអាមេរិកបានចោទថា ចិននិងរុស្ស៊ីមិនត្រឹមតែ​ការពារកូរ៉េខាងជើងទេ គឺថែមទាំងបាន​ពន្យុះឲ្យ​កូរ៉េខាងជើង​កាន់តែឡើងចាង បាញ់សាកសព្វា​វុធនុយក្លេអ៊ែរថែមទៀតផង។ ស្ថានការណ៍​ដែលហាក់ដូចជាស្ថិតនៅផ្លូវទ័លនេះ បានញ៉ាំងឲ្យសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ពង្រឹង​សហប្រតិបត្តិការយោធាកាន់តែខ្លាំង។ តាមការគ្រោងទុក នៅខែសីហាខាងមុខនេះ នឹងមានជំនួបកំពូលពិសេសមួយរវាងប្រទេសសម្ព័ន្ធមិត្តទាំង​៣នេះ ដើម្បីរៀបចំយុទ្ធសាស្ត្រ​​សង្កត់កូរ៉េខាងជើង៕
7/22/20237 minutes, 12 seconds
Episode Artwork

រុស្ស៊ី​ប្រកាសបើកសមយុទ្ធនៅសមុទ្រខ្មៅ ​​ហាម​នាវា​​ឆ្លង​កាត់​ ចំណែក​អ៊ុយក្រែន​ប្រើ​គ្រាប់បែក​ចង្កោមរបស់អាមេរិក

ថ្ងៃសុក្រ ទី២១ កក្កដា​ ក្រសួង​ការពារជាតិ​រុស្ស៊ី ប្រកាសបើកសមយុទ្ធនៅសមុទ្រខ្មៅ  និង​​ហាមឃាត់​​នាវា​ផ្សេងៗ​កុំឲ្យ​ឆ្លង​កាត់​ឲ្យ​សោះ។ ការប្រកាស​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ខ្មៅ​នេះ ជា​រនាំង​ថ្មី​បន្ថែមទៀត ចំពោះ​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន។ ដ្បិតថា កិច្ចព្រមព្រៀង​នាំ​ចេញគ្រាប់​ធញ្ញជាតិ​ បាន​ផុត​កំណត់​ទៅ​ហើយ។​ អង្គការ​សហប្រជាជាតិ ​​ថ្លែង​ក្តី​បារម្ភ​ជាថ្មី បន្ទាប់ពី​ឃើញ​តម្លៃ​ធញ្ញជាតិជាទូទៅ ​បាន​ហក់​ឡើងថ្លៃ​ខ្ពស់។​ជាការ​វាយបកទៅវិញ អ៊ុយក្រែន ​​ប្រកាស​ថា​បាន​ចាប់ផ្តើម​ប្រើ​ប្រាស់​គ្រាប់បែក​ចង្កោម​ នៅ​សមរភូមិ​។ គ្រាប់បែក​ចង្ក្រោម ជា​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស់​ និងជាកញ្ចប់​​អំណោយ​របស់​សហរដ្ឋអាមេរិក។ អាមេរិក​ ជាថ្មីទៀត ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ ១,១៦ ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដល់​អ៊ុយក្រែន​។​ ​ហេតុអ្វី​ រុស្ស៊ី ប្រកាសបើកសមយុទ្ធនៅសមុទ្រខ្មៅ ?​ក្នុង​ការ​ប្រកាស​របស់​ក្រសួងការពារជាតិរុស្ស៊ី គឺ​​សមយុទ្ធ​លើកនេះ សំដៅ​ផ្តោត​ខ្លាំង​ទៅលើ​ការ​បាញ់​កម្ទេច​នាវា​។ រដ្ឋអំណាច​រុស្ស៊ី ក៏​​​ហាម​ឃាត់​មិន​ឲ្យ​នាវា​ណា​មួយ​ ឆ្លង​កាត់សមុទ្រខ្មៅ​ប៉ែក​ពាយ័ព្យ​ ឬ​តម្រង់​ឆ្ពោះ​ទៅ​ខាង​ដែន​ទឹករបស់​​អ៊ុយក្រែនឡើយ​។ ប្រសិន​បើ​មាន​នាវា កប៉ាលណា​ ល្មើសបំរាម​ មិនថា​នាវា​ស៊ីវិល​ក្តី ក៏ត្រូវ​ចាត់ទុក​រាប់​ថា​ជា​ នាវា​យោធា​ ដែរ។ ដូច្នេះ​គឺជា​កម្មវត្ថុ​នៃការបាញ់ក​ម្ទេច។​ អាស្រ័យ​ហេតុនេះ​ គេ​​ឃើញ​ជាក់ច្បាស់ថា នេះ​ជា​មធ្យោបាយ​គំរាម​របស់​រុស្ស៊ី និង​ដែល​ រដ្ឋបាល​ក្រុង​ម៉ូស្កូ យក​​«គ្រាប់​ធញ្ញជាតិ»ធ្វើ​ជា​ចំណាប់​​ខ្មាំង​។កិច្ចព្រមព្រៀង​ស្តីពីការ​នាំចេញ​គ្រាប់ធញ្ញាជាតិ ដែល​ អង្គការ​សហប្រជាជាតិ និងតួកគី​ បាន​ជួយ​សម្របសម្រួល​ចរចា ពី​ខែ​កក្កដា​ឆ្នាំ​២០២២ គឺ​​​ផុត​កំណត់​ហើយ នៅថ្ងៃច័ន្ទ​ដើម​សប្តាហ៍​។ កាល​យប់​ថ្ងៃ​អង្គារ គឺ​ រុស្ស៊ី​បាញ់​ប្រហារ​លើ​កំពង់​ផែ​អូដេសា និង​ Tchonormorsk របស់​អ៊ុយក្រែន គឺ​បាន​ធ្វើ​ឲ្យ​គ្រាប់​ធញ្ញជាតិ​ ៦ សែន​តោន ត្រូវ​ខូច​ខាត។ រាត្រី​ថ្ងៃ​ពុធ​ឈាន​ចូល​ថ្ងៃព្រហស្បតិ៍​ ​រុស្ស៊ី​ក៏​បើក​ការវាយ​ប្រហារ​បាញ់​មីស៊ីល​ពីយន្តហោះ​ដ្រូន​​​​ទៅលើ​កំពង់ផែអ៊ុយក្រែន  អូដេសា និង Mykolaïv ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ យ៉ាង​ហោច ​៣ នាក់ និង​ជាង ​២០ នាក់​រង​របួស​ធ្ងន់។ ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ ​​​ថ្កោលទោស​រុស្ស៊ី​ជា​ខ្លាំង​ ដែល​​​​​វាយប្រហារ​តម្រង់​សំដៅ​លើ​កំពង់ផែ​របស់​អ៊ុយក្រែន។​ កំពង់ផែ​នេះ ជា​កន្លែង​​ស្តុកទុក​គ្រាប់​ធញ្ញជាតិសម្រាប់​នាំចេញ។ ​ភាគី​អ៊ុយក្រែន​​ បាន​ស្នើ​ឲ្យ​មាន​នាវា​យាម​ល្បាត​​របស់អង្គការ​សហប្រជាជាតិ ​ ក្នុង​ដំណើរការ​ដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​ ជាបន្ត ទោះបី​គ្មាន​កិច្ចព្រមព្រៀង​ថ្មី​ក្តី​។ ថ្ងៃសុក្រ ថ្នាក់ដឹកនាំ​តួកគី ​​​ប្រកាស​ថា​នឹង​ខំប្រឹង​ជំរុញ​ចិត្ត​ឲ្យ​លោកពូទីន​ត្រឡប់​មក​រក​កិច្ចព្រមព្រៀង​ថ្មី។​​ដំណាក់​កាល​នេះ អ្ន​កនាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​​កត់​សម្គាល់​ថា គ្រាន់តែប៉ុន្មាន​ថ្ងៃ​នេះសោះ​ តម្លៃ​គ្រាប់​ធញ្ញជាតិនៅ​លើពិលោក រាប់ពី​ស្រូវ​សាឡី​ និង ពោត ជាដើម បា​នហក់​ឡើង​ថ្លៃ​។ នេះ​នឹង​​ចោទជាបញ្ហា​ខ្លាំង​ចំពោះ​ប្រជាជន​និងប្រទេសក្រីក្រ​។​​សង្គ្រាម​កាន់តែ​ផុង​ជ្រៅ​ ​​​​ព្រោះតែ​​ភាគី​ជម្លោះ​ចាប់ផ្តើម​ស្រវារក​«គ្រាប់បែក​ចង្កោម»? ​ថ្ងៃអាទិត្យកន្លងទៅ ប្រធានាធិបតី​លោក ពូទីន ប្រកាសថា រុស្ស៊ីមានស្តុកគ្រាប់បែកចង្កោមជាច្រើន ហើយព្រមានថា នឹងប្រើប្រាស់គ្រាប់បែកចង្កោមនៅសមរភូមិមុខ ប្រសិនបើ អ៊ុយក្រែន ប្រើវាដែរ។ តែ ​ភាគីអាជ្ញាធរ​អ៊ុយក្រែន ​​ចោទប្រកាន់​ថា កងទ័ព​រុស្ស៊ី​ បាន​ប្រើប្រាប់​គ្រាប់​បែក​ចង្កោម​នេះ​ តាំងតែ​ពី​ដើម​ជម្លោះ​មកម្ល៉េះ។ នៅពេល​នេះ អ៊ុយក្រែន ក៏​​បាន​ផ្តើម​ប្រាស់​ប្រាស់​គ្រាប់បែក​​ចង្កោមដែរ​ ដើម្បី​ប្រយុទ្ធ​ទប់​ទល់​នឹង​ការវាយប្រហារ​របស់​រុស្ស៊ី​។ ដំណឹង​ចុងក្រោយ​នេះ បញ្ជាក់​​ពី​សេតវិមាន​អាមេរិក។ ទាំងសហរដ្ឋ​​អាមេរិក ទាំង​រុស្ស៊ី និង អ៊ុយក្រែន សុទ្ធតែ​​មិនព្រម​ចុះ​ហត្ថលេខា​ លើ​សន្ធិសញ្ញាក្រុង​អូស្លូ ស្តីពី​ការ​​ហាម​ឃាត់​ផលិ​ត​និង​ប្រើប្រាស់ គ្រាប់បែកចង្កោម​ទេ​។ សម្ព័ន្ធ​មិត្ត​លោក​ខាងលិច ​រិះគន់​អាមេរិក​និង​អ៊ុយក្រែន​ ។ ថ្ងៃទី​២១កក្កដា អ៊ុយក្រែន បានកោះហៅ​ឯកអគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​ក្រុង​កៀវ ទៅ​សាក​សួរ​។​ នេះក៏ព្រោះតែ ​ទូត​អង់គ្លេស​នៅអ៊ុយក្រែន បាន​រិះគន់​ថ្នាក់ដឹកនាំ​អ៊ុយក្រែន​ អំពីការ​ប្រើប្រាស់«​គ្រាប់បែក​ចង្កោម​» ដែល​ជា​អំណោយ​របស់​សហរដ្ឋអាមេរិក។ ទោះបី​អង់គ្លេស​ជា​សម្ព័ន្ធអាមេរិក​និងផ្តល់​ជំនួយ​​ជួយ​អ៊ុយក្រែន​​ពិតមែន តែ​ជំហរ​របស់​រដ្ឋាភិបាល​អង់គ្លេស​ គឺ​មិន​ឯកភាព​នឹងការប្រើប្រាស់​«​គ្រាប់បែក​ចង្កោម​» នោះឡើយ។​នៅថ្ងៃទី​២១កក្កដា ​ លោក វ្ល៉ាឌីមៀរ ពូទីន បាន​បង្ហើរ​សម្តីថា ជំនួយ​អាវុធ​ មិនថា​អាវុធអ្វី មិនថារថគ្រោះ មីស៊ីល ដែល​ពួក​លោក​ខាងលិច​ បាន​​ផ្តល់​ឲ្យ​រដ្ឋអំណាចក្រុង​កៀវ គឺ​មិន​អាច​នឹង​ឲ្យ​អ៊ុយក្រែន​ឈ្នះ​នៅ​សមរភូមិ​មុខ នោះឡើយ​។​ នេះបើតាម​សម្តី​របស់​លោកប្រមុខ​រដ្ឋ​រុស្ស៊ី​។​​ច្រើនសប្តាហ៍មកហើយ ដែល អ្នកជំនាញខាងយុទ្ធសាស្ត្រ​សង្គ្រាម​ មើលឃើញថា សង្គ្រាមនៅសមរភូមិក្តៅ ហាក់នៅទ្រឹង។ ការវាយប្រហារចេះតែបន្តមាន រប៉ែសរប៉ស ប៉ុន្តែ អ៊ុយក្រែន ហាក់មិនអាចរុលទៅមុខ ហើយទ័ពរុស្ស៊ីក៏ដូចគ្នា។ ទំនង​ជាដូច្នេះហើយ ទើបជំរុញ​​ឲ្យ​ អ៊ុយក្រែន សម្រេច​ចិត្ត​ប្រើ​គ្រាប់បែក​ចង្កោម ដើម្បី​ផ្តល់​សន្ទុះ​វាយ​ប្រហារ។​​ អ៊ុយក្រែន ក៏ទំនង​ជា​បាន​ងាក​ទៅ​ខាង​តំបន់​គ្រីមេ ដែលត្រូវ​រុស្ស៊ី​លេបត្របាក់​ដាក់​ចូល​ជា​ឧបសម្ព័ន្ធ​ដែន​ដី​របស់ខ្លួន។  នៅ​ថ្ងៃពុធ ​ជំរំ​យោធា​មួយ​របស់​រុស្ស៊ី​នៅ​គ្រីមេ ត្រូវភ្លើងឆេះ​ ​​តម្រូវ​ឲ្យ​មនុស្ស ជាង ២ ពាន់​នាក់ ត្រូវ​ជម្លៀសចេញ។ កន្លែង​ស្តុក​គ្រឿងបរិក្ខារយោធា​រុស្ស៊ី​នៅគ្រីមេ ក៏ត្រូវរងការ​​ប្រហារ​ដែរ។​ ក៏ប៉ុន្តែ អ៊ុយក្រែន​មិន​បាន​បញ្ជាក់​ថា នោះ​​ជាស្នាដៃ​របស់ខ្លួន​ទេ​៕​
7/21/20237 minutes, 2 seconds
Episode Artwork

លោក ពូទីន ​មិនចេញក្រៅប្រទេស ទៅចូលរួមផ្ទាល់ ក្នុងកិច្ចប្រជុំកំពូល Brics ​ព្រោះ​ជាប់​ដីកាចាប់ខ្លួន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដែលស្ថិតក្រោមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ បានបញ្ជាក់ថា លោកនឹងមិនទៅចូលរួមផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូល Brics ក្នុងប្រទេសអាហ្រ្វិកខាងត្បូង ​​ទេ តែ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​​ទៅ​ជំនួស។ ក្រុមប្រទេសទាំង៥ ដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង​ ហៅកាត់ថា Brics នឹងត្រូវ​បើក​កិច្ចប្រជុំកំពូលលើកទី១៥ ​ចាប់ពីថ្ងៃទី ២២ ដល់ទី២៤សីហា នៅទីក្រុង Johannesburg នៃប្រទេស អាហ្វ្រិកខាងត្បូង។​ តើ​ហេតុអ្វី​បាន​ជា​លោក​ ពូទីន មិន​សម្រេច​ចិត្ត​ទៅ​ចូលរួម​កិច្ចប្រជុំកំពូល​​នេះ​? តើម្ចាស់ផ្ទះ​អាហ្រ្វិកខាងត្បូង នឹងត្រូវ​ជួប​ការ​លំបាក​អ្វីខ្លះ ប្រសិន​បើ​លោក ​ពូទីន ​អញ្ជើញ​ចូលរួម​ផ្ទាល់​​នោះ​?​ ​វត្តមាន​របស់​លោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​អាហ្វ្រិក​ខាងត្បូង​ ត្រូវ​ឋិត​នៅក្នុង​ភាព​ស្រពិច​ស្រពិល​ជាច្រើន​សប្តាហ៍​មកហើយ ហើយ​ផ្ទៃក្នុង​ប្រទេសអាហ្វ្រិកខាងត្បូង គឺមានការជជែកពិភាក្សាគ្នាយ៉ាង​ផុសផុល​នៅក្នុងរង្វង់អ្នកនយោបាយនិងសាធារណៈជនផង។ អ្នកច្បាប់ និង ពួកអ្នកនយោបាយអាហ្វ្រិកខាងត្បូង បានថ្លឹងថ្លែងខ្លាំងណាស់ ចំពោះការរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេស Brics គឺមានប្រទេស ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង និង​ដែល អាហ្វ្រិកខាងត្បូង ត្រូវធ្វើជាម្ចាស់ផ្ទះ។ ទី​បំផុត​ទៅ ថ្នាក់ដឹកនាំ​អាហ្វ្រិកខាងត្បូង និង​រុស្ស៊ី បាន​អះអាង​ព្រមគ្នា​ថា ប្រមុខរដ្ឋ​រុស្ស៊ី​ លោក ​ពូទីន មិន​អញ្ជើញ​ទៅ​ចូលរួម​ផ្ទាល់​ទេ។បើ​ផ្អែក​តាម​សេចក្តីប្រកាស​​ផ្លូវការរបស់​រុស្ស៊ី គឺលោក ឌីមីទ្រី ប៉េស្កូវ​ អ្នក​នាំពាក្យ​វិមាន​ក្រេមឡាំង បាន​បញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​ប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​ Brics តាមរយៈ​វីដេអូ​ពីចម្ងាយ។ ខុសពីនេះ មជ្ឈដ្ឋាន​អន្តរជាតិ​ ខាង​លោក​ខាង​លិច​ គឺជឿជាក់ថា លោក​ ពូទីន ពុំ​ហ៊ាន​ចេញក្រៅ​ប្រទេស​ទេ​ ដ្បិត​កំពុងតែ​ជាប់​ដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ ដំណឹង​ពី​ម្ចាស់​ផ្ទះ​​អាហ្វ្រិក​ខាងត្បូងវិញ គឺថា ថ្នាក់ដឹកនាំ​ប្រទេស​នេះ​ ​​ប្រធានាធិបតី Cyril Ramaphosa ផ្ទាល់​​តែម្តង បាន​ទទូច​អង្វរករ​សុំ​កុំ​ឲ្យ​លោក ​ ពូទីន អញ្ជើញ​ទៅចូលរួម​កិច្ចប្រជុំ​ដោយ​ផ្ទាល់។នេះក៏ព្រោះតែ​អាហ្វ្រិក​ខាង​ត្បូង ឋិត​ក្នុង​ស្ថាន​ភាព​លំបាក។ ដ្បិតថា នៅក្នុងប្រទេស​ គឺ​គណបក្សប្រឆាំង​ធំជាង​គេ បា​នជំរុញ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ត្រូវចាប់ខ្លួន​លោក​ពូទីន ប្រសិន​បើ​លោក​មក​ជាន់​ដី​ អាហ្វ្រិក​ខាង​ត្បូង។​​ ​អាហ្រ្វិកខាងត្បូង ជាសមាជិក​រដ្ឋ​​ទទួល​ស្គាល់​លក្ខន្តិកៈ​ របស់​តុលាការព្រហ្មទណ្ឌអន្តរជាតិ។ ប្រទេស​នេះ​គឺត្រូវ​មា​នកាតព្វកិច្ច​អនុវត្ត​ដីកាតាម​​ចាប់ខ្លួន​ ​លោក​ ពូទីន​។ក្នុង​សប្តាហ៍​នេះ​ ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Cyril Ramaphosa ត្រូវ​កាសែត​ក្នុង​ស្រុក​ស្រង់​ប្រសាសន៍​​ផ្សាយ​ ថា ​ប្រសិន​បើ​រដ្ឋអំណាច​ Johannesburg ចាប់​ខ្លួន​លោក​ពូទីន បញ្ជូន​ទៅតុលាការ​ក្រុង​ឡាអេ គឺ​ប្រៀបដូច​ជា«ប្រកាស​សង្គ្រាម​»ជាមួយ​រុស្ស៊ី​ដោយ​ផ្ទាល់​តែម្តង។ ទង្វើនេះ គឺ​ច្បាស់ជា​គំរាមកំហែង​​ដល់​សន្តិសុខ​ សន្តិភាព និង​សណ្តាប់​ធ្នាប់​របស់​ប្រទេស​​។​អាហ្វ្រិក​ខាងត្បូង មិន​អាច​នឹង​លើកដៃ​ចាប់ខ្លួន​ថ្នាក់ដឹកនាំរុស្ស៊ីទេ។ រុស្ស៊ី ជា​អ្នក​គាំទ្រចលនាតស៊ូ​របស់​របបដឹកនាំសព្វថ្ងៃ​ជា​ច្រើន​ទសវត្សរ៍មកហើយ។​ ​​នៅ​ពីម្ខាងទៀត អាហ្វ្រិក​ខាងត្បូង ក៏​លំបាក​នឹង​ប្រឈម​មុខ​នឹង​ក្រុម​បក្សប្រឆាំងអាហ្វ្រិកខាងត្បូង ប្រឈមមុខ​នឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ ហើយនៅមាន​ សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ថែមទៀត។​ ហេតុនេះ អាហ្វ្រិក​ខាងត្បូង គ្មាន​ជម្រើស​ផ្សេង​ ក្រៅតែ​ពី​ស្នើសុំ​ឲ្យ​លោកពូទីន កុំឲ្យ​​ទៅ​ចូលរួម​កិច្ចប្រជុំ​អាហ្វ្រិក​ខាងត្បូង តែប៉ុណ្ណោះ​។ ​អ៊ុយក្រែន ​បរិហារថា​រុស្ស៊ី«លាង​ខួរក្បាល​ក្មេង»​។ រុស្ស៊ី​​ប្រុង​រៀបចំ​គម្រោង​មនុស្សធម៌សម្រាប់​កូន​ក្មេង​នៅអាហ្វ្រិក​ថែមទៀត។​ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជាប់ដីកាតាម​ចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្មសង្គ្រាម ពិសេស​គឺ​ការពង្រាត់កូនក្មេងអ៊ុយក្រែនរាប់ពាន់នាក់។ អ្នកស្រី​ Maria Lvova-Belova ស្នងការ​ប្រតិភូអម​ប្រធានាធិបតីរុស្ស៊ី​ទទួល​បន្ទុក​សិទ្ធិកុមារ​ ក៏បា​នជាប់​ដីកាចាប់ខ្លួន​នេះដែរ​។ ​ប្រភព​ពីភាគី​អ៊ុយក្រែន គឺ​តាំង​ពេល​ដែល​រុស្ស៊ី​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន​មក មាន​កូន​ក្មេង​អ៊ុយក្រែន​ប្រមាណ​ជា​ ១ លា​ន ៥ សែន​នាក់​ ឋិត​នៅក្រោម​តំបន់​ដែល​រុស្ស៊ី​ត្រួត​ត្រា។ បើតាម​អ៊ុយក្រែន គឺ​ ពួក​កុមារ​ទាំង​នោះ ត្រូវ​រដ្ឋអំណាច​រុស្ស៊ី​ចាប់​ពង្រត់​ទាំង​បង្ខំ​ និង​ត្រូវលាង«​ខួរ​ក្បាល​» លែង​ឈប់​ឲ្យ​និយាយ​ភាសា​អ៊ុយក្រែន ហើយ​និងត្រូវ​ អាជ្ញាធរ​រុស្ស៊ី​ ចាក់​បញ្ចូល​គំនិត​មនោគមន៍​ឲ្យ​ស្អប់​អ៊ុយក្រែន​ ជាដើម។ បទយកការណ៍​របស់​ទីភ្នាក់ព័ត៌មាន​បារាំង AFP ក៏​បាន​ឲ្យ​ដឹង​ពី​កូន​ក្មេងមួយ​ចំនួន​ ដែល​ អាជ្ញាធរ​អ៊ុយក្រែន ចរចា​យក​បាន​ឲ្យ​មក​ជួបជុំ​គ្រួសារ​វិញ គឺ​ ពួកគេ​ខ្លះ លែង​ចង់​និយាយ​ភាសា​អ៊ុយក្រែនពិតមែន​ និងចង់​ឲ្យ​តែ​និយាយ​ភាសា​រុស្ស៊ី​ទៅកាន់​​ពួក​គេ​។​​ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​វិមាន​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​គូស​បង្ហាញថា គោល​បំណង​របស់​រុស្ស៊ី គឺ​បង្វែរ​ខួរក្បាល​កូន​ក្មេង​ឲ្យ​ស្រឡាញ់​រុស្ស៊ី ស្អប់​អ៊ុយក្រែន​ និង​បំផ្លាញអត្ត​សញ្ញាណ​អ៊ុយក្រែន​។​ផ្ទុយ​ទៅវិញ អ្នកស្រី​ Maria Lvova-Belova ស្នងការ​ប្រតិភូអម​ប្រធានាធិបតីរុស្ស៊ី​ទទួល​បន្ទុក​សិទ្ធិកុមារ​ បាន​អះអាង​ថា កូន​ក្មេង​ដែល​អាជ្ញាធរ​រុស្ស៊ី​យក​មកមើលថែ គឺ​បាន​ទទួល​ការ​ស្នាក់​នៅ​ក្នុង​ជំរំ​ និងរស់នៅ​តាម​គ្រួសារ​ត្រឹមត្រូវ ហើយ​បា​ន​​សិក្សា​រៀនសូត្រ​នៅ​សាលា​រៀន​​ទៀតផង​។​អ្នកស្រី ​ Maria Lvova-Belova បាន​ទទួល​ទំនុកទុកចិត្ត​ពី​ប្រមុខរដ្ឋ​រុស្ស៊ី ដើម្បី​នឹង​អភិវិឌ្ឈកម្មវិធី​មនុស្ស​ធម៌​និង​សិទ្ធកុមារ​ នៅប្រទេសអាហ្វ្រិក ថែមទៀត។ វិទ្យុRFI​ ខាងជំនាញ​កិច្ចការ​តំបន់​អាហ្វ្រិក បាន​ផ្សាយ​បណ្តើរៗ​ទៅហើយ ពីគម្រោងនេះ​​​ ដ្បិតថា ថ្នាក់ដឹកនាំ​រុស្ស៊ី នឹង​ទទួល​ថ្នាក់ដឹកនាំ​ប្រទេស​អាហ្វ្រិក​ Saint-Pétersbourg​ នៅ​​សប្តាហ៍​ខាងមុខ។ ប្រសិន​បើ​ឈរ​នៅ​គំនិត​ខាង​អ៊ុយក្រែន គម្រោង​មនុស្សធម៌រុស្ស៊ីនេះ ក៏​ជា​ក្តី​បារម្ភមួយ​ដែរ​ចំពោះ​កូន​ក្មេង​អាហ្វ្រិក​៕​
7/20/20236 minutes, 46 seconds
Episode Artwork

សភាថៃទាំង២អង្គ ប្រកាសមិនទទួលយកការស្នើឈ្មោះជាលើកទី២ របស់​​​លោក​ភិថា លីមចៈរើនរ៉ាត់

ថៃកំពុងស្ថិតក្នុងភាពរំជើបរំជួល​នយោបាយបំផុត។ ថ្ងៃពុធទី​១៩កក្កដានេះ សភាថៃទាំង២អង្គ បាន​បើកសម័យ​ប្រជុំ ដើម្បីបោះឆ្នោតជាលើកទី២ លើ​បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ លោក ភិថា​ លីមចៈរើនរ៉ាត់។ ក៏ប៉ុន្តែ ខណៈដែលការប្រជុំ​កំពុងដំណើរការទៅ ដំណឹងថ្មីមួយ​បាន​ផ្ទុះឡើង គឺ​តុលាការធម្មនុញ្ញថៃ បានសម្រេច​ព្យួរលោក ភិថា​ លីមចៈរើនរ៉ាត់ ពីសមាជិកសភា ​ជាបណ្តោះអាសន្នសិន ដោយ​ផ្អែកតាម​ការចោទប្រកាន់ពី​គណៈកម្មការជាតិរៀបចំការបោះឆ្នោតថៃ។ លោក​ភិថា លីមចៈរើនរ៉ាត់​ ត្រូវបង្ខំចិត្តដើរចេញពីអង្គប្រជុំ ខណៈការបោះឆ្នោតនៅមិនទាន់ចាប់​ផ្តើមនៅឡើយ។ ក្រោយ​ការជជែកតឹងសរសៃក សមាជិកសភាទាំង​២អង្គបាន​បោះឆ្នោត​ បដិសេធមិន​ទទួលយកការដាក់ស្នើបេក្ខភាពជាលើកទី​២របស់ ភិថា លីមចៈរើនរ៉ាត់។ តុលាការធម្មនុញ្ញ​ ព្យួរសមាជិកភាពជាតំណាងរាស្ត្ររបស់​លោកភិថា​តុលាការធម្មនុញ្ញថៃ ដែលបានទទួលបាន​ពាក្យបណ្តឹងពី​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន​បោះឆ្នោតសម្រេច​នៅថ្ងៃទី​១៩កក្កដា ថាត្រូវព្យួរសមាជិកភាពជាតំណាងរាស្ត្ររបស់​លោក ភិថា លីមចៈរើនរ៉ាត់ ជាបណ្តោះអាសន្នសិន។ ចៅក្រម​៧រូប ក្នុងចំណោម​៩រូប នៃតុលាការធម្មនុញ្ញថៃបានបោះឆ្នោតយល់ព្រម​ ហើយ​សវនាកាសម្រេចសេចក្តីជាស្ថាពរ នៅត្រូវធ្វើក្នុងពេល​ឆាប់ៗខាងមុខនេះ​។ ផ្អែកតាមការចោទ របស់​គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺលោក ភិថា​ លីមចៈរើនរ៉ាត់ បានធ្វើបំពាននឹងច្បាប់បោះឆ្នោត ព្រោះលោក​មានចំណែក​ភាគហ៊ុន ក្នុងក្រុមហ៊ុនបណ្តាញទូរទស្សន៍ iTV។ ប្រសិន​បើ​តុលាការធម្មនុញ្ញថៃ រកឃើញថា លោក ភិថា​ លីមចៈរើនរ៉ាត់ ពិតជាបានធ្វើខុសមែន មានន័យថាលោក អាចនឹងប្រឈម​ទោស មិនអាច​ឈរឈ្មោះបោះឆ្នោត ដល់ទៅ​២០ឆ្នាំឯណោះ។ក្នុងពេលប្រជុំសភា នៅព្រឹកថ្ងៃពុធទី​១៩​កក្កដា​ លោកភិថា​ បានទទួលលិខិតរបស់​តុលាការធម្មនុញ្ញ ហើយ​លោកបានឡើងអាន ថ្លែងនៅចំពោះមុខសភាតែម្តង ដែលលិខិតនេះ បានជូនដំណឹង​ថាត្រូវព្យួរសមាជិកភាពជាតំណាងរាស្ត្ររបស់​លោក ក្នុងពេលនេះម៉ោងនេះតែម្តង។ អានចប់ លោក​ក៏បាន​ដើរចេញពីអង្គប្រជុំសភា ក្រោមសំឡេងទះដៃផ្តល់កម្លាំងចិត្ត ពីសំណាក់ក្រុមសមាជិកសភាដែលគាំទ្ររូបលោក​។តែយ៉ាងណា​ តាមច្បាប់ថៃ បេក្ខជននាយករដ្ឋមន្ត្រី មិនចាំបាច់ទាល់តែជាតំណាងរាស្ត្រនោះទេ។ ដូច្នេះ តាមធម្មតាម​គឺលោក​​ភិថា លីមចៈរើនរ៉ាត់ នៅតែជាបេក្ខជននាយករដ្ឋមន្ត្រីដដែល។ អង្គប្រជុំបាន​បន្ត ដោយ​សមាជិកសភាបក្សកាវក្លៃ និងបក្សភឿថា បានឡើងថ្លែងប្រកាស ថាគេសូមរក្សាស្នើបេក្ខជននាយករដ្ឋមន្ត្រីឈ្មោះដដែល ឲ្យសភាទាំង​២អង្គបោះឆ្នោត  គឺឈ្មោះ លោក ភិថា លីមចៈរើនរ៉ាត់។ស្នើឈ្មោះមនុស្ស​ដដែល​ ឲ្យ​សភាបោះឆ្នោតម្តងទៀត ផ្ទុយនិងបទបញ្ជាផ្ទៃក្នុងសភា​?មុននឹងឈានទៅដល់​ការបោះឆ្នោត យល់ព្រម ឬមិនយល់ព្រម តែងតាំង​លោក ភិថា​ លីមចៈរើនរ៉ាត់ ជានាយករដ្ឋមន្ត្រី សមាជិកសភាថៃទាំង២អង្គ បានជជែកដេញដោលគ្នាយ៉ាងតឹងសរសៃកបំផុត ទាក់ទិននឹងការដាក់​ស្នើបេក្ខភាព​របស់​លោកជាលើកទី​២។ក្រុមសមាជិកព្រឹទ្ធសភាថៃជាច្រើននាក់​ ដូចដែលយើងដឹងហើយ ថាមិនគាំទ្រលោកភិថា លីមចៈរើនរ៉ាត់នោះ បាន​ឡើងថ្លែងអំណះអំណាងបន្តបន្ទាប់គ្នា​ ថា​ដោយ​ យោងតាមមាត្រា៤១ នៃបទបញ្ជាសភា គឺក្នុ​ងសម័យប្រជុំតែ១ គេមិនអាចបោះឆ្នោត​២ដង លើរឿងតែមួយនោះទេ​។ ពោលគឺ គេចង់បានន័យថា បេក្ខភាព​របស់​លោក​ភិថា លីមចៈរើនរ៉ាត់ ដែល​ក្រុម​គណបក្សចម្រុះមានបក្សកាវក្លៃ បក្សភឿថៃជាដើម បានដាក់ស្នើមកឲ្យសភាទាំង២អង្គបោះឆ្នោតសម្រេចនោះ គឺគេបានបោះឆ្នោតរួចហើយ កាលពី​ថ្ងៃទី​១៤កក្កដា។ លទ្ធផលគឺ​យើងដឹងហើយ គឺសម្លេងឆ្នោតគាំទ្រមានមិនគ្រប់ ទៅតាមអ្វីដែលរដ្ឋធម្មនុញ្ញបានកំណត់ទេ។ ដូច្នេះ គឺគេមិនអាចបោះឆ្នោតម្តងទៀត លើការស្នើបក្ខភាពជាលើកទី២ របស់​លោក ភិថា​ លីមចៈរើនរ៉ាត់ បានទេ ព្រោះថា​ឈ្មោះមនុស្សដដែល។ក្រោយ​ការតវ៉ាគ្នាចុះឡើង លោក​ប្រធានសភាថៃ បានប្រកាសឲ្យ​សមាជិកសភា និង​សមាជិកព្រឹទ្ធសភាទាំងអស់ បោះឆ្នោត​ ថាតើយល់ស្រប ឬមិនយល់ស្រប ដែលថាការដាក់ស្នើឈ្មោះលោកភិថា លីមចៈរើនរ៉ាត់ ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បី​ឲ្យ​សភាទាំង២អង្គបោះឆ្នោតជាលើកទី២​នេះ វាផ្ទុយនឹង​បទបញ្ជាផ្ទៃក្នុងសភា។ លទ្ធផលឆ្នោត បានបង្ហាញថា​​ ក្នុងចំណោម​សមាជិកសភាដែលមានវត្តមាន​ទាំង​៧១៥រូប គឺមាន៣៩៤បានយល់ស្របថាវាផ្ទុយពីបទបញ្ជាផ្ទៃក្នុងសភា។ ចំណែកសំឡេងឆ្នោតយល់ថាមិនផ្ទុយវិញ គឺមាន​៣១២ ពោលគឺជា​ចំនួនសមាជិកសភាទាំងអស់ ដែលស្ថិតនៅក្នុងសម្ព័ន្ធគណបក្ស​គាំទ្រលោក​ភិថា លីមចៈរើនរ៉ាត់នេះឯង។ សំឡេងអនុប្បវាទមាន៨សំឡេង និង​មានម្នាក់​សុំមិនបញ្ចេញមតិ​។យោងតាមលទ្ធផលនេះ លោក​ប្រធានសភាថៃ បានប្រកាសថា គឺសភាទាំង២អង្គ សូម​បដិសេធមិនអនុញ្ញាតឲ្យ​លោក​ភិថា លីមចៈរើនរ៉ាត់ ដាក់ស្នើបេក្ខភាពមកជាលើកទី២ទេ ព្រោះវា​ផ្ទុយនឹងមាត្រា៤១នៃបទបញ្ជាផ្ទៃក្នុងរបស់សភា។ ប្រធានសភាបានប្រកាសបិទអង្គប្រជុំ ក្រោម​សំឡេងស្រែកតវ៉ា យ៉ាងអឺងកង ពីសំណាក់តំណាងរាស្ត្រមកពីបក្សកាវក្លៃ។​ អង្គប្រជុំបានចប់ ដោយ​សភាមិនបាន​ឈានទៅដល់ការបោះឆ្នោត​ សម្រេចជ្រើសរើស ឬមិនជ្រើសរើសលោក​ភិថា លិមចៈរើនរ៉ាត់ ជានាយករដ្ឋមន្ត្រីផងទេ។“សន្លឹកឆ្នោតរបស់ពលរដ្ឋ គ្មានតម្លៃ​​”មាន​ការព្រួយបារម្ភធំណាស់ ថាថៃនឹងឈានចូលដល់ដំណាក់កាលវិបត្តិធ្ងន់ធ្ងរ ជាមួយការផ្ទុះបាតុកម្មតវ៉ា របស់ប្រជាជន​។ នៅថ្ងៃពុធទី​១៩កក្កដា ស្របពេលដែលសភាបើកការប្រជុំ​ នៅតាមទីតាំងសំខាន់ៗ ដូចជានៅទីលាន​ប្រជាធិបតេយ្យ កណ្តាលក្រុងបាងកក និង​នៅក្បែរវិមានរដ្ឋសភាជាដើម ប្រជាជនថៃ បានចាប់ផ្តើមជួបជុំគ្នាច្រើនពាន់នាក់ណាស់ ដើម្បីទាមទារ តវ៉ា ឲ្យសមាជិក​សភាទាំង២អង្គ ជាពិសេសគឺសមាជិកព្រឹទ្ធសភាតែម្តង គោរពការសម្រេចចិត្ត​របស់​ប្រជាជនម្ចាស់ឆ្នោត។ប្រជាជន​ថៃបោះឆ្នោត​ឲ្យ​បក្យកាវក្លៃ របស់ភិថា លីមចៈរើនរ៉ាត់ឈ្នះឆ្នោត ដើម្បី​ដឹកនាំប្រទេស តែផ្ទុយទៅវិញ គឺក្រុមសមាជិកព្រឹទ្ធសភាថៃ ដែលត្រូវបានតែងតាំងដោយ​ក្រុម​អភិរក្សនិយម រាជានិយម និងកងទ័ព គឺជាអ្នករារាំងប្រឆាំងទៅវិញ​។ មានន័យថា សំឡេងឆ្នោតរបស់​ប្រជាពលរដ្ឋថៃ វាគ្មានតម្លៃអ្វីទាំងអស់ ពោលគឺថៃគ្មានលទ្ធិប្រជាធិបតេយ្យ​ទេ​។​ទុកឲ្យ​បក្សភឿថៃ ស្នើបេក្ខជននាយករដ្ឋមន្ត្រី​​ម្តងនៅព្រឹកថ្ងៃពុធនេះ ពេលដើរចេញពីសភាហើយ លោកភិថា លីមចៈរើន បានសរសេរ​លើ Instagram ដោយបានទទួលស្គាល់ថា លោកគ្មានសង្ឃឹមថា នឹងអាចទទួល​បានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់​ នៅក្នុងការបោះឆ្នោតនៅសភា ជាលើកទី​២នេះទេ។​ លោក​បន្តទៀតថា “វាច្បាស់ប្រាកដណាស់ ដែលថា សំឡេងឆ្នោតរបស់ប្រជាជនថៃ គ្មានតម្លៃគ្រប់គ្រាន់ ដើម្បីអាចគ្រប់គ្រងកំណត់ជោគវាសនាប្រទេសជាតិនោះទេ”។សូមបញ្ជាក់ថា លោកភិថា លីមចៈរើនរ៉ាត់ បានបញ្ជាក់ហើយ ថាលោកនឹងមិនស្នើឈ្មោះលោក​ ជាលើកទី​៣​ទៀតទេ។ កាលពីថ្ងៃសៅរ៍​ លោកភិថា បានបញ្ជាក់ថា លោក​នឹងទុក​ឲ្យ​គណបក្សភឿថៃ ស្នើបេក្ខភាពម្តងចុះ ដើម្បី​កុំឲ្យ​ប្រទេសជាប់គាំងយូរពេក។ តាម​ការសន្និដ្ឋាន គឺបក្សភឿថៃ អាចនឹងស្នើឈ្មោះ លោក Srettha Thavisin អាយុ៦០ឆ្នាំ។ លោកម្នាក់នេះ ជាអ្នកនយោបាយផង និងជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យ​ផង ហើយត្រូវគេសំឡឹងឃើញថា អាចមានការគាំទ្រច្រើន ពីក្រុមសមាជិកសភាអភិរក្សនិយមថៃ៕
7/19/20237 minutes, 21 seconds
Episode Artwork

តើ​អ្វី​ខ្លះជា​ផលវិបាក​នៃ​ការ​ផ្អាក​​កិច្ចព្រមព្រៀង​នាំ​ចេញ​ធញ្ញជាតិ​ពី​អ៊ុយក្រែនតាមសមុទ្ទខ្មៅ?

បន្ទាប់​ពី​ភាគីរុស្ស៊ី​ បាន​ប្រកាសដកខ្លួន​ចេញ ​​កិច្ចព្រមព្រៀង​នាំ​ចេញគ្រាប់​ធញ្ញជាតិតាមសមុទ្ទ​ខ្មៅ ​បាន​អស់​សុពលភាព​នៅ​យប់​ថ្ងៃ​ចន្ទ​ទី​១៧​កក្កដា​វេលា​ម៉ោង​១១អាធ្រាត្រ​ម៉ោង​នៅក្រុង​ប៉ារីស។ ចុះ​ហត្ថលេខា​ដោយ​​រុស្ស៊ី ​អ៊ុយក្រែន​ អង្គការ​សហប្រជាជាតិ​​ ​​និង​តួកគី កាលពី​ខែ​កក្កដា​ឆ្នាំ​២០២២​ កិច្ចព្រមព្រៀង​​បាន​សម្រួលការ​នាំ​ចេញធញ្ញជាតិ​​បាន​ប្រមាណ​៣៣​លាន​តោន​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។ ប៉ុន្តែ​សម្រាប់ពេល​ភ្លាមៗ​នេះ ការ​ព្យួរកិច្ចព្រមព្រៀង បង្ក​ផល​ប៉ះពាល់ខ្សោយ​ណាស់​លើ​ទីផ្សារ​ធញ្ញជាតិ។ ហើយ​​សម្រាប់​លោកប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី ទោះ​គ្មាន​រុស្ស៊ី ក៏​ក្រុងកៀវ​នៅ​តែ​អាច​បន្ត​​នាំ​ចេញ​តាម​ច្រក​សមុទ្ទ​ខ្មៅដដែល ព្រោះ​អ៊ុយក្រែន​មិន​ខ្លាច​ទេ។ ការ​បញ្ចប់​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់ធញ្ញជាតិ​ពេល​នេះបង្ក​ផលប៉ះពាល់​​តិច​តួចណាស់​​ក្នុង​ពេល​ភ្លាមៗនេះ ព្រោះ​អំឡុង​ពេល​នេះ​ជា​រដូវ​ច្រូត​កាត់ផង ហើយ​ស្ថានភាព​ខុស​កាលពី​ឆ្នាំ​មុនផង។ កាលពី​ចុង​ខែ​កុម្ភៈ​ឆ្នាំ​២០២២ ពេល​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែនភ្លាម​ ចរាចរណ៍តាម​​សមុទ្ទ​ខ្មៅ​ដែល​ជា​ច្រក​ផ្លូវ​នាំ​ចេញ​ផលិតផល​កសិកម្ម​ដ៏​ចម្បង​របស់​អ៊ុយក្រែន​ត្រូវ​បិទខ្ទប់​។ ពេល​នោះ អ៊ុយក្រែន ​អ្នក​នាំចេញ​ប្រេងផ្កាឈូករ័ត្នលេខ​មួយ​និង​នាំ​ចេញ​ស្រូវ​សាលី​​លេខ​បួនពិភពលោក​មាន​ស្តុកផលិតផល​កសិកម្ម​សម្រាប់​នាំចេញ​ពេញណែន​ជង្រុក។ ភាព​រន្ធត់​នឹង​សង្គ្រាម​ដោយ​ឥតព្រាង​ទុក​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ឡើង​តាន​តឹង​ខ្លាំង។ ក្រោយ​ពីការ​ចុះ​​កិច្ចព្រមព្រៀង​នាំចេញរវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ក្រោម​ការ​​ផ្តួចផ្តើម​របស់​តួកគី​និ​ងអង្គការ​សហប្រជាជាតិ​មក ការ​​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ពីអ៊ុយក្រែនបានចាប់​ផ្តើម​ នៅ​​ថ្ងៃ​ទី១​សីហា២០២២ និង​បាន​សម្រួល​ទីផ្សារស្រូវ​សាលី​ នៅ​អាហ្វ្រិក​និង​តំបន់​មេឌីទែរ៉ាណេ ហើយ​​បាន​បញ្ចុះ​តម្លៃ​គ្រាប់ធញ្ញជាតិ​​ពិភពលោក ដល់​កំរិត​ដ៏​ទាប​បំផុត​មួយ​កាលពី​ខែ​ឧសភា។តែពេល​នេះ ​ផលិតផល​កសិកម្ម​របស់​អ៊ុយក្រែន​បាន​ធ្លាក់​ចុះ​ស្ទើរ​អស់​ពាក់​កណ្តាល។ តាមការ​ព្យាករ អ៊ុយក្រែន​នឹងទទួល​​ទិន្នផល​​ពោត​ត្រឹម​តែ​២៥​លាន​តោន និង​ស្រូវ​សាលី ១៧លាន​តោន​កន្លះ សម្រាប់​ឆ្នាំ​២០២៣-២៤ ទល់​នឹង​៤២លាន​តោន​ពោត​និង​៣៣លាន​តោន​ស្រូវ​សាលី​កាលពី​ឆ្នាំ​២០២១-២២ ដោយ​អាច​នាំ​ចេញតិច​ជាង​មុន​​ប្រមាណ​៦លាន​តោន​ស្រូវ និង​ពោត​១០លាន​តោន។ ដូច្នេះ​ស្ថានភាពនាំ​ចេញ​​មិន​តាន​តឹង​ ពេក​ទេ ព្រោះ​​អ៊ុយក្រែន​ពុំ​សូវ​មាន​ផលិតផល​សម្រាប់​នាំ​ចេញ។ ហើយដោយសារ​ពិភពលោក​មិន​ខ្វះ​ស្រូវ​សាលី និង​​​ក្នុង​រដូវ​ប្រមូល​ផល​ដូច្នេះ​ ទីផ្សារ​ធញ្ញជាតិ​​ស្ងប់ស្ងាត់ល្អ​ ទើប​មិន​សូវ​មាន​ប្រតិកម្ម​ខ្លាំង​នឹង​​ដំណឹង​ព្យួរ​កិច្ចព្រមព្រៀង​នាំចេញ​នេះទេ។ តម្លៃ​ស្រូវ​សាលី​ឡើង​មិនបាន​​១%​ផង​ ម្សិលមិញ។ក្តីបារម្ភ​​អនាគតសម្រាប់​រយៈពេល​យូរផ្ទុយ​ទៅ​វិញ ​ការ​ព្រួយ​បារម្ភ​អាច​កើត​មាន​សម្រាប់​រយៈ​ពេល​យូរ​និង​មធ្យម​ទៅមុខ។ រុស្ស៊ី​ជា​ប្រទេស​នាំ​ចេញ​ស្រូវ​សាលី​លេខ​១​ និង​ជា​ស្រូវ​ដ៏​ថោកជាង​គេ​នៅលើ​ពិភពលោក។ ភ្លាមៗ​នេះ រុស្ស៊ី និង​អឺរ៉ុប ​អាច​បំពេញ​សេចក្តី​ត្រូវការ​ទីផ្សារ​ស្រូវ​សាលី​ជំនួស​អ៊ុយក្រែន​បាន ប៉ុន្តែ​យូរទៅ​វា​អាច​នឹង​ធ្វើ​ឱ្យ​ប្រទេស​ទី​បី​ (អ្នក​នាំ​ចូល​ស្រូវ​សាលី) រំពឹង​លើ​រុស្ស៊ី​កាន់​តែ​ខ្លាំង ហើយ​កាន់​តែ​ពិបាក​ចាត់​ចែងទៀត បើ​មាន​គ្រោះធម្មជាតិ​​អាកាសធាតុលេចឡើង។ នៅក្នុង​ចំណោម​គ្រាប់​ធញ្ញជាតិ​ បើ​ជា​គ្រាប់ពោត​មិន​សូវ​អី​ទេ ព្រោះគេ​​អាច​ទៅ​រក​ទិញ​ពីប្រេស៊ីល​បាន តែ​ស្រូវ​សាលី​ដែល​​ជា​វត្ថុធាតុដើម​សម្រាប់​ធ្វើ​នំប៉័ង ទើបពិបាក។ បើ​បិទ​ច្រក​សមុទ្ទ​ខ្មៅ​យូរ​ពេក​នោះ​បរិមាណ​នាំចេញ​នឹង​ចុះ​ថយ តម្លៃ​នឹង​ឡើង​ដែល​នឹង​ធ្វើ​ឱ្យ​មាន​វិបត្តិ​អតិផរណា​ស្បៀងអាហារ​ ប៉ះពាល់​ដល់​សុវត្ថិភាព​ស្បៀងអាហារ​ជាក់ជាពុំ​ខាន។ឯជំនួយ​ស្បៀងអាហារ​នឹង​ត្រូវចុះថយ ព្រោះ​អ៊ុយក្រែន​ជា​អ្នក​ផ្គត់ផ្គង់​កម្មវិធី​ស្បៀងអាហារ​ដ៏​ចម្បង​មួយ។ ប្រមាណ​៨%​នៃ​ការ​នាំ​ចេញ​ស្រូវ​សាលី​អ៊ុយក្រែន​មាន​ជាប់​ក្នុង​កម្មវិធី​PAM ជួយប្រទេសក្រីក្រ​ដូច​ជា អាហ្វហ្កានីស្ថាន និង​ក្រុមប្រទេស​នៅ​តំបន់​ស្នែងអាហ្វ្រិក។​អ៊ុយក្រែនអាច​បន្ត​​​នាំចេញ​ដោយគ្មានរុស្ស៊ី?សេចក្តី​សម្រេច​ចិត្ត​របស់​រុស្ស៊ី​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នាំចេញ​ធញ្ញជាតិ​ពេល​នេះ មាន​ន័យ​ថាម៉ូស្គូលែង​ធានាសន្តិសុខ​ដល់​ចរាចរណ៍នាវា​នាំចេញ​​តាម​ច្រក​សមុទ្ទ​ខ្មៅ​ហើយ។ ហើយ​ម៉ូស្គូ​ក៏​ព្យួរ​កិច្ចសហប្រតិបត្តិការសម្របសម្រួល​​រួមនៅក្រុង​អ៊ីស្តង់ប៊ូល​ដែល​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​នាវា​មក​ពីឬទៅ​អ៊ុយក្រែន​ដែរ។ តែ​ដោយជាក់ស្តែង​នោះ គេ​លែង​ឃើញ​មាន​នាវា​ដឹកធញ្ញជាតិ​នាំ​ចេញ ពីកំពង់ផែ​អ៊ុយក្រែនតាំង​ពី​ថ្ងៃទី ២៧មិថុនា​មក ពោល​គឺ​ជិត​មួយ​ខែ​ទៅ​ហើយ។ ​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​អះអាង​នៅល្ងាច​មិញ​ថា ទោះបី​រុស្ស៊ី​បញ្ឈប់​កិច្ចព្រមព្រៀង​ក្តី​ ក៏​អ៊ុយក្រែន​ត្រៀម​ជា​ស្រេច​នឹង​បន្ត​ការ​នាំចេញ​ធញ្ញជាតិ តាម​ច្រក​សមុទ្ទ​ខ្មៅ​​ ដែល​ធ្លាប់​មានចុះ​កិច្ចព្រមព្រៀង​ពី​មុន។ ​ទោះ​បី​ជា​លែង​មាន​ការ​ធានាសន្តិសុខ​យ៉ាង​ណា​ក៏​ដោយ លោក​ហ្សេឡេនស្គីប្រកាស​​ថា​មិន​ខ្លាច​ដែរ។ មិន​ខ្លាច​ការ​វាយប្រហារ​របស់​រុស្ស៊ី​ដែល​ជា​អ្នក​ក្តោបក្តាប់​សមុទ្ទ​ខ្មៅ​ឡើយ។ ប៉ុន្តែ​ក្នុង​ដំណាក់កាលនេះ គេ​មិន​ប្រាកដ​ទេ​ថា​ការ​នាំ​ចេញ​ធញ្ញជាតិ​ពីអ៊ុយក្រែន​អាចនឹង​ចាប់​ផ្តើម​ឡើង​វិញ​ដោយឆាប់ៗ​ទេ។ វា​ហាក់​ដូច​ជា​ឆាប់​បន្តិច​ ក្នុងការ​គិត​គូរ​ដោយ​ហ្មត់ចត់​រឿង​នាំ​ចេញ​តាមច្រក​សមុទ្ទខ្មៅ ព្រោះ​មិន​ដឹង​ថាតើ​​ក្រុមហ៊ុន​​ធានារ៉ាប់រង ទារ​​ថ្លៃ​ប៉ុនណា បើ​គ្មាន​លក្ខខណ្ឌ​សន្តិសុខគ្រប់គ្រាន់​យ៉ាង​ដូច្នេះ។សមត្ថភាព​នាំចេញ​តាមផ្លូវគោកមានកំរិត មុន​មាន​កិច្ចព្រមព្រៀង​នាំ​ចេញ​តាម​សមុទ្ទ​ខ្មៅ សហភាព​អឺរ៉ុប​បាន​ដាក់​ឱ្យ​ដំណើរ​ការ​បណ្តាញ​ផ្លូវគោក និ​ងផ្លូវ​ទឹក(ទន្លេ) ដើម្បី​សម្រួលការនាំ​ចេញ​គ្រាប់ធញ្ញជាតិ​អ៊ុយក្រែន​បាន​ខ្លះ​ដោយ​ឆ្លង​កាត់​អឺរ៉ុប។ បើតាម​ Fondation Farm មូលនិធិគិតគូរ​អំពី​ចំណោទ​កសិកម្មពិភពលោក បច្ចុប្បន្ន​នេះ​ការ​នាំចេញ​គ្រាប់ធញ្ញជាតិ​អ៊ុយក្រែន​ពាក់​កណ្តាល ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែក​និង​ទន្លេ​ដានូប ឆ្លង​​តាម​ប៉ូឡូញ​និង​រ៉ូមានី។ ប៉ុន្តែ​បញ្ហា​ចោទ​មួយ​នៅត្រង់​ថា​តើ​សហភាពអឺរ៉ុប ដែល​ទទួល​ទិញ​គ្រាប់ធញ្ញជាតិ​ពី​អ៊ុយក្រែន​៥០%​​តាំងពី​សង្គ្រាម​ផ្ទុះ​ឡើង​មក មាន​សមត្ថភាព​នាំ​ចេញ​បន្ត​បាន​កំរិត​ណា? ម្យ៉ាង​ទៀត អឺរ៉ុប​កំពុង​គិត​គូរ​​ពង្រីក​មធ្យោបាយ​ដឹកជញ្ជូន​តាម​​ផ្លូវ​ដែកហើយ​តែ​ត្រូវការចំណាយ​​ពេល​វេលា​ តែ​ទោះ​ជាពង្រីក​យ៉ាង​ណា​ក៏​គេ​​មិន​អាច​ដំឡើង​ទំហំ​នៃ​ការនាំ​ចេញតាម​ផ្លូវ​ដែក​និង​ផ្លូវ​ទន្លេ​មិន​​បាន​ច្រើន​ឡើយ៕
7/18/20237 minutes, 38 seconds
Episode Artwork

សេដ្ឋកិច្ចចិន​មានកំណើន​នៅ​ត្រីមាសទី​២ តែ​អ្នកជំនាញ​បារម្ភ​ថា ​អាច​ជាកំណើន​បំភ័ន្តភ្នែក

នៅត្រីមាសទី​២ឆ្នាំ​២០២៣នេះ សេដ្ឋកិច្ច​ចិន បាន​មានកំណើនចំនួន ៦,៣% បើប្រៀបធៀបទៅឆ្នាំ​មុន​។ នេះបើផ្អែកតាមតួលេខផ្លូវការ ចេញផ្សាយ​ដោយ​អាជ្ញាធរ​ចិន​។ តែយ៉ាងណា អ្នកជំនាញ​វិភាគសេដ្ឋកិច្ច បាន​បង្ហាញ​ការព្រួយបារម្ភថា នៅពី​ក្រោយ​តួលេខកំណើននេះ គឺសេដ្ឋកិច្ចចិន មិនមានសុខភាពរឹងមាំប៉ុន្មាននោះទេ ក្នុងអំឡុងពេលនេះ។ សេដ្ឋកិច្ចចិន ដែល​ធំ​ជាង​គេ​​ទី២ ​លំដាប់ពិភពលោក​ អាចនឹងប្រឈមវិបត្តិជាច្រើនរងចាំនៅ​ពេលខាង​មុខ។ ការិយាល័យស្ថិតិជាតិ របស់ចិន បានប្រកាសផ្សាយតួលេខផ្លូវការ​នៅព្រឹកថ្ងៃចន្ទ ទី​១៧កក្កដា​ ថា​ចំណូលដុល​ក្នុងស្រុក (PIB) របស់ចិន ក្នុងត្រីមាស​ទី​២ឆ្នាំ​២០២៣នេះ គឺបាន​កើនចំនួន​៦,៣% បើប្រៀបធៀបទៅត្រីមាសទី​២ ឆ្នាំ​២០២២។ ដូចយើងដឹងហើយ សេដ្ឋកិច្ចប្រទេសមហាអំណាចធំៗ កំពុងជួប​បញ្ហាដោយសារតែ​វិបត្តិអតិផរណា ទំនិញឡើងថ្លៃខ្លាំង​។ដោយឡែក អ្នកជំនាញ​ច្រើននាក់បាន​ពន្យល់ថា តួលេខកំណើនសេដ្ឋកិច្ច​របស់ចិននៅត្រីមាសទី​២នេះ កុំឃើញច្រើនបែបនេះ ហើយគិតថាល្អនោះ។ ធាតុពិត នៅពីក្រោយ​​​តួលេខខ្ពស់នេះ សេដ្ឋកិច្ចចិនមិនសូវជាមានលំនឹងប៉ុន្មានទេ។ ទីមួយ កំណើនសេដ្ឋកិច្ចនៅត្រីមាសទី​២ មានចំនួន ៦,៣%មែន តែប្រៀបធៀបទៅត្រីមាសទី​២ឆ្នាំ​២០២២ ដែល​ចិនកំពុងស្ថិតនៅក្នុងរណ្តៅ​វិបត្តិកូវីដ​កាលណោះ។ បើប្រៀបធៀបពី​ត្រីមាសទី​១ឆ្នាំ​២០២៣ យើងឃើញថា តាមពិតទៅ​កំណើនសេដ្ឋកិច្ច​ចិន បានកើនឡើងតិចបំផុត ពោលគឺប្រមាណ​តែ​ ០,៨%ប៉ុណ្ណោះ។ កាលពីត្រីមាស​ទី​១ រវាងខែមករា ដល់ខែមីនាដើមឆ្នាំនេះ សេដ្ឋកិច្ចចិន​បាន​កើនចំនួន​២,២% ពោលគឺជា​កំឡុងពេលស្ទុះឡើងវិញ បន្ទាប់ពីរដ្ឋចិនបាន​បើកចំហប្រទេសឡើងវិញ ក្រោយ​កូវីដ​១៩។ ក៏ប៉ុន្តែ កម្រិតស្ទុះឡើងនៃសេដ្ឋកិច្ចចិន ហាក់នៅទ្រឹងមួយកន្លែង​ គិតចាប់ពីខែមេសាមក។ការបញ្ជាទិញពីក្រៅប្រទេស ធ្លាក់ចុះខ្លាំង​លោក Erin Xin អ្នកជំនាញ​ម្នាក់​នៅធនាគារ HSBC បាន​លើកឡើងថា នៅត្រីមាសទី​២ សេដ្ឋកិច្ចចិន​បាន​បាត់បង់ល្បឿនស្ទុះឡើង ដោយសារតែ​ការបញ្ជាទិញពីក្រៅប្រទេស បានថយចុះច្រើនណាស់។ ដូចយើងដឹងហើយ ថាសេដ្ឋកិច្ចចិនរំពឹងខ្លាំង ទៅលើការនាំចេញទំនិញទៅក្រៅប្រទេស។ ប៉ុន្តែ បញ្ហាអតិផរណា បានធ្វើឲ្យ​ប្រជាជនតាម​បណ្តាប្រទេសផ្សេងទៀត កាត់បន្ថយ​ការចំណាយ ហើយ​ដែលធ្វើ​ឲ្យ​ការលក់ទំនិញរបស់ចិន​ បានចុះថយ​ខ្លាំង។​ កាលពីខែមិថុនា តួលេខនាំចេញរបស់ចិន បានធ្លាក់ចុះ ដល់ទៅ​១២,៤% ពោលគឺបានធ្លាក់ចុះខ្លាំង ២ខែជាប់គ្នា​។ បញ្ហានេះ បានធ្វើបាបសហគ្រាសចិនជាច្រើន ដែល​មានសកម្មភាពផលិត ដើម្បីនាំចេញទៅក្រៅប្រទេស​។យ៉ាងណាមិញ លោក Fu Linghui អ្នកនាំពាក្យ​ការិយាល័យ​ស្ថិតិជាតិចិន បានទទួលស្គាល់នៅចំពោះមុខអ្នកកាសែត ក្នុងពេល​បង្ហាញតួលេខ ថា សេដ្ឋកិច្ចចិនកំពុងតែប្រឈមនឹង​កត្តាលំបាក​ជាច្រើនគួបផ្សំគ្នា នៅក្នុងបរិបទអន្តរជាតិ​។ លោក​បាន​បន្តថា ដូច្នេះវានៅមានការងារ​លំបាកជាច្រើនណាស់ ដែល​ចិនត្រូវធ្វើ ដើម្បី​ឈានធ្វើ​កំណែទម្រង់ ឈានទៅអភិវឌ្ឍន៍ និងធានាឲ្យមានស្ថិរភាពឡើងវិញ​។យុវជនចិនជាង​២១% ​គ្មាន​ការងារធ្វើសេដ្ឋកិច្ចលំបាក ជីវភាពមនុស្សកាន់តែចុះខ្សត់ខ្សោយ ធ្វើ​ឲ្យ​ការប្រើប្រាស់ទិញលក់ទំនិញ ក្នុងស្រុករបស់ចិនបាន​ចុះថយច្រើនណាស់​។ កូវីដ៣ឆ្នាំជាប់គ្នា ប្រទេសត្រូវបិទខ្ទប់ជាប់ ពេលចាប់ផ្តើមបើក​មកវិញ ឃើញថាបានស្ទុះមួយភ្លែតនៅដើមឆ្នាំ២០២៣។ តែក្រោយមកចាប់ពីមេសា គេសង្កេតឃើញថា ប្រជាជនចិនមិនសូវហានចំណាយ​ទេ​។វិស័យអចលនទ្រព្យ ដែលជាមែកធាងសំខាន់មួយនៃសេដ្ឋកិច្ច​ចិន ក៏នៅទ្រឹងក្នុងវិបត្តិដែរ។ គម្រោងជាច្រើន លក់មិនដាច់ ម្ចាស់គម្រោងជំពាក់បំណុលធានាគារ។ គម្រោងខ្លះ​សង់មិនទាន់រួចក៏បោះបង់ចោល​កណ្តាលទី​។ ថ្មីៗនេះ ធនាគារកណ្តាលចិន ទើបតែបានសម្រេច​បន្តយន្តការ​ ជួយ​សម្រួលការប្រាក់ ដល់​ក្រុមហ៊ុន​វិនិយោគអចលនទ្រព្យចិន រហូតដល់ចុងឆ្នាំ​២០២៤។ តែបើផ្អែកតាម​ការវិភាគ របស់​លោក Ting LU អ្នកវិភាគនៅធនាគារ Nomura គឺ​វិធានការនេះ ជួយបានតែមួយផ្នែកតែប៉ុណ្ណោះ ពោលគឺ​​វា​មិនគ្រប់គ្រាន់ទេ ដើម្បី​​អាចស្រោចស្រង់វិស័យ​អចលនទ្រព្យទាំងមូលរបស់ចិន​។​កត្តាវិបត្តិទាំងអស់នេះ គឺវាបានធ្វើ​ឲ្យ​យុវជនចិនច្រើនណាស់ អត់ការងារធ្វើ​។ យោងតាមតួលេខផ្លូវការ ចេញផ្សាយ​កាលពីខែ​មិថុនា​ គឺ​ក្នុងចំណោម​យុវជនអាយុចន្លោះពី ១៦ទៅ​២៤ឆ្នាំ គឺមាន​២១,៤%% ដែលអត់ការងារធ្វើ​។ នេះគឺជាតួលេខខ្ពស់បំផុត​មិនធ្លាប់មានទេ។ ជាងនេះទៀត តួលេខនេះ គឺគេរាប់តែយុវជន​អត់ការងារធ្វើ នៅតាម​ទីក្រុងធំៗតែប៉ុណ្ណោះ។បារម្ភថាអាចមាន​បរិត្តផរណា​?អ្វីដែលអ្នកជំនាញ​គេបារម្ភ គឺ​បញ្ហា បរិត្តផរណា នៃសេដ្ឋកិច្ចចិន​។ បរិត្តផរណា គឺវាផ្ទុយ​ពី​អតិផរណា ដែលទំនិញឡើងថ្លៃ។ ក្នុងករណី បរិត្តផរណា គឺតម្លៃ​ទំនិញ​និងសេវាគ្រប់សព្វ នឹងចុះថោកខ្លាំង​។ ការចុះថោកខ្លាំងបែបនេះ មើលមួយ​ភ្លែត ឃើញថាដូចជាល្អ សម្រាប់ជីវភាព​ប្រជាជន តែអ្នកជំនាញគេ ថាវាការគំរាម​មួយ​ដ៏គ្រោះថា្នក់​ ទៅលើសេដ្ឋកិច្ច​។​កាលណាមានបរិត្តផរណា មនុស្សទូទៅនឹងមិនចំណាយ​ប្រាក់​ទិញទំនិញ​ប៉ុន្មាននោះទេ ព្រោះគេនឹងរងចាំឲ្យ​ទំនិញចុះ​ថោកថែមទៀត។ កាន់តែរងចាំ អ្នកលក់កាន់តែលែងដាច់។ ខ្វះអ្នកទិញ រោងចក្រផលិតទូទៅ នឹង​កាត់បន្ថយ​ការផលិត លែងទិញទំនិញវត្ថុធាតុដើម លែងរើសមនុស្សចូលធ្វើការ ឬអាចឈានទៅបណ្តេញ​កម្លាំងពលកម្មខ្លះចោលផង។ ដើម្បីលក់ទំនិញបញ្ចេញ​ពីស្តុក គេត្រូវ​លក់ក្នុងតម្លៃថោក ពេលខ្លះ​យកតែរួចដើមក៏មាន។ ជាសរុប គឺមានន័យថា បរិត្តផរណា ជាវដ្តមួយ​គ្រោះថ្នាក់ ​សម្រាប់សេដ្ឋកិច្ច និងទីផ្សារការងារ។មួយវិញទៀត បរិបទ​ភូមិសាស្ត្រនយោបាយ រវាងចិន ជាមួយ​នឹងសហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសអឺរ៉ុប កាន់​តែឈានចូលដំណាក់កាលល្អក់កករខ្លាំង។ មិនថាអាមេរិក មិនថាអឺរ៉ុប គឺគេកំពុងតែរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មី ផ្តាច់ខ្លួន​ម្តងបន្តិចៗ ពីសេដ្ឋកិច្ចចិន ពីទីផ្សារទំនិញ ក៏ដូចជាវត្ថុធាតុដើមចិន​។ វាគឺជាគោលនយោបាយការពារ​សន្តិសុខជាតិ ជាក់ស្តែងទាក់ទិននឹងមុខទំនិញបច្ចេកវិទ្យាមួយចំនួន ដូចជា បន្ទះឈីប​ សឺមីកុងឌុកទ័រជាដើម។ មានន័យថា ក្នុងវិស័យ​បច្ចេកវិទ្យាទំនើបនេះ គឺចិនកាន់តែជួបឧបសគ្គនៅក្នុងការស្រាវជ្រា​វ ការ​ផលិត ការនាំចេញ​៕
7/17/20236 minutes, 50 seconds
Episode Artwork

តើ​ហ្សេ៧ ជួយ​អ៊ុយក្រែន​ភ្លេច​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍មែន​​ឬ?

នៅថ្ងៃ​អាទិត្យ​ទី ១៦​កក្កដា ក្រុម​ប្រទេស​អ្នក​មាន​ទាំង​៧​ ឬ​ហៅកាត់​ថា ហ្សេ៧ កំពុង​ជួបប្រជុំ​​គ្នា​នៅក្រុង​ហ្កង់ឌីណាហ្កា ​ប្រទេស​ឥណ្ឌា។ ជំនួប​នេះ​ត្រូវ​បន្ត​ដោយ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់ខ្លាំង​​ទាំង​២០​ដំបូង​គេ​នៅ​លើ​ពិភពលោក​ (ហ្សេ២០)។ កិច្ច​ពិភាក្សាត្រូវ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​​រក​មធ្យោបាយ​សម្រាល​បំណុល​របស់​ក្រុមប្រទេស​ក្រីក្រកំពុង​អភិវឌ្ឍ អំពីការ​ធ្វើ​កំណែទម្រង់​ធនាគារ និង​ការ​យកពន្ធ​លើ​ក្រុមហ៊ុន​ពហុជាតិ​ដោយ​មិន​រំលង​ទេសំណុំ​រឿង​​ជួយ​​អ៊ុយក្រែន។ សម្រាប់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក លោកស្រី ចានែត យេលែន ជួយ​អ៊ុយក្រែន​គឺ​ជា​ទង្វើ​ដ៏​ប្រសើរ​បំផុត​ សម្រាប់​សេដ្ឋកិច្ច​ពិភពលោក។ ជួយ​អ៊ុយក្រែន​និងក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ជា​វិញ្ញាសាពីរ​ដែល​ចង​ជាប់​គ្នា​យ៉ាង​ខ្លាំង។ ក្រុង​ហ្កង់ឌីណាហ្កា ក្រុង​ទើប​បង្កើត​ថ្មីនៅទសវត្សរ៍​​ឆ្នាំ​១៩៦០ ដើម្បី​ឧទ្ទិស​ដល់​បិតា​ឯករាជ្យជាតិ​ឥណ្ឌា លោក ហ្កង់ឌី ថ្ងៃ​នេះ​កំពុង​ទទួល​បើក​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​នៃ​ក្រុមប្រទេស​ហ្សេ​៧ ហើយ​នឹង​បន្ត​ដោយ​ ​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស ​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ជាង​គេ២០​ដំបូង ឬ​ហៅកាត់​ថា​​ហ្សេ​២០ ដែលមាន​ឥណ្ឌា​ជា​ប្រធាន​ផ្លាស់​វេន។ជំនួប​នេះ​មាន​ពិភាក្សា​ជា​ចម្បង​អំពី​ការ​សម្រាល​បំណុល​របស់​ក្រុមប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ ការ​ធ្វើ​កំណែទម្រង់​ធនាគារ និង​ការ​យក​ពន្ធ​លើ​ក្រុមហ៊ុន​ពហុជាតិ ព្រមទាំង​សំណុំ​រឿង​អ៊ុយក្រែន។​ ក្រុមហ្សេ៧ ចង់ផ្តល់​ការ​គាំទ្រ​​ដល់​ធនាគារ​អភិវឌ្ឍ​ធំៗ ដូច​យ៉ាង​ធនាគារ​ពិភពលោក ដើម្បី​តម្រង់​ជំនួយ​ហិរញ្ញវត្ថុ​ឱ្យ​ចំ​ទិស​ដៅ​ប្រឈម​ គឺ​ការ​ឡើង​កម្តៅ​អាកាសធាតុ ព្រោះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក គេ​ចាំ​បាច់​ត្រូវ​តែ​ចាត់​វិធានការ​រួម​គ្នា​ ជួយស្រោចស្រង់​​ក្រុមប្រទេសមាន​ចំណូល​ទាប​​ដែល​ជាង​ពាក់​កណ្តាល​​កំពុង​ ឬ​មាន​ហានិភ័យ​ធ្លាក់​ខ្លួន ជាប់​បំណុល​ជាន់​លើ​បំណុល​។​ម្យ៉ាង​​ទៀត រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក លោកស្រី ចានែត យេលែន ​ចង់​ប្រើ​ជំនួប​ប្រជុំ​ថ្ងៃ​នេះជា​ខ្នោសកោស​លុប​បំបាត់​ក្តី​ព្រួយ​បារម្ភ​របស់​ក្រុម​ប្រទេស​ក្រីក្រ​​ដែល​ខ្លាច​ហ្សេ៧​សម្រុក​ជួយ​អ៊ុយក្រែន​ពេក​​ ភ្លេច​រឿង​ជួយដល់​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍។​​ភាព​​ក្រីក្រ និងទំនុកចិត្ត ​​នៅ​​សប្តាហ៍នេះ ​ប្រធាន​ធនាគារ​ពិភពលោកថ្មី លោក អាចាយ បង់ហ្កា Ajay Banga បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា ក្នុង​ខណៈ​ដែល​ពិភពលោក​ត្រូវ​ការ​សាមគ្គី​រួប​គ្នា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​​លើ​ផែន​ដី​ ប្រឆាំង​នឹង​វិបត្តិ​អាកាសធាតុ​​ និង​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​កូវីដ​ដែល​ញាំញី​បន្ថែម​ដោយ​វិបត្តិ​អតិផរណា​និង​សង្គ្រាមអ៊ុយក្រែន ក្រុម​ប្រទេស​អ្នក​ក្រ​មាន​ចំណូល​ទាប ​បាន​បាត់​បង់​​ទំនុក​ចិត្ត​លើ​ក្រុម​ប្រទេស​អ្នក​មាន និង​ព្រួយ​បារម្ភខ្លាច​ប្រទេស​អ្នក​មាន​មិន​គោរពពាក្យ​សន្យា​ ដោយ​បង្វែរ​មធ្យោបាយ​ទៅជួយ​​ស្តារស្ថាបនា​​ប្រទេស​អ៊ុយក្រែន។​ជា​ការ​ព្រួយ​បារម្ភ​ដែល​គេ​អាច​យល់​និង​ទទួល​យក​បាន ព្រោះ​ ពួក​គេ​មាន​អារម្មណ៍​ថា​ជំនួយ​សម្រាប់ប្រយុទ្ធ​ប្រឆាំង​នឹងការ​ប្រែប្រួល​អាកាសធាតុ​ ​ហាក់​មាន​កំរិត​ ព្រោះ​ច្បាប់​ថាមពល​មិន​ទាន់​អនុវត្ត​ជា​លក្ខណៈ​សកល ហើយខ្លាច​តែ​ភាព​យឺតយាវ​ក្នុង​ការ​អភិវឌ្ឍ​អាច​​ច្រាន​ទម្លាក់ប្រទេស​​ទៅ​ក្នុង​​អន្លង់​នៃ​ភាព​ក្រីក្រកាន់​តែជ្រៅ។ប៉ុន្តែ​សម្រាប់​លោកស្រី​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ការ​ជួយ​អ៊ុយក្រែន និង​ជួយក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​ឱ្យ​ដើរ​ចេញពី​ភាព​ក្រីក្រ ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ ជា​ការ​ពិត​ជាក់​ស្តែង​ពីរ​ដែល​មិន​អាច​ផ្តាច់​ពី​គ្នា​បាន​ឡើយ។ បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទ្វេ​ឡើង​ក្នុង​ការ​ជួយ​អ៊ុយក្រែន ជា​អាទិភាព​គន្លឹះ​តែ​ម្តង ព្រោះបញ្ចប់​សង្គ្រាមជា​កាតព្វកិច្ច​​ដាច់​ខាតខាង​សីលធម៌ តែ​ក៏​ជា​ទង្វើ​ដ៏​​ប្រសើរ​បំផុត​របស់​យើង​សម្រាប់ជួយស្តារ​​សេដ្ឋកិច្ច​ពិភពលោក។ សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន ពី​សំណាក់​រុស្ស៊ី ដែល​ជា​ប្រទេសជម្រុក​ស្រូវ​សាលី​ដ៏​សំខាន់ទាំងពីរ​​នៅ​លើ​ពិភពលោក បាន​ធ្វើ​កន្ទ្រាក់​សេដ្ឋកិច្ច​ពិភពលោក​ឱ្យ​រួញ​ក្រញាញ់ តាម​រយៈ​ការ​ឡើង​ថ្លៃ​ផលិតផល​ស្បៀងអាហារ និង​ថាមពល។ នេះ​ជា​ប្រសាសន៍​លោកស្រី ដោយ​សង្កត់​ធ្ងន់​ទៀត​ថា សង្គ្រាម​បង្ក​ឡើង​ដោយ​រុស្ស៊ី​ គឺ​ជា​មូលហេតុ​មួយ ក្នុង​ចំណោម​មូលហេតុ​ច្រើន​ផ្សេង​ទៀត​ដែល​ជំរុញ​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​លុង​ក្នុង​វិបត្តិ​បំណុល​កាន់​តែធ្ងន់ធ្ងរ។ប៉ុន្តែ​និយាយទទូច​​អំពីការ​គាំទ្រ​អ៊ុយក្រែន​នៅ​ឥណ្ឌា និង​នៅ​ចំពោះ​មុខ​ក្រុម​ហ្សេ​២០ ពិត​ជា​មិន​ស្រួល​ទេ ព្រោះ​ឥណ្ឌា​មិន​ដែល​ថ្កោល​ទោស​អំពើ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ទេ ហើយមាន​​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ច្រើន​ណាស់​ដែល​មិន​បញ្ជាក់​ជំហរ​​ដោយ​ចំហ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន​នេះ។ ហេតុ​ដូច្នេះ​បាន​ជា​ដើម្បី​បង្ហាញ​ថា​ក្រុមប្រទេស​អ្នក​មាន មិន​បន្ធូរ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​ក្រុមប្រទេស​កំពុង​ចាប់​លូត​លាស់ ​រដ្ឋមន្ត្រី​ក្រសួ​ងហិរញ្ញវត្ថុ​អាមេរិក បាន​លើ​កឡើង​អំពីវឌ្ឍនភាព​នៃ​​គម្រោង​ និង​កំណែទម្រង់​ផ្សេងៗ​ក្នុង​ផ្នែក​ជំនួយ​អភិវឌ្ឍន៍​ និង​ដែល​ជំនួបថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​​ហ្សេ២០ ត្រូវ​លើក​មក​ជជែក​ទៀត។ លោកស្រីយេលែន ​ក៏​បាន​ផ្តល់​ឧទាហរណ៍​ជាក់​ស្តែង​អំពី​សកម្មភាព​កំពុង​ដំណើរការ​ធ្វើ​កំណែទម្រង់​ធនាគារអភិវឌ្ឍ​ន៍​ពហុភាគី ធនាគារ​ពិភពលោក ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផ្តល់​ជំនួយ​នាឆ្នាំ​ខាង​មុខ និង​អំពី​ការ​សើរើ​បំណុល​របស់​ប្រទេស​មួយ​ចំនួន​ដូច​យ៉ាង​ប្រទេស​ហ្សំប៊ី ​ហ្កាណា​និង​ស្រីលង្កា​។ ជំនួប​ហ្សេ​២០ ក៏​ជា​ឱកាស​បន្ត​ជជែក​ចរចា​រក​កិច្ចព្រមព្រៀងអន្តរជាតិ ស្តី​ពី​ការ​យក​ពន្ធ​លើ​ក្រុមហ៊ុនពហុជាតិ ដែល​សមាជិក​អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍ​​សេដ្ឋកិច្ច​ជិត​១៤០ប្រទេសបាន​អនុម័ត​លើ​គម្រោង​បឋម​រួច​ហើយ​​ដែរ៕
7/16/20236 minutes, 54 seconds
Episode Artwork

អាកាសធាតុ ៖ អឌ្ឍគោល​ខាង​ជើង​រងរលក​កម្តៅ​ខ្លាំង​ហួសហេតុ

រដូវ​ក្តៅ​ទើប​តែ​ចាប់ផ្តើម​ទេ​នៅ​អឌ្ឍគោល​ខាង​ជើង ប៉ុន្តែមួយ​ផ្នែក​ធំ​នៃ​​តំបន់​នេះបាន​រង​រលក​កម្តៅយ៉ាង​ខ្លាំង និង​ខ្លាំង​ជ្រុល​​ស្រេច​ទៅហើយ។ ​ភពផែនដី ពីលិចទៅកើត កំពុង​រង​លក្ខខណ្ឌ​អាកាសធាតុ​បែប​ហួសហេតុ​គ្រប់​បែប​យ៉ាង ៖ រលកកម្តៅលើ​ផ្ទៃដី លើ​ផ្ទៃ​ទឹក ទឹកជំនន់ ភ្លើង​ឆេះ​ព្រៃ... ​តាំងពី​នៅ​អាមេរិក ​​​ឆ្លង​ទៅ​​​អឺរ៉ុប និង​រហូត​ដល់​ចិន សីតុណ្ហភាព​ត្រូវ​​ឡើង​ខ្ពស់​បំបែក​កំណត់ត្រា​ចាស់​ នាចុង​សប្តាហ៍​នេះ​តែ​ម្តង​ផង។ លក្ខខណ្ឌអាកាសធាតុ​ក្តៅ​ហួសហេតុ​ កាន់​តែ​ច្រើន កាន់​តែ​ឆាប់ និង​កាន់​តែ​ខ្លាំង​នេះ គឺ​ដោយមូល​ហេតុ​​​​អាកាសធាតុ​​ប្រែប្រួល ផែន​ដី​ឡើង​កម្តៅ​។ គ្រាន់​តែ​ចូល​ដល់​រដូវ​ក្តៅ​ភ្លាម សីតុណ្ហភាព​ចាប់​ស្ទុះ​ឡើង​ក្តៅ​ខ្លាំងស្ទើរ​ទ្រាំ​លែង​បាន។ បើ​តាម​ការ​ព្យាករ​របស់​ភ្នាក់ងារ​អវកាស​អឺរ៉ុប ​អ៊ីតាលី​ អេស្ប៉ាញ បារាំង អាល្លឺម៉ង់ និង​​ប៉ូឡូញ កំពុង​រង​រលក​កម្តៅ​ខ្លាំង​ខុស​ប្រក្រតីណាស់ ជាមួយ​សីតុណ្ហភាពឡើង​​លើស​​​៤០អង្សា។ ៤៣​អង្សា​នៅក្រុង​រ៉ូម ​៤៨អង្សា​នៅ​កោះ​ស៊ីលីល​ និង​Sadaigne របស់​អ៊ីតាលី។ កម្តៅ​ដី បាន​ឡើងដល់ជាង​​៦០អង្សា​រួច​ទៅ​ហើយ​ កាលពី​ដើម​សប្តាហ៍។ គឺ​ពិត​ជា​ក្តៅ​ខ្លាំង​បំផុត​ដែល​ទ្វីប​អឺរ៉ុប​ពុំ​ធ្លាប់​ជួប​ប្រទះ​ទេ។ កម្តៅ​បាន​សម្លាប់​ជីវិត​កម្មករ​អ៊ីតាលី​ម្នាក់​ ដែល​ធ្វើ​ការ​ក្រោម​ថ្ងៃ​ក្តៅ​៤០អង្សា​កាលពី​ថ្ងៃទី ១១​កក្កដា។នៅក្រិក អាជ្ញាធរ​បាន​សម្រេច​បិទ​ទីតាំង​​ទេសចរណ៍Acropoleក្រុង​អាថែន កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ និង​នៅថ្ងៃ​សៅរ៍​នេះទៀត នៅចន្លោះ​ម៉ោង​ក្តៅខ្លាំង ដើម្បីការពារ​បុគ្គលិក​និង​ភ្ញៀវ​ទេសចរ​ពី​កម្តៅ​សីតុណ្ហភាព​ដែល​បើ​តាម​ភ្នាក់ងារ​ឧតុនិយម នឹង​ឡើង​ដល់​៤១​អង្សា។នៅប្រទេស​ចិន តំបន់​ខ្លះ និង​រដ្ឋធានី​ប៉េកាំង ដែល​រង​​រលក​កម្តៅ​ ថប់​អស់​ជា​ច្រើន​ថ្ងៃ​ហើយក៏​ដូច​ជា​នៅ​ជប៉ុនភាគ​ខាង​កើត សីតុណ្ហភាព​នឹងបន្ត​ឡើង​ទៀត ដល់​៣៨-៣៩អង្សា នា​ថ្ងៃ​ស្អែក​ឬ​ខាង​ស្អែក។នៅសហរដ្ឋ​អាមេរិក ភ្នាក់ងារ​អាកាសធាតុ​ជាតិ បាន​ប្រកាស​ដាក់​តំបន់​មួយ​ភាគបី​នៃ​ប្រទេស​ក្នុង​ភាព​អាសន្ន​ក្តៅជ្រុល។ ពោល​គឺ​មាន​​ពលរដ្ឋ​អាមេរិក​ជាង​១០០លាន​នាក់​ ភាគ​ច្រើន​រស់​នៅ​ប៉ែកខាង​ត្បូង​និង​ខាង​លិច​នៃ​សហរដ្ឋ​កំពុង​ប្រឈម​នឹងលក្ខខណ្ឌ​អាកាសធាតុដ៏​​គ្រោះថ្នាក់​ ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ព្រោះ​បើ​តាម​ការ​ព្យាករ សីតុណ្ហភាព​នឹង​ឡើង​ខ្លាំង អាច​ដល់​៥៥​អង្សា​នៅ​ជ្រលង​មរណៈ​ដ៏ល្បី​របស់​អាមេរិក ៤៧​អង្សានៅ​ឡាវេហ្កាស់ ឬ​៤៣អង្សា​នៅ​រដ្ឋ​អារីហ្សូណា តាំងពី​១៥​ថ្ងៃ​មក​ហើយ។ឯតទគ្គកម្ម​សីតុណ្ហភាពជាង​មួយ​រយកន្លែង​​នឹង​ត្រូវ​បំបែក នៅ​សៅរ៍​និង​អាទិត្យនេះ បន្ថែម​ពី​លើ​​កំណត់ត្រា​ឯតទគ្គកម្ម​ជាង​មួយពាន់​នៅ​​ខែ​មិថុនា​កន្លងទៅ។ ក្នុង​កំរិត​ពិភពលោក​ ​មិថុនា២០២៣​ជា​​ខែដ៏ក្តៅ​ជាង​គេ​បំផុត​មិន​ដែល​ធ្លាប់​មាន​កត់ត្រា​ទុក​ពីមុន​មក​ទេ។សម្រាប់​​អង្គការ​អាកាសធាតុពិភពលោក ​កម្តៅ​ជា​បាតុភូត​អាកាសធាតុមួយ​​ដែល​អាក្រក់​និង​សម្លាប់​មនុស្ស​ច្រើនជាង​គេ ព្រោះ​វាអាច​បង្ក​ឱ្យ​មាន​ផលវិបាក​ជា​ច្រើន​បន្ត​បន្ទាប់​ទៀតណាស់។ បើ​តាម​របាយការណ៍​ថ្មី​ចុងក្រោយ កម្តៅ​ខ្លាំង​នា​រដូវ​ក្តៅ​ឆ្នាំ​២០២២ បាន​សម្លាប់​ជីវិត​ពលរដ្ឋ​អឺរ៉ុប​ជាង​៦ម៉ឺន​នាក់។ ហើយ​ ​កម្តៅ​នេះ ជា​ដើម​ហេតុ​បង្ក​ឱ្យ​មាន​មហន្តរាយជា​ច្រើន​ទៀត ដូចជានាំ​មាន​ភ្លើង​ឆេះ​ព្រៃ និង​ ទឹក​ជំនន់។ គ្រាន់​តែ​ចូល​រដូវ​ក្តៅភ្លាម ភ្លើង​បាន​ឆាប​ឆេះ​ព្រៃ​កាណាដា​អស់​ជិត​១០លាន​ហិចតារ និង​មាន​ភ្លើង​បន្ត​ឆេះ​ព្រៃ ទប់​មិន​ឈ្នះ នៅ​​ជាង ៥៧០​កន្លែង​ទៀត។ ផ្សែង​ភ្លើង​ឆេះ​ព្រៃ​បាន​​បំពុលខ្យល់​​បរិយាកាស​យ៉ាង​ខ្លាំង​និង​រហូត​ដល់​អាមេរិក​និង​អឺរ៉ុប​ផង កាលពី​ខែ​មិថុនា។ នៅសហរដ្ឋ​អាមេរិក ក្នុង​ពេល​រដ្ឋ​ខ្លះ​កំពុង​ប្រឈម​នឹង​រលក​កម្តៅ​ហួសហេតុ រដ្ឋ​Vermont រង​ទឹក​ជំនន់​។ កាន់​តែ​ព្រួយ​បារម្ភ​បន្ថែម​ទៀត គឺ​រលក​កម្តៅ​កាន់​តែ​ញឹក​និ​ងកាន់​តែ​ញយ​នៅ​លើ​ផែនដី​នេះ​មិនមែន​កើតឡើង​នៅ​​តែ​ក្នុង​តំបន់​ដែន​គោកទេ​ សូម្បី​តែ​​ផ្ទៃ​ទឹក​សមុទ្ទ​និ​ងមហាសមុទ្ទ​នៅ​អឌ្ឍគោល​ខាង​ជើង​ក៏​រង​រលក​​កម្តៅ​ខ្លាំង​ដែរ​។ ក្នុង​រយៈ​ពេល​តែ​មួយ​ខែ ទឹក​មហាសមុទ្ទ​អាត្លង់ទិក​ឡើង​កម្តៅ​៥អង្សា គឺ​ពិត​ជា​ច្រើន​ខ្លាំង​ណាស់។ ទឹក​សមុទ្ទ​អាត្លង់ទិក​នៅ​ផ្លរីដា បាន​ឡើង​ដល់​៣២អង្សា ទឹក​សមុទ្ទ​មេឌីទែរ៉ាណេនឹង​ក្តៅ​ខ្លាំងហួស​ហេតុ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​និង​សប្តាហ៍​ខាង​មុខ​ ដែល​បើ​តាមការព្យាករ​អាច​នឹង​ឡើង​ដល់​ហួស​៣០អង្សា​ដែរ ពោល​គឺ​ទឹក​មាន​សីតុណ្ហភាព​លើ​ស​ធម្មតា ដល់​ទៅ​៤​អង្សា។ ​សមុទ្ទ​រងរលកកម្តៅដែរ ​សីតុណ្ហភាពខ្ពស់​ ដែល​ក្លាយ​ជា​បទដ្ឋាន​ថ្មី​សម្រាប់​ពិភពលោក​ ​ជា​អ្វី​ដែល​អ្នក​ជំនាញ​បាន​ព្យាករប្រាប់ជាយូរ​មក​ហើយ។ ប៉ុន្តែ​មហា​សមុទ្ទរង​រលក​កម្តៅ​ហួសហេតុ​ដែរ គឺ​ជា​អ្វី​កើត​ឡើ​ងលឿន​ជ្រុល​និង​ឆាប់​ជ្រុល ដែល​អ្នក​វិទ្យាសាស្ត្រ​មិនទាន់​អាច​ទស្សន៍ទាយ​ដឹង​បាននៅឡើយ ថា​វា​អាច​កើត​ឡើង​នៅពេល​ណា រយៈ​ពេល​វែង​ឬ​ខ្លី ក្នុង​កំរិតណា ហើយ​ផ្ទៃ​ទឹក​ក្តៅ​រហូត​ដល់​​ជម្រៅណាទេ។ តាម​និយម​ន័យ​មហាសមុទ្ទ​រង​រលក​កម្តៅហួសហេតុ នៅពេល​ណា​សីតុណ្ហភាព​ទឹក​សមុទ្ទ​ឡើង​ហួស​កំរិត​ធម្មតា ៥ថ្ងៃ​ជាប់​គ្នា​។ អ្នក​វិទ្យាសាស្ត្រ​បាន​យល់​ស្រប​គ្នា​ថា​បើ​សមុទ្ទ​រង​រលក​កម្តៅ​ នោះ​ប្រព័ន្ធ​អេកូសាស្ត្រ​សមុទ្ទ ត្រូវ​ក្រឡាប់​ចាក់ សត្វរុក្ខជាតិ​ទន់​ខ្សោយ​នឹង​រងគ្រោះ ឯ​ក្រុម​ខ្លាំង​នឹង​រីកលូត​លាស់លឿន។ ត្រី​ប្រភេទ​ខ្លះ​ចាញ់​ក្តៅ​នឹង​រត់​ទៅ​សមុទ្ទ​តំបន់​ប៉ូល ឬប្រភេទ​ខ្លះ​ទៀត រត់​ទៅ​តំបន់​ត្រូពិក​ ... បើ​សត្វ​រុក្ខជាតិ​ប្តូរ​ផ្លាស់​បរិស្ថាន​ និង​ជីវចម្រុះ​របស់​សមុទ្ទ​ហើយ នោះ​មនុស្ស​ក៏​នឹង​ត្រូវ​រង​ផល​ប៉ះពាល់ និងផលវិបាក​ទៅ​តាម​នោះ​ដែរ។ របរ​នេសាទ ពិត​ជា​រងគ្រោះ​ខ្លាំង​ជាង​គេ​។ ដោយ​មិន​ផ្ទាល់​រលកកម្តៅ​សមុទ្ទ​អា​ចនឹង​ធ្វើ​ឱ្យ​មនុស្ស​មិន​អាច​ចុះ​មុជ​ទឹក​នៅ​តំបន់​ខ្លះ​ផង។ ជា​ចុងក្រោយ គឺការ​បាត់​បង់​លំនឹង​នៃ​​ប្រព័ន្ធ​សមុទ្ទ​។ តាមធម្មតា មហាសមុទ្ទ​ជា​សម្ព័ន្ធមិត្ត​របស់​មនុស្ស​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​អាកាសធាតុ។ តាម​បែប​វិទ្យាសាស្ត្រ ​មហាសមុទ្ទ​បាន​​ស្រូប​កម្តៅ ដែល​បញ្ចេញ​ដោយ​សកម្មភាព​មនុស្ស អស់​ប្រមាណ​​ជាង​៩០% និង​ស្រូបយក​មួយភាគ​បួន​នៃ​​ឧស្ម័ន​កាបូនិក​ដែល​មនុស្ស​បញ្ចេញ​ជ្រុលក្នុង​បរិយាកាស។ តែ​ឥលូវ មហាសមុទ្ទ​​ក្តៅ​ និង​រង​រលក​កម្តៅ​ជ្រុល​ហួសហេតុដែរ។ បើ​សមុទ្ទ​ក្តៅទៅ​ហើយ​ធ្វើ​ម្តេច​នឹង​ស្រូប​កម្តៅក្នុង​បរិយាកាស​បាន​ទៀត។ នៅ​ពេល​សមុទ្ទ​ក្តៅ​ ​​សមុទ្ទ​លែង​មាន​សមត្ថភាព​ស្រូប​ខ្យល់​ពុល​កាបូន​បាន​ដូច​មុន។ នៅទីបំផុត គេ​ត្រូវ​ធ្លាក់​ក្នុងរង្វង់វិល​ទៅវិលមក​គ្មាន​ច្រក​ចេញ​ ៖ មាន​ឧស្ម័ន​កាបូនិក​ច្រើន​ក្នុង​បរិយាកាស បង្ក​ឱ្យ​ឡើង​កម្តៅ​អាកាសធាតុ​ ហើយ​នៅពេល​ឡើង​កម្តៅ​ សមុទ្ទ​មិន​ស្រូប​ឧស្ម័នពុល​co2​​ពី​បរិយាកាស។សម្រាប់​ប្រធាន​អង្គការ​អាកាសធាតុ​ពិភពលោក រលក​កម្តៅ​នាពេល​នេះ ស​ឱ្យ​ឃើញ​អំពី​ភាព​បន្ទាន់​ខ្លាំង​នៃ ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ឱ្យ​បាន​លឿន​បំផុត​។ “ជា​ការ​ឡើង​កម្តៅ​ខ្លាំង​ លែង​អាច​គ្រប់​គ្រង​បាន​” នេះ​ជា​ប្រសាសន៍​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ចុះផ្សាយ​ដោយ​សារព័ត៌មាន​បារាំងLe figaro៕
7/15/20237 minutes, 23 seconds
Episode Artwork

បារាំង ប្រារព្ធបុណ្យជាតិ ១៤ កក្កដា និង​អញ្ជើញ​ ឥណ្ឌា ជាភ្ញៀវកិត្តិយសពិសេស​ក្នុងឆ្នាំនេះ

ថ្ងៃទី​១៤ កក្កដា​ ប្រទេសបារាំង រៀប​ចំ​ប្រារព្ធបុណ្យជាតិ​ប្រចាំឆ្នាំ ដ៏​ធំ​សម្បើម​។ អ្វី​ដែល​ចម្លែក​សម្រាប់​ពិធីបុណ្យ​បារាំង​ឆ្នាំ​នេះ គឺ​ ការ​ពង្រឹង​សុវត្ថិភាព​សន្តិសុខ ជាខ្លាំង​​​​​ ហើយចម្លែក​​មួយ​ទៀត ប្រធានាធិបតី​បារាំង មិន​បាន​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​ ដូច​ទម្លាប់​មុន​នោះឡើយ។ ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត គឺវត្តមាន នាយករដ្ឋមន្ត្រីឥណ្ឌា ដែល​ជា​​ភ្ញៀវ​កិត្តិយស​ពិសេស សម្រាប់​​​ឆ្នាំ​នេះ។ ប្រធានាធិបតី​ ​មិន​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​ ដូច​ឆ្នាំមុន​ៗ​ទេ។ ​​ឆ្នាំនេះ បារាំង ក៏​ពង្រឹង​សន្តិសុខ​ខ្លាំងថែមទៀត​។ តើ​មកពីហេតុអ្វី​?ឆ្នាំមុនៗ គឺ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បាន​ថ្លែង​សារ ​ចេញមុខ ​ចេញមាត់​សម្បើម និង​ផ្តល់​បទសម្ភាសន៍​ពិសេស​ផ្តាច់​មុន ឲ្យ​ទូរទស្សន៍​ជាតិ ជាដើម។ តែ​ឆ្នាំ​នេះ លោក​ប្តូរ​ចិត្ត​មិនធ្វើ​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ ដែល​ជា​ទម្លាប់​របស់ប្រមុខ​រដ្ឋ​ឡើយ។ លោកថា​នឹង​ធ្វើ​តុល្យការ​នៃការ​ដឹកនាំ​ប្រទេស​របស់​លោក នៅ​​ឱកាស​ខាងមុខវិញ។​នេះជាការ​ដូរ​ទម្លាប់១ ប៉ុន្តែ​អ្នក​វិភាគ​ស្ថានការណ៍​មើលឃើញ​ថា លោក​ប្រមុខរដ្ឋ​​ ជួប អប្រជាប្រិយភាព​ខ្លាំង​ ពីព្រោះតែ​ បាតុកម្ម​ប្រឆាំង​ថ្មីៗនេះ និង បូក​នឹង​ការ​បាតុកម្ម​រឿង​ចូល​និវត្តន៍ ថែមផង។ ​ពលរដ្ឋ​បារាំង ច្រើនទៅៗ ស្អប់​ ​ខឹង​នឹង​ប្រមុខរដ្ឋ ទោះបី​ជា​ ​លោក​និយាយ​ថ្លែង​ពេលនេះ ក៏​គេ​មិន​សូវ​ចង់​ស្តាប់​ដែរ។​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍ដែរ ឆ្នាំនេះ ​​បារាំង បាន​ដាក់​ពង្រាយ​កម្លាំងនគរបាល​ ៤៥ ០០០ នាក់​ ចាប់​ពី​​ថ្ងៃព្រហ្បត្តិ៍ ​​ដល់​ថ្ងៃ​សៅរ៍។ នៅប៉ារីស នគរបាល ប៉ូលិស​​ ទាហាន​យាម​ល្បាត ចំនួនប្រមាណ​ ​១ ម៉ឺននាក់។ នេះក៏​ព្រោះតែ មាន​ក្តីបារម្ភ​ពី​បញ្ហា​អសន្តិសុខ ពិសេស​គឺ​ចលនា​បាតុកម្ម​។ ដូច​ជ្រាបថា ការ​ស្លាប់​របស់​យុវជន​ម្នាក់​ ប៉ុន្មាន​សប្តាហ៍​មុន​នេះ ដែល​តម្រូវ​ឲ្យរដ្ឋអំណាច​បារាំង ពង្រឹង​សន្តិសុខ​ឲ្យ​បាន​ខ្ពស់​បំផុត។ ក្នុង​បាតុកម្មកន្លងទៅថ្មីៗ​​នេះ​ មានហិង្សា ​ដុត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​​និង​ឯកជន​ជាច្រើន​កន្លែង​ នៅ​ក្រុង​ប៉ារីស និង​បណ្តា​ខេត្ត​ជាច្រើន​។​ ដូច្នេះ​ ទើប​ក្រសួងមហាផ្ទៃ​ ចេញ​វិធានការ​​ដាក់​ពង្រាយ​កម្លាំង​នគរបាល​ និង​ដាក់​បំរាម​ហាម​មធ្យោបា​យ​​ធ្វើ​ដំណើរ​សាធារណៈ​ មិន​ឲ្យ​ដឹកជញ្ជូន​ម​នុស្ស​នៅពេល​ល្ងាច​ផុត​ម៉ោង​ធ្វើការ​និងនៅ​យប់​ៗ ដ្បិត​ខ្លាចក្រែង​មាន​ក្រុម​បាតុកម្ម​ ប្រមូល​ផ្តុំគ្នា​ ធ្វើ​បាតុកម្ម ឬ​បង្ក​បញ្ហា​អសន្តិសុខ​ ជាដើម។​ ថ្ងៃនេះ រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង លោក Gérald Darmanin មាន​ប្រសាសន៍ថា​​ តាំងថ្ងៃ​ព្រហស្បតី៍មក គឺមាន​ភាព​ស្ងប់​ស្ងាត់​ល្អ។​តាម​គម្រោង​ បុណ្យ​ជាតិ​បារាំង​ឆ្នាំនេះ មាន​មនុស្ស​ចូល​រួម​ ដង្ហែ​ក្បួន ៦ ៥០០ នាក់។ យន្តហោះ​ ជាង ៦០ គ្រឿង និងមាន​ ឧទ្ធម្ភាសចក្រ ឡាន ម៉ូតូ រាប់រយគ្រឿង និង សត្វ​សេះឆ្មាំ​សាធារណៈ​រដ្ឋ​ ២០០ ក្បាលផង។ សម្រាប់​ពិធី​ដើរព្យុះ​ហយាត្រា​​កង​ទ័ព នៅ​ក្រុង​ប៉ារីស ​នាយករដ្ឋមន្ត្រីឥណ្ឌា​ ណារិនដ្រា ម៉ូឌី ​បា​ននាំយក​​ទាហាន​ឥណ្ឌា​ ចំនួន ​២៥០ នាក់ មក​ដើរ​ដង្ហែ​ក្បួន​​នឹងគេ​ដែរ។ភ្ញៀវ​បរទេស​ពិសេសសម្រាប់​ឆ្នាំ​នេះ គឺលោក​ ណារិនដ្រា ម៉ូឌីវិមាន​ប្រធានាធិបតី​បារាំង បាន​ទទួលលោក ម៉ូឌី ​តាំងពីថ្ងៃព្រហស្បតិ៍​ ហើយនៅ​ថ្ងៃបុណ្យ​ជាតិប្រចាំ​ឆ្នាំដ៏​ធំនៅ​ក្រុង​ប៉ារីស​នេះ ប្រមុខ​រដ្ឋបារាំង​នឹង​​ជូន​មេដាយ​កិត្តិយសជាតិ ​ la Légion d’honneur​ ជាមេដាយ​ឋានៈ​ខ្ពស់​បំផុត​របស់​បារាំង​ ជូន​លោក​ ម៉ូឌី​ ថែមទៀត​។ ​​​​វត្តមាន​របស់​នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី នៅក្រុង​ប៉ារីសលើកនេះ ក៏​ដើម្បី​ជា​ការ​ចូលរួមអបអរ​​ ខួប​២៥ឆ្នាំ​ នៃទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​ និង​កិច្ចសហការ​វិស័យ​យោធា​ របស់​ប្រទេស​ទាំង​ពីរ​​។​ ប្រសិន​បើគិត​ពី​ទំនាក់​ទំនងពាណិជ្ជកម្ម​អាវុធយោធា​​ គឺ បារាំង​ បាន​សម្លឹង​ឃើញ​ប្រយោជន៍​ច្រើន ក្នុងការ​ចាប់​ដៃ​ជាមួយ​ ឥណ្ឌា។ ត្រឹម​តែ​អំឡុង​ពេល​១០​ឆ្នាំចុងក្រោយ​នេះ ឥណ្ឌា​ បាន​ក្លាយ​ជា​មហាប្រទេស​ដែល​ទិញ​អាវុធ​នាំចូល​ច្រើន​ជាងគេ​លើកពិភព​លោក។ បន្ទាប់ពី​ប្រទេស​រុស្ស៊ី គឺ​ បារាំង ​លក់​អាវុធ​ឲ្យ​ឥណ្ឌា​ច្រើ​នជាង​គេ និង​ច្រើន​ជាង​ អាមេរិក​ លក់​អាវុធឲ្យ ​ឥណ្ឌា​ ទៅទៀត​។ ពោលគឺ​​ ឥណ្ឌា​ទិញអាវុធ​​ពី ​បារាំង​ ២៩% និងទិញ​ពី​​អាមេរិក ត្រឹមតែ ១១% ប៉ុណ្ណោះ​។ ថ្មីៗ​កន្លងទៅ​នេះ ឥណ្ឌា បាន​បញ្ជាទិញ​យន្តហោះ​ចម្បាំង​ ៣៦ គ្រឿង​ពី ​បារាំង។ ៣ គ្រឿង​ឥណ្ឌា ​អនុញ្ញាត​ឲ្យ​ហោះ​នៅ​ក្នុង​ឱកាស​ព្យុះ​ហយាត្រា​ ថ្ងៃបុណ្យ​ជាតិ​១៤កក្កដា​នេះដែរ​។ ហើយ​ដំណឹង​​ពី​ម្សិលមិញ ថ្នាក់ដឹកនាំ​ឥណ្ឌា លោក ម៉ូឌី​ បាន​​ពិភាក្សា​ជាមួយ​សមភាគី​បារាំង ​ដើម្បី​នឹង​បញ្ជាទិញ​យន្តហោះ​ចម្បាំងបារាំង ចំនួន ​២៦ បន្ថែមទៀត សម្រាប់​ដាក់​នៅ​នាវា​ឥណ្ឌា និង​ព្រមទាំងទិញ​​ នាវាមុជទឹកក្រោម​បាត​សមុទ្រ​ ៣ គ្រឿង​ថែមទៀត។​ជាង​២០ឆ្នាំចុងក្រោយ​មកនេះ ឥណ្ឌា មិន​លាក់​លៀម​សោះឡើយ​អំពី​​ មហិច្ចតា​​ចង់​ក្លាយ​ជា​​មជ្ឍមណ្ឌល​នុយ​ក្លេអ៊ែរ​ ដ៏​ធំជាងគេ​ ហើយ​ក្នុង​គម្រោង​នេះ ជាយូរមកហើយ ឥណ្ឌា​ ក៏​បង្ហាញ​ចេតនា​ចង់​ទិញ​ទិញ​ក្បាល​រ៉េ​អាក់ទ័រ​​នុយ​ក្លេអ៊ែរ​ ចំនួន ​២ គ្រឿង​ ពីបារាំង​។​ នៅ​ល្ងាច​នេះ ថ្នាក់ដឹកនាំបារាំង នឹងទទួលពិសា​លៀង​អាហារ​ ជាមួយ​លោក ម៉ូឌី​ ហើយនឹងធ្វើ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា ដែល​យើង​​អាច​នឹង​ដឹង​ដំណឹង​ច្បាស់​ការ​ពី​កិច្ច​ព្រម​ព្រៀង​ផ្លូវ​ការ​ផ្សេងៗ​ទៀត​។  ឥណ្ឌា ជាដៃ​គូ​ដ៏សំខាន់​ មិន​អាច​ខ្វះបាន។ ផល​ប្រយោជន៍​របស់​បារាំង ដែល​បារាំង​ប្រឹង​ចាប់​ដៃ​ថ្នាក់ដឹកនាំឥណ្ឌា គឺ​ព្រោះតែ​ ប្រទេស​ទាំង​ពីរ​ហាក់​មានបន្ទាត់​យុទ្ធសាស្ត្រ​ស្រដៀង​គ្នា នៅក្នុងភូមិសាស្ត្រ​នយោបាយ​​យុទ្ធសាស្ត្រ​នៅ​ដែន​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ គឺអាចថា​ ​ឥណ្ឌា ​ជា​ជំហរ​មួយ​សម្រាប់​ទប់​ទល់​នឹង​នយោបាយ​​វាតទីនិយម​របស់ ​ចិន​។ មិនតែប៉ុណ្ណោះ បារាំង​ស្និទ្ធ​នឹង​ឥណ្ឌា ក៏​ចាំបាច់​ណាស់ដែរ ដ្បិតថា​ ឆ្នាំនេះ ឥណ្ឌា ជាប្រធាន​ផ្លាស់វេន វេទិកា​សេដ្ឋកិច្ច​ក្រុង​សៀង​ហៃ របស់​ចិន​ ហើយ​ ឥណ្ឌា ក៏​នឹងធ្វើ​​ជាប្រធាន​កិច្ចប្រជុំ​កំពូល​នៃប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ទាំង២០ ដែលត្រូវ​រៀបចំ​នៅ​​ក្រុង​ញូវដេលី នា​ខែ​កញ្ញា ខាងមុខ​នេះ។ដោយឡែក​ សំណុំ​រឿង​អាកាសធាតុ ដែល​បារាំង​ជ្រោម​ជ្រែង​ខ្លាំងតាំងពីដើម​មក ក៏បារាំង ​រឹងរឹត​តែ​ត្រូវ​ការ​ ឥណ្ឌា ក្នុង​កិច្ចខិត​ខំប្រឹង​ប្រែង​នេះដែរ​ ពីព្រោះថា ឥណ្ឌា ជាមហាប្រទេស​ដែល​បញ្ចេញ​ផ្សេង​ពុល​ ច្រើន​លំដាប់​ទី​៣ បន្ទាប់ពី​អាមេរិក​និង​ចិន​៕
7/14/20236 minutes, 38 seconds
Episode Artwork

ថៃ៖ ពពកខ្មៅ​គ្របដណ្តប់​លើ​លោក ភិថា លីមចារើនរ៉ាត់ ក្រោយ​គណកម្មការបោះឆ្នោត ​ស្នើឲ្យ​ព្យួរបេក្ខភាព​ជានាយករដ្ឋមន្ត្រី

ថ្ងៃព្រហស្បតិ៍ ​ទី​១៣កក្កដាស្អែកនេះ សភាថៃទាំង២អង្គ និង​បើកការប្រជុំរួមគ្នាដើម្បី​បោះឆ្នោតជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​ មកដឹកនាំរដ្ឋាភិបាល​។ សម្ព័ន្ធគណបក្សចម្រុះ ដឹកនាំដោយ​បក្សកាវក្លៃ ដែលជាអ្នកបានសំឡេងឆ្នោតនាំមុខគេកាលពីពេលបោះឆ្នោតនៅចុងខែឧសភា បាន​ស្នើបេក្ខជន​នាយករដ្ឋមន្ត្រី​គឺលោក ភិថា លីមចារើនរ៉ាត់។ ក៏ប៉ុន្តែ ស្រាប់តែនៅថ្ងៃពុធនេះ គណកម្មជាតិជាតិរៀបចំការបោះឆ្នោតថៃ បានប្រកាស សម្រេចស្នើឲ្យព្យួរបេក្ខភាពរបស់​លោក ភិថា លីមចារើនរ៉ាត់ បន្ទាប់​ពីបាន​ស៊ើបអង្កេតអស់ជិត១ខែ ទាក់ទិននឹងការបំពានច្បាប់បោះឆ្នោត​។ កាលៈទេសៈនយោបាយ​ថៃ ពេលនេះកំពុងតែរំជើបរំជួលខ្លាំងណាស់ ដោយ​គ្មាននរណាអាចដឹងបាន​ទេ ថា​លោកភិថា លីមចារើនរ៉ាត់ ពិតជាអាចក្លាយជានាយករដ្ឋមន្ត្រីថ្មីឬយ៉ាងណានោះទេ​។ គណកម្មការជាតិរៀបចំការបោះឆ្នោតថៃ បញ្ជូនសំណុំរឿងទៅកាន់​តុលាការធម្មនុញ្ញ​នៅ​មួយថ្ងៃមុន​សភាទាំង២អង្គរបស់ថៃបោះឆ្នោត យើងឃើញថាអ្វីៗនៅមិនប្រាកដទាំងអស់ សម្រាប់អនាគតនយោបាយ របស់​លោក ភិថា លីមចារើនរ៉ាត់ មេដឹកនាំគណបក្សកាវក្លៃ ដែលបានសំឡេងឆ្នោតនាំមុខគេ កាលពីពេល​បោះឆ្នោតនៅចុងខែឧសភា។កាលពីខែមិថុនា គណកម្ម​ការជាតិរៀបចំការបោះឆ្នោតថៃ បាន​បើកការស៊ើបអង្កេតមួយ ទាក់ទិននឹង​ការសង្ស័យថា លោក​ ភិថា លីមចារើនរ៉ាត់ បាន​បំពានលើច្បាប់បោះឆ្នោត​។ ករណីនេះ គឺគេបានចោទថា លោកភិថា លីមចារើនរ៉ាត់ មានចំណែក​ភាគហ៊ុន​ នៅក្នុង​ក្រុមហ៊ុនគ្រប់គ្រងទូរទស្សន៍ថៃមួយ ឈ្មោះ iTV។​ តាមច្បាប់​បោះឆ្នោតថៃ គឺបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ មិនអាច​មានចំណែកគ្រប់គ្រងកម្មសិទ្ធិ នៅក្នុង​បណ្តាញព័ត៌មានជាដាច់ខាត។មានន័យថា លោកភិថា លីមចារើនរ៉ាត់ អាចនឹងប្រឈមទោសជាប់ពន្ធនាគារផង អាចបាត់បង់អាសនៈសភាផង ហើយនឹងត្រូវគេដកសិទ្ធ​ឈរឈ្មោះបោះឆ្នោត រយៈពេល​២០ឆ្នាំថែមទៀត។ តែយ៉ាងណា លោក ភិថា លីមចារើនរ៉ាត់ បានអះអាងថា ចំណែកភាគហ៊ុនដែលលោក​មាន​នោះ គឺជាកេរ្តិ៍មរតកប្រគល់ឲ្យ​ពីឪពុកលោក​មកទេ មិនមែនលោកទៅទិញដើម្បីរៀបចំយុទ្ធសាស្ត្រនយោបាយអ្វីទេ ហើយ​មួយវិញទៀត បណ្តាញទូរទស្សន៍នេះបានឈប់ដំណើរការផ្សាយ​តាំងតែពីឆ្នាំ​២០០៧មកម្លេះ​។បន្ទាប់ពីបាន​ស៊ើបអង្កេតបាន​ជិត១ខែ​ គណកម្ម​ការជាតិរៀបចំការបោះឆ្នោតថៃ បានប្រកាសនៅព្រឹកថ្ងៃពុធ​នេះថា​ គេពិតជាបានប្រមូល​នូវធាតុផ្សំគ្រប់គ្រាន់ ថាលោកភិថា បានបំពានច្បាប់បោះឆ្នោត​ ហើហយគេបាន​សម្រេច ស្នើឲ្យ​ព្យួរបេក្ខភាពរបស់​ លោកភិថា លីមចារើនរ៉ាត់។ លោក អ៊ិធិភុន ប៊ូនប្រាកង ប្រធាន​គណកម្មការជាតិរៀបចំការបោះឆ្នោតថៃ បាន​អះអាងប្រាប់អ្នកយកព័ត៌មាន​បារាំង AFP នៅព្រឹកមិញនេះ ថាគណកម្មការលោក ​មានហេតុផលគ្រប់គ្រាន់ ដើម្បីរុញសំណុំរឿងនេះ ជូនទៅ​តុលាការ​ធម្មនុញ្ញថៃ ជាអ្នកសម្រេច​។ ដូច្នេះ​អំណេះតទៅ គឺអ្វីៗស្ថិតក្នុងដៃរបស់​តុលាការធម្មនុញ្ញថៃ ក្នុងការសម្រេច​ចាត់ទុក ឬមិនចាត់ទុក​​ជាមោឃៈ​ នូវបេក្ខភាព​របស់​លោក ភិថា លីមចារើនរ៉ាត់។ពិបាក​បាន​គ្រប់សំឡេង ៣៧៦ស្ថានការណ៍ពេលនេះ គឺថាគ្មានអ្វីប្រាកដទាល់តែសោះ។ គ្មាននរណាអាចស្មានបានទេ ហើយអ្វីៗក៏អាចកើតឡើងបានដែរ នៅក្នុង​ប្រវត្តិនយោបាយថៃ។ តុលាការធម្មនុញ្ញថៃ គឺជាស្ថាប័នកំពូលមួយ តែងតែចូលមកលូកដៃសម្រេចវាសនានយោបាយថៃ ជារឿយៗ ឲ្យតែពេលមានបញ្ហាវិបត្តិម្តងៗ។ សម្រាប់ការបោះឆ្នោតនៅសភាទាំង២អង្គនៅថ្ងៃស្អែកនេះ​ ក៏គេមិនដឹងថាលោកភិថា លីមចារើនរ៉ាត់ អាចទទួល​បានសំឡេងគាំទ្រគ្រប់គ្រាន់ ក្លាយជានាយករដ្ឋមន្ត្រីថ្មី បង្កើតរដ្ឋាភិបាលដែរ​។ សម្ព័ន្ធគណបក្សចម្រុះ ដឹកនាំដោយ​បក្សកាវក្លៃ មានអាសនៈភាគច្រើននៅសភាមែន គឺចំនួន៣១២ ក្នុងចំណោម៥០០អាសនៈ ក៏ប៉ុន្តែ ​គេត្រូវការ​ឲ្យ​បាន​សំឡេងភាគច្រើន ទាំងសភា និងព្រឹទ្ធសភា ដែលមានអាសនៈ២៥០ទៀត។ ពោលគឺ ទាល់តែបាន​សំឡេងឆ្នោតគាំទ្រសរុប ចំនួន​៣៧៦ ទើបអាចក្លាយជានាយករដ្ឋមន្ត្រីបាន​។ មានន័យថា លោកភិថា លីមចារើនរ៉ាត់ ត្រូវការសំឡេងគាំទ្របន្ថែមពីខាងសមាជិក​ព្រឹទ្ធសភា ចំនួន​យ៉ាងហោច ៦៤នាក់ទៀត ទើបគ្រប់ ៣៧៦។ ជាចំនួនច្រើនណាស់ ដែលគ្មាននរណាសង្ឃឹមថា​អាចបានទេ ព្រោះសមាជិកព្រឹទ្ធសភាភាគច្រើន តែងតាំងដោយក្រុមរាជានិយម ក្រុមកងទ័ព ហើយ​មានទំនោរអភិរក្សនិយមខ្លាំងណាស់។សមាជិកព្រឹទ្ធសភា​ជាច្រើននាក់ហើយ បាន​ប្រកាសថា គឺនឹងមិនបោះឆ្នោត​ឲ្យ​បេក្ខជន​លោក​ភិថា លីមចារើនរ៉ាត់ ជានាយករដ្ឋមន្ត្រីនោះទេ។​ អ្វីដែល​ធ្វើ​ឲ្យសមាជិក​ព្រឹទ្ធសភាអភិរក្សនិយមថៃ គេមិនចង់ឲ្យ​លោកភិថា លីមចារើនរ៉ាត់ ក្លាយ​ជានាយករដ្ឋមន្ត្រី គឺដោយសារតែគោលនយោបាយ​របស់គាត់​ ដែលគេចាត់ទុកថា​វា ចម្រើននិយមជ្រុលហួសហេតុពេក​​។ ក្នុងកម្មវិធីនយោបាយ​របស់​បក្សកាវក្លៃ គឺលោកភិថា លីមចារើនរ៉ាត់ បាន​សន្យាថានឹង​ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថៃបច្ចុប្បន្ន ដែលត្រូវបាន​​តាក់តែងឡើងដោយ​ក្រុមយោធា ដើម្បីក្រុមយោធា​។ ចំណុចដ៏សំខាន់មួយទៀត គឺលោកបាន​​សន្យា​ធ្វើកំណែទម្រង់​ ច្បាប់ផ្តន្ទាទោស​ប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដែលជាលោកចាត់ទុកថាជាច្បាប់​ធ្ងន់ធ្ងរជ្រុលហួសហេតុ ចាស់គំរិត ហួសសម័យ មិនត្រូវសម័យ​និងការរីកចម្រើនៃសង្គមថៃ។បន្ថែមពីនេះ លោកភិថា លីមចារើនរ៉ាត់ បានសន្យា​លុបចោលកាតព្វកិច្ចយោធា បើកចំហវិស័យមួយចំនួន ដើម្បី​​ទទួលយក​ការវិនិយោគចូលរួមពី​ឯកជន និង​បានសន្យា​ទទួលស្គាល់ជាផ្លូវការនូវសិទ្ធិរៀនអាពាហ៍ពិពាហ៍ របស់អ្នកស្រលាញ់ភេទដូចគ្នា​។ គោលនយោបាយសេរី និងចម្រើននិយមទាំងអស់នេះ គឺវាប្រឆាំងនឹងការយល់ឃើញ របស់​ក្រុមអ្នកមានអំណាចចាស់វស្សានៅថៃ ដូច​ជា​ក្រុម​យោធាអភិរក្សនិយម និងក្រុម​រាជានិយមថៃ ដែលអះអាងថាខ្លួនគឺ​ជា​អ្នក​​ការពារ​តម្លៃ​សង្គម​តាមបែបប្រពៃណីពីបុរមបុរាណ។​ជំនោរនៃការផ្លាស់ប្តូរថ្មី​លទ្ធផលបោះឆ្នោតកាលពីខែឧសភា ដែល​បានផ្តលជ័យជំនះជូនគណបក្សកាវក្លៃ គឺវាមានន័យថាប្រជាជនថៃ បានបង្ហាញ​ឆន្ទៈ ចង់ឲ្យ​មានការផ្លាស់ប្តូរថ្មី តាមរយៈបេក្ខជននាយករដ្ឋមន្ត្រីថ្មី គឺលោក ភិថា លីម ចារើនរ៉ាត់រូបនេះ​។ ប្រជាជនថៃ ជាពិសេស គឺយុវជនវ័យក្មេងៗតែម្តង បានបង្ហាញ​ឆន្ទៈ ចង់ឲ្យ​មានការផ្លាស់ប្តូរ ចង់​ឲ្យសង្គមរីកចម្រើនទៅមុខ ទៅតាមសម័យកាល។ ពួកគេនឿយណាយ នឹងវិបតិ្តនយោបាយ រដ្ឋប្រយោធាម្តងហើយម្តងទៀត នឿយណាយ​នឹងការដឹកនាំប្រទេស របស់​ពួកយោធា​ថៃ ហើយដែលបានធ្វើឲ្យសេដ្ឋកិច្ច​ថៃធ្លាក់ចុះខ្លាំង ប៉ុន្មានឆ្នាំចុងក្រោយ​នេះ​។យ៉ាងណាមិញ នៅថ្ងៃពុធនេះ លោក​ភិថា លីមចារើនរ៉ាត់ បាន​ថ្លែងសារថា ការបោះឆ្នោត​តែងតាំងរដ្ឋាភិបាលថ្មី ដោយ​​សភា​ទាំង២អង្គ នៅថ្ងៃស្អែកនេះ គឺមិនមែនជារឿងបោះឆ្នោត​ដើម្បីតែងតាំង​រូប​លោក ឬដើម្បី​បក្សកាវក្លៃរបស់លោក​នោះទេ។ តែវាជាការបោះឆ្នោត ដែល​សមាជិកសភានិងព្រឹទ្ធសភា អាចឈានទៅបើកទំព័រថ្មី បើក​ផ្លូវនាំប្រទេសថៃឲ្យត្រលប់​ទៅកាន់​មាគ៌ាប្រជាធិបតេយ្យធម្មតាដូចគេឯងឡើង​វិញ និងជាការបោះឆ្នោត​​ ដោយគោរពឆន្ទៈរបស់​ប្រជាពលរដ្ឋថៃ ដែល​បានសម្តែងមតិតាមរយៈសន្លឹកឆ្នោតកាលពីចុងខែឧសភា។ប្តូរ​បេក្ខជន​នាយករដ្ឋមន្ត្រី?​លោកភិថា លីមចារើនរ៉ាត់ អាចប្រហែលជាមិនបានសំឡេងឆ្នោតគ្រប់ទាំង​៣៧៦ទេ នៅថ្ងៃព្រហស្បតិ៍​ទី​១៣កក្កដា​។ តាមធម្មតា សភាទាំង២អង្គ អាចប្រជុំគ្នា ម្តងហើយម្តងទៀត ដោយ​គ្មានចំនួន​កំណត់ទេ ដើម្បីធ្វើយ៉ាងណា បោះឆ្នោតឲ្យចេញជាលទ្ធផលស្ថាពរតែងតាំងនាយករដ្ឋមន្ត្រីថ្មី​។បើនៅតែមិន​មានលទ្ធផល​ យូរថ្ងៃទៅមុខ អ្នកវិភាគខ្លះបានលើកឡើងថា គឺអាចមានការចរចាគ្នា ដើម្បី​ផ្លាស់ប្តូរបេក្ខជននាយករដ្ឋមន្ត្រី ព្រោះថាគេមិនអាចដាក់ បេក្ខជនលោក​ ភិថា លីមចារើនរ៉ាត់ រហូតនោះទេ ដោយដឹងថាបោះមិនចេញដដែលជាដដែល។​ គណបក្សភឿថៃ ដែលស្ថិតនៅក្នុងគម្រោង​រដ្ឋាភិបាលចម្រុះដែរនោះ អាចនឹងស្នើបេក្ខភាព​ លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ កូនស្រីលោកថាក់ស៊ីន ដែលតាមទំនោរគឺក្រុម​អភិរក្សនិយមថៃមិនប្រឆាំងខ្លាំងពេក ដូចលោក​ភិថា លីមចារើនរ៉ាត់។ទន្ទឹមគ្នានេះ គ្មានអ្វីធានាថា ក្រុមយោធាថៃនឹងមិនអន្តរាគមន៍នោះទេ ប្រសិនបើវិបត្តិនេះរ៉ាំរៃយូរខែ ធ្វើឲ្យ​ប្រទេសជាប់គាំង។ យោងតាមអ្នកវិភាគនយោបាយថៃ គឺ​លោក​ប្រាយុទ្ធ ចាន់អូចា ដែលបានប្រកាសលាចាកពីជីវិតនយោបាយ កាលពីថ្ងៃម្សិលមិញមែន​ តែមិនប្រាកដថា គាត់នឹងមិនវិលត្រលប់​មកវិញ ​ជាមួយ​កងទ័ពថៃ​នោះទេ។ ដូ​ច្នេះ សម្រាប់ពេលនេះ អនាគតនយោបាយថៃ គឺស្ថិតនៅក្នុងភាពមិនប្រាកដប្រជាទាំងស្រុង៕
7/12/20238 minutes, 55 seconds
Episode Artwork

សញ្ញាណវិជ្ជមាន​ច្រើន ដែលថា ស៊ុយអែត ចូល​ជា​សមាជិក​អូតង់ នៅឡើយ​តែ អ៊ុយក្រែន?

ថ្ងៃអង្គារ៍ ទី១១កក្កដា អង្គការ​សម្ព័ន្ធ​មិត្ត​អូតង់ បើក​កិច្ចប្រជុំ​កំពូល សម្រាប់​រយៈ​ពេល​២ថ្ងៃ នៅក្នុង​ប្រទេស​លីទុយ​អានី​។ សំណុំ​រឿង សំខាន់ៗ​ ដែល​កំពុង​ក្តៅ​គគុក​ គឺ​បេក្ខភាព​សមាជិក របស់ ស៊ុយអែត និង អ៊ុយក្រែន។​ ប្រភព​ពី​ថ្នាក់ដឹកនាំ​អូតង់ និងប្រទេសសមាជិក​ផ្សេងទៀត ព្រ​មទាំង​បណ្តាញ​ផ្សព្វផ្សាយ​ផង គឺ​បង្ហាញ​ឲ្យឃើញថា​ មាន​សញ្ញាណវិជ្ជមាន​ច្រើន ដែលថា ស៊ុយអែត អាច​ចូល​ជា​សមាជិក​អូតង់ នៅឡើយ​តែ អ៊ុយក្រែន។  តើ​មា​នបញ្ហា​អ្វី​ខ្លះ​ នៅ​ពីក្រោយ​ ការ​ចូល​ជាសមាជិក​របស់​ ស៊ុយអែត?​ ហើយ​និង​ថា បញ្ហាអ្វីទៀត ដែល​ខ្ទាស់​ ចំពោះ​ករណី​ អ៊ុយក្រែន ? ហ្វាំង​ឡង់ ចូល​រួម​ប្រជុំកំពូល​អូតង់​ជាលើកទី១ ក្នុងនាម​ជា រដ្ឋ​សមាជិក​ទី៣១។ គេក៏​​សង្ឃឹមថា ស៊ុយអ៊ែត នឹង​ក្លាយ​ជា​សមាជិក​ទី៣២។ ចំពោះ​បេក្ខភាព ស៊ុយអែត គឺ​ត្រូវ​រាំង​ស្ទះ​អស់​ ១៤ ខែ​មកហើយ ពីព្រោះ​តែ​ តួកគី និង ហុងគ្រី ជំទាស់​។ ក៏ប៉ុន្តែ​ ថ្នាក់ដឹកនាំតួកគី លោក រេសេប តាយីប អ៊ែរដូហ្កាន បញ្ជាក់​ថា​បាន​បញ្ចូន​សំណើឯកភាព​​ទៅ​រដ្ឋសភា​រួ​ចហើយ នៅថ្ងៃ​ចន្ទ។ រដ្ឋសភា នឹង​សម្រេច​នៅថ្ងៃទី​១៨កក្កដា​​។​ ឆន្ទៈ​នយោបាយមាន​ហើយ នៅតែ​ហត្ថលេខា​ផ្លូវការ​តែប៉ុណ្ណោះ។ នេះ ក៏​ជា​​ករណី​ ហុងគ្រី ដែរ​។ ​មាន​ការ​សម្រេច​ពី​ថ្នាក់ដឹកនាំ​នយោបាយ​​​ គឺចប់​​​ស្រេច​ហើយ វាយូរ​បន្តិច តែនៅលើ​បច្ចេកទេស​​និង​បែប​បទ​រដ្ឋបាល​ការិយាធិបតេយ្យ តែប៉ុណ្ណោះ។ តាំងតែ​ពី​ឥឡូវ​នេះទៅហើយ​ ដែល​នៅក្នុង​ប្រទេស​ស៊ុយអែត បាន​កក់ក្តៅ​ចិត្ត និង​អ្ន​កខ្លះ​ចាប់ផ្តើម​លើក​កែវ អបអរ​​​។ នាយករដ្ឋមន្ត្រី​ស៊ុយអែត ចាត់ទុកថា​នេះ​ជា​ជំហាន​មួយ​ដ៏​ធំ​សម្បើម​សម្រាប់​ប្រទេសខ្លួន​។  ប្រទេស​ផ្សេងទៀត​​ជាច្រើន ក៏​ចាត់ទុកថា ការបើក​កិច្ចប្រជុំ​នៅ​រដ្ឋធានី​ Vilnius គឺ «ទិវា​ប្រវត្តិ​សាស្ត្រសម្រាប់​អង្គការ​អូតង់»។ ​​អគ្គលេខាធាធិការ​អូតង់ តំណាង​អាល្លឺម៉ង់ និង​បារាំង ​ថា​នេះ​ជាដំណឹងល្អណាស់​។  សហរដ្ឋអាមេរិក​របស់ ​លោក ចូ បៃដិន ថា​ទន្ទឹង​រង់ចាំ​ ស៊ុយអែត​ ចូលជា​សមាជិក​ពេញសិទ្ធិ ជារដ្ឋទី​៣២របស់​អូតង់ ស្ទើរតែ​មិន​បាន គឺថា លោក​រំភើប​នឹងដំណឹង​នេះ​។​ ការ​ស្វាគមន៍ មាន​ច្រើនទៀត និង​ចាត់ទុកថា​នេះ​ជា​សាមគ្គីភាពក្នុង​ធ្លុង​តែមួយ​របស់​អូតង់។​​តួកគី និងហុងគ្រី យល់ព្រម​ចំពោះ​បេក្ខភាព​ស៊ុយអែត។​ តើបាន​ចំណេញ ​?​​​នៅក្នុង​រង្វង់​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប ពេល​កន្លងទៅ ស៊ុយអែត ដាក់​សម្ពាធ​ និង​រិះគន់​មិន​សំចៃមាត់​ ស្តីបន្ទោស​​ ហុងគ្រី អំ​ពីរឿង​រំលោភ​សិទ្ធិ និង​ដំណើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ។ នៅពេល​នេះ គ្រា​ដែល ហុងគ្រី យល់​ព្រម​តាម​ តួកគី ឲ្យ​ ស៊ុយអែត ចូល​ជាសមាជិក​អង្គការ​អូតង់​ គឺ​ទំនង​ជាមាន​អ្វី ដែល​អាច​ថ្នូរខ្លះៗ​ ជា​មិនខាន​ ដែល​ ស៊ុយអែត ត្រូវ​សម្បទាន​ឲ្យ ហុងគ្រី និង តួកគី​។ បើតាមដំណឹង​ពីក្នុងស្រុក ស៊ុយអែត គឺ​តំណាង​បក្ស​នយោបាយ អាច​នឹង​ឯកភាព​យល់ព្រម​ឲ្យ តួកគី ចូល​ជាសមាជិក​សហភាព​អឺរ៉ុប​។ ក៏ប៉ុន្តែ ដំណើរ​ជាក់ស្តែង វា​មិន​ងាយស្រួល​ពេកទេ។ ទោះយ៉ាងណាក្តី គឺ​តាមរយៈ​សម្បទាន​របស់​ តួកគី ចំពោះ ស៊ុយអែត គឺ សហភាព​អឺរ៉ុប ហាក់​បើក​ផ្លូវ​វិជ្ជមាន​ច្រើន​ឡើងវិញ សម្រាប់​រដ្ឋបាល​ក្រុង​អង់ការ៉ា។ ជាក់ស្តែង  ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ​លោក ស្ហាល មីស្ហែល បាន​ប្រកាស​ថា​នឹង​ពង្រឹង​ឲ្យ​ខ្លាំង​ឡើង​វិញ និងពង្រស់​ជាថ្មី​ទំនាក់ទំនង​ រវាង សហភាព​អឺរ៉ុប​និង តួកគី  ព្រមទាំង​ផ្តើម​គិតពីការ​បើកផ្លូវ​ចរចា ចូល​ជា​សមាជិក​របស់​ តួកគី។​បើតាម​ការ​ឲ្យដឹង​ពី អគ្គលេខាធាធិការ​អូតង់ គឺ ស៊ុយអ៊ែត នឹង​គាំទ្រ​ទំនាក់ទំនង​នេះ​ឲ្យ​សកម្ម​ ហើយ​និង​ជំរុញ​ជ្រោម​ជ្រែង​ជួយ​ តួកគី នៅក្នុង​ការ​ស្វែង​រក​កិច្ចព្រមព្រៀង​ផ្លូវ​សេដ្ឋកិច្ច​ ដូច​ជាការ​លើកលែង​ពន្ធគយ រវាង​អឺរ៉ុប​និងតួកគី ហើយ​លើកលែង​វិសា ទិដ្ឋាការ​ រវាង រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប និង ប្រទេស​តួកគី ជាដើម។ ទន្ទឹម​នឹង​គ្នា ប្រធានាធិបតីសហរដ្ឋ​​អាមេរិក លោក ចូ បៃដិន ក៏​បាន​ថ្លែងដែរថា​ត្រៀម​ខ្លួន​ធ្វើការ​ជាមួយ​ប្រធានាធិបតី​តួកគី នៅក្នុង​ការ​ពង្រឹង​កិច្ចសហការ​ភាព​​ជាដៃ​គូ ក្នុង​វិស័យ​ការពារ​ជាតិ​ នៅក្នុង​ក្របខណ្ឌតំបន់​​អឺរ៉ុប​អាត្លង់ទិក​។​បេក្ខភាព​អ៊ុយក្រែន ចូល​ជាសមាជិក​អូតង់ ​?​ប្រសិន​បើ​អូតង់​អនុញ្ញាតឲ្យ​អ៊ុយក្រែន ចូល​ជា​សមាជិក គឺ​ប្រៀប​ដូច​ជា អូតង់ ត្រូវ​តទល់​ច្បាំង​នឹង​ រុស្ស៊ី ដោយ​ផ្ទាល់​ដូច្នោះ​ដែរ។ ដ្បិតថា មាត្រា​​៥ របស់​ធម្មនុញ្ញ​ អង្គការអូតង់ គឺ ប្រសិន​បើ​ប្រទេស​សមាជិក​ណា១ ត្រូវ​រង​សង្គ្រាម​ឈ្លាន​ពាន គឺ​បានន័យ​ថា ​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​អូតង់​ទាំង​មូល​ដែរ​។ ទាំង​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ​ប្រទេស​សមាជិក​អូតង់ផ្សេងទៀត​ គឺ​សុទ្ធ​តែ​យល់​ច្បាស់​ពី​ចំណុចនេះ​ និង​ចង់​ចៀសវាង​ឲ្យ​ខាង​តែបាន ចំពោះ​ការ​ប្រឈម​មុខ​ធ្វើ​សង្គ្រាម​ដោយ​ផ្ទាល់​ជាមួយ​រុស្ស៊ី​។​នៅ​ថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែន​ លោក ហ្សេឡេនស្គី បាន​លើកឡើង​ថា ភាព​ស្ទាក់ស្ទើរ​របស់​អូតង់​ គឺធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែ​បាន​ចិត្ត និងគឃ្លើន​​ឈ្លាន​ពាន​អ៊ុយក្រែន​បន្ថែមទៀត។​ នៅ​យប់​មិញ យន្តហោះដ្រូន​រុស្ស៊ី ក៏បាន​វាយប្រហារ​ដែរ។ ទោះយ៉ាងម្តេច​ក្តី ចំពោះប្រធានាធិបតីអ៊ុយក្រែន​ លោក ហ្សេឡេនស្គី ក៏បាន​ដឹង​ច្បាស់​ និងទំនងជា​ប្រាកដក្នុង​ចិត្ត​រួច​ទៅហើយ​ ពី​ដំណើរ​ស្មុកស្មាញ​ក្នុងការ​ចូលជា​សមាជិក​របស់​អូតង់​។​ ក៏​ប៉ុន្តែ លោក ហ្សេឡេនស្គី​ លើកឡើងថា « អ៊ុយក្រែន សក្តិ​សម​នឹង​ចូល​ជាសមា​ជិក​អូតង់។ បើទោះបី​ជា​មិនទាន់​ចូល​ឥលូវនេះ និងមិនមែន​ឆាប់ៗ​នេះ តែជា​ការ​បន្ទាន់ អ៊ុយក្រែន​ ចាំបាច់ត្រូវការ​​សន្យា​ច្បាស់លាស់​មួយ​​ និង​ចង់បាន​សញ្ញាណ​ជាក់លាក់​មួយ​ពីឥឡូវ​ឲ្យ​ហើយ»។​​សេតវិមាន​អាមេរិក​ គឺបាន​ពន្យល់​ជាច្រើន​ខែ​មកហើយ​ដែរ ​ថាក្នុង​រយៈ​ខ្លី អ៊ុយក្រែន មិន​អាច​ទាន់​ចូល​ជាសមាជិក​អូតង់ទេ។ ផ្ទុយទៅវិញ​ អាមេរិក ឯកភាព​នឹង​បន្តជួយផ្នែក​យោធា​ដល់​អ៊ុយក្រែន​ ជួយ​យូរ​ទៀត ដើម្បីអ៊ុយក្រែន​​​ការពារ​ប្រទេស។  គឺនៅក្នុងន័យថា ភាព​ដៃគូ​សហការ រវាង​អ៊ុយក្រែន និង អូតង់ ប៉ុន្តែ មិនមែន​សមាជិក​អូតង់​ទេ។ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន ​ថា​នឹង​ពិគ្រោះ​ជាមួយ​ប្រទេស​មហាអំណាច​ធំៗ ដូច​អង់គ្លេស បារាំង អាល្លឺម៉ង់ ជាដើម​ ដើម្បី​ផ្តល់​ការ​សន្យាជាក់លាក់​ ​និង​ផ្តល់​ជំនួយ ​រយៈ​ពេល​វែង​ ដល់​អ៊ុយក្រែន។ ជា​ចម្លើយ គឺ​ថ្ងៃ​អង្គារនេះ ថ្នាក់ដឹកនាំ​ប្រទេស​បារាំង បាន​ប្រកាស​សន្យា​ផ្តល់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ ឲ្យ​អ៊ុយក្រែន។ ហើយ​ ប្រទេស​អាល្លឺម៉ង់ ​បញ្ជាក់​ថា ផ្តល់​៧០០លាន​ដុល្លារ​ថែមទៀត ឲ្យ​រដ្ឋបាល​ក្រុង​កៀវ​​៕​
7/11/20237 minutes, 42 seconds
Episode Artwork

មុនប្រជុំ​កំពូល​អូតង់​១ថ្ងៃ លោក ចូ បៃដិន ​ទៅអង់គ្លេស​ ដើម្បី​​ជជែកពីសំណុំរឿង​អ៊ុយក្រែន

នាថ្ងៃចន្ទ ទី​១០កក្កដា ប្រធានាធិបតីសហរដ្ឋ​​អាមេរិក លោក ចូ បៃដិន បំពេញទស្សនកិច្ចរយៈពេលខ្លី នៅក្នុងប្រទេសអង់គ្លេស មុននឹងបន្តដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអង្គការអូតង់ នៅក្នុងប្រទេស លីទុយអានី ចាប់ពីថ្ងៃអង្គារ។ នៅ​រាជធានីអង់គ្លេស​ លោក ចូ បៃដិន នឹង​ចូល​គាល់​ព្រះ​មហាក្សត្រ​ ឆាលស៍ ជា​លើកទី១​ ក្រោយ​ពី​ព្រះអង្គ​ទ្រង់​ឡើង​គ្រង​សោយរាជ​សម្បត្តិ។​ ទន្ទឹម​នឹង​គ្នា​នេះ​ ប្រមុខ​ដឹកនាំនយោបាយ​​នៃ​ប្រទេស​ពីរ ក៏​នឹង​​ជជែក​ពិភាក្សាគ្នា​​អំពីសំណុំ​រឿង​ទ្វេភាគីផង​ ហើយ​និង​សំណុំ​រឿង​អន្តរជាតិ​សំខាន់ៗផ្សេងទៀត​​ផង​ ពិសេស​អំពី​ការ​ចូល​ជា​សមាជិក ​របស់​​អ៊ុយក្រែន​ ទៅក្នុង​​អង្គការអូតង់។​ ​​សំណុំ​រឿងទ្វេភាគីនៅមុន​ដំណើរ​លោក ចូ បៃដិន ទៅដល់​​ទីក្រុង​ឡុង គឺ សេតវិមាន​អាមេរិក បាន​បញ្ជាក់ថា លោក​ ចូ បៃដិន ចង់​រឹត​ចំណង​ទាក់ទងជាមួយ​អង់គ្លេស​​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែមទៀត​។​ ​គួរ​រំលឹកថា ​កាល​ពី​ខែមុន ពេល​នាយរដ្ឋមន្ត្រី​អង់គ្លេស ​រីស៊ី ស៊ូណាក់ ទៅ​ក្រុង​វ៉ាស៊ីន​តោន លោក ចូ បៃដិន បាន​ធានាអះអាង​ថា អាមេរិក​គ្មា​នសម្ព័ន្ធ​មិត្ត​ណាស់​ ជិត​ដិត​ដូច​ អង់គ្លេស ​ឡើយ​។​ ចំណែក​នៅគ្រានេះ  វិមាន​រដ្ឋាភិបាលអង់គ្លេស​​ ក៏​ថ្លែង​​បែប​ការទូតថា វត្តមាន​របស់​ប្រធានាធិបតី​អាមេរិក​ បង្ហាញ​សឲ្យ​ឃើញ​យ៉ាងច្បាស់​អំពី​ខ្សែរឹត​ចំណង​ទាក់ទង​ដ៏​រឹង​មាំ​នៃ​ប្រទេស​ជាតិ​ទាំង​ពីរ​។​ ​​លោក ចូ បៃដិន បានចុះចតថតយន្តហោះ នៅនគរអង់គ្លេស ពីល្ងាចថ្ងៃអាទិត្យ។ ថ្ងៃ​ច័ន្ទ​ ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវ​​ចូល​គាល់​ព្រះ​មហាក្សត្រ Carles III ជាលើកទី១ តាំងពី​ទ្រង់​ឡើងគ្រង​រាជ​នៅខែ​ឧសភា ដែល​កាល​នោះ លោក បៃដិន ​ខកខាន​មិន​បាន​មក​ចូលរួម​ព្រះរាជពិធី​គ្រង​រាជ​សម្បត្តិ ដោយផ្ទាល់​ឡើយ។ ភរិយា​របស់​លោក​ ទៅជំនួស​​។ ​​បើ​តាម​ដំណឹង​ពី​ព្រះ​បរមរាជវាំង​អង់គ្លេស ព្រះអង្គ​រាជទាន​សោយ​ទឹក​តែ​ជាមួយ​នឹង​លោក ចូ បៃដិ ហើយ​និង​ក្រសាលជំនុំ​អំពីបរិស្ថានអាកាសធាតុ។ ​ប្រធានបទ​នេះ ជា​កិច្ចការ​ដែល​ស្តេច​ទ្រង់​យក​ព្រះរាជ​​ហឫទ័យ​ទុក​ដាក់​ជា​យូរ​មកហើយ។ ប្រភព​ពី​រាជវាំង​​ដដែល​​ ព្រះ​ប្រមុខរដ្ឋ​និង​ប្រធានាធិបតី​អាមេរិក​ នឹង​ពិគ្រោះ​ពីគម្រោង​កញ្ចប់​ថវិកា​ជំនួយ​ ត្រូវ​ជួយដល់​ប្រទេស​ក្រីក្រ ក្នុង​ការ​ទប់​ទល់​ប្រែប្រួល​អាកាសធាតុ​​​។​នៅក្នុង​ជំនួប​ដាច់​ដោយឡែកជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស​វិញ លោក បៃដិន ក៏ទំនង​ជា​​នឹង​ត្រូវ​ពិភាក្សា​ពី​ភាព​ជាដៃគូ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត ដែល​លោក​ទាំងពីរ​ធ្លាប់​បាន​និយាយខ្លះ​ៗ​ពីមុន​មក​។ នេះជាលើកទី ៥ ហើយ ដែលបុរសរដ្ឋទាំងពីរ​ជួប​គ្នាផ្ទាល់​។ លើកនេះ ​សំណុំ​រឿង​ជៀស​មិន​ផុត មួយ​ទៀត​​នោះ គឺ​បញ្ហា​អ៊ុយក្រែន​។ ​កិច្ចប្រជុំ​កំពូលអង្គការ​ អូតង់ អញ្ជើញប្រធានាធិបតីអ៊ុយក្រែន ជាភ្ញៀវ។​សំណុំ​រឿង​អ៊ុយក្រែន ជា​ប្រធាន​បទ​ស្នូល​មួយ​នៃ​ដំណើរ​របស់​លោក បៃដិន​ ដែល​ត្រូវ​ទៅ​អង់គ្លេស ១ថ្ងៃ​មុន​កិច្ច​ប្រជុំ​អូតង់។ ​តាំងពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែនមក គឺ​សហរដ្ឋ​អាមេរិក​ ជាប្រទេស​ម្ចាស់​ជំនួយ​ធំ​ទី១  ហើយ​​អង់គ្លេស  ប្រទេស​ធំ​ទី២ ដែល​ផ្តល់​​ជំនួយ​យោធា ច្រើ​ន​ជាង​គេ​​ ដល់ ​អ៊ុយក្រែន​។​ ហេតុនេះ ​ ​អាមេរិក​ និងអង់គ្លេស ទំនង​ជាត្រូវ​ជជែកគ្នា​មុន​ឲ្យដាច់​ស្រេច ថា​ត្រូវ​ប្រកាន់​ពាក្យ​សម្តី​សាមគ្គី​ក្នុង​ជំហរ​មូរមាត់​តែមួយ​ សម្រាប់​ថ្ងៃ​ទី ១១ -១២កក្កដា។​នៅក្នុងបទសម្ភាសថ្មីៗ ជាមួយទូរទស្សន៍CNN លោក ចូ បៃដិន មានប្រសាសន៍ថា លោកមិនគិតថាអ៊ុយក្រែនបានត្រៀមខ្លួន​គ្រប់​គ្រាន់​ក្នុងការ​ចូល​ជា​សមាជិក​អូតង់​នៅឡើយ។​ ថ្នាក់ដឹកនាំ​អង់គ្លេស ប្រហែល​គិត​បែប​ផ្សេង​ ក៏មិនដឹង​។ ដ្បិតថា​​ អង់គ្លេស ហាក់​មិនសូវ​ស្រប​នឹង​អាមេរិកទេចំពោះ​ទង្វើចុងក្រោយ​របស់​ថ្នាក់ដឹកនាំអាមេរិក។ ​ពីរបីថ្ងៃមុនទៅ​អង់គ្លេសនេះ​ លោក​ ចូ បៃដិន ប្រកាស​ផ្តល់​ គ្រាប់បែក​ចង្កោម ​ឲ្យ​អ៊ុយក្រែន។ ​អង់គ្លេស ​មិន​​​​យល់​ស្រប​នឹងការ​សម្រេចដូច្នេះទេ ដ្បិតថា​ គ្រាប់បែក​ចង្កោម បង្កគ្រោះ​ថ្នាក់​ខ្លាំង និង​បង្កហានិភ័យ​វែង​ឆ្ងាយ​ទៅថ្ងៃ​មុន ហើយ​ម្យ៉ាងទៀត ​ដ្បិតថា ខុស​ពី​អាមេរិក​ គឺ​ អង់គ្លេស ជា​សមាជិក​ហត្ថលេខី នៃ​សន្ធិសញ្ញា​ទី​ក្រុង​អូស្លូ ឆ្នាំ២០០៨ ដែល​ស្តីអំ​ពី​ការ​ហាម​ឃាត់​ផលិត​និងហាម​ឃាត់​ប្រើប្រាស់គ្រាប់បែក​ចង្កោម​។ មួយ​វិញ​ទៀត ពាក់ព័ន្ធ​នឹង​អូតង់ដែរ គឺ​ ភាគី​ខាង អង់គ្លេស ក៏​អន់​ចិត្ត​នឹង​អាមេរិកដែរ​ ពិសេស រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស Ben Wallace ដែលត្រូ​វបង្ខំ​ចិត្ត​ដក​បេក្ខភាព​​ក្នុង​ការជ្រើសអគ្គលេខាធិការ​អូតង់ ព្រោះតែ​គ្មាន​ការ​ជួយគាំទ្រ​ពី​អាមេរិក​។ មិនមែនតែ​អាមេរិកទេ បារាំង​ក៏​មិន​ចង់​ឃើញ​អង់គ្លេស​ដឹកនាំ​អូតង់​ដែរ។​បើ​តាម​គម្រោង​ ចប់​ពី​ទស្សនកិច្ច​នៅ​អង់គ្លេស និង​ចប់​កិច្ចប្រជុំ​អង្គការ​អូតង់​ នៅ​លីទុយ​អានី គឺលោក ចូ បៃដិន នឹង​អញ្ជើញ​បន្ត​ដំណើរ​ទៅ​ប្រទេស​ហ្វាំង​ឡង់ ដើម្បី​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​ប្រទេសអ្ន​កមានៗ នៅ​ប៉ែក​ខាងជើង។​
7/10/20236 minutes, 4 seconds
Episode Artwork

ហូឡង់៖ នាយករដ្ឋមន្ត្រី រំលាយ​រដ្ឋាភិបាល និងថ្វាយ​ញត្តិលាលែង​ពីដំណែង​ជូន​ព្រះរាជា

នៅប្រទេសហូឡង់ ក្រោយពី​​រំលាយ​រដ្ឋាភិបាល​នៅថ្ងៃសុក្រ​ នាយករដ្ឋមន្រ្តី លោក ម៉ាក រូតត៍ បានចូល​គាល់​ព្រះ​មហាក្សត្រ និងថ្វាយ​ញត្តិ​សុំ​លាលែងចុះ​​ពី​ដំណែង នាល្ងាចថ្ងៃសៅរ៍ ទី៨ កក្កដា ​។ ​ ​រដ្ឋាភិបាលចម្រុះរបស់លោក ម៉ាក រូត គឺ​ទើបតែ​ដឹកនាំប្រទេស បាន ១ឆ្នាំកន្លះប៉ុណ្ណោះ។ តើមានហេតុផលអ្វីខ្លះ ដែលបានទាញទម្លាក់រដ្ឋាភិបាលចម្រុះហូឡង់​ ​?   ​ដើម​ហេតុ​នៃ​ការ​ដួលរលំ​រដ្ឋាភិបាល​ដើម​ចម​ពី​ដំបូង​ឡើយ គឺ ​កាល​សប្តាហ៍​មុន រដ្ឋាភិបា​លរបស់​ នាយករដ្ឋមន្រ្តី លោក ម៉ាក រូតត៍ ​ បាន​ចេញ​ចំណាត់​ការ​ច្បាប់​ថ្មី ជុំ​វិញ​ការ​គ្រប់​គ្រង​ជន​អន្តោប្រ​វេសន៍​។​ នៅ​ហូឡង់ បញ្ហា​ជន​ភៀសខ្លួន ជារឿង​រស៊ើប​ខ្លាំង​។ កាលពី​ឆ្នាំមុន​ មណ្ឌល​ទទួល​ជន​ភៀសខ្លួន​ ផ្ទុកមនុស្ស​​ច្រើន​លើក​ចំណុះ។ ជនភៀសខ្លួន​ មួយ​ចំនួន​ ក៏ត្រូវ​បង្ខំ​ចិត្ត​ ដេក​នៅ​ខាងក្រៅ រស់នៅ​លំបាក​លំបិន​​ ត្រូ​វ​​ខ្យល់ ​ត្រូវ​ភ្លៀង និង​កំដៅ​ថ្ងៃ ដែលត្រូវគេ​រិះគន់​និង​ទម្លាក់​កំហុស​លើ​រដ្ឋអំណាច​។​ ​​ រឿង​អាស្រូវ​កាន់​តែផ្ទុះ​ខ្លាំង នៅពេល​​កូនក្មេងម្នាក់​ស្លាប់។ តាំងពីនោះមក រដ្ឋាភិបាល សន្យា​រៀបចំ​ឲ្យ​បាន​ស្រួល​។​ផ្ទុយទៅវិញ ​ រដ្ឋអំណាច ហាក់​ចេញ​វិធានការណ៍​​ ខុស​ពី​ការ​សន្យា។ នៅ​ម្ខាង​ សន្យា​ថា​ ជួយ​ទទួល​ជន​ភៀសខ្លួន ពិសេស​សន្យា​ជាមួយ​ អ៊ុយក្រែន ថា​នឹង​គាំទ្រ​អ៊ុយក្រែន​ជានិច្ច ខាង​ផ្លូវ​ស្មារតី​សឹក​ចម្បាំង និង​​ជួយ​ជន​ជន​ស៊ីវិលភៀសខ្លួន​​។ ក៏ប៉ុន្តែ ជន​ភៀសខ្លួន នៅ​ហូឡង់ បាន​កើនឡើង​លើស​ចំណុះ​ ពោលគឺ ឆ្នាំទៅមិញ មានជាង​ ៤ ម៉ឺន ៦ ពាន់​នាក់។ ឆ្នាំ២០២៣នេះ​ គ្រាន់តែ​ត្រឹម​ ខែ​កក្កដា​ អត្រា​ជន​ភៀសខ្លួន ហក់​កើនឡើ​​ង​រហូត​ដល់​ជាង ៧ ម៉ឺននាក់ឯណោះ។ ហេតុនេះ ទើប​រដ្ឋាភិបាល​សម្រេច​ចេញ​វិធានការណ៍ថ្មី ដើម្បី​គ្រប់គ្រង​​ចំនួនជន​ភៀសខ្លួន។ នៅក្នុង​ចំណាត់​ការនោះ​ គឺ​មាន​ចែង​ពីការ​​ចង់​កំណត់​ការ​ទទួលកូនៗ​របស់​ជន​ភៀសខ្លួន ឲ្យ​​ត្រឹមតែ ២០០ នាក់តែប៉ុណ្ណោះ​ ក្នុង​មួយ​ខែៗ និង​បាន​កំហិត​ឲ្យ​ជន​សុំ​សិទ្ធិ​ជ្រក​កោណ ស្នាក់​នៅ​ហូឡង់​ឲ្យ​បានយ៉ាង​ហោច​ ​២ឆ្នាំ​សិន ទើប​មាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​យក​កូន​ៗ​ មកជួបជុំ​គ្រួសារ។ វិធានការ​​បែបនេះ ត្រូវ​រង​ការ​រិះគន់ខ្លាំង​​ពីសំណាក់​សមាជិក​រដ្ឋា​ភិបាលចម្រុះ​ និង ពីអ្ន​ក​ន​យោបាយ​​​​បក្សផ្សេង​ទៀត​។ ជាក់ស្តែង រដ្ឋមន្ត្រី​ក្រសួង​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ អ្នក​ស្រី Caroline Schouten មកពីបក្ស​ ChristenUnie បាន​ប្រកាស​ថា «និយម​ន័យ​គ្រួសារ គឺ ​កូន​ចៅ​ត្រូវរស់​នៅ​ធំធាត់​​ជាមួយ​ឪពុក​ម្តាយ​ ហើយ​នេះ​ជា​តម្លៃ​ជាមូលដ្ឋាន​របស់​ជាតិ​ហូឡង់​យើង។»។ រីឯ រដ្ឋមន្ត្រី​ផ្សេងៗទៀត​ ​​មកពី​បក្ស​ផ្សេងៗគ្នា បាន​លើកឡើង​សារ​ចម្រុះ​សម្រួល​ដែរ ប៉ុន្តែ ស្ថានការណ៍​លំបាក ទុំ​ជោរខ្លាំង​ណាស់​ទៅហើយ ទើប​នាយករដ្ឋមន្ត្រី ម៉ាក រូតត៍​​ សម្រេច​រំលាយ​រដ្ឋាភិបាល នៅ​ថ្ងៃ​សុក្រ​​ ហើយ​និង​ថ្វាយ​ញត្តិ​លាលែង​ពីដំណែង បង្គំគាល់​ថ្វាយ​ទៅ​ព្រះ​មហាក្សត្រ​ នៅថ្ងៃ​សៅរ៍។​​ ព្រះ​រាជា Willem-Alexander ជាព្រះ​ប្រមុខរដ្ឋ  ​មាន​រាជបន្ទូលព្រះរាជានុញ្ញាត​ឲ្យ​ រូប​លោក ម៉ាក រូតត៍​ នៅ​បន្ត​កាន់​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​សិន ទម្រាំ​រៀបចំ​ការ​បោះឆ្នោត​ជាថ្មី​។ ជនភៀសខ្លួន កសិកម្ម និងកម្រិតជីវភាពពលរដ្ឋ​​ ជា​ប្រធានបទ​សំខាន់​ សម្រាប់​ការ​បោះឆ្នោត​​។គោល​នយោបាយ​ គ្រប់គ្រង​ជន​អន្តោប្រវេសន៍ គឺនឹង​​នៅតែ​ជាសំណុំ​​រឿង​រស៊ើប និងជា​ប្រធាន​បទក្តៅ​សម្រាប់​ការ​ឃោសនា​នយោបាយ​ នាពេល​ខាងមុខជាក់ជា​ពុំ​ខាន។​ បណ្តា​កាសែត​ហូឡង់  បាន​មើលឃើញ​សំណុំ​រឿង​ពីរទៀត ដែល​ក្តៅ​ខ្លាំងដែរ គឺនយោបាយ​កសិកម្ម ហើយ​និង​ការ​លើក​ស្ទួយ​កម្រិត​ជីវិភាព​ពលរដ្ឋ ឲ្យ​រស់​នៅ​ស្រណុក​សុខ​ស្រួល​។ចំពោះ​នយោបាយ​កសិកម្ម និងការ​នេសាទ គឺ បញ្ហា​ថ្មីមួយ​ដែលគេ​សម្គាល់​ឃើញ ហូឡង់ ផ្តើ​ម​ប្រឆាំង​នឹង​ច្បាប់​សហភាព​អឺរ៉ុប កាន់តែខ្លាំង។ ពោលគឺប្រឆាំងជុំវិញ​​បញ្ហា​ប្រើប្រាស់​ថ្នាំ​គីមី និង​ បញ្ហា​​បញ្ចេញ​ផ្សែង​ពុល​ក្នុងវិស័យកសិកម្ម។ មាន​បក្ស​ថ្មី​ថ្មោងម៉ោង ឈ្មោះថា​ BBB គឺ​ជាបក្ស​ចលនា គាំទ្រ​ប្រជា​កសិករ​ ដែល​មាន​និន្នាការ​មិន​គោរព​តាម​បទបញ្ញត្តិ​ច្បាប់​សហភាពអឺរ៉ុប ក៏ប៉ុន្តែ បក្សនេះ​បាន​ទទួល​ការ​គាំទ្រ​ច្រើ​នពី​ប្រជាកសិករ​ហូឡង់ រហូត​ដល់​​ មានសំឡេងលេចធ្លោខ្លាំងផង នៅ​ព្រឹទ្ធ​សភា។​ កន្លងទៅ រដ្ឋាភិបាល​ខំ​ដាក់​កំហិត​ឲ្យ​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពុល​ឲ្យ​បាន​៥០% ប៉ុន្តែ ពលរដ្ឋ​កសិករ បែរ​ជាធ្វើ​បាតុកម្ម​ប្រឆាំង​ និងបែរងាក​ទៅគាំទ្រ​បក្ស​ BBB នោះ​ទៅវិញ។​ចំណែកអ្នក​នយោបាយ​ជាតិ​និយម និងប្រជាភិថុត​ លោក Geert Wilders​ ប្រធាន​បក្ស​ស្តាំ​និយម​ជ្រុល PVV បាន​ឃោសនាសន្យាស្រេច​ទៅហើយ តាំងពីពេល​នេះ ថា​សន្យា​នឹងធ្វើឲ្យ​ហូឡង់ល្អ​ប្រសើរឡើង។ ល្អប្រសើរក្នុងន័យ​របស់គាត់ គឺ​ក៏ចង់​សង្កត់ធ្ងន់លើកការកាត់​បន្ថយ​ចំនួន​ជនអន្តោប្រវេសន៍ ហើយ​និង បង្កើនដី​កសិកម្ម ​។ «រដ្ឋាភិបាល​ចម្រុះអស្ថិរភាព»ក្នុងអាណត្តិ​នេះ រដ្ឋាភិបាល​ចម្រុះ​ហូឡង់ មា​នគណបក្ស​ចំនួន​ ៤ ឯណោះ។ អ្នក​ជំនាញការ និង​បណ្តាញ​ព័ត៌មាន​កាសែត​នយោបាយ​ក្នុងស្រុក ​បាន​ព្យាករស្រេច​ទៅហើយ ថា ទោះបីជា​បោះឆ្នោត​នៅខែ​វិច្ឆិកា​ខាងមុខ​ក្តី ក៏​ ហូឡង់ ច្បាស់​ជា​ចៀស​មិន​ផុត​ពី​ រដ្ឋាភិបា​ល​ចម្រុះ​ទេ​។​ ​អ្នក​នយោបាយ​មកពី​បក្ស​ផ្សេងៗ យល់ឃើញដែរ​ថា មិន​គួរ​នឹង​រំលាយ​រដ្ឋាភិបាល​នៅពេល​នេះ​ចោល​សោះ ដ្បិត​ថា បើ​គង់​តែ​នឹង​បោះឆ្នោត​ថ្មីទៅ នឹង​មាន​រដ្ឋាភិបាល​ចម្រុះ​ ដដែល​ជា​ដដែល​។  រដ្ឋាភិបាល​ចម្រុះ​នៅហូឡង់ ក៏ត្រូវអ្នក​ជំនាញការ​​​មើលឃើញថា ជា​រដ្ឋាភិបាល​អស្ថិរភាព​។ អស្ថិរភាព បើ​ពិនិត្យ​តាម​បទពិសោធ​ចុងក្រោយ កាលពីការ​បោះឆ្នោត​ អាណត្តិ​មុន ពួក​អ្នក​នយោបាយ​ហូឡង់ ត្រូវ​ជជែក​គ្នា អូស​បន្លាយ​ពេ​លវេលា ដល់ទៅ​ ជាង ២៧០ ថ្ងៃ​ឯណោះ​ ទើប​រក​ច្រកផ្លូវ​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​បាន។ គួរ​ឲ្យ​កត់​សម្គាល់​ដែរថា នាយករដ្ឋមន្រ្តីហូឡង់​ លោក ម៉ាក រូតត៍ ចូល​កាន់​អំណាច​ នៅខែតុលា ឆ្នាំ​២០១០ និង បើ​សរុប​ជា​ក្បាល​អាណត្តិ គឺ ៤ អាណត្តិជាប់ៗគ្នា​ ហើយ​ដែល​គេ​អាច​​ចាត់ទុកថា លោក​ជា​រដ្ឋនាយករដ្ឋមន្ត្រី​កាន់អំណាច​បាន​ច្រើ​នឆ្នាំ​ជាង​គេ ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ហូឡង់​។ ​កាលពីថ្ងៃ​សុក្រ ពេល​​ប្រកាស​រំលាយ​រដ្ឋាភិបាល លោក ម៉ាក រូតត៍ ​វ័យ​៥៦ឆ្នាំ មានប្រសាសន៍​ថា ​លោកនៅ​មាន​«ថាមពលមាំទាំ» និងបាន​បង្ហាញ​ចេតនាចង់​ចូលរួម​ការបោះឆ្នោត​ជាថ្មីទៀត ដើម្បី​​​​បន្ត​បេក្ខភាព​នាយករដ្ឋមន្ត្រី ជាគម្រប់​អាណត្តិ ទី​៥៕​
7/9/20237 minutes, 39 seconds
Episode Artwork

ខួប​៥០០ថ្ងៃ សង្រ្គាមនៅអ៊ុយក្រែន លោក ហ្សេឡេនស្គី ទស្សនកិច្ច​ក្នុងរដ្ឋសមាជិកអូតង់​ ពិសេស តួកគី

ថ្ងៃទី៨ កក្កដានេះ ជាខួប ៥០០ថ្ងៃ នៃ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ ២០២២។ នាឱកាសនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសសមាជិកអូតង់មួយចំនួន ពិសេស​នៅតួកគី ដែលជាមិត្តជិតដិត​ចាក់​ទឹក​មិនលេច​របស់រដ្ឋបាល​ក្រុង​ម៉ូស្កូ​។​ សង្គ្រាម​ ៥០០ថ្ងៃ ជន​ស៊ីវិល​រងគ្រោះ ស្លាប់​​​ ជាង​ ៩ ០០០ នាក់។​ប្រសិន​បើ​គេ​មិន​រាប់​ជីវិត​យោធា​ទាំងពីរ​ខាង​ដែល​ស្លាប់​នោះទេ និង​បើ​គិត​ត្រឹមតែ​ចំនួន​ប្រជាជន​ស៊ីវិល គឺ សង្គ្រាម​៥០០ថ្ងៃ​មកនេះ បាន​ផ្តាច់​ជីវិត​ជន​ស៊ីវិល ជាង ៩ ០០០នាក់ ក្នុង​នោះ ​កូន​ក្មេង យ៉ាងហោច ៥០០នាក់​។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ។ ​ក្រុម​អង្គការ​អ្ន​កសង្កេតការណ៍​នៅ​​​អ៊ុយក្រែន​ ​និង​អ្ន​កតំណាង​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​​ខាង​សិទ្ធិមនុស្ស​នៅ​អ៊ុយក្រែន បាន​លើកឡើង​ដែរ ថា ចំនួន​ជន​ស៊ីវិល​ ដែល​ស្លាប់​នោះ អាច​នឹង​មា​នច្រើន​ជាង តួលេខ​ផ្លូវ​ការ​​។​ ទោះម្តេចក្តី គេ​បាន​កត់សម្គាល់ថា ​ក្នុង​ឆ្នាំ​នេះ អត្រា​ចំនួន​ជន​ស៊ីវិល​ស្លាប់ក្នុងសង្គ្រាម​ បាន​ចុះ​ថយបន្តិច​ បើ​ធៀប​នឹង​ឆ្នាំមុន ប៉ុន្តែ ចំនួនអ្ន​កស្លាប់ ក៏​​កើនឡើង​ខ្លាំង​ឡើងវិញដែរ​ នៅ​ក្នុង​ចន្លោះ​ខែមេសា និង​មិថុនា​កន្លងទៅ​។​ថ្ងៃសុក្រ​ អង្គការ​​យូណេស្ក ក៏​បញ្ជាក់ថា ក្នុងការ​វាយ​ប្រហារ​នៅ ខេត្ត​Lviv​ ដែល​សម្លាប់​មនុស្ស​ជាង​៤០នាក់​ ក៏​ធ្វើ​ឲ្យ​ខូច​ខាត​​អគារ​១​ដែល​ជា​មរត៌ក​អារ្យធម៌​ម​នុស្សជាតិ និងដែល​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិពិភព​​លោក រួច​ទៅហើយ។​​​ថ្ងៃ​សៅរ៍​ ទី​៨កក្កដា ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​អញ្ចើញ​ទៅ​ទស្សនកិច្ច នៅ​កោះ​ពស់ នៅ​សមុទ្រ​ខ្មៅ​ ជានិមិត្ត​រូប​នៃ​ចលនា​តស៊ូប្រឆាំង​នឹង​កា​រវាយប្រហារ​បំពា​ន​របស់​​រុស្ស៊ី​។ បើ​តាម​លោក ហ្សេឡេនស្គី កោះពស់​​នេះជាទីដ្ឋាន​​ពុំ​ដែល​ត្រូវ​រុស្ស៊ី​​ត្រួតត្រា​ទេ​ និង​ទឹកដី​អ៊ុយក្រែនផ្សេងៗទៀត ក៏​ត្រូវ​តែ​ងើប​ឈរតស៊ូ​ដោយ​​ក្លាហាន​ដូចគ្នា​ដែរ​។​ តាមវីដេអូ​ពី​លើកោះពស់​នោះ​​ ប្រធានាធិបតី ហ្សេឡេនស្គី​ ក៏​បាន​ថ្លែងអំណរ​គុណ​ចំពោះ​ទាហាន​​អ៊ុយក្រែនគ្រប់​រូប​ ដែ​ល​បាន​ប្រឹង​ប្រែង​ស្វិតស្វាញ​ ដើម្បី​ការពារ​ជាតិ​មាតុភូមិ មកទល់​នឹង​​៥០០ថ្ងៃ​នេះ។​លោក ហ្សេឡេនស្គី បាន​ជំរុញ​ឲ្យ​ទាហាន​ខ្លួន​តស៊ូ​ការពារ​ទឹក​ដី​ទៅទៀត ដ្បិ​ត​មាន​គ្រាប់បែក​​បន្ថែម​ទៀត ដែល​ជា​ជំនួយសហរដ្ឋ​​អាមេរិក។ រដ្ឋបាល​សហរដ្ឋ​អាមេរិក របស់​លោក ចូ បៃដិន ថ្មីៗនេះ បាន​សម្រេច​យល់ព្រម​ប្រគល់​គ្រាប់​បែក​ចង្កោម ទៅឲ្យ​ អ៊ុយក្រែន បើទោះបី​ជា​រងការ​រិះគន់​ខ្លាំង​ពី​សម្ព័ន្ធមិត្ត​​ក្តី។ គេរិះគន់​អំពី​ផល​វិបាក​នៃ​គ្រាប់​បែក​ចង្កោម​ ដែល​វា​នឹង​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​ច្រើន​ និង​អូស​បន្លាយ​យូរ​ឆ្នាំទៅទៀត។ ប៉ុន្តែ ចំពោះ​អ៊ុយក្រែន គឺថា ធ្វើម្តេច​ឲ្យ​តែ​ឈ្នះ​សង្គ្រាម​សិន ចាំ​ចប់​ សឹម​បោសសម្អាតគ្រាប់​ ជាក្រោយ​។ ​ប៉ុន្មា​នថ្ងៃ​តែប៉ុណ្ណោះ មុន​ប្រជុំ​កំពូល​អង្គការ​អូតង់ ​លោក ហ្សេឡេស្គី បានទស្សនកិច្ច​សមាជិកអូតង់មួយចំនួន ពិសេស​នៅតួកគី។មុនទៅ​ជាន់ទឹកដី តួកគី ជាលើកទី១តាំងពី​ផ្ទុះ​សង្គ្រាម​មក គឺ​លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានធ្វើ​ដំណើរ​ទៅប្រទេស​ប៊ុកហ្ការីទៅសាធារណរដ្ឋឆែក ហើយនិងទៅ​ ស្លូវ៉ាគី ដែលសុទ្ធសឹងជាសមាជិកអូតង់។ ថ្ងៃទី​៧កក្កដា នៅ​រដ្ឋធានីអង់ការ៉ា ប្រទេស​តួកគី លោក ​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និងលោកប្រធានាធិបតី រេសេប តាយីប អ៊ែរដូហ្កាន បាន​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា ប្រមាណ​ ២០ នាទី​។ នៅក្នុង​នោះ លោក ​ហ្សេឡេនស្គី បាន​លើកឡើងអំពី​ការ​សុំ​ចូល​ជាសមាជិក​អង្គការ​អូតង់ និងស្នើសុំ​ឲ្យ​ តួកគី គាំទ្រ​។ជារឿង​ដែល​ភ្ញាក់​ផ្អើល គឺ ប្រធានាធិបតី​ អ៊ែរដូហ្កាន ដែល​ជា​មិត្ត​ជិត​ដិត​នឹង​រុស្ស៊ី​របស់​លោក ​ពូទីន បានបញ្ជាក់ថា អ៊ុយក្រែន ពិត​ជា«​សក្តិសម»​នឹងចូលជាសមាជិកអូតង់​។​ ការ​លើកឡើង​នេះ គឺតែប៉ុន្មា​ថ្ងៃ​ប៉ុណ្ណោះ ដែល​ អង្គការអូតង់ ត្រូវ​រៀបចំ​កិច្ចប្រជុំកំពូល ​នៅថ្ងៃទី១១-១២កក្ក​ដា​ នៅរដ្ឋធានី Vilnius ប្រទេស លីទុយអានី​។ នៅ​​តួកគី គឺ ​លោក ហ្សេឡេនស្គី ​ក៏​បាន​លើកឡើងដែរ អំ​ពីករណីប្រទេសស៊ុយអែត ឲ្យ តួកគី យោគយល់និងយល់ព្រមឲ្យចូលជាសមាជិកដែរ។  ដំណឹង​ចុងក្រោយ គឺថា ​លោក យែន ស្តុលទែនប៊ែរ អគ្គលេខាធិការ​អង្គការ​អូតង់ ឲ្យដឹង​​ថា លោក​នឹង​ជួប​ជាមួយ​ភាគី តួកគី និង ស៊ុយអែត នៅថ្ងៃ​ច័ន្ទ។ ពោ​លគឺ​១ថ្ងៃ​មុន​កិច្ច​ប្រជុំ​ធំ​ចាប់ផ្តើម។​ចំពោះរឿង​អ៊ុយក្រែនចូល​សមាជិក​អូតង់​នេះ ​ទីប្រឹក្សា​សន្តិសុខជាតិសហរដ្ឋអាមេរិក​លោក Jack Sullivan​ បាន​ថ្លែងថា នៅ​មាន​ជំហាន និង ដំណាក់​កាល​ច្រើន​ណាស់​ ដែលត្រូវឆ្លង​កាត់។​កិច្ច​ព្រម​ព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ចេញពី​តំបន់​ជម្លោះ​រវាង​រុស្ស៊ី និង អ៊ុយក្រែន​ ចុះ​ហត្ថលេខា​កាលពី​ឆ្នាំមុន គឺ​ មាន​ប្រទេស​ តួកគី ជាអ្ន​កសម្រប​ស្រួល​ការ​ចរចា និងដែល​សហការ​ជាមួយ​អង្គការ​សហប្រជាជាតិ។ វា​ត្រូវ​ផុត​កំណត់​ ថ្ងៃ​ទី​១៧កក្កដា​។ នាពេល​កន្លងទៅ រុស្ស៊ី របស់​លោក ពូទីន បាន​គំរាម​ជា​ញឹក​ញយថា មិន​ចង់​បន្ត​កិច្ចព្រមព្រៀង​នាំ​គ្រាប់​ធញ្ញជាតិ​ ទេ។ ចំពោះ​លោក ហ្សេឡេនស្គី វិញ គឺ​ គ្រប់​ធញ្ញជាតិ​ អ៊ុយក្រែន គឺ​សំខាន់​ដល់​អាយុជីវិត​មនុស្ស​រាប់​លាន​នាក់​ ដូច្នេះវាមិនគួរ​​​អាស្រ័យ​តែ​នឹង​អារម្មណ៍​របស់​លោកពូទីនម្នាក់ទេ​ ដែលថា​​ចង់​ផ្តាច់ ក៏​ផ្តាច់ និង​ចង់​បន្ត ក៏​បន្តនោះឡើយ។​រីឯភាគី​តួកគី នៅ​​​ចំពោះ​មុខ​អ្នក​កាសែតនៅក្រុង​អង់ការ៉ា ​ប្រធានាធិបតី អ៊ែរដូហ្កាន បាន​ថ្លែង​ក្តី​សង្ឃឹ​ម ថា ថ្នាក់ដឹកនាំ​វិមាន​ក្រេមឡាំង នឹង​យល់ព្រម​បន្ត​កិច្ច​ព្រមព្រៀង​។ ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង លោក ឌីមីទ្រី ប៉េស្កូវ លើកឡើង​​​ពីរដ្ឋធានី​ម៉ូស្កូ​ថា បាន​តាម​ដានយ៉ាង​ដិតដល់ ពី​កិច្ចពិភាក្សា​របស់​បុរស​រដ្ឋ​ទាំង​ពីរ ហើយ​និងថា លោក​ អ៊ែរដូហ្កាន ជា​អ្នក​ចរចា​អន្តរាគមន៍​ដ៏​ពូកែ​។បន្ទាប់ពី​ទទួលជួប​​លោក ​ហ្សេឡេស្គី ថ្ងៃទី៧កក្កដា ​ប្រធានាធិបតី  អ៊ែរដូហ្កាន ឲ្យដឹង​​ថា តួកគី ក៏នឹងទទួលស្វាគមន៍លោក វ្ល៉ាឌីមៀរ ពូទីន ​នៅខែថ្មី។ លោក អ៊ែរដូហ្កាន ​និយាយម្តងហើយ​ម្តងទៀត​​ថា រុស្ស៊ីនិងអ៊ុយក្រែន គួរតែចូលតុចរចាបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាព៕​
7/8/20237 minutes, 19 seconds
Episode Artwork

អង្គការ​សហប្រជាជាតិចង់ប្រើ​បញ្ញា​សិប្បនិម្មិតដើម្បី​​ប្រយោជន៍​មនុស្សជាតិ

បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិតបាននិង​កំពុង​រីក​លូតលាស់​យ៉ាង​លឿន​ស្លេវ ប៉ុន្តែ​សំណួរ​ជា​ច្រើន​ទាក់ទង​នឹង​បច្ចេកវិទ្យា​នេះ​នៅ​តែ​មិនទាន់​មាន​ចម្លើយ​។ នេះ​បើ​តាម​ការ​ព្រមាន​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​រៀប​ចំ​បើក​ជំនួប​កំពូលរយៈ​ពេល​ពី​រថ្ងៃ​ (ទី​៦និង​ទី​៧ កក្កដា ២០២៣) ដើម្បី​ជជែក​អំពី​ការ​គ្រប់គ្រង​បញ្ញាសិប្បនិម្មិត។ សម្រាប់​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រយោជន៍​មនុស្សជាតិ គេ​មិន​អាច​បណ្តោយ​ឱ្យ​វិស័យ​បញ្ញាសិប្បនិម្មិតវិវឌ្ឍ​ដោយ​គ្មាន​បទ​ដ្ឋាន​និងការ​ឃុំគ្រង​បាន​ឡើយ។ ជំនួប​ពិភពលោក​ស្តី​ពី​បញ្ញាសិប្បនិម្មិត ត្រូវ​បាន​រៀប​ចំ​ឡើងជា​រៀង​រាល់​ឆ្នាំ និង​​ជា​លើក​ទីមួយ នៅ​ឆ្នាំ​២០១៧ ដោយសហព័ន្ធ​ទូរគមនាគមន៍​អន្តរជាតិ ដែល​ជា​ស្ថាប័ន​មួយ​របស់​អង្គការ​សហប្រជាជាតិ មាន​ទីស្នាក់ការ​នៅទីក្រុងហ្សឺណែវ​ប្រទេស​ស្វ៊ីស និង​មាន​សមាជិក​១៩៣​ប្រទេស ព្រមទាំង​ក្រុមហ៊ុន​សហគ្រាស សកលវិទ្យាល័យ និង​អង្គការ​ប្រមាណ​ជាង​៩០០​ទៀត​។​ ស្ថាប័ន​អង្គការ​សហប្រជាជាតិ​នេះ​មាន​រចនាសម្ព័ន្ធ​ខុស​​ប្លែកពី​ប្រព័ន្ធ​អង្គការ​ប្រជាជាតិ ដែល​តាម​ទម្លាប់​គឺ​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​ជា​អ្នក​ដឹក​មុខ។ ស្ថាប័ន​នេះ​ជា​អ្នក​កំណត់​បទ​ដ្ឋាន​បច្ចេកទេស និង​គ្រប់គ្រង​រលក​​វិទ្យុអេឡិចទ្រិក​និង​ផ្កាយ​រណប​។ តែ​តាំងពី​ឆ្នាំ​២០២០​មក ជំនួប​កំពូល​ស្តីពី​បញ្ញាសិប្បនិម្មិតត្រូវ​បង្រួម​តូច​ជា​បណ្តាញអនឡាញ​​សកម្មពេញ​មួយ​ឆ្នាំ​ និង​ទើប​រៀប​ចំ​ជា​ថ្មី​ដោយ​អ្នក​ចូល​រួម​ត្រូវ​បង្ហាញ​វត្តមាន​ផ្ទាល់​នឹង​កន្លែងនៅឆ្នាំនេះ។ ជា​សរុប​ជំនួប​កំពូល​មាន​អ្នក​ចូល​រួម​ជាង​៣ពាន់​នាក់ ដែល​ជា​មន្ត្រី​រដ្ឋាភិបាល​ប្រទេស​នីមួយផង មន្ត្រី​អង្គការសហប្រជាជាតិ អ្នក​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​អ្នក​ដឹកនាំ​ផ្នែក​ឧស្សាហកម្ម-​​វិស័យ​ឯកជន ដូច​ជា​នាយក​បច្ចេកទេស​ក្រុមហ៊ុនអាម៉ាហ្សូន Google ... ជាពិសេស​មនុស្ស​​រ៉ូបូ​ ជា​ច្រើនគ្រឿង​​ទៀត​ក្នុង​នោះ​៩គ្រឿង​ មាន​សមត្ថភាពជំនាញ​ តាំងពី​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​អគ្គិភ័យ​ដល់​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌ ឬ​ចែក​ចាយ​សម្ភារៈបរិក្ខាពេទ្យ​ និង​កសិកម្ម។​អង្គការ​សហប្រជាជាតិ​ សង្ឃឹម​ថា​នឹង​អាច​ប្រើប្រាស់​បញ្ញាសិប្បនិម្មិតដើម្បី​ពន្លឿន​កម្មវត្ថុទាក់ទង​នឹង​វិស័យ​​សុខភាពសុខាភិបាល អាកាសធាតុ​ និង​ការ​លុប​បំបាត់​ភាព​ក្រីក្រ។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ចង់​ឱ្យ​ជំនួប​កំពូល​នេះ​ អាច​ជួយ​​ធ្វើ​យ៉ាង​ណា​ឱ្យ​វិស័យ​បញ្ញាសិប្បនិម្មិតក្លាយ​ជា​ប្រយោជន៍​សម្រាប់​មនុស្សជាតិ មិនមែន​ជាគ្រោះ​ថ្នាក់​សម្រាប់​​មនុស្ស​ជាតិ ដូច​អ្វី​ដែល​គេ​​ព្រួយ​បារម្ភទេ។ អ៊ីចឹង​ហើយ​បាន​ជា​គេ​ហៅ​ជំនួប​នេះ​ថា “ជំនួប​ Artificial Intelligence for Good” ឬ​ ជំនួប​បញ្ញាសិប្បនិម្មិតដើម្បី​ជា​ប្រយោជន៍ល្អ។ ​​​ភាព​បន្ទាន់​នៃ​​​គ្រប់គ្រង​វិស័យ​បញ្ញា​សិប្បនិម្មិត​បច្ចុប្បន្ន​នេះការស្រាវជ្រាវ​ផ្នែក​បញ្ញាសិប្បនិម្មិត​កំពុង​វិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​និង​លឿន​ស្លេវណាស់ ជាពិសេស​ផ្នែក​បញ្ញាសិប្បនិម្មិតដែល​មាន​បញ្ញា​ស្ទើរ​ដូចមនុស្ស​និង​អាច​ប្រកួត​ប្រជែង​ជាមួយ​មនុស្ស​បាន​ឬ​ហៅ​ជា​ភាសា​បច្ចេកទេស​ AGI (Artificial General Intelligence)។ ជា​ការ​លូតលាស់​លឿនជ្រុល​​ និង​ដ៏​​អស្ចារ្យ​នៃបច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត ដែល​លុកលុយ​ចូល​​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដោយ​យើង​មិនទាន់​ទាំង​បាន​ត្រៀម​លក្ខណៈ​រួចផង។ សូម្បី​តែ​ក្រុមអ្នក​​បច្ចេកទេស​ល្បីៗ​ក្នុង​វិស័យ​នេះ ក៏​ស្ងើច​និង​បារម្ភ​ រហូត​ចេញ​ញត្តិមួយ កាលពី​ខែមីនា​២០២៣ អំពាវនាវ​ឱ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវការ​អភិវឌ្ឍបញ្ញាសិប្បនិម្មិត រយៈ​ពេល​៦​ខែ​ ដោយ​លើក​ឡើង​អំពីហេតុផល​ហានិភ័យ​ធ្ងន់ធ្ងរ​ចំពោះ​មនុស្សជាតិ។អ្នក​ជំនាញ​មិនបាន​ជំទាស់​ទាំងស្រុង​ទៅនឹង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​នោះទេ តែ​ទាមទារ​ឲ្យ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​ត្រូវ​ធ្វើឡើង ដោយ​មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ដើម្បីធានា​ថា បច្ចេកវិទ្យា​នេះ​នឹង​មិន​បង្ក​នូវ​គ្រោះថ្នាក់​ដល់​មនុស្សជាតិ​យើង​។ សម្រាប់​អ្នក​ជំនាញ​បញ្ញាសិប្បនិម្មិត Gary Marcus ដល់​វេលា​ជា​ប្រវត្តិសាស្ត្រ​មួយ ដែល​យើង​ត្រូវ​សម្រេច​ឱ្យ​ដំណើរការ​ការ​ធ្វើ​អធិការ​កិច្ច​ពិភពលោក ដ៏​ចាំបាច់​ហើយ បើ​បរាជ័យ​​​យើង​នឹង​ធ្លាក់​ក្នុង​ស្ថានភាព​មួយ ដែល​ក្រុមហ៊ុននឹងក្លាយ​ជា​​អ្នក​គ្រប់គ្រងជោគវាសនា​របស់​មនុស្ស​មួយ​ចំនួន​ធំ​ជាក់​ជា​ពុំ​ខាន។​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឱ្យ​​សហគមន៍​អន្តរជាតិ​បង្កើត​ វិធាន​ច្បាស់​លាស់​មួយ។ បើ​គ្មាន​ច្បាប់​គ្រប់គ្រង​ត្រឹម​ត្រូវ បញ្ញាសិប្បនិម្មិត​​ នឹង​នាំពិភពលោក​ឱ្យ​ធ្លាក់​ក្នុង​ហានិភ័យ​​បាត់បង់​ការងារ​របស់​មនុស្ស​រាប់​លាននាក់ ឬលង់​​ក្នុង​ព័ត៌មាន​មិន​ពិត​ ក្លាយ​ជា​ចំណី​នៃ​វិបត្តិ​សង្គម អស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ និង​វិសមភាព​សេដ្ឋកិច្ច​ ដែល​​​ពុំ​ធ្លាប់មាន​​ពី​មុន​មក​ទេ។ នេះ​បើ​តាម​ប្រសាសន៍​របស់​​លោកស្រី​ Bogdan Martin អគ្គលេខាធិការ​សហព័ន្ធ​ទូរគមនាគមន៍​អន្តរជាតិ​ ដែល​យល់​ថា​នៅ​ស្ងៀម​មិនមែន​ជា​ដំណោះស្រាយឡើយ។ ច្បាប់​​គ្រប់​គ្រង​បញ្ញាសិប្បនិម្មិត និង​ភាព​ប្រកួត​ប្រជែង​គ្មាន​ទេច្បាប់​ជា​លក្ខណៈ​អន្តរជាតិ​ស្តីពី​បញ្ញាសិប្បនិម្មិតនោះ! តែ​​​អង្គការ​យូនេស្កូ ធ្លាប់​បាន​អនុម័ត​​បទដ្ឋាន​ពិភពលោក​ដំបូង កាលពី​ឆ្នាំ​២០២១ ស្តី​ពី​ក្រម​សីលធម៌​បញ្ញាសិប្បនិម្មិត ដោយ​ឈរ​លើ​ការ​គោរព​សិទ្ធិមនុស្ស​ សម្រាប់​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំងអស់ ប្រើ​ជា​​​គោល​ក្នុង​ការ​តាក់តែង​ច្បាប់​គ្រប់​គ្រង​បញ្ញាសិប្បនិម្មិត។ អ្នក​ជំនាញ​អង្គការ​យូនេស្កូ  លោកស្រី Gabriela Ramos ដែល​ទទួល​បន្ទុក​​គ្រប់​ការ​អភិវឌ្ឍ​និង​សម្រប​ក្រមសីលធម៌​បញ្ញាសិប្បនិម្មិត​ យល់​ថា​គេ​មិន​ចាំបាច់​ត្រូវ​មាន​ស្ថាប័ន​អន្តរជាតិ​មួយ​សម្រាប់​ត្រួត​ពិនិត្យ​បញ្ញាសិប្បនិម្មិតទេ ប៉ុន្តែ​ប្រទេស​នីមួយៗ​ត្រូវ​មាន​អាជ្ញាធរ​​មួយ ដូច​អាជ្ញាធរ​គ្រប់គ្រងឱសថ ចាំ​ផ្តល់​ការ​អនុម័ត​សម្រេច​លើ​គម្រោង​អភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត​សំខាន់​ មុន​នឹង​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ។ បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​សវនកម្ម​ និង​ច្បាស់​ជា​គោរព​សិទ្ធិមនុស្ស​យ៉ាង​ត្រឹមត្រូវ  មិនមែន​គ្រាន់តែ​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​ពាណិជ្ជកម្ម​និង​ភូមិសាស្ត្រ​នយោបាយ​ទេ។មាន​តែអឺរ៉ុប​ទេ ដែល​នឹង​មាន​ច្បាប់​ស្តីពី​បញ្ញាសិប្បនិម្មិត។ ​កាលពី​ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ សភា​អឺរ៉ុប បាន​អនុម័តគម្រោង​ច្បាប់​​ AI Act ដែល​ជា​វិធាន​ច្បាប់​ដ៏​ពេញលេញ​ដំបូង​បង្អស់​​មួយ​នៅលើ​ពិភពលោក​ក្នុង​វិស័យ​បញ្ញាសិប្បនិម្មិត។ ប៉ុន្តែ​ក្រុមហ៊ុន​សហគ្រាសធំៗ​ជាង​១៥០​នៅលើ​ផែនដី បាន​ព្រមាន​ថា​គម្រោង​ច្បាប់​អឺរ៉ុប​នេះ នឹង​ឱ្យ​បាត់​បង់​ភាព​ប្រកួត​ប្រជែង​របស់​អឺរ៉ុប ជាពិសេស​បើ​ប្រៀប​ទៅ​នឹង​សហរដ្ឋ​អាមេរិក៕
7/7/20238 minutes, 17 seconds
Episode Artwork

ទស្សនកិច្ចរបស់​រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកនៅចិននឹងអាចជួយស្តារ​ទំនាក់ទំនងសេដ្ឋកិច្ច​ដ៏ប្រេះស្រាំ​រវាង​ចិន និងអាមេរិក?

