ទោះបីមានអ្នកដឹកនាំថ្មី តែបន្ទាត់នយោបាយកម្ពុជាបន្តគូសវាសដោយលោកហ៊ុន សែន?
បន្ទាប់ពីទទួលបានជ័យជំនះភ្លូកទឹក ភ្លូកដីនៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ លោកហ៊ុន ម៉ាណែតត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ ជាង ១ឆ្នាំមកហើយដែលលោកហ៊ុន ម៉ាណែតបានដឹកនាំប្រទេស តែក្នុងក្រសែភ្នែករបស់កាសែតបរទេស ទោះបីជាកម្ពុជាមានលោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេនដែលទទួលបានការរៀនសូត្រជ្រៅជ្រះពីលោកខាងលិចក៏ដោយក៏លោកហ៊ុន សែនដែលជាឪពុកនៅតែមានឥទ្ធិពលខ្លាំងក្លានៅក្នុងនយោបាយកម្ពុជា។ ក្រោយឈ្នះការបោះឆ្នោតឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានប្រកាសតែងតាំងលោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេនពីឪពុក គឺលោកហ៊ុន សែនដែលបានកាន់អំណាចនៅកម្ពុជាជិត ៤០ឆ្នាំ។ ក្នុងនាមជាអ្នកបន្តវេនដែលទទួលបានការសិក្សា រៀនសូត្រជ្រៅជ្រះពីលោកខាងលិច លោកហ៊ុន ម៉ាណែតជាក្តីសង្ឃឹមថ្មីមួយសម្រាប់ការដឹកនាំប្រទេសកម្ពុជានៅក្នុងសម័យទំនើប។ តែក្រោមក្រសែភ្នែករបស់ក្រុមអ្នកប្រឆាំង រួមទាំងកាសែតបរទេសមួយចំនួន លោកហ៊ុន សែនដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាឪពុកនៅតែមានឥទ្ធិពល និងនៅជាអ្នកដែលកំពុងបន្តគូសវាសខ្សែបន្ទាត់នយោបាយរបស់កម្ពុជាដដែល។តាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានបារាំង AFP ថ្ងៃទី១៤តុលា លោកហ៊ុន ម៉ាណែតនៅតែស្ថិតនៅក្រោមការចង្អុលបង្ហាញរបស់ឪពុក។ ការហ៊ានលើកឡើងយ៉ាងដូច្នេះដោយ AFP ដោយសំអាងថា ក្នុងរយៈពេល ១៤ខែនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី លោកហ៊ុន ម៉ាណែតនៅមិនទាន់បានធ្វើសន្និសីទកាសែតជាចំហរ នៅមិនទាន់បានដោះស្រាយបញ្ហាប្រឈមដែលកម្ពុជាកំពុងពើបប្រទះ ពិសេសពីការរក្សាតុល្យភាពអំណាចចិន និងលោកខាងលិច។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានកត់សម្គាល់ឃើញទៀតថា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវថ្មីៗនេះ នាយករដ្ឋមន្រ្តីវ័យក្មេងរបស់កម្ពុជាមានចេតនាមិនចង់បង្ហាញមុខមាត់ ឬកិត្តិនាមរបស់ខ្លួនដោយគេចវេសមិនធ្វើអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយណាទាំងអស់ មិនថាទាក់ទងនឹងជំនួបក្នុងក្របខណ្ឌអាស៊ាន ឬក្រៅក្របខណ្ឌអាស៊ាន។ផ្ទុយទៅវិញ និងបើតាម AFP ដដែល ឪពុកលោកហ៊ុន ម៉ាណែត គឺលោកហ៊ុន សែនបែរជាសកម្មក្នុងបណ្តាញទំនាក់ទំនងសង្គម និងបង្ហាញការខ្វល់ខ្វាយទៅលើគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាទៅវិញ។ ទន្ទឹមគ្នានោះ លោកហ៊ុន សែនក៏បានបញ្ចេញប្រតិកម្មតបចំៗទៅលើសំឡេងប្រឆាំងក្នុងសំណុំរឿងដ៏ចម្រូងចម្រាសស្តីពីគម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណន និងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA រួមទាំងបានចង្អុលឱ្យមានការអនុវត្តទោសទណ្ឌទៅលើអ្នកប្រឆាំងជាចំហទៀតផង។ គួរបញ្ជាក់ថា ក្រោយពីបានផ្ទេរអំណាចទៅឱ្យកូនកាលពីជាង ១ឆ្នាំមុន លោកហ៊ុន សែនដែលបានកាច់ចង្កូតប្រទេសកម្ពុជាជិត ៤ទសវត្សរ៍កំពុងកាន់តំណែងជាប្រធានព្រឹទ្ធសភា។សម្រាប់អ្នកវិភាគនយោបាយមួយចំនួន ការចាកចេញពីតំណែងនាយករដ្ឋមន្រ្តីទៅដឹកនាំស្ថាប័នព្រឹទ្ធសភារបស់លោកហ៊ុន សែន គឺដើម្បីការពារសុវត្ថិភាពនៃការកាន់អំណាចរបស់កូន គឺលោកហ៊ុន ម៉ាណែត។ តើអ្វីដែលក្រុមអ្នកប្រឆាំង រួមទាំងអ្នកវិភាគនយោបាយបានលើកឡើង និងការចុះផ្សាយរបស់កាសែតបរទេសមួយចំនួនពេលនេះ ជារឿងគួរឱ្យចំឡែក និងជារឿងគួរឱ្យឆ្ងល់ដែរ ឬទេ?។ សម្រាប់លោកប៉ែន បូណាដែលជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា គឺជារឿងធម្មតាដែលមិនគួរឱ្យឆ្ងល់សោះឡើយចំពោះការដែលលោកហ៊ុន ម៉ាណែតដើរតាមបន្ទាត់គោលនយោបាយដែលគូសវាសដោយលោកហ៊ុន សែន។ជារឿងធម្មតា និងមិនគួរឱ្យឆ្ងល់ដោយលោកប៉ែន បូណាពន្យល់ថា លោកហ៊ុន ម៉ាណែតគឺជាអ្នកបន្តវេនចេញពីគណបក្សប្រជាជនកម្ពុជាដែលមានលោកហ៊ុន សែនជាប្រធានបក្ស។ តាមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះដដែល លោកហ៊ុន ម៉ាណែតមិនមែនជាមនុស្សកំណាញ់សម្តីទេ ពោលគឺជាមេដឹកនាំបើកចំហដែលតែងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋជាប់ជាប្រចាំស្តីពីបញ្ហាក្នុងស្រុក ឬបញ្ហាអន្តរជាតិនានា។ លោកប៉ែន បូណាបានបន្ថែមថា គ្មាននរណាអាចធ្វើបានដូចនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នទេ បើនិយាយពីការថ្លែងសារជាសាធារណៈ ក្នុងនោះក៏មានសារជាសំឡេង និងសារជាសំណេរនៅតាមបណ្តាញទំនាក់ទំនងសង្គម។ពិតណាស់ ក្រោមភ្នែកចម្រុះរបស់ក្រុមអ្នកប្រឆាំង អ្នកវិភាគនយោបាយខ្លះ និងកាសែតបរទេសមួយចំនួន ការផ្ទេរអំណាចពីឪពុកទៅកូន និងការដែលកូនដើរតាមបន្ទាត់គោលនយោបាយដែលគូសវាសដោយឪពុកជារឿងដែលមិនគួរមាន និងពិបាកទទួលយក។ តែគេមិនត្រូវភ្លេចចោទជាសំណួរត្រឡប់វិញថា តើវាមិនមែនជារឿងល្អទៅវិញទេឬដែលមានឪពុកជួយគូសវាស និងតម្រែតម្រង់ផ្លូវឱ្យកូនដើរនោះ?។ ចូរកុំភ្លេចថានៅក្នុងរដ្ឋាភិបាលថ្មីសព្វថ្ងៃ ក្រៅពីលោកហ៊ុន ម៉ាណែតដែលបានស្នងតំណែងពីឪពុក គេក៏ឃើញមានថ្នាក់ដឹកនាំច្រើននាក់ផ្សេងទៀតបានស្នងតំណែងពីឪពុកដែរ ដូចជាលោកទៀ សីហា ឬលោកស សុខា។សម្រាប់ពលរដ្ឋខ្មែរមួយចំនួនធំ អ្វីដែលសំខាន់មិនមែននៅត្រង់ថា អ្នកណាស្នងតំណែងពីអ្នកណា ឬអ្នកណាផ្ទេរតំណែងឱ្យទៅអ្នកណានោះទេ។ អ្វីដែលសំខាន់ គឺស្ថិរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍប្រទេស ព្រោះចូរកុំភ្លេចថា កម្ពុជា និងពលរដ្ឋខ្មែរធ្លាប់បានឆ្លងកាត់សង្រ្គាម និងដូចជាឆ្អែតឆ្អន់ លែងចង់ឃើញសង្រ្គាមផ្ទុះឡើងជាថ្មីទៀតឡើយ។ ដូច្នេះសម្រាប់លោកហ៊ុន សែនក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន រួមទាំងគណបក្សប្រជាជនដែលបានក្តោបក្តាប់អំណាចសឹងផ្តាច់មុខ ការការពារសន្តិភាព និងស្ថិរភាពនយោបាយបច្ចុប្បន្នជារឿងអាទិភាពមិនអាចចៀសរួច ទោះត្រូវបង់ក្នុងតម្លៃណាក៏ដោយចុះ៕
10/15/2024 • 5 minutes, 42 seconds នៅពេលជំនឿអរូបិយដែលគ្មានឫសគល់និងគ្មានមូលដ្ឋាន ក្លា យជាហានិភ័យសម្រាប់សង្គមខ្មែរ
ជំនឿអរូបិយនៅតែមានឥទ្ធិពលក្នុងសង្គមខ្មែរ រាប់ចាប់តាំងពីជំនឿលើការបន់ស្រន់ សែនព្រេនចំពោះអ្នកតា រហូតដល់អារុក្ខអារក្សទេពតា ព្រមទាំងជំនឿលើលទ្ធិឥតមូលដ្ឋានផ្សេងៗទៀត។ នេះជាទំនៀមទម្លាប់ដែលដូនតាខ្មែរបន្សល់ទុកតាំងពីយូរណាស់មកហើយ។ ជំនឿអរូបិយ មែនទែនទៅ គឺជាសិទ្ធិសេរីភាពផ្នែកសាសនារបស់ពលរដ្ឋ។ ប៉ុន្តែពលរដ្ឋគួរតែប្រើប្រាស់សិទ្ធិនេះដោយប្រុងប្រយ័ត្នជាទីបំផុត។ ត្រូវប្រយ័ត្នព្រោះជំនឿអរូបិយដែលគ្មានឫសគល់ និងគ្មានមូលដ្ឋានត្រឹមត្រូវច្បាស់លាស់ គឺជាហានិភ័យមួយ សម្រាប់ពលរដ្ឋ និងសង្គមជាតិ ប្រសិនបើការជឿនោះ មិនបានឆ្លងកាត់ការគិតពិចារណាឲ្យបានវែងឆ្ងាយទេនោះ។
ជំនឿអរូបិយមានវត្តមាននៅលើទឹកដីកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ពោលគឺយូរជាងការចូលមកដល់នៃព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនាទៅទៀត។ ជនជាតិខ្មែរដើម មានជំនឿលើកម្លាំងក្រៅធម្មជាតិ និង កម្លាំងក្រៅខ្លួន ដែលជាទូទៅគោរពបូជាវត្ថុអរូបដូចជា អាទិទេព ទេវតា អារុក្ខអារក្ស និងអ្នកតានានា។
អស់រយៈពេលរាប់រយឆ្នាំកន្លងទៅនេះ ជំនឿអរូបិយនៅក្នុងសង្គមខ្មែរមិនធ្លាប់ឃ្លាតចាកទៅណាទេ។ ពលរដ្ឋខ្មែរ ជាពិសេសអ្នកនៅតាមជនបទ នៅតែមានជំនឿលើរឿងអរូបិយដដែល។ សត្វជ្រូកជើងប្រាំ សត្វគោក្បាលពីរ និងភាពមិនប្រក្រតីខុសធម្មជាតិផ្សេងៗ អាចធ្វើឲ្យមនុស្សម្នាផ្អើលអុជទៀនធូបគោរពបូជាយ៉ាងភ្លូកទឹកភ្លូកដី។ ករណីខ្លះថែមទាំងត្រូវបានយកទៅចុះនៅលើទំព័រសារព័ត៌មានទៀតផង។ សម្រាប់អ្នកដែលមានជំនឿលើរឿងអរូបិយ ករណីចម្លែកទាំងនេះ កើតឡើងដោយសារតែបារមីសក្តិសិទ្ធខ្លាំងពូកែចូលសន្ធិត។ ហើយការអុជទៀនធូបគោរពបូជានានា នឹងនាំមកនូវលាភសំណាងដល់ពួកគេ។ នេះជារឿងមួយ។
ក្រៅពីជំនឿលើភាពមិនប្រក្រតីនៃធម្មជាតិ គេសង្កេតឃើញថា ពលរដ្ឋខ្មែរថែមទាំងមានជំនឿលើអាគមអរូបិយ និងសិល្ប៍សាស្ត្រវិទ្យាការផ្សេងៗទៀតផង។ ជំនឿនេះស្ដែងឲ្យឃើញតាមរយៈការទៅរកគ្រូទាយ៖ ខ្លះដើម្បីជោគសំណាងក្នុងការងារមុខរបរ ខ្លះដើម្បីរំដោះគ្រោះអាក្រក់ ហើយខ្លះទៀតទៅរកគ្រូទាយ ដើម្បីភាពសមបំណងក្នុងរឿងស្នេហាជាដើម។
ជាការកត់សម្គាល់ ជំនឿលើរឿងអរូបិយ បារមីសក្តិសិទ្ធអស់ទាំងនេះ មិនមែនមានតែនៅក្នុងចំណោមពលរដ្ឋនៅតាមជនបទ ដែលមានចំណេះដឹងទាប ខ្វះទីពឹងពំនាក់ទាំងផ្លូវចិត្តនិងផ្លូវកាយនោះទេ ពលរដ្ឋខ្មែរខ្លះដែលជាអ្នកមានទ្រព្យធន ជាពិសេសអ្នកដែលប្រកបមុខរបររកស៊ី អ្នកនយោបាយ និងមន្ដ្រីអ្នកមុខអ្នកការដែលមានតំណែងខ្ពស់មួយចំនួន ក៏ជឿលើរឿងទាំងនេះដែរ។
ជំនឿអរូបិយ មែនទែនទៅ គឺជាសិទ្ធិសេរីភាពផ្នែកសាសនារបស់ពលរដ្ឋ។ ការជឿជាក់ទៅលើអារុក្ខអារក្សអ្នកតា ឬដាក់ចិត្តដាក់ថ្លើមជឿទៅលើគ្រូបារ្យអាចារ្យណាមួយ គឺជាជំនឿដូចគ្នានឹងការបូជាចំពោះព្រះព្រហ្ម ព្រះសិវៈ និងព្រះវិស្ណុនៅក្នុងព្រហ្មញ្ញសាសនា ឬការគោរពបូជាព្រះពុទ្ធសាសនាដូច្នោះដែរ។ ការមិនជឿលើសាសនា ឬ លទ្ធិណាមួយសោះ ក៏ជាសិទ្ធិ និងជាជំនឿមួយប្រភេទដែរ។
បើទោះបីជាវាជាសិទ្ធិសេរីភាពរៀងៗខ្លួនក៏ដោយ ក៏ពលរដ្ឋម្នាក់ៗគួរតែប្រើប្រាស់សិទ្ធិនេះដោយប្រុងប្រយ័ត្នជាទីបំផុត។ ត្រូវប្រយ័ត្នដោយចំពោះជំនឿអរូបិយតែម្ដង ព្រោះខុសពីសាសនាផ្សេងៗ ជំនឿអរូបិយជាទូទៅត្រូវបានផ្ទេរពីជំនាន់មួយទៅជំនាន់មួយទៀតតាមរយៈបុគ្គលប៉ុណ្ណោះ ដោយមិនមានក្បួនខ្នាតច្បាស់លាស់ ដើម្បីវាស់ស្ទង់ពីភាពត្រឹមត្រូវនៃការអនុវត្តឡើយ។ ភាពមិនច្បាស់លាស់ និងជំនឿងប់ងល់របស់ពលរដ្ឋ ផ្ដល់ឱកាសយ៉ាងខ្លាំងដល់ការធ្វើអាជីវកម្មបោកបញ្ឆោតរបស់បុគ្គលមួយចំនួន។
នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយជឿលើវោហាសាស្ត្ររបស់អតីតអ្នកនយោបាយមួយរូប ប្រជាពលរដ្ឋជាច្រើន ទាំងនៅក្រៅស្រុក និងជាពិសេសបងប្អូនខ្មែរដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូង នាំគ្នាវេចបង្វិចត្រឡប់មកស្រុកខ្មែរវិញ ហើយតម្រង់ទៅខេត្តសៀមរាប។ ជាទីកន្លែងតែមួយគត់ដែលអតីតអ្នកនយោបាយ គឺលោក ខឹម វាសនា អះអាងថា នឹងរួចផុតពីអាសន្នទឹកលិចភពផែនដី។ វោហាសាស្ត្ររបស់លោក ខឹម វាសនា ជាសិទ្ធិបញ្ចេញមតិរបស់លោក។ ប៉ុន្តែសិទ្ធិបញ្ចេញមតិនេះ វាកំពុងបង្កជាបញ្ហាដល់សង្គមជាតិខ្មែរ ព្រោះសូមកុំភ្លេចថា ពលរដ្ឋខ្មែរដែលជឿលើការអះអាងរបស់លោក ខឹម វាសនា ហើយនាំគ្នាធ្វើមាតុភូមិនិវត្តន៍ នឹងមិនអាចត្រឡប់ទៅធ្វើការវិញបានទេ។ សំខាន់ជាងនេះ វាបង្កផលប៉ះពាល់ខ្លាំងណាស់ដល់ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលពលរដ្ឋខ្មែរទៅធ្វើការ ហើយស្រាប់តែវិលត្រឡប់មកវិញទាំងមិនទាន់ចប់កុងត្រា។
ក្រៅពីរឿងលោក ខឹម វាសនា គេធ្លាប់ឃើញមានឧទាហរណ៍ជាច្រើនទៀត ជុំវិញករណីបុគ្គលមួយចំនួន ដែលឆ្លៀតឱកាសយកជំនឿអរូបិយរបស់ពលរដ្ឋ មកធ្វើអាជីវកម្មស្វែងរកផលប្រយោជន៍បំពេញកិលេសផ្ទាល់ខ្លួន។ ជាក់ស្ដែងដូចជាករណីអតីតចៅអធិការវត្តស្រះចក នេត ខៃ ដែលបានលួចថតរូបអាសអាភាសរបស់ស្ដ្រីមិនតិចជាង៦០០នាក់ឡើយ នៅពេលពួកគេមកស្រោចទឹកមន្តនៅវត្តស្រះចក។ និងករណី បុរសឈ្មោះធាន វុទ្ធី ដែលតាំងខ្លួនឯងជាព្រះសិអារ្យមេត្រិយ៍ ស្លៀកស ពាក់ស នៅវត្តទួលព្រះរាជា ហើយបង្គាប់ឲ្យព្រះសង្ឃថ្វាយបង្គំខ្លួនជាដើម។
តាមរយៈករណីទាំងនេះ យើងឃើញថា ទង្វើបោកបញ្ឆោតដោយឈរលើជំនឿអរូបិយ នៅតែមានជាប់ជានិច្ចនៅក្នុងសង្គមខ្មែរ។ យ៉ាងណាក៏ដោយ គេពិបាកនឹងលុបបំបាត់ ឬគាស់រំលើងបុគ្គលដែលសាចព្រាចជំនឿអរូបិយគ្មានមូលដ្ឋានច្បាស់លាស់នោះណាស់ ខណៈពលរដ្ឋខ្មែរនៅតែមានជំនឿទៅលើរឿងទាំងនោះ។ ហើយជាលទ្ធផល វាគ្មានអ្វីក្រៅតែពីការខាតបង់ពេលវេលានិងប្រាក់កាសនោះឡើយ។
សរុបមកវិញ បើទោះបីជាជំនឿ គឺជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗក៏ដោយ ក៏ពលរដ្ឋគួរតែត្រិះរិះពិចារណាឲ្យបានវែងឆ្ងាយ មុននឹងដាក់ចិត្តជឿទៅលើអ្វីមួយ ឬបុគ្គលណាម្នាក់។ ការជឿជាក់លើជំនឿមិនសមហេតុផល គ្មានឫសគ្មានគល់ និង គ្មានមូលដ្ឋានរឹងមាំ គ្មាននាំប្រយោជន៍អ្វីដល់ខ្លួនឡើយ ក្រៅតែពីការខាតបង់ពេលវេលានិងប្រាក់កាស ហើយពេលខ្លះ វិនាសខូចខាតដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិថែមទៀត៕
8/29/2022 • 6 minutes, 49 seconds «វៀតណាម» នៅក្នុងទស្សនៈជនជាតិខ្មែរ
ប្រតិកម្មចម្រុះធ្លាក់មកព្រោងព្រាត ក្រោយពីកម្ពុជាសម្រេចបង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាមនៅលើទឹកដីខ្មែរ។ ជាការចាក់សាំងថែមពីលើភ្លើង អ្នកនយោបាយប្រឆាំងមួយចំនួន បានយករឿងនេះ ទៅភ្ជាប់ជាមួយសំណុំរឿងការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនិងកោះត្រល់ទៅឲ្យវៀតណាម ហើយបង្កទៅជាការជជែកស្រួចស្រាល់លើបណ្ដាញសង្គម។ អ៊ឹម រចនា សូមឆ្លៀតឱកាសនេះ សិក្សាពីទំនាក់ទំនងរវាងជនជាតិខ្មែរនិងវៀតណាម។ តើហេតុអ្វីបានជាជនជាតិខ្មែរខ្លះ មិនទុកចិត្តវៀតណាម ហើយចាត់ទុកប្រទេសវៀតណាមនិងជនជាតិវៀតណាម ថាជាចោរលួចទឹកដីខ្មែរ?
