មហាសេដ្ឋីElon Musk ឲ្យលុយអ្នកបោះឆ្នោតអាមេរិក១នាក់ ១លានដុល្លារ ក្នុង១ថ្ងៃ
មហាសេដ្ឋីមានលុយច្រើនជាងគេនៅក្នុងពិភពលោក អេឡុន ម៉ាសក៍ Elon Muskបានប្រកាសផ្តល់លុយ ១លានដុល្លារ ជារៀងរាល់ថ្ងៃ ដល់អ្នកបោះឆ្នោត ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី៥វិច្ឆិកា។ អ្នកដែលអាចទទួលសែក ឬ មូលប្បទានបត្រ ចំនួន១លានដុល្លារពីមហាសេដ្ឋី អេឡុន ម៉ាសក៍ ត្រូវគោរពលក្ខខណ្ឌពីរ។ ទី១ ពួកគេត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងទី២ ពួកគេត្រូវចុះហត្ថលេខាលើញត្តិដែលលោកអេឡុន ម៉ាសក៍បានបង្កើតឡើងដើម្បីទាមទារសេរីភាព បញ្ចេញមតិ និងសិទ្ធិកាន់កាប់អាវុធ។ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍មុន លោកអេឡុន ម៉ាសក៍បានជ្រើសរើសស្រ្តីអ្នកគាំទ្រលោកដូណាល់ ត្រាំម្នាក់ ដែលមានសំណាងទទួលបានសែកលុយ១លានដុល្លារ។ ដោយសារយុទ្ធនាការចែកលុយរបស់លោកអេឡុន ម៉ាសក៍ ១លានដុល្លារ ក្នុងមួយថ្ងៃ ធ្វើឡើងតែក្នុងរដ្ឋគន្លឹះ ដូចជានៅរដ្ឋPennsyVania ជាដើម អភិបាលរដ្ឋPennsyvenia ផ្ទាល់ ដែលជាអ្នកគំាំទ្រលោកស្រី ខាម៉ាឡា ហារីសបានបង្ហាញក្តីបារម្ភ ខណៈ អ្នកជំនាញច្បាប់លើកឡើងពីការរំលោភច្បាប់បោះឆ្នោត។ មហាសេដ្ឋីដែលមានលុយច្រើនជាងគេបំផុតក្នុងលោក លោកអេឡុន ម៉ាសក៍ បានប្រែក្លាយខ្លួនពីអ្នកជួយលុយធម្មតា មកជាមនុស្សសកម្ម នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកដូណាល់ ត្រាំ។ នៅតែ២សប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ៥វិច្ឆិកា មហាសេដ្ឋី អេឡុន ម៉ាសក៍បានចាយលុយលានៗដុល្លារ ដើម្បីអូសទាញសំឡេងអ្នកបោះឆ្នោត នៅក្នុងរដ្ឋគន្លឹះ រដ្ឋដែលសម្រេចជោគវាសនារបស់បេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ និងខាម៉ាឡា ហារីស។ជាក់ស្តែង បន្ទាប់ពីប្រកាសកាលពីខែ សីហា ថាលោកគាំទ្រ និងផ្តល់លុយ៤៥លានដុល្លារ ជារៀងរាល់ខែ ដល់ America PAC ដែលជាគណៈកម្មាធិការសកម្មភាពនយោបាយចាំជួយការឃោសនាបោះឆ្នោតរបស់បក្សសាធារណរដ្ឋ មហាសេដ្ឋី ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យា SpaceX និងក្រុមហ៊ុនផលិតរថយន្តតេសឡាបានបង្ហាញខ្លួន លេចធ្លោក្នុងយុទ្ធនាការឃោសនាជួយលោកដូណាល់ ត្រាំនៅតាមរដ្ឋគន្លឹះ ដូចជារដ្ឋpennsylvania។នៅលើវេទិកាដែលមានទង់ជាតិអាមេរិកជាផ្ទាំងបាំងពីខាងក្រោយ លោកអេឡុន ម៉ាសក៍មិនបានស្រែកឃោសនាច្រើនដើម្បីបញ្ចុះបញ្ចូលប្រជាជនអាមេរិកដែលភាគច្រើន គេដឹងថា ជាអ្នកគាំទ្រលោកដូណាល់ ត្រាំ។ ប៉ុន្តែ មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិប្រមាណ ២៤៨ពាន់លានដុល្លារ ប្រើអំណាចទឹកលុយ តាមរយៈការចុចឈ្មោះដោយចៃដន្យ អ្នកដែលត្រូវទទួលសែកដែលមានទឹកលុយ ១លានដុល្លារ។បើតាមលោក អេឡុន ម៉ាសក៍ ពីថ្ងៃសៅរ៍ទី ១៩តុលា រហូតដល់ថ្ងៃបោះឆ្នោត ពោលគឺជារៀងរាល់ថ្ងៃ លោកនឹងចែកសែក ទឹកប្រាក់១លានដុល្លារ ដល់អ្នកដែលបានចុះហត្ថលេខាលើញត្តិរបស់គណៈកម្មាធិការ America PAC ដែលលោកបង្កើតឡើងដើម្បីឃោសនាជួយឲ្យលោកដូណាល់ ត្រាំឈ្នះឆ្នោត ត្រលប់មកគ្រប់គ្រងសេតវិមានសាជាថ្មី។ លោកអេឡុន ម៉ាសនិយាយថា អ្នកដែលអាចទទួលសែក ទឹកលុយ១លានដុល្លារបាន លុះត្រាអ្នកនោះបានចុះហត្ថលេខាលើញតិ្តដែលគាំទ្ររដ្ឋធម្មនុញ្ញអាមេរិក នោះគឺសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិកាន់កាប់អាវុធ។ លើសពីនោះទៀត អ្នកនោះបានចុះឆ្នោតបោះឆ្នោតរួចហើយ។ពីខាងគណបក្សប្រជាធិបតេយ្យ ជាពិសេសអរភិបាលរដ្ឋpennsylvania មិនលាក់លៀមពីក្តីបារម្ភ នៅចំពោះមុខយុទ្ធនាការឃោសនាដ៏សម្រុក ទិញទឹកចិត្តអ្នកបោះឆ្នោតយ៉ាងដូច្នេះ។នៅអាមេរិក ការចាយលុយដើម្បីជំរុញឲ្យគេចុះឈ្មោះបោះឆ្នោត ឬទៅបោះឆ្នោត ជារឿងខុសច្បាប់។ អ្នកដែលចាយលុយ និងអ្នកដែលទទួលលុយ ត្រូវប្រឈមនឹងទោសពិន័យជាប្រាក់១ម៉ឺនដុល្លារ ឬទោសជាប់ពន្ធនាគារ៥ឆ្នាំ។ លោកអេឡុន ម៉ាសក៍ផ្ទាល់មិនបានចាយលុយ ដើម្បីជំរុញឲ្យគេទៅបោះឆ្នោត ដូចការហាមរបស់ច្បាប់ ប៉ុន្តែ ការផ្តល់សែក ១លានដុល្លារសម្រាប់តែអ្នកដែលបានចុះឈ្មោះបោះឆ្នោត ហើយនៅតែក្នុងរដ្ឋគន្លឹះ ដែលជាអ្នកកំណត់ជ័យជំនះរបស់បេក្ខជនប្រធានាធិបតី គឺជារឿងខុសច្បាប់បោះឆ្នោតអាមេរិក។ នេះបើតាមអ្នកជំនាញច្បាប់បោះឆ្នោត លោក Rick HasenនៅលើBlog ផ្ទាល់ខ្លួនរបស់លោក។មហាសេដ្ឋី Elon Muskជះលុយទាក់ទាញអ្នកបោះឆ្នោត បើទោះជាអាចរងការចោទប្រកាន់ថា រំលោភច្បាប់បោះឆ្នោត។ ហេតុអ្វីមហាសេដ្ឋីម្ចាស់ក្រុមហ៊ុនSpace X ដាក់ទុនច្រើនសន្ធឹកសន្ធាប់ យ៉ាងដូច្នេះ?លោកអេឡុន ម៉ាសក៍បានប្រើយុទ្ធសាស្រ្តថ្មី ចាយលុយរាប់លានដុល្លារ ដើម្បីផ្តល់សន្ទុះចុងក្រោយ ជួយលោកដូណាល់ ត្រាំនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋគន្លឹះ ខណៈដែលការស្ទង់មតិបង្ហាញថា បេក្ខជនប្រធានាធិបតីទាំងពីរ មានសំឡេងប្រកៀកប្រកិតគ្នាខ្លាំង ហើយលោកដូណាល់ ត្រាំនាំមុខលោកស្រីខាម៉ាឡា ហារីសបន្តិចបន្តួចប៉ុណ្ណោះ។នៅក្រោយការពិភាក្សាតទល់រវាងបេក្ខជន ដូណាល់ ត្រាំ និងលោកស្រី ខាម៉ាឡា ហារីស លោកអេឡុន ម៉ាសក៍បានប្រកាសដោយមិនលាក់លៀមថា លោកគាំទ្រ ចង់ឲ្យលោកត្រាំចូលកាន់តំណែងជាប្រធានាធិបតីសាជាថ្មី ព្រោះថា បើសិនលោកស្រី ហារីសឈ្នះឆ្នោត នោះ គេមិនអាចទៅដល់ភពអង្គារបានទេ។ ចំពោះមហាសេដ្ឋី ម៉ាសក៍ លោកត្រាំដឹកនាំរដ្ឋាភិបាលដ៏មានប្រសិទ្ធិភាពមួយដើម្បីអនុញ្ញាតឲ្យគេធ្វើរឿងដ៏អស្ចារ្យ។ពាក្យតែប៉ុន្មានឃ្លានេះអាចឲ្យគេដឹងពីចេតនាពិតប្រាកដរបស់លោកអេឡុន ម៉ាសក៍ ដែលសុខចិត្តចាយលុយច្រើនជាងគេ រាប់លានដុល្លារ ដើម្បីជួយលោកដូណាល់ត្រាំ។ លោកដូណាល់ត្រាំ ធ្លាប់និយាយសន្យាតែងតាំងលោកអេឡុន ម៉ាសជា ទីប្រឹក្សា និងដឹកនាំគណៈកម្មាធិការប្រសិទ្ធភាពរដ្ឋ ទទួលបន្ទុកសវនកម្មហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសហព័ន្ធ។ អនាគតការងាររបស់គណៈកម្មការនេះគឺកំណែទម្រង់ស៊ីជម្រៅ។ លោកអេឡុន ម៉ាសក៍ពេញចិត្តស្តូកនឹងការសន្យាផ្តល់តួនាទីដ៏សំខាន់ដែលផ្តល់អំណាច ឲ្យលោកអាចសើរើ ចាត់ចែងស្ថាប័នសហព័ន្ធ។ ក្នុងករណីដែលលោកដូណាល់ ត្រាំ ឈ្នះឆ្នោត លោកអេឡុន ម៉ាសក៍បានទទួលតំណែងគន្លឹះដូចការសន្យារបស់លោកដូណាល់ ត្រាំ នោះស្ថាប័នដែលត្រូវលោកអេឡុន ម៉ាសក៍គាស់កកាយ រុះរើមុនគេ គឺអាជ្ញាធរគ្រប់គ្រងសុវត្ថិភាព ដែលលោកចោទប្រកាន់ថា ជាអ្នករារាំង បន្ទុចបង្អាក់មិនឲ្យក្រុមហ៊ុនSpace X ឬក្រុមហ៊ុនរថយន្តអគ្គិសនីអាចរីកចម្រើនទៅមុខ។ ដោយមានលោកដូណាល់ ត្រាំ ត្រលប់មកដឹកនាំអាមេរិកសាជាថ្មី លោកអេឡុន ម៉ាសក៍សង្ឃឹមដែរថា ក្រុមហ៊ុនរបស់លោកនឹងទទួលបានកិច្ចសន្យាវិនិយោគជាច្រើនពីរដ្ឋាភិបាល បន្ថែមពីលើការបន្ធូរបន្ថយច្បាប់ លែងរឹតត្បិត រារាំងដល់ការរីកចម្រើនបច្ចេកវិទ្យា ហើយនិងមុខជំនួញរបស់លោក។លុយ អំណាច នយោបាយ បណ្តាញសង្គម។ ដោយចង់បានរបស់ទាំងអស់នេះក្នុងពេលតែមួយ មហាសេដ្ឋីអេឡុន ម៉ាសក៍ក្លាយជាមនុស្សដ៏គ្រោះថ្នាក់ នៅក្នុងក្រសែភ្នែករបស់អ្នកគាំទ្របក្សប្រជាធិបតេយ្យ។ នៅអាមេរិក មានអ្នកគាំទ្រលោកដូណាល់ ត្រាំ ៦២%ដែលស្រឡាញ់ចូលចិត្តលោកអេឡុន ម៉ាសក៍ ខណៈពេលអ្នកគាំទ្របក្សប្រជាធិបតេយ្យមានតែ ៦%ប៉ុណ្ណោះ។ ទោះមានប្រជាប្រិយក្នុងចំណោមអ្នកគាំទ្របក្សសាធារណរដ្ឋ និងជាមហាសេដ្ឋីមានលុយរាប់ម៉ឺនលានដុល្លារ លោកអេឡុន ម៉ាសក៍មិនអាចសម្រេចមហិច្ឆតានយោបាយ។ ទៅតាមរដ្ឋធម្មនុញ្ញអាមេរិកដែលចែងថា បេក្ខជនប្រធានាធិបតីជាអ្នកកើតនៅទឹកដីអាមេរិក លោកអេឡុន ម៉ាសក៍ មិនអាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកដាច់ខាត ព្រោះថា លោកមានកំណើតនៅ អាហ្វ្រិកខាងត្បូង៕
10/22/2024 • 6 minutes, 6 seconds អ្វីជាកម្មវត្ថុរបស់សន្និសីទអង្គការសហប្រជាជាតិស្តីពីជីវចម្រុះលើកទី១៦?
សន្និសីទអង្គការសហប្រជាជាតិស្តីពីជីវចម្រុះលើកទី១៦ ដែលចាប់បើកនៅថ្ងៃចន្ទទី២១តុលា២០២៤ នៅក្រុងកាលីប្រទេសកូឡុំប៊ី ជាការណាត់ជួបខ្នាតអន្តរជាតិលើកទីមួយ គិតចាប់តាំងពីពិភពលោកមានផែនការបញ្ឈប់ការបំផ្លិចបំផ្លាញផែនដី មហាសមុទ្ទ និងជីវិតជីវចម្រុះគ្រប់ប្រភេទ ត្រឹមឆ្នាំ២០៣០មក។ ផែនការមានហើយ ឥលូវដល់ពេលត្រូវប្រែក្លាយផែនការឱ្យការពិតជាក់ស្តែង។ តើ១៩៤ប្រទេសជាសមាជិកនៃសន្ធិសញ្ញាដើម្បីជីវចម្រុះ ត្រូវមានសកម្មភាព និងដំណោះស្រាយយ៉ាងណា ដើម្បីធានាសម្រេចកម្មវត្ថុដែលបានព្រមព្រៀងគ្នារួចហើយ? ប្រព្រឹត្តទៅជារៀងរាល់ពីឆ្នាំម្តងតាំងពីឆ្នាំ១៩៩២មក សន្និសីទអង្គការសហប្រជាជាតិស្តីពីជីវចម្រុះCOP១៦ បានការចូលរួមជាលើកទីមួយពីសំណាក់ប្រមុខរដ្ឋ-រដ្ឋាភិបាលមួយចំនួន ជាង១០ប្រទេស មានអាទិ៍ប្រធានាធិបតីប្រេស៊ីលលូឡា ក្បែរបណ្តារដ្ឋមន្ត្រីជាងមួយរយប្រទេស ព្រមទាំងអ្នកការទូត អ្នកជំនាញ សកម្មជនបរិស្ថាន ឬអង្គការ សហគ្រាសនានា សរុបជាង១៨០០០នាក់។ជំនួបដ៏ធំសម្បើមនេះ ជាឱកាសពិចារណាថាតើត្រូវធ្វើដូចម្តេចប្រែក្លាយកម្មវត្ថុកំណត់រួចឱ្យក្លាយសកម្មភាពជាក់ស្តែង? កាលពីឆ្នាំ២០២២ ក្នុងសន្និសីទជីវចម្រុះលើកទី១៥ នៅទីក្រុងម៉ុងរ៉េអាល់ប្រទេសកាណាដា សមាជិកអង្គការសហប្រជាជាតិទាំងអស់បានអនុម័តកិច្ចព្រមព្រៀង ក្នុងក្របខ័ណ្ឌការពារជីវចម្រុះពិភពលោក។ មានមហិច្ឆតាខ្លាំង កិច្ចព្រមព្រៀងឈ្មោះ Kunming-Montréal ដែលជាផែនទីចង្អុលផ្លូវ មានកម្មវត្ថុ២៣យ៉ាង សម្រាប់ឈានទៅបញ្ឈប់ការបំផ្លិចបំផ្លាញផែនដី និងមហាសមុទ្ទ៣០% និងស្តារប្រព័ន្ធអេកូសាស្ត្រជីវិតសត្វរុក្ខជាតិគ្រប់ប្រភេទឱ្យបាន៣០%ដែរ នៅឆ្នាំ២០៣០ ហើយកាត់បន្ថយការប្រើថ្នាំសម្លាប់សត្វឱ្យបានពាក់កណ្តាល ព្រមទាំងប្រមូលថវិកាឱ្យបាន២០០ពាន់លានដុល្លារក្នុងឆ្នាំដើម្បីធម្មជាតិ។កិច្ចសន្យាមានអាយុពីរឆ្នាំ ហើយពួកគេមានពេលត្រឹមតែ៦ឆ្នាំទៀតប៉ុណ្ណោះ តើមានអ្វីជឿនលឿនទៅមុខខ្លះទេ? ចម្លើយគឺគ្មានការជឿនលឿនប៉ុន្មានទេ។ បើតាមអង្គការWWF ពេលកាន់តែខើច ជីវចម្រុះហិនហោចកាន់តែលឿនខ្លាំង។ ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ ការបាត់បង់សត្វព្រៃមានកំរិតដល់ទៅ៧៣%។ នៅតែកញ្ញា ៨,៣៥%នៃមហាសមុទ្ទ ១៧,៥%នៃផ្ទៃដី ត្រូវបានគេចាត់ទុកថាបានទទួលការការពារ ពោលគឺច្រើនជាងឆ្នាំ២០២២បន្តិច (សមុទ្ទ៨,១៦% និងដី១៥,៨%)។ នេះបើតាមអង្គការWWFដដែល ដោយផ្អែកលើទិន្នន័យបឋមរបស់អង្គការសហប្រជាជាតិ។ តុល្យការផ្លូវការថ្មីនឹងបង្ហាញនៅឆ្នាំ២០២៦ (COP១៧)។ចំណែកសកម្មភាពរបស់រដ្ឋនីមួយៗគិតត្រឹមថ្ងៃទី ១៦តុលា២០២៤វិញ មានតែ២៩ប្រទេសប៉ុណ្ណោះ បានលម្អិតយុទ្ធសាស្ត្រនិងផែនការជាតិដើម្បីជីវចម្រុះ និង៩១ប្រទេសបានត្រឹមលើកគម្រោងសន្យាត្រួសៗនិងមិនពេញលេញ។ ប្រទេសជាច្រើនទៀត អាចនឹងបង្ហាញផែនការសកម្មជាក់ស្តែងរបស់ខ្លួន ក្នុងព្រឹត្តិការណ៍សន្និសីទនៅកាលីនេះតែម្តង។ ហេតុដូច្នេះហើយបានជា COP១៦ត្រូវស្វែងរកនិងអនុម័តវិធានរួមមួយ តើត្រូវវាយតម្លៃអំពីប្រសិទ្ធភាពនៃផែនការជាតិដោយឈរលើគោលការណ៍អ្វី ? តើនរណាជាអ្នកត្រួតពិនិត្យដល់កន្លែងថាអ្វីៗពិតជាមានដំណើរការទៅមុខមែន? សម្រាប់ផ្ទៀងផ្ទាត់និងផ្តល់តុល្យការដំបូងនៅឆ្នាំ២០២៥។ COP១៦នៅកាលី ក៏ត្រូវរកឱ្យឃើញក្បួនសម្រាប់អនុវត្តជាមួយក្រុមហ៊ុនឯកជនដើម្បីចៀសវាងកុំឱ្យមានករណីយកបរិស្ថានមកលុបលាង។ដូចរាល់គ្រប់ដំណោះស្រាយ ថវិកាជាឧបសគ្គដ៏ធំចម្បងមួយទៀត។ តាំងពីប្រកាសបង្កើតមូលនិធិជីវចម្រុះនៅCOP១៥មក ម្ចាស់អំណោយនិងអ្នកទទួលអំណោយចាប់ផ្តើមហែកហួរគ្នា។ ប្រទេសទទួលជំនួយចង់ឱ្យមូលនិធិដើម្បីបរិស្ថានពិភពលោក មានឯករាជ្យនិងមានអភិបាលកិច្ចផ្ទាល់ខ្លួន តែប្រទេសអ្នកផ្តល់វិភាគទាន ស្ថិតនៅជាផ្នែកមួយនៃអង្គការ។ ជារឿងតូចតាចមែនតែការជជែកតឹងសរសៃកខ្លាំង ដោយចំណាយពេលនិងថាមពលអស់ច្រើនណាស់។ ហើយពេលនេះលុយទើបចូលហិបមូលនិធិបានប្រមាណ៤០០លានដុល្លារប៉ុណ្ណោះ ឆ្ងាយពីកម្មវត្ថុ២៥ពាន់លានដុល្លារក្នុងមួយឆ្នាំដូចមានចែងក្នុងកិច្ចព្រមព្រៀង Kunming Montréalណាស់។ ក្នុងន័យនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរក៍ បានអំពាវនាវនៅមួយថ្ងៃមុនការការបើកសន្និសីទ សុំឱ្យអ្នកចរចាទាំងអស់ចាកចេញពីក្រុងកាលីនៅថ្ងៃទី១វិច្ឆិកា ជាមួយការវិនិយោគដ៏ធំធេងផ្តល់មូលនិធិដល់ផែនការជីវចម្រុះពិភពលោក ដោយប្រមូលហិរញ្ញវត្ថុពីគ្រប់ប្រភពសាធារណៈនិងឯកជនដើម្បីធ្វើសកម្មភាពបានពេញទំហឹង។ជាចុងក្រោយ ប្រជាពលរដ្ឋជាជនជាតិដើមភាគតិច ដែលបង្ហាញវត្តមានច្រើនខ្លាំងនៅក្នុង គ្រប់COP សន្និសីទអង្គការសហប្រជាជាតិ ស្តីពីជីវចម្រុះ ច្រើនខកចិត្តខ្លាំងជាងគេនៅពេលឃើញសេចក្តីសម្រេចចិត្តចុងក្រោយ។ សម្រាប់កុបទី១៦ ដែលប្រព្រឹត្តទៅនៅមាត់ព្រៃអាម៉ាហ្សូនក្បែរផ្ទះតែម្តង ក្រុមជនជាតិដើមចង់ឆ្លៀតឱកាសនេះបញ្ចេញសំឡេងទាមទារឱ្យទទួលស្គាល់សិទ្ធិនិងចំណេះពីដូនតារបស់ពួកគេ បន្ទាប់ពីរងការរើសអើង និងបង្ខំឱ្យផ្លាស់ទី ក្រោមហេតុផលអភិរក្ស ដែលអ្នកចាត់ទុកថាជាអាណានិគមបៃតង៕
10/21/2024 • 5 minutes, 9 seconds កៀវ៖ ទ័ពកូរ៉េខាងជើងជួយច្បាំងរុស្ស៊ី នោះសមរភូមិ អ៊ុយក្រែនកាន់តែស្មុគស្មាញ អូសបន្លាយយូរ និងរីកធំ
សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន រួមទាំងអ៊ុយក្រែនផ្ទាល់ផងបានរំជើបរំជួល ជ្រួលច្របល់ខ្លាំង នៅចុងសប្តាហ៍នេះ បន្ទាប់មានក្រុមចារកម្មកូរ៉េខាងត្បូងបានប្រកាសដំណឹងថា ទាហានកូរ៉េខាងជើងជាង១ពាន់នាក់ធ្វើដំណើរទៅដល់មូលដ្ឋានទ័ពរុស្ស៊ី នៅVladivostokនៅខែតុលានេះ ដើម្បីចូលរួមប្រយុទ្ធកៀកស្មាជាមួយកងទ័ពរុស្ស៊ី នៅក្នុងសមរភូមិអ៊ុយក្រែន។ វត្តមានទ័ពកូរ៉េខាងជើងក្នុងជួរកងទ័ពរុស្ស៊ីនៅសមរភូមិអ៊ុយក្រែន នឹងធ្វើឲ្យសង្រ្គាមដ៏ធំមួយនេះ នៅទឹកដីអឺរ៉ុប ផ្លាស់ប្តូរក្នុងទម្រង់មួយដ៏គួរឲ្យគ្រោះថ្នាក់។ ដោយលូកដៃក្នុងសង្រ្គាមអ៊ុយក្រែន ក្រោមរូបភាពចាប់ដៃសហការយោធាជាមួយភាគីរុស្ស៊ី កូរ៉េខាងជើងបានតម្លើងតួនាទីខ្លួនជាមហាអំណាចនុយក្លេអ៊ែរអាស៊ីដែលគេត្រូវខ្លាចរអា។ លោកខាងលិច និងកូរ៉េខាងត្បូង ជប៉ុន ដែលជាសម្ព័ន្ធមិត្តបញ្ជូនសព្វាអាវុធទៅជួយអ៊ុយក្រែនបានត្រឹមតែស្រែកថ្កោលទោសកូរ៉េខាងជើងដែលបានបញ្ជូនអាវុធទៅឲ្យរុស្ស៊ីយកទៅវាយប្រហារលើអ៊ុយក្រែន ប៉ុន្តែ មិនទាន់ទាញសញ្ញាអាសន្ន ព្រួយបារម្ភខ្លាំងដូចចុងសប្តាហ៍មុនទេ។ នៅថ្ងៃសុក្រទី ១៨តុលា ក្រុមចារកម្មកូរ៉េខាងត្បូងទើបបានចេញសេចក្តីប្រកាសព័ត៌មានដែលនៅក្នុងនោះ ក្រុមចារកម្មកូរ៉េខាងត្បូងអះអាងថា ទាហានកូរ៉េខាងជើងប្រមាណ១៥០០នាក់ ត្រូវបានកប៉ាល់ជើងទឹករុស្ស៊ីដឹកយកទៅដាក់ពង្រាយនៅ មូលដ្ឋានទ័ពក្នុងទឹកដីរុស្ស៊ី។ បើតាមក្រុមចារកម្មកូរ៉េខាងត្បូង នេះគ្រាន់តែជាការចាប់ផ្តើម ព្រោះថា ពីពេលនេះទៅមុខ កូរ៉េខាងជើងនឹងបញ្ជូនជាបន្តបន្ទាប់ទាហានរបស់ខ្លួនទៅរុស្ស៊ី ឲ្យគ្រប់ចំនួន ១២០០០នាក់ ដើម្បីចូលជួយច្បាំងកងទ័ពរុស្ស៊ីនៅក្នុងសង្រ្គាមអ៊ុយក្រែន។បញ្ជូនទ័ពទៅជួយរុស្ស៊ីមានន័យយ៉ាងណាចំពោះកូរ៉េខាងជើង ?ចំពោះអ្នកវិភាគ Hong Min របស់វិទ្យាស្ថានកូរ៉េដើម្បីការបង្រួបបង្រួមជាតិ ការបញ្ជូនទ័ពកូរ៉េខាងជើងជាច្រើនពាន់នាក់ទៅជួយច្បាំងកងទ័ពរុស្ស៊ី ជាផ្លែផ្លាមួយនៃកិច្ចព្រមព្រៀងជំនួយយោធា ដែលមេដឹកនាំរុស្ស៊ី និង កូរ៉េខាងជើងបានចុះហត្ថលេខាកាលពីខែ មិថុនាឆ្នាំនេះ។នៅពាក់កណ្តាលខែតុលានេះ ម៉ូស្គូបានចេញមកបញ្ជាក់ជាថ្មីនៃខ្លឹមសារកិច្ចព្រមព្រៀងយោធា ដែលនៅក្នុងនោះ រុស្ស៊ី និង កូរ៉េខាងជើង នឹងធ្វើអន្តរាគមយោធា ជួយគ្នាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយក្នុងចំណោមប្រទេសទាំងពីរនេះ រងការឈ្លានពាន ឬ ការប្រកាសសង្គ្រាមជាផ្លូវការ ពីសំណាក់ប្រទេសខាងក្រៅ។ ម៉ូស្គូបញ្ជាក់ពីជំហរទ្វេភាគីជាមួយកូរ៉េខាងជើង ស្របពេលដែលភាពតានតឹងផ្នែកនយោបាយ និង យោធា រវាងកូរ៉េខាងជើង និង កូរ៉េខាងត្បូង កំពុងតែកើនឡើងជាលំដាប់។ នៅក្នុងសប្តាហ៍នេះ កូរ៉េខាងជើងបានបំផ្ទុះបំផ្លាញផ្លូវស្ពានតភ្ជាប់ជាមួយកូរ៉េខាងត្បូង និងបានសម្រេចដាក់កូរ៉េខាងត្បូងជាប្រទេសអរិភាពដូចអាមេរិក ដែលមានន័យស្មើនឹងការរលាយសាបសូន្យនៃក្តីសង្ឃឹមបង្រួបបង្រួមបងប្អូនកូរ៉េទាំងពីរ។ដោយបញ្ជូនទ័ពទៅជួយច្បាំងកងទ័ពរុស្ស៊ីនៅក្នុងសង្រ្គាមអ៊ុយក្រែន កូរ៉េខាងជើងរបស់មេដឹកនាំគីម ជុងអ៊ុនចង់ពង្រឹងសម្ព័ន្ធភាពយោធាជាមួយមហាអំណាចរុស្ស៊ី ក្នុងក្តីសង្ឃឹមទទួលបានឆ័ត្រការពាររបស់រុស្ស៊ី ដូចដែលកូរ៉េខាងត្បូងបានទទួលពីអាមេរិកតាមរយៈកិច្ចព្រមព្រៀងយោធាដែលចែងថា អាមេរិកនឹងជួយការពារកូរ៉េខាងត្បូង។បើតាមអ្នកវិភាគ Hong Min ដោយបញ្ជូនទាហានជាង១ម៉ឺននាក់ ទៅរុស្ស៊ី មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនមិនត្រឹមចង់បង្វឹក លត់ដំទាហានកូរ៉េខាងជើងឲ្យចេះដកពិសោធន៍ពីយុទ្ធសាស្រ្តធ្វើសង្រ្គាមនៅក្នុងសមរភូមិជាក់ស្តែងតែប៉ុណ្ណោះទេ លោកគីម ជុងអ៊ុនចង់ឆ្លៀតឱកាសនេះ ដើម្បីពង្រឹងតួនាទីរបស់កូរ៉េខាងជើងនៅក្នុងឆាកអន្តរជាតិ។ ចង់ ឬមិនចង់ ជំនួយជាកងទ័ពរបស់កូរ៉េខាងជើង បន្ថែមពីលើការបញ្ជូនសព្វាវុធរាប់ម៉ឺនតោនទៅ រុស្ស៊ីនឹងធ្វើសង្រ្គាមនៅអ៊ុយក្រែនកាន់តែអូសបន្លាយ និងផ្តល់ប្រយោជន៍កាន់តែច្រើនដល់ភាគីរុស្ស៊ីដែលជាអ្នកឈ្លានពានអ៊ុយក្រែន។កូរ៉េខាងជើងបានលូកដៃចូលជ្រៅក្នុងសេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៊ី ក្នុងនាមជាប្រទេសផ្គត់ផ្គង់អាវុធ ផ្តល់កម្លាំងទ័ពទៅជួយច្បាំងរុស្ស៊ី ដែលកំពុងខ្វះខាតចំនួនទ័ពដើម្បីធ្វើសង្រ្គាមដែលអូសបន្លាយជាង២ឆ្នាំមកនេះ។ កូរ៉េខាងជើងត្រៀមខ្លួនដើម្បីផ្គត់ផ្គង់ទាហានធ្វើសង្រ្គាម។ នៅថ្ងៃព្រហស្បតិ៍ទី ១៧តុលា វីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNAបានបង្ហាញថា យុវជនកូរ៉េខាងជើងដល់ទៅជាង ១លាន ៤សែននាក់បានចុះឈ្មោះបម្រើកងទ័ពនៅក្នុងរយៈពេលតែ១សប្តាហ៍។រហូតមកដល់ពេលនេះលោកខាងលិច អាមេរិក សម្ព័ន្ធមិត្តរបស់អ៊ុយក្រែននិងអូតង់នៅមិនទាន់ចេញមុខបញ្ជាក់ព័ត៌មានរបស់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង។ ម៉ូស្គូវិញ ស្ងាត់ច្រៀបគ្មានប្រតិកម្មអ្វីសោះនៅក្រោយការចេញសេចក្តីប្រកាសរបស់ក្រុមចារកម្មកូរ៉េខាងត្បូង។ក្នុងករណីដែលការអះអាងរបស់ចារកម្មកូរ៉េខាងត្បូងជារឿងពិតមែន នោះវត្តមានទ័ពពិសេសរបស់កូរ៉េខាងជើងដើម្បីជួយច្បាំងរុស្ស៊ីកំពុងធ្វើឲ្យសង្រ្គាមអ៊ុយក្រែនបានឈានមកដល់របត់មួយថ្មី។លោកខាងលិចនៅឈរឱបដៃមើលទាហានកូរ៉េខាងជើងជួយច្បាំងរុស្ស៊ី? មន្រ្តីជាន់ខ្ពស់របស់វិមានប្រធានាធិបតីអ៊ុយក្រែនយល់ថា ការបញ្ជូនទ័ពកូរ៉េខាងជើងទៅក្នុងសមរភូមិអ៊ុយក្រែន ជាចេតនារបស់លោកពូទីនដែលចង់ពង្រីកសង្រ្គាមឲ្យកាន់តែធំ និងអូសបន្លាយពេលកាន់តែយូរ។ មន្រ្តីអ៊ុយក្រែននិយាយមិនលាក់ទេថា វត្តមានរបស់កងទ័ពកូរ៉េខាងជើង ជាង១ម៉ឺននាក់ដើម្បីជួយច្បាំងរុស្ស៊ីនឹងធ្វើស្ថានការណ៍ប្រយុទ្ធក្នុងសមរភូមិអ៊ុយក្រែន កាន់តែស្មុគស្មាញ។ដោយសារតែរឿងនេះ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែនលោកAndrïï Sybiga បានសរសេរនៅលើបណ្តាញសង្គម X អំពាវនាវឲ្យប្រទេសលោកខាងលិចអនុញ្ញាតប្រើសព្វាវុធបាញ់បានចម្ងាយឆ្ងាយ ដើម្បីចាប់ស្ទាក់មីស៊ីល និងដ្រូនរបស់រុស្ស៊ី។ នៅក្នុងបទបង្ហាញផែនការសន្តិភាព ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គីនៅបានទាមទារឲ្យសម្ព័ន្ធមិត្តលោកខាងលិចទទួលយកអ៊ុយក្រែនជាសមាជិករបស់អូតង់ និងដាក់ពង្រាយសព្វាវុធប្រឆាំងនុយក្លេអ៊ែរក្នុងទឹកដីអ៊ុយក្រែន។ ការទាមទារចង់បានរបស់មេដឹកនាំអ៊ុយក្រែន ត្រូវបានលោកពូទីនចាត់ទុកថា ជាការញុះញង់ប្រកបដោយគ្រោះថ្នាក់។រុស្ស៊ីអូសទាញទាហានកូរ៉េខាងជើងឲ្យជួយប្រយុទ្ធក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ តើប្រទេសលោកខាងលិច ជាពិសេស បណ្តាប្រទេសអឺរ៉ុបសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននឹងឈរឱបដៃមើលឬយ៉ាងណា? បើសិនទ័ពបរទេសមានវត្តមានកាន់តែច្រើននៅក្នុងទឹកដីអ៊ុយក្រែន និងរុស្ស៊ី ដើម្បីជួយគាំទ្រភាគីជម្លោះរៀងៗខ្លួន នោះ សង្រ្គាមអ៊ុយក្រែន លែងជាជម្លោះប្រដាប់អាវុធរវាងអ៊ុយក្រែន និងរុស្ស៊ីទៀតហើយ។ គេកំពុងបារម្ភខ្លាចខ្លាំងថា វាអាចផ្ទុះរាលដាលទៅជាសង្រ្គាមលោកដ៏គ្រោះថ្នាក់៕
10/20/2024 • 5 minutes, 56 seconds ទប់លែងជាប់ អឺរ៉ុបចង់ធ្វើច្បាប់ដើម្បីពន្លឿនការច ាប់បញ្ជូនអន្តោប្រវេសន៍ខុសច្បាប់ចេញ?
ក្រុមប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ បានជួបប្រជុំគ្នាក្នុងជំនួបកំពូលកាលពីថ្ងៃព្រហស្បតិ៍ ទី១៧តុលាកន្លងទៅ។ សំណុំរឿងដ៏ធំនិងបន្ទាន់បំផុត គឺបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ដែលសម្រុកចូលមកក្នុងទឹកដីអឺរ៉ុបឥតដាច់ ស្របពេលដែលអឺរ៉ុបគ្មានដំណោះស្រាយរួមឲ្យមានប្រសិទ្ធភាព។ បញ្ហាអន្តោប្រវេសន៍ គឺជាចំណុចធ្វើឲ្យប្រទេសអឺរ៉ុបប្រកែកទាស់ទែងគ្នា ខណៈប្រទេសខ្លះចង់បិទទ្វារខ្ទប់ ប្រទេសខ្លះទៀតចង់បើកចំហទទួលអន្តោប្រវេសន៍។ ឆ្លងកាត់ការប្រជុំជជែកគ្នាយ៉ាងតឹងតែង គេសង្កេតឃើញថា ប្រទេសសមាជិកអឺរ៉ុបកាន់តែច្រើន ហាក់ដូចជាចង់គាំទ្រឲ្យមានច្បាប់ថ្មី ដែលអនុញ្ញាតឲ្យគេអាចចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ត្រលប់ទៅកាន់ប្រទេសដើមវិញ ឲ្យបានច្រើន និងលឿនរហ័សបំផុត។ ក្រុមប្រទេសសមាជិកសហភាពអឺរ៉ុប បានស្រុះស្រួលគ្នានៅថ្ងៃទី១៧តុលា អំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅតាមប្រទេសសមាជិកនីមួយៗ ត្រូវតែធ្វើយ៉ាងណា ជួយសម្រួល ជួយបង្កើន និងពន្លឿនការបញ្ជូនអន្តោប្រវេសន៍ខុសច្បាប់ចេញពីទឹកដីអឺរ៉ុប។ ប្រទេសសមាជិកអឺរ៉ុបទាំង២៧ បានហៅឲ្យគណៈកម្មការអឺរ៉ុបត្រូវតែរៀបចំដាក់ស្នើ សេចក្តីព្រាងច្បាប់ថ្មីមួយ ដើម្បីចាត់ចែងកិច្ចការនេះ ឲ្យបានឆាប់បំផុត។លោកស្រី អួរស៊ូឡា វុនដឹឡេយិន ប្រធានគណៈកម្មការអឺរ៉ុបបានប្រកាសកាលពីថ្ងៃចន្ទដើមសប្តាហ៍ ថាលោកស្រីនឹងស្នើសេចក្តីព្រាងច្បាប់គ្រប់គ្រងអន្តោប្រវេសន៍ថ្មី តែដោយមិនបញ្ជាក់លំអិតអំពីកាលបរិច្ឆេទ។ គួរកត់សំគាល់ថា កាលពីឆ្នាំ២០១៨ គណៈកម្មការអឺរ៉ុបធ្លាប់បានស្នើច្បាប់មួយរួចហើយ ដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ក៏ប៉ុន្តែបានបរាជ័យវិញ ដោយសារប្រទេសសមាជិកទាំង២៧ គ្មានការមូលមតិគ្នា។ ប្រទេសអឺរ៉ុបខ្លះ ដែលមានទំនោរស្តាំនិងជាតិនិយម ទាមទារឲ្យបិទព្រំដែនឲ្យជិត ព្រោះអឺរ៉ុបមិនអាចមានលទ្ធភាពទទួលមនុស្សគ្រប់គ្នាឡើយ។ ចំណែកប្រទេសខ្លះទៀតវិញ ដែលមានទំនោរនយោបាយឆ្វេងនិយម បានលើកឡើងថាអឺរ៉ុបមិនត្រូវបិទទ្វារខ្ទប់ទេ អឺរ៉ុបត្រូវតែទទួលជួយជនភៀសខ្លួន ដែលរត់គេចពីសង្គ្រាមនិងការកាប់សម្លាប់។"មណ្ឌលរងចាំ" យកតាមគម្រូអ៊ីតាលីក៏ប៉ុន្តែ៦ឆ្នាំក្រោយមក គេសង្កេតឃើញថា របត់នយោបាយ ហាក់បានប្រែប្រួលខ្លាំង ដោយប្រទេសអឺរ៉ុបកាន់តែច្រើន យល់ថាត្រូវតែមានច្បាប់រឹតបន្តឹង ទប់ស្កាត់ និងចាប់បញ្ជូនអន្តោប្រវេសន៍ខុសច្បាប់ចេញពីអឺរ៉ុប។ មធ្យោបាយមួយនៅក្នុងការទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់មិនឲ្យជាន់ដីអឺរ៉ុប ហើយអាចពន្លឿនដល់ការចាប់បញ្ជូនទៅកាន់ប្រទេសដើមវិញនោះ គឺការរៀបចំបង្កើតឲ្យមាន “មណ្ឌលរងចាំ” នៅក្នុងប្រទេសណាមួយ មិនមែនជាសមាជិកអឺរ៉ុប តែស្ថិតនៅមាត់ច្រកចូលព្រំដែនអឺរ៉ុប។ ជនអន្តោប្រវេសន៍ ត្រូវគេបញ្ជូនឲ្យទៅស្នាក់នៅទីនោះបណ្តោះអាសន្ន ដើម្បីរៀបចំដាក់ឯកសារស្របច្បាប់ចូលអឺរ៉ុប។ អ្នកដែលមិនគ្រប់លក្ខខណ្ឌ ទទួលបានសិទ្ធិជ្រកកោនជាជនភៀសខ្លួន គឺគេនឹងចាប់បញ្ជូនទៅប្រទេសដើមវិញ។ថ្មីៗនេះ រដ្ឋាភិបាលស្តាំនិយមជ្រុលរបស់អ៊ីតាលី ដឹកនាំដោយលោកស្រី ចចា ម៉េឡូនី បានចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសអាល់បានី ដើម្បីបង្កើតមណ្ឌលរងចាំ សម្រាប់ដាក់ជនអន្តោប្រវេសន៍នៅទីនោះ មុននឹងពួកគេឆ្លងទូកតាមទឹក ឬតាមដីគោកមកដល់ទឹកដីអ៊ីតាលី។ តែយ៉ាងណា សកម្មជននិងអង្គការសិទ្ធិមនុស្ស បានរិះគន់ខ្លាំងណាស់ ទៅលើរដ្ឋាភិបាលអ៊ីតាលី ដោយចាត់ទុកថា “មណ្ឌលរងចាំ” នេះ វាមិនខុសពីមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍នោះឡើយ។ ទោះជាយ៉ាងនេះក្តី នៅក្នុងជំនួបកំពូលអឺរ៉ុប លោកស្រីប្រមុខរដ្ឋាភិបាលអ៊ីតាលី បានឆក់ឱកាសប្រឹងអួតបង្ហាញអំពីគំរូល្អដែលខ្លួនកំពុងធ្វើ ហើយចង់ឲ្យសហភាពអឺរ៉ុបទាំងមូលធ្វើតាមខ្លួន។ ជាក់ស្តែង លោកស្រី ចចា ម៉េឡូនី បានរៀបចំការប្រជុំក្រៅផ្លូវការមួយនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយមានប្រទេសចូលរួមជាមួយជាងដប់ប្រទេស ក្នុងនោះមាន ហូឡង់ ក្រិក អូទ្រីស ប៉ូឡូញ ហុងគ្រីជាដើម ដែលសុទ្ធតែជាប្រទេសមានទំនោរចង់បិទព្រំដែនទាំងស្រុង។ដោយឡែកបារាំង និងអាល្លឺម៉ង់ បានស្ថិតនៅឆ្ងាយពីកិច្ចប្រជុំនេះយ៉ាងប្រុងប្រយ័ត្ន ដោយគេមិនគាំទ្រគំនិតបង្កើតមណ្ឌលសម្រាប់ចាប់បង្ឃាំងអន្តោប្រវេសន៍ទុកនៅប្រទេសផ្សេងបែបនេះទេ។ លោកម៉ាក្រុងប្រធានាធិបតីបារាំង ធ្លាប់បានលើកឡើងថា ទង្វើចាប់អន្តោប្រវេសន៍យកទៅទុកក្នុងមណ្ឌលរួមមួយនៅប្រទេសផ្សេង គឺវាផ្ទុយពីគោលការណ៍ច្បាប់របស់បារាំង ដែលគោរពសិទ្ធិមនុស្ស។ចំណុចវិជ្ជមាននៃអន្តោប្រវេសន៍ស្របច្បាប់អេស្ប៉ាញជាប្រទេសដែលបានចេញមុខប្រឆាំងដាច់ខាត ទៅនឹងការរឹតបន្តឹងច្បាប់ជ្រុលហួសហេតុ ដើម្បីរាំងរាំងអន្តោប្រវេសន៍មិនឲ្យជាន់ដីអឺរ៉ុប។ លោកប៉េដ្រូ សាន់ឆែស នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានថ្លែងថា ការបង្កើតមណ្ឌលដើម្បីចាប់បង្ឃាំងអន្តោប្រវេសន៍ទុកនៅតាមប្រទេសក្រៅអឺរ៉ុប គឺវាមិនមែនជាដំណោះស្រាយ ដើម្បីទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ឡើយ។ ផ្ទុយទៅវិញ គឺវាទៅបង្កើតបញ្ហាថ្មីមួយបន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ បានអំពាវនាវថា ត្រូវតែឈប់នាំគ្នានិយាយតែពីចំណុចអាក្រក់របស់អន្តោប្រវេសន៍តទៅទៀតទៅ។ តែគួរនាំគ្នាងាកមកសំឡឹងមើល ពីផលវិជ្ជមានដែលអឺរ៉ុបអាចទទួលបានពីអន្តោប្រវេសន៍ដែលស្របច្បាប់វិញ។ លោកអះអាងអន្តោប្រវេសន៍ស្របច្បាប់ គឺប្រភពកម្លាំងពលកម្មដ៏ស្វាហាប់សម្រាប់រុញសន្ទុះសេដ្ឋកិច្ចអឺរ៉ុប។គួរបញ្ជាក់ថា កាលពីខែឧសភា សហភាពអឺរ៉ុបបានអនុម័ត “កាតិកាសញ្ញាអន្តោប្រវេសន៍និងការភៀសខ្លួន” ដែលតាមធម្មតាត្រូវចូលជាធរមាននៅពាក់កណ្តាលឆ្នាំ២០២៦។ យោងតាមអត្ថបទច្បាប់នេះ គឺអឺរ៉ុបនឹងដាក់បន្ថែមនូវវិធានការមួយចំនួន ដើម្បីពិនិត្យនៅតាមព្រំដែនចម្រាញ់យកតែអន្តោប្រវេសន៍ស្របច្បាប់ ឬជនភៀសខ្លួនដែលបំពេញគ្រប់លក្ខខណ្ឌ។ បន្ថែមពីនេះ កាតិកាសញ្ញានេះបានកំណត់កម្មវត្ថុ បែងចែកការទទួលខុសត្រូវគ្នា រវាងប្រទេសសមាជិកអឺរ៉ុប នៅក្នុងនីតិវិធីទទួលយកពាក្យសុំសិទ្ធជ្រកកោនរបស់ជនភៀសខ្លួន។ បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ ជាប្រទេស៣ធំៗ ដែលជំរុញឲ្យឆាប់អនុវត្តកាតិកាសញ្ញានេះ។ លោក អូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានលើកឡើងថា ជាការពិតណាស់ អឺរ៉ុបត្រូវតែរឹតបន្តឹងច្បាប់ ទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់។ តែទន្ទឹមគ្នានេះ អឺរ៉ុបត្រូវតែទុកទ្វារបើកចំហ ទទួលយកអន្តោប្រវេសន៍ស្របច្បាប់ដែលមានសមត្ថភាពជំនាញ។អ្នកនយោបាយខ្លះ ឃោសនាបែបប្រជាភិថុតគួរកត់សំគាល់បញ្ហាអន្តោប្រវេសន៍ បានធ្វើឲ្យជ្រួលច្របល់ឆាកនយោបាយ នៅតាមប្រទេសអឺរ៉ុប ខណៈទំនោរជាតិនិយមជ្រុល ស្អប់ជនបរទេស រើសអើងប្រកាន់ពូជសាសន៍ ហាក់កាន់តែមានសន្ទុះខ្លាំងនៅតាមប្រទេសមួយចំនួន។ អ្នកនយោបាយខ្លះ បានច្បាមយកចំណុចទាំងនេះជាទុននយោបាយ ប្រកាសវិធានការផ្សេងៗអូសទាញការគាំទ្រ។ អ្នកនយោបាយខ្លះ បានរិះគន់ពីកម្សោយក្នុងការអនុវត្តច្បាប់បណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ឲ្យត្រលប់ទៅស្រុកដើមវិញ។ ផ្អែកតាមតួលេខ ក្នុងចំណោមអ្នកដែលត្រូវគេចេញលិខិតឲ្យចាកចេញពីអឺរ៉ុបទាំងអស់ គឺមានតែ២០%ដែលត្រូវបានអឺរ៉ុបចាប់បញ្ជូនចេញជាក់ស្តែង។តែយ៉ាងណាក៏ដោយ ការចាប់បញ្ជូនអន្តោប្រវេសន៍ខុសច្បាប់ទៅកាន់ប្រទេសដើម វាមិនមែនជារឿងងាយឡើយ ហើយក៏មិនមែនប្រទេសសមាជិកអឺរ៉ុបម្នាក់ឯង ចង់ធ្វើក៏ធ្វើបាននោះដែរ។ ដើម្បីអាចធ្វើការងារនេះបាន គឺទាល់តែប្រទេសដើមរបស់ជនអន្តោប្រវេសន៍ខុសច្បាប់នោះ បញ្ជាក់ឲ្យច្បាស់ថាព្រមទទួលប្រជាជនខ្លួនយកទៅវិញ។ គេមិនអាចចេះតែដឹកតាមយន្តហោះយកទៅទម្លាក់ចោល ដោយគ្មានការអនុញ្ញាតពីប្រទេសដើមបានឡើយ។ ទន្ទឹមគ្នានេះទៀត ស្របពេលដែលថ្នាក់ដឹកនាំស្តាំនិយមអឺរ៉ុបខ្លះ ខិតខំស្រែកថាត្រូវតែធ្វើច្បាប់ថ្មី ដើម្បីពន្លឿនការចាប់បញ្ជូនអន្តោប្រវេសន៍ខុសច្បាប់ចេញពីអឺរ៉ុប តែបើយើងក្រឡេកទៅមើលតួលេខជាក់ស្តែង របស់ទីភ្នាក់ងារអឺរ៉ុបត្រួតពិនិត្យព្រំដែន Frontex គឺចំនួនជនអន្តោប្រវេសន៍ដែលបានឆ្លងចូលដីអឺរ៉ុបដោយខុសច្បាប់ បានធ្លាក់ចុះចំនួន៤២% ក្នុងរវាង៩ខែឆ្នាំ២០២៤នេះ បើប្រៀបធៀបទៅឆ្នាំ២០២៣៕
10/18/2024 • 6 minutes, 54 seconds សង្គ្រាមអ៊ីស្រាអែល-ហេសបូឡា៖ កងទ័ពអង្គការសហប្រជាជាតិនៅលីបង់មានភារកិច្ចអ្វី?
