ហេតុអ្វីបានជាក្មេងជំទង់មិនគួរផាត់ម្សៅលាបឡេ?
ផលិតផលសំអាងសម្រាប់ក្មេងកំពុងក្លាយជាបាតុភូតដ៏ពេញនិយម។ ក្រោមឥទ្ធិពលរបស់អ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម មានក្មេងស្រីៗច្រើនឡើងៗចង់ផាត់ម្សៅ លាបឡេ តាមដែរ។ ប៉ុន្តែក្មេងក្នុងវ័យជំទង់មិនគួរប្រើផលិតផលសំអាងឡើយ ព្រោះមិនត្រឹមតែអត់ប្រយោជន៍ទេ តែថែមទាំងធ្វើឱ្យខូចសុខភាពទៀត។ ជាបាតុភូតគួរឱ្យព្រួយបារម្ភ ក្មេងស្រីកាន់តែច្រើនឡើងៗចេះប្រើផលិតផលសំអាង ដោយមិនសមរម្យ មិនសមស្របទៅតាមវ័យ។ ក្នុងវ័យជំទង់ អាយុប្រមាណទើបតែ៩ ទៅ ១៣ឆ្នាំ នៅឡើយ យុវតីជំទើ នាំគ្នាធ្វើត្រាប់តាមកាយវិការរបស់អ្នកផ្សព្វផ្សាយគ្រឿងកែសម្ផស្សតាមបណ្តាញសង្គម។ ទើបចាប់លូតលាស់ មិនទាន់ពេញរូបរាងត្រឹមត្រូវ ក្មេងស្រីជំទើនាំគ្នាប្រើប្រាស់ប្រេងម្សៅ ឡេ ដែលស្បែកក្នុងវ័យនេះ នៅប្រហើរ ទន់ រលោង តាមបែបធម្មជាតិ។ ស្បែករបស់ក្មេងស្រី ក្នុងវ័យនេះ ផូរផង់ល្អណាស់ មិនត្រូវការផលិតផលជំនួយសម្ផស្សអ្វីទាល់តែសោះ។ផលិតផលសំអាងជាប្រភពរំខានដល់ប្រព័ន្ធអរមូន? កាន់តែអាក្រក់បំផុតទៅទៀត ផលិតផលសំអាង ម្សៅ ឡេ សេរ៉ូម ទាំងអស់នោះ មិនល្អសម្រាប់នាងៗជាក្មេងជំទង់ ឬទើបពេញក្រមុំទេ។ តែបច្ចុប្បន្ននេះ គេឃើញក្មេងស្រី ចាប់ប្រើសេរ៉ូម ជំនួយស្បែកកុំឱ្យឆាប់ចាស់ ឡេបំបាត់ស្នាមនឿយហត់លើមុខ ឡេលាបស្បែកខ្លួនឬផលិតផលប៉ូវស្បែកឱ្យស្អាតរលោងសល្អ ... ជាសរុបមានផលិតផលសំអាងច្រើនយ៉ាងទៀតណាស់ ដែលមិនត្រូវសោះនឹងក្មេងវ័យនេះ។ ធ្ងន់ធ្ងរជាងនេះទៅទៀត ផលិតផលទាំងអស់នេះមិនត្រឹមតែគ្មានប្រយោជន៍សម្រាប់ពួកគេទេ តែថែមទាំងជាប្រភពនៃគ្រោះថ្នាក់សម្រាប់ក្មេងស្រីជាអ្នកប្រើវាទៀត។សម្រាប់ក្រុមគ្រូពេទ្យជំនាញ ស្បែកយុវតីក្នុងវ័យជំទង់មិនទាន់ត្រូវការជំនួយអ្វីទាំងអស់។ បើចង់ក្មេងអាចប្រើផលិតថែទាំស្បែកបាន ដើម្បីផ្តល់សំណើមដល់ស្បែក ឬដើម្បីព្យាបាលជំងឺមុន។ក្នុងវ័យនេះ ផលិតផលតែមួយគត់ដែលស្បែកអាចទទួលបាន និងគួរតែប្រើប្រាស់នោះ គឺឡេ ឬក្រែមការពារស្បែកពីពន្លឺនិងកម្តៅព្រះអាទិត្យ (ការពារកម្តៅថ្ងៃ)។ ក្មេងខ្លះមានស្បែកស្ងួតខ្លាំង អាចត្រូវការជំនួយបន្ថែមជាផលិតផល ជាឡេបន្សើមស្បែក តែជាផលិតផលសម្រាប់កុមារ ដែលមានកំរិតអាល់ឡែកហ្ស៊ីទាបបំផុត និងមានធាតុផ្សំតិចបំផុត ហើយគ្មានក្លិន គ្មានជាតិទឹកអប់អ្វីទាំងអស់។ជាទូទៅ ផលិតផលសំអាងផលិតឡើងមិនមែនសម្រាប់ក្មេងទេ។ ផលិតផលសំអាង ឡេ ក្រេម ម្សៅ មានធាតុផ្សំ និងសារធាតុគីមីច្រើនមុខណាស់។ ជាឧទាហរណ៍ ឡេប្រឆាំងនឹងភាពចាស់របស់ស្បែក Anti âge អាចមានផ្ទុកធាតុសកម្មដូចយ៉ាងវីតាមីនសេ រ៉េទីណុល ដែលអាចវាយប្រហារស្បែក។ ត្រូវចងចាំថា ស្បែករបស់ក្មេងខុសពីស្បែករបស់មនុស្សចាស់។ ស្បែកក្មេង ជាស្បែកស្តើង ទន់ ឆាប់ជ្រាប ងាយរងប្រតិកម្មផ្សេងៗ មិនក្រាសរឹងនិងមិនទាន់អាចបំពេញតួនាទីជាស្រទាប់ការពារសរីរាង្គកាយបានពេញលេញនៅឡើយទេ។ដូច្នេះការប្រើផលិតផលសំអាង ទាំងនៅវ័យក្មេង អាចនឹងធ្វើឱ្យស្បែកមានប្រតិកម្ម ឡើងកន្ទួល រោល រលាក ឡើងមុន និងមានអាល់ឡែកហ្ស៊ី។ ជាពិសេសទៅទៀត កាយវិការនេះនាំឱ្យក្មេងស្រីទាំងនោះប្រឈមនឹងសារធាតុគីមី រំខានដល់ប្រព័ន្ធអង់ដូគ្រីន (perturbateurs endocriniens)។សារធាតុរំខានអង់ដូគ្រីន Perturbateur endocrinien (EP) ជាអ្វី?បើតាមនិយមន័យរបស់អង្គការសុខភាពពិភពលោក សារធាតុគីមី មានប្រភពពីធម្មជាតិ ឬសារធាតុគីមីសំយោគ ឬល្បាយសារធាតុគីមី ណាដែលគ្មាននៅក្នុងសរីរាង្គ និងដែលអាចជ្រៀបបន្ស៊ីទៅជាមួយដំណើរការរបស់សរីរាង្គ និងកោសិកា ហើយធ្វើឱ្យដំណើរការប្រព័ន្ធអង់ដូគ្រីន ផលិតអរមូននិងក្រពេញប្រែប្រួល។ បើប្រព័ន្ធអង់ដូគ្រីនប្រែប្រួលខុសប្រក្រតី ដំណើរការរបស់អរមូននៃសរីរាង្គមានជីវិតក៏ប្រែប្រួល ដែលជាឥទ្ធិពលដ៏អាក្រក់សម្រាប់បរិស្ថាន និងសម្រាប់សុខភាពមនុស្ស តជំនាន់។ប្រព័ន្ធអង់ដូគ្រីន គឺជាក្រពេញឬកោសិកាដែលផលិតអរមូនបញ្ចេញទៅក្នុងចរន្តឈាមដោយផ្ទាល់។ អរមូនទាំងនេះជាសារធាតុគីមីធម្មជាតិដែលមានសកម្មភាពលើគ្រប់សរីរាង្គនៃខ្លួនប្រាណ។ ពោលគឺអរមូនអង់ដូគ្រីន មានតួនាទីច្រើនក្នុងគ្រប់គ្រងចាត់ចែងដំណើរការជារបស់ជីវិត ដូចជាដំណើរការលូតលាស់ ការបន្តពូជ ដំណើរការផ្លូវភេទ ដំណេក ការឃ្លាន អារម្មណ៍ និងដំណើរការមេតាបូលិក។ និយាយដោយខ្លី របៀបលូតលាស់និងប្រព្រឹត្តទៅនៃកោសិកានីមួយៗអាស្រ័យទាំងស្រុងទៅលើសកម្មភាពគុណភាពរបស់អរមូន។ដូច្នេះប្រសិនបើមានអ្វីទៅរំខានអរមូន ប្រព័ន្ធអរមូន ឬប្រព័ន្ធអង់ដូគ្រីនហើយ សរីរាង្គកាយនឹងលែងមានដំណើរល្អ សុខភាពក៏ត្រូវប្រែប្រួលទៅតាមនោះដែរ។ឥទ្ធិពលអាក្រក់របស់សារធាតុគីមីរំខានអង់ដូគ្រីនចំពោះសុខភាពមនុស្ស ស្មុគស្មាញនិងមិនទាន់មានបញ្ជីគ្រោះថ្នាក់ជាក់លាក់ទេ។ ប៉ុន្តែទិន្នន័យវិទ្យាសាស្ត្របានលើកឡើងច្រើនអំពីផលវិបាកប៉ះពាល់ដល់ដំណើរការប្រព័ន្ធអង់ដូគ្រីន និងសង្ស័យថាជាប្រភពបង្កឱ្យមានបញ្ហាមួយចំនួន ដូចជា ធ្ងន់ធ្ងរបំផុត គឺជំងឺមហារីក៖ មហារីកសុដន់ មហារីកពងស្វាស ប្រូស្តាត មហារីកឈាម និងមហារីកស្បូន បញ្ហាលើប្រព័ន្ធបន្តពូជ ៖ កំណើនខុសប្រក្រតីនៃការលូតលាស់ប្រដាប់ភេទ ឬតួនាទីបន្តពូជ ក្មេងឆាប់ពេញកម្លោះពេញក្រមុំ ស្ពែម៉ាតូហ្សូអ៊ីតចុះខ្សោយ អារគ្មានកូន ដុះដុំសាច់ក្នុងស្បូន មានដុំពោះendometriose ឬពិបាកពរពោះ។ បញ្ហាមេតាបូលិក៖ មានជំងឺធាត់ជ្រុលចុកខ្លាញ់ មានជំងឺទឹកនោមផ្អែមប្រភេទទីពីរ បញ្ហាលើប្រព័ន្ធការពារខ្លួន៖ មានជំងឺក្រពេញទីរ៉ូអ៊ីត អាល់ឡែកហ្ស៊ី ហឺត ឬ បញ្ចុះប្រសិទ្ធភាពថ្នាំបង្ការ បញ្ហាលើប្រព័ន្ធប្រសាទ៖ នាំឱ្យមានវិបត្តិអត្តចរិត វិបត្តិអារម្មណ៍ វិបត្តិបញ្ញាញាណ កំរិតភាពឆ្លាតវ័យធ្លាក់ចុះ វិបត្តសោតវិញ្ញាណ វិបត្តិទំនាក់ទំនង វិបត្តិផ្ចង់អារម្មណ៍រវើរវាយជ្រុលឬរពិសជ្រុលគ្រឿងសំអាងមានផ្ទុកសារធាតុរំខានអង់ដូគ្រីន?ប៉ុន្តែគួរឱ្យសោកស្តាយ សារធាតុគីមី ពពួករំខានដល់ប្រព័ន្ធអង់ដូគ្រីន (អរមូននិងក្រពេញ) មាននៅស្ទើរគ្រប់ទីកន្លែង និងក្នុងស្ទើរគ្រប់ផលិតផលប្រើប្រាស់ប្រចាំថ្ងៃនានា មានជាអាទិ៍ វត្ថុប្រើប្រាស់ផ្ទះបាយ ផលិតផលសម្អាតអនាម័យផ្ទះ ផលិតផលធ្វើម្ហូបអាហារ និងគ្រឿងសំអាង។ល។និង។ល។ សារធាតុរំខានអង់ដូគ្រីន មានឆ្លងពេញក្នុងបរិស្ថាន ក្នុងទឹក ក្នុងដី ក្នុងខ្យល់ ដែលយើងស្រូបដង្ហើមរាល់ថ្ងៃទៀត។ ជាទូទៅ សារធាតុរំខានអង់ដូគ្រីន អាចជ្រៀបចូលក្នុងខ្លួនមនុស្ស តាមច្រកបី-គឺតាមផ្លូវអាហារ (មាត់) តាមរយៈអាហារមានជាតិគីមី មានជាប់សំណល់ថ្នាំសម្លាប់សត្វល្អិត ឬសំណល់ជីរកសិកម្ម តាមរយៈអាហារមានខ្ចប់ប្លាស្ទិកឬច្រកស្បោង និងតាមរយៈទឹកដែលឆ្លងជាតិពុលសំណល់គីមីនានាក្នុងដី។-តាមផ្លូវដង្ហើម៖ ខ្យល់ដែលយើងស្រូបដង្ហើមជារៀងរាល់ថ្ងៃ ជាខ្យល់បរិយាកាសពុលខ្លាំង ដោយសារធាតុគីមី ផ្សែងពុល ឬថ្នាំគីមីសម្លាប់សត្វល្អិត-តាមស្បែក គឺការប្រើផលិតផលសំអាង កែសម្ផស្ស ផលិតផលលាងបោកសម្អាតផ្ទះ។យើងជាប្រជាពលរដ្ឋសាមញ្ញទូទៅ រស់ប្រឈមនឹងសារធាតុគីមីច្របល់គ្នាយ៉ាងច្រើនមុខណាស់ទៅហើយ ដូច្នេះគ្មានប្រយោជន៍អ្វីដែលអ្នកត្រូវបណ្តោយកូនៗ បន្ថែមជាតិពុល ជាតិគីមី ចូលក្នុងខ្លួនតាមការការប្រើគ្រឿងម៉ាគីយេ ម្សៅ ឡេ ដែលមិនចាំបាច់ទាល់សោះសម្រាប់ពួកគេទេ។ ផលិតផលសំអាង គ្រឿងម៉ាគីយេ មានផ្ទុកធាតុសកម្ម សារធាតុគីមី ច្រើនយ៉ាងណាស់ ដែលអាចជ្រាបចូលតាមស្បែកទៅប៉ះពាល់ដល់ប្រព័ន្ធអរមូន និងដែលអាចបង្កផលវិបាកអាក្រក់ដល់សុខភាព ដូចដែលបានរៀបរាប់ខាងលើ៕
10/16/2024 • 8 minutes, 56 seconds សំរាន្តក្នុងទីងងឹត ចម្រើនដល់សុខភាព?
ពន្លឺសិប្បនិម្មិត ទោះបីជាខ្សោយយ៉ាងណាក៏រំខានដល់ដំណេក និងមកពន្យឺតភាពងងុយរបស់យើងដែរ។ ផ្ទុយទៅវិញ ការសំរាន្តយប់ក្នុងបន្ទប់ងងឹតឈឹង គ្មានពន្លឺសោះ មិនត្រឹមតែជួយឱ្យយើងឆាប់លង់លក់យ៉ាងស្កប់ស្កល់ទេ តែថែមទាំងអាចផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សុខភាពល្អ។ ហេតុអ្វី? តើអ្នកវិទ្យាសាស្ត្រពន្យល់យ៉ាងដូចម្តេច? លោកអ្នកមានបញ្ហាដំណេកមែនទេ? សូមសាកល្បង ពន្លត់ភ្លើង បិទអំពូល បិទវាំងនន បិទទូរស័ព្ទ ទូរទស្សន៍... កុំទុកឱ្យមានសល់ពន្លឺនៅក្នុងបន្ទប់គេង សាកលមើល៎។ បើតាមលទ្ធផលស្រាវជ្រាវរបស់អ្នកស្រាវជ្រាវវេជ្ជសាស្ត្រការសំរាន្តក្នុងបន្ទប់ងងឹតឈឹង គ្មានពន្លឺសោះ នឹងធ្វើឱ្យអ្នកឆាប់ងងុយ និងលង់លក់យ៉ាងស្កប់ស្កល់ខ្លាំង។យើងធ្លាប់ឮនិយាយច្រើនអំពីការរំខានរបស់សំឡេង ដូចជាថ្លង់ពេកគេមិនលក់ គេមិនបានជាដើម។ មែន! សំឡេងរំខានខ្លាំងណាស់ អាចដាស់ បង្អាក់ដំណេក។ អ្នកមានដំណេកស្រាល អាចភ្ញាក់ដោយគ្រាន់តែឮសំរិបអ្វីបន្តិច។ ប៉ុន្តែពន្លឺក្នុងពេលយប់ ក៏ជាប្រភពបំពុលបរិយាកាសដំណេកដ៏ចម្បងដែលជះឥទ្ធិពលអវិជ្ជមាន ដោយស្ងប់ស្ងាត់ និងដោយគេពុំសូវលើកមកនិយាយទេ។ តែដោយពិតជាក់ស្តែងទៅនោះ ពន្លឺជាការរំខានដំណេកមនុស្សលោកខ្លាំងណាស់។ នៅប្រទេសបារាំង មួយភាគបួននៃប្រជាពលរដ្ឋ រស់ប្រឈមនឹងពន្លឺអំពូលភ្លើងសាធារណៈ។តើពន្លឺបង្កបញ្ហាដល់ដំណេកយ៉ាងដូចម្តេច?ទោះបីជាខ្សោយ និងភ្លឺតិចយ៉ាងណាក៏ដោយ ក៏ពន្លឺអាចប៉ះពាល់ដល់យន្តការដំណេកដែរ។ ដើម្បីងងុយ និងលង់លក់ សរីរាង្គកាយមនុស្សត្រូវការអ័រម័នម្យ៉ាង ដែលផលិតតែនៅពេលយប់ គឺ អ័រមូន មេឡាតូនីន។ នៅក្នុងការសិក្សារបស់អ្នកវិទ្យាសាស្ត្រអូស្ត្រាលី ទើបចេញផ្សាយក្នុងពេលថ្មីៗ បានបង្ហាញឱ្យឃើញថា ពន្លឺក្នុងកំរិតដ៏ខ្សោយបំផុត ប៉ុនកូនពន្លឺគ្រឿងអេឡិចត្រូវនិកបិទហើយសោះ អាចពន្យឺតយន្តការផលិតអ័រម័នមេឡាតូនីនប្រមាណ២០នាទី និងពន្យឺតភាពងងុយនិងការលង់លក់ប្រមាណ២០នាទីដែរ។មានន័យថា ពន្លឺរំខានដល់ចង្វាក់ធម្មជាតិរបស់មនុស្ស ដោយអាចបង្ខិត ឬរំកិលចង្វាក់ដំណេក។ បើសរីរាង្គមានដំណើរការខុសចង្វាក់យូរៗទៅ ផលវិបាកសុខភាពនឹងលេចឡើង។ ពោលគឺ បើសរីរាង្គដើរខុសចង្វាក់ជីវសាស្ត្រ ប្រព័ន្ធមេតាបូលិក ប្រព័ន្ធការពារខ្លួន ក៏ត្រូវដើរខុសដែរ ដែលជាហេតុធ្វើឱ្យមានហានិភ័យធ្លាក់ខ្លួនឈឺ នូវជំងឺមេតាបូលិកជាច្រើនដូចយ៉ាង ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក។ពន្លឺអាចមានឥទ្ធិពលអវិជ្ជមានយ៉ាងនេះ ក៏ដោយសារថា គ្រប់ប្រព័ន្ធដំណើរការរបស់សរីរាង្គកាយ (ប្រព័ន្ធអរមូន ប្រព័ន្ធកម្តៅ ...) សុទ្ធតែគ្រប់គ្រងចាត់ចែងទៅតាមចង្វាក់ថ្ងៃយប់ នៃវដ្តដែលមាន២៤ម៉ោង ហើយធ្វើសមកាលកម្មដោយពន្លឺ។ដោយសារតែខុសចង្វាក់ធម្មជាតិដំណេកនេះហើយ បានជាការសិក្សាជាច្រើនទៀត រកឃើញថាមានកំណើនគ្រោះហានិភ័យកើតជំងឺវង្វេងវង្វាន់អាល់ហ្សៃមែរ ដោយការប្រឈមនឹងពន្លឺនៅយប់។កាលពីឆ្នាំ២០២២ ការសិក្សារបស់អ្នកស្រាវជ្រាវអាមេរិកបានអះអាងអំពីចំណងទំនាក់ទំនងរវាងការប្រឈមនឹងពន្លឺច្រើននៅពេលយប់ និងគ្រោះកើតជំងឺទឹកនោមផ្អែមប្រភេទទីពីរ។ ឥឡូវអ្នកជំនាញផ្នែកដំណេកអូស្ត្រាលី លោក អ៊ីនឌ្រូ ហ្វីលីព បានអនុម័តសម្មិតិកម្មនោះ និងបានចេញផ្សាយក្នុងទស្សនាវដ្តីសុខភាពអឺរ៉ុបដ៏ល្បីល្បាញជាទីទុកចិត្តបំផុត ថា គ្រោះកើតជំងឺទឹកនោមផ្អែម ដោយហេតុតែសំរាន្តយប់ដោយទុកភ្លើង មានកំរិតពន្លឺត្រឹមអំពូលទូរទស្សន៍បិទហើយ បានកើនឡើង២៩%-៣៩% និងដល់៥៣%បើអំពូលភ្លឺខ្លាំង។នៅពេលសំរាន្ត ទោះបីជាយើងបិទភ្នែកជិតឈឹងក៏ដោយ ក៏ពន្លឺនៅតែអាចជ្រៀតចាំងចូលតាមត្របកភ្នែកបានដែរ។ យើងអាចមានអារម្មណ៍ថាសំរាន្តពេលយប់លក់ស្រួលគ្មានអ្វីរំខានមែន តែពន្លឺ ការបើកទូរទស្សន៍ ទុកអំពូលភ្លើងឱ្យនៅឆេះចោលពេលដេកយប់ មិនមែនជាទម្លាប់ល្អទេ។ ការសិក្សាពន្យល់ថា នៅពេលដេកក្នុងទីភ្លឺ សរីរាង្គកាយយើងស្ថិតក្នុងស្ថានភាពប្រុងត្រៀមតែរហូត ហើយទៅបំប៉នប្រព័ន្ធប្រសាទឱ្យនៅស្វាហាប់ជានិច្ច។ ជាហេតុធ្វើឱ្យបេះដូងប្រឹងលោតញាប់ដដែល ដែលជាទូទៅចង្វាក់បេះដូងត្រូវលោតរង្វើលនៅពេលយប់ និងជាហេតុធ្វើឱ្យចំណាត់ការចែកចាយជាតិស្ករក្នុងឈាមមិនបានល្អ ដែលអាចជាចំណុចចាប់ផ្តើមនៃជំងឺទឹកនោមផ្អែម និងជាទម្លាប់អាក្រក់ ធ្វើឱ្យខ្លួនប្រាណនិងសរីរាង្គកាយទាំងមូល លែងមានសណ្តាប់។នេះជាសាររំលឹកអំពីភាពចាំបាច់ ដែលយើងត្រូវចេះស្តាប់សេចក្តីត្រូវការរបស់សរីរាង្គកាយ និងគោរព រក្សាចង្វាក់ធម្មជាតិដែលមានពីដំណាក់កាលឆ្លាស់គ្នា គឺពេលថ្ងៃសកម្ម និងពេលយប់សំរាក។ សំរាកដោយត្រឹមត្រូវ ដោយគ្មានពន្លឺរំខាន។សំរាន្តក្នុងទីងងឹតមានគុណប្រយោជន៍យ៉ាងណា?នៅពេលធ្វើដំណើរកំសាន្តទៅទីជនបទ តាមខេត្តឆ្ងាយៗ តើលោកអ្នកមានអារម្មណ៍ថាសម្រាន្តលក់ស្រួល មានកម្លាំង ស្រលះមុខមាត់ ពេលព្រឹកឡើងទេ? ហេតុអ្វីបានជាយើងមានអារម្មណ៍យ៉ាងដូច្នេះ? ទំនងមកពីលោកអ្នកឆាប់ចូលដំណេក និងពុំរងពន្លឺសិប្បនិម្មិតច្រើនដូចនៅក្រុងហើយ។ភាពងងឹតមិនសុទ្ធតែអាក្រក់ទេ។ អ្នកវិទ្យាសាស្ត្រកាន់តែច្រើនឡើងៗ ណែនាំឱ្យមនុស្សគ្រប់រូបជ្រើសរើសសំរាន្តក្នុងភាពងងឹត ដើម្បីជាប្រយោជន៍ដល់សុខភាព និងដើម្បីមានសុខមាលភាពល្អ។ក្រៅអំពីឆាប់ងងុយ លង់លក់ ដំណេកក្នុងទីងងឹតឈឹងនឹងស្កប់ស្កល់ល្អ។ បើលក់ស្កប់ស្កល់ល្អ វានឹងផ្តល់គុណប្រយោជន៍ច្រើនទៀតណាស់សម្រាប់សុខភាព។គេងក្នុងទីងងឹតឈឹង ជាការចេះស្តាប់និងគោរពចង្វាក់ធម្មជាតិរបស់សរីរាង្គកាយ (យប់ងងឹតដេក ភ្លឺឡើងភ្ញាក់ធ្វើសកម្មភាព) ដែលនឹងធ្វើឱ្យយន្តការមេតាបូលិសដំណើរការល្អ ពោលគឺខ្លួនប្រាណក៏មានដំណើរការល្អ ដោយជួយមិនឱ្យឡើងទម្ងន់ ជួយកោសិកានិងជាលិកានៃប្រព័ន្ធការពារខ្លួនឱ្យមានពេលដុះលូតលាស់បំពេញកម្លាំងដែលចំណាយអស់កាលពីពេលថ្ងៃ។សំរាន្តក្នុងភាពងងឹត នឹងកាត់បន្ថយគ្រោះធ្លាក់ខ្លួនកើតជំងឺទឹកនោមផ្អែម ជួយរក្សាជាតិស្ករអាំងស៊ូលីនឱ្យនៅនឹងល្អ។សំរាន្តដោយគ្មានពន្លឺ ល្អខ្លាំងណាស់សម្រាប់ភ្នែក។ ភ្នែកនឹងបានសម្រាកយ៉ាងពិតប្រាកដ និងបាត់ហត់ ព្រោះមិនប្រឹងប្រឈមនឹងពន្លឺដោយឥតប្រយោជន៍។ នៅពេលទទួលពន្លឺ ភ្នែកបញ្ជូនសារទៅខួរក្បាលឱ្យស្ថិតក្នុងភាពប្រុងប្រយ័ត្ន បានន័យថាខួរក្បាលមានស្ត្រេស និងនៅប្រឹងជាប់រហូត។សម្រាប់អ្នកធ្វើការពេលយប់ ការសម្រាកក្នុងបន្ទប់ងងឹតឈឹង ទាំងថ្ងៃ ក៏អាចជួយឱ្យដំណេកស្កប់ស្កល់ល្អដែរ ព្រោះខួរក្បាលបានទទួលសញ្ញាច្បាស់លាស់ថាដល់ម៉ោងត្រូវសម្រាកហើយ។ នេះបើតាមលទ្ធផលនៃការសិក្សាដដែល។ ដូច្នេះ សូមសម្រាកឱ្យបានគ្រប់ម៉ោង លោកអ្នកនឹងមានកម្លាំងពលំធម្មតានៅពេលត្រលប់ទៅធ្វើការវិញ។ជាទូទៅ ដំណេកមិនល្អផះឥទ្ធិពលអវិជ្ជមានខ្លាំងណាស់ដល់សុខភាពសរីរាង្គកាយ។ ដំណេកមិនគ្រប់គ្រាន់ បូកផ្សំនឹងបញ្ហាគ្រួសារ សង្គម និងការងារ អាចបង្កផលប៉ះពាល់ខ្លាំងដល់បញ្ញាញាណ អារម្មណ៍ និងរាងកាយទាំងមូល។ ផ្ទុយទៅវិញ ការសំរាន្តលក់ស្កប់ស្កល់ល្អពេញមួយយប់ ជាទន្ទល់ដ៏រឹងមាំទ្រយើងឱ្យមានអាយុយឺនយូរ។ ដំណេកល្អ និងស្កប់ស្កល់ ត្រូវប្រព្រឹត្តទៅក្នុងបរិយាកាស និងក្នុងទីដ៏សមគួរដែរ។លើកលែងតែអ្នកខ្លាចងងឹត លោកអ្នកគួរតែជ្រើសរើសសំរាន្ត ក្នុងបន្ទប់ដោយគ្មានពន្លឺរំខានសោះនៅពេលយប់ ដោយបិទប្រភពពន្លឺទាំងអស់ ដូចជាបិទភ្លើង បិទទូរទស្សន៍ បិទទូរស័ព្ទ បិទបង្អួច បិទវាំងនន។ ពាក់ម៉ាសបិទភ្នែក ប្រសិនបើអ្នកគ្មានមធ្យោបាយធ្វើឱ្យបន្ទប់គេងងងឹតឈឹងបាន។បើមានកូនតូច ត្រូវការរក្សាពន្លឺខ្លះពេលឱ្យបៅ សូមប្រើអំពូលភ្លើងដែលមានពន្លឺលឿងយ៉ាងស្រទន់ និងចៀសវៀងឱ្យបានការប្រើពន្លឺស និងខៀវ។ ពន្លឺពណ៌ខៀវ អាចទៅបិទខ្ទប់សកម្មភាពរបស់អ័រមូនមេឡាតូនីន។ ជាចុងក្រោយ សូមកុំខ្លាចថ្ងៃ ! កុំសំងំតែនៅក្នុងផ្ទះ ឬក្នុងបន្ទប់! ចេញឱ្យត្រូវពន្លឺព្រះអាទិត្យ ពន្លឺធម្មជាតិ នៅពេលថ្ងៃ ដើម្បីជួយសរីរាង្គឱ្យបែងចែងកាន់តែច្បាស់រវាងថ្ងៃនិងយប់៕
10/9/2024 • 9 minutes, 37 seconds ការពារសុខភាពភ្នែក ជាផ្នែកមួយនៃការពារប្រឆ ាំងនឹងជំងឺវង្វេងវង្វាន់
មានអត្រាជាតិខ្លាញ់ក្នុងឈាមខ្ពស់ និងមិនព្យាបាលភ្នែកពេលមើលមិនច្បាស់ ជាកត្តាហានិភ័យពីរថ្មី ដែលនាំឱ្យមានគ្រោះកើតជំងឺរង្វេងវង្វាន់ អាល់ហ្សៃម៉ែរ។ នេះបើតាមការសិក្សាទើបចេញផ្សាយ នៅថ្ងៃទី ៣១កក្កដា ២០២៤។ ប៉ុន្តែជាដំណឹងល្អ នៅពេលអនាគតដ៏ខ្លីខាងមុខ វេជ្ជសាស្ត្រទំនងជាអាចជួយវែករកជំងឺអាល់ហ្សៃម៉ែរ បានឆាប់រហ័សនិងដោយភាពប្រាកដប្រជាខ្លាំង ហើយងាយ ដោយគ្រាន់តែយកឈាមទៅវិភាគជំងឺ។ អាល់ហ្សៃម៉ែរជាជំងឺដ៏គួរឱ្យខ្លាច និងគ្មានថ្នាំព្យាបាលទេ រហូតមកទល់នឹងម៉ោងនេះនាទីនេះ។ បន្ថែមពីលើផលវិបាកដែលអ្នកជំងឺរងទុក្ខដោយផ្ទាល់ រោគវង្វេងវង្វាន់ ជាបន្ទុករបស់សង្គម និងគ្រួសារធ្ងន់ធ្ងរណាស់។ ហើយក្នុងមួយឆ្នាំៗមានមនុស្សរាប់លាននាក់ធ្លាក់ក្នុងស្ថានភាពវង្វេងវង្វាន់ បាត់បង់ការចងចាំ និងលែងចេះនិយាយស្តី។ ប៉ុន្តែ អ្នកស្រាវជ្រាវក៏ចាប់យល់និងកំណត់បានកាន់តែច្រើន អំពីកត្តាហានិភ័យដែលនាំឱ្យមានការអភិវឌ្ឍជំងឺអាល់ហ្សៃម៉ែរដែរ។នៅចន្លោះពីឆ្នាំ ២០១៧ដល់ឆ្នាំ២០២០ គណៈកម្មការ Lancet ដែលជាអ្នកចងក្រងទុកនូវរាល់គ្រប់ព័ត៌មានទាក់ទងនឹងជំងឺអាល់ហ្សៃម៉ែរ បានចេញបញ្ជីកំណត់ ហានិភ័យនៃជំងឺវង្វេងវង្វាន់ថាមាន១២កត្តា ៖-មានកំរិតសិក្សាទាប-ថ្លង់ (ធ្ងន់ត្រចៀក)-មានជំងឺលើសឈាម-អសកម្មភាពផ្លូវកាយ-មានជំងឺទឹកនោមផ្អែម-រស់ឯកាមិនចូលសង្គម-ទទួលទានសុរាច្រើន-ស្រូបខ្យល់ពុល-ជក់បារី-ធាត់ជ្រុល-និងមានដំបៅ ឬគ្រាំខួរក្បាល។ពេលនេះ ការសិក្សាថ្មីដែលជាការវិភាគលម្អិតទិន្នន័យពិភពលោក ដ៏ធំចម្បងបំផុត ទើបចេញផ្សាយនៅថ្ងៃទី ៣១កក្កដា ២០២៤ ក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រសុខភាពដ៏ល្បីល្បាញ The Lancet ដដែល បានបង្ហាញសម្មតិកម្មស្តីពីកត្តាហានិភ័យពីរថ្មីទៀតនៃជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ។ កត្តាហានិភ័យពីរថ្មីដែលមកជួយជំរុញបន្ថែមឱ្យមានវិបត្តិខួរក្បាលភ្លេចភ្លាំងនោះ គឺអត្រាជាតិខ្លាញ់ក្នុងឈាមកូឡេស្តេរ៉ូលខ្ពស់ និងការបាត់បង់សមត្ថភាពមើលរបស់ភ្នែកហើយមិនស្វែងរកការព្យាបាល។កត្តាខ្លាញ់ក្នុងឈាមខ្ពស់នៅក្នុងការធ្វើបច្ចុប្បន្នភាពការងារស្រាវជ្រាវរបស់ខ្លួន អ្នកវិទ្យាសាស្ត្រ Lancet បានបញ្ចូលអត្រាខ្លាញ់ក្នុងឈាមខ្ពស់ LDL ឬហៅថាខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ ជាកត្តាហានិភ័យសម្រួលឱ្យមានជំងឺវង្វេងវង្វាន់។ បើតាមលទ្ធផលនៃការសិក្សាបីលើអ្នកជំងឺអាយុក្រោម៦៥ឆ្នាំ ជាង១លានមួយសែននាក់ នៅអង់គ្លេស ដោយផ្តោតការតាមដានតែលើកំរិតជាតិខ្លាញ់ក្នុងឈាមកូឡេស្តេរ៉ូលអាក្រក់ រយៈពេល១២ឆ្នាំទៅ គេសង្កេតឃើញថា នៅពេលកំរិតកូឡេស្តេរ៉ូលLDL ឡើង១mmol/l ហានិភ័យមានវិបត្តិភ្លេចភ្លាំងកើនឡើង៨%។កត្តាសុខភាពភ្នែកឯកត្តាហានិភ័យថ្មីទីពីរនៃជំងឺវង្វេងវង្វាន់ ពាក់ព័ន្ធនឹងសមត្ថភាពមើលឃើញរបស់ភ្នែកវិញ ជាករណីដែលគណៈកម្មការមិនធ្លាប់នឹកគិតនិងចាត់ទុកជាកត្តាហានិភ័យពីមុនមកសោះ ស្រាប់តែឃើញទិន្នន័យបញ្ជាក់យ៉ាងច្បាស់ក្រលែតទៅវិញ។ នៅក្នុងទិន្នន័យសំយោគការសិក្សាចំនួន១៤ ដោយមានអ្នកចូលរួមជាមនុស្សធំពេញវ័យជាង៦លាននាក់ ដែលសុទ្ធតែមានសមត្ថភាពខួរក្បាលល្អពេញលេញពីដំបូង តែចុងក្រោយជាងមួយសែន៧ម៉ឺននាក់ធ្លាក់ខ្លួនមានវិបត្តិអាល់ហ្សៃម៉ែរភ្លេចភ្លាំង។ អ្នកមានវិបត្តិភ្លេចភ្លាំងទាំងនេះសុទ្ធតែមានសុខភាពភ្នែកធ្លាក់ចុះ មើលមិនច្បាស់ ពាក់ព័ន្ធជាមួយទាំងអស់។ ហេតុដូច្នេះហើយបានជាអ្នកដឹកនាំតាក់តែងសំណេរនេះ ណែនាំឱ្យគ្រប់អ្នកជំងឺទាំងអស់រូតរះទៅព្យាបាលភ្នែក នៅពេលសមត្ថភាពគំឃើញចាប់ធ្លាក់ចុះភ្លាម។ ការព្យាបាលភ្នែកជាចំណែកមួយនៃការការពារមិនឱ្យធ្លាក់ខ្លួនមានជំងឺអាល់ហ្សៃម៉ែរ។មិនខុសពីពាក្យស្លោកបូរាណខ្មែរ “ការពារប្រសើរជាងការព្យាបាលឡើយ” អ្នកជំនាញផ្នែកជំងឺអាល់ហ្សៃម៉ែរ តែងទទូចអំពីភាពសំខាន់ និងចាំបាច់បំផុតនៃការការពារខ្លួនពីជំងឺវង្វេងវង្វាន់ តាំងពីយូរមកហើយ។ សម្រាប់ក្រុមអ្នកស្រាវជ្រាវ ការវែករកឃើញកត្តាហានិភ័យនៃជំងឺអាល់ហ្សៃម៉ែរ ដែលសំខាន់ខ្លាំង ព្រោះវាជាការផ្តល់មធ្យោបាយឱ្យរកវិធីការពារ។ជាសរុប បើគណនាតាមក្បួន ជិតពាក់កណ្តាលនៃករណីរង្វេងវង្វាន់អាល់ហ្សៃម៉ែរ អាចបញ្ចៀសបាន តាមរយៈការលុបបំបាត់កត្តាហានិភ័យទាំង១៤មុខ។មានន័យថា ជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ មិនមែនជាជំងឺដែលគេមិនអាចការពារឬបញ្ចៀសបានទេ។ ថ្វីបើកត្តាពូជមានចំណែកធំនាំឱ្យមនុស្សមានរោគវង្វេងដែលគេអាចលុបបំបាត់បានក៏ដោយមែន ប៉ុន្តែគេអាចបញ្ចៀស ច្រាន កត្តាបរិស្ថាន កត្តារស់នៅ កត្តាហានិភ័យក្រៅខ្លួនបាន ដើម្បីបង្រួមលទ្ធភាពធ្លាក់ខ្លួនមានជំងឺវង្វេងវង្វាន់។ បើតាមអ្នកជំនាញ ទោះក្នុងវ័យណា និងស្ថានភាពសុខភាពកំរិតណាក៏ដោយ ក៏គេនៅអាចការពារ ពន្យារ ពន្យឺត និងទប់ជំងឺអាល់ហ្សៃម៉ែរបានដែរ។ បើមិនបានច្រើនក៏តិច។ចូរព្យាយាមបញ្ចេញសកម្មភាពផ្លូវកាយ សកម្មភាពខួរក្បាល ព្រោះខួរក្បាលដ៏ដូចជាសរីរាង្គផ្សេងទៀតដែរ កាន់តែប្រើកាន់តែវិវឌ្ឍទៅរកភាពចាស់ទុំល្អ ពោលគឺ ត្រូវទម្លាប់ប្រើខួរក្បាលតាំងពីក្មេង ឱ្យគិត ឱ្យចងចាំ ឱ្យគណនា ឱ្យស្វែងរកក្បួន ឱ្យត្រេះរិះ រហូតដើម្បីពង្រឹងកម្លាំងកោសិកាប្រព័ន្ធប្រសាទ។ ការណែនាំនេះ មិនមែនជាការជំរុញឱ្យអ្នកទៅអង្គុយគិត លេខបូកលុយ លេងស៊ូដូគុ ឬប្រើខួរក្បាលរកល្បិចឈ្នះគេរហូតទេ តែឱ្យអ្នកជ្រើសរើសសកម្មភាពអ្វីមួយដែលនាំឱ្យមានរីករាយ និងពិសេសមានទំនាក់ទំនងនិងភាពប្រទាក់ក្នុងសង្គម ហើយត្រូវសាកល្បងប្តូរផ្លាស់របៀបរបបរស់នៅ ប្រកបដោយអនាម័យខ្ពស់ គេងគ្រប់គ្រាន់ និងគេចពីកត្តាហានិភ័យទាំង១៤ខាងលើ។ស្ថាប័នស្រាវជ្រាវជំរុញខ្លាំងឱ្យមានការការពារជំងឺអាល់ហ្សៃម៉ែរ ព្រោះថ្វីបើគេចំណាយពេលអស់ជាច្រើនទសវត្សរ៍ស្រាវជ្រាវក៏ដោយ ក៏វេជ្ជសាស្ត្រនៅតែពុំទាន់រកឃើញថ្នាំព្យាបាលប្រកបដោយប្រសិទ្ធភាពពិតទៀត។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកអនុម័តឱ្យប្រើប្រាស់ថ្នាំពីរមុខ (Lecanemamb និង Donanemab) សម្រាប់ព្យាបាលជំងឺអាល់ហ្សៃម៉ែរ ប៉ុន្តែប្រសិទ្ធភាពនៃថ្នាំមានកំរិតណាស់ បើយោលទៅលើផលប៉ះពាល់បន្ទាប់បន្សំនៃថ្នាំ និងបើយោលទៅលើតម្លៃ។ ចំណែកឯអាជ្ញាធរសុខាភិបាលអឺរ៉ុប បានបដិសេធរួចហើយ មិនឱ្យប្រើថ្នាំLecanemambនៅលើទឹកដីសហភាពទេ និងនៅព្យូរលទ្ធផលចំពោះថ្នាំDonanemab។ ការប្រយុទ្ធប្រឆាំងនឹងកត្តាហានិភ័យនៃជំងឺអាល់ហ្សៃម៉ែរ ទំនងជាមធ្យោបាយល្អជាងការចំណាយអភិវឌ្ឍថ្នាំព្យាបាលដែលគ្មានផ្តល់ក្តីសង្ឃឹមសោះរហូតមកទល់ពេលនេះ។ ម្យ៉ាងវិញទៀត ការវែករកជំងឺអាល់ហ្សែម៉ែរទៀតសោត ក៏ត្រូវការចំណាយពេលវេលាច្រើន ខ្លះទាល់តែរាប់ឆ្នាំ និងជួបវេជ្ជបណ្ឌិតឯកទេសរាប់សិបនាក់ ទម្រាំអាចកំណត់បានថាជាជំងឺអាល់ហ្សៃម៉ែរ។ ការកំណត់ដឹងជំងឺអាល់ហ្សៃម៉ែរ តាមរយៈការវិភាគឈាម ជាមធ្យោបាយល្អ និងងាយ តែគេនៅមិនទាន់អាចប្រើវិធីនេះជាលក្ខណៈទូទៅនៅឡើយទេ។ អ្នកស្រាវជ្រាវត្រូវការសិក្សាបន្ថែមទៀតសិន៕
10/2/2024 • 8 minutes, 26 seconds ហាត់ប្រាណនិងធ្វើកីឡា ខុសគ្នាយ៉ាងណា?
ធ្វើចលនា បញ្ចេញកម្លាំងផ្លូវកាយ ហាត់ប្រាណ ធ្វើកីឡា នេះជាសារសុខភាពដែលគេឮកាន់តែញយៗឡើង។ ប៉ុន្តែដោយជាក់ស្តែងទៅនោះ តើពាក្យទាំងនេះមានន័យ យ៉ាងដូចម្តេច? និងខុសគ្នាដែរឬទេ? ជាគម្រប់១០០ឆ្នាំគត់ដែលបារាំងបានក្លាយជាម្ចាស់ផ្ទះជាថ្មី ទទួលរៀបចំកីឡាអូឡាំពិក ពីថ្ងៃទី ២៦កក្កដាដល់ថ្ងៃទី ១១សីហា និងប៉ារ៉ាអូឡាំពិកពីថ្ងៃទី ២៨សីហាទៅ៨កញ្ញា។ ក្រៅអំពីប្តេជ្ញារៀបចំការប្រកួតកីឡាឱ្យបានល្អប្រណិតបំផុត ក្រសួងការងារ សុខាភិបាល និងភារតភាពបារាំង បានឆ្លៀតយកឱកាសនេះ ជំរុញ អប់រំបំពាក់បំប៉ន និងឃោសនាអំពីតម្លៃនិងទម្លាប់ដ៏ល្អប្រពៃបំផុតនៃការធ្វើចលនាកាយសម្បទា និងធ្វើកីឡា។អូឡាំពិកប៉ារីសនិងសុខភាពសាធារណៈកីឡាអូឡាំពិក និងប៉ារ៉ាអូឡាំពិក ត្រូវតែជាយន្តការពន្លឿននយោបាយសុខភាពសាធារណៈ និងឈ្នាន់បង្វិលមធ្យោបាយទំនើបៗឱ្យមានដំណើរការ។ កីឡាអូឡាំពិក២០២៤ ត្រូវបន្សល់ទុកនូវមរតក ប្រកបដោយមហិច្ឆតាធំ គឺ បញ្ចូលកីឡាទៅជាចំណែកដ៏ធំមួយនៃជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអសកម្មផ្លូវកាយ (ភាពខ្ជិលច្រអូសចង់តែស្រណុក) ដើម្បីលើកទឹកចិត្តមនុស្សឱ្យបញ្ចេញសកម្មភាពផ្លូវកាយ ធ្វើចលនាកាយសម្បទា ហាត់ប្រាណ ធ្វើកីឡា ជាប្រចាំនៅសាលារៀន នៅក្នុងក្រុង និងនៅកន្លែងធ្វើការ។រៀបចំកីឡាអូឡាំពិកនិងប៉ារ៉ាអូឡាំពិក ជាឱកាសរៀបចំបង្កើនសុខមាលភាពដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យបានកាន់តែប្រសើរឡើងផង និងជាឱកាសប្រយុទ្ធប្រឆាំងនឹងជំងឺបណ្តាលមកពីភាពស្រណុកអសកម្មផ្លូវកាយផង តាមរយៈការជំរុញឱ្យធ្វើកីឡា។ សម្រាប់អាជ្ញាធរបារាំង កំណើននៃសកម្មភាពហាត់ប្រាណបញ្ចេញកម្លាំងធ្វើចលនារបស់ពលរដ្ឋ ជាសន្ទទស្សន៍មួយនៃភាពជោគជ័យរបស់កីឡាអូឡាំពិកក្រុងប៉ារីស២០២៤ ព្រោះរដ្ឋាភិបាលបារាំងបានចេញក្រិត្យចាត់ទុកការបញ្ចេញសកម្មភាពកាយសម្បទា “ជាបុព្វហេតុជាតិឆ្នាំ២០២៤” ជាមួយកម្មវត្ថុចម្បងបី គឺ៖ បញ្ចុះបញ្ចូលពលរដ្ឋបារាំង គ្រប់វ័យ នៅទូទាំងប្រទេស ឱ្យហាត់ប្រាណ ធ្វើកីឡា ធ្វើចលនាឱ្យបានច្រើនជាលំដាប់ ប្រមូលផ្តុំកីឡាករនិងគ្រប់កម្លាំង ដើម្បីលើកតម្កើងតម្លៃនិងតួនាទីនៃកីឡា យកកីឡាធ្វើជាស្នូលនៃនយោបាយសាធារណៈនិងជាកត្តិការរបស់សាធារណរដ្ឋកង្វះសកម្មភាព និងភាពអសកម្មផ្លូវកាយ ជាបញ្ហាដែលកើតមានលើមនុស្សគ្រប់រូប និងគ្រប់វ័យ។ ទិន្នន័យពិភពលោកចុងក្រោយបង្ហាញថា មានមនុស្សពេញវ័យ១៨០០លាននាក់ មិនបញ្ចេញសកម្មភាពផ្លូវកាយនិងកាយសម្បទាគ្រប់គ្រាន់តាមអនុសាសន៍អង្គការសុខភាពពិភពលោកទេ។ ហេតុដូច្នេះហើយបានជានាឱកាសប្រារព្វកីឡាអូឡាំពិក ក្រសួងប្រតិភូសុខាភិបាល និងបង្ការជំងឺ បានប្តេជ្ញាកាច់ប្តូរនិន្នាការ តាមរយៈវិធានការជាក់ស្តែងជាច្រើន ដើម្បីអង្រួនពលរដ្ឋឱ្យធ្វើសកម្មភាពផ្លូវកាយ និងសកម្មភាពកីឡាឱ្យបានយ៉ាងហោច “៣០នាទីក្នុងមួយថ្ងៃ”។ដូចម្តេចដែលហៅថា សកម្មភាពផ្លូវកាយ?អនុសាសន៍ណែនាំ លើកទឹកចិត្តឱ្យបញ្ចេញសកម្មភាពផ្លូវកាយ ហាត់ប្រាណ ធ្វើកីឡា ជាពាក្យដ៏ពេញនិយម ដែលគេបានឮកាន់តែញយឡើងៗ ចេញពីស្ទើរគ្រប់មាត់របស់អ្នកជំនាញ។ តើការបញ្ចេញសកម្មភាពផ្លូវកាយ មានន័យយ៉ាងដូចម្តេចឱ្យប្រាកដទៅ?! ធ្វើចលនា បញ្ចេញសកម្មភាពផ្លូវកាយ ហាត់ប្រាណ ធ្វើកីឡា ខុសគ្នាយ៉ាងណា?លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ៖ “សកម្មភាពផ្លូវកាយ ជាបណ្តុំនៃចលនាទាំងឡាយណាដែលទៅកន្ទ្រាក់សាច់ដុំ ហើយបង្កើនការស្រូបយកថាមពលអស់ច្រើនជាងពេលនៅស្ងៀម។ សកម្មភាពផ្លូវកាយមានបីប្រភេទ ៖ សកម្មភាពប្រចាំថ្ងៃ ការហាត់ប្រាណ និងការធ្វើកីឡា។ សកម្មភាពប្រចាំថ្ងៃ ចង់សំដៅទៅលើចលនារាងកាយ ដែលកំរើកដោយសាច់ដុំ ពោលគឺការដើរដេកឈរអង្គុយ។ សកម្មភាពផ្លូវកាយប្រចាំថ្ងៃចែកជាបីក្រុមតូចៗទៀត គឺ ការធ្វើបំលាស់ទីពីកន្លែងមួយទៅកន្លែងមួយ (ដើរ ជិះកង់ ឡើងជណ្តើរដោយជើង...) ការងារផ្ទះ (បោកខោអាវដោយដៃ បោសជូតផ្ទះ លាងចាន ស្រោចផ្កាធ្វើសួន ធ្វើជាង ...) និងការងារវិជ្ជាជីវៈ ដែលអាចជាការងារដោយប្រើកម្លាំងកាយ និងជាការងារនៅការិយាល័យដែលជាទម្រង់មួយនៃភាពអសកម្ម។ ការហាត់ប្រាណ ជាសកម្មភាពផ្លូវកាយដ៏មានសារៈសំខាន់មែនទែន ដែលធ្វើឡើងដោយមានផែនការកំណត់ច្បាស់លាស់ និងត្រូវធ្វើជាប្រចាំ យ៉ាងទៀតទាត់។ ការរត់ ការដើរ ជិះកង់ ទៅហាត់នៅសាលម្តងម្កាល មិនអាចចាត់ទុកជាសកម្មភាពហាត់ប្រាណ បានទេ។ ធ្វើកីឡា ឬលេងកីឡា ជាសកម្មភាពផ្លូវកាយកំរិតខ្ពស់ ដែលធ្វើឡើងដោយគោរពក្បួនច្បាប់ វិន័យត្រឹមត្រូវ និងដែលត្រូវធ្វើនៅក្នុងទីតាំងមួយដ៏ច្បាស់លាស់។”ការហាត់កីឡា ជាផ្នែកមួយនៃសកម្មភាពផ្លូវកាយ តែគ្រប់ការបញ្ចេញសកម្មភាពផ្លូវកាយមិនអាចចាត់ទុកជាសកម្មភាពកីឡាទេ បើសកម្មភាពនោះមិនធ្វើតាមច្បាប់ក្បួនកំណត់។ ហេតុដូច្នេះហើយបានជាងអ្នកជំនាញសុខភាពសាធារណៈ និងអ្នកវិទ្យាសាស្ត្រ ស្រុះស្រួលគ្នា តាំងពីជាង១០ឆ្នាំមក ប្រើពាក្យ “សកម្មភាពផ្លូវកាយ” សម្រាប់ណែនាំមនុស្សគ្រប់រូបឱ្យធ្វើចលនា បញ្ចេញសកម្មភាព។ ថ្វីបើមានការយល់ច្រលំជាញឹកញយ រវាងសកម្មភាពផ្លូវកាយ ហាត់ប្រាណ និងធ្វើកីឡាមែន ប៉ុន្តែក្នុងផ្នែកសុខភាពសាធារណៈ ការប្រើពាក្យហាត់ប្រាណធ្វើកីឡា ដែលមានបង្កប់អត្ថន័យប្រកួតប្រជែង ចង់សំដៅតែលើការបញ្ចេញសកម្មភាពផ្លូវកាយ និងក្នុងកម្មវត្ថុតែមួយ គឺ បញ្ចេញសកម្មភាពធ្វើចលនា កុំនៅស្ងៀម។ ភាពសកម្មមានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងណា?សកម្មភាពផ្លូវកាយ មិនមែនទាល់តែទៅចូលក្លឹបធ្វើកីឡាឡើយ។ តាមទិសដៅណែនាំរបស់អ្នកវិទ្យាសាស្ត្រដូចជា ឡើងជណ្តើរដោយជើង ធ្វើសួន ធ្វើដំណើរដោយថ្មើរជើង ឬដើរបែបកំសាន្តក្នុងសួន-ឧទ្យានធម្មជាតិ អាចចាត់ទុកបានថាជា បញ្ចេញសកម្មភាពកាយសម្បទាហើយ។ តែ រយៈពេល ចង្វាក់/ល្បឿន បូកនឹងកំរិតនៃការបញ្ចេញកម្លាំង (អាំងតង់ស៊ីតេ)នៃការធ្វើចលនាទាំងអស់នោះទេដែលនឹងផ្តល់ឥទ្ធិពលល្អ តិចឬច្រើនដល់សុខភាពនោះ។បញ្ចេញសកម្មភាពផ្លូវកាយ រហូតដល់ដង្ហក់ រហូតបែកញើស រហូតពិបាកនិយាយជាមួយអ្នកហាត់ក្បែរ ជាសកម្មភាពផ្លូវកាយ ក្នុងកំរិតល្មម និងខ្លាំង ដែលផ្តល់ផលល្អខ្លាំងដែរដល់សុខភាពផ្លូវកាយនិងចិត្ត។ តែសូមហាត់ប្រាណបញ្ចេញសកម្មភាពផ្លូវកាយដោយសន្សឹមៗ ដោយប្រឹងធ្វើឱ្យលើសពីថ្ងៃម្សិលជារៀងរាល់ថ្ងៃ មិនខុសអ្វីពីការរៀននិយាយ អាន និងរៀនរាប់លេខទេ។តាមគន្លងកម្មវិធី បុព្វហេតុជាតិឆ្នាំ២០២៤ ដែលផ្សារភ្ជាប់ដោយផ្ទាល់នឹងការប្រកួតកីឡាអូពិកក្រុងប៉ារីស២០២៤ បារាំងបានបើកយុទ្ធនាការឃោសនា បំផុសបំផុល អំពីគុណប្រយោជន៍នៃការធ្វើសកម្មភាពកាយសម្បទាជាប្រចាំរយៈពេល ៣០នាទី ដោយប្រកាន់របបរស់នៅបែបសកម្មខ្លាំង និងនៅអង្គុយស្ងៀមតិច។ របៀបរបបរស់នៅសកម្ម ធ្វើចលនាកាយសម្បទាជាប្រចាំ ផ្តល់សារៈប្រយោជន៍ខ្លាំងណាស់ដល់សុខភាព ដូចជាបង្កើនសុខមាលភាព ផ្លូវកាយ ផ្លូវចិត្ត អារម្មណ៍ បញ្ចុះស្ត្រេស កាត់បន្ថយគ្រោះកើតជំងឺរ៉ាំរ៉ៃ (ជំងឺរសរសៃឈាមបបេះដូង ទឹកនោមផ្អែមប្រភេទ២ និងមហារីកខ្លះ...) បានប្រមាណពី២០ទៅ៣០% បន្ថយគ្រោះស្លាប់មុនអាយុបាន៣០% រក្សាស្វ័យភាពនៅពេលចូលវ័យកាន់តែចាស់ និងជាឱសថព្យាបាលជំងឺរ៉ាំរ៉ៃមួយធំទៀត៕
7/31/2024 • 9 minutes, 23 seconds បារាំងរកឃើញថ្នាំជាទីសង្ឃឹមរបស់អ្នកជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
ក្រុមវេជ្ជបណ្ឌិតបារាំងនៅមន្ទីរពេទ្យម៉ុងប៉ឺលីយ៉េ ទើបចេញផ្សាយ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ "New England Journal of Medicine" លទ្ធផលគួរជាទីមោទនៈ នៃការស្រាវជ្រាវរកថ្នាំមកសង្គ្រោះអ្នកជំងឺដាច់ឬស្ទះសរសៃឈាមខួរក្បាល។ តើជាថ្នាំអ្វី? មានប្រសិទ្ធភាពយ៉ាងណា? សម្រាប់អ្នកជំងឺក្នុងស្ថានភាពណា? ក្នុងមួយឆ្នាំៗ ប្រទេសបារាំងរាប់ឃើញមានអ្នកជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាលប្រមាណ១៥ម៉ឺននាក់ ពោលគឺរាល់បួននាទីម្តងមានមនុស្សម្នាក់ធ្លាក់ខ្លួនឈឺដ៏គួរឱ្យខ្លាចនេះ។គ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាលជាអ្វី ?គ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ដែលហៅកាត់ជាភាសាបារាំងថា AVC ឬStroke ជាភាសាអង់គ្លេស គឺជាអាការៈជំងឺដែលសរសៃឈាមអាទែររបស់ខួរក្បាលគ្មានឈាមហូរទៅដល់ ជួនបណ្តាលមកពីសរសៃឈាមនោះដាច់ហូរចេញឈាម ជួនដោយហេតុតែសរសៃឈាមត្រូវកកស្ទះ។ AVC ឬStroke ដោយការកកស្ទះ ដោយដុំកំណកឈាម ជាករណីដែលគេជួបប្រទះញឹកញាប់ជាងគេ។នៅពេលសរសៃអាទែរខួរក្បាលស្ទះ លែងមានហើយចរន្តឈាមហូរទៅកាន់បណ្តាញសរសៃតូចៗទាំងឡាយរបស់ខួរក្បាល និងលែងមានឈាមសម្រាប់ចិញ្ចឹមសរសៃឈាមខួរក្បាល។ ប្រព័ន្ធប្រសាទត្រូវរងទុក្ខ ហើយបើគ្មានការព្យាបាលទាន់ពេលវេលាទេ នោះកោសិការនៃប្រព័ន្ធប្រសាទខួរក្បាលផ្នែកដែលគ្មានឈាមទៅដល់ ត្រូវចុះខ្សោយខ្សោះហើយស្វិតងាប់តែម្តង។ ហេតុដូច្នេះហើយបានជាគេនិយាយអំពីពេលវេលាសង្គ្រោះអ្នកជំងឺមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដោយគិតជានាទី។ ពីមួយនាទីទៅមួយនាទីជំងឺធ្លាក់ធ្ងន់ធ្ងរខុសគ្នាឆ្ងាយណាស់។ ពាក្យស្លោកបូរាណថា ពេលវេលាជាមាសប្រាក់ តែក្នុងករណីមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល ពេលវេលាជាចំនួនកោសិកាសរសៃប្រសាទ។ នៅពេលខ្វះអុកស៊ីហ្សែន គ្មានឈាមហូរទៅចិញ្ចឹម មួយនាទី ខួរក្បាលត្រូវបាត់បង់កោសិកាសរសៃប្រសាទអស់២លាន។ អ៊ីចឹងហើយបានជាគ្រូពេទ្យតែងផ្តល់អនុសាសន៍ឱ្យអ្នកជំងឺនិងអ្នកជុំវិញខ្លួនចេះសម្គាល់អំពីអាការៈជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យបានឆាប់រហ័សជាទីបំផុតតាមដែលអាចធ្វើទៅបាន និងកាន់តែប្រសើរឱ្យបានក្នុងអំឡុងពេលបួនម៉ោងកន្លះដំបូងយ៉ាងយូរ។តើអាការៈសញ្ញាសម្គាល់ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលមានយ៉ាងដូចម្តេចខ្លះ? រោគសញ្ញាទីមួយ អាចជាការចុះខ្សោយ បាត់កម្លាំងនៅដៃ នៅជើង នៅមុខ ឬទាំងបីក្នុងពេលជាមួយគ្នាតែម្តង។ អ្នកជំងឺមានអារម្មណ៍ថាស្ពឹក បាត់បង់ភាពរំញោច ជាសញ្ញាទីពីរ ឯសញ្ញាទីបី គឺការនិយាយស្តី ពិបាកយល់ និងចុងក្រោយ មានបញ្ហាភ្នែក ស្រវាំងមើលមិនច្បាស់។ ជួនកាលអ្នកជំងឺអាចមានសញ្ញារោគផ្សេងទៀត ដូចជាវិលមុខ ឃ្លីឃ្លោង ឬឈឺក្បាលយ៉ាងខ្លាំង។ ក្នុង៩ករណីលើ១០ ជំងឺនេះបានស្តែងឡើងក្នុងរយៈពេលដ៏ខ្លី ពីរទៅបីនាទីប៉ុណ្ណោះ។ ដូច្នេះត្រូវរួសរាន់ធ្វើរោគវិនិច្ឆ័យឱ្យបានលឿន ដើម្បីឆាប់បានបញ្ជូនទៅមន្ទីរពេទ្យ។ សូមស្តាប់ប្រសាសន៍របស់វេជ្ជបណ្ឌិត ស៊ន ផលនីកា គ្រូពេទ្យជំនាញប្រព័ន្ធប្រសាទ ពន្យល់អំពីរបៀបផ្ទៀងផ្ទាត់ ដើម្បីដឹងថាអ្នកជំងឺពិតជាមានគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល៖ការផ្ទៀងផ្ទាត់ត្រូវធ្វើឱ្យបានលឿន ក្នុងពីរទៅបីនាទី តាមក្បួនអង់គ្លេស F-A-S-T- Face- មុខវៀច ៖ ឱ្យអ្នកជំងឺញញឹម ដើម្បីសម្គាល់មើលថាតើ មាត់មានវៀចដែរឬទេ ?- Arm- ដៃខ្សោយម្ខាង ៖ ឱ្យអ្នកជំងឺលើកដៃ ទាំងពីរ ដាក់ទៅមុខ ក្នុងកំរិត ៩០ដឺក្រ តើគាត់អាចលើកបានស្មើគ្នាដែរឬអត់? ឬឱ្យអ្នកជំងឺចាប់ឬច្របាច់ដៃយើង តើគាត់មានកម្លាំងដៃម្ខាងខ្លាំងជាងម្ខាងទៀតដែរឬទេ ?- Speak- ពិបាកនិយាយស្តី ៖ ហៅអ្នកជំងឺឱ្យនិយាយ សួរសំណួរតើអ្នកជំងឺអាចឆ្លើយ បានដែរឬអត់- Time -ពេលម៉ោង ៖ អ្នកនៅជុំវិញ ត្រូវចងចាំអំពីពេលវេលា និងរយៈពេលដែលអ្នកជំងឺធ្វើទុក្ខ រហូតដល់ជួបគ្រូពេទ្យ និងដល់មន្ទីរពេទ្យ។ត្រូវជួយសង្គ្រោះនិងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យឱ្យបានឆាប់រហ័ស។ កាន់តែឆាប់ កាន់តែប្រសើរ ព្រោះការព្យាបាល អាស្រ័យលើពេលវេលាខ្លាំងណាស់ដែរ។ បើជាករណីគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ដោយការកកស្ទះដុំកំណកឈាមក្នុងសរសៃ ការព្យាបាលដោយចាក់ថ្នាំរំលាយឈាមមានប្រសិទ្ធភាពខ្ពស់ខ្លាំង បើមកដល់មន្ទីរពេទ្យ ក្នុងកំឡុងពេលមុនបួនម៉ោង។គោលការណ៍នៃការរំលាយដុំកំណកស្ទះសរសៃឈាម ជាយន្តការសាមញ្ញដូចចាក់ ទម្លុះកំណកពេលស្ទះលូ ឬទុយយោទឹកដូច្នោះ។ ក្នុងការស្ទះសរសៃឈាមខួរក្បាល គ្រូពេទ្យអាចចាក់ថ្នាំបំបែកកំណក ឬដាក់ប្រដាប់ចូលតាមសរសៃឈាមអាទែរ នៅជើង សសៀឡើងតាមសរសៃឈាមនោះ ទៅចាប់ដុំកំណកក្នុងសរសៃអាទែរនៅខួរក្បាល។ជាដំណឹងល្អ នៅពេលនេះ សូម្បីតែអ្នកជំងឺធ្ងន់ខ្លាំង ដែលគ្រូពេទ្យលែងធានា និងមិនសង្ឃឹមសោះពីមុន ក៏អាចសង្គ្រោះបានដែរ។ នៅប្រទេសបារាំងដែលល្បីខាងមានគ្រូពេទ្យនិងបច្ចេកវិទ្យាព្យាបាលខ្ពស់ គ្រូពេទ្យសម្រេចព្យាបាលអ្នកជំងឺមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដោយសាកល្បងទៅចាប់ឬបំបែកដុំកំណកឈាមចេញពីសរសៃខួរក្បាល តែនៅពេលណាលទ្ធផលថតអឹមរ៉ាយ IRM បង្ហាញថាខួរក្បាលរងការខូចខាតតិចតួចប៉ុណ្ណោះ។ បើតាមសម្មតិកម្មកាលពីមុន បើខួរក្បាលខូចខាតធំខ្លាំងជ្រុលហើយ គេមិនអាចទៅបាញ់បញ្ចូលថ្នាំក្នុងសរសៃឈាមដែលស្ទះនោះបានទៀតទេ។ និយាយឱ្យស្តាប់ទៅគឺ គេចាត់ទុកថាជាលិកាខួរក្បាលបើស្វិតស្លាប់ហើយគឺស្លាប់រហូត គ្មានសង្ឃឹមអាចស្តារឱ្យប្រសើរឡើងវិញបានទេ។ប៉ុន្តែកោសិការប្រព័ន្ធប្រសាទ ឬខួរក្បាលដែលគេគិតថាងាប់បាត់ទៅហើយនោះ មិនប្រាកដជាស្លាប់មែនទែនឡើយ។ នេះជាគឺសេចក្តីសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យជំនាញប្រព័ន្ធប្រសាទនិងថតឆ្លុះប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យម៉ុងប៉ឺលីយ៉េរ ប្រទេសបារាំង នៅក្នុងការសិក្សារបស់ពួកគេ។ សេចក្តីសន្និដ្ឋានថ្មីនេះ បានផ្តល់ក្តីសង្ឃឹមយ៉ាងធំធេង ដល់អ្នកជំងឺស្ត្រូបកំរិតធ្ងន់ ឬដែលមិនអាចជាត្រលប់មករកភាពដើមវិញបាន។ ដូច្នេះ ទោះបីជាស្ថានភាពនៃជំងឺហាក់គ្មានលទ្ធភាពស្តារបានយ៉ាងណាក៏ដោយ ក៏គ្រូពេទ្យនៅតែសាកល្បងទៅយកឬប្រើថ្នាំទៅបំបែកដុំកំណកឈាមនោះដែរ។ ហើយគួរឱ្យភ្ញាក់ផ្អើលមែនទែន នៅពេលដកកំណកឈាមនោះបាន ហានិភ័យស្លាប់ដោយអាវេសេ បានធ្លាក់ចុះ២០%។ អ្នកជំងឺម្នាក់ក្នុងចំណោម៥នាក់ អាចជាត្រលប់មកផ្ទះវិញបានពីរបីខែក្រោយពីបានទទួលការព្យាបាលនិងហាត់រៀនធ្វើកាយវិការដែលបាត់បង់ពេលមានគ្រោះថ្នាក់។ នេះគឺជារបកគំហើញដ៏ជឿនលឿនបំផុតមួយនិងដែលគេសូមអរគុណក្រុមអ្នកស្រាវជ្រាវបារាំង។ ជាថ្នាំដែលមានសមត្ថភាពពង្រាវឈាមមិនឱ្យកកក្លាយជាដុំកំណក តែមិនបង្កើនគ្រោះដាច់ហូរឈាមទេ។ថ្នាំរកឃើញថ្មី ដែលត្រូវប្រើបន្ថែមពីលើការព្យាបាលតាមក្បួនវេជ្ជសាស្ត្រកំណត់បច្ចុប្បន្ន ទំនងអាចកាត់បន្ថយហានិភ័យស្លាប់បានជាង៥០% និងកាត់បន្ថយពិការភាពធ្ងន់ធ្ងរ ដោយជំងឺស្ត្រូប បានច្រើនទៀត។ សូមបញ្ជាក់ថាអាវេសេ ឬស្ត្រូប ជាមូលហេតុទីមួយនាំឱ្យមានភាពពិការ (ពិការដោយគ្មានបុកទង្គិច)។ ប៉ុន្តែសម្រាប់ពេលនេះ ថ្នាំស្ថិតនៅក្នុងការសិក្សាសាកល្បងដំណាក់កាលទីពីរនៅឡើយទេ។ អ្នកស្រាវជ្រាវនឹងបញ្ជាក់អំពីប្រសិទ្ធភាពនៃថ្នាំ ក្រោយបានទទួលលទ្ធផលសាកល្បងដំណាក់កាលទីបី៕
7/24/2024 • 8 minutes, 52 seconds ហេតុអ្វីពិភពលោកមានមនុស្សមីញ៉ូបភ្នែកកាន់តែច្រើន និ ងតាំងពីក្មេងខ្លាំង?
ប្រជាពលរដ្ឋលើភពផែនដីចំនួនពាក់កណ្តាលនឹងមានភ្នែកមីញ៉ូប នៅឆ្នាំ២០៥០ ពោលគឺជាកំណើនមួយទ្វេជាពីរបើប្រៀបទៅនឹងចំនួនអ្នកមីញ៉ូបនាពេលបច្ចុប្បន្ន។ តើហេតុអ្វី បានជាពិភពលោកមានកំណើនមនុស្សមីញ៉ូបខ្លាំងដូច្នេះ? នេះគឺបណ្តាលមកពីការប្រើប្រាស់អេក្រង់ និងមើលទូរស័ព្ទដៃច្រើនពេកឬ? ចុះតើវិទ្យាសាស្ត្រអាចទប់ស្កាត់និងព្យាបាលជំងឺមីញ៉ូបបានទេ? ដោយវិធីណា? ការបាញ់ឡាស៊ែរបំបាត់មីញ៉ូប មានគ្រោះថ្នាក់និងប្រសិទ្ធភាពយ៉ាងណា? តើអនាគតទៅ មនុស្សនៅលើផែនដីសុទ្ធតែមានភ្នែកមីញ៉ូបទាំងអស់គ្នាឬ? កន្លងមក ករណីមីញ៉ូប មានផ្ទុះកើនខ្លាំងតែនៅតាមបណ្តាប្រទេសក្នុងទ្វីបអាស៊ីតែប៉ុណ្ណោះ។ ទស្សនាវដ្តីសុខភាពThe Lancet ធ្លាប់បានចេញរបាយការណ៍ទាញសញ្ញាអាសន្នកាលពី១០ឆ្នាំមុនថា នៅជប៉ុន កូរ៉េខាងត្បូង ឬក៏ចិន ក្នុងចំណោមសិស្សសាលា១០នាក់ ក្មេង៩នាក់ហើយមានពាក់វែនតា ដើម្បីកែសមត្ថភាពមើលឆ្ងាយរបស់ភ្នែក។ បច្ចុប្បន្ននេះ ៤០%នៃមនុស្សលោកមានភ្នែកមីញ៉ូប ក្នុងនោះ៥ទៅ១០% ជាមីញ៉ូបខ្លាំង ធ្ងន់ធ្ងរ។ អត្រាកំណើនករណីភ្នែកមីញ៉ូបឡើងលឿនរហ័សខ្លាំងណាស់ ហើយជាពិសេសមានកុមារកាន់តែច្រើនឡើងៗ និងកាន់តែក្មេងឡើងៗ មីញ៉ូប។ យោងតាមល្បឿនសព្វថ្ងៃ គេអាចព្យាករណ៍បានថានៅឆ្នាំ២០៥០ មនុស្សជាតិពាក់កណ្តាលផែនដី នឹងពាក់វែនតា ដោយសាររោគមីញ៉ូប។ហេតុអ្វីបានជាជំងឺមីញ៉ូបកើនឡើងយ៉ាងលឿនរហ័សយ៉ាងដូច្នេះ?មីញ៉ូបមានលក្ខណៈជាជំងឺតពូជ មានន័យថាបើឪពុកម្តាយជាមានអាការៈមីញ៉ូប នោះកូនចៅជំនាន់ក្រោយងាយមានហានិភ័យអន់ភ្នែកមើលឆ្ងាយមិនច្បាស់ដែរណាស់។ ប៉ុន្តែនៅមានមូលហេតុជាច្រើនផ្សេងទៀត ដែលជំរុញឱ្យមានករណីមីញ៉ូបកាន់តែច្រើនឡើងនោះ។មូលហេតុទាំងនោះអាចជាសម្ពាធគ្រួសារបង្ខំឱ្យកូនខំប្រឹងធ្វើការ-ប្រឹងរៀនជ្រុលហួសហេតុ ការប្តូរផ្លាស់ទម្លាប់រស់នៅ ដោយលែងសូវ ចេញទៅរត់លេងនៅក្រៅផ្ទះឱ្យត្រូវពន្លឺថ្ងៃ។ តើសម្ពាធគ្រួសារ មានទំនាក់ទំនងនឹងការមីញ៉ូបយ៉ាងដូចម្តេច។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ដាម្ញៀង ហ្កាទីណែល Damien Gatinel គ្រូពេទ្យឯកទេសភ្នែកនៅ មន្ទីរពេទ្យមូលនិធិអាដុល រ៉ូឈីល ក្រុងប៉ារីស បានពន្យល់អំពីសម្ពាធបរិយាកាសចំពោះភ្នែកមីញ៉បយ៉ាងដូច្នេះថា នៅក្នុងទីក្រុងធំៗ របស់អាស៊ី ដូចជាប៉េកាំង សៀងហៃ តៃវ៉ាន់ ហុងកុង តូក្យូ ឬសេអ៊ូល ។ល។ និង។ល។ អត្រាក្មេងមីញ៉ូប ឡើងដល់៩០% ដោយហេតុរបៀបរបបរស់នៅរបស់ពួកគេ។ នៅពេលពលរដ្ឋអាស៊ីទាំងនេះ និរទេសខ្លួនទៅរស់នៅបរទេស-ក្នុងប្រទេសដែលផ្តល់អាទិភាពដល់សកម្មភាពនៅក្រៅផ្ទះ ដូចយ៉ាងអូស្ត្រាលី- កូនៗរបស់ពួកគេ មិនសូវមានបញ្ហាភ្នែកមីញូបទេ។ អត្រាក្មេងមីញូបក្នុងសហគមន៍អាស៊ីនេះទាបខ្លាំងណាស់ បើទោះមានហ្សែនដូចគ្នាក៏ដោយ។លោកវេជ្ជបណ្ឌិត ដាម្ញៀង ហ្កាទីណែល ៖ “បើឪពុកម្តាយមីញ៉ូប កូនក៏ច្រើនតែមីញ៉ូបភ្នែកដែរ ប៉ុន្តែបរិស្ថាន និងសម្ពាធបរិយាកាសជុំវិញខ្លួន ដែលមកប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដូចជាការចូលចិត្តសំងំនៅតែក្នុងផ្ទះ និងការប្រើប្រាស់អេក្រង់ (ទូរស័ព្ទ ស្មាតហ្វូន អាយផែត អាយផាត់ ...) ច្រើនជ្រុលហួសហេតុ ក៏ជាកត្តានាំឱ្យភ្នែកឆាប់មីញ៉ូបដែរ។ ដោយសារអេក្រង់ ក្មេងមិនត្រឹមតែទម្លាប់ប្រើភ្នែកមើលជិតជ្រុលទេ តែថែមទាំងជក់ខ្លាំងលែងចង់ចេញរត់លេងក្រៅឱ្យត្រូវពន្លឺថ្ងៃ។ ពន្លឺថ្ងៃដើរតួនាទីសំខាន់ណាស់ក្នុងការគ្រប់គ្រងដំណើរវិវឌ្ឍលូតលាស់នៃសរីរាង្គកាយ ពិសេសគ្រាប់ភ្នែកតែម្តង។ ភ្នែកអ្នកមីញ៉ូប ជាភ្នែកវែង មានគម្លាតខ្លាំងរវាងប្រស្រីនិងកែវភ្នែក ទើបមើលឆ្ងាយមិនច្បាស់។ កាលណាខ្វះពន្លឺថ្ងៃ នៅក្នុងវ័យកុមារនិងពេលជំទង់ គ្រាប់ភ្នែករបស់ពួកគេច្រើនតែលូតវែងជ្រុលហួសហេតុ។”មីញ៉ូបអាចធ្វើឱ្យងងឹតភ្នែក?ជាទូទៅ ក្មេងមីញ៉ូបភ្នែកកម្រថ្ងូរឬនិយាយប្រាប់ឪពុកម្តាយ អំពីអាការៈមើលមិនច្បាស់របស់ខ្លួនណាស់។ ប៉ុន្តែមានកាយវិការមួយចំនួនដែលអាណាព្យាបាលត្រូវចាប់អារម្មណ៍នាំក្មេងទៅពេទ្យភ្នែក គឺនៅពេលក្មេងឧស្សាហ៍ញីភ្នែក ធ្វើភ្នែកប្រឹមៗនៅពេលសំឡឹងមើលអ្វីមួយ ឬ គ្រាប់ភ្នែកបង្វិលមិនល្អដូចកែកពេលប្រឹងមើល។ ចូលចិត្តដើរទៅកៀកនៅពេលចង់មើល ចង់ឃើញ ឬចង់អានអក្សរ។ លទ្ធផលសិក្សាធ្លាក់ចុះ រៀនមិនទាន់គេ ដូច្នេះមិនត្រូវធ្វេសប្រហែសនឹងអាការៈមីញូបរបស់ក្មេងឡើយ ព្រោះវាអាចបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរទៅថ្ងៃក្រោយទៀត។លោកសាស្ត្រាចារ្យ ដាម្ញៀង ហ្កាទីណែល៖ “មីញ៉ូបជាបញ្ហាធ្ងន់ធ្ងរ ព្រោះវាអាចមានបង្កប់នូវជំងឺធ្ងន់ធ្ងរមួយចំនួនទៀត ដូចជាជំងឺក្លូកូម (ជំងឺតឹងប្រស្រីភ្នែក) ដែលកើតមានជាញឹកញាប់លើអ្នកមីញ៉ូប។ អ្នកមីញ៉ូបឆាប់ជួបបញ្ហា ភ្នែកឡើងបាយ និងងាយមានបញ្ហានៅលើស្រទាប់ស្បែកស្តើងនៃកែវភ្នែក ដោយអាចជាអាការៈរបើកឬរហែកដាច់ស្រទាប់កែវភ្នែក ដែលជាតំណាងគ្រោះថ្នាក់ខ្លាំងណាស់ដល់ការមើល ពោលគឺអាចធ្វើឱ្យភ្នែកងងឹតបាន។ ដូច្នេះមិនត្រូវមើលស្រាល អាការៈមីញ៉ូបទេ។ ភ្នែកមីញ៉ូបតែងស្រដោងមកជាមួយនូវជំងឺមួយចង្កោមផ្សេងទៀត ដែលយើងត្រូវប្រឹងលុបបំបាត់។”បានដឹងនិងមើលថែភ្នែកមីញ៉ូបបានកាន់តែឆាប់ កាន់តែប្រសើរ ព្រោះបច្ចុប្បន្ននេះ វិទ្យាសាស្ត្របានរកឃើញកញ្ចក់វែនតាប្រភេទថ្មី ដែលពាក់ទៅ អាចព្យាបាលទប់កំរិតមីញ៉ូបរបស់ក្មេងបាន។ កញ្ចក់វែនតាទំនើបថ្មី អាចជួយកែតម្រង់ផ្លូវពន្លឺថ្ងៃខ្លះ។ បើតាមការសិក្សាបឋម ពន្លឺខ្លះអាចទប់ស្កាត់ការវិវឌ្ឍនៃភាពមីញ៉ូបបាន។ ហេតុដូច្នេះហើយបានជាយើងចាំបាច់ត្រូវនាំកូនទៅពិនិត្យសុខភាពភ្នែក ដើម្បីឆាប់ដឹងអំពីអាការៈមីញ៉ូបរបស់កូន។”មីញ៉ូមអាចជា ដោយការវះកាត់បាញ់ឡាស៊ែរ?វែនតាប្រភេទកែវធម្មតា ក៏អាចជួយកែឱ្យមើលឃើញច្បាស់ផង និងអាចជួយកុំឱ្យជំងឺមីញ៉ូបទៅមុខលឿនផង។ បើមិនពាក់វែនតា សមត្ថភាពមើលឃើញរបស់ភ្នែកកាន់តែធ្លាក់ចុះជាលំដាប់។ ម្យ៉ាង បច្ចុប្បន្ន ការពាក់វែនតាកំពុងពេញនិយម និងមិនត្រូវបានគេចាត់ទុកជាមនុស្សចម្លែក មានបញ្ហាដូចទស្សនៈនៅសម័យមុនទេ។ ប៉ុន្តែការពាក់វែនតាពេលខ្លះអាចជាការរំខាន អាចទើសទែង ទើបអ្នកមីញ៉ូបជ្រើសរើសពាក់ខុនតាក់លែន ឬខ្លះសម្រេច ព្យាបាលមីញ៉ូបដោយបាញ់កាំរស្មីឡាស៊ែរ។ តើវិធីព្យាបាលដោយឡាស៊ែរ អាចជាទីទុកចិត្ត និងអាចបង្កគ្រោះថ្នាក់ដល់ភ្នែកដែរឬទេ បើពេទ្យធ្វើមិនបានត្រឹមត្រូវ?សម្រាប់លោកវេជ្ជបណ្ឌិត ហ្កាទីណែល អ្នកជំងឺអាចទុកចិត្តលើបច្ចេកវិទ្យាវះកាត់មីញ៉ូបដោយឡាស៊ែរបាន។ ទិកនិកបច្ចុប្បន្នអាចធ្វើឱ្យអ្នកជំងឺប្រើភ្នែកនិងត្រលប់ទៅធ្វើការវិញបានយ៉ាងឆាប់រហ័ស។ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺត្រូវឆ្លងកាត់ការត្រួតពិនិត្យថាតើអ្នកជំងឺមីញ៉ូបនេះអាចទទួលការវះកាត់បានដែរឬអត់។ គ្រប់មីញ៉ូបមិនសុទ្ធតែអាចព្យាបាលដោយឡាស៊ែរបានឡើយ។ ដើម្បីអាចធ្វើការវះកាត់ដោយឡាស៊ែរ អ្នកជំងឺត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា៖ មានកំរិតមីញ៉ូបល្មម មិនខ្លាំងហួសហេតុពេក (បើខ្លាំងជ្រុលត្រូវវះកាត់ដោយឡាស៊ែរបន្សាំកែវភ្នែក)។ មីញ៉ូបលែងវិវឌ្ឍ យ៉ាងហោចពីរឆ្នាំជាប់គ្នា។ ត្រូវមានស្រទាប់កែវភ្នែកក្រាស ស្មើល្អ មានន័យថាមិនសូវធ្លាប់ញីភ្នែក ព្រោះការញីភ្នែក ដោយមានបញ្ហាអាល់ឡែកស៊ី ឬបញ្ហាអ្វីក៏ដោយ វាធ្វើឱ្យសឹកកែវភ្នែក ធ្វើឱ្យកែវភ្នែកស្តើង ឆ្កូត និងដាច់ដាច។ អ្នកជំងឺមីញ៉ូបខ្លះមិនអាចទទួលការវះកាត់ព្យាបាលដោយឡាស៊ែរបានដោយហេតុតែធ្លាប់ញីភ្នែកខ្លាំងពេក។ នៅពេលរមាស់ទប់មិនបាន សូមចុច សង្កត់លើ ចុងកន្ទុកភ្នែកដោយថ្នមៗ ហើយកុំសង្កត់ញីញក់លើត្របកភ្នែក។ ព្យាយាមគ្រប់គ្រងបញ្ចៀសឱ្យបានកត្តានាំឱ្យរមាស់ចង់ញីភ្នែក។ នេះជាសារដែលលោកវេជ្ជបណ្ឌិតចង់បញ្ជ្រៀបដល់បណ្តាជនគ្រប់រូប ដើម្បីការពារសីររាង្គភ្នែក៕
7/17/2024 • 8 minutes, 47 seconds ជំងឺក្អកមាន់លេចឡើងជាថ្មី សម្លាប់ក្មេងជាច្ រើននាក់នៅបារាំង
មានស្លាប់យ៉ាងហោចណាស់១៧នាក់ ក្នុងនោះ១៤នាក់ជាទារក និងបីនាក់ជាមនុស្សចាស់ អាយុលើស៨៥ឆ្នាំ នៅឆ្នាំ២០២៤នេះ ដោយជំងឺក្អកមាន់។ ជំងឺក្អកមាន់តែគេសឹងភ្លេចបាត់ទៅហើយស្រាប់តែផ្ទុះកំរើកឡើងនៅវិញ យ៉ាងខ្លាំង នៅស្រុកបារាំងនិងអឺរ៉ុប។ តើក្អកមាន់ជាជំងឺអ្វី? ហេតុមានផ្ទុះករណីក្អកមាន់ច្រើននៅអឺរ៉ុប? តើត្រូវការពារខ្លួនពីជំងឺក្អកមាន់នេះយ៉ាងដូចម្តេច? ក្អកមាន់ ជំងឺដែលគេភ្លេច ស្មានតែកម្ចាត់បានទាំងស្រុងហើយ បានវិលមកសម្លាប់ជីវិតមនុស្សជាថ្មី ក្នុងល្បឿនក៏គួរឱ្យព្រួយបារម្ភ នៅអឺរ៉ុប។ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៤នេះ មានកុមារ១៤នាក់ មនុស្សចាស់អាយុលើស៨៥ឆ្នាំបីនាក់ បានបាត់បង់ជីវិត និងជាង៦ពាន់នាក់កំពុងទទួលការព្យាបាលជំងឺក្អកមាន់ នៅក្នុងប្រទេសបារាំង។ ក្នុងកំរិតអឺរ៉ុប ពីកើតទៅលិច ពីប្រទេសអង់គ្លេសដល់សាធារណរដ្ឋឆែក ករណីកើតជំងឺក្អកមាន់បានកើនឡើងគួរជាកត់សម្គាល់ដែរ។ ៧៨៨៨ករណីនៅប្រទេសឆែក ជាងមួយពាន់នាក់នៅប្រទេសក្រូអាស៊ី និងក៏មានច្រើនករណីដែរ នៅប៊ែលហ្ស៊ិក ដាណឺម៉ាក អាល្លឺម៉ង់ អេស្ប៉ាញ ឬហូឡង់ អង់គ្លេស… ជាមួយនឹងសេចក្តីជូនដំណឹងនៃការស្លាប់ជាបន្តបន្ទាប់ទៀត។ក្នុងមួយឆ្នាំៗ ជំងឺក្អកមាន់មានកើតប្រមាណ៤០លានករណី និងសម្លាប់មនុស្សអស់ប្រមាណបីសែន នៅលើពិភពលោក។ មានន័យថាជំងឺក្អកមាន់ មិនបានផុតរលត់ពីភពផែនដីទេ។ ប៉ុន្តែជំងឺនេះបានបំប្លែងទម្រង់ និងលេចឡើងប្រៀបដូចជារលក យូរៗផ្ទុះឆ្លងខ្លាំងម្តង ទៅតាមវដ្តរបស់វា។ ជាទូទៅពពួកជំងឺដែលគេភ្លេចទៅហើយនេះ តែងតែលេចឡើងមកវិញជារៀងបួន-ប្រាំឆ្នាំម្តង ឬជួនដល់១០ឆ្នាំម្តង ជាមួយការបំប្លែងខ្លួនបន្តិច លិបបាត់ហើយលេចឡើងមកវិញដោយគ្មានប្រាប់ជាមុនទេ។ តែនៅពេលត្រលប់មកវិញម្តងៗ ជំងឺនៅតែកំណាចអាចផ្តាច់ជីវិតមនុស្សបានជានិច្ច។ នេះបើតាមប្រសាសន៍របស់លោកព្រឹទ្ធសាស្ត្រាចារ្យនៅវិទ្យាស្ថានប៉ាស្ទ័រលោក ហ្វីលីព សានសូនេទី Philippe Sansonetti។ការវិលត្រលប់មកវិញលើកនេះ ត្រូវបានគេចាត់ទុកជាការផ្ទុះជំងឺក្អកមាន់ដ៏ខ្លាំងមិនធ្លាប់ប្រទះទេ គិតក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ដែលពិភពលោកចាប់មានយុទ្ធនាការចាក់ថ្នាំបង្ការប្រឆាំងនឹងជំងឺក្អកមាន់មក។តើក្អកមាន់ជាជំងឺអ្វី?ក្អកមាន់ជាជំងឺផ្លូវដង្ហើម ដ៏មហាឆ្លង បង្កឡើងដោយបាក់តេរីពពួកBordetella pertussis ឬ parapertussis និងផ្តល់អាការៈរោគពិសេស ប្លែកពីការក្អកធម្មតា។ នៅពេលបាក់តេរីបានចម្លងចូលដល់ក្នុងខ្លួនមនុស្សហើយ វានឹងសំងំនៅក្នុងសរីរាង្គកាយយើងរយៈពេលប្រមាណ១០ថ្ងៃ ទើបបញ្ចេញរោគសញ្ញាដំបូង។ មុនការរកឃើញថ្នាំបង្ការ អ្នកផ្ទុកមេរោគជំងឺក្អកមាន់ម្នាក់មានសមត្ថភាពអាចចម្លងទៅអ្នកដទៃជុំវិញខ្លួន ប្រមាណពី១៥ទៅ១៧នាក់ជាមធ្យម។ ពោលគឺជាជំងឺឆ្លងខ្លាំង-ខ្លាំងជាងជំងឺកូវីដពេលផ្ទុះឡើងដំបូងដល់១០ដងឯណោះ។ ក្អកមាន់ពេញអំណាចចម្លងបំផុត នៅសប្តាហ៍ដំបូង ពេលអ្នកជំងឺចាប់ផ្តើមមានរោគសញ្ញាក្អកភ្លាម និងរហូតដល់បីសប្តាហ៍។ បន្ទាប់ពីប្រើថ្នាំផ្សះអង់ទីប៊ីយូទីកបានពីរបីថ្ងៃ ជំងឺចាប់ផ្តើមស្រាក សមត្ថភាពចម្លងទៅអ្នកដទៃក៏ចាប់ចុះថយដែរ។ការចម្លងធ្វើឡើងតាមផ្លូវដង្ហើម តាមរយៈការប៉ះពាល់ទឹកសំបោរ តាមរយៈការខ្ទាតទឹកមាត់ ពេលក្អក ពេលនិយាយ។ តែនៅក្នុងប្រទេសដែលមានយុទ្ធនាការចាក់ថ្នាំបង្ការលើគ្រប់រូបកុមារជាចាំបាច់នោះ ទារកច្រើនតែឆ្លងមេរោគក្អកមាន់ពីមនុស្សធំ។រោគសញ្ញាសម្គាល់មានដូចគ្នាមិនថាសម្រាប់ក្មេងឬមនុស្សចាស់ទេ។ អ្នកជំងឺចាប់ផ្តើមដំបូង ដោយអាការៈហៀសំបោរជាប់ មួយអាទិត្យពីរ អមដោយការក្តៅខ្លួនតិចតួច។ បួនដប់ថ្ងៃកន្លងទើបលេចអាការៈក្អកឡើង។ ដំបូងក្អកតិចៗ តែក្រោយមក អ្នកជំងឺក្អកយ៉ាងខ្លាំង ភ្លាមៗ ជាប់ៗគ្នា ស្ទើរដកដង្ហើម អមដោយស្នូរដង្ហើមដង្ហក់ឮដូចមាន់ ហេតុដូច្នេះហើយបានជាគេហៅជំងឺនេះថាក្អកមាន់។ នេះបើតាមប្រសាសន៍បំភ្លឺរបស់លោកសាស្ត្រាចារ្យ Sylvain Brisse នាយកមជ្ឈមណ្ឌលជាតិទទួលបន្ទុកជំងឺក្អកមាន់នៃវិទ្យាស្ថានប៉ាស្ទ័រ ដោយរំលឹកថា អាការៈក្អកអាចអូសបន្លាយពេលជាច្រើនសប្តាហ៍និងដល់១០០ថ្ងៃ ប្រសិនបើគ្មានការព្យាបាល។ អ្នកជំងឺអាចក្អកខ្លាំង ដោយគ្មានអាការៈក្តៅខ្លួនទេ និងក្អកជាពិសេសនៅពេលយប់។ថ្នាំបង្ការជាវិធីការពារជំងឺក្អកមាន់ដ៏មានប្រសិទ្ធភាពជំងឺក្អកមាន់ ជាតំណាងគ្រោះថ្នាក់ខ្លាំងជាពិសេសសម្រាប់មនុស្សចាស់ ស្ត្រីមានគភ៌ និងទារកទើបនឹងកើត (ការចាក់ថ្នាំបង្ការក្អកមាន់ ដូសទីមួយ នៅអាយុពីរខែ និងដូសទីពីរនៅអាយុបួនខែ)។ ទារក (ក្រោមពីរខែ) តូចពេកមិនទាន់អាចទទួលថ្នាំបង្ការបាន ឱ្យតែឆ្លងមេរោគក្អកមាន់អាចស្លាប់ និងត្រូវតែបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ដើម្បីបានទទួលព្យាបាលសមស្របផង និងបានទទួលការតាមដានស្ថានភាពសុខភាពផ្លូវដង្ហើមផង។ ក្នុងវ័យក្មេងខ្ចីបែបនេះ ជំងឺផ្លូវដង្ហើមក្អកមាន់អាចបង្កផលប៉ះពាល់រំខានជាច្រើនដូចជា ខ្សោះជាតិទឹក ខ្វះអាហារូបត្ថម្ភ ចុះគីឡូ មានជំងឺបង្ករោគមួយហើយមួយទៀត ឬកាន់តែធ្ងន់ធ្ងរនាំឱ្យមានបញ្ហាប៉ះពាល់ដល់បេះដូង និងប្រព័ន្ធប្រសាទករណីស្លាប់ដោយជំងឺក្អកមាន់នៅប្រទេសបារាំងនិងអឺរ៉ុបពេលនេះ ៩០%ជាទារកក្រោម៦ខែ ជាឧទាហរណ៍ជាក់ស្តែង។ ហេតុដូច្នេះហើយបានជាអាជ្ញាធរសុខភាពបារាំង បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្លាំងនឹងជំងឺក្អកមាន់នេះ និងផ្តល់អនុសាសន៍ឱ្យមនុស្សធំពេញវ័យ មានគម្រោងចង់បានកូន និងស្ត្រីមានផ្ទៃពោះទាំងអស់ ទៅចាក់ថ្នាំបង្ការជំងឺក្អកមាន់។បើតាមអ្នកស្រីសាស្តាចារ្យវេជ្ជបណ្ឌិត Anne-Claude Crémieux គ្រូពេទ្យជំនាញផ្នែកជំងឺឆ្លងស្ត្រីមានផ្ទៃពោះអាចទៅចាក់ថ្នាំបង្ការជំងឺក្អកមាន់ នៅពេលមានទម្ងន់បាន៨ខែ។ ការចាក់ថ្នាំបង្ការនៅពេលនេះ នឹងជួយបង្កើនអត្រាអង់ទីក័ររបស់ម្តាយ ឱ្យឡើងខ្ពស់ខ្លាំង។ ហើយម្តាយអាចចែករំលែកបញ្ជូនទៅឱ្យកូនទើបកើត ឱ្យមានសមត្ថភាពទប់ទល់នឹងមេរោគបាន ទម្រាំដល់អាយុដែលទារកអាចទទួលវ៉ាក់សាំងដោយខ្លួនឯងបាន។ ប្រការសំខាន់មួយទៀត គឺមនុស្សនៅជុំវិញខ្លួនទារកទើបកើត ក៏ត្រូវតែធ្វើបច្ចុប្បន្នភាពថ្នាំបង្ការរបស់ខ្លួនដែរ។បើមានលេចករណីក្អកហើយ ចាំបាច់ទៅទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យភ្លាម ដើម្បីធ្វើការវិភាគឱ្យបានច្បាស់លាស់ថាពិតជាជំងឺក្អកមាន់មែនឬយ៉ាងណា។ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យធ្វើតេស្តPCR រុកច្រមុះដូចតេស្តកូវីដ។ ក្នុងករណីមានជំងឺក្អកមាន់ អ្នកជំងឺនឹងទទួលបានការព្យាបាលដោយប្រើថ្នាំផ្សះសម្រាប់មេរោគ (អង់ទីប៊ីយូទិក) រយៈពេលខ្លី ពីបីទៅ៥ថ្ងៃ។ ជាទូទៅថ្នាំផ្សះបច្ចុប្បន្នមានប្រសិទ្ធភាពខ្លាំងគួរសមប្រឆាំងនឹងជំងឺក្អកមាន់។ ហើយក្នុងអំឡុងពេលនោះ ត្រូវចៀសវាកុំជួបមនុស្សចាស់ជរា កុមារ និងពិសេសទារក ព្រមទាំងពាក់ម៉ាសពេលដើរហើរឬទៅធ្វើការ។ការការពារប្រសើរជាងព្យាបាល ជាសុភាសិតដ៏ល្អគ្មានអ្វីប្រៀបបានឡើយ។ ដើម្បីចៀសវាងកុំធ្លាក់ខ្លួនកើតជំងឺក្អកមាន់បាន គ្មានអ្វីប្រសើរជាងការចាក់ថ្នាំបង្ការទេ។ ថ្នាំបង្ការជំងឺក្អកមាន់ ដែលបច្ចុប្បន្ន ដូចថ្នាំបង្ការប្រឆាំងជំងឺខាន់ស្លាក់ តេតាណូស គ្រុនស្វិតដៃជើង ជាថ្នាំបង្ការចាំបាច់ដាច់ខាតត្រូវចាក់លើក្មេងចាប់ពីអាយុ ២ -៤ និងនៅ១១ខែ។ បន្ទាប់មកកុមារត្រូវចាក់វ៉ាក់សាំងរំលឹក នៅអាយុ៦ឆ្នាំម្តងទៀត និងបន្ទាប់មកនៅចន្លោះអាយុ១១-១៣ឆ្នាំ។ ដូចបានជម្រាបជូនខាងលើ ដើម្បីបង្កើនបរិមាណអង់ទីក័រសម្រាប់ខ្លួនឯងផង និងបញ្ជូនឱ្យទៅការពារកូនតាំងពីនៅក្នុងផ្ទៃផង ស្ត្រីមានផ្ទៃពោះក៏ត្រូវអញ្ជើញទៅចាក់ថ្នាំបង្ការនេះដែរ។ សម្រាប់មនុស្សធំពេញវ័យទូទៅ សូម្បីកុំភ្លេចចាក់ថ្នាំបង្ការរំលឹក ជារៀងរាល់២០ឆ្នាំម្តង ឧទាហរណ៍នៅអាយុ២៥ឆ្នាំ ៤៥ឆ្នាំ និង៦៥ឆ្នាំ៕
7/4/2024 • 8 minutes, 20 seconds ប៉េងប៉ោះ ជាថ្នាំបង្ការជំងឺលើសឈាមនិងប្រូស្ត្រាត
ប៉េងប៉ោះ មានគុណប្រយោជន៍ផ្នែកអាហារូបត្ថម្ភខ្លាំងណាស់ ព្រោះវាសម្បូរទៅដោយវីតាមីនសេ និង សារធាតុអង់ទីអ៊ុកស៊ីដង់ លីកូប៉ែន ដ៏ចាំបាច់សម្រាប់សុខភាព។ មានការសិក្សាជាច្រើនណាស់ ដែលរកឃើញអំពីគុណវិសេសនៃផ្លែប៉េងបោះ។ របកគំឃើញចុងក្រោយ បានបញ្ជាក់អំពីគុណប្រយោជន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺប្រូស្តាត និងបញ្ហាសម្ពាធឈាមខ្ពស់។ តើត្រូវទទួលទានប៉េងប៉ោះ ក្នុងទម្រង់ណា? និងប៉ុន្មានផ្លែក្នុងថ្ងៃទើបទទួលផលល្អសម្រាប់សុខភាព?អមដោយអន្តរាគមន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត François Desgrandchamps គ្រូពេទ្យជំនាញវះកាត់ប្រព័ន្ធផ្លូវទឹកនោម។ ជាផ្លែចុះចេញពីដើមរុក្ខជាតិ ប៉េងប៉ោះត្រូវបានគេចាត់ទុក ជាបន្លែមិនមែនជាផ្លែឈើទេ។ ប៉េងប៉ោះមានច្រើនប្រភេទណាស់ ដល់ទៅជាង១០០ពូជឯណោះ៖ លឿង ក្រហម បៃតង ខ្មៅ មូល ទ្រវែង តូច ធំ ល្អិត ថ្លោស ផ្លែជាចង្កោម ជាកញ្ចុំ ឬទោល...។ ជាបន្លែដែលងាយបរិភោគ ងាយយកមកកែច្នៃធ្វើជាម្ហូប ឬក៏អាចទទួលទានជាអន្លក់ ជាញាំ ជាផ្លែស្រល់ ឆៅ ឆ្អិន ទាំងខ្ចីទាំងចាស់និងទុំ។ប៉េងប៉ោះជួយបញ្ចុះសម្ពាធឈាម?ស្រួលដាំស្រួលដុះ និងមានរសជាតិជូរ-ផ្អែមឆ្ងាញ់តាមត្រូវការហើយ ផ្លែប៉េងប៉ោះមានគុណប្រយោជន៍សម្រាប់សុខភាពខ្លាំងណាស់។ សម្បូរវីតាមីនអា សេ និងកា ប៉េងប៉ោះមិនមែនជាបន្លែដ៏សាមញ្ញទេ តែជាបណ្តុំអាហារូបត្ថម្ភសំខាន់ៗចាំបាច់សម្រាប់សរីរាង្គកាយ ដែលមានតួនាទីការពារសុខភាពខ្លាំងណាស់ ដូចជាជួយបេះដូង ជួយកាត់បន្ថយគ្រោះហានិភ័យកើតជំងឺសរសៃឈាមបេះដូង និងជួយចាត់ចែងបញ្ចុះសម្ពាធឈាម។អ្នកស្រាវជ្រាវអេស្ប៉ាញ បានដឹកនាំការសិក្សាលើអ្នកមានហានិភ័យកើតជំងឺសរសៃឈាមបេះដូងខ្ពស់ ពោលគឺងាយមានគ្រោះថ្នាក់ដាច់ឬស្ទះសរសៃឈាមបេះដូង និងខួរក្បាលខ្លាំង ដោយផ្តោតទៅលើការពិសាប៉េងប៉ោះ។ លទ្ធផលចេញមកអស្ចារ្យខ្លាំងណាស់។ អ្នកដែលទទួលទានប៉េងប៉ោះច្រើន ច្រើនខ្លាំងមែនទែន ជាប្រចាំ និងគ្រប់ទម្រង់ទាំងអស់នោះ មានសម្ពាធឈាមទាបជាងអ្នកមិនសូវចិត្តបរិភោគផ្លែប៉េងប៉ោះ។ សម្ពាធឈាមអ្នកញ៉ាំប៉េងបោះច្រើនខ្លាំង បានធ្លាក់ចុះគួរឱ្យកត់សម្គាល់គឺរហូតដល់ទៅ៣៦%។ ហេតុអ្វីទៅ? ព្រោះប៉េងប៉ោះមានផ្ទុកជាតិប៉ូតាស្យូមច្រើន។ គេបានដឹងហើយថា ជាតិប៉ូតាស្យូមមិនថានៅក្នុងគ្រប់បន្លែផ្លែឈើណាទេ សុទ្ធតែដើរតួយ៉ាងសំខាន់ក្នុងការជួយចាត់ចែងសម្ពាធឈាមឱ្យបានប្រសើរឡើង។ ដូច្នេះប៉េងប៉ោះគឺជាសម្ព័ន្ធមិត្តដ៏ល្អរបស់អ្នកជំងឺលើសឈាម។ ដើម្បីបញ្ចុះសម្ពាធឈាមត្រូវតែប្រឹងពិសាប៉េងប៉ោះ។ប៉េងប៉ោះជួយការពារប្រូស្តាត?ជាងនេះទៅទៀត អាហារូបត្ថម្ភដ៏សម្បូរបែបជាពិសេសជាងគេមួយទៀតរបស់ប៉េងប៉ោះ ជាជាតិវីតាមីនសេ និងលីកូប៉ែន ដែលជាអង់ទីអុកស៊ីដង់ ដ៏ប្រពៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ ការសិក្សាចុងក្រោយទើបចេញផ្សាយនាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថាលីកូប៉ែនរបស់ប៉េងប៉ោះមានសមត្ថភាពការពារជំងឺមហារីកប្រូស្តាតទៀត។ បើតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យ François Desgrandchamps គុណប្រយោជន៍នៃជាតិលីកូប៉ែនរបស់ផ្លែប៉េងប៉ោះធ្លាប់បានលាតត្រដាងតាំងពីជាច្រើនឆ្នាំមកហើយ។ ហើយថ្មីៗនេះ ពោលគឺកាលពីខែមុន ការសិក្សាដ៏វែងអន្លាយមួយបានចេញផ្សាយថា ការបរិភោគផ្លែប៉េងប៉ោះកាន់តែច្រើនកាលណា គេអាចកាត់គ្រោះកើតជំងឺមហារីកប្រូស្តាតបានកាន់តែច្រើនទៅតាមនោះ ហើយមិនងាយស្លាប់ដោយជំងឺមហារីកប្រូស្តាតទេ។ ការសិក្សាដ៏សាមញ្ញមួយទៀត ដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតទៀតនោះ គឺការសិក្សាប្រៀបធៀបលើក្រុមអ្នកជំងឺត្រូវវះកាត់ដោយជំងឺមហារីកប្រូស្តាតពីរក្រុម៖ មួយក្រុមបរិភោគទឹកប៉េងបោះខាប់ដែលមានកំហាប់ជាតិលីកូប៉ែន ចំនួនមួយកែវបន្ថែមក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ។ ហើយមួយក្រុមទៀតបរិភោគអាហារធម្មតា។ បីសប្តាហ៍ក្រោយមក គ្រូពេទ្យធ្វើការវះកាត់ពួកគេ។ លទ្ធផលនៃការវះកាត់ខុសគ្នាឆ្ងាយណាស់។ ដុំសាច់មហារីក និងភាពកំណាចរបស់មហារីកប្រូស្តាត ព្រមទាំងកំរិត PSA ដែលជាអត្រា កំណត់ជំងឺមហារីកប្រូស្តាត (បានមកពីការវិភាគឈាម) ធ្លាក់ចុះ១៧% សម្រាប់អ្នកបានទទួលទានទឹកប៉េងប៉ោះរាល់ថ្ងៃ។”លោកសាស្ត្រាចារ្យ សូមណែនាំឱ្យជ្រើសរើសបរិភោគផ្លែប៉េងបោះឱ្យបានរាល់ថ្ងៃ។ ប៉ុន្តែត្រូវចងចាំថា គេត្រូវបរិភោគផ្លែប៉េងប៉ោះស្រស់ច្រើនណាស់ ដល់ទៅប្រមាណជាងមួយគីឡូក្រាមក្នុងមួយថ្ងៃឯណោះ ទើបអាចស្រូបយកជាតិលីកូប៉ែនបានគ្រប់គ្រាន់សម្រាប់ការពារខ្លួន។ របៀបបរិភោគរាល់ថ្ងៃផ្តល់ជាតិលីកូប៉ែន បានប្រមាណ៥មីលី្លក្រាមតែប៉ុណ្ណោះក្នុងមួយថ្ងៃ។ គឺតិចខ្លាំងណាស់។ ដើម្បីមានប្រសិទ្ធភាព ត្រូវបរិភោគជាតិលីកូប៉ែនចំនួន១៥មីល្លីក្រាម ក្នុងមួយថ្ងៃ។ ដូច្នេះប្រការដែលល្អបំផុតនោះ គឺត្រូវជ្រើសរើសទទួលទានផ្លែប៉េងប៉ោះឆ្អិន។ ចំអិនប៉េងប៉ោះ បង្ខះជាតិទឹក (ដែលមានដល់៩០%) ឱ្យក្លាយជាទៅកំហាប់ទឹកប៉េងប៉ោះរហូតឡើងពណ៌ក្រហមល្អ ព្រោះពណ៌ក្រហមនេះជាជាតិអង់ទីអុកស៊ីដង់ដែលមានតួនាទីការពារសរីរាង្គយើង។ រួចលាយជាមួយប្រេងអូលីវបន្តិចទៅ អ្នកនឹងទទួលទានវាបានយ៉ាងស្រួល និងគ្រប់គ្រាន់ហើយ។ គេអាចរកថ្នាំបំប៉នមានជាតិលីកូប៉ែនលេបបន្ថែមក៏បាន។ តែបើពិបាកពេក អស់លោកបុរស អាចពិសាគីឆុបKetchup មួយស្លាបព្រាបាយក្នុងមួយថ្ងៃក៏បាន ដើម្បីការពារប្រូស្តាតគាត់។”ជាសរុបប៉េងប៉ោះមានលក្ខណៈសម្បត្តិ៥ល្អ៥យ៉ាង ដែលអ្នកគួរជ្រើសរើសបរិភោគរាល់ថ្ងៃ៖ បន្ថែមពីលើអត្រាដ៏ខ្ពស់នៃវីតាមីនសេ លីកូប៉ែន ៩០%នៃផ្លែប៉េងប៉ោះ ជាជាតិទឹក។ ដូច្នេះការទទួលទានផ្លែប៉េងប៉ោះជាបំពេញសេចក្តីត្រូវការនៃជាតិទឹកប្រចាំថ្ងៃរបស់សរីរាង្គកាយបានយ៉ាងងាយ។ មានផ្ទុកកាឡូរីតិច ប៉េងប៉ោះជាជម្រើសដ៏ប្រពៃសម្រាប់អ្នកចង់សម្រកទម្ងន់។ ប៉េងប៉ោះជាអាហារដែលទៅភ្ញោចបំប៉នផ្លូវលាមកឱ្យបទជើងស្រួល និងធ្វើឱ្យឆាប់ឆ្អែត ព្រោះមានសារធាតុសរសៃច្រើន។តើត្រូវជ្រើសរើសប៉េងប៉ោះយ៉ាងដូចម្តេច?មានច្រើនពណ៌ ប៉េងប៉ោះនីមួយៗមានផ្ទុកវីតាមីនមិនដូចគ្នាទេ។ ប៉េងប៉ោះលឿង មានរសជាតិស្រទន់ជាងគេ មិនសូវជូរ និងមានវីតាមីនអា តិចតួច។ ប៉េងប៉ោះដែលមានវីតាមីនអាច្រើនជាងគេមែនទែន គឺប៉េងប៉ោះពណ៌លឿងទុំ (មានច្រើនលើសប៉េងប៉ោះដទៃដល់ទៅ១០ដង) ហើយមានផ្ទុកជាតិបេតាការ៉ូតែន ដែលសរីរាង្គស្រូបបំប្លែងទៅជាវីតាមីនអា នៅទទួលទានចូលទៅ និងជួយដល់ភ្នែក។ ចំណែកប៉េងប៉ោះពណ៌ក្រហម ដែលគេជួបញឹកញាប់និងបរិភោគច្រើនជាងគេវិញ ល្អខ្លាំងត្រង់លក្ខណៈទុំក្រហមវាតែម្តង ព្រោះពណ៌ក្រហមនៃប៉េងប៉ោះនេះជាសារជាតិលីកូប៉ែន។ ដូចបានលើកមកពីខាងដើម លីកូប៉ែន ជាសារធាតុអង់ទីអុកស៊ីដង់ដ៏ប្រពៃមាននាទីជាការពារប្រយុទ្ធប្រឆាំងនឹងសារធាតុមហារីក៕
6/26/2024 • 8 minutes, 15 seconds ឆ្អឹងកែងជើង ដុះបន្លា ជាជំងឺអ្វី?