ទស្សនៈ «ស្អប់» វៀតណាម គឺជាជំងឺតជំនាន់នៅក្នុងសង្គមខ្មែរ ហើយជំងឺនេះ ទំនងជាមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ។ នៅក្នុងទស្សនៈរបស់ជនជាតិខ្មែរមួយចំនួន វៀតណាម ឬ យួន កំពុងតែលេបត្របាក់ប្រទេសកម្ពុជា តាមរយៈការបញ្ជូនប្រជាពលរដ្ឋវៀតណាមមករស់នៅ រកស៊ីដោយខុសច្បាប់នៅស្រុកខ្មែរ និងការវាតយកទឹកដីខ្មែរនៅតាមខ្សែព្រំដែន។ ទស្សនៈនេះចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតមនុស្សខ្មែរ គ្រប់ស្រទាប់វណ្ណៈទាំងអស់ រាប់ចាប់តាំងពីប្រជាពលរដ្ឋធម្មតា អ្នកនយោបាយ និងបណ្ឌិតផងដែរ។
គំនិតអគតិរបស់ពលរដ្ឋខ្មែរចំពោះជនជាតិវៀតណាមដូច្នេះ មិនមែនជារឿងថ្មីឡើយ។ មិនថ្មីព្រោះខ្មែរនិងវៀតណាម មានប្រវត្តិជូរចត់រួមគ្នាជាច្រើនជំនាន់មកហើយ គឺចាប់តាំងពីពាក់កណ្ដាលសតវត្សរ៍ទី១៥ ដែលដែនដីខ្មែរត្រូវលេបត្របាក់ដោយសៀមនៅខាងលិច និងអាណ្ណាម នៅខាងកើត ដែលបច្ចុប្បន្នជាប្រទេសវៀតណាម។
នៅអំឡុងសតវត្សរ៍ទី១៩ នគរអាណ្ណាម បានកាត់យកទឹកដីកូសាំងស៊ីន ឬកម្ពុជាក្រោមពីខ្មែរ និងបានលើកបន្តុបក្សត្រិយ អង្គម៉ី ឲ្យឡើងគ្រងរាជ្យជាមហាក្សត្រខ្មែរ។ ក្រោមខ្សែញាក់របស់នគរអាណ្ណាម ក្សត្រិយ អង្គម៉ី បានព្យាយាមបំបាត់ប្រពៃណី ទំនៀមទម្លាប់ សាសនា និងរបៀបរបបគ្រប់គ្រងរដ្ឋបាលពីបុរាណរបស់នគរខ្មែរ។ ខេត្តរបស់ខ្មែរ ដែលមាន ៥៦ ត្រូវបានកាត់បន្ថយមកនៅត្រឹម ៣៣ ហើយត្រូវប្តូរឈ្មោះហៅតាមភាសាវៀតណាមវិញ ហើយគ្រប់ចៅហ្វាយខេត្តទាំងអស់នេះ ត្រូវមានជំនាញការវៀតណាមម្នាក់មកត្រួតពីលើ។ ដោយទ្រាំមិនបាននឹងទង្វើនេះ ប្រជារាស្រ្តខ្មែរក៏បាននាំគ្នាងើបឡើងបះបោរ ធ្វើការវាយឆ្មក់ កាប់ស្លាប់ទាហាន និងប្រជាជនអាណ្ណាមដោយឥតរើសមុខ។ ការបះបោរប្រឆាំងអាណ្ណាម ឬ វៀតណាមលើកនោះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលត្រូវបានកត់ត្រាទុកនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។
ចាប់តាំងពីពេលនោះ មក អំពើហិង្សា និងការលាបពណ៌ ប្រឆាំងនឹងជនជាតិវៀតណាមនៅកម្ពុជាកើតមានជាបន្តបន្ទាប់និងខ្លាំងឡើងៗ រាប់ចាប់តាំងពីសម័យសាធារណរដ្ឋខ្មែរ សម័យកម្ពុជាប្រជាធិបតេយ្យ សម័យរដ្ឋកម្ពុជា និងសម័យព្រះរាជាណាចក្រកម្ពុជាទី២សព្វថ្ងៃ។
សម្រាប់ជនជាតិខ្មែរមួយចំនួន ប្រទេសវៀតណាមនិងជនជាតិវៀតណាម នៅតែជាសភាវៈអាក្រក់ ជាចោរលួចទឹកដីខ្មែរ ហើយព្យាយាមដាក់អាណានិគមលើប្រទេសខ្មែរ។ វៀតណាមគឺជាមូលហេតុដែលទឹកដីខ្មែររួមតូចដូចសព្វថ្ងៃ។ ជនជាតិវៀតណាមគឺជាមូលហេតុដែលពលរដ្ឋខ្មែរគ្មានការងារធ្វើ ហើយត្រូវធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស។ ពលរដ្ឋខ្មែរធ្លាក់ខ្លួនឈឺច្រើន ក៏ដោយសារតែទទួលទានបន្លែផ្លែឈើដែលនាំចូលពីប្រទេសវៀតណាម។ ចំណែកជនជាតិខ្មែរដែលមិន «អគតិ» ជាមួយជនជាតិវៀតណាម ជារឿយៗ ត្រូវបានលាបពណ៌ថាជាជនជាតិវៀតណាមដែរ។
ទស្សនៈអគតិចំពោះជនជាតិវៀតណាម គឺជារឿងគួរឲ្យព្រួយបារម្ភមួយ ដែលកម្ពុជាត្រូវដោះស្រាយ មុនពេលវាវិវត្តក្លាយទៅជាការរើសអើងប្រឆាំងពូជសាសន៍។ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភជាងទស្សនៈអគតិចំពោះជនជាតិវៀតណាម គឺការលាបពណ៌ខ្មែរគ្នាឯងថាជាវៀតណាម។ តើមិនមែនដោយសារតែការលាបពណ៌ខ្មែរគ្នាឯងនេះទេឬ ដែលធ្វើឲ្យខ្មែរបែកបាក់គ្នា គុំគួនសងសឹកគ្នា មើលមុខគ្នាមិនត្រង់ និងបាត់បង់មោទនភាពជាតិ អស់ជាច្រើនទសវត្សរ៍? ហើយថាតើវាគួរតែដល់ពេលហើយឬនៅ ដែលខ្មែរគួរតែបញ្ឈប់ការលាបពណ៌គ្នាថាជាជនជាតិវៀតណាម ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម? ទាំងនេះជាសំណួរដែលពលរដ្ឋខ្មែរគ្រប់គ្នាត្រូវផ្ដល់ចម្លើយ។
ជាការពិត ការបញ្ឈប់ការលាបពណ៌គ្នាថាជាវៀតណាម មិនមែនមានន័យថាខ្មែរត្រូវតែឈប់ខ្វាយខ្វល់ពីបញ្ហាព្រំដែនជាមួយវៀតណាម និងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមនៅកម្ពុជាទេ។ ខ្មែរនៅតែអាចដោះស្រាយបញ្ហាទាំងនោះបាន តាមរយៈការរួបរួមគ្នា។ ក្នុងកាលៈទេសៈណាក៏ដោយ សាមគ្គីភាពជាតិនឹងអាចឈានទៅដោះស្រាយបញ្ហា ជាជាងយកខ្មែរគ្នាឯងជាសត្រូវ ដោយចោទដាក់គ្នាថាជា «យួន»៕
8/22/2022 • 4 minutes, 35 seconds ខ្មែរគួរនាំគ្នាចាយប្រាក់ «រៀល» ដើម្បី ផលប្រយោជន៍ដល់ សេដ្ឋកិច្ចជាតិ
គិតត្រឹមឆ្នាំ២០២២នេះ វាមានរយៈពេល៤២ឆ្នាំហើយ ដែលប្រទេសកម្ពុជាបានដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ក្រោយរបបខ្មែរក្រហមបានដួលរលំទៅ។ ៤២ឆ្នាំមកនេះ គេសង្កេតឃើញថា ការចរាចរប្រាក់រៀលនៅមានកម្រិតនៅឡើយ បើធៀបទៅនឹងការចាយប្រាក់ដុល្លារនៅក្នុងប្រទេសរបស់ខ្លួន បើទោះបីជាធនាគារជាតិនៃកម្ពុជា តែងតែជំរុញលើកទឹកចិត្តឲ្យពលរដ្ឋងាកមកប្រើប្រាស់ប្រាក់រៀលយ៉ាងណាក៏ដោយ។ តើហេតុអ្វីទើបគេគួរនាំគ្នាចាយលុយរៀលនៅលើទីផ្សារ?
រូបិយប័ណ្ណជាតិ ជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។ ដូច្នេះហើយបានជាគេសង្កេតឃើញថា នៅតាមបណ្ដាប្រទេសភាគច្រើនលើសកលលោក គឺមានតែរូបិយប័ណ្ណជាតិរបស់ប្រទេសនោះប៉ុណ្ណោះ ដែលអាចធ្វើចរាចរនៅលើទីផ្សារបាន។ ប៉ុន្តែនៅប្រទេសកម្ពុជា ការប្រើប្រាស់រូបិយប័ណ្ណមានលក្ខណៈដាច់ដោយឡែក។ ពោលគឺ កម្ពុជាប្រើប្រាស់ក្រដាសប្រាក់ច្រើនប្រភេទ មិនមែនប្រើប្រាស់តែប្រាក់រៀល ដែលជារូបិយប័ណ្ណជាតិនោះទេ។
នៅភាគខាងកើត ខេត្តខ្មែរដែលជាប់ព្រំដែនប្រទេសវៀតណាម និយមចាយលុយដុង រូបិយវត្ថុរបស់វៀតណាម។ ចំណែកនៅខាងលិច ខេត្តខ្មែរដែលជាប់ព្រំដែនប្រទេសថៃ និយមចាយលុយបាត រូបិយវត្ថុរបស់ថៃ។ ដោយឡែក ខេត្តនិងរាជធានីខ្មែរដែលមិនជាប់ព្រំដែនប្រទេសដទៃ និយមចាយលុយដុល្លាររបស់អាមេរិក។ លុយដុល្លារត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយបំផុត នៅកម្ពុជា។ បើនិយាយឲ្យស្រួលស្ដាប់ ប្រជាពលរដ្ឋខ្មែរបាត់បង់ទំនុកចិត្តលើប្រាក់រៀល លែងសូវប្រើប្រាក់ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិ ហើយងាកមកប្រើប្រាស់ប្រាក់ដុល្លារទៅវិញ។
បច្ចុប្បន្ន លុយរៀលត្រូវបានប្រើប្រាស់នៅក្នុងក្របខណ្ឌមានដែនកំណត់មួយចំនួន ដូចជាការបង់ពន្ធគ្រប់ប្រភេទជូនរដ្ឋ ការបើកប្រាក់បៀរវត្សមន្ដ្រីរាជការ ការទូទាត់ប្រាក់សេវាកម្មរបស់រដ្ឋ និងការទិញដូរក្នុងទំហំទឹកប្រាក់តូច នៅតាមទីផ្សារមួយចំនួន។ ប៉ុន្តែសម្រាប់ការកំណត់តម្លៃ ការទូទាត់ និងសន្សំ ភាគច្រើនលើសលុប គឺប្រើប្រាស់ជាលុយដុល្លារអាមេរិក។ ជាការពិតហើយថា គេអាចទូទាត់ជាប្រាក់រៀលបានដែរ បើទោះបីជាមានការកំណត់តម្លៃជាប្រាក់ដុល្លារអាមេរិកក៏ដោយ។ ប៉ុន្តែសេវាទូទាត់ជាប្រាក់រៀល អាចនឹងតម្រូវឲ្យគិតថ្លៃខ្ពស់ជាងបន្តិច។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានប្រកាសអំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងវិស័យធនាគារថា សេដ្ឋកិច្ចស្រុកខ្មែរ ឆ្នាំ២០២១ មានកំណើនវិជ្ជមានឡើងវិញ បន្ទាប់ពីធ្លាក់ចុះកាលពីឆ្នាំ២០២០។ យ៉ាងណាក៏ដោយ បើតាមធនាគារជាតិនៃកម្ពុជា កម្រិតខ្ពស់នៃដុល្លារូបនីយកម្ម បានដាក់សម្ពាធលើការអនុវត្តនយោបាយរូបិយវត្ថុខ្មែរ។ ការណ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញថា និន្នាការនៃការប្រើលុយដុល្លារនៅកម្ពុជា មិនមានការថយចុះទាល់តែសោះ បើទោះបីជាកម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហើយមានអត្រាអតិផរណាមិនខ្ពស់ហួសហេតុក៏ដោយ។
ជាការពិតហើយថា ការអនុញ្ញាតឲ្យចាយលុយដុល្លារយ៉ាងទូលំទូលាយបែបនេះអាចបញ្ចៀសមិនឲ្យកម្ពុជាត្រូវប្រឈមនឹងចលនាហូរចេញមូលធនទៅក្រៅប្រទេស និងជួយសម្រួលកម្ពុជាក្នុងការធ្វើសមាហរណកម្មក្នុងពាណិជ្ជកម្មអន្ដរជាតិ។ ប៉ុន្តែក្រៅពីគុណប្រយោជន៍ទាំងនេះ ការចាយលុយដុល្លារ ក៏អាចបង្កនូវផលវិបាកអវិជ្ជមានច្រើនផងដែរដល់សេដ្ឋកិច្ចខ្មែរ។
ដំបូងបង្អស់ ការប្រើប្រាស់ប្រាក់ដុល្លារ ឬដុល្លារូបនីយកម្ម នាំមកនូវការខាតបង់ចំណូល ដែលទទួលបានពីការបោះពុម្ពរូបិយវត្ថុជាតិ។ មានន័យថា កម្ពុជាត្រូវបាត់បង់សិទ្ធិលើការបោះពុម្ពក្រដាសប្រាក់។ ហើយការបាត់បង់សិទ្ធិលើការបោះពុម្ពក្រដាសប្រាក់នេះ មានន័យថា រដ្ឋបាត់បង់ចំណូល ដែលបានមកពីការបោះពុម្ពរូបិយវត្ថុ។ លើសពីនេះ ការប្រើប្រាស់ប្រាក់ដុល្លារ បានធ្វើឲ្យមានការរាំងស្ទះដល់ការអនុវត្តគោលនយោបាយរូបិយវត្ថុ និងអាចបង្កជាហានិភ័យខ្ពស់ ចំពោះស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។ ដោយឡែក ទាក់ទងនឹងបញ្ហាសង្គមវិញ ដុល្លាររូបនីយកម្ម បានរួមចំណែកបង្កើតឲ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រ។ ដូចបានលើកឡើងខាងដើមហើយថា ការទិញដូរនៅកម្ពុជា ភាគច្រើនត្រូវបានកំណត់ជាប្រាក់ដុល្លារ។ ហើយមានតែបុគ្គលដែលមានធនធានហិរញ្ញវត្ថុជាដុល្លារ ឬជនបរទេសប៉ុណ្ណោះ ដែលអាចទិញទំនិញទាំងនោះបាន។ ចំណែកពលរដ្ឋដែលមានប្រាក់ខែជាប្រាក់រៀល ត្រូវប្រឈមមុខនឹងការខាតបង់យ៉ាងច្រើន នៅពេលពួកគេដូរប្រាក់ជាដុល្លារ។
ក្នុងបរិបទនេះ ការបង្កើនការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយប័ណ្ណជាតិ គឺជារឿងចាំបាច់ ដែលគួរពិចារណា ព្រោះថា វាជាការគ្រប់គ្រងនយោបាយរូបិយវត្ថុយ៉ាងពេញលេញដោយខ្លួនឯង។ ការចាយប្រាក់រៀល មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែវាក៏ជាមោទកភាពរបស់ជាតិខ្មែរទាំងមូលផងដែរ ព្រោះរូបិយប័ណ្ណជាតិ ជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។ ដូច្នេះ ដើម្បីឲ្យលុយរៀលត្រូវបានគេប្រើប្រាស់ច្រើន និងជាមោទកភាពរបស់ជាតិខ្មែរបាន រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែដាក់ចេញនូវនយោបាយ ដើម្បីស្តារទំនុកចិត្តលើលុយរៀលឡើងវិញ។
នៅពេលដែលប្រទេសកម្ពុជាពង្រឹងទំនុកចិត្តលើប្រាក់រៀលក្នុងចំណោមប្រជាពលរដ្ឋបាន នៅពេលនោះ ឥទ្ធិពលរបស់ប្រាក់ដុល្លារនឹងថយចុះជាបណ្ដើរៗ និងជាស្វ័យប្រវត្តិ។ ការលើកដម្កើងការប្រើប្រាស់ប្រាក់រៀលនៅតាមធនាគារក្នុងស្រុក ក៏ដូចជាការកំណត់ការទូទាត់ជាប្រាក់រៀល ក៏ជាមធ្យោបាយក្នុងការធ្វើបដិដុល្លាររូបនីយកម្មប្រកបដោយប្រសិទ្ធភាពដែរ។ ការប្រើប្រាស់ប្រាក់រៀល ប្រសិនបើអាចធ្វើបានយ៉ាងទូលំទូលាយ នោះវានឹងជួយពង្រឹងប្រសិទ្ធភាព អធិបតេយ្យភាព និងឯករាជភាពនៃនយោបាយរូបិយវត្ថុ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងផ្ដល់ការគាំទ្រដល់ការស្តារ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចខ្មែរនៅថ្ងៃខាងមុខទៀតផង៕
8/15/2022 • 5 minutes, 39 seconds សារជូនពរខួបកំណើត៖ លោក សម រង្ស៊ី ចង់ព្រលយឲ្យលោក ហ៊ុន សែន ចូលនិវត្តន៍ក្នុងវ័យ៧០ឆ្នាំ
ជារឿងដ៏ចម្លែក នៅពេលដែលលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ និងដែលតែងតែរិះគន់ បរិហារ និងថ្កោលទោសរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ស្រាប់តែផ្ញើសារជូនពរលោក ហ៊ុន សែន។ ជាសារជូនពរលោក ហ៊ុន សែន នាឱកាសដែលប្រមុខរដ្ឋាភិបាលកម្ពុជា ចម្រើនវ័យបាន៧០ឆ្នាំ កាលពីថ្ងៃទី០៥ខែសីហាសប្ដាហ៍មុន។ សាររបស់លោក សម រង្ស៊ី បើពិនិត្យមើលឲ្យច្បាស់ទៅ ពុំមានភាពស្មោះត្រង់ទេ តែវាបង្កប់ទៅដោយន័យនយោបាយ ដៀមដាមដល់អ្នកនយោបាយខ្មែរវ័យចំណាស់។ អ្នកនយោបាយខ្មែរវ័យចំណាស់ ដែលលោក សម រង្ស៊ី ប្រាប់ឲ្យឈប់ក្រាញអំណាច ហើយនាំគ្នាចូលនិវត្តន៍ចាប់ពីអាយុ៧០ឡើងទៅ។
មែនទែនទៅ វាមិនមែនជាលើកទីមួយទេ ដែលលោក សម រង្ស៊ី អ្នកនយោបាយប្រឆាំងចាស់វស្សា ស្នើឲ្យមានការរៀបចំច្បាប់ ដើម្បីឲ្យអ្នកនយោបាយខ្មែរ ចូលនិវត្តន៍ចាប់ពីអាយុ៧០ឆ្នាំឡើងទៅ។ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ លោក សម រង្ស៊ី បានបង្ហោះលិខិតមួយច្បាប់ លើបណ្ដាញសង្គមផ្លូវការរបស់លោក ស្នើឲ្យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បង្កើតច្បាប់ឲ្យនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងអ្នកកាន់តំណែងក្នុងមុខងារសាធារណៈទាំងអស់ ចូលនិវត្តន៍ចាប់ពីអាយុ៧០ឆ្នាំឡើងទៅ។
នៅក្នុងលិខិតនោះ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ពន្យល់ថា ច្បាប់ដែលលោកស្នើនេះ ចាំបាច់ណាស់ ដើម្បីលើកតម្កើងតួនាទី និងលើកទឹកចិត្តយុវជនជំនាន់ក្រោយ ឲ្យមានឱកាសបង្ហាញសមត្ថភាព និងស្នាដៃរបស់ខ្លួន ក្នុងការបម្រើប្រទេសជាតិគ្រប់ជាន់ថ្នាក់។
ងាកមកលិខិតចុងក្រោយរបស់លោក សម រង្ស៊ី កាលពីថ្ងៃសុក្រ ទី០៥ ខែសីហា ថ្មីៗនេះវិញ។ ដ្បិតតែមានអត្ថន័យដូចគ្នាទៅនឹងលិខិតកាលពីឆ្នាំ២០២១ ប៉ុន្តែការណ៍ដែលលោក សម រង្ស៊ី ភ្ជាប់រឿងនេះ ទៅនឹងឱកាសខួបកំណើតវ័យ៧០ឆ្នាំរបស់លោក ហ៊ុន សែន វាមានន័យឌឺដងចំពោះលោក ហ៊ុន សែន និងជាការចាក់សាំងលើរងើកភ្លើងដែលសឹងតែស្ងប់ទៅហើយ។
គិតត្រឹមឆ្នាំ២០២២នេះ លោក ហ៊ុន សែន មានវ័យ៧០ឆ្នាំ។ លោកជាមេដឹកនាំដែលកាន់តំណែងយូរបំផុតម្នាក់ នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយបានកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាតាំងពីឆ្នាំ១៩៨៥មក។ បើទោះបីជាកាន់តំណែងជាមេដឹកនាំកម្ពុជា ជិត៤ទសវត្សហើយក៏ដោយ ក៏លោក ហ៊ុន សែន នៅតែប្រកាន់ជំហរបន្តដឹកនាំកម្ពុជាតទៅទៀត ប្រសិនបើសុខភាពរបស់លោកនៅតែអំណោយផល។
ចំពោះសំណើរបស់លោកសម រង្ស៊ី មែនទែនទៅ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បានឆ្លើយតបរួចទៅហើយ។ កាលពីឆ្នាំ២០២១ លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងស្នើច្បាប់ដើម្បីកំណត់អាយុរបស់នាយករដ្ឋមន្ដ្រី ត្រឹម៧០ឆ្នាំ ទៅតាមការចង់បានរបស់គូប្រជែងនយោបាយរបស់លោក ដែលកំពុងរស់នៅឯក្រៅប្រទេស។ គូប្រជែងនយោបាយរបស់លោក ហ៊ុន សែន ដែលលោកមិនហៅឈ្មោះឲ្យចំនោះ គឺគ្មាននរណាក្រៅតែពី លោក សម រង្ស៊ី ឡើយ។
ពីខាងលោក សម រង្ស៊ី ឯណោះវិញ។ លិខិតចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានលើកឡើងពីការពិតមួយប្រកែកមិនបាន។ នោះគឺ នៅកម្ពុជា មានមន្ដ្រីក្នុងមុខងារសាធារណៈច្រើនណាស់ ដែលនៅកាន់តំណែងនៅឡើយ បើទោះបីជាមានវ័យដល់៧០ឆ្នាំ ឬលើសពីនេះហើយក៏ដោយ។ ការណ៍នេះ បើតាមលោក សម រង្ស៊ី វាធ្វើឲ្យជាប់គាំងដល់ការវិវត្តន៍នៃមុខងាររបស់យុវជន។ យុវជនជំនាន់ក្រោយ ដែលមិនអាចឡើងបុណ្យសក្តិបាន ពីព្រោះចាស់ៗនៅខាងលើ ក្រាញអំណាច មិនព្រមដកខ្លួនចេញពីតំណែង បើទោះបីជាពួកគាត់ថយចុះកម្លាំងកាយ និងកម្លាំងប្រាជ្ញាក៏ដោយចុះ។
ជាការពិត ការលើកឡើងរបស់លោក សម រង្ស៊ី ដូច្នេះ មិនខុសទេ។ ប៉ុន្តែវាក៏មិនត្រូវទាំងស្រុងដែរ។ គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាអ្នកដឹកនាំ បានត្រៀមជើងព្រួលរួចរាល់យូរក្រែលដែរហើយ ក្នុងការបណ្ដុះបណ្ដាលអ្នកបន្តវេនរបស់ខ្លួន។ ជាក់ស្ដែង គណបក្សប្រជាជន បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ ជ្រើសរើសលោក ហ៊ុន ម៉ាណែត វ័យ៤៤ឆ្នាំ ដែលជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន ឲ្យក្លាយជាបេក្ខភាពនាយករដ្ឋមន្ដ្រីនាពេលអនាគត។ បើតាមការគូសបញ្ជាក់ពីគណប្រជាជន ការបណ្ដុះបណ្ដាលអ្នកបន្តវេនរបស់គណបក្សនេះ មិនមែនធ្វើឡើងត្រឹមជំនាន់ទី២ទេ ប៉ុន្តែកំពុងបណ្ដុះដល់ជំនាន់ទី៣ថែមទៀត។
ទាំងនេះ គឺជាការត្រៀមខ្លួនរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ ចុះគណបក្សដទៃទៀត បានគូសវាសផែនការយុទ្ធសាស្ត្រអ្វីខ្លះហើយ សម្រាប់ពេលអនាគត?
ប្រសិនបើកម្ពុជា នាពេលអនាគត នឹងរៀបចំច្បាប់កំណត់អាយុចូលវិវត្តន៍របស់អ្នកនយោបាយ ចាប់ពី៧០ឡើងទៅ តើគណបក្សនយោបាយដទៃទៀត រួមទាំងគណបក្សដែលមាននិន្នាការប្រឆាំងនឹងគណបក្សកាន់អំណាចផងនោះ មានអ្នកបន្តវេនប្រកបដោយសក្ដានុពលហើយឬនៅ? មួយវិញទៀត លោក សម រង្ស៊ី ត្រូវដឹងថា នៅពេលដែលកម្ពុជារៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍តាមសំណើរបស់លោក នោះវាមិនត្រឹមតែបិទបញ្ចប់ជីវិតនយោបាយរបស់លោក ហ៊ុន សែន ដែលជាគូប្រជែងរបស់លោក សម រង្ស៊ីទេ។ ប៉ុន្តែជីវិតនយោបាយរបស់លោក សម រង្ស៊ី ខ្លួនឯងក៏ត្រូវចប់ដូចគ្នាដែរ ខណៈដែលលោក សម រង្ស៊ី មានវ័យ៧៣ឆ្នាំទៅហើយ៕
8/8/2022 • 5 minutes, 5 seconds ហេតុអ្វីបានជាកម្ពុជានៅតែបន្តរងទណ្ឌកម្មពីអាមេរិកដោ យសារបញ្ហា «ប្រជាធិបតេយ្យ»?
កាលពីសប្ដាហ៍មុន គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសម្រាប់កម្ពុជា។ ច្បាប់នេះ មានខ្លឹមសារដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយចំនួន ព្រមទាំងអ្នកដែលអាមេរិកចាត់ទុកថា បានរួមចំណែករំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេ ដែលអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា ដោយសារបញ្ហាសិទ្ធិមនុស្ស និង «ប្រជាធិបតេយ្យ»។ តើអាមេរិក ចង់ឲ្យកម្ពុជាប្រកាន់ប្រជាធិបតេយ្យបែបណា ទើបពេញចិត្ត? តើកម្ពុជាគ្មានសិទ្ធិប្រកាន់លទ្ធិប្រជាធិបតេយ្យដែលស្របតាមបរិបទសង្គមខ្លួនឯងទេឬ?