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូ បានថ្លែងដោយចំឈ្មោះជាលើកទីមួយ ឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរក៍ គិតគូរដកកងទ័ពមួកខៀវ ចេញជាបន្ទាន់ ទៅរកកន្លែងមានសុវត្ថិភាព។ តាំងពីថ្ងៃព្រហស្បតិ៍ទី១០តុលាមក គ្រាប់បាញ់ផ្លោងរបស់អ៊ីស្រាអែលបានធ្វើឱ្យទាហានមួកខៀវអង្គការសហប្រជាជាតិយ៉ាងហោច៥នាក់រងរបួស។ តើកងកម្លាំងទ័ពមួកខៀវនៅលីបង់នេះជានរណា? មានតួនាទីយ៉ាងណា បានជាក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់អ៊ីស្រាអែលដែរ? តាំងពីថ្ងៃព្រហស្បតិ៍ទី១០តុលាមក និងក្នុងរយៈពេលតែ៤៨ម៉ោង កងកម្លាំងបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំលីបង់ ហៅកាត់ថា Finul បានរងរបួសជាបន្តបន្ទាប់ ក្នុងចំនួនយ៉ាងហោច៥នាក់គិតត្រឹមថ្ងៃអាទិត្យទី១៣តុលា ដោយការវាយប្រហាររបស់អ៊ីស្រាអែល។ការវាយប្រហារប៉ះដល់ក្រុមFinul បានបង្កបង្កើតឱ្យមានប្រតិកម្មជាច្រើនប្រឆាំងនឹងអ៊ីស្រាអែល។ ជាង៤០ប្រទេស មានអាទិ៍ បារាំងអង់គ្លេស ឥណ្ឌា ចិន កាតា តួកគី ឬឥណ្ឌូណេស៊ី ព្រមទាំងសម្តេចប៉ាប បានចេញសេចក្តីថ្លែងការណ៍ ផ្តល់ការគាំទ្រទាំងស្រុងដល់កងកម្លាំងបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅលីបង់Finul និងបានជំរុញឱ្យមានការការពារសុវត្ថិភាពក្រុមមួកខៀវ។អ៊ីស្រាអែលថាសោកស្តាយដែលទាហានFinulរងរបួស ប៉ុន្តែមិនបញ្ឈប់ការផ្លោងវាយប្រហារយ៉ាងប្រសាចលើលីបង់ទេ និងបានបើកយុទ្ធនាការប្រយុទ្ធជើងគោកតតាំងជាមួយចលនាហេសបូឡា នៅតាមតំបន់ជិតព្រំដែនលីបង់-អ៊ីស្រាអែល។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូបានអំពាវនាវចំៗ ជាភាសាអង់គ្លេស នៅថ្ងៃអាទិត្យទី ១៣តុលា ឱ្យលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រេចដកក្រុមFinul ចេញពីភាគខាងត្បូងលីបង់ ទៅរកកន្លែងមានសុវត្ថិភាពភ្លាមនិងជាបន្ទាន់។ សម្រាប់លោក បេនយ៉ាមីន នេតាន់យ៉ាហ៊ូ ដើម្បីសុវត្ថិភាព Finulត្រូវតែចេញពីតំបន់គ្រោះថ្នាក់។កាលពីថ្ងៃសុក្រFinul បានចោទប្រកាន់យោធាអ៊ីស្រាអែលថាបានបាញ់តម្រង់ និងដោយចេតនាតែម្តងលើទីតាំងរបស់តំណាងអង្គការសហប្រជាជាតិ។ ហេតុអ្វីបានជាអ៊ីស្រាអែលក៏ដៅវាយប្រហារកងកម្លាំងបណ្តោះអាសន្នអង្គការសហប្រជាជាតិដែរ? តើកងកម្លាំងនេះជានរណា?មានតួនាទីអ្វីខ្លះនៅលីបង់?បង្កើតឡើងនៅឆ្នាំ១៩៧៨ និងមានទីស្នាក់ការនៅក្រុងNaqoura ភាគខាងត្បូងលីបង់ កងកម្លាំងបណ្តោះអាសន្នប្រចាំលីបង់ Finul មានសមាសភាពជាកងទ័ពមួកខៀវ សម្រាប់ជួយតាមដានការដកកងទ័ពអ៊ីស្រាអែលចេញពីភាគខាងត្បូងលីបង់ និងរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ហើយជួយរដ្ឋាភិបាលលីបង់ឱ្យមានអំណាចគ្រប់គ្រង់ប្រទេសពេញលេញ។ ដោយស្ថានភាពភូមិសាស្ត្រនយោបាយចេះតែវិវឌ្ឍ បេសកកម្មរបស់Finul ត្រូវបានកែប្រែ នៅឆ្នាំ១៩៨២ម្តង និងនៅឆ្នាំ២០០០ម្តង។ តាំងពីឆ្នាំ២០០៦មក Finul មានភារៈត្រួតពិនិត្យការបញ្ចប់អំពើហិង្សានៅតំបន់ភាគខាងត្បូងលីបង់និងជួយសម្រួលបេសកកម្មមនុស្សធម៌ឱ្យបានទៅដល់ប្រជាជនស៊ីវិល ព្រមទាំងការសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់អ្នកស្ម័គ្រចិត្ត ឱ្យប្រព្រឹត្តទៅសុវត្ថិភាព។ តែសម្រាប់អ្នកវិភាគ នេះជាបេសកកម្មដែលមិនអាចទៅរួច។គិតមកទល់ខែមេសា២០២៤ Finul មានសមាជិក១០៥៤១នាក់ ក្នុងនោះ៩៥៣២នាក់ជាទាហាន ២០៧នាក់ជានាយសេនាធិការ ៥៥៣ជាជនស៊ីវិលក្នុងស្រុក និង២៤៩នាក់ជាជនស៊ីវិលមកពីប្រទេសផ្សេង។ ក្រុមមួកខៀវនៅលីបង់ មានទីតាំងឈរជើងតំបន់ទ្រនាប់ តាមបណ្តោយព្រំដែនមិនផ្លូវការរបស់លីបង់-អ៊ីស្រាអែល ប្រវែង១២០គីឡូម៉ែត្រ គូសដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ២០០០។ Finul មានកាតព្វកិច្ចត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលចែងអនុញ្ញាតឱ្យតែទាហានលីបង់ និងទាហានមួកខៀវប៉ុណ្ណោះ អាចពង្រាយវត្តមាន នៅក្នុងតំបន់ដែលងំដោយអំពើហិង្សាប្រយុទ្ធតតាំងគ្នាជាញឹកញយរវាងកងទ័ពរដ្ឋាភិបាលលីបង់និងចលនាប្រដាប់អាវុធស្និទ្ធនឹងអ៊ីរ៉ង់ ហេសបូឡា និងរវាងហេសបូឡាជាមួយអ៊ីស្រាអែល។តែ Finul មានសិទ្ធិត្រឹមការពារខ្លួនទល់នឹងការវាយប្រហារដោយដៅចំខ្លួនតែប៉ុណ្ណោះ។ ដូចជាបណ្តាសមាជិកមួកខៀវអង្គការសហប្រជាជាតិផ្សេងទៀតដែរ កងកម្លាំងបណ្តោះអាសន្នប្រចាំលីបង់ មិនមែនជាកងពលយោធាប្រដាប់អាវុធឬ ទ័ពប្រយុទ្ធទេ។ ក្រុមមួកខៀវFinul បានត្រឹមឈរមើលឃើញសកម្មភាពរបស់គូប្រយុទ្ធហេសបូឡានិងអ៊ីស្រាអែល តែមិនអាចបញ្ចេញសកម្មភាពអ្វីបានទាំងអស់។ ពោលគឺជាមហាអំណាចដែលគ្មានអំណាច។បើតាមអង្គការសហប្រជាជាតិ កងកម្លាំងមួកខៀវមានទាហាននិងនគរបាលជាង១០ម៉ឺននាក់ កំពុងធ្វើជាកម្លាំងជំនួយនៅក្នុង១២០ប្រទេស។ ទាហានមួកខៀវ ច្រើនទៅធ្វើការក្នុងតំបន់មានឆ្ងាយដាច់ស្រយាល និងមានគ្រោះថ្នាក់ខ្លាំង៕
10/13/2024 • 4 minutes, 22 seconds ភូមា៖ អស់មេដឹកនាំ តើគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ កំពុងរលត់ដូចភ្លើងទៀនឬ?
ជាង៣ឆ្នាំ បន្ទាប់ពីក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីអ៊ុងសាន ស៊ូជី គេសង្កេតឃើញថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកអ៊ុងសាន ស៊ូជី ហាក់កំពុងបាក់កម្លាំង រលាយសាបសូន្យម្តងបន្តិចៗ។ លោកស្រីអ៊ុងសាន ស៊ូជី និងសមាជិកធំៗភាគច្រើន កំពុងជាប់នៅក្នុងឃុំ ខណៈមេដឹកនាំធំៗ ដែលមានវ័យចំណាស់របស់គណបក្សនេះ បានស្លាប់ម្តងមួយៗ។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានធ្លាក់ចុះទន់ខ្សោយ គ្មានធនធានមនុស្ស ធ្វើឲ្យក្រុមយោធាមានសង្ឃឹមកាន់តែខ្លាំងនៅក្នុងការបោះឆ្នោត ដែលរបបសិកបានសន្យាថានឹងរៀបចំធ្វើនៅឆ្នាំក្រោយ។ នៅភូមា មនុស្សដែលជាសរសរគ្រិះនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) បើមិនជាប់ឃុំក៏ស្លាប់ម្តងមួយៗ។ លោក ច មីនមូង មនុស្សដ៏សំខាន់ម្នាក់ តាំងតែពីគណបក្សនេះបានកកើតដំបូង បានស្លាប់កាលពីថ្ងៃចន្ទ ទី៧តុលា ក្នុងជន្មាយុ៧២ឆ្នាំ ដោយជំងឺមហារីកគ្រាប់ឈាម។ មុននឹងស្លាប់ លោកម្នាក់នេះធ្លាប់ត្រូវរបបសិកចាប់ដាក់ឃុំជាច្រើនលើក ប៉ុន្មានឆ្នាំចុងក្រោយនេះ។កាលពីខែមិថុនាកន្លងទៅ មេដឹកនាំដ៏សំខាន់ម្នាក់ និងជាស្ថាបនិកមួយរូបនៃគណបក្សរបស់លោកស្រីអ៊ុងសាន ស៊ូជី ក៏បានស្លាប់ដែរ គឺលោក ទិន អ៊ូ អាយុ៩៧ឆ្នាំ។ ក្រោយរដ្ឋប្រហារនៅឆ្នាំ២០២១ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលធ្លាប់បានទទួលការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាជនភូមាក្នុងពេលបោះឆ្នោត ពេលនេះកំពុងតែរលត់អស់ពន្លឺសន្សឹមៗ ប្រៀបបីដូចជាពន្លឺភ្លើងទៀនដែលឆេះអស់ ដោយសារតែអស់មេដឹកនាំ។របបសិកភូមា មិនបានចាំទាល់តែគណបក្សនេះរលាយរលត់អស់នេះទេ គេបានប្រកាសកាលពីឆ្នាំទៅ រំលាយគណបក្សនេះចោល ក្រោមហេតុផលថា គណបក្សនេះមិនគោរពលក្ខខណ្ឌដែលមានចែងក្នុងច្បាប់បោះឆ្នោត។ លោក Htwe Htwe Thien សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Curtin អូស្ត្រាលី បានលើកឡើងថា របបសិកភូមាកំពុងតែបោសសំអាតឆាកនយោបាយ ដើម្បីត្រៀមយកឈ្នះតែម្នាក់ឯងដោយស្របច្បាប់ នៅក្នុងការបោះឆ្នោតឆ្នាំ២០២៥។ ខុសពីសហរដ្ឋអាមេរិក ដែលចាត់ទុកការបោះឆ្នោតនេះជាឆាកល្ខោន ចិននិងរុស្ស៊ីវិញបាននាំគ្នាប្រកាសគាំទ្រ កលល្បិចរបស់របបសិកភូមានេះ។យោងតាមអ្នកវិភាគជាច្រើន ប្រសិនបើការបោះឆ្នោតធ្វើទៅតាមក្រិត្យក្រមប្រជាធិបតេយ្យ វាប្រាកដណាស់ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹងឈ្នះគគ្រឹកគគ្រេង។ សមាជិកម្នាក់របស់បក្សនេះ ដែលទើបតែត្រូវបានគេដោះលែងពីគុក បានប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា សមាជិកសមាជិការបស់បក្ស កំពុងតែខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធ ប្រមូលកម្លាំងឡើងវិញ បើទោះបីជាប្រឈមនឹងការធ្វើទុក្ខម្នេញដ៏សម្បើមពីរបបសិកក៏ដោយ។ ដោយសុំមិនបញ្ចេញឈ្មោះ សមាជិកម្នាក់ទៀត បានអះអាងថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹងខំប្រឹងតស៊ូ ចូលរួមបោះឆ្នោត ដើម្បីប្រយុទ្ធតទល់នឹងរបបផ្តាច់ការយោធា។សូមរំលឹកថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានចាប់បដិសន្ធិឡើងនៅឆ្នាំ១៩៨៨ បន្ទាប់ពីរបបសិកភូមាកាន់អំណាចតាំងតែទសវត្សឆ្នាំ១៩៦០មក បានបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃទៅលើចលនាបះបោរបស់ប្រជាជនភូមា។ អស់រយៈពេលជាង៣០ឆ្នាំ ទង់ពណ៌ក្រហមមានរូបហង្សពណ៌មាសរបស់គណបក្សនេះ បានក្លាយជានិម្មិតរូបនៃការតស៊ូនយោបាយ ដោយសន្តិវិធី ដើម្បីសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យភូមា។ក្រោយរបត់នយោបាយបើកចំហរខ្លះៗ ចាប់ពីឆ្នាំ២០១០ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ចំនួន២លើក ឆ្នាំ២០១៥ និង២០២០។ តែនៅថ្ងៃទៅ១កុម្ភៈ២០២១ កងទ័ពភូមាដឹកនាំដោយលោកមីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីអ៊ុងសាន ស៊ូជី និងចាប់មនុស្សរាប់ពាន់នាក់ដាក់ឃុំ។ ប្រមាណ៣ឆ្នាំជាងមកនេះ ភូមាបានឈានធ្លាក់សឹងតែចូលក្នុងសង្គ្រាមស៊ីវីល ដោយសារតែប្រជាជននិងក្រុមកម្លាំងប្រដាប់អាវុធជនជាតិភាគតិច បានបើកសមរភូមិប្រយុទ្ធជាមួយកងទ័ពជាតិ។ នៅខែកក្កដាឆ្នាំ២០២២ របបសិកភូមា បានប្រហារជីវិតអ្នកទោសម្នាក់ ដែលជាសមាជិកសភាអតីតអ្នកចម្រៀងរ៉េប ដើម្បីជាការព្រមានគំរាមទៅដល់សំឡេងតវ៉ាប្រឆាំងទាំងអស់។លោកស្រី អ៊ុងសាន ស៊ូជី ដែលមានវ័យចាស់ជរា ៧៩ឆ្នាំទៅហើយនោះ ក៏មិនខុសពីលោកអតីតប្រធានាធិបតី Win Myint កំពុងស្ថិតនៅក្នុងឃុំ គ្មានសង្ឃឹមថាមានថ្ងៃចេញមានសេរីភាពឡើយ។ តែទោះជាយ៉ាងណា ក្នុងទឹកចិត្តរបស់ប្រជាពលរដ្ឋភូមាទូទៅ គឺពួកគេនៅតែទន្ទឹងរងចាំ និងស្រលាញ់គាំទ្រលោកស្រី អ៊ុងសាន ស៊ូជីជានិច្ច។ តែទន្ទឹមនឹងនេះ យុវជនភូមាមួយចំនួនធំ ដែលធ្លាប់ដើរតាមគន្លងនយោបាយអហិង្សារបស់លោកស្រីអ៊ុងសាន ស៊ូជីនោះ ពេលនេះពួកគេបានភាគច្រើនបានងាកទៅចាប់យកការតស៊ូដោយប្រើកម្លាំង ប្រើអាវុធ ដើម្បីលទ្ធិប្រជាធិបតេយ្យ។ យ៉ាងណាមិញ “ក្រុមចលនាប្រជាការពារ” គឺជាក្រុមប្រដាប់អាវុធ ត្រូវបានបង្កើតឡើងដោយយុវជនភូមា សហការជាមួយកងកម្លាំងជនជាតិភាគតិចនៅតាមរដ្ឋនានា នៅក្រោយថ្ងៃរដ្ឋប្រហារឆ្នាំ២០២១។មិនត្រឹមប៉ុណ្ណោះទេ អតីតសមាជិកសភាភូមាបានរួមកម្លាំងគ្នា ប្រកាសបង្កើតរដុ្ឋភិបាលក្រៅផ្លូវការ ឈ្មោះថារដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) ដែលរហូតពេលនេះ គ្មានប្រទេសណាទទួលស្គាល់ឡើយ។ ក៏ប៉ុន្តែផ្អែកតាមប្រភពខ្លះស្និទ្ធនឹងគណបក្ស គឺរដ្ឋាភិបាលក្រៅផ្លូវការនេះ ចាប់ផ្តើមបែកបាក់គ្នាហើយ ដោយសារតែមានការខ្វែងគំនិតគ្នា រវាងអ្នកនយោបាយដែលតស៊ូក្នុងស្រុក និងអ្នកដែលបានភៀសខ្លួនទៅក្រៅប្រទេស។លោក David Mathieson អ្នកវិភាគឯករាជ្យម្នាក់បានលើកឡើងថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានតស៊ូរស់មានកម្លាំងមករហូត បើទោះបីរងនូវការធ្វើបាបកៀបសង្កត់ គំរាមសំឡុតយ៉ាងខ្លាំងដៃអស់រយៈពេលជាង៣០ឆ្នាំពីសំណាក់ពួកកងទ័ព។ ដូច្នេះ គ្មានហេតុផលអ្វីដែលបក្សនេះនឹងត្រូវរលត់រលាយនោះឡើយ។ តែទោះជាយ៉ាងនេះក្តី វាសនាអនាគតរបស់បក្សនេះ ពឹងផ្អែកធំណាស់ទៅលើរូបលោកស្រីអ៊ុងសាន ស៊ូជី ដែលសកម្មជនខានឃើញមុខយូរឆ្នាំមកហើយ ដោយសារតែលោកស្រីស្ថិតនៅក្នុងឃុំ។ ជាងនេះទៀត លោកស្រីអ៊ុងសាន ស៊ូជី ដែលមានអាយុ៧៩ឆ្នាំទៅហើយ នៅមិនទាន់បានតែងតែង ឬផ្ទេរតំណែងការងារទៅឲ្យមនុស្សណាម្នាក់នៅឡើយទេ។ សំណួរចោទសួរថា តើអស់ពីលោកស្រីអ៊ុងសាន ស៊ូជី តើគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹងក្លាយទៅជាយ៉ាងណា? តើអ្នកណា នឹងមកដឹកនាំបក្សនេះ ឲ្យមានឯកភាពជាធ្លុងមួយ ដើម្បីបន្តធ្វើជាកម្លាំងរួបរួមជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅភូមា?
10/10/2024 • 6 minutes, 17 seconds បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត គឺជាបដិវត្តន៍ ឬគ្រាន់តែជាដុំប៉ោងដែលប្រហោងក្នុង?
ប្រមាណ២ឆ្នាំមកនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បានរីកសាយភាយនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគេគិតថា ទៅថ្ងៃអនាគតដ៏ខ្លី គេនឹងប្រើបច្ចេកវិទ្យានេះជាទូទៅ ដើម្បីផលិតមាតិកា អត្ថបទ និងរូបភាពនានា។ ភាពល្បីរន្ទឺមួយរំពេចនេះ បានញ៉ាំងឲ្យក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ទទួលបានការបោះទុនវិនិយោគ យ៉ាងច្រើនសន្ធឹក។ តែជាមួយគ្នានេះ មានមតិអ្នកជំនាញខ្លះលើកឡើងថា ការសំរុកបោះទុនវិនិយោគលើបញ្ញាសិប្បនិម្មិត វាប្រៀបបីដូចដុំប៉ោងមូល តែធាតុពិតគឺវាប្រហោងក្នុង ព្រោះថាគិតត្រឹមពេលនេះ ការបោះទុននេះមិនទាន់ទទួលបានប្រាក់ចំណេញនៅឡើយទេ។ កាលពី២ឆ្នាំមុន ក្រុមហ៊ុន Open AI ដែលបានបង្កើតកម្មវិធីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ChatGPT នៅមិនទាន់មានមនុស្សទូទៅស្គាល់ទេ។ បន្ទាប់ពីបានប្រកាសប្រមូលថវិកាវិនិយោគបាន ៦៦០០លានដុល្លារ ពេលនេះក្រុមហ៊ុន Open AI មានតម្លៃដល់ទៅ ១៥៧ពាន់លានដុល្លារ។ ត្រឹមតែ២ឆ្នាំ Open AI បានក្លាយជាក្រុមហ៊ុននាំមុខគេបំផុត ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហើយបានរុញច្រានក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ឲ្យសម្រេចចិត្តវិនិយោគលើបច្ចេកវិទ្យានេះ បើទោះបីជាពុំទាន់មានសង្ឃឹមថាបានប្រាក់ចំណេញមកវិញ។តើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត គឺជាបដិវដ្តន៍ទំនើបថ្មីនៃបច្ចេកវិទ្យាដែលគ្រប់គ្នាមិនអាចរំលងបាន ឬវាគ្រាន់តែជាការផ្អើលឈូរឆមួយរយៈ ប៉ោងធំតែប្រហោងក្នុង?សម្រាប់អ្នកជំនាញនៅការិយាល័យ Wedbush ជាមួយនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងរវាង១២ ទៅ១៨ខែទៀត គឺបដិវត្តន៍ឧស្សាហកម្មទី៤ នឹងធ្វើដំណើរមកដល់ហើយ នៅក្នុងវិស័យផលិតឧបករណ៍សឺមីកុងឌុកទ័រ កម្មវិធីបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ អ៊ិនធ័រនិត និងទូរស័ព្ទស្មាតហ្វូនជាដើម។ ChatGPT គឺជាចំណុចចាប់ផ្តើមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដូចកាលជំនាន់ទូរស័ព្ទ iPhone ចេញដំបូង ដែលបានរុញសន្ទុះបដិវត្ត ក្នុងវិស័យទូរស័ព្ទដៃទំនើបដូច្នោះដែរ។ គឺ Open AI ដែលបានបើកផ្លូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មានដូចជា Nvidia Microsoft និង Google ជាដើម សម្រេចកំណត់អាទិភាព យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមកប្រើប្រាស់។លោក Dan Ives អ្នកជំនាញនៅ Wedbush លើកឡើងថា នៅរវាង៣ឆ្នាំទៅមុខទៀតនេះ គ្រប់ក្រុមហ៊ុនទាំងអស់ នឹងចំណាយប្រាក់សរុប ប្រមាណ១០០០ពាន់លានដុល្លារ នៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ លោកពន្យល់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបង្កើត (AI Generative) គឺត្រូវការចំណាយប្រាក់ច្រើនណាស់ តួយ៉ាង ដើម្បីសរសេរអត្ថបទ ផលិតរូបភាព និងបង្កើតទិន្នន័យផ្សេងៗទៀត។ ទន្ទឹមគ្នានេះ ដើម្បីធ្វើឲ្យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបង្កើត អាចដំណើរការទៅបាន គឺត្រូវការឲ្យមានហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាថ្មី ស៊ីថាមពលច្រើន និងត្រូវការវិស្វករមានជំនាញកាន់តែខ្ពស់។គួរកត់សំគាល់ថា ក្រុមហ៊ុនធំៗជាច្រើនបានចាប់ផ្តើមចំណាយប្រាក់ច្រើនពាន់លានដុល្លារ វិនិយោគក្នុងវិស័យបញ្ញាសិប្បនិម្មិត។ ជាក់ស្តែងក្រុមហ៊ុន Microsoft បានចំណាយ១៣ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុន Open AI ព្រមទាំងប្រកាសវិនិយោគ១៥ពាន់លានដុល្លារបន្ថែមទៀត ក្នុងឆ្នាំនេះ នៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅប្រទេសផ្សេងទៀត ដូចជានៅអាល្លឺម៉ង់ និងឥណ្ឌូណេស៊ីជាដើម។ Google វិញ បានបញ្ចេញប្រាក់១៣ពាន់លានដុល្លារដែរ ក្នុងត្រីមាសទី២ឆ្នាំនេះ ចំណាយទៅលើឧបករណ៍គ្រឿងបរិក្ខាបច្ចេកវិទ្យាទំនើប។ ទំហំចំណាយដ៏ធំនេះ បានឆ្លុះបញ្ចាំងអំពីតម្រូវការ ក្នុងការមានទីតាំងស្តុកទិន្នន័យ និងម៉ាស៊ីនថ្មីទំនើបមានកម្លាំងកាន់តែខ្លាំង។ក៏ប៉ុន្តែ បើផ្អែកតាមរបាយការណ៍របស់ ធនាគារ Golman Sachs ចេញផ្សាយកាលពីខែមិថុនា គឺការចំណាយទាំងអស់នេះ មិនទាន់បានហុចលទ្ធផលចំណេញថវិកាអ្វីទេ គិតត្រឹមពេលនេះ។ ផលវិជ្ជមានគឺមានតែ ធ្វើឲ្យអ្នកជំនាញអភិវឌ្ឍកម្មវិធី អាចធ្វើការមានប្រសិទ្ធភាពជាងមុនតែប៉ុណ្ណោះ។ លោក Rob Enderle លើកឡើងថា គ្រប់អ្នកវិនិយោគគិតតែពីស្រែកថា ត្រូវតែវិនិយោគលើបញ្ញាសិប្បនិម្មិត តែធាតុពិតមានអតិថិជនតិចណាស់ ដែលត្រូវការទិញបច្ចេកវិទ្យានេះទៅប្រើនៅពេលនេះ។ អ្នកជំនាញរូបនេះអះអាងថា ៨០%នៃគម្រោងប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវបានបិទបញ្ចប់ជាមួយនឹងភាពបរាជ័យ។យ៉ាងណាក៏ដោយ លោកស្រី Grace Harmon អ្នកវិភាគទីផ្សារនៅ Emarketer បានលើកឡើងថា សម្រាប់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មិនទាន់សម្លឹងចង់បានប្រាក់ចំណេញមកវិញនៅឡើយទេ។ គេប្រឹងវិនិយោគ គឺដោយសារខ្លាចដើរយឺតជាងគេ ក្នុងថ្ងៃអនាគត។ដោយឡែក លោក Michael Mansard នាយកក្រុមវិភាគនិងស្រាវជ្រាវ Subscribed Institute បានលើកឡើងថា រឿងបញ្ញាសិប្បនិម្មិតប៉ោងប្រហោងក្នុង ឬមិនប្រហោងក្នុង គឺវាមិនសំខាន់ទេក្នុងពេលនេះ។ អ្វីដែលសំខាន់ គឺអ្នកវិយោគក្នុងវិស័យនេះ គេសំឡឹងឃើញសក្តានុពលរបស់វា។ ទន្ទឹមគ្នានេះ លោកពន្យល់ថា ក្រុមហ៊ុនបច្ចេកវិទ្យាដែលរកស៊ីក្នុងបញ្ញាសិប្បនិម្មិត ត្រូវតែរកផ្លូវ គូសវាសគម្រូសេដ្ឋកិច្ចថ្មី ដើម្បីអាចរស់បន្ត នៅពេលដុំប៉ោងផ្អើលមួយរយៈនេះ វាធ្លាយធូរអស់ខ្យល់ទៅ។ ឧទារហណ៍ជាក់ស្តែង ផ្អែកតាមកាសែត New York Times ក្រុមហ៊ុនOpen AI ដែលបានចាប់ផ្តើមយកប្រាក់ពីអ្នកប្រើប្រាស់ធម្មតានោះ នឹងខាតប្រាក់ចំនួន៥ពាន់លានដុល្លារនៅឆ្នាំនេះ ព្រោះរកចំណូលបានតែ ៣៧០០លានដុល្លារប៉ុណ្ណោះ។ដូចគ្នាដែរ លោកស្រី Carolina Milanesi អ្នកវិភាគឯករាជ្យបានលើកឡើងថា វាច្បាស់ណាស់ថាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នឹងរីកសុះសាយមនុស្សប្រើជាទូទៅប្រចាំថ្ងៃ។ ក៏ប៉ុន្តែដើម្បីអាចប្រកួតប្រជែងយកឈ្នះគេបាន គឺក្រុមហ៊ុនអ្នកផលិតបច្ចេកវិទ្យានេះ ត្រូវតែហ៊ានវិនិយោគហ៊ានចំណាយនៅពេលនេះ។ ទីផ្សារវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត គឺវាមិនខុសពីច្បាប់ធម្មជាតិនោះទេ ពោលគឺ “អ្នកណាអ្នកខ្លាំងអ្នកនោះឈ្នះ”៕
10/8/2024 • 5 minutes, 39 seconds ហេតុអ្វីអង្គការសន្ធិសញ្ញាសន្តិសុខរួមរបស់រុស្ស៊ី CSTO/OSTC ចាប់ផ្តើមអស់ឥទ្ធិពល?
ក្នុងសប្តាហ៍កន្លងទៅនេះ អង្គការសន្ធិសញ្ញាសន្តិសុខរួមដែលគេតែងប្រដូច ហៅថាជាអង្គការអូតង់ដឹកនាំដោយរុស្ស៊ីនោះ បានបើកការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។ តែពីមួយឆ្នាំទៅមួយឆ្នាំ គេសង្កេតឃើញថា សម្ព័ន្ធភាពយោធាដែលរុស្ស៊ីបង្កើតឡើងដើម្បីប្រជែងកម្លាំងនឹងអូតង់នេះ ហាក់ដូចជាបានធ្លាក់ចុះឥទ្ធិពលជាបន្តបន្ទាប់។ ជាក់ស្តែង នៅក្នុងសមយុទ្ធយោធាឆ្នាំនេះ ប្រទេសអាម៉េនី ដែលជាសាមជិកម្នាក់ក្នុងចំណោមទាំង៦នាក់ បានអវត្តមានមិនចូលរួមជាមួយទេ។ ប្រទេសក្នុងតំបន់អាស៊ីកណ្តាលផ្សេងទៀត ដែលរុស្ស៊ីខំបញ្ចុះបញ្ចូលឲ្យចូលជាសមាជិកសម្ព័ន្ធភាពនេះ ក៏បានងាកមុខចេញដែរ។ តើមានមូលហេតុអ្វីខ្លះ បានជាអង្គការសម្ព័ន្ធភាពយោធារបស់រុស្ស៊ីនេះ ធ្លាក់ចុះឥទ្ធិពល? អង្គការសន្ធិសញ្ញាសន្តិសុខរួម ហៅកាត់ថា CSTO ឬ OSTC ត្រូវបានបង្កើតឡើងដោយរុស្ស៊ីនៅឆ្នាំ១៩៩២ បន្ទាប់ពីសហភាពសូវៀតដួលរលំទៅ។ អង្គការសម្ព័ន្ធភាពយោធា ដែលគេតែនិយមប្រដូចទៅនឹងអង្គការអូតង់របស់ក្រុមប្រទេសលោកខាងលិចនេះ គឺជាមធ្យោបាយមួយដែលរុស្ស៊ីប្រឹងប្រែងចងសម្ព័ន្ធភាពកងទ័ព ជាមួយក្រុមប្រទេសអតីតសមាជិកសហភាពសូវៀត នៅតំបន់កូកាសនិងតំបន់អាស៊ីកណ្តាល ដែលទើបតែបានឯករាជ្យថ្មីៗ។កាន់តែខ្សត់សមាជិកជាង៣០ឆ្នាំមកនេះ គេសង្កេតឃើញថា សម្ព័ន្ធភាពយោធារបស់រុស្ស៊ីនេះ បានចុះថយឥទ្ធិពលម្តងបន្តិចៗ ដោយសារវាមានការប្រកួតប្រជែងផ្សេងទៀត ហើយវាថែមទាំងមិនផ្តល់ទំនុកចិត្តឲ្យប្រទេសសមាជិក ឬប្រទេសដែលចាប់អារម្មណ៍ចង់ចូលរួម។ នេះបើផ្អែកតាមការវិភាគ របស់លោក Hakop Badalyan អ្នកជំនាញសិក្សាសន្តិសុខនៅអាម៉េនី។ នៅឆ្នាំ១៩៩៩ ដោយសារមិនឃើញផលប្រយោជន៍ អាស៊ែរបៃហ្សង់ និង ហ្សកហ្ស៊ី បានសម្រេចចិត្តចាកចេញពីសម្ព័ន្ធភាពនេះ។ បន្ទាប់មកទៀត អ៊ូសបេគីស្ថាន បានចាកចេញនៅឆ្នាំ២០១២។ បច្ចុប្បន្ននេះ អង្គការសន្ធិសញ្ញាសន្តិសុខរួមរបស់រុស្ស៊ី មានសមាជិកចំនួនតែ៦ប្រទេស ដែលក្នុងនោះមានរុស្ស៊ីខ្លួនឯង បេឡារុស អាមេនី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន។ឥឡូវនេះ អាមេនី ក៏ចាប់ផ្តើមដកខ្លួនដែរ។ ជាក់ស្តែង សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ដែលបានប្រព្រឹត្តិធ្វើទៅនៅតំបន់ភ្នំ ប្រទេសកៀហ្ស៊ីស៊ីស្ថាន កាលពីសប្តាហ៍កន្លងទៅនេះ គឺគ្មានកងទ័ពអាមេនីចូលរួមទេ។ អាមេនីអន់ចិត្តនឹងរុស្ស៊ីខ្លាំងណាស់ ដោយចោទថារុស្ស៊ីកាន់ជើងខាងអាស៊ែបៃហ្សង់ នៅក្នុងជម្លោះតំបន់ការ៉ាបាក់។ លោកនាយករដ្ឋមន្ត្រីអាមេនី Nikol Pachinian បានលើកឡើងថា កងទ័ពរុស្ស៊ីបានបោះបង់ចោលអាមេនី ធ្វើឲ្យសន្តិសុខនិងអធិបតេយ្យភាពអាមេនីត្រូវប្រឈមគ្រោះថ្នាក់ ដោយសារតែជម្លោះជាមួយអាស៊ែរបៃហ្សង់។ អ្នកនាំពាក្យវិមានក្រេមឡាំង កាលពីថ្ងៃពុធសប្តាហ៍មុន បានព្យាយាមនិយាយធានា ថាសម្ព័ន្ធភាព CSTO មិនបានគំរាមអធិបតេយ្យភាពនិងបូរណភាពទឹកដីអាមេនីទេ។សង្គ្រាមអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ីទន់ខ្សោយបាក់កម្លាំងគួរកត់សំគាល់ថា នៅក្រោយការលើកទ័ពចូលឈ្លានពានអ៊ុយក្រែន រុស្ស៊ីបានព្យាយាមដោយជោគជ័យ រឹតបន្តឹងចំណងសហការជាមួយប្រទេសមួយចំនួន ដែលស្ថិតនៅឆ្ងាយៗ ជាក់ស្តែងជាមួយចិន កូរ៉េខាងជើង អ៊ីរ៉ង់ និងបណ្តាប្រទេសអាហ្វ្រិកមួយចំនួន។ ផ្ទុយទៅវិញ នៅក្នុងដែនឥទ្ធិពលតាមប្រទេសអតីតសមាជិកសហភាពសូវៀតវិញ រុស្ស៊ីហាក់ដូចជាត្រូវគេងាកមុខចេញជាបន្តបន្ទាប់។ក្រៅតែពីបេឡារុស ប្រទេសអតីតកូនចៅសហភាពសូវៀតសឹងតែទាំងអស់ គឺគ្មាននរណាពេញចិត្តឡើយ ដែលឃើញរុស្ស៊ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន។ ជាងនេះទៀត សង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយទៅជិតៗឆ្នាំមកនេះ បានបង្ហាញថា រុស្ស៊ីបានតែសម្តីតែគ្មានកម្លាំងជាក់ស្តែងឯណា ទៅយកឈ្នះសង្គ្រាមដូចខ្លួនអួត។ កម្លាំងទ័ពរុស្ស៊ី ត្រូវកេណ្ឌទៅសមរភូមិអ៊ុយក្រែនសឹងទាំងអស់ ដូច្នេះរុស្ស៊ីលែងមានកម្លាំងទ័ពឯណាទៀត មកអន្តរាគម ឬដោះស្រាយជម្លោះ រវាងប្រទេសសមាជិកCSTOឡើយ។ ជាក់ស្តែង កៀហ្ស៊ីស៊ីស្ថាន មានបញ្ហាឈ្លោះប្រកែកជាមួយតាជីគីស្ថាន ខណៈអាមេនីវិញឈ្លោះជាមួយអាស៊ែរបៃហ្សង់។ លោក Hakop Badalyan បានពន្យល់ថា រុស្ស៊ីរវល់ជាប់ដៃប្រយុទ្ធនៅអ៊ុយក្រែន គ្មានសមត្ថភាព រំលែកកម្លាំងទ័ព ហើយក៏លែងមានមធ្យោបាយធ្វើជាមេដឹកនាំ ចាត់ចែងបោះមេ ធ្វើអាជ្ញាកណ្តាលនៅក្នុងក្របខណ្ឌសម្ព័ន្ធភាព CSTO ទៀតឡើយ។រុស្ស៊ីអាចការពារសមាជិក CSTOមែន?តែយ៉ាងណាក៏ដោយ លោក Vladimir Jarikhine អគ្គនាយករងវិទ្យាស្ថានប្រទេសអតីតសហភាពសូវៀត នៅទីក្រុងមូស្គូ បានអះអាងថា សម្ព័ន្ធភាពCSTO នៅតែបន្តដើរតួនាទីសំខាន់ ធានាការពារឲ្យមានស្ថិរភាពនៅតំបន់អាស៊ីកណ្តាល ជាពិសេសនៅតំបន់ដែលមានព្រំដែនជាប់អាហ្វហ្កានីស្ថាន បន្ទាប់ពីប្រទេសនេះបានធ្លាក់ទៅក្នុងរបបរបស់ក្រុមតាលីបង់សាជាថ្មី។ មន្ត្រីរុស្ស៊ីរូបនេះ បានរំលើកថា ខុសពីអាហ្វហ្កានីស្ថានដែលរងការវាយប្រហាររបស់ក្រុមជីហាតភេរវកម្មជាញឹកញាប់ ប្រទេសអាស៊ីកណ្តាលទាំងអស់មានសន្តិសុខ ក៏ដោយសារតែមានមូលដ្ឋានទ័ពរុស្ស៊ីប្រចាំការនៅតាហ្ស៊ីគីស្ថាន និងនៅកៀហ្ស៊ីស៊ីស្ថាន។តែទន្ទឹមគ្នានេះ ទោះបីជាមន្ត្រីរុស្ស៊ីខាងលើ បានអួតសរសើរអំពីអត្ថប្រយោជន៍របស់ CSTO យ៉ាងណាក៏ដោយ តែការពិតជាក់ស្តែង ប្រទេសក្នុងតំបន់អាស៊ីកណ្តាលប្រហែលជាមិនចាញ់ការឃោនានេះប៉ុន្មានទេ។ ជាក់ស្តែង ប្រសិនបើសម្ព័ន្ធភាព CSTO ល្អមែន មិនមែនប្រទេសអ៊ូសបេគីស្ថាន និងតួកមេនីស្ថាន ធ្វើមិនដឹងមិនឮជាច្រើនឆ្នាំមកហើយ ទោះបីរុស្ស៊ីខំអង្វរលួងលោម ឲ្យចូលជាសមាជិកយ៉ាងណាក៏ដោយ។មន្ត្រីយោធាបេឡារុសម្នាក់ បានលើកឡើងថា សមយុទ្ធយោធារួមគ្នា ធ្វើឡើងនៅកៀហ្ស៊ីស៊ីស្ថានក្នុងក្របខណ្ឌសម្ព័ន្ធភាព CSTO គឺជាការបង្ហាញប្រាប់ពិភពលោកថា និងជាពិសេសទៅកាន់សត្រូវទាំងអស់ ថាសម្ព័ន្ធភាពនេះ បានត្រៀមខ្លួនជាប់ជាប្រចាំ ដើម្បីប្រយុទ្ធតទល់នឹងការគំរាមនានា។សត្រូវរុស្ស៊ី មិនប្រាកដថាជាសត្រូវរបស់សមាជិកផ្សេងទៀតនៃCSTO គួរពិចារណាថា ពាក្យថា “សត្រូវ” ហាក់ដូចជាមាននិយមន័យមិនដូចគ្នាទេ ក្នុងចំណោមប្រទេសសមាជិករបស់ CSTO។ សម្រាប់រុស្ស៊ី សត្រូវគឺសំដៅទៅលើក្រុមប្រទេសលោកខាងលិច ដែលមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ តែប្រទេសអាស៊ីកណ្តាលនិងប្រទេសនៅតំបន់កូកាសខ្លះ មិនគិតដូចរុស្ស៊ីទេ។ ជាក់ស្តែង អាមេនីកំពុងតែខិតទៅសហការជាមួយសហរដ្ឋអាមេរិកនិងអឺរ៉ុប។កាលពីសប្តាហ៍កន្លងទៅ ប្រទេសអាស៊ីកណ្តាលដែលសំបូរធនធានឧស្ម័នធម្មជាតិ បានទទួលស្វាគមន៍លោកអូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់។ លោកអូឡាហ្វ ស្ហុលស៍ បានប្រកាសបើកផ្លូវពង្រីកការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធថាមពល ការសាងសង់បណ្តាញដឹកជញ្ជូនឧស្ម័នពីអាស៊ីកណ្តាល នាំមកលក់នៅអឺរ៉ុប។ ចង់មិនចង់ ប្រទេសអាស៊ីកណ្តាលបានក្លាយជាអ្នកឆក់យកម៉ូយឧស្ម័នរបស់រុស្ស៊ី។គេផ្សេងមកប្រជែងនឹងរុស្ស៊ីមួយវិញទៀត រុស្ស៊ីមានអ្នកប្រកួតប្រជែងច្រើនណាស់ នៅក្នុងតំបន់អាស៊ីកណ្តាល។ ក្រុមប្រទេសអាស៊ីកណ្តាលបានងាកទៅសហការ មានទំនាក់ទំនងកាន់តែខ្លាំង ជាមួយតំបន់មជ្ឈឹមបូព៌ា។ ជាក់ស្តែង កាលពីដើមខែកញ្ញានេះ កាហ្សាក់ស្ថានបានរៀបចំការធ្វើសមយុទ្ធរួមគ្នាមួយ សហការជាមួយកងកម្លាំងពិសេសតួកគី កងទ័ពកាតា និងប៉ាគីស្ថាន។ ការសមយុទ្ធដែលគេដាក់ឈ្មោះថា “មិត្តភាពគ្មានទីបំផុត”។មហាយក្សចិនឯណោះ ក៏មិនទៅណាឆ្ងាយដែរ ព្រោះថាចិនក៏មានព្រំដែនជាប់តំបន់អាស៊ីកណ្តាល។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបើកគម្រោងសហប្រតិបត្តិការសន្តិសុខ ជាមួយបណ្តាប្រទេសអាស៊ីកណ្តាល តាមរយៈកិច្ចព្រមព្រៀងទ្វេភាគីផង និងតាមរយៈអង្គការសហប្រតិបត្តិការសៀងហៃផង។ ចំណែកតួកគីវិញ ក៏ខំប្រឹងពង្រីកឥទ្ធិពលខ្លួនដែរក្នុងតំបន់នេះ ដោយប្រើភាពស្រដៀងគ្នាផ្នែកប្រពៃណីវប្បធម៌ និងភាសាជាដើមធ្វើជាអាវុធ។ តួកគីបានចាប់ផ្តើមលក់គ្រឿងសព្វាវុធខ្លះៗហើយ ទៅឲ្យប្រទេសអាស៊ីកណ្តាល។ជាការកត់សំគាល់មួយទៀត កាលពីខែកក្កដាកន្លងទៅ ក្រុមប្រទេសអាស៊ីកណ្តាលបានរៀបចំ សមយុទ្ធយោធារួមគ្នាជាលើកទីមួយរបស់ខ្លួន ដោយមិនមានវត្តមានកងទ័ពរុស្ស៊ី។ វាអាចជាសញ្ញាប្រាប់ជាបណ្តើៗ ថាគេមិនត្រូវការរុស្ស៊ីគ្រប់តែពេលនោះទេ។ ចំណែកប្រទេសអាមេនីឯនោះវិញ បានចាប់ផ្តើមបើកទ្វារទទួលកងទ័ពអាមេរិក។ ថ្នាក់ដឹកនាំនៅវិមានក្រេមឡាំង ប្រាកដជាបានឃើញ និងមានអារម្មណ៍ទទួលសំពាធទាំងនេះ ថារុស្ស៊ីកាន់តែអន់ថយឥទ្ធិពលហើយ នៅតំបន់កូកាសនិងអាស៊ីកណ្តាល។ យ៉ាងណាមិញ កាលពីខែមិថុនា លោកពូទីនខ្លួនឯង បានប្រកាសថា “ដល់ពេលហើយដែលរុស្ស៊ី ត្រូវតែបើកការពិភាក្សា ស្វែងរកប្រព័ន្ធសន្តិសុខរួមថ្មីមួយទៀត សម្រាប់តំបន់អឺរ៉ាស៊ី”។ សម្តីនេះ គឺជាសម្តីសារភាពដោយប្រយោលថា អង្គការសន្ធិសញ្ញាសន្តិសុខរួម ហៅកាត់ថា CSTO បានសាបរលាបឥទ្ធិពលលែងមានន័យអ្វីទៀតហើយ៕
9/22/2024 • 8 minutes, 10 seconds ថៃ៖ ជាង២០ឆ្នាំ ក្រុមគ្រួសារស៊ីណាវ៉ាត្រ មិនទៅណាឆ្ងាយពីឆាកនយោបាយថៃ
នៅថៃ រដ្ឋាភិបាលថ្មីរបស់លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ បានស្បថចូលកាន់អំណាច កាលពីថ្ងៃសុក្រទី៦កញ្ញាកន្លងទៅ។ លោកស្រី ភែថងថាន គឺជាមនុស្សទី៣ហើយ នៃវង្សត្រកូលស៊ីណាវ៉ាត្រ ដែលដឹកនាំរដ្ឋាភិបាលថៃ។ ប្រមាណជាង២០ឆ្នាំមកនេះ ក្រុមគ្រួសារត្រកូលស៊ីណាវ៉ាត្រ មិនបានទៅណាឆ្ងាយឡើយ ពីឆាកនយោបាយថៃ ហើយបន្តមានឥទ្ធិពលជានិច្ច ទៅលើជីវិតនយោបាយថៃ បើទោះបីជាមានព្យុះឧបសគ្គរារាំងយ៉ាងណា។ មុនលោកស្រី ភែថងថាន មនុស្សក្នុងវង្សត្រកូលស៊ីណាវ៉ាត្រ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ចំនួន២នាក់រួចមកហើយ។ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ឪពុករបស់លោកស្រីភែថងថាន គឺជានាយករដ្ឋមន្ត្រីចន្លោះពីឆ្នាំ២០០១ ដល់២០០៦។ ចំណែកលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ប្អូនស្រីរបស់លោកថាក់ស៊ីន កាន់មុខតំណែងនេះពីឆ្នាំ២០១១ដល់២០១៤។ នេះនៅមិនទាន់រាប់លោក សុមឆៃ វង់សាវ៉ាតផងទេ ដែលលោកគឺជាស្វាមីរបស់លោកស្រី យ៉ាវវ៉ាផា ស៊ីណាវ៉ាត្រ វង់សាវ៉ាត ប្អូនស្រីបង្កើតរបស់លោកថាក់ស៊ីន។ លោកសុមឆៃ វង់សាវ៉ាត អតីតប្រធានគណបក្សផាឡាំងប្រាឆាឈុន ធ្លាប់ឡើងធ្វើជានាយករដ្ឋមន្ត្រីថៃ បាន២ខែដែរនៅឆ្នាំ២០០៨។គ្រួសារដ៏មានឥទ្ធិពលលើនយោបាយថៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញថៃ ដែលមានចំណាស់ជិតមួយសតវត្សមកហើយនេះ គឺគ្មានវង្សត្រកូលគ្រួសារណាមួយ ដែលអាចមានឥទ្ធិពលលើនយោបាយថៃ ដូចគ្រួសារស៊ីណាវ៉ាត្រឡើយ។ ហើយក៏គ្មាននរណាផ្សេងទៀត អាចមានឥទ្ធិពលធ្វើឲ្យប្រទេសថៃពុះចែកនិន្នាកាជាពីរ ដូចលោកថាក់ស៊ីនឡើយ។នៅអំឡុងមុនឆ្នាំ២០០០ លោកថាក់ស៊ីន គឺជាអ្នកជំនួញដ៏មានប្រជាប្រិយភាព មុននឹងចូលមកដឹកនាំបក្សភឿថៃ ហើយបានឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្ត្រី។ ការដឹកនាំបែបថ្មីរបស់លោក ត្រូវបានអ្នកវិភាគសំឡឹងឃើញថា មានលាយទៅដោយគំនិតសេរីនិយមផង និងប្រើអំណាចផ្តាច់ការលាយឡំផង។ លោកបានទទួលការគាំទ្រយ៉ាងខ្លាំង ជាពិសេសពីប្រជាជនថៃក្រីក្រនៅតាមជនបទ បន្ទាប់ពីលោកបានអនុវត្តផែនការនយោបាយជួយអ្នកក្រីក្រ ដែលរងការលំបាកក្រោយវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៩៧។តែទន្ទឹមនឹងនេះ គូប្រជែងនយោបាយរបស់លោកថាក់ស៊ីន ដែលសុទ្ធតែអ្នកមានអំណាចចាស់ឆ្នាំ ស្និទ្ធនឹងព្រះបរមរាជវាំង ស្និទ្ធនឹងក្រុមយោធាថៃ បានចោទថាលោកថាក់ស៊ីន គឺជាមនុស្សប្រជាភិថុត បោកប្រាស់ទិញទឹកចិត្តប្រជាជន ពុករលួយ និងគិតតែចំណេញក្នុងមុខជំនួញខ្លួន។ នៅឆ្នាំ២០០៦ ១ឆ្នាំបន្ទាប់ពីលោកកាន់អំណាចអាណត្តិទី២ ក្រុមយោធាអភិរក្សនិយម បានធ្វើរដ្ឋប្រហារទំលាក់លោក។ ការប្រឈមមុខដាក់គ្នារវាងក្រុមអភិរក្សនិយម និងក្រុមលោកថាក់ស៊ីន បានពុះចែកប្រទេសថៃជា២ អស់រយៈពេលជាច្រើនឆ្នាំ។ កំឡុងឆ្នាំ២០១០ បាតុកម្មហិង្សាប្រទូស្តរាយគ្នាយ៉ាងខ្លាំង រវាងក្រុមអាលឿងដែលគាំទ្រក្រុមអភិរក្សនិយម និងក្រុមអាវក្រហមដែលគាំទ្រលោកថាក់ស៊ីន។ស្ងប់បន្តិចមក លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រ ប្អូនស្រីពៅរបស់លោកថាក់ស៊ីន បានឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០១១។ តែបានតែជាង២ឆ្នាំ រដ្ឋប្រហារយោធាថ្មីមួយទៀត បានទម្លាក់លោកស្រីពីតំណែងនៅខែឧសភាឆ្នាំ២០១៤។ ក្រុមយោធាថៃបានបន្តដឹកនាំប្រទេស រហូតដល់ឆ្នាំ២០២៣ មុននឹងបើកផ្លូវឲ្យមានការបោះឆ្នោតឡើងវិញ ហើយបានហុចឱកាស ឲ្យក្រុមគ្រួសារស៊ីណាវ៉ាត្រ ត្រលប់មកកៀកនឹងអំណាចសាជាថ្មី។គ្រួសារស៊ីណាវ៉ាត្រ អាចត្រឡប់មកកាន់អំណាចវិញដោយរបៀបណា?អ្វីដែលជាការកត់សំគាល់ ការវិលត្រលប់មកកាន់អំណាចរបស់គ្រួសារស៊ីណាវ៉ាត្រ នៅលើកនេះ គឺកើតឡើងដោយយុទ្ធសាស្ត្រចាប់ដៃជាមួយអតីតសត្រូវ ពោលគឺក្រុមយោធាថៃ។ រដ្ឋាភិបាលថ្មីរបស់លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ ដែលបានស្បថចូលកាន់អំណាចកាលពីថ្ងៃសុក្រទី៦កញ្ញាថ្មីៗនេះ គឺជារដ្ឋាភិបាលចម្រុះ កើតចេញពីការប្រមូលផ្តុំរវាងបក្សភឿថៃ និងបក្សតូចប្រមាណ១០គណបក្សទៀត។ ក្នុងចំណោមបក្សតូចៗទាំងនេះ គឺមានមនុស្សមួយចំនួន ត្រូវគេស្គាល់យ៉ាងច្បាស់ ថាមានទំនោរស្និទ្ធនឹងក្រុមយោធាថៃ។សម្ព័ន្ធភាពរវាងបក្សភឿថៃ និងក្រុមយោធាអភិរក្សនិយម ដែលកាលពីអតីតកាល ធ្លាប់ជារឿងដែលមិនអាចទៅរួចនោះ បានលេចចេញជារូបរាងនៅរវាងឆ្នាំ២០២៣ ក្រោយការបោះឆ្នោតនៅខែឧសភា។ ការបោះឆ្នោតដែលផ្តល់លទ្ធផលជ័យជំនះដ៏គគ្រឹកគគ្រេង ជូនគណបក្សថ្មីមួយដឹកនាំដោយមនុស្សវ័យក្មេង គឺគណបក្ស Move Forward។ គណបក្សនេះបានទទួលការគាំទ្រខ្លាំងណាស់ ពិសេសពីសំណាក់យុវជនថៃ ដោយសារតែបក្សនេះមានគោលនយោបាយធ្វើកំណែទម្រង់ស៊ីជំរៅ បើកទំព័រសក្ករាជថ្មី បិទបញ្ចប់អំណាចផ្តាច់មុខរបស់ក្រុមអ្នកស្និទ្ធនឹងរាជវង្សឬក្រុមយោធា។ តែនៅទីបំផុត គណបក្ស Move Forward ត្រូវគេរារាំងមិនឲ្យបង្កើតរដ្ឋាភិបាលបាន។ផ្អែកតាមការវិភាគរបស់លោក Khemthong Tonsakulrungruang សាស្ត្រាចារ្យនៅសកលវិទ្យាល័យជូឡាឡុងកន ការស្ទុះហក់ឡើងដ៏ខ្លាំងក្លានៃគណបក្ស Move Forward គឺជាការគំរាមមួយដ៏ធំ មកលើក្រុមអ្នកមានអំណាចអ្នកមានឥទ្ធិពលចាក់ឬសយូរឆ្នាំ ក្នុងបណ្តុំក្រុមយោធានិងរាជានិយមថៃ។ ដោយហេតុនេះហើយ ទើបគេងាកទៅបង្កើតសម្ព័ន្ធភាពជាមួយបក្សភឿថៃវិញ ព្រោះថាកម្រិតគ្រោះថ្នាក់មានទាបជាង។បក្សភឿថៃដឹកនាំដោយលោកស្រីភែថងថាន ដែលឈ្នះសន្លឹកឆ្នោតលំដាប់ទី២ បានសម្រេចចិត្តចាប់ដៃជាមួយគូសត្រូវចាស់ ដើម្បីបង្កើតរដ្ឋាភិបាល។ ជាថ្នូរនឹងការចាប់ដៃនេះ លោកថាក់ស៊ីន ដែលបានភៀសខ្លួនទៅក្រៅស្រុកអស់១៥ឆ្នាំមកហើយនោះ ទំនងជាងបានទទួលការសន្យាលើកលែងទោស ហើយអាចត្រឡប់ចូលស្រុកវិញ។ នៅខែសីហាឆ្នាំ២០២៣ លោកថាក់ស៊ីនបានទៅដល់បាងកកវិញមែន ហើយត្រូវតុលាការដោះលែងឲ្យមានសេរីភាព។ឧបសគ្គនិងគ្រោះថ្នាក់ចំពោះមុខលោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ មានអាយុ៣៨ឆ្នាំ គឺជាស្ត្រីនាយករដ្ឋមន្ត្រីថៃវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ។ លោកស្រីបាននាំមកនូវជំនោរត្រជាក់ថ្មីមួយ មលលើឆាកនយោបាយថៃ ដែលពោរពេញទៅសុទ្ធតែមនុស្សប្រុសហើយវ័យចំណាស់។ ក៏ប៉ុន្តែ ក្រៅតែពីមាននាមត្រកូល ស៊ីណាវ៉ាត្រ លោកស្រីភែថងថាន ត្រូវបានគេសម្លឹងឃើញថា មានបទពិសោធន៍តិចណាស់ មិនថានយោបាយ ឬសេដ្ឋកិច្ច។លោក Virot Ali អ្នកវិភាគនៅសកលវិទ្យាល័យថាម៉ាសាត ក្រុងបាងកក បានលើកឡើងថា អ្វីៗនឹងមិនស្រួលប៉ុន្មានទេ សម្រាប់លោកស្រីភែថងថាន។ សេដ្ឋកិច្ចថៃ ចាប់តាំងពីក្រោយកូវីដ១៩មក មិនទាន់ល្អប្រសើរឡើងវិញឡើយ។ បើប្រៀបធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជាវៀតណាម ឬឥណ្ឌូណេស៊ី ថៃហាក់ដូចជាមានការលំបាកក្នុងការទាក់ទាញអ្នកវិនិយោគ។ រដ្ឋាភិបាលមុនដឹកនាំដោយលោក សេដ្ឋា ថៈវីស៊ីន បានប្រឹងប្រែងផ្សព្វផ្សាយខ្លាំងលើវិស័យទេសចរណ៍ ហើយទទួលផ្លែផ្កាខ្លះ។ តែវិស័យផ្សេងទៀត ហាក់ដូចជានៅទ្រឹងដដែល។ជាងនេះទៀត មានការបារម្ភថា លោកស្រីភែថងថាន ទំនងពុំមានស្វ័យភាពគ្រប់គ្រាន់ទេ ក្នុងការសម្រេចចាត់ចែងកិច្ចការ។ លោក Napon Jatusripitak អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៅ ISEAS-Yusof Ishak Institute នៅសិង្ហបុរី បានលើកឡើងថា លោកស្រីភែថងថាន ត្រូវការកសាងភាពពេញច្បាប់របស់ខ្លួន ដើម្បីកាន់អំណាច។ ជាការងារមិនស្រួលប៉ុន្មានទេ ព្រោះស្រមោលឪពុកលោកស្រី នៅតែបន្តគ្របបាំងឲ្យងងិត។ជាងនេះទៀត ក្រុមអ្នកមានអំណាច ដែលស្និទ្ធនឹងក្រុមយោធា ព្រមទាំងព្រះបរមរាជវាំងថៃ ដែលកន្លងមកមិនដែលពេញចិត្តលោកថាក់ស៊ីននោះ មានលទ្ធភាពច្រើនណាស់ ដើម្បីកាច់បំបាក់រដ្ឋាភិបាលរបស់លោកស្រីភែថងថាន។ អំណាចតុលាការស្ថិតនៅក្នុងដៃរបស់ក្រុមនេះទាំងស្រុង។លោក Khemthong Tonsakulrungruang បានពន្យល់ថា ក្រុមយោធាអភិរក្សនិយម អាចប្រើប្រាស់តុលាការ រកវិធីរារាំងលោកស្រីភែថងថាន ប្រសិនបើរដ្ឋភិបាលលោកស្រី ធ្វើអ្វីមួយដែលជ្រុលហួសពីការចង់បានរបស់គេ។ យ៉ាងណាមិញ លោកសេដ្ឋា ថៈវីស៊ីន បានធ្លាក់ពីកៅអីនាយករដ្ឋមន្ត្រី គឺដោយសារតែតុលាការធម្មនុញ្ញថៃ ធ្វើទៅតាមការញាក់របស់ក្រុមយោធាអភិរក្សនិយម។ ដូច្នេះប្រសិនបើលោកថាក់ស៊ីន ឬក៏រដ្ឋាភិបាលរបស់កូនស្រីលោក ហ៊ានតែធ្វើអ្វីមួយខុសគន្លងគេ នោះគេនឹងប្រើប្រព័ន្ធតុលាការ ឲ្យរកវិធីទំលាក់រដ្ឋាភិបាលនេះឲ្យខាងតែបាន៕
9/9/2024 • 7 minutes, 34 seconds តើហេតុអ្វី បានជាការភៀសខ្លួលទៅឥណ្ឌារបស់លោកស្រីស្ហេក្ខ ហាស៊ីណា ធ្វើឲ្យឥណ្ឌាទើសទាល់ចិត្ត?