ឈឺដូចគេចាក់ ដូចមុតបន្លានៅត្រង់កែងជើង ឈឺខ្លាំងពើតជាពិសេសនៅពេលព្រឹកងើបពីដំណេក ... អាការៈឈឺកែងជើងបែបនេះ ទំនងជាឆ្អឹងដុះបន្លាហើយ។ តើឆ្អឹងកែងជើងដុះបន្លាយ៉ាងដូចម្តេច? និងជាជំងឺអ្វី ? អាចព្យាបាល ដោយវិធីណាខ្លះ? អាការៈឈឺជើង នៅត្រង់កែងជើង ដែលស្តែងឡើងជាញឹកញយនៅពេលដើរឬបញ្ចេញសកម្មភាពខ្លងជ្រុល ច្រើនតែបណ្តាលមកពីមូលហេតុមេកានិក ដែលរុញប្រទាក់គ្នា ឱ្យ រលាក ស្បែក រលាកសរសៃ ឬរលាកឆ្អឹង។ ដូច្នេះមុននឹងផ្តើមនិយាយអំពីអាការៈឈឺកែងជើង យើងត្រូវស្គាល់អំពីគ្រោងកាយវិទ្យានៃប្រអប់ជើងសិន។ ជើងផ្គុំឡើងដោយឆ្អឹងចំនួន២៦ដុំ មានជាអាទិ៍ឆ្អឹងម្រាម ឆ្អឹងខ្នងជើងជួរខាងមុខ ជួរខាងក្រោយ ដុំឆ្អឹងកែង និងឆ្អឹងតូចធំជាច្រើនទៀត ដែលតភ្ជាប់គ្នាដោយសសៃចងចំនួន១០៧ខ្សែ សសៃរពួរនិងសាច់ដុំជាច្រើនសម្រាប់ជំរុញជើងឱ្យធ្វើចលនាបាន។ ដើម្បីអាចកំរើកនិងមានវិញ្ញាណ ជើងមានសរសៃឈាមតូចធំហូរកាត់និងសសៃប្រសាទ-វិញ្ញាណប្រទាក់គ្នាកាត់ខ្វាត់ខ្វែង។ ជាចុងក្រោយ គ្រឿងផ្សំរបស់ជើងគ្របរុំដណ្តប់ទៅឱ្យស្រទាប់ការពារដ៏ល្អមួយគឺស្បែក និងទ្រក្រាលដោយបន្ទះជាលិកាស្រោបសាច់ដុំបាតជើង តភ្ជាប់ពីកែងជើងទៅដល់ម្រាម។ ស្រទាប់នេះជាអ្នកទ្រប្រអប់ជើងនិងការពារសរសៃពួរ។ឆ្អឺងកែងជើងដុះបន្លាយ៉ាងដូចម្តេច?នៅពេលណារចនាសម្ព័ន្ធណាមួយនៃប្រអប់ជើង មិនថាឆ្អឹងកែងជើង សរសៃពួរ សរសៃវិញ្ញាណ ជាលិកាទន់-រឹង ឬស្រទាប់បាតជើងទេ ឱ្យតែរងសម្ពាធ ដើរ សង្កត់ កកិតកៀប ខ្លាំងពេក សរីរាង្គនេះនឹងបញ្ចេញប្រតិកម្ម ដោយស្តែងជាអាការៈឈឺ ខ្ទាំ តិចតួច ឬខ្លាំង ឬនាំឱ្យមានអាការៈរលាក។ អាចជាការរលាកស្បែក រលាកសរសៃ រលាកឆ្អឹង រលាកត្រង់កន្លែងជិតឆ្អឹង ជាពិសេសគឺនៅត្រង់ឆ្អឹងកែងជើង។ នៅពេលមានការរាលរលាក កោសិកាឆ្អឹងចាប់ ដុះពកលយ ចេញទម្រង់ស្រួចៗដូចបន្លា។ បន្លាឆ្អឹងនេះអាចមើលឃើញដោយការថតឆ្លុះ។ ការថតអេកូ និងថតអឹមរាយ ជាការបញ្ជាក់ថែមឱ្យឃើញកាន់តែច្បាស់ អំពីវត្តមាននៃបន្លាកែងជើង។នៅពេលឮពាក្យថាបន្លា លោកអ្នកច្បាស់ជាគិតភ្លាមថាវានឹងបណ្តាលឱ្យឈឺចាប់ខ្លាំងភ្លាមមួយរំពេច នៅពេលដាក់ជើងផ្ទាល់ជាន់ដី ឬដើរ។ តែនេះមិនមែនជាគំនិតត្រឹមត្រូវទេ។ តាមការពិត អាការៈឈឺចុកចាប់នៅកែងជើង ដោយបន្លា បណ្តាលមកពីអាការៈរាលរលាកទេ។ នៅពេលជើងចាប់ឈឺ ដល់ថ្នាក់ទៅរកគ្រូពេទ្យព្យាបាល និងថតឆ្លុះនោះ ឆ្អឹងបន្លាកែងជើងរបស់អ្នកជំងឺខ្លះបានដុះតាំងពីជាង១០ឆ្នាំទៅហើយ។គេអាចសម្គាល់ការឈឺកែងជើងមានបន្លា ដោយច្រើនតែជាការឈឺស្រួចស្រាវ នៅព្រឹកព្រលឹមពេលភ្ញាក់ពីដំណេក និងមានទម្រង់ជាការឈឺចាក់ដូចមានម្ជុលនៅបាតជើង ឬមានអារម្មណ៍ដូចមានដែកគោលមុតក្នុងស្បែកជើង។ ការឈឺកែងជើង អាចឈឺនៅចំពីក្រោមកែងជើង នៅផ្នែកខាងក្រោយនៃកែងជើង នៅជុំវិញកែងជើង ឬឈឺកែងជើងទាំងមូលតែម្តង។ ជួនឈឺតែជើងម្ខាង ជួនឈឺទាំងសងខាង តែជាអាការៈឈឺដែលរំខានខ្លាំង ដល់ការដើរ និងដែលបង្កើនគ្រោះធ្វើងាយដួល។រលាកសរសៃពួរនាំឱ្យឈឺកែងជើង?ដោយមិននិយាយអំពីភាពគ្រាំរបស់ឆ្អឹងជើង បណ្តាលមកពីគ្រោះថ្នាក់ លោត ធ្លាក់ដួលបាក់ ជាញឹកញយ មូលហេតុមួយទៀតនៃការឈឺកែងជើង អាចបណ្តាលមកពីមានបញ្ហាសរសៃ ឬការរលាកសរសៃពួរជើង។ សរីរាង្គស្រោបសាច់ដុំបាតជើង ដែលជាសរសៃតភ្ជាប់កែងជើងទៅម្រាមជួនមានវិប្បរិត្ត (ជាំ រលាក ខ្ទាំ) ទើបធ្វើឱ្យមានអាការៈឈឺចាប់កែងជើង។ ករណីបែបនេះ ផ្តើមឡើងបន្តិចម្តងៗ៖ ដំបូងឈឺតិច ក្រោយមកឈឺកាន់តែខ្លាំង នៅពេលដើរ នៅពេលឈរយូរ នៅពេលឡើងចុះជណ្តើរ។ ប៉ុន្តែឱ្យបានសម្រាកនឹងបាត់ឈឺភ្លាម។ជួនជាការរលាកសរសៃពួរ គឺសរសៃពួរកែង ដែលបង្កឱ្យឈឺខ្លាំងនៅផ្នែកខាងក្រោយនៃកែងជើង ហើយដែលចាប់ឈឺឡើងនៅពេលចាប់ផ្តើមប្រឹងបញ្ចេញកម្លាំង ឬក្រោយពីបានហាត់ប្រាណធ្វើកីឡាច្រើនជ្រុលឬសកម្មភាពច្រំដែលៗ ដូចយ៉ាងរត់។ ក្នុងករណីឈឺកែងជើងដោយមូលហេតុរលាកសរសៃពួរកែង ដំណោះស្រាយដ៏ប្រពៃជាងគេបំផុត គឺការសម្រាក ដោយបញ្ឈប់រាល់គ្រប់សកម្មភាពដែលតម្រូវឱ្យសរសៃពួរប្រឹងធ្វើការ។ បើសរសៃពួរនៅតែបន្តប្រឹង មានចលនា នោះជើងកាន់តែឈឺឡើងៗ ហើយអាចឈឺជាប់រហូត។ឈឺកែងជើងក៏អាចបណ្តាលមកពីមូលហេតុសើៗត្រឹមស្រទាប់ស្បែក។ ឈឺនៅពេលមានកម្លាំងសង្កត់លើ អាចមកពីមានភាពមិនប្រក្រតីនៅលើស្បែក ដូចជាមានដុះឬសនៅបាតជើងក្រោមកែងជើង ស្បែកបាតជើងឡើងក្រិន ស្បែកបាតជើងសឹកស្តើង។ជើងសំប៉ែតងាយឈឺ?ធម្មជាតិបង្កើតមនុស្សមកមិនដូចគ្នាទេ។ ខ្លះមានសំណាងមិនចេះឈឺសោះ។ ខ្លះឈឺឥតឈប់។ អ្នកខ្លះឈឺជើង ស្ទើរជាប្រចាំឱ្យប្រឹងដើរឬធ្វើចលនាតែបន្តិច។ ហេតុអ្វី? ព្រោះការរលាកឆ្អឹង រលាកស្រទាប់បាតជើង ឬរលាកសរសៃពួរ ដែលនាំឱ្យឈឺដល់កែងជើង ច្រើនតែជាបញ្ហាសរីរៈវិទ្យា។ មនុស្សខ្លះកើតមក មានទម្រង់នៃប្រអប់ជើង ដែលងាយនឹងនាំឱ្យឈឺ ឱ្យរលាកឆ្អឹង ឬរលាកសរសៃពួរ។ នោះគឺ បាតជើងមានលក្ខណៈសំប៉ែតពេក ឬខូងខ្លាំងពេក។ ជង្គង់វៀច នៅពេលឈរត្រង់ ប្រអប់ជើងបែរជាញែកចេញក្រៅ ឬកោងចូលក្នុង។ អវៈយវៈក្រោមទាំងសងខាង មានប្រវែងមិនស្មើគ្នា។ ការលម្អៀងតែបន្តិច សឹងមើលមិនឃើញដោយភ្នែកទទេ ក៏អាចជំរុញឱ្យមានបញ្ហាដែរ។ ឈរយូរ ប្រឹងដើរ/រត់ខ្លាំងជ្រុល លើដីរឹងកំពីកកំពកខ្លាំង និងការពាក់ស្បែកជើងរាបជ្រុល ឬខ្ពស់ជ្រុលមានកែងចោទខ្លាំង ហើយតូច មិនអំណោយផលដល់ប្រអប់ជើងទេ។ដើម្បីសម្រួលអាការៈឈឺកែងជើង គ្រូពេទ្យអាចផ្តល់ការព្យាបាលដោយថ្នាំប្រឆាំងនឹងការរលាកដែលអាចមានប្រសិទ្ធភាពពិតប្រាកដ តែក្នុងករណីអ្នកជំងឺគិតគូរថែទាំសុខភាពសរីរាង្គជើងទាំងមូល។ ក្នុងករណីឆ្អឹងកែងជើងដុះបន្លា បន្ថែមពីលើការថ្នាំលេប ត្រូវព្យាបាលដោយចលនាលើប្រអប់ជើង បាតជើង ឱ្យបានទៀងទាត់រាល់សប្តាហ៍ រយៈពេលពីរ៤ទៅ៦ខែ ព្រមទាំងច្របាច់ធ្វើម៉ាស្សាជើងជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ភាពទន់ភ្លន់ ភាពលារលាស់ដល់សាច់ដុំបាតជើង។ កាន់តែប្រសើរទៀត គ្រូពេទ្យឯកទេសជើង សូមណែនាំឱ្យអ្នកជំងឺប្រើទ្រនាប់ស្បែកជើងពិសេស ទន់ក្រាស ឬស្រោមជើងពិសេស ដើម្បីបន្ធូរបន្ថយកំរិតនៃការឈឺចាប់។ក៏មានដែរករណីឈឺកែងជើងដែលមិនមែនជាមូលហេតុមេកានិក តែបណ្តាលមកពីជំងឺផ្សេង គឺជំងឺរលាកសន្លាក់ រលាកប្រព័ន្ធរំលាយអាហារ រ៉ាំរ៉ៃ ដែលយើងមិនលើកមកបកស្រាយនៅក្នុងអត្ថបទនេះទេ។ អាការៈឈឺកែងជើងបែបនេះ ច្រើនកើតលើជើងទាំងសងខាង ម្តងឆ្វេងម្តងស្តាំ ហើយមានហើមនៅកែងជើង៕
6/19/2024 • 8 minutes, 5 seconds នឹងមានថ្នាំបង្ការជំងឺទឹកនោមផ្អែមប្រភេទទីមួ យ ក្នុងពេលឆាប់ៗ?
ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃ ដែលគ្មានថ្នាំព្យាបាលឱ្យជាដាច់ទេ។ បើធ្លាក់ខ្លួនឈឺហើយ អ្នកជំងឺត្រូវការប្រើថ្នាំអស់មួយជីវិត ជាមួយនឹងផលវិបាកជាច្រើនមួយគំនរទៀត។ ជាមួយនឹងការរកឃើញថាជំងឺទឹកនោមផ្អែមប្រភេទទីមួយ ទំនងបង្កឡើងដោយវីរ៉ុស អ្នកស្រាវជ្រាវបារាំងសង្ឃឹមថាពិភពលោកនឹងមានថ្នាំបង្ការជំងឺទឹកនោមផ្អែមប្រភេទនេះ នាថ្ងៃអនាគត។ ទឹកនោមផ្អែមជាជំងឺដ៏គួរឱ្យខ្លាចរអារ ព្រោះបើធ្លាក់ខ្លួនឈឺហើយ ត្រូវការការព្យាបាលអស់មួយជីវិតនិងសម្រួលឱ្យមានផលវិបាកដល់សុខភាពជាច្រើនផ្សេងទៀត។ ជំងឺទឹកនោមផ្អែមមានច្រើនយ៉ាង តែមានពីរប្រភេទធំៗដែលគេជួបប្រទះញឹកញាប់ជាងគេ។ នោះគឺជំងឺទឹកនោមផ្អែមប្រភេទទីមួយ និងប្រភេទទីពីរ។ ភាពខុសគ្នារវាងប្រភេទជំងឺទឹកនោមផ្អែមទាំងពីរ គឺយន្តការរបស់លំពែងក្នុងការផលិតអាំងស៊ុយលីន។ នៅក្នុងករណីជំងឺទឹកនោមផ្អែមប្រភេទទីពីរ លំពែងមានដំណើរការជាធម្មតាតែមិនអាចផលិតអ័រមូនអាំងស៊ូលីនប្រកបដោយគុណភាពបាន ឬហេតុអ្វី? ព្រោះតែមានភាពស៊ាំនឹងអាំងស៊ុយលីន។ អ្នកជំងឺត្រូវការអាំងស៊ុយលីនកាន់តែច្រើនឡើង ទើបមានប្រសិទ្ធភាពបំពេញសេចក្តីការរបស់សរីរាង្គកាយបាន។ ទាំងនេះបណ្តាលមកពីធាត់ពេក ស្រួលពេក និងមានរបបអាហារមិនត្រឹមត្រូវ ៖ ផ្អែមពេក ខ្លាញ់ពេក ទើបអាំងស៊ុយលីនមិនអាចចាត់ចែងជាតិស្ករបានត្រឹមត្រូវនាំឱ្យមានជំងឺឡើង។ ចំណែកជំងឺទឹកនោមផ្អែមប្រភេទទីមួយ ដែលឃើញកើតជាញឹកញាប់ខ្លាំងលើអ្នកជំងឺវ័យក្មេង ជាកុមារ ជាក្មេងជំទង់ ឬលើមនុស្សធំខ្លះ គឺបណ្តាលមកពីប្រព័ន្ធការពារខ្លួនមានដំណើរការមិនប្រក្រតី បកមកវាយប្រហារលើជាលិការលំពែងឱ្យឈប់ផលិតអ័រមូនអាំងស៊ុយលី ដ៏ចាំបាច់ខាងចាត់ចែងស្រូបជាតិស្ករ។ នៅពេលលំពែងឈប់ផលិតអាំងស៊ុយលីន អត្រាជាតិស្ករក្នុងឈាមនឹងកើនឡើង គឺនៅពេលនោះហើយដែលជំងឺទឹកនោមផ្អែមប្រភេទទីមួយចាប់លេចឡើង។ អ៊ីចឹងហើយបានជាអ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយ ត្រូវចាក់អាំងស៊ុយលីនរហូត។វីរ៉ុសCoxsackie B ពិភពអ្នកវេជ្ជសាស្ត្រមិនដឹងថាតើអ្វីទៅជាប្រភពជំរុញឱ្យប្រព័ន្ធការពារខ្លួនស្រាប់តែមានដំណើរការមិនប្រក្រតីទេ។ អ្នកស្រាវជ្រាវឆ្ងល់នឹងចំណុចនេះខ្លាំងណាស់ និងតាំងពីយូរយារមកហើយ។ គឺទើបតែនៅពេលថ្មីៗនេះប៉ុណ្ណោះ ដែលក្រុមអ្នកវិទ្យាសាស្ត្រអាចទម្លាយចម្ងល់របស់ខ្លួនបាន។ ដើមហេតុដែលនាំឱ្យប្រព័ន្ធការពារខ្លួនមានដំណើរការមិនប្រក្រតីទៅបញ្ឈប់ដំណើរការផលិតអាំងស៊ុយលីនរបស់លំពែង គឺបណ្តាលមកពីការបង្ករោគរបស់វីរ៉ុសឈ្មោះ Coxsackie B។ នេះបើតាមការសិក្សាអន្តរជាតិដឹកនាំដោយគ្រូពេទ្យជំនាញទឹកនោមផ្អែម លោក Roberto Mallone នៅមន្ទីរពេទ្យកូសាំង ក្រុងប៉ារីស ដែលទើបចេញផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Sciences Advance នាខែឧសភា២០២៤។ វីរ៉ុសកុកសាគីបេ គឺជាវីរ៉ុសដែលគេស្គាល់ និងជាវីរ៉ុសដែលឆ្លងលើគ្រប់ក្មេង និងនាំឱ្យក្មេងៗមានអាការៈឈឺក្តៅខ្លួនផ្តាសាយ ហៀរសំបោរ ឬក្អួតរាករូស។ អ្នកជំនាញតាមអង្កេតវីរ៉ុសនេះយូរមកហើយ ព្រោះគេឃើញវា ឆ្លងនៅក្នុងខ្លួនក្មេងដែលខ្សោយងាយរងគ្រោះ មានប្រវត្តិគ្រួសារឈឺ ហើយក្មេងធ្លាក់ខ្លួនមានជំងឺទឹកនោមផ្អែមប្រភេទទីមួយ សុទ្ធតែមានប្រវត្តិធ្លាប់កើតជំងឺបង្ករោគ-រលាក ញយៗខ្លាំង កាលពីប៉ុន្មានឆ្នាំមុន។ តើហេតុអ្វីបានជាវីរុសនេះមានច្រើននៅលើអ្នកជំងឺទឹកនោមផ្អែម?នៅទីបំផុត អ្នកស្រាវជ្រាវបានរកឃើញដូចការគិតសង្ស័យមែន។ ការវិភាគ នៅក្នុងបន្ទប់ពិសោធន៍បានបង្ហាញឱ្យឃើញថា វីរ៉ុសCoxsackie B មានសមត្ថភាព វាយប្រហារសម្លាប់ ដោយផ្ទាល់ និង ជាពិសេស កោសិកាអ្នកផលិតអាំងស៊ុយលីនរបស់លំពែងតែម្តង។ នៅពេលវីរ៉ុសនេះវាយប្រហារលើកោសិកាលំពែង វាអាចមានសមត្ថភាពធ្វើឱ្យក្មេងធ្លាក់ខ្លួនឈឺជំងឺទឹកនោមផ្អែមប្រភេទទី១បាន ព្រោះដំបូងឡើងវីរ៉ុសនេះបានទៅបង្ករោគលើជាលិកាលំពែង (ធ្វើឱ្យរលាកលំពែង)។ ប្រព័ន្ធការពារខ្លួនរបស់ក្មេងមានជំងឺទឹកនោមផ្អែមប្រភេទទី១ មិនអាចកម្ចាត់មេរោគCoxsackie Bបាន ហើយដោយឃើញមានការរោលរលាកដែលជាតំណាងគ្រោះថ្នាក់ យូរនិងញយពេក ក៏ចាប់ផ្តើមផលិតអង្គបក្សដិបក្ស (អង់ទីក័រ) ការពារខ្លួន ដោយច្រលំ ទៅវាយប្រហារលើកោសិកាល្អវិញ។ ប៉ុន្តែ ជាសំណាងល្អ វីរ៉ុសកុកសាក់គីដែលក្មេងណាក៏ធ្លាប់ឆ្លងនោះ មិនបានធ្វើឱ្យគ្រប់ក្មេងកើតជំងឺទឹកនោមផ្អែម។ គ្រប់ការចម្លងវីរ៉ុសកុកសាក់គីមិនសុទ្ធតែនាំឱ្យមានជំងឺទឹកនោមផ្អែមទេ។ ក្មេងដែលអាចធ្លាក់ខ្លួនមានជំងឺទឹកនោមផ្អែម មកពីប្រព័ន្ធការពារខ្លួនរបស់ពួកគេមានកំរិត មិនអាចការពារខ្លួនពីវីរ៉ុកកុកសាក់គីបាន។ អ្នកស្រាវជ្រាវភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះសម្គាល់ឃើញថាអង់ទីក័ររបស់ពួកគេមានបរិមាណតិច មិនអាចប្រយុទ្ធវីរ៉ុសឈ្នះ ហើយឡាំផូស៊ីតតេរបស់ពួកគេតិចតួចណាស់មានសមត្ថភាពបែងចែងដឹងថាកោសិកាណាមានឆ្លងរោគ កោសិកាណាល្អ។ ដោយសារតែបែបនេះ ទើបក្មេងមានភាពអនុគ្រោះឬសណ្តានឈឺស្រាប់ អាចធ្លាក់ខ្លួនឈឺជំងឺទឹកនោមផ្អែម នៅក្រោយពេលបានឆ្លងវីរ៉ុសកុកសាក់គីនោះ។ក្តីសង្ឃឹមមានថ្នាំបង្ការជំងឺទឹកនោមផ្អែមឥលូវអ្នកស្រាវជ្រាវបានយល់អំពីយន្តការនៃការកកើតជំងឺទឹកនោមផ្អែមប្រភេទទីមួយហើយ ដូច្នេះរបកគំឃើញនេះជាការពាំនាំមកនូវក្តីសង្ឃឹមថ្មី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រកបដោយប្រសិទ្ធភាពបាន ប្រសិនបើគេឆាប់ដឹង និងវែករកឃើញមានហានិភ័យជំងឺទឹកនោមផ្អែមបានតាំងពីដំបូងៗភ្លាម។ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញលទ្ធភាពពន្យឺតពេលវេលាបានពីរបីឆ្នាំការឡើងកំរិតជាតិគ្លុយកូសក្នុងឈាមព្រោះខ្វះអាំងស៊ុយលីន។ នោះគឺការចាក់អង់ទីក័រ Teplizumabទៅបំប៉នប្រព័ន្ធការពារខ្លួនឡាំផូស៊ីត Tរបស់ក្មេង។ ការសាកល្បងបំប៉នប្រព័ន្ធការពារខ្លួន អាចបញ្ចៀសឬបង្ហូសពេលវេលាកុំឱ្យក្មេងឆាប់មានជំងឺទឹកនោមផ្អែម បានពីរបីឆ្នាំផង និងជាពិសេសជាការបើកផ្លូវនាំទៅរកថ្នាំបង្ការប្រឆាំងនឹងជំងឺនោមផ្អែមនៅពេលអនាគតខាងមុខតែម្តងផង។ការសិក្សាគួរទីទុកចិត្តមួយ បញ្ជាក់ថាការបំប៉នប្រព័ន្ធការពារខ្លួនរបស់មនុស្សចាស់ប្រឈមនឹងវីរ៉ុសកុកសាក់គីប្រភេទបេបាន។ ដូច្នេះ មិនទៀងទេ នៅថ្ងៃស្អែក ឬខានស្អែក ពិភពលោកអាចនឹងមានថ្នាំបង្ការប្រឆាំងនឹងវីរ៉ុសកុកសាក់គីប្រភេទបេ សម្រាប់កុមារមួយ ដើម្បីការពារកុំឱ្យមានជំងឺទឹកនោមផ្អែមពេលធំ។ សហគ្រាសឱសថអាមេរិក កំពុងសិក្សាសាកល្បងថ្នាំបង្ការដំបូងគេមួយ។ ការសាកល្បងចាក់លើមនុស្សធំមានសុខភាពល្អផ្តល់លទ្ធផលគួរជាទីគាប់ចិត្ត ដោយបរិមាណអង់ទីក័រប្រឆាំងនឹងវីរ៉ុសបានកើនឡើងយ៉ាងច្រើន។ តាមក្បួន វ៉ាក់សាំងប្រឆាំងកុកសាក់គីប្រភេទបេ មានទម្រង់ដូចថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង ដែលត្រូវចាក់នៅអាយុ២,៤និង១១ខែ។ សម្រាប់លោកRoberto Mallone ការធ្លាក់ចុះ ឬការលែងមានករណីក្មេងកើតជំងឺទឹកនោមផ្អែមប្រភេទទីមួយក្នុងចង្កោមក្មេងមានហានិភ័យបានទទួលថ្នាំបង្ការ ជាភស្តុតាងចុងក្រោយបំភ្លឺអំពីតួនាទីរបស់វីរ៉ុសក្នុងជំងឺប្រព័ន្ធការពារខ្លួនវាយប្រហារកោសិកាខ្លួនឯង និងជាក្តីសង្ឃឹមធំបំផុតក្នុងការឈានទៅកម្ចាត់ជំងឺទឹកនោមផ្អែមប្រភេទទីមួយសម្រាប់បណ្តាជនទូទៅ៕
6/5/2024 • 9 minutes, 32 seconds ការសិក្សាអូទ្រីស៖ បរិភោគប្រៃ(អំបិល)ពេក បង្កើនគ្រោះកើតជំងឺមហារីកក្រពះ
អំបិលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សរីរាង្គកាយ។ ខ្វះអំបិល អាចនឹងធ្វើឱ្យហើម និងមានជំងឺផ្សេងៗជាច្រើន តែបើបរិភោគច្រើនជ្រុល (ប្រៃខ្លាំងពេក) ក៏នឹងធ្វើឱ្យមានជំងឺជាច្រើនដែរ មានជាអាទិ៍ គឺជំងឺឡើងឈាមតែម្តង។ តែការសិក្សាថ្មីចុងក្រោយមួយរបស់អ្នកវិទ្យាសាស្ត្រជាតិអូទ្រីស បានបង្ហាញឱ្យឃើញថា អំបិលមិនត្រឹមតែអាក្រក់សម្រាប់សម្ពាធឈាមទេ តែការបរិភោគប្រៃ មានជាតិអំបិលច្រើនពេកអាចបង្កើនគ្រោះកើតជំងឺមហារីកក្រពះដល់ទៅ៤០%ឯណោះ។តើអំបិលធ្វើឱ្យមានជំងឺមហារីកក្រពះ យ៉ាងដូចម្តេច? អំបិលជាគ្រឿងផ្សំ ជាសារធាតុដ៏ចាំបាច់សម្រាប់ភាពរស់រានរបស់មនុស្ស។ អាហារគ្មានជាតិអំបិលជាអាហារដែលគ្មានរសជាតិ គ្មានឱជារស មិនគួរឱ្យបរិភោគ ឬបរិភោគហើយចង់ខ្យល់ក៏មាន។ ប៉ុន្តែបរិភោគអាហារប្រៃនិងអំបិលច្រើនពេក ជះផលអាក្រក់ខ្លាំងណាស់ដល់សុខភាព ដោយបង្កឱ្យមានជំងឺជាច្រើន ដូចជា ពុកឆ្អឹង តម្រងនោម ល្បីជាងគេគឺ ជំងឺលើសឈាម ជំងឺសរសៃឈាមបេះដូង ...។គុណសម្បត្តិនិងគុណវិបត្តិនៃអំបិលអំបិលមាននាទីជាតំណគ្រប់គ្រងការផ្តោះប្តូរ ជាតិទឹក ឈាម និងខួរក្បាល។ អំបិលជាអ្នកស្រូបទប់សារធាតុទឹកក្នុងសពាង្គកាយ។ អំបិលជាអ្នកចាត់ចែងចរន្ត-សម្ពាធឈាម។ គ្មានជាតិអំបិល ខួរក្បាលមិនអាចដំណើរការបានទេ ព្រោះគ្មានអំបិលគ្មានសកម្មភាពអេឡិចត្រូគីមីនៃប្រព័ន្ធប្រសាទ។ មីក្រូសរីរាង្គ (ចំណីអាហារជីវជាតិទាំងអំបាលម៉ាន) អាចស្រូបចូលចិញ្ចឹមសរីរាង្គកាយបានដោយសារ ឬតាមរយៈអំបិល។ ប៉ុន្តែបញ្ហានៅត្រង់ថា នៅពេលអំបិលមានបរិមាណច្រើនជ្រុលពេកក្នុងខ្លួន អំបិលនោះវានឹងទៅរំខានជាដំបូងគេ ដំណើរជាប្រក្រតីនៃចរន្តឈាម ដោយធ្វើឱ្យមានសម្ពាធឈាមខ្ពស់។ ដោយហេតុថាអំបិលជាអ្នកស្រូបជាតិទឹក ដូច្នេះបើអំបិលច្រើនវាស្រូបទឹកកាន់ខ្លាំង សម្ពាធឈាមក៏ត្រូវប្រឹងឡើងខ្លាំង ទៅតាមនោះដែរ។ ហើយបើសម្ពាធឈាមឡើងខ្ពស់យូរៗទៅ នោះគ្រោះថ្នាក់ដាច់ ឬស្ទះសរសៃឈាមខួរក្បាល និង ស្លោកបេះដូង អាចលេចឡើង។ អ៊ីចឹងហើយបានជាយើងចាំបាច់ត្រូវបរិភោគអំបិល តែកុំបរិភោគឱ្យច្រើនហួសហេតុ។និយាយជារួម អំបិល ឬអាហារប្រៃនាំឱ្យមានសម្ពាធឈាមខ្ពស់ (ជំងឺលើសឈាម) ដែលជាកត្តានាំឱ្យមានជំងឺសរសៃឈាមបេះដូង ជាមួយនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ ដូចជាពិការស្លាប់មួយចំហៀងខ្លួនឬបាត់បង់ជីវិតតែម្តង នៅពេលសម្ពាធឈាមបុកឡើងខ្លាំង ក្លាយជាគ្រោះថ្នាក់ដាច់ឬស្ទះសរសៃឈាមនៅខួរក្បាល ឬនៅបេះដូង។ ជំងឺសរសៃឈាមបេះដូង សម្លាប់មនុស្សក្នុងមួយថ្ងៃៗជាង ១០ម៉ឺននាក់នៅអឺរ៉ុប ពោលគឺ(៤លើ១០)ជិតពាក់កណ្តាលនៃចំនួនមនុស្សស្លាប់សរុបក្នុងមួយថ្ងៃៗ ឬត្រូវជាបួនលាននាក់ក្នុងមួយឆ្នាំៗ បើគិតក្នុងកំរិតពិភពលោក។ នេះជាតួលេខផ្តល់ដោយអង្គការសុខភាពពិភពលោក។ មូលហេតុចំបង ដែលគ្រប់គ្នាបានដឹងស្រេចនិងតាំងពីយូរមកហើយនោះ គឺការទទួលទានអំបិលហួសកំរិតសុវត្ថិភាពសុខភាព។ចុះតើលោកអ្នកពិសាប្រៃនិងអំបិលច្រើនទេ? បើពិសាច្រើនសូមផ្តើមកាត់បន្ថយ ព្រោះនៅ ការសិក្សាថ្មីមួយរបស់ក្រុមវេជ្ជសាស្ត្រជាតិអូទ្រីស ទើបចេញផ្សាយកាលពីថ្ងៃសុក្រទី ១៧ឧសភា ក្នុងទស្សនាវដ្តី Gastric Cancer បានបង្ហាញឱ្យឃើញ អំពីគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរថ្មីមួយបន្ថែមទៀតនៃការបរិភោគអំបិល និងជាតិប្រៃខ្លាំង នោះគឺអំបិលអាចបង្កើនគ្រោះកើតជំងឺមហារីកក្រពះ។បើតាមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវីយ៉ែនប្រទេសអូទ្រីស អ្នកមានទម្លាប់បរិភោគអាហារ ដោយរោយអំបិលបន្ថែម ក្នុងម្ហូបពេលបាយ មានគ្រោះកើតជំងឺមហារីកក្រពះជិត៤០%លើសអ្នកគ្មានទម្លាប់ថែមអំបិលក្រៅសោះឬថែមម្តងម្កាល។ នេះជាលទ្ធផលនៃការសិក្សាលើពលរដ្ឋអង់គ្លេស ប្រមាណជិតកន្លះលាននាក់ (៤៧០០០០នាក់) នៅរវាងពីឆ្នាំ២០០៦ដល់ឆ្នាំ២០១០។ អ្នកចូលរួមពិសោធន៍ ត្រូវឆ្លើយនឹងសំណួរទាក់ទងនឹងទម្លាប់ប្រើអំបិលថែមនៅពេលទទួលទាន។ ដឹកនាំសិក្សាដោយវេជ្ជបណ្ឌិត Selma Kronsteiner-Gicevic et Tilman Kühn អ្នកស្រាវជ្រាវបានយកចម្លើយរបស់ពួកគេទៅប្រៀបធៀប រយៈពេល១១ឆ្នាំ ទៅនឹងលទ្ធផលតាមដានមើលកំរិតសូយ្យូម (ជាតិអំបិល) នៅក្នុងទឹកនោម ដែលជារង្វាស់ឆ្លុះបញ្ចាំងអំពីបរិមាណទទួលទានជាតិអំបិល និងទិន្នន័យជាតិនៃជំងឺមហារីក។ការផ្ទៀងផ្ទាត់បានបង្ហាញថា អ្នកប្រកាសមានទម្លាប់ថែមអំបិលក្នុងអាហារ រាល់ពេល និងជាប្រពៃណី មានហានិភ័យកើតជំងឺមហារីកក្រពះដល់ទៅ៣៩%លើសអ្នកដែលបរិភោគសាប (មិនថែមអំបិលសោះ)។អ្វីដែលគួរឱ្យកត់សម្គាល់បន្ថែមទៀតនោះ គឺទំនាក់ទំនងរវាងជាតិប្រៃអំបិលនិងជំងឺមហារីកក្រពះ ធ្លាប់មានបញ្ជាក់ក្នុងការសិក្សាជាច្រើនរួចមកហើយនៅអាស៊ី។ នេះបើតាមការអះអាងរបស់អ្នកស្រាវជ្រាវវេជ្ជសាស្ត្រជាតិអូទ្រីសដដែល ដោយសង្កត់ធ្ងន់ថា ការសិក្សានៅអាស៊ីផ្តល់លទ្ធផលប្រហាក់ប្រហែលគ្នា។ នៅអាស៊ី ប្រជាពលរដ្ឋមានប្រពៃណីទទួលទានត្រីច្រើន តែចូលចិត្តធ្វើម្ហូបប្រលាក់ផ្អាប់ និងទម្លាប់ទទួលទានប្រៃ ថែមទឹកត្រឹ ទឹកស៊ីអ៊ីវ អំបិលម្ទេស និងទឹកជ្រលក់ក្បែរម្ហូប។ ការសិក្សានោះបានបញ្ជាក់ថា របបអាហារប្រៃខ្លាំង ពិតជាបានបង្កើនគ្រោះឱ្យមានករណីកើតជំងឺមហារីកក្រពះច្រើន នៅអាស៊ី។ ហើយនៅអឺរ៉ុប គឺទម្លាប់ថែមអំបិលដែលបង្កើនគ្រោះកើតជំងឺមហារីកក្រពះ។តើអំបិលសម្រួលឱ្យទៅជាជំងឺមហារីកយ៉ាងដូចម្តេច?មុននឹងនិយាយអំពីទំនាក់ទំនងរវាងអំបិលនិងជំងឺមហារីកក្រពះ យើងត្រូវដឹងថា មហារីកក្រពះជាជំងឺដែលកើតមានច្រើន និងញឹកញាប់ខ្លាំងលំដាប់ទី៥ នៅលើពិភពលោក បន្ទាប់ពីជំងឺមហារីកប្រូស្តាត (៤) មហារីកពោះវៀនធំ (៣) មហារីកសួត (២) និងមហារីកសុដន់ដែលជាប់ជាជើងឯក(លេខ១)។ ហានិភ័យកើតជំងឺមហារីកក្រពះ កើនឡើងទៅតាមវ័យរបស់មនុស្ស ប៉ុន្តែស្ថិតិចុងក្រោយ បានរំលេចឱ្យឃើញ អំពីកំណើនជាលំដាប់ករណីមនុស្សធំពេញវ័យកាន់តែក្មេង អាយុក្រោម៥០ឆ្នាំមានជំងឺមហារីកក្រពះ។គ្រោះធំដែលជំរុញឱ្យមានជំងឺមហារីកក្រពះ គឺការបង្ករោគរបស់បាក់តេរី ដែលមានឈ្មោះថា អេលីកូបាក់ទែរពីឡូរី Helicobacter Pylori។ មនុស្សគ្រប់រូបរស់ប្រឈមនឹងបាក់តេរីនេះរាល់ថ្ងៃ និងតែងឆ្លងវាជាញឹកញយ គ្រាន់តែជាទូទៅ ជាមិនធ្វើទុក្ខអ្វីទេ។ ក៏ជាភ្នាក់ងារបង្កឱ្យមានជំងឺដំបៅក្រពះ បាក់តេរីប្រភេទនេះសម្រួលឱ្យមានការរោលរលាក ដែលជាការបំផ្លាញរចនាសម្ព័ន្ធធម្មតារបស់ប្រព័ន្ធរំលាយអាហារ (ក្រពះ)ដែលយូរៗទៅក៏ក្លាយជាជំងឺមហារីក។ ចំណែកឯអំបិលជាសារធាតុប្រៃវិញ បើមានច្រើនវានឹងប៉ាតប្រលាក់ផ្ទៃខាងក្នុងរបស់ក្រពះ ឱ្យងាយទទួលយកពពួកបាក់តេរីអេលីកូបាក់ទែរពីឡូរីអស់នោះ។អ៊ីចឹងហើយបានជាអំបិលត្រូវជាប់ឈ្មោះក្លាយជាឬត្រូវចាត់បញ្ចូលជាកត្តាហានិភ័យមួយទៀតដែលបង្កឱ្យងាយមានជំងឺមហារីកក្រពះ បន្ថែមពីលើមូលហេតុផឹកស្រា ជក់បារី ធាត់ជ្រុលដែលអ្នកជំនាញធ្លាប់ស្គាល់ពីមុន។តើត្រូវវាស់កំរិតអំបិលឬជាតិប្រៃយ៉ាងដូចម្តេច?ការស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យអូទ្រីស មានបំណងដាស់ស្មារតីពលរដ្ឋគ្រប់រូបឱ្យបានយល់អំពីឥទ្ធិពលអវិជ្ជមាននៃការទទួលទានជាតិអំបិលច្រើនជ្រុលហួសហេតុផង និងផ្តល់ព័ត៌មានជាមូលដ្ឋានសម្រាប់ការពារជំងឺមហារីកក្រពះ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់វេជ្ជបណ្ឌិតជាតិអូទ្រីស លោក Tilman Kühn ដែលជាសហប្រធានដឹកនាំការសិក្សា។សម្រាប់អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ឱ្យទទួលទានអំបិល ៥ក្រាម ក្នុងមួយថ្ងៃ ឬត្រូវជាមួយស្លាបព្រាកាហ្វេ សម្រាប់មនុស្សធំ និងសម្រាប់កុមារ ២ក្រាម។ ដូច្នេះទម្លាប់ទទួលទានគ្រឿងម្ជូរហើយចុចអំបិល គ្រឿងត្រាំផ្អាប់ប្រលាក់ និងការបង់ប្រហុក អំបិលផង ទឹកត្រីផង និងប៊ីចេងផងក្នុងសម្ល របស់បណ្តាជនខ្មែរយើង ច្បាស់ជាលើសជាតិអំបិលហើយ។ នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិតទូតឃុន ជំនាញផ្នែកអាហារូបត្ថម្ភនិងទឹកនោមផ្អែម និងវេជ្ជបណ្ឌិតឡោគីមសុង គ្រូពេទ្យជំងឺទូទៅ នៅប្រទេសបារាំង។ដើម្បីដឹងយ៉ាងប្រាកដអំពីបរិមាណជាតិអំបិលដែលយើងទទួលទាន ក្នុងមួយថ្ងៃៗរយៈពេល២៤នោះ វិធីសាស្ត្រតែមួយគត់ គឺការធ្វើវិភាគទឹកនោមរកមើលកំរិតជាតិសូយ្យូម (អំបិលក្នុងទឹកនោម)។ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យអ្នកជំងឺយកទឹកនោមវិភាគ ក្នុងពេលពិគ្រោះជំងឺជាធម្មតា។ សូមទទួលទានជាតិប្រៃអំបិល ដោយប្រុងប្រយ័ត្ន និងក្នុងបរិមាណ សមហេតុផលបំផុត ដោយចាប់ផ្តើមប្រកាន់ទម្លាប់បរិភោគសាប កុំប្រៃ។ គ្រូពេទ្យជំនាញដ៏ដូចជាអ្នកស្រាវជ្រាវអូទ្រីស បានណែនាំឱ្យ ជំនួសការថែមអំបិលទៅជាការប្រើគ្រឿងទេស (ម្រេច ល្មៀត ឈើអែម ផ្កាច័ន្ទ គ្រឿងការី ) ឬ ជីរ ដែលមិនត្រឹមជួយលើកក្លិន និងរសជាតិម្ហូបទេ តែថែមទាំងល្អសម្រាប់សុខភាពទៀតផង។ត្រូវចៀសវាងកុំថែមអំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ជាស្វ័យប្រវត្តិក្នុងម្ហូប ចម្អិនរួច។ ត្រូវប្រុងប្រយ័ត្ន ចំពោះអាហារឧស្សាហកម្មដែលជាអាហារកែច្នៃខ្លាំងជ្រុល បាត់ធាតុដើម និងពោរពេញទៅដោយជាតិគីមី ប្រៃលាក់មុខគ្រប់បែបយ៉ាង និងបង្កើនការបរិភោគបន្លែផ្លែឈើ ដែលមានអំណាចការពារក្រពះពីជំងឺមហារីក៕
5/22/2024 • 9 minutes, 9 seconds តើអ្វីទៅជាដំណេកបណ្តុះគំនិត?
គេងថ្ងៃ មិនត្រឹមតែអាចជួយប្រមូលកម្លាំងនិងបំពេញកង្វះខាតផ្នែកដំណេកកាលពីយប់ តែអាចជួយខួរក្បាល ការចងចាំ និងបណ្តុះគំនិតថ្មីទៀតផង។ តើត្រូវគេងថ្ងៃយ៉ាងណាទើបអាចទាញយកប្រយោជន៍ទាំងអស់នេះ? សូមស្តាប់បទអត្ថាធិប្បាយរបស់អៀង សុខម៉ិញដូចតទៅ។ ដំណេកគ្រប់គ្រាន់ និងត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ គឺត្រូវសំរាន្តពី ៧ ទៅ ៨ ម៉ោង ជាមធ្យម ក្នុងមួយថ្ងៃ។ ដូចលោកអ្នកនាងបានជ្រាបក្នុងកម្មវិធីសុខភាពមុនៗ ដែលបានលើកឡើងអំពីផលប៉ះពាល់នៃការទទួលទានដំណេកមិនគ្រប់គ្រាន់។ មានការសិក្សាច្រើនណាស់ដែលបង្ហាញឱ្យឃើញថា ការទទួលទានដំណេករយៈពេលខ្លីពេក ផ្តល់ផលអាក្រក់ដល់សុខភាព ៖ បង្កើនគ្រោះកើតជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ធាត់ជ្រុលចុកខ្លាញ់ ប្រព័ន្ធការពារខ្លួនចុះខ្សោយ បាត់បង់ការចងចាំ និងភាពប្រុងប្រយ័ត្នធ្លាក់ចុះ កើតរោគព្រួយ និងជំងឺធ្លាក់ទឹកចិត្ត ។ល។ និង។ល។ ដោយមិនភ្លេចឡើយគ្រោះថ្នាក់ចរាចរណ៍ដែលងាយកើតឡើងបានពេលអ្នកបើកបរនឿយហត់ គេងមិនឆ្អែត អត់ងងុយ ឬងងុយគេង។ក្រោម៦ម៉ោង ចាត់ទុកថា “ជាដំណេកមិនគ្រប់គ្រាន់” ហើយ។ ដូច្នេះដើម្បីអាចបំពេញកង្វះខាតនេះបានខ្លះ ដំណោះស្រាយតែមួយគឺការ គេងថ្ងៃ បង្គ្រប់។ ការសិក្សាកាន់តែច្រើនឡើងៗ បានបញ្ជាក់អំពីគុណប្រយោជន៍នៃការសំរាកថ្ងៃ។ សម្រាប់ក្រសែភ្នែកអ្នកវិទ្យាសាស្ត្រសំរាន្តថ្ងៃមិនមែនជាសញ្ញានៃភាពខ្ជិលច្រអូស ដូចការគិតរបស់មនុស្សជំនាន់មុនមួយចំនួនទេ។ការសំរាកថ្ងៃ មានផលប្រយោជន៍ច្រើនណាស់ ៖ អ្នកដែលមានកាលវិភាគការងារមមាញឹក ជាប់រដឹកដល់យប់ជ្រៅ ការសំរាកពេលថ្ងៃបន្តិចបន្តួចសោះ អាចនឹងជួយបំពេញកង្វះខាតផ្នែកដំណេកពេលយប់បាន។ គេងថ្ងៃអាចកាត់បន្ថយ Stress អាចជួយរក្សា និងឱ្យមានការចងចាំល្អ និងអាចផ្ទង់អារម្មណ៍បាននឹង ក្នុងការបញ្ចេញសកម្មភាពការងារ ឬគំនិតផ្តួចផ្តើមល្អ និងធ្វើឱ្យមុខងារប្រព័ន្ធប្រសាទមានលំនឹងល្អឡើងវិញ។ មិនតែប៉ុណ្ណោះ សម្រាកថ្ងៃ អាចនឹងធ្វើឱ្យយើងស្ថិតនៅជាមនុស្សមានសភាពរហ័សរហួនវាងវៃជានិច្ច។អ្នកវិទ្យាសាស្ត្រអួតអាងច្រើនអំពីគុណប្រយោជន៍នៃការសម្រាកថ្ងៃ ចុះតើមានក្បួនសម្រាកថ្ងៃដែរឬទេ? តើត្រូវសម្រាកប៉ុន្មានម៉ោង ប៉ុន្មាននាទី ទើបចាត់ទុកថាការសម្រាកថ្ងៃដែលផ្តល់គុណប្រយោជន៍ល្អឥតខ្ចោះ? បើគេងយូរពេកឬឆាប់ពេក អ្នកខ្លះភ្ញាក់បែរជាស៊ើងមមើង ញាក់ញ័រខ្លួនទៅវិញ។ បើដូច្នេះសួរថាតើត្រូវប្រើរយៈពេលប៉ុន្មាននាទី និងគេងនៅពេលម៉ោងណា ទើបចាត់ទុកថាជាការគេងថ្ងៃដ៏ល្អបំផុតនោះ? តើមានកំរិតស្តង់ដារ និងអនុសាសន៍ណែនាំដែលអ្នកជំនាញវេជ្ជសាស្ត្រទើបរកឃើញថ្មីទេ?២០នាទីដើម្បីខួរក្បាលគ្មានទេក្បួនខ្នាត ឬវេជ្ជបញ្ជាពិសេស ប្រាប់ពី រយៈពេលនៃការគេងថ្ងៃ ! រយៈពេលដ៏ប្រពៃ គឺអាស្រ័យទៅតាមពេលវេលារបស់បុគ្គលម្នាក់ៗ។ រយៈពេលគេងថ្ងៃកំរិតស្តង់ដារ និងជាគោល ដែលគេធ្លាប់ឮកន្លងមក គឺ ២០នាទី។ ដំបូន្មាននេះនៅតែមានតម្លៃជានិច្ច។អ្នកស្រីវេជ្ជបណ្ឌិត Sylvie Royant-Parola គ្រូពេទ្យឯកទេសចិត្តសាស្ត្រដំណេក ក៏ឯកភាពនឹងអនុសាសន៍ខាងលើដែរ និងបានផ្តល់សេចក្តីណែនាំបន្ថែមទៀតថា ត្រូវសំរាន្តថ្ងៃ នៅពេលថ្ងៃ កុំចាំដល់ពេលបាក់រសៀល ព្រោះវាអាចនឹងទៅរំខានដំណេកនៅពេលយប់។ ពេលវេលាដ៏ល្អប្រពៃនៃដំណេកថ្ងៃ គឺនៅកណ្តាលថ្ងៃ។ ចំណែករយៈពេលវិញ វាអាស្រ័យទៅលើស្ថានភាពរបស់មនុស្សម្នាក់ៗ។ បើអ្នកមានពេលសំរាន្តយប់ខ្លី មិនគ្រប់គ្រាន់ខ្លាំង អ្នកអាចចំណាយពេលដេកថ្ងៃ ពីរទៅបីម៉ោង ដើម្បីឱ្យសរីរាង្គកាយអាចស្រូបសាកថាមពលបំពេញកង្វះខាតដំណេកនៅពេលយប់បាន។ប៉ុន្តែបើអ្នកមានដំណេកពេលយប់ធម្មតាទេ រយៈពេលដ៏ល្អប្រពៃបំផុតសម្រាប់សុខភាព គឺ២០នាទី។ សំងំសម្រាកខួរក្បាលតែ២០នាទី ទើបមិនសូវរំខានដល់ដំណេកនាពេលយប់ តែគ្រប់គ្រាន់សម្រាប់សរីរាង្គកាយ ក្នុងបំពេញថាមពលនិងប្រមូលភាពប្រុងប្រយ័ត្នបានយ៉ាងពេញលេញវិញ។ នេះបើតាមប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិតដដែល។១នាទី ដើម្បីគំនិតថ្មីជាងនេះទៅទៀត ប្រសិនបើអ្នកខ្លាចជ្រុល លង់ដំណេកខក ដែលនាំការសម្រាកថ្ងៃវែងជ្រុល ជម្រើសមួយទៀត គឺការសំរាកថ្ងៃតែមួយស្រលេត ឬធ្មេញឱ្យលក់មួយនាទី ដូចអ្នកប្រាជ្ញ អាល់ប៊ែរ អាំងស្តាញទៅ។ មួយឬពីរនាទីយ៉ាងច្រើននេះ គ្រប់គ្រាន់សម្រាប់ប្រមូលអារម្មណ៍មកផ្ចង់ធ្វើការងារប្រកបដោយប្រសិទ្ធភាពបន្តទៀតបានផង និងជួយបណ្តុះគំនិតថ្មីៗផង។ ការគេងថ្ងៃដ៏ខ្លីបែបនេះ ត្រូវបានគេចាត់ទុកថាជាដំណេកប្រឌិតគំនិត ឬដំណេកអឺរ៉េកា។ អ្នកប្រាជ្ញ អាល់ប៊ែរ អាំងស្តាញ អ្នកវិទ្យាសាស្ត្រ ថូម៉ាស អេឌីសាន់ ឬ វិចិត្រករគំនូរ សាល់វ៉ាដរ ដាលី និយមដេកថ្ងៃអឺរ៉េកាណាស់ និងជាពិសេសនៅពេលណាលោកត្រូវការរិះគិតរកដំណោះស្រាយ ឬបង្កើតវត្ថុអ្វីមួយ។តើដំណេកអឺរ៉េកាប្រព្រឹត្តទៅយ៉ាងដូចម្តេច? ជាឧទាហរណ៍ អ្នកវិទ្យាសាស្ត្រអាមេរិក ថូម៉ាស អេឌីសាន់ ទៅសំរាន្តថ្ងៃ ដោយក្តាប់គ្រាប់ប៊ូលធ្វើពីលោហៈ ហើយត្រដាងដៃឱ្យផុតពីគ្រែ។ នៅពេលគាត់ចាប់លង់លក់ ដៃរបស់គាត់នឹងរលា ហើយធ្លាក់គ្រាប់ប៊ូលពីដៃ គាត់ក៏ភ្ញាក់ ដូចគេដាស់ រួចចាប់ផ្តើមធ្វើការវិញ ដោយលេចនូវគំនិតថ្មីជាទីគួរកត់ត្រាទុក។ លោក សាល់វ៉ាដរ ដាលី និងអាំងស្តាញ ក៏ដូចគ្នាបេះដាក់នេះដែរ តែគាត់កាន់ស្លាបព្រា និងដាក់ដាសដែកពីក្រោមនៅផ្ទាល់ដី។ នៅពេលធ្លាក់ស្លាបព្រាលើថាសដែក គាត់ងើបមកសម្រេចការងារដែលគិតមិនចេញពីមុន។នេះជាទម្លាប់របស់អ្នកប្រាជ្ញ អាចចាត់ទុកថាជាករណីពិសេសរបស់មនុស្សពិសេស។ ឯមនុស្សធម្មតាដូចយើងរាល់គ្នាប្រហែលមិនអាចយកជាការបានទេ។ ដើម្បីជម្រះមន្ទិលនេះ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានជាតិផ្នែកសុខភាពនិងស្រាវជ្រាវវេជ្ជសាស្ត្របារាំង បានសិក្សាវិភាគបទពិសោធន៍របស់អ្នកប្រាជ្ញនេះឡើងវិញ តាមបែបវិទ្យាសាស្ត្រ។ ដំណាក់កាលទីមួយ អ្នកចូលរួមត្រូវសាកល្បងដោះស្រាយប្រស្នាមួយ តាមកុំព្យូទ័រ ដោយអាចផ្តល់ចម្លើយច្រើន ទៅតាមសមត្ថភាពនិងលទ្ធភាពម្នាក់ៗ។ ដំណាក់កាលទីពីរ បេក្ខជនអាចទៅគេងសម្រាកលើកៅអី ដោយមានកាន់ដបទឹក និងដាក់ដៃឱ្យហួសពីភ្នាក់កៅអី។អ្នកស្រាវជ្រាវបានបំពាក់អេឡេចត្រូត និងប្រដាប់ចាប់សញ្ញាលើខ្លួនបេក្ខជនទាំងនោះ ដើម្បីដឹងថាតើពេលណាពួកគេហៀបនឹងលក់។ នៅពេលបេក្ខជនចាប់លង់លក់ ពួកគេធ្លាក់ដបទឹកពីដៃ ហើយភ្ញាក់។ ពោលគឺដូចទម្លាប់សម្រាកថ្ងៃរបស់អ្នកប្រាជ្ញយ៉ាងដូច្នោះ។ ជាលទ្ធផល អ្នកបានសម្រាកអឺរ៉េកា ហាក់មានលទ្ធភាពរកចម្លើយឃើញបានល្អដល់ទៅបីដងលើសបេក្ខជនដែលមិនគេងសម្រាកសោះ។ អ្នកវិទ្យាសាស្ត្រមិនទាន់ដឹងនៅឡើយថាតើមានអ្វីកើតឡើងនៅក្នុងខួរក្បាលមនុស្សនាពេលនោះទេ។ ប៉ុន្តែដំណាក់កាលអន្តរកាល ចន្លោះពេលភ្ញាក់និងពេលគេង គឺជាពេលរៀបចំការចងចាំឡើងវិញ ជាពិសេសការចងចាំផ្នែកភាសា ទើបអាចជួយឱ្យខួរក្បាលឱ្យរកដំណោះស្រាយប្រស្នា និងមានគំនិតច្នៃប្រឌិតថ្មីលេចឡើង។ថ្វីបើអ្នកវិទ្យាសាស្ត្រមិនទាន់អាចកំណត់បាននូវនិយមន័យរួមតែមួយសម្រាប់ហៅ ការសម្រាកពេលថ្ងៃមួយភ្លែតខ្លី ត្រឹមមួយនាទី ឬបួនដប់វិនាទីមែន តែមានការសិក្សាច្រើនណាស់ផ្តោតជុំវិញបញ្ហានេះ ព្រោះគេបានយល់កាន់តែច្បាស់ឡើងៗថាការដេកថ្ងៃ មានឥទ្ធិពលលើសកម្មភាពប្រចាំថ្ងៃយ៉ាងណា។ ការងងោកងងុយ អាចរំខានការងារពេញមួយរសៀល ឬតែមួយប៉ប្រិចភ្នែកអាចបង្កគ្រោះថ្នាក់បានផងក្នុងស្ថានភាពខ្លះ ប៉ុន្តែបើបានធ្មេញភ្នែកមួយភ្លែត សម្រាកមួយស្រលែតវិញ នោះកម្លាំងពលំថាមពលក៏បានពេញវិញ ហើយអាចផ្ចង់ស្មារតី គិតអ្វីក៏ចេញ។ ការសម្រាកថ្ងៃមួយឬពីរនាទីនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រសម្គាល់ឃើញថាជាការបំប៉នគំនិតបែបច្នៃប្រឌិតខ្លាំងណាស់។ការដកពិសោធន៍នេះ ជាសាក្សីបង្ហាញឱ្យឃើញថាដំណេកជាអាហារដ៏ចាំបាច់សម្រាប់ឱ្យមានការចងចាំល្អ។ ចង់មានការចងចាំល្អត្រូវគេងឱ្យបានគ្រប់គ្រាន់ ព្រោះពេលដេក ជាពេលវេលាថតផ្តិតព័ត៌មានទុក។ អីចឹងហើយបានជាគេណែនាំឱ្យអានសៀវភៅ ឬអានរំលឹកមេរៀនឡើងវិញ នៅពេលរៀបចូលគេង ទើបចាំរឿងនោះបានល្អ៕
5/15/2024 • 9 minutes, 15 seconds តរោមភ្នែកអាចប៉ះពាល់ដល់សុខភាពភ្នែក?
តើអ្នកធ្លាប់ស្រមៃចង់បានរោមភ្នែកវែងកោង-ងដែរឬទេ? ត-បណ្តុះរោមភ្នែកឱ្យវែងក្រាស់ល្អ កំពុងពេញនិយមខ្លាំងសម្រាប់សុភាពនារីទាំងឡាយ។ ប៉ុន្តែ ការ ត-អ៊ុត ឬកាត់រោមភ្នែក និងលាបផាត់មុខ មិនមែនគ្មានហានិភ័យសម្រាប់សុខភាពទេ។ តើជាហានិភ័យយ៉ាងណា? ដុះនៅចុងត្របកភ្នែក និងជារោមតូចៗមែន តែរោមភ្នែក អាចជួយលើកសម្រស់និងពន្លឺក្រសែភ្នែកឱ្យកាន់តែមានលក្ខណៈទាក់ទាញ។ តួនាទីរបស់រោមភ្នែកមិនកំរិតត្រឹមការផ្តល់ភាពទាក់ទាញនិងលើកសម្ផស្សមុខមាត់ទេ។ មនុស្សគ្រប់រូបច្រើនប្រហែសមើលរំលង មិនសូវគិតដល់ឡើយ តែតាមការពិតទៅនោះរោមភ្នែកមានចំណែកយ៉ាងសំខាន់ក្នុងការការពារគ្រាប់ភ្នែកទាំងគូរបស់យើង ពីភាពគំរាមកំហែងផ្សេងដែលមានប្រភពមកពីខាងក្រៅ។រោមភ្នែកមានតួនាទីដូចម្តេចខ្លះ?ដូចរោមចិញ្ចើម រោមភ្នែកមាននាទីសំខាន់បី គឺ ជារបងការពារផង ជាលក្ខណៈបញ្ចេញទឹកមុខផង និង ភាពទាក់ទាញទៀត។រោមភ្នែកជារបង ជារនាំង ទប់ វត្ថុមិនស្អាត ជាកម្ទេច លម្អង ធូលី ឱ្យត្រឹមគល់រោមលើត្របកភ្នែក កុំឱ្យចូលក្នុងភ្នែកបាន។ រោមភ្នែក ជាទំនប់ទប់តំណក់ញើស ដែលជាទឹកមិនបរិសុទ្ធ មិនឱ្យហូរចូលមករំខានភ្នែក។ ហើយជាចុងក្រោយ រោមភ្នែកប្រៀបដូចជាវាំងនន ចាំបាំងទប់កុំឱ្យពន្លឺថ្ងៃ ឬកាំរស្មីព្រះអាទិត្យ ចាំងចូលភ្នែកខ្លាំង ដោយត្រង់ៗពេក នៅពេលបើកបិទភ្នែក។រោមភ្នែកមានចំណែកជួយលើកដាក់ទឹកមុខ។ យោងទៅតាមកម្រាសនិងប្រវែងរបស់រោមភ្នែក ទឹកមុខមនុស្សអាចប្រែប្រួលស្រស់ស្អាតដោយយ៉ាង ឯក្រសែភ្នែកក៏អាចជ្រៅ និងមានលក្ខណៈរលឹមទៅតាមនោះដែរ។ ពោលគឺពេលធ្មេចបើកម្តងៗ រោមភ្នែកជាតំណាងនៃភាពទាក់ទាញរបស់មនុស្ស មិនថាជាស្ត្រីឬប្រុសឡើយ។ ដូចពាក្យចាស់លោកថា មនុស្សល្អនៅត្រង់ភ្នែកភ្លឺថ្លា មានរោមភ្នែកកោងងដូចគេពត់។បើចិញ្ចើម និងរោមភ្នែក ជាតំណាងនៃភាពទាក់ទាញ និងស្រស់ស្អាតដូច្នេះ តើនរណាមិនចង់បានរោមភ្នែកងក្រាស់ល្អនោះ។ ប៉ុន្តែធម្មជាតិបង្កើតមនុស្សមកមិនដូចគ្នាទេ។ ខ្លះមានរោមភ្នែកខ្លី ស្តើង រង្វើល ហើយសំយ៉ុងចុះទៀត។ ខ្លះក៏មានរោមភ្នែកក្រាស់ វែង និងកោង ងល្អ ដែលលើកសម្ផស្ស និងក្រសែភ្នែកឱ្យកាន់តែមានមន្តស្នេហ៍ខ្លាំងបន្ថែមទៀត។ ហេតុដូច្នេះហើយបានជា នៅពេលផាត់មុខចូលរួមក្នុងកម្មវិធីធំៗ អ្នកសំអាងតែងបំពាក់រោមភ្នែកជូនភ្ញៀវ។ វាក៏មិនមែនជាការកម្រដែរ ដែលស្ត្រីខ្លះមិនចូលចិត្តតែងខ្លួនលាបម្សៅលាបក្រេមមែន តែមិនភ្លេចឡើយការគូសចិញ្ចើម និង គូសភ្នែក លាបម៉ាស្ការ៉ា រំលេចរោមភ្នែក លម្អមុខមាត់នោះ។ បិទរោមភ្នែកសិប្បនិម្មិតជាក៏អ្វីដែលមានធ្វើច្រើនកន្លងមកដែរ។តរោមភ្នែកអាចបង្កហានិភ័យយ៉ាងណា?ស្ត្រីខ្លះ ហ៊ានចំណាយដល់ទៅសាក់ចិញ្ចើម និងគល់រោមភ្នែក ដើម្បីរំលេចនិងបង្អួសក្រសែភ្នែក និងកុំឱ្យពិបាកចំណាយពេលគូរផាត់រាល់ថ្ងៃ។ បច្ចុប្បន្ន និន្នាការដ៏ពេញនិយមមួយទៀត គឺការអ៊ុត តរោមភ្នែកឱ្យឡើងវែង កោង បានយូរតែម្តង។ តើលោកអ្នកនាងធ្លាប់បានសាកល្បង អ៊ុតត រោមភ្នែក ហើយឬនៅ?បច្ចេកទេសបណ្តុះតរោមភ្នែកនេះ គឺជាការបិទរោមភ្នែកសិប្បនិម្មិតលើរោមភ្នែកធម្មជាតិ ដើម្បីឱ្យមើលទៅឃើញក្រាស់និងវែងជាងមុន។ ដើម្បីបិទឬតរោមភ្នែកសិប្បនិម្មិត គេត្រូវការប្រើដង្កៀបសម្រាប់ដករោមធំវែង ចាប់រោមភ្នែកសិប្បនិម្មិតយកទៅបិទនៅចន្លោះរោមភ្នែកពិតដោយប្រើជ័រកាវ មានសណ្ឋានអន្ធិលៗ។ ស្តាប់ទៅហាក់ដូចជាស្រួលណាស់ តែបញ្ហានៅត្រង់ថា បច្ចុប្បន្ននេះ នរណាក៏អាចប្រកាស និងតាំងខ្លួនជាអ្នកជំនាញបណ្តុះតរោមភ្នែកបានដែរ ដោយគ្មានបានទៅរៀនសូត្រហាត់ហ្វឹកជំនាញនេះសោះ។ ហើយរូបយើងផ្ទាល់ក៏អាចទៅរកទិញប្រដាប់តរោមភ្នែកតាមអ៊ីនធ័រនែត រួចធ្វើខ្លួនឯងនៅផ្ទះក៏បានទៀត។ប៉ុន្តែសូមប្រុងប្រយ័ត្ន ប្រសិនបើលក្ខខណ្ឌអនាម័យមិនគ្រប់គ្រាន់ ហើយសម្ភារៈប្រើប្រាស់មិនស្អាត មិនបានសម្អាតសម្លាប់មេរោគត្រឹមត្រូវទេ អ្នកអាចនឹងមានបញ្ហារលាក ការបង្ករោគ និងឡើងពពែឆ្កែ ព្រោះរោមភ្នែកគឺជាច្រកផ្លូវដែលបាក់តេរីអាចឆ្លងចូលក្នុងភ្នែកបាន។ជាងនេះទៅទៀត គ្រូពេទ្យឯកទេសភ្នែកបានពន្យល់ថា សមាសធាតុផ្សំនៅក្នុងជ័រកាវខ្លះអាចនាំឱ្យមានការរោល ឬអាល់ឡែកហ្ស៊ីតែម្តងផង។ មានអ្នកចូលចិត្តតរោមភ្នែកច្រើនណាស់បានក្លាយជាជនរងគ្រោះ ជួបករណីអាល់ឡែកហ្ស៊ី ហើយបង្ហោះផ្សាយប្រាប់តាមបណ្តាញសង្គម។ ទម្រង់នៃអាល់ឡែកហ្ស៊ីបង្កឡើងដោយការតរោមភ្នែក អាចជាការលេចឡើងនូវក្រមរស្រែងនៅចុងត្របកភ្នែក។ ក្នុងករណីបែបនេះ សូមរូតរះទៅជួបពិគ្រោះជាមួយគ្រូពេទ្យភ្នែក។ការតរោមភ្នែកអាចផ្តល់គ្រោះថ្នាក់មួយទៀត គឺនាំឱ្យខូចភ្នែកតែម្តង ប្រសិនបើធ្វើជ្រុល។ នៅពេលរោមភ្នែកសិប្បនិម្មិតវែងខ្លាំងពេក រោមភ្នែកនោះអាចនឹងទៅប្តូរផ្លាស់ទិសនៃការដុះលូតលាស់របស់រោមភ្នែកពិតៗ។ មានន័យថារោមភ្នែកធម្មជាតិ ដុះចាក់ចូលទៅក្នុងភ្នែក មិនមែនដុះចេញមកផ្នែកខាងក្រៅនៃត្របកភ្នែកទេ។ ក្នុងករណីបែបនេះ រោមភ្នែកនឹងទៅកកិតលើគ្រាប់ភ្នែក បង្កឱ្យមានភាពរំខាន ដូចមានកម្ទេចដីនៅក្នុងភ្នែក នៅរាល់ពេលព្រិចភ្នែក។ នេះគឺជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ភាពគំឃើញរបស់ភ្នែក ទៅថ្ងៃមុខ។កុំកាត់រោមភ្នែកផ្នែកខាងក្រោមបិទតរោមភ្នែកមិនមែនជាវិធីសាស្ត្រដ៏ពេញនិយមសម្រាប់លើកសម្ផស្សភ្នែក នាពេលសម័យទំនើបនេះទេ។ តាំងពីប៉ុន្មានខែចុងក្រោយមកនេះ នៅលើបណ្តាញសង្គម មានមនុស្សច្រើនឡើងៗបាននាំគ្នាបង្ហាញអំពីវិធីដ៏សាមញ្ញ ជួយរំលេចភ្នែកស្អាត តាមរយៈការកាត់រោមភ្នែកផ្នែកខាងក្រោម ដោយប្រើកន្ត្រៃច្រិបតែម្តង។ កម្មវត្ថុនៃកាត់តម្រឹមរោមភ្នែក ឱ្យខ្លីខ្លាំងស្ទើរដល់គល់ គឺដើម្បីឱ្យមានភាពស្រលះ រំលេចរង្វង់ភ្នែក ហើយបំបាត់ភាពនឿយហត់។ ទម្លាប់បែបនេះ យើងធ្លាប់ឮនិងឃើញមានប្រើនៅក្នុងសង្គមខ្មែរយើងដែរ។ ដោយយល់ពីតម្លៃនៃរោមភ្នែក និងចង់ឱ្យកូនមានរោមភ្នែកវែងនៅពេលធំ ចាស់សម័យដើមបានណែនាំឱ្យអ្នកជាម្តាយកាត់រោមភ្នែកកូននៅពេលកើតមកភ្លាម។ ចាស់បូរាណជឿថា ការកាត់រោមភ្នែកដូចកោរសក់ក្បាល។ កោរសក់ញយៗនៅពេលតូចនឹងធ្វើកូនមានសក់ដុះលូតត្រង់ល្អនៅពេលធំ។ ក្មេងកើតមកត្រងោល ឬមានសក់ក្រញាញ់ ត្រូវឧស្សាហ៍កោរ ដើម្បីមានសក់ច្រើន និងលាល្អ។ ប៉ុន្តែនេះគ្រាន់ជាជំនឿប៉ុណ្ណោះ។ វិធីកាត់រោមភ្នែកដើម្បីឱ្យវាដុះល្អ ដុះវែង គ្មានប្រយោជន៍ទេ និងជាពិសេសជាកាយវិការដ៏គ្រោះថ្នាក់ណាស់។ ដូចបានជម្រាបពីខាងដើម រោមភ្នែកមិនមែនគ្រាន់តែជារោមសម្រាប់លម្អទេ រោមភ្នែកមានតួនាទីជាអ្នកការពារភ្នែកពី លម្អងធូលី ឬខ្យល់។ ដូច្នេះបើអ្នកដក កាត់វាអស់ គឺស្មើនឹងការដករបងការពារ ហើយបង្កើនហានិភ័យដល់សុខភាពភ្នែក ដូចជាងាយនាំមានជំងឺឈឺភ្នែក រលាកភ្នែក។ការបណ្តុះរោមភ្នែកចុះការបណ្តុះរោមភ្នែកវិញតើយ៉ាងណាដែរ? ជាគំនិតនិងជាវិធីល្អទេ? មានសេរ៉ូមបណ្តុះ ឬពន្លូតរោមភ្នែក ច្រើនយ៉ាងច្រើនបែបណាស់ ដាក់លក់នៅលើទីផ្សារ។ ផលិតផលទាំងអស់នោះ មានផ្ទុកជាតិអាស៊ីអាមីណេ ដែលលាបទៅទំនងអាចជួយបើកសរសៃឈាមឱ្យរីកធំ នាំឈាមទៅចិញ្ចឹមត្របកភ្នែកបានច្រើន ពោលគឺដូចជួយនាំអាហារទៅចាក់បំប៉នគល់រោមភ្នែក ដែលបើតាមក្បួននឹងធ្វើឱ្យសរសៃរោមភ្នែកដុះលូតលាស់លឿន។ ប៉ុន្តែដោយជាក់ស្តែងនោះ គ្មានទេភស្តុតាងបញ្ជាក់អំពីប្រសិទ្ធភាពតាមបែបវិទ្យាសាស្ត្រនៃការបំប៉នរោមភ្នែកឱ្យដុះបានលឿននោះ។ គ្មានអ្វីប្រសើរជាងបណ្តោយឱ្យរោមភ្នែកដុះលូតលាស់តាមដំណើរធម្មជាតិទេ ដោយចេះស្តាប់សេចក្តីត្រូវការរបស់សរីរាង្គកាយ និងមានអនាម័យល្អក្នុងការរស់នៅទេ។ អនាម័យល្អក្នុងរស់នៅ គឺទទួលទានអាហារមានគ្រប់ជីវជាតិ មានលំនឹង សម្បូរវីតាមីន ជាតិរ៉ែដែក សំរាន្តគ្រប់គ្រាន់ ទទួលទានទឹកច្រើន និងកម្ចាត់ស្ត្រេស។វិធីការពារនិងជួយរោមភ្នែកឱ្យដុះល្អមានរោមភ្នែកវែង ក្រាស់ កោង-ងល្អ ជាក្តីស្រមៃចង់បានរបស់ស្ត្រីគ្រប់រូប។ ទោះបីជាធម្មជាតិផ្តល់ឱ្យមនុស្សមិនដូចគ្នា តែគេអាចតម្រែតម្រង់រោមភ្នែកឱ្យលូតលាស់បានលឿននិងមាំល្អ តាមរយៈកាយវិការដ៏សាមញ្ញបីយ៉ាង៖រោមភ្នែក ជាពពួករោម ដែលត្រូវការការថែទាំដូចសក់ក្បាល ដោយត្រូវឧស្សាហ៍សិត ទើបវាដុះលឿននិងល្អ។ ដោយជារោមខ្លី ការសិតត្រូវប្រើជក់ទ្រវែងតូចៗមកបង្អូសពីលើ និងពីក្រោមរោមភ្នែក។ចៀសវាងកុំញីភ្នែក ដែលហាក់ដូចជាទៅកន្ទ្រាក់ទាញរោមភ្នែក ឱ្យដាច់ ឱ្យជ្រុះ មកតាមកម្លាំងញី។ ជាចុងក្រោយ សូមកឧស្សាហ៍ប្រើម៉ាស្ការ៉ាពេក បើអាចចៀសបានកាន់តែប្រសើរ។ បើមិនអាចចៀសបាន ត្រូវលាបស្រាលៗ និងសូមកុំប្រើប្រដាប់ពុតរោមភ្នែកពេលលាបម៉ាស្ការ៉ាហើយ។ អ្នកជំនាញរោមភ្នែកនៅប្រទេសបារាំង បានពន្យល់ថា នៅពេលលាបម៉ាស្ការ៉ាហើយវាស្ងួតទៅ រោមភ្នែកក៏ស្ងួតខ្លាំងដែរ។ នៅពេលលាងជម្រះ អ្នកខ្លះមិនប្រយ័ត្នជូនលាងខ្លាំងពេកដូចទៅគាស់រំលើងញីរោមភ្នែកឱ្យវក់វីដោយគ្មានប្រណីដូច្នោះ។សូមសម្អាតរោមភ្នែក ដូចជាផ្នែកដទៃនៃសរីរាង្គកាយ ដោយភាពប្រុងប្រយ័ត្ន។ បើអ្នកប្រើផលិតផលសំអាងហើយ ត្រូវយកសំឡីសើមផ្តិតផ្អាប់លើភ្នែកពីរបីវិនាទីសិនសឹមអូសជូនដោយថ្នមយកជាតិកខ្វក់ចេញពីរោមនិងត្របកភ្នែក។ បើចាំបាច់ត្រូវតរោមភ្នែក ត្រូវស្វែងរកអ្នកជំនាញត្រឹមត្រូវ៕
5/8/2024 • 9 minutes, 27 seconds តើអ្វីទៅជាអាការៈអស់រដូវ ឬវិបត្តិហាប្លាយរបស់បុរស?
ក្នុងខណៈដែលស្ត្រីគ្រប់រូប ត្រូវឆ្លងកាត់ជាចាំបាច់ដំណាក់កាលធ្វើទុក្ខមិនស្រណុកខ្លួនព្រោះអស់រដូវ (Ménopause) បុរសចូលដល់វ័យ៥០ឆ្នាំឡើងទៅក៏មានអាការៈប្រហាក់ប្រហែលនឹងបាតុភូតអស់រដូវរបស់ស្ត្រីដែរ។ អាការៈអស់រដូវសម្រាប់បុរស មានឈ្មោះជាភាសាបារាំងថា អង់ដ្រូប៉ូស្ស Andropause ឬវិបត្តិហាប្លាយជាភាសាសាមញ្ញ។ តើវិបត្តិAndropause ជាអ្វី? មានរោគសញ្ញាយ៉ាងណា? និងអាចព្យាបាលការពារបានដែរឬទេ? តាំងពីចូលវ័យ៥០ឆ្នាំប្លាយមក តើអស់លោកជាបុរសធ្លាប់មានអារម្មណ៍អស់កម្លាំងចម្លែក ចុះខ្សោយ បែកញើសស្អិតពេលយប់ សម្រាន្តមិនស្កប់ ចេះមួរមៅ បាត់ចំណង់តណ្ហា ឬលែងសូវបះខឹងផ្តេសផ្តាសទេ? ទាំងអស់នេះជាអាចជាអាការៈធម្មតានៃដំណើរធម្មជាតិរបស់មនុស្សចាស់ទេ តែក៏អាចជាសញ្ញាប្រាប់ថាអ្នកកំពុងមានអាការៈអស់រដូវAndropause ដែរ។ បុរសមានរដូវដែរឬ?តើការអស់រដូវអង់ដ្រូប៉ូស្ស ឬការអស់រដូវបុរសជាអ្វី?នៅអាយុចម្លោះចាប់ពី៤៥-៥៥ឆ្នាំ ប្រព័ន្ធសរីរាង្គកាយស្ត្រីឈប់ផលិតអ័រមូនបន្តពូជទាំងស្រុង (អូវ៉ែរឈប់បញ្ចេញអ័រមូនoestrogène និង progesterone) ដែលគេនិយមហៅថាដំណាក់កាលអស់រដូវ ឬMénopause ជាភាសាបារាំង។ ឯខាងបុរសគ្មានរដូវគ្មានខែដូចស្ត្រីមែន តែដល់អាយុខ្ទង់នេះ បុរសក៏ចេះចុះខ្សោយ និងឆ្លងចូលដល់ដំណាក់មួយដែលការផលិតអ័រមូនផ្លូវភេទចុះថយជាលំដាប់ដែរ គ្រាន់តែប្រព័ន្ធបន្តពូជបុរសមិនបញ្ឈប់តួនាទីទាំងស្រុង ដូចស្ត្រីតែប៉ុណ្ណោះ។ បុរសនៅតែរក្សាលទ្ធភាពបន្តពូជបានដដែល។ មានន័យថាចូលដល់វ័យ៥០ឆ្នាំស្ត្រីលែងមានរដូវ និងលែងសមត្ថភាពបង្កកំណើតកូនតាមបែបធម្មជាតិហើយ ឯចំណែកបុរសវិញ អាចមានកូនរហូតដល់ថ្ងៃស្លាប់។ នេះជាភាពខុសគ្នាដ៏ធំមួយរវាងស្រ្តីនិងបុរស ដែលជំរុញឱ្យអ្នកជំនាញមួយចំនួន បដិសេធមិនហៅ Andropause ថាជាអាការៈអស់រដូវបុរស សម្របតាមអាការៈអស់រដូវរបស់ស្ត្រីMénopauseទេ។ម្យ៉ាងទៀត ដោយជាក់ស្តែងនោះ មានបុរសតែប្រមាណពី១០ទៅ២០% ដែលកើតអាការៈអង់ដ្រូប៉ូស្ស ចាប់ពីអាយុ៥០ឆ្នាំទៅ និងរហូតដល់៥០%សម្រាប់បុរសវ័យចំណាស់លើសពី៧០ឆ្នាំ។Andropause ជាបាតុភូតសរីរៈវិទ្យាដែលគេពុំទាន់ស្គាល់ច្បាស់នៅឡើយទេ ហើយក៏គ្មានដែរនិយមន័យណាកំណត់អាយុដែលមានអង់ដ្រូប៉ូស្សនោះ។ ការអស់រដូវបុរសគឺចង់សំដៅលើការធ្លាក់ចុះអ័រមូនភេទរបស់បុរសដែលគេស្គាល់ច្បាស់ជាងគេគឺអ័រមូន “តេស្តូស្តេរ៉ូន” និងអ័រមូនផ្លូវភេទផ្សេងៗទៀត យ៉ាងសន្សឹមៗ ទៅតាមវ័យ និងតាមច្បាប់ធម្មជាតិ ចាប់ពីអាយុ៤៥ឆ្នាំឡើងទៅ។ ហើយអង់ដ្រូប៉ូស្សបុរស ក៏មិនមែនជាដំណាក់កាលដែលអាចបែងចែងឱ្យដាច់ស្រលះរវាងពេលមុននិងពេលក្រោយ ដូចករណីមនុស្សស្រីទេ។តេស្តូស្តេរ៉ូន ជាអ័រមូនផ្លូវភេទបញ្ចេញដោយសរីរៈភេទ មានច្រើនសម្រាប់បុរស និងតិចតួចសម្រាប់ស្ត្រី ទើបបានជាគេឱ្យឈ្មោះថាអ័រមូនបុរស។ អ័រមូននេះមានតួនាទីសំខាន់ណាស់ក្នុងការទ្រទ្រង់សុខមាលភាពអារម្មណ៍និងរាងកាយ។ ចំពោះមនុស្សប្រុស តេស្តូស្តេរ៉ូនមួយភាគធំផលិតដោយពងស្វាស និងជាអ្នកចាត់ចែងគ្រង់គ្រងចំណង់តណ្ហា ម៉ាសឆ្អឹង ខ្លាញ់ សាច់ដុំ និងការផលិតគ្រាប់ឈាមក្រហមនិងស្ពែម៉ាតូហ្សូអ៊ីត។ពោលគឺអ័រមូននេះមានបេសកកម្មធំណាស់ សម្រាប់ជាមោទនភាពបុរស។ បរិមាណអ័រមូនបុរស តេស្តូស្តេរ៉ូន ឡើងខ្ពស់ខ្លាំងបំផុតនៅអាយុម្តុំខ្ទង់២០ឆ្នាំ។ ចាប់ពីអាយុ៣០ឆ្នាំឡើងទៅ អត្រាតេស្តូស្តេរ៉ូន ក្នុងឈាមចាប់ធ្លាក់ចុះ ដោយឯងៗក្នុងកំរិត១ទៅ២%ក្នុងមួយឆ្នាំៗ។ ការធ្លាក់ចុះបរិមាណអ័រមូនបុរសនេះ ធ្វើឱ្យខូចគុណភាពជីវិតខ្លាំងណាស់ និង ចេញចាស់ ភ្លាមភ្លែតគួរឱ្យភ្ញាក់ផ្អើលសម្រាប់បុរសខ្លះ។ ស្ត្រីក្រោយអស់រដូវចាប់មានអត្រាតេស្តូស្តេរ៉ូនថយចុះជាលំដាប់ ដោយជួនមាន ជួនគ្មានរោគសញ្ញាទេ។តើអាការៈអស់រដូវបុរសផ្តល់រោគសញ្ញាដូចម្តេចខ្លះ?ដោយនិយាយតែពីករណីបុរសមានសុខភាពធម្មតាគ្មានជំងឺជាប់ក្នុងខ្លួន អាការៈសញ្ញារបស់បុរសអស់រដូវអង់ដ្រូប៉ូស្ស មានប្រហាក់ប្រហែលនឹងស្ត្រីអស់រដូវដែរ។ អាការៈរោគទាំងនោះមានដូចជា ធ្លាក់កម្លាំង ថយថាមពលចេះចង់សម្រាកថ្ងៃ ខ្លះប្តូរផ្លាស់ឥរិយាបថ និងអត្តចរិក ក្លាយជាមនុស្សឆាប់ខឹង ចេះខូចចិត្តបែបបាក់ទឹកចិត្តផង និងអាចមានវិបត្តិដំណេកទៀត។ ស្រកសាច់ដុំ លែងសូវមានរោមពុកមាត់ពុកចង្កា ឬ ក្បាលឡើងឆក ឡើងទំពែក ស្បែកក៏ឡើងស្រអាប់ ស្ងួត តែសម្បូរខ្លាញ់អាក្រក់ ទៅស្តុកផ្តុំនៅម្តុំពោះធ្វើឱ្យដុះក្បាលពោះ។ ចេះក្តៅឆួល បែកញើសនៅពេលយប់ ខ្សោយសមត្ថភាពផ្លូវភេទ លែងសូវមានតណ្ហា ចំណង់រួមរក្សកាន់តែរង្វើល ពងស្វាសចុះតូចជាងមុន ប្រដាប់ភេទ(លិង្គ)លែងសូវបះខឹង ឬបើខឹងក៏លែងសូវរឹង។ ខ្លះចាប់មានអាការៈឈឺឆ្អឹងឆ្អែង ព្រោះតែអាចមានជំងឺពុក-ស្ពោតឆ្អឹង ... ទាំងអស់នេះសុទ្ធសឹងជាអាការៈដែលបុរសមានវិបត្តិអង់ដ្រូប៉ូស្ស អាចជួបប្រទះ។អាការៈសញ្ញាអង់ដ្រូប៉ូស្សមានច្រើន និងខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តែបុរសភាគច្រើនចាប់អារម្មណ៍ខ្វល់គិតគូរអំពីសុខភាពរបស់ខ្លួន នៅពេលលែងសូវមានសមត្ថភាពរួមរក្សប៉ុណ្ណោះ។ ព្យាបាលតែបញ្ហាលិង្គខ្សោយមួយមុខមិនគ្រប់គ្រាន់ទេ និងមិនត្រឹមត្រូវទេ។ ត្រូវព្យាបាលបញ្ហាសុខភាពជាលក្ខណៈទូទៅ ដោយមិនមើលស្រាលផ្នែកណាមួយឡើយ។តើគេអាចការពារនិងព្យាបាលអាការៈអស់រដូវបុរស?បុរសមានសំណាងជាងស្ត្រីខ្លាំងណាស់។ ប្រសិនបើបុរសពិតជាកំពុងឆ្លងកាត់វិបត្តិអង់ដ្រូប៉ូស្សមែន នោះបុរសៗអាចរកដំណោះស្រាយនិងវិធីការពារបាន ប្រកបដោយប្រសិទ្ធភាពទៀត។ ដើម្បីធ្វើរោគវិនិច្ឆ័យកំណត់ថាជារោគអស់រដូវបុរស គ្រូពេទ្យអាចវិភាគពិនិត្យមើលបរិមាណអ័រមូនតេស្តូស្តេរ៉ូនថាសមមាត្រទៅតាមវ័យ(អាយុ)ដែរឬទេ។ បើថ្លឹងថ្លែងទៅឃើញថាខ្វះ គ្រូពេទ្យជំនាញអាចចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំបំប៉នអ័រមូនតេស្តូស្តេរ៉ូន ដោយអាចបូកបន្ថែមថ្នាំព្យាបាលដំណើរការមិនប្រក្រតីនៃសមត្ថភាពរួមភេទ។ មុននឹងទទួលការព្យាបាលដោយអ័រមូនណាមួយ អ្នកត្រូវធានានិងត្រួតពិនិត្យសុខភាពទូទៅ ពងស្វាស ប្រូស្តាត ព្រោះតេស្តូស្តេរ៉ូនច្រើន អាចទៅបង្កើនគ្រោះហានិភ័យផ្សេងទៀត ដូចជាទៅពង្រីកប្រូស្តាតឬនាំឱ្យមានជំងឺមហារីកប្រូស្តាត។ប្រកាន់យកអនាម័យល្អក្នុងការរស់នៅ ដោយចៀសវាងការទទួលទានអាហារខ្លាញ់ច្រើន ផ្អែមជ្រុល ប្រៃខ្លាំង។ បញ្ឈប់ការជក់បារី និងបន្ថយជាតិសុរា ហើយបង្កើនចលនាធ្វើលំហាត់ប្រាណ ឱ្យបានជាប់ជាប្រចាំ នឹងជួយពង្រឹងសាច់ដុំ ទ្រទ្រង់កំរិតអ័រមូនតេស្តូស្តេរ៉ូន នោះអស់លោកជាសុភាពបុរសទាំងឡាយនឹងរឹងមាំមានសុខភាពល្អប្រសើរយូរអង្វែងទៅ៕
4/24/2024 • 8 minutes, 11 seconds តើការជក់កញ្ឆាប៉ះពាល់ដល់សុខភាពខួរក្បាលនិងផ្លូវចិត្តយ៉ាងណាខ្លះ?
អាល្លឺម៉ង់ជាប្រទេសដ៏ធំជាងគេ ដំបូងបង្អស់នៅអឺរ៉ុបដែលអនុវត្តច្បាប់សេរីនិយម អនុញ្ញាតឱ្យជក់ ទិញ កញ្ឆាតាមទីសាធារណៈ និងដាំកញ្ឆានៅតាមផ្ទះ ដើម្បីជាការកំសាន្តលំហែចិត្ត។ ប៉ុន្តែកញ្ឆាជាគ្រឿងញៀនមួយប្រភេទដែលល្បីខាងធ្វើឱ្យខូចខួរក្បាល និងផលវិបាកជាច្រើនផ្សេងទៀតណាស់ចំពោះសង្គមនិងសុខភាព។ នេះជាឱកាសបូកសរុបឡើងវិញអំពីផលប៉ះពាល់នៃកញ្ឆាចំពោះសុខភាព។ បន្ទាប់ពីប្រទេសម៉ាល់ត៍ នៅឆ្នាំ២០២១ លុចសំបួរនៅឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១មេសា២០២៤មក ប្រជាពលរដ្ឋអាល្លឺម៉ង់ពេញវ័យអាយុចាប់១៨ឆ្នាំឡើងទៅ ក៏អាចជក់ អាចមានកញ្ឆាក្នុងហោបៅចំនួន២៥ក្រាម បានដែរ នៅតាមទីសាធារណៈ និងដល់ទៅ៥០ក្រាមទុកនៅក្នុងផ្ទះ ព្រមទាំងអាចដាំកញ្ឆានៅតាមយ៉ផ្ទះរបស់ខ្លួនបានដល់ទៅបីដើមទៀតផង។ នេះជាលទ្ធផលនៃការធ្វើកំណែទម្រង់ច្បាប់របស់រដ្ឋាភិបាលអាល្លឺម៉ង់ ព្រមអនុញ្ញាតឱ្យពលរដ្ឋប្រើកញ្ឆាកំសាន្តដោយស្របច្បាប់។ជាការទន្ទឹងរង់ចាំបំផុតសម្រាប់អ្នកធ្លាប់និងចង់ប្រើប្រាស់កញ្ឆា តែទន្ទឹមគ្នានេះ ក្តីព្រួយបារម្ភក៏កើតមានច្រើនខ្លាំងដែរក្នុងរង្វង់អ្នកជំនាញសុខាភិបាល និងមតិសាធារណៈទូទៅ។ ហេតុអ្វីបានជាពួកគេព្រួយបារម្ភចំពោះបើកផ្លូវឱ្យប្រើកញ្ឆាជាសាធារណៈ?តើកញ្ឆាជាអ្វី?កញ្ឆាជារុក្ខជាតិម្យ៉ាង ងាយដាំ ងាយដុះ និងមានផ្ទុកសារធាតុពុល ឬ ម៉ូលេគុល សំខាន់មួយ មានឈ្មោះថា Tetrahydrocannabinol ហៅកាត់ THC ដែលជាភ្នាក់ងារទទួលខុសត្រូវបង្កឥទ្ធិពលអាក្រក់លើប្រព័ន្ធប្រសាទ ដោយអាចធ្វើឱ្យអ្នកជក់បាត់បង់វិចារណញ្ញាណ ងាយច្របូកច្របល់ ក្នុងបរិស្ថាន ក្នុងពេលវេលា និងទីកន្លែង។ កញ្ឆាត្រូវបានគេចាត់បញ្ចូលជាគ្រឿងញៀនមួយ។ កំហាប់របស់កញ្ឆា ប្រែប្រួលទៅតាមរបៀបផ្សំធ្វើ និងទៅតាម តំបន់នៃការដាំដុះ។ ក្រោយពីបានកែច្នៃ សម្ងួត ឬ បំប្លែងឱ្យចេញជាសណ្ឋានផ្សេងគ្នាមក រុក្ខជាតិកញ្ឆា ត្រូវបានអ្នកប្រើប្រាស់ដាក់ឈ្មោះប្លែកៗគ្នា ទៅតាមទម្រង់។ បើជាស្លឹកនិងធាងសម្ងួត គេច្រើននិយម ហៅថា ស្មៅ Herbe។ ចំណែកឯជ័ររបស់វា ដែលខ្ចប់ជាបន្ទះ ឬទ្រវែង មានពណ៌បៃតង ត្នោត ឬលឿងវិញ មានឈ្មោះថា Haschich ឬ hachis hash។ កញ្ឆាទាំងពីរប្រភេទនេះ ត្រូវបានគេយកមកលាយជក់ជាមួយនឹងបារី។ ជាចុងក្រោយគឺប្រេងកញ្ឆា ដែលគេច្រើនជក់ក្នុងខ្សៀ ប៉ុន្តែពុំសូវមានធ្វើចរាចរណ៍ច្រើនទេ។តើកញ្ឆាផ្តល់ភាពញៀនខ្លាំងកំរិតណា?តាំងពីមានការបែងចែក ច្បាប់ទាក់ទងនឹងបញ្ហាគ្រឿងញៀននៅ សតវត្សទី២០មក កញ្ឆាត្រូវបានគេចាត់ទុកជាគ្រឿងញៀនខ្សោយ ឬ អាចនិយាយផ្ទុយមកវិញបានថា បើគេប្រើពាក្យ គ្រឿងញៀនខ្សោយនោះគឺគេនិយាយសំដៅលើកញ្ឆាហើយ។ ប៉ុន្តែបច្ចុប្បន្ននេះ គ្រូពេទ្យជាច្រើនយល់ថា កញ្ឆាមិនមែនជាគ្រឿងញៀនខ្សោយ ដូចដែលគេបានគិតពីមុននោះទេ ការពិតកញ្ឆាជាគ្រឿងញៀន ដែលមានប្រតិកម្មយឺតប៉ុណ្ណោះ។ នៅពេលបានចូលជ្រាបដល់ក្នុងសារពាង្គកាយមនុស្សណាហើយ មនុស្សនោះត្រូវការពេលវេលាយូរណាស់សម្រាប់បំផ្លាញសារធាតុពុលញៀន THCរបស់កញ្ឆានេះវិញ។ខុសពីជំនឿដែលមានកន្លងមក ហានិភ័យធា្លក់ខ្លួនញៀនដោយកញ្ឆា ទាបជាងជក់បារី និងសុរា (គ្រឿងស្រវឹង)ទេ។ ដើម្បីប្រៀបធៀប និងបើគិតជាតួលេខ ហានិភ័យញៀនកញ្ឆាមានកំរិតប្រមាណ១០% ឯការជក់បារី មានជាតិនីកូទីន មានហានិភ័យញៀនដល់ទៅ៣៥% និង១៧%សម្រាប់ការជក់អាភៀន និង១៥%សម្រាប់អ្នកផឹកស្រា។ គ្រាន់តែថា អ្នកជក់កញ្ឆាខ្លះអាចអភិវឌ្ឍភាពញៀនខ្លាំងមែនទែនតែម្តង។កញ្ឆាធ្វើមនុស្សកើតរោគរវើរវាយដូចវិកលចរិកមែនឬ?ថ្វីបើកញ្ឆាត្រូវបានវេជ្ជសាស្ត្រយកមកប្រើជាថ្នាំសម្រាប់ព្យាបាលជំងឺមួយចំនួនមែន ប៉ុន្តែកញ្ឆាជាប់ឈ្មោះអាក្រក់ ថាអាចធ្វើឱ្យមនុស្សឆ្កួត ខូចខួរក្បាល មានរោគចិត្តដូចកើតរោគរវើរវាយឬបាក់ទឹកចិត្ត។ ការអះអាងបែបនេះមិនខុសទាំងស្រុងទេ។ កញ្ឆាមិនមែនជាមូលហេតុផ្ទាល់នាំឱ្យមានរោគឆ្កួតទេ។ គ្រប់អ្នកជក់មិនសុទ្ធតែធ្លាក់ខ្លួនឈឺកើតរោគរវើរវាយឡើយ តែសម្រាប់អ្នកមានសុខភាពទន់ខ្សោយ ងាយរងគ្រោះ មានស្នាមស្រេច មានប្រព័ន្ធកោសិការងាយទទួលសារធាតុញៀន កញ្ឆាជាអ្នកជួយរុញឱ្យធ្លាក់ខ្លួនមានជំងឺប៉ះពាល់នឹងផ្លូវចិត្ត រវើរវាយណាស់ ក្រោយពីបានជក់កញ្ឆាហើយ។បញ្ហាដ៏ធំរបស់កញ្ឆាមួយទៀត ពេលជាតិកញ្ឆាជ្រាបចូលក្នុងខ្លួនភ្លាម អ្នកជក់មានអារម្មណ៍រីករាយ ទន់ភ្លន់ រួសរាយខុសធម្មតា និងសើចសប្បាយណាស់។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ជាតិពុលកញ្ឆានឹងធ្វើសកម្មភាពលើខួរក្បាល និងប្រព័ន្ធប្រសាទ។ កញ្ឆា គឺវាជាភ្នាក់ងារទៅពន្យឺតសកម្មភាពរបស់កោសិកាប្រព័ន្ធសរសៃប្រសាទនឺរ៉ូន មិនឱ្យស្វាហាប់ក្នុងការបញ្ជូនព័ត៌មានប្រទាក់ភ្ជាប់គ្នាពីកោសិកាខួរក្បាលមួយទៅកោសិកាមួយ ប្រកបដោយភាពរស់រវើកទេ។ ហេតុដូច្នេះហើយបានជាការជក់កញ្ឆាអាចនឹងពន្យឺតភាពរវៀស និងសតិអារម្មណ៍របស់មនុស្ស។ បើសម្រាប់អ្នកជក់ជាក្មេង ក្នុងវ័យដែលខួរក្បាលកំពុងលូតលាស់ ក្រោមអាយុ២៥ឆ្នាំ វិញ កញ្ឆាជះឥទ្ធិពលអាក្រក់លើខួរក្បាលរបស់ពួកគេខ្លាំងណាស់ ព្រោះនៅពេលកោសិកានៃសរសៃប្រសាទស្ពឹកស្រពន់ ខួរក្បាលក៏ដើរយឺតទៅតាមនោះដែរ ដែលជាហេតុធ្វើឱ្យក្មេងឆាប់បាត់បង់ឆន្ទៈ ស្ទក់និងរៀនមិនចេះ។កញ្ឆាមិនអាចជួយឱ្យគេងលក់ស្រួលទេ! ថ្វីបើសារធាតុកញ្ឆាមានឥទ្ធិពលបែបសំដំមែន ប៉ុន្តែវាក៏អាចមានសកម្មភាពដាស់ភ្ញោចដែរ សម្រាប់មនុស្សខ្លះ។ និយាយឱ្យចំ អ្នកជក់កញ្ឆាជាប្រចាំ រាល់ថ្ងៃ ងាយធ្លាក់ខ្លួនមានវិបត្តិដំណេកជាអ្នកដែលមិនប៉ះពាល់កញ្ឆាសោះ។កញ្ឆាបង្កើនគ្រោះកើតជំងឺមហារីក? កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត កញ្ឆាអាចបង្កើនគ្រោះកើតជំងឺមហារីកខ្លះ ជាពិសេសគឺជំងឺហារីកពងស្វាស ព្រោះនៅក្នុងសរីរាង្គនេះមានកោសិកាចាំចាប់ស្រូបយកសារធាតុពុលរបស់កញ្ឆា។ ការសិក្សាផ្សេងទៀត បានលើកឡើងអំពីលទ្ធភាពបង្កើនហានិភ័យកើតជំងឺមហារីកប្រូស្តាត កស្បូន ឬខួរក្បាលផង។កញ្ឆាជាសត្រូវធំបំផុតរបស់សួតខ្លាំងបំផុត។ កញ្ឆាមួយដើម បំពុលប្រព័ន្ធផ្លូវដង្ហើម ស្មើនឹងជក់បារីពី៦ទៅ២០ដើម។ ដូច្នេះសួតនិងប្រព័ន្ធផ្លូវដង្ហើមច្បាស់ឆាប់ចុះខ្សោយ ហើយងាយជួបគ្រោះធ្លុះសួតទៀត។ ករណីនេះគេឃើញកើតមានជាញឹកញាប់លើក្មេងជក់កញ្ឆា។ ឯគ្រោះហានិភ័យធ្លាក់ខ្លួនមានជំងឺមហារីកសួតច្បាស់ជាកើនខ្ពស់ខ្លាំងណាស់ដែរ បើយោលទៅលើកម្លាំងបំពុលរបស់ផ្សែងកញ្ឆាចំពោះសួត។ បើតាមការសិក្សាចុងក្រោយបង្ហាញថា ជក់កញ្ឆាមួយដើមក្នុងមួយថ្ងៃ រយៈពេល១០ឆ្នាំ ឬពីរដើមក្នុងមួយថ្ងៃរយៈពេល៥ឆ្នាំ បង្កើនគ្រោះកើតជំងឺមហារីកសួត ៥,៧ដងលើសអ្នកអត់ដែលជក់សោះ។ ហានិភ័យកើតមហារីកកើនឡើងកំរិត៨%ក្នុងមួយឆ្នាំ៕
4/19/2024 • 7 minutes, 7 seconds សារធាតុរ៉ែដែកមានសារៈសំខាន់យ៉ាងណាសម្រាប់ស រីរាង្គកាយ?