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ អាមេរិក លោកស្រី Janet Yellen បានធ្វើដំណើរ​ទៅដល់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ដើម្បី​ធ្វើ​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​នៅ​ប្រទេស​ចិន។ ទស្សនកិច្ចជាច្រើនថ្ងៃ​របស់​រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក នៅទីក្រុង​ប៉េកាំង ធ្វើឡើង នៅក្នុងកាលៈទេសៈដែល​ចិន និងអាមេរិក​ចាប់ផ្តើម​ឈ្លោះគ្នា ក្នុងរឿងបច្ចេកវិទ្យាមួយទៀត បន្ថែម​ពីលើជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។ ភាគីចិន​វិញ ស្វាគម​ទស្សនកិច្ច​រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក ជាមួយ​ការប្រកាស​បិទខ្ទប់ ការនាំចេញ​លោហៈកម្រ ពីរប្រភេទ ដែល​ចាំបាច់​សម្រាប់​ផលិតសឺមីកុងឌុចទ័រ។ តាំង​ពីចូល កាន់តំណែង​ជា​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិក កាលពី​ដើមឆ្នាំ ២០២១ នេះជាលើកទី១ ដែល​លោកស្រី Janet Yellen ធ្វើដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​ចិន។ នៅក្នុង​វេលា​មួយ​ដែល​ទំនាក់ទំនង​សេដ្ឋកិច្ច​អាមេរិក ចិន កំពុង​ល្អក់កករ វឹកវរ​ខ្លាំង ទស្សនកិច្ច​របស់​លោកស្រីរដ្ឋមន្រ្តីហិរញ្ញវត្ថុ​អាមេរិក នៅទីក្រុង​ប៉េកាំង កំពុង​ត្រូវគេ​តាមដាន​ខ្លាំង។នៅមុនលោកស្រី Janet Yellen ធ្វើដំណើរ​ទៅដល់​ទៅក្រុង​ប៉េកាំង ក្រសួងហិរញ្ញវត្ថុ​អាមេរិក​បាន​ចុះផ្សាយ​ថា គោលដៅ​នៃ​ទស្សនកិច្ច​របស់​លោកស្រី Janet Yellen នៅទីក្រុង​ប៉េកាំង ដើម្បីដោះដូរយោបល់រវាងភាគីចិន អាមេរិក ដើម្បី​ជៀងវាស​ការយល់ច្រលំគ្នា និង​ដើម្បី​ពង្រីកសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ក្នុងផ្នែក​សេដ្ឋកិច្ច វិបត្តិប្រាក់បំណុល និង​បញ្ហា​អាកាសធាតុ។ទស្សនកិច្ចផ្លូវរដ្ឋ​របស់​រដ្ឋមន្រ្តីហិរញ្ញវត្ថុ អាមេរិក​នៅប្រទេស​ចិន ធ្លាប់ត្រូវ​បាន​គេ​គ្រោងទុក​ជាយូរមកហើយ ប៉ុន្តែ ត្រូវ​បាន​ពន្យារពេលជាបន្តបន្ទាប់ ដោយសារ​ទំនាក់ទំនងការទូតអាមេរិកនិង​ចិន ចេះតែ​តានតឹង ដោយសារ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់អាមេរិក​នៅ​តៃវ៉ាន់ និងចុងក្រោយ គឺ​រឿងអាមេរិក បាញ់ទម្លាក់​បាឡុង​ចារកិច្ច ដែលធ្វើ​ចិន​ខឹងក្តៅក្រហាយ។លោកស្រី Janet Yellen​អាច​ធ្វើដំណើរទស្សនកិច្ច​ទៅប្រទេស​ចិន នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​ប្រមុខការបរទេសអាមេរិក លោកអង់តូនី ប្លីងកិន ជាអ្នកបើកផ្លូវ​ធ្វើទស្សនកិច្ច​នៅទីក្រុង​ប៉េកាំង កាលពី​ប៉ុន្មាន​សប្តាហ៍មុន។តាម​ក្រសួងហិរញ្ញវត្ថុ​អាមេរិក នៅក្នុងទស្សនកិច្ច​រយៈពេល ៤ថ្ងៃ ដែលត្រូវ​ចប់​នៅថ្ងៃអាទិត្យ លោកស្រី Janet Yellen​នឹង​ជួបពិភាក្សាជាមួយ​នាយករដ្ឋមន្រ្តី​ចិន លោក លី ឈាំង និងជួប​ប្រធានក្រុមហ៊ុន​នៅប្រទេស​ចិន។ ក្រសួង​ហិរញ្ញវត្ថុអាមេរិក​បានសង្កត់ធ្ងន់​ពី​ជំហរ​របស់​លោកស្រី​រដ្ឋមន្រ្តីហិរញ្ញវត្ថុ ដែលចង់​បានទំនាក់ទំនង​សេដ្ឋកិច្ច​ល្អ​ជាមួយ​ចិន។ ផ្ទុយពី​រដ្ឋមន្រ្តីសេដ្ឋកិច្ច​មុនៗ​របស់​អាមេរិក លោកស្រី Janet Yellen ដែលធ្លាប់ធ្វើ​ជា​ប្រធាន​ធនាគារ​កណ្តាលអាមេរិក​មានទស្សនវិស័យ​ទូលំទូលាយ​សម្រាប់​ទំនាក់ទំនង​ចិន អាមេរិក។ នៅ​ខែ​មេសា​កន្លងទៅ លោកស្រី​ធ្លាប់​អះអាងថា អាមេរិក​មិនបាន​ព្យាយាម​ដោះដៃ លែងពឹងពាក់​លើ​សេដ្ឋកិច្ច​របស់​ចិន។ ការចែកផ្លូវគ្នា​រវាង​អាមេរិក និងចិន ជាគ្រោះមហន្តរាយ​សម្រាប់​មហាអំណាចទាំងពីរ និងធ្វើឲ្យ​ពិភពលោក​ទាំងមូល​ត្រូវ​រង្គោះរង្គើ។នៅមុនធ្វើទស្សនកិច្ចរបស់​លោកស្រី Janet Yellen នៅប្រទេស​ចិន អាមេរិក​បានបញ្ជាក់ពីសារៈសំខាន់ដែលចិន និងអាមេរិក​ត្រូវ​ទទួលខុសត្រូវ និងពិភាក្សាពីចំណុច​គាំង ចំណុចដែលធ្វើ​ឲ្យប្រទេសទាំងពីរព្រួយបារម្ភ និងធ្វើការរួមគ្នា ដើម្បី​ដោះស្រាយវិបត្តិសកល ដូចជា​វិបត្តិអាកាសធាតុ និង​វិបត្តិប្រាក់បំណុលរបស់​ប្រទេស​ក្រីក្រ។ទោះជា​លោកស្រីរដ្ឋមន្ត្រីហិរញ្ញវត្ថុ​អាមេរិក​មាន​ជំហរ​មិនសូវ​តឹងតែង​ជាមួយចិន ប៉ុន្តែ គេ​មិនប្រាកដថា នៅក្នុង​ទស្សនកិច្ច​នៅ​ចិន លើក​នេះ លោកស្រីនឹង​អាចជួយ​ស្រោចស្រង់​ទំនាក់ទំនង​ចិន និងអាមេរិក ឲ្យបាន​ល្អប្រសើរ​ជាងមុន​ប៉ុន្មានទេ ព្រោះថាទី១ ចិននិងអាមេរិកមានចំណុចតានតឹងនឹងគ្នា​ច្រើនយ៉ាង។ ទី២​លោកស្រី​គ្មានអំណាច​អ្វីច្រើន និង​ត្រូវ​ដើរតាមគោល​នយោបាយ​របស់​សេតវិមាន។ តាម​ក្រសួងហិរញ្ញវត្ថុអាមេរិក នៅប្រទេស​ចិន លោកស្រី Janet Yellen នឹង​និយាយ​ពីសកម្មភាពធ្វើជំនួញមិនស្មោះត្រង់ ជាពិសេស​នៅក្នុងរឿង​ដែល​ចិនចាត់វិធានការដាក់ពិន័យ និង​បង្កឧបសគ្គដល់​ក្រុមហ៊ុន​អាមេរិក​ដើម្បី​ចូលទៅទីផ្សារ​នៅប្រទេស​ចិន។ ចិន និងអាមេរិក​ខ្វែងគំនិតគ្នា​ក្នុងសំណុំរឿងច្រើនកំពុងមានជម្លោះពាណិជ្ជកម្ម​នឹងគ្នា មហាអំណាច​ចិន និង​អាមេរិក​កំពុង​ផ្តើមជម្លោះ​មួយទៀតនឹងគ្នា នោះ គឺ​ជម្លោះ​បច្ចេកវិទ្យា។-សឺមីកុងឌុចទ័រនៅប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិក​បានដាក់ឈ្មោះក្រុមហ៊ុន​ចិន មួយចំនួន ទៅក្នុងបញ្ជីខ្មៅ ដើម្បី​ឈប់​ឲ្យក្រុមហ៊ុនទាំងនោះអាច​ចូលទិញ ប្រើ​សឺមីកុងឌុចទ័រ។ ជាក់ស្តែង នៅ​ខែ​តុលា​ឆ្នាំមុន ក្រោម​ក្រោមហេតុ​ផល​សន្តិសុខ​ជាតិ សហរដ្ឋ​អាមេរិក​ក៏​បាន​ប្រកាសត្រួត​ពិនិត្យ​ជា​ថ្មី ​ការ​នាំ​ចេញសឺមីកុងឌុចទ័រ ដើម្បី​កំរិត​ការទិញ​និង​កុំ​ឱ្យ​ចិន​អាច​យក​ទៅប្រើ​សម្រាប់​អភិវឌ្ឍ​កម្មវិធី​យោធា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ចិន​​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង។-របាំងពន្ធជម្លោះពាណិជ្ជកម្ម ដែលបន្សល់ទុកតាំងពីអាណត្តិប្រធានាធិបតី​ដូណាល់​ត្រាំ។ រហូតមកដល់ពេលនេះ រដ្ឋបាល​លោកចូ បៃដិន​នៅតែមិនព្រមលុបចោល​របាំងពន្ធគយ ដែលលោកដូណាល់ត្រាំ ធ្លាប់​បាន​អនុវត្ត ដើម្បី​សងសឹក​នឹង​ចិន ដែលលោកត្រាំ​ចោទប្រកាន់​ថា រំលោភកម្មសិទ្ធិបញ្ញា កេងចំណេញលើ​ក្រុមហ៊ុនអាមេរិក។ តាម​វិទ្យាស្ថាន អាមេរិក Peterson PIIE ការដំឡើងពន្ធរបស់អាមេរិក​ទៅលើ​ទំនិញនាំចូល​ពីចិន​បានកើនឡើង​ដល់​១៩% ដែលជា​កម្រិតមួយខ្ពស់ ៦ដងបើប្រៀបធៀបរយៈពេល​មុនមានជម្លោះពាណិជ្ជកម្ម។ចិន​វិញ​បានដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក ដល់​២០%។ ជាលទ្ធផល ការនាំចូលផលិតផល​អាមេរិក ជាពិសេស រថយន្ត និងយន្តហោះ​ទៅប្រទេស​ចិន​បានធ្លាក់ដាំដូងចុះ មិនងាយនឹង​ស្រោចស្រង់​ឲ្យដូច​សភាពដើម។ នៅពេល​ចិនព្យាយាម​បង្វែរ​ការនាំចូល​ទំនិញកសិកម្ម ពីប្រទេស​ដទៃ ដោយលែង​ចង់​ពឹងផ្អែក​លើ​អាមេរិក តទៅទៀត អាមេរិក​នៅតែ​ត្រូវការ​ចិន ដែលជា​ទីផ្សារធំ​សម្រាប់ផលិតផលកសិកម្ម​អាមេរិក ជាពិសេស សណ្តែកសៀង។-បច្ចេកវិទ្យា និង​បរិយាកាស​ធ្វើជំនួញអាមេរិក​បាន​ដាក់ទណ្ឌកម្មលើ​ក្រុមហ៊ុន​ហួវៃ និង​ក្រុងហ៊ុន​TikTok​ដែល​អាមេរិក​សង្ស័យ​ថា ជាភ្នែកត្រចៀក​របស់​ចិន ដើម្បី​ស៊ើបយកការណ៍​សម្ងាត់​ជាតិ​របស់អាមេរិក។ ចិន វិញ​បាន​សងសឹក ដោយថ្មីៗនេះ បាន​ចេញបម្រាម ហាម​មិនឱ្យ​ក្រុមប្រតិបត្តិករចិនដែល​​មាន​ទិន្នន័យ​រសើបៗ​មួយ​ចំនួន ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​ផលិត​សឺមីកុងឌុចទ័រ​អាមេរិក Micron ដោយមូលហេតុ​សន្តិសុខជាតិ។ជាការសងសឹកវិញ រដ្ឋបាលលោកចូ បៃដិន នៅ​ខែ​មិថុនា​កន្លងទៅ​ទើបបាន​ចេញច្បាប់​រឹតបន្តឹង​ការវិនិយោគ​របស់​ក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិក នៅប្រទេស​ចិន។ចំនុចចុងក្រោយគឺ​រឿងវិបត្តិប្រាក់បំណុល ព្រោះថា អាមេរិក​តែងទាមទារ​ឲ្យ​ចិន ដោះស្រាយ​រឿងប្រាក់បំណុល​របស់​ប្រទេស​ក្រីក្រ ជាពិសេស​នៅអាហ្រ្វិក ព្រោះថា​ចិន​ជា​ប្រទេស​ម្ចាស់បំណុលធំជាងគេ​នៅក្នុងពិភពលោក។ អ្នកជំនាញ​វាយតម្លៃថា នៅប្រទេស​ចិន លោកស្រី​រដ្ឋមន្រ្តីហិរញ្ញវត្ថុ​ទំនង​នឹងលើកនិយាយរឿងនេះ​ជាមួយភាគីចិន។ចិនស្វាគមរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក ជាមួយ​ការប្រកាសហាមនាំចេញ​លោហៈកម្រពីរដែលចាំបាច់សម្រាប់ផលិត​សឹមីកុងឌុចទ័រនៅថ្ងៃ​ចន្ទ​ចិន​បាន​ប្រកាស​ហាមការនាំចេញ លោហៈកម្រពីរប្រភេទ គឺ gallium និង germanium​ដែល​ដើរតួនាទី​ចាំបាច់សម្រាប់​ធ្វើ​បន្ទះសឺមីកុងឌុចទ័រ។ ចំណាត់ការ​របស់​ចិន នៅប៉ុន្មានថ្ងៃមុន​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកនៅ​ចិន បញ្ជាក់ថា ចិន ហាក់គ្មាន​ចេតនាបន្ទន់ជំហរ​របស់ខ្លួន និងចង់​ដាក់សម្ពាធលើ​អាមេរិក នៅក្នុងការពិភាក្សាចិន អាមេរិក។តាម​អ្នកនាំពាក្យ​របស់​ក្រសួងសេដ្ឋកិច្ច​ចិន វិធានការ​ហាមការនាំចេញ លោហៈកម្រពីរ ធ្វើឡើង សុវត្ថិភាពសន្តិសុខជាតិ និង​ដើម្បី​ឆ្លើយតប​នឹងអាមេរិក​ដែល​ចង់​បិទខ្ទប់ មិនចង់ឲ្យ​ចិនទទួលបាន​សឺមីកុងឌុចទ័រ និង​បច្ចេកវិទ្យាទំនើបដទៃទៀត។ “ទង្វើរបស់អាមេរិក​មិនត្រឹមតែ​ប៉ះពាល់សិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិន ប៉ុន្តែវា​បំផ្លាញផលប្រយោជន៍​របស់​ប្រទេស និងតំបន់ជាច្រើន។ សកម្មភាពរបស់អាមេរិក​នឹង​ទៅ​បន្ទុចបង្អាក់ ការដោះដូរផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម​នៅក្នុងពិភពលោក ហើយនៅទីបំផុតនឹង​ត្រូវ​ទៅឆេះបំផ្លាញអាមេរិកខ្លួនឯង” នេះជា​ប្រសាសន៍​របស់​លោកស្រី Shu Jueting អ្នកនាំពាក្យ​របស់ក្រសួង​ពាណិជ្ជកម្មចិន។តាមអ្នកនាំពាក្យ​ចិនខាងលើ ចាប់តាំង​ពីខែ​សីហា​ខាងមុខ រាល់ការនាំចេញ​លោហៈកម្រពីរប្រភេទ​គឺ​ត្រូវ​ឆ្លងកាត់ការអនុញ្ញាត​ពីអាជ្ញាធរ។ ចិនជា​ប្រទេសមានលោហៈកម្រ ច្រើនជាងគេ ដែលគេត្រូវ​ការចាំបាច់​សម្រាប់​ផលិត​បន្ទះ​សឺមីកុង​ឌុចទ័រ។ សឺមីកុងឌុចទ័រនេះ  ជា​ស្នូល​នៃ​សេដ្ឋកិច្ច​សម័យ​ទំនើប មាន​ប្រើ​ក្នុង​ស្ទើរ​គ្រប់​ម៉ាស៊ីន​អេឡិចត្រូនិច​ទាំងអស់ ដូច​ជា អំពូល​ភ្លើងLED​ ម៉ាស៊ីន​បោកខោអាវ កុំព្យូទ័រ រថយន្ត ​ទូរស័ព្ទ និងបច្ចេកវិទ្យាយោធា។រដ្ឋមន្រ្តីហិរញ្ញវត្ថុ​អាមេរិកទៅ​ប្រទេស​ចិន ដើម្បី​ត្រៀមរៀបចំ​ជំនួបកំពូលលោកចូ បៃដិន និងលោកស៊ី ជីនពីងទស្សនកិច្ច​របស់​លោកស្រី រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក​ក៏អាច​ជាចំណុច​វិជ្ជមានព្រោះវាបង្ហាញ​ពីសញ្ញាដែលថា  មហាអំណាច​អាមេរិក​និង​ចិន នៅតែ​ពិភាក្សា​គ្នា។ ម្យ៉ាង គេវាយតម្លៃថា ដំណើរទស្សនកិច្ច​របស់​រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក​ទៅចិន លើកនេះ អាច​ជា​ការបើកផ្លូវ​ឲ្យមានជំនួបកំពូល រវាង​លោកប្រធានាធិបតីអាមេរិក និង​ប្រធានាធិបតី​ចិន។ ទោះជា​មិន​បន្ថយ​ដៃ នៅក្នុងរឿងដាក់សម្ពាធ​លើ​ចិន លោក​ចូ បៃដិន​ផ្ទាល់ធ្លាប់​និយាយរួចហើយថា លោកសង្ឃឹម​ជួប​ពិភាក្សាជាមួយ​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ក្នុងពេលឆាប់ៗ​ខាងមុខ។
7/6/20237 minutes, 42 seconds
Episode Artwork

បច្ចេកទេសស្រូបឧស្ម័ន​កាបូនិករីកចម្រើនខ្លាំង ជាក្តីសង្ឃឹមដល់​យុទ្ធនាការ​ទប់ស្កាត់ការឡើងកំដៅផែនដី

ឧស្ម័ន​កាបូនិក​ដែលមនុស្សយើងបញ្ចេញទៅក្នុង​បរិយាកាស គឺជាប្រភពដ៏ចំបង ធ្វើឲ្យ​ផែនដីយើងឡើងកំដៅ ហើយ​ធ្វើ​ឲ្យ​មាន​វិបត្តិអាកាសធាតុ។ តែទោះជាយ៉ាងណា ការកាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិច ហាក់ដូចជាស្ថិតនៅលើផ្លូវមួយ​ដ៏លំបាក សម្រាប់​មនុស្សជាតិយើង។ ប្រឈមនឹងបញ្ហានេះ ពិភពលោក​យើង បាន​ដាក់ក្តីសង្ឃឹមទៅលើ​បច្ចេកវិទ្យាថ្មីៗ ដើម្បី​ចាប់យក ឬស្រូបយកឧស្ម័ន​កាបូនិកពីក្នុងបរិយាកាស យកទៅបង្ឃាំងទុក។ មានក្រុមហ៊ុន សហគ្រាសជាច្រើន ដែលបានចាប់ផ្តើម​វិនិយោគ​លើ​គម្រោងធំៗ​របៀបនេះ។ តើបច្ចុប្បន្ន​ បច្ចេកទេស​ស្រូប​យកឧស្ម័ន​​កាបូនិក មានអ្វីខ្លះ ហើយ​វាមានប្រសិទ្ធភាព​យ៉ាងណាខ្លះ នៅក្នុងការ​កាត់​បន្ថយ​ឧស្ម័ន​នេះពីក្នុងបរិយាកាស? យើងដឹងហើយថា ឧស្ម័ន​កាបូនិកដ៏សែនក្រាសក្នុងបរិយាកាស ដែលកើតចេញពីសកម្មភាពរបស់​មនុស្សយើង បាន​និងកំពុងជះផល​អាក្រក់អ្វីខ្លះ មកលើកត្តាអាកាសធាតុ ព្រមទាំង​សុខមាលភាពរបស់​មនុស្សជាតិ​។ តែទន្ទឹមគ្នានេះ ការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក វាគឺជារឿងមួយលំបាកខ្លាំងណាស់។ មនុស្សយើងនៅតែបញ្ចេញ​ឧស្ម័ន​ពុលនេះទៅក្នុងបរិយាកាស ក្នុងកម្រិតខ្ពស់ដដែល មិនថាក្នុងជីវភាពប្រចាំថ្ងៃ ដោយ​ការប្រើរថយន្ត និងចរន្តអគ្គីសនី ឬដោយសកម្មភាពផលិតតាមរោងចក្រនានាទូទាំងពិភពលោក​។ ដូច្នេះ មានតែ​រកវិធីទៅចាប់យក ឬស្រូបយកឧស្ម័ន​កាបូនិកដែល​មនុស្សយើងបញ្ចេញ​ចោលនោះ យកទៅបង្ឃាំងទុកវិញ ដើម្បី​កុំឲ្យ​វានៅអណ្តែតហ៊ំព័ទ្ធក្នុងបរិយាកាស ធ្វើ​ឲ្យសីតុណ្ហភាពផែនដីយើង ឡើងកំដៅ​។បច្ចេកទេស២ អាចស្រូបយកឧស្ម័នកាបូនិក​បច្ចុប្បន្ននេះ បច្ចេកវិទ្យាស្រូបយក ឬចាប់យកឧស្ម័នកាបូនិក គឺមាន​២ប្រភេទ ដែលគេកំពុងផ្តោត​ការយកចិត្តទុកដាក់។ បច្ចេកទេសទាំង២នេះ​ មានលក្ខណៈខុសគ្នា តែភាគច្រើនមនុស្ស​ចេះតែច្រឡំគ្នា។ បច្ចេកទេសទី១​ គឺការចាប់យក ឬការកាក់យកឧស្ម័នកាបូនិកភ្លាមៗតែម្តង មិនឲ្យ​វាអណ្តែតចូលទៅក្នុងបរិយាកាសទាន់ទេ។ បច្ចេកទេសនេះ គេហៅកាត់ជាភាសាអង់គ្លេសថា CCS។ ចំណែកបច្ចេកទេស​ទី២ គឺជាការ​ទៅស្រូបយកឧស្ម័ន​កាបូនិក ដែលស្ថិតនៅក្នុងបរិយាកាសរួចហើយ ដើម្បីយកវាទៅបង្ឃាំងទុកនៅ​កន្លែងផ្សេង។ បច្ចេកទេសនេះ គេហៅឈ្មោះថា DAC។បច្ចេកទេស CCS គឺគេប្រើ​នៅតាមរោងចក្រធំៗ ដែលធម្មតាបញ្ចេញ​ផ្សែងឧស្ម័នកាបូនិកខ្លាំងណាស់ តួយ៉ាង ដូចជា​រោងចក្រផលិតចរន្តអគ្គិសនី រោងចក្រស៊ីម៉ង់ត៍​ ឬរោងចក្រស្លដែក​ជាដើម។​ ឧស្ម័នកាបូនិក​ដែល​កើតដោយចំហេះថាមពលហ្វូស៊ីល ដែលគេប្រើក្នុងរោងចក្រទាំងនេះ នឹងត្រូវគេចាប់បង្ឃាំងយកទុក ដោយប្រើបច្ចេកទេសពិសេស រំលាយវាឲ្យ​ទៅជារាវដូចទឹក មិនឲ្យ​វាអណ្តែតចេញទៅ​ក្នុងបរិយាកាសទេ។រីឯបច្ចេកទេស DAC គឺគេប្រើកង្ហារធំៗ បូកផ្សំជាមួយប្រតិកម្មគីមី ឈានទៅស្រូបយក​ឧស្ម័ន​កាបូនិក​ដែលស្ថិតនៅក្នុងបរិយាកាស។ ក៏ប៉ុន្តែ ដោយសារតែ​ឧស្ម័នកាបូនិកនៅក្នុងបរិយាកាស វារសាត់សាយភាយ​ឡាយ​ឡំនឹងឧស្ម័ន​ផ្សេងទៀតច្រើនមុខ ដូច្នេះហើយទើបបច្ចេកទេសនេះ គេត្រូវការប្រើថាមពលច្រើន ហើយជាពិសេសនោះគឺប្រើទឹកច្រើនណាស់។ មានន័យថា វាមានន័យថា គេត្រូវចំណាយប្រាក់និងធនធានធម្មជាតិច្រើន បើប្រៀបធៀបទៅបច្ចេកវិទ្យា CCS។យកទៅកប់ទុកចោលក្នុងដីជ្រៅ ឬនៅបាតសមុទ្រ​ជាមួយ​នឹង​​បច្ចេកទេសទាំង២នេះ គឺកាបូនិកដែល​គេ​ចាប់បាន គឺគេយកវាទៅបំប្លែងឲ្យរាវ ហើយបន្ទាប់មកគេយកទៅទុកកប់ជ្រៅក្នុងស្រទាប់ដី ឬុមួយនៅក្រោមបាតសមុទ្រជាដើម។ ឧទាហរណ៍ នៅតាមអណ្តូងប្រេងកាត ឬអណ្តូងឧស្ម័នដែលលែងដំណើរការ សោះនឹងបោះបង់ចោល គឺគេនឹងប្រើវា ដើម្បី​ចាក់កប់ឧស្ម័នកាបូនិករាវទាំងនេះ។ ជាក់ស្តែង នៅក្នុងសមុទ្រខាងជើងទ្វីបអឺរ៉ុប គឺគេបាន​ធ្វើរួចហើយ ដោយយកឧស្ម័នកាបូនិកទៅបង្ហូរ កប់ចូលជ្រៅក្នុងស្រទាប់ដីបាតសមុទ្រ។ ក្នុងករណីខ្លះ គេអាចយកឧស្ម័នកាបូនិកដែលគេចាប់យកបាននេះ យកទៅប្រើជាធាតុផ្សំ​ ក្នុងការផលិតផលិត​ផលមួយចំនួន​ដែរ ឧទាហរណ៍​ ដូចជា​​ ដុំចំហេះ ដែលមនុស្សយើងអាចយកទៅប្រើ ដើម្បីដុតជាភ្លើងជាដើម។ តាមពិតទៅ​បច្ចេកទេស CCS គឺមានយូរហើយ តាំងតែពីឆ្នាំ​១៩៧០ម្លេះ ដោយគេប្រើវាក្នុងវិស័យឧស្សាហកម្មចម្រាញ់ប្រេងឥន្ធនៈ។ គេប្រើដើម្បី​ពន្លឿនការចម្រាញ់ប្រេង តែមិនមែនដើម្បី​ចាប់យកឧស្ម័នកាបូនិកកុំឲ្យវាទៅបំពុលបរិយាកាសអីនោះទេ។ តែឥឡូវទើបគេ​កែច្នៃយក ប្រើបច្ចេកទេសនេះដើម្បី​ទប់ឧស្ម័នកាបូនិកកុំឲ្យ​វាហោះចូលទៅបរិយាកាស។ យោងតាមតួលេខ របស់ទីភ្នាក់ងារ​ថាមពលអន្តរជាតិ ហៅកាត់ថា AIE គឺនៅក្នុងឆ្នាំ​២០២២ មាន​ក្រុមហ៊ុនសហគ្រាសចំនួន​ ៣៥ ដែលបានប្រើ​បច្ចេកទេសនេះ ហើយគេបានចាប់ឧស្ម័នកាបូនិកទុក សរុបចំនួន៤៥លានតោន។ដោយឡែកបច្ចេកទេស DAC ដែលស្រូបឧស្ម័ន​ពីក្នុងបរិយាកាស គឺជាបច្ចេកទេសថ្មី ហើយ​ប្រសិទ្ធភាពស្រូបវិញទៀតសោត ក៏បានតិចដែរ មិនច្រើនដូចបច្ចេកទេស CCS ទេ។ ក្នុងឆ្នាំ​២០២២ មានរោងចក្រចំនួន​១៨ ដែល​ប្រើបច្ចេកទេសនេះ ដោយបានស្រូបឧស្ម័នកាបូនិកពីបរិយាកាស បានប្រមាណ ១ម៉ឺនតោន ពោល​គឺ​ស្មើ​ទំហំបញ្ចេញចោលឧស្ម័នកាបូនិក​ទូទាំងពិភពលោក ក្នុងរយៈពេល​១០វិនាទីតែប៉ុណ្ណោះ។​ ប្រឹងស្រូបអស់មួយឆ្នាំ ស្មើបញ្ចេញចោល១០វិនាទី គឺវាតិចយកតែមែនទែន​។​កម្មវត្ថុដ៏ធំ ដែលតម្រូវឲ្យ​​បន្ថែមការប្រឹងប្រែងដើម្បីឈានទៅសម្រេចកម្មវត្ថុ ហ្សេរ៉ូកាបូន ឬ អព្យាក្រិត្យាភាពកាបូន​នៅឆ្នាំ២០៥០​ គឺវាច្បាស់ណាស់ ដែលគេត្រូវតែពង្រីក ការប្រើប្រាស់បច្ចេកទេសទាំងនេះ ឲ្យ​បានទូលំទូលាយ ទូទាំងពិភពលោក​។ ដើម្បីសម្រេចកម្មវត្ថុនេះ ទីភ្នាក់ងារ​ថាមពលអន្តរជាតិ បានព្យាករណ៍ថា នៅរវាងឆ្នាំ​២០៣០ បច្ចេកវិទ្យា CCS ត្រូវតែអាច​បូមស្រូបយកឧស្ម័ន​កាបូនិក ចំនួន ១៣០០០លានតោនក្នុងមួយឆ្នាំ ពោលគឺត្រូវ​តែច្រើនជាង​ឆ្នាំមុន ឲ្យ​៣០ដង​​ឯណោះ។ ចំណែកបច្ចេកវិទ្យា DAC វិញ គឺត្រូវ​តែ​អាចស្រូបឧស្ម័នកាបូនិក បាន​ខ្ទង់ ៦០លានតោនក្នុងមួយឆ្នាំ​។ពោលគឺកម្មវត្ថុទាំងនេះ វាធំៗ ស្ថិតនៅខ្ពស់ឆ្ងាយណាស់។ ដូច្នេះ គឺត្រូវតែ​វិនិយោគឲ្យ​បានច្រើនបំផុត នៅក្នុងវិស័យនេះ​។ តែយ៉ាងណា លោក Gregory Nemet សាស្តាចារ្យនៅសកលវិទ្យាល័យ Wisconsin បានលើកឡើងថា ពិភពលោកយើងអាចធ្វើ​បាន​រួចហើយ មិនមែនមិនធ្លាប់ទេ។ ជាក់ស្តែង ក្នុងវិស័យថាមពលដើរដោយពន្លឺព្រះអាទិត្យ ត្រឹមតែ​ប្រមាណជាង​១០ឆ្នាំគឺបាន​រីកចម្រើនខ្លាំងណាស់។ តែឧបសគ្គដ៏ធំមួយ​ ដែលចោទទៅលើបច្ចេកទេសស្រូបចាប់យកឧស្ម័នកាបូនិក គឺ​ការស្តុកទុក។​ ការជីករណ្តៅ រៀបចំស្តុក​កប់​វាក្នុងដី ឬក្នុងបាទសមុទ្រ អាចចំណាយ​ពេលរៀបចំសាងសង់យូរឆ្នាំណាស់។យ៉ាងណាក៏ដោយ ក្រុមហ៊ុនសហគ្រាសខ្លះបានចាប់ផ្តើមវិនិយោគហើយ។ នៅអាមេរិក រោងចក្រថ្មីមួយនឹងចាប់ផ្តើម​ដំណើរការ​នៅឆ្នាំក្រោយ ដែលបំពាក់ដោយ​បច្ចេកវិទ្យា ស្រូបយកឧស្ម័នកាបូនិកបានដល់ទៅ​១លានតោនក្នុងមួយឆ្នាំ។ នៅចិនវិញ រោងចក្រមួយនៅ ខេត្តJiangsu ទើបចាប់ផ្តើមដំណើរការ អាចចាប់កាក់ឧស្ម័នកាបូនិក បាន​៥សែនតោនក្នុងមួយឆ្នាំ​។ អាមេរិក កាណាដា ចិន កូរ៉េខាងត្បូង និងអឺរ៉ុបជាដើម គេចាប់ផ្តើមនាំគ្នាវិនិយោគក្នុងវិស័យនេះយ៉ាងក្រាស់ក្រែល។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក៏បានសន្យា​ផ្តល់ប្រាក់វិនិយោគដែរ។តែទន្ទឹមគ្នានេះ មនុស្សលោកយើង​ មិនអាចដាក់ក្តីសង្ឃឺម តែទៅលើការស្រូបយកឧស្ម័នកាបូនិកទៅទុកនេះដែរ។ វាជាមធ្យោបាយមួយល្អហើយ ក្នុងការកាត់បន្ថយកម្រិតឧស្ម័នកាបូនិក។ តែ​គ្រប់គ្នាក៏ត្រូវតែកាត់បន្ថយ​ការបញ្ចេញ ការផលិត​ឧស្ម័នកាបូនិកដែរ មិនមែនអាងតែបញ្ចេញហើយ អាចចាប់ទុកវិញនោះទេ។ មួយវិញទៀត វាមានមធ្យោបាយផ្សេងទៀត បែបធម្មជាតិ ដែល​មានប្រសិទ្ធភាពដែរ នោះគឺការ​រក្សាការពារព្រៃឈើ ដែលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការស្តុក​ទុកឧស្ម័នកាបូនិក កុំឲ្យ​វាអណ្តែតទៅក្នុងបរិយាកាស៕
7/5/20238 minutes, 29 seconds
Episode Artwork

រុស្ស៊ីដុតដៃដុតជើងឲ្យ​សម្ព័ន្ធមិត្តអ៊ីរ៉ង់​ក្លាយជាសមាជិ​ករបស់​អង្គការ​សហប្រតិបត្តិការក្រុងសៀងហៃ

អង្គការសហប្រតិបត្តិការ​ក្រុងសៀងហៃ​បាន​បើកជំនួបកំពូល​លើកទី​២៣ នៅថ្ងៃអង្គារ​នេះ ដោយ​មាន​ឥណ្ឌា​ធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងកិច្ចប្រជុំកំពូល តាម​វីដេអូ មេដឹកនាំ​របស់​ប្រទេស​សមាជិក​អង្គការ​សហប្រតិបត្តិការក្រុងសៀងហៃ ដែលមានដូចជា​លោកនាយករដ្ឋមន្រ្តីឥណ្ឌា ប្រធានាធិបតី​ចិន ប្រធានាធិបតី​រុស្ស៊ី និង​ថ្នាក់ដឹកនាំ​របស់​ប្រទេស​អាស៊ីកណ្តាល ត្រូវ​ពិភាក្សា​សំខាន់​ពីបញ្ហា​សន្តិសុខ ការដោះដូរពាណិជ្ជកម្ម និង​ការជំរុញ​បង្កើន​ឥទ្ធិពល​របស់​អង្គការ​សហប្រតិបត្តិការក្រុងសៀងហៃ តាមរយៈ​ការដាក់បញ្ចូល​អ៊ីរ៉ង់​ជា​សមាជិក​ទី​៩។ ដោយមានអ៊ីរ៉ង់ជា​សមាជិកមួយបន្ថែមទៀត តើអង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ​នឹង​មានទម្ងន់នយោបាយ ការទូត និង​សេដ្ឋកិច្ចកាន់តែ​ខ្លាំងជាងមុន? ជំនួបកំពូល​លើកទី​២៣​របស់​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ ដែល​ធ្វើឡើង តាម​វីដេអូ នៅថ្ងៃអង្គារត្រូវ​កត់សំគាល់ ដោយ​ការចូលជា​សមាជិកផ្លូវការ​របស់​អ៊ីរ៉ង់ ក្នុងនាមជា​សមាជិក​ទី​៩​របស់​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ។អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ (OCS) ជា​អង្គការ​អន្តររដ្ឋាភិបាល បង្កើត​ឡើង​ នៅថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០០១ នៅទីក្រុង​សៀងហៃ ដោយ​ប្រទេស​ចំនួន ៦ គឺ ចិន រុស្ស៊ី ហើយនិង​ប្រទេស​អតីតសហភាពសូវៀតនៅ​អាស៊ីកណ្តាល ចំនួន​៤ទៀត ដូចជា កាហ្សាក់ស្ថាន កៀហ្គីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និង​អ៊ូសបេគីស្ថាន។នៅ​ឆ្នាំ ២០១៦ អង្គការ​សហប្រតិបត្តិការក្រុង​សៀងហៃបាន​ពង្រីកខ្លួន ដោយ​បាន​ទទួល​យក​ឥណ្ឌា និង​ប៉ាគីស្ថាន​ចូលជា​សមាជិក​បន្ថែមទៀត រហូត​ធ្វើ​ឲ្យ​អង្គការ​ដែល​មាន​លេខាធិការដ្ឋាន​នៅទីក្រុង​ប៉េកាំង​មានសមាជិកសរុបចំនួន ៨។គោលបំណងដំបូង​ដែលធ្វើឲ្យ​គេបង្កើត​អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ គឺ​ដើម្បីហេតុផលសន្តិសុខ និង​សេដ្ឋកិច្ច ក្នុងតំបន់។ ប្រទេស​សមាជិក OCSដឹកនាំ​ដោយ​ចិន និង​រុស្ស៊ី ឧស្សាហ៍​រៀបចំ​សមយុទ្ធ​រួមគ្នា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម និងសហការគ្នា ក្នុងការចែកចាយ​ព័ត៌មាន​ក្នុង​វិស័យ​សន្តិសុខ។ និយាយ​ពីទីតាំង​ភូមិសាស្រ្ត អង្គការ​សហប្រតិបត្តិការក្រុង​សៀងហៃ ជា​អង្គការ​ថ្នាក់តំបន់​ធំជាងគេ​លើលោក ព្រោះ​វា​គ្របដណ្តប់​ផ្ទៃដីពិភពលោក ប្រមាណ ៣៤​លាន​គីឡូម៉ែត្រការ៉េ និង​មាន​ប្រជាជនសរុប ជាង ៣ពាន់លាននាក់ ដោយ​ត្រូវ​អរគុណ​ដល់​ចិន និង​ឥណ្ឌា​ដែលជាប្រទេស​សមាជិក។ ដោយមកពី​អង្គការ​សហប្រតិបត្តិការក្រុង​សៀងហៃ មានទំងន់ធ្ងន់ទាំងផ្នែក​ភូមិសាស្រ្ត និងប្រជាសាស្រ្ត (ប្រជាជន​តំណាង​ឲ្យ​៤២%​នៃប្រជាជនសរុបក្នុងពិភពលោក) ហើយ​និង​ទម្ងន់សេដ្ឋកិច្ច​ដែលស្មើនឹង ២២%​នៃ​ផលិតផល​ដុលសរុបរបស់ពិភពលោក អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ​បាន​ទាក់ទាញ ប្រទេស​កាន់តែច្រើន​ឲ្យ​ចង់ចូលជា​សមាជិក។ នៅ​ឆ្នាំ ២០០៥ អ៊ីរ៉ង់ បេឡារុស និង​ម៉ុងហ្គោលី បាន​ក្លាយជា​ប្រទេស​សង្កេតការណ៍។ នៅ​ឆ្នាំ ២០២១ ដែល​អ៊ីរ៉ង់​ត្រូវ​បានជ្រើសរើស​ឲ្យចូលជាសមាជិក ប៉ុន្តែ តាមរដ្ឋមន្រ្តីការបរទេស​រុស្ស៊ី អ៊ីរ៉ង់​នឹងក្លាយជា​សមាជិកពេញសិទ្ធិ​របស់​អង្គការ​សហប្រតិបត្តិការក្រុង​សៀងហៃ នៅក្នុងឱកាស​កិច្ចប្រជុំកំពូល​នៅថ្ងៃ​អង្គារនេះ ចំណែក​បេឡារុស នឹងត្រូវ​រើសបញ្ចូល​ជា​សមាជិក​ថ្មី​មួយទៀត របស់​អង្គការ នៅពេល​ខាងមុខ​អ៊ីរ៉ង់។ នេះគេនៅមិនទាន់និយាយ​ពី​អារ៉ាប៊ី សាអូឌីត ដែលចង់​ចូលជា​សមាជិក​មួយដែរ របស់​អង្គការសហប្រតិបត្តិការក្រុងសៀងហៃ ប៉ុន្តែ ដែលសព្វថ្ងៃ​កំពុងមានតួនាទី​ត្រឹម​ប្រទេស​សង្កេតការណ៍។អ៊ីរ៉ង់​នឹង​ទទួលប្រយោជន៍អ្វី បានជា​ចង់ចូល​ជា​សមាជិក​របស់​អង្គការ​សហប្រតិបត្តិការ​សៀងហៃ?ទម្ងន់សេដ្ឋកិច្ច និង​ភូមិសាស្រ្ត​នយោបាយ​របស់​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ ដែលប្រមូលផ្តុំ​ប្រទេស​មហាអំណាច​នៅអាស៊ី ដូចជា ចិន ឥណ្ឌា និង​រុស្ស៊ី ជា​ចំណុច​ទាក់ទាញ​អ៊ីរ៉ង់។ រង​ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​របស់​អាមេរិក និង​ការដាក់សម្ពាធ​របស់​សហភាពអឺរ៉ុប នៅក្នុងសំណុំរឿង​នុយក្លេអ៊ែរអ៊ីរ៉ង់ អ៊ីរ៉ង់ប្រឹងប្រែង​ចង់​ក្លាយជា​សមាជិករបស់​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ ដើម្បី​កុំ​ឲ្យ​ខ្លួន​នៅឯកោរ តទៅទៀត។ កន្លងមក ដោយសារ​តែ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក អ៊ីរ៉ង់​ពិបាក​លក់នាំចេញប្រេង ឧស្ម័ន​របស់ខ្លួន​ទៅបរទេស។ ចំណែកការនាំចូល​ទំនិញ ជាពិសេស​ថ្នាំពេទ្យ ទៅ​អ៊ីរ៉ង់ក៏ខ្សត់ខ្សោយ ដោយសារ​ការដាក់ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច។ ប៉ុន្តែ នៅពេលក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ អ៊ីរ៉ង់​នឹង​ងាយស្រួលច្រើន ក្នុង​ការលក់នាំចេញ​ប្រេង​របស់ខ្លួន និង​នាំចូលបច្ចេកវិទ្យាពីបរទេស ព្រោះថា អំណើះតទៅ អ៊ីរ៉ង់ នឹង​សហការធ្វើជំនួញ ផ្ទាល់ ជាមួយ​ប្រទេស​សមាជិក​របស់​អង្គការ​សហប្រតិបត្តិការក្រុង​សៀងហៃ ដែលមានចិន ឥណ្ឌា និង​រុស្ស៊ី ជាដើម ដែល​ឃ្លាតឆ្ងាយ មិនស្ថិតក្រោម​ឥទ្ធិពល ការដាក់សម្ពាធរបស់​អាមេរិក។ ក្រៅពី​ចូលជា​សមាជិក​របស់​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ អ៊ីរ៉ង់ នៅ​ចង់ក្លាយជាសមាជិក​របស់​ក្រុមប្រទេស​BRICS ប្រេស៊ីល រុស្ស៊ី​ចិន ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ដែល​គ្មានវត្តមានរបស់​ប្រទេស​លោកខាងលិច។ សព្វថ្ងៃនេះ អ៊ីរ៉ង់​ដែលកំពុង​ប្រទេស​សង្កេតការណ៍​កំពុងបង្កើនការចរចា ដើម្បី​ក្លាយ​ជា​ប្រទេសសមាជិករបស់​BRICS ឲ្យបាន​ឆាប់បំផុត។​រុស្ស៊ីអូសទាញ​សម្ព័ន្ធមិត្តអ៊ីរ៉ង់ និងបេឡារុសឲ្យចូលជាសមាជិក​របស់​អង្គការ​សហប្រតិបត្តិការសៀងហៃ?ប្រយោជន៍ គឺ​បាន​ទាំងសងខាង ទាំងអ៊ីរ៉ង់ និង​អង្គការ​សហប្រតិបត្តិការ​សៀងហៃ។ នៅពេល​ចូលជាសមាជិក​របស់​អង្គការ​សហប្រតិបត្តិការសៀងហៃ អ៊ីរ៉ង់សង្ឃឹមរកប្រាក់ចំណេញច្រើនជាងមុន ​ពីការលក់នាំចេញ​ប្រេង​របស់ខ្លួន ព្រោះថា ការដោះដូរ ធ្វើពាណិជ្ជកម្ម​ក្នុងចំណោមប្រទេស​សមាជិក​អង្គការ​សហប្រតិបត្តិការក្រុង​សៀងហៃ នឹងធ្វើឡើង​ដោយ​ប្រើរូបិយបណ្ណ​របស់​ប្រទេស​រៀងខ្លួនៗ ដោយលែង​ចាំបាច់ត្រូវ​ប្រើប្រាក់ដុល្លារអាមេរិកតទៅទៀត។ពីខាងអង្គការសហប្រតិបត្តិការ​ក្រុងសៀងហៃ វត្តមាន​របស់​អ៊ីរ៉ង់ជា​សមាជិក​ថ្មីមួយទៀត នឹង​ធ្វើ​ឲ្យអង្គការ​មួយនេះ អាចបោះទីតាំង ឈរជើង នៅតំបន់​ដើមបូព៌ា។ ម្យ៉ាង អ៊ីរ៉ង់​ជា​ប្រទេស​មហាសេដ្ឋី​ប្រេង​ដែល​ជា​ប្រភព​ថាមពល​ចាំបាច់ សម្រាប់សេដ្ឋកិច្ច របស់​ប្រទេស​សមាជិក ជាពិសេស​មហាអំណាច​ចិន។ក្រៅតែពីប្រទេស​សំបូរប្រេង អ៊ីរ៉ង់​ក៏កំពុងអភិវឌ្ឍ ចង់ក្លាយខ្លួនជាប្រទេស​មានអាវុធនុយក្លេអ៊ែរនឹងគេដែរ។ សព្វថ្ងៃនេះ អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ​មាន​ប្រមូលផ្តុំ​ប្រទេសមហាអំណាច​នុយក្លេអ៊ែរ ចំនួន​៤រួចហើយ គឺ​ចិន រុស្ស៊ី ឥណ្ឌា និង​ប៉ាគីស្ថាន។ បើសិន​មានអ៊ីរ៉ង់មួយទៀត​ជា​សមាជិក នោះ អង្គការ​សហប្រតិបត្តិការ​សៀងហៃ ជា​អង្គការ​ដែលមាន​ឥទ្ធិពល មានអំណាច​ខ្លាំងជាងគេ​នៅក្នុងលោក។ អ្នកដែលចង់ឲ្យ​ការប្រមូល​ផ្តុំ​អំណាច​នយោបាយ សេដ្ឋកិច្ចពិភពលោក មកនៅ​អាស៊ី តាមរយៈ​ការពង្រឹង បង្កើន​សមាជិករបស់អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ គ្មានអ្នកណា​ក្រៅពី​ចិន និង​រុស្ស៊ី ដែលជា​ប្រទេស​ស្ថាបនិក ជាពិសេស រុស្ស៊ីតែម្តង​ដែលជាអ្នកចេញមុខ​ជំរុញ ឲ្យ​អង្គការ​ទទួលយក​សមាជិកថ្មី តាំងពី​ឥណ្ឌា ប៉ាគីស្ថាន និង​ចុងក្រោយ គឺ​អ៊ីរ៉ង់ និង​បេឡារុស ដែលជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី។អង្គការ សហប្រតិបត្តិការក្រុងសៀងហៃ OCS ត្រូវបានគេ​មើលឃើញ​ជាទូទៅ​ថា ជា​គូប្រជែង​របស់​អូតង់ ព្រោះថាវា​ជា​អង្គការ​សន្តិសុខ​ដ៏កម្រ​មួយ ដែល​គ្មាន​សហរដ្ឋ​អាមេរិក និង​ប្រទេស​លោកខាងលិច​ចូលរួម ផ្ទុយទៅវិញ មានសុទ្ធតែ​ជា​អតីត​ប្រទេស​ក្នុង​ប្លុក​ខាង​កើត។ យុទ្ធសាស្រ្ត​របស់​អង្គការ OCS គឺ​ចង់​ធ្វើ​ជា​តួអង្គ​ដ៏​ចម្បង​មួយ ក្នុងការ​ទប់ស្កាត់​ឥទ្ធិពល​របស់​អាមេរិក នៅ​អាស៊ី។មានចិន ​រុស្ស៊ី ឥណ្ឌា និង​ប៉ាគីស្ថាន ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ និង​មានបន្ថែម អ៊ីរ៉ង់ រួមទាំង​ប្រទេស​អតីត​សហភាព​សូវៀត៤ ដែល​ជា​ប្រទេស​សម្បូរ​ប្រេងកាត ហើយ​គម្រោង​ទៅថ្ងៃ​មុខ​នឹង​ដាក់បញ្ចូលអារ៉ាប៊ីសាអូឌីត​បន្ថែមទៀត ចង់ ឬ​មិនចង់ អង្គការ OCS អាច​នឹង​ក្លាយ​ទៅជា​តួអង្គ​ដ៏​មាន​ឥទ្ធិពល​មួយ ​ទាំង​នៅ​អាស៊ី និង​នៅ​លើ​ឆាក​អន្តរជាតិ​ជាទូទៅ ប្រសិនបើ​ប្រទេស​ជាសមាជិក​ពិត​ជា​អាច​​ពង្រឹង​រចនាសម្ព័ន្ធ និង​បង្កើន​សហប្រតិបត្តិការរវាងគ្នា ​ដោយ​មិនឈ្លោះប្រកែកគ្នា។ ប៉ុន្តែ បញ្ហា​ចោទនៅត្រង់ថា ប្រទេស​សមាជិក​នៅមិនទាន់​មានទំនាក់ទំនង​រលូននឹងគ្នា​ខ្លាំងនោះទេ។ ជាក់ស្តែង ឥណ្ឌា​នៅតែ​ដំឡើងសំឡេងដាក់​ប៉ាគីស្ថាន ដែល​ឥណ្ឌា​ចោទថា ផ្តល់ជំរក​ឲ្យក្រុមភេរវនិយម វាយប្រហារ​ឥណ្ឌា។ ចំណែក​ចិន និង​ឥណ្ឌាក៏នៅឈ្លោះគ្នា នៅក្នុងជម្លោះព្រំដែន​នៅតំបន់​ភ្នំហិមាល័យ។
7/4/20237 minutes, 56 seconds
Episode Artwork

កុប្បកម្ម​នៅបារាំង៖ ក្រសួង​យុត្តិធម៌​ព្រមាន​ដាក់ទោស​ពន្ធនាគារ និង​ផាកពិន័យ​ឪពុកម្តាយ

កុប្បកម្ម អំពើហិង្សា​ដុតរថយន្ត ទ្រព្យសម្បត្តិសាធារៈ និង​វាយបំផ្លាញ​ចូលលួចហាងទំនិញ នៅបន្តមាននៅប្រទេស​បារាំង។ តាម​ក្រសួងមហាផ្ទៃបារាំង ប៉ូលិស​ចាប់ឃាត់ខ្លួន​មនុស្ស​ជាង ៧០០នាក់​នៅទូទាំងប្រទេស នៅក្នុងអំពើហិង្សា​កាលពីយប់ថ្ងៃ​សៅរ៍ម្សិលមិញ ពោល​គឺ​ធ្លាក់ចុះបន្តិច បើប្រៀបធៀប​នឹង​យប់ថ្ងៃ​សុក្រ ដែលមានចំនួន​ដល់ទៅជាង ៩០០នាក់ ក្នុងរយៈពេលតែមួយយប់។ ការប្រឈមមុខ​ហិង្សា​រវាង​កងកម្លាំងរសក្សា​សណ្តាប់ធ្នាប់ និង​កុប្បករ​ហាក់ធ្លាក់ចុះ​បន្តិច នៅទីក្រុង​ប៉ារីស នៅ​យប់ថ្ងៃ​សៅរ៍ ប៉ុន្តែ ទីក្រុងធំៗពីរ ដូចជា​លីយ៉ុង និងម៉ាសីយ៍កុប្បករ​នៅបន្តប្រើបាញ់​គ្រាប់កាំជ្រួច លាយ​កាំភ្លើងពិត​ទៅលើ​ប៉ូលិស។ នៅម៉ាសីយ៍ ក្រសួងមហាផ្ទៃបញ្ជូនប៉ូលិស​ទៅពង្រឹង​សន្តិសុខ​បន្ថែម បន្ទាប់ពី​មានការព្រួយបារម្ភ​ពីការផ្ទុះអំពើហិង្សា​សម្លាប់មនុស្ស នៅក្រោយ​ក្រុមកុប្បករ​វាយបំផ្លាញ​ចូល​លួច​ហាងលក់កាំភ្លើង មួយកន្លែង កាលពីថ្ងៃសុក្រ។ នៅព្រឹកថ្ងៃ​អាទិត្យនេះ អ្នកនយោបាយ​បារាំង​ត្រូវ​ភ្ញាក់ផ្អើល រន្ធត់ នៅបន្ទាប់ពី​គេហដ្ឋាន​របស់​ចៅហ្វាយក្រុង​ម្នាក់ នៅ​ជាយក្រុង​ប៉ារីស​ត្រូវ​កុប្បករ​បើករថយន្ត​បុកបំផ្លាញ នៅ​អាធ្រាត្រ​ថ្ងៃ​សៅរ៍ ដែលបាន​បណ្តាល​ឲ្យ​របួស ភរិយា និងកូនប្រុស​របស់​ចៅហ្វាយក្រុង។ តុល្យការ​របស់​ក្រសួងមហាផ្ទៃ​បារាំង​បង្ហាញថា នៅក្នុងកុប្បកម្ម កាលពី​យប់ថ្ងៃ​សៅរ៍ ដែលជាថ្ងៃទី ៥ នៃ​អំពើហិង្សា​ដែលផ្ទុះឡើង​នៅទូទាំងប្រទេស​បារាំង មនុស្ស​៧១៩នាក់ត្រូវបានចាប់ខ្លួន ចំណែក ប៉ូលិស និង​អាវុធហត្ថ​៤៥នាក់ រងរបួស។ នៅក្នុងអំពើហិង្សា​កាលពីថ្ងៃ​សៅរ៍ រថយន្តជិត ៦០០គ្រឿង និង​អគារជាង ៧០អគារ​ត្រូវដុតបំផ្លាញ រីឯ ស្នងការដ្ឋាន និង​ប៉ុស្ត​ពន្លត់​អគ្គិភ័យ ជាង​៣០​បាន​ក្លាយ ជា​ផ្ទាំងស៊ីប​វាយប្រហារ​របស់​បាតុករ។នៅចំពោះមុខ​អំពើហិង្សាដែលផ្ទុះឡើង​៥ថ្ងៃ​មកហើយ នៅក្រោយ​យុវជនណាអែល ត្រូវ​ប៉ូលិស​បាញ់ស្លាប់ នៅក្នុង​ពេល​ត្រួតពិនិត្យ​ចរាចរណ៍ ប្រធានាធិបតីបារាំង លោកម៉ាក្រុង​បាន​លុបចោល​ទស្សនកិច្ចផ្លូវរដ្ឋ​នៅអាល្លឺម៉ង់ ដែលត្រូវ​ចាប់ផ្តើម​នៅថ្ងៃអាទិត្យនេះ។ នៅ​បណ្តា​ប្រទេសអឺរ៉ុប​កាន់តែច្រើន ចាប់ផ្តើម​ដោយ​អង់គ្លេស រដ្ឋាភិបាល​បាន​អំពាវនាវ​ប្រជាជន​របស់ខ្លួន​កុំ​ឲ្យធ្វើដំណើរ ឬ​ត្រូវ​ប្រុងប្រយ័ត្ន នៅពេលធ្វើ​ដំណើរ​នៅបារាំង។ កុងស៊ុលចិន នៅ​ខេត្ត​ម៉ាសីយ៍​ផ្ញើលិខិតតវ៉ា​ទៅកាន់ អាជ្ញាធរ​បារាំង នៅក្រោយ រថយន្តដឹក​អ្នកទេសចរចិន​មួយគ្រឿង​រងការវាយប្រហារ​គប់ដុំថ្ម​របស់​បាតុករ​ហិង្សាកាលពីថ្ងៃ​យប់ថ្ងៃសៅរ៍។ អ៊ីរ៉ង់​វិញ​ដែល​ធ្លាប់​រង​ការរិះគន់​ពី​បារាំង ថា​ប្រើអំពើហិង្សា​បង្រ្កាប​លើ​បាតុករ កន្លងមក បាន​និយាយ​ឌឺដងដាក់​បារាំង ឲ្យ​ឈប់​ប្រើអំពើហិង្សា​ទៅលើ​ប្រជាជន​ឯង។អំពើហិង្សា នៅបារាំង​លើកនេះ មាន​លក្ខណៈខុសប្លែក​ពី​អំពើហិង្សា កន្លងទៅ ជាពិសេស បើប្រៀបធៀប​នឹងកុប្បកម្ម​ឆ្នាំ ២០០៥ នៅពេល​អំពើហិង្សាផ្ទុះឡើង​ សំដៅ​ប្រឆាំង​តែ​ប៉ូលិស ដែលគេចោទថា រើសអើង អ្នកដែលរស់នៅក្នុងសង្កាត់​ក្រីក្រ សង្កាត់ជាយក្រុង។ អំពើហិង្សាលើកនេះ ផ្ទុះកើតចេញដំបូង ដោយសារ​គេ​ខឹង​នឹង​ប៉ូលិស​ដែលគេចោទថា ​រើសអើង បាញ់សម្លាប់​យុវជន​ណាអែល អាយុ​១៧ឆ្នាំម្នាក់ ដើមកំណើត អាល់ហ្សេរី។ ប៉ុន្តែ កុប្បកម្ម នៅប៉ុន្មានថ្ងៃ​មកនេះ ដែលបាន​បំផ្លាញ សាលាក្រុង សាលារៀន មន្ទីរពេទ្យ បង្ហាញថា វា​មិនត្រឹម​ជាការសំដែង​កំហឹង ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ និង​ការរើសអើង​របស់​ប៉ូលិស​ទៅលើ​អ្នករស់នៅក្នុង​សង្កាត់ក្រីក្រ សង្កាត់ជាយក្រុងតែប៉ុណ្នោះទេ ប៉ុន្តែ វា​បង្ហាញ​ពី​ក្តីក្រេវក្រោធ​របស់​យុវជន ដែលលែងជឿទុកចិត្តលើ​​ រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ដែលពួកគេ​ចោទថា ខ្ជីខ្ជា មិនយកចិត្ត​ទុកដាក់ ពីជីវភាព ជោគវាសនា​អនាគត​របស់​អ្នករស់នៅ​តាម​ជាយក្រុង នៅសង្កាត់ក្រីក្រ។តើ​ប៉ូលិសបារាំង​ពិតជា​រើសអើង?តាមការសិក្សា​កាលពី​ឆ្នាំ ២០២០ យុវជន​បារាំង រស់នៅ​សង្កាត់​ជាយក្រុង ដែលមានអាយុ ពី ១៨ ទៅ​៣០ឆ្នាំ​ ចំនួន​៥០%​និយាយ​ថា ពួកគេ​គ្មាន​ទំនុកចិត្ត​លើ​ប៉ូលិស​បារាំងទេ។ ពួកគេ​ប្រមាណ ៧៩%និយាយ​ថា ប៉ូលិស​ពិតជា​ប្រព្រឹត្តអំពើហិង្សា ចំណែក មនុស្ស​៤៨%​និយាយថា ប៉ូលិស​បារាំង​រើសអើង។រឿងប៉ូលិស​បារាំង​រើសអើងនេះ តាមពិត​ធ្លាប់ត្រូវ​បាន​គណៈកម្មការរបស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ការរើសអើង​ពូជសាសន៍ ទាញសញ្ញា​អាសន្ន​ម្តងហើយ កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន។ គណៈកម្មការ​របស់អង្គការ​សហប្រជាជាតិ​បាន​សំដែងក្តីបារម្ភ​នៅត្រង់ថា នៅពេល​ ​ចាប់​ឆែកឆេរ ត្រួតពិនិត្យ រកអត្តសញ្ញាណបណ្ណ ប៉ូលិស​បារាំង​មើលតែមុខ។ ជាញយដង រាល់អ្នកដែល​មាន​ដើមកំណើតអាហ្វ្រិក កូនចៅអារ៉ាប់ ឬជនជាតិរ៉ូម តែងត្រូវប៉ូលិស​បារាំង​ដៅមុខ ចាប់​មក​សួរដេញដោលមុនគេ។ នៅ​សង្កាត់ជាយក្រុង​ទៀតសោត ជាទីដែលប៉ូលិស​បារាំង​ឧស្សាហ៍ចុះ​ទៅ​ស្រាវជ្រាវ​បទឧក្រិដ្ឋ ការជួញដូរគ្រឿងញៀន យុវជន​នៅក្នុងសង្កាត់ទាំងនោះ ភាគច្រើននិយាយថា ពួកគេ​ត្រូវ​ប៉ូលិស​ចាប់វាយធ្វើបាប ទោះបីជា​ពួកគេ​គ្មានជាប់​ពាក់ព័ន្ធ ឬ​ប្រព្រឹត្ត​បទល្មើសអ្វីក៏ដោយ។នៅក្នុងសារ​កាលពីថ្ងៃ​សុក្រ ដើម្បីប្រតិកម្ម​នឹង​អំពើហិង្សា នៅប្រទេស​បារាំង អ្នកនាំពាក្យ​របស់​ឧត្តមស្នងការសិទ្ធិមនុស្ស​ក៏បាន​បង្ហាញ​ក្តីបារម្ភ​ពីរឿងដែលប៉ូលិសបារាំងអនុវត្តច្បាប់​ដោយ​មានការរើសអើង ប្រកាន់​ពូជសាសន៍នេះ។ ប៉ុន្តែ រដ្ឋាភិបាល​បារាំង វិញ​បាន​បដិសេធ​ទាត់ចោល​ការចោទប្រកាន់ ដោយថា បារាំង​ជាប្រទេស​គោរពសិទ្ធិមនុស្ស ចំណែកប៉ូលិស​បារាំង​ប្រឹងប្រែងធ្វើការ​ដើម្បីធានារក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុងប្រទេស​មួយ​ដែល​បទឧក្រិដ្ឋកម្ម​ជួញដូរ​គ្រឿងញៀន និងបទល្មើស កាន់តែមានចំនួនកើនឡើងនៅប៉ុន្មានឆ្នាំមកនេះ។រដ្ឋមន្រ្តីយុត្តិធម៌​ព្រមាន​ទោសជាប់ពន្ធនាគារ​សម្រាប់​ឪពុកម្តាយ​ដែល​បណ្តោយ​ឲ្យកូន​ចូលរួម​ក្នុង​កុប្បកម្មនៅថ្ងៃ​សុក្រ លោក​ម៉ាក្រុង​អំពាវនាវ​ឲ្យ​ឪពុកម្តាយ​ទទួលខុសត្រូវ បន្ទាប់ពីក្រសួងមហាផ្ទៃបង្ហាញ​ថា នៅក្នុងចំណោមមនុស្ស​ចាប់ខ្លួន ដោយសារ​ការប្រព្រឹត្តអំពើហិង្សា ចូលលួចហាងទំនិញ មាន​១ភាគ​៣​ជា​អនិតិជន អាយុ ពី ១៤ ទៅ​១៨ឆ្នាំ។ទៅតាម​សេចក្តីណែនាំ​របស់​ក្រសួងយុត្តិធម៌  ដែល​រដ្ឋអាជ្ញា​នៅទូទាំងប្រទេស​បានទទួល​កាលពីថ្ងៃ​សុក្រ ឪពុកម្តាយ​ដែល​ខ្វះការទទួលខុសត្រូវ ក្នុងការអប់រំ មើលថែទាំកូន ទៅតាមការកំណត់របស់ច្បាប់ ហើយ​បណ្តោយ​ឲ្យកូន​ទៅ​ដើរប៉ោឡែ​តាមផ្លូវ ទៅ​ដុតបំផ្លាញ​ទ្រព្យសម្បត្តិសាធារណៈ វាយបំផ្លាញ និង​ចូលទៅលួចទំនិញ យ៉ាងដូច្នេះ គឺ​អាច​ប្រឈមនឹង​ការទោស​ជាប់ពន្ធនាគារ ២ឆ្នាំ និង​បង់ប្រាក់ពិន័យ ៣ ម៉ឺនអឺរ៉ូ។ សម្រាប់រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ លោក Eric Dupond-Moretti នៅពេល​កុប្បករ ដែល​១ភាគបី ជាអនិតិជន ដើរដុតបំផ្លាញ រថយន្ត វាយប្រហារប៉ូលិសមានសមត្ថកិច្ច យ៉ាងដូច្នេះ មិនមែន​រដ្ឋាភិបាល​ទេ​ដែល​ត្រូវ​ទទួលខុសត្រូវ ប៉ុន្តែ គឺ​ឪពុកម្តាយ ដែលមិន​បាន​អប់រំប្រៀនប្រដៅ។តាម​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឪពុកម្តាយ​ដែល​មិនព្រម​ទៅ​បង្ហាញ​មុខ​នៅ​ក្នុងសវនាការ​កាត់ទោស​កូនដែលជា​អនិតិជន​ក៏ត្រូវ​រងការបង់ប្រាក់ពិន័យ​៣៧០០០អឺរ៉ូ។ លើសពីនោះ ឪពុកម្តាយ​ត្រូវ​បង់សង​ថ្លៃខូចខាត ដោយសារ​តែ​កូនៗ​របស់ខ្លួន ធ្វើ​កុប្បកម្ម វាយបំផ្លាញ ចូលលួច​ហាងទំនិញ។ហាង និងធនាគារ​៧០០កន្លែងត្រូវ​បំផ្លាញគាស់លួច នៅក្នុងរយៈពេល ៥ថ្ងៃ​នៃកុប្បកម្មកុប្បកម្ម​រយៈពេល​៣សប្តាហ៍ កាលពី​ឆ្នាំ ២០០៥ បានធ្វើ​ឲ្យមានការខាតបង់​ប្រាក់ប្រមាណ ២០៤​លាន​អឺរ៉ូ។ ប៉ុន្តែ កុប្បកម្ម​លើកនេះ​នឹង​អាច​ធ្វើមានការបាត់បង់​ប្រាក់ច្រើនសន្ធឹកសន្ធាប់។ តាម​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​បារាំង នៅក្នុង​កុប្បកម្ម នៅក្នុង​រយៈពេល ៥ថ្ងៃមកនេះ ហាងទំនិញ ធនាគារ ប្រមាណ​៧០០​កន្លែង នៅទូទាំងប្រទេស ត្រូវ​គេ​វាយបំផ្លាញ ចូល​លួច​ទំនិញ ដែលអាច​ខោអាវ ទឹកអប់​ស្បែកជើង និង​ចំណីអាហារ ទឹកសុទ្ធ៕
7/2/20237 minutes, 8 seconds
Episode Artwork

ប្រមុខ​​ហុងកុង ព្រមាន​ប្រឆាំង​នឹង​ចលនា​តស៊ូ​ស្រទន់ ​ក្នុង​ថ្ងៃ​ខួប​ប្រគល់​ហុងកុង​មក​ចិន

ខុស​ពី​ទម្លាប់ និង​ដូច​កាលពី​ឆ្នាំ​ទៅ​ដែរ គ្មាន​ទេ​ការ​ប្រមូល​ផ្តុំ គ្មាន​ការ​ទេ​បាតុកម្ម ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព បែប​ប្រជាធិបតេយ្យ នៅហុងកុង នា​ថ្ងៃ​ខួប​២៦​ឆ្នាំ​នៃ​ការ​ប្រគល់​ដែន​ដីក្រោម​អាណានិគមអង់គ្លេស ទៅ​ឱ្យ​ចិន​វិញ។ គឺ​មាន​តែ​ពាក្យ​ព្រមាន​របស់​អាជ្ញាធរ។ នៅ​ថ្ងៃទី ១ កក្កដា​២០២៣​នេះ ប្រមុខ​ដឹកនាំ​កោះ​ហុងកុង លោក ចន លី បាន​ប្រកាសថា​ក្រុង​ហុងកុងត្រូវ​តែ​ការពារ​ខ្លួន​ប្រឆាំង​នឹង​កម្លាំង​បំផ្លិចបំផ្លាញ​ដែល​ជា​​ចលនា​​​តស៊ូ​ស្រទន់។ នៅថ្ងៃ​សៅរ៍​នេះ ប៉ូលិស​ហុងកុង​បាន​ប្រកាស​ថា គ្មាន​ទេ​ពាក្យ​សុំ​ធ្វើ​បាតុកម្ម ឬ​សុំ​​ដើរ​ដង្ហែ​ក្បួន​ផ្សេងៗ។ ដង​ផ្លូវ​ក្រុង​ហុងកុង មានលក្ខណៈ​ស្ងប់​ស្ងាត់ល្អ​​ ​ខុសស្រឡះ​ពី​ថ្ងៃ​ខួប​នៃការផ្ទេរដែនដីហុងកុង​ទៅ​ឲ្យ​ចិន​ នា​ឆ្នាំ​មុនៗ។ រហូត​មក​ទល់​​ឆ្នាំ​២០១៩ ថ្ងៃ​១កក្កដា ជា​ឱកាស​ដែលប្រជាជន​ហុងកុង នាំគ្នា​ធ្វើ​​បាតុកម្ម - មហាបាតុកម្ម​ ​ ស្រែករិះគន់​​រដ្ឋាភិបាល​ប៉េកាំង និង​ទាមទារ​ឲ្យមានការគោរព​សិទិ្ធសេរីភាព និង​លទ្ធិប្រជាធិបតេយ្យនៅហុងកុង ។ល។ និង ។ល។ តែដូច​ឆ្នាំ២០២២​ដែរ នៅ​​ឆ្នាំ​នេះ សកម្មជន​ប្រជាធិបតេយ្យ បាន​អះអាង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFPថា អាជ្ញាធរ​បាន​មក​រំឭក​ដល់​ពួកគេ​មិន​ឱ្យ​រៀប​ចំ​បាតុកម្ម​នា​ថ្ងៃទី ១​ កក្កដា​២០២៣ ឬធ្វើ​សកម្មភាព​ប្រមូល​ផ្តុំ​គ្នា​នៅ​មុន​ថ្ងៃ​ខួប​​ទេ។ ជា​ផ្លូវការ ការ​ដង្ហែ​ក្បួន​បាតុកម្ម ក៏​ដូច​ជា​ការ​ប្រមូល​ផ្តុំ​ត្រូវ​ហាមឃាត់​ តាំងពី​ពីរ​ឆ្នាំ​មក​ហើយ ដោយ​មូលហេតុ​សុខាភិបាល​និង​សន្តិសុខ។ ច្បាប់​សន្តិសុខ​តម្រូវ​ដោយ​ប៉េកាំង ក្រោយ​មហាបាតុកម្ម​ឆ្នាំ​២០១៩ ដែល​ចូល​ជា​ធរមាន​កាលពី ថ្ងៃទី ៣០មិថុនា​ឆ្នាំ​២០២០ បាន​ច្រិប​បង្ហើយ​​សេរីភាព​ហុងកុង​ដែល​នៅសេសសល់​ ក្រោយ​ដើរ​ចេញ​ពី​ការ​​គ្រប់គ្រង​ដោយ​​អង់គ្លេស​។ មិនអាច​ចុះថ្នល់​ធ្វើ​បាតុកម្ម​​ ប្រព័ន្ធ​ឃោសនា​ព័ត៌មានប្រឆាំង​ត្រូវ​បិទ​ អ្នកនយោបាយ​ប្រឆាំង​ត្រូវ​អាជ្ញាធរ​បង្រ្កាប ​ឬ​ចាប់ដាក់ពន្ធនាគារ ដោយ​យោងតាម​​ច្បាប់ការពារ​សន្តិសុខជាតិ ហើយ​មេដឹកនាំ​ហុងកុងត្រូវជ្រើសរើស​ចេញពី​ក្រុមដែល​ស្មោះស្ម័គ្រ​នឹង​ទីក្រុង​ប៉េកាំង ... នេះ​ហើយ​ហុងកុង​-២៦​ឆ្នាំ​ក្រោម​កណ្តាប់​ដៃ​ដឹកនាំ​របស់​ចិន។ សម្រាប់​សកម្មជនប្រឆាំង​ហុងកុង​ គោលការណ៍​ “ប្រទេស​មួយ ប្រព័ន្ធគ្រប់គ្រង​ពីរ​” ដែល​មាន​ចែង​ក្នុងកិច្ចព្រមព្រៀង​ជាមួយ​អង់គ្លេស ​ឆ្នាំ១៩៨៤ ​ ​បាន​រលាយស្លាប់បាត់ទៅហើយ។អង់គ្លេស​ដែល​បាន​ដាក់​អាណានិគម​លើ​ហុងកុងជាង​​១៥០ឆ្នាំ ព្រមប្រគល់​ដែន​កោះ​នេះ​ទៅ​ឱ្យ​ចិន​ជា​ម្ចាស់ដើម​វិញ ជា​ថ្នូរ​នឹង​​អនុវត្ត​គោលការណ៍ ប្រទេស​មួយ ប្រព័ន្ធពីរ​ ពី​ឆ្នាំ​១៩៩៧-២០៤៧ ពោល​គឺ​ហុងកុង​​​ជា “តំបន់​រដ្ឋបាល​ពិសេស” មាន​ប្រព័ន្ធ​គ្រប់គ្រង​អំណាច​នីតិ​បញ្ញតិ នីតិប្រតិបត្តិ និង​អំណាចតុលាការ​ផ្ទាល់​ខ្លួន ដូច​ប្រទេស​ឯករាជ្យ​មួយ លើក​លែង​ ​តែ​នយោបាយការបរទេស និង​នយោបាយការពារជាតិ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ចលនាតស៊ូស្រទន់នៅក្នុង​សុន្ទរកថា នា​ឱកា​ប្រារព្វ​ខួប​លើ​កទី ២៦​ឆ្នាំ​ នៃ​ការ​ប្រគល់​ហុងកុង​មក​ឱ្យ​ចិន​វិញ​ លោក ចន​ លី ប្រមុខដឹកនាំកោះ​ហុងកុង ដែល​ធ្លាប់​ធ្វើ​ជា​ប្រធានសន្តិសុខ​ហុងកុង និង​ជាអ្នក​គាស់​រំលើង​ចលនា​បាតុកម្ម​ឆ្នាំ​២០១៩ បាន​អះអាង​ថា​ ពេល​នេះ​ ស្ថានភាពហុងកុង​មាន​ស្ថិរភាព​ទូលំទូលាយ ជាទូទៅ​។ ចូល​កាន់​តំណែង​ជា​ប្រមុខ​ដឹកនាំហុងកុង​កាលពី​ថ្ងៃទី ១ កក្កដា​២០២២​ ត្រូវ​ជាមួយ​ឆ្នាំ​គត់​មុន លោក លី ​បាន​អួត​អាងបន្ថែ​ម​​ទៀត​ថា ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដែល​សេដ្ឋកិច្ច​ត្រូវ​រង​គ្រោះ​យ៉ាងដំណំ​ដោយ​វិធានការ​រិតត្បិត​ប្រឆាំង​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩ កំពុង​ស្ថិត​នៅលើ​គន្លង​ផ្លូវ​ដ៏​រលូន​ដែល​នឹង​អាច​វិល​មក​រក​ភាព​ធម្មតា​ឡើង​វិញ​ក្នុង​ពេល​ដ៏​ឆាប់​រហ័ស។ ចំណែក​ផលិតផល​សរុប​ក្នុង​ស្រុក​ហុងកុង នឹង​ត្រូវ​មាន​កំណើន​​ប្រមាណ​ពី ៣,៥​ទៅ​៥,៥% នៅឆ្នាំ​២០២៣នេះ។ប៉ុន្តែ​ហុងកុង​នៅ​តែ​ជា​ផ្ទាំង​ស៊ីប​​របស់​ប្រទេស​ដែល​ប្រឆាំង​នឹង​ការ​ស្ទុះ​ឡើងជា​មហាអំណាច​​របស់​ចិន​។ ជា​​កម្លាំង​បំផ្លិចបំផ្លាញ​​ដែល​កំពុង​ធ្វើ​ចលនា​តស៊ូ​បែប​ស្រទន់​លាក់​ខ្លួន​ក្នុង​ផ្ទៃ​ហុងកុង។ ​ហេតុដូច្នេះ​ហើយ​បាន​ជា​ សម្រាប់​លោក ចន លី ហុងកុង​ត្រូវ​តែ​បន្ត​ប្រុង​ប្រយ័ត្ន​ និង​ផ្តើម​គំនិត​ចាត់​វិធានការ​ ដោយ​​ខ្លួន​​ឯង ដើម្បី​ការពារសន្តិសុខ​ជាតិ។បន្ថែម​ពីលើ​ការ​​ហាមឃាត់​បាតុកម្ម បើ​តាម​សារព័ត៌មាន​មូលដ្ឋាន អាជ្ញាធរ​ហុងកុង បាន​ដាក់​ពង្រាយ​កង​កម្លាំងនគរបាល ​ប្រមាណ​ជាង ៦ពាន់​នាក់ទៀត នា​ថ្ងៃ​ខួប​ទី​២៦​ឆ្នាំ​នេះ ​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់។ច្បាប់​ចារកិច្ចថ្មី​របស់​ចិនក្នុង​ពេល​ទន្ទឹម​គ្នា​ ដោយ​លេស​សន្តិសុខ​ជាតិដូច​គ្នា ចិន​បាន​ពង្រឹង​ច្បាប់​ចារកិច្ច ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សៅរ៍​នេះដែរ។ជា​ច្បាប់​ដែល​ផ្តល់និង​ពង្រឹង​​អំណាច​ខ្លាំង​ដល់​អាជ្ញាធរ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្វី​ដែល​គេ​ចាត់​ទុក​ជា​​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ។ រាល់​គ្រប់​ការ​ទទួល​បាន​នូវ​ឯកសារ ទិន្នន័យ សម្ភារៈ ឬ​វត្ថុ​ មាន​ពាក់​ព័ន្ធ នឹង​សន្តិសុខ​ព្រមទាំង​ផលប្រយោជន៍​ជាតិ ដោយគ្មានការ​អនុញ្ញត នឹង​ត្រូវ​ចាត់​ទុក​ថា​ជា​បទ​ចារកិច្ច​ទាំង​អស់។ ​សម្រាប់​អ្នក​វិភាគ​ និង​អ្នក​ច្បាប់ ច្បាប់​ចារកិច្ច​ចិន​ថ្មី ពង្រីក​ដែន​ទង្វើ​ចារកិច្ច​កាន់​តែ​ធំ កំណត់​និយមន័យ​សន្តិសុខ​ជាតិ​យ៉ាង​ទូលំទូលាយ​បំផុត ហើយ​ត្រូវ​អនុវត្ត​នៅ​ក្នុង​គ្រប់​ស្រទាប់​សង្គម​ និង​គ្រប់​វិស័យ​ទាំងអស់។ ច្បាប់​នេះច្បាស់​ជា​​នឹង​មាន​ឥទ្ធិពល​កំឡាខ្លាំង ជាចំពោះ​​ប្រជាជនដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹងជន​​បរទេស ឬ​អង្គការ​អន្តរជាតិ​​។ ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់​ចារកិច្ច​ថ្មី ប្រព្រឹត្តទៅ​ក្នុង​ខណៈ​​ដែ​លក្រុមហ៊ុនបរទេស​ជា​ច្រើនរង់​ចាំ​ដំណោះស្រាយ ព្រោះ​តាំង​ពី​ដើម​ឆ្នាំ​មក​ ​​ក្រុមហ៊ុន​អាមេរិកមួយ​ចំនួន បាន​រង​ការ​ឆែកឆេរ ឬ​ហៅ​ទៅសួរ​ចម្លើយ​ និង​បង្ក​បង្កើត​ឱ្យ​មាន​ភាព​ជ្រួល​ច្របល់​មិន​តិច​ទេ។ ហេតុដូច្នេះ​ហើយ​បាន​​ ជា​​ក្រុមហ៊ុន​ សហគ្រាស​ក៏​ព្រួយ​បារម្ភ​ខ្លាំង នៅ​ចំពោះ​មុខ​ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់​ចារកិច្ចថ្មី ខ្លាច​ក្រែង​តែ​មាន​ការ​ត្រួត​ពិនិត្យ​កាន់​ខ្លាំង និង​ជា​ការ​ព្រួយ​បារម្ភ​ដ៏​សមហេតុផល។ ​​សកម្មភាពពាណិជ្ជកម្ម​ខ្លះ​ដែល​ធ្លាប់​ជា​សកម្មភាព ធម្មតា  នៃ​កា​រជជែក​រឿង​សម្ងាត់​ពាណិជ្ជកម្ម ការ​សិក្សា​ទីផ្សារ ចែករំលែក​ទិន្នន័យ ឬ​ការ​ប្រមូលព័ត៌មាន​ពាណិជ្ជកម្ម អាច​មាន​ហានិភ័យ​ចាត់​ចូល​ជា​ទង្វើ​បែប​ចារកិច្ច​បាន។ នេះ​បើ​តាម​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ចិនអាមេរិក ព្រោះ​ច្បាប់​មិន​បាន​លម្អិត​អំពី​ប្រភេទ​នៃទិន្នន័យ នៃ​ឯកសារ ឬ​សម្ភារៈ​ មានពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ​ទេ។ប៉ុន្តែសម្រាប់​ចិន ច្បាប់​ចារកិច្ច​ប្រហាក់ប្រហែល​នឹង​ច្បាប់​របស់​ខ្លួន មាន​ប្រើ​ច្រើន​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ច្រើនណាស់ និង​រួច​មក​ហើយ។ ដូច្នេះ​ចិន​ក៏​មាន​សិទ្ធ​ត្រូវ​ការពារ​ថែក្សា​សន្តិសុខ​ជាតិ​របស់​ខ្លួន​ឯង​ ដោយធានា​មិន​រំលង​​នីតិរដ្ឋ​ទេ៕
7/1/20238 minutes, 10 seconds
Episode Artwork

តើបារាំង​នឹង​អាច​ជួប​កុប្បកម្ម​ទ្រង់ទ្រាយធំ ដូចកាល​ឆ្នាំ ២០០៥?

ប្រធានាធិបតីបារាំង លោកម៉ាក្រុង​ប្រញាប់​ត្រលប់ពី​ជំនួបកំពូលអឺរ៉ុប នៅទីក្រុងព្រុចសែល នៅថ្ងៃ​សុក្រនេះ ដើម្បី​កោះប្រជុំ​បន្ទាន់រដ្ឋាភិបាល នៅបន្ទាប់ពី​អំពើហិង្សា អនាធិបតេយ្យ ដុតរថយន្ត អគារ ទ្រព្យសម្បត្តិ​សាធារណៈ ​ផ្ទុះកក្រើក បី​យប់​ជាប់ៗគ្នា នៅទូទាំង​ប្រទេសបារាំង។ បារាំង​ជួប​អំពើហិង្សាដែល​ផ្ទុះកើតចេញមក​ពី​កំហឹង​របស់​ប្រជាជន​ជាយក្រុង នៅក្រោយ​យុវជនអាយុ​១៧ឆ្នាំ ឈ្មោះ ណាអែលត្រូវ​ប៉ូលិស​បាញ់សម្លាប់ នៅក្នុងពេល​ត្រួតពិនិត្យ ចរាចរណ៍ កាលពីថ្ងៃអង្គារ។ ប្រធានាធិបតីបារាំង​កោះប្រជុំបន្ទាន់ ដើម្បីដោះស្រាយវិបត្តិ ដែល​គេកំពុង​បារម្ភខ្លាច​ថា នឹង​អាច​រាលដាលទៅជា​កុប្បកម្ម​ទ្រង់ទ្រាយធំ ដូច​កាលឆ្នាំ ២០០៥ ឆ្នាំ​ដែលបារាំង​ប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាព​អាសន្ន ជាលើកទី​១ គិតចាប់តាំង សង្រ្គាមបារាំង នៅ​អាល់ហ្សេរី។ ប្រធានាធិបតី​បារាំង លោកម៉ាក្រុង​បានកោះប្រជុំបន្ទាន់ នៅថ្ងៃសុក្រម្សិលមិញ បន្ទាប់ពី​កិច្ចប្រជុំពិសេស កាលពីថ្ងៃ​ព្រហស្បតិ៍។ នៅក្នុងកិច្ចប្រជុំ​ដោះស្រាយវិបត្តិ នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃ​សុក្រ ប្រមុខដឹកនាំ​បារាំង​កោតសរសើរ​ចំណាត់ការទាន់រហ័ស និងសមស្រប​របស់​កម្លាំងមាន​សមត្ថកិច្ច នៅចំពោះមុខ​ការប្រព្រឹត្ត​អំពើហិង្សា កាលពីយប់​ថ្ងៃ​ព្រហស្បតិ៍។ ប្រធានាធិបតីបារាំង​បាន​បញ្ជា​ឲ្យមានការពង្រាយកម្លាំងប៉ូលិស​បន្ថែម និង​អំពាវនាវ​ឲ្យ​ឪពុកម្តាយមានការទទួលខុសត្រូវ ដោយ​ត្រូវ​ឃាត់ទុក​កូននៅក្នុងផ្ទះ កុំ​ឲ្យ​ទៅ​ចូលរួម​ក្នុងកុប្បកម្ម។ តាម​លោក​ម៉ាក្រុង ក្នុងចំណោម​មនុស្ស​៨៧៥នាក់ ដែល​ប៉ូលិស​ចាប់ខ្លួន ​ក្នុង​អំពើហិង្សា​នៅទូទាំងប្រទេស កាល​ពី​ថ្ងៃព្រហស្បតិ៍ មាន​១ភាគ​៣ជា​កុមារ អាយុ​ចន្លោះពី ១៤ ទៅ ១៨ឆ្នាំ។ រដ្ឋមន្រ្តី​មហាផ្ទៃ​បារាំង លោកGerald Darmanin និយាយ​ថា នៅក្នុងអំពើហិង្សា កាលពីថ្ងៃ​ព្រហស្បតិ៍ មនុស្ស​ ​ប៉ូលិសជាង​២០០នាក់​រង​របួស​ដោយសារ​ការវាយប្រហារ​របស់​ក្រុមកុប្បករ។ក្រៅពីប្រកាស​ពង្រាយប៉ូលិស​បន្ថែម លោកម៉ាក្រុង​ទាមទារ​ឲ្យ​បណ្តាញសង្គម​លុបចោល គណនីណា​ដែល​បង្ហោះផ្សាយ​រូបភាព ញុះញង់​​ឲ្យមានការប្រព្រឹត្តអំពើហិង្សា។ចាប់តាំងពី​ថ្ងៃ​ដែល​យុវជន​ណាអែល ត្រូវ​ប៉ូលិស​បាញ់ស្លាប់ នៅក្នុងពេល​ត្រួតពិនិត្យ​ចរាចរណ៍ នៅជាយក្រុងប៉ារីស អំពើហិង្សា​កាន់តែ​ខ្លាំងក្លា និងរាលដាលទូទាំងប្រទេស​បារាំង។ នៅយប់ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ សាលារៀន ទីស្នាក់ការប៉ូលិស និងរថយន្តក្រុង​ជាដើម​គ្រឿង ត្រូវ​ពួក​កុប្បករ​ដុតបំផ្លាញ។ នៅតាម​ទីក្រុង​ធំៗ ដូចជា នៅ​ទីក្រុង​ប៉ារីសដើម ជនខិលខូច ឆ្លៀតឱកាស វាយបំផ្លាញ ចូល​គាស់​លួច​ហាងទំនិញជាច្រើន នៅតាមផ្លូវ​ទៅ​សារមន្ទីរLouvre។ អំពើ​ហិង្សា នៅ​៣យប់​ជាប់គ្នា ដែលគេ​មិនដឹងថា នឹង​អាច​ចប់ពេលណា កំពុង​ធ្វើ​ឲ្យ​គេ​បារម្ភ​ថា បារាំង​នឹង​អាច​ជួប​កុប្បកម្ម​ទ្រង់ទ្រាយ​ធំ ដូច​កាល​ឆ្នាំ ២០០៥។ បារាំង​អាច​នឹងឈាន​ចូលទៅ ក្នុងកាលៈទេសៈមួយដែល​អំហើ​ហិង្សា ចលាចល អនាធិបតេយ្យ ទប់លែងជាប់ ដោយសារ​តែ​ក្រុម​យុវជន​ក្មេងៗ លាយឡំ​នឹង​ក្រុមអន្ធពាល​ផង ចេញ​ធ្វើ​សកម្មភាព​ហិង្សាវាយ ដុត​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ។ពិតណាស់ថា នៅក្រោយ យុវជន​ណាអែល​ត្រូវ​ប៉ូលិស បាញ់ស្លាប់ រដ្ឋាភិបាល​បារាំង ជាពិសេស​លោកប្រធានាធិបតី​បារាំង អេម៉ានុយអែលម៉ាក្រុង​បាន​ចេញមុខមកនិយាយ​បន្ថយ​កំហឹង ដូចជា ប្រកាស​ថ្កោលទោស សកម្មភាព​របស់​ប៉ូលិស​ដែលបាញ់​សម្លាប់​យុវជនណាអែល។ រដ្ឋអាជ្ញា​បារាំង​ទៀតសោត បាន​ប្រញាប់ស៊ើបអង្កេត និងទីបំផុត​សម្រេច​ចោទប្រកាន់​ប៉ូលិសដៃដល់ ពីបទធ្វើ​មនុស្សឃាត​ដោយចេតនា។ នៅថ្ងៃ​ព្រហស្បតិ៍ មេធាវី​របស់​ប៉ូលិស​អាយុ​៣៨ឆ្នាំ​ដែល​រងការចោទប្រកាន់​របស់​រដ្ឋអាជ្ញា បាននិយាយ​ថា កូនក្តីរបស់ខ្លួន​បាន​និយាយ​ប្រាប់​គ្រួសារ​របស់​ជនរងគ្រោះ យុវជន​ណាអែលថា ខ្លួន​សោកស្តាយ និង​ថា ខ្លួន​គ្មាន​ចេតនា​បាញ់សម្លាប់​យុវជន​ណាអែល។ផ្ទុយពី​រដ្ឋមន្រ្តីមហាផ្ទៃបារាំង លោកសាកូហ្ស៊ី កាលពី ១៣ឆ្នាំ ដែលនិយាយ​រិះគន់​អ្នករស់​នៅជាយក្រុង រហូតធ្វើ​ឲ្យគេផ្ទុះកំហឹងប្រព្រឹត្តអំពើហិង្សា​ប្រឆាំង​ប៉ូលិស រដ្ឋាភិបាល​របស់​លោកម៉ាក្រុងវិញ មិន​និយាយ​កាន់ជើង ប៉ូលិស ក្នុង​បំណង​ចង់​បន្ថយ​ភាពតានតឹង កំហឹងតវ៉ា​របស់​ប្រជាជន។ ប៉ុន្តែ ជំហរចង់​ផ្សះផ្សារ​ជាមួយ​មហាជន មិនបាន​សម្រេច ប៉ុន្តែ ផ្ទុយទៅវិញ រឹតតែបង្ហាញថា ប្រធានាធិបតី​យល់ស្របដែលថា ប៉ូលិស​អយុត្តិធម៌ ប្រព្រឹត្តហិង្សា​ទៅ​លើ​ប្រជាជន ជាពិសេស អ្នករស់នៅ​តាមសង្កាត់ក្រីក្រ។ ហេតុការណ៍​ប៉ូលិស​បាញ់សម្លាប់​យុវជន​ណាអែល ប្រៀបបាន​នឹង​អំបែងភ្លើងតូចមួយដែលទៅដុត​ធ្វើ​ឲ្យ​ភ្លើង​ឆេះសន្ធោសន្ធៅឡើងវិញ ព្រោះថា ប្រជាជន​នៅគុំខឹង​នឹង​រដ្ឋាភិបាល​របស់​លោកម៉ាក្រុង នៅឡើយ ដែល​ព្រងើយកន្តើយ​មិនដោះស្រាយ​បញ្ហា​របស់​ពួកគេ ទាំងនៅក្នុងបាតុកម្ម​ក្រុមអាវលឿង និងបាតុកម្ម​ប្រឆាំង​នឹងច្បាប់​ចូលនិវត្ត។បារាំង​ប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពអាសន្ន នៅ​ឆ្នាំ ២០០៥ ដោយសារ​កុប្បកម្មទ្រង់ទ្រាយធំនៅ​ថ្ងៃទី ២៧ តុលា ឆ្នាំ ២០០៥ អំពើ​ហិង្សា​បាន​ផ្ទុះ​រាលដាល​ពេញ ទូទាំង​ប្រទេស​បារាំង នៅបន្ទាប់ពី​យុវជន​២នាក់ ឈ្មោះ Zyed Benna Bourna Traoré ដែល​ត្រូវ​ប៉ូលិស​ដេញតាមចាប់ខ្លួន ស្លាប់​ដោយ​ឆក់ខ្សែភ្លើង នៅក្នុង​រោងចក្រអគ្គិសនី នៅ​Clichy-sous-bois ជាយក្រុងប៉ារីសជាទី​ដែល​ពួកគេ​ចូល​ទៅ​ពួន​លាក់ខ្លួន ។ ប៉ូលិស បារាំង​មិន​បាន​បាញ់សម្លាប់​យុវជន​ទាំងពីរនាក់ មែន ប៉ុន្តែ ពួកគេ​រងការចោទប្រកាន់​ពីក្រុមគ្រួសារ​របស់​ជនរងគ្រោះថា និង​ប្រជាជន​រស់នៅក្នុង​សង្កាត់​របស់​យុវជនរងគ្រោះ​ទាំងពីរ ថា ​ជាដើមហេតុ និង​មិន​រវីរវល់​ជួយ សង្រ្គោះជីវិត ដោយសារ​តែការរើសអើង ព្រោះថា យុវជន​ដែលប៉ូលិស​តាមប្រមាញ់ចាប់ មានផ្ទះសម្បែងរស់នៅ ក្នុង​សង្កាត់ក្រីក្រ ជាយក្រុងប៉ារីស។ជា​ផ្ទាំងស៊ីបនៃ​ការប្រពឹ្រត្តអំពើ​ហិង្សា​របស់​ប៉ូលិស ម្តងហើយ ម្តងទៀត ប្រជាជន​នៅ​តាមសង្កាត់​ក្រីក្រ ចាប់ផ្តើម​មានអារម្មណ៍​ថា ពួកគេ​ជួប​រឿង​អយុត្តិធម៌ មិនបានទទួល​ការយកចិត្តទុកដាក់​ពីអាជ្ញាធរ រដ្ឋាភិបាល។ អំពើហិង្សា ដុតឡានប៉ូលិស និងការប៉ះទង្គិចគ្នា​រវាង​ប៉ូលិស និង​កុប្បករ​ចាប់ផ្តើម​ផ្ទុះឡើង ភ្លាម នៅ​យប់ថ្ងៃ​ដំបូង ដែល​យុវជន​ទាំងពីរ​ឆក់ស្លាប់ នៅថ្ងៃទី ២៧​តុលា ឆ្នាំ ២០០៥។ រងគ្រោះ​ដោយ​អំពើអយុត្តិធម៌ គ្មាន​ការយកចិត្តទុកដាក់​ពី​រដ្ឋាភិបាល​ជារឿងមួយ ប៉ុន្តែ សំដី និង​ជំហរ​របស់​រដ្ឋមន្រ្តីមហាផ្ទៃ​បារាំង គឺ​លោកនីកូឡា សាកូហ្ស៊ី ដែល​កាន់ជើង​ប៉ូលិស​បារាំង នៅក្រោយការប៉ះទង្គិចរវាង​ប៉ូលិស​និងកុប្បករ ដែល​លោក​សាកូហ្ស៊ី ចាត់ទុក​ជា​ក្រុមជនអន្ធពាល​បាន​ទៅដុត​កំហឹង​កាន់តែ​ខ្លាំង។នៅចំពោះមុខ​ចលាចល​សង្គម កុប្បកម្ម​រយៈពេល ៣សប្តាហ៍ ដែល​បាន​សម្លាប់​មនុស្ស​៣នាក់ និង​របួសជិត ៣០០នាក់ រដ្ឋាភិបាល​បារាំង របស់​លោកប្រធានាធិបតី ហ្សាក់ ស៊្ហីរ៉ាក់ នាសម័យនោះ បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាពអាសន្ន ជាលើកទី​១ គិតចាប់តាំង​ពី​សង្រ្គាម នៅ​អាល់ហ្សេរី។ក្រុមស្តាំនិយម​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្នគិត​ចាប់តាំង​ពីសង្រ្គាមនៅអាល់ហ្សេរី បារាំង​ប្រកាស​ដាក់ប្រទេស ក្នុងស្ថានភាពអាសន្ន​តែ​៦ដងប៉ុណ្ណោះ។ លើកចុងក្រោយ នៅ​ឆ្នាំ ២០១៥ នៅចំពោះមុខការគំរាមកំហែងរបស់​ក្រុមភេរវនិយម។ ដាក់ប្រទេស​ក្នុងស្ថានភាពអាសន្ន មានន័យថា រដ្ឋាភិបាល​បើកសិទ្ធិ​ឲ្យ​អាជ្ញាធរ មូលដ្ឋាន ចេញច្បាប់ បម្រាមគោចរ។ ប៉ូលិស មានសិទ្ធិចុះឆែកឆេរ ឃាត់ខ្លួន​ឲ្យនៅក្នុងផ្ទះ ឬ​ហាម​មិន​ឲ្យ​ដំណើរចេញចូល​នៅម្តុំបរិវេណ​ដែល​អាច​ផ្ទុះ​មាន​អំពើហិង្សា។ក្រុមគណបក្ស​ស្តាំនិយម​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បារាំងដាក់ប្រទេស​ក្នុងស្ថានភាព​អាសន្ន ដោយ​មើលទៅ​ស្ថានការណ៍ អំពើហិង្សា គិតចាប់តាំងដែលយុវជន​ណាអែល​ត្រូវ​ប៉ូលិស​បាញ់ស្លាប់។ ប៉ុន្តែ រដ្ឋាភិបាល​បារាំងរបស់​លោកស្រី អេលីហ្សាបែត ប៊ន កាលពីថ្ងៃ ពុធ មិនព្រមធ្វើតាមនោះទេ។ប៉ុន្តែ នៅថ្ងៃ​សុក្រនេះ នៅប៉ុន្មានម៉ោង​មុន​ការកោះប្រជុំ​ពិសេស​របស់​លោកប្រធានាធិបតីម៉ាក្រុង លោកស្រីនាយករដ្ឋមន្រ្តីនាយករដ្ឋមន្រ្តី​បារាំង​និយាយថា នៅក្រោយ​អំពើហិង្សា ដុតបំផ្លាញ ទ្រព្យសម្បត្តិ​សាធារណៈ រដ្ឋាភិបាល​នឹង​ចាត់គ្រប់វិធានការ ដើម្បី​ធ្វើ​ឲ្យ​បារាំង​ជួបភាពស្ងប់ស្ងាត់ ឡើងវិញ ដោយ​ក្នុងនោះ​អាច​មានផងដែរ ស្ថានភាពប្រកាស​អាសន្ន។ នៅមុន​ការចាត់វិធានការណាមួយ​របស់​រដ្ឋាភិបាល អាជ្ញាធ​នៅតាម​ទីក្រុង​បី​របស់​បារាំង ដូចជា​នៅទីក្រុង​នៅជុំវិញ ប៉ារីស​ដូចជាទីក្រុង​ក្លាម៉ាជាដើម​បាន​ប្រកាស​ដាក់បម្រាមគោចរ សម្រាប់​រយៈពេល​ជាច្រើនថ្ងៃ គិត​ចាប់តាំង​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ៕
6/30/20236 minutes, 54 seconds
Episode Artwork

ប៉ុន្មានថ្ងៃក្រោយការបះបោរក្រុម Wagner សំណួរនៅតែចោទឡើងជុំវិញការបាត់មុខមន្រ្តីយោធាកំពូលៗ​របស់​រុស្ស៊ី

ប៉ុន្មានថ្ងៃក្រោយពី​ព្រឹត្តិការណ៍​បះបោរនៅ​រុស្ស៊ី បង្កឡើង​ដោយក្រុមទាហាន​ស៊ីឈ្នួល ​Wagner គឺ​ធ្វើ​ឲ្យ​មាន​សំណួរ​ចោទឡើងជាច្រើន​ ជុំវិញការបាត់មុខមន្រ្តីកងទ័ពជាន់ខ្ពស់សំខាន់ៗរបស់រុស្ស៊ី និងជាពិសេស​​​​​រដ្ឋមន្ត្រីការពារជាតិ​រុស្ស៊ី​។ ទន្ទឹម​នឹង​គ្នា​នេះ ក៏​មានលេច​ឮ​​ដំណឹង​ដែរ ពីការ​ចាប់ខ្លួនមេៗបញ្ជារបស់ក្រុមទាហានស៊ីឈ្មួល Wagner នៅស៊ីរី។ តើ​ការ​បាត់​ខ្លួន​មន្ត្រី​យោធា​នៅរុស្ស៊ី និង​នៅ​ស៊ីរី មា​នអ្វីជាប់​​ពាក់​ព័ន្ធគ្នា​?​​​ កាសែត​ក្នុង​ស្រុក​រុស្ស៊ី​ ​​ព្រលយ​ឲ្យដឹង​​ថា មេៗ​ថ្នាក់ដឹកនាំ​យោធា​ ត្រូវ​ចាប់​ឃុំ​ខ្លួន​។ ​ប្រមាណជា ៥-៦ ថ្ងៃមកហើយ ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍បះបោររបស់ក្រុមវ៉ាក់នែរមក គឺ គេពុំបានឃើញ មេបញ្ជាការធំៗរុស្ស៊ី ​បង្ហាញមុខនៅទីសាធារណៈនោះទេ។ នៅ​ពុំ​ទាន់​មាន​សេចក្តីប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ អំ​​ពីការ​ចាប់ឃាត់​ខ្លួនមន្ត្រី​យោធា​ជាន់​ខ្ពស់ណាមួយ​នោះឡើយ។​ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ក៏​ពុំទាន់​​បញ្ចេញ​មតិយោបល់​អ្វីដែរ ចំពោះ​ការ​បាត់​មុខ​ជា​សាធារណៈ​ របស់ ​មេបញ្ជាការ​យោធា សំខាន់ៗ​ និងព្រមទាំង ​រដ្ឋ​មន្ត្រីការពារជាតិ។ សារព័ត៌មាន​លោក​ខាង​លិច និង​​​រុស្ស៊ី ​​សង្ស័យ​ព្រមគ្នា​គឺបាត់​មុខ​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រុស្ស៊ី លោក សែរហ្គៃ ឆយហ្គូ ​និង​មនុស្ស​ជំនិតជិតដិត​​របស់​លោក​ វ្លាឌីមៀរ ពូទីន ប្រមុខរដ្ឋ​រុស្ស៊ី​។​ ឆ្នាំ២០១៧ ​​រូបថត​​លោក​ទាំង២​បង្ហាញ​សកម្មភាព​ងូត​ទឹក​ជុំគ្នា  ដេកសំដិល​​ហាលថ្ងៃ ដោះអាវ​បញ្ចេញ​សាច់ទ្រូង​​​ផង​​។ ប៉ុន្មាន​ថ្ងៃ​មកនេះ នៅ​ប្រទេស​រុស្ស៊ី​ គេ​មិន​ឃើញ​ លោករដ្ឋមន្ត្រី​បង្ហាញ​ខ្លួន​ជា​សាធារណៈទៀត​សោះ ​ជា​ពិសេស​គិត​ចាប់ពីថ្ងៃ​ផ្ទុះ​សកម្មភាព​បះបោរ​​ នៅថ្ងៃ​ចុង​សប្តាហ៍​មុន​មក​។ ក្នុងរយៈ​ពេល​នេះ​ មាន​​វីដេអូ​រូបលោករដ្ឋមន្ត្រី​ ធ្លាយ​ចេញ​មក​ក្រៅដែរ ក៏ប៉ុន្តែ​ គ្មាន​នរណា ឬ​បណ្តាញ​ផ្សព្វផ្សាយណា អាច​បញ្ជាក់ថា វីដេអូនោះ ថត​នៅ​កន្លែងណា និង​ថតឡើង​ថ្មីៗនេះទេ។ ជារួម​ គេ​មិនអាច​កំណត់​កាល​បរិច្ឆេទ​វីដេអូ​បានទេ ហើយមជ្ឈដ្ឋាន​ទូទៅ និង​ មតិ​សាធារណៈ​ជន​រុស្ស៊ី ​សង្ស័យ​ថា រដ្ឋមន្ត្រីការពារ​រូបនេះ ​​​ត្រូវ​ចាប់​ឃុំ​ខ្លួនហើយ​ ឬ​មាន​បច្ច័យ​អាក្រក់​ផ្សេង​កើត​មាន​ចំពោះរូប​លោក​ជា​ពុំ​ខាន​។ ​ការ​បាត់​ខ្លួន​ ស្ងាត់​ដំណឹង​នៅ​ទី​សាធារណៈ​ ក៏​មា​ន​ដែរ ចំពោះ​លោក វ៉ាឡឺរី ហ្សេរ៉ាស៊ីម៉ូវ អគ្គមេបញ្ជាកងទ័ព​រុស្ស៊ី   និងជាអនុរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។ កាន់តែ​ចម្លែក​និងរឹតតែ​គួរ​ឲ្យ​សង្ស័យ គឺ​​ដើម​សប្តាហ៍​នេះ ពេល​​​ប្រធានាធិបតី​រុស្ស៊ី ថ្លែង​អរគុណ​ទាហាន​ជាតិ​រុស្ស៊ី​ដែលជួយ​ទប់​ទល់​ការបះបោរ គឺ​លោក ពូទីន ក៏​មិន​បាន​អរគុណ ឬ​គ្មាន​​និយាយ​ចំឈ្មោះរូប​លោក​អគ្គមេបញ្ជាកងទ័ព ​វ៉ាឡឺរី ហ្សេរ៉ាស៊ីម៉ូវ នេះដែរ។ នៅ​មាន​ម្នាក់ទៀត គឺ ឧត្តមសេនីយ៍​យោធា​ លោក សែរហ្គៃ សូរូវីគីន ជា​មេបញ្ជាការ​ទ័ព​អាកាស​រុស្ស៊ី​។ កាសែត​ Moscow Time និង​ក្រុម​ប្លុកឃ័រព័ត៌មាន​​រុស្ស៊ី បានរាយ​ការណ៍ថា ឧត្តមសេនីយ៍ សូរូវីគីន ​និងមន្ត្រីជាន់​ខ្ពស់​យោធាច្រើ​ន​នាក់​ផ្សេងទៀត​ ត្រូវ​ចាប់ឃុំ​ខ្លួន និង កំពុង​ត្រូវ​សួរ​ចម្លើយ ​ក្នុង​ពន្ធនាគារ​ក្រុង​ម៉ូស្កូ​។​ ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​អង់គ្លេស Reuters ពុំ​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយថា លោក សូរូវីគីន គឺពិតជាត្រូវ​គេ​ឃុំ​ខ្លួន ​ពិត​មែន ​ឬយ៉ាងណាទេ​។​«គុណបំណាច់​នៃសឹកចម្បាំងនៅបរទេស»​​នៅចុង​សប្តាហ៍មុន មុន​នឹង​លើកទ័ព​បែរឆ្ពោះទៅ​​រដ្ឋធានីម៉ូស្កូ គឺ​ ចៅហ្វាយក្រុមទាហានស៊ីឈ្នួល Wagner លោក អេវហ្គេនី ព្រីហ្គោហ្ស៊ីន ​​​បាន​រិះគន់​មិន​សំចៃ​មាត់​ចំពោះ​​​រដ្ឋមន្ត្រី សែរហ្គៃ ឆយហ្គូ ​ និង​មេបញ្ជាការ​ វ៉ាឡឺរី ហ្សេរ៉ាស៊ីម៉ូវ ​ដោយ​វាយប្រហារថា មន្ត្រី​ធំ ២នេះ   គ្មាន​សមត្ថភាព ខ្សោយកំសាក ហើយ​និងបញ្ចូនទាហានរុស្ស៊ីទៅស្លាប់នៅសមរភូមិ។ ដូច្នេះពួកគេ​ត្រូវតែលាចុះចេញពីដំណែង។ លោក ​ព្រីហ្គោហ្ស៊ីន ​បាន​​ស្តីបន្ថោសមន្ត្រី​ធំរុស្ស៊ី​២នាក់​នេះ ​​​ជា​ច្រើន​ខែ​ណាស់​មកហើយ។​ ក៏ប៉ុន្តែ លោកបែរ​ធ្លាប់​បា​នថ្លែង​សរសើរ​ជាញឹកញយ​ចំពោះ​រូបលោកមេបញ្ជាការ សូរូវីគីន ទៅវិញ​​គឺ ​កោត​សរសើរ​ចំពោះ«​បុណ្យបំណាច់ និង​បទពិសោធ​ដឹកនាំ​ប្រតិបត្តិការសឹក​​»នៅ​ Tchétchénie និងនៅប្រទេស​ស៊ីរី​។ ​អ្ន​កសង្កេត​ការ​ណ៍​ខ្លះ​ ថែមទាំង​វាយ​តម្លៃថា ​លោក សែរហ្គៃ សូរូវីគីន ​អាច​នឹង​មាន​សក្កានុពល​ក្លាយ​ជា​រដ្ឋមន្ត្រីការពារ​ជាតិ​​ នៅថ្ងៃអនាគត​។ ​ប្រភពស៊ើប​ការ​ណ៍​សម្ងាត់អាមេរិក​ ដែល​កាសែត ​New York Time ផ្សាយ គឺ ភ្នាក់ងារ​ស៊ើប​ការ​ណ៍​សម្ងាត់​រុស្ស៊ី បាន​ដឹង​ថា លោក​ សែរហ្គៃ សូរូវីគីន បាន​ជ្រាប​ពី​ដំណឹង​ដំណើរ​គ្រោង​ការ​បះបោរ​​របស់​ពួក​ទ័ព​វ៉ាក់​នែរ​ ហើយនិងថា ​អាជ្ញាធររុស្ស៊ី ​បាន​បើក​ការ​ស៊ើបអង្កេត​ជុំវិញ​ការ​ពាក់​ព័ន្ធ​របស់​​មេបញ្ជាយោធារូបនេះ ទៅ​នឹងការ​ផ្សំ​គំនិត​ឃុបឃិត ​ក្នុង​គម្រោង​ការ​បះបោរ​។ ផ្ទុយទៅវិញ ​នៅថ្ងៃពុធ ទី២៨មិថុនា រដ្ឋបាល​វិមាន​ក្រេមឡាំង​ បា​នច្រាន​ចោល​ការសន្មតបែបនោះ និងថា ខណៈពេល​នេះ​ ច្បាស់​ជា​មាន​ពាក្យ​​ចចាមអារ៉ាមនិងការ​និយាយ​អុជអាល​ផ្សេងៗ​ជាច្រើន ដែល​អាច​លេចឡើង និង​ ដែលត្រូវ​ប្រយ័ត្ន​ប្រយែង។​​ដំណឹង​ពីការ​ចាប់ខ្លួន មិនមែន​នៅ​តែ​រុស្ស៊ីទេ នៅក្នុង​​ប្រទេស​ស៊ីរី​ក៏មាន​ដែរ។​ បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​​របស់​អារ៉ាប់និង​បស្ចិមលោក គឺ​​រដ្ឋាភិបាល​ស៊ីរី​ បានចាប់​ខ្លួន​ មេៗ​បញ្ជា​របស់សាខា​ក្រុម​ទាហាន​ស៊ីឈ្នួល​ វ៉ាក់នែរ​​។​ ពួក​ក្រុម​មេៗបញ្ជារបស់ក្រុមទាហានស៊ីឈ្មួល វ៉ាក់នែរនៅ​ស៊ីរី​ ដែល​មាន​ឋានៈ​ស្មើ​វរសេនីយ៍ឯក ម្នាក់ និង វរសេនីយ៍ទោ ពីរនាក់ ត្រូវ​ចាប់​ខ្លួន​ស្រេច​ទៅហើយ។ ប្រតិបត្តិការ​ចាប់ខ្លួន​សហការរួម​គ្នា រវាង​ ក្រុម​ទាហានជាតិ​​រុស្ស៊ី និងទាហាន​ក្រុម​ស៊ើប​ការ​សម្ងាត់​ស៊ីរី។​​នៅ​ស៊ីរី ​មានទាហាន​ស៊ីឈ្នួល​វ៉ាក់​នែរ​ ឈរជើង​ ប្រមាណ​ជា​ ៥​ ០០០ ​នាក់។ ​ក្នុងចំណោម​​នោះ គឺ ២ ០០០ នាក់ ជា​ទាហាន​ស៊ីឈ្នួល ជាតិ​រុស្ស៊ី​ និង​ជាតិ​ដទៃ​ដែល​ជាប្រទេស​ធ្លាប់​ក្រោម​ចំណុះ​សហភាព​សូវៀត​  ហើយ​និង ៣ ០០០ នាក់ទៀត ជា​ទាហាន​ស៊ីឈ្នួល ​ ជាតិ​ស៊ីរី ដែលគេ​​ជ្រើសរើស​​ចូល ឲ្យ​បម្រើអាជីព​ជា​យុទ្ធជន​«លីដែក លក់​ជីវិត»។​ វត្តមាន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​នៅ​ស៊ីរី គឺ​មា​នជាច្រើន​ឆ្នាំមកហើយ និងដែល​ចូលរួម​ចំណែក​នៅក្នុង​ការ​បង្ក​អស្ថិរភាព​នៅក្នុង​តំបន់​។ កាលពីខែកុម្ភៈ ឆ្នាំ​២០១៨ យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក បាន​សម្លាប់​ពួក​ទាហាន​ក្រុម​នេះ អស់​ប្រមាណ ​៣០០នាក់។​ប្រសិន​បើជា​​គេភ្ជាប់​ព្រឹត្តិការណ៍​បាត់មុខ​មេ​ទាហាន​នៅ​រុស្ស៊ី និង​ការ​ចាប់ខ្លួន​មេ​បញ្ជាការ​ទាហាន​វ៉ាក់​នែរ​នៅស៊ីរី គឺ គេ​អាច​នឹង​ប្រមើលមើល​បែប​ផ្សេងមួយទៀតអំពី​ព្រឹត្តិការណ៍​បះបោរ​មួយ​ភ្លើង​ចំបើង​​នៅ​រុស្ស៊ី គឺ ទំនង​ជា​​គម្រោង​ការល្បិច​​សម្ងាត់​​អ្វី​មួយ ដើម្បី​​បោសសម្អាត​ផ្ទៃ​ក្នុង នៅ​​ជួរ​កងទ័ព​រុស្ស៊ី​ផង និង​ក្នុង​បណ្តាញ​​របស់​ពួក​ក្រុម​ទាហាន​ Wagner ផង៕​
6/29/20238 minutes, 20 seconds
Episode Artwork

បារាំង៖ ផ្ទុះអំពើហិង្សា ក្រោយ​ករណី​នគរបាល​បាញ់សម្លាប់​ក្មេងជំទង់​ម្នាក់ ដែល​មិនព្រមឈប់​រថយន្ត

នៅបា​រាំង ភាគខាងលិច​​ជាយទីក្រុងប៉ារីស មាន​ផ្ទុះនូវអំពើហិង្សាដុតរថយន្ត និងទ្រព្យ​សម្បត្តិសាធារណៈ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ។ អំពើហិង្សា ដែល​បានផ្ទុះឡើង បន្ទាប់​ពីមានករណីនគរបាល​បារាំង បានបាញ់ក្មេងជំទង់ម្នាក់បណ្តាល​ឲ្យ​ស្លាប់ បន្ទាប់ពីក្មេងជំទង់នោះ បានបដិសេធមិនស្តាប់ការឃាត់រថយន្ត​។ ករណីនេះ បានបណ្តាល​ឲ្យ​ផ្ទុះមតិរិះ​គន់ ទៅលើ​កងសមត្ថកិច្ច ក៏ដូចជាស្ថាប័ន​នគរបាលបារាំងទាំងមូលតែម្តង ថាបាននិង​កំពុងតែប្រើប្រាស់​កម្លាំងហួសប្រមាណ ទៅលើ​ប្រជាពលរដ្ឋ ក្នុងនាមខ្លួនជាអ្នករក្សាសន្តិសុខ​សុវត្ថិភាព​។ បញ្ហា​ អំពើហិង្សារបស់នគរបាល តែងតែជា​ចំណុចរសើប បង្កឲ្យ​មានការជជែក​តវ៉ា តឹងសរសៃក មិនថានៅលើឆាកនយោបាយ និងក្នុងសង្គមបារាំងជាទូទៅ។ ចាប់ពីល្ងាចថ្ងៃអង្គារ ឈានដល់យប់ជ្រៅ អំពើហិង្សាអនាធិបតេយ្យ បាន​ផ្ទុះឡើង នៅតាមសង្កាត់ជាច្រើន ត្រង់នេះបន្តិច ត្រង់នោះបន្តិច នៅ​តំបន់ Nanterre ជាយ​ក្រុងប៉ារីស ភាគខាងលិច​ ហើយ​បានរីកសាយ​ភាយទៅកាន់ឃុំ សង្កាត់​ផ្សេងៗទៀត ជាប់នោះដែរ​។ ក្រុមបាតុករ ដែលភាគច្រើន ជាយុវជន បាន​ដុតរថយន្ត ដុត​ជំរកស្ថានីយ៍រថយន្តក្រុង ជាច្រើនទីតាំង និង​បានវាយ​បំផ្លាញ​ទ្រព្យសម្បតិ្តសាធារណៈជាច្រើនផ្សេងទៀត។ អគ្គីភ័យបានឆាបឆេះសាលាតូរ្យតន្ត្រីមួយ​កន្លែងក្នុងសង្កាត់ ហើយ​ក្រុមបាតុករបានដុតភ្លើង នៅតាមបណ្តោយផ្លូវ​​រថភ្លើងថែមទៀត។ យ៉ាងហោចណាស់ បាតុករហិង្សា ចំនួន​២០នាក់ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃអង្គារ​។ ​គិតត្រឹមព្រឹកថ្ងៃពុធនេះ ស្ថានការណ៍​បានស្ងប់​បន្តិតទៅវិញហើយ តែ​មិនប្រាកដថាល្ងាចនេះ នឹងមិនផ្ទុះឡើងបន្តទៀតនោះទេ។មិនឈប់រថយន្តតាមការបង្គាប់របស់នគរបាលអំពើហិង្សា អនាធិបតេយ្យទាំងនេះ បាន​ផ្ទុះឡើង គឺបន្ទាប់​ពីមានករណី​នគរបាល​បានបាញ់បណ្តាល​ឲ្យ​ស្លាប់​យុវជនម្នាក់។ ហេតុការណ៍​បាន​កើតឡើង នៅព្រឹកថ្ងៃអង្គារ នៅសង្កាត់​ Nanterre ដែលជនរងគ្រោះស្លាប់ អាយុ១៧ឆ្នាំ កំពុងបើករថយន្តប្រណិតមួយ​។ ពីដំបូង ប្រភពពី​នគរបាលបារាំង អះអាងថា ជនរងគ្រោះបានបដិសេធមិនព្រមឈប់ ទៅតាម​ការឃាត់របស់នគរបាល២នាក់ ដែលជិះម៉ូតូ។ មិនស្តាប់ការឃាត់ហើយ ជនរងគ្រោះបាន​បើករថយន្តសំដៅចង់បុកនគរបាល ទើបធ្វើ​ឲ្យ​នគរបាល​ម្នាក់ក្នុងចំណោម២នាក់នោះ ប្រើកាំភ្លើងបាញ់​។ដោយឡែក ស្រាប់តែនៅពេលរសៀលថ្ងៃអង្គារ មានវីដេអូខ្លី​មួយ ដែល​ត្រូវបាន​គេចែកចាយ​​ពាសពេញបណ្តាញ​សង្គម នៅបារាំង​​។ ក្នុង​វីដេអូនោះ គេឃើញថា រថយន្តប្រណិត Mercedes AMG ពណ៌លឿងបានឈប់ ហើយមាននគរបាល​២នាក់ កំពុងឱននិយាយជាមួយ​អ្នកនៅក្នុងរថយន្ត​ ដោយ​មានម្នាក់កាន់​កាំភ្លើងភ្ជង់ផង​។ តាមរយៈវីដេអូនេះ គេឮសំឡេងបន្លឺជាភាសាបារាំងថា “Tu vas te prendre une balle dans la tête” ដែលប្រែមកថា “ហ្អែង ប្រយ័ត្នយើងបាញ់​ចំកណ្ដាលក្បាល”។ ភ្លាមៗ រំពេចនោះ ស្រាប់តែរថយន្តបានបើកទៅមុខ ហើយ​ក៏មានសំលេងផ្ទុះ​គ្រាប់កាំភ្លើង​ភ្លាមដែរ។ រថយន្តបាន​ទៅ​បុក​បង្គោល​ផ្លាកសញ្ញាចរាចរណ៍ ហើយ​យុវជនអាយុ១៧ឆ្នាំ ដែលជាអ្នកបើក​រថយន្ត ត្រូវគ្រាប់កាំភ្លើងចំទ្រូង​ក្បែរបេះដូង ក៏ស្លាប់​ភ្លាមៗនៅនឹងកន្លែង​។ ក្នុងរថយន្តនោះ មានមនុស្ស​២នាក់ទៀត ម្នាក់ជាក្មេងជំទង់អនីតិជនដែរ ត្រូវបាន​នគរបាលឃាត់ខ្លួន ចំណែក​ម្នាក់ទៀត បានរត់គេចខ្លួន រកមិនទាន់ឃើញទេ។មនុស្សឃាតដោយចេតនា​មានការស៊ើបអង្កេត២ ត្រូវបាន​គេបើក ទីមួយ​ គឺពាក់ព័ន្ធទៅលើជនរងគ្រោះ អំពី​ ករណី​បដិសេធមិនសហការ មិនឈប់​រថយន្តទៅតាមការឃាត់របស់សមត្ថកិច្ច។ ចំណែកករណីទី២ គឺ​ករណី​មនុស្ស​ឃាតដោយចេតនា ធ្វើឡើងដោយ​បុគ្គល ដែលមានអំណាចសាធារណៈ គឺនគរបាល​នេះឯង។ នគរបាល អាយុ​៣៨ឆ្នាំ​ ដែលជាអ្នកបានបាញ់​គ្រាប់កាំភ្លើង បណ្តាល​ឲ្យ​ស្លាប់ក្មេងជំទង់នេះ ត្រូវបាន​គេឃាត់ខ្លួនហើយ ដោយ​ប្រឈមនឹង​បទចោទប្រកាន់ មនុស្ស​ឃាតដោយចេតនា។ការស៊ើបអង្កេតទី១ ត្រូវ​បានប្រគល់ទៅឲ្យ​ អយ្យការអមតុលាការក្រុង Nanterre។ ​ចំណែកការស៊ើបអង្កេតទី២ គឺត្រូវបានប្រគល់​ទៅឲ្យ​ អគ្គស្នងការរដ្ឋានគរបាលជាតិបារាំង ដែល​មានតួនាទីស៊ើបអង្កេតទៅលើបទល្មើស បង្កឡើងដោយ​សមត្ថកិច្ចនគរបាល​។ដោយឡែក ខាងក្រុមគ្រួសារជនរងគ្រោះវិញ នឹង​ដាក់ពាក្យបណ្តឹង២។ លោក Yassine Bouzrou ដែលជាមេធាវីតំណាងក្រុមគ្រួសារជនរងគ្រោះ បាន​បញ្ជាក់ថា បណ្តឹងទី១ គឺទាក់ទិននឹងករណី​មនុស្ស​ឃាតដោយចេតនា ដែលសំដៅ​ទៅលើនគរបាល​ដែល​ជាខ្មាន់កាំភ្លើង និងករណីផ្សំគំនិត ដែលសំដៅទៅលើ​នគរបាល​ម្នាក់ទៀត ដែលមានវត្តមានក្នុងពេលកើតហេតុ។ ចំណែកបណ្តឹងទី២ គឺ​ទាក់ទិននឹង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដែលប្រាសចាកពីការពិត។ បណ្តឹងនេះ គឺសំដៅលើស្ថាប័ន​​នគរបាល​តែម្តង ដែលបានលើកឡើងថា ហេតុការណ៍​បានកើតឡើង​ដោយសារតែជនរងគ្រោះ បើករថយន្តប៉ុនប៉ងបង្កគ្រោះថ្នាក់ ទៅលើសមត្ថកិច្ចនគរបាល ទើបបណ្តាលឲ្យ​មានការបាញ់គ្រាប់កាំភ្លើង។ លោក​មេធាវីការពារគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា ការផ្សព្វផ្សាយ​របស់នគរបាល​ខាងលើនេះ​ ត្រូវបាន​បកអាក្រាត​យ៉ាងច្បាស់ថា មិនមែនជាការពិត​ទេ​ បន្ទាប់ពីគេបាន​ឃើញវីដេអូ ថតផ្ទាល់នៃហេតុការណ៍នេះ​។នរគបាលបារាំងហិង្សា?បញ្ហាអំពើហិង្សារបស់នរបាល គឺជាចំណុចរសើបខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅបារាំង​។ ក្រុមអ្នកនយោបាយ​ប្រឆាំង តែងតែយកវាមកចោទ ​រិះគន់​ការប្រើអំណាចរបស់អាជ្ញាធរ រដ្ឋាភិបាល ជាពិសេសនៅក្នុងពេលធ្វើបាតុកម្ម​តវ៉ាផ្សេងៗ ដែលមាន​ការបង្ក្រាបធម៌ក្តៅ។ តែទន្ទឹមគ្នានេះ បាតុកម្ម​ក៏វាកាន់តែហិង្សាដែរ។ទាក់ទិននឹងករណី​ សមត្ថកិច្ចនគរបាល ប្រើប្រាស់​កាំភ្លើងបាញ់​បណ្តាល​ឲ្យ​ស្លាប់ ទៅលើអ្នកបើកបរ​ដែលមិនស្តាប់ការឃាត់រថយន្តនេះ គឺពិតជាបានកើនឡើងខ្លាំងពិតមែន​។ ក្នុង​ឆ្នាំ​២០២២កន្លងទៅ គឺមាន​ស្លាប់មនុស្សចំនួន​១៣នាក់ ពោលគឺជាតួលេខខ្ពស់បំផុតមិនធ្លាប់មានទេ។ សំណួរ សួរថា តើនគរបាលបារាំងកាន់តែហិង្សា ឬមួយក៏មកពី​អ្នកបើកបរ ដែលកាន់តែលែងស្តាប់បញ្ជារបស់នគរបាល​ ? វាអាចមានកត្តាច្រើនណាស់ គួបផ្សំគ្នា ទីមួយ​ មនុស្សក្នុងសង្គមបារាំងអាចស្អប់នគរបាលកាន់តែខ្លាំង នគរបាលឃាត់មិនស្តាប់។ តែទន្ទឹមគ្នានេះ ករណីបទល្មើសចរាចរណ៍ ការជួញដូរគ្រឿងញៀន កាន់តែសំបូរ ហើយ​នៅពេលសមត្ថកិច្ច​ចុះអន្តរាគមន៍ឃាត់រថយន្ត អ្នកបើកបរដែលមានខ្លួន ដែលភ័យ ក៏គេចវេស​ ព្រមទាំងបើករថយន្តបំបុកសមត្ថកិច្ច​នគរបាល​ថែមទៀត។ ធ្លាប់​មានហើយ ករណីនគរបាល​ឈរឃាត់ ហើយត្រូវអ្នកបើកបរបើក​បុកស្លាប់។តាមច្បាប់ គឺសមត្ថកិច្ច​នគរបាល មានសិទ្ធិការពារខ្លួន ក្នុងករណីមានការគំរាមកំហែងលើរូបរាងកាយ។​ តែការការពារខ្លួនរបស់​សមត្ថកិច្ចនេះ​ គឺ​ត្រូវតែធ្វើ​ដោយ​ប៉ាន់ប្រមាណកម្លាំង ឲ្យ​ត្រឹមត្រូវបំផុត មិនឲ្យហួស​ហេតុនោះទេ។ មុននឹងសម្រេចបាញ់ សមត្ថកិច្ចត្រូវតែថ្លឹងថ្លែង។ ក្រោយ​ហេតុការណ៍​កើតឡើងកាលពីម្សិលមិញនេះ អ្នកនយោបាយខ្លះ បានចេញមុខស្រែករិះគន់ថា “បារាំងគ្មានទោសប្រហារជីវិតទេ ហេតុអ្វីក៏នគរបាលបាញ់មនុស្ស​ស្លាប់បែបនេះ​”។ អ្នកខ្លះទៀត បានរិះគន់ថា ត្រឹម​ករណី​មិនឈប់រថយន្ត ទៅតាមការឃាត់របស់នគរបាល មិនអាចបើកសិទ្ធិឲ្យនគរបាល​នោះ បាញ់សម្លាប់​មនុស្សនោះទេ។តែយ៉ាងណា យើងមិនអាច​និយាយម៉ៃជាទូទៅ ថា​នគរបាល​បារាំងសុទ្ធតែហិង្សា បាញ់សម្លាប់​មនុស្សយ៉ាងអនាធិបតេយ្យនោះដែរ។ ទះដៃម្ខាងគឺមិនវាមិនឮទេ។ ក្នុងសង្គមមួយដែលកាន់តែ​ហិង្សា កាន់តែសំបូរ​បទល្មើស ឧក្រិដ្ឋកម្មផ្សេងៗ គឺវាតែងតែមានការបង្ក្រាប ដែលពេលខ្លះវាជ្រុលដៃ ដោយចៀសមិនរួច។ ដូច្នេះគ្រប់ករណីទាំងអស់ គឺត្រូវតែឆ្លងកាត់ការស៊ើបអង្កេត ឲ្យ​បានស៊ីជម្រៅ ដោយ​ប្រព័ន្ធតុលាការ។លោកប្រធានាធិបតី​ម៉ាក្រុង បាន​មានប្រសាសន៍​នៅព្រឹក​មិញនេះ ថា ករណី​ស្លាប់យុវជនអាយុ១៧ឆ្នាំកាលពីថ្ងៃអង្គារ វាគឺជារឿងមួយមិនអាចអត់ឱនឲ្យ​បានទេ។​ លោកស្រីនាយករដ្ឋមន្ត្រី ក៏ដូចជាលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ក៏បាន​ប្តេជ្ញាដែរ ថាត្រូវតែវែករកការពិតឲ្យបាន ប្រគល់យុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ។ តែទន្ទឹមនឹងនេះ រដ្ឋាភិបាលបារាំង បានអំពាវនាវ សុំឲ្យ​រក្សាភាពស្ងៀមស្ងាត់ ទប់កំហឹង បញ្ឈប់រាល់អំពើហិង្សាអនាធិបតេយ្យ ដែលកាន់តែធ្វើ​ឲ្យសង្គមជាតិបាក់បែកគ្នា៕
6/28/20238 minutes, 17 seconds
Episode Artwork

វិមានក្រេមឡាំង៖ អំណាច​របស់​លោកពូទីន​មិនបាន​ចុះខ្សោយ ដោយសារ​ការបះបោរ​របស់ពួកវ៉ាក់ណែ

នៅរុស្ស៊ី ទីភ្នាក់ងារ​សន្តិសុខ​ជាតិ បានប្រកាស​ទម្លាក់​ចោល​បទចោទប្រកាន់ ប្រឆាំង​ទាហានស៊ីឈ្នួលវ៉ាក់ណែដែលធ្វើការបះបោរ លើកគ្នា​សំដៅទីក្រុងម៉ូស្គូ​កាលពីថ្ងៃ​សៅរ៍​ទី ២៤ មិថុនា។ ការសម្រេច​របស់​ទីភ្នាក់ងារសន្តិសុខជាតិរុស្ស៊ី នៅព្រឹកថ្ងៃអង្គារនេះ ធ្វើឡើងនៅប៉ុន្មានម៉ោងក្រោយ លោកប្រធានាធិបតី​ពូទីន​ចេញមុខ​ប្រកាស​លើកលែងទោស​ទាហាន​វ៉ាក់ណែ ដែលលោកចាត់ទុក​ជា​អ្នកស្នេហាជាតិ ជួយបញ្ផៀស​មិនឲ្យមានថ្លុកឈាម នៅរុស្ស៊ី។ នៅក្នុង​ការថ្លែងទៅកាន់ប្រជាជាតិរុស្ស៊ី ជាលើកទី១ នៅក្រោយ​ការបះបោរ​មិនបាន​សម្រេច​របស់​ក្រុមទាហានវ៉ាក់ណែ លោក​ពូទីននៅបាន​ឆ្លៀត​ចោទប្រកាន់​ថ្នាក់ដឹកនាំ​អ៊ុយក្រែន និងលោកខាងលិច ដែលជា​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន ថា ជាអ្នកចង់​ឃើញ​រុស្ស៊ី​សម្លាប់គ្នា​ទៅវិញ ទៅមក។ នៅថ្ងៃចន្ទ លោកប្រធានាធិបតី​បៃដិន​ប្រាប់អ្នកកាសែត​ថា តាំងពីនៅ​ថ្ងៃ កើតហេតុ អាមេរិក​បាន​បញ្ជាក់ទៅ​ភាគីរុស្ស៊ី​ហើយថា អាមេរិក មិនដឹងរឿង និង​គ្មាន​ជាប់ពាក់ព័ន្ធ​ក្នុងរឿងបះបោរ​របស់​ក្រុមទាហានរុស្ស៊ីវ៉ាក់ណែ។ បីថ្ងៃ​ក្រោយ ការបះបោរ​មិនបាន​សម្រេច​របស់​ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ ប្រធានាធិបតីរុស្ស៊ី លោក​ពូទីនចេញមុខថ្លែង​ទៅកាន់​ប្រជាជាតិ និង​កោះប្រជុំ​សន្តិសុខ​ជាតិ ដែលត្រូវ​បានចាក់ផ្សាយ​នៅទូរទស្សន៍ជាតិ។ នៅក្រោយ ចលនាបះបោរមិនបានសម្រេច​របស់​ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ លោកពូទីន​បាន​ចេញមុខ​មក​បញ្ជាក់ថា លោកជាមេដឹកនាំដែលបាន​ធានា​សន្តិភាពផ្ទៃក្នុងរបស់រុស្ស៊ី។ នៅក្នុងសារថ្លែងទៅកាន់ប្រជាជាតិ កាលពីថ្ងៃចន្ទ លោកពូទីនបាននិយាយ​ថា លោកបានចាត់វិធានការ​បញ្ជា​គ្រប់បែបយ៉ាង​ដើម្បី​ជៀសវាង​ការប្រយុទ្ធបង្ហូរឈាម​រវាងជនជាតិរុស្ស៊ី។ សម្រាប់លោកពូទីន ការប្រយុទ្ធសម្លាប់គ្នារវាងបងប្អូនរុស្ស៊ី គឺ​ជា​អ្វីដែលទន្ទឹងរង់ចាំ ចង់បាន​របស់ពួកសត្រូវ ដូចជា​ពួកណាហ្ស៊ីថ្មី​នៅអ៊ុយក្រែន ពួកមេដឹកនាំ​លោកខាងលិច ហើយ​និង​ពួកក្បត់ជាតិនិយម។នៅត្រង់ចំណុចនេះ លោកពូទីន​និយាយ​ដោយ​ខឹងសម្បារ បរិហារ​ទង្វើ​ក្បត់ជាតិ ដែល​អាចរុញច្រានប្រទេស​ឲ្យធ្លាក់ក្នុងសង្រ្គាមស៊ីវិល។ ម្យ៉ាងដែរ លោកពូទីន​ចាត់ទុក​ការបះបោររបស់​ក្រុមទាហានវ៉ាក់ណែ​ថា ក្បត់ជាតិ ប៉ុន្តែ ជាមួយគ្នានោះ ក៏ប្រកាស​លើកលែងទោស រាល់​ទាហានវ៉ាក់ណែ ដែលបាន​ចូលរួមក្នុងការបះបោរ កាលពីថ្ងៃ សៅរ៍ទី ២៤​មិថុនា។សម្រាប់​លោកពូទីន ទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ​ក៏ជា​អ្នកសេ្នហាជាតិ​បានចូលរួម​ជួយ​រុស្ស៊ី​ក្នុងការប្រយុទ្ធក្នុងសមរភូមិ​នៅ​អ៊ុយក្រេន ហើយនៅថ្ងៃ​សៅរ៍​កន្លងទៅ ពួកគេប្តូរចិត្ត នៅ​ពាក់កណ្តាលផ្លូវ​ទៅម៉ូស្គូ ដោយសារ​មិនចង់ប្រយុទ្ធបង្ហូរឈាម។ តាមលោកពូទីន លោក​គោរពតាមការសន្យា​របស់លោក ដែល​យល់ព្រម​ឲ្យ​លើកលែង​ទោស​រាល់​ពួកទាហាន​វ៉ាក់ណែដែល​សុខចិត្តឈប់ធ្វើការបះបោរប្រឆាំង​ម៉ូស្គូ។ នៅថ្ងៃ​ចន្ទ លោកពូទីនបាន​និយាយថា ទាហាន​វ៉ាក់ណែ​អាចស្ម័គ្រចិត្ត​ចុះឈ្មោះ​ក្នុងបញ្ជីកងទ័ពជាតិរុស្ស៊ី ឬ​អាច​ត្រលប់ទៅ​ផ្ទះទៅជួបប្រពន្ធកូន។ បើមិនដូច្នោះទេ ពួកគេអាច​តាមទៅធ្វើការជាមួយ​មេដឹកនាំរបស់ពួកគេ គឺលោក​ព្រីហ្គោហ្ស៊ីន នៅប្រទេស​បេឡារុសអាវ។ នៅថ្ងៃអង្គារនេះ ទីភ្នាក់ងារ​សន្តិសុខផ្ទៃក្នុងរុស្ស៊ី​បាន​ប្រកាស​ជាផ្លូវការ ទម្លាក់រាល់ការចោទប្រកាន់ ការស៊ើបអង្កេត​ប្រឆាំង​នឹង​ពួកវ៉ាក់ណែ ក្នុងរឿងរៀបចំ​ការបះបោរ កាលពីថ្ងៃ​សៅរ៍។ ក្រសួងការពារជាតិរុស្ស៊ីវិញនិយាយ​ថា គេកំពុង​ត្រៀមរឹបអូស​យករាល់​សព្វាវុធ​ធុនធ្ងន់​របស់​វ៉ាក់ណែ មកដាក់បញ្ចូល​ក្នុងបញ្ជីអាវុធយុទ្ធភ័ណ្ឌរបស់​កងទ័ព ចំណែក​ទាហាន​វ៉ាក់ណែ​មានពេលរហូតដល់​ថ្ងៃទី ១​កក្កដា ដើម្បី ចុះឈ្មោះ​ជា​ទាហាន​ស្របច្បាប់ ស្ថិតក្រោមការគ្រប់គ្រង​របស់ក្រសួងការពារជាតិរុស្ស៊ី។វ៉ាក់ណែ​គ្មាន​ចេតនា​ចង់ផ្តួលអំណាចដឹកនាំ​របស់​លោកពូទីននោះទេ…ជាការពិត នៅក្នុងសារសំឡេង​១១​នាទី លោក​ព្រីហ្គោហ្ស៊ីន មេទាហានស៊ីឈ្នួល​វ៉ាក់ណែ បាននិយាយ​យ៉ាងដូច្នេះមែនថា ​ដំណើរឆ្ពោះ​ទៅម៉ូស្គូ​ដើម្បីទាមទារ​យុត្តិធម៌ គ្មានគោលដៅ​ចង់ផ្តួលមេដឹកនាំ​ស្របច្បាប់ដែលចេញពីការបោះឆ្នោតនោះទេ។ លោកព្រីហ្គោហ្ស៊ីនចង់និយាយ​សំដៅ​ដល់​លោកពូទីន។ប៉ុន្តែ នៅក្នុង​សារ​ដែលមាន​លក្ខណៈផ្សះផ្សាច្រើន មេទាហានវ៉ាក់ណែបញ្ជាក់សាជាថ្មី ទាហានវ៉ាក់ណែ ធ្វើដំណើរ​ទៅម៉ូស្គូ ដើម្បីតវ៉ា​ប្រឆាំង ការប៉ុនប៉ងរំលាយ​ក្រុមទាហានវ៉ាក់ណែ ហើយនិងដើម្បី​បរិហារ​អសមត្ថភាព​របស់​រដ្ឋមន្រ្តីការពារជាតិ និង​មេបញ្ជាការកងទ័ពជាតិរុស្ស៊ី។ តាម​លោក​ព្រីហ្គោហ្ស៊ីន ទាហាន​វ៉ាក់ណែភាគច្រើន​មិន​ចង់​ចូលរួម​ក្នុងជួរកងទ័ពធម្មតា​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​នោះទេ។ គិត​ចាប់តាំង​ពី​ថ្ងៃ​ប្រកាស​របស់​រដ្ឋមន្រ្តីការពារជាតិ​ដែល​ចង់​ឲ្យ​ទាហានវ៉ាក់ណែ ចុះកិច្ចសន្យា​ចូលធ្វើ​កងទ័ពរុស្ស៊ី មានតែ ទាហានវ៉ាក់ណែ ២%ដែល​យល់ព្រម ក្រៅពីនោះ គឺ​ប្រឆាំងដាច់ខាត។ ជាច្រើនខែ​មកហើយ ដែល​លោក​ព្រីហ្គោហ្ស៊ីនដែលជា​ស្ថាបនិក​ក្រុមហ៊ុន​វ៉ាក់ណែ តាំងពី​ឆ្នាំ ២០១៤ ដំឡើង​សំឡេង​រិះគន់ និយាយប្រមាថ​ថ្នាក់ដឹកនាំ​យោធា​រុស្ស៊ី ថា​អសមត្ថភាពនៅក្នុង​សង្រ្គាមអ៊ុយក្រែន។ តាម​លោកព្រីហ្គោហ្ស៊ីន ដោយសារ​តែ​មិនសប្បាយចិត្ត​នឹង​ទាហានវ៉ាក់ណែ​ដែលមាន​ស្នាដៃ​ក្នុង​សមរភូមិ កងទ័ព​រុស្ស៊ី ក្រោមបញ្ជា​របស់​រដ្ឋមន្រ្តីការពារ​ជាតិ បាញ់​សម្លាប់​ទាហានវ៉ាក់ណែ ប្រមាណ ៣០នាក់ កាលពីសប្តាហ៍មុន។ តាមលោកព្រីហ្គោហ្ស៊ីន ហេតុការណ៍​នេះធ្វើ​ឲ្យទាហាន​វ៉ាក់ណែ​ផ្ទុះកំហឹង បះបោរ​ដើម្បី ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​តំណែងរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី។ នៅក្នុងសារ​១១នាទី មេទាហានវ៉ាក់ណែ និយាយ​អួត​ផងដែរ ពី​ស្នាដៃ​របស់​ទាហាន​ឆ្នើមវ៉ាក់ណែ​បើប្រៀបធៀប​នឹង​កងទ័ពរុស្ស៊ី ព្រោះថា ក្នុងរយៈពេល​មិនដល់​មួយថ្ងៃផង ទាហានវ៉ាក់ណែ​ចូលកាន់កាប់​មូលដ្ឋានទ័ព និងក្រុង​Rostov ដែលជា​ទីតាំងបញ្ជាការដ្ឋាន​សំខាន់របស់​រុស្ស៊ី។ ផ្ទុយទៅវិញ កងទ័ព​រុស្ស៊ី ដែលធ្លាប់សង្ឃឹមថាអាចវាយយកក្រុងកៀវក្នុងរយៈពេលតែមួយថ្ងៃ ឥលូវនេះ ត្រូវ​ចំណាយពេល​ជាង​១ឆ្នាំ​មកហើយ នៅតែ​មិនអាច​វាយយកបានអ៊ុយក្រែន។លោកបៃដិនថា អាមេរិកបានជូនដំណឹង​ទៅម៉ូស្គូថាអាមេរិកមិនជាប់ពាក់ព័ន្ធនឹង​ការបះបោររបស់ពួកវ៉ាក់ណែប្រធានាធិបតី​អាមេរិក លោកចូ បៃដិន​និយាយ​ប្រាប់អ្នកកាសែត​កាលពីថ្ងៃ​ម្សិលមិញថា អាមេរិកតាមរយៈ​ស្ថានទូត​នៅទីក្រុង​ម៉ូស្គូ បានជូនដំនឹង​ភ្លាមទៅភាគី​រុស្ស៊ីថា អាមេរិក​មិនដឹងរឿង ហើយ​ក៏មិនជាប់ពាក់ព័ន្ធ​នឹង​រឿងបះបោរ​របស់​ទាហាន​វ៉ាក់ណែ កាលពីថ្ងៃ​សៅរ៍។តាម​លោកបៃដិន អាមេរិក​នៅតែតាមដានជាប់​ស្ថានការណ៍​នៅរុស្ស៊ី និងថា ទោះស្ថានការណ៍​ផ្ទៃក្នុងរបស់​រុស្ស៊ី​ប្រែប្រួល​យ៉ាងណាក៏ដោយ ក៏​អាមេរិកមិនផ្លាស់ប្តូរ​ជំហរ ដើម្បីជួយអ៊ុយក្រែន។មេទាហាន​វ៉ាក់ណែ​ទៅនៅ​បេឡារុសធ្វើអ្វី?តាមលទ្ធផល​នៃការចរចាសម្របសម្រួល​របស់​ប្រធានាធិបតី​បេឡារុស លោក​លូកាឆិនកូ ដែល​តាំងខ្លួន​ជាអាជ្ញាកណ្តាល​រវាង​លោក​ពូទីន និង​លោក​ព្រីហ្គោហ្ស៊ីន មេក្រុមវ៉ាក់ណែ ត្រូវ​ចាកចេញ​ទៅបេឡារុស ជាថ្នូរនឹង​ការទម្លាក់ការចោលរាល់ការស៊ើបអង្កេតទាក់ទង​នឹងការប្រព្រឹត្តបទឧក្រិដ្ឋ ក្នុងរឿងបះបោររបស់​វ៉ាក់ណែ។តាមអ្នកនាំពាក្យ​របស់​វិមានក្រេមឡាំង លោកលូកាឆិនកូ​យល់ព្រមផ្តល់​កន្លែងជ្រកកោន​ដល់​លោកព្រីហ្គោហ្ស៊ីន ដោយ​មកពីលោក​លូកាឆិនកូ​ស្គាល់​លោកព្រីហ្គោហ្ស៊ីន ២០ឆ្នាំ​មកហើយ។ប៉ុន្តែ ថ្លែង​ទៅកាន់​អ្នកកាសែត នៅថ្ងៃ​អង្គារ​នេះ ប្រធានាធិបតី​បេឡារុស​មិនបានបញ្ជាក់ពីហេតុផលដែលធ្វើ​ឲ្យ​លោកទទួល​មេទាហានវ៉ាក់ណែនៅបេឡារុស ប៉ុន្តែ លោក​និយាយ​ថា ស្ថានការណ៍​នៅរុស្ស៊ី​ធ្វើ​ឲ្យ​លោកបារម្ភខ្លាំង និង​បានបញ្ជា​ឲ្យកងទ័ពត្រៀមខ្លួន នៅថ្ងៃដែល​ ក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ​ធ្វើការបះបោរប្រឆាំង នៅរុស្ស៊ី។ តាម​ប្រធានាធិបតី​បេឡារុស បើសិន រុស្ស៊ីជួបអសន្តិសុខ នោះ​បេឡារុស​នឹង​ធ្លាក់ក្រោមបំណែកផ្ទាំងថ្ម ស្លាប់ទាំងអស់គ្នា។ តាមមេដឹកនាំ​បេឡារុស ការបះបោររបស់ទាហានស៊ីឈ្នួល​វ៉ាក់ណែជាលទ្ធផល​នៃការគ្រប់គ្រង​មិនបានល្អ ព្រោះគេដឹងហើយថា ពួកវ៉ាក់ណែ និង​រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី​បានតឹងសសៃក តានតឹងដាក់គ្នាជាច្រើនខែមកហើយ ប៉ុន្តែ គេ​មិនរកដំណោះស្រាយ។ លោក​លូកាឆិនកូអាច​ចង់​និយាយ​ដល់​លោកពូទីន ដែលជា​ក្បាលម៉ាស៊ីនដឹកនាំរុស្ស៊ី។លោកព្រីហ្គោហ្ស៊ីនវិញ និយាយ​ថា លោក​ទៅបេឡារុស ព្រោះតែ​ប្រធានាធិបតី​បេឡារុស​បានសន្យា​ថា លោកនឹង​អាច​បន្តការងារ​ជំនួញស្របច្បាប់​របស់លោកដដែល។ តើ​លោកព្រីហ្គោហ្ស៊ីន នឹង​បន្តដឹកនាំ​បញ្ជា​ក្រុមវ៉ាក់ណែ​តាំងពី​បេឡារុស? លោកព្រីហ្គោហ្ស៊ីន​មិនបាន​លម្អិតច្រើននោះទេ។ ដោយសារ​លោកពូទីន​និយាយ​អនុញ្ញាត​ឲ្យ​ក្រុមទាហានវ៉ាក់ណែ ទៅ​ចូលរួមជាមួយ​មេដឹកនាំ​របស់​ខ្លួន​នៅបេឡារុស គេអាច​និយាយ​ថា លោកព្រីហ្គោហ្ស៊ីន​អាច​ប្រមូលផ្តុំ​កម្លាំងទាហានស៊ីឈ្នួល នៅបរទេស នៅបេឡារុស។ ជួនកាល នេះជាអាច​យុទ្ធសាស្រ្ត​របស់​លោក​ពូទីន​ដែល​អាច​នឹង​ខ្ចីដៃ​របស់​ទាហានស៊ីឈ្នួល​របស់​ព្រីហ្គោហ្ស៊ីន​ដើម្បីវាយអ៊ុយក្រែន ពីខាងទឹកដី​បេឡារុស​ដែលជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី​ក៏អាចថាបាន។ ​
6/27/20238 minutes, 9 seconds
Episode Artwork

ការបះបោររបស់ក្រុមWagner ត្រូវបិទបញ្ចប់ តែផលវិបាក​អាចបន្តអង្រួន​​របបដឹកនាំរបស់​លោកពូទីន?

កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍​កន្លងទៅនេះ​ ព្រឹត្តិការ​ណ៍បះបោររបស់​ក្រុម​ទាហានស៊ីឈ្នួល​រុស្ស៊ី Wagner បាន​​ធ្វើឲ្យ​មានការភ្ញាក់ផ្អើលជាខ្លាំង​។ តែបានតែមួយថ្ងៃ ក្រុម Wagner ដែលដឹកនាំដោយ​លោក អេវហ្គេនី ព្រីហ្គោហ្ស៊ីន (Evguéni Prigojin) បានត្រលប់ក្រោយ​វិញ ដោយអះអាងថា មិន​ចង់ធ្វើ​ឲ្យ​ការបង្ហូរឈាម​។ គិតត្រឹមថ្ងៃចន្ទនេះ វិមានក្រេមឡាំង បានប្រកាសថា ការបោះបោររបស់ក្រុម Wagner នេះ ត្រូវបាន​បិទបញ្ចប់ហើយ បន្ទាប់ពីមានអន្តរាគមន៍​ ធ្វើអាជ្ញាកណ្តាល ពីសំណាក់​លោក​ប្រធានាធិបតី​បេឡារុស។ “ស្ថានការណ៍ត្រលប់ទៅរកភាពប្រក្រតីវិញ​​”ផ្អែកតាមការ​​​ប្រកាសរបស់អ្នកនាំពាក្យ​វិមានក្រេមឡាំង លោក ឌីមីទ្រី ប៉េស្កូវ នៅព្រឹកថ្ងៃចន្ទនេះ គឺ​ព្រឹត្តិការណ៍​បះបោរនេះ បានរលត់ទៅវិញហើយ ហើយស្ថានការណ៍​ ក៏បាន​វិលត្រលប់​មករកភាពប្រក្រតីវិញដែរ។ ចំណែក​លោក Sergueï Sobianine អភិបាលទីក្រុងម៉ូស្គូ ក៏បានសរសេរលើបណ្តាញ​តេឡាក្រាមដែរថា ការប្រកាសអាសន្ន​ស្តីពីប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម ក៏បានត្រូវបាន​ដកចេញ​ហើយ​ដែរ​។ លោក​បានថ្លែងអំណរគុណចំពោះប្រជាជនអ្នកក្រុងម៉ូស្គូ ដែល​បានរក្សាភាពស្ងៀមស្ងាត់ មិនភ័យជ្រួលច្របល់។​ក្រុមទាហានស៊ីឈ្នួល Wagner ដែលដឹកនាំដោយ​លោក Evguéni Prigojin បានប្រកាស​​ត្រលប់ក្រោយ​បែរ បន្ទាប់ពីបាននាំកម្លាំង​ ឈានទៅ​ដល់សល់តែ​ចំងាយ​ប្រមាណ​​៣០០គីឡូម៉ែត្រ ទៀតគឺ​ដល់​ទីក្រុង​ម៉ូស្គូ។ ជាការបះបោរ ដ៏គួរឲ្យ​ភ្ញាក់ផ្អើលបំផុត ព្រោះវាបាន​​កើតឡើងភ្លាមៗ ហើយ​មិនត្រឹមតែប៉ុណ្ណោះ គឺក្រុម​ Wagner បានធ្វើទៅដោយងាយ ដោយ​គ្មានឧបសគ្គ ឬការរារាំងអ្វីទាំងអស់ ពីសំណាក់កងទ័ពជាតិរុស្ស៊ី​។ តែយ៉ាងណា កាលពីព្រឹកថ្ងៃអាទិត្យ Evguéni Prigojin បានសម្រេចចិត្តដកថយវិញ ដោយអះអាងថា មិនចង់​ឲ្យ​មានការបង្ហូរឈាម។យោងតាម​ការប្រកាសជាផ្លូវការពី​វិមានក្រេមឡាំង គឺការត្រលប់ក្រោយ​បែរនេះ គឺជាលទ្ធផល​នៃ​ការ​អន្តរាគមន៍សម្របសម្រួល ពីសំណាក់​លោក​ប្រធានាធិបតី​បេឡារុស អាឡិចសង់ដ្រ៍ លូកាឆិនកូ។ ក្រុម Wagner បានចុះកិច្ចព្រមព្រៀងជាមួយក្រេមឡាំង ដើម្បីបញ្ចៀសការបង្ហូរឈាម ក៏ប៉ុន្តែគិតមកត្រឹមពេលនេះ គេ​មិនអាច​ដឹងលំអិត ថាកិច្ចព្រមព្រៀងនេះ​ បានកំណត់ពីអ្វីខ្លះទេ។ វិមានក្រេមឡាំងបានត្រឹមប្រកាសថា លោក Evguéni Prigojin មេក្រុមWagner នឹងធ្វើដំណើរចេញពី​រុស្ស៊ីឆ្ពោះទៅកាន់បេឡារុស។មិនចាប់ទោសអូសដំណើរ លើក្រុមបះបោរ Wagnerយោងតាម​ការប្រកាសរបស់​អ្នកនាំពាក្យ​វិមានក្រេមឡាំង ផ្ទាល់តែម្តង​ គឺការស៊ើបអង្កេតស្តីពីបទឧក្រិដ្ឋ ទៅលើ​លោក Evguéni Prigojin មេក្រុមWagner គឺត្រូវបាន​បោះបង់ចោលទាំងអស់​ហើយ។ ក្រសួងការពារជាតិរុស្ស៊ី ក៏បានអះអាងដែរ ថារឿងនេះ​ចប់រួចរាល់ហើយ​។ ពោលគឺគ្មានការចាប់ទោសអូសដំណើរអ្វីទាំងអស់​។ សមាជិក​សភា​រុស្ស៊ី ឈ្មោះ Andreï Kartapolov ដែលជាប្រធាន​គណៈកម្មាធិការការពារជាតិ នៅសភាឌូម៉ា បាន​ថែមទាំងអះអាងទៀត អាជ្ញាធររុស្ស៊ី​គ្មានអ្វីនឹងស្តីបន្ទោសក្រុមWagner ទេ ព្រោះក្រុមនេះ មិនបានបង្កការខូចខាតអ្វីទាំងអស់​។ ក៏ប៉ុន្តែ បើយោងតាម​អ្នកសរសេរ​Blogកងទ័ពនៅរុស្ស៊ី គឺមាន​ទាហានរុស្ស៊ី​ស្លាប់ចន្លោះពី​១៣ទៅ​២០នាក់ ដែល​ភាគច្រើន គឺស្លាប់ដោយ​សារ​ក្រុមWagner បាញ់ទម្លាក់ឧត្ថម្ភាគចក្រចំនួន​៦គ្រឿង និងយន្តហោះមួយគ្រឿង។ជារួមយើងឃើញថា គោលជំហររបស់​រដ្ឋអំណាចរុស្ស៊ីនៅពេលនេះ ហាក់ដូចជាស្លូតខ្លាំងណាស់ គឺស្លូតយ៉ាងចម្លែកខុសធម្មតា​។ យើងមិនដឹង ថាតើផ្ទៃក្នុង គេមានការត្រូវរ៉ូវ ផ្សះផ្សារគ្នាយ៉ាងណាទេ តែ​សម្តីរបស់​លោកពូទីន កាលពីពេល​កើតហេតុភ្លាម ហាក់ដូចជាខ្លាំង ដោយ​លោក​បាន​ហៅការបះបោរនេះ ថាជាអំពើ​ក្បត់។ តែទីបំផុត គឺគ្មានការចាប់ទោសអូសដំណើរអ្វីទាំងអស់។ Evguéni Prigojin នឹងត្រូវ​បេឡារុសទទួលស្វាគមន៍។ក៏ប៉ុន្តែ នៅ​មាន​ចម្ងល់មួយចំនួន ដែលគេកំពុងចោទសួរ គឺទាក់ទិននឹងអនាគតរបស់ក្រុមទាហានស៊ីឈ្នួល Wagnerនេះ? វិមានក្រេមឡាំង បានបញ្ជាក់ថា ទាហានស៊ីឈ្នួលណា ដែលមិនបានចូលរួម​ នៅក្នុងការបះបោរកាលពីថ្ងៃសៅរ៍​ គឺអាចចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិ ដើម្បី​​ចូលបម្រើទ័ព​បាន​។ ដោយឡែក អ្នកផ្សេងវិញគឺត្រូវត្រលប់​ទៅមូលដ្ឋានរបស់ខ្លួនវិញ។ តែសួរថា បន្ទាប់មកទៀត​ ត្រូវធ្វើយ៉ាងម៉េចទៀត? តើក្រុមនេះនឹងត្រូវរំសាយ​អាវុធចោល ? ឬអាច​បន្ត​ប្រយុទ្ធនៅអ៊ុយក្រែនទទៅទៀត​? ឬមួយក៏នាំគ្នាទៅតាម​ Evguéni Prigojin នៅបេឡារុស ? ឃើញថា ភាពស្រពេចស្រពិល មន្ទិលសង្ស័យ​នៅ​នៅទាំងស្រុងតែម្តង​។របបដឹកនាំរបស់​ពូទីន បាក់បែកប្រេះស្រាំ ?ពីក្រុមប្រទេសលោកខាងលិចវិញ គេបានតាមដានស្ថានការណ៍​បះបោរនេះ យ៉ាងយកចិត្តទុកដាក់បំផុត ព្រោះវាហាក់ដូចជាបាន​បង្ហាញ​ អំពី​ការបាក់បែក​ប្រេះស្រាំ នៅក្នុងរបបដឹកនាំរបស់​លោកពូទីន។ មតិជាច្រើនពីក្រុមប្រទេសលោកខាងលិច គឺគេឃើញថា ព្រឹត្តិការណ៍បះបោរនេះ ទោះជាត្រឹមតែ២៤ម៉ោង ហើយក៏រលត់ទៅវិញ វាគឺជារឿងមួយមិនធម្មតាទេ។ មិនធម្មតាព្រោះថាកន្លងមកគេតែងគិតថា លោកពូទីន គឺជាបុរសខ្លាំង ក្តាប់អំណាចណែនក្នុងដៃមិនឲ្យ​របបដឹកនាំខ្លួនរង្គោះរង្គើ។ តែផ្ទុយទៅវិញ យើងឃើញថា ក្រុមWagner អាចធ្វើសកម្មភាពបានងាយ​ងាយ​បំផុត នាំកម្លាំងនាំរថក្រោះ ឡើងវិះតែទៅដល់ម៉ូស្គូ ធ្វើឲ្យក្រេមឡាំងភ័យស្លន់ស្លោ ជីករណ្តៅដាក់បាវខ្សាច់ ដើម្បីផ្តាច់ផ្លូវ​ការពារខ្លួនជាដើម។ល។លោក​អង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក បាន​លើកឡើងថា ព្រឹត្តិការណ៍នេះ បានស្តែងឲ្យឃើញថា ធាតុពិត អំណាចកំពូលរបស់រុស្ស៊ី ដែល​លោកពូទីនអង្គុយពីលើ គឺមិនរឹងមាំប៉ុន្មាននោះទេ។ ពោលគឺវាមានស្នាមប្រេះបាក់បែក​ហើយ​។ ដូចគ្នាដែរ លោក​ម៉ាក្រុងប្រធានាធិបតី​បារាំង បាន​លើកឡើងថា ការបះបោររបស់​ក្រុម Wagner បានបង្ហាញ​ឲ្យឃើញថា មានការបែកបាក់គ្នា​​នៅក្នុង​របបដឹកនាំរុស្ស៊ីបច្ចុប្បន្ន។ ជាការបាក់បែក ផុយស្រួយ ទាំងក្នុងចំណោមមន្ត្រី​កងទ័ពរុស្ស៊ី និង​ក្នុង​ក្រុម​កម្លាំង​ដៃជើង​ដូចយ៉ាងក្រុមទាហានស៊ីឈ្នួល Wagner។ចំណែក​លោកMykhaïlo Podoliak ទីប្រឹក្សាពិសេសរបស់​លោកហ្សេឡេនស្គី បាន​លើកឡើងថា Evguéni Prigojin បានធ្វើ​ឲ្យ​លោកពូទីន ក៏ដូចជារបបដឹកនាំរុស្ស៊ី ត្រូវ​អាម៉ាសមុខ ពេញមួយពិភពលោកតែម្តង​។ លោក Abbas Galliamov អតីតទីប្រឹក្សារបស់​លោកពូទីន បាន​លើកឡើងថា ព្រឹត្តិការណ៍​បានបង្ហាញប្រាប់គ្រប់គ្នា​ឲ្យឃើញថា របបដឹកនាំរបស់ពូទីន​គឺពោរពេញដោយ​ចន្លោះប្រហោង។ដោយឡែក ប្រទេសខ្លះទៀត ដូចជាចិន បានប្រកាសថា គេនៅតែគាំទ្រ ដោយ​ឥតងាករេ ចំពោះរដ្ឋាភិបាលរុស្ស៊ីដឹកនាំដោយ​លោកពូទីន ដែល​ការពារស្ថិរភាពប្រទេស។ យ៉ាងណាក៏ដោយ​ ក្រសួងការបរទេសចិន អះអាងថាព្រឹត្តិការណ៍ដែលកើតឡើងថ្មីៗនេះ គឺជាកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី​។អ៊ុយក្រែនប្រុងប្រយ័ត្នចំពោះស្ថានការណ៍​ដោយឡែក ភាគីអ៊ុយក្រែន មានការប្រុងប្រយ័ត្នណាស់ ដោយ​មិនអរលឿនរហ័សពេកនោះទេ។ កងទ័ពរុស្ស៊ីវិញ បន្តអះអាងថា គ្មានអ្វីប្រែប្រួលទេ មិនត្រឹមប៉ុណ្ណោះ គេថែមទាំងបានរុញ​ច្រាន​កងទ័ពអ៊ុយក្រែន​បានជោគជ័យថែមទៀត នៅចំណុចសមរភូមិចំនួន​៤។ នៅតំបន់​ក្បែរក្រុង Bakhmout វិញ កងទ័ពអ៊ុយក្រែនទទួលស្គាល់ថា ដូចជាគ្មានអ្វីប្រែប្រួលធំដុំមែន នៅមួយថ្ងៃក្រោយ​បរាជ័យ​នៃការបះបោរ​របស់ក្រុម Wagner។ ទាហានអ៊ុយក្រែនម្នាក់ ឈ្មោះ Nazar បានប្រាប់អ្នកកាសែតថា កងទាហានអ៊ុយក្រែនហួសពីដឹងពេកថា ហេតុការណ៍​បះបោររបស់​ក្រុមWagner វាគឺជាការ​សម្តែង​សៀករហ័សកម្មឆ្ពិនភ្នែក​តែប៉ុណ្ណោះ​ ធាតុពិត គឺ​ពួករុស្ស៊ីនឹងមិនដកថយចេញពីសមរភូមិនោះទេ។ដោយឡែក យោងតាមអ្នកវិភាគខ្លះទៀត លើកឡើងថា រុស្ស៊ីអាចនឹងទទួល​ផលវិបាកដោយសារតែ​បញ្ហាបះបោរ បាក់បែកផ្ទៃក្នុងនេះ។ ជាផលវិបាក​ផ្នែកសតិអារម្មណ៍ ដែលអាចនឹងវាយប្រហារទៅលើ​កម្លាំងរបស់កងទ័ពរុស្ស៊ី។ លោក Lucian Kim អ្នកវិភាគម្នាក់នៅ Wilson ​Center បាន​លើកឡើងថា ចង់មិនចង់ សំដីឃោសនារបស់​ Evguéni Prigojin ដែលបានជេរប្រទេច រិះគន់មេដឹកនាំកងទ័ព និង​មន្ត្រីមានអំណាចធំៗនៅក្រេមឡាំង គឺនឹងចូលចាក់ជ្រាបក្នុងចំណោមកងទាហានរុស្ស៊ី ធ្វើឲ្យ​គ្រប់គ្នារមាស់មាត់រិះគន់ដែរ​។ ការរិះគន់ អាចឈានទៅដល់ការដាក់អាវុធ លែងស្តាប់​បញ្ជា​ លែងប្រយុទ្ធ ឬក៏អាចឈានដល់ការបាក់ទ័ពរត់ចោលជួរក៏ថាបាន។ ប្រហែលជា​ត្រង់ចំណុចនេះហើយ បានជា​ក្រេមឡាំងបានប្រកាន់គោលជំហរ ស្លូតខ្លាំងណាស់ ដាក់​ក្រុម​ Wagner ដោយ​អះអាងថាមិន​យកទោសពៃអ្វីទាំងអស់ ព្រោះមិនចង់​ឲ្យ​កងទាហានខឹងច្រឡោតឡើង ទប់លែងឈ្នះ៕
6/26/20238 minutes, 45 seconds
Episode Artwork

មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី​Wagner​បែរទិសចេញពីអ៊ុយក្រែនទៅតទល់នឹងអំណាចយោធា​នៅរុស្ស៊ី

នៅព្រឹកថ្ងៃ​សៅរ៍ទី ២៤មិថុនា មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ Wagner ដែល​ធ្លាប់ជួយ​ប្រយុទ្ធ​កងទ័ព​រុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន កំពុង​លើកគ្នា ត្រលប់​​ចូល​ទឹកដី​រុស្ស៊ី សំដៅ​ម៉ូស្គូ ដើម្បី​ផ្តួល​អំណាច​មេដឹកនាំ​យោធា​រុស្ស៊ី។ នៅព្រឹកថ្ងៃ​សៅរ៍នេះ រដ្ឋាភិបាល​ម៉ូស្គូ​ប្រកាស​ចាត់វិធានការ​ប្រឆាំង​ភេរវកម្ម។ នៅក្នុង​សារតាមទូរទស្សន៍​ទៅកាន់ប្រជាជន​រុស្ស៊ី លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន​បាន​ចោទប្រកាន់ ការប៉ុនប៉ង​របស់​ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែរ ថា ជា​ទង្វើក្បត់ជាតិ ក្បត់ប្រជាជន​រុស្ស៊ី។ ប្រធានាធិបតី​រុស្ស៊ី​នៅបាន​ព្រមានដាក់ពិន័យ​រាល់​អ្នកដែល​ចូលរួម​ជាមួយ​ក្រុមកម្លាំងបះបោរ ក្រុមដែលបំពាក់​អាវុធ​ឲ្យ​ក្រុមឧទ្ទាម នៅរុស្ស៊ី។ ហេតុអ្វីបាន​ជា​ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី​ងាកបែរ គោលដៅ​មក​វាយប្រហារ​រដ្ឋអំណាច​យោធា​រុស្ស៊ី​នៅពេលនេះ? ស្ថានការណ៍​នៅ​រុស្ស៊ី​បាន​ប្រែប្រួលខ្លាំង នៅព្រឹកថ្ងៃ​សៅរ៍នេះ បន្ទាប់​ពី​ក្រុមទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ​បែរ​ទិសដៅ​ប្រយុទ្ធ ចេញ​ពី​ទឹកដី​អ៊ុយក្រែន សំដៅ ប្រទេសរុស្ស៊ី។ នៅក្នុងសារវីដេអូ តាមតេឡេក្រាម មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ លោក​អេវហ្គីនី ព្រីហ្គោហ្ស៊ីន​និយាយ​ថា ទាហានវ៉ាក់ណែ​បាន​ឆ្លងព្រំដែន​អ៊ុយក្រែន​ចូលទៅរុស្ស៊ី ដើម្បី ផ្តួលមេដឹកនាំយោធា​រុស្ស៊ី។ លោកប្រធានាធិបតី​រុស្ស៊ី បានប្រកាសចាត់ទុក​មេក្រុមទាហាន​វ៉ាក់ណែថា ក្បត់ជាតិ។ម៉ូស្គូ​បាន​ចាត់វិធានពង្រឹងសន្តិសុខ​តាំងពី​យប់ថ្ងៃ​សុក្រម្សិលមិញ នៅខណៈពេល​ដែល​មេទាហានស៊ីឈ្នួល​វ៉ាក់ណែ ប្រកាស​បែរទិស​ប្រយុទ្ធ ទៅ​ផ្តួល​មេដឹកនាំ​យោធា នៅក្នុងទឹកដីរុស្ស៊ី។ នៅ​ព្រឹកថ្ងៃ​សៅរ៍នេះ មេក្រុមទាហានស៊ីឈ្នួល វ៉ាក់ណែ លោក អេវហ្គីនី ព្រីហ្គោហ្សីន​បាន​ប្រកាស​នៅក្នុង​សារវីដេអូ​តេឡេក្រាមថា ទាហានស៊ីឈ្នួល​វ៉ាក់ណែ​បាន​ឆ្លងព្រំដែន​ចេញពី​អ៊ុយក្រែន ទៅក្នុងទឹកដី​រុស្ស៊ី។ តាម​មេក្រុមទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ កងកម្លាំង​របស់ខ្លួន​បាន​ចូល​កាន់កាប់​ទីក្រុង Rostov-on-Don ដែលជា​ទីតាំង​បញ្ជាការដ្ឋាន​ដ៏ធំ​របស់​រុស្ស៊ី សម្រាប់​ធ្វើសង្រ្គាមនៅអ៊ុយក្រែន។ តាម​មេក្រុមវ៉ាក់ណែ ការចូលកាន់​នៅទីក្រុង​ Rostov-on-Don ប្រព្រឹត្ត​ទៅ​ដោយ​ស្រួល គ្មានការប្រយុទ្ធគ្នា បន្ទាប់ពី​ទាហាន​រុស្ស៊ីយល់ព្រម​ទម្លាក់អាវុធ។ ទាហានស៊ីឈ្នួលវ៉ាក់ណែ​និយាយដែរថា ពួកគេ​បាន​ចូលកាន់កាប់​មូលដ្ឋានទ័ពរុស្ស៊ីផ្សេងទៀត​នៅទីក្រុង​Voronezh ដែលស្ថិតនៅចម្ងាយ ៥០០គីឡូម៉ែត្រពីរដ្ឋធានីម៉ូស្គូ។ នៅមុននេះ ​ទីភ្នាក់ងារព័ត៌មាន​Reuters បាន​បង្ហាញ​ក្បួនរថយន្ត​ដែល​មានដឹក​របស់រថក្រោះ​របស់​ក្រុមទាហាន​វ៉ាក់ណែ នៅ​ម្តុំ​ទីក្រុង​Voronezh សំដៅ​ទីក្រុង​ម៉ូស្គូ។ប្រធានាធិបតីរុស្ស៊ី លោកពូទីនវិញ បាន​ចេញមុខនៅទូរទស្សន៍ជាតិរុស្ស៊ី  ប្រកាស​ចាត់ទុក​ទង្វើ​របស់​មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ​ថា ជាការក្បត់ជាតិ ក្បត់ប្រជាជន និង​ជា​កាំបិត​ចាក់ពី​ក្រោយខ្នង​ប្រជាជនរុស្ស៊ី។ សម្រាប់​លោកពូទីន ទង្វើក្បត់​របស់​ទាហានស៊ីឈ្នួល​វ៉ាក់ណែ ដែលកើតឡើង​ដោយសារ​មហិច្ឆតា​ហួសមាឌ និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ផលប្រយោជន៍បុគ្គល កំពុង​ក្លាយជា​ការគំរាមកំហែងដ៏គ្រោះថ្នាក់​សម្រាប់​រុស្ស៊ី។ មេដឹកនាំ​រុស្ស៊ី ទទួលស្គាល់ស្ថានការណ៍លំបាក បន្ទាប់ពីក្រុមទាហាន​វ៉ាក់ណែ វាយចូលកាន់កាប់​ទីក្រុង​ Rostov-on-Don។ លោកពូទី​បាន​ព្រមានផងដែរ ស្ថានការណ៍​លើកនេះ អាច​រុញច្រានរុស្ស៊ីឲ្យ​​ធ្លាក់ក្នុង​សង្រ្គាមស៊ីវិល។ យ៉ាងណាក៏ដោយ លោក​បាន​សន្យា​ថា នឹង​មិន​ឲ្យមានរឿងហ្នឹងកើតឡើងបានទេ ព្រោះលោក​បានបញ្ជារួចហើយ​ឲ្យគេ​ចាត់គ្រប់វិធានការ​ដាក់ពិន័យរាល់​ពួកបះបោរ ដើម្បីស្តារស្ថានការណ៍​ក្នុងប្រទេស​ឡើងវិញ។ពី​ដៃគូ​ប្រយុទ្ធ ទៅជា​ជនក្បត់ជាតិក្រុម​ទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ​ជា​ដៃគូប្រយុទ្ធ​ដ៏សំខាន់​របស់​កងទ័ពរុស្ស៊ី នៅក្នុង​សមរភូមិ​អ៊ុយក្រែន។ ទាហានវ៉ាក់ណែផ្ទាល់​ក៏បានទទួល​អាវុធ​ពីកងទ័ពរុស្ស៊ី ដើម្បីប្រយុទ្ធ​នៅអ៊ុយក្រែនដែរ។ មេដឹកនាំ​ក្រុមវ៉ាក់ណែផ្ទាល់ធ្លាប់ជា​មេចុងភៅ និងជា​មនុស្សជំនិត​នឹង​លោកពូទីន។ ដូច្នេះ គ្មានអ្នកណានឹកស្មានដល់​ថា ក្រុមទាហាន​ស៊ីឈ្នួលរុស្ស៊ី​វ៉ាក់ណែ​អាចក្លាយ​ជាក្រពើ ងាកក្បាល​មកខាំរដ្ឋអំណាច​រុស្ស៊ីនោះទេ។ប៉ុន្តែ មានផ្សែងគឺ​មានភ្លើង។ មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ លើកទ័ព​សំដៅ​ម៉ូស្គូ នៅពេលនេះ គឺ​ជាលទ្ធផល​នៃ​ជម្លោះ​ពាក្យសំដី ភាពតានតឹង​គ្នា​ជាយូរមកហើយ រវាងមេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ លោក​ព្រីហ្គោហ្សីន ហើយ​និងរដ្ឋមន្រ្តីការពារជាតិ​រុស្ស៊ី លោក​ស៊ែរហ្គេយ ស្ហូហ្គុយ។ នៅថ្ងៃ​សុក្រ ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរុស្ស៊ី​បានប្រកាស​បើកការស៊ើបអង្កេត​ទៅលើ​លោកព្រីហ្គោហ្សីន ក្នុងបទសង្ស័យថា លោក​បំពាក់អាវុធ​ឲ្យក្រុមឧទ្ទាមដើម្បីធ្វើការបះបោរប្រឆាំង​រដ្ឋអំណាចរុស្ស៊ី។កន្លងមក មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ រិះគន់ មិនសំចៃមាត់ និយាយប្រមាថ​ទាំង​មេបញ្ជាការកងទ័ពរុស្ស៊ី ទាំង​រដ្ឋមន្រ្តីការពារ​ជាតិ​រុស្ស៊ី ថា អសមត្ថភាព គ្មាន​យុទ្ធសាស្រ្ត​ប្រយុទ្ធ​នៅ​ក្នុងសមរភូមិ​អ៊ុយក្រែន។នៅប៉ុន្មាន​ខែ​មុននេះ លោកព្រីហ្គោហ្ស៊ីន​នៅបាន​ចោទប្រកាន់​រដ្ឋមន្រ្តីការពារ​ជាតិ​រុស្ស៊ី​ថា មានចេតនា​មិនផ្តល់អាវុធ​ឲ្យទាហាន​វ៉ាក់ណែ។ មិនតែប៉ុណ្ណោះ នៅបាន​លបបាញ់​ឆ្មក់ពីក្រោយ បាញ់​សម្លាប់ ទាហានស៊ីឈ្នួល​វ៉ាក់ណែ​នៅក្នុងសមរភូមិអ៊ុយក្រែន។ សម្រាប់​មេក្រុមទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ គោលដៅ​របស់​ខ្លួន​នៅ​រុស្ស៊ី គឺដើម្បីទាមទារ​យុត្តិធម៌ ​ទម្លាក់​មេដឹកនាំយោធា ដែល​បាញ់សម្លាប់​ប្រជាជនស៊ីវិល ដែល​និយាយ​កុហក បោកប្រាស់ប្រជាជនរុស្ស៊ី​ឲ្យធ្វើសង្រ្គាមនៅអ៊ុយក្រែន ដើម្បី​តែ​ផលប្រយោជន៍​របស់ខ្លួន។​មេក្រុមទាហាន​ស៊ីឈ្នួល​រុស្ស៊ី វ៉ាក់ណែ​ព្រហើន​លើកទ័ពទៅ​វាយ​ទម្លាក់​មេដឹកនាំយោធារុស្ស៊ីតាម​មេក្រុមវ៉ាក់ណែ លោក​ព្រីហ្គោហ្ស៊ីន ទាហានវ៉ាក់ណែទាំងអស់ ប្រមាណ ២៥០០០នាក់ ត្រៀមស្លាប់ នៅក្នុងការប្រយុទ្ធ ដើម្បីជាតិ​មាតុភូមិ ដើម្បី ទម្លាក់​មេដឹកនាំ​យោធា និង​មិនព្រម​ទម្លាក់អាវុធ​តាមការបញ្ជា​របស់លោកពូទីន។មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែមានអំណួតខ្លាំង ហ៊ាន​ចេញមុខ​តទល់​នឹង​កងទ័ពរុស្ស៊ី ព្រោះដោយមកពីគិតថា ក្រុមខ្លួន​ជា​ទាហានអាជីព មានបទពិសោធន៍​ក្នុងការធ្វើ​សង្រ្គាម មិនខ្លាចស្លាប់​បើប្រៀបធៀប​នឹង​កងទ័ពរុស្ស៊ី។ ក្រុមវ៉ាក់ណែ​កាន់តែ​អាងយ៉ាង នៅបន្ទាប់ពីពួកគេ​មានស្នាដៃ វាយយកបាន​ទីក្រុង​ប៉ាក់ម៉ូត ដែល​កងទ័ពរុស្ស៊ី​បរាជ័យ មិនអាច​វាយដណ្តើម​ពីកងទ័ពអ៊ុយក្រែន នៅ១ខែមុននេះ។តាមភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក នៅមុនធ្វើសង្រ្គាមនៅអ៊ុយក្រែន ទាហានស៊ីឈ្នួល​វ៉ាក់ណែ ធ្លាប់ធ្វើសង្រ្គាមសម្រាប់​រុស្ស៊ី នៅ​ប្រទេស​ស៊ីរី លីប៊ី និង​នៅប្រទេស​អាហ្វ្រិកមួយចំនួន ដូចជា​ម៉ាលី​ជាដើម ជាទីដែលក្រុមនេះ កំពុង​ជួយគាំទ្រ​រដ្ឋាភិបាល​សឹកម៉ាលី ជាថ្នូ​នឹង​ការគ្រប់គ្រង​កន្លែងធ្វើអាជីវកម្ម​រ៉ែ ដើម្បីបំពេញកេស​ប្រាក់​របស់​ក្រុមវ៉ាក់ណែ។ នៅពេលកំពុងល្បីធ្វើសង្រ្គាម​នៅ​អ៊ុយក្រែន ក្រុមហ៊ុន​វ៉ាក់ណែ បើកទីស្នាក់ការ​របស់ខ្លួន​នៅទីក្រុង​រុស្ស៊ី Saint Petersbourg និង​រើសបញ្ចូល​ពួកអ្នកទោស ដើម្បីធ្វើជាទាហាន​ប្រយុទ្ធ​ក្នុងសមរភូមិអ៊ុយក្រែន។អំណាច​របស់​លោកពូទីន​អាច​រង្គោះរង្គើ​ដោយសារ​ការងើបបះបោរ​របស់​មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី?មេក្រុម​ទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ​និយាយ​ថា ខ្លួន​មិន​ធ្វើរដ្ឋប្រហារ ប៉ុន្តែ មាន​គោលដៅ ចង់​ទម្លាក់​មេដឹកនាំយោធា​រុស្ស៊ី តែប៉ុណ្ណោះ ដោយ​គ្មានពាក់ព័ន្ធ​នឹង​លោកពូទីន។ ប៉ុន្តែ ជាមួយកម្លាំងទ័ពមិនដល់​៣ម៉ឺននាក់ នៅចំពោះមុខ​លោកពូទីន ដែលបាន​ទទួល​ការគាំទ្រ​ពី​មេដឹកនាំ​សភារុស្សី មេដឹកនាំសាសនា និង​មេដឹកនាំ​នៅតំបន់ឆេឆិន ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ​មិនសង្ឃឹមថា ​នឹងអាចវាយបំបែកក្រុម​របស់លោកពូទីន។យ៉ាងណាក៏ដោយ ជម្លោះផ្ទៃក្នុង​រុស្ស៊ី​នៅពេលនេះ អាច​ជះផលអាក្រក់​ដល់​យុទ្ធសាស្រ្ត​សង្រ្គាម​របស់​រុស្ស៊ី​នៅអ៊ុយក្រែន។ កងទ័ពរុស្ស៊ី​មួយចំនួន​អាច​បាក់ទឹកចិត្ត ហើយ​លែងចង់​គាំទ្រ​ថ្នាក់ដឹកនាំរុស្ស៊ី​ធ្វើសង្រ្គាម​នៅអ៊ុយក្រែន ទៅទៀត។សើច​លើគំនរទុក្ខអ្នកដទៃគ្រប់គ្នា​ជាពិសេស អ៊ុយក្រែន កំពុងតាមដាន​ស្ថានការណ៍នៅរុស្ស៊ី ព្រោះថា កាបែកបាក់ផ្ទៃក្នុង​ជា​អំណោយផល​ល្អសម្រាប់​ភាគី​អ៊ុយក្រែន នៅក្នុង​ការប្រយុទ្ធដណ្តើមទឹកដី​របស់ខ្លួន​ពី​កងទ័ពរុស្ស៊ី។តាមអាជ្ញាធរ​តំបន់ភាគខាងកើតអ៊ុយក្រែន ដែលគាំទ្រ​ដោយ​រុស្ស៊ី គ្រាន់តែ កើតមាន​រឿង ទាហានស៊ីឈ្នួល​វ៉ាក់ណែ លើកទ័ព​សំដៅ​ម៉ូស្គូ ទាហាន​អ៊ុយក្រែន​បាន​វាយសម្រុក ចង់ចូលកាន់កាប់ទីក្រុង​បាក់ម៉ូដ​វិញ នៅថ្ងៃ​សៅរ៍នេះ។ចំណែក​អឺរ៉ុប អាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស ដែលជួយអ៊ុយក្រែនធ្វើសង្រ្គាមប្រឆាំង​រុស្ស៊ី​និយាយ​ថា គេកំពុងតាមដាន​ស្ថានការណ៍​នៅរុស្ស៊ី​ដោយ​កៀកបំផុត ព្រោះថា បើសិនស្ថានការណ៍ធ្លាក់ចុះអាក្រក់ នៅរុស្ស៊ីដូចជា សង្រ្គាមស៊ីវិល ឬ​អសន្តិសុខ នោះ​វាជារឿង​មិនល្អ​នោះទេសម្រាប់ពិភពលោក។ រុស្ស៊ីជា​ប្រទេស​ដែល​មាន​ក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេ នៅក្នុងពិភពលោក៕
6/24/20238 minutes, 19 seconds
Episode Artwork

លោក​ម៉ូឌី និង​លោក​បៃដិន ប្រកាសអបអរចំពោះ "កម្លាំងថាមពលថ្មី" នៃសហប្រតិបត្តិការអាមេរិក-ឥណ្ឌា

លោកណារិន្ទ្រា ម៉ូឌី បានទៅធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ នៅទីក្រុងវ៉ាស៊ីនតោន កាលពី​ថ្ងៃ ព្រសហ្បតិ៍​​ទី​២២មិថុនា ដោយ​លោកត្រូវបាន​ លោក​ចូ បៃដិន ទទួលស្វាគមន៍យ៉ាងគគ្រឹកគគ្រេងបំផុត។ មេដឹកនាំទាំង២ បាន​ថ្លែងប្រកាសអបអរ ចំពោះ កម្លាំងថាមពលថ្មី នៃចំណងសហប្រតិបត្តិការ រវាងឥណ្ឌា និងសហរដ្ឋអាមេរិក​ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការពារជាតិ​​។ ជា​ចំណងសហប្រតិបត្តិការ ដ៏ពេញលេញ និងកាន់តែស្អិតរមួត​ ដែលគេជឿថា ជាការរួម​កម្លាំងគ្នា ដើម្បីទប់ទល់ជាមួយចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។​ កម្លាំង​ថាមពលថ្មីនៃសហប្រតិបត្តិការ​សេតវិមាន​បានក្រាលព្រុំក្រហម ទទួល​លោកណារិន្ទ្រា ម៉ូឌី យ៉ាងគគ្រឹកគគ្រេងខ្លាំងណាស់ កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ។ លោក​ម៉ូឌី ត្រូវបាន​លោក​ចូ បៃដិន ទទួលជួបនៅក្នុងបន្ទប់ប្រធានាធិបតី​ ប្រកបដោយ​ភាពកក់ក្តៅបំផុត។ នៅក្នុងលិខិតប្រកាសដ៏វែងអន្លាយ របស់សេតវិមាន បាន​ឲ្យដឹងថា មេដឹកនាំទាំង២ បាន​ចាប់ផ្តើម​ស្ថាបនា​ គូសវាស ទស្សនវិស័យ​ដែលពេញលេញបំផុត សម្រាប់​ទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌា។ ពោលគឺជា​ទំនាក់ទំនងសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងច្រើនវិស័យណាស់ មិនថាសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការពារជាតិ​។ជារឿងដ៏កម្រគួ​ឲ្យកត់សំគាល់ដែរ គឺលោក​ណារិន្ទ្រា ម៉ូឌី ដែលមិនចូលចិត្តធ្វើសន្និសីទកាសែត បានសុខចិត្ត​ឆ្លើយសំណួរអ្នកកាសែត នៅឯសេតវិមានអាមេរិក។ លោក​បានប្រកាសអួតថា ទំនាក់ទំនងសហប្រតិបត្តិការរវាងអាមេរិកនិងឥណ្ឌា គឺកំពុងតែមាន “កម្លាំងថាមពលថ្មី”។ តែយ៉ាងណា អ្នកកាសែត បានឈ្លេចសួរលោក ទាក់ទិននឹង​ទំនោរកាន់តែផ្តាច់ការជ្រុលនិយម​ និង​គោលនយោបាយរើសអើងប្រកាន់សាសនា ធ្វើបាបអ្នកកាន់សាសនាអ៊ីស្លាម​នៅ​ឥណ្ឌា។ លោក​ម៉ូឌី បានឆ្លើយថា តម្លៃ​ប្រជាធិបតេយ្យ​របស់​ឥណ្ឌា គឺគ្មានការរើសអើងសាសនានោះទេ។ ក្នុងពេល​ថ្លែងសុន្ទរកថា នៅចំពោះមុខអង្គសភាខុសហ្គ្រេស លោក​ ណារិន្ទ្រា ម៉ូឌី ក៏បាន​ថ្លែងអះអាងទៀតថា ឥណ្ឌាគឺជា​ប្រទេសប្រជាធិបតេយ្យ ដែល​ស្វាគមន៍​គ្រប់សាសនាទាំងអស់។តាមពិតទៅ កាលពី​ប៉ុន្មានឆ្នាំមុន លោកណារិន្ទ្រា ម៉ូឌី មិនត្រូវបាន​ភាគីអាមេរិក​ពេញចិត្តប៉ុន្មានទេ ដោយសារតែបញ្ហា​រើសអើសសាសនា និងទំនោរផ្តាច់ការ​​ជ្រុលនិយមនេះ​ឯង។ សហរដ្ឋអាមេរិក ធ្លាប់ទាំងបាន​បដិសេធមិនឲ្យ​ទិដ្ឋាការ លោកម៉ូឌី ទៅជាន់ដីអាមេរិកថែមទៀតផង។ តែលើកនេះ អ្វីៗបានប្រែប្រួលទាំងស្រុង ដោយ​អាមេរិក បានឃើញពីសក្តានុពលរបស់ឥណ្ឌា។​ នៅពេលល្ងាចថ្ងៃព្រហស្បតិ៍​ម្សិលមិញ លោកចូ បៃដិន បានរៀបចំកម្មវិធី​លៀងសាយ​ភោគដ៏អធិកអធម ទទួលលោក​ណារិន្ទ្រ ម៉ូឌី នៅក្នុងបរិវេនសេតវិមាន ដោយ​មានការចូលរួមពីមន្ត្រី និងអ្នកជំនួញធំៗជាច្រើនផងដែរ។ លោកម៉ូឌី និងលោកបៃដិន បានលើកកែវសរសើរ បញ្ជោរគ្នាទៅវិញទៅមក យ៉ាងសប្បាយ​ក្អាកក្អាយ​ណាស់។ម៉ាស៊ីនយន្តហោះចម្បាំង ដ្រូនប្រយុទ្ធ និង​សឺមីកុងឌុកទ័រកិច្ចសន្យាដ៏ធំបំផុត ដែលលោក ចូ បៃដិន និង​លោក​ណារិន្ទ្រា ម៉ូឌី បានប្រកាសរួមគ្នា គឺកិច្ចសន្យាប្រគល់ការផលិត​​ម៉ាស៊ីនយន្តហោះចម្បាំងប្រភេទថ្មីរបស់អាមេរិក F-414 ទៅឲ្យឥណ្ឌាជាអ្នកទទួលបន្ទុក។ គឺក្រុមហ៊ុន​ឧស្សាហកម្ម​អាមេរិក ដ៏ធំ General Electric ដែលទទួលបន្ទុកចាត់ចែងកិច្ចការនេះ​។ លោកម៉ូឌី បានលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យ​ឧស្សាហកម្មឥណ្ឌា មានភាពកាន់តែរឹងមាំ និង​មានជំនាញបច្ចេកទេសកាន់តែខ្ពស់ថែមទៀត។ប្រភពពីមន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងទី១ហើយ ដែលអាមេរិក​យល់ព្រម​ផ្ទេរបច្ចេកវិទ្យា​ ផ្នែកផលិត​យន្តហោះចម្បាំងទៅ​ឲ្យ​ប្រទេសផ្សេង​។ ប្រភពដដែលនេះ អះអាងថា​ ជាថ្នូរវិញ ភាគីឥណ្ឌា បានសន្យាថា នឹងទិញយានដ្រូនប្រយុទ្ធរបស់អាមេរិកជាច្រើនគ្រឿង។ ក្នុងពេលធ្វើសន្និសីទកាសែត លោកចូ បៃដិន មិនបានលាក់សេចក្តីរំភើបត្រេកអរទេ ដែលឃើញថាឥណ្ឌា ងាកមកសន្យាទិញគ្រឿងសព្វាវុធរបស់អាមេរិក ដើម្បីធ្វើទំនើបកម្ម​វិស័យកងទ័ព។ ដូចយើងបានដឹងហើយ ថា​ឥណ្ឌាមានគ្រឿងសព្វាវុធចាស់ៗច្រើន ហើយ​ភាគច្រើនបំផុតគឺទិញពីរុស្ស៊ី។កិច្ចសន្យាដ៏ធំមួយទៀត ដែលឥណ្ឌាបានទទួល គឺ​ កិច្ចសន្យាវិនិយោគ​​ផលិត​សឺមីកុងឌុកទ័រ ដែលមានតម្លៃទឹកប្រាក់ចំនួន ៨០០លានដុល្លារ។ ក្រុមហ៊ុន Micron ដែលជាក្រុមហ៊ុននាំមុខគេមួយក្នុងវិស័យនេះ នៅសហរដ្ឋអាមេរិក នឹងសហការវិនិយោគ ជាមួយរោងចក្រនៅឥណ្ឌា។រួម​កម្លាំងគ្នា ឈប់រំពឹងលើចិន​ចិនគឺជាស្រមោល នៅពីក្រោយ​ភាពល្អូកល្អឺន រវាង​ អាមេរិក និងឥណ្ឌា។​ ឥណ្ឌា កំពុង តែព្យាយាមប្រណាំងប្រជែងជាមួយចិន ដើម្បីយកកេរ្តិ៍ឈ្មោះជាមហាអំណាច​អាស៊ីដ៏ធំមួយដែរ ហើយសង្ឃឹមថានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ច​មួយ មិនអាចខ្វះបាន ដែល​ពិភពលោកទទួលស្គាល់។ តាមពិតទៅ​ ជាមួយ​នឹងចំនួន​ប្រជាជនច្រើនលើសគេទូទាំងពិភពលោក ឥណ្ឌាត្រូវគេគិតរួចទៅហើយ ថាគឺជាមហាអំណាច ដែលកំពុង​តែ​ឈានឡើងយ៉ាងសន្សឹមៗ។ ជាងនេះទៀត កុំភ្លេចថា ឥណ្ឌាមាន​អាវុធនុយក្លេអ៊ែរ​! សហរដ្ឋអាមេរិក ក៏មិនខុសពីបណ្តាប្រទេសលោកខាងលិចផ្សេងទៀត នៅអឺរ៉ុបដែរ គឺគេ​កំពុងតែ​ស្វែងរកវិធី ដើម្បី​ពង្រីកបណ្តាញ​ផ្គត់ផ្គង់ផ្សេងទៀតក្រៅពីចិន ជាក់ស្តែង​ឧបករណ៍​សឺមីកុងឌុកទ័រ ដែលចាំបាច់បំផុត​សម្រាប់​ផលិត​ផលបច្ចេកវិទ្យា​ទំនើប​។ ឥណ្ឌាមិនត្រឹមតែជាទីផ្សារដ៏ធំប៉ុណ្ណោះទេ តែ​ឥណ្ឌា​មានបុគ្គលិកជំនាញផ្នែក​​​វិស្វកម្ម​ច្រើនណាស់ ដែលវាគឺ​ជាសក្តានុពល​ទាក់ទាញ។ យ៉ាងណាមិញ កម្មវិធីក្បួនព្យុហយាត្រា បុណ្យជាតិបារាំង ថ្ងៃទី ១៤កក្កដា ខាងមុខនេះ គឺលោក​ម៉ាក្រុង បាន​អញ្ជើញឥណ្ឌា ជាប្រទេសកិត្តិយស។ យើងឃើញថាឥណ្ឌា កំពុងត្រូវគេ​រាក់ទាក់ចង់បាន​គ្រប់ៗគ្នាតែម្តង ព្រោះថាថាឥណ្ឌាអាចមានសក្តានុពល កុំឲ្យចិន​អាងយ៉ាងឥទ្ធិពលតែម្នាក់ឯងតទៅទៀត។តែយ៉ាងណាក៏ដោយ អ្នកវិភាគខ្លះទៀត លើកឡើងថា លោក​ណារិន្ទ្រា ម៉ូឌី ឆ្លាតណាស់។ អំឡុងពេលនេះ ឥណ្ឌា ត្រូវការ​ចំណេះជំនាញ និង​ថវិកាវិនោយោគរបស់​អាមេរិក ដើម្បី​ឈានទៅ​ប្រកួតជាមួយចិនពិតមែន តែគេមិនជឿថា ថ្ងៃក្រោយ​ទៅ ឥណ្ឌានឹងក្លាយជាសម្ព័ន្ធមិត្តដៃក្នុងដៃ ភ្នែកក្នុងភ្នែករបស់អាមេរិក ដូចសម្ព័ន្ធមិត្តអូតង់នោះឡើយ។ ឥណ្ឌា​មានទំលាប់​មិនចូលបក្សសម្ព័ន្ធ ហើយបច្ចុប្បន្ននេះ គោលគំនិតរបស់​លោក ណារិន្ទ្រា ម៉ូឌី គឺជ្រើស​​យក​​បក្សសម្ព័ន្ធច្រើនក្នុងពេលតែមួយ ឲ្យតែឥណ្ឌាបានទទួលប្រយោជន៍​។ ជាក់ស្តែងយើងឃើញហើយ ក្នុងសំណុំរឿង សង្គ្រាមអ៊ុយក្រែន ដែល​ឥណ្ឌាមិនថ្កោលទោសរុស្ស៊ី ហើយថែមទាំងជួយទិញប្រេងរុស្ស៊ីទៀត។ ដូច្នេះ នៅក្នុងសំណុំរឿងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ដែល​ចិននិងអាមេរិកប្រជែងគ្នានោះ​ ក៏​មិនប្រាកដថា ឥណ្ឌានឹងតាមអាមេរិកទាំងស្រុងនោះទេ៕
6/23/20236 minutes, 42 seconds
Episode Artwork

ជំនួប​កំពូល​ស្តីពីប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោកថ្មី មាន​កម្មវត្ថុ​យ៉ាងណា ?

ដើម្បី​ឱ្យ​មនុស្សជាតិ​ភាគច្រើន​អាច​តតាំង​នឹង​វិបត្តិ​អាកាសធាតុ និង​ដើរ​ចេញ​ពីភាព​ក្រីក្រ​ គេ​ត្រូវ​ការ​លុយ​ច្រើន​ពាន់លាន​ដុល្លារ​ណាស់។ ហេតុ​ដូច្នេះហើយបានជា​នៅ​ក្នុង​សុន្ទរកថា​បើក​ជំនួបកំពូល​ស្តីអំពីប្រព័ន្ធហិរញ្ញវត្ថុ​ពិភពលោក​ថ្មី ដែលមាន​ ប្រមុខ​រដ្ឋ-រដ្ឋាភិបាល ជាង​៤០ប្រទេស​បាន​មក​ជួប​ប្រជុំ​គ្នា​នៅទីក្រុង​ប៉ារីស លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានអះអាង​ថា​លុយមាន​ច្រើន តែប្រើ​​មិនចំ​​នឹង​តម្រូវ​ការ​របស់​ផែនដីសម័យ​ថ្មី ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​មាន ​លែង​ត្រូវ​នឹង​កម្មវត្ថុ​នាពេល​បច្ចុប្បន្ន ដូច្នេះ​ពិភពលោក​ត្រូវ​តែ​ប្រមូល​ផ្តុំ​កម្លាំង​គ្នា​ ​​​តម្រែតម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច​ពិភពលោក ឱ្យ​បាន​ប្រសើរឡើង។ ជំនួប​កំពូល​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​​​រៀប​ចំឡើង​ ដោយ​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង តាំងពី​ខែ​វិច្ឆិកា២០២២ ក្រោយ​ពី​បាន​ជួប​ពិភាក្សា​ជាមួយលោក Mia Mottley ​នាយករដ្ឋមន្ត្រី​កូន​កោះ​តូច​មួយ​ក្នុង​តំបន់​ការ៉ាអ៊ីប។ ប្រមុខ​ដឹកនាំ​ប្រទេស​កូន​កោះ​ដ៏​​គួរ​ឱ្យ​ចូល​ចិត្ត​នោះ​​ មាន​ផែនការ​ហិរញ្ញវត្ថុ​ដែល​លោក​សិក្សា​តាំងពី​ជា​ច្រើន​ឆ្នាំ​មក​ ប្រកប​ដោយ​មហិច្ឆតា​បំផុត គឺ​ចង់​ឱ្យប្រទេស​ងាយ​រងគ្រោះធម្មជាតិ​អាច​មាន​លទ្ធភាព​រក​ហិរញ្ញវត្ថុ​មក​ឆ្លើយ​តប​នឹង​វិបត្តិ​អាកាសធាតុ​ឡើង​កម្តៅ។ នរណា​ក៏​យល់​អំពី​ភាព​ចាំបាច់​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ដែរ តែ​បញ្ហា​នៅ​វិល​វល់​នឹង​រឿង​លុយ និង ​បំណុល​។ គ្មាន​លុយ​ត្រូវ​ទៅ​ខ្ចី​បុល មាន​បុលទៅ​ខ្ចី​មិន​បាន​ គ្មាន​លុយ​មិន​អាច​ធ្វើ​វិនិយោគ​ដើម្បីទប់ទល់​នឹង​បញ្ហា​អាកាសធាតុ ... បើ​តាម​អង្គការ​Oxfam ៩៣%​នៃ​ប្រទេស​ងាយរងគ្រោះ​មហន្តរាយ​អាកាសធាតុ ស្ថិត​ក្នុង​ស្ថានភាព​ជាប់​បំណុលខ្លាំង ខ្លះ​មាន​បំណុលជាន់​​លើ​បំណុល​ទៅ​ទៀត។ ប្រទេស​ទាំងនេះ មិន​អាច​​វិនិយោគក្នុង​​វិស័យ​សេវា​សាធារណៈ​ ឬ​​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ទេ។ កំណែទម្រង់ធនាគារពិភពលោក​និង​មូលនិធិរូបិយវត្ថុហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោកប្រធានាធិបតី​បារាំង​ដែល​ដឹងយ៉ាង​​ច្បាស់​ថា​មិន​អាច​សម្រេច​តែ​ម្នាក់​ឯង ត្រូវ​តែ​រៀ​បចំ​ជំនួប​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​ថ្មី​នេះ​ឡើង ដើម្បី​ដោះស្រាយបញ្ហា​​បំណុល ​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​កំណែទម្រង់​​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក ប្រព័ន្ធ​ធនាគាររដ្ឋ​-ឯកជន និង​បង្កើត​​ប្រភព​ហិរញ្ញវត្ថុ​ថ្មី​។ សម្រាប់​លោក​ម៉ាក្រុង គំរូ​កិច្ចព្រមព្រៀង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ចាស់ ​តាំងពី​ឆ្នាំ​១៩៤៤ ដែលជា​ការ​ផ្តល់​​កំណើតដល់​ ធនាគារពិភពលោក ឬ​មូលនិធិហិរញ្ញវត្ថុ​អន្តរជាតិ មាន​ភារៈ​ធានា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​តែ​វា​លែង​ស៊ី​នឹង​ការ​ពិត​ជាក់ស្តែង​និង​ភាព​ចាំបាច់​របស់​ផែនដី​ នា​សតវត្សរ៍​នេះ​ហើយ។ ​ធនាគារ​រដ្ឋ ធនាគារ​អភិវឌ្ឍ ធនាគារ​ពហុជាតិ ធនាគារតំបន់ ធនាគារ​កូនកាត់​ និង​ឯកជន ...ក៏​ត្រូវ​តែ​ប្តូរផ្លាស់មុខ​មាត់​​ដែរ ដោយ​​ត្រូវ​បំរុង​ទុន​​កម្ចី​ឱ្យ​បាន​ច្រើន​ជាង​មុន​លើ​គម្រោង​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។នេះ​ហើយ​ជា​កម្មវត្ថុ​ចម្បង​នៃ​ជំនួប​កំពូល ដែល​មាន​ការចូល​រួម​ពី​បណ្តា​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល ចំនួន​៣៩ប្រទេស រដ្ឋមន្ត្រី​ និង​ប្រតិភូ ៤៥​ប្រទេស​ ព្រមទាំង​ប្រមុខ​ដឹកនាំ​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ ដូច​ជា ធនាគារ​ពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ប្រធាន​ធនាគារ​អភិវឌ្ឍ ថៅកែ​ក្រុមហ៊ុន​ប្រេង ព្រមទាំង​លោក​ប្រមុខ​អង្គការ​សហប្រជាជាតិ​ផង។ពន្ធដឹកជញ្ជូន​តាមផ្លូវ​សមុទ្ទ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​ស្រាវជ្រាវ រំពឹង​ថា ជំនួប​កំពូល​អាច​យ៉ាង​ហោច​បំផុត ក៏​​សម្រេច​ចេញ​ជា​លទ្ធផល​ជាក់ស្តែង ទាក់ទងនឹង​គោរព​ពាក្យ​សន្យាផ្តល់​ជំនួយ​​មុនៗ និង​អំពី​ការ​យកពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​តាម​ផ្លូវ​សមុទ្ទ (ជាពន្ធ​ដាក់​ប្រឆាំង​នឹង​ការ​បញ្ចេញ​កាបោនបំពុល​បរិយាកាស)។ គំនិត​ចង់​ឱ្យ​ព្យួរ​ការ​សង​បំណុល ក្នុង​ករណី​ប្រទេស​ជួបគ្រោះ​មហន្តរាយ​ធម្មជាតិ ដែល​គាំទ្រ​​ការ​ពារ​យ៉ាង​មុត​មាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​កោះ Barbade ក៏​មាន​ចំណែក​ក្នុង​ការ​តស៊ូ​មតិ​នាជំនួប​កំពូល​នេះ​ដែរ ក្នុង​នាម​ជា​ហិរញ្ញវត្ថុ​ថ្មី។រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុអាមេរិក​បាន​ដាក់​សម្ពាធ​ឱ្យ​ម្ចាស់​បំណុល​ក្រុមប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ ចូល​ចរចា​សើរើមើល​បំណុល​។ ចិន​ដែល​ជា​ម្ចាស់​បំណុល​ដ៏​ចម្បង​លើ​ពិភពលោក ដែល​រងការ​រិះគន់​ជា​ញឹកញយ​ចំពោះ​ឥរិយាបថ​មិន​ខ្វល់​ខ្វាយ​ដោះស្រាយ​រឿង​បំណុល​ជាមួយ​លោក​ខាង​លិច។ប៉ុន្តែ ជំនួបតែ​​ពីរថ្ងៃ​ មិន​អា​ច​ផ្តល់​​សេចក្តី​សម្រេច​ ជាក់លាក់​ណាមួយបាន​​ទេ។ ទីប្រឹក្សា​ប្រធានាធិបតី​បារាំង​បានព្រលយ​រួច​ជា​ស្រេច​ហើយ​ថា យ៉ាង​ច្រើន​​អាច​មាន​ត្រឹម​​​ជា​សេចក្តី​សម្រេច​ ​បង្ហាញ​ផ្លូវ ជា​ជាង​សេចក្តីសម្រេចដោយ​ចំៗ។​ ជំនួប​កំពូល​គ្មាន​សិទ្ធិ​ ចេញ​សេចក្តីសម្រេច ជា​ផ្លូវ​ការ ដូច​ជំនួប​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ ឬ​ជំនួប​កំពូល​ក្រុមប្រទេស​មហាអំណាច​ ហ្សេ៧ ឬ​ហ្សេ២០ទេ ​ជោគជ័យ​ស្ថិត​នៅ​លើ​ការ​បង្ហាញសមត្ថភាព​នៃ​​​​ភាព​ជា​មេ​ដឹកនាំ នៃ​សម្ព័ន្ធ​ក្រុមប្រទេស​ដែល​មានអាច​ប្រកាស​​ពាក្យ​​សន្យា​។ជំនួយ​១០០ពាន់​លាន​​​ដើម្បី​ដើរ​ចេញ​ពី​ភាព​ក្រីក្រ​ ដោយ​​អភិរក្ស​ធម្មជាតិ និង​មិន​ប្រើ​ថាមពល​ផូស៊ីល និង​ដើម្បី​ប្រឈម​គ្រោះ​រាំងរស្ងួត​ ទឹកជំនន់ អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង​ ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​  (មិន​រាប់​ចិន) ត្រូវ​ការ​ចំណាយ​ច្រើន​ណាស់  គឺ​ប្រមាណ​​ ២៤០០ពាន់​លាន​ដុល្លារ ពី​ពេល​នេះ​ដល់​ឆ្នាំ​២០៣០។ នេះ​បើ​តាម​​ក្រុម​អ្នក​ជំនាញ​​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ។ ហើយ​បើ​តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ​​បើ​ប្រទេស​កំពុង​អភិវឌ្ឍចង់​ដើរ​ចេញ​ពី​ថាមពល​ផូស៊ីល ពួកគេ​ត្រូវ​ការ​ចំណាយ​ពី ២៦០ ទៅ ១៩០០ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នៅ​ទសវត្សរ៍នេះ។ ប្រទេស​អ្នក​មាន​ សន្យា​ថា​​ផ្តល់​ហិរញ្ញវត្ថុ​១០០ពាន់​លាន​ក្នុង​មួយ​ឆ្នាំ​ដល់​ក្រុមប្រទេស​ក្រីក្រ សម្រាប់​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ជា​ជំនួយ​ដ៏​ទាប​ណាស់​បើប្រៀប​ទៅ​នឹង​សេចក្តីត្រូវការ​ ប៉ុន្តែ​តិច​ហើយ យឺត​ទៀត។ ជំនួយ​នេះ​ មក​យឺត អស់​បី​ឆ្នាំ​ ជា​ការ​ទាញ​ទម្លាក់​ទំនុក​ចិត្ត​របស់​ក្រុម​ប្រទេស​ក្រីក្រ​ចំពោះ​ប្រទេស​អ្នក​មាន​។ តែ​ថ្ងៃ​នេះ​ក៏​ជា​ឱកាស​ដែល​ពួក​គេ​ត្រូវ​លើក​មក​និយាយ​ដោយ​ចំពោះ​មុខ ដើម្បី​ឱ្យ​ពាក្យ​សន្យា​បានក្លាយ​ជា​ការ​ពិត​នៅឆ្នាំនេះ។ ​នាយិកា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ប្រកាស​ពី​​ជំនួបស្តីពី​ប្រព័ន្ធ​​ហិរញ្ញវត្ថុ​ថ្មី​នៅប៉ារីស​ អំបាញ់​មិញ​នេះ ថា​កម្មវត្ថុ​ប្រមូល​១០០ពាន់​លាន​សម្រាប់​ប្រទេសក្រីក្រ បាន​គ្រប់ចំនួន​ហើយ៕
6/22/20237 minutes, 36 seconds
Episode Artwork

ក្រុមប្រទេសក្លឹបប៉ារីស​ បើកការប្រជុំរកដំណោះស្រាយ​ ស្តីពីវិបត្តិបំណុលរបស់​ប្រទេសក្រីក្រ

នៅថ្ងៃព្រហស្បតិ៍ទី​២២មិថុនា នៅទីក្រុងប៉ារីស នឹងមាន​ការបើកជំនួបកំពូលអន្តរជាតិ​មួយ ស្តីអំពី​ការកាតិកាសញ្ញាហិរញ្ញវត្ថុថ្មី ដើម្បីជួយប្រទេសមានសេដ្ឋកិច្ច​ទន់ខ្សោយ​ ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ។ ហើយនៅថ្ងៃពុធនេះដែរ ក្រុមប្រទេសសមាជិកក្លឹបប៉ារីស ដែលផ្តួចផ្តើមឡើងដោយ​បារាំង នឹងជួបប្រជុំគ្នា ដើម្បី​និយាយអំពីដំណោះស្រាយ​បន្ទាន់ ក្នុងការជួយប្រទេសដែលមានបំណុល​វ័ណ្ឌ​ក។ បញ្ហាបំណុលធ្ងន់ក្រៃ គឺជាឧបសគ្គដ៏ធំ ដែលរារាំង ប្រទេសដែលមានសេដ្ឋកិច្ច​ទន់ខ្សោយ​ មិនអាចមានលទ្ធភាព​គ្រប់គ្រាន់ ដោះស្រាយ​វិបត្តិអាកាសធាតុ។ យោងតាម​របាយការណ៍របស់ កម្មវិធីសហប្រជាជាតិដើម្បីការអភិវឌ្ឍន៍ ដែលយើងហៅកាត់ថា UNDP ចេញផ្សាយ​កាល់ពីខែ​កុម្ភៈ ដើមឆ្នាំ​នេះ គឺមានប្រទេសចំនួន ៥២ប្រទេស ដែលជាប់ជំពាក់​បំណុលគេច្រើនក្រៃ។ ក្នុងចំណោម​នេះ មានប្រទេសមួយចំនួន ដែល​បំណុល​វ័ណ្ឌកខ្លាំងតែម្តង គឺ មានដូចជា អេត្យូពី ហ្កាណា ប៉ាគីស្ថាន ស្រីលង្កា ទុយណេស៊ី និង​ហ្សំប៊ី ជាដើម ដែលប្រឈមខ្លាំងបំផុត ឬកំពុងតែស្ថិតនៅក្នុង​ដំណាក់កាល​ គ្មានប្រាក់សងបំណុល​គេ​។ យោងតាមរបាយការណ៍​នេះ យ៉ាងហោច​ណាស់ ប្រទេសពាក់​កណ្តាល​ក្នុងចំណោម​៥២ប្រទេសនេះ ដែល​ត្រូវដក​ចំណែក​​២០% នៃថវិការដ្ឋប្រចាំឆ្នាំ ដើម្បី​យកទៅចំណាយ​ សងការប្រាក់​គេ។បើប្រៀបធៀបទៅទំហំ ចំណូលដុលក្នុងស្រុក PIB ប្រទេសដែល​ជាប់បំណុលច្រើនជាងគេក្នុងឆ្នាំ​២០២១ គឺមាន ដូចជា វ៉េណស៊ុយអេឡាមានបំណុល ​២៤០,៥%នៃចំណូលដុល ប្រទេស៊ូដង់ មានបំណុល ១៨១,៩%នៃចំណូលដុល ប្រទេស អេរីត្រេ មានបំណុល ១៧៦,២%នៃចំណូលដុល ប្រទេសលីបង់ មានបំណុល​១៥០,៥%នៃចំណូលដុល ប្រទេសកាប់វែរ មានបំណុល ១៤២,៣%នៃចំណូលដុល ស៊ូរីណាម មានបំណុល ១២៥,៧%នៃចំណូលដុល ប្រទេសម៉ាល់ឌីវ មានបំណុល ១២៤,៨% នៃចំណូលដុល។ តួលេខទាំងនេះ គឺផ្អែកទៅលើរបាយការណ៍ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។បំណុលសរុប ៩០០០ពាន់​លានដុល្លារ​គិតត្រឹមឆ្នាំ​២០២១ ទំហំបំណុលសាធារណៈនៃប្រទេសក្រីក្រ និង​ប្រទេសកំពុងអភិវឌ្ឍន៍ សរុបចូលគ្នាទាំងអស់ គឺស្មើនឹង ៩០០០ ពាន់​លានដុល្លារ។​ ទំហំទឹកប្រាក់​នេះបាន​កើនឡើងមួយទ្វេរជាពីរ ក្នុងរវាង១០ឆ្នាំចុងក្រោយនេះ។ ទាំងនេះ គឺជាតួលេខ ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២១ ស្តីពី​បំណុលអន្តរជាតិ របស់​ធនាគារពិភពលោក​ចេញផ្សាយ​កាលពីខែ​ធ្នូ។ មានន័យថា ​ចាប់ពី​ឆ្នាំ​២០២២មក  គឺ​វាច្បាស់ណាស់ ថា​ទំហំបំណុលរបស់ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ ពិតជាបាន​កើនឡើងខ្លាំងថែមទៀត។យោងតាមធនាគារពិភពលោក បើនិយាយពីទំហំទឹកប្រាក់​បំណុលតែម្តង នៅឆ្នាំ២០២១ ប្រទេសអាហ្សង់ទីនជាប់បំណុលច្រើនជាងគេ ក្នុងទំហំ ១១៤,៨ពាន់លានដុល្លារ​ ប៉ាគីស្ថានជំពាក់គេ​ ជាង​៩៤ពាន់លានដុល្លារ អង់ហ្គោឡាជាប់បំណុលគេ ជិត​៤៧ពាន់​លានដុល្លារ អុយក្រែន មានបំណុលជាង ៤៤ពាន់លានដុល្លារ អេក្វាទ័រជំពាក់គេ ជិង៣៩ពាន់លានដុល្លារ។វិបត្តិកូវីដ១៩ ក្រោយ​មកបន្ថែមជាមួយវិបត្តិសង្គ្រាម​នៅអ៊ុយក្រែន បានធ្វើឲ្យសេដ្ឋកិច្ច​ពិភពលោក​លំបាកលំបិន​ខ្លាំងណាស់ ជាពិសេសសម្រាប់ប្រទេសក្រីក្រ​។ មានមូលហេតុ និងកត្តាជាច្រើនដែលគួបផ្សំ ធ្វើ​ឲ្យ​ប្រទេសក្រីក្រ ជាប់បំណុល​កាន់តែច្រើនដោះមិនរួច។ តម្លៃរូបិយបណ្ណក្នុងស្រុកបានធ្លាក់ចុះ​ជាបន្តបន្ទាប់ ក្នុងរវាង​១០ឆ្នាំចុងក្រោយនេះ ផ្ទុយទៅវិញ បំណុលគឺគិតជាប្រាក់ដុល្លារ​។ អត្រាការប្រាក់ក៏ចេះតែកើន ទំនិញឡើងថ្លៃ ទាំងទំនិញថាមពល ស្បៀងចំណីអាហារ និងជីកសិកម្ម​ជាតិ​។ ទាំងអស់នេះ គឺវាមកគួបផ្សំគ្នា ធ្វើ​ឲ្យ​សាច់ប្រាក់​បំរុងរបស់ប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ កាន់តែខ្សត់ទៅៗ។ចិន និង​ម្ចាស់បំណុលឯកជនពីដំបូងឡើយ​ ជាការពិតមែនដែលថា ប្រទេសដែលមានសេដ្ឋកិច្ចធំៗគឺជាប្រទេសម្ចាស់បំណុល។ ហេតុដូច្នេះហើយ បាន​ជាបារាំងបានផ្តួចផ្តើមបង្កើត Club de Paris នៅឆ្នាំ​១៩៥៦ ដើម្បីប្រមូលផ្តុំប្រទេសម្ចាស់បំណុលធំៗទាំងអស់ ដែលមានចំនួន​២២ប្រទេស។ ក្នុងចំណោមនេះ មានដូចជា បារាំង អ៊ីតាលី អាល្លឺម៉ង់ ជប៉ុន សហរដ្ឋអាមេរិក និងអង់គ្លេសជាដើម។ ស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិធំៗទាំង២ ដែលយើងស្គាល់ច្បាស់ គឺមូលនិធិរូបិយវត្ថុអន្តរជាតិ និង​ធនាគារពិភពលោក ក៏គឺជាម្ចាស់បំណុលធំដែរ។ក៏ប៉ុន្តែ ស្ថានការណ៍​បានប្រែប្រួលច្រើនណាស់ រវាង​៣០ ៤០ឆ្នាំចុងក្រោយ​នេះ ដោយ​មានតួអង្គម្ចាស់បំណុល​ជាច្រើនផ្សេងទៀត បានលេចមុខដែរ គឺ​ក្រុមម្ចាស់បំណុលឯកជន។ ម្ចាស់បំណុលឯកជននេះ គឺជាបណ្តាធនាគារឯកជន និងមូលនិធិវិនិយោគទុនផ្សេងៗ។ ក្រុមនេះ គេបានបង្កើតក្រុមនៅរវាងពាក់កណ្តាល​ទសវត្សឆ្នាំ​៧០ ដែលគេហៅឈ្មោះថាក្លឹបទីក្រុងឡុងដ៍។ ហើយក្រោយ​មកទៀត មានប្រទេសថ្មីបានលេចមុខ ក្លាយជាម្ចាស់បំណុលយ៉ាងលឿនរហ័ស តួយ៉ាង ចិន ឥណ្ឌា និង​បណ្តាប្រទេសមហាសេដ្ឋីប្រេងនៅតំបន់អារ៉ាប់ជាដើម។ បច្ចុប្បន្ននេះ ប្រទេសដែលជាម្ចាស់បំណុលធំជាងគេនៅអាហ្វ្រិក គឺចិន។សើរើផែនការសងបំណុល ឬលុបចោលបំណុលខ្លះប្រទេស​ដែលមានបំណុលវ័ណ្ឌក ហើយ​មិនអាចសងការប្រាក់គេបាន គឺអាចប្រឈមនឹង​ឧបសគ្គជាច្រើន ជាក់ស្តែងគឺត្រូវគេរារាំង មិនឲ្យទទួលបាន​ប្រាក់កំចីផ្សេងទៀត យកទៅចំណាយចាយវាយក្នុងស្រុក។ ជាក់ស្តែងកន្លងងមក​ដូចយើងបានឃើញហើយ ជាមួយករណីប្រទេសស្រីលង្កា ដែលរដ្ឋក្ស័យធនគ្មានប្រាក់​ក្នុង​ហោប៉ាវសោះតែម្តង។ ដូច្នេះដើម្បី​អាចឲ្យ​ប្រទេសទាំងនោះ អាចបន្តទទួលបានប្រាក់កម្ចីឥណ្ឌទាន យកទៅបង្វិលដោះស្រាយបញ្ហាបាន គឺទាល់តែចរចា ជាមួយម្ចាស់បំណុល ដើម្បីរៀបចំសើរើផែនការសងបំណុល។ ករណីរបៀបនេះ គឺវាតែងតែមានភ្ជាប់មកជាមួយ នូវការដាក់កំហិតផ្សេងៗ ឲ្យ​ប្រទេសកូនបំណុលត្រូវសន្យានឹងសន្សំសំចៃ កាត់បន្ថយការចំណាយដែល​មិនចាប់ជាប់ជាដើម។កាលពី​អំឡុងពេល​វិបត្តិកូវីដ​១៩ ក្រុមប្រទេស​ក្លឹបប៉ារីស រួមជាមួយ G20 បានព្រមព្រៀងគ្នា ផ្អាកមិនយក​ការប្រាក់មួយរយៈសិន ពីប្រទេសក្រីក្រដែលជាប់បំណុលច្រើនខ្លាំង​។ ហើយទន្ទឹមគ្នានេះ ក្រុមប្រទេសក្លឹបប៉ារីស បាន​សន្មត់ថា នឹងរៀបចំក្របខណ្ឌរួមមួយ ទៅថ្ងៃអនាគត សំដៅ​សើរើបំណុល ឬក៏អាចលុបចោលបំណុលខ្លះតែម្តង ដើម្បីជួយ​ប្រទេសដែលជួបការពិបាកខ្លាំង។ តែចំណុចនេះ ត្រូវបានចិនរារាំងខ្លាំងណាស់ កន្លកមក ព្រោះចិនមិនសុខចិត្តលុបបំណុល​ដែលគេជំពាក់ខ្លួនទេ។ហេតុដូច្នេះហើយ បានជាក្លឹបប៉ារីសបើកការប្រជុំនៅថ្ងៃពុធនេះ ដោយ​បានបញ្ជើញ​ចិន និងតំណាងម្ចាស់បំណុលឯកជនទាំងអស់មកចូលរូមដែរ ដើម្បីនិយាយគ្នារកដំណោះស្រាយ ជួយ​កូនៗបំណុល។ យោងតាមព័ត៌មានចុងក្រោយ​ពីលោក Emmanuel Moulin ប្រធានក្លឹបប៉ារីស គឺក្រុមម្ចាស់បំណុលទាំងអស់ បានព្រមព្រៀងគ្នានៅព្រឹកថ្ងៃពុធនេះ ថានឹង​សន្យាដោះស្រាយ ​ឆ្លើយតប ក្នុងរវាង​៦ខែ ក្រោយការដាក់ពាក្យសុំរបស់ប្រទេសណាមួយ ដែលចង់​សើរើ​ផែនការសងបំណុល។ សំណុំរឿងបន្ទាន់ បច្ចុប្បន្ន មានពាក់ព័ន្ធនឹងប្រទេស៣ ដែលធ្ងន់កខ្លាំងតែម្តង គឺហ្សំប៊ី ហ្កាណា និង​អេត្យូពី។បំណុល ជះផលអាក្រក់ទៅលើការដោះស្រាយទប់ទល់​វិបត្តិ​អាកាសធាតុកិច្ចប្រជុំក្រុមប្រទេស​​​ក្លឹបប៉ារីសដែល​កំពុងធ្វើឡើងនេះ​ គឺមួយថ្ងៃមុននឹងមានជំនួបកំពូលអន្តរជាតិ នៅទីក្រុងប៉ារីសដែរ ស្តីអំពីផែនការ​ហិរញ្ញវត្ថុ​ថ្មីសម្រាប់ពិភពលោក ដើម្បីដោះស្រាយ​វិបតិ្តអាកាសធាតុ។ និយាយអោយ​ងាយស្តាប់ សួរថាបើយើងជំពាក់បំណុលគេវ័ណ្ឌក គ្មានប្រាក់ចំណាយ​លើសេវាសាធារណៈ ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាលផង តើឲ្យមានប្រាក់ឯណា ទៅគិតរឿងអាកាសធាតុ មេឃក្តៅមេឃត្រជាក់? វាជាការគិត​ ឲ្យតែរួចមួយពេល ដែលយើងអាចយល់បាន។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ វិបត្តិអាកាសធាតុ គ្រោះធម្មជាតិទាំងឡាយទាំងពួង វានឹងធ្វើបានជីវភាពសេដ្ឋកិច្ច ធ្វើឲ្យ​ប្រទេសនោះកាន់តែក្រីក្រ​ កាន់តែពិបាករកប្រាក់​មកសងបំណុលគេថែមទៀត។លោកស្រី ​Clemence Landers អ្នកជំនាញម្នាក់ នៅ​មជ្ឈមណ្ឌលដើម្បីការអភិវឌ្ឍន៍សកល បានពន្យល់ថា ប្រទេសដែលជាប់បំណុលគេច្រើន មិនអាចមានលទ្ធភាព​ ចំណាយ​ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីទប់ទល់ជាមួយ​វិបត្តិអាកាសធាតុនោះទេ។ ដូច្នេះវាជារឿងចាំបាច់ ដែលត្រូវតែ​ជួយ​សម្រួល ​ប្រទេសក្រីក្រ ដែលជាប់បំណុលច្រើន ប្រសិនបើចងជួយប្រទេសទាំងនោះ ក្នុងការទប់ទល់​នឹង​វិបត្តិ​អាកាសធាតុ។យោងតាមតួលេខគុណគូរពីក្រុមអ្នកជំនាញ គឺគេត្រូវការប្រាក់ ចំនួនចន្លោះពី ២០០០ ទៅ ៣០០០​ពាន់​លានដុល្លារ ពីនេះដល់ឆ្នាំ​២០៣០ ដើម្បីវិនិយោគ​ទប់ទល់វិបត្តិអាកាសធាតុ នៅប្រទេសកំពុងអភិវឌ្ឍន៍ ដោយ​មិនរាប់ចិនចូល។ បញ្ហា​ទឹកប្រាក់វិនិយោគ និងការប្រមូល​​ប្រាក់ សងសំណងខូចខាតជូនប្រទេសក្រីក្រ ដែលរងគ្រោះដោយ​វិបត្តិអាកាសធាតុ វា​គឺជាកម្មវត្ថុធំនៃជំនួបកំពូលអន្តរជាតិចាប់ពីថ្ងៃស្អែកនេះទៅ។ ជំនួបកំពូលនេះ ផ្តួចផ្តើមដោយ​លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែល​លោកចង់​បង្កើត “កតិកាសញ្ញាហិរញ្ញវត្ថុថ្មីសម្រាប់ពិភពលោក” ដើម្បីឈានទៅរួមគ្នាដោះស្រាយវិបត្តិអាកាសធាតុ៕
6/21/20239 minutes, 4 seconds
Episode Artwork

នាយករដ្ឋមន្រ្តីឥណ្ឌា​ទៅអាមេរិក ដើម្បីរឹតចំណងទាក់ទងទ្វេភាគីផង និងរួម​គ្នា​ទប់ទល់​នឹង​ឥទ្ធិពលចិន

ថ្ងៃអង្គារ៍ នាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី ទៅបំពេញ​ទស្សនកិច្ចផ្លូររដ្ឋ នៅសហរដ្ឋអាមេរិក​ តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី ចូ បៃដិន។ តាមរយៈ​កិច្ច​ពិភាក្សា​កម្រិត​ថ្នាក់​កំពូលនៃ​​​បុរស​រដ្ឋ​ទាំង​ពីរនេះ គឺស្តែង​ឲ្យ​ឃើញពី​​ទំនាក់​ទំនង​ អាមេរិក​-​ឥណ្ឌា កាន់ជិត​ស្និទ្ធ ហើ​យនិងកាន់តែ​ត្រូវ​ការ​គ្នាខ្លាំង​​ទៅវិញទៅមក​​ ខណៈពេល​ឥទ្ធិពល​មហាយក្សចិន​ កាន់តែរីក​ដុះ​ដាល​ខ្លាំង​នៅក្នុង​តំបន់អាស៊ី​។ ម្យ៉ាងវិញ​ទៀត សហរដ្ឋ​អាមេរិក ​ក៏ចង់​ឃើញ​ ឥណ្ឌា​ ងាកចេញពី​ការពឹង​ផ្អែក​ខ្លាំង​លើ​រុស្ស៊ី ខាង​វិស័យគ្រឿង​សព្វាវុធ​​ និងឲ្យ​ងាក​មក​សហការ​យោធា​ជាមួយ សហរដ្ឋ​អាមេរិក​។​ ​ជំនួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​ៗរបៀបវរៈ ដំណើរ​ទស្សនកិច្ច​របស់​លោក ណារិនដ្រា ម៉ូឌី ដែល​ក្រុម​អ្ន​កសារព័ត៌មាន​បាន​ដឹង​​ គឺ​​លោក​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​ៗ​របស់​សហរដ្ឋអាមេរិក​។  ​​នៅលើទិដ្ឋភាព​ការទូត នាយករដ្ឋមន្រ្តីឥណ្ឌា នឹង​ត្រូវ​ជួប​ជជែក​ជាមួយ​​ប្រមុខ​ការទូត​អាមេរិក អង់តូនី ប្ល៊ីងកិន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស​រូបនេះ អញ្ជើញ​ត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​នៅ​ប៉េកាំង ​ប្រទេស​ចិន។ថ្ងៃពុធ​ លោក ណារិនដ្រា ​ម៉ូឌី នឹងទៅ ទីស្នាក់​ការ​កណ្តាល អង្គការ​សហប្រជាជាតិ​ នៅ​ទីក្រុង​ញូវយ៉ក ហើយ​នឹង​​ត្រូវ​ចូល​រួម​ពិធី​ណែនាំ​បង្ហាញ​ពី​ យោហ្គា (Yoga) ដែល​ជា​វិធីសាស្ត្រ​ថែទាំ​សុខភាព​ផ្លូវ​កាយ​ផ្លូវ​ចិត្ត ដ៏​ល្បីពេញនិយម​របស់​ឥណ្ឌា។​ រដ្ឋាភិបាល​ឥណ្ឌា​យក​របៀប​ហាត់​ប្រាណ​ យោហ្គា ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ នៃ​ វិស័យ​ការទូត​វប្បធម៌។​ ​នៅ​ក្រុង​ញូវយ៉ក​នោះដែរ​ ​ថ្នាក់ដឹកនាំឥណ្ឌា​​រូបនេះ ក៏ត្រូវ​ជួប​ជុំសំណេះ​សំណាល​​ជាមួយ​ បណ្តា​ក្រុម​អ្នក​រកស៊ី​វិនិយោគទុន​អាមេរិក​និង​ឈ្មួញ​អន្តរជាតិ  ដើម្បី​ធានា​ទំនុកទុក​ចិត្ត​ ដល់​វិស័យ​វិនិយោគទុន​នៅស្រុក​ឥណ្ឌា បើ​ទោះបី​ជា​ មហាប្រទេស​ឥណ្ឌា នឹង​រៀបចំ​បោះឆ្នោត​ជាតិ​នៅឆ្នាំ​ថ្មី​ក៏ដោយ ក៏​លោក ម៉ូឌី អះអាង​​ផ្តល់​ភាពកក់ក្តៅ​ផ្លូ​វចិត្ត​ដល់​ ឈ្មួញ​វិនិយោគទុន ពី​ស្ថិរភាពនយោបាយ​-សេដ្ឋកិច្ច​​នៅក្នុង​ប្រទេស​។​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ជាថ្ងៃ​សំខាន់​ខ្លាំង​ នាយករដ្ឋមន្រ្តីឥណ្ឌា ​ម៉ូឌី នឹង​ត្រូវ​ថ្លែង​សុន្ទរកថា នៅ​ចំពោះ​មុខ​សភា​ Congrès សហរដ្ឋអាមេរិក ហើយ​​លោក​ត្រូវ​ជួប​ពិភាក្សា​​និង​លៀង​ភោជនាហារ​ជាមួយ​​​​ប្រធានាធិបតី​ ចូ បៃដិន ដ្បិត​ថ្នាក់​ដឹកនាំ​ទាំង​ពីរ មាន​សំណុំ​រឿង​ទំនាក់​ទំនង​ទ្វេភាគី​ និង​សំណុំ​បញ្ហា​អន្តរជាតិ​ជាច្រើន​ ដែលត្រូវ​ប្រាស្រ័យ​ចរចា​គ្នា​។បើ​តាម​គម្រោង ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​មហាអំណាច​ឥណ្ឌា នៅ​អាមេរិក លើកនេះ​ គឺប្រទេស​ទាំងពីរ​ នឹង​រឹត​បន្តឹង​ចំណង​ទាក់ទងទ្វេភាគី​ ហើយ​និងអាចចុះ​កិច្ចព្រមព្រៀងផ្នែក​​ពាណិជ្ជកម្ម បច្ចេកវិទ្យា និង​វិស័យ​យោធា ដែរ។​សហរដ្ឋ​​អាមេរិក​និង​ឥណ្ឌា ខិត​រកគ្នា ​​ដើម្បី​ទប់ទល់​ឥទ្ធិពល​​ចិន​។​Samir Sarin ប្រធានមជ្ឈមណ្ឌល​សញ្ជឹង​គិត​​ Observer Research Foundation មូលដ្ឋាន​នៅ​ក្រុង​ញូវដេលី បាន​វិភាគ​ឃើញ​ច្បាស់ថា លោក ម៉ូឌី និង​លោក បៃដិន មាន​ការ​ចាំបាច់​ត្រូវ​រឹត​ចំណង​ទាក់ទង​នឹងគ្នា រវាង​មហាប្រទេស​ទាំងពីរ បើ​ទោះបី​ជា​បុគ្គលិក​លក្ខណៈ​​ នៃ​បុរស​រដ្ឋ​ទាំង​ពីរ​ខុស​គ្នា​ឆ្ងាយ​ខ្លាំង​ក្តី។​ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​ Ashok Malik នៃ​ ការិយាល័យ​ប្រឹក្សា​យោបល់​ឥណ្ឌា The Asia Group យល់ឃើញថា ការ​រឹត​ចំណង​ទំនាក់ទំនង​នៃ​រដ្ឋបាល​ក្រុង​ញូវដេលី និង​ក្រុង​វ៉ាស៊ីន​តោន គឺ​ ឈរលើទិដ្ឋភាព​«ជាក់​ស្តែង​ប្រាកដ​និយម» ហើយ​និង​«តម្រូវ​ការ​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ក្លា» នៃ​ប្រទេស​ធំៗ​ទាំងពីរ។ នេះក៏ព្រោះតែ​ដើម្បី​ប្រឈម​មុខ​ទប់​ទល់​នឹង​កម្លាំងឥទ្ធិពល​ចិន​ដែរ។ មហាយក្ស​ចិន ពង្រឹង​ពង្រីក​ឥទ្ធិពល​ស្ទើរ​គ្រប់​វិស័យ ទាំង​វិស័យ​​យោធា និង​សេដ្ឋកិច្ច មិន​ថា​នៅក្នុង​តំបន់​អាស៊ី ឬ​ក្នុង​ទ្វីប​ផ្សេង​នោះទេ។ នៅអាស៊ី ​ពេល​ដែល ចិន​​ ​កាន់​កាប់​កំពង់ផែ​ស្រី​លង្កា ហើយកាលពី​ឆ្នាំ២០២២ ចិន​បាន​​បញ្ចេញ​​នាវា « Yuan Wang 5 » ទោះបីជា​ចិន​ខំប្រឹង​ថា​នេះជានាវា​សិក្សាស្រាវជ្រាវ​ផ្នែ​ក​ស៊ីវិល​ក្តី តែ អាមេរិក បាន​ចង្អុរមុខ​រិះគន់​​ខ្លាំង​ ថា​ នោះ​ជា​នាវា​ចារកិច្ច​ឈ្លប​យកការណ៍​សម្ងាត់​។​​ រឿង​នេះ​គឺ​បាន​ធ្វើឲ្យ ឥណ្ឌា ខ្លាច​​រអា​និងព្រួយ​បារម្ភ​ពី​សុវត្ថិភាព​និង​សន្តិសុខ​ជាតិ​។ ប្រទេស​ទាំង​ពីរ ឥណ្ឌា ចិន​ ជា​សត្រូវ​ចាស់ឆ្នាំ ហើយបាន​​ប៉ះទង្គិច​ប្រដាប់​អាវុធ​ជាមួយ​គ្នា ​ច្រើន​ដង​ច្រើន​​នៅតា​ម​ព្រំដែន ពិសេស​​នា​ជ្រលងភ្នំ​ហិមពាន្ត​។​ នៅ​មាន​ការ​ប៉ះទង្គិចគ្នា​ផ្សេងទៀត​ដែរ នៅក្បែរ​តំបន់​ទីបេ​ និងនៅ​​តំបន់​ប៉ែក​ខាង​ឥណ្ឌា​ ឡាដាក់ ឆ្នាំ២០២០​ ជាដើម ដែល​តម្រូវ​ឲ្យ​ ឥណ្ឌា កាន់តែ​ចាំបាច់​ងាក​ទៅរកបង្អែក​​​​​ សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​មិត្ត​ផ្សេង​ដែល​មាន​សត្រូវ​រួម ឬ​មាន​យុទ្ធសាស្ត្រ​រួម​គ្នា ក្នុងការ​ទប់​ទល់​នឹង​ ចិន​។ យើង​អាច​ឃើញ​ស្រាប់​ មាន​សម្ព័ន្ធមិត្ត​ ចតុភាគី Quad ​ដែល​មាន​បួន​ប្រទេស គឺសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ។​ ប្រទេស​ទាំង៤​បាន​សហការគ្នា​ធ្វើ​សមយុទ្ធយោធា​ជាច្រើន​រួច​មកហើយ។​​អាមេរិក សហការជាមួយ ​ឥណ្ឌា ក្នុង​វិស័យ​ការពារ​ជាតិ កុំឲ្យ​ពឹង​ផ្អែកច្រើន​លើ រុស្ស៊ី។​​មុន​នឹង​នាយករដ្ឋមន្ត្រី​ឥណ្ឌាធ្វើ​ដំណើរ​ទៅ​អាមេរិក​នៅពេល​នេះ គឺ​ រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក Lloyd Austin បាន​អញ្ជើញ​ទៅ​ស្រុក​ឥណ្ឌា រួច​ស្រេច នៅ​ដើម​ខែ​មិថុនា​ ដើម្បី​ធានា​ទំនុក​ចិត្ត​ដល់​ថ្នាក់ដឹកនាំ​ឥណ្ឌា។ នៅ​ឥណ្ឌា ដើមខែ​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក បានបង្ហាញ​គម្រោង​ការ​​ពង្រាង​ស្រេច​ហើយ​ ពី​កិច្ចសហការឧស្សាហកម្ម​​យោធា ក្នុង​វិស័យ​ការពារ​ជាតិ នៃប្រទេស​ទាំង​ពីរ។ ហេតុដូច្នេះ នៅពេល​នេះ មជ្ឈដ្ឋាន​ជាច្រើន ជឿ​​ថា ប្រមុខដឹកនាំ​អាមេរិក​និង​ឥណ្ឌា​ប្រាកដ​ជា​ចុះ​កិច្ចព្រមព្រៀង​ជាផ្លូវ​ការ​បន្ថែមទៀត លើ​កិច្ចការ​សហការ​យោធា​និង​ឧស្សាហកម្ម​ផលិត​គ្រឿង​ចម្បាំង។​គម្រោង​ការអាមេរិក​នេះ ក៏​នឹង​ជំរុញ​ឲ្យ ឥណ្ឌា បិទ​បញ្ចប់​សម័យ​កាល​ដែល​ត្រូវ​ពឹង​ពាក់​លើគ្រឿង​សព្វាវុធ​របស់​​រុស្ស៊ី​ ដែល​ រដ្ឋបាល​ក្រុងញូវដេលី ពឹង​ផ្អែក​ផ្នែកអាវុធ​លើ​រុស្ស៊ី​ច្រើន​ទសវត្សរ៍​មកហើយ​។​ ចំណុច​នេះ ក៏​ស្តែង​ឲ្យ​ឃើញ​ច្បាស់​តាម​រយៈ​ ជំហរ​របស់​ឥណ្ឌា នៅក្នុង​សង្គ្រាម​អ៊ុយក្រែន។ គឺថា តាំងពី​ផ្ទុះ​សង្គ្រាម​ឈ្លាន​ពាន​រុស្ស៊ី​លើ​អ៊ុយក្រែន ជាង១ឆ្នាំ​មក គឺ​ ឥណ្ឌា ពុំ​​បញ្ជាក់​ជំហរ​គាំទ្រ​អ៊ុយក្រែន ដូច​ពួក​ប​ច្ចិមលោកទេ​ ហើយ​ ឥណ្ឌា ក៏​មិនដែល​ថ្កោល​ទោស​រុស្ស៊ី​ នោះឡើយ។ ដូច្នេះ​ហើយ អាមេរិក​ដែល​នៅ​ខាង​អ៊ុយក្រែន និងជួយ​អ៊ុយក្រែន​ច្រើន​ជាងគេ​ ក៏​ឃើញ​និងចង់​បាន​ឲ្យ ​ឥណ្ឌា ងាកចេញពី​រុស្ស៊ី ហើយ​ថ្កោល​ទោស​រុស្ស៊ី​ដែរ។អ្នកវិភាគ Donald Camp នៃ មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ​និង​យុទ្ធសាស្ត្រ (CSIS) នៅក្រុង​ Washington ប្រមើលឃើញថា សហរដ្ឋអាមេរិក ​អូស​ទាញ និង​លើកទឹកចិត្ត ​ឥណ្ឌា ឲ្យ​បញ្ចេញ​ជំហរ​​ច្បាស់ៗ ចំពោះ​រុស្ស៊ី និង​ដាក់​វិធានការផ្សេងៗ​បន្ថែម​ចំពោះ​រដ្ឋបាល​ក្រុង​ម៉ូស្កូ៕​
6/20/20238 minutes
Episode Artwork