១៥ឆ្នាំក្រោយការកាន់អំណាចយ៉ាងណែននៅបង់ក្លាដែស លោកស្រីនាយករដ្ឋមន្ត្រី ស្ហេក្ខ ហាស៊ីណា បានភៀសខ្លួនយ៉ាងប្រញាប់ប្រញាល់ ទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃទី៥សីហា ដោយសារតែកំហឹងបាតុកម្មបណ្តេញ របស់យុវជននិស្សិតបង់ក្លាដែស។ មិនបាន១ខែស្រួលបួលផង វត្តមានរបស់លោកស្រីអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសរូបនេះ បានធ្វើឲ្យរដ្ឋាភិបាលឥណ្ឌា មានការទើសទាល់ចិត្តជាខ្លាំង។ តើមានមូលហេតុអ្វីទៅ? លោកស្រីស្ហេក្ខ ហាស៊ីណា ត្រូវមកទទួលខុសត្រូវចំពោះមុខច្បាប់នៅបង់ក្លាដែសកំហឹងបាតុកម្មរបស់យុវជនបង់ក្លាដែស កាលពីដើមខែសីហា បានធ្វើឲ្យលោកស្រីស្ហេក្ខ ហាស៊ីណា រត់គេចប្រាសអាយុ ឡើងឧទ្ថម្ភាគចក្រចាកចេញពីទីក្រុងដាកា ឆ្ពោះទៅកាន់ប្រទេសឥណ្ឌានៅថ្ងៃទី៥សីហា។ ក៏ប៉ុន្តែវត្តមានស្នាក់នៅឥណ្ឌា របស់លោកស្រីអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសរូបនេះ កំពុងតែធ្វើឲ្យមានភាពតានតឹងខ្លាំងណាស់ ទៅលើទំនាក់ទំនងការទូត រវាងឥណ្ឌានិងបង់ក្លាដែស។ចលនានិស្សិតដែលប្រឆាំងនឹងអតីតរដ្ឋាភិបាលផ្តាច់ការរបស់លោកស្រីស្ហេក ហាស៊ីណា បានទាមទារឲ្យឥណ្ឌា ត្រូវតែបញ្ជូនលោកស្រី ស្ហេក្ខ ហាស៊ីណា ឲ្យត្រលប់មកបង់ក្លាដែសវិញជាបន្ទាន់។ ពួកគេទាមទារថា លោកស្រីហាស៊ីណា ត្រូវប្រឈមចំពោះមុខច្បាប់ ទាក់ទិនការបង្ក្រាបយ៉ាងសាហាវទៅលើបាតុករ បណ្តាលឲ្យស្លាប់មនុស្សជាច្រើនរយនាក់។គួរកត់សំគាល់ថា កាលៈទេសៈពេលនេះ ឥណ្ឌាកំពុងស្ថិតនៅក្នុងស្ថានភាពមួយទើសទាល់ ហាស្លាក់ខ្ជាក់ស្លែង។ ក្នុងនាមជាមហាអំណាចតំបន់ ឥណ្ឌាមានឥទ្ធិពលធំណាស់ទៅលើបង់ក្លាដែស តាំងតែពីឆ្នាំ២០០៩មក។ លោក Michael Kugelman អ្នកវិភាគនៅ Wilson Center បានលើកឡើងថា អ្វីៗនឹងល្អប្រសើរទៅថ្ងៃអនាគតសម្រាប់ទំនាក់ទំនងរវាងឥណ្ឌានិងបង់ក្លាដែស ប្រសិនបើឥណ្ឌាព្រមបញ្ជូនលោកស្រីហាស៊ីណាមកឲ្យបង់ក្លាដែស។ តែទន្ទឹមនឹងនេះ បើរដ្ឋាភិបាលឥណ្ឌាធ្វើបែបនេះ គឺវានឹងធ្វើឲ្យប្រទេសផ្សេងៗទៀតក្នុងតំបន់ លែងមានទំនុកចិត្តលើឥណ្ឌា។ មេដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់ នឹងបារម្ភថាពេលមានរឿងអ្វីមួយទៅថ្ងៃមុខ ឥណ្ឌានឹងមិនអាចការពារខ្លួនគេបានឡើយ។ឥណ្ឌាខ្លាចប្រទេសផ្សេងលែងទុកចិត្តខ្លួនជាការពិតណាស់ បាត់បង់ទំនុកចិត្តពីប្រទេសក្នុងតំបន់ វាមិនមែនជារឿងល្អទេសម្រាប់ឥណ្ឌា ក្នុងបរិបទមួយដែលចិនក៏កំពុងតែប្រជែងយកមុខមាត់ខ្លាំងណាស់ដែរ ក្នុងតំបន់អាស៊ីខាងត្បូង។ លោក Thomas Kean អ្នកវិភាគនៅ International Crisis Group បានលើកឡើងថា វាច្បាស់ណាស់ ដែលឥណ្ឌាគ្មានបំណងចាប់បញ្ជូនលោកស្រីហាស៊ីណា ប្រគល់ទៅឲ្យបង់ក្លាដែសនោះឡើយ ព្រោះឥណ្ឌាមិនអាចធ្វើឲ្យមេដឹកនាំប្រទេសផ្សេងទៀតភ័យបារម្ភលែងទុកចិត្តខ្លួនឡើយ។គួររំលឹកថា ឥណ្ឌាទើបបានបាត់បង់សម្ព័ន្ធមិត្តមួយរបស់ខ្លួនឲ្យរបូតទៅខាងចិន គឺប្រទេសម៉ាល់ឌីវ បន្ទាប់ពីលោកប្រធានាធិបតីថ្មីទើបឈ្នះឆ្នោត មានទំនោរទៅរកចិននិងស្អប់ឥណ្ឌាខ្លាំង។ ហើយពេលនេះ ឥណ្ឌាបានបាត់បង់ បង់ក្លាដែសមួយទៀត ដោយសារតែលោកស្រីស្ហេក្ខ ហាស៊ីណា ដែលធ្លាប់ជាមិត្តពិសេសរបស់ឥណ្ឌា បានធ្លាក់ពីកៅអីនាយករដ្ឋមន្ត្រី។ ការប្រកែកមិនព្រមបញ្ជូនលោកស្រីហាស៊ីណា ទៅឲ្យបង់ក្លាដែស បានរឹងរឹតតែធ្វើឲ្យប្រជាជនបង់ក្លាដែសក្តៅក្រេវក្រោធ ខឹងស្អប់ចោទថាឥណ្ឌា ជាអ្នកជួយការពារមេដឹកនាំផ្តាច់ការរូបនេះ។ឥណ្ឌាធ្វើឲ្យប្រជាជនបងក្លាដែសខកចិត្ត?លោក Fakhrul Islam Alamgir មេដឹកនាំបក្សជាតិនិយមបង់ក្លាដែស ដែលជាបក្សប្រឆាំងដ៏ធំបំផុត បានថ្លែងថា លោកខកចិត្តណាស់ ដែលឃើញឥណ្ឌាតាមការពារលោកស្រីហាស៊ីណា ដោយមិនខ្វល់ពីប្រយោជន៍របស់បង់ក្លាដែស។ លោកបន្តថា ប្រជាជនបង់ក្លាដែសចង់រាប់អានគ្នាដោយសុខសាន្តជាមួយឥណ្ឌា តែក៏មិនដល់ថ្នាក់ យក ប្រយោជន៍ជាតិខ្លួនទៅដូរដែរ។គួរកត់សំគាល់ថា ប្រមាណ២សប្តាហ៍មកនេះ ការមិនទុកចិត្តគ្នា រិះគន់គ្នា បានស្ទុះហក់ឡើងយ៉ាងខ្លាំងរវាងប្រជាជនបង់ក្លាដែសនិងឥណ្ឌា ជាពិសេសនៅលើបណ្តាញសង្គម។ សូម្បីតែទឹកជំនន់បណ្តាលឲ្យស្លាប់មនុស្សប្រមាណជាង៤០នាក់នៅបង់ក្លាដែស កាលពីពេលថ្មីៗនេះ ក៏បានក្លាយជាហេតុផលមួយ ដែលអ្នកលេងបណ្តាញសង្គមបង់ក្លាដែសខ្លះ និយាយចោទប្រកាន់ថាឥណ្ឌាជាអ្នកបង្ហូរទឹកមកឲ្យលិចលង់បង់ក្លាដែស។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះ បានតម្រូវឲ្យក្រសួងការបរទេសឥណ្ឌាចេញមុខប្រកាស បដិសេធចោលថា វាគឺជាគ្រោះមហន្តរាយបាក់ទំនប់ ហើយទឹកជំនន់នេះ ក៏បណ្តាលឲ្យមានប្រជាជនឥណ្ឌាស្លាប់ជាង២០នាក់ដែរ។អ្វីទៅជាអាទិភាពរបស់បង់ក្លាដែស?សូមរំលឹកថា ឥណ្ឌានិងបង់ក្លាដែស បានចុះសន្ធិសញ្ញាធ្វើបច្ចាប័នបញ្ជូនជនចាប់ចោទគ្នាទៅវិញទៅមក នៅឆ្នាំ២០១៣។ ក៏ប៉ុន្តែ ក្នុងសន្ធិសញ្ញានេះ មានមាត្រាមួយបានចែងថា ប្រទេសសាមី អាចបដិសេធមិនអនុវត្តការទាមទារធ្វើបច្ចាប័ន ប្រសិនមានជាប់ពាក់ព័ន្ធនឹងបទល្មើសដែលមានលក្ខណៈនយោបាយ។គិតត្រឹមពេលនេះ រដ្ឋាភិបាលថ្មីបណ្តោះអាសន្នបង់ក្លាដែសដឹកនាំដោយលោក Muhammad Yunus មិនបាននិយាយលើកឡើងអ្វីទាំងអស់ជាសាធារណៈ ទាក់ទិននឹងការភៀសខ្លួនទៅឥណ្ឌា របស់លោកស្រីស្ហេក្ខ ហាស៊ីណា។ ដាកាបានត្រឹមសម្រេចលុបចោលលិខិតឆ្លងដែនការទូតរបស់លោកស្រីស្ហេក្ខ ហាស៊ីណា ដើម្បីកុំឲ្យលោកស្រីអាចធ្វើដំណើរចាកចេញពីឥណ្ឌា ទៅកាន់ប្រទេសផ្សេងទៀត។លោក Pinak Ranjan Chakravarty អតីតឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំបង់ក្លាដែស បានលើកឡើងថា ទំនាក់ទំនងរវាងឥណ្ឌានិងបង់ក្លាដែស វាសំខាន់ខ្លាំងណាស់ មិនអាចឲ្យបង់ក្លាដែសដាច់ចិត្តបំផ្លាញវាចោល ដោយសារតែរឿងគ្រាន់តែចង់បានលោកស្រីហាស៊ីណាត្រលប់ទៅវិញនោះទេ។ មន្ត្រីទូតឥណ្ឌារូបនេះបន្តថា បើរដ្ឋាភិបាលប្រទេសមួយដែលមានការពិចារណាគ្រប់ជ្រុងជ្រោយ គឺគេមិនទៅយករឿងតូចមួយបែបនេះ មកធ្វើជាអាទិភាពធំឡើយ ព្រោះថាវាគ្មានបានចំណេញអ្វីទាំងអស់ដល់ស្រុកទេស៕
9/3/2024 • 5 minutes, 24 seconds តើហេតុផលអ្វី ទើបលោកលោកចូ បៃដិន ស្នើគម្រោងធ្វើ កំណែទម្រង់តុលាការកំពូល?
កាលពីថ្ងៃចន្ទទី២៩កក្កដា លោកចូ បៃដិនបានប្រកាសអំពីគម្រោងរបស់លោក ដែលស្នើឲ្យមានកំណែទម្រង់ទៅលើតុលាការកំពូល ដែលជាស្ថាប័នយុត្តិធម៌កំពូលនៃសហរដ្ឋអាមេរិក។ បើតាមសន្ទរកថារបស់លោកចូ បៃដិន ការស្នើគំនិតធ្វើកំណែទម្រង់នេះ គឺដើម្បីប្រយុទ្ធប្រឆាំងនឹងចរន្តគំនិតជ្រុលនិយម នៅក្នុងស្ថាប័នកំពូលនេះ ខណៈចៅក្រុមភាគច្រើន សុទ្ធសឹងតែជាចៅក្រុមអភិរក្សនិយ។ តែយ៉ាងណា គម្រោងរបស់លោកចូ បៃដិននេះ គឺគ្មានសង្ឃឹមថាអាចសម្រេចបានដូចបំណងឡើយ ដោយសារតែឧបសគ្គរៀបចំឡើង ដោយគណបក្សសាធារណរដ្ឋ។ ប្រយុទ្ធប្រឆាំងនឹង "ចរន្តគំនិតជ្រុលនិយម"ការពិតទៅ លោកចូ បៃដិន ដឹងច្បាស់ណាស់ ថាគម្រោងធ្វើកំណែទម្រង់តុលាការកំពូលសហរដ្ឋអាមេរិក មិនអាចបានជោគជ័យដោយងាយឡើយ។ ក៏ប៉ុន្តែលោក ចូ បៃដិន បានស្នើគំនិតនេះឡើង ព្រោះវាមានន័យជានិម្មិតរូបនិងប្រវត្តិសាស្ត្រ។ វាមិនមែនជារឿងចៃដន្យទេ ដែលលោកចូ បៃដិន បានប្រកាសអំពីគម្រោងធ្វើកំណែទម្រង់នេះ ចេញពីបណ្ណាល័យលោកប្រធានាធិបតីកំណែទម្រង់ ដ៏សំខាន់បំផុតមួយនៃសហរដ្ឋអាមេរិក គឺលោក Lyndon Baines Johnson នៅទីក្រុងAustin រដ្ឋតិចសាស់។ ហើយថ្ងៃទី២៩កក្កដា គឺជាឱកាសបុណ្យខួប៦០ឆ្នាំ នៃការអនុម័តច្បាប់ផ្តល់សិទ្ធិពលរដ្ឋស្មើៗគ្នា និងបានបិទបញ្ចប់ការរើសអើងប្រកាន់ពូជសាសន៍ ស្បែកសស្បែកខ្មៅ។ ទាំងអស់នេះ គឺសុទ្ធតែជានិម្មិតរូប ដែលលោកចូ បៃដិនចង់រំលេចឡើង និងគូសបញ្ជាក់ តាមរយៈគម្រោងកំណែទម្រង់តុលាការកំពូលដែលលោកបានប្រកាស បើទោះបីដឹងថាការពិតគម្រោងនេះ នឹងមិនអាចសម្រេចដូចបំណង។ឆ្លើយដោយគ្មានលាក់លៀមទៅកាន់អ្នកកាសែត Washington Post លោកចូ បៃដិនបានបញ្ជាក់ថា ហេតុផលដែលជំរុញឲ្យលោកស្នើគំនិតធ្វើកំណែទម្រង់នេះ គឺដើម្បីប្រយុទ្ធប្រឆាំងនឹង “ចរន្តគំនិតជ្រុលនិយម” ដែលកំពុងតែរឹតសង្កត់ មកលើសង្គមអាមេរិក មិនឲ្យរីកចម្រើន។ លោកចូ បៃដិនបានលើកឡើងថា ភាពជ្រុលនិយម បានបំផ្លាញទំនុកចិត្តរបស់ប្រជាជនអាមេរិក ទៅលើសេចក្តីសម្រេចនានារបស់តុលាការកំពូល។បិទបញ្ចប់អាណត្តិមួយជីវិតរបស់ចៅក្រមតុលាការកំពូលសូមបញ្ជាក់ថា គម្រោងកំណែទម្រង់តុលាការកំពូល ដែលលោកចូ បៃដិនបានប្រកាស គឺមាន៣ចំណុច។ ទីមួយ គឺលប់ចោលអាណត្តិមួយជីវិត របស់ចៅក្រមតុលាការកំពូលទាំង៩នាក់។ លោក ចូ បៃដិន បានស្នើឲ្យអាណត្តិមានត្រឹមរយៈពេល១៨ឆ្នាំ ហើយការផ្លាស់ប្តូរអាចធ្វើទៅបានរៀងរាល់២ឆ្នាំម្តង។ ចំណុចកំណែទម្រង់ទី១នេះ គឺដើម្បីបញ្ចៀស កុំឲ្យប្រធានាធិបតីតែម្នាក់ ក្នុងអាណត្តិតែ១ អាចតែងតាំងចៅក្រមច្រើននាក់ ហើយធ្វើឲ្យប្រែប្រួលខ្លាំង ដល់សមាសភាពនៃតុលាការកំពូល។ជាក់ស្តែង កាលពីក្នុងពេលកាន់អំណាច លោកដូណាល់ ត្រាំ បានតែងតាំងចៅក្រុមតុលាការកំពូលដល់ទៅ៣នាក់ ដែលសុទ្ធតែជាមនុស្សទំនោរអភិរក្សនិយមជ្រុល។ គឺដោយប្រការនេះហើយ បានជាក្នុងចំណោមចៅក្រមតុលាការកំពូលទាំង៩រូប គឺមាន៦រូបជាចៅក្រុមអភិរក្សនិយម រីឯ៣នាក់ទៀត ជាចៅក្រមមានទំនោរចម្រើននិយម។ លោក Keith Bybee សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Syracuse បានលើកឡើងថា ការតែងតាំងចៅក្រមស្តាំអភិរក្សនិយមដល់ទៅ៣នាក់ ពីសំណាក់លោកដូណាល់ ត្រាំ គឺជាទង្វើជំរុញលើកទឹកចិត្ត ឲ្យតុលាការកំពូល ចេញសេចក្តីសម្រេច ដែលមានទំនោរអភិរក្សនិយមកាន់តែខ្លាំង ទាញសង្គមឲ្យដើរថយក្រោយ។ តួយ៉ាង កាលពីឆ្នាំ២០២២ តុលាការកំពូលបានសម្រេច លុបសេចក្តីសម្រេចឆ្នាំ១៩៧៣មួយ ដែលមានតម្លៃជា “យុត្តិសាស្ត្រ” ការពារសិទ្ធិរំលូតកូនរបស់ស្ត្រី។ តាមរយៈសេចក្តីសម្រេចថ្មីនៅឆ្នាំ២០២២ តុលាការកំពូលបានបើកសិទ្ធិឲ្យរដ្ឋនីមួយៗ អាចធ្វើច្បាប់ហាមឃាត់ការរំលូតកូនបាន។ មានន័យថា សិទ្ធិរបស់ស្ត្រីអាមេរិកបានដើរថយក្រោយ ដោយសារតែអាណត្តិរបស់លោកដូណាល់ ត្រាំ។ជាងនេះទៀត ដោយសារតែមានការរីកចម្រើនផ្នែកសុខាភិបាល ចៅក្រមម្នាក់ៗនៅអង្គុយកៅអី បានកាន់តែយូរ។ ពោលគឺ ពីមុនឆ្នាំ១៩៧០ ចៅក្រមតុលាការកំពូលអាមេរិក មានរយៈពេលកាន់មុខនាទីជាមធ្យម១៦ឆ្នាំ តែឥឡូវវិញ រយៈពេលកាន់មុខងារនេះ គឺមានដល់ទៅ២៨ឆ្នាំឯណោះ មុនឈឺស្លាប់ ត្រូវមានអ្នកថ្មីមកជំនួស។ ដោយឡែកគំនិតមួយទៀត ដែលលោកចូ បៃដិនគាំទ្រដែរ គឺចង់បង្កើនចំនួនចៅក្រមតុលាការកំពូល ឲ្យលើសពី៩នាក់។ ធ្វើបែបនេះ គឺដើម្បីធ្វើឲ្យទំនោរអភិរក្សនិយម ដែលមានក្នុងសមាសភាពបច្ចុប្បន្ន ត្រូវថមថយកម្លាំងខ្លះ។ ចំនួនចៅក្រមតុលាការកំពូលដែលមាន៩នាក់ នាពេលបច្ចុប្បន្ននេះ គឺត្រូវបានកំណត់ដោយច្បាប់មួយនៅឆ្នាំ១៨៦៩ ពោលគឺមិនមែនចែងដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកទេ មានន័យថាចំនួននេះ អាចប្រែប្រួលបានទៅថ្ងៃមុខ ប្រសិនមានការត្រូវរ៉ូវគ្នាណាមួយនៅក្នុងសភាខុនហ្ក្រេស។អភ័យឯកសិទ្ធិប្រធានាធិបតីដែលប្រព្រឹត្តិបទឧក្រិដ្ឋចំណុចទី២ ដែលលោកចូ បៃដិនបានស្នើ គឺការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញតែម្តង ដើម្បីឈានទៅចាត់ទុកជាមោឃៈ នូវសេចក្តីសម្រេចថ្មីមួយរបស់តុលាការកំពូល ដែលបានសម្រេចការពារអភ័យឯកសិទ្ធិរបស់លោកដូណាល់ ត្រាំ។ លោកចូ បៃដិន គាំទ្រគោលការណ៍ថា “គ្មាននរណាម្នាក់អាចយកច្បាប់ទ្រាប់អង្គុយបានទេ ទោះបីជាប្រធានាធិបតីក្នុងអាណត្តិក៏ដោយ”។ ដូច្នេះ ប្រធានាធិបតីម្នាក់ដែលបានប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ ក្នុងអាណត្តិ គឺត្រូវតែទទួលទោសតាមច្បាប់ ដោយមិនអាចសំអាងថាខ្លួនមានឯភ័យឯកសិទ្ធិឡើយ។តែយ៉ាងណា ការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ គឺជារឿងលំបាកណាស់ ព្រោះគេត្រូវការសំឡេងភាគច្រើនដាច់ខាត នៃចំនួនសមាជិកសភាខុនហ្ក្រេសបូកបញ្ចូលគ្នាឲ្យបាន២ភាគ៣ ហើយមិនត្រឹមប៉ុណ្ណោះ គឺត្រូវឲ្យមានការយល់ព្រមចំនួន៣ភាគ៤ ពីសភានៃរដ្ឋទាំង៥០។ ពោលគឺជានីតិវិធីដ៏តឹងតែងខ្លាំងណាស់ ហេតុដូច្នេះហើយ បានជានៅសហរដ្ឋអាមេរិកកម្រមានការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញណាស់។ នេះបើផ្អែកតាមការពន្យល់ របស់លោកសាស្ត្រាចារ្យ Keith Bybee។ក្រមសិលធម៌សម្រាប់ចៅក្រមតុលាការកំពូលចំណុចទី៣ គឺលោកចូ បៃដិន បានស្នើឲ្យតាក់តែងក្រមសីលធម៌ពិសេសមួយ ដែលចៅក្រមតុលាការកំពូលត្រូវតែគោរព។ ចំណុចនេះ គឺលោកចូ បៃដិនចង់ប្រយុទ្ធប្រឆាំងនឹងរឿងអាស្រូវពុករលួយ ឬអព្យាក្រិត្យភាព ដែលពាក់ព័ន្ធនឹងចៅក្រុមតុលាការកំពូល។ ជាក់ស្តែង ចៅក្រមអភិរក្សនិយមឈ្មោះ Clarence Thomas ត្រូវគេសង្ស័យ ថាមានភាពស្និទ្ធស្នាលខ្លាំង ហើយបានទទួលលាភសក្ការៈពីលោកដូណាល់ ត្រាំ។ បន្ថែមពីនេះ ភរិយារបស់លោកចៅក្រម Clearence Thomas និង លោកចៅក្រម Samuel Alito ធ្លាប់បានចេញមុខជាសាធារណៈ គាំទ្រទ្រឹស្តីរបស់លោកដូណាល់ ត្រាំ ដែលថាគេបានប្លន់ជ័យជំនះគាត់ កាលពីពេលបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២០។សូមបញ្ជាក់ថា កន្លងមកដោយសារតែមានរឿងអាស្រូវ តុលាការកំពូលធ្លាប់បានចេញវិធានការផ្ទៃក្នុង ដើម្បីការពារក្រមសិលធម៌ខ្លះដែរ តែដោយគ្មានកម្លាំងចាប់បង្ខំឡើយ ដែលផ្ទុយស្រឡះពីតុលាការជាន់ទាបនៅតាមរដ្ឋនីមួយៗ។ លោក Dick Durbin សមាជិកព្រឹទ្ធសភាម្នាក់មកពីបក្សប្រជាធិបតេយ្យ បានលើកឡើងថា បើតុលាការកំពូលធ្វើកំណែទម្រង់ខ្លួនឯងមិនកើត គឺសភាខុនហ្ក្រេសដែលត្រូវតែចាប់បង្ខំ ឲ្យតុលាការកំពូលត្រូវតែមានក្រមសិលធម៌វិជ្ជាជីវៈ ដូចតុលាការជាន់ទាប។"ដេកចាំទៅ!"តែយ៉ាងណាក៏ដោយ គេគ្មានសង្ឃឹមថា សំណើរកំណែទម្រង់ទាំងប៉ុន្មានចំណុចនេះ របស់លោកចូ បៃដិន នឹងអាចត្រូវគេអនុម័តឡើយ។ លោក Mike Johnson ប្រធានសភាតំណាងមកពីបក្សសាធារណរដ្ឋ បានប្រកាសហើយថា "គ្មានផ្លូវទៅរួចទេ" ដោយអះអាងថា សំណើរកំណែទម្រង់របស់លោកចូ បៃដិន គឺវានឹងធ្វើឲ្យរលំលំនឹងនៃការបែងចែងអំណាច ហើយធ្វើនីតិរដ្ឋចុះខ្សោយ ព្រមទាំងធ្វើឲ្យប្រជាជនអាមេរិក បាត់បង់ទំនុកចិត្តលើអំណាចយុត្តាធិការ។អំណះអំណាងរបស់លោក Mike Johnson ហាក់ដូចជាមិនសូវត្រឹមត្រូវទាំងស្រុងទេ ព្រោះថាបើ ផ្អែកតាមការស្ទាបស្ទង់មតិមួយ ធ្វើឡើងដោយ FiveThiryEight កាលពីខែឧសភាកន្លងទៅ ក្នុងចំណោមមនុស្សដែលគេបានសាកសួរ គឺមាន៥៦% បានសំដែងមតិមិនពេញចិត្តនឹងការងារតុលាការកំពូល ខណៈអ្នកគាំទ្រមានត្រឹមតែ៣៦%។ មុខមាត់និងរូបភាពនៃតុលាការកំពូលអាមេរិក ហាក់បានសិករិចរិលទៅហើយ ក្នុងការយល់ឃើញទូទៅរបស់ប្រជាជនអាមេរិក៕
7/30/2024 • 7 minutes, 7 seconds កីឡាអូឡាំពិក និង ឥទ្ធិពល នៃភូមិសាស្ត្រនយោបាយអន្តរជា តិ
កីឡាអូឡាពិក គឺ ជាព្រឹត្តិការណ៍កីឡាអន្តរជាតិ ដែលមានមនុស្សតាមដានច្រើងជាងគេបំផុត។ ជាក់ស្តែង នៅរៀងរាល់ការប្រកួត កីឡាអូឡាំពិកម្តងៗ មានអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ មិនក្រោម ១ពាន់ ៥០០ លាននាក់ ពីជុំវិញពិភពលោក។ សារៈសំខាន់ និងប្រជាប្រិយភាព ដ៏ធំសម្បើមនេះហើយ ដែលជាមូលហេតុ នាំឲ្យកីឡាអូឡាំពិក តែងរងសម្ពាធ និង ឥទ្ធិពល ពីបរិបទភូមិសាស្ត្រនយោបាយសកល។ កីឡាអូឡាំពិកលើកទី ៣៣ ដែលបើកសម្ពោធជាផ្លូវការ នៅថ្ងៃសុក្រ ទី ២៦ ខែ កក្កដា ឆ្នាំ ២០២៤ ក្នុងទីក្រុងប៉ារីស ក៏ពុំអាចជៀសផុតពីភាពរំជើបរំជួល នៃភូមិសាស្ត្រនយោបាយអន្តរជាតិ បច្ចុប្បន្ន បានឡើយ។ ជាក់ស្តែង សង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយអស់រយៈពេលជាង ២ឆ្នាំ ការវិលមកកាន់អំណាចឡើងវិញនៃពួកតាលីបង់នៅអាហ្វហ្កានីស្ថាន ព្រមទាំងសង្គ្រាមរវាងអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស សុទ្ធសឹងជាមូលហេតុចម្បង ដែលកំពុងរុញច្រានពិភពលោក ឲ្យធ្លាក់ក្នុងភាពតានតឹង និង ការផ្ទុះកំហឹងដាក់គ្នា។ឥទ្ធិពលនៃភូមិសាស្ត្រនយោបាយពិភពលលោក លើកីឡាអូឡាំពិក ក្នុងអតីតកាលគិតមកទល់ពេលនេះ មានតឹកតាងប្រវត្តិសាស្ត្រជាច្រើន ដែលបង្ហាញច្បាស់អំពី ផលប៉ះពាល់នៃភូមិសាស្ត្រនយោបាយពិភពលោក លើការប្រកួតកីឡាអូឡាំពិក។ ជាឧទាហរណ៍ នៅឆ្នាំ ១៩៥៦ ក្នុងពិធីកីឡាអូឡាំពិក នៅទីក្រុង Melbourne ប្រទេសអូស្តា្រលី ប្រទេសចំនួន ៧ បានធ្វើពហិការ មិនចូលរួមប្រកួត។ ក្នុងនោះ ចិនបដិសេធមិនចូលរួម ដោយសារវត្តមានតៃវ៉ាន់ ដែលខ្លួនមិនទទួលស្គាល់ថា ជាប្រទេសឯករាជ្យ ចែកដាច់ពីរដ្ឋអំណាចចិនតែមួយ។ រីឯប្រទេសអេហ្ស៊ីប អ៊ីរ៉ាក់ និង លីបង់ បានប្រឆាំងតវ៉ា នឹងការចូលលុកលុយឈ្លានពាន របស់អ៊ីស្រាអែល ក្នុងទឹកដីអេហ្ស៊ីប។ បារាំង និង អង់គ្លេស កាលណោះ កំពុងជួបវិបត្តិព្រែកជីក ស៊ុយអេ។ ចំណែក ប្រទេសហូឡង់ និង ស្វីស វិញ បានដកខ្លួនពីការប្រកួត ដើម្បីសម្តែងការប្រឆាំងចំពោះ ទង្វើឈ្លានពាននៃសហភាពសូវៀត ក្នុងប្រទេសហុងគ្រី។ឧទាហរណ៍មួយទៀត មាននៅក្នុងឱកាសកីឡាអូឡាំពិក នៅទីក្រុង Montréal ប្រទេសកាណាដា ក្នុងឆ្នាំ ១៩៧៦។ ពេលនោះ ប្រទេសអាហ្វ្រិកជាច្រើន បាននាំគ្នាធ្វើពហិការ មិនចូលរួមព្រឹត្តិការណ៍នេះ ដើម្បីប្រឆាំងនឹងប្រទេសណូវែលហ្ស៊េឡង់ ដែលមិនព្រមលុបចោលការប្រកួតកីឡាតទល់ជាមួយ អាហ្វ្រិកខាងត្បូង ដែលពេលនោះ បានរងការចោទប្រកាន់ ថាជាប្រទេសរឿសអើងជាតិសាសន៍។ភាពតានតឹងកើនឡើងខ្លាំងមួយកម្រិតទៀត ក្នុងពេលប្រកួតកីឡាអូឡាំពិក នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ឆ្នាំ ១៩៨០ និង នៅ ទីក្រុង Los Angeles សហរដ្ឋអាមេរិក ឆ្នាំ ១៩៨៤។ គ្រានោះ អាមេរិក និង សហភាពសូវៀត ធ្វើពហិការដាក់គ្នា ទៅវិញទៅមក។ ជារួម ក្នុងអំឡុងសម័យសង្គ្រាមត្រជាក់ កីឡាអូឡាំពិក បានក្លាយជាសង្វៀន តតាំងគ្នា យ៉ាងក្តៅគគុក រវាងក្រុមប្រទេសមូលធននិយម និងសង្គមនិយម។គ្មានទង់ជាតិរុស្ស៊ី ក្នុងកីឡាអូឡាំពិក ឆ្នាំ ២០២៤ នៅទីក្រុងប៉ារីសបច្ចុប្បន្ន សង្គ្រាមនៅអ៊ុយក្រែន ដែលបន្តហែកហួរពិភពលោក ចែកជាបក្សសម្ព័ន្ធដាច់ពីគ្នា គឺជាដើមចម តម្រូវឲ្យគណៈកម្មាធិការកីឡាអូឡាំពិក ដាក់ពិន័យលើរុស្ស៊ី និង បេឡារុស ដែលជាប្រទេសក្នុងសហព័ន្ធតែមួយ ដោយរឹតត្បិតវត្តមាននៃប្រទេសទាំងពីរនេះ ក្នុងពេលប្រកួត។ ជាផ្លូវការ មានអត្តពលិក រុស្ស៊ី និង ប៊េឡារុស សរុបទាំងអស់ មិនដល់ ៤០ នាក់ផង ដែលមានសិទ្ធិចូលរួមប្រកួត។ កីឡាករទាំងនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងល្អិតល្អន់បំផុត ដើម្បីប្រាកដថា ពួកគេគ្មានជាប់ទាក់ទងជាមួយកងទ័ពរុស្ស៊ី និង គ្មានបង្ហាញជំហរគាំទ្រ សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ លើសពីនេះទៀត កីឡាករខាងលើ គ្មានសិទ្ធិកាន់ទង់ជាតិតំណាងឲ្យប្រទេសខ្លួនឡើយ ពោលគឺត្រូវ ប្រើទង់អព្យាក្រិត្យ ដែលគ្មានរូបតំណាងជាតិអ្វីទាំងអស់។ ទន្ទឹមគ្នានេះ ពួកគេក៏គ្មានសិទ្ធិចូលរួមក្នុងក្បួនដង្ហែ ក្នុងពិធីបើកសម្ពោធកីឡាអូឡាំពិក នៅថ្ងៃសុក្រ ទី ២៦ ខែកក្កដា នេះដែរ។ ទង្វើនេះ បណ្តាលឲ្យរុស្ស៊ីខឹងសម្បា ហើយចោទគណៈកម្មាធិការអូឡាំពិកថា រើសអើងជាតិសាសន៍ និង ដើរលើគន្លងនៃរបបណាហ្ស៊ីថ្មី។អាហ្វហ្កានីស្ថាន អាចចូលរួមប្រកួត តែមានលក្ខខណ្ឌក្រៅពីរុស្ស៊ី អាហ្វហ្កានីស្ថាន ក៏រងពិន័យដូចគ្នាដែរ៊។ ជាក់ស្តែង គណៈប្រតិភូតំណាងថ្នាក់ដឹកនាំប្រទេសនេះ ដែលបច្ចុប្បន្នជាក្រុមតាលីបង់ មិនត្រូវគេអនុញ្ញាតឲ្យបង្ហាញវត្តមាន ក្នុងកម្មវិធីប្រកួតនេះឡើយ។ ចំពោះកីឡាករ ចូលរួមប្រកួតវិញ គឺមានចំនួនទាំងអស់ ៦ នាក់ ដោយក្នុងនោះ មានប្រុស ៣ នាក់ និងស្រី ៣ នាក់ ពោលគឺស្មើភាពគ្នារវាងភេទទាំងពីរ។ នេះ គឺជាលក្ខខណ្ឌ ដែលគណៈកម្មាធិការអូឡាំពិក តម្រូវឲ្យក្រុមតាលីបង់គោរពតាម ដើម្បីអាចចូលរួមប្រកួតបាន។ គួររំឭកថា ចាប់តាំងពីរក្រុមតាលីបង់ត្រឡប់មកកាន់អំណាចឡើងវិញ នៅអាហ្វហ្កានីស្ថាន មនុស្សស្រី ត្រូវអាជ្ញាធរហាមឃាត់ មិនឲ្យលេងកីឡា មិនឲ្យចូលក្នុងបរិវេណហាត់កីឡា និង គ្មានសិទ្ធិរៀនលើសពីថ្នាក់បឋមសិក្សា។សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស និង បរិយាកាសនយោបាយដ៏តានតឹងងាកទៅដើមបូព៌ាវិញ ក្រោយការចូលសម្លាប់រង្គាល របស់ក្រុមហាម៉ាស ក្នុងទឹកដីអ៊ីស្រាអែល នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានផ្ទុះឡើង និងបន្តឆាបឆេះ រហូតដល់ពេលបច្ចុប្បន្ន។ លោក Jibril Rajoub ប្រធានគណៈកម្មាធិការអូឡាំពិកប៉ាឡេស្ទីន បានថ្លែងថា លោកចង់ ឆក់យកឱកាស កីឡាអូឡាំពិកឆ្នាំ ២០២៤ នេះ ដើម្បីទាញការចាប់អារម្មណ៍បន្ថែម ពីមនុស្សទាំងឡាយ នៅជុំវិញពិភពលោក ចំពោះស្ថានភាពសង្គ្រាមក្នុងតំបន់ហ្កាហ្សា ដែលបានផ្តាច់ជីវិតជនជាតិប៉ាឡីស្ទីនរាប់ម៉ឺននាក់ ព្រមទាំងការត្រួតត្រារបស់អ៊ីស្រាអែល នៅលើទឹកដី ស៊ីហ្សកដានី។លោក Rajoub បានសង្កត់ធ្ងន់អំពីចំនួនអត្តពលិក បុគ្គលិក និងអ្នកស្ម័គ្រចិត្ត ក្នុងស្ថាប័នកីឡានៅហ្កាហ្សា ចំនួនជាង ៣០០ នាក់ ដែលបានបាត់បង់ជីវិត ក្នុងអំឡុងយុទ្ធនាការវាយប្រហារ របស់ទ័ពអ៊ីស្រាអែល។ នេះ បើផ្អែកលើតួលេខ របស់លោក Rajoub ខ្លួនឯងផ្ទាល់។ នៅចំពោះមុខបញ្ហាខាងលើ គណៈកម្មាធិការកីឡាអូឡាំពិក គ្មានគោលការណ៍ដាក់ពិន័យអ៊ីស្រាអែលឡើយ ពោលគឺផ្ទុយពីការទាមទាររបស់ក្រុមតំណាងរាស្ត្របក្សឆ្វេងនិយមបារាំង ដែលចង់ឲ្យកីឡាករអ៊ីស្រាអែល ប្រើទង់អព្យាក្រិត្យ គ្មានរូបតំណាងប្រទេស ដូចរុស្ស៊ី និង បេឡារុស ដែរ។ អត្តពលិកអ៊ីស្រាអែល ៨៨ នាក់ នឹងចូលរួមប្រកួត ក្នុងបរិយាកាសនយោបាយ ដ៏តានតឹងបំផុតមួយ។ ដើម្បីការពារសុវត្ថិភាពដល់កីឡាករខាងលើ និងបង្ការគ្រោះថ្នាក់ ដែលអាចកើតមាន ជាយថាហេតុណាមួយ អាជ្ញាធរបារាំង បានត្រៀមកម្លាំងការពារសន្តិសុខ យ៉ាងរឹងមាំ។ ការរឹតបន្តឹងសន្តិសុខនេះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញ ពីការចងចាំមេរៀននៃសោកនាដកម្មមួយ ដែលបានកើតឡើងក្នុងពេលប្រកួតកីឡាអូឡាំពិក នៅទីក្រុង មុយនិក ប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ ១៩៧២។ កាលនោះ ភេរវករប៉ាឡេស្ទីនមួយក្រុម បានចូលទៅចាប់ក្រុមប្រតិភូកីឡាករអ៊ីស្រាអែល ក្នុងភូមិអូឡាំពិក ជាចំណាប់ខ្មាំង មុននឹងសម្លាប់ផ្តាច់ជីវិត អត្តពលិកអ៊ីស្រាអែល ចំនួន ១១ នាក់។ការផ្អាកបាញ់គ្នា គ្មានប្រសិទ្ធភាពផ្អែកតាមប្រពៃណីពីបុរាណនៃកីឡាអូឡាំពិក ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានព្យាយាម អំពាវនាវ ឲ្យផ្អាកសង្គ្រាម ក្នុងអំឡុងព្រឹត្តិការណ៍នេះ។ យ៉ាងណាមិញ ក្តីសង្ឃឹមខាងលើ មិនអាចសម្រេចបានឡើយ។ ជាក់ស្តែង រុស្ស៊ីកំពុងបន្តរំលោភចូលទឹកដីអ៊ុយក្រែនភាគខាងកើត និងសម្លាប់ជីវិតមនុស្ស កាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ នៅហ្កាហ្សាឯណោះវិញ ការប្រឹងប្រែងចរចា ស្វែងរកបទឈប់បាញ់គ្នា ក៏ត្រូវជាប់គាំង។ គួររំឭកថា ធម្មនុញ្ញកីឡាអូឡាំពិក បានបញ្ជាក់ច្បាស់ថា កីឡាគឺជាស្ពានចម្លង នាំទៅកាន់ មាគ៌ាសន្តិភាព និង សេចក្តីថ្លៃថ្នូរ នៃមនុស្សជាតិទាំងឡាយ ក្នុងសកលលោក។ ក៏ប៉ុន្តែ ក្នុងតថភាពជាក់ស្តែង កីឡាអូឡាំពិក គ្មានឥទ្ធិពលគ្រប់គ្រាន់ ដើម្បីបញ្ឈប់ ឬ ផ្អាកសង្គ្រាម បានឡើយ៕
ចិនកំពុងអូសជើងចង់ចំណេញខ្លាំង លើគម្រោងបំពង់បង្ហូរឧស្ ម័ន “Power of Siberia 2” របស់រុស្ស៊ី
ចិននិងរុស្ស៊ីមានគម្រោងសាងសង់ បណ្តាញបំពង់បង្ហូរឧស្ម័នដ៏វែងមួយ ឈ្មោះថា Power of Siberia 2 ដែលតភ្ជាប់ពីតំបន់ស៊ីបេរី ឆ្ពោះទៅកាន់ខេត្តស៊ីនជាំងរបស់ចិន។ ស្របពេលដែលប្រទេសអឺរ៉ុបបានឈប់ទិញឧស្ម័នរុស្ស៊ី គម្រោងដ៏ធំមហាសាលនេះ នឹងអនុញ្ញាតឲ្យរុស្ស៊ី អាចទទួលបាននូវប្រភពចំណូលដ៏ច្រើនសន្ធឹក។ តែយ៉ាងណា គម្រោងដ៏ធំនេះហាក់នៅឆ្ងាយសន្លឹម មិនដូចការសង្ឃឹមរបស់រុស្ស៊ីទេ ព្រោះភាគីចិនដែលមានប្រៀប កំពុងតែអូសជើង និងដាក់លក្ខខណ្ឌកេងចំណេញខ្លាំងបំផុត។ ក្រុមហ៊ុនGazprom ដែលជាក្រុមហ៊ុនឧស្ម័នជាតិរបស់រុស្ស៊ី មានគម្រោងជាមួយចិន សាងសង់បណ្តាញបំពង់បង្ហូរឧស្ម័ន ឈ្មោះថា Power of Siberia 2 តភ្ជាប់ពីតំបន់ស៊ីបេរី ឆ្ពោះទៅខេត្តស៊ីនជាំង។ Power of Siberia 2 មានប្រវែងសរុប៦០០០គីឡូម៉ែត្រ ពោលគឺវែងលើសបណ្តាញបំពង់ Power of Siberia 1 ដែលសាងសង់រួចកាលពី៥ឆ្នាំមុន ដល់ទៅ៣ដង។ នៅពេលសាងសង់រួច បំពង់បង្ហូរឧស្ម័ន Power of Siberia 2 នឹងមានសមត្ថភាពនាំឧស្ម័នលក់ទៅឲ្យចិន ក្នុងទំហំ៥ម៉ឺនលានម៉ែត្រគូបក្នុងមួយឆ្នាំ។គួរបញ្ជាក់ថា គម្រោងនេះជាក្តីសង្ឃឹមធំណាស់ សម្រាប់រុស្ស៊ី ដែលកំពុងតែត្រូវការប្រាក់ជាខ្លាំង ក្នុងអំឡុងពេលនេះ។ ក្រុមហ៊ុនGazprom ជាប្រភពចំណូលមួយដ៏សំខាន់របស់រដ្ឋរុស្ស៊ី ក៏ប៉ុន្តែប្រមាណ១ឆ្នាំមកនេះ ក្រុមហ៊ុនGazprom ហាក់កំពុងឆ្លងកាត់ការលំបាកខ្លាំងណាស់ផ្នែកហិរញ្ញវត្ថុ នេះបើផ្អែកតាមកាសែត Financial Times ដែលបានពិនិត្យ របាយការណ៍មួយរបស់ Gazprom។ តួលេខបូកសរុបឆ្នាំ២០២៣ បង្ហាញថាក្រុមហ៊ុនGazprom ខាតប្រាក់ចំនួនដល់ទៅ ៦៩០០លានដុល្លារ។ វិបត្តិខ្វះចំណូល ដោយសារតែបណ្តាប្រទេសអឺរ៉ុប បាននាំគ្នាឈប់ទិញឧស្ម័នរបស់រុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន។ប្រឈមនឹងបញ្ហានេះ រុស្ស៊ីត្រូវតែរកមធ្យោបាយ រកអតិថិជនថ្មីដែលអាចទិញឧស្ម័នរបស់រុស្ស៊ីក្នុងទំហំធំ ឲ្យបានឆាប់បំផុត។ ដោយផ្អែកលើកត្តាចំនួនប្រជាជន និងកត្តាភូមិសាស្ត្រ គឺអតិថិជនថ្មីនេះ គ្មាននរណាល្អជាងចិនទេ សម្រាប់រុស្ស៊ី។ ហេតុដូច្នេះហើយ បានជារុស្ស៊ីបានប្រឹងប្រែងជំរុញឲ្យចិនចុះហត្ថលេខា កសាងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 ជាមួយខ្លួន។ថ្វីបើភាគីរុស្ស៊ី ធ្លាប់អួតថា ការដ្ឋានសាងសង់អាចនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៤នេះ តែធាតុពិតជាក់ស្តែង អ្នកសង្កេតការណ៍ជាច្រើនបានលើកឡើងថា គ្មានសង្ឃឹមទេ។ ចិនដឹងថាខ្លួនមានប្រៀប កំពុងតែប្រើយុទ្ធសាស្ត្រអូសបន្លាយពេលវេលា។ លោក Thierry Bros អ្នកជំនាញវិស័យថាមពលដែលតាមដានគម្រោងនេះ បានលើកឡើងថា ចិនអាចត្រូវការឧស្ម័នបន្ថែមពីរុស្ស៊ី ខ្ទង់ប្រហែលជាឆ្នាំ២០៣៥ឯណោះ ព្រោះថាបច្ចុប្បន្ននេះ ចិនមិនខ្វះអ្នកផ្គត់ផ្គង់ឲ្យទេ។ ម្លោះហើយ ចិនប្រើវិធី ធ្វើឲ្យអ្នកផ្គត់ផ្គង់ឲ្យខ្លួន ប្រកួតប្រជែងគ្នា។ ជាក់ស្តែងចិនទើបតែចុះកិច្ចសន្យាទិញឧស្ម័នរបស់អ៊ីរ៉ាក់ ធ្វើឲ្យរុស្ស៊ីកាន់តែចាញ់ប្រៀប។បន្ថែមពីនេះ ភាគីចិនបានដាក់លក្ខខណ្ឌច្រើនខ្លាំងណាស់ ទៅលើភាគីរុស្ស៊ី។ ប្រើប្រៀបធៀបទៅតម្លៃ ដែលរុស្ស៊ីធ្លាប់លក់ឲ្យប្រទេសអឺរ៉ុប គឺរុស្ស៊ីលក់ឲ្យចិនថោកជាងរួចទៅហើយរាល់ថ្ងៃនេះ។ តែចាប់ពីពេលនេះទៅ ចិនបានទាមទារថា រុស្ស៊ីត្រូវតែលក់ឧស្ម័នឲ្យខ្លួន ក្នុងតម្លៃមួយស្មើនឹងតម្លៃលក់ទៅឲ្យប្រជាជនរុស្ស៊ីក្នុងស្រុក។ ជាងនេះទៀត ចិនបានទាមទារថា ក្រុមហ៊ុន Gazprom ត្រូវជាអ្នកចំណាយថ្លៃសាងសង់ បណ្តាញបំពង់បង្ហូរ Power of Siberia 2 ទាំងស្រុង។ បើតាមសម្តីលោក Thierry Bros មានន័យថា ក្រុមហ៊ុន Gazprom ច្បាស់ជាត្រូវខាតដើមហើយគ្រានេះ។ពាក្យថា “មិត្តភាពគ្មានទីបំផុតរវាងចិននិងរុស្ស៊ី” ដែលលោកស៊ី ជីនពីងបានប្រកាសនោះ បែបពិបាកលេបបន្តិចហើយ សម្រាប់លោកពូទីន។ យ៉ាងណាក៏ដោយ ជម្រើសមានតិចណាស់ សម្រាប់ភាគីរុស្ស៊ី។ រដ្ឋរុស្ស៊ីមានហ៊ុនពាក់កណ្តាលក្នុង ក្រុមហ៊ុន Gazprom ដូច្នេះរុស្ស៊ីមិនអាចបណ្តោយឲ្យក្រុមហ៊ុននេះរលំបានទេ។ ជាងនេះទៀត វិស័យនាំចេញឧស្ម័នគឺជាប្រភពការងារដ៏សំខាន់ សម្រាប់ប្រជាជនរុស្ស៊ីនៅតាមតំបន់ដាច់ស្រយ៉ាលដែលមិនសូវមានសកម្មភាពសេដ្ឋកិច្ច។ បើអត់ការងារធ្វើ កំហឹងប្រជាជនរុស្ស៊ីទល់នឹងការដឹកនាំរបស់លោកពូទីនក៏នឹងកាន់តែមានខ្លាំង។កាលពីថ្ងៃចន្ទ ទី៣មិថុនា នៅពេលអ្នកកាសែតចោទសួរអំពីការវិវឌ្ឍន៍នៃគម្រោង Power of Siberia 2 លោក Dmitri Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បានឆ្លើយឲ្យតែផុតពីមាត់ ថាកុំភ័យគម្រោងនេះ ចិននឹងរុស្ស៊ីប្រាកដជាត្រូវរ៉ូវគ្នាមិនខានទេ។ ជាការកត់សំគាល់ជាក់ស្តែង គឺភាគីរុស្ស៊ីដឹងខ្លួនថា គម្រោងនេះមិនអាចចេញរួចឆាប់ៗនេះទេ ដោយសារតែចិនវាយឫក។ យ៉ាងណាមិញ ពេលលោកពូទីនធ្វើដំណើរទៅប៉េកាំង កាលពីខែឧសភាថ្មីៗនេះ លោក Alexei Miller អគ្គនាយកGazprom មិនទាំងទៅជាមួយផង។ មានន័យថា រុស្ស៊ីគ្មានសង្ឃឹមថាអាចមាន កិច្ចព្រមព្រៀងចុងក្រោយអនុម័តគម្រោងនេះទេ។ តែលោក Thierry Bros បានពន្យល់ថា ទោះជាយ៉ាងណា ចិនក៏មិនចង់ឲ្យរបបរបស់លោកពូទីនរង្គោះរង្គោះដែរ។ ដូច្នេះនៅដំណាក់កាលចុងក្រោយណាមួយ របបរបស់លោកពូទីន ស្លន់ស្លោរញីរញ័រ ជួបការលំបាកខ្លាំង នោះចិននឹងអាចឆ្លើយថាព្រម លើគម្រោង Power of Siberia 2៕
6/7/2024 • 4 minutes, 58 seconds តើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននឹងធ្វើឲ្យស្ថានការណ ៍សង្រ្គាមនៅហ្កាហ្សាប្រែប្រួលដែរឬទេ?