មនុស្សយើងម្នាក់ៗមានផ្ទុកជាតិរ៉ែដែកក្នុងខ្លួនតិចតួចបំផុត គឺប្រមាណតែ ៤ក្រាម។ ប៉ុន្តែ ជាតិដែកជាសារធាតុចិញ្ចឹម ដែលសរីរាង្គកាយមិនអាចខ្វះបានទេ និងក៏មិនត្រូវឱ្យមានច្រើនជ្រុលឡើយ។ បើខ្វះជាតិដែក មនុស្សអាចនឹងមានអាការៈខ្វះឈាម ស្លេកស្លាំង អស់កម្លាំង ធីងធោង។ តែបើមានជាតិដែកច្រើនជ្រុល វាក៏អាចបង្កឱ្យមានបញ្ហាអស់កម្លាំង ឈឺចុកចាប់នៅសន្លាក់ ឬអាចធ្វើឱ្យខូចដល់ថ្លើម និងតម្រងនោមទៀត។ តើរ៉ែដែកមានតួនាទី និងសារៈសំខាន់យ៉ាងខ្លះសម្រាប់សុខភាពសរីរាង្គកាយ? សារធាតុខ្លះមានចំនួនតិចតួច ស្ទើរគ្មានទម្ងន់សោះក្នុងសរីរាង្គមនុស្ស ប៉ុន្តែមានតួនាទីគន្លឹះ និងមិនអាចខ្វះបានទេសម្រាប់ទ្រទ្រង់ឱ្យមានសុខភាពល្អ។ នោះគឺសារធាតុរ៉ែ។ សារជាតិរ៉ែមានជាច្រើនមុខណាស់ តែនៅថ្ងៃនេះ កម្មវិធីសុខភាពសូមលើកមកនិយាយតែអំពីសារធាតុរ៉ែដែកមួយទេ។ ជាតិដែកដ៏ចាំបាច់ ត្រូវមានកំរិតរង្វាស់ដ៏ត្រឹមត្រូវបំផុត មិនឱ្យត្រូវឱ្យលើសឬខ្វះបានឡើយ។សរីរាង្គកាយមនុស្សធំពេញវ័យម្នាក់ៗមានផ្ទុក៣,៥ទៅ៥មីល្លីក្រាមក្នុងមួយគីឡូក្រាម ឬសរុបទៅ ត្រូវជាប្រមាណតែ៤ក្រាមប៉ុណ្ណោះ។ តិចតួចមែន ប៉ុន្តែបើខ្វះបន្តិច មនុស្សអាចនឹងមានអាការៈអស់កម្លាំង ធីងធោង ខ្វះឈាម ស្លេកស្លាំង ហើយបើមានច្រើនជ្រុល វាក៏អាចបង្កឱ្យមានបញ្ហាអស់កម្លាំង ឈឺចុកចាប់នៅសន្លាក់ និងចុងក្រោយអាចធ្វើឱ្យខូចដល់ថ្លើម និងតម្រងនោមទៀត។តើសារធាតុរ៉ែដែកមានតួនាទីក្នុងសរីរាង្គកាយមនុស្សយ៉ាងណាខ្លះ?ដែកជាសារធាតុរ៉ែដ៏ចាំបាច់ដែលមានតួនាទីដំបូងគេគឺផលិតគ្រាប់ឈាមក្រហម Globule rouge សម្រាប់ពាំនាំអុកស៊ីហ្សែនទៅចិញ្ចឹមកោសិកានានារបស់សរីរាង្គកាយ។ ហេតុដូច្នេះហើយបានជាផលវិបាកទីមួយនៃការខ្វះជាតិដែក នឹងធ្វើឱ្យមានកង្វះគ្រាប់ឈាមក្រហម ឬហៅថាជំងឺស្លេកស្លាំង ខ្វះឈាមក្រហម។ ដូច្នេះខ្វះជាតិដែកអាចជាដើមហេតុមួយនៃជំងឺខ្វះគ្រាប់ឈាមក្រហម។ តួនាទីធំចម្បងជាអ្នកផលិតគ្រាប់ឈាមក្រហមមែនហើយ តែសារធាតុរ៉ែដែកក៏ជាអ្នកចូលរួមចំណែកទ្រទ្រង់ការលូតលាស់របស់សរីរាង្គផ្សេងៗទៀតដូចជា សាច់ដុំ ខួរក្បាល ឬបេះដូង ។ល។ និង។ល។ ព្រមទាំងបញ្ញាញាណរបស់ក្មេង។ស្ត្រីនិងបុរសត្រូវការជាតិដែកមិនដូចគ្នា។ អាស្រ័យទៅតាមវ័យ ស្ត្រីអាចត្រូវការជាតិដែកច្រើនជាងបុរស ដូចជានៅពេលចាប់ពេញវ័យ (ចូលវ័យក្រមុំ) ស្ត្រីមានធ្លាក់រដូវ បាត់បង់ឈាមជារៀងរាល់ខែ។ ដើម្បីអាចបំពេញនូវការបាត់បង់គ្រាប់ឈាមក្រហម Globule Rouge ស្ត្រីត្រូវបង្កើនកំរិតជាតិដែកឱ្យខ្ពស់។ រយៈពេលមានផ្ទៃពោះ ក៏ជាពេលវេលាដែលស្ត្រីកាន់តែត្រូវការរ៉ែដែកច្រើន លើសធម្មតាដែរ ដោយសរីរាង្គកាយត្រូវការផលិតគ្រាប់ឈាមក្រហមសម្រាប់យកទៅចិញ្ចឹមម្តាយអ្នកពរពោះក៏ដូចជាទារកក្នុងផ្ទៃ។ ជាតិដែកសំខាន់ខ្លាំងសម្រាប់ដំណើរការរបស់សរីរាង្គ តែត្រូវឱ្យមានរង្វាស់ដូសយ៉ាងត្រឹមត្រូវ មិនច្រើនពេក និងមិនតិចពេក។ ការវិភាគឈាម ជាមធ្យោបាយដ៏សាមញ្ញដើម្បីវាស់បរិមាណជាតិដែក ដែលមាននៅក្នុងចរន្តឈាម (ជាប្រូតេអ៊ីនដឹកជញ្ជូនជាតិដែកទៅឱ្យសរីរាង្គឬហៅជាភាសាបច្ចេកទេសថាTransferrine) និងជាតិដែកជាសារធាតុបម្រុង (Ferratine)។ការខ្វះជាតិដែកផ្តល់ផលវិបាកនិងរោគសញ្ញាដូចម្តេចខ្លះ?កង្វះជាតិដែក ជាកង្វះអាហារូបត្ថម្ភដែលគេជួបប្រទេសជាញឹកញាប់ជាងគេ។ ប៉ុន្តែកង្វះសារធាតុមួយមុខនេះ ច្រើនតែកើតឡើងដោយស្ងាត់ៗ ពុំមានរោគសញ្ញាអ្វីជាជាក់លាក់ទេ នៅពេលដំបូង។ សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Laurent Frenzel គ្រូពេទ្យឯកទេសឈាមនិងសន្លាក់ និងជាអ្នកទទួលខុសត្រូវមជ្ឈមណ្ឌលឈាមនៅមន្ទីរពេទ្យNecker Enfants malades ក្រុងប៉ារីសប្រទេសបារាំង រៀបរាប់អំពីរោគសញ្ញាខ្លះ ដែលដាស់ស្មារតីយើងឱ្យចាប់អារម្មណ៍ដល់បញ្ហាខ្វះជាតិដែក។លោក វេជ្ជបណ្ឌិត Laurent Frenzel៖ “គ្មានសញ្ញារោគច្បាស់លាស់បញ្ជាក់អំពីអាការៈខ្វះជាតិដែកទេ តែអាចជាការបាត់បង់រសជាតិ លែងឆ្ងាញ់អាហារ ឬ ជាការជ្រុះសក់ ដែលជាផលវិបាកបង្កឡើងការខ្វះជាតិដែក។ ផលវិបាកដ៏ចម្បងមួយទៀតនៃការខ្វះជាតិដែកនោះគឺការធ្លាក់ចុះនៃបរិមាណគ្រាប់ឈាមក្រហម ពោលគឺការលេចឡើងនូវជំងឺខ្វះគ្រាប់ឈាមក្រហម។ គឺនៅពេលចាប់មានជំងឺខ្វះគ្រាប់ឈាមក្រហម ទើបរោគសញ្ញានឹងស្តែងចេញឡើង ដូចជាស្លេកស្លាំង អស់កម្លាំងខ្លាំង ឆាប់ហត់។ តែទម្រាំឃើញរោគសញ្ញាទាំងអស់នេះ មានន័យថាវេលាបានកន្លងទៅអស់យូរក្រែលទៅហើយ។ សរីរាង្គកាយទំនងខ្វះជាតិដែកតាំងពីជាច្រើនសប្តាហ៍ ឬតាំងពីរាប់ខែមកហើយ ទើបបានដល់ថ្នាក់មានអាការៈជំងឺខ្វះគ្រាប់ឈាម។ ទាល់តែខ្វះជាតិដែកយូរថ្ងៃខែ បានបរិមាណគ្រាប់ឈាមក្រហមចាប់ធ្លាក់ចុះ ហើយស្តែងជាជំងឺខ្វះគ្រាប់ឈាមបន្តិចម្តងៗ និងធ្ងន់ឡើងៗបើគ្មានការព្យាបាលឬការពាំនាំជាតិដែកមកបំពេញកង្វះខាតទេ។”នៅពេលចាប់មានអាការៈខ្វះជាតិដែកហើយ ការបំពេញវិញអាចត្រូវការពេលវេលាយូរដែរ។ គេមិនអាចប្រមូលជាតិដែកចូលស្តុកក្នុងសម្រាប់ទំនុកបម្រុងដល់សរីរាង្គកាយវិញបាន ដូចប្រមូលទិញវត្ថុមកស្តុកក្នុងឃ្លាំងបានឡើយ។ ការបំពេញកង្វះជាតិដែកឱ្យសរីរាង្គកាយ អាចប្រើពេលដល់ទៅរាប់ខែ។ យ៉ាងហោចណាស់ក៏បីបួនខែដែរក្រោយពីការចាប់ផ្តើមលេបថ្នាំ ព្យាបាលជំងឺខ្វះជាតិដែក។ គិតគូរឡើងវិញដល់របបអាហារ ជាមធ្យោបាយដ៏ប្រពៃបំផុត សម្រាប់ផ្តល់លំនឹងជាតិដែកឱ្យសរីរាង្គកាយវិញ។លោក វេជ្ជបណ្ឌិត Laurent Frenzel៖ “អាហារសម្បូរជាតិដែកជាងគេ និងដែលសរីរាង្គក្រពះពោះវៀន ងាយស្រូបយកបំផុត គឺសាច់សត្វ សាច់ក្រហម សាច់គោ សាច់ចៀម សាច់ជ្រូក និងត្រី។ បន្លែបៃតង បន្លែគ្រប់មុខ ក៏មានផ្ទុកជាតិដែកច្រើនដែរ តែពិបាកស្រូបយក ហើយត្រូវបរិភោគក្នុងបរិមាណដ៏ច្រើន។ សាច់ជាប្រភពផ្គត់ផ្គង់ជាតិដែកដ៏ចម្បងគេ។ ក្នុងករណីភាគច្រើន ការគិតគូរមើលរបបអាហារឡើងវិញឱ្យបានត្រឹមត្រូវ អាចនឹងគ្រប់គ្រាន់សម្រាប់ផ្តល់លំនឹង ឬដំឡើងជាតិដែកហើយ។ ប៉ុន្តែករណីខ្លះ ត្រូវលេបថ្នាំ ឬប្រើថ្នាំបំប៉ន ដើម្បីជួយពាំនាំជាតិដែក។ ដូច្នេះគេចាំបាច់ត្រូវតែទៅធ្វើតេស្តវិភាគឈាមដើម្បីបានដឹង អំពីកំរិតនិងបរិមាណខ្វះខាតជាតិដែកឱ្យបានប្រាកដនិងជាក់លាក់ ដើម្បីសម្របវិធីព្យាបាលការខ្វះជាតិដែក។ ឥលូវនេះយើងមានថ្នាំព្យាបាល ថ្នាំបំប៉នបន្ថែមប្រកបដោយប្រសិទ្ធខ្ពស់ គ្រាន់តែវាអាចផ្តល់ផលរំខានតិចតូចដូចជាធ្វើឱ្យក្តៀន ឬលាមកឡើងខ្មៅ។ នេះជាប្រការធម្មតារបស់ជាតិដែកទេ។”តើការសម្បូរជាតិដែកជ្រុលបង្កផលវិបាកយ៉ាងណាខ្លះ?កង្វះជាតិដែក អាចជំរុញឱ្យមនុស្សធ្លាក់ខ្លួនមានជំងឺខ្វះគ្រាប់ឈាម។ បើតាមអង្គការសុខភាពពិភពលោក ជំងឺខ្វះគ្រាប់ឈាមក្រហមជាបញ្ហាសុខភាពសាធារណៈដ៏ធំមួយ ព្រោះវាមានកើតលើ៤០%នៃទារកនិងកុមារអាយុពីខែដល់៥ឆ្នាំ និង៣០%នៃស្ត្រីកំពុងពេញវ័យបន្តពូជ នៅលើពិភពលោក។ ប៉ុន្តែទន្ទឹមគ្នានេះ ការលើសជាតិដែក ក៏មិនល្អសម្រាប់សុខភាពឡើយ ហើយថែមទាំងអាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរជាច្រើនផ្សេងទៀត។ តើជាជំងឺអ្វីខ្លះទៅ? លោកវេជ្ជបណ្ឌិត Laurent Frenzel៖ “មានរ៉ែដែកច្រើនជ្រុលឬហៅជាភាសាបច្ចេកទេសថា Hemochlomatose ជាជំងឺមានច្រើនប្រភេទ។ ខ្លះជាជំងឺបង្កឡើងដោយហ្សែន (តពូជ) ដែលឃើញមានកើតឡើងច្រើននៅតំបន់អឺរ៉ុបខាងជើង។ ជំងឺអេម៉ូក្លូម៉ាតូស្សខ្លះទៀត បណ្តាលមកពីការបញ្ចូលឈាមញយដងពេក។ ការបញ្ចូលឈាមពាំនាំជាតិដែកមកជាមួយច្រើនណាស់។ ហើយក៏អាចបង្កឱ្យមានផលវិបាកច្រើនទៅតាមនោះដែរ។ ផលវិបាកនៃការដែលមានជាតិដែកច្រើនជ្រុលក្នុងសរីរាង្គកាយ គឺវាអាចប៉ះពាល់ដល់សរីរាង្គមួយចំនួនដូចជា និងជាពិសេស សរីរាង្គបេះដូង និងថ្លើម។ ថ្លើមអាចនឹងដំណើរការខុសប្រក្រតី ដោយអាចក្រិន ឬមានជំងឺមហារីកថ្លើមផងក្នុងករណីធ្ងន់ធ្ងរមែនទែន។ ឯផលវិបាកចំពោះសរីរាង្គបេះដូងវិញ ការលើសជាតិដែករ៉ាំរ៉ៃ យូរទៅអាចនឹងធ្វើមានបញ្ហាខ្សោយបេះដូង។ ខូចលំពែងធ្វើឱ្យមានជំងឺទឹកនោមផ្អែម។ អ៊ីចឹងហើយបានជាគ្រូពេទ្យណែនាំឱ្យមនុស្សគ្រប់រូប គួរទៅពិនិត្យឈាមយ៉ាងហោចណាស់ក៏ម្តងក្នុងជីវិត ដើម្បីដឹងអំពីកំរិតជាតិដែករបស់ខ្លួន ថាលើសឬខ្វះ។ បើលទ្ធផលនៃការវិភាគឈាមបង្ហាញថាកំរិតជាតិដែកបម្រុងFerritine ខ្ពស់ ឬច្រើនជ្រុលហើយ ត្រូវតែស្វែងរកមូលហេតុឱ្យស៊ីជម្រៅទៀត ថាបណ្តាលមកពី អ្វី។”ដើម្បីបញ្ចុះជាតិកំរិតFerritine (ជាតិដែកបម្រុង)ដែលឡើងខ្ពស់ខ្លាំង ដោយហេតុតែមានឈាមមានជាតិដែកខ្ពស់ គ្រូពេទ្យអាចព្យាបាលដោយបូមឈាមចេញខ្លះ តែបើបណ្តាលមកពីមូលហេតុផ្សេង គេត្រូវព្យាបាលជំងឺជាដើមហេតុនោះ។យ៉ាងណាក៏ដោយ សូមកុំធ្វេសប្រហែស ព្រោះដូចបានជម្រាបពីខាងដើម រ៉ែដែកជាអាហារូបត្ថម្ភ ដែលមានតួនាទីសំខាន់ច្រើនយ៉ាង ដោយមិនអាចខ្វះ និងលើសបានទេ។ ខ្វះក៏នាំឱ្យឈឺ លើសក៏ឈឺ។ លើសឬខ្វះ ច្រើនតែកើតឡើងដោយស្ងាត់ តែបើមានរោគសញ្ញា គឺអាចជារោគសញ្ញាដូចគ្នា ដូចជា អស់កម្លាំង ឈឺចុកចាប់នៅតាមសន្លាក់-នៅពោះ ឬវិលមុខជាដើម។
4/11/2024 • 9 minutes, 7 seconds កូឡាហ្សែនពិតជាអាចជួយធ្វើឱ្យនៅក្មេងជាងវ័ យមែនឬ?
ជាគ្រាប់ដូចថ្នាំ ជាម្សៅអាហារបន្ថែម ជាឡេលាបស្បែក កូឡាហ្សែនកំពុងពេញនិយមខ្លាំងណាស់នាពេលបច្ចុប្បន្ន។ កូឡាហ្សែនដែលគេប្រើសម្រាប់ព្យាបាលជំងឺពុកឆ្អឹងស្គាល់តាំងពីយូរ ត្រូវបានឧស្សាហកម្មអួតអាងអំពីប្រសិទ្ធភាពផ្នែកប្រយុទ្ធប្រឆាំងភាពចាស់ជីវជ្រួញរបស់ស្បែកទៀត។ តើកូឡាហ្សែនជាអ្វី ? កូឡាហ្សែនមានឥទ្ធិពលលើស្បែក និងភាពក្មេងរបស់មនុស្សយ៉ាងណា? ជួយឱ្យនៅក្មេងជាងវ័យ ជួយចិញ្ចឹមស្បែកឱ្យតឹងភ្លឺរលោងល្អ ឱ្យសក់មានសំរិល ឱ្យក្រចកដុះល្អ ... ទាំងនេះសុទ្ធសឹងជាពាក្យឃោសនាផ្សាយពាណិជ្ជកម្មអំពីគុណប្រយោជន៍នៃថ្នាំបំប៉នកូឡាហ្សែន ដែលមានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមអ៊ីនធ័រនែត។ផលិតផលមានជាតិកូឡាហ្សែនកំពុងក្លាយជារបស់ពេញនិយមសម្រាប់មនុស្សទាន់សម័យទំនើប។ តើកូឡាហ្សែនជាអ្វី?កូឡាហ្សែនជាប្រូតេអ៊ីនដ៏ចាំបាច់សម្រាប់សរីរាង្គកាយមនុស្ស និងមាននៅក្នុងគ្រប់សរីរាង្គទាំងអស់ ៖ នៅក្នុងស្បែក សរសៃ សាច់ដុំ សន្លាក់ ឆ្អឹង។ ប្រូតេអ៊ីនកូឡាហ្សែនជារចនាសម្ព័ន្ធដ៏ចាំបាច់របស់ជាលិកានៃសរីរាង្គមនុស្ស។ ជាមូលេគុលក្នុងទម្រង់ជាសរសៃប្រទាក់ទ្រទ្រង់ ចងភ្ជាប់ភ្ជិតកោសិកាក្នុងសរីរាង្គកាយទាំងមូល ទាំងផ្នែកខាងក្រៅ និងខាងក្នុង។ បើសរសៃកូឡាហ្សែន ញឹកឆ្មារប្រទាក់គ្នាខ្លាំង សាច់ សរសៃ ឆ្អឹង សាច់ដុំ និងជាលិកាផ្សេងទៀតមួយជំលៀសធំ ក៏ជិត រឹងមាំ តឹងណែនល្អទៅតាមនោះ។ ដូចពាក្យអ៊ីចឹងហើយបានគេដាក់ឈ្មោះកូឡាហ្សែន កុល មានន័យថាបិទភ្ជាប់ ជាភាសាបារាំង។ កូឡាហ្សែន ជាប្រូតេអ៊ីនដ៏ច្រើនជាងគេបំផុតនៅក្នុងខ្លួនមនុស្ស មានច្រើនប្រភេទណាស់។ យ៉ាងហោចក៏២៨ប្រភេទដែរ។ ប្រភេទនីមួយ មានតូនាទី និងទីតាំង ព្រមទាំងសកម្មភាពខុសគ្នាៗ។ ប៉ុន្តែគ្មានប្រយោជន៍អ្វីនឹងរៀបរាប់លម្អិតអំពីប្រភទេកូឡាហ្សែនទាំងជិត៣០នោះមួយម្តងៗទេ ព្រោះ ៩០%នៃកូឡាហ្សែនក្នុងខ្លួនមនុស្សជាកូឡាហ្សែនប្រភេទទីមួយ ទីពីរ និងទីបី។ប្រភេទទីមួយមាននៅក្នុងស្បែក សរសៃ និងឆ្អឹង ជាមួយនឹងតួនាទីផ្សះផ្សាភ្ជិត និងប្រយុទ្ធប្រឆាំងនឹងភាពចាស់របស់ជាលិកា។ ប្រភេទទីពីរមាននៅត្រង់ឆ្អឹងខ្ចី ដើម្បីទ្រទ្រង់ចលនាបត់បែនរបស់សន្លាក់។ ចំណែកប្រូតេអ៊ីនកូឡាហ្សែននៅសាច់ដុំ នៅតាមសរីរាង្គនីមួយៗ និងនៅតាមសរសៃឈាម ជាប្រភេទទីបី។កូឡាហ្សែនជាប្រូតេអ៊ីនធម្មជាតិដែលកើតមាននៅក្នុងសរីរាង្គកាយមនុស្ស តាមរយៈការធ្វើសំយោគពីចំណីអាហារ។ តាំងពីក្មេងនិងក្នុងវ័យកំពុងលូតលាស់ សរីរាង្គផលិតជាតិកូឡាហ្សែនច្រើនខ្លាំងជាងគេបំផុត។ ប៉ុន្តែចាប់ពីអាយុ២៥ឆ្នាំទៅ ការផលិតកូឡាហ្សែនតាមច្បាប់ធម្មជាតិរបស់សរីរាង្គមនុស្សចាប់ធ្លាក់ចុះ។ បរិមាណកូឡាហ្សែនក្នុងសរីរាង្គកាយចាប់ផ្តើមថយ ក្នុងកំរិតជាមធ្យម១,៥%។ ចូលដល់អាយុពី៣០-៤០ឆ្នាំ និងអាស្រ័យលើពូជព្រមទាំងរបៀបរបបរស់នៅផង ការបាត់បង់កូឡាហ្សែនអាចជាការស្រកស្រុតដោយសន្សឹមៗ ឬអាចមានលក្ខណៈជាគំហុក ដែលស្តែងឱ្យឃើញនឹងភ្នែក ដូចជាការធ្លាក់ខ្លួនចាស់ ចេញស្នាមជ្រីវជ្រួញនៅលើស្បែក ឬចាប់ចេះមានអារម្មណ៍ឈឺនៅតាមសន្លាក់។ ហេតុដូច្នេះហើយបានជាយើងចាំបាច់ត្រូវចេះថែរក្សាខ្លួន បំពេញបំប៉នធនធានកូឡាហ្សែនឱ្យបានច្រើនបំផុតក្នុងវ័យកំពុងលូតលាស់ ដើម្បីជាទុនសុខភាពសម្រាប់ថ្ងៃក្រោយ និងនៅពេលចាស់ទៅ។បើអ៊ីចឹងតើត្រូវបំពេញឱ្យសរីរាង្គកាយនូវជាតិប្រូតេអ៊ីនកូឡាហ្សែនបានយ៉ាងដូចម្តេច?ដូចបានជម្រាបពីខាងដើម កូឡាហ្សែន ជាប្រូតេអ៊ីនដែលមាននៅក្នុងខ្លួនមនុស្ស តាមបែបធម្មជាតិ។ ជាអ្នកទ្រទ្រង់រចនាសម្ព័ន្ធស្បែក សក់ សាច់ដុំ សរសៃ និងឆ្អឹង។ គឺកូឡាហ្សែនជាអ្នកផ្តល់ភាពតឹងរលោងនៃស្បែក មានចំណែកការជួយឱ្យមានទន់ភ្លន់ងាយបត់បែនចលនានៅតាមសន្លាក់ ឬផ្តល់ទម្ងន់និងភាពភ្លឺរលោងដល់សក់ និង ភាពមាំហាប់នៃសាច់ដុំ។ តែនៅពេលណាបរិមាណកូឡាហ្សែនធម្មជាតិចាប់ផ្តើមចុះថយ មនុស្សចាប់ផ្តើមមានជំងឺ និងមានសញ្ញាស្បែកចាស់ជ្រីវជ្រួញ យារ ឬលែងសូវទន់ភ្លន់។ ម្យ៉ាងវិញទៀត វាជាកត្តាសត្យានុម័ត កូឡាហ្សែនធម្មជាតិក្នុងខ្លួនមនុស្ស នឹងចុះថយជាលំដាប់ទៅតាមវ័យ។ដូច្នេះវាពិតជាឡូស៊ិកណាស់ដែលមនុស្សគ្រប់គ្នាគិតឃើញថាការបរិភោគ ឬលេបថ្នាំបំប៉ន ឬលាបកូឡាហ្សែនអាចនឹងទប់ស្កាត់ភាពចាស់ជរានៃស្បែកបាន។ដើម្បីសន្សំប្រូតេអ៊ីនកូឡាហ្សែន គ្មានអ្វីប្រសើរជាងការទទួលទានចំណីអាហារមានផ្ទុកនិងសម្បូរទៅដោយជាតិកូឡាហ្សែនទេ។ អាហារទាំងអស់នោះគឺ អាចជាត្រី សាច់ ស៊ុតស តែសម្បូរខ្លាំងជាងគេ គឺឆ្អឹងគោ ឆ្អឹងជ្រូក ឆ្អឹងមាន់ (ជាឆ្អឹងកន្ទុយ ឆ្អឹងចុងជើង ឬឆ្អឹងមានខួរដែលរំងាស់យកជាតិចេញយូរទៅឡើងអន្ធិលៗ)។ ចំណីអាហារមានផ្ទុកសារជាតិអាស៊ីអាមីណេ និងវីតាមីសេ ព្រមទាំងអង់ទីអុកស៊ីដង់ ក៏មានចំណែកជួយបង្កើនប្រូតេអ៊ីនកូឡាហ្សែនបានច្រើនដែរ។ សូមចងចាំថា កូឡាហ្សែន មានតែនៅក្នុងសាច់សត្វ និងគ្រឿងសមុទ្ទប៉ុណ្ណោះ។អាហារបំប៉នកូឡាហ្សែនមានប្រសិទ្ធភាពយ៉ាងណា?ចូលវ័យមួយដែលសរីរាង្គកាយលែងសូវធ្វើសំយោគចំណីអាហារយកជាតិកូឡាហ្សែន យើងទំនងជាត្រូវការជំនួយបន្ថែម គឺអាហារបំប៉នកូឡាហ្សែន។ថ្នាំបំប៉នឬអាហារបំប៉នកូឡាហ្សែន មានច្រើនមុខ ច្រើនទម្រង់ណាស់ ខ្លះជាមានទម្រង់ជាគ្រាប់ដូចថ្នាំពេទ្យ ខ្លះជាម្សៅ ជាទឹកភេសជ្ជៈ ខ្លះជាឡេសម្រាប់លាបលើស្បែក ។ល។ និង។ល។ ផលិតផលទាំងអស់នោះ អាចផលិតចេញពីជាតិសាច់ ជាតិគ្រឿងសមុទ្ទ ពីរុក្ខជាតិ ស្រដៀងនឹងកូឡាហ្សែនធម្មជាតិ ព្រមទាំងជាតិកូឡាហ្សែនសិប្បនិម្មិត។ការសិក្សាបែបវិទ្យាសាស្ត្របានបញ្ជាក់អំពីប្រសិទ្ធភាពនៃអាហារបំប៉នបន្ថែម។ ការសិក្សាចំនួន១៩ បានរកឃើញថា ថ្នាំបំប៉នកូឡាហ្សែនបានជួយឱ្យមានភាពប្រសើរច្រើន ដូចជាជួយបន្តឹងស្បែក ជួយឱ្យមានទន់ល្មើយ ជួយឱ្យស្បែកមានជាតិសំណើមល្អ និងថែមទាំងអាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញបានខ្លះផង។ ការសិក្សាខ្លះទៀត បានលាតត្រដាងឱ្យឃើញ ទៀតដែរថាភេជ្ជសៈមានជាតិកូឡាហ្សែនច្រើន ក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការជួយស្បែកឱ្យមានគុណភាពល្អប្រសើរ។ ផ្ទុយទៅវិញ ចំពោះសក់ ក្រចក ផលិតផលមានប្រសិទ្ធភាពស្តួចស្តើងណាស់។ ការសិក្សាទាំងនេះបានទទួលការឧបត្ថម្ភច្រើនជាចំបងពីក្រុមហ៊ុនឧស្សាហកម្មកែសម្ផស្ស។ និយាយដូច្នេះមិនមែនថា លទ្ធផលស្រាវជ្រាវបាំងបាត់លទ្ធផលវិទ្យាសាស្ត្រនោះទេ តែរបៀបផ្សព្វផ្សាយផ្តល់ព័ត៌មានទំនងលើសពីអ្វីជា វិទ្យាសាស្ត្រ។ គ្រប់លទ្ធផលវិទ្យាសាស្ត្រមិនសូវមានអំនួត ផ្នែកប្រសិទ្ធភាពខ្លាំងដ៏អស្ចារ្យដូចខ្លឹមសារផ្សាយពាណិជ្ជកម្មឡើយ។ ហើយផលិតផលអាហារបំប៉ន មួយភាគធំទៀត មិនទាំងបានឆ្លងកាត់ការវាយតម្លៃតាមបែបវិទ្យាសាស្ត្រផង។អ្វីដែលគួរចងចាំ និងជាការដាស់ស្មារតីដល់អ្នកប្រើប្រាសគ្រប់រូប ផលិតផលអាហារបំប៉ននីមួយៗមិនដូចគ្នាទេ ហើយមិនសុទ្ធតែបរិសុទ្ធល្អត្រឹមត្រូវឡើយ។ បើនិយាយអំពីហានិភ័យនៃអាហារបំប៉នវិញ ថ្នាំខ្លះអាចធ្វើឱ្យមានបញ្ហាឈឺពោះ ពិបាករំលាយនៅក្នុងក្រពះ សម្រាប់អ្នកប្រើប្រាស់ខ្លះ តែគ្មានការសរសេរប្រាប់អំពីគ្រោះថ្នាក់ និងភាពអវិជ្ជមានអ្វីផ្សេងទៀតទេ។ ប៉ុន្តែ ! គេពិតជាមិនអាចដឹងបានទេ អំពីផលវិបាកនៃថ្នាំឬអាហារបំប៉ន សម្រាប់រយៈពេលវែងទៅមុខយូរ ព្រោះគ្រប់អាហារបំប៉ន សុទ្ធតែមានដាក់សារធាតុគីមីបន្ថែម ខ្លះមានផ្ទុកសារធាតុរ៉ែពិបាករំលាយ ជាពិសេសសម្រាប់ថ្នាំបំប៉នកូឡាហ្សែនសមុទ្ទ ដែលមិនបានបន្សុទ្ធ ឬជម្រះជាតិពុលត្រឹមត្រូវ។ទោះជាយ៉ាងដូច្នេះក្តី ហើយបើអ្នកចង់ លោកអ្នកនៅតែអាចជ្រើសរើសទទួលទានអាហារបំប៉នកូឡាហ្សែន ឬថ្នាំអាហារបំប៉នប្រភេទផ្សេងៗ ដែលបញ្ចេញផ្តល់ប្រសិទ្ធភាពក្នុងរយៈពេលខ្លី និងភ្លាមៗយ៉ាងជាក់ស្តែង ដោយជ្រើសរើសតែថ្នាំបំប៉នត្រូវតែមួយមុខ ជាពិសេសណាមួយ ហើយប្រើតែមួយមុខ ក្នុងពេលតែមួយ និងកុំប្រើលាយច្របល់ជាមួយផលិតផលអាហារបំប៉នផ្សេងទៀត។ ភ្នាក់ងារសុវត្ថិភាពចំណីអាហារនិងសុខភាពបារាំង បានផ្តល់អនុសាសន៍ឱ្យអ្នកប្រើប្រាស់អាហារបំប៉ន កុំលេបថ្នាំនេះរយៈពេលវែង ច្រើនមុខចូលគ្នា និងដដែលៗយូរពេក៕
3/13/2024 • 9 minutes, 30 seconds តើប្រេងកូឡាមានប្រសិទ្ធភាពយ៉ាងណា តាមបែបវិទ្យ ាសាស្ត្រ?
តឹងច្រមុះ ឈឺក្បាល ឈឺពោះ ចុកដៃ រួយជើង រមាស់ស្បែក មូសខាំ ... សូមយកប្រេងកូឡាមកលាប អ្នកនឹងបានធូរស្បើយ។ ទាំងនេះជាកាយវិការនិងជាយោបល់ ដែលចាស់ៗមានទម្លាប់ណែនាំឱ្យក្មេងៗប្រើ។ តើប្រេងកូឡាពិតជាមានប្រសិទ្ធភាពមែនឬ? ចុះតើវិទ្យាសាស្ត្រពន្យល់អំពីប្រេងកូឡានេះយ៉ាងណា? ប្រេងកូឡាសញ្ញារូបស្វា ប្រេងកូឡាសញ្ញារូបខ្លា ប្រេងកូឡាសៀម ប្រេងកូឡាសាំងហ្កាពួរ តើលោកអ្នកធ្លាប់ប្រើ និងដឹងអំពីប្រវត្តិពិត ព្រមទាំងប្រសិទ្ធភាពរបស់ប្រេងកូឡាទេ? មានឈ្មោះជាប្រេងកូឡា ផលិតផលនេះត្រូវបានរកឃើញនិងផ្សំឡើងដោយគ្រូឱសថបូរាណចិន Aw Chu Kim រស់នៅក្នុងប្រទេសភូមា កាលពីចុងសតវត្សរ៍ទី១៩ (១៨៧០)។ ស្តេចចិនសម័យនោះក៏បានប្រើប្រេងកូឡានេះសម្រាប់ព្យាបាលរោគាស្រាលៗជាច្រើនមុខដែរ។ត្រូវបានបណ្តាជននៅអាស៊ីចាត់ទុកជាឱសថ ប្រេងកូឡាឬ ប្រេងខ្យល់ (ប្រេងកូឡាជាវត្ថុរាវ) អាចព្យាបាល និងបន្ធូរបន្ថយអាការៈច្រើនមុខណាស់។ ប្រេងកូឡាពណ៌ក្រហម ខ្លាំងជាងប្រេងកូឡាពណ៌សធម្មតា ហើយត្រូវនឹងអាការៈរលាក គ្រេចថ្លោះ ឈឺសន្លាក់ ឈឺចុកស្រពន់សាច់ដុំ ឈឺខ្នងឈឺចង្កេះ។ ចំណែកប្រេងកូឡាសវិញ ត្រូវនឹងជំងឺឈឺក្បាល តឹងច្រមុះ ឈឺពោះ រមាស់ដោយសត្វល្អិតទិចឬខាំ។ ពោលគឺប្រេងកូឡាជាឱសថត្រូវនឹងជំងឺមួយរយមុខ។ ពេលនេះប្រេងកូឡាល្បីល្បាញ និងបានហូរចូលមកដល់អឺរ៉ុប។តើអាចទៅរួចទេដែលផលិតផលមួយអាចត្រូវនឹងជំងឺរាប់សិបមុខយ៉ាងដូច្នេះ? ប្រេងកូឡាផ្សំឡើងពីអ្វីខ្លះ? និងពិតជាឱសថទិព្វដូចជំនឿទាំងអស់នេះមែនឬ?បើនិយាយអំពីថ្នាំពេទ្យផលិតតាមបែបវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រ វាកម្រណាស់ដែលថ្នាំមួយមុខអាចត្រូវនឹងជំងឺដ៏ច្រើនដូចប្រេងកូឡានោះ។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Alain Astier ប្រធានគ្រប់គ្រងសេវាផ្នែកឱសថនៃមន្ទីរពេទ្យហង់រីម៉ុងដ័រ ក្រេតី ក្បែរក្រុងប៉ារីស បានព្រមាន ឱ្យអ្នកប្រើប្រាស់គ្រប់គ្នាចេះត្រេះរិះនិងប្រុងប្រយ័ត្ន មុននឹងសម្រេចលាបប្រេងកូឡា។ប្រេងកូឡាផ្សំឡើងដោយសារធាតុប្រេងរបស់រុក្ខជាតិជាច្រើនមុខ ដូចជាឈើឯម ជីរអង្កាម ដើមប្រេងខ្យល់ ជាតិម៉ង់តុល campre ...។ ប្រេងរបស់សារធាតុផ្សំពីរមុខចុងក្រោយនេះ អាចពុលដល់ប្រព័ន្ធប្រសាទ និងធ្វើឱ្យអ្នកលាប ហិតនិងស្រូបក្លិនវា ទៅជាប្រកាច់បាន។តើប្រេងកូឡាមានប្រសិទ្ធភាពពិតដូចម្តេចខ្លះ?ស្បែកមនុស្សចាស់ ជាស្បែកក្រាស់ដែលមិនងាយជ្រាបទេ មានន័យថា សារធាតុខ្លាញ់/ប្រេង ដូចយ៉ាងប្រេងកូឡា ឬប្រេងខ្យល់ មិនអាចជ្រាបចូលតាមស្បែកនៅក្នុងសរីរាង្គផ្នែកខាងក្នុងបានទេ។ ដូច្នេះបើតាមការពន្យល់របស់សាស្ត្រាចារ្យ Astier ដដែល ប្រេងកូឡា អាចមានឥទ្ធិពលតែលើស្បែកខាងក្រៅ ចំកន្លែងលាប និងនៅផ្នែកខាងក្រៅតែប៉ុណ្ណោះ។ ឯការឈឺខ្នង ឈឺចង្កេះ ឈឺសាច់ដុំ ឬឈឺសន្លាក់ ជាទូទៅ ច្រើនតែជាបញ្ហាពាក់ព័ន្ធនឹងសរីរាង្គនៅក្រោម និងផ្នែកខាងក្នុងខ្លាំងនៃស្បែក។ ដូច្នេះការលាបផលិតផលអ្វីមួយនៅលើស្បែកមិនអាចមានប្រសិទ្ធភាពប្រឆាំងនឹងអាការៈរោគទាំងអស់នោះទេ។ កាយវិការតែមួយគត់ដែលការលាបប្រេងកូឡាទៅអាចមានប្រសិទ្ធភាពបំបាត់ការឈឺចុកចាប់សាច់ដុំ គឺលាបអមជាមួយនឹងការធ្វើម៉ាស្សា។ គឺការធ្វើម៉ាស្សាទេដែលជួយសម្រួលការអាការៈឈឺសាច់ដុំឱ្យបានធូរស្បើយ។ ក្នុងករណីនេះ លោកសាស្ត្រាចារ្យ Astier បានផុ្តល់អនុសាសន៍ឱ្យធ្វើម៉ាស្សាដោយមិនបាច់ប្រើប្រេងកូឡាតែម្តង ព្រោះប្រេងកូឡាជាផលិតផលងាយធ្វើឱ្យស្បែករលាក ឡើងក្រហាយ ដែលមិនត្រូវប្រើនៅត្រង់ស្បែកមានរបួស មានដំបៅ ឬត្រង់ស្បែកមានស្នាមដាច់ដាចទេ។ចំពោះប្រេងកូឡាពណ៌សវិញ គេមានជំនឿថាត្រូវនឹងជំងឺផ្លូវដង្ហើម។ អ្នកផលិតអួតអាងថា ប្រេងកូឡានេះនឹងជួយអាការៈតឹងច្រមុះឱ្យបានធូរ ព្រមទាំងអាការៈក្អកនិងអាការជំងឺមានពាក់ព័ន្ធនឹងទងសួតឬសួតបាន ដោយគ្រាន់តែយកមករឹតនៅលើទ្រូង បំពង់ក និងនៅជុំវិញរន្ធច្រមុះ។ ប៉ុន្តែសម្រាប់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ្វីដែលផ្តល់ប្រសិទ្ធភាពខ្ពស់មិនមែនដោយសារប្រេងកូឡាទេ តែដោយសារជាតិម៉ង់តុល និងអឺកាលីបទុសរបស់ដើមប្រេងខ្យល់ ដែលជាផ្នែកមួយនៃធាតុផ្សំរបស់ប្រេងកូឡា។ សារធាតុពីរមុនត្រូវបានគេស្គាល់តាំងពីយូរ ថាអាចជួយរំលាយកំណកកំហាប់ជាលិកានៅរន្ធច្រមុះ ដោយជួយសម្រួលការបង្ហូរចេញនូវភ្នាសមិនល្អ។ ដូច្នេះប្រេងកូឡាគ្មានប្រសិទ្ធភាពខ្លាំងជាង ថ្នាំបាញ់ច្រមុះឬក្រដាសជូតសំបោរមានលាយជាតិម៉ង់តុលទេ។ ការញើសសំបោរដោយក្រដាសមានជាតិម៉ង់តុល ឬការលាងរន្ធច្រមុះដោយថ្នាំស្ពៃបាញ់ អាចកម្ចាត់សំបោរដោយផ្ទាល់ឱ្យចេញអស់ ហើយបើកបណ្តាញផ្លូវដង្ហើមឱ្យស្រលះអាចស្រូបខ្យល់ចេញបានស្រួល។ ចំណែកប្រេងកូឡា គ្មានសមត្ថភាពនេះទេ។ នេះជាសេចក្តីបញ្ជាក់របស់សាស្តាចារ្យ Astier ដោយទទូចថា ប្រេងកូឡាមិនប្រាកដថាមានប្រសិទ្ធភាពទេ។ មិនមែនគ្រប់ឱសថបូរាណសុទ្ធតែមានប្រសិទ្ធភាពឡើយ។រហូតមកទល់នឹងពេលនេះ ពុំទាន់មានការសិក្សាតាមបែបវិទ្យាសាស្ត្រដែលអាចបញ្ជាក់អំពីប្រសិទ្ធភាពនៃប្រេងកូឡាឡើយ។ លោកសាស្ត្រាចារ្យសូមរំលឹកថា ប្រេងកូឡាជាផលិតផលមួយ តែមិនមែនជាថ្នាំ ជាឱសថឡើយ។ គ្មានការត្រួតពិនិត្យអំពីធាតុផ្សំរបស់ប្រេងកូឡាទេ ហើយក៏បរិមាណរបស់ធាតុផ្សំនីមួយៗក៏ប្រែប្រួលខុសគ្នាច្រើន ព្រមទាំងអាចមានការបន្ថែមសារធាតុផ្សេងៗដែលមិនបរិសុទ្ធផង។ហេតុដូច្នេះហើយបានជាអាជ្ញាធរបារាំង បានហាមឃាត់មិនឱ្យប្រើប្រេងកូឡាលើក្មេងអាយុក្រោម៦ឆ្នាំទេ។ ស្បែកក្មេងខុសពីស្បែករបស់មនុស្សធំ អាចស្រូបជាតិខ្លាញ់និងប្រេងបានយ៉ាងងាយ។ ក្រៅអំពីងាយរលាក និងអាល់ឡែកហ្ស៊ី ការលាបប្រេងកូឡាលើស្បែកដ៏ខ្ចីរបស់ក្មេងអាចនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងប្រកាច់ ព្រោះជាតិម៉ង់តុលឬCampre។ ដោយហេតុតែមានជាតិប្រេងរបស់រុក្ខជាតិនិងសារធាតុCampre ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន ក៏មិនត្រូវប្រើប្រេងកូឡាដែរ។ មិនត្រូវលេបឬផឹកទឹកមានប្រេងកូឡាឬប្រេងខ្យល់ និងត្រូវលាងដៃឱ្យបានស្អាតក្រោយពីបានប្រើប្រេងកូឡារួច៕
3/9/2024 • 7 minutes, 1 second តើជំងឺមហារីកកម្រ ពិតជាកម្រមែនឬ?
មហារីកខ្លះ ជាជំងឺដ៏កម្រ ដែល ពិបាកវិភាគវែករកអាការៈសញ្ញានិងពិបាកព្យាបាលខ្លាំងណាស់។ ប៉ុន្តែមិនដូចឈ្មោះ មហារីកកម្រ មិនប្រាកដថាមិនសម្បូរអ្នកកើតនោះទេ។ តើអ្វីទៅជាមហារីកកម្រ? បច្ចុប្បន្ននេះយើងបានដឹងនិងឮនិយាយច្រើនអំពីជំងឺមហារីក។ មហារីកថ្លើម មហារីកក្រពះ មហារីកខួរក្បាល ... នេះអាចចាត់ទុកជាជំងឺមហារីកខ្លះៗដែលមានកើតច្រើនជាងគេប៉ុណ្ណោះ។ នៅមានជំងឺមហារីកជាច្រើនប្រភេទទៀតណាស់ ហើយជំងឺមហារីកខ្លះជាប្រភេទជំងឺកម្រទៀតផង។ដូចម្តេចដែលហៅថាមហារីកកម្រ?មហារីកដែលគេចាត់ទុកជាជំងឺកម្រ នៅពេលណាចំនួនអ្នកជំងឺថ្មីមានកំរិតទាបជាង៦ករណីក្នុងមួយឆ្នាំ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ ឬជាជំងឺមហារីកដែលកើតនៅក្នុងតំបន់ណាមួយជាពិសេស ហើយកើតលើសរីរាង្គដែលមិនគួរឬមិនសូវឃើញមានកើតជំងឺមហារីក។ ជំងឺមហារីកលេចឡើងក្នុងអំឡុងពេលមានផ្ទៃពោះ ឬ លេចឡើងក្នុងស្ថានភាពដ៏ស្មុគស្មាញ កើតលើកុមារ ក៏អាចចាត់ទុកថាជាជំងឺមហារីកកម្របានដែរ។ ខួរក្បាល ឆ្អឹង ជាលិកាទន់ ភ្នាស សរសៃឈាម ឬអូវែរ ... គ្រប់សរីរាង្គ គ្រប់ផ្នែកនៃរាងកាយមនុស្សសុទ្ធតែអាចកើតជំងឺមហារីកកម្របានទាំងអស់។ជំងឺមហារីកកម្រមានកើតលើមនុស្សធំ ឬក្មេងក្នុងបរិមាណដ៏តិចតួចដូចឈ្មោះដែលបានហៅមែន ប៉ុន្តែបើគេធ្វើបញ្ជីរាប់ឈ្មោះប្រភេទមហារីកកម្រទៅនោះវានឹងវែងខ្លាំងណាស់។ បើសរុបរួមទៅជំងឺមហារីកកម្រតំណាងឱ្យដល់ទៅ ២៥ទៅ៣០%នៃការវិភាគមើលសញ្ញារោគជំងឺមហារីកធម្មតា និងតំណាងឱ្យ២៥%នៃការស្លាប់ដោយជំងឺមហារីក។ នេះបើតាមមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកអន្តរជាតិ ដែលជាភ្នាក់ងារមួយរបស់អង្គការសុខភាពពិភពលោក។នៅប្រទេសបារាំង ក្នុងមួយឆ្នាំៗ គេរកឃើញមានករណីជំងឺមហារីកកម្រថ្មីច្រើន ដែលគ្រាន់តែកើតនៅលើកុមារ មានចំនួនដល់ទៅ៧ម៉ឺនករណីឯណោះ។ ហេតុដូច្នេះហើយបានជាលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Alain Puisieux នាយកមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកនៃវិទ្យាស្ថានCurie ប្រទេសបារាំង យល់ថាជំងឺមហារីកកម្រ ជាករណីកម្រមែនបើគិតពីប្រភេទមហារីកនីមួយៗ តែបើនិយាយជាទូទៅវិញមហារីកកម្រ មានកើតញឹកញាប់ណាស់ ហើយជាជំងឺដែលពិបាកសង្ឃឹម។ អត្រាសង្ឃឹមរស់មានកំរិតទាបជាជាងជំងឺមហារីកធម្មតាប្រមាណ៥ឆ្នាំ។មហារីកកម្រគ្មានរោគសញ្ញា?វែករកជំងឺមហារីកកម្រជាវិញ្ញាសាដ៏លំបាកនិងស្មុគស្មាញបំផុតសម្រាប់គ្រូពេទ្យជំនាញផ្នែកមហារីក។ ជាញឹកញយ អ្នកជំងឺមហារីកកម្រ អាចដឹងខ្លួនថាមានផ្ទុកជំងឺមហារីក ដោយយឺតយ៉ាវបំផុត ជួនទាល់តែជំងឺមហារីកឈានដល់ដំណាក់កាលធ្ងន់ ឬជួនដល់ដំណាក់កាលរីករាលដាលពេញខ្លួន Métastase ទៅហើយ។ ម្យ៉ាងទៀត គ្រូពេទ្យក៏នៅមិនទាន់សូវស្គាល់ជំងឺមហារីកកម្រ ដែលមានចែកជាប្រភេទមហារីកតូចៗផ្សេងជាច្រើនទៀតណាស់។ ដល់អ៊ីចឹងទៅ ដុំមហារីកនៅភ្នែកស្លូតសោះ អាចផ្តាច់ជីវិតមនុស្សខ្លាំងជាងជំងឺមហារីកស្បែកដ៏ច្រើនទៅទៀត ពីព្រោះជំងឺមហារីកខ្លះគ្រូពេទ្យជំនាញមហារីកបានជួបតែម្តងឬពីរដងក្នុងមួយជីវិតជាពេទ្យ ឯជំងឺមហារីកធម្មតា ដូចយ៉ាងមហារីកស្បែកគ្រូពេទ្យជួបបីបួនករណីថ្មីក្នុងមួយសប្តាហ៍។ អ្នកស្រាវជ្រាវជំងឺមហារីកកម្រនៅវិទ្យាស្ថានCurie ប្រទេសបារាំងដ៏ល្បីល្បាញទាំងក្នុងអឺរ៉ុបនិងនៅលើពិភពលោក បានទទួលស្គាល់ថា គ្រូពេទ្យដើរទន្ទឹមនឹងអ្នកឈឺក្នុងការវែកជំងឺ និងបញ្ជាក់ថាគួរព្រួយបារម្ភឬមិនគួរ។ឆាប់រកឃើញថាជាជំងឺមហារីក (កម្រ ឬមិនកម្រ) បានលឿនកាលណា ការដៅសម្រេចព្យាបាលបានកាន់ប្រសើរកាលណោះ ហើយក៏ងាយព្យាករណ៍ដែរ។ ដើម្បីអាចធ្វើការវិនិច្ឆ័យវែករកជំងឺមហារីកបានល្អប្រសើរ គេក៏ត្រូវរំពឹងលើបច្ចេកវិទ្យាទំនើបៗផងដែរ។ ក្នុងករណីបែបនេះ បញ្ញាសិប្បនិម្មិត អាចជួយវិភាគគគំនរទិន្នន័យ តាមរយៈAlgorithmes ដែលមានបញ្ចូលកម្មវិធីសម្គាល់ដុំសាច់មហារីក។ឧទាហរណ៍ ក្នុងករណីមានជំងឺមហារីកមិនដឹងមូលហេតុគ្មានប្រភព រកឃើញនៅដំណាក់កាលមេតាស្តាទៅហើយ គេច្បាស់ជាមិនដឹងថាសរីរាង្គមួយណាជាសរីរាង្គមហារីកដើមដំបូងទេ តែបើមានបញ្ញាសិប្បនិម្មិតជាឧបករណ៍ជំនួយនោះក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានCurieអាចចាប់សញ្ញារកប្រភពដើមនេះជំងឺបានខ្លះ តាមរយៈកំណត់ARNរបស់ដុំសាច់មហារីក។មហារីកកម្រគ្មានថ្នាំព្យាបាល?ឈ្មោះជាមហារីក គឺជាជំងឺដ៏គួរឱ្យខ្លាច តែងផ្តាច់ជីវិតមនុស្សយ៉ាងលឿនរហ័ស។ បច្ចុប្បន្នដោយសារភាពជឿនលឿនផ្នែកវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រ អ្នកជំងឺមហារីក “ធម្មតា” មួយចំនួនអាចជាសះស្បើយឡើងវិញ។ អត្រានៃការជារោគ និងក្តីសង្ឃឹម ព្រមទាំងការព្យាករណ៍អំពីប្រសិទ្ធភាពនៃការព្យាបាល អាស្រ័យទាំងស្រុងទៅលើកំរិតនៃជំងឺ។ មានន័យថា បើអ្នកជំងឺបានទទួលការព្យាបាលតាំងពីដំណាក់កាលដំបូងៗ ក្តីសង្ឃឹមរស់ខ្ពស់ខ្លាំង។ ឯចំណែកមហារីកកម្រវិញ ជាទូទៅ ជាប្រភេទជំងឺដែលពិបាកព្យាបាលឱ្យជាណាស់ ពីព្រោះការស្រាវជ្រាវជាមូលដ្ឋានគ្រឹះ ការសាកល្បងគ្លីនិក និងការព្យាបាលថ្មីៗសម្រាប់ជំងឺមហារីកកម្រ មានលក្ខណៈខ្សត់ខ្សោយខ្លាំងណាស់។ បើតាមមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកអន្តរជាតិ យុទ្ធសាស្ត្រព្យាបាលត្រូវធ្វើឡើងដោយស្នើឱ្យមានអ្នកជំងឺចូលរួមធ្វើការសាកល្បងគ្លីនិក ឬព្រមសាកល្បងប្រើថ្នាំទើបរកឃើញថ្មី។ ចុះបើពុំសូវមានអ្នកជំងឺផង តើការសាកល្បងគ្លីនិកនឹងប្រព្រឹត្តទៅបានយ៉ាងដូចម្តេច?! នេះជាករណីជាក់ស្តែងមួយ។បច្ចុប្បន្ននេះ អ្នកសា្រវជ្រាវកំពុងរុករក និងត្រួសត្រាយវិធីព្យាបាលដោយប្រើប្រព័ន្ធការពារខ្លួន ឬហៅជាភាសាបារាំងថា immunothérapie។ វិធីព្យាបាលនេះ ដៅពង្រឹងប្រព័ន្ធការពារខ្លួនទល់នឹងជំងឺ ដែលបានទទួលរង្វាន់ណូបែលវេជ្ជសាស្ត្រផងកាលពីឆ្នាំ២០០៨។ ភាពជឿនលឿនជាលំដាប់ក្នុងវិធីចាប់សញ្ញាបំប្លែងហ្សែនក៏ជាក្តីសង្ឃឹមថ្មីក្នុងដៅរកវិធីព្យាបាលថ្មីដែរ។ តម្រ៉ុយមួយទៀត គឺអ្នកស្រាវជ្រាវកំពុងដៅសិក្សាមិនមែនលើដុំសាច់មហារីកផ្ទាល់ទេ តែលើកោសិកាដែលនៅជុំវិញដុំមហារីក តើអាចមានប្រតិកម្មតបតយ៉ាងណាខ្លះក្នុងបរិស្ថានមហារីក។ការរកឃើញមហារីកកម្រជួនក៏អាចជួយផ្តល់ផលដល់ការព្យបាលជំងឺមហារីកធម្មតាដែរ។ គ្រាន់តែថាគួរឱ្យសោកស្តាយ ការស្រាវជ្រាវទាក់ទងនឹងជំងឺមហារីកកម្រអូសជើងខ្លាំងណាស់ ដោយខ្វះថវិកា។ នៅពេលកញ្ចប់មូលនិធិសាធារណៈឬមូលនិធិជំនួយម្តងៗ ឧស្សាហកម្មឱសថផ្តល់អាទិភាពដល់វិស័យដែលមានតម្រូវការ មានអ្នកជំងឺច្រើន ទើបទទួលផលចំណេញបានច្រើនដែរ៕
2/29/2024 • 7 minutes, 50 seconds ស្នេហាមានឥទ្ធិពលលើសុខភាពយ៉ាងណា?
១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សា ឬជាទិវានៃក្តីស្រលាញ់។ តើសេចក្តីស្រលាញ់ ឬសេ្នហា មានឥទ្ធិពលយ៉ាងណាចំពោះសុខភាព? ស្នេហាជាអ្វី ? ហើយជីវិតស្នេហាដោយមានអាពាហ៍ពិពាហ៍ពិតជាល្អសម្រាប់សុខភាពមែនឬយ៉ាងណា? សូមកុំរង់ចាំតែថ្ងៃទី១៤កុម្ភៈ ចាំបង្ហាញ សម្តែង និងផ្តល់សេចក្តីស្នេហា ដើម្បីដូរយកផ្កាកូលាបមួយទងអី។ ក្តីស្រលាញ់ ការរួមរក្សស្នេហា ជាប្រធានបទនៃការសិក្សាស្រាវជ្រាវដ៏ច្រើន និងបន្តនៅជាប្រធានបទសិក្សាវិភាគរបស់អ្នកវិទ្យាសាស្ត្រជានិច្ច។ស្នេហាអាចជួយបញ្ចុះកាឡូរី សេ្នហាអាចពង្រឹងប្រព័ន្ធការពារខ្លួន សេ្នហាអាចជួយសម្រួលដំណេកឱ្យគេងលក់ស្រួល ស្នេហាអាចជួយបន្ធូរបន្ថយការឈឺចុកចាប់ ស្នេហាអាចជួយបំប៉នការចងចាំ ស្នេហាជាថ្នាំដ៏មានប្រសិទ្ធភាពប្រឆាំងនឹងស្ត្រេស ស្នេហាផ្តល់ភាពរីករាយ ស្នេហាជួយឱ្យនៅក្មេងបានយូរ ... នេះជាគុណប្រយោជន៍នៃការរួមរក្សសេ្នហា។ទាក់ទងនឹងជីវិតស្នេហ៍អាពាហ៍ពិពាហ៍វិញ កាលពីថ្ងៃទី១៤កុម្ភៈ២០២៣ លោកវេជ្ជបណ្ឌិតនិងអ្នកកាសែតទូរទស្សន៍ជាតិបារាំង Damien Mascret បានពន្យល់ថាជីវិតអាពាហ៍ពិពាហ៍ទំនងជាល្អខ្លាំងណាស់សម្រាប់សុខភាព ព្រោះមានការសិក្សាជាច្រើនបានបង្ហាញជាអាទិ៍ថា ស្ត្រីនៅលីវវ័យពី៤៥ឆ្នាំទៅ៦៤ឆ្នាំ ប្រឈមនឹងហានិភ័យមរណៈមួយគុណនឹង១,៣៧។ កាន់តែអាក្រក់ខ្លាំងទៅទៀត សម្រាប់បុរស នេះបើតាមលោកវេជ្ជបណ្ឌិតដដែល ដែលអះអាងថា បុរសគ្មានប្រពន្ធ រស់តែម្នាក់ឯង វ័យ៤៥ទៅ៦៤ឆ្នាំ មានហានិភ័យមរណៈកាន់តែខ្ពស់ខ្លាំងទៅទៀត គឺដល់ទៅមួយគុណនឹង១,៨៥ ក្នុងខណៈដែលបុរសចំណាស់អាយុពី៦៥ឆ្នាំទៅ៨៩ឆ្នាំ មានប្រពន្ធមើលថែគ្នា មានអត្រាហានិភ័យមរណៈត្រឹមមួយគុណ១,១៧ ប៉ុណ្ណោះ។ សម្រាប់លោកវេជ្ជបណ្ឌិត Damien Mascret នៅពេលណាមនុស្សរស់នៅតែម្នាក់ឯង គេមិនសូវយកទុកដាក់លើខ្លួនឯងទេ។ជីវិតគូផ្តល់អាយុយឺនយូរហើយ ថែមទាំងល្អសម្រាប់សុខភាពខួរក្បាល និងសរសៃឈាមបេះដូងទៀត។ ការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានHarvard ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញទៀតថាមនុស្សទូទៅធម្មតា (ដោយមិនគិតពីរឿងរៀបការឬមិនរៀបការ) មានហានិភ័យកើតជំងឺភ្លេចភ្លាំង កើនឡើងខ្ពស់ ចាប់ពីអាយុ៥២ឆ្នាំឡើងទៅ។ ប្រសិនបើជាពោះម៉ាយ ឬមេម៉ាយ ហានិភ័យនោះនឹងកើនឡើង១,៥ដង។ បើមិនដែលមានជីវិតគូសោះ ហានិភ័យឡើង១,៧ដង តែសម្រាប់អ្នកបានលែងលះគ្នាវិញ ហានិភ័យឡើងខ្ពស់ខ្លាំងដល់ទៅ២,៦ដង។ នេះបើតាមលោកវេជ្ជបណ្ឌិតដដែល។មានន័យថា គុណប្រយោជន៍ចំពោះសុខភាពសរសៃឈាមបេះដូង នៃជីវិតអាពាហ៍ពិពាហ៍ត្រូវមានស្នេហារីករាយរស់ល្អូនល្អើននឹងគ្នា ទើបប្រសើរជាងភាពនៅលីវ នៅម្នាក់ឯង។ ប៉ុន្តែបើជីវិតប្តីប្រពន្ធមិនចុះសម្រុងគ្នាទេ គ្មានស្នេហាទេ គួរតែនៅលីវ ឬរស់នៅម្នាក់ឯងប្រសើរជាង។តើស្នេហាជាអ្វី ហេតុអ្វីមានឥទ្ធិពលចំពោះសុខភាពខ្លាំងយ៉ាងដូច្នេះ?ដោយមិននិយាយអំពីគុណប្រយោជន៍នៃការរួមរក្ស ស្នេហាតាមផ្លូវមនោសញ្ចេតនា ក៏មានឥទ្ធិពលខ្លាំងក្លា និងមានគុណប្រយោជន៍ច្រើនណាស់ដែរសម្រាប់សុខភាព។ ស្នេហាជាមនោសញ្ចេតនា ជាចំណងអារម្មណ៍ ជាចិត្តស្រលាញ់ ដ៏ស្មុគស្មាញជាងអ្វីដែលយើងធ្លាប់គិតឆ្ងាយណាស់។បើតាមអ្នកស្រីវេជ្ជបណ្ឌិត កាទ្រីន សូឡាណូ គ្រូពេទ្យជំនាញផ្លូវភេទនៅប្រទេសបារាំង សេ្នហាមិនមែនគ្រាន់តែរឿងរួមរក្ស រឿងកាមគុណទេ។ ស្នេហាមានបីទម្រង់។ទីមួយ ស្នេហា ជា តណ្ហា។ តណ្ហាដែលជាកម្លាំងទាក់ទាញដែលរុញច្រានមនុស្សម្នាក់ឱ្យទៅរកម្នាក់ទៀត និងជាកម្លាំងផ្លូវភេទដ៏ខ្លាំងក្លា។ ប៉ុន្តែជាទូទៅគេច្រើនតែយល់ច្រលំរវាងស្នេហានិងតណ្ហា។ ស្នេហានិងតណ្ហា មិនដូចគ្នាទេ។ តណ្ហាអាចត្រឹមតែអារម្មណ៍ទាក់ទាញដោយរូបសម្ផស្ស តែមិនប្រាកដជាការស្រលាញ់ស្នេហាពិតឡើយ។ ស្នេហានិងតណ្ហាអាចរឿងពីរដាច់ដោយឡែកពីគ្នា មានការទាក់ទាញសម្រាប់អ្នកនេះ តែមានស្នេហាស្រលាញ់ពិតលើអ្នកនោះ។ ដៃគូដែលស្រលាញ់គ្នា ល្អូនល្អើន ត្រូវគ្នាខ្លាំង ស្និទ្ធស្នាលនឹងគ្នារហូតមិនទាមទារ តណ្ហាច្រើនទេ។ទម្រង់ទីពីរនៃស្នេហាគឺចំណង។ ជាអារម្មណ៍ជាប់ជំពាក់លើនរណាម្នាក់ដែលអ្នកគិតថាសំខាន់។ ខុសពីតណ្ហា អារម្មណ៍នេះរីកលូតលាស់ធំធាត់ជាលំដាប់។ ចំណងនេះមិនកំរិតត្រឹមអារម្មណ៍ទេ តែជាប្រតិកម្មបែបគីមីវិទ្យាទៀត។ទម្រង់ចុងក្រោយគឺស្នេហាជាមនោសញ្ចេតនាផុសចេញពីបេះដូង គ្មានពាក់ព័ន្ធនឹងផ្លូវភេទ។ ជាស្នេហា កើតឡើងពីការយកចិត្តទុកដាក់ មើលថែ មើលការខុសត្រូវ លើគ្នាទៅវិញទៅមក។ សេ្នហានេះអាចកើតឡើងដោយងាយបំផុត ដោយគ្រាន់តែអ្នកសម្រេចចិត្តផ្តល់សេចក្តីស្រលាញ់ឱ្យបានច្រើន។ ជាក្តីស្រលាញ់ តាមរយៈកាយវិការ ឬការគិតរើសមើលតែកន្លែងល្អរបស់ដៃគូ។ ការគិតតែវិជ្ជមានជាប្រភពស្នេហាដ៏ធំធេង។ទម្រង់សេ្នហាទាំងបីនេះ អាចបំពេញឱ្យគ្នាទៅវិញមក ដើម្បីឱ្យជីវិតគូមានដំណើរការទៅបានល្អនិងយូរអង្វែង។ទោះក្នុងទម្រង់ណាក៏ដោយ ក៏ទឹកចិត្តស្រលាញ់ ឬសេចក្តីសេ្នហា ជាការពាំនាំមកនូវភាពរីករាយ ព្រោះអារម្មណ៍ស្រលាញ់នរណាម្នាក់ឬទទួលបានការស្រលាញ់ពីនរណាម្នាក់ នឹងទៅភ្ញោចបញ្ចេញអ័រមូនហ្វេនីឡេទីឡាមីន Phényléthylamine។ ជាប់ឈ្មោះជាអ័រមូនតណ្ហា អ័រមូននេះមានតួនាទីជាមូលេគុលគីមីតភ្ជាប់សារពីប្រព័ន្ធប្រសាទមួយទៅប្រព័ន្ធប្រសាទមួយ ពិសេសទៅប្រព័ន្ធប្រសាទពាក់ព័ន្ធនឹងផាសុកនិងភាពរីករាយភ្លាម។ក្រោយសកម្មភាពដ៏ស្វាហាប់របស់អ័រមូនហ្វេនីឡេទីឡាមីន អ័រមូនសុភមង្គលដូប៉ាមីននិងអ័រមូនអូស៊ីតូស៊ីន (អ័រមូនជាប់ជំពាក់ចិត្តស្នេហ៍) ក៏ចាប់សាយភាពចេញមកដែរ។និយាយដោយខ្លី អ័រមូនដូប៉ាមីន និងអូស៊ីតូស៊ីន ជាថ្នាំធម្មជាតិប្រឆាំងនឹងអាការៈស្តេ្រសនិងការថប់បារម្ភ ដែលជួយបញ្ចុះសម្ពាធតានតឹង និងសម្ពាធឈាម។អ័រមូនដូប៉ាមីន ត្រូវបានបញ្ចេញនៅពេលមានចាប់មានចំណងស្នេហ៍ជាប់ជំពាក់ចិត្ត និងពេលបានជួបស្នេហ៍ស្មោះភក្តី។ អ័រមូនអូស៊ីតូស៊ីន បញ្ចេញដោយឯងៗដោយខួរក្បាល នៅពេលសម្រាលនិងបំបៅបោះកូន ពេលរួមរក្ស និងពេលបានទទួលការបបោសអង្អែលថ្នាក់ថ្នម។ ការប្រសូតកូន និងបំបៅដោះកូន ជាពេលវេលាដែលសរីរាង្គកាយបញ្ចេញអ័រមូនអូស៊ីតូស៊ីនយ៉ាងច្រើនបំផុត។ អ៊ីចឹងហើយបានជាអ្នកជាម្តាយជំពាក់ចិត្តស្រលាញ់កូនទើបនឹងកើតខ្លាំង។ នេះបើតាមប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត កាទ្រីន សូឡាណូដដែល ដែលបញ្ជាក់ថាដូចគ្នានេះដែរ នៅពេលរួមរក្ស ក៏មានការបញ្ចេញអ័រមូនអូស៊ីតូស៊ីនយ៉ាងខ្លាំងពេលដៃគូមានសំរើបសម្រេចកាម។ មានន័យថា បើដៃគូពីរនាក់រួមរក្សគ្នាជាញឹកញយ ជាប្រចាំជាមួយដៃគូដដែលយូរឆ្នាំទៅ ដៃគូទាំងពីរនឹងមានចំណងជំពាក់ចិត្តគ្នាកាន់តែស្អិតល្មួតឡើងៗ។ ការថើបអង្អែល ប៉ះពាល់គ្នាជាជួយសម្រួលការបញ្ចេញអ័រមូនអូស៊ីតូស៊ីនដែរ។អ័រមូននេះជាប្រភពនាំមកនូវអារម្មណ៍ធូរស្បើយ ទាក់ទាញ ជាប់ជំពាក់នឹងមនុស្សម្នាក់ទៀត ហើយក៏ជាថ្នាំដ៏មានមហិទ្ធិរិទ្ធសម្រាប់បំបាត់ស្តេស និងបំប៉នប្រព័ន្ធការពារសរីរាង្គកាយ។អ័រមូនដូប៉ាមីន អូស៊ីតូស៊ីន បញ្ចេញសាយភាយក្នុងបរិមាណដ៏ច្រើនពេញសរីរាង្គកាយ ពេលមានស្នេហា ដែលលាតត្រដាងដោយអារម្មណ៍ល្អ រីករាយ ពោរពេញដោយក្តីសុខ។ តែនៅពេលបែកបាក់ព្រាត់ប្រាសស្នេហ៍ ផលិតកម្មអ័រមូនត្រូវធ្លាក់ចុះទើបយើងមានអារម្មណ៍មិនល្អ កើតទុក្ខ និងឈឺចាប់៕
2/14/2024 • 8 minutes, 41 seconds អង្គការសុខភាពពិភពលោក ៖ ការជក់បារីអេឡិចត្រូនិកក ើនឡើងនៅទូទាំងពិភពលោក
បើតាមការសិក្សាថ្មីចុងក្រោយ ចំនួនក្មេងជំទង់ចង់ភ្លក្ស ចង់សាកប្រើគ្រឿងញៀន ផឹកស្រា និងជក់បារី នៅលើពិភពលោក បានថយចុះបន្តិច។ ប៉ុន្តែ បើគិតអំពីតួលេខវិញ គឺនៅតែខ្ពស់ខ្លាំងដដែល។ ចំណែកការជក់បារីអេឡិចត្រូនិកវិញ បន្តកើនឡើងជានិច្ច។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនមនុស្សចាស់ (ធំពេញវ័យ) ជក់បារីបានធ្លាក់ចុះជាលំដាប់ តាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ នៅឆ្នាំ២០២២ មានមនុស្សប្រមាណម្នាក់ក្នុងចំណោម៥នាក់ នៅជក់បារី ឬប្រើផលិតផលធ្វើពីថ្នាំជក់។ កាលពីសតវត្សរ៍មុន ក្នុងចំណោមមនុស្សបីនាក់ មានម្នាក់ជក់ហើយ។ នេះបើតាមរបាយការណ៍ថ្មីដែលជាលទ្ធផលសិក្សាលើប្រេវ៉ាឡង់ជក់បារីនៅរវាងពីឆ្នាំ២០០០ដល់ឆ្នាំ២០៣០ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ការជក់បារីមាននិន្នាការថយចុះក្នុងគ្រប់ប្រទេសចំនួន១៥០នៅលើពិភពលោក។ថ្វីបើអត្រាអ្នកជក់បារី បានធ្លាក់ក្នុងប្រទេសជាច្រើននៅលើពិភពលោកមែន ប៉ុន្តែអត្រាមរណៈបង្កឡើងឬពាក់ព័ន្ធនឹងថ្នាំជក់ ត្រូវបន្តកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខទៀត។ ស្ថិតិរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថាក្នុងមួយឆ្នាំៗ បារីឬថ្នាំជក់ បានសម្លាប់ជីវិតមនុស្សអស់ជាង៨លាននាក់ ក្នុងនោះជាង១លានបីសែននាក់ ជាអ្នកស្រូបផ្សែងបារីពីគេ។ គេត្រូវការពេលវេលាជាច្រើនដល់ទៅប្រមាណ៣០ឆ្នាំ ក្រោយការចាត់វិធានការដ៏តឹងតែងប្រឆាំងនឹងថ្នាំជក់ ទើបចាប់ឃើញចំនួនមនុស្សស្លាប់ដោយបារីចាប់ធ្លាក់ចុះ។ម្យ៉ាងវិញទៀត បើទោះបីជាចំនួនអ្នកជក់បារីបានបន្តធ្លាក់ចុះជាលំដាប់ក៏ដោយ ក៏អង្គការសុខភាពពិភពលោកមិនរំពឹងថាអាចសម្រេចកម្មវត្ថុបញ្ចុះអត្រាអ្នកជក់បារីឱ្យបាន៣០%នៅរវាងពីឆ្នាំ២០១០ដល់ឆ្នាំ២០២៥បានទេ។ មានតែ៥៦ប្រទេសប៉ុណ្ណោះ មានជាអាទិ៍ប្រេស៊ីល ដែលបានសម្រេចកាត់បន្ថយការប្រើថ្នាំជក់ឬបារីបាន៣៥% តាំងពីឆ្នាំ២០១០មក។ ផ្ទុយទៅវិញ ការជក់បារីបែរជាកើនឡើងនៅក្នុង៦ប្រទេស គឺ កុងហ្គោ អេហ្ស៊ីប ឥណ្ឌូណេស៊ី ហ្សកដានី អូម៉ង់ និងម៉ុលដាវី។ដូច្នេះមិនត្រូវភ្លេចខ្លួន និងមិនទាន់ដល់ពេលត្រូវទម្លាក់ដៃឡើយ បើទោះបីជាការប្រយុទ្ធប្រឆាំងនឹងការជក់បារីនៅលើពិភពលោកមានលក្ខណៈប្រសើរជាទូទៅ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដោយ។ អង្គការសុខភាពពិភពលោកបានឆ្លៀតព្រមានថា ឧស្សាហកម្មបារីមិនបានឈរអោបដៃនៅស្ងៀមឡើយ។ នាយកដេប៉ាតឺម៉ង់ទ្រទ្រង់សុខភាពរបស់អង្គការ បានអះអាងបែបចោទប្រកាន់ដោយចំៗថា នៅទីណាដែលការជក់បារីធម្មតាធ្លាក់ចុះ ឧស្សាហកម្មបារីតែងបើកសមរភូមិថ្មី បង្កើតផលិតផលថ្មី គ្មានផ្សែង សម្រាប់ទាក់ទាញនិងបង្កើតទីផ្សារថ្មីប្រមូលចំណាប់អារម្មណ៍ឱ្យបានច្រើនជាអតិបរិមា ក្នុងចំណោមអតិថិជនថ្មី គឺក្មេងជំទង់។ ១០%នៃក្មេងអាយុពី១៣ទៅ១៥ឆ្នាំ នៅលើពិភពលោកបានជក់បារី និងប្រើថ្នាំជក់ប្រភេទថ្មី និងទម្រង់ថ្មី។ ពោលគឺមានក្មេងយ៉ាងហោច៣៧លាននាក់ ជាអ្នកជក់បារី ក្នុងនោះ១២លាននាក់ប្រើផលិតផលបារីថ្មី។ សម្រាប់អង្គការសុខភាពពិភពលោក តួលេខនេះទាបជាងការពិតជាក់ស្តែងឆ្ងាយណាស់ ព្រោះជាង៧០ប្រទេសមិនបានផ្តល់ទិន្នន័យអ្វីទាំងអស់។នៅប្រទេសបារាំង អត្រាក្មេងរៀននៅវិទ្យាល័យជក់បារី បានធ្លាក់ចុះពី១៧,៥%នៅឆ្នាំ២០១៨មកនៅត្រឹមតែ៦,២%នៅឆ្នាំ២០២២។ មានកញ្ចប់បារីក្នុងកាតាប ក្នុងកាបូប លែងពេញនិយមហើយ។ នេះពិតជាដំណឹងល្អមែន ព្រោះការប្រព្រឹត្តបារីក្នុងវ័យកាន់តែក្មេង (ក្រោម២០ឆ្នាំ) កាន់តែឆាប់ញៀន។ ប៉ុន្តែទន្ទឹមដំណឹងល្អនេះ តែក្មេងៗបានងាកទៅសាកល្បង និងជក់បារីអេឡិចត្រូនិក កាន់តែច្រើនឡើងៗ។ ការសិក្សារបស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ការប្រើប្រាស់បារីអេឡិចត្រូនិកពិតជាមានកំណើន នៅទូទាំងពិភពលោក។ ក្មេងអាចមិនចូលចិត្តរសជាតិនិងក្លិនបារីបែបបូរាណ តែចូលចិត្តបារីអេឡិចត្រូនិក ដែលមានគ្រប់រសជាតិ និងក្លិនផ្លែឈើជាច្រើនមុខ។បញ្ហានៅត្រង់ថា រសជាតិ ក្លិន និងទម្រង់ប្លែកៗរបស់បារីអេឡិចត្រូនិច មិនមែនជាដើមបារីមានកន្ទុយស្នោនេះ ក៏ច្រើនតែមានបង្កប់ និងផ្ទុកសារធាតុជាតិនីកូទីនច្រើនដែរ។ ហេតុដូច្នេះហើយបានជាសាស្ត្រាចារ្យ Loïc Josseran ប្រធានសម្ព័ន្ធប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ នៅប្រទេសបារាំង បានរំលឹកថា“បារីអេឡិចត្រូនិក នៅតែអាចផ្តល់ភាពញៀននឹងនីកូទីនខ្ពស់ខ្លាំងដដែល។ យុទ្ធសាស្ត្ររបស់ឧស្សាហកម្មថ្នាំជក់នៅតែដដែល -នៅតែបន្តផ្សព្វផ្សាយក្នុងចំណោមយុវវ័យនូវផលិតផលមានផ្ទុកជាតិនីកូទីន។ អ្វីដែលកំពុងកើតឡើងនៅពេលនេះ គឺការកកើតទីផ្សារនីកូទីន តាមរយៈផលិតផលបារីអេឡិចត្រូនិក e-cigarette Vapeឬ Vapoteuse បំពង់បង្ហុយឬ Puff ...”។តើអ្វីទៅជាបារីអេឡិចត្រូនិក?បង្កើតឡើងដោយជនជាតិចិន នៅឆ្នាំ២០០៦ បារីអេឡិចត្រូនិក គឺជាគ្រឿងអេឡិចត្រូនិក មានដូចប៊ិច ដូចដែកកេះ សម្រាប់ស្រូបបឺតបង្ហុយផ្សែង ដែលបានមកពីការកម្តៅវត្ថុរាវក្នុងបំពង់ឬដប ដោយប្រើថ្ម មិនបាច់អុជភ្លើង និងក្នុងសីតុណ្ហភាពតែ៦០អង្សា។ វត្ថុរាវក្នុងបារីអេឡិចត្រូនិក ផ្សំឡើងដោយសារធាតុគីមីច្រើនមុខ មានជាអាទិ៍ Propylène glyco ឬនីកូទីនផង និងមានក្លិន មានរសជាតិរាប់ពាន់មុខ មិនស្អុយដូចបារីបូរាណទេ ហើយអាចសាកបញ្ចូលបន្ថែម ឬប្រើម្តងក្រវ៉ាត់ចោលក៏បាន។ បារីអេឡិចត្រូនិកខ្លះគ្មានជាតិនីកូទីនសោះ ខ្លះក៏មានក្នុងកំរិតមួយដែលអាចនាំឱ្យញៀនបាន។ មានឈ្មោះហៅថាបារីមែន ប៉ុន្តែគ្មានផ្ទុកឬមានផ្ទុកយ៉ាងតិចតួចបំផុត ជាតិជ័រTar និងធាតុផ្សំពុលជាច្រើនផ្សេងទៀតដូចបារីដើមធ្វើពីថ្នាំជក់ធម្មជាតិទេ។ ក្នុងពេលភ្លាមៗនិងខ្លី ការជក់បារីអេឡិចត្រូនិក គ្មានជាតិនីកូទីន ជាជម្រើសមួយសម្រាប់អ្នកចង់ផ្តាច់បារី។ ប៉ុន្តែការបឺត ស្រូបផ្សែង ចូលក្នុងខ្លួន អាចនឹងប៉ះពាល់ដល់សួត ដល់បេះដូង។ ផលវិបាក និងឥទ្ធិពលនៃបារីអេឡិចត្រូនិកសម្រាប់ពេលអនាគត និងរយៈពេល មិនទាន់កំណត់បានដោយច្បាស់លាស់នៅឡើយទេ។ គ្រាន់តែគេចាប់ផ្តើមសង្កេតឃើញមានចំណងពាក់ព័ន្ធរវាងការជក់បារីអេឡិចត្រូនិក និងជំងឺរលាកសួត ជំងឺបេះដូង ព្រមទាំងជំងឺមហារីកខ្លះ៕
2/1/2024 • 7 minutes, 7 seconds ចង្ក្រានបាយ ជាសម្បុកមេរោគមែនឬ?
បង្គន់ ទូរស័ព្ទដៃ ជាប់ឈ្មោះល្បីថាជាកន្លែងដ៏កខ្វក់ មានផ្ទុកមេរោគច្រើនណាស់។ ប៉ុន្តែគ្មាននរណានិយាយអំពីចង្ក្រានទេ។ ចង្ក្រាន ឬផ្ទះបាយ ជាកន្លែងផ្តុំមេរោគច្រើនជាងបង្គន់ទៅទៀត។ តើផ្នែកណានៃចង្ក្រានដែលអាចចម្លងមេរោគច្រើនជាងគេ ? តើធ្វើដូចម្តេចដើម្បីបង្កើនអនាម័យនៅផ្ទះបាយ? តើនៅក្នុងផ្ទះ កន្លែងណាដែលកខ្វក់ និង មានផ្ទុកមេរោគច្រើនជាងគេ? ចម្លើយរបស់អ្នកច្បាស់ជា “បង្គន់”ហើយ។ ថ្វីបើបង្គន់ជាប់ឈ្មោះជាកន្លែងកខ្វក់សម្បូរមេរោគច្រើនមែន ប៉ុន្តែផ្ទះបាយមានផ្ទុកមីក្រុបច្រើនជាងនៅបង្គន់ទៅទៀត។ នេះបើតាមការសិក្សានៅឆ្នាំ២០២២ ដែលលម្អិតទៀតថា កន្លែងមានផ្ទុកនិងបណ្តុះមេរោគ បាក់តេរី វីរ៉ុស ច្រើនជាងគេបំផុត នៅក្នុងផ្ទះ គឺអេប៉ុងលាងចាន។ អេប៉ុងលាងចានមានសមត្ថភាពប្រមូលផ្តុំមេរោគ ហើយអាចចែកចាយបាក់តេរី និងភ្នាក់ងារចម្លងមេរោគទៀត។ ឬអាចនិយាយបែបផ្សេងបានថា អេប៉ុងលាងចានអាចអាក្រក់សម្រាប់សុខភាព។ បើគិតតាមក្បួនអនាម័យ មានអេប៉ុងគគ្រិចក្នុងចង្ក្រាន ប្រៀបបាននឹងស្លៀកខោក្នុងមិនប្តូរផ្លាស់ជារៀងរាល់ថ្ងៃយ៉ាងដូច្នោះ។ បើគេជឿលើការសិក្សាដែលចេញផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រNature កាលពីឆ្នាំ២០១៧ អេប៉ុងលាងចាន និងខោក្នុងស្លៀកមិនប្តូរ(រាល់ថ្ងៃ) មានផ្ទុកបាក់តេរីដូចគ្នា។អេប៉ុងលាងចានកខ្វក់យ៉ាងណា?នៅក្នុងការសិក្សា មានបាក់តេរីជាង១ម៉ឺនប្រភេទ រស់ចម្រុះគ្នាក្នុងអេប៉ុងលាងចានយើងដែលខ្លះមានចំនួនបាក់តេរីឡើងដល់ទៅ៥០ពាន់លានក្នុងមួយសង់ទីម៉ែត្រគូបអេប៉ុង។ ជាបាក់តេរីដែលមានស្ថិតនៅក្នុងចង្កោមគ្រួសារខុសគ្នា យ៉ាងហោច២០គ្រួសារផ្សេងគ្នា ក្នុងនោះខ្លះពពួកបាក់តេរីដ៏គ្រោះថ្នាក់មាននៅក្នុងលាមក ដូចយ៉ាង Salmonelle, Escherichia coli, Klebsiellaផង។ បើទោះបីជាគេសម្អាតផ្ទះបាយ ដោយមិនប្រើអេប៉ុងតែមួយជាមួយនឹងអេប៉ុងលាងបង្គន់ក៏ដោយ ក៏អេប៉ុងលាងចានអាចប្រមូលបាក់តេរីពពួកសាល់ម៉ូណែលបានដែរ តាមរយៈការលាងចាន ជូតលាងកែមជើងចង្ក្រានដែលមានស្នាមគោះពងមាន់ ឬដោយសារដៃរបស់យើង ដែលមិនបានលាងសម្អាតត្រឹមត្រូវក្រោយចេញពីបង្គន់ ហើយមកលាងចាន។ការចម្លងនិងផ្ទុកមេរោគក្នុងអេប៉ុងលាងចាន មិនមែនពាក់ព័ន្ធតែនឹងចំណីអាហារមួយមុខទេ តែដោយសាររចនាសម្ព័ន្ធរបស់អេប៉ុងតែម្តង។ អេប៉ុងមានរន្ធ ហើយសើមជានិច្ចដែលបាក់តេរីនិងមេរោគគ្រប់ប្រភេទចូលចិត្តសំងំនៅ ហើយពង្រីកគ្នាបានយ៉ាងងាយ។ គ្មានប្រយោជន៍អ្វីដែលត្រូវយកអេប៉ុង ទៅបោកលាងក្នុងម៉ាស៊ីន ឬស្ងោរក្នុងទឹកពុះ ដើម្បីសម្លាប់មេរោគឡើយ។ ការសិក្សាដ៏គួរឱ្យទុកចិត្តដដែលនេះ បានអះអាង ការសម្អាតអេប៉ុងក្នុងទឹកពុះអាំចសម្លាប់បាក់តេរីបានត្រឹមតែ៦០%យ៉ាងច្រើន។ មានន័យថាគេមិនកម្ចាត់មេរោគពីអេប៉ុងបាន១០០%ទេ។ មធ្យោបាយដ៏ល្អតែមួយគត់ដែលអ្នកស្រាវជ្រាវបានណែនាំ គឺត្រូវឧស្សាហ៍ប្តូរអេប៉ុងឱ្យបានញយ។ យកល្អត្រូវប្តូរជារៀងរាល់សប្តាហ៍កុំរង់ចាំទាល់តែអេប៉ុងឡើងទក់រហែកទើបបានគ្រវាត់ចោល។ បើមិនដូច្នេះទេ វិទ្យុកាណាដា ណែនាំឱ្យប្រើច្រាសឈើដែលមានចុងធម្មជាតិ មិនជប់ទឹក ឬដែកដុសធ្វើពីស្ពាន់ទន់ មិនឆ្កូតហើយអាចសម្លាប់មេរោគបានខ្លះទៀត។ក្រៅពីប្រដាប់លាងចាន ការសិក្សាមួយទៀតបង្ហាញថា ក្រណាត់ជូតចាន ក៏ជាជង្រុកមេរោគ និងជាកន្លែងចិញ្ចឹមបាក់តេរីយ៉ាងខ្លាំងក្លាដែរ ជាពិសេសពពួកមេរោគEscherichia coli បាក់តេរីជាភ្នាក់ងារបង្កឱ្យមានជំងឺរលាកពោះវៀន។ ត្រូវបើក្រណាត់ជូត ដាច់ដោយឡែកពីគ្នា ក្រណាត់ជូតតុសម្រាប់ជូតតែតុ ក្រណាត់ជូតដៃសម្រាប់តែជូតដៃ ឯក្រណាត់ជូតចានសម្រាប់តែជូតចាន ហើយត្រូវបោកជារៀងរាល់ថ្ងៃ ក្នុងទឹកក្តៅ៦០អង្សាកាន់តែប្រសើរ។វត្ថុប្រើប្រាស់ប្រចាំថ្ងៃ ក្នុងចង្ក្រានមួយចំនួនទៀត ដែលមានប្រើនិងប៉ះពាល់ញឹកញាប់ខ្លាំង ក៏សម្បូរមីក្រុងតោងដែរ។ ដំបូងគេគឺ ជ្រុញ គម្រប (គម្របក្រឡស្ករ ប៊ីចេង ប្រហុកផ្អក...) ដៃឆ្នាំង ដៃកំសៀវដាំទឹក និងតុក្នុងផ្ទះបាយ ដែលយើងតែងយកស្បោងម្ហូបមកពីផ្សារដាក់បន្តុបលើ។ បើតាមការសិក្សាឆ្នាំ២០២២ គម្របក្រឡគ្រឿងផ្សំចំនួនពាក់កណ្តាលមានឆ្លងមេរោគ។សូមឧស្សាហ៍សម្អាត ធុងសំរាម និងទូរទឹកកក ព្រមទាំងដបទឹក ក្នុងម៉ាស៊ីនឆុងកាហ្វេផង ព្រោះវត្ថុទាំងនេះក៏មានហានិភ័យផ្ទុកមេរោគច្រើនដែរ។ ប៉ុន្តែការលាងសម្អាត ដោយប្រើសាប៊ូលាងចាន អាចបំបាត់ជាតិខ្លាញ់ ជម្រះកាកសំណល់អាហារ និងភាពកខ្វក់ ធ្វើឱ្យចានក្បានភ្លឺល្អមែន ប៉ុន្តែមិនប្រាកដថាបរិសុទ្ធសម្រាប់សុខភាពឡើយ ព្រោះសាប៊ូលាងចាន អាចកម្ចាត់មេរោគបានតែមួយចំនួន ឬគ្រាន់តែរុញច្រានមេរោគពីកន្លែងមួយទៅកន្លែងមួយទៀតប៉ុណ្ណោះ។បន្ថែមពីលើការសម្អាតជាប្រចាំថ្ងៃ សូមប្រើផលិតផលសម្លាប់មេរោគ បាត់តេរី និងផ្សិត មានអាទិ៍ទឹកអូហ្សាវែល សម្អាតផ្ទៃចង្ក្រាន វត្ថុប្រើប្រាស់សម្រាប់ធ្វើម្ហូប តុ ការ៉ូឥដ្ឋ ...ទើបប្រាកដថាមានប្រសិទ្ធភាពកម្ចាត់មេរោគក្នុងផ្ទះបាយបានពិតប្រាកដ។ជាចុងក្រោយគឺកុំភ្លេចឧស្សាហ៍លាងដៃ ដែលជាប្រភពចម្លងមេរោគពីកន្លែងមួយទៅកន្លែងមួយ ពីវត្ថុមួយទៅវត្ថុមួយទៀត។ ចាំបាច់ត្រូវតែលាងដៃឱ្យបានស្អាត មុននិងក្រោយទៅប៉ះពាល់បន្លែ អាហារឆៅ។ កុំភ្លេចលាងដៃនឹងសាប៊ូ ឬជែលសម្រាប់មេរោគ ក្រោយចេញពីបង្គន់ ក្រោយពីបានធ្វើដំណើរតាមមធ្យោបាយសាធារណៈ និងពេលត្រលប់ចូលមកដល់ផ្ទះ។ សាប៊ូលាងចាន ជាផលិតផលសម្រាប់លាងសម្អាត ឱ្យជ្រះជាតិខ្លាញ់ ជ្រះស្នាមប្រលាក់ ភាពគគ្រិច មិនគួរប្រើសម្រាប់លាងសម្អាតដៃទេ ដោយវាអាចនឹងធ្វើខូចស្បែក ឆាប់ស្ងួត ឬប្រេះ ដែលជាទង្វើបញ្ច្រាសខ្យល់បើកឱកាសឱ្យមេរោគវិញ។ជំងឺបង្កឡើងដោយមេរោគជាពពួកបាក់តេរី ជាមូលហេតុទីពីរនៃមរណភាពនៅលើពិភពលោកបន្ទាប់ពីជំងឺបេះដូង។ នេះបើតាមការសិក្សាស្រាវជ្រាវដ៏ធំមួយដឹកនាំដោយមូលនិធិBill Gates ចេញផ្សាយកាលពីថ្ងៃអង្គារទី២១វិច្ឆិកា២០២៣ ដោយលម្អិតទៀតថា នៅក្នុងចំណោមពពួកបាក់តេរីជាង៣០ប្រភេទដែលបង្កជំងឺជាញឹកញាប់ជាងគេ មាន៥ជាឃាតករកំណាចជាងគេ គឺ Staphylocoque Doré, Escherichia Coli, Pneumocoque Klebsellia pneumoniae និង Bacille pyocyanique៕
1/25/2024 • 6 minutes, 51 seconds ការសិក្សា៖ រស់នៅឬការលំហែនៅមាត់សមុទ្ទជ ួយទ្រទ្រង់មនុស្សឱ្យមានសុខភាពល្អរឹងមាំ
អ្នកស្រាវជ្រាវបានលើកទឹកចិត្តអំណាចសាធារណៈជួយសម្រួលការទៅសម្រាកលំហែនៅមាត់សមុទ្ទ ដល់ប្រជាពលរដ្ឋក្នុងប្រទេសរបស់ខ្លួន ព្រោះសមុទ្ទជាប្រភពនៃគុណប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់សរីរាង្គកាយមនុស្ស។ ទឹកសមុទ្ទ ខ្យល់សមុទ្ទ សំឡេងរលក ឆ្នេរខ្សាច់ ក៏ដូចជាអាហារគ្រឿងសមុទ្ទ សារាយ ... សុទ្ធតែជាអ្នកផ្គត់ផ្គង់សុខភាពទាំងអស់។ តើយើងត្រូវធ្វើដូចម្តេចដើម្បីអាចទាញយកផលល្អនៃបរិស្ថានសមុទ្ទឱ្យរាងកាយនិងស្មារតី? បើតាមជំនឿរបស់មហាជននៅអឺរ៉ុប បានទៅសម្រាកលំហែនៅសមុទ្ទបានមួយខែក្នុងមួយឆ្នាំ នឹងគ្មានជំងឺដង្កាត់ទេ។ ប៉ុន្តែថ្វីបើគ្មានការសិក្សាណាអាចបញ្ជាក់តាមបែបវិទ្យាសាស្ត្រជុំវិញជំនឿនេះក៏ដោយ ក៏គេទទួលស្គាល់យ៉ាងជាក់លាក់ថាសមុទ្ទអាចជួយសរីរាង្គមនុស្សយើងឱ្យមានដំណើរការយ៉ាងល្អប្រសើរបំផុត។ការសិក្សារបស់អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យាបរិស្ថាននៃសកលវិទ្យាល័យវីយ៉ែន ជាតិអូទ្រីស Sandra Geiger ទើបផ្តល់សេចក្តីសន្និដ្ឋានដែលអាចពង្រឹងជំនឿចាស់បូរាណខាងលើបាន ដោយអាចបញ្ជាក់អំពីចំណងទាក់ទងដោយផ្ទាល់រវាងការមានសុខភាពល្អនិងការរស់នៅជាប់មាត់សមុទ្ទ។ យោងតាមទិន្នន័យសិក្សាក្នុង១៥ប្រទេស ប្រជាពលរដ្ឋរស់នៅតាមមាត់សមុទ្ទនិងអ្នកទៅសម្រាកលំហែវិស្សមកាលនៅតំបន់ឆ្នេរ មានស្ថានភាពសុខភាពល្អប្រសើរឡើង មិនថាជននោះរស់នៅក្នុងប្រទេសណានិងមានកំរិតជីវភាពយ៉ាងណាទេ។សេចក្តីសន្និដ្ឋានដែលទស្សនាវដ្តី Communications Earth & Environment យកមកចុះផ្សាយ ជាលទ្ធផលបានមកពីការចោទសំណួរ ស្តីពីសកម្មភាពស្នើឡើងនៅលើឆ្នេរ ព្រមទាំងស្តីពីសុខភាពរាងកាយនិងផ្លូវចិត្ត លើមនុស្សជាង១៥០០០នាក់រស់នៅក្នុងប្រទេសអូស្ត្រាលី និង១៤ប្រទេសនៅអឺរ៉ុប (អាល្លឺម៉ង់ ប៊ែលហ្សិក ប៊ុលហ្ការី អេស្ប៉ាញ បារាំង ក្រិក អៀឡង់ អ៊ីតាលី ន័រវែស ហូឡង់ ប៉ូឡូញ ព័រទុហ្កាល់ សាធារណរដ្ឋឆែកនិងអង់គ្លេស)។ ចម្លើយរបស់ពួកគេទាំង១៥ប្រទេស មានលក្ខណៈស៊ីចង្វាក់គ្នា និងច្បាស់លាស់ក្រៃ ដែលសូម្បីតែក្រុមជំនាញនិងអ្នកស្រាវជ្រាវផ្ទាល់ក៏ភ្ញាក់ផ្អើលខ្លាំងមែនទែន។ សម្រាប់អ្នកស្រី Sandra Geiger លទ្ធផលនៃការសិក្សានេះសឱ្យឃើញថាមនុស្សគ្រប់រូបហាក់ទទួលបាននូវគុណប្រយោជន៍ដូចគ្នាពីការរស់នៅក្បែរមាត់សមុទ្ទ មិនមែនតែចំពោះអ្នកធូរធារឡើយ។ ការរស់នៅក្បែរសមុទ្ទនិងពិសេសការទៅលំហែនៅមាត់សមុទ្ទអាចជះឥទ្ធិពលសំខាន់លើសុខភាពមនុស្ស។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រាវជ្រាវជាតិអូទ្រីសSandra Geigerដដែល។តើសមុទ្ទជួយចម្រើនសុខភាពយ៉ាងណាខ្លះ?៧០% នៃភពផែនដី ជាសមុទ្ទ។ ហើយសមុទ្ទនេះជាប្រភពនៃគុណប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់សរីរាង្គកាយមនុស្ស។ ទឹកសមុទ្ទ ខ្យល់សមុទ្ទ សំឡេងរលក ឆ្នេរខ្សាច់ ក៏ដូចជាអាហារគ្រឿងសមុទ្ទ សារាយ ... សុទ្ធតែជាអ្នកផ្គត់ផ្គង់សុខភាពទាំងអស់។ទឹកសមុទ្ទមានបន្សំសមាសធាតុរ៉ែ (រ៉ែអំបិល កាល់ស្យូម សូស្យូម ប៉ូតាស្យូម...) និងធាតុចាំបាច់olegoelement (អ៊ីយ៉ូដ ដែក សង្កសី ម៉ង់ហ្កាណែស...) គ្រប់មុខ ដូចគ្នាស្ទើរបេះដាក់នឹងជាតិទឹកនៅក្នុងខ្លួនមនុស្សយើង។ ជាងនេះទៅទៀត ទឹកសមុទ្ទមានផ្ទុកសារធាតុអង់ទីប៊ីយូទិក ដែលចូលចំណែកពង្រឹងប្រព័ន្ធការពារខ្លួនទៀត។ ចំណែកខ្យល់សមុទ្ទ ជាខ្យល់ប្រៃ សម្បូរជាតិរ៉ែ និងអ៊ីយ៉ុងអវិជ្ជចេញមកពីអំបិលសមុទ្ទ។ គឺអ៊ីយ៉ុងអវិជ្ជមាននេះហើយដែលមានចំណែកបន្សុទ្ធខ្យល់បរិយាសដោយទៅកម្ចាត់អ៊ីយ៉ុងវិជ្ជមាន និងជាតិពុល បង្កឡើងដោយផ្សែងពុល។ ហេតុដូច្នេះហើយបានជានៅពេលបានទៅដល់ និងសម្រាកកំសាន្តនៅមាត់សមុទ្ទ ខ្លួនប្រាណយើងនឹងបានស្រូបយកខ្យល់ប្រៃខ្យល់សម្បូរទៅដោយជាតិរ៉ែ មកបំពេញកង្វះខាតរបស់ខ្លួន។ ខ្យល់បរិយាកាសមាត់សមុទ្ទ ជាខ្យល់បរិសុទ្ធ ប្រៃ និងមានជាតិពុលតិចតួចណាស់ ដោយមានបាក់តេរី ប្រមាណតែ២រយជាមធ្យមក្នុងមួយម៉ែត្រគូបខ្យល់ ទល់នឹងជាង៥ម៉ឺននៅក្នុងក្រុង។នៅមាត់សមុទ្ទ សម្ពាធបរិយាកាសខ្ពស់ខ្លាំង ទើបយើងអាចដកដង្ហើមបានស្រួល ហើយសរីរាង្គកាយក៏ទទួលខ្យល់អុកស៊ីហ្សែនបានប្រសើរ។ ជាតិអំបិល អ៊ីយ៉ូត ដែលជាសារធាតុដ៏ចាំបាច់នៃការផលិតនិងចាត់ចែងក្រពេញអ័រមូនទីរ៉ូអ៊ីត អាចហូរចូលទៅសម្រួលសព៌ាង្គកាយបានផ្លូវដង្ហើមបានយ៉ាងស្រួល។ចុះមុជទឹកសមុទ្ទឱ្យបានតែ១៥នាទី ក៏នឹងធ្វើឱ្យខ្លួនប្រាណពិសេសស្បែកមានកម្លាំង។ បើជាទឹកសមុទ្ទត្រជាក់ វានឹងជួយផ្តល់ជាតិសំណើមដល់ស្បែក និងធ្វើឱ្យស្បែកឡើងភ្លឺរលោង ព្រោះជាតិអំបិលរបស់ទឹកសមុទ្ទ នឹងទៅជម្រុះកោសិកាងាប់ៗតោងនៅលើស្រទាប់ស្បែកអេពីដែម ជាហេតុនាំឱ្យស្បែកឡើងទន់ល្មើយល្អ។ ការសិក្សាខ្លះទៀត បានរកឃើញថាទឹកសមុទ្ទមានសមត្ថភាពប្រឆាំងនឹងការរោលរលាក ដោយអាចជួយព្យាបាលអាការៈរោគសើរស្បែកមួយចំនួនដូចជាជំងឺរលាកនៅលើស្បែក កមរមាស់ ... សូមចុះមុជទឹកក្នុងសមុទ្ទឱ្យបានលិចយ៉ាងហោចដល់ត្រឹមទ្រូង ព្រោះនៅពេលនោះខ្លួនអ្នកលែងទ្រទម្ងន់ទាំងមូលហើយ។ សាច់ដុំនឹងចាប់ធ្វើចលនាដោយគ្មានទម្ងន់ ទាញផលប្រយោជន៍ពីទឹកសមុទ្ទប្រៃ ដោយមិនបះពាល់រំខានដល់សន្លាក់។ឆ្នេរខ្សាច់ ជាទីលានដ៏ប្រពៃបំផុតសម្រាប់ក្មេងតូចៗ ជាពិសេសក្មេងក្នុងវ័យរៀនដើរ។ នៅពេលដើរលើឆ្នេរខ្សាច់ ក្មេងត្រូវការប្រឹងប្រើជើងនិងសន្លាក់ខុសពីទម្លាប់នៃការរៀនដើរលើផ្ទៃរាបនិងរឹងក្នុងផ្ទះ។ កាន់តែប្រសើរទៀត គឺការដើរក្នុងទឹកលើឆ្នេរខ្សាច់ ដើម្បីឱ្យកែងជើងបានប៉ះប្រឈមនឹងរលកស្រាលៗ។ ពីរបីថ្ងៃនៅឆ្នេរសមុទ្ទគ្រប់គ្រាន់សម្រាប់ក្មេងតូចពង្រឹងសាច់ដុំជើង សាច់ដុំកំប៉េះគូថ និងឆ្អឹងខ្នង ឱ្យលូតលាស់ប្រកបដោយលំនឹងនិងស្ថិរភាពហើយ។ ចុះសម្រាប់មនុស្សធំ?! ការដើរលើខ្សាច់ ក៏ជាសកម្មភាពដ៏ល្អសម្រាប់មនុស្សធំ និងគ្រប់វ័យទាំងអស់។ ដើរតាមឆ្នេរកាត់ទឹក ឱ្យដល់គល់ភ្លៅ មិនសូវហត់ហើយ អាចជួយសម្រួលចរន្តឈាម ឱ្យហូរត្រលប់ទៅបេះដូងវិញ ប្រយុទ្ធប្រឆាំងនឹងអាការៈហើមជើង និងស្រយ៉ង់ជើងផង។ ភាពត្រជាក់របស់ទឹកសមុទ្ទមានឥទ្ធិពលជួយភ្ញោច បង្រួម និងពង្រឹងសរសៃឈាមវែន។ដើរកម្សាន្តតាមឆ្នេរសមុទ្ទក្រោមពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹម និងរៀបលិច កាន់តែប្រពៃ និងផ្តល់ប្រយោជន៍ដល់សុខភាព។ ក្រោមពន្លឺព្រះអាទិត្យ បូកនិងខ្យល់សមុទ្ទដ៏រំភើយៗ ស្បែកនឹងធ្វើសំយោគវីតាមីដេ ដែលអនុញ្ញាតឱ្យកាល់ស្យូមនិងហ្វូស្វ័រអាចជ្រាបតោងជាប់ក្នុងសរីរាង្គ និងធ្វើឱ្យឆ្អឹងបានរឹងមាំល្អ។ តែ១០ទៅ២០នាទី គ្រប់គ្រាន់ហើយ។ លើសពីនេះ អ្នកត្រូវការពារខ្លួន និងស្បែកពីពន្លឺព្រះអាទិត្យ ដែលចាប់ចែងចាំងនិងក្តៅខ្លាំង។ចំណីអាហារជាគ្រឿងសមុទ្ទ ដោយមិននិយាយដល់ក្តាម បង្កង បង្គា អយស្ទ័រ ដែលមានវីតាមីន អ៊ីយ៉ូដ ជាតិដែក អង់ទីអុកស៊ីដង់ដ៏ច្រើន ប្រភេទត្រីតូចៗ សារាយសមុទ្ទ ក៏ជាប្រភពផ្តល់អាហាររូបត្ថម្ភដ៏ខ្ពស់ សម្បូរវីតាមីដេ និងអូមេហ្កា៣ អាស៊ីតខ្លាញ់ដ៏ចាំបាច់សម្រាប់សរីរាង្គកាយដែរ។ គ្រឿងសមុទ្ទទាំងនេះ ជាអាហារប៉ូវហើយ មិនធ្វើឱ្យធាត់ទៀត៕
1/18/2024 • 8 minutes, 2 seconds សុរានិងការប្រើប្រាស់ថ្នាំពេលស្រវឹង
Dry January ខែមករាគ្មានជាតិសុរា ជាកម្មវិធីដែលមានប្រារព្វធ្វើកាន់តែច្រើនឡើងៗនៅលើពិភពលោក ដើម្បីបញ្ច្រាបព័ត៌មានអំពីគ្រោះថ្នាក់នៃការទទួលទានគ្រឿងស្រវឹង (ស្រា ប៊ីយ៉ែរ ...)។ បើលោកអ្នកមិនចូលរួមក្នុងកម្មវិធី Dry January មិនអាចឈប់ផឹកស្រាឱ្យបានពេញមួយខែមករាទេ សូមកុំបរិភោគស្រាឱ្យដល់ថ្នាក់ស្រវឹង ហើយរកថ្នាំលេបបំបាត់អាការៈមិនស្រួលខ្លួនឱ្យសោះ។ ហេតុអ្វី? នៅពេលជួបជុំគ្នាម្តងៗ មិនលែងមានអ្នកផឹកជ្រុល ហើយស្រវឹងទេ។ តើលោកអ្នកធ្លាប់ស្រវឹងស្រាទេ? ជាញឹកញយ ក្រោយពីបានផឹកស្រា ស្រវឹងជោគជាំហើយ ស្អែកឡើងអ្នកស្រវឹង ច្រើនមានអាការៈស្ងួតមាត់ ប្រេះបបូរមាត់ ព្រោះតែជាតិសុរាធ្វើឱ្យសរីរាង្គកាយខ្សោះជាតិទឹកស្ទើរអស់ពីខ្លួន។ នេះជាអាការៈដែលគេសង្កេតឃើញមានច្រើន ប៉ុន្តែរោគសញ្ញានៃការស្រវឹងស្រាមានច្រើនយ៉ាងផ្សេងទៀតណាស់។ផឹកស្រា (ប៊ីយ៉ែរ អាល់កុល វីស្គី ស្រា...) ហួសកំរិត នឹងធ្វើឱ្យយើងមានអាការៈ នឿយហត់អស់កម្លាំង ឈឺក្បាល ឈឺក្រពះ ចង់ក្អួត ចង់ចង្អោរ ព្រមទាំងមានអារម្មណ៍ស្រេកទឹក ឈឺចាប់សាច់ដុំ ឬវិលមុខផង។ សំរាន្តមិនស្កប់ បែកញើស ឡើងសម្ពាធឈាម ខ្លាចពន្លឺ និងសំឡេង ឆាប់ខឹងឆេវឆាវ ឆាប់ខ្វល់ព្រួយ សុទ្ធសឹងជាអាការៈដែលបង្កឡើយដោយជាតិសុរាចូលខ្លួនច្រើនជ្រុល។ ជាតិអាល់កុលបង្កឱ្យខ្សោះជាតិទឹក ព្រោះនៅពេលផឹកប៊ីយ៉ែរ ឬស្រា អ្នកនឹងនោមញយ និងបាត់បង់ជាតិទឹកច្រើន។ ជាងនេះទៅទៀត ជាតិអាល់កុលនឹងបង្កឱ្យមានការរោលរលាកលើសរីរាង្គខ្លះ ដែលចូលរួមចំណែកធ្វើឱ្យអ្នកផឹកជ្រុលស្រវឹងដួល សន្លប់បាត់ស្មារតី។រោគសញ្ញាស្រវឹងស្រាប្រែប្រួលខុសប្លែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងក៏អាស្រ័យទៅលើបរិមាណនៃជាតិអាល់កុលទៀត។តើត្រូវធ្វើដូចម្តេចនៅពេលមានអាការៈមិនស្រួលខ្លួនពេលស្រវឹងស្រារួច?ក្បួននិងវិធីណែនាំប្រឆាំងនឹងអាការៈស្រវឹងស្រាមានច្រើនណាស់។ ខ្លះថាស្អែកឡើងត្រូវបរិភោគកាហ្វេ ទទួលទានភេសជ្ជៈគ្មានជាតិអាល់កុល ខ្លះថាលេបវីតាមីនសេ ខ្លះទៀតថាត្រូវមុជទឹកជម្រះកាយា ... ប៉ុន្តែជំនឿទាំងអស់នេះគ្មានមួយណា មានប្រសិទ្ធភាពពិតប្រាកដទេ។ ល្បិចល្បងវិធីសាស្ត្រផ្សព្វផ្សាយតាមបណ្តាញសង្គម ឬក្បួនបូរាណរបស់ដូនតា មិនដែលផ្តល់លទ្ធផលជាសក្ខីកម្មជាក់លាក់ឡើយ។មានតែ “ពេលវេលា” មួយគត់ដែលជាដំណោះស្រាយ។ ថ្លើមត្រូវការប្រើពេលវេលា ក្នុងការបំពេញតួនាទីកម្ចាត់រាល់គ្រប់ជាតិពុលដែលផលិតឡើងនៅពេលថ្លើមធ្វើសំយោគ(រំលាយ)ជាតិអាល់កុល។ ការសិក្សាខ្លះបានបង្ហាញថា ដើម្បី បំប្លែងជាតិពុលរបស់ស្រាមួយកែវ ថ្លើមត្រូវការពេលមួយម៉ោង ចុះពីរកែវ បីកែវ ? សរីរាង្គកាយក៏ត្រូវការពេលវេលាខ្លះដែរទម្រាំបំពេញជាតិទឹកឡើងវិញ ទម្រាំជាលិកាដែលខ្សោះហួតហែង បានជាឡើងវិញ។ក្រោយពេលស្រវឹង និងទទួលទានជាតិសុរាជ្រុលហួសហេតុ គ្មានអ្វីប្រសើរជាងការបរិភោគទឹកឱ្យបានច្រើន នៅស្អែកឡើង ដើម្បីបំពេញកង្វះខាតជាតិដែលទឹកបង្កឡើយដោយជាតិអាល់កុលទេ។ ទទួលទានទឹកច្រើននឹងជួយកាត់បន្ថយអាការៈឈឺក្បាល និងអាការៈស្ងួតមាត់បាន។សូមចងចាំថា អាល់កុលក៏អាចបង្កឱ្យមានបញ្ហាជាតិស្ករធ្លាក់ចុះ Hypoglycémieផងដែរ។ នៅពេលមានបញ្ហា Hypoglycemie វានឹងងាយធ្វើឱ្យអ្នកកើតអាការៈចង់ក្អួត និងអស់កម្លាំងខ្លាំង។ ដូច្នេះអ្នកចាំបាច់ត្រូវផ្តល់អាហារូបត្ថម្ភដល់សរីរាង្គកាយ ជាពិសេសត្រូវបរិភោគអាហារល្អៗសម្រាប់សុខភាព ជាអាហារគ្មានជាតិខ្លាញ់ ឬគ្មានជាតិជូរអាស៊ីត តែជាបបរសក្តៅៗ ស៊ុត ឬនំប៉័ងទឹកឃ្មុំ ដែលផ្តល់ថាមពលភ្លាមៗ។ គួរចៀសវាង ទឹកក្រូច ភេសជ្ជៈជូរខ្លាំង ឬខ្លាញ់ខ្លាំង ដែលធ្វើឱ្យថ្លើមនិងក្រពះត្រូវប្រឹងធ្វើការខ្លាំង។សម្រាកនិងឈប់ទទួលទានសុរាឱ្យបានច្រើនថ្ងៃ អាការៈជំងឺក្រោយការស្រវឹងស្រានឹងបានប្រសើរឡើងវិញហើយ។ចុះតើគេអាចលេបថ្នាំដូចយ៉ាងParacétamol ពេលមិនទាន់អស់ចំណាយស្រវឹងស្រាដែរឬទេ? ប៉ារ៉ាសេតាម៉ុលជាថ្នាំសំណព្វ ដែលមានស្រគួរស្ទើរនៅក្នុងគ្រប់ផ្ទះ។ ឱ្យតែមានអារម្មណ៍មិនស្រួលខ្លួន ឬក្តៅខ្លួនបន្តិចបន្តួច គេនឹកឃើញដល់ថ្នាំប៉ារ៉ាសេតាម៉ុលភ្លាម។ យ៉ាងណាមិញ បន្ទាប់ជួបជុំផឹកស៊ីស្រវឹងជោគជាំហើយ ស្អែកឡើងមិនសូវស្រួលខ្លួន គ្រប់គ្នាគិតភ្លាមដល់ថ្នាំប៉ារ៉ា។ ប៉ុន្តែថ្នាំប៉ារ៉ានិងអាល់កុលមិនស៊ីធាតុគ្នាទេសម្រាប់សុខភាព។ពពួកថ្នាំប៉ារ៉ាសេតាម៉ុល ស្ថិតនៅក្នុងក្រុមថ្នាំបំបាត់ការឈឺចាប់ មានសកម្មភាពលើអាការៈឈឺចាប់ តែគ្មានសកម្មភាពលើមូលហេតុនាំឱ្យឈឺចាប់ទេ។ ប៉ារ៉ាសេតាម៉ុល ជាថ្នាំប្រឆាំងនឹងការក្តៅខ្លួន វានឹងទៅបញ្ចុះកម្តៅ។ គុណប្រយោជន៍នៃប៉ារ៉ាសេតាម៉ុល គឺនរណាក៏អាចលេបបាន។ ក្មេងតូច កុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់ជរា សុទ្ធតែអាចប្រើពពួកប៉ារ៉ាសេតាម៉ុលបានទាំងអស់។ ប៉ុន្តែឈ្មោះជាថ្នាំពេទ្យ តែងមានបង្កប់ពិស។ ដូច្នេះគ្មានហេតុផលអ្វីដែលថា ប៉ារ៉ាសេតាម៉ុល គ្មានគ្រោះថ្នាក់សោះនោះឡើយ។ពពួកថ្នាំ ប៉ារ៉ាសេតាម៉ុល អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ដល់សុខភាព ជាពិសេសក្នុងករណីប្រើវានៅក្រោយការទទួលទានសុរា ជោគជាំ ហើយមិនទាន់អស់ចំណាយស្រវឹង។ ហេតុផលងាយយល់ទេ។ អាល់កុលក៏ដូចជាថ្នាំប៉ារ៉ាសេតាម៉ុល សុទ្ធតែត្រូវបំប្លែងដោយថ្លើម ដើម្បីចម្រោះនិងកម្ចាត់ជាតិពុលចេញពីសរីរាង្គកាយ។ ដូច្នេះបើថ្លើមជាប់រវល់ ប្រឹងធ្វើការខ្លាំង នៅពេលល្ងាច ដោយទទួលជាតិសុរាច្រើនទៅហើយ ស្អែកឡើងត្រូវទទួលថ្នាំប៉ារ៉ាសេតាម៉ុលទៀត ថ្លើមច្បាស់ជាលែងសូវមានកម្លាំងក្នុងការបំប្លែង និងសំយោគ ជាក់ជាមិនខាន។ ម្យ៉ាងទៀត ថ្នាំប៉ារ៉ាសេតាម៉ុលដ៏ពេញនិយមនេះ ជាដើមហេតុទីមួយនៃជំងឺថ្លើមបង្កឡើងដោយការប្រើថ្នាំ ដែលជំរុញឱ្យមានការវះកាត់ប្តូរផ្លាស់ថ្លើម នៅប្រទេសបារាំង។ នៅពេលបើថ្នាំពពួកប៉ារ៉ាសេតាម៉ុល ច្រើនហួសកំរិតអតិបរិមា ប៉ារ៉ាសេតាម៉ុលក្លាយជាថ្នាំពុលបង្កឱ្យមានជំងឺរលាកថ្លើម ដែលគ្មានការព្យាបាលអ្វីក្រៅប្តូរផ្លាស់ថ្លើមទេ។ចុះបើប្រើថ្នាំពពួកអាស្ពីរីន ឬIbuprofène វិញ តើយ៉ាងណាទៅវិញ? ប្រសិនបើអ្នកចង់ប្រើថ្នាំពីរមុខនេះ ជំនួសប៉ារ៉ាសេតាម៉ុលដើម្បីកុំឱ្យប៉ះពាល់ដល់ថ្លើម ត្រូវដឹងនិងត្រៀមខ្លួនទទួលហានិភ័យនៅក្រពះ។ ក្រុមថ្នាំទាំងពីរAspirine និងIbuprofène ត្រូវជាមួយអាល់កុល នឹងដំឡើងបរិមាណជាតិអាស៊ីតនៅក្នុងក្រពះ ដែលជាញឹកញាប់វានឹងបង្កឱ្យមានរោគរលាកក្រពះ ជាផលវិបាកតាមក្រោយ។តើគេអាចបង្ការមិនឱ្យឈឺក្រោយពេលស្រវឹងបានទេ?ការពារពិតជាប្រសើរជាងព្យាបាល ! ប្រសិនបើមិនចង់ឈឺ មិនចង់ស្រវឹង គ្មានក្បួនអ្វីប្រសើរជាង កំរិតការទទួលទានបរិមាណជាតិស្រវឹងទេ។ គឺ កុំផឹកច្រើនជ្រុល កុំផឹកស្រាលាយគ្នាច្រើនមុខ កុំភ្លេចទទួលទានអាហារ បរិភោគបាយបានឆ្អែតគ្រប់គ្រាន់ ដើម្បីកុំឱ្យមានអាការៈខ្វះជាតិស្ករដែលបង្កឡើងដោយអាល់កុល បរិភោគទឹកមួយកែវឬច្រើនកែវឆ្លាស់ជាមួយនឹងការផឹកសុរាមួយកែវ។ ហើយត្រូវផឹកដោយសន្សឹមៗបំផុតជាសាររំលឹកដាស់តឿន ភ្នាក់ងារសុខាភិបាលបារាំងណែនាំឱ្យបុរសទទួលទានអាល់កុល យ៉ាងច្រើនបំផុត ពីរកែវក្នុងមួយថ្ងៃ ហើយមួយកែវក្នុងថ្ងៃសម្រាប់ស្ត្រី និងមិនត្រូវទទួលទានរាល់ថ្ងៃទេ ទើបហៅថាជាការទទួលទានគ្រឿងស្រវឹងមិនហួសហេតុ។ឯការទទួលទានទឹកមួយកែវ ស្រាមួយកែវឆ្លាស់គ្នា ដែលជាវិធីសាស្ត្រទប់ទល់កុំឱ្យឆាប់ស្រវឹងនោះ មិនអាចកាត់បន្ថយហានិភ័យបង្កឡើងដោយអាល់កុលឡើយ ហើយក៏គ្មានឥទ្ធិពលអ្វីលើសរីរាង្គកាយនិងសុខភាពដែរ ក្នុងករណីនេះ។ ឧស្សាហ៍ទទួលទានទឹក ឬទទួលទានទឹកមួយក្រោយលើកកែវស្រា អាចជួយត្រឹមធ្វើឱ្យខ្លួនប្រាណមិនឱ្យបាត់បង់ជាតិទឹកដោយឥទ្ធិពលអាល់កុលខ្លាំងពេក និងគ្មានអាការៈស្ងួតមាត់មិនសូវស្រួលខ្លួនក្រោយផឹកស្រវឹងជោគជាំ។ ប៉ុន្តែបរិមាណ អាល់កុលជ្រាបចូលក្នុងខ្លួននៅដដែល ជាតិពុលបង្កឡើងសុរាចំពោះសុខភាពនៅដដែល។ ទឹកមិនអាចការពារថ្លើម មិនអាចការពារខួរក្បាល ឬសរីរាង្គណាមួយបានឡើយ។ ទឹកមិនអាចរារាំងមិនឱ្យអាល់កុលចូលទៅក្នុងក្រពះទេ។ កំរិតជាតិពុលអាស្រ័យទាំងស្រុងទៅបរិមាណនៃជាតិអាល់កុលដែលអ្នកបានផឹកចូលទៅតែប៉ុណ្ណោះ៕
1/9/2024 • 8 minutes, 50 seconds សុខភាពផ្លូវភេទ៖ តើត្រូវធ្វើដូចម្តេចខ្លះ ក្រោ យការរួមរក្សបែបប្រថុយប្រថាន?