តាមនិយមន័យ របបប្រជាធិបតេយ្យ គឺជាការដឹកនាំប្រទេសដោយគោរពសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋជាធំ។ នៅលើសកលលោកយើងនេះ មានប្រទេសច្រើនណាស់ដែលប្រកាន់យករបបប្រជាធិបតេយ្យ ប៉ុន្តែគឺមានតែក្រុមប្រទេសលោកខាងលិចទេ ដែលត្រូវបានគេចាត់ទុកថា ជាប្រទេសប្រជាធិបតេយ្យពេញលេញ។ ចំណែករបបប្រជាធិបតេយ្យនៅប្រទេសតូចៗ ដូចយ៉ាងនៅកម្ពុជាជាដើម ត្រូវគេពិនិត្យឃើញថា កំពុងដំណើរការក្រោមបរិបទដាច់ដោយឡែកមួយរបស់ខ្លួនឯង ដែលជារឿយៗ តែងតែទទួលបានការរិះគន់ពីសំណាក់ប្រទេសលោកខាងលិចថា «មិនប្រជាធិបតេយ្យ»។
មានមូលហេតុច្រើនយ៉ាង ដែលបណ្តាលឲ្យខ្លឹមសារប្រជាធិបតេយ្យនៅកម្ពុជា ត្រូវទទួលរងការរិះគន់ពីសំណាក់ប្រទេសលោកខាងលិច។ ដំបូងបង្អស់ គឺដោយសារតែកម្ពុជាមានប្រវត្តិនយោបាយ និងផ្នត់គំនិតសង្គមដោយឡែករបស់ខ្លួនខុសពីគេយ៉ាងខ្លាំង។ បើទោះបីជាប្រជាធិបតេយ្យជាវប្បធម៌នយោបាយដែលចាប់កំណើតជាយូរណាស់មកហើយក្ដី ប៉ុន្តែទម្លាប់នយោបាយនេះ មានប្រើប្រាស់ច្រើនតែនៅតាមប្រទេសលោកខាងលិចប៉ុណ្ណោះ។ ការទទួលយករបបប្រជាធិបតេយ្យមកប្រើប្រាស់ គឺជារឿងថ្មីណាស់សម្រាប់កម្ពុជា ដែលធ្លាប់ភ្លក់អស់ហើយ និងរងគ្រោះរាប់មិនអស់ហើយដែរ ដោយសាររបបដឹកនាំបែបផ្សេងទៀត។
ផ្នត់គំនិតចាស់ៗរបស់អ្នកនយោបាយ ក៏ជាមូលហេតុសំខាន់មួយដែរ។ អ្នកនយោបាយខ្មែរមួយចំនួន ដែលតែងតែចាត់ទុកខ្លួនឯងថា ជាអ្នកដែលមានសិទ្ធិផ្តាច់មុខក្នុងការសម្រេចកិច្ចការទាំងឡាយរបស់ប្រទេសជាតិនោះ បានដិតដាមយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ។ បើទោះជាដោយចេតនា ឬ អចេតនាក្តី ពួកគេហាក់ពិបាកនឹងបន្សាំខ្លួនទៅនឹងវប្បធម៌នយោបាយប្រជាធិបតេយ្យ ដែលផ្តល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋជាធំ។
ចំណែកប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់តែផ្ញើវាសនាទាំងស្រុងទៅលើអ្នកនយោបាយនោះក៏នៅមិនទាន់ស៊ាំនឹងវប្បធម៌ប្រជាធិបតេយ្យនៅឡើយដែរ ជាពិសេសទាក់ទងនឹងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនតែម្ដង។
យ៉ាងណាក៏ដោយ គេត្រូវទទួលស្គាល់ថា កម្ពុជាត្រូវការពេលដើម្បីធ្វើឲ្យប្រជាធិបតេយ្យរបស់ខ្លួនមានភាពចាស់ទុំ។ ហើយគេក៏ត្រូវតែទទួលស្គាល់ការពិតមួយទៀតដែលថា ប្រទេសមួយមិនអាចចម្លងគំរូប្រជាធិបតេយ្យទាំងស្រុងពីប្រទេសមួយទៀតមកអនុវត្តបានឡើយ។ សូម្បីតែលោកខាងលិច ដែលអ្នកខ្លះហៅថាជា «បិតាប្រជាធិបតេយ្យ» នោះ ក៏អនុវត្តប្រជាធិបតេយ្យតាមរបៀបខុសៗគ្នាដែរ ពីព្រោះប្រទេសនីមួយៗ មានវប្បធម៌ ប្រពៃណី និងទម្លាប់រស់នៅរបស់មនុស្សខុសៗគ្នា។
ប៉ុន្តែ ការផ្តេកផ្តួលទៅលើតែពេលវេលាខ្លាំងពេកអាចនឹងក្លាយជាលេសក្នុងការលួងចិត្ត ដើម្បីបិទបាំងភាពយឺតយ៉ាវនៃការអភិវឌ្ឍប្រទេសក៏ថាបាន។ ដូច្នេះ ដល់ពេលហើយដែលកម្ពុជាគួរទម្លុះទម្លាយរនាំងទាំងនេះចោល។ ទោះបីជាមិនអាចចម្លងពុម្ពគំរូប្រជាធិបតេយ្យពីប្រទេសណាមួយទាំងស្រុងបានក៏ដោយ ក៏កម្ពុជាអាចទាញយកចំណុចល្អៗមួយចំនួនពីប្រទេសប្រជាធិបតេយ្យដទៃទៀត មកស្លឲ្យចេញជាប្រជាធិបតេយ្យរបស់ខ្លួន ដោយរៀនសូត្រនិងទាញយកចំណុចល្អមួយចំនួនពីប្រទេសមួយទៀតមកអនុវត្តបាន។
របបប្រជាធិបតេយ្យ មានសម្រស់នៅពេលដែលវាត្រូវបានអនុវត្តស្របតាមទ្រឹស្តី និងអនុលោមទៅតាមវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងទម្លាប់នៃការរស់នៅនៃប្រទេស។ ការងារទាំងពីរនេះ ត្រូវដើរទន្ទឹមគ្នាជាចាំបាច់ ដោយមិនអាចខ្វះមួយណាបានឡើយ។ អ្នកដែលប្រាថ្នាចង់ចម្លងទាំងស្រុងនូវគំរូប្រជាធិបតេយ្យរបស់ប្រទេសលោកខាងលិច មកអនុវត្តនៅកម្ពុជានោះ គឺពិតជាមិនអាចទៅរួចឡើយ។ ចំណែក អ្នកដែលប្រកាន់គំនិតអភិរក្សនិយមជ្រុលដោយបដិសេធមិនទទួលយកគំរូពីប្រទេសណាទាំងអស់នោះក៏មិនត្រឹមត្រូវដែរ៕
8/1/2022 • 3 minutes, 56 seconds ហេតុអ្វីបានជាសង្គមស៊ីវិលនិងពលរដ្ឋមួយចំនួនមិនទុកចិ ត្តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ?
រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ត្រូវកម្ពុជាធ្វើវិសោធនកម្មលើកទី១០ នៅខែកក្កដា ឆ្នាំ២០២២នេះ។ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានការពារការធ្វើវិសោធនកម្មលើកនេះ ថាជាការបំពេញបន្ថែមនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីការពារឧត្តមប្រយោជន៍ជាតិ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសសង្គមស៊ីវិល និងគណបក្សដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល បានសម្ដែងការមិនពេញចិត្ត និងមិនទុកចិត្តចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះឡើយ។ តើហេតុអ្វីបានជាដូច្នេះ?
វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ធ្វើឡើងដោយកែប្រែមាត្រាចំនួន៦ និងចែងបន្ថែមថ្មីចំនួន២មាត្រា។ មាត្រាទាំងនោះ រួមមាន៖ មាត្រា១៩ថ្មី មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ មាត្រា១១៩ថ្មី និងមាត្រា១២៥ រួមនឹងមាត្រា៣ និងមាត្រា៤នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលមាត្រាទាំងនេះ ពាក់ព័ន្ធនឹងការតែងតាំងនាយករដ្ឋមន្ត្រី និងដំណើរការក្នុងរដ្ឋសភា។
លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានការពារការធ្វើវិសោធនកម្មលើកនេះ ថាជាការបំពេញបន្ថែមនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីការពារឧត្តមប្រយោជន៍ជាតិ។ និងថា ការណ៍ដែលកម្ពុជាកែរដ្ឋធម្មនុញ្ញ គឺក្នុងគោលបំណងធ្វើយ៉ាងណាឲ្យច្បាប់កំពូលរបស់ប្រទេសនេះ មានភាពពេញលេញល្អជាងមុន មិនខុសពីប្រទេសផ្សេងៗនោះទេ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសសង្គមស៊ីវិល និងគណបក្សដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល បានសម្ដែងការមិនពេញចិត្ត និងមិនទុកចិត្តចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីសំណាក់រដ្ឋាភិបាលកម្ពុជានាពេលនេះ។ ហេតុអ្វី?
ដើម្បីឆ្លើយនឹងសំណួរនេះ គេគួរបង្វិលពេលវេលាទៅក្រោយ ទៅមើលវិសោធនកម្មមុនៗនៃរដ្ឋធម្មនុញ្ញកម្ពុជា។ នៅក្នុងឆ្នាំ១៩៩៩ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានធ្វើឡើងដើម្បីបង្កើតស្ថាប័នព្រឹទ្ធសភា។ ការបង្កើតស្ថាប័ន ព្រឹទ្ធសភាកាលណោះ បានជួយស្រោចស្រង់វិបត្តិនយោបាយនៅកម្ពុជា ដែលជាប់គាំងដោយសារតែគណបក្ស រាជានិយមហ្វ៊ុនស៊ីនប៉ិច និងគណបក្សប្រជាជនកម្ពុជា មិនអាចចែកអំណាចគ្នាបាន ក្រោយការបោះឆ្នោតជាតិ ឆ្នាំ១៩៩៨។
លុះមកដល់ឆ្នាំ២០០៣ ការជាប់គាំងនយោបាយបានកើតឡើងម្ដងទៀត ហើយវិបត្តិលើកនេះស៊ីពេលដល់ទៅជិត មួយឆ្នាំ។ ដើម្បីទម្លុះទម្លាយការជាប់គាំងនយោបាយ វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើឡើងម្ដងទៀតនៅឆ្នាំ២០០៦ ផ្លាស់ប្ដូរពីការអនុម័តដើម្បីបង្កើតរដ្ឋាភិបាលថ្មីដោយសំឡេង២ភាគ៣ មកជាសំឡេងភាគច្រើនដាច់ខាត ឬ៥០%បូក១។
ចំណែកវិបត្តិនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ ក៏បានជំរុញឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែរ។ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកនោះ ធ្វើឡើងក្នុងឆ្នាំ២០១៤ ដើម្បីផ្តល់ធម្មនុញ្ញភាពដល់សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការឆ្នោត ស្របតាមគណបក្សនយោបាយដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុត ចំនួន២ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ នោះគឺគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ដែលកាលណោះនៅជាគណបក្សប្រឆាំង និងដែលមិនទាន់ត្រូវតុលាការរំលាយចោលនៅឡើយ។
ដោយឡែក វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី៩ ធ្វើឡើងកាលពីចុងឆ្នាំ២០២១ ដើម្បីរឹតបន្តឹងបន្ថែមលើតំណែងអ្នកដឹកនាំកំពូលៗចំនួន៤ គឺនៅរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ។ វិសោធនកម្មថ្មីនេះ កំណត់ថា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។
សម្រាប់ប្រជាពលរដ្ឋអ្នកតាមដាននយោបាយ អ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួន ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅកម្ពុជា ដូចដែលបានលើកឡើងអម្បាញ់មិញនេះ ដ្បិតតែមានភាពត្រឹមត្រូវតាមផ្លូវច្បាប់ ប៉ុន្តែសុទ្ធតែធ្វើឡើងក្រោមហេតុផលនយោបាយ។ ជាភាពចាំបាច់ផ្នែកនយោបាយ ជាប្រតិកម្មចំពោះនយោបាយ ឬការសម្របសម្រួលនយោបាយ។ បើពុំដូច្នោះទេ គឺធ្វើឡើងក្រោមឥទ្ធិពលនយោបាយ ឬកំហឹងនយោបាយ និងពុំបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយនោះឡើយ។
គឺដោយសារតែហេតុនេះហើយ ទើបបានជាវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នាពេលនេះ នៅបន្តស្ថិតក្នុងស្រមោល នៃក្ដីសង្ស័យពីសំណាក់ប្រជាពលរដ្ឋ អ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួន។ សម្រាប់ពួកគេ ដូចលើកមុនៗដែរ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នាពេលនេះ ធ្វើឡើងដើម្បីបម្រើផលប្រយោជន៍នៃមនុស្សមួយក្រុមតែប៉ុណ្ណោះ។ លើសពីនេះ វាថែមទាំងធ្វើឲ្យរដ្ឋសភា ដែលជាស្ថាប័ននីតិបញ្ញត្តិរបស់រដ្ឋ មានអំណាចខ្សោយជាងមុនថែមទៀត។
រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស និងត្រូវតែមានភាពបត់បែន ស្របតាមសេចក្ដីត្រូវការនិងការវិវត្តរបស់សង្គមជាតិ។ គឺដោយហេតុនេះហើយ ទើបរដ្ឋធម្មនុញ្ញ បើកផ្លូវឲ្យមានការធ្វើវិសោធនកម្ម។ ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវហាមឃាត់មិនឱ្យធ្វើនៅពេលប្រទេសជាតិឋិតក្នុងភាពអាសន្នទេ។ ហើយការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើបានឡើយកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។ នេះគឺជាគោលការណ៍គ្រឹះដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
បើមើលពីទិដ្ឋភាពច្បាប់ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាទាំង១០លើកនៅកម្ពុជា គឺធ្វើឡើងយ៉ាងត្រឹមត្រូវ ដោយគ្មាននរណាអាចប្រកែកបានឡើយ។ ប៉ុន្តែបើមើលពីទិដ្ឋភាពនយោបាយវិញ ជារឿយៗ ការធ្វើវិសោធនកម្ម ត្រូវបានចោទប្រកាន់ថា ជាការឆ្លើយតបទៅនឹងភាពចាំបាច់ខាងផ្នែកនយោបាយ ជាជាងភាពចាំបាច់ផ្លូវច្បាប់ ដែលនេះ វាបានបង្កើតឲ្យមានវិបត្តិធម្មនុញ្ញនៅកម្ពុជា។
វិបត្តិធម្មនុញ្ញនៅកម្ពុជា អាចបិទបញ្ចប់បាន នៅពេលកម្ពុជា មានក្រុមប្រឹក្សាធម្មនុញ្ញឯករាជ្យពិតប្រាក។ គឺមានតែក្រុមប្រឹក្សាធម្មនុញ្ញតែមួយគត់ដែលជាអ្នកបកស្រាយផ្លូវការនិងបិទផ្លូវតវ៉ា។ មានន័យថា បើក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយបែបណា ទាំងអស់គ្នាត្រូវតែទទួលយកនិងអនុវត្តទៅតាមនោះ។ ការបកស្រាយផ្ទុយពីនេះគ្មានតម្លៃខាងផ្លូវច្បាប់ឡើយ។
ប៉ុន្តែ បញ្ហានៅត្រង់ថា ដោយសារតែក្រុមប្រឹក្សាធម្មនុញ្ញត្រូវគេមើលឃើញថា លម្អៀងទៅរកបក្សកាន់អំណាច ហេតុដូច្នេះហើយបានជាការបកស្រាយរបស់ស្ថាប័ននេះ មិនត្រូវបាននយោបាយប្រឆាំងឬក្រុមសង្គមស៊ីវិលមួយចំនួនទទួលយកឡើយ ពីព្រោះពួកគេចាត់ទុកការបកស្រាយនោះថា មានចរិតការពារបក្សកាន់អំណាច។ ដូច្នេះ មិនខុសពីប្រព័ន្ធតុលាការទេ ការធ្វើឲ្យក្រុមប្រឹក្សាធម្មនុញ្ញឯករាជ្យពិតប្រាកដ គឺជាគន្លឹះតែមួយគត់ឈានទៅបំបាត់វិបត្តិធម្មនុញ្ញនៅកម្ពុជា។
តើពេលណាទើបកម្ពុជាមានស្ថាប័នជាតិកំពូលៗបែងចែកដាច់ពីគ្នាដោយមិនចំណុះឲ្យបក្សនយោបាយ? ផ្លូវទៅកាន់គោលដៅនេះជិតឬឆ្ងាយអាស្រ័យលើឆន្ទៈរបស់អ្នកនយោបាយ ដែលត្រូវថ្លឹងថ្លែងរវាងប្រយោជន៍នយោបាយនិងប្រយោជន៍ជាតិ៕
ឃាតកម្មលោកបណ្ឌិត កែម ឡី៖ សម្រែកដង្ហោយរកយុត្តិធម៌នៅតែឮស ូររងំ
ថ្ងៃទី១០ខែកក្កដាម្សិលមិញនេះ គឺជាខួបគម្រប់៦ឆ្នាំគត់ នៃអំពើឃាតកម្មបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយនិងសង្គមដ៏ល្បីល្បាញ។ នៅក្នុងសំណុំរឿងនេះ តុលាការកម្ពុជាចាប់តាំងពីថ្នាក់ដំបូងដល់ថ្នាក់កំពូល មានសេចក្ដីសម្រេចដូចគ្នា គឺផ្ដន្ទាទោសខ្មាន់កាំភ្លើងឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ សម្រាប់អ្នកគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី ការផ្ដន្ទាទោសឃាតករឈ្មោះ ជួប សម្លាប់ គឺជាយុត្តិធម៌សម្រាប់តែខ្មាន់កាំភ្លើងប៉ុណ្ណោះ មិនមែនសម្រាប់លោក កែម ឡី ឡើយ ហើយពួកគេនៅតែបន្តដង្ហោយរកយុត្តធម៌សម្រាប់លោកបណ្ឌិត កែម ឡី ជារៀងរាល់ឆ្នាំ។
គិតរហូតមកទល់ខែកក្កដាឆ្នាំ២០២២នេះ លោកបណ្ឌិត កែម ឡី អ្នកវិភាគដ៏ល្បីឈ្មោះ បានលាចាកពីលើលោកនេះអស់រយៈពេល៦ឆ្នាំមកហើយ។ ៦ឆ្នាំកន្លងមកនេះ សម្រែកទាមទាររកយុត្តិធម៌នៅតែបន្លឺឡើងជាប់ជាប្រចាំ បើទោះបីជាតុលាការ បានសម្រេចផ្ដន្ទាទោសខ្មាន់កាំភ្លើងដែលបាញ់ប្រហារលោកបណ្ឌិត កែម ឡី រួចហើយក៏ដោយ។
ជួប សម្លាប់ ឬ អឿត អាង ត្រូវបានសាលាដំបូងក្រុងភ្នំពេញ រហូតដល់តុលាការកំពូល ចេញសាលដីកាផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន និងបទកាន់កាប់អាវុធគ្មានការអនុញ្ញាត។
ចំពោះសំណុំរឿងទូទៅ សាលដីកាគឺជាសេចក្ដីប្រកាសពីយុត្តិធម៌។ ប៉ុន្តែអ្នកវិភាគមួយចំនួនកត់សម្គាល់ថា យុត្តិធម៌ដែលត្រូវបានប្រកាសក្នុងសាលដីការបស់តុលាការកំពូល គឺសម្រាប់ ជួប សម្លាប់ ប៉ុណ្ណោះ មិនមែនសម្រាប់លោក កែម ឡី ទេ។ នោះក៏ព្រោះតែដំណើរការកាត់សេចក្ដីក្នុងសំណុំរឿងនេះ តាំងពីតុលាការជាន់ទាប រហូតដល់តុលាការជាន់ខ្ពស់ ប្រព្រឹត្តទៅក្រោមវត្តមានភាគីតែម្ខាង គឺភាគីជនជាប់ចោទនិងមេធាវីការពារក្ដី។ ខណៈក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ពិសេសភរិយា គឺលោកស្រី ប៊ូ រចនា បោះបង់ចោលសិទ្ធិជាដើមបណ្ដឹងរដ្ឋប្បវេណី មិនចូលតតាំងស្វែងរកយុត្តិធម៌នៅតុលាការឡើយ។
សម្រាប់អង្គការសង្គមស៊ីវិលដែលជាអ្នកសង្កេតការណ៍ អវត្តមាននៃដើមបណ្ដឹងរដ្ឋប្បវេណី គឺលោកស្រី ប៊ូ រចនា ឬមេធាវីការពារក្ដី ធ្វើឲ្យបាត់បង់យុត្តិធម៌មួយផ្នែកសម្រាប់លោកបណ្ឌិត កែម ឡី។
មែនទែនទៅ វាជារឿងគួរឲ្យសោកស្ដាយនៅពេលក្រុមគ្រួសារលោកបណ្ឌិត កែម ឡី មិនចូលរួមនៅក្នុងសវនាការ។ ប៉ុន្តែយ៉ាងណាក៏ដោយ គេពិបាកនឹងបន្ទោសពួកគាត់ណាស់។ ពិបាកបន្ទោសព្រោះហេតុផលពីរសំខាន់៖ ទី១ ក្រោយការបាត់បង់លោកកែម ឡី វាជារឿងធម្មតាដែលក្រុមគ្រួសារបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ និងទី២ ភរិយាលោក កែម ឡី គឺលោកស្រី ប៊ូ រចនា ធ្លាប់បានបញ្ជាក់កន្លងមកហើយថា លោកស្រីគ្មានសង្ឃឹមនឹងទទួលបានយុត្តិធម៌។ ដូច្នេះ វាមិនចម្លែកទាល់តែសោះដែលលោកស្រីមិនចូលរួមសវនាការ ឬមិនចាត់ចែងមេធាវីដើម្បីធ្វើការងារជំនួស។
ប៉ុន្តែយ៉ាងណាក៏ដោយ គ្រាន់តែអវត្តមានដើមបណ្ដឹងរដ្ឋប្បវេណី មិនមែនមានន័យថា យុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី ត្រូវស្ថិតនៅក្នុងភាពងងឹតទាំងស្រុងដែរ។ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ នៅមានអង្គអយ្យការ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចោទប្រកាន់បទល្មើស ព្រមទាំងដឹកនាំការស៊ើបអង្កេត។
កន្លងមក នៅក្នុងសំណុំរឿងលោកបណ្ឌិតកែម ឡី គេកត់សម្គាល់ឃើញថា អង្គអយ្យការ រួមសហការជាមួយសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ បានធ្វើការងារច្រើនណាស់ ក្នុងគោលដៅស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។ គ្រាន់តែការងារដែលបានធ្វើកន្លងមកនោះ សង្គមស៊ីវិលដែលតាមដានសវនាការយល់ថា នៅមិនទាន់គ្រប់គ្រាន់ និងនៅមានមន្ទិល។ សម្រាប់អង្គការសង្គមស៊ីវិល មានតែការគាស់កកាយ ស្រាវជ្រាវ ស្វែងរក និងដាក់ទោសទណ្ឌលើអ្នកពាក់ព័ន្ធ ឬអ្នកនៅពីក្រោយសំណុំរឿងនេះទេ ទើបអាចផ្ដល់យុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី បាន។ បច្ចុប្បន្ន ការស៊ើបអង្កេតបន្ត ដើម្បីរកអ្នកលក់កាំភ្លើងឲ្យ ជួប សម្លាប់, អ្នកទទួលឲ្យ ជួប សម្លាប់ ស្នាក់នៅក្នុងក្រុងភ្នំពេញ, និងអ្នកនៅពីក្រោយខ្នង ជួប សម្លាប់ កំពុងស្ថិតក្នុងដៃតុលាការ។ ប៉ុន្តែដំណើរការនៃសំណុំរឿងនេះ ហាក់មិនបានរំកិលទៅមុខសោះ។
ក្នុងន័យនេះ អង្គអយ្យការនិងស្ថាប័នពាក់ព័ន្ធទាំងអស់ គួរតែរួមគ្នាបង្ហាញឲ្យអស់ថ្វីដៃ វែករកមុខអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីឲ្យសង្គមស៊ីវិល គ្រួសារជនរងគ្រោះ និងសាធារណជន ឃើញថា តុលាការខ្មែរមានឆន្ទៈពិតប្រាកដក្នុងការស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។ និងសំខាន់ជាងនេះ ដើម្បីលាងសម្អាតក្ដីសង្ស័យនិងការចោទប្រកាន់ដែលរដ្ឋាភិបាលកម្ពុជាយល់ឃើញថា ធ្វើឡើងដោយគ្មានមូលដ្ឋាន៕
7/11/2022 • 4 minutes, 39 seconds ហេតុអ្វីពលរដ្ឋខ្មែរគួរពិចារណាអំពីការប្រើប្រាស់យានយន្តអគ្គិសនី?
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានជំរុញឲ្យពលរដ្ឋដែលមានលទ្ធភាព ងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ជំនួសយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ លោកបានថ្លែងដូច្នេះ ក្នុងពេលដែលពិភពលោកទាំងមូល កំពុងប្រឈមនឹងការឡើងថ្លៃនៃប្រេង ដោយសារតែសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ បើតាមលោក ហ៊ុន សែន ការប្រើប្រាស់យានយន្តអគ្គិសនីនឹងអាចជួយឲ្យពលរដ្ឋកាត់បន្ថយការចំណាយលើថ្លៃប្រេងសាំងបាន។ តើការប្រើប្រាស់យានយន្តអគ្គិសនី ពិតជាចំណេញជាងមែនឬ? ហើយថាតើកម្ពុជាមានលក្ខខណ្ឌអំណោយផលប៉ុនណ្ណាសម្រាប់ការប្រើប្រាស់យានយន្តអគ្គិសនី?
បើទោះបីជាកម្ពុជាមិនទាន់ជួបវិបត្តិខ្វះប្រេងប្រើប្រាស់ដូចប្រទេសមួយចំនួនក្ដី ប៉ុន្តែលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន យល់ឃើញថា វាល្មមដល់ពេលដែលប្រជាពលរដ្ឋខ្មែរ ត្រូវគិតគូរអំពីការផ្លាស់ប្ដូរយានយន្តដែលប្រើប្រាស់ប្រេង ទៅប្រើយានយន្តដែលដើរដោយថាមពលអគ្គិសនី។ នោះក៏ព្រោះតែប្រេងឥន្ធនៈនឹងនៅតែមានតម្លៃខ្ពស់ ឬអាចនឹងបន្តឡើងថ្លៃទៀត ខណៈសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅតែបន្តអូសបន្លាយ ដោយគ្មានបង្ហាញសញ្ញាថា នឹងអាចបិទបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះឡើយ។
បើនិយាយអំពីការជំរុញឲ្យប្រើប្រាស់យានយន្តដែលដើរដោយថាមពលអគ្គិសនី ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា បានចាប់ផ្ដើមធ្វើការងារនេះតាំងពីមុនពេលដែលមានបញ្ហាឡើងថ្លៃប្រេងសាំងមកម្ល៉េះ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូន ធ្លាប់បានបង្ហាញពីមោទកភាពចំពោះកំណើននៃការចុះបញ្ជីប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២នេះ មានការចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនីចំនួន៨៤គ្រឿង ដែលចំនួននេះ កើនឡើងជាង៨០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានការចុះបញ្ជីយានយន្តអគ្គិសនីតែចំនួន៦គ្រឿងប៉ុណ្ណោះ។
ហេតុអ្វីបានជាពលរដ្ឋខ្មែរ ដែលមានលទ្ធភាព គួរតែពិចារណាអំពីការប្រើប្រាស់យានយន្តអគ្គិសនី?