ប្រទេសចំនួន៣ អេស្ប៉ាញ អៀរឡង់ និងន័រវែសបានចេញមុខទទួលស្គាល់ជាផ្លូវការរដ្ឋប៉ាឡេស្ទីន ចាប់ពីថ្ងៃអង្គារទី ២៨ឧសភា។ របត់នយោបាយការទូតរបស់ប្រទេស អឺរ៉ុបទាំងបីតាមរយៈការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនបានធ្វើឲ្យអ៊ីស្រាអែលខឹងឆេះដុំ នៅប៉ុន្មានថ្ងៃមកនេះ។ អ៊ីស្រាអែលមិនត្រឹមកោះហៅអ្នកតំណាងទូតរបស់ប្រទេសទាំងបីមកព្រមាន ប៉ុន្តែ នៅបានចោទប្រកាន់អេស្ប៉ាញនាំមុខគេក្នុងចំណោមប្រទេសទាំងបីថា កំពុងផ្តល់អំណោយដល់ក្រុមហាម៉ាស និងឃុបឃិត ចូលរួមអំពាវនាវឲ្យមានការសម្លាប់ប្រល័យពូជសាសន៍ប្រជាជនជ្វីហ្វ។ មួយសប្តាហ៍ក្រោយ ការប្រកាសរួមគ្នារបស់ថ្នាក់ដឹកនាំអេស្ប៉ាញ អៀរឡង់ និងន័វែស ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ពីសំណាក់ប្រទេសអឺរ៉ុបទាំងបីបានចូលជាធរមាន ចាប់ពីថ្ងៃអង្គារទី២៨ឧសភា។ នៅថ្ងៃដដែល នាយករដ្ឋមន្រ្តីអេស្ប៉ាញបានចេញមកបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដើម្បីឈានទៅបង្កើតសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ម្យ៉ាងវាមានន័យ ផ្តល់យុត្តិធម៌ដល់ប្រជាជនប៉ាឡេស្ទីន។ចំពោះប្រមុខរដ្ឋាភិបាលអេស្ប៉ាញ ការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន មានលក្ខណៈជានិមិត្តរូប ដែលអាចលើកទឹកចិត្តឲ្យប្រទេសអឺរ៉ុបដទៃទៀតធ្វើតាម។ គោលដៅចុងក្រោយរបស់អេស្ប៉ាញ ន័វែស និងអៀរឡង់ គឺ ការដាក់សម្ពាធផ្នែកការទូតលើភាគីជម្លោះទាំងពីរ អ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីឈានទៅអនុវត្តបទឈប់បាញ់នៅហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង។នៅចំពោះមុខ ការបាត់បង់ជីវិតរបស់ប្រជាជនប៉ាឡេស្ទីន ជារៀងរាល់ថ្ងៃ នៅក្នុងសង្រ្គាមសងសឹករបស់អ៊ីស្រាអែលទៅលើក្រុមហាម៉ាសនៅហ្កាហ្សាជាង៨ខែ រួមផ្សំនឹងការព្រងើយកន្តើយរបស់អ៊ីស្រាអែល ដែលមិនខ្វល់នឹងសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិដែលទាមទារឲ្យអ៊ីស្រាអែលឈប់ជាបន្ទាន់ការវាយប្រហារសម្លាប់មនុស្សនៅភាគខាងត្បូងហ្កាហ្សា អេស្ប៉ាញ អៀរឡង់ និងន័រវែសប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដើម្បីចង់បង្ហាញថា ពួកគេគ្មានជម្រើសអ្វីផ្សេង ក្រៅពីផ្លាស់ប្តូរនយោបាយការបរទេសជាមួយអ៊ីស្រាអែល។ និយាយម្យ៉ាងថា ទោះដឹងថា អ៊ីស្រាអែល ខឹងក្តៅក្រហាយ ប៉ុន្តែ អេស្ប៉ាញ អៀរឡង់ និងន័រវែស នៅតែងាកបែរទៅទទួលស្គាល់ជាផ្លូវការ រដ្ឋប៉ាឡេស្ទីន។គិតរហូតមកដល់ពេលនេះ បីភាគបួននៃប្រទេសសមាជិកអង្គការសហប្រជាជាតិ ចំនួន១៣៩ប្រទេស ទទួលស្គាល់ជាផ្លូវការ រដ្ឋប៉ាឡេស្ទីន ដោយមានហ្សេរុយសាឡឹមជាអនាគតរដ្ឋធានី។ បណ្តាប្រទេសអាស៊ីនាំមុខដោយចិន ឥណ្ឌា អាហ្វ្រិក និងអាមេរិកឡាទីន បានសម្រេចជាបន្តបន្ទាប់គ្នា ប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយនៅសល់តែបណ្តាប្រទេសអឺរ៉ុប ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក អ្នកគាំទ្រដោយឥតងាករេ រដ្ឋអ៊ីស្រាអែល។ប៉ុន្តែ ការវាយប្រហារយ៉ាងឃោឃៅរបស់ទាហានអ៊ីស្រាអែល និងជំហរដាច់ណាត់របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលក្នុងការបញ្ជាឲ្យគាស់រំលើងក្រុមហាម៉ាសនៅភាគខាងត្បូងហ្កាហ្សា ទោះមានការថ្កោលទោសរបស់សហគមន៍អន្តរជាតិ បានបណ្តាលចិត្តរបស់ប្រទេសអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ម្តងមួយៗឲ្យចេញមុខគាំទ្រការបង្កើតរដ្ឋពីរជិតគ្នា គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន។ដោយសារតែអ៊ីស្រាអែលមិនព្រមស្តាប់ និងផ្គើនចង់វាយលុកចូលរាហ្វា ដោយមិនខ្វល់ពីការស្លាប់បាត់បង់ជីវិតរបស់ប្រជាជនស៊ីវិលប៉ាឡេស្ទីន អាមេរិកផ្ទាល់ធ្លាប់បានព្រមានអ៊ីស្រាអែលពីការផ្អាកបញ្ជូនអាវុធ និងជំរុញឲ្យភាគីអ៊ីស្រាអែលត្រូវតែចរចាជាមួយអាជ្ញាធរប៉ាឡេស្ទីនដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា។ ប៉ុន្តែ អ៊ីស្រាអែលមិនព្រមស្តាប់ចូលត្រចៀក។ បារាំង និងប៊ែលហ្សិកវិញ ធ្លាប់និយាយថា ការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជារឿងចាំបាច់ ប៉ុន្តែ គេត្រូវរង់ចាំឲ្យភាគីទាំងពីរត្រលប់ចូលតុចរចាសិន ទើបប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនតាមក្រោយ។បើទោះបីជាប្រទេសអឺរ៉ុបទាំងបី អេស្ប៉ាញ ន័រវែស និងអៀរឡង់ប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងរូបភាពនិមិត្តរូបក្តី ប៉ុន្តែ ចង់ ឬមិនចង់ វានឹងអាចធ្វើឲ្យអ៊ីស្រាអែលកាន់តែឯកោ បាត់ការគាំទ្រនៅក្នុងឆាកអន្តរជាតិ។ផ្ទុយទៅវិញ វានឹងជំរុញឲ្យប៉ាឡេស្ទីន ដែលសព្វថ្ងៃមានឋានៈត្រឹមជារដ្ឋសង្កេតការណ៍ អាចក្លាយទៅជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។ការណ៍នេះនឹងធ្វើឲ្យអ៊ីស្រាអែលងាយប្រឈមនឹងការផ្តន្ទាទោស ក្នុងបទប្រព្រឹត្តឧក្រិដ្ឋកម្មសម្លាប់ជនជាតិរបស់រដ្ឋសមាជិកមួយទៀតរបស់អង្គការសហប្រជាជាតិ។ជាថ្មីម្តងទៀត ការប្រកាសទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋ នឹងមានលក្ខណៈនិមិត្តរូប ជាជាងដំណោះស្រាយពិតប្រាកដសម្រាប់រកច្រកចេញវិបត្តិសង្រ្គាមនៅហ្កាហ្សា។ ម្យ៉ាង វាក៏មិនបានទៅដោះស្រាយបញ្ហាពិតប្រាកដ ដូចជាថា តើខ្សែបន្ទាត់ព្រំដែនប៉ាឡេស្ទីន និងអ៊ីស្រាអែលស្ថិតនៅចំណុចណា? តើ ទឹកដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលបានចូលទៅឈ្លានពានកាប់កាប់ បង្កើតសំណង់អាណានិគមកិច្ច នឹងត្រូវប្រគល់មកឲ្យជនជាតិប៉ាឡេស្ទីនវិញដែរឬទេ?
5/28/2024 • 4 minutes, 29 seconds សង្រ្គាមហ្កាហ្សា៖ កាតាជាតួអង្គមិនអាចខ្វះបាន នៅក្ន ុងការចរចាបទឈប់បាញ់ និងដោះដូរចំណាប់ខ្មាំង
ប្រមុខរដ្ឋកាតា អេមៀ តាមីម បិន ហាម៉ាដ អាល់ ថានីផ្តើមទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ នៅប្រទេសបារាំង។ ក្រៅតែពីជំរុញទំនាក់ទំនងបារាំង និងកាតា ដែលជាប្រទេសមហាសេដ្ឋីប្រេង ទស្សនកិច្ចជាលើកទី១របស់ព្រះចៅកាតា នៅទីក្រុងប៉ារីស នឹងផ្តោតសំខាន់លើការចរចាបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ ខណៈដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលត្រៀមលក្ខណៈវាយប្រហារជើងគោកចូលទីក្រុងរ៉ាហ្វា ដែលជាជំរកចុងក្រោយរបស់ប្រជាជនប៉ាឡេស្ទីន នៅហ្កាហ្សា បារាំង អេហ្ស៊ីប និងអាមេរិកងាកទៅជំនួយពីកាតា ដែលជាអន្តរការី ធ្លាប់ដើរតួសំខាន់ នៅក្នុងការចរចាឲ្យមានការផ្អាកបាញ់ នៅហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងជាង ១០០នាក់ កាលពីខែវិច្ឆិកាឆ្នាំមុន។ ហេតុអ្វីបានជាកាតាជាតួអង្គមិនអាចខ្វះបាន នៅក្នុងការចរចាស្តីការដោះដូរចំណាប់ខ្មាំង ឬបទឈប់បាញ់នៅ ហ្កាហ្សា? នៅប៉ុន្មានថ្ងៃមកនេះ យុទ្ធនាការចរចាដើម្បីជំរុញឲ្យមានបទឈប់បាញ់នៅហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល មានកាន់តែច្រើន ជាពិសេស នៅចំពោះមុខវិបត្តិមនុស្សធម៌ដ៏អាក្រក់ក្រៃលែងនៅហ្កាហ្សា និងការគំរាមរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដើម្បីបើកសមរភូមិជើងគោកសម្រុកចូលក្រុងរ៉ាហ្វា ដែលជាជំរកចុងក្រោយរបស់ប្រជាជនប៉ាឡេស្ទីន។នៅចំពោះមុខស្ថានការណ៍បន្ទាន់ ប្រធានាធិបតីអាមេរិក លោកចូ បៃដិនប្រកាសនៅថ្ងៃចន្ទថា អ៊ីស្រាអែលយល់ព្រមបទឈប់បាញ់នៅហ្កាហ្សា នៅអំឡុងបុណ្យតមអាហាររបស់អ្នកកាន់សាសនាអ៊ីស្លាម។ មួយថ្ងៃក្រោយ អ្នកនាំពាក្យរបស់ក្រសួងការបរទេសកាតាវិញបាននិយាយថា កាតាសង្ឃឹម ជំរុញឲ្យមានបទឈប់បាញ់ឲ្យបាន នៅមុនពិធីបុណ្យតមអាហារ ឬ រ៉ាម៉ាដង់ ដែលត្រូវចាប់ផ្តើមនៅថ្ងៃទី១១មីនាខាងមុខ។ កាតាមិនទាន់ប្រាកដក្នុងចិត្តថានឹងអាចមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ព្រោះថា អ្វីៗអាចប្រែប្រួលគ្រប់ពេលវេលាទៅតាមការសម្រេចចិត្តរបស់ភាគីជម្លោះជាពិសេស អ៊ីស្រាអែល ដែលធ្លាប់ប្តេជ្ញាចិត្តបិទផ្លូវ លែងចរចាជាមួយក្រុមហាម៉ាស។ក្រុមហាម៉ាសផ្ទាល់ដែលជាភាគីជម្លោះនៅក្នុងសង្រ្គាមហ្កាហ្សាក៏បានពន្លយដែរថា ការដោះលែង ឬមិនដោះលែងចំណាប់ខ្មាំង អាស្រ័យទៅលើលទ្ធផលចរចានៅទីក្រុងប៉ារីស។ ក្រុមហាម៉ាសចង់សំដៅដល់វត្តមានរបស់អេមៀររបស់កាតា លោកតាមីម បិន ហាម៉ាដ អាល់ ថានី នៅទីក្រុងប៉ារីស ជាទីដែលប្រមុខរដ្ឋរបស់មហាសេដ្ឋីប្រេងមួយនេះត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីបារាំងស្តីពីការដោះដូរចំណាប់ខ្មាំង។ ការដោះដូរចំណាប់ខ្មាំងជាបញ្ហាអាទិភាពសម្រាប់បារាំង ដែលមានជនជាតិរបស់ខ្លួន៣នាក់កំពុងជាប់ក្នុងដៃរបស់ក្រុមហាម៉ាស។ជាមួយអាមេរិក អេហ្ស៊ីប និងបារាំង កាតាបានដើរតួជាអន្តរការីដ៏សំខាន់នៅក្នុងការចរចារវាងភាគីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។ គិតចាប់តាំងពីផ្ទុះសង្រ្គាមហ្កាហ្សា កាលពីដើមខែតុលា កាតាធ្លាប់បង្ហាញស្នាដៃដែលគេមិនអាចមិនកោតសរសើរបាន នោះគឺការជួយសម្របសម្រួល បញ្ចុះបញ្ចូលរហូតដល់មានបទឈប់បាញ់មនុស្សធម៌នៅហ្កាហ្សា និងឈានទៅដល់ការដោះលែងចំណាប់ខ្មាំងប្រមាណ១០០នាក់ ដែលក្រុមហាម៉ាសចាប់អូសយកទៅលាក់ទុកនៅហ្កាហ្សានៅថ្ងៃធ្វើភេរវកម្ម ៧តុលា។ជោគជ័យរបស់កាតាក្នុងនាមជាអន្តរការីនៅក្នុងការចរចារវាងភាគីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានរំលេចឲ្យឃើញពីភាពប៉ិនប្រសប់នយោបាយការទូតរបស់ប្រទេសកូនរដ្ឋដ៏តូចមួយនេះនៅឈូងសមុទ្រពែរ្ស៍។ ជាមហាសេដ្ឋីឧស្ម័នធម្មជាតិ លំដាប់លេខ៣ នៅក្នុងពិភពលោក កាតាចេះប្រកាន់ជំហរពិសេស នោះគឺចុះសម្រុងជាមួយគ្រប់គ្នា។ នៅដៃម្ខាង កាតាចាប់ដៃល្អូកល្អឺនជាមួយមហាអំណាចលោកខាងលិច ប៉ុន្តែ នៅដៃម្ខាងទៀត កាតានៅតែចាប់ក្រសោប រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមជ្រុលនិយម ដូចជាក្រុមប្រដាប់អាវុធហាម៉ាស ឬអ៊ីរ៉ង់ដែលជារដ្ឋសំអប់របស់សម្ព័ន្ធមិត្តអាមេរិករបស់កាតា។ សម្រាប់អ្នកជំនាញ នៅក្នុងការចរចាស្តីពីវិបត្តិនៅហ្កាហ្សា កាតាមានសមត្ថភាពពិសេសដែលគ្មានអន្តរការីណាមានដូចខ្លួន។ កាតាផ្តល់ទីតាំងសម្រាប់ឲ្យក្រុមហាម៉ាសមានទីស្នាក់ការផ្លូវការរបស់ខ្លួននៅទីក្រុងដូហា ក្រោមភ្លើងខៀវរបស់អាមេរិកដែលចង់មានខ្សែទាក់ទងចរចាជាមួយក្រុមនេះម្តងម្កាល។តាមមន្រ្តីកាតា ការិយាល័យនយោបាយរបស់ក្រុមហាម៉ាសនៅ ទីក្រុងដូហា ធ្លាប់ទាក់ទងជាមួយរដ្ឋបាលអាមេរិកជាច្រើនដើម្បីធានាស្ថានភាពនៅហ្កាហ្សា និងនៅអ៊ីស្រាអែល។ ម្យ៉ាង ដោយសារតែកាតាជាអ្នកឧបត្ថម្ភយ៉ាងទៀងទាត់ទឹកប្រាក់៣០លានដុល្លារសម្រាប់បើកប្រាក់ខែឲ្យមន្រ្តីហាម៉ាសនៅហ្កាហ្សាជាង ១០ឆ្នាំមកនេះ ចង់ឬមិនចង់កាតា ដែលជាអ្នកចិញ្ចឹមចលនាហាម៉ាសនៅហ្កាហ្សា មានទំនាក់ទំនងពិសេស មានទឹកមាត់ប្រៃនៅក្នុងរឿងចរចាជំរុញឲ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង។ដោយសារតែកាតាមានទំនាក់ទំនង និងឧបត្ថម្ភក្រុមប្រដាប់អាវុធហាម៉ាសដែលអាមេរិកចាត់ចូលក្នុងបញ្ជីភេរវនិយម និងមានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ដែលជាសត្រូវស៊ូពូជរបស់ អាមេរិក និងអ៊ីស្រាអែល កាតាមិនសូវស្ថិតក្នុងក្រសែភ្នែកល្អរបស់ប្រទេសទាំងពីរឡើយ ប៉ុន្តែ គេគ្មានជម្រើសនោះទេ។ ទី១ នៅកាតា អាមេរិកមានមូលដ្ឋានទ័ពដ៏ធំរបស់ខ្លួននៅទីនោះ។ ចំណែកអ៊ីស្រាអែលវិញ ទោះមិនសូវល្អូកល្អឺនជាមួយកាតា ប៉ុន្តែ អ៊ីស្រាអែលនៅតែត្រូវការចាំបាច់ប្រទេសកាតានៅក្នុងក្តីសង្ឃឹមថា នៅថ្ងៃណាមួយ កាតានឹងជួយជំរុញឲ្យមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំប៉ាឡេស្ទីន ដោយផាត់ចោលក្រុមប្រដាប់អាវុធហាម៉ាស។សម្រាប់សហគមន៍អន្តរជាតិ កាតាមិនមែនប៉ិនប្រសប់ជួយដោះស្រាយវិបត្តិចំណាប់ខ្មាំងអ៊ីស្រាអែលតែមួយមុខនោះទេ។ កន្លងមក កាតាធ្លាប់បង្ហាញស្នាដៃរបស់ខ្លួនក្នុងនាមជាអន្តរការីដ៏លេចធ្លោ មានសមត្ថភាពបញ្ចុះបញ្ចូលឲ្យពួកតាលីបង់បង្កើតការិយាល័យនយោបាយនៅទីក្រុងដូហា។ គំនិតផ្ចុងផ្តើមរបស់កាតាបានជួយឲ្យអាមេរិកអាចចរចាដកទ័ពចេញពីអាហ្វហ្កានីស្ថាននៅពាក់កណ្តាលឆ្នាំ២០២១។ មួយវិញទៀត គេក៏មិនត្រូវភ្លេចទេថា អ៊ីរ៉ង់យល់ព្រមដោះលែងអ្នកទោសអាមេរិកកាលពីពេលថ្មីៗនេះ ក៏ដោយមកពីមានអន្តរាគមន៍របស់កាតាដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែរ។ ភាពប៉ិនប្រសប់របស់កាតាមិនត្រឹមធ្វើឲ្យកាតាក្លាយជាអន្តរការីដ៏លេចធ្លោ ជួយដោះស្រាយវិបត្តិចំណាប់ខ្មាំងនៅដើមបូព៌ាតែប៉ុណ្ណោះទេ ប៉ុន្តែ វាធ្វើឲ្យកាតាល្បីឈ្មោះរហូតដល់ទឹកដីអឺរ៉ុប។ នៅខែតុលាចុងឆ្នាំមុន កាតាបានប្រកាសថា ខ្លួនបានជួយសម្របសម្រួលរហូតធ្វើឲ្យកុមារអ៊ុយក្រែន៤នាក់ដែលត្រូវអាជ្ញាធររុស្ស៊ីចាប់យកទៅរុស្ស៊ីនៅពេលដើមដំបូងនៃសង្រ្គាម អាចវិលត្រលប់ទៅជួបជុំឪពុកម្តាយរបស់ខ្លួននៅអ៊ុយក្រែនវិញ។បន្ទាប់ពីជោគជ័យនៅក្នុងការសម្របសម្រួលភាគីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស រហូតដល់មានការផ្អាកបាញ់មនុស្សធម៌ និងការដោះលែងចំណាប់ខ្មាំងរហូតដល់១០០នាក់ កាតាត្រលប់មកធ្វើអន្តរការីដ៏សកម្មសាជាថ្មី ដោយលើកនេះ កាតាត្រូវបញ្ចុះបញ្ចូលធ្វើយ៉ាងណាឲ្យអ៊ីស្រាអែលយល់ព្រមអនុវត្តបទឈប់បាញ់ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងពីក្នុងដៃរបស់ពួកហាម៉ាស។ ប៉ុន្តែ ការងារជាអន្តរការីរបស់កាតាលើកនេះលំបាកជាងលើកមុន ព្រោះថា ភាគីជម្លោះម្ខាងៗដាក់លក្ខខណ្ឌច្រើនរៀងៗខ្លួន។ ពួកហាម៉ាសទាមទារថា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង១នាក់ អ៊ីស្រាអែលត្រូវអនុវត្តបទឈប់បាញ់១ថ្ងៃ ដោះលែងអ្នកទោសប៉ាឡេស្ទីន១០នាក់។ លើសពីនោះអ៊ីស្រាអែលត្រូវបើកផ្លូវឲ្យគេនាំយកជំនួយមនុស្សធម៌បន្ទាន់ដូចជាស្បៀងអាហារ ថ្នាំពេទ្យសម្រាប់ប្រជាជនប៉ាឡេស្ទីននៅរ៉ាហ្វា។ តាមប្រភពស្និទ្ធនឹងក្រុមចរចាដែលស្រង់ដោយកាសែតអាមេរិក អ៊ីស្រាអែលអាចយល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីន១៥នាក់ជាថ្នូរនឹងការដោះលែងទាហានអ៊ីស្រាអែល៥នាក់ដែលពួកហាម៉ាសចាប់ជាចំណាប់ខ្មាំងនៅហ្កាហ្សា។ ការទាមទាររបស់ក្រុមហាម៉ាសមានច្រើនបើប្រៀបធៀបនឹងអ៊ីស្រាអែលដែលកំពុងមានប្រៀបក្នុងទីលានប្រយុទ្ធហ្កាហ្សា។ ដូច្នេះតើកាតានៅតែជាអន្តរការីមានថ្វីមាត់ដើម្បីសម្របសម្រួលឲ្យមានបទឈប់បាញ់ក្នុងអំឡុងបុណ្យរ៉ាម៉ាដង់ ដើម្បីទប់ស្កាត់ការសម្លាប់បង្ហូរឈាមនៅរ៉ាហ្វាដែរឬទេ? លទ្ធផលយ៉ាងណា គេនឹងអាចដឹងនៅចុងសប្តាហ៍នេះ។ នេះបើតាមការលើកឡើងរបស់គ្រប់ភាគីពាក់ព័ន្ធនឹងការចរចា ដែលនៅក្នងនោះមានផងដែរ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន៕
2/28/2024 • 7 minutes, 17 seconds មានស៊ុយអែតជាសមាជិកមួយទៀត តើតំបន់សមុទ្របាល់ទិក នឹង ក្លាយជា “បឹងរបស់អូតង់”?
កាលពីថ្ងៃចន្ទ ទី២៦កុម្ភៈ សភាហុងគ្រីបានបោះឆ្នោតយល់ព្រម ឲ្យប្រទេសស៊ុយអែត ក្លាយជាសមាជិកថ្មីនៃអង្គការសម្ព័ន្ធមិត្តអូតង់។ វត្តមានរបស់ស៊ុយអែត ក្នុងនាមជាសមាជិកទី៣២របស់អូតង់នេះ នឹងហុចអត្ថប្រយោជន៍ជាច្រើន ដល់សមត្ថភាពការពារ របស់អូតង់នៅក្នុងតំបន់សមុទ្របាល់ទិក ទល់នឹងការគំរាមរបស់រុស្ស៊ី។ ចាប់ពីថ្ងៃនេះទៅ ប្រទេសទាំងអស់នៅជុំវិញសមុទ្របាល់ទិក លើកលែងតែរុស្ស៊ីមួយ គឺសុទ្ធតែជាសមាជិកអូតង់។ តើមានន័យថា ចាប់ពីពេលនេះទៅ តំបន់សមុទ្របាល់ទិកនឹងក្លាយ ប្រៀបបីដូចជាបឹងមួយ ស្ថិតក្រោមការគ្រប់គ្រងរបស់អូតង់ ឬមួយក៏រុស្ស៊ីនៅតែអាច មានលទ្ធភាពគំរាមបាន? ជាមួយនឹងការចូលជាសមាជិក ពីសំណាក់ហ្វាំងឡង់កាលពីឆ្នាំមុន និងពេលនេះថែមស៊ុយអែតមួយទៀត មានន័យថា ប្រទេសទាំងអស់ដែលនៅព័ទ្ធសងខាងសមុទ្របាល់ទិក លើកលែងតែរុស្ស៊ីមួយ គឺសុទ្ធតែជាសមាជិករបស់អង្គការសម្ព័ន្ធមិត្តអូតង់។ អ្នកវិភាគខ្លះ បានសំឡឹងឃើញថា ចាប់ពីពេលនេះទៅ សមុទ្របាល់ទិក ប្រៀបបីដូចជា បឹងមួយរបស់អូតង់ ដែលអង្គការសម្ព័ន្ធមិត្តនេះ អាចមានលទ្ធភាពធំ ក្នុងការត្រួតត្រា រារាំងទៅលើចរាចរណ៍របស់នាវាចម្បាំងរុស្ស៊ី ក្នុងករណីមានបញ្ហាវិវាទណាមួយកើតឡើង។តែទន្ទឹមគ្នានេះ អ្នកវិភាគខ្លះ បានរំឭកថា មិនត្រូវប្រមើលមើលនិងវិភាគ ដោយសាមញ្ញបែបនេះទេ ព្រោះថាអ្វីៗអាចមិនស្រួលដូចការគិត។ ស៊ុយអែតចូលជាសមាជិកអូតង់ អាចធ្វើឲ្យអូតង់មានលទ្ធភាពការពារបណ្តាប្រទេសបាល់ទិកបានកាន់តែច្រើនក៏ពិតមែន ក៏ប៉ុន្តែមិនមែនមានន័យថា រុស្ស៊ីនឹងឈប់ធ្វើសកម្មភាពគំរាមតទៅទៀតនោះដែរ។ រុស្ស៊ីនៅតែអាចគំរាមមកលើសន្តិសុខតំបន់បាល់ទិក បានជានិច្ច តួយ៉ាងតាមរយៈការប្រើប្រាស់តំបន់ កាលីនីនហ្ក្រាដ ដែលរុស្ស៊ីបានដាក់បញ្ឈរអាវុធយ៉ាងសន្ធឹកនៅទីនោះ។លោកស្រី Minna Alander អ្នកស្រាវជ្រាវនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិហ្វាំងឡង់ បានលើកឡើងថា បើយើងក្រឡេកមើលភូមិសាស្ត្រតំបន់សមុទ្របាល់ទិក គឺយើងអាចយល់ថា តំបន់នេះនឹងក្លាយជាបឹងមួយ ក្រោមការគ្រប់គ្រងរបស់អូតង់ផ្តាច់មុខ។ តែធាតុពិត វាមិនស្រួលប៉ុន្មានទេ សម្រាប់អូតង់។ បើរាប់ចាប់ពីថ្ងៃដែលរុស្ស៊ី បានលើកទ័ពចូលទៅធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ថ្ងៃទី២៤កុម្ភៈ ២០២២ គេបានសង្កេតឃើញនូវ ហេតុការណ៍ជាច្រើនករណី។ ជាក់ស្តែង ករណីផ្ទុះបំពង់បង្ហូរឧស្ម័ន នៅក្រោមបាតសមុទ្របាល់ទិក និងករណីដាច់ខ្សែកាបអុបទិក បាតសមុទ្រជាដើម ដែលបញ្ជាក់ថាអូតង់មានចំណុចខ្សោយ ឬមានការខ្វះខាតក្នុងការគ្រប់គ្រងតំបន់នេះ។កាលពីខែ កញ្ញាឆ្នាំ២០២២ បំពង់បង្ហូរឧស្ម័ន Nord Stream ដែលភ្ជាប់ពីរុស្ស៊ីទៅកាន់អឺរ៉ុប ត្រូវបានជនមិនស្គាល់មុខ វាយប្រហារឲ្យផ្ទុះបែកធ្លាយ។ ជាងមួយឆ្នាំហើយ គេនៅរកមុខអ្នកធ្វើអំពើនេះ មិនទាន់ឃើញផងទេ។ ហើយកាលពីខែតុលាឆ្នាំ២០២៣ បំពង់បង្ហូរឧស្ម័ន និងខ្សែកាបអុបទិកបាតសមុទ្រ ដែលតភ្ជាប់រវាវ ហ្វាំងឡង់ ស៊ុយអែត និងអេស្តូនី ក៏បានរងការខូចខាតដែរ។ ផ្អែកតាមសមត្ថកិច្ចហ្វាំងឡង់ ករណីខូចខាតនេះ គឺដោយសារនាវាដឹកទំនិញមួយ របស់ចិន។ក្រោយករណីគ្រោះថ្នាក់ផ្ទួនៗនេះ អូតង់បានព្យាយាមបង្កើនសមត្ថភាព និងមធ្យោបាយនាវា ដើម្បីធ្វើយ៉ាងណា តាមដានការពារសន្តិសុខ សុវត្ថិភាព ក្នុងតំបន់បាល់ទិកឲ្យម៉ដ្ឋចត់ជាងមុន។ តែយ៉ាងណា ការតាមដានសកម្មភាពនៅក្រោមបាតសមុទ្រ វាមិនមែនជារឿងងាយនោះឡើយ។ លោក Julian Pawlak អ្នកស្រាវជ្រាវម្នាក់នៅសកលវិទ្យាល័យកងទ័ពអាល្លឺម៉ង់ បានលើកឡើងថា ករណីវាយប្រហារនៅបំពង់បង្ហូរឧស្ម័ន Nord Stream បានបង្ហាញថា វាជារឿងលំបាកខ្លាំងណាស់ ក្នុងការតាមដានការពារសុវត្ថិភាពបាតសមុទ្រ។បើយើងក្រឡេកទៅមើលមួយផ្នែកទៀត វត្តមានជាសមាជិកអូតង់ របស់ស៊ុយអែត គឺមិនត្រឹមតែនឹងផ្តល់ឆ្នេរឡោមព័ទ្ធសមុទ្របាល់ទិកប៉ុណ្ណោះទេ គឺអូតង់អាចមានលទ្ធភាពឈរជើង ខិតមកក្នុងកណ្តាលសមុទ្រតែម្តង តាមរយៈកោះ Gotland របស់ស៊ុយអែត។ កោះនេះ គឺជាទីតាំងយុទ្ធសាស្ត្រជួរមុខ រវាងស៊ុយអែត និងឡេតូនី ហើយប្រការនេះ នឹងអនុញ្ញាតឲ្យ អូតង់អាចបិទផ្លូវឆ្លងកាត់ ឬរាំងខ្ទប់ត្រង់ចំនុចនេះតែម្តង។តែទន្ទឹមនឹងនេះ រុស្ស៊ី នៅមិនទាន់អស់ក្រឡាដើរនោះទេ។ រុស្ស៊ីនៅមានមូលដ្ឋានយុទ្ធសាស្ត្រមួយ គឺតំបន់កាលីនីនហ្ក្រាដ។ តំបន់ដែលស្ថិតនៅចំងាយជាង១០០០គីឡូម៉ែត្រ ដាច់ពីទីក្រុងម៉ូស្គូនេះ គឺជាទីតាំងជួរមុខលយចូលជ្រៅមកខាងអឺរ៉ុប សម្រាប់ឲ្យកងទ័ពរុស្ស៊ីអាចបើកប្រតិបត្តិការវាយប្រហារបាន។ តំបន់កាលីនីនហ្ក្រាដ ដែលស្ថិតនៅចន្លោះ រវាងប៉ូឡូញ និងលីទុយអានីនេះ គឺជាដែនដីដែលមានវត្តមានយោធា និងគ្រឿងសព្វាវុធដ៏ច្រើនជាងតំបន់ណាៗ ទាំងអស់ទូទាំងអឺរ៉ុប ក្នុងនោះរុស្ស៊ីបានដាក់បញ្ឈរកម្លាំងប្រព័ន្ធនុយក្លេអ៊ែរថែមទៀតផង។ផ្អែកតាមលោក John Deni អ្នកស្រាវជ្រាវនៅសាលាសិកសង្គ្រាមអាមេរិក គឺធាតុពិតទៅ បើនិយាយពីនាវាចម្បាំងរបស់រុស្ស៊ីប្រចាំការនៅតំបន់សមុទ្របាល់ទិក គឺតិចតួច និងចាស់ៗណាស់ បើប្រៀបធៀបទៅសម័យសង្គ្រាមត្រជាក់។ តែទន្ទឹមគ្នានេះ គេសង្កេតឃើញថា រុស្ស៊ីនៅតែប្រឹងវិនិយោគ និងចំណាយប្រាក់ ជាពិសេសក្នុងសមត្ថភាពនាវាមុជទឹកបាតសមុទ្រ។ រុស្ស៊ីនៅតែមានសមត្ថភាពអាចបំផ្ទុះភ្លើង បំភ័យគំរាមមកលើអូតង់បានជានិច្ច ឬក៏អាចបញ្ជូនទ័ពចូលឈ្លានពាន ឡើងគោកតាមឆ្នេរ ក៏រុស្ស៊ីនៅអាចធ្វើបាន។ លោក John Deni បានទទួលស្គាល់ទៀតថា បើនិយាយពីសមត្ថភាពសព្វាវុធកាំភ្លើងធំ រថក្រោះជាដើម គឺរុស្ស៊ីមានកម្លាំង ជាងប្រទេសតំបន់បាល់ទិកទាំងអស់។គួរបញ្ជាក់ថា ប្រទេសបាល់ទិកទាំង៣ អេស្តូនី ឡេតូនី និងលីទុយអានី ជាយូរយាមកហើយ ត្រូវបានគេគិតថា គឺប្រទេសជួរមុខរបស់អូតង់ ក្នុងករណីមានការប្រឈមណាមួយជាមួយរុស្ស៊ី។ តែធាតុពិត ប្រទេសទាំង៣នេះ ភ័យបារម្ភខ្លាំងណាស់ នៅពេលឃើញអ៊ុយក្រែនរងគ្រោះដោយការឈ្លានពានមិនញញើតរបស់រុស្ស៊ី។ នៅពេលបានដឹងដំណឹងថា ហ្វាំងឡង់ និងស៊ុយអែត នឹងចូលជាសមាជិកអូតង់ ប្រទេសបាល់ទិកទាំង៣នេះ បានដកដង្ហើមធំ ធូរទ្រូងខ្លាំងណាស់។កន្លងមក អូតង់ធ្លាប់បានត្រិះរិះរកមធ្យោបាយដែរ ដើម្បីការពារប្រទេសបាល់ទិកទាំង៣នេះ កុំឲ្យឯកោ ប្រសិនបើថ្ងៃណាមួយ រុស្ស៊ីសម្រេចចិត្ត ទន្រ្ទានតាមខ្សែព្រំដែនលីទុយអានី ដែលមានប្រវែង៦៥គីឡូម៉ែត្រ ដើម្បីភ្ជាប់ទឹកដីរុស្ស៊ីជាមួយនឹងតំបន់កាលីនីនហ្ក្រាដ។ ចាប់ពីពេលនេះទៅ អូតង់មានដំណោះស្រាយហើយ ជាមួយនឹងវត្តមានរបស់ស៊ុយអែត។ តាមរយៈភូមិសាស្ត្រខ្លួន ស៊ុយអែតជាអ្នកគ្រប់គ្រងការចេញចូល សមុទ្របាល់ទិក និងសមុទ្រខាងជើង។ មានន័យថា ចាប់ពីពេលនេះទៅ អូតង់នឹងអាចមានលទ្ធភាពច្រើន ក្នុងការការពារប្រទេសបាល់ទិកទាំង៣។តែទោះជាយ៉ាងណា លោក John Deni យល់ថាមិនត្រូវ និយាយពាក្យថា “សមុទ្របាល់ទិក ក្លាយជាបឹងរបស់អូតង់” នោះទេ ព្រោះថាបើនិយាយបែបនេះ វាហាក់ដូចជាអូតង់អួតខ្លួនឯង ហើយភ្លេចខ្លួន។ ចូរកុំភ្លេចថា រុស្ស៊ីនៅតែមានសមត្ថភាពអាចគំរាម អាចបង្កបញ្ហានៅក្នុងតំបន់នេះបានយ៉ាងងាយ ហើយបច្ចុប្បន្ននេះ សម្ព័ន្ធមិត្តអូតង់នៅខ្វះសមត្ថភាពឆ្លើយតបវិញ ប្រសិនបើរុស្ស៊ីបង្កវិបត្តិពិតមែន៕
2/26/2024 • 6 minutes, 30 seconds អាឡិចសី ណាវ៉ាល់នី៖ ជីវិតមួយដែលបូជាដើម្បីយុត ្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព
លោកអាឡិចសី ណាវ៉ាល់នី សកម្មជននយោបាយរុស្ស៊ីដ៏ល្បីឈ្មោះ ដែលជាប់ពន្ធនាគារជាង៣ឆ្នាំមកហើយនោះ បានស្លាប់នៅក្នុងពន្ធនាគារ នៅតំបន់អាកទិកភាគខាងជើងរុស្ស៊ី កាលពីថ្ងៃទី១៦កុម្ភៈម្សិលមិញ។ នេះបើផ្អែកតាមការផ្សាយ របស់បណ្តាញព័ត៌មានផ្លូវការរដ្ឋរុស្ស៊ី។ ក្រោយដំណឹងនៃការស្លាប់នេះ ប្រតិកម្មបានចេញមកជាបន្តបន្ទាប់ ពីបណ្តាថ្នាក់ដឹកនាំប្រទេសលោកខាងលិច ដែលបានលើកឡើងថា លោកពូទីន គឺជាអ្នកទទួលខុសត្រូវតែម្នាក់គត់ ចំពោះការស្លាប់របស់លោកណាវ៉ាល់នី។ ស្លាប់ក្នុងវ័យ៤៧ឆ្នាំ លោកអាឡិចសី ណាវ៉ាល់នី បានបូជាជីវិត ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពនៅរុស្ស៊ី ដែលស្ថិតក្នុងគំនៀបដឹកនាំផ្តាច់ការ របស់លោកពូទីន។ លោកអាឡិចសី ណាវ៉ាល់នី ដែលគេស្គាល់ថាគឺជាសត្រូវលេខរៀងទី១របស់លោកពូទីន បានស្លាប់ហើយ នៅថ្ងៃទី១៦កុម្ភៈ ក្នុងជន្មាយុ៤៧ឆ្នាំ។ បណ្តាញព័ត៌មានផ្លូវការរដ្ឋរុស្ស៊ី បានចុះផ្សាយលិខិតប្រកាសយ៉ាងខ្លីមួយ របស់នាយកដ្ឋានពន្ធនាគាររុស្ស៊ី ប្រចាំតំបន់ Iamal ដែលស្ថិតនៅតំបន់អាកទិក ជាទីដែលលោកណាវ៉ាល់នី ត្រូវគេបញ្ជូនយកទៅឃុំទុក កាលពីចុងឆ្នាំ២០២៣។លិខិតនេះបានសរសេរថា ទណ្ឌិតឈ្មោះណាវ៉ាល់នី បានដួលសន្លប់បាត់ស្មារតី នៅក្នុងមន្ទីរឃុំឃាំងលេខ៣ បន្ទាប់ពីបានចេញដើរក្នុងបរិវេណខាងក្រៅបន្ទប់ឃុំឃាំង។ ក្រុមគ្រូពេទ្យប្រចាំពន្ធនាគារបានព្យាយាមសង្រ្គោះ បន្ទាប់មកក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ដែលមកពីមន្ទីរពេទ្យនៅក្បែរនោះ ក៏បានព្យាយាមជួយរយៈពេលប្រមាណ៣០នាទី តែមិនអាចជួយបាន។ អាជ្ញាធររុស្ស៊ីបញ្ជាក់ថា គេកំពុងពិនិត្យលំអិត ដើម្បីដឹងច្បាស់អំពីមូលហេតុពិតប្រាកដបណ្តាលឲ្យស្លាប់ទណ្ឌិតឈ្មោះ ណាវ៉ាល់នី។តើជារឿងចៃដន្យឬយ៉ាងណា! សត្រូវរបស់លោកពូទីន មានអាយុមិនសូវវែងទេ។ បើមិនត្រូវជនមិនស្គាល់មុខបាញ់សម្លាប់កណ្តាលក្រុងម៉ូស្គូ ដូចលោក Boris Nemtsov កាលពីខែកុម្ភៈឆ្នាំឆ្នាំ២០១៥ ក៏ស្លាប់ដោយធ្លាក់យន្តហោះដូចមេក្លោងក្រុមWagner ឈ្មោះ Evgueni Prigojine កាលពីខែសីហាឆ្នាំមុនដែរ។ តើលោកអាឡិចសី ណាវ៉ាល់នី ស្លាប់ដោយសារអ្វី? ដោយសារបញ្ហាសុខភាពចុះទ្រុឌទ្រោមខ្លាំង ឬដោយសារគេសម្លាប់? បង្ហាញមុខតាមវីដេអូ ក្នុងសវនាការច្រើនដង ប៉ុន្មានខែចុងក្រោយនេះ គេឃើញលោកអាឡិចសី ណាវ៉ាល់នី មានរូបរាង្គចុះស្គម ស្លេកស្លាំង និងហាក់មានវ័យចាស់ទ្រុឌទ្រោមខ្លាំងជាងអាយុ។ ដោយឡែក ផ្អែកតាមលោក Leonid Soloviev ជំនួយការស្និទ្ធម្នាក់របស់លោកណាវ៉ាល់នី ដែលបានទៅជួបលោកនៅឯមន្ទីរឃុំឃាំង កាលពីថ្ងៃពុធទី១៤កុម្ភៈ បានអះអាងថា លោកណាវ៉ាល់នី ហាក់ដូចជាមានសុខភាពធម្មតា មិនមានអ្វីគួរឲ្យកត់សំគាល់ឬបារម្ភឡើយ។យ៉ាងណាក៏ដោយ ប្រតិកម្មពីបណ្តាប្រទេសលោកខាងលិច បានទំលាក់ការស្លាប់របស់លោក អាឡិចសី ណាវ៉ាល់នី ថាជាការទទួលខុសត្រូវរបស់លោកពូទីនតែមួយគត់។ លោកប្រមុខការទូតអាមេរិក អង់តូនី ប្លិងកិន បានលើកឡើងថា របបរុស្ស៊ីដឹកនាំដោយពូទីន គឺជាអ្នកទទួលខុសត្រូវតែមួយគត់ ចំពោះស្ថានភាពដែលនាំឲ្យដល់សេចក្តីស្លាប់ របស់លោកអាឡិចសី ណាវ៉ាល់នី។ លោកប្រធានាធិបតីម៉ាក្រុងវិញ បានលើកឡើងថា របបដឹកនាំផ្តាច់ការរុស្ស៊ីដឹកនាំដោយពូទីន បានចាប់បង្ឃាំងសំឡេងប្រឆាំងតវ៉ា យកទៅដាក់ឃុំរហូតទាល់តែដល់សេចក្តីស្លាប់។ លោកនាយករដ្ឋមន្ត្រីកាណាដា យូស្តាំង ទ្រុយដូ បានចាត់ទុក លោកពូទីន ថាជា “បិសាចនរក” ដែលប្រហារដោយមិនរើសមុខ នូវរាល់សំឡេងប្រឆាំងតវ៉ាដើម្បីសិទ្ធិសេរីភាព។ លោកស្រី Ioulia Navalnaïa ភរិយារបស់លោកណាវ៉ាល់នី ដែលបច្ចុប្បន្នភៀសខ្លួននៅអាល្លឺម៉ង់ បានអះអាងថា ពូទីនត្រូវតែទទួលទោសឲ្យសក្តិសមនឹងភាពសាហាវព្រៃផ្សៃ ដែលបានធ្វើទៅលើស្វាមីលោកស្រី។គួរកត់សំគាល់ថា ដំណឹងមរណភាពរបស់សកម្មជននយោបាយប្រឆាំងរុស្ស៊ីដ៏ល្បីឈ្មោះនេះ បានបង្ករឲ្យមានការតក់ស្លុតរំជួលចិត្តជាខ្លាំង ពីសំណាក់ថ្នាក់ដឹកនាំប្រទេសលោកខាងលិច ដែលសុទ្ធតែបានលើកឡើង អំពីភាពក្លាហាននិងទឹកចិត្តមោះមុត របស់លោកណាវ៉ាល់នី។ លោកCharles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានលើកឡើងថា អាឡិចសី ណាវ៉ាល់នី បានប្រើអស់ទាំងកម្លាំងកាយកម្លាំងចិត្ត នៅក្នុងការតស៊ូប្រយុទ្ធប្រឆាំង ដើម្បីការពារតម្លៃនៃសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ដើម្បីតម្លៃមនសិការទាំងនេះ គឺលោកបានបូជាជីវិត រហូតដល់សេចក្តីស្លាប់នាពេលនេះ។សូមរំលឹកថា លោកអាឡិចសី ណាវ៉ាល់នី គឺជាអតីតមេធាវី មានទំនោរនយោបាយជាតិនិយម។ លោកបានចាប់ផ្តើមសរសេរទំព័រBlog បង្ហាញអំពីការស៊ើបអង្កេតស៊ីជម្រៅ ទាក់ទិនអំពើពុករលួយរបស់ក្រុមអ្នកមានអំណាចនៅរុស្ស៊ី។ បន្តិចម្តងៗ លោកបានក្លាយជាសកម្មជននយោបាយ ដែលហ៊ានរិះគន់ខ្លាំងដៃជាងគេ ទៅលើរបបដឹកនាំរុស្ស៊ីនិងលោកពូទីន។ នៅរវាងឆ្នាំ២០១១ ២០១២ ក្នុងចលនាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនៅរុស្ស៊ី មហាជនបានស្គាល់ និងបានស្តាប់វោហារសាសន៍របស់លោកណាវ៉ាល់នី ដែលបានស្រែកហៅឈ្មោះ គណបក្សរបស់លោកពូទីន ថាជា “គណបក្សរបស់ពួកចោរ និងពួកបោកប្រាស”។ក្នុងរយៈពេលប្រមាណជាង១០ឆ្នាំ កេរ្តិ៍ឈ្មោះរបស់លោកណាវ៉ាល់នី បានរីកសាយភាយពេញពិភពលោក ក្នុងនាមជាអ្នករិះគន់លោកពូទីនលេខ១។ កេរ្តិ៍ឈ្មោះនេះ បានមកពីការផ្សព្វផ្សាយវីដេអូស៊ើបអង្កេតជាច្រើន នៅតាមបណ្តាញYoutube ដែលលោកណាវ៉ាល់នី និងក្រុមការងារ បានបកស្បែកមុខ អំពើពុករលួយស្អុយវល់ របស់លោកពូទីន ព្រមទាំងបក្សពួកមានអំណាចនៅរុស្ស៊ី។ តែយ៉ាងណា ភាពល្បីរន្ទឺនៃសេចក្តីក្លាហានរបស់លោកណាវ៉ាល់នីនេះ គឺមានតែយុវជនរុស្ស៊ីនៅតាមទីក្រុងធំៗទេ ដែលដឹងឮនិងគាំទ្រ។ ចំណែកប្រជាជនរុស្ស៊ីទូទៅនៅតាមទីជនបទវិញ មិនសូវជាស្គាល់លោកប៉ុន្មានឡើយ។គ្រប់គ្នាចាំបានយ៉ាងច្បាស់ នៅខែសីហាឆ្នាំ២០២០ លោកអាឡិចសី ណាវ៉ាល់នី ត្រូវបានចារកិច្ចសម្ងាត់រុស្ស៊ីដាក់ថ្នាំបំពុល ប៉ុនប៉ងធ្វើឃាត ក្នុងពេលដែលលោកចុះទៅឃោសនាបោះឆ្នោត នៅតំបន់ស៊ីបេរី។ រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រឹងប្រែងទាមទារយកលោកណាវ៉ាល់នី មកព្យាបាលនៅប៊ែរឡាំង រហូតលោកបានជាសះស្បើយ។ ប៉ុណ្ណឹងហើយ លោកណាវ៉ាល់នី នៅតែមិនញញើតនឹងសេចក្តីស្លាប់ឡើយ។ នៅថ្ងៃទី១៧ខែមករា ឆ្នាំ២០២១ លោកបានសម្រេចចិត្តត្រលប់ទៅរុស្ស៊ីវិញ ទាំងដែលដឹងថាគេនឹងចាប់លោកដាក់ឃុំ។ ដូចអ្វីដែលគេគិតស្មានទុក លោកណាវ៉ាល់នី ត្រូវអាជ្ញាធររុស្ស៊ីចាប់ក្របួចយកទៅដាក់ឃុំ ពេលទៅដល់ព្រលានយន្តហោះក្រុងមូស្គូភ្លាម។លោកណាវ៉ាល់នី ត្រូវអាជ្ញាធររុស្ស៊ីចោទប្រកាន់ជាច្រើនសំណុំរឿង អស់ពីមួយចូលមួយ ក្នុងនោះមានបទល្មើសធ្វើ វិទ្ធង្សនា បង្កអស្ថិរភាពសង្គម។ នៅខែសីហាឆ្នាំ២០២៣ សវនាការមួយបានផ្តន្ទាទោសលោកឲ្យជាប់ពន្ធនាគារ១៩ឆ្នាំ ពីបទធ្វើកម្មភាពជ្រុលនិយម។ នៅចុងឆ្នាំ២០២៣ លោកត្រូវបានអាជ្ញាធររុស្ស៊ី បញ្ជូនយកទៅដាក់ឃុំនៅមន្ទីរឃុំឃាំងមួយ ដែលគេស្គាល់ថាជាមន្ទីរឃុំឃាំងដ៏តឹងតែងខ្លាំងបំផុត នៅឯតំបន់អាកទិកដ៏សែនត្រជាក់។ គឺទីនេះហើយ ដែលលោកណាវ៉ាល់នីបានស្លាប់។មានរូបរាង្គស្គមខ្ពស់ សក់ពណ៌ទង់ដែង ជាមួយនឹងកែវភ្នែកពណ៌ខៀវមុតថ្លា លោកណាវ៉ាល់នី តែងតែបង្ហាញស្នាមញញឹមប្រកបដោយសុទិដ្ឋិនិយម នៅពេលលោកលេចមុខក្នុងវីដេអូម្តងៗ។ ស្នាមញញឹមដែលសបញ្ជាក់ថា ការកៀបសង្កត់ នៃកណ្តាប់ដៃអំណាចផ្តាច់ការរបស់លោកពូទីន មិនអាចធ្វើឲ្យកម្លាំងមនសិការរបស់លោកក្លបខ្លាចនោះឡើយ។ នៅចំពោះមុខសវនាការ ខែកញ្ញាឆ្នាំ២០២២ លោកណាវ៉ាល់នី បានស្រែកក្តែងៗ ចាត់ទុកសង្គ្រាមដែលលោកពូទីនធ្វើទៅលើអ៊ុយក្រែន ថាជាសង្គ្រាមដ៏ថោកទាប និងឆ្កួតលីលាបំផុត។ ក្នុងសារមួយសរសេរនៅខែមិថុនាឆ្នាំ២០២៣ លោកអាឡិចសី ណាវ៉ាល់នី បានលើកឡើងថា “ថ្ងៃណាមួយ ស្បៃអន្ធការនឹងរសាត់បាត់អស់។ ថ្ងៃនោះយើងនឹងឈ្នះ ហើយរុស្ស៊ីនឹងក្លាយជាប្រទេសដែលស្រលាញ់សន្តិភាព មានពន្លឺភ្លឺថ្លា និងមានសេចក្តីសុខសប្បាយរីករាយ” ៕
2/16/2024 • 7 minutes, 2 seconds ចិន៖ ប្រតិបត្តិការបង្ក្រាបអំពើពុករលួយ វាយសង្គ្រុប វិស័យហិរញ្ញវត្ថុ ដែលកំពុងខ្សោយរួចទៅហើយ