ឆ្លងជំងឺអេដស៍ ឆ្លងជំងឺកាមរោគ មានផ្ទៃពោះ ... នេះជាហានិភ័យដែលអាចកើតបាន ក្រោយពីការរួមរក្សដោយគ្មាន ឬភ្លេចការពារខ្លួន ឬដោយហេតុស្រោមអនាម័យដាច់រហែក។ ក្នុងករណីបែបនេះ តើត្រូវធ្វើដូចម្តេច? ត្រូវទៅធ្វើតេស្តវិភាគនៅពេលណា? វិភាគអ្វីខ្លះ? និងគួរទទួលបានការព្យាបាលយ៉ាងណា? ឆ្លងអេដស៍ កើតស្វាយ-ប្រមេះ ឆ្លងមេរោគជំងឺរលាកថ្លើម ធ្លាក់ខ្លួនមានផ្ទៃពោះ ទាំងនេះ សុទ្ធសឹងជាហានិភ័យពិតជាក់ស្តែងនៃការរួមរក្សដោយភ្លេច ដោយគ្មានការការពារ ឬដោយ ការពារមិនបានត្រឹមត្រូវ។ចំពោះការឆ្លងជំងឺកាមរោគ ហានិភ័យនៃការឆ្លងអាស្រ័យទៅលើប្រភេទនិងរបៀបរួមរក្ស ប៉ុន្តែទោះក្នុងករណីណាក៏ដោយ ក៏ការទៅធ្វើតេស្តវិភាគរកមើលការចម្លងរោគក្រោយប្រព្រឹត្តកាមដោយគ្មានការការពារ ជារឿងសំខាន់ ហើយអាចចាំបាច់ត្រូវស្វែងរកការព្យាបាលបង្ការផងដើម្បីកាត់បន្ថយគ្រោះចម្លងជំងឺកាមរោគ។តើត្រូវធ្វើអ្វីមុនគេនិងជាបន្ទាន់?អនុសាសន៍របស់អ្នកជំនាញគឺត្រូវអញ្ជើញទៅមន្ទីរពេទ្យ ទៅកន្លែងសង្គ្រោះបន្ទាន់ ឬទៅសេវាជំនាញជំងឺសើស្បែកនិងកាមរោគ ឬមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ បើទៅដល់ក្នុងអំឡុងពេលបួនម៉ោងក្រោយការរួមរក្ស ជាការប្រពៃមែនទែន និងយ៉ាងយូរបំផុតត្រឹម៤៨ទៅ៧២ម៉ោង។ ដើម្បីសម្រួលការធ្វើតេស្តវិភាគ និងការសង្គ្រោះ គួរទៅជួបគ្រូពេទ្យជាមួយដៃគូ ទាំងពីរនាក់។ហេតុអ្វីត្រូវរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យ? ព្រោះមានតែគ្រូពេទ្យជំនាញទេ ទើបអាចវាយតម្លៃអំពីហានិភ័យពិតប្រាកដនៃការឆ្លងមេរោគតាមផ្លូវភេទ និងមេរោគជំងឺស៊ីដា ព្រមទាំងអាចធ្វើការត្រួតពិនិត្យបឋម ហើយចេញវេជ្ជបញ្ជាផ្តល់ថ្នាំព្យាបាលបង្ការជាយថាហេតុបាន។ចំពោះជំងឺកាមរោគ ជំងឺអេដស៍ ជំងឺឆ្លងតាមការរួមភេទ វិធីសាស្ត្រត្រួតពិនិត្យដំបូង គឺការចោទសំណួរ បន្ទាប់មកទើបមានការធ្វើតេស្តរហ័ស ជួយផ្តល់ការវិនិច្ឆ័យដំបូងថាតើក្នុងចំណោមដៃគូទាំងពីរ នរណាមានស្ថានភាពវិជ្ជមាននឹងជំងឺកាមរោគណាដែរឬអត់។ចំពោះជំងឺរលាកថ្លើមប្រភេទBវិញ គ្រូពេទ្យនឹងផ្ទៀងផ្ទាត់ថាតើដៃគូទាំងពីរបានចាក់ថ្នាំបង្ការជំងឺរលាកថ្លើមត្រឹមត្រូវដែរឬទេ។ លទ្ធផលនៃការធ្វើវិភាគឈាមនឹងបញ្ជាក់អំពីកំរិតសមត្ថភាពនៃការការពារខ្លួនទល់នឹងជំងឺមេរោគរលាកថ្លើមបាន។ ក្នុងករណីសង្ស័យ ឬមិនគ្រប់គ្រាន់ គ្រូពេទ្យនឹងណែនាំឱ្យទៅចាក់រំលឹកថ្នាំបង្ការជំងឺរលាកថ្លើមមួយដូសទៀតភ្លាម។រួសរាន់ស្វែងរកការព្យាបាលបង្ការ ឱ្យបានឆាប់រហ័សទាក់ទងនឹងជំងឺអេដស៍ មានថ្នាំព្យាបាលបង្ការដែលអាចកាត់បន្ថយគ្រោះឆ្លងមេរោគហ៊ីវបានគួរឱ្យកត់សម្គាល់។ ប្រសើរតេស្តរហ័សផ្តល់លទ្ធផលអវិជ្ជមានទាំងពីរនាក់ នោះគេមិនចាំបាច់ត្រូវការការព្យាបាលបង្ការទេ។ ប៉ុន្តែប្រសិនបើមិនស្គាល់ មិនដឹងអំពីប្រវត្តិរបស់ដៃគូដែលទើបរួមរក្សនឹងគ្នារួច ដោយគ្មានការពារ និងដោយមិនដឹងដៃគូនោះមានឬគ្មានផ្ទុកមេរោគអេដស៍ទេ នោះការព្យាបាលបង្ការដោយប្រើថ្នាំពន្យារជីវិតTritherapie ជាប្រការចាំបាច់សម្រាប់ដៃគូទាំងពីរ។ ត្រូវលេបថ្នាំព្យាបាលបង្ការរហូតដល់ពេលបានជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញអេដស៍ ដែលជាអ្នកវាយតម្លៃហានិភ័យឆ្លងមេរោគនិងសម្រេចថាត្រូវបន្តប្រើថ្នាំព្យាបាលបន្ថែមសម្រាប់រយៈពេលសរុប២៨ថ្ងៃឬអត់។ថ្នាំព្យាបាលបង្ការក្រោយប្រព្រឹត្តកាម មានប្រសិទ្ធភាពខ្លាំងណាស់ បើបានលេបវានៅអំឡុងពេល៤ម៉ោងក្រោយការរួមរក្សដោយគ្មានការការពារ។ សម្រាប់ប្រទេសខ្លះនិងតាមប្រភេទនៃហានិភ័យ គ្រូពេទ្យអាចសម្រេចផ្តល់ថ្នាំព្យាបាលបង្ការ នៅ ៤៨ទៅ៧២ម៉ោងក្រោយ។ ប៉ុន្តែ សូមចងចាំថា ការព្យាបាលបង្ការ ជាថ្នាំបន្ទាន់ ដែលត្រូវស្ថិតនៅជាករណីលើកលែង បន្ទាន់ម្តងម្កាល។ការព្យាបាលបន្ទាន់មួយទៀតសម្រាប់តែស្រ្តី គឺការថ្នាំការពារមិនឱ្យមានកូន។ នៅពេលរួមរក្សដោយគ្មានការការពារ ហើយស្ត្រីខ្លាចមានផ្ទៃពោះ ស្ត្រីអាចរកថ្នាំពន្យារកំណើតបន្ទាន់មកលេបឱ្យបានឆាប់រហ័ស ពោលគឺក្នុងរវាងពី៣ទៅ៥ថ្ងៃយ៉ាងយូរក្រោយមានទំនាក់ទំនងផ្លូវភេទជាមួយបុរស។ ថ្នាំពន្យារកំណើតបន្ទាន់នេះ នឹងទៅរារាំងឬពន្យារពេលមិនឱ្យមេជីវិតញី និងមេជីវិតឈ្មោលជួបគ្នាដើម្បីបង្កកំណើត ពោលគឺថ្នាំនេះមិនទៅបង្អាក់ការបង្កកំណើត ឬរំលូតកូនឡើយ។ កងក្នុងស្បូនក៏អាចទប់ស្កាត់ការបង្កកំណើតបានដែរ ប្រសិនបើអ្នកសម្រេចដាក់វានៅយ៉ាងយូរ៥ថ្ងៃក្រោយការរួមរក្ស។ បានលេបថ្នាំហើយ តែដល់ថ្ងៃ មិនធ្លាក់រដូវតាមវដ្តរបស់វា តែត្រូវទៅផ្ទៀងផ្ទាត់ធ្វើតេស្តម្តងទៀតនៅ២១ថ្ងៃក្រោយការរួមរក្សដោយគ្មានការពារ។ជាចុងក្រោយគឺការព្យាបាលប្រឆាំងនឹងជំងឺកាមរោគ។ រួមរក្សដោយគ្មានស្រោមអនាម័យ ដោយគ្មានការការពារជាមួយដៃគូមិនប្រាកដ អាចប្រឈមនឹងហានិភ័យឆ្លងរោគជាច្រើន។ ក្នុងករណីឆ្វេសប្រហែស ឬភ្លាត់ម្តងម្កាល សូមរួសរាន់ទៅរកការព្យាបាលដោយប្រើថ្នាំផ្សះអង់ទីប៊ីយូទិក ឱ្យបានក្នុងអំឡុងពេលយ៉ាងយូរ៧២ម៉ោង ក្រែងអាចកាត់បន្ថយហានិភ័យឆ្លងរោគបានខ្លះ។ ប៉ុន្តែការព្យាបាលបែបនេះមិនទាន់អាចធ្វើជាស្វ័យប្រវត្តិបានទេ។ ក្រុមអ្នកវេជ្ជសាស្ត្រត្រូវការសិក្សាបន្ថែមទៀតសិន ព្រោះតែមានបញ្ហាស៊ាំនឹងថ្នាំផ្សះ។ស្វាយ ប្រមេះ រលាកថ្លើម មេរោគអាចសំងំយូរទាំងនេះជាអ្វីដែលត្រូវធ្វើជាបន្ទាន់ និងយ៉ាងឆាប់រហ័ស ក្រោយពីបានរួមរក្សដោយគ្មានការការពារ។ ប៉ុន្តែមិនទាន់អស់ហានិភ័យទេ។ ដើម្បីជម្រះមន្ទិលសង្ស័យ នៅ៦សប្តាហ៍ក្រោយការរួមរក្សបែបប្រថុយប្រថាន សូមអញ្ជើញទៅធ្វើតេស្តវិភាគឈាមវាស់កំរិតអង់ទីក័រប្រឆាំងនឹងមេរោគហ៊ីវ។ ជាទូទៅ ការវិភាគឈាមត្រូវធ្វើនៅពេលឈប់ប្រើថ្នាំពន្យារជីវិតបន្ទាន់បានមួយខែ បន្ទាប់មកនៅ៤ខែក្រោយការរួមរក្សដោយគ្មានការការពារ។ការវិភាគឈាមមើលអង់ទីក័រប្រឆាំងនឹងជំងឺស៊ីដាក៏ជាឱកាសផ្អៀងផ្ទាត់មើលជំងឺរលាកថ្លើមប្រភេទB និងC។ សូមចងចាំថា ការរួមរក្សដោយមានដៃគូច្រើននិងដោយគ្មានពាក់ស្រោមអនាម័យការពារក៏អាចជាប្រភពនាំឆ្លងជំងឺរលាកថ្លើមជាពិសេស ជំងឺរលាកថ្លើមប្រភេទបេនិងសេ។ តាមធម្មតា បើមានការចម្លងជាយថាហេតុណាមួយ គេអាចរកនិងវិភាគឃើញមេរោគរលាកថ្លើម ចាប់ពីមួយខែឡើងទៅ និងជួនអាចទាល់តែដល់បីខែទើបមើលឃើញក៏មាន។ ដូច្នេះ បើទោះបីជាលទ្ធផលតេស្តអវិជ្ជមាននៅក្នុងមួយខែដំបូងក៏ដោយ ក៏គេចាំបាច់ត្រូវទៅធ្វើតេស្តឈាមម្តងទៅនៅបីក្រោយទើបជាលទ្ធផលប្រាកដ និងជាការបញ្ជាក់ថាពិតជាគ្មានការចម្លងរោគរលាកថ្លើមទេ។ មេរោគរលាកថ្លើម និងមេរោគជំងឺស្វាយ មានសមត្ថភាពសំងំក្នុងខ្លួនមនុស្សយូរ អាចដល់បីខែទើបរកមើលឃើញ។នៅមានជំងឺកាមរោគផ្សេងទៀត ដែលបើទោះបីជាគ្មានរោគសញ្ញាក៏ដោយ ក៏ចាំបាច់ត្រូវតែទៅជួបគ្រូពេទ្យជំនាញដើម្បី ធ្វើវិភាគឈាម វិភាគទឹកនោម វិភាគរកមើលមេរោគសំងំតោងនៅតាមទ្វារមាស ទ្វារធំ ឬបង្ហួរនោមសម្រាប់មនុស្សប្រុស។ មេរោគពពួកប៉ាពីឡូម៉ាវីរុសដែលខ្លះជាភ្នាក់ងារបង្កជំងឺកាមរោគ ខ្លះជាភ្នាក់ងារនាំឱ្យមានហានិភ័យកើតជំងឺមហារីក មានសំងំបានយូរណាស់ មុននឹងឱ្យសញ្ញារោគ។ ហេតុដូច្នេះហើយបានជាគ្រូពេទ្យផ្តល់អនុសាសន៍ឱ្យទៅពិគ្រោះនិងត្រួតពិនិត្យសុខភាពផ្លូវភេទភ្លាម បើមានអាការៈរមាស់ រោលរលាក កន្ទួល ឬឡើងក្រហម ឬមានការចេញទឹករងៃតាមប្រដាប់ភេទ នៅលើលិង្គ ឬនៅរន្ធលាមក។ដោយសង្ខេប ការធ្វើតេស្តនៅបីខែក្រោយការរួមរក្សបែបប្រថុយប្រថានសម្រាប់តាមដានដោយប្រាកដគ្រប់ករណីទាំងអស់។ ឯក្នុងករណីមានតេស្តវិជ្ជមាន និងមានរោគសញ្ញាឆ្លងគួរឱ្យសង្ស័យ នោះចាំបាច់ត្រូវស្វែងរកព្យាបាលជាបន្ទាន់ ដើម្បីធានាសុខភាពផ្ទាល់ខ្លួនផង និងដើម្បីកាត់បន្ថយការចម្លងទៅអ្នកទីបីផង៕
12/6/2023 • 8 minutes, 24 seconds តើអ្វីទៅជាយុទ្ធនាការMovemberប្រយុទ្ធប្រឆាំងនឹង ជំងឺបុរស?
កូលាបតុលាជាខែប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់។ ឯវិច្ឆិកាជាខែបញ្ជ្រាបព័ត៌មានឱ្យបុរសៗប្រុងប្រយ័ត្ននឹងជំងឺមហារីកបុរស ឬហៅថាយុទ្ធនាការ Movember។ តើអ្វីទៅជាយុទ្ធនាការMovember? ជំងឺមហារីកបុរសមានអ្វីខ្លះ? បន្ទាប់ពីឧទ្ទិសពណ៌កូលាបដល់ខែតុលាដើម្បីបញ្ជ្រាបព័ត៌មានឱ្យស្ត្រីបានយល់ដឹងអំពីគ្រោះថ្នាក់នៃជំងឺមហារីកសុដន់ ខែវិច្ឆិកាពណ៌ខៀវសូមដាស់ស្មារតីឱ្យគិតគូរអំពីសុខភាព បុរសនិងយល់ដឹងអំពីជំងឺមនុស្សប្រុស មានជាអាទិ៍ជំងឺមហារីកប្រូស្តាត និងមហារីកពងស្វាស ព្រមទាំងជំងឺផ្លូវចិត្តនិងអត្តឃាត តាមរយៈកម្មវិធី Movember។Movember ជាកាត់បញ្ចូលគ្នារវាងពាក្យMoustache ជាភាសាអង់គ្លេសដែលប្រែពុកមាត់ និងពាក្យ November ខែវិច្ឆិកា។ ចាប់កំណើតនៅអូស្ត្រាលីក្នុងឆ្នាំ២០០៣ ដោយមិត្តសម្លាញ់ប្រុសៗពីរនាក់កំពុងជល់កែវគ្នាសុខៗស្រាប់តែលេចគំនិតភ្នាល់គ្នាទៅបបួលមនុស្សប្រុសឱ្យបាន៣០នាក់មកចូលរួមចលនាMovember ឈប់កោរពុកមាត់ពេញមួយខែវិច្ឆិកា ដើម្បីឱ្យគេឯងចាប់អារម្មណ៍សួររឿងពុកមាត់ រួចបានឱកាសនិយាយអំពីបញ្ហាសុខភាពបុរស ពោលគឺពីជំងឺមហារីកប្រូស្តាត មហារីកពងស្វាសនិងសុខភាពផ្លូវចិត្តប្រឆាំងនឹងគ្រោះធ្វើអត្តឃាត ព្រោះជាទូទៅបុរសមិនសូវហ៊ាននិយាយអំពីបញ្ហាសុខភាពនេះទេ។គំនិតផ្តួចផ្តើមរបស់មិត្តសម្លាញ់ទាំងពីរបានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងហួសពីការគិត។ នៅឆ្នាំបន្ទាប់ នាឆ្នាំ២០០៤ មិត្តទាំងពីរបានសម្រេចបង្កើតវិបសៃត៍មួយដើម្បីប្រមូលថវិកាជួយមូលនិធិProstate Cancer Foundation of Australia។ពេលវេលាចេះតែទៅមុខ កម្មវិធីMovember កាន់តែរីកធំធាត់ពេញផ្ទៃប្រទេសអូស្ត្រាលី ហើយក្លាយជាកម្មវិធីកំរិតពិភពលោកបំផុសឱ្យបុរសចាប់គិតគូរនិងយល់អំពីគ្រោះថ្នាក់នៃជំងឺមហារីករបស់មនុស្សប្រុស។ ចំណែកពុកមាត់ក៏បានក្លាយជានិម្មិតរូបនៃយុទ្ធនាការMovember ជារហូតមក។ អ្នកចង់ចូលរួមក្នុងកម្មវិធីMovemberគ្រប់រូប ត្រូវកោរពុកមាត់ឱ្យស្អាតនៅថ្ងៃទី១វិច្ឆិកា រួចលែងប៉ះពាល់និងទុកឱ្យដុះតាមធម្មជាតិរយៈពេលមួយខែ។តាំងពីពេលនោះមក ជារៀងរាល់ខែវិច្ឆិកា ប្រទេសនីមួយៗតែងរៀបចំកម្មវិធី ព្រឹត្តិការណ៍ផ្សេងៗ ដើម្បីដាស់ស្មារតី បញ្ជ្រាបមតិសាធារណៈឱ្យយល់ដឹងអំពីជំងឺមហារីកបុរស និងប្រមូលមូលនិធិដើម្បីជួយផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រ។ យុទ្ធនាការ Movember អន្តរជាតិបានកំណត់កម្មវត្ថុកាត់បន្ថយអត្រាមរណៈមុនអាយុរបស់បុរសឱ្យបាន២៥% នៅឆ្នាំ២០៣០។ ជាទូទៅនិងជាមធ្យម បុរសមានអាយុខ្លីឆាប់ស្លាប់ជាងស្ត្រីប្រមាណពី៤ទៅ៥ឆ្នាំ។ មានមោទនភាពជាប្រុស មានកម្លាំងខ្លាំងក្លាមាំមួន បុរសមិនសូវលើកមកយកបញ្ហាសុខភាព ជាពិសេសជំងឺមហារីកប្រូស្តាតឬពងស្វាស និងបញ្ហាផ្លូវចិត្តមកនិយាយជាសាធារណៈទេ។ បើតាមអង្គការសុខភាពពិភពលោក មានការសិក្សាច្រើនណាស់ដែលបង្ហាញថាបុរសមិននិយាយស្តីទេ ពេលមានអាការៈមិនស្រួលខ្លួន ព្រោះមិនចង់បាក់មុខ មិនចង់បង្ហាញភាពទន់ខ្សោយរបស់ខ្លួន។ ទាក់ទងនឹងការសម្លាប់ខ្លួន អត្រាបុរសធ្វើអត្តឃាតមានចំនួនច្រើន ជាងករណីស្ត្រីសម្លាប់ខ្លួន ដល់ទៅជាងពីរដងឯណោះ។ អង្គការសុខភាពពិភពលោកវាយតម្លៃថាមានមនុស្សប្រមាណ៥សែនមួយម៉ឺននាក់សម្លាប់ខ្លួនក្នុងមួយឆ្នាំៗ នៅលើពិភពលោក ពោលគឺមួយនាទីមានករណីអត្តឃាតម្នាក់។ ក្នុងចំណោមមនុស្សស្លាប់ដោយធ្វើអត្តឃាតទាំងអស់នោះ ពីរភាគបី ឬ ៧៥%ជាបុរស។ចំណែកជំងឺមហារីកបុរសវិញ បើអង្គការសុខភាពពិភពលោកដដែល អាចព្យាបាលបានជាស្ទើរ១០០%បើរកឃើញជំងឺតាំងពីដំបូង។ ប៉ុន្តែមូលនិធិMovember សម្គាល់ឃើញថាបុរសទៅពិគ្រោះនិងពិនិត្យសុខភាពតិចជាងស្ត្រី និងច្រើនតែដឹងខ្លួនមានជំងឺមហារីកនៅពេលមានលេចរោគសញ្ញាពោលគឺចង់ជ្រុលពេលទៅហើយ។តើគេអាចសម្គាល់ជំងឺមហារីកប្រូស្តាតយ៉ាងដូចម្តេច?បើតាមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អេម៉ានុយអែល Emmanuel Chartier-Kastler,ប្រធានផ្នែកវះកាត់តម្រងនោមនៅមន្ទីរពេទ្យPitié Salpetriere ជំងឺមហារីកបុរសដែលគេជួបប្រទះច្រើនជាងគេ គឺមហារីកក្រពេញប្រូស្តាត និងមហារីកពងស្វាស។ មហារីកប្រូស្តាត ជាជំងឺមហារីកទីមួយរបស់មនុស្សប្រុស ដែលច្រើនតែកើតលើបុរសវ័យចំណាស់ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ហើយហានិភ័យឡើងខ្ពស់ជាលំដាប់ទៅតាមវ័យ។ ចំណែកមហារីកពងស្វាសវិញ ច្រើនតែកើតលើបុរសវ័យក្មេងអាយុចន្លោះពី២០ទៅ៤៥ឆ្នាំ។ ជំងឺនេះកើតមានកាន់តែច្រើនឡើងៗ តែពុំសូវមានអ្នកស្គាល់ដឹងនៅឡើយទេ។ដើម្បីបានដឹងទាន់ពេលវេលា គ្រោះលេចឡើងនូវជំងឺមហារីកគ្រាប់ពង ឬពងស្វាស គ្មានកាយវិការអ្វីប្រសើរជាងការស្ទាបមើលដោយខ្លួនឯងជារៀងរាល់សប្តាហ៍ ឬជារៀងរាល់ខែទេ។ លោកវេជ្ជបណ្ឌិត Emmanuel Chartier-Kastlerសូមណែនាំឱ្យអស់លោកជាសុភាពបុរសទាំងឡាយឧស្សាហ៍លុញគ្រាប់ពងដោយខ្លួនឯង ក្រោយពេលមុជទឹកសម្អាតខ្លួនរួច។ ដាក់គ្រាប់ពងលើម្រាមដៃទាំងបួនហើយយកមេដៃស្ទាបបង្វិលឱ្យជុំ។ ពងស្វាសមានសុខភាពល្អ ត្រូវមូលរលោងគ្មានគ្រឿមទេ។ តែបើស្ទាបទៅឃើញមាន កន្ទួល មានប៉ោង មានពក មានដុំ ទោះតូចប៉ុនគ្រាប់សណ្តែកបាយ ឬឡើងធំ ឬមានអារម្មណ៍រំខានពេលប៉ះពាល់ ឬឡើងធ្ងន់ជាងធម្មតា សូមរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសតម្រងនោម។ប៉ុន្តែសូមកុំស្លន់ស្លោ ពងស្វាសខុសប្រក្រតីមិនមែនសុខតែមានជំងឺមហារីកឡើយ។ វាអាចជាដុំគីសស្លូត ឬជាការហើមកូនសរសៃឈាមតិចតួច។ ការថតឆ្លុះមើលអេកូអាចជួយជម្រះមន្ទិសសង្ស័យបាន។ចំពោះជំងឺមហារីកប្រូស្តាត ដែលជាតំណាងនៃក្តីព្រួយបារម្ភខ្លាំងសម្រាប់សុខភាពសាធារណៈជាងជំងឺមហារីកពងស្វាសនោះ គឺមកពីករណីភាគច្រើន គ្មានរោគសញ្ញាទេ នៅដំណាក់កាលដំបូងៗ។ ជំងឺវិវឌ្ឍដោយស្ងាត់ៗបំផុត។ គេអាចវិភាគដឹងតាមរយៈការពិនិត្យឈាម និងការវិនិច្ឆ័យរោគបន្ថែមតែប៉ុណ្ណោះ។ ការវិភាគវែករកជំងឺមហារីកប្រូស្តាត គួរតែចាប់ផ្តើមធ្វើនៅពេលចូលដល់វ័យ៥០ឆ្នាំ ឬចាប់ពី៤៥ឆ្នាំបើធ្លាប់មានសមាជិកគ្រួសារកើតជំងឺនេះ។ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឱ្យទៅពិនិត្យឈាមវាស់បរិមាណ PSA អង់ទីហ្សែនពិសេសរបស់ប្រូស្តាត។ នៅពេលកំរិតPSAឡើងខ្ពស់ខ្លាំង ក៏មិនប្រាកដថាពិតជាមានជំងឺមហារីកដែរ។ ត្រូវបន្តធ្វើរោគវិនិច្ឆ័យផ្សេងទៀតដើម្បីផ្ទៀងផ្ទាត់មកពីមានដុំសាច់សាច់មហារីកប្រូស្តាត ឬមានជំងឺប្រូស្តាតផ្សេងទៀត ទើបបណ្តាលបរិមាណPSAឡើង។សរុបមកវិញ ពេលចូលវ័យ៥០ឆ្នាំ បុរសគួរតែទៅជួបគ្រូពេទ្យដើម្បីវាស់ដូសPSA ឯបុរសវ័យក្មេង គួរតែឧស្សាហ៍ត្រួតពិនិត្យប្រដាប់ប្រើប្រាស់ខ្លួនឯង។ ដើម្បីឆាប់ដឹងពីអាការៈសុខភាពខ្លួនឯង ការស្ទាបមិនសុទ្ធតែអាសអាភាសទេ តែជាកាយវិការសុខភាព។ យុវបុរសគួរស្ទាបមើលពងស្វាសមួយខែម្តង ឯស្ត្រីត្រូវស្ទាបសុដន់។ គ្រូពេទ្យជំនាញអាចជួយបង្ហាត់បង្ហាញរបៀបស្ទាបរកមើលក្រែងមានករណីសង្ស័យដុះដុំមហារីកបាន៕
11/21/2023 • 7 minutes, 57 seconds ជាតិពុលសំណរគំរាមកំហែងសុខភាពសាធារណៈប្រហែល ខ្យល់ពុល
ការសិក្សាមួយចេញផ្សាយនៅថ្ងៃអង្គារទី ១២កញ្ញា២០២៣ បានបង្ហាញថា ពិភពលោកមើលស្រាលផលវិបាកនៃជាតិពុលសំណរ ចំពោះសុខភាពសាធារណៈខ្លាំងណាស់។ បើតាមក្រុមអ្នកស្រាវជ្រាវរបស់Global Burden of Disease សំណរបំពុលសុខភាពមនុស្សក្នុងកំរិតប្រហាក់ប្រហែលការស្រូបផ្សែងពុលក្នុងបរិយាកាសដែរ។ បើតាមលទ្ធផលសិក្សាវិភាគតេស្តឈាមស្តីអំពីកំរិតជាតិពុលនៃសំណរចំពោះសុខភាពក្នុងចំណោមប្រជាពលរដ្ឋរស់នៅក្នុង១៨៣ប្រទេស ជាតិពុលសំណរជាដើមហេតុនាំឱ្យអ្នកជំងឺសរសៃឈាមបេះដូង៥លាន៥សែននាក់ស្លាប់នៅឆ្នាំ២០១៩ នៅទូទាំងពិភពលោក។ ជាតិពុលសំណរក៏ជាប្រភពបង្កឱ្យមានជំងឺជាច្រើនផ្សេងទៀត ជាពិសេសចំពោះកុមារ ព្រោះជាតិសំណរមានរកឃើញនៅក្នុងស្ទើរគ្រប់ទិសទី ទាំងក្នុងចំណីអាហារ ចានក្បាន ឬរបស់ប្រើប្រាស់ ព្រមទាំងជីរកសិកម្ម ។ល។និង។ល។អ្នកស្រាវជ្រាវបានសន្និដ្ឋានទៀតថា ការពុលដោយសំណរ ដែលជាបញ្ហាដ៏ធ្ងន់ធ្ងរដូចផ្សែងពុលក្នុងបរិយាកាសដែរ តំណាងឱ្យ៣០%នៃមរណភាពដោយជំងឺសរសៃឈាមបេះដូង ពោលគឺវាអាចបង្កឱ្យស្លាប់ដល់៦ដងច្រើនជាងការប៉ាន់ស្មានមុនៗ។ ជាតិពុលសំណរមានតួនាទីធ្វើឱ្យកើតជំងឺសរសៃឈាមបេះដូង ខ្លាំងជាងបារី និងខ្លាញ់ក្នុងឈាមទៀត។ នេះបើតាមការគូសបញ្ជាក់របស់ក្រុមអ្នកស្រាវជ្រាវដដែល។ ប៉ុន្តែអ្នកជំនាញខ្យល់ពុលក្នុងអាកាសនៃសាកលវិទ្យាល័យBirmingham លោក Roy Harrison ទទួលយកលទ្ធផលនៃការសិក្សានេះដោយប្រុងប្រយ័ត្ន ដោយសំអាងថាការសិក្សាគួរឱ្យចាប់អារម្មណ៍តែនៅមានចំណុចគួរឱ្យសង្ស័យច្រើន ព្រោះគេពិបាកវាយតម្លៃប្រកបដោយភាពប្រាកដប្រជាណាស់អំពីជាតិពុលសំណរក្នុងស្រទាប់ពលរដ្ឋរស់នៅក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍។ ចំណុចគួរឱ្យសង្ស័យមួយទៀត ទាក់ទងនឹងកំរិតសមត្ថភាពពុលនៃសំណរក្នុងជំងឺសរសៃឈាមបេះដូង។ ប្រសិនបើអ្វីៗត្រូវបានបញ្ជាក់មែន ការសិក្សានេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់វិស័យសុខភាពសាធារណៈ។ សម្រាប់ពេលនេះ លោក Roy Harrison យល់ថាលទ្ធផលនៃការសិក្សាមានកំរិតត្រឹមតែជាសម្មតិកម្មដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះ។សំណរជាអ្វី ?សំណរជាលោហៈតាន់ ពុលពីធម្មជាតិសម្រាប់មនុស្ស និងមានកប់នៅក្នុងស្រទាប់ដី។ នៅមុនឆ្នាំ១៩៧០ សំណរត្រូវបានគេយកមកប្រើប្រាស់យ៉ាងខ្លាំងក្នុងវិស័យឧស្សាហកម្ម។ ការទាញយកសំណរមកប្រើប្រាស់ បានបំពុលបរិស្ថាន បំពុលមនុស្ស និងបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ នៅក្នុងតំបន់ជាច្រើននៃភពផែនដី។ការធ្វើអាជីវកម្មរ៉ែសំណរ ការស្លបំប្លែងសំណរ ឬការកែច្នៃសំណរ និងការយកសំណរប្រើប្រាស់សម្រាប់ធ្វើផលិតផលរាប់រយមុខ ជាពិសេសយកសំណរមកធ្វើជាអាគុយឡាន ម៉ូតូ... ជាប្រភពសំខាន់នាំឱ្យមានការចម្លងជាតិពុលសំណរក្នុងបរិស្ថាន។ លោហៈសំណរនេះក៏មានប្រើជាគ្រឿងផ្សំសម្រាប់ផលិតរបស់របរប្រើប្រាស់ជាច្រើនផ្សេងទៀត ដូចជាសម្រាប់ដំឡើងពណ៌ថ្នាំលាប សម្រាប់ផ្សារ សម្រាប់ធ្វើកញ្ចក់ ធ្វើកែវគ្រីស្តាល់ គ្រាប់ផ្ទុះ សេរ៉ាមិក គ្រឿងអលង្ការ ល្បែងក្មេងលេង ឬផលិតផលកែសម្ជស្សបែបបូរាណនៅឥណ្ឌា នៅម៉ិចស៊ិក និងនៅវៀតណាម។ គេក៏មានរកឃើញស្នាមជាតិពុលសំណរនៅក្នុងទឹក ដែលហូរតាមបណ្តាញទុយយោមានជាតិសំណរ ឬផ្សារភ្ជាប់ដោយប្រើសំណរ។សំណរក៏មានវត្តមានតាំងពីយូរយារមកហើយក្នុងល្បាយប្រេងសាំង។ តែដោយយល់អំពីគ្រោះថ្នាក់នៃជាតិពុលសំណរ ទើបបណ្តាប្រទេសនៅអាមេរិកខាងជើងនិងប្រទេសឧស្សាហកម្មជឿនលឿនភាគច្រើនចាប់កាត់បន្ថយវត្តមានលោហៈពុលសំណរតាំងពីឆ្នាំ១៩៧០មក។ ឧស្សាហកម្មប្រេងសាំងចាប់ផ្តើមចម្រាញ់ដកជាតិសំណរចេញជាបណ្តើរៗ និងទាំងស្រុងនៅឆ្នាំ១៩៨៦នៅសហរដ្ឋអាមេរិក និង១៩៩០នៅកាណាដា។ តាំងពីខែកក្កដាឆ្នាំ២០២១មក បើតាមអង្គការសុខភាពពិភពលោក គ្មានប្រទេសណានៅលក់ប្រេងសាំងមានជាតិសំណរទៀតទេ។បច្ចុប្បន្ន សារជាតិពុលសំណរមួយភាគធំ មានធ្វើចរាចរណ៍នៅលើទីផ្សារពិភពលោក ក្នុងទម្រង់ជាវត្ថុកែច្នៃប្រើឡើងវិញ។ អង្គការសុខភាពពិភពលោកបានចាត់បញ្ចូលសំណរ ទៅក្នុងចង្កោមសារធាតុគីមីពុល១០មុខ ដែលគួរឱ្យព្រួយបារម្ភខ្លាំងសម្រាប់សុខភាពសាធារណៈ។ អង្គការបានទាមទារឱ្យរដ្ឋជាសមាជិកនីមួយៗការពារពលករ កុមារ ស្ត្រីមានផ្ទៃពោះពីការគំរាមកំហែងដោយសារធាតុពុលសំណរ។តើសំណរអាចប៉ះពាល់ដល់សុខភាពយ៉ាងណា?ជាតិពុលសំណរមាននៅគ្រប់ទិសទី ក្រោមដី ក្នុងទឹក លើខ្យល់ ក្នុងបរិស្ថាន ដែលមនុស្សអាចស្រូបយកតាមមាត់តាមផ្លូវដង្ហើម ក្នុងទម្រង់ជាលម្អង ជាធាតុល្អិតឆ្មារៗ ...នៅពេល បានចូលទៅដល់ក្នុងសរីរាង្គកាយហើយ ជាតិពុលសំណរនឹងចែកចាយទៅសរីរៈផ្សេងៗ ដូចជាខួរក្បាល តម្រងនោម ថ្លើម និងឆ្អឹង។ សំណរនឹងទៅផ្តុំកកគរនៅក្នុងធ្មេញនិងឆ្អឹង ច្រើនឡើងៗទៅតាមពេលវេលា តែអាចរំលាយបញ្ចេញចោលតាមទឹកនោមដោយយឺតៗបំផុត។ ដំណើរបណ្តោះជាតិសំណរចេញពីក្នុងសរីរាង្គត្រូវការប្រើពេលរាប់សិបឆ្នាំឯណោះ។ សំណរស្តុកក្នុងឆ្អឹងអាចនឹងឆ្លងហូរទៅតាមឈាម ពេលស្ត្រីពរពោះនិងអាចចម្លងទៅឱ្យទារកនៅក្នុងផ្ទៃបាន។បើតាមសម្មតិកម្ម ការប្រឈមនឹងជាតិពុលសំណរអាចនឹងចូលរួមចំណែកធ្វើឱ្យមានងាយមានជំងឺ ពាក់ព័ន្ធវ័យ ដូចជាជំងឺសម្ពាធឈាម (ឡើងឈាម) ជំងឺតម្រងនោម ភ្នែកឡើងបាយ បាត់បង់ការចងចាំ ...។ គេមិនទាន់ដឹងនៅឡើយថាតើផលវិបាកនៃសារធាតុពុលសំណរលើសុខភាពអាចកែប្រែឬប្តូរផ្លាស់បានដែរឬអត់ទេ។ ជំងឺពុកឆ្អឹងរបស់មនុស្សវ័យចំណាស់ ក៏ទំនងជាបណ្តាលមកពីជាតិសំណរកកនៅលើឆ្អឹងតាំងពីក្មេងមក ដាច់របេះទៅតាមចរន្តឈាម ព្រោះដូចកាល់ស្យូម ជាតិសំណរប្រមាណ៩០ទៅ៩៥%ដែលចូលទៅដល់ក្នុងខ្លួនមនុស្សតែងទៅតោងនៅក្នុងឆ្អឹងនិងធ្មេញ។កុមារងាយទទួលជាតិពុលសំណរខ្លាំងជាងមនុស្សធំ?ប៉ុន្តែសារធាតុពុលសំណរអាចបង្កផលវិបាកធ្ងន់ធ្ងរខ្លាំងដល់សុខភាពកុមារ។ ជាតិពុលសំណរក្នុងកំរិតខ្ពស់ អាចនឹងធ្វើឱ្យក្មេងខូចខួរក្បាល ខូចប្រព័ន្ធប្រសាទកណ្តាល ប្រកាច់សន្លប់ និងស្លាប់បាន។ ក្មេងដែលគេចពីស្លាប់បន្ទាប់ពីពុលជាតិសំណរធ្ងន់ធ្ងរ អាចមានហានិភ័យរស់ក្នុងភាពពិការផ្នែកបញ្ញាញាណ និងវិបត្តិអាក្បកិរិយាអស់មួយជីវិត។ បើរងជាតិពុលសំណរក្នុងកំរិតទាប ក្មេងអាចរស់ជាធម្មតាដោយគ្មានរោគសញ្ញាអ្វីស្តែងចេញមកទេ ប៉ុន្តែគេបានដឹងថាជាតិសំណរនឹងធ្វើឱ្យប្រព័ន្ធសរីរាង្គមួយចំនួនធំទ្រុឌទ្រោមក្នុងកំរិតផ្សេងៗគ្នា។ គេបានដឹងថាជាតិសំណរអាចបំផ្លាញជាពិសេស ការលូតលាស់នៃខួរក្បាលរបស់ក្មេង ដែលអាចធ្វើឱ្យភាពឆ្លាតវាងវៃរបស់កុមារធ្លាក់ចុះ ដែលអាចធ្វើឱ្យក្មេងប្តូរផ្លាស់ឥរិយាបថ ពិបាកចុះចូលក្នុងសង្គម ឬមិនសូវចេះផ្ចង់អារម្មណ៍ ជាដើម។ល។ និងដែលធ្វើឱ្យក្មេងរៀនមិនពូកែ គ្មានលទ្ធផលសិក្សាល្អនៅសាលា។ ជាតិពុលសំណរក៏ជាដើមហេតុនាំបង្កឱ្យមានជំងឺខ្វះគ្រាប់ឈាមក្រហម ឡើងឈាម ខ្សោយតម្រងនោម និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធការពារខ្លួន ព្រមទាំងប្រព័ន្ធបន្តពូជទៀត។ ឥទ្ធិពលនៃសំណរលើប្រព័ន្ធប្រសាទនិងឥរិយាបថមិនអាចព្យាបាលត្រលប់ឱ្យប្រសើរឡើងវិញបានទេ។ ហើយក៏គ្មានកំរិតអប្បបរិមានៃកំហាប់ជាតិសំណរដែលគ្មានបង្កគ្រោះថ្នាក់ដល់សុខភាព។ កំហាប់ជាតិពុលសំណរឈាមយ៉ាងតិចបំផុត ជួនក៏អាចធ្វើឱ្យក្មេងអាប់ប្រាជ្ញា និងជួបការលំបាកក្នុងសិក្សាបានដែរ។ប្រសិនបើក្មេង គ្មានអាហារទទួលទានគ្រប់គ្រាន់ទៀត នោះពួកគេងាយទទួលយកជាតិសំណរជាងក្មេងធម្មតាទៅទៀត ព្រោះសរីរាង្គកាយក្មេងនោះខ្វះជីវជាតិចិញ្ចឹមដូចជាកាល់ស្យូមនិងដែក ដូច្នេះទើបត្រូវការស្រូបខ្លាំងនូវរាល់គ្រប់ជីរជាតិសម្រាប់មកបំពេញអាហាររូបត្ថម្ភ។ ក្មេងកាន់តែតូច កាន់តែងាយងាងគ្រោះខ្លាំង ជាពិសេសក្នុងវ័យដែលប្រព័ន្ធប្រសាទកំពុងលូតលាស់។នៅក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលទើបធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០២១ គេប៉ាន់ប្រមាណថាក្នុងចំណោមក្មេង២លាននាក់ស្លាប់បាត់បង់ជីវិតនៅឆ្នាំ២០១៩ ដោយសារធាតុពុលគីមី ពាក់កណ្តាលបណ្តាលមកពីជាតិពុលសំណរ។ ក្នុងកំរិតពិភពលោក មនុស្សលោកបានខាតបង់ជីវិតសរុបអស់២១,៧លានឆ្នាំ ដោយហេតុប្រឈមនឹងជាតិពុលសំណរ៕
11/14/2023 • 9 minutes, 38 seconds អាហារបំប៉នជាផលិតផលចាំបាច់សម្រាប់ពង្រឹងសុខភា ពឬ?
ស្បែកភ្លឺថ្លា សក់លោង លើកកម្លាំង ក្រពះកិនស្រួល ... នេះជាប្រសិទ្ធភាពនៃផលិតផលអាហារបំប៉នដែលគេបានឃោសនា និងសន្យា។ ប៉ុន្តែតើអាហារបំប៉នជាអ្វី ? អាហារបំប៉នមានហានិភ័យប៉ះពាល់ដល់សុខភាពយ៉ាងណា? តើគួរទទួលអាហារបំប៉នបែបណា និងនៅពេលណា? ស្បែកអាប់ សក់ស្ងួតជ្រុះគ្មានពន្លឺ ក្រចកបាក់ អស់កម្លាំង ពិបាកដំណេក គេងមិនលក់ ឆេវឆាវ ក្រពះមិនសូវរំលាយអាហារ ធាត់ ... គេគួរតែប្រយុទ្ធប្រឆាំងនឹងអាការៈមិនល្អទាំងអស់នេះ ហើយបើអាចត្រូវតែកម្ចាត់វាចេញតែម្តង ដោយវិធីផ្សេងៗ ដូចជា វិធីកម្ចាត់ជាតិពុល វិធីបញ្ចុះទម្ងន់ វិធីភ្ញោចប្រព័ន្ធការពារខ្លួន វិធីបង្កើនភាពមាំមួន សម្រាលអារម្មណ៍ រក្សាសម្រស់ឱ្យនៅក្មេងជាងវ័យ ... បញ្ហាទាំងនេះហាក់ដូចជាគ្មានចែងចេញពីក្បួនវេជ្ជសាស្ត្រទេ។ ឯដំណោះស្រាយវិញ ក៏ហាក់គ្មានលក្ខណៈបែបវិទ្យាសាស្ត្រឱសថសាស្ត្រដែរ និងមិនចាំបាច់ចាំទៅរកទិញនៅតាមឱសថស្ថានឡើយ តែនេះជាបញ្ហាសុខភាពពិតៗ។ ហេតុអ្វីមិនទៅពិគ្រោះយោបល់ និងសុំការព្យាបាលពីគ្រូពេទ្យជំនាញ បែរជាគិតដោយងាយៗត្រឹមទៅរកផលិតផលបំប៉នទៅវិញ?!នៅប្រទេសបារាំងក៏ដូចជានៅក្នុងប្រទេសកម្ពុជា ផលិតផលអាហារបំប៉ន កំពុងពេញនិយមកាន់តែខ្លាំងឡើងៗ។ ដើម្បីបញ្ចុះទម្ងន់ ដើម្បីកាត់ស្ត្រេស ដើម្បីភាពរឹងមាំនៃសរីរាង្គកាយ ឬដើម្បីបង្កើនសមត្ថភាពកីឡាទេ ពលរដ្ឋទូទៅមិនខ្លាចនឹងចំណាយថវិកាស្វែងរកទិញផលិតផលអាហារបំប៉នដែលមានធ្វើចរាចរណ៍លើទីផ្សារកាន់តែច្រើនឡើងៗ ក្នុងគ្រប់ទម្រង់។ មិនដូចការគិត អាហារបំប៉នមិនមែនជាផលិតផលគ្មានហានិភ័យទេ ក្នុងករណីខ្លះអ្នកទទួលទានផលិតផលអាហារបំប៉នអាចប្រឈមនឹងគ្រោះដល់សុខភាព។តើផលិតផលអាហារបំប៉នជាអ្វី?តាមនិយមន័យ ផលិតផលអាហារបំប៉ន ជាកំហាប់សារធាតុចិញ្ចឹម រុក្ខជាតិ ឬសារធាតុផ្សេងៗទៀត ដែលផ្សំឡើងសម្រាប់បំពេញបន្ថែមពីលើរបបអាហារធម្មតាប្រចាំថ្ងៃ និងដែលអាចផ្តល់អត្ថប្រយោជន៍ផ្នែកអាហារូបត្ថម្ភផង និងផ្នែកសរីរវិទ្យាផងឬទាំងពីររួមគ្នាតែម្តងផង។មានទម្រង់ជា ថ្នាំគ្រាប់សម្រាប់លេប គ្រាប់បៀម ថ្នាំម្សៅ ថ្នាំទឹក(អំពូល) ថ្នាំបណ្តក់ ...ផលិតផលអាហារបំប៉នមានច្រើនយ៉ាង ខ្លះជាបណ្តុំរុក្ខជាតិ ខ្លះវីតាមីន និងខ្លះជាតិរ៉ែ ឬខ្លះ ជាកំហាប់សារធាតុចិញ្ចឹម មេឡាតូនីន ឬគ្លុយកូសាមីន... រួចអាចមានបន្ថែមក្លិន បន្ថែមរសជាតិទៀត ប៉ុន្តែនៅក្នុងសមាសធាតុផ្សំគ្មានសោះសារធាតុសកម្មប្រើក្នុងការផលិតឱសថ។កម្មវត្ថុចម្បងនៃអាហារបំប៉ន គឺជាផលិតផលដែលចូលរួមចំណែកជួយបង្កើនកំរិតសារធាតុចិញ្ចឹមដល់សរីរាង្គឱ្យប្រសើរឡើង និងជួយសម្រកទម្ងន់ ទប់ស្កាត់ភាពត្រជាក់ ជួយខាងរំលាយអាហារ ជួយបំប៉នសុខភាពសក់ក្បាល ជួយកាត់បន្ថយការធ្វើទុក្ខពេលពរពោះឬពេលស្ត្រីដល់ពេលអស់រដូវ ។ល។ និង។ល។ប៉ុន្តែផលិតផលអាហារបំប៉នមិនមែនជាថ្នាំ (ឱសថ)ទេ និងគ្មានសកម្មភាព-ប្រសិទ្ធភាពផ្នែកការពារ-ព្យាបាលជំងឺឡើយ ហើយមិនត្រូវយកអាហារបំប៉នជំនួសការព្យាបាលណាមួយទេ។ខុសពីឱសថ ផលិតផលអាហារបំប៉នអាចធ្វើចរាចរណ៍លើទីផ្សារដោយមិនចាំបាច់រង់ចាំទទួលការអនុញ្ញាតពីភ្នាក់ងារសុវត្ថិភាពឱសថជាតិទេ តែត្រូវប្រកាសជូនដំណឹងទៅភ្នាក់ងារទទួលបន្ទុកគ្រប់គ្រងគ្រឿងឧបភោគបរិភោគដែលមានភារៈត្រួតពិនិត្យនិងវិភាគមើលសមាសធាតុផ្សំនៃផលិតផល ដូចប្រភេទអាហារផ្សេងៗទៀតដែរ។ អឺរ៉ុបនិងប្រទេសជាសមាជិកសហភាពអឺរ៉ុប មានចំណាត់ការច្រើន និងវិធានច្បាប់ច្បាស់លាស់ កំណត់អំពីគ្រឿងផ្សំដែលត្រូវប្រើក្នុងផលិតផលអាហារបំប៉ន ព្រមទាំងកំរិតបរិមាណ(ដូស)វីតាមីននិងសារធាតុរ៉ែដែលត្រូវប្រើក្នុងមួយថ្ងៃៗផង។នៅប្រទេសបារាំង ផលិតផលអាហារបំប៉នមានដាក់លក់ជាចម្បងតែតាមឱសថស្ថានប៉ុណ្ណោះ ប៉ុន្តែតាំងពីឆ្នាំ២០១៥មក ការលក់ផលិតផលអាហារបំប៉នសម្រាប់មនុស្សធំ បានរីកដុះដាលយ៉ាងលឿនតាមប្រព័ន្ធអ៊ីនធ័រនែត ហើយដែលផលិតផលខ្លះគ្មានប្រភពច្បាស់លាស់ និងមិនគោរពតាមបទដ្ឋានសុវត្ថិភាពជាធរមានទេ។តើយើងចាំបាច់ត្រូវតែប្រើផលិតផលអាហារបំប៉នឬ?បច្ចុប្បន្ន ឱនភាពនៃសារធាតុចិញ្ចឹមនិងកង្វះសារធាតុចិញ្ចឹមជាករណីកម្រណាស់ ក្នុងស្រទាប់ប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែកង្វះអាហារូបត្ថម្ភ និងសារធាតុចិញ្ចឹម អាចកើតមានជាពិសេសចំពោះតែក្រុមពលរដ្ឋដែលត្រូវការសារធាតុចិញ្ចឹមខ្លាំង ដូចជាស្ត្រីមានផ្ទៃពោះ កុមារ និងមនុស្សចាស់ជរា។ របបអាហារខ្លះអាចនាំឱ្យចុះថយឬលុបសារធាតុចិញ្ចឹមខ្លះតែម្តង មានជាអាទិ៍របបអាហារហូបតែបន្លែផ្លែឈើសុទ្ធvegetalien។ ការមិនទទួលទានជាតិសាច់សោះ អាចនាំឱ្យខ្វះវីតាមីនB12ដែលមានតែនៅក្នុងម្ហូបអាហារមានជាតិសាច់សត្វ។បើយោលទៅលើនិយមន័យ ការស្វែងរកផលិតផលអាហារបំប៉នមកប្រើប្រាស់ ដែលត្រឹមត្រូវនិងសមហេតុផល គឺនៅពេលណាសេចក្តីត្រូវការផ្នែកសារធាតុចិញ្ចឹមរបស់សរីរាង្គមិនអាចបំពេញបានតាមរយៈការទទួលទានចំណីអាហារប្រចាំថ្ងៃ។ក្នុងន័យនេះ គេត្រូវវែករកជាបឋមថាតើសេចក្តីត្រូវការណាដែលអាចបំពេញបាន។ ក្នុងករណីភាគច្រើន គេអាចកំណត់បានយ៉ាងងាយថាជននោះមានរបបអាហារគ្មានលំនឹង។ ឧទាហរណ៍ អ្នកមិនដែលទទួលទានបន្លែផ្លែឈើ និងគ្រឿងសមុទ្ទសោះ ច្បាស់ជាគ្មានលំនឹងរបបអាហារ និងមិនបំពេញសេចក្តីត្រូវការរបស់សរីរាង្គកាយបានទេ។ អ្នកខ្លះទៀត របបអាហារគ្មានលំនឹងដោយហេតុតែជំងឺ ឬដោយហេតុអាល់ឡែកហ្ស៊ី ឬតំណម ... ក្នុងករណីនេះ ដើម្បីផ្តល់លំនឹងដល់របបអាហារ ចាំបាច់ត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញផ្នែកអាហាររូបត្ថម្ភ។ ហើយបើនៅតែគ្មានលទ្ធភាពតម្រែតម្រង់របបអាហារឱ្យមានលំនឹងតាមរយៈការទទួលទានជាធម្មតាទេ ទើបគួរស្វែងរកផលិតផលអាហារបំប៉នមកប្រើប្រាស់។ ផលិតផលអាហារបំប៉នក្លាយជាអាហារចាំបាច់ ជួយសម្រួលការព្យាបាលវេជ្ជសាស្ត្រ។ជាទូទៅសរីរាង្គកាយត្រូវប្រឈមនឹងគ្រោះមានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ប្រសិនយើងមិនបរិភោគអាហារចម្រុះឱ្យបានគ្រប់មុខ បន្លែផ្លែឈើត្រីសាច់ទេ។ ប៉ុន្តែជាញឹកញយ គេសង្កេតឃើញមានការប្រើប្រាស់ផលិតផលអាហារបំប៉នបញ្ច្រាសទិសទៅវិញ។ អ្នកប្រើប្រាស់ ច្រើនតែលង់ជឿតាមការផ្សាយពាណិជ្ជកម្មរបស់អ្នកលក់ថាផលិតផលអាហារបំប៉ននេះ ឬនោះនាំឱ្យមានសុខភាពល្អប្រសើរ មានអានុភាពជាងមុន ឬនាំមកនូវសុខុមាលភាព សុខចិត្តទៅទទួលទានផលិតផលអាហារបំប៉ន ដែលមានសារធាតុផ្សំបំប្លែងឆ្ងាយពីចំណីអាហារធម្មតាប្រចាំថ្ងៃ។ផលិតផលអាហារបំប៉នមានហានិភ័យសុខភាពយ៉ាងណា?ដូច្នេះ ការទទួលទានផលិតផលអាហារបំប៉ន ប្រាកដជាអាចនាំហានិភ័យ ប៉ះពាល់ដល់សុខភាពជាយថាហេតុណាមួយ ជាពិសេសប្រសិនបើអាហារបំប៉ននោះមានធាតុផ្សំជាបង្គុំវីតាមីន និងរ៉ែ។ នៅពេលយកផលិតផលបំប៉ន មកធ្វើជាអាហារប្រចាំថ្ងៃ នោះវាងាយនឹងបង្កឱ្យមានហានិភ័យញ៉ាំហួសកំរិតសុវត្ថិភាពសុខភាពណាស់។មុននឹងសម្រេចចិត្តប្រើផលិតផលអាហារបំប៉ន គួរតែចោទសួរខ្លួនឯងជាមុនសិនថា “តើអ្នកពិតជាត្រូវការអាហារបំប៉នមែនឬ?”។ តាមរយៈការផ្តល់ចម្លើយ អ្នកនឹងពិចារណាឃើញអំពីមូលហេតុដែលជំរុញឱ្យអ្នកចង់ប្រើផលិតផលអាហារបំប៉នហើយ៖ មកពីគ្មានរបបអាហារ ត្រឹមត្រូវ ឬមកពីគ្មានអនាម័យក្នុងការរស់នៅ? ជាឧទាហរណ៍ អាការៈនឿយហត់អស់កម្លាំង អាចបណ្តាលមកពីមូលហេតុច្រើន ៖ ធ្វើការហួសកម្លាំង គេងមិនគ្រប់ គេងមិនលក់ បាក់ទឹកចិត្ត មានបញ្ហាក្រពេញទីរ៉ូអ៊ីត លេបថ្នាំរំងាប់អារម្មណ៍ ... ឬក៏មកពីទទួលទានអាហារមិនត្រឹមត្រូវ។ មុននឹងហក់ទៅទិញផលិតផលអាហារបំប៉នមកប្រើ សូមចោទសួរអំពីបរិបទនៃអាការៈនឿយហត់ទាំងអស់នេះសិន។ បន្ទាប់មកការស្វែងរកដំណោះស្រាយដ៏ប្រសើរនិងលឿនបំផុត គឺការជួបពិគ្រោះជាមួយគ្រូពេទ្យ។ សូមអញ្ជើញទៅសួរយោបល់អ្នកជំនាញជាមុនសិន កុំព្យាបាលដោយខ្លួនឯង ដែលអាចធ្វើឱ្យខាត និងហួសពេលវេលា ប្រសិនបើអ្នកមានជំងឺកាចលាក់ក្នុងខ្លួន។ម្យ៉ាងវិញទៀត មុននឹងសម្រេចប្រើផលិតផលអាហារបំប៉នណាមួយ សូមពិចារណាអំពីគុណភាព ប្រភពនៃផលិតផលនោះថាពិតជាអាចទុកចិត្តបានកំរិតណា។ បើចង់និងទុកចិត្តហើយ សូមសាកល្បងប្រើក្នុងរយៈពេលខ្លី កុំប្រើផលិតផលដដែលយូរពេក និងច្រើនមុខចូលគ្នា។ គោរពលក្ខខណ្ឌនិងដូសដែលត្រូវប្រើ។ សូមប្រយ័ត្ន នៅពេលប្រើផលិតផលដែលគេអួតថាមានប្រសិទ្ធភាពខ្ពស់ និងសូមជ្រើសរើសប្រើតែផលិតផលណាដែលបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ គួរឱ្យទុកចិត្ត។ ផលិតផលអាហារបំប៉នលក់តាមបណ្តាញអ៊ីនធ័រនែតអាចមានផ្ទុកសារធាតុហាមឃាត់ដោយច្បាប់សុវត្ថិភាពចំណីអាហារក្នុងស្រុក៕
10/4/2023 • 8 minutes, 47 seconds ធ្លាក់ទឹកចិត្តក្រោយសម្រាលកូនជាជំងឺ?
អាជ្ញាធរអាមេរិកទើបបានចេញសេចក្តីអនុញ្ញាតជាលើកទីមួយ ឱ្យប្រើប្រាស់ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន។ ដូចឈ្មោះដែលហៅ ជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន កើតលើស្ត្រីប្រមាណពី១០-២០% ក្រោយឆ្លងទន្លេរួច។ តើជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូនជាអ្វី ? ជំងឺនេះមានរោគសញ្ញាយ៉ាងណា? អ្វីជាដើមហេតុនាំឱ្យកើតជំងឺនេះ? ភ្នាក់ងារឱសថអាមេរិកបានប្រកាសអនុញ្ញាតជាលើកទីមួយ នៅថ្ងៃទី ៤សីហា ឱ្យប្រើប្រាស់ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្តលើរូបស្រ្តីសរសៃខ្ចី។ Zurzuvae ជាថ្នាំដែលផ្សំឡើងដោយសារធាតុសកម្មឈ្មោះ zuranolone។ អាជ្ញាធរបានណែនាំឱ្យស្ត្រីលេបថ្នាំលេខ៥០មីល្លីក្រាមនេះចំនួនមួយគ្រាប់ក្នុងមួយថ្ងៃ ជារៀងរាល់ល្ងាចរយៈពេល១៤ថ្ងៃ។ ការសិក្សាពីរបានបង្ហាញអំពីប្រសិទ្ធភាពថ្នាំថារោគសញ្ញាជំងឺហាក់បានធូរស្បើយប្រសើរឡើងភ្លាមក្រោយពីបានទទួលទានថ្នាំ តែប្រមាណបីថ្ងៃ។ ថ្នាំមានប្រសិទ្ធភាពយ៉ាងលឿនរហ័សហើយ រយៈពេលនៃការព្យាបាលខ្លីជាងវិធីព្យាបាលមុនៗទៀត។ ជាងនេះទៅទៀត ថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូនដែលមានធ្វើចរាចរណ៍លើផ្សារកន្លងមក ឧទាហរណ៍brexanolone មានទម្រង់ជាថ្នាំចាក់ និងត្រូវស្ថិតក្រោមតាមដានវេជ្ជសាស្ត្ររយៈពេល៦០ម៉ោងនៅពេលប្រើ ហើយតម្លៃក៏ថ្លៃខ្លាំងទៀត។ ចំណែកថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូនរួច Zurzuvaeវិញមានទម្រង់សាមញ្ញងាយប្រើខ្លាំងព្រោះជាថ្នាំគ្រាប់សម្រាប់លេប។ដូចម្តេចដែលហៅថាជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន?ផ្តល់កំណើតកូនជាដំណឹងល្អណាស់សម្រាប់គូស្វាមីភរិយាជាទូទៅ និងជាប្រភពនាំឱ្យមានអារម្មណ៍ពុះកញ្ជ្រោល ៖ រំភើបរីករាយ ក្តីស្រលាញ់ពេញចិត្ត លាយលំដោយការខកចិត្តឬថប់បារម្ភ។ ក្នុងរវាងប៉ុន្មានសប្តាហ៍និងខែដំបូងក្រោយកំណើតកូន ស្ត្រីជាម្តាយតែងតែមានអារម្មណ៍ចម្រុះ រំជើបរំជួល ជាធម្មតា ម្តងឡើងម្តងចុះ ច្របូកច្របល់នៅចំពោះមុខព្រឹត្តិការណ៍ថ្មី ដែលបានប្តូរផ្លាស់ទាំងរូបរាងកាយនិងទឹកចិត្តជាម្តាយ។ សម្រាប់ម្តាយឪពុកថ្មីថ្មោងភាគច្រើន ភាពរីករាយស្រលាញ់កូនដ៏លើសលប់ បានមកគ្របដណ្តប់ បាំងបាត់ក្តី នឿយហត់ ព្រួយបារម្ភ ខ្វល់ខ្វាយឬការបាក់ទឹកចិត្តជិតឈឹង។ ប៉ុន្តែសម្រាប់អ្នកជាម្តាយខ្លះទៀត កូនទើបកើតបានប៉ុន្មានថ្ងៃសោះ ស្រាប់តែមានអារម្មណ៍បាក់ទឹកចិត្តព្រួយថាមិនអាចទទួលខុសត្រូវមើលកូន អស់កម្លាំងចិត្ត-កម្លាំងកាយ លែងចង់ថ្នាក់ថ្នមស្រលាញ់កូន។ នៅប្រទេសបារាំង មានស្ត្រីទើបឆ្លងទន្លេរួចប្រមាណពី១០ទៅ២០%ធ្លាក់ខ្លួនមានអាការៈបែបនេះ។ នោះគឺជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនរួច។គ្មាននរណាសូវលើកមកនិយាយ បាក់ទឹកចិត្តក្រោយការសម្រាលកូនរួច ជាជំងឺរោគចិត្តមួយដ៏ពិតៗ ដែលតម្រូវឱ្យមានការព្យាបាលនិងតាមដានសុខភាពម្តាយយ៉ាងត្រឹមត្រូវ។ ជំងឺនេះអាចលេចឡើងនៅប៉ុន្មានថ្ងៃក្រោយសម្រាលកូនរួច និងរហូតដល់កូនមានអាយុជាងមួយខួប។ គ្រាន់តែរយៈពេលដែលមានហានិភ័យខ្ពស់បំផុត គឺនៅពេលកូនខ្ចីអាយុបាន៦ទៅ៨អាទិត្យ និងបន្ទាប់មកពេលកូនមានអាយុ៩ទៅ១៥ខែ។បន្ទាប់ពីសម្រាលកូនរួច នៅម្តុំថ្ងៃទីបី ស្ត្រីជាម្តាយថ្មីថ្មោងហាក់មានអារម្មណ៍អាប់អួរ កើតទុក្ខ ចង់យំដោយឥតមូលហេតុ។ អាការៈបែបនេះមានលេចឡើងពីរបីម៉ោង ជួនដល់ពីរបីថ្ងៃ រួចក៏បាត់ទៅវិញដោយឯងៗ ដោយគ្មានត្រូវការការព្យាបាលអ្វីទាំងអស់ (វត្តមាននិងទឹកចិត្តយោគយល់របស់ក្រុមគ្រួសារ គ្រប់គ្រាន់នឹងជួយស្ត្រីសរសៃខ្ចីនេះបានហើយ)។ នេះជាបាតុភូតខ្លី ធម្មតា ហៅតាមភាសាបច្ចេកទេសថា Baby Blues ដែលបណ្តាលមកពីការអស់កម្លាំងពេលប្រឹងបង្កើតកូន និងការធ្លាក់ចុះជាគំហុកនៃអ័រមូន Œstrogèneនិង Progestéroneពីក្នុងសរីរាង្គកាយ។ កាលនៅពរពោះស្ត្រីមានអ័រមូនទាំងពីរនេះច្រើនខ្លាំងណាស់។ស្ត្រីប្រមាណពី៥០ទៅ៨០%តែងជួបបាតុភូត Baby blues ក្រោយពីឆ្លងទន្លេរួចបានពីរបីថ្ងៃ ប៉ុន្តែជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលកូន អាចបណ្តាលមកពីមូលហេតុផ្សេង ដែលមិនមែនជាបញ្ហាសរីរវិទ្យាសោះ។ ធ្លាក់ទឹកចិត្តក្រោយសម្រាលកូន ជាជំងឺដែលធ្ងន់ធ្ងរ អាចអូសបន្លាយយូរ ប្រសិនបើគ្មានការព្យាបាលត្រឹមត្រូវ។ជំងឺធ្លាក់ទឹកចិត្តក្រោយពេលសម្រាលកូនមានរោគសញ្ញាដូចម្តេចខ្លះ? ជាញឹកញាប់បំផុត ស្ត្រីមានអាការៈនឿយហត់អស់កម្លាំងខ្លាំងស្ទើររលីងតែម្តង ពេលឆ្លងទន្លេរួច។ ភាពជាម្តាយក្នុងពេលដំបូងៗភ្លាម តែងអស់កម្លាំងខ្លាំងជាធម្មតា តែក្នុងករណីមានជំងឺធ្លាក់ទឹកចិត្ត ស្ត្រីមានអាការៈអស់កម្លាំងខ្លាំងចម្លែក ខុសគេឯង និងយ៉ាងហួសហេតុ។ ផ្ទុយទៅវិញ ស្ត្រីជាជនរងគ្រោះនៃជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលកូនខ្លះអាចភាព រវើកសកម្មខុសទំនងទៅវិញ។ ហើយទន្ទឹមគ្នានោះ ស្រ្តីមានបញ្ហាដំណេក សំរាន្តមិនលក់ ឬដេកមិនចង់ភ្ញាក់។ មានអារម្មណ៍ចង់តែយំ ហើយលាក់មិនឱ្យគេដឹង។ ទទួលទានមិនចូល។ មានអាក្បកិរិយាឆេវឆាវ ឆាប់ខឹង ខឹងមិនទំនង កើតទុក្ខ មានកង្វល់ មិនរីករាយស្វាគមន៍នឹងអ្វីដែលធ្លាប់នាំសប្បាយពីមុន។ មានអារម្មណ៍ថាអសមត្ថភាពក្នុងការមើលថែ និងស្រលាញ់កូន។ ក្នុងករណីធ្ងន់ធ្ងរខ្លាំង ស្ត្រីមានគំនិតចង់ធ្វើអត្តឃាតតែម្តងផង។គ្រប់ស្ត្រីរងគ្រោះមិនសុទ្ធតែមានអាការៈដូចរៀបរាប់ខាងលើទាំងអស់ទេ។ ខ្លះក៏មានអាការៈច្បាស់លាស់ខ្លាំង ខ្លះក៏ពិបាកដឹង។ ដោយហេតុថាជាទូទៅ ស្ត្រីមានជំងឺនេះច្រើនតែចង់លាក់ យើងត្រូវតែប្រុងប្រយ័ត្នខ្លាំងនៅពេលឃើញអ្នកទើបឆ្លងទន្លេរួចប្តូរផ្លាស់ឥរិយាបថនិងទម្លាប់។តើមានកត្តាហានិភ័យអ្វីខ្លះដែលនាំឱ្យមានជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន?មូលហេតុដែលគេជួបប្រទះជាញឹកញយជាងគេ គឺ មានព្រឹត្តិការណ៍ជីវិតបែបស្ត្រេសខ្លាំង មិនសូវមានទំនុកចិត្តលើខ្លួនឯង មានជីវិតឯកា មានបញ្ហាក្នុងជីវិតគូប្តីប្រពន្ធ ការប្តូរផ្លាស់សរីរាង្គកាយខ្លាំងនិងនឿយហត់ជ្រុលពេកក្នុងពេលបានសមាជិកថ្មី។ ស្ត្រេសពេលសម្រាលកូន លំបាកខ្លាំង ក៏អាចដើរតួសំខាន់នាំឱ្យងាយមានជំងឺបាក់ទឹកចិត្តដែរ។ ភាពក្រីក្រ ជីវភាពទ័លខ្លាំងគ្មានទស្សនវិស័យសម្រាប់អនាគត រស់តែម្នាក់ឯង គ្មានញាតិ គ្មានមិត្តចាំជួយចាំស្តាប់ទុក្ខលំបាក ធ្លាប់ឆ្លងកាត់កុមារភាពលំបាកលំបិន មានទំនាក់ទំនងមិនល្អជាមួយឪពុកម្តាយ ឬធ្លាប់មានករណីបាក់ទឹកចិត្តក្នុងកំណើតកូនមុនៗសុទ្ធសឹងជាហានិភ័យនាំឱ្យមានគ្រោះលេចជំងឺធ្លាក់ទឹកចិត្តក្រោយទន្លេជាថ្មី។តើមានមធ្យោបាយការពារមិនឱ្យកើតជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនដែរឬទេ?មាន! ការអប់រំចិត្តសាស្ត្រ ឱ្យចេះសម្របខ្លួនទៅនឹងស្ថានភាពជីវិតថ្មី ចេះចាត់ចែងស្ត្រេស និងមានបណ្តាញទំនាក់ទំនង សម្រាប់ផ្តល់កម្លាំងចិត្តនិងកម្លាំងកាយ ជាមធ្យោបាយសំខាន់បំផុតក្នុងការការពារមិនឱ្យកើតជំងឺបាក់ទឹកចិត្ត។ ចូររៀបចំនិងស្វែងរកជំនួយនិងការគាំទ្រ ផ្លូវកាយផ្លូវចិត្តពីសំណាក់ក្រុមគ្រួសារសាច់ញាតិ ឬមិត្តភក្តិក្នុងរយៈពេលសម្រាកមាតុភាព។ម្យ៉ាងទៀត អឺរ៉ុបកំពុងសំលឹងមើលប្រពៃណី ថែទាំស្ត្រីទើបឆ្លងទន្លេ របស់បណ្តាជននៅអាស៊ី។ ផ្ទុយពីស្ត្រីនៅប្រទេសបារាំង ឬនៅអឺរ៉ុបជាទូទៅ ដែលក្រោយពីឆ្លងទន្លេហើយសម្រាកនៅមន្ទីរសម្ភពតែពីរបីថ្ងៃ នឹងចេញមកផ្ទះនិងមើលថែកូនដោយខ្លួនឯង ស្រ្តីអាស៊ីសរសៃខ្ចី ខ្លះតមមិនធ្វើការធ្ងន់រយៈពេលមួយខែ និងអាចពឹងពាក់លើក្រុមគ្រួសារបានស្ទើរតែទាំងស្រុង ដោយបានទទួលការថ្នមថែពីក្រុមគ្រួសារយ៉ាងពិសេស។ ដោយភាពជឿនលឿននាបច្ចុប្បន្ននេះ តែមិនបោះបង់ប្រពៃណីយកចិត្តទុកដាក់លើស្ត្រីសរសៃខ្ចី ប្រទេសកូរ៉េខាងត្បូងមានរចនាសម្ព័ន្ធថែទាំស្ត្រីទើបទន្លេរួចនិងកូនខ្ចី ទំនើបប្លែកពីគេ គឺមានជាសណ្ឋាគារកូនខ្ចី ឬសេវាអ្នកមើលថែកូនងារ និងគិលានុបដ្ឋាកប្រកបដោយបទពិសោធន៍ខ្ពស់ច្រើនឆ្នាំមកមើលថែមុជទឹកផ្តេកទារក ដាំបាយដាំទឹក ជារៀងរាល់ដើម្បីឱ្យស្ត្រីទើបឆ្លងទន្លេរួចមានពេលវេលាសម្រាកគ្រប់គ្រាន់ មានកម្លាំងពលំពេញលេញឡើងវិញ និងបានជាស្នាមថ្នេរបួសពេលកើតកូន លែងសូវមានឈាមធ្លាក់ឈាម។ នៅប្រទេសចិន តាមទម្លាប់បូរាណស្ត្រីឆ្លងទន្លេហើយត្រូវសំងំសម្រាកនៅផ្ទះពេញមួយខែ ហើយក៏មានរចនាសម្ព័ន្ធជឿនលឿនសេវាខ្ពស់ ទៅតាមតម្រូវការនិងជីវភាពមានបានរបស់មនុស្សម្នាក់ៗ។ មជ្ឈមណ្ឌលថែទាំស្ត្រីឆ្លងទន្លេរួចខ្លះមានចំណាត់ថ្នាក់ផ្កាយ៥ ដូចសណ្ឋាគារប្រណិតៗដែរ៕
9/27/2023 • 9 minutes, 7 seconds តើគួរព្រួយបារម្ភខ្លាចNipahបង្ករោគរាតត្បាតទ េ?