នាយករដ្ឋមន្ត្រី​ចិន​ទៅ​ប៊ែរឡាំង ខណៈអាល្លឺម៉ង់ប្រកាន់ជំហរ កាន់តែរិះគន់មកលើចិន

ព្រឹកថ្ងៃចន្ទ ទី​១៩មិថុនានេះ លោក​ លី ឈាំង នាយករដ្ឋមន្ត្រីចិន បានធ្វើដំណើរទៅដល់ទីក្រុងប៊ែរឡាំង ដើម្បីជួប​ប្រជុំជាមួយ​តំណាងរដ្ឋាភិបាលអាល្លឺម៉ង់។ បើទោះបី ចិន និងអាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់ទៅវិញទៅមក តែទំនាក់ទំនងរវាងមហាអំណាចទាំង២នេះ កាន់តែល្អក់កករ មួយរយៈចុងក្រោយនេះ។ ជាក់ស្តែង​ កាលពីចុងសប្តាហ៍​កន្លងទៅនេះ រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញផ្សាយ​នូវ​ឯកសារ​យុទ្ធសាស្ត្រសន្តិសុខជាតិរបស់ខ្លួន ដែល​ក្នុងឯកសារនេះ អាល្លឺម៉ង់បានចាត់ទុកចិនថាគឺជាប្រទេសដែរធ្វើសកម្មាភាពប្រឆាំង​នឹងផលប្រយោជន៍​ជាតិអាល្លឺម៉ង់។ លោកលី ឈាំង បានមកដល់ទីក្រុងប៊ែរឡាំង នៅព្រឹកថ្ងៃចន្ទទី​១៩មិថុនា​ ហើយបានចូលទៅជួប​លោក​ Frank-Walter Steinmeier ប្រមុខរដ្ឋអាល្លឺម៉ង់។ តាមការគ្រោងទុក គឺនៅព្រឹកថ្ងៃអង្គារ ដែល​លោកនាយករដ្ឋមន្ត្រីចិន នឹងជួបជាមួយ​លោក​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍។ ជាកិច្ចប្រជុំទ្វេរភាគី ដែលគេតែងធ្វើជារៀងរាល់ឆ្នាំ ព្រោះថាប្រទេសទាំង២នេះ មួយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកផង និង​នៅអាស៊ីផង ហើយ​មួយទៀត ជាមហាអំណាចសេដ្ឋកិ​ច្ច​ធំជាង​គេ​នៅអឺរ៉ុប​។ចិនជាមហាអំណាច ដែលធ្វើសកម្មភាពប្រឆាំងផលប្រយោជន៍​អាល្លឺម៉ង់​ទំនាក់ទំនងរវាងចិន និងអាល្លឺម៉ង់ ក្នុងអំឡុងពេលនេះ ហាក់ចាប់​ផ្តើមល្អក់កករខ្លាំង។ កាលពីថ្ងៃទី ១៤ មិថុនា រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញផ្សាយឯកសារស្តី​ពី​ យុទ្ធសាស្ត្រសន្តិសុខជាតិអាល្លឺម៉ង់។ នៅក្នុងឯកសារនេះ អាល្លឺម៉ង់បានលើកឡើងថា ចិនគឺជាដៃគូសេដ្ឋកិច្ច​ដ៏សំខាន់មែនហើយ តែចិនក៏ជាមហាមអំណាចមួយ ដែលធ្វើសកម្មភាព ប្រឆាំងនឹង​ផលប្រយោជន៍​ជាតិ និងតម្លៃរបស់​​​អាល្លឺម៉ង់ដែរ។ អាល្លឺម៉ង់យល់ឃើញថា ដោយ​សារតែសកម្មភាព​របស់ចិន គឺវា​បាន​ធ្វើឲ្យ​ ស្ថិរភាពតំបន់ ព្រមទាំងសន្តិសុខអន្តរជាតិ កាន់តែ​ទទួលរងសំពាធ ហើយ​សិទ្ធិមនុស្ស​វិញ លែងត្រូវគេគោរព។​តែយ៉ាងណា នៅក្នុងពេលធ្វើសន្និសីទកាសែត បង្ហាញឯកសារនេះ លោក​អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ បាន​លើកឡើងថា ទោះជាយ៉ាងណា អាល្លឺម៉ង់ មិនត្រូវទៅរារាំង ការរីកចម្រើនសេដ្ឋកិច្ច ពាណិជ្ជកម្ម​​របស់ចិននោះទេ។ លោក​អូឡាហ្វ ស្លុលស៍ បានទទួលស្គាល់ថា នៅក្នុងសហគមន៍អន្តរជាតិ ចិនក៏មានតួនាទីសំខាន់ណាស់ដែរ ដែលត្រូវតែមានវត្តមានចូលរួម ជាក់ស្តែង នៅក្នុង​សំណុំរឿងវិបត្តិអាកាសធាតុ។ តែទន្ទឹមគ្នានេះ លោក​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ រំលឹកថា អាល្លឺម៉ង់ មិនត្រូវភ្លេចខ្លួនឡើយ គឺត្រូវតែប្រុងប្រយ័ត្នចំពោះការគំរាម​មកលើសន្តិសុខជាតិ​របស់​អាល្លឺម៉ង់។លោកវ៉ាង វេនពីន អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយប្រាប់អ្នកកាសែតថា ចិនមិនយល់ស្របនូវអ្វីដែល​ភាគីអាល្លឺម៉ង់ បាន​លើកឡើងនេះទេ។ សម្រាប់ចិន ការ​គិតថាប្រទេសម្ខាងទៀត គឺជាគូប្រជែង គូប្រកួត ល្បងកម្លាំងគ្នាបែបនេះ គឺវាមិនមែនជារឿងត្រឹមត្រូវទេ នៅក្នុង​ការស្ថាបនាទំនាក់ទំនងអន្តរជាតិ​។ លោក​បន្តថា ការយល់ឃើញបែបនេះ ដែល​យក​ទំនាក់ទំនង សហប្រតិបត្តិការ​​សាមញ្ញធម្មតា រុញប្រែទៅជាគោលនយោបាយយុទ្ធសាស្ត្រសន្តិសុខជាតិ គឺវានឹងធ្វើ​ឲ្យ​ពិភពលោកកាន់តែខិតចូលទៅក្នុងភាពពុះកញ្ជ្រោល បែកបាក់គ្នា ប្រឈមមុខដាក់គ្នា​ទៅវិញទេ។ភ្លឺភ្នែក ក្រោយឃើញគ្រោះថ្នាក់ពីមុនមក អាល្លឺម៉ង់ធ្លាប់​បានការពារទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ​ដ៏ល្អជាមួយចិន បើទោះជារងការរិះគន់ខ្លះពី​ប្រទេសផ្សេងទៀត ថាអាល្លឺម៉ង់ទន់ជ្រាយ​ជាមួយចិនក៏ដោយ។ កាលពីក្នុងអាណត្តិ​លោកស្រី​ អង់ហ្កេឡា មែរកិល អាល្លឺម៉ង់ព្យាយាម​យកចិត្តចិនច្រើនណាស់ ព្រោះ​សេដកិច្ចអាល្លឺម៉ង់ពឹងផ្អែកលើចិនច្រើន មិនថាជាវត្ថុធាតុដើមនាំចូលពីចិន ព្រមទាំងទំនិញអាល្លឺម៉ង់ ដូចជារថយន្តជាដើម ដែលអាល្លឺម៉ង់នាំចេញទៅលក់នៅចិន​។ ​ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់អាល្លឺម៉ង់។ ក៏ប៉ុន្តែភាពល្អូកល្អឺននេះ បានចុះខ្សោយ​ខ្លាំង ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។ អាល្លឺម៉ង់ បានភ្លឺភ្នែក បន្ទាប់ពីបានឃើញថា សេដ្ឋកិច្ចខ្លួនប្រឈមគ្រោះថា្នក់​ប៉ុណ្ណា នៅពេលពឹងលើចិនខ្លាំងជ្រុលពេក។ ចិន ចង់បិទ ចង់បើក ចង់បន្ធូរចង់បន្តឹងក៏ស្រេចតែចិន ចំណែកអាល្លឺម៉ង់បានត្រឹមតែរងចាំ និងទទួលផលវិបាក​។ចំណុចមួយទៀត ដែលធ្វើ​ឲ្យ​អាល្លឺម៉ង់អន់ចិត្តនឹងចិន គឺទាក់ទិននឹងបញ្ហាសង្គ្រាម​នៅអ៊ុយក្រែន។ ចិន​មិនបានថ្កោលទោស​រុស្ស៊ីទេ ផ្ទុយទៅវិញ​គឺកាន់បង្ហាញភាពស្និទ្ធស្នាលជួយ​រុស្ស៊ី​កុំឲ្យ​ពិបាក​ដោយសារទណ្ឌកម្មសេដ្ឋកិច្ច​លោកខាងលិច។ សំណុំរឿងកោះតៃវ៉ាន់ ព្រមទាំងបញ្ហារំលោភសិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ ​តំបន់ស៊ីនជាំង ក៏ជាផ្នែកមួយដែលធ្វើ​ឲ្យអាល្លឺម៉ង់ កាន់តែ​មិនសប្បាយ​ចិត្តនឹងចិនដែរ។ ត្រង់ចំណុចនេះហើយ ដែលរដ្ឋាភិបាលអាល្លឺម៉ង់ យល់ថា តម្លៃប្រជាធិបតេយ្យសេរី និងច្បាប់អន្តរជាតិជាគោល ដែលអាល្លឺម៉ង់លើកទូលការពារនោះ គឺចិន​គ្មានខ្វល់សូម្បី​ប៉ុនក្រចក​។កន្លងមក​ អាល្លឺម៉ង់ក៏ពឹងផ្អែកខ្លាំងលើរុស្ស៊ីដែរ គឺការទិញថាមពល​​ឧស្ម័ន​ពីរុស្ស៊ីក្នុងទំហំដ៏ច្រើនសន្ធឹក ដើម្បីប្រើប្រាស់ក្នុងឧស្សាហកម្ម​។ កត្តាទាំងអស់នេះ បាន​ធ្វើឲ្យ​អាល្លឺម៉ង់ត្រូវសញ្ជឹងគិត ឲ្យ​បាន​ស៊ីជម្រៅ ដើម្បីរៀបចំយុទ្ធសាសាស្ត្រ​​ការពារសេដ្ឋកិច្ច និងសន្តិសុខជាតិខ្លួន​ កុំឲ្យពឹងលើអ្នកណាខ្លាំងពេក មិនថាចិន ឬរុស្ស៊ី។ អំណេះតទៅ អាទិភាព​របស់អាល្លឺម៉ង់ គឺធ្វើយ៉ាងណាពង្រីកបណ្តាញផ្គត់ផ្គង់ឲ្យ​បានច្រើន។ ពោលគឺដៃគូសេដ្ឋកិច្ចត្រូវតែមានច្រើន និងមានទំងន់ប្រហាក់ប្រហែលគ្នា មិនត្រូវពឹងលើភាគីមួយដែលធំជ្រុលហួស សង្កត់គេឯងពេកនោះទេ។ចិនត្រូវការ​អាល្លឺម៉ង់ ដូចអាល្លឺម៉ង់ត្រូវការចិន​ទោះជាយ៉ាងណា មហាអំណាចទាំង២នេះ មាន​ផលប្រយោជន៍ហុចឲ្យ​គ្នាទៅវិញទៅមក។ អាល្លឺម៉ង់ជាមហាមអំណាចដ៏ធំជាងគេនៅអឺរ៉ុប ពោលគឺសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចចិន​។ សេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ននេះ មិនទាន់ងើបល្អប្រសើរនៅឡើយទេ បន្ទាប់ពីបានឆ្លងកាត់វិបត្តិកូវីដ​១៩ ៣ឆ្នាំជាប់គ្នា។ លោកនាយករដ្ឋមន្ត្រីចិន លី ឈាំង មានភារៈកិច្ចធំបំផុត គឺផ្តល់សន្ទុះដល់សេដ្ឋកិច្ចចិន ដែលការនេះ គឺត្រូវតែឆ្លងកាត់ការពង្រឹងសហប្រតិបត្តិការជាមួយ​មហាអំណាចសេដ្ឋកិច្ចដ៏ធំនៅអឺរ៉ុប គឺអាល្លឺម៉ង់នេះឯង។ នេះបើ​ផ្អែកតាមពន្យល់ របស់​លោក Ian Johnson អ្នកជំនាញចិននៅ Council on Foreign Relations។ដូចគ្នាដែរ លោក Thorsten Brenner អ្នកវិភាគនៅ​វិទ្យាស្ថាននយោបាយ​សាធារណៈសកល GPPI បាន​ពន្យល់ថា បច្ចុប្បន្ននេះ ទំនាក់ទំនងរ​វាងចិននិងអាមេរិក ល្អក់ខ្វល់ខ្លាំងណាស់ ទាំងផ្នែកការទូត ទាំងផ្នែកសេដ្ឋកិច្ច។ ដូច្នេះ ចិនត្រូវរកបង្អែកមួយឲ្យ​មាំ បង្ហាញថាអត់អាមេរិក ក៏ខ្លួនមិនស្លាប់ដែរ។ ពោលគឺចិន អាច​នៅមានទំនាក់ទំនងល្អជាមួយ​អឺរ៉ុប ជាពិសេសគឺជាមួយអាល្លឺម៉ង់ ដែលជា​មហាអំណាចសេដ្ឋកិច្ច​ និងជាកម្លាំងក្បាលម៉ាស៊ីនរបស់អឺរ៉ុប។ ដូច្នេះ អ្វីៗគឺវាអាស្រ័យលើគោលជំហររបស់អាល្លឺម៉ង់ដែរ ថាចង់បន្តទន់ជ្រាយ ញញឹមថ្នមចិត្ត​​ចិន ដើម្បីផល​ប្រយោជន៍​សេដ្ឋកិច្ច​តទៅទៀត ឬមួយក៏ចាប់ផ្តើម​រឹងរូស និយាយរិះគន់ចិនចំៗ ត្រង់ចំណុចណាដែលត្រូវតែរិះគន់៕
6/19/20237 minutes, 15 seconds
Episode Artwork

ប្រមុខការទូតអាមេរិក ទៅដល់ក្រុងប៉េកាំង ជួបនិយាយជាមួយសមភាគីចិន ដើម្បី​បន្ធូរ​ស្ថានការណ៍

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប្លីងកិន អញ្ជើញ​ធ្វើ​ដំណើរ​ទៅដល់រដ្ឋធានី​ប៉េកាំង នៅថ្ងៃ​អាទិត្យ​ទី​១៨មិថុនា​​​ ដើម្បីជួបនិយាយជាមួយសម​ភាគី​ចិន ខណៈភាពតានតឹងផ្នែកការទូត រវាងចិននិងសហរដ្ឋអាមេរិក កាន់តែឡើងកម្រិត។ ដូច​ប្រមុខ​ការទូត​របស់​ខ្លួន​ដែរ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បានថ្លែងក្តីរំពឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ទៅ​ប៉េកាំង​ នឹងជួយ​​បន្ថយបន្ធូរ​សភាព​ការ​ណ៍​តាន​តឹង​ ហើយ​រូបលោក​ ចូ បៃ​ដិន ខ្លួន​ឯង​ ក៏​សង្ឃឹ​ម​ថា​នឹង​បាន​ជួប​ប្រាស្រ័យ​ដោយ​ផ្ទាល់​ជាមួយ​ប្រធានា​ធិប​តី​​ចិន​ ស៊ី ជិន​ពីង នៅ​«ប៉ុន្មាន​ខែ​ខាង​មុខ​នេះ»។​ ដំណើរ​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅស្រុកចិន​​នេះ ត្រូវ​កាសែត​ចិន​ផ្សាយ​ពីថ្ងៃទី​១៤មិថុនា​ អំ​ពី​ការ​ជជែក​គ្នា​តាមទូរសព្ទ​រវាង​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ពីរ​ប្រទេស​​ ហើយ​ក៏ត្រូវ​លោកប្រមុខទូត​អាមេរិក ​ប្រកាស​ឲ្យដឹងដោយផ្ទាល់​​នៅ​សុក្រ​ ពេល​ធ្វើ​សន្និសី​ទ​សារព័ត៌មាន​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី  ពី​ក្រុង​វ៉ាស៊ីន​តោន​។​ មុន​នឹង​ចេញទៅចិន រដ្ឋមន្ត្រីការបរទេស​ ក៏​បាន​ពិភាក្សាគ្នា​ជាមួយ​សមភាគី ជប៉ុន និង​កូរ៉េខាងត្បូង រួច​ស្រេច​ហើយ​ដែរ។​បន្ទាប់ពី​ខក​ខាន​ អស់​៥ឆ្នាំ ​ នេះ​ជាលើកទី១ហើយ​ ដែល​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​ទៅ​ជាន់​ដីចិន​។ គ្មានថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិករូបណា ឬរដ្ឋមន្ត្រីបរទេសអាមេរិក បានទៅជាន់ដឹកដីចិន ដោយផ្ទាល់ នោះទេ ជាង​៥ឆ្នាំមកនេះ​។ ប្រមុខការបរទេសអាមេរិកចុងក្រោយ ដែលទៅស្រុក​ចិន គឺលោក Mike Pompeo ដែលទៅប៉េកាំង​នៅឆ្នាំ២០១៨ ជំនាន់អាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ។ ក៏ប៉ុន្តែ គឺលោក Mike Pompeo ដែលពេលក្រោយមក ក្លាយជាបុគ្គលសំខាន់ ក្នុងការរៀបចំយុទ្ធសាស្ត្រប្រឆាំងទប់ទល់ចិន ស្របតាមខ្សែបន្ទាត់របស់លោក ដូណាល់ ត្រាំ។ ​វត្ថុបំណងធំបំផុតរបស់​ភាគី​អាមេរិក​ នៅពេល​នេះ​ ដើម្បីសម្រួលស្ថានការណ៍ឲ្យធូរស្រាល និងរំលាយភាពជាប់គាំងទាំងឡាយ។ ពោល​គឺ​ឈរ​លើកគំនិត​ ថា ត្រូវ​និយាយ​គ្នា ដើម្បី​យល់​ពី​គ្នា យល់​ពី​ទឹក​ចិត្ត​និង​ការ​ចង់​បាន​របស់​ម្នាក់ ហើយ​ដើម្បី​បញ្ជៀស​ការយល់ខុស​ភាន់​ច្រឡំ និង​ចៀសវាង​ផ្តាច់​ទំនាក់ទំនង​និង​ឈ្លោះទាស់ទែង​គ្នា។​លោក អង់តូនី ប្លីងកិន ត្រូវ​ទៅ​ប៉េកាំង​តាំង​តែ​ពី​កុម្ភៈ​ម្ល៉េះ ប៉ុន្តែត្រូវ​ខកខាន​ទៅវិញ ព្រោះតែ​ផ្ទុះ​បញ្ហា​បាឡុង​ចារកិច្ច​ចិន​ ​ហោះ​លើ​ដែន​អាកាស​អាមេរិក។​ រឿង​នេះ​ធ្វើ​ឲ្យ​ស្ថានភាព​ការទូត​ប្រទេស​ទាំងពីរ​ ជាប់​គាំង​ខ្លាំង។ ទោះជា​ម្តេច​ក្តី មន្ត្រីជាន់​ខ្ពស់​ប្រទេស​ទាំង​ពីរ ក៏បាន​ស្កាត់ជួប​គ្នា​ខ្លះដែរ​ នៅ​ក្រៅ​ស្រុក​ចិន។ ជាក់ស្តែង ខែ​មីនា លោក អង់តូនី ប្លីងកិន ជួប​អតីត​ប្រមុខ​ការទូតចិន​ លោក វ៉ាំង យី នៅ​ក្រុង​នៅម៉ូនិច​ ប្រទេស​អាល្លឺម៉ង់​។ លោក​ វ៉ាំង យី ក៏​បាន​ជួប​នឹង​ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក នៅ​ក្រុង​វីយែន ប្រទេស​អូទ្រីស។ ​ក្នុង​ខែមេសា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​ចិន ក៏បាន​អញ្ជើញ​ទៅ​ក្រុង​វ៉ាស៊ិន​តោន​ដែរ​។ ​ជំនួប​ខ្លះៗ​មកនេះ ហាក់​មិន​បាន​ជា​ផល​អ្វីធំដុំ​នោះឡើយ។ ហេតុ​ដូច្នេះ​ហើយ​មើលទៅ ! ទើប​លោកប្រមុខ​ការទូត​អាមេរិក សម្រេច​អញ្ជើញ​ទៅដល់​កណ្តាល​បេះដូង​ ប្រទេស​ចិន​តែម្តង ដើម្បី​ជជែក​ចរចា​ដោយ​ផ្ទាល់។​​នៅ​ក្រុង​ប៉េកាំង អ្ន​កឆ្លើយ​ឆ្លង​ព័ត៌មាន​វិទ្យុ​បារាំង Stéphane Lagarde បញ្ជាក់​ឲ្យ​ដឹង​ច្បាស់ថា ដំណើរ​ទស្សនកិច្ចនេះ ពុំ​មែន​ជា​ការ​អញ្ជើញ​​ផ្លូវ​រដ្ឋ​ទេ តែ​ជាការ​រៀបចំ​សម្រុះ​សម្រួល​លក្ខខណ្ឌ​ទ្វេភាគី។ ដូច្នេះ​ គ្មា​នកម្រាល​ព្រំ​ក្រហម ទទួល​លោក​​ ប្លីងកិន នៅ​​ព្រលាន​យន្តហោះ​ទេ​។ ទំនាក់ទំនងអាមេរិកនិងចិន ជាប់គាំងស្ទើរគ្រប់វិស័យ នា​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​។ ​ក្នុង​ជំនួប​នៅ​ប៉េកាំង​លើកនេះ តើវិស័យ​ឬ​ផ្នែក​ណាមួយ​ដែល​ត្រួវ​សម្រួល​បន្ធូរ​ ជា​អាទិភាព​នោះ​?​​រាប់​ចាប់តាំង​ពី វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម យោធា​ ការទូត បច្ចេកវិទ្យា​ នវានុវត្តន៍ច្នៃប្រឌិត​បង្កើត​ថ្មី​​ ព័ត៌មាន​វិទ្យា​ រហូត​ដល់​វិស័យ​អាវកាស ជាដើម ដែល​កិច្ចការ​សហការ​ទ្វេភាគី​ត្រូវ​រអាក់រអួល​ ប្រមុខ​តាន​តឹង​ដាក់គ្នា និង​ត្រូវ​ជាប់​គាំង​តែម្តង។ អ្នក​ឆ្លើយ​ឆ្លង​ព័តមាន​វិទ្យុ​បារាំង​នៅ​ញូវយ៉ក Carrie Nooten ក៏​គូស​បង្ហាញដែរថា លោករដ្ឋមន្ត្រី​ការបរទេស​ អង់តូនី ប្លីងកិន បា​ន​ដឹង​ខ្លួន​ឯង​ច្បាស់​ណាស់​ថា ទំនាក់​ទំនង​ដ៏​អស្ថិរភាព​រវាង​អាមេរិក​និង​ចិន​ គឺ​នាំ​ឲ្យ​ពិភព​ទាំងមូល​ជ្រួល​ច្របល់​។ក្រៅពី​បញ្ហា​ទ្វេភាគី នៅ​មាន​សំណុំ​រឿង​ច្រើន​ ដូចជា ​បញ្ហា​តៃវ៉ាន់ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ​ បញ្ហា​ចិន​ជាមួយជប៉ុន និង​កូរ៉េ​ខាងត្បូង ដែល​ជា​សម្ព័ន្ធ​មិត្ត​អាមេរិក និង​ដែល​ជា​វិបត្តិ​ប្រទាក់​ក្រឡាគ្នា​នឹង​បញ្ហា​វិបត្តិ​កូរ៉េ​ខាង​ជើង​ ទៅទៀត។ មួយ​វិញទៀត ខាង​អង្គការ​សិទ្ធិមនុស្ស​ គឺ​ចង់​ឃើញ​និង​ទន្ទឹង​រង់ចាំ​មើល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លើកឡើង​ពី​បញ្ហា​សិទ្ធជន​ជាតិ​ភាគ​អ៊ុយហ្គួ ដែល​ចាត់​ទុកថា​ជា​ ឧក្រិដ្ឋកិច្ច​មនុស្ស​ជាតិ ចំពោះ​អ្វី​ដែល​រដ្ឋអំណាច​ចិន​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ចំពោះ​ជនជាតិ​ភាគិអ៊ុយហ្គួ​។​ចំពោះ​មុខ​វិបត្តិ​ច្រើន​ប្រភព​និង​ច្រើន​ប្រភេទនេះ គឺ​សំណុំ​ស្រួច​ខ្លាំង​ជាងគេ គឺ​ រឿង​តៃវ៉ា់ន់។ តៃវ៉ាន់​ដែលត្រូវ​រៀបចំ​​បោះឆ្នោតនៅតៃវ៉ាន់ នៅឆ្នាំក្រោយ។ ឆ្នាំក្រោយ អាមេរិកក៏រៀបចំបោះឆ្នោតប្រធានាធិបតីដែរ។ កាសែត​អន្តរជាតិ​ និង​អ្នក​វិភាគ​ស្ថានការណ៍​មើលឃើញថា «សំណុំ​រឿង​តៃវ៉ាន់ បើ​មិន​ជជែក​គ្នា​ឲ្យ​ចម្រើន​ទៅមុខទេ គឺដំណើរ​ផ្លាស់​ទីពី​វ៉ាស៊ីនតោនទៅប៉េកាំង របស់​លោក ប្លីងកិន ជាការ​គ្មាន​ប្រយោជន៍។» ជាការ​សម្រួល​ចិត្ត​ដល់​ភាគី​ចិន គឺ​លោក ប្លីងកិន បាន​បញ្ជាក់​តាំង​ពី​៤ថ្ងៃ​មុន​មកម្ល៉េះ នៅ​ការជជែកគ្នាតាមទូរសព្ទរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរប្រទេស គឺថា «ជំហរ​អាមេរិក គឺ​គោរព​ជំហរ​របស់​ចិន​ក្នុង​សំណុំ​រឿង​តៃវ៉ាន់។»​​ដំណឹង​នៅពេលដំបូងៗនេះ កាសែតបច្ចិមលោក បានទទួលព័ត៌មានតិចតួចណាស់ ស្តីពីលទ្ធភាពដែលប្រមុខការទូតអាមេរិក លើកឡើងពីបញ្ហាវិបត្តិអ៊ុយក្រែន ដើម្បីឲ្យ ចិន ដាក់សម្ពាធលើក រុស្ស៊ី។ ប៉ុន្តែ ប្រហែលជាថ្នាក់ដឹកនាំទាំងពីរប្រទេសលើកឡើងនៅក្នុងកិច្ចប្រជុំ​បិទទ្វារ​ ក៏មិនដឹង។​ ក្រុម​អ្ន​កកាសែត ​បាន​ចូល​ថ​ត​រូប​តែមួយ​ភ្លេត ក៏ត្រូវគេ​​បញ្ជាឲ្យ​ចេញ​ទៅ។​«​ដំណើរ​រយៈ​ពេល​ខ្លីត្រឹម២ថ្ងៃ​របស់​រដ្ឋមន្ត្រី​ការបរទេស​នេះ ​មិន​នឹង​ជួយ​ដោះស្រាយ​អ្វី​ច្រើន​ឡើយ ​។»​អ្នក​ការទូត​ជើង​ចាស់ម្នាក់ លោក Danny Russel អតីត​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក​ និង​បច្ចុប្បន្ន​ជា អនុប្រធាន​ វិទ្យាស្ថាន​សិក្សា​គោល​នយោបាយ​អាស៊ី (Asia Society Policy Institute) នៅ​ញូវយ៉ក បានប្រមើល​ឃើញថា ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រមុខ​ការ​ទូត​អាមេរិក​នៅប៉េកាំង នឹង​មិន​ផ្តល់​ដំណោះស្រាយ​អ្វី​ដល់​បញ្ហាវិបត្តិ​ធំៗរវាង​អាមេរិក​-ចិន​នោះឡើយ ហើយ​ក៏​មិន​អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ ឈប់​ប្រកួត​ប្រជែង​កម្លាំង​គ្នា​ដែរ​។​ ក៏ប៉ុន្តែ អ្វី​ដែល​អាច​ចាត់ទុក​ថា​ជា​សាច់​ការ​ខ្លះ​នោះ គឺ​ ទស្សនកិច្ចនេះ​ បើក​ផ្លូវ​ឲ្យ​ជំរុញ​កិច្ច​ការ​ចរចា​ពិភាក្សា​គ្នា​ឡើងវិញ​ ហើយ​ឈាន​មួយ​ជំហាន​រំលង​​ឲ្យ​ហួស​ពីការ​ផ្លោង​ពាក្យ​សម្តី​គ្នា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ មក​និយាយ​គ្នា​តទល់​ចំពោះ​មុខ​។ពីភាគី​ចិន​វិញ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​ចិន អ្ន​កស្រី Hua Chunying បាន​សរសេរ​សារ​នៅ បណ្តាញ​សង្គម​ ដោយ​ភ្ជាប់រូប​ថត​របស់​លោក ជីន កង ប្រមុខ​ទូត​ចិន​និង​លោក អង់តូនី ប្លីងកិន កំពុង​ចាប់​ដៃគ្នា។ អ្នកស្រី​សរសេរថ្លែងក្តី​សង្ឈឹម​ថា​ជំនួប​នេះ​ អាច​ជួយ​ឲ្យ​ខ្សែបណ្តាញទូត​ចិន​អាមេរិក​ ត្រឡប់​លើ​ផ្លូវ​ព្រមព្រៀង​របស់​ប្រមុខ​រដ្ឋ​ទាំង​ពីរ នៅ​កោះបាលី ប្រទេស​ឥណ្ឌូនេស៊ី។នៅ​ឥណ្ឌូនេស៊ី ឆ្នាំ២០២២ លោក ចូ បៃដិន និង​លោក ស៊ី ជិនពីន​ ជួប​គ្នាក្នុង​ជំនួន​G20 ​និង​បាន​ព្រម​ព្រៀង​មួយ​ចំនួន​ពី​សំណុំ​រឿង​តៃវ៉ាន់ និង​កូរ៉េ​ខាងជើង​​៕​​
6/18/20238 minutes, 15 seconds
Episode Artwork

គណៈប្រតិភូអាហ្វ្រិក ទៅជួប​លោក​ពូទីននៅសាំងប៉េតេសបួរ ដើម្បី​សម្របសម្រួលឲ្យ​មានការចរចាសន្តិភាព

បន្ទាប់ពីបានធ្វើដំណើរទៅទីក្រុងកៀវកាលពីថ្ងៃសុក្រម្សិលមិញ គណៈប្រតិភូនៃថ្នាក់ដឹកនាំ​ប្រទេសអាហ្វ្រិក បាន​បន្តដំណើរទៅដល់ទៅក្រុងសាំងប៉េតេសបួរ​ នៅ​ព្រឹកថ្ងៃសៅរ៍​ទី ១៧មិថុនា។ នៅទីនោះ គណៈប្រតិភូនេះ នឹងជួប​ជាមួយ​លោក​ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ដើម្បី​និយាយអំពីផែនការ​ចរចាសន្តិភាពជាមួយអ៊ុយក្រែន។ ទោះជាមានការអបអរសាទរខ្លះៗ ដោយឃើញក្រុមប្រទេសអាហ្វ្រិកជួយឈឺឆ្អាល ចង់ចូលរួមដោះស្រាយវិបត្តិនេះ តែគេគ្មានសង្ឃឹមថា ការដើរតួនាទីជាអាជ្ញាកណ្តាលរបស់ក្រុមប្រទេសអាហ្វ្រិកនេះ អាចទទួលបាន​លទ្ធផល​នោះឡើយ។ អាហ្វ្រិករងគ្រោះដោយប្រយោល​មូលហេតុដែល​ក្រុមប្រទេសអាហ្វ្រិក ចង់ចូលរួមដោះស្រាយ សម្របសម្រួលធ្វើយ៉ាងណា ឲ្យសង្គ្រាមនេះចប់ឲ្យ​បានឆាប់ ក៏ព្រោះតែទ្វីបអាហ្វ្រិកគឺជាអ្នករងគ្រោះដោយ​ប្រយោល។ ទ្វីបអាហ្វ្រិក​ដែលក្រីក្របំផុតនោះ បានរងគ្រោះជាង១ឆ្នាំមកនេះ ដោយសារតែបញ្ហាតម្លៃវត្ថុធាតុដើម គ្រាប់ធញ្ញជាតិឡើងថ្លៃខ្លាំងណាស់ បន្ទាប់ពីសង្គ្រាម​នៅអ៊ុយក្រែន​ផ្ទុះឡើង។ ប្រទេសអាហ្វ្រិក​ភាគច្រើន រស់រំពឹងយ៉ាងខ្លាំង ទៅលើ​គ្រាប់ពោត គ្រាប់ស្រូវសាឡី ដែលអ៊ុយក្រែននាំចេញទៅលក់ ក្នុងតម្លៃថោក និង​ជាជំនួយរបស់​អង្គការ​មនុស្ស​ធម៌ ដែលបានទិញពីអ៊ុយក្រែន​។ សង្គ្រាម​ មិនត្រឹមតែបានបំផ្លាញ​កសិផល​របស់អ៊ុយក្រែនប៉ុណ្ណោះទេ តែវាបានរាំងខ្ទប់ការនាំចេញគ្រាប់ធញ្ញជាតិ​របស់អ៊ុយក្រែន ហើយ​ជាងនេះទៀត គឺវាបាន​ទាញតម្លៃ​ដឹកជញ្ជូន ​ឲ្យ​កើនឡើងខ្ពស់ណាស់។ ដោយសារតែបញ្ហានេះ ប្រទេសអាហ្រ្វិក​កំពុងតែប្រឈមនឹងវិបត្តិគ្មានស្បៀងអាហារបរិភោគ​។ហេតុដូច្នេះហើយ បានជាក្រុមប្រទេសអាហ្វ្រិក​បានរួមគ្នា ស្នើខ្លួន​និយាយជាមួយភាគីជម្លោះ ដើម្បីឈានទៅ​មានការទម្លាក់អាវុធ និងចរចាសន្តិភាព​។ គណៈប្រតិភូនេះមាន ប្រធានាធិបតី​ចំនួន​៤ប្រទេសចូលរួម គឺអាហ្វ្រិក​ខាងត្បូង សេណេហ្កាល់ ហ្សំប៊ី និងកូម៉រ ដែលបច្ចុប្បន្នជាប្រធានវិលជុំដឹកនាំសហភាពអាហ្វ្រិក ព្រមទាំង​តំណាងរដ្ឋាភិបាល កុងហ្គោ អ៊ូហ្កង់ដា និង​អាហ្ស៊ីប ចូលរួមដែរ។ទៅដល់រដ្ឋធានីកៀវកាលពីថ្ងៃសុក្រ គណៈប្រតិភូនេះបានធ្វើដំណើរទៅដល់​តំបន់ ប៊ូដឆា​ ជាទីដែល​កងទ័ពរុស្ស៊ីបានសម្លាប់​រង្គាល​ប្រជាជនស៊ីវីលអ៊ុយក្រែន យ៉ាងព្រៃផ្សៃបំផុត​។ ហើយនៅព្រឹកថ្ងៃសៅរ៍នេះ គណៈប្រតិភូនេះ បន្តដំណើរចេញពីអ៊ុយក្រែន ឈ្ពោះទៅកាន់រុស្ស៊ី ដើម្បីជួបជាមួយ​លោកពូទីន នៅទីក្រុងសាំងប៉េតេសបួរ។ គួរបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ លោក​ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង Cyril Ramaphosa ដែលដឹកនាំគណៈប្រតិភូនេះ នៅតែមិនប្រកាសថ្កោលទោសរុស្ស៊ី ដែលធ្វើសង្គ្រាមឈ្លានពាន​អ៊ុយក្រែននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះ ត្រូវគេស្គាល់ថា​មានទំនោរកាន់តែស្និទជាមួយ​លោក​ពទីន​ថែមទៀតផង។លោកហ្សេឡេនស្គី៖ អ៊ុយក្រែននឹងមិនចាញ់បោកល្បែងឆ្ពិនភ្នែករបស់រុស្ស៊ី ជាលើកទី​២ជាដាច់ខាតនៅក្នុងសន្និសីទកាសែត នៅទីក្រុងកៀវ កាលពីល្ងាចថ្ងៃសុក្សម្សិលមិញ លោក​ប្រធានាធិបតីហ្សេឡេនស្គី បានឆ្លើយ​នៅចំពោះ​មុខគណៈប្រតិភូអាហ្វ្រិកនេះថា អ៊ុយក្រែនមិនអាចទទួលយកនូវ​សំណើរ​ចរចាសន្តិភាពជាមួយ​ចោរឈ្លានពានរុស្ស៊ី​បាននៅពេលនេះទេ។ លោកហ្សេឡេនស្គី បានចាត់ទុកថា បើព្រមចរចាជាមួយ​រុស្ស៊ីនៅពេលនេះ គឺជាការចាញ់​បោកល្បែងឆ្ពិនភ្នែកបោកប្រាស់របស់រុស្ស៊ី​។លោក​ហ្សេឡេនស្គី បានអះអាងថា បើចរចានៅពេលនេះ ទាំងដែលចោរឈ្លានពានរុស្ស៊ី​ កំពុងតែគ្រប់គ្រងទឹកដីអ៊ុយក្រែនដោយខុសច្បាប់ គឺវាមិនខុសពី​ការបង្កក​សង្គ្រាម​នេះ ឲ្យ​នៅទ្រឹងមួយកន្លែង ហើយ​ក៏ធ្វើឲ្យ​​​ការឈឺចាប់​ទាំងអម្បាលម៉ានរបស់​ប្រជាជនអ៊ុយក្រែន នៅតែបន្តទ្រឹងមួយ​កន្លែង មិនអាចជាសះស្បើយដែរ។ លោកហ្សេឡេនស្គី បានបន្ថែមថា រុស្ស៊ីនឹងមិនអាច​បោក​បញ្ឆោតពិភពលោក​ជាលើកទី២បានទេ ព្រោះអ៊ុយក្រែនបាន​ស្គាល់ស្នៀតល្បិចកល​របស់រុស្ស៊ីហើយ។សំដី​នេះ គឺលោក​ហ្សេឡេនស្គី បាន​សំដៅទៅដល់ កិច្ចព្រមព្រៀងនៅទីក្រុងមីនស្គ៍ ដែលអ៊ុយក្រែនបាន​ចុះជាមួយរុស្ស៊ី នៅខែកុម្ភៈឆ្នាំ​២០១៥ ដោយ​មានអន្តរាគមន៍សម្របសម្រួលពីបារាំង និង​អាល្លឺម់ង់ ដើម្បីបិទបញ្ចប់សង្គ្រាម​​នៅភាគខាងកើតអ៊ុយក្រែន។ តែលទ្ធផល​ដូចយើង​ដឹងហើយ រុស្ស៊ីនៅតែបន្ត​ធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែនដដែល រហូតដល់ពេលនេះ។ អ៊ុយក្រែនយល់ថា កិច្ចព្រមព្រៀងទីក្រុងមីនស្គ៍ ត្រូវលោកពូទីន ប្រើប្រាស់ដើម្បី​បោកបញ្ឆោត​​​អ៊ុយក្រែន ​និង​ក្រុមប្រទេសលោក​ខាងលិច ឲ្យ​សប្បាយចិត្ត តែ​មួយគ្រាតែប៉ុណ្ណោះ។ តែធាតុពិត លោកពូទីននៅតែមានមហិច្ឆតាលោភលន់ ឈ្លានពានអ៊ុយក្រែនដដែល។ ខាងបារាំង និងអាល្លឺម៉ង់ ក៏​បានបង្ហាញ​ការឈឺចិត្តសោកស្តាយមិនតិចដែរ ដែលបានចាញ់​បោកលោកពូទីនកាលនោះ។ ហេតុដូច្នេះហើយ បានជាពេលនេះ អ៊ុយក្រែន មិនអាចទទួលយកការចរចាជាមួយរុស្ស៊ីដាច់ដាច់ខាត ដរាបណារុស្ស៊ី​មិនដកទ័ពចេញឲ្យ​អស់ពីទឹកដីអ៊ុយក្រែន​។ដំណោះស្រាយ​ដែលផ្តល់ភាពយុត្តិធម៌ដល់អ្នក​រងគ្រោះ​អង្គការសម្ព័ន្ធមិត្ត​អូតង់ បានថ្លែងអបអរ ដែល​ឃើញក្រុមប្រទេស​អាហ្វ្រិក​ ចូលរួមឈឺឆ្អាល ក្នុងសំណុំរឿងនេះ។ ក៏ប៉ុន្តែអូតង់ បានរំលឹកថា ការចរចាសន្តិភាព ត្រូវតែមានភាពសុច្ចរិត យុត្តិធម៌សម្រាប់អ៊ុយក្រែនដែលជាជនរងគ្រោះ។ ដំណោះស្រាយ​សន្តិភាព ត្រូវតែមានភ្ជាប់ជាអាទិភាព នូវ​ការទទួលស្គាល់កំហុសរបស់រុស្ស៊ី​ដែលជាអ្នកលើកទ័ពចូលទៅធ្វើសង្គ្រាម ឈ្លានពានប្រទេសឯករាជ្យ។សម្រាប់ពេលនេះ កាលៈទេសៈគឺមិនមែនជាពេលចរចានោះទេ។ កាលៈទេសៈពេលនេះ គឺអ៊ុយក្រែនកំពុងតែបើកការវាយ​ប្រយុទ្ធទ្រង់ទ្រាយ​ធំ ដណ្តើមទឹកដីរបស់ខ្លួនមកវិញ។ សម្រាប់អ៊ុយក្រែន ក៏ដូចជាក្រុមប្រទេសលោកខាងលិច គឺទាល់តែអ៊ុយក្រែន មានប្រៀបលើរុស្ស៊ីសិន​ ទើបដល់ពេលចូលតុចរចា។ បើចរចា ពេលនេះ គឺមិនខុសពី​កាត់ដីអ៊ុយក្រែន ដែល​រុស្ស៊ី​គ្រប់គ្រងបច្ចុប្បន្ននេះ ឲ្យទៅរុស្ស៊ីនោះទេ។ ហើយថ្ងៃមុខ រុស្ស៊ីនឹងទន្រ្ទានចូលថែមទៀតជាក់ជាមិនខាន គ្មានថ្ងៃឆ្អែតនោះទេ។  រុស្ស៊ី​គ្មានភាពស្មោះត្រង់​?មួយវិញទៀត គឺគ្មាននរណាជឿទុកចិត្ត លើចេតនាស្មោះត្រង់របស់រុស្ស៊ី ថាចង់ចរចាមែននោះទេ នាពេលនេះ​ ទោះបីជា​លោកពូទីន យល់ព្រមទទួលជួប​គណប្រតិភូអាហ្វ្រិក​នៅសាំងប៉េតេសបួរក៏ដោយ​។ ជាក់ស្តែង ក្នុងពេល​ដែល​គណៈប្រតិភូអាហ្វ្រិក​កំពុងស្ថិតនៅ​ទីក្រុងកៀវ រុស្ស៊ីបានបាញ់​មីស៊ីល​ចំនួន​១២គ្រាប់សំដៅមកទីក្រុងកៀវ។ លោកឌីមីទ្រី គូឡេបា ​ប្រមុខការទូតអ៊ុយក្រែនបាន​លើកឡើងថា មីស៊ីលទាំងនេះ គឺជាសារប្រាប់ទៅមេដឹកនាំប្រទេសអាហ្វ្រិករួចទៅហើយ ថារុស្ស៊ី ចង់ធ្វើសង្គ្រាម រុស្ស៊ីគ្មានចង់បានសន្តិភាពអ្វីទេ។ ដូចគ្នាដែរ លោក Peter Stano អ្នកនាំពាក្យ​ប្រមុខការទូត​អឺរ៉ុប បាន​លើកឡើងថា ឃើញមីស៊ីលរុស្ស៊ីធ្លាក់នៅទីក្រុងកៀវក្នុងពេល​គណៈប្រតិភូអាហ្វ្រិកទៅដល់នេះ គឺវាបញ្ជាក់យ៉ាងច្បាស់ អំពីភាពសុចរិតស្មោះត្រង់របស់លោកពូទីន ដែលគ្មានសូម្បីប៉ុនសសៃសក់។នៅក្នុងកម្មវិធី វេទិកាសេដ្ឋកិច្ច​មួយ​នៅសាំងប៉េតេសបួរ កាលពីថ្ងៃសុក្រម្សិលមិញ លោកពូទីន បាន​អះអាងថា ប្រតិបត្តិការ​វាយ​បករបស់អ៊ុយក្រែន នឹងបរាជ័យ ហើយ​មិនយូរមិនឆាប់ទេ ក្រុមប្រទេសលោកខាងលិច នឹងត្រូវ​តែគ្មានជំរើសអ្វីផ្សេង ក្រៅតែពី​ មកអង្វរលន់តួរុស្ស៊ីឲ្យព្រមចរចានោះទេ។ លោកពូទីនអះអាងថា ដល់ពេលនោះ​ រុស្ស៊ីគឺជាអ្នកដាក់លក្ខខណ្ឌ ជាអ្នកសន្មត់ថាពេលណាត្រូវចរចា ហើយ​និយាយអំពីចំណុចអ្វីខ្លះ​​។សម្តីនេះ គឺមានន័យថា រុស្ស៊ីគ្មានចេតនាដកថយទេ ក្នុងពេលនេះ។ ហើយ​កាលពីថ្ងៃសុក្រដែរ រុស្ស៊ីបានបញ្ជូន​អាវុធនុយក្លេអ៊ែរជាច្រើនគ្រាប់ ទៅកាន់​បែលឡារុស ដើម្បីដាក់ត្រៀមកំញើញអ៊ុយក្រែន និង​អឺរ៉ុបទាំងមូល។ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញ លោកពូទីន ហាក់​ដូច​ជា​មាន​ទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង ថានឹង​ឈ្នះ​សង្គ្រាម។ ទំនុកចិត្តនេះ នឹងមិន​ធ្វើ​ឲ្យ​រុស្ស៊ី សុខចិត្តចរចា​ងាយ​ៗឡើយ​៕
6/17/20238 minutes, 3 seconds
Episode Artwork

របាយការណ៍​អាមេរិកស្តីពីការជួញដូរមនុស្ស​ផ្តោតសំខាន់លើ​ពលកម្មចាប់បង្ខំ និងការជួញដូរក្មេងប្រុស

ក្រសួង​ការបរទេស​អាមេរិក​ចេញផ្សាយ​របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស ដោយ​ផ្តោតទៅលើ​ពលកម្ម​ដោយ​ចាប់បង្ខំ និងការជួញដូរ​ក្មេងប្រុស ដែលបានកើនឡើង​គួរ​ឲ្យកត់សំគាល់​នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងរបាយការណ៍​ប្រចាំឆ្នាំ ចេញផ្សាយ កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ក្រសួងការបរទេស​អាមេរិក​បានបង្ហាញ​ប្រទេស​ដែលឡើងចំណាត់ថ្នាក់ល្អ និង​ប្រទេស​ធ្លាក់ចំណាត់ថ្នាក់ ដោយសារ​មិន​បាន​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​នឹងការជួញដូរ។ កម្ពុជា ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ២៤ ដែល​ជាប់ចំណាត់ថ្នាក់ កម្រិត​ទី៣ ដែលជា​ចំណាត់ថ្នាក់ដ៏អាក្រក់បំផុតរបស់​ក្រសួងការបរទេស​អាមេរិក។ នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​ការជួញដូរមនុស្ស​ចេញផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ទី ១៥ មិថុនា ក្រសួង​ការបរទេស​អាមេរិក​បាន​គូស​បញ្ជាក់​ពី​ការកើនឡើង​គួរ​ឲ្យកត់សំគាល់ នៃ​ពលកម្ម​ដោយបង្ខំ ដែល​មាន​ជាប់ទាក់ទង​នឹងជំងឺរាតត្បាតកូវីដ។តាម​រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន ដែលបាន​ឡើងនិយាយ​នៅក្នុង​ឱកាស​បង្ហាញ​របាយការណ៍ កាលពីថ្ងៃម្សិលមិញ ពលកម្ម​ដោយបង្ខំ បានកើនឡើងលឿនស្លេវ នៅក្នុង​ពិភពលោក។ ជាក់ស្តែង ថៅកែរោងចក្រ ម្ចាស់ក្រុមហ៊ុន​បាន​យកលេស​វិបត្តិកូវីដ ដើម្បី​កេងប្រវ័ញ្ច​លើ​បុគ្គលិក កម្មករ តាមរយៈ​ការទម្លាក់ កាត់បន្ថយ ប្រាក់ខែ និងចាប់បង្ខំ​ឲ្យធ្វើការ​ច្រើនម៉ោង។លោកស្រី Cindy Dyer ប្រធានផ្នែក​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​របស់ក្រសួងការបទេស​អាមេរិក បាន​បន្ថែមថា ពួកក្រុមឈ្មួញ​ជួញដូរ​មនុស្ស​បាន​យកពាក្យដែលថា ពិភពលោក​កំពុង​ជួប​វិបត្តិសេដ្ឋកិច្ច​ដោយសារ​កូវីដ មនុស្ស​គ្មាន​ការងារធ្វើច្រើន បូកផ្សំ ឬ​ការរឹតត្បិត​ក្នុង​ការធ្វើដំណើរឆ្លងដែន ទៅឃោសនា ទាក់ទាញ​ជនរងគ្រោះ។តាម​របាយការណ៍​របស់​ក្រសួងការបរទេស មនុស្ស​ប្រមាណ ២៧លាននាក់ រងគ្រោះដោយសារ​ការជួញដូរមនុស្ស​នៅក្នុងពិភពលោក។ សម្រាប់រដ្ឋមន្រ្តីការបរទេស​អាមេរិក នៅក្នុងចំណោម​ការជួញដូរមនុស្សជាទូទៅ អាមេរិក​បានកត់សំគាល់ឃើញ ការជួញដូរ​មនុស្ស​ក្នុង​ទម្រង់ថ្មី គឺការជួញដូរ បោកបញ្ឆោត តាម​បច្ចេកវិទ្យា ប្រព័ន្ធអ៊ីនធ័រនែត ឬ​ហៅថា SCAM។ ការជួញដូរមនុស្ស​ទម្រង់ថ្មី កើនឡើង​ខ្លាំង នៅតាម​បណ្តាប្រទេស​មួយចំនួន មិនថា នៅអាស៊ី អាហ្វ្រិក ដូចជា​នៅ​ភូមា កម្ពុជា តួកគី ម៉ាឡេស៊ី ហ្កាណាជាដើម។ ក្រៅពី​ការជួញដូរមនុស្ស​តាមរយៈ ការឆបោក​តាមប្រព័ន្ធអ៊ីនធ័រនែត ក្រសួងការបរទេស​អាមេរិក​បាន​ផ្តោតទៅលើ​ករណីជួញដូរ​ក្មេងប្រុស ដែលបានកើនឡើង​ប្រមាណ ៥០០% នៅប៉ុន្មានឆ្នាំ​មកនេះ។ហេតុអ្វីរបាយការណ៍​របស់អាមេរិកនិយាយពីការជួញដូរ​ក្មេងប្រុស?ដោយនិយាយ​យោង​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ស្តីពីការជួញដូរមនុស្សនៅក្នុង​ពិភពលោក ប្រមុខការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន បានសង្កត់ធ្ងន់​លើករណី​ក្មេងប្រុស ដែល​រងគ្រោះ ដោយសារ​ការជួញដូចមនុស្ស។ តាមលោកប្លីងកិន ចន្លោះឆ្នាំ ២០០៤ ដល់​ឆ្នាំ​២០២០ ក្មេងប្រុសដែលត្រូវគេជួញដូរខុសច្បាប់ មានចំនួន​ច្រើនជាង ក្មេងស្រី ស្ត្រី ឬ​បុរស។ ប៉ុន្តែ គ្រាន់តែថា គេ​មិនសូវ​លើកនិយាយ​ច្រើន។តាម​ការពន្យល់​របស់​អ្នកជំនាញ​អាមេរិក ដូចស្រ្តី និង​កុមារ ក្មេងប្រុស​រងគ្រោះ​ដោយសារ​ការជួញដូរ​ផ្លូវភេទ និងពលកម្មបង្ខំ។ ប៉ុន្តែ គេ​មិនសូវលឺ​គេ​និយាយ​ពីករណី​ក្មេងប្រុស​ជា​ជនរងគ្រោះ ដោយសារ ការជួញដូរមនុស្ស ដោយសារតែ ទី ១ ក្មេងប្រុស​មិនសូវ​ចេញមុខ​ប្រាប់​ស្វែងរក​សេវាជំនួយ ដោយសារតែ​ពួកគេ​អាច​ខ្មាស់ មិនហ៊ាន​និយាយ​ថា ពួកគេចាញ់បោក​ពួកឈ្មួញជួញដូរមនុស្ស។ហេតុផលទី២​ដែលធ្វើ​ឲ្យក្មេងប្រុស​មិនសូវ​មាន​រូបភាព​នៅក្នុង​បញ្ជីក្រុមជនរងគ្រោះ​ដោយសារ​ការជួញដូរផ្លូវភេទ និងពលកម្ម​ចាប់បង្ខំ គឺ ការខ្វះអង្គការ ​ស្ថាប័នដែល​ធ្វើការ​សម្រាប់​ជនរងគ្រោះដែលជា​ក្មេងប្រុស។ គេឃើញជាទូទៅ គេឃើញមានអង្គការច្រើន​ដែលធ្វើការ​ផ្តល់ជំនួយ​ដល់​មនុស្ស​ស្រី ឬ​កុមារដែល​រងគ្រោះដោយសារ​ការជួញដូរមនុស្ស ប៉ុន្តែ គេ​កម្រនឹង​ឃើញ​ស្ថាប័ន អង្គការណាដែល​ធ្វើការផ្តោតពិសេស​លើ​ការជួញដូរក្មេងប្រុស។ប្រទេស​២៤ស្ថិតនៅក្នុង​ចំណាត់ថ្នាក់កម្រិតទី ៣ ចំណែក វៀតណាម ម៉ាឡេស៊ី​ត្រូវ​អាមេរិកដំឡើងចំណាត់ថ្នាក់ទៅកម្រិតទី​២នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ មានប្រទេស​២៤​ដែលធ្លាក់​ក្នុងចំណាត់ថ្នាក់​កម្រិតទី ៣ ដែលជា​កម្រិត​អាក្រក់ជាងគេ ក្នុងនោះ មាន​ចិន ភូមា រុស្ស៊ី កូរ៉េខាងជើង បេឡារុស អាល់ហ្សេរី ឆាត និងអាហ្វហ្កានីស្ថាន​ជាដើម។ តាមការពន្យល់​របស់​លោកស្រី Cindy Dyer ចិនជាប់ចំណាត់កម្រិតទី​៣ ដោយសារ​ចិន​នៅតែបន្តអនុវត្ត​នយោបាយ ឬ​ទម្រង់​ជួញដូរមនុស្ស ជាពិសេស​ក្នុងរូបភាព ជាការងារ​ចាប់បង្ខំដូច​នៅ​ខេត្ត​ស៊ីនជាំងជាដើម។របាយការណ៍​របស់អាមេរិក​បាន​ដំឡើងចំណាត់ថ្នាក់​របស់​ប្រទេស​ដែលអាមេរិក​កត់សំគាល់ឃើញថា បាន​ធ្វើការប្រសើរឡើង​នៅក្នុង​រឿងប្រយុទ្ធប្រឆាំង​នឹងការជួញដូរមនុស្ស ដូច​ករណីប្រទេស​វៀតណាម ម៉ាឡេស៊ី និង​ព្រុយណេ ដែលត្រូវ​បាន​ដកចេញពី កម្រិតទី​៣ ទៅនៅ​កម្រិតទី​២ វិញ។ប្រទេស​ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់​អាក្រក់ កម្រិតទី​៣ នៅក្នុង​របាយការណ៍​អាមេរិក​ស្តីពី​រឿងជួញដូរមនុស្ស ត្រូវ​ប្រឈម​នឹង​ការជាប់ទណ្ឌកម្មរបស់អាមេរិក ការដាក់ពិន័យ មិនឲ្យចូលទឹកដីអាមេរិក ឬ​ការកាត់បន្ថយជំនួយរបស់អាមេរិក។កម្ពុជានៅតែជាប់ចំណាត់ថ្នាក់កម្រិតទី​៣​របស់អាមេរិកនៅក្នុងរបាយការណ៍​ស្តីពីការជួញដូរមនុស្ស កម្ពុជា​នៅតែបន្តជាប់ក្នុងចំណាត់ថ្នាក់ កម្រិតទី​៣ ពោល​គឺ​២ឆ្នាំ ជាប់គ្នា បន្ទាប់ពីធ្លាក់ចំណាត់ថ្នាក់ ពីកម្រិតទី​២ មកទី​៣ កាលពីឆ្នាំ មុន។ បើតាមរបាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក កម្ពុជា​នៅជាប់ក្នុងកម្រិតទី​៣ ដោយសារ​តែ​កម្ពុជាមិនបាន​គោរព​ពេញលេញ តាមបទដ្ឋាន​អប្បបរមា ក្នុងការលុបបំបាត់​ចោល​ការជួញដូរមនុស្ស ហើយ​មិន​បាន​បង្កើនការប្រឹងប្រែង ច្រើនគួរ​ឲ្យកត់សំគាល់ នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរមនុស្ស។ អំពើពុករលួយ និងនិទណ្ឌភាព​របស់មន្រ្តីដែលអាចជាប់ពាក់ព័ន្ធ​នឹង​ការជួញដូរមនុស្ស​នៅកម្ពុជា ជា​បញ្ហា​សំខាន់ ដែលរបាយការណ៍​រំលេចសរសេរ​ច្រើន។ ជាថ្មីម្តងទៀត កម្ពុជា ត្រូវ​បាន​របាយការណ៍អាមេរិក​ចាត់ទុកថា ត្រូវបាន​ក្រុមជួញដូរមនុស្ស ប្រើប្រាស់​ជា​កន្លែង​បោកបញ្ឆោត​តាមប្រព័ន្ធអ៊ីនធ័រនែត ឬហៅថា SCAM។ ជនបរទេស និងជនជាតិខ្មែរក្នុងស្រុក​ត្រូវ​បាន​ក្រុមឈ្មួញជួញដូរ​មនុស្ស ដែលជាប់ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុនចិន បោកបញ្ឆោត​ឲ្យធ្វើការ​នៅ​តាមអគារ​ក្នុងប្រទេស​កម្ពុជា រហូត​ដល់​មានសេចក្តីរាយការណ៍​ពីការចាប់បង្ខាំងទុក មិន​ឲ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ នៅត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេស​អាមេរិក​កាលពីថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ បានផ្តល់រង្វាន់​ដល់​អ្នកកាសែត​កម្ពុជាម្នាក់ គឺ​លោកម៉ិច ដារ៉ា ដែលយកចិត្ត​ទុកដាក់ សរសេរ​អត្ថបទស៊ើបអង្កេត​ស្តីពីបណ្តាញជួញដូរមនុស្ស តាមរយៈ ប្រព័ន្ធអ៊ីនធ័រនែត។
6/16/20236 minutes, 38 seconds
Episode Artwork

ធនាគារ​វិនិយោគ​អាស៊ី​AIIB ធ្វើការ​បម្រើ​ផលប្រយោជន៍​ចិន យ៉ាងណា ?

បើ​តាម​អតីត​ថ្នាក់​ដឹកនាំ​ធនាគារ​វិនិយោគ​អាស៊ី​ លោក Bob Pickard ​បក្ស​កុម្មុយនិស្ត​ចិន ​ប្រើ​ឥទ្ធិពល​ខ្លាំង​ហួស​ហេតុ​ដាក់​សម្ពាធមក​លើ​ធនាគារ។ សម្រេច​សម្រួច​ទៅ ​ធនាគារ​វិនិយោគអាស៊ី​ធ្វើ​ការ​បម្រើ​តែ​ផលប្រយោជន៍​ចិន​។ ​ពាក្យ​ចោទ​ប្រកាន់នៅ​​ថ្ងៃហស្បតិ៍​នេះ បាន​ជំរុញឱ្យ​ កាណាដា​បាន​ប្រកាស​បង្កប​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ​វិនិយោគអាស៊ីតែ​ម្តង។ ​អតីត​ថ្នាក់ដឹកនាំ​ធនាគារ​ ​សញ្ជាតិ​កាណា​ដា អាយុ​៥៨​ឆ្នាំ​ លោក Bob Pickard ប៊ុប ពិចកាដ ទើប​បាន​លាលែង​ចេញ​ពី​តំណែង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ទំនាក់ទំនង​របស់​ធនាគារ ក្នុង​សប្តាហ៍​នេះ​ឯង។ គ្រាន់​តែ​លាលែង​ពី​តួនាទីភ្លាម លោក​បានរួសរាន់​​ចាក​ចេញ​ពី​ប្រទេស​ចិន​ភ្លែត ព្រោះ​ខ្លាច​មាន​បញ្ហាសន្តិសុខ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​មក​កាន់​ភ្នាក់ងារ​សារព័ត៌មាន​​បារាំងAFP។ ហើយ​គឺ​ពីទីក្រុង​តូក្យូ ដែល​លោក​បាន​ទម្លាយ​ពាក្យ​ចោទ​ប្រកាន់​ថា​​របប​កុម្មុយនិស្ត​ចិន ប្រើ​ឥទ្ធិពល​ខ្លាំង​​ហួសហេតុ​លើ​ស្ថាប័ន​ធនាគារ​។ ធនាគារដែល​ត្រូវ​ជា​ស្ថាប័ន​ពហុជាតិ បែរ​ជា​​ស្ថិត​នៅក្រោម​អំណាច​របស់​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​ និង​​ផ្តល់​​ហិរញ្ញវត្ថុ​ ដល់​គម្រោង​ចិន ជា​ចម្បង ឬ​និយាយ​ឱ្យ​ចំ​ជា​ធនាគារ​​​​បម្រើផល​​ប្រយោជន៍ឱ្យ​ប៉េកាំង។លោក ពិចកាដ បានលម្អិត​ថា ធនាគារ​មាន​ទិសដៅ​ផ្តល់​ប្រាក់​​កម្ចី ធំ ទៅ​ឱ្យ​ប្រទេស​ដែល​មានពាក់​ព័ន្ធ​គម្រោង​ផ្លូវ​សូត្រ​ថ្មី​របស់​ចិន ឬ​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​ ព្រោះ​គម្រោង​​ទាំងពីរ មាន​ទាក់ទង​គ្នា។ គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ និង​ធនាគារ​វិនិយោគ​អាស៊ី​ ដៅប្រហាក់ប្រហែល​​គ្នាលើ​ក្រុម​ប្រទេស​ ​ដែល​ចិន​ចង់​រក្សា​ចំណង​នយោបាយ។មួយ​ផ្នែក​ទៀត លោក​ធ្លាប់​បាន​ទទួល​ការ​ព្រមាន​តាំង​ពី​ទើប​ចូល​កាន់​តួនាទី​នៅក្នុង​ធនាគារ​កាលពី​ខែ​មីនា​២០២២​ភ្លាម ថា​កុំឱ្យ​ទៅ​ឈ្លោះទើសទាស់​​ជាមួយ​សមាជិក​បក្ស​កុម្មុយនិស្ត​ ព្រោះពួកគេ​មាន​អំណាច​ណាស់។ អតីត​ថ្នាក់​ដឹកនាំធនាគារ​​រូប​នេះ បាន​បដិសេធ​មិន​បញ្ចេញ​អត្តសញ្ញាណ​​អ្នក​ព្រមាន​ទេ តែ​លោក​បាន​ជូន​ជា​ដំណឹង​អំពី​តួនាទី​របស់​សមាជិក​បក្ស​កុម្មុយនិស្ត​និង​ឥទ្ធិពល​របស់​ពួកគេ តាម​រយៈ​​លិខិតមួយ​កាលពី​ខែ​មុន។ ចម្លើយ​តប​មក​វិញ គឺ​ “កុំ​ផ្សងព្រេង​លើ​ទឹក​ដី​នេះ​”។ កាលពី​ឆ្នាំ​២០១៧ ធនាគារ​ធ្លាប់​រងការ​ចោទ ប្រកាន់​ម្តង​ហើយ កាលណោះ​ អនុប្រធាន​ធនាគារ​ លោក Thierry de Longuemar បាន​ព្រលយ​ការ​ងឿយ​ឆ្ងល់​ថា តើ​ធនាគារ​វិនិយោគ​​អាស៊ី​ ជា​ឧបករណ៍​របស់​រដ្ឋ​ចិន​ឬ​យ៉ាងណា ?​តើ​ធនាគារ​វិនិយោគអាស៊ី AIIB ជា​អ្វី ? លោក​ប្រធានាធិបតី ​ស៊ីជិនពីង បាន​បង្ហើប​​គំនិត​ចង់​មាន​ស្ថាប័ន​ហិរញ្ញវត្ថុ​​ពហុជាតិនេះ តាំងពី​ឆ្នាំ​២០១៣​មក ដោយ​មាន​ចិន​ជា​បង្គោល។ នៅទីបំផុត ធនាគារ​ក៏​បានកើត​ចេញ​ជា​រូប​រាង​ នៅ​ឆ្នាំ​២០១៦ ដោយ​ចិន​មាន​ភាគ​ហ៊ុន​ច្រើន​ជាងគេ ២៧% បន្ទាប់​មក​ឥណ្ឌា​៨% ទីបី​គឺ​រុស្ស៊ី រួច​អាល្លឺម៉ង់ កូរ៉េខាង​ត្បូង អូស្ត្រាលី​ បារាំង ឥណ្ឌូណេស៊ី អង់គ្លេស និង​តួកគី។​មាន​សមាជិក​ជា​បឋម​ចំនួន​៥៧​ប្រទេស និង​ឡើង​ដល់១០៦​ប្រទេស រាប់​ទាំង​ បារាំង អាល្លឺម៉ង់​ អូស្ត្រាលី និង​កាណាដាផង តែ​គ្មាន​ទេ​​សហរដ្ឋ​អាមេរិក។ អាមេរិក គ្មាន​ចំណែក​តាំងពី​ដំបូង ព្រោះ​មិន​ទុក​ចិត្តលើផ្នែកអភិបាល​កិច្ច​និង​​​​តម្លាភាព។​ មាន​ទីស្នាក់ការ​ធំ​នៅ​ក្រុង​ប៉េកាំង ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី ​ ដៅ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​គម្រោង​វិនិយោគ​ នៅ​អាស៊ី​ និង​ មាន​គោលដៅ​ចម្បង​មួយ​ទៀត គឺ​ចង់​ទប់​ទល់​ឥទ្ធិពល​របស់​បស្ចិមលោក នៅ​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ និង​នៅ​ធនាគារ​ពិភពលោក។ តាំងពីបង្កើត​ឡើង ធនាគារដឹកនាំ​ដោយ​​លោក Jin Liqun អតីត​អនុរដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ចិន តែ​អំណាចសម្រេច​​ស្ថិត​នៅលើក្រុមប្រឹក្សា​អភិបាល ដែល​ជ្រើសតាំង​​ដោយ​ប្រទេសជា​សមាជិក។ ​បើតាម​លោក ពិចកាដ នៅ​ក្នុងរង្វង់​​ក្បាល​ម៉ាស៊ីន​ដឹកនាំធនាគារ​មានលម្អ​ដោយ​វត្តមាន​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​​បរទេស​ច្រើន​នាក់មែន​ តែកិច្ចការ​​ផ្ទៃក្នុង​ពិត​គឺមាន​​ប្រព័ន្ធ​ដឹកនាំ​មួយ​ទៀតដែល​ជា​​​​រចនា​សម្ព័ន្ធ​សម្រេច​ជា​សាធារណៈ​ និង​ដែល​ស្ថិត​ក្រោម​អំណាច​របស់​បក្ស​។​​​ចិនការពារ​តម្លាភាព​របស់​AIIBទាំង​រដ្ឋាភិបាលចិន ទាំង​​ស្ថាប័នធនាគារ​ផ្ទាល់ បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​គ្មា​បង្អង់​ឡើយ។ ធនាគារ​បាន​ចាត់​ទុក​ពាក្យ​ចោទ​ប្រកាន់​របស់​លោក ពិចកាដ ថា​គ្មាន​មូលដ្ឋាន​ និង​គួរ​ឱ្យ​សោកសា្តយ​បំផុត ព្រោះ​ធនាគារ​មាន​មោទនភាព​ខ្លាំង​ណាស់​នឹង​បេសកកម្មពហុជាតិ​របស់ពួកគេ។ តាំងពី​បង្កើត​ឡើង ធនាគារ​បាន​ផ្តល់កម្ចី​​ហិរញ្ញវត្ថុ​ចំនួន​២២១​គម្រោង​ តម្លៃ​សរុប​ ៤២ពាន់​លាន​ដុល្លារ។ ហើយ​តាម​ទិន្នន័យ​ចុងក្រោយ​ ក្នុង​ខែ​វិច្ឆិកា​២០២២ ឥណ្ឌា​ជា​អ្នក​ខ្ចី​ច្រើន​ជាងគេ។ចំណែក​អាជ្ញាធរ​ចិន​វិញ បាន​ការ​ពារ​តម្លាភាព​របស់​សេវា​ធនាគារ​ ដោយ​អះអាង​ថា AIIB គោរព​គោលការណ៍​បើក​ចំហ គោរព​សមត្ថភាព​ តម្លាភាព​នៃ​ការ​ជ្រើសរើស​ និង​ចំណាត់ការ​បុគ្គលិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​បន្ថែម​ទៀត​ថា តាំងពី​បង្កើត​ឡើង ធនាគារ​បាន​សម្រេច​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ។​កាណាដាបញ្ឈប់​ប្រតិបត្តិការ​ជាមួយ​AIIBទំនាក់ទំនង​ចិនកាណាដា អាប់អួរ​ខ្លាំង​តាំងពី​ជា​ច្រើន​ឆ្នាំ មក​ហើយ ដោយ​ហេតុ​តែ​វិបត្តិ​ហួរវៃ និង​ការ​ចាប់​ខ្លួន​នាយិកា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ហួរវៃ​ លោកស្រី ម៉េង វ៉ានចូវ កាលពី​ឆ្នាំ​២០១៨ រូច​បន្ត​ដោយ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​កាណាដា​នៅក្នុង​ប្រទេស​ចិន​ពីរ​នាក់​ ពីបទ​ចារកិច្ច។ ហើយ​ថ្មីៗ​នេះ ភាព​តាន​តឹង​ឡើង​កាន់​តែ​ខ្លាំង ដល់​កំពូល នៅពេល​មាន​ការ​ទម្លាយ​ព័ត៌មាន​ទាក់ទង​ការ​បង្កើត​ប៉ុស្តិប៉ូលិស​ចិន​ខុស​ច្បាប់​លើ​ទឹក​ដីកាណាដា និង​ការ​ជ្រៀតជ្រែក​ពេល​បោះឆ្នោត​កាណាដា។​គ្រាន់​តែ​លោក​ ពិចកាដ លាលែង​ចេញ​ពី​តំណែង​នៅធនាគារ​វិនិយោគ​អាស៊ី​ភ្លាម រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​កាណាដា លោកស្រី Chrystia Freeland បាន​ប្រកាស​បញ្ឈប់​ភ្លាម​រាល់​គ្រប់​សកម្មភាព​របស់​កាណាដា​ក្នុង​រង្វង់​ស្ថាប័ន​ធនាគារ​នេះ។ ក្រសួងហិរញ្ញវត្ថុ​​នឹងរួសរាន់​​ពិចារណា​អំពី​វត្តមាន​របស់​កាណាដា​ក្នុង​ធនាគារ។ សម្រាប់​លោក​ ពិចកាដ តើ​មាន​ប្រយោជន៍​អ្វី​ដែល​កាណាដា​ត្រូវ​មាន​ចំណែក​ក្នុង​ស្ថាប័ន​ដែល​ជំរុញ​ឱ្យ​ចិន​កាន់​តែ​ឡើង​ខ្លាំងនោះ៕
6/15/20236 minutes, 45 seconds
Episode Artwork

សង្គ្រាមអ៊ុយក្រែន៖ លោកពូទីនអួតថា ​ការវាយ​បករបស់អ៊ុយក្រែនបានបរាជ័យ ខណៈអ៊ុយក្រែនអះអាងថាបានរុលទៅមុខ

ប្រតិបត្តិការវាយ​បក​របស់កងទ័ព​អ៊ុយក្រែន ដើម្បីទម្លុះចូលទៅដណ្តើមទឹកដីមកវិញ បានចាប់ផ្តើមចាប់ពីដើមខែមិថុនា​មក​។ កងទ័ពអ៊ុយក្រែនបានអះអាងថា បាន​រុលទៅមុខ។ ក៏ប៉ុន្តែ​ លោក​ប្រធានាធិបតីពូទីន បាន​ចេញមុខមកអះអាងថា ការវាយ​បករបស់អ៊ុយក្រែននេះ មិនបានជោគជ័យទេ ដោយ​កងទ័ពរុស្ស៊ីបាន​ទប់ទល់បានសម្រេច ហើយថែមទាំងបាន​វាយ​កម្ទេច​គ្រឿងសព្វាវុធ ដែល​ក្រុមប្រទេសលោកខាងលិច បានប្រគល់ទៅឲ្យ​អ៊ុយក្រែន បានយ៉ាងច្រើនសន្ធឹកថែមទៀតផង។ លោកពូទីន៖ ២៥% ទៅ៣០%នៃសព្វាវុធផ្តល់​ឲ្យដោយសម្ព័ន្ធមិត្តលោកខាងលិច ខូចខ្ទេចអស់ហើយ!លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានចេញមុខតាមកញ្ចក់ទូរទស្សន៍ កាលពីម្សិលមិញ នៅក្នុងកម្មវិធីជួប​សំណេះសំណាល ជាមួយអ្នកកាសែត ដើម្បីនិយាយអំពី​ដំណើរការនៅសមរភូមិ។ ក្នុងទឹកមុខពោរពេញដោយ​ភាពជឿជាក់ លោកពូទីន បានអះអាងថា កងទ័ពអ៊ុយក្រែន​កំពុងតែ​ចាញ់ខ្លាំងសម្បើមណាស់។ ប្រតិបត្តិការវាយ​បក ដែលកងទ័ពអ៊ុយក្រែន ចង់ទម្លុះចូល​មកខាងទឹកដី ដែលរុស្ស៊ី​កាន់កាប់នោះ គឺមិន​បានលទ្ធផលទេ ព្រោះកងទ័ពរុស្ស៊ីបានទប់ជាប់។លោកពូទីនអះអាងថា កងទ័ពអ៊ុយក្រែនត្រូវខ្ទេ​ចខ្ទីសម្ភារៈសព្វាវុធ ច្រើនខ្លាំងណាស់ ចំណែកកងទ័ពរុស្ស៊ីវិញ បានខូចខាតតិចជាង១០ដងឯណោះ។ ក្នុងចំណោមគ្រឿងសព្វាវុធដែលក្រុមប្រទេសលោកខាងលិច បានប្រគល់ទៅឲ្យ​អ៊ុយក្រែន គឺយ៉ាងហាច ពី ២៥%​ ទៅ​៣០% បាន​ខូចខ្ទេចខ្ទី ប្រើការលែងកើតហើយ​។ លោកពូទីនបន្ថែមថា យ៉ាងហោចណាស់ រថក្រោះអ៊ុយក្រែនចំនួន​១៦០គ្រឿង និងរថពាសដែក ចំនួន​៣៦០គ្រឿង ត្រូវបានកម្ទេច ក្នុងរវាងប៉ុន្មាន​ថ្ងៃមកនេះ។ ចំណែកខាងរុស្ស៊ីវិញ បានខូចរថក្រោះតែប្រមាណ​៥៤គ្រឿងទេ ហើយមានខ្លះអា​ចជួសជុល​ប្រើការកើតឡើងវិញ។សារភាពទទួលស្គាល់ថា កងទ័ពរុស្ស៊ីខ្វះខាតច្រើន​ដោយឡែក នៅក្នុងកម្មវិធីឆ្លើយសំណួរអ្នកកាសែតនេះដែរ លោក​ពូទីន បានទទួលស្គាល់ថា រុស្ស៊ីនៅខ្វះខាតច្រើន។​ចំណុចនេះ លោកពូទីនបានសំដៅ​ទៅលើការវាយ​ប្រហារនៅតំបន់ Belgorod របស់រុស្ស៊ី ហើយ​បានបង្ខំឲ្យរុស្ស៊ីជម្លៀសមនុស្ស​ជាច្រើនពាន់នាក់ចេញពីតំបន់នេះ។ អ្នកកាសែតបានសួរថា តើហេតុអ្វីបានជា​ រុស្ស៊ីបណ្តោយឲ្យ​ពួកអ៊ុយក្រែន ឆ្លងព្រំដែនចូល​មកវាយ​ប្រហារបាន​។ លោកពូទីនសារភាពថា កងទ័ពរុស្ស៊ីខ្វះគ្រាប់ ខ្វះមីស៊ីល ខ្វះដ្រូន និងសម្ភារៈផ្សេងទៀតដើម្បីការពារ តែយ៉ាងណា លោកសន្យាថានឹងប្រឹងប្រែង ធ្វើ​ឲ្យ​បានល្អជាងនេះ ដើម្បីការពារព្រំដែន​ឲ្យ​បានជាប់​ កុំឲ្យ​អ៊ុយក្រែនចូលមក​វាយ​ប្រហារក្នុងទឹកដី​រុស្ស៊ីជាថ្មីទៀត។នេះជាលើកទី១ហើយ ដែលគេឃើញលោកពូទីន ទទួលស្គាល់ ពីការខ្វះខាត ពីចំណុចខ្សោយរបស់កងទ័ពរុស្ស៊ី។ ហើយក៏ជាលើកទីមួយដែរ ដែលគេឃើញលោកពូទីន មកអង្គុយនិយាយ​រៀបរាប់លំអិត​ពីស្ថានការណ៍​នៅសមរភូមិបែបនេះ​។ បន្ថែមពីនេះទៀត លោក​ពូទីន បាននិយាយបែបចាប់ចុងប្រយុងគល់ ទាក់ទិននឹងកម្មវត្ថុរបស់​រុស្ស៊ី។ កម្មវត្ថុដែលពី​ដំបូង លោកអះអាងថា រុស្ស៊ី ចង់​ផ្តួលរំលំ​របបដឹកនាំណាហ្ស៊ីសម័យថ្មីនៅអ៊ុយក្រែន ហើយរំដោះ​ប្រជាជននិយាយភាសារុស្ស៊ី ដែលរងគ្រោះដោយ​អំពើប្រល័យពូជសាសន៍នៅអ៊ុយក្រែន​។ តែពេលនេះ លោកពូទីនបាន​លើកឡើងថា កម្មវត្ថុរបស់រុស្ស៊ី អាចប្រែប្រួលទៅតាមកាលៈទេសៈ ទៅតាមស្ថានការណ៍។ សរុបមក វា​ហាក់ដូចជាលោកពូទីន ពុំមានកម្មវត្ថុអ្វីច្បាស់លាស់ទេ ក្នុងការធ្វើសង្គ្រាម​នៅអ៊ុយក្រែន​នេះ​ ព្រោះថាកម្មវត្ថុនោះអាចប្រែប្រួល។ជាមួយគ្នានេះ រុស្ស៊ីបានបន្តវាយប្រហារពីចំងាយ​នៅក្នុងទឹកដីអ៊ុយក្រែន តាមរយៈការបាញ់​ប្លោងគ្រាប់មីស៊ីលជាច្រើនគ្រាប់ នៅ​យប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារ។ ជាក់ស្តែង នៅទីក្រុង Kryvyï Rig ដែលជាស្រុកកំណើតលោកហ្សេឡេនស្គី កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលកំទេចអគារ​ផ្ទះ​ប្រជាជនអ៊ុយក្រែន​ បណ្តាលឲ្យ​ស្លាប់យ៉ាងហោច១១នាក់ នៅព្រឹក​ថ្ងៃអង្គារ។ នៅក្រុងអូដេសាវិញ មានស្លាប់៦នាក់ របួស១៩នាក់ ដោយ​សារគ្រាប់មីស៊ីលរុស្ស៊ី ព្រឹកថ្ងៃពុធនេះ។ ហើយនៅតំបន់ Soumy ភាគខាងជើងឈាងកើត មិនឆ្ងាយ​ប៉ុន្មាន​ពីព្រំដែនរុស្ស៊ី មីស៊ីលរបស់រុស្ស៊ីបានបាញ់ចំ រថយន្តមួយគ្រឿង ស្លាប់​មនុស្ស​៦នាក់ ដែល​៤នាក់ជាឆ្មាំការពារព្រៃឈើអ៊ុយក្រែន។​​ យើងឃើញថា កងទ័ពរុស្ស៊ី​មិនបាន​បង្អង់ដៃទេ ក្នុងការ​បាញ់សម្លាប់​ប្រជាជនអ៊ុយក្រែន​។អ៊ុយក្រែន អះអាងថាបានរុលទៅមុខ ត្រង់ចំណុចខ្លះ៖ត្រង់ចំណុច​នេះ​ វាគឺជាការលំបាកណាស់ ព្រោះថា ម្ខាងៗបានផ្សាយ​អះអាង ថាឈ្នះរៀងៗខ្លួន។ គិតត្រឹមពេលនេះ យើងមិនទាន់មានតួលេខឯករាជ្យណាមួយ មកបញ្ជាក់ថាខាងណាខូចខាតអ្វីខ្លះនោះទេ។ ទាក់ទិននឹងការលើកឡើងរបស់​លោកពូទីន ដែលថាកងទ័ព​រុស្សី​បានកំទេចគ្រឿងសព្វាវុធ រថគ្រោះរាប់រយគ្រឿងដែល​ក្រុមប្រទេសលោកខាងលិច បានប្រគល់ទៅឲ្យ​អ៊ុយក្រែននោះ ក៏យើងមិនអាចផ្ទៀងផ្ទាត់តួលេខ ថាវាពិតកម្រិតណាដែរ។កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីហ្សេឡេនស្គី បាន​ទទួលស្គាល់ថា ការវាយទម្លុះសមរភូមិឈានចូលទៅ​ដណ្តើមទឹកដីមកវិញនេះ គឺវាមិនមែនជារឿងងាយស្រួលទេ។ តែ​កាលពីថ្ងៃអង្គារម្សិលមិញ លោក​ Valéry Zaloujny អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន បានអះអាងថា កងទ័ពអ៊ុយក្រែនកំពុងរុលទៅមុខ ខណៈការវាយប្រហារ កំពុងក្តៅគគុកនៅឡើយ នៅខាងកើតនិងខាងត្បូង។​ មន្ត្រីកងទ័ពអ៊ុយក្រែនរូបនេះ បញ្ជាក់ថា កងទ័ពអ៊ុយក្រែនបានជ័យជំនះ​ខ្លះ ហើយ​ ជាក់ស្តែងបាន​ដណ្តើមបានភូមិចំនួន​៧ នៅភាគខាងត្បូង ហើយ​​នឹងបន្ត​អនុវត្តផែនការគ្រោងទុក​​ ឈានទៅមុខជាបន្តបន្ទាប់​។ គ្រាប់មីនជាឧបសគ្គ​បណ្តាញសង្គមរុស្ស៊ីបានផ្សព្វផ្សាយ​រូបភាព បង្ហាញ​ថា រថក្រោះ Léopard 2 របស់អាល្លឺម៉ង់ និងរថពាសដែក Bradley របស់អាមេរិក ត្រូវផ្ទុះឆេះខ្ទេចជាច្រើនគ្រឿង។ ផ្អែកតាមគេហទំព័រ Oryx ដែល​ប្រមូលទិន្នន័យដោយ​ផ្អែកលើរូបថត គិតត្រឹមថ្ងៃអង្គារទី​១៣មិថុនា គឺយ៉ាងហោច រថពាសដែកធន់ស្រាល​ Bradley របស់អ៊ុយក្រែនបានខូចខ្ទេចអស់​ ១៦គ្រឿង ក្នុងចំណោម​ ១០៩គ្រឿងដែល​សម្ព័ន្ធមិត្តលោក​ខាងលិច​បានប្រគល់ឲ្យ​។ បន្ថែមពីនេះ រថក្រោះធុនធ្ងន់ Leopard 2 គឺអ៊ុយក្រែនបានខូចខ្ទេចអស់ យ៉ាងហោច​៤គ្រឿង និងរថក្រោះធុនស្រាល AMX-10 RC ចំនួន​២គ្រឿងទៀត។ ឧបសគ្គដ៏ធំ ដែលរារាំងកងទ័ពអ៊ុយក្រែន មិន​ឲ្យរុលទៅមុខបានដោយ​ងាយ គឺគ្រាប់មីនជាច្រើនគ្រាប់ ដែលកងទ័ពរុស្ស៊ីបានដាក់កប់ក្នុងដី នៅតាម​បណ្តោយ​ខ្សែត្រៀមជួរមុខ។ តាមការវិភាគ​ គឺគ្រាប់មីនទាំងនោះហើយ ដែលបាន​ផ្ទុះ ធ្វើឲ្យឆេះខ្ទេចរថក្រោះ រថពាសដែករបស់អ៊ុយក្រែន​។ រឿងគ្រាប់មីនក្នុងដីនេះ គឺជារឿងដែលគេភ័យខ្លាចណាស់។ យោងតាមតួលេខរបស់ក្រុមប្រទេសលោកខាងលិច យ៉ាងហោចផ្ទៃដីអ៊ុយក្រែន ប្រមាណ ១៧០០០០គីឡូម៉ែត្រក្រឡា ដែលមានគ្រាប់មីនកប់រាយប៉ាយ ពោលគឺវាសឹងតែស្មើទំហំផ្ទៃដីប្រទេសកម្ពុជាយើងទៅហើយ។ គ្រាប់មីនទាំងនេះមិនមែនរុស្ស៊ីដាក់តែឯងទេ ភាគីអ៊ុយក្រែន ក៏បានដាក់កប់ខ្លះដែរ តាំងតែពីឆ្នាំ​២០១៤មក ក្រោយ​ផ្ទុះសង្គ្រាម​បំបែកទឹកដីនៅភាគខាងកើត។តែដោយឡែក យោងតាមការវិភាគរបស់អ្នកជំនាញយោធា ដែលតាមដានស្ថានការណ៍នេះ គឺធាតុពិតទៅអ៊ុយក្រែន ប្រហែលជាមិនទាន់ចាប់ផ្តើម ​បើកការវាយប្រហារទ្រង់ទ្រាយ​ធំណាស់ណានោះទេ ប្រមាណ​១០ថ្ងៃមកនេះ​។ ពោលគឺអ៊ុយក្រែន​នៅមានសព្វាវុធ និង​កម្លាំងមនុស្សច្រើនទៀត។ រូបភាពខ្លះដែលបង្ហាញឲ្យឃើញរថក្រោះខូចខាត តែមិនឆេះខ្ទេច ហើយទ្វាររបើក ដែលមានន័យថា កងទាហានអ៊ុនក្រែននៅរួចជីវិត ខូចតែ​សម្ភារៈប៉ុណ្ណោះ។ យោងតាមអ្នកវិភាគ តាក់ទិករបស់អ៊ុយក្រែននាពេលនេះ គឺ​គ្រាន់តែជា​ការ​សាកល្បងស្វែងរកចំនុចខ្សោយ នៅតាមបណ្តោយ​ខ្សែការពាររបស់រុស្ស៊ី ដើម្បីចង់ដឹងថាត្រង់ណាដែលអាចផុយស្រួយ ងាយស្រួល​សម្រុកទម្លុះចូល​ក្នុងទ្រង់ទ្រាយ​ធំតែម្តង៕
6/14/20238 minutes, 2 seconds
Episode Artwork

អាមេរិកត្រលប់ចូលជាសមាជិករបស់យូណេស្កូ ដើម្បីកុំ​ឲ្យចាញ់ប្រៀបចិន?

៦ឆ្នាំ​ក្រោយ​ដកខ្លួនចេញ​ពី​អង្គការ​យូណេស្កូ អាមេរិកបានដាក់ពាក្យសុំ​ចូល​ជា​សមាជិក​សាជាថ្មី​របស់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ។ នៅថ្ងៃ​ចន្ទម្សិលមិញ នាយិកា​អង្គការ​យូណេស្កូ លោកស្រី អូដ្រេ អាហ្សូឡេ បាន​ប្រកាស​ដំណឹងដ៏ល្អនេះ ដល់​ប្រទេស​សមាជិក នៅ​ទីស្នាក់កា​របស់​​យូណេស្កូ នៅទីក្រុង​ប៉ារីស ។ អាមេរិក​ក្រោម​ការដឹកនាំ​របស់​រដ្ឋបាលលោកដូណាល់ ត្រាំ បាន​សម្រេចចិត្ត​ដកខ្លួន​ចេញ​ពី​អង្គការ​យូណេស្កូ ក្នុងហេតុផលថា ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិមួយនេះ មានជំហរលំអៀង ប្រឆាំង​អ៊ីស្រាអែល ដែលជា​សម្ព័ន្ធមិត្ត​របស់អាមេរិក។ នៅមុនដកខ្លួនទៅទៀត វ៉ាស៊ីនតោន​បាន​ផ្អាកឈប់បង់វិភាគទាន សម្រាប់កេសថវិកា​របស់​យូណេស្កូ តាំងពី​ឆ្នាំ ២០១១ ដើម្បី​ប្រឆាំងការសម្រេចចិត្តរបស់យូណេស្កូ ដែល​យល់ព្រមបោះឆ្នោត​យក​ប៉ាឡេស្ទីនជា​សមាជិកថ្មី។ ហេតុអ្វី​អាមេរិក​ត្រលប់មកសុំចូលជា​សមាជិករបស់អង្គការ​យូណេស្កូ? អគ្គនាយិកា​អង្គការ​យូណេស្កូ លោកស្រី អូដ្រេ អាហ្សូឡេ បានកោះប្រជុំប្រទេស​សមាជិក កាលពីថ្ងៃ​ចន្ទម្សិលមិញ ដើម្បី​ប្រកាសដំណឹងដ៏ល្អ​ដែលថា អាមេរិក​បាន​ដាក់ពាក្យ​សុំចូល​ជា​សមាជិក​ឡើងវិញ របស់​អង្គការ​យូណេស្កូ។ តាម​ប្រធានអង្គការ​យូណេស្កូ ការបោះឆ្នោត​ទទួលយកអាមេរិក​ជា​សមាជិកឡើងវិញ របស់​យូណេស្កូ​នឹង​ប្រព្រឹត្តទៅ​នៅខែ​កក្កដា នៅក្នុងជំនួបកំពូល​របស់​យូណេស្កូ។សម្រាប់​អគ្គនាយិកា​អង្គការ​យូណេស្កូ លោកស្រី Audray Azoulay ការដាក់ពាក្យសុំរបស់​អាមេរិក​ដើម្បី​ចូលជាសមាជិក​របស់យូណេស្កូ គឺជា​ដំណឹងដ៏ល្អបំផុត ព្រោះ​វា​បញ្ជាក់​ពី​ការទទួលស្គាល់​អាណត្តិ របស់​អង្គការយូណេស្កូ ដែលធ្វើការទៅលើផ្នែកអប់រំ វិទ្យាសាស្រ្ត និង​វប្បធម៌។ ការវិលត្រលប់​របស់​អាមេរិក​ក៏សំខាន់ណាស់ដែរ ព្រោះថា អាមេរិក​ជា​ប្រទេស​ដែលផ្តល់​វិភាគទាន​ច្រើនជាងគេសម្រាប់អង្គការ​យូណេស្កូ ប្រមាណ ២២% នៃ​ថវិកា​សរុប​របស់​យូណេស្កូ។មន្រ្តីទូត​នៅយូណេស្កូនិយាយ​មិនលាក់ទេ​ថា ពួកគេបាន​ធូរទ្រូងច្រើនខ្លាំង នៅពេល​លឺថា អាមេរិកត្រលប់ចូល​ជាសមាជិក​របស់​យូណេស្កូ ព្រោះថា ចាប់តាំង​ពី​អាមេរិក ដកខ្លួន និង​ឈប់​ផ្តល់​វិភាគទាន ដល់​យូណេស្កូ តាំង​ពី ឆ្នាំ ២០១១ កញ្ចប់​ថវិការបស់​យូណេស្កូ ត្រូវ​ថយចុះ ដែលជាហេតុធ្វើ​ឲ្យ​យូណេស្កូ​ត្រូវរឹតត្បិតហិរញ្ញវត្ថុ កាត់បន្ថយ​បុគ្គលិក និង​កាត់បន្ថយ គម្រោង​សកម្មភាព ជាច្រើន នៅក្នុង​ពិភពលោក។សម្រាប់​អគ្គនាយិកា​អង្គការ​យូណេស្កូ ការវិលត្រលប់​របស់អាមេរិក ក្នុង​អង្គការយូណេស្កូ មិន​ត្រឹមតែ​ពង្រឹង​សន្ទុះនយោបាយ និង​យុទ្ធសាស្រ្ត​របស់​យូណេស្កូ ប៉ុន្តែ ប្រាកដគ្មានសង្ស័យ វត្តមាន​របស់អាមេរិក ជាសមាជិក​របស់យូណេស្កូ​នឹង​ជួយធានាស្ថិរភាព​កញ្ចប់ថវិកា​របស់​យូណេស្កូ។គេរំពឹងថា ជាមួយការវិលត្រលប់​របស់​អាមេរិក ដែលតំណាង​ឲ្យ​២២%នៃ​កញ្ចប់ថវិកាសរុបរបស់យូណេស្កូ គេអាច​ចាប់ផ្តើម​ជំរុញ​កម្មវិធី គម្រោង​ការនានា​របស់​យូណេស្កូ​ដែលមានតាំង ពីការប្រយុទ្ធប្រឆាំង​ការប្រែប្រួលអាកាសធាតុ ការបង្រៀនក្មេងស្រីនៅតាមបណ្តាប្រទេស​ក្រីក្រជាដើម។អាមេរិក​សុខចិត្ត​បង់ប្រាក់បំណុលដែលខ្លួនជំពាក់យូណេស្កូដើម្បី​អាច​ត្រលប់​ចូល​ជាសមាជិកឡើងវិញ​របស់​យូណេស្កូ អាមេរិក​មិនត្រឹមតែ​សុខចិត្ត​បង់ថវិកា ១៥០​លាន​ដុល្លារ ដែលជា​ចំណែក​វិភាគទាន​របស់ខ្លួនសម្រាប់​យូណេស្កូ តែប៉ុណ្ណោះទេ ប៉ុន្តែ អាមេរិក​នៅបានធ្វើ​ឲ្យគេ​ភ្ញាក់ផ្អើល ដោយ​សុខចិត្ត​បង់​សងបំណុល​ទាំងអស់ ដែលអាមេរិក ជំពាក់ ពោលគឺ​ប្រាក់ដែល​អាមេរិក ខកខាន​មិនបាន​បង់ ទៅ​ឲ្យយូណេស្កូ តាំង​ពី​ឆ្នាំ ២០១១។យូណេស្កូ ជួបបញ្ហា​ថវិកា តាំងពី​ឆ្នាំ ២០១១ ដោយសារ​តែ​អាមេរិក​ក្រោមការដឹកនាំ​របស់​របស់លោកអូបាម៉ា​ម្ល៉េះ ឈប់ផ្តល់វិភាគទាន ដោយសារតែ​យូណេស្កូ​យល់ព្រម​ទទួលយក​ប៉ាឡេស្ទីនជា​សមាជិកថ្មី។ វាមិនមែនជា​កំហុស​របស់​លោកអូបាម៉ាទេ​ដែល​សម្រេចចិត្ត​ឈប់ផ្តល់​វិភាគទាន​ដល់​យូណេស្កូ ប៉ុន្តែ រដ្ឋបាលលោកអូបាម៉ា​ធ្វើដូច្នេះ ដោយសារតែ​ច្បាប់​របស់​អាមេរិក បង្កើតនៅ​ឆ្នាំ ១៩៩០ ដែល​ចែងថា អាមេរិក​ត្រូវ​ហាមដាច់ខាត ផ្តល់ថវិកា​ដល់​ស្ថាប័ន អង្គការ​ណាដែលធ្វើការ ទទួល​ស្គាល់ ប៉ាឡេស្ទីន។ សួរថា បើយូណេស្កូ នៅតែ​មានប៉ាឡេស្ទីន ជា​សមាជិក តើ​រដ្ឋបាល​លោកចូ បៃដិន​អាច​មាន​សិទ្ធិ​ផ្តល់ថវិកា​ដល់​យូណេស្កូបានយ៉ាងម៉េច? ការសម្រេចចិត្តវិលត្រលប់របស់អាមេរិក ទៅក្នុងអង្គការ​យូណេស្កូ មិនមែនជា​ការសម្រចចិត្ត​អត្តនោម័ត​របស់​លោកចូ បៃដិន ប៉ុន្តែ ជាការសម្រេចចិត្ត​ដែលបានទទួលការគាំទ្រ​ពីគណបក្ស​ទាំងពីរ​របស់អាមេរិក។ ដើម្បី​អាច​បង់វិភាគទាន ដែលជាលក្ខខណ្ឌ​មួយរបស់យូណេស្កូ ដើម្បីទទួល​អាមេរិកជាសមាជិក សភាអាមេរិក​បានបោះឆ្នោត កាលពី​ខែធ្នូ ឆ្នាំ ២០២២ ​លើកញ្ចប់​ថវិកា​មហាសាលមួយ ដែល​រដ្ឋបាលលោក​ចូ បៃដិនអាចយកទៅប្រើមួយចំណែក​សម្រាប់​បង់​ឲ្យយូណេស្កូ។ ប៉ុន្តែ ភ្លើងខៀវ​របស់​សភា​ឲ្យ​រដ្ឋាភិបាលប្រើកញ្ចប់ថវិកា​ដ៏មហាសាល ១,៧​ទ្រីលាន​ដុល្លារ នឹង​ចប់ត្រឹម ខែតុលា ឆ្នាំ ២០២៥។ ការណ៍នេះធ្វើ​ឲ្យគេ​បារម្ភ​ថា ពីស្ថិរភាពថវិកា ក្នុងករណី​អាមេរិក​មានការផ្លាស់ប្តូរ​ប្រធានាធិបតី។ អ្វីដែល​គេខ្លាច​នៅត្រង់ថា បើសិន​លោក​ដូណាល់ ត្រាំឈ្នះឆ្នោត ត្រលប់មកកាន់អំណាច អាមេរិកអាច​ត្រូវ​ដកខ្លួន និង​ឈប់​បង់វិភាគទាន​ឲ្យយូណេស្កូសាជាថ្មីម្តងទៀត។អាមេរិក​សម្រេចចិត្ត​ត្រលប់​មក​ចូល​អង្គការ​យូណេស្កូ​ដើម្បី​ទប់ទល់អំណាចចិន?មានហេតុផលពីរដែលធ្វើ​ឲ្យអាមេរិកសម្រេចចិត្ត​ត្រលប់​ចូលជាសមាជិក​របស់​យូណេស្កូ។ ទី១ អាមេរិក​បាន​ចរចា​សម្របសម្រួលជាមួយ​យូណេស្កូ​លើ​បញ្ហា​រសើប ប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែល​តែង​ជាដើមចម ធ្វើ​ឲ្យអាមេរិក និង​យូណេស្កូ រកាំរកូស​ដាក់គ្នា។នៅក្រោមការដឹកនាំ​របស់​លោកស្រី អគ្គនាយិកាថ្មី យូណេស្កូ​បាន​ធ្វើកំណែទម្រង់​ច្រើន ជាពិសេស ដើម្បី​ស្វែងរក​ការយល់ព្រមព្រៀងភាគច្រើន នៅក្នុងការសម្រចចិត្ត​ទាក់ទង​នឹង​តំបន់ដើមបូព៌ា។ឧទាហរណ៍ នៅពេល​អង្គការ​យូណេស្កូ ចុះបញ្ជី​រមណីយដ្ឋានរបស់​ប៉ាឡេស្ទីន ដែលស្ថិតក្នុងដែនដីកាន់កាប់ខុសច្បាប់របស់អ៊ីស្រាអែល អ៊ីស្រាអែលតែងចេញមុខប្រឆាំង។ ប៉ុន្តែ ឥលូវនេះ យូណេស្កូ ផ្លាស់ប្តូរ​វិធីសាស្រ្ត​ថ្មី ដើម្បីកុំ​ឲ្យមានការដំឡើងសំឡេងដាក់គ្នា​រវាង​ប៉ាឡេស្ទីន និងអ៊ីស្រាអែល។ ជាក់ស្តែង យូណេស្កូ បាន​ទទួលស្គាល់ទីតាំង​ប្រវត្តិសាស្រ្ត​របស់​ប៉ាឡេស្ទីន ក្នុងបញ្ជីបេតិកភណ្ឌ​របស់​យូណេស្កូ ប៉ុន្តែ ដោយបញ្ជាក់ថា ទីតាំង​ស្ថិតក្រោមការចាត់ចែង​របស់​ប្រទេស​ហ្សកដានី អាជា្ញកណ្តាល។កំណែទម្រង់​របស់យូណេស្កូគ្រាន់តែ​ជា​លេសមួយ ប៉ុន្តែ អាមេរិក​សម្រេចចិត្ត​ត្រលប់យូណេស្កូ ប្រាកដណាស់ គឺ​ដើម្បី បន្ទុចបង្អាក់​ការពង្រីក​ឥទ្ធិពល​របស់​ចិន។ នៅពេល​អាមេរិក​ដើរចេញពីយូណេស្កូ ចិន​បានក្លាយជា​ប្រទេស​ធំជាងគេដែលផ្តល់​ថវិកាដល់យូណេស្កូ ប្រមាណ ១១៥លាន​ដុល្លារ។ វិភាគទានច្រើន អាច​ធ្វើឲ្យ​ចិន​មាន​បុគ្គលិក មាន​សំឡេង​ឥទ្ធិពល​ច្រើន​នៅយូណេស្កូ។ នៅក្នុងឱកាស​និយាយការពារគម្រោង​ចូលជាសមាជិករបស់យូណេស្កូ នៅ​ព្រឹទ្ធសភា កាលពីខែ មេសា ឆ្នាំ ២០២៣ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនីប្លីងកិន​ផ្ទាល់​បាននិយាយ​ថា អវត្តមាន​របស់​អាមេរិក​កំពុង​ផ្តល់ប្រយោជន៍ច្រើន​ដល់​ចិន។ ចិន​មាន​ទម្ងន់សំឡេង​កាន់តែខ្លាំង​លើ​សំណុំរឿងអន្តរជាតិ ជាពិសេស​បញ្ញាសិប្បនិម្មិតដែល​ជា​សំណុំរឿងសំខាន់ មួយដែរ​សម្រាប់អាមេរិក។ ចាប់តាំង​ពី​ឆ្នាំ ២០២១ យូណេស្កូ ជាទីដែល​ចិន​មាន​ឥទ្ធិពល និង​ចូលរួម​សកម្មខ្លាំង កំពុង​រៀបចំ​បង្កើត បទដ្ឋាន ក្រមសីលធម៌ គ្រប់គ្រងបញ្ញាសិប្បនិម្មិត។តាម​អគ្គនាយិកា​យូណេស្កូ អាមេរិក​នឹង​ខាតប្រយោជន៍ បើសិន ទុកកៅអី​របស់ខ្លួន​ឲ្យនៅទំនេរ​នៅយូណេស្កូ។ គ្មានកៅអី​នៅយូណេស្កូ អាមេរិក គ្មាន​ទម្ងន់សំឡេងអ្វី​ទៅលើ​ការបង្កើត​ច្បាប់ទាក់ទង​នឹងបញ្ញាសិប្បនិមិត្ត។ផ្ទុយទៅវិញ ចិននៅតែ​មានទឹកមាត់ប្រៃអារកាត់​គ្រប់រឿង ដូចជា នៅអាហ្រ្វិក និង​នៅតំបន់ដើមបូព៌ាជាដើម ជាទីដែលយូណេស្កូ​មានគម្រោង​កម្មវិធីច្រើន។ចិន​ទាមទារ​ឲ្យអាមេរិកត្រង់បង់សងប្រាក់ដែលខ្លួន​ជំពាក់យូណេស្កូអ្នកតំណាងចិន នៅអង្គការយូណេស្កូ លោក Jin Yangនិយាយ​ថា ចិន​មិន​ប្រឆាំង​នឹង​ការវិលត្រលប់​របស់អាមេរិក​នៅយូណេស្កូ ប៉ុន្តែ ចិន​ទាមទារ​ឲ្យអាមេរិក បង់លុយ​ដែលអាមេរិក​ខកខាន មិនបាន​បង់តាំងពី​១១ឆ្នាំមក។ លើសពីនោះ អ្នកតំណាងចិននៅបានចំអកធ្វើ​ឲ្យអាមេរិកអាម៉ាស់មុខ នៅពេលនិយាយ​ទាមទារ​ឲ្យ​អាមេរិក ប្រកាន់ខ្លួន ជា​មនុស្សធំ ព្រោះថា យូណេស្កូ មិនមែនជា​កន្លែងដែលគេអាច​ដើរចេញ ដើរចូល តាមចិត្តចង់​នោះទេ។ អាមេរិក ធ្លាប់​បាន​ដើរចេញ​ម្តងហើយ កាលពី​ឆ្នាំ ១៩៨៤ និង​វិលត្រលប់​មកយូណេស្កូវិញ នៅ​ឆ្នាំ ២០០៣ នៅក្នុងហេតុផល​ស្វែងរកការគាំទ្រ​ពីសហគមន៍អន្តរជាតិសម្រាប់​សង្រ្គាមអាមេរិក​នៅអាហ្វហ្កានីស្ថាន។កាសែត​ស្រុកចិន បាន​សរសេរ​ដាស់តឿន យូណេស្កូ កុំ​ឲ្យធ្លាក់ក្នុងអន្ទាក់​របស់​អាមេរិក ព្រោះថា អាមេរិក​នឹង​អាច​ប្រើ​យូណេស្កូ ជា​ឈ្នាន់ ជាឧបករណ៍​សម្រាប់​ប្រឆាំង​ចិន៕
6/13/20238 minutes, 23 seconds
Episode Artwork

OTAN/NATO ធ្វើសមយុទ្ធ​ផ្លូវអាកាស ដ៏ធំមិនធ្លាប់មានក្នុង​ប្រវត្តិសាស្ត្រ

ចាប់ពីថ្ងៃ​ទី​១២មិថុនានេះទៅ ក្រុម​ប្រទេសសម្ព័ន្ធមិត្តអូតង់ បាន​បើកការធ្វើ​សមយុទ្ធយោធាផ្លូវអាកាសរួមគ្នា ដែល​មាន​​រយៈពេល​១១ថ្ងៃ​​។ សមយុទ្ធដែលប្រព្រឹត្តិធ្វើទៅនៅតាម​បណ្តាប្រទេសអឺរ៉ុបមួយចំនួន​នេះ ត្រូវអង្គការអូតង់ អះអាងថាគឺជាសមយុទ្ធផ្លូវអាកាស ដែលមានទ្រង់ទ្រាយ​ធំបំផុត​មិនធ្លាប់​មានទេ ក្នុងប្រវត្តិសាស្ត្រ។ បើទោះជាគេមិន​បញ្ចេញ​ឈ្មោះ​​ឲ្យចំៗ តែ​បរិបទសង្គ្រាម​ឈ្លាន​ពាន ​ដែលរុស្ស៊ីបាន​ធ្វើទៅលើអ៊ុយក្រែន គឺជាហេតុផល​ដ៏ធំ នៅពីក្រោយ​ការរួមកម្លាំងគ្នា ហាត់សមការពារខ្លួននេះ​។​ យន្តហោះចម្បាំង​២៥០គ្រឿងសមយុទ្ធនេះ គឺមិនមែនចូលរួមត្រឹមតែប្រទេសសមាជិក​របស់អូតង់ប៉ុណ្ណោះទេ គឺមានការចូលរួម​ដោយ​ប្រទេសដែលជាដៃគូសហការ ដូចជាជប៉ុន និង​ប្រទេសដែលត្រៀមខ្លួន​ចូលជាសមាជិក​ ដូចជាស៊ុយអែតជាដើម។ កម្មវិធីសមយុទ្ធដែល​ ចាប់ផ្តើមពីថ្ងៃទី​១២ ដល់ថ្ងៃទី​២៣មិថុនានេះ មានឈ្មោះថា Air Defender 23 ហើយត្រូវដំណើរការទៅ នៅក្នុងទឹកដីអាល្លឺម៉ង់មួយ​ផ្នែកធំ នៅសាធារណរដ្ឋឆែក អេស្តូនី និ​ងលីទុយអានីផងដែរ។សមយុទ្ធផ្លូវអាកាសនេះ មានទ្រង់ទ្រាយធំ ព្រោះគេគ្រោង ប្រើយន្តហោះចម្បាំងគ្រប់ធុន ចំនួន​ដល់ទៅ​២៥០គ្រឿងឯណោះ។ ហើយ​ក្នុងចំណោមនេះ គឺកងទ័ពអាកាសអាមេរិក បានបញ្ជូនយន្តហោះចម្បាំង​​​មកចូលរួមចំនួន ពាក់កណ្តាល​​។ យ៉ាងហោចណាស់ មន្ត្រីយោធា​ជំនាញ​នៃប្រទេសដែលចូលរួម ចំនួន​១ម៉ឺននាក់ ត្រូវចូលរួម​ក្នុងកម្មវិធីហាត់សមនេះ ដោយ​មានកងទ័ពអាកាសអាល្លឺម៉ង់ ជាអ្នកដឹកនាំសម្របសម្រួល។ផ្អែកតាម​អូតង់ សមយុទ្ធនេះ គឺផ្តោត​ទៅលើ​ការ​រៀបចំផ្គុំកម្លាំង ដើម្បី​បើក​ប្រតិបត្តិការ និងរៀបចំតាក់ទិក។​ ពោលគឺជា​ការហាត់សម ពង្រឹងសមត្ថភាព​អន្តរប្រតិបត្តិការ រវាងកងទ័ពសមាជិក ដើម្បីការពារ​ទឹកដី​របស់អូតង់ ពីការវាយប្រហារណាមួយ​របស់សត្រូវ។ ការវាយប្រហារទាំងនោះ មាន​ដូចជាការវាយប្រហារដោយ​ប្រើដ្រូន ប្រើមីស៊ីល​ក្រ័រស្យែ ព្រមទាំងការវាយប្រហារ សំដៅមកលើទីក្រុង ព្រលានយន្តហោះ និងកំពង់ផែសំខាន់ៗ នៅក្នុងទឹកដី​នៃ​ប្រទេសសមាជិក​អូតង់សារផ្ញើទៅកាន់រុស្ស៊ី តាមពិតទៅ​គម្រោង​ធ្វើសមយុទ្ធផ្លូវអាកាសនេះ គឺអូតង់បានគិតគូរតាំងតែពីឆ្នាំ​២០១៨ម្លេះ ពោលគឺបន្ទាប់ពី​រុស្ស៊ីបានឈ្លានពាន ប្លន់យកតំបន់គ្រីម៉េ របស់អ៊ុយក្រែន​។ លោក Ingo Gerhartz អគ្គមេបញ្ជាការកងទ័ពអាកាសរបស់អាល្លឺម៉ង់ បានបញ្ជាក់ឲ្យដឹងថា ប្រាកដណាស់ ដែលសមយុទ្ធនេះ គឺជាការឆ្លើយតប ទៅនឹងកាលៈទេសៈ នៃការ​​គំរាមកាន់តែខ្លាំងឡើងរបស់រុស្ស៊ី មកលើសន្តិសុខរបស់ប្រទេសអឺរ៉ុប ដែលជាសមាជិកអូតង់ បើទោះបី​គេមិននិយាយឲ្យ​ចំ​ឈ្មោះក៏ដោយ​។តែ​យ៉ាងណា លោក​អគ្គមេបញ្ជាការអាល្លឺម៉ង់រូបនេះ បានអះអាងថាក្នុងសមយុទ្ធនេះ កងទ័ពអូតង់នឹងមិន​ទៅ បញ្ជាយន្តហោះចម្បាំង ឲ្យទៅ​​ឆ្លងកាត់ ឬក៏សំដៅទៅកាន់​តំបន់កាលីនីងហ្ក្រាដ ដែលជាដែនដីរបស់​រុស្ស៊ី ស្ថិតនៅចន្លោះ ប៉ូឡូញ និង​លីទុយអានីនោះទេ។ លោកអះអាងថា សម្ព័ន្ធភាពអូតង់ ជាសម្ព័ន្ធភាពការពារខ្លួន មិនមែនជាសម្ព័ន្ធភាពទៅដើរវាយប្រហារគេនោះឡើយ។ ដូច្នេះ​សមយុទ្ធផ្លូវអាកាសនេះ គឺត្រូវបាន​រៀបចំក្នុង​ក្របខណ្ឌនៃការការពារខ្លួន ក្នុងករណីមាន​ការវាយ​ប្រហារណាមួយ​ ព្រោះអូតង់នឹងការពារទឹកដី​ប្រទេសសមាជិកខ្លួន គ្រប់សង់ទីម៉ែត្រការ៉េ។ដោយឡែក លោកស្រី Amy Gutmann អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអាល្លឺម៉ង់ បាន​លើកឡើងថា វាជារឿងប្រាកដណាស់ ដែលថាសមយុទ្ធយោធាដ៏ធំរបស់អូតង់នេះ គឺជាការ​ផ្ញើសារមួយ​ ទៅកាន់រុស្ស៊ី។ លោកស្រី អះអាងថា គ្រប់មេដឹកនាំពិភពលោកទាំងអស់ ដោយរាប់ទាំងលោក​ពូទីនផង គឺប្រាកដជានឹងបានឃើញ នូវការតាំងចិត្ត ការរួមកម្លាំងសាមគ្គីគ្នា ដើម្បី​​ការពាខ្លួន របស់ប្រទេសសមាជិកអូតង់។បរិបទសន្តិសុខអឺរ៉ុប ប្រែប្រួលទាំងស្រុង ដោយសារតែរុស្ស៊ីជាអ្នកគំរាម​សម្រាប់ពេលនេះ គេមិនទាន់​មាន​ការសន្មត់ណាមួយ ថានឹងរៀបចំ ​សមយុទ្ធ Air Defender នេះឲ្យវាមាន​លក្ខណៈ​ទៀង​ទាត់ មួយឆ្នាំ​ម្តងឬយ៉ាងណាទេ។ តែលោកស្រី អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអាល្លឺម៉ង់ បានអះអាងថា សមយុទ្ធដ៏នេះជាលើកទីមួយ តែក៏មិនមែនជាលើកចុងក្រោយដែរ​ ពោលគឺនឹងមាន​ជាថ្មីទៀត។លោក Michael Loh អគ្គនាយក​ផ្នែក​កងឆ្មាំផ្លូវអាកាសអាមេរិក ប្រចាំការនៅអូតង់ បាន​លើកឡើងថា ដំណាក់​កាលបច្ចុប្បន្ននេះ គឺជាចំនុចផ្លូវបត់ ដែល​អូតង់ត្រូវតែរៀបចំយុទ្ធសាស្ត្រដើម្បីការពារខ្លួន។ បរិបទយុទ្ធសាស្ត្រពិភពលោកទាំងមូល ជាពិសេសនៅអឺរ៉ុបតែម្តង គឺបានប្រែប្រួលទាំងស្រុង បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។មន្ត្រីកងទ័ពអាមេរិក​រូបនេះ​បន្ថែមថា កងទ័ពអាមេរិក មាន​វត្តមាន​ប្រចាំការ ដើម្បីការពារ​ប្រទេសអឺរ៉ុប ក្នុងក្របខណ្ឌអូតង់មែនហើយ តែ​តាមរយៈសមយុទ្ធនេះ គឺកងទ័ពអាមេរិក មានបំណងចង់​ពង្រឹង​សមត្ថភាព ​របស់ប្រទេសអឺរ៉ុប ដែលជាសមាជិកអូតង់។ ពោលគឺគេនឹងបណ្តុះ​បណ្តាល ហ្វឹកហាត់ ឲ្យ​កងទ័ពអាកាស អ្នកបើយន្តហោះចម្បាំង នៃ​​ប្រទេសសម្ព័ន្ធមិត្តទាំងអស់ ឲ្យចេញសហការគ្នា ផ្តល់ព័ត៌មានឲ្យ​គ្នា។ មានន័យថា អំណេះតទៅ អាមេរិកចង់​ឲ្យ​អឺរ៉ុបរួមគ្នា ទាំងផ្នែកថវិកា និង​កម្លាំងសព្វាវុធ ដើម្បី​ការពារខ្លួនឯង ដោយ​មិនត្រូវរំពឹងចាំតែខាងអាមេរិកមកជួយនោះទេ។តែជាមួយនេះ សមយុទ្ធដ៏ធំនេះ វាគឺជាសារប្រកាសថា អូតង់ទាំងមូល មានសាមគ្គីភាពរឹងមាំជាធ្លុងមួយ ហើយសាមគ្គីភាពនេះបានកម្រើក​ឡើង ក៏ដោយសារតែលោកពូទីនតែម្នាក់គត់ ដែលជាអ្នក​បានដាស់អូតង់។ អូតង់មានសាមគ្គី ហើយកាន់តែកើនសមាជិក ដោយសារតែរុស្ស៊ី​ឈ្លានពានអ៊ុយក្រែន ហើយ​បានធ្វើ​ឲ្យ​ប្រទេសផ្សេងទៀត គេ​មានការព្រួយបារម្ភពីសុវត្ថិភាពរបស់គេ។ ដូច្នេះអ្នកដែលហុចឱកាស ឲ្យអូតង់មានកម្លាំង រៀបចំសមយុទ្ធយោធាដ៏ធំបែបនេះ គឺរុស្ស៊ី​ខ្លួន​ឯងតែម្តង៕
6/12/20236 minutes, 3 seconds
Episode Artwork

តើ​ចិន​ពិតជា​ដាក់​ត្រចៀក​ ​ចាំ​ឈ្លបស្តាប់​​អាមេរិក​ ​ពី​​គុយបាមែន​ឬ ?

នៅ​ថ្ងៃ​សៅរ៍​ទី ១០ មិថុនា​២០២៣​នេះ អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​សេតវិមាន​ម្នាក់ដែល​​សុំ​មិន​បញ្ចេញ​ឈ្មោះ បានអះអាងថា ចិន​បាន​ព្យាយាម​បើក​ប្រតិបត្តិការ​ចារកិ​ច្ច​អាមេរិក​ពី​ទឹក​ដី​គុយ​បា តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក​ និង​បាន​សម្រិតសម្រាំង​សមត្ថភាព​​ឈ្លបការណ៍​​កាន់​ខ្ពស់​បន្ថែម​ទៀត នៅ​ឆ្នាំ​២០១៩។ ​សេចក្តី​ប្រកាស​​របស់​អ្នក​ទទួល​ខុស​ត្រូវ​រូប​នេះ ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ក្រោយ​ការ​បដិសេធ​ជា​ផ្លូវការ​ របស់​ក្រសួងការពារ​ជាតិ​​អាមេរិក និង​ភាគី​គុយបា ថា​គ្មាន​ការ​កិច្ចព្រមព្រៀង​ចិន-គុយបា បង្កើត​ស្ថានីយ៍​ចារកម្ម​លើ​កោះ​ ដូច​អ្វី​ដែល​​សារព័ត៌មាន​អាមេរិក Wall Street Journal បាន​ទម្លាយទេ។ រឿងចចាមអារាម​​ចារកិច្ច​ចិន​នៅគុយបា កំពុង​ចាប់​រីក។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៨ មិថុនា អ្នក​នាំពាក្យ​ទីប្រឹក្សាស​ន្តិសុខ​ បាន​ចាត់ទុក​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​អាមេរិក​ ជុំ​វិញ​ការ​ចុះ​​កិច្ចព្រមព្រៀង​​បង្កើត​ស្ថានីយ៍​ឈ្លបការណ៍​ រវាង​ ចិនគុយបា ជា​ព័ត៌មាន​មិនពិត។ តែ​នៅថ្ងៃ​នេះ ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​នៅ​សេតវិមាន ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​អះអាង​បញ្ច្រាស​វិញ ថា រដ្ឋបាល​អាមេរិក​បាន​ប្រាប់​លោក​ប្រធានាធិបតី​អាមេរិក ចូបៃដិន តាំងពី​លោក​បាន​ចូល​កាន់​តំណែង​នៅ​ខែមករា​២០២១​ភ្លាម អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ចិន ក្នុង​ការ​បង្កើត​មូលដ្ឋាន​ នៅ​ទូទាំងពិភពលោក ក្នុង​កម្មវត្ថុ​ស៊ើបការណ៍។ នៅក្នុង​ចំណោម​នោះ មាន​មួយ ជា​​ការ​សាងសង់​ស្ថានីយ៍​ចារកិច្ច​នៅ​គុយបា​ ហើយ​មណ្ឌល​នេះ​ទើប​ត្រូវ​បាន​ចិន​កែលម្អ​ឱ្យ​បាន​កាន់​តែប្រសើរ​ឡើង​ថែម​ទៀត នៅ​ឆ្នាំ​២០១៩។ ភ្នាក់ងារ​អាមេរិក​មាន​ឯកសារនេះ​ទាំងអស់។ នេះ​តាម​មន្ត្រី​សេតវិមាន​ដដែល​ដែល​ធានាថា​ រដ្ឋបាល​បៃដិន គ្រប់គ្រង​ស្ថានការណ៍​​​បក​នឹង​គម្រោង​តាំងទី​ចារកិច្ច​របស់​ចិននៅលើ​ពិភពលោក ដោយ​ប្រុងប្រយ័ត្ន​បំផុត​ និង​ស្ងាត់ៗ​បំផុត តាម​ផ្លូវការទូត​ជាមួយ​បណ្តា​រដ្ឋាភិបាល​ជា​ច្រើន។ រដ្ឋាបាល​អាមេរិក​បាន​ពន្យឺត​សកម្មភាព​ចិន​បាន​ច្រើន តែ​ត្រូវ​ខ្វល់​ខ្លាំង​និង​ប្រឹង​បន្ថែម​ទៀត ទាក់​ទង​នឹង​ស្ថានភាព​ចារកិច្ច​ចិន​ពី​គុយបា។ ចិន​បន្ត​ពង្រឹង​វត្តមាន​នៅគុយបា ឯ​អាមេរិក​បន្ត​ធ្វើ​ការ​ដើម្បី​រារាំង។ នេះ​បើ​តាម​ប្រភព​ដដែល។​ភូមិសាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច​បើ​ឧបមាន​ថា​ចិនមានបើ​មាន​​ស្ថានីយ៍​ចារកិច្ច​ចិននៅ​គុយបាមែន នោះ​ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ សម្រាប់​សន្តិសុខ​អាមេរិក ព្រោះ​ កោះ​គុយបាមាន​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​ស្ថិត​នៅចម្ងាយ​ប្រមាណ​តែ​១៦០គីឡូម៉ែត្រ ពីរដ្ឋ​ផ្លរីដា។ ​ដូច្នេះ​ ចិន​ អាច​ឈ្លប​យកការណ៍​បាន​គ្រប់​រឿង​ហេតុ​កើត​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក ដែល​មាន​ទីតាំង​និ​ងមូលដ្ឋាន​យោធា​ជា​ច្រើន។ កាសែត​អាមេរិក​បាន​បញ្ជាក់​ថា ​មណ្ឌល​លប​ស្តាប់​នៅគុយបា នោះ​ចិន​នឹង​អាច​ប្រមូល​​គ្រប់​ប្រភេទ​នៃ​ព័ត៌មាន​ទាំងអស់ ដែល​គេ​អា​ច​ចាប់​បាន​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ ដូច​ជា​កា​រនិយាយ​តាម​ទូរស័ព្ទ អ៊ីមែល ឬ​ការ​ផ្ទេរ​ទិន្នន័យ​តាម​ផ្កាយ​រណប ...មណ្ឌល​ចារកិច្ច​ចិន-គុយបា​ មិនល្អ​សម្រាប់អាមេរិក តែ​វា​រឿង​ឡូហ្ស៊ិក ខ្លាំងណាស់ ព្រោះ​ចិននិងគុយបា មាន​គោលជំហរ​នយោបាយ​ស្និទ្ធ​នឹង​គ្នាស្រាប់​ផង ហើយគុយបា​កំពុង​អាក់អន់​ចិត្ត​នឹង​អាមេរិក​ តាំងពី​វ៉ាស៊ីនតោន​បាន​បញ្ចូលគុយបាជា​ថ្មី​ ទៅក្នុង​បញ្ជីរដ្ឋគាំទ្រ​ភេរវនិយម​កាលពី​ថ្ងៃទី ១២​មករា​២០២១។ ឱកាសបែប​នេះ​ ចិន​ប្រាកដ​ទាញ​ចំណេញ​ មិន​ឱ្យ​ខក​ខាន​បាន​ឡើយ។ នេះបើ​តាម​ការ​វិភាគ​របស់​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​អាមេរិក នៅ​ Team for the Study of Security​​។ ​អាច​ដាក់​វត្តមាន ​​នៅ​ទ្វីប​អាមេរិក ពិត​ជា​សំខាន់​ខ្លាំងណាស់ ក្នុង​ការ​ប្រមូល​ព័ត៌មាន​ចាំបាច់​ជា​ច្រើន​សម្រាប់ ​វាស់ស្ទង់​ដឹង​អំពី​សមត្ថភាព​យោធា​របស់​អាមេរិក ដែល​នឹង​អាច​ធ្វើ​អន្តរាគមន៍​យោធា​ប្រឆាំង​នឹង​ចិន មិន​ថា​ក្នុង​ជម្លោះ​ជា​តៃវ៉ាន់​ឬ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង និង​វាស់​ដឹង​ថា​តើ​ចិន​ខាត​បង់​ប៉ុនណា​បើ​សម្រេច​ធ្វើ​សង្គ្រាម។មាន​ភ្នែកមាន​ត្រចៀក​នៅ​គុយបា​ ក៏​អាច​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​​ផ្នែក​សេដ្ឋកិច្ច។ ក្រុមហ៊ុន​ធំៗ​នៅ​ចិន ពិត​ជា​ចង់​បាន​ព័ត៌មាន​ប្រមូល​បាន​មក​ពី​ក្រុមហ៊ុន​ជា​គូប្រជែង​នៅ​តិចសាស់ ឬ​នៅ​ផ្លរីដា ជា​ប្រាកដ។ ជា​ចុងក្រោយក្នុង​សង្គ្រាម​ចារកិច្ច​ ចិន​គិត​ថា​ត្រូវ​តែ​មាន​អាវុធ​ដូច​អាមេរិក។ អាមេរិក​មាន​កិច្ចព្រមព្រៀង​ចារកិច្ច​ជាមួយ​តៃវ៉ាន់ នៅកៀក​បង្កើយ​នឹង​ប៉េកាំង ដូច្នេះ​ចិន​ក៏​ត្រូវ​មាន​មូលដ្ឋានលួចស្តាប់​​នៅ​មាត់​ទ្វារ​ផ្ទះ​អាមេរិក​គឺ គុយបាដែរ។​​ធ្លាយ​ព័ត៌មានចារកិច្ច​មុន​ទស្សនកិច្ច​របស់​ប្រមុខការទូត​អាមេរិក​នៅ​ប៉េកាំងសំណុំ​រឿង​នេះ មាន​លក្ខណៈ​រសើបខ្លាំងណាស់ ខាង​ផ្នែក​ការទូត ក្នុង​ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក​ដែលសង្ឃឹម​ស្តារ​ទំនាក់​ទំនង​ជាមួយ​ប៉េកាំង​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​ តាម​រយៈ​គម្រោង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ស៊ីជីនពីង នាពេល​ខាង​មុខ។ លើ​ផ្នែក​នយោបាយ​វិញ​ នេះ​ជា​ប្រធានបទដ៏​ទើសទាល់​ខ្លាំងណាស់​សម្រាប់​លោក​ចូបៃដិន ដែលត្រូវ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​​អាណត្តិទីពីរ នៅឆ្នាំ​២០២៤ខាង​មុខ។ បក្ស​ប្រឆាំង​តែង​បន្ទោស​លោក​ជា​ញឹកញយ​ ថា​មាន​ជំហរ​ធូរ​រលុង​ជាមួយ​ចិន និង​គុយបា។ ជា​ការ​ពិត​បញ្ហា​គុយបាគ្មាន​ចារ​ក្នុងគម្រោង​​អាទិភាព​របស់​ប្រធានាធិបតី​បៃដិន​ទេ។ តែ​កិច្ចសហប្រតិបត្តិការ​ចិន​-គុយបា​ ក្នុង​វិស័យ​ចារកិច្ច បាន​មក​ដាស់​សេតវិមាន​ឱ្យ​ឃើញ​អំពីគ្រោះថ្នាក់​នៃ​ការ​មិន​យក​ទុក​ដាក់​លើគុយបា។ចំណុច​​​ចៃដន្យ​មួយ​ទៀត​ គឺ​ ​ការ​​ទម្លាយ​រឿង​ចារកិច្ចចិន​​នេះ​ឡើង​ ​ចំពេល​​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ គ្រោង​​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិនជា​ថ្មី​។ លើក​មុន​​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២៣ ដោយហេតុ​រឿង​អាស្រូវ​​​ចារកិច្ច​ចិនបង្ហោះបាល់ឡុង ​លោករដ្ឋមន្ត្រីការបរទេស អង់តូនី ប្លីងកិន បានលុប​ទស្សនកិច្ច​នៅ​ប៉េកាំង​ នៅ​នាទី​ចុងក្រោយ​តែម្តង ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ទង្វើ​ចារកិច្ច​ចិន។ ទស្សនកិច្ច​ ​ត្រូវ​លើកពេលទៅ​ថ្ងៃទី ១៨ មិថុនា​សប្តាហ៍​ក្រោយវិញ។ ហើយ​ជិតដល់​ថ្ងៃ​ទៅ​ ស្រាប់​លេច​ធ្លាយ​រឿង​អាស្រូវ​ចារកិច្ច​នៅគុយបាម្តង។ ដូច្នេះ​គេ​​ពិត​ជា​អាច​ចោទ​សួរ​បាន​តើ​ការ​ទម្លាយ​ព័ត៌មាន​នេះ មានបង្កប់​ចេតនា​​បង្អាក់​ទស្សនកិច្ច​លោក​ប្លីងកិន​នៅប៉េកាំង​ជា​លើក​ទីពីរឬយ៉ាងណា ? ប៉ុន្តែ​ទោះក្នុង​ហេតុផល​ណា​ក៏​ដោយ ​ក៏ការ​ធ្លាយ​ព័ត៌មាន​ចារកិច្ច​នេះ ពិត​ជាមិនសម្រួល​ដល់​​គំនិត​ផ្តួចផ្តើម​ស្តារ​ទំនាក់ទំនង​ចិន-អាមេរិកទេ៕
6/11/20237 minutes, 36 seconds
Episode Artwork

តើក្រុមសង្គ្រោះ​រក​ឃើញ​ក្មេង​កូឡុំប៊ីទាំង​បួន​នាក់ដែល​​​បាត់​ខ្លួនក្នុង​ព្រៃ​​៤០ថ្ងៃយ៉ាងដូចម្តេច ?

ពិត​ជា​អស្ចារ្យ​និង​ ជា​ដំណឹង​ល្អ​ក្រៃ សម្រាប់​ប្រទេស​កូឡុំប៊ីទាំង​មូល​ ដែល​​បាន​រក​ឃើញ​ក្មេងបួន​នាក់ប​ងប្អូន នៅមាន​​ជីវិត​ បន្ទាប់​ពី​រងគ្រោះ​ថ្នាក់ធ្លាក់​យន្តហោះ​ និង​បាត់​ខ្លួន​ក្នុង​ព្រៃ​ជ្រៅ​ រយៈ​ពេល​៤០ថ្ងៃ​។ មាន​អាយុ​ ១៣​-៩-៤ និង​១​ឆ្នាំ ក្មេង​ទាំងបួន​ដែល​ស្គម​​ស្លេកស្លាំង និង​​ខ្សោយ​ខ្លាំង បាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​យោធា​នា​ទីក្រុង​បូហ្កូតា នៅ​ព្រឹក​ថ្ងៃ​១០​មិថុនា​នេះហើយ ដើម្បី​ទទួល​បាន​កា​រថែទាំ​និ​ងពិនិត្យ​សុខភាព​។ ប្រធានាធិបតី​កូឡុំប៊ី​បាន​ប្រកាស​ជូន​ដំណឹង​យ៉ាង​អំណរ​តាម​ប្រព័ន្ធ​សង្គម​។ ​រឿង​រ៉ាវ​បាត់​ខ្លួន​ក្មេងទាំង​បួន​នាក់​បង​ប្អូន នៅក្នុង​ព្រៃ​ជ្រៅ​អាម៉ាហ្សូន បាន​ចាប់ផ្តើម​នៅថ្ងៃទី ១ ឧសភា​២០២៣ ពេល​យន្តហោះ Cessna ២០៦ ​ដ៏​តូច​មួយ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Avianline Charters បាន​ហោះ​​ចេញ​ពីព្រៃ​Araracuara ដ៏ល្បី​នៃ​ព្រៃ​​​អាម៉ាហ្សូន​សំដៅ​ ​​ San José del Guaviare ក្រុងដ៏​ធំជាង​គេ​របស់​តំបន់​អាម៉ាហ្សូន​កូឡុំប៊ី។ នៅក្នុង​យន្តហោះ​មាន​ផ្ទុក​អ្នក​ដំណើរ ៦នាក់ គឺ​ ក្មេង​បួននាក់ និង​ម្តាយរបស់​ពួកគេ​ ព្រមទាំង​មេកុលសម្ព័ន្ធ​ម្នាក់​ និង​អ្នក​បើក​បរ​ម្នាក់ទៀត។ ​​បើ​តាម​ព័ត៌មានផ្សព្វផ្សាយ​ដោយ​អាជ្ញាធ​កូឡុំប៊ី ក្មេងៗទាំងបួន គឺ Leslyអាយុ​១៣​ឆ្នាំ  Soleiny ៩ឆ្នាំ Tien Noriel បួនឆ្នាំ​ និង​ Cristin អាយុទើប​១១​ខែ​នៅឡើយ នៅពេល​នោះ ​ត្រូវ​ធ្វើ​ដំណើរ​ជាមួយ​ម្តាយ​ដើម្បី​គេច​ពី​ការ​គំរាមកំហែង​របស់​ពួក​ឧទ្ទាមទ័ព​ព្រៃ ដែល​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ចុះ​ហត្ថលេខា​ដោយ​ក្រុម​ឧទ្ទាម​Farc កាលពី​ឆ្នាំ​២០១៦។​ចម្ងាយផ្លូវ​ហោះហើរ​មាន​ប្រវែង​៣៥០គីឡូម៉ែត្រ ប៉ុន្តែ​ហោះឡើង​បាន​តែ​ប៉ុន្មាន​នាទី មេបញ្ជាការ​បើកបរ​បាន​ផ្តល់សញ្ញា​ថាយន្តហោះ​​មាន​បញ្ហា​ម៉ាស៊ីន រួច​យន្តហោះ​ក៏​បាត់​ដាន​​ពី ប្រព័ន្ធ​រ៉ាដា​តែ​ម្តង​ទៅ។ ក្រុម​យោធា​កូឡុំប៊ី បាន​រក​ឃើញ​យន្តហោះ​នៅ​ ​រវាង​​ថ្ងៃទី​១៥-១៦ឧសភា ​ធ្លាក់​ កណ្តាល​ព្រៃ​ នៅ​ភាគ​ខាង​ត្បូង​ខេត Caqueta ក្បាល​បុកដី​។ អ្នក​បើក​បរ​បាន​បាត់​បង់ជីវិត នៅក្នុង​បន្ទប់​បញ្ជា​យន្តហោះ។ មេកុលសម្ព័ន្ធ​និង​ម្តាយរបស់​ក្មេង​ទាំងបួន​ ក៏​ស្លាប់ តែ​ក្រុមយោធា​មិន​បាន​បញ្ជាក់​ថា​សាកសព​ស្លាប់​នៅ​ត្រង់ណាទេ។ ឯឆ្កែ​ហិត​បានរក​ឃើញ​ដប​ទឹក​ដោះ​គោ​មួយ នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​​កន្លែងកើត​ហេតុ។ ប្រតិបត្តិការ​ នៃ​ក្តី​សង្ឃឹមប្រតិបត្តិការ​ស្វែង​រក​ មាន​​ប្រើ​កម្លាំង​​ទាហាន​កូឡុំប៊ី​ជាង​មួយ​រយ​នាក់ ក្រុមកុលសម្ព័ន្ធ​ជា​ច្រើន​សិប​នាក់ មក​ពី​ភូមិជិត​ខាង ហើយ​​មាន​បទ​ពិសោធន៍​ខាង​ដើរ​ក្នុង​ព្រៃ​ជ្រៅ​អាម៉ាហ្សូន ដែល​សម្បូរ​ទៅ​ដោយ​សត្វសាហាវៗ​ ដូច​ជា​ពស់ ខ្លា​ jaguars Pumas  ... ព្រមទាំង​សត្វល្អិត​មាន​ពិស​គ្រប់ប្រភេទ និង​ភ្លៀង​ព្យុះ​យ៉ាង​កំណាចៗ។​ តំបន់​ព្រៃ​នេះ​ក៏​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ពួក​ឧទ្ទាម​ព្រៃ​ប្រដាប់​អាវុធ​ផ្តាច់​ខ្លួន​ទៀត។ ដូច្នេះ​ក្តី​សង្ឃឹមរក​ឃើញ​ក្មេង​ទាំងបួន​នៅ​មាន​ជីវិត ត្រូវ​ធ្លាក់​ចុះ ជា​លំដាប់​ ពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ។​​កង​ទ័ព​អាកាស ក៏​បាន​បញ្ជូន​​ ឧទ្ធម្ភាគចក្រ​​ ​បី​គ្រឿង ​មកហោះ​ឆ្វែល​លើ​ព្រៃ​ត្រង់​តំបន់​ធ្លាក់​យន្តហោះ ដោយ​ទម្លាក់​កញ្ចប់​សម្រាប់​សង្គ្រោះ​ជីវិតជាង​មួយ​រយកញ្ចប់ ​ស្ទើរ​ពេញ​ព្រៃ។ ក្នុង​កញ្ចប់​នីមួយៗ​​មាន​ទឹកស្អាត និងចំណីអាហារ។ ឧទ្ធម្ភាចក្រ​មួយ​គ្រឿងដាក់​មីក្រូ ចាក់​សំឡេង​ជីដូន និយាយ​ភាសាកំណើត​​កុល​សម្ព័ន្ធ​ Uitoto ឱ្យ​ក្មេង​ទាំង​បួន​ឈប់​ដើរ​ រុលទៅ​មុខ​ ​ក្នុង​ព្រៃ​ ទើប​អាច​ឱ្យ​ក្រុម​សង្គ្រោះ​តាម​រក​ឃើញ។ យោធា​បានទាំង​ប្រើ​ ​បច្ចេកវិទ្យា​ផ្ការណបដើម្បី​សាកល្បង​កំណត់​ផ្លូវ​ដែល​ក្មេង​ប្រុង​ដើរផង។ ​​មាន​ឈ្មោះ​ថា “​ក្តីសង្ឃឹម” ប្រតិបត្តិការស្វែងរក ជាង​មួយ​ខែ​នេះ​ ដែល​បើ​​លាតជំហាន​ដើរ​រុក​ក្នុង​ព្រៃ​ដ៏​ក្រាស់ឃ្មឹក​​មកវាស់​ទៅមាន​ប្រវែង​ជិត​២៦៥៦​គីឡូម៉ែត្រ​​ និង​​ផ្តុំ​ការរុករក​ក្នុង​ផ្ទៃក្រឡា​ប្រមាណ​៣២៣​គីឡូម៉ែត្រ​ការ៉េ បន្ទាប់​មក​ទើប​បង្រួញ​មក​នៅ​ត្រឹម​២០គីឡូម៉ែត្រ​ការ៉េ នៅពេល​ក្រុមយោធា ​​បាន​ប្រទះឃើញ​​ដាននៅមាន​ជីវិត​របស់​ក្មេង​ទាំងបួន​ ជា​បន្ត​បន្ទាប់ ​ដូច​ជា​ ដានជើង កន្ត្រៃ ស្បែក​ជើង ខោអាវ ខោទឹកនោមក្មេង ផ្លែឈើ​ទំពារ​ហើយ​ខ្ជាក់​ចោល​ថ្មីៗ ឬ​​ជម្រក​ធ្វើ​មែក​ឈើ ​... មាន​ពេល​មួយ​នោះ​ ក្រុមសង្គ្រោះ​វិះគិត​ស្មាន​ថា​នៅ​ចម្ងាយ​ប្រមាណ​មិន​១០០ម៉ែត្រ​ពី​ក្មេងៗ​ តែ​ភ្លៀង​ធ្លាក់​ខ្លាំងពេក​ទើប​បាត់​ដាន​ទៅវិញ។នៅថ្ងៃទី ២៦​ឧសភា ក្រុម​សង្គ្រោះ​និង​យោធា​បាន​នាំគ្នា​រៀបចំ​កម្មវិធី​បុណ្យ ជា​និម្មិតរូប ​ខួបកំណើត​​១ឆ្នាំ​ឱ្យCristinផង។នៅថ្ងៃទី ៨ មិថុនា ការ​រុក​រក​បាន​ចូល​ដំណាក់កាល​ថ្មី​មួយ​លែង​សូវ​សំខាន់​ ព្រោះ​រដ្ឋាភិបាល​កំពុង​ជួប​រឿង​អាស្រូវ​ និង​ មាន​ការ​បាត់​ខ្លួន​ ​ឆ្កែ​ដែល​ជា​ជំនួយការស្វែងរក​ក្មេង​​ ក្នុង​ព្រៃ​ជ្រៅ​ដែរ។ បើ​តាម​យោធា ស្ថានភាព​ព្រៃ​ស្មុគស្មាញ​ពេក​ទើប​ឆ្កែ​បាត់​បង់​ញាណ​ចំណាំរបស់​ខ្លួន។ ស្រាប់​តែ​នៅ​ថ្ងៃ​សុក្រ​ទី ៩ មិថុនា នៅវេលា​ម៉ោង​៩យប់ ក្រសួងការពារ​ជាតិ​ បាន​ប្រកាស​រក​ឃើញ​ក្មេង​ទាំងបួន​ និង​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ តែ​ឆ្កែ​មិន​នៅ​ជាមួយ​ក្មេងៗ​នោះ​ទេ។កូន​​កូឡុំប៊ីការ​​រក​ឃើញ​​ក្មេង​ទាំង​បួននៅមាន​ជីវិត ក្រោយ​ពី​បាត់​ខ្លួនក្នុង​ព្រៃ​ជ្រៅ​​អស់​៤០​ថ្ងៃ ពិត​ជា​រឿង​ដ៏អស្ចារ្យខ្លាំងណាស់ មិនមែន​សម្រាប់​តែក្រុមគ្រួសារ​ទេ តែ​គឺ​សម្រាប់​ប្រទេស​កូឡុំប៊ី​ទាំង​មូល​តែ​ម្តង។ ​ ជីដូន​និង​ជីតា​របស់​ក្មេង​ទាំង​បួន​ ត្រេកអរ​ខ្លាំង​ណាស់​ និង​ចង់​ស្ទាប​អោប​ចៅៗ​ឱ្យ​បាន​ភ្លាមៗ​តែ​ម្តង។ ពួកគាត់​មិន​ដែល​បាត់បង់​ក្តី​សង្ឃឹម​ទេ ព្រោះយល់​ថា ចៅស្រី​ច្បង​ដែល​មាន​អាយុ​១៣​ឆ្នាំ មាន​និស្ស័យ​តស៊ូ​ពី​កំណើត និង​ចេះ​ស្រលាញ់​គ្រប់គ្រង​ប្អូនៗ​ជំនួស​ម្តាយ​ពេល​គាត់​ទៅ​ធ្វើការ។ លោក​យាយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ចៅ ដែល​ម្តាយ​បាន​ស្លាប់​ក្នុងគ្រោះថ្នាក់​ធ្លាក់​យន្តហោះ។សម្រាប់​លោក Gustavo Petro ប្រធានាធិបតី​កូឡុំប៊ីវិញ លោក​បាន​កោតសរសើរ​ក្មេង​ទាំង​បួន ដែល​អាចរក​​ត្រដរ​រស់​ដោយ​ខ្លួន​ឯង រហូត​ទាល់​តែ​បាន​ជួប​មនុស្សធំ។ នេះ​ជា​គំរូ​ប្រឹងរស់​មួយ​ដែល​នឹង​ចារ​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ​។ នេះ​ជា​សំណេ​របស់​លោក ​ប៉េត្រូ ដោយ​បញ្ជាក់​ទៀតថា ក្មេង​ទាំងបួន ជា​កូន​របស់​សន្តិភាព និង​កូន​របស់​កូឡុំប៊ី។ ដោយ​ចាត់​ទុក​ការរកឃើញ​ក្មេង​ទាំងបួន ជា​ថ្ងៃ​ដ៏អស្ចារ្យ លោកប្រធានាធិបតី​កូឡុំប៊ី ដែល​ទើប​ត្រលប់​មក​ពីចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​​​នៅគុយបា ជាមួយ​នឹង “យោធារំដោះជាតិ” ​ក្រុមឧទ្ទាម​ប្រដាប់​អាវុធសកម្ម​ចុងក្រោយ​គេ​បង្អស់របស់​កូឡុំប៊ី​ ក៏​បាន​អបអរ​ ចំពោះ​ប្រសិទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការរបស់​​ក្រុមយោធា​និង​កុលសម្ព័ន្ធ​ ក្នុង​ការ​ស្វែង​រក​ក្មេង​ទាំងបួន ថាជា​គំរូ​នៃ​ការ​ចង​សម្ព័ន្ធ​ដើម្បីភាព​រស់​រៀន​នៃ​ប្រទេស​៕
6/10/20237 minutes, 43 seconds
Episode Artwork

តើម្ចាស់បុរី និងអ្នកទិញផ្ទះបង់រំលោះគួរមានដំណោះស្រាយយ៉ាងណាចៀសវាងការរឹបអូសផ្ទះ?

 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យម្ចាស់បុរី ម្ចាស់អចលនទ្រព្យទាំងឡាយ បញ្ឈប់ការរឹបអូសផ្ទះសម្បែងដែលពលរដ្ឋគ្មានប្រាក់បង់រំលោះ​ជាបន្ទាន់។ បើតាមលោក ហ៊ុន សែន បញ្ហានេះ គួរតែដោះស្រាយបាន តាមរយៈការរៀបចំឥណទានឡើងវិញ រវាងម្ចាស់បុរីនិងអ្នកទិញ ដែលមានការជួយសម្រួលពីរដ្ឋាភិបាល។ សម្រាប់លោក ហ៊ុន សែន នេះគឺជាផ្នែកមួយនៃយុត្តិធម៌សង្គម ដែលលោកមិនអាចបន្តអោបដៃឈរមើលបានទៀតនោះឡើយ​។ ការស្នើនេះ​ ធ្វើឡើងក្រោយពីមានម្ចាស់បុរី និងអចលនទ្រព្យខ្លះ បានរឹបអូសផ្ទះពីប្រជាពលរដ្ឋដោយសារអស់លទ្ធភាពបង់រំលោះប្រចាំខែ។
6/10/202312 minutes, 32 seconds
Episode Artwork

តុលាការសហព័ន្ធអាមេរិក ចោទប្រកាន់​លោក​ដូណាល់ ត្រាំ ជាលើកទីមួយ​ក្នុងប្រវត្តិអតីតប្រធានាធិបតី

តុលាការសហព័ន្ធអាមេរិក បាន​សម្រេចចោទប្រកាន់​លោក​ដូណាល់ ត្រាំ ចំនួន​៧បទល្មើស​ ទាក់ទិននឹងសំណុំរឿងឯកសារសម្ងាត់ជាតិ។ នេះគឺជាលើកទី១ហើយ ក្នុងប្រវត្តិសាស្ត្រ​ ដែល​អតីតប្រធានាធិបតី​អាមេរិក ត្រូវតុលាការ​រដ្ឋសហព័ន្ធចោទ​ប្រកាន់​បែបនេះ​។ ការចោទប្រកាន់ ដែល​លោក​ដូណាល់ ត្រាំ បានស្រែកក្តែងៗថា គឺជាចេតនានយោបាយ របស់​គណបក្សប្រជាធិបតេយ្យ​ ដើម្បីរារាំងលោក​ មិន​ឲ្យ​ឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នៅអាណត្តិក្រោយ​តែប៉ុណ្ណោះ។ លើកទី១ក្នុងប្រវត្តិសាស្ត្រនយោបាយ​អាមេរិក​មិនធ្លាប់​មានទេ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវតុលាការរដ្ឋសហព័ន្ធចោទប្រកាន់បែបនេះ។ លោក​ដូណាល់ ត្រាំ គឺជាមនុស្សដំបូងគេហើយ​ក្នុងប្រវត្តិសាស្ត្រ​។ ដំណឹងនេះបាន​លេចឮ និងត្រូវគេសង្ស័យ ២ ៣ថ្ងៃមកហើយ។ លោក Jim Trusty មេធាវីរបស់​លោកដូណាល់ ត្រាំ បាន​បញ្ជាក់តាមកញ្ចក់ទូរទស្សន៍ CNN ថា លោកដូណាល់ ត្រាំ ត្រូវបានតុលាការសហព័ន្ធទីក្រុងមីអាមី កោះហៅឲ្យចូលខ្លួននៅថ្ងៃអង្គារ ទី​១៣មិថុនាខាងមុខ ដើម្បី​ស្តាប់បទចោទប្រកាន់ជាផ្លូវការ ដែល​មាន​ចំនួន​៧​បទចោទប្រកាន់។នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំ ក៏បានសរសេរសេរដែរ កាលពីល្ងាចថ្ងៃព្រសហ្បតិ៍​ម្សិលមិញ ដោយចោទថា​ គឺរដ្ឋបាលពុករលួយ​របស់​លោកចូ បៃដិន បានប្រាប់​មកមេធាវីរបស់​លោក ថាលោកត្រូវ​គេចោទរឿងកេសឯកសារក្លែងក្លាយ។ កេសឯកសារ ដែលលោកចង់សំដៅទៅដល់ឯកសារសំងាត់ ដែល FBI បានប្រមូល​យកពីផ្ទះលោក​នោះឯង។មេធាវីលោកត្រាំ បានបញ្ជាក់ថា ក្រៅពីបទល្មើស​​ទាក់ទិននឹងការរក្សាទុកនូវឯកសារសម្ងាត់ដោយ​ខុសច្បាប់ តុលាការរដ្ឋសហព័ន្ធ ក៏បានចោទលោកត្រាំដែរ ថាបាន​រារាំង​ការងាររបស់​ប្រព័ន្ធយុត្តិធម៌ និង​បទល្មើស​ផ្តល់​សក្ខីកម្ម​ក្លែងក្លាយជាដើម​។ ដោយ​ឡែក ផ្អែកតាមការចុះផ្សាយ​របស់ កាសែត New York Times គឺតុលាការបានចោទ​លោកដូណាល់ ត្រាំ ថាបាន​រក្សាទុកដោយ​ចេតនា នូវ​​ឯកសារសម្ងាត់ជាតិ ដោយ​បំពានទៅនឹងអ្វីដែលមានចែង ក្នុងច្បាប់ ដែលតម្រូវឲ្យ​ប្រធានាធិបតីពេលចប់អាណត្តិត្រូវតែប្រគល់ឯកសារទាំងអស់ ទៅឲ្យ​បណ្ណសារជាតិ។ ជាមួយនឹង​​បទល្មើសនេះ គឺលោកដូណាល់ ត្រាំ​ អាចប្រឈមនឹង​ទោសជាប់ពន្ធនាគារ១០ឆ្នាំ​។ហើយកាលពីចុងខែ​មីនា លោក​ដូណាល់ ត្រាំ ត្រូវបានជាប់​បទចោទមួយទៀត នៅតុលាការ​រដ្ឋ​ញូយ៉ក ទាក់ទិននឹង​បទល្មើសក្លែងបន្លំ​តួលេខគណនេយ្យ។​ វាគឺជាសំណុំរឧង ដែលគេចោទថា លោកត្រាំ ​បាន​យក​ប្រាក់​ឃោសនាបោះឆ្នោត ទៅសូក​បិទមាត់តារាស្រី​កុនអាសអាភៀសម្នាក់ ដើម្បីកុំ​ឲ្យ​និយាយទំលាយ​រឿងរ៉ាវពាក់ពន័្ធនឹងលោក​។“គេធ្វើបាបខ្ញុំ!”តាមរយៈបទចោទប្រកាន់ទាំងនេះ លោកដូណាល់ ត្រាំ កំពុងតែប្រកាសខ្លួន ថាលោកគឺជាជនរងគ្រោះ ត្រូវគេតាមធ្វើបាប។ អ្នកដែលតាមយាយីលោកនោះ គឺគ្មានអ្នកណាទេ ក្រៅពី​ពួកគណបក្សប្រជាធិបតេយ្យ ដែលលោកហៅថា ជាពួកឆ្វេងនិយមជ្រុល ជា​ពួកហ្វាឈីស្ត​។ នៅលើទំព័របណ្តាញសង្គម លោកដូណាល់ ត្រាំ បានសរសេរថា “ខ្ញុំជាជនស្លូតត្រង់ ខ្ញុំមិនបានធ្វើអ្វីខុសទេ!”។សារត្អូញត្អែរថាខ្លួនត្រូវគេធ្វើបាបទាំងនេះ បានញ៉ាំងឲ្យអ្នកគាំទ្រលោកកាន់តែ​ជ្រួលច្របល់ កក្រើកខឹង ស្អប់​គណបក្សប្រជាធិបតេយ្យខ្លាំងឡើង។ បើនិយាយ​ពីក្នុងចំណោម​បេក្ខជន​ឈរឈ្មោះប្រធានាធិបតី ក្នុងគណបក្សសាធារណរដ្ឋវិញ គឺគ្មាននរណា​មានប្រជាប្រិយភាព​លើសលោកដូណាល់ ត្រាំនោះទេ បច្ចុប្បន្ននេះ​។​យ៉ាងណាមិញ ក្រោយ​ដំណឹងចោទប្រកាន់ ពីសំណាក់តុលាររដ្ឋសហព័ន្ធនេះ អ្នកនយោបាយធំៗរបស់​បក្សសាធារណរដ្ឋ បាននាំគ្នាប្រកាសគាំទ្រលោក​ដូណាល់ត្រាំ តួយ៉ាង លោក Kevin McCarthy ប្រធានសភាតំណាង និងលោក Jim Jordan ប្រធានគណកម្មការ​យុត្តិធម៌។ លោក​ Elon Musk មហាសេដ្ឋីដ៏ល្បីឈ្មោះ ដែលឥឡូវកំពុងតែចង់លេចមុខក្នុង​ឆាកនយោបាយដែរនោះ បានលើកឡើងថា ការចោទប្រកាន់​មកលើលោកដូណាល់ ត្រាំ គឺវា​មានប្រយោជន៍​ច្រើន ជាងការចោទបេក្ខជនឈរឈ្មោះផ្សេងៗទៀត។គ្មាននរណា​អាចយកច្បាប់ទ្រាប់គូទអង្គុយ​ខាងគណបក្សប្រជាធិបតេយ្យ បានអបអរសាទរ ចំពោះបទចោទប្រកាន់ទៅលើលើកដូណាល់ ត្រាំ ដោយចាត់ទុកថា គ្មាននរណាម្នាក់អាចយកច្បាប់ទៅទ្រាប់គូទអង្គុយបានឡើយ កុំថាឡើយអតីតប្រធានាធិបតី។ លោក Adam Schiff សមាជិកសភាបក្សប្រជាធិបតេយ្យ បាន​លើកឡើង គេគ្មានអ្វីភ្ញាក់ផ្អើលទេ ដែលឃើញលោកដូណាល់ ត្រាំ បង្វែរយកបទចោទប្រកាន់នេះ ធ្វើជាឧបករណ៍នយោបាយ ដើម្បីផ្ញើសារញុះញង់ ចោទមកលើ​គណបក្សប្រជាធិបតេយ្យ ថាធ្វើទុក្ខបុកម្នេញលោក​នោះ។ដោយឡែក ក្រុមសមត្ថកិច្ច FBI គេបាន​អះអាងច្បាស់ណាស់ ថាមុននឹងឈានដល់ការចោទប្រកាន់លើលោកត្រាំនេះ គឺគេបានស៊ើបអង្កេត មានភស្តុតាងមាន​ឯកសារច្បាស់ណាស់។ ច្បាប់ឆ្នាំ​១៩៧៨ បានកំណត់យ៉ាងច្បាស់ថា ប្រធានាធិបតីពេលចប់អាណត្តិ ត្រូវតែប្រគល់ឯកសារទាំងអស់ ទៅ​ឲ្យ​បណ្ណាសារជាតិ​ថែរក្សាទុក មិនថាជាអ៊ីមែល ជាសំបុត្រ និង​​ឯកសារផ្សេងៗទៀត។ ផ្ទុយទៅវិញ លោកដូណាល់ ត្រាំមិនបានគោរពចំណុចនេះទេ។ មួយឆ្នាំក្រោយ​ចាកចេញពីសេតវិមាន និងបន្ទាប់ពីមានការទាមទារជាច្រើនដងពីបណ្ណាសារជាតិ ទើបលោកត្រាំព្រមប្រគល់ឯកសារចំនួន​១៥កេស ដែលក្នុងនោះមានឯកសារសម្ងាត់ចំនួន​២០០ដុំ។ មេធាវីលោកត្រាំកាលនោះ បានអះអាងថាបញ្ជូនទៅអស់ហើយ គ្មានសល់ឯកសារអ្វីទៀតទេ។ក៏ប៉ុន្តែ នគរបាលសហព័ន្ធបាន​ពិនិត្យ​ទៅ គឺឃើញថានៅមានសល់ទៀត ទើប​បានឈានទៅដល់ ការចុះទៅរឹបអូស ដល់ផ្ទះលោកត្រាំតែម្តង នៅរដ្ឋផ្លរីដា កាលពីខែសីហាឆ្នាំ​មុន។ ក្នុងការរឹបអូសនេះ គេបានប្រមូលឯកសារដល់ទៅ ជាង​៣០កេស មានដុំឯកសារសរុប ១១០០០ដុំ ហើយមានខ្លះគឺជាឯកសារសម្ងាត់ Top Secret ពាក់ព័ន្ធជាមួយចិននិងអ៊ីរ៉ង់ជាដើម។ ក្រុមស៊ើបអង្កេត យល់ថាលោក​ត្រាំមានចេតនា​ ចង់ទុក​ឯកសារសំងាត់មួយចំនួន។ តែយ៉ាងណាគេមិនដឹងថា តើក្រុមស៊ើបអង្កេតបានស្រាវជ្រាវដឹងថា លោកដូណាល់ ត្រាំ បានបង្ហាញឯកសារសម្ងាត់ជាតិទាំងនោះ ទៅឲ្យ​មនុស្ស​ណាខ្លះអាននោះទេ។ដើម្បីបង្ហាញតម្លាភាព លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាន​ប្រកាសតែងតាំងកាលពីខែ​វិច្ឆកា នូវរដ្ឋអាជ្ញាពិសេស​ម្នាក់ ឈ្មោះ Jack Smith ឲ្យដឹកនាំការស៊ើបអង្កេត ដោយឯករាជ្យក្នុងសំណុំរឿងនេះ និងរដ្ឋអាជ្ញាពិសេសម្នាក់ទៀត ក្នុងសំណុំរឿង​ព្រឹត្តិការ​ចូលលុកលុយ​វិមានកាពីតូល ថ្ងៃទី​៦​មករា។ ក្រសួងយុត្តិធម៌អាមេរិក ក៏បានតែងតែងរដ្ឋអាជ្ញាម្នាក់ដែរ ឲ្យ​ស៊ើបអង្កេត ករណីរកឃើញឯកសារសម្ងាត់ប៉ុន្មានដុំ នៅអតីតការិយាល័យ​របស់​លោកចូ បៃដិន និងនៅផ្ទះលោកចូ បៃដិនដែរ។ ទាំងអស់នេះ គឺក្រសួងយុត្តិធម៌ចង់បង្ហាញថា គេមិនមែន​ស៊ើបតែទៅលើលោកដូណាល់ ត្រាំម្នាក់នោះទេ។បេក្ខភាពប្រធានាធិបតីរបស់​លោកដូណាល់ ត្រាំ កាន់តែរឹងមាំ?អ្វីដែល​គួរកត់សំគាល់បំផុត គឺថានៅសហរដ្ឋអាមេរិក ទោះមនុស្ស​ម្នាក់​​ជាប់ចោទ ជាប់ពន្ធនាគារ ក៏មនុស្ស​នោះ នៅតែអាចឈរឈ្មោះឲ្យ​គេ​បោះឆ្នោតឲ្យ​ ឬក៏អាចកាន់មុខតំណែងធំបានដែរ​។ ដូច្នេះ ទោះលោកដូណាល់ ត្រាំ ជាប់ចោទ១០ ២០បទល្មើសទៀត ក៏ការពិតទៅ គាត់នៅតែអាចឈរឈ្មោះ ជាបក្ខជនប្រធានាធិបតីបានដដែល​។បញ្ហាចោទ គឺសួរថា តើ​គណបក្សសាធារណរដ្ឋ សុខចិត្តនៅតែនាំគ្នា គាំទ្របេក្ខភាព​លោកដូណាល់ ត្រាំ ដែរឬទេ? ដំណឹងស្តីពីការចោទប្រកាន់មួយហើយមួយទៀត ទៅលើរូបលោកដូណាល់ ត្រាំ វា​ធ្វើ​ឲ្យ​អ្នកដែលគាំទ្រគាត់ពីមុនមកដែលមានស្រាប់នោះ កាន់តែពុះកញ្ជ្រោល អាណិតស្រលាញ់លោកត្រាំខ្លាំងឡើងមែន តែវាមិនមានន័យថា នឹងធ្វើឲ្យចំនួន​អ្នកគាំទ្រគាត់ កាន់តែកើនឡើងចំនួន​ ឈានទៅ​យកឈ្នះការបោះឆ្នោតរើសបេក្ខជនក្នុងបក្ស និងឈ្នះការបោះឆ្នោតប្រធានាធិបតី​នោះទេ។ផ្ទុយទៅវិញ រឿងរ៉ាវក្តីក្តាំនៅតុលាការ មួយហើយមួយទៀតនេះ វាអាច​ធ្វើឲ្យចំនួន​អ្នកគាំទ្រលោកត្រាំ ចុះថយផងក៏ថាបាន ខណៈដែលមានបេក្ខជនផ្សេងទៀត របស់​បក្សសាធារណរដ្ឋ ដែលកាន់តែប្រជាប្រិយភាព តួយ៉ាងលោក Ron DeSantis អភិបាលរដ្ឋផ្លរីដា។ ជាងនេះទៀត សំណុំរឿងនៅតុលាការ ដែលពាក់ព័ន្ធនឹងលោកត្រាំ គឺមិនទាន់ចប់អស់ទេ។ នៅមាន​សំណុំរឿងមួយទៀត នៅតុលាការរដ្ឋGeorgia ទាក់ទិនការប៉ុនបង់ដាក់សំពាធកែប្រែលទ្ធផល​បោះឆ្នោតឆ្នាំ​២០២០។ ដូច្នេះ​ ចង់មិនចង់ អ្នកខ្លះដែលមិនគាំទ្រលោកត្រាំផ្កាប់មុខខ្លាំង គេអាចនឹង​ងាកទៅគាំទ្របេក្ខជនផ្សេងទៀត ដែល​មិនធ្វើ​រឿងរញ៉េរញ៉ៃ ជាប់ក្តីក្តាំងរសេមរសាម​បែបនេះ៕
6/9/20238 minutes, 42 seconds
Episode Artwork

តើអាចទៅរួចទេដែលប្រទេសនៅអាស៊ានចាប់ខ្លួនលោក សម រង្ស៊ី ដែលកាន់លិខិតឆ្លងដែនបារាំង តាមសំណើភ្នំពេញ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ បានប្រាប់ទៅប្រទេសវៀតណាមឲ្យសហការចាប់ខ្លួន លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិដែលមានទោស ប្រសិនបើលោក សម រង្ស៊ី ចូលទៅទឹកដីវៀតណាម។ ក៏ប៉ុន្តែការចាប់ខ្លួនលោក សម រង្ស៊ី ដែលកាន់លិខិតឆ្លងដែនបារាំងនោះ ត្រូវគេមើលឃើញថា អាចមានភាពចម្រូងចម្រាសខាងផ្លូវច្បាប់ ក៏ប៉ុន្តែវាអាស្រ័យទៅលើលក្ខខណ្ឌ និងស្ថានភាពមួយចំនួនទាក់ទងទៅនឹងកំរិតនៃការគោរពច្បាប់អន្តរជាតិ និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស និងប្រទេស។
6/9/202311 minutes, 57 seconds
Episode Artwork

អាមេរិក​ឈ្លក់​ពុលនឹង​ផ្សែង​ភ្លើង​ឆេះព្រៃ នៅប្រទេស​កាណាដា

តាំងពីថ្ងៃពុធ ប្រជាជនអាមេរិក ប្រមាណ ១០០លាននាក់ នៅភាគខាងកើតប្រទេស​ប្រឈម​នឹង​ផ្សែងពុលបរិយាកាស ដែលបណ្តាល​មកពីភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅ នៅប្រទេស​កាណាដា។ នៅទីក្រុងញូវយ៉ក ដែលគ្របដណ្តប់ដោយ​ផ្សែងពុលក្រាស់ឃ្មឹក ពណ៌លឿង អាជ្ញាធរ​អំពាវនាវ​ឲ្យប្រជាជន​កាត់បន្ថយ ការដើរហើរចេញ​ទៅ​ខាងក្រៅ ដើម្បី​ជៀសវាងស្រូបផ្សែងពុល សារធាតុល្អិតឆ្មារ​ដែលអាចជ្រាបចូលក្នុងសរសៃឈាម គ្រោះថ្នាក់ខ្លាំងសម្រាប់​សុខភាព។ នៅខេត្ត​កេបិច ប្រទេស​កាណាដា ប្រភពនៃផ្សែងភ្លើងឆេះព្រៃ ដែល​ស្ថិតនៅ​ចម្ងាយជាង ៨០០គីឡូម៉ែត្រ​ពី​ទីក្រុង​ញូវយ៉ក ក្រុមពន្លត់អគ្គិភ័យកំពុង​ដុតដៃ ដុតជើង ទាំងយប់​ទាំងថ្ងៃ ដើម្បី​ពន្លត់ភ្លើងឆេះព្រៃដែល​ សរុប​ជាង ១៦០​កន្លែង។ អាជ្ញាធរ​ក្រុងញូវយ៉ក បាន​ទាញសញ្ញាអាសន្ន តាំង​ពី​ថ្ងៃពុធ ពី​គ្រោះថ្នាក់​ផ្សែងពុលបរិយាកាស​ដែល​មាន​ប្រភព​ចេញ​មក​ពី​ភ្លើងឆេះព្រៃ នៅ​កាណាដា ប្រទេស​ជិតខាង​របស់អាមេរិក។ផ្សែងពុលពណ៌លឿង​ដែលកំពុងគ្របដណ្តប់ អាប់អួរ​ពេញទីក្រុង​ញូវយ៉ក តាំង​ពីថ្ងៃពុធកើតចេញ​មក​ពី​ភ្លើងឆេះព្រៃ នៅខេត្ត​កេបិច របស់​ប្រទេស​កាណាដា ដែលស្ថិតនៅ​ចម្ងាយ​ដល់​ទៅ ៨០០គីឡូម៉ែត្រ ពីទីក្រុង​ញូវយ៉ក។ តាម​អ្នកវិទ្យាសាស្រ្ត របស់ទីភ្នាក់ងារ​ណាសា ជំនាញ​ខាងខ្យល់ពុលបរិយាកាស ផ្សែងភ្លើងឆេះព្រៃ នៅកាណាដា អាច​បក់មកដល់​ទីក្រុង​ញូវយ៉ក និង​បំពុល​ទីក្រុងជាច្រើនផ្សេង​ទៀត នៅ​ភាគខាងកើត​អាមេរិក ដោយសារ​តែ​បាតុភូត​ប្រឆាំង​ស៊ីក្លូននៅកាណាដា និង​បាតុភូត​ធ្លាក់ចុះសម្ពាធ​នៅភាគឦសាន​អាមេរិក បង្កើត​ឲ្យមាន​ខ្យល់បក់ខ្លាំងសំដៅ​ភាគខាងត្បូង។សម្រាប់​វិទ្យាសាស្រ្តរបស់ទីភ្នាក់ងារ​ណាសា ទីក្រុង​ញូវយ៉កត្រូវ​គ្របដណ្តប់​ដោយ​ផ្សែងភ្លើងឆេះព្រៃជាច្រើនថ្ងៃតទៅទៀត។ វាជា​ព្រឹត្តិការណ៍កម្រ កើតមាន នៅ​អាមេរិក។ នៅ​២៥ឆ្នាំចុងក្រោយនេះ អាមេរិក​ធ្លាប់​បាន​ជួបបញ្ហា​ផ្សែងពុលខ្លាំង​តែម្តងគត់ នៅ​ខែ​កក្កដា នៅ​ឆ្នាំ ២០០២ ដោយសារ​ភ្លើងឆេះព្រៃ នៅកាណាដា។តាំងពីថ្ងៃ​អង្គារ អាជ្ញាធរ​ក្រុងញូវយ៉ក​បានណែនាំ​ឲ្យ​ប្រជាជន ជាពិសេស មនុស្សចាស់ និងកុមារ ឲ្យ​កាត់បន្ថយការដើរចេញក្រៅផ្ទះ ក្រៅអគារធ្វើការ ព្រោះថា ផ្សែងពុល​បរិយាកាស​ដែលបណ្តាលមកពីផ្សែងភ្លើងឆេះព្រៃ លើកនេះ​មាន​កំហាប់ពុលខ្លាំង ពោល​គឺមាន​សារធាតុល្អិតឆ្មារច្រើនជាង​១០ បរិមាណ​ដែលកំណត់​ដោយ​អង្គការ​សុខភាពពិភពលោក។សារធាតុល្អិតឆ្មារដែលតូចជាងសរសៃសក់ អាច​ចូលទៅក្នុង​សួត ឲ្យមានបញ្ហា​ផ្លូវដង្ហើម និង​អាច​ជ្រាបចូលទៅក្នុង​សរសៃឈាម ដែលបណ្តាល​ឲ្យកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា​ជំងឺ​ដាច់សរសៃឈាម ជំងឺគាំងបេះដូងជាដើម។នៅកាណាដា ភ្លើងឆេះព្រៃ កើតមានកាន់ច្រើន និងញឹកញាប់ភ្លើងឆេះព្រៃ​តែងតែ​កើតមានជាធម្មតា នៅ​កាណាដា ព្រោះថា កាណាដា ជា​តំបន់​ដែលឆាប់ក្តៅខ្លាំងជាងគេ បើប្រៀបធៀប​នឹង​តំបន់ផ្សេងទៀត នៅលើ​ផែនដី។ ភ្លើងឆេះព្រៃ​រមែងកើតឡើង​មកពី​រន្ទះបាញ់ បូកផ្សំ​នឹង​អាកាសធាតុស្ងួតហួតហែង។ នេះជា​បាតុភូតធម្មជាតិ ដែលតែងកើតមាន​នៅកាណាដា ប៉ុន្តែ អ្វីដែលមិនធម្មតា ដែលកំពុងកើតឡើង​នៅកាណាដា គឺ​ពេលវេលា ហើយ​និងចំនួនភ្លើងឆេះព្រៃ។ រហូតមកដល់ពេលនេះ ភ្លើងឆេះព្រៃ​ខ្លាំងបំផុត នៅកាណាដា ចាប់ផ្តើម​នៅពាក់កណ្តាល​ខែ ឧសភា​ពោល​គឺ​ជិត​២ខែមុន ទម្លាប់ភ្លើងឆេះព្រៃ ដែល​តែងកើត​មាន​នៅរដូវក្តៅ ចាប់ពីខែ កក្កដា រហូត​ដល់​ខែតុលា។ទាំងអាជ្ញាធរ​ក្នុងខេត្តកេបិច និងសូម្បីនាយករដ្ឋមន្រ្តី​កាណាដា លោក​Justine Trudeau និយាយ​ថា ភ្លើងឆេះព្រៃ ប្រាកដ​ណាស់ជា​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ ហើយកាណាដា​ដែលស្ថិតនៅ​ប៉ូលខាងជើង​ជាងគេ ដែលឆាប់ក្តៅជាងគេ គឺ​ងាយនឹង​រងគ្រោះខ្លាំងជាងគេ​ដោយសារ​ភ្លើងឆេះព្រៃ។តាមតួលេខរបស់​រដ្ឋាភិបាលសហព័ន្ធកាណាដា នៅក្នុងរយៈពេល​តែប៉ុន្មានសប្តាហ៍មកនេះ កាណាដារាប់ឃើញមានភ្លើងឆេះព្រៃ ជាង ២២១៤កន្លែង ដែលបាន​ដុតបំផ្លាញព្រៃ ជាង ៣លានហិចតា និង​បណ្តេញ​មនុស្ស​ជាង ១សែននាក់ចេញពីផ្ទះសម្បែង។គិតត្រឹមសប្តាហ៍នេះ កាណាដា នៅមាន​ភ្លើងឆេះព្រៃ ជាង ៤១៣​កន្លែង ដែលកំពុង​សកម្ម ហើយ​ក្នុងនោះ មាន ១៥០​កន្លែង ស្ថិតនៅក្នុងខេត្ត​កេបិច។ ក្នុងចំណោមភ្លើងឆេះព្រៃទៀតសោត ក្រុមអគ្គិភ័យ​អាចគ្រប់គ្រង​បាន​តែ​ជាង ១៦០​កន្លែងប៉ុណ្ណោះ ចំណែក ភ្លើងឆេះព្រៃជាង ២៤០កន្លែង កំពុង​ឆេះរាលដាលខ្លាំង ដែលគេ​មិនអាចពន្លត់ ទប់ទល់​បាន។ភ្លើងឆេះព្រៃ​ច្រើនសន្ធឹកសន្ធាប់សព្វថ្ងៃនេះ មានភ្នាក់ងារ​ពន្លត់អគ្គិភ័យ​ជាង ៣០០០នាក់​ដែល​កំពុង​ប្រយុទ្ធ​នៅ​ក្នុងសមរភូមិភ្លើងឆេះព្រៃ​នៅកាណាដា ដែលនៅក្នុងនោះ មាន​១ពាន់នាក់​ជា​ភ្នាក់ងារអគ្គិភ័យមកពីបរទេស​ដែលមានដូចជា អាមេរិក អូស្ត្រាលី អាហ្វ្រិកខាងត្បូង នូវែលសេឡង់ និង​កូស្តារីកាជាដើម។ នៅថ្ងៃ​ពុធម្សិលមិញ ប្រធានាធិបតីអាមេរិក​បាន​និយាយ​ប្រាប់​នាយករដ្ឋមន្រ្តី​កាណាដា ថា អាមេរិក​បានបញ្ជូន​ភ្នាក់ងារពន្លត់ភ្លើង ៦០០នាក់​ទៅជួយកាណាដា។ អាមេរិក​ត្រូវ​បង្ហាញសាមគ្គីភាពជាមួយ​កាណាដា ព្រោះថា ភ្លើងឆេះព្រៃ នៅ​ប្រទេស​ជិតខាងមែន ប៉ុន្តែ អាមេរិក​ក៏ត្រូវ​រងគ្រោះដែរ។ ជាក់ស្តែង ញូវយ៉ក ដែលស្ថិតនៅ​ ៨០០គីឡូម៉ែត្រ ពីកន្លែងភ្លើងឆេះព្រៃ នៅខេត្ត​កេបិច នៅតែមិន​រួចខ្លួន នៅតែរងគ្របដណ្តប់ក្រាស់ឃ្មឹកដោយសារផ្សែង​ភ្លើងឆេះព្រៃកាណាដា។បារាំង​ដែលស្ថិតនៅ​ចម្ងាយ​រាប់យោជន៍​ពី​កាណាដា ក៏ប្រកាស​បញ្ជូន​ជំនួយ បញ្ជូនក្រុមពន្លត់អគ្គិភ័យ​ជាង​១០០នាក់​ទៅ ជួយខេត្ត​កេបិច ខេត្តរបស់កាណាដា ដែល​និយាយ​ភាសា​បារាំង។សរុបមកវិញ ទោះមានជំនួយបន្ថែម​ពីក្រុមពន្លត់អគ្គិភ័យបរទេស ប៉ុន្តែ កាណាដា​នៅតែពិបាក​ទប់ទល់ ព្រោះថា ចំនួនភ្លើងឆេះព្រៃ ច្រើនពេក។ ដោយសារ​តែ​អាកាសធាតុ​ក្តៅខ្លាំង បូកផ្សំ នឹង​អំណោយផល ដើមឈើសាប៉ាំងដែលស្ងួតខ្លាំង ភ្លើងឆេះងាយនឹង​ឆាបឆេះ​រាលដាល ទៅច្រើនកន្លែង ដែលនេះជារឿង​ដ៏ឈឺក្បាលបំផុត​របស់​ក្រុមភ្នាក់ងារ​ពន្លត់អគ្គិភ័យកាណាដា ដែលត្រូវ​មមាញឹក​មិនឈប់ ព្រោះថា នេះគ្រាន់តែ​ជា​ការចាប់ផ្តើមដំបូងប៉ុណ្ណោះ។ ត្រូវដឹងថា ភ្លើងឆេះព្រៃ ដោយសារ​អាកាសធាតុក្តៅស្ងួតខ្លាំង​នៅកាណាដា អាចមានរយៈពេលយូរ​រហូតដល់​ខែ តុលាឯណោះ។ នេះបើតាម​ប្រកាស​របស់​នាយករដ្ឋមន្ត្រីកាណាដា។ដើម្បីប្រយោជន៍សេដ្ឋកិច្ច កាណាដា​នៅតែយឺត​ក្នុងរឿងប្រយុទ្ធប្រឆាំងនឹង​ការប្រែប្រួលអាកាសធាតុនាយករដ្ឋមន្ត្រីកាណាដា​ Justine Trudeau​ផ្ទាល់ទទួលស្គាល់ថា ភ្លើងឆេះព្រៃទ្រង់ទ្រាយធំលើកនេះ ជា​លទ្ធផលនៃ​ការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែ នៅពេល​សួរថា តើ​កាណាដា ធ្វើអ្វីខ្លះ ដើម្បីប្រយុទ្ធប្រឆាំង នឹង​ការប្រែប្រួលអាកាសធាតុ ប្រមុខដឹកនាំ​កាណាដា និយាយដោយមោទនភាពថា កាណាដា​បាន​សន្យា​កាត់បន្ថយ​ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឲ្យបាន​៤០% រហូតដល់​ឆ្នាំ ២០៣០។ តាម​នាយករដ្ឋមន្រ្តីកាណាដា ផែនការ​របស់​កាណាដា ជាផែនការ​ដ៏មាន​មហិច្ឆតា​បំផុត​ក្នុងលោក។ការសន្យា​ប្រហែលជាមានតែនៅលើ​ក្រដាស ព្រោះថា ក្នុងការពិតជាក់ស្តែងវិញ រដ្ឋាភិបាល​កាណាដា​នៅតែបន្តបើកភ្លើងខៀវ ឲ្យគេអនុវត្ត​គម្រោង​ដែល​បញ្ចេញឧស្ម័នកាបូនិក ដូចជា​គម្រោងធ្វើអាជីវកម្ម​ថាមពលផូស៊ីល ការជីកយកប្រេង និង​ឧស្ម័ន។កាណាដាមានភ្លើងឆេះព្រៃ ស្ទើរគ្រប់កន្លែង ប៉ុន្តែ សភាកាណាដា នៅតែសម្រេច​លុបចោល ពន្ធកាបូន ដែលរដ្ឋាភិបាល​បង្កើតឡើង នៅឆ្នាំ ២០១៩ ក្នុងគោលដៅ​ជំរុញ លើកទឹកចិត្ត​ឲ្យមានការកាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក ដែលជា​ផ្នែកមួយនៃ​យុទ្ធនាការប្រយុទ្ធប្រឆាំង​នឹងការប្រែប្រួលអាកាសធាតុ។
6/8/20237 minutes, 39 seconds
Episode Artwork

OCDE បង្ហាញ​សុទិដ្ឋិនិយម​បន្តិចឡើងវិញ ស្តីពី​​កំណើន​សេដ្ឋកិច្ច​ពិភពលោក

បរិបទសេដ្ឋកិច្ចពិភពលោក ក្នុងពេលបច្ចុប្បន្ននេះ ប្រកបដោយ​ភាពតានតឹង ដោយសារតែបញ្ហាសង្គ្រាម​នៅអ៊ុយក្រែន ខណៈសេដ្ឋកិច្ច​ពិភពលោក នៅមិនទាន់​ងើប​មកវិញបានល្អផង ក្រោយ​ពីចប់វិបត្តិ​ជម្ងឺឆ្លងកូវីដ​១៩។ តែយ៉ាងណា សេចក្តី​សង្ឃឹម ហាក់​បានជះពន្លឺបន្តិចឡើងវិញ។ បើផ្អែកតាម​ការព្យាករណ៍ចងុក្រោយ ចេញផ្សាយ​នៅថ្ងៃពុធនេះ​​ ​របស់អង្គការដើម្បី​សហប្រតិបត្តិការនិង​អភិវឌ្ឍន៍សេដ្ឋកិច្ច​ ហៅកាត់ថា OCDE/OECD គឺកំណើនសេដ្ឋកិច្ច​ពិភពលោក​យើង ក្នុងឆ្នាំ​២០២៣ អាចនឹងមាន​លើសបន្តិច​ ពីការរំពឹងទុកកាលពីខែ​មីនាកន្លងទៅ​។​ កំណើន​អតិផរណាថយ​ល្បឿនអង្គការ OCDE ទើបតែចេញរបាយការណ៍​ថ្មី ដែល​បានព្យាករណ៍ថា ឆ្នាំ​២០២៣នេះ ពិភពលោក យើង អាចនឹងមានកំណើនសេដ្ឋកិច្ច ជាមធ្យមចំនួន ២,៧%។ កាលពី​ការព្យាករណ៍​នៅខែ​មីនា គឺមានតែប្រមាណ​២,៦%ទេ។ លោកស្រី Clare Lombardelli អគ្គនាយកថ្មីផ្នែកសេដ្ឋកិច្ច​ របស់​ OCDE បានបង្ហាញ​នូវសុទិដ្ឋិនិមបន្តិច ថាសេដ្ឋកិច្ចពិភពលោក ហាក់កំពុងតែបោះជំហាន​ឈានដើរលើផ្លូវ ដែល​​មានស្ថិរភាពប្រសើរឡើងវិញ បន្ទាប់ពី​បាន​ឆ្លងកាត់ វិបត្តិធ្ងន់ធ្ងរ ​៣ឆ្នាំ​ជាប់គ្នា គឺបញ្ហា​ជំងឺឆ្លងកូវីដ១៩ ហើយបន្ទាប់ថមក គឺសង្គ្រាម​នៅអ៊ុយក្រែនបានផ្ទុះឆាបឆេះឡើង។ប្រមាណជាង១ឆ្នាំមកនេះ អត្រាអតិផរណា បានឡើងស្រឺតៗ នៅតាមប្រទេសដែលមានសេដ្ឋកិ​ច្ចនំាំមុខ។ ទំនិញឡើងថ្លៃ មិនថាទំនិញថាមពល ឬទំនិញចំណីអាហារ។ បញ្ហានេះ បានធ្វើ​ឲ្យ​ធានាគារ​កណ្តាល តាមប្រទេសធំៗជាច្រើន បាន​ដំឡើងអត្រាការប្រាក់គោល​ ដើម្បីទប់អតិផរណាកុំឲ្យ​ចេះតែកើន។ ជាលទ្ធផល នៅក្នុងខែឧសភាក​ន្លងទៅនេះ គេចាប់ផ្តើមសង្កេតឃើញថា​ កំណើនអត្រាអតិផរណា បាន​ថយចុះល្បឿនគួរ​ឲ្យ​កត់សំគាល់។ នៅតំបន់ចាយប្រាក់អឺរ៉ុប អត្រា​អតិផរណា បានថយ​មកត្រឹម ៦,១% ​​ជាមធ្យម បើគិត​ក្នុងរយៈពេល​មួយឆ្នាំ។ នៅសហរដ្ឋអាមេរិកវិញ តួលេខខែមេសា​បង្ហាញថា អតិផរណាមាន​ខ្ទង់ ៤,៤% ពោលគឺបានថយចុះច្រើនណាស់ បើប្រៀបធៀបទៅ​ឆ្នាំ​២០២២។គឺដោយ​ផ្អែក​លើក​អត្រាអតិផរណាបាន​ថយ​ល្បឿននេះ​ហើយ ទើបរបាយការណ៍ OCDE បានបង្ហាញពន្លឺសង្ឃឹមបន្តិចមកវិញ។ អតិផរណាមិនសូវកើន មានន័យថាធានាគារកណ្តាល​ក៏នឹងមិន​ដំឡើងអត្រាការប្រាក់ថែមទៀត។ ជាលទ្ធផលគឺវាអាច​ជំរុញ ឲ្យ​មាន​ការទទួលបាន​នូវឥណ្ឌទាន មិនថាជាលក្ខណៈបុគ្គល ឬជាលក្ខណៈក្រុមហ៊ុន ដើម្បីយកទៅរកស៊ី វិនិយោគ ឬចាយវាយធម្មតា។ កត្តាទាំងនេះ គឺវានឹងជម្រុញឲ្យ​មានចរន្តសេដ្ឋកិច្ច ដោយសារការទិញលក់ ជាទូទៅកើនឡើង។អត្រាការប្រាក់​គោល​នៅតែខ្ពស់​បើ​យើងពិនិត្យ​លំអិតទៅ កំណើនសេដ្ឋកិច្ចពិភពលោក ស្ទុះឡើងតិចតួចណាស់ គ្រាន់តែថាវាមិនធ្លាក់ចុះ​ ដើរថយក្រោយ ដូចអ្វីដែល​គេបាន​បារម្ភកន្លងមក។ នៅតំបន់ចាយ​ប្រាក់អឺរ៉ូ កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០២៣ អាចមានជាមធ្យម ០,៩%។​ សេដ្ឋកិច្ច​បារាំង អាចមានកំណើន ០,៨% ខណៈដែលអាល្លឺម៉ង់ ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុត​នៅអឺរ៉ុប គឺនៅនឹង មិនឡើងមិនចុះ​។ អង់គ្លេសវិញ អាចមានកំណើនប្រមាណ ០,៣% ។ សហរដ្ឋអាមេរិកវិញ តាមការព្យាករណ៍របស់ OCDE គឺអាចមានកំណើនប្រមាណ ១,៦%។ ចំណែកឥណ្ឌា អាចមានកំណើ ប្រមាណ​៦%។យោងតាមអ្នកជំនាញ OCDE ឧបសគ្គដ៏ធំរបស់សេដ្ឋកិច្ចពិភពលោក គឺបញ្ហាអតិផរណានេះឯង ដែលវានៅតែខ្ពស់។ ធនាគារកណ្តាល​ត្រូវតែបង្ខំចិត្ត​ រក្សាអត្រាការប្រាក់គោល ឲ្យ​នៅខ្ពស់ដដែល ដរាបណាគេមិនទាន់សំឡឹងឃើញថា អតិផរណាធ្លាក់ចុះទេនោះ។ អត្រាការប្រាក់ខ្ពស់ គឺវាជាឧបសគ្គ មិន​ឲ្យ​មនុស្ស​បានទទួលប្រាក់ឥណ្ឌទាន បានច្រើន។ ក្នុងបរិបទបែបនេះ ទាំងយើងទាំងគេ គឺមិនចង់ចាយ​ប្រាក់ទិញនេះទិញនោះទេ គឺមានតែសន្សំទុក។ ការសន្សំទុករៀងៗខ្លួន វាមិនមែនជាកត្តាល្អសម្រាប់សេដ្ឋកិច្ច​ទីផ្សារសេរីឡើយ ។ផ្អែកតាមការវិភាគ របស់​លោក James Pomeroy អ្នកជំនាញនៅធនគារ HSBC គឺធាតុពិតទៅថ្នាក់ដឹកនាំធំៗ បាន​ មានចេតនា ចង់ឲ្យ​ពិភពលោក​យើង ដើរលើផ្លូវដែល​មានកំណើនសេដ្ឋកិច្ច​យឺតសន្សឹមៗ ដើម្បី​ធ្វើយ៉ាងណា កាត់​បន្ថយ​សំពាធពី​បញ្ហាអតិផរណា ម្តងបន្តិច ៗ។ អ្នកវិភាគរូបនេះ អះអាងថា តាមពិតទៅនោះ ពិភពលោកយើង មិនទាន់ពើបប្រទះអស់នៅឡើយទេ នូវផលវិបាក​បង្កឡើងដោយ​អត្រាការប្រាក់គោលដែលឡើងខ្ពស់។ នៅរវាងប៉ុន្មានខែខាងមុខនេះ ផលវិបាក​នឹងជះមកលើសេដ្ឋកិច្ច មិនថានៅអឺរ៉ុប ឬនៅអាមេរិក ដែលវាប៉ះពាល់ដល់​សន្ទុះសេដ្ឋកិច្ចជាទូទៅ។អត្រាការប្រាក់ខ្ពស់​ គឺវាប៉ះពាល់ខ្លាំង ដល់ ហិរញ្ញវត្ថុសាធារណាៈ ខណៈដែល​ប្រទេសជាច្រើន មានបំណុលសាធារណៈច្រើនៗខ្លាំងណាស់រួចទៅហើយ។ ជាងនេះទៀត បន្ថែមពី​ការរកប្រាក់ដោះបំណុល​ ប្រទេសធំៗទាំងអស់ ត្រូវតែស្វែងរកប្រាក់ មក​ដោះស្រាយបញ្ហា ដូចជា​រឿងមនុស្សវ័យចំណាស់កាន់តែច្រើន និង​បញ្ហា​អន្តរអាកាសាធាតុជាដើម។ ដូច្នេះ រដ្ឋាភិបាលនីមួយ នឹងត្រូវតែបង្កើនការប្រុងប្រយ័ត្ន មុននឹងបញ្ចេញ​ប្រាក់ជួយទៅលើវិស័យណាមួយ​។ការនាំចេញចិន ធ្លាក់ចុះខ្លាំងក្នុងខែ​ឧសភា​តួលេខផ្លូវការរបស់អាជ្ញាធរគយចិន បានបង្ហាញថា ក្នុងខែឧសភា ការនាំចេញទំនិញរបស់ចិន បានធ្លាក់ចុះ ចំនួន៧,៥% បើគិតក្នុងរវាង​មួយឆ្នាំ​។ ចំណែកការនាំចូលទំនិញពីក្រៅវិញ នៅចិន ក៏បានធ្លាក់ចុះ ​ចំនួន​៤,៥%ដែរ ក្នុងខែឧសភា។ ចិនគឺជាទីផ្សារដ៏ធំរបស់ពិភពលោក។ ការនាំចេញនាំចូលរបស់ចិន គឺជាកញ្ចក់​ឆ្លុះឲ្យ​ឃើញ នូវ​ស្ថានភាពសេដ្ឋកិច្ច​ពិភពលោក​ទាំងមូលតែម្តង។ ទាក់ទិននឹងទំហំនាំចេញរបស់ចិន ដែលធ្លាក់ចុះ បើ​ផ្អែកតាមលោក Guillaume Dejean អ្នកវិភាគ​នៅការិយាល័យ Convera គឺវាជាផល​វិបាក​ដោយផ្ទាល់ នៃ​បញ្ហាអត្រាការប្រាក់ខ្ពស់ នៅតាមប្រទេសអឺរ៉ុបនិងអាមេរិក។ ការនាំចេញ​មួយផ្នែកធំរបស់ចិន គឺពឹងផ្អែកលើ​ខុសភាពឧស្សាហកម្មរបស់​ប្រទេសទាំងនេះ ដែល​គេ​យក​ទំនិញទៅ​ដំឡើងនៅចិន មុននឹងនាំចេញ​មកលក់វិញ។ អតិផរណា អាត្រាការប្រាក់ខ្ពស់​ ធ្វើ​ឲ្យ​ការបញ្ជាទិញធ្លាក់ចុះជារួម ដែល​ប៉ះពាល់ដល់ការនាំចេញរបស់ចិន។លោក Evans-Pritchard អ្នកវិភាគនៅ Capital Economics បានអះអាងថា ដំណឹងអាក្រក់នេះ នឹងមិនទាន់ចប់ទេ ពោលគឺរវាងប៉ុន្មានខែខាងមុខ ការនាំចេញរបស់ចិនប្រាកដជាចុះថយថែមទៀត។ ថ្វីបើចិនបានដកចេញនូវវិធានការ​រឹតបន្តឹងកូវីដ​ក៏ដោយចុះ តែសុខភាពសេដ្ឋកិច្ចនៅ​មិនទាន់ជាសះស្បឿយទេ ជាពិសេសទាក់ទិននឹងវិស័យ​អចលនទ្រព្យ ដែលជាបង្គោលសំខាន់មួយ​។ ឆ្នាំ​នេះ រដ្ឋាភិបាលចិនបានកំណត់​កម្មវត្ថុ សម្រេចកំណើនសេដ្ឋកិច្ចចំនួន៥% ដែលជាកំណើនទាបបំផុតណាស់ មិនធ្លាប់​មានទេសម្រាប់ចិន​។ ក៏ប៉ុន្តែលោក​នាយករដ្ឋមន្ត្រីចិន លី ឈាំង បានសារភាពថា កម្មវត្ថុ​នេះប្រហែលជាពិបាក​ធ្វើបានណាស់៕
6/7/20237 minutes, 11 seconds
Episode Artwork

អ៊ុយក្រែន និងរុស្ស៊ីទម្លាក់កំហុសដាក់គ្នា ក្នុងរឿងបំផ្ទុះបាក់ទំនប់វារីអគ្គិសនី Kakhovka

ប្រតិកម្ម​របស់មេដឹកនាំ​អឺរ៉ុបធ្លាក់ចុះ ជាបន្តបន្ទាប់  នៅថ្ងៃអង្គារនេះ នៅប៉ុន្មានម៉ោង ក្រោយ បាក់​ទំនប់វារី​អគ្គិសនី Kakhovka នៅក្នុង​តំបន់Kherson ភាគខាងត្បូង​ប្រទេស​អ៊ុយក្រែន។ រុស្ស៊ី និងអ៊ុយក្រែន​បាន​ចង្អុរ ចោទប្រកាន់គ្នាទៅវិញ ទៅមក ថា ជាអ្នកវាយប្រហារ​វារីអគ្គិសនី ​ Kakhovka។ នៅទីក្រុង​ឡាអេ ជាទី​ដែល​អ៊ុយក្រែន និង​រុស្ស៊ី​តទល់មុខគ្នា នៅតុលាការយុត្តិធម៌អន្តរជាតិ មន្រ្តីតំណាងអ៊ុយក្រែនចោទ​ប្រកាន់​រុស្ស៊ី​ថា ជា​រដ្ឋ​ភេរវនិយម វាយប្រហារ​ទំនប់វារីអគ្គិសនី ចំណែក​មេដឹកនាំ​អឺរ៉ុប នាំមុខ​ដោយ​ប្រធានក្រុមប្រឹក្សាអឺរ៉ុប នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ចេញមុខ​ថ្កោលទោស​ការវាយប្រហារ​ទៅលើ​ទំនប់វារីអគ្គិសនី។ នៅក្នុង​សេចក្តីថ្លែងការណ៍ ក្រសួងការបរទេស​អង់គ្លេស ចាត់ទុក​សកម្មភាព​វាយប្រហារ​ទៅលើ​រចនា​សម្ព័ន្ធ​ស៊ីវិលថា ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម។ តើការបំផ្លាញ Kakhovka ជាស្នាដៃ​របស់​អ្នកណា? ទំនប់​វារីអគ្គិសនី Kakhovka ក្នុង​តំបន់​Kherson ដែល​កាន់កាប់​ដោយ​កងទ័ពរុស្ស៊ី ត្រូវ​ខូចខាត ដោយសារ​គ្រាប់ផ្ទុះ។ភាគី​រុស្ស៊ី និង​អ៊ុយក្រែន​បាន​ចោទ ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញ ទៅមក ថា អ្នកវាយប្រហារ​បំផ្លាញ​ទំនប់​វារីអគ្គិសនី។ តាម​ចៅហ្វាយក្រុង​Nova Kakhovka ដែល​លើក​បន្តុប​ដោយ​កងទ័ពរុស្ស៊ីនៅ​តំបន់Kherson គឺ​កងទ័ពអ៊ុយក្រែន​ដែល​បាន​បាញ់គ្រាប់ផ្លោង សំដៅទំនប់ តាំងពីយប់ថ្ងៃ​ចន្ទ ឈាន​ចូលដល់​ថ្ងៃអង្គារ។ប៉ុន្តែ មេបញ្ជាការកងទ័ពអ៊ុយក្រែន ប្រចាំតំបន់ខាងត្បូងបាន​និយាយ​ថា កងកម្លាំងឈ្លានពាន​រុស្ស៊ី នៅក្នុងតំបន់​Kherson ជា​អ្នកដាក់​គ្រាប់បំផ្ទុះ ធ្វើ​ឲ្យទំនប់​មួយផ្នែក​ត្រូវ​បំផ្លាញ និង​បាក់ធ្លាយ លេចទឹក។ តាមភាគីអ៊ុយក្រែន ទាហានរុស្ស៊ីបំផ្ទុះបំផ្លាញ វារីអគ្គិសនី Kakhovka នៅពេលនេះ ដើម្បី​បង្ក​ឲ្យមានគ្រោះទឹកជំនន់​បាក់ទំនប់ ព្រោះថា ចេតនា​ពិតប្រាកដ​របស់រុស្ស៊ី គឺ បន្ទុចបង្អាក់ ការវាយប្រហារ​ទ្រង់ទ្រាយធំ​របស់អ៊ុយក្រែន នៅតំបន់ភាគខាងត្បូង។ ការលើកឡើង​របស់​ភាគី​អ៊ុយក្រែន អាច​សមហេតុផលម្យ៉ាងដែរ ព្រោះថា កងទ័ព​រុស្ស៊ី​អាចខ្លាច​ថា កងទ័ព​អ៊ុយក្រែន អាច​ប្រើទំនប់វារីអគ្គិសនី Kakhovka ជាផ្លូវ​ឆ្លងទឹកទន្លេ Dnipro ចូល​ទៅក្នុង​ដែនដី​ដែលរុស្ស៊ី​កំពុងកាន់កាប់​នៅក្នុងតំបន់​Kherson។ប្រធានាធិបតីអ៊ុយក្រែន លោក​ហ្សេឡេនស្គី​បានចេញមុខ បរិហារ​ការវាយប្រហារ​បំផ្លាញ ទំនប់​វារីអគ្គិសនី Kakhovka ដែលលោក​ចាត់ទុកថា ជាស្នាដៃ​របស់​ភេរវជនរុស្ស៊ី។ នៅក្រោយ ការវាយប្រហារ បំផ្លាញ​Kakhovka នៅព្រឹកថ្ងៃ​អង្គារ មេដឹកនាំ​អ៊ុយក្រែន​បាន​កោះប្រជុំបន្ទាន់​ក្រុមប្រឹក្សា​សន្តិសុខ នៅ​ទីក្រុង​កៀវ។វារីអគ្គិសនីរងការវាយប្រហារ ខូចខាត ជារឿង​ដែលគេធ្លាប់​បារម្ភ​រហូតមក ព្រោះថា ទំនប់មួយនេះ ស្ថិតនៅក្នុង​តំបន់សង្រ្គាម​ប្រយុទ្ធគ្នា​រវាង​កងទ័ពអ៊ុយក្រែន និង​រុស្ស៊ី។ ប្រធានាធិបតី​អ៊ុយក្រែនផ្ទាល់ ធ្លាប់បាន​ព្រមាន​ជាច្រើនដង​ហើយ​ថា រុស្ស៊ី​នឹង​អាច​វាយប្រហារ បំផ្លាញ​ទំនប់ វារីអគ្គិសនី Kakhovka ដើម្បីបង្កជាទឹកជំនន់ ជន់លិច​តំបន់​រស់នៅរបស់ប្រជាជនអ៊ុយក្រែន នៅ​តំបន់​Kherson។ កន្លងមក រុស្ស៊ី​បានវាយប្រហារ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ទំនប់ផ្សេងទៀត​របស់អ៊ុយក្រែន។Kakhovka ទំនប់ដ៏ធំ​សំខាន់របស់អ៊ុយក្រែនទំនប់វារីអគ្គិសនី Kakhovka ស្ថិតក្នុងចំណោម​ទំនប់​វារីអគ្គិសនី​សរុប ចំនួន ៦ ដែល​អ៊ុយក្រែន​សាងសង់ឡើង​នៅលើ​ដងទន្លេ Dnipro ប្រវែង ជាង​២ពាន់គីឡូម៉ែត្រ ដែលហូរកាត់ប្រទេស​អ៊ុយក្រែន ពីព្រំដែន​បេឡារុស រហូតដល់​សមុទ្រខ្មៅ។ជាមួយកំពស់ ៣០ម៉ែត្រ និង​ប្រវែងបណ្តោយ ជាង ៣គីឡូម៉ែត្រ កាត់ទទឹង​លើ​ទន្លេ Dnipro វារីអគ្គិសនី Kakhovka​ត្រូវបានសាងសង់ឡើង​នៅ​ឆ្នាំ ១៩៥៦ ក្នុងសម័យសហភាពសូវៀត។ ជាហេដ្ឋារចនាសម្ព័ន្ធ​ធំមួយ​របស់​អ៊ុយក្រែន ទំនប់ Kakhovka ដើរតួនាទី​ទប់ទឹកទន្លេ បង្កើតជា​អាងស្តុកទឹក​ដ៏ធំ សម្រាប់​ទឹកស្អាត​ប្រើប្រាស់ និង ផលិតអគ្គិសនី​សម្រាប់ប្រជាជន​អ៊ុយក្រែន នៅក្នុង​តំបន់​Kherson។ប៉ុន្តែ នៅ​ឆ្នាំ ២០២២ ទំនប់វារីអគ្គិសនី​Kakhovka បានធ្លាក់ទៅក្នុងដៃ​កងទ័ពរុស្ស៊ី ដែលបាន​ដៅ​ចង់​ចូល​គ្រប់គ្រង​វារីអគ្គិសនី នៅពេល​ធ្វើសង្រ្គាមឈ្លានពាន​តំបន់​Kherson ភាគខាងត្បូង​អ៊ុយក្រែន។ផលវិបាកនៃការបាក់ទំនប់Kakhovkaបាក់ទំនប់​ដ៏ធំ ដូចជា​ទំនប់​វារីអគ្គិសនី Kakhovka​នឹង​បង្កផលវិបាកធ្ងន់ធ្ងរ។ទី១ គឺ​ទឹកជំនន់ ដែល​ហូរចាក់ច្រាល​ចេញពី អាងស្តុកទឹក នៅតំបន់ខាងលើ ទៅចាក់ជន់លិចតំបន់​ប៉ែក​ខាងក្រោម។ ប្រជាជន​ដែលរស់នៅ​ភាគខាងក្រោម មិនថា ស្ថិតនៅ​ក្នុងតំបន់​ដែលកាន់កាប់​ដោយកងទ័ព​រុស្ស៊ី ឬ​ខាង​អ៊ុយក្រែន​គឺសុទ្ធតែរងគ្រោះ ដូចគ្នា។ជាក់ស្តែង គ្រាន់តែ បាក់ទំនប់ភ្លាម អាជ្ញាធរ​គ្រប់គ្រង​តំបន់ Kherson  ​ភាគខាងកើត​ទន្លេ Dnipro ដែលលើកបន្តុបដោយ​កងទ័ពរុស្ស៊ី បាន​បញ្ជា​ឲ្យ​ប្រជាជន​ដែលរស់នៅតាម​ដងទន្លេ ជាច្រើនគ្រួសារ​ឲ្យចាកចេញ​ពីផ្ទះសម្បែង ព្រោះថា ទឹកទន្លេ បានឡើងក្រឺត ពី ២ទៅ​៤ម៉ែត្រ​ក្នុងរយៈពេលតែប៉ុន្មានម៉ោង។ តាមអាជ្ញាធររុស្ស៊ី ប្រជាជន​ជាង ២ម៉ឺននាក់ ប្រឈម​នឹង​គ្រោះទឹកជំនន់ ដោយសារ​ការបាក់ទំនប់ Kakhovka។ការបាក់ទំនប់ Kakhovkaអាច​គំរាមកំហែង​ជន់លិច​ផងដែរ ទីក្រុង​Kherson ដែលកងទ័ពអ៊ុយក្រែន​ទើបវាយយកបាន​មកវិញ នៅ​ឆ្នាំនេះ។ តាម​អាជ្ញាធរអ៊ុយក្រែន នៅមុនទឹកជំនន់​អាច​ទៅ​ជន់លិច​ទីក្រុង​Kherson ប្រជាជន​អ៊ុយក្រែន នៅក្បែរ​ទំនប់ Kakhovka ប្រមាណ ១ម៉ឺន ៦ពាន់នាក់​កំពុងប្រឈម​នឹង​គ្រោះទឹកជំនន់។ផលវិបាកទី២​នៃ គ្រោះបាក់ទំនប់ Kakhovka គឺ ការផ្គត់ផ្គង់​ទឹកស្អាត​ប្រើប្រាស់ ជាពិសេស​សម្រាប់​តំបន់​គ្រីមេ ដែលរុស្ស៊ី កាត់យក​ពីអ៊ុយក្រែន នៅឆ្នាំ ២០១៤។ រហូតមក គ្រីមេ​រស់ពឹងអាស្រ័យ​លើ​ទឹកស្អាត ដែលមានប្រភពចេញពីអាងស្តុកទឹក នៅ​ទំនប់ Kakhovka។ផលវិបាកទី​៣ គឺ​គ្រោះខ្វះទឹក សម្រាប់​មជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្សាប៉ូរីចា​ដែលកំពុង​ស្ថិតនៅក្រោមការកាន់កាប់​របស់​កងទ័ព​រុស្ស៊ីដែរ។ រោងចក្រអគ្គិសនី​ដើរដោយថាមពល​នុយក្លេអ៊ែរ នៅហ្សាប៉ូរីចា ត្រូវការទឹកពី​អាងស្តុកទឹក​នៅ​ Kakhovka​ដើម្បី​យកទៅប្រើសម្រាប់បញ្ចុះកំដៅ ម៉ាស៊ីនប្រតិករ។ បើសិន​ទំនប់ Kakhovka​បាក់ បញ្ចេញ​ទឹក​ពី​ក្នុង​អាងស្តុកទឹក នោះ គេនឹង​លែងមានទឹកគ្រប់គ្រាន់ ដើម្បី​បញ្ចុះកំដៅ ម៉ាស៊ីនប្រតិករ ដែលនឹង​ធ្វើ​ឲ្យស្នូលរ៉ាក់អាក់ទ័រ​រលាយ បញ្ចេញសារធាតុវិទ្យុសកម្ម គំរាមកំហែងជីវិត​មនុស្ស។តាម​ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរ​អន្តរជាតិ រហូតមកដល់ម៉ោងនេះ មជ្ឈមណ្ឌលនុយក្លេអ៊ែរ នៅហ្សាប៉ូរីចា នៅមិនទាន់ប្រឈម​គ្រោះថ្នាក់នៅឡើយទេ ប៉ុន្តែ គេនៅតាមដានជាប់ ស្ថានការណ៍​បាក​ទំនប់ Kakhovka៕
6/6/20236 minutes, 53 seconds
Episode Artwork

តើអេមីរ៉ាត់អារ៉ាប់រួម ក្នុងនាមជាប្រធាន​ដឹកនាំCOP28 អាចជំរុញឲ្យ​ឈានទៅឈប់​ប្រើ​​​​ថាមពល​​ហ្វូស៊ីល​ដែរឬ​ទេ​ ?