នៅចិន បន្ទាប់ពីលោកស៊ី ជីនពីង បានបើកប្រតិបត្តិការបោសសំអាតអំពើពុករលួយ នៅក្នុងជួរមន្ត្រីបក្សកុម្មុយនិស្ត ពេលនេះ គឺដល់វេនវិស័យធនាគារ ហិរញ្ញវត្ថុម្តង ដែលកំពុងតែប្រឈមខ្លាំង។ គិតចាប់ពីដើមឆ្នាំ២០២៤នេះមក ថ្នាក់ដឹកនាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុចិនជាច្រើននាក់ ត្រូវបានគេចាប់ខ្លួន ដោយចោទពីបទប្រព្រឹត្តិអំពើរលួយ។ បញ្ហានេះ បានមកបន្ថែមធ្វើឲ្យបរិយាកាស កាន់តែភ័យបារម្ភ ខណៈវិស័យហិរញ្ញវត្ថុចិនពេលនេះ កំពុងជួបវិបត្តិទន់ខ្សោយរួចទៅហើយ។ ចាប់តាំងពីឡើងកាន់អំណាចមក លោកស៊ី ជីនពីង បានយកការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាអាទិភាព។ អំពើពុករលួយ ដែលចាក់ឫសយ៉ាងជ្រៅ មិនថាក្នុងស្ថាប័នរដ្ឋបាលសាធារណៈ និងនៅតាមសហគ្រាសរដ្ឋ។ ផ្អែកតាមការចុះផ្សាយរបស់កាសែត Global Times នៅឆ្នាំ២០២២ យ៉ាងហោចណាស់ មានមនុស្ស៤លាន៨សែននាក់ ដែលត្រូវបានគេផ្តន្ទាទោស ពីបទប្រព្រឹត្តិអំពើពុករលួយនៅចិន។បន្ថែមពីនេះទៀត ចំនួននីតិវិធីស៊ើបអង្កេត ដែលគេបានធ្វើទៅលើមន្ត្រីរដ្ឋការធំៗ បានកើនឡើង ៤០% ក្នុងឆ្នាំ២០២៣ បើប្រៀបធៀបទៅឆ្នាំ២០២២។ នេះបើផ្អែកតាមការចុះផ្សាយ របស់កាសែតហុងកុង South China Morning Post។ ហើយថ្មីៗនេះ លោកប្រធានាធិបតីចិនស៊ី ជីនពីង បានប្រកាសថារដ្ឋាភិបាលលោក នឹងប្រឹងប្រែងបោសសំអាតអំពើពុករលួយស៊ីសំណូក នៅក្នុងវិស័យហិរញ្ញវត្ថ ធនាគារ និងនៅតាមក្រុមហ៊ុនសហគ្រាសរដ្ឋចិន។គួរកត់សំគាល់ថា ចាប់តាំងពីក្រោយវិបត្តិកូវីដ១៩មក គឺសេដ្ឋកិច្ចចិនបានជួបបញ្ហាជាបន្តបន្ទាប់។ វិស័យធនាគារហិរញ្ញវត្ថុចុះទន់ខ្សោយខ្លាំង វិបត្តិក្នុងវិស័យអចលនទ្រព្យ បំណុលសាធារណៈឡើងប៉ោង ចំណែកការចំណាយវាយវាយរបស់ប្រជាជន ក៏កាន់តែចុះថយ ដែលធ្វើឲ្យសេដ្ឋកិច្ចនៅទ្រឹង។ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ វាគឺជារឿងត្រឹមត្រូវណាស់។ ក៏ប៉ុន្តែនៅចិន តម្លាភាពនៅក្នុងនីតិវិធីនីមួយៗ វាពុំមានឡើយ។ ហេតុផលនយោបាយ អាចនៅពីក្រោយពាក្យស្លោក “ប្រយុទ្ធនឹងអំពើពុករលួយ” ក៏ថាបាន។លោក Alex Payette អគ្គនាយក ការិយល័យប្រឹក្សាយោបល់ Celsius Group នៅកាណាដា បានលើកឡើងថា ធាតុពិតទៅ រឿងស្ថិរភាពសេដ្ឋកិច្ច គឺវាមិនមែនជាអាទិភាពធំរបស់លោក ស៊ី ជីនពីងប៉ុន្មានទេ។ បើទោះបីជាបក្សកុម្មុយនិស្តចិន ផ្អែកខ្លាំងលើកត្តាសេដ្ឋកិច្ច ដើម្បីបំបិតមាត់ប្រជាជនចិនឲ្យសំងំនៅស្ងៀមកុំតវ៉ា តែលោកស៊ី ជីនពីង ចង់សង្កត់ផ្នែកខ្លះនៃសេដ្ឋកិច្ចឲ្យជាប់ កុំឲ្យរបូតពីកណ្តាប់អំណាចរបស់បក្ស។សូមបញ្ជាក់ថា កាលពីដើមខែមករានេះ លោកស៊ី ជីនពីងបានអំពាវនាវ ឲ្យមន្ត្រីចិនគ្រប់ជាន់ថ្នាក់ ត្រូវតែប្រឹងប្រែងឲ្យបានទ្វេដង ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ក្នុងវិស័យធនាគារហិរញ្ញវត្ថុ។ អ្នកដែលគាំទ្រ លោកស៊ី ជីនពីង បានអះអាងថា ប្រតិបត្តិការនេះចាំបាច់ណាស់ ព្រោះវានឹងធ្វើឲ្យអភិបាលកិច្ចនៃវិស័យនេះមានភាពស្អាតស្អំ។ តែទន្ទឹមនឹងនេះ អ្នកដែលរិះគន់វិញ បានលើកឡើងថា លោកស៊ី ជីនពីងកំពុងតែចង់បោសសំអាតអ្នកដែលប្រឆាំងនឹងគោលនយោបាយលោក នៅក្នុងវិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុ។យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានចិន ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានមនុស្សជាច្រើននាក់ ដែលត្រូវគេចាប់ខ្លួន ដោយចោទពីបទពុករលួយ ក្នុងនោះមានដូចជា អតីតមន្ត្រីទទួលខុសត្រូវនៅតាមធនាគាររដ្ឋចិន នៅអាជ្ញាធរគ្រប់គ្រងប្រតិបត្តិការធនាគារ ឬនៅសហគ្រាសរដ្ឋផ្នែកនាំប្រេងចូល ឬផ្នែកថ្នាំជក់ជាដើម។ជាក់ស្តែង អតីតអគ្គនាយកធនាគាររដ្ឋចិន Everbright ឈ្មោះ Tang Shuangning ដែលត្រូវបានគេចាប់ខ្លួន នៅដើមខែនេះ ហើយដែលត្រូវបានបណ្តាញព័ត៌មានចិន ទំលាយរឿងរ៉ាវ ស្តីពីអំពើរំលោភអំណាច ស៊ីសំណូក ចាយប្រាក់ក្រុមហ៊ុនដើម្បីដើរកម្សាន្តជាដើមល។ល។ ចំណែកទូរទស្សន៍ CCTV បានផ្សាយ អត្ថបទសារភាពទទួលកំហុស របស់អតីតគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន ឈ្មោះ Li Tie។ ជននេះ បានសារភាពទទួលស្គាល់ថា ខ្លួនធ្លាប់បានរៀបចំការប្រកួតក្លែងក្លាយ ទទួលប្រាក់សំណូក និងបានសូកប៉ាន់ប្រាក់រាប់សែនដុល្លារ ដើម្បីទទួលបានមុខតំណែង។លោកស្រី Vivienne Shue សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Oxford ដែលតាមដានការចុះផ្សាយមិនលោះថ្ងៃ ស្តីពីការចាប់វែកមុខ មនុស្សពុករលួយនៅចិនប៉ុន្មានសប្តាហ៍មកនេះ បានលើកឡើងថា មតិសាធារណៈចិនពេញចិត្តខ្លាំងនឹងប្រតិបត្តិការនេះ ព្រោះវាមកបញ្ជាក់ថា ការយល់ឃើញរបស់ពួកគេគឺមិនខុសទេ។ ពោលគឺមន្ត្រីករិយាល័យធិបតេយ្យរបស់ចិន សុទ្ធិតែពុករលួយ គិតតែពីលាភសក្ការៈខ្លួនឯង។ ប្រការនេះ នឹងហុចផលវិជ្ជមានទៅលើមុខមាត់លោកស៊ី ជីនពីង។ដោយឡែក លោក Andrew Wedeman សាស្ត្រាចារ្យជំនាញចិន នៅសកលវិទ្យាល័យរដ្ឋ Géorgie បានលើកឡើងថា អាចមានហេតុផលពីរនៅពីក្រោយប្រតិបត្តិការបង្ក្រាបនេះ។ ទី១ គឺវិស័យហិរញ្ញវត្ថុ ធានាគារ មានដិតដាមដោយអំពើស៊ីសំណូកសូកប៉ាន់មែន ឬទី២ គឺមកពីលោកស៊ី ជីនពីង មើលឃើញថាវិស័យនេះ កាន់តែឯករាជ្យខ្លាំងឡើង ហើយដែលអាចបង្កហានិភ័យ ដល់អំណាចរបស់លោក ទៅថ្ងៃខាងមុខ។លោកសាស្ត្រាចារ្យ Andrew Wedeman បាននិយាយប្រៀបធៀបថា ប្រតិបត្តិការបោសសំអាតអំពើពុករលួយនៅចិន គឺមិនខុសពីសង្គ្រាមដែលសហរដ្ឋអាមេរិកធ្វើនៅវៀតណាមនោះទេ។ ពោលគឺ ពីមួយថ្ងៃទៅមួយថ្ងៃ មានចំនួនមនុស្សរងគ្រោះកាន់តែច្រើន តែគ្មានពន្លឺថាសង្គ្រាមនេះចប់នៅពេលណា។ លោកអះអាងថា ស្ថានភាពនេះ នឹងបន្តរហូតទាល់តែចប់អាណត្តិរបស់លោកស៊ី ជីនពីង៕
1/25/2024 • 4 minutes, 47 seconds លោក ពូទីន បន្តបង្ហាញមុខលើឆាកអន្តរជាតិ ទោះបីរងទណ្ឌកម្មពីប្រទេសបស្ចិមលោក
ថ្ងៃពុធទី ៦ ធ្នូនេះ លោក វ៉្លាឌីមៀរ ពូទីន ធ្វើដំណើរទស្សនកិច្ចទៅកាន់ អេមីរ៉ាតអារ៉ាប់រួម និង អារ៉ាប៊ីសាអូឌីត។ មួយថ្ងៃក្រោយមក ពោលគឺថ្ងៃព្រហស្បតិ៍ទី ៧ ធ្នូ លោក ពូទីន នឹងទទួលជួបប្រធានាធីបតីអ៊ីរ៉ង់លោក អេប្រាហ៊ីម រ៉ៃស៊ី នៅទីក្រុងមូស្គូ។ នេះបើតាមការឲ្យដឹងពីសំណាក់វិមានក្រេមឡាំង។ គួរបញ្ជាក់ថា លោកពូទីន បន្តជួបប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗ បើទោះបីជាបណ្តាប្រទេសបស្ចិមលោក ព្យាយាមដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយធ្វើយ៉ាងណាឲ្យប្រទេសនេះឯកោតែឯង លើឆាកអន្តរជាតិ។ យោងតាមសម្តីរបស់អ្នកនាំពាក្យនៃវិមានក្រេមឡាំងលោក ឌីមីទ្រី ប៉េស្កូវ លោកពូទីន ត្រូវជួបជាមួយប្រធានាធីបតីអេមីរ៉ាតអារ៉ាប់រួម លោក ម៉ូហាម៉េដ បិន ហ្សាយ៉េដ អាលណាយ៉ាន ដើម្បីពិភាក្សាអំពីទស្សនវិស័យសហប្រតិបត្តិការនានារវាងប្រទេសទាំង២ និង ស្ថានការណ៍ទូទៅ ក្នុងតំបន់មជ្ឈិមបូព៌ា។ បន្ទាប់មក នៅទីក្រុង រីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត លោកពូទីន នឹងជួបជាមួយក្សត្ររជ្ជទាយាទព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាលម៉ាន។ ប្រមុខរដ្ឋទាំងពីរ នឹងពិភាក្សាគ្នាអំពីវិស័យ ពាណិជ្ជកម្ម ការវិនិយោគ និង នយោបាយអន្តរជាតិ។ជុំវិញស្ថានការណ៍អន្តរជាតិ លោកពូទីន នឹងលើកឡើងអំពីជំលោះដ៏ក្តៅគគុករវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីន។ ជុំវិញប្រធានបទនេះ លោក ពូទីន បានទិតៀន និងបរិហារ អ៊ីស្រាលអែល ថាបានបង្កមហន្តរាយមនុស្សជាតិនៅតំបន់ហ្កាហ្សា ថែមទាំងអំពាវនាវឲ្យបង្កើតរដ្ឋប៉ាឡេស្ទីន ដែលឯករាជ្យ ។ ក្នុងជំនួបតាមអនឡាញ នៃកិច្ចប្រជុំកំពូល ហ្សេ២០ កាលពីចុងខែវិច្ឆិកាលោកពូទីន ធ្លាប់បានលើកយកប្រធានបទហ្កាហ្សា ដើម្បីវាយបកទៅកាន់ក្រុមប្រទេសបស្ចិមលោកវិញ ថាពុំប្រកាន់គោលជំហរស្មើភាព ដោយព្រួតគ្នាថ្កោលទោសរុស្ស៊ីពីបទវាយលុកចូលអ៊ុយក្រែន តែបែរជាឈរឱបដៃមើល ទង្វើសម្លាប់រង្គាលលើប្រជាជនស៊ីវិលប៉ាឡេស្ទីន។ ក្នុងជំនួបជាមួយមេដឹកនាំនៅមជ្ឈិមបូព៌ានេះ លោកពូទីន ក៏បានលើកឡើងពីគោលជំហររបស់រុស្ស៊ី ក្នុងការកាត់បន្ថយការផលិតប្រេងឆៅ យ៉ាងហោចណាស់រហូតដល់ចុងខែមីនាឆ្នាំ ២០២៤។ លោកពូទីន អះអាងថាការកាត់បន្ថយនេះ គឺដើម្បីរក្សាលំនឹងនៃតម្លៃប្រេងឆៅ ក្នុងពិភពលោក ពោលគឺ ស្របជាមួយគោលនជំហររបស់អារ៉ាប៊ីសាអូឌីត ដែលជាសមាជិកសំខាន់មួយទៀតរបស់ Opep+ ដែលជាអង្គការប្រមូលផ្តុំបណ្តាប្រទេសផលិតប្រេងកាតធំៗ នៅលើសកលលោក។បន្ទាប់ពីទស្សនកិច្ចនៅមជ្ឈិមបូព៌ា លោក វ៉្លាឌីមៀរ ពូទីន នឹងទទួលជួបចរចាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី នៅទីក្រុងមូស្គូ ក្នុងថ្ងៃព្រហស្បតិ៍ទី៧ធ្នូ។ នេះបើតាមអ្នកនាំពាក្យនៃវិមានក្រេមឡាំង លោក ឌីមីទ្រី ព៉ស្កូវ។ គួររំឭកថា កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ លោកពូទីន បានទៅធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈពេលដែលប្រមុខការទូតរុស្ស៊ីលោក ស៊ែរហ្គៃ ឡាវ្រូវ ក៏មានវត្តមានដែរនៅទីក្រុងតេអេរ៉ង់ ក្នុងខែតុលាឆ្នាំ ២០២៣។នៅក្នុងកិច្ចជំនួបថ្មីនេះ ប្រទេសទាំងពីរគ្រោងនិយាយពិភាក្សាគ្នាលើសំណុំរឿងសំខាន់ៗទ្វេភាគីដូចជា ទំនាក់ទំនងសេដ្ឋកិច្ច បញ្ហានានាក្នុងតំបន់និងក្នុងពិភពលោក ដោយផ្តោតជាពិសេសលើស្ថានការណ៍នៅហ្កាហ្សា។ នេះបើតាមការឲ្យដឹងពីភ្នាក់ងារព័ត៌មានរបស់អ៊ីរ៉ង់ IRNA ។គួរបញ្ជាក់ដែរថា បណ្តាប្រទេសបស្ចិមលោក ចោទប្រកាន់អ៊ីរ៉ង់ថាបានចូលដៃចូលជើងជាមួយរុស្ស៊ីក្នុងបរិបទសង្គ្រាមអ៊ុយក្រែន ដោយបញ្ជូនដ្រូនបំពាក់គ្រាប់ផ្ទុះឈ្មោះ Shahed រាប់សិនគ្រឿងទៅឲ្យរុស្ស៊ី យកទៅវាយប្រហារ ដ៏សង្គ្រប់លើទឹកដីអ៊ុយក្រែន។មកទល់បច្ចុប្បន្ន លោក វ៉្លាឌីមៀរ ពូទីន កម្រធ្វើដំណើរចេញពីប្រទេសរុស្ស៊ីណាស់ ពោលគឺលោកទៅកាន់បណ្តាប្រទេសណា ដែលជាសម្ព័ន្ធមិត្តជំនិតៗរបស់រុស្ស៊ីតែប៉ុណ្ណោះ។ ការណ៍នេះ បណ្តាលមកពីលោកពូទីន គ្មានគេទទួលស្វាគមន៍ និងរាប់រក នៅតាមប្រទេសបស្ចិមលោក ហើយលោកមាន ឈ្មោះក្នុងដីការចាប់ខ្លួនរបស់តុលាការអន្តរជាតិ ពីបទចាប់ជម្លៀសកុមារ អ៊ុយក្រែន យកមកប្រទេសរុស្ស៊ី ។ជាក់ស្តែង លោកពូទីន ពុំមានវត្តមានទេនៅក្នុងកិច្ចប្រជុំអន្តរជាតិសំខាន់ៗក្នុងពេលថ្មីៗនេះ មានជាអាទិ៍ ជំនួបកំពូលរវាងប្រទេសសេដ្ឋកិច្ចជឿនលឿនហៅកាត់ថាហ្សេ២០ នៅឥណ្ឌា កាលពីខែកញ្ញាកន្លងទៅ និង ជំនួប ប្រ៊ីក (ប្រស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង) ដែលប្រព្រឹត្តទៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីខែសីហា។ លោកពូទីន ធ្លាប់បានពោលថា លោកពុំចូលរួមក្នុងកិច្ចជំនួបទាំងនេះ ដើម្បីជៀសវាងបង្កអំពុលទុក្ខ ដល់ប្រទេសម្ចាស់ផ្ទះ។ចំពោះជំនួបកំពូលអំពីកាអាសធាតុ COP28 ដែលកំពុងដំណើរទៅក្នុងប្រទេស អេមីរ៉ាតអារ៉ាប់រួម ក៏វិមានក្រេមឡាំងពុំបាន បញ្ជាក់ពីវត្តមានរបស់លោកពូទីនដែរ៕
12/6/2023 • 6 minutes, 27 seconds អាស៊ីកណ្តាល ក្លាយជា « តំបន់យុទ្ធសាស្ត្រថ្មី » ដែលប្រទេសធំៗ កំពុងលួងលោមភ្ជាប់ស្ពានមេត្រី
ថ្ងៃព្រហស្បតិ៍ទី ៩ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបំពេញទស្សនកិច្ចនៅ ប្រទេសកាហ្សាក់ស្ថាន ខណៈពេលដែលមេដឹកនាំតួកគី លោក អ៊ែរដូហ្ហាន និងមេដឹកនាំអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី ទៅកាន់ប្រទេស អ៊ូសបេគីស្ថាន។ ប្រទេសទាំងពីរ ដែលស្ថិតក្នុងតំបន់អាស៊ីកណ្តាល កំពុងក្លាយជាឆាកប្រកួតប្រជែងគ្នា កាន់តែខ្លាំងឡើងៗ រវាងក្រុមប្រទេសមហាអំណាចធំៗ។ ថ្ងៃព្រហស្បតិ៍ទី ៩ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបំពេញទស្សនកិច្ចនៅ ប្រទេសកាហ្សាក់ស្ថាន ខណៈពេលដែលមេដឹកនាំតួកគី លោក អ៊ែរដូហ្ហាន និងមេដឹកនាំអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី ទៅកាន់ប្រទេស អ៊ូសបេគីស្ថាន។ ប្រទេសទាំងពីរ ដែលស្ថិតក្នុងតំបន់អាស៊ីកណ្តាល កំពុងក្លាយជាឆាកប្រកួតប្រជែងគ្នា កាន់តែខ្លាំងឡើងៗ រវាងក្រុមប្រទេសមហាអំណាចធំៗ។ នៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន លោក ពូទីន ត្រូវបានទទួលស្វាគមន៍ដោយ សមភាគី លោក កាស៊ីម ជូម៉ាត តូកាយ៉េវ ប្រធានាធិបតីកាហ្សាក់ស្ថាន និង ជាសម្ព័ន្ធមិត្តចាស់វស្សា របស់លោកពូទីន។ ដំណើរទស្សនកិច្ចថ្មីនេះ គឺធ្វើឡើង មួយសប្តាហ៍ក្រោយទស្សនកិច្ច របស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងប្រទេសតែមួយ។ ក្នុងពេលតែមួយ នៅទីក្រុង Tachkent រដ្ឋធានី អ៊ូសបេគីស្ថាន ដែលស្ថិតនៅភាគខាងត្បូង ពុំឆ្ងាយប៉ុន្មាន ពីកាហ្សាក់ស្ថាន មានជំនួបកំពូលមួយទៀត ស្តីពីសេដ្ឋកិច្ចតំបន់ ដែលមានវត្តមានជាអាទិ៍ ពីសំណាក់ លោកប្រធានាធិបតី តួកគី និង អ៊ីរ៉ង់។គួរបញ្ជាក់ថា តាំងពីខ្លួនបានផ្តើមការវាយលុកទន្ទ្រានលើ អ៊ុយក្រែន ក្នុងពេលជាងមួយឆ្នាំមកនេះ រុស្ស៊ី កំពុងបាត់បង់ឥទ្ធិពលក្នុងតំបន់អាស៊ីកណ្តាល ដែលខ្លួនធ្លាប់ក្តោបក្តាប់ពីដើមរៀងមក។ ចំណែក ប្រទេសចិន ដែលមានព្រំប្រទលជាប់គ្នានឹងរុស្ស៊ី ក៏សំឡឹងឃើញឱកាសនេះ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន នៅអាស៊ីកណ្តាល ក្រោមបរិបទនៃមហាគម្រោងផ្លូវសូត្រថ្មី ដែលទាញស្រូបប្រទេសដ៏ច្រើនក្នុងតំបន់។ដោយខ្លាចបាត់បង់ឱកាសល្អ ប្រទេសធំៗផ្សេងទៀតមាន សហភាពអឺរ៉ុប អាមេរិក អ៊ីរ៉ង់ និង តួកគី បានស្វះស្វែង ពង្រឹងវត្តមានខ្លួន និង រឹតចំណងសាមគ្គីភាពជាមួយ ប្រទេសនានានៅអាស៊ីកណ្តាល ដូចមានសកម្មភាពការទូតដ៏មមាញឹក នាប៉ុន្មានខែចុងក្រោយនេះ ជាតឹកតាងស្រាប់។គួររំឭកដែរថាអំឡុងពេលជាង ៣ ទសវត្សរ៍ក្រោយពីសហភាពសូវៀតបានដួលរលំទៅ បណ្តាប្រទេស នៅអាស៊ីកណ្តាល បានធ្លាក់ក្នុងវិបត្តិតានតឹង ដែលបណ្តាលមកពីជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃ។ ដូច្នេះ ដំណើរទស្សនកិច្ចថ្មីៗពីសំណាក់ប្រទេសមហាអំណាចធំៗ គឺជាដំណើរវិជ្ជមានមួយ ដែលប្រទេសអាស៊ី កណ្តាល ចាំបាច់ត្រូវទាញយកប្រយោជន៍ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួន ក្នុងទំនាក់ទំនងការទូត និង ពាណិជ្ជកម្ម។ជំនួបរវាងលោក ពូទីនង និង កាស៊ីម ជូម៉ាត តូកាយ៉េវ ប្រធានាធិបតីកាហ្សាក់ស្ថាន ប្រព្រឹត្តទៅក្នុងទម្រង់ ស្ងប់ស្ងាត់ ដោយពុំមានបញ្ចេញខ្លឹមសារនៃកិច្ចចរចានេះឲ្យដឹងឮជាសាធារណៈឡើយ។ គួររំឭកថា លោក តូកាយេវ គឺជាអ្នកការទូតដ៏ប៉ិនប្រសប់ម្នាក់ ពោលគឺលោកចង់រក្សាទំនាក់ទំនង និង កិច្ចសន្ទនា ជាអចិន្ត្រៃយ៍ ជាមួយគ្រប់បណ្តាប្រទេសទូទៅ មិនថាបស្ចិមលោក ឬ មេដឹកនាំ រុស្ស៊ី ចិន និង តួកគី។នេះគឺជាលើកទី២ ដែលលោកពូទីន មកធ្វើទស្សនកិច្ចនៅអាស៊ីកណ្តាល ក្នុងពេលមួយខែចុងក្រោយ នេះ។ កាលពីដើមខែតុលា លោកពូទីន បានទៅប្រទេសកៀរហ្ស៊ីស៊ីស្ថាន ដែលជាដំណើរទស្សនកិច្ច ក្រៅប្រទេសលើកទី១ បន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីកាឲ្យចាប់ខ្លួនរូបគាត់ពីបទ «ចាប់ជម្លាសកុមារាអ៊ុយក្រែន មកកាន់ប្រទេសរុស្ស៊ី »។លោក អ៊ែរដូហ្កាន លេចមុខជាថ្មី នៅឯទីក្រុង Tachkent ប្រទេសអ៊ូសបេគីស្ថាន ឯណោះវិញ មេដឹកនាំ ៩ ប្រទេស បានរួមប្រជុំក្នុងជំនួបកំពូល ដែលរៀបចំឡើងដោយ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច OCE ។ប្រធានាធិបតីតួកគី លោកអ៊ែរដូហ្កាន ដែលមានវត្តមានម្តងហើយនៅអាស៊ីកណ្តាល កាលពីសប្តាហ៍មុន បានជួបជាថ្មីជាមួយសមភាគី ដែលមកពីបណ្តាប្រទេសអតីតសាធារណរដ្ឋសូវៀតក្នុងតំបន់ ព្រមទាំង នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន និង ប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី។ប្រទេសជាម្ចាស់ផ្ទះនៃជំនួបកំពូលនេះ បានប្រកាសជាមុនថា បញ្ហាសង្គ្រាមរវាង ពួកហាម៉ាសប៉ាឡេស្ទីន និង អ៊ីស្រាអែល នឹងពុំត្រូវលើកយកមកជជែកគ្នាឡើយ។ តែ បើតាមទីភ្នាក់ងារព័ត៌មាន ផ្លូវការអ៊ីរ៉ង់ IRNA បានឲ្យដឹងថា អ៊ឺរ៉ង់បានឆក់យកឱកាសនេះ ដើម្បីលើកយកប្រធានបទសង្គ្រាម ហាម៉ាស-អ៊ីស្រាអែល មកដាក់លើតុពិភាក្សា ឲ្យខានតែបាន។ប្រធានបទសំខាន់ៗ ដែលត្រូវបានលើកយកនិយាយគ្នាដែរ គឺកិច្ចសហប្រតិបត្តិការមនុស្សធម៏ និង វិស័យដឹកជញ្ជូន ដ្បិតប្រទេសនៅអាស៊ីកណ្តាល ស្ថិតក្នុងទីតាំងភូមិសាស្ត្រមួយ ដែលគ្មានច្រកសមុទ្រ ចេញចូល។ ស្ថិតក្នុងស្ថានភាពបែបនេះ ប្រទេសអាស៊ីកណ្តាល ព្យាយាមរកផ្លូវ ធ្វើយ៉ាងណាដើម្បី ភ្ជាប់បណ្តាញគមនាគមន៍ទៅកាន់សមុទ្រ ដោយត្រូវឆ្លងកាត់តាមប្រទេសប៉ាគីស្ថាន ជាឧទាហរណ៍។ថ្វីបើបច្ចុប្បន្ន រុស្ស៊ី កំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបស្ចិមលោក ក៏រុស្ស៊ីនៅតែបន្តធ្វើជាដៃគូខានពុំបាន សម្រាប់អាស៊ីកណ្តាល។ យ៉ាងណាមិញ រុស្ស៊ី ចាំបាច់ត្រូវរក្សាវត្តមានរបស់ខ្លួនក្នុងតំបន់នេះ មានជាអាទិ៍ លើវិស័យថាមពល ព្រោះថាក្រោមទណ្ឌកម្មសេដ្ឋកិច្ច ទីផ្សារថាមពលរបស់រុស្ស៊ីនៅអឺរ៉ុប បានបិទសឹងទាំងស្រុង។ដើម្បីសម្រេចគោលដៅនេះ ម៉ូស្គូ បានដាក់ចេញគម្រោងធំៗ លើវិស័យថាមពល មានដូចជា ការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិ ដល់ប្រទេសអ៊ូសបេគីស្ថាន ដោយឆ្លងកាត់តាមដែនដីកាហ្សាក់ស្ថាន ព្រមទាំងប្រកាន់ គោលជំហរជាប្រទេសឈានមុខគេ លើគម្រោងសាងសង់ស្ថានីយអគ្គិសនីបរមាណូ ស្ថានីយវារីអគ្គិសនី ក្នុងប្រទេសនានានៅអាស៊ីកណ្តាល ដើម្បីប្រជែងជាមួយអឺរ៉ុប និង ចិន៕
11/10/2023 • 5 minutes, 57 seconds ទស្សនាវដ្តីអាមេរិក ៖ កម្លាំងយោធារុស្ស៊ីជាប់លេខ១ ខ្ លាំងដាច់គេក្នុងលោក ខណៈអាមេរិកជាប់លេខ ២
ទស្សនាវដ្តីអាមេរិកាំង The US News & World Report ចុះផ្សាយថ្ងៃទី ៣០ តុលា ដោយយោងលើ ការស្ទង់មតិក្រុមអ្នកជំនាញចំនួន ១៧.០០០ នាក់ មកពីទូទាំងពិភពលោក បានទាញសេចក្តីសន្និដ្ឋានថា កងទ័ពរុស្ស៊ីឈានមុខគេលំដាប់លេខ ១ ក្នុងលោក ពោលគឺខ្លាំងជាងកងទ័ព សហរដ្ឋអាមេរិក ដែលឈរនៅលេខរៀងទី២។ រីឯ ប្រទេសទាំង ៨ ដែលមានកងទ័ពខ្លាំងៗ បន្ទាប់ពីរុស្ស៊ី និង អាមេរិក រួមមាន៖ កងទ័ពចិន អ៊ីស្រាអែល កូរ៉េខាងត្បូង អ៊ុយក្រែន អ៊ីរ៉ង់ អង់គ្លេស អាល្លឺម៉ង់ និង តួកគី។ ប្រទេសដែលមានកម្លាំងកងទ័ព ជាប់លេខចុងក្រោយគេ គឺមាន ប្រទេស លុចសំបួរ សិង្ហបុរី អេស្តូនី ហូឡង់ និង នូវែលហ្សេឡង់។ ក្នុងបញ្ជីចំណាត់ថ្នាក់ « កងទ័ពដែលឈានមុខគេ » រុស្ស៊ីបានទទួលពិន្ទុ ៩៤,៣ លើ១០០ ពិន្ទុ ។ តែបើគិតលើកត្តា « ឥទ្ធិពលមេដឹកនាំ » និង « ឥទ្ធិពលនយោបាយ » ទស្សនាវដ្តី The US News & World Report ផ្តល់ឲ្យរុស្ស៊ី ពិន្ទុ ១០០ លើ ១០០ តែម្តង។ក្នុងដំណើរចាត់ថ្នាក់ដូចមានខាងលើ ក្រុមអ្នកស្រាវជ្រាវ ចាប់អារម្មណ៍ជាបឋម ទៅលើ ចំនួនយន្ដហោះចម្បាំង ចំនួនសព្វាវុធមីស៊ីល បូករួមទាំងមីស៊ីល Hypersonique ដែលជាប្រភេទអាវុធ មានល្បឿនលឿនជាងសម្លេងដល់ទៅរាប់សិបដង ហើយដែលគេចាត់ទុកថាគឺជា អានុភាពយោធាសំខាន់ មួយរបស់រុស្ស៊ី។ដោយឡែក The US News & World Report ក៏ចង្អុលឲ្យឃើញថា បើយោងទៅលើតក្តាដាក់ពិន្ទុទាំង ៧៣ ពោលគឺផ្សេងពីបរិបទយោធា និង ឥទ្ធិពលនយោបាយ ក្នុងចំណោមប្រទេសឆ្នើមៗដាច់គេនៅលើ ផែនដី រុស្ស៊ី ជាប់ត្រឹមលេខ ៣៧ ប៉ុណ្ណោះ ខណៈពេលដែល អ៊ុយក្រែន ជាប់លេខ ៦៨។ ឯប្រទេស នាំមុខគេ ក្នុងបណ្តាប្រទេសទាំង ៨៧ ដែលមានឈ្មោះក្នុងបញ្ជី គឺមាន ស្វីស កាណាដា និង ស៊ុយអែត។ផ្សេងពីនេះ ចំណាត់ថ្នាក់ប្រទេសខ្លាំងជាងគេ ក្នុងក្របខណ្ឌសម្ព័ន្ធអន្តរជាតិ គឺអាមេរិកឈរនៅលេខរៀទី១ បន្ទាប់មកមាន អង់គ្លេស អាល្លឺម៉ង់ និង បារាំង។ រុស្ស៊ី ជាប់លេខ ៥។ឆ្លើយតបទៅនឹងលទ្ធផលនៃការស្រាវជ្រាវខាងលើ អ្នកជំនាញយោធារុស្ស៊ីដ៏ល្បីឈ្មោះម្នាក់ គឺលោក Alexandre Mikhailovski បានបញ្ចេញយោបល់ដូចតទៅ៖ ពាក្យថា « រុស្ស៊ី » និង « អានុភាពយោធា » គឺថា ពុំអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ហេតុដូចម្តេច បានជា The US News & World Report ដាក់អានុភាពយោធារុស្ស៊ីក្នុងចំណាត់ថ្នាក់ទី ១ លើកម្លាំងទ័ពអាមេរិក? ចម្លើយគឺស្ថិត ក្នុងរបៀបវិនិច្ឆយ របស់ទស្សនាវដ្តីនេះផ្ទាល់។ យ៉ាងណាម៉ិញ គួររំឭកថា ជាងមួយឆ្នាំចុងក្រោយនេះ រុស្ស៊ីបានដក់ជាប់ក្នុងផ្នត់គំនិតនៃមហាជនទូទៅ ដែលយល់ថា រុស្ស៊ីជាប្រទេសមួយដែលភ្ជាប់ខ្លួនទៅនិង អានុភាពសឹកសង្គ្រាម ពិតប្រាកដមែន។ ជាក់ស្តែង ក្នុងដំណើរប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន រុស្ស៊ីរមែងប្រើ សព្វាវុធទំនើបៗបំផុត តួយ៉ាង មីស៊ីល Hypersonique ជាដើម។ នេះគឺជាមូលេហតុ ដែលនាំឲ្យ ពួកអ្នកជំនាញយោធាក្នុងលោក ដែលឆ្លើយតបនឹងសំនួរនៃក្រុមអ្នកស្រាវជ្រាវរបស់ The US News & World Report បានផ្សារភ្ជាប់ប្រទេសរុស្ស៊ី ទៅនឹងអានុភាពយោធា ដោយស្វ័យប្រវត្តិ។ អ្នកឯកទេសរុស្ស៊ីរូបនេះ ក៏កត់សម្គាល់ដែរថា ក្នុងបញ្ជីចំណាត់ថ្នាក់ ដែលចុះ ផ្សាយដោយទស្សនាវដ្តីអាមេរិកាំងនោះ គេបានទៅស្ទង់មតិប្រជាជន នៅតាមបណ្តាប្រទេសអារ៉ាប់ ប្រទេសអាហ្វ្រិក អាស៊ី និង អាមេរិកខាងត្បូង ដែលគេដឹងជាទូទៅថា សុទ្ធសឹងជាប្រទេសដែល តែងគាំទ្រ និង សាទរ ចំពោះសកម្មភាពនានារបស់រុស្ស៊ី នៅលើឆាកអន្តរជាតិ។ជាចុងក្រោយ លោក Alexandre Mikhailovski បានបន្ថែមថា៖ ការដែលកម្លាំងទ័ពរុស្ស៊ី ជាប់លេខរៀងទី១ ឈ្នះលើអាមេរិកដូច្នេះ នឹងអាចជាគុណប្រយោជន៍មួយសម្រាប់ ប្រទេសរុស្ស៊ី។ គួរបញ្ជាក់ថា ជាង ៣ ទសវត្សរ៍ ក្រោយពីសហភាពសូវៀតបានដួលរលំក្នុងឆ្នាំ ១៩៩១ មនុស្សទូទៅ នៅលើផែនដី តែងនាំគ្នាគិតថា អាមេរិក ជាប្រទេសមហាអំណាចទី១ ផ្នែកកងទ័ព។ ក៏ប៉ុន្តែ ការយល់ឃើញនេះ កំពុងផ្លាស់ប្តូរ ដូចមានបង្ហាញនៅក្នុងរបាយការណ៍ The US News & World Report ៕
11/3/2023 • 6 minutes, 49 seconds រុស្ស៊ី បាញ់សាកល្បងមីស៊ីលបាលីស្ទិក ក្នុងប្រតិបត្តិ ការសមយុទ្ធ « វាយបកដោយអាវុធនុយក្លេអ៊ែរ »
ថ្ងៃពុធទី ២៥ តុលា រុស្ស៊ីបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកច្រើនគ្រាប់ ក្នុងគោលដៅត្រៀម « ការវាយប្រហារនុយក្លេអ៊ែរចាស់ដៃទៅលើអ៊ុយក្រែន » ។ គួរបញ្ជាក់ថា ការបាញ់សាកលុ្បងនេះ គឺធ្វើឡើ់ង ចំពេលដែលរុស្ស៊ី កំពុងប្រុងប្រៀបដកខ្លួនចេញពី សន្ធិសញ្ញាអន្តរជាតិ ដែលហាមប្រាមមិនឲ្យមានការសាកល្បងអវុធនុយក្លេអ៊ែរ។ ក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី ធ្លាប់បានគម្រាមជាច្រើនលើកថា រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរ ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ដែលបានផ្ទុះឡើង កាលពីខែកុម្ភៈឆ្នាំ ២០២២។ ផ្ទុយទៅវិញ លោក វ៉្លាឌីមៀរ ពូទីន តែងនិយាយជារឿយៗ ប្រាប់អន្តរជាតិ កុំឲ្យបារម្ភអំពីបញ្ហានេះ។តែ ក្នុងថ្ងៃពុធទី ២៥ តុលា លោកពូទីន បានចុះត្រួតពិនិត្យការហាត់សមយុទ្ធរបស់ទ័ពរុស្ស៊ី ដែលក្នុងនោះ មានការបាញ់សាកល្បង គ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីបពីរប្រភេទពោលគឺ ប្រភេទ Yars បាញ់ចេញពីព្រលានអវកាស Plessetsk នៅប៉ែកពាយ័ព្យប្រទេសរុស្ស៊ី និង ប្រភេទ Sineva បាញ់ចេញពី នាវាមុជទឹកក្នុងសមុទ្រ Barentz ។ ជាមួយគ្នានេះ យន្ដហោះទម្លាក់គ្រាប់បែប ប្រភេទ Tu-95 MS ក៏បានបាញ់ចេញគ្រាប់មីស៊ីលបណ្តែតររយៈចម្ងាយខ្លី ដែលអាវុធប្រភេទនេះ ត្រូវបានរុស្ស៊ីប្រើក្នុង ប្រតិបត្តិការវាយប្រហារនៅអ៊ុយក្រែន។ សូមបញ្ជាក់ថា ប្រតិបត្តិការសមយុទ្ធខាងលើ ត្រូវបានចុះផ្សាយ ជាផ្លូវការ ពីសំណាក់វិមានក្រេមឡាំង។រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានបំភ្លឺថា ការបាញ់សាកល្បងនេះ គឺធ្វើឡើងដើម្បី ត្រៀមបំរុងការវាយបកទ្រង់ទ្រាយធំ ពីកងកម្លាំងនុយក្លេអ៊ែររុស្ស៊ី ក្នុងករណីដែលមាន ការវាយប្រហារ នុយក្លេអ៊ែរពីសត្រូវ។ ទូរទស្សន៍រដ្ឋរបស់រុស្ស៊ី បានចាក់ផ្សាយវិដេអូខ្លីមួយ ដែលក្នុងនោះគេឃើញ លោក វ៉្លាឌីមៀរ ពូទីន កំពុង ស្តាប់របាយការណ៍ពីសំណាក់ លោក Sergey Shoigu និង នាយអគ្គសេនាធិការកងទ័ព លោក Valeri Guerassimov ក្រោយពីសមយុទ្ធនេះបានបញ្ចប់ទៅ។គួររំឭកថា គោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ី បានបញ្ជាក់ច្បាស់ថា ៖ រុស្ស៊ីនឹងប្រើអាវុធបរមាណូ ក្នុងរូបភាពនៃការការពារខ្លួនមួយមុខប៉ុណ្ណោះ ពោលគឺ សម្រាប់តែក្នុងករណីណា ដែលរុស្ស៊ីរងការវាយប្រហារទ្រង់ទ្រាយធំ ដោយអាវុធប្រល័យរង្គាល ឬ ក្នុងករណី ដែលខ្លួនរងការវាយប្រហារ ដោយអាវុធដែលមានចុះក្នុងសទ្ធិសញ្ញាអន្តរជាតិ តែអាចបង្កឲ្យមានមហន្តរាយដល់ប្រទេសរុស្ស៊ី។ ការដកខ្លួនចេញពី សន្ធិសញ្ញាអន្តរជាតិប្រតិបត្តិការសមយុទ្ធខាងលើ ត្រូវបានផ្សព្វផ្សាយឲ្យសាធារណជនក្នុងប្រទេសរុស្ស៊ីបានដឹង ជាទូទៅ។ នៅថ្ងៃដដែលនេះ ព្រឹទ្ធសភា និង ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានអនុម័តការលុបចោល សច្ចាប័ន ស្តីពី សន្ធិសញ្ញាអន្តរជាតិហាមប្រាមការសាកល្បងនុយក្លេអ៊ែរ ឬ ហៅកាត់ថា TICEN ដែលក្រុងម៉ូស្គូ បានចុះហត្ថលេខាកាលពី ២៣ ឆ្នាំមុន។គួរបញ្ជាក់ថា ព្រឹទ្ធសភារុស្ស៊ី បានអនុម័តការលុបចោលនេះ ជាឯកច្ឆន្ទ ទៅតាមសំណើរបស់ លោក វ៉្លាឌីមៀរ ពូទីន។សម្រាប់ម៉ូស្គូ ការបោះបង់សន្ធិសញ្ញានេះ គឺក្នុងគោលដៅ ស្តារឡើងវិញនូវសមភាពផ្នែកយុទ្ធសាស្ត្រ របស់ខ្លួន ជាមួយនឹងសហរដ្ឋអាមេរិក ដែលកន្លងមកតែងបានបដិសេធ ចុះហត្ថលេខាលើសទ្ធិសញ្ញា ខាងលើ។ការលុបចោលនេះ នាំឲ្យពិភពលោកព្រួយបារម្ភ ចំពោះដំណើរវិលត្រឡប់ជាថ្មី នៃការប្រជែងបំពាក់ គ្រឿងសព្វាវុធ កំញើញដាក់គ្នារវាងរុស្ស៊ី និង អាមេរិក។ គួររំឭកថា ក្រោយពេល សហភាពសូវៀត បានរលំរលាយទៅ រុស្ស៊ីបានសាកល្បងអាវុធនុយក្លេអ៊ែរ ចុងក្រោយបំផុតក្នុងឆ្នាំ ១៩៩០ ខណៈអាមេរិក បានសាកល្បងចុងក្រោយបង្អស់ក្នុងឆ្នាំ ១៩៩២។កាលពីដើមខែតុលាកន្លងទៅ លោក ពូទីន ធ្លាប់បានអះអាងថា ប្រទេសរុស្ស៊ី ពុំបានកណត់ថា នឹងត្រូវ ចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរ ឡើងវិញ ឬ យ៉ាងណានោះទេ។ ប៉ុន្តែ គួរកត់សំគាល់ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ី បានដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិជាច្រើន ស្តីពីការរំសាយសព្វាវុធ ជាពិសេសគឺ កិច្ចព្រមព្រៀងដែលបានចុះជាមួយអាមេរិក នៅឆ្នាំ ២០១០ ក្រោមឈ្មោះថា New Start ។នៅពាក់កណ្តាលឆ្នាំ២០២៣ រុស្ស៊ី បានដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក ដែលមានកម្លាំងផ្ទុះ ខ្សោយជាងគ្រាប់នុយក្លេអ៊ែរ នៅក្នុងប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តទី១របស់ខ្លួន និង ជាប្រទេសដែលមានព្រំដែនជាប់នឹងសហភាពអឺរ៉ុប។អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Riabkov បានថ្លែងនៅថ្ងៃពុធថា ប្រទេសរបស់គាត់សុខចិត្ត ចរចា អំពីការត្រួតពិនិត្យលើសព្វាវុធនុយក្លេអ៊ែរ លុះត្រាតែក្រុងវ៉ាស៊ីនតោន ដែលជាខ្នងបង្អែកយោធា និងហិរញ្ញវត្ថុចម្បងរបស់ អ៊ុយក្រែន ឈប់ប្រកាន់ឥរិយាបថជា « សត្រូវ » ទល់នឹងម៉ូស្គូ។សូមរំឭកថា រុស្ស៊ី និង អាមេរិក មានផ្ទុកសព្វាវុធនុយក្លេអ៊ែរ ដល់ទៅជាង ៩០% នៃចំនួនអាវុធនុយក្លេអ៊ែរ សរុប ដែលមាននៅលើផែនដីយើង។នៅចុងបញ្ចប់ លោក វ៉្លាឌីមៀរ ពូទីន ធ្លាប់បានសម្តែងអំណួតថា រុស្ស៊ីកំពុងសាកល្បងមីស៊ីល ប្រភេទ Bourevestnik និង Sarmat ដែលអាចទំលាយប្រព័ន្ធខែលមីស៊ីលនានា ដែលមានប្រើក្នុងលោក នាពេលបច្ចុប្បន្ន៕
10/27/2023 • 6 minutes, 14 seconds សភាឌូម៉ាលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាដែលហាម ប្រាមការសាកល្បងនុយក្លេអ៊ែរ
ថ្ងៃអង្គារទី ១៧ តុលា អ្នកតំណាងរាស្ត្ររុស្ស៊ីបានអនុម័ត ក្នុងសម័យប្រជុំពិភាក្សាលើកទី១ កម្មវត្ថុឆ្ពោះទៅលុបចោល ការផ្តល់សច្ចាប័នដោយរុស្ស៊ី លើសន្ធិសញ្ញាដែលហាមប្រាមទាំងស្រុង ការសាក ល្បងនុយក្លេអ៊ែរ ហៅកាត់ថា TICEN។ ជាការដកខ្លួនចេញជាថ្មី ពីគន្លងកម្មវិធីមិនរីកសាយភាយអាវុធប្រល័យលោក ក្នុងផ្ទៃនៃជម្លោះនៅអ៊ុយក្រែន និង ក្នុងផ្ទៃនៃវិបត្តិជាមួយបស្ចិមលោក។ ការពិភាក្សានេះ ប្រព្រឹត្តទៅសឹងភ្លាមភ្លែត ក្រោយពីលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន បញ្ជូនសារទៅសភាឌូម៉ាថា តើប្រទេសរុស្ស៊ី គប្បីសាកល្បងឡើងវិញឬទេ អាវុធនុយក្លេអ៊ែររបស់ខ្លួន។ ជាលទ្ធផលនៃការបោះឆ្នោត ក្នុងសភាឌូម៉ា ដែលជាសភាជាន់ក្រោមនៃសភារុស្ស៊ី គ្រប់តែពួកអ្នកតំណាង រាស្ត្រ ទាំង ៤១២ នាក់ ដែលវត្តមានក្នុងសម័យប្រជុំនោះបានបញ្ចេញសម្លេងគាំទ្រជាឯកច្ឆ័ន្ទដល់ ការលុបចោលទៅការផ្តល់សច្ចាប័ន កាលឆ្នាំ ២០០០ ដល់ អត្ថបទសន្ធិសញ្ញាដោយក្រុងម៉ូស្គូ។ការលុបចោលនេះ បំបះឲ្យកើតឡើងជា បរិយាកាសភ័យខ្លាចចំពោះ ការងើបឡើងវិញនៃ ការសាក ល្បងនុយក្លេអ៊ែរ និង ចំពោះ ការរត់ប្រណាំងបំពាក់សព្វាវុធជាថ្មី ។ រុស្ស៊ី តាំងពី សហភាពសូវៀត រលំរលាយទៅ មិនដែលធ្វើការសាកល្បងបែបនេះទេ ។ ការសាកល្បងលើកចុងក្រោយធ្វើដោយសហភាពសូវៀត គឺ កាលក្នុងឆ្នាំ ១៩៩០ ចំណែក សហរដ្ឋអាមេរិក គឺ កាលក្នុងឆ្នាំ ១៩៩២។ លោក ពូទីន បានប្រកាស នៅដើមខែតុលាថា រុស្ស៊ីអាច លុបចោលការផ្តល់សច្ចាប័នលើ សន្ធិសញ្ញា ហៅកាត់ថា TICEN ជាចម្លើយតបនឹងសហរដ្ឋអាមេរិក ដែលមិនព្រមផ្តល់សច្ចាប័នលើឯកសារនេះ ឡើយ។“ ខ្ញុំនៅមិនទាន់ត្រៀមនិយាយឡើយ តើរុស្ស៊ី ត្រូវឬមិនត្រូវ ធ្វើការសាកល្បងឡើងវិញ “ - លោក ពូទីន បន្តមកទៀត ទាំងអួតអាងអំពីការអភិវឌ្ឍន៍មីស៊ីលថ្មីៗ មានកម្លាំងសែនខ្លាំងក្លា ដែលអាចពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរ សម្បូរបែប។តាំងពីសង្គ្រាមឆាបឆេះ នៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ ២០២២ លោក ពូទីន ឧស្សាហ៍និយាយប៉ះលើ ការប្រើជា យថាហេតុ អាវុធនុយក្លេអ៊ែរ។សន្ធិសញ្ញាហាមប្រាមទាំងស្រុង ការសាកល្បងអាវុធនុយក្លេអ៊ែរ ពោលគឺ នៅលើដី ក្នុងអាកាស និង ក្នុងទឹក ហៅកាត់ថា TICEN ត្រូវបានបើកចំហ សម្រាប់ទទួលការចុះហត្ថលេខា គឺក្នុងឆ្នាំ ១៩៩៦ ប៉ុន្តែ វាមិនបាន ចូលជាធរមានសោះឡើយ ពីព្រោះវាមិនបានទទួលការផ្តល់សច្ចប័ន ដោយចំនួនប្រទេសដែល ត្រូវការ ជាចាំបាច់ ពីក្នុងចំណោម៤៤ ប្រទេសដែលមាននៅលើដែនដីខ្លួន គឺ ទីតាំងនុយក្លេអ៊ែរនានា ពេលដែល សន្ធិសញ្ញានេះបានប្រសូត្រមក។ការផ្តល់សច្ចាប័ន ជាទង្វើដែលសឲ្យឃើញថា រដ្ឋនោះឯងយល់ព្រមភ្ជាប់ខ្លួន ទៅនឹងកាតព្វកិច្ចចែងដោយ សន្ធិសញ្ញានោះ។រុស្ស៊ី បារាំង និង អង់គ្លេស បានផ្តល់សច្ចាប័ន ប៉ុន្តែ សហរដ្ឋអាមេរិក ចិន អ៊ីរ៉ង់ អេហ្ស៊ីប អ៊ីស្រាអែល គ្រាន់តែបានចុះ ហត្ថលេខា ប៉ុន្តែមិនបានផ្តល់សច្ចាប័នទេ ។ ចំណែក ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង មិនបានចុះហត្ថលេខា ក៏ដូចជាមិនបានផ្តល់សច្ចាប័នឡើយ។ ស្មើគ្នាខាងយុទ្ធសាស្ត្រ នៅថ្ងៃអង្គារទី១៧តុលា មុនដល់ការបោះឆ្នោតនៃពួកអ្នកតំណាងរាស្ត្រ ប្រធានសភាឌូម៉ា លោក Viatcheslav Volodine បានថ្លែងថា ត្រូវតែលុបចោល ការផ្តល់សច្ចាប័ននោះដោយក្រុងម៉ូស្គូ កាលពី ២៣ ឆ្នាំមុន ដើម្បី ការពារប្រជាពលរដ្ឋរុស្ស៊ី និង ទ្រទ្រង់ ឲ្យស្មើគ្នា យុទ្ធសាស្ត្រនៅក្នុងលោក។ គាត់សង្កត់ធ្ងន់ដូចតទៅ ៖ ក្រុង វ៉ាស៊ីនតោន ត្រូវតែយល់ជារៀងរហូតទៅថា អនុត្តរភាព សហរដ្ឋអាមេរិក មិនដែលនាំមកនូវអ្វីដែលល្អសោះឡើយ ។ លោក Volodine ថែមទាំងលំអិតថា ៖ ការលុបចោលការផ្តល់សច្ចប័នលើសន្ធិសញ្ញានេះ គឺ បណ្តាលមកពី សង្គ្រាមដែល តាម យោបល់គាត់បញ្ឆេះឡើង ដោយ ក្រុង វ៉ាស៊ីនតោន និង ព្រុចសែល ទល់នឹងរុស្ស៊ី។ ម៉្លោះហើយ បានជា គំរាមបច្ចុប្បន្ន តម្រូវឲ្យរុស្ស៊ី រកដំណោះស្រាយថ្មី។ តាំងពី ពេលចាប់ផ្តើមប្រតិបត្តិការវាយសម្រុកទៅលើអ៊ុយក្រែន លោក វ៉្លាឌីមៀរ ពូទីន បានចាក់ នឹងកាំបិត ជាច្រើនលើកទៅលើរបបមិនសាយភាយអាវុធនុយក្លេអ៊ែរ។ពេញមួយរដូវក្តៅកន្លងទៅ លោកពូទីន បាន ចាប់ផ្តើម ពង្រាយអាវុធនុយក្លេអ៊ែរតាកទិក នៅបេឡារុស ប្រទេសដែលជំនិតបំផុតនឹងរុស្ស៊ី និងដែលបម្រើជាស្ពាន សម្រាប់ប្រតិបត្តិការវាយលុករុស្ស៊ី នៅអ៊ុយក្រែន។កាលពីខែកុម្ភៈ រុស្ស៊ីបានផ្អាកទៅហើយ សមាជិកភាពខ្លួន ក្នុងសន្ធិសញ្ញាស្តីអំពី ការរំសាយសព្វាវុធ នុយក្លេអ៊ែរ ហៅថា New Start ចុះជាមួយ សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១០ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីចុងក្រោយ រវាង រុស្ស៊ី និង សហរដ្ឋអាមេរិក ។ លោក ពូទីន ថែមទាំង ចោទបស្ចិមលោកថា ចេះតែខំបន់ឲ្យក្រុងម៉ូស្គូ ធ្លាក់ក្នុង បរាជ័យយុទ្ធសាស្ត្រ នៅ អ៊ុយក្រែន តែម្តង។សេចក្តីសម្រេចរបស់រុស្ស៊ី លុបចោល ការផ្តល់សច្ចាប័នលើ សន្ធិសញ្ញា TICEN ត្រូវបានបរិហារជាឯកច្ឆ័ន្ទ ដោយ រាល់មហាអំណាចខាងលិច ។ ប្រធានាធិបតីអាមេរិកាំង លោក ចូ បៃដិន មើលឃើញ សេចក្តីសម្រេចនេះ ថាជា “ កំហុសធ្ងន់ធ្ងរ"។រុស្ស៊ីដែលបន្តកេរ្ត៍ ពីមហាអំណាចសូវៀត រួមជាមួយ សហរដ្ឋអាមេរិក ក្តាប់ក្នុងដៃខ្លួន ដល់ទៅ ៩០% នៃរាល់តែអាវុធ នុយក្លេអ៊ែរ ដែលសព្វថ្ងៃ មាននៅក្នុងលោក ៕
10/20/2023 • 5 minutes, 1 second រុស្ស៊ីទាញប្រយោជន៍ ពីការវាយប្រហាររបស់ចលនាហាម៉ាស លើ អ៊ីស្រាអែល?