អាជ្ញាធរឥណ្ឌាបានប្រកាសនៅសប្តាហ៍មុនថាកំពុងប្រឹងទប់ទល់នឹងការរាតត្បាតនៃវីរ៉ុសNipah។ វីរ៉ុសដែលចម្លងពីសត្វមកមនុស្ស និងអាចបង្កឱ្យមានជំងឺក្តៅខ្លួនយ៉ាងខ្លាំង ក្នុងកំរិតអត្រាមរណៈខ្ពស់គួរឱ្យព្រួយបារម្ភ។ តើវីរ៉ុសNipahជាអ្វី? កាលពីថ្ងៃទី១៤កញ្ញា អាជ្ញាធរឥណ្ឌាបានចេញបម្រាមកំរិតការជួបជុំគ្នាជាសាធារណៈ និងបិទសាលារៀនមួយចំនួននៅក្នុងរដ្ឋកេរ៉ាឡា រដ្ឋភាគខាងត្បូងនៃប្រទេស ក្រោយពីមានករណីស្លាប់មនុស្សពីរនាក់ដោយឆ្លងវីរ៉ុសNipah។ ក្រៅពីមនុស្សស្លាប់ គេសង្កេតឃើញមានយ៉ាងហោចមនុស្សបួននាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បីនាក់ផ្សេងទៀតវិជ្ជមានNipahនិងកំពុងតាមដានមនុស្សជាង៧០០នាក់ ក្នុងនោះ១៥៣នាក់ជាបុគ្គលិកធ្វើការនៅក្នុងវិស័យសុខាភិបាល ដែលជាករណីពាក់ព័ន្ធផ្ទាល់នឹងមានផ្ទុកមេរោគNipah។តើ Nipah ជាអ្វី?Nipah ជា វីរ៉ុសប្រភេទ Paramyxovirus ចម្លងដោយសត្វប្រចៀវ និងមានវត្តមានពេញតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូងNipahធ្លាប់បង្កឱ្យមានជំងឺរាតត្បាត ជាលើកដំបូងគេបង្អស់នៅឆ្នាំ១៩៩៨ នៅក្នុងប្រទេសម៉ាឡេស៊ី ក្រោយពីមានផ្ទុះការចម្លងវីរ៉ុសក្នុងរង្វង់អ្នកចិញ្ចឹមសត្វជ្រូក នៅភូមិNipah ទើបជាប់ ជាប់ឈ្មោះថា Nipah តាំងពីពេលនោះមក។ វីរ៉ុសNipah ជាភ្នាក់ងារចម្លងថ្មីដែលអាចបង្កបង្កើតឱ្យទៅជាជំងឺរាតត្បាតធ្ងន់ធ្ងរបាន ទើបអង្គការសុខភាពពិភពលោកបានចាត់បញ្ចូល Nipahក្នុងបញ្ជីជាមួយនឹងវីរ៉ុស អេបូឡា ហ្ស៊ីកា និងកូវីដ១៩ ថាដូចជាជំងឺជាច្រើនមុនទៀត ដែលត្រូវធ្វើសិក្សាស្រាវជ្រាវជាអាទិភាព ដើម្បីបានដឹងអំពីសក្តានុពលនាំឱ្យមានរោគរាតត្បាត។Nipahអាចចម្លងជាទូទៅពីសត្វមកមនុស្ស ឬតាមម្ហូបអាហារមានផ្ទុកវីរ៉ុស និងក៏អាចចម្លងពីមនុស្សទៅមនុស្សបានទៀត។ សត្វជាភ្នាក់ងារចម្លងវីរ៉ុសមកមនុស្ស មានជាអាទិ៍សត្វប្រចៀវ ឬសត្វជ្រូក។ ជាសត្វស៊ីផ្លែឈើ ប្រចៀវមានផ្ទុកវីរ៉ុសNipahក្នុងខ្លួនពីកំណើត និងធ្លាប់ត្រូវបានគេកំណត់ថាជាដើមហេតុនាំមានជំងឺរាតត្បាតក្រោយៗមក។នៅពេលវីរ៉ុសNipahចម្លងចូលមកដល់ក្នុងខ្លួនមនុស្សហើយ វាអាចសំងំក្នុងសរីរាង្គយើងរយៈពេលពី៤ទៅ១៤ថ្ងៃ ជួនរហូតដល់៤៥ថ្ងៃ ទើបចេញជារោគសញ្ញាជំងឺ។ អាការៈសញ្ញារោគNipahចំបងគេអាចជាការក្តៅខ្លួនខ្លាំង ក្អួត ប្រកាច់ និងការរលាកផ្លូវដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរខ្លាំង Nipahអាចនាំឱ្យខួរក្បាលរលាកស្លាប់ភ្លាម ឬធ្វើសន្លប់លែងដឹងខ្លួន។ ការសិក្សាអាមេរិកបារាំងអង់គ្លេស លើអ្នកមានជំងឺNipahបានបង្ហាញឱ្យឃើញថា មនុស្សពេញវ័យវិជ្ជមានNipah ហើយមានរោគសញ្ញារលាកផ្លូវដង្ហើមមានកំរិតចម្លងខ្ពស់ ទៅមនុស្សធំផ្សេងទៀតនៅជុំវិញខ្លួន។បើតាមអង្គការសុខភាពពិភពលោក អត្រាមរណៈនៃអ្នកឆ្លងមេរោគNipah មានកំរិតប្រមាណពី៤០ទៅ៧៥% ហើយមកទល់ថ្ងៃនេះ ពុំទាន់មានទេថ្នាំព្យាបាល និងថ្នាំបង្ការជំងឺNipah។ អ្នកស្រាវជ្រាវនៅមិនទាន់យល់ច្បាស់អំពីការចម្លងមេរោគNipahនៅឡើយទេ។ គេត្រូវការសិក្សាស៊ីជម្រៅច្រើនទៀត។Nipahធ្លាប់ជាជំងឺរាតត្បាតខ្លាំង?ជំងឺរាតត្បាតNipahទីមួយ បានសម្លាប់ជីវិតមនុស្សអស់ជាង១០០នាក់ នៅប្រទេសម៉ាឡេស៊ី និងដើម្បីបិទខ្ទប់ការរាតត្បាតនៃវីរ៉ុស ឱ្យអាជ្ញាធរចាត់វិធានការសម្លាប់សត្វជ្រូក អស់ជាច្រើនលានក្បាល។ សិង្ហបុរីប្រទេសជិតខាងម៉ាឡេស៊ី ក៏រងការរាតត្បាតឆ្លងពីម៉ាឡេស៊ីដែរ នៅពេលនោះ ដោយមានពលរដ្ឋឆ្លងនិងកើតជំងឺNipahចំនួន១១នាក់ និងម្នាក់បានស្លាប់បាត់បង់ជីវិត។ ពួកគេសុទ្ធសឹងជាអ្នកធ្វើការនៅកន្លែងកាប់ជ្រូកដែលនាំចូលមកពីម៉ាឡេស៊ី។ តាំងពីពេលនោះមក ជំងឺNipahមានលេចឡើងតែនៅក្នុងប្រទេសបង់ក្លាដែសនិងឥណ្ឌា។ ប្រទេសបានឆ្លងកាត់ជំងឺរាតត្បាតNipahជាលើកទីមួយនៅឆ្នាំ២០០១។ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ បង់ក្លាដែសរងគ្រោះNipahខ្លាំងជាង ដោយមានមនុស្សស្លាប់ព្រោះNipah អស់ជាង១០០នាក់ គិតចាប់តាំងពីឆ្នាំ២០០១មក។Nipahក្នុងទម្រង់ជាជំងឺរាតត្បាត បានផ្ទុះឡើងពីរលើកនៅឥណ្ឌា និងបានឆក់យកជីវិតមនុស្សអស់ជាង៥០នាក់ ក្នុងនោះ១៧នាក់នៅរដ្ឋការ៉ាឡា ទម្រាំអាជ្ញាធរទប់ស្កាត់បាន។ កាលពីខែមុន រដ្ឋកេរ៉ាឡា ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេស Nipahបានលេចឡើងជាថ្មី ដោយមានស្លាប់ពីរនាក់។ នេះជារលកចម្លងNipahលើកទីបួនហើយសម្រាប់រដ្ឋកេរ៉ាឡា គិតចាប់តាំងពីឆ្នាំ២០១៨មក។ហេតុអ្វីការចម្លងវីរ៉ុសពីសត្វទៅមនុស្ស មានការកើនឡើង?កូវីដ១៩មិនទាន់ទៅផុតផង Nipahបានមកដល់ទៀត តើនឹងមានជំងឺប្លែកៗច្រើនលេចឡើងប៉ុន្មានមុខទៀត នៅថ្ងៃអនាគត? ហេតុអ្វីមេរោគរបស់សត្វស្រាប់តែអាចចម្លងមកមនុស្សបានកាន់តែច្រើនឡើងៗយ៉ាងដូច្នេះ? Zoonoses លេចឡើងតាំងពីរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែជំងឺសត្វឆ្លងអាចមកមនុស្ស បានកើនឡើងខ្លាំងនារយៈពេល២០ទៅ៣០ឆ្នាំចុងក្រោយនេះ។ វឌ្ឍនភាពនៃការធ្វើដំណើរឆ្លងស្រុក ឆ្លងទ្វីប ជាកត្តានាំឱ្យមានការរីករាលដាលចម្លងយ៉ាងលឿនរហ័ស។ ការពង្រីកផ្ទៃដីរស់នៅ ការវាតទី រុករុលភពផែនដី ... ទង្វើរបស់មនុស្សទាំងអស់នេះមានចំណែកបំផ្លាញប្រព័ន្ធអេក្រូសាស្ត្រធំណាស់ និងជាការបង្កើនប្រូបាលីតេនៃការបំប្លែងខ្លួនរបស់វីរ៉ុស ដែលអាចចម្លងពីសត្វមកមនុស្ស។ នេះបើតាមការគូសបញ្ជាក់របស់អ្នកជំនាញ។កសិកម្មបែបឧស្សាហកម្មក៏បានបង្កើនហានិភ័យចម្លងរីករាលដាលរបស់មេរោគនិងភ្នាក់ងារចម្លងជំងឺរវាងសត្វនិងសត្វ។ ឯការកាប់ព្រៃឈើបានជំរុញឱ្យសត្វព្រៃ សត្វស្រុក និងមនុស្សបានជួបនិងមានទំនាក់ទំនងកាន់តែច្រើនជាងមុន។ ការរស់នៅកាន់តែច្របូកច្របល់ លាយលំគ្នាកាន់តែខ្លាំង ការចម្លងមេរោគពីប្រភេទសត្វមួយទៅសត្វ ឬពីមនុស្សទៅសត្វ ពីសត្វមកមនុស្សក៏កាន់តែងាយ និងបាតុភូតដែលសម្រួលឱ្យងាយលេចឡើងនូវជំងឺថ្មី ប្លែកមានសក្តានុពលឆ្លងនិងរាតត្បាតមកមនុស្សកាន់តែខ្លាំងដែរ។ជាចុងក្រោយ គឺការប្រែប្រួលអាកាសធាតុ។ មិនខុសពីមនុស្ស ការប្រែប្រួលអាកាសធាតុបានរុញច្រានសត្វជាច្រើនឱ្យរត់គេចពីទ្រនំ គេចប្រព័ន្ធអេក្រូសាស្ត្រចាស់របស់ខ្លួនទៅរកទឹកដីថ្មីដែលអនុគ្រោះនិងងាយស្រួលរស់ជាងមុន។ នេះបើតាមការសិក្សាមួយចេញផ្សាយកាលពីឆ្នាំ២០២២។ បើការប៉ាន់ស្មានចុះផ្សាយក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រឆ្នាំ២០១៨ មានវីរ៉ុសនៅលើសត្វចិញ្ចឹមកូនដោយទឹកដោះនិងសត្វស្លាបប្រមាណជាង១,៧លាន ដែលមនុស្សមិនស្គាល់ ក្នុងនោះពី៥៤០០០០ទៅ៨៥០០០០ទំនងជាមានសមត្ថភាពឆ្លងមកមនុស្ស៕
9/18/2023 • 7 minutes, 47 seconds មហារីកកស្បូន៖ ក្មេងប្រុសជំទង់ក៏គួរចាក់ថ្នាំបង្ការ ប្រឆាំងមេរោគHPVដែរ
មហារីកកស្បូន៖ ក្មេងប្រុសជំទង់ក៏គួរចាក់ថ្នាំបង្ការប្រឆាំងមេរោគHPVដែរហេតុអ្វីក្មេងប្រុសត្រូវចាក់ថ្នាំបង្ការដែរ បើពួកគេគ្មានសីររាង្គស្បូនផងនោះ ?! វ៉ាក់សាំងប្រឆាំងនឹងមេរោគប៉ាពីឡូម៉ាវីរ៉ុសភ្នាក់ងារបង្កជំងឺមហារីកកស្បូនដ៏ចម្បងមួយ មិនមែនផលិតឡើងសម្រាប់តែចាក់លើក្មេងជំទង់ភេទស្រីទេ ដូចការគិតពីមុនទេ។ ដើម្បីអាចការពារខ្លួនពីជំងឺមហារីកផ្សេងៗ និងសង្ឃឹមលុបបំបាត់ទាំងស្រុងជំងឺមហារីកកស្បូន ក្មេងប្រុសក៏មានកាតព្វកិច្ចចាំបាច់ត្រូវចាក់ថ្នាំបង្ការប្រឆាំងនឹងមេរោគប៉ាពីឡូម៉ាវីរ៉ុសដែរ។ តើមេរោគប៉ាពីឡូម៉ាវីរ៉ុស ឬHPV អាចបង្កជំងឺអ្វីខ្លះ? តើក្មេងប្រុសនិងក្មេងស្រីត្រូវចាក់ថ្នាំបង្ការនេះនៅពេលណា? នៅប្រទេសបារាំង អាជ្ញាធរបានផ្តល់អនុសាសន៍តាំងពីឆ្នាំ២០០៧មក ឱ្យក្មេងស្រីជំទង់អាយុ១១ទៅ១៤ឆ្នាំ (មិនទាន់មានទំនាក់ទំនងផ្លូវភេទ) ចាក់វ៉ាក់សាំងប្រឆាំងមេរោគប៉ាពីឡូម៉ាវីរ៉ុស HPV និងសម្រាប់ក្មេងប្រុសវ័យជំទង់ដូចគ្នា ចាប់ពីឆ្នាំ២០២១មក។ក្នុងមួយឆ្នាំៗ មេរោគប៉ាពីឡូម៉ាវីរ៉ុស ជាដើមហេតុនាំឱ្យមានអ្នកជំងឺមហារីកថ្មីចំនួន៦ពាន់ករណីថ្មី ភាគច្រើនជាមហារីកកស្បូន ដោយសម្លាប់ជីវិតអស់១១០០នាក់ នៅបារាំង និងបុរសកើតមហារីកប្រមាណ៦៩៤០០នាក់ ក្នុងកំរិតពិភពលោក នៅឆ្នាំ២០១៨។ នេះបើតាមមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកអន្តរជាតិ។តើប៉ាពីឡូម៉ាវីរ៉ុសជាមេរោគអ្វី?Human papillomavirus ឬហៅកាត់ថា HPV ពពួកមេរោគបង្កជំងឺឆ្លងតាមផ្លូវភេទដែលរីករាលដាលខ្លាំងជាងគេ ជាចង្កោមគ្រួសារវីរ៉ុសដែលមានសមត្ថភាពចម្លងលើកោសិកាស្បែក និង/ឬលើភ្នាស។ អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ សម្គាល់ឃើញវីរ៉ុសនេះមានប្រមាណជិត២០០ប្រភេទ។សែនមហាឆ្លង វីរ៉ុសអាចចម្លងតាមការប៉ះពាល់គ្នា និងជាញឹកញយបំផុត តាមរយៈការរួមរក្ស។ មានស្ត្រីបុរសច្រើនខ្លាំងណាស់ (រហូតដល់ប្រមាណ៨០%) ដែលប្រឈមនឹងការឆ្លងវីរ៉ុសនេះ យ៉ាងហោចណាស់ក៏ម្តងដែរ ក្នុងមួយជីវិតពេលមានសកម្មភ្លាមផ្លូវភេទ។ ស្រោមអនាម័យដែលជាមធ្យោបាយការពារជំងឺកាមរោគជាច្រើនដ៏ប្រពៃបំផុតនោះ ក៏មិនអាចធានាការពារការចម្លងមេរោគប៉ាពីឡូម៉ាវីរ៉ុសបានយ៉ាងប្រាកដដែរ ព្រោះក្រុមមេរោគនេះអាចឆ្លងជារឿយៗដែរតាមដៃនិងតាមមាត់។ វីរ៉ុសHPV អាចឆ្លងនៅគ្រប់កន្លែង មិនមែនតែនៅត្រង់ប្រដាប់បន្តពូជទេ។ឆ្លងប៉ាពីឡូម៉ាវីរ៉ុសនឹងបង្កឱ្យមានជំងឺមហារីកជាស្វ័យប្រវត្តិ?ឆ្លងHPVចូលក្នុងខ្លួន មិនប្រាកដថាសុទ្ធតែនឹងអាចមានជំងឺមហារីកនៅថ្ងៃមុខទេ។ មិនផ្តល់រោគសញ្ញា មេរោគHPVភាគច្រើន អាចជាទៅវិញដោយឯងៗ នៅរវាង៦ទៅ១៨ខែក្រោយការឆ្លង។ ក្នុងករណីនេះ អ្នកផ្ទុកមេរោគ គ្មានប្រឈមនឹងហានិភ័យកើតជំងឺមហារីកទេ។ មានតែការបង្ករោគរ៉ាំរ៉ៃ នៃប្រភេទវីរ៉ុសHPVខ្លះទេដែលអាចនាំដល់ជំងឺមហារីក។ នៅក្នុងចង្កោមវីរ៉ុសនេះ មាន១២ប្រភេទអាចសំងំត្រាំត្រែងក្នុងសរីរាង្គកាយ និងបង្កឱ្យមានដុំសាច់ងាយក្លាយជាជំងឺមហារីកបាន នៅថ្ងៃអនាគត។ការឆ្លងវីរ៉ុសHPVញយៗនិងរ៉ាំរ៉ៃ ធ្វើឱ្យកកើតជាដុំដំបៅងាយក្លាយទៅជាជំងឺមហារីក ដែលហៅតាមបែបបច្ចេកទេសវេជ្ជសាស្ត្រថា CIN (Néoplasie Intra-épithéliale)។ នេះមិនទាន់ហៅថាមហារីកទេ។ ក្នុងដំណាក់កាលនេះ ទោះលេចទៅជាដុំសាច់បែបមហារីកក៏ដោយ ក៏ សរីរាង្គកាយមនុស្សនៅតែងអាចកម្ចាត់មេរោគប៉ាពីឡូម៉ាវីរ៉ុសបានដែរ។បើគ្មានការព្យាបាល CIN អាចវិវឌ្ឍទៅជាមហារីកកស្បូន។ ហេតុដូច្នេះហើយបានជាគ្រូពេទ្យជំនាញនិងអាជ្ញាធរសុខាភិបាលតែងណែនាំឱ្យស្ត្រីក្នុងវ័យ២៥-៦៥ឆ្នាំ អញ្ជើញទៅធ្វើតេស្តពិនិត្យស្បូនរកមើលរោគមហារីក ជាងរាល់បីឆ្នាំម្តង បើគ្មានសញ្ញាសង្ស័យ។ ការវិវឌ្ឍទៅជំងឺមហារីក មានដំណើរយឺតខ្លាំងណាស់។ ការតាមដានសុខភាពស្បូនដោយទៀងទាត់អាចបញ្ចៀសមិនឱ្យមេរោគរាលដាលទៅជាមហារីកបានទាន់ពេលវេលា។ថ្វីបើស្ត្រីងាយរងគ្រោះនឹងមេរោគHPVខ្លាំងជាងគេមែន ប៉ុន្តែបុរសក៏មិនរួចខ្លួនដែរ។ ជិតមួយភាគបីនៃបុរស (៣១%) ទំនងជាមានផ្ទុកប៉ាពីឡូម៉ាវីរ៉ុសHPV មួយឬច្រើនប្រភេទនៅក្នុងខ្លួន និងម្នាក់ក្នុងចំណោម៥នាក់ ឆ្លងប្រភេទប៉ាពីឡូម៉ាវីរ៉ុសដែលមានហានិភ័យមហារីកខ្ពស់។ នេះបើតាមការសិក្សាចំនួន៦៥ នៅរវាងពីឆ្នាំ១៩៩៥-២០២២។នៅលើខ្លួនស្ត្រី ជំងឺមហារីកកស្បូន ស្ទើរទាំងស្រុង (៩៩%) បង្កឡើងដោយមេរោគប៉ាពីឡូម៉ាវីរ៉ុស។ តែHPV ក៏ជាភ្នាក់ងារនាំឱ្យមានជំងឺមហារីកផ្សេងៗទៀត លើមនុស្សទូទៅ ដូចជា មហារីកទ្វារធំ មហារីកនៅប្រព័ន្ធប្រចុះមាត់បំពង់ក អាមីដាល អណ្តាត ទ្វារមាស ឬលិង្គ។ វីរ៉ុសHPVមានបង្កប់ហានិភ័យមហារីក អាចសំងំរីកលូតលាស់បង្កើតដុំសាច់ រួចក្លាយជាដុំមហារីក ដោយប្រើរយៈពេលជាច្រើនឆ្នាំ ឬដល់រាប់សិបឆ្នាំក្រោយការឆ្លងឯណោះ។តើគេអាចការពារកុំឱ្យឆ្លងប៉ាពីឡូម៉ាវីរ៉ុសបានដែរឬទេ?ពាក្យស្លោក “ការពារប្រសើរជាងព្យាបាល” មានតម្លៃជានិច្ច។ គ្មានការព្យាបាលណាប្រសើរជាងការពារទេ។ ហើយការការពារដ៏ប្រពៃជាងគេបំផុតប្រឆាំងនឹងមេរោគកំណាចប៉ាពីឡូម៉ាវីរ៉ុស គ្មានអ្វីក្រៅអំពីការចាក់ថ្នាំបង្ការ មុនពេលមានការចម្លងមេរោគ ឡើយ។បើតាមអ្នកជំនាញ ថ្នាំបង្ការមានប្រសិទ្ធភាពខ្ពស់មែនទែន ប្រសិនបើចាក់បានតាំងពីពុំធ្លាប់មានទំនាក់ទំនងផ្លូវភេទសោះ។ ហេតុដូច្នេះហើយបានជាអាជ្ញាធរណែនាំឱ្យពលរដ្ឋនាំកូនទាំងស្រីទាំងប្រុស ទៅចាក់ថ្នាំបង្ការប្រឆាំងHPV ជាទូទៅ ចាប់ពីអាយុ១១ឆ្នាំឡើងទៅ និងអាចយឺតយ៉ាវរហូតដល់អាយុ១៩ឆ្នាំ ឬត្រឹម២៦ឆ្នាំសម្រាប់បុរសដែលស្រលាញ់ភេទដូចគ្នា។គ្មានសរីរាង្គស្បូនមែន តែការផ្តល់ថ្នាំបង្ការដល់ក្មេងប្រុសមានសារៈប្រយោជន៍ខ្លាំងណាស់។ ទីមួយ ថ្នាំបង្ការបំពេញកិច្ចការពារដោយផ្ទាល់ មិនឱ្យមានជំងឺមហារីក និងជំងឺឬសកមកើតនៅលើប្រដាប់ភេទ និងតំបន់ជុំវិញប្រដាប់បន្តពូជ។ ប្រសិទ្ធភាពនៃថ្នាំបង្ការប្រឆាំងHPV មានបញ្ជាក់យ៉ាងច្បាស់លាស់។ ផលប្រយោជន៍ទីពីរ គឺថ្នាំបង្ការផ្តល់ការពារមិនឱ្យធ្លាក់ខ្លួនមានជំងឺមហារីកលើប្រព័ន្ធច្រមុះមាត់បំពង់ក ដែលតែងកើតឡើងជាញឹកញាប់លើមនុស្សប្រុស ដោយហេតុមានផ្ទុកមេរោគប៉ាពីឡូម៉ាវីរ៉ុស។ គុណប្រយោជន៍ចុងក្រោយនិងទីបី គឺវ៉ាក់សាំងជាអាវុធការពារនិងកាត់បន្ថយការចម្លងមេរោគ។ ក្មេងប្រុស ជាអនាគតដៃគូស្នេហា ជាអនាគតស្វាមី ដូច្នេះក្មេងប្រុសក៏ត្រូវតែចាក់ថ្នាំបង្ការដើម្បីជួយកាត់បន្ថយហានិភ័យនៃការចម្លងវីរ៉ុស។ ក្មេងប្រុសមានផ្ទុកHPV នឹងទៅចម្លងក្មេងស្រី ហើយស្រីនៅជាមួយប្រុស ប្រុសនៅជាមួយស្រី ប្រុសឆ្លងពីប្រុសដូចគ្នា ហើយក៏មានស្រីឆ្លងពីស្រីដូចគ្នា មេរោគនឹងធ្វើចរាចរណ៍វិលទៅវិលមក។ ដល់ពេលមួយ បើយើងចង់បញ្ឈប់សកម្មភាពចម្លងរបស់មេរោគ គឺមានតែទៅចាក់ថ្នាំបង្ការគ្រប់គ្នា។អូស្ត្រាលី អាមេរិក បានបើកយុទ្ធនាការចាក់ថ្នាំបង្ការលើក្មេងស្រីជំទង់តាំងពីឆ្នាំ២០០៧ និង២០១១-២០១៣សម្រាប់ក្មេងប្រុសជំទង់។ ជាលទ្ធផល វីរ៉ុសHPV បាត់ខ្លួនស្ទើរលែងមានការចម្លងសោះ ករណីលេចដុំសាច់អាចក្លាយជាមហារីកក៏រលុបបាត់ស្ទើរទាំងស្រុងដែរ។ បើតាមទិន្នន័យដំបូងរបស់ប្រទេសស៊ុយអែត ស្តីពីសុខភាពក្មេងអាយុ១០ឆ្នាំដល់៣០ឆ្នាំចំនួន១លាន៦សែននៅ ក្នុងអំឡុងពេលពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៧ ចេញផ្សាយនៅឆ្នាំ២០២០ បានបង្ហាញឱ្យឃើញថា អត្រាហានិភ័យមានជំងឺមហារីកកំណាចលើស្ត្រីបានចាក់ថ្នាំបង្ការប្រឆាំងHPVមុនអាយុ១៧ឆ្នាំ បានធ្លាក់ចុះអស់៨៨%។ ការសិក្សាក្រោយមកទៀតនៅអង់គ្លេស បានរកឃើញថា ជំងឺមហារីកកស្បូនបានធ្លាក់ចុះជាគំហុក ស្ទើរគ្មានម្នាក់សោះ តាំងពីប្រទេសមានកម្មវិធីចាក់ថ្នាំបង្ការប្រឆាំងHPVនៅឆ្នាំ២០០០មក។ប៉ុន្តែថ្នាំបង្ការមិនអាចរារាំងមិនឱ្យកើតជំងឺមហារីកបានទាំងស្រុងទេ។ សម្រាប់ជំងឺមហារីកកស្បូន ការធ្វើតេស្តវិភាគរកមើលមេរោគមហារីកនៅតែចាំបាច់ជានិច្ច៕
9/13/2023 • 9 minutes, 29 seconds តើគួរព្រួយបារម្ភអំពីមេរោគជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីៗឬទេ?
តាំងពីខែឧសភា២០២៣មក អង្គការសុខភាពពិភពលោកលែងចាត់ទុកជំងឺរាតត្បាតកូវីដជាការគំរាមកំហែងសុខភាពសាធារណៈពិភពលោកទៀតហើយ ប៉ុន្តែជំងឺកូវីដនៅតែបន្តចម្លង ក្នុងប្រទេសនិងបន្តបំប្លែងខ្លួន មានលេចទម្រង់ថ្មីជារហូត។ បន្ទាប់ពី ដែលតា អូមីក្រុង ដែលបានចម្លងផ្អើលពិភពលោក អេរីស និងពីរូឡា ជាមេរោគកូវីដបំប្លែងខ្លួនថ្មីៗ យ៉ាងហោចពីរទៀតដែលកំពុងស្ថិតក្រោមការតាមដានពិសេសរបស់អង្គការសុខភាពពិភពលោក។ តើមេរោគបំប្លែងថ្មីទាំងនេះ គួរឱ្យខ្លាចរអារយ៉ាងណា? លែងជាករណីបន្ទាន់សកលមែន លែងសូវមានព័ត៌មាននិយាយអំពីកូវីដមែន តែកូវីដមិនបានទៅណាឆ្ងាយទេ។ កូវីដនៅតែបន្តចម្លង និងបំប្លែងខ្លួន។ អង្គការសុខភាពពិភពលោក ក៏ដូចជាអាជ្ញាធរប្រទេសមួយចំនួន មានជាអាទិ៍អាមេរិកឬបារាំង បន្តតានដានសកម្មភាពវិវឌ្ឍន៍របស់កូវីដ យ៉ាងស្អិតជានិច្ច។ តាំងពីប៉ុន្មានសប្តាហ៍មកនេះ ករណីឆ្លងកូវីដ១៩ បានស្ទុះកើនឡើងជាថ្មី ដោយហេតុតែមេរោគកូវីដបំប្លែងខ្លួនថ្មីឈ្មោះអេរីស។ ៣៥%នៃអ្នកជំងឺកូវីដមានផ្ទុកមេរោគបំប្លែងអេរីស។ បន្ថែមពីលើអេរីស មានលេចការគំរាមកំហែងនៃមេរោគបំប្លែងថ្មីមួយទៀត។ បន្ទាប់ពីធ្វើដំណើរឆ្លងក្នុងជាង១៥ប្រទេស ពីអាហ្វ្រិកខាងត្បូង ដល់ដាណឺម៉ាក កាត់តាមអ៊ីស្រាអែល ស្វីស អង់គ្លេស ឬអេស្ប៉ាញ ពីរ៉ូឡា បានមកដល់ប្រទេសបារាំង ជាមួយកំរិតបំប្លែងខ្លួនគួរឱ្យព្រួយបារម្ភ។កូវីដបំប្លែងខ្លួនថ្មីនឹងបង្កឱ្យមានរលកចម្លងថ្មី?ជាសមាជិកថ្មីក្នុងចង្កោមគ្រួសារអូមីក្រុង ពីរ៉ូឡា ឬBA.2.86បានបំប្លែងខ្លួនខ្លាំង ដោយប្តូរទម្រង់គួរឱ្យកត់សម្គាល់ជាង៤០ដង មានន័យថាវាមានសមត្ថភាពវិវឌ្ឍប្តូរផ្លាស់ខ្លាំងនិងអាចចម្លងរីករាលដាលយ៉ាងងាយណាស់។ ទម្រង់បំប្លែងខ្លះអាចមានឥទ្ធិពលលើប្រព័ន្ធការពារសរីរាង្គកាយមនុស្សផង។នៅក្នុងការបំប្លែងខ្លួនរបស់វីរុស អ្នកវិទ្យាសាស្ត្រតាមដានជាពិសេសការបំប្លែងខ្លួនពីរយ៉ាងនៅលើប្រូតេអ៊ីនSpike ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចម្លងមេរោគនិងក្នុងការការពារសរីរាង្គកាយ។ ជាការបំប្លែងទម្រង់ដែលមាននៅលើមេរោគដើមនៅវ៉ូហាន និងដែលប្រហាក់ប្រហែលនឹងមេរោគបំប្លែងខ្លួនដែលតា។ហេតុដូច្នេះហើយបានជាបានអង្គការសុខភាពពិភពលោកចាត់ពីរ៉ូឡាចូលក្នុងចង្កោមមេរោគត្រូវតាមដានជាពិសេស ព្រោះវាបានបំប្លែងខ្លួនលើសពី៣០ដង ដោយអាចនឹងធ្វើឱ្យចំនួនអ្នកឆ្លងហក់ឡើងខ្លាំងដល់កំពូលជាថ្មី។ ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី ក៏គ្មាននរណាទាញឬស្រែកអាសន្នថាពីរ៉ូឡាជាមេរោគបំប្លែងខ្លួនថ្មីដ៏គ្រោះថ្នាក់នៅឡើយទេ។ គេមិនរំពឹងថានឹងមានអ្នកជំងឺធ្លាក់ខ្លួនឈឺក្នុងស្ថានភាពធ្ងន់ធ្ងរ និងស្លាប់ច្រើន ដូចរលកចម្លងដោយមេរោគបំប្លែងខ្លួនដែលតាឬអូមីក្រុងទេ។តើត្រូវវិលទៅប្រកាន់ក្បួនអនាម័យប្រឆាំងកូវីដឡើងវិញ?ទម្លាប់ល្អគួរតែរក្សាឱ្យបានល្អ យ៉ាងណាមិញ ក្បួនអនាម័យជាប្រចាំថ្ងៃតាំងពីបីឆ្នាំមកនេះ គួរតែបន្តប្រកាន់ឱ្យបានខ្ជាប់ខ្ជួន។ អាជ្ញាធរសុខាភិបាលបារាំងបានផុ្តល់អនុសាសន៍ និងណែនាំឱ្យបន្តពាក់ម៉ាស់ នៅតាមទីកន្លែងបិទជិត នៅក្នុងពេលធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ ឬនៅទីតាមការប្រមូលផ្តុំមនុស្សច្រើន។សូមឧស្សាហ៍លាងសម្អាតដៃ ឱ្យញឹកញាប់។ កំរិតការប៉ះពាល់ជាមួយមនុស្សមានសុខភាពទន់ខ្សោយ ចាស់ជរា មានជំងឺ ឬក្មេងតូចៗ។ ឧស្សាហ៍បើកទ្វារបង្អួចផ្ទះ បន្ទប់ស្នាក់នៅបន្ទប់ដេក ឱ្យខ្យល់ចេញចូល ជាច្រើនដងក្នុងមួយថ្ងៃ។ដើម្បីកំរិតហានិភ័យចម្លងវីរ៉ុស ចាំបាច់ត្រូវតែបើកន្សែងក្រដាស តែម្តងហើយគ្រវាត់ចោលក្នុងធុងសំរាមបិទជិត ក្រោយពេលជូតមាត់។ ខ្ទប់មាត់ច្រមុះពេលកណ្តាស់ និងក្អក ក្នុងកែងដៃ។ល។តើត្រូវធ្វើយ៉ាងណានៅពេលមានរោគសញ្ញា?ប្រសិនមានរោគសញ្ញាជំងឺ គួរឱ្យសង្ស័យថាជាកូវីដ សូមប្រកាន់កាយវិការអនាម័យរារាំងកុំឱ្យមានការចម្លងទៅអ្នកជុំវិញខ្លួន។ ហើយរួសរាន់ទៅធ្វើតេស្តរកមើលឱ្យប្រាកដចិត្តថាពិតជាឆ្លងកូវីដ១៩។ ក្នុងករណីមានបញ្ហាផ្លូវដង្ហើម ពិបាកដកដង្ហើម ហាក់ដូចជាថប់ខ្យល់ ដងដង្ហើមមិនដល់គ្នា ដោយគ្រាន់តែបញ្ចេញកម្លាំងឬប្រឹងនិយាយ សូមប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ។តើគួរចាក់ថ្នាំបង្ការកូវីដទៀតដែរឬទេ?ដើម្បីការពារខ្លួនក្នុងរដូវរងារ គ្មានអ្វីប្រសើរជាងការចាក់ថ្នាំបង្ការទេ។ ដូចសេចក្តីណែនាំ អង្គការសុខភាពពិភពលោកកាលពីខែមិថុនា ភ្នាក់ងារឱសថអឺរ៉ុប ទើបបានអនុម័តកាលពីថ្ងៃពុធទី ១កញ្ញា២០២៣ អនុញ្ញាតឱ្យក្រុមហ៊ុនPfizer BioNtech ធ្វើចរាចរណ៍ថ្នាំបង្ការកូវីដថ្មីសម្រាប់ប្រយុទ្ធប្រឆាំងនឹងក្រុមមេរោគកូវីដបំប្លែងខ្លួនថ្មី ដែលកំពុងសកម្ម នាពេលនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ អាជ្ញាធរអឺរ៉ុបបានថែមទាំងផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាននីមួយៗជំរុញការចាក់ថ្នាំបង្ការថ្មី ដែលមានប្រសិទ្ធភាពទប់ទល់នឹងពពួកមេរោគបំប្លែងក្នុងចង្កោមគ្រួសារមេរោគអូមីក្រុង។វ៉ាក់សាំងComirnaty Omicron អាចចាក់លើមនុស្សចាស់និងក្មេងចាប់ពីអាយុ៦ខែឡើងទៅ។ មនុស្សពេញវ័យនិងក្មេងអាយុលើសពី៥ឆ្នាំ ត្រូវការចាក់ថ្នាំបង្ការថ្មីតែមួយដូសតែប៉ុណ្ណោះ មិនថាគេមានប្រវត្តិចាក់វ៉ាក់សាំងកូវីដពីមុនយ៉ាងណាទេ។ ចំណែកក្មេងតូចខ្លាំង អាចទទួលវ៉ាក់សាំងពីមួយដូសទៅបីដូស ទៅតាមស្ថានភាពសុខភាពរបស់ទារក។ នេះបើតាមការលម្អិតរបស់ភ្នាក់ងារឱសថអឺរ៉ុបដដែល ដោយបញ្ជាក់ថា ផលរំខាននៃថ្នាំបង្ការកូវីដ មានតិចតូចនិងស្រាល ហើយក្នុងរយៈពេលខ្លីបំផុត។ ផលរំខានធ្ងន់ធ្ងរជាករណីកម្រខ្លាំងណាស់។នៅក្នុងក្របខ័ណ្ឌនៃយុទ្ធនាការចាក់ថ្នាំបង្ការ មានថ្នាំបង្ការបីមុខដែលប្រជាពលរដ្ឋងាយរងគ្រោះអាចរកចាក់បាន តាមការណែនាំរបស់អង្គការសុខភាពពិភពលោក គឺថ្នាំបង្ការរបស់ក្រុមហ៊ុនPfizer Moderna និង Navavax៕
9/6/2023 • 6 minutes, 11 seconds ការប្រែប្រួលអាកាសធាតុ ជះឥទ្ធិពលលើសុខភាពយ៉ាងណា ?
ប្លាស្ទិក ខ្យល់ពុលគីមី ជីវសាស្ត្រ លេចជំងឺថ្មី ... សកម្មភាពរបស់មនុស្សបាននិងកំពុងបំផ្លាញប្រព័ន្ធអេកូសាស្ត្រ ជីវចម្រុះខ្លាំងណាស់ និង ធ្វើឱ្យអាកាសធាតុប្រែប្រួល។ ហើយសកម្មភាពនេះ កំពុងតែវាយបកមកលើសុខភាពរបស់មនុស្សវិញ។ តើការប្រែប្រួលអាកាសធាតុជះឥទ្ធិពលយ៉ាងណាខ្លះ ដល់សុខភាព ? ក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ (Giec) បានទាញសញ្ញាអាសន្ន តាមរយៈរបាយការណ៍ជាបន្តបន្ទាប់ អំពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ។ ផ្ទាំងទឹកកករលាយ ទឹកមហាសមុទ្ទឡើងកម្ពស់ គំរាមត្របាក់តំបន់ឆ្នេរទំនាប ព្យុះភ្លៀងកំណាចលែងមានរដូវ ទឹកជំនន់កាន់តែធំ ភាពរាំងស្ងួតកាន់តែញឹកញយ សីតុណ្ហភាពឡើងក្តៅហួសហេតុ កំហែងជីវិតជីវចម្រុះឱ្យប្រឈមនឹងការផុតរលត់ ... ទាំងនេះជាផលវិបាកនៃការប្រែប្រួលអាកាសធាតុដែលបើតាមអ្នកជំនាញបណ្តាលមកពីកំណើនឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស បញ្ចេញដោយស្នាដៃមនុស្សតាមរយៈការប្រើចំហេះផូស៊ីល (ធ្យូងថ្ម ឧស្ម័ន ប្រេងកាត ...)។ការឡើងកម្តៅអាកាសធាតុនេះ បានធ្វើឱ្យបរិស្ថានប្រែប្រួល យ៉ាងខ្លាំង និងអាចជះឥទ្ធិពលធ្ងន់ធ្ងរនិងដោយផ្ទាល់លើសុខភាពរបស់មនុស្ស។ ហើយគឺតំបន់ដែលពុំសូវបានចូលរួមធ្វើឱ្យអាកាសធាតុប្រែប្រួល ដែលក្រុមមនុស្សរស់នៅក្នុងតំបន់នោះងាយរងគ្រោះនឹងជំងឺ លេចឡើងដោយការឡើងកម្តៅអាកាសធាតុ ហើយមានចំនួនអ្នកស្លាប់ដោយអាកាសធាតុកើនឡើងលឿនខ្លាំង។ តំបន់មានហានិភ័យខ្ពស់ជាងគេគឺ តំបន់ទំនាបជុំវិញមហាសមុទ្ទប៉ាស៊ីហ្វិក មហាសមុទ្ទឥណ្ឌា និងតំបន់អាហ្វ្រិកសាហារ៉ា។ បើតាមអង្គការសុខភាពពិភពលោក ការប្រែប្រួលអាកាសធាតុជាភ្នាក់ងារសម្លាប់ជីវិតមនុស្សយ៉ាងហោច១៥ម៉ឺននាក់ ក្នុងមួយឆ្នាំៗ និងឡើងដល់ទ្វេដងនៅឆ្នាំ២០៣០។ តើការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់សុខភាពយ៉ាងណា ? អ្នកស្រីវេជ្ជបណ្ឌិត Lucile Sesé គ្រូពេទ្យជំនាញសួត នៅមន្ទីរពេទ្យAvicennes ជាយទីក្រុងប៉ារីស ៖ “ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុចំពោះសុខភាពមានច្រើន។ យើងអាចរាប់ ជាឧទាហរណ៍ ទាក់ទងនឹងជំងឺផ្លូវដង្ហើម ការឡើងកម្តៅខ្លាំងនឹងធ្វើឱ្យអ្នកមានជំងឺផ្លូវដង្ហើមស្រាប់ត្រូវការទៅរកការព្យាបាលពីគ្រូពេទ្យកាន់តែញាប់ និងមានហានិភ័យមរណៈកាន់តែខ្ពស់ ដោយហេតុតែមានបញ្ហាសរសៃឈាម។ ទាក់ទងនឹងការឡើងកម្តៅខ្លាំងដែរ នៅពេលសីតុណ្ហភាពឡើងខ្ពស់ ភាពប្រឈមនឹងអូហ្សូនក៏កាន់តែខ្លាំង អ្នកមានជំងឺផ្លូវដង្ហើម ហឺត រលាកសួតរ៉ាំរ៉ៃ កាន់តែពិបាករកដង្ហើមថែមទៀត។ អាកាសធាតុប្រែប្រួល មេឃកាន់តែក្តៅ រដូវលែងទៀង រយៈពេលរុក្ខជាតិចេញផ្កា សាយលម្អង អូសបន្លាយ និងកាន់តែវែង មនុស្សងាយកើតអាល់ឡែកហ្ស៊ី កាន់តែច្រើន ជំងឺទាក់ទងនឹងអាល់ឡែកហ្ស៊ី កាន់តែធ្ងន់ធ្ងរ ។ ឥលូវនេះ មានមនុស្សប្រមាណ ៣០% មានបញ្ហារលាកច្រមុះដោយអាល់ឡែកហ្ស៊ី តែថ្ងៃមុខនឹងចំនួនអ្នកជំងឺប្រភេទនឹងមានកើនច្រើនឡើងៗជារៀងរាល់ឆ្នាំ។”ការប្រែប្រួលអាកាសធាតុជះឥទ្ធិពលអាក្រក់ខ្លាំងណាស់ លើសុខភាពទូទៅរបស់មនុស្ស តែនៅពេលគេនិយាយអំពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុចំពោះសុខភាព គេតែងភ្ជាប់ និងនឹកគិតឃើញភ្លាមស្ទើរជាស្វ័យប្រវត្តិដល់ បញ្ហាគុណភាពខ្យល់ក្នុងបរិយាកាស ដល់ផលវិបាកនៃខ្យល់ពុល។ អ្នកស្រីវេជ្ជបណ្ឌិត Sesé ៖ « សព្វថ្ងៃនេះ យើង- គ្រូពេទ្យផ្នែកសួត- យើងប្រឹងប្រែងពន្យល់អំពីបញ្ហាខ្យល់ពុល ប្រាប់ទៅអ្នកជំងឺ ជាញឹកញយ ដូចយើងបញ្ជៀបអំពីផលវិបាកនៃការជក់បារីដែរ ព្រោះយើងដឹងថា ខ្យល់ពុលជាអ្នកផ្តួចផ្តើមឱ្យលេចមានជំងឺខ្លះ មានជាអាទិ៍ជំងឺហឺតលើកុមារ មហារីកលើអ្នកមិនជក់បារី ... នេះជាឧទាហរណ៍ជាក់ស្តែង ដែលមានការសិក្សាបញ្ជាក់ត្រឹមត្រូវ។ បន្ទាប់មកទៀត ខ្យល់ពុលសម្រួល ឱ្យជំងឺកាន់តែឆាប់ធ្ងន់ធ្ងរ ដូចជាជំងឺក្រិនថ្លើម ហឺត រលាកទងសួត។ ដូច្នេះអ្នកជំងឺត្រូវស្វែងយល់អំពីព័ត៌មានទាក់ទងនឹងគុណភាពខ្យល់ និងឆាប់រួសរាន់រកជំនួយពីគ្រូពេទ្យនៅពេលឃើញមានរោគសញ្ញាចាប់ធ្លាក់ដុនដាប។ ហើយយើងក៏បង្រៀនអ្នកជំងឺឱ្យយល់ដឹងនិងប្រុងប្រយ័ត្នចំពោះគុណភាពខ្យល់ក្នុងផ្ទះទៀត។”ការប្រែប្រួលអាកាសធាតុ ជាដើមហេតុបង្កឱ្យលេចជំងឺថ្មីៗ ?ការប្រែប្រួលអាកាសធាតុ ជំរុញឱ្យមានការប្រែប្រួលជាខ្សែបន្តបន្ទាប់គ្នា តាំងពីការលេចពូជសត្វរុក្ខជាតិថ្មី ទៅការប្តូរផ្លាស់ឥរិយាបថ ដែលនាំផលរំខាន ដោយមិនផ្ទាល់ដល់មនុស្សគ្រប់រូប។ ជាក់ស្តែងការឡើងកម្តៅអាកាសធាតុ អាចសម្រួលឱ្យមានលេចនិងការរីកសាយភាយពពួកមីក្រុប រុក្ខជាតិ និងសត្វ ចង្រៃ ដែលអាចជាប្រភពនាំឱ្យមានជំងឺអាឡែកហ្ស៊ី ជំងឺពុល ឬជំងឺឆ្លង។ អ្នកស្រីវេជ្ជបណ្ឌិត Sesé ៖ “ការប្រែប្រួលអាកាសធាតុ ច្បាស់ណាស់ថាជាកត្តានាំជំងឺកាន់ងាយធ្ងន់ធ្ងរ តែវាក៏ជាកត្តាដើមហេតុនាំកើតមានជំងឺថ្មី។ គេដឹងថា ខ្យល់ពុលបានធ្វើឱ្យមានមនុស្សធ្លាក់ខ្លួនកើតអាល់ឡែកហ្ស៊ីកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ហើយគេដឹងទៀតថា ខ្យល់ពុលអាចបង្កើនកម្លាំងវីរុស បង្កើនសមត្ថភាពចម្លងរបស់វីរុស។ ដូច្នេះ កត្តាបរិស្ថាន ខ្លះ ជាដើមហេតុនាំឱ្យលេចឡើងនូវជំងឺថ្មី។”ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងដែលមានភ្នាក់ងារចម្លងជាសត្វ កំពុងស្ថិតក្នុងការតាមដានជាពិសេស។ ពីមុនមក គេតែងទម្លាក់កំហុស ទៅលើការដឹកជញ្ជូន និងការធ្វើដំណើរ កាន់តែលឿនកាន់ច្រើន ថាជាដឹកជញ្ជូនភ្នាក់ងារចម្លងមេរោគ ឆ្លង ពីតំបន់មួយទៅតំបន់មួយ។ ប៉ុន្តែតាំងពីថ្មីៗនេះមក អ្នកវិទ្យាសាស្ត្រក៏បានរាប់ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុថាជាភ្នាក់ងារចម្លងជំងឺបង្កឡើងដោយមេរោគ ដែរ ព្រោះការឡើងកម្តៅអាកាសធាតុ សម្រួលនិងពន្លឿនការលូតលាស់របស់ភ្នាក់ងារបង្កជំងឺ ឧទាហរណ៍សត្វមូសខ្លា ដែលជាភ្នាក់ងារបង្កជំងឺគ្រុនឈាម គ្រុនឈីក និងហ្ស៊ីកា។បើតាមអង្គការសុខភាពពិភពលោក ការឡើងកម្តៅអាកាសធាតុ ២ទៅ៣អង្សា នឹងបង្កើនអត្រាមនុស្សកើតជំងឺគ្រុនចាញ់៥% ហើយមនុស្សយ៉ាងហោច២ពាន់លាននាក់ត្រូវរស់ប្រឈមនឹងគ្រោះកើតជំងឺគ្រុនឈាម នៅឆ្នាំ២០៨០។ការឡើងកម្តៅខ្យល់បរិយាកាស ជះឥទ្ធិពលដោយផ្ទាល់ទៅលើសុខភាពមនុស្ស ដោយត្រូវប្រឈមនឹងជំងឺក្តៅខ្លួនញយៗ និងជំងឺសរសៃឈាមបេះដូង ឬផ្លូវដង្ហើម ដែលអាចជំរុញឱ្យអត្រាមរណៈឡើងខ្ពស់លើសធម្មតា។ ការសិក្សារបស់អាជ្ញាធរសុខាភិបាលបារាំងទើបបានចេញផ្សាយរបាយការណ៍ថ្មីមួយបញ្ជាក់អំពីកំណើនគួរឱ្យកត់សម្គាល់នៃអត្រាមរណៈដោយហេតុអាកាសធាតុក្តៅខ្លាំង៕
7/12/2023 • 7 minutes, 44 seconds លំហាត់ យ៉ូហ្កា Yoga អាចចាត់ទុកជាវិធីព្យាបាលជំង ឺ ?
ថ្ងៃទី ២១ មិថុនា ជាទិវាយូហ្កាពិភពលោក។ យ៉ូហ្កាមិនមែនគ្រាន់តែលំហាត់ផ្តល់ភាពទន់ភ្លន់ដល់រាងកាយទេ តែជាលំហាត់សម្រាប់គ្រប់គ្រងឥរិយាបថនៃជីវិត។ លំហាត់ឬក្បាច់ហាត់សាមញ្ញៗ អាចជួយយើងឱ្យមានអភិវឌ្ឍបុគ្គល អារម្មណ៍ និងគ្រប់គ្រងស្ត្រេស ហើយសម្រួលដល់សុខមាលភាពព្រមទាំងសុខភាពទៀត។ តើការហាត់យ៉ូហ្កាអាចជួយព្យាបាលសុខភាពយ៉ាងណា ? មានកំណើតនៅឥណ្ឌា យ៉ូហ្កាដែលជាភាសាសំង្ក្រឹត មានន័យថា ភ្ជាប់ ឬផ្សំគ្នា ជានិម្មិតរូប នៃការបង្រួបបង្រួមសរីរាង្គកាយនិងស្មារតី កាយនិងចិត្ត។ ការហាត់យ៉ូហ្កា កើនប្រជាប្រិយភាពជាលំដាប់ និងមានហាត់ក្នុងទម្រង់ប្លែកៗគ្នាពីតំបន់មួយទៅតំបន់មួយនៃភពផែនដី។ ប៉ុន្តែ យ៉ូហ្កា មិនមែនត្រឹមតែ ជា លំហាត់ប្រាណ ធម្មតាទេ។ បើតាមអ្នកជំនាញ ការហាត់យ៉ូហ្កា គឺជាការបណ្តុះមធ្យោបាយរក្សាលំនឹងឥរិយាបថក្នុងការរស់នៅប្រចាំថ្ងៃ និងបណ្តុះសមត្ថភាព ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព។មានប្រជាប្រិយភាពជាលក្ខណៈសកល អង្គការសហប្រជាជាតិបានប្រកាសនៅថ្ងៃទី ១១ធ្នូ ២០១៤ ទទួលស្គាល់ ថ្ងៃទី ២១មិថុនា ជាទិវាយ៉ូហ្កាពិភពលោក។ គម្រោងសេចក្តីសម្រេចចិត្តស្នើឡើងដោយប្រទេសឥណ្ឌាបានទទួលការគាំទ្ររដ្ឋសមាជិកចំនួន១៧៥ប្រទេស។លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ដែលជាអ្នកផ្តួចផ្តើមបង្កើតទិវាយ៉ូហ្កាអន្តរជាតិនេះឡើង បានអះអាងប្រាប់អង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៦៩ថា “យ៉ូហ្កា ជានិម្មិតរូបនៃរួមភ្ជាប់ស្មារតីនិងរាងកាយ គំនិតនិងសកម្មភាព ដែលនឹងនាំមកនូវគុណប្រយោជន៍មិនអាចកាត់ថ្លៃបានសម្រាប់សុខភាព និងសុខមាលភាព។ យ៉ូហ្កាមិនមែនគ្រាន់តែជាលំហាត់ប្រាណ ពត់បន្ទន់កាយសម្បទាទេ តែជាមធ្យោបាយផ្គុំតែមួយ រវាងពិភពលោកនិងធម្មជាតិ។” សេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិ បានគូសបញ្ជាក់អំពីភាពសំខាន់ដែលបុគ្គល និងពលរដ្ឋ គួរជ្រើសរើស (យ៉ូហ្កា) អ្វីដែលល្អសម្រាប់សុខភាព និងបន្តមានរៀបរបបរស់នៅបែបទ្រទ្រង់ឱ្យមានសុខភាពល្អ។ ក្នុងន័យនេះអង្គការសុខភាពពិភពលោក បានថែមទាំងណែនាំរដ្ឋជាសមាជិកទាំងអស់ឱ្យជួយជំរុញពលរដ្ឋខ្លួនទៅបញ្ចេញសកម្មភាពកាយសម្បទា កាត់បន្ថយភាពអសកម្មនៃសរីរាង្គកាយ។ កម្មវត្ថុនៃទិវាយ៉ូហ្កាអន្តរជាតិ ដៅបញ្ច្រៀបមតិសាធារណៈពិភពលោកឱ្យបានយល់អំពីគុណប្រយោជន៍ដ៏ច្រើននៃការហាត់យ៉ូហ្កា។ តើការហាត់យ៉ូហ្កា ពិតជាផ្តល់ប្រយោជន៍ល្អសម្រាប់សុខភាពមែនឬយ៉ាងណា ? តើអ្នកវិទ្យាសាស្ត្រយល់ស្រប និងបានសិក្សាស្រាវជ្រាវអំពីប្រសិទ្ធភាពនៃលំហាត់យ៉ូហ្កាដែរឬទេ ? សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Lionel Coudron គ្រូពេទ្យកីឡា មានជំនាញរបបអាហារ និងជានាយកវិទ្យាស្ថានព្យាបាលដោយយ៉ូហ្កា ៖យ៉ូហ្កា និងការសិក្សាស្រាវជ្រាវវេជ្ជសាស្ត្រអ្វីដែលអស្ចារ្យបំផុតសម្រាប់ខ្ញុំនោះ គឺកាលពី៤០ឆ្នាំមុន នៅពេលចាប់ផ្តើមហាត់យ៉ូហ្កា ខ្ញុំមានអារម្មណ៍ស្រួលខ្លួនជាងមុន ទើបខ្ញុំជឿលើយ៉ូហ្កា ហើយបន្តចង់ហាត់ទៀត តែពុំមានភស្តុតាងបែបវិទ្យាសាស្ត្របញ្ជាក់អំពីប្រសិទ្ធភាពនៃការហាត់យ៉ូហ្កា ចំពោះសុខភាពឡើយ ទោះបីលំហាត់យ៉ូហ្កា មានតាំងពីពាក់កណ្តាលសតវត្សរ៍ទី២០មកក៏ដោយ។ នៅឥណ្ឌា កាលពីមុន មានតែការសិក្សាអំពីមូលដ្ឋានគ្រឹះនៃយ៉ូហ្កាប៉ុណ្ណោះ។ ទើបតែជាង២០ឆ្នាំចុងក្រោយនេះទេដែលមានការសិក្សា បែបគ្លីនិក។ ការសិក្សាបែបនេះ អាចបញ្ជាក់បានអំពីប្រសិទ្ធភាពនៃយ៉ូហ្កា។ សម័យនេះ វេជ្ជសាស្ត្រត្រូវការភស្តុតាង។ គឺជាការធម្មតា។ គេមិនអាចធ្វើអ្វីផ្តេសផ្តាសបានឡើយ ហើយក៏មិនអាចផ្តល់ការណែនាំមនុស្សគ្រប់រូប ដោយប្រើពាក្យទទេបានដែរ។ ឥលូវ គេបានដឹងហើយថាយ៉ូហ្កាមានប្រសិទ្ធភាពល្អ ព្រោះមានការសិក្សាយ៉ាងហ្មត់ចត់ តាមប្រូតូកូលនិងច្បាប់យ៉ាងច្បាស់លាស់។ គ្រាន់តែថា នៅក្នុងយ៉ូហ្កា គេមិនអាចធ្វើពិសោធន៍ប្លាសឺបូបាន (ពិសោធន៍ប្លាសឺបូ គឺមានអ្នកប្រើរបស់ពិត និងអ្នកប្រើរបស់បញ្ឆោត ដោយមិនដឹងខ្លួន)។ ដើម្បីជំនួសការពិសោធន៍ប្លាសឺបូ អ្នកស្រាវជ្រាវបានប្រើវិធីផ្សេង គឺសិក្សាត្រួតពិនិត្យនិងប្រៀបធៀប រវាងការព្យាបាលជំងឺឧទាហរណ៍ជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ឈឺចង្កេះ ឈឺខ្នង ដោយហាត់យ៉ូហ្កា ប្រៀបជាមួយការព្យាបាលដោយប្រើថ្នាំ។ ជាលទ្ធផល អ្នកជំងឺបានធូរស្បើយច្រើនមែនទែន បន្ទាប់ពីហាត់យ៉ូហ្កាបាន៦សប្តាហ៍។ ការសិក្សាទាំងនោះ ពាក់កណ្តាលធ្វើនៅឥណ្ឌាដែលមានប្រពៃណីធ្វើយ៉ូហ្កាមុនគេ និងពាក់កណ្តាលទៀត នៅតាមបណ្តាប្រទេសលោកខាងលិច តែជាក់ស្តែងនិងច្រើនជាងគេនៅសហរដ្ឋអាមេរិកតែម្តង។ យ៉ូហ្កា និងព្យាបាលជំងឺ គេមានទម្លាប់និយាយថា ហាត់យ៉ូហ្កា អាចជួយសម្រាលអារម្មណ៍ ជួយព្យាបាលជំងឺថប់បារម្ភ ស្ត្រេស ជំងឺផ្លូវចិត្ត គេងមិនលក់ ឬឈឺចង្កេះ។ តែគេមិនសូវ ឬលើកឡើងតិចតួចនៅឡើយអំពីការព្យាបាល វិបត្តិប្រព័ន្ធរំលាយអាហារ។ តាមការពិតទៅនោះ មាន ក្បាច់យ៉ូហ្កាច្រើនណាស់ ដែលអាចជួយសម្រួលដំណើរការរបស់ពោះវៀន ពីអាការៈទល់លាមក ភើ ចុកឆ្អល់ ឬហើមពោះ ឬអាការៈណែនធ្ងន់ពោះ អាហារមិនកិន ។ល។ និង។ល។ ក្បាច់ទាំងអស់នោះមាននៅក្នុងលំហាត់យ៉ូហ្កាធម្មតា និងលំហាត់ដែលមិនអាចខ្វះបាន គឺការលំហាត់ធ្វើម៉ាស្សាតំបន់ពោះទាំងមូល ព្រមទាំងលំហាត់ឆ្លើយតបនឹងអាការៈជំងឺណាមួយជាពិសេសទៀត។ ក្នុងករណីទល់លាមក ក្បាច់យ៉ូហ្កាខ្លះអាចទម្លាយអាការៈជំងឺបាន ដោយហាត់តែមួយសេអង់។ យ៉ូហ្កា ក៏អាចជាដំណោះស្រាយសម្រាប់គ្រប់អាការៈឈឺចុកចាប់ មិនថាជាការឈឺចុកចាប់នៅពោះ នៅខ្នងនៅចង្កេះ ឬនៅក្បាលទេ។ អាការៈឈឺក្បាលប្រកាំង ឬឈឺក្បាលទាំងមូល ឬនៅផ្នែកណាមួយ នឹងបានធូរស្បើយតាមរយៈលំហាត់យ៉ូហ្កា។ មានការសិក្សាបង្ហាញពីប្រយោជន៍នៃការហាត់យ៉ូហ្កា ចំពោះករណីឈឺក្បាល ដោយហេតុតែភាពតានតឹងនិងមានសម្ពាធ និងករណីឈឺក្បាលប្រកាំង។ លទ្ធផលវេជ្ជសាស្ត្របានបង្ហាញថា យ៉ូហ្កាជួយសម្រួលឱ្យស្ថានភាពជំងឺបានប្រសើរឡើង ដូចជាលែងសូវឈឺ និងមិនសូវញាប់ញាប់ តែមិនអាចបំបាត់ការឈឺក្បាលប្រកាំង ឱ្យជាដាច់ទាំងស្រុងទេ។ សម្រាលកំរិតឈឺ និងឈឺរង្វើល ដោយពីមុនធ្លាប់ឈឺក្បាលម្តងក្នុងមួយសប្តាហ៍ រួចថយមកនៅត្រឹមមួយថ្ងៃត្រឹមពីរខែឈឺម្តង នៅពេលបានហាត់ហូហ្កា ពិតជាអាចប្តូរផ្លាស់អារម្មណ៍អ្នកជំងឺបានច្រើន។ តែបើជាអាការៈជំងឺឈឺក្បាលដោយមានសម្ពាធតានតឹងវិញ ជាទូទៅ យ៉ូហ្កាអាចព្យាបាលបានជាដាច់ លែងឈឺសោះតែម្តង។ ការហាត់យ៉ូហ្កាការជ្រើសរើសសាលាសម្រាប់យ៉ូហ្កាច្រើនជាឧសបគ្គចម្បងមួយនៃការចាប់ផ្តើម។ តែដើម្បីបានដឹងថាតើគ្រូបង្ហាត់យ៉ូហ្កាណាល្អ មានតែអញ្ជើញទៅសាកល្បងដោយផ្ទាល់ ព្រោះការហាត់យ៉ូហ្កា មិនមែនត្រឹមតែជាការហាត់ពន់ពេន លើកដៃលើកជើងសម្របជាមួយចលនាដង្ហើមទេ តែត្រូវឱ្យមានបរិយាកាស បរិស្ថាន និងទំនាក់ទំនងប្រកបដោយទំនុកចិត្តរវាងអ្នកហាត់និងអ្នកបង្ហាត់។ បើមិនពេញចិត្ត សូមសាកល្បងជាមួយអ្នកបង្វឹកម្នាក់ទៀត និងស្វែងយល់ពីអ្នកបង្ហាត់ថាតើគាត់ពិតជាបានទទួលការបំពាក់បំប៉នត្រឹមត្រូវដែរឬអត់។ការហាត់យ៉ូហ្កា ក៏អាចធ្វើឡើង ដោយខ្លួនឯង តែម្នាក់ឯង តាមរយៈការទិញសៀវភៅពន្យល់អំពីក្បួនហាត់ ប្រសិនបើអ្នកមានឆន្ទៈពិត និងតាមការណែនាំតាមអនឡាញ។ ដោយមានកិច្ចសហការជាមួយឥណ្ឌា អង្គការសហប្រជាជាតិបានដាក់ឱ្យដំណើរការ កម្មវិធីហាត់យ៉ូហ្កា ដើម្បីជួយពលរដ្ឋឱ្យបញ្ចេញសកម្មភាព និងរក្សាសុខភាព។ WHO mYoga ជាកម្មវិធីប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាព គ្មានប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ទេ។ លោកអ្នកអាចទាញយកកម្មវិធីនេះមកប្រើក្នុងទូរស័ព្ទដៃ ដោយគិតគិតថ្លៃ៕
6/21/2023 • 8 minutes, 53 seconds តើបញ្ញាសិប្បនិម្មិត នឹងមកជំនួសគ្រូពេទ្យឬ ?
នៅក្នុងវិស័យខ្លះ បញ្ញាសិប្បនិម្មិត បានមកជំនួសការងារមនុស្សជាបណ្តើរៗស្រេចទៅហើយ។ នៅក្នុងវិស័យសុខាភិបាលវិញ បញ្ញាសិប្បនិម្មិត បានក្លាយជាឧបករណ៍ដ៏ចាំបាច់សម្រាប់វិភាគរូប នៃការថតឆ្លុះ ហើយបានប្រឡងជាប់ដោយជោគជ័យជាមួយនិស្សិតពេទ្យទៀតផង។ ឧបករណ៍វេជ្ជសាស្ត្រមានបំពាក់កម្មវិធីបញ្ញាសិប្បនិម្មិតមួយ មានសមត្ថភាពអាចទិន្នន័យសុខភាពដូចគ្រូពេទ្យ និងអាចព្យាករ ហានិភ័យស្លាប់ ហានិភ័យឈឺ ហានិភ័យផ្សេងៗរបស់អ្នកជំងឺបានយ៉ាងប្រាកដ។ ដូច្នេះតើវាអាចទៅរួចទេ ដែលថាអនាគតទៅយើងអាចពិគ្រោះជំងឺជាមួយ បញ្ញាសិប្បនិម្មិត ? ឬក៏ បញ្ញាសិប្បនិម្មិតនឹងមកជំនួសគ្រូពេទ្យ ? បញ្ញាសិប្បនិម្មិត្តក្នុងវិស័យវេជ្ជសាស្ត្រ គឺជាគំរូបច្ចេកវិទ្យាសិក្សាជាស្វ័យប្រវត្តិដើម្បីស្វែងរកទិន្នន័យសុខភាពនិងបានព័ត៌មានសម្រាប់វិនិច្ឆ័យលទ្ធផលសុខភាពឱ្យបានកាន់តែប្រសើរឡើង និងជាបទពិសោធន៍សម្រាប់អ្នកជំងឺផ្ទាល់ផង។ ដោយសារតែភាពជឿនលឿនផ្នែកព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រព័ត៌មាន បញ្ញាសិប្បនិម្មិត មានចំណែក យ៉ាងពេញលេញក្នុងវិស័យថែទាំសុខភាពសម័យទំនើប។ គំរូ និងកម្មវិធីរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ត ត្រូវបានយកមកប្រើសម្រាប់ជួយអ្នកជំនាញសុខាភិបាល ទាំងក្នុងផ្នែកវិភាគអាការៈរោគ(គ្លីនិក) ក៏ដូចជាក្នុងផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រ។បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិតត្រូវបានប្រើ (ដើរតួនាទី) ច្រើនខ្លាំងក្នុងវិស័យសុខាភិបាល ដើម្បីជាជំនួយដល់ការសម្រេចចិត្តបែបគ្លីនិក និងវិភាគរូបភាព។ ជំនួយបែបគ្លីនិក នឹងជួយក្រុមគ្រូពេទ្យនៅពេលត្រូវសម្រេចអំពីការព្យាបាល ការផ្តល់ថ្នាំ អំពី សុខភាពខួរក្បាល និងតម្រូវការរបស់អ្នកជំងឺដោយផ្តល់ព័ត៌មានបានលឿន ឬរបស់អ្នកស្រាវជ្រាវដើម្បីប្រយោជន៍របស់អ្នកជំងឺ។ ខាងវិភាគរូបភាព បញ្ញាសិប្បនិម្មិត ជាបច្ចេកវិទ្យាដែលគេប្រើសម្រាប់វិភាគរូបភាព ថតឆ្លុះដោយវិទ្យុសកម្ម ដោយMRI ដោយវិធីផ្សេងៗ រកដំបៅ ឬសញ្ញាណាដែលអ្នកជំនាញ ជាមនុស្សមិនអាចមើលឃើញ។ជំងឺរាតត្បាតសកលកូវីដ១៩ បានផ្តល់មេរៀននិងជំរុញឱ្យអង្គការស្ថាប័នសុខាភិបាលជាំច្រើននៅ លើពិភពលោក មានឱកាសចាប់ផ្តើមសាកល្បងបច្ចេកវិទ្យាថ្មីដោយមានបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដូចជាកម្មវិធីតាមដានអ្នកជំងឺ ឬកម្មវិធីវែករកអ្នកមានផ្ទុកជំងឺកូវីដ១៩ ។ល។ ការសិក្សានិងលទ្ធផលនៃការសាកល្បងនេះ មិនទាន់ចប់ទេ។ ហើយ គេក៏កំពុងរៀបចំកំណត់បទដ្ឋានទូទៅនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងផ្នែកវេជ្ជសាស្ត្រដែរ។ ប៉ុន្តែ ទាំងអ្នកស្រាវជ្រាវ ក៏ដូចជាគ្រូពេទ្យ និងអ្នកជំងឺផ្ទាល់ ត្រូវការបញ្ញាសិប្បនិម្មិត កាន់តែខ្លាំងឡើងៗ ជាលំដាប់។ ចង់ឬមិនចង់ បញ្ញាសិប្បនិម្មិតនឹងក្លាយជាឧបករណ៍ស្នូលនៃប្រព័ន្ធសុខាភិបាលឌីជីថលរបស់វេជ្ជសាស្ត្រសម័យទំនើប។តើបញ្ញាសិប្បនិម្មិត្តពិតជាអាចជួយបង្ការហានិភ័យនានា និងអាចជួយដល់ក្រុមគ្រូពេទ្យយ៉ាងណាខ្លះ ? លោកវេជ្ជបណ្ឌិត Damien Mascretសម្រាប់ពេលនេះ បញ្ញាសិប្បនិម្មិត្ត មិនទាន់អាចមានសមត្ថភាពធ្វើល្អ ដូចអ្វីដែលក្រុមគ្រូពេទ្យវះកាត់ចង់បានទេ។ ប៉ុន្តែគេកំពុងប្រឹងធ្វើគ្រប់យ៉ាងដើម្បីសម្រេចកម្មវត្ថុនេះ ព្រោះឥលូវ បញ្ញាសិប្បនិម្មិត្តកំពុងមានភាពជឿនលឿនខ្លាំងសម្បើមណាស់។ នៅប្រទេសបារាំង នៅក្នុងផ្នែកថតឆ្លុះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតពេទ្យ អាចមានសមត្ថភាពវែករកឃើញករណីដាច់ហូរឈាមក្នុងខួរក្បាល ដ៏តូច។ បញ្ញាសិប្បនិម្មិតអាចមានសមត្ថភាពចាប់បានដុំពកក្នុងសួត។ បញ្ញាសិប្បនិម្មិតអាចមានសមត្ថភាពវិភាគក្នុងរយៈពេលតែប៉ុន្មាននាទី ដឹងភ្លាមថាក្នុងចំណោមរូបភាពរាប់ពាន់ រូបភាពថតកៀបសុដន់មួយណាមានភាពមិនប្រក្រតីអាចឈានទៅកើតរោគ មហារីកសុដន់។ បញ្ញាសិប្បនិម្មិត ស្ទើរជាភ្នែកទិព្វអាចមើលឃើញស្នាមបាក់ប្រេះលើឆ្អឹងដែលភ្នែកមនុស្សមើលមិនឃើញ។តើបញ្ញាសិប្បនិម្មិត នឹងមកជំនួសគ្រូពេទ្យនៅថ្ងៃអនាគតឬ ?ទោះបីគ្រប់គ្នាទទួលស្គាល់ថា បញ្ញាសិប្បនិម្មិតកំពុងលូតលាស់ខ្លាំង និងជាតម្រូវការសម្រាប់ស្ទើរគ្រប់វិស័យ រាប់ទាំងវិស័យវេជ្ជសាស្ត្រផង ដោយអាចដើរតួនាទី ជាជំនួយការដ៏ប្រពៃរបស់គ្រូពេទ្យក៏ដោយមែន ប៉ុន្តែ បញ្ញាសិប្បនិម្មិត មិនមែនជាគ្រូពេទ្យទេ និងមិនអាចជំនួសគ្រួពេទ្យបានឡើយ សម្រាប់ពេលនេះ និងនៅអនាគត។ ហេតុអ្វី ?តាំងពីប៉ុន្មានខែចុងក្រោយមកនេះ គ្មានសប្តាហ៍ណា ថ្ងៃណា ដែលគេមិនឮពាក្យបញ្ញាសិប្បនិម្មិតទេ ឧទាហរណ៍កម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT។ ជាបញ្ញាសិប្បនិម្មិតដែលគេអាចនិយាយឆ្លើយឆ្លងបានដោយផ្ទាល់មាត់ និងសួរបានគ្រប់រឿង។ កម្មវិធីនេះអាចប្រឌិតកំណាព្យតាមសំណូមពរអ្នក ឬអាចផ្តល់ព័ត៌មានស្តីពីកម្មវិធីដ៏ពេញនិយម ក្នុងពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយថែមទាំងអាចធ្វើរោគវិនិច្ឆ័យទៅតាមការរៀបរាប់របស់អ្នកឆាតបានទៀតផង។ ប្រសិនបើអ្នកសរសេរថា ក្តៅខ្លួន ហៀរសំបោរ ឈឺបំពង់ក បញ្ញាសិប្បនិម្មិតបានឆ្លើយភ្លាមថា នេះជារោគសញ្ញានៃអាការៈផ្តាសាយ ឬមានការបង្ករោគនៅក្នុងប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ។ បញ្ញាសិប្បនិម្មិតក៏បានបញ្ជាក់ដែរថា រោគសញ្ញានេះក៏អាចជាការបង្ករោគនៅកន្លែងផ្សេង និងបានផ្តល់ការណែនាំឱ្យវាស់កម្តៅសីតុណ្ហភាព និងទៅពិគ្រោះជាមួយគ្រូពេទ្យ តែក៏បានណែនាំ ឱ្យទៅរកថ្នាំលេប បំបាត់ការឈឺចាប់ ពពួក Ibuprofène ឬacétaminophène។ ក្នុងការសាកល្បងទីពីរ យើងសរសេរថា ឈឺពោះ និងរកកលចង់ក្អួត កម្មវិធីបញ្ញាសិប្បនិម្មិត ឆ្លើយបែបទូទៅខ្លាំងមែនទែន ថា ទំនងជាមានបញ្ហានៅពោះវៀន នៅថ្លើម មានការបង្ករោគ ឬមកពី ស្ត្រេស ... លើកនេះបញ្ញាសិប្បនិម្មិត មិនអាចអារកាត់ ថាជារោគសញ្ញាអ្វីឱ្យបានច្បាស់លាស់ទេ។ ជាសរុបទៅ លោកគ្រូពេទ្យផ្នែកជំងឺទូទៅ នៅបារាំងលោកវេជ្ជបណ្ឌិត Matthieu Calafiore មិនយល់ស្របនឹងការណែនាំរបស់បញ្ញាសិប្បនិម្មិតនេះទេ។Dr Matthieu Calafiore ៖ “អ្វីដែលល្អគឺត្រូវទៅជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យ នៅពេលក្តៅខ្លួន ដើម្បីលោកអាចវិនិច្ឆ័យបានថាមិនមែនជាការបង្ករោគដោយវីរុស ឬដោយបាក់តេរី។ ឱ្យលេបថ្នាំពពួកacétominophène ដែលជាក្រុមថ្នាំប៉ារ៉ាសេតាម៉ុល មិនជាបញ្ហាទេ តែការលេបថ្នាំក្រុម ibuprofène ដែលជាប្រភេទថ្នាំប្រឆាំងនឹងការរោលរលាក មិនល្អឡើយ ព្រោះប្រសិនបើមានការបង្ករោគ ថ្នាំនេះនឹងទៅបញ្ចុះប្រសិទ្ធភាពការពារខ្លួនរបស់គ្រាប់ឈាមស។ មិនគួរប្រើថ្នាំនេះទេ នៅពេលក្តៅខ្លួន។ ខ្ញុំមិនយល់ស្របតាមកម្មវិធីបញ្ញាសិប្បនិម្មិត ឡើយ។ ក្នុងករណីឈឺពោះ ការពិគ្រោះដោយសួរបញ្ញាសិប្បនិម្មិត និងដោយពិគ្រោះ ជាមួយគ្រូពេទ្យពីចម្ងាយ ពិតជាមិនអាចកំណត់រោគសញ្ញាបានដោយច្បាស់លាស់ឡើយ បើគ្មានការស្ទាបចុចលើពោះអ្នកជំងឺដោយផ្ទាល់ដៃរបស់គ្រូពេទ្យទេនោះ។ ដូច្នេះហើយបានជាខ្ញុំគិតថា ក្នុងអនាគតដ៏ខ្លីនេះ គេមិនអាចយកបញ្ញាសិប្បនិម្មិតមកជំនួសគ្រូពេទ្យបានដោយភ្លាមៗទេ។”សម្រាប់សាស្ត្រាចារ្យផ្នែកបញ្ញាសិប្បនិម្មិតនៅសាកលវិទ្យាល័យប៉ារីសស័រប៊ន Paris-Sorbonne គេត្រូវតែគ្រប់គ្រងការប្រើប្រាស់កម្មវិធី បញ្ញាសិប្បនិម្មិត ក្នុងវិស័យវេជ្ជសាស្ត្រឱ្យត្រឹមត្រូវ។ អ្នកស្រី Laurence Devillers ក៏មិនគាំទ្រទាំងស្រុងគំនិតឱ្យបញ្ញាសិប្បនិម្មិតមកសម្រេចចិត្តជំនួសមនុស្សដែរ ដោយពន្យល់ថា មានផ្ទុកទិន្នន័យ យោបល់ ចំណេះដឹង ទ្រឹស្តី ព័ត៌មានមិនពិត រាប់ពាន់លាន ដូច្នេះគួរតែបង្កើតសហគមន៍វេជ្ជសាស្ត្រ មានសមត្ថភាពផ្តោះប្តូរចំណេះដឹងជាមួយម៉ាស៊ីន ដើម្បីផ្ទៀងផ្ទាត់នូវអ្វីដែលប្រព័ន្ធបញ្ញាសិប្បនិម្មិតនិយាយ។ ការសួរនាំបញ្ញាសិប្បនិម្មិតម្តងម្កាល អាចជារឿងល្អ តែត្រូវឱ្យមនុស្សជាអ្នកសម្រេច ទើបកាន់តែគួរឱ្យចាប់អារម្មណ៍។ អ្នកជំនាញសុខភាពខ្លះទៀត បានច្បិចយកគុណប្រយោជន៍នៃបញ្ញាសិប្បនិម្មិត ត្រង់វាអាចជួយធ្វើសំយោគទិន្នន័យ -ឯកសារសុខភាព ឯកសាររដ្ឋបាលរបស់អ្នកជំងឺ។ តែនៅពេលយើងចោទសួរកម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT ដោយផ្ទាល់ ថាគេអាចជំនួសគ្រូពេទ្យបានដែរឬអត់ ចម្លើយមានតែមួយដូចគ្នាសម្រាប់ពេលនេះ គឺ ទេ !
6/12/2023 • 8 minutes, 13 seconds តើត្រូវចាប់ផ្តើមហាត់ប្រាណធ្វើកីឡា រត់ ដោយវិ ធីណា ?
នៅថ្ងៃពុធទី ៧មិថុនានេះ ជាទិវាពិភពលោកនៃការរត់ ឆ្នាំ២០២៣។ រត់ ជាកីឡាដ៏សាមញ្ញ តែរាល់ការចាប់ផ្តើមសុទ្ធតែពិបាក។ ហេតុដូច្នេះហើយបានជានៅថ្ងៃនេះ លោកវេជ្ជបណ្ឌិត ហ្សង់ម៉ាក សែន គ្រូពេទ្យកីឡា នៅក្រុងប៉ារីស សូមផ្តល់ការណែនាំខ្លះដើម្បីជាជំនួយទឹកចិត្តឱ្យអ្នកចង់ផ្តើមហាត់រត់ថា ត្រូវចាប់ផ្តើមដោយវិធីណា។ មួយថ្ងៃៗ យើងរវល់តែរត់តាមពេលវេលា មិនសូវខ្វល់រត់ដើម្បីសុខភាពទេ។ រត់ជាកីឡាដ៏សាមញ្ញ និងមិនត្រូវការហាត់រៀនច្រើនទេ។ មានតែស្បែកជើងមួយគូ គ្រប់គ្រាន់ហើយ ប៉ុន្តែអ្នកខ្លះចង់ចាប់ផ្តើមហាត់រត់ដែរ តែវាលំបាកខ្លាំងណាស់ ហើយខ្លះទៀតបានបោះបង់គំនិតចង់រត់ លឿនជ្រុល ទាំងមិនទាន់បានសាកល្បងដឹងថាខ្លួនអាចរត់លឿនប៉ុនណាផង។នៅទសវត្សរ៍ឆ្នាំ៦០ កីឡារត់ ឬការរត់ប្រណាំង មិនសូវមានអ្នកឱ្យតម្លៃទេ។ តែបច្ចុប្បន្ននេះ រត់បានក្លាយជាកីឡាដ៏ពេញនិយម ជាកីឡារបស់មនុស្សទាំងហ្វូងៗ។ នៅប្រទេសបារាំង គេប៉ាន់ប្រមាណថាមានពលរដ្ឋប្រមាណ១៥លាននាក់ ប្រកាន់ខ្ជាប់ការហាត់ប្រាណធ្វើកីឡារត់ ក្នុងនោះមួយភាគបី បានចូលរួមប្រកួតរត់ប្រណាំងផង។ ពេញនិយមខ្លាំង រហូតអាចចូល រត់ម៉ារាតុង ដែលមានចម្ងាយ ៤២,១៩៥គីឡូម៉ែត្របានផង។គុណប្រយោជន៍នៃការហាត់ប្រាណដោយរត់នាឱកាសទិវាពិភពលោកនៃការរត់ ដែលប្រារព្ធធ្វើជារៀងរាល់ថ្ងៃពុធដំបូងគេនៃខែមិថុនា ពោលគឺត្រូវនឹងថ្ងៃពុធទី៧មិថុនាឆ្នាំ២០២៣នេះ វេជ្ជបណ្ឌិតផ្នែកកីឡា សូមចូលលើកទឹកចិត្តឱ្យលោកអ្នក ចង់ចាប់ផ្តើមធ្វើសកម្មភាពកីឡារត់។ ហេតុអ្វីបានជាយើងគួរតែជ្រើសរើសធ្វើកីឡា រត់ ?ជាបឋម ព្រោះរត់ ជាកីឡាដ៏ងាយ ដែលគេអាចធ្វើនៅគ្រប់ទិសទី នៅក្នុងក្រុង នៅតាមទីធម្មជាតិ ឬនៅលើម៉ាស៊ីន ក្នុងសាលហាត់ប្រាណ ក្នុងផ្ទះ។ រត់នៅខាងក្រៅ មើលគេមើលឯង ព្រឹកក៏បានល្ងាចក៏បាន តាមតែកាលវិភាគការងារអនុញ្ញាត។ ទីពីរ ការរត់ ជាកីឡា ដ៏ថោក មិនថ្លៃដូចទៅចុះឈ្មោះហាត់ប្រាណក្នុងក្លឹប មានតែស្បែកមួយគូ រួចចេញរត់វឹងតែម្នាក់ឯងយ៉ាងឯករាជ្យ។ ទីបី គឺសុខភាព។ រត់មានគុណប្រយោជន៍ច្រើនសម្រាប់សុខភាពដោយ ជួយបំប៉នការលូតលាស់នៃឆ្អឹងនិងជួយការពារកុំឱ្យមានជំងឺពុកឆ្អឹង។ ជួយពង្រឹកសាច់ដុំបេះដូង ជួយឈាមឱ្យមានចរន្តប្រសើរឡើង និងបញ្ចុះហសនិភ័យកើតជំងឺឡើងឈាម រត់អាចពន្លឿនការបញ្ចេញថាមពល ដែលមធ្យោបាយដ៏ល្អប្រពៃបំផុតសម្រាប់ដុតបំផ្លាញខ្លាញ់ រត់អាចជួយបញ្ចុះកំរិតជាតិខ្លាញ់ក្នុងឈាមមិនល្អ តែបង្កើនបរិមាណcholestérol ល្អ អត្រាជាតិស្ករក្នុងឈាមក៏អាចចុះដែរ ព្រោះការរត់ជួយដាស់កោសិកាអាំងស៊ុយលីនឱ្យមានដំណើរការល្អ និងជួយការពារមិនឱ្យមានជំងឺទឹកនោមផ្អែម រត់អាចជួយទប់ស្កាត់អាការៈស្ត្រេសនិងជំងឺធ្លាក់ទឹកចិត្ត បានប្រកបដោយប្រសិទ្ធភាព ព្រោះមានការបញ្ចេញអ័រមូនអង់ដ័រហ្វីនendorphines នៅពេលយើងប្រឹងបញ្ចេញកម្លាំង។ ត្រួតពិនិត្យសុខភាពជាទូទៅ មូលហេតុល្អមានច្រើនដែលគួរតែយើងត្រូវចាប់ផ្តើមរត់។ ប៉ុន្តែទន្ទឹមនឹងគុណប្រយោជន៍ខាងលើ មានជំនឿដែលថាការរត់មិនមែនជាកីឡាល្អសម្រាប់គ្រប់មនុស្សទេ។ បើដូច្នេះតើគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុនសិន មុននឹងចាប់ផ្តើមធ្វើសកម្មភាពកីឡាដូចយ៉ាងរត់នេះ ?លោកវេជ្ជបណ្ឌិតហ្សង់ម៉ាកសែន សូមផ្តល់ចម្លើយដោយបែងចែកមនុស្សជាពីរក្រុម។ ប្រសិនបើអ្នកមានអាយុក្រោម៤០ឆ្នាំ គ្មានប្រវត្តិសុខភាពមិនល្អ មិនធ្លាប់មានជំងឺ គ្មានក្រុមគ្រួសារស្លាប់ភ្លាមៗតាំងពីនៅវ័យក្មេង ហើយអ្នកមានអារម្មណ៍ធម្មតា សុខភាពមាំទាំ មានអនាម័យក្នុងការរស់នៅល្អ សូមជ្រើសរើសធ្វើកីឡារត់ ដោយសម្រួល និងមិនចាំបាច់ទៅពិគ្រោះយោបល់អ្វីជាមួយគ្រូពេទ្យទេ។ប៉ុន្តែប្រសិនបើអ្នកមានអាយុលើសពី៤០ឆ្នាំ យកល្អគួរតែឆ្លងយោបល់ជាមួយគ្រូពេទ្យ ដើម្បីឆ្លៀតឱកាសទៅពិនិត្យសុខភាពជាទូទៅ ជាពិសេសទៅឆែកមើលសុខភាពបេះដូងនិងសរសៃរឈាមបេះដូង។ ពេលនោះគ្រូពេទ្យអាចវាយតម្លៃអំពីហានិភ័យសុខភាពសន្លាក់ (ជង្គង់ ចង្កេះ) និងប្រព័ន្ធសរសៃឈាមបេះដូង (រកមើលក្រែងមានជំងឺខ្លាញ់ក្នុងឈាមកូឡេស្តេរ៉ូល ឬ ជំងឺសម្ពាធឈាម ..)។ជាទូទៅ បើគ្មានបញ្ហាសុខភាពជាប់ខ្លួនស្រាប់ទេ មនុស្សគ្រប់រូបសុទ្ធតែអាចរត់បានទាំងអស់ មិនថាមាឌធំ មាឌតូច មាឌឌាំង ស្តើង ធាត់ ក្មេងឬចាស់ឡើយ។ ខ្លួនប្រាណមនុស្សកើតមកសម្រាប់តែដើរនិងរត់ មិនមែនសម្រាប់តែដេកស្ងៀម ឬអង្គុយមួយកន្លែង ធ្វើការក្នុងការិយាល័យទេ។ ប៉ុន្តែដោយហេតុថា ការរត់ ត្រូវការឱ្យសាច់ដុំបញ្ចេញចលនា ដែលបើប្រឹងខ្លាំងនឹងនាំឱ្យមានករណីរបួសឬរយះសាច់ដុំ ទើបអ្នកធាត់និងអ្នកអសកម្មយូរ ពិបាករត់ ឬត្រូវប្រយ័ត្នខ្លាំងក្នុងការរត់។វិធីចាប់ផ្តើមនិងអនុវត្តកីឡារត់ ដើម្បីបញ្ចៀសផលវិបាកទាំងឡាយខាងលើ និងរត់ដើម្បីសុខភាព មិនមែនរត់ដើម្បីប្រណាំងយកឈ្នះចាញ់ ឬទៅចូលរួមក្នុងកម្មវិធីម៉ារ៉ាតុង ឬពាក់កណ្តាលម៉ារ៉ាតុង សូមចាប់ផ្តើម ដោយការរត់ ឆ្លាស់ ។ ជាកិច្ចចាប់ផ្តើម សូមឆ្លាស់សកម្មភាព រត់និង ដើរ។ មិនត្រូវចាប់ផ្តើមដោយការប្រឹង រត់ ឱ្យបានវែងឆ្ងាយភ្លាមទេ។ ត្រូវឆ្លាស់ការរត់និងការដើរ ឱ្យបានញយដង។ ដំបូងយើងអាចចាប់រត់៣០វិនាទី រួចដើរ៣០វិនាទី បន្ទាប់មករត់មួយនាទី ឬពីរនាទី ដើរមួយពីរនាទី។ ធ្វើបែបនេះ គឺជាការពន្យារពេលបញ្ចេញសកម្មភាពកាយសម្បទា ហើយបន្តិចម្តងៗ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ យើងចាប់ដំឡើងរយៈពេលនៃការរត់ ហើយបញ្ចុះរយៈពេលនៃការដើរ។ ធ្វើដូច្នេះញយៗ និងកាន់តែវែងជាងការហាត់ថ្ងៃមុនទៅ មិនយូរមិនឆាប់អ្នកនឹងអាចរត់បានយូរ និងរត់ពេញមួយសេអង់នៃការហាត់បានហើយ។ សូមកុំចាប់ផ្តើមដោយប្រញាប់ប្រញាល់ពេក។ ត្រូវចងចាំថា នេះជាការរត់ដើម្បីសុខភាព ជាសកម្មភាពកីឡាដែលត្រូវបញ្ចេញកម្លាំងល្មមៗទេ។ ការប្រឹងធ្វើកីឡា ឬប្រឹងរត់នេះ គឺជាស្ត្រេសមួយដែរ ដូច្នេះ ជាចំណុចគន្លឹះទីពីរ គឺក្នុងអំឡុងពេលប្រឹងរត់នោះ អ្នកត្រូវតែអាចនៅមានសមត្ថភាពនិយាយឆ្លើយឆ្លងជាមួយគេបាន ដោយគ្មានសញ្ញាហត់ដង្ហក់ខ្លាំង។ បើអ្នកមិនអាចនិយាយឱ្យចប់ឃ្លាត្រឹមត្រូវទេ ត្រូវបន្ថយល្បឿនត្រលប់មកដើរវិញ ដោយដកដង្ហើមស្រូបខ្យល់ចេញចូលឱ្យបានវែងៗ រួចសឹមរត់បន្តទៀត។ រត់បណ្តើរ អាចនិយាយស្តាប់គ្នាបានបណ្តើរផងទើបល្អ។ សូមកុំភ្លេចចំណុចនេះសំខាន់ខ្លាំងណាស់។ បើទោះបីជាអ្នកមានអារម្មណ៍ថាយឺត ហើយអាចមានកម្លាំងរត់លឿនជាងនេះក៏ដោយ ក៏ត្រូវតែរក្សាល្បឿនល្មមៗនេះដដែល រហូតដល់ចប់លំហាត់ហ្វឹក។ ពេលហាត់រត់ សូមកុំភ្លេចមេរៀនទីបី គឺការទាញពន្លារសាច់ដុំ។ ត្រូវទាញពន្លារសាច់ដុំភ្លៅ និងកំភ្លួនជើង។ លាជើងឱ្យត្រង់ លើកែងជើងដាក់លើជើងម៉ា ឬកំណាត់ឈើ រក្សាដងខ្លួនឱ្យត្រង់ រួចទេរខ្លួនទៅមុខ ដើម្បីទាញសាច់ដុំភ្លៅផ្នែកខាងក្រោម។ ម្តងជើងធ្វេងម្តងជើងស្តាំ។ ឈរឱ្យត្រង់ យៃកដៃកាន់ខ្នងបាតជើង បត់ឱ្សទល់នឹងកំប៉េះគូថ ម្តងឆ្វេងម្តាងស្តាំ ជាដើម។ល។លំហាត់រត់ថ្ងៃទីមួយរបស់អ្នកប្រព្រឹត្តទៅបានដោយរលូនហើយ សូមជួយអបអរ។ អ្នកក៏សប្បាយចិត្តណាស់ដែរ និងមានអារម្មណ៍ចង់រត់ទៀត។ តែកុំទាន់អាលទៅស្អែកភ្លាមអី ! ត្រូវទុកពេលឱ្យសាច់ដុំបានសម្រាកយ៉ាងហោចក៏មួយថ្ងៃសិន សឹមទៅហាត់រត់ទៀត ទើបយើងអាចទាញផលល្អពីការប្រឹងធ្វើកីឡាផង និងធានាសុវត្ថិភាព មិនប្រែក្លាយកីឡាជាគ្រោះថ្នាក់ជាយថាហេតុណាមួយផង។ ដំបូងគួរតែដាក់កម្មវិធី ពីរឬបីថ្ងៃ បានរត់ម្តង ដើម្បីឱ្យសរីរាង្គកាយមានពេលសម្រាកនិងប្រមូលកម្លាំងឱ្យពេញលេញឡើងវិញ សម្រាប់ទៅរត់ជាថ្មីម្តងទៀត៕
6/7/2023 • 9 minutes, 30 seconds ខ្សោយផ្លូវដង្ហើម ជាជំងឺអ្វី ?
ខ្សោយប្រព័ន្ធផ្លូវដង្ហើម គឺជាជំងឺសួតមួយ ដែលសម្គាល់ដោយអាការៈហត់ ព្រោះតែសួតមិនអាចបំពេញតួនាទីបានត្រឹមត្រូវ។ តើអ្វីទៅជាមូលហេតុដែលនាំឱ្យមានជំងឺខ្សោយផ្លូវដង្ហើមនេះ ? តើគេអាចការពារប្រព័ន្ធផ្លូវដង្ហើមបានយ៉ាងណាខ្លះ ? សូមស្តាប់បទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយលោក វេជ្ជបណ្ឌិត អង់ ជីនសួង គ្រូពេទ្យឯកទេសជំងឺសួត នៅប្រទេសបារាំង។
5/31/2023 • 9 minutes, 37 seconds ដូចម្តេចដែលហៅថា អាហារកែច្នៃ ដែលអាចប៉ះពាល់ដល់សុខភាព ?
សុវត្ថិភាពចំណីអាហារ កំពុងក្លាយជាកង្វល់សង្គមដ៏ធំមួយ ព្រោះវាអាចប៉ះពាល់ដល់សុខភាព ភ្លាមៗផង និងសម្រាប់រយៈពេលខាងមុខផង។ កាលពីពេលថ្មីៗនេះ ចំណោទជុំវិញបញ្ហាសុវត្ថិភាពចំណីអាហារបានផ្ទុះឡើងខ្លាំងប្រទេសកម្ពុជា រហូតក្រសួងអប់រំបានចេញសេចក្តីណែនាំមិនឱ្យសាលារៀនលក់នំមួយចំនួន។ តើអាហារប្រភេទណា ដែលល្អ និងអាហារប្រភេទដែលអាក្រក់សម្រាប់សុខភាព ? តើអ្វីទៅជាអាហារកែច្នៃ ? អាហារឧស្សាហកម្ម ? ហេតុអ្វីត្រូវជ្រើសរើសទទួលទានអាហារជាបន្លែផ្លែឈើស្រស់ តាមរដូវ ?
មនុស្សលោកចេះកែច្នៃអាហារ តាំងពីយូរយារណាស់មកហើយ។ គោលបំណងធំនៃការកែច្នៃអាហារនេះ គឺដើម្បីទុកឱ្យបានយូរផង និងធ្វើឱ្យអាហារអាចកាន់តែស្រួលបរិភោគផង។ បច្ចុប្បន្ន អាហារកែច្នៃ រីកចម្រើនកាន់តែខ្លាំង និងកាន់តែសម្បូរបែបណាស់។
កាន់តែសម្បូរ ចំណោទសួរជុំវិញសុវត្ថិភាពនិងគុណភាពផ្នែកអាហារូបត្ថម្ភមានកាន់តែខ្លាំង ព្រោះនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គំនិតកែច្នៃកាន់តែប្លែក អាហារប្តូរផ្លាស់ទម្រង់កាន់តែខ្លាំង។ ជាអាហារកែច្នៃខ្លាំង តាមបែបឧស្សាហកម្ម ដែលនាំឱ្យមានការប្តូររូបរាង ធាតុគីមី និងជីវសាស្ត្រយ៉ាងខ្លាំង ឬដោយដាក់បន្ថែមយ៉ាងច្រើននូវសារធាតុគីមី នូវគ្រឿងផ្សំឧស្សាហកម្មចម្រាញ់ចេញពីវត្ថុធាតុដើមកសិកម្ម និងសិប្បនិម្មិត។
នៅប្រទេសបារាំង អាហារកែច្នៃ ឬអាហារឧស្សាហកម្ម មានផ្ទុកថាមពលប្រមាណ៣០%នៃសេចក្តីត្រូវការប្រចាំថ្ងៃរបស់មនុស្ស និងឡើងដល់ទៅ៦០%សម្រាប់ប្រទេសលោកខាងលិចខ្លះដូចយ៉ាងអាមេរិកឬអង់គ្លេស។ នេះបើតាមទិន្នន័យសិក្សារបស់វិទ្យាស្ថានសុខភាពនិងស្រាវជ្រាវសុខាភិបាលជាតិបារាំង។
ដូចម្តេចដែលហៅថា អាហារកែច្នៃ ?
អ្នកស្រាវជ្រាវម៉ិចស៊ិក បានបំផុសពិភពលោកឱ្យចាប់អារម្មណ៍ពីអាហារកែច្នៃមុនគេ នៅឆ្នាំ២០០៧ ព្រោះឃើញពលរដ្ឋម៉ិចស៊ិកលែងសូវទទួលទានម្ហូបជាតិ ហើយងាកទៅរកអាហារបែបឧស្សាហកម្ម។ សម្រាប់អ្នកស្រាវជ្រាវម៉ិចស៊ិក អាហារកាន់តែមានលក្ខណៈឧស្សាហកម្ម កាន់តែមិនល្អសម្រាប់សុខភាព។ ពួកគាត់បានបែងចែកអាហារ ជាបីកំរិត ៖ ចំណីនិងម្ហូបជាប្រពៃណី ចំណីនិងម្ហូបប្រពៃណីបែបឧស្សាហកម្ម ចំណីនិងម្ហូបទំនើប បែបឧស្សាហកម្ម ឬហៅអាហារកែច្នៃខ្លាំង។
តែនិយមន័យផ្តល់ដោយអ្នកស្រាវជ្រាវប្រេស៊ីលនៅឆ្នាំ២០០៩ ទើបបានទទួលជោគជ័យខ្លាំង នៅទូទាំងពិភពលោក និងទទួលស្គាល់ សម្រាប់សិក្សាវាយតម្លៃអំពីផលប៉ះពាល់នៃអាហារចំពោះសុខភាព។ អ្នកវិទ្យាសាស្ត្រប្រេស៊ីល កំណត់ក្បួន NOVA បែងចែងអាហារទៅតាមកំរិតនៃការបំផ្លែង ទៅតាមកំរិតនៃការប្រើសារធាតុគីមីបន្ថែម ឬការប្រើសារធាតុឧស្សាហកម្មចម្រាញ់ចេញពីវត្ថុធាតុដើមរុក្ខជាតិ ឬសត្វ។ ប្រើគ្រឿងផ្សំកាន់តែច្រើនមុខ អាហារមានការប្តូរផ្លាស់ទម្រង់កាន់តែខ្លាំង។
ការយកបន្លែផ្លែឈើរុក្ខជាតិ ឬសាច់សត្វ មក ហាន់ ចិញ្ចាំ លាយច្របល់ ហាលចំអិន ផ្អាប់ ផ្អើរ ត្រាំ ប្រលាក់ ដោយប្រើតែ អំបិល ម្រេច ប្រេង ឬគ្រឿងទេសផ្សេងៗ ដូចជាធ្វើ អាហារកំប៉ុង ផ្អក ប្រហុក ប្រូម៉ា សាច់ងៀត ត្រីងៀត ត្រីឆ្អើរ ... ត្រូវបានគេចាត់ទុកជាអាហារកែច្នៃហើយ តែជាការកែច្នៃបែបបូរាណ។
ប៉ុន្តែគឺការកែច្នៃ តាមបែបបទឧស្សាហកម្ម ដែលធ្វើឱ្យអាហារប្តូរផ្លាស់ទ្រង់ទ្រាយខ្លាំង និងជាច្រើនត្រលប់ ហើយត្រូវបានគេដាក់បន្ថែមនូវគ្រឿងផ្សំគីមី ឬគ្រឿងផ្សំបែបសិប្បនិម្មិត (ឧស្សាហកម្ម) ជាច្រើនមុខទៀត ដូចជា បន្ថែមសារធាតុគីមីពណ៌(លាក់)ដើម្បីឱ្យម្ហូបអាហារឡើងពណ៌ល្អ ថែមមេថែមម្សៅដើម្បីដំឡើងបរិមាណ ថែមរសជាតិដើម្បីឱ្យម្ហូបកាន់តែឆ្ងាញ់ ថែមអង់ទីអុកស៊ីដង់ដើម្បីទុកបានយូរ ។ល។ និង។ល។ នេះហើយដែលហៅថាអាហារកែច្នៃខ្លាំង ឬអាហារកែច្នៃបែបឧស្សាហកម្ម។
ភេសជ្ជៈកំប៉ុង ភេសជ្ជៈមានរសជាតិទឹកដោះគោ/ផ្លែឈើ ហតដក ស៊ូរីម៊ី នូហ្កែតមាន់ នូហ្កែតត្រី មីកញ្ចប់ ស៊ុបបន្លែសម្ងួត នំចំណី នំផ្អប់-នំកញ្ចប់ ឆាហួយ សេរៀលសម្រាប់អាហារពេលព្រឹក គ្រឿងបង្អែមថែមស្ករថែមក្លិនសិប្បនិម្មិត ស្ករគ្រាប់ ស្ករកៅស៊ូ ផលិតផលអាហារបញ្ចុះទម្ងន់ ម្ហូបស្រាប់ អាហារធ្វើហើយ... សុទ្ធសឹងជាអាហារកែច្នៃខ្លាំង។
អាហារកែច្នៃបែបឧស្សាហកម្មនេះ មាន ដាក់លក់យ៉ាងពោរពាស ស្រួលណាស់រកទិញណាស់ ហើយបានឆ្ងាញ់មាត់និងទាន់សម័យទៀត។ ប៉ុន្តែអាហារឧស្សាហកម្ម អាហារកែច្នៃខ្លាំង មិនប្រាកដថាល្អសម្រាប់សុខភាពទេ បើគិតអំពីគុណភាពផ្នែកអាហារូបត្ថម្ភ។ អាហារបែបនេះ ជាប់ឈ្មោះអាក្រក់ ថាអាចបង្កឱ្យមានជំងឺសរសៃឈាមបេះដូង និងអាចនាំឱ្យមានហានិភ័យដល់ប្រព័ន្ធរំលាយអាហារ ឬកើតជំងឺមហារីកផង។ ហានិភ័យកើតសរសៃឈាមជំងឺបេះដូង (ឡើងទម្ងន់ ធាត់ជ្រុល លើសឈាម) កើនឡើងទៅតាមបរិមាណនៃការទទួលអាហារកែច្នៃ។
ហេតុអ្វីបានជាអាហារកែច្នៃ អាហារឧស្សាហកម្ម អាចបំផ្លាញសុខភាព ?
លោកស្រីវេជ្ជបណ្ឌិតBinetou Cheikh Seck គ្រូពេទ្យឯកទេសរបបអាហារនិងអាហារូបត្ថម្ភ នៅក្រុងដាកាប្រទេសសេណេហ្កាល់៖ “ពីព្រោះចំណីអាហារកែច្នៃ -ចំណីអាហារឧស្សាហកម្ម មានផ្ទុកសារធាតុគីមីបន្ថែម ដែលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងដល់ដំណើរការជាធម្មតារបស់សរីរាង្គកាយមនុស្ស។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ អ្នកស្រាវជ្រាវ និយាយអំពីផលរំខានដល់ក្រពេញអ័រមូនលូតលាស់ (Perturbateur endocrinien)។ អាហារឧស្សាហកម្ម មានបង្កប់សារធាតុខ្លាញ់ ជាតិផ្អែម (ស្ករ) ដែលមិនល្អទាល់សោះសម្រាប់សុខភាព។ ទទួលទានអាហារស្រស់ អាហារតាមរដូវ និងតាមតំបន់ ទើបល្អ។ ពិសារកាន់តែច្រើន សុខភាពកាន់តែប្រសើរ។ ចំណីអាហារស្រស់ មិនត្រឹមតែមានឱជារស ឆ្ងាញ់ពិសារទេ តែថែមទាំងធានាបាននូវគុណភាពអាហារូបត្ថម្ភខ្ពស់ទៀតផង។
ហេតុអ្វីត្រូវជ្រើសរើសទទួលទានបន្លែនិងផ្លែឈើស្រស់តាមរដូវ ?
លោកស្រីវេជ្ជបណ្ឌិតBinetou Cheikh Seck ៖ បើនិយាយអំពី បន្លែផ្លែឈើនេះ គួរតែជ្រើសរើសទទួលទាន បន្លែផ្លែឈើតាមរដូវ និងដុះក្នុងស្រុក ព្រោះបន្លែផ្លែឈើនេះ ដុះលូតលាស់លើទឹកដីដែលត្រូវនឹងធាតុអាកាសស្រុកនោះ - ដុះលូតលាស់ត្រង់កន្លែងដែលត្រូវលូតលាស់ និងប្រមូលផល នៅពេលដែលត្រូវកាច់បេះ ពោលគឺពេញសាច់ ពេញផ្លែ ត្រឹមត្រូវ។ បន្លែផ្លែឈើបែបនេះ មានផ្ទុកកំហាប់អាហារូបត្ថម្ភ វីតាមីន និងសារធាតុរ៉ែ យ៉ាងពេញលេញ។ ចំណែកបន្លែផ្លែឈើនាំចូលវិញ ដើម្បីរក្សាទុកឱ្យបានយូរ គេប្រហែលជាត្រូវប្រើវិធីបែបសិប្បនិម្មិត។”
អាហារបង្កក
បន្លែផ្លែឈើស្រស់ តាមរដូវ ដុះតាមស្រុកក្បែរផ្ទះ មិនឡូយទេ តែជាអាហារដ៏មានឱជារស និងល្អសម្រាប់សុខភាពណាស់។ នេះជាជម្រើសដ៏ប្រពៃបំផុត ប៉ុន្តែដោយមូលហេតុថវិកា លក្ខខណ្ឌការងារ ឬពេលវេលា ស្វែងរកអាហារស្រស់ បន្លែផ្លែឈើតាមរដូវ មិនមែនជាប្រការស្រួលឡើយ។ ក្នុងករណីនេះ អ្នកជំនាញផ្នែកអាហារូបត្ថម្ភបារាំង សូមណែនាំឱ្យលោកអ្នកជ្រើសរើសបន្លែផ្លែឈើ បង្កក។
ភាពខុសគ្នាដ៏ចម្បងមួយនៃបន្លែផ្លែឈើស្រស់និងបន្លែផ្លែឈើកក គឺសម្រស់ខាងក្រៅ និងភាពស្រស់ស្រួយនៅពេលទំពារ។ គេមិនអាចទទួលអារម្មណ៍ដូចគ្នា នៅពេលទំពារបន្លែផ្លែឈើស្រស់ និងបន្លែផ្លែឈើកកទេ។ ប៉ុន្តែមិនដូចអ្វីដែលគេធ្លាប់មានជំនឿ បន្លែផ្លែឈើកក ផ្តល់គុណប្រយោជន៍ដល់សុខភាព ស្មើនឹងអាហារស្រស់ដែរ។ សូមជ្រើសរើសទទួលទានអាហារកក ដោយរីករាយចុះ ព្រោះ ឧស្សាហកម្មចំណីអាហារកក មានបណ្តាញដាច់ដោយឡែក។ បន្លែផ្លែឈើ ត្រីសាច់ សម្រាប់បង្កក តែងតែកាត់បេះ នេសាទបាន ភ្លាមដាក់បញ្ចូលក្នុងបណ្តាញបង្កកភ្លាម។ ដូច្នេះបន្លែផ្លែឈើ ត្រីសាច់ទាំងនោះនៅស្រស់ៗល្អខ្លាំងណាស់ ព្រមទាំងមានផ្ទុកគុណភាពផ្នែកអាហារូបត្ថម្ភ យ៉ាងខ្ពស់ខ្លាំង ក្នុងកំរិតស្ទើរស្មើនឹងអាហារស្រស់ដែរ។ បើតាមគ្រូពេទ្យជំនាញផ្នែកអាហារូបត្ថម្ភ មានការប្រែប្រួលតិចណាស់រវាងបន្លែផ្លែឈើស្រស់ និងបន្លែផ្លែឈើកក ដោយភាពត្រជាក់និងកក អាចរក្សាវីតាមីន សេ និងដេ របស់បន្លែផ្លែឈើបានយ៉ាងពេញលេញ។
ការទទួលទានបន្លែផ្លែឈើកក ជួនកាលល្អជាងបរិភោគបន្លែផ្លែឈើស្រស់ផង។ ទុកបន្លែផ្លែឈើ ចោល (ហាលវាលហាលខ្យល់) ក្នុងផ្ទះយូរថ្ងៃពេក អាចធ្វើឱ្យបន្លែផ្លែឈើទាំងនោះបាត់បង់ប្រយោជន៍ផ្នែកអាហារូបត្ថម្ភ ជាពិសេសបាត់បង់សារធាតុវីតាមីន សេ និងសមត្ថភាពផ្នែកអង់ទីអុកស៊ីដង់។ ហេតុដូច្នេះហើយបានជាវេជ្ជបណ្ឌិតជំនាញ សូមលើកទឹកចិត្តឱ្យ យើងគ្រប់គ្នា បើប្រសិនមានលទ្ធភាព សាកល្បងបង្កបន្លែផ្លែឈើដោយខ្លួនឯង។ ទិញមកពីផ្សារច្រើន រំលែកទទួលទានមួយភាគភ្លាម សល់ប៉ុន្មាន ចិតកាត់បន្លែផ្លែឈើត្រីសាច់ ស្រស់ៗ ជាដុំៗតូចល្មម ហើយយកទៅបង្កកទុកភ្លាម។ បន្លែត្រីសាច់ទាំងនោះនឹងរក្សាគុណភាពបានដូចនៅស្រស់។
សូមប្រយ័ត្ន អ្នកជំនាញអួតសរសើរអំពីគុណភាពអាហារកកនេះ គឺសំដៅតែលើ បន្លែ ផ្លែឈើ ត្រី សាច់ សុទ្ធបង្កកដោយគ្មានការកៃច្នៃទេ។ អាហារឆ្អិនស្រាប់ ឬអាហារកែច្នៃធ្វើហើយដាក់បង្កកលក់ មានរាប់បញ្ចូលក្នុងបញ្ជីនេះទេ។ ជាថ្មីម្តងទៀត អាហារធ្វើស្រាប់ ឬអាហារកែច្នៃ ធ្វើឡើងតាមបែបឧស្សាហកម្ម គ្មានគុណភាពល្អសម្រាប់សុខភាពឡើយ៕
5/24/2023 • 9 minutes, 1 second ក្មេងរៀនមិនចេះ មកពីអន់បញ្ញា ឬមកពីមានជំងឺ ?
៥ទៅ១០%នៃកុមារបារាំង មានវិបត្តិផ្ចង់អារម្មណ៍ ខ្លះអមដោយភាពរពឹសខ្លាំង ខ្លះអត់។ វិបត្តិផ្ចង់អារម្មណ៍នេះ ជាវិបត្តិពាក់ព័ន្ធនឹងការលូតលាស់នៃប្រព័ន្ធប្រសាទ ដែលកើតមានជាញឹកញាប់បំផុតលើកុមារ។ តើវិបត្តិផ្ចង់អារម្មណ៍នេះជាអ្វី ? សូមស្តាប់បទអត្ថាធិប្បាយរបស់អៀង សុខម៉ិញ អមដោយការពន្យល់បំភ្លឺរបស់លោកវេជ្ជបណ្ឌិត អែរវ៉េ ហ្កឡាហ្សែល Hervé Glasel គ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទនិងផ្លូវចិត្ត ជំនាញខាងការលូតលាស់របស់កុមារនិងក្មេងជំទង់។
មិនចេះនៅស្ងៀម មិនចេះអង្គុយនឹងមួយកន្លែង ឬក៏រវើរវាយ មិនអាចត្រងត្រាប់ស្តាប់ឬមិនអាចផ្ចង់ស្មារតីធ្វើអ្វីមួយឱ្យបានចប់ចុងចប់ដើម និងគ្មានភាពអធន អំណត់ ព្រមទាំងងាយខឹងច្រឡោតបញ្ចេញប្រតិកម្មតបបែបឆេវឆាវទៀត នោះកូនអ្នកទំនងជាមានជំងឺមួយ ដែលមានឈ្មោះថា វិបត្តិផ្ចង់អារម្មណ៍ ដែលអប ឬដោយគ្មានភាពរពឹស។ អាការៈបែបនេះ ជាអត្តចរិតរបស់មនុស្សលោកទូទៅមែន តែបើវាស្តែង ឡើងខ្លាំងហួសហេតុ និងក្នុងរយៈពេលអូសបន្លាយយូរ ក្នុងគ្រប់ស្ថានភាព (មិនមែនតែពេលនៅសាលា ឬនៅផ្ទះ) គេលែងហៅថាជាករណីរពឹសធម្មតាហើយ។
មានរោគសញ្ញាបី សម្រាប់សម្គាល់វិបត្តិផ្ចង់អារម្មណ៍ ទីមួយ គឺកង្វះការផ្ចង់អារម្មណ៍ រពឹសខ្លាំង និង ឆេវឆាវ។ អាការៈសញ្ញានេះ មានកំរិតខ្លាំងខ្សោយផ្សេងៗគ្នាទៅតាមស្ថានភាពនៃជំងឺរបស់ក្មេងម្នាក់ៗ។ មិនរពឹស មិនចលាចលមែន តែបើក្មេងចេះតែរវើរវាយ នៅធ្មឹង ចូលចិត្តអង្គុយភ្លេចភ្លឹក រហូតមិនអាចបញ្ចប់លំហាត់ដែលគ្រូដាក់ឱ្យធ្វើ មិនចងចាំពាក្យបង្គាប់របស់គ្រូ និងតែងតែភ្លេចបាត់របស់របរប្រើប្រាស់ផ្ទាល់ខ្លួនជាញឹកញាប់ ក៏អាចចាត់ទុកជាក្មេងមានវិបត្តិផ្ចង់អារម្មណ៍ដែរ។ ករណីមួយទៀត ក្មេងរពឹសខ្លាំង ឆាប់ច្រឡោត និងចលាចលខ្លាំង តែអាចផ្ចង់ធ្វើការណាដែលគេចូលចិត្ត ក៏ហៅថាក្មេងមានវិបត្តិផ្ចង់អារម្មណ៍ដែរ។ តាមធម្មតា ក្មេងប្រុសច្រើនតែមាន អាការៈរពឹសនិងឆេវឆាវ ខ្លាំងជាងក្មេងស្រី។
វិបត្តិផ្ចង់អារម្មណ៍ នេះ អាចមានកើតលើគ្រប់វ័យ តែស្រួលសម្គាល់ឃើញខ្លាំងលើកុមារ។ ហើយការសិក្សាស្រាវជ្រាវក៏មានច្រើនខ្លាំងដែរលើក្មេង។ វិបត្តិផ្ចង់អារម្មណ៍នេះអាចកើតមានតាំងពីនៅក្មេងជាកុមារ រហូតដល់វ័យជំទង់ ក្នុងប្រមាណពី៤០ទៅ៧០%ករណី និងរហូតដល់ចាស់ពេញវ័យ ចំនួនប្រមាណពាក់កណ្តាល។ គេប៉ាន់ប្រមាណថា មានមនុស្សប្រមាណ៤% មានវិបត្តិផ្ចង់អារម្មណ៍ ដោយមានឬគ្មានភាពរពឹស។ ជួនកាលទាល់តែចាស់ទើបដឹងខ្លួនថាមានជំងឺនេះ។ ជាទូទៅ អាការៈសញ្ញានៃវិបត្តិផ្ចង់អារម្មណ៍ច្រើនតែលេចឡើងនៅពេលម្តុំអាយុ ៧ឆ្នាំ តែក្មេងចាប់មានអត្តចរិតពិបាកគ្រប់គ្រង តាំងពីអាយុពីរឆ្នាំ (មុនពេលចូលសាលារៀនម្ល៉េះ)។
វិបត្តិផ្ចង់អារម្មណ៍ គ្មានពាក់ព័ន្ធនឹងភាពវៃឆ្លាតរបស់ក្មេងទេ។ ក្មេងមានវិបត្តិផ្ចង់អារម្មណ៍ដែលភាគច្រើន ជួបការលំបាកនៅសាលា (រៀនមិនចេះ) បណ្តាលមកពីបញ្ហាអាកប្បកិរិយា ឬការផ្ចង់អារម្មណ៍រៀននេះទេ មិនមែនមកពីពួកគេខ្វះបញ្ញាឡើយ។
នៅប្រទេសបារាំង មានក្មេងប្រមាណ៥% កើតវិបត្តិនេះ ដែលតម្រូវឱ្យឪពុកម្តាយស្វែងរកជំនួយពីគ្រូពេទ្យចិត្តសាស្ត្រ និងផ្តល់ថ្នាំព្យាបាល ព្រោះវិបត្តិនេះអាចរំខានដល់ការសិក្សានិងអប់រំយ៉ាងខ្លាំង។ សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Hervé Glasel ៖
“វិបត្តិផ្ចង់អារម្មណ៍អមដោយភាពរពឹសឬអត់ ជាផ្នែកមួយនៃវិបត្តិពាក់ព័ន្ធនឹងការលូតលាស់របស់ប្រព័ន្ធប្រសាទ (ខួរក្បាល)។ មានប្រព័ន្ធក្នុងខួរក្បាលខ្លះ ជាពិសេសប្រព័ន្ធប្រសាទនៅផ្នែកខាងមុខនៃក្បាល នៅក្មេងខ្ចីពេក ទើបកុមារពិបាក ឬមិនអាចផ្ចង់អារម្មណ៍បានល្អ។ តាមធម្មតា ខួរក្បាលដុះលូតលាស់ចម្រើនទៅតាមវ័យ ផ្តល់ភាពចាស់ទុំជារៀងរាល់ថ្ងៃ ដល់ក្មេងមួយភាគធំ តែមួយក្មេងមួយភាគទៀត ប្រព័ន្ធប្រសាទមិនព្រមលូតរឹងមាំតាមវ័យទេ។ ដល់អាយុធំពេញវ័យហើយ នៅតែមានការលំបាកផ្ចង់អារម្មណ៍ទៀត។
“វិបត្តិផ្ចង់អារម្មណ៍អមដោយភាពរពិសខ្លាំងឬអត់នេះ ជះផលវិបាកច្រើន ដោយអាចធ្វើក្មេងពិបាកផ្ចង់ស្មារតី មិនអាចប្រមូលផ្តុំអារម្មណ៍ឱ្យមូល ក្នុងការចាប់យកខ្លឹមសារអ្វីមួយដែលត្រឹមត្រូវ -ដែលគេចង់បានទេ។ នៅក្នុងការសិក្សា ក្មេងមានវិបត្តិផ្ចង់អារម្មណ៍ មិនអាចផ្តល់ចម្លើយត្រឹមត្រូវ មិនអាចមើលឃើញកំហុសអក្ខរាវិរុទ្ធរបស់ខ្លួន មិនអាចអង្គុយត្រងត្រាប់ស្តាប់ការពន្យល់របស់គ្រូ ដែលជាហេតុធ្វើឱ្យមានការរំខាន ប៉ះពាល់ដល់ជីវិតសិក្សារបស់គេទាំងមូលតែម្តង។ ដើម្បីអាចសិក្សា ខួរក្បាលត្រូវតែមានភាពចាស់ទុំ ស្របទៅតាមដំណើរលូតលាស់ធំធាត់របស់ក្មេង។”
វិបត្តិផ្ចង់អារម្មណ៍ ជាជំងឺដ៏ស្មុគស្មាញមួយ ដែលមិនមែនមានមូលហេតុតែមួយទេ។ ជាទូទៅ ដើមហេតុចម្បងដែលនាំមានវិបត្តិនេះ ច្រើនបណ្តាលមកពី បញ្ហាប្រព័ន្ធប្រសាទដែលមានពាក់ព័ន្ធនឹងកត្តាពូជ និងកត្តាបរិស្ថាន តាមរយៈការប៉ះពាល់សារធាតុគីមីពុល ពេលនៅជាទារកក្នុងផ្ទៃ។ ដំបៅនៅខួរក្បាលបង្កឡើងដោយការខ្វះខ្យល់អុកស៊ីហ្សែនពេលកើត អាចបង្កើនហានិភ័យនាំកើតវិបត្តិផ្ចង់អារម្មណ៍នេះនៅពេលធំឡើង។
អ្នកស្រាវជ្រាវបានសង្កេតឃើញថា ខួរក្បាលទទួលបន្ទុកគ្រប់គ្រងអារម្មណ៍ គ្រប់គ្រងញ្ញាណរៀបរយ និងគ្រប់គ្រងចលនា របស់ក្មេងឬមនុស្សធំមានវិបត្តិផ្ចង់អារម្មណ៍ សកម្មខ្លាំងខុសប្រក្រតី ឬមានកាយវិភាគសាស្ត្រប្លែកពីគេ។ អត្រាណឺរ៉ូនបញ្ជូនសារ (សរសៃប្រសាទ) ក៏គ្មានលំនឹង។
កត្តាពូជ ចូលរួមចំណែកច្រើនគួរជាទីកត់សម្គាល់ ក្នុងការលេចវិបត្តិផ្ចង់អារម្មណ៍។ នៅក្នុង ការសិក្សាលើកូនភ្លោះ អ្នកស្រាវជ្រាវរកឃើញថា បើកូនម្នាក់មានវិបត្តិផ្ចង់អារម្មណ៍ហើយ កូនភ្លោះម្នាក់ទៀតត្រូវតែមានវិបត្តិនេះដែរក្នុងកំរិតដល់ទៅ៨០%។ បើមានម្តាយ ឬឪពុក ឬសមាជិកក្នុងក្រុមគ្រួសារមានវិបត្តិផ្ចង់អារម្មណ៍ហើយ យ៉ាងហោចណាស់ក៏មានកូនម្នាក់កាត់តាមដែរ។ មួយភាគបួននៃឪពុក/ម្តាយធ្លាប់មានប្រវត្តិកើតជំងឺផ្ចង់អារម្មណ៍ តែងមានកូនណាម្នាក់កើតជំងឺនេះដែរ។
ជាចុងក្រោយ ១០ទៅ១៥% នៃជំងឺមានវិបត្តិផ្ចង់អារម្មណ៍ បណ្តាលមកពីបញ្ហាបរិស្ថាន ដោយបានរស់ប្រឈមនឹងសារធាតុគីមីពុល ដូចយ៉ាង សា្រ បារី សំណរ ថ្នាំសម្លាប់សត្វល្អិត ... ក្នុងអំឡុងពេលនៅជាទារកក្នុងផ្ទៃ។ នៅមានកត្តាបរិស្ថានជាច្រើន ដែលគេមិនទាន់កំណត់អត្តសញ្ញាណបាន តែទំនងអាចជាដើមហេតុនាំឱ្យក្មេងមានពូជស្រាប់ កាន់តែងាយមានវិបត្តិផ្ចង់អារម្មណ៍។
រហូតមកទល់នេះ គ្មានទេថ្នាំព្យាបាល គឺមានថ្នាំសម្រាល និងបន្ធូរអាការៈសញ្ញារោគតែប៉ុណ្ណោះ។ ចំណែកឯការវិភាគរករោគសញ្ញាជំងឺខ្វះការផ្ចង់អារម្មណ៍ ក៏លំបាកខ្លាំង ព្រោះសញ្ញារោគខ្លះអាចបង្កឡើងដោយវិបត្តិផ្សេង ដែលមានទម្រង់ប្រហាក់ប្រហែលខ្លាំង ឬខ្សោយនឹងវិបត្តិផ្ចង់អារម្មណ៍។ ការវិភាគរោគសញ្ញារំពឹងទាំងស្រុងទៅលើការវាយតម្លៃស៊ីជម្រៅនិងបរិស្ថានជីវិតរបស់កុមារ ពោលគឺគ្រូពេទ្យអាចពិនិត្យមើល ជាដំបូង ការលូតលាស់នៃខួរក្បាល ហើយឪពុកម្តាយត្រូវតែរៀបរាប់អំពីប្រវត្តិធំធាត់របស់កូន ឬក៏អាចមានពិនិត្យវាស់កម្រិតបញ្ញារបស់ក្មេងផង។ ប៉ុន្តែគ្មានទេ ប្រដាប់ធ្វើតេស្តប្រព័ន្ធប្រសាទឬចិត្តសាស្ត្រ ដើម្បីវិភាគជំងឺជាផ្លូវការទេ៕
5/17/2023 • 7 minutes, 45 seconds ទល់ខ្យល់ ឬ ហើមពោះ តើមកពីមូលហេតុអ្វី ?