សន្និសីទស្តីពីអាកាសធាតុ COP28 ឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិធ្វើទៅ​នៅ​ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម​។ ការប្រជុំ​ ដើម្បីពិភាក្សាលើសំណុំរឿងធំៗ ដែលគេនឹងសម្រេចនៅក្នុង​សន្និសីទនេះ បានចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទនេះ នៅទីក្រុងបូន ប្រទេសអាល្លឺម៉ង់។ ក្រសែភ្នែកទាំងពួង កំពុងតែសំឡឹងមើលទៅកាន់ តំណាង​អេមីរ៉ាត់អារ៉ាប់រួម ដែលដើរតួនាទីជាប្រធាន​ចាត់ចែង និងដឹកនាំ​សន្និសីទCOP28។ ក្នុងនាមជាប្រទេសផលិត ​និងនាំប្រេងចេញដ៏សំខាន់មួយ តើ​អេមីរ៉ាត់អារ៉ាប់រួម នឹងអាច​ជួយជំរុញឲ្យ​សន្និសីទនេះ ឈានទៅសម្រេចឲ្យ​ពិភពលោក ​ចាកចេញពី​ការប្រើប្រាស់ថាមពល​ហ្វូស៊ីល ដែលជាប្រភពបញ្ចេញ​ឧស្ម័ន​កាបូនិក ដែរឬទេ? អេមីរ៉ាត់អារ៉ាប់រួម ជាប្រធានដឹកនាំសន្និសីទCOP28សន្និសីទអន្តរជាតិ COP28 គឺជាសន្និសីទដែលគេជជែកពិភាក្សាគ្នា និងឈានទៅដាក់ចុះជាវិធានការ ដើម្បី​ទប់ស្កាត់ការកើនឡើងកំដៅផែនដី ដោះស្រាយវិបត្តិអាកាសធាតុ។ ដូចយើងដឹងហើយ ថាឧស្ម័នកាបូនិកដែលស្ថិតនៅក្រាសឃ្មឹកក្នុងបរិយាកាស គឺជាប្រភពធ្វើ​ឲ្យ​សីតុណ្ហភាពផែនដីយើងឡើងក្តៅ។ ហើយឧស្ម័នកាបូនិកនេះ វាកើតចេញពី​ចំហេះថាមពល​ហ្វូស៊ីល ដែល​មានដូចជាប្រេងឥន្ទនៈ ឧស្ម័ន និងធ្យូងថ្មជាដើម​នេះ​។ក៏ប៉ុន្តែ ដូចសុចិនាថដឹងហើយ អេមីរ៉ាត់អារ៉ាប់រួម គឺជាប្រទេសផលិត​ប្រេងដ៏ធំជាងគេមួយ ​ក្នុងពិភពលោកយើង។ ឲ្យ​ប្រទេសផលិតប្រេង មកដឹកនាំសន្និសីទអន្តរជាតិ ស្តីពីការកាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក វាគឺជា​រឿងចម្លែក និង​ដើរបញ្ច្រាសទិសខ្លាំងណាស់។ ហេតុដូច្នេះហើយ បាន​ជា​អង្គការការពារបរិស្ថានសឹងទាំងអស់ បានរិះគន់និងជំទាស់ខ្លាំងណាស់ ទាក់ទិននឹងភាពជាប្រធានដឹកនាំចាត់ចែងសន្និសីទ របស់​អេមីរ៉ាត់អារ៉ាប់រួមនេះ​។ ជាងនេះទៀត រដ្ឋាភិបាលអេមីរ៉ាត់អារ៉ាប់រួម បានសម្រេចជ្រើសរើសលោក Sultan al-Jaber ឲ្យធ្វើជាប្រធាន​ដឹកនាំសន្និសីទទាំងមូល។ លោក Sultan al-Jaber គឺជាអគ្គនាយក​ក្រុមហ៊ុន​ជាតិប្រេងកាត របស់អេមីរ៉ាត់អារ៉ាប់រួមតែម្តង​។ដើម្បីបង្ហាញ​ការជំទាស់ ថ្មីៗនេះទៀត សមាជិកសភាខុនហ្ក្រេសអាមេរិក និង​សមាជិកសភាអឺរ៉ុប បានរួមគ្នាអំពាវនាវ ថាត្រូវតែដក លោក Sultan al-Jaberចេញ មិន​ត្រូវឲ្យ​ថៅកែក្រុមហ៊ុន​ប្រេងដ៏ធំ ដែលលក់ប្រេងបញ្ចេញ​ឧស្ម័ន​កាបូនិក បំពុលបរិស្ថាន ឲ្យ​មកដឹកនាំសន្និសីទអន្តរជាតិស្តីពីអាកាសធាតុនោះឡើយ​។​ចាំបាច់ត្រូវមានវត្តមានចូលរួម ​របស់​ប្រទេសផលិតប្រេង​លោក ចន ឃែរី ដែលជាតំណាងប្រតិភូចរចា របស់រដ្ឋាភិបាលអាមេរិក ក៏ដូចជាលោក Frans Timmermans តំណាងប្រតិភូសហភាពអឺរ៉ុប គឺសុទ្ធតែបាន​ការពារ ការតែងតាំងលោក Sultan al-Jaber ឲ្យធ្វើជា​​ប្រធានដឹកនាំសន្និសីទCOP28។ គេបាន​ការពារថា វត្តមានជាប្រធានរបស់​អេមីរ៉ាត់អារ៉ាប់រួម គឺវាជារឿងចាំបាច់ ក្នុងការបូកបញ្ចូលគ្នារួបរួមគ្នា ហើយជាងនេះទៀត ផែនការដោះស្រាយ​វិបត្តិអាកាសធាតុ គឺត្រូវតែមានការចូលរួម​ពីក្រុមប្រទេសផលិត​ប្រេងផលិតឧស្ម័ន ដោយ​ចៀសមិនផុតទេ។ដោយឡែក លោក Sultan al-Jaber ខ្លួនឯង ក៏បានឆ្លើយ​អះអាងការពារខ្លួនដែរ ថាលោក​មិនមែនគ្រាន់តែជាអគ្គនាយកក្រុមហ៊ុន​ប្រេងកាតតែមួយមុខនោះទេ តែលោកក៏មានក្រុមហ៊ុនដ៏ធំ ផលិតថាមពល​ស្អាតស្អំ ថាមពល​កកើតឡើងវិញដែរ។ លោក ម្នាក់នេះ ធ្លាប់បានលើកឡើងថា យ៉ាងណាក៏ដោយ ថាមពលហ្វូស៊ីល វាមានសារៈសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចពិភពលោក។ ដូច្នេះ​គេមិនត្រូវបោះបង់​ចោលថាមពលប្រភេទនេះ ទាំងស្រុងនោះទេ។ លោក​បានអំពាវនាវថា ពិភពភពលោកត្រូវ​ជំរុញ រិះ​រកវិធី បំបាត់ឧស្ម័ន​កាបូនិកដែល​បញ្ចេញ​ចោលដោយថាមពលហ្វូស៊ីវិញ។ មានន័យថា ពិភពលោក​បន្តប្រើប្រេង ប្រើឧស្ម័នដដែល តែត្រូវតែរកបច្ចេកទេស ចាប់បូម បឺតយកឧស្ម័ន​​កាបូនិក ទៅទុក​មួយដុំ កុំ​ឲ្យ​វាហោះអណ្តែតចូលទៅក្នុងបរិយាកាស។ក៏ប៉ុន្តែ គិតត្រឹមបច្ចុប្បន្ននេះ បច្ចេកវិទ្យាចាប់ឧស្ម័នកាបូនិកស្តុកទុកនេះ គឺនៅមិនទាន់​ច្បាស់លាស់ ទូលំទូលាយ​ប៉ុន្មានទេ។បច្ចេកវិទ្យានេះ ត្រូវបាន​ផ្សព្វផ្សាយ​អួត ដោយ​បណ្តាប្រទេសផលិតប្រេង និង​ឧស្ម័ន ដើម្បីបន្តលក់ផលិត​ផ​ល​ខ្លួនតទៅមុខទៀត។​ តែវាជាបច្ចេកវិទ្យាថ្មី ត្រូវការការស្រាវជ្រាវបន្ថែមទៀត ហើយបើអាចយកមកប្រើបាន ក៏មានតែតាមប្រទេសធំៗ​ ដែល​មានលទ្ធភាពតែប៉ុណ្ណោះ។ កំហុសមកពី​​ថាមពលហ្វូស៊ីលប្រទេសកូនកោះខ្លះ ដែលកំពុងតែប្រឈមនឹងគ្រោះអាសន្ន ដោយសារតែវិបត្តិអាកាសធាតុ តួយ៉ាង កោះវ៉ានូអាទូ កោះទូវ៉ាលូ ជាដើម គឺរដ្ឋាភិបាល​គេ បានប្រកាសថ្កោលទោសដោយចំៗតែម្តង ថាកំហុសគ្រប់យ៉ាង គឺមកពីថាមពលហ្វូស៊ីល មានប្រេង ឧស្ម័ន និងធ្យូងថ្មនេះឯង។ ប្រទេសទាំង២នេះ បានទាមទារ ថាត្រូវតែបង្កើតសន្ធិសញ្ញាអន្តរជាតិ ទប់ស្កាត់ការរីកសាយ​ភាពថាមពលនេះ​តទៅអនាគត។ ពោលគឺពិភពលោក​មិនត្រូវបន្តដើរលើផ្លូវ ដែលប្រើប្រាស់ថាមពល​បញ្ចេញផ្សែងពុលទាំងនេះ ទទៅទៀតឡើយ។ ដោយឡែក ក្រុមប្រទេសសេដ្ឋកិច្ចធំៗ មានឧស្សាហកម្មរីកចម្រើន សមាជិកG7 បានប្រកាសសន្យាថ្មីៗនេះថា គេនឹងរៀបចំផែន ដើម្បីឈប់​ប្រើ​ថាមពល​ហ្វូស៊ីល ឲ្យ​បានឆាប់បំផុត។ តែទន្ទឹមគ្នានេះ​ ក្រុមប្រទេស G7  មិន​បានបញ្ជាក់អំពីកាលវិភាគ ថាឈប់ប្រើនៅពេលណាទេ ហើយ​បន្ថែមពីនេះ ក៏មិនមែនគ្រប់​ថាមពលហ្វូស៊ីលដែរ។ គឺនឹងឈប់ប្រើ តែថាមពលណា ដែលមិនអាចមានភ្ជាប់ជាមួយ​បច្ចេកទេសចាប់ស្តុកឧស្ម័នកាបូនិក។ មានន័យថា អាណាដែលគេអាចចាប់ស្តុកឧស្ម័ន​កាបូនិកបាន គឺគេនឹងនៅតែបន្តប្រើដដែល។យ៉ាងណាក៏ដោយ បើយើងក្រឡេកទៅមើល ទំហំនៃថាមពលស្អាតស្អំ ទូទាំងពិភពលោក គឺបាន​កើនឡើងគួរ​ឲ្យ​កត់សំគាល់។ យោងតាម ទីភ្នាក់ងារថាមពលអន្តរជាតិ AIE ទំហំវិនិយោគ​លើថាមពលកកើតឡើងវិញ ត្រូវគេរំពឹងថានឹងមានដល់ ១៧០០ពាន់​លានដុល្លារ ក្នុងឆ្នាំ​២០២៣នេះ។ តែជាមួយគ្នានេះ ការវិនិយោគ​លើថាមពលហ្វូស៊ីល នៅតែមានប្រមាណ​ជា​ ១០០០ពាន់លានដុល្លារ។ប្រាក់១០០ពាន់​លានដុល្លារក្នុងមួយឆ្នាំ​អ្វីដែលគេរំពឹងរងចាំ នៅក្នុង​ការ​ប្រជុំជជែកគ្នារយៈពេល​២សប្តាហ៍ នៅប្រទេសអាល្លឺម៉ង់ ដែលចាប់ផ្តើមនៅថ្ងៃទី​៥មិថុនា​គឺការបោះជំហានវិវឌ្ឍន៍នៅក្នុងសំណុំរឿង ចំនួន​ថវិកាជាក់ស្តែង ដែលត្រូវយកទៅប៉ះប៉ូវសងការខូចខាត និងជួយ​ប្រទេសក្រីក្រ ដែលរងគ្រោះដោយវិបត្តិអាកាសធាតុ។ ប្រទេសអ្នកមាន បានសន្យាថា នឹងប្រមូលប្រាក់​ឲ្យ​បាន​១០០ពាន់លានដុល្លាក្នុងមួយឆ្នាំ ដើម្បីជួយ​ប្រទេសក្រីក្រ។ តែបច្ចុប្បន្ននេះ ការសន្យានេះមានតែនៅលើក្រដាសទេ។ក្រុមអ្នកសង្កេតការណ៍ ក៏រំពឹងផងដែរថា ថានឹងមានការជជែកគ្នា អំពី​ ការធ្វើបូកសរុបទូទាំងពិភពលោក ទាក់ទិននឹងវិធានការដោះស្រាយ​វិបត្តិអាកាសធាតុ។ តាមការគ្រោងទុកការបូកសរុបនេះ នឹងត្រូវបង្ហាញ​ជាសាធារណៈ នៅខែកញ្ញាខាងមុខ ដើម្បី​ឲ្យ​ដឹងថា ប្រទេសនីមួយ​បានធ្វើអ្វីខ្លះហើយ ក្នុងការគោរពសន្ធិសញ្ញាស្តីពីអាកាសធាតុ ដែលបានចុះហត្ថលេខានៅទីក្រុងប៉ារីស កាលពីឆ្នាំ​២០១៥។ការងាររបស់​អេមីរ៉ាត់អារ៉ាប់រួម នៅក្នុង​ការជជែកចរចាគ្នា ក៏គេកំពុងរងចាំតាមដានដែរ។ គេរងចាំមើល ថាតើប្រទេសនេះ នឹងប្រឹងប្រែងការពារតែ​ផលប្រយោជន៍សេដ្ឋកិច្ចខ្លួន ក៏ដូចជារបស់​ប្រទេស​ផលិតប្រេងគ្នាឯង ឬមួយក៏មានចេតនាពិតប្រាកដ ចង់​ចូលរួមដោះស្រាយ​ កាត់បន្ថយ​ឧស្ម័នកាបូនិក​ពិតមែន​។
6/5/20237 minutes, 23 seconds
Episode Artwork

ក្រុមប្រទេសផលិត​ប្រេង ប្រជុំគ្នាដើម្បីនិយាយអំពី​ការកាត់បន្ថយ​ទំហំផលិត ខណៈតម្លៃប្រេង​ធ្លាក់ចុះ

នៅទីក្រុងវីយែន ថ្ងៃអាទិត្យ​ទី​៤មិថុនានេះ ក្រុមប្រទេសផលិត​ប្រេង កំពុងតែជួបប្រជុំគ្នា ដើម្បី​រកដំណោះស្រាយ​ ទាក់ទិន​នឹងបញ្ហាតម្លៃប្រេងដែល​ធ្លាក់ចុះថោក។ ការកាត់បន្ថយ​ទំហំនៃការផលិត អាចនឹងត្រូវគេយកមកជជែកគ្នា ដើម្បី​អាច​ទាញតម្លៃប្រេងឲ្យឡើងថ្លៃ ឡើងវិញ។ តែទន្ទឹមគ្នានេះ ការជំទាស់គ្នា​រវាង​អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលជាប្រទេសផលិតប្រេង​ដ៏ធំទាំងពីរនោះ ប្រហែលអាចជាឧបសគ្គ រារាំងមិនឲ្យ​មានការត្រូវរ៉ូវគ្នា​ ណាមួយបាន​។ មួយធុងបារីល ខ្ទង់​ជាង​៧០ដុល្លារ​ភ្លាមៗក្រោយ​សង្គ្រាម​នៅអ៊ុយក្រែនបានផ្ទុះឡើង តម្លៃប្រេងបាន​ឡើងថ្លៃមួយរំពេច មួយធុងបារីល ខ្ទង់​១៤០ដុល្លារឯណោះ។ ក៏ប៉ុន្តែតម្លៃនេះបាន​ធ្លាក់ចុះទៅវិញ រហូតបច្ចុប្បន្ន សល់តែ​ខ្ទង់ជាង​៧០ដុល្លារប៉ុណ្ណោះ ក្នុងមួយធុងបារីល។ប្រឈមនឹងបញ្ហានេះ ក្រុមប្រទេសផលិតប្រេង OPEP ទាំង១៣ប្រទេស ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត រួមជាមួយប្រទេសដៃគូរ ចំនួន​១០ប្រទេស​ទៀត ដែលដឹកនាំដោយរុស្ស៊ី កំពុងតែជួបប្រជុំគ្នានៅ ទីក្រុងវីយែន ប្រទេសអូទ្រីស ដើម្បីជជែកគ្នា រកវិធានការដើម្បីទាញតម្លៃប្រេងឲ្យ​ឡើងបន្តិចវិញ ឬយ៉ាងហោច ត្រឹមទប់កុំឲ្យ​វាចុះថោកជាងនេះទៀត។ បើតាម​ប្រភពដែលស្និទនឹងកិច្ចប្រជុំបន្ទាន់នេះ គឺគេរំពឹងថា នឹងអាចឈានទៅស្រុះស្រួលគ្នា កាត់បន្ថយទំហំផលិត ខ្ទង់ ពី ៧សែន ទៅ១លានធុងបារីលក្នុងមួយថ្ងៃ ដោយបែងចែកកូតាគ្នាទៅតាមទំហំផលិត របស់ប្រទេសនីមួយៗ។តែយ៉ាងណា តំណាងប្រទេសផលិត​ប្រេងធំៗ ដូចជាមិនសូវចង់បង្ហាញ​ ក្តីសង្ឃឹមប៉ុន្មានទេ ទាក់ទិននឹងលទ្ធផលនៃការប្រជុំនេះ។ លោក Amir Hossein Zamaninia តំណាងឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ បាន​ប្រាប់អ្នកកាសែតកាល​ពីល្ងាចម្សិលមិញថា ជម្រើសទាំងអស់ត្រូវដាក់លើតុ ដើម្បីជជែកគ្នា។ ព្រះអង្គម្ចាស់ ម៉ូហាមេត បេនសាល់ម៉ាន់ វិញ បាន​ឆ្លើយ​ពង្វាងដានអ្នកកាសែតតែម្តង។ ចំណែកតំណាងឧស្សាហកម្មប្រេងរបស់​អេមីរ៉ាត់អារ៉ាប់រួមវិញ បាន​លើកឡើងថា លោករំពឹងរងចាំការសម្រេចរួមមួយ ដែលនឹងឈានទៅ​រក្សា​លំនឹងទីផ្សារប្រេង​។សេដ្ឋកិច្ចពិភពលោក គ្របដណ្តប់​​ដោយផ្សែងខ្មៅ​កាលពីខែមេសា ក្រុមប្រទេសផលិតប្រេង OPEP+ទាំង២៣ប្រទេស បាន​ព្រមព្រៀងគ្នា កាត់បន្ថយទំហំផលិត ចំនួន​១លាន​៦សែនធុងបារីលក្នុងមួយថ្ងៃ រួចទៅហើយ។ ហើយ​មុននេះ កាលពីខែតុលា គេបានកាត់បន្ថយ​ចំនួន​ ប្រមាណ​២លានធុងបារីលរួចហើយដែរ។ ក៏ប៉ុន្តែ​ តម្លៃប្រេងឆៅនៅតែបន្តធា្លក់ចុះ ប្រមាណ​១០%ទៀត គិតចាប់ពីខែមេសាមក។ដូច្នេះ កត្តាដែលទាញតម្លៃប្រេងឲ្យ​ធ្លាក់ចុះ គឺវាមិនអាស្រ័យទៅលើទំហំផលិតថាមានតិចឬច្រើន តែមួយមុខនោះទេ។ ស្ថានភាពបច្ចុប្នន្បនេះ គឺបញ្ហាសេដ្ឋកិច្ចសកលលោកយើង ដែល​ស្រអាប់ តានតឹងខ្លាំង ដែលធ្វើ​ឲ្យ​ទីផ្សារសេដ្ឋកិច្ច មិនសូវមានសង្ឃឹម ហើយ​សកម្មភាព​ផលិតគ្រប់បែបយ៉ាង ហាក់ដូចជានៅទ្រឹង។ អត្រាអតិផរណាកើនឡើងជាលំដាប់ ទំនិញឡើងថ្លៃគ្រប់មុខ ហើយបានបង្ខំចិត្ត ឲ្យ​ធនាគារកណ្តាល​នៅតាមប្រទេសធំៗនានា ជាពិសេសនៅអឺរ៉ុបតែម្តង បានសម្រេចទាញតម្លើងអត្រាការប្រាក់កណ្តាល។​ កត្តានេះ វាបាន​ធ្វើឲ្យ​វិស័យឯកជន ពិបាកក្នុងការទទួលបាន​កម្ចី ហើយក៏មិន​សូវហ៊ាន​បោះទុករកស៊ីដែរ។ បន្ថែមពីនេះទៀត សេដ្ឋកិច្ចចិនក្រោយ​កូវីដចប់ទៅមែន តែនៅតែលំបាក មិនសូវកើនសន្ទុះប៉ុន្មាន​ទេ ប៉ុន្មានខែមកនេះ​ ដោយសារតែបរិបទ​សង្គ្រាម​នៅអ៊ុយក្រែនផង និង​បញ្ហា​ភាពតាន​តឹងជាមួយ​អាមេរិក ក្នុងសំណុំរឿងកោះតៃវ៉ាន់ផង។តែយ៉ាងណា ប្រឈមនឹងបញ្ហាតម្លៃប្រេងធ្លាក់ចុះនេះ គឺប្រទេសផលិត​ប្រេងប្រហែលជាមិនអាចមានជម្រើសអ្វីផ្សេងទេ ក្រៅតែពីវិធានការកាត់បន្ថយទំហំផលិត ទំហំស្តុក ដោយសង្ឃឹមវានឹងដាស់ទីផ្សារឲ្យ​កម្រើក ទាញតម្លៃឡើងបន្តិចវិញ។ សម្រាប់ប្រទេសទាំងនេះ ប្រេងឆៅគឺជាប្រភពចំណូលដ៏ធំបំផុត ដូច្នេះបើលក់​បានថោក រដ្ឋគេក៏បានចំណូលតិចទៅតាមនោះ។ ដោយឡែក ក្រុមប្រទេសនៅអឺរ៉ុបវិញ បានស្តីបន្ទោសថា ក្រុមប្រទេសផលិតប្រេងទាំងនេះ ពូកែលេងល្បិចណាស់ ម្តងដំឡើង ម្តងបន្ថយការផលិត ទៅតាម​តែចិត្តចង់ ដោយ​ធ្វើ​យ៉ាងណាឲ្យ​តែបានចំណេញច្រើន ដោយ​មិនគិត​ពី​ផលលំបាក​លើសេដ្ឋកិច្ចពិភពលោក​ជារួម។រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត មានអត្ថប្រយោជន៍​មិនស្របគ្នា​រុស្ស៊ី និង​អារ៉ាប៊ីសាអូឌីត មាន​ផលប្រយោជន៍ មិនដូចគ្នានោះទេ នៅក្នុងរឿងនេះ។  សម្រាប់​រុស្ស៊ី គឺគេមិនសូវ​ចង់​កាត់បន្ថយ​ទំហំនៃការផលិត​នាំចេញទេ ព្រោះថារាល់ថ្ងៃនេះ ការនាំចេះរបស់រុស្ស៊ីបានធ្លាក់ចុះរួចទៅហើយ ដោយសារតែទណ្ឌកម្ម​របស់​ក្រុមប្រទេសលោកខាងលិច។ ដូច្នេះ វាគឺជាអាទិភាពសម្រាប់រុស្ស៊ី ដែលត្រូវតែ​បន្តរក្សាទំហំផលិតឲ្យ​បាន​ខ្ពស់ តាមតែអាចធ្វើទៅបាន ព្រោះថារាល់ថ្ងៃនេះ ការនាំចេញប្រេង គឺជាប្រភពចំណូលដ៏ធំដែលនៅសល់សម្រាប់ឲ្យរុស្ស៊ីយកលុយទៅចំណាយ​ធ្វើសង្គ្រាមនៅអ៊ុយក្រែន​។ចំណុចមួយទៀត គឺថា​បើប្រេងកាន់តែឡើងថ្លៃ គឺវាមិនចំណេញ​អ្វីដល់រុស្ស៊ីទេ។ រុស្ស៊ីជាប់ទណ្ឌកម្មក្រុមប្រទេសលោកខាងលិច ដែលហាម​ឃាត់ ក្រុមហ៊ុនទាំងអស់ មិនថាក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុន​ធានារ៉ាបរងអីជាដើម មិនត្រូវរកស៊ីជាមួយប្រេងរបស់រុស្ស៊ីទេ ប្រសិនបើប្រេងនោះ មានតម្លៃលើសពី ៦០ដុល្លារ ក្នុងមួយធុងបារីល។ ទណ្ឌកម្ម​នេះ គឺគេចង់ធ្វើ​ឲ្យរុស្ស៊ី អាចបន្ត​លក់ប្រេងបាន តែចំណេញតិចបំផុត។ ដោយឡែក សម្រាប់អារ៉ាប៊ីសាអូឌីតវិញ គឺគេត្រូវការ​ឲ្យ​ប្រេងឡើងថ្លៃដើម្បីបានចំណេញ​។ យោងតាម​លោកស្រី Barbara Lambrecht នៅ​CommerzBank គឺអារ៉ាប៊ីសាអូឌីតមានថ្លៃដើមចំណាយ​ខ្ពស់ ដែលតម្រូវ​ឲ្យ​លក់​ចេញ​ទាល់តែចាប់ពី​៨០ដុល្លារក្នុងមួយធុងបារីល បានចំណេញ​។ ចំណែកប្រេង​រុស្ស៊ី ការចំណាយថ្លៃដើម ទាបជាងខាង​អារ៉ាប៊ីសាអូឌីត។ កាលៈទេសៈពេលនេះ គឺពិបាកស្មានទុកណាស់ ថានឹងមានការត្រូវរ៉ូវគ្នា រវាងមហាយក្សផលិតប្រេងទាំង​២នេះ​។ លោក​ Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី ធ្លាប់បាន​លើកឡើងថា ភាគីរុស្ស៊ី ដូចជាមិនយល់ថាមានការចាំបាច់អ្វី​ ក្នុងការផ្លាស់ប្តូ​រផ្លូវដើរនោះទេ។ ពោលគឺរុស្ស៊ីចង់រក្សា​ស្ថានការណ៍​បច្ចុប្បន្ននេះឲ្យ​នៅដដែរ ដែលមាន​ន័យថា បន្តអនុវត្តការព្រមព្រៀងគ្នាកាលពីមេសា ដែលកាត់បន្ថយ​ចំនួន​១លាន​៦សែនធុងក្នុងមួយថ្ងៃ រហូតដល់ដាច់ឆ្នាំ​២០២៣។តែសួរថា អារ៉ាប៊ីសាអូឌីត សុខចិត្តទេ? កាល ពីខែមីនា ឆ្នាំ​២០២០ រុស្ស៊ីធ្លាប់បានប្រកែកមិនកាត់បន្ថយ​ការផលិត អារ៉ាប៊ីសាអូឌីតខឹងពេក ក៏បន្ថែមការផលិត​ផ្គើនវិញ ធ្វើឲ្យទីផ្សារជនជោរសុទ្ធតែប្រេង តម្លៃប្រេងបានធ្លាក់ចុះ អត់ចំណេញទាំងអស់គ្នា។ តែយ៉ាងណា បើផ្អែកតាមការវិភាគរបស់លោក Yousef Alshammari អ្នកវិភាគទីផ្សារប្រេង នៅ​CMarkits គឺថាអារ៉ាប៊ីសាអូឌីត មិនចង់ឲ្យសេណារីយ៉ូនេះ កើតឡើងម្តងទៀតនោះទេ៕
6/4/20237 minutes, 1 second
Episode Artwork

ប្រមុខការពារជាតិចិនចាប់ដៃ ប៉ុន្តែមិនជួបពិភាក្សាស៊ីជម្រៅជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក

ភាពមិនចុះ​សម្រុងគ្នា​រវាង អាមេរិក និង​ចិន ត្រូវ​បាន​ភាគីអាមេរិកយកទៅ​លាតត្រដាង​ នៅក្នុងជំនួបកំពូល​ស្តីពីសន្តិសុខ​អាស៊ី ដែលចាប់ផ្តើម​បើកទ្វារ នៅ​ប្រទេស​សិង្ហបុរី ពី​ថ្ងៃ សុក្រទី​២​មិថុនា ដល់ថ្ងៃអាទិត្យ​ទី ៤មិថុនា។ ថ្លែងនៅក្នុង សន្និសីទ​Sangri-La ដែលមានការចូលរួម​ពី​ប្រមុខការពារជាតិ​របស់​បណ្តាប្រទេស​អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃ​សៅរ៍នេះ រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក លោក​ឡយ អូស្ទីន​បានគូសបញ្ជាក់​ពីសារៈសំខាន់​នៃជំនួប ពិភាក្សា ជាមួយ​ភាគីចិន ដើម្បី​ជៀសវាង​ការភ័ន្តច្រលំ ដែលអាច​ឈាន​ទៅបង្កឲ្យមានជម្លោះរវាង​មហាអំណាច​ទាំងពីរ។ រដ្ឋមន្រ្តីការពារជាតិអាមេរិកលើកឡើង​ពីសារៈសំខាន់នៃ​ជំនួបជាមួយ​សមភាគីចិន នៅបន្ទាប់ពី ចិន​បដិសេធ​មិនទទួលការអញ្ជើញ​របស់អាមេរិក ដែលចង់​ឲ្យមានជំនួបពិភាក្សាផ្ទាល់​រវាង​រដ្ឋមន្រ្តីការពារអាមេរិក និងចិន នៅក្នុង​ឱកាស​ចូលរួម​ក្នុង​សន្និសីទ​ Sangri-La នៅប្រទេស​សិង្ហបុរី។ នៅក្នុងជំនួបកំពូលស្តីពីសន្តិសុខអាស៊ី នៅថ្ងៃសៅរ៍នេះ រដ្ឋមន្រ្តី​ការពារ​អាមេរិកបញ្ជាក់ជំហរ​របស់អាមេរិក​ដើម្បីការពារសម្ព័ន្ធមិត្ត និង​ប្រទេស​ដៃគូ នៅចំពោះមុខ​ការគំរាមកំហែង ដាក់សម្ពាធ​របស់​ចិន។ ដូចទម្លាប់ ជំនួបកំពូល​ស្តីពីសន្តិសុខ​អាស៊ី បាន​ក្លាយជា​វេទិកា ដែល​មហាអំណាច​អាមេរិក និង​ចិនដំឡើង​សំឡេង​រិះគន់ វាយប្រហារ​គ្នា ទៅវិញ ទៅមក គិតចាប់តាំង​ពី​ចិន​ពង្រីក​ដែន​ឥទ្ធិពល ប្រកាសជាម្ចាស់ផ្តាច់មុខ នៅ​សមុទ្រ​ចិន​ខាងត្បូង។អាមេរិក​ផ្ទាល់​ដែល​បែរយុទ្ធសាស្រ្ត​យោធា ទៅ​អាស៊ីប៉ាស៊ីហ្វិក បន្ត​បញ្ចុះបញ្ចូល​ប្រទេស​នៅក្នុងតំបន់​ឲ្យគាំទ្រ​នយោបាយ​ចក្ខុវិស័យ​របស់អាមេរិក នៅអាស៊ីប៉ាស៊ីហ្វិក នោះគឺ ការគោរព​ច្បាប់អន្តរជាតិ ការធានាសេរីភាពក្នុងការធ្វើដំណើរ នៅក្នុង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេស​នៅសមុទ្រ​ចិនខាង​ត្បូង។ ថ្លែងទៅកាន់​អ្នកចូលរួម ដែល​ជារដ្ឋមន្រ្តីការពារជាតិ មន្រ្តីការទូត និង​ក្រុមហ៊ុន​លក់អាវុធ នៅក្នុង​កិច្ចសន្ទនា សង់គ្រីឡា នៅថ្ងៃនេះ ប្រមុខការបរអាមេរិក​លោក​ឡយ អូស្ទីន មិនរារែក​នឹង​និយាយ​ថា ការគាំទ្រ​ចក្ខុវិស័យរបស់អាមេរិក​ជា​មធ្យោបាយ​ដ៏ល្អបំផុត​ដើម្បី​ទប់ទល់​ការពង្រីកដែនឥទ្ធិពល​របស់​ចិន នៅក្នុង​តំបន់។ តាម​ប្រមុខការពារជាតិអាមេរិក អាមេរិក​បង្កើនការសហការ បណ្តុះបណ្តាល​ជាមួយ​ប្រទេស​ដៃគូនៅក្នុងតំបន់ ដើម្បី​ធានា​ថា ប្រទេស​តូចធំ អាច​ធ្វើការហោះហើរ និង​ធ្វើនាវាចរ ដោយ​គ្មាន​បញ្ហា នៅក្នុង​តំបន់​ទឹក​អន្តរជាតិ ដូចជា​នៅ​សមុទ្រចិនខាងត្បូង។រដ្ឋមន្រ្តីការពារជាតិ​អាមេរិក​បាន​និយាយ​ធានា​សម្ព័ន្ធមិត្ត និង​ប្រទេស​ដៃគូ ថា អាមេរិក​នឹងនៅ​ការពារ ​មិន​បណ្តោយឲ្យ​ចិនធ្វើបាប គំរាមកំហែងសម្ព័ន្ធមិត្ត​របស់អាមេរិក។ ប៉ុន្តែ យ៉ាងណាក៏ដោយ អាមេរិក​ក៏មិនព្យាយាម ចង់បាន​ជម្លោះ ចង់​បាន​ការប្រឈមមុខ​ដាក់គ្នា ជាមួយចិនដែរ។ អាមេរិក​នៅតែបើកទ្វារសម្រាប់ការពិភាក្សា​ថ្នាក់ដឹកនាំជាន់ខ្ពស់​យោធា​របស់​ប្រទេស​ទាំងពីរ ចិន និងអាមេរិក។តាំងពីមុនជំនួបកំពូល​នៅ​សិង្ហបុរី រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក​ឡយ អូស្ទីន​បាន​ទាមទារ​ចង់​ជួប​រដ្ឋមន្រ្តីការពារជាតិ​ចិន ដើម្បី​កាត់បន្ថយភាពតានតឹង រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ រដ្ឋមន្រ្តីការពារជាតិ​ថ្មី​របស់​ចិន គឺ​លោក​លី ស្ហាំងហ្វូ​បាន​បដិសេធ​មិនទទួលជួប។លោកឡយ អូស្ទីន​និង​លោក​លី ស្ហាំងហ្វូចាប់ដៃ និងសើចដាក់គ្នា នៅក្នុង​កម្មវិធី​ទទួល​ទានអាហារ រូបថត​របស់ទីភ្នាក់ងារព័ត៌មានបរទេស បង្ហាញ​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក និង​រដ្ឋមន្រ្តីការពារជាតិ​ចិនចាប់ដៃ និង​សើចដាក់គ្នា នៅក្នុង​ចំណោមថ្នាក់ដឹកនាំ​ផ្សេងទៀត នៅមុន​កម្មវិធីទទួលទានអាហារ កាលពីថ្ងៃ​សុក្រម្សិលមិញ។ ប្រមុខ​ការពារជាតិ​ទាំងពីរ នៅបានអង្គុយទល់មុខគ្នា នៅក្នុង​កម្មវិធីពិភាក្សារួម ដែលជាផ្នែកមួយនៃ​កិច្ចប្រជុំ​កំពូល សង់គ្រីឡា។ ប៉ុន្តែ នៅក្នុង​សន្និសីទ នៅ​ថ្ងៃសៅរ៍ រដ្ឋមន្រ្តីការពារជាតិ លោកឡយ អូស្ទីន​និយាយ​ថា ការចាប់ដៃ រលាក់តែមួយភ្លែត នៅក្នុងកម្មវិធីទទួលទានអាហារ មិន​គ្រប់គ្រាន់ ទៅ​អាចជំនួស​ការពិភាក្សា​ស៊ីជម្រៅរវាង​ភាគីទាំងពីរដែរ។លោក​រដ្ឋមន្រ្តី​ការពារ​ជាតិអាមេរិក​បាន​លើក​យក​បញ្ហា​នេះ ទៅ​និយាយបើកចំហរ​នៅ​ក្នុង​សន្និសីទ នៅព្រឹកថ្ងៃ​សៅរ៍ ដោយ​បញ្ជាក់ថា ការជួបពិភាក្សា​ជាមួយ​ចិន គឺ​សំខាន់​ដើម្បី​ជៀសវាង ការយល់ច្រលំ ការគិតខុស ដែលអាចបណ្តាល ឲ្យកើតមាន​ជម្លោះ។ បើតាម​លោក​ឡយ អូស្ទីន អាមេរិក​ជឿថា ការបើកផ្លូវពិភាក្សា​ជាមួយ​ចិន សំខាន់ណាស់ ជាពិសេស រវាងថ្នាក់ដឹកនាំក្រសួងការពារជាតិរបស់ប្រទេស​ទាំងពីរ។នៅចំពោះមុខ​អ្នកចូលរួម រដ្ឋមន្រ្តីការពារជាតិ​អាមេរិក​និយាយដោយមិនលាក់លៀមថា លោកបារម្ភខ្លាំងណាស់ ដែល​ឃើញ ចិន មិន​ចង់​ពិភាក្សាជាមួយអាមេរិក មិន​ចង់​ស្វែងរកដំណោះស្រាយ​ដើម្បីរកច្រកចេញ ឲ្យ​វិបត្តិដែល​កងទ័ពរបស់​ប្រទេស​ទាំងពីរ​កំពុងមាននឹងគ្នា។ នៅត្រង់ចំណុចនេះ រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក​រិះគន់សកម្មភាព ទង្វើដ៏គ្រោះថ្នាក់ របស់​ចិន សមុទ្រចិនខាងត្បូង។ នៅ​សបា្តហ៍មុននេះ អាមេរិក​បាន​ចោទ​ចិនថា​បាន​បញ្ជូន យន្តហោះចម្បាំង​ទៅបើកបំភិតបំភ័យ​អ្នកបើកយន្តហោះអាមេរិក ដែល​កំពុងធ្វើបេសកកម្ម​ហោះហើរ ធានា​សន្តិសុខ នៅក្នុងដែនអាកាស ពីលើ​សមុទ្រ​ចិន​ខាងត្បូង។ចិនទាមទារ​ឲ្យ​អាមេរិក​ដក​លោក លី ស្ហាំងហ្វូ ចេញពីបញ្ជីទណ្ឌកម្មនៅថ្ងៃសៅរ៍ គេ​នៅមិនទាន់​លឺ​រដ្ឋមន្រ្តី​ការពារ​ជាតិចិន លោក​លី ស្ហាំងហ្វូ និយាយ​ប្រតិកម្ម​ទៅនឹង​ការលើកឡើង​របស់​រដ្ឋមន្រ្តីការពារជាតិអាមេរិក។ គេ​មិនដឹងច្បាស់ថា តើ​រដ្ឋមន្រ្តីការពារជាតិ​ចិន មានវត្តមាននៅក្នុងបន្ទប់សន្និសីទ​ជាទីដែល​រដ្ឋមន្រ្តីការបរទេស​អាមេរិក​និយាយ​រិះគន់​ចិនដែរឬទេ។តាមគម្រោងរបស់​កិច្ចប្រជុំកំពូល សង់គ្រីឡា រដ្ឋមន្រ្តីការពារជាតិ​ចិន​នឹង​ឡើង​និយាយ​នៅថ្ងៃអាទិត្យទី ៤​មិថុនា។ ប៉ុន្តែ នៅមុនប្រតិកម្មយ៉ាងណា​របស់​រដ្ឋមន្រ្តីការពារជាតិ ចិន មន្រ្តីរបស់​គណៈប្រតិភូ​ក្រសួងការពារជាតិ​ចិន​បាន​និយាយ​ប្រាប់អ្នកកាសែត​បណ្តើរៗ​ពីជំហរយល់ឃើញ​របស់​ចិន។ ជាក់ស្តែង អ្នកនាំពាក្យ​របស់ក្រសួងការពារជាតិ​ចិន លោក Tang Hefei បាន​និយាយ​ថា ចិន​ប្រឆាំង​ដាច់ខាត​ការលើកឡើង​របស់​អាមេរិក និងថា រដ្ឋមន្រ្តីការពារជាតិអាមេរិក​បាន​និយាយ​ចោទប្រកាន់​ចិន ខុស​ទាំងស្រុង។ តាម​មន្រ្តីចិន អ្វីដែល​កងទ័ពចិន​កំពុងធ្វើសព្វថ្ងៃ គឺ​ផ្អែកទៅលើ​ប្រយោជន៍សន្តិសុខជាតិចិន ដែលសំខាន់ណាស់​សម្រាប់​ចិន។ មន្រ្តីជាន់ខ្ពស់ម្នាក់​ទៀត​របស់គណៈប្រតិភូចិន គឺលោក Jing Jianfeng ដែលដកស្រង់សំដី ដោយ​ទីភ្នាក់ងារ​APបាននិយាយថា ​ចិននៅតែ​រក្សា​ជំហរដដែល គឺចិន​ជាម្ចាស់កម្មសិទ្ធិ​ទៅលើ​បណ្តាកោះ នៅ​សមុទ្រចិន​ខាងត្បូង និងតំបន់ដែនទឹកក្បែរកោះទាំងនោះ និង​ថា តៃវ៉ាន់ ជា​ផ្នែកមួយ​នៃដែនដី​របស់​ចិន។ទាក់ទង​នឹងការអញ្ជើញ របស់អាមេរិក ដើម្បី​បើកជំនួបពិភាក្សា​ជាមួយរដ្ឋមន្រ្តីការពារជាតិ​ចិន អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​ចិន នៅបាន​និយាយបែបចំអក​ថា អាមេរិក​ត្រូវ​ដកទណ្ឌកម្ម​ចេញពី​រដ្ឋមន្រ្តីការពារជាតិជាមុន។ តាមមន្រ្តីខាងលើ ការដកចោល​ទណ្ឌកម្ម​សេដ្ឋកិច្ច្ ដែលអាមេរិក​បាន​ដាក់​ទៅលើ​លោក លី ស្ហាំងហ្វូ តាំងពីលោកនៅមិនទាន់ ក្លាយជា​រដ្ឋមន្រ្តីការពារជាតិ ថ្មី របស់​ចិន អាច​ជា​លក្ខខណ្ឌមួយ បើសិន រដ្ឋមន្រ្តីការពារជាតិ​អាមេរិក​ចង់ជួបពិភាក្សា​ជាមួយ លោក​រដ្ឋមន្រ្តីចិន លី ស្ហាំងហ្វូ។ លោក​លី ស្ហាំងហ្វូ ត្រូវ​រដ្ឋបាលលោកដូណាល់ ត្រាំ ដាក់ក្នុងបញ្ជីទណ្ឌកម្មរបស់​អាមេរិក ក្នុងរឿង​លោកទិញសព្វាវុធ និងយន្តហោះចម្បាំង​របស់រុស្ស៊ី នៅឆ្នាំ ២០១៨។ ប៉ុន្តែ អាមេរិកថា ទោះលោក លី ស្ហាំងហ្វូ រដ្ឋមន្រ្តីការពារជាតិ​ចិន​សព្វថ្ងៃ ជាប់ក្នុងបញ្ជីទណ្ឌកម្ម មានន័យថា លោកមិនអាច​ធ្វើដំណើរ ធ្វើ​ជំនួញ នៅអាមេរិក ប៉ុន្តែ អាមេរិក​នៅតែ​អាចជួបពិភាក្សា​ជាមួយរដ្ឋមន្រ្តីការពារជាតិ​ចិនដដែល។
6/3/20237 minutes, 29 seconds
Episode Artwork

អឺរ៉ុប​ចង់​ធ្វើច្បាប់​ ឲ្យ​ក្រុមហ៊ុន​មានការទទួលខុសត្រូវ ​ស្តីពីការ​គោរព​សិទ្ធិមនុស្ស​ សង្គម និងបរិស្ថាន

កាលពីថ្ងៃព្រហស្បតិ៍ ទី​១មិថុនា សភាអឺរ៉ុបបានបើកការប្រជុំពេញអង្គ និងបាន​អនុម័តអត្ថបទគម្រោងច្បាប់មួយ ដែល​មានខ្លឹមសារ បង្កើតឲ្យមាន “ករណីកិច្ចត្រូវប្រុងប្រយ័ត្ន” ដែលក្រុមហ៊ុន​អឺរ៉ុបទាំងអស់ត្រូវគោរព ទាក់ទិន​នឹងបញ្ហាសិទ្ធិមនុស្ស ការគោរពច្បាប់ការងារ ព្រមទាំង​ការគោរពបរិស្ថានអាកាសធាតុ។ នេះគឺជាការបោះជំហានថ្មីមួយទៀត ដែល​សមាជិកសភាអឺរ៉ុប ចង់​ដាក់កំហិត ឲ្យ​ក្រុមហ៊ុនធំៗរបស់អឺរ៉ុប ត្រូវតែ​ប្រុងប្រយ័ត្ន នឹងមានការទទួលខុសត្រូវ ចំពោះ​ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅតាម​ប្រទេសនានាក្រៅពីទឹកដីសហភាពអឺរ៉ុប។ ១០ឆ្នាំក្រោយ សោកនាដកម្មនៅរោងចក្រ Rana Plaza គម្រោងអត្ថបទច្បាប់ថ្មីនេះ វាគឺជាការបោះជំហានថ្មីមួយដ៏សំខាន់ នៅក្នុងក្របខណ្ឌ​ប្រព័ន្ធគតិយុទ្ធរបស់សហភាពអឺរ៉ុប​។ វានឹងមកគូសវាស កាតព្វកិច្ច​ថ្មីៗជាច្រើន សម្រាប់ក្រុមហ៊ុន សហគ្រាសអឺរ៉ុប ដែល​មានប្រតិបត្តិការ​អាជីវកម្ម ឬមានរោងចក្រនៅតាមបណ្តាប្រទេសក្រីក្រ ទូទាំងពិភពលោក។កាលពី១០ឆ្នាំមុន មតិសាធារណៈអឺរ៉ុបបានតក់ស្លុតជាខ្លាំង ជាមួយ​នឹងហេតុការណ៍​បាក់រលំអគារ រោងចក្រកាត់ដេរ Rana Plaza នៅបង់ក្លាដែស ដែលបានបណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួនជាង​១១០០នាក់។ រោងចក្រនេះ ដេរ​សម្លៀក​បំពាក់​​ឲ្យ​ក្រុមហ៊ុន​ម៉ាកសំលៀក​បំពាក់ជាច្រើននៅ​អឺរ៉ុប​។ ហេតុការណ៍ដ៏អកុសលនេះ បាន​ជះពន្លឺឲ្យឃើញ នូវ​អវត្តមាន​នៃការ​គោរពលក្ខខណ្ឌការងារ កត្តាសុ​វត្ថិភាព​នៅតាមរោងចក្រ នៅតាមប្រទេសក្រីក្រ។ ពោលគឺជាការធ្វេសប្រហែស ឬក៏ជាការមិនខ្វល់តែម្តង​ របស់​ក្រុមហ៊ុនអឺរ៉ុប ដែលទៅបញ្ជាទិញទំនិញពីតាមប្រទេសក្រីក្រយកមកដាក់លក់យកចំណេញ​នៅអឺរ៉ុប ទាំងដែលទំនិញទាំងនោះដិតដាមដោយ​ស្នាមញើសស្នាមឈាមរបស់ពលករនៅតាម​ប្រទេសក្រីក្រ។​ជាមួយ​នឹងបទពិសោធន៍នេះ អ្នកធ្វើ​ច្បាប់​នៅអឺរ៉ុប ចង់កែប្រែ ចង់​កែតម្រូវ រៀបចំធ្វើច្បាប់ ឲ្យ​ក្រុមហ៊ុនអឺរ៉ុប​ទាំងអស់មានការទទួលខុសត្រូវ មិនថានៅតាម​ក្រុមហ៊ុនដែលជាសាខានៅបរទេស ឬក៏​ក្រុម​ហ៊ុនដែលលក់សេវាកម្មឲ្យនោះទេ។​ ពោលគឺ តាមរយៈគម្រោងច្បាប់ថ្មីនេះ ក្រុមហ៊ុនអឺរ៉ុប ដែលមាន​ប្រតិបត្តិការអាជីវកម្ម មានបណ្តាញ​ផលិត មានរោងចក្រនៅក្រៅអឺរ៉ុប គឺត្រូវតែមាន​ ករណីយកិច្ចត្រូវប្រុងប្រយត្ន័ ទាក់ទិននឹងការគោរពច្បាប់ការងារ ការគោរពសិទ្ធិមនុស្ស និង​ជាពិសេសនោះ គឺការគោរពបរិស្ថាន​ធម្មជាតិ​។ ជាការទទួលខុសត្រូវផ្លូវច្បាប់ ជាកាតព្វកិច្ច ដែលត្រូវតែតាមដាន ដូចជាតាមដាន​ អំពីលក្ខខណ្ឌការងារ អំពី​ការងារដោយបង្ខំ​ អំពីពលកម្មកុមារ សុវត្ថិភាព​នៅអគាររោងចក្រ ត្រូវពិនិត្យ​មើល ថាតើមានករណីរឹបអូសដីធ្លីផ្ទះសម្បែងប្រជាជន ដោយ​អយុត្តិធម៌ឬអត់ ហើយបញ្ហាបរិស្ថាន​វិញ ត្រូវតែតាមដានថាតើ មានការកាប់បំផ្លាញព្រៃឈើ ឬមាន​ការបង្ហូរសារធាតុពុល​ចូល​ក្នុង​ប្រភពទឹក ជាដើម។ល។“ករណីយកិច្ចត្រូវតែប្រុងប្រយ័ត្ន”កាលពីខែកុម្ភៈ ឆ្នាំ​២០២២ គណកម្មការអឺរ៉ុបបានដាក់ស្នើ នូ​វគម្រោងអត្ថបទច្បាប់មួយដែរ ទៅកាន់សភាអឺរ៉ុប។ អ្វីដែលខុសពី​គម្រោងច្បាប់ស្នើដោយគណកម្មការអឺរ៉ុប គឺទាក់ទិននឹង​វិសាលភាព អនុវត្តទៅលើ​ក្រុមហ៊ុននានាដែលជាប់កាតព្វកិច្ច​។ សំណើមុន បាន​កំណត់ថា មានតែ​ក្រុមហ៊ុនធំៗ ដែលមានបុគ្គលិកចាប់ពី​៥០០នាក់ទៅ ទើបជាប់កាតព្វកិច្ច​។ ក៏ប៉ុន្តែជាមួយ​គម្រោងថ្មីរបស់​សភាអឺរ៉ុបនេះ គឺ​ក្រុមហ៊ុនអឺរ៉ុបទាំងអស់ ដែលមាន​បុគ្គលិកចាប់ពី​២៥០នាក់ទៅ និង​មាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ ចាប់​ពី ៤០លានដុល្លារនៅអឺរ៉ុប ឬ ១៥០លានដុល្លារនៅទូទាំងពិភពលោក នឹងត្រូវជាប់កាតព្វកិច្ច​។សមាជិកសភាអឺរ៉ុប ក៏បានពង្រីកកាតព្វកិច្ច ទៅលើក្រុមហ៊ុន​មេ ដែលមានបុគ្គលិកចាប់ពី​៥០០នាក់ឡើងទៅ ព្រមទាំងក្រុមហ៊ុន​នៅក្រៅ​សហភាពអឺរ៉ុប ឲ្យ​តែមានចំណូល​ប្រចាំឆ្នាំលើសពី៤០លានដុល្លារនៅអឺរ៉ុប ឬ១៥០លានដុល្លារទូទាំងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន​ហិរញ្ញវត្ថុ ដូចជាធនាគារ ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនគ្រប់គ្រង​ភាគហ៊ុនជាដើម ដែលមិនមែនជាអ្នករកស៊ី មានរោងចក្រផលិតដោយផ្ទាល់នៅតាមប្រទេសនានាមែន តែក៏ត្រូវតែជាប់កាតព្វកិច្ចដែរ។ ជាកាតព្វកិច្ចដែលត្រូវពិនិត្យ​ឲ្យ​បានល្អិតល្អន់ មុននឹងបញ្ចេញ​ប្រាក់​ឲ្យ​គេខ្ចី យកទៅវិនិយោគ ឬយកទៅទិញភាគហ៊ុន​ជាដើម​។ ទាក់ទិននឹង​ការគោរពបរិស្ថាន​វិញ ក្រុមហ៊ុន​ដែលមាន​បុគ្គលិកចាប់ពី​១០០០នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ច រៀបចំផែនការ​អន្តរកម្ម​អាកាសធាតុ ដើម្បីចូលរួមគោព​កម្មវត្ថុ​កាត់​បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក។ពាក្យថា “ករណីយកិច្ចដែលត្រូវប្រុងប្រយ័ត្ន” របស់ក្រុមហ៊ុនទាំងអស់ គឺត្រូវតែឆ្លើយតបដោយ ការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ពោលគឺវាជា ការ​សង​ជំងឺចិត្ត ការប៉ះប៉ូវការខូចខាត ជូនជនរងគ្រោះ។ គម្រោងអត្ថបទនេះ បានកំណត់ អំពី​យន្តការជួយ​ជនរងគ្រោះ​ ឲ្យអាចមាន​លទ្ធភាពស្វែងរកយុត្តិធម៌ នៅចំពោះមុខតុលាការ​អឺរ៉ុប ដែលការផាកពិន័យទៅ​លើ​ក្រុមហ៊ុនដែលរំលោភបំពាន អាចមានទឹកប្រាក់ចំនួន ៥%នៃចំណូលប្រចាំឆ្នាំទូទាំងពិភពលោក របស់​ក្រុមហ៊ុននោះ។ ចរចាជាមួយ​ប្រទេសសមាជិកទាំង​២៧នីតិវិធីមិនទាន់ចប់នៅឡើយទេ ដោយ​ជំហានបន្ទាប់ គឺគេនឹងយកអត្ថបទដែល​សមាជិកសភាអឺរ៉ុប​បាន​អនុម័តនេះ ទៅជជែកពិភាក្សា ជាមួយតំណាងរដ្ឋាភិបាលនៃប្រទេសសមាជិកអឺរ៉ុប ទាំង​២៧ប្រទេស​។ ដូច្នេះ ឧបសគ្គវានៅមានទៀត មុននឹងគម្រោង​អត្ថបទច្បាប់នេះ ត្រូវគេអនុម័ត ដាក់ចុះឲ្យ​ប្រើប្រាស់ជាស្ថាពរ។មានការព្រួយបារម្ភ ថានៅពេលគេយកទៅចរចាជាមួយ​នឹង​បណ្តារដ្ឋាភិបាលប្រទេសសមាជិក គឺ​ខ្លឹមសារច្បាប់នេះអាចនឹងប្រែប្រួល ឬកាត់បន្ថយ​ឲ្យចុះខ្សោយវិសាលភាព ជាក់ស្តែងទាក់ទិននឹងកាតព្វកិច្ច ដាក់ទៅលើវិស័យហិរញ្ញវត្ថុ។ ក្រុមឡុបប៊ីការពារវិស័យនេះ កំពុងតែព្យាយាមប្រើគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ឲ្យ​ច្បាប់នេះ​ប៉ះពាល់តិចបំផុតទៅលើវិស័យរបស់គេ។លោកស្រី Arianne Griffith តំណាងអង្គការ Global Witness បាន​អំពាវនាវថា យន្តការដាក់​កំហិតក្រុមហ៊ុនសហគ្រាស ឲ្យ​កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិកសកលលោក ព្រមទាំងវិធានការ​រារាំងកុំឲ្យ​ក្រុ​មហ៊ុនហិរញ្ញវត្ថុ បោះទុនវិនិយោគដែលបំផ្លាញបរិស្ថាន បំផ្លាញ​ធនធានធម្មជាតិនោះ វាគឺជារឿងសំខាន់ខ្លាំងណាស់។ ខ្លឹមសារទាំងនេះត្រូវតែស្ថិតនៅជាស្នូលនៃច្បាប់ដែលគេនឹងអនុម័តជាស្ថាពរ។ បើសមាជិកសភាអឺរ៉ុប​ហ៊ានតែដកថយ មានន័យថា ធម្មជាតិ បរិស្ថាន សិទ្ធិមនុស្ស ដែលនឹងត្រូវប្រឈមគ្រោះថ្នាក់។ចំណែក អង្គការ WWF វិញបាន​បារម្ភថា តាមមើលទៅ ច្បាប់​ថ្មីនេះ ទំរាំតែចូលជាធរមាន ក៏ដល់ឆ្នាំ ២០២៨យ៉ាងហោច។ ពោលគឺយឺតយ៉ាវណា។ ជាមួយគ្នានេះ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានសោកស្តាយ និងរិះគន់ ថាគម្រោងច្បាប់នេះ នៅតែមានខ្លឹមសារខ្សោយ។ ជាក់ស្តែងទាក់ទិននឹង​ កាតព្វកិច្ច​ដែលតម្រូវ​ឲ្យ​ជនរងគ្រោះតូចតាច ដែលត្រូវប្រមូល​បង្ហាញភស្តុតាង បញ្ជាក់ពីការរំលោភបំពានរបស់ក្រុមហ៊ុន​ធំៗ។ អង្គការក្រៅរដ្ឋាភិបាល ចង់ឲ្យ​ច្បាប់កំណត់ថា គឺក្រុមហ៊ុនធំៗដែលមានលទ្ធភាព មានអំណាច មាន​លុយ ទៅវិញទេ ដែលត្រូវតែ​មានកាតព្វកិច្ច​បង្ហាញ​ភស្តុតាងដោះបន្ទុក​ បញ្ជាក់ថាខ្លួនមិនបានរំលោភបំពាន​ មិន​មែនឲ្យ​ជនរងគ្រោះដែលជាបុគ្គលិក កម្មករពលករតូចតាច ដែលគ្មានលទ្ធភាពផ្នែកថវិកា និង​បង្អែកច្បាប់ ទៅប្រមូលភស្តុតាងដាក់បន្ទុកនោះទេ៕
6/2/20237 minutes, 35 seconds
Episode Artwork

សហគមន៍​នយោបាយអឺរ៉ុប ​ជុំ​គ្នា​ នៅ​ម៉ុលដាវី​ ដើម្បីបញ្ជាក់​ពី​​សាមគ្គីភាព​ជាធ្លុង​មួយ

​​​ជា​ប្រទេស​​​ដ៏​តូច​ក្រីក្រ​ជាង​គេ​មួយ​នៅអឺរ៉ុប ម៉ុលដាវី ដែល​មាន​​ព្រំដែនដ៏​វែង​ជាប់​​អ៊ុយក្រែន​ និង​​រស់​ក្នុងការ​​គំរាមកំហែង​ពី​រុស្ស៊ី​ដែរ។ តែ​នៅថ្ងៃ​ព្រហស្បតិ៍​ទី ១​ មិថុនា ២០២៣នេះ ​ម៉ុល​ដាវី បាន​ធ្វើ​ម្ចាស់​ផ្ទះ ទទួល​ស្វាគមន៍​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​អឺរ៉ុប ជិត​៥០ប្រទេស ដែល​មក​ជួប​​​ជុំ​គ្នា​ បើក​ជំនួប​កំពូល​សហគមន៍នយោបាយ​អឺរ៉ុប​ជា​លើកទីពីរ។ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី​ ក៏​ធ្វើ​ដំណើរ​មក​ចូល​រួម​ដោយ​ផ្ទាល់​​ដែរ។ ​មិនមែនជា​ជំនួប​ក្នុងក្របខ័ណ្ឌ​ សហភាពអឺរ៉ុប ឬ​​ក្រុមប្រឹក្សា​អឺរ៉ុប​ទេ គឺជំនួប​កំពូល លើក​ទីពីរ របស់ សហគមន៍​នយោបាយ​អឺរ៉ុប ដែល​​ជា​រចនា​សម្ព័ន្ធ​ថ្មី​​ បង្កើត​ឡើង​ដោយ​សហភាពអឺរ៉ុប​ទាំង​២៧​ប្រទេស កាលពី​ខែ​មិថុនា​ឆ្នាំ​២០២២ តាម​គំនិត​ផ្តួច​ផ្តើម​របស់​ប្រធានាធិបតី​បារាំង គឺ​លោក អេម៉ានុយអែល ម៉ាក្រុង។ សហគមន៍​នយោបាយ​អឺរ៉ុប ប្រមូល​ផ្តុំ​ដោយ​៤៧ប្រទេស គឺ​សមាជិក​សហភាពអឺរ៉ុប ទាំង​២៧​ប្រទេស និង​២០ប្រទេស​ទៀត​នៅទ្វីប​អឺរ៉ុប ដែល​មាន​លក្ខន្តិកៈ​ជា​ប្រទេសអាច​​សុំ​ចូល​ជា​សមាជិក​សហភាពអឺរ៉ុប (អាល់បានី បូស្នី ម៉ុលដាវី ម៉ុងតេណេក្រូ ម៉ាសេដ្វាន​ខាង​ជើង ស៊ែរប៊ី តួកគី​ និង​អ៊ុយក្រែន) ប្រទេស​បានសុំ​ចូល​ជា​សមាជិក​ហើយ​ (​​​កូសូវូ និង​ហ្សកហ្ស៊ី)  ព្រមទាំង​ប្រទេសជា​សមាជិក​ទីផ្សារ​​សេដ្ឋកិច្ច​អឺរ៉ុប (​អ៊ីស្លង់ លីតស្តិនស្តែន ន័រវែស អារមេនី​ អាហ្សែបៃហ្សង់) ស្វីស និង​អង់គ្លេស។ ដូច​ឈ្មោះ​ដែល​គេហៅ សហគមន៍​នេះ​ត្រូវ​ចែក​រំលែក​កិច្ចសហប្រតិបត្តិការ​ផ្នែក​​នយោបាយ ក្នុង​រង្វង់​សមាជិក​ទាំង​៤៧ប្រទេស នៅ​អឺរ៉ុប ដើម្បី​រឹត​ចំណង​នយោបាយ​ រវាង​ក្រុមប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុប និង​ប្រទេស​ក្នុង​តំបន់​ដែលមិនមែន​ជា​សមាជិក​សហភាពអឺរ៉ុប តែ​​មាន​ឆន្ទៈ​នយោបាយដូច​គ្នា ឬ​និយាយ​ឱ្យ​ចំ​ការ​ពង្រីក​នយោបាយ​អឺរ៉ុប ដោយ​មិនចាំបាច់​ពង្រីក​សមាជិកសហភាពអឺរ៉ុប។​ប៉ុន្តែ​ជំនួប​កំពូល​ថ្ងៃ​នេះ ដែល​លោក​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី បង្ហាញ​វត្តមាន​ដោយផ្ទាល់​ដែរ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ជាពិសេស​ និង​មាន​អត្ថន័យ​ជា​និម្មត្តិរូប​ខ្លាំង​ ព្រោះ​វា​ប្រព្រឹត្ត​ទៅ​នៅក្នុង​ប្រទេស​ម៉ុលដាវី ដ៏ក្រីក្រជាង​គេ​បំផុត​មួយនៅអឺរ៉ុប​ដែល​មាន​រចនា​សម្ព័ន្ធ​ទន់​ខ្សោយ​ហើយ មាន​ទីតាំងកៀក​សមរភូមិ​សង្គ្រាម​ទៀត។ ​កន្លែង​ប្រជុំ​​ស្ថិត​នៅ​ចម្ងាយ​តែ​ប្រមាណ​១៦០គីឡូម៉ែម៉ែត្រ​ ពី​ក្រុង​កំពង់ផែ​អូដេសា​ដែល​រុស្ស៊ី​ផ្លោង​គ្រាប់​វាយប្រហារ​ឥតឈប់ និង​មិន​ដល់​២០គីឡូម៉ែត្រ​ពី​ទី​ប្រជុំ​នេះ ជា​តំបន់​​របស់​ក្រុម​ផ្តាច់​ខ្លួន​និយម​ម៉ុលដាវី ស្និទ្ធិ​នឹង​រុស្ស៊ី ដែល​មាន​ប្រជាជន​រស់នៅ​ជាង​បីសែ​ននាក់ និង​ទាហាន​រុស្ស៊ី​ប្រមាណ​ជាង​១៥០០នាក់ ព្រមទាំង​សព្វាវុធ​យ៉ាង​ច្រើន​ផង។ តែ​រដ្ឋាភិបាល​ម៉ុលដាវី​ ជ្រើសរើស​រួម​រស់​ជាមួយ​អឺរ៉ុប។​ ​សមាជិកភាព​សហភាពអឺរ៉ុប ​មាន​ប្រធានបទ​ច្រើន​ដែល​គេ​ត្រូវ​លើក​ជជែក​គ្នា​នៅពេល​នេះ។ ក្រៅ​អំពី​ជំនួប​ពិភាក្សា​បែប​ទ្វេភាគី  ឬ​ជា​ក្រុមតូចៗ ដើម្បី​ដោះស្រាយ​វិបត្តិ​ក្នុង​តំបន់​ ដូច​ជា​វិបត្តិ​នៅកូសូវ៉ូ ឬ​ជម្លោះ​អារមេនី​និង​អាស៊ែរបៃសង់ ជំនួប​កំពូលសហគមន៍​នយោបាយ​អឺរ៉ុប​ពិត​ជា​​​មិន​រំលង​ ​បញ្ហា​សន្តិសុខ​អ៊ុយក្រែន​ទេ។ បើ​តាម​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​បារាំង ក្រុម​សហគមន៍​អឺរ៉ុប ត្រូវ​ផ្តល់​ការ​ធានា​និង​ការគាំទ្រ​ដល់​អ៊ុយក្រែន ប្រឈម​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ តែ​​​ម៉ុលដាវី ដែលមាន​ព្រំដែន​ជាមួយ​អ៊ុយក្រែន​ជាង​មួយពាន់​គីឡូម៉ែត្រ ហើយ​រង​ការ​គំរាមកំហែង​ពី​រុស្សី​ដែរ​នោះ ក៏​បាន​​ឱកាស សម្រាប់​បញ្ជាក់​ឡើង​វិញ​អំពី​ចេតនា​របស់​ខ្លួន​ដែល​​ចង់​ក្លាយ​ជា​សមាជិក​សហភាពអឺរ៉ុប។ ប្រធានាធិបតី​ម៉ុលដាវី បាន​ទទួល​សារ​លើក​ទឹក​ចិត្ត​ពី​លោកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ផ្ទាល់​តែ​ម្តង ថា​រដ្ឋាភិបាល​ម៉ុលដាវី​បាន​ធ្វើ​កំណែទម្រង់​ច្រើនសម្បើម​ណាស់​​ ដើម្បី​សង្ឃឹម​អាច​បំពេញ​លក្ខខណ្ឌ​ក្លាយ​ជា​សមាជិក​សហភាពអឺរ៉ុប។ ម៉ុលដាវី​ បាន​ទទួល​លក្ខន្តិកៈជា​បេក្ខភាព​ជា​ផ្លូវការ​ សុំ​ចូល​ជា​សមាជិក​សហភាពអឺរ៉ុប ទន្ទឹម​នឹង​​អ៊ុយក្រែនកាលពី​ខែ​មិថុនា​ឆ្នាំ​២០២២។ បេក្ខភាព​អ៊ុយក្រែន និង​ម៉ុលដាវី ចូល​ជា​សមាជិក​សហភាពអឺរ៉ុប ជា​រឿង​បន្ទាន់ ​តែ​​ដំណើរ​បែប​បទនៅវែងឆ្ងាយ​ខ្លាំង និង​មាន​ឧបសគ្គ​ច្រើន​ទៀត​ណាស់។ ​សមាជិក​ភាពអង្គការ​អូតង់ក្នុង​ពេល​ដែលក្រុម​មេដឹកនាំ​​អឺរ៉ុប៤៧ប្រទេស​ រួម​ទាំង​​ប្រធានាធិបតីអ៊ុយក្រែន ​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ម៉ុលដាវី នោះអូតង់​ក៏​កំពុង​ប្រជុំ​គ្នា​ដែរ​ នៅ​ក្រុង​អូស្លូដើម្បី​​សម្រុះ​សម្រួល​គ្នា​នាំ​អ៊ុយក្រែន​អាច​ចូល​ជា​សមាជិក​អូតង់។ ​​អូតង់​កំពុង​ផ្តោតកិច្ចពិភាក្សា​លើ​ចំណុច​បី​​ជា​សំខាន់​៖ ការ​ធានា​សន្តិសុខ​ អ៊ុយក្រែនសម្រាប់​នាំប្រទេស​នេះ​ឱ្យ​​បាន​ក្លាយ​ជា​សមាជិក​អូតង់ ការ​បញ្ចៀស​ជម្លោះ​ថ្មី​ទៀត ជាមួយ​រុស្ស៊ី និងការ​ជ្រើសរើស​ប្រមុខ​ដឹកនាំ​ថ្មីរបស់​អង្គការ។ លោក ស្តុលទែនប៊ែករប្រធានអង្គការ​អូតង់ បាន​អះអាង​នៅព្រឹកមិញ​ថា​ សម្ព័ន្ធមិត្ត​អូតង់​ទាំងអស់ គួរ​តែ​ឯកភាព​​ឱ្យ​​​អ៊ុយក្រែន ត្រូវ​ក្លាយ​ជា​សមាជិក​របស់​អង្គការ​ នៅ​ពេល​សង្គ្រាម​ចប់​ ដោយ​មូស្គូ​មិន​អាច​ប្រើ​សិទ្ធិ​ប្រឆាំង​វេតូ​បាន​ជា​ដាច់​ខាត។ នៅក្នុង​សុន្ទរកថា​បើក​ប្រជុំ លោក​បាន​បញ្ជាក់​ថា​អូតង់​ ត្រូវ​តែ​​រៀប​ចំ​ដាក់​ឱ្យ​ដំណើរការ​ក្របខ័ណ្ឌ​មួយ សម្រាប់​ធានា​សន្តិសុខ​ឱ្យ​អ៊ុយក្រែន​​ នៅថ្ងៃ​មុខ ដោយ​មាន​ផែនទី​ចង្អុល​ផ្លូវ​មួយ​ដ៏​ច្បាស់លាស់​ឱ្យ​​អ៊ុយក្រែន។ ប៉ុន្តែ​ផ្តល់​ក្របខ័ណ្ឌ​ច្បាស់​លាស់​មួយ ឬ​ពង្រីកសមាជិក​អូតង់ ឆ្ពោះទៅទិស​ខាង​កើត​ដោយ​មាន​បញ្ចូល​អ៊ុយក្រែន ជា​ប្រធានបទ​ចម្រូង​ចម្រាស​គ្នា​ណាស់​ក្នុង​រង្វង់​សមាជិក​អូតង់។ បារាំង​​បាន​ព្រមព្រៀង​ជា​ផ្លូវការ​ តែ​សមាជិក​ផ្សេង​ទៀត​មិន​ទាន់​ទេ​មាន​ជាអាទិ៍​សហរដ្ឋ​អាមេរិក ព្រោះខ្លាច​​វា​អាច​នាំ​ឱ្យ​មា​នសង្គ្រាម​ដោយ​ចំ​មុខ​រវាង​អូតង់​និង​រុស្ស៊ី។លោក ស្តុលទែនប៊ែរ ខ្លួន​ឯង​បាន​ទទួល​ស្គាល់​ថា​ គ្មាន​លទ្ធភាព​អះអាង​ដោយ​ប្រាកដ​ អំពី​សេចក្តីសម្រេចចិត្ត​​ចុងក្រោយ​របស់​អង្គការ​អូតង់​ ចំពោះរឿងបេក្ខភាព​​​អ៊ុយក្រែន​នេះ​ទេ។ ជំនួប​កំពូល​អូតង់​នៅ​សល់​ពេល​តែ​មួយ​ខែ​ទេ តែ​​បើ​គ្មាន​ការព្រមព្រៀង​គ្នា នឹង​គ្មាន​ឡើយ​សេចក្តី​សម្រេច​។ ហើយម្យ៉ាង​ទៀត​​អូតង់​អាច​នឹង​ត្រូវ​មាន​ប្រមុខ​ដឹកនាំ​ថ្មី​ផង។ ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់ ត្រូវ​មាន​ការ​ព្រមព្រៀង​ពី​គ្រប់​សមាជិក​ ដូច្នេះ​វា​មិន​មែនជា​ការ​ងាយ​ឡើយ​សម្រាប់​អ៊ុយក្រែន។ សូម្បី​តែ​បេក្ខភាព​ស៊ុយអែត ដែល​អង្គការបាន​​ព្រមព្រៀង​ជា​គោលការណ៍​ផ្តល់​ការពារ​ឱ្យ​ហើយ នៅ​តែ​ពុំ​ទាន់​អាច​ចេញ​រួច។ សំណុំ​រឿង​​កំពុង​នៅជាប់​គាំង ​ដោយ​មាន​សមាជិក​ពីរ គឺ​តួកគី​ និង​ហុងគ្រី​ មិនព្រម​ផ្តល់​សច្ចាប័ន​។ លោក​ប្រធាន​អង្គការ​អូតង់ សង្ឃឹម​​ទម្លាយ​បេក្ខភាព​ស៊ុយអែត ឱ្យបាន​មុន​ជំនួប​កំពូល​អូតង់​នៅ​ខែ​កក្កដាខាង​មុខ ដោយ​គ្រោង​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​បញ្ចូលប្រធានាធិបតី​​តួកគី​ទើប​ជាប់​ឆ្នោត​ជា​ថ្មី ដល់​ផ្ទះ​នៅពេល​ឆាប់ៗ​នេះ៕
6/1/20237 minutes, 30 seconds
Episode Artwork

កូរ៉េខាងជើងបាញ់បង្ហោះផ្កាយ​រណបស៊ើបការណ៍ តែបានបរាជ័យធ្លាក់ក្នុងសមុទ្រ

បន្ទាប់ពីបាន​ប្រកាស​ជូនដំណឹងគេឯងឲ្យ​ដឹង ប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ទីបំផុត នៅថ្ងៃ​ពុធទី​៣១ឧសភា ​កូរ៉េខាងជើង បាន​បាញ់​បង្ហោះ​នូវផ្កាយរណប ដែលខ្លួន​អះអាងថា ​ជាផ្កាយរណបស៊ើបការផ្នែកយោធា។ តែយ៉ាងណា ការបាញ់បង្ហោះនេះ បានជួប​បរាជ័យ បន្ទាប់ពី​យានទម្រដឹកផ្កាយរណបនេះ បានធ្លាក់ទៅក្នុងសមុទ្រលឿង ក្រោយ​ហោះឡើងបានប៉ុន្មាននាទី។ ទោះបើបរាជ័យ ការបាញ់​បង្ហោះផ្ការណបរបស់កូរ៉េខាងជើងនេះ បានបង្កឲ្យ​មានកា ភ័យ​ផ្អើល​ ប្រកាសអាសន្ននៅកូរ៉េខាងខាងត្បូង និង​នៅជប៉ុន​ផងដែរ ដោយ​ខ្លាចក្រែងថា មាន​ការវាយ​ប្រហារដោយ​មីស៊ីល ពីសំណាក់កូរ៉េខាងជើង​។ យោងតាម​ការផ្សាយ​របស់​បណ្តាញ ព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA គឺយានទម្រ ដឹកផ្កាយរណបឈ្មោះ Cheollima-1 បាន​ធ្លាក់នៅក្នុងសមុទ្រ​ខាងលិច ជាឈ្មោះហៅសមុទ្រលឿង របស់កូរ៉េខាងជើង​។ បណ្តាញ​ព័ត៌មាននេះ បាន​បញ្ជាក់ថា យានទាំងមូល​បានហោះឡើងដោយ​ធម្មតានៅដំណាក់កាលដំបូង តែនៅពេល​នេះយាន​នេះ​ចាប់ផ្តើម​ផ្តាច់ខ្លួន បញ្ឆេះម៉ូទ័ររុញ​អាផ្នែកទី​២ឡើងទៅលើ​ ស្រាប់តែផ្នែកទី២នេះមិនអាចមានល្បឿនហោះទៅលើបាន ក៏ធ្លាក់ចុះមក។ផ្អែកតាមការចុះផ្សាយ​របស់​​ទីភ្នាក់ងារព័ត៌មានYonhap កូរ៉េខាងត្បូងវិញ បាន​ឲ្យដឹងថា បំណែកយានទម្រ និង​​​ផ្កាយរណបរបស់កូរ៉េខាងជើង​ បានធ្លាក់នៅក្នុងសមុទ្រលឿង ចំងាយ​ប្រមាណ​២០០គីឡូម៉ែត្រ ពីកោះ Eocheong របស់កូរ៉េខាងត្បូង​។ កងទ័ពកូរ៉េខាងត្បូង បានចេញទូកទៅស្រង់យកហើយ។ ទីភ្នាក់ងារព័ត៌មាននេះ បាន​ផ្សព្វផ្សាយរូបភាពជាច្រើន បង្ហាញ​ឲ្យឃើញបំពង់ស៊ីឡាំងដ៏ធំមួយ ដែលអាចជាយានទម្រ និង​បំណែក​ផ្កាយរណប ដែលគេឃើញមាន​ទុយយោ​និងខ្សែភ្លើងតជ្ជាប់ជាដើម​។ប្រកាសអាសន្នភ័យផ្អើលនៅកូរ៉េខាងត្បូងនិងជប៉ុន​នៅវេលាម៉ោងប្រមាណ​ ៦ និង ៤១នាទីព្រឹកថ្ងៃពុធនេះ សំឡេងស៊ីរ៉េន បាន​បន្លឹរន្ធាន់ពេញទីក្រុងសេអ៊ូលតែម្តង។ សម្លេងរោទិ៍ តាមទូរស័ព្ទដៃក៏បាន​បន្លឺឡើងដែរ ហើយ​បានដាស់​មនុស្ស​ឲ្យភ័យផ្អើលឈូរឆទាំងព្រឹកព្រហាម​។ វាគឺជាការប្រកាសអាសន្ន ធ្ងន់ធ្ងរបំផុត មិនធ្លាប់​មានទេ ចេញបញ្ជាដោយ​សាលា​ក្រុង​សេអ៊ូល។ ជាមួយ​នឹងសំឡេងស៊ីរ៉ែន រោទិ៍ឥតដាច់ អាជ្ញាធរកូរ៉េខាងត្បូង បានប្រកាសអាសន្ន ឲ្យ​ប្រជាជន​ត្រូវ​ប្រមូលការពារក្មេង​ៗ និងមនុស្សចាស់​ឲ្យ​បាន​មុន។ ក៏ប៉ុន្តែ​ ប៉ុន្មាននាទីក្រោយ​មក ក៏ស្រាប់តែក្រសួងមហាផ្ទៃ​កូរ៉េខាងត្បូង បាន​ចេញ​ប្រកាស លុបចោលការប្រកាសអាសន្ននេះវិញ ដោយ​លើកឡើងថា មានការ​ភ័ន្តច្រឡំទេ។ យោងតាមទីភ្នាក់ងារ ព័ត៌មាន​ Yonhap ដោយ​ផ្អែក​តាម​កងទ័ពកូរ៉េខាងត្បូង គឺ​យានបាញ់​បង្ហោះ​ផ្កាយ​រណប​របស់​កូរ៉េខាងជើង មិន​បានសំដៅ​មកគំរាម​ទីក្រុង​សេអ៊ូលទេ។បើតាមការសង្ស័យ ស្រីពេជ្រ គឺប្រហែលជាគេដោយសារតែយាន​អវកាសរបស់កូរ៉េខាងជើង ដែល​ក្នុងនោះគ្មាននរណាដឹងទេ ថាវាមានមីស៊ីលឬក៏អត់ បានបាត់ដំណឹងពីរ៉ាដាភ្លាមៗ។ ម្លោះហើយ​បាន​កើតជាការភ័យ​បារម្ភ ថាវាអាចធ្លាក់ចំទីកន្លែងណាមួយ​នៅ​កូរ៉េខាងត្បូង​។មិនត្រឹមតែនៅកូរ៉េខាងត្បូងទេ ដែលប្រកាសអាសន្នភ័យស្លន់ស្លោ នៅជប៉ុនឯណោះក៏ភ័យមិនណយដែរ នៅព្រឹកថ្ងៃពុធនេះ​។ អាជ្ញាធរកោះអូគីណាវ៉ា ស្ថិតនៅភាគខាងជើងជប៉ុន បាន​ប្រកាសអាសន្ន ប្រាប់​ឲ្យ​ប្រជាពលរដ្ឋរកកន្លែងមានសុវត្ថិភាពជាបន្ទាន់។ ប្រហែលជា​៣០នាទីក្រោយ​មក ទើបបានអាជ្ញាធរប្រកាសថាលែងមាន​អាសន្នទៀត បន្ទាប់ដឹងច្បាស់ថា យាន​របស់កូរ៉េខាងជើង បានធ្លាក់ចូលសមុទ្រ។បង្ហោះផ្កាយ​រណប បន្លំសាកល្បង​មីស៊ីល​បាលីស្ទិកហេតុដែលគេរិះគន់ គឺដោយ​សារតែគេដឹងច្បាស់ថា ​កូរ៉េខាងជើង បានប្រើ​ប្រាស់​បច្ចេកវិទ្យាមីស៊ីល​បាលីស្ទីក ដើម្បី​បាញ់បង្ហោះ​ផ្កាយរណបនេះ​។ ទង្វើនេះ គឺវាបំពាន​នឹង​សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ​។ លោក Adam Hodge អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាន​លើកឡើងថា កូរ៉េខាងជើងកំពុងតែបន្លំភ្នែកពិភពលោក លួចអភិវឌ្ឍន៍​បច្ចេកវិទ្យាមីស៊ីល​បាលីស្ទីក ដែលទង្វើនេះគឺវា​ជានឹងបំផ្លាញស្ថិតភាពសន្តិសុខរបស់តំបន់ទាំងមូល​។តាំងតែពីបាន​ដំណឹង ថាកូរ៉េខាងជើងនឹងបាញ់​បង្ហោះ​ផ្កាយរណបនេះ រដ្ឋាភិបាល​​កូរ៉េខាងត្បូង និ​ងជប៉ុន ក៏បានថ្កោលទោសរួចទៅហើយ ព្រោះគេមិនទុក​ចិត្ត​របបផ្តាច់ការព្យុងយ៉ាងនោះទេ។ សម្រាប់ជប៉ុននិងកូរ៉េខាងត្បូង​ ការបាញ់បង្ហោះផ្កាយរណប ដែលកូរ៉េខាងជើង​អះអាងថាជាផ្កាយរណប​ឈ្លបយកការផ្នែកកងទ័ពនោះ វាគ្រាន់តែជាលេស ដើម្បី​សាកល្បង​បាញ់​បង្ហោះយាន​ដែលអាចភ្ជាប់ដោយ​មីស៊ីល​បាលីស្ទិកតែប៉ុណ្ណោះ។កាលពីឆ្នាំ២០១២ និង​២០១៦ កូរ៉េខាងជើងក៏បានប្រកាសថាបង្ហោះ​ផ្កាយរណបដែរ តែធាតុពិត វាគឺជា​ការបាញ់សាកល្បង​មីស៊ីល​បាលីស្ទីក។ កាលណោះ មីស៊ីល​ទាំង២បាន​ហោះរំលង ពីលើកោះអូគីណាវ៉ារបស់ជប៉ុន​។ យោងតាម​ការវិភាគរបស់​លោកស្រី Soo Kim អតីតអ្នកជំនាញ​ម្នាក់ CIA គឺ​មិនយូរទេ កូរ៉េខាងជើង អាចនឹងបើកការសាកល្បង​អាវុធនុយក្លេអ៊ែរជាថ្មីទៀត ព្រោះថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន បាន​ប្រកាសមហិច្ឆតាច្បាស់ហើយថា នឹងពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដើម្បីរារាំងកុំឲ្យ​គេមកផ្តួលរំលំរបបដឹកនាំរបស់ខ្លួន​។ផ្កាយរណបកូរ៉េខាងជើងមិនដំណើរការទេ​កន្លងមក​ កូរ៉េខាងជើងបានអះអាងថា បានបាញ់បង្ហោះផ្កាយរណបចំនួន​៥លើកហើយ ក៏ប៉ុន្តែ ៣លើកគឺបានបរាជ័យ ហោះឡើងទៅលើអត់រួចទេ។ ដូច្នេះ តាមធម្មតា គឺមានផ្កាយរណប២ទេ ដែល​ទំនងជាស្ថិតនៅលើខ្សែអកប៊ីត។ ក៏ប៉ុន្តែ យោងតាមអ្នកជំនាញ​ គឺ​គេមិនជឿថា ផ្កាយរណបទាំង​២គ្រឿងរបស់កូរ៉េខាងជើងនោះ ដំណើរការទេ ព្រោះថាអង្គភាពឯករាជ្យ​ផ្សេងៗ មិនដែលចាប់បានរលកសញ្ញា របស់​ផ្កាយរណបនោះទេ។ មានន័យថា វាអត់ដំណើរការទេ។តែយ៉ាងណា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ធ្លាប់​បាន​លើកឡើងថា ដោយសារតែអាមេរិក​និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធាគម្រាមគេខ្លាំងពេក ទើបតម្រូវឲ្យ​គេប្រឹងប្រែងអភិវឌ្ឍន៍​ផ្កាយរណប ដើម្បី​​ឈ្លបយកការណ៍​សម្ងាត់។ គឺប្រហែលជាមកពីគ្មាន​ផ្កាយរណបដំណើរការសោះនេះ បានជាកូរ៉េខាងជើងខំប្រឹង​បាញ់បង្ហោះ​នៅលើកនេះក៏ថាបានដែរ។ តែសំណាងអាក្រក់ វាបរាជ័យទៀត។យ៉ាងណាក៏ដោយ លោក Leif-Eric Easley សាស្ត្រាចារ្យនៅ​សកលវិទ្យាល័យ Ewha ក្រុងសេអ៊ូល បាន​លើកឡើងថា រឿងបរាជ័យឬជោគជ័យ​ក្នុងការបាញ់បង្ហោះផ្កាយរណប គឺវាមិនសំខាន់​ទេ សម្រាប់របបផ្តាច់ការ​កូរ៉េខាងជើង។ អ្វីដែល​សំខាន់​បំផុតនោះ គឺ​ ការបន្លឺសំឡេងផ្ញើសារប្រាប់ទៅពិភពលោក ថាកូរ៉េខាងជើងមានមហិច្ឆតា និង​សមត្ថភាពផ្នែកអវកាស។ ពោលវាគឺជាសារឃោសនា ដើម្បីអួតសំញ៉ែង ជាទម្លាប់របស់របបផ្តាច់ការ បើទោះបី​ការពិត​ជាក់ស្តែង វាមិនសូវជាអស្ចារ្យណាស់ណាក៏ដោយ​៕
5/31/20237 minutes
Episode Artwork

ហេតុអ្វី​តួកគី​នៅតែ​មិនអាច​ដោះដៃ ចេញ​ពី​​លោករេស៊េប អ៊ែរដូហ្កាន?

នៅទីបំផុត ប្រធានាធិបតី​តួកគី ផុតអាណត្តិ លោក​រេស៊េប អ៊ែរដូហ្កាន​បាន​ឈ្នះឆ្នោត ដឹកនាំ​ប្រទេស​មួយអាណត្តិ ៥ឆ្នាំ​បន្ថែមទៀត។ លទ្ធផល​បឋម​នៃ​ការបោះឆ្នោត កាលពីថ្ងៃអាទិត្យ​ម្សិលមិញ បាន​បង្ហាញ​ថា លោក​អ៊ែរដូហ្កាន បាន​ទទួលសំឡេងគាំទ្រ ៥២% ច្រើនជាង​គូប្រជែង គឺ​លោក​កេម៉ាល់ គីលីច្សដារ៉ូលូ ដែល​ទទួល​បាន​តែ ៤៧%។ ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ នៅប៉ុន្មានម៉ោងក្រោយ លទ្ធផលឆ្នោត​បឋម កាលពីយប់ថ្ងៃ​អាទិត្យ លោក​អ៊ែរដូហ្កាន បាន​សន្យា​ប្តូរទំព័រថ្មី ដើម្បី​ការរួបរួមជាតិតែមួយ។ កាន់អំណាច ដឹកនាំ តួកគី នៅ​២០​ឆ្នាំ​ចុងក្រោយនេះ លោក​អ៊ែរដូហ្កាន អាយុ ៦៩ឆ្នាំ​នឹង​បន្ត​ដឹកនាំតួកគី​៥ឆ្នាំ​ទៀត។ តួកគីដែល​កំពុងបែកបាក់ជាពីរ និង​រួបរឹត​ដោយ​វិបត្តិសេដ្ឋកិច្ច។ ការបោះឆ្នោតប្រធានាធិបតី​តួកគី​លើកនេះ​ជាព្រឹត្តិការណ៍​ដ៏សំខាន់ ព្រោះថា គណបក្ស​ប្រឆាំង​ធ្លាប់​សង្ឃឹមច្រើន​ថា នឹង​ទទួល​ជ័យជំនះ បញ្ចប់​សម័យដឹកនាំ​ផ្តាច់ការ​របស់លោកអ៊ែរដូហ្កាន ប្រធានាធិបតី​ផុតអាណត្តិ​ដែល​កំពុង​ធ្លាក់​កូដប្រជាប្រិយ​ដោយសារ​វិបត្តិសេដ្ឋកិច្ច បញ្ហា​អតិផរណា ជាពិសេស បញ្ហា​គ្រោះរញ្ជួយដី​ដែលបាន​សម្លាប់មនុស្ស​ជាង ៥ម៉ឺននាក់ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់លាននាក់​បាត់បង់ផ្ទះសម្បែង។ដោយសារ​អប្រជាប្រិយភាព របស់​ប្រធានាធិបតី និង​ការស្រេកឃ្លានរបស់​យុវជន​ដែលចង់​ឲ្យមាន​ការផ្លាស់ប្តូរ អ្នកវិភាគ​ជាច្រើន​ធ្លាប់​វាយតម្លៃ ថា លោក​អ៊ែរដូហ្កាន​នឹង​អាច​បរាជ័យ​នៅក្នុងការបោះឆ្នោត​លើកនេះ។ប៉ុន្តែ ផ្ទុយទៅវិញ លោក​អ៊ែរដូហ្កាន នៅទីបំផុត នៅតែ​អាច​ទាក់ទាញ​សំឡេងគាំទ្រច្រើន នៅក្នុងការបោះឆ្នោត មិនថា នៅជុំទី១ និងនៅជុំទីពីរ ដែលបើកផ្លូវ​ឲ្យ​លោកនៅ​បន្តកាន់អំណាច នៅតួកគី ៥ឆ្នាំ​បន្តទៀត។ លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជុំទី​២​បាន​បង្ហាញ​ថា លោកអ៊ែរដូហ្កាន​បាន​ទទួល​ជ័យជំនះ ដឹកនាំ​ប្រទេស​មួយអាណត្តិ ៥ឆ្នាំទៀត ជាមួយ​ទទួល​សំឡេងគាំទ្រ​ចំនួន ៥២% ច្រើន​ជាង បេក្ខជន គូប្រជែង គឺ​លោកកេម៉ាល់ គីលីច្សដារ៉ូលូ ។ មានហេតុផល​មួយចំនួន​ដែលធ្វើ​ឲ្យ​លោក​អ៊ែរដូហ្កាន នៅតែ​ទទួលបាន​សំឡេង​គាំទ្រ​ច្រើន នៅក្នុង​ការបោះឆ្នោត។ទី១ ការប្រកាន់​នយោបាយ​អ៊ីស្លាមនិយម​បាន​ធ្វើ​ឲ្យរដ្ឋាភិបាលលោក​អ៊ែរដូហ្កាន ទទួល​បាន​ការគាំទ្រ​របស់​ក្រុមអភិរក្ស​និយម ដែលមាន​ចំនួន​ច្រើន នៅ​ប្រទេស​តួកគី។ទី២ ក្រុមឃោសនា​របស់លោកអ៊ែរដូហ្កាន ដែល​គ្រប់គ្រងជាង ៩០% នៃ​ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេស ​រមែងរំលឹក​ពី​បញ្ហា​អសន្តិសុខ បើសិន​តួកគី គ្មានមេដឹកនាំ តឹងរ៉ឹង ដូចជា​លោក​អ៊ែរដូហ្កាន។ នៅត្រង់​ចំណុច​នេះ គណបក្សកាន់អំណាច​បាន​សង្កត់ធ្ងន់​ពីបញ្ហា​គំរាមកំហែង​ភេរវកម្ម ដែល​រដ្ឋាភិបាល​ចាត់ទុកថា​ជា​ស្នាដៃ​របស់​ក្រុមគួដ។ គណបក្ស​កាន់អំណាច នៅ​បង្ហាញ​ស្នាដៃ​ច្រើន​របស់​លោកប្រធានាធិបតីអ៊ែដូហ្កាន ដែលបានសម្រេច ជំរុញ​ឲ្យ​តួកគី លេចមុខ ជាអ្នកដើរ​តួនាទី​សំខាន់មួយ នៅក្នុង​ឆាកនយោបាយអន្តរជាតិ ដូចជា​នៅក្នុងសំណុំរឿងសង្រ្គាមអ៊ុយក្រែន នៅ​ស៊ីរី។ទី៣ ប្រឈម​នឹង​បុរសខ្លាំង ដែលស្គាល់ និង​ចាក់រឹសអំណាច​របស់​ខ្លួន នៅ​តួកគី ជាង ២០ឆ្នាំមកនេះ គឺភាពទន់ខ្សោយរបស់​បក្ស​ប្រឆាំង។ គណបក្ស​ប្រឆាំង​មាន​បេក្ខជនម្នាក់ គឺ លោក​កេម៉ាល់ គីលីច្សដារ៉ូលូ ដែល​គ្មានរូបភាព​ជា​អ្នកដឹកនាំ អាច​បញ្ចុះបញ្ចូល​ទាក់ទាញ​អ្នកបោះឆ្នោត។អាចជាជ័យជំនះចុងក្រោយ​របស់​លោកអ៊ែរដូហ្កាន?លោកអ៊ែរដូហ្កាន​ទទួលជ័យជំនះ នៅក្នុងការបោះឆ្នោត​ដើម្បីដឹកនាំ​ប្រទេស​មួយអាណត្តិទៀតមែន ប៉ុន្តែ បើមើល​ឲ្យស៊ីជម្រៅ លោក​អ៊ែរដូហ្កាន​ទទួល​បរាជ័យ​ទៅវិញ ព្រោះថា ចាប់តាំង​ពីកាន់អំណាច​ដឹកនាំ​ប្រទេស ២០ឆ្នាំមក នេះជាលើកទី​១ដែល​លោកអ៊ែរដូហ្កាន បាន​ទទួល​សំឡេងគាំទ្រ​តិចមែនទែន រហូត​ធ្វើ​ឲ្យលោក​ត្រូវ​ទៅ​ប្រឈម​នឹងគូប្រជែង នៅ​ក្នុងការបោះឆ្នោត នៅជុំទី២។ លទ្ធផលឆ្នោត​នៅជុំទី២​ទៀតសោត បង្ហាញ​ថា លោក​អ៊ែរដូហ្កាន ដែលទទួលសំឡេងឆ្នោត ៥២% នាំមុខ​គូប្រជែង តែ ៤% ប៉ុណ្ណោះ ព្រោះលោក កេម៉ាល់ គីលីច្សដារ៉ូលូ ​បានទទួលសំឡេង​ឆ្នោត ៤៧,៩%។ ចង់ ឬ​មិនចង់ ការបោះឆ្នោតលើកនេះ បង្ហាញ​ថា តួកគី បានបែកបាក់គ្នា​ជាពីរក្រុម។ គឺ​ក្រុម​អភិរក្សនិយម និងក្រុមយុវជន​ដែលស្រេកឃ្លាន​សេរីភាព ចង់​ឲ្យមានការផ្លាស់ប្តូរ។តាម​បេក្ខជន​បក្ស​ប្រឆាំង លោក​កេម៉ាល់ គីលីច្សដារ៉ូលូ ការបោះឆ្នោត​នៅ​តួកគី​លើកនេះ ប្រព្រឹត្តទៅ ក្នុង​បរិយាកាស​តឹងតែង ហិង្សា បំភិតបំភ័យ ដែលមិនធ្លាប់មាន នៅក្នុងប្រវត្តិបោះឆ្នោត​តួកគី។ អាច​និយាយ​បាន​ថា បើសិន​តួកគី រៀបចំ​ការបោះឆ្នោតដោយសេរី ដោយគ្មាន​ការដាក់សម្ពាធ​នយោបាយ នោះ អាចទៅរួច ដែលលោក​អ៊ែរដូហ្កាន អាច​ខ្ទាតចេញពីអំណាច ដោយសារ​សំឡេងឆ្នោត​របស់​ប្រជាជន​​តួកគី ដែល​ចង់បាន​សេរីភាព ដែល​ធុញទ្រាន​នឹង​របបដឹកនាំ​របស់​លោកអ៊ែរដូហ្កាន ដែល​កាន់តែ​ផ្តាច់ការ។ជាមួយសំលេង​ឆ្នោត​កាន់តែ​តិចទៅៗ ពីអាណត្តិមួយទៅអាណត្តិមួយ ជ័យជំនះលើកនេះ អាចជាជ័យជំនះចុងក្រោយ​របស់​លោកអ៊ែរដូហ្កាន​ក៏អាច​ថាបាន។សំណុំរឿង​ច្រើន​ដែល​កំពុងរង់ចាំលោក​អ៊ែរដូហ្កាននៅក្រាញដឹកនាំ​ប្រទេស​៥ឆ្នាំទៀត មិនមែនជារឿងស្រួល សម្រាប់​លោក​អ៊ែរដូហ្កាន ព្រោះថា មានបញ្ហា​ច្រើនដែលកំពុង​រង់ចាំលោក ដូចជា​វិបត្តិអតិផរណា ដែលកើនឡើង​ខ្ពស់ ដល់ទៅ ៤០% មិន​ធ្លាប់​មាន​នៅ​តួកគី។ អត្រាអតិផរណា​កើនឡើង​ខ្ពស់ ក៏ដោយសារ​តែ លោក​អ៊ែរដូហ្កាន​ខ្លួនឯង​បញ្ចុះអត្រាការប្រាក់​ឲ្យទាបខ្លាំង ក្នុងគោលដៅ ទប់ទល់​នឹង​ទំនិញឡើងថ្លៃ។បញ្ហាចំពោះមុខទី ២ គឺគ្រោះមហន្តរាយ​បង្កឡើងដោយ​គ្រោះរញ្ជួយដី កាលពី​ខែ មេសា​កន្លងទៅ​ដែលកំពុងអូសទាញ​សេដ្ឋកិច្ច​តួកគី ឲ្យ​ដើរថយក្រោយ។ គេវាយតម្លៃថា តួកគី ត្រូវការប្រមាន ១០០ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់ឡើងវិញ នៅក្រោយ គ្រោះរញ្ជួយដី។ វាជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែល​រដ្ឋាភិបាល​លោកអ៊ែរដូហ្កាន ត្រូវរក​ឲ្យបាន។មេដឹកនាំ​ក្នុងពិភពលោកស្វាគម ទន្ទឹង​ចាប់ដៃធ្វើការសាជាថ្មីជាមួយ​លោកអ៊ែរដូហ្កានតាំងពីព្រឹកថ្ងៃចន្ទទី ២៩​ឧសភា មេដឹកនាំ​នៅក្នុងពិភពលោក ដែលមានតាំងពី​លោកចូ បៃដិន ប្រធានាធិបតីបារាំង ប្រធានាធិបតី​អង់គ្លេស ប្រធានាធិបតី​រុស្ស៊ី និង​រដ្ឋាភិបាល​ចិន បាន​ផ្ញើសារ​អបអរ ជ័យជំនះ​របស់​លោកអ៊ែរដូហ្កាន នៅក្នុងការបោះឆ្នោត ប្រធានាធិបតី​កាលពីថ្ងៃអាទិត្យ។សារជូនពរ មានតាំងពីគ្រប់ទិស តាំងពីខាង ប្រទេស​លោកខាងលិច និង​ពីខាង​រុស្ស៊ី ចិន ប៉ុន្តែ គេអាចដឹងថា​អ្នកដែល​សប្បាយចិត្ត ត្រេកអរខ្លាំង​ជាងគេ ដែលឃើញ​លោកអ៊ែរដូហ្កាន​នៅបន្តដឹកនាំ​តួកគី គឺ​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី ដែល​បាន​ពង្រឹង​សម្ព័ន្ធភាព​កាន់តែជិតដិតខ្លាំង​នឹង​លោក​អ៊ែរដូហ្កាន។ លោក​ពូទីន​ពេញចិត្ត​នឹង​ឲ្យលោក​អ៊ែរដូហ្កាន​នៅបន្តជាប្រធានាធិបតី​តួកគី ព្រោះថា លោក​អ៊ែរដូហ្កាន ជា​មេដឹកនាំ​ម្នាក់ ដែលមិនញញើត មិន​ខ្វល់​ពីការដាក់សម្ពាធ​របស់​ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក។អ្នកដែល​អាច​ខកចិត្ត​នឹង​ឃើញ លោក​អ៊ែរដូហ្កាន​នៅបន្តកាន់អំនាច​ដឹកនាំ​តួកគី គឺក្រុមប្រទេស​លោក​ខាងលិច ដូចជា​អាមេរិក និងសហភាពអឺរ៉ុបដែលមានទំនាក់ទំនង​មិនសូវរលូនប៉ុន្មានជាមួយ​មេដឹកនាំ​តួកគី។ ក្រោមការដឹកនាំ​របស់​លោកអ៊ែរដូហ្កាន តួកគី​បាន​ងាក​ទៅ​ជិតស្និទ្ធ​នឹង​រុស្ស៊ី។ តួកគី​ជាសមាជិក​របស់អូតង់ បែរជាងាកទៅទិញមីស៊ីលពីរុស្ស៊ី និងឈ្លោះដណ្តើមប្រេង​ជាមួយ​ក្រិកដែលជា​សមាជិក​អឺរ៉ុប អូតង់។ ស៊ុយអែត​ផ្ទាល់ដែល​ចង់ក្លាយ​ជា​សមាជិកអូតង់ ខកចិត្តខ្លាំងជាងគេ ដោយសារ​លោកអ៊ែរដូហ្កាន​ប្រឆាំង​ដាច់ខាត មិនគាំទ្រ​បេក្ខភាព​របស់ស៊ុយអែត។សម្រាប់ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក គេ​ចង់​ឲ្យមានការផ្លាស់ប្តូរ​មេដឹកនាំ​តួកគី ប៉ុន្តែ បើតួកគី ជ្រើសរើស​លោក​អ៊ែរដូហ្កាន​ឲ្យ​ដឹកនាំ​បន្តទៀត នោះ គេ​ក៏​គ្មានជម្រើស​អ្វីផ្សេងដែរ ក្រៅតែ​ពីបន្ត​សហការ សរសេរសារអបអរ ព្រោះចង់ មិនចង់ តួកគីជា​សមាជិកសំខាន់​របស់​អូតង់ និងដើរតួនាទីមិនអាច​ខ្វះបាន នៅក្នុង​បរិបទភូមិសាស្រ្ត​នយោបាយ នៅ​អឺរ៉ុប និងនៅដើមបូព៌ា។
5/29/20237 minutes, 58 seconds
Episode Artwork

អាមេរិករក​ឃើញ​ កិច្ចព្រមព្រៀង​ជា​គោលការណ៍ បញ្ចៀស​វិបត្តិ​បំណុលសាធារណៈ

បន្ទាប់​ពី​ចរចា​គ្នា​អស់​ជា​ច្រើន​ថ្ងៃ​និង​យ៉ាង​តាន​តឹង​មក នៅទីបំផុត លោកប្រធានាធិបតី​អាមេរិក ចូ បៃដិន និង​ប្រធាន​សភា​អ្នក​តំណាង​បក្ស​សាធារណរដ្ឋ​ លោក គេវីន ម៉ាកខាធី Kevin McCathy បាន​ស្រុះ​ស្រួល​គ្នា​បញ្ចៀស​វិបត្តិ​ខ្វះ​ប្រាក់​សង​បំណុល។ បើតាម​ព័ត៌មាន​បឋម​ ភាគីទាំងពីរ​បាន​ព្រមព្រៀង​គ្នា​​ជា​គោលការណ៍ ដំឡើង​កំរិត​អតិបរិមា​នៃ​ប្រាក់​បំណុល​សាធារណៈ ជា​ថ្នូរ​នឹង​ការ​បន្ថយ​ចំណាយ​សាធារណៈ។ នៅ​ថ្ងៃអាទិត្យ​​នេះ បុរសរដ្ឋ​ទាំងពីរ​ត្រូវ​ជួប​ពិភាក្សា​គ្នាជា​ថ្មី​ទៀត ដើម្បី​បង្ហើយ​កិច្ចព្រមព្រៀង​ សម្រាប់​ដាក់​ជូនសភា​និង​ព្រឹទ្ធសភា​អនុម័ត​នៅថ្ងៃពុធ​ខាង​មុខ។ នៅក្នុង​សុន្ទរកថា​ដ៏​ខ្លី ល្ងាច​មិញ លោកប្រធានសភា​អាមេរិក​នៃ​បក្ស​សាធារណរដ្ឋ បាន ​ប្រកាស​ថា​រកឃើញ​ការ​ព្រមព្រៀង​ថវិកា​មួយ ដ៏​សក្តិសម​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិក។ លោក​បាន​សម្តែង​អំណរ​ចំពោះ​ការ​កាត់​បន្ថយ​ជា​ប្រវត្តិសាស្ត្រ ការ​ចំណាយ​សាធារណៈ ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង និង​ដែល​បក្ស​សាធារណរដ្ឋ​បាន​ទាមទារ​រហូត​មក។ ចំណែក​ ​លោក​ចូ បៃដិន ប្រធានាធិបតី​អាមេរិក​វិញ ពន្យល់​ថា អាច​សម្រុះ​សម្រួល​គ្នា​បាន​មាន​ន័យ​ថា ម្នាក់ៗ​មិន​អាច​ទទួល​ទាំងស្រុង​នូវ​អ្វីដែល​​ខ្លួន​ចង់​បាន​ទេ តែ​លោក​បាន​ធានា​ថា​ក្នុង​​កិច្ចព្រមព្រៀង​នេះ ​ពិត​ជា​មាន​កា​រកាត់​បន្ថយ​ចំណាយ​សាធារណៈ​មែន តែ​ការពារ​កម្មវិធី​សង្គម​និង​សាធារណៈ​សំខាន់ៗដដែល និង​ជា​ពិសេស​ជា​ដំណឹង​ល្អ​សម្រាប់​អាមេរិក​ដែល​នឹង​គេច​ផុត​ពី​វិបត្តិ​ខ្វះ​ប្រាក់​សង​បំណុល។ ​ គេនៅ​មិន​ទាន់​ដឹង​អំពីខ្លឹម​សារ​លម្អិតនៃ​កិច្ច​ព្រមព្រៀងជា​គោលការណ៍នេះ​ទេ។ ប៉ុន្តែ​បើ​តាមប្រភព​ស្និទ្ធនឹ​ងការចរចា រដ្ឋាភិបាល​និង​បក្ស​ប្រឆាំង​ព្រមព្រៀង ដំឡើង​កំរិត​អតិបរមា​នៃ​ប្រាក់​បំណុល​សាធារណៈ​រយៈ​ពេលពីរ​​ឆ្នាំ​ ពោលគឺ ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២៤​ទៅទៀត។ ហើយ​ក្នុង​អំឡុងពេល​ពីរ​ឆ្នាំ​នោះ រដ្ឋាភិបាល​ត្រូវកាត់​បន្ថយ​ចំណាយ​សាធារណៈ តែ​មិន​កាត់​ខ្លាំង​ដូច​ការ​ចង់​បាន​របស់​បក្ស​សាធារណរដ្ឋ​ពី​ដំបូង​ទេ។ ចំណាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ការពារ​ជាតិ នៅ​រក្សា​ទុកដដែល​នៅ​ឆ្នាំ​ក្រោយ ទាល់​តែ​ឆ្នាំ​២០២៥​ទើប​មាន​កើន​បន្តិច។ កម្មវិធី​ជំនួយ​សហព័ន្ធ​ខ្លះ​ត្រូវ​កែប្រែ តែ​បើ​តាម​ប្រភព​ដដែល កិច្ចព្រមព្រៀង​នៅតែ​ការពារ​ច្បាប់ប្រឆាំង​នឹង​អតិផរណា និង​ផែនការបន្ថយ​បំណុល​និស្សិត​ដដែល។ លោក​ប្រធាន​សភា​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ នៅថ្ងៃអាទិត្យ​នេះជា​ថ្មី​​ទៀត ដើម្បី​បង្ហើយ​កិច្ចព្រមព្រៀង ហើយ​​អាច​ផ្សព្វផ្សាយនៅក្នុង​ថ្ងៃ​នេះ​តែម្តង មុន​នឹង​បញ្ជូន​ទៅ​ឱ្យ​សភា​និង​ព្រឹទ្ធសភា​អនុម័ត នៅ​ថ្ងៃ​ពុធ​ទី ៣១​ឧសភា​ខាង​មុខ។​ មេដឹកនាំ​ទាំង​ពីរ ក៏​ត្រូវ​បន្ត​​បញ្ចុះ​បញ្ចូល​សមាជិក​សភា​និង​ព្រឹទ្ធសភា មួយ​ចំនួនទៀត​ដែល​ខ្លះ​មាន​គំនិត​ប្រឆាំង​ខ្លាំង​ មិន​ចង់​ធ្វើ​សម្បទាន​ឱ្យ​គូ​បដិបក្ស​ទេ។ ​កំរិត​អតិបរិមា​នៃ​ប្រាក់​បំណុល​សាធារណៈ​ជា​អ្វី​ ? នៅអាមេរិក ការ​កំណត់​កំរិត​អតិបរមានៃ​ប្រាក់​បំណុល​សាធារណៈ មាន​កំណើត​តាំងពី​សង្គ្រាម​លោកលើក​ទីមួយ​មក​ នៅ​ពេល​សហរដ្ឋ​អាមេរិក​ចង់​សម្រួល​ដំណើរ​បែប​បទ​​ខ្ចី​លុយ​ មក​ធ្វើ​សង្គ្រាម ដោយ​មិន​បាច់​ពិបាក​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ព្រឹទ្ធសភា ជា​រៀង​រាល់​លើក​។ ព្រឹទ្ធសភា​សម្រេច​កំណត់​ត្រឹម​អត្រា​អតិបរមា​ដែល​មិន​ត្រូវ​ឱ្យ​ហួស។ តាំងពី​ឆ្នាំ​១៩៦០មក ព្រឹទ្ធសភា​បាន​ដំឡើង​កំរិត​អតិបរមា​នៃ​ប្រាក់​បំណុល​សាធារណៈ​ចំនួន ៧៨ដង​ហើយ។ សម្រាប់​ពេល​នេះ​ ​សភាបាន​បោះឆ្នោត​អនុម័ត និង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាលមាន​​បំណុល​សាធារណៈ​ ជា​អតិបរមា​​ ៣១៤០០ពាន់​លាន​ដុល្លារ។ តែបំណុល​សាធារណៈ​របស់​រដ្ឋាភិបាល​លោក​បៃដិន បានឡើង​ដល់​កំរិត​អតិបរមា​នេះ តាំងពី​ខែ​មករា​ ដើម​ឆ្នាំ ហើយ​តាំងពី​នោះ មក​ អាមេរិក​បង់​វិក័យប័ត្រ​ផ្សេងៗ ដោយសារ​កញ្ចប់​ថវិកា​បន្ទាន់​ប៉ុណ្ណោះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​បៃដិន​ត្រូវ​ចរចាដំឡើង​ជាមួយ​សភា​។ ចំណែក​សភា​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រឆាំង​ក៏​ឆ្លៀត​ប្រើ​ដំណើរ​ច្បាប់​នេះជា​សម្ពាធ​នយោបាយ។ ​វិបត្តិ​ប្រាក់​បំណុល​និង ​វិបត្តិ​ជាប់​គាំង​ថវិកា​ Shutdown? នេះ​គឺ​ជា​យន្តការ​ពីរ​ផ្សេង​គ្នា ដែល​គ្មាន​ពាក់ព័ន្ធ​គ្នា​ទេ បើ​ទោះ​បី​អ្នក​ប្រឆាំងសំលៀង​មាត់​​ត្រៀម​ចាំ​វាយប្រហារ​ពេល​ជជែក​អំពី​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំក៏​ដោយ។ បើ​តាម​វិទ្យាស្ថានសិក្សា​សេដ្ឋកិច្ច ​ Brookings Institution ការ​ដំឡើង​កំរិត​អតិបរមា​នៃ​បំណុល​សាធារណៈ​ ធ្វើ​ឡើង​សម្រាប់​បង់​សង​លើ​ចំណាយ​ដែល​កំណត់​រួច​ ចំណែក​ឯ​វិបត្តិ​ថវិកា​ ដែល​អាច​នាំ​ឱ្យ​ស្ថាប័ន​រដ្ឋបាល​សហព័ន្ធមួយ​ចំនួន​ត្រូវ​បិទ​ទ្វារ​នោះ មាន​ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​អនាគត​។ ជា​​ចំណាយ​ប្រចាំ​ឆ្នាំ​ដែល​រដ្ឋាភិបាល​ត្រូវលើក​គម្រោង​ថវិកា​ស្នើ​ទៅ​សភា​ខុនហ្កេស ជា​រៀង​រាល់​ឆ្នាំ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ (ចុងឆ្នាំ)។ សភា​អាមេរិក​ត្រូវ​អនុម័ត​ច្បាប់​ថវិកា​ប្រមាណ​១២​កញ្ចប់ ទាក់ទង​នឹង​ក្រសួង​សំខាន់ៗ​របស់​ប្រទេស។ បើ​សភា​មិន​អនុម័ត​កញ្ចប់​ថវិកា​ក្រសួងណា​មួយ​ នោះ​រដ្ឋាភិបាល​មិន​អាច​មាន​លុយ​ចំណាយ​ក្នុង​ក្រសួង​នោះ ហើយ​ភ្នាក់ងារ​សាធារណៈ​ក្រសួង​នោះ គ្មាន​ជម្រើស​អ្វី​ក្រៅ​អំពី​ផ្អាក​សកម្មភាព​មិន​ចាំបាច់​ ដូច​ដែល​យើង​ធ្លាប់​ឃើញ​កន្លង​មក គឺ​បុគ្គលិក​រដ្ឋការ​ត្រូវ​ឈប់​នៅផ្ទះ សេវា​សាធារណៈ​ខ្លះ​ត្រូវ​បិទ​ទ្វារ​។ នៅ​ឆ្នាំ​២០១៣ ​ច្បាប់​អូបាមាឃែរ បាន​ធ្វើ​អាមេរិក​ជួប​វិបត្តិជាប់គាំង​ថវិកា Shutdown​ អស់​១៦​ថ្ងៃនិង​នៅឆ្នាំ​២០១៨ អស់​៣៥ថ្ងៃ ដោយ​សភា​ប្រឆាំង​នឹង​ការ​សង់​ជញ្ជាំង​អន្តោប្រវេសន៍។ បើ​គ្មាន​ការ​ដំឡើង​កំរិត​អតិបរមា វិបត្តិ​​បំណុល​អាច​ធ្ងន់ធ្ងរ​ជាង​វិបត្តិ​ថវិកា​Shutdown ទៅ​ទៀត ព្រោះចាប់​ពី​ថ្ងៃ​ទី​៥​មិថុនា​ទៅ ​អាមេរិក​គ្មាន​លទ្ធភាព​បើក​ប្រាក់​ខែឱ្យ​បុគ្គលិក​រដ្ឋ បើក​ប្រាក់​សោធននិវត្តន៍ ឬ​សង​បំណុល​គេ​ទេ ... ភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល Fitch បាន​ដាក់​អាមេរិកក្រោម​​ការ​តាមដាន​តាំងពី​ថ្ងៃព្រហស្បតិ៍​មក ជាមួយ​ចំណាត់​AAA ដោយ​អះអាង​ថា​ ​គ្មាន​កិច្ចព្រមព្រៀង​ គឺ​ជា​សញ្ញា​អវិជ្ជមាន​ផ្នែក​អភិបាល​កិច្ច។ នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ក៏​បាន​រិះគន់ដែរ​​ថា​អាមេរិកមិន​គួរ​ធ្លាក់​ក្នុង​ស្ថានភាពតាន​តឹង​​បែប​នេះ​សោះ។ កិច្ចព្រមព្រៀង​យប់​មិញ ជា​​​ខ្យល់​អុកស៊ីហ្សែន​បក់​ផ្លុំ​​ទីផ្សារ​ហិរញ្ញវត្ថុ​ឱ្យ​បាន​ធូរ​ស្បើយ​អារម្មណ៍​បន្តិច ព្រោះ​ថ្វីបើ​ទីផ្សារ​​មិន​ស្លន់ស្លោមែន​ តែគ្រប់​គ្នា​ចាប់​ទន្ទឹង​លទ្ធផល​ហើយ។ តាម​ទម្លាប់ ក្នុង​សំណុំ​រឿង​បែ​ប​នេះ ​មេដឹកនាំ​អាមេរិក​តែង​ព្រមព្រៀង​​គ្នា ​នៅនាទី​ចុងក្រោយ៕
5/28/20237 minutes, 20 seconds
Episode Artwork

បរិស្ថាន​ ៖ ជំហាន​ថ្មី​ឆ្ពោះ​ទៅ​រកសន្ធិសញ្ញា​អន្តរជាតិ​ប្រឆាំង​នឹងបរិស្ថាន​ពុល​ដោយ​​ប្លាស្ទិក ?

ពីថ្ងៃទី២៩ឧសភា ដល់​ថ្ងៃទី២មិថុនា​ សប្តាហ៍​ក្រោយ តំណាង​១៧៥​ប្រទេស ត្រូវ​មក​ជួប​ជុំ​គ្នា​​នៅទីក្រុង​ប៉ារីស ដើម្បី​បើក​កិច្ចចរចា​ជុំ​ទីពីរ​ដែល​មាន​គោលដៅ​ឈាន​ទៅ​បង្កើត​សន្ធិសញ្ញា​អន្តរជាតិប្រឆាំង​នឹង​​​បរិស្ថានពុល​ដោយសារធាតុ​​​ប្លាស្ទិក ​ឲ្យ​បាន​ នៅត្រឹមចុង​​​ឆ្នាំ២០២៤។ ប៉ុន្តែ​ដើម្បី​ផ្តល់​សន្ទុះ​ដល់​ការ​កិច្ចចរចានេះ​ បារាំង ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ​បាន​រៀប​ចំ​ជំនួបកំពូល​​ជាន់​ខ្ពស់​ ផ្តុំ​ដោយ​រដ្ឋមន្ត្រី​និង​អ្នកការទូត​មក​ជាង​៤០ប្រទេស តាំងពី​ថ្ងៃ​សៅរ៍​ទី ២៧​នេះ​ទៅ​តែម្តង។ នៅថ្ងៃ​សៅរ៍​នេះ រដ្ឋមន្ត្រីក្រសួងការបរទេស​និង​​បរិស្ថានបារាំង បាន​ទទួល​ជួប​តំណាង​រដ្ឋ-រដ្ឋាភិបាល​ជាង​៤០​ប្រទេស ដើម្បី​ផ្តល់​សន្ទុះនយោបាយ​ដល់​ការ​ចរចា​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​ប្រឆាំង​នឹង​បរិស្ថានពុល​ដោយ​ប្លាស្ទិក ដែល​​​កំពុង​​ចោទ​ជា​បញ្ហា​កាន់​តែ​ខ្លាំង​ឡើងៗ​សម្រាប់​ពិភពលោក។ សំរាមប្លាស្ទិក​ជាទ្វីបទី​៧នៃផែនដី ​តួលេខនៃ​បរិស្ថានពុល​ដោយ​ប្លាស្ទិក ​គឺ​សម្បើម​ខ្លាំង​ណាស់ ! ប្លាស្ទិក ដែល​ផលិតចេញ​ពី​ប្រេងកាត មាននៅគ្រប់​ទិសទី និង​ក្នុង​ស្ទើរ​គ្រប់មុខ ៖ ជា​របស់​សម្រាប់​វេចខ្ចប់ ជា​សរសៃក្នុង​ក្រណាត់ ក្នុង​សម្លៀកបំពាក់ ក្នុង​វត្ថុ​សំណង់ ក្នុង​គ្រឿង​បរិក្ខារពេទ្យ ... ផលិតផល​ប្លាស្ទិក​ប្រចាំ​ឆ្នាំ​បានកើន​ឡើង​ជាង​ពីរ​ដង​ក្នុង​រយៈ​ពេល២០ឆ្នាំ​ចុងក្រោយ​នេះ ពោល​គឺ​​​ ៤៦០​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ។ ផលិតផល​​ប្លាស្ទិក​​នឹង​មាន​កំណើន​ដល់​ទៅ​បីដង នៅ​ឆ្នាំ​២០៦០ ប្រសិនបើ​គ្មាន​វិធានការ​អ្វី​ទេនោះ។ ហើយមិន​ដល់​មួយ​ឆ្នាំទេ​​ ៨១%​នៃ​ផលិតប្លាស្ទិក​នោះ នឹង​ក្លាយ​ជា​សំរាម។ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អង្គការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច OCDE។ សំណល់​ប្លាស្ទិក​ច្រើន​ពេក​រហូត​មាន​ការ​ប្រៀប​ធៀប​ថា ទ្វីប​ទី​៧ របស់​ភព​ផែនដី​ គឺ​ភព​សំរាម​ប្លាស្ទិកនៅកណ្តាល​មហាសមុទ្ទ​ប៉ាស៊ីហ្វិក។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​នោះ​ គឺ​ក្នុង​ចំណោមសំរាម​​ប្លាស្ទិក​ទាំង​នោះ មាន​មិន​ដល់​១០%​ទេ ដែល​គេយក​មក​​កែច្នៃ​ប្រើ​ឡើង​វិញ។ ឯជាង​​ពី​រភាគ​បី​ទៀត ត្រូវ​ក្លាយ​ជាសំណល់​​ចោល​ក្នុង​ធម្មជាតិ ក្រោយ​ពី​បាន​ប្រើប្រាស់​តែ​​ម្តង ឬ​ពីរបី​ដងយ៉ាង​ច្រើន។ ​ផលវិបាក​នៃ​សំណល់​ប្លាស្ទិក​នេះ ជា​តំណាង​មហន្តរាយ​ខ្លាំងណាស់ មិនមែន​ចំពោះ​តែ​​សត្វទេ សុខភាពមនុស្សខ្លួន​ឯង​​ក៏​រងគ្រោះ​ថ្នាក់​ខ្លាំងដែរ​។ ​សំរាម​ប្លាស្ទិក​មាន​គ្រប់​ធុន តាំងពី​​ដុំធំ​ ទៅ​ ល្អិតហ្មត់ផង់​មើល​មិន​ឃើញ​នឹង​ភ្នែក​ បាន​​ប៉ើង​អណ្តែត​ដល់​បាត​មហាសមុទ្ទ ដល់​ក្នុង​ផ្ទាំង​ទឹកកក​នៅ​តំបន់ប៉ូល​ ដល់​កំពូល​ភ្នំហេមពាន្ត  និង​ក្នុង​ខ្យល់​។ សូម្បី​តែ​ក្នុង​ខ្លួន​ប្រាណ​មនុស្ស​យើង​សព្វថ្ងៃ​ក៏​មាន​សារធាតុ​ពុល​ប្លាស្ទិក​ចូល​ទៅ​ដល់​ដែរ។ ក្នុង​មួយ​អាទិត្យ យើង​លេប​ ប្លាស្ទិក ក្នុង​ទំហំ​ប៉ុន​ ក្រេឌីខាត។ ផលិត​ចេញ​ពី​ប្រេងកាត ផលិតផល​ប្លាស្ទិក​ ដែល​ជួន​មាន​លាយ​សារជាតិ​គីមី​បន្ថែម​ទៀត មាន​រក​ឃើញ​នៅក្នុង​ឈាម និង​ទឹក​ដោះ​ម្តាយ ទៀត​ផង។ បើ​តាមការ​គណនា​របស់​អ្នក​វិទ្យាសាស្ត្រ​បារាំង កាលពី​សប្តាហ៍មុន ក្នុង​ខ្យល់​បរិយាកាស​ដែល​យើង​ស្រូប​ដង្ហើម​ចេញ​ចូល​ជា​រៀង​រាល់​ថ្ងៃ មាន​ធាតុ​ប្លាស្ទិក​តូច​ល្អិត​មើល​មិន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក ប្រមាណ​៤០ទៅ​៤៨គីឡូ ក្នុង​មួយ​ថ្ងៃ​ៗ ហោះ​តោង​ក្នុងផ្ទៃ​​អាកាស​ក្រុង​ប៉ារីស។ ជា​ចុងក្រោយ សូម​កុំ​ភ្លេច​ថា ប្លាស្ទិក​មាន​ចំណែក​​ធំណាស់ ធ្វើ​ឱ្យឡើង​កម្តៅ​អាកាសធាតុ​ ព្រោះ​ ​​ឧស្សាហកម្មប្លាស្ទិក​បញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់​​១៨០០​លាន​តោន​នៅ​ឆ្នាំ​២០១៩ និង​ដល់​ទៅ ១៧%​នៃ​ឧស្ម័ន​កាបូនិក​ពិភពលោក នៅឆ្នាំ​២០៦០។ ​សន្ធិសញ្ញាអន្តរជាតិ​ប្រឆាំង​នឹង​បរិស្ថានពុល​ដោយ​ប្លាស្ទិក ​ដោយ​យល់​អំពីមហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​បន្សល់​ទុក​ដោយ​ប្លាស្ទិក ចំពោះ​ធម្មជាតិ​និង​សុខភាព​មនុស្ស ទើប​អង្គការ​សហប្រជាជាតិ​ចង់​សម្រេច​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​​ប្រឆាំង​នឹង​បរិស្ថានពុល​ដោយ​ប្លាស្ទិក ឱ្យ​បាន​នៅ​ដំណាច់​ឆ្នាំ​២០២៤ ដើម្បី​​កំណត់​អំពី​យន្តការ​គ្រប់គ្រង​ប្លាស្ទិក ចាប់តាំង​ពី​​ដំណាក់កាល​ផលិត ដំណាក់កាល​ប្រើប្រាស់​ រហូត​ទៅដល់​ដំណាក់កាល​គ្រប់គ្រង​សំណល់​ប្លាស្ទិក ក្នុង​កម្មវត្ថុ​ដ៏​ចម្បង​បំផុត​មួយ​គឺ កាត់​បន្ថយ​ការ​ប្រើប្រាស់ និង​ផលិត​ប្លាស្ទិក។ ក្រុម​អ្នក​ការពារ​បរិស្ថាន ជាក់​ស្តែង​តំណាង​អង្គការ​ គ្មាន​សំរាម​ប្លាស្ទិក​សោះ​របស់​បារាំង ឬ​មូលនិធិ​វិទ្យាសាស្ត្រ Tara​មហាសមុទ្ទ យល់​ថា​គេ​ចាំបាច់​ត្រូវ​រក​ដំណោះស្រាយ​មិនមែន​ត្រឹម​រឿង​កែច្នៃ​ផលិតប្លាស្ទិក​ឡើង​វិញ​ទេ គឺ​ត្រូវ​បន្ថយប្រភព​នៃ​បញ្ហា គឺ​បន្ថយ​​ បញ្ចុះ​ផលិតផល​​ប្លាស្ទិកនៅលើ​​ពិភពលោក​ ឱ្យ​បាន​លឿន ដោយ​ត្រូវ​បន្ថយ​ប្រភេទ​ប្លាស្ទិក និង​ហាមឃាត់​តែ​ម្តង​សារធាតុ​ដើម​​ណា​ ឬ​សារធាតុ​គីមី​បន្ថែមណា​ដែល​ផលិតគ្រឿង​​ប្លាស្ទិក​​ពុល​ខ្លាំង។​ សន្ធិសញ្ញាអន្តរជាតិ ចង់គិត​គូរ​​ដល់​ផលិតផល​ដែលប្រើប្រាស់​ប្រចាំ​ថ្ងៃ​ឡើង​វិញ និង​​ចែង​ឱ្យ​ពិភពលោក ​ត្រូវ​តែ​ប្តូរ​វិធី​វេចខ្ចប់ និង​ដឹកជញ្ជូន ដោយបញ្ចប់​ការ​ប្រើប្រាស់​វត្ថុ​​តែ​ម្តង​គ្រវាត់​ចោល​ ហើយ​ត្រូវ​គ្រប់គ្រង​និង​កែច្នៃ​សំណល់​ប្លាស្ទិក​ឱ្យ​បាន​ប្រសើរ​ឡើង។ នៅ​ប្រទេស​ជឿន​លឿន ដូច​យ៉ាង​នៅអឺរ៉ុប ជាពិសេស​អឺរ៉ុប​ខាង​ជើង មាន​ហើយ​ច្បាប់​ហាមឃាត់​ការ​ផលិតផល​របស់​ប្រើ​ម្តង​ចោល​ ឬ​កែច្នៃ​សំរាមប្លាស្ទិក​នោះ តែ​យន្តការ​នេះ​នៅខ្វះ​ខាត​ខ្លាំង​សម្រាប់​បណ្តា​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ។ ភាគី​បារាំង​ជា​ម្ចាស់​ផ្ទះ បាន​បង្ហាញ ជំនឿ​ថាអត្ថបទ​ច្បាប់​​គោល​នៃ​សន្ធិសញ្ញា​ នឹង​អាច​ប្រសូត​ចេញ​ពី​កិច្ចចរចា​នៅប៉ារីស​ ដែល​ជា​ដំណាក់កាលទីពីរ  សម្រាប់​យក​ទៅ​​ជជែក​សម្រួល​ ​នៅ​ក្នុង​​កិច្ចចរចាបន្ត​បន្ទាប់​ទៀត  ចំនួន​បី​ដង​ទៀត។ ប៉ុន្តែ​តើ​អត្ថបទ​ច្បាប់​របស់​សន្ធិសញ្ញា​អន្តរជាតិ​នឹង​មាន​តម្លៃអនុវត្ត​ជាក់​ស្តែង​យ៉ាងណា ? នេះ​ជា​បញ្ហា​មួយ​ទៀត ដែល​សម្ព័ន្ធ​​ក្រុមប្រទេស​អ្នក​ផ្តួចផ្តើម​ចំនួន​៥៤​ប្រទេស ដឹកនាំ​ដោយ រវ៉ាន់ដា និង​ន័រវែស ព្រមទាំង​សហភាពអឺរ៉ុប តែ​ក៏​មាន​ដែរ​បារាំង កាណាដា​ ម៉ិចស៊ិក អូស្ត្រាលី និង​ជប៉ុន កំពុងប្រឹង​បញ្ចុះ​បញ្ចូល ធ្វើ​យ៉ាងណាសន្ធិសញ្ញា​អន្តរជាតិប្រឆាំង​នឹង​សារធាតុ​ពុល​ប្លាស្ទិក ដើម្បី​លុប​បំបាត់សំរាម​ប្លាស្ទិក​ទាំងស្រុង​នៅ​ឆ្នាំ​២០៤០ មាន​តម្លៃ​ត្រូវ​តែ​គោរព​តាម​ផ្លូវ​ច្បាប់​។ ដើម្បី​លើកតម្លៃ​នៃ​សន្ធិសញ្ញា​ ​ត្រូវមាន​​​ការ​អនុម័ត​ដោយ​បោះឆ្នោត ជា​សំឡេង​ភាគ​ច្រើន ឬ​ជា​ឯកច្ឆ័ន្ទ ? ជម្រើស​ល្អ​គឺ​ការ​​អនុម័ត​ជា​ឯកច្ឆ័ន្ទ តែ​ក្រុម​Lobby ការពារ​ថាមពល​ផូស៊ីល និង​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ប្លាស្ទិកកំពុង​​រីក​ចម្រើន ត្រូវការ​ការ​ពារ​ទីផ្សារការងាររបស់​ពួកគេ​ដែរ។ ដោយ​មិន​រាប់​រុស្ស៊ី ចិន ឥណ្ឌា ប្រេស៊ីល សហរដ្ឋ​អាមេរិក ពុំ​សូវ​មាន​មហិច្ឆតា​ប្រយុទ្ធ​ប្រឆាំ​ងនឹង​បរិស្ថានពុល​ប្លាស្ទិក​ទេ។ ពួកគេ​ហាក់​មិន​សូវ​ចង់​ប្តូរទម្លាប់ឡើយ ដោយ​ទទូច​ចង់​ត្រឹម​គិត​គូរ​ខ្លាំង​ដល់​ការ​កែច្នៃ​ឡើង​វិញ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បោះបង់​​សំណល់ប្លាស្ទិក​​ តែ​ប៉ុណ្ណោះ។ នៅចំពោះ​មុខចរន្តបញ្ច្រាសគ្នា​ខ្លាំង​ដូច្នេះ​ មហិច្ឆតា​របស់​ក្រុមអ្នក​ការពារ​បរិស្ថាន​ខ្លាំង ត្រូវ​តែចុះ​ថយ​ បើ​ចង់​ឃើញ​សន្ធិសញ្ញាអន្តរជាតិ​អាច​កើត​ជា​រូប​រាង​បាន៕
5/27/20237 minutes, 58 seconds
Episode Artwork

សកម្មជនបរិស្ថានចូលលុកលុយរំខានមហាសន្និបាតម្ចាស់ភាគហ៊ុនក្រុមហ៊ុនតូតាល់

នៅទីក្រុង​ប៉ារីស ថ្ងៃសុក្រ​ទី​២៦ឧសភា ក្រុម​បាតុករ ច្រើន​រយនាក់ ជា​ក្រុម​សកម្មជនការពារ​បរិស្ថានអាកាសធាតុ​ មកពី​អង្គការ​ផ្សេងៗគ្នា​ បានធ្វើ​បាតុកម្ម​លុកលុយរំខានមហាសន្និបាតម្ចាស់ភាគហ៊ុន របស់​ក្រុមហ៊ុនប្រេង​និង​ថាមពល តូតាល់។ ប៉ូលិ​ស​បារាំង បាន​បំបែក​ហ្វូង​បាតុករ ដោយ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក និង​ចាប់ខ្លួន​បាតុករ​ខ្លះ​ផង។ ទោះបី​ជា​រំខានយ៉ាងណាក្តី​  មហាសន្និបាតប្រចាំឆ្នាំ​ របស់​ម្ចាស់ភាគហ៊ុន​ តូតាល់ នៅតែបន្ត​ធ្វើ​ឡើង​ ដូច​តាម​ការ​គ្រោង​ទុក។ ទន្ទឹម​នឹងគ្នា​នេះដែរ​​ ​រដ្ឋាភិបាលបារាំង ក៏បាន​អំពាវនាវ ឲ្យ តូតាល់ បង្កើនការ​វិនិយោគទុន​លើវិស័យថាមពលបៃតង។ ​យ៉ាងហោច បាតុករ ​៤ នាក់​ ត្រូវ​ចាប់ខ្លួន។ ​បាតុករ ប្រមាណ​ជា ២០០ ទៅ​៤០០នាក់​ ផ្តុំគ្នា​នៅ​មុខ​កន្លែង​ធ្វើ​មហាសន្និបាត របស់ក្រុមហ៊ុនតូតាល់ នៅ​កណ្តាល​ក្រុង​ប៉ារីស។ ក្រុម​បាតុករ​សកម្ម​ជន​បរិស្ថាន​ ​ គឺ​សហការ​គ្នា​ពី​ សមាគម ​និង​អង្គការ​ច្រើន​ផ្សេងគ្នា គឺ​មាន​ Amis de la Terre, ANV-COP21, Attac, Greenpeace, Scientifiques en rébellion និង Extinction Rebellion ជា​ដើម។ល។ គោល​បំណង​គឺ​ទាមទារ​ឲ្យ​ក្រុមហ៊ុនគិតគូរ​ពី​បរិស្ថា​នអាកាស​ធាតុ​ និង​ចូលរួម​កាត់បន្ថយកម្តៅផែនដី ស្រប​តាម​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ​២០១៥ ដែល ក្រុម​ហ៊ុន​​តូតាល់ខ្លួនឯង ​ក៏ធ្លាប់​បា​នសន្យា​ដែរ។​ គ្រាន់តែ​ត្រី​មាសទី១ ​ឆ្នាំ​២០២៣នេះ​ ក្រុមហ៊ុន​តូតាល់​ប្រកាស​ថា​ចំណេញ​ប្រាក់​បាន​ ៤០​ ពាន់​លាន​ដុល្លារ​​។ ក៏ប៉ុន្តែ ចំពោះ​បាតុករ​វិញ គឺ​មិន​សប្បាយ​ចិត្ត​ទេ។ បាតុករ​យល់ថា ក្រុម​ហ៊ុន​ថាមពល​ប្រេងនិងឧស្ម័ន​ តូតាល់ ចំណេញ​ប្រាក់​​ព្រោះតែ​បំពុល​និង​បំផ្លាញ​ភព​ផែន​ដី​។​ ថ្ងៃសុក្រនេះ ពួក​គេ​បាន​ស្រែក និង​លើកបដា​ថា ក្រុម​ហ៊ុន​តូតាល់ ជា«ឧក្រិដ្ឋជន ឃាតករ​»​ ទៀត​ផង​។ ​នគរបាលបារាំង បាន​បំបែក​ហ្វូង​បាតុករ ដោយ​បាញ់ឧស្ម័ន​បង្ហូរទឹកភ្នែក​ និង​ ចាប់ខ្លួនបាតុករ ៤ នាក់ដែរ។ ​បន្ទាប់ពីប៉ះទង្គិចគ្នាភ្លាមៗ  ប៉ូលិសបារាំង ប្រាប់អ្នកកាសែត ថា កិច្ចប្រជុំរបស់តូតាល់​ត្រូវបិទហើយ។ ក៏ប៉ុន្តែ នៅទីបំផុតទៅ ទោះបីមានការរារាំងរំខានក្តី  មហាសន្និបាតម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុនតូតាល់ ក៏បានចាប់ផ្តើមដូចតាមការគ្រោងទុក ប្រហែលម៉ោង១០ព្រឹក នៅស្រុកបារាំង។ ​ពេលថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត អគ្គនាយកក្រុម​ហ៊ុន​តូតាល់ លោក Patrick Pouyanné បានបង្ហាញ​​ក្តី​សោកស្តាយ​ដែល​ត្រូវ​រឹត​បន្តឹង​សុវត្ថិភាព​ខ្លាំង ដោយស្នើសុំ​ឲ្យ​នគរបាល​ជួយ​ពិនិត្យ​ឆែកឆេរ​ នៅ​មាត់ច្រក​ចូល និង​ដាក់​វិធានការ​ហាម​ អ្នក​កាសែត​ និង ​ម្ចាស់​ភាគហ៊ុន​ មិន​ឲ្យ​យក​ទូរសព្ទចូល​ ជាដើម។​ រដ្ឋាភិបាលបារាំង អំពាវនាវ ឲ្យ តូតាល់ បង្កើនការវិនិយោគទុនលើវិស័យថាមពលបៃតង។​ រដ្ឋាភិបាល​បារាំង​ បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ថាមពល​ TotalEnergies វិយោគទុន​ ទៅលើ​វិស័យ​ថាមពល​បៃតង ថាមពល​កកើត​ឡើងវិញ ឲ្យ​បាន​ជា​បន្ទាន់ ​​ហើយនិង ​ត្រូវ​ធ្វើ​​ឲ្យ​លឿនឆាប់រហ័ស​។ នេះជា​ការ​អំពាវនាវ​ជំរុញ​ ពី​សំណាក់​ ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​​បារាំង អ្នក​ស្រី Agnès Pannier-Runacher មាន​ប្រសាសន៍​នៅវិទ្យុ​បារាំង​ FranceInfo ថ្ងៃសុក្រនេះ។​ ​រដ្ឋមន្ត្រីបរិស្ថាន​បារាំង​ ​បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ថាម​ពល​តូតាល់​បញ្ចេញ​បញ្ចប់​ថវិការ​វិនិយោគទុន​ដល់​ថាមពល​ស្អាត​ស្អំ តាម​ការ​ទាមទារ​របស់​បាតុករបរិស្ថាន មែន ប៉ុន្តែ ទន្ទឹមនឹង​គ្នា​នេះ អ្នក​ស្រី​រដ្ឋមន្ត្រី​ក៏​ស្តីបន្ទោស​បាតុករ​ដែរ ថា​ធ្វើ​បាតុកម្ម​មិន​បាន​ប្រកាស​ដំណឹង​ជាមុន នាំ​ឲ្យ​រំខាន​ដល់​សណ្តាប់​ធ្នាប់។​ ការឆាឆាវរំខានកិច្ចប្រជុំនានារបស់ក្រុមហ៊ុនប្រេងនិងក្រុមហ៊ុនថាម​ពល ពីសំណាក់ក្រុមសង្គមស៊ីវិលអ្នកការពារបរិស្ថានអាកាសធាតុ គឺមិនមែនជាលើកទី១ នៅថ្ងៃនេះទេ។ ថ្ងៃអង្គារ៍ ទី២៣ ឧសភា ក្នុងសប្តាហ៍នេះ ក្រុមអ្នកសកម្មជនបរិស្ថាន ក៏​បានបាតុកម្មអុកលុកក្នុងកម្មវិធីមហាសន្និបាតរបស់ក្រុមហ៊ុនប្រេង Shell របស់អង់គ្លេស   នៅក្រុងឡុងដ្រ៍ ហើយនិងរំខានដែរ ដល់ កម្មវិធី របស់ ធានាគារផ្សេងទៀត  ( BNP និង Barclays)  ដែល ធនាគារទាំង​នោះ បានចូលរួមវិយោគទុនជាមួយក្រុមហ៊ុនប្រេង។ បាតុកម្ម​របស់​សកម្មជន​បរិស្ថាន​ថ្ងៃនេះ គឺ​ជា​សម្ពាធ​មួយ​ដែរ ​ដើម្បី​ឲ្យ​ ក្រុម​ហ៊ុនថាមពលប្រេង​និង​ឧស្ម័ន តូតាល់ ដាក់​ចេញ​គម្រោង​យុទ្ធសាស្ត្រ​​ឲ្យ​បាន​ល្អ​ នៅក្នុង​ការ​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​។ «បញ្ចប់​ធ្យូងថ្ម» តូតាល់ មាន​ម្ចាស់​ភាគហ៊ុន​ ជា​បុគ្គល​ឯកជន ប្រមាណ ១,៥ លាននាក់។ ក្នុង​មហាសន្និបាត គឺ អ្ន​កខ្លះ​ចូល​រួម​ផ្ទាល់ និងខ្លះទៀត ចូលរួម​ពីចម្ងាយ​តាម​ប្រព័ន្ធអ៊ិនធ័រនែត។ ​​ ម្ចាស់ភាគហ៊ុន ​មួយចំនួន​ ក៏​បាន​សម្តែង​មតិ​ខ្លះ​ហើយ ថា​នឹង​​បោះឆ្នោត​សម្រេច​ចិត្ត សំដៅ​​ដល់​កិច្ច​គាំទ្រ​បរិស្ថាន​អាកាសធាតុ។​ ក្នុង​ចរន្ត​ថ្មីដែលក្រុម​អ្ន​កបរិស្ថាន​និយម​ទាមទារ​​ គឺ​ ត្រូវកាត់​បន្ថយ​និងលុប​បំបាត់​ការ​ចម្រាញ់​សារធាតុ​ហ្វូស៊ីល ឧស្ម័ន ប្រេង និង ធ្យូងថ្ម ហើយ​ងាក​ទៅ​ផលិត​ថាមពល​ស្អាតសំ ទាញ​ចេញពី​ពន្លឺព្រះអាទិត្យ ឬ​ពី​ខ្យល់ ។ល។​ អគ្គនាយកក្រុមហ៊ុនតូតាល់ លោក Patrick Pouyanné បាន​ផ្តល់​សម្ភាស​ឲ្យ​ កាសែត​កាតូលិក La Croix នៅថ្ងៃពុធ ដោយ​មាន​ប្រសាសន៍​ បកស្រាយ​ថា ក្រុមហ៊ុនតូតាល់តែម្នាក់​ឯង មិន​អាច​នឹង​ធ្វើ​ឲ្យ​ចុះ​ថយ​តម្រូវ​ការ​ប្រេងសាំង​​នោះឡើយ។ ហើយ​ម្យ៉ាងទៀត ​ដើម្បី​ការ​រីកចម្រើន​ចំណេញ​របស់ក្រុម​ហ៊ុន​ផង ​​ដំឡើង​ប្រាក់​ខែ​បុគ្គលិក​ផង និង​បង់​ពន្ធ​ជូន​រដ្ឋផង ហើយ​និង​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិទៀត គឺ ត្រូវគិត​​ថ្លឹងថ្លែង។ ក្នុងន័យ​នេះ គឺ​ថា បើ​ឈប់វិយោគទុនលើ​​ប្រេងភ្លាមៗ​ មិនបា​នទេ។ ទោះយ៉ាងនេះក្តី តំណាង​ក្រុម​ហ៊ុនតូតាល់ យល់​ស្របត្រូវ​បញ្ចប់​ខាង​ធ្យូងថ្ម។ ​​ក្រុម​ហ៊ុន​តូតាល់​ មាន​ គម្រោង​សកម្ម​ភាព​វិនិយោគ ផ្នែក​ឧស្ម័ន​និង​ប្រេង​ នៅ​ប្រទេសអេមីរ៉ាត់​អារាប់​រួម អ៊ីរ៉ាក់ ប៉ាពូ​អាស៊ី​ និង​  អូហ្កង់ដា ។ល។ គម្រោងដ៏​​ធំ​ នៅ​អូហ្កង់ដា មាន​រឿង​អាស្រូវ​ល្បីល្បាញរន្ទឺ​ និង​ដែល​ ត្រូវ​ អង្គការសង្គម​ស៊ីវិល​ ចោទប្រកាន់​ក្រុម​ហ៊ុ​នតូតាល់​ជា​ខ្លាំង ពី​ការរំលោភបំពាន​សិទ្ធិមនុស្ស ពីព្រោះ​​ប៉ះពាល់​ដល់​ប្រជាជន​មូលដ្ឋាន ដោយ​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន ចោល​ផ្ទះ​សម្បែង​ និង​ថា ពលរដ្ឋ​ ១០ម៉ឺន​​នាក់​ នៅ​មិនទាន់​ទទួល​បាន​សំណង​សមរម្យ​នៅឡើយ​ទេ​​​៕​
5/26/20237 minutes, 29 seconds
Episode Artwork

សកម្មជនបរិស្ថានចូលលុកលុយរំខានមហាសន្និបាតម្ចាស់ភាគហ៊ុនក្រុមហ៊ុនតូតាល់

នៅទីក្រុង​ប៉ារីស ថ្ងៃសុក្រ​ទី​២៦ឧសភា ក្រុម​បាតុករ ច្រើន​រយនាក់ ជា​ក្រុម​សកម្មជនការពារ​បរិស្ថានអាកាសធាតុ​ មកពី​អង្គការ​ផ្សេងៗគ្នា​ បានធ្វើ​បាតុកម្ម​លុកលុយរំខានមហាសន្និបាតម្ចាស់ភាគហ៊ុន របស់​ក្រុមហ៊ុនប្រេង​និង​ថាមពល តូតាល់។ ប៉ូលិ​ស​បារាំង បាន​បំបែក​ហ្វូង​បាតុករ ដោយ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក និង​ចាប់ខ្លួន​បាតុករ​ខ្លះ​ផង។ ទោះបី​ជា​រំខានយ៉ាងណាក្តី​  មហាសន្និបាតប្រចាំឆ្នាំ​ របស់​ម្ចាស់ភាគហ៊ុន​ តូតាល់ នៅតែបន្ត​ធ្វើ​ឡើង​ ដូច​តាម​ការ​គ្រោង​ទុក។ ទន្ទឹម​នឹងគ្នា​នេះដែរ​​ ​រដ្ឋាភិបាលបារាំង ក៏បាន​អំពាវនាវ ឲ្យ តូតាល់ បង្កើនការ​វិនិយោគទុន​លើវិស័យថាមពលបៃតង។ ​យ៉ាងហោច បាតុករ ​៤ នាក់​ ត្រូវ​ចាប់ខ្លួន។ ​បាតុករ ប្រមាណ​ជា ២០០ ទៅ​៤០០នាក់​ ផ្តុំគ្នា​នៅ​មុខ​កន្លែង​ធ្វើ​មហាសន្និបាត របស់ក្រុមហ៊ុនតូតាល់ នៅ​កណ្តាល​ក្រុង​ប៉ារីស។ ក្រុម​បាតុករ​សកម្ម​ជន​បរិស្ថាន​ ​ គឺ​សហការ​គ្នា​ពី​ សមាគម ​និង​អង្គការ​ច្រើន​ផ្សេងគ្នា គឺ​មាន​ Amis de la Terre, ANV-COP21, Attac, Greenpeace, Scientifiques en rébellion និង Extinction Rebellion ជា​ដើម។ល។ គោល​បំណង​គឺ​ទាមទារ​ឲ្យ​ក្រុមហ៊ុនគិតគូរ​ពី​បរិស្ថា​នអាកាស​ធាតុ​ និង​ចូលរួម​កាត់បន្ថយកម្តៅផែនដី ស្រប​តាម​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ​២០១៥ ដែល ក្រុម​ហ៊ុន​​តូតាល់ខ្លួនឯង ​ក៏ធ្លាប់​បា​នសន្យា​ដែរ។​ គ្រាន់តែ​ត្រី​មាសទី១ ​ឆ្នាំ​២០២៣នេះ​ ក្រុមហ៊ុន​តូតាល់​ប្រកាស​ថា​ចំណេញ​ប្រាក់​បាន​ ៤០​ ពាន់​លាន​ដុល្លារ​​។ ក៏ប៉ុន្តែ ចំពោះ​បាតុករ​វិញ គឺ​មិន​សប្បាយ​ចិត្ត​ទេ។ បាតុករ​យល់ថា ក្រុម​ហ៊ុន​ថាមពល​ប្រេងនិងឧស្ម័ន​ តូតាល់ ចំណេញ​ប្រាក់​​ព្រោះតែ​បំពុល​និង​បំផ្លាញ​ភព​ផែន​ដី​។​ ថ្ងៃសុក្រនេះ ពួក​គេ​បាន​ស្រែក និង​លើកបដា​ថា ក្រុម​ហ៊ុន​តូតាល់ ជា«ឧក្រិដ្ឋជន ឃាតករ​»​ ទៀត​ផង​។ ​នគរបាលបារាំង បាន​បំបែក​ហ្វូង​បាតុករ ដោយ​បាញ់ឧស្ម័ន​បង្ហូរទឹកភ្នែក​ និង​ ចាប់ខ្លួនបាតុករ ៤ នាក់ដែរ។ ​បន្ទាប់ពីប៉ះទង្គិចគ្នាភ្លាមៗ  ប៉ូលិសបារាំង ប្រាប់អ្នកកាសែត ថា កិច្ចប្រជុំរបស់តូតាល់​ត្រូវបិទហើយ។ ក៏ប៉ុន្តែ នៅទីបំផុតទៅ ទោះបីមានការរារាំងរំខានក្តី  មហាសន្និបាតម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុនតូតាល់ ក៏បានចាប់ផ្តើមដូចតាមការគ្រោងទុក ប្រហែលម៉ោង១០ព្រឹក នៅស្រុកបារាំង។ ​ពេលថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត អគ្គនាយកក្រុម​ហ៊ុន​តូតាល់ លោក Patrick Pouyanné បានបង្ហាញ​​ក្តី​សោកស្តាយ​ដែល​ត្រូវ​រឹត​បន្តឹង​សុវត្ថិភាព​ខ្លាំង ដោយស្នើសុំ​ឲ្យ​នគរបាល​ជួយ​ពិនិត្យ​ឆែកឆេរ​ នៅ​មាត់ច្រក​ចូល និង​ដាក់​វិធានការ​ហាម​ អ្នក​កាសែត​ និង ​ម្ចាស់​ភាគហ៊ុន​ មិន​ឲ្យ​យក​ទូរសព្ទចូល​ ជាដើម។​ រដ្ឋាភិបាលបារាំង អំពាវនាវ ឲ្យ តូតាល់ បង្កើនការវិនិយោគទុនលើវិស័យថាមពលបៃតង។​ រដ្ឋាភិបាល​បារាំង​ បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ថាមពល​ TotalEnergies វិយោគទុន​ ទៅលើ​វិស័យ​ថាមពល​បៃតង ថាមពល​កកើត​ឡើងវិញ ឲ្យ​បាន​ជា​បន្ទាន់ ​​ហើយនិង ​ត្រូវ​ធ្វើ​​ឲ្យ​លឿនឆាប់រហ័ស​។ នេះជា​ការ​អំពាវនាវ​ជំរុញ​ ពី​សំណាក់​ ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​​បារាំង អ្នក​ស្រី Agnès Pannier-Runacher មាន​ប្រសាសន៍​នៅវិទ្យុ​បារាំង​ FranceInfo ថ្ងៃសុក្រនេះ។​ ​រដ្ឋមន្ត្រីបរិស្ថាន​បារាំង​ ​បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ថាម​ពល​តូតាល់​បញ្ចេញ​បញ្ចប់​ថវិការ​វិនិយោគទុន​ដល់​ថាមពល​ស្អាត​ស្អំ តាម​ការ​ទាមទារ​របស់​បាតុករបរិស្ថាន មែន ប៉ុន្តែ ទន្ទឹមនឹង​គ្នា​នេះ អ្នក​ស្រី​រដ្ឋមន្ត្រី​ក៏​ស្តីបន្ទោស​បាតុករ​ដែរ ថា​ធ្វើ​បាតុកម្ម​មិន​បាន​ប្រកាស​ដំណឹង​ជាមុន នាំ​ឲ្យ​រំខាន​ដល់​សណ្តាប់​ធ្នាប់។​ ការឆាឆាវរំខានកិច្ចប្រជុំនានារបស់ក្រុមហ៊ុនប្រេងនិងក្រុមហ៊ុនថាម​ពល ពីសំណាក់ក្រុមសង្គមស៊ីវិលអ្នកការពារបរិស្ថានអាកាសធាតុ គឺមិនមែនជាលើកទី១ នៅថ្ងៃនេះទេ។ ថ្ងៃអង្គារ៍ ទី២៣ ឧសភា ក្នុងសប្តាហ៍នេះ ក្រុមអ្នកសកម្មជនបរិស្ថាន ក៏​បានបាតុកម្មអុកលុកក្នុងកម្មវិធីមហាសន្និបាតរបស់ក្រុមហ៊ុនប្រេង Shell របស់អង់គ្លេស   នៅក្រុងឡុងដ្រ៍ ហើយនិងរំខានដែរ ដល់ កម្មវិធី របស់ ធានាគារផ្សេងទៀត  ( BNP និង Barclays)  ដែល ធនាគារទាំង​នោះ បានចូលរួមវិយោគទុនជាមួយក្រុមហ៊ុនប្រេង។ បាតុកម្ម​របស់​សកម្មជន​បរិស្ថាន​ថ្ងៃនេះ គឺ​ជា​សម្ពាធ​មួយ​ដែរ ​ដើម្បី​ឲ្យ​ ក្រុម​ហ៊ុនថាមពលប្រេង​និង​ឧស្ម័ន តូតាល់ ដាក់​ចេញ​គម្រោង​យុទ្ធសាស្ត្រ​​ឲ្យ​បាន​ល្អ​ នៅក្នុង​ការ​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​។ «បញ្ចប់​ធ្យូងថ្ម» តូតាល់ មាន​ម្ចាស់​ភាគហ៊ុន​ ជា​បុគ្គល​ឯកជន ប្រមាណ ១,៥ លាននាក់។ ក្នុង​មហាសន្និបាត គឺ អ្ន​កខ្លះ​ចូល​រួម​ផ្ទាល់ និងខ្លះទៀត ចូលរួម​ពីចម្ងាយ​តាម​ប្រព័ន្ធអ៊ិនធ័រនែត។ ​​ ម្ចាស់ភាគហ៊ុន ​មួយចំនួន​ ក៏​បាន​សម្តែង​មតិ​ខ្លះ​ហើយ ថា​នឹង​​បោះឆ្នោត​សម្រេច​ចិត្ត សំដៅ​​ដល់​កិច្ច​គាំទ្រ​បរិស្ថាន​អាកាសធាតុ។​ ក្នុង​ចរន្ត​ថ្មីដែលក្រុម​អ្ន​កបរិស្ថាន​និយម​ទាមទារ​​ គឺ​ ត្រូវកាត់​បន្ថយ​និងលុប​បំបាត់​ការ​ចម្រាញ់​សារធាតុ​ហ្វូស៊ីល ឧស្ម័ន ប្រេង និង ធ្យូងថ្ម ហើយ​ងាក​ទៅ​ផលិត​ថាមពល​ស្អាតសំ ទាញ​ចេញពី​ពន្លឺព្រះអាទិត្យ ឬ​ពី​ខ្យល់ ។ល។​ អគ្គនាយកក្រុមហ៊ុនតូតាល់ លោក Patrick Pouyanné បាន​ផ្តល់​សម្ភាស​ឲ្យ​ កាសែត​កាតូលិក La Croix នៅថ្ងៃពុធ ដោយ​មាន​ប្រសាសន៍​ បកស្រាយ​ថា ក្រុមហ៊ុនតូតាល់តែម្នាក់​ឯង មិន​អាច​នឹង​ធ្វើ​ឲ្យ​ចុះ​ថយ​តម្រូវ​ការ​ប្រេងសាំង​​នោះឡើយ។ ហើយ​ម្យ៉ាងទៀត ​ដើម្បី​ការ​រីកចម្រើន​ចំណេញ​របស់ក្រុម​ហ៊ុន​ផង ​​ដំឡើង​ប្រាក់​ខែ​បុគ្គលិក​ផង និង​បង់​ពន្ធ​ជូន​រដ្ឋផង ហើយ​និង​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិទៀត គឺ ត្រូវគិត​​ថ្លឹងថ្លែង។ ក្នុងន័យ​នេះ គឺ​ថា បើ​ឈប់វិយោគទុនលើ​​ប្រេងភ្លាមៗ​ មិនបា​នទេ។ ទោះយ៉ាងនេះក្តី តំណាង​ក្រុម​ហ៊ុនតូតាល់ យល់​ស្របត្រូវ​បញ្ចប់​ខាង​ធ្យូងថ្ម។ ​​ក្រុម​ហ៊ុន​តូតាល់​ មាន​ គម្រោង​សកម្ម​ភាព​វិនិយោគ ផ្នែក​ឧស្ម័ន​និង​ប្រេង​ នៅ​ប្រទេសអេមីរ៉ាត់​អារាប់​រួម អ៊ីរ៉ាក់ ប៉ាពូ​អាស៊ី​ និង​  អូហ្កង់ដា ។ល។ គម្រោងដ៏​​ធំ​ នៅ​អូហ្កង់ដា មាន​រឿង​អាស្រូវ​ល្បីល្បាញរន្ទឺ​ និង​ដែល​ ត្រូវ​ អង្គការសង្គម​ស៊ីវិល​ ចោទប្រកាន់​ក្រុម​ហ៊ុ​នតូតាល់​ជា​ខ្លាំង ពី​ការរំលោភបំពាន​សិទ្ធិមនុស្ស ពីព្រោះ​​ប៉ះពាល់​ដល់​ប្រជាជន​មូលដ្ឋាន ដោយ​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន ចោល​ផ្ទះ​សម្បែង​ និង​ថា ពលរដ្ឋ​ ១០ម៉ឺន​​នាក់​ នៅ​មិនទាន់​ទទួល​បាន​សំណង​សមរម្យ​នៅឡើយ​ទេ​​​៕​
5/26/20237 minutes, 29 seconds
Episode Artwork

ទីភ្នាក់ងារថាមពលIEA៖ ជាលើកទី១ ការវិនិយោគលើ​ថាមពលស្អាតស្អំ​កើនឡើងច្រើនជាងការវិនិយោគលើថាមពលផូស៊ីល

ជាលើកទី១ នៅក្នុងប្រវត្តិសាស្រ្ត ការវិនិយោគ​លើ​ថាមពលពន្លឺព្រះអាទិត្យ ថាមពល​សូឡា មានចំនួនច្រើនជាង​ការវិនិយោគ​ទៅលើ​ការធ្វើ​អាជីវកម្ម​ប្រេង។ នៅក្នុង​របាយការណ៍​ចចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍នេះ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ព្យាករថា នៅ​ឆ្នាំ ២០២៣ ទឹកប្រាក់វិនិយោគ​ទៅលើ​ថាមពលស្អាតស្អំ នឹង​មានចំនួនជាង​ប្រាក់វិនិយោគ​លើ​ថាមពលផូស៊ីល ដែលជា​ប្រភព​បញ្ចេញឧស្ម័ន​កាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដែលជា​ដើមហេតុ​នៃ​ការឡើងកំដៅលើផែនដី។ យ៉ាងណាក៏ដោយ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ដែលមានទីតាំង​នៅទីក្រុង​ប៉ារីស បាន​ព្រមាន​កុំ​ឲ្យ​គេត្រេកអរភ្លេចខ្លួន និង​ថា ពិភពលោក​ត្រូវ​ប្រឹងប្រែងបន្ថែមទៀត បើសិន​គេចង់សម្រេចគោលដៅ អព្យាក្រឹត្យ​កាបូន នៅ​ឆ្នាំ ២០៥០ ដើម្បី​រក្សា​ទប់កុំ​ឲ្យ​ផែនដី​កើនឡើងកំដៅច្រើនជាង ១,៥អង្សា។ នៅក្នុង​របាយការណ៍ ចុះផ្សាយ​នៅថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ហៅកាត់ជា​ភាសា​អង់គ្លេស ថា IEA បាន​បង្ហាញ​ថា នៅ​ឆ្នាំនេះ ការវិនិយោគ​ទៅលើ​ថាមពល​ស្អាតស្អំ នឹង​មាន​ទំហំទឹកប្រាក់ ច្រើនជាង​ការវិនិយោគ​លើ​ថាមពល​ផូស៊ីល។ នេះ​ជា​ដំណឹងល្អមួយ​សម្រាប់​ផែនដី បើ​សិន​គេ​ចង់​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ដែលមាន​ប្រភព​ចេញមក​ពី​ថាមពល​ផូស៊ីល បើសិន​គេ​ចង់​បានអព្យាក្រឹត្យកាបូន​នៅឆ្នាំ ២០៥០  កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដើម្បី​ជៀសវាង​កុំ​ឲ្យផែនដី​ឡើងកំដៅ ១,៥អង្សា​ថែមទៀត គេចាំបាច់ត្រូវការវិនិយោគច្រើន​ទៅលើ​ថាមពល​ស្អាតស្អំ ដូចជា​ថាមពល​សូឡា វាយោអគ្គិសនី។ តាមរបាយការណ៍របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ បន្ទាប់ពី និន្នាការវិនិយោគ​ទៅលើថាមពល​ស្អាតស្អំ បាន​ចាប់ពន្លក នៅប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ គេ​នឹង​ឃើញ​សន្ទុះ​វិនិយោគ​គួរ​ឲ្យកត់សំគាល់​ទៅលើ​វិស័យថាមពល​ស្អាតស្អំ។ ជាក់ស្តែង នៅ​ឆ្នាំ​២០២៣​នេះ ទំហំទឹកប្រាក់វិនិយោគ​លើ​ថាមពលស្អាតស្អំ​នៅក្នុងពិភពលោក មាន​ប្រមាណ ១,៧ទ្រីលានដុល្លារ ពោល​គឺ​ច្រើនជាងទឹកប្រាក់​វិនិយោគ​ទៅលើ​ថាមពល​ផូស៊ីល ដូចជា​ប្រេង ឧស្ម័ន និង​ធ្យូងថ្ម ទៅទៀត ដែលមានប្រមាណតែ​​១ទ្រីលាន​ដុល្លារ។ អាច​និយាយ​បាន​ថា នៅពេល​គេវិនិយោគ​១ដុល្លារ ទៅលើ​ថាមពលផូស៊ីល ដូចជា ការរុករកប្រេង ឧស្ម័ន និងធ្យូងថ្ម គេ​វិនិយោគ​ដាក់ប្រាក់ ១,៧ ដុល្លារ សម្រាប់​ថាមពល​ស្អាតស្អំ ឬ​ថាមពលដែលបញ្ចេញ​ឧស្ម័នកាបូនិកតិចបំផុត ដែលមានដូចជា​ រោងចក្រដើរដោយថាមពលនុយក្លេអ៊ែរ ផ្ទាំងសូឡា វោយោអគ្គិសនី រថយន្តអគ្គិសនី។ សម្រាប់​នាយកប្រតិបត្តិ​របស់​ទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol នេះជា​រឿងគួរ​ឲ្យភ្ញាក់ផ្អើល ដែលគេ​មិនធា្លប់រំពឹងទុក​ទាល់តែសោះ។ កាលពី​៥ឆ្នាំមុន ទឹកប្រាក់វិនិយោគ​លើថាមពល​ស្អាតស្អំ និងថាមពល​ផូស៊ីល​មាន​ទំហំទឹកប្រាក់ប៉ុនគ្នា ប្រមាណ ១ទ្រីលាន​ដុល្លារ។ ប៉ុន្តែ នៅឆ្នាំនេះ ទឹកប្រាក់​វិនិយោគ​ទៅលើ​វិស័យថាមពល​ស្អាតស្អំ បាន​កើនឡើង​ក្នុងល្បឿន​មួយ​ដ៏លឿន លើស​ការស្រមៃទុក​របស់​មនុស្ស​ទៅទៀត។ ជាក់ស្តែង នៅ​ឆ្នាំនេះ ជាលើកទី១​ក្នុងប្រវត្តិសាស្រ្ត ថាមពល​ពន្លឺព្រះអាទិត្យ ឬ​ផ្ទាំងសូឡា​ដែល​កំពុង​ពេញនិយមខ្លាំង​នៅក្នុងពិភពលោក កំពុង​ទាក់ទាញ​ឲ្យគេ​ចាប់អារម្មណ៍ វិនិយោគច្រើនជាង​ការវិនិយោគ​ទៅលើ​ការផលិតប្រេង។ ឧទាហរណ៍ នៅពេល ការវិនិយោគ​ទៅលើ​ការរុករក និងធ្វើអាជីវកម្ម​ប្រេង​មានទំហំប្រាក់ ៣៧០​ពាន់​លានដុល្លារ ការវិយោគ​លើថាមពលសូឡា មាន​ដល់ទៅ ៣៨០ ពាន់លាន​ដុល្លារ ពោល គឺ​ច្រើនជាង ១ពាន់លានដុល្លារ។ ថាមពលពន្លឺព្រះអាទិត្យ ជាថាមពល​ពេញនិយម តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន​ជាកត្តា​ជួយជំរុញ​ឲ្យ​ការវិនិយោគលើថាមពល​ស្អាតស្អំ កើនឡើង​គួរ​ឲ្យកត់សំគាល់​យ៉ាងដូច្នេះ។ នៅទឹកដីអឺរ៉ុបផ្ទាល់ ដោយសារ​តែ​អឺរ៉ុប​ឈប់ទិញប្រេង និង​ឧស្ម័ន​ពីរុស្ស៊ី បូកផ្សំ និងតម្លៃ​ថាមពល​ឡើងថ្លៃ នៅទីផ្សារ​អន្តរជាតិ (ម្យ៉ាងដោយសារ​សង្រ្គាមនៅអ៊ុយក្រែន និងតម្រូវការថាមពល​សម្រាប់​ការចាប់ផ្តើម​សេដ្ឋកិច្ច​នៅក្រោយ សម័យកូវីដ) អឺរ៉ុប​ចាប់ផ្តើម​បង្កើន​ការវិនិយោគ​លើ​ថាមពល​ស្អាតស្អំ ដែលមាន​ទីតាំង នៅ​ក្នុងស្រុក ដែលគេ​អាចជឿជាក់ និង​អាច​ធានា​ការផ្គត់ផ្គង់​ថាមពល​សម្រាប់តម្រូវការ​ក្នុងស្រុក ដោយ​មិនចាំបាច់​ខ្វល់បារម្ភ​ការផ្គត់ផ្គង់​ពីបរទេស។ ម្យ៉ាង វិស័យថាមពល​ស្អាតស្អំ នៅក្នុងពិភពលោក​បាន​រីកដុះដាល​ខ្លាំង នៅប៉ុន្មានឆ្នាំមកនេះ ក៏ដោយ​មក​ពី​មាន​ការផ្តល់ជំនួយ​លើកទឹកចិត្ត ពីសំណាក់​រដ្ឋាភិបាល ដូចជា​នៅ អាមេរិក សហភាពអឺរ៉ុប ជប៉ុន និង​ចិន​ជាដើម ដែល​បាន​បង្កើន​កញ្ចប់​ថវិកាបៃតង វិនិយោគ​ទៅលើ​ថាមពល​ស្អាតស្អំ នៅក្នុង​កិច្ចប្រឹងប្រែង​របស់ខ្លួន ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដើមហេតុនៃ​ការឡើងកំដៅផែនដី។ កុំអាលអរ ព្រោះការវិនិយោគលើថាមពលផូស៊ីលនៅតែកើនឡើងដដែល ទោះជា​ការវិនិយោគ​លើ​ទៅលើ​ថាមពល​ស្អាតស្អំ មានទំហំទឹកប្រាក់​ច្រើនជាង​ថាមពលផូស៊ីល ​ដែលបំពុល​ខ្យល់បរិយាកាស និង​បញ្ចេញ​ឧស្ម័នកាបូនិកក្រាស់ក្រែល នៅលើ​ផែនដី​មែន ប៉ុន្តែ ទំហំប្រាក់វិនិយោគ​លើ​ថាមពល​ផូស៊ីល​នៅ​តែ​កើន​ឡើង មិនព្រម​ថយចុះ​ស្រក​ទាល់​តែសោះ។ ជាក់ស្តែង នៅឆ្នាំមុន និង​ឆ្នាំនេះ ការផលិតប្រេង នៅតែ​ទាក់ទាញ​ការវិនិយោគ​ប្រមាណ ១ទ្រីលាន​ដុល្លារ។ នៅក្នុង​ការវិនិយោគ​ទៅលើ​ថាមពល​ផូស៊ីល​ទៀតសោត គេ​សង្កេតឃើញថា ការវិនិយោគ​ទៅលើ​ថាមពល​ធ្យូងថ្ម នៅ​ឆ្នាំ ២០២៣ មាន​តែ​កើនឡើង ប្រមាណ ១៥%​ក្នុង​មួយឆ្នាំៗ។ ការវិនិយោគទៅលើ​ថាមពល​ធ្យូងថ្ម កើនឡើង នៅបន្ទាប់ពី ប្រទេស​កាន់តែច្រើន​ជាពិសេស​នៅអឺរ៉ុប ដែលលែង​ទិញប្រេងឧស្ម័ន​រុស្ស៊ី និងដោយសារ​តម្លៃថាមពលឡើងថ្លៃ បាន​ងាក​ទៅចាប់វិនិយោគ ដាក់ឲ្យដំណើរការឡើងវិញ រោងចក្រអគ្គិសនីដែលដើរដោយថាមពល​ធ្យូងថ្ម។ នេះមិនមែនជា​រឿងល្អនោះទេ ព្រោះថា ការវិនិយោគ​លើ​ធ្យូងថ្ម​សព្វថ្ងៃ​នេះ នៅតែ ច្រើន​ ជាងកម្រិត​ចង់បានរបស់​ទីភ្នាក់ងារ​ថាមពលអន្តរជាតិ​ដល់ទៅ ៦ដង។ នៅក្នុង​របាយការណ៍កន្លងមក ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​ប្រាប់ហើយថា បើសិន​គេ​ចង់កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក ចង់បានអព្យាក្រឹត្យកាបូន ដើម្បីចូលរួម​ទប់ស្កាត់​កុំ​ឲ្យផែនដី​ឡើងកំដៅ លើស ១,៥អង្សា ប្រទេស​នៅក្នុងពិភពលោក ត្រូវតែ​​កាត់បន្ថយ​ការវិនិយោគ និង​ការប្រើប្រាស់​ថាមពល​ផូស៊ីល ឲ្យបានអតិបរមា និងងាកបែរ​ទៅវិនិយោគ​លើ​ថាមពលស្អាតស្អំវិញ។ មួយវិញទៀត ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ មិនសូវ​ជា​ត្រេកត្រអាល​ខ្លាំង​នឹង​កំណើននៃការវិនិយោគលើ​ថាមពល​ស្អាតស្អំ ព្រោះថា ការវិនិយោគ​លើ​ថាមពលស្អាតស្អំ​ផ្តោតប្រមូលផ្តុំ​តែ​នៅប្រទេស​អ្នកមាន ប្រទេសមហាអំណាច​ធំៗ ដែលមានលទ្ធភាព មានមធ្យោបាយ​ច្រើន ដូចជា ប្រទេស​ចិន អាមេរិក និងសហភាពអឺរ៉ុប​ជាដើម។ សម្រាប់ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ដើម្បីកាត់បន្ថយគម្លាត គេគួរ​ចែករំលែក ផ្តល់ជំនួយ​ដល់​ប្រទេស​ក្រីក្រ ប្រទេស​ដែល​អាច​ទាញផលប្រយោជន៍​ពី​ថាមពលពន្លឺ​ព្រះអាទិត្យ ដូចជា​ប្រទេស​នៅតំបន់អាហ្វ្រិក នៅអាស៊ីជាដើម៕
5/25/20237 minutes, 2 seconds
Episode Artwork

តំបន់Belgorod ក្នុងទឹកដី​រុស្ស៊ី បន្តរងការវាយ​ប្រហារ ពីក្រុម​ប្រដាប់អាវុធរុស្ស៊ី​ខ្លួនឯង

តំបន់​Belgorod ស្ថិតក្នុងទឹកដីរុស្ស៊ី មិនឆ្ងាយ​ប៉ុន្មាន​ពីព្រំដែនអ៊ុយក្រែន បានរងការវាយប្រហារយ៉ាងខ្លាំង កាលពី​ថ្ងៃចន្ទកន្លងទៅ។ ហើយ​នៅយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ តំបន់នេះ បានរងនូវការវាយ​ប្រហារដោយ​យានដ្រូន​ជាច្រើនគ្រឿង។ នេះគឺជាលើកទីមួយហើយ ដែលមាន​ការវាយ​ប្រហារក្នុងទឹកដីរុស្ស៊ី ក្នុងទ្រង់ទ្រាយធំបែបនេះ។ ជាការ​វាយប្រហារ​​ ធ្វើឡើងដោយ​ក្រុម​ប្រដាប់២ក្រុម ប្រមូលផ្តុំដោយ​ជនជាតិរុស្ស៊ីខ្លួនឯងតែម្តង។ វាយប្រហារទ្រង់ទ្រាយ​ធំមិនធ្លាប់​មាន ក្នុងទឹកដីរុស្ស៊ី​ យោងតាមលោកអភិបាល​តំបន់ Belgorod ដែលបានសរសេរលើបណ្តាញTelegram ថា​ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ តំបន់​Belgorod ​របស់រុស្ស៊ី បានរងនូវ​ការ​វាយ​ប្រហារ ដោយ​​យានដ្រូនជាច្រើនគ្រឿង។ កងកម្លាំងការពារផ្លូវអាកាសរបស់រុស្ស៊ី បានស្ទាក់បាញ់កម្ទេចបានមួយផ្នែកធំ​។ មិនមានមនុស្ស​ស្លាប់ទេ តែ​ការវាយប្រហារដោយ​យានដ្រូននេះ បានបង្កឲ្យ​ខូចខាតដល់សម្ភារៈ រថយន្ត និងអគារមួយចំនួន​នៅក្នុងតំបន់​នេះ​។ មិនទាន់មាន​ការបញ្ជាក់ណាមួយ​ ថាដ្រូនទាំងនោះហោះមកពីណា បញ្ជាចេញដោយ​ក្រុមណាទេ។ ក៏ប៉ុន្តែ គេសឹងតែច្បាស់ក្នុងចិត្តហើយ ថាវាអាចជាស្នាដៃរបស់​ក្រុមប្រដាប់អាវុធរុស្ស៊ី២ក្រុម​ ដែល​បានបើកការវាយ​ប្រហារកាលពីថ្ងៃចន្ទ នៅ​តំបន់ Belgorod ​នេះ​។ កាលពីថ្ងៃចន្ទ ក្រុមប្រដាប់អាវុធរុស្ស៊ី២ក្រុម បាន​បើកការវាយ​ប្រហារ វាយឆ្មក់ចូល​ទៅ ដល់ទីតាំងជាច្រើននៅតំបន់ Belgorod បង្កឲ្យ​មានការភ័យផ្អើលឈូរឆ នៅខាងរុស្ស៊ី។ រុស្ស៊ីបានចាត់ទុកការវាយប្រហារនេះ ជាការវាយ​ប្រហារភេរវកម្មរបស់​ក្រុមប្រដាប់អាវុធ ដៃជើងរបស់អ៊ុយក្រែន​។ ខាងអាជ្ញាធររុស្ស៊ីបាន​ជម្លៀសប្រជាជនចេញពីតំបន់ Belgorod និងបានដាក់តំបន់នេះជាតំបន់​ប្រតិបត្តិការបោសសំអាតក្រុមភេរវកម្ម​។ ជាការកត់សំគាល់ កន្លងមក តែងតែមាន​ការវាយ​ប្រហារ វាយឆ្មក់បែបនេះ នៅក្នុងទឹកដីរុស្ស៊ី ក៏ប៉ុន្តែ នេះជាលើកទី​មួយហើយ ដែល​មានការវាយ​ប្រហារទ្រង់ទ្រាយធំ មានកម្លាំងនិងអាវុធច្រើន បង្កឡើងដោយ​ក្រុមប្រដាប់អាវុធ​រុស្ស៊ី វាយ​ប្រហារក្នុងទឹកដីរុស្ស៊ីខ្លួនឯងបែបនេះ​។ ផ្តួលរំលំរបបផ្តាច់ការរបស់​លោកពូទីន​ ក្រុមប្រដាប់អាវុធរុស្ស៊ី​ទាំង២ក្រុមនេះ អះអាងថាបានរួមកម្លាំងគ្នា ដើម្បីវាយ​ប្រហារ ផ្តួលរំលំរបបដឹកនាំផ្តាច់ការរបស់លោកពូទីន ដែលធ្វើសង្គ្រាមឈ្លានពានប្រទេសជិតខាង ហើយធ្វើ​បាបប្រជាជនរុស្ស៊ី​។ ក្រុមទីមួយគឺមានឈ្មោះថា “កងអង្គភាព​ស្ម័គ្រចិត្តរុស្ស៊ី​” ដែលដឹកនាំដោយជនជាតិរុស្ស៊ីម្នាក់ ឈ្មោះ Denis Nikitine។ ជនម្នាក់នេះ ត្រូវគេស្គាល់ថា​ជាអ្នកជំនួញ ហើយមានទំនោរនយោបាយ​ស្តាំនិយមជ្រុល ហ៊ានចេញមុខប្រឆាំងនឹង​លោកពូទីន។ Denis Nikitine ត្រូវរុស្ស៊ីចាត់ទុកថាជាភេរវជន។ ចំណែក​ក្រុមប្រដាប់អាវុធទី២ មានឈ្មោះថា “កងកម្លាំងដើម្បីសេរីភាពរុស្ស៊ី” ដែលក្រុមនេះ ត្រូវគេស្គាល់ថា មានជាប់​ពាក់ព័ន្ធជាមួយ​អតីតសាមជិកសភារុស្ស៊ីម្នាក់ ឈ្មោះ Ilia Ponomariov។ លោក​ម្នាក់នេះ គឺជាសមាជិកសភារុស្ស៊ីតែម្នាក់គត់ ដែលបាន​បោះឆ្នោតប្រឆាំងនឹង​ការ​ប្លន់ទឹកដីតំបន់គ្រីម៉េ ពីអ៊ុយក្រែន កាលពីឆ្នាំ​២០១៤។ បណ្តាញ​ព័ត៌មានអ៊ុយក្រែនវិញ បាន​ចុះផ្សាយ​ថា ក្នុងពេល​បើកការវាយ​ប្រហារនៅតំបន់Belgorod កាលពីថ្ងៃចន្ទ ក្រុម​កងកម្លាំងដើម្បីសេរីភាពរុស្ស៊ីនេះ ដឹកនាំដោយ​មេម្នាក់ ឈ្មោះហៅក្រៅថា Cesar។ បណ្តាញព័ត៌មាន​បារាំង AFP ធ្លាប់​បានជួប​សម្ភាសន៍​ជននេះម្តង កាលពីខែធ្នូឆ្នាំ​២០២២ ដែលអះអាងថាខ្លួនជាអតីតគ្រូពេទ្យគីណេ មានស្រុកកំណើតនៅក្រុងសាំងប៉េតេសបួរ។ ហើយផ្អែកតាម​បណ្តាញព័ត៌មានរុស្ស៊ី Agentstvo គឺជននេះស្ថិត​ក្នុង​បណ្តាញ​ក្រុម​​ស្តាំ​និយម​ជ្រុល​រុស្ស៊ី​។ ក្រុមប្រដាប់អាវុធរុស្ស៊ីទាំង២នេះ អះអាងថាមានសមាជិក​ច្រើនរយនាក់ ឬអាចដល់ពាន់នាក់ផង។ កន្លងមក ពួកគេបាន​បើក​ការវាយ​ប្រហារជាច្រើនដង នៅក្នុងទឹកដីរុស្ស៊ី ដោយ​មិនសំដៅ​សម្លាប់ប្រជាជនស៊ីវីលរុស្ស៊ីទេ តែ​គឺ​​ដើម្បីបង្កបរិយាកាសភ័យខ្លាច ជ្រួលច្របល់ និង​រំខានដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់កងទ័ពរុស្ស៊ី។ កន្លងមកយើងបានដឹងជារឿយៗ នូវករណី​ឆេះផ្ទុះត្រង់នេះត្រង់នោះនៅរុស្ស៊ី និង​មាន​ករណី​ដាក់បង្កៃគ្រាប់បែ កបំផ្ទុះផ្តាច់ផ្លូវដែក រំខានការដឹក​ជញ្ជូន​សម្ភារៈស្បៀង និងសព្វាវុធរបស់​កងទ័ពរុស្ស៊ីជាដើម​​។​ យោងតាម​ការចុះផ្សាយ​របស់ បណ្តាញ​ព័ត៌មាន​​ឯករាជ្យរុស្ស៊ីមួយ ឈ្មោះ SOTA  កាលពីខែមេសា អ្នកនាំពាក្យម្នាក់ របស់ក្រុម “កងអង្គភាព​ស្ម័គ្រចិត្តរុស្ស៊ី​” នេះ ក៏ធ្លាប់បានអះអាងដែរថា កម្មវត្ថុរបស់ក្រុមគេគឺ បង្កើតរដ្ឋឯករាជ្យ​មួយ​ ក្នុងទឹកដីរុស្ស៊ី ដើម្បីរំដោះ​ប្រជាជនរុស្ស៊ី និង​កសាងប្រទេសរុស្ស៊ីថ្មី ដែល​មានសេរីភាព​។ អ៊ុយក្រែនជួយពីក្រោយ? សម្រាប់ពេលនេះ យើងមានព័ត៌មាន មិនច្រើនប៉ុន្មានទេ ស្តីអំពីទំនាក់ទំនងរវាងក្រុមប្រដាប់អាវុធរុស្ស៊ីទាំង២នេះ ជាមួយអ៊ុយក្រែន​។ មិនមានការអះអាងជាផ្លូវការ​ណាមួយ ពីសំណាក់ក្រុមប្រដាប់អាវុធទាំង​២នេះ ថា​បានអាវុធមកពីណា អ្នកណាជាអ្នកឧបត្ថម្ភថវិកា នោះទេ។ តែគេជឿថា វាប្រាកដជាមានការជួយ​ពីខាងអ៊ុយក្រែន​។ កាលពីខែមីនា សមាជិកម្នាក់របស់ “កងអង្គភាព​ស្ម័គ្រចិត្តរុស្ស៊ី​” ធ្លាប់​បានប្រាប់​អ្នកយកព័ត៌មានបារាំង AFP ថា ក្រុមខ្លួនតែងតែ​សហការ ដោះដូរព័ត៌មាន​គ្នា ជាមួយ​ភាគីអ៊ុយក្រែន នៅពេលណាពួកគេស្ថិតក្នុងទឹកដីអ៊ុយក្រែន។ ក៏ប៉ុន្តែ​នៅពេល​ពួកគេ បើកប្រតិបត្តិការវាយ​ប្រហារក្នុងទឹកដី​រុស្ស៊ី គឺពួកគេធ្វើដោយ​ខ្លួនឯង។ ចំណែក​ លោក Ilia Ponomariov ធ្លាប់​ប្រាប់វិទ្យុអង់គ្លេស LBC ប៉ុន្មានថ្ងៃមុននេះ ថា គឺខាងអ៊ុយក្រែន ជាអ្នក​ជួយ​បង្វឹកជួយបង្ហាត់ និង​បានផ្តល់​សម្ភារៈចាំបាច់ខ្លះៗ មកឲ្យ​កងកម្លាំង “កងកម្លាំងដើម្បីសេរីភាពរុស្ស៊ី”។ កងកម្លាំងនេះ ធ្លាប់​បានសរសេរលើ Twitter ដែរថាក្រុមគេ មាន​គ្រាប់កាំភ្លើងត្បាល់ RT61 របស់បារាំង។ យ៉ាងណាមិញ កាលពីពេលវាយ​ប្រហារនៅ​តំបន់​ Belgorod កាលពីថ្ងៃចន្ទ ខាងភាគីរុស្ស៊ីអះអាងថា ក្រុមភេរវកម្ម​បានប្រើ​គ្រាប់កាំភ្លើងត្បាល់ និងមានប្រើដ្រូនអត្តឃាតខ្លះ។ ដោយឡែក នៅក្នុងវីដេអូមួយ គេឃើញ ក្រុម “កងអង្គភាព​ស្ម័គ្រចិត្តរុស្ស៊ី​” ប្រើប្រាស់រថពាសដែកមួយគ្រឿង ដែលក្រុមនេះ អះអាងថា​ដណ្តើម​បាន​ពី កងសន្តិសុខផ្ទៃក្នុងរុស្ស៊ី FSB។ យ៉ាងណាក៏ដោយ ខាងអ៊ុយក្រែន គេមិន​និយាយអ្វីទាំងអស់ ប្រកែកក៏​មិនប្រកែក ទទួលស្គាល់​ក៏មិនទទួលស្គាល់។ ក្រោយ​ការវាយ​ប្រហារថ្មីៗនេះ នៅតំបន់ Belgorod អ៊ុយក្រែន បានលើកឡើងថា ​បញ្ហានេះ គឺជាបញ្ហាផ្ទៃក្នុងរបស់រុស្ស៊ី​។​ បង្វែរកញ្ចក់ ឲ្យចាំងទៅខាងរុស្ស៊ីវិញ​ តែចង់មិនចង់ ពិសី​ ការវាយប្រហារនៅក្នុងទឹកដី​រុស្ស៊ី បង្ករឡើងដោយ​ក្រុម​ប្រដាប់អាវុធរុស្ស៊ីខ្លួនឯងនេះ វាជះផលចំណេញ​មកលើអ៊ុយក្រែន​។ ត្រង់នេះហើយ ដែលគេជឿថា អ៊ុយក្រែនពិតជាអាចនៅពីក្រោយ​ការវាយ​ប្រហារទាំងនេះ។ តាមរយៈការវាយ​ប្រហារ ការបះបោរបំបែកទឹកដី​នៅខាងរុស្ស៊ី គឺអ៊ុយក្រែនចង់ធ្វើឲ្យ​ខាងប្រជាជនរុស្ស៊ីដឹងខ្លួនវិញម្តងថាវាយ៉ាងម៉េច នៅ​ពេល​ស្រុកខ្លួន​រងការវាយ​ប្រហារ ហើយ​មានក្រុមប្រដាប់អាវុធបះបោរបំបែកទឹកដី​ ដូច​​ដង្កូវចេញពីសាច់ឯង។ ពោលគឺអ៊ុយក្រែន ចង់បង្វែរកញ្ចក់ ឲ្យចាំងទៅ​ខាងរុស្ស៊ីវិញ​។ យោងតាមការវិភាគ ប្រតិបត្តិការវាយប្រហាររបស់​កងកម្លាំងរុស្ស៊ីនេះ វានឹងចូលរួមធ្វើ​ឲ្យ​របបដឹកនាំរបស់​លោកពូទីន ភ័យជ្រួលច្របល់ ឬអាចរង្គោះរង្គើ។ យ៉ាងណាមិញ​ក្រុមប្រដាប់អាវុធ​​ “កងអង្គភាព​ស្ម័គ្រចិត្តរុស្ស៊ី​” បានអះអាងថា ពួកគេនឹងតស៊ូប្រយុទ្ធ រហូតតែអាចចាប់ព្យួរ​ក​លោកពូទីន នៅ​នឹងជញ្ជាំងរបងវិមានក្រេមឡាំង។​ អ្វីដែលយើងកំពុងតែឃើញនៅពេលនេះ គឺវាអាចជាយុទ្ធសាស្ត្រ​វាយបករបស់អ៊ុយក្រែន ដោយ​សហការជាមួយ​ក្រុមប្រដាប់អាវុធរុស្ស៊ី​​ តាមរយៈការ​វាយ​​ប្រហារ ដើរដុតភ្លើងឲ្យឆេះត្រង់នេះបន្តិច ត្រង់នោះបន្តិច​ ពាសពេញទឹកដីរុស្ស៊ី ធ្វើឲ្យ​ប្រជាជននឹងថ្នាក់ដឹកនាំរុស្ស៊ី ភ័យ​ស្លន់ស្លោវិញម្តង។ ជាមួយគ្នានេះ ការវាយ​ប្រហារក្នុងទឹកដី​រុស្ស៊ី តម្រូវឲ្យ​រុស្ស៊ី​ត្រូវដកកម្លាំងខ្លះ ពីសមរភូមិនៅអ៊ុយក្រែន ដើម្បី​ប្រមូលកម្លាំងទៅ​ការពារសន្តិសុខក្នុងទឹកដីរុស្ស៊ី។ កត្តានេះ នឹងហុចឱកាស បើកច្រក ឲ្យកងទ័ពអ៊ុយក្រែនអាចចាប់ផ្តើម​បើកការប្រយុទ្ធវាយបក​ទ្រង់ទ្រាយធំ ដើម្បីដណ្តើមយកទឹកដីខ្លួន​​មកវិញ មុននឹងឈានទៅបើកការចរចាសន្តិភាព៕
5/24/20238 minutes, 23 seconds
Episode Artwork

ប្រឈមនឹងគ្រោះរាំងស្ងួត រលកកំដៅរយៈពេល​យូរ បារាំង​ប្រកាស​ផែនការអាកាសធាតុដ៏មានមហិច្ឆតា

រលកកំដៅ ខ្វះទឹក គ្រោះរាំងស្ងួត និង​ទឹកជំនន់​ដែលជាលទ្ធផល​នៃការប្រែប្រួលអាកាសធាតុ។ ប្រឈម​នឹង​គ្រោះធម្មជាតិ កាន់តែគំរាមកំហែង បារាំង​បាន​ដាក់ចេញ​យុទ្ធសាស្រ្ត​ថ្មី ដើម្បីកាត់បន្ថយ​ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងគោលដៅ ប្រយុទ្ធប្រឆាំង​នឹង​ការឡើងកំដៅ​លើ​ផែនដី។ អ្នកជំនាញអាកាសធាតុ និងអង្គការការពារ​បរិស្ថាន​ស្វាគម​ចំណាត់ការ​របស់​រដ្ឋាភិបាលបារាំង ប៉ុន្តែ នៅតែ​មិនទាន់​ជឿជាក់​ថា វិធានការរបស់​រដ្ឋាភិបាល​នឹងអាច​លេចចេញរូបរាង ត្រូវគេ​យកទៅ​អនុវត្ត​ក្នុងការរស់នៅ​ជាក់ស្តែង។ តើផែនការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័នផ្ទះកញ្ចក់ ​របស់​រដ្ឋាភិបាលបារាំង​ផ្តោត​ទៅលើ​ចំណុចអ្វីខ្លះ? នៅថ្ងៃ​ចន្ទ លោកស្រី​នាយករដ្ឋមន្រ្តី​បារាំង អេលីហ្សាបែត ប៊ន បាន​បង្ហាញ​ផែនការ​អាកាសធាតុ​ថ្មី ដែល​នៅក្នុង​នោះ បារាំង​ត្រូវ​បង្កើន​ការប្រឹងប្រែង​ទ្វេដង ដើម្បីកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែលមាន​តាំងពី​ឧស្ម័នកាបូនិក ឧស្ម័ន​មេតាន។ បារាំង​ធ្លាប់បាន​ដាក់គោលដៅរួចហើយ ដើម្បី កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ឲ្យ​បាន​៤០% ពីពេលនេះ ដល់​ឆ្នាំ ២០៣០។ នៅក្រោយបារាំង​ចុះកិច្ចព្រមព្រៀង​អន្តរជាតិក្រុង​ប៉ារីស ស្តីពី​អាកាសធាតុ នៅ​ឆ្នាំ ២០១៥ បារាំង​ធ្លាប់​បាន​ប្រកាស​ផែនការ​អាកាសធាតុ ដែលនៅក្នុង​នោះ បារាំង​សន្យា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឲ្យ​បាន​៤០% រហូត​ដល់​ឆ្នាំ ២០៣០។ រដ្ឋាភិបាល​បារាំង​ប្រកាស​ផែនការ​អាកាសធាតុ​ថ្មី​​ដើម្បី​សម្រប​តាមគោលដៅ​របស់​សហភាពអឺរ៉ុប ដែលចង់​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ឲ្យបាន​៥០% ពីពេលនេះ ដល់​ឆ្នាំ ២០៣០។ នៅចំពោះមុខ​គ្រោះមហន្តរាយធម្មជាតិ ដែលជាលទ្ធផល​នៃ​ការប្រែប្រួលអាកាសធាតុ សហភាពអឺរ៉ុប​បានដាក់គោលដៅ​ថ្មី​របស់ខ្លួន​មួយទៀត គឺ​អព្យាក្រិត្យ​កាបូន ឲ្យបាន​យ៉ាងយូរបំផុត​ឆ្នាំ ២០៥០។ ដើម្បី​ដើរស្របតាម​គោលដៅ​ថ្មី​របស់​សហភាព​អឺរ៉ុប រដ្ឋាភិបាលបាន​សម្រេច​សើរើ​ផែនការអាកាសធាតុ​របស់ខ្លួន ដើម្បី​កាត់បន្ថយ​ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​ឲ្យ​បានច្រើនជាង​ការកំណត់​នៅ​ក្នុងផែនការមុន ដោយ​ផ្តោត​សំខាន់​ទៅលើ​វិស័យសំខាន់ៗចំនួន ៤ដូចជា​វិស័យ​ដឹកជញ្ជូន សំណង់ រោងចក្រ​ឧស្សាហកម្ម និង​វិស័យកសិកម្ម។ នៅក្នុង​វិស័យ​ដឹកជញ្ជូន​ដែល​ទទួល​ខុសត្រូវ​ខាង​បញ្ចេញឧស្ម័ន​កាបូនិក​ច្រើនជាងគេ​របស់​បារាំង រដ្ឋាភិបាល​គ្រោង​ចង់​ឲ្យ​វិស័យនេះ បញ្ចេញ​ឧស្ម័នកាបូនិក ត្រឹម ៩២​លានតោន នៅឆ្នាំ ២០៣០។ ពោល​តិចជាងសព្វថ្ងៃ ដែលមានប្រមាណ ១២៩​លានតោន។ ទាំងវិស័យសំណង់ និង​រោងចក្រ​ឧស្សាហកម្ម ក៏ត្រូវ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក​ឲ្យ​ខ្លួន ឲ្យបានពាក់កណ្តាលដែរ តាមរយៈ ការងាកបែរ​ទៅប្រើថាមពលដែលមិនបញ្ចេញ​ឧស្ម័នកាបូនិកក្រាស់ក្រែល ដូចជា ឧស្ម័ន ថាមពលនុយក្លេអ៊ែរ ឬ​ថាមពល​សូឡា ជាដើម។ សម្រាប់វិស័យកសិកម្ម ចំណុច​រសើប ដែលរដ្ឋាភិបាល​មិន​សូវ​ប៉ះពាល់ ដោយសារ ខ្លាច​មានការប្រឆាំង​តវ៉ា​ពីកសិករ​បារាំង ផែនការអាកាសធាតុ​របស់​រដ្ឋាភិបាល​មិនសូវ​ជាមានមហិច្ឆតា ទាមទារ​ឲ្យគេកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ច្រើន​ដូចវិស័យ​បី​ខាងលើ​នោះ​ទេ។ នេះជា​​ចំណុចមួយ​ដែលធ្វើ​ឲ្យអ្នកជំនាញ​អាកាសធាតុមិនសូវយល់ស្របជាមួយរដ្ឋាភិបាល។ ថ្វីត្បិតថា វិស័យកសិកម្ម​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់តិចជាង​វិស័យ​ផ្សេងទៀត ប៉ុន្តែ ឧស្ម័នមេតាន ដែលមានប្រភព​មកពីការចិញ្ចឹមសត្វ ហើយ​និងការប្រើជីគីមី អាហ្សូត គ្រោះថ្នាក់ ធ្វើ​ឲ្យផែនដី ឡើងកំដៅ ខ្លាំង និងមានរយៈពេល​យូរជាង ឧស្ម័នកាបូនិកទៅទៀត។ បារាំង​កំពុង​ប្រឈម​នឹង​គ្រោះរាំងស្ងួត អាកាសធាតុ​ក្តៅខ្លាំង និង​គ្រោះទឹកជំនន់ បារាំង​ទើបឆ្លងកាត់​រដូវក្តៅ ដែល​ក្តៅខ្លាំងបំផុត មិនធ្លាប់មាន រហូតដល់​៤០ដឺក្រេ កាលពីឆ្នាំ២០២២។ ដោយសារ កម្រិត​ទឹក​ក្រោមដី​ធ្លាក់ចុះ​ខ្លាំង តាំង​ពីរដូវរងា​ដើមឆ្នាំ​២០២៣  បារាំង​កំពុង​បារម្ភ​ខ្លាំង​ពី​បញ្ហា​ខ្វះខាត​ទឹកប្រើប្រាស់។ នេះ​គេ​នៅមិនទាន់និយាយ​ពី​គ្រោះរាំងស្ងួត ដែលកំពុងលង គំរាមបារាំង​ពីរឿងភ្លើងឆេះព្រៃ។ តាម​ការព្យាករ ដោយសារ​ការប្រែប្រួលអាកាសធាតុ កាន់តែ​គំរាមកំហែង តំបន់​ភាគខាងត្បូង​របស់​បារាំង​នឹង​ត្រូវ​ប្រឈម​នឹង​គ្រោះរាំងស្ងួត ខ្វះទឹក ចំណែកតំបន់ភាគខាងជើង តំបន់ជាប់មហាសមុទ្រ អាត្លង់ទិក អាច​រងគ្រោះ​ដោយសារ​ទឹកភ្លៀងធ្លាក់ច្រើនជ្រុល រហូត​ដល់អាច​បណ្តាល​ឲ្យមានគ្រោះទឹកជំនន់ ការរលំបាក់ដី បាក់ឆ្នេរ។ កំដៅ​លើផែនដីកើនឡើង​ក្នុងល្បឿនមួយ​ដ៏លឿន ដោយសារ​តែសកម្មភាព​របស់មនុស្ស។ ក្រុមអ្នកជំនាញ អាកាសធាតុ អន្តរជាតិ Giec ​ធ្លាប់បាន​អំពាវនាវ​ឲ្យ​គេកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឲ្យបានអតិបរមា បើសិន​គេ​ចង់​ឲ្យការឡើងកំដៅ​នៅផែនដី មានត្រឹម ១,៥អង្សា នៅឆ្នាំ ២០៥០។ អ្នកជំនាញអាកាសធាតុ​សង្កត់ធ្ងន់​លើ​ពាក្យ ១,៥អង្សា ព្រោះថា ការឡើងកំដៅ​ផែនដី​សព្វថ្ងៃ ប្រមាណ​ត្រឹមតែ ១,២អង្សាប៉ុណ្ណោះ គឺ​ផែនដី​ជួបគ្រោះមហន្តរាយធម្មជាតិកាន់តែ​ច្រើន និងធ្ងន់ធ្ងរ។ ម្យ៉ាង ក្នុងពេល​ប្រកាស​ផែនការអាកាសធាតុថ្មី រដ្ឋាភិបាល​បារាំង កំពុង​ត្រៀម​រៀបចំ របាយការណ៍​ថ្មីមួយ​ដើម្បី​សម្របខ្លួន​នឹង​ការប្រែប្រួល​អាកាសធាតុ នៅបន្ទាប់ពី ក្រុមជំនាញ​អាកាសធាតុ​អន្តរជាតិ Giec ទើប​ចេញ​របាយការណ៍ថ្មី​ដែល​ថា គេ​មិនចាំបាច់​រង់ចាំ​ដល់​ឆ្នាំ២០៥០ទេ ព្រោះថា កំដៅលើ​ផែនដី​នឹង​កើនឡើង ១,៥អង្សា នៅក្នុងរយៈពេល ៧ឆ្នាំទៀត ពោល​គឺ​ចាប់តាំង​​ឆ្នាំង​២០៣០  ឬឆ្នាំ​២០៣៥។ ដល់ពេលនោះ​បារាំង​បានគ្រោង​សេណារីយ៉ូ​ដ៏អាក្រក់បំផុត​ដែលបារាំង​អាច​ជួបប្រទះ ពោល​គឺ​អាកាសធាតុបារាំង​អាច​កើនឡើង​បន្ថែម ៤អង្សា រលកកំដៅអាច​មានរយៈពេល​យូរ ដល់​ទៅ ២ខែក្នុងមួយឆ្នាំ ដែលនេះជាអាច​គ្រោះថ្នាក់ខ្លាំងបំផុត​សម្រាប់ជីវិតមនុស្ស​នៅប្រទេស​បារាំង។ អ្នកជំនាញ៖​គេពិបាកជឿជាក់​លើ​ផែនការ​អាកាសធាតុ​ដ៏មានមហិច្ឆតា​របស់​រដ្ឋាភិបាលបារាំង បារាំង​ធ្លាប់​បាន​សន្យា ថា រហូត​ដល់​ឆ្នាំ ២០៣០ បារាំង​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក ឲ្យបាន​៤០% ក្នុងមួយឆ្នាំៗ។ ប៉ុន្តែ​ក្នុងការពិតជាក់ស្តែង ឧទាហរណ៍ នៅ​ឆ្នាំ ២០២២ បារាំង​អាច​កាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់​បានតែ ២៥%ប៉ុណ្ណោះ ដែលជិតពាក់កណ្តាល​នៃ​ការសន្យា​របស់ខ្លួន។ ចុះ​ទម្រាំ​ដល់កាត់បន្ថយដល់ ៥០%? អ្នកជំនាញ​ខាងអាកាសធាតុ មិនសូវជាជឿជាក់ប៉ុន្មានទេ ថា​បារាំង​នឹង​អាច​ធ្វើបានតាមការសន្យា​របស់ខ្លួន។ មានហេតុផលមួយចំនួន​ដែលធ្វើ​ឲ្យគេ​ថា រដ្ឋាភិបាលបារាំង​ពិបាក​នឹង​អាច​សម្រេច​គោលដៅ​របស់ខ្លួន។ ទី១ ផែនការអាកាសធាតុ​របស់​បារាំង​មាន​មហិច្ឆតា​ខ្លាំង​ណាស់។ ជាក់ស្តែង នៅឆ្នាំ ២០២២ បារាំង​បញ្ចេញ​ឧស្ម័នកាបូនិក ៤០៨លានតោន ប៉ុន្តែ ទៅតាម​ផែនការអាកាសធាតុថ្មី បារាំង​ត្រូវ​តែ​បញ្ចេញ​ឧស្ម័នកាបូនិក ត្រឹម ២៧០លានតោនក្នុងមួយឆ្នាំ។ មានន័យថា ក្នុង​រយៈពេល​តែ ៨ឆ្នាំ ពីឆ្នាំនេះ រហូត​ដល់​ឆ្នាំ ២០៣០ បារាំង​ចង់​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ របស់ខ្លួន ក្នុងបរិមាណមួយ ដែល​បារាំង គួរ​ធ្វើ សម្រាប់​រយៈពេល​៣០ឆ្នាំ។ ផែនការ​ដ៏មហិច្ឆតា​របស់​រដ្ឋាភិបាល​បារាំង​ពិបាក​នឹងអាច​សម្រេចទៅបាន ដោយសារ​បញ្ហា​ពេលវេលាខ្លី។ ទី២ គឺ​បញ្ហា​ហិរញ្ញវត្ថុ។ ដើម្បី​អាចសម្រេច​ផែនការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ នៅក្នុងគ្រប់វិស័យ គេចាំបាច់​ត្រូវការ​ថវិកា ដើម្បី​ជំរុញ​លើកទឹកចិត្ត​ឲ្យ​គ្រប់ភាគីពាក់ព័ន្ធ​មិនថា ក្រុមហ៊ុន រោងចក្រ ឬ​ប្រជាជន ឈប់​ប្រើប្រាស់​ថាមពល ដែលជា​ប្រភព​បញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័នមេតាន។ តាម​របាយការណ៍ចងក្រង​ដោយ​នាយកដ្ឋាន​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ ដែល​គេ​បាន​ចុះផ្សាយ កាលពីថ្ងៃ​ចន្ទម្សិលមិញ ដើម្បី​លើកទឹកចិត្ត​ឲ្យ​គ្រប់វិស័យ​កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នមេតាន គេត្រូវការថវិកាវិនិយោគពីរដ្ឋ និង​ពីផ្នែកឯកជន ប្រមាណ ៦៦ពាន់លាន​អឺរ៉ូ ក្នុងមួយឆ្នាំ។ តាម​អ្នកសរសេរ​របាយការណ៍ខាងលើ បើសិន គ្មាន​ការវិនិយោគ ផ្តល់ប្រាក់ជំនួយពីរដ្ឋ នោះប្រជាជន​មិនងាយផ្លាស់ប្តូរទម្លាប់ ទៅ​ប្រើរថយន្ត​អគ្គសនី ឬ​សាងសង់លំនៅឋាន ដែល​ប្រើប្រាស់​ថាមពល​ស្អាតស្អំ​នោះទេ។ បើសិន​គ្មានជំនួយ​ឧបត្ថម្ភ​លើកទឹកចិត្ត​ពីរដ្ឋ រោងចក្រ​ឧស្សាហកម្មបញ្ចេញឧស្ម័នកាបូនិកច្រើនក្រាស់ក្រែល នៅតែបន្ត​ប្រើប្រាស់​ថាមពល​បាន​ពី​ធ្យូងថ្ម ប្រេង។ តាម​អ្នកជំនាញ ផែនការ​អាកាសធាតុ ដែល​ត្រូវការវិយោគសាធារណៈ​ដ៏សម្បើម​នឹង​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បារាំង ប្រឈម​នឹងការកើនឡើង​ប្រាក់បំណុល។ ចំណែក​ផលិតផលក្នុងស្រុកសរុបនឹងអាច​ធ្លាក់ចុះ ក្នុងអំឡុង ប៉ុន្មានឆ្នាំខាងមុខ។ ប៉ុន្តែ ដើម្បីសម្រាលបន្ទុកចំណាយ​រដ្ឋ សេដ្ឋកិច្ចវិទូមួយចំនួន​បាន​ជំរុញ​ឲ្យ​គេ​យកពន្ធ​ពីក្រុមអ្នកមាន ក្រុមហ៊ុនធំៗ​ដែលរកបានប្រាក់ចំណូល​ច្រើន ដើម្បី​យកមក​ឧបត្ថម្ភផែនការអាកាសធាតុ​របស់​រដ្ឋាភិបាល៕
5/23/20238 minutes, 32 seconds
Episode Artwork

លោកចូ បៃដិន ប្រញាប់​ប្រញាល់ទៅ​វ៉ាស៊ីនតោន ខណៈអាមេរិកប្រឈមនឹង​វិបត្តិ​ខ្វះប្រាក់សងបំណុល

កម្មវិធីជំនួបកំពូល G7 នៅក្រុងហ៊ីរ៉ូស៊ីម៉ា បានបិទបញ្ចប់ទៅ​កាលពីថ្ងៃអាទិត្យ។ តាម​ការគ្រោងទុក​ដំបូង លោក​ចូ បៃដិន ត្រូវបន្តដំណើរទៅចូលរួម ក្នុង​វេទិកា​សហប្រតិបត្តិប្រទេសដែនកោះតំបន់ប៉ាស៊ីហ្វិក ដែលចាប់ផ្តើម​បើកនៅថ្ងៃចន្ទនេះ នៅប្រទេសប៉ាពូនូវែលហ្គីណេ។ ក៏ប៉ុន្តែ​លោក​ចូ បៃដិន បានប្រញេបប្រញាប់ ត្រលប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីអន្តរាគមន៍រកដំណោះស្រាយ ទាក់ទិននឹងបញ្ហា​បំណុលសាធារណៈអាមេរិក​។ ក្រុមសមាជិកសភាមកពី​សាធារណៈរដ្ឋ​ កំពុងតែខ្វែងគំនិតគ្នា​ ជាមួយ​បក្សប្រជាធិបតេយ្យ ទាក់ទិននឹងការកំណត់អត្រាអតិបរមា នៃ​បំណុលសាធារណៈរបស់អាមេរិក​។  បំណុលសាធារណៈ ចំនួន ៣១០០០ពាន់​លានដុល្លារ ជាបឋមយើងត្រូវដឹងថា ប្រទេសធំៗ សេដ្ឋកិច្ចនាំមុខគេ​ទាំងអស់ គឺសុទ្ធតែមាន​បំណុលសាធារណៈ។ ជាបំណុលដែលរដ្ឋខ្ចីប្រាក់ពីខាងក្រៅ មក​បង្វិលចាយវាយ​ ទៅលើវិស័យនានា មិនថាជាប្រាក់ខែបុគ្គលិករដ្ឋ ប្រាក់សោធននិវត្ត ឬ ជា​ការចំណាយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ បន្ទាប់មកទៀត ពេលរដ្ឋប្រមូលពន្ធបាន​មួយឆ្នាំៗ គឺគេបង្វិលសងបំណុលទាំងនោះវិញ។ អញ្ចឹងហើយ​បាន​ប្រទេសគេរីកចម្រើន ព្រោះរដ្ឋគេមានប្រាក់បង្វិល ចាយ​វាយ​រហូត មិននៅជាប់គាំង។ បំណុលសាធារណៈ វាជារឿងធម្មតាទេ គ្រាន់តែថារដ្ឋ​ត្រូវតែប្រយ័ត្ន កុំឲ្យ​ចាយ​វាយ​ច្រើនជ្រុល បំណុលកើនឡើងខ្ពស់ លើសខ្លាំងជ្រុលពេក ពី​ចំណូល​ដុលក្នុង​ស្រុកដែលរកបាន​មកវិញ​។ នៅអាមេរិក រដ្ឋសហព័ន្ធបច្ចុប្បន្ន ជាប់បំណុល​ចំនួនសរុប​ ៣១០០០ពាន់លានដុល្លារ ដែលក្នុងនោះ មាន​ប្រមាណ​៧៤០០ពាន់លាន គឺជាបំណុល​នៅក្រៅស្រុក ដោយរាប់ទាំងធនាគារកណ្តាល​បរទេស និង​ស្ថាប័នហិរញ្ញវត្ថុ​ឯកជន​នៅឯបរទេស​​​។ តួលេខនេះ យោងតាមអ្នកជំនាញ គឺវាមិនមានអ្វីចោទជាបញ្ហាអ្វីទេ សម្រាប់សេដ្ឋកិច្ច​អាមេរិក​។​ បញ្ហាចោទនាពេលនេះ គឺជាពេលដែល​អាមេរិកត្រូវដំឡើង​ អត្រាអតិបរមានៃបំណុល ពោលគឺជាច្បាប់ថ្មីមួយ ដែលគេតែងតែធ្វើវា ដើម្បីកំណត់ថា រដ្ឋសហព័ន្ធ អាចមានសិទ្ធិ​មានបំណុលសាធារណៈ មិនឲ្យ​លើសពីចំនួន​ប៉ុន្មាន​។ ពីមុនមក ការ​កំណត់​អត្រាអតិបរមានៃបំណុលនេះ គឺគ្រាន់តែជារឿងរដ្ឋបាល​សាមញ្ញមួយ ដោយ​សភាខុសហ្ក្រេសមានតួនាទីធ្វើវា ដើម្បីបើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ​នេះ យើងឃើញថា ច្បាប់​ដំឡើង​អត្រាបំណុលអតិបរមានេះ បានក្លាយជា​ចំណុចវិវាទ ខ្វែងគំនិតគ្នារវាង​ក្រុម​គណបក្ស​សាធារណ​រដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ​របស់​លោកចូ បៃដិន​។ បក្សសាធារណៈរដ្ឋ ស្តីបន្ទោសថារដ្ឋសហព័ន្ធចាយ​វាយឥតគិត ចំណាយច្រើនណាស់ ធ្វើឲ្យបំណុល​ចេះតែប៉ោងឡើង។ រីឯបក្ស​ប្រជាធិបតេយ្យវិញ អះអាងថាការចំណាយ​ទាំងនោះគឺវាចាំបាច់ ក្នុងការជួយ​សង្គម ជួយ​ផ្នែកសុខាភិបាល ជួយ​ជីវភាពប្រជាជនក្រីក្រ ហើយបញ្ហាបំណុលអាចដោះស្រាយ​បាន តាមរយៈការដំឡើងពន្ធយកពីក្រុមហ៊ុនធំៗ ដែលកើបប្រាក់ចំណេញដ៏សន្ធឹកពីមួយឆ្នាំទៅមួយឆ្នាំ។ រដ្ឋសហព័ន្ធ ប្រឈមនឹងបញ្ហាគ្មានប្រាក់បង់វិក័យប័ត្រ និង​សងបំណុល​ យោងតាម​លោកស្រី Janet Yallen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក គឺបញ្ហាធំមួយចំនួននឹងចោទឡើង ចាប់ពីថ្ងៃទី​១មិថុនាខាងមុខនេះទៅ ប្រសិនបើគ្មាន​កិច្ចព្រមព្រៀងដំឡើងអត្រាអតិបរមានៃបំណុលទេនោះ។ បំណុលរដ្ឋនឹងឡើងចាល់ដល់កម្រិតអតិបរមា ដែលគេបាន​កំណត់កាលពីលើកមុន។​ មានន័យថារដ្ឋមិនអាចបន្ថែមកម្ចីទៀតបានទេ។ ដូច្នេះ ចាប់ពីពេលនោះទៅ គឺរដ្ឋសហព័ន្ធ​មិនអាចមានប្រាក់គ្រប់គ្រាន់ ក្នុងការ​​ចំណាយផ្សេងៗបានទេ តួយ៉ាង ដូចជា​ការចំណាយ​លើដំណើរការទូទៅ ប្រាក់ខែបុគ្គលិករដ្ឋសហព័ន្ធ ប្រាក់សោធននិវត្តអតីតទាហាន ការចំណាយ​លើជំនួយសង្គម ជួយអ្នកក្រីក្រអីជាដើម។ ជារួម មានន័យថា រដ្ឋសហព័ន្ធអាមេរិក នឹងត្រូវតែបង្ខំចិត្ត កាត់បន្ថយ​ការចំណាយដែលមិនសូវចាំបាច់ ពន្យាពេលសងបំណុលទាំងប្រាក់ដើមទាំងការប្រាក់ ឬក៏អាចកាត់បន្ថយ​ខ្ទង់ចំណាយ​ផ្សេងទៀតសិន ដូចជា​ទំលាក់ចំនួន​​ប្រាក់សោធននិវត្ត ប្រាក់ជំនួយសង្គម  បើកឲ្យ​តែមួយចំណែក ជំពាក់មួយចំណែក​អីសិនជាដើម​។ វិធានាការទាំងអស់នេះ គឺសុទ្ធតែជាការប៉ះពាល់ទៅដល់ជីវភាពប្រជាជនអាមេរិក។ ក្រុមហ៊ុនឯកជននានា ដែល​ផ្តល់សេវាកម្មដល់ស្ថាប័ន​រដ្ឋសហព័ន្ធ ហើយ​ចេញវិក័យប័ត្រហើយ​ រដ្ឋមិនទាន់​បង់ប្រាក់ឲ្យ គឺវា​នឹងប៉ះពាល់ ដល់ដំណើរការទូទៅ តាមក្រុមហ៊ុនទាំងនោះ។ ពោលគឺវាប៉ះពាល់តៗគ្នា ពីលើដល់ក្រោម​។ ហើយចំណុចសំខាន់មួយទៀត គឺ​រដ្ឋអាមេរិក នឹងត្រូវគេប្រកាសថា​ គ្មាន​ប្រាក់សងបំណុល។ បញ្ហានេះ អាចនឹងទាញ​ទម្លាក់ពិន្ទុរបស់​អាមេរិក នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ អ្នកវិនិយោគ អ្នកផ្តល់ប្រាក់កម្ចីផ្សេងៗ នឹងបាត់បង់ទំនុកចិត្ត ឬក៏​មិនសូវហ៊ានរកស៊ីនៅអាមេរិក​ទេ។ ហេតុដូច្នេះហើយ បា​នជា​​លោកចូ បៃដិន បានប្រញេបប្រញាប់ ចេញពីប្រទេសជប៉ុន ត្រលប់ទៅ​ទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីអន្តរាគមន៍ដោះស្រាយបញ្ហានេះ។ បក្សសាធារណរដ្ឋ ទាមទារថាត្រូវតែកាត់បន្ថយ​ការ​ចំណាយ​របស់រដ្ឋសហព័ន្ធ​ កាលៈទេសៈពេលនេះជាពេលបន្ទាន់ ដែលត្រូវតែស្វែងរកការស្រុះស្រួលគ្នា​ ប្រសិនបើមិនចង់ឲ្យ​រដ្ឋអាមេរិក ត្រូវគេប្រកាសថា គ្មានប្រាក់សងបំណុលទេនោះ។ បញ្ហានេះ កំពុងតែជាប់គាំងនៅសភាអាមេរិក ព្រោះ​សមាជិកសភាបក្ស​សាធារណរដ្ឋ ជាអ្នករាំងខ្ទប់។ លោក​ Kevin McCarthy ដែលជាប្រធានសភាតំណាង មកពីបក្ស​សាធារណរដ្ឋ ​លើកឡើងថា វ៉ាស៊ីនតោន មិនអាចចាយវាយដោយ​​ឥតគិត បាន​តទៅទៀតបានទេ។ គោលជំហររបស់​សមាជិកសភាបក្សសាធារណរដ្ឋ គឺទាមទារឲ្យ​រដ្ឋាភិបាល​លោកចូ បៃដិន យល់ព្រម​ កាត់បន្ថយ​ការចំណាយ ទើបខាងគេ សុខចិត្ត​បោះឆ្នោតយល់ព្រម លើ​ច្បាប់ដំឡើងអត្រា​អតិបរមានៃបំណុលរដ្ឋ​។ ចំណែក​លោក​ ដូណាល់ ត្រាំ ឯណោះ បានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅ ហៅឲ្យ​សមាជិកសភាបក្សសាធារណៈ ត្រូវតែរឹងមាំ កុំ​ធ្វើសម្បទានឲ្យ​បក្សប្រជាធិបតេយ្យឲ្យសោះ​។ លោក ដូណាល់ ត្រាំ បានប្រកូកប្រកាស​ថា ត្រូវ​តែ​​​ធ្វើឲ្យ​រដ្ឋាភិបាលលោកចូ បៃដិន ក្ស័យធនគ្មានប្រាក់សងបំណុល។ ការប្រកាសរបស់​លោក ដូណាល់ ត្រាំ នេះ ត្រូវបាន​លោក ចូ បៃដិន ចាត់ទុកជាសម្តី​ដែលគ្មានការទទួលខុសត្រូវទាល់តែសោះ។ ហេតុតែចង់ចំណេញ​នយោបាយ ចង់សងសិក ចង់ធ្វើបាបរដ្ឋាភិបាល លោកដូណាល់ ត្រាំ សុខចិត្តធ្វើឲ្យ​មានបញ្ហាដល់​ប្រាក់ចំណាយរបស់រដ្ឋ ហើយ​អ្នកដែលរងថ្មបាក់ គឺប្រជាជនអាមេរិក​។ នៅថ្ងៃចន្ទទី ២២ឧសភា​ ពេលទៅដល់វ៉ាស៊ីនតោនភ្លាម គឺលោកចូ បៃដិន នឹងជួបប្រជុំ​​ជាមួយ​ លោក​ Kevin McCarthy។ តែយ៉ាងណា លោក​ចូ បៃដិន បានអះអាងថា លោក​មិនអាចយល់ព្រម​កាត់បន្ថយ​ប្រាក់ចំណាយ​ ទៅក្នុង​វិស័យ​សង្គមកិច្ចបានទេ។ ប្រជាជន​អាមេរិកប្រមាណ​២១លាននាក់ ដែលមានជីវភាពក្រីក្រ រស់រំពឹងទៅលើ​ប្រព័ន្ធសុខាភិបាលរដ្ឋ និងជំនួយ​ចំណីអាហារជាដើម។ នៅលើយន្តហោះ ជិះឆ្ពោះពី​ហ៊ីរ៉ូស៊ីម៉ា ទៅ​វ៉ាស៊ីនតោន លោក​ចូ បៃដិន បាននិយាយទូរស័ព្ទ ជាមួយ​ លោក​ Kevin McCarthyដែរ។ ខាង លោក​ Kevin McCarthy ទាមទារឲ្យកាត់បន្ថយ​ការចំណាយរបស់រដ្ឋសហព័ន្ធ។ លោកចូ បៃដិនបានបដិសេធ តែលោក​សុខចិត្តកាត់បន្ថយការចំណាយ ​​លើផ្នែកផ្សេងមួយចំនួន។ តែទន្ទឹមនឹងនេះ លោកចូ បៃដិន​ បានទាមទារថាត្រូវដំឡើងពន្ធ យកពី​អ្នកមាន​ស្តុកស្តម្ភ និងសហគ្រាសអាមេរិក ដើម្បីយកមកទប់ការចំណាយ​។​ បើផ្អែកតាមមន្ត្រីសេតវិមាន គឺត្រឹមតែ​លោក ចូ បៃដិន ជួបនិយាយគ្នាតាមទូរសព័្ទ និងជួបគ្នាដោយ​ផ្ទាល់នៅវ៉ាស៊ីនតោន គឺវា​ជា​សញ្ញាណវិជ្ជមានខ្លះៗរួចទៅហើយ ថាអាចនឹងមានការត្រូវរ៉ូវគ្នា ការពារផលប្រយោជន៍រួមរបស់ជាតិ។ មុននឹងឡើងយន្តហោះនៅជប៉ុន លោកចូ បៃដិន បានលើកឡើងថា អាមេរិកមិនដែលមានប្រវត្តិ​ ជួបករណីគ្មានប្រាក់សងបំណុលទេ ហើយ​នឹង​មិនអាចជួបករណីនេះ បាន​ជាដាច់ខាត​៕
5/22/20237 minutes, 41 seconds
Episode Artwork

បោះឆ្នោត​ជាតិ​នៅ​ក្រិក បក្ស​ស្តាំនិយម និង​ឆ្វេ​ង​និយម កំពុង​ប្រទាញប្រទង់គ្នា

ថ្ងៃអាទិត្យ​ ទី​២១ឧសភា​ នៅប្រទេស​ក្រិក ប្រជាពលរដ្ឋ​ប្រមាណ ជិត ​១០ លាន​នាក់ អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសរើសនិង​ផ្លាស់ប្តូរ​​តំណាង​រាស្ត្រ​ ចំនួន​ ៣០០នាក់​ សម្រាប់​អាណត្តិ​ ៤ ឆ្នាំ។ តាម​ការ​ស្ទង់​មតិ​ចុងក្រោយ គណបក្សកាន់​អំណាច ជាបក្ស​​ស្តាំនិយម មាន​សំឡេង​នាំមុខ​ បក្ស​ប្រឆាំង​ ឆ្វេងនិយម តែនាំមុខ​ក្នុង​ចំនួន​តិច​តួច​បំផុត។ ក្នុងការ​ឃោសនា ប្រមុខ​ដឹកនាំ​បក្ស​កាន់​អំណាច ជា​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ បាន​អួត​សរសើរ​ពី​កំណើន​សេដ្ឋកិច្ច​និង​ស្ថិរភាព​ក្នុងប្រទេស ព្រមទាំង​កាត់បន្ថយ​ចំនួន​ជនភៀសខ្លួន ប៉ុន្តែលោក ​Kyriakos Mitsotakis ត្រូវ​ជួប​ការ​រិះគន់​ខ្លាំង​ពីការ​ប្រើ​ប្រាស់​អំណាច​រដ្ឋ​ពោរពាស​ជ្រុល​ពេក។ ថ្នាកដឹកនាំ​បក្សប្រឆាំង​វិញ លោក Alexis Tsipras ធ្លាប់​ជា​នាយករដ្ឋមន្ត្រីក្រិក ចន្លោះ​ឆ្នាំ២០១៥ ដល់២០១៩ និង​ដែលធ្លាប់​​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ចុះ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​និង​បំណុល​ធ្ងន់ធ្ងរ។​ ​សេដ្ឋកិច្ច​និង​ទេសចរណ៍​ ងើប​ក្បាល​បន្តិច​​ហើយ​​ ក្នុងការយុទ្ធនាការបោះឆ្នោត ​​នាយករដ្ឋមន្រ្តី ក្រិក ផុតអាណត្តិ ​លោក ​Kyriakos Mitsotakis បាន​សំអាង​លើ​ចំណុច​ខ្លាំង មួយ​ចំនួន​​ ត្រង់​ផ្នែក​ ​សេដ្ឋកិច្ច សុខាភិបាល វិស័យទេសចរ​ណ៍ សន្តិសុខស្ថិរភាព និង​ អន្តោប្រវេសន៍​។ ទិន្នន័យថ្មី​​ចុងក្រោយ ឆ្នាំ២០២២ បង្ហាញថា សេដ្ឋកិច្ច​ក្រិក​បាន​កើតឡើង​ជាង​៥,២%។ នេះក៏ដោយ​សារតែលោក Kyriakos Mitsotakisបាន​អនុវត្ត​គោលនយោបាយសេដ្ឋកិច្ច​សេរីនិយម និង​បើក​ផ្លូវ​ឲ្យ​ផ្នែក​ឯកជន​ជួយ​ផ្តល់និង​បំពេញ​​សេវាកម្ម​​ខ្លះ​ៗ​ សម្រាល​បន្ទុក​របស់​រដ្ឋ។ ឧទាហរណ៍​ក្នុង​វិស័យ​សុខាភិបាល​ជាដើម។ មន្ទីរពេទ្យ​ឯកជន​ដើរតួ​ច្រើនក្នុងការ​សង្គ្រោះ​មនុស្ស​នៅរដូវ​ជំងឺ​កូវីដ​១៩​​។ វិស័យ​ទេសចរណ៍​ក្រិក ក៏បាន​ងើប​ខ្លួនល្អប្រសើរ​ច្រើន។ ​នយោបាយ​​ទប់​ស្កាត់​លំហូរ​ជន​ភៀសខ្លួនវិញ គឺ​បាន​ធ្វើឲ្យ​លំហូរ​ជនអន្តោប្រវេសន៍​ថយ​ចុះខ្លាំង នៅក្នុងរយៈ​ពេល​ចុងក្រោយ​នេះ។ អាស្រ័យ​ហេតុ​នេះហើយ ទើប​លោក​អំពាវនាវ​ថា «បើ​ចង់​បាន​កំណើន​សេដ្ឋកិច្ច និង​ស្ថិរភាព សន្តិសុខ​សុវត្ថិភាព គឺបោះឆ្នោត​ជូន​លោក »។​ នាយករដ្ឋមន្ត្រីក្រិក​​ផុត​អាណត្តិ ​​និមិត្ត​រូប​នៃ​អំណាច​ពោរពាស​​ ​លោក Kyriakos Mitsotakis ឋិតក្នុង​​វង្សត្រកូល​ក្រុម​គ្រួសារ​សុទ្ធសឹងតែ​​ធ្វើ​នយោបាយ​ជោកជាំ​។​ លោក​​ជា​កូន​ប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី​ក្រិច​។ បងប្អូន​ស្រី​​ គឺធ្លាប់​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ការបរទេស។ ក្មួយ​ប្រុស​​ ជា​ អភិបាល​រដ្ឋធានី​ អាថែន​។ នៅក្រោម​ការ​ដឹកនាំប្រទេស ចាប់ពី​ឆ្នាំ២០១៩មក​ គឺ​​​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​ បាន​ក្តោប​ក្រសោប​អំណាច​បន្ថែម និងប្រើ​ល្បិច​ទុច្ចរិត​ផ្សេងៗ​ដើម្បី​កេង​ចំណេញ​នយោបាយ។ ជាក់ស្តែង លោក​បាន​ដាក់​ ភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​ និង​ ភ្នាក់ងារ​សារព័ត៌មាន​របស់​រដ្ឋ មក​ឲ្យ​ឋិត​នៅក្រោម​អំណាចត្រួតត្រា​​របស់​លោក។​ រឿង​អាស្រូវ​ធំ ផ្ទុះ​ឡើង​​នៅរដូវ​ក្តៅ ឆ្នាំ២០២២ គឺ​​នាយករដ្ឋមន្ត្រី​ក្រិច​ ផុត​អាណត្តិ​រូបនេះ បាន​ប្រើ ភ្នាក់ងារស៊ើបការសម្ងាត់របស់​រដ្ឋ ឲ្យ​តាម​ដាន​លួច​ស្តាប់​យកការណ៍​ពី​សារព័ត៌មាន ពី​ប្រធាន​ក្រុម​ហ៊ុន​សហគ្រាស និង​លួច​ស្តាប់​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ របស់ ​អ្នក​នយោបាយ​ផ្សេងទៀត។ នេះ​ជា​រឿង​អាស្រូវទុច្ចរិត​​ ប្រាស​ចាស​ពី​ក្រុម​សីលធម៌​អ្នក​នយោបាយ ដែល​យុវជន​អឺរ៉ុប ស្អប់ខ្ពើម។ បញ្ហា​មួយ​ទៀត​ គឺ គ្រោះថ្នាក់បុករថភ្លើង ខែ​កុម្ភៈ ស្លាប់​មនុស្ស៥៧ នាក់ គឺ​ធ្វើ​ឲ្យ​ប្រឡាក់​មុខ​មាត់​រដ្ឋាភិបាល​ក្រិក​ជា​ខ្លាំង។ មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលជាច្រើន​។ ពួក​បាតុករ​ ពិសេស​យុវជន បាន​ចោទ​រដ្ឋាភិបា​លថា​ជា​ឃាតករទៀតផង។ ប្រឈម​នឹង​បាតុកម្ម​​នេះ រដ្ឋអំណាច​ក្រិច បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូសិលនៅ​តាម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សាសំខាន់ៗ ដើម្បី​​ត្រួត​យុវជននិស្សិត​បាតុករ ដែលគេហៅថា នគបាល​សកលវិទ្យាល័យ។ ចំណុច​នេះ ក៏កាន់តែ​ត្រូវ​យុវជន​ក្រិក​​ស្អប់​ មិន​ចូល​ចិត្តទាល់តែ​​សោះ។​ ​បក្ស​ប្រឆាំង​ ចិញ្ច្រាំចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល បក្ស​ប្រឆាំង ឈ្មោះ Syriza និន្នាការ​ឆ្វេង​និយម ចុច​សង្កត់​លើ​ចំណុច​ខ្សោយ​ទាំង​ឡាយ​របស់​រដ្ឋាភិបាល។ ក្រៅពី​បញ្ហា​ដែល​យើង​លើក​ឡើង​មុននេះ ជាពិសេស​ អំពើ​ពុករលួយ​នៅក្នុង​វិស័យ​នយោបាយ និង​បញ្ហា​លួច​ស្តាប់​កិច្ច​សន្ទនា​តាមទូរសព្ទ ​គឺនៅ​មាន​បញ្ហា​សង្គម​ច្រើន​ទៀត ដែល​ត្រូវដោះស្រាយ​ ជាក់ស្តែង វិបត្តិ​អតិផរណាទំនិញ​ថ្លៃ​ខ្លាំងទៅៗ​។ លទ្ធភាព​ចាយ​វាយ​របស់​ពលរដ្ឋ ចេះតែ​ទន់​ខ្សោយ។​ មួយ​ទៀត បញ្ហា​​ការ​ស្នាក់​នៅ​ លំនៅ​ដ្ឋាន​របស់​ប្រជាជន​ ក៏​ចោទ​ខ្លាំងណាស់ដែរ ហើយ​ក្រិក នៅ​មិនទាន់​មាន​ លំដ្ឋាន​រដ្ឋ​សម្រាប់​ជួយ​ផ្នែក​សង្គម​កិច្ច​ ដល់​អ្នក​ខ្លះ​ផ្ទះ​សម្បែង​ស្នាក់​នៅ​នោះទេ។ វិបត្តិ​ធំជាពិសេសដែរនោះ គឺ វិបត្តិ​អត់​ការងារ​ធ្វើរបស់​យុវជន​ក្រិក ដែល​នៅ​មា​នចំនួន​ច្រើន និង​ជា​បន្ទុក​ធ្ងន់​។ យុវជន​ក្រិក ចន្លោះ​១៨ ទៅ​២៥ឆ្នាំ គឺមាន​ចំនួន​ច្រើន ស្ទើរតែ​ថា​ច្រើន​ជាង​គេ​បើប្រៀប​​ធៀប​នឹង​ប្រទេស​ផ្សេងទៀត ក្នុង​អឺរ៉ុប។ គណ​បក្សប្រឆាំង ចិញ្ច្រាំចំណុចបញ្ហា​​អស់ទាំង​​នេះ ដើម្បី​វាយប្រហារ និង​ បាន​សន្យាពីចំណែក​ខ្លួន​ថា​នឹង​ លើកស្ទួយ​កំណើន​ជីវភាព​ប្រជាជន វណ្ណៈ​ថ្នាក់​កណ្តាល ដូចជា ជួយ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ផ្នែក​ស្បៀង​អាហារ ជាដើម។ បក្សប្រឆាំង​ Syriza ដឹកនាំ​ដោយ​ ​អតីត​នាយករដ្ឋមន្ត្រី​ Alexis Tsipras ដែល​ធ្លាប់​បាន​កាន់អំណាច​​រួច​មកហើយ និង​ដែល​ត្រូ​វ​គេ​រិះ​គន់​ខ្លាំង ថា​ក្រោម​ការ​ដឹកនាំ​របស់​គាត់ ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ហើយ​ប្រទេស​ជាតិ​ជំពាក់​បំណុល​គេ វ័ណ្ឌក​។ រហូត​មកដល់​សព្វថ្ងៃនេះ បំណុល​សារធារណៈ​របស់​ក្រិក គឺ​កើន​ដល់ ១៧០% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​។ ​អតីតនាយករដ្ឋមន្ត្រីរូបនេះ ក៏ត្រូវ​គេ​រិះ​គន់​ចាស់ដែរ ដែល​បាន​ដក​ប្រទេស ដើរចេញពី​តំបន់​ចាយ​ប្រាក់​អឺរ៉ូ នៅឆ្នាំ២០១៥។​ នេះ​ជា​ចំណុច​ខ្សោយ​ដែល ត្រូវ​ គូប្រជែង បក្ស​កាន់​អំណា​ច​សព្វ​ថ្ងៃ យក​ទៅឃោសនា​​រិះគន់​។​ អត្រា​ចូល​រួម​បោះឆ្នោត​នៅក្រិក គឺ​មិន​ខ្ពស់​នោះទេ។ នៅឆ្នាំ​២០១៩ អត្រាចូលរួម​បោះឆ្នោត​មា​នត្រឹម​តែ  ជាង៤០%ប៉ុណ្ណោះ។ បញ្ហា​នេះ បែប​មិនទាន់​បាន​ប្រសើរ​នោះឡើយ​ សម្រាប់​ការបោះឆ្នោត​អាណត្តិ​នេះ។​ ​ដើម្បី​ជំរុញ​ឲ្យ​យុវជន​ទៅបោះឆ្នោត រដ្ឋាភិបាល​ក្រិក បាន​ចេញច្បាប់​អនុញ្ញាត​ឲ្យ​យុវជន អាយុ​១៧ឆ្នាំ ក៏​អាច​ទៅ​បោះឆ្នោត​បាន​ដែរ។ តាម​ការ​ស្ទង់​មតិ​ចុងក្រោយ គឺឃើញថា ​​គ្មាន​សំឡេ​ងបាន​ទៅ​បក្ស​ណា​មួយ​ឈ្នះ​ដាច់​គេ​នោះទេ។ គណបក្ស​បក្ស​ ៣ នាំមុខ​គេ​ខ្លាំង គឺ បក្ស​ស្តាំនិយម កំពុង​កាន់​អំណាច​សព្វថ្ងៃ ឋិត​នៅ​ក្នុង​កម្រិត​សំឡេង​គាំទ្រ ច្រើន​លើស​៥ទៅ៧​% ច្រើន​ជាង​បក្សប្រឆាំង។ ពោល​គឺ​ចេតនា​របស់​ម្ចាស់​ឆ្នោត​ចង់​ឲ្យសន្លឹកឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច គឺមាន​ប្រមាណ​ជា ៣២,៧% ហើយ​បក្សប្រឆាំង​​ឆ្វេង​និយម  Syriza មាន​២៦% ហើយ​បក្ស​សង្គម​និយម​ Pasok-Kinal អាច​នឹង​ទទួល​ការ​គាំទ្រ​ ៨ %។ អ្នក​វិភាគ​និង​អ្នក​តាម​ដាន​ស្ថានការណ៍​ក្រិក យល់​ស្រប​ព្រម​គ្នា​ថា ការ​បោះឆ្នោត​លើកនេះ ទំនង​ជាគ្មាន​បក្ស​ណា​មួយ​ឈ្នះ​ដាច់​គេ ដាច់​ខាត​នោះឡើយ។ ហើយ​បញ្ហា​នៅពេលនេះ គឺ​បក្ស​នយោបាយ​នាំមុខ​ទាំង​បី គឺគ្មាន​ចេតនា​ចង់​ចង​សម្ព័ន្ធ​ជាមួយ​បក្ស​ដៃទៀត។​ ជាក់ស្តែង នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​ ប្រកាស​ស្រេច​តែម្តងថា គោល​ដៅ​របស់លោក​​ គឺ​ «ចង់​បាន​ឈ្នះ​ដាច់​ បាន​សំឡេង​ច្រើន​ជាង​គេ​នៅ​រដ្ឋ​សភា និង​បង្កើត​រដ្ឋាភិបាល​ដឹកនាំប្រទេស ដោយ​បក្ស​តែមួយ ម្នាក់ឯង មិន​ចង់​បាន​រដ្ឋាភិបាល​ចម្រុះ​ទេ។»​ ប្រសិន​បើ​គ្មាន​បក្សណា​១​ឈ្នះ​ដាច់ គ្មាន​ការ​ចង​សម្ព័ន្ធ​ និង មិន​អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន គឺ គេអាច​នឹង​ត្រូវ​រៀបចំ​បោះឆ្នោត​ជាលើកទី២ ​ចុង​ខែ​មិថុនា ឬដើម​ខែ​កក្កដា​ខាងមុខ ទៀត៕​
5/21/20239 minutes, 41 seconds
Episode Artwork