ការប្រើប្រាស់យានយន្តអគ្គិសនី តិចឬច្រើន វាពិតជាអាចជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ក្នុងពេលដែលតម្លៃប្រេងសាំងនៅកម្ពុជា និយាយដោយឡែក និងនៅទូទាំងពិភពលោក និយាយជារួម កំពុងឡើងថ្លៃ។ នៅកម្ពុជា បើតាមការគូសបញ្ជាក់ពីក្រសួងសាធារណការនិងដឹកជញ្ជូន ការបញ្ចូលថាមពលអគ្គិសនីយានយន្តក្នុងតម្លៃ៤ដុល្លារ អាចធ្វើដំណើរបាន១០០គីឡូម៉ែត្រ ខណៈការចាក់ប្រេងឥន្ធនៈយានយន្ត ត្រូវចំណាយជាង១០ដុល្លារ ឬលើសពីនេះ។
ទន្ទឹមគ្នានេះ ពន្ធនិងអាករនាំចូលរថយន្តដើរដោយថាមពលអគ្គិសនី ទទួលបានការអនុគ្រោះពីរដ្ឋាភិបាលកម្ពុជា ដោយកំណត់យកត្រឹម៦៣ភាគរយប៉ុណ្ណោះ ខណៈរថយន្តប្រើសាំង ជាប់ពន្ធអាករជាមធ្យមចំនួន១២០ភាគរយ។
មួយវិញទៀត ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ជានិន្នាការសកល ដែលបណ្ដាប្រទេសផ្សេងៗទៀតកំពុងរុញច្រានឲ្យទៅមុខ ដើម្បីជួយដល់បរិស្ថានភពផែនដី។ ជាក់ស្ដែងគណៈកម្មការអឺរ៉ុប ទើបតែសម្រេចកាលពីថ្ងៃទី២៧មិថុនាឆ្នាំ២០២២កន្លងទៅ កំណត់វិធានការហាមឃាត់នូវរថយន្តដែលបំពាក់ដោយម៉ាស៊ីនប្រើប្រេងសាំង ប្រេងម៉ាស៊ូត និងរថយន្តហាយប្រ៊ីដ Hybride ចាប់ពីឆ្នាំ២០៣៥តទៅ។ គ្រប់រថយន្តផលិតថ្មី លក់នៅលើទីផ្សារអឺរ៉ុបទាំងអស់ គឺត្រូវតែជារថយន្តអគ្គិសនីទាំងស្រុង១០០ភាគរយ។ ចំណែករដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេលវែង ស្ដីពីអព្យាក្រឹត្យកាបូនឆ្នាំ២០៥០ ដោយជំរុញឲ្យមានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០ភាគរយ និងម៉ូតូអគ្គិសនីក្នុងអត្រា៧០ភាគរយ។
សរុបមកវិញ ការប្រើប្រាស់យានយន្តអគ្គិសនី មិនត្រឹមតែផ្ដល់ផលចំណេញសេដ្ឋកិច្ចប៉ុណ្ណោះទេ តែអ្នកប្រើប្រាស់ក៏អាចរួមចំណែកជួយដល់បរិស្ថានភពផែនដីផងដែរ។ ដ្បិតតែមានផលចំណេញ ប៉ុន្តែកម្ពុជានៅមិនទាន់មានលក្ខខណ្ឌអំណោយផលល្អសម្រាប់ការប្រើប្រាស់យានយន្តអគ្គិសនីនៅឡើយទេ។ នោះក៏ព្រោះតែកម្ពុជានៅខ្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ដំណើរការនៃយានយន្តអគ្គិសនី ដូចជាកន្លែងផ្ដល់សេវាកម្ម គ្រឿងបន្លាស់ កម្មករជំនាញ និងកន្លែងបន្សល់ថ្ម។ ចំណែកវិសាលភាពនៃស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅកម្ពុជាទៀតសោត ក៏នៅមានកម្រិត ពុំទាន់មានលក្ខណៈទូលំទូលាយ។
យ៉ាងណាក៏ដោយ ដើម្បីជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងប្រឹងប្រែងខ្លាំងណាស់ ក្នុងការដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅកម្ពុជា។ ក្នុងនោះ ក្រសួងកំពុងបន្តស្វែងរកកិច្ចសហការពីក្រុមហ៊ុនប្រេងឥន្ធនៈធំៗនៅកម្ពុជា ក្នុងការបំពាក់ឧបករណ៍សម្ភារៈបញ្ជូលថាមពលយានយន្តអគ្គិសនីឲ្យបានច្រើន។ រហូតមកទល់ពេលនេះ កម្ពុជាមានគម្រោងដំឡើងស្ថាននីយសាកថ្មយានយន្តនៅរាជធានីភ្នំពេញចំនួន១០កន្លែង តាមបណ្ដោយផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុចំនួន២កន្លែង និងនៅតាមផ្លូវជាតិសំខាន់ៗមួយចំនួនទៀតដូចជា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ជាដើម៕
7/4/2022 • 5 minutes, 5 seconds ឈានដល់វ័យ៧១ឆ្នាំ៖ គណបក្សប្រជាជនកម្ពុជា ដើរដល់របត់ថ្មីនៃ «អ្នកបន្តវេន»
២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២។ ថ្ងៃទី២៨មិថុនាស្អែកនេះ គឺជាខួបលើកទី៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ នាឱកាសខួបគម្រប់៧១ឆ្នាំ គណបក្សកាន់អំណាចនៅកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ត្រូវដើរដល់របត់ថ្មីដ៏សំខាន់មួយ នោះគឺ របត់ថ្មីនៃ «អ្នកបន្តវេន»។ អ្នកបន្តវេន ដែលគណបក្សប្រជាជនកម្ពុជា តាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ សម្រេចគាំទ្រជាឯកច្ឆ័ន្ទ លើបេក្ខភាពលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ តើលោក ហ៊ុន ម៉ាណែត មានប្រវត្តិយ៉ាងណា? ស័ក្តិសមនឹងតំណែងជា «អ្នកបន្តវេន» នៃគណបក្សប្រជាជនកម្ពុជាដែរឬទេ? និងថាតើ ការសម្រេចឲ្យលោក ហ៊ុន ម៉ាណែត ក្លាយជាអ្នកបន្តវេននេះ ជះឥទ្ធិពលយ៉ាងណាក្នុងរង្វង់គណបក្សប្រជាជនខ្លួនឯង?
ជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន ដែលកាន់តំណែងជានាយករដ្ឋមន្ដ្រីកម្ពុជាតាំងពីឆ្នាំ១៩៨៥ និងដែលថែមទាំងជាប្រធានគណបក្សប្រជាជនកម្ពុជា ដំណើរឆ្ពោះទៅបន្តវេនពីលោកឪពុករបស់លោក ហ៊ុន ម៉ាណែត មែនទែនទៅ ត្រូវក្រាលដោយកម្រាលព្រំក្រហម និងរោយដោយស្រទាប់ផ្កាកូលាបរួចជាស្រេច តាំងពីយូរណាស់មកហើយ។
លោក ហ៊ុន សែន ធ្លាប់បានបង្ហើបជាសាធារណៈជាច្រើនលើកច្រើនសាររួចមកហើយថា លោក ហ៊ុន ម៉ាណែត គឺជាបេក្ខភាពម្នាក់ នៅក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ដ្រី ដែលគណបក្សប្រជាជនកម្ពុជាកំណត់គោលដៅទុក ចំនួន៤នាក់។ ប៉ុន្តែនៅទីបំផុត ភាពស្រពេចស្រពិលរលាយបាត់ស្រមោល។ ការបន្តវេនពីឪពុករបស់លោក ហ៊ុន ម៉ាណែត បានក្លាយជាការពិត។
នៅក្នុងអង្គសន្និបាតគណៈកម្មាធិការការកណ្ដាល លើកទី៤៣ គណបក្សប្រជាជាជនកម្ពុជា បានបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ ដល់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនាពេលអនាគត។ ជាបេក្ខជនតែម្នាក់គត់នៅក្នុងការបោះឆ្នោតនេះ លោក ហ៊ុន ណែត ក្នុងវ័យ៤៤ឆ្នាំ បច្ចុប្បន្នជាអគ្គមេបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោក ទទួលបានការគាំទ្រពីសមាជិកគណៈកម្មាធិការកណ្ដាល ដែលមានវត្តមានទាំងអស់ចំនួន ៧៧៥សំឡេង។
កូនប្រុសច្បងរបស់លោក ហ៊ុន សែន ជាការពិតប្រកែកមិនបាន គឺជាបុគ្គលលេចធ្លោជាងគេក្នុងចំណោមក្រុមអ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា។ ជាឧត្តមសេនីយ៍ឯកពាក់ផ្កាយបី លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point និងបានទទួលសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ចពីសកលវិទ្យាល័យ Bristol នៃប្រទេសអង់គ្លេស។ ក្រៅពីមុខជំនាញទាំងពីរនេះ លោក ហ៊ុន សែន ជាឪពុក ទើបបានបង្ហាញជាសាធារណៈអំពីសំបុត្រមួយច្បាប់ ដែលលោក ហ៊ុន ម៉ាណែត ផ្ញើមកពិគ្រោះយោបល់អំពីការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ។
ចំពោះការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយនេះទៀតសោត លោក ហ៊ុន ម៉ាណែត សរសេរប្រាប់ឪពុករបស់ខ្លួនថា សូមកុំឱ្យប្រាប់នរណាឱ្យដឹងឱ្យសោះ ព្រោះវាជាការសម្ងាត់របស់ខ្លួន។ ម្យ៉ាង លោក ហ៊ុន ម៉ាណែត សរសេរក្នុងសំបុត្របញ្ជាក់ថា អ្នកដែលមានឥទ្ធិពលនៅក្នុងសង្គម ត្រូវមានគ្រឹះខាងទាហាន សេដ្ឋកិច្ច និងនយោបាយជាចាំបាច់។ មហិច្ឆតាផ្នែកនយោបាយរបស់លោក ហ៊ុន ម៉ាណែត នេះ គ្មាននរណាដឹងទាល់តែសោះ រហូតទាល់តែលិខិតមួយច្បាប់នេះត្រូវលោក ហ៊ុន សែន ជាឪពុក បង្ហាញជាសាធារណៈតាមរយៈបណ្ដាញសង្គម។
ក្រៅពីចំណេះជំនាញទាំងនេះ លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន មានមុខតំណែងគន្លឹះនិងការទទួលខុសត្រូវជាច្រើន នៅក្នុងវិស័យយោធា និងនៅក្នុងជួរគណបក្សប្រជាជន។
នៅក្នុងវិស័យយោធា ក្រៅពីកាន់តំណែងជាអគ្គមេបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោក លោកក៏ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្ស។ ចំណែកនៅក្នុងជួរគណបក្សកាន់អំណាច លោក ហ៊ុន ម៉ាណែត គឺជាសមាជិកវ័យក្មេងជាងគេនៃគណៈកម្មាធិការអចិន្ត្រៃយ៍ ជាប្រធានចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជា និងចុងក្រោយ នៅចុងឆ្នាំ២០២០ កូនប្រុសច្បងរបស់លោក ហ៊ុន សែន រូបនេះ ត្រូវបានតែងតាំងជាអនុប្រធាននៃគណៈចលនាមហាជន ដែលជាតួនាទីធំមួយទៀតក្នុងគណបក្ស។
ទាំងនេះនៅមិនទាន់រាប់បញ្ចូលការងារសង្គម ដែលលោក ហ៊ុន ម៉ាណែត និងភរិយា គឺលោកស្រី ពេជ្រ ច័ន្ទមុន្នី បានធ្វើយ៉ាងសស្រាក់សស្រាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា នារយៈពេលពីរឆ្នាំចុងក្រោយនេះផង។
តាមរយៈចំណេះដឹងនិងបទពិសោធការងារទាំងអស់នេះ វាមិនចម្លែកទេដែល លោក ហ៊ុន ម៉ាណែត ត្រូវអង្គសន្និបាតនៃគណបក្សប្រជាជន ផ្ដល់សេចក្ដីទុកចិត្ត និងបោះឆ្នោតអនុម័តឱ្យក្លាយជាបេក្ខភាពនាយករដ្ឋមន្ដ្រីបន្តពីលោក ហ៊ុន សែន។ ការគាំទ្រនេះ បើទោះបីជាធ្វើដោយសេចក្ដីពេញចិត្តក៏ដោយ ក៏គេមើលឃើញថា វាទំនងជាអាចបង្កឱ្យមានភាពល្អក់កករខ្លះដែរនៅក្នុងជួរគណបក្សកាន់អំណាច ព្រោះសូមកុំភ្លេចថា ការជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពអនាគតនាយករដ្ឋមន្ដ្រី ធ្វើឡើងដោយរំលងមន្ដ្រីជាន់ខ្ពស់ដ៏មានឥទ្ធិពលជាច្រើនរូបទៀត ដែលធ្លាប់ប្រថុយជីវិត តស៊ូរំដោះប្រទេស ប្រកៀកស្មានឹងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។
តើការណ៍នេះ ជះឥទ្ធិពលយ៉ាងដូចម្ដេចដល់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សកាន់អំណាច? សំណួរនេះ ពិបាកឆ្លើយដែរ។ វាអាស្រ័យទាំងស្រុងលើគណបក្សប្រជាជន។ ថាតើគណបក្សនេះ តម្កល់ផលប្រយោជន៍អ្វីជាធំ? ផលប្រយោជន៍បុគ្គល ផលប្រយោជន៍សែស្រឡាយបក្សពួកខ្លួន ផលប្រយោជន៍គណបក្សទាំងមូល ឬផលប្រយោជន៍ប្រជាជាតិ? នេះគឺជាសមីកាដែលគណបក្សប្រជាជនខ្លួនឯង ត្រូវដោះស្រាយដោយប្រយ័ត្នប្រយែងជាទីបំផុត។
សម្រាប់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ការសម្រេចឱ្យលោក ហ៊ុន ម៉ាណែត ក្លាយជាអ្នកបន្តវេនជាផ្លូវការបន្ទាប់ពីរូបលោក មិនមែនធ្វើឡើងដោយប្រថុយប្រថាននោះទេ។ ផ្លូវទៅកាន់ការកាន់អំណាចសម្រាប់លោក ហ៊ុន ម៉ាណែត បានត្រួសត្រាយរួចហើយ។ ប៉ុន្តែចាប់ពីពេលនេះតទៅ នៅក្នុងផ្ទៃក្នុងបក្ស លោក ហ៊ុន សែន ទំនងជាត្រូវធ្វើសម្បទានច្រើនដល់យុទ្ធមិត្តរួមជំនាន់។ ចំណែក លោក ហ៊ុន ម៉ាណែត ខ្លួនឯង លោកនៅមានការងារច្រើនទៀតដែលត្រូវធ្វើ មានបទពិសោធក្នុងវិស័យផ្សេងៗទៀតដែលត្រូវប្រឹងប្រែងប្រមែប្រមូល ហើយនៅមានសេចក្ដីទុកចិត្តរបស់ប្រជាជនកម្ពុជាដែលត្រូវស្វែងរកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ប្រសិនបើលោកចង់ក្លាយជានាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់កម្ពុជា តាមរយៈការបោះឆ្នោតនាពេលអនាគត៕
6/27/2022 • 6 minutes, 40 seconds លទ្ធផលឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាចជាម ៉ែត្រវាស់ការបោះឆ្នោតសកល ២០២៣?
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បានបញ្ចប់ទៅហើយ នៅឡើយការប្រកាសលទ្ធផលផ្លូវការ ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ទោះជាមិនទាន់ប្រកាសលទ្ធផលផ្លូវការក៏ដោយ ក៏លទ្ធផលបណ្តោះអាសន្នបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចបានឈ្នះការបោះឆ្នោតនេះ ហើយគណបក្សប្រឆាំងសំខាន់ជាងគេគឺគណបក្សភ្លើងទៀន បានឈ្នះបន្ទាប់ ខណៈគណបក្ស១៥ផ្សេងទៀត បានសម្លេងតិចតួច បូកបញ្ចូលគ្នាមានគម្លាតដាច់ឆ្ងាយពីគណបក្សធំៗទាំងពីរខាងលើ។
តាមលទ្ធផលបណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រចំនួនជាង ៥,៣លានសម្លេង ហើយគណបក្សភ្លើងទៀនទទួលបានសម្លេងគាំទ្រចំនួនជាង ១,៦លានសម្លេង និងត្រូវគេប៉ាន់ស្មានទៅថាបានប្រមាណជាជាង ២ពាន់អាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងនោះក៏បានឈ្នះ ៤អាសនៈមេឃុំផងដែរ។ ក្រៅពីនេះ គណបក្សប្រជាជនកម្ពុជាយកស្ទើរតែទាំងអស់ក្នុងចំណោមអាសនៈឃុំ សង្កាត់សរុបចំនួន ១៦៥២ និងបានបែងចែកតិចតួចទៅគណបក្សក្រៅរដ្ឋាភិបាលចំនួន៧ផ្សេងទៀត។
លទ្ធផលឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ រួមនឹងអំណះអំណាងផ្សេងៗ ធ្វើឲ្យមានការទាញសមត្ថកម្មថា លទ្ធផលឆ្នោតពេលនេះ អាចឆ្លុះបញ្ចាំងខ្លះទៅនឹងការបោះឆ្នោតសំខាន់នៅឆ្នាំ២០២៣ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។
កាលពីឆ្នាំ ២០១៨ ការបោះឆ្នោតសកលនៅកម្ពុជាមិនមានការចូលរួមពីគណបក្សប្រឆាំងគីឡូធ្ងន់ទេ ដោយហេតុថាគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយបន្ទាប់ពីមានការចោទប្រកាន់រឿងនយោបាយដ៏ស្រួចស្រាល់។ ហេតុដូច្នេះ អាសនៈរដ្ឋសភាទាំង១២៥ នៅឆ្នាំ២០១៨ ត្រូវបានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់។
វិលមកពិនិត្យមើលលទ្ធផលការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះវិញ គណបក្សប្រឆាំងថ្មីគឺគណបក្សភ្លើងទៀន ត្រូវគេមើលឃើញថានឹងអាចដើរតួនាទីសំខាន់ជាគណបក្សប្រឆាំងគីឡូធ្ងន់អាចចូលប្រកួតជាមួយគណបក្សកាន់អំណាចនៅឆ្នាំ ២០២៣បាន។ គណបក្សភ្លើងទៀន ត្រូវគេរំពឹងថានឹងអាចស្រូបទាញអាសនៈពីគណបក្សប្រជាជនបានវិញនៅក្នុងកំរិតមួយ បើទោះណាពេលនេះ សម្លេងប្រឆាំងតំណាងឲ្យ២០% នៅក្នុងការបោះឆ្នោតឃុំសង្កាត់ក៏ដោយ។
បើនិយាយពីសម្លេងប្រឆាំងវិញកាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ អតីតគណបក្សសង្គ្រោះជាតិទទួលបានប្រមាណជិត ៣,១លានសម្លេង ស្មើនឹង ៤៣,៨៣% ខណៈគណបក្សប្រជាជនទទួលបាន ៣,៥លានសម្លេង ស្មើនឹង ៥០,៧៦%។ ក៏ប៉ុន្តែលទ្ធផលប្រកៀកប្រកិតគ្នានេះ គឺអាស្រ័យដោយកាលណោះគណបក្សប្រឆាំងមានការរួបរួមគ្នាភ្លើងទៀន និងសិទ្ធិមនុស្ស។ ដូច្នេះការស្រោចស្រង់សម្លេងប្រឆាំងឲ្យត្រលប់មកដូចដើមវិញ និងអាចលើសពីនេះ នៅក្នុងការបោះឆ្នោតសកលនៅឆ្នាំក្រោយយ៉ាងណានោះ គឺវាអាចអាស្រ័យទៅលើកត្តាមួយចំនួន។
កត្តាទាំងនោះរួមមាន ការរួបរួមគ្នាឡើងវិញពីអ្នកប្រជាធិបតេយ្យ និងការជម្រុញឲ្យពលរដ្ឋដែលបានខកខានការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ ត្រលប់ទៅបោះឆ្នោតឲ្យបានភាគរយខ្ពស់។ ការរៀបចំខ្លួនឲ្យបានល្អ និងគ្រប់លក្ខណៈចូលរួមរបស់ក្រុមប្រឆាំងចាប់តាំងពីដំណើរការចុះឈ្មោះ រហូតដល់ការផ្ទៀងផ្ទាត់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោត និងការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជាដើម។ ការពន្យល់ផ្សព្វផ្សាយដល់ពលរដ្ឋបន្ថែមទៀតអំពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ដោះស្រាយភាពមន្ទិលជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលតែងតែមានការចម្រូងចម្រាសជាមួយបក្សប្រឆាំងឲ្យជ្រះស្រឡះ។ ក៏ប៉ុន្តែបក្សប្រឆាំងអាចនឹងមានការលំបាកខ្លះ ប្រសិនបើមេដឹកនាំសំខាន់ៗ ដែលជាតួអង្គនយោបាយលេចធ្លោ នៅតែជាប់ទោស និងរងបណ្តឹង ជាហេតុធ្វើឲ្យក្រុមប្រឆាំងប្រៀបបាននឹងពស់ដាច់ក្បាល។ ចំណុចមួយទៀត ដែលសំខាន់នោះ គឺ ការចរចានយោបាយទឹកចុងក្រោយមួយ ដោយមានការឃ្លាំមើលពីអន្តរជាតិឲ្យមេដឹកនាំសំខាន់ៗបក្សប្រឆាំងអាចវិលមកធ្វើនយោបាយឡើងវិញ នោះជាអ្វីដែលមានការំពឹងថាសម្លេងប្រឆាំងនឹងវិលមករកសភាពដើមវិញ។
ជាមួយគ្នានេះ គណបក្សប្រជាជនដែលគ្រោងនឹងបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួននៅថ្ងៃទី១៦ និង១៧ ខែកក្កដាខាងមុខ ក៏នឹងកំណត់យកយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីយកឈ្នះលើគូប្រកួតជាថ្មីដែរ តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ។ ថ្វីត្បិតតែលទ្ធផលរបស់គណបក្សកាន់អំណាចពេលនេះ មានភាពវិជ្ជមានច្រើន ក៏ប៉ុន្តែនៅមិនទាន់អាចកំណត់បានជាក់លាក់ និងបាត់បង់ការព្រួយបារម្ភទាំងស្រុងនោះទេ ប្រសិនបើគណបក្សចាស់វស្សាមួយនេះនៅមានចំណុចខ្សោយច្រើននៅតាមមូលដ្ឋាន។
គណបក្សកាន់អំណាចនឹងមិនអាចរក្សាសម្លេងរបស់ខ្លួនបានណែន និងគង់វង្សទេ ប្រសិនបើចំណុចខ្សោយមួយចំនួនមិនត្រូវបានកែប្រែ។ នោះគឺឥរិយាបទមិនល្អរបស់អាជ្ញាធរមូលដ្ឋាន។ អាជ្ញាធរមូលដ្ឋានដែលជាកូតាគណបក្សកាន់អំណាច មិនទាំងអស់ទេ នៅតែរងការរិះគន់ដដែល ចំពោះបញ្ហាសំខាន់ៗមួយចំនួន ដូចជាការផ្តល់សេវាសាធារណៈមិនបានល្អ អំពើពុករលួយ បញ្ហាគ្រឿងញៀន និងមូលដ្ឋានខ្លះទុកឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ថិតនៅរខេករខាក ស្ទះលូ លិចលង់ទឹកសំអុយនៅរដូវវស្សាជាដើម។
លើសពីនេះទៅទៀត មន្ត្រីរាជការដែលមានបុណ្យស័ក្តិ និងធនធានមួយចំនួនបង្ហាញចរិកមើលងាយមើលថោកពលរដ្ឋក្រីក្រនៅមូលដ្ឋាន បក្សពួកនិយម និងបង្ហាញពីនីទណ្ឌភាពជាសាធារណៈនៅពេលមានបញ្ហាជាមួយប្រជាពលរដ្ឋសាមញ្ញ ឬពលរដ្ឋក្រីក្រ ដែលទង្វើទាំងអស់នេះ គឺជាគោលដៅសំអប់របស់មហាជនទូទៅ ហើយដែលមានបង្ហាញតៗគ្នាលើបណ្តាញសង្គមផងដែរ។ មានចំណុចអយុត្តិធម៌ជាច្រើនទៀត ដែលជាទង្វើរបស់មន្ត្រីថ្នាក់ក្រោម និងថ្នាក់កណ្តាល ហើយថ្នាក់លើមិនបានដឹង ឬក៏ខ្លះបានដឹងដែរ តែស៊ុំគ្រលំការពារគ្នា។ ដូច្នេះបើគណបក្សកាន់អំណាចអាចចាត់វិធានការកាត់បន្ថយឥរិយាបទទាំងអស់នេះឲ្យបានជាអតិបរមា នោះទើបអាចរក្សាបានការគាំទ្រដ៏ស្ថិតស្ថេរមួយ និងប្រាកដថាលទ្ធផលដែលគណបក្សប្រជាជនទទួលបានអំឡុងពេលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ពេលនេះ បានឆ្លុះបញ្ចាំងពីជ័យជម្នះរបស់ខ្លួននៅឆ្នាំ ២០២៣៕
6/13/2022 • 6 minutes, 14 seconds តើយុវជនគួរធ្វើបែបណាដើម្បីកុំឲ្យក្លាយខ្លួនជាឧបករណ៍របស់អ្នកនយោបាយ?