ចាប់តាំងពីក្រុមហាម៉ាស បានវាយសម្រុកទៅលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ទី ៧ តុលា កន្លងទៅ ទីភ្នាក់ងារការទូតរបស់រុស្ស៊ី នៅពុំទាន់បញ្ចេញជំហរច្បាស់លាស់ណាមួយ ចំពោះសង្គ្រាមទ្វេភាគីនេះ នៅឡើយទេ។ តែ គេសង្កេតឃើញ មានសញ្ញាខ្លះៗ ដែលបង្ហាញថា រុស្ស៊ី ទំនងជាគាំទ្រភាគី ប៉ាឡេស្ទីន។ រុស្ស៊ី ហាក់កំពុងព្យាយាមទាញយកប្រយោជន៍ពីការផ្ទុះហិង្សា រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន ដោយដើរតួជាអ្នកកាន់ជំហរកណ្តាល ដែលទង្វើនេះអាចបង្កជាគ្រោះថ្នាក់ ប្រសិនបើរុស្ស៊ី ភ្លាត់ស្នៀត។ ការវាយសម្រុកសម្លាប់រង្គាលនៃក្រុមហាម៉ាស នៅលើទឹកដីអ៊ីស្រាអែល បានចាប់ផ្តើមនៅថ្ងៃសៅរ៍ទី ៧ តុលា ដែលត្រូវនឹងថ្ងៃខួបកំណើតគម្រប់៧១ ឆ្នាំ នៃលោក វ៉្លាឌីមៀរ ពូទីន។ តាមអ្នកជំនាញខ្លះយល់ថា ភ្លើងសង្គ្រាមដែលផ្ទុះឆាបឆេះភ្លាមៗ រវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីន គឺជាកាដូធ្លាក់ពីលើមេឃមកដល់ដៃ ប្រធានាធិបតីរុស្ស៊ី ដ្បិតលោកពូទីន យល់ថាសង្គ្រាមថ្មីនេះ នឹងបង្វែរអារម្មណ៍អន្តរជាតិ ឲ្យងាកចេញពីសង្គ្រាមនៅអ៊ុយក្រែន។ប៉ុន្តែសម្រាប់អ្នកវិភាគឯទៀតវិញ បរិយាកាសហិង្សា រវាងចលនាហាម៉ាស និង អ៊ីស្រាអែល ជម្រុញវិស័យការទូតរុស្ស៊ី ឲ្យធ្លាក់ក្នុងស្ថានការណ៍មួយ ពុំងាយស្រួលឡើយ ព្រោះថារុស្ស៊ី កំពុងជាប់ឈ្មោះជាប្រទេស ដែលឯកោខ្លាំង នៅលើឆាកអន្តរជាតិ ស្រាប់។ល្បែងតុល្យភាពដ៏លំបាកមួយ ប្រតិកម្មជាផ្លូវការភ្លាមៗ ពីសំណាក់ទីក្រុងម៉ូស្គូ ក្រោយការវាយលុករបស់ក្រុមហាម៉ាស គឺជារូបភាពមួយ ដែលពិភពលោក ស្គាល់ថាជា “ ល្បែងរុស្ស៊ី ដើរតួជាអាជ្ញាកណ្តាល ” ។ “យើងកំពុងព្រួយបារម្ភក្រៃលែង ” នេះជា សំដីរបស់អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ កាលពីថ្ងៃសៅរ៍មុន។ ចំណែក លោក Mikhail Bogdanov ដែលជាប្រេសិតពិសេស របស់ក្រេមឡាំង ទទួលបន្ទុកតំបន់មជ្ឈឹមបូព៏ា បានអំពាវនាវ ឲ្យភាគីបដិបក្ខទាំងសងខាង “បញ្ឈប់ការបាញ់គ្នា”។“នេះគឺជាឥរិយាបទ ដែលគេបានទាយទុកមុនស្រាប់។ ជាទម្លាប់ យុទ្ធសាស្ត្រទី១របស់រុស្ស៊ី ក្នុងករណីមានជម្លោះនៅប្រទេសផ្សេង គឺការសំដែងនូវគោលជំហរជាអន្តរការី ក្នុងទម្រង់ នៃការជួយសម្រួលភាពតានតឹង ដើម្បីប្រយោជន៍រួម” នេះជាការពន្យល់ របស់លោក Ivan Klyszcz ដែលជាអ្នកឯកទេសខាងនយោបាយការបរទេសរបស់រុស្ស៊ី ជាពិសេសជាមួយបណ្តាប្រទេសអាហ្វ្រិក នៅមជ្ឈមណ្ឌល International Center for Defence and Security in Estonia ។ ។តែមិនយូរប៉ុន្មាន ល្បែងតុល្យភាពរបស់រុស្ស៊ី ដូចមាននិយាយពីខាងលើ ចាប់ផ្តើមផ្អៀងទៅ “ការពារផលប្រយោជន៍ប៉ាឡេស្ទីន ទោះបីជារុស្ស៊ីពុំទាន់ប្រកាសឲ្យឃើញ គោលជំហរ ជាផ្លូវការត្រង់ៗរបស់ខ្លួន នៅឡើយ នេះជាការលើកឡើងរបស់លោកDanilo delle Fave អ្នកជំនាញ ផ្នែកប្រទេសរុស្ស៊ីដែលធ្លាប់ធ្វើការនៅ International Team for the Study of Security (ITSS) នៅទីក្រុង Verona ប្រទេសអ៊ីតាលី។ លោក ធ្លាប់បានធ្វើការសិក្សាវិភាគ អំពីទំនាក់ទំនងរវាងម៉ូស្គូ ជាមួយ អ៊ីស្រាអែល និង ប៉ាឡេស្ទីន។ដំណើរនៃការលំអៀងពីសំណាក់រុស្ស៊ីទៅរក ប៉ាឡេស្ទីន នេះ អាចចែកចេញជា ៣ ដំណាក់កាល។ទី១ យោងតាមកាសែតបារាំង Le Monde លោក Ramzan Kadyrov មេដឹកនាំខេត្តឆេឆេនីដែលជាដែនដីចំណុះសហព័ន្ធរុស្ស៊ី ដែលភាគច្រើនលើសលប់ នៃប្រជាជនរស់នៅកាន់សាសនាអ៊ីស្លាម បានបង្ហាញជំហរ គាំទ្រប៉ាឡេស្ទីន ដោយត្រង់ៗ តែម្តង។ គួររំឭកថា រុស្ស៊ី តែងប្រើឈ្មោះមេដឹកនាំអ៊ីស្លាមរូបនេះ ដើម្បីបញ្ជូនសារទៅកាន់ បណ្តាប្រទេសអារ៉ាប់។ទី ២ លោក Ivan Klyszcz បន្តទៀតថា ៖ នៅក្រុមប្រឹក្សាសន្តិសុខ អសប ក្នុងឱកាសនៃកិច្ចប្រជុំវិសាមញ្ញ ក្នុងលក្ខណៈបិទជិត ពោលគឺពុំមានវត្តមានសារព័ត៍មាន ឬ មហាជននានា “ រុស្ស៊ី ត្រូវគេសង្ស័យថា បានរាំងស្ទះ មិនឲ្យការអនុម័តសេចក្តីថ្កោលទោស អំពើវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល អាចឈានទៅដល់ការសម្រេចបាន ។ជំហានទី៣ លោក Ahmed Aboul Gheit រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីព និង ជាអគ្គលេខា នៃ សម្ព័ន្ធប្រទេសអារ៉ាប់ បានអញ្ជើញមកកាន់ក្រុងម៉ូស្គូ កាលពីថ្ងៃចន្ទ កន្លងទៅ ហើយតាមទីភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ី Tass លោក Mahmoud Abbas ប្រមុខរដ្ឋប៉ាឡេស្ទីន ក៏គ្រោងធ្វើដំណើរមកកាន់រុស្ស៊ី ដូចគ្នាដែរ។ទំនាក់ទំនងកាន់តែជិនស្និត ជាមួយចលនា ហាម៉ាស ផ្ទុយមកវិញ ពុំមានសញ្ញាអ្វីមួយ ដែលសឲ្យឃើញថា ម៉ូស្គូ បានទាក់ទងទៅ អ៊ីស្រាអែល ក្រោយការវាយប្រហារ ពីសំណាក់ក្រុម ហាម៉ាស ឡើយ។ ពុំតែប៉ុណ្ណោះ រុស្ស៊ី ថែមទាំងអវត្តមាន ក្នុងឱកាសដែលបណ្តាប្រជាជាតិនានាដ៏ច្រើនលើសលុប នាំគ្នាសំដែងសាមគ្គីភាពជាមួយ ប្រជាជនអ៊ីស្រាអែលដែលរងគ្រោះ ដោយការវាយប្រហារនោះ។ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារទី ១០ តុលា បែរជាបានអំពាវនាវ ឲ្យបង្កើត “ រដ្ឋប៉ាឡេស្ទីន” ទៅវិញ។លោក Ivan Klyszcz វិភាគបន្តទៀតថា៖ ចំណុចមួយ ដែលគួរឲ្យចាប់អារម្មណ៍នោះ គឺជំនួបរវាង រដ្ឋមន្ត្រីការបរទេរសរុស្ស៊ី និង លោក Ahmed Aboul Gheit រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីព ដែលត្រូវបានរៀបចំឡើង ទៅតាមការចង់បានរបស់ ប្រទេសសម្ព័ន្ធអារ៉ាប់។ ការណ៍នេះ បង្ហាញថា រុស្ស៊ីដែលជាប្រទេសសមាជិកអចិន្ត្រៃយមួយ ក្នុងក្រុមប្រឹក្សាសន្តិសុខ អសប គឺជាគោលដៅសំខាន់បំផុត សម្រាប់បណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ ដោយប្រទេសទាំងនេះរំពឹងថា នឹងអាចបង្កើតបាននូវគោលជំហរ រួមមួយជាមួយរុស្ស៊ី ចំពោះស្ថានការណ៍នៅ អ៊ីស្រាអែល និង នៅតំបន់ Gaza ។ដែលពោលពីខាងលើនេះ គឺសឲ្យឃើញថា សម្ព័ន្ធអារ៉ាប់ ចង់បានម៉ូស្គូមកជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងបរិបទនៃជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន។ សូមរំឭកថា “ដើមឡើយ សហភាពសូវៀត ធ្លាប់គាំទ្រអ៊ីស្រាអែល ដែលពេលនោះអ៊ីស្រាអែល គឺជារដ្ឋទើបតែកើតថ្មីថ្មោងនៅឡើយ ពោលគឺកាលនោះប្រទេសនេះ ស្ថិតក្រោមអំណាចនៃអតីតរាជាណាចក្រ បស្ចិមលោកនិយម។ ទាំងនេះ គឺជាសំដី របស់អ្នកវិភាគឈ្មោះ Danilo delle Fave ។ តែចាប់ពីក្រោយទសវត្សរ៍ ឆ្នាំ ១៩៧០ មក ម៉ូស្គូ ងាកទៅគាំទ្របុព្វហេតុប៉ាឡេស្ទីនវិញ ដ្បិតរុស្ស៊ី យល់ថានេះគឺជា មធ្យោបាយល្អមួយ ដើម្បីទាក់ទាញពិភពអារ៉ាប់ ដែលពុំសូវចូលចិត្តអាមេរិកស្រាប់ ឲ្យមកជ្រកក្រោមឥទ្ធិពលរបស់ខ្លួន។តែទោះជាយ៉ាងណាក៏ដោយ រាល់ទំនាក់ទំនងនានា ជាមួយនឹងចលនាហាម៉ាស គឺពុំមែនជារឿងងាយស្រួលនោះទេ។ គួររំឭកថា តាំងពីដើមមក រុស្ស៊ី តែងរក្សាគម្លាតឆ្ងាយ ពីចលនាឥស្លាមនិយមនានា ដូចមានករណីសម័យសង្គ្រាមនៅឆេឆេនី ជាឧទាហរណ៍ស្រាប់។ ទន្ទឹមគ្នានេះ រុស្ស៊ី ពុំភ្លេចទេថា មានជនជាតិរុស្ស៊ី ដល់ទៅជាង ១ លាននាក់ ដែលកំពុងរស់នៅក្នុង ប្រទេសអ៊ីស្រាអែលសព្វថ្ងៃ ដូច្នេះទោះចង់ឬមិនចង់ រុស្ស៊ី ចាំបាច់ត្រូវបញ្ជៀសអ៊ីស្រាអែល កុំឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាម។ចាប់ពី ទសវត្សរ៍ឆ្នាំ ២០០០ និង ក្រោយពីចលនាហាម៉ាស បានឈ្នះការបោះឆ្នោតនៅតំបន់ Gaza ក្នុងឆ្នាំ ២០០៦ មក ទំនាក់ទំនងនានាជាមួយប៉ាឡេស្ទីន បានជួបប្រទះនូវបញ្ហាស្មុគស្មាញច្រើន។ រុស្ស៊ី សំឡឹងឃើញភាពតានតឹងនេះ គឺជាឱកាសល្អមួយ ដើម្បីក្តាប់ឥទ្ធិពលគោលនយោបាយការទូតរបស់ខ្លួន ក្នុងតំបន់នេះ ខណៈដែលប្រទេសបស្ចិមលោក បដិសេធដាច់អហង្ការ ពុំទទួលស្គាល់ជាដាច់ខាត នូវវត្តមានចលនាហាម៉ាស ដែលគេចាត់ទុកជាអង្គការភេរវកម្មនិយម។ នេះគឺជា វិធីសាស្ត្រមួយរបស់រុស្ស៊ី ដើម្បីដណ្តើមយកសំឡេងគាំទ្រ ឈ្នះលើសហរដ្ឋអាមេរិក ពីសំណាក់ប្រទេសនានាក្នុងតំបន់មជ្ឈឹមបូព៏ា នេះបើតាម សេចក្តីសន្និដ្ឋានរបស់ អ្នកវិភាគ នៃអង្គការ International Team for the Study of Security (ITSS) នៅក្រុង Verona ប្រទេសអ៊ីតាលី៕
តើក្រុមហាម៉ាសប៉ាឡេស្ទីន ជានរណា?
ថ្ងៃសៅរ៍ ទី៧តុលា ចលនាអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានបើកការវាយប្រហារទ្រង់ទ្រាយធំ និងដ៏សាហាវបំផុតមិនធ្លាប់មានពីមុនមក នៅក្នុងទឹកដីអ៊ីស្រាអែល បើគិតចាប់ពីពេលដែលក្រុមនេះ បានកាន់កាប់អំណាចទាំងស្រុង នៅតំបន់ហ្កាហ្សា នៅឆ្នាំ២០០៧។ ការវាយឆ្មក់របស់ក្រុមហាម៉ាសនេះ បានធ្វើឲ្យផ្ទុះឆេះក្លាយជាសង្គ្រាម ដោយអ៊ីស្រាអែលបានសន្យាថា នឹងកំទេចក្រុមហាម៉ាសឲ្យរលាយក្លាយជាផេះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១២តុលា ប្រតិបត្តិការវាយឆ្មក់ទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស បានផ្តាច់ជីវិតមនុស្សប្រមាណ១២០០នាក់នៅអ៊ីស្រាអែល និងរបួសជាច្រើនពាន់នាក់ទៀត។ អ៊ីស្រាអែលបានបើកការវាយប្រហារឆ្លើយតបវិញ ទៅលើតំបន់ហ្កាហ្សា ដោយបានបាញ់មីស៊ីលជិញ្ជ្រុំ ៥ជាប់គ្នា បណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោច១២០០នាក់ ដែលក្នុងនោះមានស្ត្រី និងកុមារប៉ាឡេស្ទីនជាច្រើននាក់ ព្រមទាំងមានរបួសប្រមាណ៣០០០នាក់។ អាជ្ញាធរអ៊ីស្រាអែលបានអះអាងថា គេបានសម្លាប់សមាជិកក្រុមហាម៉ាស ចំនួនយ៉ាងហោច១៥០០នាក់ ដែលបានសំរុកចូលទឹកដីអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។ជាមួយនឹងគ្រាប់រ៉ូកែត ចំនួនប្រមាណ៥០០០គ្រាប់ ដែលក្រុមនេះបានអះអាងថាបានបាញ់ទៅលើអ៊ីស្រាអែល ក្នុងរវាងប៉ុន្មានថ្ងៃមកនេះ ក្រុមហាម៉ាសកំពុងតែមានឈ្មោះល្បីរន្ទឺ ត្រូវបានគេនិយាយដល់យ៉ាងព្រោងព្រាត សឹងពាសពេញពិភពលោក។ ពីខាងអាល្លឺម៉ង់ លោកអធិការបតី អូឡាហ្វ ស្ហុលស៍ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី១២តុលាថា អាជ្ញាធរអាល្លឺម៉ង់ នឹងបង្កើនការប្រុងប្រយ័ត្ន ដើម្បីហាមឃាត់សកម្មភាពទាំងអស់នៅលើទឹកដីអាល្លឺម៉ង់ ដែលពាក់ព័ន្ធនឹងក្រុមហាម៉ាសប៉ាឡេស្ទីន។ លោកប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ក៏បានថ្លែងអំពាវនាវ ទៅកាន់លោក ម៉ាសមូដ អាបាស ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន ថាត្រូវដល់ពេលចេញមុខ ថ្កោលទោសអំពើព្រៃផ្សៃរបស់ក្រុមហាម៉ាស។ក្រុមហាម៉ាសមានប្រវត្តិបែបណា?ប្រវត្តិរបស់ក្រុមហាម៉ាស គឺមិនអាចផ្តាច់ចេញបានទេ ពីតំបន់ហ្កាហ្សា។ ពាក្យ “ហាម៉ាស” គឺជាពាក្យអក្សរកាត់ បានមកពីពាក្យពេញថា Harakat Al Muqawarma Al Islamiya ដែលយើងអាចបកប្រែមកថា « ចលនានៃការតស៊ូអ៊ីស្លាម »។ ចលនានយោបាយនិងប្រដាប់អាវុធនេះ ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៨៧ ដោយមេដឹកនាំម្នាក់ឈ្មោះ Cheikh Ahmed Yassine។ចាប់តាំងពីពេលដំបូង ចលនាហាម៉ាស មានមនោគមន៍វិជ្ជាស្និទ្ធនឹងក្រុមចលនាភាតរៈអ៊ីស្លាមនៅអេហ្ស៊ីប។ ពោលគឺ ក្រុមហាម៉ាស មានគំនិតបង្កើតរដ្ឋប៉ាឡេស្ទីន ដោយយកសាសនាអ៊ីស្លាមជាច្បាប់កំពូល និងមានឆន្ទៈឈានទៅកំទេចអ៊ីស្រាអែល។ យ៉ាងណាមិញ នៅក្នុងអត្ថបទគោលនៃចលនានេះ គឺមានខ្លឹមសាររើសអើងស្អប់ខ្ពើមមកលើជនជាតិជ្វីហ្វ។ តាំងតែពីតំបូង ក្រុមហាម៉ាសបានរីកដុះដាលចាក់ឬស នៅក្នុងតំបន់ហ្កាហ្សា ដែលប្រមូលផ្តុំទៅដោយជនភៀសខ្លួនប៉ាឡេស្ទីន ដែលបានរត់ភៀសខ្លួន ក្រោយការបង្កើតរដ្ឋអ៊ីស្រាអែល នៅឆ្នាំ១៩៤៨។ពីមុនមក សកម្មភាពយុទ្ធសាស្ត្ររបស់ក្រុមហាម៉ាស គឺជាការធ្វើប្រតិបត្តិការវាយប្រហារភេរវកម្មអត្តឃាត ដើម្បីសម្លាប់ប្រជាជនស៊ីវីលអ៊ីស្រាអែល។ ប្រតិបត្តិការភេរវកម្មនេះ គឺទទួលបន្ទុកដោយ កងកម្លាំង Izz al-Din al-Qassam ដែលជាមែកធាងប្រដាប់អាវុធ របស់ក្រុមហាម៉ាស។ បើនិយាយលើផ្នែកនយោបាយវិញ ក្រុមហាម៉ាស ប្រឆាំងដាច់ខាត ទៅនឹងកិច្ចព្រមព្រៀងអូស្លូ ឆ្នាំ១៩៩៣ ដែលអាជ្ញាធរប៉ាឡេស្ទីន បានចុះហត្ថលេខាជាមួយអ៊ីស្រាអែល ហើយដែលធ្លាប់ជាក្តីសង្ឃឹមនៃការឈានទៅកសាងសនិ្តភាព មុននឹងអ្វីៗត្រូវរលាយក្លាយជាផេះ។ចាប់ពីឆ្នាំ២០០០ ក្រុមហាម៉ាស បានចាប់ផ្តើមប្តូរយុទ្ធសាស្ត្រ ដោយបានបាញ់គ្រាប់រ៉ូកែតចេញពីតំបន់ហ្កាហ្សា ឆ្ពោះមកកាន់ទឹកដីអ៊ីស្រាអែល។ ក្រុមហាម៉ាសកាន់តែមានសន្ទុះរឹងមាំឡើង នៅក្នុងអំឡុងពេល ចលនា Intifada លើកទី២ នៅរវាងដើមទសវស្សឆ្នាំ២០០០។ធ្វើផ្គរធ្វើភ្លៀងតែម្នាក់ឯងនៅតំបន់ហ្កាហ្សានៅឆ្នាំ២០០៦ ចលនាហាម៉ាស បានឈានទៅឈ្នះក្នុងការបោះឆ្នោតសភាប៉ាឡេស្ទីន ជាមួយនឹងសំឡេងឆ្នោត៥៦%។ ជ័យជំនះនេះ បានធ្វើឲ្យក្រុមហាម៉ាសកាន់តែមានមោទនៈភាព ហើយបានបង្កើតឲ្យការប្រេះឆាកាន់តែខ្លាំងឡើង ជាមួយក្រុមហ្វាតា ដែលជាអង្គភាពនយោបាយដ៏សំខាន់មួយទៀតរបស់ប៉ាឡេស្ទីន។ សង្គ្រាមស៊ីវីលក៏បានផ្ទុះឡើងរវាងចលនាប៉ាឡេស្ទីនទាំង២នេះ ហើយទីបំផុត ក្រុមហ្វាតា បានបង្ខំចិត្ត ចាកចេញពីតំបន់ហ្កាហ្សានៅឆ្នាំ២០០៧ ដោយទុកឲ្យក្រុមហាម៉ាសធ្វើផ្គរធ្វើភ្លៀង គ្រប់គ្រងយ៉ាងផ្តាច់ការនៅតំបន់ហ្កាហ្សាតែម្នាក់ឯង តាំងតែពីពេលនោះមក។គួររំលឹកថា ជម្លោះប្រដាប់អាវុធរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ធ្លាប់បានកើតឡើងច្រើនដឹងមកហើយ។ នៅឆ្នាំ២០១៤ ភាគីទាំង២បានចុះកិច្ចបទឈប់បាញ់ជាមួយគ្នា ហើយកាលនោះ អ៊ីស្រាអែលគិតស្មានថា បានវាយបំផ្លាញសមត្ថភាពប្រយុទ្ធរបស់ក្រុមហាម៉ាសបានទាំងស្រុង។ តែតំបន់ហ្កាហ្សាទាំងមូល នៅតែស្ថិតក្នុងកណ្តាប់ដៃរបស់ក្រុមហាម៉ាសដដែល។ ស្រាប់តែនៅឆ្នាំ២០២១ ប្រវត្តិសាស្ត្របានជាន់ដានម្តងទៀត ជាមួយនឹងការផ្ទុះសង្គ្រាមសារជាថ្មី។ ក្រុមហាម៉ាស មិនត្រឹមតែមិនចុះខ្សោយទេ តែថែមទាំងមានសមត្ថភាពសព្វាវុធកាន់តែសំបូរបែប ជាមួយនឹងគ្រាប់រ៉ូកែតដ៏ច្រើនសន្ធឹក បាញ់ចូលកាន់តែជ្រៅទៅក្នុងទឹកដីអ៊ីស្រាអែល។ នៅឆ្នាំ២០២១ ក្រុមហាម៉ាស មានសមាជិកដែលជាកងកម្លាំងប្រយុទ្ធ ចំនួនប្រមាណ ៤ម៉ឺននាក់។ប្រឈមនឹងកម្លាំងកើនឡើងរបស់ក្រុមហាម៉ាសនេះ អ៊ីស្រាអែល បានប្រឹងប្រែងអភិវឌ្ឍន៍ប្រព័ន្ធខែលមីស៊ីល ដើម្បីការពារសុវត្ថិភាព។ តែយ៉ាងណា ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលគេតែងអួតសរសើរនេះ បានបង្ហាញចំណុចខ្សោយ កាលពីថ្ងៃសៅរ៍ទី៧តុលាកន្លងទៅនេះ។ គ្រាប់រ៉ូកែតជាច្រើនរយគ្រាប់របស់ពួកហាម៉ាស បានរបូតហោះចូលទៅវាយកំទេចអគារជាច្រើនទីតាំង ក្នុងទឹកដីអ៊ីស្រាអែល។លក្ខណៈភូមិសាស្ត្រតំបន់ហ្កាហ្សាអស់រយៈពេល១៦ឆ្នាំមកហើយ ដែលប្រជាជនតំបន់ហ្កាហ្សាត្រូវរស់នៅ ក្នុងកណ្តាប់ដៃដែករបស់ក្រុមហាម៉ាស។ មានទទឹងចន្លោះ ពី៦ ទៅ១២គីឡូម៉ែត្រ និងបណ្តោយប្រវែង៤១គីឡូម៉ែត្រ តំបន់ហ្កាហ្សាមានផ្ទៃដីប្រមាណតែ៣៦០គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ ពោលគឺជាភូមិសាស្ត្រដ៏តូចចង្អៀត។នៅខាងលិច តំបន់ហ្កាហ្សា បែរមុខជាប់សមុទ្រម៉េឌីទែរ៉ាណេ នៅខាងជើង និងខាងកើត គឺជាប់អ៊ីស្រាអែល ហើយនៅខាងត្បូង ជាប់ព្រំដែនអេហ្ស៊ីប។ ហ្កាហ្សា សឹងតែត្រូវកាត់ផ្តាច់ពីពិភពខាងក្រៅ ហើយជាពិសេសនោះ គឺនៅដាច់ឆ្ងាយពីដែនដីប៉ាឡេស្ទីន មួយចំហៀងទៀត គឺតំបន់ស៊ីហ្សកដានី។ ហ្កាហ្សា មានច្រកចេញចូលតែ៣ទីតាំងតែប៉ុណ្ណោះ គឺនៅខាងជើង ឈ្មោះចំណុច Eretz ជាមួយអ៊ីស្រាអែល ខាងត្បូងឈ្មោះចំនុច Kerem Shalom ជាមួយអ៊ីស្រាអែលដែរ និងចំនុចមួយទៀតឈ្មោះ Rafah ជាមួយអេហ្ស៊ីប។មានប្រជាជនសរុប ប្រមាណ២លាន៣សែននាក់ តំបន់ហ្កាហ្សាមានដង់ស៊ីតេប្រជាជន ដល់ទៅជាង ៥០០០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ ពោលគឺជាតំបន់ ដែលមានមនុស្សរស់នៅណែនណាន់តាន់តាប់។ ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា សំបូរយុវជនក្មេងៗ ដែលអាយុជាមធ្យម គឺ២១ឆ្នាំ។ ២ភាគ៣ នៃប្រជាជនទាំងអស់ គឺមាននឈ្មោះជាជនភៀសខ្លួន។ កត្តាជីវភាពវិញ គឺក្រីក្រណាស់ ព្រោះថាតំបន់ហ្កាហ្សា ពុំមានភោគផលធនធានធម្មជាតិអ្វីឡើយ ក្រៅតែពីការនេសាទនៅក្នុងសមុទ្រ។ បិទខ្ទប់ គ្មានទំនាក់ទំនងជាមួយពិភពខាងក្រៅ គឺមានតែក្រុមហាម៉ាសតែមួយគត់ ដែលគ្រប់គ្រងអំណាច និងធ្វើព្យុះធ្វើភ្លៀង នៅក្នុងតំបន់ហ្កាហ្សា។ហាម៉ាសជាក្រុមភេរវកម្ម ឬក៏ជាតំណាងស្របច្បាប់នៃចលនារំដោះប៉ាឡេស្ទីន?ការទទួលស្គាល់ ឬការចាត់ទុកក្រុមហាម៉ាស គឺមានការប្រែប្រួល មិនដូចគ្នាទេ។ សម្រាប់អ៊ីស្រាអែល ក៏ដូចជាក្រុមប្រទេសលោកខាងលិច ជាក់ស្តែង សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម គឺក្រុមហាម៉ាសជាក្រុមភេរវកម្ម។ ចំណែកអាហ្ស៊ីបវិញ ចាត់ទុកកងកម្លាំង Izz al-Din al-Qassam ដែលមែកធាងប្រដាប់អាវុធរបស់ក្រុមហាម៉ាស ថាជាក្រុមភេរវកម្ម ព្រោះកងកម្លាំងនេះមានទំនាក់ទំនង ជាមួយពួកចលនាជីហាតស៊ូនីត នៅតំបន់ស៊ីណៃរបស់អេហ្ស៊ីប។ដោយឡែក ក្រុមហាម៉ាសខ្លួនឯង មើលក្នុងកញ្ចក់ឃើញខ្លួនឯង ថាជាចលនាដ៏ស្របច្បាប់បំផុត តំណាងឲ្យប្រជាជនប៉ាឡេស្ទីន។ ភាពស្របច្បាប់ដែលកាន់តែរឹងមាំ ក្រោយជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០០៦។ តែតាំងពីនោះមក ការបោះឆ្នោតមិនត្រូវបានគេរៀបចំទៀតឡើយ នៅតាមដែនដីប៉ាឡេស្ទីន មិនថានៅហ្កាហ្សា ឬនៅស៊ីហ្សកដានី។ ក្រុមហាម៉ាសប្រកាសថា ការរំដោះប្រជាជនប៉ាឡេស្ទីន គឺជាបុព្វហេតុដ៏ធំ និងជាកាតព្វកិច្ចខ្លួនក្នុងនាមជាអ្នកកាន់សាសនាអ៊ីស្លាម។ ហើយបុព្វហេតុនេះ មានការជួយទំនុកបម្រុងគាំទ្រ ពីបណ្តាប្រទេសអ៊ីស្លាមមួយចំនួន តួយ៉ាង កាតាដែលជួយផ្តល់ប្រាក់រាប់រយលានដុល្លារជារៀងរាល់ឆ្នាំ និងក្រោយមកមានអ៊ីរ៉ង់ ដែលជួយជាគ្រឿងសព្វាវុធ ដើម្បីវាយប្រហារអ៊ីស្រាអែល។ អាវុធរបស់អ៊ីរ៉ង់ ត្រូវបានបញ្ជូនចូលទៅតំបន់ហ្កាហ្សា តាមបណ្តាញសំងាត់ នៅតាមរូងក្រោមដីនៅភាគខាងត្បូង។ក្នុងក្របខណ្ឌគោលនយោបាយផ្ទៃក្នុងវិញ ក្រុមហាម៉ាស មានទំនោរចង់បង្កើតរដ្ឋអំណាចផ្តាច់ការ ឈរច្បាប់កំពូលនៃសាសនាអ៊ីស្លាម។ ការរំលោភបំពានសិទ្ធិមនុស្ស ត្រូវបានគេរាយការណ៍ជារឿយៗ តួយ៉ាង ការចាប់ឃាត់ខ្លួន អំពើទារុណកម្ម ការប្រហារជីវិតក្រៅប្រព័ន្ធច្បាប់ ការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មានជាដើម។ល។ ជាងនេះទៀត ក្រុមហាម៉ាស ត្រូវបានគេចោទជាញឹកញាប់ ថាបានប្រើប្រាស់ប្រជាជនស៊ីវីល ជាក់ស្តែង គឺកុមារ ដើម្បីធ្វើជាខែលការពារអគារ និងទីកន្លែងលាក់ខ្លួន ពីការបាញ់មីស៊ីលរបស់អ៊ីស្រាអែល។ ក្រុមហាម៉ាសមិនត្រឹមតែមិនបដិសេធទេ ថែមទាំងបានអះអាងថា “គ្រប់មធ្យោបាយទាំងអស់គឺវាសក្តិសម ដើម្បីឈានទៅសម្រេចបុព្វហេតុចំបង គឺការកំទេចអ៊ីស្រាអែល”។តើស្ថានភាពសេដ្ឋកិច្ចតំបន់ហ្កាហ្សា លំបាកកម្រិតណា?ជាច្រើនឆ្នាំមកហើយ ដែលតំបន់ហ្កាហ្សា ស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ វាគឺជាលទ្ធផល នៃភាពជោគជ័យកាន់តែរីកធំ របស់ក្រុមហាម៉ាសផង និងជាបរាជ័យរបស់ក្រុមនេះផង ដែលគ្មានសមត្ថភាពស្រោចស្រង់ជីវភាពរបស់ប្រជាជនប៉ាឡេស្ទីន។ ប្រជាជនតំបន់ហ្កាហ្សា មានចំណូលប្រចាំថ្ងៃ ក្រោម២ដុល្លារក្នុងមួយថ្ងៃ ពោលគឺទាបជាងប្រជាជនប៉ាឡេស្ទីននៅតំបន់ស៊ីហ្សកដានី ១ជា២ដង។ពី១ឆ្នាំទៅ១ឆ្នាំ ប្រជាជនតំបន់ហ្កាហ្សា មានអារម្មណ៍ខ្លួនត្រូវបានសហគមន៍អន្តរជាតិ និងបណ្តាប្រទេសអារ៉ាប់ផ្សេងទៀតបំភ្លេចចោល ជាពិសេសក្រោយការការខិតចូលកៀកគ្នា រវាងអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់មួយចំនួន តាមរយៈកិច្ចព្រមព្រៀងAbraham។ អត្រាអ្នកអត់ការងារធ្វើនៅតំបន់ហ្កាហ្សា មានដល់ទៅ៥០%។ ចរន្តអគ្គីសនី ត្រូវកាត់ផ្តាច់ជាញឹកញាប់ បរិមាណទឹកស្អាតប្រើប្រាស់ ក៏មានកំណត់។ វិបត្តិកូវីដ១៩ បានផ្ទុះឡើង បន្ថែមការលំបាកទ្វេរដងដល់ប្រជាជននៅហ្កាហ្សា។ក្រុមការងារមនុស្សធម៌នៃអង្គការសហប្រជាជាតិ ជាក្តីសង្ឃឹម និងបង្អែកដ៏សំខាន់បំផុត សម្រាប់ប្រជាជននៅហ្កាហ្សា។ ក្រៅពីការនេសាទ ហ្កាហ្សា គ្មានធនធានអ្វីទាំងអស់។ ហើយការនេសាទទៀតសោត ត្រូវបានអាជ្ញាធរអ៊ីស្រាអែល ដាក់កំហិត និងរារាំងជាបន្តបន្ទាប់។ ទាំងអ៊ីស្រាអែល ទាំងអេហ្ស៊ីប គឺបានអនុវត្តគោលនយោបាយបិទខ្ទប់សេដ្ឋកិច្ច ទៅលើតំបន់ហ្កាហ្សា ដើម្បីដាក់សំពាធលើក្រុមហាម៉ាស។ស្ថានការណ៍នេះ បានចិញ្ចឹមបំប៉ននូវសេចក្តីឈឺចាប់ និងទឹកចិត្តខឹងក្រេវក្រោធ របស់ពពួកសមាជិកក្រុមហាម៉ាស។ តែទន្ទឹមគ្នានេះ ស្ថានការណ៍លំបាកនេះ ក៏គឺជាលទ្ធផលនៃកង្វះសមត្ថភាពគ្រប់គ្រង របស់ក្រុមហាម៉ាសខ្លួនឯងដែរ។ គឺក្រុមហាម៉ាសខ្លួនឯង ដែលពុករលួយ បក្សពួកនិយម ប្រមូលប្រាក់ចែកចាយតែក្រុមគ្នាឯង មិនគិតប្រឹងប្រែងកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់ហ្កាហ្សា។ សេដ្ឋកិច្ចតំបន់ហ្កាហ្សា រស់បានដោយសារតែការជួញដូររត់ពន្ធ ផ្លូវងងឹតនៅច្រកRafah ជាមួយអេហ្ស៊ីប។ ប្រទេសកាតា គឺជាអ្នកទំនុកបំរុងចិញ្ចឹមក្រុមហាម៉ាស ដោយផ្តល់ប្រាក់ច្រើនរយលានដុល្លារក្នុងមួយឆ្នាំ ព្រោះថាកាតានិងហាម៉ាស មានទំនោរមនោគមន៍វិជ្ជាដើរតាមក្រុមភាតរៈអ៊ីស្លាមដូចគ្នា៕
រុស្ស៊ីផ្ទុះកំហឹងខ្លាំង ខណៈរដ្ឋសភាអាមេនីផ្តល់សច្ចាប័នភ្ជាប់ប្រទេសនេះទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ
ថ្ងៃអង្គារ ទី ៣ តុលា រដ្ឋសភាអាមេនី បានផ្តល់សច្ចាប័នលើ សេចក្តីសម្រេចភ្ជាប់ប្រទេសនេះ ទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ CPI។ ទង្វើនេះបានបង្កនូវក្តីខឹងសម្បា ពីសំណាក់ក្រុងម៉ូស្គូ ដែលថ្កោលទោសថា នេះជាសេចក្តីសម្រេច ពុំត្រឹមត្រូវ និង វង្វេងវង្វាន់។ ការណ៍នេះ រំលេចឲ្យឃើញពី ទំនាស់ថ្មី រវាងប្រទេសទាំងពីរ ដែលធ្លាប់ជាសម្ព័ន្ធមិត្តពីដើមមក តែអំណើះតទៅ ប្រែក្លាយជា សត្រូវ មើលមុខគ្នាលែងចំទៅវិញ។ ក្រុមតំណាងរាស្ត្រអាមេនី បានបោះឆ្នោតដើម្បីផ្តល់សច្ចាប័នដល់ លក្ខន្តិកៈក្រុងរ៉ូម ដែលជា សន្ធិសញ្ញាស្ថាបនិក នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ CPI ដោយមានសម្លេងគាំទ្រចំនួន ៦០ ទល់នឹងសម្លេងជំទាស់តែ ២២។សម្រាប់ប្រទេសរុស្ស៊ី ការភ្ជាប់ខ្លួនរបស់អាមេនី ទៅនឹងតុលាការ CPI គឺជាដំណឹងអាក្រក់មួយ។ គួរំឭកថា កាលពីប៉ុន្មានខែមុន តុលាការ CPI បានចេញដីកាម្តងរួចមកហើយ តម្រូវឲ្យចាប់ខ្លួនលោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ចំពោះ “ ការនិរទេស” កុមារាកុមារីអ៊ុយលក្រែន មកប្រទេសរុស្ស៊ី។អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ បានទិតៀន សេចក្តីសម្រេច របស់រដ្ឋសភាអាមេនីថាជា “ ក្កីភាន់ច្រឡំសុទ្ធសាធ” ហើយបន្តថាទង្វើនេះ នឹងបង្កើនភាពល្អក់កករកាន់តែខ្លាំង ក្នុងទំនាក់ទំនងឧភតោភាគីនៃប្រទេសទាំងពីរ ។ អ្នកនាំពេលដដែលនេះ បន្តថា អាមេនី គួរតែរក្សាចំណងសម្ព័ន្ធភាព ជាមួយរុស្ស៊ី ជាជាងបង្កឲ្យកើតមានទំនាស់ រវាងប្រទេសទាំងពីរ។ប៉ុន្តែ ចំពោះ អាមេនី វិញ ការភ្ជាប់ខ្លួនទៅនឹង តុលាការនេះ គឺជាក្តីសង្ឃឹមមួយ ដើម្បីទទួលបាននូវ ការការពារបន្ថែមទៀត តទល់នឹងប្រទេស អាស៊ែរបែដហ្សន់ ជាប្រទេសជិតខាង ដែលខ្លាំង និង មានអំណាចជាង។ គួរបញ្ជាក់ថា អាស៊ែរបែដហ្សន់ ទើបនឹងដណ្តើមបាន ជ័យជំនះ យោធា រហ័សដូចផ្លេកបន្ទោរ លើពួកឧទ្ទាមជាតិអាមេនី ដែលបានផ្តាច់យកទឹកដី កាលពីជាង ៣០ ឆ្នាំមុន នៅក្នុងតំបន់ ការ៉ាបាក់ ដែលសព្វថ្ងៃស្ថិត នៅក្នុងដែនដីអាស៊ែរបែដហ្សន់។ភ្ជាប់ខ្លួនទៅនឹង តុលាការ CPI គឺ មានន័យ“ បង្កើតជាការធានាថែមទៀត សម្រាប់អាមេនី តទល់នឹង អាស៊ែរបែដហ្សន់ នេះជាសេចក្តីថ្លែងការរបស់ លោក Eghiche Kirakosian មន្ត្រីអាមេនីទទួលបន្ទុក កិច្ចការ របស់តុលាការអន្តរជាតិ ក្នុងពេលបើកសម័យប្រជុំពិភាក្សា ជុំវិញបញ្ហាផ្តល់សច្ចាប័ននេះ កាលពីនៅថ្ងៃអង្គារកន្លងទៅ។ ថ្លែងនៅពីមុខ ក្រុមតំណាងរាស្ត្រអាមេនី លោក Eghiche Kirakosian បានសង្កត់ធ្ងន់ដូចតទៅ ៖ ការផ្តល់សច្ចាប័នដល់ លក្ខន្តិកៈក្រុងរ៉ូម គឺជាការធានា ទល់នឹង ការលុកលុយជាយថាហេតុ ពីអាស៊ែរបែដហ្សន់ មកលើអាមេនី ហើយដែលការធានានេះ ស្ថិតក្នុង សមត្ថភាព របស់តុលាការ CPI ។គួររំឭកថា អាមេនី បានចុះហត្ថលេខា លើ លក្ខន្តិកៈក្រុងរ៉ូម ក្នុងឆ្នាំ ១៩៩៩ ដែលកាលនោះ ពុំបានផ្តល់ សច្ចប័នភ្លាមទេ ដោយហេតុថា ចំណុចមួយចំនួនក្នុងសំណុំឯកសារនោះ គឺផ្ទុយនឹង រដ្ឋធម្មនុញ្ញខ្លួន។ តែ ឧបសគ្គនេះ ត្រូវបានដកចេញទៅហើយ។យ៉ាងណាមិញ បណ្តាគណបក្សប្រឆាំង ដែលក្តាប់បានអាសនៈចំនួន ៣៦ លើ ១០៧ អាសនៈនៅក្នុងរដ្ឋសភាអាមេនី បានប្រឆាំងតវ៉ា នឹងការបើកសម័យប្រជុំពិភាក្សាបញ្ហាផ្តល់សច្ចប័ន បែបទាន់ហន់ ហើយបានដើរចេញពីសាលប្រជុំ។តាំងពីថ្ងៃព្រហស្បត៏សប្តាហ៍មុន វិមានក្រេមឡាំង បានព្រមានថា រុស្ស៊ីនឹងចាត់ទុក ការភ្ជាប់ខ្លួន របស់អាមេនី ទៅនឹង តុលាការ CPI ថាជាការប្រកាសសត្រូវនឹងគ្នា។តំណាងផ្លូវការរបស់វិមានក្រេមឡាំង លោក ពេស្កូវ បន្ថែមទៀតថា ៖ ទោះយ៉ាងណា យើងសង្ឃឹមថា សេចក្តីសម្រេចទាំងនេះ នឹងពុំជះឥទ្ធពលអវិជ្ជមានមកលើ ទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ភាពល្អកកករថ្មីនេះ កើតឡើង ចំពេលដែលទំនាក់ទំនង រវាង អាមេនី និង រុស្ស៊ី កំពុងឆ្លងកាត់ បរិយាកាសអួរអ័ព្ទ។ក្រុង Erevan ប្រទេសអាមេនី បានខិតទៅជិតប្រទេសបស្ចិមលោកបន្តិចម្តងៗ ក្នុងប៉ុន្មានខែចុងក្រោយនេះ ដ្បិត រុស្ស៊ី ដែលធ្លាប់ជាសម្ព័ន្ធមិត្តពីមុន បានបោះបង់ខ្លួន ក្នុងគ្រាដែល អាស៊ែរបែដហ្សន់ បានវាយលុកកាលពីពេលថ្មីៗនេះ ទៅលើ តំបន់ ការ៉ាបាក់។ តែការយល់ឃើញដូច្នេះ ត្រូវ វិមានក្រេមឡាំង បដិសេធច្រានចោលទាំងស្រុង ។អស់រយៈពេល ៣ ឆ្នាំមកហើយ ដែលរុស្ស៊ី បានដាក់ពង្រាយកងទ័ពមួកខៀវរបស់ខ្លួន ឲ្យឈរជើងថែរក្សាសន្តិភាព នៅលើតំបន់ ការ៉ាបាក់ ពោលគឺក្រោយពីមានការវាយប្រហារពីខាង អាស៊ែរបែដហ្សន់។ ប៉ុន្តែ ផ្ទុយទៅវិញ ក្រុមកងទ័ពមួកខៀវនេះ ត្រឹមតែបានឈរ ឱបដៃមើល ខណៈ អាស៊ែរបែដហ្សន់ បានបើកយុទ្ធនាការវាយលុកដ៏គំហុក មកលើការ៉ាបាក់ លើកចុងក្រោយនេះ។ ចំណែកខាងរុស្ស៊ីឯណោះវិញ នៅថ្ងៃអង្គារ លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergey Shoigu បានកោតសរសើរ នូវសកម្មភាពរបស់ក្រុមកងទ័ពមួកខៀវរបស់រុស្ស៊ី ថែមទាំងសំដែងអំណរគុណ ដល់កងទ័ពនេះ ចំពោះ “ការលះបង់ និង ភាពម៉ឺងម៉ាត់ ក្លាហាន” របស់គេ ដោយបានជួយបញ្ចៀស កុំឲ្យជម្លោះនៅតំបន់ ការ៉ាបាក់ កាន់តែធ្លាក់ក្នុងសភាពដុនដាប។ជាតុល្យាការ ប្រតិបត្តិការវាយលុកពីអាស៊ែរបែដហ្សន់ មកលើ ការ៉ាបាក់ បានបង្កឲ្យមានមនុស្សស្លាប់ ប្រមាណ ៦០០ ។តាំងពីការវាយប្រហារនេះបានចាប់ផ្តើម ប្រជាជនជនជាតិអាមេនី ដែលរស់នៅក្នុងតំបន់ ការ៉ាបាក់ ប្រមាណ ១សែន ២ ម៉ឺននាក់ បាននាំគ្នាភៀសខ្លួន ទៅប្រទេសអាមេនី ក្នុងចំនួន ១ សែន ៥.០០០ នាក់ ទៅហើយ ពោលគឺធ្វើឲ្យ ការ៉ាបាក់ សឹងតែក្លាយជា វាលរហោស្ថាន ឥតមនុស្សរស់នៅ។ការ៉ាបាក់ គឺជាតំបន់ភ្នំ ដែលភាគច្រើនលើសលប់នៃប្រជាជនដែលរស់នៅទីនោះ គឺជាជនជាតិអាមេនី។ ប្រជាជនអាមេនី ចាត់ទុកថាទឹកដីនេះ ថាជាកម្មសិទ្ធរបស់ខ្លួន តាំងពីសម័យដូនតារៀងមក។ ជាក់ស្តែង ក្នុងឆ្នាំង ១៩៩១ ការ៉ាបាក់ បានប្រកាសឯករាជ្យជាឯកតោភាគី ផ្តាច់ខ្លួនចេញពីពី អាស៊ែរបែដហ្សន់ ដោយមានការគាំទ្របស់អាមេនី ស្របពេលដែល សហភាពសូវៀត ត្រូវរលំរលាយទៅ។ការប្រកាសឯករាជ្យជាឯកតោភាគីនេះ គឺពុំត្រូវបានទទួលស្គាល់ដោយ សហគមអន្តរជាតិឡើយ។ ក្នុងអំឡុងពេលជាង ៣ ទសវត្សរ៍មកនេះ ការ៉ាបាក់ បានធ្លាក់ក្នុងភ្លើងសង្គ្រាមជាមួយ អាស៊ែរបែដហ្សន់ ជាច្រើនសារ ពោលគឺក្នុងឆ្នាំ ១៩៨៨, ១៩៩៤ និង ២០២០។ការប្រយុទ្ធប្រឆាំងគ្នានេះ បានបំពុលទំនាក់ទំនងរវាង អាមេនី និង អាស៊ែរបែដហ្សន់ ដែលបានក្លាយជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា តាំងពីពេលនោះមក។ប្រទេសអាមេនី ក៏បានបានចោទទាហានអាស៊ែរបែដហ្សន់ ថាបានរំលោភព្រំប្រទល់ខ្លួន កាលពីខែ ឧសភា ឆ្នាំ ២០២១ ដើម្បីតាំងការត្រួតត្រាលើ ចំណែកមួយតូច នៃដែនដីនៅជាយដែនរបស់ខ្លួន៕
10/6/2023 • 6 minutes, 37 seconds រុស្ស៊ីចំអកផ្គើន ទៅនឹងទណ្ឌកម្មប្រេងឆៅ ពីសំណាក់ប្រទ េសមហាអំណាច G7 ?
អំណឹះតទៅ រុស្ស៊ីនាំចេញប្រេងឆៅរបស់ខ្លួន ក្នុងតម្លៃខ្ពស់ឆ្ងាយ លើសពីកម្រិតតម្លៃអតិបរមា ដែលកំណត់ដោយ ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ ឬ ហៅកាត់ថា G7។ ពោលគឺ ក្រុមប្រទេស G7 បានកំណត់តម្លៃអតិបរមា ត្រឹមតែ ៦០ ដុល្លារ ប៉ុណ្ណោះ ក្នុងមួយធុងបារីល។ តើនេះសឲ្យឃើញថា ទណ្ឌកម្មបស្ចិមប្រទេស ទៅលើរុស្ស៊ី ពុំមានប្រសិទ្ធភាពដូចការព្រាងទុកឬ ? គេដឹងថា រុស្ស៊ីបានប្រញាប់ប្រញាល់ ស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗនៅអាស៊ី ជាពិសេស គឺ នៅ ចិន និង ឥណ្ឌា ដែលសុទ្ធសឹងជាប្រទេស បដិសេធមិនគោរពតាម របបទណ្ឌកម្មខាងលើ។ រុស្ស៊ី ទទួលបានផលចំណេញយ៉ាងកាក់កប ដ្បិតប្រេងឆៅរុស្ស៊ីដែលលក់ចេញទៅក្រៅ គឺរួចពន្ធច្រើន បើធៀបនិងតម្លៃផ្លូវការ។ បច្ចុប្បន្ននេះ រុស្ស៊ី កំពុងលក់ប្រេងឆៅរបស់ខ្លួន ក្នុងតម្លៃខ្ពស់ជាងឆ្ងាយពី តម្លៃដែលកម្រិតត្រឹម ៦០ ដុល្លារដូចបញ្ជាក់ពីខាងលើ និង ពុំចាំបាច់មានធានារ៉ាប់រង ពីបណ្តាក្រុមហ៊ុននៃបស្ចិមប្រទេស។ ដ្បិតថា ការតំណត់តម្លៃអតិបរមានេះ គឺ ត្រូវគេអនុវត្តចំពោះតែ នាវារុស្ស៊ីដឹកប្រេង ដែលត្រូវមានធានារ៉ាប់រង។ តាមកាសែតអង់គ្លេស Financial Times ៣ភាគ៤ នៃ ប្រេងឆៅដែលនាំចេញដោយបណ្តាក្រុមហ៊ុនរុស្ស៊ី ក្នុងខែសីហា ត្រូវបានដឹកតាមនាវា ដែលគ្មានការធានារ៉ាប់រងទេ។ លើសពីនេះទៀត ម៉ូស្គូ ទទួលបានផលចំណេញច្រើន ពីសំណាក់បណ្តាប្រទេសជាឈ្មួញកណ្តាលមួយចំនួនមាន តួកគី និង អេមៀរ៉ាតអារ៉ាបរួម ដែលសុទ្ធសឹងជាមិត្តរបស់រុស្ស៊ី និង ជាទីដែលប្រេងឆៅរុស្ស៊ីត្រូវឆ្លងកាត់។ចាប់ពី ពាក់កណ្តាលឆ្នាំ ២០២៣ នេះមក ម៉ូស្គូ ទទួលផលចំណេញបានពេញទំហឹង ពីស្ថានភាពពាណិជ្ជកម្មមួយ ដែលគេឲ្យឈ្មោះថា“ មេឃស្រឡះ” នៅតាមទីផ្សារប្រេង ដូចអារ៉ាប៊ីសាអ៊ូឌីតដែរ រុស្ស៊ីបន្តរួមចំណែកធ្វើឲ្យប្រេងឡើងថ្លៃ ដោយប្រើវិធីកាត់បន្ថយបរិមាណទំនិញដែលត្រូវនាំចេញ ក្នុងក្របខណ្ឌនៃ អង្គការ OPEP+ ។ មួយវិញទៀត ការលស់ពន្ធដែលអនុវត្តចំពោះ បែបបទនេះនៃប្រេងឆៅ បានរួញខើចទៅ។ អស់ប៉ុន្មានខែ ប្រេងឆៅរុស្ស៊ី ម៉ាក Oural ត្រូវបាននាំចេញដោយមានការធ្វើសម្បទានឲ្យវិញ រហូតដល់ ៤០ ដុល្លារ បើធៀបទៅនឹងតម្លៃនៅទីផ្សារ។ ការលស់ពន្ធនេះ បានធ្លាក់ដល់ ១២ ដុល្លារ ក្រោយមានការចេញ ផ្សាយ ពេលថ្មីៗ ដោយសាលាសេដ្ឋកិច្ចក្រុងគៀវ។ តាមប្រភពដដែល រវាង ខែ កក្កដា និង ខែ សីហា តម្លៃ ប្រេងឆៅរុស្ស៊ីដែលនាំចេញ បានហក់ឡើងពី ៥៥ ដុល្លារ ដល់ ៧៣ ដុល្លារ ក្នុង មួយ បារីល។ចំណូលបន្ថែម បានមកពីការនាំចេញប្រេង បន្តដើរតួជាកត្តាសំខាន់ នៃកំណើនសេដ្ឋកិច្ចរុស្ស៊ី កំណើនសេដ្ឋកិច្ចនេះ ស្ថិតក្នុងកម្រិតប្រហែល ១,៥% នេះបើផ្អែលតាមអង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិ FMI ។ ការណ៍នេះ គឺជាដំណឹងល្អសម្រាប់ វិស័យហិរញ្ញវត្ថុសាធារណៈក្នុងប្រទេសរុស្ស៊ី។ លោក វ៉្លាឌីមៀរ ពូទីន គ្រោងបង្កើនថវិកាសម្រាប់វិស័យការពារជាតិរហូតដល់ ៧០% ក្នុងឆ្នាំ ២០២៤។ ធនាគារ BERD ជា ធនាគារអឺរ៉ុបបង្កើតឡើងសម្រាប់ផ្តល់ជំនួយដល់ បណ្តាអតីតសាធារណរដ្ឋសូវៀត យល់ស្របនឹងការទស្សន៍ទាយនៃកំណើនសេដ្ឋកិច្ចរុស្ស៊ី ពីសំណាក់ FMI ។ ប៉ុន្តែ ធនាគារដដែលនេះ ក៏សំដែងការខកចិត្ត ដោយបន្លឺក្នុងសេចក្តីថ្លែងការណ៍មួយថា៖ យើងសង្ឃឹមថា ទណ្ឌកម្មទាំងអម្បាល់ម៉ាន មុខជានឹងមានប្រសិទ្ធិភាពខ្លាំងជាងនេះ !។ តែដើម្បីឲ្យទណ្ឌកម្មលើរុស្ស៊ីមានប្រសិទ្ធិភាពជាងនេះ អ៊ុយក្រែន ចង់ឃើញការរឹតគំនាបកាន់តែខ្លាំងលើរុស្ស៊ី ដោយបន្ទាបតម្លៃប្រេងឆៅ នាំចេញរបស់រុស្ស៊ី ឲ្យធ្លាក់ក្រោម ៦០ ដុល្លារក្នុងមួយធុងបារីល និង ដោយចាត់វិធានការចាំបាច់ផ្សេងៗទៀត។ ឧទាហរណ៍ ការហាមមិនឲ្យនាំចេញ ត្បូងពេជ្រពីរុស្ស៊ី គឺជាប្រធានបទមួយ ដែលកំពុងស្ថិតក្នុងការពិភាក្សា នៃក្រុមប្រទេស G7។ វិធានការមួយទៀត គឺប្រទេសសមាជិកអឺរ៉ុប ត្រូវព្យាយាមគោរពតាមបម្រាមមួយ ដែលហាមឃាត់មិនឲ្យមានការនាំចេញនៃ គ្រឿងផ្សំនានា ដែលគេប្រើក្នុងវិស័យឧស្សាហកម្មយោធា ហើយដែលត្រូវឆ្លងកាត់តាមបណ្តាប្រទេសទី ៣ ។ នេះក៏ព្រោះតែ គេសង្កេតឃើញថា ការនាំចូលរបស់រុស្ស៊ីនៃ គ្រឿងផ្សំផ្សេងៗដ៏មានតម្លៃ តួយ៉ាង Semi-conducteurs បានកើនឡើងដល់កម្រិតមួយ ស្មើនឹងអំឡុងពេល មុនផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ អ៊ុយក្រែន អំពាវនាវឲ្យអឺរ៉ុប ឈប់នាំចូល ឧស្ម័នធម្មជាតិរុស្ស៊ីដែលបង្ហាប់ជាទឹក ហៅថា GNL អឺរ៉ុបដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី តាមរយៈផលិតផល ប្រេងឆៅ និង ធ្យូងថ្ម។ ប៉ុន្តែ អឺរ៉ុបពុំរាប់បញ្ចូល ឧស្ម័ន ទេ ពោលគឺធ្វើដូច្នេះ ដើម្បីបញ្ចៀសដំណើរខ្វះខាត ក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ដែលត្រូវការធនធានថាមពលនេះ ដោយខានពុំបាន។ ទន្ទឹមនឹងគ្នានេះ គិតតាំងពីពេល ដែលគេកាត់ផ្តាច់បណ្តាញបំពង់បង្ហូរឧស្ម័នរុស្ស៊ីទៅអឺរ៉ុប ប្រទេសទាំង ២៧ ក្នុងសហភាពអឺរ៉ុប បានរកធនធានធម្មជាតិផ្សេងមកជំនួស តួយ៉ាងការបង្កើនការនាំចូល នៃឧស្ម័នធម្មជាតិបង្ហាប់ជាទឹក ហៅថា GNL ពី សហរដ្ឋអាមេរិក ជាឧទាហរណ៍ ។ ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយនោះ គឺផ្ទុយពីការរំពឹងទុក ប្រទេសខ្លះទៀតនៃសហគមអឺរ៉ុប បែរជានាំចូល ឧស្ម័ន GNL ក្នុងបរិមាណក្រាស់ក្រែលតែម្តងពី រុស្ស៊ី ដោយមានស្ថិតិអឺរ៉ុបជា តឹក តាងស្រាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣នេះ ប្រទេស បែលហ្ស៊ិក និង អេស្ប៉ាញ បាននាំចូលឧស្ម័ន GNL ផ្ទាល់ពីរុស្ស៊ី។ ក្រុង ម៉ាឌ្រីត ដែលបច្ចុប្បន្ន ជាប្រធានផ្លាស់វេននៃ សហភាពអឺរ៉ុប គ្រោងបញ្ឈប់ការនាំចូលនេះ ដ្បិតថាជាទង្វើមួយ ផ្ទុយនឹងវិធានការនៃទណ្ឌកម្មអឺរ៉ុប ដែលមានគោលដៅរឹតបន្តឹងប្រាក់ចំណូល របស់រុស្ស៊ី ។ មិនតែប៉ុណ្ណោះ ការទិញពីរុស្ស៊ី គឺដាក់អឺរ៉ុបឲ្យស្ថិតក្នុងដែនអំណាច នៃវិមានក្រេមឡាំង។ ប៉ុន្តែ ចង់ឬមិនចង់ ក្នុងឆ្នាំនេះ អឺរ៉ុប នៅតែនាំចូលដល់ទៅ ១៦% នៃឧស្ម័ន GNL ដែលមានប្រភពទៅពី រុស្ស៊ី៕
9/28/2023 • 5 minutes, 59 seconds ហេតុអ្វីវិបត្តិស្បៀងអាហារសកលនៅតែមានកម្រិតខ្ពស់?