ប៉ោងពោះ ហើមពោះ ដើរខ្យល់ ជាប្រតិកម្មរបស់សរីរាង្គកាយយើង ដែលរំខាន និងគួរឱ្យអៀនខ្មាស់ណាស់ បើទោះបីជាអាការៈនេះមានកើតលើមនុស្សស្ទើរគ្រប់រូប។ ហើមពោះ ផោម ជាកង្វល់របស់មនុស្សទូទៅ ពិបាកទាំងនិយាយប្រាប់គេ ពិបាកទាំងនិយាយប្រាប់ពេទ្យទៀត។ ហេតុអ្វីហើមពោះ និងដើរខ្យល់ខ្លាំង ? តើគេអាចបំបាត់អាការៈនេះបានទេ ?
ការដើរខ្យល់អាចធ្វើឱ្យយើងសើចផង ខ្មាស់គេផង។ ប៉ុន្តែ ដើរខ្យល់ជាអាការៈធម្មជាតិ និងអាចជាសញ្ញាបញ្ជាក់ថាយើងមានសុខភាពល្អទេ។ ខ្យល់ក្នុងពោះវៀន ផលិតឡើងដោយសារតែយើងលេបខ្យល់ចូលក្នុងពោះជារៀងរាល់ថ្ងៃ និងដោយសារតែបាក់តេរី ដែលរស់នៅក្នុងពោះវៀនយើង ឬហៅតាមភាសាបច្ចេកទេសថា មីក្រូប៊ីយុត Microbiote។ បាក់តេរីអស់នេះរស់រីករាលដាលដោយស៊ីសំណល់ចំណីអាហារក្នុងពោះដែលមិនកិនរលាយ ហើយបង្កបង្កើតជាឧស្ម័នឡើង។ ជាឧស្ម័ន ប្រភេទអ៊ីដ្រូសែន អុកស៊ីតដឺកាបោន និងជួន ជាមេតាន។ ឧស្ម័នទាំងអស់នេះ នាំគ្នាទៅផ្តុំនៅមាត់ច្រកចេញ (ទ្វារធំ)។ ឱ្យតែមានសម្ពាធខ្លាំងបន្តិច ខ្យល់នឹងធាក់ចេញមកក្រៅភ្លាម ឬហៅថាផោម។
ជួនកាលការដើរខ្យល់ មានសំឡេងអមមកជាមួយទៀត។ នៅពេលធ្លាយខ្យល់ហើយមានសម្ពាធខ្លាំង ខ្យល់នឹងទៅអង្រួនស្បែករន្ធទ្វារធំ។ គឺការអង្រួនស្បែកគូថនោះហើយដែលធ្វើឱ្យមានលាន់សំឡេងប្លែកៗឡើង។
មនុស្សម្នាក់ៗបញ្ចេញខ្យល់ ជាមធ្យម ១០ទៅ២០ដង ក្នុងមួយថ្ងៃ ពោលគឺស្មើនឹងប្រមាណកន្លះទៅមួយមួយលីត្រកន្លះខ្យល់ ក្នុងមួយថ្ងៃ។ តើមធ្យមភាគរបស់អ្នកនៅចន្លោះណា ? សូមវាល់វែងរាប់ខ្លួនឯងចុះ។ គ្រាន់តែត្រូវជ្រាបបន្ថែមទៀតថា របបអាហារក៏កត្តាសំខាន់ មួយចូលរួមចំណែកខ្លាំងធ្វើឱ្យ ហើមពោះ មានចរន្តខ្យល់នេះដែរ។
អាហារដែលសម្រួលការហើមពោះ
គ្រូពេទ្យជំនាញក្រពះពោះវៀន ចំណីអាហារ អ្នកស្រាវជ្រាវ បានយល់ព្រមព្រៀងទាំងអស់ក្នុងការដាក់ចំណាត់ថ្នាក់ឱ្យចំណីអាហារ ដែលធ្វើមានខ្យល់ក្នុងពោះ។ ស្ពៃជាប់ចំណាត់ថ្នាក់លើគេ ហើយសណ្តែកជាប់លេខខ្ពស់ជាងគេ។ ចំពោះផ្លែឈើវិញ ផ្លែឈេរី (ព្រីង) ផ្លែសឺរី សុទ្ធតែជាប់ចំណាត់ថ្នាក់ហើយ តែជាប់លេខខ្ពស់ជាងគេគឺផ្លែប៉ោម។ ផ្លែឈើទាំងអស់នេះ មានកំរិតជាតិfructoseខ្ពស់ ដែលជាជាតិស្ករពិបាកបញ្ជ្រាប។ ការទំពារស្ករកៅស៊ូ និងទទួលទានទឹកមានជាតិហ្កាស ច្រើនពេកក៏ធ្វើឱ្យមានខ្យល់ក្នុងពោះច្រើនដែរ។
ហេតុអ្វីមានក្លិន ?
ដើរខ្យល់ជាអាការៈធម្មជាតិមែនហើយ ប៉ុន្តែហេតុអ្វីបានជាពេលខ្លះវាមានក្លិនមិនល្អសោះនោះ ?! ក្លិនខ្យល់ប្រែប្រួលទៅតាមប្រភេទអាហារដែលយើងបានទទួលទានចូលទៅ និងអាស្រ័យទៅលើបាក់តេរី ដែលជាអ្នកផ្អាប់អាហារនោះទៀត។ ការវិភាគដកពិសោធន៍លើសត្វបានបង្ហាញថា បាក់តេរីនៅក្នុងពោះមិនដូចគ្នាទេ។ បាក់តេរីនៅពោះវៀនខាងឆ្វេងផ្សេង បាក់តេរីនៅពោះវៀនខាងស្តាំផ្សឹង។ អាហារដែលសម្បូរជាតិសរសៃ ហ្វាយប័រ ដូចជាសណ្តែក ឬអាហារពពួកជាតិស្ករខ្លះ បង្កឱ្យមានឧស្ម័ន(ខ្យល់)ច្រើននៅពោះវៀនផ្នែកខាងស្តាំ និងច្រើនតែឱ្យក្លិនមិនសូវល្អនៅពេលចេញក្រៅ។ នេះជាការធម្មតា។
ផ្ទុយទៅវិញ ការទទួលទានអាហារសម្បូរជាតិសាច់ សាច់ផ្អាប់ប្រៃ នឹងបង្កឱ្យមានខ្យល់នៅផ្នែកខាងឆ្វេងពោះវៀន ហើយខ្យល់នេះមានក្លិនស្អុយខ្លាំង ព្រោះជាខ្យល់ដែលមានធាតុSulfure d’hydrogène អ៊ីដ្រូហ្សែន។
ក្លិនខ្យល់គឺអាស្រ័យទៅរបបអាហារមែនហើយតែនៅមានកត្តាសំខាន់មួយចូលរួមចំណែកដែរ គឺប្រភេទនៃបាក់តេរីធម្មជាតិក្នុងពោះវៀន flore intestinale ដែលមានខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
ថ្នាំធ្យូងជួយទម្លាយខ្យល់ ?
នៅពេលមានអាការៈហើមពោះភ្លាម គ្រប់គ្នាតែងគិតស្វែងរកថ្នាំមកព្យាបាល។ ថ្នាំដែលគេស្គាល់ និងប្រើទូទៅជាងគេ គឺថ្នាំធ្យូង។ ជាថ្នាំធម្មជាតិ មានប្រើតាំងពីសម័យដូនតាយូរមកហើយ។ ថ្នាំធ្យូងធម្មជាតិដែលផលិតចេញពីសំបកដូង សំបករុក្ខជាតិ អាចស្រូបខ្យល់បានដល់ទៅ ១០០ដងនៃទំហំថ្នាំ ប៉ុន្តែសូមប្រយ័ត្ន ថ្នាំជាអាវុធមុខពីរ អាចព្យាបាលអ្នកពីជំងឺផង តែក៏អាចបំពុលអ្នកវិញបានដែរ។ សូមស្តាប់ប្រសាសន៍របស់អ្នកស្រីឱសថការី Catherine Debelmas ពន្យល់លម្អិត អំពីគុណសម្បត្តិនិងគុណវិបត្តិនៃថ្នាំធ្យូង ៖
“ថ្នាំធ្យូងធម្មជាតិ មានប្រសិទ្ធភាពដំបូង គឺស្រូបបឺតជាតិហ្កាស។ អ៊ីចឹងហើយបានជាគេប្រើវាក្នុងពេលករណីហើមពោះ ឬទល់ខ្យល់។ ទីពីរវាអាចស្រូបជាតិទឹក ហេតុដូច្នេះគេអាចប្រើថ្នាំនេះក្នុងករណីរាករូស និងចុងក្រោយវាអាចស្រូបជាតិពុល ទើបគេអាចប្រើវានៅពេលអាការៈរលាកពោះវៀន បង្កឡើងដោយបាក់តេរី។ ថ្នាំធ្យូងមានច្រើនទម្រង់ ខ្លះជាថ្នាំគ្រាប់រលាយក្នុងទឹក ពិបាកលេបបន្តិច ជាថ្នាំស្រោប ខ្លះជាកាស៊ុល។ ថ្នាំធ្យូង មានគុណប្រយោជន៍មួយ គឺជាតិធ្យូង មិនរលាយទៅក្នុងឈាមទេ វានៅរក្សាទម្រង់ក្នុងប្រដាប់រំលាយអាហារ។ តែការមិនរលាយទៅក្នុងឈាម អាចបង្កផលវិបាក និងគុណវិបត្តិផ្សេងទៀត។ គ្រប់ថ្នាំលេប សុទ្ធតែរលាយជ្រាបទៅក្នុងឈាម ដើម្បីបញ្ចេញប្រសិទ្ធភាពថ្នាំ។ ឯថ្នាំធ្យូងមិនរលាយ មិនជ្រាប តែជាអ្នកស្រូប បឺតខ្យល់ ស្រូបជាតិទឹក ស្រូបជាតិពុល ... ស្រូបគ្រប់ជាតិទាំងអស់ រាប់ទាំងជាតិថ្នាំដែលលេបចូលទៅទន្ទឹមពេលជាមួយគ្នាផង។ ដូច្នេះ សម្រាប់អ្នកលេបថ្នាំព្យាបាលជំងឺជាប្រចាំ ដូចជាថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម ថ្នាំបេះដូង ឬថ្នាំគ្រាប់ពន្យារកំណើត សូមប្រុងប្រយ័ត្នឱ្យមែនទែន កុំលេបថ្នាំព្យាបាលអ្វីផ្សេងទន្ទឹមនឹងថ្នាំធ្យូងឱ្យសោះ។ សូមកុំរក្សាគម្លាតឱ្យបានយ៉ាងហោចណាស់ពីរម៉ោង។ បើលេបទន្ទឹមគ្នាជាមួយថ្នាំធ្យូង ថ្នាំពន្យារកំណើតនឹងគ្មានប្រសិទ្ធភាពទេ។”
លោកអ្នកអាចរកថ្នាំលេបបណ្តោះអាសន្ន នៅតាមឱសថស្ថានបាន ប៉ុន្តែយកល្អ បើអ្នកហើមពោះ មានអាការៈកូរ ចុកឆ្អល់ ទល់លាមកឬរាករូស ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញក្រពះពោះវៀននិងថ្លើម។ មានតែគ្រូពេទ្យទេ ដែលអាចវិភាគរកមូលហេតុនៃអាការៈហើមពោះបាន។
ក្នុងករណីខ្លះទៀត បើអ្នកមិនទាន់ចង់ទៅពិគ្រោះជាមួយគ្រូពេទ្យ សូមសាកល្បងប្តូរផ្លាស់ទម្លាប់ក្នុងការរស់នៅ និងរបបអាហារ។ ប្តូរពីការចូលចិត្តញ៉ាំជាបន្លែពពួកស្ពៃ មកជាបន្លៃត្រប់ ពីផ្លៃប៉ោម មកផ្លែចេក ទទួលទានអាហារយឺតៗទំពារមួយៗឱ្យម៉ត់ល្អមុននឹងលេប កុំទុកឱ្យរាន់ខ្លាំងបានរត់ទៅបត់ជើងតូចឬបត់ជើងធំ។ ធ្វើកីឡា ហាត់ប្រាណ ជាការបញ្ចេញសកម្មភាពដែលល្អសម្រាប់ពោះវៀន និងដែលជួយបំបាត់អាការៈហើមពោះបាន។ កាលពីឆ្នាំ២០០៦ ការសិក្សារបស់អ្នកវិទ្យាសាស្ត្រអេស្ប៉ាញ បានបង្ហាញការធ្វើកីឡាល្មមៗ ដូចជាធាក់កង់ អាចជួយកាត់កាត់បន្ថយបរិមាណ ខ្យល់ក្នុងពោះវៀនតូច បានដល់ពាក់កណ្តាលឯណោះ៕
4/26/2023 • 7 minutes, 29 seconds សុខភាពបន្តពូជ ៖ គ្មានកូន ងាយជួបវិបត្តិថប់កង្វល់និងជំងឺផ្លូវចិត្ត ?
អារ ជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងមួយ យ៉ាងពិតៗ ! នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកចេញផ្សាយកាលពីថ្ងៃទី ៣ មេសា ២០២៣។ អង្គការបានស្នើសុំឱ្យអ្នកនយោបាយ និងអ្នកស្រាវជ្រាវកុំមើលរំលងជំងឺមួយនេះ តែត្រូវរួសរាន់ផ្តល់សេវាព្យាបាលឱ្យបានថោកសមរម្យនិងមានគុណភាពខ្ពស់។ ហេតុអ្វី អង្គការសុខភាពពិភពលោកណែនាំយ៉ាងដូច្នេះ ? គ្មានកូនពិតជាអាចបង្កឱ្យមានជំងឺធ្លាក់ទឹកចិត្តមែនឬយ៉ាងណា និងយ៉ាងដូចម្តេច ?
តាំងពីឆ្នាំ២០១០មក អង្គការសុខភាពពិភពលោក បានទទួលស្គាល់ អាការៈ “អារ” គ្មានកូន ជាជំងឺមួយ។ ហើយ របាយការណ៍ចុងក្រោយទើបចេញកាលពីសប្តាហ៍មុន ដែលជាការសិក្សាវិភាគកាន់តែស៊ីជម្រៅ រយៈពេលជាង១០ឆ្នាំ ពីឆ្នាំ១៩៩០-២០២១ បានបង្ហាញឱ្យឃើញថា បច្ចុប្បន្ន គ្មានកូន ជាជំងឺដែលប៉ះពាល់ ក្នុងកំរិតដូចគ្នានៅទូទាំងពិភពលោក មិនថានៅក្នុងប្រទេសអ្នកមាន ឬក្នុងប្រទេសក្រីក្រ-មធ្យមឡើយ។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកដដែលនេះ ក្នុងចំណោមមនុស្ស៦នាក់ មានម្នាក់ហើយជាជនរងគ្រោះគ្មានសមត្ថភាពបង្កកំណើតកូន ពោលគឺ១៧,៨% នៃប្រជាពលរដ្ឋពេញវ័យបង្កកំណើតជាមនុស្ស “អារ” នៅក្នុងប្រទេសអ្នកមាន និង១៦,៥% នៅប្រទេសក្រីក្រនិងមធ្យម។ នេះសឱ្យឃើញថា គ្មានកូន ជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងពិតៗ និងជាជំងឺដែលមិនរើសអើងប្រកាន់ឋានៈទៀតឡើយ។ ជំងឺអារមានកើតនៅគ្រប់ទិសទី និងក្នុងគ្រប់មជ្ឈដ្ឋាន។ នៅក្នុងប្រទេសជឿនលឿន ដូចយ៉ាងបារាំងជាឧទាហរណ៍ គ្រួសារបញ្ញាវន្ត ក៏ដូចគ្រួសារកម្មករ នៅក្រុងធំក៏ដូចនៅជនបទ សុទ្ធតែប្រឈមនឹងបញ្ហាគ្មានកូន ដូចគ្នា។
សម្រាប់លោកវេជ្ជបណ្ឌិត តេដ្រូស នាយកអង្គការសុខភាពពិភពលោក មធ្យមភាគ ១៧% នៃមនុស្សពេញវ័យនៅលើពិភពលោកមានបញ្ហាបង្កកំណើត ជាចំនួនដ៏ច្រើនខ្លាំងណាស់ បើរាប់ទៅគឺស្មើនឹងជាច្រើនរយលាននាក់ ប៉ុន្តែប្រធានបទ “ជំងឺគ្មានកូន” បែរជាពុំសូវមានការសិក្សាស្រាវជ្រាវ ហើយដំណោះស្រាយនៅមានកំរិត និងថ្លៃខ្លាំងដែលគូស្វាមីភរិយាមួយចំនួនធំគ្មានលទ្ធភាពពឹងពាក់បាន។ យោងទៅលើអត្រាភាគរយនៃចំនួនមនុស្សអារ លោកនាយកអង្គការសុខភាពពិភពលោក យល់ថាដល់ពេលចាំបាច់ត្រូវពង្រីកការផ្តល់សេវាព្យាបាលនិងថែទាំជំងឺអារ គ្មានកូន និងមិនត្រូវមើលបញ្ហាអត់កូនទៀតទេ។ អ្នកនយោបាយ អ្នកស្រាវជ្រាវ ត្រូវខិតខំផ្តល់មធ្យោបាយ ការពារនិងព្យាបាលជំងឺអារ ដ៏ប្រាកដប្រជា មានប្រសិទ្ធភាព និងតម្លៃសមរម្យ សម្រាប់ឱ្យគ្រប់គូស្វាមីភរិយា ដែលប្រាថ្នាក្លាយខ្លួនជាឪពុកម្តាយ។
តើអ្នកជំនាញពន្យល់អំពីផលវិបាកនៃការគ្មានកូនចំពោះសុខភាពផ្លូវចិត្តយ៉ាងណា ?
គេមិនអាចមើលស្រាលបញ្ហាគ្មានកូនបានទេ។ គ្មានកូនដូចប្រាថ្នា ប្រៀបដូចជារស់ទូលសម្ពាធដ៏ធ្ងន់។ នៅក្នុងប្រទេសខ្លះ ស្ត្រីអាចពរពោះទើបហៅថាស្រី។ បុរសគ្មានកូនមិនសមជាប្រុស។ តាមច្បាប់ធម្មជាតិ គូស្វាមីភរិយារួមរស់ជាមួយគ្នាត្រូវតែមានកូន បន្តពូជ តែបើរស់យូរឆ្នាំហើយនៅមិនអាចមានកូន នោះមិនហៅថាជាប្តីប្រពន្ធទេ។ល និង។ល។... ជាលទ្ធផល បើតាមអ្នកជំនាញអង្គការសុខភាពពិភពលោក ផ្នែកសុខភាពផ្លូវភេទនិងបន្តពូជ អ្នកគ្មានលទ្ធភាពមានកូន ច្រើនតែមានបញ្ហាសុខភាពផ្លូវចិត្ត មានជំងឺថប់កង្វល់ និងជំងឺធ្លាក់ទឹកចិត្ត ព្រមទាំងអាចប្រឈមនឹងហានិភ័យជួបអំពើហិង្សាក្នុងគ្រួសារទៀត។
សម្រាប់លោក សាមៀ ហាម៉ាម៉ារ Samir Hamamah សាស្ត្រាចារ្យវេជ្ជបណ្ឌិត និងជីវវិទូ ផ្នែកបន្តពូជ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រក្រុងម៉ុងពឺលីយ៉េរ ដែលរដ្ឋាភិបាលបារាំងបានប្រគល់បន្ទុកឱ្យសិក្សារកមូលហេតុនៃភាពអាររបស់មនុស្ស ចេញផ្សាយកាលពីឆ្នាំ២០២២ នៅពេលមនុស្សម្នាក់គ្មានសមត្ថភាពមានកូន ស្ត្រីឬបុរសនោះ តែងមានអារម្មណ៍ខ្វល់ខ្វាយ បាត់បង់ទំនុកចិត្តលើខ្លួនឯង និងអាចធ្លាក់ខ្លួនមានជំងឺធ្លាក់ទឹកចិត្ត។ សម្ពាធសង្គមជាដើមហេតុមួយអាចជំរុញឱ្យគូស្វាមីភរិយាខ្លះដែលចង់បានកូន ធ្លាក់ក្នុងវិបត្តិផ្លូវចិត្ត។ សំណួរតែមួយម៉ាត់ ថា “មើល៎ ! ថ្ងៃណាបានកូន” គ្រប់គ្រាន់នឹងធ្វើឱ្យ ស្ត្រីឬបុរសជាប្តីប្រពន្ធចង់បានកូននោះ វិលវល់សតិអារម្មណ៍ និងត្រូវពេលវេលាពីរបីថ្ងៃទម្រាំអាចធ្វើចិត្តបានឡើងវិញ។ ចុះតើមួយថ្ងៃ មួយខែ មួយឆ្នាំ គូស្វាមីភរិយានេះត្រូវជួបនឹងសំណួរបែបនេះប៉ុន្មានដង ?!
នៅពេលកង្វល់និងការព្រួយបារម្ភ ក្លាយទៅជាអារម្មណ៍រអៀសនឹងខ្លួនឯងឡើងដល់កំរិតណាមួយ បុរសនិងស្ត្រីប្តីប្រពន្ធនោះ ចាប់មាននិន្នាការឡើងទម្ងន់ ដែលជាបញ្ហាផ្តើមមួយទៀតនៃជំងឺគ្មានកូន។ ធាត់ជាកត្តាមួយក្នុងចំណោមកត្តាជាច្រើននៃការគ្មានកូន។ ដូចភាពវិលវល់ក្នុងវដ្តសង្ខារ គេសង្កេតឃើញគូស្វាមីភរិយាអារ គ្មានសមត្ថភាពមានកូន ច្រើនតែមានរោគសញ្ញាធាត់ជាប់នឹងខ្លួន។
ផលវិបាកមួយទៀត នៃគូគ្មានកូន គឺដោយរវល់ខ្វល់គិតតែចង់បានកូន នៅទីបំផុត ពួកគេលែងមានជីវិតជាប្តីប្រពន្ធពិតៗ។ គូស្វាមីភរិយា ភាគច្រើន ភ្លេចរឿងរួមរក្ស លែងមានចំណង់ការរួមភេទ ព្រោះតែការរួមរក្សត្រូវបានភ្ជាប់ទៅនឹងជំងឺអារ។ មានមិនតិចករណីទេ ដែលនៅពេលមកជួបពេទ្យធ្វើតេស្តរកភាពអារហើយ ខាងប្តីឬប្រពន្ធបែរជាបដិសេធទៅវិញ ដោយសំអាងថាមិនទាន់បានត្រៀមខ្លួន។ ស្ថានភាពបែបនេះ អាចជំរុញឱ្យប្តីប្រពន្ធឈានដល់ការលែងលះ និងងំជាអំពើហិង្សាក្នុងគ្រួសាររវាងប្តីនិងប្រពន្ធឡើង។ ហេតុដូច្នេះហើយបានជាករណីខ្លះ គូគ្មានកូនចាំបាច់ត្រូវរកការគាំទ្រផ្នែកផ្លូវចិត្ត ពីគ្រូពេទ្យចិត្តសាស្ត្រ ឬពីក្រុមគ្រួសារ និងត្រូវរួសរាន់ស្វែងរកដំណោះស្រាយ។ ជាទូទៅ គូស្វាមីភរិយា ច្រើនសំងំនិងចំណាយពេលជាមធ្យមបួនឆ្នាំ ទម្រាំទម្លាយនិងទៅរកជំនួយដល់ជីវិតគូរបស់ខ្លួន។
តើអ្វីទៅជាមូលហេតុនាំអារ ?
អារគ្មានកូន បើតាមនិយមន័យរបស់អង្គការសុខភាពពិភពលោក គឺជាជំងឺពាក់ព័ន្ធនឹងប្រព័ន្ធបន្តពូជរបស់ស្ត្រី ឬបុរស ដែលសម្គាល់ដោយអសមត្ថភាពក្នុងការបង្កកំណើតកូន ក្រោយពីបានរួមរក្សដោយគ្មានការពារ និងយ៉ាងទៀងទាត់តាមគន្លងជីវិតប្តីប្រពន្ធ រយៈពេលយ៉ាងហោច១២ខែជាប់គ្នា។
កាលពីជាង៣០ឆ្នាំមុន នៅពេលគ្មានកូន គេតែងបន្ទោសនិងទម្លាក់កំហុសជាស្វ័យប្រវត្តិទៅលើភាគីខាងស្រី។ ដោយជំរុញឱ្យបុរសប្តូរប្រពន្ធ ឬរកស្រីថ្មីដើម្បីបានកូនបន្តពូជ។ ប៉ុន្តែឥលូវនេះ គេបានដឹងច្បាស់ថា បុរស ក៏អាចជាដើមហេតុនៃការគ្មានកូនដូចស្ត្រីដែរ គ្រាន់តែភាគីបុរសខ្លះនៅបន្តងប់ បដិសេធ មិនទទួលស្គាល់ការពិតថាខ្លួនជាដើមហេតុនៃការគ្មានកូនតែប៉ុណ្ណោះ។ តាមវិទ្យាសាស្ត្រ មួយភាគបីនៃករណីគ្មានកូន បណ្តាលមកពីស្ត្រី មួយភាគបីទៀត គឺបណ្តាលមកពីបុរស និងមួយភាគចុងក្រោយ មកពីទាំងសងខាង ឬដោយគ្មានមូលហេតុអាចពន្យល់បាន។
ថ្វីបើនៅក្នុងរបាយការណ៍ថ្មីនេះ អង្គការសុខភាពពិភពលោក មិនបានផ្តោតការសិក្សាទៅលើមូលហេតុដែលនាំស្ត្រីនិងបុរសបច្ចុប្បន្ន ចុះថយឬគ្មានសមត្ថភាពបង្កកំណើតមែន ប៉ុន្តែអាយុអាចចាត់ទុកជាដើមហេតុចម្បង។ ក្មេងជំនាន់នេះ ក្រគិតគូរយកកូនណាស់។ នៅឆ្នាំ២០១៩ ស្ត្រីចាប់មានកូនដំបូង នៅអាយុ២៩ឆ្នាំ ជាមធ្យម ទល់នឹង២៤ឆ្នាំកាលពីឆ្នាំ១៩៧៥។ ហើយតាមច្បាប់ធម្មជាតិ លទ្ធភាពបង្កកំណើតរបស់មនុស្សស្រី ត្រូវផ្តើមថយជាលំដាប់ ចាប់ពីអាយុ៣០ឆ្នាំទៅ។
ក្រៅពីកត្តាអាយុ របៀបរបបរស់នៅបែបថ្មី ដែលនិយមភាពស្រណុក មិនបញ្ចេញកម្លាំងកាយ ចូលចិត្តស៊ីផឹកគ្រឿងស្រវឹង (ស្រា-ប៊ីយែរ) ជក់បារី ធាត់ ... ក៏ជាកត្តារួមចំណែកមិនឱ្យមានកូនដែរ ព្រោះកត្តាទាំងនេះ ប៉ះពាល់ខ្លាំងណាស់ដល់មេជីវិតបុរសស្ពែម៉ាតូហ្សូអ៊ីត និងសមត្ថភាពពរពោះរបស់ស្ត្រី។ តាំងពីជាង៣០ឆ្នាំចុងក្រោយមកនេះ គេសង្កេតឃើញសមត្ថភាពបង្កកំណើតបុរសបានធ្លាក់ចុះ ជាទូទៅនៅទាំងពិភពលោក គួរឱ្យព្រួយបារម្ភ។ ស្ពែរម៉ាតូហ្សូអ៊ីត មេជីវិតរបស់បុរស បានថយ ទាំងបរិមាណនិងគុណភាពអស់ជាង៥០%។
បន្ទាប់មកទៀត គឺបញ្ហាបរិស្ថាន ដែលពោរពេញទៅដោយសារធាតុពុលប៉ះពាល់ដល់ប្រព័ន្ធអ័រមូនលូតលាស់យ៉ាងខ្លាំង។ ជាតិពុលប៉ះពាល់ដល់ប្រព័ន្ធលូតលាស់ មាននៅគ្រប់ទិសទី ដូចជានៅក្នុង ថ្នាំលាបជញ្ជាំងផ្ទះ ក្នុងផលិតផលសំអាង គ្រឿងម៉ាគីយេ នៅក្នុងចំណីអាហារ។ អ៊ីចឹងបានជាគ្មាននរណាម្នាក់អាចគេចរួចទេ។ បើតាមការសិក្សាអាមេរិក មានតែពលរដ្ឋមួយក្រុមគត់ដែលហាក់គេចរួចពីបរិស្ថានពុល គឺអ្នករស់នៅជាក្រុម ដាច់ស្រយាល គ្មានឬមានទំនាក់ទំនងនឹងពិភពខាងក្រៅយ៉ាងតិចតួចបំផុត។ ដូច្នេះ បើចង់បំបាត់កត្តាមួយនេះ ត្រូវតែមានការប្តូរផ្លាស់នៅក្នុងសង្គម ក្នុងរបៀបរបបរស់នៅប្រចាំថ្ងៃ ទើបអាចប្តូរផ្លាស់បរិស្ថានឱ្យប្រសើរឡើងវិញ។ តែនិន្នាការបច្ចុប្បន្នមានតែអាក្រក់ទៅៗប៉ុណ្ណោះ។ អ្នកស្រាវជ្រាវអាមេរិកព្យាករថា យ៉ាងយូរនៅឆ្នាំ២០៥០ គូស្វាមីភរិយាភាគច្រើនត្រូវពឹងលើវិធីបង្កកំណើតក្រៅស្បូន ដើម្បីបានកូន។
កត្តាបរិស្ថាន សុខភាព និងសង្គម បានធ្វើឱ្យមានកំណើនជំងឺអត់កូន ប្រមាណ ០,៣-០,៤% ក្នុងមួយឆ្នាំ។ ជាមួយតួលេខនេះ អារគឺជាតំណាងបញ្ហាសុខភាពសាធារណៈពិតៗផង ជាតំណាងនៃការគំរាមកំហែងមនុស្សជាតិទៀត។ សម្រាប់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សាមៀ ហាម៉ាម៉ារ បើជំងឺអត់កូននៅតែបន្តកើនឡើងជាលំដាប់ដូច្នេះ មនុស្សជាតិអាចនឹងត្រូវផុតពូជ នៅ២សតវត្សរ៍ទៀត បើជាការព្យាករណ៍ប្រកបដោយសុទិដ្ឋនិយម តែបើមានទុទ្ទិដ្ឋនិយមខ្លាំងវិញគឺត្រឹមតែមួយសតវត្សរ៍កន្លះទេ ព្រោះដើម្បីឱ្យសង្គមជាតិមួយអាចនៅគង់វង្សស្ថិតស្ថេរបាន គ្រួសារមួយត្រូវមានអ្នកបន្តពូជ (មានកូន) ជាមធ្យម ២,៦នាក់។ តែពេលនេះ ស្ត្រីបារាំងម្នាក់បង្កើតកូនជាមធ្យមតែ១,៨៣នាក់ ស្ត្រីអ៊ីតាលី អេស្បាញឬព័រទុយហ្កាល់ មានកូនជាមធ្យម ១,៣នាក់។ ហើយកាន់តែគួរព្រឺក្បាលទៀត គឺចិនអាចនឹងបាត់បង់ប្រជាជនអស់ពាក់កណ្តាល នៅរវាង ពី៤០ទៅ៥០ឆ្នាំទៀតខាងមុខ។ នេះបើតាមទស្សនៈរបស់ជីវវិទូបារាំង សាមៀ ហាម៉ាម៉ារដដែល៕
4/24/2023 • 9 minutes, 31 seconds អាការៈអស់កម្លាំងមិនធម្មតា ជាជំងឺ ?
មានអារម្មណ៍នឿយហត់អស់កម្លាំង ក្រោយពីបានប្រឹងបញ្ចេញកម្លាំងកាយ ឬបញ្ញាគិតធ្វើអ្វីមួយខ្លាំងជ្រុល គឺជារឿងធម្មតា។ តែអាការៈអស់កម្លាំង លែងហៅថា ធម្មតា ប្រសិនបើគេបានសម្រាកយ៉ាងយូរហើយនៅតែពុំព្រមបាត់ហត់ នៅតែមានអារម្មណ៍ថាគ្មានថាមពលចង់ធ្វើកិច្ចការប្រចាំថ្ងៃទៀត។ តើអាការៈអស់កម្លាំង មិនធម្មតា ជាអ្វី ? ជាជំងឺ មែនទេ ?
បទអន្តរាគមន៍របស់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Claire Le Jeunne ឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅនៅមន្ទីរពេទ្យកូស្ហាំង ក្រុងប៉ារីស
នៅថ្ងៃនេះកម្មវិធីសុខភាពរបស់យើងសូមលើកយកមកជម្រាបជូនលោកអ្នកនាងឱ្យបានជ្រាបអំពីអាការៈ អស់កម្លាំងមិនធម្មតា ឬ Asthénie បើតាមភាសាបច្ចេកទេសពេទ្យ។ គឺជាអាការៈអស់កម្លាំង មិនប្រក្រតី បានសម្រាកយ៉ាងពេញលេញហើយ នៅតែមិនព្រមបាត់ទៀត ឬបាត់តែមួយភាគ។ នៅប្រទេសបារាំង ១០ទៅ២៥%នៃអ្នកជំងឺមកជួបពិគ្រោះជាមួយគ្រូពេទ្យប្រចាំគ្រួសារ តែងតែថ្ងូចថ្ងូរអំពីអាការៈអស់កម្លាំងនេះឯង។ ៦ទៅ៧% បានណាត់ជួបពេទ្យដោយហេតុតែអាការៈអស់កម្លាំងនេះមួយគត់។
Asthénie ជាពាក្យពេទ្យដែលចង់សំដៅលើអាការៈចុះទន់ខ្សោយនៃសរីរាង្គកាយទាំងមូល។ ជាការអស់កម្លាំងជាទូទៅ ខុសពីការអស់កម្លាំងធម្មតា ហើយបង្កឱ្យមានអារម្មណ៍មិនស្រណុកខ្លួន អសមត្ថភាពនឹងធ្វើកិច្ចការប្រចាំថ្ងៃឱ្យត្រឹមត្រូវ។ អ្នកមានបញ្ហាអាស្តេនី មិនអាចបំពេញរវាងអ្វីដែលត្រូវធ្វើនិងអ្វីដែលគេអាចធ្វើបានទេ។ ស្រ្តីច្រើនជួបអាការៈនេះ ជាងបុរស។
អស់កម្លាំងមិនធម្មតា អាស្តេនី ច្រើនជាអាការៈដែលសំដៅលើ ភាពល្វើយ ល្ហិតហ្ហៃ នឿយណាយ មានអារម្មណ៍ខ្ជិល គ្មានកម្លាំងពលំ អាប់អន់បញ្ញារកគិតអ្វីមិនចេញ ខ្សោះក្នុងខ្លួន ខ្វះ-អស់ថាមពល មានអារម្មណ៍ហេវហត់អស់កម្លាំងទន់ខ្សោយ ...
តើអ្វីជាមូលហេតុនាំឱ្យអស់កម្លាំង ?
អាស្តេនីមិនមែនជាជំងឺទេ ប៉ុន្តែប្រជុំរោគសញ្ញានៃបញ្ហាសុខភាពរាងកាយ សុខភាពផ្លូវចិត្ត ឬជាលទ្ធផលនៃប្រតិកម្មនឹងបរិស្ថាននៅជុំវិញខ្លួន។ មានន័យថា មានកត្តាច្រើនយ៉ាងដែលជំរុញឱ្យស្តែងជាអាការៈអស់កម្លាំងឡើង។
ប្រភពនៃការអស់កម្លាំង អាចបណ្តាលមកពី របៀបរបបរស់នៅក្នុងជីវិតប្រចាំថ្ងៃប្រែប្រួល ឬបណ្តាលមកពីបានកើតជំងឺអ្វីមួយ។ កង្វះដំណេក ឬគេងមិនស្កប់នៅពេលយប់ ឧស្សាហ៍ភ្ញាក់ គេងមិនទៀង មានកង្វល់ក្នុងការងារ ធ្វើការហួស មានបញ្ហាក្នុងរង្វង់គ្រួសារ មានអ្នកឈឺ មានការបែកបាក់លែងលះ ... ក៏អាចជាដើមហេតុនាំឱ្យអស់កម្លាំងខ្លាំងនិងរ៉ាំរ៉ៃដែរ។
អស់កម្លាំងខុសប្រក្រតីអាចជារោគសញ្ញានៃជំងឺហួសកម្លាំង និងជារោគសញ្ញានៃជំងឺជាច្រើនផ្សេងទៀត ដូចជាជំងឺស្លេកស្លាំងខ្វះឈាមក្រហម ជំងឺបង្ករោគដោយបាក់តេរី ដោយវីរ៉ុស ជំងឺទាក់ទងនឹងក្រពេញលូតលាស់ ឬជំងឺមហារីក និងផឹកស្រាច្រើនជ្រុល។ បញ្ហាខួរក្បាល បេះដូង ថ្លើម ប្រមាត់ ឈាម ប្រព័ន្ធរំលាយអាហារ ព្រមទាំងថ្នាំខ្លះ ក៏អាចធ្វើឱ្យអ្នកលេបមានអាការៈអស់កម្លាំងចម្លែក។
ដូច្នេះគេអាចនិយាយផ្ទុយមកវិញបានថា អាការៈនឿយហត់អស់កម្លាំង អាចជាសញ្ញាដាស់បញ្ជាក់ថាយើងប្រុងប្រយ័ត្នតាមដានមើលសុខភាពខ្លួន។ តើពិតជាមានជំងឺ ដែលផ្តល់រោគសញ្ញាដំបូងជាអាការៈនឿយអស់កម្លាំងមែនឬ ? សូមស្តាប់ប្រសាសន៍របស់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Claire Le Jeunne ឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅនៅមន្ទីរពេទ្យCochin ក្រុងប៉ារីស។
Pr Clairer Le Jeunnne ៖ ចាសមាន ! មានជំងឺដែលផ្តល់រោគសញ្ញាដំបូងជាអាការៈអស់កម្លាំង។ ផ្តើមដំបូងគឺជំងឺប៉ះពាល់លើសរីរាង្គ ហើយអាចផ្តល់ថ្នាំព្យាបាលបាន នោះគឺជំងឺខ្វះគ្រាប់ឈាមក្រហមអាណេមី។ ជំងឺពាក់ព័ន្ធនឹងប្រព័ន្ធអ័រមូន ជំងឺពាក់ព័ន្ធនឹងប្រព័ន្ធការពារខ្លួន ច្រើនតែលេចសញ្ញាដំបូងជាអាការៈអស់កម្លាំងខ្លាំង។ បញ្ហាផ្លូវចិត្ត ការធ្លាក់ទឹកចិត្ត ក៏ជាដើមហេតុចម្បងនាំឱ្យអស់កម្លាំងដែរ។”
បានសេចក្តីថា នៅពេលមានអាការៈអស់កម្លាំងយូរ គេមិនត្រូវធ្វេសប្រហែលទេ និងគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីវែករកមូលហេតុឱ្យបានស៊ីជម្រៅតើគ្រូពេទ្យត្រូវចាប់ធ្វើរោគវិនិច្ឆ័យយ៉ាងដូចម្តេចខ្លះទៅវិញ ? សូមស្តាប់ប្រសាសន៍លោកស្រីសាស្ត្រាចារ្យជាថ្មី
Pr Clairer Le Jeunnne ៖ “គ្រូពេទ្យនឹងពិនិត្យវែករកអតីតភាពនៃជំងឺ។ ប្រសិនបើអ្នកជំងឺម្នាក់ ថ្ងូរថាហត់អស់កម្លាំង ហើយអាការៈអស់កម្លាំងអូសបន្លាយតាំងពីជាង១០ថ្ងៃមកហើយ នោះគ្រូពេទ្យនឹងធ្វើរោគវិភាគបន្ថែមមួយចំនួនទៀត ដូចជា ៖ -ចោទសួរលម្អិតព័ត៌មានទាក់ទងនឹងសុខភាព ដើម្បីជីករកសញ្ញារោគពាក់ព័ន្ធនឹងអាការៈអស់កម្លាំង។ -បន្ទាប់មកគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យគ្លីនិក ក្រែងឃើញអ្វីមិនធម្មតា។ -គ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យទៅពិនិត្យឈាមបើលទ្ធផលនៃការពិនិត្យបែបគ្លីនិក គ្មានលទ្ធផល ឬផ្តល់តម្រ៉ុយអ្វីមួយ។
ចាសគ្រូពេទ្យចាំបាច់ត្រូវតែរកមូលហេតុឱ្យឃើញ ទើបអាចរកមធ្យោបាយព្យាបាលបានត្រឹមត្រូវ និងបានជាអាការៈអស់កម្លាំងនេះ។ ការវិភាគឈាម ជាវិធីសាស្ត្រត្រួតពិនិត្យដំបូងនាំឱ្យគ្រូពេទ្យអាចវែកមើលក្រែងមានការរោលរលាក ការបង្ករោគ ជាយថាហេតុណាមួយកើតឡើងនៅក្នុងសរីរាង្គរបស់អ្នកជំងឺ ឬក៏មានកង្វះគ្រាប់ឈាម និងដើម្បីផ្ទៀងផ្ទាល់មើលតួនាទីរបស់តម្រងនោម របស់ថ្លើម របស់ក្រពេញទីរ៉ូអ៊ីត អត្រាជាតិស្ករ ឬមើលកំរិតសារធាតុដែកក្រែងខ្វះ។ បើមានការរលាកបង្ករោគដោយបាក់តេរី ការព្យាបាលរំពឹងលើថ្នាំផ្សះ។ បើបណ្តាលមកពីជំងឺបាក់ទឹកចិត្ត គ្រូពេទ្យនឹងចេញថ្នាំព្យាបាលអារម្មណ៍ជូន។ បើទម្លាប់អាក្រក់ក្នុងការរស់នៅប្រចាំថ្ងៃជាដើមហេតុ នោះត្រូវប្តូររបៀបរបបដែលល្អប្រសើរ ម្ហូបអាហារមានលំនឹង សម្រាកឱ្យបានគ្រប់គ្រាន់ ... រួចអាចបំពេញបន្ថែមពីថ្នាំវីតាមីន។
សូមប្រុងប្រយ័ត្ន អាការៈអស់កម្លាំងមិនធម្មតា អូសបន្លាយលើសពី ៦ខែ ដោយគ្មានមូលហេតុច្បាស់លាស់ អាចត្រូវបានគេចាត់ទុកជាជំងឺរ៉ាំរ៉ៃ។ ពិបាកវិភាគវិនិច្ឆ័យ ជំងឺនេះតែអាច ជាទៅវិញបាន ប៉ុន្តែជួនកាលគេត្រូវការពេលវេលាជាច្រើនឆ្នាំណាស់ទម្រាំអាការៈសញ្ញាអស់កម្លាំងអាចរលុបបាត់ទាំងស្រុង៕
4/5/2023 • 7 minutes, 46 seconds Endométriose ឬ ជំងឺចុកពោះពេលធ្លាក់រដូវ ជាការធម្មតា រ បស់ស្ត្រី ?
នៅក្នុងកម្មវិធីសុខភាពនាថ្ងៃពុធទី ៨ មីនា ទិវានារីអន្តរជាតិថ្ងៃនេះ អៀងសុខម៉ិញ សូមណែនាំឱ្យអស់លោកអ្នកនាងបានស្គាល់អំពីជំងឺស្ត្រីមួយប្រភេទ ដែលពិភពវេជ្ជសាស្ត្រនៅមិនទាន់ស្គាល់ច្បាស់នៅឡើយ។ នោះគឺជំងឺចុកពោះ ពេលធ្លាក់រដូវ អង់ដូមេទ្រីយូស្ស។
កាលពីថ្ងៃទី ១៦ កុម្ភៈ២០២៣ អេស្ប៉ាញបានក្លាយជាប្រទេសដំបូងគេបង្អង់នៅអឺរ៉ុប ដែលបានបោះឆ្នោតអនុម័តច្បាប់ផ្តល់ការឈប់សម្រាកពេលធ្លាក់រដូវ ដល់ស្រ្តីដែលមានខែអមដោយការឈឺចុកចាប់។ ជាវិធានការជាប្រវត្តិសាស្ត្រសម្រាប់ស្ត្រីដែលពុំធ្លាប់មានទេនៅអឺរ៉ុប ហេតុដូច្នេះហើយបានជារដ្ឋាភិបាលអេស្ប៉ាញចង់ធ្វើជាគំរូចាប់ផ្តើមទម្លាយរឿងដែលគេធ្លាប់តែលាក់មិនហ៊ាននិយាយកន្លងមក។
ក្រៅអំពីអេស្ប៉ាញ ច្បាប់ផ្តល់សិទ្ធិឱ្យស្ត្រីបានឈប់សម្រាកពេលមករដូវ មានអនុវត្តនៅក្នុងបណ្តាប្រទេសមួយចំនួនផ្សេងទៀតនៅលើពិភពលោក មានជាអាទិ៍ និងដំបូងគេបង្អង់ នៅប្រទេសជប៉ុន។
តាំងពីឆ្នាំ១៩៤៧មក ច្បាប់ជប៉ុនបានចែងមិនឱ្យក្រុមហ៊ុនសហគ្រាសបង្ខំស្ត្រីឱ្យមកធ្វើការទេ បើស្ត្រីគាត់សុំឈប់ព្រោះមូលហេតុដល់ថ្ងៃធ្លាក់រដូវ។ ស្ត្រីអាចឈប់ប៉ុន្មានថ្ងៃក៏បាន ប៉ុន្តែជាទូទៅស្ត្រីទាំងនោះមិនបានទទួលកម្រៃទេ។ បើតាមស្ថិតិរបស់ក្រសួងការងារជប៉ុន នៅឆ្នាំ២០២០ ក្នុងចំណោមក្រុមហ៊ុនប្រមាណ៦០០០ មានមួយភាគបី (៣០%) ព្រមឱ្យប្រាក់ខែពេញធម្មតា ឬកាត់ប្រាក់ខែខ្លះដល់ស្ត្រីដែលអវត្តមានពីកន្លែងធ្វើការដោយមូលហេតុមកខែ។ ការសិក្សាបានបង្ហាញឱ្យឃើញទៀតថា មានស្រ្តីជប៉ុនតែប្រមាណ០,៩%ផងបានប្រើសិទ្ធិរបស់ខ្លួន។
នៅកូរ៉េខាងត្បូង ក្រុមហ៊ុនអនុញ្ញាតឱ្យបុគ្គលិកស្រីបានឈប់សម្រាករដូវមួយថ្ងៃក្នុងខែ តែត្រូវកាត់ប្រាក់ខែមួយថ្ងៃនោះដែរ។ ហើយបើក្រុមហ៊ុនណាមិនគោរពច្បាប់ នឹងមានការពិន័យជាប្រាក់ចំនួន ៥លានវ៉ុន។ តាំងពីឆ្នាំ២០០៣មក ឥណ្ឌូណេស៊ី ក៏បានអនុម័តច្បាប់ គ្រោងផ្តល់សិទ្ធិដល់ស្ត្រីមានរដូវឈឺចុកចាប់ខ្លាំង អាចឈប់សម្រាកពីការងារបានមួយឬពីរថ្ងៃក្នុងខែ អាស្រ័យទៅលើការកំណត់របស់ក្រុមហ៊ុននិងបុគ្គលិក។ ប៉ុន្តែក្នុងដំណើរការអនុវត្ត ជាក់ស្តែង ក្រុមហ៊ុនអនុញ្ញាតឱ្យតែមួយថ្ងៃ ឬគ្មានសោះ ហើយខ្លះទៀតថែមទាំងធ្វើមិនដឹងមិនខ្វល់នឹងច្បាប់នោះតែម្តង។ ច្បាប់តៃវ៉ាន់ បានផ្តល់បីថ្ងៃដល់ស្ត្រីសម្រាប់ហេតុផលមករដូវឈឺខ្លាំង ហើយអាចឈប់លើសនេះបានទៀត តែត្រូវបានចាត់ទុកជាពេលឈប់ព្រោះមូលហេតុមានជំងឺ និងទទួលបានប្រាក់បៀរវត្សរ៍ធម្មតា។ ជាប់ឈ្មោះជាប្រទេសបុណ្យម្តាយ តាំងពីឆ្នាំ២០១៥មក ហ្សំប៊ីបានអនុម័តច្បាប់ផ្តល់សិទ្ធិឈប់មួយថ្ងៃក្នុងមួយខែ ដល់ស្ត្រីពេលធ្លាក់រដូវ ដោយមិនបាច់ប្រាប់មុន ឬមានលិខិតបញ្ជាក់ពីគ្រូពេទ្យទេ។
តើការឈឺចុកចាប់ពេលធ្លាក់រដូវ ជាប្រការធម្មតាសម្រាប់ស្ត្រី ?
ការឈឺចាប់ខ្លាំងពេលឆ្លងទន្លេ ប្រសូតបុត្រ ជាករណីធម្មតា និងសម្រាប់គ្រប់ស្ត្រីទាំងអស់។ ឯការឈឺចាប់ពេលមកខែអាចមានបង្កប់ជំងឺ និងហេតុផលផ្សេង ! ពេលមករដូវម្តងៗ សាច់ដុំរបស់ស្បូននឹងត្រូវកន្ត្រាក់លាៗដើម្បីជម្រុះភ្នាស់របស់វាចេញ។ ដោយគ្មានការបង្កជីវិត សរីរាង្គនៃស្បូន បានបញ្ឈប់ងក់ការផលិតអ័រមូន Oestrogènes និង Progestérone។ តួស្បូនចាប់រីកឡើង និងចាប់កន្ទ្រាក់ ដើម្បីធាក់បញ្ចេញរដូវ ជាឈាម និងជាភ្នាសស្បែកស្តើងៗលើជញ្ជាំងស្បូន ឱ្យធ្លាក់ចេញមកក្រៅ ។ ស្បួនកន្ទ្រាក់ព្រោះតែសម្ពាធខ្ពស់រវាងឈាមដែលហូរចេញទៅក្នុងស្បូន និងប៉ះជាមួយជញ្ជាំងស្បូន ធាក់ខ្ទប់ គ្នាទៅវិញទៅមកផង។ ជញ្ជាំងស្បូនខ្លួនឯងក៏ត្រូវដាច់ចេញផង ហើយការដាច់ចេញនៃភ្នាសនៅជញ្ជាំងស្បូននេះក៏ជាកត្តាធ្វើឱ្យស្បូនកន្ទ្រាក់ដែរ និងអាចមានឥទ្ធិពលលើសាច់ដុំផ្សេងទៀត ក្រៅអំពីស្បូន ហេតុដូច្នេះហើយ បានជាពេលខ្លះស្ត្រីមានអាការៈឈឺក្បាល ចង់ក្អួត ចង្អោរ។ និយាយជារួម ការធ្លាក់រដូវ មានដំណើរការដូចគ្នានឹងឆ្លងទន្លេយ៉ាងដូច្នោះ គឺស្បូនត្រូវកន្ទ្រាក់ដើម្បីមានសម្ពាធធាក់បញ្ចេញទារកឱ្យចេញមកចាប់កំណើត ទើបមានការឈឺចុកចាប់ខ្លាំង។ ឯការកន្ទ្រាក់ស្បួនពេលដល់វដ្តរដូវ មិនប្រាកដថាធ្វើឱ្យឈឺពោះខ្លាំងទេ។
ការឈឺចាប់ពេលមករដូវរបស់ស្ដ្រីអាចតិចឬខ្លាំងខុសៗគ្នាពី មនុស្សស្រីម្នាក់ទៅមនុស្សស្រីម្នាក់ទៀត។ ស្ត្រីខ្លះដូចបុរស ការមករដូវគ្រាន់តែជាសញ្ញាមួយប៉ុណ្ណោះ។ បើតាមចំណាំ ការឈឺចាប់មានកាន់តែខ្លាំង នៅពេលមានឈាមរដូវធ្លាក់ច្រើន ព្រោះស្បួនត្រូវកន្ទ្រាក់ខ្លាំង ដើម្បីអាចបញ្ចេញឈាមរដូវនោះអស់ពីស្បូន។
ផលវិបាកជាយថាហេតុនៃការឈឺចាប់ពេលមករដូវ
ការឈឺចាប់នេះជាទូទៅ គ្មានលាក់សញ្ញារោគអ្វីគួរឱ្យព្រួយបារម្ភ និងប៉ះពាល់ដល់សុខភាពទេ មិនថាជាសុខភាពក្នុងន័យទូទៅ ឬសុខភាពផ្លូវភេទឡើយ។ ការឈឺចាប់ពេលធ្លាក់រដូវច្រើនកើតឡើង ចំពោះក្មេង ទើបឡើងខ្លួននិងមានរដូវឆ្នាំៗដំបូង និងនៅពេលអំឡុងពេលជិតអស់រដូវ ព្រោះរយៈកាលនេះ សរីរាង្គកាយមនុស្សស្រីមានអ័រមូនចុះឡើងខ្លាំង។ ចំពោះយុវតី អាការៈឈឺចុកចាប់ពេលធ្លាក់រដូវ នឹងចុះថយទៅៗ និងបាត់ទាំងស្រុងតែម្តងផង នៅពេលចាប់មានគភ៌ជាលើកទីមួយ។
ប៉ុន្តែសូមកុំភ្លេចរូតរះទៅជួបគ្រូពេទ្យឯកទេស ប្រសិនបើការឈឺចាប់ពេលធ្លាក់រដូវ មានកំរិតខ្លាំងហួសហេតុទ្រាំលែងបាន។ ស្ត្រីមានរដូវយូរឆ្នាំហើយ ស្រាប់តែស្ងៀមៗមានលេចអាការៈឈឺចាប់ពេលធ្លាក់រដូវ ហើយបរិមាណនៃឈាមរដូវមានកំរិតច្រើនហួសពីធម្មតា រដូវលែងទៀង មកមួយខែពីរដងជាដើម។ល។ ធ្លាក់រដូវចុករមួលពោះហើយ អមដោយអាការៈក្តៅខ្លួន... សុទ្ធសឹងជាសញ្ញាមិនធម្មតា ដែលស្ត្រីត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
ផលវិបាកដ៏ធ្ងន់ធ្ងរ និងដ៏កម្រមួយទៀតនៃការឈឺចាប់ខ្លាំងនេះ គឺអាចជាសញ្ញាប្រាប់ថាអ្នកអាចមានជំងឺមួយឈ្មោះថា endométrioses ដែលមានកើតលើស្ត្រី ម្នាក់ក្នុងចំណោម១០នាក់។ តើអ្វីទៅជាជំងឺអង់ដូមេទ្រីយូស្ស ? ជាធម្មតា ឈាមរដូវត្រូវហូរធ្លាក់ចេញមកក្រៅ តែក្នុងករណីមានអង់ដូមេទ្រីយូស្ស្សនេះ កោសិកាភ្នាសស្បួនចេញខុសផ្លូវ (មិនហូរធ្លាក់មកក្រៅតាមទ្វារមាសទេ) និងមិនត្រូវបានសម្អាតរំលាយអស់ឡើយ បែរជាទៅតោងកកលើសរីរាង្គផ្សេងទៀត ដូចជាផ្លោកនោម ស្បែកពោះ ពោះវៀនធំ ហើយរីកធំលូតលាស់ទៅតាមចង្វាក់និងវដ្តនៃអ័រមូន រាល់ខែ ជាហេតុបង្កឱ្យមានការឈឺចាប់ខ្លាំង ពិបាកមានកូន ឬត្រូវកាត់ស្បូនចេញតែម្តងទើបបាន។
តើធ្វើដូចម្តេចទើបអាចដឹងបានថាយើងកំពុងមានជំងឺរោគស្ត្រីអង់ដូមេទ្រីយ៉ូសនេះ និងមិនមែនជាឈឺធ្លាក់រដូវធម្មតា ? សូមស្តាប់ការពន្យល់លម្អិតបន្ថែមរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Pierre François Ceccaldi ប្រធានផ្នែកជំងឺរោគស្រ្តីនៅមន្ទីរពេទ្យ Beaujon ជាយទីក្រុងប៉ារីស ៖
“ជាដំបូង ជំងឺអង់ដូមេទ្រីយូស្ស មានច្រើនប្រភេទ ដូច្នេះការសម្តែងអាការៈជំងឺក៏មានច្រើនបែបយ៉ាងខុសៗគ្នាដែរ។ ការវិនិច្ឆ័យរកជំងឺនេះ ជួនជាការលំបាកខ្លាំង ជួនក៏ស្រួល ព្រោះតែយន្តការនៃជំងឺមានលក្ខណៈដូចគ្នានឹងយន្តការនៃការធ្លាក់រដូវ ពោលគឺនៅពេលភ្នាសរដូវ ត្រូវរំលាយដោយរដ្តរដូវ ភ្នាសអង់ដូមេទ្រីយូស្សចាប់ផ្តើមចេញឈាមដែរ ទើបធ្វើឱ្យស្ត្រីមានការឈឺចុកចាប់ខ្លាំង។ ជាការឈឺចាប់ពីរដោយហេតុពីរកើតក្នុងពេលតែមួយ ទើបពិបាកបែងចែង។ ប៉ុន្តែដោយសារភាពជឿនលឿននៃបច្ចេវិទ្យាពេទ្យ ដូចជាមានប្រដាប់ថតឆ្លុះ អេកូ អ៊ឹមរ៉ាយ គេអាចរកមើលឃើញជំងឺរោគស្ត្រីមួយនេះ ដោយមិនចាំបាច់ត្រូវធ្វើការវះកាត់ចូលទៅមើលស្បូនផ្ទាល់ដូចមុន ទើបដឹងថាពួកគាត់មានបញ្ហាអង់ដូមេទ្រីយូស្សទេ។ គេត្រូវការវិនិច្ឆ័យរកឃើញថាមានជំងឺអង់ដូមេទ្រីយូស្ស ឱ្យបានឆាប់ ព្រោះត្រូវតាមដានជំងឺនេះទៅតាមដំណាក់កាលនៃជីវិតរបស់ស្ត្រី។ បើកើតនៅវ័យក្មេង វាជាការឈឺចាប់ដែលរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់យុវតី។ បើជាស្ត្រី ពេញវ័យបង្កកំណើត វាអាចធ្វើឱ្យគ្មានកូន។ ដូច្នេះពេទ្យពិនិត្យតាមដានដើម្បីបញ្ចៀសស្ត្រីមិនឱ្យរងការឈឺចាប់ផង និងដើម្បីលុបផលរំខានដែលមិនឱ្យស្រ្តីមានកូនផង។”
អង់ដូមេទ្រីយូស្ស ជំងឺចាស់ តែទើបចាប់រៀន
សូមបញ្ជាក់ថា ជំងឺអង់ដូមេទ្រីយូស្សនេះមិនមែនជាជំងឺថ្មីទេ។ វេជ្ជសាស្ត្រចាប់ផ្តើមកត់ត្រាសម្គាល់ឃើញជំងឺនេះ តាំងពីសម័យអេហ្ស៊ីបបុរាណ ក្នុងអំឡុងឆ្នាំ១៨៥៥មុនគ្រិស្តសករាជទៅទៀត។ កាលណោះគ្រូពេទ្យអេហ្ស៊ីប ប្រើពាក្យថា ការឈឺនៅផ្នែកខាងក្រោមនៃពោះ។ គ្រូពេទ្យក្រិក បានថែមទាំងចាត់ទុកអាការៈចុកពោះនេះថាជាជំងឺរបស់សរីរាង្គ ស្បូន នៅពេលមានវដ្តរដូវ។
ប៉ុន្តែសេចក្តីសន្និដ្ឋានដំបូងរបស់គ្រូពេទ្យក្រិកនេះត្រូវបានគេកាយកប់បំភ្លេចចោលបន្តិចម្តងៗ ស្ទើររលុបបាត់ទាំងស្រុង ... ឯស្ត្រីបន្តឈឺចាប់ពេលមកខែដោយពុំដឹងនិងពុំយល់អំពីយន្តការជារហូតមក។ នៅយុគសម័យកណ្តាល ស្ត្រីឈឺពោះពេលធ្លាក់រដូវត្រូវបានគេចាត់ទុកជាស្រីធ្មប់ រងអំពើ ... មានពុត... និយាយឱ្យចំ គឺមិនមែនជាការឈឺដោយពិតៗទេ។ បន្ទាប់មក ក្នុងរយៈពេលដ៏យូរ ដែលជំងឺឈឺពោះអង់ដូមេទ្រីយ៉ូស្ស ត្រូវបានគេរាប់បញ្ចូលក្នុងចង្កោមនៃជំងឺវិកលចរិក។
ទាល់តែចូលដល់សតវត្សរ៍ទី១៩ ទើបពិភពលោកអ្នកវេជ្ជសាស្ត្រចាប់អារម្មណ៍នឹងជំងឺអង់ដូមេទ្រីយ៉ូសជាថ្មី។ វេជ្ជបណ្ឌិតឯកទេសជំងឺរោគស្ត្រីជាតិអូទ្រីស Carl von Rokitansky បានពិពរណានៅឆ្នាំ១៨៦០ថា ជាជំងឺដែលមានលេចវត្តមានស្រទាប់ភ្នាសស្បូន នៅខាងក្រៅស្បូន។ ឈ្មោះជំងឺ អង់ដូមេទ្រីយ៉ូស ត្រូវបានគេហៅជាលើកដំបូង នៅឆ្នាំ ១៩២៧ ដោយគ្រូពេទ្យរោគស្ត្រីអាមេរិក John Albertson Sampson។
ដូច្នេះ អង់ដូមេទ្រីយ៉ូស្ស មិនមែនជាជំងឺរោគស្ត្រី ទើបលេចឡើងថ្មីថ្មោងទេ ប៉ុន្តែជាជំងឺដែលនៅមានបង្កប់ចម្ងល់ខ្លាំង ហើយទើបក្លាយជាមេរៀនក្នុងកម្មវិធីសិក្សាវេជ្ជសាស្ត្រ សម្រាប់សិស្សនិស្សិតពេទ្យ ចាប់ពីឆ្នាំ២០២០មកនេះ តែប៉ុណ្ណោះ៕
3/9/2023 • 9 minutes, 59 seconds ជំងឺមហារីក ៖ តើធ្វើដូចម្តេចទើបអាចសម្រួលផលរំខ ាននៃការព្យាបាលដោយថ្នាំគីមី ?
ថ្ងៃ៤ កុម្ភៈ ជាទិវាពិភពលោកប្រឆាំងនឹងជំងឺមហារីក។ បច្ចុប្បន្ននេះ ជំងឺមហារីកជាដើមហេតុដំបូងគេនៃមរណភាពរបស់មនុស្សនៅលើផែនដី។ មហារីកសម្លាប់ជីវិតច្រើនជាងសង្គ្រាម និងគ្រោះមហន្តរាយធម្មជាតិទៅទៀត។ ប៉ុន្តែមហារីកជាជំងឺដែលអាចព្យាបាលបាន និងព្យាបាលបានជា។ គ្រាន់តែថាក្នុងពេលព្យាបាល អ្នកជំងឺអាចទទួលផលរំខាន ដោយថ្នាំធ្វើទុក្ខខ្លាំង។ តើអ្នកជំនាញគ្មានមធ្យោបាយអ្វីជួយសម្រួលអាការៈធ្វើទុក្ខរបស់ថ្នាំទេឬ ? តើអ្នកជំងឺមហារីកត្រូវធ្វើយ៉ាងណាខ្លះដើម្បីអាចប្រឈមនឹងឥទ្ធិពលថ្នាំ ?
មហារីកជាជំងឺគួរឱ្យខ្លាចរអារបំផុតដែលអាចឆក់យកជីវិតមនុស្សទាំងក្មេង ប៉ុន្តែវេជ្ជសាស្ត្រកាន់តែជឿនលឿន និងអាចព្យាបាលជំងឺមហារីកបានកាន់តែប្រសើរឡើង ឱ្យបានជាសះស្បើយវិញ ក្នុងអត្រាកាន់តែខ្ពស់ នាពេលបច្ចុប្បន្ននេះ ប្រសិនបើគេវែកឃើញជំងឺ បានឆាប់តាំងពីដំណាក់កាលដំបូងមែនទែន។
ប៉ុន្តែការព្យាបាលជំងឺមហារីក ជាក់ស្តែងការព្យាបាលដោយថ្នាំគីមី អាចបង្កផលរំខានច្រើន និងការធ្វើទុក្ខខ្លាំង ដល់អ្នកជំងឺ។ ព្យាបាលដោយគីមី គឺជាការប្រើថ្នាំចាក់ ឬថ្នាំលេប ដែលសំដៅទៅកម្ចាត់កោសិកាមហារីក ឬកំរិតកោសិកាមហារីកកុំឱ្យពង្រីកខ្លួន ឆ្លងរាលដាលទៅលើកោសិកា ឬសរីរាង្គផ្សេងទៀត។ ប៉ុន្តែថ្នាំប្រភេទនេះ មានអំណាចខ្លាំង អាចវាយប្រហារលើកោសិកាល្អ គ្មានជំងឺ និងអាចផ្តល់ផលវិបាក គួរឱ្យខ្លាច ដូចជា ជ្រុះសក់ ក្អួត ចង្អោរ ឈឺក្បាល នឿយហត់ខ្លាំង រលាករលាត់ស្បែក ...
នៅពេលមានអាការៈសញ្ញារំខាន អ្នកជំងឺចាំបាច់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជំងឺមហារីកវិញភ្លាម ដើម្បីរិះរងមធ្យោបាយ និងថ្នាំព្យាបាលអបបន្ថែម។ សម្រាប់លោកស្រីវេជ្ជបណ្ឌិត អាឡិចសង់ដ្រា លារី នៅប្រទេសបារាំងវិញ គ្រូពេទ្យពិតជាអាចរកវិធីជួយសម្រួលអាការៈធ្វើទុក្ខរបស់អ្នកជំងឺរងការព្យាបាលដោយគីមីបានច្រើន នៅតាមស្ថានភាពជាក់ស្តែងនីមួយៗ។ ឧទាហរណ៍ ការជ្រុះសក់។ គ្រប់អ្នកជំងឺទទួលការព្យាបាលដោយថ្នាំគីមី មិនសុទ្ធតែត្រូវជ្រុះសក់ទេ ប៉ុន្តែជ្រុះសក់ជាផលរំខានដ៏ចម្បងមួយ។ ដើម្បីការពារករណីជ្រុះសក់ មន្ទីរពេទ្យជាច្រើននៅប្រទេសបារាំង កំពុងចាប់ផ្តើមសាកល្បងវិធីសាស្ត្រឱ្យអ្នកជំងឺពាក់មួកត្រជាក់ខ្លាំង ដែលមានសីតុណ្ហភាពប្រមាណ៣អង្សា ដូចប្រដាប់ដាក់ទឹកកកយកមកស្អំក្បាល។ ហេតុអ្វីមួកទឹកកក ? ពីព្រោះភាពត្រជាក់អាចរឹតបង្រួមសរសៃឈាមដែលតភ្ជាប់ទៅចិញ្ចឹមស្បែកក្បាល ឱ្យរួមតូច។ ជាលទ្ធផល ថ្នាំគីមីព្យាបាលជំងឺមហារីក មិនអាចហូរតាមឈាមបានដោយស្រួលទៅត្រង់ម្តុំត្រជាក់ខ្លាំងនោះ ទើបឬសសក់នៅមាំល្អមិនជ្រុះ។ ប៉ុន្តែការពាក់មួកទឹកកកមិនមែនតែអាចធ្វើទៅកើតស្រេចនឹងចិត្តទេ។ ត្រូវមានពិធីសារវេជ្ជសាស្ត្រច្បាស់លាស់ ដោយត្រូវពាក់តាំងពីមុនចាក់ថ្នាំគីមីកន្លះម៉ោង និង នៅពេលកំពុង ហើយបន្តពាក់ក្រោយចាក់ថ្នាំគីមីហើយប្រហែលកន្លះម៉ោងទៀត។
ក្នុងករណីមួកត្រជាក់គ្មានប្រសិទ្ធភាព សក់ក៏នឹងដុះឡើងវិញ នៅពេលការព្យាបាលដោយថ្នាំគីមីចប់សព្វគ្រប់ ឬនៅពេលអ្នកជំងឺបានជាសះស្បើយពីជំងឺ ប៉ុន្តែនៅមានករណីមួយ ដែលវេជ្ជសាស្ត្រនៅមិនទាន់អាចរកឃើញមធ្យោបាយជួយបានក្នុងអំឡុងពេលនៃការព្យាបាល គឺអាការៈអស់កម្លាំង។ ប៉ុន្តែអ្នកជំងឺផ្ទាល់អាចជួយខ្លួនឯងតាមរយៈកាយវិការដ៏សាមញ្ញៗ ដូចជាបន្តបញ្ចេញសកម្មភាពកាយសម្បទា ទទួលទានឱ្យបានជាប់លាប់និងត្រឹមត្រូវ។ នេះជាការណែនាំរបស់អ្នកស្រីវេជ្ជបណ្ឌិត ចំពោះគ្រប់អ្នកជំងឺមហារីកទាំងអស់ សូមស្តាប់ប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត Alexandra Leary
“គ្រប់អ្នកជំងឺសុទ្ធតែបានដឹងជាមុនអំពីផលរំខាននៃការព្យាបាលដោយថ្នាំគីមី។ ប៉ុន្តែអ្វីដែលលំបាកបំផុត គឺនៅពេលជួបផលរំខាននោះដោយជាក់ស្តែង។ មានផលរំខានខ្លះ គ្រូពេទ្យអាចជួយបាន ប៉ុន្តែផលរំខានខ្លះទៀត មិនអាចទេ។ ខ្ញុំសូមសារភាពដោយត្រង់ថា ខ្ញុំគ្មានថ្នាំអីលេបទៅធ្វើឱ្យបាត់អាការៈអស់កម្លាំងទេ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកជំងឺអាចជួយខ្លួនឯងបាន! សូមបន្តរក្សាខ្លួនឱ្យមានសកម្មជានិច្ច ! កុំដំអក់យល់ថាខ្លួនឈឺ ខ្លួនកើតមហារីក ខ្សោយអស់កម្លាំងហើយលាក់ខ្លួនពួនដេកនៅលើគ្រែ ក្នុងផ្ទះឱ្យសោះ។ សូមសាកល្បងបញ្ចេញកម្លាំងកាយសម្បទា ធ្វើសកម្មភាពកីឡា។ ខ្ញុំមិនឱ្យអ្នកទៅហក់លោត ឬរត់ប្រណាំងម៉ារ៉ាតុងទេ តែអ្នកអាច ហាត់ប្រាណជំនួយបេះដូង សរសៃឈាម។ ភាពសកម្ម នឹងជួយអ្នកបានច្រើនណាស់។ សូមជឿចុះ! ចំណែកឯរបបអាហារវិញ សូមកុំធ្វើបាបខ្លួនបង្អត់ និងតមអាហារអី ជាពិសេសចំពោះអ្នកជំងឺដែលស្រកគីឡូ និងខ្សោយស្រាប់។ សូមចងចាំថា នៅពេលកំពុងព្យាបាល អ្នកជំងឺបាត់បង់ចំណង់ក្នុងការទទួលទាន ព្រោះជួនមាត់លែងដឹងរសជាតិ ជួនហេងហាងដូចមានរសជាតិស៊ីច្រេះក្នុងមាត់។ ដូច្នេះសូមជ្រើសរើសមុខម្ហូបណាដែលមានរសជាតិខ្លាំងៗ ខុសប្លែកពីអ្វីយើងមានទម្លាប់បរិភោគកាលមុនឈឺ ជាបន្លែផ្លែឈើស្រស់ៗ ឬជាអាហារហិរៗ បើមាត់លែងដឹងជាតិ”។
អ្នកជំងឺមហារីកកំពុងចាក់គីមី អាចស្វែងការវិធីជួយសម្រួលអាការៈធ្វើទុក្ខ ផ្សេងទៀត។ ជាជំនួយអមវេជ្ជសាស្ត្រ ដែលមិនមែនជាការប្រើថ្នាំ ដែលមិនមែនជាការព្យាបាលដោយប្រើថ្នាំ តែគឺការសម្រួលសរសៃ សម្រួលចលនា ដូចជាការធ្វើម៉ាស្សាច្របាច់បាតជើង ប្របាច់សរសៃ ឬដោយការប្រើម្ជុលវិទ្យាសាស្ត្រ ព្រោះវិធីសាស្ត្រទាំងនេះ គ្មានហានិភ័យប៉ះពាល់ដល់ការព្យាបាលដោយថ្នាំគីមីទេ គឺមានតែផ្តល់ផលល្អដែលអ្នកជំងឺនឹងដឹងភ្លាមនៅពេលបានសាកល្បងម្តងឬពីរដង។ បើតាមអ្នកស្រីវេជ្ជបណ្ឌិត អ្នកជំងឺមហារីកចំនួនពាក់កណ្តាល មានអារម្មណ៍ថាធូរស្បើយច្រើននៅពេលបានទទួលជំនួយអមវេជ្ជសាស្ត្រ៕
2/1/2023 • 7 minutes, 58 seconds មូសខ្លាកាន់តែធុននឹងថ្នាំ តើត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមបានយ៉ាងដូចម្តេច ?
មូសដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងជំងឺធ្ងន់ធ្ងរផ្សេងតៀត កំពុងលូតលាស់ស៊ាំនឹងថ្នាំបាញ់មូសយ៉ាងខ្លាំងក្លា នៅតំបន់ខ្លះនៃទ្វីបអាស៊ី។ ជាការធុនខ្លាំង ដែលតម្រូវឱ្យយើងស្វែងរកមធ្យោបាយថ្មី បន្ទាន់ សម្រាប់ទប់ស្កាត់ការចម្លងជំងឺ។ នេះបើតាមការសិក្សាថ្មីមួយរបស់ជប៉ុនទើបចេញផ្សាយកាលពីចុងខែធ្នូឆ្នាំ២០២២។
ដុតធូប បាញ់ថ្នាំ ... ជាវិធីសាស្ត្រកម្ចាត់មូសដែលបណ្តាជនរស់នៅតំបន់ត្រូពិក តំបន់មានមូសច្រើន តែងធ្វើស្ទើរជារៀងរាល់ថ្ងៃ។ បាញ់រាល់ថ្ងៃ តែមូសនៅតែច្រើនដដែល។ ប្តូរប្រភេទថ្នាំបាញ់មូសហើយក៏ដូចជាមិនសូវមានប្រសិទ្ធភាព។ តាមការពិត ភាពស៊ាំនឹងថ្នាំមូស ធ្លាប់ត្រូវបានគេខ្វល់គិតនិងដឹងខ្លះមកហើយ គ្រាន់តែរហូតមកទល់នឹងពេលនេះ គេនៅមិនទាន់បានដឹងថាតើពពួកមូសទាំងអស់នោះធុននឹងថ្នាំសម្លាប់សត្វត្រឹមកំរិតណាតែប៉ុណ្ណោះ។
នៅថ្ងៃនេះ អ្នកវិទ្យាសាស្ត្រជាតិជប៉ុន លោក Shinji Kasai និងក្រុមការងាររបស់លោក បានធ្វើការសិក្សាអំពីសត្វមូស នៅក្នុងបណ្តាប្រទេសជាច្រើននៅទ្វីបអាស៊ី និងនៅប្រទេសហ្កាណាលើទ្វីបអាហ្វ្រិក។ ក្រុមអ្នកស្រាវជ្រាវបានសម្គាល់ឃើញហ្សែនរបស់សត្វមូស បានធ្វើការបំប្លែងច្រើន ទើបសត្វមូសកាន់តែខ្លាំងហើយស៊ាំនឹងពពួកថ្នាំបាញ់ដែលមានប្រើប្រាស់ស្ទើរជាទូទៅ ផលិតដោយប្រើសារធាតុPerméthrine។
បើតាមលោកកាសៃ មូសពពួកAedes aegypti មូសខ្លាដែលជាភ្នាក់ងារបង្កជំងឺគ្រុនឈាម ហ្ស៊ីកា ឈីក និងគ្រុនលឿង នៅក្នុងប្រទេសកម្ពុជាចំនួនជាង៩០% មានការបំប្លែងហ្សែនច្រើនមែនទែនរហូតអាចធុននឹងថ្នាំសម្លាប់សត្វល្អិត (ថ្នាំបាញ់មូស)។ ជាការធុនខ្លាំង ក្នុងកំរិតខ្ពស់បំផុត។ នាយកដេប៉ាតឺម៉ង់វេជ្ជសាស្ត្រសត្វល្អិតនៃវិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ជប៉ុនរូបនេះ បានរកឃើញទៀតថា មូសប្រភេទខ្លះដែលតាមធម្មតាត្រូវកម្ទេចបានទាំងស្រុង(១០០%) ដោយថ្នាំបាញ់មូសនោះ ឥលូវកម្ចាត់បានត្រឹមតែ៧%ប៉ុណ្ណោះ។ ហើយបើទោះបីជាគេបង្កើនកំរិតជាតិពុលក្នុងថ្នាំបាញ់មូសនោះឡើងទ្វេជា១០ ក៏គេអាចសម្លាប់ពពួកមូសទាំងអស់នោះបានត្រឹមតែ៣០% យ៉ាងច្រើន។
ជាសំណាងល្អ កំរិតនៃភាពធុននឹងថ្នាំបាញ់មូសខុសគ្នាពីតំបន់មួយទៅតំបន់មួយ សូម្បីតែនៅប្រទេសវៀតណាមជាប់របងនឹងប្រទេសកម្ពុជា ជាឧទាហរណ៍ជាក់ស្តែង ក៏កំរិតនៃភាពស៊ាំនឹងថ្នាំសម្លាប់របស់សត្វមូសវៀតណាម ខុសពីមូសខ្មែរដែរ។ នេះបើតាមប្រសាសន៍បញ្ជាក់របស់លោកកាសៃដដែល ដោយបន្ថែមថា នៅក្នុងលទ្ធផលនៃការសិក្សា ថ្នាំបាញ់មូសនៅមានប្រសិទ្ធភាពខ្ពស់ នៅឡើយ សម្រាប់ប្រទេសហ្កាណាលើទ្វីបអាហ្វ្រិក សម្រាប់តំបន់ខ្លះនៃប្រទេសឥណ្ឌូណេស៊ី និងកោះតៃវ៉ាន់។
ពពួកមូសខ្លា ពូជAedes albopictus ក៏ចាប់ធុននឹងថ្នាំបាញ់មូសដែរ គ្រាន់តែក្នុងកំរិតនៅទាបជាងពូជមូសAedes aegypti។
ជាមួយចម្ងល់ គ្មានចម្លើយសោះ ជុំវិញមូលហេតុ ទីកន្លែងនិងពេលវេលានៃការបំប្លែងហ្សែនរបស់សត្វមូស រហូតក្លាយជាសត្វធុនខ្លាំងនឹងថ្នាំសម្លាប់ល្អិត លោកកាសៃ ព្រួយបារម្ភខ្លាចតែភាពស៊ាំរបស់មូស ដែលរកឃើញនៅពេលនេះ បន្តរីករាលដាល យ៉ាងលឿនរហ័សក្នុងអនាគតដ៏ខ្លីនៅពេញពិភពលោកទេ។
បើមូសធុននឹងថ្នាំសម្លាប់សត្វល្អិត តើគេអាចប្រយុទ្ធប្រឆាំងនឹងវាបានយ៉ាងដូចម្តេចទៅវិញទៅ ?!
លោក កាសៃ បានណែនាំឱ្យឧស្សាហ៍ប្តូរផ្លាស់ប្រភេទថ្នាំបាញ់មូស តែលោកក៏បានទទួលស្គាល់ដែរថា បញ្ហាដ៏ចម្បងនោះ គឺគ្រប់ថ្នាំបាញ់មូស មានសារធាតុសកម្មប្រហាក់ប្រហែលគ្នា។ ដូច្នេះជម្រើសដ៏ប្រសើរជាងគេមួយទៀត គឺត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែង លុបបំបាត់តំបន់ជាជម្រកបង្កបង្កើតមូស ឬត្រូវរកបច្ចេកវិទ្យាថ្មីណាដែលទៅធ្វើមូសឈ្មោលអារ មិនអាចបន្តពូជបាន។
ចេញផ្សាយក្នុងទស្សនាវដ្តីScience Advances កាលពីចុងខែធ្នូ២០២២ ការសិក្សារបស់អ្នកជំនាញនៅសកលវិទ្យាល័យSydney លោក កាមឺរោន វេប Cameron Webb បានបង្ហាញថា យុទ្ធសាស្ត្រដែលមនុស្សលោកកំពុងប្រើជាប្រចាំនិងជាញឹកញយ នាពេលបច្ចុប្បន្ននេះលែងសូវមានប្រសិទ្ធភាពប្រឆាំងនឹងសត្វល្អិតចង្រៃមូសហើយ។ គេចាំបាច់ត្រូវតែស្វែងរកសារធាតុគីមីថ្មី ប៉ុន្តែអាជ្ញាធរនិងអ្នកវិទ្យាសាស្ត្រត្រូវពិចារណាផងដែរ រកវិធីសាស្ត្រថ្មី សម្រាប់ការពារ ដូចយ៉ាងថ្នាំបង្ការជំងឺវិញទៀតប្រសើរជាង។ បើតាមអង្គការសុខភាពពិភពលោក ករណីកើតជំងឺគ្រុនឈាមបានកើនឡើង គួរឱ្យកត់សម្គាល់ និងព្រួយបារម្ភ នៅទូទាំងពិភពលោក នារយៈពេល២០ឆ្នាំចុងក្រោយមកនេះ។ ក្នុងមួយឆ្នាំៗ មានមនុស្សក្មេងចាស់ប្រុសស្រី ប្រមាណពី១០០ទៅ៤០០លាននាក់កើតជំងឺគ្រុនឈាម ក្នុងនោះ៨០%ជាអាការៈជំងឺស្រាល ឬគ្មានរោគសញ្ញាទេ តែក៏មានអ្នកជំងឺមិនតិចដែរ បានស្លាប់ដោយជំងឺគ្រុនឈាម។ នេះបើតាមតួលេខរបស់អង្គការសុខភាពពិភពលោកដដែល។
មកទល់នឹងពេលនេះ គេរកឃើញថ្នាំបង្ការជំងឺគ្រុនឈាមបានពីរបីមុខដែរ គឺវ៉ាក់សាំងផលិតដោយក្រុមហ៊ុនជប៉ុន Takeda និងក្រុមហ៊ុនបារាំង។ ប៉ុន្តែប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុនបារាំង សាណូហ្វី នៅមានកំរិតណាស់ ដោយវាអាចបង្កផលរំខានធ្ងន់ធ្ងរដល់អ្នកដែលមិនធ្លាប់កើតជំងឺគ្រុនឈាមសោះ។ មានន័យថាថ្នាំបង្ការDengvaxia របស់បារាំង បានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ នៅអឺរ៉ុបតាំងពីឆ្នាំ២០១៨មកមែន តែសម្រាប់ប្រជាពលរដ្ឋរស់ក្នុងតំបន់ប្រឈមនឹងជំងឺគ្រុនឈាមខ្លាំង និងសម្រាប់អ្នកធ្លាប់កើតជំងឺគ្រុនឈាមដោយពិតៗ។ វ៉ាក់សាំងDengvaxia អាចការពារមិនឱ្យជំងឺធ្លាក់ក្នុងទម្រង់ធ្ងន់ធ្ងរដែលកើតឡើងជាញឹកញាប់ចំពោះអ្នកដែលឆ្លងជំងឺគ្រុនឈាមញយដង។
ចំណែកថ្នាំបង្ការជំងឺគ្រុនឈាមជប៉ុន Qdenga ទើបអនុម័តឱ្យប្រើប្រាស់ កាលពីឆ្នាំទៅ និងជាលើកដំបូងគេបង្អស់ ដោយប្រទេសឥណ្ឌូណេស៊ីតែមួយគត់។ Qdenga ជាថ្នាំបង្ការរបស់ជប៉ុនសុទ្ធសាធ និងអាចចាក់លើមនុស្សគ្រប់វ័យចាប់ពីអាយុ៤ឆ្នាំឡើងទៅ។ អ្នកធ្លាប់កើតជំងឺគ្រុនឈាម និងអ្នកមិនធ្លាប់កើត សុទ្ធតែអាចចាក់បានដូចគ្នា និងទទួលលទ្ធផលដូចគ្នា។ នៅក្នុងការសាកល្បង លើកុមារ និងមនុស្សធំ ជាង ២៨០០០នាក់ ក្នុងរយៈពេល៥ឆ្នាំ ថ្នាំបានផ្តល់លទ្ធផលគួរជាទីគាប់ចិត្ត ដោយមានប្រសិទ្ធភាពដល់ទៅ ៨៤% ទប់មិនឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺចូលព្យាបាលក្នុងមន្ទីរពេទ្យ និងមិនឱ្យលេចសញ្ញារោគគ្រុនឈាមបាន ៦១%៕
1/25/2023 • 9 minutes, 16 seconds តើយើងគួរព្រួយបារម្ភនឹងការខ្វះថ្នាំផ្សះ Amoxicilline ដែរឬទេ ?
កាលពីចុងខែធ្នូ ប្រឈមនឹងរលកចម្លងកូវីដ១៩យ៉ាងខ្លាំងក្លានៅក្នុងប្រទេសក្រោយការលុបចោលនយោបាយសូន្យកូវីដ រដ្ឋាភិបាលចិន បានបញ្ជាឱ្យក្រុមហ៊ុន ស្តុកទុកឱសថចាំបាច់និងសំខាន់ៗសម្រាប់រដ្ឋ ដោយមិនត្រូវលក់ចែកចាយទៅឱ្យឯកជនទេ។ កង្វះឱសថមិនមែនជាបញ្ហារបស់ប្រទេសចិនតែមួយឡើយ តែជាបញ្ហារបស់ពិភពលោកទាំងមូល។
តាំងពីជាច្រើនខែមកនេះ ពិភពលោកទាំងមូលកំពុងប្រឈមនឹងការខ្វះថ្នាំព្យាបាលជំងឺជាច្រើនមុខ។ បាតុភូតខ្វះមូលេគុលថ្នាំនេះបានលេចឡើងតាំងពីជាច្រើនទសវត្សរ៍មកហើយ ដោយនិន្នាការសកលភាវូបនីកម្ម ប្រមូលផ្តុំការផលិតសារធាតុសកម្មនៅតែអាស៊ី ក្នុងប្រទេសពីរបីមាន។ ប៉ុន្តែវាទើបស្តែងឱ្យឃើញកាន់តែច្បាស់ និងកាន់តែធ្ងន់ធ្ងរ នៅពេលពិភពលោកឆ្លងកាត់វិបត្តិរោគរាតត្បាតសកលកូវីដ១៩។ កាលពីឆ្នាំ២០២១ ភ្នាក់ងារសន្តិសុខឱសថបារាំង បានទទួលសញ្ញាថាមានបញ្ហាស្តុកថ្នាំចំនយណ២១៦០ករណី ទល់នឹង៤០៥ករណីកាលពីឆ្នាំ២០១៦ និង១៥០៤ករណីនៅឆ្នាំ២០១៩ និងឡើងដល់២៥០០នៅឆ្នាំ២០២០ ពេលវិបត្តិកូវីដកំពុងពេញអំណាច។
សម្ពាធផ្នែកឱសថមិនមែនកើតមានតែក្នុងប្រទេសបារាំង ដូចបានរៀបរាប់មកនេះទេ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អង់គ្លេស អាល្លឺម៉ង់ ... ក៏កំពុងទាញសញ្ញាអាសន្នខ្វះថ្នាំ ជាច្រើនមុខដែរ។ ចិន ប្រទេសជាប់ឈ្មោះជាអ្នកផលិតសារធាតុសកម្មរបស់ថ្នាំដ៏ធំជាងគេបំផុត ក៏ប្រកាសហាមឃាត់មិនឱ្យក្រុមហ៊ុនឱសថលក់ថ្នាំចែកចាយឱ្យឯកជនទេ ត្រូវទុកសម្រាប់ផ្គត់ផ្គង់ឱ្យរដ្ឋ។
សម្រាប់អ្នកជំនាញក្នុងវិស័យនេះផ្ទាល់ ពួកគេបន្ទោសគំរូសេដ្ឋកិច្ចដែលក្រុមហ៊ុនមន្ទីរពិសោធន៍ធំៗ គិតតែពីផលប្រយោជន៍ គិតតែពីស្វែងរកផលចំណេញ តាមរយៈការផលិតថ្នាំថ្មីៗ ហើយបោះបង់ ឬលែងសូវខ្វល់គិតផលិតមូលេគុលចាស់។ បើតាមរបាយការណ៍ មួយ ចេញផ្សាយកាលពីឆ្នាំ២០២០ នៅប្រទេសបារាំង ថ្នាំរកឃើញថ្មីៗ លក់បានថ្លៃ មានបញ្ហាយ៉ាងតិចតួចបំផុត។
តើពិភពលោកកំពុងប្រឈមនឹងការខ្វះថ្នាំអ្វីខ្លះ ?
ថ្វីបើពពួកថ្នាំដែលមានប្រយោជន៍ចម្បងក្នុងការព្យាបាលជំងឺបីប្រភេទ ប្រឆាំងការបង្ករោគ ថ្នាំសម្រាប់ប្រព័ន្ធប្រសាទ និងប្រព័ន្ធសរសៃឈាមបេះដូង កំពុងតានតឹងខ្លាំងមែន តែបញ្ហាខ្វះខាតដែលប្រឈមខ្លាំងជាងគេ មានទាក់ទងជាពិសេសតែម្តងនឹងពពួកថ្នាំដែលមានការប្រើប្រាស់ជាញឹកញាប់ជាងគេតែម្តង។ នោះ គឺថ្នាំបំបាត់ការឈឺចាប់ បំបាត់អាការៈក្តៅខ្លួន ថ្នាំផ្សះ មានជាអាទិ៍ ថ្នាំប៉ារ៉ាសេតាមុល ... និង ថ្នាំអាម៉ុកស៊ីស៊ីលីន។
ជាដំណោះស្រាយសម្រាប់រយៈពេលខ្លី ក្រុមហ៊ុនឧស្សាហកម្មឱសថចាប់ផ្តើមបង្កើនល្បឿនផលិតឡើងវិញ ចំណែកអាជ្ញាធរសុខាភិបាលបានណែនាំឱ្យអ្នកជំនាញសុខភាព យកមូលេគុលដែលនៅមានមកប្រើជំនួសមូលេគុលខ្វះខាត ប្រសិនបើអាច ឬកំរិតរយៈពេលប្រើប្រាស់ ជាដើម។
1/20/2023 • 8 minutes, 3 seconds ហេតុអ្វីជង្គង់ឈឺ ? តើត្រូវធ្វើដូចម្តេច ?
ឆ្អឹងស្ពោត រលាកសន្លាក់ បុកទង្គិច គ្រេច ... រោគនៅជង្គង់មានច្រើន។ មូលហេតុនាំឱ្យឈឺជង្គង់ក៏មានច្រើន និងអាចកើតលើមនុស្សគ្រប់វ័យ តែការឈឺចុកចាប់នៅក្បាលជង្គង់ គាំងតឹងរោយ ជារោគសញ្ញារួម។ ហេតុអ្វី ឈឺជង្គង់ និងត្រូវធ្វើដូចម្តេច ? តើគេអាចថែរក្សាជង្គង់ និងកាត់បន្ថយការឈឺចាប់នៅជង្គង់បានដោយវិធីណាខ្លះ ?
ជង្គង់គឺជាសន្លាក់ដ៏ចម្បងគេរបស់សរីរាង្គកាយមនុស្ស ព្រោះវាជាទម្រភ្ជាប់ពីជើងទៅភ្លៅ។ សន្លាក់ជង្គង់ ស្នូលសម្រាប់ការបត់បែននៃរាងកាយ ដោយចេះបែងចែកការទ្រទម្ងន់នៃខ្លួនប្រាណ និងដើរតួរសំខាន់ក្នុងការធ្វើចលនារបស់ជើងផង។ សន្លាក់ជង្គង់ទាំងមូល គឺរាប់តាំងពីចុងខាងក្នុងនៃឆ្អឹងកំភួនជើង ទៅដល់ចុងឆ្អឹងភ្លៅ ព្រមទាំងគ្រាប់អង្គុញក្បាលជង្គង់នៅផ្នែកខាងមុខផង។
ដោយសារតួនាទីដ៏ច្រើន និងដ៏សំខាន់របស់សន្លាក់របស់ជង្គង់នេះហើយ ទើបពេលខ្លះ ជង្គង់ងាយរិចរិលនិងទ្រុឌទ្រោម ហើយអាចបង្កឱ្យមានការឈឺចុកចាប់យ៉ាងខ្លាំងនៅក្បាលជង្គង់។ អាការៈសញ្ញារោគនៃការឈឺក្បាលជង្គង់ មានសំខាន់ពីរ គឺ ការឈឺចុកចាប់ និងការរឹងគាំង។ នេះបើតាមការពន្យល់របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អាឡាំង សូតតេ ដោយលម្អិតទៀតថា ការឈឺចុកចាប់អាចកើតឡើងដោយចលនា មានន័យថា ឈឺដោយពេល ឈឺខ្លាំងពេលធ្វើចលនា និងអន់ឈឺពេលនៅស្ងៀម ឬជាការឈឺចុកចាប់ដោយមានការរលាក។ ក្នុងករណីនេះ ការឈឺចុកចាប់អាចខ្លាំង រហូតដាស់អ្នកទាំងយប់។ ជាទូទៅ ជង្គង់ឡើងប៉ោងហើម ក្តៅ និងជួនឡើងក្រហមទៀតផង។ បើជង្គង់រឹងគាំងវិញ វានឹងបង្កការលំបាកនៅពេលបត់ ឬនៅពេលលា ហើយរំខានខ្លាំងនៅពេលដើរ។
ចុះតើនៅពេលណា និងមានរោគសញ្ញាយ៉ាងណា ដែលជំរុញឱ្យអ្នកជំងឺត្រូវតែទៅស្វែងរកការព្យាបាល ពិគ្រោះជំងឺពីគ្រូពេទ្យ ? សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អាឡាំងសូតតេ គ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យ សាំងអង់ទាន់ ក្រុងប៉ារីស ៖ លោកសាស្ត្រាចារ្យ អាឡាំង សូតតេ ៖
“ទីមួយ គឺនៅពេលអាការៈឈឺជង្គង់មានអមដោយការលំបាកក្នុងការដើរ ក្នុងការឡើងជណ្តើរ ឬមានសញ្ញារោគអមសម្គាល់មួយទៀត គឺជង្គង់ឡើងប៉ោងធំលើសប្រក្រតី ដែលរំខានការធ្វើចលនា ជាពិសេសមិនអាចបត់-បន្ទន់បាន។”
ក្នុងនាមជាសន្លាក់ទម្រ ជង្គង់ងាយនឹងឈឺណាស់។ តើនេះបណ្តាលមកពីអ្វី ? ឬអាចចោទសួរបញ្ច្រាសមកវិញថា តើអ្វីជាបញ្ហាដែលអាចកើតមានច្រើនចំពោះជង្គង់ ? សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ សូតតេ ជាថ្មី ៖
“ជង្គង់អាចជួបបញ្ហា អាស្រ័យទៅលើដំណាក់កាលនៃជីវិត។ ចំពោះមនុស្សវ័យក្មេង សកម្ម និងជាអ្នកកីឡា នោះជំងឺរបស់ជង្គង់មានពាក់ព័ន្ធនឹងប្រភេទកីឡា ដូចជាគ្រេច ដាច់ឬព័ន្ធសរសៃជង្គង់ ឬបាក់។ ជាមួយពេលវេលាកាន់តែទៅមុខ ជង្គង់អាចជួបបញ្ហាបង្កឡើងដោយការឡើងទម្ងន់។ ចំពោះមនុស្សចំណាស់ ចូលដល់មជ្ឈិមវ័យ ការឈឺជង្គង់ច្រើនតែបញ្ហា
ដែលបង្កឡើងដោយជំងឺសឹកខូចសន្លាក់។ សន្លាក់ដែលតភ្ជាប់ពីជង្គង់ទៅឆ្អឹងកំភួនជើង ឬត ទៅឆ្អឹងភ្លៅ។ តំណដែលមានឈ្មោះបច្ចេកទេស Patella ដែលយើងតែទម្លាប់ហៅគ្រាប់អង្គុញជង្គង់។
ការរលាកសន្លាក់ រលាកសរសៃ រលាកឆ្អឹង ក៏ជាដើមហេតុមួយដែលនាំឱ្យឈឺក្បាលជង្គង់ដែរ។ តែវាករណីដ៏កម្របំផុតដែលការឈឺក្បាលជង្គង់អាចបណ្តាលមកពីមានដុះដុំសាច់ ឬដុំមហារីក នៅលើផ្នែកណាមួយនៃសន្លាក់ជង្គង់ (ឆ្អឹង ឆ្អឹងខ្ចី ...)។ ដើម្បីអាចរកឃើញមូលហេតុនៃការឈឺជង្គង់ គ្រូពេទ្យអាចតម្រូវឱ្យអ្នកជំងឺទៅថតឆ្លុះ ធ្វើRadio ថតពីមុខ និងពីចំហៀង។ ការថតរ៉ាយោ សឹងតែគ្រប់គ្រាន់សម្រាប់ផ្តល់ការវិនិច្ឆ័យរោគឈឺជង្គង់ ភាគច្រើន។ មានករណីឈឺតិចតួចណាស់ ដែលគ្រូពេទ្យអាចណែនាំឱ្យថតអឹមរ៉ាយ ឬថតស្កាន។ ការថតបែបនេះមិនត្រូវធ្វើឡើងជាស្វ័យប្រវត្តិឡើយ ព្រោះគ្មានប្រយោជន៍។ ជាទូទៅមនុស្សគ្រប់រូបនៅពេលចូលដល់វ័យចាប់៤០ឆ្នាំ ជង្គង់ច្រើនចាប់មានសញ្ញាចាស់ទ្រុឌទ្រោម ថតទៅឃើញមានស្នាម នាំឱ្យគិតថាមានបញ្ហាសន្លាក់ រួចទៅចាក់រុកមើលបន្ថែមឥតអំពើ។ វិធីសាស្ត្រវិភាគមួយទៀត គឺការចាក់យកទឹកនៅក្បាលជង្គង់មកវិភាគដើម្បីបែងចែកអាការៈហើមឈឺបណ្តាលមកពីការបង្ករោគ ឬការរលាក។
ក្នុងពេលរង់ចាំការពិគ្រោះជំងឺវែករកមូលហេតុនៃការឈឺជង្គង់ គេអាចបំបាត់ឬបញ្ចុះការឈឺចាប់ ដោយអាចសាកល្បងព្យាបាលដោយខ្លួនឯង ដោយប្រើថ្នាំ លាបថ្នាំរឹត ឬថ្នាំលេបបំបាត់ការឈឺចុកចាប់ពពួកប៉ារ៉ាសេតាម៉ុល ពីរបីថ្ងៃយ៉ាងយូរ និង ដោយការប្តូរផ្លាស់ទម្លាប់ប្រចាំថ្ងៃបន្តិចបន្តួច ដ៏សាមញ្ញ។
បើជាការឈឺជង្គង់បង្កឡើងដោយការបុកទង្គិច-ដួល ៖
ត្រូវបញ្ឈប់ធ្វើចលនា និងសកម្មភាពកីឡា។ ថ្នមជង្គង់ដោយចៀសកុំប្រើកម្លាំងសង្កត់លើជើង ស្អំជង្គង់ដោយទឹកត្រជាក់ឬទឹកកក រុំជើងតែកុំរឹតតឹងត្រង់ក្បាលជង្គង់ ឧស្សាហ៍លើកជើង ដើម្បីកុំឱ្យហើមជើង
បើជាការឈឺដោយមូលហេតុផ្សេង
ចៀសវាងកុំដើរនៅពេលកំពុងឈឺ និងកុំឈរយូរ ឧស្សាហ៍ទម្រេខ្លួន និងសម្រាក ចៀសវាងកុំលើក-យួរ របស់ធ្ងន់ បន្តដើរជាប្រចាំនៅពេលឈប់ឈឺ បើចាំបាច់ គួរតែប្រើឈើច្រត់ ដើម្បីជួយសម្រាលទម្ងន់កុំឱ្យសង្កត់ទៅលើសន្លាក់ពេក ពេលសំរាន្ត សណ្តូកជើងយកខ្នើយកល់ចុងជើងឱ្យខ្ពស់ស្មើក្បាល ថែទាំជើង ដោយជ្រើសរើសស្បែកស្រួលពាក់ និងគ្មានកែង ហើយបើចង់ឱ្យកាន់តែប្រសើរខ្លាំងទៀត ត្រូវសម្រកទម្ងន់ ព្រោះធាត់ជាមារចាំផ្ចាញ់ជង្គង់។
នេះដំបូន្មានណែនាំដោយលោកសាស្ត្រាចារ្យ សូតតេ ស្តីពីការថែរក្សាសុខភាពជង្គង់ឱ្យបានមាំមួនល្អយូរអង្វែង។ សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ ៖
“កត្តាអវិជ្ជមានដ៏សំខាន់ដែលជំរុញឱ្យមានជំងឺសន្លាក់គឺ ជំងឺធាត់។ ជាឧទាហរណ៍ជាក់ស្តែងនៅក្នុងប្រទេសបារាំង មានការវះកាត់ប្តូរឆ្អឹងត្រគៀក ចំនួន ១២៥០០០ករណីនិង៩០០០០ជាការវះកាត់ប្តូរជង្គង់។ ចំណែកនៅសហរដ្ឋអាមេរិកដែលមានប្រជាជនជិត៤០%ជាមនុស្សធាត់ជ្រុលវិញ មានការវះកាត់ប្តូរឆ្អឹងត្រគៀក និងជង្គង់ ច្រើនជាងនៅបារាំងដល់ពីរដង។ ដូច្នេះ ការធាត់ជ្រុលជាកត្តាសម្រួលឱ្យមានបញ្ហាសន្លាក់ក្បាលជង្គង់។”
បញ្ចុះទម្ងន់ ធ្វើកីឡាហែលទឹក ធ្វើចលនាសរសៃ សុទ្ធសឹងជាមធ្យោបាយព្យាបាលការឈឺជង្គង់។ គ្រូពេទ្យក៏អាចផ្តល់ថ្នាំរឹត ជាជែល ជាបង់រុំ ឬការប្រើប្រាស់ថ្នាំលេប ពពួកថ្នាំបំបាត់ការឈឺចាប់ ក្នុងករណីចាំបាច់ខ្លាំង។ ជួនអាចមានការផ្តល់ថ្នាំពពួកCorticoïde។ ការវះកាត់ប្តូរជង្គង់អាចនឹងមានស្នើឡើង ប្រសិនបើគ្រប់វិធីព្យាបាលជួបបរាជ័យ៕
1/11/2023 • 8 minutes, 5 seconds តើបាយប៉ូឡា Bipolar ជាជំងឺអ្វី ?