នៅក្នុងការបោះឆ្នោតឃុំសង្កាត់ដែលទើបតែកន្លងទៅនេះ គេសង្កេតឃើញយុវជនជាច្រើន នាំគ្នាចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេយល់ដឹងពីសិទ្ធិនយោបាយរបស់ខ្លួន ហើយមានសេចក្ដីក្លាហានបង្ហាញពីជំហរនយោបាយរបស់ខ្លួនយ៉ាងបើកចំហ ទាំងនៅតាមទីសាធារណៈ និងនៅលើបណ្ដាញសង្គម។ ជាការពិត ការចូលរួមរបស់យុវជននេះ មិនត្រឹមតែផ្ដល់ឲ្យយុវជននូវបទពិសោធការងារជាក់ស្ដែងទេ តែវាថែមទាំងអាចរួមចំណែកអភិវឌ្ឍប្រទេសជាតិទៀតផង។ ប៉ុន្តែគួរឲ្យសោកស្ដាយដែរ ដែលនៅកម្ពុជា នៅតែមានអ្នកនយោបាយដែលនិយមយកយុវជនជាឈ្នាន់ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ខ្លួន។ ក្នុងបរិបទនេះ តើយុវជនប្រយ័ត្នខ្លួនយ៉ាងដូចម្ដេច ដើម្បីកុំឲ្យក្លាយខ្លួនជាឧបករណ៍របស់អ្នកនយោបាយ?
6/6/2022 • 5 minutes, 38 seconds ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ក្នុងបរិបទដែលពលរដ្ឋកាន់តែយល់ដឹងពីអំណាចនៃសន្លឹកឆ្នោតរបស់ខ្លួន
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ ទី០៥មិថុនា ចុងសប្ដាហ៍នេះហើយ។ ការិយាល័យបោះឆ្នោត នឹងបើកទ្វារចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល ដើម្បីទទួលអ្នកបោះឆ្នោតប្រមាណជាង៩លាននាក់នៅទូទាំងប្រទេស។ គណបក្សនយោបាយចំនួន១៧នឹងប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ១ ៦៥២ នៅទូទាំងប្រទេស។ តើអ្វីទៅជាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់? ហើយថាតើការបោះឆ្នោតនេះមានសារៈសំខាន់អ្វីខ្លះសម្រាប់ប្រទេសកម្ពុជា?
ថ្ងៃអាទិត្យ ទី០៥មិថុនា ចុងសប្ដាហ៍នេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅកម្ពុជា។ ប្រជាពលរដ្ឋខ្មែរប្រមាណជាជាង៩លាន២សែននាក់ ដែលបានចុះឈ្មោះក្នុងបញ្ជីរួចហើយ ត្រូវបានគេអញ្ជើញឲ្យទៅបោះឆ្នោត ជ្រើសរើសមេដឹកនាំថ្នាក់មូលដ្ឋានរបស់ខ្លួន។ ការិយាល័យបោះឆ្នោតចំនួន ២៣ ៦០២កន្លែង នឹងចាប់ផ្តើមបើកទ្វារ នៅម៉ោង៧ព្រឹកហូតដល់ម៉ោង៣រសៀល។
នេះជាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់លើកទី៥ហើយ សម្រាប់ប្រទេសកម្ពុជា។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់លើកទី១ ត្រូវរៀបចំធ្វើឡើងកាលពីឆ្នាំ២០០២។ ក្រុមប្រឹក្សាឃុំសង្កាត់មានអាណត្តិ៥ឆ្នាំដូចតំណាងរាស្ត្រដែរ។ ការបោះឆ្នោតលើកនេះ មានគណបក្សនយោបាយចំនួន១៧ បានចុះឈ្មោះចូលរួមប្រកួតប្រជែងយកតំណែងក្នុងក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ១ ៦៥២ នៅទូទាំងប្រទេស។ បេក្ខជនជាង៨ម៉ឺននាក់ ក្នុងនោះមានជាង២ម៉ឺននាក់ជាស្ដ្រី បានឈរឈ្មោះ ឲ្យប្រជាពលរដ្ឋជ្រើសរើសធ្វើជាតំណាងរបស់ពួកគេ។
បើយោងតាមរបាយការណ៍របស់គ.ជ.ប ក្នុងចំណោមគណបក្សនយោបាយទាំង១៧ មានគណបក្សនយោបាយចំនួន៤ ដែល មានបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ គ្រប់ចំនួន២៥ខេត្តក្រុង។ គណបក្សទាំង៤នោះរួមមាន៖ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គឺជាការបោះឆ្នោតសំខាន់ទី២ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ ក្រុមប្រឹក្សាឃុំសង្កាត់ គឺជាអ្នកដឹកនាំថ្នាក់មូលដ្ឋាន ដែលទទួលអំណាចពីរដ្ឋាភិបាល តាមរយៈការអនុវត្តគោលនយោបាយវិមជ្ឈការអំណាចថ្នាក់ជាតិ។
ក្រុមប្រឹក្សាឃុំសង្កាត់នីមួយៗមានសមាជិកពី៥ដល់១១នាក់ ដែលសមាមាត្រទៅនឹងចំនួនប្រជាជននៅក្នុងដែនរដ្ឋបាលរបស់ខ្លួន។ ក្រុមប្រឹក្សាឃុំសង្កាត់ ដឹកនាំដោយប្រធានមួយរូបដែលត្រូវបានជ្រើសរើសចេញពីគណបក្សដែលទទួលបានសំឡេងគាំទ្រពីប្រជាជនច្រើនជាងគេ។
ការបង្កើតឲ្យមានក្រុមប្រឹក្សាឃុំសង្កាត់តាមរយៈការបោះឆ្នោតជាសកល គឺជារបត់នយោបាយដ៏សំខាន់មួយនៅកម្ពុជា។ សំខាន់នៅត្រង់ថា អាជ្ញាធរមូលដ្ឋានដែលជាអ្នកដឹកនាំផ្ទាល់នៅកៀកនឹងប្រជាពលរដ្ឋនោះ ធ្លាប់តែទទួលការតែងតាំងពីថ្នាក់លើ។ ប៉ុន្តែ បច្ចុប្បន្ននេះ គឺប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនដោយខ្លួនឯង។ រយៈពេល២០ឆ្នាំកន្លងទៅនេះ នយោបាយវិមជ្ឈការ បានបន្តចាក់ឫសកាន់តែជ្រៅនៅថ្នាក់មូលដ្ឋាន។
តាមរយៈការបោះឆ្នោត មន្ត្រីអាជ្ញាធរមូលដ្ឋានត្រូវតែបង្ហាញការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋឲ្យបានច្រើនជាងមុនពីព្រោះ ប្រសិនបើមិនដូច្នោះទេ ពួកគេនឹងត្រូវប្រជាពលរដ្ឋទម្លាក់ចេញពីអំណាចតាមរយៈសន្លឹកឆ្នោតរបស់ខ្លួន។ ខុសពីពេលមុនដែលពួកគេមិនសូវខ្វល់ខ្វាយអំពីបញ្ហារបស់ប្រជាពលរដ្ឋ។
មិនត្រឹមតែថ្នាក់ដឹកនាំមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែ ការបម្រើប្រជាពលរដ្ឋបានល្អ ឬមិនបានល្អរបស់ក្រុមប្រឹក្សាឃុំសង្កាត់ក៏មានផលប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សនយោបាយផងដែរ។ និយាយដោយខ្លី យន្តការដឹកនាំថ្នាក់មូលដ្ឋាននេះហើយ ដែលជាទីលានប្រកួតប្រជែងបម្រើប្រជាពលរដ្ឋរបស់គណបក្សនីមួយ។
ទោះបីជាកន្លងទៅនេះ នៅមានបញ្ហាជាច្រើនក្នុងរដ្ឋបាលក្រុមប្រឹក្សាឃុំសង្កាត់ក៏ដោយ ក៏ប៉ុន្តែ ការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិ ជាពិសេសចាប់ពីពេលនេះតទៅ គេជឿជាក់ថា គ្មានគណបក្សនាមួយហ៊ានជិះសេះលែងដៃទៀតបានឡើយ។ ព្រោះសូមកុំភ្លេចថា ខណៈដែលពលរដ្ឋកាន់តែយល់ច្បាស់អំពីសិទ្ធិរបស់ខ្លួន ពួកគេនឹងប្រើប្រាស់សន្លឹកឆ្នោតឲ្យកាន់តែមានប្រសិទ្ធិភាពជាងមុន៕
5/30/2022 • 4 minutes, 8 seconds យុវជនគួរប្រុងប្រយ័ត្ន នៅពេលចូលរួមក្នុងវិស័យនយោបាយ
នៅសល់មិនដល់មួយខែទៀតទេ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងឈានចូលមកដល់។ ក្នុងឱកាសនេះ អ្នកជំនាញបានរំឭកយុវជនឲ្យប្រុងប្រយ័ត្ន នៅពេលចូលរួមនៅក្នុងវិស័យនយោបាយ។ សម្រាប់អ្នកជំនាញ ការចូលរួមរបស់យុវជននៅក្នុងវិស័យនយោបាយ គឺជាសកម្មភាពដ៏សំខាន់និងចាំបាច់ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែយុវជនត្រូវពិចារណាឲ្យច្បាស់លាស់ដែរ មុននឹងសម្រេចចិត្តចូលរួម ដើម្បីចៀសវាងធ្លាក់ខ្លួនទៅជាឈ្នាន់របស់អ្នកនយោបាយទុច្ចរិត។
5/16/2022 • 5 minutes, 38 seconds តើហេតុអ្វីទើបខ្មែរគួរនាំគ្នាចាយប្រាក់ «រៀល»?
ថ្មីៗនេះ នៅតាមបណ្ដាញសង្គម មានការជជែកវែកញែកយ៉ាងផុលផុសអំពីការប្រើប្រាស់រូបិយបណ្ណជាតិខ្មែរ ដែលយើងស្គាល់គ្រប់គ្នាថា ប្រាក់ «រៀល»។ គិតត្រឹមឆ្នាំ២០២២នេះ វាមានរយៈពេល៤២ឆ្នាំហើយ ដែលប្រទេសកម្ពុជាបានដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ក្រោយរបបខ្មែរក្រហមបានដួលរលំទៅ។ ៤២ឆ្នាំមកនេះ គេសង្កេតឃើញថា ការចរាចរប្រាក់រៀលនៅមានកម្រិតនៅឡើយ បើធៀបទៅនឹងការចាយប្រាក់ដុល្លារនៅក្នុងប្រទេសរបស់ខ្លួន បើទោះបីជាធនាគារជាតិនៃកម្ពុជា តែងតែជំរុញលើកទឹកចិត្តឲ្យពលរដ្ឋងាកមកប្រើប្រាស់ប្រាក់រៀលយ៉ាងណាក៏ដោយ។ តើហេតុអ្វីទើបគេគួរនាំគ្នាចាយលុយរៀលនៅលើទីផ្សារ?
រូបិយប័ណ្ណជាតិ ជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។ ដូច្នេះហើយបានជាគេសង្កេតឃើញថា នៅតាមបណ្ដាប្រទេសភាគច្រើនលើសកលលោក គឺមានតែរូបិយប័ណ្ណជាតិរបស់ប្រទេសនោះប៉ុណ្ណោះ ដែលអាចធ្វើចរាចរនៅលើទីផ្សារបាន។ ប៉ុន្តែនៅប្រទេសកម្ពុជា ការប្រើប្រាស់រូបិយប័ណ្ណមានលក្ខណៈដាច់ដោយឡែក។ ពោលគឺ កម្ពុជាប្រើប្រាស់ក្រដាសប្រាក់ច្រើនប្រភេទ មិនមែនប្រើប្រាស់តែប្រាក់រៀល ដែលជារូបិយប័ណ្ណជាតិនោះទេ។
នៅភាគខាងកើត ខេត្តខ្មែរដែលជាប់ព្រំដែនប្រទេសវៀតណាម និយមចាយលុយដុង រូបិយវត្ថុរបស់វៀតណាម។ ចំណែកនៅខាងលិច ខេត្តខ្មែរដែលជាប់ព្រំដែនប្រទេសថៃ និយមចាយលុយបាត រូបិយវត្ថុរបស់ថៃ។ ដោយឡែក ខេត្តនិងរាជធានីខ្មែរដែលមិនជាប់ព្រំដែនប្រទេសដទៃ និយមចាយលុយដុល្លាររបស់អាមេរិក។ លុយដុល្លារត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយបំផុត នៅកម្ពុជា។ បើនិយាយឲ្យស្រួលស្ដាប់ ប្រជាពលរដ្ឋខ្មែរបាត់បង់ទំនុកចិត្តលើប្រាក់រៀល លែងសូវប្រើប្រាក់ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិ ហើយងាកមកប្រើប្រាស់ប្រាក់ដុល្លារទៅវិញ។
បច្ចុប្បន្ន លុយរៀលត្រូវបានប្រើប្រាស់នៅក្នុងក្របខណ្ឌមានដែនកំណត់មួយចំនួន ដូចជាការបង់ពន្ធគ្រប់ប្រភេទជូនរដ្ឋ ការបើកប្រាក់បៀរវត្សមន្ដ្រីរាជការ ការទូទាត់ប្រាក់សេវាកម្មរបស់រដ្ឋ និងការទិញដូរក្នុងទំហំទឹកប្រាក់តូច នៅតាមទីផ្សារមួយចំនួន។ ប៉ុន្តែសម្រាប់ការកំណត់តម្លៃ ការទូទាត់ និងសន្សំ ភាគច្រើនលើសលុប គឺប្រើប្រាស់ជាលុយដុល្លារអាមេរិក។ ជាការពិតហើយថា គេអាចទូទាត់ជាប្រាក់រៀលបានដែរ បើទោះបីជាមានការកំណត់តម្លៃជាប្រាក់ដុល្លារអាមេរិកក៏ដោយ។ ប៉ុន្តែសេវាទូទាត់ជាប្រាក់រៀល អាចនឹងតម្រូវឲ្យគិតថ្លៃខ្ពស់ជាងបន្តិច។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានប្រកាសអំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងវិស័យធនាគារថា សេដ្ឋកិច្ចស្រុកខ្មែរ ឆ្នាំ២០២១ មានកំណើនវិជ្ជមានឡើងវិញ បន្ទាប់ពីធ្លាក់ចុះកាលពីឆ្នាំ២០២០។ យ៉ាងណាក៏ដោយ បើតាមធនាគារជាតិនៃកម្ពុជា កម្រិតខ្ពស់នៃដុល្លារូបនីយកម្ម បានដាក់សម្ពាធលើការអនុវត្តនយោបាយរូបិយវត្ថុខ្មែរ។ ការណ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញថា និន្នាការនៃការប្រើលុយដុល្លារនៅកម្ពុជា មិនមានការថយចុះទាល់តែសោះ បើទោះបីជាកម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហើយមានអត្រាអតិផរណាមិនខ្ពស់ហួសហេតុក៏ដោយ។
ជាការពិតហើយថា ការអនុញ្ញាតឲ្យចាយលុយដុល្លារយ៉ាងទូលំទូលាយបែបនេះអាចបញ្ចៀសមិនឲ្យកម្ពុជាត្រូវប្រឈមនឹងចលនាហូរចេញមូលធនទៅក្រៅប្រទេស និងជួយសម្រួលកម្ពុជាក្នុងការធ្វើសមាហរណកម្មក្នុងពាណិជ្ជកម្មអន្ដរជាតិ។ ប៉ុន្តែក្រៅពីគុណប្រយោជន៍ទាំងនេះ ការចាយលុយដុល្លារ ក៏អាចបង្កនូវផលវិបាកអវិជ្ជមានច្រើនផងដែរដល់សេដ្ឋកិច្ចខ្មែរ។
ដំបូងបង្អស់ ការប្រើប្រាស់ប្រាក់ដុល្លារ ឬដុល្លារូបនីយកម្ម នាំមកនូវការខាតបង់ចំណូល ដែលទទួលបានពីការបោះពុម្ពរូបិយវត្ថុជាតិ។ មានន័យថា កម្ពុជាត្រូវបាត់បង់សិទ្ធិលើការបោះពុម្ពក្រដាសប្រាក់។ ហើយការបាត់បង់សិទ្ធិលើការបោះពុម្ពក្រដាសប្រាក់នេះ មានន័យថា រដ្ឋបាត់បង់ចំណូល ដែលបានមកពីការបោះពុម្ពរូបិយវត្ថុ។ លើសពីនេះ ការប្រើប្រាស់ប្រាក់ដុល្លារ បានធ្វើឲ្យមានការរាំងស្ទះដល់ការអនុវត្តគោលនយោបាយរូបិយវត្ថុ និងអាចបង្កជាហានិភ័យខ្ពស់ ចំពោះស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។ ដោយឡែក ទាក់ទងនឹងបញ្ហាសង្គមវិញ ដុល្លាររូបនីយកម្ម បានរួមចំណែកបង្កើតឲ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រ។ ដូចបានលើកឡើងខាងដើមហើយថា ការទិញដូរនៅកម្ពុជា ភាគច្រើនត្រូវបានកំណត់ជាប្រាក់ដុល្លារ។ ហើយមានតែបុគ្គលដែលមានធនធានហិរញ្ញវត្ថុជាដុល្លារ ឬជនបរទេសប៉ុណ្ណោះ ដែលអាចទិញទំនិញទាំងនោះបាន។ ចំណែកពលរដ្ឋដែលមានប្រាក់ខែជាប្រាក់រៀល ត្រូវប្រឈមមុខនឹងការខាតបង់យ៉ាងច្រើន នៅពេលពួកគេដូរប្រាក់ជាដុល្លារ។
ក្នុងបរិបទនេះ ការបង្កើនការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយប័ណ្ណជាតិ គឺជារឿងចាំបាច់ ដែលគួរពិចារណា ព្រោះថា វាជាការគ្រប់គ្រងនយោបាយរូបិយវត្ថុយ៉ាងពេញលេញដោយខ្លួនឯង។ ការចាយប្រាក់រៀល មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែវាក៏ជាមោទកភាពរបស់ជាតិខ្មែរទាំងមូលផងដែរ ព្រោះរូបិយប័ណ្ណជាតិ ជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។ ដូច្នេះ ដើម្បីឲ្យលុយរៀលត្រូវបានគេប្រើប្រាស់ច្រើន និងជាមោទកភាពរបស់ជាតិខ្មែរបាន រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែដាក់ចេញនូវនយោបាយ ដើម្បីស្តារទំនុកចិត្តលើលុយរៀលឡើងវិញ។
នៅពេលដែលប្រទេសកម្ពុជាពង្រឹងទំនុកចិត្តលើប្រាក់រៀលក្នុងចំណោមប្រជាពលរដ្ឋបាន នៅពេលនោះ ឥទ្ធិពលរបស់ប្រាក់ដុល្លារនឹងថយចុះជាបណ្ដើរៗ និងជាស្វ័យប្រវត្តិ។ ការលើកដម្កើងការប្រើប្រាស់ប្រាក់រៀលនៅតាមធនាគារក្នុងស្រុក ក៏ដូចជាការកំណត់ការទូទាត់ជាប្រាក់រៀល ក៏ជាមធ្យោបាយក្នុងការធ្វើបដិដុល្លាររូបនីយកម្មប្រកបដោយប្រសិទ្ធភាពដែរ។ ការប្រើប្រាស់ប្រាក់រៀល ប្រសិនបើអាចធ្វើបានយ៉ាងទូលំទូលាយ នោះវានឹងជួយពង្រឹងប្រសិទ្ធភាព អធិបតេយ្យភាព និងឯករាជភាពនៃនយោបាយរូបិយវត្ថុ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងផ្ដល់ការគាំទ្រដល់ការស្តារ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចខ្មែរនៅថ្ងៃខាងមុខទៀតផង៕
5/9/2022 • 5 minutes, 39 seconds ទិវាសេរីភាពសារព័ត៌មាន៖ បញ្ហារើសអើងនិងគម្រាមកំហែងអ្នកកាសែត ទាមទារឲ្យមានការដោះស្រាយជាបន្ទាន់
ថ្ងៃទី០៣ខែឧសភាស្អែកនេះ គឺជាទិវាសេរីភាពសារព័ត៌មាន។ សារព័ត៌មាននៅកម្ពុជា ត្រូវគេកត់សម្គាល់ថា មានបរិមាណច្រើន រីកដុះដាលដូចផ្សិតត្រូវទឹកភ្លៀង។ ចំណែកអ្នកកាសែតក៏មានចំនួនកើនឡើងជាលំដាប់ដែរ ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះគឺជាសញ្ញាវិជ្ជមានមួយ។ យ៉ាងណាក៏ដោយ គេសង្កេតឃើញថា ក្នុងពេលចុះបំពេញភារកិច្ច អ្នកកាសែតមួយចំនួននៅស្រុកខ្មែរ នៅតែរងការរើសអើង ការគម្រាមកំហែង និងការប្រើប្រាស់អំពើហិង្សាពីសំណាក់អាជ្ញាធរ។ ជាបញ្ហាដែលទាមទារឲ្យមានការយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់។
នៅកម្ពុជា ចំនួនអង្គភាពសារព័ត៌មាន និងបរិមាណអ្នកកាសែត បានកើនឡើងជាបន្តបន្ទាប់។ គិតត្រឹមឆ្នាំ២០២១ អង្គភាពដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានមានចំនួនសរុបជាង២ពាន់អង្គភាព ក្នុងនោះមានតាំងពីវិទ្យុ ទូរទស្សន៍ ទីភ្នាក់ងារព័ត៌មាន កាសែតជាតិនិងអន្ដរជាតិ ព្រមទាំងសារព័ត៌មាននិងទូរទស្សន៍អនឡាញផង។
ស្ថាប័នសារព័ត៌មានមានច្រើន អ្នកកាសែតក៏មានច្រើនដែរ។ នេះគឺជារឿងដ៏គួរត្រេកអរចំពោះវិស័យសារព័ត៌មាននៅកម្ពុជា។ ប៉ុន្តែទន្ទឹមគ្នានេះ វិស័យសារព័ត៌មាននៅកម្ពុជា នៅមានបញ្ហាច្រើនទៀតដែលទាមទារឲ្យមានការយកចិត្តទុកដាក់ដោះស្រាយពីស្ថាប័នមានសមត្ថកិច្ច ដោយចំពោះបញ្ហាប្រឈមរបស់អ្នកកាសែត នៅពេលពួកគេចុះទៅបំពេញការងារ។ បញ្ហាទាំងនោះគឺ៖ ការរើសអើង ការគម្រាមកំហែង និងអំពើហិង្សាលើអ្នកកាសែត ពីសំណាក់ភាគីពាក់ព័ន្ធផ្សេងៗ។
និយាយពីការរើសអើង។ ជារឿយៗ គេតែងតែឮព័ត៌មានថា អ្នកកាសែតនៅស្រុកខ្មែរ ដោយចំពោះស្ថាប័នកាសែតដែលនិយមរិះគន់រដ្ឋាភិបាល ត្រូវអាជ្ញាធរបដិសេធមិនផ្ដល់សម្ភាស ឬមិនអនុញ្ញាតឲ្យចូលរួមនៅក្នុងកម្មវិធីមួយចំនួនរបស់រដ្ឋាភិបាល។ ប៉ុន្តែមែនទែនទៅ ហេតុការណ៍ដូចគ្នានេះក៏កើតឡើងផងដែរ លើអ្នកកាសែតពីស្ថាប័នដែលមាននិន្នាការស្និទ្ធនឹងរដ្ឋាភិបាល ពីសំណាក់អតីតគណបក្សប្រឆាំងនិងអ្នកគាំទ្ររបស់ពួកគេ។
ចំពោះការគម្រាមកំហែងវិញ អ្នកកាសែតជួបតាំងពីការគម្រាមប្ដឹងផ្ដល់ រហូតដល់គម្រាមបាញ់សម្លាប់។ ដែលនេះ វាបានធ្វើឲ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាន។ សេរីភាពសារព័ត៌មាន ដែលត្រូវបានធានាដោយច្បាប់កម្ពុជានិងច្បាប់សកល។ អ្នកកាសែតខ្លះ មិនគ្រាន់តែត្រូវបានរើសអើង និង គម្រាមកំហែងប៉ុនណោះទេ ពួកគេថែមទាំងត្រូវបានដកហូតសម្ភារៈផលិតព័ត៌មាន និងរងការវាយដំថែមទៀត។
ជាការពិតហើយថា រហូតមកទល់ពេលនេះ សេរីភាពសារព័ត៌មាននៅកម្ពុជា បានរីកចម្រើនលូលលាស់ទៅមុខគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹង២៩ឆ្នាំមុន ដែលកម្ពុជាចាប់ផ្ដើមបើកចំហទៅកាន់លទ្ធិប្រជាធិបតេយ្យ។ បើទោះបីជាយ៉ាងណាក្ដី សុវត្ថិភាពរបស់អ្នកកាសែតនៅតែជាបញ្ហាដ៏ធំធេងមួយដែលត្រូវដោះស្រាយ។ អ្នកកាសែតជាប់ពន្ធនាគារ អ្នកកាសែតត្រូវគេប្ដឹងឡើងតុលាការ អ្នកកាសែតរងការគម្រាមកំហែង ឬរងការធ្វើទុក្ខបុកម្នេញ នៅតែកើតឡើងដដែលៗ និងជាប់ជាប្រចាំ។ បញ្ហាទាំងនេះបានធ្វើឲ្យចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជានៅលើឆាកអន្ដរជាតិ ស្ថិតនៅក្នុងលំដាប់មិនសូវល្អប៉ុន្មានឡើយ។
ក្នុងន័យនេះ មន្ដ្រីរដ្ឋាភិបាល អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ គួរតែចាប់ផ្ដើមផ្លាស់ប្ដូរឥរិយាបថចំពោះអ្នកកាសែត ដោយគួរចាត់ទុកអ្នកកាសែតជាដៃគូសហការក្នុងការអភិវឌ្ឍសង្គម មិនមែនជាបន្លានៅក្នុងកែវភ្នែកឡើយ។ ការបើកចិត្តឲ្យទូលាយទទួលយកវប្បធម៌ពហុគំនិត ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ក៏ជាកត្តាសំខាន់ផងដែរ ក្នុងការធានាសុវត្ថិភាពអ្នកកាសែត ធ្វើយ៉ាងណាឲ្យពួកគេអាចបំពេញតួនាទីបានពេញលេញ។
ចំណែកអ្នកកាសែតខ្លួនឯង ដែលអះអាងថា ជាអ្នកសារព័ត៌មានអាជីព ត្រូវតែចាប់ផ្ដើមពង្រឹងខ្លួនឯងឲ្យបានរឹងមាំ តាមរយៈការគោរពក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន។ នៅក្នុងទិសដៅនេះ ម្ចាស់ស្ថាប័នសារព័ត៌មានទាំងឡាយ គួរតែគិតគូរដល់ជីវភាពអ្នកកាសែត និងពង្រឹងឯករាជភាពនៃស្ថាប័នរបស់ខ្លួនជាចាំបាច់។
ព្រោះសូមកុំភ្លេចថា សារព័ត៌មានដែលជាអំណាចទី៤ ឥឡូវនេះដើរតួកាន់តែសំខាន់ឡើងៗនៅក្នុងសង្គមខ្មែរ។ ទាំងនៅក្នុងការផ្ដល់ព័ត៌មានដល់ម្ចាស់ឆ្នោតអំពីការប្រព្រឹត្តរបស់អ្នកនយោបាយ និងទាំងការផ្សាយការពិត ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្ដីត្រូវការរបស់ពលរដ្ឋដល់អ្នកនយោបាយនិងអ្នកដឹកនាំ ដើម្បីឈានទៅរកការសម្រេចចិត្តដ៏ត្រឹមត្រូវ។ ការផ្សព្វផ្សាយព័ត៌មានបញ្ចើចបញ្ចើ ប្រជាភិថុតិ ដើម្បីតែប្រយោជន៍បុគ្គល គឺជារឿងហួសសម័យហើយនៅក្នុងបរិបថដែលពលរដ្ឋខ្មែរកាន់តែច្រើនឡើង ចាប់ផ្ដើមយល់ពីសច្ចភាពនៃព័ត៌មាន៕
5/2/2022 • 4 minutes, 51 seconds បោះឆ្នោតឃុំសង្កាត់៖ ការឃោសនាប្រជាភិថុតិលែងមានន័យ ត ើគេត្រូវយកអ្វីទាក់ចិត្តម្ចាស់ឆ្នោត?
ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាត់តែខិតជិតចូលមកដល់ ការឃោសនាទាក់ទាញចិត្តម្ចាស់ឆ្នោតរបស់គណបក្សនយោបាយ ក៏ចាប់ផ្ដើមចេញដំណើរដូចគ្នាដែរ។ ប៉ុន្តែខុសពីការបោះឆ្នោតមុនៗ អ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា ការឃោសនាប្រជាភិថុតិ លែងមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់ម្ចាស់ឆ្នោតទៀតហើយ។ មានតែគោលនយោបាយដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋទេ ទើបអាចយកឈ្នះចិត្តម្ចាស់ឆ្នោតបាន។
4/25/2022 • 5 minutes, 52 seconds «ប្រវត្តិសាស្ត្រខ្មែរក្រហម» កាន់តែសាបរលាបពីចំណាប់អារម្មណ៍របស់យុវជនជំនាន់ក្រោយ?
១៧មេសា១៩៧៥-១៧មេសា២០២០២២។ ថ្ងៃទី១៧មេសាម្សិលមិញនេះ គឺជាខួបលើកទី៤៧នៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ អ្នកប្រវត្តិសាស្ត្រនិងអ្នកនយោបាយបានចាត់ទុកថ្ងៃទី១៧មេសានេះថា ជាថ្ងៃដ៏សំខាន់ ដែលខ្មែរត្រូវរៀនសូត្រនិងចងចាំទុក។ ប៉ុន្តែជាការកត់សម្គាល់ យុវជនខ្មែរជំនាន់ថ្មី ហាក់មិនបានចាប់អារម្មណ៍ និង ផ្ដល់តម្លៃអ្វីខ្លាំង ចំពោះថ្ងៃជាប្រវត្តិសាស្ត្រនេះទេ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពួកទាហានខ្មែរក្រហមបានចូលកាន់កាប់រាជធានីភ្នំពេញ បន្ទាប់ពីទទួលជ័យជំនះលើរដ្ឋាភិបាលរបស់លោកសេនាប្រមុខលន់ នល់។ ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញមួយចំនួនបានសម្ដែងការអបអរសាទរចំពោះការផ្ដួលរំលំនេះដោយគិតថា សង្គ្រាមបានចប់សព្វគ្រប់ ហើយមេដឹកនាំថ្មីនឹងនាំមកនូវសន្តិភាព សុវត្ថិភាព និងការកសាងប្រទេស។ ប៉ុន្តែផ្ទុយស្រឡះ កងទ័ពខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនិងទីប្រជុំជនទាំងអស់ដោយបង្ខំ ទៅតំបន់ជនបទដាច់ស្រយាល។
នៅក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ កម្ពុជាត្រូវស្ថិតក្រោមការគ្រប់គ្រងនៃរបបថ្មីមួយទៀត ជារបបកុម្មុយនីស្ត សម្លាប់រង្គាល ដឹកនាំដោយពួកខ្មែរក្រហម។ ចំណងគ្រួសារ របៀបរបបរស់នៅ ប្រពៃណី និងទំនៀមទម្លាប់របស់ប្រជាជនត្រូវបានបំផ្លាញចោលទាំងស្រុង។ ក្រោមមនោគមវិជ្ជារបស់ពួកខ្មែរក្រហម ប្រជាពលរដ្ឋខ្មែរចំនួន៧លាននាក់ត្រូវរស់នៅរងទុក្ខវេទនាដូចធ្លាក់នរកទាំងរស់ ហើយក្នុងចំណោមនោះ មានជិត២លាននាក់ត្រូវស្លាប់បាត់បង់ជីវិត។
សម្រាប់អ្នកប្រវត្តិសាស្ត្រ របបខ្មែរក្រហម គឺជារបត់ដ៏សំខាន់មួយ ដែលធ្វើឲ្យប្រជាជនកម្ពុជាទាំងអស់ក្លាយទៅជាជនរងគ្រោះ។ ប្រជាជនខ្មែរត្រូវកាន់ទុក្ខ ចងចាំ និងរៀនសូត្រអំពីឫសគល់ ព្រមទាំងដំណើររឿងទាំងឡាយណាដែលពាក់ព័ន្ធនឹងរបបនេះ។
ប៉ុន្តែជាការកត់សម្គាល់ បើទោះបីជាអ្នកប្រវត្តិសាស្ត្រនិងអ្នកនយោបាយ ចាត់ទុករបបកម្ពុជាប្រជាធិបតេយ្យថា ជាមេរៀនដ៏សំខាន់ ដែលខ្មែរត្រូវរៀនសូត្រក៏ដោយ ក៏គេសង្កេតឃើញថា យុវជនខ្មែរជំនាន់ក្រោយ ហាក់មិនបានដឹង ឬមិនបានចាប់អារម្មណ៍ និងសិក្សាឲ្យបានស៊ីជម្រៅទាល់តែសោះ ចំពោះរបត់ប្រវត្តិសាស្ត្រនេះ។
មានមូលហេតុសំខាន់យ៉ាងហោចណាស់ពីរ ដែលអាចពន្យល់ពីការណ៍នេះបាន។ ទី១៖ ការអប់រំអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាក្នុងកម្មវិធីសិក្សានៅមានកម្រិត ខណៈយុវជនខ្លួនឯងផ្ទាល់ ភាគច្រើនមិនទាន់បានស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរឲ្យបានស៊ីជម្រៅនៅឡើយ។ ទី២៖ យុវជនមួយចំនួនយល់ឃើញថា របបខ្មែរក្រហមគឺជារឿងឈឺចាប់ ដែលមិនគួរឲ្យរំឭកឡើងវិញ។ ម្យ៉ាង យុវជនសម័យថ្មីនេះ ផ្ដល់ភាពសំខាន់ដល់អនាគតច្រើនជាងអតីតកាល។ នេះជាហេតុដែលធ្វើឲ្យពួកគេមិនសូវចាប់អារម្មណ៍ ឬយកចិត្តទុកដាក់ស្វែងយល់ពីប្រវត្តិសាស្ត្ររបបខ្មែរក្រហមប៉ុន្មានទេ។
ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ការមិនស្វែងយល់ពីអតីតកាលឲ្យបានស៊ីជម្រៅ មិនអាចឲ្យយុវជនដើរទៅរកអនាគតដ៏ប្រសើរទេ។ ក្នុងន័យនេះ អ្នកជំនាញណែនាំឲ្យយុវជន ងាកមកយកចិត្តទុកដាក់សិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្មែរ ជាពិសេសអំពីកំណើតរបបខ្មែរក្រហមនិងរបបខ្មែរក្រហមនេះទាំងមូល។
គឺការសិក្សានេះហើយ ដែលនឹងឈានទៅបញ្ជៀសកុំឲ្យប្រវត្តិសាស្ត្រនេះ កើតឡើងច្រំដែលលើដែនដីកម្ពុជាទៀត។ គឺការសិក្សាដដែលនេះហើយ ដែលនឹងជួយផ្សះផ្សារស្មារតីរបស់ប្រជាជនខ្មែរ ទាំងអ្នកដែលធ្លាប់ឆ្លងកាត់របបខ្មៅងងឹតនេះក៏ដោយ និងមិនបានឆ្លងកាត់ក៏ដោយ ឲ្យយល់ពីសច្ចភាពពិតប្រាកដនៃរបបនេះ។
ជាការពិតហើយថា ការសិក្សាពីរបបខ្មែរក្រហមគឺជាការងារដ៏ទូលំទូលាយ និងមិនមែនជារឿងងាយស្រួលឡើយ។ តើហេតុអ្វីបានជាមានរបបខ្មែរក្រហម? តើការដួលរលំនៃរបបសេនាប្រមុខលន់នល់ គឺជាកំណើតនៃរបបខ្មែរក្រហម ឬមែនទែនទៅ ចលនាខ្មែរក្រហមមានកំណើតយូរលង់មុននេះមកហើយ? តើហេតុអ្វីបានជារបបនេះកាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង? តើការកាប់សម្លាប់ខ្មែរគ្នាឯង ផ្អែកលើគំនិតជាតិនិយមដែរឬទេ? នេះគឺជាសំណួរចាំបាច់ទាំងឡាយដែលយុវជនគួរស្វែងរកចម្លើយឲ្យបាន បើមិនបានទាំងស្រុង ក៏គួរតែបានមួយផ្នែកដែរ៕
ទម្លាប់បោះចោលសំរាមរបស់ពលរដ្ឋខ្មែរខ្លះ ធ្វើឲ្យប៉ះពាល់ដ ល់មុខមាត់ជាតិ
បុណ្យចូលឆ្នាំខ្មែរកំពុងតែខិតជិតចូលមកដល់។ ព្រឹត្តិការណ៍កម្សាន្តជាច្រើនត្រូវអាជ្ញាធរខេត្តទូទាំងប្រទេសរៀបចំឡើង ត្រៀមទទួលប្រជាពលរដ្ឋ ដើម្បីអបអរនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ នៅក្នុងព្រឹត្តិការណ៍កម្សាន្តតាមទីសាធារណៈទាំងនោះ គេនៅតែសង្កេតឃើញមានការបោះចោលសំរាមពាសវាលពាសកាលពីសំណាក់ពលរដ្ឋមួយចំនួន។ ទម្លាប់អាក្រក់បែបនេះ បានធ្វើអោយប៉ះពាល់ដល់កិត្តិយស ភាពថ្លៃថ្នូរ និងសោភ័ណភាពរបស់ប្រទេស ព្រមទាំងអាចជាន់ពន្លិចវិស័យទេសចរណ៍ ដែលជាប្រភពប្រាក់ចំណូលរបស់ជាតិទៀតផង។
ការបោះចោលសំរាមនៅតាមទីសាធារណៈ ពីសំណាក់ពលរដ្ឋខ្មែរមួយចំនួន មិនមែនជារឿងថ្មីឬប្លែកទេ។ ប្រជាពលរដ្ឋមួយចំនួន មានទម្លាប់បោះចោលសំរាមយ៉ាងអនាធិបតេយ្យយ៉ាងដូច្នេះ នៅគ្រប់ទីកន្លែង រាប់តាំងពីនៅមុខផ្ទះ តាមចិញ្ចើមផ្លូវ និងនៅតាមទីសាធារណៈនានា។
នៅតំបន់ទេសចរណ៍សំខាន់ៗមួយចំនួន ដូចជានៅតាមឆ្នេរសមុទ្រ រួមទាំងប្រាសាទអង្គរវត្តផង ក៏មានការចោលសំរាមដូចគ្នាដែរ ជាពិសេសនៅពេលកម្ពុជាប្រារព្ធពិធីបុណ្យនានា ដែលមានភ្ញៀវទេសចរដើរកម្សាន្តច្រើន។ ជាទូទៅ នៅតាមតំបន់ទេសចរណ៍ សំរាមដែលគេតែងតែប្រទះឃើញមានជាអាថិ៍ ដបទឹកសុទ្ធ កំប៉ុងទឹកក្រូច កំប៉ុងស្រាបៀរ ប្រអប់ស្នោរដាក់អាហារ ថង់ប្លាស្ទិក និងកាកសំណល់ចំណីអាហារជាដើម។
ក្រៅតែពីការបោះចោលសំរាមនៅនឹងកន្លែង ក៏មានដែរការបោះចោលសំរាមចេញពីយាននៅតាមផ្លូវ។ អ្នកបោះចោលសំរាមខ្លះ គឺជាម្ចាស់រថយន្តដ៏ប្រណីត ឯអ្នកខ្លះទៀត គឺជាអ្នកធ្វើដំណើរតាមរថយន្តឈ្នួល។ ការបោះចោលសំរាមខ្លះ បានធ្វើអោយប៉ះពាល់ដល់អ្នកដំណើរនៅលើដងផ្លូវជាមួយគ្នា និង ពេលខ្លះទៀត បានបង្កជាគ្រោះថ្នាក់ចរាចរណ៍ ផងក៏មាន។
តើមានមូលហេតុអ្វីខ្លះ ដែលនាំអោយពលរដ្ឋខ្មែរមួយចំនួនមានទម្លាប់មិនល្អបែបនេះ? ហើយតើត្រូវដោះស្រាយទម្លាប់អាក្រក់បែបនេះយ៉ាងដូចម្តេច?
កំណាព្យមួយឃ្លានៅក្នុងច្បាប់បណ្តាំបិតា បានសរសេរថា “ដឹងឆ្ងើយត្បិតដង កូនសោតរែងឆ្គង ត្បិតតែឪពុក”។ កំណាព្យនេះ បានបង្ហាញថា ការអប់រំនៅក្នុងគ្រួសារគឺជារឿងសំខាន់។ ដូច្នេះទម្លាប់អាក្រក់ទាក់ទងនឹងការចោលសំរាមរបស់កុមារ យុវជន និងពលរដ្ឋមួយចំនួន គឺបណ្តាលមកពីការមិនទទួលបានការ អប់រំពីឪពុកម្តាយ អាណាព្យាបាល ឬមនុស្សចាស់ក្នុងគ្រួសារ។ បើពុំដូច្នេះទេ គឺមនុស្សចាស់ក្នុងគ្រួសារ តែម្តង ដែលបានធ្វើជាគំរូអាក្រក់សម្រាប់កូនៗ។ ការមិនយកចិត្តទុកដាក់ចំពោះការចោលសំរាមនេះ បានក្លាយជាទម្លាប់អាក្រក់មួយ ដែលតែងតែប្រព្រឹត្តឡើងដោយមិនខ្វល់ពីអ្នកជុំវិញទាល់តែសោះ។
ក្រៅតែពីគ្រួសារដែលជាសង្គមតូច នៅក្នុងសង្គមធំ ពលរដ្ឋក៏ត្រូវទទួលបានការអប់រំផងដែរ។ សាលារៀន គឺជាកន្លែងទី២ ដែលត្រូវអប់រំ កុមារ យុវជន និងពលរដ្ឋ អោយបានយល់ដឹងអំពីសំរាមនេះ ។ កង្វះការយល់ដឹងអំពីបរិស្ថាន ធ្វើអោយប្រជាពលរដ្ឋមួយចំនួន មិនយកចិត្តទុកដាក់អំពីការបោះចោលសំរាម និងការគ្រប់គ្រងសំរាម។ ពេលខ្លះពួកគេត្អូញត្អែរអំពីផលប៉ះពាល់ដែលបណ្តាលមកពីសំរាម ប៉ុន្តែពួកគេមិនចូលរួមសំអាត ឬគ្រប់គ្រងសំរាមអោយមានរបៀបរៀបរយនោះទេ។
ការចោលសំរាម មើលទៅដូចជារឿងតូចតាច ប៉ុន្តែទម្លាប់នេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំង ពីចំណេះដឹង មារយាទ និងការទទួលខុសត្រូវ របស់ពលរដ្ឋខ្មែរម្នាក់ៗ ដែលនៅក្នុងនោះមានទាំង ពលរដ្ឋធម្មតា និងអាជ្ញាធរ។ ទម្លាប់អាក្រក់បែបនេះ បានធ្វើអោយប៉ះពាល់ដល់កិត្តិយស ភាពថ្លៃថ្នូរ និងសោភ័ណភាពរបស់ប្រទេស ព្រមទាំងអាចជាន់ពន្លិចវិស័យទេសចរណ៍ ដែលជាប្រភពប្រាក់ចំណូលរបស់ជាតិទៀតផង។
បញ្ហាសំរាម មិនមែនជាការទទួលខុសត្រូវរបស់នរណាម្នាក់ ឬក្រុមណាមួយតែឯងឡើយ។ ដូច្នេះ បន្ថែមពីលើការងាររបស់អាជ្ញាធររដ្ឋាភិបាល ពលរដ្ឋម្នាក់ៗក៏ត្រូវរួមចំណែកក្នុងការងារនេះដែរ ដោយចាប់ផ្ដើមពីការលះបង់ទម្លាប់ចាស់ ឈប់បោះចោលសំរាមពាសវាលពាសកាល ហើយបង្កើតទម្លាប់ថ្មី។ ទម្លាប់ថ្មីគឺការចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងចៀសវាងការបោះចោលសំរាមពាសវាលពាសកាល។
វាល្មមដល់ពេលហើយ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ចាប់ផ្តើមគិតគូរ និងអនុវត្តរឿងតូចតាចមួយនេះ ដើម្បីសង្គមយើង។ អ្នកដែលត្រូវ អនុវត្តមុនគេគឺ ឪពុកម្តាយ អាណាព្យាបាល ឬមនុស្សចាស់ គ្រូបង្រៀន និងអាជ្ញាធរ។ ប្រសិនបើយើងអាចអនុវត្តបានទាំងអស់គ្នា នោះយើងនឹងអាចលើកកំពស់បរិស្ថាន ហើយអាចរួមចំណែកកសាងសោភ័ណភាពរបស់ប្រទេសយើងបានទៀតផង៕
4/11/2022 • 5 minutes, 2 seconds ហេតុអ្វីត្រូវចាំបទបញ្ជារបស់នាយករដ្ឋមន្ដ្រី ទើបដោះស្រាយបញ្ហាបាន?
បទបញ្ជារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវបានសាធារណៈមតិទទួលស្គាល់ថា មានឥទ្ធិពលយ៉ាងខ្លាំងក្លានៅក្នុងការអនុវត្តការងាររបស់មន្ដ្រីរដ្ឋាភិបាល ក៏ដូចជាស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័នតុលាការ។ ការចុះបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាបដែលកំពុងតែអនុវត្តនាពេលនេះ ក៏បានកើតឡើងក្រោយបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលដែរ។ ជាការពិត បទបញ្ជារបស់បុគ្គលដែលមនុស្សមួយចំនួនហៅថា បុរសខ្លាំងកម្ពុជា នោះ គ្មានអ្វីដែលថាមិនអាចធ្វើបានឡើយ។ ប៉ុន្តែ ហេតុអ្វីបានជាគេត្រូវចាំបទបញ្ជារបស់នាយករដ្ឋមន្ដ្រី ទើបដោះស្រាយបញ្ហាបាន?
បទល្មើសនេសាទនៅបឹងទន្លេសាប កំពុងតែរងការបង្ក្រាបយ៉ាងសស្រាក់សស្រាំ ពីសំណាក់អាជ្ញាធរនិងក្រសួងពាក់ព័ន្ធទាំងអស់ ក្រោយពីមានបញ្ជាដាច់ណាត់របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីល្ងាចថ្ងៃពុធទី២៣មីនា បានចេញបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ នៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាបទាំងអស់ កម្ចាត់ឈ្មួញប្រព្រឹត្តបទល្មើសនេសាទនៅបឹងទន្លេសាបឱ្យអស់ បើទោះបីជាត្រូវប្រើមធ្យោបាយណាក៏ដោយ។ និងថា ប្រសិនបើមន្ត្រីពាក់ព័ន្ធ រាប់ចាប់តាំងពីចៅហ្វាយខេត្ត រដ្ឋមន្ដ្រីនិងមេទាហាន មេប៉ូលីសទាំងឡាយ មិនអាចបង្ក្រាបបទល្មើសនេសាទត្រីខុសច្បាប់ ជាពិសេសបទល្មើសទ្រង់ទ្រាយធំបានទេ នោះពួកគេមិនគួរបន្តការងាររបស់ខ្លួនតទៅទៀតឡើយ។
ភ្លាមៗក្រោយការចេញបញ្ជារបស់ប្រមុខរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តនៅជុំវិញបឹងទន្លេសាប បានជួបប្រជុំជាបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហាបទល្មើសនេសាទនៅបឹងទន្លេសាប ដែលកើតមានជារៀងរាល់ថ្ងៃ។ ក្រោយការប្រជុំ ភាគីពាក់ព័ន្ធបានសម្រេចឲ្យអភិបាលខេត្តទាំង៦ជុំវិញបឹងទន្លេសាប ត្រូវស្រាវជ្រាវរកជនល្មើស មកចាត់ការទៅតាមផ្លូវច្បាប់ដោយម៉ឺងម៉ាត់ និងកំណត់ឧបករណ៍ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល។ ក្រៅពីនេះ អាជ្ញាខេត្តទាំង៦ រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ត្រូវបង្កើតទីតាំងយាមការជាប្រចាំ ដើម្បបង្រ្កាបបទល្មើសនេសាទជាក់ស្តែងដែលកើតមានក្នុងភូមិសាស្រ្តខេត្តរៀងៗខ្លួន។ បើតាមក្រសួងកសិកម្ម បទល្មើសនិងជនល្មើសទាំងអស់ មិនត្រូវមានការយល់យោគជាដាច់ខាត។
គួរកត់សម្គាល់ថា ការចុះបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាបដែលកំពុងតែអនុវត្តនាពេលនេះ បានកើតឡើងក្រោយបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ដែលមនុស្សមួយចំនួនហៅថា បុរសខ្លាំងកម្ពុជា។ បទបញ្ជារបស់បុរសខ្លាំងកម្ពុជា គ្មានអ្វីដែលថាមិនអាចធ្វើបានឡើយ។ ប៉ុន្តែ ហេតុអ្វីបានជាបញ្ហានៅក្នុងសង្គម ត្រូវចាំទាល់តែមានបទបញ្ជារបស់នាយករដ្ឋមន្ដ្រី ទើបដោះស្រាយបាន? ហេតុអ្វីបានជាមន្ដ្រីថ្នាក់ក្រោម មិនអាចដោះស្រាយបញ្ហាទាំងនោះបានដោយគ្មានបញ្ជាពីថ្នាក់លើ?