របាយការណ៍ស្ដីអំពីវិបត្តិស្បៀងអាហារសកលឆ្នាំ២០២៣បង្ហាញថា ភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងវិបត្តិស្បៀងអាហារនៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភនៅឡើយ។ ប្រជាជនជិត ២៤០លាននាក់នៅក្នុង ៤៨ប្រទេសកំពុងប្រឈមមុខនឹង អសន្តិសុខស្បៀងធ្ងន់ធ្ងរ។ របាយការណ៍សកលស្តីពីវិបត្តិស្បៀងអាហារឆ្នាំ២០២៣ របស់កម្មវិធីស្បៀងអាហារពិភពលោក ឬគេស្គាល់ថា អង្គការ WFP បង្ហាញអំពីក្ដីបារម្ភនៅក្នុងកម្រិតខ្ពស់នៅឡើយ ចំពោះវិបត្តិស្បៀងអាហាររបស់ពិភពលោក។ កត្តាផ្សេងៗ រួមមាន បញ្ហាជម្លោះក្នុងតំបន់ វិបត្តិសង្គ្រាម វិបត្ដិសេដ្ឋកិច្ច បញ្ហាអាកាសធាតុប្រែប្រួលខ្លាំង និងការរឹតត្បិតលើការនាំចេញស្បៀងអាហារ នៅតែបន្តបង្កហានិភ័យនៃភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ដល់មនុស្សរាប់លាននាក់។ នេះបើយោងតាមការចេញផ្សាយរបស់ EU Science Hub។ផ្អែកលើទិន្នន័យចុងក្រោយបំផុតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ យើងអាចសង្កេតឃើញថា ប្រជាជនពិភពលោកយ៉ាងហោចណាស់ជិត ២៤០លាននាក់នៅទូទាំង៤៨ប្រទេសដែលវិបត្តិស្បៀងអាហារស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ។ ប្រទេសដែលមានងាយរងគ្រោះបំផុត រួមមាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នីហ្សេរីយ៉ា ស៊ូដង់ អេត្យូពី អាហ្វហ្គានីស្ថាន យេម៉ែន បង់ក្លាដែស បាគីស្ថាន ស៊ូដង់ខាងត្បូង និងសូម៉ាលី។ក្នុងចំណោមប្រទេសទាំងនេះ មីយ៉ាន់ម៉ា ដែលជាប្រទេសមួយនៅតំបន់អាស៊ាន ក៏ធ្លាប់ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលងាយរងគ្រោះខ្លាំងបំផុតផងដែរ ក្នុងឆ្នាំ ២០២២ ប៉ុន្តែមីយ៉ាន់ម៉ាមិនត្រូវបានរាប់បញ្ចូលក្នុងការធ្វើបច្ចុប្បន្នភាពនោះទេ ដោយសារទិន្នន័យមិនគ្រប់គ្រាន់ស្តីពីអសន្តិសុខស្បៀងធ្ងន់ធ្ងរក្នុងឆ្នាំ២០២៣។ហេតុអ្វីវិបត្តិស្បៀងអាហារសកលនៅតែមានកម្រិតខ្ពស់?យ៉ាងហោចណាស់មានហេតុផលចម្បងៗបី ដែលបានកើតឡើងដំណាលគ្នា និងមានទំនាក់ទំនងរវាងគ្នាទៅវិញទៅមក ហើយបានរុញច្រានឱ្យវិបត្តិស្បៀងអាហារនៅតែមានកម្រិតខ្ពស់។ ទីមួយ៖ បញ្ហាជម្លោះក្នុងតំបន់ បញ្ហាសង្គ្រាម និងវិបត្ដិសេដ្ឋកិច្ចបញ្ហាជម្លោះក្នុងតំបន់ វិបត្តិសង្គ្រាម និងភាពអសន្តិសុខនៅក្នុងតំបន់នៅតែជាកត្តាឈានមុខគេនៃវិបត្តិអសន្តិសុខស្បៀងអាហារ។ ក្នុងចំណោមប្រទេសទាំង១០ដែលងាយរងគ្រោះបំផុតចំពោះវិបត្តិស្បៀងអាហារ មានប្រទេស៨ទៅហើយដែលស្ថិតនៅក្នុងតំបន់មានជម្លោះ។ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើងខ្លាំង ជាពិសេសនៅឆ្នាំ២០២២ ហើយវាបង្កឱ្យមានហានិភ័យនៅក្នុងប្រទេសទាំងនោះកាន់តែមានភាពផុយស្រួយ។ ក្នុងពេលជាមួយគ្នា វិបត្តិសេដ្ឋកិច្ច និងវិបត្ដិនៃការឡើងថ្លៃទំនិញជាទូទៅ ឬគេស្គាល់ថា វិបត្តិអតិផរណា ក៏បានធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើងកាន់តែខ្ពស់ផងដែរនៅក្នុងទីផ្សារនៃប្រទសទាំងនេះ។ វាបង្កផលប៉ះពាល់ខ្លាំងណាស់ដល់ប្រជាជន ជាពិសេសនៅក្នុងបណ្ដាប្រទេសដែលមានចំណូលទាប ហើយមានកម្រិតបំណុលសាធារណៈខ្ពស់។ នៅក្នុងប្រទេសទាំងនោះ រដ្ឋាភិបាលគ្មានថវិកាសម្រាប់នាំចូលស្បៀងអាហារឱ្យបានគ្រប់គ្រាន់នោះទេ។ ទីពីរ៖ បញ្ហាអាកាសធាតុ ក្តៅពេក ស្ងួតពេក និងភ្លៀងពេកនាពេលបច្ចុប្បន្ន ពិភពលោកប្រឈមនឹងការប្រែប្រួលអាកាសធាតុខ្លាំង ពេលខ្លះ ក្ដៅពេក រាំងពេក និងភ្លៀងខ្លាំងពេក។ ជាឧទាហរណ៍ រលកកំដៅខ្លាំងក្នុងឆ្នាំ២០២២ បានបំផ្លាញផលិតកម្មស្រូវសាលីរបស់ប្រទេសឥណ្ឌា។ ឆ្នាំនេះជាឆ្នាំទីពីរជាប់គ្នាៗហើយដែលឥណ្ឌាបានដាក់កម្រិតការនាំចេញអង្ករ។ ឧទាហរណ៍ផ្សេងទៀត អាហ្សង់ទីនដែលជាប្រទេសនាំចេញសណ្តែកសៀងដ៏ធំបំផុតរបស់ពិភពលោក និងជាប្រទេសផលិតពោតកំពូល បានទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៦០ឆ្នាំ។ ឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចេញប្រេងដូងធំជាងគេលើពិភពលោក បានហាមឃាត់ការនាំចេញរបស់ខ្លួនក្នុងរយៈពេលខ្លីកាលពីឆ្នាំមុន។ ទីបី៖ ការទប់ស្កាត់ការនាំចេញស្បៀងអាហារកើនឡើងនៅតំបន់អាស៊ី យោងតាមសារព័ត៌មានសិង្ហបុរី CNA ការរឹតត្បិតការនាំចេញអង្ករ និងការអនុវត្តនយោបាយកំណត់តម្លៃអង្ករ កំពុងបង្កជាហានិភ័យដល់វិបត្តិស្បៀងអាហារសម្រាប់តំបន់អាស៊ី។ កាលពីចុងខែកក្កដា ឆ្នាំ២០២៣ ឥណ្ឌាបានរឹតត្បិតការនាំចេញអង្ករ ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃអង្ករក្នុងស្រុក និងការធានាការផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងប្រទេសឥណ្ឌា។ ឥណ្ឌាជាប្រទេសនាំចេញអង្ករដ៏ធំបំផុតលើពិភពលោក។ កត្តានេះបានបង្កឱ្យមានភ័យស្លន់ស្លោយ៉ាងខ្លាំងនៅទូទាំងទីផ្សារពិភពលោក ហើយវាធ្វើឱ្យប៉ះពាល់ភ្លាមៗដល់ប្រទេសយ៉ាងច្រើន ជាពិសេស បណ្ដាប្រទេសនៅអាស៊ី និងនៅអាហ្រ្វិក ដែលពឹងផ្អែកខ្លាំងលើអង្ករឥណ្ឌា។ នេះបើតាមសារព័ត៌មាន Al Jazeera។អង្ករគឺជាស្បៀងអាហារចម្បងរបស់ប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក ហើយអង្ករជាង ៥០០លានតោនត្រូវបានប្រើប្រាស់ជារៀងរាល់ឆ្នាំ។ ឥណ្ឌាមានចំណែក៤០ភាគរយនៃការនាំចេញអង្ករពិភពលោក ដោយមានប្រទេសសំខាន់ផ្សេងទៀតគឺថៃ វៀតណាម ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក។យោងតាមលោក Shirley Mustafa នៅអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ការរឹតបន្តឹងការនាំចេញបែបនេះធ្វើឱ្យទីផ្សារមានអស្ថិរភាព ហើយវានាំឱ្យតម្លៃស្បៀងកើនឡើងនៅទូទាំងពិភពលោក ជាពិសេសវានឹងប៉ះពាល់ដល់ប្រទេសក្រីក្រដែលស្វែងរកទិញអង្ករបន្ថែមទៀត ដោយខ្លាចថាមានវិបត្តិការផ្គត់ផ្គង់ស្បៀងអាហារ។ក៏ប៉ុន្តែ ឥណ្ឌាមិនមែនជាប្រទេសតែមួយគត់ដែលដាក់ចេញវិធានការទប់ស្កាត់ការនាំចេញនោះទេ។ សរុបមក ប្រទេសចំនួន២០បានដាក់កំហិតលើការនាំចេញទំនិញស្បៀងអាហារសំខាន់ៗរបស់ពួកគេ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ធនាគារពិភពលោកនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ។យោងតាមរបាយការណ៍សកលស្តីពីវិបត្តិស្បៀងអាហារឆ្នាំ២០២៣ របស់កម្មវិធីស្បៀងអាហារពិភពលោក វាជារឿងបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហានៃភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ៕
9/25/2023 • 6 minutes, 4 seconds តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន?
អស់រយៈពេលរាប់ទសវត្សរ៍ វៀតណាមដែលជាប្រទេសមានអំណាចមធ្យម តែងតែព្យាយាមរក្សាតុល្យភាពរវាងមហាអំណាចិន និងសហរដ្ឋអាមេរិក ដោយមាននយោបាយអាទិភាពមួយ "ចិនទីមួយ អាមេរិកបន្ទាប់"។ ក៏ប៉ុន្តែ នៅពេលដែលការប្រជែងគ្នារវាងចិន និងអាមេរិកកាន់តែកើនឡើង ស្ថានភាពហាក់បង្ខំឱ្យវៀតណាមត្រូវខ្វល់ខ្វាយពិចារណាកាន់តែខ្លាំងលើនយោបាយការបរទេសរបស់ខ្លួន។ តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន? ថ្មីៗនេះ លោក Joe Biden ប្រធានាធិបតីអាមេរិក បានមើលរំលងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែបែរជាបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមនៅថ្ងៃទី១០ ខែកញ្ញាទៅវិញ។ ផ្អែកតាមការចេញផ្សាយរបស់សារព័ត៌មាន The Economist លោក Joe Biden គឺជាប្រធានាធិបតីអាមេរិកទីប្រាំដែលបានធ្វើដំណើរទៅកាន់ប្រទេសវៀណាម ហើយការធ្វើដំណើរលើកនេះពិតជាមានសារៈសំខាន់បំផុតចាប់តាំងពីជំនាន់លោកស្រី Bill Clinton ក្នុងឆ្នាំ២០០០។តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន?ការប្រជែងគ្នារវាងអាមេរិក និងចិនបានក្លាយជាប្រធានបទយ៉ាងសំខាន់ សម្រាប់នយោបាយការបរទេសវៀតណាម។ នេះបើយោងតាមលោក Nguyen Cong Tung សាស្រ្ដាចារ្យនៅសាកលវិទ្យាល័យជាតិតៃវ៉ាន់ ដែលបានចុះផ្សាយអត្ថបទវិភាគមួយនៅគេហទំព័រសកលវិទ្យាល័យជាតិសិង្ហបុរី។នៅក្នុងបញ្ហាប្រជែងដណ្តើមឥទ្ធិពលគ្នានេះ វៀតណាមគឺជាតួអង្គសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នាពេលកន្លងមក វៀតណាមបានគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនបានយ៉ាងល្អជាមួយអាមេរិក និងចិន ទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងក៏ដោយ។គោលនយោបាយការពារជាតិ “ទេបួន”នៅក្នុងនយោបាយវៀតណាម រដ្ឋវៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយយូរយាលរបស់ខ្លួនក្នុងការមិនមានសម្ព័ន្ធភាពយោធា ប៉ុន្តែអាចមានភាពបត់បែន និងអនុវត្តន៍ទៅតាមភាពជាក់ស្តែង នៅក្នុងយុទ្ធសាស្ត្រការទូតរបស់ខ្លួន។ គោលនយោបាយការពារជាតិ “ទេបួន - four-nos” នេះ ត្រូវបានគូសបញ្ជាក់នៅក្នុងសៀវភៅសស្ដីពីការពារជាតិវៀតណាមឆ្នាំ២០១៩។ នយោបាយ “ទេបួន” រួមបញ្ចូល “ទេចំពោះសម្ព័ន្ធភាពយោធា” “ទេចំពោះការចងភាគីជាមួយប្រទេសមួយប្រឆាំងនឹងប្រទេសមួយផ្សេងទៀត” “ទេចំពោះមូលដ្ឋានយោធាបរទេស” និង “ទេចំពោះការប្រើកម្លាំង ឬការគំរាមកំហែងប្រើកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិនោះទេ”។ទោះជាយ៉ាងណា នយោបាយនេះបានប្រែប្រួលបន្តិចម្តងៗ។ ចាប់តាំងពីឆ្នាំ២០២១មក មេដឹកនាំវៀតណាម រួមទាំងនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាប់ផ្តើមនិយាយថា វៀតណាម "ជ្រើសរើសអ្វីដែលត្រឹមត្រូវ និងយុត្តិធម៌ និងមិនប្រកាន់ភាគីណាទេ"។ នៅក្នុងឃ្លានេះ ពាក្យគន្លឹះដូចជា “ត្រឹមត្រូវ និងយុត្តិធម៌” (lẽ phải, công lý) គឺមានន័យថា វៀតណាមអាចបត់បែនបាន ហើយក៏អាចមានការបកស្រាយច្រើនផងដែរលើអត្ថន័យរបស់វា។ នេះជាសញ្ញាដល់រដ្ឋាភិបាលចិន និងអាមេរិកថា វៀតណាមអាចប្រកាន់ខ្ជាប់នូវគោលនយោបាយ “ទេបួន” ក៏ប៉ុន្តែវៀតណាមក៏នៅតែបើកចំហចំពោះលទ្ធភាពនៃការជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយមហាអំណាចខាងក្រៅផ្សេងទៀត ប្រសិនបើ “សិទ្ធិ យុត្តិធម៌ និងផលប្រយោជន៍ជាតិ” របស់វៀតណាមត្រូវបានបំពានដោយភាគីម្ខាងទៀត។ប្រវតិ្តសាស្រ្តបង្រៀនវៀតណាមថា វាជារឿងប្រថុយណាស់ក្នុងការពឹងផ្អែកលើមហាអំណាចមួយប្រឆាំងនឹងប្រទេសមួយទៀត ព្រោះវៀតណាមតែងតែខាតបង់ខ្លាំង នៅពេលណាដែលមហាអំណាចទាំងនោះត្រូវគ្នាវិញ។"ចិនទីមួយ អាមេរិកបន្ទាប់"ទីតាំងភូមិសាស្ត្រគឺជាផ្នែកមួយដ៏ចម្បងបំផុត នៅក្នុងនយោបាយការបរទេសរបស់វៀតណាម។ ប្រទេសវៀតណាមស្ថិតនៅជាប់នឹងប្រទេសចិនដែលបានធ្វើអាណានិគមលើខ្លួន អស់រយៈពេលជាង ១០០០ឆ្នាំ។ កត្តានេះធ្វើឱ្យវៀតណាមដឹងច្បាស់ណាស់ ក្នុងការពិចារណាលើប្រតិកម្ម និងផលប្រយោជន៍របស់ចិន មុនពេលដែលវៀតណាមសម្រេចចិត្តត្រូវសហការជាមួយសហរដ្ឋអាមេរិក ឬមហាអំណាចខាងក្រៅផ្សេងទៀត។ ជាឧទាហរណ៍ វៀតណាមមានការស្ទាក់ស្ទើរក្នុងការបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយអាមេរិកដល់កម្រិតយុទ្ធសាស្ត្របន្ថែមទៀតលើវិស័យការពារជាតិ និងសន្តិសុខ ដោយសារតែមានការព្រួយបារម្ភថា ទង្វើបែបអាចជាសញ្ញានៃការប្រឆាំងចិន។ប្រវត្តិសាស្ត្របង្រៀនវៀតណាមម្ដងទៀត នោះគឺ "ចិនទីមួយ អាមេរិកបន្ទាប់"។ នេះប្រហែលជាមូលហេតុដែលមេដឹកនាំវៀតណាមជាច្រើន បានព្យាយាមបង្ហាញថាប្រទេសចិនគឺជារឿង “អាទិភាពកំពូល” នៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ទង្វើសំខាន់ជាងវាចា។ ជាឧទាហរណ៍ ពីមុនវៀតណាមបង្កើនទំនាក់ទំនងជាមួយអាមេរិក ក្នុង “ភាពជាដៃគូយុទ្ធសាស្ត្រ strategic partnership” មេដឹកនាំជាន់ខ្ពស់វៀតណាមជាច្រើនបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន។ អគ្គលេខាធិកា Nguyen Phu Trong បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែតុលា ឆ្នាំ២០២២ ហើយសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Truong Thi Mai បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែមេសា ឆ្នាំ២០២៣។អស់រយៈពេលរាប់ទសវត្សរ៍ យុទ្ធសាស្រ្តការទូតរបស់វៀតណាមក្នុងការរក្សាតុលភាពរវាងសហរដ្ឋអាមេរិក និងចិន ហាក់មានប្រសិទ្ធភាព ក៏ប៉ុន្តែវាហាក់លឿនពេកក្នុងការវាយតម្លៃថាតើវិធីសាស្រ្តនេះគឺត្រឹមត្រូវ ហើយបន្ដឋិតថេរទៅមុខតទៀត ព្រោះថាវាក៏អាស្រ័យលើថាតើការប្រជែងគ្នារវាងអាមេរិក និងចិននឹងទៅដល់កម្រិតណា។ សម្រាប់មេដឹកនាំជាន់ខ្ពស់វៀតណាម ពួកគេតែងតែចង់មើលឃើញថា សហរដ្ឋអាមេរិក និងចិននឹងមាននយោបាយល្អមួយ សម្រាប់គ្រប់គ្រងប្រទេសអំណាចមធ្យមដូចជាវៀតណាមដែលចង់មានផ្លូវឯករាជ្យរបស់ខ្លួន៕
9/18/2023 • 5 minutes, 3 seconds ខួប១ឆ្នាំ៖ ការស្លាប់ នាង អាមីនី បានប្តូរផ្នត់គំនិតសង្គមអ៊ីរ៉ង់
១ឆ្នាំក្រោយការស្លាប់នាង អាមីនី និង បាតុកម្មពេញ១ឆ្នាំដែរ ទោះបីគ្មានផ្លាស់ប្តូររបបដឹកនាំនយោបាយក្តី និងមិនទាន់មានកំណែទម្រង់ធំដុំអ្វីឡើយក្នុងជួររដ្ឋាភិបាលក្តី ប៉ុន្តែ ទិដ្ឋភាពក្នុងសង្គម មានរបត់ផ្លាស់ប្តូរយ៉ាងខ្លាំង។ ពាក្យស្លោកតែបីពាក្យយ៉ាងខ្លីដ៏ល្បីល្បាញ គឺ «ស្រី ជីវិត និងសេរីភាព» ត្រូវផ្សព្វផ្សាយច្រើនទៅៗ ហើយនារីអ៊ីរ៉ង់ក៏ច្រើនឡើងៗ បដិសេធទម្លាប់ចាស់ ហ៊ានងើបឈរប្រឆាំង និងហ៊ានបោះចោលកំណាត់ទទូលក្បាល។ ថ្ងៃទី១៦កញ្ញា ឆ្នាំ២០២២ នាង មាហ្សា អាមីនី Mahsa (Jina) Amini ជាតិអ៊ីរ៉ង់ ដើមកំណើតគួដ ត្រូវប៉ូសិលចាប់ឃាត់ខ្លួន ព្រោះតែមិនបានពាក់កំណាត់ទទូលក្បាល ឲ្យត្រឹមត្រូវ ហើយនាងត្រូវស្លាប់បាត់បង់ជីវិត។ មរណភាពយុវតី ២២ ឆ្នាំរូបនេះ បានធ្វើឲ្យផ្ទុះបាតុកម្មពេញផ្ទៃប្រទេស ស្ទើរតែពេញ ១ ឆ្នាំមកហើយ។រដ្ឋអំណាចអ៊ីរ៉ង់ គំរាមកំហែង និង ធ្វើទុក្ខបុកម្នេញជាញឹកញយ ទៅលើគ្រួសារនាង។ នៅថ្ងៃខួបស្លាប់កូនស្រី ១ឆ្នាំ ឪពុកនាង អាមីនី ត្រូវនគរបាលអ៊ីរ៉ង់ ហៅទៅសាកសួរនៅប៉ូស្តិ៍ប៉ូលិស និងត្រូវហាមឃាត់ក្រុមគ្រួសារមិនឲ្យរៀបចំធ្វើពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធ ទោះបីជា បុណ្យតាមប្រពៃណី ឬបុណ្យបែបសាសនា ក៏ដោយក្តី ក៏ត្រូវហាមដែរ។បាតុកម្មពេញផ្ទៃប្រទេស រងការបង្ក្រាប ស្លាប់មនុស្ស ជាង ៥០០ នាក់ ចាប់ខ្លួនរាប់ពាន់នាក់ រយៈពេលមួយឆ្នាំ នារីអ៊ីរ៉ង់ ចេញមុខច្រើនឡើងៗ រិះគន់រដ្ឋអំណាច និងថ្កោលទោសថ្នាក់ដឹកនាំប្រទេស ជាចំហ។ ស្រីៗ បដិសេធ មិនពាក់ក្រណាត់ទទូលក្បាល និងថែមទាំង នាំគ្នាកាត់សក់ បង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម និងទីសាធារណៈ ជាការសម្តែងមតិប្រឆាំងនឹងកម្លាំងរដ្ឋអំណាច។ ចលនាបាតុកម្មផុសផុលពេញផ្ទៃប្រទេស។កម្លាំងគនរបាលឆ្មាំបដិវត្តិអ៊ីរ៉ង់ ក៏បានប្រើកម្លាំងបាយ បង្ក្រាបបាតុករ និងបានបណ្តាលឲ្យ ស្លាប់មនុស្សយ៉ាងតិច ៥៥០ នាក់។ ក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិត ក៏មានក្មេងៗ ប្រមាណ៧០នាក់ ស្រីៗ ជិត ៥០ នាក់ដែរ។ នេះបើយោងតាម អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ IHR។ ក្រៅពីស្លាប់ គឺត្រូវចាប់ខ្លួន។ បាតុករ ប្រុសស្រី ប្រមាណ ២ម៉ឺន ២ពាន់នាក់ ត្រូវប៉ូលិសរដ្ឋអំណាច អ៊ីរ៉ង់ចាប់ខ្លួនឃុំខ្លួន។ អង្គការការពារសិទ្ធមនុស្ស Amnesty International បានបញ្ជាក់ថា បាតុករប្រុសៗ ៧ នាក់ ត្រូវកាត់ទោសប្រហារជីវិត។ចំណែក អ្នកកាសែត ដែលតាមស៊ើបអង្គេតករណីឃាតកម្មលើយុវតី អាមីនី ក៏ត្រូវនគរបាលអ៊ីរ៉ង់ចាប់ឃុំខ្លួន។ សូម្បីតែ មេធាវី ការពារក្តីឲ្យគ្រួសារនាង អាមីនី ក៏ត្រូវរងបណ្តឹងពីការឃោសនាប្រឆាំងរដ្ឋាភិបាល និងអាចប្រឈមមុខជាប់ពន្ធនាគារ យ៉ាងហោច ៣ ឆ្នាំ។ប្រទេសលោកខាងលិច ផុសផលគាំទ្របាតុករ តែរដ្ឋអំណាចអ៊ីរង់ចាត់ទុកជាសត្រូវខួប១ឆ្នាំ បាតុកម្មនិងការសម្តែងមតិផ្សេងៗ ត្រូវរៀបចំធ្វើឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ផ្ទាល់ ហើយនៅបរទេស។ បាតុកម្មគាំទ្របាតុករ មាននៅប្រទេសកាណាដា អាមេរិក អូស្ត្រាលី អង់គ្លេស និងបណ្តាលប្រទេសជាច្រើនក្នុងរង្វង់សហភាពអឺរ៉ុប ដែលប្រទេសទាំងនោះ សុទ្ធតែបានចូលរួមចំណែកដាក់ទណ្ឌកម្មលើពួកថ្នាក់ដឹកនាំអ៊ីរ៉ង់។ ហើយពេលនេះ បាតុករក៏នៅតែស្នើឲ្យដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើរដ្ឋាភិបាលអ៊ីរ៉ង់។នៅក្នុងឱកាសខួប១ឆ្នាំនេះ ក្រៅពីមិនទៅយកចិត្តគ្រួសារជនរងគ្រោះ ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raïssi បែរជាជ្រើសរើសទៅគោរពវិញ្ញាណក្ខន្ធ ខាងគ្រួសារប៉ូលិស ដែលធ្លាក់ខ្លួនស្លាប់ ក្នុងហេតុការណ៍បង្ក្រាបបាតុករ។ ប្រមុខរដ្ឋអ៊ីរ៉ង់ថែមទាំងថ្លែងចំហកទៀតថា «គម្រោងការចង់ផ្តួលរំលំរដ្ឋាភិបាល ពីសំណាក់សត្រូវ គឺត្រូវបរាជ័យ»។ «ពួកសត្រូវអ៊ីរ៉ង់ ដែលបានផ្សំគំនិត បញ្ឆេះកម្លាំងបាតុករ មានចេតនាបង្កអស្ថិរភាពក្នុងប្រទេស តែទីបំផុត ត្រូវធ្លាក់ខ្លួន អស់សង្ឃឹម និងបរាជ័យធ្លាក់ទឹក។»បង្កើនសាមគ្គីភាពជាមួយស្ត្រីអ៊ីរ៉ង់ការផុសផុលបាតុកម្ម មិនមែនតែស្រីៗទេ គឺ ប្រុសៗដែរ ដេលចូលរួមចលនាបាតុកម្ម ហើយនិងចូលរួមជ្រោមជ្រែងកម្លាំងស្រ្តី។ មួយវិញទៀត ក្រុមអ្នកសិល្បៈ អ្នកចេះដឹង មនុស្សជាច្រើនស្រទាប់វណ្ណៈសង្គម បានផ្តុំគ្នានៅលើគំនិត១ថា «ស្រីត្រូវមានជីវិតរស់នៅក្នុងសេរីភាព»។ ដូច្នេះហើយ ម្នាក់ៗប្រឹងសម្តែងមតិ តស៊ូតាមគ្រប់មធ្យោបាយដែលខ្លួនអាចធ្វើទៅបាន។ ជាក់ស្តែង វិចិត្រករខ្លះ គាំទ្រខាងបាតុករ បានបញ្ចេញគំនូរដែលបង្កប់ន័យប្រឆាំងរដ្ឋអំណាច ហើយចំណែក ផលិតករភាពយន្ត និងអ្នកដឹកនាំរឿង ក៏ផលិតធ្វើកុន ដែលមិនតម្រូវឲ្យ នារីៗ តួសម្តែង ពាក់ក្រណាត់ទទូលក្បាល ទេ។ ករណីនេះ ក៏មានប៉ូលិសអ៊ីរ៉ង់ បានទៅរំខានដល់កន្លែងកំពុងថតក៏មាន។នៅអ៊ីរ៉ង់ អ្នកកាសែតបរទេស កត់សម្គាល់ថា បាតុកម្ម១ឆ្នាំមកនេះ នារីក្មេងៗ ជំទង់ៗ ហាក់កែប្រែផ្នត់គំនិត និងផ្លាស់ប្តូរទម្លាប់ ជាច្រើន។ ពួកស្រីៗកាន់តែច្រើនៗឡើង បាន ហ៊ានផ្គើននឹងវិធានការរដ្ឋអំណាច។ នៅកន្លែងធ្វើការក្រុមហ៊ុនខ្លះ នារីៗ ហ៊ានដល់ស្លៀកខោខៅប៊យ ពាក់អាវយឺត និងមិនពាក់ក្រណាត់ទទូលក្បាលទេ។ ក្រុមហ៊ុនដែលករណីបែបនេះ ត្រូវរងការព្រមានពីសមត្ថកិច្ច ហើយ ហាងកាហ្វេ មួយចំនួន នៅអ៊ីរ៉ង់ ត្រូវប៉ូលិស បង្ខំឲ្យបិទទ្វារ ព្រោះតែបានទទួលភ្ញៀវស្រីៗដែលមិនពាក់ក្រណាត់ទទូលក្បាល។នៅថ្ងៃទី១៦កញ្ញា ខួប១ឆ្នាំ ដែលនាង អាមីនី ស្លាប់ យុវបុរសម្នាក់ ត្រូវនគរបាលបាញ់ស្លាប់ ។ បុរសនេះ គឺត្រូវគេដឹងថា បានអំពាវនាវឲ្យគេឯងឲ្យតស៊ូបាតុកម្មតទៅ ៕
9/17/2023 • 5 minutes, 1 second ហេតុអ្វីការរឹតត្បិតការនាំចេញអង្ករនៅឥណ្ឌា ធ្វើឱ្យតម ្លៃស្បៀងអាហារកើនឡើង ទូទាំងពិភពលោក?
ថ្មីៗនេះ ឥណ្ឌាគឺជាប្រទេសធំមួយដែលបានដាក់កម្រិតលើការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក ។ រឿងនេះបានរុញច្រានឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើង។ មើលឱ្យស៊ីជម្រៅ កត្តាផ្សេងៗ រួមបញ្ចូល លក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំង ការរឹតត្បិតការនាំចេញស្បៀងអាហារពីប្រទេសផ្សេងៗ និងវិបត្តិភូមិសាស្ត្រនយោបាយ សុទ្ធតែបានធ្វើឲ្យសន្តិសុខស្បៀងអាហាររបស់ពិភពលោកមានហានិភ័យកាន់តែខ្លាំង។ ការរឹតត្បិតការនាំចេញអង្ករកាលពីចុងខែកក្កដា ឆ្នាំ២០២៣ ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃអង្ករក្នុងស្រុក និងការធានាការផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតលើពិភពលោក បានបង្កឱ្យមានភ័យស្លន់ស្លោនៅទូទាំងទីផ្សារពិភពលោក ហើយវាធ្វើឱ្យប៉ះពាល់ភ្លាមៗដល់ប្រទេសយ៉ាងច្រើន ជាពិសេស បណ្ដាប្រទេសនៅអាស៊ី និងនៅអាហ្រ្វិក ដែលពឹងផ្អែកខ្លាំងលើអង្ករឥណ្ឌា។ នេះបើតាមសារព័ត៌មាន Al Jazeera។ពីរដ្ឋាភិបាលឥណ្ឌា ប្រទេសឥណ្ឌាត្រូវបង្ខំចិត្តធ្វើបែបនេះ ដោយសារតែសេណារីយ៉ូមិនល្អនៃបញ្ហាភូមិសាស្ត្រនយោបាយ និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលនៅក្នុងប្រទេសខ្លួន ដើម្បីផលិតអង្ករ។ ស្ថិតិបង្ហាញថា ការហាមឃាត់ការនាំចេញអង្ករថ្មីៗនេះទំនងប៉ះពាល់ដល់មួយភាគបួននៃការនាំចេញអង្កររបស់ប្រទេសនេះ។យ៉ាងណាក៏ដោយ មើលជារួម ការប្រែប្រួលអាកាសធាតុ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការទទួលបានទិន្នផលទាបពីការផលិតស្បៀង កំពុងធ្វើឱ្យតម្លៃស្បៀងអាហារសកលកើនឡើង និងការរំពឹងទុកនៃភាពអត់ឃ្លានក៏កើនឡើងផងដែរ។ក្តៅពេក ស្ងួតពេក និងភ្លៀងពេកនាពេលបច្ចុប្បន្ន ពិភពលោកប្រឈមនឹងការប្រែប្រួលអាកាសធាតុខ្លាំង ពេលខ្លះ ក្ដៅពេក រាំងពេក និងភ្លៀងខ្លាំងពេក។ ជាឧទាហរណ៍ រលកកំដៅខ្លាំងក្នុងឆ្នាំ២០២២ បានបំផ្លាញផលិតកម្មស្រូវសាលីរបស់ប្រទេសឥណ្ឌា។ ឆ្នាំនេះជាឆ្នាំទីពីរជាប់គ្នាៗហើយដែលឥណ្ឌាបានដាក់កម្រិតការនាំចេញអង្ករ។ឧទាហរណ៍ផ្សេងទៀត អាហ្សង់ទីនដែលជាប្រទេសនាំចេញសណ្តែកសៀងដ៏ធំបំផុតរបស់ពិភពលោក និងជាប្រទេសផលិតពោតកំពូល បានទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៦០ឆ្នាំ។ ឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចេញប្រេងដូងធំជាងគេលើពិភពលោក បានហាមឃាត់ការនាំចេញរបស់ខ្លួនក្នុងរយៈពេលខ្លីកាលពីឆ្នាំមុន។ការទប់ស្កាត់ការនាំចេញកើនឡើងអង្ករគឺជាស្បៀងអាហារចម្បងរបស់ប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក ហើយអង្ករជាង ៥០០លានតោនត្រូវបានប្រើប្រាស់ជារៀងរាល់ឆ្នាំ។ ឥណ្ឌាមានចំណែក៤០ភាគរយនៃការនាំចេញអង្ករពិភពលោក ដោយមានប្រទេសសំខាន់ផ្សេងទៀតគឺថៃ វៀតណាម ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក។យោងតាមលោក Shirley Mustafa នៅអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ការរឹតបន្តឹងការនាំចេញបែបនេះធ្វើឱ្យទីផ្សារមានអស្ថិរភាព ហើយវានាំឱ្យតម្លៃស្បៀងកើនឡើងនៅទូទាំងពិភពលោក ជាពិសេសវានឹងប៉ះពាល់ដល់ប្រទេសក្រីក្រដែលស្វែងរកទិញអង្ករបន្ថែមទៀត ដោយខ្លាចថាមានវិបត្តិការផ្គត់ផ្គង់ស្បៀងអាហារ។នៅខែកញ្ញា ឆ្នាំ២០២២ ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ឥណ្ឌាបានព្យាយាមរឹតត្បិតការនាំចេញអង្ករចេញពីឥណ្ឌា តាមរយៈការតំឡើងពន្ធគយ។ ប៉ុន្តែយុទ្ធសាស្ត្រនេះបរាជ័យ ព្រោះថា ទោះបីជាមានការតំឡើងពន្ធក៏ដោយ ក៏ការនាំចេញអង្ករពីប្រទេសឥណ្ឌាបានកើនឡើង ២៥ភាគរយនៅចន្លោះខែកញ្ញា និងខែមីនា បើធៀបនឹងឆ្នាំមុន។ ជាលទ្ធផល ដោយសារឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករមួយចំនួន នោះតម្លៃអង្ករពិភពលោកបានកើនឡើងបន្ថែមទៀត។ តម្លៃអង្ករបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងខែកក្កដា ឆ្នាំ២០២៣។ វាជាកម្រិតខ្ពស់មិនធ្លាប់មានរាប់ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១១ នេះបើយោងតាមអង្គការ FAO។លោក Joseph Glauber អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអាហារអន្តរជាតិបានប្រាប់សារព័ត៌មាន Al Jazeera ថា "តម្លៃអង្ករសថៃដែលជាទូទៅគេប្រើប្រាស់ជាតម្លៃគោលសម្រាប់អង្ករផ្សេងៗ បានកើនឡើងប្រហែល ១៤ភាគរយចាប់តាំងពីការប្រកាសរឹតត្បិតការនាំចេញរបស់ឥណ្ឌា។"ក៏ប៉ុន្តែ ឥណ្ឌាមិនមែនជាប្រទេសតែមួយគត់ដែលដាក់ចេញវិធានការទប់ស្កាត់ការនាំចេញនោះទេ។ សរុបមក ប្រទេសចំនួន២០បានដាក់កំហិតលើការនាំចេញទំនិញស្បៀងអាហារសំខាន់ៗរបស់ពួកគេ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ធនាគារពិភពលោកនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ។ភាពអត់ឃ្លានកើនឡើងប្រហែល ៩.២ភាគរយនៃចំនួនប្រជាជនពិភពលោក ចន្លោះពី៦៩១លាននាក់ទៅ ៧៨៣លាននាក់បានប្រឈមនឹងភាពអត់ឃ្លានក្នុងឆ្នាំ២០២២ នេះបើយោងតាមរបាយការណ៍របស់អង្គការ FAO។ ដូច្នេះ គេអាចរំពឹងថា ការរឹតត្បិតការនាំចេញស្បៀងអាហារសកលកាន់តែច្រើន និងការកើនឡើងតម្លៃស្បៀងអាហារនឹងនាំឱ្យមានភាពអត់ឃ្លានពិភពលោកកាន់តែខ្ពស់៕
9/4/2023 • 5 minutes, 2 seconds ទីផ្សារអចលនទ្រព្យនៅវៀតណាមបន្ដប្រឈមវិបត្តិលំហូរស ាច់ប្រាក់ និងបំណុល?
ការធ្លាក់ចុះវិស័យអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍជាច្រើនកំពុងប្រឈមមុខនឹងវិបត្តិបំណុល និងវិបត្ដិលំហូរសាច់ប្រាក់។ វិបត្តិនេះកំពុងបង្កបញ្ហាយ៉ាងច្រើនដល់ក្រុមហ៊ុនអភិវឌ្ឍ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ អតិថិជន និងធនាគារ ហើយនិងសេដ្ឋកិច្ចជាតិទាំងមូល។ នៅក្នុងប្រទេសវៀតណាម ចំនួនក្រុមហ៊ុនអចលនទ្រព្យថ្មីបានធ្លាក់ចុះប្រមាណ៦១ភាគរយធៀបនឹងឆ្នាំមុន នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣នេះ ស្របពេលដែលក្រុមហ៊ុនជាង៥៥០ត្រូវប្រកាសក្ស័យធន។ នេះបើយោងតាមសារព័ត៌មានវៀតណាម The Vietnam News newspaper។ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលកំពុងប្រឈមនឹងវិបត្តិលំហូរសាច់ប្រាក់ បានផ្អាកគម្រោងរាប់ពាន់ ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជិត ៣៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាម សមាគមអចលនទ្រព្យជាតិវៀតណាម។ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានប្រាប់រដ្ឋសភាវៀតណាម នាពេលកន្លងមកថា វិស័យអចលនទ្រព្យបានជះឥទ្ធិពលអវិជ្ជមានដល់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងសកម្មភាពធុរកិច្ចក្នុងវិស័យផ្សេងៗទៀតផងដែរ។សមាគមអចលនទ្រព្យវៀតណាមបានលើកឡើងនៅក្នុងរបាយការណ៍ថ្មីៗថា "បញ្ហានៅក្នុងវិស័យនេះនៅតែមិនអាចដោះស្រាយបាននៅឡើយ ហើយវាធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍត្រូវប្រឈមបញ្ហា ជាពិសេសវិបត្តិលំហូរសាច់ប្រាក់ និងបញ្ហាមិនអាចទទួលបានប្រភពលុយបន្ថែម។ ប្រសិនបើក្រុមហ៊ុនទាំងនោះត្រូវលង់ក្នុងភាពលំបាកយូរជាងនេះ ការក្ស័យធនដ៏ធំនឹងជៀសមិនរួចទេ។"នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអភិវឌ្ឍជាច្រើនកំពុងប្រឈមមុខនឹងវិបត្តិបំណុល និងវិបត្តិលំហូរសាច់ប្រាក់ ហើយវាបានធ្វើឱ្យទាំងធនាគារ និងអ្នកទិញផ្ទះស្ទាក់ស្ទើរក្នុងការផ្ដល់កម្ចីបន្ថែម ហើយប្រជាជនរារែកពន្យារពេលបង់ប្រាក់ និងមិនហ៊ានវិនិយោគលើវិស័យនេះទេ។យោងតាមសារព័ត៌មាន The Financial Times នាពេលកន្លងមក រដ្ឋាភិបាលវៀតណាមបានអនុវត្តវិធានការរឹតត្បិតលទ្ធភាពទទួលបានកម្ចី និងបានចាប់ខ្លួនមហាសេដ្ឋីអចលនទ្រព្យដោយចោទប្រកាន់លើបទក្លែងបន្លំ។ ក្នុងនោះ រដ្ឋាភិបាលវៀតណាមបានចាប់ខ្លួនឧកញ៉ា Truong My Lan កាលពីឆ្នាំមុន ដែលជាប្រធានក្រុមហ៊ុន Van Thinh Phat Holdings ហើយបានជំរុញឱ្យធនាគារ Saigon Commercial Bank និងធនាគារកណ្តាលវៀតណាមធ្វើអន្តរាគមន៍ដើម្បីធានាដល់អ្នកដាក់ប្រាក់បញ្ញើ។នៅក្នុងទីផ្សារតំបន់ គេអាចសង្កេតឃើញវិបត្តិស្រដៀងគ្នានេះនៅក្នុងប្រទេសចិន ដែលក្រុមហ៊ុនអចលនទ្រព្យត្រូវប្រឈមនឹងវិបត្តិខ្វះសាច់ប្រាក់ អស់រយៈពេលជាង២ឆ្នាំមកហើយ ក្រោយអាជ្ញាធរចិនបានផ្លាស់ប្តូរនយោបាយកំណត់ទំហំកម្ចី។ នាពេលថ្មីៗ ក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជំពាក់បំណុលគេច្រើនបំផុតលើពិភពលោក បានដាក់ពាក្យការពារក្ស័យធននៅសហរដ្ឋអាមេរិកក្នុងខែនេះ។នៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនអភិវឌ្ឍបានពង្រីកសកម្មភាពរបស់ខ្លួនយ៉ាងគំហុក និងលឿនខ្លាំង ពីមុនវិបត្តិជំងឺកូវីដ១៩ ដោយទទួលបានប្រភពលុយយ៉ាងច្រើនពីធនាគារក្នុងស្រុក និងទីផ្សារមូលបត្របំណុល ក៏ដូចជាការបង់រំលោះរបស់ប្រជាជនទូទៅ។ក៏ប៉ុន្តែ ក្រោយមក នៅពេលប្រឈមនឹងវិបត្តិលំហូរសាច់ប្រាក់ ក្រុមហ៊ុនអភិវឌ្ឍធំៗ និងក្រុមអភិវឌ្ឍតូចៗរាប់រយត្រូវបង្ខំចិត្ដប្រកាសឱ្យក្ស័យធន ហើយគម្រោងរាប់ពាន់ត្រូវបានផ្អាក។វិបត្តិនេះបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ក្រោយវិបត្តិជំងឺកូវីដ១៩។ វៀតណាមគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតរបស់អាស៊ី កាលពីឆ្នាំមុន ប៉ុន្តែធនាគារពិភពលោកបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាម នៅក្នុងខែនេះ មកនៅត្រឹម ៤,៧ ភាគរយនៅឆ្នាំនេះ ធៀបកំណើន ៨ភាគរយកាលពីឆ្នាំមុន ដោយលើកឡើងពីការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះខ្សោយ។ផ្អែកតាមនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដោយសារវិស័យអចលនទ្រព្យរួមចំណែកប្រហែល ១៥ភាគរយនៃសេដ្ឋកិច្ចជាតិ នោះវិបត្តិនៅក្នុងវិស័យនេះពិតជាបានជំរុញឱ្យកំណើនសេដ្ឋកិច្ចវៀតណាមធ្លាក់ចុះមកត្រឹម ៣,៣២ភាគរយប៉ុណ្ណោះ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៣នេះ៕
8/28/2023 • 4 minutes, 8 seconds រុស្ស៊ី បង្ហោះ ស្ថានីយអវកាសជាថ្មី ទៅកាន់ឋានព្រះចន្ទ លើកនេះ ដើម្បីស្វែងរកទឹកនៅទីនោះ ក្នុង
ចន្លោះពីថ្ងៃទី ២១ ដល់ ២៤ សីហាខាងមុខ ស្ថានីយអវកាស Luna-25 ដែលរុស្ស៊ី បាន បង្ហោះចេញទៅ កាលពីថ្ងៃ ១១ សីហា ត្រូវទៅចុះចតជាលើកទី ១ នៅឯ ប៉ូលខាងត្បូងនៃ ឋានព្រះចន្ទ ។ ក្នុងពេលជាមួយគ្នា ទាំងស្ថានីយអវកាសឥណ្ឌា Chandrayan—3 ដែលកំពុងហោះសំដៅទៅកាន់លោកខែ ក្នុងថ្ងៃទី ២៣-២៤ សីហា ក៏ត្រូវទៅចុះចត នៅឯប៉ូលនោះដែរ។ កម្មវិធីសិក្សាស្រាវជ្រាវអំពីព្រះចន្ទ ដែលជា ផ្កាយរណបធម្មជាតិ របស់ផែនដីយើង ក៏ស្ថិតនៅក្នុងផែនការ ស.រ.អា., ចិន ។ គោលដៅចម្បង នៃ ការ ចុះចតរបស់ស្ថានីយរុស្ស៊ី នៅឯប៉ូលខាងត្បូងឋានព្រះចន្ទ គឺ ប្រាថ្នារកឃើញនៅទីនោះ ធាតុទឹក ដែល ជា ទុនបម្រុង សម្រាប់ ក្នុងអនាគត ក្រុមអវកាសយានិក អាចហោះចេញពី ឋាននេះ ទៅកាន់ ភពផ្សេងទៀត នៃចក្រវាឡ ។ រុស្ស៊ីធ្វើការបង្ហោះជាថ្មី ទៅកាន់ឋានព្រះចន្ទ គឺ រំលង ជិតកន្លះសតវត្សរ៍មកហើយ និយាយឲ្យចំ លើកចុងក្រោយ គឺ កាលក្នុងឆ្នាំ ១៩៧៦ ។ លើកមុនៗ ស្ថានីយអវកាសរុស្ស៊ី តែងបានទៅចុះចត គឺនៅត្រង់ ម្តុំ អេក្វាទ័រ នៃ ផ្កាយរណបធម្មជាតិនេះ របស់ ផែនដី ។ លោកខែនេះ ស្ថិតនៅចម្ងាយគិតជាមធ្យម គឺ ៣ សែន ៨ ម៉ឺន ៤.៤០០ គម ពីផែនដី។ សម្រាប់ពួកអ្នកប្រាជ្ញរុស្ស៊ី លើកនេះ កន្លែងនៃឋានព្រះចន្ទ ដែល ស្ថានីយខ្លួន ត្រូវទៅចុះចត គឺ មកទល់ឥឡូវ គ្មានស្ថានីយប្រទេសណាមួយ ធ្លាប់បានទៅកាន់ឡើយ ពោលគឺ នៅត្រង់ប៉ូល របស់វា។ តំបន់ដែល ស្ថានីយរុស្ស៊ី Luna-25 ត្រូវទៅចុះចតដោយសន្សឹមៗ មានសញ្ញា ដែល បង្ហាញពីវត្តមាននៅទីនោះ ជាដុំទឹកកក - នេះ បើយោងទៅលើទិន្នន័យទទួលបានពី តារាវិថី ។ ចំណែកនៅ តំបន់ អេក្វាទ័រ គឺគ្មានសោះឡើយសញ្ញាបែបនេះ។តំបន់ប៉ូលខាងត្បូងនៃ ឋានព្រះចន្ទ ជាតំបន់អនុគ្រោះ ៖ ម្យ៉ាងដោយ នៅទីនោះ មានកូនអណ្តូងជ្រៅៗ ងងិត មិនដែលត្រូវពន្លឺថ្ងៃសោះឡើយ ហើយ ដក់ជាប់ដោយ ដុំទឹកកក និង ម្យ៉ាងទៀត ក៏ជាកន្លែងដែលរ មែងចាំង ជានិច្ច ដោយព្រះអាទិត្យ បានន័យថា នៅទីនោះ គេអាចដំឡើងថ្មពិលសម្រាប់ស្រូបយកកំដៅថ្ងៃ - សេចក្តី នេះ ពន្យល់ដោយ នាយកប្រតិបត្តិខាងកម្មវិធីប្រកបដោយទស្សនវិស័យនិងវិទ្យាសាស្ត្រនៃ ទីភ្នាក់ ងារ អវកាសរុស្ស៊ី Roscosmos លោក Alexandre Bloshenko ។ គាត់លំអិតថា ប៉ូលខាងត្បូងនៃ ឋានព្រះ ចន្ទ ប្រៀបបានជា “ទូទឹកកកធម្មជាតិ” ដែលរក្សាទុកជាស្រទាប់ៗ សន្សើម កកហើរមកពីគ្រប់ធាតុ ក្នុង អវកាស។លោក Bloshenko ទម្លាយឲ្យដឹងថា ស្ថានីយ Luna-5 នោះ មានទម្ងន់ ១ តោន ៨០០ គីឡូក្រាម ចំណែក ប្រដាប់ប្រដាវិទ្យាសាស្ត្ររបស់វា ទម្ងន់ ៣១ គីឡូក្រាម សុទ្ធតែផលិតដោយប្រទេសរុស្ស៊ីផ្ទាល់។បេសកកម្មដែលត្រូវបំពេញដោយស្ថានីយ គឺ ទី១- ភារកិច្ចវិទ្យាសាស្ត្រ ស្រាវជ្រាវបញ្ហាវិវឌ្ឍនៃនៃឋានព្រះចន្ទ និង ទី២ គឺ សិក្សាលទ្ធភាពប្រើឋានព្រះចន្ទ ទៅអនាគត។ភារកិច្ចមួយចម្បង តាមដែល Roscosmos ចង្អុលឲ្យឃើញគឺ ធ្វើយ៉ាងណាឲ្យយានចុះចត ដោយ សន្សឹមៗ នៅឯប៉ូលខាងត្បូងនោះ ដ្បិតវាជាបញ្ហាសែនសំខាន់។ យ៉ាងណាមិញ បទពិសាធន៍ ដ៏ជូរចត់ បង្ហាញទៅហើយ កាលពីខែមេសា ពេលដែល ម៉ូឌូលជប៉ុន Hakuto-R ផ្ទុកទៅដោយយានសម្រាប់ បើកបរ លើផ្ទៃដីលោកខែ របស់ អេមីរ៉ាតអារ៉ាប់រួម ឈ្មោះ Rashid ស្រាប់តែបែកខ្ចាយ នៅពេលចុះចត លើឋាន នោះ។ ស្ថានីយរុស្ស៊ី Luna-5 នឹងធ្វើការស្រាវជ្រាវ អំពីផ្ទៃដីឋានព្រះចន្ទ បូកទាំងខួងដីនោះផង ដើម្បីស្វែងរកទឹក។ បើរកឃើញ គឺនឹងរំដោះក្រុមបេសកកម្មអវកាសនៅពេលអនាគតមិនចាំបាច់នាំយកទឹកពីផែនដីតទៅទៀត។ ទឹក រកឃើញ លើឋានព្រះចន្ទ អាចបម្រើជា វត្ថុធាតុដើមសម្រាប់ផលិតជា ឥន្ធនៈនៃកាំជ្រួចបង្ហោះ ចេញពីទី នោះ ទៅកាន់ភពផ្សេងទៀតនៃចក្រវាឡ។ តាមសំដី អ្នកប្រាជ្ញរុស្ស៊ី លោក Bloshenko ការនាំយក ទឹក មួយលីត្រ ពីផែនដីទៅ អាចតម្រូវឲ្យចំណាយ ចាប់ពី កន្លះលានដុល្លារឡើងទៅ ។ ចំណែក ក្រុម ហ៊ុនបរទេសមួយ ខាងផលិត យន្ដរ៉ូបូបច្ចេកទេស ក្នុងគ្រាឥឡូវ ស្នើទៅបណ្តាប្រទេសក្នុងលោក នូវ តម្លៃ ១ លាន ២ សែន ដុល្លារ សម្រាប់នាំយក ឥវ៉ាន់ ពីផែនដីទៅ ក្នុងទម្ងន់ ១ គីឡូក្រាម ទៅកាន់ឋាន ព្រះចន្ទ។ ។ក្នុង១០ឆ្នាំចំពោះមុខ រុស្ស៊ីគ្រោងបង្ហោះ ស្ថានីយអវកាស ៣ ទៀត ទៅកាន់ឋានព្រះចន្ទ ។ ការបង្ហោះ ស្ថានីយ Luna-26 គ្រោងប្រព្រឹត្តទៅ ក្នុងឆ្នាំ ២០២៧។ វាជាស្ថានីយ ហោះតាមតារាវិថីជុំវិញឋានព្រះចន្ទ ស្រាវជ្រាវឋានព្រះចន្ទពីចម្ងាយ ដែលក៏នឹងបញ្ជូនសញ្ញា ទៅឲ្យស្ថានីយលើកក្រោយ គឺ Luna-27 ដែល ស្មុគស្មាញជាងសម្រាប់ចុះចត លើឋាននោះដោយបំពាក់គ្រឿងប្រដាប់ខួងដីព្រះចន្ទខ្នាតធំ បន្ទាប់មកទៀត គឺ ស្ថានីយ Luna-28 ដែលនឹងបង្កើតជាព្រលានសម្រាប់ចុះចត និង ហោះចេញ ដោយនាំមកជាមួយ គឺ ដី ដែលជីកបានពីតំបន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទ។ក្នុងដំណាក់បន្ទាប់មកទៀត គឺបញ្ជូនក្រុមអវកាសយានិក ទៅស្ថិតនៅលើឋានព្រះចន្ទ រយៈពេល ២ សប្តាហ៍ សម្រាប់សាងសង់ជា មូលដ្ឋានដើមដំបូង។ កម្មវិធីនេះ គ្រោងទុកសម្រាប់ឆ្នាំ ២០២៥-២០៣៥។ក្នុងដំណាក់ទី៣ ត្រូវបង្ហើយការសាងសង់មូលដ្ឋាននោះឲ្យបានពេញរូបពេញរាង គ្រោងទុកពីឆ្នាំំ ២០៣៦ ដល់ ២០៤០។ការស្តារឡើងវិញ កម្មវិធីសិក្សាស្រាវជ្រាវអំពីឋានព្រះចន្ទ ត្រូវបានប្រកាសដោយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ក្នុងថ្ងៃទី ១២ មេសា ដែលនៅរុស្ស៊ីជាទិវាអវកាសវិទ្យា ដ្បិតក្នុងថ្ងៃនោះឯង កាលក្នុងឆ្នាំ ១៩៦១ គឺពលរដ្ឋរុស្ស៊ី Yuri Gagarin ដែលបានក្លាយជាមនុស្សទី១ របស់ផែនដី លុកបើកលំហអវកាស។កម្មវិធីសិក្សាស្រាវជ្រាវអំពីឋានព្រះចន្ទ ក៏ស្ថិតក្នុងផែនការប្រទេសឯទៀត បែបបយ៉ាង សរអា ចិន ឥណ្ឌា។សម្រាប់ សហរដ្ឋអាមេរិក កម្មវិធីនេះមានឈ្មោះថា Artemis ។ ក្នុងក្របខ័ណ្ឌកម្មវិធីនេះ ទីភ្នាក់ងារអវកាសអាមេរិក NASA គ្រោងបង្កើតជា ភូមិលើលោកខែរស់នៅជាអចិន្ត្រៃយ ដោយមនុស្ស ដើម្បីចាក់ជាគ្រឹះសម្រាប់ហោះចេញទៅ ភពអង្គារ។ក្នុងករណីចិននៅប៉ុន្មានឆ្នាំចុងក្រោយ មហិច្ឆតាចិនចំពោះអវកាស បានរីកធំធេង។ នៅចុងឆ្នាំ ២០២២ ចិនបាន បង្ហើយការសាងសង់ ស្ថានីយអវកាស Tiangun នៅលើលោកខែ។ ទៅទល់ឆ្នាំ ២០២៨ ប៉េកាំងគ្រោង សង់ នៅទីនោះជាមូលដ្ឋានដើរដោយ យន្ដរ៉ូបូ ហើយទៅទល់ឆ្នាំ ២០៣០ នឹងបញ្ជូនមនុស្ស ២ នាក់ ទៅធ្វើ ការស្រាវជ្រាវនៅទីនោះ។ ករណីឥណ្ឌា ស្ថានីយអវកាសឥណ្ឌា Chandrayan-3 ដែលឥណ្ឌាបានបង្ហោះចេញទៅ កាលពីថ្ងៃទី ៥ សីហា ត្រូវទៅចុះចតនៅលើឋានព្រះចន្ទ នៅថ្ងៃទី ២៣-២៤ សីហាខាងមុខ ៕
8/17/2023 • 6 minutes, 39 seconds ហេតុអ្វីយុវជនគ្មានការងារធ្វើកើនឡើងខ្លាំងក្នុងប្រទេសចិន?