G7៖​ លោក​ហ្សេឡេនស្គីទៅដល់ជប៉ុន ខណៈអាមេរិកព្រមបើក​​ផ្លូវ​ប្រគល់យន្តហោះចម្បាំងឲ្យ​អ៊ុយក្រែន

ជំនួប​កំពូលក្រុមប្រទេសសេដ្ឋកិច្ច​នាំមុខ G7 កំពុងតែដំណើរការទៅ​យ៉ាងសកម្ម នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា​ប្រទេសជប៉ុន​។ លោក​ហ្សេឡេនស្គី ទើបតែទៅ​ដល់ជប៉ុន ចូលរួម​ក្នុងជំនួបកំពូលនេះ ដើម្បី​កៀងគរការគាំទ្រជួយ​អ៊ុយក្រែន ក្នុងការធ្វើសង្គ្រាម​ យកឈ្នះការឈ្លានពានរបស់រុស្ស៊ី​។ ព្រមពេលជាមួយ​គ្នា ​​​រដ្ឋាភិបាលអាមេរិក​ ទើបតែបាន​ប្រកាស យល់ព្រម​បើក​ផ្លូវ ​ប្រគល់យន្តហោះចម្បាំងឲ្យ​អ៊ុយក្រែន ដូចអ្វីដែល​អ៊ុយក្រែន បានទទូចស្នើសុំជាច្រើនខែមកហើយ​។ ការសម្រេចជាប្រវត្តិសាស្ត្រ​ លោកប្រធានាធិបតី វ្លូឌីមៀរហ្សេឡេនស្គី បានសរសេរ​លើទំព័រ Twitter ដោយបានចាត់ទុក​ការសម្រេចរបស់សហរដ្ឋអាមេរិក ថាជាការសម្រេច​ជាប្រវត្តិសាស្ត្រ នៅក្នុងការ​ជួយ​អ៊ុយក្រែន ប្រយុទ្ធយកឈ្នះការឈ្លានពានរបស់រុស្ស៊ី។ នៅរសៀលថ្ងៃ​សៅរ៍នេះ លោក​ហ្សេឡេនស្គី បាន​ធ្វើដំណើរទៅដល់ប្រទេសជប៉ុនហើយ ដោយរដ្ឋាភិបាល​​បារាំង ជាអ្នក​ផ្តល់យន្តហោះពិសេស ដឹកលោកហ្សេឡេនស្គី ​ទៅដល់ក្រុងហ៊ីរ៉ូស៊ីម៉ាតែម្តង​។ វត្តមានរបស់​លោកហ្សេឡេនស្គី នៅទីក្រុង​អ៊ីរ៉ូស៊ីម៉ា ក៏ជានិម្មិតរូបមួយសំខាន់ណាស់ដែរ។ ហ៊ីរ៉ូស៊ីម៉ា ជាទីក្រុងទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បានរងគ្រាប់​បែកបរមាណូ កាលពីសង្គ្រាមលោក​លើកទី​២។ សង្គ្រាម​នៅអ៊ុយក្រែនបច្ចុប្បន្ននេះ បាន​ធ្វើ​ឲ្យ​មានការបារម្ភខ្លាំងណាស់ដែរ អំពីលទ្ធភាព​អាចឈានផ្ទុះក្លាយជាមហន្តរាយនុយក្លេអ៊ែរ។ តាមការគ្រោងទុក លោក​ហ្សេឡេនស្គី នឹងចូលរួម​ក្នុងជំនួបកំពូលនៅថ្ងៃអាទិត្យស្អែក ដែលជាថ្ងៃចុងក្រោយ ជាមួយ​ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 និងប្រទេស​ដៃគូ ដែលគេអញ្ជើញ​មកចូលរួម​៨ប្រទេសទៀត ដែលមានដូចជាឥណ្ឌា ប្រេស៊ីល វៀតណាម និង​ឥណ្ឌូណេស៊ីជាដើម។ ដោយឡែកនៅថ្ងៃសៅរ៍នេះ គឺនឹងមានជំនួបទ្វេភាគី រវាងលោក​ហ្សេឡេនស្គី ជាមួយ​លោកចូ បៃដិន ជាមួយ​លោក​ម៉ាក្រុង ជាមួយលោករីស៊ី ស៊ូណាក់ និងជាមួយ​លោក​ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រី​ជប៉ុន​។ ហើយ​មុននេះបន្តិច លោក​ហ្សេឡេនស្គី បានជួប​មួយទល់នឹងមួយ ជាមួយ​លោក​ ណារិន្ទ្រ ម៉ូឌី ដែលទើបតែទៅដល់ក្រុងហ៊ីរ៉ូស៊ីម៉ាដែរ។ សេតវិមានបានយល់ព្រមបើក​ផ្លូវ ប្រគល់យន្តហោះចម្បាំងទៅ​ឲ្យ​អ៊ុយក្រែន​។ លោក​ Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បាន​ឲ្យដឹងថា លោក​ប្រធានាធិបតីចូ បៃដិន បានពិចារណាច្បាស់លាស់ នឹងឈប់ស្ទាក់ស្ទើទៀតហើយ។ លោក ចូ បៃដិន កំពុងតែទន្ទឹងរងចាំជួបនិយាយលំអិត ជាមួយ​លោក​ហ្សេឡេនស្គី ទាក់ទិននឹងការប្រគល់យន្តហោះចម្បាំង ទៅតាមអ្វីដែលអ៊ុយក្រែនបានទទូចស្នើសុំ​​។ បារាំងជួយ​ផ្នែកហ្វឹកហាត់ អង់គ្លេសចេញមុខដើរប្រមូលយន្តហោះF-16 ផ្អែកតាមលំអិតរបស់​លោក Jake Sullivan គឺជាដំណាក់​ដំបូងនេះ គឺអាមេរិក នឹងរួមសហការជាមួយ​ប្រទេសអឺរ៉ុបមួយចំនួន ដើម្បីរៀបចំ​ការហ្វឹកហាត់​ឲ្យ​នាយទាហានជំនាញ​របស់​អ៊ុយក្រែន ចេះប្រើប្រាស់យន្តហោះចម្បាំងរបស់អាមេរិក។ យន្តហោះចម្បាំង ដែលគេកំពុងនិយាយគ្នានេះ គឺយន្តហោះប្រភេទ F-16។ និយាយឲ្យងាយស្តាប់គឺថា សម្រាប់ពេលនេះ ទាហានជំនាញ​អ៊ុយក្រែន នឹងចាប់ផ្តើមហ្វឹកហាត់ប្រើយន្តហោះ ចេះជួសជុល។ ហើយ​អំឡុងពេលនេះ ក្រុមប្រទេសសម្ព័ន្ធមិត្ត​ នឹងចាប់ផ្តើមនិយាយគ្នា អំពីផែនការ​ កាលវិភាគនៃការប្រគល់យន្តហោះ ក្នុងចំនួន​ប៉ុន្មាន ហើយ​ប្រទេសអ្នកខ្លះដែលជាអ្នកឲ្យ​ទៅអ៊ុយក្រែនជាដើម។​ ដូច្នេះ​ ទំរាំតែអ៊ុយក្រែន​បានទទួលយន្តហោះយកទៅប្រើមែនទែន ក៏ប្រហែលជា១ឆ្នាំទៀតអីដែរ បើតាមការស្មាន​។ ផ្អែកតាមអ្នកវិភាគខ្លះបានលើកឡើងថា អាមេរិកបើកភ្លើងខៀវព្រមប្រគល់មែន តែមិនមែនមានន័យថា អាមេរិកនឹងដឹកយកយន្តហោះខ្លួនទៅឲ្យអ៊ុយក្រែនទេ។ ប្រភពពីរដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា គឺ​លោករីស៊ី ស៊ូណាក់ ជាអ្នកចេញមុខ ដឹកនាំក្រុមការងារ និយាយជាមួយហូឡង់ ប៊ែលហ្ស៊ិល និងដាណឺម៉ាក ដើម្បីរៀបចំប្រមូលយន្តហោះ F-16 ​នៅតាមប្រទេសទាំងនេះ។ ហូឡង់ ដាណឺម៉ាកជាដើម ធ្លាប់​បាន​ប្រកាសថាគេអាចឲ្យ​យន្តហោះ F-16 ទៅឲ្យ​អ៊ុយក្រែន ព្រោះយន្តហោះចម្បាំងគេ នឹងត្រូវជំនួសដោយអាប្រភេទថ្មី F-35។ ដោយឡែក ខាងបារាំងវិញ លោក​ម៉ាក្រុងបានបញ្ជាក់ថា បារាំង នឹងជួយអ៊ុយក្រែនផ្នែកហ្វឹកហាត់ប្រើយន្តហោះចម្បាំង។ « អ្នកណាឲ្យយន្តហោះចម្បាំងទៅអ៊ុយក្រែន​ អ្នកនោះនឹងប្រឈមគ្រោះថ្នាក់ធំ » គ្មានអ្វី​ចម្លែកទេ រុស្ស៊ី​បាន​បរិហារចោទថា ក្រុមប្រទេសលោកខាងលិច កំពុងតែលង់ខ្លួន​ក្នុង​ធ្វើសង្គ្រាម​ជាមួយរុស្ស៊ី ងើប​មិនមិនរួចទេ។ យោងតាមការចុះផ្សាយ​របស់បណ្តាញព័ត៌មានរុស្ស៊ី TASS លោក Alexandre Grouchko អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា ការប្រគល់យន្តហោះចម្បាំងទៅឲ្យ​អ៊ុយក្រែន​ វានឹងបង្កើតឲ្យ​មានការប្រឈមគ្រោះថ្នាក់​ធំណាស់ សម្រាប់ប្រទេសដែលជាម្ចាស់យន្តហោះ​ទាំងអស់នោះ។  លោក​ម្នាក់នេះ បន្តថា រុស្ស៊ី​នឹងកត់ត្រាទុក ហើយ​នឹងយកវាបញ្ចូលទៅក្នុងផែនការយុទ្ធសាស្ត្រ​របស់រុស្ស៊ី។​ Alexandre Grouchko អះអាងថា រុស្ស៊ីមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការសម្រេចកម្មវត្ថុ និងយកឈ្នះ​ឲ្យ​បាន​។ សំដីទាំងនេះ គឺជាសំដី គំរាមយ៉ាងច្បាស់ ពីសំណាក់រុស្ស៊ី​ ទៅលើបណ្តាប្រទេសអឺរ៉ុប ដែលនឹងប្រគល់យន្តហោះ​ចម្បាំង F-16 ទៅឲ្យ​អ៊ុយក្រែន​។​ ដោយឡែក ឆ្លើយតបនឹង​ការ​សម្រេចដាក់ទណ្ឌកម្ម​ថ្មីបន្ថែមទៀត ទៅលើរុស្ស៊ី ពីសំណាក់សម្ព័ន្ធមិត្តលោក​ខាងលិច ក្រេមឡាំងបាន​ប្រកាសកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ នូវវិធានការឆ្លើយតបវិញដែរ ដោយ​ដាក់ឈ្មោះជនជាតិអាមេរិក​៥០០នាក់ ចូលទៅក្នុងបញ្ជីខ្មៅ ហាមឃាត់មិន​ឲ្យចូលដីរុស្ស៊ី​។ ក្នុងចំណោម​ឈ្មោះនោះ​ គឺមាន​លោក​បារ៉ាក់ អូបាម៉ាដែរ។​​ ​G7 បរិហារការប្រើ​ វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ជាអាវុធបម្រើមហិច្ឆតា ចិនគឺជាសំណុំរឿងមួយទៀត ដ៏សំខាន់ដែរ ដែល​ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង​៧បានលើកមកពិភាក្សាគ្នា។ យោងតាម​អត្ថបទគ្រោងនៃសេចក្តីប្រកាសរួម គឺប្រទេសធំៗទាំង៧ បានប្រកាសប្រឆាំងចំពោះ​ ការប្រើប្រាស់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ជាអាវុធដើម្បីបម្រើមហិច្ចតានយោបាយ​វាតទី។ ទោះគេមិនបញ្ចេញ​ឈ្មោះឲ្យចំ តែគឺគេពិតជាចង់សំដៅទៅលើចិន ដែល​កន្លងមក បានប្រើប្រាស់​ការគំរាម​ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទៅលើប្រទេសណា ដែលហ៊ានរិះគន់ចិន ឬប្រឆាំងនឹងចិន​។ ទន្ទឹមគ្នានេះ ក្រុមប្រទេសឧស្សាហកម្ម​នាំមុខទាំង​៧ បាន​ប្រកាសថា នឹងប្រឹងប្រែង រៀបចំពង្រីកបណ្តាញ​ផ្គត់​ផ្គង់របស់ពិភពលោក ធ្វើយ៉ាងណាមិនត្រូវរំពឹងតែទៅលើ​ប្រទេសណាមួយ​។ ការពឹងផ្អែក​ខ្លាំងពេក វាធ្វើ​ឲ្យ​ប្រទេសដែល​ផ្គត់ផ្គង់ធំជាងគេមួយ​ណា​នោះ បានចិត្តអាចយកកត្តានេះ ជាមធ្យោបាយ​ដាក់សំពាធ រករឿង​។ យ៉ាងណា​ក៏ដោយ ថ្នាក់ដឹកនាំ​នៃ​ក្រុម​ប្រទេស G7 បានអះអាងថា គេនឹងមិនប្រកាសគោលជំហរ រករឿងប្រឆាំងចិនឬទៅ​រារាំងការរីកចម្រើនសេដ្ឋកិច្ច​​របស់ចិននោះទេ។ ក្នុងនាមចិនជាមហាអំណាចសេដ្ឋកិច្ច​លំដាបទី២ វាជារឿងចាំបាច់ណាស់ ដែល​ក្រុមប្រទេស G7 ត្រូវបន្តធ្វើការជាមួយចិន សហការជាមួយចិន។ តែទន្ទឹមគ្នានេះ G7 នឹងស្វែងរកច្រកផ្លូវថ្មីផ្សេង ដើម្បីកាត់បន្ថយការប្រឈម មិនពឹងផ្អែកទៅលើចិន តែមិនមែនមានន័យថា គេនឹង​​ផ្តាច់ខ្លួនទាំងស្រុងពីចិននោះដែរ។ ហើយត្រលប់ទៅសំណុំរឿងអ៊ុយក្រែនវិញ ក្រុមប្រទេស G7 បានទទួលស្គាល់តួនាទីចាំបាច់របស់ចិន នៅក្នុងការ​និយាយ​ជាមួយរុស្ស៊ី។ ក្រុមប្រទេស G7 បានអំពាវនាវ ឲ្យចិនប្រឹងប្រែងធ្វើយ៉ាងណាបញ្ចុះបញ្ចូលរុស្ស៊ី ដាក់សំពាធ ឲ្យរុស្ស៊ី យល់ព្រមដកទ័ពថយចេញទាំងស្រុង ពីទឹកដីអ៊ុយក្រែន ដើម្បី​ឈានទៅ​បើកទំព័រថ្មីចរចាសន្តិភាព បិទបញ្ចប់សង្គ្រាម​៕
5/20/20238 minutes, 7 seconds
Episode Artwork

ជំនួបកំពូលG7 នៅហ៊ីរ៉ូស៊ីម៉ា៖ ឯកភាពរបស់អំណាចសេដ្ឋកិច្ច​ទាំង៧ ក្នុងការដាក់ទណ្ឌកម្ម​បន្ថែម​​លើរុស្ស៊ី

ក្រុមប្រទេសសេដ្ឋកិច្ច​នាំមុខ G7 កំពុងតែបើកជំនួប​កំពូល​ នៅឯទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃ​សុក្រ​ទី​១៩ឧសភា ដល់ថ្ងៃអាទិត្យ​ទី​២១ឧសភា។ ជំនួបកំពូល​ដែលនឹងផ្តោតសំខាន់ ទៅលើសំណុំរឿងសង្គ្រាម​នៅអ៊ុយក្រែន ដែល​ក្រុម​ប្រទេសមហាអំណាចសេដ្ឋកិច្ច​ទាំង​៧ បាន​ប្រកាសពីការឯកភាពគ្នា ឈានទៅ​ដាក់​បន្ថែមទណ្ឌកម្ម​ថ្មី​ទៀត ទៅលើរុស្ស៊ី។ យ៉ាងណាមិញ យោងតាមព័ត៌មានចុងក្រោយ​ ដែលទើបតែទទួល​បាន គឺលោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ​ហ្សេឡេនស្គី កំពុងតែធ្វើដំណើរឆ្ពោះទៅចូលរួមក្នុងជំនួប​កំពូលនេះ ដោយ​ផ្ទាល់តែម្តង។ លោក​ហ្សេឡេនស្គី មានវត្តមាន​ដោយ​ផ្ទាល់​ ពីដំបូងលោកហ្សេឡេនស្គី មានគំរោងថ្លែងសុន្ទរកថា តាម​ប្រព័ន្ធ​វីដេអូខុន​ហ្វឺរិនស៍ នៅពេលបើកជំនួប​កំពូល នៃក្រុមប្រទេសសេដ្ឋកិច្ច​នាំមុខ​ G7 ដែលត្រូវរៀបចំនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ​ទី​២១ឧសភា។ ក៏ប៉ុន្តែ ផ្អែកតាមព័ត៌មានចុងក្រោយ បញ្ជាក់ប្រាប់ទៅបណ្តាញព័ត៌មាន​បារាំង AFP គឺលោកហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន នឹងធ្វើដំណើរទៅចូលរួមដោយ​ផ្ទាល់តែម្តង។ គ្រាន់តែមិនទាន់ដឹងថា ទៅដល់ថ្ងៃនេះ ឬថ្ងៃស្អែក។ ដូចយើងដឹងហើយ ការធ្វើដំណើរចេញក្រៅប្រទេស របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែន គឺតែងតែ​​ត្រូវគេលាក់ការសម្ងាត់ ទាល់តែនាទីចុងក្រោយ​បានទំលាយព័ត៌មាន​ឲ្យដឹង ព្រោះដើម្បីការពារសុវត្ថិភាព​សន្តិសុខ ។ លោក Oleksiï Danilov អគ្គលេខាក្រុមប្រឹក្សាសន្តិសុខជាតិ​អ៊ុយក្រែន បាន​បញ្ជាក់​ឲ្យដឹងថា ការសម្រេចធំៗ និងសំខាន់​ៗមួយចំនួន នឹងត្រូវធ្វើ​នៅក្នុង​ឱកាសជំនួប​កំពូល G7 នៅហ៊ីរ៉ូស៊ីម៉ា។​ ដូច្នេះវាជារឿងចាំបាច់ណាស់ ដែល​លោក​ប្រធានាធិបតីហ្សេឡេនស្គី ត្រូវតែមានវត្តមានដោយផ្ទាល់នៅទីនោះ ដើម្បី​និយាយ​ការពារ​ផលប្រយោជន៍ជាតិអ៊ុយក្រែន​។ យន្តហោះចម្បាំង ប៉ុន្មានថ្ងៃមកនេះ លោក​ហ្សេឡេនស្គី បាន​ប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការ​ប្រមូលកៀងគរ ការគាំទ្រ ផ្តល់ជំនួយ​សព្វា​វុធបន្ថែមទៀត មក​ឲ្យអ៊ុយក្រែន ដើម្បី​ប្រយុទ្ធដណ្តើមទឹកដីមកវិញ​។ បច្ចុប្បន្ននេះ សមរភូមិហាក់នៅទ្រឹងមួយកន្លែង។ កងទ័ពអ៊ុយក្រែនពិបាករុលទៅមុខ ដោយសារតែកងទ័ពរុស្ស៊ី​បានជីករណ្តៅ​ ដាក់​ឧបសគ្គដ៏រឹងមាំ នៅតាមបណ្តោយ​ខ្សែត្រៀម សមរភូមិជួរមុខ។ ហេតុដូច្នេះហើយ យន្តហោះចម្បាំងទំនើប គឺពិតជាអាចជួយ​កងទ័ពអ៊ុយក្រែនបានច្រើន។ លោក​ហ្សេឡេនស្គី បានអះអាងម្តងហើយ​ម្តងទៀតថា គ្រឿងសព្វាវុធទាំងអស់ របស់​ប្រទេសសម្ព័ន្ធមិត្តលោក​ខាងលិច គឺអ៊ុយក្រែន​នឹងមិនយកទៅវាយ​ប្រហារក្នុង​ទឹកដីរុស្ស៊ីនោះទេ សូមកុំបារម្ភ។ អ៊ុយក្រែននឹងយកទៅប្រើ ដើម្បីតែការពារខ្លួន ប្រយុទ្ធដណ្តើមយកទឹកដីដ៏ស្របច្បាប់​របស់អ៊ុយក្រែនមកវិញតែប៉ុណ្ណោះ។ កាលពី​ថ្ងៃពុធ ក្នុងជំនួប​កំពូល​ក្រុម​ប្រឹក្សាអឺរ៉ុប នៅប្រទេសអ៊ីស្លង់ ក្រុមប្រទេសអឺរ៉ុបធំៗ បានបង្ហាញជំហរហើយ ថាគេអាចនឹងពិចារណា ប្រមូល​យន្តហោះចម្បាំង F-16 ទៅជួយអ៊ុយក្រែន។ តែយន្តហោះចម្បាំងប្រភេទនេះ គឺជាបច្ចេកវិទ្យាអាមេរិក ដូច្នេះគឺទាល់តែរដ្ឋាភិបាល​អាមេរិកយល់ព្រមជាមុនសិន​។ ម្លោះហើយ នៅក្នុងឱកាសជំនួប​កំពូល G7 នាពេលនេះ គឺជាពេលសំខាន់ណាស់ ដែល​លោកហ្សេឡេនស្គី នឹងថ្លែងការណ៍ អំពាវនាវទទូចសុំពីលោកចូ បៃដិន ដែលកន្លងមក​បាន​ប្រកែកថា អាមេរិក​នឹងមិន​ឲ្យ​យន្តហោះចម្បាំងទៅអ៊ុយក្រែនទេ។ អ៊ុយក្រែនប្រយុទ្ធដើម្បីការពារពិភពសេរីទាំងមូល​ វត្តមានថ្លែងការណ៍ របស់លោកហ្សេឡេនស្គី នៅ​ពេលនេះ ក៏សំខាន់ណាស់ដែរ នៅក្នុង​ការប្រមូល​ការគាំទ្រជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធធ្វើសង្គ្រាម​ ដើម្បីការពារគោលការណ៍​គ្រិះនៃពិភពលោកសេរី​។ ក្នុងជំនួបកំពូល G7 លើកនេះ គេបានអញ្ជើញប្រទេសចំនួន៨ផ្សេងទៀត មកចូលរួមជាពិសេស គឺមានដូចជា ឥណ្ឌា ប្រេស៊ីល និង​ ឥណ្ឌូណេស៊ី ជាដើម។ ដូចយើងបានដឹងកន្លងមកហើយ ឥណ្ឌាមិនបានថ្កោលទោស​រុស្ស៊ីទេ ហើយ​ថែមទាំងបានពង្រឹងទំនាក់ទំនង​យោធាជាមួយរុស្ស៊ី ហើយបានលួចទិញប្រេងដែលរុស្ស៊ីលក់ឡៃឡុងទៀត។ ចំណែក​ប្រេស៊ីលវិញ លោក​ប្រធានាធិបតីលូឡា បានថ្លែងស្តីបន្ទោសក្រុម​ប្រទេសលោកខាងលិចថា គិតតែពីរុញអ៊ុយក្រែនឲ្យធ្វើសង្គ្រាម។ តាមការរំពឹងទុក លោកប្រធានាធិបតីអ៊ុយក្រែន នឹងយកវេទិកា G7នេះ ដើម្បី​ថ្លែងពន្យល់ប្រទេសទាំងអស់នេះថា សង្គ្រាម​ដែល​លោកពូទីនកំពុង​ធ្វើ​ទៅលើអ៊ុយក្រែន គឺ​មិនមែនត្រឹមតែចង់បានទឹកដី​អ៊ុយក្រែន​មួយមុខនោះទេ តែលើសពីនេះ គឺលោកពូទីនធ្វើសង្គ្រាម​ប្រឆាំងនឹង​ច្បាប់អន្តរជាតិ ប្រឆាំងនឹង​ពិភពលោក​សេរី និង​ប្រជាធិបតេយ្យ។ បើ​ឲ្យលោកពូទីនឈ្នះថ្ងៃនេះ លោកពូទីននឹងបន្តមហិច្ឆតានេះតទៅទៀត ទៅកាន់ប្រទេសផ្សេងទៀតជាបន្តបន្ទាប់​។ ដូច្នេះការតស៊ូ​ប្រយុទ្ធរបស់អ៊ុយក្រែន​នៅពេលនេះ គឺអ៊ុយក្រែន​មិនមែន​ការពារតែខ្លួនឯងទេ តែគឺការពារពិភពលោកសេរីទាំងមូលតែម្តង។ ពេជ្ររុស្ស៊ី​ ឆ្លងកាត់ការប្រជុំរៀបចំការងារ កន្លងមកនេះ ក្រុមប្រទេសសេដ្ឋកិច្ច​នាំមុខទាំង​៧ ដែលមាន​អាមេរិក បារាំង អង់គ្លេស កាណាដា អាល្លឺម៉ង់ អ៊ីតាលី និង ជប៉ុន បាន​ប្រកាសថា គេនឹងដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា វាយ​កម្ទេច​ “ម៉ាស៊ីនធ្វើសង្គ្រាម” ​របស់​រុស្ស៊ី។ ព្រឹកថ្ងៃសុក្រនេះ ប្រភពពីរដ្ឋាភិបាលអាមេរិក បាន​ឲ្យដឹងថា ទណ្ឌកម្ម​ថ្មីនឹងសំដៅ ​ទៅលើ​ក្រុម​ហ៊ុន​ឬស្ថាប័ន​ចំនួន​៧០​ ទាំងនៅរុស្ស៊ីនិងប្រទេសផ្សេង។ ក្រុមហ៊ុនឬស្ថាប័នទាំងនោះ នឹងមានអាចទទួល​បាននូវទំនិញ​សំខាន់ៗមួយចំនួន​របស់អាមេរិក ដែលរុស្ស៊ីអាចយកទៅប្រើ នៅក្នុងការធ្វើសង្គ្រាម​​។ បន្ថែមពីនេះ ក្រុមប្រទេស G7 នឹងនិយាយលំអិត អំពី​យន្តការថ្មីៗបន្ថែមទៀត​ ដើម្បី​ទប់ស្កាត់ ការលួចបន្លំ គេចវៀងពី​ទណ្ឌកម្មសេដ្ឋកិច្ច ដែលគេបានដាក់ទៅលើរុស្ស៊ីនាពេលកន្លងមក​។ ការកាត់បន្ថយការទិញ​ប្រេងឆៅរបស់រុស្ស៊ី ក៏ជាសំណុំរឿងសំខាន់ដែរ ដែលគេនឹងនិយាយគ្នា​។​ ហើយយោងតាម​មន្ត្រីជាន់ខ្ពស់​ម្នាក់ នៃរដ្ឋាភិបាលអាមេរិក គឺ​ក្រុមប្រទេសសេដ្ឋកិច្ច​នាំមុខទាំង៧ បាន​​សន្យាគ្នា ថានឹង​​បង្កក​ទ្រពសម្បត្តិ ថ​វិកា​​របស់រុស្ស៊ី រហូតទាល់តែចប់សង្គ្រាម​។ ដោយឡែក រដ្ឋាភិបាល​អង់គ្លេសវិញ បាន​បង្ហាញគម្រោងទណ្ឌកម្មថ្មីមួយ ទៅលើវិស័យ​ធនធានរ៉ែរបស់រុស្ស៊ី។ រ៉ែដ៏​សំខាន់មួយ ហើយដែល​អាចនាំចំណូលជាច្រើនពាន់លានដុល្លារ ដល់រដ្ឋាភិបាល​រុស្ស៊ីនោះ គឺរ៉ែពេជ្រ។ ក្រុមប្រទេសអឺរ៉ុប ចង់ដាក់ចុះ នូវទណ្ឌកម្ម​រារាំងការទិញពេជ្រពី​រុស្ស៊ី​។ ប្រទេសធំៗបី ដែលជាអតិថិជនទិញពេជ្ររុស្ស៊ី គឺមានដូចជាប៊ែលហ្ស៊ិក អារ៉ាប៊ីសាអូឌីត និងឥណ្ឌា​។​ ហេតុដូច្នេះហើយ ការចូលរួម​គាំទ្រក្នុងវិធានការទណ្ឌកម្ម​នេះ ពីសំណាក់​ប្រទេសទាំង​៣នេះ ជាពិសេសឥណ្ឌា គឺសំខាន់ខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណា​ វាឲ្យចំកញ្ចប់​ប្រាក់របស់រុស្ស៊ី​​៕
5/19/20236 minutes, 54 seconds
Episode Artwork

តើ​អ្វី​ទៅ​ជា​បាតុភូត El Nino ដែល​នឹង​ធ្វើ​ឱ្យអាកាសធាតុ​ឡើង​ក្តៅមិន​ធ្លាប់​មាន​​នៅ​​៥ឆ្នាំខាងមុខ​ ?

ពី​ឆ្នាំ​២០២៣​ដល់​ឆ្នាំ​២០២៧ សីតុណ្ហភាពនៅ​លើ​​ភព​ផែន​ដី ប្រាកដ​នឹង​ឡើង​ក្តៅ​ខ្លាំងបំផុត ដែល​គេ​ពុំ​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក​ទេ​។ នេះ​ជា​ការ​ព្រមាន​របស់​អង្គការ​សហប្រជាជាតិ នៅថ្ងៃពុធ​ទី ១៧​ឧសភា ដោយ​ពន្យល់​ថា កំណើន​សីតុណ្ហភាព​ជា​លទ្ធផល​នៃបន្សំ​​បាតុភូត​ពីរ គឺ​ឥទ្ធិពល​របស់​ឧស្ម័ន​ផ្ទះកញ្ចក់ និង​បាតុភូត​ឧតុនិយម​ អែល នីញ៉ូ El Nino។ ​ការ​សន្និដ្ឋាន​របស់​អង្គការ​ឧតុនិយម​ពិភពលោក​​មាន​​បង្កប់​ដោយ​ភាព​ប្រាកដប្រជា​ស្ទើរ​១០០%។ ពោលគឺក្នុង​​​កំរិតប្រូបាប៊ីលីតេ​៩៨% មាន​យ៉ាង​ហោច​ណាស់​ក៏​មួយឆ្នាំ ក្នុង​អំឡុង​ពេល​៥ឆ្នាំខាង​​មុខ និង​សម្រាប់​​​​ទាំង​៥​ឆ្នាំនោះ​តែម្តង​​  អាកាសធាតុ​នឹង​ក្តៅ​ខ្លាំង​បំផុត​ ដែល​គេ​មិន​ធ្លាប់​ជួប​ប្រទះ​សោះ​ពី​មុន។ ក្នុង​ចំណោម​៥​ឆ្នាំ​ខាង​មុខ មាន​យ៉ាងហោច​ណាស់​ក៏​​មួយ​ឆ្នាំដែរ ដែល​សីតុណ្ហភាព​មធ្យម​​ប្រចាំ​ឆ្នាំ​នៃ​ផ្ទៃ​ផែនដី នឹង​ឡើង​លើស​១,៥អង្សា បើ​ប្រៀប​ទៅ​នឹង​កំរិត​សីតុណ្ហភាព​មុន​សម័យ​ឧស្សាហកម្ម ជាមួយ​នឹង​កំរិត​ប្រូបាប៊ីលីតេ ៦៦%។ នេះ​បើ​តាម​ទិន្នន័យ​របស់ស្ថាប័ន​​អង្គការ​សហប្រជាជាតិ​ដដែល។ ​នេះ​មិនមែន​មាន​ន័យ​ថា ផែនដី​ឡើង​កម្តៅ​លើសកម្មវត្ថុ​កំណត់​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ឆ្នាំ​២០១៥ ជាប់ជា​​អចិន្ត្រៃយ៍​ឡើយ ប៉ុន្តែ​ទិន្នន័យ​នេះ​ជា​កា​រដាស់​សតិថា ពិ ភពលោក​មាន​​សីតុណ្ហភាពហួស​កំរិត​កំណត់​ ​​(១,៥​អង្សា)​ ​ម្តង​ម្កាល តែ​ញាប់។ ការ​ឡើង​សីតុណ្ហភាព​ខ្លាំង​ស្ទើ​រ​ជា​ប្រាកដ​នេះ បណ្តាល​មក​ពីបាតុភូត​ពី​របូក​ផ្សំ​គ្នា គឺ​កំណើន​​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​បាតុភូត​ឧតុនិយម​ធម្មជាតិ​​ អែល នីញ៉ូ ដែល​នឹង​លេច​ឡើង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ ម្តុំ​​ចុង​ខែ​កក្កដា ក្នុង​កំរិត​៦០% និង​ដល់​៨០% នៅ​ចុង​ខែ​កញ្ញា។ នេះ​បើ​តាម​ការ​ព្យាករ​របស់​ អង្គការ​ឧតុនិយម​ពិភពលោក កាលពី​ដើម​ខែ​ឧសភា ដោយ​រំលឹក​ថា​​ឧស្ម័ន​ផ្ទះ​កញ្ចក់ (បីមុខ​ចម្បង​Co2, Methane Azote) ដែល​មាន​​នៅក្នុង​បរិយាកាស​ក្នុង​កំរិត​ជាអតិបរិមា បាន​ខ្ទប់​កម្តៅ​និង​ដំឡើង​សីតុណ្ហភាពផែនដី​ខ្លាំងណាស់។ គេ​ត្រូវការ​ពេល​វេលា​រាប់​ពាន់​ឆ្នាំ​ទើប​អាច​នាំ​បរិយាកាស​ អាច​​ត្រលប់​មករក​ភាព​ធម្មតាវិញបាន។ ​បាតុភូត អែល នីញ៉ូ ជា​អ្វី ? អែលនីញ៉ូ ជា​បាតុភូត​ធម្មជាតិ ដែល​កំណើត​នៅ​តំបន់​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ខាងត្បូង។ តាម​ធម្មតា​ ខ្យល់​ក្តៅ​នៅ​អេក្វាទ័រ លើ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក បក់​ពី​កើត​ទៅ​លិច នាំ​ខ្យល់​ក្តៅ​នោះ​ទៅ​ ប៉ែក​ខាង​លិច​ សំដៅ​​ប្រទេស​ឥណ្ឌូណេស៊ី ... ហើយ​ធ្វើ​ខ្យល់​ត្រជាក់​ឡើង​ទៅ​ផ្នែក​ខាង​កើត​ប៉ាស៊ីហ្វិក។ កម្លាំង​​ខ្យល់ជួន​ទៅក៏មាន​សន្ទុះ​​ខ្លាំង។ នៅពេល​មាន​សន្ទុះ​​ខ្លាំង បក់​ខ្យល់​ក្តៅ​ទៅ​ខាង​លិចគេ​ហៅ​ថា​បាតុភូត ឡានីញ៉ា។ ប៉ុន្តែ​​ នៅពេល​ខ្យល់​ក្តៅធាក់​​ទៅ​ខាង​លិច យូរទៅៗ​ ជា​ច្រើន​ឆ្នាំ​ជាប់​គ្នា​ពេក ទប់​លែង​បាន​ខ្យល់​ក្តៅ​ក៏​បក់​ថយក្រោយ បក់​ទៅ​រក​ឆ្នេរ​​ប៉ែក​​ខាង​កើត​ ៖ នេះ​ហើយ​ជា​​បាតុភូត អែលនីញ៉ូ។ ​គេ​មិន​អាច​ទស្សន៍ទាយ​បាន​ដោយ​ប្រាកដ​ថា​បាតុភូត​នេះ​លេច​ឡើង​នៅ​ ​ពេល​ម៉ោង​ណា​ និង​ក្នុង​កំរិត​ខ្លាំងប៉ុនណា​ទេ។ អ្វី​ដែល​គេ​ធ្លាប់​បាន​ដឹង​កន្លងមក​គឺ ខ្យល់​ក្តៅ​-ទឹក​ឱ្យ​ក្តៅ នៃបាតុភូត​អែលនីញ៉ូ ​បង្ក​ឱ្យ​មាន​មហន្តរា​យ​ធម្មជាតិ​ និងផលវិបាក​អាកាសធាតុ​ខ្លាំង​ ដូច​ជា​បាន​បង្កើន​កម្តៅ​នៃ​ភព​ផែន​ដី និង​ធ្វើ​ឱ្យ​មាន​កា​រប្រែបួល​អាកាសធាតុ​ខ្លាំង​ នៅ​តាម​តំបន់​ជាច្រើន​។ ផលវិបាក​នៃ​បាតុភូត​អែលនីញ៉ូ នឹង​ធ្វើ​ឱ្យ​មាន​ ​ភ្លៀងព្យុះកំណាច រាំងស្ងួត​ចម្លែក ប្តូរ​រដូវ ប្តូរ​ទម្លាប់​អាកាសធាតុ។ កន្លែង​ខ្លះ​​មាន​ភ្លៀង​ច្រើនជ្រុល​ កន្លែងខ្លះ​កាន់​តែ​​​រាំងស្ងួតខ្លាំង ៖ ភ្លៀង​ទៅ​ធ្លាក់​ខ្លាំង​នៅ​អាមេរិកខាង​ត្បូង ឬ​នៅ​ស្នែង​អាហ្វ្រិក- ឯតំបន់​ត្រូពិក​នៅ​អាស៊ីអាគ្នេយ៍​ ឥណ្ឌា​ អាហ្វ្រិក បែរ​ជារាំង​ស្ងួត លែង​មាន​រដូវ​វស្សា​មូសុង ឬ​ភាព​រាំងស្ងួតហួសហេតុ​​នៅ​អូស្ត្រាលី​ជាដើម​។ល។ បាតុភូត​អែលនីញ៉ូ និង​ សីតុណ្ហភាពផែនដី តំបន់​អាមេរិក​ខាង​ត្បូង​ ដូច​យ៉ាង​ម្តុំ​ប្រទេស​អេក្ខាទ័រ​ ពេរ៉ូ ... និង​​តំបន់​អាស៊ី​អាគ្នេយ៍ ព្រមទាំង​​ឥណ្ឌា រងគ្រោះខ្លាំង​ជាងគេ ដោយ​ម្ខាង​បាន​ទទួល​ទឹក​ភ្លៀង​ច្រើន​ជ្រុលខុស​ទម្លាប់ ឯ​ម្ខាង​ទៀត​ត្រូវជួប​គ្រោះ​រាំងស្ងួត ដែល​បង្ក​ឱ្យមាន​ផលប៉ះពាល់​ដល់​ជីវិត​ប្រជាពលរដ្ឋ​ទាំងមូល។ មាន​តែអឺរ៉ុប​ទេ ដែល​ហាក់​ដូច​ជា​ពុំ​សូវ​ទទួល​ផលវិបាក​ពី​បាតុភូត​អែលនីញ៉ូ ដោយ​ផ្ទាល់​នោះ ព្រោះ​ទ្វីប ​ទទួល​ឥទ្ធិពល​​អាកាសធាតុ​ពី​មហាសមុទ្ទ​អាត្លង់​ទិកច្រើន​ជាង។ ប៉ុន្តែមហា​សមុទ្ទ​ប៉ាស៊ីហ្វិក​ធំ​ តំណាង​ឱ្យ​ជាង​មួយ​ភាគ​បី​នៃ​ផែនដី ដូច្នេះ​ផល​ប៉ះពាល់​ក៏​ត្រូវ​តែ​ធំ​ធេង​ដែរ។ ​ឱ្យ​តែមាន​លម្អៀង​សីតុណ្ហភាព​នៅ​ប៉ាស៊ីហ្វិក​បន្តិច ​សីតុណ្ហភាព​ពិភពលោក​ត្រូវ​ឡើង​ខ្លាំង​ដែរ។ ជា​ឧទាហរណ៍ បាតុភូត​អែលនីញ៉ូ ឆ្នាំ​២០១៤ បាន​ធ្វើ​ឱ្យ​សីតុណ្ហភាព​ពិភពលោក​កើន​ឡើង​បីភាគ១០​នៃ​អង្សា។ ជាទូទៅ​ បាតុភូត​អែលនីញ៉ូ តែង​ធ្វើ​ឱ្យ​សីតុណ្ហភាព​ពិភពលោក​កើន​ឡើង​នៅ​ឆ្នាំ​បន្ទាប់។ ដូច្នេះ​បើ​បាតុភូត​អែលនីញ៉ូលេច​ឡើង​នៅ​ឆ្នាំ​នេះ ២០២៤ច្បាស់​ជា​​នឹង​ក្តៅ​ខ្លាំង​។ មាន​ អែលនីញ៉ូ ហើយ បូក​ផ្សំ​នឹង​សកម្មភាព​មនុស្ស​នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុទៀត ទើប​សីតុណ្ហភាព​ត្រូវ​ឡើង​ខ្ពស់​ខ្លាំង ក្នុង​កំរិត​មិន​ធ្លាប់​មាន​ដោយ​ប្រាកដ។ អ្វី​ដែល​គួរ​ឱ្យព្រួយ​បារម្ភ​ជាង​នេះ​ទៀត គឺ​អ្នក​វិទ្យាសាស្ត្រ​សម្គាល់​ឃើញ​ថា នៅពេល​សីតុណ្ហភាព​ពិភពលោក​បាន​ឡើង​​ដោយ​បាតុភូត​អែលនីញ៉ូហើយ វា​ពិបាក​ចុះមក​ត្រជាក់ដល់​កំរិត​ដើម​​វិញ​ណាស់៕
5/18/20237 minutes, 6 seconds
Episode Artwork

ក្រុម​ប្រឹក្សាអឺរ៉ុបបើកជំនួប​កំពូល ដើម្បី​ប្រមូលការសាមគ្គីជួយអ៊ុយក្រែន ដែលត្រូវរុស្ស៊ីឈ្លានពាន

ក្រុមប្រឹក្សាអឺរ៉ុប ដែល​មាន​សមាជិកចំនួន​៤៦ប្រទេស កំពុងតែជួបប្រជុំ ក្នុង​​ជំនួប​កំពូលលើកទី​៤ នៅឯទីក្រុង រីក្យ៉ាវីក ប្រទេសអ៊ីស្លង់។ ជាចំនួបកំពូលជាពិសេស និង​កម្រ ដែលក្រុម​ប្រទេសអឺរ៉ុប នឹងនិយាយគ្នា អំពីសំណុំរឿងសង្គ្រាម​នៅអ៊ុយក្រែន ព្រមទាំង​ការគំរាមរបស់រុស្ស៊ី មក​លើសិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅអឺរ៉ុប​ទាំងមូល​។ ការរួមកម្លាំងសាមគ្គីគ្នា ជួយ​អ៊ុយក្រែន ទាំងថវិកា សព្វាវុធ និង​ មនុស្សធម៌ គឺជារឿងដ៏ចាំបាច់ ដែល​ក្រុមប្រឹក្សាអឺរ៉ុបកំពុងតែលើកមកនិយាយគ្នា ក្នុងពេលនេះ​។ ក្រុមប្រឹក្សាអឺរ៉ុប ឬដែលអាចហៅបានថា ក្រុមប្រឹក្សាទ្វីបអឺរ៉ុប គឺវាខុសពី​ក្រុមប្រឹក្សាអឺរ៉ុបមួយទៀត ដែលជាស្ថាប័ន​របស់​សហភាពអឺរ៉ុបដែល​មាន​ប្រទេសតែ​២៧​ប្រទេសទេ។ ចំពោះក្រុមប្រឹក្សាទ្វីបអឺរ៉ុប គឺវាទូលំទូលាយ​ជាង មាន​ប្រទេសសមាជិក​ទាំងអស់​៤៦​ប្រទេស។ ក្រុមប្រឹក្សាអឺរ៉ុប​ បានចាប់បដិសន្ធិឡើង នៅ​ក្រោយ​សង្គ្រាម​លោក​លើកទី២ តាមរយៈសន្ធិសញ្ញាទីក្រុងឡុងដ៍ ចុះហត្ថលេខាដោយ​១០ប្រទេស​ដំបូង​ នៅថ្ងៃទី​៥ ឧសភា ១៩៤៩។ កម្មវត្ថុធំចំបង នៃក្រុមប្រឹក្សាអឺរ៉ុបនេះ គឺជាការរួបរួម​គ្នា ទ្រទ្រង់សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងជាពិសេសនោះគឺការគោរព​សិទ្ធិមនុស្ស​។ អត្ថបទច្បាប់គោលគ្រិះ នៃក្រុមប្រឹក្សាអឺរ៉ុប គឺ​សន្ធិសញ្ញាអឺរ៉ុប​ស្តីពីសិទ្ធិមនុស្ស ចូលជាធរមាន នៅថ្ងៃទី​៣កញ្ញា១៩៥៣​​ ដែល​ប្រទេសហត្ថលេខី​នីមួយៗ មានកាតព្វកិច្ចត្រូវគោរព។ ហើយ​ស្ថាប័នដ៏សំខាន់មួយ ​ដែលតាម​ដាន​ការគោរព​សន្ធិសញ្ញានេះ គឺតុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប ដែលយើងតែងតែលើជារឿយនោះឯង។ ប្រជាជនសរុប​ប្រមាណ ៦៧៥លាននាក់ នៅតាម​ប្រទេសសមាជិកទាំង៤៦ប្រទេស គឺអាចដាក់ពាក្យ​ប្តឹង ទៅកាន់តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប ប្រសិន​បើសង្កេតឃើញថា ប្រទេសខ្លួន រដ្ឋាភិបាលខ្លួន បានធ្វើបំពាន​នឹងអ្វីដែល​មានចែង​ក្នុង​សន្ធិសញ្ញាអឺរ៉ុបស្តីពី​សិទ្ធិមនុស្ស​។ រុស្ស៊ី​ក៏ជា​ប្រទេស​សមាជិក​នៃក្រុមប្រឹក្សាអឺរ៉ុបដែរ។ ក៏ប៉ុន្តែ ក្រោយ​ការលើកទ័ពចូលឈ្លានពាន​នៅអ៊ុយក្រែន គេបានព្យួរឈ្មោះ មិន​ឲ្យរុស្ស៊ីចូលរួម​ប្រជុំទេ។ ជំនួបកំពូល​នៅទីក្រុង រីក្យ៉ាវីក រដ្ឋធានីប្រទេស​អ៊ីស្លង់នៅពេលនេះ គឺជាជំនួប​កំពូល​លើកទី​៤ប៉ុណ្ណោះ នៃ​ក្រុមប្រឹក្សាអឺរ៉ុប បើគិត​ការថ្ងៃកកើតស្ថាប័ន​កំពូលនេះមក។ សំណុំរឿងសង្គ្រាម​នៅអ៊ុយក្រែន គឺជាកម្មវត្ថុធំបំផុត នៃជំនួប​កំពូលដ៏កម្រនេះ​ ! សម្ព័ន្ធភាព​ប្រមូលយន្តហោះចម្បាំងជួយអ៊ុយក្រែន​ លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងតាម​ប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ នៅក្នុងជំនួប​កំពូលនេះ ដោយ​លោក​បាន​លើកឡើងថា ក្រុមប្រឹក្សាអឺរ៉ុបត្រូវតែ​រួម​កម្លាំងសាមគ្គី ដើម្បីប្រយុទ្ធការពារសិទ្ធិសេរីភាព​។ លោក​ហ្សេឡេនស្គី បានសង្កត់បន្ថែមថា ការ​ប្រយុទ្ធនេះ នឹងមិនអាចជោគជ័យ​បានទេ ប្រសិន​បើគ្មានយន្តហោះចម្បាំង​ទំនើបៗ របស់​ប្រទេសសម្ព័ន្ធមិត្ត​លោកខាងលិច។ លោក​ហ្សេឡេនស្គី បានថ្លែងអរគុណផងដែរ ថាគឺដោយសារតែ​ប្រព័ន្ធខែលមីស៊ីល​ទំនើបរបស់​សម្ព័ន្ធមិត្តលោកខាងលិច ទើបអ៊ុយក្រែនអាចមានលទ្ធភាពស្ទាក់កំទេចបាន​យ៉ាងជោគជ័យ នូ​វ​មីស៊ីលអ៊ីពែរសូនិករបស់រុស្ស៊ី ដែល​បានបាញ់សំដៅ​មកអ៊ុយក្រែន កាលពីយប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារកន្លងទៅនេះ​។ តែផ្ទៃអាកាសអ៊ុយក្រែន នៅតែ​មិនទាន់មានសុវត្ថិភាពពេញលេញទេ ល្គឹកណាអ៊ុយក្រែនគ្មានយន្តហោះចម្បាំងទំនើប។ ទាក់ទិននឹង​ការប្រគល់យន្តហោះចម្បាំងទំនើបឲ្យអ៊ុយក្រែននេះ គឺ​ដំណឹងល្អបានលេចរូបរាង្គខ្លះៗហើយ។ នៅព្រឹកថ្ងៃ​ពុធ​ លោករីឈី ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស និង​លោក ម៉ាក រូត នាយករដ្ឋមន្ត្រីហូឡង់ បាន​អះអាងប្រាប់អ្នកកាសែតថា លោកទាំង២បាន​ព្រមព្រៀងគ្នាដឹកនាំ សម្របសម្រួល សម្ព័ន្ធភាពពិសេសមួយស្តីពីយន្តហោះចម្បាំង ដើម្បីធ្វើយ៉ាងកៀងគរ បញ្ជូនយន្តហោះចម្បាំងប្រភេទ F-16 ដែលផលិត​ដោយ​អាមេរិក យកទៅឲ្យអ៊ុយក្រែន​។ យ៉ាងណាមិញ បារាំង និងអង់គ្លេស បាន​ប្រកាសកាលពីល្ងាចម្សិលមិញ ថាគេនឹងចាប់ផ្តើមប្រតិបត្តិការ បង្វឹកកងទ័ពជំនាញអ៊ុយក្រែនឲ្យ​ចេះប្រើយន្តហោះចម្បាំងទំនើបៗ។ រុស្ស៊ីត្រូវតែ​ទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្ម​សង្គ្រាមដែល​បានធ្វើ​នៅអ៊ុយក្រែន​ ​នៅក្នុងសុន្ទរកថាបើកជំនួប​កំពូល លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បាន​លើកឡើង អំពីករណីដែល​រុស្ស៊ីបាន​កេណ្ឌប្រមូល​យក​កុមារអ៊ុយក្រែន យកទៅទុកនៅខាងដី​រុស្ស៊ី។ ទង្វើនេះជាឧក្រិដ្ឋកម្មសង្គ្រាម ហើយ​លោក​ម៉ាក្រុងបានបន្ថែមថា បើរុស្ស៊ី​នៅតែបន្តធ្វើកាន់តែធ្ងន់ថែមទៀត គឺវានឹងក្លាយ​ជាឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្ស​ជាតិ​។ ជាឧក្រិដ្ឋកម្ម ដែលរុស្ស៊ីនឹងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ ទៅថ្ងៃក្រោយ​។ ដូចគ្នា​ដែរ​ លោក​រីឈី ស៊ូណាក់ បាន​លើកឡើងថា ត្រូវតែធ្វើឲ្យរុស្ស៊ីដឹងខ្លួន ហើយ​ទទួលខុសត្រូវ​ ចំពោះមហន្តរាយ សោកនាដកម្ម​ដែលរុស្ស៊ីបានបង្កឡើងទៅលើ​ប្រជាជនអ៊ុយក្រែន​។ ចំណែក លោកអូឡាហ្វ ស្ហុលស៍ អធិការបតីអាល្លឺម៉ង់វិញ បាន​បន្ថែមថា វាជារឿងចាំបាច់ណាស់ ដែលត្រូវផ្តន្ទាទោសរុស្ស៊ី ចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលរុស្ស៊ីបានធ្វើ​ប្រមាណជាងមួយឆ្នាំមកនេះ​។ រុស្ស៊ីត្រូវតែទទួលខុសត្រូវ ចំពោះមុខ​ប្រព័ន្ធយុត្តិធម៌អន្តរជាតិ ដែល​មានដូចជា តុលាការព្រហ្មទណ្ឌអន្តរជាតិទីក្រុងឡាអេ និងជាពិសេស គឺ​តុលាការសិទ្ធិមនុស្ស​អឺរ៉ុប ដែលស្ថិតនៅក្នុងក្របខណ្ឌ​ក្រុមប្រឹក្សាអឺរ៉ុបនេះតែម្តង។ ក្រុមអ្នកច្បាប់ កំពុងតែរៀបចំឯកសារ កត់ត្រា​ ប្រមូលភស្តុតាងទាំងអស់។ បញ្ជីពិសេសកត់ត្រារាល់ការខូចខាត ដោយឡែក ចំណុចមួយទៀតដែលសំខាន់ គឺការសងសំណងខូចខាត ដែលរុស្ស៊ីបាន​ធ្វើទៅលើអ៊ុយក្រែន​។ លោកអូឡាហ្វ ស្លុលស៍ បានអំពាវនាវថា ត្រូវតែបង្កើតបញ្ជីពិសេស​មួយ ដើម្បីកត់ត្រា នូវរាល់ការខូចខាតទាំងអស់របស់អ៊ុយក្រែន​ មិនថា ផ្នែកសង្គមមនុស្សធម៌ និង​ផ្នែកសម្ភារៈ ការបាក់បែកខូចខាតហេដ្ឋារចនាសម្ព័ន្ធជាដើម។ លោក​ប្រមុខរដ្ឋាភិបាលអាល្លឺម់ង់ បាន​គូសបញ្ជាក់ហើយបញ្ជាក់ទៀត ថា សង្គ្រាម​ឈ្លានពាន​ទៅលើអ៊ុយក្រែន ដែលរុស្ស៊ីបានធ្វើ មីស៊ីលរាប់រយរាប់ពាន់គ្រាប់ ដែលរុស្ស៊ីបានបាញ់កម្ទេចអាគារផ្ទះសំបែង និង​សម្លាប់ជីវិតប្រជាជនអ៊ុយក្រែន គឺរុស្ស៊ីត្រូវតែទទួលខុសត្រូវ។ ផ្អែកតាមប្រភពស្និទ្ធខ្លះទៀត បាន​ឲ្យដឹងថា ក្រុមប្រឹក្សាអឺរ៉ុប អាចនឹងរួមគ្នាសម្រេច ដកហូតយកប្រាក់របស់រុស្ស៊ី ដែលគេបង្កកទុកនៅតាម​ស្ថាប័ន​ហិរញ្ញវត្ថុនានា ដើម្បីយកទៅឲ្យអ៊ុយក្រែន ក្នុងនាម​ជា​សំណងជំងឺចិត្ត ប៉ះប៉ូវការ​ខូចខាត និង​កសាងប្រទេសអ៊ុយក្រែនឡើងវិញ​។ បន្ថែមពីនេះ លោក​ម៉ាក្រុង​បាន​ស្នើ​ ឲ្យ​ក្រុមប្រទេសសមាជិក​ក្រុមប្រឹក្សាអឺរ៉ុប​ ​រួមគ្នាកសាង​ បង្កើតមណ្ឌលសុខភាពផ្លូវចិត្ត ឲ្យ​បានច្រើននៅអ៊ុយក្រែន ដើម្បីជួយទ្រទ្រង់ផ្លូវចិត្ត សតិអារម្មណ៍របស់ប្រជាជនអ៊ុយក្រែន ដែល​បានរងគ្រោះ​ដោយសារតែសង្គ្រាម។ លោក​ម៉ាក្រុងបានលើកឡើងថា ក្រុមប្រឹក្សា​អឺរ៉ុបអាចជួយបាន​ តាមរយៈការបញ្ចេញថវិកាចំនួន​ប្រមាណ ១ពាន់លានអឺរ៉ូ ពីធនាគារ​អភិវឌ្ឍន៍អឺរ៉ុប។ តាមរយៈជំនួបកំពូកជាពិសេសនៅពេលនេះ គឺក្រុមប្រទេសអឺរ៉ុប ចង់​បង្ហាញប្រាប់ថា ទោះជាយ៉ាងណា គឺអឺរ៉ុបនឹងស្ថិតនៅចាំជួយអ៊ុយក្រែនជានិច្ច ព្រោះអ្វីដែលអ៊ុយក្រែនកំពុងតែប្រយុទ្ធតស៊ូនាពេលនេះ​ គឺដើម្បីការពារដល់​អឺរ៉ុបទាំងមូល។ ការពារ​អឺរ៉ុប ពីមហិច្ឆតាសង្គ្រាមឈ្លានពាន របស់​លោកពូទីន៕
5/17/20237 minutes, 16 seconds
Episode Artwork

មហោស្រពភាពយន្តអន្តរជាតិកានទី ៧៦ចាប់ផ្តើម ក្រោមបរិយាកាសរឹតបន្តឹងសន្តិសុខ

នៅអាស៊ី មានការប្រកួតកីឡាស៊ីហ្គេម ដែលមានកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅទឹកដីអឺរ៉ុបឯណោះវិញ និយាយ​ឲ្យចំនៅប្រទេសបារាំង មហោស្រពភាពយន្តអន្តរជាតិ​កាន​កំពុងត្រៀមសម្ពោធ បើកទ្វារ​ជាផ្លូវការនៅប៉ុន្មានម៉ោង​ខាងមុខ សម្រាប់រយៈពេល​១១ថ្ងៃ ពីថ្ងៃ​អង្គារទី​១៦ រហូត​ដល់​ថ្ងៃទី ២៨ ឧសភា នៅទីក្រុងកាន ជាប់មាត់សមុទ្រភាគខាងត្បូងប្រទេសបារាំង។ មហោស្រពភាពយន្តអន្តរជាតិកាន ដែលតែងជា​កន្លែង​ប្រមូលផ្តុំ តារាភាពយន្ត​គ្រប់សាសន៍ និងការចាក់បញ្ចាំងខ្សែភាពយន្ត​មកពីទិសទី ក្នុងពិភពលោក បាន​ចាប់មានសកម្មភាព​មមាញឹកសាជាថ្មី បន្ទាប់ពីធ្លាក់ថមថយចុះ​សកម្មភាព មួយរយៈ​ដោយសារ​វិបត្តិកូវីដ។ ប៉ុន្តែ ខណៈពេល​ដែល​មហោស្រពភាពយន្តអន្តរជាតិលើកទី​៧៦ កំពុងត្រៀមបើកទ្វារ ដើម្បី​ជ្រើសរើស​ខ្សែភាពយន្ត​ដ៏ល្អជាងគេ ក្នុងចំណោម​ខ្សែភាពយន្ត​ចំនួន ១៨ សម្រាប់ពានរង្វាន់​តាល់ប័ត្រ ចលនាសង្គម ដែលបណ្តាលមកពីបាតុកម្ម​របស់​សហជីព ដើម្បីប្រឆាំង​ច្បាប់ចូលនិវត្តិន៍ថ្មី​របស់​រដ្ឋាភិបាល​កំពុងគំរាមកំហែង​ដំណើរប្រព្រឹត្តទៅ​នៃ​មហោស្រពភាពយន្តកាន ដែលជា​ព្រឹត្តិការណ៍វប្បធម៌​ដ៏ល្បីល្បាញជាងគេ ​ក្នុងពិភពលោក។ នៅប៉ុន្មានថ្ងៃមុន មហោស្រពភាពយន្តអន្តរជាតិកាន លើកទី​៧៦ ត្រូវចាប់ផ្តើម​សម្ពោធ​បើកទ្វារ​ពីថ្ងៃទី ១៦ រហូតដល់​ថ្ងៃទី ២៧ឧសភា បុគ្គលិក​របស់មហោស្រព​កំពុង​មមាញឹក ដាក់ក្រាលកម្រាលព្រំក្រហម និងចាត់ចែង​កាម៉េរ៉ា សម្រាប់ត្រៀមថត​ពិធីបើកឆាកមហោស្រព​នៅយប់ថ្ងៃអង្គារ​ទី ១៦​ឧសភា ដែលសន្យា​ថា ពិតជា​គគ្រឹកគគ្រេងខ្លាំង ព្រោះ​នឹង​មាន​ការចូលរួមពីតារាភាពយន្តល្បីៗ មិនថា បារាំង អឺរ៉ុប អាស៊ី​អាមេរិក។ មហោស្រពចាប់ផ្តើមអ៊ូអរ មមាញឹកព្រោះថា មនុស្ស​បាន​ត្រលប់មកចូលរួម​ច្រើន​ក្នុងមហោស្រព​ឡើងវិញ ជា​ពិសេស ចិន​កូរ៉េ បន្ទាប់ពីមានការលុបចោលវិធានការបិទខ្ទប់​ដោយសារ​ជំងឺកូវីដនៅអាស៊ី។ មហោស្រពភាពយន្តផ្តោតទៅលើ​ខ្លឹមសាររបស់ខ្សែភាពយន្តដែលត្រូវប្រកួត និងវត្តមានចូលរួមរបស់តារាភាពយន្ត មហោស្រពភាពយន្តអន្តរជាតិ​កានលើកទី ៧៦ គ្មានចាប់យកប្រធានបទ​អ្វី​ឲ្យច្បាស់លាស់ ដូចជា​បញ្ហា​រំលោភសិទ្ធិស្រ្តី ការចូលរួមរបស់ស្រ្តីតិចនៅក្នុងមហោស្រព ឬការបំផ្លាញបរិស្ថានដូចឆ្នាំមុនៗ។ ជាក់ស្តែង បន្ទាប់ពីខកខាន មិនបាន​រៀបចំ នៅ​ឆ្នាំ ២០២០ ដោយសារ​ជំងឺរាតត្បាតកូវីដ អ្នករៀបចំ​មហោស្រពភាពយន្តកានលើក​ទី​៧៤​កាលពី​ឆ្នាំ ២០២១​បាន​ត្រលប់ទៅផ្តោត​លើ​បញ្ហា​បរិស្ថាន ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដើមហេតុនៃការឡើងកំដៅផែនដី។ ចំណែក​មហោស្រព​នៅ ឆ្នាំ ២០២២​ផ្តោតចាប់អារម្មណ៍ខ្លាំង​លើ​សង្រ្គាមអ៊ុយក្រែន ដោយ​អ្នករៀបចំ​មហោស្រពភាពយន្តកាន នៅបាន​បង្ហាញ​សមានចិត្ត​ចំពោះប្រជាជន​អ៊ុយក្រែន តាមរយៈ​ការអនុញ្ញាត​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី យក​ផ្ទាំងសំពត់ស នៅថ្ងៃ បើក​មហោស្រព ដើម្បី​ផ្ញើសារនិយាយ រិះគន់​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន។ នៅក្នុងមហោស្រពភាពយន្ត​កាន​ឆ្នាំនេះ សង្រ្គាម​អ៊ុយក្រែន បញ្ហា​បរិស្ថាន សិទ្ធិមនុស្សស្រី នៅមិនទាន់​ហើរបាត់​អស់ក្លិនមែន ប៉ុន្តែ អ្នករៀបចំ​មហោស្រព​ចង់ផ្តោត​សំខាន់​ទៅលើ ទម្លាប់​ជាប្រពៃណី ការប្រកួតប្រជែង​ខ្សែភាពយន្ត និង​រូបភាព​មិនអាច​ខ្វះបាន​របស់​មហោស្រព នោះគឺ​វត្តមានរបស់​តារាភាពយន្ត អ្នកដឹកនាំរឿង​ល្បីៗ​មកពី​គ្រប់ទិសទី​ក្នុងពិភពលោក ដើរបង្ហាញម៉ូដ នៅលើ​កម្រាលព្រំក្រហមដ៏ល្បីល្បាញ​របស់​មហោស្រព។ ជាលើកទី១ ខ្សែភាពយន្តដឹកនាំដោយមនុស្សស្រី ចំនួន​៧ត្រូវជ្រើសរើស​សម្រាប់ការប្រកួតប្រជែងរង្វាន់តាល់ប័ត្រមាស អ្នករៀបចំសម្រិតសម្រាំងបញ្ជីឈ្មោះ​តារាភាពយន្ត​និង​អ្នកដឹកនាំ​ល្បីៗដែល​មកចូលរួម​ក្នុងមហោស្រពលើកនេះ។ ខ្សែភាពយន្ត​ដែលសម្ពោធ​បើក​មហោស្រព​នៅថ្ងៃអង្គារទី ១៦​ឧសភាគឺ​រឿង Jeanne du Barry ចូលរួមសំដែង​ដោយ តួចោរសមុទ្រលោក Johnny Depp។ កម្រាលព្រំក្រហមរបស់មហោស្រព នឹង​ទទួល​តារាភាពយន្ត​ហូលីវូដផ្សេងទៀត ដូចជា លោក Michael Douglas តារាឯក​Titanic លោកLeonardo dicaprio តារាScarlett Johansson និង​តារាស្វែងរកកំណប់ លោក​Harrison Ford នេះគេនៅមិនទាន់និយាយ​ពី​ អ្នកដឹកនាំ រឿងល្បីៗ ដូចជា​Martine Scorsese អ្នកដឹកនាំជប៉ុន លោក​Hirokazu Kore-eda អ្នកដឹកនាំរឿង អង់គ្លេស លោក​Ken loach ជាដើម។ និយាយ​ពី​គណៈមេប្រយោគដែលត្រូវ​ជ្រើសរើស​ខ្សែភាពយន្ត​ល្អដាច់គេ​សម្រាប់​ពាន រង្វាន់តាល់ប័ត្រមាស មាន​ប្រធាន​ជា​អ្នកដឹកនាំរឿង​ជនជាតិស៊ុយអែត លោក​Ruben Östlund ដែលទើបឈ្នះរង្វាន់តាល់ប័ត្រមាស កាលពី​ឆ្នាំមុន សម្រាប់រឿង​ត្រីកោន នៃទុក្ខសោក Triangle of Sadness។ ឆ្នាំនេះ មាន​ខ្សែភាពយន្តចំនួន ២១ ដែលក្នុងនោះមានខ្សែភាពយន្តដឹកនាំ​ដោយមនុស្ស​ស្រី ចំនួន ៧ ត្រូវ​ប្រកួតដណ្តើមរង្វាន់​រង្វាន់តាល់ប័ត្រ​មាស ដែលមានតម្លៃ ជាង ២ម៉ឺន អឺរ៉ូ ។ ជារួម​មានខ្សែភាពយន្ត​ជាង​៨០​ដែលត្រូវ​ប្រកួតប្រជែងដណ្តើមរង្វាន់ក្នុងអំឡុង​មហោស្រពកាន ដូចជា  រង្វាន់​កាម៉េរ៉ាមាស រង្វាន់​Certains Regard ឬ​ការប្រកួត​របស់​ផ្នែកផ្សេងៗទៀត ដូចជា la Quinzaine des Cineastes​ជាភាសា​អង់គ្លេស Director’s Fornight ឬSemaine de la critiqueជាដើម។ គ្មានខ្មែរភាពយន្ត ប៉ុន្តែ មានជនជាតិខ្មែរ​នៅក្នុងក្រុមមេប្រយោគ នៅមហោស្រពភាពយន្តកាន ឆ្នាំ២០២២ កម្ពុជាមានខ្សែភាពយន្ត​របស់​ដាវី ជូ រឿង​ត្រលប់ទៅសេអ៊ូល ចូលរួមប្រកួត​ដណ្តើមរង្វាន់ Certains Regard ប៉ុន្តែ ឆ្នាំនេះ គ្មានខ្សែភាពយន្តខ្មែរទាល់តែសោះ។ អត់​មានខ្សែភាពយន្ត​ខ្មែរ ឬខ្សែភាពយន្ត​ដែលដឹកនាំ​ដោយជនជាតិខ្មែរណាមួយ មិនថា រឿងខ្នាតខ្លី កុនឯកសារ ឬ​រឿងខ្នាតវែង​ដែលត្រូវ​ជ្រើសរើស​សម្រាប់​ចូលប្រកួត​ក្នុង​មហោស្រពភាពយន្ត​អន្តរជាតិកាន។ គ្មានខ្សែភាពយន្តខ្មែរ នៅក្នុងមហោស្រពភាពយន្ត​អន្តរជាតិ​កាន ប៉ុន្តែ ជនជាតិខ្មែរ នៅតែមាន​មុខ​ក្នុងមហោស្រព នោះ គឺ​លោកដាវី ជូ អ្នកដឹកនាំ​រឿងខ្មែរ​បារាំង។ ក្នុងអាយុ​៣៩ឆ្នាំ ដាវី ជូ​បាន​ត្រលប់មកក្នុង​មហោស្រព ក្នុង​នាមជា​មេប្រយោគ​ម្នាក់ក្នុងចំណោម​មេប្រយោគចម្រុះជាតិសាសន៍ ៥រូប ខាងផ្នែក Certains Regard ដែលជា​រង្វាន់​ពិសេស​សម្រាប់​សម្គាល់ស្នាដៃ​របស់​អ្នកដែលដឹកនាំរឿងជាលើកដំបូង។ អាច​និយាយបានថា នៅឆ្នាំនេះ លោក​ដាវី ជូ ត្រូវជ្រើសរើសឲ្យមក​ធ្វើជាមេប្រយោគ​ដាក់ពិន្ទុ ជ្រើសរើសខ្សែភាពយន្តណា ដែលល្អជាងគេ សម្រាប់​រង្វាន់ Certains Regard។ រង្វាន់​ដែល​លោកធ្លាប់ប៉ងចង់បាន នៅពេលលោក​យកខ្សែ​រឿងត្រលប់ទៅសេអ៊ូល ​របស់លោក​មក​ប្រកួតប្រជែង កាលពី​ឆ្នាំមុន។ ទោះរឿង ត្រលប់ទៅសេអ៊ូល retour à Séoul មិនបានទទួលរង្វាន់​មែន ប៉ុន្តែ ខ្សែភាពយន្ត​របស់​លោកដាវីជូ រហូតមកដល់ពេលនេះ បានទទួលការស្វាគម មានមនុស្ស​ចូលមើលច្រើន នៅក្នុងការចាក់បញ្ចាំង មិនថា នៅបារាំង ឬ​នៅ​ទឹកដីអាស៊ី។ បាតុករ​ប្រឆាំង​ច្បាប់ចូលនិវត្តន៍​ថ្មី របស់​រដ្ឋាភិបាល គំរាមអុកឡុករំខានមហោស្រព នៅប៉ុន្មានថ្ងៃ​មុនមហោស្រពបើកទ្វារ ខាង​ក្រុម​សហជីព​បាន​គំរាមរួចហើយថា នឹង​ធ្វើបាតុកម្ម កូដកម្ម ដើម្បី​រំខាន​ការរៀបចំមហោស្រព ដូចជា គំរាមកាត់ផ្តាច់ភ្លើង​របស់​មហោស្រពជាដើម និង​គម្រោងលើកគ្នាទៅ​ធ្វើបាតុកម្ម​នៅក្នុងបរិវេណ​របស់​មហោស្រព។ មហោស្រពភាពយន្ត​អន្តរជាតិកាន ដែលជាព្រឹត្តិការណ៍អន្តរជាតិ ដ៏ធំប្រចាំឆ្នាំ​របស់​ទីក្រុង​កានតែងស្ថិតនៅក្រោម​ការយាម រក្សាសន្តិសុខ​យ៉ាងតឹងរ៉ឹង ដោយសារ​វត្តមានចូលរួម​របស់តារាភាពយន្ត ឥស្សរជននយោបាយសំខាន់ៗ។ នៅប៉ុន្មានឆ្នាំមកនេះ មហោស្រពត្រូវ​ដាក់ក្រោមការយាមរឹតបន្តឹង​ការរក្សា​សន្តិសុខ ដោយសារ​ការគំរាម​ភេរវកម្មផង និង ដោយសារ​ខ្លាច​ក្រុមសកម្មជនជ្រុលនិយម​ចូលមកអុកឡុកផង។ ប៉ុន្តែ នៅឆ្នាំនេះ ដោយសារ​ បាតុកម្ម​ហិង្សា​ប្រឆាំង​នឹង​ច្បាប់ចូលនិវត្តន អាច​ឈានទៅបង្ក​ចលាចលសង្គម អាជ្ញាធរ​ក្នុងទីក្រុង​កានបាន​ចាត់វិធានការ​ខ្លាំងជាងមុន ដូចជា ពង្រាយ​ប៉ូលិស កងអាវុធហត្ថ និង​អ្នករក្សា​សន្តិសុខ​ជាង ១ពាន់នាក់ ដើម្បីធានា​ការពារ ជា​ខ្សែក្រវ៉ាត់ មិនឲ្យ​អ្នកបង្កចលាចល​អាច​ចូល​ទៅបង្ក​អុកឡុកក្នុងមហោស្រព។ បរិវេណ​របស់​មហោស្រព ត្រូវ​ឡោមព័ទ្ធដោយ​រនាំងខណ្ឌ ជាមួយការឈរយាមត្រួតពិនិត្យ​រាល់អ្នកចេញ។ នៅឆ្នាំនេះ ប៉ូលិស​កាន​បានប្រកាស​ប្រើប្រាស់​ជាលើកទី​១​ដ្រូនសម្រាប់ថតរូប​ពីលើអាកាស​ដើម្បី​តាមដាន​រក្សា​សន្តិសុខ បន្ថែមពីលើ​កាម៉េរ៉ារាបរយ នៅតាមផ្លូវ។ ទាំងអាជ្ញាធរក្រុងកាន និងអ្នករៀបចំ​មហោស្រព​ពួតដៃគ្នា ដើម្បី​ធានា​ថា មហោស្រពភាពយន្តកាន ដែលជា​ព្រឹត្តិការណ៍​អន្តរជាតិ មានមនុស្ស ចូលរួមជាង ៥០០០០នាក់ (ទាំងជនបរទេស និងជនជាតិ​ក្នុងស្រុក) ត្រូវ​ប្រព្រឹត្តទៅដោយរលូន គ្មានបញ្ហា​អសន្តិសុខ​មករំខាន។ វាជារឿងធម្មតា​ដែល​គេ​ត្រូវការពារ​មហោស្រពភាពយន្តអន្តរជាតិ​កាន ព្រោះថា ការចំណាយ​រៀបចំ​មហោស្រពនេះ ប្រមាណ​២០លានអឺរ៉ូ មាន​ពាក់កណ្តាល​ជា​ប្រាក់បង់ពន្ធ​របស់​ប្រជាជនបារាំង និងពាក់កណ្តាលទៀត បានមកពី​ក្រុមហ៊ុនឧបត្ថម្ភមហោស្រព។ គេ​ប្រយ័ត្នប្រយែងការពារ​សុវត្ថិភាពសម្រាប់អ្នកចូលរួម​ក្នុង​មហោស្រព ដើម្បី​មុខមាត់ ព្រោះថា មានអ្នកកាសែត​ជាតិ និងអន្តរជាតិ ជាង ៤០០០នាក់ដែលចុះយកព័ត៌មាននៅក្នុងមហោស្រព ដែលល្បីល្បាញ ទាក់ភ្នែក មិនចាញ់​ការប្រកួតកីឡាអូឡាំពិក។ ក្រៅពីមុខមាត់ នៅមាន​ហេតុផលហិរញ្ញវត្ថុ ព្រោះថា រាល់​ការរៀបចំ​មហោស្រពភាពយន្តកាន នៅរៀងរាល់ឆ្នាំ តែងនាំចំណូលសេដ្ឋកិច្ច​ពីអ្នកចូលរួមបរទេស ទៅឲ្យក្រុងកាន និងវិស័យទេសចរណ៍កាន ប្រមាណ ៧០លាន អឺរ៉ូ ក្នុងអំឡុង​មហោស្រព រយៈពេល ១១ថ្ងៃ៕
5/16/20238 minutes, 34 seconds
Episode Artwork

តួកគី ៖ ​ដំណើរ​ឆ្ពោះ​ទៅ​រកការ​​បោះឆ្នោត​ប្រធានាធិបតី​ជុំ​ទីពីរ ជា​លើក​ទីមួយ

បើ​តាម​លទ្ធផល​បណ្តោះ​អាសន្ន ប្រធានាធិបតី​ផុត​អាណត្តិ​លោក អ៊ែរដូហ្កាន បាន​ទទួល​សំឡេង​គាំទ្រ​នាំមុខយ៉ាង​ប្រផុតប្រផើយ​ និង​​តិច​ជាង​៥០%។ ដូច្នេះ​ លោក អ៊ែរដូហ្កាន ត្រូវ​ប្រឈម​តទល់​ជាមួយ​លោក កេម៉ាល់ គីលីច្សដារ៉ូហ្គូ បេក្ខជននៃសម្ព័ន្ធ​​បក្សប្រឆាំង​ ជា​ថ្មី នៅ​ថ្ងៃទី ២៨ ឧសភា។ នេះ​ជា​លើក​ទីមួយ ហើយ​សម្រាប់​​​សាធារណរដ្ឋ​តួកគី ដែល​ការ​បោះឆ្នោត​ប្រធានាធិបតី មិន​អាច​សម្រេច​ជ្រើសរើស​មេដឹកនាំ​ប្រទេសបាន​​ នៅជុំ​ដំបូង។ ពុំ​ទាន់​មាន​ទេ​លទ្ធផល​​ជា​ផ្លូវការ ហើយ​ក៏​ពុំ​ទាន់​មាន​ការ​បញ្ជាក់ជា​ផ្លូវការ​​ដែរ អំពី​ចំនួន​​អ្នក​ចូល​រួម​បោះឆ្នោត​ ដែល​ទំនងមាន​អត្រា​​ខ្ពស់​ខ្លាំង​ដល់​ទៅ​ជាង​៩០%។ ប៉ុន្តែ បើ​តាម​ប្រធាន​ក្រុមប្រឹក្សា​​បោះឆ្នោតតួកគី និង​យោងតាម​លទ្ធផល​នៃ​ការរាប់​សន្លឹក​ឆ្នោត​បាន​៩៩% លោក អ៊ែរដូហ្កាន បាន​ទទួល​សំឡេង​ ៤៩,៤%។ ចំណែក លោក គីលីច្សដារ៉ូហ្គូ ជាគូប្រជែង​ដ៏​ចម្បង ដែល​គ្រប់​ការ​ស្ទង់​មតិ​សុទ្ធ​តែ​ទស្សនទាយ​ថា​ឈ្នះ​នោះ បាន​ទទួលការ​​គាំទ្រ ​៤៤,៩៦%។ ជាង​៥%​ទៀត ជា​សំឡេង​របស់​​បេក្ខជន​ទីបី អ្នក​ជាតិ​និយម​ លោក ស៊ីណាន អូហ្កាន (Sinan Ogan)។ ដោយ​គ្មាន​អ្នក​ឈ្នះ​លើស​៥០% តួកគី​ត្រូវ​បោះឆ្នោត​ប្រធានាធិបតី​ជុំ​ទីពីរ ដែល​បេក្ខជន​នាំមុខ​គេពីរ​​ដំបូង ត្រូវ​តទល់​គ្នាជា​ថ្មី​ នា​ថ្ងៃទី ២៨ ឧសភា​។ នេះ​ជា​លើក​ទី​មួយ សម្រាប់សាធារណរដ្ឋ​​តួកគី​ដែល​មាន​អាយុ​១រយ​ឆ្នាំ និង​សម្រាប់​លោក​ អ៊ែរដូហ្កាន​ផ្ទាល់​តែ​ម្តង ដែលត្រូវ​ឡើង​សង្វៀនឆ្នោត​ជា​លើក​​ទីពីរ​ដូច្នេះ។ ប៉ុន្តែទោះ​មិនមែន​ជា​ជោគជ័យ​ភ្លាម​​ក៏ដោយ​ ក៏លទ្ធផល​ថ្ងៃ​នេះ​មិនមែន​ជា​​បរាជ័យ​ឡើយ​សម្រាប់​លោក​អ៊ែរដូហ្កាន។ នៅចំពោះមុខ​សកម្មជន​គាំទ្រ​ ដ៏​កកកុញ​ ទាំង​កណ្តាល​យប់ លោក អ៊ែរដូហ្កាន ដែល​ដឹកនាំ​ប្រទេស​អស់​២០​ឆ្នាំ​មក​ហើយ បាន​អះអាង​ប្រកប​ដោយ​ភាព​ជឿជាក់​ថា លោក​នឹង​បំរើ​ប្រទេស​រយៈ​ពេល​៥​ឆ្នាំ បន្ថែម​ទៀត។ លោក គីលីច្ស​ដារ៉ូហ្គូ ជា​គូប្រជែង​ដ៏​ចម្បង ដែល​ហាក់​មាន​សមត្ថភាព​ឈ្នះ​តាំងពី​ជុំ​ទីមួយ  តែ​បែរ​ជា​ធ្លាក់​មក​នៅ​លំដាប់​ទីពីរ​​ ដោយ​ប្រមូល​សំឡេង​មិន​បាន​ទាំង​៤៥%​ផងនោះ ទើប​ជា​អ្នក​ចាញ់​ល្បែង​ភ្នាល់។​ តែ​លោក​​នៅ​មាន​​ទំនុក​ចិត្ត​​ខ្លាំងក្លាដ​ដែល។ ​​លោក​បាន​ប្រកាស​នៅយប់​មិញ​ថា នឹង​ឈ្នះ​ជា​ប្រាកដ​នៅជុំ​ទីពីរ ព្រោះ​សង្គម​តួកគី​ស្រេកឃ្លាន​ការ​ប្តូរផ្លាស់។ ​លោក គីលីច្ស​ដារ៉ូហ្គូ អាច​ប្តូរ​ផ្លាស់​លទ្ធផល​ឆ្នោត​ នៅជុំ​ទីពីរទេ​ ? សំណាងមាន​​តិច​តួច​បំផុត ! ពេល​នេះ គឺលោកប្រធានាធិបតី​ផុត​អាណត្តិ​ អ៊ែរដូហ្កាន ជា​អ្នក​នាំមុខ និង​ជា​​អ្នក​​មាន​ប្រៀប​ខ្លាំង​ជាងនៅក្នុង​បោះឆ្នោត​ជុំ​ទីពីរ ព្រោះ​គណបក្ស​របស់​លោកអ៊ែរដូហ្កាន​ ក៏​កំពុងក្លាយ​ទៅ​ជា​បក្ស​មាន​សំឡេងភាគ​ច្រើន​នៅ​ក្នុង​សភាទៀត។ បើ​ ​តាម​លទ្ធផលបឋម ប្រសូត​ចេញ​ពី​​ការ​បោះឆ្នោត​សភា​ថ្ងៃ​ម្សិលមិញជាមួយ​គ្នា​នោះ គណបក្ស​របស់​លោក​ប្រធានាធិបតី​ទទួល​បាន​​ ​២៧០កៅអី ទល់​នឹង​១៦៨​អាសនៈ​សម្រាប់​​​សម្ព័ន្ធ​បក្ស​ប្រឆាំង​របស់​លោក គីលីច្សដារ៉ូហ្គូ ក្នុង​ចំណោម​អាសនៈ​សភា​ទាំង​អស់​៦០០។ ចំណែក​ ​លោក គីលីច្សដារ៉ូហ្គូ ហាក់​ដូច​ជា​គ្មាន​គន្លឹះ​នយោបាយ​អ្វី​ថ្មី​ផ្សេង​ សម្រាប់​ទាក់ទាញ​រក​សំឡេ​ងថ្មី​មក​គាំទ្រ​លោក​នៅជុំ​ទីពីរ​ទេ។ ការ​បោះឆ្នោត​ជុំ​ទីពីរ​នេះ​ ក៏​​អាស្រ័យផង​ដែរ​លើ​បក្ស​ដែល​ជាប់​ឆ្នោត​លំដាប់​ទីបី​ថ្ងៃ​នេះ។ នោះ​គឺ​គណបក្ស​ជាតិ​និយម​ ដឹកនាំ​ដោយ​លោក​ស៊ីណាន អូហ្កាន ដែល​បាន​ទទួល​សំឡេង​គាំទ្រ​ប្រមាណ​៥,៣%។ លោក គីលីច្ស​ដារ៉ូហ្គូ​មិន​​​រំពឹងថាអាច​ទាញ​យក​សំឡេង​ជាង​៥%​ នេះ​បាន​ទេ។ ​បេក្ខជនទីបី ដែល​អាច​ប្តូរផ្លាស់​ជោគវាសនា​ឆ្នោតនៅ​ជុំ​ទីពីរ ជា​នរណា ? ​លោក ស៊ីណាន អូហ្កាន​ កំពុង​ក្លាយ​ជា​បុគ្គល​ដែល​គួរ​ឱ្យ​ចែចង់ខ្លាំងណាស់​ពេល​នេះ​ទាំង​លោក អ៊ែដូហ្កាន ទាំង​លោក​គីលីច្សដារ៉ូហ្គូ។ រហូត​មក​ទល់​យប់​មិញ​នេះ លោក ស៊ីណាន អូហ្កាន មិន​ទាន់​បង្ហាញ ជំហរ​ របស់​លោក​នៅ​ឡើយ​ទេ។ លោក​ថែម​ទាំង​​បដិសេធ​ មិន​ចេញ​សេចក្តី ណែនាំ ឱ្យ​សកម្មជន​និង​អ្នក​គាំទ្រ​បក្ស​ ថា​គួរ​បោះឆ្នោត​ឱ្យ​បេក្ខជន​ណា​ឡើយ​នៅថ្ងៃទី​២៨​ខាង​មុខ។ ​ជា​អតីត​អ្ន​ក​នយោបាយ​ជាតិនិយម​ជ្រុល ប្រឆាំង​នឹង​គួដឌីស្ថាន លោក អូហ្កាន បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​អាល្លឺម៉ង់​មួយ​ កាលពី​ព្រឹក​មិញ​ថា លោក​នឹង​អំពាវនាវ​ឱ្យ​បោះឆ្នោត​ជូន​លោក គីលីច្សដារ៉ូហ្គូ ដរាប​ណា​តែបេក្ខជន​បក្ស​ប្រឆាំង​រូប​នេះ ព្រម​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​គណបក្សស្និទ្ធ​នឹង​ក្រុម​​គួដឌីស្ថាន។ នេះ​ជា​​លក្ខខណ្ឌ ដែល​មិន​អាច​ទទួល​បាន​ទេ សម្រាប់​លោក គីលីច្សដារ៉ូហ្គូ ព្រោះ​គណបក្សគួដឌីស្ថាន​ជា​កម្លាំង​នយោបាយ​ទីបី របស់​ប្រទេស​។ សំឡេង​របស់​គណបក្ស​នេះ​បាន​ចូល​រួម​ចំណែក​ច្រើន​ណាស់​ ក្នុង​ការ​រុញ​ច្រាន​លោក គីលីច្សដារ៉ូហ្គូ ឱ្យ​បាន​ដល់​ថ្ងៃ​នេះ។ លោក​មិន​អា​ចបោះបង់​គណបក្ស​នេះដែល​ នឹង​ធ្វើ​ឱ្យ​សម្ព័ន្ធបក្ស​ប្រឆាំង​រង្គោះ​រង្គើឡើយ។ ចំណុច​អវិជ្ជមាន​​ចុងក្រោយសម្រាប់​លោក​ គីលីច្សដារ៉ូហ្គូ ពលរដ្ឋ​តួកគី​ដែល​សាកល្បង​ជ្រើសរើស​លោក​គីលីច្សដារ៉ូហ្គូ កាលពី​ជុំ​ទីមួយ​ អាច​នឹង​ងាក​មក​រក​លោក​អ៊ែរដូហ្កាន​វិញ ដើម្បីនិរន្តរភាព​និង​​ស្ថិរភាព​។ ​តួកគី​ក្រោយការបោះឆ្នោត​ ? ​​ការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​តួកគី​ទី ១៣ ​នេះ មាន​ឥទ្ធិពល​នយោបាយ​ខ្លាំង​ស្ទើរ​ពុំ​ធ្លាប់​មាន​ទេ​សម្រាប់​ប្រវត្តិសាស្ត្រ​តួកគី​ ដែលស​ឱ្យ​ឃើញ​ថា នយោបាយ​ដឹកនាំ​រ​បស់​លោក​អ៊ែរដូហ្កានបែប​អ៊ីស្លាម​និយម ទំនើប និង​ស្រមៃក្លាយ​ជា​មហាអំណាច​មួយ បាន​ចាក់​កប់​ជ្រៅ​ក្នុង​សង្គម​តួកគី។ ជោគជ័យរបស់​ប្រធានាធិបតី​ផុត​អាណត្តិ​តួកគី សម្ព័ន្ធមិត្ត​របស់​លោក​ពូទីន នឹង​ធ្វើ​ឱ្យ​រុស្ស៊ី​រីករាយ តែ​ត្រូវបន្ត​​ធ្វើការ​ជាមួយ​ទាំង​​ទើស​ទាល់​ចិត្ត​​សម្រាប់​​រដ្ឋបាលអាមេរិក​របស់​លោក​បៃដិន ក៏​ដូច​ជា​បណ្តា​មេដឹកនាំ​អឺរ៉ុប​ជា​ច្រើន​ផ្សេង​ទៀត​​ ដែល​មាន​ទំនាក់ទំនង​រកាំរកូស​ស្រាប់​ជា​មួយលោក​អ៊ែដូហ្កាន ​ និង​ដែល​ចង់​ឃើញ​តួកគី​មាន​មេ​ដឹកនាំ ថ្មី​ បែប​ប្រជាធិបតេយ្យ​និងមិន​ប្រកាន់​សាសនា។ ជា​សមាជិក​អង្គការ​អូតង់ តួកគី​ក៏​ជា​ដៃគូ​ដ៏​ចាំបាច់​របស់​សហភាព​អឺរ៉ុប ក្នុង​វិបត្តិ​ជនភៀសខ្លួន៕
5/15/20236 minutes, 56 seconds
Episode Artwork

បោះឆ្នោតនៅថៃ៖ ក្រុមគណបក្សប្រឆាំងសង្ឃឹមថាអាច គាស់រំលើងកៅអីអំណាច​របស់​ក្រុមយោធា

នៅថ្ងៃអាទិត្យទី​១៤ឧសភា​ ប្រជាជនថៃប្រមាណជាង​៥០លាននាក់ ត្រូវចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសសមាជិកសភា និងឈានទៅតែងតាំងនាយករដ្ឋមន្ត្រីអាណត្តិថ្មី។ បើតាមការសង្កេត សន្ទុះគាំទ្រគណបក្សប្រឆាំង បាន​ផុសផុលខ្លាំង នៅទូទាំងប្រទេសថៃ​ ដែល​បង្ហាញអំពីទឹកចិត្ត ចង់ឲ្យ​មាន​ការផ្លាស់​ប្តូរ ចង់​បិទបញ្ចប់ទំព័រសករាជ្យ នៃអំណាចនយោបាយ​របស់​លោក​ប្រាយុទ្ធ ចាន់អូចា ដែល​កើតចេញពីការធ្វើ​រដ្ឋប្រហាររបស់កងទ័ព។ តែយ៉ាងណា ប្រព័ន្ធបោះឆ្នោត​ថៃ មាន​ភាពស្មុគស្មាញ និងបាន​ការពារអំណាច របស់​​ក្រុមយោធាថៃបានយ៉ាងរឹងមាំ​ ហើយ​ការភ័យបារម្ភពីករណី​​រដ្ឋប្រហារសារជាថ្មី ក៏នៅស្ថិតនៅមិនឆ្ងាយ​ប៉ុន្មានដែរ។​ ការបោះឆ្នោតនៅថ្ងៃនេះ គឺបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សមាជិកសភាជាតិថៃ ដែលមានអាសនៈចំនួន​៥០០អាសនៈ។ មណ្ឌលបោះឆ្នោតប្រមាណ៩៥០០០ទីតាំង​ បានចាប់ផ្តើម​បើកទ្វារនៅម៉ោងប្រមាណ​៨ព្រឹក​ រងចាំទទួល​អ្នកបោះឆ្នោត​ប្រមាណ​៥២លាននាក់ ទូទាំងប្រទេសថៃ។ លទ្ធផល​ផ្លូវការ នឹងត្រូវប្រកាសនៅខែកក្កដា។បន្ទាប់មកទៀត គឺនឹងឈានដល់ការសម្រេចតែងតាំងនាយករដ្ឋមន្ត្រី​។ នាយករដ្ឋមន្ត្រីថ្មី ត្រូវការសំឡេងភាគច្រើន៣៧៦ ចំណុចពិសេសមួយ គឺថានៅថៃ នាយករដ្ឋមន្ត្រី​មិនចាំបាច់ឈរឈ្មោះបោះឆ្នោត ជាតំណាងរាស្ត្រនោះទេ។ ពោលគឺ​គណបក្សដែលឈ្នះឆ្នោត ដែល​អាចមានសំឡេងភាគច្រើន​គ្រប់គ្រាន់ក្នុងសភា​ អាចបញ្ជូន​ឈ្មោះ​បុគ្គលណាម្នាក់ក៏បានដែរ ដើម្បី​ឲ្យ​គេតែងតាំងឲ្យដឹកនាំរដ្ឋាភិបាល​។​ យ៉ាងណាមិញ លោកប្រាយុទ្ធ ចាន់អូចា ដែលជាបេក្ខជន​​នាយករដ្ឋមន្ត្រីរបស់គណបក្ស “រួមថៃសាងឆាត” មិនឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រទេ។ ហើយ​លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ បេក្ខជនរបស់គណបក្សភឿថៃ ក៏ដូចគ្នាដែរ មិនឈរឈ្មោះជាតំណាងរាស្ត្រទេ។ ចំណុចពិសេសមួយទៀត គឺមិនមែនសភាតែម្នាក់ឯងទេ ដែលបោះឆ្នោត​តែងតែង​នាយករដ្ឋមន្ត្រី។ ព្រឹទ្ធសភាថៃ ក៏​ចូលរួម​នៅក្នុងនីតិវិធីតែងតាំងនេះដែរ​។ ដូចយើងដឹងហើយ ព្រឹទ្ធសភាថៃ គឺមិនមែនកើតឡើងដោយ​ការបោះឆ្នោតទេ ពោលគឺសមាជិក​ត្រូវបាន​តែងតាំងដោយ​ព្រះមហាក្សត្រថៃ ទៅតាម​ការស្នើសុំរបស់​កងទ័ពថៃដែលមានអំណាចមានឥទ្ធិពលបំផុត។ និយាយឲ្យចំទៅ គឺសមាជិក​ព្រឹទ្ធសភាថៃ ដែលមានចំនួន​២៥០នាក់ គឺសុទ្ធតែជាមនុស្ស​​ស្និទ្ធនឹងស្ថាប័នព្រះមហាក្សត្រ ស្និទ្ធនឹងកងទ័ពថៃ ហើយស្និទ្ធនឹងលោក​ប្រាយុទ្ធចាន់អូចាតែម្តង។​ ត្រង់នេះហើយ​ ដែលបង្កឲ្យ​មានការរិះគន់ពីសំណាក់អង្គការសិទ្ធិមនុស្ស​នានា ព្រោះប្រព័ន្ធប្រជាធិបតេយ្យថៃនេះ មានលក្ខណៈមិនស្មោះត្រង់។ ដូច្នេះ នាយករដ្ឋមន្ត្រី​ថៃ មិនមែនត្រូវបានតែងតាំងដោយ​សំលេងភាគច្រើន នៃសមាជិកសភាទាំង៥០០នាក់ ដែលកើតចេញពីសន្លឹកឆ្នោតប្រជាជនទេ តែគឺ ៥០០បូកថែម​២៥០ទៀត។ មានន័យថា ក្រុមគណបក្សប្រឆាំង​ត្រូវធ្វើយ៉ាងណាឈ្នះបាន​អាសនៈក្នុងសភា ចំនួន​ដល់ទៅ​៣៧៦អាសនៈ ទើបអាចដឹកនាំរដ្ឋាភិបាលបាន​។ ផ្ទុយទៅវិញលោក​ប្រាយុទ្ធ ចាន់អូចា ​ដែលមានអាសនៈ២៥០នៅក្នុងព្រឹទ្ធសភាស្រាប់ហើយ ត្រូវការ​ឈ្នះ​​​អាសនៈក្នុងសភា បន្ថែម​តែ១២៦ប៉ុណ្ណោះ នឹងអាចបន្តតំណែងនាយករដ្ឋមន្ត្រីមួយអាណត្តិទៀត។     សន្ទុះគាំទ្រខ្លាំងក្លា លើគណបក្សប្រឆាំង គណបក្សភឿថៃ ដែលជាបក្សរបស់លោក​ថាក់ស៊ីន នៅតែមានអ្នកគាំទ្រច្រើនខ្លាំងណាស់។ សន្ទុះឃោសនាបោះឆ្នោត របស់ក្រុមអាវក្រហមនេះ បាន​ផុសផុលខ្លាំង ជាមួយនឹងវត្តមានរបស់​កូនស្រីលោកថាក់ស៊ីន គឺលោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ អាយុ៣៦ឆ្នាំដែលកំពុងតែមានប្រជាប្រិយភាពបំផុត។ លោកភែថងថាន ស៊ីណាវ៉ាត្រ សង្ឃឹមយ៉ាងមុតមាំថា និងបានអំពាវនាវ ឲ្យ​ប្រជាជនថៃ ចូលរួម​បោះឆ្នោតនៅថ្ងៃនេះ ឲ្យ​ភ្លូកទឹកភ្លូកដី ដើម្បីឈានទៅប្រមូលអាសនៈឲ្យ​បានគ្រប់ ហើយ​រារាំងក្រុមយោធា កុំឲ្យ​កាន់អំណាចតទៅទៀត។ គណបក្សប្រឆាំងមួយទៀត ក៏មានសន្ទុះគាំទ្រខ្លាំងណាស់ដែរ ជាពិសេសគឺពីសំណាក់យុវជនថៃ។ នោះគឺគណបក្ស Move Forward ដឹកនាំដោយ​បេក្ខជននាយករដ្ឋមន្ត្រីវ័យ៤២ឆ្នាំ ឈ្មោះ ភិថា លិមចារឺនរ៉ាត់។ គណបក្សនេះ គឺកើតចេញពីបក្ស​ Future Forward របស់លោក​ថាណាថន ដែលបានស្ទុះឡើងប្រជាប្រិយភាពខ្លាំងណាស់ កាលពីពេលបោះឆ្នោតអាណត្តិមុន មុននឹងត្រូវតុលាការថៃប្រកាសរំលាយ​ចោល។ គណបក្ស Move Forward របស់​លោក ភិថា​ លិមចារឺនរ៉ាត់ ប្រកាសខ្លួនថាជាអ្នកតំណាង​យុវជនថៃសម័យថ្មី​ តំណាងមនុស្សជំនាន់ថ្មី ដែលស្រេកឃ្លានសិទ្ធិសេរីភាព តាមរយៈការ​ធ្វើ​កំណែទម្រង់សង្គម ឲ្យ​កាន់តែមាន​សមភាព​។ គណបក្សនេះ បានប្រកាសពីចេតនាចង់លុបចោលមាត្រាច្បាប់ “ប្របាថព្រះចេស្តាព្រះមហាក្សត្រ”។ គណបក្សនេះ បានអះអាងថា មាត្រាបំបិទសិទ្ធិសេរីភាពបញ្ចេញមតិនេះ ជាទូទៅ តែងតែត្រូវបានក្រុមយោធាក្រាញអំណាញ យកមកប្រើដើម្បីបំបិទមាត់អ្នករិះគន់ ឬសំឡេងប្រឆាំងនានា តែប៉ុណ្ណោះ។     រដ្ឋាភិបាលចម្រុះ? យោងតាមការស្ទាបស្ទង់មតិ គណបក្សភឿថៃ ប្រហែល​​អាចបានអាសនៈច្រើននាំមុខគេមែន តែក៏នៅមិនគ្រប់​គ្រាន់ដែរ។ តាមការវិភាគទៅ ការរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះ គឺអាចជាជម្រើសមួយសំខាន់ សម្រាប់​ក្រុមគណបក្សប្រឆាំង ប្រសិនបើពិតជាចង់​រារាំង កុំឲ្យ​លោក​ប្រាយុទ្ធ ចាន់អូចា បន្តកាន់អំណាចពិតមែន។គណបក្សភឿថៃ មានទំនោរស្រដៀងច្រើន នឹងបក្ស Move Forward។ ពោលគឺបក្សទាំង២នេះ ចង់​បិទបញ្ចប់អំណាចរបស់លោក​ប្រាយុទ្ធ ចាន់អូចា ដែលជាអ្នកធ្វើរដ្ឋប្រហារយោធាប្លន់អំណាចកាលពីឆ្នាំ​២០១៤ ចង់ធ្វើកំណែទម្រង់សេដ្ឋកិច្ច នាំយកអំណាចស៊ីវីល​មកដឹកនាំរដ្ឋាភិបាលវិញ​។ ដោយឡែក លោក​ប្រាយុទ្ធ ចាន់អូចា ក៏មិនប្រាកដថាអស់​ផ្លូវដើរដែរ។ យ៉ាងហោចណាស់ មានគណបក្សចំនួន​យ៉ាង​ហោច​១៥គណបក្ស ដែលអាចនឹងរួមគ្នាបង្គ្រប់អាសនៈ ដើម្បីរុញលោក​ប្រាយុទ្ធ ឲ្យ​បង្កើតរដ្ឋាភិបាល​ថ្មី​។ បន្ថែមពីនេះ គណបក្ស ប្រជាធិបតេយ្យថៃ និង​គណបក្ស ភូមិចៃថៃ ដែលធ្លាប់បានចំនួន​អាសនៈសភា លេខរៀងទី៤និងទី៥ កាលពីពេលបោះឆ្នោតអាណត្តិមុន ក៏អាចដើរតួនាទីសំខាន់ដែរ នៅ​ក្នុងការចរចាគ្នា ហុច​កម្លាំងទៅឲ្យខាងណាមួយ ដើម្បី​បង្គ្រប់​​ចំនួន​អាសនៈឲ្យ​បានគ្រប់ ឈានទៅតែងតាំងនាយករដ្ឋមន្ត្រីថ្មី​។​ បារម្ភពី​រដ្ឋប្រហារយោធា ដោយឡែក លោកប្រាយុទ្ធ ចាន់អូចា បានឃោសនាហៅឲ្យ​ប្រជាជនថៃបោះឆ្នោតជូនលោក ដោយអះអាងថា មានតែលោកទេ ទើបអាចការពារ រក្សាស្ថិរភាពស្រុកទេសបាន​។ សំដីនេះបានបង្កឲ្យ​មានការបារម្ភថា ក្នុងករណី​ដែល​លោក​ប្រាយុទ្ធ ចាន់អូចា បរាជ័យ គឺក្រុម​យោធាថៃ អាចនឹង​ធ្វើរដ្ឋប្រហារសាជាថ្មី។ នយោបាយថៃ តែងតែដើរជំពប់ ជួប​នឹងករណីរដ្ឋប្រហារយោធានេះ ញឹកញាប់ខ្លាំងណាស់។ តែយ៉ាងណា លោក​ប្រាយុទ្ធ ចាន់អូចា បាន​ថ្លែងកាលពីដើមខែមីនា​ ថា “ការធ្វើរដ្ឋប្រហារយោធា គឺត្រូវតែឈប់ឲ្យ​មានទៀតទៅ!”។ ហើយកាលពីថ្ងៃសុក្រកន្កងទៅនេះ លោក​ឧត្តមសេនីយ៍កងទ័ពជាតិថៃ ណារ៉ុងផាន់ ជីតកែវធែ បានប្រកាសសន្យាថា កងទ័ពនឹងមិនធ្វើរដ្ឋប្រហារទេ នៅក្រោយ​ការបោះឆ្នោត។ យ៉ាងណាក៏ដោយ ការសន្យានេះ មិនប្រាកដថានឹង​កងទ័ពថៃ នឹងគោរព្យ​រយៈយូរប៉ុណ្ណានោះទេ។ យោងតាមការវិភាគ របស់លោក Alexandre Barthel អ្នកស្រាវជ្រាវម្នាក់នៅទីក្រុងបាងកក បាន​លើកឡើងថា ប្រសិនគណបក្សភឿថៃឈ្នះឆ្នោតបានសំឡេងភាគច្រើនគ្រប់ ដើម្បីបង្កើតរដ្ឋាភិបាល នោះគឺក្រុមយោធាថៃ អាចនឹងចេញអន្តរាគមន៍ ធ្វើរដ្ឋប្រហាររំលាយ​ចោល តែមិនឆាប់ភ្លាមៗទេ ប្រហែលក្នុងរវាង​២ទៅ៣ឆ្នាំខាងមុខ។ យោងតាមបទពិសោធន៍ គឺជាអ្វីដែលកងទ័ពថៃតែងតែធ្វើ ជាក់ស្តែងនៅឆ្នាំ​២០០៦ រដ្ឋប្រហារទំលាក់​លោកថាក់ស៊ីន ឆ្នាំ​២០១៤រដ្ឋប្រហារទំលាក់លោក​ស្រីយីងឡាក់។ បន្ថែមពីនេះ ក្រុមយោធាថៃ ក៏អាចប្រើប្រាស់ប្រព័ន្ធតុលាការដែរ តាមរយៈការរករឿងចោទប្រកាន់ ពីបទល្មើសផ្សេងៗ ដើម្បីឈានប្រកាសរំលាយ​គណបក្សប្រឆាំងចោលតែម្តង។ ករណីនេះ បានកើតឡើងរួចហើយ ទៅលើ​គណបក្ស​ Future Forward របស់លោក​ថាណាថន ដែលមានប្រជាប្រិយភាពខ្លាំងបំផុត កាលពីបោះឆ្នោតឆ្នាំ​២០១៩៕
5/14/20238 minutes, 28 seconds
Episode Artwork

ក្រុមប្រទេស​ហ្សេ៧ សម្រេច​ចាប់​អនុវត្តយន្តការថ្មី​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក

នៅថ្ងៃសៅរ៍​នេះ ក្នុង​ឱកាស​ជួប​ប្រជុំ​នៅទីក្រុង​នីហ្កាតា ប្រទេស​ជប៉ុន ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​នាំមុខ​គេទាំង៧​ (G7) បាន​សម្រេច​ព្រមព្រៀង​គ្នា ​ផ្តើម​អនុវត្តចាប់ពី​​ដំណាច់​ឆ្នាំ​២០២៣នេះ​ទៅ​​យ៉ាង​យូរ នូវ​យន្តការ​ថ្មី សំដៅ​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក។ ការ​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​ ឱ្យ​ទូលំទូលាយ​ ជា​មធ្យោបាយមួយ​​ កាត់​បន្ថយ​ភាព​រំពឹង​លើ​ចិន។​ យន្តការ​ថ្មី គឺ​ជា​ប្រព័ន្ធ​ដែល​មាន​បូកផ្សំ​​ជំនួយ​ហិរញ្ញវត្ថុ ការ​ផ្តោះប្តូរចំណេះ​ធ្វើ និង​ភាព​ជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​មាន​ចំណូលទាប​និង​ចំណូល​មធ្យម ដើម្បី​ជួយ​ពួកគេ​ឱ្យ​ដើរ​តួនាទី​ខ្ពស់​ មាន​តម្លៃ​មិន​អាច​ខ្វះ​បាន​ក្នុង​ដំណើរការ​ឧស្សាហកម្ម​ពិភពលោក។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ហ្សេ​៧ ក្រោយ​ការ​បិទ​បញ្ចប់​ជំនួប​ប្រជុំ​នៅទីក្រុង​នីហ្កាតា ប្រទេស​ជប៉ុន​ ថ្ងៃសៅរ៍​ទី ១៣ឧសភា។ ក្រុម​ហ្សេ​៧ បាន​ប្រសិទ្ធនាម​ឱ្យយន្តការ​ថ្មី​នេះ​ថា Rise Resilient and inclusive Supply-chain Enhancement ដែល​អាច​បក​ប្រែបាន​ថា ការ​ពង្រឹង​បណ្តាញ​ផ្គត់ផ្គង់​ដែល​ធុន​និង​មិន​ចោល​នរណា​ម្នាក់សោះ។ យន្តការ​ដែល​ចំណុច​គោលៗ​ត្រូវ​បាន​បង្ហើប​បង្ហាញ​តាំងពី​ខែ​មេសា​ នឹង​មាន​ដំណើរការ​អមដោយ​កិច្ចសហការ​ជាមួយ​ធនាគារ​កណ្តាល​ពិភពលោកនិង​ស្ថាប័ន​អង្គការ​អន្តរជាតិ​មាន​សមត្ថកិច្ច​ជា​ច្រើន​ផ្សេង​ទៀត។ យន្តការ ​​កាត់​បន្ថយ​ភាព​រំពឹង​តែ​លើ​​ចិន ដោយជាក់ស្តែង​ទៅ​នោះ យន្តការ​ថ្មី ត្រូវ​ជួយ​ជាឧទាហរណ៍​ប្រទេស ឱ្យ​ត្រឹម​តែ​អាច​ទាញ​យក​ធនធាន​រ៉ែ​ធម្មជាតិ​ ចេញ​ពី​ដី មក​ធ្វើ​ជា​វត្ថុធាតុដើម​សម្រាប់​​​ឧស្សាហកម្ម​ទេ តែ​ត្រូវ​ឱ្យ​ប្រទេស​នោះ​មាន​សមត្ថភាព​កែច្នៃ​ធនធាន​ធម្មជាតិ​នោះ​នៅផ្ទាល់​នឹង​កន្លែង​តែ​ម្តង។ ការ​ធ្វើ​បែ​ប​នេះ​នឹង​អាច​បញ្ចៀស​មិន​ឱ្យ​គេ​ទៅ​ពឹង​ពាក់​ចិន បាន​មួយ​ចំណែក។ ប៉ុន្តែបើ​តាម​អនុរដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន អះអាង​ប្រាប់​អ្នក​សារព័ត៌មាន ​កញ្ចប់​ថវិកា​សម្រាប់​ដំណើរការ​យន្តការ​ថ្មីនេះ​នៅ​ពុំ​ទាន់​ត្រូវ​បាន​កំណត់​នៅឡើយ​ទេ។ ​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក ជា​វិស័យ​យុទ្ធសាស្ត្រ​ខ្លាំងណាស់។ ការ​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​ នេះ​ឱ្យ​ទូលំទូលាយ​ ដែល​ជា​គំនិត​ស្រប​គ្នា​របស់​ប្រទេស​ហ្សេ៧ គឺ​ជា​មធ្យោបាយ​ កាត់​បន្ថយ​ភាព​រំពឹង​លើ​ចិន ក្នុង​វិស័យ​យុទ្ធសាស្ត្រមួយ និង​មាន​ទិសដៅ​​​កាត់​បន្ថយ​ហានិភ័យ​នៃ​បណ្តាញ​ផ្គត់ផ្គង់​ មិនមែន​ជា​លុប​បំបាត់​​ទំនាក់ទំនង​ជាមួយចិន​ទេ។ ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ហ្សេ​៧​ទាំងអស់ ​មិន​បាន​ចាត់​ទុក​យន្តការ​ថ្មី​នេះ​ជា​ផែនការ​ប្រឆាំង​ចិនដែរ។ គ្មាន​ទេ​ឈ្មោះឬ​ពាក្យ​ “ប្រទេស​ចិន” ចែង​ក្នុង​សេចក្តីថ្លែងការណ៍​។ គ្មាន​សោះ​ការ​ដៅ ចង្អុល​ ឬ​បន្ទោស​ចិន​នោះ។ ការ​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក​ អាច​ចូល​រួម​ចំណែក​រក្សា​និងការពារ​សុវត្ថិភាព​ថាមពល និង​ជួយ​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច។ នេះ​ជា​ហេតុផល​បញ្ជាក់​ដោយ​ក្រុម​រដ្ឋមន្ត្រី​ហ្សេ៧។ លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន ថែម​ទាំង​បាន​លើក​ឧទាហរណ៍ចំៗ​មក​រំលេច​សេចក្តី​សម្រេច​របស់​ហ្សេ​៧​ថា ​វិបត្តិរាតត្បាត​សកល​​កូវីដ​១៩ ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ អំពី​គុណវិបត្តិ​នៃ​ការ​ផ្តុំ​បណ្តាញ​ផ្គត់​ផ្គង់​ពិភពលោក តែ​មួយ​ដុប។ ការ​បិទ​ខ្ទប់​ប្រទេស​ដ៏​យូរ​របស់​ចិន កាលពី​ឆ្នាំទៅ​បាន​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ពិភពលោក​រអាក់រអួល​យ៉ាង​ខ្លាំង។​ G៧ និង​អ៊ុយក្រែន ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល​ ក្រុមហ្សេ​៧ (សហរដ្ឋ​អាមេរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស​ បារាំង​ អ៊ីតាលី និង​កាណាដា បាន​ប្រកាស​គាំទ្រ​អ៊ុយក្រែន​ជា​ថ្មី ដោយ​ឥតងាករេ និង​ថ្កោលទោស​សង្គ្រាម​ឈ្លានពានខុស​ច្បាប់​និង​គ្មាន​ហេតុផល​របស់​រុស្ស៊ី។ ជា​ការ​គាំទ្រផ្នែក​ថវិកា​និង​សេដ្ឋកិច្ច​ សម្រាប់​អ៊ុយក្រែន ដែលមាន​ទំហំឡើង​ដល់៤៤ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០២៣ និង​ដើម​ឆ្នាំ​២០២៤ ទល់​នឹង​៣៩ពាន់​លាន​ដុល្លារ​គិត​ត្រឹម​សេចក្តីប្រកាស​នៅ​ខែ​កុម្ភៈ។ ហ្សេ​៧​បាន​រំលឹក​អំពី​ឆន្ទៈ​ដាច់​ខាត​របស់​ខ្លួន​ក្នុង​ការប្រយុទ្ធ​​ប្រឆាំងនឹង​ការ​ប៉ុនប៉ង​ពង្វាង​ទណ្ឌកម្ម​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​ដែល​ដាក់​លើ​រុស្ស៊ី តែ​មិន​បាន​ប្រកាស​វិធានការ​ថ្មី ឬ​ចង្អុល​មុខ​ប្រទេស​ណា​ជា​អ្នក​ជួយ​ពង្វាង​ទណ្ឌកម្ម​ទេ។ G៧និង​អាកាសធាតុ ជំនួប​ប្រជុំ​បី​ថ្ងៃ​នេះ បាន​ការ​ចូល​រួម​ពី​សំណាក់ធនាគារកណ្តាល និង​អ្នក​ទទួល​ខុស​ត្រូវ​អង្គការ​អន្តរជាតិ​ធំៗ​ដូច​ជា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធនាគារ​ពិភពលោក ព្រមទាំង​ជាការ​ជួប​ជុំ​ត្រៀម​លក្ខណៈ​បើក​ជំនួប​កំពូល​ហ្សេ​៧​ នៅ​អ៊ីរ៉ូហ្ស៊ីម៉ា​ ផង មានលើក​​យកប្រធានបទ​ជា​ច្រើន​ផ្សេង​ទៀត​​ មក​ជជែក​ ដូច​ជា​វិស័យ​ធនាគារ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួលអាកាសធាតុ ឬ​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ហ្សេ​៧ ត្រូវ​ជួយ​ក្រុមប្រទេស​ទាំង​អស់​នេះ​ឆ្លង​អន្តរកាល​ថាមពលផង និង​ជួយ​កំរិត​ផលវិបាក​បង្ក​ឡើង​ដោយ​ការ​ឡើង​កម្តៅ​អាកាសធាតុ​ចំពោះ​សេដ្ឋកិច្ច​និង​ប្រជាពលរដ្ឋ​ផង។ កញ្ចប់​ថវិកា​ថ្មី សម្រាប់ពិភពលោក​ប្រឈម​នឹង​អាកាសធាតុ នឹង​ត្រូវ​លើក​មក​ជជែក​នៅក្នុង​ជំនួប​កំពូល​នៅទីក្រុង​ប៉ារីស នា​ចុង​ខែ​មិថុនា​ខាង​មុខ ដែល​ជា​ដំណាក់កាល​ដ៏​សំខាន់​សម្រាប់​ផ្តល់​សន្ទុះ​ដល់​សន្និសីទ​អាកាសធាតុ​ពិភពលោក COP២៨ នៅ​ក្រុង​ឌូបៃ​៕
5/13/20235 minutes, 50 seconds
Episode Artwork

បោះឆ្នោតតួកគី៖ ថ្ងៃចុងក្រោយនៃ​យុទ្ធនាការឃោសនា បេក្ខជន​ម្នាក់​បោះបង់ចោលការប្រកួត

នៅថ្ងៃអាទិត្យ ទី១៤ឧសភា នៅតួកគី នឹងមានការបោះឆ្នោតសភា និងបោះឆ្នោត​ជ្រើសរើស​​ប្រធានាធិបតីអាណត្តិថ្មី​។ លោក​អ៊ែរដូហ្កាន់ ប្រធានាធិបតីចប់អាណត្តិ ឈរឈ្មោះសាជាថ្មី ក៏ប៉ុន្តែ ការបោះឆ្នោតលើកនេះ ហាក់ដូចជា​មានភាពស្រពេចស្រពិលខ្លាំងណាស់ សម្រាប់អនាគតនយោបាយរបស់​លោកអ៊ែរដូហ្កាន់។ ក្រុមគណបក្សប្រឆាំងជាច្រើនបក្ស បានរួម​កម្លាំងគ្នាបង្កើតសម្ព័ន្ធតែមួយ បញ្ជូន​ឈ្មោះ​បេក្ខជនតែមួយ ដើម្បីប្រមូលសន្លឹកឆ្នោត។ ហើយ​នៅថ្ងៃសុក្រទី១២ឧសភា ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត ស្រាប់តែមានបេក្ខជនម្នាក់ បានប្រកាសបោះបង់ចោល​ការប្រកួត​ថែមទៀត។ មានបេក្ខជនចំនួន​៤រូប ដែលឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនៅតួកគី ដែលនឹងដំណើរការទៅ​នៅថ្ងៃអាទិត្យ​ខានស្អែកនេះ។ ថ្ងៃសុក្រនេះជាថ្ងៃចុងក្រោយ​នៃយុទ្ធនាការឃោសនាបោះឆ្នោត ស្រាប់តែបេក្ខជនម្នាក់ ឈ្មោះ Muharrem Ince បានប្រកាសដកខ្លួន​ចេញ​។ លោក​ម្នាក់នេះ ត្រូវគេស្គាល់ថា ជាអ្នក​នយោបាយ​ តែងតែប្រឆាំង និងរិះគន់​លោក​ អ៊ែរដូហ្កាន់ដែរ។ ដកខ្លួន មុននឹងគេស្តីបន្ទោសថាធ្វើ​ឲ្យ​បែកសំឡេងឆ្នោត​ ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គមតួកគី គឺមាន​ការចែកចាយយ៉ាងព្រោងព្រាត នូវសារជាសំឡេង និង​​រូបភាព​ក្លែងក្លាយ បង្កើត​ដោយ​ប្រព័ន្ធបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ ដែល​បង្ហាញរូបលោក Muharrem Ince ជិះរថយន្តទំនើបថ្លៃ ឬក៏រូបថតជាមួយ​នារីរូបស្អាតជាដើម។ នេះគឺជាយុទ្ធនាការ ដើម្បី​បំផ្លាញ​កិត្តិយស របស់​បេក្ខជនរូបនេះ តែគេមិនដឹងប្រភព ថាអ្នកណាជាអ្នកធ្វើវាទេ។ ដោយឡែក លោក Kemal Kiliçdaroglu បេក្ខជននៃសម្ព័ន្ធ​បក្សប្រឆាំងដ៏ធំ បាន​ចោទប្រកាន់ថា គឺរុស្ស៊ី ដែលបាន​ប្រើ​យុទ្ធនាការបង្កាច់បង្ខូចកិត្តិយសរបស់​បេក្ខជនលោក Muharrem Ince។ លោក Kemal Kiliçdaroglu បាន​ថ្លែងថា បើរុស្ស៊ីចង់ធ្វើមិត្ត​ជាមួយតួកគី ចាប់ពីថ្ងៃទី១៥ឧសភាតទៅមុខ គឺរុស្ស៊ីត្រូវតែឈប់លូកដៃចូលមកប៉ះពាល់ កិច្ចការផ្ទៃក្នុង និង​ឯករាជភាពជាតិតួកគីតទៅទៀត។ យ៉ាងណាក៏ដោយ នៅក្នុងសន្និសីទកាសែត លោកMuharrem Ince បានលើកឡើងថា លោក​បានសម្រេចចិត្ត​ដកខ្លួនចេញពី​ការបោះឆ្នោត ដោយ​សារលោក ​មិនចង់​ឲ្យ​សម្ព័ន្ធគណបក្សប្រឆាំង ដែលកំពុងតែរួមកម្លាំងគ្នាដើម្បីយកឈ្នះ​លោក​ អ៊ែរដូហ្កាន់នោះ ចោទលោក​ថា ពួកគេចាញ់ដោយសារតែលោកធ្វើ​ឲ្យ​បែកសន្លឹកឆ្នោត​។​ គួរបញ្ជាក់ដែរ ថាប៉ុន្មានថ្ងៃចុងក្រោយនេះ សមាជិក​ធំមួយចំនួន​នៃគណបក្សរបស់​លោក Muharrem Ince ក៏បានលាឈប់ ពីបក្ស​ដែរ ដោយសារតែ​បារម្ភខ្លាចថាលោក Muharrem Ince ក្លាយជាឧបសគ្គ នៃជ័យជំនះរបស់សម្ព័ន្ធបក្សប្រឆាំង ដឹកនាំដោយ​បេក្ខភាពរបស់លោក Kemal Kiliçdaroglu។ សម្ព័ន្ធបក្សប្រឆាំងនាំមុខ​ក្នុងការស្ទាបស្ទង់មតិ​ តាមការស្ទាបស្ទង់មតិ លោក Muharrem Ince បានទទួល​ចេតនាចង់បោះឆ្នោត​ឲ្យ​ពីប្រជាជនតួកគី ប្រមាណ​ចន្លោះពី ២ ទៅ ៤%ប៉ុណ្ណោះ។ ក៏ប៉ុន្តែត្រឹមប៉ុណ្ណេះ វាក៏សំខាន់ដែរ អាចធ្វើ​ឲ្យ​ប្រែប្រួល​ដល់លទ្ធផល​ របស់បេក្ខជនផ្សេងទៀត។ យោងតាមការស្ទាបស្ទង់​មតិចុងក្រោយ ផ្សាយ​កាលពីថ្ងៃព្រហស្បតិ៍ ធ្វើដោយ​ វិទ្យាស្ថានល្បីឈ្មោះមួយ ឈ្មោះ Konda បានបង្ហាញថា បេក្ខជនលោក Kemal Kiliçdaroglu បានទទួលចេតនាចង់បោះឆ្នោត​ឲ្យ​ពីប្រជាជន ចំនួន ៤៩,៣% ចំណែក​លោក អ៊ែរដូហ្កាន់ វិញ បានទទួលចំនួន ៤៣,៧%។ ការស្ទាបស្ទង់​មតិមួយទៀត ធ្វើនៅរវាងថ្ងៃទី​៩ និងទី​១០​ឧសភា ដោយវិទ្យាស្ថាន Metropoll បានបង្ហាញថា ជិត​៥០% នៃអ្នកបោះឆ្នោត ឲ្យ​លោក Muharrem Ince គឺគេអាច​យកសន្លឹកឆ្នោត​គេ​ទៅបោះឲ្យលោក Kemal Kiliçdaroglu។ ចំណែក​ អ្នកដែលចង់​ផ្ទេសន្លឹកឆ្នោត ទៅបោះជូន​លោក អ៊ែរដូហ្កាន់ គឺមាន​ប្រមាណ​១ភាគ​៤ប៉ុណ្ណោះ។ ដូច្នេះយើងឃើញថា យោងតាមការស្ទាបស្ទង់មតិទាំងនេះ គឺ​បេក្ខភាព​របស់​លោកអ៊ែរដូហ្កាន់ ដែលជាប្រធានាធិបតី​ចប់អាណត្តិ​ ហាក់ដូចជា​អាចប្រឈមគ្រោះថ្នាក់ អាចចាញ់។​ អវសាននៃរបបប្រធានាធិបតី​អំណាចមូលក្នុងដៃ?​ យើងសង្កេតឃើញថា ក្នុងការបោះឆ្នោតលើកនេះ សម្ព័ន្ធគណបក្សប្រឆាំង ដឹកនាំដោយ​បេក្ខភាព​របស់​លោក Kemal Kiliçdaroglu មានប្រៀប មានសន្ទុះគាំទ្រ ច្រើន​ជាងលោក អ៊ែរដូហ្កាន់ ដែលជាប្រធានាធិបតី​ចប់អាណត្តិ​។ បញ្ហាវិបត្តិសេដ្ឋកិច្ច អតិផរណា ជីវភាពប្រជាជនតួកគីកាន់តែលំបាក គឺជាកត្តាសំខាន់មួយ ដែលធ្វើ​ឲ្យ​ប្រជាប្រិយភាពរបស់​លោក អ៊ែរដូហ្កាន់ បានធ្លាក់ចុះ​។ យ៉ាងណាមិញ លោក​អ៊ែរដូហ្កាន់ បានសន្យា​ថា បើ​លោកឈ្នះឆ្នោត គឺលោក​នឹងដំឡើងប្រាក់​ខែមន្ត្រីរដ្ឋការ មួយគុណជា​២។ ជាការសន្យា ដែល​ហាក់ដូចជា​នៅតែគ្មាន​ឥទ្ធិពលខ្លាំងក្លា​ទេ​។​ ជាការកត់សំគាល់ ​លោកអ៊ែរដូហ្កាន់ បានកាន់អំណាច២០ឆ្នាំមកហើយ ដោយធ្វើជានាយករដ្ឋមន្ត្រី ពីឆ្នាំ​២០០៣ ដល់ ២០១៤ ហើយ​លោក​បានកែប្រែរដ្ឋធម្មនុញ្ញ ប្តូរផ្លាស់​ឲ្យតួកគី​អនុវត្តរបបនយោបាយ​ ប្រធានាធិបតីវិញ ចាប់ពីឆ្នាំ​២០១៤មក។ ពោលគឺជាការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីឲ្យ​លោកធ្វើជាប្រធានាធិបតី​មានអំណេញពេញដៃ មិនចាំបាច់​ពឹងលើរដ្ឋសភា។ ២០ឆ្នាំមកនេះ គឺប្រជាជនតួកគី បានសង្កេតឃើញ អំពីចំណុចអវិជ្ជមាន​ជាច្រើន ជាពិសេសក្នុងចំណោម​យុវជនវ័យ​ក្មេង ដែលពួកគេសង្កេតឃើញ ពីការប្រមូលអំណាចកាន់រួម​ទៅក្នុងដៃ​មនុស្សតែម្នាក់ គឺលោក​អ៊ែរដូហ្កាន់ ហើយ​និង​បញ្ហា​សិទ្ធិសេរីភាព​កាន់តែរួញខើច។ យ៉ាងណាមិញ បញ្ហាសិទ្ធិសេរីភាព ការបែកចែកអំណាង ពង្រឹងលទ្ធិប្រជាធិបតេយ្យនេះហើយ ដែលជា​បេះដូងនៃយុទ្ធនាការឃោសនារបស់​សម្ព័ន្ធបក្ស​ប្រឆាំង ដឹកនាំដោយ​លោក  Kemal Kiliçdaroglu។ បក្សប្រឆាំងសន្យា​ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ពង្រឹងការបែងចែងអំណាច​ លោក Kemal Kiliçdaroglu បានសន្យាថា បើ​លោកឈ្នះឆ្នោត គឺលោកនឹងរៀបចំធ្វើកំណែទម្រង់ជាច្រើន ជាពិសេសគឺ ការចាកចេញ​ពីរបបប្រធានាធិបតីតែម្តង។ លោកអះអាងថា របបដឹកនាំរាល់ថ្ងៃ ដែល​កើតចេញពី​មហិច្ឆិតាក្តោបអំណាចរបស់​លោកអ៊ែរដូហ្កាន់ វាបានបំផ្លាញ​លទ្ធិប្រជាធិបតេយ្យរបស់តួកគី។ លោក​បានសន្យាថា នឹងនាំតួកគី វិលត្រលប់ទៅកាន់របបសភា មានការបែងចែងអំណាចដោយត្រឹមត្រូវ។ អំណាចនីតប្រតិបត្តិ នឹងដឹកនាំដោយ​នាយករដ្ឋមន្ត្រី ដែល​អាស្រ័យ​លើសភាជាអ្នកបោះឆ្នោត​ផ្តល់ទំនុកចិត្ត​ ចំណែកមុខតំណែង​​ប្រធានាធិបតីវិញ គឺនៅតែមាន​ តែមិនដឹកនាំរដ្ឋាភិបាលទេ ហើយអាចឈរឈ្មោះបានតែមួយ​អាណត្តិប៉ុណ្ណោះ ដែលមានរយៈពេល​៧ឆ្នាំ។ លោក Kemal Kiliçdaroglu សន្យា​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌ឲ្យរឹងមាំ មានឯករាជ្យ ហើយ​សន្យា​ដោះលែងអ្នកទោសនយោបាយ​ជាច្រើននាក់ ដែលលោកអ៊ែរដូហ្កាន់ បានចាប់គុក​នាពេលកន្លងមកនេះ​។ ជាងនេះទៀត លោក​បានសន្យានឹងនាំតួកគីឈ្ពោះទៅកាន់ពន្លឺសង្ឃឹមនៃសិទិ្ធសេរីភាព ទាំងសេរីភាព​នៃការបញ្ចេញមិត និង​សេរីភាពសារព័ត៌មាន​។ លោក​សន្យាថា នឹង​លុបចោលមាត្រាច្បាប់ ដែលចែងអំពីបទល្មើ​ស​រិះគន់ជេរប្រមាថប្រធានាធិបតី។ មាត្រាច្បាប់នេះ ត្រូវបាន​លោកអ៊ែរដូហ្កាន់ ប្រើប្រាស់ដើម្បី​បំបិទមាត់អ្នករិះគន់ទាំងអស់។ តែយ៉ាងណាក៏ដោយ ការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញមិនមែនជាការងាយ​ធ្វើទេ ព្រោះថា​សភាត្រូវការសំឡេងឆ្នោត ចំនួន៣ភាគ៥។ នេះបើផ្អែកតាម​លោក Bertil Oder ​សាស្ត្រាចារ្យនីតិរដ្ឋធម្មនុញ្ញ នៅសកលវិទ្យាល័យ Koç ក្រុងអ៊ីស្តងប៊ូល។ ហេតុដូច្នេះហើយ លទ្ធផលឆ្នោត​នៅថ្ងៃអាទិត្យខាងមុខនេះសំខាន់ណាស់ ពោលគឺទាល់តែសម្ព័ន្ធបក្សប្រឆាំង ដឹកនាំដោយ​​លោក Kemal Kiliçdaroglu ឈ្នះនាំមុខខ្លាំង មានសមាជិកសភាគ្រប់គ្រាន់ ទើបអាចគោរពការសន្យា​ទាំងអម្បាលម៉ានបាន​៕
5/12/20237 minutes, 44 seconds
Episode Artwork

អាមេរិកត្រៀមប្រឈម​ភាពវឹកវរ​អន្តោប្រវេសន៍ ក្រោយ​វិធានការTitle 42 ចប់អស់​សុពលភាព

នៅសហរដ្ឋអាមេរិក វិធានការរឹតបន្តឹង​នៅច្រកព្រំដែន ដែល​ដាក់​ចេញ ក្នុង​អំឡុង​វិបត្តិកូវីដ ត្រូវ​ចប់​អស់​សុពលភាព ចាប់ពីយប់​១២យប់ ថ្ងៃព្រហស្បតិ៍​នេះ។ ដោយសារ​តែ វិធានការ​Title 42 ត្រូវ​ចប់អស់សុពលភាព អាជ្ញាធរ​អាមេរិក​កំពុង​ព្រួយបារម្ភ​ពី​ការផ្ទុះ​វិបត្តិ​ជនអន្តោប្រវេសន៍ ជាពិសេស​នៅតាមរដ្ឋជាប់ព្រំដែនជាមួយប្រទេស​ម៉ិចស៊ិក។ នៅទឹកដីម៉ិចស៊ិក ជាប់ព្រំដែន​ខាងត្បូង​របស់អាមេរិក ជនអន្តោប្រវេសន៍​រាប់ពាន់នាក់ បាន​ទៅ​បោះតង់ តាំងពីប៉ុន្មានថ្ងៃ​មកហើយ ក្នុង​ពេល​រង់ចាំ​វិធានការរឹតត្បិតការចេញចូលព្រំដែនអាមេរិក Title 42 ត្រូវអស់សុពលភាព ជាផ្លូវការ នៅយប់​ថ្ងៃ​ព្រហស្បតិ៍ទី ១១ ឧសភា។ អាមេរិក​ត្រូវ​បិទបញ្ចប់វិធានការរឹតត្បិត​លើការធ្វើដំណើរ​ចូលអាមេរិក នៅយប់ថ្ងៃព្រហស្បតិ៍។ វិធានការ​Title 42 ដែល​ត្រូវ​បានអនុវត្ត​៣ឆ្នាំ​មក​ហើយ ដើម្បី បិទខ្ទប់ លំហូរ​ជនអន្តោប្រវេសន៍ ក្នុងហេតុផល​ធានាការពារ​សុខភាពសាធារណៈ ក្នុង​សម័យកូវីដ ត្រូវ​បិទបញ្ចប់ ទន្ទឹមគ្នា នឹង​ការចប់អស់​សុពលភាព​វិធានការ​សុខភាព​បន្ទាន់នៅអាមេរិក នៅ​ថ្ងៃទី ១១ ឧសភា។ វិធានការ​Title 42 ជាអ្វី? ជាផ្នែកមួយ​នៃ​ច្បាប់​សេវាសុខភាព​សាធារណៈ​ឆ្នាំ ១៩៤៤ វិធានការ​ Title 42​អនុញ្ញាត​ឲ្យរដ្ឋាភិបាល​មានសិទ្ធិ​បិទខ្ទប់​លំហូរចូល​របស់​មនុស្ស និង​ទំនិញ ទៅក្នុងទឹកដីអាមេរិក ក្នុងគោលដៅ បង្កា ទប់ស្កាត់ការឆ្លងជំងឺរាតត្បាត ពី​ប្រទេស​ខាងក្រៅ។ នៅ​ខែមីនា ឆ្នាំ ២០២០ នៅក្នុងពេល​ដែល​វិបត្តិជំងឺកូវីដផ្ទុះឡើងខ្លាំង រដ្ឋបាល​លោកដូណាល់ត្រាំ​បានអនុវត្ត​វិធានការ​ Title 42 ក្នុង​ហេតុផល​ទប់ស្កាត់​ការឆ្លងរាលដាលមេរោគកូវីដ។ ប៉ុន្តែ សម្រាប់អង្គការ​ការពារ​សិទ្ធិមនុស្ស រដ្ឋបាល​លោកដូណាល់ត្រាំ បាន​ប្រើ​វិធានការ Title 42 ដើម្បី​ប្រឆាំង រារាំង​មិន​ឲ្យជនអន្តោប្រវេសន៍​ធ្វើដំណើរ​ចូល​ទឹកដីអាមេរិក។ ទៅ​តាម​វិធានការ​ Title ៤២ ជនអន្តោប្រវេសន៍​ដែលធ្វើដំណើរខុសច្បាប់ ចូលទឹកដីអាមេរិក ត្រូវ​គេចាប់បញ្ចេញ​ភ្លាមៗ ពីអាមេរិក។ នៅក្នុងរយៈពេល​៣ឆ្នាំនេះ អាជ្ញាធរអាមេរិក នៅរដ្ឋភាគខាងត្បូង​ជាប់​ព្រំដែនម៉ិកស៊ិក​បាន​ប្រើ​វិធានការ Title 42 ដើម្បី​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍ខុសច្បាប់ ជាង ២លាននាក់ ចេញ​ពី​អាមេរិក ដែល​នៅក្នុង​នោះមាន​ផងដែរ អ្នកដាក់ពាក្យសុំ​សិទ្ធិ​ជ្រកកោន។ នៅព្រំដែន​អាមេរិក ម៉ិកស៊ិក មន្រ្តីអន្តោប្រវេសន៍អាមេរិក​បាន​ប្រើ​វិធានការ Title​42 ដើម្បីកាត់បន្ថយ ពេលវេលា​មកនៅត្រឹមតែ ១០នាទីប៉ុណ្ណោះ ដើម្បី​ពិនិត្យ​មើលសំណុំឯកសារដាក់ពាក្យ​សុំ​សិទ្ធិជ្រកកោន។ ជាញឹកញយ អ្នកដាក់ពាក្យសុំសិទ្ធិជ្រកកោន ត្រូវ​មន្រ្តីអន្តោប្រវេសន៍អាមេរិក​បដិសេធ និង​សម្រេច​ចាប់បញ្ជូនចេញ​ពីអាមេរិក​ដូច​ជនអនោ្តប្រវេសន៍ខុសច្បាប់ផ្សេងទៀត។ សម្រាប់​អង្គការ​ការពារ​សិទ្ធិមនុស្ស ដោយអនុវត្ត​វិធានការ​ Title 42 អាជ្ញាធរព្រំដែន​អាមេរិក​បានបិទភ្នែក មិនខ្វល់​ពី​សន្តិសុខ​របស់​អ្នកសុំជ្រកកោន ដែលតាមពិត​បាន​រត់គេចពីអំពើហិង្សា អសន្តិសុខ និងការធ្វើទុក្ខបុកម្នេញ នៅក្នុងប្រទេស​កំណើត​របស់​ពួកគេ។ រដ្ឋបាល​លោកចូ បៃដិនផ្ទាល់ ធ្លាប់​បាន​ប្រកាស​ចង់បិទបញ្ចប់ វិធានការ Title42​ម្តងជាពីរដង ប៉ុន្តែ​មិនបាន​សម្រេច ដោយសារ​ការប្រឆាំង​របស់​អភិបាលរដ្ឋ​ដែលកំពុង​ប្រឈម​នឹង​វិបត្តិលំហូរជនអន្តោប្រវេសន៍។ នៅ​២ខែមុននេះ ​លោក​ប្រធានាធិបតី​ចូ បៃដិន​បាន​ប្រកាស​បិទបញ្ចប់​វិធានការអាសន្ន​កូវីដ ដែលត្រូវ​អស់សុពលភាព នៅថ្ងៃទី ១១​ឧសភា ថ្ងៃ​ព្រហស្បតិ៍នេះ។ ជាលទ្ធផល វិធានការ​ Title 42 ត្រូវចាប់អនុវត្ត ក៏​ដោយសារ​ហេតុផល​ជំងឺកូវីដ ក៏ត្រូវ​បិទបញ្ចប់​នៅថ្ងៃព្រហស្បតិ៍ទី ១១​ឧសភា។ តើមានរឿងអ្វីកើតឡើង នៅក្រោយ​វិធានការ​Title 42 ត្រូវ​ចប់អស់សុពលភាព ការផ្ទុះវិបត្តិជនអន្តោប្រវេសន៍សាជាថ្មី ជាពិសេស នៅ​ព្រំដែន​ភាគខាងត្បូងអាមេរិក ដែលជាប់ជាមួយព្រំដែនប្រទេស​ម៉ិកស៊ិក។ ដូច​បានលើកខាងដើម តាំងពី​ដឹងថា វិធានការ​Title 42​ត្រូវ​ចប់អស់សុពលភាព​នៅយប់​ថ្ងៃ​ព្រហស្បតិ៍នេះ ជនអន្តោប្រវេសន៍ដែលភាគច្រើនមកពី​ប្រទេស​នៅភាគខាងត្បូង​ទ្វីបអាមេរិក រាប់ពាន់​នាក់ បាន​មក​កកកុញ បោះជំរំ នៅតំបន់ព្រំដែន ក្នុងបំណង​ចូលទៅដាក់ពាក្យ​សុំសិទ្ធិ​ជ្រកកោន នៅទឹកដីអាមេរិក។ ជនអន្តោប្រវេសន៍ភាគច្រើន​មានក្តីសង្ឃឹមថា ដោយសារ​តែ​ Title 42​ចប់អស់សុពលភាព នោះអាជ្ញាធរអន្តោប្រវេសន៍​នឹង​​មិនចាប់​ចាប់បញ្ជូន​ពួកគេ​ចេញភ្លាមៗ ពីទឹកដីអាមេរិកនោះទេ។ ត្រូវដឹងថា នៅពេល​លែងមាន​វិធានការ​​ Title 42 ឆ្មាំព្រំដែន​អាមេរិកត្រូវ​ត្រលប់​ទៅប្រើនិតិវិធីចាស់ ដើម្បីសម្រេច​លើការដាក់ពាក្យសុំសិទ្ធិជ្រកកោន។ ជា​នីតិវិធីដែលត្រូវប្រើពេលវេលាយូរ ដូច្នេះ​ក្នុងពេល​រង់ចាំ​ការសម្រេច​ផ្តល់សិទ្ធិជ្រកកោន ជនអន្តោប្រវេសន៍​នឹង​ត្រូវ​គេឃុំខ្លួន នៅព្រំដែនអាមេរិក ឬ​ត្រូវ​លែង​ឲ្យមានសេរីភាព ក្នុងពេល​រង់ចាំការសម្រេច​របស់​តុលាការ​ស្តីពីពាក្យសុំសិទ្ធិជ្រកកោន។ ស្ថានភាពនេះ​នឹងទៅបង្ក​បញ្ហា​ឈឺក្បាល​ដល់បណ្តារដ្ឋ​ដែលត្រូវ​ប្រឈមបញ្ហាវិបត្តិជនអន្តោប្រវេសន៍ ជាពិសេស​រដ្ឋ​តិចសាស់ ដែលជាប់ព្រំដែន​ជាមួយ​ម៉ិកស៊ិក។ នៅមួយថ្ងៃ​មុន​ដែល​ជនអន្តោប្រវេសន៍ អាច​ហូរចូលដូចទឹកបាក់ទំនប់ ចូលទឹកដីអាមេរិក អភិបាល​រដ្ឋ​តិចសាស់ បានប្រកាស​ភាពអាសន្នរួចហើយ។ ប្រកាស​អាសន្ន​ព្រោះ វិបត្តិលំហូរជនអន្តោប្រវេសន៍ ​នឹង​ដាក់សម្ពាធផ្នែកហិរញ្ញវត្ថុ និង​ការចំណាយ​កម្លាំងរក្សាសន្តិសុខ របស់រដ្ឋតិចសាស់ ដែលត្រូវ​ប្រឈម​មុនគេ​បញ្ហា​ជនអន្តោប្រវេសន៍។ ដោយពិតទៅ បើ​ទោះជា​វិធានការ នៅ​មាន​ជាធរមាន​នៅ​ឡើយ ក៏​ប៉ូលិស​ព្រំដែន​តែងបាន​ចាប់​ខ្លួន​អន្តោប្រវេសន៍​ខុស​ច្បាប់ ជាមធ្យម​៧៨០០នាក់​ ក្នុង​មួយ​ថ្ងៃ  ពោល​គឺ​ជិត​៥ដង​លើស​ឆ្នាំ ២០១៩ មុនសម័យកូវីដ។ អ្វីដែលអាជ្ញាធរអាមេរិក​ព្រួយបារម្ភខ្លាំងលើកនេះ នៅត្រង់ថា ការចប់អស់សុពលភាព​វិធានការ Title 42នឹង​លើកទឹកចិត្ត​ឲ្យជនអន្តោប្រវេសន៍ ចង់ធ្វើដំណើរ​មកអាមេរិក។ ពួកឈ្មួញជួញដូរមនុស្ស​អាច​ដើរឃោសនា បញ្ចុះបញ្ចូល បោកប្រាស់​យកប្រាក់​ពីជនអន្តោប្រវេសន៍ តាមរយៈ ការសន្យា​ថា ពួកគេនឹង​អាច​ទៅរស់នៅទឹកដីអាមេរិក ដោយ​មិនចាំបាច់​ត្រូវ​ជួបបញ្ហាក្រដាសស្នាមដូចមុន។ ដើម្បី​ទប់លំហូរ​ជនអន្តោប្រវេសន៍ តើ​រដ្ឋាភិបាលអាមេរិក​មានបានប្រុងប្រៀប​ត្រៀម​ចាត់វិធានការ​អ្វីដែរឬទេ? នៅពីរថ្ងៃមុនដែល​អាមេរិកឈប់​អនុវត្ត​វិធានការTitle 42​ លោកប្រធានាធិបតី​ចូ បៃដិន​ផ្ទាល់ទទួលស្គាល់​ថា អាមេរិក​នឹង​ជួបភាពវឹកវរ មួយរយៈ ប៉ុន្តែ រដ្ឋបាល​របស់​លោកបានត្រៀម​លក្ខណៈរួចហើយ​ដើម្បីទប់ទល់ ដោះស្រាយវិបត្តិលំហូរជនអន្តោប្រវេសន៍។ រដ្ឋាភិបាល​បាន​បញ្ជូនភ្នាក់ងារ និង​កម្លាំងរក្សាសន្តិសុខ ២៤០០០នាក់ បន្ថែមពីលើទាហាន​ជាង ៤ពាន់នាក់ ដែលត្រូវបានបញ្ជូន​រួចហើយ​ទៅព្រំដែន ដើម្បីធានារក្សាសណ្តាប់ធ្នាប់​នៅព្រំដែន។ ក្រៅពីបញ្ជូនទាហាន ទៅជួយ​ឆ្មាំព្រំដែនដែលអាច​ប្រឈមនឹង​វិបត្តិលំហូរជនអន្តោប្រវេសន៍ រដ្ឋបាលអាមេរិក​នៅបាន​បង្កើតវិធានការ​ថ្មីមួយទៀត​ដែលត្រូវ​ចូលជាធរមាន​នៅយប់ថ្ងៃ​ព្រហស្បតិ៍នេះ ទាក់ទង​នឹង​ការដាក់ពាក្យសុំសិទ្ធិជ្រកកោន។ រដ្ឋបាលលោក​ចូ បៃដិន​គ្រោង​បង្កើត​មជ្ឈមណ្ឌល​តំណាងអាមេរិក ជាង​៣ម៉ឺនកន្លែង នៅប្រទេស​ចំនួន ៤ ដើម្បី​ពិនិត្យ​មើលពាក្យសុំសិទ្ធិជ្រកកោន និងបញ្ហាមនុស្សធម៌។ តាម​វិធានការ​ថ្មី រដ្ឋបាលលោក​ចូ បៃដិន​ចង់​លើកទឹកចិត្ត​ឲ្យ​គេធ្វើដំណើរ​ចូលទឹកដីអាមេរិក​ដោយស្របច្បាប់ ដោយលែងប្រថុយធ្វើដំណើរខុសច្បាប់​ចូលអាមេរិក។ មានន័យថា អ្នកដែល​ដាក់ពាក្យសុំសិទ្ធិជ្រកកោន ត្រូវសុំការណាត់ជួបជាមួយមន្រ្តីអាមេរិកជាមុន តាមទូរស័ព្ទ និង​ត្រូវបង្ហាញថា ពួកគេ​ត្រូវបាន​ប្រទេស​មួយ​បដិសេធរួចហើយ មុន​នឹង​មកដាក់ពាក្យសុំសិទ្ធិជ្រកកោន​នៅអាមេរិក។ មានន័យថា បើសិន​គេ​គ្មាន​ឯកសារ​បង្ហាញថា ខ្លួន​ត្រូវ​ប្រទេស​មួយ​ធ្លាប់​បដិសេធការសុំសិទ្ធិជ្រកកោន ហើយ​ពួកគេធ្វើដំណើរ​ចូលខុសច្បាប់​ក្នុងទឹកដីអាមេរិក នោះ ពួកគេ​ត្រូវ​អាមេរិកបដិសេធ ដោយស្វ័យប្រវត្តិមិន​ឲ្យចូលទឹកដីអាមេរិក ៥ឆ្នាំ និងត្រូវ​បញ្ជូន​ចេញ ពីទឹកដីអាមេរិកភ្លាមៗ។ ម្យ៉ាង រដ្ឋបាលអាមេរិក​បានទទួលការសន្យាពីភាគីម៉ិកស៊ិក ដែល​សុខចិត្តយល់ព្រមទទួល​ជនអន្តោប្រវេសន៍ប្រមាណ ៣ម៉ឺននាក់ ដែលអាមេរិកចាប់បញ្ជូន​ចេញពី​អាមេរិក ក្នុងមួយឆ្នាំៗ៕
5/11/20237 minutes, 9 seconds
Episode Artwork

ជំងឺស៊ីដា៖ ៤០ឆ្នាំ​នៃការ​ប្រឹងប្រែង បន្ទាប់ពីការរកឃើញមេរោគ និងការស្រាវជ្រាវរក​ថ្នាំពន្យារជីវិត

គិតមកទល់ពេលនេះ គឺមានរយៈពេល​៤០ឆ្នាំហើយ ដែល​មេរោគ VIH ឬ HIV ដែលជាប្រភពបង្កជំងឺស៊ីដា ឬ ជំងឺអេដស៍ ត្រូវបានគេរកឃើញ។ ជំងឺដ៏កាចសាហាវ ដែលឆ្លងតាមឈាមនេះ​ បានសម្លាប់ជីវិតមនុស្ស​ប្រមាណ​៤០លាន​នាក់ នៅទូទាំងពិភពលោក។ ៤០ឆ្នាំមកនេះ ការស្រាវជ្រាវវិទ្យាសាស្ត្របានរីកចម្រើនយ៉ាងខ្លាំង រហូតឈានទៅរកឃើញ ថ្នាំគ្រាប់ពន្យាជីវិត ដែលមានប្រសិទ្ធភាពខ្ពស់​។​ ការរីកចម្រើន ដែលបានចូលរួមចំណែកយ៉ាងច្រើន ដល់ការផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សទូទៅ ឲ្យ​ឈប់គិតអគតិ ឬរើសអើងទៅលើ​អ្នកផ្ទុកមេរោគជម្ងឺអេដស៍​។ ជំងឺអេដស៍(Aids) ឬហៅជាភាសាបារាំងថាជំងឺស៊ីដា(Sida) បានចាប់ផ្តើមលេចមុខជាលើកដំបូង នៅរវាងខែមិថុនា ឆ្នាំ​១៩៨១។ កាលណោះ អាជ្ញាធរសុខាភិបាលអាមេរិក បានសង្កេតឃើញ ថាមានករណី​មនុស្សប្រុសវ័យក្មេងពេញកម្លាំង៥នាក់ ដែលជាអ្នកស្រលាញ់ភេទដូចគ្នានៅរដ្ឋកាលីហ្វ័រញ៉ា មានជំងឺសួតឈ្មោះ Pneumocystose  ធ្លាក់ខ្លួនឈឺមួយរំពេច​។ តាមធម្មតាជំងឺសួតនេះជាជំងឺកម្រ ហើយកើតបានទាល់តែប្រព័ន្ធអង់ទីក័រចុះខ្សោយ​ខ្លាំងយកតែមែនទែន តែនេះវាចម្លែក ព្រោះអ្នកជំងឺជាមនុស្សពេញកម្លាំង មិនមានជម្ងឺអ្វីផ្សេងសោះ។ ក្រោយ​មកគេបានរកឃើញករណី​ជំងឺនេះ ក្នុងចំណោមអ្នកញៀនថ្នាំញៀន នៅអាមេរិក ដែលប្រើប្រាស់ការចាក់ម្ជុលសឺរាង។ មានដំណឹងរីកសាយភាព ធ្វើឲ្យ​ផ្អើល​កាលជំនាន់នោះ ថាមានជំងឺថ្មី ដែលជាជំងឺរបស់ពួកអ្នកស្រលាញ់ភេទដូចគ្នា និង​ក្នុងចំណោមពួកអ្នកញៀនថ្នាំញៀនអីជាដើម។ ​ក្រោយ​មក នៅរវាង​ពាក់កណ្តាលឆ្នាំ​១៩៨២ ក៏មានករណីឆ្លង ក្នុងចំណោម​អ្នកជម្ងឺដែល​ប្តូរឈាម ឬបញ្ចូលឈាម និង​ក្នុងចំណោមសហគមន៍ជនជាតិហៃទី រស់នៅអាមេរិក​​​ថែមទៀត។ ការស្រាវជ្រាវ រក rétrovirus ដែលបង្ករជំងឺស៊ីដា ពាក្យ​ថា ជម្ងឺអេដស៍ ឬ ស៊ីដា (Syndromes d’immunodéficience acquise) ត្រូវបានគេ​ចាប់ផ្តើមប្រើប្រាស់ ​ចាប់ពីខែកញ្ញា​ឆ្នាំ​១៩៨២។ អ្នកជំនាញចាត់ទុកថា ជាប្រភេទជំងឺម្យ៉ាង ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធអង់ទីករ ចុះខ្សោយទៅៗ បើកផ្លូវឲ្យជំងឺគ្រប់ជំពូក ចូលមកទន្ទ្រានសរីរាង្គ សារពាង្គកាយមនុស្ស​​​។ អ្នកស្រាវជ្រាវធំៗ​ ​បានចាប់ផ្តើម ផ្តោតការចាប់អារម្មណ៍​ រកមើលថាតើ មេរោគអ្វី ដែលបង្កជំងឺ​ប្រភេទថ្មីដ៏កាចសាហាវនេះ​។ នៅអាមេរិកការស្រាវជ្រាវរកមេរោគបង្ករជំងឺអេដស៍នេះ គឺនាំមុខដោយអ្នក​​ជំនាញដ៏ល្បី ផ្នែកស្រាវជ្រាវមេរោគជម្ងឺមហារីក ឈ្នោះ Robert Gallo។ លោក​ម្នាក់នេះបានសង្ស័យថា មេរោគបង្ករជំងឺអេដស៍ អាចជាប្រភេទមេរោគក្រុម Rétrovirus ។ នៅបារាំងវិញ គឺអ្នក​ស្រាវជ្រាវនៅ​វិទ្យាស្ថានប៉ាស្ទ័រ២នាក់  គឺលោកស្រី Françoise Barré-Sinoussi និង Jean-Claude Cherman ដឹកនាំដោយលោកសាស្ត្រាចារ្យ​ Luc Montagnier ក៏បាន​ផ្តោតការសង្ស័យទៅលើ មេរោគក្រុម​ Rétrovirus ដែរ។ នៅខែមករា ដើមឆ្នាំ​១៩៨៣ ក្រុមអ្នកជំនាញបារាំង បាន​បូមយកបាន​នូវគ្រាប់កូនកណ្តុរ ពីអ្នកជំងឺម្នាក់ដែលទើបតែធ្លាក់ខ្លួនឈឺនៅទីក្រុងប៉ារីស។ ឆ្លងកាត់​ការស្រាវជ្រាវ វិភាគអស់ជាច្រើនខែ ទើបនៅខែឧសភាឆ្នាំ​១៩៨៣ ក្រុមអ្នកជំនាញ​បារាំងបាន​បំបែក​ ផ្តាច់មេរោគថ្មីមួយបាន ​ចេញពី​សេលុលនោះ។ មេរោគ Rétrovirus ថ្មីនេះ ត្រូវបានអ្នកជំនាញបារាំង​ដាក់ឈ្មោះថា LAV ហើយដែលគេជឿថាជាអ្នក​បង្ករជំងឺស៊ីដា​។ លទ្ធផលនៃការស្រាវជ្រាវនេះ​ ត្រូវបាន​ចុះផ្សាយនៅថ្ងៃទី​២០ឧសភាឆ្នាំ​១៩៨៣ក្នុងទស្សនាវត្តី The Science។ នៅឯអាមេរិក​ឯណោះវិញ គឺទាល់តែថ្ងៃទី​២៣មេសាឆ្នាំ​១៩៨៤ ទើបលោក​ Robert Gallo បានចុះផ្សាយពីលទ្ធផលស្រាវជ្រាវ បំបែក​ផ្តាច់មេរោគបាន ដោយ​​ដាក់ឈ្មោះថា HTLV-3។ បារាំងនិងអាមេរិក​ដណ្តើមគ្នា ថាអ្នក​បាន​រកឃើញមេរោគ VIH/HIV ការប្រជែងគ្នា រវាងបារាំងនិងអាមេរិក​​ក៏ចាប់ផ្តើមផុសផុលឡើង។ ពេល​ក្រុមអ្នកជំនាញ​បារាំងដាក់ពាក្យសុំប្រកាសនីយ​ប័ត្រ​ ដើម្បីបើកការធ្វើតេស្តរកមេរោគ អាជ្ញាធរសុខាភិបាលអាមេរិកបានបដិសេធមិនឲ្យទេ ដោយថាមិនទាន់ទុកចិត្ត​។ តែក្រោយ​មក នៅពេល​ក្រុមស្រាវជ្រាវអាមេរិក​ ដាក់ពាក្យ​ប្រកាសនីយប័ត្រ អាជ្ញាធរសុខាភិបាលអាមេរិក​បានអនុញ្ញាតភ្លាមមួយរំពេច។ ពីដំបូងគេគិតថា មេរោគទាំង២ ដែលគេរកឃើញនេះ វាខុសគ្នា។​ តែក្រោយមក នៅ​​ខែមករា​ឆ្នាំ​១៩៨៥ ទើបបានគេស្រាវជ្រាវដឹងថា ការពិតក្រុមអ្នកស្រាវជ្រាវបារាំងនិង​អាមេរិក បានរកឃើញមេរោគដូចគ្នាទេ។ ឆ្នាំ​១៩៨៦ គេក៏បានព្រមព្រៀងគ្នាហៅឈ្មោះមេរោគនេះ​តែមួយ គឺមេរោគ​​HIVជាភាសាអង់គ្លេស​ VIH ជាភាសាបារាំង។ លុះដល់ឆ្នាំ​១៩៨៧ ទើបមានកិច្ចព្រមព្រៀងរួមមួយ រវាងភាគីទាំង២បារាំង និងអាមេរិក ដើម្បីបញ្ចប់វិវាទប្រជែងគ្នា ដោយសន្មត់ថា គឺលោក​ Robert Gallo និងលោកសាស្ត្រាចារ្យ Luc Montagnier បានរកឃើញមេរោគ VIH/HIV ទាំង២នាក់តែម្តង ដើម្បីកុំឲ្យច្រណែនគ្នា។ តែយ៉ាងណា គណៈកម្មការពានរង្វាន់ណូប៊ែល បានសម្រេច​នៅឆ្នាំ​២០០៨ ប្រគល់ពានរង្វាន់ណូប៊ែលវេជ្ជសាស្ត្រ ជូនទៅតែក្រុម​អ្នកស្រាវជ្រាវបារាំងទេ ព្រោះថាការពិត គឺក្រុមអ្នកស្រាវជ្រាវបារាំងរកឃើញមេរោគនេះមុនក្រុមស្រាវជ្រាវអាមេរិក​ ដល់ទៅមួយឆ្នាំឯណោះ។ ថ្នាំគ្រាប់ពន្យារជីវិត Trithérapie ពីដំបូង គឺនៅរវាងឆ្នាំ​១៩៨៧ អ្នកជំនាញ​នៅអាមេរិកបានស្រាវជ្រាវ ផលិតបានថ្នាំមួយប្រភេទ ឈ្មោះ ​AZT ដែលជាប្រភេទថ្នាំ Antirétroviral។ តែថ្នាំនេះ មានតម្លៃថ្លៃណាស់ ហើយ​អាចបង្កជា​ផលវិបាកច្រើនណាស់ ទៅលើសុខភាពអ្នកជំងឺ។ ចន្លោះពីចុងឆ្នាំ​៨០ ដើមឆ្នាំ៩០ មានមនុស្សស្លាប់ច្រើនណាស់ ដោយជំងឺស៊ីដានេះ។ តារាល្បីៗប្រុសស្រីស្លាប់ជាបន្តបន្ទាប់។ លុះដល់ឆ្នាំ ១៩៩៦ លទ្ធផលស្រាវជ្រាវលើ​ថ្នាំគ្រាប់ប្រភេទថ្មី ត្រូវបានគេបង្ហាញ​នៅក្នុងសន្និសីទអន្តរជាតិ ស្តីពី Rétrovirus នៅទីក្រុងវ៉ាស៊ីនតោន។ គេស្រាវជ្រាវរកឃើញថ្នាំ២ប្រភេទ ឈ្មោះថា inhibiteurs de protéase និង inhibiteur non-nucléosidiques។ ថ្នាំ២មុខនេះយកទៅប្រើជាមួយ​ថ្នាំគ្រាប់ antirétroviral បានបង្ហាញប្រសិទ្ធភាពខ្ពស់ ដោយគេដាក់ឈ្មោះរបៀបព្យាបាលនេះថា Trithérapie។ ថ្នាំគ្រាប់ទាំងនេះ មិនអាច​សម្លាប់មេរោគ VIH ឲ្យ​អស់ពីក្នុងខ្លួនមែន តែវាអាចទប់កុំឲ្យ​មេរោគនេះវារីកសាយភាព បំផ្លាញប្រព័ន្ធអង់ទីករ និងសរីរាង្គ។ អញ្ចឹងហើយបានគេហៅថ្នាំនេះ ថាជាថ្នាំពន្យារជីវិត មិនមែនជាថ្នាំព្យាបាលឲ្យជាសះស្បើយនោះទេ។ នៅអាមេរិក ចាប់ពីឆ្នាំ​១៩៩៦មក ចំនួន​អ្នកស្លាប់ដោយ​ជំងឺស៊ីដា បានចុះ។ ៣ភាគ៤នៃអ្នកផ្ទុកមេរោគអេដស៍ ទទួលបានថ្នាំគ្រាប់ពន្យារជីវិត ថ្នាំគ្រាប់ពន្យារជីវិត Trithérapie មានតម្លៃថ្លៃ ហើយ​មានភាគច្រើនតែនៅតាមប្រទេសអ្នកមាន។ នៅឆ្នាំ២០០១ ដោយ​មានការផ្តួចផ្តើម​ ពី​ ONUSIDA កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី​១៣ វិច្ឆិកា ២០០១ នៅ​អង្គការពាណិជ្ជកម្ម​ពិភពលោក ដើម្បីឲ្យ​ក្រុមហ៊ុន​ផលិតឱសថធំៗ យល់ព្រម​បើក​ផ្លូវ ​ឲ្យ​ប្រទេសកំពុង​អភិវឌ្ឍន៍​ អាច​មានសិទ្ធិផលិត​ថ្នាំគ្រាប់ពន្យារជីវិត ក្នុងតម្លៃថោក​ យកទៅជួយប្រជាជន​នៅតាមប្រទេសក្រីក្រ តួយ៉ាងដូចជានៅអាហ្វ្រិក ជាទីដែល​មានអ្នកផ្ទុក​មេរោគអេដស៍ច្រើនបំផុត​។​ បច្ចុប្បន្ននេះ ការស្រាវជ្រាវថ្មីៗបន្ថែម បានធ្វើឲ្យ​ថ្នាំគ្រាប់​ប្រភេទ Trithérapies កាន់តែវិវឌ្ឍន៍រីកចម្រើនមានប្រសិទ្ធភាពខ្លាំងណាស់ មានផលវិបាកកាន់តែស្រាលលើសុខភាព ហើយ​មិនចាប់បាច់លេបរៀងរាល់ថ្ងៃក៏បាន​ដែរ។​ បច្ចុប្បន្ន​ដែលផ្ទុកមេរោគអេដស៍ ដែល​ប្រើប្រាស់ថ្នាំនេះ អាចរស់នៅមានអាយុវែង ដូចមនុស្សទូទៅធម្មតា។ ដោយឡែក ការស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងមេរោគអេដស៍វិញ រហូតមកទល់ពេលនេះ ពុំមានលទ្ធផលគួរ​ឲ្យ​យកជាការបាន​ទេ​។ យោងតាមតួលេខ ONUSIDA នៅឆ្នាំ​២០២១ យ៉ាងហោចណាស់ អ្នកផ្ទុកមេរោគអេដស៍ចំនួន​៣ភាគ៤ ទូទាំងពិភពលោក​ បានទទួលការថ្នាំគ្រាប់ពន្យារជីវិត ពោលគឺប្រមាណ​ ២៨,៧លាននាក់ ក្នុងចំណោមទាំងអស់ ៣៨,៤លាន​នាក់។ ក៏ប៉ុន្តែ វិបត្តិកូវីដកន្លងមកនេះ បានធ្វើឲ្យរំខានខ្លាំងណាស់ ដល់យុទ្ធនាការផ្សព្វផ្សាយបង្ការការឆ្លងរាលដាល​​ និង​ផ្តល់ថ្នាំ។ ឆ្នាំ​២០២១ មានអ្នកស្លាប់ដោយជំងឺអេដស៍​ចំនួន ៦៥ម៉ឺននាក់ ហើយ​មានករណីឆ្លងថ្មីដល់ទៅ ១,៥លាននាក់។ ដូច្នេះ ការប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ឬជំងឺស៊ីដានេះ នៅមិនទាន់ចប់នោះទេ។ កម្មវត្ថុរបស់អង្គការសហប្រជាជាតិ គឺ​ធ្វើយ៉ាងណាធ្វើ​ឲ្យ​ជំងឺនេះឈប់ជាការគំរាម​ដល់​សុខភាពសាធារណៈ នៅ​រវាងឆ្នាំ​២០៣០៕
5/10/20239 minutes, 2 seconds
Episode Artwork

វិបត្តិ​ការទូត ​ផ្ទុះឡើង​សាជាថ្មី រវាង​ចិន​និង​កាណាដា

ថ្មីៗនេះ វិបត្តិការទូត រវាង​ចិននិងកាណាដា បាន​ផ្ទុះឡើងសាជាថ្មី។ ទំនាក់ទំនងការទូត ដែល​បានរកាំរកូសមិនទាន់ជាសះស្បើយនៅឡើយ​នោះ បាន​រង្គោះរង្គើរ បន្ទាប់ពី​កាណាដាបានបណ្តេញមន្ត្រីទូតចិនម្នាក់ កាលពីថ្ងៃចន្ទម្សិលមិញនេះ​។ ជាការឆ្លើយតបវិញ ក្រសួងការបរទេសចិន បានប្រកាសនៅព្រឹកថ្ងៃអង្គារទី​៩ឧសភា បណ្តេញ​មន្ត្រីទូតកាណាដាម្នាក់​ ប្រចាំនៅក្រុងសៀងហៃ។ យោងតាមលិខិតប្រកាសរបស់ក្រសួងការបរទេសចិន ចេញផ្សាយ​នៅព្រឹកថ្ងៃអង្គារទី​ឧសភា​ គឺរដ្ឋាភិបាល​ចិន បានសម្រេច​ បណ្តេញ​មន្ត្រីទូតកាណាដាម្នាក់ គឺលោកស្រី Jennyfer Lynn Lalonde មានតំណែងជាអគ្គកុងស៊ុលកាណាដា ប្រចាំនៅទីក្រុងសៀងហៃ។ មន្ត្រីទូតរូបនេះ ត្រូវតែចាកចេញ​ពីទឹកដីចិន ឲ្យ​បានមុនថ្ងៃទី ១៣ឧសភា។ ក្រសួងការបទេសចិន បាន​លើកឡើងថា​ វិធានាការនេះ គឺជាការឆ្លើយតបយ៉ាងសមរម្យបំផុត ចំពោះអាកប្បកិរិយារបស់រដ្ឋាភិបាល​កាណាដា ដែលចិនបានចាត់ទុកថា ជា​សកម្មភាពរករឿងដោយ​គ្មានហេតុផលត្រឹមត្រូវ។ គិតមកត្រឹមពេលនេះ មិនទាន់​មានប្រតិកម្មណាមួយ ពី​ក្រសួងការបរទេសកាណាដា ឬពីស្ថានទូតកាណាដាប្រចាំនៅ​ប៉េកាំងទេ។​ មុននឹងមានការសម្រេចរបស់ចិននេះ គឺកាលពីថ្ងៃចន្ទទី​៨ឧសភា​ ក្រសួងការបរទេសកាណាដា បានប្រកាសបណ្តេញ​មន្ត្រីទូតចិន​ម្នាក់ ឈ្មោះ Zhao Wei ​ដែលជាបុគ្គលិក​ស្ថានកុងស៊ុលចិន ប្រចាំនៅក្រុងអូតាវ៉ា។ លោកស្រី Melanie Joly រដ្ឋមន្ត្រីការបរទេសកាណាដា បាន​អះអាងថា កាណាដា មិនអាចអនុញ្ញាតឲ្យ​មានការលូកដៃចូល​មកក្នុងកិច្ចការផ្ទៃក្នុងរបស់កាណាដា ពី​សំណាក់​មន្ត្រីទូតចិនបានឡើយ​។ មន្ត្រីចារកិច្ចចិន​គំរាម​សន្តិសុខ​សមាជិកកាណាដា​ ដំណើរដើមទង គឺមានពាក់ព័ន្ធនឹងសមាជិកសភាកាណាដាម្នាក់ ឈ្មោះ Michael Chong។ លោកMichael Chong ដែលមានដើមកំណើតចិន មានក្រុមគ្រួសាររស់នៅហុងកុង គឺជាសមាជិកសភាកាណាដាមកពី គណ​បក្ស​ប្រឆាំង។ លោក​ម្នាក់នេះ ត្រូវបាន​គេស្គាល់ថាជាអ្នកបានចេញ​មុខរិះគន់ចិនញឹកញាប់ណាស់ ទាក់ទិននឹងបញ្ហាលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សជាដើម។ ជាក់ស្តែង នៅក្នុង​ពេលដែលសភាកាណាដា បានចេញសេចក្តីថ្លែងការណ៍ កាលពី​ខែ​កុម្ភៈ ២០២១ ថ្កោលទោសចិន ថាបាន​ធ្វើសកម្មភាព​មានទម្រង់ជា អំពើ “ប្រល័យ​ពូជសាសន៍” ទៅលើប្រជាជនអ៊ុយហ្កួរនៅខេត្តស៊ីជាំង គឺ​លោក​​ Michael Chong បានចូលរួម​បោះឆ្នោតគាំទ្រ។ ផ្អែកតាម​ចុះផ្សាយរបស់​សារព័ត៌មានកាណាដាមួយឈ្មោះ Globe and Mail បាន​ឲ្យ​ដឹងថា លោក Michael Chong ព្រមទាំងក្រុមគ្រួសារ បានរងនូវការគំរាមកំហែងសន្តិសុខ ការដាក់សំពាធ និ​ងសំឡុត​ ពីសំណាក់មន្ត្រីចារកិច្ច​ចិន​។ សារព័ត៌មាននេះ បានចុះផ្សាយថា មានការប្រជុំបន្ទាន់មួយ កាលពីសប្តាហ៍​មុននេះ នៅឯសភាកាណាដា ដោយ​មានវត្តមាន​លោក នាយករដ្ឋមន្ត្រី យូស្តាំង ទ្រុយដូ លោក​ទីប្រឹក្សាសន្តិសុខជាតិកាណាដា លោក​ប្រធាន​ស៊ើបការណ៍សំងាត់កាណាដា និង​លោក Michael Chong ផ្ទាល់តែម្តង។ ការប្រជុំគ្នានេះ គឺគេនិយាយអំពី​បញ្ហាសន្តិសុខ ដែលសមាជិកសភាកាណាដារូបនេះ កំពុងតែប្រឈម។ គឺបន្ទាប់​ពីមានការប្រជុំនេះហើយ ទើបរដ្ឋាភិបាល​កាណាដា តាមរយៈលោកស្រីរដ្ឋមន្ត្រីការបរទេស​ បានសម្រេចបណ្តេញ​មន្ត្រីទូតចិនម្នាក់ ឈ្មោះ Zhao Wei ឲ្យ​ចេញពីកាណាដា ដើម្បីបង្ហាញថា កាណាដា​ប្រឆាំងដាច់ខាតចំពោះសកម្មភាព​ ដាក់សំពាធ និង​គំរាម​សន្តិសុខ​ ​មក​លើសមាជិកសភាកាណាដា។ កាណាដាចាត់ទុកថាសកម្មភាពរបស់មន្ត្រីគេញសំងាត់ចិន គឺជាការលូកដៃចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កាណាដា។​ ចិនចោទកាណាដាថា ប្រឌិតរឿងមួរបង្កាច់បង្ខូចកិត្តិយសចិន ភាគីចិន​បាន​ លើកឡើងថា ការចោទរបស់កាណាដា គឺជា​ពាក្យ​កុហក មួរបង្កាត់ បរិហារកេរ្តិ៍ សំដៅ​បំផ្លាញ​កិត្តិយសដ៏ស្អាតស្អំរបស់រដ្ឋាភិបាលចិន​។ ចិនអះអាងថា គ្មានការ​លូកដៃចូលកិច្ចការផ្ទៃក្នុងកាណាដានោះឡើយ​។ នៅក្នុងសន្និសីទ​កាសែតព្រឹកថ្ងៃទី​អង្គារ​ទី​៩ឧសភា​ លោក​ វ៉ាង វេនពីង អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បានលើកឡើងថា កាណាដា ត្រូវតែបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពរករឿងគ្មានហេតុគ្មានផលបែបនេះតទៅទៀត ព្រោះវាកំពុងតែបំផ្លាញ​ ទំនាក់ទំនងការទូតរវាងចិននិងកាណាដា។ អ្នកនាំពាក្យចិន រូបនេះ បាន​បន្ថែមទៀតថា ចិន​សូមរក្សាសិទ្ធិ ប្រតិកម្មឆ្លើយតប​ និងសងសិកវិញ​​បន្ថែមទៀត ប្រសិន​បើរដ្ឋាភិបាល​កាណាដា នៅតែប្រកាន់​ចរិកបែបនេះ​តទៅទៀត។ ទំនាក់ទំនងការទូត រកាំរកូសជាយូរឆ្នាំមកហើយ​​ វិបត្តិការទូត រវាងចិន និងកាណាដា នេះ មានរឿងជាបន្តបន្ទាប់ប៉ុន្មានឆ្នាំចុងក្រោយ​ក្រោយ​នេះ​។ កាលពីឆ្នាំ​ ២០១៨ សមត្ថកិច្ចកាណាដា បានចាប់ឃាត់ខ្លួន លោកស្រី Meng Wanzhou អគ្គនាយកហិរញ្ញវត្ថុ និងដែលជាកូនស្រីរបស់ស្ថាបនិក​ក្រុមហ៊ុន​ Huawei ទៅតាមការស្នើសុំពីអាជ្ញាធរតុលាការអាមេរិក ដែលចោទលោកស្រីទាក់ទិននឹងបទល្មើសហិរញ្ញវត្ថុធនាគារ​។ ភ្លាមៗនោះ ចិន បានចាប់ឃាត់ខ្លួន​អ្នកជំនួញជនជាតិកាណាដា ចំនួន​២នាក់ ជាការសងសិកវិញ។ លោកស្រី Meng Wanzhou ត្រូវបាន​ឃុំខ្លួន​ក្នុងគេហដ្ឋាននៅក្រុងវ៉ង់កូវើ អស់​ប្រមាណ​៣ឆ្នាំ មុននឹងមាន​កិច្ចព្រមព្រៀង សម្រុះសម្រួលជាមួយ​តុលាការអាមេរិក ហើយ​ត្រូវបាន​ដោះលែងឲ្យ​មានសេរីភាពវិញ។ ខាងភាគីចិន ក៏បានសុខចិត្តដោះលែងអ្នកជំនួញជនជាតិកាណាដាទាំង២នាក់វិញដែរ។ ក្រោយមក គឺមានរឿងសង្ស័យជាបន្តបន្ទាប់ ថាចិនបានប៉ុនប៉ងលូកដៃចូលទៅក្នុង​នយោបាយ​ផ្ទៃក្នុងកាណាដា តួយ៉ាង នៅក្នុងការបោះឆ្នោត កាលពី​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២១។ សារព័ត៌មានកាណាដា បានចុះផ្សាយ​ជាបន្តបន្ទាប់ ថាមានមន្ត្រីទូតចិន បាន​ព្យាយាម យកប្រាក់ទៅសូក ទិញទឹកចិត្តសមាជិកសភាកាណាដាមួយចំនួន។ ករណីសង្ស័យថាចិនយកប្រាក់ទិញទឹកចិត្តមន្ត្រីជាន់ខ្ពស់បែបនេះ ក៏ធ្លាប់​មានដែរ នៅអូស្ត្រាលី។ ហើយ​បញ្ហានេះ ក៏បានបង្កើតឲ្យ​ការអន់ចិត្តនឹងគ្នាដែរ រវាង​លោក ស៊ី ជីនពីង និង​លោកនាយករដ្ឋមន្ត្រីកាណាដា យូស្តាំង ទ្រុយដូ។ ជាក់ស្តែងកាលពី​ជួបគ្នានៅក្នុងកិច្ចប្រជុំ G20 នៅកោះបាលី កាលពីខែវិច្ឆិកាឆ្នាំមុន។ ក្នុងវីដេអូមួយ គេឃើញ លោកស៊ី ជីនពីង និង​លោកយូស្តាំង ទ្រុយដូ និយាយបែបទាស់សម្តីគ្នា ទោះបីជាខំញញឹម​រៀងៗខ្លួនក្តី។ លោកស៊ី ជីនពីងបានបន្ទោសលោកទ្រុយដូរ ថាជាអ្នកទៅប្រាប់អ្នកកាសែត ស្តីពីខ្លឹមសារជជែកគ្នាក្នុងពេលប្រជុំរវាងលោកនិងលោកទ្រុយដូ។ យោងតាមការចុះផ្សាយ​ របស់សារព័ត៌មាន ក្នុងពេលប្រជុំនោះ លោកទ្រុយដូ បាននិយាយអំពី ករណីចិនលូកដៃចូលកិច្ចការផ្ទៃក្នុងកាណាដា រំខានដល់​ប្រព័ន្ធប្រជាធិបតេយ្យ និងតុលាការកាណាដា។​ បន្ថែមពីរឿងរកាំរកូសទាំងនេះ គឺមានបញ្ហាទាក់ទិននឹង វិស័យបច្ចេកវិទ្យា ទាក់ទិននឹងបណ្តាញ Tiktokរបស់ចិន ដែលកាណាដា បានចូលរួមជាមួយអាមេរិកនិងអឺរ៉ុប ចោទ រករឿងខាងចិន។ សំណុំរឿងសិទ្ធិមនុស្ស ការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរចិនធ្វើទៅលើជនជាតិអ៊ុយហ្កួរ​ក៏ជាបញ្ហាធំមួយដែរ ដែលបង្កឲ្យចិននិងកាណាដាឈ្លោះគ្នា។ កាណាដាចាត់ទុកថា ចិន​បាននិងកំពុង​ធ្វើអំពើប្រល័យពូជសាសន៍ ទៅលើអ្នកជនជាតិអ៊ុយហ្កួរ និងអ្នកកាន់សាសនាអ៊ីស្លាមផ្សេងទៀត​នៅក្នុងខេត្តស៊ីនជាំង។ ហើយ​គឺបញ្ហានេះហើយ ដែលជាដើមហេតុ បណ្តាល​ឲ្យ​មានវិបត្តិការទូតនាពេលនេះ៕
5/9/20237 minutes, 9 seconds
Episode Artwork

លោកហ្សេឡេនស្គី៖ រុស្ស៊ី​នឹង​ចាញ់សង្រ្គាមដូច​ពួកណាហ្ស៊ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២

៨ ឧសភា ១៩៤៥ - ៨ ឧសភា ២០២៣ ថ្ងៃ​នេះ​ជាថ្ងៃ​ខួប​៧៨ឆ្នាំ​នៃជ័យជម្នះ​របស់​ក្រុម​សម្ព័ន្ធមិត្ត​បស្ចិមលោក​ទៅលើ​ទាហាន​ណាហ្ស៊ី អាល្លឺម៉ង់ ក្នុង​សង្រ្គាម​លោកលើកទី២។ នៅប្រទេស​បារាំង នៅព្រឹកថ្ងៃ​ចន្ទនេះ លោកប្រធានាធិបតី ម៉ាក្រុង​បានអញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​នៅ​ផ្នូរទាហាន ដែល​បាន​ពលីជីវិត​ក្នុងសម័យសង្រ្គាម។ ខណៈពេល​ដែល​បារាំង និង​ប្រទេស​អឺរ៉ុប​មួយចំនួន ប្រារព្ធ​ពិធី​ជ័យជំនះ លើ​ពួកណាហ្ស៊ី​អាល្លឺម៉ង់ នៅ​ថ្ងៃទី៨ ឧសភា រុស្ស៊ី​ឯណោះវិញ កំពុង​ត្រៀម​រៀបចំ​ទិវាដូចគ្នានេះ​នៅ​ថ្ងៃស្អែក ថ្ងៃ​ទី៩ ឧសភា។ អ៊ុយក្រែន​តាមរយៈលោកប្រធានាធិបតី​ហ្សេឡេនស្គី បាន​ប្រកាស​ឈប់​យក​ថ្ងៃទី​៩​ឧសភា ដើម្បីប្រារព្ធ​ពិធីបុណ្យជ័យជម្នះ​ដូច​ប្រទេស​រុស្ស៊ី ដែល​ជាសត្រូវ កំពុង​ធ្វើ​សង្រ្គាម​ឈ្លានពានអ៊ុយក្រែន។ ការប្រារព្ធ​ពិធីរំលឹកខួបជ័យជម្នះ​លើ​ទាហានណាហ្ស៊ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី​២ ​ធ្វើឡើង​នៅក្នុងបរិបទ​ដែល​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន​កំពុង​បន្តអូសបន្លាយ។ ថ្ងៃ​ទី ៨​ឧសភា ជាថ្ងៃ​ខួប​៧៨​ឆ្នាំ​នៃ​ជ័យជម្នះ​របស់​ប្រទេស​សម្ព័ន្ធមិត្ត​ទៅលើ​របបហ៊ីត្លែរ​អាល្លឺម៉ង់ នៅក្នុងសង្រ្គាមលោកលើកទី​២។ ពួកណាហ្ស៊ីអាល្លឺម៉ង់​ដែលបរាជ័យ​ក្នុងសមរភូមិ​ប្រកាស​ចុះចាញ់ជា​ផ្លូវការ នៅថ្ងៃ ទី ៨​ឧសភា ប៉ុន្តែ ការប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​ពួកណាហ្ស៊ីអាល្លឺម៉ង់ ត្រូវរៀបចំ​នៅថ្ងៃ​ផ្សេងៗគ្នា​ទៅវិញ។ ឧទាហរណ៍ នៅពេល​បារាំង អង់គ្លេសប្រារព្ធ​ថ្ងៃ​ជ័យជម្នះ នៅថ្ងៃទី​៨​ឧសភា រុស្ស៊ី​ឯណោះវិញ​កំពុងត្រៀម​រៀបចំ​ពិធីបុណ្យ ក្បួនដើរព្យុហយាត្រា​ដ៏ធំមួយ នៅថ្ងៃ​ស្អែក ថ្ងៃទី ៩​ឧសភា។ មូលហេតុ គឺ​មក​ពី​ប្រវត្តិ​ខុសម៉ោងគ្នា នៅទឹកដី​អឺរ៉ុប។ គួរ​រំលឹកថា ពួកទាហាន​ណាហ្ស៊ី​អាល្លឺម៉ង់ បាន​លើក​ទង់ជ័យស ប្រកាស​សុំចុះចាញ់ ដោយ​គ្មាន​លក្ខខណ្ឌ នៅថ្ងៃទី ៧​ឧសភា នៅទីក្រុង​Reims ភាគខាងជើង​ប្រទេស​បារាំង។ ប៉ុន្តែ មេដឹកនាំ​រុស្ស៊ី លោកស្តាលីន ដែល​ចង់បញ្ជាក់​ការដួលរលំ​របប​ហ៊ីត្លែរ បានទាមទារ​ឲ្យអាល្លឺម៉ង់​ចុះហត្ថលេខា ចុះចាញ់​ជាសាជាថ្មី នៅទីក្រុង​ប៊ែរឡាំង នៅថ្ងៃ​ទី ៨​ឧសភា ឆ្នាំ ១៩៤៥។ ការចុះហត្ថលេខា រវាងមេទ័ព​របស់​ក្រុមប្រទេស​សម្ព័ន្ធមិត្ត ក្រុមប្រទេសអ្នកឈ្នះ​លើ​ពួកណាហ្ស៊ីអាល្លឺម៉ង់ ដែលជា​អ្នកចាញ់សង្រ្គាម ប្រព្រឹត្តទៅ នៅម៉ោង ១១ និង​១នាទី យប់ នៅ​ទីក្រុង​ប៊ែរឡាំង ដែលត្រូវ​នឹង​ម៉ោង ១២យប់ និង​១នាទី ម៉ោង នៅ​រុស្ស៊ី។ សម្រាប់​រុស្ស៊ី គឺ​វា​ឈានចូល​ដល់ថ្ងៃទី ៩​ឧសភា។ ហេតុដូច្នេះហើយ បានជា​រុស្ស៊ី​សម្រេច​យក​ថ្ងៃ​ទី ៩ ឧសភា ដើម្បី​ប្រារព្ធអបអរ​ថ្ងៃ​ជ័យជំនះ​លើ​ពួកណាហ្ស៊ីអាល្លឺម៉ង់ រហូតមកដល់​សព្វថ្ងៃ។ ពោល​គឺ​ខុសផ្ទុយពី​បារាំង អង់គ្លេស និង​ប៊ែលហ្ស៊ិក​ដែល​រក្សាទុក ថ្ងៃ​៨​ឧសភា ជាថ្ងៃ​បិទបញ្ចប់​សង្រ្គាម​លោកលើកទី២។ អាមេរិក​ឯណោះវិញ ដែល​ចូលរួម​ក្នុង​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​ដើម្បី​ប្រយុទ្ធយកឈ្នះ​លើ​ពួកទាហាន​ណាហ្ស៊ីអាល្លឺម៉ង់ និង​ទាហានជប៉ុន នៅអាស៊ី បាន​ជ្រើសរើស​យកថ្ងៃ​ចន្ទ​ចុងក្រោយ​នៃ​ខែ​ឧសភា ដែលគេហៅថា Memoral Day ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​ដល់ទាហាន​អាមេរិក ដែល​ពលីជីវិត នៅក្នុង​សង្រ្គាម​លោកលើកទី២។ អ៊ុយក្រែនឈប់​ប្រារព្ធ​ថ្ងៃជ័យជម្នះ នៅថ្ងៃទី​៩ឧសភា​ដូចរុស្ស៊ី អ៊ុយក្រែន តាមរយៈ​លោក​ប្រធានាធិបតី​ហ្សេឡេនស្គី​បាន​ប្រកាស​នៅថ្ងៃ​ចន្ទនេះ ថា អ៊ុយក្រែន​នឹង​ឈប់​ប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​ពួកទាហាន​ណាហ្ស៊ី អាល្លឺម៉ង់ នៅថ្ងៃ​ទី ៩ឧសភា ដូច​រុស្ស៊ី។ តាមប្រធានាធិបតីអ៊ុយក្រែន លោកនឹង​ដាក់សំណើច្បាប់​ទៅកាន់សភាអ៊ុយក្រែន ដើម្បី​យកថ្ងៃទី ៨​ឧសភា ជា​ថ្ងៃ ប្រារព្ធបុណ្យ​ជ័យជម្នះជាមួយ “ពិភពលោកសេរី”។ ជាប្រទេស​អតីត​សហភាព​សូវៀត អ៊ុយក្រែន​មាន​ទម្លាប់​ប្រារព្ធថ្ងៃជ័យជម្នះ លើពួកណាហ្ស៊ីអាល្លឺម៉ង់ នៅថ្ងៃទី ៩​ឧសភា ដូចរុស្ស៊ី។ ប៉ុន្តែ ចាប់តាំង​ពី​ឆ្នាំ ២០១៥​មក ពោល​គឺ​មួយឆ្នាំ​ក្រោយ រុស្ស៊ី​កាត់យក​ទឹកដី​គ្រីមេរបស់អ៊ុយក្រែន​ទៅដាក់បញ្ចូលក្នុងទឹកដី​រុស្ស៊ី អ៊ុយក្រែន​រៀបចំ​ទិវាជ័យជម្នះ​ក្នុងសង្រ្គាម​លោកលើកទី​២ ទាំងនៅថ្ងៃ​ទី ៨​និង​ថ្ងៃទី ៩​ឧសភា ក្រោម​ឈ្មោះ​ថា ថ្ងៃ​ចងចាំ និង​ការផ្សះផ្សារ ទៅតាម​ពាក្យស្លោក​របស់សហភាពអឺរ៉ុប ដែលនាំមុខដោយ​បារាំង និង​អាល្លឺម៉ង់។ ដោយពិតទៅ អ៊ុយក្រែន បាន​ចាប់ផ្តើមងាករេ លែង​ចង់​ប្រារព្ធពិធីបុណ្យជ័យជម្នះ​តាមរបៀប​សម័យសហភាពសូ​វៀត តាំង​ពី​១៥ឆ្នាំមុន។ នៅ​អ៊ុយក្រែន ថ្នាក់ដឹកនាំ ពីមួយអាណត្តិ ទៅមួយអាណត្តិ ដែលចង់បែរមកខាងសហភាពអឺរ៉ុប លែង​ប្រើ​ពាក្យ មហា​សង្គ្រាម​ការពារ​មាតុភូមិ​របស់​សហភាព​សូវៀត ប៉ុន្តែ ប្រើ​ត្រឹមពាក្យ សង្រ្គាមលោកលើកទី​២។ នៅក្នុងកាលៈទេសៈ​សព្វថ្ងៃនេះ សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន​ជាហេតុផល​ចំបងមួយទៀត ដែលធ្វើឲ្យ​អ៊ុយក្រែន​រឹតតែ​ដោះដៃ លែង​ធ្វើ​អ្វីៗដូច​រុស្ស៊ីតទៅទៀត។ សម្រាប់ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី អំណឹះតទៅ អ៊ុយក្រែន​នឹង​យកថ្ងៃ​ទី ៨​ឧសភា ជាថ្ងៃ​ចងចាំ និងជ័យជម្នះ លើ​ពួកណាហ្ស៊ី ក្នុងសង្រ្គាមលោកលើកទី ២ ចំណែកថ្ងៃ​ទី ៩ ឧសភា នឹងក្លាយជា​ថ្ងៃ​ទិវាអឺរ៉ុប។ ដោយ​សង្កត់ធ្ងន់លើ​ពាក្យ​ណាហ្ស៊ី ប្រធានាធិបតី​អ៊ុយក្រែន​និយាយ​ថា ប្រជាជន​អ៊ុយក្រែន​នឹង​បន្តប្រយុទ្ធ ដូច​ក្នុង​សម័យ​សង្រ្គាមលោកលើកទី២។ អ្វីដែលខុសគ្នា​នៅពេលនេះ គឺ​សត្រូវ​របស់​ប្រជាជន​អ៊ុយក្រែន មិនមែន​ពួកណាហ្ស៊ីអាល្លឺម៉ង់ ប៉ុន្តែ គឺ​ពួក​ទាហាន​រុស្ស៊ី។ សម្រាប់មេដឹកនាំ​អ៊ុយក្រែន ជាមួយ​សម្ព័ន្ធមិត្ត​លោកខាងលិច អ៊ុយក្រែន​នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​ចាញ់​សង្រ្គាម ដូច​ពួកណាហ្ស៊ី​អាល្លឺម៉ង់ ចាញ់សង្រ្គាម កាលពី៧៨ឆ្នាំមុន។ ម៉ូស្គូយក​ថ្ងៃ​ជ័យជម្នះ​លើ​ពួកណាហ្ស៊ី​អាល្លឺម៉ង់ ដើម្បីជំរុញចលនា​ស្នេហាជាតិនិយម បុណ្យជ័យជម្នះ​លើ​ពួកណាហ្ស៊ីអាល្លឺម៉ង់ ក្នុង​សង្រ្គាម​លោកលើកទី​២ ជា​បុណ្យ​ជាតិដ៏​ធំបំផុត​របស់​ប្រទេស​រុស្ស៊ី ព្រោះ​វា​បញ្ជាក់​ពីការតស៊ូ​របស់ប្រជាជនសហភាពសូវៀត រហូត​ដល់ដណ្តើម​បានជ័យជម្នះ​លើរបបហ៊ីត្លែរ កាលពី ៧៨ឆ្នាំមុន ក្នុង​សង្គ្រាម​លោក​លើកទី ២។ សម្រាប់ប្រជាជន​រុស្ស៊ី វា​ជា​ជ័យជំនះ​ ដែល​ជួយ​រក្សា​ជាតិ រុស្ស៊ី​ឲ្យ​នៅ​មាន​អត្តសញ្ញាណ​ខ្លួន។ ត្រូវដឹងថា សហភាពសូវៀតរងគ្រោះខ្លាំងជាងគេ ជាពិសេស ជីវិត​មនុស្ស​ស្លាប់ ដល់ទៅ ជិត ២០លាននាក់ ទាំង​ទាហាន​និង​ប្រជាជន​ស៊ីវិល នៅក្នុងសង្រ្គាមលោកលើកទី២។ រហូតដល់​ឆ្នាំ ២០១០ រុស្ស៊ី​នៅបាន​អញ្ជើញ កងទ័ព​អូតង់​ឲ្យចូលរួមដើរក្នុងក្បួន​ព្យុហយាត្រា​របស់​កងទ័ពរុស្ស៊ី នៅ​ទីក្រុងម៉ូស្គូ។ ប៉ុន្តែ វត្តមាន​របស់​មេដឹកនាំ​ប្រទេស​លោកខាងលិច ក្នុង​ថ្ងៃទិវាជ័យជម្នះ​ទីលានក្រហម ក្នុងក្រុង​ម៉ូស្គូ កាន់តែកម្រ។ នៅរុស្ស៊ី ថ្ងៃ​បុណ្យ​ជ័យជម្នះ ត្រូវ​បាន​មេដឹកនាំ​រុស្ស៊ី លោក​ពូទីន​យកទៅ​ប្រើ​ជា​មធ្យោបាយ​ឃោសនា​ជំរុញ​ជាតិនិយម ជាពិសេស​នៅក្នុង​បរិបទ​ដែល​រុស្ស៊ី​កំពុង​បើកប្រតិបត្តិការយោធាពិសេស​នៅទឹកដីអ៊ុយក្រែន។ កាលពី​១ឆ្នាំ  នៅក្នុង​ថ្ងៃ​បុណ្យជ័យជម្នះ​ក្នុង​សង្រ្គាមលោកលើកទី​២ ត្រូវ​បាន​អ្នកនយោបាយ​រុស្ស៊ី​យកទៅប្រើជាឱកាស​សម្រាប់​បញ្ចុះបញ្ចូល​ប្រជាជន​រុស្ស៊ី ឲ្យ​គាំទ្រ​ប្រតិបត្តិការពិសេស​របស់​កងទ័ពរុស្ស៊ី នៅអ៊ុយក្រែន។ សម្រាប់​មេដឹកនាំ​រុស្ស៊ី លោកពូទីន  កងទ័ពរុស្ស៊ី កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ពួកណាហ្ស៊ី ដែលនៅមានវត្តមាននៅ​អ៊ុយក្រែន។ ប៉ុន្តែ ខុសពីឆ្នាំមុន ការប្រារព្ធបុណ្យជ័យជម្នះ​ ប្រហែល​មិនសូវ​ភ្លូកទឹក ភ្លូកដី ព្រោះថា ពិធីបុណ្យ​នៅតាម​តំបន់មួយចំនួន​ត្រូវបានគេ​លុបចោល ដោយសារ​បញ្ហា​សន្តិសុខ។ អាជ្ញាធររុស្ស៊ីនៅតែបារម្ភខ្លាច​ពីបញ្ហា​អសន្តិសុខ បន្ទាប់ពីមាន​ការវាយប្រហារ​ដ្រូន​នៅម៉ូស្គូ និងទៅលើ​អ្នកគាំទ្រ​សង្រ្គាមរុស្ស៊ី ដែលរុស្ស៊ី​ទម្លាក់កំហុសថា ជាស្នាដៃ​របស់​អ៊ុយក្រែន។ រុស្ស៊ីបារម្ភថា នឹង​មានការវាយប្រហារ​ដ្រូន​របស់អ៊ុយក្រែន ទៅលើ​ហ្វូងមនុស្ស​ដែល​ចូលរួមក្នុងថ្ងៃ​បុណ្យជាតិ នៅរុស្ស៊ី នៅថ្ងៃទី ៩​ឧសភា៕
5/8/20237 minutes, 19 seconds
Episode Artwork

ព្រះមហាក្សត្រអង់គ្លេស​ឡើងគ្រងរាជសម្បត្តិ​ តែ​ប្រឈមនឹងអប្រជាប្រិយភាព​ក្នុងចំណោមយុវជន

ថ្ងៃសៅរ៍​​ ព្រះរាជាណាចក្រ​អង់គ្លេស ប្រារព្ធពិធីឡើងគ្រងរាជសម្បត្តិជាផ្លូវការ របស់ព្រះមហាក្សត្រ ព្រះអង្គ ឆាលស៍ ​ទី៣។ ព្រះរាជវត្តមាន​និង​វត្តមាន​ភ្លៀវ​កិត្តិយសមកពី​គ្រប់​ជ្រុងជ្រោយ​នៃពិភពលោក​​ ​ប្រមាណជាង​ ២ ៣០០ នាក់ សុទ្ធ​សឹងតែ ព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និង​អ្នក​តំ​ណាងជាន់​ខ្ពស់​ ស្តេចយាង​និង​អញ្ជើញ​ចូលរួម​ពិធីបុណ្យដ៏​ឱឡារិកនៅ​អង់គ្លេស ដែល​​ នឹង​បន្តរៀបចំរហូត​ដល់ទៅ ​៣ ថ្ងៃ។ ព្រះអង្គ ឆាលស៍ ទី៣ ត្រូវ​គេ​មើលឃើញពីភាព​លេច​ធ្លោ​ខាងសកម្មភាព​បរិស្ថាន​ និង​ភាព​ទំនើប​និយម។ ក៏ប៉ុន្តែ មួយ​រយៈ​ចុងក្រោយ​នេះ របបរាជានិយម​អង់គ្លេស បា​នប្រឈម​នឹង​អប្រជាប្រិយភាព ពិសេស​នៅក្នុង​ចំណោម​យុវជនអង់គ្លេស។ នៅ​ក្នុង​ឱកាស​ព្រះរាជពិធី​គ្រង​រាជសម្បត្តិ​ថ្ងៃ ក៏​មាន​បាតុកម្ម​ប្រឆាំង​នឹង​របបរាជនិយម​នៅ​កណ្តាល​រាជធានី​ឡុងដ្រឺ ដែរ។ ​ នៅ​អង់គ្លេស ៧០ឆ្នាំចុងក្រោយ​នេះ គ្មាន​ព្រះរាជពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​ ដ្បិតអតីត​ព្រះមហាក្សត្រី ​អេលីហ្សាបិត ទី២ គ្រង​រាជ្យ​យូរ​អង្វែង​ណាស់។ ​ព្រះមហាក្សត្រ ព្រះអង្គ ឆាលស៍ ទី៣ ​ឡើងគ្រងរាជសម្បត្តិ​បន្តពី​ព្រះ​មាតា​ គឺ​ជា​ឱកាស​ដ៏ឱឡារិកសម្បើម​ណាស់​នៅអង់គ្លេស​​។ ព្រះរាជាពិធី​បំពាក់​ម្កុដរាជ ត្រូវ​ប្រារព្ធឡើង​ក្នុង​បែបបទ​​​គ្រិស្តសាសនា រយៈពេលប្រមាណ​​ ២ ម៉ោង និង​ ត្រូវ​រៀបចំ​នៅ​ព្រះវិហារ​ Westminster។ ពិធីបែប​សាសនា​គ្រិស្តព្រះវិហារ Westminster ​សម្រាប់ព្រះ​រាជាគ្រងរាជ្យ​​នេះ គឺ អង់គ្លេស អភិរក្ស​រក្សា​ទុក​រហូត​មក ជិត​ ១ ពាន់​ឆ្នាំហើយ។​ ព្រះរាជា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំធំៗ​នៃប្រទេស​ស្ទើរតែទាំងអស់​លើ​ពិភពលោក ដល់ ត្រូវ​ រាជាណាចក្រអង់គ្លេស​​ អញ្ជើញ​ទៅ​ចូលរួមពិធី​គ្រង​រាជ​សម្បត្តិ​របស់ព្រះ​រាជា ស្សាល។ ​លើកលែង​តែ រុស្ស៊ី និងកូរ៉េខាងជើង គឺគ្មាន​ការ​អញ្ជើញទេ។​ ​សហរដ្ឋអាមេរិក​  ​អតីតកាល​ធ្លាប់ឋិត​ក្រោម​អាណានិគម​អង់គ្លេស គឺ​ ប្រធានាធិបតីបច្ចុប្បន្ន លោក​ ចូ បៃដិន មិន​អញ្ជើញទៅទេ តែ​ភរិយា​របស់​លោក ទៅ​ជំនួស។ ចំណែក ចិន ប្រធានាធិបតី ស៊ី ជីនពីង ក៏​អត់​ទៅដែរ គឺ អនុប្រធានាធិបតី​ជាអ្នក​តំណាង។ តាម​ព្រះរាជាប្រពៃណី បណ្តា​សមាជិក​ព្រះ​រាជវង្ស​ ត្រូវ​ស្តេច​យាង​ចេញ​បង្ហាញ​ព្រះភក្ត្រ​នៅមុខ​ព្រះបរម​រាជវាំង Buckingham។ ទាហាន​ ៤ ពាន់​នាក់ ក្នុង​ឈុត​សម្លៀកបំពាក់ចម្រុះ​ជិត ​៤០ ជាតិសាសន៍​ដើរ​ហែរក្បួនព្យុហយាត្រា អម​ដោយ​ការ​​បាញ់​កាំភ្លើង​ និងក្បួន​យន្តហោះ​ចម្បាំង​ផង​​។ ប្រជានុរាស្ត្រ​​អង់គ្លេស រាប់ពាន់ម៉ឺននាក់​ ទឹកមុខ​រីករាយ ដៃ​កាន់​ទង់ជាតិ​អង់គ្លេស​គ្រវី ហើយ​និង​មាន​ភៀវទេសចរ ព្រមទាំង​អ្នក​ស្រឡាញ់​របប​រាជានិយម ច្រើន​សន្ធឹក​ ​បាន​ទៅ​រួមចូលរួម​អបអរ​យ៉ាង​ខាប់ទឹក​ខាប់ដី​។​ ក្នុង​ឱកាស​នេះ ប៉ូលិស​ប្រមាណ​ជិត​ ៣ម៉ឺននាក់ ត្រូវដាក់​ពង្រាយដើម្បី​យាម​កាម​​ ហើយ​ថ្ងៃសៅរ៍​នេះតែម្តង​ នគរបាល ​ប្រមាណ​ជាជាង​ ១១ ០០០ នាក់ រឹតបន្តឹង​សុវត្ថិភាព​។​ ពិធី​ផ្លូវ​ការ​មាន​ជាហូរហែ​នៅ​អាទិត្យ​ នៅព្រះរាជ​ដំណាក់​ព្រះមហាក្សត្រ និង​បន្ត​ដល់​ថ្ងៃ​ច័ន្ទ ៨ឧសភា​។ ​​យុវជនអង់គ្លេស កាន់តែ​ច្រើន​ឡើងៗ​ ​មិន​សូវ​ពេញ​ចិត្ត​នឹង​របបរាជានិយម។ ព្រះមហាក្សត្រ​ ឆាលស៍ ទី៣ សោយ​រាជ​សម្បត្តិ​ នៅ​ព្រះ​ជន្ម​ ៧៤ ព្រះវស្សា។ ព្រះអង្គ ​ត្រូវគេមើលឃើញថាមាន​ភាពលេចធ្លោខាងវិស័យ​បរិស្ថាន និងភាពទំនើបកម្ម​។ ក៏ប៉ុន្តែ ​របបរាជានិយមអង់គ្លេស ជួប​​ប្រឈមនឹងអប្រជាប្រិយភាព គួរ​ឲ្យ​កត់​សម្គាល់។ តាម​ការ​ស្ទង់​មតិ​របស់​ YouGov គឺ​ប្រជានុរាស្ត្រ​អង់គ្លេស តែប្រមាណ ៥៨%ប៉ុណ្ណោះ ដែល​បង្ហាញ​បញ្ចេញមតិនៅ​គាំទ្រ​ស្រឡាញ់​របប​រាជនិយម។ ​ក៏ប៉ុន្តែ  នៅក្នុង​ចំណោមរង្វង់​​យុវជនអង់គ្លេស របបរាជានិយម​ មិនសូវ​មាន​ប្រជាប្រិយភាព​ទេ។ តាមការ​ស្ទង់​មតិ​ដដែល​ គឺ ​យុវជន​ ចន្លោះពី​១៨ទៅ​២៤ មា​នតែ ​៣២% ប៉ុណ្ណោះ ដែល​នៅ​មា​នសមានចិត្ត​ចំពោះ​របបរាជានិយម​។ ​ចំណែក អ្នក​ប្រឆាំង​នឹង​រាជានិយម មា​នច្រើនជាង ដល់ទៅ ៣៨% ហើយពួក​​គេ​ចង់​ឲ្យ​បោះឆ្នោត​ជ្រើស​ប្រមុខ​រដ្ឋវិញ​ អ្នក​ខ្លះ​ថែម​ទាំង​ចង់​ប្តូរ​របប​ជា​សាធារណរដ្ឋ​ ទៅទៀត​​។ ៣០%ទៀត គ្មាន​យោបល់​ទេ​។​ ចំពោះ​អ្ន​កប្រឆាំង ពួក​គេ​​​យល់ថា ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​​ ​ត្រូវ​ចំណាយ​ថវិកា​ជាតិ​ ច្រើន​សិប​លាន​ដុល្លារ គឺ​ការ​ខ្ជះខ្ជាយ គ្មា​នប្រយោជន៍ ខាត​លុយកាក់​ដែល​ពលរដ្ឋ​ខំបង់​ពន្ធ។ ជាការ​ខ្ជះខ្ជាយ​​ ស្របពេល​ដែល អង់គ្លេស ជួប​បញ្ហា​​អតិផរណាទំនិញ​ លុយ​ចុះថោក ទំនិញ​ឡើង​ថ្លៃ​។ អតិផរណា​ នៅអង់គ្លេស មាន​ជាង​ ១០% ។ នៅ​​ថ្ងៃ​សៅរ៍​​ ក្រុម​បាតុករ​ប្រឆាំង​រាជានិយម  យ៉ាង​ហោច​ ៦ នាក់ ត្រូវ​នគរបាល​​ចាប់ខ្លួន​។ ក្រុម​បាតុករ​ស្រឡាញ់​បរិស្ថាន​ ក៏ធ្វើ​បាតុកម្ម​ប្រឆាំង​ដែរ នឹង​វត្តមាន​របស់​ដ៏​ច្រើន​សន្ធឹក​របស់​ភ្ញៀវបរទេស ព្រោះ​អ្ន​កបរិស្ថាន​និយម យល់ថា អស់​លោក​ទាំង​នោះ ជិះ​យន្តហោះមក នាំ​ឲ្យ​បញ្ចេញ​ផ្សែង​ពុល​​។ សកម្ម​ជន​បរិស្ថាន​ ប្រមាណ​ជា​១៣ នាក់ ក៏ត្រូវ​ប៉ូលិស​អង់គ្លេស ចាប់ខ្លួន​ដែរ​។​ ​ប្រទេស​២​ប្រកាសចង់​ដើរ​ចេញពី​​ក្រុម​​ប្រទេស​ Commonwealth របស់​អង់គ្លេស​។ ​ព្រះរាជាអង់គ្លេស ឆាលស៍ ទី៣ មិនត្រឹមតែសោយរាជសម្បត្តិនិងមានអំណាចបុព្វសិទ្ធិជាព្រះមហាក្សត្រ មិនមែនសម្រាប់តែព្រះរាជាណាចក្រអង់គ្លេសមួយទេ គឺជាព្រះមហាក្សត្រ ដល់ទៅជាង១០ប្រទេសទៀត។ ​ថ្ងៃព្រហស្បត្តិ៍ ​២ថ្ងៃ​មុន​ពិធី​ឡើង​គ្រង​រាជ្យ​នេះ ប្រទេស​ Jamaïque និង Belize បាន​ប្រកាស​ជំហរ​ជាថ្មី​ទៀតថា​ចង់​ដើរ​ចេញ​ពី​ក្រុមប្រទេស Commonwealth។ ថ្នាក់ដឹកនាំប្រទេស​ទាំង​២ថែម​ទាំងប្រកាស​ថាក្រុមប្រឹក្សា​ធម្មនុញ្ញ​របស់​ខ្លួន កំពុង​តែ​កែប្រែច្បាប់កំពូល ដើម្បីដក​​មាត្រា​ស្តីពី​ឥទ្ធិពល​ឋិត​ក្រោម​អំណាច​អង់គ្លេស​ចេញ។​ ការប្រកាសចេតនា​ដើរ​​នេះ គឺបន្ទាប់ពីប្រទេស Bardade បាន​ដើរចេញពី ​​​Commonwealth ឆ្នាំ​២០២១ និងក្លាយ​ខ្លួន​ជា​សាធារណរដ្ឋ។ អ្នក​ជំនាញ​ មើលឃើញថា នេះក៏ព្រោះតែ​ស្នាម​ដាន​អាណានិគមកិច្ច ការ​ឈឺចាប់​ក្នុង​ប្រវត្តិសាស្ត្រ​ បង្ក​ឲ្យ​មាន​ក្តី​ស្អប់​ខ្ពើម​ម្ចាស់នឹម​អាណានិគម​ ពិសេស​ជុំវិញ ការ​ធ្វើបាប​ជិះជាន់​ពី​ពួក​រដ្ឋការ​អាណានិគម និង​ការ​លក់​ជួញ​ដូរ​ទេសករ​។​​សំណុំ​រឿង​ធំនេះ នៅតែ​តាម​មក​លង​បន្លាច​ទំនាក់ទំនង​ រវាង​អង់គ្លេស និង​ប្រទេស​ធ្លាប់​ជា​ចំណុះ​​។​ អ្ន​កជំនាញ​ជឿទៀត​ថា​ អង់គ្លេស​ នៅក្រោម​ការ​ដឹកនាំ​របស់​ ព្រះរាជាអង់គ្លេស ឆាលស៍ ទី៣ គឺ​នឹង​កែ​របៀបរបប​​ទំនាក់ទំនង​ជាមួយ​អតីត​ក្រោម​អាណានិគម ហើយ​នឹង​ងាក​ច្រើនទៅ​អាហ្វ្រិក។​ ហេតុផល​ម្យ៉ាង គឺ​សេដ្ឋកិច្ច។ ប្រឈម​នឹង​ចំណោទ​ខ្លះៗ​ខាង​ទីផ្សាររកស៊ី​ពាណិជ្ជកម្ម បន្ទាប់ពីអង់គ្លេស​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប អង់គ្លេស​ សម្លឹង​ឃើញ​សក្តានុពល​ថ្មី​នៃទីផ្សារ​ពាណិជ្ជកម្ម នៅ​អាហ្វ្រិក ដើម្បីង​នឹង​ទូរទាត់​ចំពោះ​ការ​ខាតបង់​។​ ក្រុម​​ប្រទេស​ Commonwealth មាន​​​សម្ព័ន្ធ​មិត្ត​ប្រទេស​ប្រមាណជាង​​ ​៥០ ប្រទេសហើយ ​ក្នុងនោះ ២១ប្រទេស នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​។ ប្រទេស កុងហ្កោ រ៉វ៉ាន់ដាន ហ្កាប៉ុង ក៏ដូចជា ម៉ូស្សាំប៉ិក​ ដែល​គ្មាន​ប្រវត្តិសាស្ត្រ​ជូរចត់​ក្រោម​អាណានិគម​ចក្រភព​អង់គ្លេស​ទេ បាន​សម្រេច​ចូលរួម​សម្ព័ន្ធ​ជាមួយ ក្រុម​ប្រទេស​ Commonwealth៕​​
5/6/20238 minutes, 37 seconds
Episode Artwork

បញ្ញាសិប្បនិម្មិត​៖ សេតវិមានអាមេរិក​ប្រជុំជាមួយបណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា ដើម្បីរៀបចំច្បាប់គ្រប់គ្រង