ដើម្បីឆ្លើយនឹងសំនួរនេះ គេចាំបាច់ត្រូវយល់ពីបញ្ហាមួយចំនួនជាមុនសិន។ បញ្ហាដំបូងបង្អស់នោះគឺ ការឃុបឃិតគ្នាជាប្រព័ន្ធ នៃមន្ដ្រីថ្នាក់ក្រោមឱវាទរបស់នាយករដ្ឋមន្ដ្រី។ បញ្ហាប្រឈមនានានៅតែកើតឡើងដោយគ្មានដំណោះស្រាយ នៅពេលមន្ដ្រីក្រោមឱវាទឃុបឃិតគ្នាដើម្បីផលប្រយោជន៍ ដោយបិទបាំងពីភ្នែកនាយករដ្ឋមន្ដ្រី។ មួយវិញទៀត រដ្ឋបាលថ្នាក់ក្រោម និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលជាភ្នែកច្រមុះរបស់រដ្ឋាភិបាល ហាក់ដូចជាមិនបានអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនឲ្យបានត្រឹមត្រូវនៅឡើយ។
មានមូលហេតុ៣យ៉ាងដែលអាចពន្យល់បញ្ហានេះបាន។ ទី១ គឺអសមត្ថភាពរបស់អាជ្ញាធរក្នុងការគ្រប់គ្រងអំពើល្មើស។ ទី២ គឺបញ្ហាផលប្រយោជន៍ដែលធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចិញ្ចឹម បទល្មើស។ និងទី៣ គឺអ្នកប្រព្រឹត្តល្មើស ឬធ្វើជាខ្នងបង្អែកឲ្យជនល្មើស គឺជាមន្ដ្រីមានអំណាច ដែលធ្វើឲ្យកម្លាំងសមត្ថកិច្ចបង្ខំចិត្តបិទភ្នែក បិទត្រចៀកនៅចំពោះមុខអំពើល្មើស។
នៅក្នុងបរិបទដូច្នេះ នាយករដ្ឋមន្ដ្រី ដែលជាប្រមុខដឹកនាំរដ្ឋាភិបាល ត្រូវបង្ខំចិត្តចេញមុខដាក់បញ្ជាទៅដល់មន្ដ្រីក្រោមបង្គាប់ ដើម្បីកម្ចាត់ភាពអសកម្ម ឬបទល្មើសផ្សេងៗ។ បទបញ្ជាទាំងឡាយរបស់នាយករដ្ឋមន្ត្រីបានឆ្លុះឲ្យឃើញថា រដ្ឋាភិបាលពិតជាចង់លុបបំបាត់បាតុភាពអសកម្មនៅក្នុងសង្គម ពីព្រោះថា នៅលើលោកនេះប្រហែលជាគ្មានមេដឹកនាំប្រទេសណាមួយ ដែលមិនប្រាថ្នាចង់ឃើញវឌ្ឍនភាព ប្រកបដោយភាពសុខដុមរមនាក្នុងសង្គម នៅក្រោមការដឹកនាំរបស់ខ្លួននោះឡើយ។ ប៉ុន្តែ នាយករដ្ឋមន្ត្រីម្នាក់ឯងមិនអាចចេញបញ្ជាគ្រប់បញ្ហាបានទេ។
អាជ្ញាធរមានសមត្ថកិច្ច ត្រូវទទួលខុសត្រូវលើការងាររបស់ខ្លួន ដោយអនុវត្តច្បាប់ប្រកបដោយភាពម៉ឺងម៉ាត់ និងស្មើភាព។ ប្រសិទ្ធភាពពិតប្រាកដក្នុងការបំបាត់បទល្មើសទាំងឡាយ គឺស្ថិតនៅលើសមត្ថភាព និងមនសិការរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលជាសេនាធិការរបស់រដ្ឋាភិបាល។ បទបញ្ជារបស់នាយករដ្ឋមន្ដ្រី មែនទែនទៅ មានភាពចាំបាច់សម្រាប់កិច្ចការធំៗមួយចំនួន។ ដោយឡែក ចំពោះរឿងកំប៉ិកកំប៉ុកអង្ករកំប៉ុង គេមិនគួររង់ចាំបញ្ជារបស់នាយករដ្ឋមន្ដ្រីដើម្បីដោះស្រាយទេ។ ប្រសិនបើក្រសួងជំនាញទាំងឡាយ រង់ចាំតែបទបញ្ជានាយករដ្ឋមន្ត្រីគ្រប់តែរឿង គេប្រហែលជាមិនចាំបាច់បង្កើតក្រសួងទាំងនោះ នាំឲ្យខាតបង់ថវិកាជាតិនោះឡើយ៕
3/28/2022 • 5 minutes, 7 seconds កម្ពុជាត្រូវធ្វើអ្វីដើម្បីទាញប្រយោជន៍ឲ្យបានជាអតិប រមាពីកិច្ចព្រមព្រៀង RCEP?
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅកាត់ថា RCEP បានចូលជាធរមានរួចរាល់ហើយ នៅដើមឆ្នាំ២០២២នេះ។ RCEP គឺជាកិច្ចព្រមព្រៀងដ៏ធំនិងសំខាន់បំផុតនៅលើពិភពលោក ដោយហេតុថា ផលិតផលសរុបរបស់ប្រទេសហត្ថលេខីទាំងអស់ មានទំហំដល់ទៅ៣០ភាគរយនៃផលិតផលក្នុងពិភពលោក។ កាលពីសប្ដាហ៍មុន រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ត បានគូសបញ្ជាក់ឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ ការនាំចេញរបស់កម្ពុជា អាចនឹងមានកំណើនជាង៧ភាគរយ ខណៈការវិនិយោគ អាចកើនឡើងប្រមាណ២៣ភាគរយ ខណៈកំណើនផលិតផលក្នុងស្រុកសរុប នឹងមានកំណើនក្នុងអត្រា ២ភាគរយ។ តើដើម្បីទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP ដូចដែលបានលើកឡើងនេះ តើកម្ពុជាត្រូវធ្វើការងារអ្វីខ្លះ?
មុននឹងទៅដល់ការទាញប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ គេត្រូវស្វែងយល់ពីសវតានៃកិច្ចព្រមព្រៀងនេះបន្តិចសិន។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ ហៅកាត់ថា RCEP ត្រូវបានស្នើឡើងដំបូងនៅឆ្នាំ២០១២ នាទីក្រុងភ្នំពេញ ដោយមានប្រទេសជាសមាជិកចំនួន១៦ រួមមានប្រទេសអាស៊ានទាំង១០ និងដៃគូសន្ទនាចំនួន៦ផ្សេងទៀត គឺ ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងណូវែលសេឡង់។ ប៉ុន្តែកាលពីឆ្នាំ២០១២នោះ កិច្ចព្រមព្រៀង RCEP នេះ មិនសូវទទួលបានការចាប់អារម្មណ៍ឡើយ ដោយសារតែអាមេរិកបានដឹកនាំធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្ដរប៉ាស៊ីហ្វិក ដែលធំជាងនេះ។
យ៉ាងណាក៏ដោយ បន្ទាប់ពីអាមេរិកសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្ដរប៉ាស៊ីហ្វិក ចិនបានឆក់ឱកាសប្រមូលបណ្ដាប្រទេសអាស៊ាននិងប្រទេសក្នុងតំបន់ផ្សេងទៀតឲ្យចូលរួមជាមួយខ្លួន នៅក្នុងកិច្ចព្រមព្រៀង RCEP។ ចិនរំពឹងថា កិច្ចព្រមព្រៀង RCEP នឹងលេចចេញជារូបរាងនៅចុងឆ្នាំ២០១៩។
ប៉ុន្តែនៅចុងឆ្នាំ២០១៩នោះ ឥណ្ឌាបានសម្រេចចិត្តដកខ្លួនចេញពីមហាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP។ ដូច្នេះទើបពេលនេះ មហាកិច្ចព្រមព្រៀងសេរី RCEP មានសមាជិកតែ១៥ប្រទេស។
វត្តមាននៃកិច្ចព្រមព្រៀង RCEP និងក្នុងពេលដែលចិននិងអាមេរិកកំពុងមានសង្គ្រាមពាណិជ្ជកម្ម គេប្រមើលឃើញថា ក្រុមប្រទេសអាស៊ានអាចទទួលបានផលប្រយោជន៍ច្រើន ពេលមានកិច្ចព្រមព្រៀង RCEP។ មានប្រយោជន៍ព្រោះថា សង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក អាចបង្ខំឲ្យក្រុមហ៊ុនអន្ដរជាតិ ងាកមកបង្កើតរោងចក្រនៅតាមបណ្ដាប្រទេសផ្សេងទៀត ក្រៅពីចិន ដើម្បីចៀសផុតពីទណ្ឌកម្មអាមេរិក។ ដូច្នេះ ប្រទេសអាស៊ាន អាចក្លាយទៅជាគោលដៅថ្មីសម្រាប់ប្រទេសទាំងនោះ។ កម្ពុជាក៏ដូច្នោះដែរ។
យ៉ាងណាក៏ដោយ ដើម្បីឲ្យវិនិយោគិនចូលមកដាក់ទុនវិនិយោគក្នុងតំបន់ខ្លួន អាស៊ាន ជាពិសេសកម្ពុជាត្រូវត្រៀមខ្លួន ត្រៀមហេដ្ឋារចនាសម្ព័ន្ធ វត្ថុធាតុដើម ហើយត្រូវមាននីតិវិធីច្បាប់គ្រប់គ្រាន់និងត្រឹមត្រូវ ដើម្បីធានាដល់អ្នកវិនិយោគដែរ។ នេះជាការប្រឈមមួយសម្រាប់អាស៊ាន និយាយជារួម និងសម្រាប់កម្ពុជា និយាយដោយឡែក។
សម្រាប់កម្ពុជា ដើម្បីទាញយកប្រយោជន៍ពីមហាកិច្ចព្រមព្រៀង RCEP នេះ អ្នកជំនាញសេដ្ឋកិច្ចមួយចំនួនបានជំរុញឲ្យកម្ពុជាពន្លឿនការធ្វើពិពិធកម្មមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ខ្លួន ឲ្យបានលឿនរហ័ស។ ក្នុងនោះ មានវិស័យមួយចំនួន ដែលកម្ពុជាអាចយកចិត្តទុកដាក់ ដើម្បីពង្រីកសសរទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន។ ទីមួយ គឺការជំរុញវិស័យកសិឧស្សាហកម្ម ដែលជាសសរគ្រឹះគាំទ្រកំណើនវិស័យកសិកម្ម កាត់ដេរ និងទេសចរណ៍។ ទីពីរ ពង្រីកសិប្បកម្មនិងឧស្សាហកម្ម ដើម្បីជំរុញការនាំចេញ និងបំពេញតម្រូវការក្នុងស្រុក។ ទីបីស្វែងរកឧស្សាហកម្មថ្មីៗ និងអភិវឌ្ឍធនធានមនុស្សស្របទៅតាមទីផ្សារការងារអន្ដរជាតិ។
កម្ពុជាដែលត្រូវបានគេវាយតម្លៃថា ជាប្រទេសដែលមានប្រជាជនវ័យក្មេងនិងសកម្មច្រើន គួរតែអាចទាញយកផលប្រយោជន៍កម្លាំងទាំងនេះ តាមរយៈការបង្កើតការងារតាមជំនាញសម្រាប់ពួកគេ។ ប្រសិនបើកម្ពុជាអាចបង្កើតទម្រមូលដ្ឋានគ្រឹះសេដ្ឋកិច្ចបានច្រើនមែននោះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចជឿថា កម្ពុជានឹងអាចទាញយកផលចំណេញយ៉ាងមហិមា ពីកិច្ចព្រមព្រៀង RCEP ជាក់ជាពុំខាន៕
3/21/2022 • 3 minutes, 37 seconds ជំនឿអរូបិយនៅក្នុងសង្គមខ្មែរ ជាឱកាសអាជីវកម្មរបស់ជន ទុច្ចរិត
ជំនឿអរូបិយនៅតែមានឥទ្ធិពលក្នុងសង្គមខ្មែរ រាប់ចាប់តាំងពីជំនឿលើការបន់ស្រន់ សែនព្រេនចំពោះអ្នកតា រហូតដល់អារុក្ខអារក្សទេពតានានា។ នេះជាទំនៀមទម្លាប់ដែលដូនតាខ្មែរបន្សល់ទុកតាំងពីយូរណាស់មកហើយ។ ជំនឿអរូបិយ មែនទែនទៅ គឺជាសិទ្ធិសេរីភាពផ្នែកសាសនារបស់ពលរដ្ឋ។ ប៉ុន្តែពលរដ្ឋគួរតែប្រើប្រាស់សិទ្ធិនេះដោយប្រុងប្រយ័ត្នជាទីបំផុត។ ត្រូវប្រយ័ត្នព្រោះជំនឿអរូបិយគឺជាឱកាសអាជីវកម្មរបស់ជនទុច្ចរិត ប្រសិនបើពលរដ្ឋមិនបានគិតពិចារណាឲ្យបានវែងឆ្ងាយមុននឹងដាក់ចិត្តជឿទេនោះ។
ជំនឿអរូបិយមានវត្តមាននៅលើទឹកដីកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ពោលគឺយូរជាងការចូលមកដល់នៃព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនាទៅទៀត។ ជនជាតិខ្មែរដើម មានជំនឿលើកម្លាំងក្រៅធម្មជាតិ និង កម្លាំងក្រៅខ្លួន ដែលជាទូទៅគោរពបូជាវត្ថុអរូបដូចជា អាទិទេព ទេវតា អារុក្ខអារក្ស និងអ្នកតានានា។
អស់រយៈពេលរាប់រយឆ្នាំកន្លងទៅនេះ ជំនឿអរូបិយនៅក្នុងសង្គមខ្មែរមិនធ្លាប់ឃ្លាតចាកទៅណាទេ។ ពលរដ្ឋខ្មែរ ជាពិសេសអ្នកនៅតាមជនបទ នៅតែមានជំនឿលើរឿងអរូបិយដដែល។ សត្វជ្រូកជើងប្រាំ សត្វគោក្បាលពីរ និងភាពមិនប្រក្រតីខុសធម្មជាតិផ្សេងៗ អាចធ្វើឲ្យមនុស្សម្នាផ្អើលអុជទៀនធូបគោរពបូជាយ៉ាងភ្លូកទឹកភ្លូកដី។ ករណីខ្លះថែមទាំងត្រូវបានយកទៅចុះនៅលើទំព័រសារព័ត៌មាននិងបណ្ដាញសង្គមទៀតផង។ សម្រាប់អ្នកដែលមានជំនឿលើរឿងអរូបិយ ករណីចម្លែកទាំងនេះ កើតឡើងដោយសារតែបារមីសក្តិសិទ្ធខ្លាំងពូកែចូលសន្ធិត។ ហើយការអុជទៀនធូបគោរពបូជានានា នឹងនាំមកនូវលាភសំណាងដល់ពួកគេ។ នេះជារឿងមួយ។
ក្រៅពីជំនឿលើភាពមិនប្រក្រតីនៃធម្មជាតិ គេសង្កេតឃើញថា ពលរដ្ឋខ្មែរថែមទាំងមានជំនឿលើអាគមអរូបិយ និងសិល្ប៍សាស្ត្រវិទ្យាការផ្សេងៗទៀតផង។ ជំនឿនេះស្ដែងឲ្យឃើញតាមរយៈការទៅរកគ្រូបារមី៖ ខ្លះដើម្បីជោគសំណាងក្នុងការងារមុខរបរ ខ្លះដើម្បីរំដោះគ្រោះអាក្រក់ ហើយខ្លះទៀតទៅរកគ្រូបារមី ដើម្បីភាពសមបំណងក្នុងរឿងស្នេហាជាដើម។
ជាការកត់សម្គាល់ ជំនឿលើរឿងអរូបិយ បារមីសក្តិសិទ្ធអស់ទាំងនេះ មិនមែនមានតែនៅក្នុងចំណោមពលរដ្ឋនៅតាមជនបទ ដែលមានចំណេះដឹងទាប ខ្វះទីពឹងពំនាក់ទាំងផ្លូវចិត្តនិងផ្លូវកាយនោះទេ ពលរដ្ឋខ្មែរខ្លះដែលជាអ្នកមានទ្រព្យធន ជាពិសេសអ្នកដែលប្រកបមុខរបររកស៊ី អ្នកនយោបាយ និងមន្ដ្រីអ្នកមុខអ្នកការដែលមានតំណែងខ្ពស់មួយចំនួន ក៏ជឿលើរឿងទាំងនេះដែរ។
ជំនឿអរូបិយ មែនទែនទៅ គឺជាសិទ្ធិសេរីភាពផ្នែកសាសនារបស់ពលរដ្ឋ។ ការជឿជាក់ទៅលើអារុក្ខអារក្សអ្នកតា ឬដាក់ចិត្តដាក់ថ្លើមជឿទៅលើគ្រូបារ្យអាចារ្យណាមួយ គឺជាជំនឿដូចគ្នានឹងការបូជាចំពោះព្រះព្រហ្ម ព្រះសិវៈ និងព្រះវិស្ណុនៅក្នុងព្រហ្មញ្ញសាសនា ឬការគោរពបូជាព្រះពុទ្ធសាសនាដូច្នោះដែរ។ ការមិនជឿលើសាសនា ឬ លទ្ធិណាមួយសោះ ក៏ជាសិទ្ធិ និងជាជំនឿមួយប្រភេទដែរ។
បើទោះបីជាវាជាសិទ្ធិសេរីភាពរៀងៗខ្លួនក៏ដោយ ក៏ពលរដ្ឋម្នាក់ៗគួរតែប្រើប្រាស់សិទ្ធិនេះដោយប្រុងប្រយ័ត្នជាទីបំផុត។ ត្រូវប្រយ័ត្នដោយចំពោះជំនឿអរូបិយតែម្ដង ព្រោះខុសពីសាសនាផ្សេងៗ ជំនឿអរូបិយជាទូទៅត្រូវបានផ្ទេរពីជំនាន់មួយទៅជំនាន់មួយទៀតតាមរយៈបុគ្គលប៉ុណ្ណោះ ដោយមិនមានក្បួនខ្នាតច្បាស់លាស់ ដើម្បីវាស់ស្ទង់ពីភាពត្រឹមត្រូវនៃការអនុវត្តឡើយ។ ភាពមិនច្បាស់លាស់ និងជំនឿងប់ងល់របស់ពលរដ្ឋ ផ្ដល់ឱកាសយ៉ាងខ្លាំងដល់ការធ្វើអាជីវកម្មបោកបញ្ឆោតរបស់ជនទុច្ចរិត។
នៅក្នុងសង្គមខ្មែរ គេធ្លាប់ឃើញមានឧទាហរណ៍ជាច្រើនមកហើយជុំវិញករណីជនទុច្ចរិត ដែលឆ្លៀតឱកាសយកជំនឿអរូបិយរបស់ពលរដ្ឋ មកធ្វើអាជីវកម្មស្វែងរកផលប្រយោជន៍បំពេញកិលេសផ្ទាល់ខ្លួន។ ជាក់ស្ដែងដូចជាករណីអតីតចៅអធិការវត្តស្រះចក នេត ខៃ ដែលបានលួចថតរូបអាសអាភាសរបស់ស្ដ្រីមិនតិចជាង៦០០នាក់ឡើយ នៅពេលពួកគេមកស្រោចទឹកមន្តនៅវត្តស្រះចក។ និងករណី បុរសឈ្មោះធាន វុទ្ធី ដែលតាំងខ្លួនឯងជាព្រះសិអារ្យមេត្រិយ៍ ស្លៀកស ពាក់ស នៅវត្តទួលព្រះរាជា ហើយបង្គាប់ឲ្យព្រះសង្ឃថ្វាយបង្គំខ្លួនជាដើម។
បើទោះបីជាករណីទាំងពីរខាងដើមត្រូវបានសមត្ថកិច្ចបើកកកាយនិងកាត់ទោសរួចហើយក្ដី ក៏ប៉ុន្តែទង្វើបោកបញ្ឆោតដោយឈរលើជំនឿអរូបិយរបៀបនេះ នៅតែមានជាប់ជានិច្ចនៅក្នុងសង្គមខ្មែរ។ យ៉ាងណាក៏ដោយ គេពិបាកនឹងលុបបំបាត់ ឬគាស់រំលើងក្រុមជនទុច្ចរិតទាំងនោះណាស់ ខណៈពលរដ្ឋខ្មែរនៅតែមានជំនឿទៅលើរឿងទាំងនោះ ដែលជាលទ្ធផល គឺគ្មានអ្វីក្រៅតែពីការខាតបង់ពេលវេលានិងប្រាក់កាសនោះឡើយ។
សរុបមកវិញ បើទោះបីជាជំនឿ គឺជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗក៏ដោយ ក៏ពលរដ្ឋគួរតែត្រិះរិះពិចារណាឲ្យបានវែងឆ្ងាយ មុននឹងដាក់ចិត្តជឿទៅលើអ្វីមួយ ឬបុគ្គលណាម្នាក់។ ការជឿជាក់លើជំនឿមិនសមហេតុផល គ្មានឫសគ្មានគល់ និង គ្មានមូលដ្ឋានរឹងមាំ គ្មាននាំប្រយោជន៍អ្វីដល់ខ្លួនឡើយ ក្រៅតែពីការខាតបង់ពេលវេលានិងប្រាក់កាស ហើយពេលខ្លះ វិនាសខូចខាតដល់ខ្លួនឯងនិងគ្រួសារថែមទៀត៕
3/14/2022 • 5 minutes, 56 seconds កម្ពុជាត្រូវអភិវឌ្ឍសមត្ថភាពអ្នកនិពន្ធ ដើម្បីថែរក្ សាអ្នកអាន
ថ្ងៃសុក្រទី១១មីនាខាងមុខនេះ គឺជាទិវាជាតិអំណាន។ ចាប់តាំងពីមានការបង្កើតទិវាជាតិអំណាននៅឆ្នាំ២០១៦មក គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ បានងាកមកអានសៀវភៅកាន់តែច្រើនឡើង។ កំណើននិងសេចក្ដីត្រូវការរបស់អ្នកអានដូច្នេះ កើតឡើងស្របពេលដែលចំនួននិងសមត្ថភាពរបស់អ្នកនិពន្ធខ្មែរហាក់នៅមានកម្រិតនៅឡើយ។ ដើម្បីថែរក្សាកំណើននៃអ្នកអានសៀវភៅនៅកម្ពុជា អ្នកជំនាញស្នើឲ្យអ្នកនិពន្ធខ្មែរជំនាន់ថ្មី រួសរាន់អភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀត។
ជាច្រើនឆ្នាំចុងក្រោយនេះ និងបើទោះបីជាមានការគំរាមកំហែងពីវិបត្តិកូវីដ១៩ ការអានសៀវភៅនៅកម្ពុជានៅតែមានសន្ទុះកើនឡើងគួរឲ្យកត់ស្គាល់។ សន្ទុះអ្នកអានសៀវភៅខ្មែរដែលកើនឡើងនេះ មិនមែនជារឿងចៃដន្យទេ។ មានកត្តាសំខាន់ៗចំនួន៣ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរងាកមកអានសៀវភៅកាន់តែច្រើនឡើង។ ទី១ គឺការអប់រំផ្សព្វផ្សាយទូលំទូលាយរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងបណ្ដាញសង្គម ដែលចាប់ផ្ដើមផ្ដល់តម្លៃ និងលើកកម្ពស់ការអានសៀវភៅ។ ទី២ គឺការបង្កើតឲ្យមានពិព័រណ៍សៀវភៅ។ និងទី៣ ការបង្កើតទិវាជាតិអំនាន ពីសំណាក់រដ្ឋាភិបាលកម្ពុជា។
រហូតមកទល់ពេលនេះ គេនៅមិនមានទិន្នន័យច្បាស់លាស់អំពីចំនួនអ្នកអានសៀវភៅនៅកម្ពុជាដែលកើនឡើងសព្វថ្ងៃនេះទេ។ ប៉ុន្តែសន្ទុះនៃកំណើនអ្នកអានសៀវភៅនៅកម្ពុជា បានបង្ហាញឲ្យឃើញកាន់តែច្បាស់ឡើង តាមរយៈចំណងជើងសៀវភៅ ដែលបោះពុម្ពដាក់លក់កាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្ណាគារ និងតូបលក់សៀវភៅនានា។ ការបោះពុម្ពសៀវភៅកាន់តែច្រើន មានន័យថា អ្នកអានក៏មានចំនួនច្រើនឡើង។