កម្មវិធីសុខភាពថ្ងៃនេះ សូមណែនាំលោកអ្នកនាងឱ្យបានស្គាល់ អំពីជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរមួយ ដែលហៅជាភាសាបារាំង ប៊ីប៉ូឡែរ ឬបាយប៉ូឡា ជាភាសាអង់គ្លេស។ អង្គការសុខភាពពិភពលោកចាត់ទុកបាយប៉ូឡាជាជំងឺមួយក្នុងចំណោមជំងឺ១០មុខ ដែលបង្កឱ្យមានពិការភាពយ៉ាងធ្ងន់ធ្ងរតើជំងឺនេះ មានទម្រង់បែបណា ? និងមានលក្ខណៈធ្ងន់ធ្ងរបែបណា ?
សូមស្តាប់បទសម្ភាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
1/4/2023 • 9 minutes, 12 seconds ហេតុដូចម្តេចបានជាការលេងចាក់បាល់អាចក្លាយជាជំងឺញៀន ?
ការប្រកួតបាល់ទាត់ពិភពលោក បានចាប់ផ្តើមនៅថ្ងៃទី ២០ វិច្ឆិកា និងត្រូវបិទបញ្ចប់នៅថ្ងៃ១៨ធ្នូ។ ព្រឹត្តិការណ៍កីឡានេះ បានទាក់ទាញអ្នកទស្សនា ជាពិសេសយុវវ័យក្រោមអាយុ៣៥ឆ្នាំ ឱ្យចង់សាកល្បងលេងចាក់បាល់យ៉ាងខ្លាំង។ ការចាក់បាល់ អាចធ្វើញៀន។ ការញៀនល្បែង (ភ្នាល់ ល្បែងស៊ីសង) ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ ជាជំងឺមួយ។ បើជាជំងឺ គេត្រូវតែស្វែងរកការព្យាបាល។ តើការញៀនល្បែងចាក់បាល់មានគ្រោះថ្នាក់យ៉ាងណា ?
ព្រឹត្តិការណ៍កីឡា ដូចយ៉ាងការប្រកួតបាល់ទាត់ពិភពលោក ជាឱកាសដែលអ្នកមានចំណូលចិត្តផ្នែកកីឡា មួយចំនួនចាប់អារម្មណ៍លេងភ្នាល់។ ការចាក់បាល់លេងម្តងម្កាលជារឿងធម្មតាទេ តែវាអាចជាគ្រោះថ្នាក់ដែលអាចនាំឱ្យអ្នកលេងធ្លាក់ក្នុងភាពញៀនល្បែងដោយពិតៗ ជាមួយនឹងផលវិបាកតាមក្រោយជាច្រើន។
អ្នកស្រីវេជ្ជបណ្ឌិត សារ៉ា កូកាស Sarah Coscas គ្រូពេទ្យវិកលវិទ្យាជំនាញផ្នែកជំងឺញៀន នៅមន្ទីរពេទ្យPaul Brousse បានពន្យល់អំពីដំណើរធ្លាក់ក្នុងគ្រោះញៀនល្បែងភ្នាល់/ស៊ីសង ជាជំងឺ ថា វាចាប់ផ្តើមដំបូង ដោយសារតែការចាក់ត្រូវ ឈ្នះធំ។ ចាក់ត្រូវមានអារម្មណ៍ថា ឈ្នះបានលុយច្រើន ដោយងាយស្រួល ព្រោះគេស្គាល់ និងគ្រប់គ្រងភាពចៃដន្យនៃល្បែងបាន។ តែតាមការពិត ការភ្នាល់តែងតែមានឈ្នះនិងចាញ់ ដូចពាក្យបូរាណខ្មែរតែងពោល ថា ល្បែងតែនឹងរេ ជួនឯងឈ្នះគេជួនគេឈ្នះឯង។ យ៉ាងណាមិញ ការចាក់បាល់ទាត់គឺជាល្បែងភ្នាល់ ដែលគេមិនអាចទាយបានយ៉ាងប្រាកដថាខាងណាឈ្នះខាងណាចាញ់ទេ បើទោះអ្នកស្គាល់ក្រុមបាល់ទាត់នោះយ៉ាងណាក៏ដោយ។ ការចៃដន្យនាំឱ្យចាញ់នៅមាន។ តែចំណង់ចង់ចាក់ ចង់លេងហើយលេងទៀត ឈ្នះរួចចាញ់ ចាញ់រួចតាមដើម្បីឈ្នះវិញ ឈ្នះចាញ់ៗវិលទៅវិលមកយូរៗទៅនឹងធ្វើឱ្យយើងលែងអាចគ្រប់គ្រងស្ថានការណ៍បាន បែរជាយល់ថា លេងជារឿងធម្មតា និងត្រូវលេងជាប់រហូត ដើម្បីបានឈ្នះ ដែលនាំឱ្យមានភាពរីករាយ និងដែលនាំមកនូវរង្វាន់។
លោក Emmauel Lahaie មន្ត្រីស្ថាប័នសុខភាពសាធារណៈបារាំង បានទទួលស្គាល់ថាល្បែងភ្នាល់តែងមានការឈ្នះ មានចាញ់ តែល្បែងចាក់បាល់មិនដូចជាល្បែងភ្នាល់ផ្សេងទៀតទេ។ ល្បែងភ្នាល់បាល់មានគ្រោះថ្នាក់ជាពិសេសដែលគេហៅថា “ការបំភាន់នៃជំនាញ”។ អ្នកចាក់បាល់មាននិន្នាការទុកចិត្តជ្រុល ជឿថាខ្លួនស្គាល់ក្រុមកីឡាករច្បាស់ ភ្លេចគិតបាល់ទាត់ក៏ជាល្បែង ដែលគ្មាននរណាអាចទាយនិងផ្តល់លទ្ធផលនៃការប្រកួតបានត្រូវ១០០%ទេ។ លោក អេម៉ាណុយអែល ឡាអេ ៖
“ប្រាកដហើយដែលថាយើងអាចចាក់ត្រូវ ហើយឈ្នះ នៅក្នុងល្បែងភ្នាល់។ ប៉ុន្តែដល់ពេលណាមួយ យើងក៏អាចចាក់ខុស ហើយចាញ់ដែរ។ តែការរីករាយដោយបានឈ្នះ និងជំនឿជាក់ថាឈ្នះពីដំបូង នឹងរុញឱ្យយើងចង់លេងទៀត។ បើចង់ហើយយើងទៅលេងទៀតមែន នោះហើយជាការចាប់ផ្តើម នៃ បញ្ហា ! បញ្ហាជក់ល្បែងភ្នាល់បាល់ ត្រូវបានគេចាត់ទុកជាជំងឺញៀន ដោយគ្មានប្រើថ្នាំ គ្មានប្រើសារធាតុគ្រឿងញៀន។ តែការជក់លេងភ្នាល់បាល់ ស្ថិតក្នុងចង្កោមល្បែងដែលញៀនខ្លាំងជាងគេបំផុត។ ញៀនខ្លាំងជាងលេងល្បែងភ្នាល់ចាក់ឆ្នោតធម្មតា ៥ទៅ៦ដងឯណោះ។ ហើយគេបានដឹងទៀតថា ក្នុងចំណោមអ្នកមកលេងចាក់បាល់១០០នាក់ មានប្រមាណ១៥នាក់ ជាអ្នកមានបញ្ហាលេងច្រើនជ្រុល។ បើប្រៀបទៅនឹងល្បែងភ្នាល់ដទៃទៀត អ្នកលេងភ្នាល់បាល់ ច្រើនតែជាមនុស្សក្មេង អាយុក្រោម៣៥ឆ្នាំ (៧០%អាយុក្រោម២៦ឆ្នាំ) និងជាក្មេងដែលងាយរងគ្រោះ មានជីវភាពគ្រួសារយ៉ាប់យឺន ទន់ខ្សោយ និងច្រើនតែជាអ្នកអត់ការងារធ្វើ។ នៅពេលបានឮពាណិជ្ជកម្ម និងឃើញអំពីលទ្ធភាពអាចរកលុយបានដោយស្រួល ដោយងាយៗ ដោយការចាក់បាល់ ក៏ចង់លេង ហើយលេងកាន់តែច្រើនឡើងៗ។”
នៅពេលបានឈ្នះម្តងហើយ អ្នកលេងច្បាស់ជាញ៉ាម ចង់និងសង្ឃឹមថាអាចឈ្នះរង្វាន់ធំជាថ្មីទៀត ក៏ទៅចាក់ និងទៅលេងភ្នាល់ទៀត រួចក៏វិលទៅមកឥតឈប់ លែងអាចឃាត់ខ្លួនឯងបាន ដែលនេះហើយជាការចាប់ផ្តើម ធ្លាក់ក្នុងអន្លង់នេះពាក្យថា “ញៀន”។
គេចាត់ទុកមនុស្សម្នាក់ថាញៀននឹងល្បែង នៅពេលបុគ្គលម្នាក់នោះងប់លេងជ្រុល ជាប្រចាំ និងជាប់រហូតរយៈពេលយ៉ាងហោចមួយឆ្នាំ ព្រមទាំងមានអាការៈយ៉ាងហោចណាស់បួន ក្នុងចំណោមលក្ខណៈក្រោមនេះ ៖
ត្រូវចាក់ភ្នាល់ ដាក់លុយកាន់តែច្រើនឡើង ជាលំដាប់ ទើបពេញបំណង ខឹង មួរមៅ នៅពេលមិនបានលេង ឬពេលផ្អាកលេង ល្បែងបានប្តូរផ្លាស់អាក្បកិរិយានិងការរស់នៅប្រចាំថ្ងៃ (ដំណេក ការងារ អារម្មណ៍) បានសាកល្បងដែរតែមិនអាចគ្រប់គ្រងខ្លួនឯងបាន មិនអាចកាត់បន្ថយ ឬឈប់លេងបាន ខ្វល់វិលវល់តែនឹងល្បែង ដោយមិនអាចបំភ្លេចការចាញ់ឬការឈ្នះល្បែងពីអតីតកាល ទើបត្រូវប្រឹងរកវិធីថ្មីដែលអាចនាំឱ្យឈ្នះលុយ ឬជំនះអ្នកនៅក្បែរបានលេងទៀត យកល្បែងមកធ្វើជាថ្នាំសណ្តុំចិត្ត លើកទឹកចិត្ត សម្រាប់បំបាត់ការបាក់ទឹកចិត្ត បំបាត់ទុក្ខកង្វល់ សម្រាប់លាងទោសកំហុសខ្លួន ក្រោយចាញ់អស់លុយ ត្រលប់ទៅវិញដើម្បីតាមយកលុយមកវិញ ភូតកុហកអ្នកនៅជុំវិញខ្លួនដើម្បីលាក់សកម្មភាពលេងល្បែង ហ៊ានភ្នាល់ហួសពីសមត្ថភាពដែលមាន និងហ៊ានទៅខ្ចីលុយគេមកលេងល្បែង
ដើម្បីអាចដឹងបានថាតើអ្នកកំពុងឈានទៅធ្លាក់ខ្លួនញៀនល្បែងស៊ីសង ឬល្បែងភ្នាល់ គ្រូពេទ្យវិកលវិទ្យាឯកទេសជំងឺញៀន សូមណែនាំឱ្យធ្វើតេស្ត តាមរយៈការឆ្លើយនឹងសំណួរ បាទ/ចាស ឬទេ។ សំណួរទាំងពីរផ្តោតលើលក្ខខណ្ឌពីរ គឺសេចក្តី ត្រូវការលេខភ្នាល់ដាក់លុយកាន់តែច្រើន និងការភូតភ។
សំណួរទីមួយ ៖ តើអ្នកធ្លាប់បានកុហកម្តាយឪពុកឬមនុស្សជំនិតខ្លួន ទាក់ទងនឹងឥរិយាបថលេងល្បែងភ្នាល់ស៊ីលុយទេ ?
សំណួរទីពីរ ៖ តើអ្នកធ្លាប់មានអារម្មណ៍ថាត្រូវតែភ្នាក់ដាក់លុយកាន់តែច្រើនជាងមុនរហូតទេ ?
បើជាចម្លើយវិជ្ជមានលើសំណួរណាមួយ សូមជួបជាមួយគ្រូពេទ្យជំនាញដើម្បីតាមដានមើលការវិវឌ្ឍន៍នៃស្ថានភាព។
ការញៀននឹងល្បែងចាក់បាល់នេះ អាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្ត។ ការចាញ់ល្បែង និងការខាតបង់លុយ ញយពេក បានធ្វើអ្នកលេងក្លាយជាមនុស្សឆាប់ខឹង ឆាប់មួរហ្មង ហើយអាចងាយនឹងធ្លាក់ក្នុងភាពបាក់ទឹកចិត្ត។ ក្នុងករណីធ្ងន់ធ្ងរ អ្នកញៀនអាចនឹងហ៊ានដល់ថ្នាក់ធ្វើអត្តឃាតទៀតផង។ នេះបើតាមការគូសបញ្ជាក់របស់លោក អេម៉ាណុយអែល ឡាអេ មន្ត្រីទទួលបន្ទុកការពារជំងឺញៀនល្បែង នៅស្ថាប័នសុខភាពសាធារណៈបារាំង។
12/15/2022 • 7 minutes, 34 seconds មនុស្សជិតកន្លះផែនដី មានបញ្ហាសុខភាពមាត់ធ្មេញ
បើតាមសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ទី ១៧ វិច្ឆិកា ២០២២ មានប្រជាពលរដ្ឋ ប្រមាណ៣៥០០លាននាក់ ពោលគឺជិតពាក់កណ្តាលនៃប្រជាជនសរុបនៅលើភពផែនដី មានបញ្ហាសុខភាពមាត់និងធ្មេញ។ ដង្កូវស៊ីធ្មេញ ជាជំងឺដែលមានកើតច្រើនញឹកញាប់ជាងគេ។
ក្នុងចំណោមប្រជាជនសរុបរស់នៅលើផែនដីចំនួន ៨ពាន់លាននាក់ (គិតត្រឹមថ្ងៃទី ១៥ វិច្ឆិកា ២០២២) ៤៥% ឬត្រូវជា៣៥០០លាននាក់ មានជំងឺដង្កូវស៊ីធ្មេញ ជំងឺអញ្ចាញ (ហើម-រលាក អញ្ចាញ) និងជំងឺមហារីកមាត់ធ្មេញ។ នេះបើតាមរបាយការណ៍ថ្មី របស់អង្គការសុខភាពពិភពលោក ទើបចេញផ្សាយកាលពីថ្ងៃទី ១៧ វិច្ឆិកា ២០២២ ដែលលាតត្រដាងជាលើកទីមួយ អំពីទំហំនៃជំងឺមាត់ធ្មេញលើផែនដី ក្នុង១៩៤ប្រទេស។ ក្នុងអំឡុងពេល៣០ឆ្នាំចុងក្រោយមកនេះ ករណីអ្នកមានបញ្ហាមាត់ធ្មេញ បានកើនឡើងចំនួន ១ពាន់លាននាក់។
តួលេខនេះ ជាសន្ទទស្សន៍ដ៏ច្បាស់លាស់មួយបញ្ជាក់ឱ្យឃើញថា មានមនុស្សច្រើនខ្លាំងណាស់ ដែលគ្មានលទ្ធភាពទទួលបានការការពារ និងការព្យាបាលជំងឺមាត់ធ្មេញទេ ទើបត្រូវធ្លាក់ខ្លួន មានជំងឺដង្កូវស៊ីធ្មេញ ហើមរលាកអញ្ចាញ បាក់ធ្មេញ និងមហារីក។ នេះបើតាមរបាយការណ៍ដដែល។ ធ្មេញដង្កូវស៊ី គ្មានការព្យាបាល ជាជំងឺមាត់ធ្មេញដែលកើតឡើងច្រើនជាងគេ និងលើមនុស្សជាង២៥០០លាននាក់។ ចំណែក១ពាន់លាននាក់ផ្សេងទៀត មានជំងឺអញ្ចាញ ដែលជាដើមហេតុដ៏ចម្បងនាំឱ្យមនុស្សបាក់ធ្មេញអស់។ បើតាមអង្គការសុខភាពពិភពលោក ក្នុងមួយឆ្នាំៗ មានករណីជំងឺមហារីកមាត់ធ្មេញថ្មី ចំនួន ប្រមាណ៣៨០ ០០០នាក់។ កត្តាហានិភ័យចម្បងគេ នាំឱ្យមានបញ្ហាមាត់ធ្មេញ គឺបណ្តាលមកពីការទទួលទានស្ករច្រើនជ្រុល និងជក់បារីហើយទទួលទានសុរា។
ដោយមិនចម្លែក បើតាមរបាយការណ៍ដដែល បីភាគបួននៃអ្នកជំងឺមាត់ធ្មេញរស់នៅក្នុងប្រទេសក្រីក្រនិងមធ្យម។ ប៉ុន្តែនៅលើពិភពលោកទាំងមូល មិនថានៅក្នុងប្រទេសណា តំបន់ណាទេ គឺអ្នកក្រ ជនពិការ ឬមនុស្សចាស់ និងអ្នកងាយរងគ្រោះ ដែលពុំអាចទទួលបានការព្យាបាលនិងថែទាំសុខភាពមាត់ធ្មេញត្រឹមត្រូវ ព្រោះគ្មានមធ្យោបាយ។ ការព្យាបាលធ្មេញ ថ្លៃខ្លាំងណាស់។
របាយការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញជាថ្មី និងយ៉ាងក្រឡែត អំពីវិសមភាពក្នុងសេវាសុខភាពមាត់ធ្មេញ និងគូសបញ្ជាក់ដោយចំៗអំពីបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ចំពោះការថែរក្សាព្យាបាលសុខភាពមាត់ធ្មេញ រហូតបណ្តោយឱ្យជំងឺលេចឡើងយ៉ាងច្បាស់ និងមិនអាចលាក់បាំងបាន ក្នុងចំណោមប្រជាជនក្រីក្រ និងទន់ខ្សោយងាយរងគ្រោះខ្លាំង។
សម្រាប់លោកអគ្គលេខាធិការអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ពិភពលោកធ្វេសប្រហែសនឹងបញ្ហាសុខភាពមាត់ធ្មេញ តាំងពីដើមមក បើទោះបីជាដឹងថា វិធានការការពារដែលចំណាយអស់តិចសោះ អាចបញ្ចៀសមនុស្សមួយចំនួនធំមិនឱ្យមានបញ្ហាសុខភាពមាត់ធ្មេញក៏ដោយ។ ហេតុដូច្នេះហើយបានជាលោក ចេញសេចក្តីថ្លែងការណ៍ លើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់ប្រទេស ប្រយុទ្ធប្រឆាំងនឹងកត្តាហានិភ័យប្រចាំថ្ងៃ ដោយត្រូវអប់រំប្រជាពលរដ្ឋឱ្យយល់អំពីរបបអាហារត្រឹមត្រូវ មានជាតិស្ករតិច ឈប់ជក់បារីចុកថ្នាំ កាត់បន្ថយការទទួលទានសុរា និងមានថ្នាំដុះធ្មេញល្អ សម្បូរជាតិFluore ដែលថោកល្មមឱ្យពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានលទ្ធភាពទិញបាន។ នៅក្នុងអនុសាសន៍ អង្គការសុខភាពពិភពលោក បានធ្វើបញ្ជីរាយសំណើមួយចំនួនធំ សម្រាប់ឱ្យគ្រប់ប្រទេសដោះស្រាយនិងគិតគូរបញ្ហាសុខភាពមាត់ធ្មេញ មានជាអាទិ៍ការអំពាវនាវឱ្យបញ្ចូលសេវាថែទាំមាត់ធ្មេញ ទៅក្នុងប្រព័ន្ធកម្មវិធីថែទាំសុខភាពបឋមតែម្តង។
នៅពេលមាត់ធ្មេញ អញ្ចាញ មានសុខភាពមិនល្អនោះ សុខភាពរាងកាយក៏ត្រូវប្រឈមនឹងគ្រោះថ្នាក់ដែរ ដោយផ្តើមដំបូង ជាអាការៈធុំក្លិនមាត់ រលាក បំពង់ក ក្រពះ ឬ បេះដូង។ ហើយនៅពេលថ្មីនេះៗ អ្នកស្រាវជ្រាវអាមេរិក បានទម្លាយការសម្ងាត់ តាមរយៈការសិក្សាពីរ ចេញផ្សាយនៅថ្ងៃទី ១៥វិច្ឆិកា ក្នុងទំព័រទស្សនាវដ្តី Cell Report និងនៅថ្ងៃទី ១៦វិច្ឆិកា ក្នុងទំព័រទស្សនាវដ្តី Nature ដែលបញ្ជាក់ថា មានបាក់តេរី នៅក្នុងមាត់ កប់ក្នុងកំណកជើងធ្មេញ របស់មនុស្សគ្រប់រូប ប្រភេទ Fusobacterium nucleatum អាចបណ្តែតនិងទៅផ្តុំ ក្នុងបរិមាណដ៏ច្រើនលើសលុប ក្នុងដុំសាច់មហារីកនៅមាត់ និងនៅពោះវៀនធំ។ អាចលាក់ខ្លួនក្នុងសរីរាង្គមហារីកហើយ បាក់តេរីនេះមានសមត្ថភាពបំប៉នកោសិកាមហារីកឱ្យរីករាលដាលទៅជាជំងឺមហារីកដំណាក់កាលមេតាស្តាយ៉ាងលឿនរហ័ស។ ជាងនេះទៅទៀត បាក់តេរីនេះ ចេះពង្វក់ប្រព័ន្ធការពារខ្លួន ឱ្យលែងចេះការពារសរីរាង្គទៀត។ សម្រាប់អ្នកស្រាវជ្រាវ ការសិក្សានេះ បង្ហាញឱ្យឃើញអំពីទំនាក់ទំនងជាយថាហេតុនៃសុខភាពមាត់ធ្មេញនិងហានិភ័យកើតជំងឺមហារីក៕
12/9/2022 • 8 minutes, 45 seconds រលាកទងសួត ជាជំងឺមិនសូវធ្ងន់ តែមានរោគសញ្ញា គួរឱ្យភ័យខ្លាំង
ទើបបានស្បើយពីជំងឺកូវីដ មន្ទីរពេទ្យបារាំង កំពុងរងសម្ពាធយ៉ាងខ្លាំង និងដំឡើងកំរិតអាសន្នត្រៀមសង្គ្រោះជាថ្មី ដោយហេតុតែមានករណីទារកកើតជំងឺរលាកទងសួត កើនឡើងច្រើនខុសប្រក្រតី។ ជាជំងឺដែលកើតឡើងយ៉ាងញឹកញយលើកទារកនិងក្មេងអាយុក្រោម២ខួប រលាកទងសួតមិនមែនជាជំងឺធ្ងន់ធ្ងរទេ ប៉ុន្តែពេលខ្លះជំងឺអាចធ្វើទុក្ខខ្លាំង ដែលចាំបាច់ត្រូវបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ។
បទអន្តរាគមន៍របស់លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស គ្រូពេទ្យឯកទេសកុមារ នៅមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប។
11/30/2022 • 7 minutes, 58 seconds ដំណេកខ្លីជាសម្ព័ន្ធភាពដ៏គ្រោះថ្នាក់នៃជំងឺរ៉ាំរ៉ៃ
នៅពេលមានចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ការសំរាន្តតិចម៉ោងពេក អាចនឹងបង្កើនគ្រោះកើតជំងឺរ៉ាំរ៉ៃជាច្រើន។ នេះបើតាមការដាស់តឿនរបស់ក្រុមអ្នកស្រាវជ្រាវបារាំងដែលទើបចេញផ្សាយលទ្ធផលនៃការសិក្សារបស់ខ្លួន ស្តីអំពីទំនាក់ទំនងដ៏គ្រោះថ្នាក់រវាង ការសំរាន្តតិច និងជំងឺរ៉ាំរ៉ៃរបស់មនុស្សនៅពេលចូលវ័យ៥០ឆ្នាំ។
ច្បាប់ធម្មជាតិ តម្រូវឱ្យយើងចំណាយពេលវេលាក្នុងមួយថ្ងៃៗ យ៉ាងហោចនិងជាមធ្យមមួយភាគបី សម្រាប់ដេក ព្រោះ ដំណេកមានសារៈសំខាន់ណាស់។ ដំណេកមានតួនាទីគ្រប់គ្រងអារម្មណ៍ គ្រប់គ្រងដំណើរការរបស់បញ្ញា របស់ប្រព័ន្ធការពារខ្លួន ឬដំណើរការបំប្លែងមេតាបូលិក។ ជាងនេះទៅទៀត ដំណេកមិនគ្រប់គ្រាន់នឹងធ្វើឱ្យខូចសុខភាព ដោយអាចនឹងនាំឱ្យកើតជំងឺរ៉ាំរ៉ៃ ផង សម្រាប់មនុស្សចាប់ពីអាយុ៥០ឆ្នាំឡើងទៅ។
បើតាមការក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្របារាំង សំរាន្តយប់គ្រប់គ្រាន់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ជាពិសេសសម្រាប់មនុស្សចាស់។ ដំណេកគ្រប់គ្រាន់ គឺជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃមួយចំនួនធំ ដ៏សក្តិសិទ្ធ។
តើដូចម្តេចទៅដែលហៅថាដំណេកគ្រប់គ្រាន់ ? សូមស្តាប់ប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត អិនដាយ ហ្វាទូ អិនដូយ គ្រូពេទ្យជំនាញប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យសេណេហ្កាល់ ៖ “ដើម្បីអាចប្រមូលកម្លាំងបានពេញគ្រប់គ្រាន់ល្អ គេត្រូវគេងឱ្យបានពី ៦ ទៅ១០ម៉ោង ឬជាមធ្យម៨ម៉ោង សម្រាប់មនុស្សពេញវ័យ។ តែរយៈពេលគេង នេះ វាអាច ប្រែប្រួលតិចឬច្រើនទៅតាមមនុស្ស។ អ៊ីចឹងហើយបានជាគេប្រើពាក្យថា អ្នកគេងតិច អ្នកគេងច្រើន។ សេចក្តីត្រូវការផ្នែកដំណេកក៏ប្តូរផ្លាស់ទៀតទៅតាមវ័យ ដោយសារកត្តាច្រើនយ៉ាង ដូចជា កត្តាចិត្ត កត្តាសរីរវិទ្យា និងបរិស្ថាន ព្រមទាំងកត្តាក្រៅខ្លួនផ្សេងទៀត ដែលអាចជះឥទ្ធិពលទៅលើគុណភាពនៃដំណេករបស់មនុស្សយើង។ »
តើដំណេកមានទំនាក់ទំនងជាមួយជំងឺរ៉ាំរ៉ៃយ៉ាងណា និងតើកង្វះដំណេក របស់មនុស្សអាយុ៥០ឆ្នាំ អាចសម្រួលឱ្យមានផលវិបាកអ្វីខ្លះ ?
លទ្ធផលនៃការសិក្សារបស់អ្នកស្រាវជ្រាវបារាំង បានបង្ហាញឱ្យឃើញថា បើគេសំរាន្តតិចជាង៥ម៉ោងក្នុងមួយយប់ នៅអាយុ៥០ឆ្នាំ គ្រោះហានិភ័យកើតជំងឺរ៉ាំរ៉ៃ ទីមួយ បានកើនឡើង២០%។ កាន់តែអាក្រក់ជាងនេះទៅទៀត បើយើងបន្តសំរាន្តមិនគ្រប់គ្រាន់ នៅអាយុ ៥០ឆ្នាំ នៅ៦០ឆ្នាំ ឬដល់៧០ឆ្នាំ នោះហានិភ័យលេចជំងឺពហុមុខនឹងកើនឡើងប្រមាណពី ៣០ ទៅ៤០%។ កំណើនហានិភ័យកំរិតនេះ គ្មានពាក់ព័ន្ធនឹងរបៀបរបប រស់នៅនិងហូបចុកទេ មានន័យថាទោះអ្នកមានរបៀបរបបរស់ល្អត្រឹមត្រូវ ធ្វើកីឡា ហាត់ប្រាណ ធ្វើចលនាបញ្ចេញកម្លាំងកាយសម្បទា មិនជក់បារី មិនផឹកស្រា ក៏ដោយ ក៏ហានិភ័យមានជំងឺរ៉ាំរ៉ៃកើនដែរ ឱ្យសំរាន្តមិនគ្រប់។
កង្វះដំណេក នាំឱ្យឈឺ ហើយអាចសម្លាប់ជីវិតបានទៀត។ អ្នកគេងតិចជាង៥ម៉ោងក្នុងមួយយប់ មានហានិភ័យស្លាប់លើសគេ២៥%។ នេះជាហេតុផលដែលងាយពន្យល់ ព្រោះអ្នកផ្ទុកជំងឺរ៉ាំរ៉ៃ តែងមានអាយុសង្ឃឹមរស់ខ្លី។ ដូច្នេះ សូមកុំមើលស្រាល ការដេក ឱ្យសោះ ! នៅពេលដេកមានយន្តការជាច្រើនឡើងបន្តបន្ទាប់គ្នា។
យន្តការនៃដំណេក
“ដេកមិនមែនគ្រាន់តែជាការបិទភ្នែកជិតទៅលែងឃើញអ្វី ហើយគ្មានរឿងអ្វីកើតឡើងសោះនោះទេ។ ដំណេកជាដំណើរប្រទាក់គ្នាជាច្រើនវដ្ត ដែលក្នុងមួយវដ្តៗមានបីដំណាក់កាលទៀត។ ដំណាក់ទីមួយ ឬមួយភាំងដំបូង ជាការចាប់ផ្តើមលក់រលីវៗ ដោយវិញ្ញាណយើងនៅដឹង នៅឮសំឡេងជុំវិញខ្លួន ហើយងាយនឹងភ្ញាក់បាន។ តែបើអ្វីៗប្រព្រឹត្តទៅដោយរលូន ដំណេកឈានចូលដល់វគ្គលក់ស្កប់ស្កល់ ដោយយើងនឹងលង់ក្នុងដំណេកយ៉ាងជ្រៅ។ គឺវេលានេះហើយដែលយើងបានសម្រាកដោយពិតៗ ដោយបានស្រង់និងប្រមូលកម្លាំងឡើងវិញ ប្រៀបដូចជាការសាកបំពេញថ្ម ព្រោះនៅក្នុងពេលនោះ ខួរក្បាលកម្ចាត់ចេញជាតិពុល ហើយបង្កើតឡើងវិញនូវថាមពលសម្រាប់ទៅបំពេញកម្លាំងឱ្យកាយសម្បទាដែលប្រឹងអស់ពេញមួយថ្ងៃ សម្រាប់ពង្រឹងប្រព័ន្ធការពារខ្លួន ឬពង្រឹងការចងចាំជាដើម។ បន្ទាប់មកទៀត បើគ្មានអ្វីមករំខាន ដំណេកឈានចូលដល់វគ្គទីបី ឬហៅថាវគ្គសុបិន្ត (ជាភាសាបច្ចេកទេស ដំណេកប៉ារ៉ាដុកសាល់) ដែលនៅពេលនោះ ដោយមានសកម្មភាពអគ្គីសនីខ្លាំងក្នុងខ្លួន យើងចាប់ផ្តើមយល់សប្តិផ្សេង តែយើងបន្តលង់លក់ហើយខ្លួនប្រាណនៅដេកស្ងៀមឈឹងទេ។ វដ្តដំណេកទាំងបីដំណាក់នេះមានរយៈពេលប្រមាណ៩០នាទី ដែលក្នុងមួយយប់ៗ អាចមានពី៤ទៅ ៦វដ្តវិលបន្តឆ្លាស់គ្នា សម្រាប់អ្នកមានដំណេកពី៦ទៅ៩ម៉ោង ដែលក្នុងនោះ ជាមធ្យម ២៥%ជាដំណាក់កាលប្រមូលថាមពលឡើងវិញ។ ហេតុដូច្នេះហើយបានមនុស្សយើងចាំបាច់ត្រូវសំរាន្តឱ្យបានច្រើនបំផុតតាមដែរអាចធ្វើទៅបាន។
ជាដំណឹងល្អ អ្នកសំរាន្តច្រើនលើសពី៩ម៉ោង ក្នុងមួយយប់ មិនបង្កឱ្យមានហានិភ័យកើតជំងឺពហុមុខទេ។ ផ្ទុយទៅវិញ បើអ្នកមានផ្ទុកជំងឺរ៉ាំរ៉ៃមួយហើយ ហើយប្រឹងប្រតិបត្តិដំណេកបានយ៉ាងច្រើនគ្រប់គ្រាន់ ៩ម៉ោង តែមានជំងឺរ៉ាំរ៉ៃពហុមុខផ្សេងទៀតលេចតាមក្រោយ នោះអ្នកស្រាវជ្រាវយល់ថា ការគេងច្រើនជាផលវិបាកនៃជំងឺ មិនមែនជាមូលហេតុនៃជំងឺទេ។
វ័យ៥០ឆ្នាំ វ័យពិបាកដំណេក
ប៉ុន្តែគួរឱ្យសោកស្តាយ ជិតពាក់កណ្តាលនៃមនុស្សវ័យ៥៥ឆ្នាំ មានជំងឺរ៉ាំរ៉ៃ យ៉ាងហោចណាស់មួយជាប់នឹងខ្លួន ឧទាហរណ៍ជំងឺលើសឈាម ឬជំងឺមហារីក។ មនុស្សចាស់អាយុលើស៦៥ឆ្នាំជាងពាក់កណ្តាលមានជំងឺរ៉ាំរ៉ៃជាប់នឹងខ្លួនយ៉ាងហោចពីរមុខ និងឡើងដល់ជាង៧០%សម្រាប់អ្នកមានអាយុលើសពី ៧៥ឆ្នាំ។ បើមានជំងឺរ៉ាំរ៉ៃទីមួយលេចឡើងហើយ គេច្បាស់ជាមានហានិភ័យអភិវឌ្ឍជំងឺពហុមុខផ្សេងទៀត ដែលអាចធ្វើឱ្យឆាប់ស្លាប់បាន។ មានជំងឺច្រើន ផលវិបាកក៏មានច្រើន គ្រោះស្លាប់មុនអាយុក៏ខ្ពស់ខ្លាំងដែរ។
ហេតុដូច្នេះហើយបានជាយើងចាំបាច់ត្រូវចេះថែទាំសុខភាពដំណេក។ ការសិក្សារបស់អ្នកស្រាវជ្រាវបារាំង មានកម្មវត្ថុបង្ហាញឱ្យឃើញអំពីភាពសំខាន់នៃការរក្សាអនាម័យក្នុងរស់នៅល្អ សម្រាប់មនុស្សគ្រប់វ័យ រាប់ទាំងមនុស្សចូលដល់វ័យ៥០ឆ្នាំឡើងទៅដែរ។ វ័យដែលល្បីថាពិបាកដេក ឬចាប់ផ្តើមមានវិបត្តិដំណេក ក្រសំរាន្តលក់ឬឆាប់ភ្ញាក់។ ជាការដាស់តឿនរំលឹក ដំណេកសមរម្យនិងគ្រប់គ្រាន់សម្រាប់មនុស្សធំពេញវ័យ ត្រូវមានរយៈពេល៧ទៅ៨ម៉ោង។
ដើម្បីជួយសម្រួលឱ្យមានដំណេកមានគុណភាពល្អប្រសើរ ត្រូវប្តូរផ្លាស់ទម្លាប់រស់នៅល្អក្នុងជីវិត និងបរិស្ថាននៅជុំវិញខ្លួន ដែលប៉ះពាល់ដល់រយៈពេលនិងគុណភាពដំណេក។
សូមអញ្ជើញចូលសំរាន្តនិងភ្ញាក់ពីដំណេក ឱ្យបានទៀតទាត់ម៉ោង ដើរឬនៅឱ្យត្រូវពន្លឺព្រះអាទិត្យនាពេលថ្ងៃ ធ្វើកីឡាហាត់ប្រាណបញ្ចេញចលនាកាយសម្បទា ឧទាហរណ៍ដើរឱ្យបានយ៉ាងហោច៣០នាទី ចៀសវាងកុំលេងទូរស័ព្ទ មើលទូរទស្សន៍នៅលើគ្រែមុនពេលហៀបសំរាន្ត ចៀសវាងកុំទទួលទានកាហ្វេ តែ សុរា ចាប់ពីពេលបាក់រសៀលទៅ ឬត្រូវសំរាន្តក្នុងបន្ទប់ ងងឹត បិទភ្លើង ត្រជាក់ល្មមនិងមានខ្យល់ចេញចូលល្អ៕
11/23/2022 • 9 minutes, 30 seconds ទឹកនោមផ្អែមជាជំងឺប្រទេសអ្នកមាន តែជាជំងឺរ ាតត្បាតក្នុងប្រទេសក្រីក្រ
ថ្ងៃទី ១៤ វិច្ឆិកា ជាទិវាពិភពលោកប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ មិនមែនជាជំងឺឆ្លងទេ តែទឹកនោមផ្អែមបានផ្តើមរាតត្បាត និងសម្លាប់ជីវិតមនុស្សច្រើនជាងជំងឺស៊ីដា គ្រុនចាញ់ និងរបេងបូកបញ្ចូលគ្នាទៀត។ ពោលគឺមានស្លាប់ប្រមាណ៥លាននាក់ក្នុងមួយឆ្នាំៗ ឬត្រូវជាស្លាប់ម្នាក់នៅរៀងរាល់៧វិនាទី។ ជាជំងឺរ៉ាំរ៉ៃ ដែលនរណាក៏ស្គាល់។ បច្ចុប្បន្ននេះ នៅលើពិភពលោក មនុស្សម្នាក់ក្នុងចំណោម១០នាក់ ត្រូវជាជិត ៥៣៧លាននាក់ មានផ្ទុកជាតិស្ករក្នុងឈាមលើសកំរិត។ ហើយផ្ទុយពី ការគិត ទឹកនោមផ្អែមមិនមែនជាជំងឺរបស់ប្រទេសអ្នកមានទេ។ ៧០%នៃអ្នកជំងឺរស់នៅក្នុងប្រទេសមានចំណូលទាបនិងមធ្យម។
អ្នកជំងឺមិនស្លាប់ដោយជំងឺទឹកនោមផ្អែមផ្ទាល់ទេ។ អ្នកជំងឺទឹកនោមផ្អែម អាចស្លាប់ដោយផលវិបាកនៃជំងឺ ដែលធ្វើឱ្យស្ថានភាពសុខភាពទូទៅរបស់មនុស្សធ្លាក់ចុះជាលំដាប់ ៖ ដោយធ្វើឱ្យខូចតម្រងនោមខូចប្រព័ន្ធសរសៃឈាម។ អ្នកជំងឺអាចស្លាប់ នៅពេលតម្រងនោម ធ្វើទុក្ខ គាំងលែងដើរ។ អ្នកជំងឺត្រូវស្លាប់ព្រោះតែស្ទះ ឬដាច់សរសៃឈាមបេះដូង។ ជាការស្លាប់ដែលបង្កឡើងដោយផលប៉ះពាល់នៃជំងឺ មិនមែនដោយជំងឺផ្ទាល់ទេ។ អ៊ីចឹងហើយបានជាអ្នកខ្លះគេចាត់ទុកជំងឺទឹកនោមជាជំងឺស្ងាត់ៗ។
តំបន់ដែលមាន និងដែលគេធ្លាប់សម្គាល់ឃើញថាមានអ្នកជំងឺទឹកនោមផ្អែមច្រើនគេ គឺតំបន់អាមេរិកឡាទីន តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺទ្វីបអាហ្វ្រិក និងអាស៊ីក៏មានអ្នកជំងឺទឹកនោមផ្អែមច្រើនខ្លាំងណាស់ដែរ។ នៅអាស៊ី ក្នុងប្រទេសចិនតែមួយមានអ្នកជំងឺដល់ជាង១០០លាននាក់ស្រេចទៅហើយ។ នៅ អាហ្វ្រិក ចំនួនអ្នកជំងឺមានជាង ២២លាននាក់ហើយ និងឡើងមួយជាពីរ ដល់៤២លាននាក់នៅឆ្នាំ១៥ឆ្នាំខាងមុខ។
ហេតុអ្វី មានកំណើនអ្នកជំងឺទឹកនោមផ្អែមច្រើននៅតាមប្រទេសក្រីក្រ ?
កត្តាដ៏ចម្បងមួយដែលនាំឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ គឺភាពស្រណុកជ្រុល និងកង្វះសកម្មភាព- កង្វះការបញ្ចេញឬធ្វើចលនារាងកាយដែលបណ្តាលមកពីរបៀបរបបរស់នៅថ្មី បែបអ្នកក្រុង ព្រមទាំងរបៀបរបបហូបចុក ដោយទទួលទានចំណីអាហារ មានជាតិខ្លាញ់ជ្រុល ប្រៃខ្លាំង និងមានថាមពលច្រើនហួសហេតុ។ ហើយនៅក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍ មានកត្តាអាយុវែងមួយបន្ថែមទៀត។ អាយុសង្ឃឹមរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍចាប់កើនឡើង ដូច្នេះចំនួនអ្នកជំងឺទឹកនោមផ្អែមត្រូវតែលេចឡើងច្រើន និងកើនឡើងដែរ ព្រោះទឹកនោមផ្អែមជាប្រភេទមួយនៃជំងឺរបស់មនុស្សចាស់។
ប៉ុន្តែក្នុងករណីទ្វីបអាហ្វ្រិក ក៏ដូចជាបណ្តាប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ដែលល្បីថាជាប្រទេសក្រីក្រ ទទួលទានមិនគ្រប់គ្រាន់ និងថែមទាំងមានវិបត្តិខ្វះអាហារូបត្ថម្ភផងនោះ មានបញ្ហាប្រឈមពីរផ្ទុយគ្នាតែកើតទន្ទឹមពេលតែមួយ គឺ បញ្ហាខ្វះអាហារ និងបញ្ហាហូបជ្រុល។ ការហូបអាហារច្រើនជ្រុល បណ្តាលមកពីប្រទេស/សង្គមនោះកំពុងធ្វើអន្តរកាលអាហារ។
អន្តរកាលអាហារ
ពីមុនប្រទេសមានទម្លាប់ប្រពៃណីទទួលទានអាហារ ជាគ្រាប់ធញ្ញជាតិ (បាយ) ជាអាហារដែលផ្តល់ថាមពលច្រើន សម្រាប់ទៅចិញ្ចឹមរាងកាយដែលប្រើកម្លាំង ធ្វើស្រែធ្វើចំការ ... តែតាំងពី១០-១៥ឆ្នាំចុងក្រោយនេះមក ពួកគាត់ចាប់ផ្តើមប្តូរទម្លាប់មកទទួលទានអាហារបែបឧស្សាហកម្ម និងទទួលទានសាច់សត្វ កាន់តែច្រើនឡើងៗ (ច្រើនជាងមុនឆ្ងាយណាស់)។ ជាការប្តូរផ្លាស់គំរូអាហារបែបបូរាណ ដែលមានថាមពលច្រើនជាមូលដ្ឋានស្រាប់ទៅហើយ ដោយត្រូវបន្ថែមសារធាតុក្លុយស៊ីត ជាតិខ្លាញ់ ជាតិសាច់សត្វ បូកនឹងការនិយមភេសជ្ជៈផ្អែមដែលផ្តល់ថាមពលលឿនខ្លាំងទៀត របបអាហារថ្មីនាំផលអាក្រក់ណាស់ដល់សុខភាព។ ដំបូងគេគិតថាកំណើនអ្នកជំងឺទឹកនោមផ្អែម បណ្តាលមកពីការប្តូរផ្លាស់ទម្លាប់ទទួលទានចំណីអាហារបែបបុរាណ ខ្លះថាមកពីការប្រកាន់របបអាហារបែបអឺរ៉ុប តែតាមការពិតដោយហេតុកត្តាទាំងពីរបូកបញ្ចូលគ្នា។ គឺអន្តរកាលអាហារនេះហើយដែលមិនល្អ និងធ្វើផ្ទុះករណីធាត់ និង ធាត់ជ្រុលចុកខ្លាញ់។
ពូជ ?
ពូជ ក៏ជាកត្តាមួយដែលនាំឱ្យងាយកើតជំងឺទឹកនោមផ្អែមដែរ។ មកទល់ពេលនេះ ពុំទាន់មានការសិក្សាណាមួយដែលអាចពន្យល់បំភ្លឺបាន១០០%ទេ ប៉ុន្តែគេចាប់យល់ខ្លះៗ អំពីករណីពលរដ្ឋដើមកំណើតអាស៊ី និងអាហ្វ្រិក មានកំណើនជំងឺទឹកនោមផ្អែមខ្លាំង។ ជំងឺទឹកនោមផ្អែមកើនខ្លាំងនៅទ្វីបអាហ្វ្រិកនិងអាស៊ីហើយ ពលរដ្ឋអាស៊ី អាហ្វ្រិក រស់នៅលើទ្វីបអាមេរិកក៏ងាយមានហានិភ័យកើតជំងឺទឹកនោមផ្អែម ជាងពលរដ្ឋស្បែកសដែលមានរបៀបរបបរស់នៅនិងហូបចុកដូចគ្នាទៀត។ បើតាមក្រុមគ្រូពេទ្យមួយចំនួន នេះគឺបណ្តាលមកពីសរីរាង្គកាយរបស់ពលរដ្ឋអាស៊ីនិងអាហ្វ្រិកមាន ការបែងចែងសារធាតុខ្លាញ់ផ្សេង ដែលងាយពុល ទើបបានជាអត្រាអ្នកកើតជំងឺទឹកនោមផ្អែមហាក់ឡើងខ្ពស់។
ចំណុចមួយទៀតដែលអ្នកវិទ្យាសាស្ត្រដូចទម្លាប់ពុំទាន់យល់ស្របគ្នាទាំងស្រុងនោះ គឺគេគិតថាប្រជាពលរដ្ឋអាស៊ី និងពិសេសអាហ្វ្រិក ធ្លាប់រងភាពអត់ឃ្លាន តាំងពីជាច្រើនតំណ ទើបសរីរាង្គកាយ និងប្រព័ន្ធមេតាបូលិករបស់ពួកគេធ្លាប់និង ធន់ខ្លាំង ហើយអាចដំណើរការបានយ៉ាងល្អ ជាមួយនឹងចំណីអាហារតែបន្តិច។ ស្រាប់តែឥលូវមានញ៉ាំច្រើន ប្រព័ន្ធ មេតាបូលិកបំប្លែងមិនទាន់ ក៏នាំឱ្យមានលេចជាជំងឺទឹកនោមផ្អែមឡើង។ តែនេះជាសម្មិតកម្មដែលអន្តរជាតិកំពុងបន្តជជែកគ្នានៅឡើយ ពុំទាន់មានការព្រមព្រៀងជាក់លាក់ទេ៕
អន្តរាគមន៍របស់លោកវេជ្ជបណ្ឌិត ទូច ឃុន គ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម នៅមន្ទីរពេទ្យព្រះកុសមៈ ក្រុងភ្នំពេញ និងលោកវេជ្ជបណ្ឌិត ស្តេហ្វាន បឺសង់សុង Stéphane Besançon ប្រធានអង្គការក្រៅរដ្ឋាភិបាលបារាំង “សុខភាពទឹកនោមផ្អែម”។
11/21/2022 • 9 minutes, 14 seconds កីឡា យវុវ័យ និងជំងឺធ្លាក់ទឺកចិត្ត
ប្រសិនបើយើងចង់ថែរក្សាសុខភាព និងការពារមិនឱ្យកើត ឬមិនឱ្យជំងឺខ្លះ មានជាអាទិ៍ជំងឺផ្លូវចិត្ត ធ្លាក់រ៉ាំរ៉ៃធ្ងន់ធ្ងរបាន ត្រូវធ្វើតាមអនុសាសន៍ណែនាំរបស់គ្រូពេទ្យ ដែលមានតាំងពីការប្តូរទម្លាប់អាក្រក់ ទៅប្រកាន់យកទម្លាប់ល្អ ឬត្រូវចៀសវាងទម្លាប់មួយចំនួន។ ទម្លាប់ដ៏ល្អមួយសម្រាប់ទ្រទ្រង់ និងការពារសុខភាពនោះ គឺការប្រកាន់ទម្លាប់ធ្វើចលនាបញ្ចេញកម្លាំងកាយសម្បទា។ នេះហើយជាប្រធានបទនៃកម្មវិធីសុខភាពថ្ងៃនេះ។
កីឡានាំមកនូវសុខភាពល្អ នេះជាពាក្យស្លោកដែលគ្មាននរណាអាចបដិសេធប្រឆាំងបានទេ។ ប៉ុន្តែគេកម្រនិយាយណាស់ អំពីផលវិបាកនៃការមិនធ្វើកីឡាសោះ សម្រាប់សរីរាង្គកាយ។ អង្គការសុខភាពពិភពលោក បានគណនាឃើញថា នៅរវាងពីឆ្នាំ២០២០ ទៅ២០៣០ នឹងមានមនុស្ស៥០០លាននាក់នៅលើពិភពលោក កើតជំងឺបេះដូង ទឹកនោមផ្អែម ធាត់ជ្រុល និងជំងឺមិនឆ្លងផ្សេងទៀត ដែលបង្កឡើងដោយហេតុតែស្រណុកជ្រុលពេក។ មានន័យថា ក្នុងមួយឆ្នាំៗ ពិភពលោកត្រូវចំណាយប្រាក់ជាង២៧ពាន់លានដុល្លារ សម្រាប់ព្យាបាលជំងឺស្រណុកជ្រុល ដែលអាចបញ្ចៀសបានដោយប្រើមធ្យោបាយដ៏សាមញ្ញមួយ គឺធ្វើចលនាបញ្ចេញកម្លាំងកាយសម្បទា។
តាំងពីឆ្នាំ២០០០មក ពេលវេលាដែលយើងត្រូវចំណាយកម្លាំងមិនបានកើនឡើងសោះ។ យ៉ាងហោច ១ម៉ឺនជំហាន ក្នុងមួយថ្ងៃ កម្រត្រូវបានគេស្វាគមន៍ណាស់។ ជាមធ្យម មនុស្សប្រុសម្នាក់ ក្នុងចំណោមបួននាក់ និងស្ត្រីបីនាក់ក្នុងចំណោម១០នាក់ មិនបានធ្វើចលនាគ្រប់តាមម៉ោងដ៏ទាបបំផុត ដែលកំណត់ដោយអង្គការសុខភាពពិភពលោកទេ។
កាន់តែភ្ញាក់ផ្អើលទៅទៀត គឺតួលេខនៃភាពអសកម្មរបស់ក្មេងជំទង់។ បើតាមអង្គការសុខភាពពិភពលោក ក្មេងជំទង់ចំនួន ៨៥% មិនបានបញ្ចេញចលនាគ្រប់គ្រាន់ទេ។ ក្នុងមួយថ្ងៃៗ ក្មេងកំពុងពេញវ័យត្រូវការបញ្ចេញកម្លាំងធ្វើកីឡា យ៉ាងហោចមួយម៉ោង។ ប៉ុន្តែ ដោយជាក់ស្តែង មានក្មេងជំទង់អាយុពី៦ទៅ១៧ឆ្នាំ ភេទប្រុសពាក់កណ្តាល និងភេទស្រី មួយភាគបីប៉ុណ្ណោះបានធ្វើចលនាគ្រប់គ្រាន់ តាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក។ អ្នកស្រាវជ្រាវបារាំងពន្យល់ថា ការឡើងខ្លួនជាកម្លោះក្រមុំ ជាកត្តាសំខាន់មួយដែលមកបញ្ចុះសកម្មភាពរបស់ក្មេងជំទង់ទាំងពីរភេទ តែក្មេងស្រីលែងសូវបញ្ចេញចលនា គួរឱ្យកត់សម្គាល់ខ្លាំងជាង។ ជាតួលេខ ក្មេងប្រុស ចំនួន៧០% ក្មេងស្រី៥៦% ធ្វើចលនាគ្រប់គ្រាន់ នៅអាយុពី៦ទៅ១០ឆ្នាំ ទល់នឹង៣៤%សម្រាប់ក្មេងប្រុស និង២០%សម្រាប់ក្មេងស្រី នៅពេលចូលដល់អាយុ១១-១៤ឆ្នាំ និងត្រឹមតែ១៦%សម្រាប់ក្មេងស្រីនៅអាយុ១៥-១៧ឆ្នាំ (ក្មេងប្រុស៤០%)។ ហេតុអ្វី បានជាតួលេខនៃក្មេងធ្វើកីឡា ខុសគ្នាឆ្ងាយខ្លាំងម្ល៉េះរវាងក្មេងស្រីនិងក្មេងប្រុស ? ការសិក្សាជាច្រើនបានបង្ហាញថាមកពី ក្មេងស្រី មិនត្រូវចាប់អារម្មណ៍រឿងធ្វើកីឡាប្រកួតប្រជែង ហើយម្យ៉ាងទៀតគឺបញ្ហាទីកន្លែងធ្វើកីឡាប្រាត់ប្រាណនិងបរិស្ថានជុំវិញខ្លួន ដែលមកកំរិតឪពុកម្តាយមិនឱ្យលើកទឹកចិត្តឬជំរុញកូនស្រីឱ្យទៅបញ្ចេញកម្លាំងកាយធ្វើកីឡា ដូចជំរុញកូនប្រុស។ ជាចុងក្រោយ ការសិក្សាជាច្រើនបានឆ្លុះឱ្យឃើញអំពីឥទ្ធិពលនៃកំរិតជីវភាពរបស់គ្រួសារ ចំពោះសុខភាពកីឡារបស់កូនស្រីប្រុស។ គ្រួសារខ្សត់ខ្សោយមិនសូវធ្វើកីឡាទេ។
ធ្វើកីឡា មិនមែនមានន័យថាត្រូវទៅចុះឈ្មោះធ្វើជាកីឡាករអាជីពទេ។ ឱ្យតែធ្វើសកម្មភាព បញ្ចេញកម្លាំងកាយសម្បទា ទោះក្នុងកំរិតទាប ឬមធ្យម ក៏បានដែរ។
មានចិត្តចង់ធ្វើកីឡាដែរ តែបរិស្ថាននៅជុំវិញខ្លួន អេក្រង់ រថយន្ត ម៉ូតូ ការងារអង្គុយ មិនអាចជំនះចិត្តដែលត្រូវការភាពស្រណុកស្រួលបានទេ។ ម្យ៉ាងវិញទៀត តើត្រូវធ្វើដូចម្តេច ដើម្បីមានចិត្តចាប់ផ្តើមធ្វើកីឡាហាត់ប្រាណទៅ បើមួយថ្ងៃៗ រវល់វាល់ល្ងាច ធ្វើការអស់កម្លាំងហើយ ត្រូវគិតគូររឿងគ្រួសារហូបចុកនៅផ្ទះ ហើយអ្នកខ្លះមានបញ្ហាសុខភាពមួយមុខទៀតនោះ ?!
យល់អំពីសារៈសំខាន់នៃការធ្វើចលនា ដឹងអំពីគុណប្រយោជន៍នៃការហាត់ប្រាណធ្វើកីឡា ចំពោះបេះដូង ចំពោះជំងឺរ៉ាំរ៉ៃ និងចំពោះផាសុកភាពនៃរាងកាយ និងផ្លូវចិត្ត ហើយ ត្រូវជ្រើសរើសកីឡាដែលសក្តិសមនឹងខ្លួនអ្នកជាទីបំផុតផង ដែលអ្នកចូលចិត្តជាងគេផង និងត្រូវតាំងចិត្តអនុវត្តទៅតាមល្បឿននិងសមត្ថភាពនៃខ្លួនប្រាណយើងទៀត។ បើធ្វើកីឡាប្រកបដោយភាពរីករាយក្នុងចិត្ត នោះចំណង់និងជំនក់ចិត្តហាត់ប្រាណនិងធ្វើកីឡានឹងកើតឡើងដោយឯងៗ៕
11/9/2022 • 8 minutes, 31 seconds ហេតុអ្វីជំងឺមហារីកស្ទុះឡើងខ្លាំងក្នុងចំណោមមនុស្សវ័យក្រោម៥០ឆ្នាំ ?
ក្មេងជំនាន់ក្រោយមានហានិភ័យកើតជំងឺមហារីកច្រើនជាងមុន និងក្នុងវ័យក្មេងជាងមនុស្សជំនាន់មុន។ បើតាមការសិក្សាអាមេរិកទើបចេញថ្មី ជំងឺមហារីកបានកើនឡើងយ៉ាងខ្លាំងក្នុងចំណោមមនុស្សអាយុក្រោម៥០ឆ្នាំ តាំងពីជាច្រើនទសវត្សរ៍មកហើយ។ តើអ្នកស្រាវជ្រាវពន្យល់អំពីបាតុភូតនេះយ៉ាងដូចម្តេច ?
ចំនួនមនុស្សកើតជំងឺមហារីកនិងស្លាប់ដោយជំងឺមហារីកថ្លើម នៅលើពិភពលោក នឹងកើនឡើងជាង៥៥% នៅរវាងពីពេលនេះទៅ ២០ឆ្នាំខាងមុខ ប្រសិនបើគ្មានវិធីទប់ស្កាត់វាទេ។ នេះបើតាមទិន្នន័យវិភាគថ្មី របស់ក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកអន្តរជាតិរបស់អង្គការសុខភាពពិភពលោក ចេញផ្សាយក្នុងទំព័រទស្សនាវដ្តី Journal of Hepatology កាលពី ថ្ងៃទី៦តុលា២០២២។ មានន័យថា បើយោលទៅតាមស្ថានភាពបច្ចុប្បន្ន ពីពេលនេះដល់ឆ្នាំ២០៤០ នឹងមានមនុស្ស១,៤នាក់កើតជំងឺមហារីកថ្លើម និង១,៣លាននាក់ស្លាប់ដោយជំងឺមហារីកថ្លើមក្នុងមួយឆ្នាំៗ។
ជំងឺមហារីកថ្លើមដែលងាយបញ្ចៀសបាន ប្រសិនបើគេកំរិតការទទួលទានសុរា និងព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេ បានត្រឹមត្រូវនោះ នឹងក្លាយជាមូលហេតុចម្បងគេមួយក្នុងចំណោមមូលហេតុបីដំបូងនៃមរណភាព ក្នុង៤៦ប្រទេស និងស្ថិតក្នុងចំណោមមូលហេតុ៥ដំបូងនៃមរណភាព នៅក្នុងជាង១០០ប្រទេស។ កំណើនករណីឈឺនិងស្លាប់ស្ទុះឡើងខ្លាំងជាងគេនៅតំបន់អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងជើង។
ប៉ុន្តែមិនមែនមានតែជំងឺមហារីកថ្លើមទេដែលកើនឡើងនោះ។ បើតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រអាមេរិក ចេញផ្សាយក្នុងទំព័រទស្សនាវដ្តី Nature Reviews Clinical Oncology កាលពីថ្ងៃទី ៦កញ្ញា មានជំងឺមហារីកចំនួន១៤មុខ ដែលកើនឡើងនិងកើតលើអ្នកជំងឺវ័យ ក្មេង អាយុក្រោម៥០ឆ្នាំ។ មានអ្នកជំងឺវ័យមិនទាន់៥០ឆ្នាំកាន់តែច្រើនឡើងៗ កើតជំងឺមហារីក។ នេះជាបាតុភូតគួរឱ្យព្រួយបារម្ភខ្លាំងណាស់ សម្រាប់ក្រុមអ្នកស្រាវជ្រាវអាមេរិក ដែលបានបញ្ជាក់បន្ថែមទៀតថា និន្នាការកំណើនជំងឺមហារីកក្មេង (អាយុក្រោម៥០ឆ្នាំ) បានចាប់ផ្តើម តាំងពី៣០ឆ្នាំមកហើយ។
រលកជំងឺមហារីកក្មេង ជាក្តីព្រួយបារម្ភព្រោះវាប៉ះពាល់ដល់ក្រុមចង្កោមមនុស្សដែលគ្មានភាពប្រឈមនឹងជំងឺមហារីក។ មហារីកមិនរើសអាយុកើតឡើយ តែជាទូទៅ អ្នកប្រឈមនឹងហានិភ័យមហារីក ច្រើនតែជាមនុស្សអាយុលើសពី៥០ឆ្នាំឡើងទៅ។ ប៉ុន្តែតាំងពីឆ្នាំ១៩៩០មក ចំនួនមនុស្សអាយុក្រោម៥០ឆ្នាំកើតជំងឺមហារីកកើនឡើងជាលំដាប់ នៅទូទាំងពិភពលោក។ ពោលគឺ មហារីកមុនកាល បានក្លាយជាជំងឺរាតត្បាតស្រេចទៅហើយ តាំងពីឆ្នាំ១៩៩០មក។ ហើយកាន់តែគួរព្រួយបារម្ភខ្លាំងទៅទៀត ៣០ឆ្នាំក្រោយ កំណើនអ្នកកើតមហារីកក្រោមអាយុ៥០ឆ្នាំមិនបន្ថយល្បឿនសោះ ។
ក្រុមអ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ Brigham and Women’s នៅក្រុងបូស្តុនសហរដ្ឋអាមេរិក បានប្រមូលទិន្នន័យមនុស្សធំពេញវ័យអាយុ៥០ឆ្នាំ នៅទូទាំងពិភពលោក ចន្លោះពីឆ្នាំ២០០០ទៅ២០១២ មកវិភាគឃើញថាមនុស្សពីជំនាន់មួយទៅជំនាន់មួយ ប្រឈមនឹងគ្រោះកើតជំងឺមហារីក ក្នុងវ័យកាន់តែ ក្មេងទៅៗ។ ក្រុមមនុស្សកើតនៅឆ្នាំ១៩៦០ មានហានិភ័យកើតជំងឺមហារីកមុនអាយុ៥០ឆ្នាំ ខ្ពស់ជាងក្រុមអ្នកកើតនៅឆ្នាំ១៩៥០ តែទាបជាងក្រុមអ្នកកើតនៅឆ្នាំ១៩៧០។ គ្រោះហានិភ័យឆាប់មានជំងឺមហារីក កាន់តែកើនខ្ពស់ថែមទៀត សម្រាប់កូនជំនាន់ក្រោយ ឬអ្នកកើតនៅទសវត្សរ៍ក្រោយៗមក។
ហេតុអ្វីមនុស្សអាយុក្រោម៥០ឆ្នាំ កាន់តែច្រើន មានជំងឺមហារីក ?
សម្រាប់អ្នកស្រាវជ្រាវ មូលហេតុ ដំបូងគេ គឺការប្តូរផ្លាស់របៀបរបបនិងបរិស្ថាននៃការរស់នៅប្រចាំថ្ងៃតាំងពីកើតមក ដូចជារបបចំណីអាហារ របបរស់នៅ ទម្ងន់ បរិយាកាស។ តាំងពីសង្គ្រាមលោកលើកទីពីរបានបញ្ចប់ទៅ និងជាពិសេស តាំងពីឆ្នាំ១៩៦០មក ចំណីអាហារឧស្សាហកម្មចាប់លូតលាស់ខ្លាំង ដែលបានបំប្លែង និងប្តូរផ្លាស់ទម្រង់ដើមនៃអាហារយ៉ាងខ្លាំង។
វេជ្ជបណ្ឌិត Tomotaka Ugai អ្នកដឹកនាំការសិក្សាចម្បងគេ បានគូសបញ្ជាក់ថា នៅក្នុងចំណោមជំងឺមហារីកទាំង១៤ ដែលកើននិងកើតកាន់តែច្រើនលើមនុស្សអាយុក្រោម៥០ឆ្នាំ មាន៨ជាជំងឺមហារីកពាក់ព័ន្ធនឹងប្រព័ន្ធ រំលាយអាហារ។ អាហារដែលយើងទទួលទានចូលទៅ នឹងទៅចិញ្ចឹមពពួកសរីរាង្គតូចៗក្នុងក្រពះពោះវៀន។ របបអាហារប៉ះពាល់ដោយផ្ទាល់តែម្តងទៅលើក្រុមបាក់តេរីល្អ មីក្រូប៊ីយ៉ុត ហើយយូរទៅការប្តូរផ្លាស់នេះ អាចនឹងមានឥទ្ធិពលធ្វើឱ្យមានហានិភ័យកើតជំងឺ។
ជំងឺមហារីក១៤យ៉ាងនោះគឺ មហារីកសុដន់ មហារីកពោះវៀន អង់ដូម៉ែត្រ បំពង់អាហារ ថ្លើម ប្រមាត់ បំពង់បង្ហូរវត្ថុរាវក្នុងថ្លើម លំពែង ក្បាល ក តម្រងនោម ឆ្អឹង ប្រូស្តាត ក្រពេញទីរ៉ូអ៊ីត និងក្រពះ។
សាស្ត្រាចារ្យ Shuji Ogino សហនិពន្ធដឹកនាំការសិក្សារបស់មន្ទីរពេទ្យ Brigham បានពន្យល់ក្នុងសេចក្តីថ្លែងការណ៍ទៀតថា មនុស្សជំនាន់ក្រោយមានគ្រោះហានិភ័យកើតជំងឺមហារីកកាន់តែក្មេងជាងមនុស្សជំនាន់មុន ទំនងដោយមួយផ្នែកបណ្តាលមកពីមនុស្សជំនាន់ក្រោយរស់ប្រឈមនឹងកត្តាហានិភ័យ តាំងពីនៅវ័យក្មេង។
កត្តាប្រឈម បានមកចូលរួមចំណែកធ្វើឱ្យករណីមហារីកវ័យក្មេងកើនឡើងខ្លាំង។ កត្តាហានិភ័យទាំងនោះមានដូចជា ការទទួលសុរា អាល់កុល ការទទួលទានភេសជ្ជៈផ្អែម ជក់បារី កង្វះដំណេក ស្រណុកជ្រុល និងធាត់ជ្រុល។ កត្តាហានិភ័យទាំងនេះ ចាប់លេចឡើងខ្លាំងតាំងពីឆ្នាំ១៩៥០មក។ ហើយកត្តាទាំងនេះ មិនមែនមិនបង្កផលវិបាកទេ ព្រោះការប្តូរផ្លាស់ទម្លាប់ គឺជាការប្តូរផ្លាស់ទម្រង់ ក្រុមបាក់តេរីល្អៗដែលនៅក្នុងប្រព័ន្ធរំលាយអាហាររបស់មនុស្ស ដែលគេហៅថា មីក្រូប៊ីយ៉ុត។
សម្មតិកម្មចុងក្រោយមួយដែលអាចបញ្ចប់ជំនឿរបស់មនុស្សចាស់ខ្មែរ ដែលថាសម័យមុនមិនសូវមានជំងឺមហារីក នោះគឺ ដោយសារពិភពលោកបច្ចប្បន្នមានបច្ចេកទេសវែករកជំងឺមហារីកបានល្អប្រសើរជាងមុន ទើបគេអាចឆាប់វែករកឃើញករណីកើតជំងឺមហារីក បានឆាប់ និងតាំងពីក្មេង។ គ្រាន់តែថាសម្រាប់អ្នកស្រាវជ្រាវ ការធ្វើតេស្តវែកឃើញរកជំងឺតាំងពីដំបូងៗភ្លាមៗ មិនអាចគ្រប់គ្រាន់យកមកធ្វើជាសំអាងនៃកំណើនជំងឺមហារីកដល់ទៅ១៤មុខបានទេ។ ប្រទេសគ្មានលទ្ធភាពធ្វើតេស្តវិភាគ ក៏មានកំណើនករណីមហារីកនៅវ័យក្មេងដែរ។
ដូច្នេះអ្នកស្រាវជ្រាវនឹងបន្តការសិក្សា នៅក្នុងប្រទេសជាច្រើនបន្ថែមទៀត ជាពិសេសប្រទេសមិនសូវលូតលាស់ និងសិក្សាតាមដានតាំងពី កុមារឱ្យបានច្រើនឆ្នាំ ដើម្បីអាចបញ្ជ្រៀបព័ត៌មានដល់ប្រជាជនឱ្យបានយល់ដឹងអំពីផលវិបាកនៃរបៀបរបបរស់នៅ ចំពោះសុខភាព និងចំពោះហានិភ័យកើតជំងឺមហារីក ព្រមទាំងបានស្គាល់ ជំងឺមហារីកកាន់តែច្បាស់៕
10/27/2022 • 8 minutes, 47 seconds វិនិច្ឆ័យរោគពីដំបូងមិនល្អ មហារីកសុដន់ ងាយលាប់ឡើងវិញ ?
ថ្ងៃនេះជាទិវាពិភពលោកប្រឆាំងនឹងជំងឺមហារីកសុដន់។ មហារីកសុដន់ ជាជំងឺដែលសម្លាប់ស្ត្រីច្រើនជាងគេនៅលើពិភពលោក ប៉ុន្តែប្រសិនបើគេអាចរកឃើញថាមានជំងឺមហារីកនៅដំណាក់កាលដំបូង នោះអ្នកជំងឺមានសំណាងជាពីជំងឺ កាន់តែខ្ពស់។ ផ្ទុយទៅវិញ គេសង្កេតឃើញថា មានស្ត្រីពីរនាក់ក្នុងចំណោម១០នាក់ធ្លាក់ខ្លួនឈឺលាប់ឡើងវិញ ក្រោយការព្យាបាលចប់។ តើមកពីហេតុអ្វី ?
បញ្ជ្រាបនិងផ្តល់ព័ត៌មានស្តីពីជំងឺមហារីកសុដន់ គឺជាកម្មវត្ថុនៃយុទ្ធនាការ “កូលាបតុលា” ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១តុលា នៅប្រទេសបារាំង។ ពេញមួយតុលានេះ និងជាពេលណាៗទាំងអស់ សូមស្ត្រីគ្រប់រូបអញ្ជើញទៅធ្វើតេស្តរកមើលក្រែងកើតជំងឺមហារីកសុដន់ ដែលជាមូលហេតុទីមួយនៃមរណភាពរបស់ស្ត្រីនៅបារាំង និងនៅលើពិភពលោក។
ក្នុងយុទ្ធនាការឆ្នាំ២០២២ វិទ្យាស្ថានCurie មជ្ឈមណ្ឌលព្យាបាលជំងឺមហារីកអឺរ៉ុបដ៏ធំជាងគេ បានឆ្លៀតឱកាសបូកសរុបស្ថានភាពជំងឺមហារីកសុដន់ដែលរើឡើងវិញ។ បើតាមការស្មាន ក្នុងចំណោមអ្នកជំងឺមហារីកសុដន់១០នាក់ មានពីរនាក់ធ្លាក់ខ្លួនឈឺឡើងវិញក្រោយចប់ការព្យាបាល។ ក្នុងពេលបច្ចុប្បន្ននេះ គេមិនដឹងអំពីមូលហេតុច្បាស់អំពីកត្តាហានិភ័យនាំឱ្យជំងឺលាប់ឡើងវិញទេ ប៉ុន្តែមានការសិក្សាស្រាវជ្រាវទៅមុខជាលំដាប់។ បើគេបានដឹងកាន់តែច្រើន នោះគេអាចការពារបានកាន់តែប្រសើរ។
តើគេអាចការពារមិនឱ្យជំងឺលាប់ឡើងវិញបានដោយវិធីណា ?
លោកវេជ្ជបណ្ឌិតPaul Cottu នៅដេប៉ាតឺម៉ង់ជំងឺមហារីកនៅវិទ្យាស្ថាន ៖
“ការពារកុំឱ្យលាប់កើតជំងឺមហារីកសុដន់ឡើងវិញ គ្មានអ្វីប្រសើរជាងផ្តល់ការព្យាបាលដែលមានប្រសិទ្ធភាពទេ។ មានន័យថា គឺត្រូវធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវបំផុត ពីដំបូង ហើយសម្របការព្យាបាល មិនថាជាការព្យាបាល ដោយវះកាត់ ដោយវិទ្យុសកម្ម ដោយប្រើថ្នាំគីមី ឬដោយវិធីផ្សេងទេ ទៅតាមការវិនិច្ឆ័យរោគដំបូងនោះ។ នេះហើយជាការការពារដ៏ល្អ មិនឱ្យជំងឺលាប់ឡើងវិញ។
ការលាប់ឡើងវិញមិនមែនសុទ្ធតែមានន័យថាការព្យាបាលគ្មានប្រសិទ្ធភាពទេ។ ថ្នាំព្យាបាលជំងឺមហារីកសុដន់អាចមានប្រសិទ្ធភាព រារាំងអ្នកជំងឺមិនឱ្យជំងឺមហារីករើឡើងវិញបាន ជាច្រើនឆ្នាំ។ ថ្នាំខ្លះបានជួយសម្រួលស្ថានភាពអ្នកជំងឺឱ្យជាសះស្បើយបានរយៈពេលដល់ទៅ១៥ឆ្នាំ។ នៅពេលជំងឺរើឡើងវិញទើបគ្រូពេទ្យ ចាប់គិតគូររកមធ្យោបាយព្យាបាលជាថ្មីទៀត។”
ការព្យាបាលដំបូង ជាអ្នកកំណត់ហានិភ័យនៃការរើឡើងវិញនៃជំងឺ នេះ បើតាមប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត Dr Anne Vincent-Salomon ឯកទេសជំងឺមហារីកស្ត្រីនៅវិទ្យាសា្ថនCurie ដដែល។
អ្នកស្រី Vincent-Salomon ៖ “ពិតជាមិនអាចទទួលយកបានទេ ដែលអ្នកជំងឺត្រូវលាប់ធ្លាក់ខ្លួនឈឺទៅវិញនោះ។ ដូច្នេះគេត្រូវសិក្សារកឱ្យឃើញមធ្យោបាយថ្មី និងកំណត់ប្រូណូស្ទិកជំងឺមហារីកសុដន់ឱ្យបានប្រសើរឡើងដើម្បីអាចកំណត់ឱ្យកាន់តែប្រសើរទៀតប្រភេទដុំសាច់មហារីករបស់ស្ត្រី របស់អ្នកជំងឺ ដោយត្រូវគិតផងដែរអំពីស្ថានភាពជំងឺ អាយុ ដើម្បីអាចម្រែតម្រង់ការព្យាបាលឱ្យមានប្រសិទ្ធភាពបំផុត និងកាត់បន្ថយបានហានិភ័យជំងឺរើឡើងវិញ។”
ហេតុដូច្នេះហើយបានជានៅពេលធ្វើតេស្តវិភាគរកជំងឺមហារីក ឃើញលទ្ធផលវិជ្ជមាន អ្នកជំងឺត្រូវឆ្លងកាត់ការវិនិច្ឆ័យរោគជាច្រើនដំណាក់កាលទៀត មុននឹងគ្រូពេទ្យជំនាញសម្រេចផ្តល់ថ្នាំនិងវិធីព្យាបាលជំងឺមហារីកសុដន់នោះ។
អ្នកស្រីវេជ្ជបណ្ឌិតDominique Sighoko ៖
“ជំងឺមហារីកសុដន់ មិនមែនដូចគ្នាតែមួយទេ ជាជំងឺពហុទម្រង់ ដែលមានមូលេគុលជំងឺ ច្រើនប្រភេទ ចែកជាកូនក្រុមតូចផ្សេងៗគ្នា។ ដូច្នេះដើម្បីអាចផ្តល់ការព្យាបាលដែលមានប្រសិទ្ធភាពខ្ពស់ គេចាំបាច់ត្រូវដឹងអំពីប្រភេទនៃជំងឺមហារីកសុដន់នោះ ដោយត្រូវធ្វើតេស្ត immunohistochimie (IHC) របស់ដុំសាច់មហារីក ដែលគេច្រិបមកវិភាគ។ នៅពេលធ្វើតេស្ត IHCនេះរួច គេអាចដឹងបានថាតើមហារីកនោះស្ថិតនៅក្នុងកូនក្រុមណា។ ហើយអាចផ្តល់ការព្យាបាលឱ្យចំប្រភេទ។”
មហារីកសុដន់ ជាជំងឺដែលកើតញឹកញាប់ជាងគេនៅប្រទេសបារាំង ដោយមានអ្នកជំងឺថ្មីប្រមាណ៥៨០០០នាក់ បន្ថែមក្នុងមួយឆ្នាំៗ។ និយាយបែបផ្សេង ក្នុងចំណោមស្ត្រី៨នាក់ មានជិតម្នាក់ កើតជំងឺមហារីកសុដន់ នៅក្នុងវ័យណាមួយនៃជីវិត។ ជាមហារីកដែលកើតច្រើនជាងគេហើយ បង្កឱ្យស្លាប់ច្រើនជាងគេទៀត។ ក្នុងមួយឆ្នាំៗ មហារីកសុដន់សម្លាប់ស្ត្រីប្រមាណជាង ១២០០០នាក់។ ប៉ុន្តែប្រសិនបើគេអាចរកឃើញជំងឺមហារីក តាំងដើមដំបូងភ្លាម សំណាងបានជារួចជីវិតមានកាន់ធំ ឯការព្យាបាលក៏មិនសូវធ្ងន់ធ្ងរខ្លាំង។ ក្តីសង្ឃឹមរស់រានមានជីវិតបាន៥ឆ្នាំបន្ថែម មានកំរិតដល់ទៅ៩០%ប្រសិនបើរកឃើញជំងឺមហារីកសុដន់ដំណាក់កាលដំបូង ទល់នឹង២៦%ប៉ុណ្ណោះបើចូលដំណាក់ធ្ងន់។
នេះហើយជាភាពសំខាន់នៃការធ្វើតេស្តវិភាគមើលសុដន់ក្រែងមានជំងឺមហារីកនោះ។ នៅប្រទេសបារាំងដដែល តាំងពីឆ្នាំ២០០៤មក ស្ត្រីអាយុចន្លោះពី៥០ឆ្នាំទៅ៧៤ បានទទួលការអញ្ជើញឱ្យទៅធ្វើតេស្តថតកៀបសុដន់ ជារៀងរាល់ពីរឆ្នាំម្តង។ ប៉ុន្តែកាលពីថ្ងៃអង្គារទី ២៤កញ្ញា គណៈកម្មការអឺរ៉ុប បានចេញអនុសាសន៍អំពាវនាវឱ្យប្រទេសជាសមាជិក ប្តូរយុទ្ធសាស្ត្រ បញ្ចុះអាយុស្ត្រីមានសិទ្ធិទៅធ្វើតេស្តដោយឥតគិតថ្លៃ ចាប់ពី៤៥ឆ្នាំទៅ ព្រោះ១៥%នៃជំងឺមហារីកសុដន់ លេចឡើងនៅអាយុ ចន្លោះពី៤០ទៅ៥០ឆ្នាំ។ ចុះចំពោះស្ត្រីក្រោមអាយុ៤០ឆ្នាំ ត្រូវតាមដានសុខភាពសុដន់បែបណា ? អ្នកជំនាញបារាំងណែនាំឱ្យពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីវាយតម្លៃអំពីកត្តាហានិភ័យរបស់បុគ្គលម្នាក់ៗ បើគ្មានកត្តាហានិភ័យទេ ស្ត្រីគ្មានហេតុផលអ្វីត្រូវទៅធ្វើ ម៉ាមូក្រាហ្វី ថតដោះ នៅអាយុក្រោម៤០ឆ្នាំឡើយ។
ហេតុអ្វីបានគ្រួសារខ្លះមានហានិភ័យកើតជំងឺមហារីកសុដន់ជាងគ្រួសារខ្លះទៀត ?
អ្នកស្រីវេជ្ជបណ្ឌិតDominique Sighoko ៖ “ពីព្រោះនេះគឺបណ្តាលមកពី មនុស្សខ្លះមានហ្សែនងាយកើតជំងឺមហារីកពីកំណើត។ អាចថាជាហ្សែនតពូជ តពីឪពុកម្តាយមកកូនចៅ ជំនាន់ក្រោយ។ គ្រួសារខ្លះមាន ផ្ទុកហ្សែន ប្រភេទ BaCa ១ និង២ តែម្តង។ អ៊ីចឹងហើយបានជាពួកគាត់មានគ្រោះហានិភ័យខ្ពស់ នឹងកើតជំងឺមហារីកសុដន់។ ហានិភ័យកើតជំងឺមហារីក មិនមែនមានតែចំពោះស្ត្រីភេទទេ។ បុរសក៏មានហានិភ័យនេះដូចគ្នា។ ដូច្នេះបើស្ត្រីមា្នក់ កើតក្នុងគ្រួសារមានម្តាយកើតជំងឺមហារីកសុដន់ ឬឪពុកមានជំងឺមហារីកប្រូស្តាត គ្រួសារនោះត្រូវប្រុងប្រយ័ត្ន តាមដានសុខភាពឱ្យមែនទែន ព្រោះគ្រួសារនោះ ស្ត្រីនៃគ្រួសារនោះប្រឈមនឹងគ្រោះអភិវឌ្ឍជំងឺមហារីកសុដន់ខ្ពស់ខ្លាំងមែនទែន។”
ចេះប្រុងប្រយ័ត្នដោយខ្លួនឯងក៏សំខាន់ខ្លាំងណាស់ដែរសម្រាប់គ្រប់ស្ត្រី ក្នុងការការពារខ្លួនពីជំងឺមហារីកសុដន់។ ដូចជាត្រូវចេះសម្គាល់ថា តើមានដុំរឹងនៅក្នុងសុដន់ រូបរាងសុដន់ប្តូរប្លែក ហើយមិនត្រលប់មកធម្មតាវិញ ក្រោយមកខែរួច ... បើមានសញ្ញាទាំងនេះ ត្រូវរួសរាន់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យភ្លាម៕
10/19/2022 • 7 minutes, 31 seconds តើគេអាចបញ្ជៀសវិបត្តិគ្រួសក្នុងតម្រងនោមបាន យ៉ាងដូចម្តេច ?
គ្រួសក្នុងតម្រងនោម មានច្រើនប្រភេទ និង អាចតូចអាចធំ។ នៅពេលធ្វើទុក្ខ អ្នកមានគ្រួសក្នុងតម្រងអាចរងការឈឺចុកចាប់យ៉ាងខ្លាំងនៅតម្រងនោម នៅប្លោកនោម និងនៅគ្រប់ប្រព័ន្ធបង្ហូរទឹកនោម។ ហេតុអ្វីបានជាមានគ្រួសកកើតឡើងនៅក្នុងតម្រងនោម ? តើបានជាយើងចាំបាច់ត្រូវបរិភោគទឹកឱ្យបានច្រើនគ្រប់គ្រាន់ ដើម្បីការពារខ្លួនកុំឱ្យមានកករគ្រួស ? ចុះបើធ្លាប់មានគ្រួសហើយ តើត្រូវធ្វើដូចម្តេចកុំឱ្យលាប់ ?
គ្រួសក្នុងតម្រង បានកកើតឡើងនៅត្រង់តម្រងនោម ដោយមូលហេតុច្រើនយ៉ាង ក្នុងនោះមានមូលហេតុមួយគឺអ្នកជំងឺមិនបរិភោគទឹកគ្រប់គ្រាន់ ទើបធ្វើឱ្យទឹកនោមមានកំហាប់ខ្ពស់ ងាយមានកំណក ក្លាយជាគ្រួស។ មានច្រើនប្រភេទ ហើយត្រូវបានរំលាយជាទូទៅ ដោយទឹកនោម គ្រួសខ្លះ អាចអណ្តែតចេញទៅតាមប្រព័ន្ធបង្ហូរទឹកនោម។ គឺនៅពេលនោះហើយដែលគ្រួស អាចបង្កឱ្យមានអាការៈឈឺចុកចាប់ខ្លាំងទ្រាំមិនបាន និងយ៉ាងទាន់ហន់ ដែលហៅតាមភាសាបច្ចេកទេសថា Colique néphrétique។
តើគ្រួសកាន់តែធំ វាកាន់តែធ្វើទុក្ខ ខ្លាំងមែនទេ ?
Dr Isabelle Tostivint, ចាសទេ ! ផ្ទុយពីការគិត និងដោយជាក់ស្តែង មានគ្រួសខ្លះដុះយឺតៗ យឺតខ្លាំងមែនទែន។ បើគ្រួសដុះកាន់តែយឺត វាកាន់តែអាចធំ តែវាមិនធ្វើឱ្យឈឺចុកចាប់ ដូចកូនគ្រួសតូចៗទេ។ កូនគ្រួសតូចៗ ប៉ុនគ្រាប់អង្ករ ប្រវែង៥-៦មីល្លីម៉ែត្រ អាចបង្កការឈឺចុកចាប់ខ្លាំងណាស់ នៅពេលវាអណ្តែតទៅតាមបំពង់បង្ហូរទឹកនោម ដែលតភ្ជាប់ពីផ្លោកនោមទៅតម្រងនោម ហើយស្រាប់តែត្រូវ គាំងស្ទះនៅក្នុងបំពង់បង្ហូរទឹកនោមនោះ។ នៅពេលគាំង តម្រងនោមនៅតែបន្តផលិតទឹកនោមជានិច្ច ជាហេតុធ្វើឱ្យតម្រងប៉ោងធំឡើង និង បង្កជាការឈឺចុកចាប់យ៉ាងខ្លាំង។ ពេលកំពុងធ្វើទុក្ខឈឺដូច្នេះ និងដើម្បីជួយបន្ថយការឈឺចុកចាប់ សូមកុំទទួលទានទឹកឱ្យសោះ។
តើគេអាចសម្គាល់អំពីភាពខុសគ្នានៃការឈឺចុកចាប់ដោយគ្រួសក្នុងតម្រងនោមនិងឈឺឆ្អឹងខ្នងឈឺចង្កេះបានដែរទេ និងយ៉ាងដូចម្តេច ?
Dr Isabelle Tostivint, ហ្អា! នេះជាសំណួរដ៏ល្អណាស់ ! នៅពេលឈឺចុកចាប់ដោយបញ្ហាគ្រួសក្នុងតម្រងនោម នោះគឺការឈឺចុកចាប់យ៉ាងខ្លាំង ដែលគ្មានឥរិយាបថមួយណាធ្វើឱ្យធូរស្បើយ ដូចករណីឈឺឆ្អឹងខ្នងទេ។ ជាការឈឺខ្លាំងដែលមិនអាចទ្រាំនៅស្ងៀមបាន ហើយដោលដល់ក្រពះឱ្យរកកលចង់ក្អួត រួចរាលដាលឈឺដល់ប្រដាប់ភេទផ្នែកខាងក្រៅទៀត។ ជាអាការៈឈឺខ្លាំងហួសហេតុ យ៉ាងទាន់ហន់ និងវិវឌ្ឍខ្លាំងឡើងៗ ទៅជាការញាក់កន្ទ្រាក់សាច់ដុំ។
ចុះបើធ្លាប់មានគ្រួសក្នុងតម្រងនោមរួចហើយ តើគេអាចកាត់បន្ថយ និងបញ្ចៀសកុំឱ្យមានវិបត្តិគ្រួសក្នុងតម្រងនោម កើតបានជាថ្មីបានដែរឬទេ ?
Dr Isabelle Tostivint, ខ្ញុំសូមផ្តល់ដំបូន្មាន ឱ្យពិសារទឹកឱ្យបានច្រើន ជាពិសេស ចាប់ពីពេលរសៀលទៅ។ ពេលល្ងាច ចប់ការងារ មកដល់ផ្ទះ យើងលែងខ្វល់ខ្វាយខ្លាចរំខានដើរទៅបត់ជើងតូចទៀតហើយ។ ដូច្នេះ ត្រូវពិសារទឹកឱ្យបានច្រើន ដើម្បី បង្អាក់ដំណើរ ក ជាគ្រួស។ ជាទូទៅ គឺនៅពេលយប់ ដែលសំណល់ទឹកចាប់រង កករទៅកកផ្តុំគ្នាឱ្យក្លាយជាគ្រួស។ ដូច្នេះ បើអ្នកមានគ្រួសហើយ គួរតែពិសារទឹកឱ្យបានច្រើននៅពេលរសៀល និងល្ងាច ដើម្បីមានទឹកនោមច្រើន ព្រោះ នៅពេលយប់ យើងគេងដកតែដង្ហើមទេ យើងអត់ធ្វើចលនាដែលទាមទារជាតិទឹកអ្វីឡើយ។ ជាតិទឹកធ្លាក់ទៅផ្តុំគ្នាក្លាយជាទឹកនោម។ គ្រួស ប្រៀបដូចជាអំបិល ដែលមិនរលាយអស់ពីបាតកែវ បើមានទឹកតិច តែបើមានទឹកច្រើនអំបិល ឬគ្រួសនោះនឹងរលាយអស់ក្នុងទឹក។ ការញ៉ាំទឹកឱ្យបានច្រើន នៅពេលរៀបចូលគេង នឹងធ្វើឱ្យយើងមានទឹកនោមច្រើន ដោយត្រូវងើបនោមម្តងនៅកណ្តាលយប់ ឬនៅម៉ោង ៣-បួនទៀបភ្លឺ រួចពិសារទឹកមួយកែវទៀតមុនចូលគេងទៅវិញ។ បើធ្វើបែបនេះបាន នោះគេពិតជាមានសង្ឃឹមថា មិនឈឺចុកចាប់ដោយសារគ្រួសធ្វើទុក្ខផង និងមិនផលិតគ្រួសថ្មីទៀតផង។
របបចំណីអាហារត្រឹមត្រូវ បូកផ្សំនឹងការហាត់ប្រាណបញ្ចេញកម្លាំងកាយសម្បទា ជាឱសថបញ្ចៀសមិនឱ្យមានកករក្រួសបានតើមែនទេ ?
Dr Isabelle Tostivint, ពិតណាស់ ! ហើយថែមទាំងធ្វើឱ្យយើងមានសុខភាពល្អទៀត។ សព្វថ្ងៃនេះ យើងរវល់គិតតែធ្វើការរកលុយ មើលគ្រួសារភ្លេចថែទាំសុខភាព។ មិនទាន់៥០ផង ក៏ចាប់មានស្នាមជ្រីវជ្រួញនៅតាមកន្ទុយភ្នែក។ ប៉ុន្តែនៅពេលយើងចាប់គិតគូរ ទទួលទានអាហារត្រឹមត្រូវ មានពេលវេលាហាត់ប្រាណបញ្ចេញកម្លាំងកាយសម្បទា ដែលជាទង្វើដ៏ចាំបាច់សម្រាប់សុខភាពតម្រងនោម នោះគេពិតជាអាចសង្ឃឹមបានថាមានសុខភាពល្អហើយគ្មានកករគ្រួសនៅតម្រងនោមទេ។ ទទួលទានអាហារត្រឹមត្រូវ មិនមែនជាការតម មិនបរិភោគនេះ ឬមិនបរិភោគមុខនោះទេ។ កាលណាយើងតម យើងហាមខ្លួនឯងមិនញ៉ាំរបស់ណាមួយ នោះខួរក្បាលកាន់តែត្រូវការ និងទាមទារបីដងលើសធម្មតា។ ជាឧទាហរណ៍នៃរបបអាហារល្អ គឺមួយពេលមានបន្លែផ្លែឈើឆៅពាក់កណ្តាល -មួយភាគ៦ ជាប្រូតេអ៊ីន (សាច់ ជ្រូក គោ មាន់ទា ត្រី ពងមាន់) និងមួយភាគបួនជាបាយ។ បែងចែកអាហារ មួយថ្ងៃបីពេល ព្រឹកថ្ងៃត្រង់និងល្ងាច យ៉ាងទៀងទាត់ កុំសម្រុកញ៉ាំតែពេលល្ងាចតែមួយពេល ដែលហាក់ដូចជាទៅសម្រុកប្រើតម្រងនោមឱ្យធ្វើការនៅពេលយប់។ ផ្ទុយទៅវិញ សូមប្រយ័ត្ន ! ក្នុងសម័យកូវីដ គ្រូពេទ្យណែនាំឱ្យទទួលទានវីតាមីន ដេ និងវីតាមីនសេ ឱ្យបានច្រើន ដើម្បីពង្រឹងប្រព័ន្ធការពារខ្លួន ប៉ុន្តែសូមកុំពិសារវីតាមីនសេ ច្រើនជ្រុល។ ក្នុងមួយថ្ងៃ ខ្លួនប្រាណយើងត្រូវការវីតាមីនសេ តែប្រមាណពី ៨០ទៅ១០០មីល្លីក្រាមទេ បើពិសារលើសពីនេះ វានឹងសល់ហើយប្រែក្លាយទៅជាកំណកគ្រួស។ អ្នកលេបថ្នាំវីតាមីនសេ លេខ ៥០០ ទៅ១ពាន់ ជាប្រចាំ ដើម្បីជំនួយកម្លាំង ត្រូវដឹងខ្លួនថាកំពុងបណ្តុះគ្រួសក្នុងតម្រងនោម៕
សូមអរគុណអ្នកស្រីវេជ្ជបណ្ឌិត។ Dr Isabelle Tostivint ជាគ្រូពេទ្យឯកទេសតម្រងនោមនៅមន្ទីរពេទ្យ Pitié-Salpêtrière ក្រុងប៉ារីស។
10/12/2022 • 8 minutes, 31 seconds តើមានការខឹងដែលល្អសម្រាប់សុខភាពដែរឬ ?
ខឹងខុស ខឹងខាត ខឹងខូច ! ខឹងច្រើនឆាប់ចាស់ ... ពាក្យថាខឹងមិនល្អទេ តែខឹងជាអាកប្បកិរិយាមួយដែលមនុស្សគ្រប់រូបតែងសម្តែងឡើងនៅពេលជួប ឬមិនពេញនឹងស្ថានការណ៍អ្វីមួយ។ ហេតុអ្វីបានជាយើងត្រូវខឹង ? ខឹងអាចជាអាការៈជំងឺ ទាក់ទងនឹងវិបត្តិផ្លូវចិត្តដែរឬទេ ? តើគេអាចពន្លត់កំហឹងបានដោយវិធីណា? សូមស្តាប់ការពន្យល់របស់លោកវេជ្ជបណ្ឌិត Adrien Chaboche អតីតប្រធានគ្លីនីកសកលវិទ្យាល័យ ឯកទេសចិត្តសាស្ត្រ នៅមជ្ឈមណ្ឌលព្យាបាលការឈឺចុកចាប់Ambroise Paré។
ខឹង ភ័យ កើតទុក្ខ សប្បាយ ជាអារម្មណ៍ធម្មជាតិមួយរបស់មនុស្ស។ ប៉ុន្តែ នៅក្នុងសង្គមនិងក្នុងស្ថានភាពជាក់ស្តែងនៃការរស់នៅប្រចាំថ្ងៃ ការខឹង ត្រូវបានគេចាត់ទុកថា “មិនល្អ”ទេ។ ប៉ុន្តែផ្ទុយពីការគិត ការបញ្ចេញកំហឹងមិនមែនជាអ្វីដែលសុទ្ធតែអាក្រក់ និងអវិជ្ជមានឡើយ
Dr Adrien Chaboche ៖ “បាទ ! ហើយថែមទាំងជាប្រការល្អ និងមិនអាចខ្វះបានទៀតផង សម្រាប់ទ្រទ្រង់យើងឱ្យមានសុខភាពល្អ។ ត្រូវចងចាំថា ខឹង គឺជាអារម្មណ៍ ធម្មជាតិរបស់មនុស្ស។ ឥន្ធនូមាន៧ពណ៌ ខ្វះពណ៌ណាមួយគេមិនហៅថាឥន្ធនូទេ យ៉ាងណាមិញ មនុស្សយើង ត្រូវការអារម្មណ៍ ខឹង នេះដើម្បីបញ្ចេញប្រតិកម្មតបទៅនឹងស្ថានការណ៍នៅចំពោះមុខ។ ដូច្នេះ ការខឹង មិនមែនសុទ្ធតែអវិជ្ជមានទេ។
តើមានរឿងអ្វីកើតឡើងនៅពេលយើងខឹង ?! ខឹងមានច្រើនដំណាក់ និងខុសៗគ្នា។ ខឹងជាប្រតិកម្មធម្មតា និងត្រឹមត្រូវរបស់ទារក និងក្មេងតូច ព្រោះជាវិធីទាក់ទងតែមួយគត់របស់ពួកគេ។ ដោយមានការអប់រំនិងតម្រែតម្រង់របស់ឪពុកម្តាយ ក្មេងចាប់ពីអាយុបួនឆ្នាំឡើងទៅ ចាប់ដឹងនិងចេះគ្រប់គ្រងកំហឹងរបស់ខ្លួន។ ខឹង មានតួនាទី និងមានអត្ថប្រយោជន៍ ដ៏ចាំបាច់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែគេអាចច្រលំគ្នាច្រើនរវាង ខឹង និងការមិនចេះគ្រប់គ្រងកំហឹង ឬច្រលំនឹងអំពើហិង្សា។ អំពើហិង្សា ជាការចង់បំផ្លាញអ្នកផ្សេង ឯការខឹងគឺជាការធានារក្សា-គោរពខ្លួនឯង និងគោរពអ្នកដទៃ។ ខឹង ជាការគណនាអារម្មណ៍ខុស ៖ ខុសពីការរំពឹង ពីការគិត ពីអ្វីដែលខ្លួនចង់បាន ក្នុងរឿងមួយ ហើយខឹងតែងមានភ្ជាប់ដោយប្រតិកម្មដ៏រហ័សរបស់ខ្លួនប្រាណផ្សេងទៀត ដូចជា បេះដូងលោតញាប់ ឡើងសម្ពាធឈាម ...។ និយាយដោយខ្លី ការខឹងជាថាមពលផ្នែកការពារដែលប៉ោងឡើងខ្លាំង ហើយស្វែងរកច្រកចេញ។ ប្រសិនបើបញ្ចេញមិនទាន់ ឬបញ្ចេញជ្រុលហួសហេតុពេក វាអាចនាំឱ្យមានបញ្ហាផ្សេង។ បញ្ហាដែលយើងតែងច្រលំគ្នាថាការខឹង មានន័យស្មើនឹង ហិង្សា តែតាមការពិតវាមិនមែនទេ។
ខឹងមិនមែនជាអ្វីដែលអវិជ្ជមានមែន សម្រាប់លោកជាគ្រូពេទ្យ។ ប៉ុន្តែសង្គមមនុស្ស និងការងារបានបង្រៀនយើងឱ្យចេះអត់ធ្មត់ កុំបញ្ចេញកំហឹងតាមទំនើងចិត្ត។ បើជាមេដឹកនាំគេទៀត គេរឹតតែឱ្យចេះអត់ធ្មត់មែនទែន។ គ្រប់គ្នាសុទ្ធដឹងថាបើជះកំហឹងមិនត្រូវទំនងវាអាចនឹងធ្វើឱ្យខូចប្រយោជន៍ធំ។ តែ មានមនុស្សមួយចំនួន ទោះដឹងក៏ដោយ ក៏ពិបាកទប់ និងច្រើនតែបញ្ចេញកំហឹងខ្លាំងជ្រុល នៅពេលខឹង។ តើលោកវេជ្ជបណ្ឌិតមានមានវិធីសម្រាលកំហឹងដែរឬទេ?
Dr Adrien Chaboche ៖ មិនត្រូវទប់កំហឹងក្នុងខ្លួនទាំងស្រុងទេ ព្រោះបើយើងផ្អិបកំហឹងទុក វានឹងប្តូរទម្រង់ ទៅជាសម្ពាធ និងធ្វើឱ្យយើងមានទុក្ខកង្វល់។ អ្វីដែលខ្ញុំអាចផ្តល់ជាដំបូន្មាន និងជាការសាកល្បងដំណោះស្រាយនៅពេលខឹង គឺយើងសុទ្ធតែដឹងខ្លួនថាកំពុងខឹង ដូច្នេះសូមសាកល្បងទុកដាក់ក្នុងខ្លួន ជាបណ្តោះអាសន្ន បានហើយ។ កុំលាក់ទុកក្នុងខ្លួនទាំងស្រុង។ ទុកកំហឹងក្នុងខ្លួនតែមួយភ្លែតបានហើយ។ នៅពេលដឹងថាកំហឹងចាប់ប៉ោងឡើងហើយ សូមដើរចេញមួយភ្លែត ដើរទៅក្រៅផ្ទះ ទៅសួនច្បារ មួយជុំ ដោយយកការខឹងទៅមួយផង។ ខ្ញុំមិនឱ្យអ្នកលុបកំហឹងទាំងស្រុងទេ ព្រោះខ្ញុំដឹងថាធ្វើមិនកើត។ ដើរមួយជុំ ដកដង្ហើមវែងៗ ហើយចាប់សួរខ្លួនឯង នៅពេលនោះថា ហេតុអ្វីបានជាអញខឹងដល់ម្លឹង ?! ខឹងជាប្រតិកម្មរបស់ខ្លួនយើងនឹងអ្វីមួយ អ្នកអាចខឹងខ្លាំង ខឹងជ្រុល ឆេវឆាវហួសហេតុ តែខឹងតែងតែមានមូលហេតុ។ ខឹងមិនដែលគ្មានមូលហេតុទេ។ ដូច្នេះបើដឹងអំពីមូលហេតុនៃការខឹងហើយ ដើរឬធ្វើចលនាបន្តិចទៅ អ្នកនឹងបញ្ចេញថាមពល (ខឹង) នោះចេញបានខ្លះ រួចត្រលប់មកបញ្ចេញកំហឹងវិញ ក្នុងកំរិតសមរម្យល្មមដែលអ្នកចង់បាន។
ខឹង ជាអារម្មណ៍ធម្មជាតិមួយ ដែលត្រូវបញ្ចេញ ដោយចេះគ្រប់គ្រង ព្រោះការបៀមកំហឹងលាក់ក្នុងខ្លួនមិនល្អទេ វាអាចជាប្រភពនៃការកើតទុក្ខ ?