បច្ចុប្បន្ននេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលរីកចម្រើនយ៉ាងខ្លាំង និងលឿនរហ័សនោះ​ បានបង្កឲ្យ​មានការព្រួយ​បារម្ភស្តីអំពីផល​ប៉ះពាល់របស់វា។ កាលពីពេលថ្មីៗនេះ បណ្តាអ្នកជំនាញបច្ចេកវិទ្យាជាច្រើននាក់ បានរួមគ្នាសរសេរលិខិតចំហ អំពាវនាវថាត្រូវតែ​ផ្អាក​ជាបណ្តោះអាសន្នសិន នូវការស្រាវជ្រា​វអភិវឌ្ឍន៍ប្រជែងគ្នាដែលគ្មាន​ព្រំដែន​បែបនេះ ហើយត្រូវតែ​រៀបចំ​ច្បាប់គ្រប់គ្រងការអភិវឌ្ឍន៍​បច្ចេកវិទ្យានេះ​។ កាលពីថ្ងៃព្រហស្បតិ៍ទី​៤ឧសភាម្សិលមិញ នេះ នៅសេតវិមានអាមេរិក គេបាន​រៀបចំ​ការប្រជុំ​ពិសេសមួយដោយ​មានការចូលរួម​ពី​លោក ចូ បៃដិន និង​លោកស្រីកាម៉ាឡា ហារីស ជាមួយនឹងតំណាង​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បីនិយាយគ្នាអំពី​ការរៀបចំក្របខណ្ឌច្បាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិត។ ជាកម្មវិធីប្រជុំលើកទីដំបូង រវាង​ថ្នាក់ដឹកនាំរដ្ឋាភិបាល​អាមេរិក ជាមួយ​នឹងតំណាងក្រុមហ៊ុន​បច្ចេកវិទ្យាធំៗជាច្រើន។ កិច្ចប្រជុំពិសេស រយៈពេលប្រមាណ​២ម៉ោងនេះ មានការចូលរួម​ ពីលោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក ចំណែក​លោក​ចូ បៃដិន បានមកចូលរួម​មួយភ្លែត ពេលបើកការប្រជុំ​។ ចំណែកខាងក្រុមហ៊ុន​បច្ចេកវិទ្យាវិញ គឺមានលោក Satya Nadella (Microsoft) Sundar Pichai (Google) Sam Altman (OpenAI) Dario Amodei (Anthropic)។ ពេលបើកការប្រជុំ លោកចូ បៃដិន បានថ្លែងទៅកាន់តំណាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះថា “​អ្វីដែលពួកលោកទាំងអស់គ្នាកំពុងតែ​អភិវឌ្ឍន៍ គឺវាពោរពេញដោយ​សក្តានុពលខ្លាំងណាស់ តែវាក៏​មានបញ្ហាប្រឈមគ្រោះថ្នាក់ច្រើន​ដែរ។ លោកចូ បៃដិន បាននិយាយបែបដាក់ខ្លួនថា លោកសង្ឃឹមថាក្រុមហ៊ុន​បច្ចេកវិទ្យា នឹងជួយណែនាំ ផ្តល់យោបល់ប្រាប់មករដ្ឋាភិបាល ថាត្រូវធ្វើយ៉ាងណា ដើម្បីធ្វើឲ្យ​បច្ចេកវិទ្យានេះរីកចម្រើនទៅមុខ ដោយការពារសង្គម​ផងដែរ​។ នៅក្រោយកិច្ចប្រជុំនេះ លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក បានចេញលិខិតប្រកាសមួយ ដោយ​លោកស្រីបាន​លើកឡើងថា វិស័យឯកជន មានកាតព្វកិច្ចមនសិកា និង​ផ្លូវច្បាប់ ដោយត្រូវធ្វើយ៉ាងណា ធានាឲ្យ​បាន​នូវសុវត្ថិភាព សន្តិសុខនៃផលិតផលរបស់ខ្លួន​។ លោកស្រីបន្តថា បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត មាន​សក្តានុពលច្រើន នៅក្នុងការជួយសម្រួលជីវិតប្រចាំថ្ងៃរបស់​មនុស្សយើង និងអាចជួយចូលរួមជាដំណោះស្រាយ​នៃបញ្ហាសង្គមដែរ។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត អាចនឹងបង្កើននូវ​គ្រោះថ្នាក់ប្រឈមមួយចំនួន​មិនអាចប្រហែសបាន ដូចជាមកលើសន្តិសុខ មកលើសិទ្ធិមនុស្ស​និង​ជីវិតឯកជន ហើយអាច​បំផ្លាញការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើ​ប្រព័ន្ធប្រជាធិបតេយ្យ​ ថែមទៀតផង។ គ្រោះថ្នាក់មកលើសង្គម​ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មានច្រើនឆ្នាំមកហើយ ដែល​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានប្រើប្រាស់វា។ តែអ្វីដែលជាការព្រួយបារម្ភធំ គឺប៉ុន្មានខែចុងក្រោយនេះ វាកាន់តែរីកចម្រើនលឿនរហ័សខ្លាំងណាស់។ ជាក់ស្តែង បច្ចេកវិទ្យា ChatGPT របស់ក្រុមហ៊ុន OpenAI ហើយដែលមានការចូលហ៊ុនវិនិយោគដ៏ធំពីក្រុមហ៊ុន Microsoft ដែលបានធ្វើ​ឲ្យ​ផ្អើលពេញពិភពលោក​តែម្តង។​ លោក​ Sam Altman នាយក OpenAI បានថែមទាំងអះអាងទៀត ថា ក្នុងពេលឆាប់ៗនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នឹងកាន់តែអស្ចារ្យ លើសមត្ថភាពរបស់មនុស្សទៅទៀត។ ការវិវឌ្ឍន៍​ដ៏​លឿនរហ័សនេះ គឺវាបណ្តាលមកពីការប្រកួតប្រជែងគ្នា ចង់ឈ្នះគ្មានព្រំដែន រវាងក្រុមហ៊ុនទាំងអស់នេះ ថាបច្ចេកវិទ្យាអ្នកណាអស្ចារ្យ​ជាងអ្នកណា។ កាលពីពេលថ្មីៗនេះ អ្នកជំនាញបច្ចេកវិទ្យាល្បីៗជាច្រើននាក់ ក្នុងវិស័យនេះ​ បានរួមគ្នាធ្វើលិខិតចំហរមួយ អំពាវនាវហៅឲ្យ​ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ ត្រូវតែផ្អាក​ការអភិវឌ្ឍន៍ រយៈពេល៦ខែសិន កុំទៅលឿនពេល​ ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់។ យោងតាមអ្នកជំនាញ បញ្ញាសិប្បនិម្មិតដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ គឺវាអាចចូលរូម​បង្កើនចរន្តគំនិត ស្អប់​ខ្ពើមរើសអើងប្រកាន់ពូជសាសន៍នៅតាមបណ្តាញសង្គម បង្កើតជា​ព័ត៌មានប្រឌិតក្លែងក្លាយ ពន្យុះអំពើហិង្សាចលាចល ហើយអាចត្រូវបាន​ក្រុមមនុស្ស​ដែលមានចេតនាអាក្រក់ណាមួយ យកទៅប្រើប្រាស់ ដើម្បីទាញផលប្រយោជន៍ បំផ្លាញ​សង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ​ជាដើម។ បញ្ញាសិប្បនិម្មិត ក៏អាចបង្កើតជាបញ្ហាផ្នែកច្បាប់ដែរ ទាក់ទិននឹងកម្មសិទ្ធិបញ្ញា។ បញ្ញាសិប្បនិម្មិត កាន់តែវិវឌ្ឍន៍ គឺវាអាចឆក់ច្បាមយកការងាររបស់​មនុស្ស​ យូរៗ​ទៅមនុស្ស​លែងមានការងារធ្វើ លែងចេះធ្វើអ្វីដោយ​ប្រើដៃ ប្រើគំនិតប្រាជ្ញាខ្លួនឯង ដោយពឹងតែម៉ាស៊ីន​ទាំងស្រុងតែម្តង​។​ លិខិតចំហរនេះ បានអំពាវនាវ ថាថ្នាក់ដឹកនាំនយោបាយដឹកនាំប្រទេស ត្រូវតែចាប់ផ្តើមរៀបចំក្រមខណ្ឌ​ច្បាប់ ដើម្បីគ្រប់គ្រងបច្ចេកវិទ្យានេះឲ្យ​បាន​ មិនត្រូវបណ្តោយ​បែបនេះទេ។ នៅក្នុងកិច្ចប្រជុំ​កាលពីថ្ងៃម្សិលមិញ ទាំងលោកចូ បៃដិន ទាំងលោកស្រី កាម៉ាឡា ហារីស គឺគិតដូចគ្នាថា ត្រូវតែរៀបចំក្របខណ្ឌច្បាប់ ដើម្បី​គ្រប់គ្រង​ការអភិវឌ្ឍន៍ និង​ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ។ កំណត់កាតព្វកិច្ច​ឲ្យ​គោរព កាលពីចុងឆ្នាំ​២០២២ សេតវិមានអាមេរិក បានចេញផ្សាយ​អត្ថបទមួយ ដែលកំណត់អំពី ផែនការដើម្បី​ប្រកាសសិទ្ធិ​ស្តីពីបញ្ញាសិប្បនិម្មិត។ ពោលគឺជាអត្ថបទ ដែលបានចែង កំណត់អំពីគោលការណ៍ធំៗ រៀបចំតាក់តែងដោយវិទ្យាស្ថានជាតិ​ស្តង់ដារ និងបច្ចេកវិទ្យាអាមេរិក NIST។ តាមរយៈគោលការណ៍ទាំងនេះ គឺលោកចូ បៃដិន ចង់​ឲ្យក្រុមហ៊ុន​បច្ចេកវិទ្យាធានាប្រាប់រដ្ឋាភិបាលជាមុន ថាផលិតផលនីមួយៗ ពិតជាមិនជះផលអាក្រក់ ពិតជាមាន​សុវត្ថិភាពសន្តិសុខ មុននឹងដាក់ឲ្យ​មនុស្សទូទៅប្រើប្រាស់។ តែបញ្ហាចោទ គឺថាផែនការនេះ ពុំបានកំណត់ចងជាកាតព្វកិច្ចឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យានីមួយៗគោរពនោះទេ។ ពោលគឺគ្រាន់តែជាអនុសាសន៍​ប្រាប់ឲ្យធ្វើ ធ្វើបាន​ក៏បានទៅ។ នេះបើផ្អែកតាមការបញ្ជាក់ពីលោក David  Harris សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Berkeley និងដែលជាអតីតអ្នកជំនាញស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៅក្រុមហ៊ុន Meta។ ទន្ទឹមគ្នានេះ លោក David  Harris បានរំលឹកថា កុំសូវទុកចិត្តសម្តី​យកគួររបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗពេក។ លោកសង្កត់ធ្ងន់ថា ជាទូទៅនាយកក្រុមហ៊ុនអស់ហ្នឹង តួយ៉ាងដូចជា Facebook ជាដើម តែងតែ​និយាយជាសាធារណៈថា ត្រូវតែការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ តែនៅពីក្រោយ​វិញ Facebook ប្រើប្រាស់ក្រុមឡុំប៊ី ដើម្បីរារាំងកុំឲ្យ​មានច្បាប់ការពារទិន្នន័យអ្នកប្រើប្រាស់។ ដូច្នេះក្នុងបញ្ហា​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះក៏អញ្ចឹងដែរ​។ ថ្លឹងថ្លែងរវាង ការប៉ះពាល់ជាក់ស្តែង និង​ផល​ប្រយោជន៍សេដ្ឋកិច្ច​ មានការលើកឡើងថា ច្បាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិត វាអាចរារាំង រំខាន ធ្វើឲ្យ​បច្ចេកវិទ្យានេះមិនអាចរីកចម្រើនទៅមុខ ហើយ​ខាតប្រយោជន៍សង្គម និង​សេដ្ឋកិច្ចទៅវិញ​។ នេះគឺជាសំដីរបស់​លោក Michael Schwarz ប្រធានផ្នែកសេដ្ឋកិច្ចនៅក្រុមហ៊ុន Microsoft។ លោក​ម្នាក់នេះ បានអំពាវនាវកាលពីថ្ងៃពុធម្សិលមិញនេះ នៅក្នុង​កម្មវិធីជជែករបស់ World Forum Economic ថាអ្នកធ្វើច្បាប់នៅសភា មិនត្រូវប្រញេបប្រញាប់តក់ក្រហល់ទេ គឺត្រូវតែថ្លឹងថ្លែង ថាច្បាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត វាអាច​ប៉ះពាល់ជាក់ស្តែងអ្វីខ្លះ។ ពោលគឺត្រូវតែថ្លឹងរវាង ផលប្រយោជន៍​មកលើសង្គម មកលើសេដ្ឋកិច្ច បានមកពី​បច្ចេកវិទ្យានេះ និង​ផលប៉ះពាល់របស់វា ដែលជួនកាលវាមានតិចតួ​ច កំប៉ិកកំប៉ុក។ ច្បាប់គ្រប់គ្រងបិទផ្លូវពេក វានឹងបង្អាក់​ការស្រាវជ្រាវ ការវិវឌ្ឍន៍​ទៅមុខនៃបច្ចេកវិទ្យានេះ​។ ក៏ប៉ុន្តែ លោកស្រី Lina Khan ប្រធានទីភ្នាក់ងារអាមេរិកការពារអ្នកប្រើប្រាស់ បាន​ប្រៀបធៀបថា កាលៈទេសៈបច្ចុប្បន្នទាក់ទិននឹង​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ គឺមិនខុសពី​កំឡុងដើមឆ្នាំ២០០០ នៅពេលបច្ចេកវិទ្យាអ៊ីនធ័រនិតវិវឌ្ឍន៍ខ្លាំងក្លានោះទេ។ នៅក្នុង​បទសម្ភាសន៍មួយ​ឲ្យ​កាសែត New York Times លោកស្រីបានអះអាងថា គម្រូសេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗទាំងនេះ គឺពឹងផ្អែកទាំងស្រុងលើការប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដោយ​មិនខ្វល់ពីសន្តិសុខ ពីសិទ្ធិសេរីភាព និងផ្នែកច្បាប់អ្វីឡើយ។ គម្រូសេដ្ឋកិច្ចរបៀបនេះ​មិនមែន ចៀសមិន​បាននោះទេបើគេចង់ធ្វើវា។ ដូច្នេះ ពេលនេះ អាជ្ញាធររដ្ឋគឺត្រូវតែមានការទទួលខុសត្រូវ ធានាកុំឲ្យ​ប្រវត្តិសាស្ត្រជាន់ដានដដែល ម្តងហើយម្តងទៀត ជាមួយ​នឹងបច្ចេកវិទ្យាដ៏គ្រោះថ្នាក់នេះ​៕
5/5/20238 minutes, 10 seconds
Episode Artwork

របាយការណ៍​ប្រចាំឆ្នាំ​RSF៖ សេរីភាពសារព័ត៌មាន ​ត្រូវលិចលង់ក្នុង​ជំនន់នៃព័ត៌មាន​ប្រឌិតក្លែងក្លាយ

អង្គការអ្នករាយការណ៍គ្មានព្រំដែន RSF បានចេញ​របាយការណ៍​ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីសិទ្ធិសេរីភាពសារព័ត៌មាន នៅទូទាំងពិភពលោក​។ ដូចសព្វមួយដង ក្នុងចំណោម​ប្រទេស​ចំនួន​១៨០ គឺកូរ៉េខាងជើងស្ថិតនៅលំដាប់​ថ្នាក់​ចុងប៉ូចគេ ខណៈប្រទេសន័រវែស ជាទីដែល​សិទ្ធិសេរីភាពសារព័ត៌មាន មានលក្ខណៈល្អប្រសើរជាងគេបង្អស់។ កម្ពុជាឆ្នាំនេះ បានធ្លាក់លំដាប់ថ្នាក់ចំនួន​៥​លេខ មកនៅលេខរៀងទី​១៤៧។ យោងតាមរបាយការណ៍នេះ អ្វីដែលជាការគំរាមកំហែង​ធំបំផុត​ មកលើសេរីភាពសារព័ត៌មានទូទាំងពិភពលោក គឺជំនន់ជនជោរយ៉ាងខ្លាំង​ នៃព័ត៌មានប្រឌិតក្លែងក្លាយ ដែលរីកសាយភាព​ពាសពេញ​បណ្តាញសង្គម។ និយាយជារួម គឺមិនមានការប្រែប្រួលខ្លាំងប៉ុន្មាននោះទេ នៅក្នុងរបាយការណ៍​ប្រចាំឆ្នាំ២០២៣ នៃអង្គការអ្នករាយការណ៍គ្មានព្រំដែន RSF។ ប្រទេសដែល​មានការគោរពសិទ្ធិសេរីភាពសារព័ត៌មានបានល្អប្រសើរជាងគេ ជាទីដែលអ្នកកាសែតអាចបំពេញការងារ​ដោយសុវត្ថិភាព ទៅតាមជំនាញនិងវិជ្ជាជីវៈ គឺនៅតែល្អដដែល។ រីឯ ប្រទេសដែល​គ្មានសេរីភាពសារព័ត៌មាន គ្មានប្រព័ន្ធច្បាប់​រឹងមាំដើម្បីការពារអ្នកកាសែត​ ក៏នៅ​តែដដែល​ដែរ។ ន័រវែសដែលជាប់លំដាប់ថ្នាក់ឈានមុខគេ កាលពីឆ្នាំមុន ឆ្នាំនេះ​ក៏តែស្ថិតនៅលេខរៀងទៅ​១ដដែល។ ហើយដូចជារៀងរាល់ឆ្នាំ កូរ៉េខាងជើងក្រោម​នឹមអំណាចផ្តាច់ការកុម្មុយនីស្តត្រកូលគីម គឺនៅលេខរៀងចុងក្រោយគេបង្អស់ ក្នុងចំណោម​១៨០ប្រទេស​។ បារាំងឆ្នាំនេះ បានឈានឡើង២កាំ មកនៅលេខរៀងទី២៤។ កម្ពុជាយើង បានធ្លាក់ចុះ​៥កាំ ពីលេខរៀង ១៤២ មកនៅ១៤៧។ ក្នុងចំណោម​ប្រទេសដែលបានប្រែប្រួលចំណាត់ថ្នាក់ ធ្លាក់ចុះខ្លាំង គឺមាន​ប៉េរូ ដែលធ្លាក់៣៣កាំ មកនៅ​​លេខរៀងទី​១១០ សេណេហ្កាល់ធ្លាក់​៣១កាំ មកនៅលេខរៀងទី​១០៤ ហៃទីធ្លាក់​២៩កាំ មកនៅលេខរៀងទី​៩៩ ហើយទុយណេស៊ី ធ្លាក់ចំណាត់ថ្នាក់ ២៧ មកនៅលេខរៀង​១២១។ ផ្ទុយទៅវិញ ប្រេស៊ីលបានឈានឡើងល្អប្រសើរចំនួន ១៨កាំ មក​នៅលេខរៀងទី​៩២។ និយាយជារួម​តាមតំបន់ គឺតំបន់​ដើមបូព៌ា និងអាហ្វ្រិកខាងជើង ដែលនៅតែជាតំបន់គ្រោះថ្នាក់​ជាងគេ ចំពោះអ្នកកាសែត​។ ចំណែកតំបន់អឺរ៉ុប គឺជាតំបន់ដែ​លមានលក្ខខណ្ឌ​ល្អប្រសើរជាងគេ ​ចំពោះការប្រកបការងារ​របស់​អ្នកកាសែត។ នៅអាស៊ីអាគ្នេយ៍​យើងវិញ​ ថៃបាន​ចំណាត់ថ្នាក់​កើនប្រសើ៩កាំ ស្ថិតនៅលេខរៀង​១០៦ ពោលគឺល្អជាងគេ​ក្នុងតំបន់។ ប្រទេសកុម្មុយនីស្តទាំង៣នៅអាស៊ី ស្ថិតនៅលេខរៀងចុងក្រោយគេបង្អស់បន្តបន្ទាប់គ្នាតែម្តង ក្នុងចំណោម​១៨០ប្រទេស។ គឺវៀតណាស្ថិតលេខរៀងទៅ​១៧៨ ចិនលេខរៀងទី​​១៧៩ កូរ៉េខាងជើងទី​១៨០។ ចំណែកឥណ្ឌាវិញ ស្ថិតនៅលេខរៀងទី​១៦១ ពោលគឺធ្លាក់ចុះ​១១កាំ​។ ព័ត៌មានប្រឌិតក្លែងក្លាយ​ តាមបណ្តាញសង្គម យោងតាមរបាយការណ៍ RSF ព័ត៌មាន​ប្រឌិតក្លែងក្លាយ គឺ​ជាការគំរាមដ៏ធំ មកលើសេរីភាពសារព័ត៌មាន​។ ព័ត៌មានប្រឌិតក្លែងក្លាយ ដែលអាចមានជាទម្រង់ជា​ ព័ត៌មាន​ឃោសនាបែបប្រជាភិថុត បែបនយោបាយ ការប្រើប្រាស់កលល្បិចបោក​បញ្ឆោតទាក់ទាញ​ ដោយប្រើកត្តាសេដ្ឋកិច្ច ព្រមទាំង​ខ្លឹមសារព័ត៌មានក្លែងក្លាយជាទូទៅផ្សេងទៀត ដែលយើងហៅថា Fake News ដែលរីកសាយ​ភាពខ្លាំងណាស់ នៅតាមបណ្តាញ​សង្គម​។​ យ៉ាងហោចណាស់ ២ភាគ​៣នៃប្រទេសទាំង​១៨០ដែលគេបានវិភាគ អ្នកជំនាញសង្កេតឃើញថា ការផ្សព្វផ្សាយ​ បំផុសបំផុល​ព័ត៌មាន ឃោសនា​ក្លែងក្លាយ គឺមានការចូលរួមធ្វើដោយ​អ្នកនយោបាយតែម្តង។ ជាក់ស្តែង ដូ​ចជានៅ​រុស្ស៊ី នៅឥណ្ឌា នៅចិន នៅម៉ាលីជាដើម។ ជាការឃោសនាបោក​បញ្ឆោតមតិសាធារណៈដើម្បី​កេងចំណីនយោបាយ។ ជាងនេះទៀត បច្ចេកវិទ្យាបណ្តាញសង្គម បានក្លាយ​ជាជង្រុក សំបុកនៃការ​បំផុសបំផុលព័ត៌មានប្រឌិតក្លែងក្លាយ​ គ្រប់ប្រភេទ។ លោក Christophe Deloire អគ្គលេខាធិការ​អង្គការអ្នករាយ​ការណ៍​គ្មានព្រំដែន បាន​លើកឡើងថា ក្រុម​ហ៊ុន​គ្រប់គ្រងបណ្តាញសង្គម បានចូលរួម​បើកផ្លូវយ៉ាងសកម្មដល់​ការគំរាមកំហែងនេះ ដោយ​ចំអក និង​មិនខ្វល់ថាប៉ះពាល់ធ្ងន់ធ្ងរយ៉ាងណា​ មកលើសិទ្ធិសេរីភាពសារព័ត៌មាននោះទេ​។ ជាក់ស្តែង ដូចជាករណី​ ​លោក Elon Musk ម្ចាស់​បណ្តាញ Twitter ចំអកម្តងហើយ​ម្តងទៀត មកលើសេរីភាពសារព័ត៌មានវិជ្ជាជីវៈ។ សេរីភាពសារព័ត៌មាន វាមិនមែនសំដៅតែទៅលើ​ការប្រកបការងាររបស់អ្នកកាសែតនោះទេ តែគឺវាក្តោបទាំងអស់ ដល់​សិទ្ធិសេរីភាពរបស់​ប្រជាជនទូទៅ ក្នុងការទទួល​បាននូវព័ត៌មាន​ពិតប្រាកដ ត្រឹមត្រូវ មិនមែនជាព័ត៌មានដែលបំពុលសង្គម ធ្វើឲ្យ​កើតជាបញ្ហាចលាចលហិង្សា ឬក៏ធ្វើឲ្យ​មតិមហាជន​មានការភ័ន្តច្រឡំ​អីជាដើម។ បច្ចុប្បន្ននេះ ព័ត៌មានប្រឌិតក្លែងក្លាយ មានខ្លឹមសារញុះញង់នេះ គឺមានពាសពេញបណ្តាញសង្គម។ គ្រោះថ្នាក់​នៃ​បច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត​ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ គឺជាកត្តាមួយ​បង្កើតឲ្យ​មានការព្រួយបារម្ភខ្លាំងណាស់។ ជាក់ស្តែងបច្ចេកវិទ្យា ឈ្មោះ Midjourney ដែលអាចបង្កើតជារូបភាព​ក្លែងក្លាយ ទៅតាមការចង់បាន​របស់មនុស្ស​ បានធ្វើ​ឲ្យ​គ្រប់គ្នាភ្ញាក់ផ្អើល​​និងព្រួយបារម្ភខ្លាំងណាស់។ របាយការណ៍​របស់អង្គការអ្នករាយ​ការណ៍​គ្មានព្រំដែន បាន​លើកឡើងជាឧទាហរណ៍ជាក់ស្តែង ស្តីពីរូបថតក្លែងក្លាយមួយ ដែល​បច្ចេកវិទ្យានេះបាន​បង្កើតឡើង ជារូបថតក្លែងក្លាយ ដែលគេឃើញលោកដូណាល់ត្រាំ ត្រូវនគរបាលចាប់ខ្លួន។ រូបថតត្រូវបានគេយកទៅចែកចាយពាសពេញបណ្តាញសង្គម បង្កើតជាការភ័ន្តច្រឡំយ៉ាងកក្រើក។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត អាចត្រូវបានយកទៅប្រើប្រាស់ ជាលក្ខណៈប្រព័ន្ធ ក្នុងទ្រង់ទ្រាយ​ធំ ដោយ​ក្រុមហ៊ុនឯកជន ឬក៏អំណាចនយោបាយថែមទៀត។ គេប្រើប្រាស់វា ដើម្បីបង្កើតជារូបភព ជាខ្លឹមសារ ដើម្បីពង្វក់ស្មារតី ញុះញង់ បន្លំបោកប្រាស់មតិសាធារណៈ ក្នុងហេតុផលណាមួយ​ជាដើម។ បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ដែលកំពុងតែផុសផុលខ្លាំង គឺជាការគំរាម​​ មកលើ​វិស័យសារព័ត៌មាន ដែល​​មានវិជ្ជាជីវពិតប្រាកដ​។ បច្ចេកវិទ្យាដ៏គ្រោះថ្នាក់នេះ នឹងមក​រំខាន​ បំបាក់​ ធ្វើឲ្យងាយរងគ្រោះដល់ការងាររបស់អ្នកកាសែត ដែលមានវិជ្ជាជីវពិតប្រាកដ ដែលគោរពក្រមសិលធម៌​។​ ហើយ​ព្រមជាមួយគ្នានេះ វិស័យសារព័ត៌មានដែលទូលំទូឡាយ មានគុណភាព មាន​ភាពចម្រុះ ក៏ធ្លាក់ចុះអន់ថយទៅតាមនោះ។ មនុស្សម្នាទូទៅ ទាំងយើងទាំងគេ លែងអាចបែងចែក ឲ្យដាច់ស្រឡះ ថាអ្វីទៅជាការពិត អ្វីទៅការប្រឌិតក្លែងក្លាយ។ អ្វីទៅជារូបថតមែនទែន អ្វីទៅជារូបថតក្លែងក្លាយបង្កើតដោយ​បច្ចេកវិទ្យា។ ព្រំដែនបែងចែក រវាង ការពិត ភាពប្រត្យក្ស និង ការប្រឌិតក្លែងក្លាយ​ វារលាយបាត់រូប ធ្វើឲ្យ​ស្មារតី និងមតិយលឃើញរបស់មនុស្សទូទៅ លែងដឹងខុសត្រូវ សទៅជាខ្មៅ ខ្មៅទៅជាស។ ចំណុចនេះ វាគឺជាបញ្ហាគ្រោះថ្នាក់ធំណាស់ មកលើគោលការណ៍​លទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោកយើង។ តែពេលណាមនុស្សយើង លែងអាច​បែកចែកអ្វីជាការពិត អ្វីជាការកុហកបោកប្រាស់ហើយ គឺមនុស្ស​យើង មិនអាចធ្វើការសម្រេចចិត្ត ​ដោយ​សច្ចធម៌ត្រឹមត្រូវបានតទៅទៀតទេ៕
5/3/20237 minutes, 27 seconds
Episode Artwork

ប្រឈមមុខ​នឹង​​ភាព​តាន​តឹង​នៅសមុទ្រចិន​ខាងត្បូង សហរដ្ឋ​អាមេរិក ​ប្រកាស​គាំទ្រ ​ហ្វីលីពីន ដោយឥតងាករេ

ប្រធានាធិបតីហ្វីលីពីន លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ បំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៤ ថ្ងៃ នៅសហរដ្ឋអាមេរិក។ ​ប្រធានាធិបតីអាមេរិក ចូ បៃដិន ទទួលជួប​ប្រធានាធិបតី​ហ្វីលីពីន​ ​ នៅ​ថ្ងៃចន្ទ ទី១ ឧសភា។ នៅក្នុងសេតវិមានអាមេរិក​ លោក ចូ បៃដិន បានប្រាប់សមភាគីហ្វីលីពីន ពីការគាំទ្រ«គ្មានងាករេ​»ចំពោះហ្វីលីពីន។ ហ្វីលីពីន កំពុងទទួលគំនាបខ្លាំងពីប្រទេស ចិន។   ​អាមេរិក ​គាំទ្រ ​ហ្វីលីពីន​ យ៉ាងពេញ​ទំហឹង​ឥត​ងាករេ​ អាមេរិក និង ហ្វីលីពីន ជាសម្ព័ន្ធមិត្តយោធា ជាង ៧០ ឆ្នាំមកហើយ។ ការជួបប្រាស្រ័យគ្នារវាងថ្នាក់ដឹកនាំអាមេរិកនិងហ្វីលីពីន គឺជាទម្លាប់ធម្មតា ក្នុងរយៈពេលជាង៧ទសវត្សរ៍​មកហើយ ដ្បិតថា សហរដ្ឋអាមេរិកនិងហ្វីលីពីន បានចុះកិច្ចព្រមព្រៀងចង​សម្ព័នរួមគ្នា តាមរយៈ​កិច្ចព្រ​មព្រៀង​វិស័យការពារជាតិរួម តាំង​តែ​ពី​ឆ្នាំ១៩៥១ គឺ​នៅ​អំលុងពេល​សង្គ្រាមកូរ៉េ។ ឡើង​កាន់​អំណាច​រដ្ឋ​នៅខែ​មិថុនាឆ្នាំទៅមិញ លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ  ​បានជួបប្រាស្រ័យផ្ទាល់​ជាមួយលោក ចូ បៃដិន ជា​លើកទី១ ​ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ នាខែកញ្ញា ឆ្នាំ​២០២២។ ​ម្តងទៀត លើកទី២​ពេលនេះ នៅរដ្ឋធានីវ៉ាស៊ីនតោន តែម្តង​។ នៅចន្លោះពេលនេះ អ្នកស្រី អនុប្រធានាធិបតីអាមេរិក កាមីឡា ហារីស ក៏​បានអញ្ជើញទៅរដ្ឋធានីម៉ានីល​​ ដែរ​។ និយាយ​ដាច់​ដោយឡែក គឺ ដំណើរ​ទស្សនកិច្ចពេល​​នេះ ជាលើកទី១ ក្នុង​រយៈ​ពេល​១០ឆ្នាំចុងក្រោយ ដែល​ ប្រមុខ​រដ្ឋហ្វីលីពីន ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ ដោយ​ផ្ទាល់​ នៅ​អាមេរិក។​ នេះក៏ព្រោះតែ អតីតប្រមុខរដ្ឋ​ហ្វីលីពីន​ចាស់ លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បាន​ប្រកាស​ជំហរ​ស្អប់ខ្ពើម​អាមេរិក​ដែល​«ម្ចាស់​អាណានិគម» ហើយ​និងចង់​ងាក​ទៅស្និទ្ធស្នាល​ជាមួយ​ចិន​។​ ការ​ជួប​គ្នារវាង​ប្រមុខរដ្ឋ​ប្រទេស​ទាំង ​២ ​​នៅលើកនេះ គឺ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង។ គួរ​ចាប់​ចិត្ត​ចង់​តាម​ដាន​ ដ្បិត​ថា ហ្វីលីពីន កំពុង​ជួប​ភាព​តាន​តឹង​ជាថ្មី​ជាមួយ​ ចិន ​ក្នុង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង។ ​ដើមសប្តាហ៍មុននិងមុនពេលដំណើររបស់លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ទៅអាមេរិក​តែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ​ គឺ « កប៉ាល នាវាចិន និង ហ្វីលីពីន ហៀបតែនឹងប៉ះទង្គិចគ្នា​»។ ម្យ៉ាងទៀត ហ្វីលីពីន ជា​ប្រទេស​ដែល​នៅ​កៀកក្បែរ ​តៃវ៉ាន់ ​ជាងគេ​។ តៃវ៉ាន់ ដែល​កំពុងតែ​ជួប​ភាព​តាន​តឹង​ខ្លាំងណាស់ដែរ ជាមួយ​ចិន។ បើ​តាម​អ្ន​កជំនាញ​ខាង​យុទ្ធសាស្ត្រ គឺ គេយល់ឃើញថា ប្រសិ​ន​បើ​មាន​ករណី​វាយ​ប្រហារ​ឈ្លាន​ពាន​ណាមួយ​ពី​សំណាក់ ​ចិន ​ទៅលើ ​តៃវ៉ាន់ នោះ សហរដ្ឋ​អាមេរិក​ នឹង​មិន​នៅ​ស្ងៀម ហើយ​នឹង​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់​ហ្វីលីពីន ដើម្បី​នឹង​វាយ​បក​​តបទៅ​​វិញ។​ ​កិច្ចព្រមព្រៀង​​សំខាន់ៗបន្ថែម​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ថ្នាក់ដឹកនាំ​ហ្វីលីពីន​នៅអាមេរិក ប្រទេស​ទាំង​២​នឹង​ចុះ​កិច្ចព្រមព្រៀង ពង្រឹងទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ ក៏ដូច​ជា ពង្រឹង​វិស័យ​ទាក់ទង​ខាង​យោធា​ដែរ។នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ បៃដិន ​​បាន​ប្រកាស​ថា​​នឹង​បញ្ចូន​គណៈប្រតិភូ​មន្ត្រី​ទទួល​បន្ទុក​ពាណិជ្ជកម្ម​និង​វិនិយោគ «ជា​លើកទី១​» ទៅ​កាន់​ប្រទេស​ហ្វីលីពីន ​ក្នុង​ពេលខាង​មុខ​។​ ក្នុង​វិស័យ​យោធាវិញ អាមេរិក ជាសម្ព័ន្ធមិត្តផង និងជាដៃគូសហការយោធា។ ​ក្នុង​ពេ​លថ្មីៗ​ សហរដ្ឋ​អាមេរិក​បាន​ពង្រីក​ចំនួន​កង​ទ័ព​នៅ​ហ្វីលីពីន ហើយ​និង​បាន​ចុះ​កិច្ចព្រមព្រៀង​ប្រើប្រាស់​មូលដ្ឋាន​យោធា​ហ្វីលីពីន​ចំនួន​៤បន្ថែមទៀត​។ នៅក្នុងបរិបទនៃភាពតានតឹងគ្នារវាង ចិននិងតៃវ៉ាន់ ហ្វីលីពីន បានធ្វើសមយុទ្ធរួមគ្នាជាច្រើន​ជាមួយ​អាមេរិក​ដែល​បង្កក្តីក្តៅក្រហាយដល់ចិន។ ពេលនេះ​ ប្រធានាធិបតី​អាមេរិក​ បញ្ជាក់ថា​នឹង​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ ព្រ​មទាំង​កងនាវាចម្បាំង ទៅ​ប្រទេស​ហ្វីលីពីន។​ ​លោក​ ចូ បៃដិន ក៏​អះអាងនឹង​ជួយ​ធ្វើ«​ទំនើប​ក​ម្ម»​យោធាហ្វីលីពីន ហើយ​ប្តេជ្ញា​ថា​នឹង​គាំទ្រ​ហ្វីលីពីនផ្នែក​ការពារ​ជាតិ​ រួម​ទាំង​ក្នុង​សំណុំ​រឿង​ជម្លោះ​សមុទ្ទ​ចិន​ ផង​។​ ហ្វីលីពីន​ ចន្លោះ​​ ​ចិន ​ដៃគូពាណិជ្ជកម្មធំទី១ និង អាមេរិក សម្ព័ន្ធមិត្តយោធា។ ​នៅលើទិដ្ឋភាព​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ប្រទេស​ ចិន​ គឺ​ ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ទី១ របស់​ហ្វីលីពីន។ ដើមឆ្នាំ២០២៣នេះ ប្រធានាធិបតីហ្វីលីពីន លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ បា​នទៅ​ជួប​លោកប្រធានាធិបតី​ចិន នៅ​រដ្ឋធានីប៉េកាំង។​​ ប្រភព​ពី​សារព័ត៌មាន​រដ្ឋ​ចិន នៅក្នុង​ជំនួប​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​ចុះហត្ថលេខា​សហការគ្នា​ក្នុង​គម្រោង​ផ្លូវ​សូត្រ​របស់​ចិន សហការគ្នា​ក្នុង​ផ្នែក​កសិកម្ម​ នេសាទ​ ​សិប្បកម្ម ហិរញ្ញវត្ថុត គយ ថាមពល និង​ទេសចរណ៍​។​ នៅចន្លោះ​ការ​មើលមុខគ្នា​មិន​ចំ​រវាង​ចិន​និង​អាមេរិក គឺ ​ហ្វីលីពីន​ ត្រូវ​ប្រកាន់​ជំហរ​មួយ​នៅ​កណ្តាល ពុំ​មែន​ជាការងាយស្រួល​សោះ​។ ចូរកុំភ្លេច​ថា​ នៅពេល​ឃោសនា​បោះឆ្នោត​និង​ជាប់​ឆ្នោត​ហើយ​ថ្មីៗ លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ សន្យា​ថានឹង​មិន​ឲ្យ​ ​រដ្ឋអំណាច​ចិន ​រំលោភ​បំពាន​ទឹក​ដី​របស់ ​ហ្វីលីពីន សូម្បីតែ​១ចង្អាម​​សោះឡើយ​។ ប៉ុន្តែ ​ពេលក្រោយ​មក នៅ​ខែមករា ដើមឆ្នាំ​នេះ ពេល​​អញ្ជើញ​ទៅប៉េកាំង​ លោក​បាន​ប្រកាស​ថា«ធ្វើ​ជា​មិត្ត​សម្រាប់​គ្រប់​គ្នា និងមិន​យក​នរណា​ធ្វើ​សត្រូវ​ ​»។​ នៅ​ពេល​នេះ ពី​​ទីក្រុង​វ៉ាស៊ីនតោន​ ប្រធានាធិបតីហ្វីលីពីន លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ​បាន​សារភាព​ឲ្យ​គេ​គ្រប់​គ្នាដឹង​ថា «នៅលើទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ​ ហ្វីលីពីន​សព្វថ្ងៃ​នេះ កំពុង​តែ​ឋិត​នៅក្នុង​តំបន់​ជម្លោះ​តាន​តឹង​ដ៏ស្មុកស្មាញ​បំផុត។» ក៏ប៉ុន្តែ លោក​មានប្រសាសន៍ទៀត​ថា ជាការ​ធម្មតា​ទេ ដែ​លហ្វីលីពីន ត្រូវ​ងាក​ទៅរក​ដៃគូ​សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ តែ១ ដែល​បា​នចងគ្នា​តាមរយៈ​កិច្ចព្រមព្រៀង​ការពារជាតិ​រួម​គ្នា។ ​ក្នុងសេចក្តីថ្លែងការណ៍រួម អ្នកកាសែតកត់សម្គាល់ថា ប្រធានាធិបតីទាំងពីរ ហាក់ដូចជាប្រយ័ត្នប្រយែង មិនសូវលើកឡើងចំៗពីឈ្មោះ​ប្រទេស ចិន ប៉ុន្មាននោះទេ បើទោះបីជា​មានប្រសាសន៍លើកឡើង​ពីជម្លោះសមុទ្ទចិនខាងត្បូង ក៏ដោយ៕​
5/2/20237 minutes, 38 seconds
Episode Artwork

ស៊ីរី កំពុង​បោះជំហាន ដើរ​ចេញ​ពីភាព​ឯកានយោបាយ នៅក្នុង​តំបន់ ?

ធ្លាប់​តែ​ឯកា គ្មាន​អ្នក​រាប់​រក​តាំង​ពី​ឆ្នាំ​២០១១​មក ស៊ីរី​​​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី បាស្ហា អាល់ អាសាដ ចាប់​ផ្តើម​លេច​មុខ មាន​សំឡេង​ឡើង​វិញ​ក្នុង​តំបន់។ នៅថ្ងៃ​ចន្ទ​ទី ១ ឧសភា​នេះ ប្រទេស​ហ្សកដានីបានទទួល​រៀប​ចំ​​ជំនួប​ប្រជុំ​មួយ ដើម្បី​ជជែក​អំពី​ទំនាក់ទំនង​ជា​ប្រទេស​ស៊ីរី។ ក្នុង​បរិបទ​ការ​ទូត​ដ៏កក់ក្តៅ​នេះ ​ប្រធានាធិបតី​អ៊ីរ៉ង់ ក៏​នឹងអញ្ជើញ​ទៅ​ដល់​ក្រុង​ដាម៉ាស នា​ថ្ងៃពុធ​ខាន​ស្អែក ក្នុង​ក្របខ័ណ្ឌ​នៃ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ពីរ​ថ្ងៃ​នៅស៊ីរី។ ​នៅថ្ងៃ​នេះ រដ្ឋមន្ត្រីក្រសួងការបរទេស ស៊ីរី ហ្សកដានី អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ាក់ បាន​មក​​ជំនួប​ប្រជុំគ្នា​នៅទីក្រុង​ អាម៉ង់  ដើម្បី​​បន្តជជែក​អំពី​អ្វី​ដែល​ក្រុម​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​តំបន់​ឈូង​សមុទ្ទពែក្ស​និង​ក្រុមប្រទេស​អារ៉ាប​ បាន​ជួប​ពិគ្រោះសួរ​យោបល់​​គ្នា​ នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត កាលពី​ពាក់​កណ្តាល​ខែ​មេសា។ កម្មវត្ថុ​ចំបង​ គឺចង់​​នាំ​ប្រទេសស៊ីរី​​ឱ្យ​ត្រលប់​មក​ចូល​ក្នុង​សម្ព័ន្ធ​អារ៉ាប់​វិញ ប៉ុន្តែ​​បើ​តាម​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ហ្សកដានី ជំនួប​ថ្ងៃ​នេះ​ជាការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​​ទំនាក់ទំនង ជាមួយ​រដ្ឋាភិបាល​ស៊ីរី​ ក្នុង​ការ​ឈាន​ទៅ​សម្រេច​រក​ដំណោះស្រាយ​នយោបាយ​ឱ្យ​វិបត្តិដ៏​រាំរ៉ៃ​ជាង​១២​ឆ្នាំ​។ តាំង​ពី​ឆ្នាំ​២០១១​មក ដោយហេតុ​​តែ​នយោបាយ​បង្ក្រាបចលនា​បដិវត្ត​​ប្រជាជន​យ៉ាង​ហិង្សា រដ្ឋាភិបាល​ស៊ីរី​ដឹកនាំ​ដោយ​​លោក​បាស្ហារ អាល់អាសាដ បាន​ធ្លាក់​ក្នុង​ភាព​ឯកាការទូត​យ៉ាង​ខ្លាំង លើ​ឆាក​អន្តរជាតិ។ ស៊ីរី​ត្រូវ​បាន​ផាត់​ចេញ​ពី​សម្ព័ន្ធ​អារ៉ាប់ទៀត តែ​តាំងពី​ថ្មីៗ​កន្លង​មក​នេះ ប្រទេស​អារ៉ាប់​មួយ​ចំនួន​ដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និង​ទុយនីស៊ី បាន​ចាប់​ផ្តើមនិយាយ​រក​​ក្រុង​ដាម៉ាស​។ កាលពី​ថ្ងៃ​ទី ១៨ រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសាអូឌីត បានថែម​ទាំង​​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅទីក្រុង​ដាម៉ាស​ ជា​លើក​ទីមួយ ដោយ​មាន​ការទទួល​ស្វាគមន៍​ផ្ទាល់​ពី​សំណាក់​លោកប្រធានាធិបតី​ស៊ីរី បាស្ហារ អាល់អាសាដផង។ ​នៅ​ថ្ងៃ​ពុធ​ទី ៣​ឧសភា ប្រធានាធិបតី​អ៊ីរ៉ង់​ លោក រ៉ៃស៊ី នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ ជា​លើក​ទី​មួយដែរ នៅ​ក្នុង​ស៊ីរី រយៈ​ពេល​ពីរ​ថ្ងៃ។ ទស្សនកិច្ច​នេះ​នឹង​ផ្តល់​​ប្រយោជន៍ខ្លាំង​ណាស់​​ដល់​តំបន់ និង​អ៊ីរ៉ង់ផ្ទាល់ តែ​ជា​​ពិសេស​ស៊ីរី​តែ​ម្តង ដើម្បី​បង្ហាញ​ថា​ប្រទេស​លែង​​ឯកា​នយោបាយ។ ​ហេតុអ្វី​ក្រុមប្រទេស​អារ៉ាប់​ចង់រាប់​រកស៊ីរីវិញ ? ភាព​​វិជ្ជមាន​ជា​ទូទៅក្នុង​តំបន់ ផ្តើម​ដោយ​ការ​ភ្ជាប់​ទំនាក់ទំនង​ជា​ប្រក្រតី ​រវាង​អតីត​គូប្រជែង​ក្នុង​តំបន់ អារ៉ាប៊ីសាអូឌីត ដែល​គាំទ្រ​ពួកឧទ្ទាម​នៅស៊ីរី និង​អ៊ីរ៉ង់ដែល​គាំទ្រ​រដ្ឋាភិបាលក្រុង​ដាម៉ាសយ៉ាង​ខ្លាំង ជា​អំណោយ​​ស​ម្រាប់​របប​លោក​បាស្ហារអាល់អាសាដ ក្នុង​ស្តារ​ទំនាក់ទំនង​ជាមួយ​ក្រុមប្រទេស​អារ៉ប់​ឡើង​វិញ។ ហើយ​​អ្វីៗ​ហាក់ដូច​ជា​​ចាប់​ផ្តើម​ប្រែប្រួលកាន់​តែ​​លឿន​​ខ្លាំង ក្រោយ​ពី​មាន​គ្រោះរញ្ជួយ​ដី ​ថ្ងៃទី៦ កុម្ភៈ​នៅ​​ព្រំដែន​ជាមួយ​​តួកគី ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំងពីរ គឺ​តួកគី​ និង​ស៊ីរី រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ។ មូលហេតុ​មួយ​ទៀត​គឺ​ ទំនង​​​ដោយសារ​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ​រាជទាយាទ ​​បេន សាលម៉ាន មាន​មហិច្ឆតា​​ចង់​ឲ្យ​ពិភពអារ៉ាប់​ដើរ​តួនាទី​ស្នូល​ជួយ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​តំបន់ មាន​ជាអាទិ៍​​​វិបត្តិស៊ីរីនេះ​ឯង។ អារ៉ាប៊ីសាអូឌីត និង​បណ្តា​ប្រទេស​អារ៉ាប់​មួយ​ចំនួន​បាន​យល់​ឃើញ​ដូច​គ្នា​ថា វា​ល្មម​ដល់​ពេល​ដែល​គេ​ត្រូវ​បិទ​ទំព័រ​ខ្មៅ​ងងឹត​នៅ​ស៊ីរី។ ម្យ៉ាង​ទៀត ​ពួក​គេ​ ​មិន​ចង់​បណ្តោយ​ឲ្យ​ស៊ីរី​ក្លាយ​សមរភូមិ​​នៃការប្រកួត​​ប្រជែង​កម្លាំង​រវាង​មហា​អំណាច​មក​ពី​ក្រៅ​ផង និង​មិន​ចង់​ឃើញ​អ្នក​ផ្សេង​បន្ត​លូកដៃ​ចាត់ចែង​ដោះស្រាយ​វិបត្តិស៊ីរី​ផងទេ។ ​វិបត្តិ​នៅ​ក្នុង​តំបន់​ត្រូវ​តែ​ដោះស្រាយ​ដោយ​អង្គការ​នៅ​ក្នុង​តំបន់។ អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ទីក្រុង​រីយ៉ាដ​បាន​ពន្លឿន​សកម្មភាព​ការទូត​យ៉ាង​មមាញឹក​ជាមួយ​ស៊ីរី​ដែល​មិន​ធ្លាប់​មាន​នា​រយៈពេល ១២ឆ្នាំ​កន្លង​មកនេះ។ អារ៉ាប៊ីសាអូឌីត​បាន​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​ប្រមុខការទូត​នៃ ៩ប្រទេស​អារ៉ាប់ ​ថ្ងៃទី១៤ មេសា ក្នុង​នោះ មាន ៦ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែក្ស ដើម្បី​​ស្វែង​រក​កុងស៊ុស​នាំ​ស៊ីរី​ឱ្យ​ត្រលប់​មក​ចូល​​ក្នុងក្រុម​​អង្គការ​សម្ព័ន្ធអារ៉ាប់វិញ។ ជំនួប​ប្រជុំ​ថ្ងៃ​នោះ គ្មាន​លទ្ធផល​ទេ។ ពួកគេ​ត្រូវ​ជួប​គ្នា​ទៀត នៅថ្ងៃ​នេះ​នៅហ្សកដានី និង​ នៅក្នុង​​​ជំនួបកំពូល​អារ៉ាប់ នៅប្រទេស​អារ៉ាប៊ីសាអូឌីត នា​ថ្ងៃទី ១៩​ឧសភា​ខាង​មុខ​នេះ។ តួកគី​កម្ចាត់បាន​មេកើយ​អង្គការរដ្ឋអ៊ីស្លាម​នៅស៊ីរី​ សង្គ្រាម​នៅស៊ីរី បាន​ផ្តាច់ជីវិត​មនុស្ស​អស់​ប្រមាណ​កន្លះ​លាន​នាក់។ ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​ស៊ីរី បាន​ក្លាយ​ជា​ជនភៀសខ្លួន ឬ ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​បំលាស់​ទី​នៅក្នុង​ផ្ទៃ​ប្រទេស។ លោកប្រធានាធិបតី​ អាសាដ រំពឹង​លើ​ការ​ផ្សារ​ទំនាក់ទំនង​ជា​ធម្មតា​ឡើង​វិញ​ជាមួយ​ក្រុម​ប្រទេស​រាជាណាចក្រ​ប្រេងកាតក្នុង​តំបន់ ឈូងសមុទ្ទ​ពែក្ស ក្នុងការ​ស្តារ ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​ហិនហោច​ដោយ​សង្គ្រាម​ឡើង​វិញ​។ ប៉ុន្តែ​​រដ្ឋាភិបាលស៊ីរី​​របស់​លោក​អាសាដនេះ​ មិនទាន់​​អាច​គ្រប់គ្រង​ប្រទេស​បានទាំង​ស្រុង​ទេ។ ផ្ទៃ​ដីប្រទេស​មួយភាគ​ ​ស្ថិត​ក្រោមការ​ត្រួត​ត្រា​​របស់​ក្រុម​ឧទ្ទាម របស់​តួកគី​ជិតខាង និង​ផ្នែក​ខ្លះ​ស្ថិត​ក្រោម​ការ​គំរាមកំហែង​របស់​ពួកអង្គការ​រដ្ឋ​អ៊ីស្លាម ខ្លាំង​នៅឡើយ។ អង្គការ​រដ្ឋ​អ៊ីស្លាម​បរាជ័យ គ្មាន​ទឹកដី​នៅស៊ីរី​មែន​ ប៉ុន្តែ​ពួកវា​បន្តមាន​សកម្មភាព​​​វាយប្រហារ​នៅ​ស៊ីរី​ ឥតឈប់។ ជាក់ស្តែង​មាន​ស្លាប់​៤១នាក់ ​កាលពី​ថ្ងៃ​ទី ១៦មេសា នៅក្នុង​ការ​វាយប្រហារ​ពីរ​កន្លែង​ពី​សំណាក់​ពួកជីហាត​រដ្ឋ​អ៊ីស្លាម។ ហើយ​គឺ​ក្នុង​ខណៈ​ដែល​ជំនួប​ប្រជុំ​ស្តីពី​ស៊ីរី​កំពុង​រៀប​បើក​នៅ​ប្រទេស​ហ្សកដានី ដែល​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន បាន​ប្រកាស​សម្លាប់​បាន​មេកើយ​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម នៅស៊ីរី តាម​រយៈ​​ប្រតិបត្តិការ​ដឹកនាំ​ដោយ​ភ្នាក់ងារ​ចារកិច្ច​តួកគី។ មេជីហាត​នេះ ទំនង​មាន​ឈ្មោះ​ថា Abou Hussein al-Qourachi ដែល​ភ្នាក់ងារចារកិច្ច​តួកគី តាម​ដាន​តាំងពីយូរ​មក​ហើយ។ នេះ​បើតាម​ប្រសាសន៍​បញ្ជាក់​របស់​លោកអ៊ែរដូហ្កាន ដោយ​ពុំ​លម្អិត​អំពី​បរិបទ​នៃ​ប្រតិបត្តិការ​ទេ៕​
5/1/20236 minutes, 44 seconds
Episode Artwork

បារាំង ធ្លាក់​ចំណាត់​ថ្នាក់ ក្រោយ​មានភាព​តានតឹង​សង្គម​និង​​បាតុកម្ម​ប្រឆាំងច្បាប់​សោធននិវត្តន៍

Fitch ភ្នាក់ងារ​ទទួល​បន្ទុក​វាយតម្លៃហានិភ័យ​បំណុលរបស់​រដ្ឋ​នីមួយៗ ​បាន​ទម្លាក់​ចំណាត់​ថ្នាក់​ប្រទេស​បារាំង មួយ​កំរិត។ ភ្នាក់ងារ​Fitch​ បាន​លើក​ឡើង​អំពី​ភាព​ទ័លច្រក​នយោបាយ​និង​កំណែទម្រង់​ច្បាប់​សោធននិវត្តន៍​របស់​រដ្ឋាភិបាល លោក ម៉ាក្រុង។ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បារាំង បាន​សេចក្តី​ថ្លែងការណ៍​នៅថ្ងៃ​សៅរ៍​នេះ​ភ្លាមថា ជា​ការ​វាយតម្លៃ​បែប​​​ទុទ្ទិដ្ឋនិយម។ Fitch ដែល​ជា​ភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល មួយ​ក្នុង​ចំណោម​ភ្នាក់ងារអន្តរជាតិ​​ដ៏​សំខាន់​ចំនួន​បួន​ បាន​បញ្ចុះ​ចំណាត់​ថ្នាក់​ប្រទេស​មួយ​កំរិត គឺ​ពី​AA ទៅ​AA-​​។ ​ភ្នាក់ងារបាន​ពន្យល់​ថា​​ បារាំង​មិនត្រឹម​​តែ​មាន​​​បំណុល​ និង​ឱនភាព​ថវិកា ខ្ពស់​ខ្លាំង​ទេ តែ​ថែម​ទាំង​មាន​ភាព​ទ័លច្រក​នយោបាយ និង​សម្ពាធ​សង្គម​តាម​តឹង​ខ្លាំង ដែល​ស្តែង​​ជា​កូដកម្ម​ បាតុកម្ម​ ពេញ​ផ្ទៃ​ប្រទេស និងជួន​ដោយ​មានអំពើ​ហិង្សា​ទៀត។ បារាំង​ចាប់​ផ្តើម​មាន​កំណើន​សេដ្ឋកិច្ច​មែន ប៉ុន្តែ​ក្នុង​កំរិត​ទាប​ជាង​ការ​រំពឹង​ទុក។ Fitch ព្យាករ​ថា​ឆ្នាំ​នេះ​បារាំង​ត្រូវ​មាន​កំណើន​១,១% តែ​ជាក់​ស្តែង​មាន​ត្រឹម​០,៨% និង​មាន​ត្រឹម​តែ​១,៣%​នៅ​ឆ្នាំ​២០២៤ទល់​នឹង​១,៩%​នៅក្នុង​ការ​ព្យាករណ៍​មុន។ ចំណែក​រដ្ឋាភិបាល​បារាំង​ខ្លួន​ឯង​រំពឹង​លើ​ផែនការ​កំណើន​សេដ្ឋកិច្ច​១%។ សម្រាប់ភ្នាក់ងារ បារាំង​មាន​​ឱន​ភាព​ថវិកា និង​បំណុលសាធារណៈ​ ​ធំណាស់ តែ​មិន​សូវ​​ប្រឹង​ប្រែង​កាត់​បន្ថយទេ។​ បន្ទាប់​ពី​ធ្លាក់​ចុះមក​នៅ​ ៤,៧%​នៅឆ្នាំ​២០២២ ឱនភាព​សាធារណៈ​បារាំង​ចាប់​ស្ទុះ​ឡើង​វិញ​នៅឆ្នាំ​នេះ​ដល់​៤,៩% រួចចូល​ដល់​ឆ្នាំ​២០២៤​ទើប​អាច​ចាប់​ផ្តើម​ធ្លាក់​ចុះ​ជា​សន្សឹមៗ​មក​វិញ​។ ប៉ុន្តែ​ភ្នាក់ងារ​Fitch គិត​ថា​ឱនភាពបារាំងឆ្នាំ​នេះ​មាន​កំរិត​៥% និង​៤,៧%​នៅ​ឆ្នាំក្រោយ។ ចំពោះ​​បំណុលវិញ​ តាម​គម្រោង​ បំណុល​សាធារណៈបារាំង​នឹង​កើន​ឡើង​ដល់​១០៨,៣% នៅឆ្នាំ​២០២៧។ ទាប​ជាង​ការ​ព្យាករណ៍​មុន​មែន ប៉ុន្តែ​ខ្ពស់​ជាង​កម្មវត្ថុ​កំណត់​ដោយ​សហភាព​អឺរ៉ុប​ឆ្ងាយ​ណាស់។ អឺរ៉ុប​អនុញ្ញាត​ឱ្យ​សមាជិក​មាន​បំណុល​ត្រឹម​៣%​នៃ​ផលិតផល​សរុប​របស់​ប្រទេស​តែ​ប៉ុណ្ណោះ។ បាតុកម្មទ្រង់ទ្រាយធំ ថ្ងៃ​​​១ឧសភា ស្ថានភាព​សេដ្ឋកិច្ច​មិន​សូវ​ល្អ​ហើយ ត្រូវ​ជួប​នឹង​បញ្ហា​សង្គម​ទៀត។ នៅក្នុង​សេចក្តី​ថ្លែងការណ៍ ភ្នាក់ងា​រ​Fitchបាន​លើក​ឡើង​ថា កាលពី​៦​សប្តាហ៍មុន រដ្ឋាភិបាល​បារាំង​របស់​លោក​ម៉ាក្រុង អនុម័ត​គម្រោង​កំណែទម្រង់​ច្បាប់​សោធននិវត្តន៍ ដំឡើង​អាយុចូល​និវត្តន៍​ពី​៦២ទៅ​៦៤​ឆ្នាំ ដោយ​ប្រើ​មាត្រ​៤៩,៣ នៃ​រដ្ឋធម្មនុញ្ញតែ​ម្តង ពោល​គឺ​ដោយ​មិន​ឆ្លង​កាត់​ការបោះឆ្នោត​នៅសភា​ទេ។ ជម្រើស​អនុម័ត​ច្បាប់​បែប​នេះ បាន​ជំរុញ​ឱ្យ​មានឆន្ទៈ​​ប្រឆាំង​កាន់​តែ​ខ្លាំង​ និង​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​កាន់​តែ ហិង្សា។ នៅថ្ងៃ​ចន្ទទី ១ ឧសភា ដែល​ជា​ប្រពៃណី​នៅក្នុង​ប្រទេស​បារាំង​ តែង​តែ​មាន​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ដើម្បី​បុព្វហេតុ​ច្បាស់​លាស់​ណាមួយ​ស្រាប់​ផង នឹង​មាន​ចលនា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​អនេក។ ​ក្រុម​សហជីព​​ទាំងអស់ (៨) របស់​បារាំង​ នឹង​ចាប់​ដៃ​គ្នា​ជា​ធ្លុង​មួយ ដង្ហែ​ក្បួន​ ប្រែក្លាយ​ថ្ងៃទី​១ឧសភា​ទៅ​ជា​ទិវាប្រជាជនគ្នា ចារ​ក្នុង​​ប្រវត្តិសាស្ត្រ​ ប្រឆាំងនិងទាមទារ​ឱ្យ​រំលាយកំណែទម្រង់​ច្បាប់​សោធននិវត្តន៍​វិញ។ ជា​ការ​រួប​រួម​គ្នា​ជា​ធ្លុងធ្វើ​បាតុកម្ម​ដែល​ពុំ​ធ្លាប់​មាន​ទេ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៩- ឆ្នាំមាន​បាតុកម្ម​ប្រឆាំង​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​មក។ អ៊ីចឹង​ហើយ​បាន​ជា​ភ្នាក់ងារ​Fitch សម្រេច​បញ្ចុះ​ចំណាត់​ថ្នាក់​បារាំង។ សម្រាប់​​ភ្នាក់ងារ ភាព​តាន​តឹង​ក្នុង​សង្គមបារាំង ​មួយ​រយៈ​ចុងក្រោយ​មក​​នេះ បាន​ធ្វើ​ឱ្យ​គម្រោង​ច្បាប់​ធ្វើ​កំណែទម្រង់​មាន​ហានិភ័យ​ខ្ពស់ ហើយ​អាច​បង្កើត​ជា​សម្ពាធ​សង្កត់​លើ​នយោបាយ​ថវិកា​ផង​ ឬ​អាច​នឹងធ្វើ​ឱ្យ​គម្រោង​កំណែទម្រង់​មុន​​ក្រឡាប់​ចាក់​បាន។ ​ផលវិបាក​នៃ​ចំណាត់​ថ្នាក់ ​​​ការ​បញ្ចុះ​ចំណាត់​ថ្នាក់ របស់​Fitch ជា​ការ​វាយសំពង​លើ ​​សេដ្ឋកិច្ច ហរិញ្ញវត្ថុ​ ​បារាំង​ផង និង ​ជា​ពិសេស​ ​លើ​នយោបាយ​របស់រដ្ឋាភិបាល​​លោក​ម៉ាក្រុង។ តែ​ដោយជាក់ស្តែងនោះ សមត្ថភាព​ហិរញ្ញវត្ថុ​បារាំង​មិន​ចោទ​ជា​បញ្ហា​ទេ​នៅលើ​ទីផ្សារ។ ​បារាំងមិន​ពិបាក​រក​អ្នក​វិនិយោគ​ឡើយ​។ កាលពី​ឆ្នាំ​២០១២-២០១៣ បារាំង ធ្លាប់​ធ្លាក់​ចំណាត់​ថ្នាក់​ម្តង​ពី AAA មក​AA ហើយ​កាលណោះ​បារាំង​ក៏​មិន​បាន​បាត់​បង់​អ្នក​វិនិយោគ​ដែរ។  គ្រាន់​តែ​ថា​ អត្រា​ការប្រាក់​​ត្រូវ​ឡើង​ខ្ពស់​ជាង​មុន។ អត្រាការ​ប្រាក់​បាន​ឡើង​មួយ​ឆ្នាំ​ហើយ​ពី ១ទៅ​៣%​ ព្រោះ​ថា កាលពី​សប្តាហ៍​មុន​ ភ្នាក់ងា​រវាយ​តម្លៃ​ហានិភ័យ​បំណុល​មួយ​ទៀត គឺ Moody’s បាន​រក្សា​ចំណាត់ថ្នាក់​ដដែល តែ​កាលពី​ខែ​ធ្នូ​២០២២ ភ្នាក់ងារ​ Standard and Poor’s បាន​សេចក្តី​សម្គាល់ អំពី​ស្ថានភាព​ធ្លាក់​ចុះនៃ​ហិរញ្ញវត្ថុសាធារណៈ​​បារាំង​ដោយ​ហេតុ​តែ វិបត្តិ​ថាមពល ហើយ​គ្រោង​នឹង​បញ្ចុះ​ចំណាត់​ថ្នាក់​ដែរ​នៅក្នុង​របាយការណ៍​វាយតម្លៃ​របស់​ខ្លួន​ដែល​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២​មិថុនា​ខាង​មុខ។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​បារាំង​បាន​បញ្ចេញ​ប្រតិកម្មភ្លាម​​ នៅថ្ងៃ​សៅរ៍​នេះ តាម​រយៈ​សំឡេង​របស់​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ដោយចាត់​ទុក​ការ​វាយ​តម្លៃ​របស់ភ្នាក់ងារ​Fitch ថា​មាន​លក្ខណៈ​ទុទ្ទិដ្ឋនិយម​ មើល​ស្រាល​លទ្ធផល​នៃ​ការ​ប្រឹង​ធ្វើ​កំណែទម្រង់ ជាពិសេស​កំណែទម្រង់​ច្បាប់​សោធននិវត្តន៍។ លោករដ្ឋមន្ត្រី​បាន​ប្រកាស​ថា បារាំង បន្ត​ប្រឹង​ធ្វើ​កំណែ​ទម្រង់ ដែល​នឹង​មក​ប្តូរ​ប្រែ​គំរូ​សេដ្ឋកិច្ច​បារាំង​។ “សូម​កុំ​សង្ស័យ​លើឆន្ទៈ​បារាំង។ បារាំង​នឹង​ស្តារ​ហិរញ្ញវត្ថុ​សាធារណៈ ពន្លឿន​ការ​បញ្ចុះ​បំណុល​ជាតិ​ កាត់​បន្ថយ​ឱនភាព​និង​ពន្លឿន​ការ​បន្ថយ​ចំណាយ​សាធារណៈ។” នេះ​ជា​ពាក្យ​សន្យា​របស់​លោក​រដ្ឋមន្ត្រី​ក្រសួ​ង​ហិរញ្ញវត្ថុ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​អឺរ៉ុប​នៅ​ក្រុង​ស្តុកខុល​ប្រទេស​ស៊ុយអែត។ ហើយ​ដើម្បី​សាកល្បង​បន្ធូរ​បន្ថយ​សម្ពាធ​សង្គម និង​ពន្លត់​កំហឹង​ពលរដ្ឋ​ជុំ​វិញ​កំណែទម្រង់​ច្បាប់​សោធននិវត្តន៍​ ប្រមុខ​រដ្ឋាភិបាលបារាំង បាន​​ប្រកាស​ កាលពី​ថ្ងៃពុធ ទិសដៅ​នយោបាយ​មួយ​ខ្សែ​វែង មាន​ជាអាទិ៍​ការ​បញ្ចុះ​ពន្ធដា​រ​ដល់​ពលរដ្ឋ​ស្រទាប់​កណ្តាល ចាប់​ពី​ឆ្នាំ​២០២៣​នេះ​ទៅ​តែម្តង៕
4/29/20237 minutes
Episode Artwork

សម្តេចប៉ាប​ទៅ​ទស្សនកិច្ចនៅហុងគ្រី​ ដើម្បីអំពាវនាវ “ការស្តារសន្តិភាពនៅអ៊ុយក្រែន​”

ថ្ងៃសុក្រទី​២៨មេសា សម្តេចប៉ាប ហ្វ្រង់ស្វ័រ ប្រមុខសង្ឃកាតូលិក បាន​យាងទៅដល់​ទីក្រុង​ប៊ូដាប៉េសត៍ ប្រទេសហុងគ្រី ក្នុងដំណើរ​ទស្សនកិច្ច​រយៈពេល​៣ថ្ងៃ។ កន្លងមក យើងបាន​សង្កេតឃើញថា សម្តេចប៉ាបហ្វ្រង់ស្វ័រ និង​លោកវិកទ័រ អកបាន នាយករដ្ឋមន្ត្រីហុងគ្រី មានទំនោរមិនស្របគ្នាទេ ទាក់ទិននឹងសំណុំរឿងជនភៀសខ្លួន។ តែយ៉ាងណា អ្នកវិភាគជឿថា តាមរយៈ​ទស្សនកិច្ចនាពេលនេះ គឺ​សម្តេចប៉ាប ទំនងជាចង់រួមកម្លាំងជាមួយ​លោក​នាយករដ្ឋមន្ត្រីហុងគ្រី ដើម្បីអំពាវនាវ ឲ្យ​មានការស្តារសន្តិភាពនៅអ៊ុយក្រែន ជាជាងការប្រគល់អាវុធឲ្យអ៊ុយក្រែនបន្តធ្វើសង្គ្រាម ដូចអ្វីដែលក្រុម​ប្រទេសស​ម្ព័ន្ធមិត្ត​លោកខាងលិច​កំពុងតែធ្វើនោះ​។ បួងសួងសុំសន្តិភាពនៅអ៊ុយក្រែន​​ ទស្សនកិច្ចនៅទីក្រុងប៊ូដាប៉េសត៍ របស់សម្តេចប៉ាបហ្វ្រ័ងស្វ័រនាពេលនេះ ទំនងជាត្រូវបាន​សម្តេចសង្ឃកាតូលិក ផ្តល់សារៈសំខាន់ខ្លាំងណាស់ បើទោះបីព្រះអង្គមានសុខភាពទ្រុឌទ្រោម​។ ជាងនេះទៀត កាលពីខែ​កញ្ញាឆ្នាំ​២០២១ សម្តេចប៉ាប បានឆ្លងកាត់ និងចុះនៅ​ក្រុងប៊ូដាប៉េសត៍​​ម្តងរួចហើយ។ ប្រជាជនហុងគ្រី អ្នកកាន់សាសនគ្រិស្ត បាន​សម្តែង​សេចក្តីត្រេកអរណាស់ ដែល​សម្តេចប៉ាបមកហុងគ្រីញឹកញាប់បែបនេះ​។​ ម៉ោងប្រមាណ១០ព្រឹក​ ថ្ងៃសុក្រនេះ សម្តេចប៉ាប ហ្វ្រង់ស្វ័រ បានយាងទៅដល់​ទីក្រុងប៊ូដាប៉េសត៍ហើយ ដោយទស្សនកិច្ច៣ថ្ងៃនេះ គឺព្រះអង្គនឹងគង់នៅតែក្នុងទីក្រុងប៊ូដាប៉េសត៍ប៉ុណ្ណោះ មិនធ្វើដំណើរចុះឡើងឆ្ងាយទេ ព្រោះសុខភាពព្រះអង្គមិនសូវ​មាំទាំទេ។ តាមការគ្រោងទុក នៅថ្ងៃនេះ សម្តេចប៉ាប និងយាងចូលជួប​លោកស្រី Katalin Novak ប្រធានាធិបតីហុងគ្រី នៅឯវិមានប្រធានាធិបតី ហើយ​បន្ទាប់មកទៀត សម្តេចប៉ាប នឹងជួបជាមួយ​លោកនាយករដ្ឋមន្ត្រី វិកទ័រ អកបាន។ សម្តេចប៉ាប នឹងថ្លែងសុន្ទរកថាមួយដែរ​ ចំពោះមុខអាជ្ញាធរ និងមន្ត្រីអង្គទូតទជាច្រើននាក់។ សុន្ទរកថាដែលតាមការរំពឹងទុក គឺប្រាកដជាស្តីអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ព្រោះថាបញ្ហានេះ គឺជាស្នូលសំខាន់នៃកម្មវត្ថុ​ទស្សនកិច្ច​របស់​សម្តេចប៉ាប។ មុននឹងចេញដំណើរមក កាលពីថ្ងៃទី​២៣មេសា សម្តេចប៉ាប បានថ្លែងសារមួយទៅកាន់បុព្វជិតអ្នកកាន់សាសនាគ្រិស្តនៅបុរីវ៉ាទីកង់ ថា សូម​ឲ្យ​គ្រប់គ្នា សូត្រធម៌បន់ស្រន់បួងសួងដើម្បីសន្តិភាពនៅតំបន់អឺរ៉ុបកណ្តាល​ ជាទីដែលសង្គ្រាម​កំពុង​តែឆាបឆេះ​។ នៅក្នុងសារនោះ ព្រះអង្គបានអំពាវនាវថា “សូមកុំបំភ្លេចចោលប្រជាជនអ៊ុយក្រែន ដែលកំពុងរងគ្រោះដោយសង្គ្រាម”។ ផ្ញើសារប្រាប់ទៅក្រុមសម្ព័ន្ធមិត្ត​​​លោកខាងលិច​ ថាត្រូវឈប់ជំរុញការធ្វើសង្គ្រាម​ សម្តេចប៉ាបហ្វ្រង់ស្វ័រ មានគោលជំហរគាំទ្រតែសន្តិភាព ដោយ​មិនគាំទ្រការធ្វើសង្គ្រាមនោះទេ។ សម្តេចប៉ាប បានរងចាំច្រើនខែណាស់ ទំរាំតែប្រកាសទទួលស្គាល់ភាពត្រឹមត្រូវរបស់អ៊ុយក្រែន ដែលប្រឹងប្រែងធ្វើសង្គ្រាមប្រយុទ្ធការពារខ្លួន។ តែទន្ទឹមគ្នានេះ សម្តេចប៉ាបមិនគាំទ្រក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ដែលប្រគល់អាវុធទៅឲ្យអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមនោះទេ។ សម្តេចប៉ាបហ្វ្រង់ស័រ ចង់រុញឲ្យ​រុស្ស៊ីនិងអ៊ុយក្រែន ជួបគ្នា ចរចាគ្នា ដើម្បីឈានទៅទម្លាក់អាវុធ ឈប់ធ្វើសង្គ្រាមតទៅទៀត។ គោលជំហរ ប្រឆាំងសង្គ្រាម គាំទ្រសន្តិភាពនេះ ស្រដៀងទៅនឹង​គោលជំហររបស់ លោកវិកទ័រ អកបាន នាយករដ្ឋមន្ត្រីហុងគ្រីដែរ។ លោកវិកទ័រ អកបាន បាន​បរិហារថា ក្រុមប្រទេសលោកខាងលិចនាំគ្នាជ្រើសយកជម្រើសធ្វើសង្គ្រាម រុញអ៊ុយក្រែនឲ្យធ្វើសង្គ្រាម​ ខណៈហុងគ្រីវិញ ជ្រើស​យក​ជម្រើសសន្តិភាព ចង់​ឲ្យ​មានការចរចាសន្តិភាព​​។ តែយ៉ាងណាសម្តេចប៉ាបហ្វ្រង់ស្វ័រ បាន​ប្រកាសថ្កោលទោស​រុស្ស៊ី ដែល​បានបញ្ឆេះភ្លើងសង្គ្រាមនេះឡើង។ ក៏ប៉ុន្តែលោកវិកទ័រ អកបានវិញ មិនបានថ្កោលទោសរុស្ស៊ីឲ្យចំៗទេ។ លោក​ម្នាក់នេះ បានបដិសេធមិនជួយជាគ្រឿងសព្វាវុធទៅឲ្យ​អ៊ុយក្រែនទេ បើទោះបីហុងគ្រីជាសមាជិករបស់សហភាពអឺរ៉ុបក្តី។ គោលជំហរស្រពិចស្រពិលទាំង​នេះ ត្រូវបានគេសម្លឹងឃើញថា ធាតុពិត គឺ​លោក​វិកទ័រ អកបាន មិនចង់ធ្វើ​ឲ្យ​លោកពូទីនខឹងខ្លួនតែប៉ុណ្ណោះ។ ប្រមុខសាសនានិកាយកាតូលិកហ្វ្រង់ស៊ីសកាន ដ៏មានឥទ្ធិពលនិងស្និទជាមួយរដ្ឋាភិបាលហុងគ្រីម្នាក់ ធ្លាប់បាន​លើកឡើងថា ខ្លួន​មានការតក់ស្លុតក្នុងចិត្ត ដែលឃើញថានៅអ៊ុយក្រែន គេមិន​បន់ស្រន់បួងសួងឲ្យមានសន្តិភាពទេ តែបែរជាបន់ស្រន់បួងសួងធ្វើម៉េចឲ្យតែឈ្នះសង្គ្រាមទៅវិញ។ លោក​ម្នាក់នេះ អះអាងទៀតថា សម្តេចប៉ាបត្រេកអរណាស់ ដែល​ឃើញថាហុងគ្រី​ គឺជាទីដ៏កម្រ ដែលគាំទ្រចង់បាន​​សន្តិភាព​។ ប្រភពពីបុរីវ៉ាទីកង់វិញ បានលើកឡើងថា “ទស្សនកិច្ចរបស់សម្តេចប៉ាបហ្វ្រង់ស្វ័រ នៅប៊ូដាប៉េសត៍នាពេលនេះ គឺសម្តេចប៉ាប ចង់ផ្ញើសារប្រាប់​ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិចថា អ្វីដែលពួកខ្លួនគិត គឺ​មិនមែនសុទ្ធតែត្រូវបាន​សហគម​ន៍​អ្នកកាន់សាសនាកាតូលិក​ទាំងអស់ គាំទ្រគ្រប់គ្នានោះទេ”។ ជំហរដូចគ្នាក្នុងរឿងអ៊ុយក្រែន តែខុសគ្នាស្រឡះក្នុងរឿងជនភៀសខ្លួន​ សារអំពាវនាវស្វែងរកសន្តិភាពនៅអ៊ុយក្រែននេះ គឺជាកត្តាដែលបាន​រុញឲ្យ​លោក​នាយករដ្ឋមន្ត្រីហុងគ្រី និង​សម្តេចប៉ាបហ្វ្រង់ស្វ័រ មានភាពរាក់ទាក់ស្វាគមន៍គ្នាទៅវិញទៅមក។ បណ្តាញសារព័ត៌មានក្នុងស្រុកហុងគ្រី ដែលពីមុនមកមានទំនោរប្រឆាំងនឹងសារអំពាវនាវ របស់​សម្តេចប៉ាប ទាក់ទិនសំណុំរឿងជនភៀសខ្លួន ពេលនេះបាននាំគ្នាចុះផ្សាយព្រោងព្រាត សរសើរសម្តេចប៉ាបហ្វ្រង់ស្វ័រ។ តែយ៉ាងណា ក្នុងសំណុំរឿងជនភៀសខ្លួន រវាងលោកវិកទ័រ អកបាន និងសម្តេចប៉ាបហ្វ្រង់ស័រ គឺនៅតែមាន​ការខ្វែងគំនិតគ្នាខ្លាំងណាស់។ អ្នកទាំង២មានទស្សនវិស័យមិនដូចគ្នាទេ។ សម្តេចប៉ាប ធ្លាប់​បាន​ផ្ញើសារអំពាវនាវ ឲ្យ​ប្រជាជនហុងគ្រី រដ្ឋាភិបាលហុងគ្រី ឲ្យ​បើកចិត្ត​ឲ្យទូលាយ ប្រកបដោយមេត្តាធម៌ ទទួលយកជនភៀសខ្លួន​មកពីតំបន់ដើមបូព៌ា ដែលកាន់សាសនាអ៊ីស្លាម។ ជាសារដែលលោក វិកទ័រ អកបាន ស្តាប់មិនចូលត្រចៀកទេ។ ប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលហុងគ្រី ដឹកនាំដោយ​លោក​នាយករដ្ឋមន្ត្រីស្តាំនិយមរូបនេះ បានប្រើគ្រប់មធ្យោបាយ ដើម្បីរារាំងជនភៀសខ្លួន ជនអន្តោប្រវេសន៍ មិន​ឲ្យចូល​មក​ហុងគ្រី។ ឆ្នាំ​២០២២កន្លងទៅ ហុងគ្រីបានផ្តល់ក្រដាសស្នាមដល់ជនភៀសខ្លួន តែ​១០នាក់តែប៉ុណ្ណោះ។ ទស្សនកិច្ចរបស់សម្តេចប៉ាបនៅប៊ូដាប៉េសត៍នាពេលនេះ មិនមែនជារឿងងាយស្រួល​ប៉ុន្មានទេសម្រាប់បុរីវ៉ាទីកង់។ សម្តេចប៉ាបហ្វ្រង់ស្វ័រ ស្ថិតនៅ​លើផ្លូវដើរដែលតូច​ចង្អៀតណាស់។ ម្ខាង​ជាទស្សនវិស័យស្រដៀងគ្នាជាមួយលោកវិកទ័រ អកបាន ទាក់ទិននឹង​សារអំពាវនាវ​ឲ្យ​​បិទបញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន ហើយ​ម្ខាងទៀត ទាក់ទិននឹងការ​ទទួលជនភៀសខ្លួន ដែលអ្នកទាំង២គិតខុសគ្នាដូចមេឃនឹងដី។ រដ្ឋាភិបាលហុងគ្រីដែលរើសអើងប្រកាន់សាសនានោះ​ មិនចង់បើកទ្វារទទួលជនភៀសខ្លួន ដែលកាន់សាសនាផ្សេង ក្រៅពីសាសនាគ្រិស្ត​ជាដាច់ខាត​៕
4/28/20236 minutes, 55 seconds
Episode Artwork

អាមេរិកនិងកូរ៉េខាងត្បូងចាប់ដៃគ្នា​ក្នុងកិច្ចព្រមព្រៀង​ស្តីពីការប្រើអាវុធ​នុយក្លេអ៊ែរ

អាមេរិក និង​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង​ចុះកិច្ចព្រមព្រៀងថ្មី សំដៅ​ពង្រឹង​ឆ័ត្រនុយក្លេអ៊ែរអាមេរិកដើម្បី​ការពារ​កូរ៉េខាងត្បូង។ នៅក្នុង​សន្និសីទកាសែតដែលធ្វើឡើង នៅ​ក្រោយ​ជំនួបកំពូល កាលពីថ្ងៃ​ពុធ នៅសេតវិមាន ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​និង​ប្រធានាធិបតី​កូរ៉េខាងត្បូង យូន ស៊ុកយោល បាន​បង្ហាញ​ចេតនា​ចង់ពង្រឹង​ការសហការរវាង​សម្ព័ន្ធមិត្តទាំងពីរ ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ ប្រមុខដឹកនាំកូរ៉េខាងត្បូង​និងអាមេរិក​ព្រមានផងដែរ កូរ៉េខាងជើង កុំឲ្យវាយប្រហារនុយក្លេអ៊ែរ​លើ​អាមេរិក ឬ​ប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក បើសិន​មិនចង់​ឲ្យ​អាមេរិក​ប្រើ​អាវុធនុយក្លេអ៊ែរ ឬ​ទីបញ្ចប់​នៃ​របប​កុម្មុយនិស្ត​ព្យុងយ៉ាង។ នៅ​ក្នុង​ជំនួប​ទ្វេភាគី ជាមួយប្រធានាធិបតី​កូរ៉េខាងត្បូង លោក​យូន សុខយោល នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន​បានសន្យាធានា​ការពារ​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង នៅចំពោះមុខការគំរាមកំហែងអាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង តាមរយៈ​ការចុះកិច្ចព្រមព្រៀង ដែលមានឈ្មោះ សេចក្តីប្រកាស​វ៉ាស៊ីនតោន។ សេចក្តីប្រកាស​វ៉ាស៊ីនតោន​មានចែងថា អាមេរិក និងកូរ៉េខាងត្បូង​ព្រមព្រៀងគ្នា​ពង្រឹង​សហប្រតិបត្តិការយោធា និងការពិគ្រោះយោបល់​ឲ្យកាន់តែជិតស្និទ្ធខ្លាំងជាងមុន។ តាមមន្រ្តីអាមេរិក សេចក្តីប្រកាស​វ៉ាស៊ីនតោន ជាលទ្ធផល​នៃ​ការពិភាក្សា​ចរចា​ជាច្រើនខែ​មកហើយ រវាងអាមេរិក និងកូរ៉េខាងត្បូង បន្ទាប់ពី​កូរ៉េខាងត្បូង​ធ្លាប់​ទាមទារ​ចង់​បាន​ការបញ្ជាក់ និង​សកម្មភាព​ជាក់ស្តែង​របស់អាមេរិក ដើម្បី​ការពារ​កូរ៉េខាងត្បូង នៅចំពោះមុខ​កូរ៉េខាងជើង ដែល​បង្កើន​ការបាញ់សាកល្បង​មីស៊ីល និង​អាវុធនុយក្លេអ៊ែរ កាន់តែ​ទំនើបៗ គំរាមកំហែង​កូរ៉េខាងត្បូង។ ថ្លែងនៅ​ក្នុង​សន្និសីទកាសែតរួម​ជាមួយ​លោក​ប្រធានាធិបតីចូ បៃដិន ប្រធានាធិបតីកូរ៉េខាងត្បូង លោក​យូន ស៊ុកយោល និយាយថា សេចក្តីប្រកាស​វ៉ាស៊ីនតោន ជា​ការសន្យាថ្មី មិនធ្លាប់មាន របស់​អាមេរិក ដើម្បីទប់ទល់ និងការពារ​សម្ព័ន្ធមិត្តរបស់អាមេរិក តាមរយៈ​ការប្រើអាវុធ​នុយក្លេអ៊ែរ។ ទៅតាម​សេចក្តីប្រកាស​វ៉ាស៊ីនតោន អាមេរិក​យល់ព្រម​បញ្ជូន​នាវាមុជទឹកដែលមាន​មីស៊ីលបាលីស្ទិក បំពាក់​ដោយ​ក្បាល​គ្រាប់នុយក្លេអ៊ែរ ឲ្យ​ទៅបើក​ក្រវែល នៅទឹកសមុទ្រ​កូរ៉េខាងត្បូង ក្នុង​ពេល​មាន​កំណត់មួយ ប៉ុន្តែ មិនទៅប្រចាំការជាអចិន្ត្រៃយ៍​នោះទេ។ នេះជា​លើកទី១ ក្នុងប្រវត្តិសហប្រតិបត្តិការយោធា​អាមេរិក និងកូរ៉េខាងត្បូង បន្ទាប់ពី​អាមេរិក​ដកចេញអស់អាវុធនុយក្លេអ៊ែរ​ពីកូរ៉េខាងត្បូង កាលពីឆ្នាំ ១៩៩១។ ក្រៅពី​នាវាមុជទឹក អាមេរិក​អាច​បញ្ជូន​នាវាដឹកយន្តហោះចម្បាំង និង​យន្តហោះ​ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ​ទៅហោះ​ម្តងម្កាល នៅ​កូរ៉េខាងត្បូង។ ម្យ៉ាងទៀត តាមសេចក្តីប្រកាស​វ៉ាស៊ីនតោន អាមេរិក​នឹង​ដាក់បញ្ចូល​កូរ៉េខាងត្បូង​ទៅក្នុងផែនការ​នុយក្លេអ៊ែរ​របស់អាមេរិក។ មានន័យថា​ អំណើះតទៅ ភាគី​កូរ៉េខាងត្បូង​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ការប្រជុំបន្ទាន់​របស់​មន្រ្តីអាមេរិក ទាក់ទង​នឹង​ការប្រើអាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ កូរ៉េខាងត្បូង​មិនត្រឹម​ទទួលបាន​ព័ត៌មានស្តីពីប្រភេទ និង​របៀបប្រើ​នុយក្លេអ៊ែរ​របស់អាមេរិក​តែប៉ុណ្ណោះទេ ប៉ុន្តែ កូរ៉េខាងត្បូងនៅ​អាច​មាន​សិទ្ធិ​បញ្ចេញយោបល់របស់ខ្លួន​សម្រាប់​ផែនការបន្ទាន់ ដែលអាមេរិក​អាច​រៀបចំឡើង​ដើម្បីឆ្លើយតប​នឹង​ការវាយប្រហារនុយក្លេអ៊ែរ​ណាមួយរបស់កូរ៉េខាងជើង។ ដែលនេះ​ទើបមានជាលើកទី១ បន្ទាប់ពី​កូរ៉េខាងត្បូង​បានទាមទារ​អស់ជា​ច្រើនឆ្នាំ។ កូរ៉េខាងត្បូង​ចង់​បាន​សិទ្ធិ​ដូច​ប្រទេស​នៅអឺរ៉ុប ដែលចូលរួម​យ៉ាងសកម្ម នៅក្នុងផែនការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរអាមេរិក ដែលមាន នៅទឹកដីអឺរ៉ុប។ អាមេរិកយល់ព្រម​ពង្រឹងឆ័ត្រនុយក្លេអ៊ែរ​ការពារកូរ៉េខាងត្បូង ប៉ុន្តែ កូរ៉េខាងត្បូង​ត្រូវបោះចោលមហិច្ឆតា មានអាវុធនុយក្លេអ៊ែរ កូរ៉េខាងត្បូង​ធ្លាប់​មានចិត្ត​ចង់​អភិវឌ្ឍ​ផលិត​អាវុធ​នុយក្លេអ៊ែរ ​កាលពីអំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ប៉ុន្តែ នៅពេល​អាមេរិកដឹងរឿងនេះ អាមេរិក​បាន​ដាក់ឱសានវាទ​ឲ្យកូរ៉េខាងត្បូង​ជ្រើសរើស​ថា តើ​ចង់បន្តមហិច្ឆតា ផលិត​អាវុធនុយក្លេអ៊ែរដោយ​ខ្លួនឯង ឬ​ត្រូវការ​ឆ័ត្រការពារ​សន្តិសុខ​ពី​អាមេរិក ដែលនៅក្នុងនោះមានផងដែរ ការប្រើអាវុធនុយក្លេអ៊ែរអាមេរិក។ កូរ៉េខាងត្បូង​បានរើសយកជម្រើសទី២ ដោយ​អនុញ្ញាត​ឲ្យអាមេរិក​ពង្រាយ​កងទ័ព​ជាច្រើនម៉ឺននាក់ នៅទឹកដីកូរ៉េខាងត្បូង។ ប៉ុន្តែ ស្ថានការណ៍​បាន​វិវត្ត​ប្រែប្រួល​ច្រើន។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កូរ៉េខាងជើង ក្រោមការដឹកនាំ​របស់​លោកគីម ជុងអ៊ុន​សម្រុក​អភិវឌ្ឍ​ផលិត​មីស៊ីលទំនើបៗ និង​ប្រកាស​តាំងខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ នឹងគេដែរ។ ជាញយដង កូរ៉េខាងជើង​បាន​គំរាមកំហែង​ថា នឹង​វាយប្រហារ​កូរ៉េខាងត្បូង ជាមួយ​មីស៊ីល​ដែលមាន​បំពាក់ក្បាល​គ្រាប់នុយក្លេអ៊ែរ។ ព្យុងយ៉ាងនៅបាន​បង្ហាញថា ខ្លួន​មាន​សមត្ថភាព​វាយប្រហារ​ដល់ទឹកដី​អាមេរិក ដែលស្ថិតនៅចម្ងាយ រាប់ម៉ឺនគីឡូម៉ែត្រ​ពីកូរ៉េខាងជើង។ ដោយសារតែឃើញមីស៊ីល អាវុធ​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង កាន់តែ​ទំនើប និងមានសមត្ថភាព​វាយប្រហារ​រហូត​ដល់​ទឹកដីអាមេរិក ប្រជាជន​កូរ៉េខាងត្បូង ចាប់ផ្តើមសង្ស័យ និង​ចោទសួរពី​ចេតនា​របស់​អាមេរិក​ដើម្បី​មកជួយកូរ៉េខាងត្បូង ក្នុងករណី​ដែលមានការវាយប្រហារ​នុយក្លេអ៊ែរ​ពីកូរ៉េខាងជើង។ ក្នុងករណី​ដែល​កូរ៉េខាងជើង​គំរាម​ឲ្យ​អាមេរិក​ដកខ្លួន កុំ​អន្តរាគមជួយ​សេអ៊ូល បើសិន​មិន​ចង់​ឲ្យ​កូរ៉េខាងជើង​វាយប្រហារ​នុយក្លេអ៊ែរ​លើទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ របស់អាមេរិក តើ​អាមេរិក​នឹង​រើសយកមួយណា? សម្រាប់ប្រជាជន​កូរ៉េខាងត្បូង អាមេរិក​ប្រាកដជាជ្រើសរើសជួយ​សាន់ហ្វ្រាន់ស៊ីស្កូ ដែលជា​ទឹកដីរបស់ខ្លួន ប៉ុន្តែ មកជួយ​សេអ៊ូលនោះទេ។ ដោយសារ​តែ​គិតថា មានតែ​ខ្លួនឯង​ជួយខ្លួនឯង​នេះហើយ បាន​ជាប្រជាជន​កូរ៉េខាងត្បូង កាន់តែច្រើន តាមការស្ទង់មតិ​មានដល់​ទៅ ៦៥% ចង់​ឲ្យ​កូរ៉េខាងត្បូង​មាន​សមត្ថភាព​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរដោយខ្លួនឯង ដោយ​មិនចាំ​បាច់ពឹងអាមេរិកដូចមុនទៀត។ ម្យ៉ាង ប្រជាជន​កូរ៉េខាងត្បូង​ហាក់កាន់តែ​លែងសូវជឿទុកចិត្ត​លើការសន្យា​របស់​អាមេរិក នៅពេលគេធ្លាប់លឺ អតីតប្រធានាធិបតីអាមេរិក លោក​ដូណាល់ ត្រាំ គំរាម​ឲ្យ​កូរ៉េខាងត្បូង​ត្រូវ​បង់ថ្លៃ​ឲ្យ​អាមេរិក បើសិន​ចង់​ឲ្យកងទ័ព​អាមេរិក​នៅបន្ត​ឈរជើង​ការពារ​កូរ៉េខាងត្បូង។ ផ្ទុយពីលោកដូណាល់ ត្រាំ លោកប្រធានាធិបតី​ចូ បៃដិន​បាន​ចេញមុខមកធានាសមភាគីកូរ៉េខាងត្បូង ដោយ​​និយាយ​ព្រមានខ្លាំងៗ ​កូរ៉េខាងជើងថា បើសិនជាហ៊ានវាយប្រហារ​អាមេរិក ឬ​ប្រទេស​សម្ព័ន្ធមិត្ត​របស់អាមេរិក ដោយគ្រាប់មុយក្លេអ៊ែរ នោះ កូរ៉េខាងជើង​ត្រូវ​ជួបគ្រាប់នុយក្លេអ៊ែររបស់អាមេរិកវិញ។ សម្រាប់លោកចូ បៃដិន ការវាយប្រហារ​នុយក្លេអ៊ែរណាមួយរបស់កូរ៉េខាងជើង នឹង​ធ្វើ​ឲ្យរបបកូរ៉េខាងជើងត្រូវអវសាន្តជីវិត។ ប៉ុន្តែ បើមើលទៅលើ​តម្រូវការ និង​ក្តីបារម្ភ​របស់​ប្រជាជនកូរ៉េខាងត្បូងសព្វថ្ងៃ ​ការចេញមុខធានា​របស់​មេដឹកនាំ​អាមេរិក ​និង​សេចក្តីប្រកាស​វ៉ាស៊ីនតោន ដែលមាននិយាយពី​ការបញ្ជូន​នាវាមុជទឹកនុយក្លេអ៊ែរ ទៅបើកឆ្វែល​កូរ៉េខាងត្បូង​នៅតែ​មិនគ្រប់គ្រាន់។ ផ្ទុយទៅវិញ ប្រជាជនកូរ៉េខាងត្បូង ត្រូវខក​ចិត្តសាជាថ្មី ព្រោះថា ជាថ្នូ​នឹង​ការសន្យាទទួលបានឆ័ត្រនុយក្លេអ៊ែរ​របស់អាមេរិក កូរ៉េខាងត្បូង​ត្រូវ​បោះបង់ចោល​ថ្មីម្តងទៀត មហិច្ឆតារបស់ខ្លួន ដែល​ចង់បាន ផលិត​អាវុធ​នុយក្លេអ៊ែរ​ដោយខ្លួនឯង៕ កិច្ចព្រមព្រៀង​ពង្រឹងឆ័ត្រ​ការពារ​របស់​អាមេរិក​នឹង​ធ្វើឲ្យ​កូរ៉េខាងជើង​ខ្លបខ្លាច? ក្រោយ​អាមេរិក និងកូរ៉េខាងត្បូង ចេញសេចក្តីប្រកាស​វ៉ាស៊ីនតោន ចិន​តាមរយៈ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​បាន​និយាយ​រំលឹក​ប្រាប់​កូរ៉េខាងត្បូង និងអាមេរិក កុំ​ឲ្យ​ធ្វើសកម្មភាពញុះញង់​បង្ក​ជម្លោះជាមួយ​កូរ៉េខាងជើង។ ប៉េកាំងនៅបាន​ថ្កោលទោស​សេចក្តីប្រកាសវ៉ាស៊ីនតោន និង​ចោទអាមេរិក​ថា មិនខ្វល់ពីសន្តិសុខក្នុងតំបន់។ សម្រាប់​ចិន អាមេរិក​ងប់ងុល​នឹង​រឿងតែម្យ៉ាង គឺ ប្រើបញ្ហា​ឧបទ្វីបកូរ៉េ​ដើម្បីបង្កើតភាពតានតឹង និង​បំផ្លាញ​របប​មិនរីកសាយភាយ​នុយក្លេអ៊ែរ។ នៅមុនប្រតិកម្ម​រិះគន់​របស់ចិន ភាគីអាមេរិក​បាន​បញ្ជាក់ហើយថា នៅរាល់​ការបញ្ជូន​នាវាចម្បាំង ឬ​អាវុធ​នុយក្លេអ៊ែរ​ទៅ​ឧបទ្វីកូរ៉េ អាមេរិក​ជូនដំណឹងជាមុន​ជានិច្ច​ទៅប្រាប់​ចិន ដើម្បីកុំ​ឲ្យ​ចិន​យល់ច្រលំពីចេតនា​របស់​អាមេរិក ដែលតាម​ពិត គឺ​ដើម្បីទប់ទល់​នឹង​ការវាយប្រហារ​នុយក្លេអ៊ែរ​ណាមួយ​របស់​កូរ៉េខាងជើង។ ម្យ៉ាង អាមេរិក​ខកចិត្ត​ណាស់ដែរ ដែល​ចិន​មិនប្រើ​ឥទ្ធិពល​របស់ខ្លួន ដើម្បីដាក់សម្ពាធ​ទៅលើ​កូរ៉េខាងជើង រហូត​ធ្វើ​ឲ្យ​កូរ៉េខាងជើង នៅពេលនេះ មានអាវុធនុយក្លេអ៊ែរ យកទៅប្រើដើរគំរាមកំហែងប្រទេស​ជិតខាង។ និយាយ​ពីកូរ៉េខាងជើងវិញ រហូតមកដល់ពេលនេះ ព្យុងយ៉ាងនៅមិនទាន់​មាន​ប្រតិកម្ម​អ្វីទេ។ ប៉ុន្តែ អ្នកជំនាញវាយតម្លៃថា មេដឹកនាំ​កូរ៉េខាងជើង​ទំនង​គ្មានព្រឺព្រួច បារម្ភខ្លាច​ពីការគំរាម​របស់​អាមេរិក។ កូរ៉េខាងជើង​សុខចិត្ត​ធា្លក់ខ្លួនពិបាក ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច ដើម្បីសម្រួចសម្រាំង អាវុធនុយក្លេអ៊ែរ រហូតបាន​ក្លាយជា​មហាអំនាច​នុយក្លេអ៊ែរ​ដូចអាមេរិក។ រឿងអីដែលកូរ៉េខាងជើង ត្រូវ​ខ្លបខ្លាច បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ដោយសារ​ការសម្លុត បង្ហាញ​សាច់ដុំ​អាវុធនុយក្លេអ៊ែរ​របស់​អាមេរិកនៅសមុទ្រ​កូរ៉េខាងត្បូង។ នៅដំណាក់កាលនេះ គេលែង​អាចបញ្ចុះបញ្ចូល​ដាក់សម្ពាធ​ឲ្យព្យុងយ៉ាង​លះបង់​ចោល​អាវុធនុយក្លេអ៊ែរ​ដូចមុនទៀតហើយ។ នៅពេលនេះ បើអាមេរិក​ចង់​ចរចាជាមួយ​កូរ៉េខាងជើង គឺ​បានត្រឹមតែ​ឲ្យ​កូរ៉េខាងជើង​គ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយ​កុំ​ឲ្យ​ចេះតែ​ផលិត​​ច្រើនជាងចំនួន​សព្វថ្ងៃ​តែប៉ុណ្ណោះ ដូចករណី​ដែលអាមេរិក​បានចុះសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ីកន្លងមក៕
4/27/20239 minutes, 55 seconds
Episode Artwork

ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើដំណើរទៅ​រឹតចំណង​សម្ព័ន្ធភាពជាមួយ​សហរដ្ឋអាមេរិក

ប្រធានាធិបតីកូរ៉េខាងត្បូង លោក​យូន ស៊ុកយោល​ផ្តើមទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​សហរដ្ឋអាមេរិក នៅ​សប្តាហ៍នេះ។ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ជាទីដែល​ជា​ទង់ជាតិ​កូរ៉េខាងត្បូង​បក់រវិច នៅតាមច្រកផ្លូវ និង​នៅ​សេតវិមាន លោកប្រធានាធិបតីអាមេរិក​ចូ បៃដិន កាលពីថ្ងៃ​អង្គារម្សិលមិញ បាន​ទទួល អមដំណើរ​ប្រធានាធិបតី​កូរ៉េខាងត្បូង​គោរពវិញ្ញាណក្ខន្ធ​ទាហានអាមេរិក និងកូរ៉េខាងត្បូង ដែលបាន​ពលីជីវិត នៅក្នុង​សម័យសង្រ្គាមកូរ៉េ ពីឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣។ ប្រធានាធិបតីកូរ៉េខាងត្បូង​បានធ្វើដំណើរទៅដល់​សហរដ្ឋអាមេរិក តាំងពីថ្ងៃ​ចន្ទ។ នៅថ្ងៃអង្គារ អមដំណើរដោយ​អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស លោកប្រធានាធិបតី​យូន ស៊ុកយោល​បានធ្វើទស្សនកិច្ច​នៅ​ទីភ្នាក់ងារអវកាស ណាសា​នៅជាយក្រុងវ៉ាស៊ីនតោន មុននឹង​ជួបប្រជុំជាមួយ​ពាណិជ្ជករអាមេរិក។ នៅថ្ងៃ​ពុធនេះ លោក​យូន ស៊ុកយោល​ត្រូវបើកជំនួបកំពូល​ទ្វេភាគី​ជាមួយ លោកចូ បៃដិន នៅ​សេតវិមាន។ បន្ទាប់ពីចូលរួមក្នុងជំនួបកំពូលសេដ្ឋកិច្ច និង​ទស្សនកិច្ច​នៅ​ទីភ្នាក់ងារ​អវកាសណាសា កាលពីថ្ងៃ​អង្គារ ប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវបើកជំនួបកំពូលទ្វេភាគី​ជាមួយ​ប្រធានាធិបតីអាមេរិក  នៅថ្ងៃ​ពុធនេះ នៅសេតវិមាន មុន​នឹងធ្វើសន្និសីទកាសែត និងចូលរួមក្នុង​កម្មវិធី​ជប់លៀង ដែលរៀបចំ​តាក់តែង ជាពិសេស ដោយ​ភរិយា​របស់​លោកប្រធានាធិបតីចូ បៃដិន។ ទោះ​អាមេរិកជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធិគ្នាខ្លាំងរបស់​កូរ៉េខាងត្បូង ប៉ុន្តែ កម្រ​នឹង​មាន​ប្រធានាធិបតី​កូរ៉េខាងត្បូងទៅធ្វើទស្សនកិច្ច​នៅទឹកដី​អាមេរិកណាស់។ លោក​យូន ស៊ុកយោល ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​លើកដំបូង ដែល​បំពេញ​ទស្សនកិច្ច ផ្លូវរដ្ឋ ទឹកដីអាមេរិក នៅក្នុង​រយៈពេល ១២ឆ្នាំ​មកនេះ។ លោក​យូន ស៊ុកយោល​ជា​ប្រមុខរដ្ឋបរទេស ទី២ បន្ទាប់ពី​ប្រធានាធិបតីបារាំង ដែល​ធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​អាមេរិក នៅក្នុងអាណត្តិដឹកនាំ​របស់​លោក ចូ បៃដិន។ ក្រៅពី​កម្មវិធីដាក់កម្រងផ្កា នៅ​ទីលាន​គោរពវិញ្ញាណក្ខន្ធទាហានកូរ៉េខាងត្បូង និង​កម្មវិធី​ជប់លៀង នៅ​ថ្ងៃ​ពុធ​នេះ នៅសេតវិមាន មេដឹកនាំ​អាមេរិក និងកូរ៉េខាងត្បូងត្រូវផ្តោតលើ​រឿងសាច់ការ ដូចជា ការសហការយោធា​នៅចំពោះមុខការការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង សង្រ្គាមអ៊ុយក្រែន និងទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ។ ប្រធានាធិបតី​កូរ៉េខាងត្បូង​ធ្វើទស្សនកិច្ច​នៅអាមេរិក ដើម្បីចូលរួមប្រារព្ធផងដែរ ខួប ៧០ឆ្នាំនៃ​សម្ព័ន្ធយោធា​អាមេរិក​កូរ៉េខាងត្បូង។ នៅថ្ងៃ​អង្គារ អនុប្រធានាធិបតីអាមេរិក​បាន​អញ្ជើញ​លោក​ទៅធ្វើទស្សនកិច្ច​នៅទីភ្នាក់ងារ​អវកាស​ណាសា។ នៅថ្ងៃពុធ មេដឹកនាំ​អាមេរិក​ក្រាលកម្រាលព្រំក្រហម​ទទួល​ប្រមុខរដ្ឋកូរ៉េខាងត្បូង​នៅសេតវិមាន។ នៅថ្ងៃ​ព្រហស្បតិ៍ លោកប្រធានាធិបតីកូរ៉េខាងត្បូង ឡើង​ថ្លែងសុន្ទរកថា នៅ​សភាអាមេរិក ចំណែកនៅថ្ងៃ​សុក្រ មេដឹកនាំកូរ៉េខាងត្បូង បើក​ការពិភាក្សា​នៅ​សកលវិទ្យាល័យ Havard។ អាមេរិក​រៀបចំកម្មវិធី​អធិកអធម សំបូរបែប​ដើម្បី​ទទួល យកចិត្ត លោក​ប្រធានាធិបតី​យូន ស៊ុកយោល ព្រោះ​លោក​ជាមេដឹកនាំ​កូរ៉េខាងត្បូង​ម្នាក់ ដែល​មាន​ទស្សនៈ​នយោបាយ​ការបរទេស ដូចគ្នា នឹង​នយោបាយការបរទេស​អាមេរិក ជាពិសេស ក្នុងសំណុំរឿង​តៃវ៉ាន់ និង​សង្រ្គាម​អ៊ុយក្រែន។ ខុសប្លែក​ពី ប្រធានាធិបតីកូរ៉េខាងត្បូងមុនៗ ដែល​ប្រុងប្រយ័ត្នមិនហ៊ានរិះគន់​ចិន ដើម្បីកុំ​ឲ្យប៉ះពាល់​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច ព្រោះក្រុមហ៊ុន​កូរ៉េខាងត្បូង ដូចជា Samsung ជាដើម​វិនិយោគច្រើននៅទឹកចិន លោក​យូន ស៊ុកយោល ឯណោះវិញ មិន​ខ្វល់ និង​មិនបាន​តមសំដី រិះគន់​ចិន នៅ​ក្នុង​រឿង​កោះតៃវ៉ាន់។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​បរទេស មេដឹកនាំកូរ៉េខាងត្បូង​ធ្លាប់និយាយ​ថា បញ្ហាតៃវ៉ាន់ មិនមែនជា​រឿងផ្ទៃក្នុង​របស់ចិន ប៉ុន្តែ ជា​បញ្ហា​របស់​ពិភពលោក​ទាំងមូល ដូចជា​បញ្ហា​នៅ​ឧបទ្វីបកូរ៉េ​យ៉ាង​ដូច្នេះ​ដែរ។ ដោយសារ​តែ​ឃើញ​ថា ប្រធានាធិបតីកូរ៉េខាងត្បូង​សព្វថ្ងៃ ប្រកាន់ជំហរថ្មីដាក់ចិន អាមេរិក​ក៏ឆ្លៀត​ចង់​ឲ្យ​សម្ព័ន្ធមិត្តកូរ៉េខាងត្បូង​កាត់បន្ថយ​ការនាំចូលគ្រឿងបច្ចេកវិទ្យា​ទៅប្រទេសចិន នៅក្នុងគោលដៅ ដាក់សម្ពាធ​លើ​ប៉េកាំង។ ក្រៅពីចង់បានជំនួយ​ពីកូរ៉េខាងត្បូង ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​លើ​បន្ទះឈីប​របស់​ចិន រដ្ឋបាល​លោក​ចូ បៃដិន​សង្ឃឹម​បញ្ចុះបញ្ចូល ប្រធានាធិបតីកូរ៉េខាងត្បូង ឲ្យ​បញ្ជូន​អាវុធ ទៅជួយ​អ៊ុយក្រែន ជាពិសេស​គ្រាប់​និងកាំភ្លើងធំ ដែលកូរ៉េខាងត្បូង សំបូរពេញក្នុងស្តុកឃ្លាំងអាវុធរបស់ខ្លួន។ កូរ៉េខាងត្បូង​ផ្លាស់ប្តូរ​ជំហរ ចង់ផ្តល់ទៅ​ឲ្យអ៊ុយក្រែន លើសពីជំនួយមនុស្សធម៌ ជាប្រទេស​លក់នាំចេញ​អាវុធ សំខាន់ទី ៩នៅក្នុងពិភពលោក កូរ៉េខាងត្បូង​ធ្លាប់បាន​ប្រកាសដាច់ណាត់ មិនផ្តល់លក់អាវុធ​ទៅ​ឲ្យអ៊ុយក្រែន នោះបើទោះបី​ជា​ប្រធានាធិបតី​អ៊ុយក្រែន​ទទូចសុំ​ផ្ទាល់មាត់ ចង់បានយកទៅ​ប្រើ​ទប់ទល់​កងទ័ពរុស្ស៊ី​ក៏ដោយ។ ភាគីអាមេរិក​ផ្ទាល់​ក៏ធ្លាប់​ទាមទារ​ឲ្យសេអ៊ូល ផ្តល់កាំភ្លើងធំ ដែល​ខ្លួនមាន​ច្រើនសន្ធឹកសន្ធាប់​ក្នុង​ឃ្លាំងអាវុធ ទៅ​ឲ្យ​អ៊ុយក្រែន ប៉ុន្តែ សេអ៊ូល​រារែក មិន​ព្រមឲ្យ ដោយ​លើក​យក​គោលការណ៍​របស់​កូរ៉េខាងត្បូង ដែល​បដិសេធ​មិន​ផ្តល់​អាវុធ​ឲ្យប្រទេស​ធ្វើសង្រ្គាម។ ដោយពិតទៅ កូរ៉េខាងត្បូង មិន​ចង់​ផ្តល់សព្វាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន ដោយសារ​តែមិន​ចង់​ខូចទំនាក់ទំនង​ជាមួយ​រុស្ស៊ី ដែល​ជា​ដៃគូសេដ្ឋកិច្ច​សំខាន់មួយដែរ​របស់​កូរ៉េខាងត្បូង។ ម្យ៉ាង សេអ៊ូល​បារម្ភខ្លាចថា បើសិន​ខ្លួន​ផ្តល់អាវុធទៅជួយអ៊ុយក្រែន នោះរុស្ស៊ី​នឹង​អាច​ខឹងថ្នាំងថ្នាក់​នឹងខ្លួន ហើយអាចបែរទៅផ្តល់សព្វាវុធ​ទៅជួយ​កូរ៉េខាងជើង​ដែលជា​បងប្អូនសត្រូវ​របស់​កូរ៉េខាងត្បូង។ ប៉ុន្តែ នៅមុនធ្វើទស្សនកិច្ច​នៅវ៉ាស៊ីនតោន ប្រធានាធិបតីកូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយទីភ្នាក់ងារ​Reuters ថា រដ្ឋាភិបាល​របស់​លោក​អាច​ផ្លាស់ប្តូរ​នយោបាយ ដោយ​ផ្តល់ទៅ​ឲ្យ​អ៊ុយក្រែន លើស​ពី​ជំនួយមនុស្សធម៌។ មេដឹកនាំ​កូរ៉េខាងត្បូង​និយាយ​ថា ការសម្រេចចិត្ត​បញ្ជូន​សព្វាវុធ ទៅ​ជួយ​អ៊ុយក្រែន អាស្រ័យ​ទៅលើ​លក្ខខណ្ឌថា តើ​រុស្ស៊ី​បង្កើនការវាយប្រហារ​ទៅលើ​ប្រជាជន​ស៊ីវិល​ដែរទេ។ ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ងាក​ទៅខាង​អ៊ុយក្រែន គឺ​ដើម្បី​ដើរស្រប​នឹង​នយោបាយ​ការបរទេស​របស់អាមេរិក ដែលជា​សម្ព័ន្ធមិត្តសំខាន់ ការពារ​កូរ៉េត្បូង នៅចំពោះមុខ​ការគំរាមកំហែង​នុយក្លេអ៊ែរកូរ៉េខាងជើង។ ប៉ុន្តែ វា​នឹង​អាច​ទៅ​ពើបប្រទះផងដែរ​នឹង​ការបង្កើនសហប្រតិបត្តិការ​យោធា​របស់រុស្ស៊ី ជាមួយ កូរ៉េខាងជើង។ ថ្មីៗនេះ ម៉ូស្គូនិយាយ​ថា បើសិនសេអ៊ូល​ផ្តល់​ជំនួយយោធា​ទៅ​អ៊ុយក្រែន នោះ មានន័យថា សេអ៊ូលកំពុង​ចូលរួមក្នុងជម្លោះនៅអ៊ុយក្រែន។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​រុស្ស៊ី Tass ប្រធានប្រឹក្សាយោធា​រុស្ស៊ី លោក​ឌីមីទ្រី មេដវេឌេវ ធ្លាប់គំរាមថា រុស្ស៊ី​នឹង​សងសឹក​វិញ ដោយ​បង្កើន​ការលក់អាវុធ​ទំនើបៗ​ទៅ​ឲ្យ​កូរ៉េខាងជើង។ ប្រធានាធិបតី​កូរ៉េខាងត្បូង​ទៅ​អាមេរិក​ដើម្បី​ទាមទារ​ចង់បាន​ឆ័ត្រការពារនុយក្លេអ៊ែរ ប្រធានាធិបតី​អាមេរិក​សង្ឃឹម​បញ្ចុះបញ្ចូល​ឲ្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដាក់សម្ពាធ​លើ​ក្រុមហ៊ុន​កូរ៉េខាងត្បូង ដើម្បី​កាត់បន្ថយ​ការនាំចេញគ្រឿងបច្ចេកវិទ្យា​ទៅចិន និង​ចង់​ឲ្យ​កូរ៉េខាងត្បូង ផ្តល់អាវុធ ជាពិសេស​កាំភ្លើងធំ ដែល​អ៊ុយក្រែន​ត្រូវការចាំបាច់​សម្រាប់បើកការប្រយុទ្ធតទល់​នឹង​រុស្ស៊ី នៅ​ខែឧសភា​ខាងមុខ។ ប៉ុន្តែ សម្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង ទស្សនកិច្ច​របស់​លោក​នៅវ៉ាស៊ីនតោន លើកនេះ ជា​ឱកាស​ដែល​លោក​ចង់​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​បញ្ជាក់​ការសន្យា​របស់ខ្លួន ដើម្បីការពារ​កូរ៉េខាងត្បូង នៅចំពោះមុខការបាញ់សាកល្បង មីស៊ីលមិន​ឈប់ឈរ​របស់​កូរ៉េខាងជើង។ ការបញ្ជាក់ជំហររបស់អាមេរិក ដើម្បីការពារ​កូរ៉េខាងត្បូង នៅ​ចំពោះ មុខ​គំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង នឹងអាច​ជួយ​កាត់បន្ថយ​ការភ័យខ្លាច ក្តីបារម្ភ​របស់​ប្រជាជនកូរ៉េខាងត្បូង ដែលកំពុងដាក់សម្ពាធខ្លាំង​លើ​លោកប្រធានាធិបតី​កូរ៉េខាងត្បូង។ នៅចំពោះមុខការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ប្រជាជន​កូរ៉េខាងត្បូង​ចាប់សង្ស័យ បារម្ភថា អាមេរិក​មិនអាច​ចេញមុខមកការពារ​កូរ៉េខាងត្បូងទាំងស្រុង​នោះទេ នៅក្នុងករណីមានការវាយប្រហារ​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង។ ប្រជាជន​កូរ៉េខាងត្បូង​កាន់ច្រើន បាន​បង្ហាញ​យោបល់​ចង់​ឲ្យ​កូរ៉េខាងត្បូង​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ខ្លួនឯងសម្រាប់ទប់ទល់​មីស៊ីល​នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក​ប្រធានាធិបតីយុន ស៊ុកយោល​ផ្ទាល់ ក៏ធ្លាប់​ពន្លយពាក្យ​ចង់​ឲ្យមានអាវុធនុយក្លេអ៊ែរ​នៅទឹកដី​កូរ៉េខាងត្បូងដែរ។ ប៉ុន្តែ អាច​ក្នុងរូបភាព​ជា​ការពង្រាយ​អាវុធ​នុយក្លេអ៊ែរ​របស់អាមេរិក នៅទឹកដី​កូរ៉េខាងត្បូង។ សព្វថ្ងៃនេះ កូរ៉េខាងត្បូង​គ្មាន​អាវុធ​នុយក្លេអ៊ែរ​អាមេរិក​ទាល់តែសោះ បន្ទាប់ពី​អាមេរិក​ដកចេញអស់ពី​ទឹកដីកូរ៉េខាងត្បូង នៅឆ្នាំ ១៩៩១ នៅពេល​កូរ៉េទាំងពីរ​បាន​ធូរស្រាល ឈប់ឈ្លោះគ្នា ក្នុងសម័យដឹកនាំ​របស់​ គីម អ៊ីលស៊ុង ជីតា​របស់​មេដឹកនាំ​កូរ៉េខាងជើង​សព្វថ្ងៃ។ តាម​មន្រ្តីអាមេរិក​ម្នាក់ ដែលសុំ​មិនបញ្ចេញឈ្មោះ នៅក្នុង​ជំនួបទេ្វភាគី នៅថ្ងៃ​ពុធនេះ លោកចូ បៃដិន​អាចនិយាយ​​ធានា​សម្ព័ន្ធមិត្តកូរ៉េខាងត្បូង តាមរយៈ​ការបញ្ជូន​នាវាមុជទឹក ដែលមាន​បំពាក់ដោយគ្រាប់នុយក្លេអ៊ែរ ទៅកាន់ប្រទេស​កូរ៉េខាងត្បូង។ តាម​មន្រ្តីខាងលើ អាមេរិក​បញ្ជូន​នាវាមុជទឹកដែលមាន​​បំពាក់អាវុធនុយក្លែរ​ត្រូវបើកក្រវែល​ក្បែរ​កូរ៉េខាងត្បូង នៅក្នុង​ក្របខ័ណ្ឌនៃយុទ្ធសាស្រ្ត​របស់អាមេរិក នៅចំពោះមុខការគំរាមកំហែង​អាវុធនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង៕
4/26/20238 minutes, 42 seconds
Episode Artwork

សង្រ្គាម​អ៊ុយក្រែន៖នៅក្រុមប្រឹក្សាសន្តិសុខ រុស្ស៊ីតាំងខ្លួនជាអ្នកការពារ​ច្បាប់អន្តរជាតិ

នៅទីក្រុង​ញូវយ៉ក រុស្ស៊ីប្រធានផ្លាស់វេន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បើកកិច្ចប្រជុំពិសេស កាលពីថ្ងៃ​ចន្ទ ទី​២៤​មេសា ដោយ​ផ្តោតសំខាន់​ទៅលើប្រធានបទ ​ការពារ​គោលការណ៍​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។ នៅក្រុមប្រឹក្សា​សន្តិសុខ រុស្ស៊ី ដែលតំណាង​ដោយ​រដ្ឋមន្រ្តីការបរទេស លោក​ស៊ែរហ្គេយ ឡាវរ៉ូវ បាន​រងការរិះគន់​ពីក្រុមប្រទេស​សមាជិក​មួយចំនួន ព្រោះថា រុស្ស៊ី ដែលជា​អ្នកធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន ស្រាប់តែពេលនេះ ក្នុង​នាមជាប្រធានផ្លាស់វេន​របស់​ក្រុមប្រឹក្សា​សន្តិសុខ បាន​មកតាំងខ្លួន​ជា​អ្នកការពារធម្មនុញ្ញសន្តិភាពរបស់​អង្គការ​សហប្រជាជាតិ​ទៅវិញ។ នៅក្រោយ​ចូលធ្វើ​ជា​ប្រធាន​ផ្លាស់វេន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាលពីថ្ងៃ​ទី ១​មេសា សម្រាប់រយៈពេល​១ខែ រុស្ស៊ី បានកោះប្រជុំ​ពិសេស កាលពីថ្ងៃ​ចន្ទ​ទី២៤​មេសា នៅក្រោម​ប្រធានបទ ការពារ​គោលការណ៍​ធម្មនុញ្ញរបស់អង្គការ​សហប្រជាជាតិ។ នៅក្រុមប្រឹក្សា​សន្តិសុខ អ្នកតំណាងអាមេរិក និង​សហភាពអឺរ៉ុប​ដែលជា​សម្ព័ន្ធមិត្ត​របស់អ៊ុយក្រែន បាន​បរិហាររិះគន់​រុស្ស៊ី​ភ្លាមៗ​ថា ឥត​មាន​ការអៀនខ្មាស់។ លាក់ពុត គ្មានការអៀនខ្មាស់ អ្នកតំណាងអាមេរិក បារាំង អង់គ្លេស បាន​ប្រើពាក្យវាយប្រហារខ្លាំងៗ​ទៅលើ​ភាគី​រុស្ស៊ី ដែលក្នុងនាមជា​ប្រធានផ្លាស់វេន បានកោះប្រជុំប្រទេស​សមាជិក​ដើម្បីនិយាយ​ពី​ការការពារ​គោលការណ៍​ធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ សម្រាប់​អ្នកតំណាងសហភាព អឺរ៉ុប នៅក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ ដោយបើក​កិច្ចប្រជុំដើម្បីពិភាក្សា​ពី​ការការពារ​ធម្មនុញ្ញរបស់អង្គការ​សហប្រជាជាតិ រុស្សី គឺ គ្មាន​ការអៀនខ្មាស់​ទាល់តែសោះ។ ជា​អ្នកធ្វើសង្រ្គាម​ឈ្លានពាន រំលោភដែន​អធិបតេយ្យភាព​របស់​អ៊ុយក្រែន ដែល​ជា​ការរំលោភ​យ៉ាង​ច្បាស់ក្រឡែត ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ រុស្ស៊ី ក្នុងនាមប្រធានផ្លាស់វេន របស់​ក្រុមប្រឹក្សា​សន្តិសុខ បែរ​ជា​មកតាំង​ខ្លួន​ជា​អ្នកការពារ​គោលការណ៍ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិទៅវិញ។ នៅក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ កាលពីថ្ងៃ​ចន្ទម្សិលមិញ អ្នកតំណាង​អាមេរិក លោកស្រី Linda Thomas-Greenfield នៅ​បាន​លើកបង្ហាញ កូនសៀវភៅធម្មនុញ្ញរបស់​អង្គការ​សហប្រជាជាតិ ដើម្បីបញ្ជាក់​ពីចំណុច​សំខាន់​នៃ​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ ដែលតាមពិត ត្រូវ​រុស្ស៊ី​រំលោភ យ៉ាងគឃ្លើន គ្មានញញើត តាមរយៈ​ការធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន ដែលជាប្រទេស​ជិតខាង។ អង្គុយជាប់ ឯកអគ្គរដ្ឋទូត​រុស្ស៊ី លោក​ស៊ែរហ្គេយ ឡាវរ៉ូវដែលមានវត្តមានជាពិសេស ធ្វើជា​ប្រធានដឹកនាំ​កិច្ចប្រជុំ​នៅក្រុមប្រឹក្សា​សន្តិសុខ  អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយទែរស៍ មិនបាន​តមសំដី និង​បាន​បរិហារខ្លាំងៗ​សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ សម្រាប់​ប្រធានអង្គការសហប្រជាជាតិ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដែល​ការរំលោភច្បាប់អន្តរជាតិ និង​ធម្មនុញ្ញរបស់​អង្គការសហប្រជាជាតិ កំពុង​បង្ក​ឲ្យមានការឈឺចាប់ដ៏ធំធេង និងការខូចខាត សម្រាប់​ប្រទេស និង​ប្រជាជនអ៊ុយក្រែន។ នេះមិនមែនជា​លើកទី១ ដែលរុស្ស៊ី រងការរិះគន់ បរិហារ​ថ្កោលទោស នៅអង្គការ​សហប្រជាជាតិ ដោយសារ​តែរឿងធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន។ កាលពី​ថ្ងៃទី ២៣​កុម្ភៈកន្លងទៅ នៅក្នុង​ឱកាស​ខួប​១ឆ្នាំនៃ​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ទើប​បានបោះឆ្នោត ជាមួយ​សំឡេង​គាំទ្រ ចំនួន ១៤១ (ចំណែក​សំឡេង​ប្រឆាំង​មានតែ ៧) លើ​សេចក្តីសម្រេច​ទាមទារ​ឲ្យ​រុស្ស៊ី​ដកទ័ព​ជាបន្ទាន់ ចេញ​ពី​អ៊ុយក្រែន។ រុស្ស៊ីរងការរិះគន់ថា រំលោភច្បាប់អន្តរជាតិ ប៉ុន្តែ រុស្ស៊ីវាយបកវិញថា ប្រព័ន្ធ​អង្គការ​សហប្រជាជាតិកំពុងជួបវិបត្តិ ដោយសារ​ស្នាដៃអាមេរិក រុស្ស៊ីដឹងថា ខ្លួន​ប្រឈម​នឹង​ការរិះគន់ថ្កោលទោស ដោយសារធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន ដែលជា​ការរំលោភ​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​របស់អង្គការ​សហប្រជាជាតិ ប៉ុន្តែ រុស្ស៊ី​នៅតែ​ចេញមុខ​មកតាំងខ្លួនជា​អ្នកការពារច្បាប់អន្តរជាតិ និងបរិហារ​អាមេរិក​ថា ដើមហេតុគំរាមកំហែង​ពហុភាគីនិយម។ ក្នុងនាមជា​ប្រធានផ្លាស់វេន របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ រុស្ស៊ី​គ្មានព្រឺខ្លួន ឈឈឺចាប់នឹង​ពាក្យរិះគន់ តិះដៀល​ប្រទេស​សមាជិក​នោះទេ។ ទោះត្រូវ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​មួយចំនួនធំ​មិនរាប់រក ប៉ុន្តែ រុស្ស៊ី ដែល​បាន​បញ្ជូនផ្ទាល់ រដ្ឋមន្រ្តី​ការបរទេស​របស់ខ្លួន ទៅធ្វើ​ជាប្រធាន​ដឹកនាំ​កិច្ចប្រជុំ នៅទីក្រុង​ញូវយ៉ក ចង់​ឆ្លៀត​ឱកាស យក​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​បរិហារ​ក្រុមប្រទេស​លោកខាងលិច។ នៅចំពោះមុខ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី​មិនរារែក​នឹង​និយាយ​ថា ប្រព័ន្ធរបស់​អង្គការ​សហប្រជាជាតិ​កំពុង​ជួបវិបត្តិដ៏សែនជ្រៅ ដែលបង្កឡើង​ដោយ​ក្រុមប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក។ សម្រាប់​ប្រមុខការបរទេស​រុស្ស៊ី មិនមែនមានតែ​អ៊ុយក្រែន ដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះ ប៉ុន្តែ នៅមាន​ស្ថាប័ន​ពហុភាគីជាច្រើនទៀត ដែលធ្វើការបម្រើប្រយោជន៍ឲ្យ​អាមេរិក ដូចជា​អង្គការ​អូតង់ ជាដើម ដែលអាមេរិក​ប្រើសម្រាប់​មហិច្ឆតា​នយោបាយ​វាតទីនិយមរបស់ខ្លួន។ ការលើកឡើង​របស់រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី មិនមែន​ជា​រឿង​គួរ​ឲ្យភ្ញាក់ផ្អើល ព្រោះថា រុស្ស៊ី​ធ្លាប់និយាយ​ការពារ​ប្រតិបត្តិការពិសេស​របស់ខ្លួន នៅអ៊ុយក្រែន ថា ធ្វើឡើង ដើម្បី​ឆ្លើយតប​នឹង​ការពង្រឹង ពង្រាយ​វត្តមាន​ទ័ព​របស់​អូតង់ នៅ​ក្នុងទឹកដីអឺរ៉ុប ​ដែល​ស្ថិតក្រោម​ឥទ្ធិពល​របស់​រុស្ស៊ី។ ទោះ​ជាត្រូវ​អន្តរជាតិ បរិហារ​ថ្កោលទោស ក្នុងរឿង​ធ្វើ​សង្រ្គាមឈ្លានពាន កាត់យកទឹកដីភាគខាងកើត របស់​អ៊ុយក្រែន ប៉ុន្តែ រុស្ស៊ី​គ្មាន​ខ្វល់ បារម្ភអ្វី​នោះទេ។ ជាក់ស្តែអ រុស្ស៊ី នៅតែ អាចធ្វើជា​ប្រធាន​ផ្លាស់វេន របស់​ក្រុមប្រឹក្សា​សន្តិសុខ។ ដោយ​រៀបចំ​កិច្ចប្រជុំ​ពិសេស នៅ​ក្រុមប្រឹក្សាសន្តិសុខ​នៅថ្ងៃ​ចន្ទ រុស្ស៊ី ចង់ប្រើប្រាស់រូបភាព ព្រឹត្តិការណ៍​លើកនេះ ​សម្រាប់​ទៅឃោសនា បញ្ចុះបញ្ចូល​ប្រជាមតិ​ក្នុងស្រុករុស្ស៊ី​ថា ទោះ​រុស្ស៊ី​បើកប្រតិបត្តិការយោធា​នៅអ៊ុយក្រែន ប៉ុន្តែ មើលចុះ នៅ​ឆាកអន្តរជាតិ រុស្ស៊ី មិនឯកោ នោះទេ។ រុស្ស៊ី នៅតែអាច​ធ្វើជាប្រធានដឹកនាំប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​ជាស្ថាប័ន​កំពូល​របស់​អង្គការ​សហប្រជាជាតិ។ រុស្ស៊ីធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន ដែលជា​ការរំលោភ​ច្បាប់អន្តរជាតិ យ៉ាងច្បាស់ក្រឡែត ប៉ុន្តែ រុស្ស៊ី​ទទួល​បានសិទ្ធិ​ធ្វើជាប្រធានផ្លាស់វេន និង​តាំងខ្លួន ជាអ្នកការពារ​ច្បាប់អន្តរជាតិ។ ចង់ឬ​មិនចង់ ព្រឹត្តិការណ៍​លើកនេះ សបញ្ជាក់​កាន់តែច្បាស់ថា ស្ថាប័នអង្គការ​សហប្រជាជាតិ កាន់តែ​បាត់បង់តម្លៃ លែង​មាន​ន័យដូចមុន។ អគ្គលេខាធិការអង្គការ​សហប្រជាជាតិឆ្លៀតជួប​រដ្ឋមន្រ្តីការបរទេស​រុស្ស៊ីដើម្បីនិយាយ​ពី​ការនាំចេញ​ស្រូវសាឡី​អ៊ុយក្រែន កិច្ចប្រជុំរបស់​ក្រុមប្រឹក្សា​សន្តិសុខ​អាច​ត្រូវ​ប្រទេស​សមាជិកអចិន្ត្រៃយ៍ ​រុស្ស៊ី ចិន ឬ​អាមេរិក ប្រើ​ជា​កន្លែង សម្រាប់​ទាញប្រយោជន៍​រៀងៗខ្លួន ប៉ុន្តែ គេ​មិនអាចមើល​រំលង។ ទោះមានការខ្វែងគំនិតគ្នា ស្រែកបរិហាររិះគន់គ្នា​ក្នុងកិច្ចប្រជុំ ប៉ុន្តែ កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា នៅទីក្រុង​ញូវយ៉ក ក៏ជាការបើក​ឱកាស ផ្តល់កន្លែង ឲ្យប្រទេស​សមាជិក ដែលជា​ភាគី​ជម្លោះ អាច​ជួបនិយាយ​គ្នា នៅក្រោយវាំងនន​ក៏អាច​ថាបាន។ ជាក់ស្តែង ឆ្លៀតឱកាស​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខនៅទីក្រុង​ញូវយ៉ក អគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែរស៍ បាន​ឆ្លៀត​ផ្ញើលិខិត ទៅ​កាន់​លោកប្រធានាធិបតីពូទីន តាមរយៈ​រដ្ឋមន្រ្តីការបរទេស លោកស៊ែរហ្គេយ ឡាវរ៉ូវ ដើម្បីសុំ​ឲ្យ​រុស្ស៊ី​ពន្យារ​កិច្ចព្រមព្រៀងស្តីពីការនាំចេញស្រូវសាឡី​អ៊ុយក្រែន ដែលត្រូវ​ផុតកំណត់​នៅថ្ងៃទី ១៨ឧសភាខាងមុខ។ សម្រាប់​ប្រធានអង្គការ​សហប្រជាជាតិ រុស្ស៊ី​គួរ​បន្ទន់ជំហរ ដើម្បី​បុព្វហេតុ​ធានា​សន្តិសុខ​ស្បៀង​ក្នុងពិភពលោក។ ប៉ុន្តែ រុស្ស៊ីវិញ ធ្លាប់​បញ្ជាក់​ហើយថា បើសិន ចង់​ឲ្យរុស្ស៊ី​ពន្យារពេលបន្ថែមទៀត គេត្រូវ​ឈប់បង្កឧបសគ្គដល់ការនាំចេញ​ស្រូវសាលី និង​ជីគីមី​របស់​រុស្ស៊ី ដូចជា​ឈប់ដាក់សម្ពាធ ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ក្រុមហ៊ុន​ដែល​ដឹកជញ្ជូន​ស្រូវសាឡីរុស្ស៊ីជាដើម៕
4/25/20237 minutes, 19 seconds
Episode Artwork

ប្រទេសអឺរ៉ុប៩ បើក“ជំនួប​កំពូលសមុទ្រខាងជើង” ដើម្បី​ផ្តល់សន្ទុះដល់ការ​ផលិត​​ថាមពលបាន​មកពី​កង្ហារខ្យល់​ក្នុងសមុទ្រ

នៅថ្ងៃចន្ទទី​២៤មេសា ថា្នក់ដឹកនាំ​ប្រទេសអឺរ៉ុបចំនួន​៩ កំពុងតែជួប​ប្រជុំគ្នានៅ​ក្នុ​ង ជំនួប​កំពូលមួយ ដែលមាន​ឈ្មោះថា ជំនួបកំពូលសមុទ្រខាងជើង នៅឯទីក្រុងអូស្តង់ដ៍ ប្រទេសបែលហ្ស៊ិក។ ជាជំនួប​កំពូល ដែលមានកម្មវត្ថុ ផ្តល់សន្ទុះដល់វិស័យ​ផលិត​ថាមពលអគ្គិសនី បាន​មកពីកង្ហារខ្យល់​ក្នុងសមុទ្រ​ ខណៈអឺរ៉ុប​កំពុងតែព្យាយាម​កាត់បន្ថយ​ការប្រើប្រាស់​ប្រភពថាមពលហ្វូស៊ីល ដែលបញ្ចេញ​ឧស្ម័ន​កាបូនិកខ្លាំងទៅក្នុងបរិយាកាស។​ ចរន្តអគ្គិសនីបាន​មកពីថាមពលកកើតឡើងវិញ គឺវាជាអាទិភាពធំបំផុតរបស់អឺរ៉ុប។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​​ ប្រទេសសហភាពអឺរ៉ុបចំនួន៧ មានបារាំង អាល្លឺម៉ង់ បែលហ្ស៊ិក ហូឡង់ ដាណឺម៉ាក លុចហ្សំបួរ និងស៊ុយអែត រួមជាមួយ​ អង់គ្លេស និង​ន័រវែស កំពុងតែបើកជំនួបកំពូលសមុទ្រខាងជើង លើកទី២ នៅទីក្រុងអូស្តង់ដ៍។ គឺបែលហ្ស៊ិកដែលជាអ្នក​ផ្តួចផ្តើមជំនួបកំពូលនេះ​ ដើម្បី​ផ្តល់សន្ទុះដល់​វិស័យ​ផលិត​ថាមពល​អគ្គិសនី បានមកពីកង្ហារខ្យល់នៅក្នុងសមុទ្រ។ តំបន់សមុទ្រខាងជើងរបស់អឺរ៉ុប មានសក្តានុពល និងអំណោយ​ផលខ្លាំងណាស់ សម្រាប់វិស័យនេះ ព្រោះជាតំបន់ដែលទឹកសមុទ្រមិនសូវជ្រៅខ្លាំង ងាយ​ស្រួលសាងសង់កង្ហារ ហើយជាតំបន់​សំបូរខ្យល់​បក់ខ្លាំង​ សឹងតែពេញមួយឆ្នាំតែម្តង​។ ផលិត​ឲ្យ​បាន ៣០០ជីហ្កាវ៉ាត់ នៅរវាងឆ្នាំ​២០៥០ សហភាពអឺរ៉ុបមា​នកម្មវត្ថុកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ដែល​កើតចេញពី​ការផលិត​ថាមពល បានមកពីប្រភពហ្វូស៊ីល ដែលមានដូចជាប្រេងកាត ធ្យូងថ្ម និង​ឧស្ម័នជាដើម។ សង្គ្រាមនៅអ៊ុយក្រែន​បាន​ជំរុញ​ឲ្យ​អឺរ៉ុប​ ខំប្រឹងបោះបង់ចោល​ប្រភពថាមពលទាំងនេះឲ្យ​កាន់តែលឿន ហើយ​ងាកមកផ្តល់អាទិភាពធំ ដល់ថាមពលកកើតឡើងវិញ ដែលមានដូចជាថាមពលផ្ទាំងសូឡា បាន​មកពី​ពន្លឺព្រះអាទិត្យ និង​​ថាម​​វាយោរ បានមកពីកង្ហារខ្យល់​នេះឯង។ កម្មវត្ថុធំ​របស់សហភាពអឺរ៉ុប គឺពីនេះដល់ឆ្នាំ​២០៣០ ត្រូវតែ​បង្កើនទំហំ​ចរន្តអគ្គិសនី​បានមកពី ប្រភពកកើតឡើងវិញ ឲ្យ​បានទ្វេដង ពោលគឺប្រមាណ ៤២% នៃតម្រូវការប្រើប្រាស់ថាមពលទូទាំងអឺរ៉ុប។ ពីនេះដល់ឆ្នាំ​២០៥០ អឺរ៉ុប​នឹងប្រឹងផលិត​ចរន្តអគ្គិសនី​បានមកពី​កង្ហារខ្យល់​ក្នុងសមុទ្រ ឲ្យបាន​ចំនួន ៣០០ជីហ្កាវ៉ាត់ នេះបើផ្អែកតាមការលើកឡើងរបស់​លោក Alexander De Croo នាយករដ្ឋមន្ត្រីបែលហ្ស៊ិក។តែយ៉ាងណាលោកបានបញ្ជាក់ថា កម្មវត្ថុនៃជំនួបកំពូលនេះ គឺគេនិយាយគ្នាអំពី ការរៀបចំបណ្តាញ​ចាក់ស្រែសនៃវិស័យថាមពលកង្ហារខ្យល់នេះ ឲ្យ​មានប្រសិទ្ធភាព។ ពោលគឺ ការ​រៀបចំស្តង់ដាររួមនៃបច្ចេកវិទ្យា តភ្ជាប់បណ្តាញ​ទៅ​វិញទៅមក ទាំងដំណាក់​កាលឧស្សាហ៍កម្ម​ផលិតកង្ហារ រៀបចំ​សាងសង់បង្គោលកង្ហារ និង​ការតភ្ជាប់បណ្តាញចរន្តអគ្គិសនីដែល​ផលិ​ត​បាន​។ នៅបែលហ្ស៊ិក គេនឹង​សាងសង់​កោះសិប្បនិម្មិត​មួយ​មុន​គេបង្អស់ ដោយចាក់​បេតុងទំហំ​​៥​ហិកតា​កណ្តាលសមុទ្រ ដើម្បី​រៀបចំធ្វើជាមជ្ឈមណ្ឌល​ស្នូល នៃការចែកចាយ​បណ្តាញចរន្តអគ្គិសនីផលិតបានដោយ​កង្ហារខ្យល់ ចែកចាយ​ទៅតាម​បណ្តាប្រទេសអឺរ៉ុប។​ បារាំងខ្សោយជាងគេ​ បច្ចុប្បន្ននេះទំហំចរន្តអគ្គិសនីបានមកពីកង្ហារខ្យល់នៅក្នុងសមុទ្រនៅអឺរ៉ុប គឺមានខ្ទង់​តែ​៣០​ជីហ្កាវ៉ាតទេ។ មានន័យថា កម្មវត្ថុឆ្នាំ​២០៥០ គឺមានទំហំ​អគ្គិសនីមួយគុណជាដប់ បើប្រៀបធៀបនឹងបច្ចុប្បន្ន។ គេនឹងត្រូវតែ​ពង្រីក​ទំហំ​ផ្ទៃក្រឡា នៃតំបន់មានកង្ហារខ្យល់ក្នុងសមុទ្រនេះ ឲ្យ​បានយ៉ាងហោច មួយគុណជា៤ ពីនេះដល់ឆ្នាំ២០៣០។ ការផលិតអគ្គិសនី​បានមកពីកង្ហារខ្យល់ក្នុងសមុទ្រនៅអឺរ៉ុប គឺប្រទេសនីមួយៗមានសមត្ថភាព​ផលិត​មិនស្មើគ្នា​ទេ។ បច្ចុប្បន្ននេះ អង់គ្លេស​ផលិត​បានច្រើនជាងគេ ប្រមាណ​១៤ជីហ្កាវ៉ាត់ ខណៈអាល្លឺម៉ង់ផលិតបាន​៨ជីហ្កាវ៉ាត់។ ដាណឺម៉ាក បែលហ្ស៊ិក ហូឡង់ ផលិតម្នាក់ៗបានខ្ទង់ពី ២ ទៅ ៣ជីហ្កាវ៉ាត់ រីឯបារាំង និង​ន័រវែសវិញ ផលិត​បាន​ប្រមាណ​០,៥ជីហ្កាវ៉ាតប៉ុណ្ណោះ។​ បារាំងដើរក្រោយគេខ្លាំងណាស់ ក្នុងវិស័យនេះ។ តែរដ្ឋាភិបាលបារាំងបានកំណត់​កម្មវត្ថុថា និង​ព្យាយាម​ផលិត​ឲ្យ​បាន​ ៤០ជីហ្កាវ៉ាត់ ពីនេះដល់​ឆ្នាំ​២០៥០។ ពង្រឹងសមត្ថភាព​ឧស្សាហកម្ម​ផលិត​កង្ហារខ្យល់ ដើម្បីបង្កើនទំហំមួយ​គុណជា​១០ នៃការ​​ផលិត​ចរន្តអគ្គិសនី បានមកពីកង្ហារខ្យល់ក្នុងសមុទ្រ គឺមានន័យថា គេត្រូវតែពង្រីកសមត្ថភាពផលិតកង្ហារខ្យល់។ ​យោងតាមអ្នកជំនាញ ក្នុងរវាង​៥ឆ្នាំទៅមុខនេះ គេត្រូវផលិត​កង្ហារខ្យល់សរុប​​ ដែលមានទំហំ​អាចផលិតចរន្តអគ្គិសនី​ចំនួន​២០ជីហ្កាវ៉ាត់ឯណោះ ក្នុងមួយឆ្នាំ ខណៈដែលបច្ចុប្បន្នទំហំនេះមានស្មើ​ប្រមាណ​៧ជីហ្កាវ៉ាត់ទេ។ មានន័យថា​ ឧស្សាហកម្មអឺរ៉ុប ត្រូវតែ​បន្ថែមល្បឿនឲ្យ​ខ្លាំងតែម្តង​នៅក្នុងវិស័យនេះ។ ចំណុចនេះអាចជាឧបសគ្គធំ ព្រោះមានន័យថា ត្រូវបង្កើនរោងចក្រ សង្វាក់ផលិតកម្ម និងជាពិសេស គឺត្រូវរក​វត្ថុធាតុដើម ឲ្យ​បានគ្រប់គ្រាន់ទាន់ពេលវេលា។ យោងតាមលោក Pierre Tardieu តំណាង​សហព័ន្ធឧស្សាហកម្ម WindEurope គឺ​វត្ថុធាតុដើមសំខាន់ៗ​មួយចំនួនធំ អឺរ៉ុបត្រូវនាំចូលពីគេ ហើយអ្វីដែល​ពិបាករកបំផុតនោះ​ គឺរ៉ែកម្រ ដែលភាគច្រើនាំចូលពីចិន​។ លោកលើកឡើងថា អឺរ៉ុបត្រូវតែ​រៀបចំ ផ្តល់សន្ទុះដល់​ការសិក្សាស្រាវជ្រាវ ច្នៃប្រឌិតថ្មី បើកចំហរឲ្យ​មាន​កញ្ចប់ថវិកាចំណាយ​ វិនិយោគ​ឲ្យ​បានច្រើន ដើម្បី​សាងសង់រៀបចំហេដ្ឋារចនាសម្ព័ន្ធ​ បង្កើនសមត្ថភាពផលិត​ឲ្យ​បាន​មួយគុណជា​៣។ តែយ៉ាងណា លោក Pierre Tardieu ជឿជាក់ថា អឺរ៉ុបអាចសម្រេចកម្មវត្ថុនេះ​បាន ព្រោះអឺរ៉ុប មិនមែនត្រឹមតែមាន​ឆន្ទៈនយោបាយ​ប៉ុណ្ណោះទេ តែអឺរ៉ុប​ជាអ្នកនាំមុខគេ​ ក្នុងវិស័យឧស្សាហកម្ម និង​បច្ចេកវិទ្យា នៃការ​​ផលិត​ថាមពលអគ្គិសនីបានមកពីកង្ហារខ្យល់ក្នុងសមុទ្រនេះ។ វាក៏ជាឱកាសសេដ្ឋកិច្ចដែរសម្រាប់អឺរ៉ុប ជាមួយនឹងការ​បង្កើនសមត្ថភាពផលិតក្នុងវិស័យនេះ។ វិស័យកង្ហារខ្យល់ក្នុងសមុទ្រនេះ​ នឹងបង្កើតការងារ​ចំនួន​ ២៥០០០០ការងារ នៅរវាងឆ្នាំ​២០៣០ ខណៈបច្ចុប្បន្នមានប្រមាណ​៨០០០០។ មានន័យថា ទាំងរដ្ឋទាំងឯកជន ត្រូវតែវិនិយោគឲ្យខ្លាំង ទៅលើ​ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស។​ យ៉ាងណាមិញ ក្រុមហ៊ុនឧស្សាហកម្មអឺរ៉ុបចំនួន​៩០នៅក្នុងវិស័យនេះ បានរួមគ្នាចេញលិខិតចំហ អំពាវនាវឲ្យ​ប្រទេសអឺរ៉ុប​ទាំង៩ដែលប្រជុំគ្នានៅអូស្តង់ដ៍នៅថ្ងៃនេះ ថាត្រូវតែ​បន្ថែមទឹកប្រាក់វិនិយោគប្រចាំឆ្នាំមួយគុណជា២ ក្នុងការរៀបចំបណ្តាញ​តភ្ជាប់ចរន្តអគ្គិសនីបានមកពីកង្ហារក្នុងសមុទ្រ ហើយត្រូវ​ផលិត​ស្នូលទួរប៊ីនរបស់​កង្ហារខ្យល់ ឲ្យបាន​មួយគុណជា៣​។ ប៉ះពាល់ប្រព័ន្ធជីវចម្រុះសមុទ្រ​ យ៉ាងណាក៏ដោយ អង្គការក្រៅរដ្ឋាភិបាល ដែល​ធ្វើការងារផ្នែកបរិស្ថាន បាន​ថ្លែងការបារម្ភ ទាក់ទិននឹងការប៉ះពាល់ ទៅលើប្រព័ន្ធជីវចម្រុះក្នុងសមុទ្រ បណ្តារមកពីកង្ហារខ្យល់ដ៏ធំៗនេះ​។ អង្គការបរិស្ថាន បានទាញសញ្ញាអាសន្នថា មិនត្រូវប្រញេបប្រញាប់ខ្លាំងជ្រុលពេកទេ គឺត្រូវតែធ្វើការសិក្សាស្រាវជ្រាវ​ ឲ្យ​បានគ្រប់ជ្រុងជ្រោយ​ ថាកង្ហារខ្យល់ធំៗនៅតាមលំហរ​សមុទ្រនោះ វាប៉ះពាល់យ៉ាងណាខ្លះដល់ប្រព័ន្ធជីវចម្រុះ។ ការស្រាវជ្រាវខ្លះ នាពេលកន្លងមក បានអះអាងថា កង្ហារធំៗទាំងនេះបញ្ចេញ​ជាសំឡេងខ្លាំងៗ ធ្វើ​ឲ្យ​រំខានដល់ប្រព័ន្ធជីវចម្រុះក្នុងសមុទ្រ។ អ្នកខ្លះទៀត លើកឡើងថា វាធ្វើឲ្យខូចសោភ័ណ្ឌភាព ទេសភាពសមុទ្រ មើលទៅឃើញតែកង្ហារពាសពេញ​។ ការប៉ះពាល់មួយទៀត ដែលគួរពិចារណាដែរ គឺ​ទៅលើ​ការនេសាទ និង​ផ្នែកចរាចរណ៍​សមុទ្រ។ ក៏ប៉ុន្តែ ផ្អែកតាមការអះអាងរបស់លោក Pierre Tardieu តំណាង​សហព័ន្ធឧស្សាហកម្ម WindEurope ដើម្បីឈានទៅសម្រេចគោលដៅឆ្នាំ​២០៥០ គឺវិស័យអគ្គិសនីដើរដោយ​កង្ហារខ្យល់ក្នុងសមុទ្រនេះ ត្រូវការ​ផ្ទៃលំហរសមុទ្រប្រមាណ តែ​៧ ទៅ​១០% តែប៉ុណ្ណោះ។ ពោលគឺវាតិចតួចណាស់ បើប្រៀបធៀបទៅនឹង គុណប្រយោជន៍ថាមពល បរិស្ថាន និង​សេដ្ឋកិច្ច បានមកពីវិស័យនេះ​៕
4/24/20238 minutes, 15 seconds
Episode Artwork

ស៊ូដង់៖ បណ្តាប្រទេសធំៗចាប់ផ្តើមបញ្ជូន​ប្រជាជនគេចេញ ខណៈការវាយប្រយុទ្ធរវាងក្រុមយោធាកាន់តែក្តៅគគុក

ការវាយ​ប្រយុទ្ធគ្នានៅ​ស៊ូដង់ រវាងក្រុម​យោធា២ក្រុមដែលដណ្តើមអំណាចគ្នា បានឈានចូលដល់សប្តាហ៍ទី​២ហើយ។ ការបាញ់ប្លោងយ៉ាងក្តៅគគុក នៅរដ្ឋធានីខាទុំ និងនៅតាមតំបន់​មួយចំនួនទៀត កំពុងតែបង្កឲ្យ​មាន​ការព្រួយបារម្ភបំផុត ដល់អាយុជីវិតរបស់ប្រជាជនស៊ីវីល។ នៅថ្ងៃអាទិត្យទី​២៣មេសា រដ្ឋាភិបាលប្រទេសធំៗជាច្រើន បានចាប់ផ្តើមជម្លៀស បញ្ជូន​មន្ត្រីទូត និង​ប្រជាជនគេ ចេញពីប្រទេសស៊ូដង់ បើទោះបី​ប្រតិបត្តិការនេះ ត្រូវប្រឈមគ្រោះថ្នាក់​យ៉ាងណាក៏ដោយ។ អាមេរិកបញ្ជូនមន្ត្រីទូតចេញ ឆ្លងកាត់ការស្ទាក់ស្ទើប៉ុន្មានថ្ងៃមកនេះ ប្រទេសជាច្រើនបានសម្រេច ចាប់ផ្តើមបញ្ជូក​បុគ្គលិកទូត និង​ប្រជាជន​គេចេញពីស៊ូដង់ហើយ។ ជាប្រតិបត្តិការ​ដែល​មិនមែន​ស្រួលរៀបចំនោះទេ វាប្រឈមគ្រោះថ្នាក់ ដោយសារតែការវាយ​ប្រយុទ្ធគ្នារវាងក្រុមយោធាបក្សដិបក្ស នៅតែសកម្មខ្លាំង ហើយ ដែលអាចប៉ះពាល់ដល់សន្តិសុខដល់ក្បួនរថយន្ត ឬក៏យន្តហោះនៃប្រតិបត្តិជម្លៀសមនុស្ស។ នៅព្រឹកថ្ងៃអាទិត្យទី​២៣មេសា ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ឲ្យដឹងថា គេបានចាប់ផ្តើមជម្លៀសមន្ត្រីទូតចំនួន​ប្រមាណ​១០០នាក់ ដោយ​ក្នុងនោះមានមន្ត្រីទូតប្រទេសផ្សេងដែរ។ លោក​ អង់តូនី ប្លីងកិន បាន​លើកឡើងថាការសម្រេចជម្លៀសមន្ត្រីទូតនេះ គឺដោយសារតែ​ស្ថានការណ៍កាន់តែដុនដាបខ្លាំង ប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតរបស់​មន្ត្រីទូតអាមេរិក​។ លោកមេបញ្ជាការអាមេរិក​ Douglass Sims បានឲ្យដឹងថា ប្រតិបត្តិការ​នេះ​បានប្រើឧត្ថម្ភាគចក្រ ចំនួន​៣គ្រឿង​ ចាញពីមូលដ្ឋានទ័ពអាមេរិកនៅជីប៊ូទី ដោយ​ចុះចតឆ្លងកាត់នៅអេត្យូពី។ លោក​បន្ថែមថា​ប្រតិបត្តិការ​បានប្រព្រឹត្តិទៅដោយ​រលូននិងសុវត្ថិភាព។ ចំណែកលោក​ប្រធានាធិបតី ចូ បៃដិន ក៏បាន​ថ្លែង​អំណរគុណ ដល់​ប្រទេសជីប៊ូទី អេត្យូពី និងអេហ្ស៊ីបដែរ ដែលបានជួយអន្តរាគមន៍។ ដោយឡែកក្រសួងការបរទេសអាមេរិក បានលើកឡើងថា សម្រាប់ពេលនេះ គេបញ្ជូនតែមន្ត្រីការទូតចេញសិន ដោយ​មិនពាក់ព័ន្ធ នឹង​ប្រជាជនស៊ីវីលអាមេរិក ដែលនៅស៊ីដង់ទេ។ ប្រទេសធំៗនាំគ្នាជម្លៀសប្រជាជនចេញពីស៊ូដង់ នៅព្រឹកថ្ងៃអាទិត្យ​នេះដែរ ក្រសួងការបរទេស​បារាំងបានបញ្ជាក់ថា គេកំពុងរៀបចំប្រតិបត្តិការពិសេសមួយ ដើម្បី​បញ្ជូនចេញ ​ទាំងបុគ្គលិក​ការទូតបារាំង និងប្រទេសអឺរ៉ុបផ្សេងទៀត ដោយរាប់ទាំងប្រជាជនស៊ីវីលអឺរ៉ុបខ្លះផង។ ប៉ុន្តែមិនទាន់មានព័ត៌មានលំអិត ថាបញ្ជូនចេញដោយ​វិធីណាទេ។ ដូចគ្នាដែរ ក្រសួងការបរទេស​តួកគី ក៏បានប្រកាសដែរនៅថ្ងៃនេះ ថាគេនឹងចាប់ផ្តើមបញ្ជូន​មន្ត្រីទូត ព្រមទាំងប្រជាជនគេចេញ​ពីស៊ូដង់ ដែល​មានសរុបប្រមាណ​៦០០នាក់។ ក្រសួងការបរទេសតួកគីអះអាងទៀតថា ប្រជាជនប្រទេសផ្សេងទៀត ដែលបានស្នើសុំមក​ជាមួយ ក៏គេនឹងជួយចាត់ចែងបញ្ជូនចេញដែរ។ ដោយឡែក តួកគីបាន​បញ្ជាក់ថា​ គម្រោង​​បញ្ជូន​មន្ត្រីទូតនិងប្រជាជនខ្លួនចេញ ពីតំបន់ Kafouri ខាងជើងក្រុងខាទុំ ដែលគ្រោងធ្វើនៅព្រឹកថ្ងៃអាទិត្យ បានអាក់ខានវិញដោយសារតែនៅតំបន់​នោះ មានការបាញ់​ប្លោង ផ្ទុះគ្រាប់ខ្លាំងសម្បើមណាស់។ ចំណែកកាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានរៀបចំប្រតិបត្តិការជម្លៀមមនុស្សចំនួន​ជាង​១៥០នាក់ចេញពីស៊ូដង់ ក្នុងនោះមាន​ជនជាតិ​អារ៉ាប៊ីសាអូឌីត ចំនួន​៩១នាក់ និង​ជនជាតិ​បរទេស សរុប១២ប្រទេសផ្សេងទៀត មាន​ជាង​៦០នាក់។ ប្រតិបត្តិការនេះ បានធ្វើទៅ​តាមផ្លូវគោក ដោយ​ក្បួនរថយន្តបានធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែធំរបស់ស៊ូដង់ នៅមាត់សមុទ្រក្រហម​ ​មុននឹង​​បន្តដំណើរតាមកប៉ាល់ ឈ្ពោះទៅកាន់ទីក្រុងជេដា ប្រទេសអារ៉ាប៊ីសាអូឌីត។ រីឯអេហ្ស៊ីបវិញ ដែលមានប្រជាជននៅស៊ូដង់​ប្រមាណ​១ម៉ឺននាក់ បានអំពាវនាវឲ្យ​ប្រជាជនគេមកប្រមូលផ្តុំគ្នានៅកន្លែងមានសុវត្ថិភាព ដូចជានៅ​ស្ថានកុងស៊ុលកំពង់ផែស៊ីដង់ ឬនៅ​កុងស៊ុល​Wadi Halfa ក្បែរព្រំដែនអេហ្ស៊ីប ដើម្បីរងចាំការជម្លៀសបញ្ជូនចេញ​។​ « បរទេសចាកចេញអស់ សល់តែប្រជាជនស៊ីវីលស៊ីដង » លោក Hamid Khalafallah អ្នកស្រាវជ្រាវជំនាញស៊ូដង់ បាន​លើកឡើងថា ប្រទេសធំៗ មហាអំណាចតំបន់ នាំគ្នាប្រមូលមន្ត្រីទូតចេញអស់ពីស៊ូដង់ មានន័យថា ប្រទេសទាំងនេះនឹង​កាន់តែលែងមានទំងន់អ្វី ដើម្បីចូលរួមដោះស្រាយ​វិបត្តិ។ លោក​លើកឡើងថា ប្រទេសធំៗទាំងអស់ មិនត្រូវត្រឹមតែអំពាវនាវ បើកច្រកផ្លូវមនុស្សធម៌​រំដោះប្រជាជនខ្លួន​ប៉ុណ្ណោះទេ គឺត្រូវតែរួមគ្នាទាមទារ និងធ្វើគ្រប់យ៉ាង ដើម្បីឈានទៅ​មានការទម្លាក់​អាវុធ។ រំដោះប្រជាជនខ្លួនចេញពីស៊ូដង់ដោយសុវត្ថិភាពបានប៉ុណ្ណា ក៏ធ្វើទៅចុះ តែសូមមេត្តាកុំទុក​ប្រជាជនស៊ីវីលស៊ូដង់ចោល ឲ្យលំបាកវេទនាប្រឈមសេចក្តីស្លាប់តែម្នាក់ឯង។ យោងតាមតួលេខអង្គការសុខភាពពិភពលោក មួយសប្តាហ៍នៃការវាយប្រយុទ្ធគ្នារវាងក្រុមយោធា ក្រោមបញ្ជាមេទ័ព២នាក់ ដែលប្រជែងអំណាចគ្នានេះ បានសម្លាប់ជីវិតប្រជាជនស៊ីវីលស៊ីដង់​ចំនួន ប្រមាណ​៤២០នាក់ និង​របួសប្រមាណ ​៣៧០០នាក់។ ការវាយប្រយុទ្ធគ្នា ដែលមិនទាន់ដឹងចាញ់ឈ្នះខាងណាទេ ព្រោះម្ខាងៗសុទ្ធតែឃោសនាយកឈ្នះរៀងខ្លួន។ នៅក្រុងខាទុំ ដែលមានមនុស្សរស់នៅប្រមាណ​៥លាននាក់ ការប្រយុទ្ធគ្នាបន្តយ៉ាងសកម្ម។ ប្រជាជនសំងំក្នុងផ្ទះ គ្មានទឹកគ្មានភ្លើង គ្មានចំណីអាហារបរិភោគទេ មួយសប្តាហ៍​មកនេះ​។ យោងតាម​សាក្សីជាច្រើនបាន​ឲ្យដឹងថា អ្នកខ្លះបានផ្សងជីវិត ចេញក្រៅផ្ទះទៅរកទឹកមកបរិភោគ ខណៈសំឡេងគ្រាប់កាំភ្លើង និងសំឡេងផ្ទុះ ឮផូងផាំងពីគ្រប់ទិស។ យោងតាម​អង្គការគ្រូពេទ្យគ្មានព្រំដែន ស្ថានភាពមនុស្ស​ធម៌​កាន់តែអាសន្នបំផុត នៅឯតំបន់ដាកហ្វួរ ជាទីប្រជាជនរស់រំពឹងខ្លាំងណាស់ និង​ជំនួយ​មនុស្សធម៌ ទាំងផ្នែកចំណី​អាហារ និង​ផ្នែកសុខាភិបាល។ អង្គការមនុស្សធ៌មនានាបាន​ផ្អាកការងារ ដើម្បីការពារសុវត្ថិភាពបុគ្គលិក​ ស៊ូដង់មានប្រជាជនប្រមាណ​៤៥លាននាក់ ជាប្រទេសជីករ៉ែមាស លក់បានច្រើនជាង​គេ​លំដាប់ទី៣ ហើយ​មាន​អណ្តូង​ប្រេងកាតទៀត តែប្រទេសនេះក្រីក្រខ្លាំងណាស់។ ភាពក្រីក្រ ដោយសារតែ​សង្គ្រាមស៊ីវីល  កាប់សម្លាប់ ដណ្តើមអំណាចគ្នា មិនចេះចប់មិនចេះស្វាងនេះឯង៕
4/23/20236 minutes, 26 seconds
Episode Artwork

ស៊ូដង់​ ធ្លាក់​ចូល​​​សប្តាហ៍​ទី២​ នៃ​​សង្គ្រាម​ស៊ីវិល​បង្ហូរឈាម

ស៊ូដង់ ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល១សប្តាហ៍​មកហើយ។ ការ​ប្រជែង​អំណាច​គ្នា​រវាង​ឧត្តម​សេនីយ៍​យោធា ២ រូប បា​នបណ្តាល​ឲ្យ​មនុស្ស​ជាង ​៤០០ នាក់​ស្លាប់ និង​របួស​ជាង ​៣​ ៥០០នាក់។ ស្ថាប័ន​អន្តរជាតិជាច្រើន​​ បា​នអំពាវនាវ​ឲ្យ​ទម្លាក់​អាវុធ​និង​បង្កើត​បទ​ឈប់​បាញ់ យ៉ាង​ហោចណាស់​ ៣ថ្ងៃ​ សម្រាប់ពេល​​បញ្ចប់​​រដូវ​កាលតម​អាហាររបស់​​សាសនា​អ៊ីស្លាម។ ក៏ប៉ុន្តែ សាក្សី​នៅ​កន្លែង​សង្គ្រាម បញ្ជាក់ថា បទឈប់​បាញ់នោះ ត្រូវ​ពួក​ទាហាន​គោរព​តិចតួច​តែប៉ុណ្ណោះ។ ប្រទេស​ធំៗ កំពុងតែ​ត្រៀ​ម​ខ្លួន និង ​ពិចារណា​ជម្លៀស​ប្រជាជន​របស់​គេ​ចេញពីស៊ូដង់ ហើយ​ខណៈ​ពេ​លនេះ អ្នក​ជំនាញ​កិច្ចការ​តំបន់​អាហ្វ្រិក ក៏​កំពុងតែ​ព្រួយ​បារម្ភ​ពីការ​លូកដៃ​របស់​បរទេស ដែលនោះ នឹង​​​រឹងរឹតធ្វើឲ្យ​​ស៊ូដង់ ធ្លាក់​ជ្រៅក្នុង​វិបត្តិ​សង្គ្រាមកាន់តែ​​ធ្ងន់ធ្ងរ។ ​ ស្ថានការណ៍​​ថ្ងៃ​សៅរ៍​ ជា​ថ្ងៃ​ទី២ នៃ​សេចក្តី​អំពាវនាវ​បទឈប់​បាញ់​​ នៅរដ្ឋធានី​Khartoum របស់ស៊ូដង់ បណ្តា​សាក្សី​ផ្ទាល់​នៅ​សមរភូមិមុខ​ បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មា​នបារាំង​ ថា​ ភាគី​ជម្លោះទាំងពីរ​​ មិន​ឈប់​​បាញ់​​គ្នា​ទេ។ ស្នូរ​កាំភ្លើង​នៅតែ​លាន់​ឮ ក៏ប៉ុន្តែ ជាការ​គួរ​ឲ្យ​កត់សម្គាល់ គឺ​វា​មាន​ចំនួន​តិចតួច បើ​ធៀប​នឹង​ពេល​មុន​ថ្ងៃ​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់។ ទន្ទឹម​នឹងគ្នា​នេះ​ អ្នក​វិភាគស្ថានការណ៍ និងភាគី​ផ្សេងទៀត នៅ​មិនជឿ​ថា ភាគីជម្លោះ​ទាំង២ ​គោរព​តាម​ការ​អំពាវនា​វ​ឲ្យ​ឈប់​បាញ់​នេះទេ។​ ​ សង្គ្រាម​ស៊ីវិលស៊ូដង់ ឈាន​ចូល​ដើមថ្ងៃ​សប្តាហ៍​ទី២ គិត​ត្រឹម​ថ្ងៃ​សៅរ៍​។ ក្នុង​ការ​ប៉ះទង្គិចគ្នា​ រវាង​​កម្លាំង​របស់​ឧត្តមសេនីយ​ចំនួន​ពីរ​រូប គឺ​លោក​ អាប់ឌែល ហ្វាតា អាល់ បួរ៉ាន (Abdel Fattah al-Burhane)  និង​លោក ​ម៉ូហាម៉េដ ហាំដាន ដាហ្កាឡូ (Mohamed Hamdane Daglo) បាន​ផ្ទុះ​ឡើង​ថ្ងៃ១៥ ថ្ងៃសៅរ៍មុន។ តុល្យការ ពេញ ​​១សប្តាហ៍​មកនេះ សង្គ្រាម​ស៊ីវិល បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ មាន​ចំនួន ៤១៣នាក់ និង​របួស​ចំនួន ៣ ៥៥១នាក់។ នេះតាម​ទិន្នន័យ​របស់​​អង្គការ​សុខភាព​ពិភពលោក។ អង្គការសហប្រជាជាតិ បា​នបាត់បង់​មន្ត្រី​ យ៉ាងហោច​ ៤នាក់​។​  ​បុគ្គលិក ៣ ជារបស់​​​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក។ ១ ស្លាប់​ ជា​ភ្នាក់ងារ​របស់​ អង្គការ​សហប្រជា​ជាតិ ខាង​សិទ្ធិ​ជន​ភៀសខ្លួន។  ​ ស៊ូដង់ គឺប្រទេសផលិតមាសនិងមានរ៉ែមាស ក្នុង​លំដាប់ទី ៣ លើពិភពលោក តែជាប្រទេសនេះ  ធ្លាក់ក្នុងចំណាត់ថ្នាក់ក្រីក្រជាងគេលើពិភពលោក ព្រោះតែសង្គ្រាមរាំងជល់ ២ ទសវត្សរ៍មកនេះ។ អង្គការ Unicef បារម្ភពីសុខភាពក្មេងស៊ូដង់ដែលកំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភ។ បើ​សង្គ្រាម​នៅតែបន្ត ប្រទេស​នេះ​កាន់តែ​រងគ្រោះខ្លាំង​ ព្រោះ​ចូល​កុំភ្លេច ត្រឹមខែ​កុម្ភៈកន្លងទៅ អង្គការ​សហប្រជាជាតិ​បាន​វាយ​តម្លៃថា ពលរដ្ឋ​ប្រមាណ​១៥លាន កំពុង​តែ​ជួបគ្រោះទុរ្ភិក្ស អត់​ចំណី​អាហារ​ស្រាប់​ផង។ ចំនួន​នេះ ស្មើ​១ភាគ​៣ នៃប្រជាជន​ស៊ូដង់។  ​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន វិញ បា​នបញ្ជាក់ថា ៧០% នៃ​មន្ទីរពេទ្យរបស់ស៊ូដង់​ ត្រូវ​បំផ្លិចបំផ្លាញ។ ​វិបត្តិ​ផ្ទៃក្នុង ផុយស្រួយ​ អាច​បណ្តាលឲ្យ​កើត​ជា​បញ្ហា​តំបន់​ធ្ងន់ធ្ងរ​ ​មួយ​រំពេច។ ​​ បញ្ហាចាក់ស្រែះ​មាន​ច្រើន ទាំង​កម្លាំង​ជម្លោះ​ផ្ទៃ​ក្នុង​ផង និង​កម្លាំង​ពីក្រៅផង។ ​ក្នុងប្រទេស ​​ក្រៅពី​ការ​ប្រជែក​គ្នា​រវាង​យោធា​នៃ​ឧត្តម​សេនីយ៍​ទាំងពីរ គឺនៅ​កម្លាំង​ប្រដាប់​អាវុធ​ផ្សេងទៀត ក្រុម​ជន​ជាតិ​ភាគ​តិច និង​ក្រុម​ដែល​មា​ន​ជំនោរ​អ៊ីស្លាម​ជ្រុល​និយម​។ ​ប្រសិន​បើ​ កម្លាំង​ប្រដាប់អាវុធ​ ដែល​មាន​កម្លាំង​ពីរ​ធំ​ៗ​ កំពុង​ប៉ះទង្គិច​គ្នា​សព្វថ្ងៃ​នេះ ទៅរួម​រួប​នឹង​ពួក​ប្រដាប់អាវុធ​ផ្សេងទៀត និង​ក្រុម​ជន​ភាគតិច​ផ្សេងទៀត នោះ បញ្ហា​នឹងកាន់តែ​លំបាក​ដោះស្រាយ​។ ការ​លំបាក​ម្យ៉ាងទៀត គឺ ​ក្តីបារម្ភ​ពី​ការ​លូក​ដៃ​របស់​បរទេស ដែល​ប្រជែង​ឥទ្ធិពល​នៅក្នុង​តំបន់ ដែល​អ្ន​កវិភាគ​កំពុង​សម្លឹង​មើល គឺ​ប្រទេស​អេហ្ស៊ីប និង​ អេមីរ៉ាត់​អារ៉ាប់​រួម ។ ​នៅ​ប៉ែក​ខាង​ជើង ស៊ូដង់ ជាប់​ព្រំដែន អេហ្ស៊ីប​ ដែល​ហាក់​មាន​ទំនោរ​គាំទ្រ​ លោក បួរ៉ាន់​ ហើយ​ខាង​ត្បូង ទល់​នឹង អេត្យូពី ដែល​ប្រឆាំង​នឹង​ អេហ្ស៊ីប គឺ​ខាង​អេត្យូពី គាំទ្រ​លោក ដាហ្គាឡូ​។ ប៉ែក​ខាង​កើត​វិញ គឺ សមុទ្រ តែ​ជា​ដែន​ឥទ្ធិពល​របស់​ អេម៊ីរ៉ាត់​អារួម និង​ចូលរួម​សង្គ្រាម​នៅ​យេម៉ែន គឺអាច​នឹង គាំទ្រ និង​​លក់​អាវុធ ឲ្យ​លោក ដាហ្គាឡូ​​។ ចំណែក ខាង​លិច​វិញ ជាប់​នឹង​ប្រទេស​ ឆាត និងលីប៊ី ក៏​គ្នា​ដែរ មាន​សមានចិត្ត​នៅខាង​ លោក ដាហ្គាឡូ ដែរ​។​ គេឃើញថា ស៊ូដង់ នៅ​ចន្លោះ​នៃ​វិបត្តិ​ក្នុង​តំបន់សង្គ្រាម​ដ៏​​ផុយស្រួយ ហើយ​គេ​ខ្លាច​​តែ​ ប្រទេស​នេះ​ធ្លាក់​​ផុង​នៅក្នុងសង្គ្រាម ដូច​នៅ​យេម៉ែន និង​នៅ​លីប៊ី ទៀត​។ នេះគឺ​នៅ​មិនទាន់​គិត​ពី​ជំហរ​របស់​ពួក​ប្រទេស​បស្ចិម​ប្រទេស​ផង​ទេ។ កាលពីថ្ងៃ​សុក្រ​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក James Cleverly បាន​លុប​ចោល​ដំណើរ​ទស្សនកិច្ច​​ទៅ​តំបន់​អាស៊ី ដើម្បី​នឹងតាម​ដាន​ស្ថានការណ៍​វិបត្តិ​នៅ​ស៊ូ​ដង់ និងរង់ចាំ​​​ចាត់ចែង​ដោះស្រាយស្ថានភាព។​ ចំណែក​ សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប ក៏​កំពុង​តែ​តាន​ដាន​ស្ថានការណ៍​យ៉ាងកៀកកិតណាស់ដែរ។   ​បណ្តាប្រទេស​​ផ្សេងៗ​ពិចារណា​និង​ត្រៀម​លក្ខណៈ​សម្រាប់​ជម្លៀស​ប្រជាជន​ចេញពី​ស៊ូដង់។ ​ ​​កម្លាំងយោធាស៊ូដង់ បានកាប់​មូលដ្ឋាន​ហោះហើរ​តែរៀងៗខ្លួន។ ​លោកឧត្តម​សេនីយ៍ ដាហ្គាឡូ ថា​នឹង​អាច​ជួយ​សម្រួល​ឲ្យ​ប្រទេស​ជាមិត្ត​ដឹកនាំ​ពលរដ្ឋ​ខ្លួន​ចេញបាន។ ចំពោះ សហរដ្ឋអាមេរិក គឺនៅ​តែ​រារែក នៅ​ឡើយ​ ព្រោះ​ស្ថានការណ៍តាន់តឹង​ខ្លាំងពេក​។ សហរដ្ឋ​អាមេរិក​ មា​នមូលដ្ឋាន​យោធា​នៅ Djibouti (ជីបូទី) ចម្ងាយ​ប្រមាណ​១ ១២៦គីឡូម៉ែត្រ ពី​រដ្ឋ​ធានី​ Khartoum របស់​ស៊ូដង់។ មន្ទីរ​បញ្ចកោណ​អាមេរិក កាលពីថ្ងៃ​ព្រហស្បតិ៍ បាន​ផ្តល់​សញ្ញា​ឲ្យ​មូលដ្ឋាន​យោធានេះ​ត្រៀម​ប្រុងប្រៀប ប្រសិន​បើ​ត្រូវ​ចាំបាច់​ជម្លៀស​ប្រជាជន​និង​មន្ត្រីទូត។ ពី​​ថ្ងៃ​សុក្រ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន​ពិចារណា​ពីស្ថានការណ៍​ និង​ថ្លែង​ឲ្យដឹង​ពី​សភាព​លំបាក​ ហើយប្រថុយ​​គ្រោះថ្នាក់​ខ្លាំង​ នៅក្នុង​ការ​ដឹក​ជម្លៀស​មនុស្ស​តាម​ផ្លូវ​អាកាស។ ជំហរ​សម្រេ​ចចិត្ត​របស់​ប្រមុខ​ទូត​អាមេរិក ត្រឹមថ្ងៃ​សុក្រ​ គឺ​មិន​ទាន់​ផ្តល់​សញ្ញាភ្លើង​ខៀវ​ឲ្យ​ជម្លៀស​មន្ត្រី​ស្ថានទូត​ ចេញពី​ស៊ូដង់​ ​ទេ។ ចំណែក​សហភាព​អឺរ៉ុប ដែល​មាន​ស្ថានទូត​រដ្ឋសមាជិក​ចំនួន​៧ នៅស៊ូដង់ គឺ បាន​ប្រុងប្រៀង​ជម្លៀស​ពលរដ្ឋ​ខ្លួន​ប្រមាណ ១ ៥០០នាក់​ តែ​គ្រោង​ថា​នឹង​ជម្លៀស​តាម​ផ្លូវ​គោក​។ ​ដោយឡែក ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ប្រឈមមុខនឹងសង្រ្គាមស៊ូដង់​នេះ រដ្ឋបាល​តូក្យូ​និង​សេអ៊ូល បានប្រកាស​បញ្ជូនយន្តហោះទាហានទៅរំដោះជនជាតិខ្លួនចេញពីស៊ូដង់។ តាមក្រសួងការបរទេសកូរ៉េខាងត្បូង មានជនជាតិកូរ៉េខាងត្បូងចំនួន ២៦នាក់ ក្នុងនោះក៏មានមន្រ្តីការទូតកំពុងមានវត្តមាននៅស៊ូដង់។ ពីខាងជប៉ុន គឺមានប្រមាណជា ៦០នាក់ដែលត្រូវជម្លៀសចេញពីស៊ូដង់។ ​ក្នុងការ​ផ្ទុះ​អាវុធ​អំលុងពេល១សប្តាហ៍  ប្រជាជនស៊ូដង់ បាន​ចាកចេញទៅប្រទេសឆាត ក្បែរខាង មានចន្លោះ១ ម៉ឺន ទៅ២ម៉ឺននាក់។ នៅឆាត ត្រូវទទួលបន្ទុកធ្ងន់ ដ្បិតថា សង្គ្រាមរាំរ៉ៃច្រើនឆ្នាំមកនេះ ឆាតទទួលជនភៀសខ្លួនស៊ូដង់ ចំនួន៤០ម៉ឺននាក់ស្រេចទៅហើយ​៕​​
4/22/20237 minutes, 58 seconds
Episode Artwork

រ៉ែនីគែលមានសារៈសំខាន់មកលើសេដ្ឋកិច្ច តែជះផល​អាក្រក់មកលើសុខភាពនិងបរិស្ថាន

ជាមួយនឹងផែនការ​កាត់​បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូនិកទៅក្នុងបរិយាកាស រថយន្ត​អគ្គិសនី​កំពុងតែទទួល​បាន​ការពេញនិយម ព្រោះវាមិនប្រើ​ប្រេងឥន្ធនៈ ដែលបញ្ចេ​ឧស្ម័ន​កាបូនិក។ តែទន្ទឹមគ្នានេះ រថយន្តអគ្គិសនី​ត្រូវការប្រើថ្មសាកទំហំធំ ដែល​ត្រូវបាន​ផលិតឡើង ដោយ​រ៉ែកម្រជាច្រើនប្រភេទ ក្នុងនោះមានលីត្យ៉ូម និង​នីគែលជាដើម។ រ៉ែនីគែល មានសារៈសំខាន់ណាស់ ដើម្បីផលិត​គ្រឿងឧបករណ៍អេឡិចត្រូនិក និង​ជាពិសេស គឺប្រើនៅក្នុងការផលិត​លោហៈដែល​មិនចេះច្រែស ឬដែលយើងជាភាសាសាមញ្ញ​ថា “ដែក​​អ៊ីណុក”។ តម្រូវការរ៉ែនីគែលរបស់​ពិភពលោកយើង កាន់តែរីកធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក៏ប៉ុន្តែ សកម្មភាព​ជីកគាស់រ៉ែនីគែល អាចបង្កគ្រោះថ្នាក់ខ្លាំងណាស់ មក​លើសុខភាពមនុស្ស និងមកលើបរិស្ថាន​។ វិទ្យុបារាំងអន្តរជាតិ RFI បានចូលរួមជាមួយក្រុមការងារស៊ើបអង្កេតអន្តរជាតិ Forbidden Stories ដើម្បី​បន្ត​ការស៊ើបអង្កេតនៅភាគខាងជើងប្រទេសកូឡុំប៊ី ស្តី​ពី​ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរមកលើ​ប្រជាជនមូលដ្ឋាន ដោយសារតែសកម្មភាពជីករ៉ែនីគែល។ ជាការស៊ើបអង្កេត ដែលបាន​ចាប់ផ្តើមឡើង ដោយ​អ្នកកាសែតដ៏ក្លាហានម្នាក់ ឈ្មោះ Rafael Moreno ដែលលោកត្រូវបាន​គេបាញ់សម្លាប់ នៅតំបន់ភាគខាងជើងកូឡុំប៊ីនោះ កាលពីថ្ងៃទី​១៦តុលា ឆ្នាំ​២០២២។ មុននឹងត្រូវគេសម្លាប់ អ្នកកាសែតរូបនេះ បានបង្ហោះរូបថតមួយសន្លឹកនៅខែតុលា២០២២ ដែលគេឃើញផ្សែងក្រហមអណ្តែតចេញពីទីតាំងចម្រាញ់រ៉ែនីគែល គ្របដណ្តប់​ពី​លើតំបន់ជ្រលងភ្នំ និងភូមិអ្នកស្រុក​។​ រហូតមកទល់ពេលនេះ ករណីធ្វើឃាតនេះ នៅមិនទាន់មានពន្លឺ​ដឹងពីអង្គហេតុ និងដឹងពីជនដៃដល់នោះឡើយ តែបើតាមការស្មាន គឺវាពិតជាពាក់​ព័ន្ធ ជាមួយ​នឹងការងាររបស់អ្នកកាសែតរូបនេះ ដែលស៊ើបអង្កេតលើក្រុមហ៊ុន​ជីករ៉ែនីគែល ឈ្មោះ Cerro Matoso S.A. នៅភាគខាងជើងកូឡុំប៊ីនេះ​។ ការចូលទៅកៀកនឹងតំបន់នេះ គឺមិនអាចធ្វើទៅដោយ​ងាយ​ទេ គឺមានឧបសគ្គប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះក្រុមហ៊ុននេះប្រើប្រាស់​ក្រុមប្រដាប់អាវុធ ឲ្យ​យាមការពារ និងឃាត់ឃាំងមិន​ឲ្យ​អ្នកកាសែតបរទេសចូលទៅបានដោយងាយទេ។ សកម្មភាពជីករ៉ែនីគែលនៅតំបន់នេះ បានចាប់​ផ្តើម​​នៅឆ្នាំ​១៩៨២ ហើយយោងតាម​អ្នកតំណាងសហគមន៍ប្រជាជនមូលដ្ឋាន គឺសកម្មភាពជីករ៉ែនេះ បានបង្កជាមហន្តរាយ​មកលើ​បរិស្ថានធម្មជាតិ និងសុខភាពមនុស្ស​។ ទឹកទន្លេ Quebrada de Uré ដែលហូរកត់តំបន់នេះ ហើយ​ដែល​មនុស្ស​ប្រមាណ​១៤០០០នាក់ រស់រំពឹងអាស្រ័យផលនោះ ​បាន​ក្លាយទឹក​ពុល ពោរពេញដោយ​សារធាតុនីគែល ព្រោះក្រុមហ៊ុនជីករ៉ែខាងលើបានបង្ហូរកាកសំណល់ចូល។​ ត្រី សត្វ និងរុក្ខជាតិមួយចំនួន បាន​ផុតពូជលែងមានទៀតដោយសារតែទឹកទន្លេពុលដោយសារធាតុនីគែល។ នៅឆ្នាំ​២០១៧ តុលាការកំពូលកូឡុំប៊ី បានចេញសេចក្តីសម្រេចស្តីបន្ទោសអាជ្ញាធររដ្ឋ ទាំង​តំបន់ទាំងថ្នាក់ជាតិ ថាមាន​ការធ្វេសប្រហែស ដែលបានការពារថាសកម្មភាពជីករ៉ែនីគែល មិន​បង្កផល​ប៉ះពាល់ដល់ប្រព័ន្ធជីវចម្រុះ និង​​សុខភាពមនុស្ស។ តុលាការក៏បានបង្គាប់ថា ក្រុមហ៊ុនជីករ៉ែ ត្រូវតែពិគ្រោះយោបល់ជាមុនជាមួយសហគមន៍​ប្រជាជនមូលដ្ឋាន ដើម្បីរៀបចំ​វិធានការ​លាងសម្អាតជាតិពុល ព្រមទាំងមើលថែសុខភាពរបស់​ប្រជាជន​។ តែរហូតមក់ទល់ពេលនេះ យោងតាមតំណាងសហគមន៍ គឺពុំមានស្រមោលនៃការទទួលខុសត្រូវរបស់ក្រុមហ៊ុនជីករ៉ែទេ។ មណ្ឌលសុខភាពមួយ​ ដែលក្រុមហ៊ុននេះសន្យាថាសាងសង់ ប្រជាជន​អះអាងថាមិន​ទាន់ឃើញរូបរាងទេ។​ នីគែលបង្កជម្ងឺមហារីក​ នៅឃុំ San José de Uré ដែលមានប្រជាជនរស់នៅប្រមាណ១១០០០នាក់ មានច្រើននាក់ណាស់ ដែល​បានលើកឡើងអំពីជំងឺចម្លែកៗ ភាគច្រើនគឺជាជំងឺដុះដុំសាច់ក្នុងស្បូន​របស់ស្ត្រី។ ដុំសាច់ក្នុងស្បូន តាមធម្មតាជាករណីសាមញ្ញតែងកើតមានលើស្ត្រី តែករណីនៅតំបន់នេះ គឺមិនមែនតែមួយឬពីរដុំ គឺច្រើនដុំឡើកកកស្ទះពេញស្បូន ដែលបង្កឲ្យ​មាន​ការហូរឈាម​ធ្ងន់ធ្ងរ ចុកពើតខ្លាំងទ្រាំមិនបាន​។ យ៉ាងហោចណាស់ មានស្ត្រីជាង​២០នាក់ ដែលត្រូវវះកាត់យកស្បូនចេញទាំងស្រុងតែម្តង ក្នុងរវាង​២០ឆ្នាំចុងក្រោយនៅក្នុងឃុំនេះ​។​ ហើយមានករណីជម្ងឺ​ចម្លែ​ក​​ផ្សេងទៀត នៅតំបន់នេះ ដូចជាមានទារក២នាក់ កើតមកពុំមានរុន្ធគូទទេ។ ទារកម្នាក់បានស្លាប់ហើយ កាលពី២ឆ្នាំមុន។ វិទ្យាស្ថានជាតិវិជ្ជសាស្ត្រកូឡុំប៊ី បានពិនិត្យ​មើល​​លើ​គំរូអេឆង់ទីយ៉ុង​ចំនួន ១១៤៧ ហើយ​បានសន្និដ្ឋានថា មានជំងឺចំនួន១៧មុខ ដែលមានពាក់ព័ន្ធដោយផ្ទាល់ ជាមួយ​នឹងសកម្មភាពជីករ៉ែនីគែល របស់​ក្រុមហ៊ុនCerro Matoso S.A.។ ហើយជម្ងឺដុះដុំសាច់ពេញស្បូន ក៏ស្ថិតនៅក្នុងចំណោមនេះដែរ។​ យោងតាមការសិក្សាវេជ្ជសាស្ត្រកន្លងមក បាន​ឲ្យដឹងថា សារធាតុនីគែល អាចជ្រាបចូល​ក្នុងខ្លួនមនុស្សយើង ក្នុងកម្រិតណាមួយ តាមប្រព័ន្ធដកដង្ហើម តាមចំណីអាហារ និងទឹកបរិភោគជាដើម។ ជាទូទៅសារធាតុនីគែលនេះ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ នៅលើ​ប្រព័ន្ធដកដង្ហើម នៅពេលវាកកស្ទះច្រើនខែច្រើនឆ្នាំនៅក្នុងសួត ធ្វើឲ្យមានជំងឺមហារីកសួត និង​ជាពិសេសនោះគឺមហារីកក្រអូមច្រមុះ និងមហារីក​បំពង់ខ្យល់ជាដើម។ តាំងតែពីឆ្នាំ​១៩៩០ម្លេះ ដែល​​គណកម្មការអន្តរជាតិស្រាវជ្រាវលើជំងឺមហារីក CIRC បានចាត់ថ្នាក់សារធាតុ​នីគែល ក្នុងកម្រិតណាមួយ ពិតជាអាចបង្កជំងឺមហារីកមកលើមនុស្ស។ មិនចាំបាច់ទាល់តែនៅជិតកន្លែងជីករ៉ែ ស្លររ៉ែកម្រនេះ ទើបមនុស្សអាចប្រឈមគ្រោះថ្នាក់នោះទេ។ រ៉ែនីគែល មានជាប់នៅក្នុង​ឧបករណ៍​ប្រើប្រាស់ប្រចាំថ្ងៃច្រើនមុខណាស់ ជាក់ស្តែង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែល​ជាប្រភេទដែកអ៊ីណុក និងគ្រឿងអល្លង្កាជាដើម។ គ្រាន់តែថាផ្សែងចំហេះចេញពីរោងចក្រចម្រាញ់រ៉ែនីគែល អាចមានកម្រិតលោហៈនេះខ្ពស់ខ្លាំង និងគ្រោះថ្នាក់ខ្លាំង។ពោលគឺនីគែល អាចបង្កគ្រោះថ្នាក់​មកលើសុខភាព មិនចាញ់​មែរកួរ ប៉ុន្មាននោះទេ។ ឥណ្ឌូណេស៊ីមានស្តុកនីគែល១ភាគ៤នៃពិភពលោក​ រ៉ែនីគែល ជាប្រភេទលោហៈធ្ងន់ និងកម្រ ដែល​ឧស្សាហកម្មពិភពលោកយើង អត់មិនបានទេ​។ ទំនង់​សេដ្ឋកិច្ចរបស់​រ៉ែនីគែលធ្ងន់សម្បើមណាស់ ជាពិសេសជាមួយ​នឹង​ការប្រើប្រាស់​សម្ភារៈបច្ចេកវិទ្យាទំនើប ដែលត្រូវការ​ប្រើថ្មសាក។ លោហៈនីគែល មិនខុសពីលីត្យូម គឺជាធាតុផ្សំចាំបាច់ណាស់ សម្រាប់ផលិត​ថ្មសាកធំៗ ជាពិសេស គឺថ្មរថយន្តអគ្គិសនី​។ រថយន្តអគ្គិសនីនីមួយៗ អាចត្រូវការប្រើលោហៈនីគែលនេះ ប្រមានជាង៣០ ទៅ ៤០គីឡូក្រាមឯណោះ។​ មានប្រទេសមិនច្រើនប៉ុន្មានទេ ដែលមានស្តុករ៉ែនីគែលក្នុងដីច្រើន ក្នុងនោះមានឥណ្ឌូណេស៊ី ហ្វីលីពីន តំបន់នូវែលកាឡែដូនី​ គុយបា អូស្ត្រាលី ចិន កាណាដា និងរុស្ស៊ីជាដើម។ ឥណ្ឌូណេស៊ីសំបូរខ្លាំងជាង ។ បើតាមទិន្នន័យរបស់ U.S. Geological Survey គឺឥណ្ឌូណេស៊ីមានស្តុកចំនួន២១លានតោននៅក្នុងដី ដែលគេដឹងច្បាស់ថា អាចកកាយយកមកធ្វើអាជីវកម្មបាន​ ពោលគឺប្រមាណ​១ភាគ៤ នៃទំហំស្តុកពិភពលោក។​ ដោយឃើញពីសក្តានុពលដ៏ធំមហិមារបស់ខ្លួននេះ លោក​ប្រធានាធិបតីឥណ្ឌូណេស៊ី បានចេញបញ្ជាហាមឃាត់ការនាំចេញរ៉ែនីគែលទៅក្រៅប្រទេស ចាប់ពីឆ្នាំ​២០២០មក។ ហាមឃាត់ការនាំចេញ មិនមែនហាមឃាត់ការជីកធ្វើអាជីវកម្ម។ តាមរយៈវិធានការបែបជាតិនិយមនេះ វា​មានន័យថា រ៉ែនីកែលរបស់ឥណ្ឌូណេស៊ី ត្រូវតែចម្រាញ់និងកែច្នៃ​ផលិត​ជាទំនិញរួចរាល់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ជាមុនសិន​ មុននឹងអាចនាំចេញទៅក្រៅ​បាន។ វិធានការនេះ គឺសំដៅផ្តល់សន្ទុះដល់ការវិនិយោគឧស្សាហកម្ម រៀបចំ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ រាប់ចាប់ពីការជីករ៉ែ ការស្លរ ចម្រាញ់​កែច្នៃ និងឈាន​ទៅ​​​ផលិតថ្មអគ្គិសនី​នៅក្នុងប្រទេសឥណ្ឌូណេស៊ីតែម្តង។ អញ្ចឹងហើយ​ បានជាគ្រប់ក្រុមហ៊ុន​ឧស្សាហកម្មធំៗ ដែលផលិតរថយន្តអគ្គិសនី បាន​នាំគ្នាសំរុកទៅឥណ្ឌូណេស៊ីខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយ​នេះ​។​ ក្រុមហ៊ុន Tesla កំពុងពិចារណាបង្កើតរោងចក្រផលិតរថយន្តនៅឥណ្ឌូណេស៊ីដោយផ្ទាល់តែម្តង។ ក្នុងឆ្នាំ​២០២២កន្លងទៅ ឥណ្ឌូណេស៊ី បាន​កកាយធ្វើអាជីវកម្មរ៉ែនីគែល បាចចំនួន​១លាន៤សែនតោន។ ក្នុងរវាង​៣ឆ្នាំមកនេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ីបានចុះកិច្ចសន្យាចំនួនជាង១០ ក្នុងទំហំទឹកប្រាក់ប្រមាណ​១៥ពាន់លានដុល្លារ​។ ឆ្នាំ​២០១៥ ចំណូលបានមកពីអាជីវកម្មរ៉ែនីគែលនៅឥណ្ឌូណេស៊ីមាន១ពាន់លានដុល្លារ។ តែឆ្នាំ២០២២កន្លងទៅនេះ ចំណូលនេះ បានរីកដល់៣០ពាន់លានដុល្លារ។ ឥឡូវហ្វ៊ីលីពីន ក៏កំពុងចង់យកគម្រូតាម​ឥណ្ឌូណេស៊ីដែរ ដោយ​បានសម្រេច​យកពន្ធខ្ពស់ លើការនាំចេញរ៉ែនីគែលរបស់ខ្លួន​។ រថយន្តដើរដោយ​ថ្មីអគ្គិសនី​ល្អសម្រាប់បរិស្ថានមែនពិត តែកុំភ្លេចថា មុននឹងផលិតចេញជាថ្មអគ្គិសនីនេះបាន​ គឺវាត្រូវរ៉ែលោហៈកម្រច្រើនមុខ តួយ៉ាងរ៉ែនីគែលនេះ។ ការជីកកកាយ​ ចម្រាញ់រ៉ែនីគែលអាចជះផល​អាក្រក់ខ្លាំងសម្បើមណាស់ដល់សុខភាពមនុស្ស និង​ប្រព័ន្ធជីវចម្រុះធនធានធម្មជាតិ​។ ឧស្សាហកម្មរ៉ែនីគែលរបស់ឥណ្ឌូណេស៊ី ត្រូវគេ​រិះគន់ខ្លាំងណាស់ ថាមិនស្អាតស្អំទេ ព្រោះក្រុមហ៊ុននៅឥណ្ឌូណេស៊ី ដុតធ្យូងថ្មខ្លាំងសម្បើមណាស់ ដើម្បីផលិត​ចរន្តអគ្គិសនី​​​ចម្រាញ់រ៉ែនេះ​។ កាកសំណល់សារធាតុពុល ត្រូវបង្ហូរចោលទៅក្នុងសមុទ្រទៀត។ តែយ៉ាងណា គ្រប់គ្នាមិនទាន់អាច​គេចពីឥណ្ឌូណេស៊ីបានទេ ព្រោះទំហំសមត្ថភាព​ផលិតវាធំណាស់។ តែយ៉ាងណា អ្នកជំនាញ​រំពឹង និងសង្ឃឹមថា ឥណ្ឌូណេស៊ីនឹងកាច់ចង្កូត រៀបចំឧស្សាហកម្មរ៉ែនីគែលរបស់ខ្លួន ឲ្យ​បានកាន់តែស្អាតស្អំ គោរពស្តង់ដារបរិស្ថានអន្តរជាតិ៕
4/20/20239 minutes, 30 seconds
Episode Artwork

អ.ស.ប.៖ ចំនួនប្រជាជនឥណ្ឌានឹងកើនឡើងលើសចិន នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣

ថ្ងៃពុធ អង្គការ​សហប្រជា​ជាតិ បញ្ជាក់អំ​ពីរបាយការណ៍​ប្រជាសាស្ត្រ​ពិភព​លោក​ ​ថា ចំនួនប្រជាជនឥណ្ឌា នឹងកើនឡើងលើសប្រជាជន​ចិន នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣នេះ។​​ ក្នុងពេលជាមួយគ្នានេះ​ អង្គការសហប្រជាជាតិ ក៏​អំពាវនាវ​ដែរ ដល់​ចំពោះ​បណ្តា​រដ្ឋាភិបាលឲ្យផ្តោតលើការគិតគូរដល់សិទ្ធិសេរីភាពរបស់ស្ត្រីក្នុងការសម្រេចចិត្តខ្លួនឯង ជាជាងគិតតែបារម្ភរឿងប្រជាជនពិភពលោកកើនឡើងខ្លាំង។ ​ ប្រជាជន​ទូទាំង​ពិភព​លោក ឡើង​លើស​ពី ​៨ពាន់​លាន​នាក់។​ នាយិកាមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន អ្នក​ស្រី​ Natalia Kanem ​បញ្ជាក់ថា ចាប់តាំង​ពី​ឆ្នាំ​១៩៩០មក​ អាយុសង្ឃឹម​រស់​របស់​ប្រជាជន​ពិភពលោក បាន​កើនឡើង​ជា​លំដាប់​ ចន្លោះ​រវាង​ ៦ឆ្នាំ​​​។ ជា​មធ្យម​ ប្រុស​ៗ អាយុ​សង្ឃឹម​រស់ ដល់​៧១ឆ្នាំ​ ហើយ​ស្រី​ ៧៦ឆ្នាំ​ ខណៈ​ដែល​អត្រា​ផ្តល់កំណើត យ៉ាងហោច ក្នុង​ស្រីម្នាក់​ អាច​បង្កើត​កូន​ ២,៣ នាក់​ ជិត​ជា​មធ្យម​។​ អឺរ៉ុប​ ជា​តំបន់​១​ដែល​នឹង​ត្រូវ​ស្គាល់​កំណើន​ប្រជាជន​ទាប តទៅទៀត ចាប់ពីពេល​នេះ​ ដល់​២០៥០។ ពី​ពេល​នេះ​ដល់​២០៥០ ប្រទេស ចំនួន ​៨ ​ដែល​មាន​អត្រា​កំណើត​​ប្រជាជនកើន​ច្រើនគួរ​ឲ្យ​កត់​សម្គាល់​ គឺ​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ អេហ្ស៊ីប អេត្យូពី ឥណ្ឌា នីហ្សេរីយ៉ា ប៉ាគីស្ថាន​ ហ្វីលីពីន និង​តង់ហ្សានី។ នៅ​ទ្វីប​អាហ្វ្រិក ប្រទេស​ដែល​មាន​អត្រា​កំណើតខ្លាំង គឺ​ នីហ្សេ ឆាត សូម៉ាលី​ ម៉ាលី និង​អាហ្វ្រិក​កណ្តាល​។​ នៅ​ទ្វីប​​អាហ្វ្រិក​ ប្រជាជន​នឹង​សន្ទុះ​កើនខ្លាំង​ ពី​ ១,៤ ទៅ​ ៣,៩​ ពាន់​លាន​នាក់ នៅឆ្នាំ​២១០០ ដែល​អាច​ស្មើ​នឹង ​៣៨%​ នៃ​ប្រជាជន​លើ​ផែ​នដី។ ​របាយការណ៍​អង្គការ​សហប្រជាជាតិ បញ្ជាក់​ទៀត​ថា ​១ភាគ៣​នៃ​ប្រជាជនសកលលោក គឺមាន​អាយុ​តិច​ជាង ​១៤ឆ្នាំ។ ៦៥% អាយុ​ចន្លោះ​ ១៥ទៅ​ ៦៤ឆ្នាំ។ អ្នក​ដែល​អាយុ​លើស​ពី ​៦៥ឡើង​ទៅ មា​ន​១០%។​ រីឯ ប្រទេស​មាន​អត្រា​កំណើត​ទាប គឺ​ ជប៉ុន កូរ៉េខាងត្បូង ហុងកុង សិង្ហបុរី ម៉ាកាវ សាំងម៉ារាំង អារុបា និង​ចិន។  ជប៉ុន ជួបបញ្ហា​កំណើត​ប្រជាជន​ ហើយ​​ ប្រជា​ជន​ចាស់ៗ​ច្រើន និង​ ថយ​ចុះប្រជាជន​យ៉ាងគំហុក​។ រយៈកាល​១ទសវត្សរ៍​ចុងក្រោយ​ ចន្លោះ​ឆ្នាំ​២០១១​ដល់​២០២១ ជប៉ុន​ថយចុះ ​៣លាននាក់។​ ​ឥណ្ឌា ​នាំមុខដាច់ ចិន ខាងបង្កើតកូន។ តាម​របាយការណ៍ថ្មី​នេះ គឺ​ ប្រជាជន​ឥណ្ឌា កើន​ដល់ ១,៤២៨៦ ពាន់លាននាក់​ ហើយ​​ ចិន មាន​ប្រជាជន​ ១,​៤២៥៧ ពាន់លាននាក់។ ​ក្នុង​រយៈ​ពេល​ ២៥ឆ្នាំ​ជាប់ៗគ្នា ចិន ឈរនាំមុខ​គេ​ខាង​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើពិភពលោក។ ​នៅក្នុង​ឆ្នាំ​នេះ ឥណ្ឌា វ៉ាដាច់​ចិន​​ ដោយ​មាន​ប្រជាជន​ច្រើន​ជាង​ចិន​ ប្រមាណ​ ៣លាន​នាក់​ ហើយ​និង​បន្ត​ច្រើន​ជាង​តទៀត នៅពេ​លខាង​មុខ។ ជាក់ស្តែងទៅ ប្រជាជន​ចិន​​ធ្លាក់​​ចុះ​អត្រា​កំណើន​ ​​ជាប់​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ប្រវត្តិសាស្ត្រ​និង​នយោបាយផង​។ នៅ​ទសវត្ស​១៩៦០ ចិន​ជួប​អត្រា​កំណើត​ទាប និង​ស្លាប់​ប្រជាជន​អស់​ច្រើន​ពាន់​លាន​ ព្រោះតែ​កំហុស​ន​យោបាយ​ នៃ​បដិវត្តន៍​​​ដ៏​មហាលោត​ផ្លោះ នៅឆ្នាំ១៩៥៩។ ក្រោយ​មកទៀត រដ្ឋអំណាច​ចិន​កំណត់គោល​នយោបាយ​កូនតែ​១​ ទើបតែលុប​ចោល​​នៅ​ឆ្នាំ​២០២១ ដែល​អនុញ្ញាតឲ្យ​ ពលរដ្ឋ​ចិន ​អាច​មា​នកូន​លើសពីម្នាក់​បាន​​។ ទាំង​នេះ​​​ពន្យា​រ​កំណើន​ប្រជាជន​ចិន ហើយ​ស្រី​ចិន​ដែល​រៀន​បា​នកម្រិត​ចេះដឹង​ខ្ពស់​ ក៏​​នាំ​ឲ្យ​អាក់​ខាន​ខ្លះដែរ​ ដល់​ដំណើរការ​ពរពោះ​មាន​កូន​។​ ពេល​នេះ រដ្ឋាភិបាល​របស់​​នាយករដ្ឋមន្ត្រី នរិន្ទ្រា​ ម៉ូឌី មិន​បាន​ប្រកាស​ទិដ្ឋន័យ​ប្រជាជន​ផ្លូវ​ការ​​ទេ។ មិន​ប្រកាស​ជាសាធារណៈ​ ពីព្រោះតែ​បារម្ភ​ខ្លាច​ក្រែង​មាន​គេ​រិះគន់​ពីអ​ត្រាអត់​ការ​ងារធ្វើ​ ​​ចំនួន​ដ៏ច្រើន​ក្នុង​ចំណោម​យុវជន។ ដែល​ចំណុច​នេះ​ មិន​នាំ​ផល​ល្អ ហើយថែមទាំអ​​អាច​ជះផល​អាក្រក់​ដល់​ការ​បោះឆ្នោត​ជាតិ​ នៅឆ្នាំ​ខាង​មុខ​នេះ ផង។ ទោះ​ជា​យ៉ាងនេះ បើតាមទិន្នន័យ​អង្គការ​សហប្រជជាតិ ដែល​ផ្សាយ​ពី​​ទីភ្នាក់​ងារ​ព័ត៌មាន​AFP ប្រជាជន​ឥណ្ឌា ជិត​ពាក់​កណ្តាល មា​នអាយុតិច​ជាង​៣០ឆ្នាំ ហើយ​ដែល​កំពុង​តែស្រេក​ឃ្លាន​ក្នុងការ​ប្រលូកចូល​ក្នុងវិស័យ​ការងារ​។ បើតាម​អ្ន​កជំនាញបារាំង​ អំណឹះ​តទៅ ឥណ្ឌា បង្កើត​ប្រជាជន​ថ្មី ក្នុង​១ឆ្នាំៗ ប្រមាណ​១៤លាននាក់។ ចំពោះ​ប្រទេស​ឥណ្ឌា​ផ្ទាល់​ កំណើន​ខ្លាំង​ខាង​ប្រជាសាស្ត្រ​ គឺបង្ក​បញ្ហា​ចំណោទប្រឈម​ខ្លាំង ​វិបត្តិ​សង្គម មាន​ទាំង​ពី​ការសិក្សា រចនាសម្ព័ន្ធ ទឹក ភ្លើង... ពិសេស​ទៅទៀត​ គឺ​ ​វិសមភាពអ្នក​មាន​អ្ន​កក្រ, កង្វះ​លំនៅ​ដ្ឋាន​សមរម្យ​នៅក្នុង​ទីក្រុង,បញ្ហា​​កង្វះការងារ...។ល។ នេះបើតាម​ការ​វិភាគ​របស់​​សាស្ត្រាចារ្យ​ Christophe Jaffrelot​ អ្នក​ស្រាវជ្រាវ​នៅ វិទ្យាស្ថាន​ជាតិស្រាវជ្រាវ​វិទ្យាសាស្ត្រ​​​ CNRS និងជាអ្នក​ជំនាញ​ពីប្រទេស​ឥណ្ឌា។ បញ្ហា​មួយ​ទៀត ដែល​អ្នក​ជំនាញ​មើលឃើញ គឺវិបត្តិ​​ធនធានមនុស្ស សម្រាប់ប្រទេស​ឥណ្ឌា ព្រោះតែ​ប្រាក់​ខែ​ទាប​នៅក្នុង​ស្រុក​ ធ្វើ​ឲ្យ​អ្នក​មាន​សមត្ថភាព​និងអ្ន​កចេះដឹង ​រត់​ចោល​ស្រុក​ ​ពិសេសពួក​អ្ន​កចេះអង់គ្លេស​និង​បច្ចេកវិជ្ជា​ ដូច​ដែល​យើង​ឃើញ​ស្រាប់ ក្រុម​ហ៊ុន​ព័ត៌មាន​វិទ្យា​អ៊ិនធ័រនែត​ គឺ​មាន​ជនជាតិ​ឥណ្ឌា​ តួយ៉ាង Google ជាដើម។​   «បង្កើតកូន ជាសម្រេចចិត្តរបស់​ស្ត្រីម្ចាស់ខ្លួន​»។ របាយការណ៍ប្រជាសាស្ត្រពិភពលោក មិន​គាំទ្រ​ឲ្យ​រដ្ឋអំណាច​ឬ​រដ្ឋាភិបាល ដាក់​​គោល​នយោបាយ​កំណត់​ចំនួន​កូន​ ឬ​ប្រើ​វិធី​សាស្ត្រវិធានការណាមួយ​​​ដើម្បី​បន្ថយ​ឬ​បង្កើន​កំណើត​​ទេ។ ជំនួស​ឲ្យ​ការ​ដែលគិត​​ថា​នារី​គួរតែ​មាន​កូន​ប៉ុន្មាននិង​នៅ​អាយុប៉ុន្មានតាម​សម្ពាធ​សង្គម​​នោះ​ ប៉ុន្តែ គួរ​សូម​ទុក​ដាក់​សម្រេច​ចិត្ត​ថា ត្រូវ​មាន​កូន​ឬ​គ្មាន​ ជា​សិទ្ធិសម្រេច​របស់​នារី​ជា​ម្ចាស់​រាង​កាយ​របស់​នាង។ នេះបើតាម​ អ្នកស្រី​ Natalia Kanem នាយិកាមូលនិធិ​​អង្គការ​សហប្រជាជាតិ​ដើម្បីប្រជាជន និងដែល​បញ្ជាក់​ថា​ « ទិន្នន័យ​៤៤% ស្ទើរតែ​ស្មើ​នឹង​ស្រី​ពាក់​កណ្តាល​ពិភពលោក​ ដែល​​ ពពោះ ផើម​មា​នគភ៌ ​មិនតាម​ក្តីប្រាថ្នា​របស់​ខ្លួន។ នាង​មិ​នអាច​ជ្រើសរើស​ប្រើ​វិធីសាស្ត្រ​​ពន្យារ​កំណើត​ មិន​បាន​ទទួល​ការ​ព្យាបាយ​សុខភាព​ត្រឹមត្រូវ និង​មិន​អាច​សម្រេច​រើស​ដៃគូ​រួម​ភេទ​ ជាមួយ​នរណាម្នាក់​ តាម​ចំណង​របស់ខ្លួន​។​ ​ក្នុង​ពិភព​លោក​យើង គឺ​អត្រា​ពរពោះ​មាន​កូន​ ដល់ទៅ​ជិត​កណ្តាល​ ដែល​មិន​ចេញពី​សេចក្តីប្រាថ្នា​របស់​នារី​ម្ចាស់​ខ្លួន​ទេ។»  អ្នកស្រី Natalia Kanem កត់​សម្គាល់​ថា «ក្នុង១ឆ្នាំៗ យ៉ាង​ហោចណាស់ កូន​ក្មេង​ ទារក​កន្លះ​លាន​នាក់ ប្រសូត្រ​ចេញពី​ម្តាយ​វ័យ​ក្មេង អាយុ​ចន្លោះ​ ១០ ទៅ​១៤ឆ្នាំ​។​»​ អាស្រ័យ​ហេតុ​នេះ អង្គការសហប្រជាជាតិ អំពាវនាវ​ឲ្យ​បណ្តា​រដ្ឋាភិបាល​និងរដ្ឋអំណាច​ ត្រូវ​អប់​រំ​ណែនាំ​ប្រជាជន​ទូទៅ ឲ្យ​យល់​ពីការ​ថែទាំ​សុខភាព​ផ្លូវភេទ អនាម័យ​ប្រដាប់​ភេទ​ ការ​បន្ត​ពូជ​ដោយ​សុវត្ថិភាព ហើយបង្កើត​យន្តការ​នានា​ ជាមួយ​សង្គម​ស៊ីវិល ដើម្បី​ពន្យល់ណែនាំ​​ពី​សិទ្ធិ​សេរីភាព​របស់​នារីភេទ។ ដើម្បី​ឲ្យ​គ្រប់​គ្នា​យល់​ជាក់​ច្បាស់​ថា​ ស្រី​មាន​សិទ្ធពេញទី​ក្នុងការ​​ជ្រើស​រើស​គូស្រ​ករ និង​ សិទ្ធិ​ជ្រើសរើស​ដៃ​គូ​រួមភេទ​តាម​សេចក្តីប្រាថ្នា​របស់​នាង ៕​
4/19/20238 minutes, 58 seconds
Episode Artwork

ស៊ូដង់៖ ផ្ទុះការវាយ​ប្រយុទ្ធដណ្តើមអំណាចគ្នា រវាងក្រុមយោធា ស្លាប់ប្រជាជនស៊ីវីល​ជាច្រើននាក់

ស៊ូដង់ ដែលជាប្រទេសក្រីក្រមួយនៅអាហ្វ្រិក កំពុងតែធ្លាក់ចូលក្នុងភ្លើងសង្រ្គាមស៊ីវីល ឬយ៉ាងណា? អស់រយៈពេល​៣ថ្ងៃមកហើយ ដែលនៅ​រដ្ឋធានីកាទូម មានការផ្ទុះអាវុធ វាយប្រយុទ្ធគ្នាយ៉ាងហឹង្សា រវាងក្រុម​យោធា២ក្រុម ដើម្បីដណ្ដើមគ្នា​​​គ្រប់គ្រងអំណាច​។ យ៉ាងហោចណាស់ មាន​ប្រជាជនស៊ីវីល បានស្លាប់ប្រមាណ​១០០នាក់ និងមានរបួសជាច្រើននាក់ផ្សេងទៀត ខណៈការប្រយុទ្ធគ្នាកំពុងបន្តយ៉ាងសកម្ម​។​ ធ្លាប់សហការគ្នា​ធ្វើរដ្ឋប្រហារយោធា ងាកមកដណ្តើមអំណាចគ្នា​ អស់រយៈពេល​ជាច្រើនសប្តាហ៍​មកហើយ ដែលគេបាន​សង្កេតឃើញ នូវការប្រទូស្តរាយគ្នា ជាពាក្យសម្តី​ជេរប្រទេចគ្នាទៅវិញទៅមក រវាងមេដឹកនាំក្រុមកងទ័ពទាំង២ក្រុម។ ទីមួយ​គឺលោក​ Abdel Fattah al-Burhane ដែលជាអគ្គមេបញ្ជាការកងទ័ពជាតិស៊ូដង់ ហើយទី២គឺលោក Mohamed Hamdane Daglo ហៅក្រៅថា​ Hemedti ដែលជាមេបញ្ជាការកង​អាវុធហត្ថប្រតិបត្តិការរហ័ស FSR។ ចាប់ពីថ្ងៃសៅរ៍មក លោក​មេបញ្ជាការ​ Hemedti នេះ បានផ្តល់បទសម្ភាសន៍ជាបន្តបន្ទាប់ តាមទូរទស្សន៍​ប្រទេសតំបន់ឈូងសមុទ្រ ដែលជាបក្សពួកខ្លួន និង​ប្រើភាសាស្តីបន្ទោស ជេរប្រមាថទៅលើគូរប្រជែងរបស់ខ្លួន គឺលោក​ Abdel Fattah al-Burhane ដែលជាមេដឹកនាំកំពូលស៊ូដង់។ គួរបញ្ជាក់ថា មេទ័ពដ៏មានអំណាចទាំង​២នេះ សុទ្ធតែ​ជាមនុស្ស​សល់ពីរបបដឹកនាំផ្តាច់ការ របស់ អូម៉ា អាល់បាឆៀរ។ ក្រោយរបបផ្តាច់ការនេះដួលរលំនៅខែមេសា ឆ្នាំ​២០១៩ លោក​ Abdel Fattah al-Burhane ដែលជាអគ្គមេបញ្ជាកងទ័ពជាតិ ត្រូវបានតែងតាំង​ឲ្យធ្វើជាប្រធានក្រុមប្រឹក្សាកំពូល បន្ទាប់ពីមេទ័ពរូបនេះ​ បាន​​ចុះកិច្ចព្រមព្រៀងជាមួយ​ក្រុមអ្នកនយោបាយ​ស៊ីវីល​ ដើម្បីឈានទៅ​ធ្វើអន្តរកម្មអំណាច​ប្រជាធិបតេយ្យ​។ តែក្រោយ​មក គឺនៅខែតុលា ឆ្នាំ​២០២១ ស្រាប់តែលោកមេទ័ពរូបនេះ បាន​ធ្វើរដ្ឋប្រហារយោធា ផ្តួលរំលំ​រដ្ឋាភិបាល​អន្តរកាលស៊ីវីល។ ការធ្វើរដ្ឋប្រហារ ដែលមានការចូលរួមសហការពីក្រុមកម្លាំងប្រដាប់អាវុធមួយក្រុមទៀត ឈ្មោះថា កងកម្លាំង​អាវុធហត្ថប្រតិបត្តិការរហ័ស ដឹកនាំដោយ លោកមេបញ្ជាការ​ Mohamed Hamdane Daglo ហៅក្រៅថា​ Hemedti នេះឯង។ ក្រុម​ប្រដាប់អាវុធនេះ ត្រូវគេស្គាល់ថា គឺជាកងកម្លាំងហិង្សាធ្លាប់បានចេញ​មុខ​វាយ​បង្រ្កាប​ក្រុមបះបោល កាលពីក្នុងសង្គ្រាមនៅតំបន់ដាកហ្វួរ ហើយ​ក៏ធ្លាប់ទៅធ្វើប្រតិបត្តិការនៅយេម៉ែន នៅ​លីប៊ីផងដែរ។ យោងតាម​បណ្តាញ​ព័ត៌មាន BBC កងកម្លាំងនេះ គឺជាអ្នកគ្រប់គ្រង អណ្តូងរ៉ែមាសសឹងតែទាំងអស់នៅ​ស៊ូដង់​។ ឥឡូវពេលនេះ ដៃគូសហការដែលធ្លាប់ពួតកម្លាំងគ្នាធ្វើរដ្ឋប្រហារ បានងាកមក​ធ្វើសង្គ្រាម​វាយប្រយុទ្ធគ្នា​ដណ្តើម​អំណាច​។ ការវាយប្រយុទ្ធដែលបានផ្ទុះឡើង កាលពីថ្ងៃសៅរ៍​ទី​១៥មេសា នៅកណ្តាល​ក្រុងកាទូម រដ្ឋធានីស៊ូដង់តែម្តង​។ អណ្តូងរ៉េមាស និងជាពិសេសរ៉ែប្រេងកាត ដ៏សន្ធឹកសន្ធាប់នៅក្នុងប្រទេសនេះ អាចជាហេតុផលមួយ នៃការច្រណែនគ្នារវាងមេបញ្ជាការកងទ័ពទាំង២នេះ​។ ស្ថានការណ៍ស្រពិចស្រពិល គិតមកត្រឹមថ្ងៃចន្ទនេះ ការវាយប្រយុទ្ធគ្នា នៅតែសកម្មដដែលទេ។ យោងតាមអ្នករាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលប្រចាំនៅក្រុងកាទូម គឺសំលេងផ្ទុះ​គ្រាប់កាំភ្លើងទាំងតូចទាំងធំ នៅតែលាន់ឮ យ៉ាងទ្រហឹងអឺងកង។ ផ្សែងខ្មៅឆាបឆេះ ក្លិនគ្រាប់រំសេវពាសពេញ​ទីក្រុងតែម្តង​។ កាលពីថ្ងៃអាទិត្យ កងទ័ពអាកាសស៊ូដង់ បានទាំងបាញ់ប្លោងទំលាក់គ្រាប់បែក នៅកណ្តាលក្រុង​កាទូមថែមទៀត ដើម្បី​កំទេចទីបញ្ជាការដ្ឋានកងអាវុធហត្ថ​ប្រតិបត្តិការរហ័ស។ យោងតាមអ្នករាយ​ការណ៍ព័ត៌មានបារាំង គឺគិតមកត្រឹមពេលនេះ គ្មានអ្វីអាចអះអាងថា ខាងណាឈ្នះ ខាងណាចាញ់ ខាងណាវាយដណ្តើម​បានអ្វីខ្លះនោះទេ។ ក្រុម​កងកម្លាំង​អាវុធហត្ថ​ប្រតិបត្តិការរហ័ស របស់​លោក​មេបញ្ជាការ Hemedti អះអាងថាកំពុងបើក​ប្រតិបត្តិការ​ ដណ្តើមយក​ទីតាំងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហើយអះអាងទៀតថា​បានវាយដណ្តើមគ្រប់គ្រង ព្រលានយន្តហោះក្រុងកាទូម និង​បាន​ចូលទៅគ្រប់គ្រង​វិមានប្រធានាធិបតីថែមទៀត​។ ក៏ប៉ុន្តែ ខាងកទ័ពជាតិដែលស្ថិតក្រោម​ការដឹកនាំរបស់​លោកមេបញ្ជាការ​ Abdel Fattah al-Burhane វិញ បានអះអាងថា អត់ទេ ! ស្ថានការគឺកងទ័ពគ្រប់គ្រងបានយ៉ាងល្អ ហើយទីបញ្ជាការដ្ឋានកងទ័ពជាតិលើផ្ទៃប្រទេស ក៏ត្រូវបានការពារបាន​យ៉ាងល្អដែរ។ ចំណែកទូរទស្សន៍ជាតិស៊ូដង់វិញ ភាគីទាំងសងខាង សុទ្ធតែអះអាង បានដណ្តើម​បាន តែ​រៀងៗខ្លួន។ ដូច្នេះ គឺថាស្ថានការណ៍ពេលនេះ នៅស្រពេចស្រពិលណាស់ មិនដឹងខាងណា ចាញ់រឺឈ្នះទេ ព្រោះការប្រយុទ្ធកំពុងបន្តយ៉ាងសកម្ម​ នៅសឹងតែគ្រប់ទីកន្លែងនៅក្រុងកាទូម។​ លោក​មេបញ្ជាការ​ Abdel Fattah al-Burhane ដែលជាមេដឹកនាំទី១នៅស៊ូដង់ ក៏បាត់មុខ មិនទាន់ចេញមក​ថ្លែងការណ៍អ្វីដែរ​ គិតមកត្រឹមពេលនេះ។ ស្លាប់ជនស៊ីវីល​យ៉ាងហោចជិត១០០នាក់​ យោងតាម​តួលេខរបស់សហជីពក្រុមគ្រូពេទ្យស៊ូដង់ គិតពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យម្សិលមិញ យ៉ាងហោចមាន​ប្រជាជនស៊ីវីល​ស្លាប់ ចំនួន​៩៧នាក់ និងរបួសច្រើននាក់ខ្លាំងណាស់។ ពាក់កណ្តាល​នៃមនុស្សស្លាប់និង​របួស គឺនៅក្នុងទីក្រុងកាទូមតែម្តង ព្រោះជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក។ តួលេខនេះ មិនទាន់រាប់ ចំនួន​ទាហានស្លាប់ទាំងសងខាងផងទេ ដែលតាមស្មានគឺច្រើនសិបនាក់ណាស់។ ដូចយើងដឹងហើយ ស៊ូដង់ជាប្រទេសដែលសំបូរធនធានរ៉ែប្រេងកាតក្នុងចំណោមប្រទេស​ផលិតប្រេង ក៏ប៉ុន្តែប្រទេស​នេះក្រីក្រខ្លាំងណាស់ ហើយ​ប្រឈមនឹងការប្រជែងអំណាច គ្មានស្ថិរភាពទេ។ ជាង​១ភាគ៣ នៃប្រជាជនស៊ូដង់ចំនួន ៤៥លាននាក់ រស់នៅរំពឹងទៅលើជំនួយ​ស្បៀងអាហារ ជំនួយមនុស្សធម៌ពីអង្គការក្រៅរដ្ឋាភិបាលនានា ជាក់ស្តែងដូចនៅតំបន់ដាកហ្វួរជាដើម។ ការវាយប្រយុទ្ធដណ្តើមអំណាចគ្នា រវាងពួកកងទ័ពទាំង២ក្រុមនាពេលនេះ បាន​បណ្តាល​ឲ្យស្លាប់បុគ្គលិកអង្គការ​ កម្មវិធីស្បៀងអាហារពិភពលោក ចំនួន​៣នាក់នៅដាកហ្វួរ។ ឥឡូវអង្គការនេះ បានសម្រេចផ្អាកប្រតិបត្តិការការងាររបស់ខ្លួន ដើម្បីការពារសុវត្ថិភាពបុគ្គលិក​ ខណៈការវាយ​ប្រយុទ្ធផ្ទុះអាវុធ កំពុងសកម្មយ៉ាងហិង្សា។ នៅទីក្រុងកាទូមវិញ ផ្អែកតាមលោក Kholoold Khair ស្ថាបនិកមជ្ឈមណ្ឌលស្រាវជ្រាវ Confluence Advisory នៅទីក្រុងកាទូម គឺ​នេះជាលើកទីមួយហើយ ដែលមានការប្រយុទ្ធគ្នាយ៉ាងហិង្សាខ្លាំងបែបនេះ បើគិតពីឆ្នាំ​១៩៥៦មក នៅពេលដែល​មានសង្គ្រាមដណ្តើមឯករាជ្យពីអង់គ្លេស។ នៅព្រឹកថ្ងៃ​ចន្ទនេះ ក្រុមគ្រូពេទ្យ និង​បុគ្គលិកអង្គការមនុស្សធម៌​បានទាញសញ្ញាអាសន្ន ដោយសារតែការប្រយុទ្ធគ្នានៅកាទូម បាន​បណ្តាល​ឲ្យដាច់ចរន្តអគ្គិសនី នៅតាមមន្ទីរពេទ្យ ដែលខ្វះមុខខ្វះក្រោយរួចទៅហើយ។ តំណាងអង្គការសុខភាពពិភពលោក បានលើកឡើងថា មន្ទីរពេទ្យទាំ​ង៩នៅ​កាទូម ដាច់ចរន្តអគ្គិសនី គ្មានឈាមដើម្បីជួយសង្គ្រោះមនុស្សរបួស គ្មានសេរូម និង​ខ្វះសម្ភា​រៈវះកាត់សង្គ្រោះ ​ជាច្រើនផ្សេងទៀ​ត។ ជាងនេះទៀត មនុស្សម្នា ទាំងអ្នកជំងឺអ្នករបួស និង​ក្រុមគ្រួសារ មិនអាចចាកចេញពីមន្ទីរពេទ្យបានទេ ដោយសារតែនៅតែនៅខាងក្រៅ មាន​ការវាយ​ប្រយុទ្ធផ្ទុះអាវុធ វាយប្រយុទ្ធបាញ់ប្លោងគ្រប់ច្រកល្ហក។ ស្ថានការណ៍បានបណ្តាល​ឲ្យ​មានការកកស្ទះ នៅតាម​មន្ទីរពេទ្យ​ គ្មានចំណីអាហារ គ្មានទឹកបរិភោគ​។ អេហ្ស៊ីប និង អារ៉ាប៊ីសាអូឌីត​ បើគិត​ពី​ព្រឹត្តិការណ៍រដ្ឋប្រហារនៅខែតុលាឆ្នាំ​២០២១មក សហគមន៍អន្តរជាតិបានត្រឹមតែឈរសំឡឹងមើល​ពីចំងាយ ដោយ​មិនអាចធ្វើអ្វីបាន ឬក៏និយាយអ្វីក៏ភាគីជម្លោះនៅស៊ូដង់មិនស្តាប់ដែរ។ ចិនដែល​ដែល​មានចំណែក​ផល​ប្រយោជន៍​គួរសមដែរនៅ​ស៊ូដង់ បានព្យាយាមនិយាយបញ្ចុះបញ្ចូលកងទ័ពដែរ ពេលកន្លងមកនេះ​ ឲ្យ​រៀបចំ​ប្រទេសឲ្យ​មានស្ថិរភាពសន្តិសុខ ព្រោះ​ចិន​មានក្រុមហ៊ុន​បូមប្រេងកាតនៅស៊ូដង់ច្រើនណាស់។ សហព័ន្ធអាហ្វ្រិក សហរដ្ឋអាមេរិក និងអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍ព្រមៗគ្នា នៅថ្ងៃចន្ទនេះ ហៅឲ្យភាគីជម្លោះបិទបញ្ចប់អំពើហិង្សា ដែលបណ្តាលឲ្យ​ស្លាប់ជីវិតជនស្លូតត្រង់ស៊ូដង់។ លោកអង់តូនី ប្លីងកិន ថ្លែងការបារម្ភថា​ បើសង្គ្រាមស៊ីវីល​នៅស៊ូដង់ផ្ទុះឡើង​ វានឹងរញ្ជួយកម្រើកអស្ថិរភាពពេញមួយតំបន់អាហ្វ្រិកខាងជើងឆៀងខាងកើតនេះតែម្តង។ ចំណែកលោក​ អគ្គលេខាធិការអង្គការសហប្រជាជាតិវិញ បានថ្លែងសារអំពាវនាវ ឲ្យគូប្រជែងអំណាចទាំង២ ទម្លាក់អាវុធ ឈប់ប្រយុទ្ធ ហើយបានហៅឲ្យ​លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah al-Sissi ត្រូវតែជួយចូលរួមដោះស្រាយជាបន្ទាន់។​ យ៉ាងណាមិញ នៅទីក្រុងគែរប្រទេសអេហ្ស៊ីប ក្រុម​ប្រទេស​​សម្ព័ន្ធអារ៉ាប់ បានបើកការប្រជុំជាបន្ទាន់​ ដោយអេហ្ស៊ីប និង​អារ៉ាប៊ីសាអូឌីត ជាអ្នក​ផ្តួចផ្តើមគំនិត​។ អាហ្ស៊ីប និង​ អារ៉ាប៊ីសាអូឌីត ត្រូវគេដឹងថា ជាមហាអំណាចតំបន់​មានទំងន់ឥទ្ធិពលខ្លាំង ទៅលើគូបដិបក្សស៊ូដង់​ទាំង២នេះ​៕
4/17/20239 minutes, 13 seconds
Episode Artwork