ទន្ទឹមនឹងសន្ទុះកើនឡើងនៃអ្នកអានសៀវភៅនៅកម្ពុជានេះ គេសង្កេតឃើញថា នៅតាមតូបលក់សៀវភៅ និងបណ្ណាគារនានា សៀវភៅថ្មីៗដែលបោះពុម្ពផ្សាយជាខេមរភាសា ភាគច្រើនលើសលុប គឺជាសៀវភៅដែលបកប្រែពីភាសាបរទេស។ សៀវភៅរបស់អ្នកនិពន្ធខ្មែរជំនាន់ថ្មី ដែលដាក់លក់នៅលើទីផ្សារសព្វថ្ងៃ មានចំនួនតិចតួចនៅឡើយ។ នេះក៏ព្រោះតែអ្នកនិពន្ធខ្មែរនៅមានចំនួនតិច។ ហើយក្នុងចំណោមចំនួនដ៏តិចនោះទៀតសោត អ្នកនិពន្ធខ្មែរជំនាន់ថ្មីដែលមានសមត្ថភាព ក៏មានចំនួនកាន់តែតិចទៅទៀត។
អ្នកនិពន្ធ ជាមនុស្សសេរី និងជាអ្នកច្នៃប្រឌិតបង្កើតថ្មី ដែលត្រូវការដឹងរឿងរ៉ាវ ក្នុងធម្មជាតិ និងសង្គមជាច្រើន ដើម្បីយកមកប្រឌិតប្រៀបធៀប ទៅតាមទំនោរនៃឆន្ទៈរបស់ខ្លួន ទុកជាការកំសាន្ត និងពិចារណា សំដៅទៅរកការបង្កើតគំនិតថ្មី។ អ្នកនិពន្ធអាចតាក់តែងព្រឹត្តិការណ៍មួយ ទៅជាកំណាព្យ ជារឿងប្រឌិត ជាចម្រៀង ភាពយន្ត និងរូបត្លុកកំប្លុកកំប្លែងក៏មានដែរ ទៅតាមជំនាញ ឬទេពកោសល្យរបស់ខ្លួន ដោយរើសយកស្ថានការណ៍សង្គមណាមួយ ទុកឲ្យអ្នកអានពិចារណា។
ក្នុងទសវត្សរ៍ទី៥០ ៦០ និង៧០ អ្នកនិពន្ធខ្មែរមួយចំនួន ប្រឹងប្រែងត្រួសត្រាយកសាងស្នាដៃរបស់ខ្លួន រហូតទទួលបានការគាំទ្រពីសាធារណជន ពិសេសក្នុងរបបសាធារណរដ្ឋ ដែលមានការបោះពុម្ពផ្សាយច្រើន។ ឯបច្ចុប្បន្ន អ្នកនិពន្ធហាក់ត្រូវបានចាត់ទុកជាក្រុមមនុស្ស ដែលមិនមានសារៈសំខាន់ និងពុំមានអ្នកគ្រប់គ្រងត្រឹមត្រូវ។ ទោះបីមានក្រុម សមាគមអ្នកនិពន្ធពីរ ឬបី ប្រឹងប្រែងឈរដោយខ្លួនឯង ទាំងត្រដាបត្រដួសក៏ដោយ ក៏គេមិនអាចរកឃើញភាពច្បាស់លាស់មួយ ដើម្បីអភិវឌ្ឍន៍វិស័យសំណេរ និងជាទីសង្ឃឹម សម្រាប់អ្នកនិពន្ធខ្មែរស្រករថ្មីឡើយ។
នៅប្រទេសកម្ពុជា វិជ្ជានិពន្ធ មិនទាន់ជាមុខវិជ្ជាវិទ្យាសាស្ត្រមួយ ដូចមុខវិជ្ជាឯទៀតទេ។ ការណ៍ដែលប្រជាជនខ្មែរមួយចំនួនបច្ចុប្បន្ន អាចតាក់តែងនិពន្ធបាន ការដែលគេហៅអ្នកនិពន្ធ ជាអ្នកនិពន្ធ មានតិចណាស់ ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលវិជ្ជានិពន្ធ។ ឯការបណ្តុះបណ្តាលទៀតសោត មានរយៈពេលខ្លី ហើយមិនមានមេរៀនច្បាស់លាស់តាមបែបវិជ្ជាជីវៈ សម្រាប់អ្នកសិក្សាឡើយ។ គ្រូបង្រៀនមួយចំនួន ដែលត្រូវបានអញ្ជើញឲ្យចូលទៅក្នុងថ្នាក់ គ្រាន់តែជាអ្នកឧទ្ទេសនាម រំលែកបទពិសោធន៍ ដែលពួកគាត់មានទៅឲ្យអ្នកជំនាន់ថ្មីតែប៉ុណ្ណោះ។
គ្រូបង្រៀនមុខវិជ្ជាតែងនិពន្ធនោះទៀតសោត ច្រើនតែបង្ហាញសើៗទៅសិក្ខាកាម ពីរបៀបសរសេរកំណាព្យ ឬប្រលោមលោកតាមបែបបុរាណ ជាជាងវែកញែកបង្ហាញពីគំនិតដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ទាំងនោះ ឬបង្កើតគំនិតថ្មី សម្រាប់បម្រើសេចក្តីត្រូវការរបស់អ្នកអានក្នុងសង្គមសព្វថ្ងៃ។ ពេលខ្លះ វាគ្មិនមិនហ៊ានបកស្រាយនូវទស្សនៈរបស់រឿង ដែលឆ្លុះបញ្ចាំងមកសង្គម ឬឆ្លើយសំណួររបស់សិក្ខាកាម ព្រោះគាត់បារម្ភ គឺបារម្ភថា អាចនឹងប៉ះពាល់ដល់ផ្នែកនយោបាយ ឬការដឹកនាំរបស់ស្ថាប័នខ្លះក្នុងរដ្ឋាភិបាលក៏មានដែរ។ នេះគឺជាមូលហេតុដែលធ្វើឲ្យសមត្ថភាពរបស់អ្នកនិពន្ធខ្មែរជំនាន់ថ្មី មិនបានឈានឲ្យដល់ស្តង់ដារនៃអត្ថន័យនិងតម្លៃនៃអ្នកនិពន្ធដ៏ពិតប្រាកដ។
អ្នកនិពន្ធ គឺជាមូលដ្ឋានគ្រឹះបង្កើតស្នាដៃសម្រាប់អ្នកអាន។ ហើយសន្ទុះកើនឡើងនៃអ្នកអានសៀវភៅ គឺជាសាក្សីដ៏សំខាន់ ដែលឆ្លុះបញ្ចាំងឲ្យឃើញថា គ្រាប់ពូជនៃទម្លាប់អានសៀវភៅនៅកម្ពុជា ចាប់ផ្ដើមរីកដុះដាលឡើងវិញហើយ។ គឺទម្លាប់អានសៀវភៅនេះហើយ ដែលជាកត្តារួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រាជ្ញាស្មារតីរបស់ប្រជាពលរដ្ឋ ដើម្បីឈានទៅអភិវឌ្ឍប្រទេស។ ប៉ុន្តែប្រសិនបើខ្មែរ នៅតែខ្វះអ្នកនិពន្ធប្រកបដោយសមត្ថភាពនិងគុណភាព ហើយបណ្ដែតបណ្ដោយឲ្យទីផ្សារសៀវភៅខ្មែរ លុកលុយដោយសៀវភៅបកប្រែគ្មានគុណភាពពីភាសាបរទេស នោះចំណាប់អារម្មណ៍របស់អ្នកអានអាចនឹងថយចុះនៅថ្ងៃណាមួយជាក់ជាពុំខាន។ ការបណ្ដុះទម្លាប់អានសៀវភៅជារឿងដ៏ល្អ ដែលត្រូវតែបន្តលើកទឹកចិត្ត ប៉ុន្តែការអភិវឌ្ឍសមត្ថភាពអ្នកនិពន្ធ ក៏ជារឿងចាំបាច់ ដែលមិនអាចមើលរំលងបានដែរ៕
3/7/2022 • 6 minutes, 50 seconds អូមីក្រុងស្លូត តែជាផ្នែកមួយបន្ថែមបន្ទុកក្រីក្រដល់ប្រជាពលរដ្ឋ
វីរុសបំប្លែងថ្មីប្រភេទអូមីក្រុង បានមកដល់ប្រទេសកម្ពុជា និងឆ្លងចូលសហគមន៍ កាលពីដើមខែមករា ឆ្នាំ២០២២នេះ។ តាមលក្ខណៈជីវសាស្ត្រ មេរោគកូវីដអូមីក្រុងនេះ មានការចម្លងលឿនពីមនុស្សម្នាក់ទៅមនុស្សច្រើននាក់ តែមិនមានសភាពកាចដូចជាវីរុសកូវីដពពួកវ៉ារីយ៉ង់ដែលតា ឬអាល់ហ្វាទេ។ ទោះយ៉ាងណាវត្តមានរបស់វីរុសកូវីដបំប្លែងថ្មីអូមីក្រុងនេះ បានជះឥទ្ធិពលដល់សេដ្ឋកិច្ចនិងភាពក្រីក្រផងដែរ។
ក្រោយប្រទេសកម្ពុជាបានប្រកាសបើកឲ្យដំណើរការសេដ្ឋកិច្ចសង្គម ឡើងវិញកាលពីដើមខែមករា ក្រោយរងវិបត្តិធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតពីជំងឺកូវីដ-១៩ វ៉ារីយ៉ង់ដែលតា និងអាល់ហ្វាមក វីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុង ក៏បានមកដល់ដែរ ហើយក៏បានឆ្លងចូលសហគមន៍យ៉ាងឆាប់រហ័ស។
តាមការឲ្យដឹងពីក្រសួងសុខាភិបាល ការស្លាប់ដោយវីរុសបំប្លែងថ្មីអូមីក្រុងនេះ គឺមិនមានទេអស់រយៈពេលជាង១ខែ។ ទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះ ការស្លាប់ដោយសារអូមីក្រុងចាប់ផ្តើមមានជាប់ៗគ្នា តែក្នុងចំនួនមួយតិចតួច។ ទិដ្ឋភាពនេះ អាចរាប់បានថា មិនមានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជំងឺកូវីដ-១៩ ប្រភេទដែលតា និងអាល់ហ្វាទេ ដែលពលរដ្ឋកម្ពុជាបានស្លាប់ដោយសារជំងឺនេះ ដល់ទៅជាង៣ពាន់នាក់ អំឡុងពេលនៃរាតត្បាតរយៈពេលជិត២ឆ្នាំ។
ទោះយ៉ាងណាការមកដល់នៃវីរុសអូមីក្រុង អស់រយៈពេលជិត២ខែមកនេះ មិនអាចជាឧបសគ្គក្នុងដំណើរការបើកប្រទេសឡើងវិញ ដើម្បីសង្គ្រោះសេដ្ឋកិច្ចនោះទេ។ ពិធីបុណ្យធំៗជាលក្ខណៈប្រមូលផ្តុំមនុស្សដូចជាពិធីឆ្លងឆ្នាំសកល បុណ្យចូលឆ្នាំចិន វៀតណាម ថ្ងៃឈប់សម្រាកសាធារណៈ ដែលមានមនុស្សដើរកម្សាន្តច្រើន នៅតែអាចធ្វើទៅបាន ដោយមិនមានការហាមឃាត់។
ទាំងអស់នេះ គឺដើម្បីឲ្យសកម្មភាពសេដ្ឋកិច្ច មានដំណើរការទូទាំងប្រទេស ចាប់ពីសេដ្ឋកិច្ចកញ្រ្ចែងល្អី រហូតដល់សេដ្ឋកិច្ចធំៗរបស់ជាតិ ដោយមានការបន្ធូរបន្ថយលក្ខខណ្ឌជាច្រើនពាក់ព័ន្ធនឹងការរឹតបន្តឹង នៅពេលដែលមានមនុស្សម្នាឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង។ មានន័យថាអ្នកឈឺត្រូវសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ ឬនៅតាមផ្ទះ ហើយអ្នកមិនទាន់ឈឺនៅតែបន្តធ្វើការងារ និងប្រកបអាជីវកម្មដំណាលគ្នា។
តាមតួលេខផ្លូវការពីក្រសួងសុខាភិបាល មានអ្នកជំងឺថ្មីក្នុងរង្វង់ពី៤០០ ទៅជាង៥០០នាក់ ក្នុងមួយថ្ងៃនាប៉ុន្មានថ្ងៃចុងក្រោយនេះ បានឆ្លងវីរុសកូវីដ-១៩ អូមីក្រុង។ ក៏ប៉ុន្តែតួលេខមិនផ្លូវការត្រូវគេមើលឃើញថា មានច្រើនលើសពីនេះ ដោយសារអ្នកជំងឺមិនបានរាយការណ៍ ហើយសម្រាកព្យាបាលដោយស្ងៀមស្ងាត់នៅឯផ្ទះ។
ដូច្នេះ ត្បិតជំងឺកូវីដអូមីក្រុង មិនមានចរិកកាចមែន ក៏ប៉ុន្តែមេរោគបំប្លែងថ្មីនេះ បានរំខានយ៉ាងខ្លាំងដល់ការចេញទៅក្រៅដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត និងបំរើការងារផ្សេងៗ ដោយសារតែជំងឺនេះឆ្លងលឿន។
ការខកខានមិនបានប្រកបអាជីវកម្ម និងមិនបានបំពេញការងារជាពិសេសសម្រាប់បុគ្គលិកសហគ្រាសឯកជន គឺជាហេតុផលមួយដែលនាំទៅរកការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ខណៈពលរដ្ឋក្រីក្រជាច្រើនរកចំណូលត្រឹមតែមួយថ្ងៃដើម្បីតែមួយថ្ងៃ។ ប្រសិនបើមានការខកខានមួយថ្ងៃ ពីរថ្ងៃ ឬដល់ទៅរាប់សប្តាហ៍ ដោយសារវិជ្ជមានជំងឺកូវីដ-១៩ នោះនៅក្នុងគ្រួសារមួយដែលពឹងផ្អែកតែលើមេគ្រួសារតែម្នាក់ នឹងមានការលំបាក។
លំបាកដោយសារអ្នកជំងឺ និងក្រុមគ្រួសារត្រូវការអាហារប្រចាំថ្ងៃ និងជាពិសេសថ្នាំព្យាបាល រួមនឹងឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ អាល់កុលសម្រាប់សម្លាប់មេរោគ និងម៉ាស់ការពារផងដែរ។ នៅក្នុងដំណាក់កាលមួយ ដែលមានការផ្ទុះការរាតត្បាតខ្លាំងដោយជំងឺកូវីដអូមីក្រុង វត្ថុសំខាន់ ចាំបាច់ទាំងអស់នេះត្រូវបានលក់ក្នុងតម្លៃមួយថ្លៃជាងមុន ដោយសារតែតម្រូវការខ្ពស់ជាងការផ្គត់ផ្គង់។ ចំណុចនេះ មានសំណួរជាច្រើនបានចោទសួរដូចៗគ្នាថា តើពលរដ្ឋក្រីក្រអាចមានលទ្ធភាពប្រជែង ទិញរបស់ទាំងអស់នេះមកប្រើប្រាស់និងព្យាបាលបានឬទេ?
បញ្ហានេះ បានបង្កើតភាពទាល់ច្រកសម្រាប់អ្នកក្រ ជាហេតុនាំទៅរកការខ្ចីបុល ដោយក្នុងនោះមានទាំងបំណុលក្នុងសហគមន៍ និងបំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុកន្លងមក។ «អាចាស់មិនទាន់អស់ អាស្រស់មកដល់»។ នៅក្នុងបរិការណ៍នេះ ចង់មិនចង់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ពិតជាឧបសគ្គក្នុងការលូតលាស់សេដ្ឋកិច្ចជាពិសេសសេដ្ឋកិច្ចគ្រួសារ ហើយជាពិសេសមួយទៀតគឺបន្ទុកនេះ បានធ្លាក់ទៅលើពលរដ្ឋក្រីក្រច្រើនជាង។
ទាំងអស់នេះជាបញ្ហាសង្គម និងសុខមាលភាពប្រជាពលរដ្ឋដែលមិនអាចមើលរំលងបានឡើងជាពិសេសសម្រាប់អ្នកដឹកនាំរដ្ឋ។ ជាការពិតរដ្ឋាភិបាលបានប្រឹងប្រែងធ្វើច្រើនហើយ ក្នុងការរារាំងការដកហូតជីវិតពលរដ្ឋពីជំងឺកូវីដ ដូចជាការផ្តល់វ៉ាក់សាំងសន្ធឹកសន្ធាប់ និងទាន់ពេលវេលា ការផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ការឧបត្ថម្ភសាច់ប្រាក់ខ្លះៗសម្រាប់ពលរដ្ឋទីទាល់ក្រ និងបុគ្គលិក កម្មករ ដែលបាត់បង់ការងារដោយសារគាំងច្រវ៉ាក់ផលិតកម្មជាដើម។
ក៏ប៉ុន្តែនៅមិនគ្រប់គ្រាន់ទេ រដ្ឋគួរតាមដានប្រកបដោយតម្លាភាពនូវរាល់សកម្មភាពបង្កឲ្យមានការហើមប៉ោងតម្លៃទីផ្សារលើវត្ថុចាំបាច់មួយចំនួន ដូចជាថ្នាំព្យាបាលកូវីដ ឧបករណ៍ធ្វើតេស្តរហ័ស ទប់ស្កាត់ចរាចរថ្នាំព្យាបាលកូវីដក្លែងក្លាយ ឬបញ្ហាផ្សេងៗទៀត ដែលធានាដល់ការជួយទ្រទ្រង់ជាពិសេសដល់អ្នកក្រីក្រ ដើម្បីស្របតាមការតាំងចិត្ត និងគោលនយោបាយកាត់បន្ថយភាពក្រីក្រពីក្នុងរង្វង់ពលរដ្ឋខ្មែរឲ្យនៅទាបបំផុត៕
2/28/2022 • 5 minutes, 21 seconds ប្រជាជាតិខ្មែរត្រូវយកចិត្តទុកដាក់ថែរក្សានិងផ្ដល់តម្លៃប្រាសាទបុរាណខ្មែរទាំងអស់
ព័ត៌មានអំពីការចម្លងប្រាសាទអង្គរវត្ត នៅប្រទេសវៀតណាម បានបង្កជាសង្គ្រាមប៉ាកាជាថ្មីម្ដងទៀត នៅលើបណ្ដាញសង្គម។ ជាការពិតហើយថា ប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញរបស់ខ្មែរ នៅតែជាគោលដៅនៃការទាញចំណេញផ្នែកសេដ្ឋកិច្ចពីបណ្ដាប្រទេសជិតខាងមួយចំនួន។ ប៉ុន្តែទន្ទឹមគ្នានេះ ប្រជាជនកម្ពុជាមិនត្រូវភ្លេចទេថា ក្រៅពីប្រាសាទអង្គរវត្ត ខ្មែរយើងនៅមានប្រាសាទបុរាណរាប់រយកន្លែងទៀត ដែលកំពុងតែរងគ្រោះ ដោយសារពេលវេលា ទង្វើមនុស្ស និងបាតុភូតធម្មជាតិនានា។ ប្រឈមនឹងស្ថានការណ៍នេះ ប្រាសាទខ្លះត្រូវរៀបចំឲ្យមានការជួសជុលឡើងវិញជាបន្តបន្ទាប់។ ទន្ទឹមនឹងការងាររបស់ស្ថាប័នពាក់ព័ន្ធ ប្រាសាទបុរាណខ្មែរទាំងអស់ក៏ត្រូវការការយកចិត្តទុកដាក់ ចូលរួមថែរក្សា និងផ្ដល់តម្លៃ ពីសំណាក់ប្រជាជាតិខ្មែរទាំងមូលឲ្យបានជាប់លាប់ផងដែរ។
កម្ពុជា គឺជាប្រទេសតែមួយគត់លើលោកដែលមានរូបសំណង់ប្រាសាទនៅក្នុងទង់ជាតិ។ នេះគឺជាសក្ខីភាពដែលបង្ហាញថា ប្រាសាទបុរាណ មានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងជីវិតមនុស្សខ្មែរតាំងពីបុរាណកាលមកម្ល៉េះ។
ដោយមានឥទ្ធិពលពីឥណ្ឌា ព្រះរាជាខ្មែរចាប់ផ្ដើមសាងសង់ប្រាសាទ ដើម្បីឧទ្ទិសដល់ទេវនិងសាសនាផ្សេងៗ។ ឬបើពុំដូច្នោះទេ គេស្ថាបនាប្រាសាទឡើងដើម្បីតំណាងឲ្យកំពូលភ្នំហិមាល័យ ដែលជាទីលំនៅរបស់ទេវតា។ ក៏មានផងដែរ ប្រាសាទដែលត្រូវបានសាងសង់ឡើងដើម្បីថ្វាយព្រះភ្លើង ឬឧទ្ទិសដល់បុគ្គលសំខាន់ណាមួយ។ ប្រាសាទនៅក្នុងទឹកដីខ្មែរ ចាប់ផ្ដើមមានវត្តមានដំបូងនៅសម័យចេនឡា ពោលគឺក្នុងអំឡុងសតវត្សទី៦នៃគ្រឹស្តសករាជ។
ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលា ទង្វើមនុស្ស និងបាតុភូតធម្មជាតិកំពុងតែធ្វើឲ្យប្រាសាទបុរាណខ្មែរចាស់ទ្រុឌទ្រោមជាបន្តបន្ទាប់។ ក្នុងចំណោមប្រាសាទបុរាណនៅទូទាំងប្រទេសកម្ពុជាប្រមាណ១ពាន់ប្រាសាទ មានប្រាសាទជិត៤០០ហើយ ដែលត្រូវដួលរលំបាក់បែកបាត់រូបរាង។ របាយការណ៍របស់ក្រសួងវប្បធម៌នៅឆ្នាំ២០១០បង្ហាញថា ប្រាសាទដែលនៅមានរូបរាង មានប្រមាណតែជាង៥០០ប្រាសាទប៉ុណ្ណោះ។
ក្នុងគោលដៅថែរក្សាប្រាសាទបុរាណខ្មែរទាំងអស់ឲ្យឋិតឋេរគង់វង្ស គេសង្កេតឃើញថា ក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធបានធ្វើការងារច្រើនណាស់។ ប្រាសាទខ្លះត្រូវរៀបចំឲ្យមានការជួសជុលឡើងវិញ និងខ្លះទៀតបានត្រឹមធ្វើការងារអភិរក្ស។ យ៉ាងណាក៏ដោយ ការងាររបស់ស្ថាប័នពាក់ព័ន្ធតែប៉ុននេះ នៅមិនទាន់គ្រប់គ្រាន់ទេ។ ប្រាសាទបុរាណខ្មែរទាំងអស់ ត្រូវការការយកចិត្តទុកដាក់ ចូលរួមថែរក្សា និងផ្ដល់តម្លៃ ពីសំណាក់ប្រជាជាតិខ្មែរទាំងមូលឲ្យបានជាប់លាប់។
សព្វថ្ងៃនេះ ត្បិតតែពលរដ្ឋខ្មែរជាពិសេសយុវជន បានបង្ហាញទឹកចិត្តស្រឡាញ់ និងផ្ដល់តម្លៃដល់បេតិកភណ្ឌប្រាសាទបុរាណក៏ដោយ ក៏គេកត់សម្គាល់ឃើញថា ទឹកចិត្តស្រឡាញ់ចំពោះប្រាសាទបុរាណទាំងអស់នោះ មិនបានបង្ហាញចេញជាសកម្មភាពជាក់ស្ដែងឡើយ។
ពលរដ្ឋខ្លះបានប្រៀបធៀបប្រាសាទបុរាណទៅនឹងដុំថ្ម ដូចជា៖ ទៅមើលប្រាសាទ ដូចទៅមើលថ្ម។ ចំណែកអ្នកខ្លះទៀតពិសេសយុវជនតែម្ដង បានយកថ្មទៅគូសវាសនៅលើជញ្ជាំងប្រាសាទបុរាណជាឈ្មោះរបស់ខ្លួន ឬជាអក្សរផ្សេងៗថែមទៀត។ សូម្បីតែការចោលសម្រាមពាសវាលពាសកាលនៅក្នុងតំបន់ប្រាសាទជាបេតិកភណ្ឌ ក៏ជាទង្វើដ៏ពេញនិយមសម្រាប់ពលរដ្ឋខ្មែរដែរ។
បើតាមអ្នកជំនាញ ពលរដ្ឋខ្មែរស្រឡាញ់សម្បត្តិបេតិកភណ្ឌ ពិសេសប្រាសាទបុរាណដែលមាននៅរាយប៉ាយទូទាំងប្រទេស។ ប៉ុន្តែ សកម្មភាពមិនសមទំនងទាំងឡាយដែលបានលើកឡើងខាងដើមនេះ កើតឡើងដោយសារតែការយល់ដឹងនៅមានកម្រិត មិនទាន់យល់ពីតម្លៃនៃសម្បត្តិបេតិកភណ្ឌ ថាមានសារៈសំខាន់សម្រាប់ប្រជាជាតិមួយយ៉ាងណា។
បើទោះបីជាស្ថាបនាពីដី ពីឥដ្ឋ ឬពីថ្មក៏ដោយ ប្រាសាទបុរាណ គឺជាកេរដំណែលរបស់បុព្វបុរសខ្មែរ ដែលបានកសាងទុកឲ្យកូនចៅជំនាន់ក្រោយ។ ប្រាសាទបុរាណដែលប្រឹងឈរទប់ខ្លួនរាប់រយឆ្នាំ ក្រោមព្យុះភ្លៀងនិងភ្លើងសង្គ្រាម គឺជាភស្តុតាងនៃប្រវត្តិសាស្ត្រដ៏យូរលង់ ព្រមទាំងអត្តសញ្ញាណរបស់ខ្មែរ។ ប្រាសាទបុរាណប្រៀបបានទៅនឹងដួងព្រលឹងជាតិ។
ក្នុងន័យនេះ ពលរដ្ឋពិសេសយុវជនដែលអះអាងថាស្រឡាញ់ជាតិ គួរតែប្រុងប្រយ័ត្នចំពោះឥរិយាបទរបស់ខ្លួនចំពោះប្រាសាទបុរាណ។ ទង្វើមិនគួរគប្បីនានា ដូចជាការគូសវាសលើប្រាសាទ ឬចោលសម្រាមពាសវាលពាសកាលនៅក្នុងបរិវេណប្រាសាទ ល្មមដល់ពេលផ្លាស់ប្ដូរហើយ៕
2/7/2022 • 3 minutes, 48 seconds