Dr Adrien Chaboche ៖ មែនហើយ ការខឹងអាចជាប្រភពនៃទុក្ខកង្វល់ ព្រោះយើងមានជម្លោះនឹងគំនិតរបស់ខ្លួនឯង។ ដូចខ្ញុំបានលើកឡើងពីខាងដើម ទាល់តែមានហេតុ បានកើតជា ខឹង។ ខឹង មានប្រភពជានិច្ច លើកលែងតែករណី ខឹងជាជំងឺ។ មានមូលហេតុទើប ចេញជាខឹងបាន គ្រាន់តែពេលខ្លះយើងមិនដឹង ឬរកមិនឃើញ ព្រោះវាមានកប់ជ្រៅក្នុងខ្លួនយើងពេក។ សាកល្បងនិយាយទៅកាន់កូនពេលខឹង ថាប៉ា/ម៉ាក់ខឹងនឹងកូនដែល ... និយាយដល់ត្រឹមណេះ យើងរក មូលហេតុនៃការខឹងឃើញហើយ។ សូមកុំសង្កត់ចិត្តអត់ធ្មត់ បង្គាប់ខ្លួនឯងថា “មិនត្រូវខឹងទេ” ឱ្យសោះ វាមិនបានការទេ ព្រោះវានឹងធ្វើឱ្យយើងកាន់តែមានជម្លោះនឹងអារម្មណ៍ខ្លួនឯង។
ដូចគ្នានេះដែរ ការដើរ ការរត់ ការធ្វើចលនា ការផ្តាច់ខ្លួនឱ្យនៅម្នាក់ឯង ដើម្បីសម្រួលអារម្មណ៍ បញ្ចេញថាមពលរំសាយកំហឹង និងដើម្បីគ្រប់គ្រងកំហឹងរបស់ខ្លួន មិនគ្រប់គ្រាន់សម្រាប់បំបាត់ទុក្ខព្រួយបង្កឡើងដោយការខឹងទេ ប្រសិនបើយើងមិននិយាយឱ្យចេញផុតពីពោះនោះ។ មូលហេតុដែលនាំឱ្យខឹង បន្តស្ថិតនៅក្នុងខ្លួនយើងជានិច្ច ព្រោះយើងមិនបានបណ្តោះវាឱ្យចេញពីខ្លួន។ ដើម្បីរំសាយកំហឹង យើងគួរតែទៅនិយាយ ជាមួយអ្នកដែលធ្វើឱ្យយើងខឹង។ សរុបមក ត្រូវចេះគ្រប់គ្រងកំហឹង ដោយដើរ ដោយធ្វើចលនា ដោយការដកខ្លួនយកពេលពិចារណា ហើយត្រូវត្រលប់មកបកស្រាយកំហឹងវិញ ជាមួយនឹងអារម្មណ៍នឹងនរ ដោយប្រើភាសាល្អៗ សមរម្យ មិនមែនជាពាក្យធ្ងន់ៗ។
តើមានករណី ខឹង ជាជំងឺដែរទេ ?
Dr Adrien Chaboche ៖ មាន ករណីខឹងខ្លះអាចមានពាក់ព័ន្ធនឹងជំងឺផ្លូវចិត្ត។ ឧទារហណ៍អ្នកមានវិបត្តិអត្តចរិក borderline ជាមនុស្សឆេវឆាវខ្លាំង ងាយផ្ទុះកំហឹង ហើយជាការខឹងខ្លាំង ខឹងអាក្រក់ ខឹងបែបកាច ដោយគ្រាន់តែឃ្នើសចិត្តបន្តិចសោះ។ ប៉ុន្តែការខឹងរបស់អ្នកជំងឺនេះ មានតួនាទីគឺរក្សាលំនឹងក្នុងខ្លួនគាត់។ សម្រាប់អ្នកជំងឺវិកលចរិក ខឹង គឺជាការខ្ជាក់-ជម្លៀសថាមពលចេញ បើពុំនោះទេអ្នកជំងឺនឹងបៀមទុក្ខកង្វល់ នៅស្ងៀមលែងសុខ៕
សូមអរគុណលោកវេជ្ជបណ្ឌិត។ សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត អាឌ្រីយៀង ស្ហាបូស្ហ Adrien Chaboche ជាអតីតប្រធានគ្លីនីកសកលវិទ្យាល័យ ឯកទេសចិត្តសាស្ត្រ នៅមជ្ឈមណ្ឌលព្យាបាលការឈឺចុកចាប់Ambroise Paré និងជាសហនិពន្ធសៀវភៅ ដែលមានចំណងជើងថា “ហត់ និងហើយប្រសិនបើយើងរៀនសម្រាក” បោះពុម្ពដោយFlammarion Bersilio។
9/28/2022 • 7 minutes, 34 seconds តើត្រូវថែទាំខួរក្បាលយ៉ាងដូចម្តេច ដើម្បីកុំ ឱ្យឆាប់កើតជំងឺវង្វេងវង្វាន់ ?
ថ្ងៃទី ២១ កញ្ញា ជាទិវាពិភពលោកនៃជំងឺវង្វេងវង្វាន់អាល់ហ្សៃមឺរ។ ជារៀងរាល់ឆ្នាំ នាឱកាសនេះ មូលនិធិអាល់ហ្សៃមឺរបារាំង តែងតែងបញ្ចៀបនិងផ្តល់ព័ត៌មានជូនសាធារណៈ អំពីមធ្យោបាយការពារនិងថែរក្សាសុខភាពដើម្បីកុំឱ្យឆាប់កើតជំងឺវង្វេងវង្វាន់ អាល់ហ្សៃមឺរ។ តើគេអាចការពារជំងឺនេះដោយវិធីណាខ្លះ ?
នៅក្នុងការសិក្សាមួយទើបចេញផ្សាយក្នុងទស្សនាវដ្តីសុខភាព Journal of Alzheimer’s Disease អ្នកស្រាវជ្រាវអាមេរិកបានរាយការណ៍ថា មនុស្សចាស់អាយុចាប់ពី៦៥ឆ្នាំឡើងទៅ ហើយបានឆ្លងកូវីដ១៩ ងាយនឹងធ្លាក់ខ្លួនមានជំងឺអាល់ហ្សៃមឺរ នៅឆ្នាំបន្ទាប់ ជាមនុស្សចាស់ក្នុងវ័យសំបាលគ្នាគ្មានឆ្លងកូវីដ។ បើជាមនុស្សចាស់អាយុលើស៨៥ឆ្នាំ ហានិភ័យកើតជំងឺវង្វេងវង្វាន់មានកាន់តែខ្ពស់ខ្លាំងទៀត នៅមួយឆ្នាំក្រោយពីបានឆ្លងកូវីដ១៩រួច។
គ្រោះមនុស្សចាស់ឆ្លងកូវីដ ធ្លាក់ខ្លួនមានជំងឺអាល់ហ្សៃមឺរ កើនឡើងខ្ពស់ក្នុងកំរិតប្រមាណ ពី ៥០ ទៅ៨០%។ ក្រុមអ្នកស្រាវជ្រាវមិនភ្ញាក់ផ្អើលនឹងលទ្ធផលនៃការសិក្សានេះទេ ព្រោះគេបានដឹងនិងធ្លាប់ចោទ មេរោគSras-CoV-2 ថាបង្កឱ្យប្រព័ន្ធប្រសាទរបស់អ្នកជំងឺកូវីដ១៩មិនប្រក្រតី និងរលាក។ ដូច្នេះ កូវីដ១៩ ត្រូវតែអាចមានទំនាក់ទំនងជាមួយនឹងជំងឺចុះខ្សោយប្រព័ន្ធប្រសាទវង្វេងវង្វាន់នេះ។ ប៉ុន្តែអ្នកស្រាវជ្រាវមិនទាន់ដឹងនៅឡើយថាតើជំងឺកូវីដ១៩ ជាភ្នាក់ងារបង្កឱ្យមានជំងឺអាល់ហ្សៃមឺរដោយពិតៗ ឬក៏ជាភ្នាក់ងារពន្លឿន ឱ្យជំងឺឆាប់បញ្ចេញរោគសញ្ញា ដោយតាមការពិតទៅនោះមនុស្សចាស់ឆ្លងកូវីដប្រុងមានជំងឺអាល់ហ្សៃមឺរស្រាប់ទៅហើយ។ គេចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវច្រើនទៀត មុននឹងអាចផ្តល់ចម្លើយច្បាស់លាស់ជាងនេះបាន។
ចុះបើនិយាយអំពីការសិក្សាទាក់ទងនឹងជំងឺអាល់ហ្សៃមឺរផ្ទាល់វិញ តើអ្នកស្រាវជ្រាវបានដឹង បានស្គាល់អំពីជំងឺយ៉ាងណាដែរ។ សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ Philippe Amouyel នាយកមូលនិធិអាល់ហ្សៃមឺរបារាំង ៖
“អ្វីដែលគួរជាទីកត់សម្គាល់ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ គឺគេបានដឹងថាជំងឺអាល់ហ្សៃមឺរ មិនមែនចាប់ផ្តើម នៅពេលយើងចាប់បាត់បង់ការចងចាំ (ភ្លេច) ទេ។ ជំងឺបានចាប់ផ្តើមតាំងពី ៥- ១០- ២០ ឆ្នាំមុនឯណោះ។ វាចាប់ផ្តើមដោយយឺតៗ សន្សឹមៗ ហើយក្នុងរយៈពេលនោះ ពេលខ្លះ ខ្លួនប្រាណយើងប្រឹងតតាំងនឹងជំងឺនេះយ៉ាងខ្លាំង។ នៅពេលចេញជារោគសញ្ញាឡើង មានន័យថាខ្លួនប្រាណយើងទប់ទល់វាលែងជាប់។ ខួរក្បាលយើងលែងមានកោសិកាគ្រប់គ្រាន់សម្រាប់ដំណើរការ។ ហើយបច្ចុប្បន្ន គ្រូពេទ្យគិតថាបើគេអាចកំណត់អត្តសញ្ញាណជំងឺអាល់ហ្សៃមឺរ បានតាំងពីដំបូងភ្លាម គេអាចផ្តល់ការព្យាបាល ដែលមានប្រសិទ្ធភាព ដោយអាចបញ្ឈប់ជំងឺ ទាន់ពេលខួរក្បាលអ្នកជំងឺនៅមានដំណើរការគ្រប់គ្រាន់នៅឡើយ។ “សរីរាង្គកាយមានសមត្ថភាពតតាំងនឹងជំងឺ” ជាចំណុចសំខាន់នៃការពិចារណារកថ្នាំមកព្យាបាលជំងឺ ដែលរហូតមកទល់ពេលនេះគ្មានថ្នាំព្យាបាលទេ។”
នៅលើពិភពលោកបច្ចុប្បន្ននេះ មានមនុស្សជាង៥០លាននាក់កើតជំងឺវង្វេងវង្វាន់ អាល់ហ្សៃមឺរ។ សញ្ញារោគដែលគេជួបញឹកញយជាងគេ គឺការបាត់បង់ការចងចាំ ប៉ុន្តែមិនមែនជារោគសញ្ញារួមទេ តែមួយ នៃជំងឺអាល់ហ្សៃមឺរទេ។ ដោយឡែក ការស្រាវជ្រាវជាច្រើនបានបង្ហាញឱ្យឃើញថាជំងឺវង្វេងវង្វាន់នេះ ជាជំងឺបង្កឡើងដោយមូលហេតុច្រើន។ ដូច្នេះគេអាចបញ្ចេញសកម្មភាពទប់ស្កាត់ជំងឺបាន តាមរយៈការការពារ តាំងពីនៅវ័យក្មេង ដើម្បីឱ្យខួរក្បាលមានសុខភាពល្អពេញលេញ ហើយមិនងាយកើតជំងឺអាល់ហ្សៃមឺរ។
ក្រៅអំពីលើកទឹកចិត្តអ្នកថែទាំមនុស្សចាស់កើតជំងឺអាល់ហ្សៃមឺរ និងជំរុញការស្រាវជ្រាវស្វែងរកវិធីប្រយុទ្ធប្រឆាំងនឹងជំងឺខូចប្រព័ន្ធប្រសាទនេះ ជារៀងរាល់ឆ្នាំ នាឱកាសទិវាពិភពលោក មូលនិធិអាល់ហ្សៃមឺរបារាំង តែងតែព្យាយាមធ្វើគ្រប់យ៉ាង បញ្ចៀបនិងផ្តល់ព័ត៌មានដល់សាធារណៈជនទូទៅអំពីមធ្យោបាយការពារនិងពន្យឺតពេលកុំឱ្យឆាប់មានសញ្ញានៃជំងឺវង្វេងវង្វាន់។ តើគេអាចពន្យារពេលឱ្យក្រកើតជំងឺវង្វេងវង្វាន់នេះ បានដោយរបៀបណា ? សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ ហ្វីលីព អាម៉ូយែល Philippe Amouyel ជាថ្មី៖
“នៅពេលយើងគិតឃើញថា ជំងឺអាល់ហ្សៃមឺរ នឹងមានស្ថានភាពយ៉ាងណានៅ២០ឆ្នាំខាងមុខ យើងសង្ឃឹមគ្រប់គ្នាថានឹងរកឃើញថ្នាំសម្រាប់ព្យាបាល។ ប៉ុន្តែពាក្យសន្យាដែលទំនងជាអាចសម្រេចបាន គឺជួយមនុស្សកុំឱ្យឆាប់កើតជំងឺអាល់ហ្សៃមឺរ។ រុញអាយុឱ្យ-ក្រ-លេចរោគសញ្ញាដំបូងនៃជំងឺ។ បើកើតអាល់ហ្សៃមឺរនៅអាយុ ៨៥ឆ្នាំ វាប្រសើរជាងកើតនៅអាយុ៧០ឆ្នាំ ព្រោះយើងអាចចំណេញពេល១០-១៥ឆ្នាំ ក្នុងការរស់នៅដោយធម្មតា និងប្រកបដោយគុណភាព។
ឥលូវនេះ វេជ្ជសាស្ត្រដឹងថា អាស្រ័យទៅលើគុណភាពនៃការរស់នៅ គេអាចពន្យារអាយុឱ្យក្រកើតជំងឺអាល់ហ្សៃមឺរបានពីរ -បី -បួន ឬ៥ឆ្នាំ។ បើអ្នកអាចប្តូរទម្លាប់នៃការរស់នៅ ប្រឹងបញ្ចេញសកម្មភាពជាក់ស្តែង ក្នុងថែរក្សាសុខភាពខួរក្បាល នោះអ្នកនឹងអាចចំណេញពេលវេលាបានបីបួនឆ្នាំជាប្រាកដ។ សូមចាប់ផ្តើមថែរក្សាធនធានខួរក្បាល ចាប់តាំងពីអាយុ៤៥ឆ្នាំឡើងទៅ ដោយបំប៉នខួរក្បាល ដោយធ្វើកីឡាហាត់ប្រាណ និងទទួលទានឱ្យបានត្រឹមត្រូវគ្រប់គ្រាន់។ សូមសាកល្បងមើល អ្នកនឹងអាចរុញច្រានពេលវេលាឱ្យក្រលេចសញ្ញារោគដំបូងនៃជំងឺអាល់ហ្សៃមឺរហើយ។
វិធីថែទាំខួរក្បាល
ថែទាំបំប៉នខួរក្បាល ? ជាពាក្យដ៏ងាយស្រួលថាណាស់ ប៉ុន្តែសួរថាតើត្រូវភ្ញោចបំប៉នខួរក្បាលយ៉ាងដូចម្តេច ? គឺដោយប្រើខួរក្បាលឱ្យធ្វើការ ! កោសិកាខួរក្បាលមួយ អាចមានសមត្ថភាពតភ្ជាប់ទៅជាមួយនឹងកោសិកាខួរក្បាល១ម៉ឺនផ្សេងទៀត។ ហើយក្នុងខួរក្បាលរបស់មនុស្សម្នាក់ មានកោសិកាជាមធ្យម៨០ពាន់លាន។ អ៊ីចឹងបានជាយើងអាចធ្វើកិច្ចការថ្មីបាន និងចងចាំបាន។ ដោយសារសមត្ថភាពនេះ ទើបគេចាត់ទុកខួរក្បាលជាសាច់ដុំដែលត្រូវភ្ញោចបំប៉នជាប្រចាំ។
ជាឧទាហរណ៍ ដើម្បីថែរក្សាកោសិកា និងបង្កើតសមត្ថភាពរបស់ខួរក្បាលជាប់រហូត មិនចាំបាច់ត្រូវតែប្រើបញ្ញាប្រឹងរៀនដើម្បីបានក្លាយជាអ្នកចេះដឹងអី ត្រឹមតែស្វែងរកសកម្មភាពថ្មី ឱ្យខួរក្បាលប្រឹងផ្ចង់រៀន ប្រឹងចាំ ប្រឹងធ្វើឱ្យសម្រេច គ្រប់គ្រាន់ហើយ។ និយាយដោយខ្លីគឺត្រូវចាកចេញពីគំនិតលុងតែភាពស្រណុក ស្រួល និងងាយៗ។ ដើម្បីបង្កើនធនធានខួរក្បាល សូមសាកល្បងរៀនលេងភ្លេង រៀនភាសាបរទេស រៀនប្រើរបស់ថ្មី ចាប់របរថ្មី រៀនទន្ទេញប៉ារូលចំរៀង រៀនលេងល្ខោន និងសាកល្បងរៀនប្រើដៃឆ្វេង បើអ្នកទម្លាប់ធ្វើការដៃស្តាំ ឬបញ្ច្រាសមកវិញ។
បន្ថែមពីលើការបញ្ចេញចលនា និងហាត់ប្រាណ សូមអានកាសែត ជារៀងរាល់ថ្ងៃ អានសៀវភៅជារៀងរាល់ពេលមុនចូលសំរាន្ត ធ្វើបញ្ជីឡើងផ្សារហើយខំចងចាំ រៀនលេងល្បែងកំសាន្តដែលប្រើខួរក្បាល រៀនគិតលេខដោយមាត់...
ការភ្ញោចបំប៉នខួរក្បាលដែលមានប្រសិទ្ធភាពជាងគេ គឺការបណ្តុះការប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេង ជាប់ជាប្រចាំ។ ការពារកុំឱ្យមានការប៉ះទង្គិច និងរង របួស និងការពារពីសារធាតុគីមីពុល ក៏ជាមធ្យោបាយការពារថែទាំខួរក្បាលដែរ។ ជាងនេះទៅទៀត សូមកុំភ្លេចការពារសរីរាង្គកាយខ្លួនប្រាណដែលជាអ្នកទ្រក្បាលនិងខួរក្បាល ដោយត្រូវទទួលទានអាហារត្រឹមត្រូវ និងមានទម្លាប់ល្អក្នុងការរស់នៅប្រចាំថ្ងៃ៕
9/22/2022 • 8 minutes, 2 seconds តើគេអាចសម្គាល់រោគសញ្ញាដំបូងនៃជំងឺរលាកស្រោ មខួរក្បាលបានយ៉ាងដូចម្តេច ?
ដូចឈ្មោះដែលបានហៅ រលាកស្រោមខួរក្បាល ជាជំងឺដែលវាយប្រហារលើស្រោមខួរក្បាល និងខួរឆ្អឹង យ៉ាងលឿនរហ័ស ហើយអាចសម្លាប់និងធ្វើឱ្យអ្នកជំងឺជាពិសេសក្មេងនិងកុមារ មានពិការភាពជាប់នឹងខ្លួនអស់មួយជីវិត។ សំណាងអាចជួយសង្គ្រោះអ្នកជំងឺរលាកស្រោមខួរក្បាល អាស្រ័យទាំងស្រុងទៅលើល្បឿននៃការព្យាបាល។ ដូច្នេះសួរថាតើមានអាការៈសញ្ញាដំបូងៗ សម្រាប់សម្គាល់ដែរឬទេ ?
រលាកស្រោមខួរក្បាលជាបញ្ហាសុខភាពសាធារណៈ សម្រាប់ពិភពលោកទាំងមូល ព្រោះជំងឺនេះមានកើតនៅគ្រប់ទិសទី។ ជំងឺរលាកស្រោមខួរក្បាលអាចបណ្តាលមកពីមកភ្នាក់ងារចម្លងច្រើន ដោយអាចជា ពួកបាក់តេរី វីរុស ផ្សិត និងប៉ារ៉ាស៊ីត។ រលាកស្រោមខួរក្បាលបង្កឡើងដោយបាក់តេរី កំណាចគួរឱ្យព្រួយបារម្ភជាងគេ ដោយអាចនឹងធ្វើអ្នកជំងឺម្នាក់ក្នុងចំណោម១០នាក់ស្លាប់ និងម្នាក់ក្នុងចំណោម៥នាក់មានពិការភាពជាប់នឹងខ្លួន ឬមានជំងឺធ្ងន់ផ្សេងទៀត ដូចជាប្រភេទជំងឺរលាកសួត។ បាក់តេរីនាំឱ្យមានជំងឺរលាកស្រោមខួរក្បាលស្រួចស្រាវ សំខាន់ជាងគេបួនគឺ ៖
Neisseria meningitidis (méningocoque)
Streptococcus pneumoniae (pneumocoque)
Haemophilus influenzae
Streptococcus agalactiae (streptocoque du groupe B)
ជាប្រភេទជំងឺធ្ងន់ មានអត្រាមរណៈខ្ពស់ខ្លាំង និងបន្សល់ទុក្ខនូវផលរំខានធ្ងន់ធ្ងរណាស់។ ការជួយសង្គ្រោះជីវិតអ្នកជំងឺអាស្រ័យទាំងស្រុងទៅលើល្បឿននៃការព្យាបាល។ ដូច្នេះយើងត្រូវចេះសម្គាល់រោគសញ្ញាជំងឺ ដែលបញ្ជាក់អំពីភាពបន្ទាន់ថាត្រូវនាំអ្នកឈឺទៅមន្ទីរពេទ្យ។ សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គ្រីស្តុហ្វ រ៉ាប់ Pr Christophe Rapp គ្រូពេទ្យជំនាញមេរោគវិទ្យានៅមន្ទីរពេទ្យអាមេរិក ក្រុងប៉ារីស។
“គំរូរោគសញ្ញាជាទូទៅបំផុតនៃជំងឺរលាកស្រោមខួរក្បាល គឺការក្តៅខ្លួនខ្លាំងភ្លាមៗ អមដោយអាការៈឈឺក្បាល និងក្អួត។ តែចំពោះទារកទើបនឹងកើត និងមនុស្សចាស់វិញ រោគសញ្ញាអាចប្រែប្រួល និងខុសប្លែកពីនេះ ៖ ទារក អាចនឹងកិកកុក ងិកងក់ រករឿង យំថ្ងូរ ហើយមានវិបត្តិស្មារតី។ ចំពោះមនុស្សចាស់ គាត់អាចបាត់បង់ស្មារតី ឬប្រកាច់។ ដូច្នេះគេពិតជាពិបាកកំណត់រោគវិនិច្ឆ័យណាស់។
ប៉ុន្តែដោយហេតុថាជំងឺនេះច្រើនតែកើតឡើងលើក្មេង សូមអ្នកជាឪពុកម្តាយទារកនិងក្មេងតូច ចងចាំនិងចេះសម្គាល់មើលកូន ជាពិសេសគឺសម្គាល់មើលស្បែក។ បើឃើញមានស្នាមអុជក្រហមៗ ឬស្វាយ លេចឡើងយ៉ាងលឿន ប្លែកខុសប្រក្រតី នៅលើទ្រូង លើដៃ លើជើង លើខ្លួន របស់កូនៗ ត្រូវប្រញាប់រួសរាន់នាំកូនទៅពេទ្យ ដើម្បីបានទទួលការព្យាបាលទាន់ពេលវេលា ព្រោះនេះសញ្ញាបែបបន្ទាន់ខ្លាំងដែលអាចប៉ះពាល់ជីវិតហើយ។ នេះជាសារដ៏សំខាន់សម្រាប់ឱ្យឪពុកម្តាយចេះសម្គាល់ពីសញ្ញាគ្រោះថ្នាក់។ ស្នាមក្រហមឬស្វាយលើស្បែកបែបនេះ ជាសញ្ញាប្រាប់ថាមានបាក់តេរីឆ្លងចូលដល់ក្នុងឈាម។ ការលេចស្នាមកកឈាមលើស្បែក ជាទម្រង់នៃការបង្ករោគធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដែលតម្រូវឱ្យមានការព្យាបាលជាបន្ទាន់ ដូចជំងឺគ្រុនចាញ់ដែរ ដោយប្រើថ្នាំអង់ទីប៊ីយូទិក (ថ្នាំផ្សះ) ឱ្យបានឆាប់បំផុត នៅរវាងពីរម៉ោងក្រោយលេចរោគសញ្ញា។
ជំងឺរលាកស្រោមខួរក្បាល អាចកើតលើមនុស្សគ្រប់វ័យ ប៉ុន្តែក្មេងតូចងាយរងគ្រោះខ្លាំងជាងគេ។
ទារកទើបនឹងកើតច្រើនតែមានជំងឺរលាកស្រោមខួរក្បាលបង្កឡើងដោយបាក់តេរី streptocoques ក្រុមB។ ចំណែកកុមារជាក្មេងតូច ច្រើនតែប្រឈមនឹងពពួកបាក់តេរី méningocoques, aux pneumocoques និង l’Haemophilus influenzae ។ រីឯក្មេងជំទង់ និងក្មេងទើបពេញវ័យប្រឈមជាពិសេសនឹងគ្រោះកើតជំងឺរលាកស្រោមខួរក្បាល នៃបាក់តេរី méningococcie។ ជាចុងក្រោយ ចំពោះក្រុមមនុស្សវ័យចំណាស់ ហានិភ័យមានខ្ពស់ខ្លាំងនឹង pneumococcie ។
តំបន់អាហ្វ្រិកសាហារ៉ា មានករណីរលាកស្រោមខួរក្បាលច្រើនជាពិសេសជាងគេ។ ហើយហានិភ័យនៃការកើតជំងឺនេះ ត្រូវបានបូកបន្ថែមដោយលក្ខខណ្ឌជីវិតមិនល្អ ដូចជា រស់នៅផ្តុំគ្នាច្រើន ក្នុងជំរំជនភៀសខ្លួន ក្នុងទីស្នាក់តូចចង្អៀតខ្លាំង ក្នុងសាលារៀន ក្នុងបន្ទាយយោធា និងក្នុងកន្លែងធ្វើការខ្លះ។ មានប្រព័ន្ធការពារខ្លួនទន់ខ្សោយ មានជំងឺអេដស៍ សុទ្ធសឹងជាកត្តាបង្កើនហានិភ័យកើតជំងឺរលាកស្រោមខួរគ្រប់ប្រភេទទាំងអស់។
របៀបចម្លងវិញ ក៏ប្រែប្រួលទៅតាមប្រភេទនៃភ្នាក់ងារបង្ករោគដែរ។ ប៉ុន្តែបើជាជំងឺរលាកស្រោមខួរក្បាលបង្កឡើងដោយបាក់តេរី ជំងឺនេះអាចចម្លងទៅមនុស្សនៅកៀកគ្នាបំផុត គ្រាន់តែថារាល់គ្រប់ការចម្លងមិនប្រាកដថាអាចបង្កឱ្យមានជំងឺទេ។ បាក់តេរីដែលឆ្លងចូលទៅតាមទឹកមាត់ តាមទឹកសំបោរ ឬនៅពេលឆ្លងទន្លេ ជាទូទៅមិនបង្កឱ្យមានគ្រោះថ្នាក់ឡើយ តែជាការជួយពង្រឹងប្រព័ន្ធការពារខ្លួនទៅវិញទេ។ បាក់តេរីអាចបង្កជាជំងឺ បាន នៅពេលណាដែលបាក់តេរីនោះ ជួនកាលអាចឈ្លានពានសរីរាង្គកាយបាន។
រលាកស្រោមខួរក្បាលបង្កឡើងដោយបាក់តេរី ជាជំងឺដែលអាចធ្វើផ្តាច់ជីវិតមនុស្សបានយ៉ាងឆាប់រហ័ស ប្រសិនបើគ្មានការសង្គ្រោះទាន់ពេលវេលា។ ដូចលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គ្រីស្តុហ្វ រ៉ាប់ បានលើកឡើងអំបាញ់មិញស្រាប់ ជំងឺរលាកស្រោមខួរក្បាលទាមទារការព្យាបាលបន្ទាន់ និងដោយប្រើថ្នាំផ្សះ។ ប៉ុន្តែមិនមែនគ្រប់ថ្នាំផ្សះសុទ្ធតែអាចសម្លាប់បាក់តេរីបានទេ។ សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតជាថ្មី ៖
តើថ្នាំផ្សះមានប្រសិទ្ធភាពយ៉ាងណា ?
“ថ្នាំផ្សះមានប្រសិទ្ធភាពខ្លាំងណាស់ ប៉ុន្តែបញ្ហានៅត្រង់ថាត្រូវជ្រើសរើសប្រើថ្នាំអង់ទីប៊ីយូទិកដែលត្រូវចំប្រភេទបាក់តេរី ជាភ្នាក់ងារបង្កជំងឺរលាកស្រោមខួរក្បាលនោះទើបបាន។ ជំងឺរលាកស្រោមខួរក្បាលបង្កឡើងដោយបាក់តេរីច្រើនប្រភេទណាស់ តែបាក់តេរីដែលគេស្គាល់ច្រើនជាងគេគឺបាក់តេរី méningocoque មេណាំងហ្កូកុក តែក៏មានដែរបាក់តេរីប្រភេទ ស្លិបតូកុក Streptocoque ឬអេម៉ូហ្វីលូ Haemophilus ។ល។ និង។ល។ ការកំណត់ថាតើជំងឺបង្កមកពីបាក់តេរីមួយណានេះហើយដែលជាការលំបាកខ្លាំងបំផុតនោះ។ ដើម្បីបានដឹងអំពីប្រភេទបាក់តេរី គេត្រូវបូមយកទឹកក្នុងក្បាលមកវិភាគ។ អ៊ីចឹងហើយទើបការធ្វើរោគវិនិច្ឆ័យជួបការលំបាកខ្លាំង។”
អរគុណលោកសាស្ត្រាចារ្យ ! មធ្យោបាយដ៏ប្រសើរជាងបំផុត គឺការការពារ។ ចាក់ថ្នាំបង្ការ ជាមធ្យោបាយដែលមានប្រសិទ្ធភាពជាងគេក្នុងការកាត់បន្ថយជំងឺរលាកស្រោមខួរក្បាល និងផលវិបាកនៃជំងឺ។
វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរក្បាលប្រឆាំងនឹងពពួកបាក់តេរីកំណាចៗខ្លាំង មានជាអាទិ៍បាក់តេរី méningocoque, pneumocoque និងHaemophilus influenzae មានតាំងពីជាច្រើនឆ្នាំមកហើយ។ ប្រទេសខ្លះបានបញ្ចូលវ៉ាក់សាំងខាងលើនេះក្នុងកម្មវិធីចាក់ថ្នាំបង្ការជាតិផង។ ប៉ុន្តែរហូតមកទល់នេះ ពិភពលោកនៅមិនទាន់មាន ថ្នាំបង្ការ សម្រាប់ប្រឆាំងនឹងជំងឺរលាកស្រោមខួរក្បាល ជាលក្ខណៈទូទៅ ដែលមានច្រើនប្រភេទ ច្រើនទម្រង់ និងបង្កឡើងដោយបាក់តេរី យ៉ាងច្រើនប្រភេទនោះទេ៕
9/14/2022 • 7 minutes, 55 seconds ស្រានិងបារី ជាមូលហេតុនាំមុខគេនៃជំងឺមហារីក
នៅលើពិភពលោកយើងនេះ ជាង៤០%នៃជំងឺមហារីក បង្កឡើងដោយកត្តាហានិភ័យដែលគេបានស្គាល់តាំងពីយូរ គឺ បារី និងអាល់កុល។ នេះបើតាមការសិក្សាដ៏ធំទូលាយបំផុតមួយ ចេញផ្សាយក្នុងទស្សនាវដ្តីសុខភាព The Lancet កាលពីពាក់កណ្តាលខែសីហាឆ្នាំ២០២២។ តាមរយៈការសិក្សានេះ អ្នកស្រាវជ្រាវ ចង់ជំរុញឱ្យពិភពលោកបង្កើនការការពារឱ្យបានប្រសើរឡើង។ តើត្រូវការពារពីជំងឺមហារីកយ៉ាងដូចម្តេចទៅ ?
អន្តរាគមន៍ដោយលោកវេជ្ជបណ្ឌិត Dr Tambo Bathily គ្រូពេទ្យជំនាញស្រាវជ្រាវវេជ្ជសាស្ត្រនិងគ្លីនិក នៃជំងឺមហារីក នៅសាលាវិទ្យាសាស្ត្រមហារីក នៃវិទ្យាស្ថាន Gustave Roussy (IGR)។
តើមហារីក ជាជំងឺអ្វី ?
ដូចឈ្មោះដែលគេហៅ មហារីកជាដុំសាច់កាចមួយដែលមានកោសិការីកដុះដាលយ៉ាងអនាធិបតេយ្យ ដំបូងនៅតែមួយម្តុំទេ ប៉ុន្តែបន្ទាប់មកក៏រីករាលទៅលើស្រទាប់កោសិកាក្បែរៗ និងចុងក្រោយ រាលដល់កោសិកា និងសរីរាង្គផ្សេងទៀតដែលនៅឆ្ងាយ ដែលគេហៅ ជាដំណាក់កាលមហារីក Metastase តាមភាសាបច្ចេកទេស។ មហារីកអាចកើតលើគ្រប់សរីរាង្គរបស់មនុស្ស ប៉ុន្តែមហារីកដែលគេជួបញឹកញយជាងគេបំផុត គឺ មហារីកសុដន់ មហារីកក្រពេញប្រូស្តាត មហារីកសួត ពោះវៀនធំ។ មូលហេតុដែលបង្កឱ្យកើតជំងឺមហារីកមានច្រើនដែលបូកផ្សំគ្នា រាប់តាំងកត្តាហ្សែន (ពូជ) កត្តាអ័រមូន កត្តាក្រៅខ្លួនដូចជា បរិស្ថាន វិជ្ជាជីវៈ និងឥរិយាបថ ដូចជាទម្លាប់ទទួលទានអាហារ មានគ្រឿងស្រវឹងសុរា ជក់បារី ឬស្រណុកជ្រុលពេក។
ជិតពាក់កណ្តាលនៃជំងឺមហារីកនៅលើពិភពលោក បង្កឡើងដោយកត្តាហានិភ័យ ពីរ។ ជាប់លំដាប់លេខមួយ គឺការជក់បារី និងលេខពីរ គឺការទទួលទានសុរា។ នេះបើតាមសេចក្តីសន្និដ្ឋាន ដែលជាលទ្ធផលនៃការសិក្សាដ៏ធំទូលាយបំផុតមួយ មានចុះផ្សាយនៅក្នុងទស្សនាវដ្តីសុខភាThe Lancet កាលពីថ្ងៃទី ១៩ សីហា ២០២២។ លទ្ធផលនៃការសិក្សានេះជាការបញ្ជាក់ ឱ្យកាន់តែប្រាកដ នូវអ្វីដែលក្រុមគ្រូពេទ្យធ្លាប់បានដឹង និងអះអាងកន្លងមក។
ការសិក្សាអង្កេត ក្នុងក្របខ័ណ្ឌនៃការវាយតម្លៃអំពីអត្រាមរណៈនិងពិការភាព បង្កឡើងដោយជំងឺ បានបង្ហាញថានៅលើពិភពលោក ករណីស្លាប់ដោយជំងឺមហារីក ៤៤,៤% បណ្តាលមកពីកត្តាហានិភ័យ ដែលគេអាចបញ្ចៀសបាន។
កម្មវិធីស្រាវជ្រាវដ៏ធំសម្បើម គ្មានប្រៀប ឧបត្ថម្ភដោយមូលនិធិ Bill & Melinda Gates នេះ បានការចូលរួមពីអ្នកសា្រវជ្រាវរាប់ពាន់នាក់ ក្នុងប្រទេសច្រើន។ កម្មវត្ថុដំបូង គឺយល់អំពីទំហំនៃបន្ទុករបស់កត្តាហានិភ័យនាំឱ្យកើតជំងឺមហារីក ដែលគេមានសក្តានុពលអាចប្តូរផ្លាស់បាន ដើម្បីរៀបចំយុទ្ធសាស្ត្រការពារ និងទប់ស្កាត់ ជំងឺប្រកបដោយប្រសិទ្ធភាព ព្រមទាំងបំភ្លឺឱ្យឃើញអំពីការប្រឹងប្រែងរៀបកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកថ្នាក់ពិភពលោក។ នេះបើតាមការពន្យល់របស់ក្រុមអ្នកស្រាវជ្រាវក្នុងទស្សនាវដ្តី The Lancet។
វិធីការពារជំងឺមហារីក
ការពារពិតណាស់ថាប្រសើរជាការព្យាបាល បើដូច្នេះសួរថាតើត្រូវការពារជំងឺមហារីកយ៉ាងដូចម្តេច ? សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Tambo Bathily គ្រូពេទ្យជំនាញស្រាវជ្រាវវេជ្ជសាស្ត្រនិងគ្លីនិក នៃជំងឺមហារីក នៅសាលាវិទ្យាសាស្ត្រមហារីក នៃវិទ្យាស្ថាន'Institut Gustave Roussy (IGR)។
“វិធីការពារ ដ៏ប្រសើរជាងគេបំផុត ដើម្បីបញ្ចៀសជំងឺមហារីក ទីមួយគឺត្រូវ បង្កើនគុណភាពក្នុងការរស់នៅប្រចាំថ្ងៃឱ្យល្អ ដោយត្រូវមានបរិស្ថានជុំវិញខ្លួនល្អ របបអាហារល្អត្រឹមត្រូវ ធ្វើលំហាត់ប្រាណបញ្ចេញចលនាកាយសម្បទាយ៉ាងតិចកន្លះម៉ោងក្នុងមួយថ្ងៃ និងត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យភ្លាម នៅពេលឃើញមានរោគសញ្ញាគួរឱ្យសង្ស័យ។ បញ្ឈប់ការជក់បារី កាត់បន្ថយការទទួលទានគ្រឿងស្រវឹង (សុរា ប៊ីយែរ អាល់កុល ...)។ ទាំងអស់នេះ សុទ្ធសឹងជាវិធានការដែលអាចកាត់បន្ថយគ្រោះ នាំឱ្យកើតជំងឺមហារីកហើយ។”
ជក់បារី ផឹកស្រា មិនបញ្ចេញចលនាកម្លាំងកាយសម្បទា ស្រលាញ់ចូលចិត្តភាពស្រណុកស្រួល បរិភោគមិនត្រឹមត្រូវ ... ជាកត្តាហានិភ័យនាំឱ្យមានគ្រោះកើតជំងឺមហារីក ជាឥរិយាបថ ជាទម្លាប់ដែលអាចប្តូរផ្លាស់ និងចៀសវាងបាន ប៉ុន្តែជំងឺមហារីកមិនអាចការពារបានទាំងស្រុងទេ ព្រោះមូលហេតុដ៏ចំបងមួយទៀត គឺជាងពាក់កណ្តាលនៃជំងឺមហារីកនៅលើពិភពលោក បង្កឡើងដោយកត្តាដែលមិនអាចបញ្ចៀសបាន នោះគឺកត្តាពូជ (ហ្សែន) និងកត្តាអាយុ (ភាពចាស់ជរា)។ ហេតុដូច្នេះហើយបានជាក្រុមអ្នកស្រាវជ្រាវដដែលនេះ បានគូសបញ្ជាក់នៅក្នុងរបាយការណ៍សិក្សារបស់ខ្លួនថា ប្រកាន់ខ្ជាប់វិធានការពារគ្មានប្រសិទ្ធភាពគ្រប់គ្រាន់ទល់នឹងជំងឺមហារីកទេ។ ក្រុមអ្នកនិពន្ធសូមណែនាំឱ្យពិភពលោកប្រកាន់គោលការណ៍ពីរដ៏ចំបងទៀត គឺ ការវិភាគរកសញ្ញារោគឱ្យបានឆាប់រហ័ស កុំឱ្យក្លាយជាជំងឺមហារីកទាន់ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព។ ជំងឺមហារីក ស្ទើរគ្រប់ប្រភេទសុទ្ធតែអាចព្យាបាលបានជា ប្រសិនបើគេអាចវែករកឃើញជំងឺនេះ នៅដំណាក់កាលដំបូងភ្លាម ឬនៅពេលជំងឺមិនទាន់ឈានដល់ដំណាក់កាលរីករាលដាលធ្ងន់ធ្ងរ។
តើគេអាចតាមដានសរីរាង្គកាយណាមួយនៃខ្លួនប្រាណយើង ពីគ្រោះកើតជំងឺមហារីក ដែរឬទេ ?
“មានសេចក្តីណែនាំ សម្រាប់ជំងឺមហារីកខ្លះ មានជាអាទិ៍ជំងឺមហារីកសុដន់។ គឺត្រូវឧស្សាហ៍ស្ទាបច្របាច់ដោះខ្លួនឯង នៅពេលមុជទឹក ដោយត្រូវចុចលើសុដន់នៅម្តុំជិតនិងជុំវិញក្បាលដោះ។ ជាការស្ទាប ដើម្បីស្វែងរកក្រែងមានដុំរឹងនៅក្នុងសុដន់ ជាយថាហេតុណាមួយ។ នេះជាវិធីដ៏ប្រសើរជាងគេបំផុតក្នុងការពារខ្លួនពីជំងឺមហារីកសុដន់។ បន្ទាប់មកទៀត គឺវិធីការពារដោយទៅថតឆ្លុះសុដន់ Mammographie នៅពេលស្ត្រីមានអាយុចាប់ពី៥០ឆ្នាំ ឡើងទៅ និងជារៀងរាល់បីឆ្នាំម្តង។ ការថតកៀបសុដន់នេះ អាចឆ្លុះឱ្យឃើញអំពីអាការៈសញ្ញាគ្លីនិកមុនដំបូងមុននៃជំងឺមហារីក។ ជាវិធីការពារដោយធ្វើវិភាគស្វែងរកក្រែងមានអាការៈសញ្ញាមហារីក។”
គ្រាន់តែឮគួរឱ្យខ្លាច ជំងឺមហារីកជាមូលហេតុទីពីរនៃមរណភាពនៅលើពិភពលោក ប៉ុន្តែវេជ្ជសាស្ត្របានស្គាល់និងអាចព្យាបាលជំងឺមហារីកនេះបានកាន់តែប្រសើរឡើង បើទោះបីជានៅមានគម្លាត និងវិសមភាពផ្នែកសុខាភិបាល ខុសគ្នាខ្លាំងពីប្រទេសមួយទៅប្រទេសមួយ ឬតំបន់មួយទៅតំបន់មួយដែលយើងរស់នៅក៏ដោយ។ នៅតំបន់ជាច្រើននៃភពផែនដី គ្មានថ្នាំព្យាបាលថ្មីៗ មានប្រសិទ្ធភាពខ្ពស់ទេ។ ប៉ុន្តែជាទូទៅ ការថែទាំតាមដានអ្នកជំងឺ បានស្គាល់ភាពជឿនលឿនច្រើន ហើយការព្យាបាលក៏កាន់តែមានប្រសិទ្ធភាពដែរ៕
9/12/2022 • 8 minutes, 23 seconds តើគេត្រូវចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជារៀ ងរាល់៦ខែឬ ?
តាំងពីប៉ុន្មានសប្តាហ៍កន្លងមកនេះ កូវីដ១៩ហាក់ចាប់កំរើកឡើងវិញ នៅស្ទើរទូទាំងពិភពលោក។ ចំនួនអ្នកឆ្លងកូវីដ១៩ថ្មីបានកើនឡើងយ៉ាងខ្លាំងនៅប្រទេសបារាំង រហូតជំរុញឱ្យអាជ្ញាធរសុខាភិបាលចេញអនុសាសន៍ណែនាំឱ្យប្រជាពលរដ្ឋត្រលប់មកពាក់ម៉ាសវិញ ក្នុងទីកន្លែងបិទជិត និងក្នុងពេលធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ។ រលកចម្លងថ្មីនេះ ទំនងជាបណ្តាលមកពីមេរោគកូវីដ អូមីក្រុង បំប្លែងខ្លួនថ្មីបន្ថែមទៀត ដែលអ្នកជំនាញឱ្យឈ្មោះថាអូមីក្រុង BA4 និង BA5។
ប្រឈមនឹងសន្ទុះចម្លងថ្មី នៃមេរោគដែលកាន់តែងាយឆ្លង តើអាជ្ញាធរសុខាភិបាលបារាំងណែនាំយ៉ាងណា ? ត្រូវចាក់ថ្នាំបង្ការបន្ថែមមួយដូសទៀតឬទេ ?
ជាងពីរឆ្នាំមកហើយដែលពិភពលោកបានរងការរាតត្បាតពីជំងឺកូវីដ១៩។ ពេលវេលាកន្លង ជំងឺកូវីដ១៩ក៏បានវិវឌ្ឍ និងបានប្រែប្រួលយ៉ាងខ្លាំង ពីតំបន់មួយទៅតំបន់មួយនៃភពផែនដី។ មេរោគបានបំប្លែងខ្លួន ក្លាយជាមេរោគថ្មីហើយបំប្លែងខ្លួនបន្តទៀត បង្កើនអំណាចចម្លងកាន់តែខ្លាំងឡើងៗ។ ចំណែកការប្រយុទ្ធប្រឆាំងក៏វិវឌ្ឍនិងប្រែប្រួលដែរ ដោយមានអនុសាសន៍ថ្មីទាក់ទងនឹងការចាក់ថ្នាំបង្ការ និង ព្យាបាលសង្គ្រោះអ្នកជំងឺកូវីដ។
ក្នុងខណៈដែលអង្គការសុខភាពពិភពលោកព្យាករថា ករណីឆ្លងថ្មីនឹងកើនឡើងយ៉ាងខ្លាំងនៅអឺរ៉ុប នៅអំឡុងខែក្តៅកក្កដានិងសីហានេះ នៅប្រទេសបារាំង ចំនួនអ្នកឆ្លងថ្មីបានកើនមួយទ្វេជាបី ដោយជាក់ស្តែង ជាស្រេចទៅហើយ។ ប្រឈមនឹងរលកចម្លងថ្មី ដែលនឹងអាចបង្កផលវិបាកនិងបន្ទុកយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យនៅចុងខែ អាជ្ញាធរបារាំងបានរំលឹកអំពីភាពចាំបាច់នៃការចាក់ថ្នាំបង្ការដូសជំរុញទីពីរ (ឬដូសទីបួន) តែមិនដល់ថ្នាក់បង្ខំឱ្យសាធារណជនទូទៅបំពេញកាតព្វកិច្ចពាក់ម៉ាសទេ គឺមានត្រឹមតែជាការណែនាំនិងផ្តល់អនុសាសន៍ឱ្យពាក់ម៉ាសវិញតែប៉ុណ្ណោះ។
មេរោគអូមីក្រុង BA5 ជាភ្នាក់ងារបង្កឱ្យមាន រលកចម្លងថ្មីលើកនេះ។ តើមេរោគកូវីដបំប្លែងខ្លួនថ្មី ដែលកំពុងរីកសាយភាពនៅអឺរ៉ុបនិងបារាំងខ្លាំងចម្បងគេនៅពេលនេះ មានលក្ខណៈពិសេសយ៉ាងណា ?
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Arnaud Fontanet ប្រធានផ្នែកអេពីដេមីសាស្ត្រនៃជំងឺរាតត្បាត ឆ្លងថ្មី នៅវិទ្យាស្ថានប៉ាស្ទ័រក្រុងប៉ារីស ៖
“បើគិតអំពីទម្រង់គ្លីនិក គេពិបាកនិយាយណាស់ ព្រោះបើមេរោគកាន់តែឆ្លងរាតត្បាត ពីមនុស្សទៅម្នាក់ ឆ្លងម្តងហើយឆ្លងទៀតលើអ្នកដែលមានភាពស៊ាំ ដោយបានចាក់ថ្នាំបង្ការរួច ឬដោយធ្លាប់បានកើតកូវីដហើយ នោះវាពិតជាមានឥទ្ធិពលលើការបញ្ចេញរោគសញ្ញាគ្លីនិកជាប្រាកដ។ អ្វីដែលគេបានដឹងនៅពេលនេះ គឺមេរោគមិនសូវបង្កឱ្យមានជំងឺ ទម្រង់ធ្ងន់ទេ។ ជាប្រការល្អ។ តែឥលូវ យើងត្រូវនឹកគិតភ្លាមថាអាចឆ្លងមេរោគកូវីដ១៩ នៅមានអាការៈ ឈឺបំពង់ក តឹងច្រមុះ ឬក្តៅខ្លួនបន្តិចបន្តួច និងនៅពេលមានអាការៈអស់កម្លាំង។ ការអស់កម្លាំងនេះជាសញ្ញាសម្គាល់មួយនៃជំងឺកូវីដ។”
ពេលនេះរដ្ឋាភិបាលវិធានការទប់ស្កាត់កូវីដ១៩ ត្រូវបានលើកស្ទើរតែអស់ទៅហើយ តើគេគួរត្រលប់មកប្រកាន់យកបម្រាមអ្វីខ្លះវិញ ដើម្បីការការពារនិងទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ?
លោកសាស្ត្រាចារ្យ អារណូហ្វុងតាណេ ៖
“ត្រូវយល់ថា ឆ្លងអូមីក្រុង មិនមែនជាប្រការល្អប៉ុន្មានទេ បើទោះបីជាជំងឺនេះហាក់ត្រូវបានគេចាត់ទុក កាន់តែច្រើនឡើងៗ ថាជាជំងឺធម្មតាក៏ដោយ។ ដូច្នេះត្រូវតែបន្តការពារខ្លួន។ ការការពារប្រកបដោយប្រសិទ្ធភាពបំផុត គឺការពាក់ម៉ាស់ បន្ទាប់មក បើនៅទីកន្លែងបិទជិតត្រូវឧស្សាហ៍បើកចំហឱ្យមានខ្យល់ចេញចូល។ នៅពេលវីរុសកំពុងសកម្មខ្លាំង ត្រូវចៀងវាងកន្លែងដែលមានមនុស្សម្នាប្រមូលផ្តុំគ្នាច្រើន ឬប្រយ័ត្នតាមបែបផ្សេង ព្រោះការជួបជុំប៉ះពាល់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់នេះហើយជាភ្នាក់ងារនាំឱ្យមានការចម្លងមេរោគ។
នៅចំពោះមុខរលកចម្លងថ្មីលើកនេះ យុទ្ធសាស្ត្រដ៏ចំបងនិងសំខាន់បំផុតដែលគេគួរប្រកាន់យកសម្រាប់អំឡុងពេលនេះ គឺការការពារអ្នកទន់ខ្សោយ ព្រោះក្រុមអ្នកទន់ខ្សោយងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ ដល់ស្លាប់បាត់បង់ជីវិត ជាងគេ។ ការប្រុងប្រយ័ត្ន ផ្តោតខ្លាំងទៅលើ ការត្រលប់មកប្រកាន់វិធានការពារខ្លួន សម្រាប់មនុស្សចាស់ និងអ្នកនៅជុំវិញមនុស្សចាស់មនុស្សទន់ខ្សោយ និងការចាក់ថ្នាំបង្ការ ដូសជំរុញទីពីរ។ ការចាក់វ៉ាក់សាំងរំលឹកលើកទីពីរ ឬត្រូវនឹងការចាក់ថ្នាំបង្ការលើកទីបួន អាចការពារអ្នកជំងឺផុយស្រួយបានយ៉ាងមានប្រសិទ្ធភាពមែនទែន មិនឱ្យពួកគាត់ធ្លាក់ខ្លួនឈឺធ្ងន់បាន។ ជាចុងក្រោយគឺការប្រើថ្នាំព្យាបាល ជំងឺកូវីដ ឈ្មោះPaxlovid សម្រាប់អ្នកជំងឺអាយុលើសពី៦៥ឆ្នាំ។ ថ្នាំនេះអាចកាត់បន្ថយគ្រោះធ្លាក់ខ្លួនឈឺចូលសម្រាកពេទ្យបានមួយជា១០ ប៉ុន្តែបារាំងប្រើថ្នាំនេះតិចតួចបំផុត៕”
នរណាមានសិទ្ធិចាក់ដូសជំរុញទីពីរ ?
បារាំងមិនសូវប្រើថ្នាំព្យាបាលជំងឹកូវីដ១៩ទេ ចំណែកយុទ្ធនាការចាក់វ៉ាក់សាំងវិញក៏មិនសូវសកម្មខ្លាំងដែរ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក អូលីវីយេ វេរ៉ង់ ទើបប្រកាសអនុញ្ញាតឱ្យចាក់ថ្នាំបង្ការកូវីដ១៩ ដូសទីបួន ឬដូសជំរុញទី២ កាលពីថ្ងៃទី ៧ មេសា២០២២នេះទេ។ អ្នកដែលអាចទទួលវ៉ាក់សាំងដូសជំរុញទីពីរ ត្រូវមានអាយុ៦០ឆ្នាំឡើងទៅ ឬអ្នកដែលមានជំងឺរ៉ាំរ៉ៃមានប្រព័ន្ធការពារខ្លួនទន់ខ្សោយ និងត្រូវមានគម្លាតពីការចាក់ដូសទីបី ឬក្រោយពីបានឆ្លងកូវីដហើយយ៉ាងតិច ៦ខែ។ ហេតុអ្វីដូសជំរុញសម្រាប់មនុស្សចាស់លើសពី៦០ឆ្នាំ ?! “នៅពេលមនុស្សចាស់អាយុលើសពី៦០ឆ្នាំ បានទទួលដូសជំរុញ គាត់អាចកាត់បន្ថយហានិភ័យធ្លាក់ខ្លួនឈឺដល់ថ្នាក់ចូលព្យាបាលក្នុងមន្ទីរពេទ្យនិងស្លាប់បានដល់ទៅ៨០%។ នេះជាការពន្យល់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលដោយសំអាងលើសេចក្តីណែនាំរបស់អាជ្ញាធរសុខាភិបាលជាន់ខ្ពស់បារាំងដែលជាបណ្តុំក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។
គេកំពុងធ្វើដំណើរឈានឆ្ពោះទៅរកការចាក់ថ្នាំបង្ការកូវីដ ជារៀងរាល់៦ខែឬ ?
វ៉ាក់សាំងមិនអាចរារាំងការឆ្លងមេរោគកូវីដបាន១០០%ទេ តែវ៉ាក់សាំង អាចការពារមិនឱ្យអ្នកឆ្លងធ្លាក់ខ្លួនឈឺធ្ងន់បានយ៉ាងប្រាកដ។ ដូច្នេះគ្មានអ្វីប្រសើរជាងការពារទេ។ សម្រាប់លោកសាស្ត្រាចារ្យ ហ្វុងតាណេ ដែលជាសមាជិកអាជ្ញាធរសុខាភិបាលបារាំង តាមបែបវិទ្យាសាស្ត្រ គ្រប់ការចាក់វ៉ាក់សាំង ត្រូវតែមានដូសជំរុញ។ ក្នុងករណីកូវីដ ៦ខែក្រោយការចាក់ដូសទីពីរ យើងអាចការពារខ្លួនពីមេរោគកូវីដបានត្រឹមតែ៥០%ទេ ទល់នឹង៩០%ពេលទើបចាក់រួចភ្លាម។ ហើយនៅពេលបានទទួលដូសជំរុញ (ដូសទីបី) កំហាប់នៃអង់ទីករការពារខ្លួនយើងបានកើនឡើង៥ទៅ១០ដង លើសកំរិតអង់ទីករ កាលពីមួយខែក្រោយចាក់ដូសទីពីរទៅទៀត។ មានន័យថា ដូសទីបី នេះ ផ្តល់ប្រសិទ្ធភាពការពារខ្លួនខ្លាំងណាស់ ដោយអាចកាត់បន្ថយគ្រោះចម្លងបាន១០ដង និងគ្រោះធ្លាក់ខ្លួនឈឺធ្ងន់បានដល់២០ដង។ នេះបើតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យ ហ្វុងតាណេ ដោយបញ្ជាក់ទៀតថា សម្រាប់អ្នកវិទ្យាសាស្ត្រ គំរូនៃការចាក់ថ្នាំបង្ការប្រឆាំងកូវីដ នឹងគូសវាសចេញទៅតាមពេលវេលា។ តែសម្រាប់លោក ការចាក់វ៉ាក់សាំងកូវីដ មានទម្រង់ ជាការចាក់ពីរដូសដំបូង ដោយឃ្លាតគ្នាមួយខែ រួចចាក់រំលឹកនៅ៦ខែក្រោយ ពោលគឺមិនសូវខុសប្លែកពីគំរូនៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺផ្សេងទៀត (ជំងឺរលាកថ្លើមប្រភេទបេ ឬវ៉ាក់សាំងប្រឆាំងនឹងមេរោគpapillomavirus ភ្នាក់ងារបង្កជំងឹមហារីកមាត់ស្បូន)ទេ។ តាមក្បួន គំរូវ៉ាក់សាំង ចាក់ពីរដូសកៀកគ្នា និងដូសជំរុញយូរខែក្រោយ មានកម្លាំងខ្លាំងគ្រប់គ្រាន់សម្រាប់ការពារខ្លួនហើយ ប៉ុន្តែចំពោះកូវីដ គេនៅមិនទាន់អាចនិយាយអ្វីបាននៅឡើយ មិនដឹងថាគំរូវ៉ាក់សាំងបែបនេះ អាចបញ្ចៀសការចាក់វ៉ាក់សាំងដូសទីបួន និងដូសទី៥បានដែរឬអត់នៅឡើងទេ។
ជាមួយនឹងសន្ទុះចម្លងរលកថ្មី ក្នុងខែកក្កដានេះ អ្វីៗអាចនឹងប្រែប្រួល។ អ្នកវិទ្យាសាស្ត្រអាចនឹងផ្តល់អនុសាសន៍ថ្មីបន្ថែមទៀតក៏ថាបាន។ នេះគឺអាស្រ័យទៅតាមស្ថានភាពនិងស្ថានការណ៍វិវត្តនៃជំងឺ៕
7/20/2022 • 8 minutes, 56 seconds តើការធ្វើសមាធិដោយចលនា (រាំ) មានអត្ថប្រយោជន៍យ ៉ាងណា ?
នៅថ្ងៃទី ១៥ ឧសភា ២០២២ ក្រុមសមាគមសិល្បៈវប្បធម៌ខ្មែរ បានរៀបចំកម្មវិធីសម្តែងរបាំខ្មែរ នៅមន្ទីរពេទ្យ Centre Hospitalier Sud Francilien ជាយទីក្រុងប៉ារីស ដើម្បីលើកទឹកចិត្តក្រុមគ្រូពេទ្យ គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ដែលបានបូជាកម្លាំងចិត្តកម្លាំងកាយបំរើការងារក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ អស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះផង និងដើម្បីផ្តល់ភាពរីករាយដល់អ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផង។ បានស្តាប់ភ្លេង ស្តាប់ចម្រៀង បានមើលទស្សនីយភាពរបាំ ភាពនឿយហត់ និងការឈឺចុកចាប់បានរសាត់បាត់មួយរយៈ ប៉ុន្តែបើបានបញ្ចេញកាយវិការហាត់រាំដោយផ្ទាល់ទៀតកាន់តែប្រសើរ ព្រោះបច្ចុប្បន្ននេះអ្នកស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្ត្របានចាត់ទុកការរាំ ជារបៀបធ្វើសមាធិដោយចលនា។ តើការធ្វើសមាធិ ដោយចលនា (រាំ) មានអត្ថប្រយោជន៍យ៉ាងណា ?
សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ព្រំ គៀលី ប្រធានសមាគមគ្រូពេទ្យខ្មែរនៅប្រទេសបារាំងដែលបានសហការដឹកនាំរៀបចំកម្មវិធីសិល្បៈសម្បុរសធម៌ (Le Printemps du Sourire) នេះ។
5/19/2022 • 9 minutes, 33 seconds តើជំងឺវង្វេងវង្វាន់ មានសញ្ញាប្រាប់ ឱ្យដឹងជា មុន ដែរឬ ?
វង្វេងវង្វាន់ ជាជំងឺដ៏គួរឱ្យភ័យខ្លាចមួយសម្រាប់មនុស្សចាស់ និងកូនចៅដែលជាអ្នកទទួលបន្ទុកមើលថែឪពុកម្តាយជរា។ កាលពីឆ្នាំទៅ ភ្នាក់ងារសុខាភិបាលអាមេរិក បានចេញសេចក្តីអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំមួយមុខសម្រាប់ព្យាបាលជំងឺវង្វេងវង្វាន់Alzheimer នេះ ហើយកាលពីថ្មីៗនេះទៀត អ្នកស្រាវជ្រាវមួយក្រុមបានអះអាងថាមានបញ្ហាសុខភាពចំនួន១០ប្រភេទ ដែលអាចកើតឡើងជាច្រើនឆ្នាំមុននឹងលេចជំងឺវង្វេងវង្វាន់។ នេះមានន័យថាគេកំពុងរកឃើញវិធានការការពារជំងឺវង្វេងវង្វាន់ឬ ?
លែងស្គាល់កូនស្គាល់ចៅ ភ្លេចភ្លាំង ភ្លេចអ្វីៗទាំងអស់ ចាំតែរឿងចាស់ រឿងអតីតកាល ... វង្វេងវង្វាន់ជាជំងឺមួយដែលរកឃើញដោយវេជ្ជបណ្ឌិតជំនាញវិកលវិទ្យានិងប្រព័ន្ធប្រសាទ Dr Alzheimer នៅពេលព្យាបាលអ្នកជំងឺម្នាក់ដែលបាត់បង់ការចងចាំទាំងឡាយ។ នៅពេលអ្នកជំងឺនោះស្លាប់ទៅ គ្រូពេទ្យបានធ្វើកោសកលវិច័យពុះក្បាលមើល ទើបឃើញមានដំបៅនៅខួរក្បាល។ គឺដំបៅនោះហើយជាយន្តការមួយដែលជាប់ចោទជាមូលហេតុនាំឱ្យមានជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ ព្រោះវាបានទៅរំខានតួនាទីរបស់ប្រព័ន្ធប្រសាទ។ ក្រោយមកគេបានឱ្យឈ្មោះដំបៅនោះថា បន្ទះប្រូតេអ៊ីន Amyloïde។ ជាប្រូតេអ៊ីននៅចន្លោះជាលិកា ដែលបានដាច់ចេញមកក្រៅ ហើយផ្តុំគ្នាទៅជាបន្ទះ រួចទៅតោងសរសៃប្រសាទណាមួយ។ តោងកន្លែងណាវានឹងធ្វើឱ្យប្រព័ន្ធសរសៃប្រសាទនោះ ខូច ឬងាប់។ នេះហើយជាយន្តការមួយដែលនាំមានជំងឺវង្វេងវង្វាន់។
ហើយកាលពីខែមិថុនា២០២១ នៅសហរដ្ឋអាមេរិក ភ្នាក់ងារសុខាភិបាលនិងចំណីអាហារ បានផ្តល់ការអនុញ្ញាតឱ្យធ្វើចរាចរណ៍ថ្នាំមួយមុខឈ្មោះ Aduhelm សម្រាប់ព្យាបាលជំងឺវង្វេងវង្វាន់ករណីខាងលើ។ តើថ្នាំមានប្រសិទ្ធភាពយ៉ាងណា ? គួរជាទីសង្ឃឹមនិងជាទីទុកចិត្តយ៉ាងណាសម្រាប់អ្នកជំងឺ ?
សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Antoine Piau គ្រូពេទ្យជំនាញខាងសិក្សាជំងឺមនុស្សចាស់ ៖
“នេះជាប្រភេទថ្នាំ ជាអង់ទីក័រម៉ូណូក្លូណាល់។ មូលេគុលថ្នាំនឹងទៅប្រឆាំងប្រូតេអ៊ីនដែលតោងលើសរសៃប្រព័ន្ធប្រសាទ និងដែលជាដើមហេតុមួយនាំឱ្យមានជំងឺវង្វេងវង្វាន់ (ក្នុងចំណោមមូលហេតុជាច្រើនផ្សេង)។ ហើយថ្នាំនេះនឹងយកទៅប្រើលើអ្នកជំងឺដែលទើបធ្លាក់ខ្លួនឈឺវង្វេងវង្វាន់ ដំណាក់កាលដំបូង បំផុត។ ដំណាក់កាលដំបូងដែលគេអាចជួយស្តារស្ថានភាពបាន។ ប៉ុន្តែសូមប្រយ័ត្នថ្នាំនេះមិនមែនសម្រាប់ការពារមិនឱ្យធ្លាក់ខ្លួនឈឺទេ។ ជាពិសេសទៀត អ្នកជំងឺអាចប្រើថ្នាំនេះបានដរាបណាតែគេគ្មានវិធីនិងមធ្យោបាយអ្វីផ្សេង។ លក្ខខណ្ឌទីពីរនៃការប្រើថ្នាំនេះ គឺអ្នកជំងឺត្រូវមានសញ្ញាបញ្ជាក់ថាពេលលេបថ្នាំនេះទៅ បន្ទះប្រូតេអ៊ីនចាប់ថយចុះឬ របេះពីសរសៃប្រសាទ និងចំណុចចុងក្រោយ ត្រូវមានសញ្ញាសង្ឃឹមថាថ្នាំមានប្រសិទ្ធភាពច្រើន អាចជួយសម្រួលជីវភាពរបស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺបាន។ តើជំងឺថមថយក្រោយពីបានទទួលការចាក់ថ្នាំនេះដែរទេ ? គឺប្រសិទ្ធភាពនៃថ្នាំនេះហើយដែលគ្រូពេទ្យមិនទាន់ព្រមព្រៀងនៅឡើយទេ។ ហេតុដូច្នេះហើយបានជាត្រូវទទួលយកដំណឹងនៃការធ្វើចរាចរណ៍ថ្នាំវង្វេងវង្វាន់នេះប្រកបដោយការប្រុងប្រយ័ត្នបំផុត។ បើទោះបីនេះជាដំណឹងល្អគួរជាទីសង្ឃឹមមែន ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នសិន កុំឱ្យខកចិត្តព្រោះវាអាចនឹងមានការប្តូរផ្លាស់នៅអនាគតខាងមុខ”។
ការព្យាបាលជំងឺវង្វេងវង្វាន់ ជាប្រធានបទប្រទាញប្រទង់គ្នាខ្លាំងណាស់ ក្នុងរង្វង់អ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវ។
សញ្ញា១០យ៉ាងមុនកើតជំងឺវង្វេងវង្វាន់
ចុះបើយើងនាំគ្នារកវិធីការពារកុំឱ្យងាយធ្លាក់ខ្លួនវង្វេងវង្វាន់វិញ មិនប្រសើរជាងទេឬ ?! ការពារពិតជាប្រសើរជាងព្យាបាល ជាប្រាកដណាស់ ! គ្មានថ្នាំព្យាបាលឱ្យជា ឬបង្អាក់ដំណើរវិវឌ្ឍរបស់ជំងឺបានប្រកបដោយប្រសិទ្ធភាព ការការពារកុំឱ្យកើត និងក្រកើតជំងឺវង្វេងវង្វាន់ ពិតជាសសរទ្រូងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺនេះហើយ។
អ្នកស្រាវជ្រាវមួយក្រុម បានរាប់ឃើញមានបញ្ហាសុខភាព១០យ៉ាងដែលលេចឡើង ក្នុងអំឡុងពេលជាច្រើនឆ្នាំមុន មុននឹងវិភាគឃើញថាមានជំងឺវង្វេងវង្វាន់។ តើបញ្ហាសុខភាពប្រភេទណាដែលមានសក្តានុពលអាចនាំនិងជាប់ពាក់ព័ន្ធនឹងជំងឺវង្វេងវង្វាន់ ជាច្រើនឆ្នាំមុនលេចរោគសញ្ញាវង្វេង ?
ចេញផ្សាយនៅថ្ងៃទី ១ មីនា២០២២ ក្នុងទស្សនាវដ្តី The Lancet Digital Health ការសិក្សាទ្រង់ទ្រាយធំ បានពាំនាំនូវចម្លើយមកបំភ្លឺ។ អ្នកស្រាវជ្រាវបានសិក្សាវិភាគ ដោយផ្អែកលើទិន្នន័យ ឯកសារសុខភាព របស់អ្នកជំងឺបារាំងនិងអង់គ្លេស ជិត៤ម៉ឺននាក់មានជំងឺវង្វេងវង្វាន់ និង៤នាក់ គ្មានជំងឺវង្វេង។ មនុស្សចាស់ទាំងជាង៨ម៉ឺននាក់សុទ្ធតែបានទទួលការតាមដានសុខភាពដោយគ្រូពេទ្យជំងឺទូទៅ ជាគ្រូពេទ្យប្រចាំខ្លួនទាំងអស់គ្នា។
អ្នកស្រាវជ្រាវ បានវាយតម្លៃអំពីការលេចឡើងនៃជំងឺវង្វេងវង្វាន់លើគំរូអ្នកជំងឺ១២៣នាក់ រយៈពេល១៥ឆ្នាំ មុននឹងសញ្ញារោគវង្វេងវង្វាន់ Alzheimer ចាប់ផ្តើមស្តែងឡើង។ ការវិភាគបានសម្គាល់ឃើញមានបញ្ហាសុខភាពចំនួន ១០មុន ដែលជាកើតឡើងជាញឹកញយខ្លាំងលើអ្នកជំងឺវង្វេង ក្នុងអំឡុងពេល១៥ឆ្នាំមុន និងដែលគ្មានកើតឡើងសោះសម្រាប់ក្រុមអ្នកគ្មានជំងឺវង្វេងវង្វាន់។
បញ្ហាសុខភាពទាំងអស់នោះ មានដូចជា ជំងឺធ្លាក់ទឹកចិត្ត ជំងឺព្រួយចិត្ត ស្ត្រេសខ្លាំង ថ្លង់ ជំងឺស្រកគីឡូហួសហេតុ ជំងឺបាត់បង់ការចងចាំ ស្ពោតឆ្អឹងក្បាល ទល់លាមក និងជំងឺហត់អស់កម្លាំងរ៉ាំរ៉ៃ។
ជំងឺទាំងនេះ តែងតែលេចឡើងនៅរវាងពីរ ទៅ១០ឆ្នាំ មុននឹងអ្នកជំងឺធ្លាក់ខ្លួនកើតរោគវង្វេងវង្វាន់។ នេះបើតាមលម្អិតរបស់ក្រុមអ្នកស្រាវជ្រាវដដែល។
ជំងឺធ្លាក់ទឹកចិត្ត និងព្រួយចិត្ត ជាបញ្ហាពីរដំបូងគេ ដែលមានជាប់ពាក់ព័ន្ធនឹងជំងឺវង្វេងវង្វាន់ យ៉ាងហោច៩ឆ្នាំមុននឹងវិភាគឃើញថាមានជំងឺវង្វេងវង្វាន់ Alzheimer។ បន្ទាប់មកគឺជំងឺទល់លាមក (ក្តៀន)និងការចុះស្គមខុសប្រក្រតី។
លទ្ធផលនេះជាស្ថិតិឆ្លុះបញ្ចាំងឱ្យឃើញអំពីទំនាក់ទំនងរវាងបញ្ហាសុខភាពមួយនិងហានិភ័យកើតជំងឺវង្វេងវង្វាន់។ ប៉ុន្តែចំណងទំនាក់ទំនងនេះមិនមែនជាភស្តុតាងវិទ្យាសាស្ត្រនៃបញ្ហាសុខភាពនិងជំងឺអាល់ហ្សៃម៉ែរទេ។
មានជំងឺធ្លាក់/បាក់ទឹកចិត្ត ឬក្តៀនលាមក មិនមែនសុទ្ធតែនាំយើងឱ្យកើតជំងឺវង្វេងវង្វាន់ នៅថ្ងៃខាងមុខទេ។ ហើយនេះជាលើកទីមួយ ដែលអាការៈទល់លាមក ត្រូវបានយកមកចងភ្ជាប់ថាជាសញ្ញាសក្តានុពលមួយនៃជំងឺអាល់ហ្សៃម៉ែរនោះ។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ! ដូច្នេះ គេត្រូវការសិក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀត ដើម្បីអាចយល់បានថាមានយន្តការអ្វីដែលនាំពីការទល់លាមកដល់កើតជំងឺវង្វេង។
ចំណោទមួយទៀត ដែលកំពុងស្ថិតនៅជាការចោទសួរដែរ គឺ តើបញ្ហាសុខភាពទាំងលើ ជាកត្តាហានិភ័យនាំឱ្យកើតជំងឺវង្វេងវង្វាន់ មែន ឬក៏ជារោគសញ្ញាដំបូងនៃជំងឺវង្វេងវង្វាន់ ?! ទោះក្នុងសេណារីយ៉ូ ណាក៏ដោយ ក៏អ្នកស្រាវជ្រាវបានព្យាករបន្តការសិក្សារបស់ពួកគាត់ ដោយនឹងបន្តវិភាគទិន្នន័យអ្នកជំងឺជាង២៦លាននាក់ផ្សេងទៀត ព្រមទាំងពង្រីកការសិក្សាទៅលើជំងឺខូចប្រព័ន្ធប្រសាទផ្សេងទៀត ដូចជា ជំងឺញ័រប៉ាគីសុន ជាច្រើន។ល។
បើតាមអង្គការសុខភាពពិភពលោក ជំងឺវង្វេងវង្វាន់ Alzheimer នឹងក្លាយជាដើមហេតុនៃការបាត់បង់ការចងចាំ ក្នុងកំរិត៦០ទៅ ៧០%។ នៅឆ្នាំ២០៣០ ភពផែនដីនឹងមានមនុស្សកើតជំងឺអាល់ហ្សៃម៉ែរ ប្រមាណ៨២លាននាក់៕
3/24/2022 • 8 minutes, 5 seconds ជំងឺរីកប៉ោងសរសៃឈាម ជាជំងឺស្រាល តែអាចបង្កផល វិបាកធ្ងន់
នៅប្រទេសបារាំង មានប្រជាពលរដ្ឋប្រមាណ២០លាននាក់ មានបញ្ហាសរសៃឈាមវ៉ែនរីកប៉ោង។ នេះគឺមកពី ចរន្តឈាមហូរមិនស្រួល ហើយបង្កឱ្យមានករណីដក់ឈាម នៅតាមសរសៃឈាមវ៉ែន ជាពិសេសសរសៃឈាមនៅអវៈយវៈក្រោម។ ការដក់ឈាមអាចធ្វើឱ្យ រីកប៉ោង យារ សរសៃឈាម ឬសរសៃឈាមឡើងក្រាស់ ឬ ប្តូរទម្រង់ ឡើងក្រញ៉ាញ់ រហូតអាចមើលឃើញនៅលើស្បែក ដោយភ្នែកទទេ ជាពិសេស នៅម្តុំ ជើង និងភ្លៅ។ តើអាការៈរីកប៉ោងសរសៃឈាមនេះ អាចព្យាបាលជាទេ ? ហើយអាចការពារ និងធ្វើឱ្យបាត់ទៅវិញបានទេ ?
មានអាការៈធ្ងន់ជើង ឧស្សាហ៍ស្រពន់ជើង ចុកជើង មានអារម្មណ៍ក្រហាយដូចជាមានរលាក ឬមានហើមនៅកជើង (កជើងហើម) ... ទាំងអស់នេះអាចជាអាការៈសញ្ញានៃជំងឺប៉ោងរីកសរសៃឈាមវ៉ែន។ ជាជំងឺដែលកើតឡើងជាញឹកញយ លើមនុស្សក្នុងវ័យសកម្ម ប្រមាណពី ២៥ទៅ៣០% និងដល់ទៅជិត៦០% សម្រាប់មនុស្សចូលវ័យចំណាស់ លែងធ្វើការ។
សរសៃវ៉ែនរីកប៉ោង អាចចាត់ទុកជាជំងឺដែលកើតច្រើនលើស្ត្រីភេទ ប៉ុន្តែមនុស្សប្រុសក៏មិនរួចខ្លួនទាំងស្រុងឡើយ ហើយភាគច្រើនច្រើនតែដឹងខ្លួនយឺតជ្រុល និងមកស្វែងរកការព្យាបាល នៅពេលចាប់មានផលវិបាកទៅហើយ។
ជំងឺរីកប៉ោងសរសៃវ៉ែន ឬហៅជាភាសាបារាំងថា Varices មិនមែនជាជំងឺធ្ងន់ធ្ងរទេ និងត្រូវបានគេចាត់ទុកជាជំងឺដែលប៉ះពាល់ដល់សម្ផសច្រើនជាង ប៉ុន្តែមិនដូចការគិត ជំងឺនេះអាចបង្កផលវិបាកធ្ងន់ធ្ងរ ព្រោះវាអាចនឹងធ្វើឱ្យមានជំងឺThromboses គឺការស្ទះសរសៃឈាមបង្កឡើងដោយកូនដុំកំណកឈាម និងជំងឺរលាកសរសៃឈាមវ៉ែន ដែលតម្រូវឱ្យមានការព្យាបាលជាចាំបាច់។ តើជំងឺសរសៃឈាមរីកប៉ោងជាអ្វី ? សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ Pr Emmanuel Messasអ្នកទទួលខុសត្រូវផ្នែកជំងឺសរសៃឈាមបេះដូង នៅមន្ទីរពេទ្យ Georges Pompidou ក្រុងប៉ារីស ៖
“ជាបឋម សូមយល់ថា បណ្តាញសរសៃឈាមវ៉ែនរបស់មនុស្ស មានពីរផ្នែក ៖ មួយផ្នែកជាសរសៃឈាមកប់ជ្រៅខាងក្នុងសាច់ដុំ និងមួយផ្នែកស្ថិតផ្ទៃខាងក្រៅ សើស្បែក ដែលភាសាបច្ចេកទេសគេហៅថា សរសៃឈាមវ៉ែនសាហ្វែន les veines Saphènes។ សរសៃឈាមសាហ្វែន មានពីរទៀត គឺសាហ្វែនខាងក្នុង ភ្ជាប់ពីកែងជើងទៅភ្លៅ និងសាហ្វែនខាងក្រៅ(ស្វាហ្វែនតូច) ភ្ជាប់ពីកែងជើងឡើងដល់ត្រឹមជង្គង់។ គឺសរសៃឈាមវ៉ែនសាហ្វែននេះហើយដែលច្រើនតែមានករណីរីកប៉ោង (ជំងឺវ៉ារីស)។ ហេតុអ្វី ? សរសៃឈាមវ៉ែន មានតួនាទីជាអ្នកនាំឈាមពីចុងជើងឡើងទៅបេះដូង។ សរសៃឈាមវ៉ែនសើស្បែក ហូរចាក់ទៅ សរសៃឈាមផ្នែកខាងក្នុង ហើយហូរបញ្ច្រាសឡើងតាមសរសៃវ៉ែនទៅបេះដូងវិញបាន ដោយសារតែមានសម្ពាធ និងការកន្ត្រាក់សាច់ដុំច្របាច់សរសៃផង ដោយសារតែសរសៃឈាមមាន(វ៉ាល់)ប្រឹសចាំបិទបើកទៅតាមយន្តការនៃសម្ពាធឈាមផង។ គឺបើកឱ្យហូរទៅលើ និងបិទមិនឱ្យឈាមច្រាលហូរមកក្រោមវិញ។ តាមធម្មតា ប្រឹសរបស់សរសៃឈាមវ៉ែនជាប្រព័ន្ធប្រឆាំងនឹងការហូរឈាមច្រាលមកក្រោមវិញ ល្អ ខ្លាំងណាស់។ ជាយន្តការធម្មជាតិដ៏ឆ្លាតវៃបំផុតគ្មានអ្វីប្រៀបប្រដូចបានឡើយ ប៉ុន្តែវានៅតែអាចមានចន្លោះប្រហោង។ នៅពេល ប្រឹសដំណើរការមិនល្អ ឈាមអាចច្រាល ឬ ដក់នៅក្នុងសរសៃវ៉ែន ដែលធ្វើឱ្យសរសៃឈាមសើស្បែកឡើងពណ៌ខៀវក្រម៉ៅ ឡើងក្រាស់ រីកប៉ោង យឺតយារ រមួល ដែលហៅថាវ៉ារីសនេះឯង។”
សរសៃវ៉ែន ប្រៀបដូចជាខ្សែទន្លេហូរចាក់ខ្វាត់ខ្វែង សម្រាប់ទៅចិញ្ចឹមសពាង្គកាយ សឹងគូរចេញជាផែនទីបាន។ នៅពេលសរសៃឈាម រីកប៉ោង រមួល មានវ៉ារីសហើយ នោះអ្នកជំងឺ មិនត្រឹមតែមានអារម្មណ៍ថាជើងមិនស្អាត បាត់សម្រស់ទេ តែថែមទាំងអាចនឹងមានអាការៈឈឺចុកចាប់ និងផលរំខានជាច្រើនទៀតផង។ វ៉ារីសគឺជាជំងឺមួយ ទោះបីជាប្រភេទជំងឺស្រាលមែន តែវាជាការចាំបាច់ដែលត្រូវគិតគូរព្យាបាលឱ្យបានត្រឹមត្រូវ។ សូមស្តាប់ប្រសាសន៍លោកសាស្ត្រាចារ្យEmmanuel Messasជាថ្មី ៖
“ជួនកាលវ៉ារីសគ្មានឱ្យរោគសញ្ញាអ្វីទាំងអស់។ តែជួនកាលក៏មានការឈឺចុកចាប់យ៉ាងខ្លាំង និងមានសញ្ញារោគច្រើនប្លែកគ្នា គ្រប់បែបគ្រប់យ៉ាងខ្លាំងណាស់។ អាចជាការឈឺចុក ស្រពន់ ធ្ងន់ ឬឆាប់រោយជើងនៅពេលឈរអង្គុយយូរ។ អាចជាអាការៈរមាស់ អាចជាតាអក អាចមានសញ្ញារោគច្បាស់ៗ និងអាចជាអាការៈរំខានខ្លាំងណាស់សម្រាប់ជីវិតការងារ ជាពិសេសចំពោះអ្នកដែលមានអាជីពត្រូវឈរយូរ ឬឈរច្រើន។ វ៉ារីស ជាជំងឺរ៉ាំរ៉ៃ។ នៅពេលឈឺយូរទៅ ការព្យាបាលក៏ត្រូវប្រើពេលយូរ និងជាការព្យាបាលសរុបលើប្រព័ន្ធសរសៃឈាមកូរ៉ូណែទាំងស្រុងតែម្តង។ មិនមែនត្រឹមតែជាការព្យាបាលចោះៗបំបាត់ស្នាមត្រង់កន្លែងមានសរសៃឈាមវ៉ែននោះរីកបោង រមួល ... ទេ។ ការរីកប៉ោងសរសៃឈាមមិនមែនត្រឹមតែជាបញ្ហាសម្ផសទេ វ៉ារីស ជាជំងឺ។ ជាជំងឺប្រភេទជំងឺស្រាល ដែលត្រូវតែធ្វើការព្យាបាល។ ព្យាបាលជាដំបូងដោយគោរពអនាម័យក្នុងការរស់នៅត្រឹមត្រូវ បន្ទាប់មកទើបអាចឈានដល់ការព្យាបាលដោយប្រើថ្នាំ ឬដល់ការវះកាត់ផងប្រសិនបើជំងឺនេះវាធ្វើឱ្យអ្នកជំងឺពិបាកពេក។ ត្រូវព្យាបាលឱ្យបានត្រឹមត្រូវ ព្រោះថ្វីបើវាជាជំងឺស្រាលមែន តែការរីកប៉ោងសរសៃវ៉ែន អាចនឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងន់ខ្លាំងពីរប្រភេទ គឺផលរំខានស្រួចស្រាវ និងផលរំខានរ៉ាំរ៉ៃ។ ផលរំខានស្រួចស្រាវ ដូចមានរៀបរាប់ពីខាងដើម គឺវាធ្វើឱ្យមានជំងឺរលាកសរសៃឈាម និងជំងឺដុំកំណកឈាម Thrombose ព្រោះការរីកប៉ោងសរសៃឈាម បណ្តាលមកពីឈាមហូរមិនស្រួល ហើយដក់ រួចក៏ ក្លាយជាដុំកំណកឈាម ដែលអាចកកស្ទះសរសៃឈាមណាមួយ នៅសួត។ នេះជាផលរំខានស្រួចស្រាវធ្ងន់ធ្ងរដ៏កម្រ ដែលត្រូវព្យាបាល ព្រោះឥលូវគេមានថ្នាំពូកែខ្លាំងណាស់ខាងបំបែកដុំកំណកឈាមនេះ”។
មានកត្តាជាច្រើនដែលជាហានិភ័យនាំមានជំងឺរីកប៉ោងសរសៃវ៉ែន ដូចជា ធាត់ជ្រុល ស្រណុកពេក ភាពក្តៅ ឬមានផ្ទៃពោះ និងជាពិសេសគឺកត្តាអាយុ ព្រោះបើអាយុកាន់តែច្រើន ប្រព័ន្ធធម្មជាតិប្រឆាំងនឹងឈាមហូរច្រាល កាន់តែចុះទន់ខ្សោយ លែងសូវមានប្រសិទ្ធភាព។ ពូជក៏កត្តាសំខាន់មួយនៃជំងឺវ៉ារីសដែរ។ ហើយនៅពេលដែលសរសៃឈាមបានរីកប៉ោង យារយឺតហើយ គេមិនអាចកែឱ្យសរសៃឈាមមានលក្ខណៈរលាស់ ត្រលប់មកល្អដូចដើមឡើងវិញបានទេ។ រាល់ការព្យាបាលបានត្រឹមទប់មិនឱ្យជំងឺវិវឌ្ឍទៅមុខទៀតប៉ុណ្ណោះ។ ដូច្នេះមធ្យោបាយដ៏ល្អប្រពៃជាងគេ គ្មានអ្វីក្រៅពីការការពារទេ។ ដូចពាក្យបូរាណខ្មែរលោកពោល “ការពារប្រសើរជាងព្យាបាល”។ ប៉ុន្តែកត្តាអាយុ និងពូជ ជាអ្វីដែលគេមិនអាចបញ្ចៀសបានឡើយ។ អ្នកមានឪពុកម្តាយជីដូនជីតា ធ្លាប់មានរោគវ៉ារីសនេះ អាចព្យាយាមកាត់បន្ថយហានិភ័យ និងពន្យារពេលកុំឱ្យឆាប់ធ្លាក់ខ្លួនឈឺ ឬបើឈឺក៏មិនសូវមានផលវិបាកបាន តាមរយៈ ការរក្សាសុខភាពសាច់ដុំឱ្យរឹងមាំ រក្សាកាយសម្បទាឱ្យមាំមួន និងត្រូវចេះប្រយ័ត្នប្រយែងខ្លួន ឆាប់នឹកគិតរកវិធីការពារនិងព្យាបាល។ បើតាមលោកសាស្ត្រាចារ្យ អេម៉ាណុយអ៊ែល ម៉េសាស មានសញ្ញាជាច្រើនដែលដាស់ប្រាប់យើងឱ្យបានដឹងខ្លះ មុននឹងសរសៃឈាមឡើងក្រាស់ ឬលេចរូបរាងរីកបោង រមួល ចេញនៅលើផ្ទៃស្បែក។ សូមអញ្ជើញស្តាប់ ៖
“មានសញ្ញាប្រាប់មុនជាច្រើនសឹងអាចរាយជាបញ្ជីបាន។ ទីមួយគឺ មានអាការៈធ្ងន់ជើងដែលយើងដឹងស្ទើរគ្រប់គ្នា។ ចេះតែមានអារម្មណ៍មិនស្រណុកនៅជើង មិនអាចនៅស្ងៀម ឬឈរទ្រឹងបានយូរទេ បានទាល់តែអង្រួន រើរុះ ផ្អៀងផ្អងទើបឈរជាប់។ ចេះតែមានអារម្មណ៍ក្តៅរោល ឬស្រិបៗដូចប៉ះភ្លើងឆក់ ទាល់តែអង្គើជើងទើបបាត់។ មានរមាស់ ឧស្សាហ៍រមួលក្រពើ ជាពិសេសនៅពេលយប់។ ហើមជើង ហើម-ក-ជើង ជាពិសេសនៅពេលល្ងាច ក្រោយពីធ្វើការឈរហត់អស់ពេញមួយថ្ងៃ និងការលេចឡើងនូវបណ្តាញកូនសរសៃឈាមតូចៗឆ្មារៗប៉ុនសរសៃសក់ ពណ៌ក្រហម ជួនមានទម្រង់ជាផ្កាយផង នៅលើផ្ទៃស្បែក និង មើលឃើញដោយភ្នែកទទេ។ នេះជាការយឺតយារកូនសរសៃឈាម ដែលជាដំណាក់កាលដំបូងមុននឹងឈានទៅជាជំងឺរីកប៉ោងសរសៃឈាមវ៉ែន វ៉ារីស។ ហើយដើម្បីចៀសវាងកុំឱ្យមានជំងឺវ៉ារីសទាន់ សូមចៀសវាងការប្រឈមនឹងប្រភពក្តៅ ចំហ៊ុយស្ពង់ (សូណា ហាម៉ាំ ...)។ សូមព្យាយាមដើរ ជិះកង់ ឱ្យបានច្រើន ព្រោះកាន់ប្រឹងដើរ ឈាមរត់កាន់តែស្រួល មិនដក់ មិនកកក្លាយជាដុំកំណកឈាម។ សំរាន្តដោយដាក់ជើងឱ្យខ្ពស់ជាងក្បាល ដើម្បីសម្រួលចរន្តហូរឈាមត្រលប់ទៅបេះដូង ឬ ពាក់ស្រោមជើងសុខភាព bas de contention ដែលជួយច្របាច់សាច់ដុំជើងឱ្យកន្ទ្រាក់ ធាក់រុញឈាមឱ្យហូរត្រលប់ទៅបេះដូងបានល្អ”។
នៅក្នុងប្រទេសជឿនលឿន ដូចយ៉ាងប្រទេសបារាំង គេសង្កេតឃើញមានពលរដ្ឋប្រមាណ ពី ១១ទៅ២៤% មានបញ្ហាវ៉ារីស។ ក្នុងចំណោមអ្នកជំងឺទោះនោះ ភាគច្រើនជាស្ត្រី ព្រោះដោយសារតែ អ័រមូនម្យ៉ាងរស់ស្ត្រី ព្រោះស្ត្រីជាអ្នកពរពោះ (ពេលមានផ្ទៃពោះសរីរាង្គជាច្រើនបានរីក ដូច្នេះសរសៃឈាមក៏រីកដែរ) របៀបរបបរស់នៅ ឈរច្រើន អង្គុយស្ងៀមខ្លាំង ស្រណុកជ្រុល ធាត់ហួសហេតុ សុទ្ធសឹង ជាកត្តានាំហានិភ័យដល់សរសៃឈាម។ អាកាសធាតុក្តៅ ក៏ជាចំណែកមួយងាយជំរុញឱ្យសរសៃឈាមវ៉ែនរីកប៉ោងដែរ។ ប៉ុន្តែបណ្តាពលរដ្ឋរស់នៅក្នុងប្រទេសក្តៅដូចយ៉ាងកម្ពុជា ឬឥណ្ឌាកម្រមានជំងឺវ៉ារីសណាស់ ហេតុដូច្នេះហើយបានជាក្រុមគ្រូពេទ្យ យល់ថា នេះទំនងដោយសារកត្តាពូជ និងពូជសាសន៍ ព្រោះគេសង្កេតឃើញថាជំងឺវ៉ារីសនេះមាន ប្រមាណតែ៥%នៅអាហ្វ្រិក និងតិចតួចបំផុតនៅអាស៊ី (១%)៕
3/9/2022 • 9 minutes, 54 seconds
កូវីដជាជំងឺបង្កឡើងដោយវីរុស ដែលនឹងអាចជាទៅវិញក្នុងរយៈពេលពី១ទៅ៣សប្តាហ៍។ ប៉ុន្តែអ្នកជំងឺកូវីដខ្លះ មានសញ្ញារោគ និងអាការៈរោគ ដល់ទៅរាប់ខែឯណោះ។ អ្នកបានឆ្លងជំងឺកូវីដ១៩ ប្រមាណ២០%មានបន្សល់ទុកនូវទម្រង់ជំងឺកូវីដរយៈពេលយូរ។ យូររាប់ខែ និងដល់ឆ្នាំផង។ លែងមានមេរោគក្នុងខ្លួន និងខ្លះលែងទាំងមានអង់ទីក័រកូវីដ១៩ទៀតទៅហើយមែន ប៉ុន្តែអ្នកជំងឺនៅតែបន្តមានរោគសញ្ញា កូវីដ មួយឬ ច្រើន ក្នុងខ្លួនទៀត។ ទម្រង់ជំងឺកូវីដបែបនេះ គេឱ្យឈ្មោះថាកូវីដរ៉ាំរ៉ៃ ឬកូវីដរយៈពេលវែង។ តើទម្រង់ជំងឺបែបនេះ មានអាការៈសញ្ញាដូចម្តេច ? មានវិធីព្យាបាល និងមានដំណោះស្រាយទេ ? និងផលវិបាកយ៉ាងណាខ្លះ ?
អង្គការសុខភាពពិភពលោកបានប្រកាសទទួលស្គាល់ នៅខែកញ្ញាឆ្នាំ២០២០ថា “កូវីដ១៩ អាចបង្កឱ្យមានជំងឺ អូសបន្លាយពេលវេលាវែង និងមានរោគសញ្ញាជាប់នឹងខ្លួនអ្នកជំងឺយូរ មិនថាអ្នកជំងឺនោះជាក្មេង ជាមនុស្សចាស់ ឬអ្នកគ្មានរោគា ជំងឺរ៉ាំរ៉ៃពីមុនមកទេ។ អ្នកជំងឺមានអាការៈស្រាល និងមិនត្រូវការជំនួយព្យាបាលនៅមន្ទីរពេទ្យ ក៏អាចធ្លាក់ខ្លួនមានជំងឺកូវីដរយៈពេលវែងបានដែរ”។ អង្គការសុខភាពពិភពលោកបានលើកឡើងទៀតថា ក្រោយកូវីដ អ្នកជំងឺមានស្ថានភាពសុខភាពប្រសើរឡើងវិញយ៉ាងយឺតៗ បំផុត និង ឡើងចុះៗ ម្តងស្រួលខ្លួនម្តងមិនស្រួល ហើយបើស្រួលខ្លួនក៏មិនពេញលេញភ្លាមដែរ។ នៅប្រទេសបារាំង សភាជាតិក៏បានអនុម័តលើសេចក្តីសម្រេចទទួលស្គាល់បុគ្គលមានកូវីដទម្រង់វែងរួចមកហើយដែរកាលពីថ្ងៃទី ១៧កុម្ភៈ២០២១។
ដូចម្តេចដែលហៅថាជំងឺកូវីដរយៈពេលវែង ឬកូវីដរ៉ាំរ៉ៃ ?
ជាទូទៅ កូវីដជាជំងឺដែលនឹងជា លែងមានសញ្ញារោគ នៅរវាងពីរឬបីសប្តាហ៍។ ប៉ុន្តែសម្រាប់អ្នកជំងឺខ្លះ បួន-ប្រាំសប្តាហ៍ក្រោយការឆ្លងរោគ ខ្លះរាប់ខែក្រោយតេស្តវិជ្ជមានហើយ នៅតែមានអាការៈសញ្ញារោគកូវីដទៀត។ បើនៅមានរោគសញ្ញាណាមួយនៃជំងឺកូវីដ បើមានរោគសញ្ញាមួយឬច្រើន ដូចកាលពីវិជ្ជមានកូវីដ ឬក៏រោគសញ្ញាទាំងអស់នោះមិនបណ្តាលមកពីជំងឺរ៉ាំរ៉ៃអ្វីផ្សេងទៀតសោះ (ដូចជា ជំងឺទឹកនោមផ្អែម ជំងឺទីរ៉ូអ៊ីត ជំងឺសួតរ៉ាំរ៉ៃទេ) នោះហើយជាទម្រង់ជំងឺកូវីដរយៈពេលវែង។
សញ្ញារោគ នៃកូវីដវែង បើធ្វើជាបញ្ជីប្រាកដជាវែងគួរឱ្យភ្ញាក់ផ្អើលមែនទែន។ សំណល់របស់ជំងឺបង្កឡើងដោយវីរុសដែលអ្នកវិទ្យាសាស្ត្រមានទម្លាប់ប្រទះ ក្រោយជំងឺផ្តាសាយធំ ជំងឺរលាកសួត មានតែពីរបីមុខប៉ុណ្ណោះ រួមមាន សំណាកលើផ្លូវដង្ហើម ស្នាមរលាកស្រោមបោះដូង ឬពិការភាព ប៉ុន្តែមិនដែលឃើញមានផលវិបាកច្រើនរាយប៉ាយស្ទើរគ្រប់សរីរាង្គដូចករណីបង្កឡើយដោយវីរុស Sars-coV-2 នៃជំងឺកូវីដ១៩សោះ។
អាការៈរោគដែលគេជួបប្រទះញឹកញាប់ជាងគេមានដូចទៅ ៖
-ហត់អស់កម្លាំង ៖ អស់កម្លាំង ជាអាការៈដែលកើតឡើងញឹកញាប់ជាងគេ។ ជាការអស់កម្លាំងខ្លាំង ខ្លាំងមែនទែន។ សូម្បីតែធ្វើកិច្ចការប្រចាំថ្ងៃតូចសាមញ្ញមួយ ឬធ្វើការប្រើខួរក្បាលតែបន្តិចសោះ ក៏អ្នកជំងឺមានអារម្មណ៍ភ្លាម។ ហត់អស់កម្លាំងខ្លាំង និងឡើងចុះលឿនពេក រហូតកា្លយជាមូលហេតុចំបង តម្រូវឱ្យអ្នកជំងឺហាត់សម្របរៀនគ្រប់កាយវិការ ទើបអាចត្រលប់ទៅបំពេញការងារក្នុងអាជីព សង្គមនិងការងារបុគ្គលវិញបាន។
-មានវិបត្តិប្រព័ន្ធប្រសាទ ៖ អ្នកជំងឺពិបាកផ្ចង់អារម្មណ៍ និងមានបញ្ហាខួរក្បាល លែងសូវចងចាំល្អ ឆាប់មួរហ្មងក្នុងចិត្ត និងចេះតែថប់បារម្ភ។ អ្នកខ្លះមានដំណេកមិនល្អ ដេកមិនសូវលក់ចេះតែឧស្សាហ៍ភ្ញាក់ ដេកមិនឆ្អែត ងោកងុយខ្លាំងនិងដេកច្រើននៅពេលថ្ងៃ។
-ការឈឺចុកចាប់ ៖ អាការៈឈឺចុកចាប់ខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ខ្លះចុកចាប់ណែនទ្រូង អមដោយចង្វាក់បេះដូងលោតញាប់ ថប់ដង្ហើម ឬក្អកភ្លាមឱ្យប្រឹងបន្តិច។ ខ្លះ ទៀតឈឺក្បាលខ្លាំង ឈឺក្បាលដោយគ្រាន់តែគ្រលៀសភ្នែកលឿនជ្រុល មិនប្រយ័ត្ន។ ឈឺក្នុងត្រចៀក ហឹង និងជួនវិលមុខថែមទៀត។ ឈឺអស់សាច់ដុំ សន្លាក់ ចុកស្មា ចុកខ្នង ស្រពន់ខ្សោយដៃជើង។
បាត់ក្លិន បាត់រសជាតិ លែងឆ្ងាញ់បាយ មានវិបត្តិប្រព័ន្ធរំលាយអាហារ (រលាកក្រពះ ឈឺពោះ ទល់ខ្យល់ ទល់លាមក សុទ្ធសឹងជាអាការៈរោគដែលកើតមានជាញឹកញាប់ខ្លាំងដែរ លើអ្នកជំងឺកូវីដរ៉ាំរ៉ៃ។ នៅមានអាការៈជាច្រើនបែប ច្រើនយ៉ាងផ្សេងទៀតណាស់ ដូចជាស្ងួតមាត់ ស្ងួតភ្នែក ជ្រុះសក់ បាត់ចំណង់តុណ្ហា រដូវលែងទៀង ម្តងក្តៅម្តងត្រជាក់ សៀវស្រាញ ...
អាការៈទាំងអស់នេះអាចលេចឡើងដោយគ្រាន់តែអ្នកជំងឺប្រើកម្លាំងកាយ ឬកម្លាំងបញ្ញាបន្តិច ឬដោយគ្រាន់តែប្តូរផ្លាស់ទម្លាប់អ្វីតែបន្តិចបន្តួច។ ប៉ុន្តែជាសំណាងល្អ អាការៈសញ្ញានេះនឹងរលុបបាត់ទៅវិញ បន្តិចម្តងៗ ពីមួយថ្ងៃទៅថ្ងៃ ទៅតាមល្បឿនរបស់មនុស្សម្នាក់ៗ ហើយគ្មានបន្យល់ទុកនូវស្លាមស្នាមអ្វីទេ នៅពេលពួកគាត់ជាដាច់។ ការថតឆ្លុះខួរក្បាលដោយប្រើប្រព័ន្ធIRM អ៊ឹមរ៉ាយ លើអ្នកជំងឺបាត់ការចងចាំ គេងមិនលក់និងពិបាកផ្ចង់អារម្មណ៍ បានបង្ហាញថាខួរក្បាលរបស់ពួកគេគ្មានសល់ស្នាមរបួសអ្វីទាំងអស់នៅពេលជាដាច់។ មានតែ១០%ប៉ុណ្ណោះដែលអាចមានផលវិបាកជាប់ខ្លួនទៅថ្ងៃក្រោយ។
តើអ្នកជំងឺប្រភេទណាងាយមានអាការៈកូវីដរ៉ាំរ៉ៃ ?
ជាបឋមគឺអ្នកជំងឺដែលមានកូវីដធ្ងន់ធ្ងរ។ ប៉ុន្តែ ក៏មានដែរអ្នកជំងឺកូវីដមធ្យម ស្រាល ឬគ្រាន់តែវិជ្ជមានគ្មានរោគសញ្ញាសោះនោះ។ ខ្លះគ្មានរោគសញ្ញាអ្វីទាំងអស់ហើយមិនទាំងបានទៅធ្វើតេស្តពេលកំពុងឈឺកូវីដនោះ។ បើតាមលោកវេជ្ជបណ្ឌិត Nicolas Barizien ប្រធានផ្នែកអប់រំកាយសម្បទានៅមន្ទីរពេទ្យ Foch ដែលជាអ្នកគ្រប់គ្រងកម្មវិធី Rehab Covid ជួយអ្នកជំងឺកូវីដរ៉ាំរ៉ៃ អ្នកជំងឺកូវីដរយៈពេលវែងច្រើនជាមនុស្សសកម្ម ក្មេង និងគ្មានកត្តាហានិភ័យសុខភាពពីមុនមកសោះ។ បើជាស្ត្រី គឺមានអាយុពី៤០ទៅ៦០ឆ្នាំ និងពី៣០ទៅ៥០ឆ្នាំ បើជាបុរស។
ការសិក្សាបារាំងនិងអន្តរជាតិជាច្រើន ហាក់សង្កេតឃើញនិងអាចបញ្ជាក់បានដូចគ្នាថា ថ្វីបើបុរសងាយធ្លាក់ខ្លួនឈឺកូវីដទម្រង់ធ្ងន់ជាងស្ត្រីមែន តែគឺស្ត្រីដែលងាយមានគ្រោះឈឺកូវីដយូរត្រាំត្រែង។ ការសិក្សាបានកំណត់ឃើញអ្នកមានជំងឺកូវីដរយៈពេលវែង មានបែបផែន ជាមនុស្ស ក្មេង ភេទស្ត្រី អាយុជាមធ្យម៤០ឆ្នាំ មិនធាត់លើសទម្ងន់ គ្មានរោគប្រចាំកាយ និងច្រើនជាសកម្មខ្លាំង។
បើតាមតួលេខរបស់អាជ្ញាធរសុខាភិបាលបារាំងចេញផ្សាយកាលពីថ្ងៃទី១៩វិច្ឆិកា២០២១ ជាង២០%នៃអ្នកជំងឺបន្តមានអាការៈកូវីដរយៈពេលវែង លើសពី៥សប្តាហ៍ក្រោយពីវិជ្ជមាន/ឈឺកូវីដ និង ១០%នៅបីខែក្រោយ។ ៦៧%នៃអ្នកវិជ្ជមានកូវីដដែលមានចេញរោគសញ្ញា (ឈឺស្រាលឬឈឺមធ្យម) បន្តមានអាការៈរោគ លើសពី៣០ថ្ងៃក្រោយមានលទ្ធផលតេស្តវិជ្ជមាន។ នេះសបញ្ជាក់ឱ្យឃើញអំពីបន្ទាន់សម្រាប់ក្រុមអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងថា ប្រសិនបើពួកគេឆ្លងកូវីដ នោះពួកគេមានហានិភ័យខ្ពស់នឹងមានអាការៈកូវីដរ៉ាំរ៉ៃហើយ។
ចំពោះក្មេងជំទង់និងកុមារវិញ ទោះជាកម្រកើតជំងឺកូវីដធ្ងន់ធ្ងរមែន ប៉ុន្តែការសិក្សាអង់គ្លេសរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ College London និងនៅស្ថាប័ន Public Health England ចេញផ្សាយកាលពីខែសីហា២០២១ បានបង្ហាញថា ក្នុងចំណោមក្មេងវិជ្ជមានកូវីដ៧នាក់ មានម្នាក់អាចមានអាការៈកូវីដយូរ នៅបីខែក្រោយ។ ពោលគឺ១៤%នៃក្មេងវិជ្ជមានកូវីដ បានប្រកាសថាមានអាការៈរោគកូវីដ ចំនួនបីឬច្រើនជាងបី នៅ១៥សប្តាហ៍ក្រោយតេស្តវិជ្ជមាន និង៧%មានរោគសញ្ញាលើសពី៥។ ហើយរោគសញ្ញាចម្បងគេគឺ ការហត់អស់កម្លាំងខ្លាំង និងឈឺក្បាល។
ប៉ុន្តែជាដំណឹងល្អ អ្នកស្រាវជ្រាវ ពុំរកឃើញអំពីផលប៉ះពាល់ដល់សុខភាពខួរក្បាល និងសុខុមាលភាពរបស់ក្មេងវិជ្ជមាន អ្វីលើសពីក្មេងអវិជ្ជមានកូវីដទេ។
តើត្រូវធ្វើដូចម្តេចនៅពេលមានអាការៈកូវីដរ៉ាំរ៉ៃ ?
គ្មានថ្នាំព្យាបាលជំងឺកូវីដរយៈពេលវែងទេ ! ប៉ុន្តែគ្រូពេទ្យអាចផ្តល់ការព្យាបាលបំបាត់អាការៈរោគនីមួយៗ មានន័យថាបើឈឺក្បាលពេទ្យឱ្យថ្នាំឈឺក្បាល បើ ស្បែករោលរលាកឱ្យថ្នាំឡេលាបបំបាត់ការរោលរលាក ...
ជាទូទៅ អ្នកជំងឺកូវីដរយៈពេលវែង ភាគច្រើន នឹងបានធូរស្បើយ និងមានសុខភាពល្អប្រសើរឡើង ដោយសន្សឹមៗ។ ប្រសិនបើមានការថែទាំ និងតាមដានពីគ្រូពេទ្យដោយត្រឹមត្រូវ អ្នកជំងឺអាចនឹងជាដាច់ នៅយ៉ាងយូររវាងពី៨ទៅ១៨ខែ៕
2/18/2022 • 9 minutes, 21 seconds