អាមេរិក​ចាប់ខ្លួន​ទាហាន​អាយុ២១ឆ្នាំ ដែល​សង្ស័យ​ក្នុង​រឿងបញ្ចេញឯកសារ​សម្ងាត់​របស់​មន្ទីរបញ្ចកោន

ប៉ូលិស​FBI បានចាប់ខ្លួន​យុវជនម្នាក់ ដែលជាប់សង្ស័យ​ក្នុងរឿង​បែកលេចធ្លាយ​ឯកសារ​សម្ងាត់​របស់មន្ទីរបញ្ចកោន ទៅលើ​បណ្តាញសង្គម។ នៅក្នុង​សន្និសីទកាសែត​កាលពីថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តីយុត្តិធម៌ អាមេរិក លោក Merrick Garland បាន​ប្រកាសថា គេ​បាន​ចាប់ខ្លួន យុវជន​Jack Teixeira ជែក តេស្ហៀរ៉ា អាយុ​២១ឆ្នាំ ក្នុងរឿង​ជាប់សង្ស័យ​បញ្ចេញ​ឯកសារសម្ងាត់​ជាតិ ដោយគ្មានការអនុញ្ញាត។ តើ​យុវជនអាមេរិក​វ័យ​២១ឆ្នាំ​អាចចូលយក​ឯកសារសម្ងាត់អាមេរិក មកបង្ហោះផ្សាយ ចែកចាយ​នៅលើ​បណ្តាញសង្គម​បានយ៉ាងដូចម្តេច? រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​អាមេរិក​បាន​ប្រកាសកាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញថា គេ​បាន​ចាប់ខ្លួន​យុវជន​Jack Teixeira ដែលជាប់​ពាក់ព័ន្ធ​នឹងការសង្ស័យ​បញ្ចេញ​ឯកសារ​សម្ងាត់​របស់​មន្ទីរបញ្ចកោន នៅលើ​បណ្តាញសង្គម។ មានអាយុ ២១ឆ្នាំ Jack Teixeira ជែក តេស្ហៀរ៉ា ជា​បុគ្គលិក បម្រើការ​នៅក្នុង​អង្គភាព​ចារកម្ម​ជើងអាកាស​របស់​ឆ្មាំជាតិអាមេរិក តាំង​ពីឆ្នាំ ២០១៩។ កើតក្នុង​គ្រួសារ​ទាហាន Jack Teixeira​មាន​ឪពុកចុង​ជា​ទាហាន ដែល​ទើបចូល​និវត្តន៍ និង​ប្អូនប្រុស​ដែលធ្វើការ​នៅមូលដ្ឋានទ័ពដូចគ្នា​នឹង​ Jack Teixeira នៅរដ្ឋ Massachusetts។ ចំណែកម្តាយ​របស់​ Jack Teixeiraជា​បុគ្គលិក​របស់​អង្គការ​សម្រាប់​អតីត​យុទ្ធជន​អាមេរិក។ នៅក្នុង​អង្គភាព​ចារកម្ម​ជើងអាកាស នៅក្នុង​រដ្ឋ​​Massachusetts ទៀតសោត Jack Teixeira​មាន​នាទី​ជា​អ្នកជំនាញ​ព័ត៌តមានវិទ្យា ទទួលខុសត្រូវ​លើ​ប្រព័ន្ធ​ទំនាក់ទំនងយោធាអាមេរិក ដូចជា​បណ្តាញ​ខ្សែកាបជាដើម។ នៅថ្ងៃព្រហស្បតិ៍​ម្សិលមិញ នាយទាហាន Jack Teixeira ត្រូវ​ប៉ូលិស​FBI ចាប់ឃាត់ខ្លួន​នៅ​ផ្ទះ នៅ​កូនក្រុង​តូចមួយឈ្មោះ Dighton ភាគខាងត្បូង​ទីក្រុងបូស្តុន ក្នុង​រដ្ឋMassachusetts។ នៅក្នុង​វីដេអូ​ដែល​ក្រុមទូទស្សន៍​អាមេរិកថត​បាន​ពីលើអាកាស បាន​បង្ហាញ​យុវជន​ម្នាក់ ស្លៀកខោ​ខ្លីក្រហម និង​អាវយឺត​នៅផ្ទះ ដាក់ដៃលើក្បាល ដើរថយក្រោយ មុននឹង​ត្រូវ​កងកម្លាំង​ចាប់ដាក់ខ្នោះ និងបណ្តើរចូលក្នុងរថយន្ត​ស៊ីវិល។ ឯកសារសម្ងាត់របស់អាមេរិក​បែកលេចធ្លាយ​ដំបូងគេនៅក្នុង​បណ្តាញDiscord តាំង​ពីថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍មុន កាសែត​New York Times​ជាអ្នកចុះផ្សាយ​មុនគេ​ពីការបែកលេចធ្លាយ ឯកសារសម្ងាត់​របស់​មន្ទីរកោនអាមេរិក នៅក្នុង​បណ្តាញ​សង្គម ដូចជា តេឡេក្រាម ធ្វីតធ័រ និង​Discord ជាដើម។ នៅមុន​ពេល ក្រសួងយុត្តធម៌​អាមេរិក​ប្រកាស​បើកការស៊ើបអង្កេតទៅទៀត កាសែត​អាមេរិក ដូចជា New York Times Washington Post ជាដើម​បាន​ស្រាវជ្រាវ​រកប្រភព​បែកលេចធ្លាយឯកសារ​សម្ងាត់​នៅលើ​បណ្តាញសង្គម​Discord។ Discord ​ជាបណ្តាញសង្គម ដែលមាន​អ្នកប្រើប្រាស់​ភាគច្រើន​ជា​មនុស្សប្រុស ជាអ្នកលេងហ្គេមអនឡាញ និង​មានអាយុ​ច្រើនបំផុត ២៤ឆ្នាំ។ កាសែតWashington Post យុវជន Jack Teixeira បាន​ចែករំលែក​ឯកសារ​សម្ងាត់​របស់​អាមេរិក ជាច្រើន សន្លឹក នៅក្នុង​ចំណោម​ក្រុមឆាត​ដែល​មាន​សមាជិក​ប្រមាណ ២៤នាក់ រាប់ខែ​មក​ហើយ ប៉ុន្តែ ទើបតែ​នៅ​មេសា​នេះ ដែល​រឿង​បាន​បែកខ្ចរខ្ចាយ លេចធ្លាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ តាមសមាជិកក្នុង​ក្រុមឆាត ដកស្រង់សំដី ដោយ​កាសែត​Washington Post Jack Teixeira​បាន​ចែករំលែក​ឯកសារ​សម្ងាត់​ជាច្រើនទាក់ទង​នឹង​សកម្មភាព​របស់​ចារកិច្ចអាមេរិក និង​សង្រ្គាម​នៅអ៊ុយក្រែន ប៉ុន្តែ គេ​បាន​ស្នើសុំ​កុំ​ឲ្យសមាជិក​ក្នុងក្រុម ចែករំលែក​ទៅខាងក្រៅ ព្រោះគេ​មិនចង់​ធ្វើជា​អ្នកទម្លាយឯកសារ​សម្ងាត់អាមេរិក។ នៅក្រោយ​ចាប់ខ្លួន​ Jack Teixeira ដែលជាជនសង្ស័យធំជាងគេ ក្រសួង​យុត្តិធម៌អាមេរិក​អះអាងថា គេនៅ​បន្តស៊ើបអង្កេត ដើម្បី​ចង់ដឹងថា តើមានអ្នកណា​ផ្សេងទៀត ដែលចូលរួមលួច​យកឯកសារ​សម្ងាត់របស់CIA ពីក្នុង​បណ្តាញ Discord ទៅបន្ត​ចែកចាយ នៅលើបណ្តាញសង្គម​ផ្សេងទៀត ដូច​តេឡេក្រាម និង​ធ្វីធធ័រ។ ហេតុអ្វី​ទាហានក្មងខ្ចី អាយុ២១ឆ្នាំ​អាច​ចូលមើល​ឯកសារ​សម្ងាត់ជាតិ​របស់​មន្ទីរ​បញ្ចកោណ អ្នកនាំពាក្យ​របស់​មន្ទីរបញ្ចកោណ លោក​Patrick Ryder បាននិយាយ​ប្រាប់​អ្នកកាសែត​ថា ដើម្បីអាច​ចូលទៅធ្វើការ នៅក្នុង​អង្គភាព ចារកម្ម ជើងអាកាស​នៅ​រដ្ឋ​Massachusetts Jack Teixeira​បានឆ្លងកាត់​ការធ្វើតេស្ត ជាច្រើនដំណាក់កាល ដើម្បី​បញ្ជាក់ថា Jack Teixeira​ស្អាតស្អំ គ្មាន​ជាប់សង្ស័យ​ថា នឹង​អាច​បញ្ចេញ​ការណ៍សម្ងាត់អាមេរិក​ទៅ​ខាងក្រៅ។ ម្យ៉ាង Jack Teixeira​ធ្លាប់បាន​ចុះហត្ថលេខា​លើកិច្ចសន្យា រក្សា​ការណ៍សម្ងាត់​របស់​កងទ័ពដែរ។ បើតាម​អ្នកនាំពាក្យខាងលើ ក្រសួងការពារ​ជាតិ​ជឿទុកចិត្ត​លើ​សមាជិក​របស់ខ្លួន មិនថា ពួកគេមាន​វ័យក្មេង ដោយ​ផ្តល់​ការទទួលខុសត្រូវ​ឲ្យ​ពួកគេ នៅក្នុងការដឹកនាំ​ក្រុមប្រយុទ្ធ​នៅក្នុង​សមរភូមិ។ ជាក់ស្តែង នៅក្នុងនាម​ជា​អ្នកជំនាញ​បច្ចេកវិទ្យា ទទួលខុសត្រូវ​លើបណ្តាញទំនាក់ទំនង យោធាក្នុងអង្គភាពឆ្មាំកងទ័ពជាតិ យុវជន​ Jack Teixeira ក៏​ទទួល​បាន​សិទ្ធិ​ចូល​ទៅ​កន្លែង​ដែល​មាន​ទុកដាក់​ឯកសារសម្ងាត់។ Jack Teixeira​មានអាយុតែ​២១ឆ្នាំ និង​មាន​ឋានន្តសក្តិ​តូចតាច​មែនទែន នៅ​ក្នុង​អង្គភាព ឆ្មាំជាតិអាមេរិក ប៉ុន្តែ គេ​មាន​សមត្ថភាព​ចូលទៅយក​ឯកសារសម្ងាត់ជាតិ ទៅ​ចែកចាយ​ជាមួយ​អ្នកប្រើប្រាស់​បណ្តាញសង្គម​មួយក្រុម ដែល​តាមពិត​មាន​ប្រវត្តិរូប​ជាអ្នកលេងហ្គេម​អនឡាញ។ ចង់មិនចង់ ការបែកលេច​ធ្លាយ​ឯកសារ​សម្ងាត់​លើកនេះ​បាន​ធ្វើ​ឲ្យ​គេ​ចោទសួរ​ពី​សមត្ថភាព​របស់​មន្ទីរបញ្ចកោណ​អាមេរិក នៅក្នុង​រឿងរក្សា​ការណ៍សម្ងាត់ជាតិ។ ដោយសារសំណុំរឿង​អាស្រូវលើកនេះ រដ្ឋមន្រ្តីការពារជាតិ លោក​Lloy Austin និយាយ​ប្រាប់អ្នកកាសែត​ថា ក្រសួង​នឹង​បើកការស៊ើបអង្កេតផ្ទៃក្នុង និងសើរើ​ត្រួតពិនិត្យ​សមាជិក​ក្រុម​ទទួលបន្ទុកចារកម្ម​របស់អាមេរិក ដើម្បី​ជៀសវាង​កុំ​ឲ្យមានការបែកលេចធ្លាយ​ឯកសារសម្ងាត់សាជាថ្មីម្តងទៀត។ ការអះអាងនេះ មិនខុសអី ពី​ក្របីបាត់ទើប​ធ្វើរបងនោះទេ ព្រោះថា នេះមិនមែនជា​លើកទី១​ឯណាដែល​អាមេរិក​ត្រូវ​ប្រឈម​នឹង​រឿងបែកលេចធ្លាយឯកសសារសម្ងាត់។ រឿងដែលល្បីនិងធ្វើ​ឲ្យអាមេរិកអាម៉ាស់ជាងគេ គឺយុវជន Edward Snowden​អ្នកទម្លាយឯកសារសម្ងាត់​កងទ័ព​អាមេរិក ដែលពេលនេះ​កំពុង​ទទួលសិទ្ធិជ្រកកោន​នៅ​រុស្ស៊ី។ Jack Teixeira​ជាប់ក្នុងបទចោទប្រកាន់​ក្រោមច្បាប់ចារកម្មអាមេរិក នៅក្នុង​សន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីយុត្តិធម៌អាមេរិក លោក Merrick Garland បាន​ប្រកាស​ថា Jack Teixeira​ត្រូវចាប់ខ្លួន មុន​នឹងបញ្ជូន​ខ្លួន ទៅតុលាការ​ក្រុង​បូស្តុន នៅថ្ងៃ​សុក្រនេះ។ តាម​រដ្ឋមន្រ្តីយុត្តិធម៌អាមេរិក Jack Teixeira​ត្រូវចាប់ខ្លួន​ក្នុងបទចោទប្រកាន់ ផ្ទេរ ផ្លាស់ទី ព័ត៌មាន​សម្ងាត់​របស់​កងទ័ព ដែលជា​បទឧក្រិដ្ឋ មានចែង​នៅក្នុង​ច្បាប់ចារកម្មអាមេរិក។ បរិមាណ​ទោសទណ្ឌ ដាក់ពន្ធនាគារ ណាមួយទៅលើ​យុវជន​ Jack Teixeira គឺអាស្រ័យ​ទៅចំនួនបទល្មើស ដែលចៅក្រមអាច​ប្រកាស​ចោទប្រកាន់ទៅលើ​ Jack Teixeira។ តើឯកសារសម្ងាត់​បង្ហាញអ្វីខ្លះ? មន្ទីរបញ្ចកោន​ ​ថា សន្តិសុខជាតិ​អាមេរិក​ត្រូវ​ប្រឈម​គ្រោះថ្នាក់ ដោយសារ​ការបែកលេចធ្លាយលើកនេះ។ តាមរយៈ ឯកសារ​សម្ងាត់របស់​CIA​ដែល​បែកលេចធ្លាយ​នៅលើបណ្តាញ​សង្គម គេឃើញរឿង​ពីចំណុច​ធំៗ គឺ​សង្រ្គាម​អ៊ុយក្រែន និង​ក្រុមចារកិច្ចអាមេរិក លួចស្តាប់​របស់ប្រទេស​សម្ព័ន្ធមិត្ត​របស់អាមេរិក។ នៅក្នុង​សង្រ្គាមអ៊ុយក្រែន ឯកសារ​ដែល​ Jack Teixeira​យកទៅចែកចាយ​នៅក្នុង​ក្រុម ក្នុងបណ្តាញ​DISCORD បង្ហាញក្តីកង្វល់​របស់​អាមេរិក ទាក់ទង​នឹងមធ្យោបាយ និងសមត្ថភាព ប្រយុទ្ធ​របស់​អ៊ុយក្រែន នៅក្នុង​សង្រ្គាម។ តាម​ចារកម្ម​អាមេរិក នៅចំពោះមុខការវាយប្រហារ​មិនឈប់​របស់​រុស្ស៊ី បរិមាណ​អាវុធ​របស់​អ៊ុយក្រែន​កាន់តែ​ថយចុះ និង​ថា បើសិន​គេ​មិនផ្តល់ជំនួយសព្វាវុធ នោះ អ៊ុយក្រែន​នឹង​អស់​មីស៊ីល​សម្រាប់ប្រព័ន្ធការពារ​ដែន​អាកាស​យ៉ាងយូរ​នៅខែ ឧសភា។ ការបែកលេចធ្លាយ​ឯកសារសម្ងាត់​លើកនេះ​ធ្វើ​ឲ្យអាមេរិកទើសទាល់​ខ្លាំងផងដែរ ព្រោះ​វាលាតត្រដាង​ឲ្យសម្ព័ន្ធមិត្ត​របស់​អាមេរិក ដូចជា កូរ៉េខាងត្បូង និង​អ៊ីស្រាអែលជាដើម​ថា ខ្លួន​កំពុងត្រូវ​ចារកិច្ច​អាមេរិក​លួចស្តាប់ទូរស័ព្ទ។ ជាក់ស្តែង ឯកសារសម្ងាត់របស់​CIA បង្ហាញ​ថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក​បានលួចស្តាប់ការសន្ទនា​របស់​មន្រ្តីកូរ៉េខាងត្បូង ដែល​សង្ស័យខ្លាច​អាមេរិក​យកសព្វាវុធដែលខ្លួន​កុម្ម៉ង់ទិញ ទៅ​ប្រគល់​ឲ្យអ៊ុយក្រែន។ ក្នុងករណីអ៊ីស្រាអែល អាមេរិក​បាន​លួចស្តាប់ដឹងថា ថ្នាក់ដឹកនាំ​របស់​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់អ៊ីស្រាអែល​ជាអ្នកបញ្ចុះបញ្ចូល​ឲ្យគេធ្វើបាតុកម្មនៅអ៊ីស្រាអែល ដើម្បី​ប្រឆាំងនឹង​គម្រោងរបស់​នាយករដ្ឋមន្រ្តី ដើម្បី​ធ្វើ​កំណែទម្រង់តុលាការ។ ឯកសារ​សម្ងាត់របស់អាមេរិក​បង្ហាញ​ដែរថា រុស្ស៊ី​កំពុងបញ្ចុះបញ្ចូល​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម មហាសេដ្ឋីប្រេង ដើម្បី​ដោះដៃ​ពីអាមេរិក ទៅ​ចូលរួមជាមួយ​រុស្ស៊ី។ តាម​ការចុះផ្សាយ​របស់​AP នៅប៉ុន្មានឆ្នាំនេះ អេមីរ៉ាតអារ៉ាប់រួមបានទាក់ទងជាមួយ​ទាហានស៊ីឈ្នួលរុស្ស៊ី Wagner៕
4/14/20238 minutes, 31 seconds
Episode Artwork

សម្តីលោកម៉ាក្រុងថាអឺរ៉ុប​មិនត្រូវតោងកន្ទុយអាមេរិក​ក្នុង​រឿងតៃវ៉ាន់ កំពុង​បង្ក​ការប្រេះឆានិងរិះគន់

ថ្មីៗនេះពាក្យ​សម្តីរបស់​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្កឲ្យការចម្រូងចម្រាស់ជាខ្លាំង​ ទាក់ទិន​នឹងសំណុំរឿងកោះតៃវ៉ាន់។ នៅក្នុងយន្តហោះត្រលប់មកពី​ទស្សនកិច្ចនៅប៉េកាំងវិញ លោក​ម៉ាក្រុង បានថ្លែង​ប្រាប់​អ្នកកាសែតថា នៅក្នុង​សំណុំរឿងកោះតៃវ៉ាន់ គឺអឺរ៉ុបមិនត្រូវប្រកាន់គោលជំហរតាមតែពីក្រោយ​​អាមេរិកនោះទេ។ ពាក្យសំដីនេះ​ បានបង្កឲ្យ​មានការរិះគន់ជាខ្លាំង ពីសំណាក់បណ្តាថ្នាក់ដឹកនាំនយោបាយ​អាមេរិក ដែល​បានសំដែងការស្រង៉ាកចិត្តជាខ្លាំង ព្រោះបារាំងក៏ដូចជាអឺរ៉ុប គឺជាសម្ព័ន្ធមិត្តលោកខាងលិចជាមួយអាមេរិក។ ទន្ទឹមគ្នានេះ វាក៏បាន​បង្កឲ្យ​មានការប្រេះឆា បាក់បែកសាមគ្គីផ្ទៃក្នុង​អឺរ៉ុបដែរ ខណៈប្រទេសសមាជិកខ្លះបានចេញមុខរិះគន់ លោក​ប្រធានាធិបតី​ចំៗតែម្តង។ យ៉ាងណាក៏ដោយ កាលពីថ្ងៃពុធម្សិលមិញ លោក​ម៉ាក្រុងបានថ្លែងបញ្ជាក់ថា “អឺរ៉ុបគឺជាសម្ព័ន្ធមិត្តរបស់អាមេរិកប្រាកដណាស់ តែអឺរ៉ុបមិនមែនជារដ្ឋចំណុះឲ្យ​អាមេរិក​នោះទេ”។ “អឺរ៉ុបមិនត្រូវចាំតែ​ដើរតាមពីក្រោយ​អាមេរិក​” ពាក្យសំដីនេះ គឺលោក​ប្រធានាធិបតីបារាំង បានថ្លែងទៅកាន់អ្នកកាសែត​ នៅលើយន្តហោះពេល​ធ្វើដំណើរត្រលប់ពីទស្សនកិច្ច​នៅប្រទេសចិន។ លោកម៉ាក្រុង​ បាន​លើកឡើងថា នៅក្នុងសំណុំរឿងកោះតៃវ៉ាន់ មិនថាបារាំង មិនថា​អឺរ៉ុប គឺមិនត្រូវ​មានគោលជំហរតាមតែតោងពីក្រោយសហរដ្ឋអាមេរិកនោះទេ ប្រសិនបើមាន​សង្គ្រាមផ្ទុះឡើងមែននៅតៃវ៉ាន់។ សំដីនេះ បានបង្កឲ្យ​មានការងឿងឆ្ងល់ផង ជាការបរិហាររិះគន់ផង ថាលោកម៉ាក្រុងមិនត្រូវនិយាយបែបនេះទាល់តែសោះ​ ព្រោះបារាំង និង​អឺរ៉ុប គឺជាសម្ព័ន្ធមិត្តរបស់អាមេរិក។ ជា​សម្ព័ន្ធមិត្តលោកខាងលិច លោកសេរី ដែលកំពុងតែ​ពួតដៃគ្នា ប្រឆាំងនឹងរុស្ស៊ី ដែលធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន​។ ពីខាងភាគីអាមេរិក គេបានសំដែងការខកចិត្តជាខ្លាំង ក្រោយពេល​លោកម៉ាក្រុងនិយាយដូចនេះ។ ថ្នាក់ដឹកនាំ​តៃវ៉ាន់វិញ បាន​ចេញមុខរិះគន់ប្រធានាធិបតីបារាំង ដែលបាននិយាយសំដីមានខ្លឹមសារ ហាក់ដូចជាមិនខ្វល់ពីជោគវាសនារបស់កោះតៃវ៉ាន់ ដែលខិតខំពុះពារការពារ​​លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព ប្រឈមនឹងចិនកុម្មុយនីស្តផ្តាច់ការប៉េកាំង។ ថ្នាក់ដឹកនាំតៃវ៉ាន់ បានចោទសួរថា ឯណាទៅខ្លឹមសារបាវចនាជាតិបារាំង ដែលសរសេរ​​ថា “សិទ្ធិសេរីភាព សមភាព និងភាតរៈភាព” នោះ។ សម្រាប់តៃវ៉ាន់ សម្តីរបស់​លោកម៉ាក្រុង គឺ​វា​ហាក់ដូចជាការប្រកាស​គោលជំហរ ថាបារាំងនិង​អឺរ៉ុប សុខចិត្ត​បោះបង់ចោលលទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព ដើម្បីធ្វើយ៉ាងណា ការពារតែ​ផលប្រយោជន៍​សេដ្ឋកិច្ចរបស់ខ្លួនជាមួយចិន។ សម្ព័ន្ធមិត្ត តែមិនមែនចំណុះ​ ថ្លែងពី​ប្រទេសហូឡង់ កាលពីថ្ងៃពុធទី​១២មេសា​ លោក​ម៉ាក្រុង បាន​បញ្ជាក់ថា អឺរ៉ុបគឺពិតជាសម្ព័ន្ធមិត្តរបស់អាមេរិក តែមិនមែនមានន័យថា អឺរ៉ុប​ជារដ្ឋចំណុះរបស់អាមេរិក ដែលត្រូវតែតាមអាមេរិកគ្រប់រឿងនោះទេ។ ការគូសបញ្ជាក់នេះ មានន័យថា លោក​ម៉ាក្រុង​ មិនលេបសំដីរបស់ខ្លួន​ទេ ពាក់ព័ន្ធនឹងសំណុំរឿងតែវ៉ាន់ ដែលបច្ចុប្បន្ន ចិន និងអា​មេរិកកំពុងតែប្រឈមមុខដាក់គ្នាសំបើមណាស់។ តែទន្ទឹមគ្នានេះ លោកម៉ាក្រុងបានអះអាងថា អឺរ៉ុបមិនត្រូវតាមនរណាទាំងអស់ ក្រៅតែពីតាមការយល់ឃើញ និងផលប្រយោជន៍ខ្លួនឯង។ នៅក្នុងសំណុំរឿងតៃវ៉ាន់ អឺរ៉ុប មិនគាំទ្រភាគីណាទាំងអស់ ដែល​កំញើញគម្រាមប្រើកម្លាំង បង្កសង្គ្រាម។ អ្វីដែលជាគោលជំហរដែល​បារាំង និងអឺរ៉ុបត្រូវបន្តប្រកាន់ គឺការ​បញ្ចៀសសង្គ្រាម រក្សា Statu quo រក្សាស្ថិរភាព​សន្តិភាពតំបន់ជុំវិញតៃវ៉ាន់ ហើយ​និយាយជាមួយ​គ្រប់ភាគីដោយសន្តិវិធី។ លោក​ Mark Rutte នាយករដ្ឋមន្ត្រីហូឡង់ ដែលធ្វើសន្និសីទកាសែតជាមួយ​លោក​ ម៉ាក្រុង ក៏បាន​ឆ្លើយ​ប្រាប់អ្នកកាសែតក្នុងន័យនេះដែរថា មិនមែនឲ្យតែ​ជាសម្ព័ន្ធមិត្ត មានន័យថាត្រូវតែធ្វើអ្វីៗជាមួយគ្នារហូត ឬយើងអឺរ៉ុប​លែងមានសិទ្ធិ គិត​អ្វីតែម្នាក់ឯងនោះឡើយ​។ ហើយ​ក៏មិនមែនមានន័យថា អឺរ៉ុបនឹងត្រូវងាកទៅគាំទ្រ ធ្វើតាម​អ្នកដែល​មានគោលជំហរប្រឆាំងខ្លាំងឡើងៗជាមួយអឺរ៉ុបនោះដែរ។​ ពាក្យនេះ គឺលោក នាយករដ្ឋមន្ត្រីហូឡង់​ចង់សំដៅទៅលើចិន ដែល​លោកតែងតែរិះគន់មិនតមមាត់ប៉ុន្មានទេ។​ តាមពិតទៅ សំដីរបស់​លោកម៉ាក្រុង ដែលបង្កឲ្យ​មានភាពចម្រូងចម្រាស់នេះ គឺវាជាគោលគំនិតរួមរបស់​លោកម៉ាក្រុង ដែលមានជាយូរមកហើយ ព្រោះលោកចង់ឲ្យ​អឺរ៉ុបមានស្វ័យភាពយុទ្ធសាស្ត្រដោយ​ខ្លួនឯង ដោយ​មិនត្រូវពឹងផ្អែកលើកម្លាំងណាមួយនោះទេ មិនថាចិន ឬអាមេរិក។ បារាំង ដែលគឺជាប្រទេសអឺរ៉ុបតែមួយគត់ ដែល​មានដែនដី និង​​វត្តមានកងទ័ព នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ចង់ឲ្យ​អឺរ៉ុបដើរតួនាទីជាជម្រើសទី៣ ជាផ្លូវកណ្តាល ចន្លោះចិន និងអាមេរិក​។ ​តែទន្ទឹមគ្នានេះ វាជាកម្លាំងតុល្យភាពមួយ ដែលពិបាក​នឹង​ធ្វើបាន​ណាស់ ក្នុងអំឡុងពេលនេះ ព្រោះថា ពិភពលោកយើងកំពុងតែបែងចែកប៉ូលគ្នាកាន់តែខ្លាំង។ លោក​ម៉ាក្រុងឆ្កិះបូសឲ្យធ្លាយ ចេញ​​រូបរាង​ប្រេះឆា​ក្នុងចំណោម​សមាជិក​អឺរ៉ុប​ ចង់មិនចង់ ការបាក់បែកប្រេះឆា ក៏បាន​លេចរូបរាងដែរ នៅក្នុងចំណោម​ប្រទេសសមាជិកសហភាពអឺរ៉ុប ក្រោយសំដី​របស់​លោក​ម៉ាក្រុងនេះ។ ក្នុងបរិបទបច្ចុប្បន្ននេះ ប្រទេសអឺរ៉ុបមួយចំនួន នៅ​ភាគខាងកើត ខាងជើង និងតំបន់បាល់ទិក មើល​មិនឃើញថា ថាបារាំងចង់ដើរទៅខាងណាឲ្យ​ប្រាកដ​។ រដ្ឋាភិបាលប៉ូឡូញ អេស្តូនី ឡេតូនីជាដើម បានចេញមុខរិះគន់លោក​ប្រធានាធិបតី​បារាំងខ្លាំងៗណាស់ ថាបាននិយាយ​ធ្វើ​ឲ្យ​ខូចសម្ព័ន្ធភាពដ៏រឹងមាំជាមួយអាមេរិក​។ សម្រាប់ប្រទេសទាំងនេះ អឺរ៉ុបត្រូវតែនៅជាមួយ​អាមេរិកគ្រប់កាលៈទេសៈ ព្រោះវាជាសម្ព័ន្ធភាពយុទ្ធសាស្ត្រ ការពារសន្តិសុខ ប្រឆាំងក្រុម​ប្រទេសផ្តាច់ការ​ ដូចយ៉ាងរុស្ស៊ី និងចិន។ បើគ្មានអាមេរិក និងអូតង់ការពារទេ​ កុំសង្ឃឹមថាអឺរ៉ុបរួចផុតភ័យនោះ​។ ចង់មិនចង់ សំដីរបស់​លោកម៉ាក្រុង គឺវាបានឆ្កិះបូសឲ្យផ្ទុះនៅពេលនេះ ជាបូសតំណាងឲ្យទំនោរ២មិនសូវស្របគ្នា រវាងប្រទេសសមាជិកអឺរ៉ុប ដែលមួយក្រុម ចង់បន្តពង្រឹងសម្ព័ន្ធមិត្តសន្តិសុខជាមួយអាមេរិក ហើយ​មួយក្រុមទៀត ដែលចង់ងាកមកពង្រឹងសមត្ថភាព ស្វ័យភាពដោយខ្លួនឯងរបស់អឺរ៉ុប។សម្រាប់ពេលនេះ គេកំពុងតាមដានគោលជំហររបស់រដ្ឋាភិបាលអាល្លឺម៉ង់។ លោកស្រីរដ្ឋមន្ត្រី​ក្រសួងការបរទេសអាល្លឺម៉ង់ បានទៅដល់ចិននៅព្រឹកថ្ងៃព្រហស្បតិ៍នេះហើយ ដែលតាមការរំពឹងទុក គឺអាល្លឺម៉ង់ នឹងប្រកាសគោលជំហរច្បាស់ ចំពោះចិនដែលកំពុងគំរាមកំញើញប្រើកម្លាំងយ៉ាងច្បាស់ទៅលើតៃវ៉ាន់។ កន្លងមកថ្វីបើអាល្លឺម៉ង់ មានទំងន់ពាណិជ្ជកម្ម​ខ្លាំងនៅចិនមែន តែអាល្លឺម៉ង់ ហាក់ដូចជាមានគោលជំហររឹងដាក់ចិនច្រើន ព្រោះប្រហែលជាអាល្លឺម៉ង់ បានដកពិសោធន៍ជាមួយរុស្ស៊ី។ អាល្លឺម៉ង់ មិនចង់ឲ្យខ្លួនក៏ដូចជាអឺរ៉ុប ត្រូវជាប់អន្ទាក់ចិន ដូចក្នុងរឿងឧស្ម័នរបស់រុស្ស៊ីនោះទេ។ ត្រង់ចំណុចនេះ អាល្លឺម៉ង់ គិតដូចបារាំង គឺត្រូវតែ​ កសាង​ស្វ័យភាពយុទ្ធសាស្ត្រកុំពឹងលើចិនពេក​ តែក៏មិនមែន​ប្រកាសសង្គ្រាម ប្រឈមមុខដាក់គ្នាត្រង់ៗ ដូចអាមេរិកធ្វើរាល់ថ្ងៃនេះដែរ។ អ្នកខ្លះ​អបអរលោក​ម៉ាក្រុង ដែលហ៊ាននិយាយ​ គោលជំហរមិនជ្រើសយក​បក្សខាងណារបស់​លោក​ម៉ាក្រុងនេះ​ ក៏អាចប្រហែលជាមាន​ការយល់ឃើញស្របគ្នាដែរ នៅតាមប្រទេសមួយចំនួន ក្រៅពីក្រុមសម្ព័ន្ធមិត្តលោក​ខាងលិច។ តំបន់អាស៊ីអាគ្នេយ៍យើង តំបន់ដើមបូព៌ា និងនៅអាហ្វ្រិកជាដើម គឺគេកាន់តែមានគោលជំហរច្បាស់ខ្លាំងឡើងថា អាមេរិកមិនមែនជាអ្នកដឹកនាំពិភពលោកតែម្នាក់ឯងនោះទេ។ យោងតាមការវិភាគរបស់​លោក Bertrand Badie សាស្ត្រាចារ្យ​នៅសាលាវិទ្យាសាស្ត្រនយោបាយ Science Po Paris គឺប្រទេសមួយចំនួន ជាពិសេសនៅអាហ្វ្រិក គេធុញទ្រាន់ខ្លាំងណាស់ និងភាពក្អេងក្អាងអូសទាញគេឯងរបស់អាមេរិក​។ ដូច្នេះ​សំដីរបស់​លោកម៉ាក្រុងដែលថាបារាំង ឬអឺរ៉ុបមិនត្រូវដើរតាមត្រុកៗពីក្រោយ​អាមេរិកនេះ អាចត្រូវបានក្រុមប្រទេសទាំងនេះ​ទះដៃអបអរ។​ បរិបទសេដ្ឋកិច្ច និងនយោបាយ​ការបរទេស​ពិភពលោក​បានប្រែប្រួលច្រើនណាស់។ ប្រទេសខ្លះ ដូចជា​ឥណ្ឌា ប្រេស៊ីល និង​ក្រុមសហព័ន្ធអាហ្វ្រិក កាន់តែមាន​សន្ទុះ មានទំងន់សេដ្ឋកិច្ច​។ យោងតាមលោក Bertrand Badie គឺលោក​ប្រធានាធិបតីម៉ាក្រុង ចង់អូស​ឲ្យ​ បារាំងនិងអឺរ៉ុប ឈប់ពួននៅពីក្រោយ​ពាក្យថាសម្ព័ន្ធមិត្ត​លោកខាងលិច ដែលមានអាមេរិកជាមេដឹកនាំតទៅទៀត។ បារាំង និងអឺរ៉ុប​ក៏មានចំណែក​ក្នុងពិភពលោកដែរ ហើយត្រូវតែកសាង​ខ្លួន​ក្នុងពិភពលោកជាមួយគេឯង មិនមែន​ជាមួយតែអាមេរិកនោះទេ។ ទន្ទឹមគ្នានេះ​​ កាលពី​ពេល​ដែល​អាមេរិក បង្កើតសម្ព័ន្ធភាព AUKUS ជាមួយអូស្ត្រាលី និងអង់គ្លេស ដើម្បីប្រមូលកម្លាំងគ្នាទប់ទល់ជាមួយចិននៅអាស៊ីប៉ាស៊ីហ្វិកនោះ ក៏អាមេរិក មិនបានគិតឃើញហៅបារាំងហៅអឺរ៉ុបឲ្យចូលរួមដែរ​។ សម្ព័ន្ធភាព​AUKUSនេះ អាមេរិកបានឆក់យកកិច្ចសន្យា លក់​នាវាមុជទឹកបាតសមុទ្រពីដៃបារាំងថែមទៀត​ផង​។ ដូច្នេះទោះសំដីលោក​ម៉ាក្រុងនិយាយទៅ បង្កភាពចម្រូងចម្រាស់នាពេលនេះក្តី តែវាមិនមែនខុសទាំងស្រុងទេ។ ថា្នក់ដឹកនាំប្រទេសអឺរ៉ុបខ្លះដែលមិន​ប្រតិកម្ម​ក៏មានន័យថា គេក៏គិតដូចលោកម៉ាក្រុងដែរ គ្រាន់តែគេមិនហ៊ាននិយាយឲ្យ​ចំៗដូចលោកម៉ាក្រុង៕
4/13/20238 minutes, 40 seconds
Episode Artwork

ចរន្តអគ្គិសនីបាន​មកពី​​ប្រភព “ស្អាតស្អំ​” មានកម្រិត​៣៩% នៅទូទាំងពិភពលោក​ក្នុង​ឆ្នាំ​២០២២

ថាមពលអគ្គិសនី បានមកពី​ប្រភព ស្អាតស្អំ​ កកើតឡើងវិញ ដែលមិនមែនជាប្រភពហ្វូស៊ីល មានកម្រិតចំនួន ​៣៩% នៅទូទាំងពិភពលោក​ក្នុង​ឆ្នាំ​២០២២។ នេះបើផ្អែកតាមរបាយការណ៍​បូកសរុបមួយ ចេញផ្សាយនៅថ្ងៃពុធ ទី​១២មេសា។ នេះគឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន និងគួរ​ឲ្យ​ត្រេកអរ ខណៈពិភពលោកយើង​កំពុងប្រឹងប្រែង កាត់បន្ថយ​ការប្រើ​ប្រាស់ថាមពល​ហ្វូស៊ីល ដែលបញ្ចេញ​ឧស្ម័ន​កាបូនិក និងដែលជាមូលហេតុ​នៃការ​កើនឡើងកំដៅ​ផែនដី​។ លទ្ធផល​នៃសង្គ្រាម​នៅអ៊ុយក្រែន​ ពាក្យថា ថាមពលអគ្គិសនីបាន​មកពីប្រភពស្អាតស្អំ គឺគេបូក​ទាំង​ ចរន្តអគ្គិសនី​បាន​មកពីថាម​ពលនុយក្លេអ៊ែរ ជាមួយនឹង​ថាមពលអគ្គិសនី​កកើតឡើងវិញ ដែល​មានដូចជា​ កង្ហារខ្យល់ និ​ង ផ្ទាំងសូឡា និងវារីអគ្គិសនី​ ជាដើម។ យោងតាមរបាយការណ៍​ប្រចាំឆ្នាំGlobal Electricity Review ធ្វើឡើងដោយ ក្រុម​អ្នកជំនាញ​ស្រាវជ្រាវផ្នែកថាមពល ឈ្មោះ Ember គឺថាមពលអគ្គិសនីស្អាតស្អំទាំងនេះ មានកម្រិត ចំនួន​៣៩% នៃថាមពល​អគ្គិសនីប្រើប្រាស់ទូទាំងពិភពលោក ក្នុងឆ្នាំ​២០២២។ ក្រៅពីនោះ គឺជាចំណែក ថាមពលអគ្គិសនី បានមកពី​ប្រភពហ្វូស៊ីល ដែលមានដូចជាប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ និង​ធ្យូងថ្មជាដើម។ ប្រភពថាមពលទាំងនេះ ដូ​ចយើងដឹងហើយ គឺវាបញ្ចេញ​ឧស្ម័នកាបូនិកខ្លាំងសម្បើមណាស់ ទៅក្នុងបរិយាកាស ហើយ​ដែល​បង្កឲ្យ​ផែនដីឡើងកំដៅ បង្កវិបត្តិកអាកាសធាតុ បានជាយើងចាត់ទុកថា​ជាប្រភពថាមពល​មិនស្អាតស្អំ។ របាយការណ៍នេះ​ បានបូកសរុបប្រមូលទិន្នន័យថាមពលអគ្គិសនី នៅក្នុងប្រទេសចំនួន ៧៨ ដែលស្មើនឹង ៩៣% នៃទំហំ​ចរន្តអគ្គិសនីប្រើប្រាស់ក្នុងពិភពលោក។ កម្រិតកើនឡើងខ្ពស់ខ្ពស់នៃចំណែកថាមពលអគ្គិសនី​ស្អាតស្អំ ដែលគួរឲ្យត្រេកអរ សម្រាប់ផែនដីយើងនេះ គឺមួយផ្នែកធំ វាជា​លទ្ធផលនៃសង្រ្គាមនៅអ៊ុយក្រែន ដែលបានចាប់​ផ្តើម​នៅចុងខែកុម្ភៈ ២០២២។ ដោយសារតែបញ្ហាសង្គ្រាមនេះ រុស្ស៊ីបាន​ឈប់នាំចេញឧស្ម័នទៅកាន់អឺរ៉ុប ហើយអឺរ៉ុបក៏បានកាត់បន្ថយ​យ៉ាងខ្លាំង ក្នុងការទិញប្រេងរបស់រុស្ស៊ី។ អតិផរណា តម្លៃទំនិញឡើងថ្ងៃ ប្រេងឥន្ធនៈ ក៏កាន់តែឡើងថ្លៃ ដែលនាំឲ្យ​ប្រទេសជាច្រើន ងាកទៅរកប្រភពថាមពលដែលស្អាតស្អំ ថាមពលដើរដោយ​ពន្លឺព្រះអាទិត្យ ដើរដោយខ្យល់ជាដើម។ នៅក្នុងបរិបទសេដ្ឋកិច្ច​លំបាកនេះដែរ ប្រទេសជាច្រើន ក៏បាន​អំពាវនាវ ឲ្យ​គ្រប់វិស័យទាំងអស់ ចូលរួមសន្សំសំចៃ កុំប្រើចរន្តអគ្គិសនី​ដោយ​ខ្ជះខ្ជាយ ដែលចំណុចទាំងអស់នេះ វាបានបូកផ្សំគ្នា ធ្វើ​ឲ្យ​កម្រិតថាមពល​អគ្គីសនីបានមកពី​ថាមពលហ្វូស៊ីល វាធ្លាប់ចុះ។ ​​ចរន្តអគ្គិសនី​បានមកពីប្រភពមិនចេះរីងស្ងួត មាន១២% ចរន្តអគ្គិសនី​បានមកពី​ប្រភពមិនចេះរីងស្ងួត ដែលមានដូចជា ថាមពល​បានមកពីកង្ហារខ្យល់ បានមកពីផ្ទាំងសូឡា គឺមានទំហំសរុប ប្រមាណ​១២% នៃថាមពលអគ្គិសនីទូទាំងពិភពលោក។ ពោលគឺវាជាកម្រឹងកើនឡើងគួរ​ឲ្យ​កត់សំគាល់ខ្លាំងណាស់ ខណៈកាលពី​ឆ្នាំ​២០១៥ ថាមពល​អគ្គិសនីប្រភេទនេះ មាន​ត្រឹមតែ​៥%ប៉ុណ្ណោះ។ មានប្រទេសជាង៦០ប្រទេស ដែលបាន​ផលិត​ចរន្តអគ្គិសនី​បាន​មកពីប្រភពមិនចេះរីងស្ងួតនេះ ក្នុងចំណែក​ លើស១០% នៃតម្រូវការ​ក្នុងស្រុករៀងៗខ្លួន។ ហើយ​សហភាពអឺរ៉ុប ដែលជាអ្នកនាំមុខគេ​ក្នុងវិស័យនេះ ដែលមានចំណែកចរន្តអគ្គិសនី​បានមកពីប្រភពកកើតឡើងវិញ ចំនួន​ដល់ទៅ​២២%។ បើគ្រាន់តែ ថាមពលអគ្គិសនីបានមកពីផ្ទាំងសូឡា គឺនៅអឺរ៉ុបបាន​កើន​ឡើងដល់ទៅ​២៤% ក្នុងឆ្នាំ​២០២២កន្លងទៅនេះ​។ តួលេខទាំងនេះ វាគឺជាការបោះជំហាន គួរជាទីសង្ឃឹម ដើម្បីដោះស្រាយ​​បញ្ហាវិបត្តិ​អាកាសធាតុ ដែល​ពិភពលោកយើង ត្រូវប្រឹងប្រែងកាត់​បន្ថយ​ឧស្ម័ន​កាបូនិក ដើម្បីឈានទៅទប់​កំដៅផែនដី កុំ​ឲ្យ​ឡើងសីតុណ្ហភាព លើពី​២°c នៅរវាង​ឆ្នាំ​២០៥០។ ធ្យូងថ្មនៅតែនាំមុខ​ ចរន្តអគ្គិសនី​បាន​មកពី ប្ភពថាមពលធ្យូងថ្ម នៅ​តែធំខ្លាំងជាងគេ ពោលគឺស្មើនឹង​៣៦% នៃការផលិត​ចរន្តអគ្គិសនី​ទូទាំងពិភពលោក ឆ្នាំ​២០២២។ ផ្អែកតាមរបាយការណ៍ខាងលើ កម្រិតចរន្តអគ្គិសនីបានមកពី​ចំហេះធ្យូងថ្ម គឺបានកើនឡើង ចំនួន​១,១% ក្នុងឆ្នាំ​កន្លងទៅ ដែលនេះ​ក៏ព្រោះតែប្រទេសខ្លះ បានងាកទៅប្រើធ្យូងថ្មច្រើន ព្រោះដោយសារតែគ្មានឧស្ម័នរបស់​រុស្ស៊ី។ អ្វីដែលជាគួរឲ្យ​កត់សំគាល់​មួយទៀត ខណៈដែល​ចរន្តអគ្គិសនី​បានមកពីប្រភពស្អាតស្អំបានកើនទំហំចំណែកមែន ក្នុងឆ្នាំ​កន្លងទៅ​ តែតម្រូវការប្រើប្រាស់ចរន្តអគ្គិសនីជារួម​នៅ​លើពិភព​លោកយើង ក៏បានកើនឡើងដែរ។ ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍​ភាគច្រើន ត្រូវការប្រើប្រាស់ចរន្តអគ្គិសនីកាន់តែច្រើន ហើយដែល​ជម្រើសដំបូង ថោក ហើយងាយបំផុតនោះ គឺ​ប្រភពថាមពលហ្វូស៊ីល។ ម្លោះហើយ ទំហំនៃការប្រើប្រាស់ថាមពលប្រភេទនេះ ក៏វាកាន់តែរីកធំដែរ។ ចំហេះថាមពលទាំងនេះ បានធ្វើ​ឲ្យ​កើនឡើង នូវ​កម្រិតឧស្ម័ន​ផ្ទះកញ្ចក់នៅក្នុងបរិយាកាស ចំនួន​ប្រមាណ​១,៣% ក្នុង​ឆ្នាំ​២០២២កន្លងទៅ ពោលគឺមានទំហំសរុបប្រមាណ១២ពាន់លានតោន។ “អវសាន​នៃ​យុគសម័យ​ថាមពលហ្វូស៊ីល​” អ្នកជំនាញដែលសរសេររបាយការណ៍នេះ បាន​លើកឡើងថា ឆ្នាំ​២០២២ ប្រហែលអាច​ជាឆ្នាំចុងក្រោយហើយ​ ដែលមាន​កម្រិតឧស្ម័នពុលកើតចេញពី​ការផលិតចរន្តអគ្គិសនី ឡើងខ្ពស់ខ្លាំងបំផុតបែបនេះ ហើយ​ក៏​ប្រហែលអាចជា​ឆ្នាំចុងក្រោយដែរ នៃការស្ទុះឡើងខ្លាំង របស់​ប្រភពថាមពលហ្វូស៊ីល។ មានន័យថា គេរំពឹងជឿថា ចរន្តអគ្គិសនីបានមកពីប្រភពហ្វូស៊ីល ដែលមានដូចជា ប្រេងឥន្ធនៈ ឧស្ម័ន និង​ធ្យូងថ្ម ប្រាកដជាចុះថយកម្រិត ។ ការចុះថយ​ដែលអាចមានប្រមាណ ០,៣% នៅឆ្នាំនៅក្នុងឆ្នាំ២០២៣ ពោលគឺវាបន្តិចបន្តួចមែន តែវាអាចនឹងរីកធំបន្ថែមទៀតនៅឆ្នាំ​បន្តបន្ទាប់។ ទន្ទឹមគ្នានេះ ទំហំចរន្តអគ្គិសនី​បានមកពីប្រភពស្អាតស្អំ នឹងកើនចំណែក​វិញ។ យ៉ាងណាក៏ដោយ អ្វីៗគឺវាអាស្រ័យ លើការគិតពិចារណាកំណត់គោលដៅរួម របស់រដ្ឋាភិបាល​ប្រទេសនីមួយៗ ថាចង់​ផ្តល់អាទិភាពដល់​វិស័យថាមពលស្អាតស្អំនេះ កម្រិតណា។ ហើយវាក៏អាស្រ័យទៅលើទំហំទឹកប្រាក់​វិនិយោគ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ផលិតចរន្តអគ្គិសនីប្រភេទ​នេះ​ដែរ។ លោកស្រី Malgorzata Wiatros-Motyka ដែលជាអ្នក​ជំនាញចូលរួមសរសេររបាយការណ៍ Global Electricity Review បាន​លើកឡើងថា ទសវត្ស​នេះ វាគឺជាទសវត្សសំខាន់ចុងក្រោយ​បង្អស់ហើយសម្រាប់​អាកាសធាតផែនដីយើង ប្រសិនបើមនុស្សជាតិ​យើង ចង់ដោះស្រាយវិបត្តិ​បម្រែបម្រួល​អាកាសធាតុ។ លោកស្រី​ជឿជាល់ថា ទសវត្សនេះ ប្រហែលអាចជា “ការចាប់ផ្តើមនៃអវសាន​របស់យុគសម័យ ​នៃ​ថាមពលហ្វូស៊ីល”៕
4/12/20237 minutes, 34 seconds
Episode Artwork

លោកប្រធានាធិបតី លូឡា ដឹកនាំ​គណៈប្រតិភូប្រេស៊ីល​ជាង​២០០នាក់​ទៅ ប្រទេស​ចិន

ប្រធានាធិបតីប្រេស៊ីល លោកលូឡា​ចេញដំណើរ​ទៅធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ នៅប្រទេសចិន នៅ​ក្នុងគោលបំណង​រឹតចំណង​ពាណិជ្ជកម្ម​ទ្វេភាគី ចិនប្រេស៊ីល។ បន្ទាប់ពីលើកពេលធ្វើទស្សនកិច្ច កាលពី​ចុងខែ មីនា ដោយសារ​ជំងឺផ្លូវដង្ហើម លោក​ប្រធានាធិបតីលូឡា ​ដែលសន្យា​បង្ហាញមុខមាត់ថ្មី​របស់ប្រេស៊ីល​នៅ​ឆាកអន្តរជាតិ ត្រូវ​ដឹកនាំ​គណៈប្រតិភូ​ប្រេស៊ីល ជាង​២០០នាក់​ទៅប្រទេសចិន។ តាម​រដ្ឋមន្រ្តីការបរទេស​ប្រេស៊ីល នៅក្នុងទស្សនកិច្ច​រយៈពេល ៤ថ្ងៃនៅប្រទេស​ចិន ប្រធានាធិបតីប្រេស៊ីល គ្រោង​និយាយ​ជាមួយ​ប្រធានាធិបតីចិន ពីសំណើរបស់​ប្រេស៊ីលសម្រាប់​ដំណើរការចរចា​សន្តិភាព​នៅអ៊ុយក្រែន។ បន្ទាប់ពីលើកពេល មិនបាន​ទៅធ្វើទស្សនកិច្ចនៅប្រទេស​ចិន តាមការគ្រោងទុក កាលពីចុងខែ​មីនា ដោយសារ​ជំងឺផ្លូវដង្ហើម ប្រធានាធិបតី​ប្រេស៊ីល លោក​លូឡា នៅទីបំផុត ផ្តើមទស្សនកិច្ច​នៅប្រទេស​ចិន នៅថ្ងៃអង្គារ សម្រាប់រយៈពេល ៤ថ្ងៃ។ ទស្សនកិច្ច​របស់​លោកលូឡា ទៅ​ប្រទេស​ចិនលើកនេះ​ជាលើការបើកទំព័រថ្មី​នៃទំនាក់ទំនង​ប្រេស៊ីល និងចិន ដែលមិនសូវជា​រលូនខ្លាំង នៅក្នុងអាណត្តិ​ប្រធានាធិបតី ប្រេស៊ីលមុន គឺ លោក​បុលសូណារ៉ូ។ ផ្ទុយពី​អតីត​ប្រធានាធិបតី​បុលសូណារ៉ូ ដែល​ចាត់ទុក​ចិនជា​ប្រទេស​កេងប្រយោជន៍ លេបត្របាក់​ប្រេស៊ីល លោក​ប្រធានាធិបតី​លូឡា មកពី​ក្រុមសង្គមនិយម ចង់​ប្រាប់​ទៅ​ភាគីចិន​ថា នៅក្នុងអាណត្តិ​របស់លោក ប្រេស៊ីល​ត្រលប់​មកវិញហើយ មក​ពង្រឹង​ចំណងមិត្តភាព ដែលប្រេស៊ីល និង​ចិន ធ្លាប់​មាន​ជាមួយ​គ្នា កាល​ពី ជាង ១០​ឆ្នាំមុន។ ធ្លាប់ដឹកនាំ​ប្រេស៊ីល​ពីរ អាណត្តិ នៅឆ្នាំ ២០០៣ និង​ឆ្នាំ ២០១០ លោក​លូឡា ជា​ប្រធានាធិបតី​ប្រេស៊ីល​ដំបូងគេ ដែលធ្វើដំណើរទស្សនកិច្ច​ដល់ទៅ៤ដង នៅប្រទេស​ចិន និងជួបអតីតប្រធានាធិបតី​ចិន លោកហ៊ូ ជីនតាវ​ដល់​ទៅ​៨លើក។ នៅក្នុង​អាណត្តិដឹកនាំប្រទេសប្រេស៊ីល លោក​លូឡា បាន​ដើរតួសំខាន់ ក្នុងនាមជា​សហស្ថាបនិកជាមួយប្រទេស​ចិន​ដើម្បីបង្កើត​ក្រុម​ប្រទេស​BRICS ប្រទេស​មាន​សេដ្ឋកិច្ច​ទើបរីកលូតលាស់ថ្មី ដែលមានសមាជិក​៥ គឺ​ចិន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និង​អាហ្វ្រិកខាងត្បូង។ នៅពេល​ត្រលប់​ចូល​មក​កាន់​តំណែង​ជា​ប្រធានាធិបតី​ប្រេស៊ីល នៅខែ មករា​ដើម​ឆ្នាំនេះ លោក​លូឡា​ធ្លាប់​បាន​សន្យា​ថា នឹង​ជួយពង្រឹង​សហប្រតិបត្តិការ​រវាងប្រទេស​សមាជិក​BRICS អំណាច​ខាងត្បូង។ ប៉ុន្តែ មុននឹងនិយាយ​ដល់​ក្រុមប្រទេស​BRICS ប្រធានាធិបតីប្រេស៊ីល​ត្រូវផ្តោត​អាទិភាព​លើ​ការរឹតចំណង​ពាណិជ្ជកម្ម​ចិន និងប្រេស៊ីល ជាមុនសិន។ ចាប់តាំង​ពី​ឆ្នាំ ២០០៩ ចិនបាន​ជា​ប្រទេស​ដៃគូសេដ្ឋកិច្ច​ធំ​ជាងគេ​របស់​ប្រេស៊ីល។ ទំហំដោះដូរពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មានប្រមាណ ១៥០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ពោល គឺច្រើនជាង ២ដង ​បើប្រៀបធៀប​នឹង​ទំហំដោះដូរ​ពាណិជ្ជកម្ម​អាមេរិក និង​ប្រេស៊ីល។ ដោយសារ​ការនាំចេញ ផលិតផល​កសិកម្ម ដូចជា​សណ្តែក និង​សាច់គោ ប្រេស៊ីល​បាន​ក្លាយជា​ប្រទេស​ដ៏កម្រ​នៅក្នុងលោក ដែលមានទំនិញរបស់ខ្លួន​នាំចូលទៅប្រទេស​ចិន ច្រើនជាង ទំនិញចិន​នាំចូល​ទៅប្រេស៊ីល។ នៅឆ្នាំ ២០២២ ការនាំចូលទំនិញប្រេស៊ីល ទៅប្រទេស​ចិន មាន​តម្លៃជាង ៨៩ពាន់លាន​ដុល្លារ ចំណែក​ការនាំចូលរបស់ចិនទៅប្រេស៊ីល​មានមិនដល់ ៦០ពាន់លានដុល្លារ។ ប្រធានាធិបតី​ប្រេស៊ីលនឹងអញ្ជើញលោកស៊ី ជីនពីង​ទៅធ្វើទស្សនកិច្ច​នៅប្រេស៊ីល ចិន​ជាដៃ​គូពាណិជ្ជកម្ម​ធំជាងគេ​របស់​ប្រេស៊ីល ប៉ុន្តែ ប្រធានាធិបតី​ប្រេស៊ីល​ចង់​ពង្រឹង​សហប្រតិបត្តិការសេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីបន្ថែមទៀត។ ជាក់ស្តែង ដោយ​ដឹកនាំ​គណៈប្រតិភូ ដល់ទៅជាង ២០០នាក់ ដែលនៅក្នុងនោះ មានជាង ៩០នាក់​មកពី​ខាង​ក្រុមហ៊ុន មន្រ្តីខាងផ្នែក​វិស័យកសិកម្ម លោក​ប្រធានាធិបតី​លូឡា សង្ឃឹមចង់បាន​ទំនិញ​ប្រេស៊ីល ចូល​ទៅក្នុងទីផ្សារ​ប្រទេស​ចិន កាន់តែច្រើនថែមទៀត។ ក្រៅពីចង់បាន​ទីផ្សារចិន​សម្រាប់ទំនិញប្រេស៊ីល លោកប្រធានាធិបតីលូឡា ចង់​បាន​ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន ដើម្បីបង្កើតការងារ នៅក្នុង​ប្រទេស​ប្រេស៊ីល។ នៅមុន​ឡើង​យន្តហោះ​ទៅប្រទេស​ចិន កាលពីថ្ងៃ​ចន្ទ ប្រធានាធិបតី​ប្រេស៊ីល និយាយ​ប្រាប់អ្នកកាសែត ថា នៅពេល​ជួបលោក​ស៊ី ជីនពីង លោក​នឹង​អញ្ជើញប្រធានាធិបតីចិន​ឲ្យមកធ្វើទស្សនកិច្ច​នៅប្រេស៊ីលម្តង​ដើម្បីមកមើលថា ប្រេស៊ីល​មាន​ឱកាស​វិនិយោគច្រើន​សម្រាប់​ក្រុមហ៊ុន​ចិន ជា​ពិសេស នៅក្នុង​វិស័យ​ឧស្សាហកម្ម ផលិតរថយន្ត និង​ថាមពល​ស្អាតស្អំជាដើម។ តាមមន្រ្តីរដ្ឋាភិបាលប្រេស៊ីល នៅក្នុងទស្សនកិច្ច​របស់​លោកលូឡា នៅប្រទេស​ចិន ជាពិសេស នៅថ្ងៃសុក្រ នៅពេល លោកលូឡា ជួបពិភាក្សាជាមួយ​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ប្រេស៊ីល និងចិន​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាង ២០ នៅក្នុង​វិស័យ​សុខភាព កសិកម្ម អប់រំ ឧស្សាហកម្ម និង​បច្ចេកវិទ្យាជាដើម។ ប៉ុន្តែ នៅមុន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ខាងលើ មន្រ្តីប្រេស៊ីលដែលធ្វើដំណើរ​ទៅទីក្រុង​ប៉េកាំង កាលពីថ្ងៃទី ២៩​មីនា បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ជាមួយ​ចិន ដែលនៅក្នុងនោះ ប្រេស៊ីល និង​ចិន​យល់ព្រម ប្រើរូបិយបណ្ណចិន និង​ប្រេស៊ីល សម្រាប់​ធ្វើការដោះដូរ​ពាណិជ្ជកម្ម​នឹង​គ្នា ដោយ​មិនចាំបាច់​ប្រើលុយដុល្លារ​អាមេរិក​តទៅទៀត។ ចិន​សង្ឃឹម​ចង់បានអ្វី វត្តមាន​របស់​ប្រធានាធិបតី​ប្រេស៊ីល​នៅទីក្រុង​ប៉េកាំង លើកនេះ? ប្រេស៊ីល​ជា​ប្រទេស​ធំជាងគេ​នៅអាមេរិកខាងត្បូង ដែល​ចិនត្រូវការ​ចាំបាច់ សម្រាប់​ធានាសន្តិសុខស្បៀង ព្រោះចិន នាំចូល សណ្តែក និង​សាច់គោប្រេស៊ីល​ច្រើនជាងគេបំផុត ក្នុងលោក។ បន្ទាប់មក ចិន​កំពុងសំលឹង​វិនិយោគ​ទៅលើ​ប្រភពធនធានរ៉ែ ប្រេង​របស់​ប្រទេស​ប្រេស៊ីល។ អ្នកវិភាគវាយតម្លៃថា នៅក្នុង​ជំនួបជាមួយ​ប្រធានាធិបតី​ប្រេស៊ីល មេដឹកនាំ​ចិន​គ្រោង​នឹង​បញ្ចុះបញ្ចូលប្រេស៊ីល​ឲ្យចូលរួម​ក្នុង​នយោបាយ​ផ្លូវមួយខ្សែក្រវ៉ាត់​មួយ​របស់​ចិន​ដែលចិន​បង្កើតឡើង​ដើម្បីគោលដៅ​សេដ្ឋកិច្ច និង​ភូមិសាស្រ្ត​នយោបាយ។ ចិន​សំឡឹង​ពង្រឹងទំនាក់ទំនង​ជាមួយប្រេស៊ីល​ដែលស្ថិតនៅ​ក្បែរអាមេរិក មិនមែន​ដើម្បីតែ​ប្រយោជន៍សេដ្ឋកិច្ច ប៉ុន្តែ សម្រាប់​ប្រយោជន៍​ភូមិសាស្រ្តនយោបាយ ក្នុងបរិបទ​ដែល​ចិន​កំពុង​តាំងខ្លួន​ជាមហាអំណាចប្រជែង​ដ៏ធំមួយជាមួយអាមេរិក។ ដោយ​បញ្ចុះបញ្ចូល​ឲ្យ​ប្រេស៊ីល ដោះដូរពាណិជ្ជកម្ម ជាមួយ​ចិន ដោយ​មិនបាច់ឆ្លងកាត់ ប្រើប្រាក់ដុល្លារ​អាមេរិក ជា​ជោគជ័យ​មួយ​របស់​ចិន ដែលកៀងគរ​ប្រទេស​ដទៃ ឲ្យ​ដើរចេញពី​ក្រោម​ឥទ្ធិពល​របស់​អាមេរិក។ លោកលូឡាប្រាប់អ៊ុយក្រែន​ឲ្យលះបង់គ្រីមេទៅ​រុស្ស៊ី​បើសិន​ចង់បញ្ចប់សង្រ្គាម ទស្សនកិច្ច​របស់​លោកប្រធានាធិបតីប្រេស៊ីល​នៅប្រទេស​ចិនលើកនេះ មិនមែន​ផ្តោតតែទៅលើ​ទំនាក់ទំនងពាណិជ្ជកម្ម​តែមួយមុខទេ ប៉ុន្តែ មេដឹកនាំ​ប្រេស៊ីល​នៅចង់​បង្ហាញមុខមាត់​របស់​ប្រេស៊ីលសាជាថ្មី ក្នុងនាមជាប្រទេស​ដើរតួសំខាន់ នៅក្នុងឆាកនយោបាយបរទេស។ ជាក់ស្តែង នៅមុន​ទស្សនកិច្ច​របស់​លោកលូឡា រដ្ឋមន្រ្តីការបរទេស​ប្រេស៊ីល​និយាយ​ប្រាប់អ្នកកាសែត ថា លោក​លូឡា នឹង​ពិភាក្សា​ជាមួយលោក​ប្រធានាធិបតីស៊ី ជីនពីង ពីសំណើរបស់​ប្រេស៊ីល ដែលចង់​បង្កើតក្រុមចរចា​សន្តិភាព​សម្រាប់អ៊ុយក្រែន។ ប្រេស៊ីល របស់​លោក​ប្រធានាធិបតី​លូឡា ដែល​បានប្រកាន់ជំហរនៅកណ្តាល នៅក្នុង​សង្រ្គាមអ៊ុយក្រែន បានចូលខ្លួនធ្វើជា​អ្នកសម្របសម្រួល តាមរយៈ​ការបង្កើត​ក្រុមចរចា​សន្តិភាព​ដើម្បី​បិទបញ្ចប់សង្រ្គាម​អ៊ុយក្រែន។ ប្រធានាធិបតី​ប្រេស៊ីល នឹង​លើកសំណើនេះ ទៅនិយាយ​ជាមួយ​លោកស៊ី ជីនពីង នៅក្នុង​ជំនួបទ្វេភាគី ព្រោះលោក​ដឹងថា លោកត្រូវការពឹងផ្អែកជំនួយ​សំឡេង​របស់​ចិន ដែល​រក្សា​ទំនាក់ទំនងជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន។ គេ​មិនដឹងថា តើ​សំណើរបស់​លោកប្រធានាធិបតី​ប្រេស៊ីលសម្រាប់​ដោះស្រាយ​ជម្លោះ​នៅអ៊ុយក្រែន មាននិយាយ​ពីអ្វីខ្លះទេ ប៉ុន្តែ នៅក្រោយ ទីប្រឹក្សា​របស់លោក​ម្នាក់ ធ្វើដំណើរ​ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី នៅចុង​ខែ​មីនា លោក​ប្រធានាធិបតី​លូឡា ពន្លយពាក្យ កាលពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន ដោយ​ស្នើ​ឲ្យ​អ៊ុយក្រែនលះបង់​ចោល​ទឹកដីគ្រីមេ ដើម្បី​បញ្ចប់​សង្រ្គាម​ឈ្លានពាន​របស់រុស្ស៊ី នៅអ៊ុយក្រែន។ អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​អ៊ុយក្រែន បានស្វាគម​ការចូលខ្លួន​របស់​ប្រេស៊ីល ដើម្បី​ជួយ​ដោះស្រាយ​បញ្ចប់សង្រ្គាម​នៅអ៊ុយក្រែន ប៉ុន្តែ អ៊ុយក្រែន​បញ្ជាក់ដូចមុនដោយ​ថា អ៊ុយក្រែន​នឹងមិនព្រម​បាត់បង់​ទឹកដីរបស់ខ្លួន សូម្បីមួយចំអាម ដោយ​រួមទាំង​ទឹកដីគ្រីមេផង។ គេ​អាច​និយាយបានថា បើសិន​ប្រធានាធិបតី​ប្រេស៊ីល និយាយទាមទារ​ឲ្យអ៊ុយក្រែន​សុខចិត្ត​លះបង់​ទឹកដីគ្រីមេទៅឲ្យរុស្ស៊ី នៅក្នុង​សំណើ​ដំណោះស្រាយ​របស់ខ្លួន សម្រាប់បញ្ចប់​សង្រ្គាមអ៊ុយក្រែន នោះ សំណើរបស់​ប្រធានាធិបតីប្រេស៊ីល នឹង​ស្លាប់មុនកើតទៅទៀត។
4/11/20238 minutes, 36 seconds
Episode Artwork

IMF និង World Bank បើកការ​ប្រជុំ ដើម្បីរៀបចំផែនការ​ហិរញ្ញវត្ថុពិភពលោក​ ​ប្រឈមនឹងវិបត្តិអាកាសធាតុ

ចាប់ពីថ្ងៃចន្ទទី​១០មេសានេះទៅ អ្នកជំនាញហិរញ្ញវត្ថុ នៃមូលនិធិរូបិយបណ្ណអន្តរជាតិ ព្រមទាំង​ធនាគារពិភពលោក នឹងបើកការប្រជុំ​រួមគ្នាពេញមួយសប្តាហ៍ ដើម្បី​និយាយអំពីបញ្ហាហិរញ្ញវត្ថុរបស់​ពិភពលោក។​ ដោយសារតែវិបត្តិ​ជាច្រើនជំពូក​និងដ៏ធ្ងន់ធ្ងរ បង្កឡើងដោយសង្គ្រាម និង​វិបត្តិអាកាសធាតុថែមទៀតនោះ សេដ្ឋកិច្ចពិភពលោកយើង​នៅឆ្នាំ​២០២៣នេះ អាចនឹងមានកំណើនទាបបំផុត។ ប្រទេសក្រីក្រ និងប្រទេសមានចំណូលមធ្យម គឺជាអ្នកទទួលរងនូវការលំបាកបំផុត ខណៈគ្រោះមហន្តរាយធម្មជាតិ បានវាយ​ប្រហារកាន់តែញឹកញាប់ និង​កាន់តែកាចសាហាវ។ កំណើនសេដ្ឋកិច្ច​មិនដល់​៣% ពិភពលោកកំពុងឆ្លងកាត់វិបត្តិធ្ងន់ធ្ងរណាស់ អំឡុងពេលនេះ ដែលធ្វើឲ្យ​បរិបទសេដ្ឋកិច្ច ហិរញ្ញវត្ថុមានភាពរួមរិតតូចចង្អៀត មិនសូវមានសង្ឃឹមច្រើនទេ។ សង្គ្រាមនៅអ៊ុយក្រែន វិបត្តិខ្វះស្បៀងអាហារ វិបត្តិ​ទំនិញឡើងថ្លៃ អតិផរណា បូកបន្ថែមជាមួយ​នឹង​គ្រោះធម្មជាតិក៏កាចសាហាវផ្ទួនៗគ្នា បានធ្វើបាបពិភពលោកយើងសម្បើមណាស់ ប្រមាណ​១ឆ្នាំកន្លងមកនេះ។ លោកស្រី Vera Songwe អ្នកជំនាញសេដ្ឋកិច្ច​ម្នាក់នៃអង្គការសហប្រជាជាតិ បាន​លើកឡើងថា ស្ថានភាពវិបត្តិគ្រប់ជំពូក​បូកបញ្ចូលគ្នា នាពេលបច្ចុប្បន្ននេះ គឺ​វាហាក់ដូចជាពិភពលោកយើង ទើបតែងើបពីភ្នក់​ភ្លើងសង្គ្រាម​អញ្ចឹង។ យោងតាមលោកស្រី Kristalina Georgieva អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ គឺឆ្នាំ​២០២៣នេះ ពិភពលោកយើងនឹងមានកំណើនសេដ្ឋកិច្ច ប្រហែលមិនដល់​ ​៣% ទេ។ ជាងនេះទៀត​ បញ្ហាសេដ្ឋកិច្ចចុះខ្សោយសន្ទុះនេះ នឹងបន្តយូរឆ្នាំទៅមុខទៀត បើតាមការប្រមើល​មើល។ ពោលគឺពេលនេះ ដល់ឆ្នាំ​២០២៨ កំណើនសេដ្ឋកិច្ចពិភពលោក នឹងមិនមានលើសពី​៣% ជាមធ្យមប្រចាំឆ្នាំ។ តាំងតែពីឆ្នាំ​១៩៩០មក សេដ្ឋកិច្ច​ពិភពលោកមិនដែល​មាន​ការរំពឹងទុក​ទន់ខ្សោយដល់ម្លឹងទេ។ ដោយឡែក ការព្យាករណ៍​របស់ធនាគារពិភពលោកវិញ គឺទាបជាងនេះផង។ ផ្អែកតាមធនាគារពិភពលោក ពីនេះ ដល់ឆ្នាំ ២០៣០ សេដ្ឋកិច្ចសកលលោកនឹងមានកំណើន ប្រមាណតែ​២,២% ក្នុងមួយឆ្នាំ ជាមធ្យម។ ពោលគឺវាជាកំណើនដែលទាបបំផុត ក្នុងរវាង​៤០ឆ្នាំចុងក្រោយនេះ​។​ កំណែទម្រង់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ​ គឺក្នុងបរិបទដ៏លំបាកតានតឹង​នេះហើយ ទើបស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗទាំង២ មូលនិធិរូបិយបណ្ណអន្តរជាតិ និងធនាគារពិភពលោក បាន​បើកការប្រជុំពេញ​មួយសប្តាហ៍​ចាប់ពីថ្ងៃចន្ទនេះ ដើម្បី​ពិនិត្យ​មើល​លទ្ធភាព ដែលអាចធ្វើទៅបានដើម្បីដោះស្រាយ​បញ្ហា។ គោលគំនិតធំបំផុត ដែលគេលើកឡើងនៅក្នុងការជជែកគ្នានេះ គឺការធ្វើកំណែទម្រង់ស៊ីជំរៅតែម្តងនៅក្នុង​ស្ថាប័នហិរញ្ញវត្ថុទាំង២នេះ។ គេនិយាយពីការធ្វើកំណែទម្រង់នេះ គឺធ្វើកំណែទម្រង់ ទៅលើបេសកកម្មការងារ ប្រតិបតិ្តការផ្តល់កម្ចីហិរញ្ញវត្ថុ និងជំនួយ​អភិវឌ្ឍន៍ជាដើម។ មានប្រទេសធំៗជាច្រើន ជាក់ស្តែងសហរដ្ឋអាមេរិកតែម្តង ដែលបានទាមទារជាយូរមកហើយ ថាមូលនិធិរូបិយវត្ថុអន្តរជាតិ ត្រូវតែធ្វើកំណែទម្រង់ ឲ្យ​បានស៊ីជំរៅ ដើម្បី​ធ្វើឲ្យ​បេសកកម្ម ប្រតិបត្តិការរបស់ខ្លួន កាន់តែមានប្រសិទ្ធភាព​។ ដូចគ្នាដែរ លោកស្រី Janet Yallen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បាន​លើកឡើងថា ធនាគារពិភពលោកក៏ត្រូវតែរៀបចំសើរើ ពិនិត្យឡើងវិញដែរ នូវបេសកកម្មការងាររបស់ខ្លួន ក៏ដូចជាសាខា​ទាំងអស់របស់ខ្លួន ដើម្បីធ្វើយ៉ាងណា ជួយក្រុមប្រទេសក្រីក្រ ឲ្យ​មានសមត្ថភាព មានលទ្ធភាព ដោះស្រាយបញ្ហាប្រឈមនឹងវិបត្តិអាកាសធាតុ គ្រោះធម្មជាតិដែលកាន់តែធ្ងន់ធ្ងរ ពីមួយឆ្នាំទៅមួយឆ្នាំ។​ និយាយជារួម គឺស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ត្រូវតែប្រមូលកម្លាំង រៀបចំកៀងគរ រកថវិកាឲ្យ​បានច្រើន។ ថវិកាទាំងនេះ គឺសំដៅយកទៅផ្តល់កម្ចី ឲ្យចំគោលដៅនៅតាមប្រទេសក្រីក្រ ដែលត្រូវការបំផុត ដើម្បីដោះស្រាយបញ្ហាប្រឈម​ជាច្រើន ជួយជីវភាពប្រជាជន ជួយអភិវឌ្ឍន៍​វិស័យសុខាភិបាល វិស័យអប់រំ វិស័យ​កសិកម្មជាដើម។ ការជួយ​ពង្រឹងសមត្ថភាពប្រទេសក្រីក្រ ទប់ទល់នឹងវិបត្តិអាកាសធាតុ វាគឺជាអាទិភាពមួយធំបំផុត ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ រួមទាំងសាខាងទាំងអស់របស់ខ្លួន ត្រូវតែធ្វើ។ ប៉ុន្មានថ្ងៃមុននេះ លោកស្រី Janet Yallen អះអាងថា ការធ្វើកំណែទម្រង់នៅធនាគារពិភពលោក នឹងបើកឱកាសប្រមូលប្រាក់បានប្រមាណ​៥០ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីយកទៅ​ជួយ​ប្រទេសក្រីក្រដែលត្រូវការបំផុត។ ការជជែកគ្នាស៊ីជំរៅ រវាងធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តថែមទៀត​នៅខែ​តុលា។ ១០០០ពាន់លានដុល្លារ ដើម្បីជួយប្រទេសក្រីក្រទប់ទល់វិបត្តិអាកាសធាតុ​ ប្រាក់៥០ពាន់លានដុល្លារ ដែលជាលទ្ធផលនៃការធ្វើកំណែទម្រង់ប្រតិបត្តិការ របស់ធនាគារពិភពលោកនេះ ត្រូវបាន​អង្គការ Oxfam ចាត់ទុកថាគ្រាន់ជាកំទេចម្សៅតូចប៉ុណ្ណោះ ព្រោះវាតិចខ្លាំងណាស់។ ផ្អែកតាមតួលេខរបស់​វិទ្យាស្ថាន ដើម្បីការអភិវឌ្ឍន៍​ប្រកបដោយចីរភាព​និងទំនាក់ទំនងអន្តរជាតិ "Iddri" គឺគេ​​ត្រូវការប្រាក់ចំនួនយ៉ាងហោច ១០០០ពាន់​លានដុល្លារក្នុងមួយឆ្នាំ ដើម្បីយកទៅចែកចាយ ក្នុងទម្រង់ប្រាក់កច្ចីនានា ឲ្យទៅ​ប្រទេសក្រីក្រ និងប្រទេសមានចំណូលទាប ដើម្បីដោះស្រាយ​ប្រឈមនឹងវិបត្តិអាកាសធាតុ។ ទឹកប្រាក់ដែលបច្ចុប្បន្នមានតែតួលេខទេ ព្រោះស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំ ប្រមូល​មិនទាន់បានទេ។ លោក Sébastien Treyer នាយកវិទ្យាស្ថាន ដើម្បីការអភិវឌ្ឍន៍​ប្រកបដោយចីរភាព​និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា ៥០ពាន់លានដុល្លារ ដែល​ធនាគារពិភពលោក​ប្រកាសនេះ គឺវាតិចខ្លាំងណាស់។​ លោកបានអំពាវនាវ ថា​ធនាគារពិភពលោក ត្រូវតែដើរតួនាទី​ ផ្តល់សន្ទុះនាំមុខ ក្នុងការវិនិយោគ ដោយអូសទាញវិស័យឯកជន ឲ្យចូលរួមដែរ។ ទាក់ទិននឹង​ការវិនិយោគជួយ​ប្រទេសក្រីក្រ ដើម្បី​ប្រឈមនឹងវិបត្តិអាសធាតុនេះ លោក Arjay Banga ដែលជាបេក្ខជនតែម្នាក់ឈរឈ្មោះធ្វើជាទេសាភិបាលធនាគារពិភពលោកអាណត្តិក្រោយ​ បាន​លើកឡើងថា លោកចង់ផ្តល់សន្ទុះអូសទាញប្រទេសអ្នកមាន​ទាំងអស់ ឲ្យចូលរួម​ថវិកាឲ្យ​បានច្រើនបំផុត ហើយនឹងអូសទាញវិស័យឯកជនដែរ។ “កតិកាសញ្ញាហិរញ្ញវត្ថុថ្មី​” ផែនការហិរញ្ញវត្ថុ ជួយ​ប្រទេសក្រីក្រ ពង្រឹងសមត្ថភាពទប់ទល់វិបត្តិអាកាសធាតុនេះ វាគឺជាអ្វីដែលក្រុមប្រទេសងាយ​រងគ្រោះ បានអំពាវនាវជាយូរមកហើយ។ ក្រុមប្រទេសក្រីក្រ ប្រទេសមានចំណូលមធ្យម បានអំពាវនាវ ថាត្រូវតែសម្រេច​ឲ្យបាន​ “កតិកាសញ្ញាហិរញ្ញវត្ថុថ្មី” ដែលនឹងបើក​ឱកាស ឲ្យប្រទេសដែល​ប្រឈមនឹង​វិបត្តិអាកាសធាតុ អាចទទួលបាន​នូវលទ្ធភាពហិរញ្ញវត្ថុ។ ស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិ ត្រូវតែ​ប្រើប្រាស់កម្លាំងរបស់ខ្លួន ចូលរួម​ជួយ​ផ្នែកវិនិយោគទៅគ្រប់វិស័យ​ ដែលអាចកាត់បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូនិក​ វិនិយោគលើហេដ្ឋរចនាសម្ព័ន្ធ ដែល​ជួយប្រទេសងាយរងគ្រោះ ឲ្យមានសមត្ថភាពទប់​ទល់​និង​គ្រោះធម្មជាតិ។ រដ្ឋាភិបាល​​ប្រទេសបាបាដុស ដែលជាកូនកោះមួយ នៅតំបន់​សមុទ្រការ៉ាអ៊ីប ហើយដែលប្រឈមខ្លាំងបំផុត និងគ្រោះធម្មជាតិ ការឡើងកំពស់ទឹកសមុទ្រនោះ បាន​ស្នើនូវផែនការគួរឲ្យចាប់អារម្មណ៍ជាច្រើនចំណុច។ ទី១ គឺគេចង់ឲ្យ​មូលនិធិរូបិយវត្ថុអន្តរជាតិ ប្រើសិទ្ធិ​បោះពុម្ពសាច់​ប្រាក់ ជាពិសេស ដើម្បីយកទៅប្រើ​ក្នុងការវិនិយោគ​លើ​បញ្ហាអាកាសធាតុ។ ធនាគារពហុភាគី ត្រូវតែ​បង្កើនចំនួនកម្ចី ដោយ​ត្រូវដាក់ខសន្យា អនុញ្ញាតឲ្យ​ផ្អាកការសងការប្រាក់២ឆ្នាំជាប់គ្នា នៅពេលមាន​បញ្ហាគ្រោះធម្មជាតិធ្ងន់ធ្ងរ។ ផែនការនេះ ក៏បានស្នើផងដែរ​ នូវការ​យកពន្ធលើការប្រតិបត្តិការហិរញ្ញវត្ថុ និង​ពីក្រុមហ៊ុនរកស៊ីលើថាមពលហ្វូស៊ីល ដើម្បីយកប្រាក់ទាំងនេះ យកទៅ​ប៉ះប៉ូវ សងការខូចខាត លើបរិស្ថាន។ ចំណុចទាំងអស់នេះ គឺគេនឹងលើកមកនិយាយជជែកគ្នាលំអិត ក្នុងរយៈពេល​ប្រជុំមួយសប្តាហ៍នេះ។ តែយ៉ាងណា​ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បាន​លើកឡើងផងដែរ អំពីហានិភ័យ​ប្រឈមមួយចំនួន ដែលត្រូវតែប្រយ័ត្ន ព្រោះថាវិស័យហិរញ្ញវត្ថុបច្ចុប្បន្ន មិនសូវមានស្ថិរភាពទេ។ បញ្ហាអតិផរណា ជារឿងមួយសំខាន់ ហើយអាចរុញធនាគារកណ្តាលតាមប្រទេសនីមួយៗ បង្កើតអត្រាការប្រាក់កណ្តាល។ ដូច្នេះ ធនាគារកណ្តាលត្រូវតែធ្វើយ៉ាងណា ការពារស្ថិរភាពឲ្យ​បាន ដោយទាញកម្រិតអតិផរណាឲ្យនៅទាប តាមតែអាចធ្វើទៅបាន។ វិបត្តិបំណុលសាធារណៈក៏ជាបញ្ហាចោទធំមួយដែរ ដែលអាចធ្វើឲ្យ​ប្រទេសខ្លះក្ស័យធុន បើគិតតែពីខ្ចីលុយ​ខ្លាំងពេក។ បច្ចុប្បន្ននេះមានប្រទេស​១៥%ហើយ ដែលស្ថិតក្នុងស្ថានភាពនេះ ហើយ​៤០%ទៀត កំពុងតែប្រឈមដែរហើយ។ ត្រង់បញ្ហាបំណុលកើនខ្ពស់នេះ អង្គការក្រៅរដ្ឋាភិបាល និងប្រទេសក្រីក្រខ្លះ បានអំពាវនាវ ត្រូវតែលុបបំណុលចោលតែម្តង ព្រោះប្រទេសអ្នកមានទេ ដែលជាអ្នកបំពុលបរិស្ថា បង្កវិបត្តិអាកាសធាតុ ដូច្នេះមិនត្រូវមកច្របាច់ក ប្រទេសក្រីក្រជាមួយការប្រាក់ទៀតនោះទេ។ ចំណុចនេះ នៅមានការខ្វែងយោបល់គ្នាច្រើនណាស់៕
4/10/20239 minutes, 34 seconds
Episode Artwork

អ៊ីស្រាអែលកំពុងប្រឈមខ្លាំងនឹង​អស្ថិរភាព អសន្តិសុខ រងការវាយ​ប្រហារពីគ្រប់ទិស ទាំងពីក្រៅទាំងពីក្នុង

អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែល​ការប្រឈមមុខដាក់គ្នាយ៉ាងហិង្សារវាង​អ៊ីស្រាអែល និងប៉ាឡេស្ទីន​ បាន​កើតកំដៅខ្លាំងគួរឲ្យ​បារម្ភបំផុត។ ក្រោយ​ប្រតិបត្តិការបង្ក្រាបដ៏ហិង្សារបស់សមត្ថកិច្ច​អ៊ីស្រាអែល ​នៅក្នុងព្រះវិហារម៉ូស្កេក្រុងហ្សេរុយសាឡឹម ដែលជាទីសក្ការៈកំពូលនៃសាសនាអ៊ីស្លាម អ៊ីស្រាអែល បានរង​នូវ​ការវាយប្រហារភេរវកម្ម​ផ្ទួនៗគ្នា។ បន្ថែមពីនេះ គ្រាប់រ៉ូកែតជាច្រើនគ្រាប់ ត្រូវបាន​បាញ់​ចេញ ពីលីបង់និង​ពី​ស៊ីរី សំដៅមកខាងជើងអ៊ីស្រាអែល។ លោក​នាយក​រដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ បានចេញបញ្ជាឲ្យកងទ័ពអ៊ីស្រាអែល វាយ​ប្រហារឆ្លើយតបវិញ។ ស្ថានការណ៍​ដ៏តានតឹងនេះ កំពុងធ្វើ​ឲ្យមានការព្រួយបារម្ភខ្លាំងណាស់ អំពីស្ថិរភាព និងសន្តិភាព​តំបន់ដើមបូព៌ា ដែល​អ៊ីស្រាអែលក្រោមការដឹកនាំរបស់ក្រុមស្តាំនិយមជ្រុល កាន់តែរឹងរូស និង​កាន់តែសំបូរសត្រូវ​ក្នុងតំបន់​។ ភេរវកម្មនៅក្នុង​ និង​គ្រាបរ៉ូកែត​ពីខាងក្រៅ​ ស្ថានភាពសន្តិសុខអ៊ីស្រាអែល ហាក់​បាន​ធ្លាក់ដុនដាបខ្លាំងណាស់ ដែលប្រភពបញ្ហា វាមិនទៅណាឆ្ងាយ​ ពីជម្លោះជាតិសាសន៍ ទឹកដី និងសាសនា រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីនហ្នឹងទេ។ កាលពីយប់ថ្ងៃសុក្រកន្លងទៅ ការវាយប្រហារភេរវកម្ម​២ បាន​កើតឡើង មួួយនៅ​ក្រុងទែលអាវីវ ជនអារ៉ាប់ម្នាក់ បានបើករថយន្តបំបុកមនុស្ស បង្កឲ្យ​ស្លាប់អ្នកទេសចរណ៍ជនជាតិអ៊ីតាលីម្នាក់ និងរបួសមនុស្ស​៧នាក់ផ្សេងទៀត។ ករណីវាយ​ប្រហារមួយទៀត បង្កឡើងដោយជនប៉ះឡេស្ទីន ដែលបានបាញ់រះលើរថយន្ត នៅតំបន់ស៊ីហ្សកដានី បណ្តាលឲ្យស្លាប់នារីអ៊ីស្រាអែល​២នាក់​បងប្អូន អាយុ ១៧ឆ្នាំ និង​២០ឆ្នាំ។ នៅថ្ងៃសៅរ៍​ជនប៉ាឡេស្ទីនម្នាក់អាយុ២០ឆ្នាំ នៅតំបន់Azzun ខាងជើងស៊ីហ្សកដានី ត្រូវបាន​សមត្ថកិច្ចអ៊ីស្រាអែលបាញ់ស្លាប់។ សមត្ថកិច្ចអ៊ីស្រាអែលអះអាងថា ក្នុងប្រតិបត្តិការ​ចុះការពារសន្តិសុខប្រចាំថ្ងៃរបស់ខ្លួន នៅតំបន់អាណានិគមជ្វីហ្វខាងជើងស៊ីហ្សកដានី ក្រុមយុវជន​ប៉ាឡេស្ទីនហិង្សាបាននាំគ្នាគុបដុំថ្ម និង​គ្រាប់ផ្ទុះជាច្រើនមកលើសមត្ថកិច្ចអ៊ីស្រាអែល ដែលតម្រូវឲ្យ​ខាងគេឆ្លើយបតវិញដើម្បីបំបែកហ្វូង។ នៅភាគខាងជើង​អ៊ីស្រាអែលឯណោះ គ្រាប់រ៉ូកែតប្រមាណ​ជាង​៣០គ្រាប់ត្រូវបានបាញ់ចេញពីលីបង់ សំដៅមកអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍​។ យោងតាមកងទ័ពអ៊ីស្រាអែល គឺ​ក្រុមហាម៉ាប៉ាឡេស្ទីនប្រចាំនៅខាងត្បូងលីបង់ ដែលបានបាញ់គ្រាប់រ៉ូកែតទាំងនេះ។ កងទ័ពអ៊ីស្រាអែលបានឆ្លើយតបទៅវិញ ដោយ​បាន​បាញ់មីស៊ីលកំទេចទីតាំងស្តុកគ្រាប់ និងជំរំលាក់ខ្លួនរបស់​ក្រុមហាម៉ាស។ កងទ័ពអ៊ីស្រាអែលក៏បាន​បើកការវាយប្រហារទៅលើ​ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាដែរ​។​ ហើយនៅយប់ថ្ងៃសៅរ៍ គ្រាប់រ៉ូកែតចំនួនយ៉ាងហោច៣គ្រាប់ ត្រូវបានបាញ់ចេញពីទឹកដីស៊ីរី សំដៅមកខ្ពង់រាបហ្គោឡាន ភាគខាងជើងអ៊ីស្រាអែល។ ប្រព័ន្ធខែលមីស៊ីលអ៊ីស្រាអែល​​បានស្ទាក់កំទេចបាន​គ្រាប់រ៉ូកែតមួយគ្រាប់។ កងទ័ពអ៊ីស្រាអែលក៏បានឆ្លើយតបទៅវិញ នៅវេលាម៉ោង​៥ព្រឹកទាបភ្លឺ ដោយ​បាន​ប្រើយានដ្រូន និងបានបាញ់មីស៊ីល សំដៅទីតាំងមួយចំនួននៅភាគខាងត្បូងស៊ីរី។ ផ្អែកតាមប្រភពពីកងទ័ពស៊ីរី ដែល​បញ្ជាក់​ប្រាប់បណ្តាញព័ត៌មាន Sana គ្រាប់មីស៊ីលរបស់អ៊ីស្រាអែល បានបង្កឲ្យ​មានការខូចខាតសម្ភារៈ មិនមានស្លាប់​មនុស្សទេ ហើយ​ប្រព័ន្ធខែលមីស៊ីលស៊ីរី បានស្ទាក់កំទេចបាន​ច្រើនគ្រាប់។ ចំណែក​កងទ័ពហ្សកដានីវិញ ដែលស្ថិតនៅ​ក្បែរនោះ បានអះអាងថាយប់ថ្ងៃសៅរ៍ មានគ្រាប់មីស៊ីលបាន​ផ្ទុះលើមេឃ ធ្លាក់បំណែកចូលក្នុងទឹកដី​ហ្សកដានី មិនឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែនស៊ីរី។ វិហារឥស្លាម អាល់អាក់សា អំពើហិង្សាផ្ទុះឡើងកាន់តែខ្លាំងនេះ វាគឺជាលទ្ធផលដោយ​ផ្ទាល់តែម្តង នៃ​ប្រតិបត្តិការ​ចូល​បង្ក្រាបយ៉ាងហិង្សា របស់សមត្ថកិច្ចអ៊ីស្រាអែល ដល់ក្នុងព្រះវិហារអាល់អាក់សា ដែលជាវិហារឥស្លាមជាទីសក្ការៈបំផុតរបស់អ្នកកាន់សាសនាឥស្លាម​។ កាលពីថ្ងៃពុធ សមត្ថកិច្ចអ៊ីស្រាអែល បានអះអាងថាខ្លួនបានចូលទៅបំបែក​ក្រុមជ្រុលនិយមហិង្សា ដែល​ប្រមូលកម្លាំងគ្នា ដាក់រនាំងនៅក្នុងវិហារអាល់អាក់សា រារាំងមិនឲ្យជនជាតិជ្វីហ្វចូលទៅ។ អន្តរាគមន៍ចូលបង្ក្រាប បានបង្កឲ្យ​ផ្ទុះអំពើហិង្សា បាញ់ប្លោងគ្រាប់ គុបដុំថ្ម គុប​គ្រាប់បែកផ្សែង បាញ់កាំជ្រួចផ្កាភ្លើង ផ្ទុះឆេះយ៉ាងអាណាធិបតេយ្យបំផុតនៅក្នុងព្រះវិហារជាទីសក្ការៈនេះ។ ដើម្បី​យល់ពីស្ថានការណ៍ហិង្សា​នេះ យើងត្រូវដឹងពីបរិបទដែលពាក់ព័ន្ធនឹង​ព្រះ​វិហារម៉ូស្កេនេះ គួបផ្សំជាមួយ​កាលៈទេសៈពេលវេលាផងដែរ។ ឆ្នាំនេះ ពិធីបុណ្យ​រ៉ាម៉ាដង់ ឬយើងហៅថាបុណ្យបួសឥស្លាម គឺវាចំពេលជាមួយគ្នា និង​បុណ្យ​ប៉េស្សា ដ៏សំខាន់បំផុតមួយនៃប្រជាជនជ្វីហ្វ។ សហគមន៍អ្នកកាន់សាសនាទាំង២នេះ នៅក្រុងហ្សេរុយសាឡឹមសុទ្ធតែរៀបចំពិធីសូត្រធម៌យ៉ាងធំរៀងៗខ្លួន ដែលធ្វើឲ្យវា​បង្កើននូវសន្ទុះកំហឹង ច្រណែនគ្នា ស្អប់គុំគួនគ្នាខ្លាំង ដោយសារតែបញ្ហាសាសនានេះឯង។ ពោលគឺការរួមរស់ជាមួយគ្នា រវាងសាសនាទាំង២នេះ វាហាក់ដូចជាលំបាកលំបិន តឹងតែងខ្លាំងណាស់។ ព្រះវិហារឥស្លាម អាល់អាក់សា នៅក្រុងហ្សេរុយសាឡឹម​ ដែលយើងតែងតែឃើញក្នុងរូបថត មានដំបូលមូល​ពណ៌មាសដ៏ធំស្កឹមស្កៃនេះ ត្រូវបានសាងសង់នៅសតវត្សទី៧។ វិហារនេះ សង់នៅលើទីទួលថ្មភ្នំ ដែលជាអតីត​ទីតាំងប្រាសាទបុរាណ​ជាទីសក្ការៈ ចំណាស់រាប់ពាន់ឆ្នាំមកហើយ របស់សាសនាជ្វីហ្វ។​ ពោលគឺទីកន្លែងនេះ ជាទីសក្ការៈរបស់អ្នកកាន់សាសនាជ្វីហ្វ ជាយូរលង់មកហើយ តាំងតែពីសាសនាអ៊ីស្លាម និងសាសនាគ្រិស្តមិនទាន់​ចាប់កំណើតទៅទៀត។ ក្រោយការកកើតរដ្ឋអ៊ីស្រាអែលឡើងវិញ និងបន្ទាប់​ពីអ៊ីស្រាអែល​បានចូលកាន់កាប់ តំបន់ខាងកើតក្រុងហ្សេរុយសាឡឹមនៅឆ្នាំ​​១៩៦៧ គឺអ៊ីស្រាអែលជាអ្នកគ្រប់គ្រង​ទីក្រុងចាស់ហ្សេរុយសាឡឹម ដែលព្រះវិហារនេះស្ថិតនៅ។ ក៏ប៉ុន្តែ មានកិច្ចព្រមព្រៀងមួយ​ត្រូវបានចុះហត្ថលេខា ដោយព្រះវិហារអាល់អាក់សារ ព្រមទាំង​ទីលាន​ខាងមុខ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់មូលនិធិឥស្លាមមួយ ចាត់ចែងដោយ​ប្រទេសហ្សកដានី។ ពោលគឺជនជាតិជ្វីហ្វមិនអាច​ឡើងទៅខាងលើនោះ ដើម្បីបន់ស្រន់សូត្រធម៌បានទេ គឺមានតែជនប៉ាឡេស្ទីន កាន់សាសនាឥស្លាមប៉ុណ្ណោះដែលអាចឡើងទៅបាន។ តែអ្នកគ្រប់គ្រងច្រកចេញចូលគឺខាងអ៊ីស្រាអែល។ ដូច្នេះបញ្ហាត្រង់នេះគឺវាតានតឹង នឹងរសើបខ្លាំងណាស់ ដែលបង្កឲ្យ​មានការប្រទូស្តរាយគ្នាជារឿយរវាងភាគីទាំង​២។ បើកទីលានមុខព្រះវិហារអាល់អាក់សា ឲ្យគ្រប់គ្នាអាចចូលទៅសូត្រធម៌? ជនជាតិជ្​វីហ្វកាន់តែច្រើនឡើងៗ ដែលបានទាមទារឡើងទៅខាងលើទីលាន​ខាងមុខព្រះវិហារអាល់អាក់សា ដើម្បីបួងសួងសូត្រធម៌ ក្នុងអំឡុងពេលបុណ្យធំៗដូចពេលនេះ​។ ត្រង់ចំណុចនេះ យើងសង្កេតឃើញអំពីគោលជំហរ មិនច្បាស់ប្រាកដរបស់​រដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្ន ដឹកនាំដោយ​លោកណេតាន់យ៉ាហ៊ូ ជាមួយនឹងសមាជិកមកពីបក្ស​ស្តាំនិយមជ្រុុលជ្វីហ្វ ដែលស្អប់ប៉ាឡេស្ទីនខ្លាំងបំផុត។ លោក​ណេតាន់យ៉ាហ៊ូ និងជាពិសេសគឺលោក Itamar Ben Gvir រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអ៊ីស្រាអែល បានប្រកាសក្តែងៗ មុនពេលដែលមាន​រឿងចលាចលនេះ ថាចង់បើកទីលានខាងមុខព្រះវិហារម៉ូស្កេនេះ ឲ្យ​គ្រប់គ្នាបានចូល មិនថាកាន់សាសនាអ្វីនោះទេ។ ក៏ប៉ុន្តែសម្រាប់ប្រជាជនប៉ាឡេស្ទីន អ្នកកាន់សាសនាឥស្លាម គឺគេ​យល់ថានេះ គឺជាចេតនាទុច្ចរិតរបស់រដ្ឋាភិបាល​លោកណេតាន់យ៉ាងហ៊ូ​ ដែលចង់ឈានទៅគ្រប់គ្រងបន្តិចម្តងៗ នៅលើ​ទីសក្ការៈនេះ​ ហើយយូរៗទៅ អ្នកកាន់សាសនាឥស្លាមនឹងមិនអាចឡើងទៅលើនោះបានទៀតទេ។ ក្រុមជនប៉ាឡេស្ទីនបានស្រែកតវ៉ា ក៏បានកើតជា​ការប្រទូស្តរាយគ្នា ឈានទៅដល់​ការចុះទៅបង្ក្រាបយ៉ាងហិង្សា របស់សមត្ថកិច្ចអ៊ីស្រាអែល ដល់ក្នុងវិហារនេះ។ ក្រុមហាម៉ាកើនឥទ្ធិពល យើងសង្កេតឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ អំពើហិង្សាការប្រមុខដាក់គ្នាកាន់តែខ្លាំងកក្រើក ហើយគឺក្រុមហាម៉ាស ដែលជាអ្នកបានចំណេញឥទ្ធិពល។ នៅក្នុងក្រសែភ្នែក ក៏ដូចជាទឹកចិត្តដ៏ពុះកញ្ជ្រោលរបស់យុវជនប៉ាឡេស្ទីន គឺមានតែក្រុុម​ចលនាហាម៉ាប៉ាឡេស្ទីននេះហើយ ដែលជាអ្នកការពារ​ផលប្រយោជន៍​ប៉ាឡេស្ទីន ក៏ដូចជាទីសក្ការៈបូជានៃសាសនាអ៊ីស្លាម​ស៊ូនីត។ យ៉ាងណាមិញ ឲ្យតែមានរឿងប្រទូស្តរាយ រាល់លើក ពាក់ព័ន្ធនឹងព្រះវិហារអាល់អាក់សា គឺក្រុមហាម៉ា ចេញមុខប្រកាសសងសឹកអ៊ីស្រាអែលជានិច្ច ដោយ​ការបាញ់​ប្លោងគ្រាប់ពី​តំបន់ហ្កាហ្សា។ តែអ្វីដែលជាកាត់សំគាល់បន្ថែមទៀតនាពេលនេះ គឺកម្លាំងរបស់ក្រុមហាម៉ាស ហាក់កាន់តែរីកធំ លើសពីតំបន់ហ្កាហ្សា ព្រោះថាលើកនេះ មានគ្រាប់រ៉ូកែតបាញ់ចេញពីភាគខាងត្បូងលីបង់ និងចេញពីស៊ីរី។ យោងតាមការវិភាគ ក្រុមហាម៉ាស ហាក់បានការសហការកាន់តែខ្លាំង ពីក្រុមហេបូឡាលីបង់ ដែលធម្មតាគឺជាអ្នកចាត់ចែងសកម្មភាពប្រដាប់អាវុធនិងវាយប្រហារនៅលីបង់។ មិនត្រឹមតែប៉ុណ្ណោះ ក្រុម​កម្លាំងប្រដាប់អាវុធស៊ីរីកូនចៅអ៊ីរ៉ង់ ក៏ហាក់ដូចជាបានចូលរួមដែរ។ ជាច្រើនឆ្នាំមកហើយ ដែលក្រុម​ប្រដាប់អាវុធឥស្លាមគាំទ្រប៉ាឡេស្ទីនទាំងនេះ នាំគ្នាអំពាវនាវ ឲ្យ​មានការរួមកម្លាំងគ្នា ពោលគឺ ហាម៉ាស បូកជាមួយ​ហេបូឡា និងបូកជាមួយអ៊ីរ៉ង់ ដើម្បីរួមគ្នាវាយសង្គ្រប់លើអ៊ីស្រាអែល​។ ឥឡូវរូបរាងនៃការសាមគ្គីរវាងសត្រូវទាំងអស់របស់អ៊ីស្រាអែលនេះ​ មានទម្រង់កាន់តែច្បាស់ហើយ។ ជាងនេះទៀត ខណៈពេលនេះ ផ្ទៃក្នុងអ៊ីស្រាអែល មានការរំជើបរំជួល ចុះខ្សោយ​​ខ្លាំង ដោយសារ​តែ​​ប្រជាជនអ៊ីស្រាអែល ធ្វើបាតុកម្មយ៉ាងខ្លាំងក្លាបំផុត ប្រឆាំងនឹងចរន្តគំនិតដឹកនាំបែបស្តាំនិយមជ្រុល និងកាន់តែផ្តាច់ការរបស់លោកណេតាន់យ៉ាហ៊ូ ដែលសហការជាមួយពួកជ្វីហ្វជ្រុលនិយម។ យើងឃើញថាអំពើហិង្សាទាំងអស់នេះ វាមិនអាចចង់ងាយ​ៗទេ​! អ្នករងគ្រោះគ្មាននរណាក្រៅពីជនស៊ីវីលស្លូតត្រង់នោះទេ។ គិតពីដើមឆ្នាំនេះមក អំពើហិង្សារវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន បានផ្តាច់ជីវិតជនប៉ាឡេស្ទីន ចំនួន​៩២នាក់ និងជនស៊ីវីល​អ៊ីស្រាអែល ១៨នាក់​ រួមទាំង​អ្នកទេសចរអ៊ុយក្រែន១នាក់ និង​អ៊ីតាលីម្នាក់ផង។​ ជារួមយើងសង្កេតឃើញថា តំបន់ដើមបូព៌ា កំពុងស្ថិតលើរងើកភ្លើងដែលអាចឆាបឆេះបានគ្រប់ពេលវេលា។ កាតាដែលជាអ្នកសម្របសម្រួល បានត្រឹមតែអំពាវនាវឲ្យ​កាត់បន្ថយភាពតានតឹង ទប់កំហឹងរៀងខ្លួន តែហាក់ដូចជាគ្មាននរណាស្តាប់នោះទេ !
4/9/202311 minutes, 34 seconds
Episode Artwork

អ៊ីស្រាលអែល​បើកការវាយប្រហារ​ផ្លូវអាកាស​ទៅលើ​ទឹកដី​ភាគខាងត្បូងលីបង់

នៅព្រឹកព្រលឹម​ថ្ងៃសុក្រទី​៧មេសា កងទ័ព​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​ផ្លូវអាកាស​ទៅលើ​គោលដៅ​ពីរ ក្នុង​ពេល​តែមួយ នោះគឺ​ទឹកដីភាគខាងត្បូង​លីបង់ និង​តំបន់ហ្កាហ្សា ដើម្បីសងសឹក​ទៅនឹង​ការបាញ់​គ្រាប់រ៉ុកក្កែត ចូលទៅក្នុង​ទឹកដី​អ៊ីស្រាអែល កាលពីថ្ងៃ​ព្រហស្បតិ៍។ សម្រាប់​កងទ័ពអ៊ីស្រាអែល យន្តហោះចម្បាំងអ៊ីស្រាអែល នៅព្រឹកថ្ងៃ​សុក្រនេះ បើកការវាយប្រហារ​ទៅលើ​តំបន់​ចំនួន ៣ ក្នុងទឹកដីលីបង់ ដែល​អ៊ីស្រាអែល ជឿថា ជាកន្លែង​ដែល​ជនប៉ាឡេស្ទីនបាញ់​គ្រាប់រ៉ុកក្កែត គំរាមកំហែង​សន្តិសុខ​អ៊ីស្រាអែល។ មិនទាន់​ចុះកិច្ចព្រមព្រៀង​សន្តិភាពនឹងគ្នា អ៊ីស្រាអែល និង​លីបង់​ស្ថិតនៅក្នុង​ស្ថានភាពសង្រ្គាមជាប់ជានិច្ច។ តើ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ចូលក្នុងទឹកដី​លីបង់ នឹង​អាច​រាលដាល ផ្ទុះឆេះ​ក្លាយ​ទៅជា​ភ្លើងសង្រ្គាម នៅ​តំបន់ដើមបូព៌ា​ដែរឬទេ? កងទ័ពអ៊ីស្រាអែល​អះអាងថា តាំងពី​ព្រឹកព្រលឹម​ថ្ងៃ​សុក្រនេះ អ៊ីស្រាអែល​បាន​បើកការវាយប្រហារ​ទាំង​ទៅ​លើ​ទឹកដី​ភាគខាងត្បូង​លីបង់ និង​តំបន់​ហ្កាហ្សា​របស់​ក្រុមហាម៉ាសប៉ាឡេស្ទីន។ បើតាម​កងទ័ព​អ៊ីស្រាអែល ការវាយប្រហារ​ពីភាគីអ៊ីស្រាអែល គឺ​ដើម្បីសងសឹក​នឹង​ការបាញ់ស្រោច​គ្រាប់​រ៉ុកក្កែត សំដៅ​ទឹកដី​អ៊ីស្រាអែល កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៦​មេសា។ អ៊ីស្រាអែល​បើក​សមរភូមិប្រយុទ្ធ ចំនួនពីរ ក្នុងពេលតែមួយ។ នៅ​ភាគខាងត្បូង អ៊ីស្រាអែល​វាយប្រហារ​ផ្លូវអាកាស​ទៅលើតំបន់​ហ្កាហ្សា​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ចំណែកនៅខាងជើង កងទ័ព​អ៊ីស្រាអែល​វាយប្រហារ​ចូល​ទឹកដី​ភាគខាងត្បូង​របស់​លីបង់។ ការវាប្រហារផ្លូវអាកាស​របស់អ៊ីស្រាអែល ទៅលើ​តំបន់​ហ្កាហ្សា និង​ទឹកដីលីបង់ ធ្វើឡើង នៅមួយថ្ងៃក្រោយ គ្រាប់រ៉ុកក្កែត ចំនួន​៣៤គ្រាប់ ត្រូវ​គេ​បាញ់ចេញ ពី​ភាគខាងត្បូង លីបង់ ដើម្បីវាយប្រហារ​អ៊ីស្រាអែល។ តាម​អ៊ីស្រាអែល គ្រាប់រ៉ុកក្កែត ចំនួន ២៤ ត្រូវ​អ៊ីស្រាអែល​បាញ់ស្ទាក់ និង​មានតែ ៥គ្រាប់​ប៉ុណ្ណោះ ដែល​ធ្លាក់ចូលក្នុងទឹកដីអ៊ីស្រាអែល ដោយ​បាន​បំផ្លាញ​រថយន្ត​មួយ​គ្រឿង ធនាគារមួយកន្លែង និង​មានអ្នករបួសអ៊ីស្រាអែលម្នាក់។ នៅក្នុងការវាយប្រហារ​សងសឹក​របស់​អ៊ីស្រាអែល តាំងពីយប់ម្សិលមិញ នៅ​តំបន់​ហ្កាហ្សា កងទ័ពអ៊ីស្រាអែល អះអាងថា គេ​បាន​សំដៅ​ទីតាំង​ចំនួន​១០ ដែលនៅក្នុងនោះ គ្រាប់មីស៊ីលអ៊ីស្រាអែល​បាន​បាញ់បំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​ក្រុមហាម៉ាស ប៉ាឡេស្ទីន ដូចជា​ផ្លូវរោងក្រោមដី និង​ទីតាំង​លួចលាក់​ផលិត​អាវុធ គ្រាប់រ៉ុក្កែត​របស់ក្រុមហាម៉ាស។ ភាគី​ប៉ាឡេស្ទីន​វិញ អះអាងថា ការវាយប្រហារ​របស់​អ៊ីស្រាអែលកាលពីថ្ងៃ​ម្សិលមិញ​បាន​បំផ្លាញ​មន្ទីរពេទ្យ​កុមារ​មួយកន្លែង។ តាម​កងទ័ពអ៊ីស្រាអែល​ដដែល នៅក្នុងពេលវាយប្រហារ​របស់​អ៊ីស្រាអែល ពួកហាម៉ាស​ប៉ាឡេស្ទីន​បាន​បាញ់តបវិញ នូវគ្រាប់រ៉ុកក្កែត ជាង​៤០គ្រាប់សំដៅ​អ៊ីស្រាអែល ប៉ុន្តែ​គ្រាប់រ៉ុកក្កែត​ភាគច្រើន​របស់​ពួកហាម៉ាស ត្រូវ​ប្រព័ន្ធខែលមីស៊ីល​អ៊ីស្រាអែល​បាញ់ស្ទាក់ ជាមុន ចំណែកគ្រាប់ដែលនៅសល់ ដែល​ធ្លាក់ចូល​ទឹកដី​អ៊ីស្រាអែល​មិនបាន​បង្ក​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​រងរបួស។ និយាយពី​តំបន់ភាគខាងត្បូង​លីបង់វិញ អ៊ីស្រាអែល បាន​បញ្ជូន​ទាំងយន្តហោះចម្បាំង និង​បាញ់គ្រាប់មីស៊ីល​ចេញពីភាគខាងជើង​របស់ខ្លួន ដើម្បី​សំដៅ​ទីតាំង​ដែល​កងទ័ពអ៊ីស្រាអែល ជឿថា ជាកន្លែង​បាញ់ចេញ​គ្រាប់រ៉ុកក្កែត វាយប្រហារ​អ៊ីស្រាអែល កាលពីថ្ងៃ ព្រហស្បតិ៍។ តាមកាសែត​ក្នុងស្រុក​លីបង់ ទីតាំង​ដែល​រងគ្រាប់មីស៊ីល​របស់​អ៊ីស្រាអែល ស្ថិតនៅក្នុង​តំបន់​កសិកម្ម និងនៅក្បែរ​ជំរំប្រជាជនភៀសខ្លួន​ប៉ាឡេស្ទីន នៅក្នុងទឹកដីលីបង់។ តើអ្នកណាជាអ្នកបាញ់គ្រាប់រ៉ុកក្កែត​ចេញពីទឹកដីលីបង់ សំដៅវាយប្រហារ​អ៊ីស្រាអែល? នៅមិនទាន់មាន​ក្រុមណា​ចេញមុខទទួលខុសត្រូវ​លើ​ការបាញ់​គ្រាប់រ៉ុកក្កែត ចេញ​ពី​ទឹកដីលីបង់ សំដៅ​វាយប្រហារអ៊ីស្រាអែល ប៉ុន្តែ កងទ័ពអ៊ីស្រាអែល បានចោទប្រកាន់​ហើយថា វា​ជាស្នាដៃ​របស់​ក្រុមហាម៉ាស ប៉ាឡេស្ទីន ឬ​ក្រុមជីហាតអ៊ីស្លាម ដែលសកម្ម​ក្នុងតំបន់ប៉ាឡេស្ទីន។ តាម​កងទ័ពអ៊ីស្រាអែល ក្រុមហេស្បូឡា លីបង់​ដែល​មាន​ឥទ្ធិពលខ្លាំង នៅតំបន់ខាងត្បូង​លីបង់ និងដែលធ្លាប់​ជាប់ដៃ​ធ្វើសង្រ្គាម​ជាមួយ​អ៊ីស្រាអែល កន្លងមក បាន​ដឹង​ពី​ផែនការ​បាញ់គ្រាប់រ៉ុកក្កែត សំដៅ​អ៊ីស្រាអែល ប៉ុន្តែ អ៊ីស្រាអែល​មិន​ចោទ​ក្រុមហេស្បូឡា​លីបង់ ថា ជាអ្នកចូលរួម ប្រព្រឹត្តផ្ទាល់​នោះទេ។ ផ្ទុយទៅវិញ អ៊ីស្រាអែលកំពុង​ស៊ើបអង្កេត ថាតើ អ៊ីរ៉ង់ដែលជា​អ្នកគាំទ្រ​ក្រុមហេស្បូឡា លីបង់ អាច​ជាប់ពាក់ព័ន្ធ​នឹងការប្រើប្រាស់​ទឹកដីលីបង់ ដើម្បី​បាញ់​រ៉ុកក្កែតវាយប្រហារ​អ៊ីស្រាអែល​ដែរឬទេ។ មួយវិញទៀត សម្រាប់អ៊ីស្រាអែល ដោយសារ​គ្រាប់រ៉ុកក្កែត បាញ់ចេញពី​ទឹកដី លីបង់ ដូច្នេះ រដ្ឋាភិបាល​លីបង់​ជា​អ្នកទទួលខុសត្រូវ។ ដើមចម​នៃការវាយប្រហារបាញ់គ្រាប់មីស៊ីល គ្រាប់​រ៉ុកក្កែតចេញពីទឹកដីលីបង់ ការប៉ះទង្គិចនៅ​ក្នុង​វិហារអ៊ីស្លាម កើតឡើង​មកពី អ៊ីស្រាអែល មិនចង់ឲ្យ​អ្នកកាន់​សាសនា​អ៊ីស្លាម មកសូត្រធម៌ និង​ស្នាក់នៅ ក្នុង​វិហារ​ al-Aqsa ជាប់​រហូត​ទាំង​ថ្ងៃទាំង​យប់ ក្នុង​អំឡុង​ពេល​បុណ្យ​តប​អាហារមួយ​ខែ ព្រោះវា​ត្រូវ​ចំជួប​ពេលដែល ​ជនជាតិ​ជ្វីហ្វ​អ៊ីស្រាអែល ត្រូវ​ប្រារព្វ​ពិធី​បុណ្យ​សាសនា ដែរ​ នៅ​ថ្ងៃ​អាទិត្យ​ចុងសប្តាហ៍នេះ។ ប៉ុន្តែ ការបង្រ្កាប​ដ៏​ហិង្សា របស់ប៉ូលិស​អ៊ីស្រាអែល កាលពីថ្ងៃពុធ ដើម្បី បណ្តេញ​អ្នកកាន់សាសនា​អ៊ីស្លាមភាគច្រើនជា​ប្រជាជនប៉ាឡេស្ទីន ចេញពី​វិហារAl-Aqsa  នៅទីលាន​គោរពសក្ការៈ​នៅ​ជេរូសាឡឹម យ៉ាងដូច្នេះ គឺ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ថ្កោលទោស​ពី​បណ្តាប្រទេស​កាន់សាសនា​អ៊ីស្លាម អេហ្ស៊ីប និង​ក្រុមហាម៉ាស ប៉ាឡេស្ទីន។ នៅក្នុងទស្សនកិច្ច​ទៅ​ប្រទេស​លីបង់ កាល​ពី​ថ្ងៃ​ម្សិលមិញ ប្រធាន​ក្រុមហាម៉ាស ប៉ាឡេស្ទីន លោកIsmaïl Haniyeh បញ្ជាក់ហើយថា ប្រជាជន​ប៉ាឡេស្ទីន នឹង​មិននៅឈរឱបដៃ​មើលការប្រព្រឹត្ត​អំពើហិង្សា​របស់​អាជ្ញាធរ​អ៊ីស្រាអែល នៅ​វិហារអ៊ីស្លាម Al-Aqsa។ ចំណែកចលនាហេស្បូឡា លីបង់ ដែលជាអ្នកមានឥទ្ធិពល​នៅ​តំបន់ភាគខាងត្បូងលីបង់ បាន​ចេញមុខ​ប្រកាស​ការគាំទ្រ​របស់ខ្លួន​ចំពោះគ្រប់សកម្មភាព វិធានការ​របស់​ក្រុមប្រដាប់អាវុធ​ប៉ាឡេស្ទីន ដើម្បី​ប្រឆាំង​អ៊ីស្រាអែល។ កងទ័ពលីបង់​អះអាងថា បាន​ចុះបង្រ្កាប​កន្លែងបាញ់រ៉ុកក្កែត​នៅភាគខាងត្បូងលីបង់ ចាប់តាំងពីសង្រ្គាម​ឆ្នាំ ២០០៦ ដែល​បាន​សម្លាប់​ប្រជាជន​លីបង់ ជាង ១២០០នាក់ និង​ប្រជាជន​អ៊ីស្រាអែល ជាង ១៦៥នាក់ អ៊ីស្រាអែលនិង លីបង់ នៅមិនទាន់​បាន​ចុះកិច្ចព្រមព្រៀង​សន្តិភាពនឹងគ្នា និង​ស្ថិតក្នុង​ស្ថានភាព​សង្រ្គាមនឹងគ្នា​ជានិច្ច។ អ៊ីស្រាអែលលើកនេះ​បាន​វាយប្រហារ​សងសឹកខ្លាំង ដោយសារ​នេះជា​លើកទី១ ដែល​មានការបាញ់គ្រាប់រ៉ុកក្កែត ដ៏ច្រើនមិនធ្លាប់មាន ដល់ទៅ ជាង ៣០គ្រាប់ចេញពី​ទឹកដី​លីបង់ សំដៅ​អ៊ីស្រាអែល។ ប៉ុន្តែ យ៉ាងណាក៏ដោយ ភាគីទាំងពីរ​គ្មានចិត្ត​ចង់ធ្វើ​សង្រ្គាមនឹងគ្នា​សាជាថ្មីនោះទេ។ នេះបើតាម​ការអះអាង​របស់​ក្រុមមួកខៀវ​របស់​អង្គការ​សហប្រជាជាតិ ដែល​កំពុង​ប្រចាំការជាប់ជានិច្ច តាមដាន​បទឈប់បាញ់ នៅព្រំដែន​ជម្លោះ អ៊ីស្រាអែល លីបង់។ ភាគីអ៊ីស្រាអែល និងលីបង់ ហាក់​មិន​ចង់​ឲ្យ​រឿង​កាន់តែ​វែងឆ្ងាយ និង​ធ្លាក់ដុនដាប​ខ្លាំងជាងនេះ។ ទោះ​ទម្លាក់ការទទួលខុសត្រូវ​មួយផ្នែក​ទៅលើ​រដ្ឋាភិបាល​លីបង់ ព្រោះថា គ្រាប់រ៉ុកក្កែត ត្រូវគេបាញ់ចេញពីទឹកដីលីបង់ ប៉ុន្តែ អ៊ីស្រាអែល​មិន​បាន​ចង្អុរ ចោទប្រកាន់​ក្រុមប្រដាប់អាវុធ ហេស្បូឡា​លីបង់ថា ជាអ្នកនៅពីក្រោយ​ផែនការវាយប្រហារ​រ៉ុកក្កែត​ប្រឆាំង​អ៊ីស្រាអែល។ នៅខាងភាគី​លីបង់ រដ្ឋាភិបាល​ព្យាយាម​កាត់បន្ថយភាពតានតឹង ដោយ​បាន​ចេញមុខ​ថ្កោលទោស សកម្មភាព​បាញ់​គ្រាប់រ៉ុកក្កែត ចេញពីទឹកដី​លីបង់។ លើសពីនោះទៀត រដ្ឋាភិបាល​លីបង់ មាន​ចេតនា​ចង់កាត់បន្ថយ​កំហឹង​របស់​អ៊ីស្រាអែល តាមរយៈ ការចុះបង្រ្កាប​ទីតាំង​ដែល​មាន​ការបាញ់គ្រាប់រ៉ុកក្កែត នៅក្នុងទឹកដីលីបង់។ តាម​កងទ័ពលីបង់ នៅថ្ងៃសុក្រទី៧ មេសា កងទ័ព​បាន​ចុះបង្ក្រាប​កន្លែង​បាញ់គ្រាប់រ៉ុកក្កែត មួយកន្លែងទៀត នៅភាគខាងត្បូង​ប្រទេស។ កងទ័ពលីបង់​មិនបាន​បញ្ជាក់ថា តើ​គ្រាប់រ៉ុកក្កែត និងជើងទ្រដែលគេ​រឹបអូស យកបាន ជាកម្មសិទ្ធិ​របស់​ជនណាទេ ប៉ុន្តែ គ្រាន់តែថា នៅ​ក្នុង​ចំណោម​ជើងទ្រ​ចំនួន​១២ មាន​៦ ដែលមានបំពាក់ក្បាលគ្រាប់រ៉ុកក្កែតរួចហើយ សម្រាប់​បាញ់សំដៅ​ទឹកដីអ៊ីស្រាអែល។ រដ្ឋមន្រ្តីការបរទេស​លីបង់​បាន​បញ្ជាក់ថា លីបង់​ចង់​រក្សា​ភាពស្ងប់សុខ​នៅភាគខាងត្បូង​ប្រទេស ហើយ​លីបង់​អំពាវនាវ​សុំ​ឲ្យសហគមន៍អន្តរជាតិ​ដាក់សម្ពាធ​ឲ្យអ៊ីស្រាអែល​ឈប់​បង្ករឿង ធ្វើឲ្យផ្ទុះអំពើហិង្សា​តទៅទៀត៕
4/7/20237 minutes, 55 seconds
Episode Artwork

ចិនកំពុង​ក្លាយ​ជា​តួអង្គនយោបាយគន្លឹះ​នៅដើម​បូព៌ា ?

នៅថ្ងៃ​នេះ មាន​ជំនួបជាន់​ខ្ពស់​​​ដ៏​កម្រ​មួយ​រវាង​រដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ង់ និង​ រដ្ឋមន្ត្រីការបរទេស​​អារ៉ាប៊ីសាអូឌីត នៅទីក្រុង​ប៉េកាំង។ ក្រោមម្លប់​ចិន មហាអំណាច​ប្រចាំ​តំបន់​ដែល​ធ្លាប់​តែ​ប្រជែងឥទ្ធិពល​គ្នា អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត បាន​ចាប់​ផ្តើម​​ពិភាក្សានិង​ផ្តោះប្តូរ​យោបល់​គ្នា អំពី​​របៀបវារៈ​នៃ​​ដំណើរការត​ភ្ជាប់​ទំនាក់ទំនង​ជា​ធម្មតា​នឹង​គ្នា​ឡើង​វិញ។  នេះ​គឺ​ជា​ជំនួប​ផ្លូវការ​លើក​ទីមួយ​ហើយ​ សម្រាប់​មហាអំណាច​ប្រចាំ​តំបន់ទាំងពីរ​ គិត​ចាប់ពី​ថ្ងៃ ចុះកិច្ចព្រមព្រៀង​ផ្សះផ្សា​គ្នា​មក។ ក្រោមការ​ផ្តួចផ្តើម​របស់​ចិន នៅថ្ងៃ​នេះរដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក ហូសាន់ អាមៀរ អាប់ដូឡាយ៉ាន និង​សមភាគី​អារ៉ាប៊ីសាអូឌីត ហ្វៃសាល់ បេន ហ្វាហាន បាន​ជជែក​ផ្តោះប្តូរ​យោបល់​​ ជា​សំខាន់​ទៅ​លើ​​​របៀបវារៈ​នៃ​ការត​ភ្ជាប់​ទំនាក់ទំនង​​​​ជា​ធម្មតា​នឹង​ឡើង​វិញ​ និង​អំពី​វិធានការ​ដែល​ត្រូវប្រកាន់​យក​ដើម្បី​បើក​ស្ថានទូត និង​ស្ថានកុងស៊ុល​នៅក្នុង​ប្រទេស​ទាំងពីរ។ ប្រមុខ​ការទូត​​ទាំងពីរ បាន​​សេចក្តី​ថ្លែងការណ៍​រួម​ ​ប្តេជ្ញា​បន្តការ​ងារ​ផ្សះផ្សា​ប្រទេស​ទាំងពីរ​ឱ្យ​ខិត​ចូល​ជិត​គ្នា ប្រកប​ដោយ​​​ទំនុក​ចិត្ត​លើ​គ្នា និង​​មាន​កិច្ចសហប្រតិបត្តិការ​ទ្វេ ​ដើម្បី​ សន្តិសុខ​ ស្ថិរភាព​ និ​ងភាពរុងរឿង តំបន់។ ស្តារ​ទំនាក់ទំនង​ជា​ធម្មតា​នឹង​គ្នា​ឡើង​វិញ បាន​សម្រេច​នាំ​ឱ្យអ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត​អាច​​បើក​ស្ថានទូត​ឡើង​វិញ​ពាក់​កណ្តាល​ខែ​ឧសភា និងដាក់​ឱ្យ​ដំណើរការ​​ឡើង​វិញ​នូវ​កិច្ចសហប្រតិបត្តិការ ​សេដ្ឋកិច្ច​និង​សន្តិសុខ ដែល​ប្រទេស​ទាំងពីរ​ធ្លាប់​បាន​ចុះ​ហត្ថលេខា​កាលពីជាង​ ២០​ឆ្នាំ​មុន​។ ដំណឹង​នេះ​នឹង​ត្រូវ​ប្រកាសជា​ផ្លូវការ​​ នៅ​ចុង​ខែ​មេសា ក្នុង​ពេល​ដែល​ប្រធានាធិបតី​អ៊ីរ៉ង់​អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​រីយ៉ាដ ស្រប​តាមការ​អញ្ជើញ​របស់​ស្តេច​អារ៉ាប៊ីសាអូឌីត។ ជំនួប​ថ្ងៃ​នេះ​ភស្តុតាង ថា​ ​អ្វី​ៗ​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​កាលពី​ដើមខែ​មីនា។ ​ជា​គូប្រជែង​ឥទ្ធិពល​ក្នុង​តំបន់ និងមើល​មុខ​គ្នា​មិន​ចំ​ ​តាំងពី​ឆ្នាំ ២០១៦​មក អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត​បាន​ប្រកាសដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយនៅ​ថ្ងៃទី ១០​មីនា​២០២៣ អំពី​​ឆន្ទៈ​ភ្ជាប់ទូត​នឹង​គ្នា​ឡើង​វិញ​ ក្រោយ​ពី​បាន​ជួប​ចរចា​គ្នា​ស្ងាត់ៗ អស់​រយៈ​ពេល​២ឆ្នាំ ដោយ​មាន​ចិន​ជា​អន្តរការី។ ហេតុអ្វី​ចិន​​ចង់​បាន​ការ​ផ្សះផ្សារវាង​អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត ? តាំងពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ ដោយ​តាំង​ខ្លួន​ជា​មហាអំណាច​ពិភពលោក​មួយ​ដែរនោះ ចិនបានចេញ​​មុខ​ចូល​​សម្រប​សម្រួល​ជម្លោះ​ច្រើន​ណាស់ សរុប​ប្រមាណ​១៥ជម្លោះ មាន​ជាអាទិ៍​សំណុំ​រឿង​អ៊ុយក្រែន ជម្លោះ​អ៊ីស្រាអែល​ប៉ាឡេស្ទីន ... និង​សំណុំ​រឿង​អ៊ីរ៉ង់​-អារ៉ាប៊ីសាអូឌីត​នេះ​ឯង។ ចិនត្រូវ​តែ​សម្របសម្រួល​ប្រទេស​ទាំងពីរ​នេះ មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ឡើង​វិញ។ ចិន​ពិត​ជា​មិន​អាច​​នៅសុខ​ស្រួល​ក្នុង​អារម្មណ៍​ទេ បើ​​អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត​នៅឈ្លោះ ប្រជែង​ឥទ្ធិពល​គ្នា​នោះ ព្រោះ​អ៊ីរ៉ង់ គឺ​សម្ព័ន្ធមិត្ត​ដ៏​យូរលង់របស់​ចិន​ ឯ​អារ៉ាប៊ីសាអូឌីតជា​អ្នក​ផ្គត់ផ្គង់​ប្រេងកាត​ដ៏​សំខាន់ឱ្យ​ប៉េកាំង។ ម្យ៉ាង​ទៀត ​ចិន​ត្រូវ​ការ​មាន​ដៃគូ​ចម្រុះ ​មាន​ទម្ងន់​នយោបាយ​នៅ​តំបន់​ដើមបូព៌ា នៅ​តំបន់​ឈូង​សមុទ្ទពែក្ស ព្រោះប៉េកាំង​ត្រូវ​ការ​បង្ហាញ​ក្រុមបស្ចិមលោក ដែល​រិះគន់​ចិន​ឥតឈប់ ជាពិសេស​​រឿង​សង្គ្រាម​នៅអ៊ុយក្រែន ថា​ចិន​មាន​ជម្រើស​​ផ្សេង​ មាន​មិត្ត​ថ្មី​ ហើយ​អាច​រួម​រស់​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​ នៅ​អាស៊ី នៅ​ដើម​បូព៌ា។ ​ចិន​យល់​ច្បាស់​ណាស់​ថា មហិច្ឆតា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ជុំ​វិញ​គម្រោង​ផ្លូវសូត្រ​ថ្មី​ដ៏មហិមា ត្រូវ​អម​ដោយ​មហិច្ឆតាសន្តិសុខ និង​ត្រូវមាន​ប្រទេស​ជិត​ខាង​ដែល​មិន​ប្រឆាំង​នឹង​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ខ្លួន។ បន្ទាប់​ពី​បាន​ចូល​ទៅ អាហ្វ្រិក​ និង​អាស៊ី អារ៉ាប៊ីសាអូឌីត ជា​រាជាណាចក្រ​ដ៏​សំខាន់ និង​ជា​កូន​សោ​ ​បើកទ្វារ​នាំ​ចិន​​ទៅ​កាន់​រាជាណាចក្រ​ប្រេងកាត​ផ្សេង​ទៀត​នៅ​​តំបន់​ឈូង​សមុទ្ទពែក្ស។ តាំង​ពី​ឆ្នាំ​២០១៦មកចិន​បាន​ចាប់​ផ្តើម​ធ្វើការ​វិនិយោគ​ច្រើន​នៅ​តំបន់ដើម​បូព៌ា​នេះ​ និង​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​​ ជាតួអង្គ​នយោបាយ​ដ៏​សំខាន់​របស់​តំបន់ មិន​មែន​មាន​នាម​ត្រឹម​ជា​អ្នក​​ទិញ​ប្រេង​ធម្មតាទេ។ ​​​អាមេរិកដក​ដៃ​ ចិនកាន់​តែ​បាន​ឱកាស ហើយ​ប៉េកាំង​ខុស​ពី​អាមេរិក ! ចិន​អាច​រក្សា​ទំនាក់ទំនង​ល្អ ទាំង​ជាមួយ​អារ៉ាប៊ីសាអូឌីតផង​ជាមួយអ៊ីរ៉ង់ផង និង​ជាមួយអ៊ីស្រាអែល​ទៀត។ ជាមួយ​អ៊ីរ៉ង់​ ចិន​មាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រយៈ​ពេល​២៥​ឆ្នាំ​ចុះ​ហត្ថលេខា​​កាលពី​ឆ្នាំ​២០២១។ ជាមួយ​អារ៉ាប៊ីសាអូឌីត ចិន​មានកិច្ចសហប្រតិបត្តិការ​ផ្លូវសូត្រ​ថ្មី​និង​គម្រោង​​ទំនើបកម្ម​រាជាណាចក្រ“ទស្សនវិស័យ​២០៣០”​ ស្នើ​ឡើង​រាជបុត្រ​ស្នង​រាជ​មូហាមេដ បេន សាល់ម៉ាន។ អារ៉ាប៊ីសាអូឌីត ក៏ដូច​ជា​អ៊ីរ៉ង់ សុទ្ធ​តែ​ចង់​ចូល​ជា​សមាជិកBric (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិក​ខាង​ត្បូង) និង​អង្គការ​សហប្រតិបត្តិការសៀងហៃ ដែល​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​ចិន​និង​រុស្ស៊ី​សម្រាប់​សម្របសម្រួល​សកម្មភាព​នៅអាស៊ីកណ្តាល ប៉ុន្តែក៏​អាច​ពង្រីក​ដល់​ដើមបូព៌ា​បាន​ដែរទេតើ ! ចំណែក​ឥទ្ធិពល​អាមេរិក​ក្នុងតំបន់​កំពុង​​ចុះ​ថយដោយ​ឯងៗ​ សម្រាប់​ពេល​នេះ ដោយ​អាមេរិករវល់​នៅ​​អឺរ៉ុប​ ដើម្បី​ប្រឈម​នឹង​សង្គ្រាម​របស់​លោក​ពូទីន​នៅអ៊ុយក្រែន។ ហើយប្រទេសខ្លាំងៗ​​ក្នុង​តំបន់​ ដូច​យ៉ាង​ ​អារ៉ាប៊ីសាអូឌីត ​តួកគី​ កំពុង​ឆ្លៀត​ឱកាស​ពង្រឹង​ខ្លួន​ជា​មហាអំណាច​ប្រចាំតំបន់​​ តាម​រយៈ​នយោបាយ​ពហុការទូត ដោយ​ទៅ​​ត្រូ​វ​ជាមួយ​ចិន​ និង​រុស្ស៊ី តែ​​មិន​បោះបង់​អាមេរិក​។ ល្បែង​បែប​​នេះចិន​ចូល​ចិត្ត​ណាស់ និង​​ជា​​​ឱកាសសម្រាប់​ចិន​ជ្រៀត​ពង្រីក​ឥទ្ធិពល​និ​ងតួនាទី​នយោបាយក្នុង​តំបន់។ ប៉ុន្តែ​ទោះបី​ជា​អាមេរិកហាក់​ដក​ថយ​បន្តិច​មែន តែ​អាមេរិក នៅ​តែ​ជា​មហាអំណាច​យោធាបរទេស​ប្រចាំ​តំបន់​ដើម​បូព៌ា​នេះ​ដដែល៕
4/6/20236 minutes, 49 seconds
Episode Artwork

លោកដូណាល់ត្រាំ​ចូលខ្លួនទៅស្តាប់បទចោទប្រកាន់នៅតុលាការ​ញូវយ៉ក

ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងពិភពលោក កំពុងផ្តោតចាប់អារម្មណ៍​លើអតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលត្រូវ​ចូលខ្លួន​ទៅកាន់តុលាការ​ក្រុងញូវយ៉ក នៅថ្ងៃអង្គារ​នេះ។ ការបង្ហាញខ្លួន​របស់​ប្រធានាធិបតីទី​៤៥​របស់​អាមេរិក នៅ​តុលាការ​ក្រុងញូវយ៉ក ធ្វើឡើង នៅ៥ថ្ងៃ​ក្រោយ គណៈវិនិច្ឆ័យ​របស់​តុលាការ​ញូវយ៉ក សម្រេច​ចោទប្រកាន់ លោក​ដូណាល់ ត្រាំ នៅក្នុង​សំណុំរឿង​ពុករលួយ សូកប៉ាន់​ដើម្បីបំបិទមាត់​ស្រ្តីតារាភាពយន្ត អាសអាភៀស ម្នាក់ នៅក្នុងអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ប្រធានាធិបតី​ឆ្នាំ ២០១៦។ នៅថ្ងៃអង្គារនេះ នៅប៉ុន្មាន​ម៉ោង​មុនការចូលខ្លួន​របស់​អតីតប្រធានាធិបតី លោក​ដូណាល់ ត្រាំ ក្នុង​អគារតុលាការ មហាវិថី ជុំវិញ ក្នុង​សង្កាត់ Manhattan ត្រូវ​បិទច្រកចូល។ ក្រៅពី​វត្តមាន​កកកុញ​របស់​អ្នកកាសែតទូរទស្សន៍ជាតិ អន្តរជាតិ រាប់រយនាក់ នៅមុខ​ច្រកចូលតុលាការ ប៉ូលិស​ញូវយ៉ក​តាមដាន​ដោយប្រយ័ត្នប្រយែង​វត្តមានរបស់​អ្នកគាំទ្រ​លោកដូណាល់ ត្រាំ ដែលអាច​បង្ក​ភាពចលាចល ដូច​ការលើកគ្នា​សម្រុកចូល​វិមានកាពីតូល កាលពី​២ឆ្នាំមុន នៅថ្ងសទី ៦​មករា ឆ្នាំ ២០២១។  សំណុំរឿង លោក​ដូណាល់ត្រាំ នៅតុលាការញូវយ៉ក បាន​ទាក់ទាញ​ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និង​បរទេស​ឲ្យ​ទៅប្រចាំការ តាមដាន ផ្សាយជាប់ៗគ្នា ប៉ុន្មានថ្ងៃ​មកហើយ ពោល​គឺ​ចាប់តាំងពី​គណៈវិនិច្ឆ័យ និង​រដ្ឋអាជ្ញា​តុលាការ​ញូវយ៉កសម្រេច​ចោទប្រកាន់​ជាផ្លូវការ លោកដូណាល់ ត្រាំ។ លោកដូណាល់ ត្រាំ ដែលជា​អតីត​ប្រធានាធិបតី​លើក​ដំបូងគេ នៅក្នុងប្រវត្តិសាស្រ្ត​អាមេរិក ដែលត្រូវ​តុលាការ​ចោទប្រកាន់​ពីបទល្មើសព្រហ្មទណ្ឌ។ តាំង​ពីថ្ងៃចន្ទ​ម្សិលមិញ មហាវិថីមួយចំនួន​ជុំវិញ តុលាការ ក្នុង​សង្កាត់​Manhattan ត្រូវ​បិទបារ៉ាស និង​ស្ថិតក្រោម​ការយាមយ៉ាងតឹងរ៉ឹង​របស់​ប៉ូលិសញូវយ៉ក។ តាម​គម្រោង លោក​ដូណាល់ ត្រាំ ដែល​បាន​ជិះយន្តហោះពិសេស​របស់លោក​ពីរដ្ឋ​Florida មក​ស្នាក់​នៅ​អគារក្រុមហ៊ុន Trump របស់​លោក​នៅ​ញូវយ៉ក កាលពីថ្ងៃ​ចន្ទ ត្រូវចូលទៅបង្ហាញខ្លួន នៅចំពោះមុខ​ចៅក្រមរបស់តុលាការញូវយ៉ក នៅ​ម៉ោង ២និង​១៥នាទី រសៀល ម៉ោង​នៅ​ញូវយ៉ក ដែលត្រូវ​នឹង​ម៉ោង ១ភ្លឺ ម៉ោង​នៅប្រទេស​កម្ពុជា។ នៅ​ចំពោះមុខ​ចៅក្រម លោកដូណាល់ ត្រាំ ត្រូវ​ទទួល​ស្តាប់​បទចោទប្រកាន់​ជាផ្លូវការ​របស់​រដ្ឋអាជ្ញា និង​គណៈវិនិច្ឆ័យ ដែលបាន​បើកការស៊ើបអង្កេត ក្នុង​សំណុំរឿងពុករលួយ ផ្តល់ប្រាក់​ដល់​​ស្ត្រីតារាភាពយន្ត​អាសអាភៀស​អាមេរិក នៅក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ឆ្នាំ ២០១៦។ គណៈវិនិច្ឆ័យ​របស់​តុលាការ​ញូវយ៉ក សម្រេច​ចោទប្រកាន់​លោកដូណាល់ ត្រាំ ដោយផ្អែកលើ​សក្ខីកម្ម​របស់​អតីត​មេធាវី​របស់​លោកដូណាល់ ត្រាំ ដែលថា លោកដូណាល់ ត្រាំ​បាន​បញ្ជា​ឲ្យ​គាត់ផ្តល់​លុយ ១សែន ៣ម៉ឺនដុល្លារ ទៅ​ឲ្យនាងតារាភាពយន្ត Stormy Daniel ដើម្បីកុំឲ្យ​នាង​លើកយករឿង​ទំនាក់ទំនង​ផ្លូវភេទជាមួយលោក ទៅនិយាយ​នៅក្នុងពេល​ឃោសនា​បោះឆ្នោត។ នៅអាមេរិក ការផ្តល់ប្រាក់​ទៅ​ឲ្យបុគ្គលណាម្នាក់ មិនមែនជា​រឿងខុសច្បាប់នោះទេ។ ប៉ុន្តែ ក្នុងករណី​របស់​លោកដូណាល់ ត្រាំ គណៈវិនិច្ឆ័យ​របស់​តុលាការ​រកឃើញ​ថា លោក​បានក្លែងបន្លំឯកសារក្រុមហ៊ុន ដែលជា​បទល្មើសព្រហ្មទណ្ឌ ព្រោះ លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ទឹកប្រាក់​១សែន ៣ម៉ឺនដុល្លារ ក្នុងបញ្ជី​ចំណាយ​សម្រាប់​ដំណើរការផ្លូវច្បាប់​របស់​ក្រុមហ៊ុនរបស់​លោក ប៉ុន្តែ មិនមែនជា​មុខ​ចំណាយ សម្រាប់​ការឃោសនា​បោះឆ្នោត​ប្រធានាធិបតី។ លោកដូណាល់ត្រាំ នឹងត្រូវគេថតរូបវាស់កំពស់​ដូច​អ្នកទោសដទៃទៀត? នៅតុលាការ​ញូវយ៉ក អតីតប្រធានាធិបតីអាមេរិក​ត្រូវ​ឆ្លងកាត់​នីតិវិធី ដូច​អ្នកដែលត្រូវតុលាការ​ចោទប្រកាន់ជាទូទៅ ដូចជា ត្រូវប្រាប់ឈ្មោះ ត្រកូល មុខរបរ ត្រូវ​ផ្តិត​មេដៃ ត្រូវឆ្លងកាត់​កន្លែង ថតរូប​វាស់កំពស់ រូបថត​ពី​មុខ និង​ពី​ចំហៀង​របស់​ជនជាប់ចោទ ដែល​ប៉ូលិស​អាមេរិក​តែង​បង្ហាញជាសាធារណៈ ទាក់ទង​នឹង​រូបជនជាប់ចោទ។ គេ​មិន​ច្បាស់ថា តើ​លោក​ដូណាល់ ត្រាំ នឹងត្រូវគេថតរូប វាស់កំពស់​ដែរឬយ៉ាងណានោះទេ។ បើមានពិតមែន នោះ​វាជារឿងអាម៉ាស់ខ្លាំងណាស់​សម្រាប់​លោក។ ធ្លាប់ធ្វើជាប្រធានាធិបតី​ដឹកនាំមហាអំនាច​អាមេរិក ប៉ុន្តែលោកដូណាល់ ត្រាំ ត្រូវ​មក​ធ្លាក់ខ្លួន ជាប់​ក្នុងរូបថត​អ្នកប្រព្រឹត្ត​បទល្មើស យ៉ាងដូច្នេះទៅវិញ។ លោកដូណាល់ ត្រាំ អាចត្រូវ​ថតរូបវាស់កំពស់ ប៉ុន្តែ លោកដូណាល់ ត្រាំ នឹង​មិនត្រូវ​ប៉ូលិស​វ៉ៃខ្នោះ នៅពេល​ដើរចូលក្នុងតុលាការ​នោះទេ។ នេះ​បើតាម​មេធាវី​របស់​លោកដូណាល់ ត្រាំ ក្នុងហេតុផលថា លោកដូណាល់ ត្រាំ ស្ថិតក្រោម​ការការពារ​របស់ប៉ូលិស​សហព័ន្ធ។ មិនត្រឹមតែ​មិនជាប់ខ្នោះ លោកដូណាល់ ត្រាំ លោក​ដូណាល់ ត្រាំ នឹង​មិន​ត្រូវ​គេ​បណ្តើរ​នៅតាម​ច្រកផ្លូវអាម៉ាស ដែល​ប៉ូលិស​អាមេរិក​តែងធ្វើទៅលើជនជាប់ចោទ​ជាទូទៅ។ ការកោះហៅ​លោក​ដូណាល់ត្រាំ ឲ្យ​ចូលខ្លួន​ទៅ​ស្តាប់​បទចោទប្រកាន់ នៅតុលាការ​នៅថ្ងៃនេះ​កំពុងធ្វើ​ឲ្យគេ​បារម្ភ​ពីបញ្ហា​អសន្តិសុខ គិតរហូតមកដល់​ព្រឹក​ថ្ងៃអង្គារ នៅ​មុខ​តុលាការញូវយ៉ក ក្នុង​សង្កាត់​Manhattan មាន​សំបូរទៅ​ដោយ​អ្នកកាសែត និងប៉ូលិស ច្រើនជាង ប្រជាជនធម្មតា។ យ៉ាងណាក៏ដោយ នៅក្រោយ​របាំងរនាំង​ក្នុងបរិវេណ​មុខ​ច្រកចូល​តុលាការ គេ​ឃើញ ក្រុមអ្នកគាំទ្រ​លោកដូណាល់ ត្រាំខ្លះដែរ ប៉ុន្តែ មិនច្រើននោះទេ។ ប៉ូលិស​ញូវយ៉ក​បាន​និយាយប្រាប់ ទីភ្នាក់ងារ​ព័ត៌មាន​Reuters គេ​មិនបាន​ទទួល​សញ្ញា​អាសន្ន​ទាក់ទង​នឹង​ការគំរាមកំហែង របស់​ក្រុមបាតុករដែលគាំទ្រ​លោកដូណាល់ ត្រាំ នៅក្នុង​បរិវេណ​មុខតុលាការ​នៅថ្ងៃនេះទេ។ បើទោះបីមានការអំពាវនាវ​ពី​លោកដូណាល់ ត្រាំ ក៏ដូចជា​សមាជិកព្រឹទ្ធិសភា ដែលគាំទ្រ​លោកដូណាល់ ត្រាំ ឲ្យ​មានការធ្វើបាតុកម្ម​នៅមុខ​តុលាការក្រុងញូវយ៉ក ប៉ុន្តែ អ្នកគាំទ្រ​លោកដូណាល់ ត្រាំ​មួយចំនួន​បាន​សរសេរ​នៅ​បណ្តាញសង្គម​ថា ពួកគេ​មិន​ចង់ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង នៅ​មុខ​តុលាការ ព្រោះពួកគេ​មិន​ចង់ប្រថុយនឹង​ការចាប់ខ្លួន ដូចកាល​ពេលធ្វើបាតុកម្ម​សម្រុកចូល​វិមានកាពីតូលកាលពី​២ឆ្នាំមុន។ លោក​ដូណាល់ ត្រាំ នៅតែអាច​ចូលរួមក្នុងការ​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីអាមេរិក​ឆ្នាំ ២០២៤ លោក​ដូណាល់ ត្រាំធ្លាប់ចាត់ទុក​ការចោទប្រកាន់​ផ្នែកតុលាការ ថា ជា​ការតាមប្រមាញ់​មេធ្មប់ ជាការធ្វើទុក្ខបុកម្នេញ នយោបាយ។ តាម​មេធាវី​របស់​លោកដូណាល់ ត្រាំ លោកស្រី នៅ​ចំពោះមុខ​ការចោទប្រកាន់​ជាផ្លូវការ​របស់​តុលាការ អតីតប្រធានាធិបតីអាមេរិក​នឹង​ប្រកាស ថាខ្លួន​មិនបាន​ប្រព្រឹត្តកំហុស​ដូចការចោទប្រកាន់។ បើសិន​ដូច្នេះមែន ចៅក្រម​នឹង​អាច​សម្រេច​ដាក់​លោកដូណាល់ ត្រាំ នៅក្រៅឃុំ ក្នុងពេល​រង់ចាំ​ការបើកសវនាការ។ ឧបមាថា លោក​ដូណាល់ ត្រាំនៅទីបំផុត ត្រូវ​តុលាការរកឃើញ​បាន​ប្រព្រឹត្ត​កំហុស និង ជាប់ក្នុងបញ្ជីឈ្មោះ​អាក្រក់​របស់​តុលាការ ប៉ុន្តែ វា​នឹងមិនទៅរារាំង មិន​ឲ្យ​លោកដូណាល់ ត្រាំ ឈរឈ្មោះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី​ឆ្នាំ ក្រោយនោះទេ។ តាម​រដ្ឋធម្មនុញ្ញអាមេរិក គឺ​មានតែ​អ្នកដែលចូលរួម​ក្នុងការបះបោរ ធ្វើ​ឧទ្ទាម​ប្រឆាំងរដ្ឋអំនាច​តែប៉ុណ្ណោះ ដែល​គ្មាន​សិទ្ធិ​ឈរឈ្មោះ ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី។ ការចោទប្រកាន់​លើកនេះ មិនត្រឹម​តែ​គ្មាន​ឥទ្ធិពល រារាំង​មិន​ឲ្យ​លោកអាច​ឈរឈ្មោះ នៅក្នុង​ការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែ វា​នៅបាន​ជួយ​ទាក់ទាញ​ឲ្យ​មុខមាត់​របស់​លោកដូណាល់ ត្រាំ​កាន់តែ​ឡើងកូដ គឺ​វា​ហាក់ដូចជាការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យលោកយ៉ាងដូច្នេះដែរ។ ជាក់ស្តែង នៅក្នុងរយៈពេលតែ ២៤ម៉ោងក្រោយ រដ្ឋអាជ្ញា​ប្រកាស​ចោទប្រកាន់ ក្រុមឃោសនា​របស់លោកដូណាល់ ត្រាំ​រៃអង្គាស​បាន​ប្រាក់ ៤លាន​ដុល្លារ​សម្រាប់យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោកដូណាល់ត្រាំ។ ទូរទស្សន៍អង់គ្លេស BBC ចុះផ្សាយ​ថា រហូតដល់​ថ្ងៃនេះ ក្រុមលោក​ដូណាល់ ត្រាំ បាន​ទទួលប្រាក់ឧបត្ថម្ភ ពីអ្នកគាំទ្រ ចំនួន​៨លាន​ដុល្លារ។ លោក​ដូណាល់ ត្រាំ​កំពុងជាប់ក្នុងការស៊ើបអង្កេត​ផ្សេងទៀត ទោះជា​លោកដូណាល់ ត្រាំ អាច​បញ្ចប់​សំណុំរឿង​ក្លែងបន្លំឯកសារ​ក្រុមហ៊ុន ប៉ុន្តែ នៅមាន​សំណុំរឿង​ជាច្រើន​ផ្សេងទៀត ដែលកំពុង​តាមលងរូបលោក​ជានិច្ច ដែលនៅក្នុង​នោះ មាន​សំណុំរឿងមួយ ដែលនឹង​អាច​ទៅរារាំង មិនឲ្យ​លោកដូណាល់ ត្រាំ សម្រេច មហិច្ឆតាដើម្បី​ឈ្នះឆ្នោត ក្លាយជា​ប្រធានាធិបតី​សាជាថ្មី។ ត្រូវដឹងថា លោកដូណាល់ត្រាំ សព្វថ្ងៃ​កំពុង​ជាប់ក្នុងសំណាញ់ស៊ើបអង្កេតទាក់ទង​នឹង​សំណុំរឿងឧក្រិដ្ឋ​មួយចំនួនដូចជា ការសម្រុកចូល​ក្នុងវិមានកាពីតូល។ តុលាការ​សហព័ន្ធ​កំពុង​ស៊ើបអង្កេត​លើ​តួនាទី​របស់​លោក នៅក្នុង​ការលើកគ្នា​សម្រុកចូល​របស់​ក្រុមគាំទ្រ​លោកដូណាល់ត្រាំ នៅក្នុងវិមានកាពីតូល។ លោកដូណាល់ ត្រាំ ត្រូវប៉ូលិស​សហព័ន្ធ​ស៊ើបអង្កេត​ថា បាន​លួចលាក់ទុក​ឯកសារសម្ងាត់ជាតិ។ លោកត្រូវ​ប៉ូលិស​FBI ចោទប្រកាន់ផងដែរ ថា បានប៉ុនប៉ង​រារាំង​មិន​ឲ្យ​គេចូលទៅរឹបអូស​យកឯកសារ​សម្ងាត់​ពីវីឡារបស់​លោក​នៅ​រដ្ឋ​Florida។ មួយវិញទៀត សព្វថ្ងៃ​នេះ តុលាការ​ក្នុង​រដ្ឋ Georgia កំពុង​បើកការស៊ើបអង្កេត ទៅលើ​ករណី​ដែលថា លោកដូណាល់ ត្រាំ អាច​ដាក់សម្ពាធ​ទៅលើ​អាជ្ញាធរ​របស់​រដ្ឋ​នេះ ឲ្យកែប្រែ​លទ្ធផល​ឆ្នោត ក្នុងគោលដៅ ជួយ​ឲ្យ​លោក​អាច​ឈ្នះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០៕
4/4/20238 minutes, 41 seconds
Episode Artwork

បោះឆ្នោត​​សភាហ្វាំងឡង់៖ គណបក្ស​របស់​​លោក ភេតេរី អ័រប៉ូ ឈ្នះ​យ៉ាង​ប្រផិត​​ប្រផោយ

ការបោះឆ្នោត​សភា​នៅប្រទេសហ្វាំងឡង់ ត្រូវបាន​រៀបចំកាលពីថ្ងៃអាទិត្យ​ ទី​២មេសា​។ យោងតាមលទ្ធផល​បឋម ដែលសឹងតែផ្លូវការទៅហើយនោះ គឺគណបក្សរបស់​លោកស្រីនាយករដ្ឋមន្ត្រីចប់អាណត្តិ សាណា ម៉ារ៉ាំង មិនបានឈ្នះ​នាំមុខ​នោះទេ ដោយ​ស្ថិតនៅលេខរៀងទី៣។ គឺគណបក្សស្តាំកណ្តាល​និយុំ របស់​លោក ភេតេរី អ័រប៉ូ (Petteri Orpo) ដែលឈ្នះបានសំឡេងឆ្នោតនាំមុខគេ តែជាជ័យជំនះ​យ៉ាងប្រផិតប្រផោយ​បំផុត។ តើជ័យជំនះ របស់គណបក្ស​លោក ភេតេរី អ័រប៉ូ ដែលនឹងត្រូវមក​ដឹកនាំរដ្ឋភិបាល​ថ្មីហ្វាំងឡង់នេះ នឹងធ្វើ​ឲ្យ​មា​នការប្រែប្រួលយ៉ាងណាខ្លះ ដល់​សេដ្ឋកិច្ច និង​គោលនយោបាយការបរទេស ខណៈហ្វាំងឡង់ កំពុងតែត្រៀមខ្លួនក្លាយ​ជាសមាជិក​ពេញសិទ្ធិ របស់សម្ព័ន្ធមិត្ត​អូតង់? លោកភេតេរី អ័រប៉ូ កើតនៅឆ្នាំ ១៩៦៩ បច្ចុប្បន្នអាយុ៥៣ឆ្នាំហើយ។ លោក​បានចូលប្រឡូក​ក្នុងសកម្មភាពនយោបាយ​ តាំងតែវ័យ​មិនទាន់គ្រប់២០ឆ្នាំម្លេះ។ រៀនបណ្តើ ធ្វើជាសកម្មជននយោបាយ​បណ្តើ ទំរាំរៀនចប់ បានសញ្ញាបត្រ​អនុបណ្ឌិត​វិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច លោក​បានចំណាយ​ពេល​១២ឆ្នាំឯណោះ។ ឆ្នាំ​២០០៧ លោក​បានជាប់ឆ្នោត​ក្លាយជា​សមាជិកសភា​ហ្វាំងឡង់ ជាលើកដំបូង។ បន្តិចម្តងៗ លោក​បានកសាងទំនុកចិត្ត ដោយ​បានឈានជើងចូលក្នុងរដ្ឋាភិបាលជាបន្តបន្ទាប់។ លោកធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម ឆ្នាំ​២០១៤-២០១៥ ក្រោយមក​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ២០១៥-២០១៦  រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឆ្នាំ​២០១៦-២០១៩ ហើយក៏ធ្លាប់ជា​ឧបនាយករដ្ឋមន្ត្រីហ្វាំងឡង់ដែរ ចន្លោះពីឆ្នាំ ២០១៧ ដល់ ២០១៩។ លោកត្រូវគេស្គាល់ថា ជាអ្នកនយោបាយ​សាមញ្ញ បែបអភិរក្សនិយម​ ស្ងប់ស្ងាត់ មិនស្រែកឡូឡា តែម៉ឺងម៉ាត់។ តែអ្នករិះគន់ខ្លះ ចាត់ទុកលោកថា មិនសូវមានអំណោយទានទេ ធ្វើនយោបាយ​បែបខ្សោយៗ ពេលជជែកដេញដោលយោបល់អី ប្រកែកមិនសូវឈ្នះគេ​ទេ។ នៅក្នុងការបោះឆ្នោតសភាលើកនេះ លោក​ ភេតេរី អ័រប៉ូ គឺជាបេក្ខជននាយករដ្ឋមន្ត្រី តំណាង​ឲ្យ​គណបក្ស​ចម្រុះជាតិស្តាំកណ្តាលនិយម ដើម្បីប្រជែងជាមួយ​គណបក្សសង្គមប្រជាធិបតេយ្យ របស់​លោកស្រី សាណា ម៉ារ៉ាំង ដែលជានាយករដ្ឋមន្ត្រីចប់អាណត្តិ​។ យោងតាម​លទ្ធផល​នៅព្រឹកនេះ ក្រោយ​ការរាប់​សន្លឹកឆ្នោត​ប្រមាណ​៩៨%ហើយ បានបង្ហាញ​ថា គឺគណបក្សរបស់​លោក ភេតេរី អ័រប៉ូ ដែលបានឈ្នះនាំមុខ បានអាសនៈសភា ចំនួន៤៨ ក្នុងចំណោម២០០នៅសភា។ គណបក្សនៅលេខរៀងទី២ គឺបក្សស្តាំជាតិ​និយមជ្រុល បានអាសនៈ ៤៦។ ចំណែក​គណបក្សលោកស្រីនាយករដ្ឋមន្ត្រីចប់អាណត្តិ សាណា ម៉ារ៉ាំង ស្ថិតនៅលេខរៀងទីបី បានអាសនៈចំនួន ៤៣។ ព្យាបាលសេដ្ឋកិច្ច កាត់បន្ថយបំណុលសាធារណៈ លោកស្រី សាណា ម៉ារ៉ាំង នាយករដ្ឋមន្ត្រីវ័យក្មេងបំផុត អាយុត្រឹមតែ​៣៧ឆ្នាំនេះ មានប្រជាប្រិយភាពខ្លាំងណាស់ ទាំងក្នុងនិងក្រៅប្រទេសហ្វាំងឡង់។ ប្រជាប្រិយភាព ដែលអ្នកខ្លះហៅលោកស្រីថា នាយករដ្ឋមន្ត្រីRock Star ថែមទៀតផង។ ការដោះស្រាយ​បញ្ហា គ្រប់គ្រងវិបត្តិជំងឺឆ្លងកូវីដ១៩ ការរៀបចំដាក់ពាក្យសុំចូលជា​សមាជិកអូតង់ភ្លាមៗ ព្រមទាំងគោលជំហរឹងមាំ របស់​លោកស្រីក្នុង​ការប្រឆាំងចំពោះការធ្វើសង្គ្រាមរបស់រុស្ស៊ីនៅ​អ៊ុយក្រែន គឺជាចំណុចវិជ្ជមានធំៗ ដែលធ្វើឲ្យ​លោកស្រីមានប្រជាប្រិយភាព។ ក៏ប៉ុន្តែបញ្ហាចោទដ៏ធំមួយ ដែលប្រជាជនរិះគន់​លោក​ស្រី គឺផ្នែកសេដ្ឋកិច្ច អតិផរណា និង​ជាពិសេសគឺបំណុលសាធារណៈតែម្តង។ លោកភេតេរី អ័រប៉ូ បានធ្វើការឃោសនាបោះឆ្នោត ដោយ​សង្កត់ចំចំណុចនេះ។ លោក​បានរិះគន់​លោកស្រី សាណា ម៉ារ៉ាំង ថាចាយ​ប្រាក់រដ្ឋធូរលុងខ្លាំងណាស់ ធ្វើ​ឲ្យ​រដ្ឋមានបំណុលសាធារណៈកាន់តែកើនខ្ពស់ អាចបង្កបញ្ហាទៅថ្ងៃខាងមុខ។ លោក ភេតេរី អ័រប៉ូ អះអាងថា លោកនឹងព្យាបាល​សេដ្ឋកិច្ច​ហ្វាំងឡង់ ឲ្យជាសះស្បើយ តាមរយៈការ​ផ្តល់សន្ទុះសេដ្ឋកិច្ច និង​ការធ្វើការសន្សំសំចៃប្រាក់រដ្ឋ។ យោងតាមយោបល់​លោក រដ្ឋត្រូវតែ​សន្សំសំចៃប្រាក់ ចំនួន​យ៉ាងហោច​៦ពាន់​លានអឺរ៉ូ នៅក្នុងដំណាក់កាល​ដំបូងបន្ទាន់ ដើម្បី​កាត់បន្ថយ​បំណុលសាធារណៈ ដែលលោកចាត់ទុកថា វាគ្រោះថ្នាក់។ យ៉ាងណាក៏ដោយ លោកស្រី សាណា ម៉ារ៉ាំង បានទទួលស្គាល់​បរាជ័យ​ក្នុងការបោះឆ្នោតនេះ តែលោកស្រីបាន​អបអរសាទរដែរ ថា​ទោះបក្សលោកស្រីចាញ់ឆ្នោតមែន តែបើ​ពិនិត្យ​មើល​ចំនួន​អាសនៈវិញ គឺបក្សលោកស្រីបានកើនចំនួន លើសពីការបោះឆ្នោតអាណត្តិ​មុន។ ដោយឡែក អ្វីដែលគួរឲ្យកត់សំគាល់មួយទៀត គឺ​ការកើនសន្ទុះយ៉ាងខ្លាំង នៃគណបក្ស​ស្តាំជាតិនិយមជ្រុល ដែល​បាន​ទទួលអាសនៈ នៅលេខរៀងទី២។ វាបង្ហាញ​ពី​​ចរន្តនយោបាយ​ស្តាំនិយមជ្រុល​ នៅហ្វាំងឡង់ ដែលកាន់តែមានអ្នកគាំទ្រច្រើន តាមរយៈការឃោសនាស្តីបន្ទោស ទំលាក់កំហុសលើជនបរទេស លើជនអន្តោប្រវេសន៍ជាដើម ថាជាអ្នក​ចូលមកបង្កបញ្ហាអសន្តិសុខ សំបូរចោរ សំបូរឧក្រិដ្ឋកម្ម និងបង្កភាពរញ៉េរញ៉ៃក្នុងសង្គមហ្វាំងឡង់។​ បង្កើតរដ្ឋាភិបាលចម្រុះជាមួយ​អ្នកណា? បើ​ពិនិត្យ​លើចំនួនអាសនៈដែល​ប្រមូលបាន គឺ​លោក ភេតេរី អ័រប៉ូ មិនមានសំឡេងភាគច្រើនក្នុងសភា ដើម្បីអាចរៀបចំរដ្ឋាភិបាលតែម្នាក់ឯងនោះទេ ។ ពោលគឺលោកត្រូវតែបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយ​បក្សផ្សេងទៀត​។ ត្រង់ចំណុចនេះហើយ ដែលនៅតែចោទ​ជាមន្ទិលសង្ស័យ ព្រោះគេមិនទាន់ដឹងថា លោកភេតេរី អ័រប៉ូ នឹងចរចាជាមួយគណបក្សណាដើម្បីអាចបង្កើតជារដ្ឋាភិបាល​ចម្រុះទេ។ ជ័យជំនះលោក ឈ្នះប្រផិតប្រផោយខ្លាំងណាស់។ បើនិយាយពីភាគរយសន្លឹកឆ្នោតវិញ បក្សលោក ភេតេរី អ័រប៉ូ បានតែ​២០,៨% បក្សស្តាំនិយមជ្រុលបាន ២០,១% ហើយបក្សសង្គមប្រជាធិបតេយ្យ បាន​១៩,៩%។ យើងឃើញថាលើសខ្វះគ្នាតែបន្តិចប៉ុណ្ណោះ។ កាលពីយប់មិញនេះ នៅ​បានដឹងលទ្ធផល​បឋមថាបាននាំមុខគេ លោកភេតេរី អ័រប៉ូ បានប្រកាសថា គណបក្សលោក នឹងចាប់​ផ្តើមចរចាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ កន្លងមកក្នុងពេលឃោសនាបោះឆ្នោត លោក ភេតេរី អ័រប៉ូ បាន​និយាយរិះគន់រដ្ឋាភិបាល​របស់​លោកស្រី សាណា ម៉ារ៉ាំង ខ្លាំងៗណាស់ ទាក់ទិននឹងបញ្ហាសេដ្ឋកិច្ច​ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដូច្នេះបើទៅចាប់ដៃជាមួយ​បក្សឆ្វេងកណ្តាលនិយមរបស់​លោកស្រី សាណា ម៉ារ៉ាំង គឺវាហាក់ដូចជា​មិន​សមហេតុសមផលទេ។ អ្នកវិភាគខ្លះទៀត លើកឡើងថា លោក ភេតេរី អ័រប៉ូ អាចទំនងជា​ងាកទៅចាប់ដៃជាមួយ​បក្សស្តាំជាតិនិយមជ្រុលច្រើនជាង។ កន្លងមកលោក ភេតេរី អ័រប៉ូ ធ្លាប់​បាននិយាយការពារនៅចំពោះ​មុខបណ្តាញសារព័ត៌មានបរទេសថា នៅហ្វាំងឡង់គ្មានគណបក្សស្តាំនិយមជ្រុល នោះទេ។ មានន័យថា ក្នុងការយល់ឃើញរបស់​លោក គឺគណបក្សដើម្បីប្រជាជនហ្វាំងឡង់ ដែលបានចំនួនអាសនៈលេខរៀងទី២នេះ គឺជាស្តាំធម្មតា តែមិនជ្រុលនិយម ស្អប់ជនបរទេស ស្អប់ជនអន្តោប្រវេសន៍ដូចគេចោទនោះទេ។ តែយ៉ាងណាក៏ដោយ កន្លងមកគេបានឃើញបានឮហើយ ថាបក្ស​ដើម្បីប្រជាជនហ្វាំងឡង់ មានទំនោរស្អប់ជនបរទេសកម្រិតណា។​ បក្សនេះចង់ប្រើ​គោលនយោបាយ​បិទព្រំដែន មិនឲ្យ​មានជនអន្តោប្រវេសន៍ចូលមក ហើយ​មានទំនោរស្អប់សហភាពអឺរ៉ុបថែមទៀតផង​។ តែទន្ទឹមគ្នានេះ កន្លងមក លោកភេតេរី អ័រប៉ូ ក៏ធ្លាប់អះអាងដែរ ថា​លោក​ចង់រក្សាបើកទ្វារចំហហ្វាំងឡង់ ទទួលយកជនអន្តោប្រវេសន៍​ដែលមានសមត្ថភាពមកធ្វើការ​ ហើយធានាឲ្យ​ហ្វាំងឡង់បន្តផលិត​នាំចេញតទៅទៀត។​ ដូច្នេះ សម្រាប់ពេលនេះ មន្ទិលគឺនៅទាំងស្រុង មិនដឹងថារដ្ឋាភិបាលចម្រុះថ្មីដឹកនាំដោយ​លោក ភេតេរី អ័រប៉ូ នឹងមានរូបរាងពណ៌សំបុរយ៉ាងណាទេ។ ការចរចាគ្នាអាចចំណាយ​ពេលច្រើនសប្តាហ៍ ហើយ​ក្នុងអំឡុងពេលនេះ គឺលោកស្រី សាណា ម៉ារ៉ាំង នឹងបន្តធ្វើនាយករដ្ឋមន្ត្រី​បណ្តោះអាសន្នសិន។​ អូតង់ និង​ ហ្វាំងឡង់​ត្រូវការគ្នាទៅវិញទៅមក យោងតាមការវិភាគទៅ គឺនឹងមិនមានអ្វីប្រែប្រួលធំដុំឡើយ។ ការចូលជាសាមជិកពេញសិទ្ធិអូតង់ គឺប្រជាជនហ្វាំងឡង់គាំទ្រខ្លាំងក្លាណា រួមទាំងថ្នាក់ដឹកនាំនយោបាយផងដែរ បន្ទាប់ពីបានឃើញគ្រោះថ្នាក់ ដែល​រុស្ស៊ីបានឈ្លានពាន​អ៊ុយក្រែន​។ រដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយ​លោកភេតេរី អ័រប៉ូ នឹងបន្ត​ដើរតាមផ្លូវនេះ ដើម្បី​ធានាការពារសន្តិសុខហ្វាំងឡង់ ពីការគំរាមកំហែងរបស់រុស្ស៊ី​។ ហើយ​សម្រាប់អូតង់វិញ​ ហ្វាំងឡង់មានសារៈសំខាន់យុទ្ធសាស្ត្រខ្លាំងមិនណយទេ។ ហ្វាំងឡង់មានព្រំដែនជាប់រុស្ស៊ី​ ប្រវែង​១៣០០គីឡូម៉ែត្រ។ ដូច្នេះបានហ្វាំងឡង់ជាសមាជិក គឺ​អូតង់ បានមានលទ្ធភាព​​ នៅកៀក​តាមដានសកម្មភាពកងទ័ពរបស់រុស្ស៊ីតែម្តង។ ហ្វាំងឡង់ ក៏មានកម្លាំងទ័ពនិងគ្រឿងសព្វាវុធដ៏ច្រើន ដើម្បីចូលរួម​ក្នុងកម្លាំងអូតង់ដែរ។ ហ្វាំងឡង់ និងអូតង់ ត្រូវការគ្នាទៅវិញមក ហើយអ្នកនយោបាយ​ហ្វាំងឡង់ គឺយល់ច្បាស់ណាស់ អំពីសារៈសំខាន់​ នៃសម្ព័ន្ធភាពយុទ្ធសាស្ត្រនេះ ប្រឈមជាមួយយក្សកំណាចរុស្ស៊ីដែលសង្គ្រឺតធ្មេញដាក់​ប្រទេសក្នុងតំបន់នោះ ជាប្រចាំ៕
4/3/20239 minutes, 31 seconds
Episode Artwork

ហ្វាំងឡង់ ៖ នាយករដ្ឋមន្ត្រី​ផុតអាណត្តិល្បីខ្លាំង តែអាច​​នឹងចាញ់ឆ្នោត

ក្នុងខណៈ​ដែល​ប្រទេស​កំពុង​ត្រៀម​ខ្លួន​ក្លាយ​ជា​សមាជិក​អង្គការ​អូតង់​ជា​ផ្លូវការ ​ហ្វាំងឡង់ត្រូវ​​​បោះឆ្នោត​សភា​ជ្រើស​តាំង​រដ្ឋាភិបាល​ថ្មី នៅថ្ងៃ​​អាទិត្យ​ទី​២​មេសា​នេះ។ នាយករដ្ឋមន្ត្រីផុត​អាណត្តិ លោកស្រី សានណា ម៉ារីន ​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់ ល្បី​លើ​ឆាក​អន្តរជាតិ​ចំពោះ​ស្នាដៃ​ដឹកនាំ​ប្រទេស ​កំពុងប្រឹង​​រក្សា​តំណែង​មួយ​អាណត្តិ​ទៀត ប៉ុន្តែការ​បោះឆ្នោត​​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​ ពិបាក​នឹង​ទាយ​លទ្ធផល​ណាស់។ ការ​​បោះឆ្នោត​សភាហ្វាំង​ឡង់ ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​អាទិត្យ​នេះ ដោយ​មាន​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​ជាង​៥លាន​នាក់​កន្លះ​ចូល​រួម។ ​៤០% បាន​បោះឆ្នោត​ជា​មុន​រួច​ទៅ​ហើយ។ ប៉ុន្តែ​គ្មាន​នរណា​អាច​ទស្សន៍​ទាយ​លទ្ធផល​បាន​ទេ សម្រាប់​ពេលនេះ។ អ្វី​ដែល​គេ​ដឹង​និងអាច​និយាយ​បាន​យ៉ាង​ច្បាស់​នោះ គឺ​មានបក្ស​ធំ​បី​កំពុង​ប្រដេញ​គ្នា​យ៉ាង​ប្រកិតៗ​បំផុត។ បើ​តាមការ​ស្ទង់​មតិ ចុងក្រោយ​កាលពី​ថ្ងៃព្រហស្បតិ៍​ គណបក្ស​សម្ព័ន្ធជាតិ (អ្នកស្តាំកណ្តាល​និយម) ដឹកនាំ​ដោយ​លោក Petteri Orpo បាន​នាំ​មុខ​គេ​ដោយ​ទទួល​សំឡេង​ចង់គាំទ្រ​ដល់​ទៅ ១៩,៨% បន្ទាប់​មក​ ១៩,៥%​ សម្រាប់​គណបក្ស​ហ្វាំងឡង់ (ជាតិនិយម​​ប្រឆាំងនឹង​អន្តោប្រវេសន៍​ ប្រឆាំង​អឺរ៉ុប) របស់​លោកស្រី រីអ៊ីកា ពូរ៉ាRiikka Purra។ ចំណែក​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​របស់​លោកស្រីសានណា ម៉ារីន ​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​វិញ ធ្លាក់​មក​នៅ​លំដាប់​ទីបី ជាមួយ​ឆន្ទៈ​ចង់​បោះឆ្នោត​ឱ្យ​ត្រឹម​១៨,៧%​ប៉ុណ្ណោះ។ គម្លាត​តិច​យ៉ាង​នេះ ​ងាយ​នឹងទាយ​ខុស​ណាស់។ សង្ឃឹម​ថា​យ៉ាង​ដូច្នេះ​ទៅ​ចុះ ព្រោះជា​​ប្រពៃណីតាំងពី​ឆ្នាំ ១៩៨៧មក បក្ស​ណា​បាន​សំឡេង​នាំមុខ​ច្រើន​ជាង តួនាទី​ប្រមុខ​រដ្ឋាភិបាល​ត្រូវ​ប្រគល់​ទៅឱ្យ​បក្ស​នោះ។​ ​ភាព​ល្បីល្បាញ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​ ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ក្នុង​វ័យ​៣៤ឆ្នាំ នៅឆ្នាំ​២០១៩ លោកស្រី សានណា ម៉ារីន ​​ជា​ប្រមុខ​រដ្ឋាភិបាល​ដ៏​​ក្មេង​ជាង​បំផុត​នៅលើ​ពិភពលោក ដែល​គ្មាន​នរណា​ស្គាល់​ទេ​ពីមុនមក។ ប៉ុន្តែ​បួន​ឆ្នាំ​ក្រោយ​មក លោកស្រី​បាន​ក្លាយ​ជា​មេដឹកនាំ​រលក​ថ្មី​ដែល​ពាំនាំ​ខ្យល់​នយោបាយ​ថ្មី​ដល់​ អឺរ៉ុប​ខាង​ជើង និង​ចាប់​មាន​កិត្តិនាម​ល្បីល្បាញ ​​លើក​ឆាក​អន្តរជាតិ ព្រមទាំង​​​ទទួល​បាន​ការ​គោរពយ៉ាង​ខ្លាំងពី​បរទេស ដោយ​សារ​ជំហរ​នយោបាយ​ច្បាស់​លាស់គាំទ្រ​អ៊ុយក្រែន​​ប្រឆាំង​នឹង​រុស្ស៊ី។ មើល​រុស្ស៊ី​ក្នុង​ក្រសៃ​ភ្នែក​ព្រួយ​បារម្ភ ក្រែង​មាន​ផលវិបាក​ទៅថ្ងៃ​ក្រោយ ព្រោះ​ប្រទេស​ទាំងពីរ​មាន​ប្រវត្តិ​និងទីតាំង​​ភូមិសាស្ត្រព្រំដែន​រួម​ប្រវែង​១៣០០គីឡូម៉ែត្រលោកស្រី​ប្រមុខ​រដ្ឋាភិបាល​បានរួសរាន់​​រៀបបែប​បទ​សុំ​ឱ្យ​ហ្វាំងឡង់​បាន​ចូល​ជា​សមាជិក​អូតង់។ អូតង់​បាន​ទទួល​បេក្ខភាព​ហ្វាំងឡង់​ដែល​នឹងក្លាយ​ជា​សមាជិកពេញ​សិទ្ធិ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ​នេះ​ហើយ។ លោកស្រី សានណា​ ម៉ារីន ជា​តំណាង​មោទនភាព​របស់​យុវវ័យ​អឺរ៉ុប រហូត​មាន​ពាក្យ​ចចាម​អារាម​លេចឮចង់​បញ្ជូន​ឈ្មោះ​លោកស្រី ទៅកាន់​តួនាទី​សំខាន់​មួយ​នៅសហភាព​អឺរ៉ុប​ផង ក្នុង​ករណី​ចាញ់​ឆ្នោត​ថ្ងៃ​នេះ។ ជាង​នេះទៅទៀត លោកស្រី​មាន​ឈ្មោះ​បោះសំឡេង​ខ្លាំង​លើ​ពិភពលោក ក៏​ព្រោះ​តែ​ចរិក​​ធម្មជាតិ​ពី​កំណើត​និងនិស្ស័យ​ជា​អ្នក​ទាន់​សម័យ​និយមចូល​ចិត្ត​ជួបជុំ​រីករាយ។ កាលពី​រដូវក្តៅ​ឆ្នាំ​មុខ មាន​វីដេអូ​បង្ហោះ​ផ្សាយ​ពេញ​បណ្តាញ​សង្គម​រូប​លោកស្រី​ជប់លៀង​រាំសប្បាយ​ជាមួយ​មិត្តភក្តិ ដែល​មិន​សម​ជា​នាយករដ្ឋមន្ត្រី។ លោកស្រី​បាន​សុំ​ទោស​ភ្លាម ដោយ​ពន្យល់​ថា លោកស្រី​ក៏​ដូច​មនុស្សទូទៅ​ដែល​ពេល​ខ្លះ​​ត្រូវ​ការ​សប្បាយ​ដែរ។ តែ​នេះ​ជា​ករណី​ដំបូង​បង្អស់​ដែល​ប្រមុខ​រដ្ឋាភិបាល​ល្បី​បែប​នេះ​នៅលើ​ពិភពលោក។ នាយករដ្ឋមន្ត្រីផុតអាណត្តិនិង​បំណុល ​ទោះ​បី​ល្បី​និង​មាន​ប្រជាប្រិយភាព​ដូច្នេះ​ក្តី​ ក៏​ថ្ងៃ​អាទិត្យ​នេះ​លោកស្រី​អាច​នឹងចាញ់​ឆ្នោត ​បាត់​បង់​តំណែង ដោយ​មូលហេតុពីរ​យ៉ាង។ ទីមួយ​លោកស្រី មាន​ឥស្សរភាព​ពីរ​ផ្ទុយ​គ្នា ៖ លោកស្រី​មាន​អ្នក​គាំទ្រ​ខ្លាំង​ ស្ទើរ​ដូច​តារា ប៉ុន្តែ​ស្ទីល​របស់​លោកស្រី​មិន​ចូល​ភ្នែក​ក្រុម​អ្នក​អភិរក្សនិយម​ហ្វាំងឡង់​ទេ (ចូល​ចិត្ត​ជប់លៀសសប្បាយ​មិន​ស៊ី​នឹង​តួនាទី​នាយករដ្ឋមន្ត្រី​ទេ)។ ទីពីរ គឺ​​ខ្លឹមសារនយោបាយ។ គូប្រជែង​មក​ពី​បក្ស​ស្តាំកណ្តាល​​និយម​លោក Petteri Orpo បាន​បន្ទោស​លោកស្រី​ថា មិនគិត​គូរ​អំពី​បញ្ហា​សេដ្ឋកិច្ចជាតិ ដឹកនាំ​ប្រទេស​ឱ្យ​មាន​បំណុល​កាន់​តែ​ខ្ពស់ និង​ខូច​គំរូ​ការពារ​សង្គម​។ ជាការ​ពិត​ ដោយហេតុ​កូវីដ និង​សង្គ្រាម​អ៊ុយក្រែន ក្នុង​រយៈ​ពេល​បួន​ឆ្នាំ បំណុល​ជាតិ​ហ្វាំងឡង់​បាន​ឡើង​ពី​៦៣ទៅ​៧៤%​នៃ​PIB។ បេក្ខជនបក្ស​ហ្វាំងឡង់​ ​ស្តាំជ្រុលនិយម លោកស្រី​រីអ៊ីកា ពូរ៉ា ដែល​ចាប់​ឡើង​ប្រជាប្រិយភាព​ខ្លាំង​ពី​ប៉ុន្មាន​ខែ​មក​ដោយ​សារ​វិបត្តិ​អន្តោប្រវេសន៍​ និង​អតិផរណា បាន​បន្ទោស​លោកស្រីនាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​​រឿង​អន្តោប្រវេសន៍។ បើតាម​លោកស្រី ពូរ៉ា អន្តោប្រវេសន៍ជា​បញ្ហាចោទ​ដ៏​ចម្បង​សម្រាប់​ហ្វាំងឡង់។​ ​ពួកយូកូម និងឧក្រិដ្ឋជន​តាម​ដង​ផ្លូវ​សាធារណៈ ជា​ជន​អន្តោប្រវេសន៍ ឬ​គ្រួសារ​អន្តោប្រវេសន៍។ ​ ​សន្ទុះ​ជាតិនិយម​ជ្រុលហ្វាំងឡង់​និង​អឺរ៉ុប ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​វិញ ជា​មធ្យម​គេ​ត្រូវ​ការ​ប្រើ​ពេល​៦សប្តាហ៍។ ​នៅហ្វាំងឡង់​ បក្ស​ណា​នាំ​មុខ​គេ បក្ស​នោះ​ជា​អ្នក​ទទួល​បន្ទុក​ដឹកនាំ​បង្កើត​រដ្ឋាភិបាល​ថ្មី ទោះ​បី​ជា​លទ្ធផល​ខុស​ត្រូវ​គ្នា​ស្តួចស្តើង​យ៉ាងណាក៏​ដោយ។ ឧបមា​ថា លោកស្រី​ សានណា ម៉ារីន បែរ​ជា​អាច​នាំមុខ​គេ​វិញ លោកស្រី​ប្រហែល​ត្រូវ​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​​រៀប​ចំ​បង្កើត​រដ្ឋាភិបាល​ថ្មី​។ បើ​បក្ស​ស្តាំកណ្តាល​និយម​ របស់​លោក​ ​អ័រប៉ូឈ្នះវិញ​ បក្ស​នេះហាក់អាច​លទ្ធភាព​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ស្រួល​ជាងគេ។ ​ផ្ទុយ​ទៅ​វិញ ​ជោគជ័យ​របស់​​បក្ស​ជាតិនិយម​ជ្រុល​ហ្វាំងឡង់ នឹង​នាំ​​អឺរ៉ុប​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​តក់​ស្លុត​​ជា​ថ្មីម្តង​ទៀត ដោយ​មាន​ប្រទេស​សមាជិក​ដឹកនាំ​ដោយ​ក្រុម​ជ្រុលនិយម​បន្ថែម​មួយទៀត ពី​លើ​ប្រទេស​អ៊ីតាលី និង​ស៊ុយអែត៕
4/2/20237 minutes, 1 second
Episode Artwork

រុស្ស៊ីឡើង​​​ជា​ប្រធានផ្លាស់វេន​​​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ក្នុង​បរិបទ​​​សង្គ្រាមនៅ​អ៊ុយក្រែន

រុស្ស៊ីដែល​ទើប​​អនុម័ត​យុទ្ធសាស្ត្រ​សកល​ប្រឆាំង​នឹង​បស្ចិមលោក​​ ត្រូវ​ក្លាយ​​ជា​ប្រធាន​ផ្លាស់វេន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ចាប់​ពី​ថ្ងៃទី​១មេសា​នេះ​ និង​សម្រាប់រយៈ​ពេល​​មួយ​ខែពេញ។​​ ជា​ប្រធាន​ដែល​​សមាជិក​អចិន្ត្រៃយ៍​​ទាំងអស់​របស់​ក្រុមបឹក្សា​មិន​រាប់​រក ព្រោះតែ​រុស្ស៊ី​នេះ​បាន​ធ្វើ​សង្គ្រាម​ចូល​ឈ្លានពាន​អ៊ុយក្រែន។ សម្រាប់​អ៊ុយក្រែន និង​ប្រទេស​ជា​មិត្ត​មួយ​ចំនួន​ រុស្ស៊ី​មិន​គួរ​មាន​កិត្តិយសធ្វើ​ជា​ប្រមុខ​ផ្លាស់​វេន​នៃ​ស្ថាប័នកំពូល​របស់​​អង្គការ​សហប្រជាជាតិទេ។ ​ក្នុង​​នាម​ជា​ប្រធាន​តើ​រុស្ស៊ី​អាច​មាន​អំណាច​និ​ងឥទ្ធិពល​អ្វី​ខ្លះ​ ? សំឡេង​ប្រឆាំង​ក៏​មាន សំឡេ​ងអំពាវនាវ​ឱ្យ​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​ក៏​មាន សំឡេង​ប្រកូកប្រកាស​ធ្វើ​បាតុកម្ម​នៅ​តាមរដ្ឋធានី​នៃបណ្តា​​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ ដូច​ជា​នៅក្រុង​ឡុងដ៍ នា​រសៀល​ថ្ងៃ​នេះ ក៏​មាន។ ​ពិត​ជា​សកម្មភាព​ប្រកប​ដោយ​និម្មិតរូប​មែន។ នេះ​ជា​ប្រតិកម្ម​ធម្មតា​ទេ នៅ​ចំពោះ​មុខ​រុស្ស៊ី ដែល​កាលពី​ឆ្នាំ​ទៅ​បាន​បំពាន​ធម្មនុញ្ញ​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ និង​គោលការណ៍​ច្បាប់​អន្តរជាតិ ​ដោយ​ប្រើ​កម្លាំង​យោធា​ចូល​ទៅ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ឯករាជ្យ​មួយ​នោះ។ នៅអង្គការ​សហប្រជាជាតិ រុស្ស៊ី​បាន​អះអាង​ដោយ​ផ្ទាល់​ថា​ខ្លួន​ត្រូវ​ប្រឈម​នឹង​ក្រុមបស្ចិមលោក​ដែល​រួម​គ្នា​ដាក់​រុស្ស៊ី​ឱ្យ​នៅឯកាតាំងពី​បាន​ចូល​លុកលុយ​អ៊ុយក្រែន​មក។ ជាង​នេះ​ទៀត ​ម្សិលមិញ រុស្ស៊ី​បាន​អនុម័ត​ យុទ្ធសាស្ត្រ​សកល​ប្រឆាំង​នឹង​បស្ចិមលោក ថាជាការ​​គំរាមកំហែង​អត្ថិភាព​របស់​រុស្ស៊ី។ ​សម្រាប់​អ៊ុយក្រែន ឱ្យ​រុស្ស៊ី​ធ្វើ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ ចាប់​ពី​ថ្ងៃទី​១​មេសា ពិត​ជា​រឿង​​កំប្លែង​ដ៏​អាក្រក់​បំផុត។ ការ​រិះគន់​ក៏​មាន​ខ្លាំង​សម្បើម​ដែរ​មក​ពី​ខាងអាមេរិក។ ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំអង្គការ​សហប្រជាជាតិ បាន​លើក​ឡើង​ថា យោល​ទៅ លើ​ទង្វើ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន រុស្ស៊ី​មិន​គួរ​មាន​ឈ្មោះ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាស​ន្តិសុខ​ផង ប៉ុន្តែ​គួរ​ឱ្យស្តាយ​ ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្តូរ​ផ្លាស់​លក្ខន្តិកៈ​សមាជិក​អចិន្ត្រៃយ៍​ទេ។ ​​យន្តការ​នៃ​ប្រធាន​ផ្លាស់វេនក្រុមប្រឹក្សា​សន្តិសុខ​​ ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ទាំង​៦​របស់​អង្គការ​សហប្រជាជាតិ ក្រុមប្រឹក្សា​សន្តិសុខ​មាន​​អំណា​ច​ចេញ​សេចក្តី​សម្រេច​ ឱ្យ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំងអស់​អនុវត្តតាម។ ក្រុមប្រឹក្សា​មាន​សមាជិក​សរុប​១៥​ប្រទេស ៖ ៥ជា​សមាជិក​អចិន្ត្រៃយ៍ ( អាមេរិក​ បារាំង អង់គ្លេស ចិន និង​រុស្ស៊ី) និង​សមាជិក​មិន​អចិន្ត្រៃយ៍​១០ប្រទេស​ទៀត ដែលមាន​អាណត្តិ​ពីរ​ឆ្នាំ និង​​បោះឆ្នោត​ជ្រើស​តាំង​ចំនួន​ពាក់​កណ្តាល​ជា​រៀង​រាល់​ឆ្នាំ។ តាមវិធាន សមាជិក​ អចិន្ត្រៃយ៍ និង​មិន​អចិន្រ្តៃយ៍ ត្រូវ​ផ្លាស់​ប្តូរ​គ្នា​ធ្វើ​ជា​ ប្រធានដឹកនាំ​​​​​​ក្រុមប្រឹក្សា​សន្តិសុខ​ ម្នាក់ម្តងៗ សម្រាប់​រយៈពេល​​មួយ​ខែ​ តាម​លំដាប់​លំដោយ​ឈ្មោះ​ប្រទេស​ជា​ភាសា​អង់គ្លេស។ រុស្ស៊ី​បន្ត​តំណែង​ពី​ប្រទេស​មូសំប៊ិច នៅខែ​មេសានេះ ហើយ​ខែ​ក្រោយ​នឹង​ដល់​វេន​ប្រទេស​ស្វីសម្តង តៗ​គ្នា​... កាលពី​ខែ​កុម្ភៈ​ឆ្នាំ​ទៅ រុស្ស៊ី​ក៏​ជា​ប្រធាន​ផ្លាស់វេន​ក្រុមប្រឹក្សា​សន្តិសុខ​ដែរ ហើយ​គឺ​នៅ​ខែ​នោះ​តែម្តង​ដែល​រុស្ស៊ី​បាន​លើក​ទ័ព​​ចូល​វាយប្រហារ​អ៊ុយក្រែន។ តាំងពី​ពេល​នោះ​មក សកម្មជន​គាំទ្រ​អ៊ុយក្រែន​និង​សមាជិកសភាផ្សេងៗ​​ ចង់​សុំ​ឱ្យបណ្តេញ​រុស្ស៊ី​ចេញ​ពីក្រុមប្រឹក្សា​សន្តិសុខ​ ប៉ុន្តែជា​សំណើ​ដែល​ គឺ មិន​អាច​ទៅរួច​សោះ ព្រោះ​បើ​តាម​អ្នក​ជំនាញ​ សំណើ​នឹង​ត្រូវ​ឆ្លង​កាត់​ការ​បោះឆ្នោត​នៅក្រុមប្រឹក្សា​សន្តិសុខ ហើយ​រុស្ស៊ី​ច្បាស់​ជា​នឹង​ប្រើ​​សិទ្ធិ​វេតូ​ប្រឆាំង​។ ដូច្នេះ​ធ្វើ​ម្តេចនឹង​អាច​បណ្តេញ​រុស្ស៊ី​កើត ! ​ប៉ុន្តែ​វា​ដូច​ជា​ការចាក់​​បញ្ឈឺពេក !​ ក្នុង​ខណៈ​ដែល​ប្រទេស​ជា​ច្រើន​យល់​ថារុស្ស៊ី​ជា​អ្នក​គំរាម​កំហែង​សន្តិភាព ស្រាប់​តែ​​​រុស្ស៊ីក្លាយ​​ជា​ប្រធាន​ផ្លាស់​វេន​ស្ថាប័នរបស់​​អង្គការសហប្រជាជាតិ​​ទទួល​បន្ទុក​ស្វែង​រក​សន្តិភាពទៅ​វិញ។ ​ប្រធានាធិបតី​ពូទីន​ អាច​ទាញ​ប្រយោជន៍​ពី​អ្វី​ខ្លះ ពី​តួនាទី​រុស្ស៊ី​ជា​ប្រធានផ្លាស់វេន​​ក្រុមប្រឹក្សា​សន្តិសុខ ​ ? អ្វី​ដែល​ជា​កង្វល់​ខ្លាំង គឺ​ចំណុ​ច​នេះ​ឯង។ គេ​ខ្លាច​រុស្ស៊ី​ប្រើ​តួនាទី​ជា​ប្រធាន​ផ្លាស់​វេន សម្រាប់​ជា​ប្រយោជន៍​ផ្ទាល់ ដោយ​អាច​បំប៉ោង​បំពង​ឃោសនា​ បំភ្លៃ​ព័ត៌មាន​ជុំ​វិញ​សង្គ្រាម​នៅអ៊ុយក្រែន ទៅ​កាន់​ពិភពលោក​ផង និង​បង្ហាញ​ខ្លួន​លើ​ឆាកអន្តរជាតិ​ បិទ​បាំង​ភាព​ឯកា​របស់​ខ្លួន​ព្រមទាំង​សាកល្បង​បង្វែរ​ចំណាប់​អារម្មណ៍ពិភពលោក​ ដើម្បីការពារ​ទង្វើ​របស់​ខ្លួន​លើ​អ៊ុយក្រែន។ រុស្ស៊ី តាម​គម្រោង​នឹង​រៀប​ចំ​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​​ក្រៅ​ផ្លូវការ​​មួយនៅ​ដើម​ខែ​មេសា ដើម្បី​បង្ហាញ​អំពី​ “ស្ថានភាព​ពិត” របស់​កុមារ​អ៊ុយក្រែន​នៅរុស្ស៊ី ដែល​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពេល​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក​ពូទីន ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជម្រិត​ក្មេង។ បើ​តាម​អ្នក​នាំពាក្យ​ ប្រមុខ​ការទូត​រុស្ស៊ី លោក ស៊ែកហ្គៃ ឡាវ្រូស នឹង​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​នៅខែ​មេសា​នេះ។ រដ្ឋមន្ត្រី​ការបរទេស​​រុស្ស៊ី​ក៏​នឹង​ដឹកនាំ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ទៀត គឺ​ការ​ប្រជុំ​តស៊ូមតិ​ជា​សាធារណៈ​ស្តីពី ​ប្រសិទ្ធភាពនៃ​ពហុនិយមដោយ​ការពារ​គោលការណ៍ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ នៅថ្ងៃទី ២៥​មេសា លោក ឡាវ្រូស​នឹង​បើក​សម័យ​ប្រជុំ​ជុំ​វិញ​ប្រធាន​បទ​ដើម​បូព៌ា​ទៀត។ ក្នុង​នាម​ជា​ប្រធាន​ផ្លាស់​វេន​ រុស្ស៊ី​អាច​ស្នើ​ និង​ទទួល​យក​សំណើ​ពី​សមាជិក​ ក្នុង​ការ​សម្រេច​ប្រកាស​បើក​ប្រជុំ​បន្ទាន់​នានាមែន​​ ប៉ុន្តែ​ ការ​ឡើង​ធ្វើ​ជា​ប្រធាន​ មិនមែន​ជា​រឿង​អស្ចារ្យ​ឡើយ ព្រោះ​នេះ​ជាយន្តការ​ធម្មតា​របស់​ស្ថាប័ន​ទេ។ យ៉ាង​ណា​មិញ តួនាទី​ជា​ប្រធាន​ផ្លាស់​វេនរបស់​រុស្ស៊ី​ មិន​អាច​ផ្តល់​​ប្រយោជន៍​អ្វី​បាន​លើស​ពី​ទម្លាប់ ដល់​មូស្គូឡើយ។ លោក​ពូទីន មិន​អាច​ប្រើ​តួនាទី​នេះ​បាន​ទេ ព្រោះ​គ្រប់​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​សុទ្ធ​តែ​មាន​សិទ្ធិ​បញ្ចេញ​មតិ និង​សំឡេង​ដូច​គ្នា​ក្នុង​ពេល​ប្រជុំ​ក្រុមប្រឹក្សា ហើយ​សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស ច្បាស់​ជា​នឹង​មិនផ្តល់​យោបល់​​ស្រប​ជាមួយ​រុស្ស៊ី​ទេ មិន​ថា​ជា​សំណុំ​រឿង​អ៊ុយក្រែន​ឬ​សំណុំ​រឿង​លើ​ពិភពលោក​ផ្សេង​ទៀត​ឡើយ។ បើ​រុស្ស៊ី​ហ៊ាន​បញ្ចូល​សំណើ​អ្វី​មួយ​ដែល​មិន​សម អាមេរិក​និង​សមាជិក​ផ្សេង​ទៀតក៏​ប្រមូល​​សំឡេង​រារាំង​រុស្ស៊ី​មិន​ឱ្យ​ធ្វើ​អ្វី​ស្រេច​តែនឹង​ចិត្ត​បាន​ដែរ។ ការ​ពិតមួយ​​ដែល​មិន​អាច​ប្រកែក​បានមួយ​គឺ ប្រសិន​បើ​សមាជិក​អចិន្ត្រៃយ៍នៃ​ក្រុមប្រឹក្សាសន្តិសុខ​ណាមួយ លូកដៃ​ឬ​មាន​ពាក់​ព័ន្ធ​​នឹង​ជម្លោះ​ប្រដាប់​អាវុធ​ ក្រុមប្រឹក្សា​សន្តិសុខ​មិន​អាច​ធ្វើ​អ្វីចេញ​សម្រាប់​រារាំង​ទេ ព្រោះ​ភាគីពាក់ព័ន្ធ​នោះ​មាន​សិទ្ធ​ប្រឆាំង​វេតូ ដូចករណី​រុស្ស៊ី​​ធ្វើ​លើ​អ៊ុយក្រែន ដូច​ចិន​ធ្វើ​លើ​តៃវ៉ាន់ និងដូច​អាមេរិក​ធ្វើ​នៅ​​អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ាក់៕
4/1/20237 minutes, 35 seconds
Episode Artwork

រដ្ឋាភិបាលជប៉ុន ប្រកាសពីគម្រោងរឹតត្បិតការនាំចេញ ឧបករណ៍សឺមីកុងឌុកទ័រ

ឧបករណ៍​សឺមីកុងឌុកទ័រ ដែលគឺជាធាតុផ្សំអេឡិកត្រូនិកមួយដ៏សំខាន់​​ កំពុងតែស្ថិតនៅ ​ចំចំណុចកណ្តាល នៃការប្រកួតប្រជែង​បច្ចេកវិទ្យា រវាងប្រទេសមហាអំណាចធំៗ។ វាមិនមែនត្រឹមតែក្នុង​បរិបទ​ការប្រកួតប្រជែងពាណិជ្ជកម្ម ប៉ុណ្ណោះទេ តែវាមានពាក់​ព័ន្ធជាមួយ​ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ព្រោះថាឧបករណ៍​អាឡិចត្រូនិកគ្រប់ប្រភេទ​ ព្រមទាំង​​​គ្រឿងសព្វាវុធទំនើបផងនោះ គឺគេត្រូវការ​​​ឧបករណ័សឺមីកុងឌុកទ័រដើម្បី​យក​មកផ្សំ​ឲ្យ​វាដំណើរការ​។​  គឺក្នុងបរិបទនេះហើយ បានជារដ្ឋាភិបាល​ជប៉ុន​ បានប្រកាសនៅថ្ងៃសុក្រ ទី​៣១មីនា ថាគេមានគម្រោង​រឹតបន្តឹងការនាំចេញ​ឧបករណ៍សឺមីកុងឌុក​ទ័រទៅក្រៅប្រទេស។ ការប្រកាស ដែលធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​ប្រតិកម្មស្តីបន្ទោស​ភ្លាមៗតែម្តង​។ គ្រឿងផ្សំអេឡិកត្រូនិក​២៣មុខ​ លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន​បានប្រកាសពីគម្រោង​រឹតត្បិតនេះ ទៅ​កាន់អ្នកកាសែត នៅព្រឹកថ្ងៃសុក្រ ទី​៣១មីនា​ ដោយ​លោក​បញ្ជាក់ថា រដ្ឋាភិបាល​នឹងធ្វើការ​ពិគ្រោះយោបល់ ជាមួយ​សារណៈមតិជប៉ុន​​ លើគំរោងនេះ។ ពិគ្រោះយោបល់រួចរាល់ហើយ គឺគេអាចចាប់​ផ្តើមអនុវត្ត​វិធានការរឹតត្បិតជាផ្លូវការ ចាប់ពីខែកក្កដាខាងមុខនេះទៅ។ លោករដ្ឋមន្ត្រីបាន​ឲ្យដឹងដែរថា ធាតុ​ផ្សំអេឡិកត្រូនិក ដែល​មាន​ឈ្មោះក្នុង​បញ្ជីគម្រោងរឹតត្បិតនេះ គឺមានចំនួន​២៣មុខ ដែល​សុទ្ធតែជាគ្រឿងផ្សំដើម្បី​ផលិត​ឧបករណឺសឺមីកុងឌុកទ័រទំនើបឈានមុខ។ ផ្អែកតាមទីភ្នាក់ងារព័ត៌មាន Jiji ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនចំនួន​ជាង​១០ក្រុមហ៊ុន ដែល​នឹងត្រូវប៉ះពាល់ ដោយសារវិធានការរឹតត្បិតនេះ ដែលមានដូចជា Tokyo Electron និង Nikon ជាដើម។​ មានន័យថា ក្រុមហ៊ុនទាំងនេះ មិនអាចនាំចេញ​ទៅលក់​នៅក្រៅប្រទេសនូវធាតុផ្សំអេឡិកត្រូនិក​​ទាំង​២៣មុខនេះបានទេ ប្រសិន​មិន​ឆ្លងកាត់ការត្រួតពិនិត្យ និង​ការ​​អនុញ្ញាតពី​ខាងភ្នាក់ងាររដ្ឋាភិបាល​។ បង្ការកុំ​ឲ្យ​គេយក​ទៅ​ប្រើ​ដើម្បី​ផលិ​តគ្រឿងសព្វាវុធ​ យោងតាម​ការលើកឡើងរបស់​លោករដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ចជប៉ុន គឺ​ វិធានការរឹតត្បិតនេះ សំដៅ​បង្ការ​ កុំ​ឲ្យ​គេយក​ធាតុផ្សំអេឡិកត្រូនិកដ៏សំខាន់របសជប៉ុននេះ យកទៅប្រើ​នៅក្នុងការផលិតគ្រឿងសព្វាវុធទំនើប។ លោកNishimura បានបន្ថែមថា ជប៉ុនចង់ដើរតួនាទី ប្រកបដោយ​ការទទួលខុសត្រូវ នៅក្នុង​សហគមន៍អន្តរជាតិ ក្នុង​នាម​ជប៉ុន ជាប្រទេសនាំមុខមួយ នៅ​​​ក្នុង​បច្ចេកវិទ្យាផលិត​ “បន្ទះម៉េម៉ូរី”។ បើតាមការវិភាគសុចិនាថ គឺ​បរិបទសង្គ្រាម​នៅអ៊ុយក្រែន ដែលរុស្ស៊ី​កំពុងតែ​ធ្វើក្នុងពេលនេះ​ គឺជាហេតុផល​មួយសំខាន់ ព្រោះមានប្រភពព័ត៌មានជាច្រើន បាន​អះអាងថា រុស្ស៊ី​កំពុងតែត្រូវ​ការ​ធាតុផ្សំអេឡិកត្រូនិកខ្លាំងសម្បើមណាស់ ដើម្បី​ផលិត​ដ្រូន​ និង​គ្រឿងសព្វាវុធទំនើបច្រើនមុខទៀត។ ក្រុមប្រទេសលោកខាងលិច កំពុងតែរួមគ្នារកវិធី ដើម្បី​ផ្តាច់ផ្លូវ កុំ​ឲ្យ​រុស្ស៊ី​អាចទទួលបាន​គ្រឿងផ្សំអេឡិចត្រូនិក​ទាំងនេះ​ យលទៅផលិតអាវុធ។ ជាមួយ​នឹងទណ្ឌកម្មពីក្រុមប្រទេសលោកខាងលិច ការនាំចេញដោយ​ផ្ទាល់ទៅកាន់រុស្ស៊ី​ នូវធាតុផ្សំអេឡិកត្រូនិក​ដ៏សំខាន់នេះ ត្រូវបាន​ហាមឃាត់​មែន​ តែគេបារម្ភថា រុស្ស៊ីអាច​ស្វែងរកផ្លូវផ្សេងទៀត ដើម្បីទទួលបាន​គ្រឿងផ្សំទាំងនេះ។ គេសង្ស័យថារុស្ស៊ី អាចប្រើប្រាស់ភាគីចិន ឬអ៊ីរ៉ង់ ឲ្យជួយទិញឲ្យខ្លួន ឬក៏នាំចូលដោយ​លួចលាក់ជាដើម។ ជាងនេះទៀត ចិន ឬអ៊ីរ៉ង់ ក៏អាចផលិត​គ្រឿងសព្វាវុធ ដែលប្រើប្រាស់គ្រឿងផ្សំសឺមីកុងឌុកទ័រទិញបានមកពី​ជប៉ុនដែរ។ ដែលត្រង់នេះហើយ បានជារដ្ឋាភិបាលជប៉ុន ចង់រៀបចំវិធានការ ដើម្បីរឹតបន្តឹងតាមដានឲ្យ​បានម៉ដ្ឋចត់។ ប្រកួតប្រជែងបច្ចេកវិទ្យាជាមួយ​ចិន សហរដ្ឋអាមេរិក ដែលជា​សម្ព័ន្ធមិត្តរបស់ជប៉ុន បាន​បើក​ការប្រកួតប្រជែងយ៉ាងខ្លាំងដៃ នៅក្នុងវិស័យ​ផលិត​ “បន្ទះឈីប” ដើម្បីធ្វើយ៉ាងណា វាឲ្យដាច់ចិន ហើយ​រារាំងកុំឲ្យចិន អាចទទួលយកចំណេះជំនាញបច្ចេកវិទ្យារបស់គេយកទៅប្រើ។ ជាច្រើនខែមកនេះ អាមេរិកបានចេញវិធានការជាច្រើន សំដៅរារាំង មិន​ឲ្យក្រុមហ៊ុន​ផលិតរបស់ចិន អាចទិញយក​គ្រឿងផ្សំបច្ចេកវិទ្យា​​របស់អាមេរិក យកទៅ​ផ្សំ​ក្នុង​ឧបករណ៍អេឡិកត្រូនិកផលិតនៅចិន​។​ អាមេរិកក៏បានដាក់សំពាធ ធ្លាប់​បាន​ប្រាប់ទៅជប៉ុន និង​​ប្រទេសផ្សេងទៀតដែលជាសម្ព័ន្ធមិត្ត​របស់ខ្លួនដែរ ថាត្រូវតែប្រុងប្រយ័ត្ន មិនត្រូវ​បើកទ្វារបង្ហូរបច្ចេកវិទ្យាដ៏រសើបនេះ ទៅឲ្យចិនដោយងាយៗឡើយ។ យ៉ាងណាមិញ កាលពីដើមខែមីនានេះ ប្រទេសហូឡង់ ដែលជាតួអង្គមួយសំខាន់ដែរ នៅក្នុងវិស័យបច្ចេកវិទ្យាផលិត​បន្ទះឈីបអេឡិកត្រូនិក បាន​ប្រកាសថានឹងរឹតបន្តឹងការនាំចេញ ដោយឈរលើហេតុផល​សន្តិសុខជាតិ​។ គេមិនបានបញ្ចេញឈ្មោះចិនដោយចំៗមែន តែ​វាច្បាស់ណាស់ គឺការរឹតត្បិតនេះវានឹងប៉ះពាល់ទៅលើចិន ព្រោះថា ទីផ្សារផលិតគ្រឿងអេឡិកត្រូនិកវាធំមហិមាណាស់នៅចិន​។ ចិន​ដឹងខ្លួនថាវិធានការរឹតបន្តឹងរបស់ជប៉ុននេះ គឺសំដៅមកលើខ្លួន។ ភ្លាមៗក្រោយការប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុននេះ ចិនបាន​ប្រតិកម្មភ្លាមតែម្តង។ លោក​ Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងនៅក្នុងសន្និសីទកាសែតនៅព្រឹកមិញនេះ ថាជប៉ុនកំពុងតែសាងកំហុស​ឲ្យខ្លួនឯងហើយ ដោយសារតែ​រងសំពាធពីអាមេរិក​។ អ្នកនាំពាក្យចិនរូបនេះបន្ថែមថា ​ការ​យក​វិស័យ​ពាណិជ្ជកម្ម​បច្ចេកវិទ្យាទំនើប ទៅ​​លាបពណ៌នយោបាយ ធ្វើជាឧបករណ៍​ប្រយុទ្ធយកឈ្នះ ឬយកវាទៅប្រឡាក់ប្រឡូសនឹងវិស័យយោធា វានឹងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព​នៃ​បណ្តាញ​ចែកចាយនិងផលិត ​របស់​ពិភពលោក​។ យ៉ាងណាក៏ដោយ ​ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន បានអះអាងថា វិធានការរឹតត្បិតរបស់ជប៉ុន គឺមិនបានសំដៅទៅ​លើ​ប្រទេសណាមួយ ដោយចំពោះនោះទេ។ ដោយឡែកភាគីជប៉ុនបានប្រកាសផងដែរថា នៅចុងសប្តាហ៍នេះ​ លោកYoshimasa Hayashi រដ្ឋមន្ត្រី​ក្រសួងការបទេសជប៉ុន នឹងធ្វើដំណើរទៅប៉េកាំង។ បើតាមការវិភាគទៅ គឺជប៉ុន​ចង់ទៅនិយាយលួងចិត្តដែរ ដើម្បី​កុំឲ្យ​អន់ចិត្តមកលើខ្លួន។ ចិន​រំពឹងខ្លាំង ​លើបច្ចេកវិទ្យាសឺមីកុងឌុកទ័រពីខាងក្រៅ​​ ជាទូទៅយើងដឹងថា បិរមាណផលិត​ផល​អាឡិកត្រូនិកមួយផ្នែកធំ ដែល​មនុស្សយើងប្រើប្រាស់ រាប់ទាំងពីទូរទស្សន៍ ទូរស័ព្ទដៃ ម៉ាស៊ីមកុំព្យូទ័រ តាប្លែត និង​ឧបករណ៍​រាប់ពាន់​មុខទៀត គឺភាគច្រើន​ផលិតនៅចិន។ តែមិនមែនគ្រឿងផ្សំទាំងអស់សុទ្ធតែធ្វើនៅចិនទេ។ ជាក់ស្តែង​ឧបករណ៍សឺមីកុងដុកទ័រនេះឯង ដែលចិនទិញពីគេភាគច្រើន ព្រោះវាពិបាកធ្វើ ហើយចិននៅមិនទាន់មាន​បច្ចេកវិទ្យាឈានមុខដល់កម្រិត ក្នុង​ការផលិត​វាទេ។ ឧបករណ៍បច្ចេកវិទ្យា​អេឡិកត្រូវិកកាន់តែទំនើប កាន់តែមានទំហំតូចស្តើង គឺមានន័យថា គេត្រូវការ​ប្រើសឺមីកុងដុកទ័រកាន់តែតូចដែរ។ បើ​និយាយជារួម​ យោងតាមតួលេខឆ្នាំ​២០១៩ ការផលិត​សឺមីកុងឌុកទ័រគ្រប់ប្រភេទ ទាំងតូចទាំងធំ គឺតៃវ៉ាន់ផលិត​២០% កូរ៉េខាងត្បូង​១៩% ជប៉ុន ១៧%​ ចិន១៦% អាមេរិកខ្ទង់​១៣% ។ តែ​រាល់ថ្ងៃនេះ មានក្រុមហ៊ុនតែ២ទេ​ ដែលឈានមុខគេ ផលិត​សឺមីកុងឌុកទ័រប្រភេទឈានមុខ ដែលមាន​ទំហំតូចជាង ៧ណាណូម៉ែត្រ​ គឺក្រុមហ៊ុនTSMC Taiwan Semiconductor Manufacturing Company និងក្រុមហ៊ុន​Samsung កូរ៉េខាងត្បូង។​ បើនិយាយពីទំងន់ គឺក្រុមហ៊ុនតៃវ៉ាន់ TSMC ធ្ងន់ខ្លាំងណាស់ ព្រោះក្រុមហ៊ុននេះផ្គត់ផ្គង់សឺមីកុងឌុកទ័រ ចំនួន​៥៣% នៅក្នុង​ទីផ្សារពិភពលោក ខណៈ Samsung មានចំណែកប្រមាណ​១៧% នៅឆ្នាំ​២០២១​។ យោងតាមរបាយការណ៍របស់ Boston Consulting Group នៅឆ្នាំ​២០១៩ ក្រុមហ៊ុន TSMC ផ្គត់ផ្គង់សឺមីកុងឌុកទ័រអាប្រភេទទំនើប​​ឈានមុខ ចំនួន​៩២%ឯណោះ។ ជាក់ស្តែងក្រុមហ៊ុន Appel ទិញតែ​សឺម៉ីកុងឌុកទ័ររបស់តៃវ៉ាប់ យកទៅប្រើនៅក្នុងផលិតផលរបស់គេ ព្រោះវាតូចខ្លាំងនិងទំនើបគ្មានគូប្រៀប។ ដោយផ្អែកលើទំហំតម្រូវការ​និង​ផលិតដ៏ធំរបស់ចិន គឺចិនជាអ្នកនាំចូលសឺមីកុងឌុកទ័រធំជាងគេបង្អស់ក្នុងពិភពលោក​។ ឆ្នាំ​២០២១ ចិន​នាំចូលសឺមីកុងឌុកទ័រ ក្នុងទំហំទឹកប្រាក់ ចំនួន ៤៣០ពាន់លានដុល្លារ ដែលក្នុងនោះគ្រាន់តែនាំចូលពីតៃវ៉ាន់ គឺ​ប្រមាណ​៣៦%ទៅហើយ។ ចិនអាចផលិត​ខ្លួនឯងបានត្រឹមតែ ១៥,៧%នៃតម្រូវការប៉ុណ្ណោះ ហើយភាគច្រើនលើសសុប ជាប្រភេទសឺមីកុងឌុកទ័រធំមិនសូវទំនើបខ្លាំងទេ។ មានន័យថាក្នុងវិស័យនេះ ចិនមានឱនភាពពាណិជ្ជកម្មខ្លាំងណាស់ ពោលគឺចិនរំពឹងលើ​ការនាំចូលពីក្រៅ ពីតៃវ៉ាន់ ពីកូរ៉េខាងត្បូង និងពីជប៉ុន​។ ហេតុដូច្នេះហើយ បានជា​ថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសពីមហាផែនការជាតិ ដើម្បីផ្តល់សន្ទុះដល់ការស្រាវជ្រាវ​ផ្នែកបច្ចេកវិទ្យានេះ។ គឺក្នុងបរិបទ ឃើញតៃវ៉ាន់មានទំងន់ខ្លាំងនេះ​ក្នុងវិស័យសឺមីកុងឌុកទ័រនេះដែរ ដែលជំរុញឲ្យចិនកាន់តែចង់បានតៃវ៉ាន់មកគ្រប់គ្រង៕
3/31/20238 minutes, 58 seconds
Episode Artwork

ប្រធានាធិបតីតៃវ៉ាន់តៃវ៉ាន់ ទៅទស្សនកិច្ចនៅតំបន់អាមេរិកកណ្តាលដោយឆ្លងកាត់សហរដ្ឋអាមេរិក បង្កកំហឹងរបស់ចិន

លោកស្រី សៃ អ៊ីងវេន ប្រធានាធិបតីកោះតៃវ៉ាន់ គ្រោងធ្វើដំណើរទៅទស្សនកិច្ច នៅតាមប្រទេសមួយចំនួននៅតំបន់អាមេរិកកណ្តាល ដែលមានទំនាក់ទំនងការទូតជាផ្លូវការជាមួយចិន។ ការធ្វើដំណើរទៅ ដែលលោកស្រីនឹងឆ្លងកាត់សហរដ្ឋអាមេរិក ហើយនឹងអាចជួបជាមួយថ្នាក់ដឹកនាំនយោបាយរបស់សហរដ្ឋអាមេរិក ថែមទៀតផង។ ដំណឹងនេះ បានបង្កឲ្យរដ្ឋាភិបាលចិន ខឹងច្រលោតជាខ្លាំង។ ចិនអះអាងថា តៃវ៉ាន់គឺជាទឹកដីរបស់ចិន ហើយមានតែប៉េកាំងមួយគត់ដែលជាតំណាងស្របច្បាប់ របស់រដ្ឋាភិបាលចិនតែមួយ។ គួរកត់សំគាល់ថា សំណុំរឿងកោះតៃវ៉ាន់ កាន់តែមានភាពតានតឹងខ្លាំងឡើងៗ បន្ទាប់ពីចិនបានបង្ហាញជំហរកាន់តែច្បាស់ ថាអាចនឹងប្រើកម្លាំងនៅថ្ងៃណាមួយ ដើម្បីកាន់កាប់កោះតៃវ៉ាន់ឲ្យបាន។ យោងតាមការបញ្ជាក់ពីរដ្ឋាភិបាលតៃវ៉ាន់ គឺលោកស្រី សៃ អ៊ីងវេន នឹងទៅធ្វើទស្សនកិច្ចចំនួន១០ថ្ងៃ នៅ​តាមប្រទេសមួយចំនួន​ ក្នុងតំបន់អាមេរិកកណ្តាល ក្នុងនោះ គឺលោកស្រីនឹងទៅជួប​ជាមួយ​លោក​ប្រធានាធិបតី​ហ្កាតេម៉ាឡា និង​លោក​ប្រធានាធិបតីប្រទេសបេលីស។ នៅក្នុងការធ្វើដំណើរនេះ លោកស្រីនឹងចុះដូរយន្តហោះ នៅ​ទីក្រុងញូយ៉ក នៅថ្ងៃពុធនេះ​ ដោយ​លោកស្រី​នឹងធ្វើដំណើរចូលទៅទីក្រុងញូយ៉ក ប៉ុន្មានម៉ោង មុន​នឹងឡើងយន្តហោះបន្ត។ ហើយពេលត្រលប់​មកវិញ លោកស្រីនឹងកាត់តាមទីក្រុងឡូសអង់ហ្សឺឡេស រដ្ឋកាលីហ្វ័រញ៉ា។ លោក Kevin McCarthy ប្រធានាសភាតំណាងរបស់សហរដ្ឋអាមេរិក ដែល​បានប្រកាសថា លោកនឹងជួបជាមួយ​លោកស្រី ប្រធានាធិបតីតៃវ៉ាន់ នៅ​ឡូសអង់ហ្សឺឡេស។ តែយ៉ាងណា គិតមកត្រឹមពេលនេះ ខាងរដ្ឋាភិបាលតៃវ៉ាន់ មិនបាន​បញ្ជាក់អ្វីទាំងអស់ ថានៅទីក្រុងញូយ៉ក លោកស្រី សៃ នឹងទៅណាខ្លះ ទៅជួបនរណាខ្លះ ហើយពេល​មកវិញ កាត់តាម​ឡូសអង់ហ្សឺឡេស ក៏មិនមានការបញ្ជាក់លំអិតដែរ​។ ថ្លែងមិនពេលឡើងយន្តហោះ លោកស្រី សៃ អ៊ីងវេន បាន​លើកឡើងថា ការដាក់សំពាធពីខាងក្រៅ មិនបានឲ្យ​តៃវ៉ាន់បាត់បង់​ការប្តេជ្ញាតាំងចិត្តយ៉ាងសកម្មនៅលើឆាកអន្តរជាតិនោះទេ។ លោកស្រីបន្ថែមថា “យើងស្ងប់ស្ងាត់ យើងមានទំនុកចិត្ត ហើយយើងមិនទៅបង្កបញ្ហារករឿងនរណាឡើយ”។ ចិន​ចាត់ទុក​ថា​​ជា​សកម្មភាពរករឿង ប៉ះពាល់​មកលើគោលការណ៍ចិនតែមួយ​ យើងនៅ​ចាំបាន នូវ​កំដៅខឹងច្រលោតតោងតូងរបស់ចិន កាលពីខែសីហាឆ្នាំ​២០២២ នៅពេល​លោកស្រី ​ណាន់ស៊ី ប៉េឡូស៊ី ប្រធានសភាតំណាងអាមេរិកកាលជំនាន់នោះ បានធ្វើដំណើរទៅ​ទីក្រុងតៃប៉ិ ជួយលោកស្រី សៃ អ៊ីងវេន។ ចិនបានបើកការធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយធំ ដើម្បីហាត់សមគំរាម​ប្រើកម្លាំងលើតៃវ៉ាន់។ ដូច្នេះ គេអាចស្រម៉ៃបាន​ថា ប្រសិន​បើលើកនេះ លោកស្រី សៃ អ៊ីងវេន នឹងជួបជាមួយ​លោក​ Kevin McCarthy មែននោះ គឺចិនច្បាស់ជាប្រតិកម្មខ្លាំងក្លាមិនខានទេ។ នៅថ្ងៃពុធនេះ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យចិន ទទួលបន្ទុក​​កិច្ចការតៃវ៉ាន់ បាន​ប្រតិកម្មថា ដំណើរឆ្លងកាត់ទឹកដីអាមេរិក របស់​លោកស្រី សៃ​ អ៊ីងវេន វាគឺជា​សកម្មភាពរងរឿងរបស់តៃវ៉ាន់។ សកម្មភាពបែបនេះ គឺវាបំពាន មកលើគោលការណ៍ចិនតែមួយ ហើយវា​ប៉ះពាល់​យ៉ាងខ្លាំង ទៅលើ​អធិបតេយ្យភាពបូរណភាពដែនដីរបស់ចិន ព្រមទាំងអាចបំផ្លាញ​សន្តិភាព និងស្ថិរភាពតំបន់ថែមទៀតផង។ មន្ត្រីរដ្ឋាភិបាលចិនរូបនេះ បន្ថែមថា ចិនប្រឆាំងដាច់ខាត ហើយ​ចិន​នឹងមានវិធានការឆ្លើយតបវិញដោយ​មិនបង្អង់ ប្រសិនបើ​លោកស្រី សៃ អ៊ីងវេន ទៅជួប​ប្រធានសភា​តំណាងអាមេរិកមែននោះ។ ដោយឡែក មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដោយ​សុំមិនបញ្ចេញ​ឈ្មោះ បាន​លើកឡើងថា វាគ្មានហេតុផលអ្វីសោះ ដែលចិន ត្រូវខឹងច្រលោតបែបនេះ។ សម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក​ ការដែលលោកស្រី ធ្វើដំណើរឆ្លងកាត់ទឹកដីអាមេរិក គឺវាមិនបានទៅរំលោភបំពានអ្វី​ ដល់គោលការណ៍ចិនតែមួយនោះទេ។ ជាងនេះទៀត បើលោកស្រី សៃ អ៊ីងវេន ជួបជាមួយ​មន្ត្រីអាមេរិកខ្លះមែន តែវាជាជំនួបក្រៅផ្លូវការ ជាលក្ខណៈឯកជន ហើយដែល​គេធ្លាប់ធ្វើយូរយាមកហើយ មិនមែនទើបតែលើកនេះឯណា។ មន្ត្រីអាមេរិករូបនេះ អះអាងថា កន្លងមក ប្រធានាធិបតីតៃ​វ៉ាន់ ធ្លាប់មកអាមេរិក ហើយបានជួបជាមួយ​សហគមន៍​ប្រជាជនតៃវ៉ាន់ និងបានជួបពិភាក្សាការងារ ជាមួយ​សមាជិកសភាខុនហ្ក្រេស​ជាដើម ដែលវាមិនមែនជារឿងអ្វីថ្មី ចម្លែកនោះទេ។ យុទ្ធសាស្ត្រចិន ដើម្បី​​រារាំងវិស័យការទូតតៃវ៉ាន់​ យ៉ាងណាក៏ដោយ ចិនមិនសុខចិត្តទេ ដែលឃើញតៃវ៉ាន់មានទំនាក់ទំនងជាមួយ​ប្រទេសផ្សេងៗ។ យើងសង្កេតឃើញថា ចិនបានប្រើវិធីដើម្បីអូសទាញប្រទេសកាន់តែច្រើន ឲ្យបោះបង់ចោលតៃវ៉ាន់។ ជាក់ស្តែង​ កាលពីចុងសប្តាហ៍មុននេះ ប្រទេសហុងឌូរ៉ាស ដែលជាប្រទេសក្រីក្រមួយនៅតំបន់អាមេរិក​កណ្តាល បាន​ប្រកាសឈប់ទទួលស្គាល់ “សាធារណរដ្ឋចិន” ដែលជាឈ្មោះផ្លូវការរបស់​កោះតៃវ៉ាន់ហើយ។ ហុងឌូរ៉ាស បានងាក​ប្រកាសទទួលស្គាល់សាធារណៈរដ្ឋប្រជាមានិត្យចិន នឹងភ្ជាប់ចំណងការទូតជាផ្លូវការ​។ ប៉ុន្មានជាង​១០ឆ្នាំងចុងក្រោយ​នេះ គេសង្កេតឃើញថា តៃវ៉ាន់បានបាត់បង់ប្រទេសដែលទទួលស្គាល់ខ្លួនកាន់តែច្រើនឡើងៗ។ គិតត្រឹមពេល​នេះ គឺ​នៅសល់តែ​១៣ប្រទេសទេ ដែលនៅទទួលស្គាល់តៃវ៉ាន់ ដែលភាគច្រើននៅ​តំបន់អាមេរិក​ឡាទីន តំបន់ការ៉ាអ៊ីប និង​ប្រទេសកូនកោះក្នុងសមុទ្រ​ប៉ាស៊ីហ្វិក​ជាដើម​។ យោងតាមការសង្កេត​ គឺចិន​បាន​ប្រើប្រាស់​វិធីសាស្ត្រ សន្យាជួយជាជំនួយហិរញ្ញវត្ថុ ផ្តល់ថវិកាវិនិយោគផ្សេងៗ ដើម្បីឲ្យ​ប្រទេសទាំងអស់នោះ ដោះដៃចោលតៃវ៉ាន់។ ជាយុទ្ធសាស្ត្រដែល​លោកស្រីប្រធានាធិបតីតៃវ៉ាន់ ហៅថាជាគោលនយោបាយ​យកលុយដើរ​ទិញគេ ​របស់ចិន​។ ជាក់ស្តែង កោះសាឡូម៉ុង បាន​ភ្ជាប់ទំនាក់ទំនងជាផ្លូវការជាមួយចិន ហើយ​បើក​ដៃឲ្យ​ចិន​ប្រើ​ប្រាស់កំពង់ផែដ៏ធំ រៀបចំមូលដ្ឋានទ័ពទៀត ជាថ្នូរនឹងប្រាក់​ប្រមាណ​៥០០លានដុល្លារ។ កោះសាវតូម៉េ ក៏អញ្ចឹងដែរ ដែលបានទាមទារឲ្យតៃវ៉ាន់ឲ្យ​ប្រាក់ខ្លួន២០០លានដុល្លារ តែពេលរដ្ឋាភិបាលតៃវ៉ាន់មិនព្រម ក៏ងាកទៅរកចិនទៅ ព្រោះចិនគេព្រមឲ្យ​។​ បើនិយាយ​ពី​ផល​ប្រយោជន៍សេដ្ឋកិច្ចសម្រាប់តៃវ៉ាន់ ជាមួយ​ប្រទេសតូចតាចដែលទទួលស្គាល់ខ្លួននេះ គឺវាមានតិចខ្លាំងណាស់។ វិស័យ​សេដ្ឋកិច្ចពាណិជ្ជកម្ម ធាតុពិតទៅ តៃវ៉ាន់មានទំនាក់ទំនងក្រៅផ្លូវការជាមួយ​អាមេរិក អឺរ៉ុប ជប៉ុន ហើយរួមទាំងចិនផងដែរ។​ ក៏ប៉ុន្តែ​វាមានសារៈសំខាន់ ក្នុងវិស័យការទូតសម្រាប់តែវ៉ាន់ ប្រសិន​បើ​មានប្រទេសច្រើនទទួលស្គាល់ ទោះជាប្រទេសតូចតាចក៏ដោយ។ វាបញ្ជាក់ពីភាពជាម្ចាស់ការរបស់តៃវ៉ាន់ ពីលទ្ធភាពអាចមានគោល​នយោបាយការបរទេសដោយខ្លួនឯង ដែលវាគឺជាលក្ខខណ្ឌមួយសំខាន់ ដើម្បីអាចក្លាយជាប្រទេសមួយពេញ​ឯករាជ្យ​។ មួយវិញទៀត ប្រទេសតូចតាចដែលទទួលស្គាល់តៃវ៉ាន់ អាចជួយ​ថ្លែងសារជំនួសមុខតៃវ៉ាន់បាន​ នៅឯអង្គការសហប្រជាជាតិ ព្រោះថាតៃវ៉ាន់គ្មានឈ្មោះក្នុងអង្គការកំពូលនេះទេ។ ការពង្រឹងវិស័យការទូតតៃវ៉ាន់ ក៏សំខាន់ណាស់ដែរ ដើម្បី​បន្តិចម្តងៗ តៃវ៉ាន់អាចត្រូវបានគេទទួលឲ្យចូលជាសមាជិកស្ថាប័នអន្តរជាតិធំ តួយ៉ាងដូចជាអង្គការសុខភាពពិភពលោក ឬសមាគមអាកាសចរណ៍ស៊ីវីលអន្តរជាតិជាដើម។ យុទ្ធសាស្ត្ររបស់ចិនបច្ចុប្បន្ននេះ គឺកាន់តែរឹងរូសខ្លាំង ដោយធ្វើម៉េចរកវិធីរារាំង កុំឲ្យ​វិស័យការទូតតៃវ៉ាន់ អាចរីកចម្រើន ឬដើរទៅបាន​ដោយរលូន។ ចិនមិនត្រឹមតែប្រឆាំងនឹងទំនាក់ទំនងផ្លូវការទេ តែចិនកាន់តែចេញមុខប្រឆាំងនឹងទំនាក់ក្រៅផ្លូវការ ដែលប្រទេសនានាមានជាមួយតៃវ៉ាន់។ តែបើតាមការវិភាគ របស់​លោក James Lee អ្នកជំនាញទំនាក់ទំនងអាមេរិក-តៃវ៉ាន់ នៅវិទ្យាស្ថាន Sinica គឺការដែល​ចិនប្រើក្រញ៉ាំអូសទាញគេឯង ឲ្យ​បោះបង់ចោលតៃវ៉ាន់កាន់តែខ្លាំងបែបនេះ គឺវានឹងរុញធ្វើឲ្យតៃវ៉ាន់ និង​អាមេរិកកាន់តែខិតចូលកៀកគ្នាកាន់តែខ្លាំងទៅវិញទេ។ រួមរស់ជាមួយចិន ឬ​ មានស្វ័យភាព​? ស្របពេលដែល​លោកស្រី សៃ អ៊ីងវេន ធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកនេះ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក​អតីតប្រធានាធិបតីតៃវ៉ាន់ ដែលមកពីគណបក្សកួមីនតាង បានធ្វើដំណើរទៅប្រទេសចិន​។ របត់នយោបាយ​២ផ្លូវផ្សេងគ្នាកំពុងតែលេចរូបរាងច្បាស់ណាស់មែនទេ នៅតៃវ៉ាន់ រវាង​គណបក្សកួមីនតាងដែលចង់ងាកទៅខាងចិន និងគណបក្សរបស់​លោកស្រី សៃ អ៊ីងវេន ដែលចង់រក្សាឲ្យ​តៃវ៉ាន់មានស្វ័យភាពម្ចាស់ការ​។ បញ្ហា​ទំនាក់ទំនងជាមួយ​ចិននេះ គឺជា​ប្រធានបទនយោបាយ​មួយដ៏សំខាន់ខ្លាំងណាស់ នៅតៃវ៉ាន់ ជាពិសេសគឺខណៈពេលដែលការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនៅតៃវ៉ាន់ នឹងមកដល់នៅដើមឆ្នាំ​២០២៤ខាងមុខ។ គណបក្សកួមីនតាង ដែលធ្លាប់គ្រប់គ្រងអំណាចច្រើនអាណត្តិនៅតៃវ៉ាន់ មានទំនោរទន់ទោរ មិនចង់​ឲ្យតៃវ៉ាន់រឹងរូសខ្លាំងជាមួយចិនទេ។ ទោះបក្សនេះមិននិយាយឲ្យចំៗ ដោយ​ប្រើពាក្យថាចង់​ឲ្យ​តៃវ៉ាន់រួបរួម​បញ្ចូលជាមួយចិនក៏ដោយ គោលនយោបាយ​បក្សនេះគឺចង់​ឲ្យតៃវ៉ាន់មានទំនាក់ទំនងល្អប្រសើជាមួយចិន។ ដោយ​ឡែកគណបក្ស​ ប្រជាធិបតេយ្យចម្រើននិយម របស់លោកស្រីសៃ អ៊ីងវេន វិញ គឺមានទំនោររឹងរូសជាង ដោយចង់ឲ្យ​តៃវ៉ាន់មានភាពម្ចាស់ការ​ មានស្វ័យភាពបន្តដូចរាល់ថ្ងៃនេះតទៅទៀត។ គណបក្សនេះឃើញបទពិសោធន៍ហុងកុងហើយ ថាបើ​បណ្តោយ​ឲ្យប៉េកាំងចូលមក គឺសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ ច្បាស់ជាត្រូវ​បំផ្លាញ​មិនខានទេ។ ត្រង់ចំណុចនេះ តាមការវិភាគយើងឃើញថា ប្រជាជនតៃវ៉ាន់បាន​គាំទ្រកាន់តែ​​ច្រើន ព្រោះគេមិនចង់​មានវាសនាដូចហុងកុង ដូចទីបេ ឬស៊ីនជាំងទេ។ ជាច្រើនឆ្នាំមកនេះ ដែលតៃវ៉ាន់​នៅដាច់ពីចិន គឺតៃវ៉ាន់បានកសាងអត្តសញ្ញាណខ្លួនឯងបាន​យ៉ាងច្បាស់។ នៅតៃវ៉ាន់ ក៏មិនមែនមានតែជនជាតិចិននោះដែរ គឺគេមានជនជាតិដើមម្ចាស់ស្រុកច្រើនកុលសម្ព័ន្ធ ដែលរស់នៅមុននឹងជនជាតិចិនទៅគ្រប់​គ្រងទៅទៀត។ ជាងនេះទៀត តៃវ៉ាន់មាន​សក្តានុយពលសេដ្ឋកិច្ចខ្លាំង ដែល​ប្រទេសលោកខាងលិចចង់បាន​ និងត្រូវការការសហការ ជាក់ស្តែងក្នុងវិស័យបច្ចេកវិទ្យាទំនើប។ មតិប្រជាជនតៃវ៉ាន់ខ្លះ បានថែមទាំងចង់ឲ្យ​តៃវ៉ាន់កែរដ្ឋធម្មនុញ្ញ ឈប់ដាក់ឈ្មោះជាផ្លូវការថា សាធារណរដ្ឋចិន តទៅទៀត ដោយត្រូវហៅថា សាធារណរដ្ឋតៃវ៉ាន់ ឲ្យចំៗតែម្តង ដើម្បីកុំឲ្យជំពាក់វាក់វិនជាមួយចិនតទៅទៀត។ ដូច្នេះ ការវិវឌ្ឍន៍ថ្ងៃមុខ​​​យ៉ាងណា គឺវាអាស្រ័យខ្លាំងណាស់ ថាតើគណបក្សណាមួយ ដែលនឹងមកដឹកនាំ​រដ្ឋាភិបាលតៃវ៉ាន់នៅអាណត្តិក្រោយ។ លោកស្រី សៃ អ៊ីងវេន ឈរឈ្មោះ២អាណត្តិហើយ មិនអាចឈរឈ្មោះបានទៀតទេ៕
3/29/202310 minutes, 2 seconds
Episode Artwork

Amnesty International បរិហារក្រុមប្រទេសលោកខាងលិច ថាមិនខ្វល់​ពីអំពើ​រំលោភបំពានផ្សេងទៀត ដូច​ករណី​នៅ​អ៊ុយក្រែន

អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលសង្គ្រាមនៅអ៊ុយក្រែនបាន​ផ្ទុះឡើង បន្ទាប់ពីរុស្ស៊ី​បានប្រើកម្លាំងទ័ពចូលឈ្លានពានប្រទេសនេះ។ ការឈ្លានពាន​ដែលត្រូវបាន​ក្រុមប្រទេសលោកខាងលិច រួម​កម្លាំងគ្នាយ៉ាងខ្លាំងក្លា​ ក្នុង​ការថ្កោលទោស ដាក់ទណ្ឌកម្ម ព្រួយ​ទាំង​ការ​ផ្តល់ជាជំនួយថវិកា និងគ្រឿងសព្វាវុធ​ដល់អ៊ុយក្រែន ដែលជាអ្នករងគ្រោះ។ តែទន្ទឹមគ្នានេះ អង្គការ Amnesty International បានលើកឡើង​នៅក្នុងរបាយការណ៍​ប្រចាំឆ្នាំរបស់ខ្លួន​ ថា នៅទូទាំងពិភពលោកមានរឿងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរច្រើនណាស់ តែក្រុមប្រទេស​លោក​ខាងលិចបានព្រងើយ​កន្តើយ មិនអើពើទាល់តែសោះ ដែលវាខុសពីករណីនៅអ៊ុយក្រែន។​ Amnesty International បរិហារថា​​ ការមិនខ្វល់ខ្វាយនេះ​​​ ក៏ដោយសារតែក្រុមប្រទេសលោកខាងលិច គិតថាវា​​គ្មានប្រយោជន៍​ផ្ទាល់សម្រាប់គេ​។ “គ្រាប់ជញ្ជីង១ ទម្ងន់២” ខ្លឹមសារធំនៃ​របាយការណ៍​ប្រចាំឆ្នាំ របស់អង្គការ Amnesty International ដែលចេញផ្សាយ​នៅថ្ងៃអង្គារទី២៨​មីនា គឺ​ការលើកឡើងបែបស្តីបន្ទោស ចំពោះភាពខុសគ្នានៃ​ការឆ្លើយតប​របស់​ក្រុមប្រទេស​លោក​ខាងលិច រវាងករណីសង្គ្រាមនៅអ៊ុយក្រែន និង​ករណីរំលោភបំពាន​សិទ្ធិមនុស្សផ្សេងទៀតនៅទូទាំងពិភពលោក។ ពោលគឺសង្គ្រាមនៅអ៊ុយក្រែន ដែលរុស្ស៊ីបានរំលោភបំពានច្បាប់អន្តរជាតិ ឈ្លានពានទឹកដីគេ បាញ់ប្លោងគ្រាប់មីស៊ីល ​ស្លាប់​ប្រជាជនស៊ីវីលអ៊ុយក្រែន កម្ទេចផ្ទះសម្បែងអគារ ហេតុដ្ឋារចនាសម្ព័ន្ធនានា គឺក្រុមប្រទេស​លោកខាងលិច បានរួមកម្លាំងគ្នាភ្លាមៗ ដើម្បី​ជួយ​ឈឺឆ្អាលអ៊ុយក្រែន តាមរយៈការប្រកាសថ្កោលទោសរុស្ស៊ី ដាក់ទណ្ឌកម្មលើរុស្ស៊ី និង​ផ្តល់ជាជំនួយថវិកា សម្ភារៈយោធាតម្លៃរាប់ពាន់លានទៅឲ្យ​អ៊ុយក្រែន។ ផ្ទុយទៅវិញ ករណីរំលោភបំពានសិទ្ធិមនុស្ស​ ដែលកើតមាននៅប្រទេសផ្សេងទៀត គឺក្រុមប្រទេសលោកខាងលិច បានធ្មេចភ្នែក ខ្ទប់ត្រចៀក មិនមើល មិនខ្វល់សោះឡើយណា។ អំពើរំលោភសិទ្ធិមនុស្ស​នៅអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ ចិន … របាយការណ៍ Amnesty International​ បាន​លើកឡើងឧទាហរណ៍​ច្រើនករណី ដែលបញ្ជាក់ពី​ការមិនខ្វល់ខ្វាយ​របស់​ក្រុមប្រទេសលោកខាងលិច។ តួយ៉ាងករណី​រំលោភសិទ្ធិមនុស្ស​នៅអេហ្ស៊ីប ដែលរដ្ឋាភិបាល​បានចាប់បង្ឃាំងអ្នកទោសនយោបាយរាប់ពាន់នាក់ និង​​ការកាត់ទោសប្រហារជីវិតសកម្មជននយោបាយប្រឆាំង​ និង​​សកម្មជន​ការពារសិទ្ធិមនុស្ស​នៅអារ៉ាប៊ីសាអូឌីតជាដើម។​ សកម្មភាព​រំលោភបំពានសិទ្ធិមនុស្សទាំងនេះ គឺគ្មានឡើយ​ប្រតិកម្ម​ថ្កោលទោស ដាក់ទណ្ឌកម្ម ទៅលើរបបដឹកនាំទាំងនេះ ពីសំណាក់​ក្រុមប្រទេសលោក​ខាងលិច​។ មិនត្រឹមតែមិនអើពើទេ ករណីខ្លះក្រុមប្រទេសលោកខាងលិច ហាក់ដូចជាបានចូលដៃ​ជាមួយអំណាចនយោបាយ នៅក្នុងសកម្មភាពរំលោភបំពានសិទ្ធិមនុស្សថែមទៀតផង។ Amnesty International អះអាងថា ឧទាហរណ៍ដូចក្នុងករណី​ការរំលោភបំពាន​ផ្ទួនៗ ទៅលើប្រជាជនប៉ាឡេស្ទីន ពីសំណាក់អាជ្ញាធរអ៊ីស្រាអែល ដែល​បាន​ច្បាមយកដី​ដាក់អាណានិគមនៅ​តំបន់ស៊ីហ្សកដានីប៉ាឡេស្ទីន។ ទង្វើនេះជាការបំពាន​យ៉ាងស្រស់ៗលើសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីនពីសំណាក់អ៊ីស្រាអែល​។​ ករណីរំលោភសិទ្ធិមនុស្ស​ធ្វើឡើងដោយរដ្ឋាភិបាលចិន ធ្វើទៅលើប្រជាជនអ៊ុយហ្កួរខេត្តស៊ីនជាំង ធ្វើទៅលើ​សកម្មជនប្រជាធិបតេយ្យហុងកុង ជាដើម ក៏គ្មានប្រតិកម្ម​ថ្កោលទោស ឬដាក់ទណ្ឌកម្ម​ឲ្យខ្លាំងក្លា និងជាក់ស្តែងដូចក្នុងករណី​នៅអ៊ុយក្រែន​ដែរ។ ចលនាបាតុកម្មរបស់​ប្រជាជនអ៊ីរ៉ង់ ដែលត្រូវបានរបបផ្តាច់ការអ៊ីស្លាមវាយបង្ក្រាប​យ៉ាងហិង្សា ប៉ុន្មានខែមកនេះ ក៏គ្មានការអើពើឯណា ពីក្រុមប្រទេសលោកខាងលិចដែរ​។ ជម្លោះ​ប្រដាប់អាវុធស្លាប់​ប្រជាជនស៊ីវីល មិនខុសពីនៅអ៊ុយក្រែន​ ករណីសង្គ្រាម និង​ជម្លោះប្រដាប់អាវុធ ដែលបណ្តាលឲ្យស្លាប់ជនស៊ីវីលរាប់ពាន់រាប់ម៉ឺននាក់ នៅតាមប្រទេសផ្សេងទៀត ក៏ហាក់ដូចជាមិនត្រូវបាន​ក្រុមប្រទេសលោកខាងលិច យកចិត្តទុកដាក់ខ្លាំង ដូចនៅករណី​អ៊ុយក្រែន​ដែរ។ របាយការណ៍របស់ Amnesty International បាន​លើកឡើង នូវឧទាហរណ៍​ជាក់ច្បាស់មួយ គឺ​​សង្គ្រាមនៅយេម៉ែន ដែល​បង្កឡើងដោយក្រុមឧទ្ទាមហ៊ូទី និង​កងទ័ពនៃ​របបផ្តាច់ការអារ៉ាប៊ីសាអូឌីត។ យោងតាមតួលេខ របស់ Amnesty International គិតត្រឹមចុងឆ្នាំ​២០១៩ សង្គ្រាមបង្ហូរឈាមនេះ បាន​​សម្លាប់​ប្រជាជនស៊ីវីលយេម៉ែន ចំនួនប្រមាណ​ ២៣៣០០០នាក់។ បច្ចុប្បន្នសង្គ្រាមនេះ កំពុងតែធ្វើ​ឲ្យ​ប្រជាជនយេម៉ែន ប្រមាណ​១៦លាននាក់ រស់នៅ​ក្នុងស្ថានភាពមនុស្សធម៌ដ៏លំបាកខ្លាំងបំផុត ដោយសារគ្មានស្បៀងអាហារ គ្មានថ្នាំសង្កូវព្យាបាល ។ល។ ករណីមួយទៀត គឺសង្គ្រាមនៅតំបន់ទីហ្ក្រេ ប្រទេសអេត្យូពី។ អង្គការ Amnesty International លើកឡើងថា កងទ័ពរដ្ឋាភិបាលអេត្យូពី បានធ្វើសកម្មភាពវាយ​ប្រហារ កាប់សំលាប់​ប្រជាជនស៊ីវីលនៅតំបន់ទីហ្ក្រេ ចំនួន​យ៉ាងហោច​៥សែននាក់ ដោយ​គ្មានសហគមន៍អន្តរជាតិណាខ្វល់ខ្វាយ​ទាំងអស់។ ហើយករណីនៅភូមាវិញ សំណុំរឿងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅរងទុក្ខវេទនាប្រមាណជិត១លាននាក់ នៅ​បង់ក្លាដេស ក៏មិនត្រូវ​បាន​ក្រុមប្រទេសលោកខាងលិច ចាប់អារម្មណ៍ខ្វល់ខ្វាយឈឺឆ្អាលណាស់ណាដែរ។ បន្ថែមពីនេះ នៅក្រោយ​រដ្ឋប្រហារ របបសិកភូមា បាន​បើក​ប្រតិបត្តិការ​បង្ក្រាប បំភិតបំភ័យក្រុមប្រឆាំង សម្លាប់មនុស្សជាច្រើនពាន់នាក់ និងបាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​១៥ម៉ឺននាក់ ត្រូវ​ភៀសខ្លួនចោលផ្ទះសម្បែង។​ ករណីទាំងអស់នេះ សុទ្ធសឹងតែជា​ទុក្ខលំបាករបស់​ប្រជាជនដែល​រងគ្រោះ ដែលវាមិនខុសពី​ទុក្ខលំបាក​របស់​ប្រជាជនអ៊ុយក្រែនឡើយ។ ជនភៀសខ្លួនអ៊ុយក្រែន គេទទួលដៃ១០ នៅក្នុង​បញ្ហាទទួលជនភៀសខ្លួននេះដែរ យើងឃើញថាវាមានភាពខុសគ្នាខ្លាំង ជនភៀសខ្លួនអ៊ុយក្រែន ដែលត្រូវបាន​ក្រុមប្រទេសលោកខាងលិចរៀបចំបែងចែងទទួលយ៉ាងកក់ក្តៅភ្លាមៗ ខណៈជនភៀសខ្លួន​មកពី​បណ្តាប្រទេសផ្សេងទៀត ត្រូវគេរុញច្រានចេញទៅវិញដោយ​អមនុស្សធម៌​។ ត្រង់ចំណុចនេះ របាយការណ៍របស់ Amnesty International បាន​ថ្កោលទោសខ្លាំងណាស់ ចំពោះសកម្មភាពរបស់​ក្រុមប្រទេសលោកខាងលិច ដែល​បាន​មាន​គោលនយោបាយ​មិនដូចគ្នា ចំពោះមុខ​ជនភៀសខ្លួនមកពីអ៊ុយក្រែន និងជនភៀសខ្លួនដែល​មកពីបណ្តាប្រទេសផ្សេងទៀត។ សហរដ្ឋអាមេរិក បាន​ប្រកាសទទួលជនភៀសខ្លួនអ៊ុយក្រែន ចំនួនច្រើនម៉ឺននាក់ណាស់។ តែផ្ទុយទៅវិញ រវាងពីខែកញ្ញាឆ្នាំ​២០២១ ដល់ខែឧសភាឆ្នាំ២០២២ អាជ្ញាធរអាមេរិក បានបណ្តេញ​ជនភៀសខ្លួនមកពីប្រទេស​ហៃទី ចំ​នួន២៥០០០នាក់។ ភាគច្រើនមុននឹងត្រូវគេបណ្តេញចេញ ជនភៀសខ្លួនហៃទីត្រូវគេយកទៅដាក់ឃុំ និងមានករណី​ធ្វើទារុណកម្មខ្លះទៀតផង។ នេះបើផ្អែកតាមរបាយការណ៍របស់ Amnesty International។ នៅអឺរ៉ុបវិញក៏មិនខុសគ្នាដែរ។ គេបាន​ចាត់ចែងភ្លាមៗ បែងចែកទទួលស្វាគមន៍​យ៉ាងកក់ក្តៅចំពោះជនភៀសខ្លួនមកពីអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបាន​លើកទ័ពចូលឈ្លានពាន។ តែផ្ទុយទៅវិញ ជនភៀសខ្លួនមកពី​អាហ្វ្រិក មកពីស៊ីរី អ៊ីរ៉ាក់ ឬអាហ្វហ្កានីស្ថានជាដើម គឺអាជ្ញាធរប្រទេស​អឺរ៉ុប បាន​ប្រើ​វិធីគ្រប់យ៉ាងដើម្បីដាក់រនាំង។ ជាច្រើនឆ្នាំមកហើយ ដែល​ជនភៀសខ្លួន​បាន​ផ្សងជីវិត ឆ្លងទូកកាត់សមុទ្រ ខ្លះបានមកដល់គោក ខ្លះក៏ចោលឆ្អឹងនៅក្នុង​សមុទ្រ។ តែក្រុមប្រទេសអឺរ៉ុបនៅតែគ្មានគោលនយោបាយ​ជួយយកអាសារ គ្មាន​ការសហការ ដោយសារតែម្នាក់ៗគិតតែប្រយោជន៍ខ្លួន ហើយ​គ្មានចេតនានយោបាយ​ជាក់ស្តែងដើម្បីជួយ។ អំណាចនយោបាយ​ដែលរំលោភបំពាន​សិទ្ធិមនុស្ស កាន់តែបានចិត្ត​ អង្គការ Amnesty International បានចាត់ទុក​ទង្វើរបស់ក្រុមប្រទេសលោកខាងលិច ថាជាទង្វើ គ្រាប់ជញ្ជីងតែមួយ តែមានទម្ងន់២ខុសគ្នា​។ ពោលគឺបញ្ហារំលោភបំពានសិទ្ធិមនុស្ស​តែមួយដូចគ្នាមែន​ តែវាទទួលបាននូវ​​ការឈឺឆ្អាលចាប់អារម្មណ៍ខុសគ្នា​។​ លោកស្រី Agnès Callamard អគ្គលេខាធិការអង្គការ​ Amnesty International បាន​លើកឡើងថា ប្រតិកម្ម​ឆ្លើយតបយ៉ាងខ្លាំងក្លារបស់ក្រុមប្រទេសលោកខាងលិច នៅក្នុងករណី​អ៊ុយក្រែន គឺវាជារឿងត្រឹមត្រូវខ្លាំងណាស់​។​ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ក្រុមប្រទេសលោកខាងលិច គួរចោទសួរខ្លួនឯងផងថា ឈឺឆ្អាលតែរឿងអ៊ុយក្រែនមួយ វា​យុត្តិធម៌ដែរឬទេ ចំពោះប្រជាជនផ្សេងទៀត ដែលរងគ្រោះដែរ ដោយការរំលោភបំពានសិទ្ធិមនុស្ស​ និង​សង្គ្រាម​ប្រដាប់អាវុធ។ លោកស្រី​បានបរិហាថា​ ក្រុមប្រទេសលោកខាងលិចជ្រើសរើសឈឺឆ្អាលខ្លាំងរឿងអ៊ុយក្រែន ដោយសារដើម្បីការពារផលប្រយោជន៍ខ្លួនឯង។ រីឯរឿងផ្សេងទៀត ដែលមិនប៉ះពាល់ដល់ផលប្រយោជន៍ខ្លួន ក្រុមប្រទេសលោកខាងលិច មិនខ្វល់ មិន​ឈឺឆ្អាល ឬក៏បានត្រឹមប្រកាសថ្កោលទោសតែមាត់បន្តិចបន្ទួច ដោយ​គ្មានការជួយជ្រោមជ្រែងជាក់ស្តែង​​។​ ភាពអសកម្មរបស់​ក្រុមប្រទេសលោកខាងលិចនេះ គឺវា​បាន​ធ្វើ​ឲ្យ​របបនយោបាយ​​ដែលធ្វើសកម្មភាព​រំលោភបំពានទាំងអស់នេះ កាន់តែបានចិត្ត ព្រោះដឹងថាគ្មាននរណា​មក​ចាប់ទោសអូសដំណើរអ្វីទេ។​ ខ្លាំងណាស់​ បានត្រឹមតែត្រូវ​គេប្រកាសថ្កោលទោស ចប់! ស្ថានភាពរបៀបនេះ គឺវាមិនល្អទេ សម្រាប់មនុស្សជាតិយើង។ សិទ្ធិមនុស្ស សិទ្ធិជាមូលដ្ឋាន ដ៏ដូចជា​ច្បាប់អន្តរជាតិ ត្រូវតែជាតម្លែរួម ដែល​មនុស្សយើងត្រូវតែការពារទាំងអស់ ទោះនៅទីណាក៏ដោយ។ អង្គការ Amnesty International បានអំពាវនាវផងដែរថា ត្រូវតែធ្វើកំណែទម្រង់ អង្គការសហប្រជាជាតិ ដើម្បី​ឲ្យ​ក្រុមប្រទេសក្រីក្រ ប្រទេសដែលរងគ្រោះ អាចមានសំឡេងបញ្ចេញមតិផង។ ការធ្វើកំណែទម្រង់ចាំបាច់ ដើម្បីឲ្យស្ថាប័នកំពូលនេះ អាចធ្វើការងារ​ដោយ​យុត្តិធម៌ ស្មើភាព មាន​សមភាព ក្នុងការដោះស្រាយ​បញ្ហាទូទាំងពិភពលោក ព្រោះថាអាយុជីវិតមនុស្ស មានតម្លៃស្មើៗគ្នា៕
3/28/20238 minutes, 59 seconds
Episode Artwork

កំណែទម្រង់តុលាការ៖ អ៊ីស្រាអែលធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ ក្រោយនាយករដ្ឋមន្រ្តីដកតំណែង​រដ្ឋមន្រ្តី​ការពារជាតិ

មហាបាតុកម្ម​ប្រឆាំង​សេចក្តីព្រាងច្បាប់​កំណែទម្រង់​តុលាការ​បាន​រីករាលដាល​កាន់តែធំ កាលពី​យប់​ថ្ងៃអាទិត្យ បន្ទាប់ពី​នាយករដ្ឋមន្រ្តី​ដកហូត​តំណែង​រដ្ឋមន្រ្តីការពារជាតិ។ នៅព្រឹកថ្ងៃចន្ទ ទី ២៧ មីនា ប្រធានាធិបតី​អ៊ីស្រាអែល លោក​Isaac Herzog​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់ជាបន្ទាន់ ដំណើរការពិភាក្សា​ស្តីពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ​នៅ​រដ្ឋសភា។ នៅថ្ងៃចន្ទ ​ក្រុមសហជីពធំៗ បាន​ប្រកាស​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយធំ ដើម្បី​ដាក់សម្ពាធ​ឲ្យរដ្ឋាភិបាលបោះបង់​ចោល​សេចក្តីព្រាងស្តីពីកំណែទម្រង់​ប្រព័ន្ធតុលាការ​អ៊ីស្រាអែល។ អ៊ីស្រាអែល​កំពុង​ធ្លាក់​ចុះ ក្នុង​វិបត្តិ​នយោបាយ​ដ៏ធ្ងន់ធ្ងរ មិនធ្លាប់​មាន នៅក្នុងរយៈពេល ៥០ឆ្នាំ​ចុងក្រោយ​នេះ។ បន្ទាប់ពី​មហាបាតុកម្ម​របស់ប្រជាជនអ៊ីស្រាអែល រាប់ម៉ឺននាក់ កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ប្រឆាំង​គម្រោងច្បាប់​ធ្វើកំណែទម្រង់​ប្រព័ន្ធតុលាការ ដល់​វេន​ក្រុម​សហជីពធំៗ​របស់​អ៊ីស្រាអែល ដែល​បាន​ប្រកាស​ធ្វើកូដកម្ម​ជាបន្ទាន់ នៅទូទាំងប្រទេស។ កូដកម្ម​ដែលនឹងធ្វើ​ឲ្យ​វិស័យ​ជាច្រើន​របស់​អ៊ីស្រាអែល ​ត្រូវជាប់គាំង។ នៅថ្ងៃចន្ទ សហជីព​ក្រុមគ្រូពេទ្យ ប្រកាស​ធ្វើកូដកម្ម សាលារៀន​រដ្ឋ​ជាច្រើន​កន្លែង​បិទទ្វារ ចំណែក ជើងហោះហើរ​ចេញពី ​នៅទីក្រុង​តែលអាវីវ​ត្រូវ​ផ្អាក ដោយសារ​កូដកម្ម​របស់​បុគ្គលិក​នៅ​ព្រលានយន្តហោះអន្តរជាតិ។ នៅអ៊ីស្រាអែល បាតុកម្ម និង​កូដកម្ម ជាបន្តបន្ទាប់​គ្នាធ្វើឡើង​ដើម្បី​ប្រតិកម្ម​តប​ទៅនឹង​ការសម្រេច​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ដែល​បានដកហូតមុខតំណែង​រដ្ឋមន្រ្តីការពារ​ជាតិ កាលពីថ្ងៃអាទិត្យ។ រដ្ឋមន្រ្តីការពារជាតិ​អ៊ីស្រាអែល លោក Yoav Gallant ជា​សមាជិក​បក្ស​កាន់អំណាច ដូច​លោក​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ ដែរ ប៉ុន្តែ លោក​ត្រូវ​នាយករដ្ឋមន្រ្តី​ដកចេញ​ពី​តំណែង។ ខុទ្ទការល័យ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ប្រកាស​ដក​លោក​Yoav Gallant ពីមុខ​តំណែង​រដ្ឋមន្រ្តី​ការពារ​ជាតិ​អ៊ីស្រាអែល ដោយ​មិន​បាន​លម្អិត​ពី​មូលហេតុ និង​ឈ្មោះ​អ្នកដែលត្រូវ​ចូលកាន់តំណែង​បន្ត។ ប៉ុន្តែ តាម​មន្រ្តីក្នុងជួររដ្ឋាភិបាល លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ​បាន​កោះហៅ លោក​រដ្ឋមន្រ្តីការពារ​ជាតិជាបន្ទាន់កាលពីថ្ងៃអាទិត្យ ដើម្បី​ប្រាប់ថា លោក​លែង​មានជំនឿទុកចិត្ត តទៅទៀត ទៅលើ​លោក​Yoav Gallant ក្នុងនាមជា​រដ្ឋមន្រ្តីការពារ​ជាតិ។ ទោះ​ខុទ្ទការល័យ​រដ្ឋាភិបាល​មិនបាន​បញ្ជាក់​ពីមូលហេតុ​នៃការដកតំណែង​ប្រមុខការពារជាតិអ៊ីស្រាអែល ប៉ុន្តែ គេដឹង​រួចទៅហើយថា លោក Yoav Gallant ត្រូវបណ្តេញចេញពី​មុខតំណែង រដ្ឋមន្រ្តីការពារជាតិ ដោយសារតែ ការបញ្ចេញយោបល់​របស់​លោក កាលពី​ថ្ងៃ​សៅរ៍កន្លងទៅ។ នៅ​ក្នុង​សុន្ទរកថា ខ្លី ផ្សាយ​នៅ​ទូរទស្សន៍អ៊ីស្រាអែល កាលពីថ្ងៃ​សៅរ៍ រដ្ឋមន្រ្តីការពារ​ជាតិ​អ៊ីស្រាអែល​បាន​និយាយ​ថា សមាជិក​មួយចំនួន​របស់​កងទ័ព មិនសប្បាយចិត្ត នឹង​គម្រោងធ្វើកំណែទម្រង់​ប្រព័ន្ធតុលាការ ដែល​រដ្ឋាភិបាល​កំពុង​ដាក់​ស្នើ​ឲ្យ​សភា​បោះឆ្នោតអនុម័ត។ តាម​រដ្ឋមន្រ្តី​ការពារជាតិ​អ៊ីស្រាអែល តាំងពី​លោក​ចូលបម្រើកងទ័ព​អ៊ីស្រាអែល រាប់សិបឆ្នាំមកនេះ លោក​មិនដែល​ឃើញ កងទ័ព​ខឹងសម្បារ ខកចិត្ត ដោយសារ​តែ​ច្បាប់ ស្នើឡើង​ដោយ​រដ្ឋាភិបាល ដូច​សព្វ​ថ្ងៃនេះ​ទេ។ សម្រាប់​រដ្ឋមន្រ្តីការពារ​ជាតិ គម្រោងកំណែទម្រង់ប្រព័ន្ធតុលាការ​ដែលរដ្ឋាភិបាល​ដាក់ស្នើទៅ​សភា មានន័យ​ស្មើ​នឹង​គ្រោះថ្នាក់បន្ទាន់​សម្រាប់សន្តិសុខ​រដ្ឋ។ ដូច្នេះ លោក​ទាមទារចង់​ឲ្យ​រដ្ឋាភិបាល​ផ្អាក ការពិភាក្សា​គម្រោង​ច្បាប់​ដ៏ចម្រូងចម្រាសនេះ មួយរយៈពេល​សិន ទម្រាំ​រកបាន​​ឯកភាពជាតិ ព្រោះថា សព្វថ្ងៃនេះ ផែនការ​ធ្វើកំណែទម្រង់តុលាការកំពុងធ្វើឲ្យប្រជាជន​អ៊ីស្រាអែល​បែកបាក់គ្នា​ខ្លាំង ជាងពេលណាៗទាំងអស់។ នៅថ្ងៃអាទិត្យ នៅតែប៉ុន្មាន​ម៉ោង​ក្រោយ នាយករដ្ឋមន្រ្តី​សម្រេច​ដកតំណែង​រដ្ឋមន្រ្តី ការពារ​ជាតិ ដែលបង្ហាញ​ជំហរ​រិះគន់​គម្រោងធ្វើកំណែទម្រង់ប្រព័ន្ធ​យុត្តិធម៌ ប្រជាជន​អ៊ីស្រាអែល រាប់ម៉ឺននាក់​ដែលធ្វើ​បាតុកម្ម ​៣ខែ​មកហើយ ប្រឆាំង​នឹង​កំណែទម្រង់​តុលាការ បាន​ចុះថ្នល់​ធ្វើ​បាតុកម្មទ្រង់ទ្រាយ ធំ​នៅតាមទីក្រុង​ធំៗ​របស់​អ៊ីស្រាអែល។ វិបត្តិ​នយោបាយ​វិវត្ត ទៅ​ជា​វិបត្តិ​សន្តិសុខ? នៅ​៣ខែមកនេះ ប្រជាជន​អ៊ីស្រាអែល​រមែងចុះថ្នល់​ធ្វើបាតុកម្ម នៅរៀងរាល់​ចុងសប្តាហ៍​ដើម្បី​បរិហារ ទាមទារ​ឲ្យ​រដ្ឋាភិបាល​បោះបង់ចោល​គម្រោងកំណែទម្រង់ប្រព័ន្ធ​តុលាការ ដែល​ពួកគេ​ចាត់ទុក​ថា ជាគ្រោះថ្នាក់ សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ របស់​អ៊ីស្រាអែល។ សេចក្តីព្រាង​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​មាន​គោលដៅ ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​គណៈកម្មាធិការ ដែលមាន​នាទីជ្រើសរើស​ចៅក្រម​អ៊ីស្រាអែល។ គម្រោងកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ សំដៅ​ផងដែរ ផ្តល់​សិទ្ធិអំណាច​ដល់​សភា ដើម្បី​ទាត់ចោល ការសម្រេចចិត្ត​របស់​តុលាការ​កំពូល ដែលសភា​ចាត់ទុក​ថា អាច​រំខាន ប៉ះពាល់​គោលនយោបាយ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ សម្រាប់​អ្នកប្រឆាំង សេចក្តីព្រាង​កំណែទម្រង់របស់​រដ្ឋាភិបាល នឹងធ្វើ​ឲ្យ​ប្រព័ន្ធតុលាការ​អ៊ីស្រាអែល លែង​ឯករាជ្យ​តទៅទៀត ព្រោះថា ជាមួយ​កំណែទម្រង់​តុលាការលើកនេះ រដ្ឋាភិបាល​នឹង​តែងតាំង​ចៅក្រមណា ដែល​មាននិន្នាការ​ស្និទ្ធិ គាំទ្រ​រដ្ឋាភិបាល។ តាមគណបក្ស​ប្រឆាំង គម្រោង​កំណែទម្រង់​ប្រព័ន្ធតុលាការ​មាន​គោលដៅ បង្ក​ឧបសគ្គ រារាំង​មិន​ឲ្យ​តុលាការ​មានសិទ្ធិ​អំណាច ទៅ​ដក​នាយករដ្ឋមន្រ្តី​ចេញពីអំណាច ដែលកំពុងជាប់សំណាញ់បន្តឹង នៅ​តុលាការ។ សម្រាប់​អ្នកប្រឆាំង ច្បាស់ណាស់​ថា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បេនចាមីន នេតាន់យ៉ាហ៊ូ ចង់​ឲ្យគេ​កែប្រែ​ប្រព័ន្ធ​តុលាការ ដើម្បី លាង​សម្អាត ឈ្មោះលោក ដែល​កំពុង ជាប់​ក្តីក្តាំ នៅតុលាការ នៅក្នុង​សំណុំរឿង​ចោទប្រកាន់​រំលោភអំណាច ប្រព្រឹត្ត​អំពើពុករលួយ។ គម្រោងកំណែទម្រង់​ប្រព័ន្ធ​តុលាការ គ្មានការគាំទ្រ ​ចំណោម​ប្រជាជនអ៊ីស្រាអែល ជាពិសេស ក្រុមកងទ័ព។ នៅ​ដើម​ខែ​មីនា ពួកកងទ័ព​បម្រុង​បាន​ព្រមានហើយ​ថា ពួកគេ​នឹង​លែងចុះឈ្មោះ ស្ម័គ្រចិត្ត​ចូលបម្រើកងទ័ពតទៅទៀត បើសិន​រដ្ឋាភិបាល​នៅតែ​ជំនះ​ធ្វើកំណែទម្រង់ ដែលធ្វើឲ្យ​ប្រព័ន្ធ​តុលាការអ៊ីស្រាអែល​លែង​ឯករាជ្យតទៅទៀត។ នៅក្រោយ ការដកមុខតំណែង​រដ្ឋមន្រ្តីការពារ​ជាតិ ដែលបាន​បណ្តាល​ឲ្យមាន​មហាបាតុកម្ម​កាលពីថ្ងៃ​អាទិត្យ ប្រធានាធិបតី​អ៊ីស្រាអែល នៅថ្ងៃ​ចន្ទនេះ បាន​ចេញមុខ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​សមាជិក​សភា​បញ្ឈប់ជាបន្ទាន់ ការពិភាក្សាពីគម្រោងកំណែទម្រង់ប្រព័ន្ធតុលាការ។ សម្រាប់​ប្រធានាធិបតី អ៊ីស្រាអែល លោក​Isaac Herzog សន្តិសុខ សេដ្ឋកិច្ច និង​ប្រព័ន្ធ​សង្គមរបស់​អ៊ីស្រាអែល​កំពុង​រងការគំរាមកំហែង​ជាងពេលណាៗទាំងអស់។ បាតុកម្ម និងកូដកម្មភ្លាមៗ នៅថ្ងៃ​ចន្ទនេះ មិនត្រឹម​ទៅប៉ះពាល់ដល់​សេដ្ឋកិច្ចរបស់អ៊ីស្រាអែល ប៉ុន្តែ​វា​កើតឡើង​នៅចំពេល ដែលភ្នាក់ងារសន្តិសុខ​របស់​អ៊ីស្រាអែល​កំពុងត្រៀមប្រឈម​នឹងការផ្ទុះអំពើហិង្សា ជាមួយ​ប៉ាឡេស្ទីន នៅប៉ុន្មាន​សប្តាហ៍ខាងមុខ នៅពេល​ប្រជាជន​ប៉ាឡេស្ទីន ត្រូវ​​ចាប់ផ្តើម​បុណ្យតមអាហារ រ៉ាម៉ាដង់។ នាយក​រដ្ឋមន្រ្តីអ៊ីស្រាអែល​រង​ការដាក់សម្ពាធ​ខ្លាំង ពីគ្រប់ទិស តាម​កាសែត​អ៊ីស្រាអែល តាំងពីយប់​ថ្ងៃ​អាទិត្យ លោកនាយករដ្ឋមន្រ្តី​បេនចាមីន នេតាន់យ៉ាហ៊ូ បាន​ពិគ្រោះយោបល់​ជាមួយ​សមាជិក​បក្ស​កាន់អំណាច និង​គណបក្ស​ស្តាំនិយមជ្រុល ដែលជា​ដៃគូនៅក្នុង​រដ្ឋាភិបាល​ចម្រុះរបស់លោក។ តាមគម្រោង លោកនាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ ត្រូវធ្វើសេចក្តីថ្លែងការណ៍​នៅព្រឹកថ្ងៃចន្ទនេះ ដែលនៅក្នុងនោះ លោកទំនង​អាច​ផ្អាក គម្រោង​ធ្វើកំណែទម្រង់​ប្រព័ន្ធ​តុលាការ​មួយរយៈសិន ដើម្បី​បន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែ នៅទីបំផុត ខុទ្ទការល័យ​របស់​លោក​បាន​ប្រកាសថា លោក​បាន​លើកពេល លែង​ធ្វើសេចក្តីថ្លែងការណ៍​ទៅវិញ។ តាម​កាសែត​អ៊ីស្រាអែល ក្នុង​ជួរគណបក្ស​លីឃូដ របស់​លោកនាយករដ្ឋមន្រ្តី សមាជិក​មួយចំនួន ដែលមាននិន្នាការស្និទ្ធនឹង​រដ្ឋមន្រ្តីការពារជាតិ​បាននិយាយ​ថា គេ​គាំទ្រ​ឲ្យ​លោកនាយករដ្ឋមន្រ្តី​ឈប់​ធ្វើកំណែទម្រង់​ប្រព័ន្ធតុលាការ។ ប៉ុន្តែ សមាជិកបក្ស​កាន់អំណាច​មួយចំនួន​ផ្សេងទៀត ព្រមទាំង​គណបក្ស​ស្តាំនិយមជ្រុល ដែលជា​ដៃគូ​របស់​រដ្ឋាភិបាល បាន​ទាមទារ​ឲ្យ​លោកនាយករដ្ឋមន្រ្តី ត្រូវតែបន្ត ធ្វើកំណែទម្រង់តុលាការ ដោយ​មិនត្រូវចុះចាញ់​ការដាក់សម្ពាធ​របស់​ក្រុមបាតុករ ដែលគេចាត់ទុក​ជា​ក្រុមអនាធិបតេយ្យ។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផ្ទាល់ ដែលជា​អ្នកស្នើគម្រោង​ធ្វើ​កំណែទម្រង់ ប្រព័ន្ធតុលាការ បាន​និយាយ​ហើយថា លោក​នឹង​ចុះចេញពីតំណែង បើសិន​នាយករដ្ឋមន្រ្តី​ឈប់​ធ្វើកំណែទម្រង់​តុលាការ​តទៅទៀត។ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ផ្ទាល់ដែលធ្លាប់​ដកឃ្លា មិន​បញ្ចេញយោបល់​ទៅលើ​គម្រោងធ្វើកំណែទម្រង់​តុលាការ នៅទីបំផុត បាន​និយាយ​កាលពីថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ថា លោកនឹង​ព្យាយាមបិទបញ្ចប់ការបែកបាក់ ជាតិ ប៉ុន្តែ លោកនៅតែ ប្តេជ្ញា​បន្តធ្វើកំណែទម្រង់តុលាការអ៊ីស្រាអែល។ ការលូកមាត់​បញ្ចេញយោបល់​តែ​ប៉ុន្មានម៉ាត់ ទាក់ទង​នឹង​កំណែទម្រង់ប្រព័ន្ធតុលាការ​អ៊ីស្រាអែល បានធ្វើឲ្យ​លោកនាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ រងការចោទប្រកាន់ ពី​អង្គការតាមដាន​រដ្ឋាភិបាល Movement for Quality Government ដែលជាស្ថាប័ន​ប្រឆាំងអំពើពុករលួយនៅអ៊ីស្រាអែល។ អង្គការមួយនេះ​បាន​ទាមទារ​ឲ្យ​តុលាការ​កំពូល​ដាក់ពិន័យ លោក​នេតាន់យ៉ាហ៊ូ។ តាម​អង្គការ​ខាងលើ ដោយ​ចេញមុខនិយាយ​ជាសាធារណៈ ពី​គម្រោងកំណែទម្រង់​តុលាការ លោក​នេតាន់យ៉ាហ៊ូ ដែលកំពុង​ជាប់ក្តីក្តាំនៅតុលាការ ក្នុងសំណុំរឿងពុករលួយ បាន​រំលោភ​កិច្ចព្រមព្រៀង ជាមួយ​តុលាការ​កំពូល។ តុលាការ​កំពូល​ធ្លាប់​ចេញបម្រាម ហាម មិន​ឲ្យ​លោកនាយករដ្ឋមន្រ្តី (ដែលកំពុងជាប់ក្នុងសំណាញ់ក្តីក្តាំ​នៅតុលាការ) បញ្ចេញយោបល់ ឬ​ចូលរួម​ពាក់ព័ន្ធ​ក្នុង​វិស័យ​តុលាការ ដើម្បី​ជៀសវាង ទំនាស់ផលប្រយោជន៍៕
3/27/202310 minutes, 24 seconds
Episode Artwork

ហុងឌូរ៉ាស ​ភ្ជាប់ទូតជាមួយចិន បន្ទាប់ពី​ឈប់ទទួលស្គាល់កោះតៃវ៉ាន់

ប្រទេស​ហុងឌូរ៉ាស ប្រកាសឈប់ទទួលស្គាល់កោះតៃវ៉ាន់ ហើយងាកទៅភ្ជាប់ចំណងការទូតជាមួយចិនជាផ្លូវការ។ ការ​ប្រកាស​ទទួល​ស្គាល់​ទំនាក់​ទំនង​ជាមួយ​ចិន​ប៉េកាំង នៅ​ថ្ងៃអាទិត្យ​ គឺក្រោយ​តែប៉ុន្មាន​ម៉ោង​តែប៉ុណ្ណោះ ដែល​​​ ប្រទេស​​ហុង​ឌូរ៉ាស់ ​ផ្ញើ​សេចក្តីប្រកាស​ឈប់​ទាក់ទង​ជាមួយ​តៃវ៉ាន់ និង ​ព្រម​ទទួល​ស្គាល់​«គោលការណ៍​ចិន​តែមួយ»។​ ជាប្រតិកម្ម​ឆ្លើយតប​ ការិយាល័យ​ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវេន បាន​រិះគន់រ​ដ្ឋអំណាច​ចិន​ថា ជាយូរ​មកហើយ​ ដែល ​ចិន​ ព្យាយាម​កាត់​ផ្តាច់​តួនាទី​របស់​ក្រុងតៃប៉ិលើ​ឆាក​អន្តរជាតិ ហើយ​ទង្វើនេះ​ បង្កគ្រោះថ្នាក់ខ្លាំង​​ដល់​សន្តិភាពនិង​ស្ថិរភាព​នៅក្នុង​តំបន់​ទាំង​មូល។​ ហុងឌូរ៉ាស បង្ហាញ​ចេតនា​ តាំងតែ​ ២​ សប្តាហ៍​មុន​​ម្ល៉េះ ពី​ការ​​ងាកទៅរក​ចិន​។ កាលពីពាក់កណ្តាលខែមីនា​ ​ហុងឌូរ៉ាស បានថ្លែងពីការកំពុងតែខ្វះខាតផ្នែកហិរញ្ញវត្ថុជា​ខ្លាំង និងបានសុំតៃវ៉ាន់ឲ្យជួយដែរ ប៉ុន្តែ តៃវ៉ាន់ មិនព្រម ដ្បិតថាក្រុង​តៃប៉ិ​បានស៊ើបដឹងពីឆន្ទៈរបស់អាជ្ញាធរហុងឌូរ៉ាស ជាមុនស្រេច ថាចង់កសាងទំនាក់ទំនងជាមួយក្រុងប៉េកាំង។ ​យប់ថ្ងៃ​សៅរ៍ អ្នក​ស្រី​ប្រធានាធិបតី​ហុង​ឌូរ៉ាស់ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ ជា​ផ្លូវការ​​ ប្រកាស​ថា សាធារណរដ្ឋ​​ហុង​ឌូរ៉ាស់​បាន​ទទួល​ស្គាល់​អត្ថិភាព​ចិន​តែមួយ ហើយ​សាធាររដ្ឋប្រជាមានិត​ចិន​ គឺជា​រដ្ឋាភិបាល​តំណាងចិន​ ស្រប​ច្បាប់ តែ​មួយ​គត់​។ ​ប៉ុន្មា​នម៉ោង​ក្រោយ​មកទៀត​ ​នៅ​ថ្ងៃអាទិត្យ ​​លោក​ Eduardo Enrique Reina ​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​ឌូរ៉ាស់ បាន​អញ្ជើញទៅដល់​ទី​ក្រុង​​ប៉េកាំង និង​ចាប់ដៃ​យ៉ាង​ណែន​ជាមួយ​ ប្រមុខ​ការ​ទូត​ចិន លោក ជីន កង​។ រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​ថ្លែង​​កោត​សរសើរ​ថ្នាក់ដឹកនាំ​ហុងឌូរ៉ាស ថា​ជ្រើស​រើសឈប់​ទាក់ទង​តៃវ៉ាន់​ និង​ផ្តើម​ទទួល​ស្គាល់​​​«ចិនស្របច្បាប់តែមួយ» គឺ​​ត្រឹមត្រូវ និង​ជា«​ជម្រើស​ដ៏​ឈ្លាសវៃ» ព្រមទាំង​ស្រប​តាម«​ចរន្ត​ទំនោរ​សង្គម​បច្ចុប្បន្ន»​។ តាម​កញ្ជក់​ទូរទស្សន៍​រដ្ឋ​ចិន CCTV ប្រមុខ​ការ​ទូត​ចិន ក៏​បាន​ថ្លែង​​ដែរ ថា​ ប្រជាជន​និង​ប្រទេស​ចិន ​រីករាយ​សប្បាយ​ចិត្ត​នឹង​រង់​ចាំ​ទទួល​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ របស់​អ្ន​កស្រី​ប្រធានាធិបតី ហុងឌូរ៉ាស នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។​ លោក ជីន កង គូសបង្ហាញ​ដោយ​ក្តី​ត្រេកអរ​ថា ចំណង​ទូត​នៃ​ប្រទេស​ទាំង​ពីរ នឹង​នាំ​ទៅរក​«អនាគតភ្លឺស្វាង» ហើយ​និង​ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ។​ «ហុង​ឌូរ៉ាស ភាន់​​ច្រឡំ​ធំ» ជាប្រតិកម្ម​ឆ្លើយតប​ នៅក្រុង​តៃប៉ិ អាជ្ញាធរ​តៃវ៉ាន់​ ​រដ្ឋមន្ត្រី​ការបរទេស​ លោក​ Joseph Wu បាន​ធ្វើ​សន្និសីទ​​កាសែត​ ដើម្បីពន្យល់​ពី​ស្ថានការណ៍ និង​បាន​បញ្ជាក់ថា  «ប្រទេស​ហុង​ឌូរ៉ាស ភាន់​​ច្រឡំ​ធំ លង់​ជឿ​ការ​សន្យា​របស់​ប្រទេស​ចិន  នៅក្នុង​ការ​ជួយ​គាំទ្រ​ខាង​ជំនួយ​សេដ្ឋកិច្ច​ដល់​ហុង​ឌូរ៉ាស»។ ថ្នាក់ដឹកនាំតៃវ៉ាន់ តាម​រយៈ​ក្រសួង​ការបរទេស​ បានសង្កត់ធ្ងន់ថា «ប្រទេសចិនចេះតែលួងលោមនិងទាក់ទាញហុងឌូរ៉ាស តាមរយៈការលើកឡើងពីផលប្រយោជន៍​និងជំនួយសេដ្ឋកិច្ចដ៏ធំសម្បើមពីចិន។» បើតាម​​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ ​«ការ​ផ្តាច់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ពី​សំណាក់​អាជ្ញាធរ​ហុងឌូរ៉ាស គឺ​ឋិត​ក្នុង​​ដំណើរ​យុទ្ធសាស្ត្រ​របស់​ចិន​​ ដើម្បីបំបែកបំបាក់ តាមរយៈ​ការ​បង្ខិត​បង្ខំ និង​គំរាម​កំហែង​។​» ​ ​ចិន ​កាន់តែ​ធ្វើ​ឲ្យ​កោះ តៃវ៉ាន់ ​ឯកា​​។ ​​ ​ក្នុង​សន្និសីទ​សារព័ត៌មាន រដ្ឋមន្ត្រីការបរទេសចិន លោក ជីន កង បាន​សូម​ឱកាស​ថ្លែង​ផ្ញើ​សារ​​ទៅ​អាជ្ញាធរ​តៃវ៉ាន់។ ច្បាស់​ណាស់ ជា​សារ​ឌឺដង​បញ្ឈឺ​ចិត្ត។ ប្រមុខ​ការ​ទូត​ចិន លើកឡើង​ថា ការធ្វើ​នយោបាយ​​ឃោសនា​ទាមទារ​រាជរាជ្យ​និង​មហិច្ចតា​ចង់​ផ្តាច់​ខ្លួន​របស់​តៃវ៉ាន់ ដែល​ផ្ទុយ​ស្រឡះ​ពី​ឆន្ទៈ​និង​អត្ថប្រយោជន៍​ប្រជាជាតិ​ចិន គឺ​​ពេល​នេះ ត្រូវ​ដល់​ទី​ចុង​បញ្ចប់​ហើយ​។​ តាំង​តែពី​ឆ្នាំ​២០១៦ សន្ទុះ​នយោបាយ​ចិន​ប៉េកាំង កាន់តែ​ខ្លាំងៗ​ ដើម្បី​ធ្វើ​ឲ្យ​តៃវ៉ាន់​ឯកោ។  នេះក៏ព្រោះតែ​ទំនោរនយោបាយ​របស់​ថ្នាក់ដឹកនាំ​តៃវ៉ាន់ ​​អ្នកស្រី​ សៃ អ៊ីងវេន ដែល​មាន​និន្នាការ​និយម​ឲ្យត​ម្លៃ​លើ​ឯករាជ្យភាព​តៃវ៉ាន់។ អ្នកស្រីឡើង​កាន់អំណាចដឹកនាំ​តៃប៉ិ ​តាំងពី​ឆ្នាំ២០១៦និង​ជាប់ឆ្នោត​ម្តងទៀតឆ្នាំ២០២០។​ ចិន ទោះ​បី​មិន​បាន​ដឹកនាំអំណាច​នៅ​តៃវ៉ាន់​ផ្ទាល់ តែ​ជាង​៧០ឆ្នាំមកនេះ​ ចិន​តែងតែ​ចាត់​ទុក​កោះ​តៃវ៉ាន់ ជា​ដែន​ដី​របស់ខ្លួន។​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ចិន ​បាន​ជំរុញ​ឲ្យប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាមេរិក​ឡាទីន ដែល​ជា​​សម្ព័ន្ធ​មិត្ត​ដៃគូ​សហការ​របស់​តៃវ៉ាន់​ ផ្តាច់​ទំនាក់ទំនង​និង​ឈប់​ទទួល​ស្គាល់​តៃវ៉ាន់។ ដូច​ករណី​ផ្តាច់​ខ្សែចំណង​ទូត​ជាមួយ​សាធារណរដ្ឋ​កូមីនីក និង នីហ្ការ៉ាហ្កា។​ សព្វថ្ងៃ​នេះ នៅ​មានសល់​​ប្រទេសនិង​បុរីរដ្ឋ​​តែ ​១៣ ប៉ុណ្ណោះ ដែលនៅ​បន្ត​​ទទួល​ស្គាល់​កោះ​តៃវ៉ាន់។ ក្នុង​នោះ​មាន​បែបយ៉ាង បុរីវ៉ាទីកង់​ Eswatini ប៉ារ៉ាហ្កាយ​ បណ្តាប្រទេសកោះ​តូច​ៗនៅ​តំបន់​ប៉ាស៊ីហ្វិក បេលីស៍ ក្វាតេម៉ាឡា និង​ហៃទី។ អាជ្ញាធរ​តៃប៉ិ ប្រុង​គិត​និងធ្វើ​យ៉ាងណា​ទៀត​​​? ក្រៅពីប្រឹង​ដំឡើង​សរសៃក​ស្តីបន្ទោស​រិះគន់​បកអាក្រាត​ចិនប៉េកាំង តៃវ៉ាន់​ប្រឹងប្រែង​​ថែ​រក្សា​ទំនាក់ទំនង​ដ៏តិច​តួច ​ដែល​នៅសេស​សល់។ នៅ​ថ្ងៃ​ពុធ​​សប្តាហ៍​ខាងមុខ​នេះ ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវេន នឹង​អញ្ជើញ​បំពេញ​ដំណើរ​ទស្សនកិច្ច​ ចំនួន ១០ ថ្ងៃ នៅ​ប្រទេស ក្វាតេម៉ាឡា​ និង​ បេលីស៍ ដែល​ជា​សម្ព័ន្ធ​មិត្ត​។ ក្នុង​ដំណើរ​ឆ្លង​ទ្វីប​ឆ្លង​សមុទ្រ​នេះ​ អ្នកស្រី សៃ អ៊ីងវេន ក៏​ឈប់​ចុះ​ចត​នៅ​សហរដ្ឋអាមេរិក ដែល​ជា​ដៃគូ​សម្ព័ន្ធមិត្តផងនិង​ម្ចាស់​ជំនួយធំផង។​ ជាគោលការណ៍​ សហរដ្ឋ​អាមេរិក ជាប្រទេស​១​ក្នុង​ចំណោម​១៨២ប្រទេស ដែល​ទទួល​ស្គាល់​គោលការណ៍​ចិន​តែមួយ។ ប៉ុន្តែ រដ្ឋបាល​អាមេរិក​នៅតែបន្ត​ជួយ​គាំទ្រ ​តៃវ៉ាន់ ​ជាហូរហែ។​​ ប្រធាន​រដ្ឋសភាអាមេរិក បាន​បញ្ជាក់​ថា​នឹង​ឆ្លៀត​ទទួល​ជួប​អ្នក​ស្រី​​ប្រធានាធិបតីតៃវ៉ាន់ នៅ​រដ្ឋ​កាលី​ហ្វ័រញ៉ា នៅពេល​ខាងមុខ​នេះ​​ ក៏ប៉ុន្តែ តំណាង​រដ្ឋាភិបាលអាមេរិក​ បំភ្លឺថា ដំណើរ​របស់​ អ្នកស្រី សៃ អ៊ីងវេន ទៅ​អាមេរិក គឺ​គ្រាន់តែ​«សុំ​ចុះ​ចត​ប្តូរ​ជើង​យន្តហោះ​តែប៉ុណ្ណោះ» ពុំ​មែន​ជា​«ទស្សនកិច្ច​ផ្លូវ​ការ​»ទេ។ ទោះ​ជាម្តេច​ក្តី​ ការណ៍នេះ ​ច្បាស់​ជា​បង្កក្តី​ក្តៅ​ក្រហាយ​ដល់​ចិន​ទៀត​ហើយ​៕​​
3/26/20236 minutes, 58 seconds
Episode Artwork

អគ្គលេខាធិការអ.ស.ប៖ ពិភពលោក​​ត្រូវតែតម្រង់ទិសសាជាថ្មី ប្រសិន​បើចង់ឲ្យ​មនុស្សជាតិ​មានទឹកប្រើទាំងអស់គ្នា នៅថ្ងៃណាមួយ

សន្និសីទអន្តរជាតិស្តីពីទឹក ដែលរៀបចំឡើងនៅឯទីស្នាក់ការអង្គការសហប្រជាជាតិទីក្រុងញូយ៉ក បានបិទបញ្ចប់ហើយ កាលពីថ្ងៃសុក្រ ទី​២៤មីនា​។ ថ្លែងនៅក្នុង​សុន្ទរកថាបិទបញ្ចប់សន្និសីទនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា “ប្រសិន​បើចង់មានសង្ឃឹម ថាអាចនឹង​ធានាឲ្យ​មនុស្ស​លើផែនដី មានទឹកប្រើប្រាស់ទាំងអស់គ្នា នៅថ្ងៃណាមួយនោះ ​គឺពិភពលោក​យើង ត្រូវតែតម្រង់ទិសសាជាថ្មី ចាប់ពីពេលនេះទៅ​”។ សូមបញ្ជាក់ថា បញ្ហាវិបត្តិគ្មានទឹកប្រើប្រាស់ កំពុងតែចោទឡើងយ៉ាងខ្លាំង នៅទូទាំងពិភពលោក។ ទឹកគឺជាប្រភពនៃជីវិត ទឹកគឺជាសម្បត្តិរួមរបស់មនុស្សជាតិ តែទន្ទឹមនឹងនេះ មនុស្ស​ប្រមាណ​២ពាន់លាននាក់ រស់នៅដោយ​គ្មានទឹកស្អាតបរិភោគទេ។ តម្រង់ទិសដើរឲ្យត្រូវឡើងវិញ នៅក្នុងសុន្ទរកថា បិទបញ្ចប់សន្និសីទអន្តរជាតិស្តីពីទឹក កាលពី​ថ្ងៃសុក្រទី​២៤មីនា​ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងថា “ដល់ពេលហើយ ដែល​ពិភពលោកយើង ត្រូវតែតម្រង់ទិសដៅធ្វើដំណើរ ឲ្យត្រង់ផ្លូវឡើងវិញ”​​។ គឺជាការកំណត់ទិសដៅ​រួម ឲ្យ​បានជាក់ច្បាស់ ប្រសិនបើ​យើងចង់​ឲ្យ​មនុស្សជាតិ​ទាំងមូល មានទឹកប្រើប្រាស់ មានទឹកស្អាតបរិភោគគ្រប់ៗគ្នា ទៅថ្ងៃខាងមុខ។ លោក​បានសង្កត់បន្ថែមថា ទឹកគឺជាប្រភពនៃជីវិត ទឹកជាទ្រព្យសម្បត្តិរួម​នៃមនុស្សជាតិទាំងមូល។ ដូច្នេះមនុស្សលោកត្រូវតែរួមគ្នា ការពារ គ្រប់គ្រង បែងចែក និង​អាស្រ័យផល ពីធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ​។​ ពោលគឺ ការការពារ ការគ្រប់គ្រង ការសន្សំសំចៃ ក៏ដូចជា​ការបែងចែងធនធានទឹក ត្រូវតែស្ថិតនៅជាចំណុចស្នូល​កណ្ដាល នៃគោលនយោបាយជាអាទិភាព របស់​ប្រទេសនីមួយៗ និងរបស់ពិភពលោកយើង។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងការបារម្ភថា “បច្ចុប្បន្ននេះពិភពលោកយើង មិនមែនស្ថិតនៅលើផ្លូវដើរឆ្ពោះកាន់កម្មវត្ថុឆ្នាំ​២០៣០​ ដែលធានាឲ្យ​មនុស្សពេញមួយផែនដីអាចមានទឹកស្អាតប្រើប្រាស់នោះទេ។ ផ្ទុយទៅវិញគឺពិភពលោកកំពុងដើរផ្លូវខុស ដែល​នាំគ្រោះថ្នាក់​មកឲ្យអាយុជីវិតមនុស្សគ្នាឯង ដោយសារតែវិបត្តិគ្មានទឹកប្រើប្រាស់”។ ដូច្នេះពេលនេះ គឺជាពេលបន្ទាន់ដែលត្រូវតម្រង់ទិសឡើងវិញ តម្រង់ទិសដោយយកវិទ្យាសាស្ត្រ ជាមូលដ្ឋាន ជាបង្អែក ឈានទៅរៀបចំគោលនយោបាយ “ទឹក”។ មនុស្សលោក ត្រូវតែ​បោះបង់ចោលសកម្មភាព ឬទម្លាប់ទាំងឡាយ ដែលខ្ជះខ្ជាយទឹក​ ប្រើទឹកហួសពីតម្រូវការ​ ហួសពី​ស្តុកដែលមាន​។ សន្យា៧០០ចំណុច​ តួលេខជាច្រើន បានមកបញ្ជាក់អំពីបញ្ហាប្រឈម ដែលពិភពលោកយើងកំពុងតែ​ជួបនាពេលបច្ចុប្បន្នទាក់ទិននឹងបញ្ហាទឹកនេះ​។ ឆ្នាំ២០២០ មនុស្សយ៉ាងហោច២ពាន់លាននាក់ គ្មានទឹកស្អាតបរិភោគទេ ហើយ៣៦០០លាននាក់ គឺរស់នៅដោយ​គ្មានប្រព័ន្ធបណ្តាញ​លូបង្ហូរទឹកក្រខ្វក់ ឬលាមក ឲ្យត្រឹមត្រូវគួរឲ្យទុកចិត្តទេ។ យោងតាមតួលេខ យ៉ាងហោចណាស់ មនុស្ស​ ៤៩៤លាននាក់ ដែលគ្មានបង្គន់អនាម័យប្រើ ហើយត្រូវទៅបន្ទោរបង់ នៅតាមទីហាលវាល។ មនុស្ស២ពាន់លាននាក់ បរិភោគទឹកដែល​មិនស្អាត ហើយដែលវាជាប្រភពបង្កបញ្ហាសុខភាព ជំងឺដង្កាត់​ច្រើនជំពូកណាស់ ដែលភាគច្រើនគឺសុទ្ធតែជាអ្នកក្រ។ បញ្ហាខ្វះទឹកប្រើប្រាស់ គឺត្រូវតែរាប់បញ្ចូលដោយ​ ការគ្រប់គ្រងធនធានទឹកឲ្យបានត្រឹមត្រូវ ចៀសវាងការខ្ជះខ្ជាយ និង​ការការពារប្រភពទឹកស្អាត ឲ្យ​បរិសុទ្ធ កុំឲ្យ​មានសារធាតុពុល មេរោគ បាក់តេរីផ្សេងៗ មកលាយឡំ ធ្វើឲ្យទឹកស្អាតដែលមនុស្សអាចប្រើបាន វាកាន់តែចុះថយចំនួន។ ដូច្នេះ​ផែនការគោលនយោបាយ​ ដែលត្រូវអនុវត្ត ត្រូវចាប់ផ្តើម ដោយ​ការសាងសង់បង្គន់អនាម័យ ការរៀបចំបណ្តាញ​លូបង្ហូរទឹកក្រខ្វក់ឲ្យបានត្រឹមត្រូវ​ និង​រៀបចំហេដ្ឋារចនាសម្ព័ន្ធ​បន្សុតទឹក​ក្រខ្វក់។ ដងស្ទឹង និងទន្លេ សរុបប្រវែងប្រមាណ​៣សែនគីឡូម៉ែត្រ ដែលបានរងការខូចខាតនោះ នឹងត្រូវទទួលបាន​ការជួសជុល ថែរក្សាការពារឲ្យ​បាន​ប្រសើរឡើងវិញ។ សន្និសីទរយៈពេល​២ថ្ងៃមកនេះ បានបិទបញ្ចប់ទៅ ជាមួយ​នឹងការសន្យាចំនួន​ប្រមាណជិត៧០០ចំណុច ពីសំណាក់រដ្ឋាភិបាល អង្គការ​ក្រៅរដ្ឋាភិបាល និងវិស័យឯកជនផងដែរ ដើម្បីឈានទៅ​ផ្លាស់ប្តូរទិសដៅថ្មី ដែលផ្តោតអាទិភពដល់ការការពារធនធានទឹកស្អាត។ តែជារួម មានតែ១ភាគ៣នៃផែនការសន្យាទាំងនេះ ដែល​នឹងអាចធ្វើ​ឲ្យ​មាន​លទ្ធផល​វិជ្ជមានជាក់ស្តែង ទៅលើ​ការគ្រប់គ្រង​ការពារធនធានទឹក ហើយមានមិនដល់១ភាគ៣ទេ ដែលមាន​តួលេខ​ថវិកា​ចំណាយជាក់ច្បាស់ ថាត្រូវការប្រាក់ប៉ុន្មាន។ ការចាប់ផ្តើម​ដ៏មានសង្ឃឹម តែត្រូវតែ​ប្រឹងប្រែងបន្ត យ៉ាងណាក៏ដោយ លោក Charles Iceland អ្នកជំនាញនៅ World Ressources Institute បានលើកឡើងថា ប៉ុណ្ណេះគឺវាជាការចាប់ផ្តើមដ៏មានសង្ឃឹមណាស់ទៅហើយ។ លោក​បានអបអរជាអាទិ៍ ចំពោះគម្រោងសន្យា ដែល​អាល្លឺម៉ង់ជាអ្នកផ្តួចផ្តើម ដើម្បី​រៀបចំការគ្រប់គ្រង​អាង​ទន្លេនីហ្សេ ដែលហូរកាត់ប្រទេស៩នៅអាហ្វ្រិក ហើយដែល​ភាពកម្រនៃធនធានទឹកនៅដងទន្លេនេះ បានក្លាយជា​ប្រភពនៃបញ្ហាវិវាទ ជម្លោះហិង្សារួចទៅហើយ​នៅក្នុងតំបន់នេះ​។ ដូចគ្នាដែរ លោក Stuart Orr តំណាងអង្គការWWF បានលើកឡើងដែរថា លោកមានភ្ញាក់ផ្អើលដោយត្រកអរដែរ ដោយឃើញសន្ទុះវិជ្ជមាន ផ្តល់ឲ្យដោយ​សន្និសីទនេះ។ ធម្មតាសន្និសីទអន្តរជាតិរបៀបនេះ គេតែងតែនិយាយ​គ្នាចោល ពេលចប់មកផ្ទះវិញរៀងខ្លួនក៏ចប់ទៅ តែលើកនេះគឺថាវាមានកម្លាំងឥទ្ធិពល​ល្អ ដែលធ្វើឲ្យ​មានសង្ឃឹមជាក់ស្តែង​។ លោក​បាន​បន្ថែមថា បញ្ហាវិបត្តិខ្វះទឹកនេះ នឹងមិនបាត់ភ្លាមៗទេ ផ្ទុយទៅវិញគឺវានឹងកាន់តែធ្ងន់ធ្ងរ តែអ្វីដែលសំខាន់គឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ផ្តល់អាទិភាពគិតគូរ រកដំណោះស្រាយជាបន្ទាន់ចាប់ពីពេលនេះ​។​ ជាងនេះទៀត បញ្ហាទឹកវាសំខាន់ណាស់ តែកន្លងមកជាង​៤០ឆ្នាំហើយ មិនដែលមានសន្និសីទអន្តរជាតិស្តីពីទឹកបែបនេះទេ។ តែ​ក៏​​ មិនមែនសន្និសីទអន្តរជាតិ​ស្តីពីទឹក រៀបចំម្តងនេះហើយ អ្វីៗនឹងប្រសើរឡើងភ្លាមនោះទេ។ តំណាងអង្គការក្រៅរដ្ឋាភិបាលដែលបានចូលរួម បានអំពាវនាវថាអំណេះតទៅ គឺត្រូវតែរៀបចំជារៀងរាល់ឆ្នាំ ដើម្បីនិយាយ​ពិភាក្សា ដោះដូរយោបល់ គូសវាសផែន​បន្ថែមទៀត។ អ្នកចូលរួម​សន្និសីទនេះ ក៏បាន​អំពាវនាវផងដែរ ថាដើម្បីផ្តល់សន្ទុះវិជ្ជមាន គឺអង្គការសហប្រជាជាតិ ត្រូវតែ​តែងតាំងមនុស្សម្នាក់ក្នុង​មុខតំណែងថ្មី ក្នុងនាមជាប្រេសិតពិសេសទទួលបន្ទុកបញ្ហាទឹក។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងយកសំណើនេះទៅពិចារណា។ លោក Henk Ovink ប្រេសិតពិសេសទទួលបន្ទុកផ្នែកទឹករបស់រដ្ឋាភិបាល​ហូឡង់ បាន​លើកឡើងថា បើគ្មាន​ទីភ្នាក់ងារ គ្មាន​សន្ធិសញ្ញាពិសេសស្តីពីទឹកទេនោះ គឺមានន័យថា ទឹកពុំមានផ្ទះនៅក្នុងអង្គការសហប្រជាជាតិនោះទេ​៕​
3/25/20237 minutes, 8 seconds
Episode Artwork

ថាមពលនុយក្លេអ៊ែរនិង​កាបូនសំយោគ  នាំ​ឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​សហភាព​អឺរ៉ុប​ប្រទាញ​ប្រទង់​គ្នា

ប្រទេស​ថ្នាក់ដឹកនាំសហភាពអឺរ៉ុប បើក​កិច្ចប្រជុំ​កំពូល​ ចំនួន​ ២ ថ្ងៃ​ នៅ​ទីក្រុង​ព្រុច​សែល​។ ក្រៅពីបញ្ហាសង្គ្រាម​អ៊ុយក្រែន  ថ្នាក់ដឹកនាំ​កំពូលសហភាពអឺរ៉ុប ត្រូវ​ផ្តោតលើបញ្ហានុយក្លេអ៊ែរ និងការហាមឃាត់ការលក់រថយន្តប្រើប្រេង។​ អ្នក​ដឹកនាំខ្លះ នៃ​​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ ចង់​ឲ្យ​វិយោគទុន​​កាន់តែ​ខ្លាំង​លើ​វិស័យ​ថាមពល​បរមាណូ​ ក៏ប៉ុន្តែ អ្នក​ដឹកនាំខ្លះទៀត​ ជំទាស់​ និង​ចង់​ឲ្យ​កែច្នៃ​ថាមពលផ្សេងៗ​​ ក្រៅពី​ថាមពល​នុយក្លេអ៊ែរ​។​​ ក្នុង​ជំនួប​នេះ  ​​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ចូល​រួមវត្តមា​ន​ដោយ​ផ្ទាល់​​ ហើយ​និង ​ប្រធានាធិបតី​អ៊ុយក្រែន បាន​ចូលរួម​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ។​ ​ជាថ្មី​ម្តងហើយម្តងទៀត លោក ហ្សេលិនស្គី ទាមទារ​ជំនួយ​គ្រឿង​សព្វាវុធ​​ដើម្បី​​យក​​ទៅ​ច្បាំង​ទប់​ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​។ «​វិនិយោគ​ទុន​វិស័យ​ថាម​ពល​ស្អាត» ​ ​​ចំពោះ​សហភាព វិស័យ​ថាមពល​ ជា​ចំណោម​បញ្ហា​ចម្បងមួយ ហើយ​ក៏​វា​ដរចេញ​កាន់តែខ្លាំង​ពី​វិបត្តិ​សង្គ្រាមឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​​អ៊ុយក្រែន។​ ​ម្យ៉ាង​ទៀត គឺ​ក្នុង​បរិបទថ្មី ដែលពិភព​លោក ​​កំពុងតែ​ប្រឈមខ្លាំង​​​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ហើយ​បណ្តារដ្ឋនីមួយ​ៗ​បង្កើន​ស្មារតី​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ ដែល​គេ​ត្រូវ​គិតគូរ​រក​មធ្យោបាយ​ថាមពល​ថ្មី ដែល​ស្អាត អាច​កកើត​ឡើងវិញ និង​ជះឥទ្ធិពល​អាក្រក់​តិត​តួច​ចំពោះ​អាកាសធាតុ​ភព​ផែន​ដី​។​ និយាយ​ឲ្យ​ខ្លី ត្រឹម​រង្វង់​សហភាព​អឺរ៉ុប។ ​ជាង​៣០ឆ្នាំ​មុន នៅពេល​ដែល​អង់គ្លេស​នៅ​ជា​រដ្ឋសមាជិកសហភាព​អឺរ៉ុប​ នាយករដ្ឋមន្ត្រីអង់គ្លេស​កាន់​នោះ អ្ន​កស្រី Margaret Thatcher ​បាន​កែទម្រង់​វិស័យ​ថាមពល ដោយ​ផ្តើម​ងាក​ចេញពី​វិស័យ​ធ្យូងថ្ម ហើយ​បែរ​មក​រក​ថាមពលឧស្ម័ន។ គ្រានោះ​​ ​ប្រទេស​អឺរ៉ុប ក៏​នាំគ្នា​នាំ​ចូល​ឧស្ម័ន​ពី​សមុទ្រ​ខាង​ជើង ពីក្រុម​​ប្រទេស​ស្កង់​ដីណាវ​ ​​ពី​ប្រទេស​អាហ្វ្រិក​ និងជាពិសេស​ពី​ ​រុស្ស៊ី​ ជាដើម​។ នៅគ្រា​នេះ​ រុស្ស៊ី​ បាន​បើកប្រតិបត្តិ​សឹក​ច្បាំង​ឈ្លានពាន​អ៊ុយក្រែន ដែល​តម្រូវ​ឲ្យ​ប្រទេស​អឺរ៉ុប ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចលើ​​រុស្ស៊ី ជៀសវៀង​មិនទិញ​ប្រេង​និង​ឧស្ម័នពីរុស្ស៊ី​​។ ហេតុ​នេះ​​ក៏​បង្ក​ការលំបាក​ឲ្យ​អឺរ៉ូប​ខ្លួន​ឯង​ដែរ ដែល​ប្រទេស​អឺរ៉ុប​ត្រូវ​រក​ប្រភព​ថាមពល​ថ្មី ដែល​អាច​ផ្តល់​ឯករាជ្យស្វ័យតភាព​ មាន​និរន្តរភាព​ និង​ផ្នែក​ថាមពល​គិត​គូរ​ដល់​បរិស្ថាន​​ផង។ អាស្រ័យ​ហេតុ​នេះ កា​លពី​១០​ថ្ងៃមុន សហភាព​អឺរ៉ុប​ បាន​ធ្វើ​ពង្រាង​ច្បាប់​មួយ​ស្តីពី​វិស័យ​ថាមពល​ ដែល​ត្រូវ​ថ្នាក់​ដឹកនាំ​ប្រទេស​នីមួយៗ ជជែក​តស៊ូ​មតិគ្នា​។​ អ្នក​តំណាង​ប្រទេសបារាំងនិង​មេដឹកនាំ​រដ្ឋសមាជិក​  ប្រមាណ​ជា​ជាង ​១០ ប្រទេស គឺ​ មូល​មាត់​ឯកភាព​យល់​ព្រម​ ចង់​ឲ្យ​វិនិយោគ​ទុន​​កាន់តែ​ខ្លាំង និង​កាន់តែ​ច្រើន​ទៅលើឧស្សាហកម្ម​​វិស័យ​ថាមពល​បរមាណូ។ ដ្បិត​ពី​ព្រោះ​តែ​ពួក​គេ​យល់​ឃើញថា ប្រភព​ថាមពល​ពល​នុយក្លេអ៊ែរ ​«ស្អាត»​ «មិន​បញ្ចេញ​ផ្សែងពុលឧស្ម័ន​កាបូនិក​បំផ្លាញ​បរិស្ថាន​បង្ក​ឲ្យ​បង្កើន​កម្តៅ​ផែន​ដី​» ដែល​ជារួម​ ពួក​គេ​ចាត់ទុកថា ជា«​ប្រភពថាមពល​អាច​កកើត​ឡើងវិញ​» ហើយ​រួម​ចំណែក​«កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ដែល​ធ្វើ​ឲ្យ​កើន​កម្តៅ​ផែន​ដី«​។ ផ្ទុយ​ទៅវិញ គំនិត​នេះ ត្រូវ​បណ្តាក្រុម​នយោបាយ​បរិស្ថាន​និយម នៅ​អឺរ៉ុប​​ រិះគន់​យ៉ាង​ចាស់ដៃ ហើយ​ក្រុម​ប្រទេស​ផ្សេងទៀត ដែល​ដឹកនាំ​មុខ​គេ ដោយ​ អាល្លឺម៉ង់ គឺ​មិន​យល់​ស្រប​ទាល់តែ​សោះ​​ ក្នុង​ការ​ពឹង​ផ្អែក​លើ​ថាមពល​នុយក្លេអ៊ែរ​។​ ស្ហុលស៍ ៖ «​នុយក្លេអ៊ែរ ជាថាមពលស្អាត និងកកើតឡើងវិញ គឺ​ខុសស្រឡះ​» បណ្តា​ក្រុម​ប្រទេស​ដែល​មិន​យល់​ស្រប​ចំពោះការ​ងាកទៅ​​រំពឹង​លើ​បរមាណូ​ដើម្បី​​ចម្រាញ់​ថាមពល​ គឺ​មាន អាល្លឺម៉ង់ លុច​សំបួរ ដាណឺម៉ាក់ អេស្ប៉ាញ និង​ អូទ្រីស​ ជាដើម។​ ចំពោះ​អាល្លឺម៉ង់ (និង​បារាំង​) ជា​ប្រទេស​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​នាំមុខ​គេមួយ​សំខាន់​​របស់ក្នុង​រង្វង់​សហភាព​​អឺរ៉ុប​។​ ប្រសិន​បើ​រំឮក​ពេល​ខ្លី គឺ ​៣​ឆ្នាំ​មុន អាល្លឺម៉ង់ តាមរយៈ​រដ្ឋមន្ត្រីបរិស្ថាន​ គឺបាន​​ថ្លែងគោល​ចំហរ​​ថា ​«បេសកម្ម​របស់​រដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ គឺ​លុប​បំបាត់​ថាមពល​នុយក្លេអ៊ែរ​ »។ ​​ពេល​នេះទៀត​ គឺ​រដ្ឋបាល​ក្រុង​ប៊ែរឡាំង​នៅ​តែ​រក្សា​ប្រកាន់​ជំហរ​ដដែល។ នៅក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​ អធិការ​បតី​អាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ មានប្រសាសន៍បញ្ជាក់​ថា  «គំនិត​​ដែល​យល់ថា ថាមពល​នុយក្លេអ៊ែរ ជា​ថាមពល​ស្អាត​ ជាថាមពល​កកើត​ឡើង​វិញ គឺការ​យល់​ខុស​ស្រឡះ​តែម្តង»។ ​ មាន​ហេតុផល​ជាច្រើន​នៅពីក្រោយ​ជំហរ​របស់​ប្រទេស​ដែល​មិន​ចង់​ឲ្យ​វិនិយោគ​ទុន​លើ​នុយក្លេអ៊ែរ​។ ទី១ គឺ​ដូច​អធិបតី​អាម្លឺម៉ង់​បញ្ជាក់ស្រាប់ ហើយ​និងមាន​បញ្ហា​កាកសំណល់​នុយក្លេអ៊ែរដែលត្រូវ​យក​ចិត្តទុកដាក់​ខ្ពស់​។ ទី២ នេះជា​ការប្រឡែងជាមួយភ្លើង ច្បាស់​ជា​រលាក ឧទាហរណ៍ ជាក់ស្កែងករណីគ្រោះថ្នាក់នៅរោងចក្រផលិតថាមពលនុយក្លែរអ៊ែរ  នៅ Fukushima ​ឬនៅ Chernobyl ។ ហេតុ​ផល​មួយ​ទៀត ដែល ​អ្នក​វិភាគខាង​ថាមពល​​នៅអឺរ៉ុប​ សម្លឹង​ឃើញ គឺថា ការ​ផលិតថាមពលនុយក្លែរអ៊ែរ ជាការវិនិយោគរយៈពេលវែងឆ្ងាយ ហើយត្រូវចំណាយលុយកាក់ច្រើនណាស់ រួមទាំងប្រព័ន្ធបច្ចេកវិទ្យាក៏ទំនើបផុតលេខដែរ ដើម្បីបញ្ជៀសហានិយភ័យ។ ដែល​ចំណុច​នេះ គឺអាល្លឺម៉ង់​មិន​ចង់ធ្វើ​ទេ ដ្បិត​អាល្លឺម៉ង់​ចង់​វិនិយោគ​តិច ហើយ​បាន​ផល​ទាន់​ចិត្ត​ ក្នុងរយៈ​ពេ​លខ្លី​ផង។ ក្រុម​ប្រទេស​ដែល​នៅឈរ​ខាង​អាល្លឺម៉ង់ យល់ឃើញ​បែបនេះ និង​ ឲ្យ​យោបល់​ពីការ​ផលិតថាមពល«​កាបូន​សំយោគ»  សំយោគ​ពី​អ៊ីដ្រូសែន​និង​កាបូនិក ហើយ​និង​​ចម្រាញ់​ថាមពល​ពី​កាក់​សំណល់​កសិកម្ម សំរាម និង​សំណល់​​ប្រេង​ ជាដើម។ ទន្ទឹម​នេះ ត្រូវ​ទាញ​យក​ថាមពល​ ខ្យល់​ និង​ពន្លឺ​ព្រះ​អាទិត្យ​។​ ពង្រាង​ច្បាប់​របស់​សហភាព​ នឹង​គិតគូរ​ពីការ​ឧបត្ថម្ភ​ធន​ ផ្តល់​ជំនួយ​លុយកាក់​ចំពោះការ​វិនិយោគ​ទុន​ទៅវិស័យ​ផលិត​ថាមពល​ស្អាត។ ប្រធានគណៈកម្មការអឺរ៉ុប អ្នក​ស្រី​ អួរស៊ូឡា វ៉ុនឌែរ ឡេយែន បញ្ជាក់ថា គម្រោង​ដែល​គ្មាន​ផ្តល់​ផលប៉ះពាល់ បញ្ចេញ​ផ្សែង​ពុល​ បង្កឲ្យ​កើនកម្តៅផែនដី​ ដែល​នឹងត្រូវ​ទទួល​ការ​ឧបត្ថម្ភ​ជំនួយ​។ ដោយឡែក ​​ការ​វិនិយោគ​ទុន​លើ​ថាមពល«នុយក្លេអ៊ែរ» គឺ​ទាល់តែ​មា​នការ​ធានាបញ្ជាក់​ពី​សុវត្ថិភាព​បំផុត ទើប​អាច​បាន​ជំនួយ​ខ្លះ ប៉ុន្តែ​នឹង​មិន​ទទួល​បាន​ជំនួយ​ជាទូទៅ​​ទេ៕​​​
3/24/20236 minutes, 47 seconds
Episode Artwork

ក្រោយ​ការអនុម័តច្បាប់​កំណែទម្រង់​សោធននិវត្តន៍ បារាំងធ្វើ​បាតុកម្ម​កាន់​តែខ្លាំង

នៅថ្ងៃ​ព្រហស្បតិ៍​ទី ២៣​មីនា​២០២៣​នេះ ក្រុម​​សហជីព​បារាំងបាន​ប្រកូក​ប្រកាស​ធ្វើ​​បាតុកម្មនិង​កូដកម្ម​​ជា​ថ្មី ​​ទូទាំងប្រទេសជា​លើក​ទី​៩ ដើម្បី​ប្រឆាំងនឹង​កំណែទម្រង់​ច្បាប់​សោធននិវត្តន៍។ ​ ​អនុម័តកាលពី​ថ្ងៃ​ចន្ទទី ២០មីនា ​ដោយ​មិន​ឆ្លង​កាត់​ការបោះឆ្នោត​នៅ​សភា ច្បាប់សោធនិវត្តន៍​នេះ ​​នឹង​ត្រូវដាក់​ឲ្យ​ឆ្លងកាត់​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ ហេតុ​អ្វី​ត្រូវ​ឆ្លង​កាត់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ? តើ​ក្រុមប្រឹក្សា​អាច​នឹង​អារកាត់​សេចក្តីយ៉ាងណា ? ក្រោមការ​អំពាវនាវ​របស់​សហជីព និង​បក្ស​ប្រឆាំង ចលនាបាតុកម្ម​​ប្រឆាំង​នឹង​ច្បាប់​កំណែទម្រង់សោធននិវត្តន៍ មិន​ថមថយ​ទេ ! ថ្ងៃ​នេះ​ ចរាចរណ៍​ដឹកជញ្ជូន​សាធារណៈ​ក្នុង​រដ្ឋធានី​ប៉ារីស និ​ងខេត្ត​ក្រុង​ទូទាំង​ប្រទេស មាន​ការ​រអាក់​រអួល​យ៉ាង​ខ្លាំង។ បណ្តាញ​ខ្សែរថភ្លើង​ល្បឿន​លឿន​ ព្រមទាំង​ខ្សែរថភ្លើង​ឆ្លង​ស្រុក​ មាន​ដំណើរការ​ប្រមាណ​តែ​មួយភាគ​បី។ ការហោះហើរ​ក្នុង​តំបន់​ ត្រូវ​លុប​ចោល​ប្រមាណ​៣០%។ ស្ថានីយ៍​រថភ្លើង ចំណត​រថយន្តក្រុង​ អាកាសយានដ្ឋាន ផ្លូវ​ថ្នល់ ផ្លូវ​ដែក ... ​រង​ការ​រារាំង និង​បិទ​ខ្ទប់ ដោយ​អន្លើ ​ពី​សំណាក់​បាតុករ​។ សាលា​រៀន​មួ​យ​ចំនួន​ក៏​ត្រូវ​បិទ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ មាន​ភារៈ​ផ្តល់​ព័ត៌មាន មិន​ធ្វើ​កូដកម្ម​ទេ ប៉ុន្តែ​លើក​នេះ​កាសែត​ធំៗ​បារាំង​មួយ​ចំនួន​ដូច​យ៉ាង​ កាសែត LEMONDE បាន​ប្រកាស​ផ្អាក​ការ​ផ្សាយ​មួយ​ព្រឹក​។ ទាំង​នេះ​ស​ឱ្យ​ឃើញ​អំពី​ទំហំ​នៃ​ចលនា​ប្រឆាំង​។ ​ បន្ទាប់​ពី​​ច្បាប់​ត្រូវ​បាន​អនុម័ត​ដោយ​មិន​ឆ្លង​កាត់​ការ​បោះឆ្នោតនៅសភា​នៅ​ថ្ងៃ​ទី ចន្ទទី ២០​មីនាមក បាតុកម្មរប៉េះរបោះ​​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​ថ្ងៃ​នេះ​ ជា​បាតុកម្ម​ធំ​ខ្លាំង​លើក​ទីមួយ ក្រោយ​ការ​អនុម័ត​ច្បាប់​និង​ បន្ទាប់ពី​ប្រធានាធិបតី ​បាន​ផ្តល់​បទ​សម្ភាស​ន៍​ពន្យល់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ ​​ចលនាប្រឆាំង​កាន់​តែ​ខឹង​ និង​កំពុង​នាំ​គ្នា​​បាតុកម្មយ៉ាង​ធំ​នេះ ក៏​ព្រោះ​យល់​ថា​រដ្ឋាភិបាល​លោកស្រី​នាយករដ្ឋមន្ត្រី​ អេលីហ្សាប៊ែត ប៊ន ដែល​បាន​រួច​ផុត​ពី​ញាត្តិចាប់​ថ្នាក់​ ប្រើ​មាត្រា​៤៩,៣​ ច្រើន​ជ្រុល ដើម្បី​អនុម័ត​ច្បាប់ចូលនិវត្តន៍​​ ប្រៀប​ដូច​ជា​ការ​បំបិទសិទ្ធិ​​​ប្រជាធិបតេយ្យ។​ ខឹង​​​ប្រធានាធិបតី​ម៉ាក្រុង​ ដែល​នៅក្នុង​បទ​សម្ភាសន៍ លោក​បាន​បង្ហាញ​ភាព​មានៈរបស់​លោក ដោយ​សុខចិត្ត​អាប់​ប្រជាប្រិយភាព​ឱ្យ​តែច្បាប់ដ៏​សំខាន់និង​​ចាំបាច់​​នេះ​បានចូល​​​ជា​ធរមាន​យ៉ាងយូរ​នៅចុងឆ្នាំ។ រដ្ឋាភិបាល​បាន​ថែម​ទាំង​​សម្រេច​បញ្ចូន​ច្បាប់​នេះ​ទៅឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​លម្អិត​ទៀត។ តើ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ អាច​នឹង​សម្រេច​យ៉ាងណា ? វា​ជា​ការ​កម្រ​ណាស់ ​ដែល​នាយករដ្ឋមន្ត្រី​យក​ច្បាប់​អនុម័ត​ហើយ​ទៅ​ឆ្លង​កាត់​យោបល់​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះ តែ​ប្រឈម​នឹង​កម្លាំង​ប្រឆាំង​បែប​នេះ រដ្ឋាភិបាល​ចង់​​បញ្ជាក់​អំពី​ភាពត្រឹម​ត្រូវ​​របស់​ខ្លួន ដោយ​បញ្ជូន​ច្បាប់​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​លម្អិត​​ ដោយ​ផ្ទាល់​​​តែម្តងដូច្នេះ។ មាន​អំណាច​​កំពូល សម្រេច​ហើយ​គ្មាន​អ្វី​តវ៉ា​ទៀត​បាន តាម​ធម្មតា ក្រុមប្រឹក្សា​មាន​ពេល​១​ខែ​ ក្នុង​ការ​ផ្តល់​សេចក្តីសម្រេច​ ថា​ច្បាប់​កំណែទម្រង់សោធននិវត្តន៍​ របស់​រដ្ឋាភិបាល​ពិត​ជា​ត្រឹម​ត្រូវ ឬ​យ៉ាងណា​។ តែក្រុមប្រឹក្សាក៏​អាច​ផ្តល់​ចម្លើយ​ នៅ​ត្រឹម​៨​ថ្ងៃ ប្រសិន​បើ​រដ្ឋាភិបាល​ស្នើ​សុំ​ឱ្យ​ធ្វើ​កា​រត្រួតពិនិត្យ​បន្ទាន់។ យោល​ទៅ​លើ​ភាព​សំខាន់​នៃច្បាប់​ចំពោះ​សង្គម​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​មានសមាជិក៨នាក់​និង ​​ប្រធានម្នាក់​(លោក​ឡូរ៉ង់​ហ្វាប៊ីយូស) ច្បាស់​ជា​បាន​ ​សិក្សា​ និង​មាន​ចម្លើយ​សម្រាប់​​គម្រោង​កំណែទម្រង់​ច្បាប់​នេះ​ខ្លះ​រួចទៅហើយ។ ក្រុមប្រឹក្សា​នឹង​ផ្តល់​ចម្លើយ​នៅរវាង​បី​សប្តាហ៍​ខាង​មុខ។ តាំង​ពី​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥៨ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បំពេញ​ការងារ​ប្រកប​សុក្រិត្យភាព​បំផុត ​សម្រេច​ហាមឃាត់តែ​វិធានការថវិកា​​ណាដែល​នៅ​ក្រៅ​រង្វង់​​ច្បាប់តែប៉ុណ្ណោះ។ ក្រុមប្រឹក្សា​​កម្រ​នឹង​ជំទាស់ ឬ​ចេញ​បម្រាម​ប្រឆាំងទាំង​ស្រុង​​នឹង​គម្រោង​ច្បាប់​របស់​រដ្ឋាភិបាល​ណាស់។ ពេញ​មួយ​របប​សាធារណរដ្ឋ​ទី៥នេះ គឺ​មាន​តែម្តង​​គត់​នៅ​ឆ្នាំ​១៩៧៩ប្រឆាំង​នឹង​ច្បាប់​ថវិកា និង​ម្តង​ទៀត​នៅ​ឆ្នាំ​២០២១ ប្រឆាំង​នឹង​ច្បាប់​ទីលំនៅ។ សម្រាប់​ច្បាប់​កំណែទម្រង់សោធននិវត្តន៍​នេះ ដែល​រដ្ឋាភិបាល​បង្ហាញ​ក្នុង​ទម្រង់​ជា​ច្បាប់កំណែទម្រង់​​ថវិកាផ្នែក​ធានារ៉ាប់រង​សង្គម​ឆ្នាំ​២០២៣​ ​មិនផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ឡើយ។ ដូច្នេះ​ក្រុមប្រឹក្សា​ ​ទំនង​ជា​នឹង​មិនបញ្ចេញ​យោបល់​​ប្រឆាំងទេ។ បើ​មាន​គឺ​​​ត្រឹមជំទាស់​លើ​​ផ្នែក​ខ្លះ​នៃវិធានការ​ ទាក់ទង​នឹងសន្ទទស្សន៍​របប​ការងារ​​មនុស្ស​ចាស់​ចាប់ពី​អាយុ​៥៥​ឆ្នាំ​ប៉ុណ្ណោះ។ បើ​មាន​ការ​ជំទាស់​ផ្នែក​ណា​នោះ​គេ​ត្រូវ​ការ​ធ្វើ​ច្បាប់ទីពីរមក​ភ្ជាប់បញ្ចូល។ ​ប្រជាមតិ ? ទន្ទឹម​នឹង​ការ​សិក្សា​សំណើ​របស់​រដ្ឋាភិបាល ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​ទទួល​បណ្តឹង​ពី​បក្ស​ប្រឆាំង​ដែរ។ សមាជិកសភា​និង​ព្រឹទ្ធ​សភា​ខាង​បក្ស​ប្រឆាំងចំនួន​២៥០​រូប​ បានស្នើ​​​សុំ​ឱ្យ​មាន​ដំណើរ​បែបបទ​ប្រជាមតិ​ជុំ​វិញ​ការកំណត់​អាយុ​​ចូល​និវត្តន៍​ត្រឹម​អាយុ​៦២​ឆ្នាំ។ ក្រុមប្រឹក្សា​ធម្មនុញ្ញ មានពេល​មួយ​ខែ​ដែរ ក្នុង​ការផ្តល់​សេចក្តី​សម្រេច​ថា​សំណើនេះ​សមរម្យ​​គួរ​ទទួល​យក​ឬ​យ៉ាងណា​នោះ។ ប្រសិន​បើ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​យល់​ព្រម នោះ​ក្នុង​រយៈ​ពេល​៩​ខែ គេ​ត្រូវ​ប្រមូល​ហត្ថលេខា​របស់​ប្រជាពលរដ្ឋ​ក្នុង​បញ្ជី​បោះឆ្នោត ឱ្យ​បានយ៉ាង​ហោច​១០% ពោលគឺ​ស្មើ​នឹង​ប្រមាណ​៤,៨​លាន​នាក់។ ប៉ុន្តែ​តាំងពីចូល​ជា​ធរមាន​នៅ​​ឆ្នាំ​២០០៨  ច្បាប់​​ធ្វើ​ប្រជាមតិ​លើ​គម្រោងអ្វី​មួយ មិន​ដែល​ចេញ​រួច​ទេ ព្រោះ​មិន​ដែលប្រមូល​សំឡេង​អប្បបរិមាបាន។ នេះ​បើ​តាម​កំណត់​សម្គាល់​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ៕
3/23/20236 minutes, 15 seconds
Episode Artwork

អ.ស.ប. ទាញសញ្ញាអាសន្នពី “វិបត្តិខ្វះទឹកក្នុងពិភពលោក” តាមរយៈសន្និសីទអន្តរជាតិស្តីពីទឹក

ថ្ងៃទី២២មីនា គឺជាទិវាទឹកពិភពលោក​។ ទឹកគឺជាប្រភពមិនអាចខ្វះបាន សម្រាប់​ជីវិត​មនុស្ស សត្វ និង​​រុក្ខជាតិនៅ​លើភពផែនដីយើង​។ តែធនធានទឹក កំពុងតែជួបនូវ​ភាពហិនហោច។ អង្គការសហប្រជាជាតិ ទើបតែបានចេញរបាយការណ៍មួយ​ ទាញសញ្ញាអាសន្ន​​ ស្តីអំពីបញ្ហាខ្វះ​ទឹកប្រើប្រាស់ ដែលកំពុងតែ​ចោទខ្លាំងឡើងៗ នៅទូទាំងពិភពលោកយើង។ ១០%នៃមនុស្សលើផែនដី រងសំពាធខ្លាំងណាស់ ដោយសារបញ្ហាគ្មានទឹកស្អាត​ប្រើប្រាស់។ គឺនៅ​ក្នុង​បរិបទនេះហើយ អង្គការសហប្រជាជាតិបានបើក​សន្និសីទអន្តរជាតិមួយ ស្តីពីទឹក ចាប់ពីថ្ងៃទី២២មីនា នៅឯទីស្នាក់ការទីក្រុងញូយ៉ក​។ យោងតាមរបាយការណ៍អង្គការសហប្រជាជាតិ ស្តីពីធនធានទឹក ដែលចេញផ្សាយ​នៅព្រឹកថ្ងៃទី​២២មីនានេះ​ គឺយ៉ាងហោចណាស់ មនុស្ស​ចំនួន​ ២៣០០លាននាក់ នៅទូទាំងពិភពលោកយើង ដែលកំពុង​រស់នៅតាមប្រទេសដែលមាន​សំពាធដ៏លំបាក ដោយសារតែបញ្ហាគ្មាន​ទឹកប្រើប្រាស់។ ហើយចំនួន​២ពាន់លាននាក់​  គឺគ្មាន​ទឹកស្អាតប្រើប្រាស់ និង​បរិភោគប្រចាំថ្ងៃទេ។​ ហើយយោងតាមរបាយការណ៍ចុងក្រោយរបស់អ្នកជំនាញ​អាកាសធាតុ នៃអង្គការសហប្រជាជាតិ ដែលចេញផ្សាយ​កាលពីថ្ងៃចន្ទ ទី​២០​មីនា គឺយ៉ាងហោចណាស់ មនុស្សចំនួន​​ពាក់កណ្តាល ​ដែលរស់នៅ​លើផែនដី​ បានរងនូវបញ្ហា​ខ្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរ ក្នុងរយៈពេលណាមួយ​ជារៀងរាល់ឆ្នាំ​។ កាន់តែ​ក្រីក្រ កាន់តែប្រឈមខ្លាំងដោយ​បញ្ហា​ខ្វះទឹក​ស្អាត លោក Richard Connor អ្នកជំនាញនិងជាសមាជិក​ម្នាក់សរសេររបាយការណ៍ បាន​លើកឡើងថា បញ្ហាខ្វះទឹកប្រើប្រាស់នេះ វាបានរំលេចឲ្យ​ឃើញផងដែរ នូវគម្លាតគ្នា រវាងអ្នកមាននិងអ្នកក្រ មិនថាស្រុកណាឬស្រុកណាទេ។ អ្នកដែលមានជីវភាពធូរធា​ អ្នកនោះអាចមានទឹកប្រើ​ប្រាស់។ ផ្ទុយទៅវិញ បើ​មនុស្សនោះ​​កាន់តែក្រីក្រ គឺអ្នកនោះ កាន់តែប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់ កុំថាឡើយដល់ទៅទឹកស្អាតសម្រាប់បរិភោគ។ បញ្ហាមិនមែនស្ថិតនៅតែលើការខ្វះទឹក​មួយមុខទេ បញ្ហាដ៏ធំមួយទៀត គឺបញ្ហាប្រភពទឹកត្រូវបំពុល ធ្វើឲ្យ​កម្រិតចំនួន​ទឹកស្អាត កាន់តែ​រួញខើចសម្រាប់មនុស្ស​។ ការខ្វះ​ប្រព័ន្ធចម្រុះ បន្សុតទឹកស្អាត គ្មានបណ្តាញលូ ប្រព័ន្ធប្រឡាយទឹកត្រឹមត្រូវ គឺជាកត្តាមួយ​បំពុលទៅដល់​ប្រភពទឹក។ លើផែនដីយើងនេះ មនុស្សយ៉ាងហោច ២ពាន់​លាននាក់ បរិភោគទឹកដែលមិនស្អាតបរិសុទ្ធ ទឹកដែល​ប្រឡាក់លាយឡំជាមួយលាមក មេរោគ បាក់តេរីផ្សេងៗ​ ដែលធ្វើ​ឲ្យពួកគេប្រឈមនឹងជម្ងឺដង្កាត់ច្រើនយ៉ាងណាស់ ដូចជាជំងឺអាសន្នរោគ ជំងឺគ្រុនសន្ធំ ទីហ្វូអ៊ីដ ជំងឺ​ប៉ូលីយ៉ូ ដែលធ្វើឲ្យខូចខួរឆ្អឹងខ្នង ដែលយើងហៅជាទូទៅថា ជំងឺស្វិត​ដៃជើងជាដើម​។ ជំងឺទាំងអស់នេះ គឺសុទ្ធតែឆ្លងតាមរយៈការបរិភោគទឹកក្រខ្វក់។     ក្រៅពីនេះ ប្រភពទឹក អាចត្រូវបំពុលដោយសារធាតុ​ពុលផ្សេងៗទៀត ដែលមានដូចជា សារធាតុគីមី ផលិត​ផល​ឱសថ ថ្នាំសម្លាប់សត្វល្អិត​ កំទេចប្លាស្ទិក និងល្អងលោហៈធាតុ ជាច្រើនមុខទៀត។ ទាំងអស់នេះ គឺវាចូលរួមធ្វើ​ឲ្យ​មនុស្ស​មានបញ្ហាសុខភាព​ ហើយដែលអ្នកក្រ កាន់តែប្រឈមគ្រោះថ្នាក់ ព្រោះអ្នកក្រគ្មានលទ្ធភាពទទួលបានទឹកស្អាតបរិភោគ​។ លោក Richard Connor បាន​ទាញសញ្ញាអាសន្នថា បើនៅតែបែបនេះ ចំនួន​មនុស្ស​ដែល​មិនអាចទទួល​បាននូវ​សេវា​រំដោះទឹកក្រខ្វក់ឲ្យបានត្រឹមត្រូវ ពិតជាកើនចំនួន ពី៤០ ទៅ៥០%នៃចំនួនមនុស្ស​លើផែនដី ហើយ​២០ទៅ ២៥% នឹងគ្មានទឹកស្អាតបរិភោគទេ ទៅថ្ងៃមុខ។​ “មនុស្ស​ដើរលើផ្លូវ​ ដែលគ្រោះថា្នក់ដល់អាយុជី​វិតខ្លួនឯង​” មនុស្ស​យើងត្រូវការទឹកសម្រាប់រស់ តែផ្ទុយទៅវិញ គឺមនុស្សយើងដែលជាអ្នក​បំផ្លាញប្រភពជីវិតខ្លួនឯង។ ការបំផ្លាញមានច្រើនរូបភាព ដែលភាគច្រើនគឺវាឆ្លុះបញ្ចាំងពី​ ភាពអត្មានិយមគិតតែប្រយោជន៍​ខ្លួន ដោយ​ភ្លេចគិតថា ទឹកជាសម្បត្តិរួមរបស់​មនុស្ស​គ្រប់គ្នា។ ក្នុងរវាង​៤០ឆ្នាំចុងក្រោយនេះ តម្រូវការទឹក​នៅទូទាំងពិភពលោក បាន​កើនឡើង១%ជារៀងរាល់ឆ្នាំ។ តំបន់អាស៊ីខាងកើត និងតំបន់អាមេរិកខាងត្បូង ដែល​កន្លងមក​មិនដែលជួបបញ្ហាខ្វះទឹក ពេលនេះក៏ចាប់ផ្តើម​ជួបបញ្ហានេះបណ្តើៗដែរ​។ លោកអគ្គលេខាធិការនៃអង្គកាសហប្រជាជាតិ បានថ្លែងថា មនុស្សលោកយើងបច្ចុប្បន្ននេះ ​កំពុងតែដើរឆ្ពោះទៅកាន់ផ្លូវដ៏គ្រោះថ្នាក់ សម្រាប់អាយុជីវិតខ្លួនឯង។ ចំនួន​មនុស្សកាន់តែច្រើនលើផែនដី តែចំនួនធនធានទឹកវិញ កាន់តែចុះថយ។ ការប្រើប្រាស់ទឹកលើសចំណុះ លើសតម្រូវការ ដោយការខ្ជះខ្ជាយរបស់​មនុស្សម្នាក់ៗ ដោយគ្មានការទទួលខុសត្រូវ។ ការអភិវឌ្ឍន៍ ឬក៏សកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដែល​ត្រូវការប្រើទឹកច្រើនហួសប្រមាណ ក៏ជាកត្តាចូលរួមធ្វើ​ឲ្យទឹកកាន់តែខ្វះ សម្រាប់ទ្រទ្រង់ជីវិតមនុស្ស។ បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យ​បាត់បង់តុល្យភាពនៃធនធានទឹក។ ទីកន្លែងខ្លះទឹកជំនន់ជន់ជោរ លិចលង់មួយរំពេច និងជាញឹកញាប់ ខណៈតំបន់ផ្សេងទៀត ស្ងួតប្រេះក្រហែងរកតែភ្លៀងមួយដំណក់គ្មាន​។ គ្រោះរាំងស្ងួត គ្មានទឹកប្រើប្រាស់ វាមកបន្ថែមការលំបាកលំបិន ដល់ជីវិតមនុស្ស​រាប់​សិបលាននាក់ ដែល​មានជីវភាពក្រីក្រ ហើយធ្វើឲ្យ​ពួកគេ​ប្រឈមជារៀងរាល់ថ្ងៃ នូវគ្រោះទុរភិក្ខ​ គ្មានចំណីអាហារបរិភោគ។ ដល់ពេលហើយ ដែលមនុស្សយើងម្នាក់ៗ ត្រូវគិតថា ទឹកមួយដំណក់ដែលយើងបង្ហូរចាក់ចោលគ្មានស្តាយស្រណោះនោះ គឺវាមានតម្លៃសំខាន់ខ្លាំងកម្រិតណា សម្រាប់មនុស្សខ្លះ ដែលគ្នា​រកតែទឹកបរិភោគគ្មាន។ ដូច្នេះ ការសន្សំសំចៃ វាគឺជាអ្វីដែលមនុស្សយើងម្នាក់ៗ អាចចូលរួម​បាន​។​ ឆ្នាំ២០៣០ មនុស្សពេញមួយពិភពលោកអាចមានទឹកស្អាតប្រើប្រាស់? ក្នុងរយៈពេល២ថ្ងៃនេះ មនុស្សចំនួន ៦៥០០នាក់ នឹងចូលរួម​នៅក្នុងសន្និសីទនៅទីក្រុងញូយ៉ក ដែលក្នុងនោះ គឺមាន​រដ្ឋមន្ត្រី និង​ប្រមុខរដ្ឋាភិបាលប្រទេសជាង១០០​ចូលរួមដែរ។ គេសង្ឃឹមថា នៅក្នុងឱកាសន្និសីទនេះ គឺនឹង​មានការឆ្វេងយល់ ការ​សន្យា ដើម្បីរៀបចំយន្តការ និង​ផែនការសកម្មភាពជាក់​ស្តែង​ ឈានទៅ​ការពារធនធានទឹក ឈានទៅ​រៀបចំឲ្យ​ប្រជាជនដែលប្រឈម អាចទទួលបាន​នូវសេវាទឹកស្អាតប្រើប្រាស់។ បញ្ហាទឹកវាសំខាន់ណាស់ តែសន្និសីទអន្តរជាតិទ្រង់ទ្រាយធំស្តីពីទឹក គឺមិនដែលរៀបចំធ្វើទេ ប្រមាណ​៤៦ឆ្នាំមកនេះ។ មានន័យថា ពិភពលោក​ទើបតែភ្ញាក់ខ្លួនទេ! អង្គការសហប្រជាជាតិ បានដាក់ចុះនូវកម្មវត្ថុ កាលពីឆ្នាំ២០១៥ ថានៅរវាងឆ្នាំ​២០៣០ នឹង​ធានាឲ្យ​ប្រជាជន​ក្នុងពិភពលោកមានទឹកស្អាតប្រើប្រាស់។ កម្មវត្ថុដែលស្ថិតនៅឆ្ងាយ​ខ្លាំងណាស់ សម្រាប់​ពេលបច្ចុប្បន្ននេះ​។ យោងតាមលោក Gilbert Houngbo ប្រធានផ្នែកទឹក នៃអង្គការសហប្រជាជាតិ បាន​លើកឡើងថា ដើម្បីសម្រេចកម្មវត្ថុនេះបាន គឺទាល់តែពិភពលោកយើង បង្កើនថវិកាវិនិយោគ ឲ្យ​បាន​១គុណជា​៣ឯណោះ នៅក្នុងវិស័យ​ទឹកស្អាត។​ អ្វីដែលគេរំពឹងរងចាំជាលទ្ធផលនៃសន្និសីទនេះ គឺការសន្យាជាក់ច្បាស់របស់ប្រទេសនីមួយៗ លើចំនុចមួយចំនួន ដូចជា ការអភិវឌ្ឍន៍រៀបចំបណ្តាញ​បង្ហូរទឹកក្រខ្វក់ឲ្យ​បានត្រឹមត្រូវ ដើម្បីការពារប្រភពទឹកស្អាត ការរៀបចំផែនការ​ទប់ទល់ជាមួយ​ទឹកជំនន់ និង​ គ្រោះរាំងស្ងួត ព្រមទាំង​ផែនការអភិវឌ្ឍន៍​ប្រកបដោយចីរភាព ដែល​ការពារធនធានទឹក ប្រព័ន្ធជីវចម្រុះជាដើម។ កញ្ចប់ថវិកាស្រាវជ្រាវទៅលើទឹក ក៏ជាចំណុចសំខាន់ដែលគេរំពឹងរងចាំដែរ។​ អង្គការក្រៅរដ្ឋាភិបាលធំៗមួយចំនួន ដូចជា WWF ជាដើម ក៏សង្ឃឹមថានឹងយកឱកាសសន្និសីទនេះ ដើម្បី​ដាក់សំពាធ ទាញសញ្ញាអាសន្នប្រាប់ទៅ​រដ្ឋាភិបាល​ប្រទេសនីមួយៗ ឲ្យចាប់ផ្តើមគិតគូរអភិរក្ស ការពារឲ្យបានជាក់ស្តែងនូវប្រភពទឹកសាប។ ការវិនិយោគ ដើម្បី​ការពារប្រភពទឹកសាប ពីនេះដល់ឆ្នាំ​២០៣០ គឺត្រូវការមិនច្រើនប៉ុន្មានទេ ត្រឹមតែជាង​១% នៃចំណូលដុលពិភពលោក​ប៉ុណ្ណោះ។ តែផ្ទុយទៅវិញ មនុស្សជាតិនឹង​ទទួល​បាន​ផល​ដ៏វិសេសវិសាលណាស់ តាមរយៈការវិនិយោគប្រភេទនេះ ព្រោះវា​នឹងជំរុញការរីកចម្រើន បង្កើនផលិតផលកសិកម្ម ហើយធ្វើឲ្យ​កត្តាជីវភាពការ​រស់នៅរបស់​ប្រជាជនក្រីក្រ កាន់តែល្អប្រសើរឡើង។ ផែនការនយោបាយ​គ្រប់គ្រងធនធានទឹក ដោយការសហការគ្នា ប្រកបដោយការទទួលខុសត្រូវ រវាងប្រទេសមួយទៅប្រទេសមួយ វាក៏ជាប្រភពនៃការដោះស្រាយ​វិវាទ ភាពតានតឹងដែរ។​ ប្រទេសជាច្រើន អាស្រ័យផលពីដងទន្លេ ឬប្រភពធនធានទឹកសាបរួមគ្នា។ ដូច្នេះវាគឺជារឿងចាំបាច់ ដែល​ត្រូវតែសហការគ្នា​ បោះបង់​ចោល​គំនិតអាត្មានិយម ដែលអាចឈានទៅបង្កជម្លោះវិវាទ៕
3/22/20238 minutes, 50 seconds
Episode Artwork

លោកស៊ីជីនពីង​និង​លោកពូទីន​ជួប​គ្នា​ជា​ថ្មី នាយករដ្ឋមន្ត្រី​ជប៉ុន​ទៅ​ក្រុង​កៀវ

បន្ទាប់​ពីមាន​ជំនួប​ក្រៅផ្លូវការមួយ​ទល់​នឹង​មួយ​​រយៈ​ពេល​ជាង​បួនម៉ោង កាលពីម្សិលមិញ នៅ​ថ្ងៃអង្គារ​នេះ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​សមភាគី​លោក​ វ្លាដេមៀ ពូទីន ត្រូវ​បន្ត​ជួប​ពិភាក្សា​គ្នា​ទៀត​ជា​លើក​ទីពីរ ក្នុង​ទម្រង់​​ផ្លូវការ នៅទីក្រុង​មូស្គូ។ ទន្ទឹម​គ្នា​នោះ​ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា ត្រូវ​អញ្ជើញ​ទៅ​ដល់​នៅទីក្រុង​កៀវជា​លើក​ទីមួយ​​ ដើម្បី​ជួប​​លោក​ហ្សេឡេស្គី ប្រធានាធិបតី​អ៊ុយក្រែន។ នៅថ្ងៃ​ទីពីរនេះ ក្នុង​ជំនួប​ដែល​មាន​ទម្រង់​ផ្លូវការ​ជាងជំនួប​​ម្សិលមិញ ប្រធានាធិបតី​ទាំងពីរ ត្រូវ​ផ្តោត​កិច្ចពិភាក្សា លើ​សំណុំ​រឿង​សង្គ្រាម​នៅអ៊ុយក្រែន​ ជា​ថ្មី​ ដោយ​ចៀស​មិន​រួចឡើយ។ ប៉ុន្តែ​ នៅ​មាន​ប្រធាន​បទ​សំខាន់ផ្សេង​​​ទៀត ដែល​កំពុង​រង់​ចាំ​ប្រមុខ​រដ្ឋ​ទាំងពីរ គឺការ​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ចិន-រុស្ស៊ី ជា​ទូទៅផង និង​រឹត​ចំណង​​វិស័យ​សេដ្ឋកិច្ច​ជាពិសេសទៀត។ មាន​កិច្ចព្រមព្រៀង​ជា​ច្រើន​នឹង​ត្រូវ​ចុះហត្ថលេខា​ ក្នុង​​ជំនួប​របស់​ប្រធានាធិបតី​ទាំងពីរ មាន​ជា​អាទិ៍​ សេចក្តីថ្លែងការណ៍​រួម​​ស្តី​ពីការ​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​​ទ្វេភាគី​ពីពេល​នេះ​ដល់​ឆ្នាំ​២០៣០។ ចិន-​រុស្ស៊ី ទំនាក់ទំនង​យុទ្ធសាស្ត្រ លោក​ប្រធានាធិបតី​ចិន ស៊ីជីនពីង បាន​ពន្យល់​ថា ទស្សនកិច្ចរបស់​លោក​ជា​ចម្លើយ​តប​ទៅ​នឹង​​ប្រវត្តិសាស្ត្រ ព្រោះ​រុស្ស៊ី​និង​ចិន​ជា​មហាអំណាច​ជាប់​របង​គ្នា និង​ជា​ដៃគូយុទ្ធសាស្ត្រ​លើ​គ្រប់​កំរិត។ ទស្សនកិច្ច​របស់​លោក​ស៊ីជីនពីង​នៅមូស្គូ ប្រព្រឹត្ត​ទៅ​ចំពេល​ដែល​​រុស្ស៊ី កំពុង​ចង់​តម្រែតម្រង់​ទិស​សេដ្ឋកិច្ច​របស់​ខ្លួន​ ទៅ​រក​ប៉េកាំង ដើម្បី​ប្រឈម​​នឹង​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​របស់​បស្ចិមលោក​ប្រឆាំង​នឹង​រុស្ស៊ី​ដែពីបទ​​ធ្វើ​សង្គ្រាម​ចូល​ឈ្លានពាន​អ៊ុយក្រែន។ ជា​និម្មិតរូប​នៃ​ការច្របាច់​​សេដ្ឋកិច្ច ចិន​រុស្ស៊ី​ឱ្យ​កាន់​តែ​ស៊ីចង្វាក់​គ្នា ក្រុមហ៊ុន​ហ្កាសរុស្ស៊ី Gazprom  បាន​ប្រកាស​នៅថ្ងៃអង្គារ​នេះ​តែ​ម្តង បញ្ជូន​ឧស្ម័ន​ក្នុង​បរិមាណ​ដ៏​ច្រើន​បំផុត​ បំបែក​ឯតទគ្គកម្ម​ ទៅ​ឱ្យ​ចិន តាម​ប្រព័ន្ធ​បំពង់​បង្ហូរ​ឧស្ម័ន​ឆ្លង​ព្រំដែន​ Force de Sibérie។ ជាង​នេះទៅទៀត លោក​ប្រធានាធិបតី​ចិន ទំនង​ជា​នឹងអញ្ជើញ​ប្រធានាធិបតី​រុស្ស៊ី ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប៉េកាំង ក្នុង​ឆ្នាំ​នេះ​តែម្តង។ នេះ​ស​ឱ្យ​ឃើញ​ថា ចិន​មិន​ខ្វល់​នឹង​ដីកា​តាម​ចាប់​ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដាក់​ប្រឆាំង​នឹង​លោក​ពូទីនទេ។ ម្សិលមិញ ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​ក្រៅផ្លូវ​ការ​រយៈ​ពេល​ជាង​បួន​ម៉ោង ប្រមុខ​ដឹកនាំ​ទាំងពីរ ល្អូនល្អើន​នឹង​គ្នា​ណាស់។ ចិន​​ស្នើ​ខ្លួន​ធ្វើ​ជាអាជ្ញាកណ្តាល នាំ​ភាគី​ជម្លោះ​ឱ្យ​ចូល​តុចរចា តាម​រយៈ​ផែនការ​១២​ចំណុច​ ដែល​លោក​ពូទីន​ព្រម​ទទួល​យក​រីករាយ​ ហៅចិន​ថា​ “​មិត្តជា​ទីស្នេហា” ​ផ្តល់​សំណើ​ដ៏​​​ត្រឹម​ត្រូវ​ មាន​សមភាព តាម​ច្បាប់​អន្តរជាតិ។ អាមេរិក​អឺរ៉ុប​បន្ថែម​ជំនួយ​យោធា​ដល់អ៊ុយក្រែន ប៉ុន្តែ​ លោករដ្ឋមន្ត្រីការបរទេស​អាមេរិក អង់តូនី ប្លីងកិន បាន​បញ្ចេញ​ប្រតិកម្មភ្លាម អំពាវនាវ​មិន​ឱ្យ​ពិភពលោក​ជឿ​លើសេចក្តី​សម្រេចបែប​តាកតិក​​របស់​រុស្ស៊ី​ តាម​​សំណើ​របស់​ចិន ក្នុង​ការបង្ក​ក​​សង្គ្រាម​នៅ​​អ៊ុយក្រែនទេ។ សង្គ្រាម​បាន​បង្ខិត​ទំនាក់ទំនង​ចិន​និង​រុស្ស៊ី ឱ្យ​កាន់​តែ​ស្និទ្ធ​នឹង​គ្នា។ សម្រាប់​លោក​អង់តូនី ប្លីងកិន អាមេរិក​ស្វាគមរាល់​គ្រប់​គំនិត​ផ្តួចផ្តើម​ផ្នែកការទូត​ដើម្បី​សន្តិភាព​ជា​និរន្ត​និង​ប្រកប​ដោយសមធម៌ ប៉ុន្តែ​អាមេរិក​សង្ស័យ​លើ​ឆន្ទៈ​របស់​ចិន​ ក្នុង​ថែរក្សាបូរណភាពនិង​អធិបតេយ្យភាព​ទាំង​ស្រុង​ឱ្យ​​អ៊ុយក្រែន។ ជា​សញ្ញា​នៃ​ភាព​មិន​ទុក​ចិត្ត​ ក្នុង​ពេល​ដែល​លោក​ស៊ីជីនពីង កំពុង​បំពេញ​ទស្សនកិច្ច​បែប​គាំទ្រ​លោកពូទីន សហរដ្ឋ​អាមេរិ​ក​និង​សហភាព​អឺរ៉ុប ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​បន្ថែម​ទៀត​ដល់​ក្រុង​កៀវ។ ចំណែក​លោក​ប្រធានាធិបតីអ៊ុយក្រែន​ផ្ទាល់ បាន​​រក្សា​ជំហរ​​ប្រុង​ប្រយ័ត្ន​ខ្លាំង​ ដោយ​សុំ​និង​ជំរុញ​ឱ្យ​លោកស៊ីជីន​ពីង​ប្រើ​ឥទ្ធិពល​របស់​ដាក់​លើ​មូស្គូ​ឱ្យ​​បញ្ឈប់​សង្គ្រាម​ឈ្លានពាន ព្រោះមូស្គូ​រំពឹង​លើ​ចិន​ខ្លាំង​ជាង​ចិន​រំពឹង​លើ​រុស្ស៊ី។     នាយករដ្ឋមន្ត្រី​ជប៉ុន​ទៅ​អ៊ុយក្រែន​ ​ក្នុង​ពេល​ដែល​ចិន​ទៅគាំទ្រ​រុស្ស៊ី​ដល់​ផ្ទះ ជប៉ុន​ក៏​ត្រូវ​តែ​ផ្តល់​ការ​គោរព ចំពោះ​សេចក្តីក្លាហាន​និង​អំណត់​តស៊ូ​របស់​ប្រជាពល​រដ្ឋ​អ៊ុយក្រែន ដែល​ប្រឹងការពារ​មាតុប្រទេស តាម​រយៈ​ទស្សនកិច្ច​ដោយ​ឥត​ប្រាប់​មុនរបស់​លោក​នាយករដ្ឋមន្រ្តី គីស៊ីដា​ នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ។ ជប៉ុន​ត្រូវ​តែ​បង្ហាញ​សាមគ្គីភាព​និង​ការ​គាំទ្រ​ឥត​ងាករេដល់​អ៊ុយក្រែន ក្នុង​នាម​ប្រទេស​ជប៉ុន​ផង និ​ងក្នុង​នាម​G៧ ដែល​ជប៉ុន​ជា​ប្រធាន​ផ្លាស់​វេន​ផង​សម្រាប់​ឆ្នាំ​នេះ។ តាមការ​ពិត​ ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុនបាន​សិក្សា​​អំពី​លទ្ធភាព​ធ្វើ​ដំណើរ​មក​អ៊ុយក្រែន​ តាំង​ពី​ជា​យូរ​ថ្ងៃ​ខែ​មក​ហើយ​។ នាយករដ្ឋមន្ត្រី​ជប៉ុន​ គឺ​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ក្នុង​ក្រុម​ហ្សេ៧ តែ​គត់​ដែល​មិន​ទាន់​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កៀវ  គិត​ចាប់​តាំង​ពី​ជម្លោះ​បានផ្ទុះ​ឡើង​នៅ​ថ្ងៃទី ២៤កុម្ភៈ​ឆ្នាំ​២០២២មក។ ជាមួយ​ក្រុម​លោកខាង​លិច ជប៉ុន​បាន​ចូល​រួម​ដាក់​ទណ្ឌកម្ម​រុស្ស៊ី និង​បាន​ផ្តល់​ជំនួយ​ដល់​ក្រុង​កៀវ។ កាលពី​ខែកុម្ភៈ​ ជប៉ុន​បាន​ប្រកាស​ផ្តល់​ជំនួយ​ថ្មី​បន្ថែម​ទៀត​ចំនួន ៥៥០០​លាន​ដុល្លារ ទៅ​ឱ្យ​អ៊ុយក្រែន។ តូក្យូ​បាន​បញ្ជូន​សម្ភារៈ​បរិក្ខារ​ការពារ និង​ទទួល​យក​ពលរដ្ឋ​អ៊ុយក្រែន​ដែល​ចង់​រត់​គេច​ពី​សង្គ្រាម​ទៀត​។ ប៉ុន្តែជប៉ុន​មិន​បាន​ផ្តល់​ជំនួយ​យោធា​ទេ ព្រោះ​រដ្ឋធម្មនុញ្ញ​សន្តិនិយម​របស់​ប្រទេស​មិន​អនុញ្ញាត។ លោក​គីស៊ីដា គឺ​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ដំបូង​គេ​បង្អស់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ (សង្គ្រាម) គិត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ​បិទ​បញ្ចប់​មក។ ហេតុ​ដូច្នេះ ហើយ​បាន​ជា​អ៊ុយក្រែន​ ចាត់​ទុក​ដំណើរ​មក​ដល់​ក្រុង​កៀវ​​របស់​គីស៊ីដា ជា​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ ដែល​មាន​តម្លៃ​សាមគ្គីភាព​ដ៏​ធំធេង​ណាស់៕
3/21/20236 minutes, 10 seconds
Episode Artwork

ទស្សនកិច្ច​​របស់​លោក ស៊ី ជីនពីង នៅម៉ូស្គូ ក្រោម​ក្រសែភ្នែក​​​ដ៏​ប្រុងប្រយ័ត្ន​បំផុត​របស់​​អ៊ុយក្រែន

លោកប្រធានធិបតីចិន ស៊ី ជីនពីង បានទៅដល់ទីក្រុងម៉ូស្គូ​ហើយ នៅរសៀលថ្ងៃចន្ទ ទី​២០មីនានេះ។ ដំណើរទស្សនកិច្ច​ដែល​កំពុងត្រូវគេរងចាំតាមដានបំផុត ជាពិសេស ពីភាគីអ៊ុយក្រែន ខណៈចិន​កំពុងប្រឹងប្រែង​ធ្វើខ្លួនជាអាជ្ញាកណ្តាល​ដើម្បី​ដោះស្រាយ​បញ្ហា។ តែទន្ទឹមគ្នានេះ តាមរយៈទស្សនកិច្ច​នេះ វាបាន​បង្ហាញ​ពី​​ភាពស្និទ្ធស្នាលនិងចំណងសម្ព័ន្ធភាព រវាង​លោក​ស៊ី ជីនពីង និង​លោកពូទីន​ ដែលកាន់តែរីកធំខ្លាំងក្លា ​ហើយ​ដែល​វា​​​ធ្វើ​ឲ្យ​គេព្រួយ​បារម្ភ ព្រោះចិនអាចនឹងជួយទំនុកបម្រុងរុស្ស៊ី ក្រោមរូបភាពផ្សេងៗ ដើម្បីរួមគ្នា​​យកឈ្នះសង្គ្រាមជាមួយសម្ព័ន្តមិត្តលោក​ខាងលិច។ មើលចុះ រុស្ស៊ីមិនឯកាឯណា ! វត្តមានរបស់​ប្រធានាធិបតីចិននៅម៉ូស្គូនាពេលនេះ​ វាគឺជាខ្យល់ដកដង្ហើម​ សប្បាយរសាយអារម្មណ៍ ល្អហួសពន់ពេកណាស់ សម្រាប់​លោក​ពូទីន ដែល​ទើបតែត្រូវបាន​តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ ប្រកាសចោទប្រកាន់ជាផ្លូវការ ពី​បទ​ឧក្រិដ្ឋកម្មសង្គ្រាម​។ ភាគីរុស្ស៊ី មិនត្រឹមតែមិនខ្វល់ មិនឲ្យ​តម្លៃ​​លើ​ការចោទប្រកាន់នេះប៉ុណ្ណោះទេ លោ​កឌីមីទ្រី ម៉េតវែដេវ អតីតប្រធានាធិបតីរុស្ស៊ី បានថែមទាំងគំរាមថា អគារតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ អាចនឹងរងគ្រាប់មីស៊ីលរបស់រុស្ស៊ីថែមទៀតផង។ បន្ថែមពីនេះ ដើម្បីបង្ហាញ​ពី​ភាពក្រអឺតក្រទម ដោយ​មិនញញើតឬអៀនខ្មាសនោះ​​ លោកពូទីន បានថែមទាំងធ្វើដំណើរទៅដល់ទីក្រុងម៉ារីយូប៉ូលរបស់អ៊ុយក្រែន កាលពី​យប់ថ្ងៃសៅរ៍ ​ទីក្រុង​​ដែល​​កងទ័ពខ្លួនបានទំលាក់គ្រាប់​បែក ​ជញ្ជ្រុំខ្ទេចខ្ទីរអស់សឹងទាំងស្រុង​។ ពីខាងភាគីអ៊ុយក្រែន ដំណើរទៅដល់ទាំងកណ្តាលអាធ្រាត្ររបស់​លោកពូទីន នៅក្រុងម៉ារីយូប៉ូលនេះ គឺមិនខុសពីសកម្មភាពរបស់មេចោរ ដែលចេញធ្វើសកម្មភាព​កណ្តាលយប់នោះទេ! ជាង១ឆ្នាំមកនេះ ក្រោយ​ពេលរុស្ស៊ី​បាន​លើកទ័ព ចូលទៅធ្វើសង្គ្រាម​ឈ្លានពានអ៊ុយក្រែន រុស្ស៊ី​បាន​រងនូវទណ្ឌកម្មសេដ្ឋកិច្ច​ ព្រមទាំងការថ្កោលទោស​ជាបន្តបន្ទាប់ ពីសំណាក់ក្រុមប្រទេសលោកខាងលិច។ ចិនគឺជាមហាអំណាចដ៏កម្រមួយ ដែល​មិន​បាន​ប្រកាសថ្កោលទោសរុស្ស៊ីទេ ហើយថែមទាំងមិនបានចូលរួម​ក្នុង​ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៀត។ ដូច្នេះ​ ទស្សនកិច្ច​របស់ស៊ី ជីនពីង នៅក្រុងម៉ូស្គូនាពេលនេះ វាមានតម្លៃជានិម្មិតរូបធំសម្បើមណាស់។​ វាបញ្ជាក់ ពី “សម្ព័ន្ធភាពយុទ្ធសាស្ត្រដ៏ធំរឹងមាំនិង​គ្មានទីបំផុត” រវាងចិននិងរុស្ស៊ី​​។ សម្ព័ន្ធភាពនេះ​ ត្រូវបាន​មេដឹកនាំទាំងពីរ បានប្រកាសរួមគ្នាកាលពីដើមឆ្នាំ​២០២២ ប៉ុន្មានសប្តាហ៍​ប៉ុណ្ណោះ​មុនពេល​រុស្ស៊ីលើកទ័ពចូលអ៊ុយក្រែន​។​ នៅថ្ងៃចន្ទនេះ កាសែតរុស្ស៊ី Rossiyskaya Gazeta បានចុះផ្សាយអត្ថបទមួយ សេរសេរអំពី​ការលើកឡើងរបស់​លោក ស៊ី ជីនពីង ដែល​ចាត់ទុកថា ទស្សនកិច្ចរបស់ខ្លួននៅម៉ូស្គូនៅពេលនេះ គឺជា “ទស្សនកិច្ច​មិត្តភាព សហប្រតិបត្តិការ និងសន្តិភាព​”។ លោក​ស៊ី ជីនពីង សង្កត់បន្ថែមថា គាត់​ទន្ទឹងចង់​បាន​ឆាប់ៗបំផុត ឲ្យ​ប្រទេសទាំង២ចាប់ដៃគ្នាដើរឆ្ពោះទៅទស្សនវិស័យ​ថ្មី នៃចំណងសហប្រតិបត្តិការទ្វេភាគី។ “សម្ព័ន្ធភាពយុទ្ធសាស្ត្រដ៏រឹងមាំ និងគ្មានទីបំផុត​” តាមការគ្រោងទុក លោកស៊ី ជីនពីង និង​លោក​ពូទីន នឹងជួបនិយាយគ្នា ជាលក្ខណៈក្រៅផ្លូវការមួយភ្លែតនៅ​ល្ងាចនេះ មុននឹងពិសារភោជនីយអាហារជុំគ្នា។ គឺនៅថ្ងៃអង្គារស្អែក ដែលនឹងមានជំនួប​ទ្វេភាគីជាលក្ខណៈផ្លូវការ។ នេះបើផ្អែកតាម​លោក Iouri Ouchakov ទីប្រឹក្សាផ្នែកការទូតរបស់​វិមានក្រេមឡាំង។ ប្រភពដដែលនេះ អះអាងទៀតថា មេដឹកនាំទាំង២ នឹងចុះហត្ថលេខារួមគ្នា លើសេចក្តីប្រកាសរួមមួយ ស្តីអំពីការរឹតចំណងសហប្រតិបត្តិការ​យុទ្ធសាស្ត្រ ឲ្យ​កាន់តែស៊ីជំរៅ។ បន្ថែមពីនេះ នឹងមាន​ឯកសារមួយស្តីអំពី សហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ពីនេះដល់ឆ្នាំ​២០៣០ ថែមទៀតផង។ ជាការពិតណាស់ ភាគីអ៊ុយក្រែន​ មិនខុសពី​ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច តាមដានខ្លាំងណាស់លើទស្សនកិច្ចនេះ ព្រោះគេចង់ដឹងថាចិន នឹងធ្វើអ្វីជាមួយរុស្ស៊ី។ យ៉ាងណាក៏ដោយ ភាគីអ៊ុយក្រែន មាន​ការប្រុងប្រយ័ត្នមាត់ណាស់ មិន​ធ្វើប្រតិកម្ម អត្ថាធិប្បាយអ្វីច្រើនទេ បើទោះបីជាគ្រប់គ្នាឃើញថា ចិនបង្ហាញជំហរគាំទ្ររុស្ស៊ី​កាន់តែខ្លាំងក៏ដោយ​។ មន្ត្រីអ៊ុយក្រែន តមមាត់​សុខចិត្តនៅស្ងាត់សិនពេលនេះ ព្រោះ​ភាគីអ៊ុយក្រែនទំនងជាចង់ទុក​មុខឲ្យចិន មិនចង់​ឲ្យចិនទើសចិត្តនឹងខ្លួនកាន់តែខ្លាំង​។ ថាមិនត្រូវ​ទៅថ្ងៃមុន ចិនអាចដើរតួនាទីសំខាន់សម្រាប់ជួយអ៊ុយក្រែន​ក៏ថា​បាន ព្រោះ​ថា​មានតែចិនទេ ដែលអាចមានទំងន់ខ្លះ ដើម្បីនិយាយជាមួយ​លោកពូទីនបាន​។​ CIA លើកឡើងថាចិន អាចនឹង​ផ្តល់អាវុធឲ្យអ៊ុយក្រែន​ ពាក់ព័ន្ធនឹងដំណឹងអះអាងថា ចិនអាចនឹងផ្តល់ជាអាវុធទៅ​ឲ្យរុស្ស៊ី ដែលអាចមានដូចជាគ្រាប់កាំភ្លើង ព្រមទាំងយានដ្រូននោះ ​វាគឺជាការអះអាងរបស់ CIA អាមេរិក ដែលភាគីចិន គេបានប្រកែកជានិច្ច​។ ចង់ឬមិនចង់ ភាពគួរឲ្យទុកចិត្តរបស់CIA នេះ ត្រូវបានមតិមួយចំនួន គេនៅស្ទាក់ស្ទើខ្លាំងណាស់ថាមិនត្រូវជឿទេ ព្រោះថា​CIAអាមេរិក ក៏ធ្លាប់អះអាងថាអ៊ីរ៉ាក់មានអាវុធប្រល័យលោកដែរ មុននឹងចូលធ្វើសង្គ្រាមទំលាក់របបសាដាមហ៊ូសេន តែធាតុពិតរកអាវុធនោះមិនឃើញទេ។ តែជាមួយគ្នានេះ ចិនក៏អាចលេងស្នៀតក្រោយខ្នង ប្រកែកខាងមុខ តែដៃហុចខាងក្រោយ​ក៏បានដែរ។ មានប្រភពជាច្រើន បាន​លើកឡើងថា ធាតុពិតទៅ ប្រមាណ១ឆ្នាំមកនេះ ចិនបានជួយ​រុស្ស៊ីរួចទៅហើយ នូវសម្ភារៈប្រើប្រាស់ក្នុងកងទ័ព។ យ៉ាងណាក៏ដោយ ផ្អែកតាមការលើកឡើង របស់លោក Oleksïi Danilov ទីប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែន គឺលោក​មិនជឿទេ ថាចិននឹងធ្វើខ្លួន​ឲ្យ​ប្រឡាក់ប្រឡូស ចូលដៃចូលជើងជាមួយ​រុស្ស៊ីនោះ។ ពោលគឺលោកគិតថា​ ចិននឹងមិនផុងខ្លួន​ ទៅជួយជាអាវុធឲ្យរុស្ស៊ីនោះឡើយ។ ដូចគ្នាដែរ លោក Iouriï Poïta អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថានសិក្សា​សន្តិសុខជាតិនៅតៃប៉ិ បាន​លើកឡើងថា ដំណាក់កាលនេះ គេមិនជឿថា ចិននឹងប្រគល់អាវុធ ជាគ្រាប់កាំភ្លើង គ្រាប់មីស៊ីល រថក្រោះ ឬយន្តហោះចម្បាំងទៅឲ្យរុស្ស៊ីនោះទេ។ កម្មវត្ថុចិន សម្រាប់ពេលនេះ គឺព្យាយាមធ្វើខ្លួនជាអាជ្ញាកណ្តាល ដើម្បីនាំភាគីជម្លោះ អ៊ុយក្រែន និងរុស្ស៊ី ឲ្យចូលតុចរចា។ ចិនទើបតែបានជោគជ័យ ដោយ​បានជួយ​ធ្វើជាអាជ្ញាកណ្តាល​ ភ្ជាប់ទំនាក់ទំនង រវាងអ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត។ ជោគជ័យនេះ កំពុងតែធ្វើ​ឲ្យ​លោក​ស៊ី ជីនពិត គិតថាចិនអាចធ្វើបាន មិនមែនមានតែអាមេរិកម្នាក់ឯងទៀតឡើយ ដែល​ដើរចាត់ចែង ដោះស្រាយ​បញ្ហា​ពិភពលោក​។ ចិនក៏អាចធ្វើបាន ហើយចិន​នឹង​យកឱកាស ដើម្បី​ដាក់ចុះនូវទស្សវិស័យ ការ​​យល់ឃើញរបស់ចិន ដើម្បីដោះស្រាយ​បញ្ហាទាំងនេះ​។ ​“គ្មានជំនឿចិត្ត ថាចិនអាចធ្វើអាជ្ញាកណ្តាល​ប្រកបដោយ​ភាពយុត្តិធម៌​” ចិនបាន​ស្នើផែនការចំនួន​១២ចំណុច តែអ្វីដែលជាការកត់សំគាល់ គឺផែនការចិនមិនបាន​និយាយថា ឲ្យ​រុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែននោះទេ។ ចំណុចនេះសំខាន់ខ្លាំងណាស់ សម្រាប់ភាគីអ៊ុយក្រែន​។ លោកហ្សេឡេនស្គី បានអះអាងម្តងហើយម្តងទៀត ថាអ៊ុយក្រែន មិនមែន​មិនចង់ចរចាជាមួយរុស្ស៊ីទេ តែមុននឹងចរចា គឺរុស្ស៊ីត្រូវដកទ័ពចេញពីទឹកដីអ៊ុយក្រែនជាមួយសិន ដោយរាប់ទាំងតំបន់គ្រីម៉េ។ បើគ្រប់គ្នា អាចលើកទ័ពចូលទៅឈ្លានពានប្រទេសមួយ​ទៀត ប្លន់យកទឹកដីគេមកគ្រប់គ្រង ហើយ​បាន​ហៅគេចរចានោះ វាដូចជាហួសហេតុពេកណាស់​ ហើយ​គ្មាននរណាសុខចិត្តទទួលយក​បានទេ។ យ៉ាងណាមិញ​ភាគីអាមេរិក ក៏បានអះអាងដែរ ថាគេមិនមានជំនឿចិត្តបន្តិចណាឡើយ ថាចិនអាចចូលរួមដោះស្រាយបញ្ហាបាន​ ល្គឹកណាក្នុងផែនការរបស់ចិន មិនបានកំណត់ដាក់កំហិតឲ្យ​រុស្ស៊ីដកទ័ពថយចេញទៅវិញទេនោះ។ កាលពីថ្ងៃអាទិត្យ​ម្សិលមិញ ថ្លែងក្នុងបទសម្ភាសន៍ ឲ្យទូរទស្សន៍ Fox News អ្នកនាំពាក្យសេតវិមានអាមេរិកបាន​លើកឡើងថា គេមិនអាចទទួលយកបានទេ នូវការអំពាវនាវស្វែងរកសន្តិភាពពីសំណាក់ ពូទីន និងស៊ីជីនពីងនាពេលនេះ ព្រោះថាបើយល់ព្រមចរចាក្នុងពេលឥឡូវនេះ គឺវា​មានន័យថា ដូចទទួលស្គាល់ថា ទឹកដីដែលរុស្ស៊ីបានប្លន់ពីអ៊ុយក្រែនទាំងប៉ុន្មាន នឹងត្រូវបានទៅដៃរុស្ស៊ីជាស្ថាពរ។ មួយវិញទៀត ទំនាក់ទំនងយុទ្ធសាស្ត្រ​រវាងចិន និងរុស្ស៊ី គឺវាធំខ្លាំងណាស់ ដែលគេមិនជឿថា ចិននឹង​ដោះដៃចោលរុស្ស៊ី ដោយ​ធ្វើឲ្យរុស្ស៊ីអាម៉ាសមុខនោះឡើយ។ លោក Iouriï Poïta អះអាងថា អ៊ុយក្រែន គ្មានអ្វីសំខាន់សម្រាប់​ចិននោះទេ ទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ ផ្ទុយទៅវិញគឺរុស្ស៊ីទេ ដែលមានតម្លៃខ្លាំងណាស់ សម្រាប់ចិន ក្នុងការរួមកម្លាំងគ្នា ប្រជែងជាមួយអាមេរិក។ ដូច្នេះ ភាពជាអាជ្ញាកណ្តាលរវាង​ រុស្ស៊ី និង​អ៊ុយក្រែន ដែលចិនខំអះអាងថាចង់ធ្វើនោះ គឺវាជារឿងបោកបញ្ចោតរួចទៅហើយ​។ ថ្ងៃនេះចិនចង់សាកល្បងទប់​ ហើយ​មិនជួយជាអាវុធទៅឲ្យរុស្ស៊ីមែន តែថាមិនត្រូវទៅថ្ងៃមុខ ចិនអាចនឹងប្តូរចិត្តលូកដៃកាន់តែខ្លាំងក៏ថាបានដែរ​ ដើម្បីជួយរុស្ស៊ីយកឈ្នះសង្គ្រាម ឲ្យឆាប់ចប់បញ្ហា៕
3/20/20238 minutes, 46 seconds
Episode Artwork

បន្ទាប់ពីគ្រីមេ លោក ពូទីន​ អញ្ជើញជាលើកទី១ទៅ ម៉ារីយ៉ូប៉ូល​ ទឹកដី​រុស្ស៊ីកាត់​យកពីអ៊ុយក្រែន

​បន្ទាប់​ពី​តំបន់​គ្រីមេ​ នៅ​​ថ្ងៃ​សៅរ៍​​ ប្រធានាធិបតីរុស្ស៊ី​លោក ​ពូទីន ​បាន​ធ្វើ​ដំណើរ​​ក្នុង​ថ្ងៃ​អាទិត្យ​ ទៅកាន់​ទីក្រុង​ម៉ារីយ៉ូប៉ូល។ ម៉ារីយ៉ូប៉ូល ​ជា​ទីក្រុង​របស់​អ៊ុយក្រែន ​ដែល​រុស្ស៊ី​បានវាយ​ផ្តាច់​យក កាល​ពី​ខែ​ឧសភា​ ឆ្នាំ ២០២២។ តាំង​ពី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែនមក​ នេះ​ជា​លើកទី១ ដែល​លោក ​ពូទីន ​បាន​ដាក់​ជើង​ជាន់​តំបន់សង្រ្គាមកាន់កាប់​ដោយ​រុស្ស៊ី។ ក្រសួង​ការបរទេស​អ៊ុយក្រែន ប្រតិកម្ម​ថា លោក​ពូទីនទៅ​ទីនោះ​ទាំងយប់ ដូច​«ចោរ»អ៊ីចឹង។​ តើ​វត្តមាន​របស់​ប្រមុខរដ្ឋ​រុស្ស៊ី​បង្កប់​អត្ថន័យ​អ្វី​ខ្លះ? ​ អត្ថន័យនៃដំណើរទស្សនកិច្ចរបស់​លោកពូទីន​ដ៏ភ្ញាក់ផ្អើលនៅគ្រីមេ និង  ម៉ារីយ៉ូប៉ូល​  លើកនេះ គឺស្តែងឲ្យឃើញពីការអបអររួមគ្នា ដែលរុស្ស៊ីបានផ្តាច់យកទឹកដីអ៊ុយក្រែន ទាំងគ្រីមេផង ទាំងម៉ារីយ៉ូប៉ូល ផង រួមនឹងតំបន់ខ្លះទៀត។ ម៉ារីយ៉ូប៉ូល ជា​ទីក្រុងឋិត​នៅ​ប៉ែក​ខាងកើត​របស់​​​អ៊ុយក្រែន និងជា​តំបន់ដែល​ជាប់​នឹង​ទឹកដី​រុស្ស៊ី​។  ម៉ារីយ៉ូប៉ូល​ បាន​ធ្លាក់​ចុះ​ក្នុង​កណ្តាប់​ដៃ​រុស្ស៊ី ក្រោយ​ពី​ការ​ប្រយុទ្ធគ្នា​ ​ច្បាំង​បង្ហូរ​ឈាម​ អស់រយៈពេល​​ប៉ុន្មាន​ខែ​ឯណោះ​។ គឺ​នៅឆ្នាំមុន រុស្ស៊ី​ប្រកាស​សង្គ្រាម​លើកទ័ព​ច្បាំង​នៅ​អ៊ុយក្រែន ​អំលុង​ចុង​ខែ​មីនា ហើយ​កងទ័ព​រុស្ស៊ី​បាន​ផ្តាច់​យក​សមរភូមិ​ ម៉ារីយ៉ូប៉ូ​ល នៅ​ខែឧសភា។ ចំពោះ​ភាគីអ៊ុយក្រែន​ គឺ​នៅតែ​​ចង់ចាំអនុស្សាវរីយ៍​​និងចាត់ទុកថា​ សមរភូមិ​ ម៉ារីយ៉ូប៉ូ​ល ជា​កន្លែង​តស៊ូ​មួយ​ដ៏​ស្វិត​ស្វាញ​​ ជាពិសេស​ព្រឹត្តិការណ៍​វាយ​ប្រហារផ្តាច់ព្រ័ត្រ​ចុងក្រោយ​រុស្ស៊ី​ ​នៅ​រោង​ចក្រ​ អាស្សូវស្តាល (Azovstal)​ នៅ​ខែ​ឧសភា ឆ្នាំ​​២០២២។​ ជា​ច្រើន​ខែ​មក​ក្រោយ​មកទៀត​​ ដំណឹង​ជាផ្លូវ​ការ លោកប្រធានាធិបតី​ ពូទីន ពុំ​ដែល​ឈាន​ជើង​​ជាន់លើដី​សមរភូមិ​ម៉ារីយ៉ូប៉ូល នេះទេ តាំងតែ​ពីវាយ​​ផ្តាច់​យក​បានមក។  សម្រាប់តែនៅ​ថ្ងៃអាទិត្យ​នេះ គឺ​ជាលើកទី១ និងជា​អ្វី​ដែល​ធ្វើ​ឲ្យ​សារព័ត៌មាន​បស្ចិម​ប្រទេស​ភ្ញាក់​ផ្អើល។ លោក ពូទី​ន ​ជិះ​ឧទ្ធម្ភាគចក្រ កន្ទុំរុយ ទៅ​ទីនោះ និង​បន្ត​បើក​ឡានដោយ​ខ្លួន​ឯង​ផ្ទាល់​ ​នៅទីក្រុង​ម៉ារីយ៉ូប៉ូល ហើយ​បាន​ជជែក​ជាមួយ​ប្រជាជន​នៅទីនោះ ហើយបាន​​ធ្វើ​ទស្សនកិច្ច​នៅ​កន្លែងផ្សេងៗ ព្រមទាំង​នៅ​ការដ្ឋាន​សំណង់​ខ្លះ​ ទៀត​ផង​។ នេះបើតាម​រូបភាព​របស់​ទីភ្នាក់​សារព័ត៌មា​នរដុ្ឋ​រុស្ស៊ី។ ជាការ​សម្គាល់ ដំណើរទស្សនកិច្ច​នេះ គឺបន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិនៅថ្ងៃសុក្រ បាន​ប្រកាស​ចេញដីកាចាប់ខ្លួនលោកពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ ដូច្នេះ ជានិមិត្តរូប១ គឺប្រមុខរដ្ឋរុស្ស៊ី ឌឺដង ចំអក ឲ្យសាលាជម្រះក្តីអន្តរជាតិ ផង ក៏អាច​ថា​បាន​។ លោកពូទីន​ទៅ​គ្រីមេ ក៏ជាលើកទី១ដែរ តាំងផ្ទុះសង្គ្រាមនៅអ៊ុយក្រែនមក។ ថ្ងៃ​១៨មីនា​២០១៤ រុស្ស៊ី​របស់​លោក​ពូទីន បា​នកាត់​យក​តំបន់​គ្រីមេ​ ជា​ដែន​ដី​ឧបសម្ព័ន្ធរុស្ស៊ី ហើយរយៈ​ពេល​៩ឆ្នាំ​មកនេះ គឺ​ស្ទើរ​សឹង​តែ​​ជារៀង​រាល់​ឆ្នាំ លោក​ពូទីន​តែងតែ​អញ្ជើ​ញ​​អបអរ​ខួប​រំឮក​ថ្ងៃ​នេះ ​​​ជានិច្ច។ នៅក្នុង​ឱកាស​បុណ្យ​រំឮក​ កាលពីថ្ងៃ​សៅរ៍១៨មីនា​ នៅ​ក្នុង​ទីក្រុង​ Sébastopol របស់​គ្រីមេ គឺថ្នាក់ដឹកនាំ​តំបន់​គ្រីមេ Mikhaïl Razvojaïev បាន​ស្វាគមន៍ថា «​ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន អញ្ជើញ​មក​ដោយ​ផ្ទាល់ សម្រាប់​ថ្ងៃ​រំឮក​ខួប​ជា​ប្រវត្តិសាស្ត្រ គឺ​បង្ហាញ​យ៉ាងច្បាស់​ថា លោក​ពូទីន​នៅជាមួយ​ទីក្រុង​និង​ប្រជាជាតិ​នៃ​Sébastopol ជានិច្ច។» នេះបើតាម​ព័ត៌មាន​របស់​ទូរទស្សន៍រដ្ឋ​រុស្ស៊ី និង​ឲ្យដឹងទៀត​​ថា ប្រមុខ​រដ្ឋ​រុស្ស៊ី​បា​នចូលរួម​ពិធី​សម្ពោធ​សាលា​សិល្បៈ​មួយ​សម្រាប់​កុមារ​ នៅគ្រីមេ។ នៅ​គ្រីមេ បើ​គិត​ជា​ចម្ងាយពី​សមរភូមិ​នៅ​អ៊ុយក្រែន នោះ​គឺ​សមរភូមិ​ Kherson ឃ្លាតគ្នា​ចម្ងាយ​តែ​២៤០គីឡូម៉ែត្រ​ប៉ុណ្ណោះ។ Kherson ដែល​រុស្ស៊ី​បាន​ដក​ទ័ព​ចេញ ហើយ​កងទ័ព​អ៊ុយក្រែន​បាន​ក្តាប់​យក​ទៅវិញ នៅ​ខែ​វិច្ឆិកា​ឆ្នាំទៅមិញ។​ ទោះ​ជាម្តេច​ក្តី ការ​អញ្ចើញ​ទៅ​ដល់​គ្រីមេ​លើកនេះ គឺ​បាន​បង្ហាញថា​លោក ពូ​ទីន ​បាន​អញ្ជើញ​ទៅ​ដោយ​ផ្ទាល់​កៀកក្បែរ​​នឹង​សមរភូមិ​ជា​ខ្លាំង។ ករណី​គ្រីមេ​ ​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី មាន​ប្រសាសន៍កាល​ពី​ខែ​មករា ​ថា​នឹង​ទាមទារ​យក​ដែន​ដី​គ្រីមេ ជា​ទឹក​ដី​របស់ខ្លួន​មកវិញ ដោយប្រើ​​កម្លាំងទ័ព​។ ចំពោះ​រុស្ស៊ី ប្រសិន​បើ​ប្រមុខ​រដ្ឋ​អ៊ុយក្រែ​ន​​នៅតែប្រកាន់​ជំហរ​បែបនេះ ការ​ចរចា​សន្តិភាព ច្បាស់​ជា​ទៅមិនរួច​ឡើយ។ ពី​ព្រោះ​ចំពោះ​រុស្ស៊ី​ គឺ​ច្បាស់​ជា​មិនអាចព្រលែងឲ្យ​របូត​​គ្រីមេ​ វិញឡើយ​។ ចំណែក​​​ពាក្យ​ចរចា​សន្តិភាព​​ គឺ​ជា​ប្រធានបទ​សំខាន់មួយ ដែល​ថ្នាក់ដឹកនាំចិន ស៊ី​ ជិន​ពីង​ នឹង​ជជែក​គ្នា​ជាមួយ​ថ្នាក់ដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅ​ថ្ងៃ​ច័ន្ទ ទី​២០ មីនា​​៕​
3/19/20235 minutes, 40 seconds
Episode Artwork

ថ្នាក់ដឹកនាំរុស្ស៊ី​​បន្ត​​​«សង្គ្រោះ​កុមារ» ទោះ​មាន​ដីកា​ចាប់​ខ្លួន​​តុលាការព្រហ្មទណ្ឌអន្តរជាតិ

តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅក្រុងឡាអេ ប្រកាសចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក្នុងបទឧក្រិដ្ឋកម្មសង្រ្គាម។ អ៊ុយក្រែន រួមទាំងប្រទេសលោកខាងលិច បាន​អបអរ​សាទរ តែរុស្ស៊ី​ប្រឆាំង។  ​តើលោក ពូទីន ត្រូវបារម្ភនឹងដីកាចាប់ខ្លួននេះ ឬទេ? និងថា តើលោក ពូទីន អាចត្រូវចាប់ខ្លួននៅថ្ងៃណាមួយដែរ ឬអត់? បស្ចិមលោក​សាទរ ​ចំពោះ​មុខ​អ្ន​កកាសែតនៅរដ្ឋធានី​វ៉ាស៊ីន​តោន​ ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃដិន មានប្រសាសន៍ថា ដីកា​ចាប់ខ្លួន​ប្រមុខ​រដ្ឋរុស្ស៊ី នេះថា​ «សមហេតុ»​ និង​ជា​ «សារមួយ​ដ៏​មាន​សារៈ​សំខាន់​ខ្លាំង»​។ ចំណែក ប្រធានាធិបតី​អ៊ុយក្រែន​ ហ្សេឡិនស្គី បាន​ស្វាគមន៍​សាលដី និង​ថា​«នេះ​ជា​កំណត់​សម្គាល់​នៃការ​ទទួល​ខុសត្រូវ​ជា​ប្រវត្តិសាស្ត្រ»។​ សូម​រំឮកថា ទាំង សហរដ្ឋអាមេរិក ទាំង​ រុស្ស៊ី និងទាំង​ អ៊ុយក្រែន គឺ​សុទ្ធសឹង​តែ​​​មិនមែន​ជា ​ប្រទេស​សមាជិក​អនុសញ្ញា​ក្រុងរ៉ូម ដែល​ជា​អនុសញ្ញា​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ទេ​។ តែ ​អ៊ុយក្រែន បាន​ប្រកាស​«សហការ»​ជាមួយ​តុលាការ​នេះ។ ទោះ​ជា​យ៉ាងនេះ ចំពោះ​​តុលាការព្រហ្មទណ្ឌអន្តរជាតិ  និង​សម្រាប់អ៊ុយក្រេន ដីកាចាប់ខ្លួន​នៅពេលនេះ គ្រាន់​តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ ពោល​គឺនៅ​មាន​បទចោទប្រកាន់​និង​វិធានការ​ផ្លូវ​ច្បាប់ ជាបន្ត​​ច្រើន​ទៀត។ ដីកាចាប់ខ្លួន ថ្នាក់ដឹកនាំ​ដែល​កំពុង​ដឹកនាំ​ប្រទេស​ គឺ​​កម្រ​មាន​ណាស់​។ ការ​ចេញ​ដីការ​ចាប់​ខ្លួនលោក ពូទីន ប្រធានាធិបតី​រុស្ស៊ី កំពុង​តែ​កាន់​អំណាច គឺ​ជា​ លើកទី២​ក្នុង​ប្រវ​ត្តិសាស្ត្រ​របស់​តុលាការព្រហ្មទណ្ឌអន្តរជាតិ។ លើកទី១ គឺ ​តុលាការ ​បាន​ចេញដី​ចាប់ខ្លួន​ ប្រធានាធិបតី​សូដង់ Omar el-Béchir ដែល​កំពុង​កាន់​អំណាច​នៅឡើយ​ នៅ​ឆ្នាំ​២០០៩។  បើនិយាយ​ពីក្នុង​រង្វង់​រដ្ឋ​សមាជិក​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ នៃ​អង្គការ​សហប្រជាជាតិ គឺ​ ការចេញដីការចាប់ខ្លួនលោក ពូទីន  ប្រមុខរដ្ឋរុស្ស៊ី គឺជាលើកទី១ហើយ មិន​​ធ្លាប់​មានករណីបែប​​នេះ​ទេ ពីមុន​មក។ ក្រៅពីលើកឡើងថា នេះ​​ជា​ពេលវេលា​ប្រវត្តិសាស្ត្រ​ដ៏សំខាន់​របស់​តុលាការ ប្រធាន​តុលាការព្រហ្មទណ្ឌអន្តរជាតិ លោក Piotr Hofmanski បាន​ពន្យល់ថា ការ​ចេញ​ដីការ​ចាប់​ខ្លួន​ពេល​នេះ គឺ​ដើម្បី​ការពារ​ជន​រងគ្រោះ ដើម្បី​យុត្តិធម៌​ ហើយ​បញ្ជៀស​ឧក្រិដ្ឋ​កម្ម​បែប​នេះ​ទៀត នៅ​ថ្ងៃ​អនាគត។​ លោក​ប្រធានតុលាការ​បញ្ជាក់ថា​​ដើម្បី​នឹង​អនុវត្ត​ដីកា​ចាប់ខ្លួននេះ ​បាន គឺចាំបាច់​ត្រូវ​មាន​កិច្ចការសហការ​អន្តរជាតិ។​ ជាប្រតិកម្ម​ឆ្លើយ​តប ទាំង​ក្រសួង​ការបរទេស​រុស្ស៊ី និងទាំង​អ្នក​នាំពាក្យវិមាន​ក្រេមឡាំង សុទ្ធតែ​ចាត់ទុកថា ដីកា​ចាប់ខ្លួន​ប្រធានាធិបតីរុស្ស៊ី ជាក្រដាស​គ្មាន​បានការ​ និង​គ្មាន​តម្លៃ​អ្វី​សោះ​សម្រាប់​រុស្ស៊ី ​និងឥត​ប្រយោជន៍​ទាំង​ផ្លូវ​ច្បាប់​ទៅទៀត។​ តើលោក ពូទីន អាច​ត្រូវដេកព្រួយ​បារម្ភនឹងដីកាចាប់ខ្លួននេះ ឬទេ? ​តើលោក ពូទីន អាចត្រូវចាប់ខ្លួននៅថ្ងៃណាមួយដែរ ឬអត់? ​​ដើម្បី​ឆ្លើយ​សំណួរ​ គឺចាំបាច់​ពិចារណា​ពិនិត្យ​មើល​ចំណុចយ៉ាងហោច​​២។ ទី១ គឺ​​ត្រូវ​ដឹង និង​ចាំថា​ ប្រទេស​រុស្ស៊ី មិនមែន​ជា​រដ្ឋសមាជិក​របស់​ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ទេ។​ រដ្ឋបាល​ក្រុង​ម៉ូស្កូ​ ក៏ប្រកាសស្រេច​ជាច្រើនលើកច្រើន​​សាហើយថា​ មិន​សហការ ​និង​មិន​ទទួល​ស្គាល់​ដែន​សមត្ថកិច្ច​យុត្តាធិការ​​របស់តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ នេះក៏ទេ​ដែរ​។ ដូច្នេះ ប្រសិន​បើ​គេ​រង់ចាំ​ឲ្យ អាជ្ញាធរ​រុស្ស៊ី បញ្ចូន​ថ្នាក់ដឹក​នាំខ្លួន​ ទៅ​កាត់ទោសនោះ​ ទំនង​ប្រហែល​ជា​ មិនងាយ ឬ​ទៅមិន​រួច។ វៀរលែង​តែ​វាសនា​ក្រឡាប់​ចក្រ​ លោក ពូទីន ចៃដន្យ​ត្រូវ​​គ្រោះ​អាក្រក់ ហើយ​ធ្លាក់ពី​អំណាចរដ្ឋ​ ហើយ​ត្រូវ​ អ្ន​កដឹកនាំ​ជាន់​ក្រោយ​ ​សហការ​ជាមួយ​​តុលាការ ​និង ​ចាប់បញ្ជូន​ខ្លួន​ទៅកាត់ទោស។​ ករណីថ្នាក់ដឹកនាំ​ធ្លាក់​ពីអំណាច​ ហើយត្រូវ​ប្រទេស​ខ្លួន​ឯង​បញ្ជូន​ទៅកាន់ទោស​នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ គឺ ធ្លាប់​មាន​ដែរ ប្រទេស​កូដឌីវ័រ នៅ​ឆ្នាំ​២០១១​។​ ហើយ​ក៏ ធ្លាប់​មាន​ដែរ​ ការ​ប្រកាស​របស់​​ប្រទេស​ ស៊ូដង់ នៅឆ្នាំ២០២១ ថា​នឹង​បញ្ជូន​អតីត​ប្រធានាធិបតី​សូដង់ Omar el-Béchir ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ប៉ុន្តែ សេចក្តីប្រកាស​នេះ នៅតែ​ជា«​សន្យា​ខ្យល់»​​នៅឡើយ​។ ចំណុច ទី២ បើ​តាម​ប្រវត្តិ​សាស្ត្រ​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ ជាង​២០ឆ្នាំមកនេះ តាំងពី​ការ​បង្កើតនៅឆ្នាំ២០០២ គឺគ្មាន​ថ្នាក់ដឹកនាំ​ណា ដែល​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន​ហើយ ​គឺ​ត្រូវ​គេ​ចាប់​ខ្លួន​ភ្លាមៗ និង​បញ្ជូន​ខ្លួន​ទៅកាត់ទោស​ ​នោះឡើយ​។  ម្យ៉ាងទៀត ទោះសូម្បី​តែ​ មាន​ដីកា​ចាប់ខ្លួន​ហើយ​ក្តី ក៏ អតីត​ថ្នាក់ដឹកនាំ​ខ្លះ នៅតែ​បន្ត​រត់​រួច​ខ្លួន និង​ភៀសខ្លួន​ រស់នៅរំភើយ​ គេ​ច​ពី​សំណាញ់​ច្បាប់អន្តរជាតិ​​ដដែល។ ជាក់ស្តែង នៅ​ប្រទេសអូហ្គង់ដា មេឧទ្ទាម​ Joseph Kony ដែលត្រូវ​ចោទប្រកាន់នៅឆ្នាំ​២០០៥ ពី​​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​​ឧក្រិដ្ឋកម្ម​សង្គ្រាម តែ​បុគ្គលនេះ នៅ​តែ​បន្ត​រួច​ខ្លួន​ដល់​សព្វថ្ងៃ។​ មាន​អ្នក​ជាប់​ដីកា​ចាប់ខ្លួន​នេះ ជា​ច្រើន​នាក់ទៀត ដែល​នៅ​មាន​សេរីភាព​នៅឡើយ។​ ដីកាចាប់ខ្លួន​២នាក់ គឺ លោក​ ពូទីន និង អ្នក​ស្រី ម៉ារីយ៉ា បេតូវ៉ា។ ​តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចោទប្រកាន់ថ្នាក់ដឹកនាំរុស្ស៊ីចំនួន​២រូប គឺលោក ពូទីន និង អ្នកស្រី ម៉ារីយ៉ា បេតូវ៉ា ​អំ​ពីបទជម្លៀសកុមារអ៊ុយក្រែនដោយខុសច្បាប់ ចាប់តាំងពីពេលចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន ជាង១ឆ្នាំមកនេះ។ ការជម្លៀសកុមារដោយខុសច្បាប់ ដែលត្រូវ តុលាការព្រហ្មទណ្ឌអន្តរជាតិ  ចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម។ ពីថ្ងៃ​សុក្រ អ្នក​ស្រី Maria Lvova-Belova  ស្នងការ​រុស្ស៊ី​ដើម្បី​សិទ្ធិកុមារ​​  បាន​អះអាងថា «យើង​នឹង​បន្ត​កិច្ចការ​យើង​តទៅទៀត ទោះបី​ជា​មាន​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ នោះក្តី។ »។ អ្នក​ស្រី​ស្នងការរុស្ស៊ី​ដើម្បី​សិទ្ធិកុមារ បាន​ពន្យល់​ទៅ​មហាជន​ជាតិ​និងអន្តរជាតិ​ ក្នុង​ន័យ​ថា​ សហគម​អន្តរជាតិ​មិន​យល់​ពី​ចេតនា​ល្អនៅក្នុងការងារ​​របស់​រុស្ស៊ី។ បើ​តាម​ អ្នកស្រី Maria Lvova-Belova  គឺ​អាជ្ញាធរ​រុស្ស៊ី​ខំប្រឹង​ជួយ​ក្មេងៗ និង​មិន​បណ្តោយ​ទុក​ឲ្យ​ពួក​គេ​​នៅ​ក្នុង​​តំបន់​«ប្រតិបត្តិការ​ពិសេស» ហើយ​ជួយ​ពួកគេ​ចេញពី​គ្រោះថ្នាក់។ សហគម​អន្តរជាតិ​មិន​យល់​ចំណុចនេះ និង​បែរ​ជា​ចោទប្រកាន់​ដាក់​ទ​ណ្ឌកម្មលើ​រុស្ស៊ីទៅវិញ។ ទោះបី​ជា​ម្តេច​ក្តី យើង​នឹង​បន្ត​កិច្ចការ​របស់​យើង​តទៅទៀត។ នេះបើតាម​ការ​បកស្រាយ​របស់​ អ្នកស្រី​ស្នងការរុស្ស៊ីដើម្បីសិទ្ធិកុមារ ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​​។ ទិន្នន័យ​ពី​អាជ្ញាធរ​អ៊ុយក្រែន គឺ​ចាប់តាំង​ផ្ទុះ​សង្គ្រាម​ជា១ឆ្នាំមកនេះ ​កុមារ​អ៊ុយក្រែន​ ប្រមាណ​១៦០០០នាក់ ត្រូវ ​រុស្ស៊ី​ ចាប់​ជម្លៀស​យក​ទៅ​ទឹកដី​រុស្ស៊ី និងដែល​ក្នុង​នោះ មាន​ប្រហែលជា​១៤០នាក់​ប៉ុណ្ណោះ ដែល​ជាក្មេង​កំព្រា។ ក្មេង​ខ្លះ​ត្រូវ​ដាក់​ឲ្យ​រស់នៅ​ក្នុង​មណ្ឌល​ និងខ្លះទៀត​ត្រូវ​ស្មុំ យកទៅ​ចិញ្ចឹម​តាម​ផ្ទះ​។​ នេះបើតាម​ស្នងការ​កុមារ​អ៊ុយក្រែន ផ្សាយ​នៅ​ ពាក់កណ្តាល​ខែ​មីនា៕​
3/18/20236 minutes, 19 seconds
Episode Artwork

ទោះប្រជាជនប្រឆាំងតវ៉ា រដ្ឋាភិបាលបារាំង​នៅតែ​ជំនះ​អនុម័តកំណែទម្រង់​ច្បាប់ចូលនិវត្តន៍

រដ្ឋាភិបាលបារាំង​បាន​ប្រើមាត្រា​ដ៏ចម្រូងចម្រាស​មួយ របស់​រដ្ឋធម្មនុញ្ញ​ដើម្បី​ជំនះ​អនុម័ត​កំណែទម្រង់​ច្បាប់​ចូលនិវត្ត កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត នៅរដ្ឋសភា។ នៅថ្ងៃសុក្រ គណបក្ស​ប្រឆាំង​នឹង​ដាក់​ញត្តិបន្ទោស ដើម្បី​បោះឆ្នោតដាក់ពិន័យ រំលាយរដ្ឋាភិបាល។ ចំណែក សហជីព​ប្រកាស​រួចហើយ​ពីគម្រោង​កូដកម្ម និង​បាតុកម្ម​នៅទូទាំងប្រទេស ដើម្បី​ប្រឆាំង​នឹង​ការសម្រេច​របស់​រដ្ឋាភិបាល ដែលប្រើកម្លាំង អនុម័ត​កំណែទម្រង់ច្បាប់ចូលនិវត្ត ដោយ​មិន​ខ្វល់​ពី​ការទាមទារ តវ៉ា​របស់​ប្រជាជន។ ប្រជាជន​បារាំង​ប្រឆាំង​កំណែទម្រង់ច្បាប់ចូលនិវត្ត ប៉ុន្តែ ហេតុអ្វីបានជាលោកប្រធានាធិបតី​ម៉ាក្រុង​ជំនះ​ប្រើមាត្រាទី ៤៩ កឋាកណ្ឌទី ៣ នៃ​រដ្ឋធម្មនុញ្ញ​បារាំង ដើម្បី​អនុម័តកំណែទម្រង់​ដ៏ចម្រូងចម្រាស​នេះធ្វើអ្វី? វិបត្តិនយោបាយ​បារាំង​បានដើរ​មក​ដល់​ចំណុច​ថ្មីមួយ នៅពេល រដ្ឋាភិបាល​បារាំង កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ សម្រេច​ចិត្ត​ប្រើ​មាត្រា ៤៩.៣ ដើម្បី​អនុម័តកំណែទម្រង់​ច្បាប់ចូលនិវត្តន៍​ដ៏ចម្រូងចម្រាស់។ ច្បាប់នេះ​អប្រជាប្រិយ​ខ្លាំងណាស់ នៅក្នុងចំណោម​ប្រជាជន​បារាំង ព្រោះវា​មានគោលដៅ ដំឡើង​អាយុចូលនិវត្ត​របស់​អ្នកធ្វើការ ពី​៦២ ទៅដល់​៦៤ឆ្នាំ។ មានន័យថា ដើម្បី​ទទួល​បាន​ប្រាក់សោធននិវត្តពេញលេញ គ្រប់ចំនួន គេត្រូវធ្វើការ​ដល់​អាយុ ៦៤ឆ្នាំឯណោះ។ ត្រលប់​មក​និយាយ​ពី​មាត្រា​៤៩.៣។ វា​ជា​មាត្រា​ទី ៤៩​កឋាខណ្ឌ​ទី​៣​នៃ​រដ្ឋធម្មនុញ្ញបារាំង​ដែល​អនុញ្ញាតិ​ឲ្យ​នាយករដ្ឋមន្រ្តី​អនុម័តច្បាប់ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​របស់អ្នកតំណាងរាស្រ្ត​នៅសភា។ នៅបារាំង ការប្រើ​មាត្រា​ទី ៤៩ កឋាខណ្ឌ មិនមាន​ជា​រឿងល្អដែលគេស្វាគមទេ ព្រោះគេចាត់ទុក​វា​ឧបករណ៍​ប្រឆាំង លទ្ធិប្រជាធិបតេយ្យ បិទសិទ្ធិ​សំឡេង​សភា ដែល​ជា​ស្ថាប័ន​ច្បាប់​កំពូល​របស់​ប្រទេស។ ប៉ុន្តែ នៅក្នុង​ការដឹកនាំ​ប្រទេស ជាង ៦០ឆ្នាំ មកនេះ រដ្ឋាភិបាល​បារាំង គ្រប់និន្នាការ​នយោបាយ ធ្លាប់​បាន​ប្រើ​មាត្រា​ទី ៤៩ កឋាខណ្ឌទី ៣ ដល់ទៅជាង ១០០​ដង​ដើម្បី​អនុម័ត​ច្បាប់ ដោយ​មិនចាំបាច់​ឆ្លងកាត់ការបោះឆ្នោត របស់​សភា។ ជាទូទៅ មាត្រា​ទី​៤៩ កឋាខណ្ឌ​ទី​៣ គឺ​ជា​ជម្រើស មធ្យោបាយ​ចុងក្រោយ នៅពេល​រដ្ឋាភិបាល​សំឡឹង​ឃើញថា ច្បាប់របស់ខ្លួន​គ្មាន​សង្ឃឹម​នឹង​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន នៅសភា។ ជាក់ស្តែង លោកស្រី​នាយករដ្ឋមន្រ្តីបារាំង បាន​សម្រេច​ប្រើផ្លូវកាត់ ប្រើ​មាត្រា ទី ៤៩ កឋាខណ្ឌ​ទី​៣​នៃរដ្ឋធម្មនុញ្ញ ដើម្បី​អនុម័ត​កំណែទម្រង់ច្បាប់ចូលនិវត្ត ដោយសារ​រដ្ឋាភិបាល​សំឡឹងឃើញថា ខ្លួន​គ្មានសំឡេង​ភាគច្រើន​ក្នុង​សភា ដើម្បីអនុម័តវា។ នៅក្រោយ​ការប្រជុំ​ជាច្រើនដង ជាច្រើនថ្ងៃ​ជាប់ៗគ្នា គណបក្ស​សាធារណរដ្ឋ ដែលជា​គណបក្ស​ដៃគូ ហាក់​ដោះដៃ លែង​ចង់គាំទ្រ​សេចក្តីព្រាង​ច្បាប់​របស់​រដ្ឋាភិបាល តទៅទៀត ដោយសារតែ​ឃើញថា កំណែទម្រង់ច្បាប់ចូលនិវត្តនេះ អប្រជាប្រិយ​ខ្លាំងពេក​ក្នុង​ចំណោមប្រជាជនបារាំង។ ដូច្នេះ ដើម្បី​ជៀសវាង​កុំ​ឲ្យ​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍​ត្រូវ​បរាជ័យ​ធ្លាក់ទឹក នៅក្នុងការបោះឆ្នោត នៅ​រដ្ឋសភា រដ្ឋាភិបាល​របស់​លោកស្រី អេលីហ្សាបែត ប៊ន​បាន​សម្រេច​ប្រើ​មាត្រា ទី៤៩ កឋាខណ្ឌទី ៣ នៃ​រដ្ឋធម្មនុញ្ញ​បារាំង តែម្តង អនុម័ត​កំណែទម្រង់​ច្បាប់ចូលនិវត្ត។ នៅចំពោះមុខ​ការប្រើកម្លាំងបាយ​របស់រដ្ឋាភិបាល ដែល​ប្រើ​មាត្រា ៤៩.៣​ដើម្បី​អនុម័តច្បាប់​ដោយ​កម្រោល គណបក្ស​ប្រឆាំង​បាន​ប្រកាស​គម្រោង​ដាក់​ញត្តិពិន័យ នៅថ្ងៃសុក្រនេះ ដើម្បី​បោះឆ្នោត​ដកទំនុកចិត្ត រំលាយ​រដ្ឋាភិបាល​របស់​លោកស្រីអេលីហ្សាបែត ប៊ន។ ក្នុងករណី​ដែល​សភា​បោះឆ្នោត​រំលាយ​រដ្ឋាភិបាល នោះ កំណែទម្រង់​ច្បាប់​ចូលនិវត្ត​ដែលរដ្ឋាភិបាល​បាន​អនុម័ត ដោយ​ការចាប់បង្ខំ កាលពីថ្ងៃ​ព្រហស្បតិ៍ ក៏​ត្រូវចាត់ទុក​ជា​មោឃៈ ផុតរលត់ទៅវិញ ​ដោយស្វ័យប្រវត្តិ។ រដ្ឋាភិបាល​របស់​លោកស្រី នាយករដ្ឋមន្រ្តី អេលីហ្សាប៊ែត ប៊ន អាច​ត្រូវ​សភា​បោះឆ្នោត រំលាយចោល? តាមច្បាប់ គណបក្ស​នយោបាយ​មាន​រយៈពេល មួយថ្ងៃ ចាប់ពីនាទីដែល​រដ្ឋាភិបាល​ប្រកាស​ប្រើ​មាត្រា​ទី ៤៩ កឋាខណ្ឌ​ទី ៣ នៃរដ្ឋធម្មនុញ្ញ ពោល​គឺ​នៅ​រសៀល​ថ្ងៃសុក្រនេះ ដើម្បី​ដាក់​ញត្តិពិន័យរដ្ឋាភិបាល។ នៅក្រោយ​ការពិភាក្សា ៤៨ម៉ោង សភា​ត្រូវ​បោះឆ្នោត យ៉ាងយូរបំផុត នៅ​ថ្ងៃចន្ទ ដើម្បី​សម្រេច​ថា តើ​គេត្រូវ​រំលាយ​រដ្ឋាភិបាល​របស់​លោកស្រី អេលីហ្សាបែត ប៊ន​ដែរឬទេ។ គ្រោះថ្នាក់របស់​រដ្ឋាភិបាល​លោកស្រី អេលីហ្សាបែត ប៊ន នៅត្រង់​ថា បើសិន​សមាជិកសភាដែលជំទាស់ ប្រមូលគ្នា​បាន​៥៨​សំឡេង ដើម្បី​ស្នើ​ឲ្យសភា បោះឆ្នោត​ដាក់ពិន័យ នោះ​រដ្ឋាភិបាល​ត្រូវ​ប្រឈម​នឹងសភា​បោះឆ្នោត​រំលាយចោលមួយរំពេច។ ក្នុងករណី​នេះ សភា​ត្រូវការ​សំឡេង​ភាគច្រើន ចំនួន ២៨៧សំឡេង​ដើម្បី​បោះឆ្នោតរំលាយ​រដ្ឋាភិបាល។ រដ្ឋាភិបាល​របស់​លោកស្រី អេលីហ្សាបែត ប៊ន​ទំនង​មិនជួបវាសនា​អាក្រក់ ដោយ​ត្រូវ​សភា​បោះឆ្នោត​រំលាយ​ចោល​នោះទេ ព្រោះថា គណបក្ស​ប្រឆាំង​នៅតែ​បែកបាក់គ្នា ដែលធ្វើឲ្យពួកគេពិបាកនឹង​ប្រមូលបានសំឡេង​ច្រើន​គ្រប់គ្រាន់ ចំនួន ២៨៧ សំឡេង​ដើម្បី​បោះឆ្នោត ដកទំនុកចិត្ត រំលាយ​រដ្ឋាភិបាល។ ហេតុអ្វី​លោកប្រធានាធិបតី​ម៉ាក្រុង​នៅ​តែ​ជំនះ​ប្រើ​មាត្រាទី ៤៩ កឋាខ័ណ្ឌទី៣? មន្រ្តីក្នុង​រដ្ឋាភិបាល និង​សមាជិក​របស់​គណបក្ស​របស់​លោកប្រធានាធិបតី ម៉ាក្រុង​ធ្លាប់​បានព្រមាន​ពីគ្រោះថ្នាក់ ផលវិបាក បើសិន​រដ្ឋាភិបាល​ជ្រើសរើសផ្លូវកាត់ ដោយ​ការប្រើ​មាត្រា ទី ៤៩ កឋាខណ្ឌ​ទី​៣ ដើម្បី​ អនុម័ត​កំណែទម្រង់ ច្បាប់​ចូលនិវត្ត។ ប៉ុន្តែ នៅតែ ១៥នាទី មុនការបើកសម័យប្រជុំរបស់សភា កាលពីថ្ងៃ​ព្រហស្បតិ៍ លោកម៉ាក្រុង​បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលនៅក្នុងនោះ លោកបានសម្រេច​ឲ្យ​លោកស្រី នាយករដ្ឋមន្រ្តី ប្រើ​មាត្រាទី ៤៩​កឋាខ័ណ្ឌទី ៣។ ការជំនះប្រើ​មាត្រា​ទី ៤៩ កឋាខណ្ឌទី ៣​នៃ​រដ្ឋធម្មនុញ្ញ សបញ្ជាក់​ពី​ភាពទន់ខ្សោយ និងបរាជ័យ​របស់​ប្រធានាធិបតី​បារាំង ក្នុងការបញ្ចុះបញ្ចូល​សមាជិកសភា ឲ្យគាំទ្រ​សេចក្តីព្រាងកំណែទម្រង់​ច្បាប់ចូលវិវត្ត។ លោកម៉ាក្រុង​ដឹងច្បាស់​ថា កំណែទម្រង់​ច្បាប់ចូលនិវត្ត​លើកនេះ​នឹង​ធ្វើ​កូដប្រជាប្រិយភាព​របស់លោក​ធ្លាក់ចុះខ្លាំង ហើយ​វា​នឹងអាច​រុញច្រាន​បារាំង​ឲ្យធ្លាក់​ក្នុង​វិបត្តិសង្គម ប្រទេសត្រូវជាប់គាំង ដោយសារ​បាតុកម្ម និងកូដកម្ម​ប្រឆាំង តវ៉ានៅទូទាំង នៅក្រោយ​ការអនុម័តច្បាប់​ចូលនិវត្ត។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ប្រធានាធិបតីបារាំង លោក​ម៉ាក្រុង នៅតែជំនះ​ចង់​ឲ្យមាន​កំណែទម្រង់​ច្បាប់ចូលនិវត្ត។ ហេតុផល​របស់​លោកម៉ាក្រុង គឺ​ប្រព័ន្ធចូលនិវត្តន៍សព្វថ្ងៃ កំពុង​ស្ថិតក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់ ព្រោះមានឱនភាពថវិកា ចំណូល និងចំណាយ។ ដោយសារ​មនុស្ស​ចាស់ សុខភាព​នៅតែ​ល្អ អាយុកាន់តែវែង ការចំណាយ​របស់រដ្ឋ​សម្រាប់បើកប្រាក់សោធននិវត្តន៍​បាន​កើនឡើង។ សម្រាប់រដ្ឋាភិបាល​របស់​លោកម៉ាក្រុង បារាំង សព្វថ្ងៃ បាន​រត់ទៅខ្ចីបំណុលគេបន្ថែម សម្រាប់​អាចធានា​ការបើកប្រាក់សោធននិវត្ត។ រដ្ឋាភិបាល​ធ្លាប់​អះអាងថា ការធ្វើកំណែទម្រង់​ច្បាប់ចូលនិវត្ត គឺជារឿងចាំបាច់ និងបន្ទាន់ ព្រោះថា បើសិន​មិនដូច្នេះទេ សេដ្ឋកិច្ច​របស់បារាំង​នឹង​អាច​ត្រូវ​ក្ស័យធន ដួលរលំ ដោយសារ​តែ​ប្រាក់បំណុល ចេះតែ​កើនឡើង។ វិបត្តិកូវីដ និង​ជំនួយអន្តរាគមន៍របស់​រដ្ឋ សម្រាប់ទប់​កុំ​ឲ្យតម្លៃថាមពល​ឡើងថ្លៃខ្ពស់ ដែលបង្ក​ការលំបាកសម្រាប់​ជីវភាព​ប្រជាជនបារាំង រដ្ឋាភិបាល​បារាំង​បាន​ទៅខ្ចីបំណុល ដែលអាច​កើនឡើងច្រើនជាង ៣ ទ្រីលាន​អឺរ៉ូ។ សម្រាប់​រដ្ឋមន្រ្តី​ថវិកាបារាំង ប្រជាជន​បារាំង​ត្រូវជ្រើសរើស​តើ​ពួកគេ​សុខចិត្តទទួល​យក​កំណែទម្រង់​ច្បាប់ចូលវិវត្តន៍ ដោយត្រូវ​ធ្វើការ​រហូតដល់​អាយុ ៦៤ឆ្នាំ ឬ​មួយ​សុខចិត្ត​ឲ្យប្រាក់បំណុល​កើនឡើង ដែលគ្រោះថ្នាក់ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ត្រូវក្ស័យធន។ បារាំង​កំពុង​ស្ថិតនៅ​មាត់ជ្រោះ​នៃវិបត្តិ​ជាប់គាំងប្រទេស? នៅក្រោយ​ការអនុម័ត​កំណែទម្រង់​ច្បាប់​ចូលវិវត្តន៍ ក្រុមសហជីព​បាន​ប្រកាស​រៀបចំ បាតុកម្ម និង​កូដកម្ម​ទ្រង់ទ្រាយធំ​មួយទៀត នៅសប្តាហ៍ក្រោយ និង​ថា អំណើះតទៅ ចលនា​បាតុកម្ម​ប្រឆាំង​នឹង​កើតមាន​ជាហូរហែ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បោះបង់​ចោល កំណែទម្រង់​ច្បាប់ចូលនិវត្ត៍។ រដ្ឋាភិបាលបារាំង​អាចរួចផុត​ពី​ការបោះឆ្នោត​ដកទំនុកចិត្ត​ពីសភា ចំណែក​កំណែទម្រង់ច្បាប់​ចូលនិវត្តនឹងត្រូវ​ដាក់​ឲ្យអនុវត្ត​ជាផ្លូវការ។ ប៉ុន្តែ ជាមួយគ្នានោះ រដ្ឋាភិបាល​បារាំង​ត្រូវត្រៀមខ្លួន​ឈឺក្បាល​នឹង​បញ្ហាសង្គមគ្រប់ជំពូក។ ក្រុមសហជីព ប្រកាស​រួចហើយ​ថា​នឹង​ធ្វើ​បាតុកម្ម កូដកម្ម ប្រឆាំង​រហូតដល់​ថ្ងៃ​ដែល​រដ្ឋាភិបាលប្តូរចិត្ត ដកចោល​ច្បាប់នេះទៅវិញ។ តាំង​ពី​ខែ​មករា នៅពេល​រដ្ឋាភិបាល​បង្ហាញគម្រោង​ធ្វើកំណែទម្រង់​ច្បាប់ចូលនិវត្តន៍ សហជីពចាប់​ធ្វើ​បាតុកម្ម កូដកម្ម ក្នុងទ្រង់ទ្រាយធំ ដល់ទៅ ៨ដង ដែល​ទៅ​បង្អាក់ គាំង​សកម្ម​សេដ្ឋកិច្ច​នៅទូទាំងប្រទេស។ នៅក្នុងបាតុកម្ម​ម្តង គឺតែងមានការប្រឈមមុខដាក់គ្នា​រវាង​ប៉ូលិស និង​ក្រុមជ្រុលនិយមហិង្សា ដែល​តែង​ឆ្លៀតឱកាស ដើរវាយបំផ្លាញ ហាង ដុតរថយន្ត នៅតាម​ផ្លូវ។ រដ្ឋាភិបាល​បារាំង​សម្រេច​គោលដៅ ចេញ​កំណែទម្រង់ច្បាប់ចូលនិវត្ត ប៉ុន្តែ ត្រូវ​មកឈឺក្បាល ដោយសារ​វិបត្តិ​សង្គមបញ្ហា​ចលាចលពេញប្រទេស៕
3/17/20239 minutes, 26 seconds
Episode Artwork

អាមេរិក​ចោទរុស្ស៊ី ថាជាអ្នក​ធ្វើ​ឲ្យ​ធ្លាក់​យានដ្រូន​របស់​កងទ័ព​អាមេរិក​ នៅ​ក្នុង​សមុទ្ទ​ខ្មៅ

កំដៅនៃការប្រឈមមុខដាក់​គ្នា បាន​ហក់ឡើងមួយរំពេច បន្ទាប់ពីមានករណី​យានដ្រូន​មួយគ្រឿងរបស់កងទ័ពអាមេរិក បានធ្លាក់នៅក្នុងសមុទ្ទខ្មៅ​ កាលពីថ្ងៃអង្គារ​ម្សិលមិញ​ មិនឆ្ងាយប៉ុន្មានពីតំបន់គ្រីម៉េ។ ភាគីអាមេរិកបាន​អះអាង គឺកងទ័ពរុស្ស៊ីដែលជាអ្នកធ្វើ​ឲ្យ​យានដ្រូននេះធ្លាក់។ ជាការចោទដែល​ភាគីរុស្ស៊ីបានបដិសេធ។ យ៉ាងណាក៏ដោយ ករណី​នេះ បាន​ឆ្លុះបញ្ចាំងអំពីស្ថានភាព​ដែលងាយ​ផុយស្រួយ អាចក្លាយជាការប្រឈមមុខគ្នាដោយ​អាវុធ និង​កងទ័ព រវាង​គូបដិបក្សទាំង២នេះ ហើយអាចផ្ទុះក្លាយជាសង្គ្រាម​លោកលើកទី​៣។ យោងតាម​លោក James Hecker មេបញ្ជាការកងទ័ពអាកាសអាមេរិកប្រចាំតំបន់អឺរ៉ុប បាន​បញ្ជាក់ឲ្យដឹងថា យានដ្រូនមួយគ្រឿង របស់កងទ័ពអាមេរិក ប្រភេទ MQ-9 Reaper បានធ្លាក់ទៅក្នុងសមុទ្ទខ្មៅ កាលពីព្រឹកថ្ងៃទី​១៤មីនា។ MQ-9 Reaper គឺជាយានដ្រូនបញ្ជាពីចំងាយ មានប្រវែងប្រមាណ​១០ម៉ែត្រ ទទឹងស្លាបប្រមាណ​២០ម៉ែត្រ ហើយអាចបំពាក់​អាវុធមីស៊ីលបាន​៨គ្រាប់ និងអាចហោះបានរយៈពេល​២៤ម៉ោង ក្នុង​ល្បឿនជាង​៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។ យន្តហោះរុស្ស៊ី បើកសាំងស្រោចពីលើដ្រូនអាមេរិក​ ក្នុងពេលកើតហេតុ យានដ្រូននេះមិនមានបំពាក់អាវុធទេ ហើយ​កំពុងហោះ​ក្រវែល​​អង្កេតការណ៍ជាលក្ខណៈធម្មតា នៅក្នុងដែនអាកាសអន្តរជាតិ ពីលើសមុទ្ទខ្មៅ។ ផ្អែកតាម​ប្រភពពីភាគីអាមេរិក គឺក្នុងពេលកំពុងហោះ យានដ្រូន​នេះ ត្រូវបាន​យន្តហោះចម្បាំងរុស្ស៊ី២គ្រឿង ប្រភេទ Sukhoï Su-27 ហោះ​កៀកពីលើជាច្រើនលើកច្រើនសារ ក្នុងបំណងរំខានរករឿង និងបាន​បញ្ចេញសាំងយន្តហោះ ស្រោចពីលើយានដ្រូននេះ ក្នុងគោល​ដៅ​ធ្វើឲ្យ​ដ្រូនខ្វាក់ មិនអាចមើលទិសដៅឃើញ​។ ភាគីអាមេរិកអះអាងទៀតថា ភ្លាមៗនោះ ស្រាប់​តែ​មានការប៉ះទង្គិចគ្នា រវាងយន្តហោះចម្បាំងរុស្ស៊ី ជាមួយយានដ្រូន ធ្វើឲ្យ​ខូចកង្ហាររបស់ដ្រូន។ រំពេចនោះ ដ្រូនរបស់អាមេរិក ចាប់ផ្តើម​បាត់​បង់​ស្ថិរភាព​ ហោះ​លែងបាន ហើយ​កងទ័ពអាមេរិកដែលនៅ​ពីចំងាយ ​បាន​ប្រញាប់បញ្ជាឲ្យ​វាបន្ទាបខ្លួន​មកក្រោម មុននឹងបង្ខំចិត្តទំលាក់វាចោលទៅក្នុងសមុទ្រ​។ នេះបើផ្អែកតាមការបញ្ជាក់បន្ថែម ពីលោកមេបញ្ជាការ Patrick Ryder អ្នកនាំពាក្យ​មន្ទីរបញ្ចកោណអាមេរិក​។​ ក្រសួងការពារជាតិអាមេរិក បានចេញ​លិខិតប្រកាស ដោយ​បានលើកឡើងថា ទង្វើរបស់ងទ័ពរុស្ស៊ីនេះ គឺជាទង្វើដ៏គ្រោះថ្នាក់ មិនមានការទទួលខុសត្រូវ គ្មានភាព​ជំនាញ​ទាល់តែសោះ។ សកម្មភាព​ដ៏គ្រោះថ្នាក់បែបនេះ គឺវាអាចបណ្តាល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់ជាយថាហេតុណាមួយ ហើយ​បង្កឲ្យ​មាន​ការប៉ះទង្គិចកម្លាំងគ្នាដោយ​អចេតនា។ តែយ៉ាងណាក៏ដោយ កងទ័ពអាមេរិកអះអាងថា អាមេរិកព្រមទាំងក្រុមសម្ព័ន្ធមិត្ត នឹងនៅតែបន្ត​ហោះប្រតិបត្តិការ​ក្រវែលនៅតំបន់​សមុទ្រខ្មៅនេះ ក្នុងដែនអាកាស​អន្តរជាតិ​ តែសូម​ឲ្យ​ខាងភាគីរុស្ស៊ី​ត្រូវធ្វើ​ខ្លួនឲ្យ​បានត្រឹមត្រូវនឹងមាន​ភាពជំនាញ​ផង។ រុស្ស៊ីបដិសេធថាកងទ័ពខ្លួន ​មិនប៉ះទង្គិចដោយ​ផ្ទាល់ជាមួយ​ដ្រូនអាមេរិកទេ​ ក្រសួង​ការពារ​ជាតិ​​រុស្ស៊ី បានចេញលិខិតប្រកាសកាលពីយប់ថ្ងៃអង្គារ​ ដោយ​បាន​ទទួលស្គាល់ថា គេពិតជាបាន​ចាប់រលកសញ្ញា ឃើញមានយានដ្រូនមួយមែន កាលពីថ្ងៃអង្គារ ដោយដ្រូននោះស្ថិតនៅពីលើតំបន់គ្រីម៉េ ហើយកំពុងហោះសំដៅចូលទៅក្នុង​ព្រំដែន​របស់រុស្ស៊ី​។ តែ​កងទ័ពរុស្ស៊ីបានអះអាងថា គេមិនមែនជាអ្នកធ្វើឲ្យ​យានដ្រូនរបស់​អាមេរិកនេះ ធ្លាក់ចូលសមុទ្ទនោះទេ។ ក្រសួងរុស្ស៊ីអះអាងទៀតថា យន្តហោះចម្បាំងរុស្ស៊ី មិន​បានទៅប៉ះទង្គិចដោយ​ផ្ទាល់ ជាមួយ​ដ្រូនអាមេរិកទេ ហើយ​ក៏មិន​បានប្រើអាវុធស្អីទៅបាញ់​ទំលាក់ដែរ ពោលគឺដ្រូន​នោះវាហោះត្រឡប់ត្រឡិន បាត់បង់ស្ថិរភាពតែខ្លួនឯង មុននឹងធ្លាក់ចូលសមុទ្រ នៅវេលាម៉ោង ប្រមាណ​៩និង៣០នាទីព្រឹក ម៉ោងនៅម៉ូស្គូ ត្រូវជាម៉ោង៦កន្លះព្រឹក ម៉ោងសកល​។ ក៏ប៉ុន្តែ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ​អាមេរិក បាន​ឆ្លើយ​នៅលើកញ្ចក់ទូរទស្សន៍ CNN កាលពីយប់មិញនេះ ថាភាគីរុស្ស៊ីមិនចាំបាច់ប្រឹងកុហកដល់ម្លឹងទេ។ លោកបានចោទថា ទង្វើរបស់កងទ័ពរុស្ស៊ីជាទង្វើ​​ដែលគ្មានការពិចារណាទាល់តែសោះ។ លោកអះអាងថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កងទ័ពរុស្ស៊ីបានចេញ​មក​រំខាន ដល់ការហោះល្បាត​សាមញ្ញរបស់ដ្រូនអាមេរិក ជាច្រើនលើកច្រើនសារហើយ នៅ​ក្នុងតំបន់ពីលើសមុទ្ទខ្មៅនេះ តែទើបតែលើកនេះទេ ដែលកងទ័ពរុស្ស៊ីបានរំខាន ធ្វើឲ្យ​ដ្រូនអាមេរិក​ធ្លាក់ចូលសមុទ្រ។ លោក​បាន​បន្ថែមថា ភ្លាម​ៗក្រោយ​ធ្លាក់ដ្រូន កងទ័ពអាមេរិកបានបញ្ជូនយន្តហោះល្បាតសមុទ្រ  P-8A Poseidon ឲ្យ​ទៅក្រវែល​ការពារនៅតំបន់ដែលធ្លាក់ មិនឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរសមុទ្រប្រទេសរូម៉ានី។ ការធ្វើបែបនេះ គឺទំនង​ជា​ដើម្បីរារាំងកុំឲ្យ​នាវារបស់រុស្ស៊ី មកស្រង់យកដ្រូននេះបាន​។​ ករណីលើកទីមួយ ឆ្លុះបញ្ចាំងពីស្ថានភាព​ដ៏ផុយស្រួយ តំបន់សមុទ្ទខ្មៅ គឺជាតំបន់ប្រឈមខ្លាំងណាស់ នៅក្រោយ​វិបត្តិផ្ទុះសង្គ្រាមនៅអ៊ុយក្រែន​។ វាជាលើកទីមួយហើយ ដែល​យានដ្រូន​របស់កងទ័ពអាមេរិក ធ្លាក់ក្នុងតំបន់នេះ។ ប្រមាណ​ជាង​១ឆ្នាំមកនេះ កងទ័ពអាមេរិក និងសម្ព័ន្ធមិត្តអូតង់ បានចៀសវាងមិនចូលរួម​ដោយ​ផ្ទាល់​ក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ ដោយ​មិនចង់​ប្រកាសសង្គ្រាមជាមួយរុស្ស៊ី។ តែកងទ័ពសម្ព័ន្ធមិត្តបានបញ្ជូន​យានដ្រូន និងយន្តហោះ ទៅក្រវែលជាញឹកញាប់ នៅតំបន់ពីលើសមុទ្រខ្មៅ​ ទីមួយ​ដើម្បីការពារសន្តិសុខប្រទេស​ក្នុងតំបន់ ដែលជាសមាជិកអូតង់ផង និង​ដើម្បី​ប្រមូលទិន្នន័យ​ព័ត៌មាន ជួយកងទ័ពអ៊ុយក្រែន​។ តែជាការហោះក្រវែលនៅលើដែនអាកាសអន្តរជាតិ។ ជាមួយនឹងសកម្មភាពកាន់តែសកម្ម របស់​សម្ព័ន្ធមិត្តលោកខាងលិច​នៅតំបន់​នេះ ភាគីរុស្ស៊ី​អាចនឹងកាន់ក្រេវក្រោធ ខឹងទ្រាំលែងបាន អាចបញ្ជាយន្តហោះឲ្យ​កំញើញ បណ្តេញជាដើម។ ត្រង់នេះហើយ ដែលវាបង្កើនកម្រិតនៃការប្រឈម អាចឈានទៅ​មាន​គ្រោះថ្នាក់ជាយកថាហេតុណាមួយ ដោយអចេតនា។ គ្រោះថ្នាក់អាចកើត​ឡើង​មួយរំពេច ហើយអាចឈានទៅ​បញ្ឆេះភ្លើងសង្គ្រាមដោយ​ផ្ទាល់ រវាង​អូតង់ និងរុស្ស៊ី​។​ កាលពីថ្ងៃទី​២៩ កញ្ញា ឆ្នាំមុន យន្តហោះចម្បាំងរ Su-27 របស់រុស្ស៊ី បានបាញ់មីស៊ីល​មួយរួចទៅហោះ សំដៅទៅប្រផិតកៀកនឹង​យន្តហោះស៊ើបការណ៍ RC-35 របស់អង់គ្លេស ដែលកំពុងតែហោះប៉ាទ្រុយនៅ​លើសមុទ្រខ្មៅ​។ ខាំមាត់សង្កត់ចិត្តរៀងខ្លួន​ យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា នៅក្រោយ​ហេតុការណ៍ធ្លាក់យានដ្រូនអាមេរិក​នេះ ភាគីអាមេរិក ទោះបីចោទរុស្ស៊ីដោយចំៗមែន តែគេហាក់​បានថ្លឹងថ្លែងពាក្យពេជន៍ណាស់​​ មិន​ដុតកំហឹងឲ្យឆេះរោលខ្លាំងនោះទេ ដោយ​ព្យាយាមទប់ ​កុំឲ្យ​វាក្លាយ​ចំណុចចាប់ផ្តើម​នៃសង្គ្រាម។ ថ្វីត្បិតភាគីអាមេរិក អះអាងថាគេមាន​វីដេអូជា​ភស្តុតាង បញ្ជាក់ពីសកម្មភាព​រករឿងមកលើយានដ្រូនគេ​ ពីសំណាក់​យន្តហោះចម្បាំងរុស្ស៊ីក៏ដោយ តែមន្ត្រីអាមេរិក បានថ្នមមាត់ មិនអះអាងចោទលើចេតនា​អាក្រក់របស់រុស្ស៊ីនោះទេ។ លោក Ned Price អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិកវិញ បានលើកឡើងដែរថា ភាគីអាមេរិក កំពុងនិយាយជាមួយភាគីរុស្ស៊ី​ដោយផ្ទាល់ ដើម្បីប្រាប់ពីការ​ជំទាស់ដ៏ខ្លាំងក្លា ចំពោះទង្វើរបៀបនេះ របស់រុស្ស៊ី។ ជាប្រតិកម្ម​ក្រោយ​ការធ្លាក់យានដ្រូននេះ​ ក្រសួងការបរទេសអាមេរិក បានកោះហៅ​លោក Anatoli Antonov អគ្គរដ្ឋទូតរុស្ស៊ី​ឲ្យចូលចូលជួប​។ ហើយ​បើផ្អែកតាមការចុះផ្សាយរបស់​បណ្តាញព័ត៌មានរុស្ស៊ី RIA ក្នុងពេលចូលទៅក្រសួងការបរទេសអាមេរិក លោកអគ្គរដ្ឋទូតរុស្ស៊ីបាន​បដិសេធការចោទ ហើយអះអាងរុស្ស៊ីចាត់ករណី​នេះជាករណីបង្ករឿងពីខាងអាមេរិក។ លោក​Anatoli Antonov អះអាងទៀតថា ចំពោះខាងរុស្ស៊ីវិញ គឺរុស្ស៊ី​គ្មានចេតនាណាមួយ ចង់​ឲ្យ​មាន​ការប្រឈមមុខគ្នាដោយ​ផ្ទាល់ រវាងអាមេរិកនិងរុស្ស៊ីនោះទេ។ ជារួមយើងឃើញថា ភាគីទាំងសងខាងខំប្រឹងទប់រៀងៗខ្លួន មិនមាន​នរណាបញ្ឆេះនរណាទេ៕
3/15/20237 minutes, 54 seconds