យុវជនគ្មានការងារធ្វើនៅក្នុងប្រទេសចិន ដែលមានអាយុចន្លោះពី១៦ឆ្នាំទៅ២៤ឆ្នាំ បានកើនឡើងដល់ជាង ២១% កាលពីខែមិថុនា ឆ្នាំ២០២៣នេះ។ នេះជាតួលេខខ្ពស់ និងជាសញ្ញាមិនល្អទេសម្រាប់សេដ្ឋកិច្ចចិន។ ហេតុអ្វីយុវជនគ្មានការងារធ្វើបានកើនឡើង? ហើយអ្វីជាដំណោះស្រាយនយោបាយរបស់រដ្ឋាភិបាលចិន? យុវជនគ្មានការងារធ្វើនៅក្នុងប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ ទោះជាសេដ្ឋកិច្ចចិនបានងើបឡើងវិញចេញពីវិបត្តិជំងឺកូវីដ១៩។ តួលេខផ្លូវការបង្ហាញថា អត្រាអ្នកគ្មានការងាររបស់យុវជន នៅចន្លោះអាយុ១៦ឆ្នាំ ទៅ២៤ឆ្នាំនៅក្នុងតំបន់ទីក្រុងបានកើនឡើងដល់ ២១,៣% កាលពីខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយនាពេលថ្មីៗរបស់សារព័ត៌មាន BBC។ ផ្អែកតាមអ្នកវិភាគ អត្រាអ្នកគ្មានការងារធ្វើក្នុងចំណោមយុវជនកើនឡើង ស្របពេលដែលសេដ្ឋកិច្ចចិនមានកំណើនត្រឹមតែ ០,៨%ប៉ុណ្ណោះក្នុងរយៈពេលបីខែដល់ចុងខែមិថុនា។ អត្រានេះជាអត្រាកំណើនសេដ្ឋកិច្ចទន់ខ្សោយនៅឡើយ ហើយវាមានកម្រិតទាបជាងការរំពឹងទុក។ ក៏ប៉ុន្តែ បើយោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (China's National Bureau of Statistics) ទិន្នន័យកំណើនសេដ្ឋកិច្ចនៅរយៈចុងក្រោយបានបង្ហាញពីសន្ទុះនៃការងើបឡើងវិញដ៏ល្អ។ លោកស្រី Qian Wang ប្រធានអ្នកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនវិនិយោគ Vanguard បានប្រាប់សារព័ត៌មាន BBC ថា "ការខកចិត្តចំពោះកំណើនសេដ្ឋកិច្ចមិនខ្ពស់កើតមានឡើងនៅលើវិស័យលក់រាយ និងការវិនិយោគលំនៅឋាន។" លោកស្រីបានបន្ថែមថា "កំណើនយឺតយ៉ាវនៃវិស័យទាំងនេះ រួមជាមួយនឹងរបាយការណ៍ពាណិជ្ជកម្ម អតិផរណា និងរបាយការណ៍កម្ចី បានបញ្ជាក់ថា សន្ទុះកំណើនសេដ្ឋកិច្ចជាមូលដ្ឋានរបស់ចិននៅតែខ្សោយខ្លាំងនៅឡើយ។ តម្រូវការសកលសម្រាប់ទំនិញចិនក៏បានធ្លាក់ចុះយ៉ាងខ្លាំង ហើយក៏មានការព្រួយបារម្ភផងដែរ ជុំវិញការកើនឡើងនៃបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ និងទីផ្សារលំនៅឋាន។” និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យចំនួន ១១,៥៨លាននាក់ត្រូវបានគេរំពឹងថានឹងចូលទៅក្នុងទីផ្សារការងារក្នុងប្រទេសចិននៅក្នុងឆ្នាំនេះ។ អត្រាគ្មានការងារធ្វើសម្រាប់យុវជននៅបណ្ដាទីក្រុងបាននិងកំពុងកើនឡើងជាច្រើនខែ។ កត្ដាចម្បងបណ្ដាលមកពី ភាពមិនស៊ីគ្នា ឬគេហៅថា “Mismatch” រវាងជំនាញដែលនិស្សិតត្រូវបានបណ្ដុះបណ្ដាលនៅសាលា និងជំនាញដែលត្រូវការជាក់ស្ដែងនៅលើទីផ្សារការងារ។ អាជ្ញាធរចិនបានទទួលស្គាល់ថា ភាពអត់ការងារធ្វើរបស់យុវជនប្រហែលជានឹងបន្តកើនឡើងក្នុងប៉ុន្មានខែខាងមុខ មុនពេលវាឈានដល់កម្រិតកំពូលនៅខែសីហា។ លោកស្រី Dan Wang ប្រធានអ្នកសេដ្ឋកិច្ចនៅធនាគារ Hang Seng Bank China បានប៉ាន់ស្មានថា យុវជនដែលគ្មានការងារធ្វើមានចំនួនត្រឹមតែ១,៤%នៃកម្លាំងពលកម្មសរុប នៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណា លោកស្រីបានប្រាប់សារព័ត៌មាន BBC ថា បញ្ហានៃភាពអត់ការងារធ្វើរបស់យុវជនទាមទារឱ្យមាននយោបាយឆ្លើយតបបន្ថែមទៀត ពីព្រោះយុវជនបានសម្ដែងមតិច្រើនណាស់នៅតាមប្រព័ន្ធអ៊ីនធឺណិត។ លោកស្រីបានបន្ថែមថា ”ការបង្ហាញពីការមិនសប្បាយចិត្តរបស់យុវជនក្នុងស្ថានភាពបច្ចុប្បន្នអាចនឹងបង្កឲ្យមានការបាត់បង់ទំនុកចិត្តកាន់តែខ្លាំងលើសេដ្ឋកិច្ចចិន។” រដ្ឋាភិបាលចិនបានចាប់ផ្តើមផ្សព្វផ្សាយតួលេខអ្នកអត់ការងារធ្វើរបស់យុវជននៅក្នុងឆ្នាំ២០១៨។ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ ចិនមិនបានបញ្ចេញទិន្នន័យស្តីពីស្ថានភាពការងាររបស់យុវជននៅតំបន់ជនបទទេ។ កាលពីខែមីនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយថា ប្រទេសចិនចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច៥%របស់ខ្លួននៅឆ្នាំនេះ ហើយរដ្ឋាភិបាលចិនក៏ត្រូវជំរុញការខិតខំប្រឹងប្រែងបន្ថែមលើនយោបាយការងាររបស់យុវជន។ យោងតាមស្ថាប័ន Goldman Sachs នយោបាយជំរុញការបង្កើនការងារក្នុងចំណោមយុវជនគឺជារឿងអាទិភាពបំផុត សម្រាប់ប្រទេសចិន ព្រោះថាយុវជនមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចខ្លាំងណាស់។ យុវជនជាក្រុមពលរដ្ឋដែលមានការចំណាយច្រើនលើវិស័យនានាដូចជា វប្បធម៌ វិស័យអប់រំ ការជួលលំនៅឋាន ការដឹកជញ្ជូន និងទំនាក់ទំនង។ ផ្អែកតាមស្ថាប័នដដែល នាពេលកន្លងមក រដ្ឋាភិបាលចិនបានចាត់វិធានការលើកកម្ពស់ការងារដល់និស្សិតដែលបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ ជាឧទាហរណ៍ រដ្ឋាភិបាលជំរុញជ្រើសរើសយុវជន ទៅធ្វើការនៅក្នុងវិស័យយោធាចិន និងការផ្តល់អាទិភាពដល់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ស្របពេលដែលសហគ្រាសរដ្ឋចិនបានប្តេជ្ញាបង្កើនចំនួនកន្លែងកម្មសិក្សាចំនួន ១លានកន្លែងបន្ថែមសម្រាប់និស្សិតបញ្ចប់ការសិក្សាក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ទោះបីជាដូច្នេះនេះក្តី ភាពមិនស៊ីសង្វាក់គ្នារវាងជំនាញដែលនិស្សិតរៀននៅមហាវិទ្យាល័យ និងអ្វីដែលជាជំនាញក្រុមហ៊ុនត្រូវការពិតជាក់ស្ដែង គឺជាបញ្ហាចម្បង។ អ្នកសេដ្ឋកិច្ចរបស់ស្ថាប័ន Goldman Sachs បានលើកឡើងថា "ការដោះស្រាយភាពមិនស្របគ្នារវាងអ្វីដែលសាលាបង្រៀន និងអ្វីដែលជាតម្រូវការជាក់ស្ដែងរបស់អាជីវកម្មនឹងជួយដោះស្រាយបញ្ហានេះ ប៉ុន្តែវាគឺជាកិច្ចការដ៏លំបាក ហើយនិងទាមទាររយៈពេល៕"
8/7/2023 • 4 minutes, 59 seconds តើហេតុផលអ្វីខ្លះ នៅពីក្រោយការដកតំណែង របស់ រដ្ ឋមន្ត្រីការបរទេសចិន?
ថ្ងៃអង្គារ សារព័ត៌មានផ្លូវការរបស់រដ្ឋអំណាចចិន បានប្រកាសអំពីការដកតំណែងរដ្ឋមន្ត្រីការបរទេសចិន។ ប្រមុខការទូតរូបនេះ អវត្តមានអំពីឆាកអន្តរជាតិ និងឆាកនយោបាយការទូតចិន ប្រមាណជា ១ខែ។ រាល់ជំនួបការទូតធំៗ និងកិច្ចប្រជុំកំពូលអន្តរជាតិសំខាន់ៗ ត្រូវលោក វ៉ាង យី សមាជិកជាន់ខ្ពស់គណៈមជ្ឈិមបក្សកុម្មុយនិស្តចិន ជាអ្នកទទួលរាប់រ៉ងជំនួសទាំងអស់។ រឿងនេះបានធ្វើឲ្យលេចចេញសំណួរ និងចម្ងល់សង្ស័យជាច្រើន រួមទាំងពាក្យចចាមអារាមដែរ។ តើហេតុផលអ្វីខ្លះនៅពីក្រោយការដកតំណែងនិងបាត់មុខពីទីសាធារណៈ របស់ រដ្ឋមន្ត្រីការបរទេសចិន? ជាង១ខែមកហើយ ស្ងាត់បាត់ដំណឹងឈឹងសូន្យ។ រដ្ឋមន្ត្រីការបរទេសចិន លោក ជីន កង បានបាត់ខ្លួនពីទីសាធារណៈ ចាប់តាំងពីការបង្ហាញមុខចុងក្រោយនៅក្នុងជំនួបជាមួយ អនុរដ្ឋមន្ត្រីរុស្ស៊ី Andreï Rudenko និងក្រោយពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសស្រីលង្ការ នៅទីក្រុងប៉េកាំង នាថ្ងៃទី២៥មិថុនា។ ២ថ្ងៃក្រោយ លោក ជីន កង ខកខានមិនបានទទួលជួបនាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins នៅថ្ងៃទី២៧មិថុនា។ ក្រោយមកទៀត លោកក៏មិនបានជួបប្រមុខបេសជនពិសេសអាកាសធាតុអាមេរិក Jonh Kerry ហើយលោកមិនបានទទួលជួបអ្នកការទូតអាមេរិកដ៏ល្បី Henry Kissinger ជាមិត្តចាស់របស់ចិន និងជាអ្នកភ្ជាប់ទំនាក់ទំនងចិន-អាមេរិក អំលុងទសវត្សរ៍១៩៧០។ អាយុ១០០ឆ្នាំលោកHenryKissinger ទៅប៉េកាំង ពីថ្ងៃ១៩-២០កក្កដា។ រដ្ឋមន្ត្រីការបរទេសចិន ជីន កង មិនបានទៅប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាននៅឥណ្ឌូណេស៊ី និងមិនបានទៅចូលរួមកិច្ចប្រជុំប្រទេសមានសន្ទុះសេដ្ឋកិច្ចលឿន Brics នៅប្រទេសអាហ្វ្រិកខាងត្បូង ថែមទៀត។អំលុងអវត្តមានប្រមុខការទូតចិន រយៈពេល ១ ខែមកនេះ ទំហំកិច្ចការដ៏ធ្ងន់ នៅក្រសួងការទេសចិន ត្រូវធ្លាក់ទៅលើ លោក វ៉ាង យី ជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស ទទួលបន្ទុកកិច្ចការបរទេស ដែលជាឋានៈតំណែង ខ្ពស់ជាង លោក ជីន កង ជាអ្នកត្រូវទទួលរ៉ាប់រងជំនួសទាំងអស់។ លោក វ៉ាង យី ដែលធ្លាប់កាន់តំណែងប្រមុខការទូតចិន ក៏ត្រូវវិលមកទទួលតំណែងនេះជាថ្មី។ស្ទះការងារអវត្តមានរបស់លោក ជីន កង មួយរយៈធំមកនេះ ធ្វើឲ្យដំណើរការនៅក្រសួងការបរទេសចិនត្រូវកកស្ទះ។ ជាក់ស្តែង រដ្ឋអំណាចចិន បានសម្រេចលើកពេលដំណើរទស្សនកិច្ចទៅប៉េកាំង របស់លោក Josep Borrel ប្រមុខការទូតសហភាពអឺរ៉ុប ដែលត្រូវអញ្ជើញទៅប្រទេសចិន តាំងពីថ្ងៃទី១០កក្កដា។ ហើយ ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly ដែលត្រូវរៀបចំដំណើរនៅថ្ងៃសុក្រនេះ ក៏តម្រូវឲ្យលើកពេលទៅទៀត។ទោះយ៉ាងនេះក្តី ក្រសួងការបរទេសចិន ថា កិច្ចការងាររបស់ក្រសួង នៅតែដំណើរការដូចប្រក្រតីធម្មតា។ ក៏ប៉ុន្តែ មន្ត្រីទូតបរទេសនៅប៉េកាំង មិនគិតថាជាការធម្មតាទេ។ ជាក់ស្តែង ឯកអគ្គរដ្ឋទូតអ៊ុយក្រែន តែងតាំងថ្មី ប្រចាំក្រុងប៉េកាំង គឺបានផ្ញើសារតាំង ទៅក្រសួងការបរទេសចិន ប្រមាណជា ១ខែទៅហើយ តែគ្មានចម្លើយអ្វីទាំងអស់។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនថ្មីនៅចិន បានសម្តែងក្តីភ្ញាក់ផ្អើល ហើយមន្ត្រីទូតសហភាពអឺរ៉ុប ក៏ចាត់ទុកថានេះជារឿងអាស្រូវអាសោចកេរ្តិ៍។ រឿងអាសោចកេរ្តិ៍នេះ មិនថានៅរង្វង់បច្ចិមលោកទេ សូម្បីតែក្នុងស្រុកចិនខ្លួនឯង ក៏មតិមហាជន បានសួរដេញដោលអំពីអវត្តមានរបស់ប្រមុខការទូតចិននេះដែរ។ ក្នុងបណ្តាញសង្គមចិន Weibo (ស្រដៀងហ្វេសបុកអាមេរិកដែរ) គឺមានមតិសរសេរលើកឡើងជុំវិញការបាត់ខ្លួន បាត់មុខពីឆាកសាធារណៈរបស់លោក ជីន កង ហើយការសង្ស័យ និងពាក្យចចាមអារាមផ្សេងៗលេចចេញជាហូរហែ។ទីបំផុតទៅ នៅថ្ងៃអង្គារ៍ទី២៥កក្កដា សារព័ត៌មានផ្លូវការរបស់រដ្ឋអំណាចចិន មានបែបយ៉ាង ទូរទស្សន៍ជាតិ CCTV និង កាសែតចិនជាភាសាបារាំង Chine Nouvelle បានផ្សាយដំណឹងគួរឲ្យភ្ញាក់ផ្អើលថាអំពីការដកហូតតួនាទីនិងតំណែងទាំងអស់របស់លោក ជីន កង នៅក្នុងក្រសួងការបរទេសចិន។ ហើយនិងថា ការសម្រេចចិត្តនេះ គឺធ្លាក់មកពីការអនុម័តរបស់សភាប្រជាជនចិន។ សំណុំរឿងរបស់រដ្ឋមន្ត្រីការបរទេសចិន តម្រូវ សភាចិន កោះប្រជុំគ្នាជាបន្ទាន់នៅថ្ងៃអង្គារ ដែលតាមទម្លាប់ធម្មតា សភាចិន ត្រូវប្រជុំគ្នានៅចុងខែឯណោះ។ តើមូលហេតុអ្វីនៅពីក្រោយរឿងដកតំណែងរបស់ប្រមុខការទូតចិន? ទាំងសភាប្រជាជនចិន ទាំងកាសែតរដ្ឋចិន សុទ្ធតែមិនបានបញ្ជាក់អំពីមូលហេតុលម្អិតសោះឡើយ។ ពីថ្ងៃអង្គារ៍ ក្រសួងការបរទេសចិន ក្នុងសន្និសីទប្រចាំថ្ងៃ ក៏ប្រឹងចៀសវាងមិនឆ្លើយនឹងសំណួរបស់អ្នកកាសែត។ អ្នកស្រី ម៉ៅ នីង អ្នកនាំពាក្យការទូតចិន ប្រឹងបង្ហែរសំណួរ និងចៀសវាងមិនបញ្ជេញសូម្បីតែឈ្មោះរបស់រដ្ឋមន្ត្រី ជីន កង។ បើពិនិត្យពីហេតុផលផ្លូវការ ជុំវិញមូលហេតុអវត្តមានរបស់លោករដ្ឋមន្ត្រី គឺ ក្រសួងការបរទេសចិន បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ នាពេលកន្លងទៅ ថា មកពី«បញ្ហាសុខភាព»។ កាសែតចិនហុងកុង The South China Morning Post បានធ្លាប់លើកឡើងដែរថា ការឈឺយូរបែបនេះ ទំនងជា ឆ្លងកូវីដ១៩ហើយ។ដំណឹងដែលគេជជែកនៅស្រុកចិន គឺ ទំនងជាបញ្ហាប្រជែងអំណាចផ្ទៃក្នុង រវាងក្រុមអ្នកបន្តវេនឈាមថ្មី និងក្រុមអ្នកនយោបាយជើងចាស់។ វ័យ ៥៧ ឆ្នាំ លោក ជីន កង បានហក់ឡើងតំណែងខ្ពស់និងលឿន ដ្បិតថាលោកជាមនុស្សមានសមត្ថភាព ហើយជាមនុស្សស្និទ្ធនឹងប្រធានាធិបតីចិន ស៊ី ជីនពីន។ រេបន្ទាត់នយោបាយ?លោក ជីន កង គឺជាអ្នកការទូតចិន ដែលនិយាយប្រើប្រាស់ភាសាអង់គ្លេស រូហូរដូចទឹក។ លោក ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតចិនដល់ទៅ ៣ លើកនៅនគរអង់គ្លេស និងធ្លាប់ជាធ្វើឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក ប្រមាណ ១៨ ខែ មុននឹងត្រូវជ្រើសតាំង ជាសមាជិកគណៈមជ្ឈិមបក្សកុម្មុយនិស្តចិន នាខែតុលា ឆ្នាំ២០២២ ហើយត្រូវតែងតាំងជាបន្ទាប់ ជារដ្ឋមន្ត្រីការបរទេស។ លោក ជីន កង ចូលកាន់តំណែងជាផ្លូវការនៅក្រសួងការបរទេស នៅខែមករា ឆ្នាំ២០២៣។ អំលុងពេល ១ឆមាសមកនេះ លោកបំពេញការងារ ហោះហើរ ជើងស្ទើរមិនជាប់ដី ក្នុងបេសកម្មបម្រើការទូតចិន នៅអឺរ៉ុប អាហ្វ្រិក អាស៊ីកណ្តាល ហើយទទួលជួបមន្ត្រីទូតបរទេស នៅប៉េកាំង យ៉ាងមមាញឹក ។ល។ នៅក្នុងពេលកាន់តួនាទី ប្រមាណកន្លះឆ្នាំមកនេះ លោក ជីន កង នៅតែប្រកាន់បន្ទាត់នយោបាយចិនដដែល យ៉ាងឥតងាករេ គឺដូចអ្វីដែល កាសែតបរទេសច្រើន វាយតម្លៃ រូបលោក ថាជា«ចចកប្រយុទ្ធ» របស់ចិន។ «ចចកប្រយុទ្ធ» ដែលគាំទ្រគោលនយោបាយចិន និង រិះគន់លោកខាងលិចមិនសំចៃមាត់ នារយៈ២០ឆ្នាំចុងក្រោយនេះ ។ ដូច្នេះ គេជឿថា ការដកពីតំណែងលោក គឺពុំមែនមកពីហេតុផលងាករេនយោបាយ ឬដើរខុសបន្ទាត់នយោបាយបក្សនោះឡើយ។ ទំនាក់ទំនងផ្លូវភេទ ក្រៅចំណងអាពាហ៍ពិពាហ៍មានហេតុមួយទៀត ដែលក្នុងសង្គមចិន កំពុងតែសង្ស័យ នោះគឺរឿងអាស្រូវទំនាក់ទំនងផ្លូវភេទ ក្រៅចំណងអាពាហ៍ពិពាហ៍។ នៅមុនការបាត់មុខរបស់លោក ជីន កង ប្រមាណជា ១សប្តាហ៍ គឺប្រព័ន្ធផ្សព្វផ្សាយ បាននាំគ្នាផ្សាយអំពីចំណងទាក់ទងដ៏ស្និទ្ធរបស់លោករដ្ឋមន្ត្រី ជាមួយនិង ស្រីអ្នកឆ្លើយឆ្លងព័ត៌មាន ដ៏ល្បីម្នាក់របស់ចិន ប្រចាំនៅសហរដ្ឋអាមេរិក។ អ្នកទាំងពីរបានជួបស្គាល់គ្នា គ្រាដែលលោក ជីន កង ធ្វើជាឯកអគ្គរដ្ឋទូតចិននៅរដ្ឋធានីវ៉ាស៊ីនតោន ចន្លោះឆ្នាំ២០២១ និង២០២៣។នៅខែមេសាកន្លងទៅនេះ អ្នកកាសែតស្រីរូបនោះ បានផ្សាយរូបថត ៣ សន្លឹក លើបណ្តាញសង្គម ស្តីពី ដំណើររបស់នាងនៅលើយន្តហោះឯកជន និងមានបីកូនក្មេងម្នាក់ ដើម្បីក្នុងឱកាសជូនពរបុណ្យខួបកំណើតរបស់ លោក ជីន កង។ យន្តហោះនាងជិះនោះ សំដៅទៅទីក្រុងប៉េកាំង។ ចាប់ពីពេលនោះមក គេគ្មានដំណឹងពីរូបអ្នកកាសែតស្រីរូបនេះទៀតទេ។ សប្តាហ៍មុននេះ លោក James Palmer នៃទស្សនាវដ្តី Foreign Policy បានជឿជាក់ថា «លោក ជីន កង បាត់បង់តំណែង ក៏ព្រោះតែទំនាក់ទំនងពិសេសជាមួយនារីម្នាក់នេះហើយ។» នេះក៏ព្រោះតែ ទំនាក់ទំនងស្នេហាខាងក្រៅ ជារឿងអាស្រូវដ៏រស៊ើបមួយ សម្រាប់គំរូសីលធម៌នយោបាយនៃថ្នាក់ដឹកនាំចិន។ ជាឧទាហរណ៍ពេលកន្លងទៅ លោក Zhang Gaoli ជាមន្ត្រីធំរបស់បក្សកុម្មុនិស្តចិន ជាអតីតសមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយរបស់បក្ស ក៏ត្រូវទម្លាក់ពីតំណែង នៅខែតុលា ឆ្នាំ២០២២។ ដ្បិតមានជាប់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទ និងត្រូវរងការចោទប្រកាន់ពីបទរំលោភ លើកីឡាការិនីវាយតេនីស។ទោះយ៉ាងណាក្តី ការដកតំណែងរដ្ឋមន្ត្រីការបរទេសចិន គឺការចម្លែកមួយ ដែលលោក វ៉ាង យី មន្ត្រីជើងចាស់ មកជំនួសកន្លែងចាស់របស់លោក និង ពុំមែនជា អនុរដ្ឋមន្ត្រីផ្សេងទៀតមកកាន់ជំនួស។ នេះគឺនាំឲ្យគេគិតពីការស្នងតំណែងមិនបើកទូលាយ៕
7/25/2023 • 7 minutes, 29 seconds ហេតុអ្វីអ៊ីស្រាអែលទទួលស្គាល់ដែនអធិបតេយ្យភាពរបស់ម៉ារ៉ុកលើតំបន់ដ៏ចម្រូងចម្រាសដូចជាសាហារ៉ាខាងលិច?
ជាង២ឆ្នាំក្រោយប្រកាសភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយរាជាណាចក្រម៉ារ៉ុក ក្រោមការជួយចូកជួយចែវរបស់សហរដ្ឋអាមេរិកកាលពីចុងឆ្នាំ ២០២០ អ៊ីស្រាអែលនៅថ្ងៃចន្ទដើមសប្តាហ៍មុនបានប្រកាសទទួលស្គាល់អធិបតេយ្យភាពរបស់ម៉ារ៉ុកលើតំបន់សាហារ៉ាខាងលិច នោះបើទោះបីជា ទឹកដីមួយផ្នែករបស់សាហារ៉ាខាងលិចកំពុងជាសមរភូមិប្រយុទ្ធដណ្តើមគ្នារវាងកងទ័ពម៉ារ៉ុក និងរណសិរ្សប៉ូលីសារីយ៉ូ ដែលជាក្រុមទាមទារឯករាជ្យគាំទ្រដោយអាល់ហ្សេរី ប្រទេសជិតខាងរបស់ម៉ារ៉ុក។ សំណួរចោទឡើងថា អ៊ីស្រាអែលភ្ជាប់ទំនាក់ទំនងធម្មតាជាមួយម៉ារ៉ុកកាលពីជាង២ឆ្នាំមកហើយ ប៉ុន្តែ ហេតុអ្វីបានជាទើបប្រកាសទទួលស្គាល់សិទ្ធិផ្តាច់មុខរបស់ម៉ារ៉ុកទៅលើទឹកដីសាហារ៉ាខាងលិចនៅពេលនេះ? អ៊ីស្រាអែល នៅទីបំផុតបានដើរតាមផ្លូវរបស់សម្ព័ន្ធមិត្តអាមេរិកដែលបានប្រកាសទទួលស្គាល់សិទ្ធិផ្តាច់មុខរបស់រាជាណាចក្រម៉ារ៉ុកលើតំបន់សាហារ៉ាខាងលិច។ ២ឆ្នាំកន្លះក្រោយភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែលដែលមានអាមេរិកជាអ្នកផ្ចុងផ្តើម ម៉ារ៉ុកទន្ទឹងរង់ចាំការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែលដោយច្រាស់ច្រាល់បំផុត។ នៅក្នុងសេចក្តីប្រកាសដែលមានដកស្រង់ខ្លឹមសារលិខិតរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបិនចាមីន នេតាន់យ៉ាហ៊ូ រាជវាំងម៉ារ៉ុកអះអាងថា មេដឹកនាំអ៊ីស្រាអែលសម្រេចចិត្តទទួលស្គាល់ដែនអធិបតេយ្យភាពរបស់ម៉ារ៉ុកលើតំបន់សាហារ៉ាខាងលិច។តាមសេចក្តីប្រកាសរបស់ព្រះរាជវាំងម៉ារ៉ុកដដែល នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនឹងជូនដំណឹងពីការសម្រេចចិត្តរបស់ខ្លួនទៅអង្គការសហប្រជាជាតិ និងប្រទេសដែលមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល។ ចុងបញ្ចប់ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលជូនដំណឹងទៅព្រះរាជាម៉ារ៉ុកពីគម្រោងចង់បង្កើតកុងស៊ុលក្នុងតំបន់សាហារ៉ាខាងលិច នៅទីក្រុង Dakhlaដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលម៉ារ៉ុក។សម្រាប់មន្រ្តីជាន់ខ្ពស់ម៉ារ៉ុក ការសម្រេចចិត្តរបស់អ៊ីស្រាអែលនឹងធ្វើឲ្យការទទួលស្គាល់ដែនអធិបតេយ្យភាពរបស់ម៉ារ៉ុកលើតំបន់សាហារ៉ាខាងលិចកាន់តែបោះជំហានទៅមុខដោយស្វាហាប់ ជាពិសេស នៅក្រោយការទទួលស្គាល់របស់អាមេរិកនិងការបើកកុងស៊ុលរបស់ប្រទេសជាង៣០នៅសាហារ៉ាខាងលិច។បន្ទាប់ពីរារែកអស់២ឆ្នាំកន្លះ រដ្ឋអ៊ីស្រាអែលសម្រេចចិត្តទទួលស្គាល់តំបន់សាហារ៉ាខាងលិចជាដែនដីរបស់ម៉ារ៉ុក ក៏ព្រោះតែចង់បំពេញចិត្តរាជវាំងរ៉ាបា ដែលមួយរយៈចុងក្រោយនេះ ចេះតែពន្យារលើកពេល មួយដង ជា២ដង ជំនួបកំពូល Neguevដែលជាវេទិកាជួបជុំថ្នាក់ដឹកនាំរបស់អ៊ីស្រាអែល និងប្រទេសអារ៉ាប់ទាំង៤ដែលបានចុះកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ដូចជាអេមីរ៉ាតអារ៉ាប់រួម បារ៉ែន ស៊ូដង់ និងម៉ារ៉ុក។វេទិកា Neguevសំខាន់ណាស់សម្រាប់អ៊ីស្រាអែលដែលប្រឹងប្រែងធ្វើយុទ្ធនាការទូតខិតចូលជិតប្រទេសអារ៉ាប់នៅក្នុងតំបន់ដើម្បីពង្រឹងសម្ព័ន្ធភាព នៅចំពោះមុខអ៊ីរ៉ង់ដែលជាសត្រូវ។ ប៉ុន្តែ ការសម្រេចចិត្តរបស់អ៊ីស្រាអែលមិនមែនគ្មានផលវិបាក។ នៅពេលម៉ារ៉ុកទាមទារកម្មសិទ្ធិគ្រប់គ្រងផ្តាច់មុខលើសាហារ៉ាខាងលិច តំបន់ភាគខាងត្បូងរបស់សាហារ៉ាខាងលិច ប្រមាណ២០%កំពុងស្ថិតក្រោមការកាន់កាប់របស់រណសិរ្សទាមទារឯករាជ្យ ប៉ូលីសារីយ៉ូដែលប្រយុទ្ធដណ្តើមទឹកដីជាមួយម៉ារ៉ុកតាំងពីឆ្នាំ ១៩៧៥។រណសិរ្សប៉ូលីសារីយ៉ូត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៣ ដោយមានជំនួយយោធាពីប្រទេសអាល់ហ្សេរី ដើម្បីរំដោះសាហារ៉ាខាងលិចពីអាណានិគមនិយមអេស្ប៉ាញ។ នៅក្រោមការដាក់សម្ពាធរបស់អង្គការសហប្រជាជាតិ អេស្ប៉ាញបានដកខ្លួនចេញពីសាហារ៉ាខាងលិចនៅឆ្នាំ១៩៧៦។ ឆ្លៀតឱកាសដែលអេស្ប៉ាញបញ្ចប់អាណានិគមនៅសាហារ៉ាខាងលិច ម៉ូរីតានីប្រយុទ្ធដណ្តើមទឹកដីជាមួយម៉ារ៉ុក មុននឹងដកខ្លួនទៅវិញ ដោយទុកឲ្យកងទ័ពម៉ារ៉ុកនៅបន្តប្រយុទ្ធជាមួយរណសិរ្សប៉ូលីសារីយ៉ូចាប់តាំងពីឆ្នាំ១៩៧៥។ ក្រោមអន្តរាគមន៍របស់អង្គការសហប្រជាជាតិ ភាគីជម្លោះទាំងពីរបានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់នៅឆ្នាំ ១៩៩១ ប៉ុន្តែ ត្រូវផុតរលត់ទៅវិញ នៅឆ្នាំ ២០២០ នៅពេលម៉ារ៉ុកបើកការបង្រ្កាបហិង្សាទៅលើបាតុករសារ៉ាវី Sahrawi ដែលជាប្រជាជនរស់នៅតំបន់សាហារ៉ាខាងលិច។មានទំហំផ្ទៃដីធំ២ដងប្រទេសកម្ពុជា សាហារ៉ាខាងលិចដែលស្ថិតនៅភាគខាងត្បូងម៉ារ៉ុក មានព្រំដែនជាប់អាល់ហ្សេរី និងម៉ូរីតានី ត្រូវអង្គការសហប្រជាជាតិចាត់បញ្ចូលក្នុងបញ្ជីតំបន់មិនស្វ័យតតាមការទាមទាររបស់ម៉ារ៉ុក។ ប៉ុន្តែ អង្គការសហប្រជាជាតិផ្ទាល់ធ្លាប់ទទួលស្គាល់រណសិរ្សប៉ូលីសារីយ៉ូជាអ្នកតំណាងស្របច្បាប់របស់ប្រជាជនសារ៉ាវី Sahrawi នៅសាហារ៉ាខាងលិច និងជំរុញឲ្យមានការបោះឆ្នោតប្រជាមតិ តាមការចង់បានរបស់ក្រុមទាមទារឯករាជ្យដែលចង់ប្រែក្លាយសាហារ៉ាខាងលិចជាដែនដីស្វ័យត។ ប៉ុន្តែ ម៉ារ៉ុកដែលចង់យកសាហារ៉ាខាងលិចទាំងអស់មកក្រោមការគ្រប់គ្រងរបស់ខ្លួន បានខ្ទាស់ជើងមិនឲ្យមានការបោះឆ្នោតប្រជាមតិ។ ជាតំបន់វាលខ្សាច់សោះកក្រោះ សាហារ៉ាខាងលិចជាគោលដៅចង់បានរបស់ម៉ារ៉ុក ដោយសារផលិតផលនេសាទនៅមហាសមុទ្រអាត្លង់ទិក និងធនធានរ៉ែក្រោមដី ដូចជាផូស្វ័រសំខាន់សម្រាប់ធ្វើជីគីមីក្នុងបរិបទសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ការសម្រេចចិត្តរបស់អ៊ីស្រាអែលទទួលស្គាល់ដែនអធិបតេយ្យភាពរបស់ម៉ារ៉ុកលើសាហារ៉ាខាងលិចមិនត្រឹមធ្វើឲ្យរណសិរ្សប៉ូលីសារីយ៉ូខឹងក្តៅក្រហាយ ប៉ុន្តែនឹងអាចដុតកំដៅបង្កើនភាពតានតឹងក្នុងតំបន់ ព្រោះថា អាល់ហ្សេរីដែលគាំទ្រផ្នែកយោធានិងផ្តល់ជំរកដល់ក្រុមរណសិរ្សប៉ូលីសារីយ៉ូ ប្រាកដជាមិនសប្បាយចិត្ត។ មានជំនួយយោធាពីអាមេរិក ម៉ារ៉ុកបានពង្រឹងកងទ័ព បង្កើនទិញអាវុធពីខាងក្រៅ។ ចំណែក អាល់ហ្សេរីដែលឧបត្ថម្ភគាំទ្រពីក្រោយរណសិរ្សប៉ូលីសារីយ៉ូដែលមានចំនួនទ័ព១៥០០០នាក់ ក៏ពង្រឹងកងទ័ពនៅតាមព្រំដែនរបស់ខ្លួនជាមួយម៉ារ៉ុកនៅប៉ុន្មានឆ្នាំមកនេះ។ អ្នកវិភាគវាយតម្លៃថា ការខិតចូលជិតគ្នារវាងម៉ារ៉ុក និងអ៊ីស្រាអែល នឹងបើកផ្លូវកាន់តែធំ សម្រាប់ឲ្យអ៊ីស្រាអែលទាញយកប្រយោជន៍ច្រើនពីម៉ារ៉ុក មិនថា ការលក់សព្វាវុធ ឬកងទ័ពម៉ារ៉ុកក្នុងការតាមដានបច្ចេកវិទ្យា ការត្រួតពិនិត្យដែនអាកាស ដ្រូន ចារកម្ម និងការពង្រីកឥទ្ធិពលរបស់អ៊ីស្រាអែលលើបណ្តាញគ្រប់គ្រងអ៊ីនធ័រនែតរបស់ម៉ារ៉ុក៕
7/24/2023 • 5 minutes, 36 seconds ឥណ្ឌា ចង់កាត់បន្ថយការពឹងពាក់លើអាវុធរុស្ស៊ី តែក្នុង រយៈពេលខ្លី មិនអាចទៅរួច
ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌា បានស្តែងអំពីមហិច្ចតាខ្លាំងៗឡើង ចង់ធ្វើជាមហាអំណាចដឹកនាំពិភពលោកនឹងគេដែរ។ ក្នុងវត្ថុបំណងនេះ ឥណ្ឌា បានវិនិយោគផលិតអាវុធ និងបញ្ជាទិញអាវុធច្រើនឡើងៗ រហូតក្លាយជាប្រទេសដែលនាំចូលគ្រឿងសព្វាវុធច្រើនជាងគេលើកពិភពលោក។ ប្រទេស ៣ ដែល ឥណ្ឌា ទិញអាវុធច្រើនជាងគេ គឺ រុស្ស៊ី បារាំង និងសហរដ្ឋអាមេរិក។ នៅក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន ជាឱកាសឲ្យ ឥណ្ឌា គិតគូរជម្រើសថ្មីៗបន្ថែម ហើយ ឥណ្ឌា ក៏ចង់កាត់បន្ថយការពឹងពាក់លើអាវុធរុស្ស៊ី។ ក៏ប៉ុន្តែ នេះ ជាដំណើរផ្លូវនៅវែងឆ្ងាយណាស់។ ចំពោះឥណ្ឌា ដើម្បីកាត់បន្ថយការពឹងពាក់លើរុស្ស៊ី គឺត្រូវទិញអាវុធពីប្រទេសផ្សេងៗ និងត្រូវតែបង្កើនសមត្ថភាពផលិតអាវុធដោយខ្លួនឯង។ នេះក៏ពីព្រោះតែឋិតនៅក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន គឺតម្រូវឲ្យ ឥណ្ឌា ធ្វើពិពិធកម្ម នៃការនាំចូលអាវុធពីប្រទេសផ្សេងៗគ្នា។ គ្រាន់តែប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌា បានក្លាយជាមហាប្រទេសដែលទិញអាវុធនាំចូលច្រើនជាងគេលើកពិភពលោក។ នេះបើតាមការគូសបង្ហាញរបស់ SIPRI វិទ្យាស្ថានស្រាវជ្រាវដើម្បីសន្តិភាពនៃក្រុងស្តុកខុម។ ថ្នាក់ដឹកនាំឥណ្ឌា ដើរទិញអាវុធពីមហាអំណាចផលិតអាវុធ។ ចុងខែមិថុនា នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី អញ្ជើញទៅរដ្ឋធានីវ៉ាស៊ីនតោន ជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតអាវុធអាមេរិក នៅក្នុងការផលិតរួមគ្នាម៉ូទ័រយន្តហោះចម្បាំងសម្រាប់កងទ័ពជើងអាកាសឥណ្ឌា។ នាសប្តាហ៍មុននេះ វត្តមាននាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី នៅប៉ារីស ក៏ដើម្បីពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងកិច្ចសហការវិស័យយោធា ពិសេស ការចរចាអាវុធបន្ថែមពីបារាំង។ ឥណ្ឌា បានបញ្ជាទិញយន្តហោះចម្បាំង ៣៦ គ្រឿងពី បារាំងរួចហើយ។ នៅសប្តាហ៍មុននេះ នាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានពិភាក្សាជាមួយសមភាគីបារាំង បញ្ជាទិញយន្តហោះចម្បាំងបារាំង ចំនួន ២៦ បន្ថែមទៀត ព្រមទាំងឧបករណ៍គ្រឿងច្បាំងសម្រាប់បំពាក់នៅនាវាឥណ្ឌា។ មិនតែប៉ុណ្ណោះ ឥណ្ឌា ដែលបានទិញនាវាមុជទឹក ៦ ពីបារាំង រួចហើយ ថ្មីៗក្នុងខែនេះ ប្រមុខរដ្ឋាភិបាលឥណ្ឌា ក៏បានបញ្ជាទិញ នាវាមុជទឹករបស់បារាំង ចំនួន ៣ គ្រឿង បន្ថែមទៀត។ទាំងនេះ គឺឋិតនៅក្នុងដំណើរកាត់បន្ថយការពឹងពាក់លើរុស្ស៊ី និងដើម្បីសម្រេចមហិច្ចតារបស់ខ្លួន ដែល ឥណ្ឌាដាក់ចេញគម្រោងកម្មវិធីផលិតផលធ្វើនៅស្រុកឥណ្ឌា «Make in India»។ ក្នុងមហិច្ចតានេះ ឥណ្ឌាបានឆ្លៀតដាក់សម្ពាធទៅប្រទេសអ្នកលក់បច្ចិមលោក ឲ្យផ្ទេរបច្ចេកវិទ្យាវិស័យយោធាឲ្យឥណ្ឌា។ រដ្ឋាភិបាលឥណ្ឌា បានចរចាកិច្ចសន្យាទិញលក់អាវុធ ក្នុងលក្ខខណ្ឌថា មួយផ្នែកនៃគ្រឿងបរិក្ខារ ឬទាំងមូលតែម្តង ត្រូវផលិតនៅលើទឹកដីឥណ្ឌា។ នេះដូចជាករណី នាវាមុជទឹកទាំង៦ដែលឥណ្ឌាទិញពីបារាំង នៅឆ្នាំ២០២២។ គឺការដ្ឋានសាងសង់ត្រូវធ្វើនៅក្បែរសមុទ្រនៃក្រុងBombay របស់ឥណ្ឌា។ គម្រោងទិញអាវុធបារាំង និងផលិតនៅក្នុងស្រុកឥណ្ឌានេះ ធ្វើឲ្យរដ្ឋបាលក្រុងញូវដេលី បានចំណេញចំនួនការងារធ្វើ ដល់ទៅ ២០០ ០០០ ការងារ។មិនថាជាមួយបារាំងទេ ជាមួយសហរដ្ឋអាមេរិកក៏ស្រដៀងគ្នា ដែល រដ្ឋបាលញូវដេលី បានជំរុញក្រុងវ៉ាស៊ីនតោនឲ្យជួយទំនើបកម្មគ្រឿងសព្វាវុធឥណ្ឌា។ ជាក់ស្តែង ករណីចុះកិច្ចសន្យាទិញអាវុធ ជាមួយនឹងក្រុមហ៊ុនអាមេរិក General Electric នៅខែមិថុនាកន្លងទៅនេះ គឺក្រុមហ៊ុនអាមេរិកត្រូវយល់ព្រមផ្ទេរ បច្ចេកវិទ្យា ប្រមាណ ៨០% ដែលពាក់ព័ន្ធ ទៅឲ្យឥណ្ឌា។ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន របស់លោក ចូ បៃដិន បានគាំទ្រគម្រោងនេះ ដ្បិតថាដោយអះអាងអំពីការជួយគាំទ្រខាងទំនើបកម្មគ្រឿងសព្វាវុធឥណ្ឌា។ សហរដ្ឋអាមេរិក ក៏បានយល់ព្រមដែរ នៅក្នុងកិច្ចសហការជាមួយឥណ្ឌា សម្រាប់ផលិតអាវុធ និងឧស្សហកម្មផលិតគ្រឿងបរិក្ខារការពារជាតិ និងស្រាវជ្រាវបច្ចេកវិទ្យាថ្មីក្នុងវិស័យយោធា។ប្រទេសបច្ចិមលោក យល់ព្រមតាមសំណើឥណ្ឌា ក៏ព្រោះតែចំណេញភូមិសាស្ត្រយុទ្ធនយោបាយដែរ ពោលគឺយកឥណ្ឌា ដើម្បីទប់ទល់នឹងនយោបាយវាតទីនិយមរបស់ចិននៅក្នុងតំបន់អាស៊ី។ ឥណ្ឌា ខ្លួនឯង ជាសត្រូវចាស់វស្សាស្រាប់ជាមួយចិន ក៏បានធ្វើជារណាំង និងជាតួអង្គសំខាន់មួយសម្រាប់ទល់ឥទ្ធិពលទីក្រុងប៉េកាំង។ ឥណ្ឌា បានផ្តើមកិច្ចសន្យាយោធាជាមួយប្រទេសវៀតណាម។ វៀតណាមដែលជាសត្រូវចាស់វស្សារបស់ចិន បច្ចាមិត្តប្រវត្តិសាស្ត្រ និងសត្រូវក្នុងសំណុំបញ្ហាសមុទ្រចិនខាងត្បូង។ ក្នុងជម្លោះសមុទ្រចិនដដែល ឥណ្ឌា ក៏បានឈរនៅខាង ហ្វីលីពីន និងបានលក់អាវុធឲ្យ ហ្វីលីពីន ក្នុងទំហំទឹកប្រាក់ ៣៧៥លានដុល្លារ នៅឆ្នាំ២០២២។ ហើយ ឥណ្ឌា ថែមទាំងបានពង្រឹងកិច្ចសហការវិស័យការពារជាតិជាមួយ ឥណ្ឌូណេស៊ី ទៀតផង។ ប្រទេសទាំងនេះ សុទ្ធសឹងតែមានទំនាស់នឹងចិនប៉េកាំង។ទោះបីយ៉ាងណាក្តី អ្នកវិភាគស្ថានការណ៍មើលឃើញថា រុស្ស៊ីនៅតែមានឥទ្ធិពលច្រើនខ្លាំងនៅឡើយ នៅលើវិស័យនាំចូលអាវុធរបស់ឥណ្ឌា។ រុស្ស៊ីជាអ្នកផ្គត់ផ្គង់លក់អាវុធឲ្យឥណ្ឌា ជាច្រើនសតវត្សរ៍ តួយ៉ាង គ្រាប់កាំភ្លើងនិងគ្រឿងសព្វាវុធទូទៅ គ្រឿងបម្លាស់រថគ្រោះ រថយន្តទាហាន និងយន្តហោះចម្បាំង ជាដើម។ រុស្ស៊ី ក៏បានផ្តល់បច្ចេកទេស និង បច្ចេកវិទ្យា ឲ្យឥណ្ឌា នៅក្នុងគម្រោងផលិតគ្រឿងសឹកចម្បាំងរួមគ្នាដែរ។ ចន្លោះឆ្នាំ២០១៨ ដល់២០២២ ឥណ្ឌា បានទិញអាវុធ ប្រទេសរុស្ស៊ី ចំនួន ៤៥ %។ ចន្លោះពេលដូចគ្នានេះ ឥណ្ឌា ទិញគ្រឿងសព្វាវុធពីបារាំង ប្រមាណជិត៣០% និងទិញអាវុធ១១% ពី សហរដ្ឋអាមេរិក។ បើតាមអ្នកជំនាញជាតិឥណ្ឌា ក្នុងរយៈពេលខ្លី ឬមធ្យម ឬក៏យ៉ាងហោចក៏១០ឆ្នាំទៅមុខទៀត ឥណ្ឌា នៅតែត្រូវការគ្រឿងសព្វាវុធពី រុស្ស៊ីក្នុងទំហំច្រើននៅឡើយ។ រយៈពេលនេះ វាអាចត្រឡប់ជារួញឆាប់ឬវែងឆ្ងាយ ក៏វាអាស្រ័យដែរ ទៅនឹងប្រទេសផលិតអាវុធផ្សេងទៀត ដែលយល់ព្រមផ្ទេរបច្ចេកវិទ្យាផលិតអាវុធឲ្យឥណ្ឌា ឬអត់។ទោះម្តេចក្តី គំនិតដែលមន្ត្រីជាន់ខ្ពស់ខាងការទូតឥណ្ឌាតែងលើកឡើង គឺថា បរិបទពិភពលោកសព្វថ្ងៃ ជាពេលវេលាល្អ សម្រាប់ឥណ្ឌា។ ជាឱកាសល្អ ដ្បិតថា ប្រទេសជាច្រើន មិនចង់ត្រូវបង្ខំចិត្តរើសជ្រើស រវាង ប្រទេសសេរីលោកខាងលិច ឬរុស្ស៊ី ហើយក៏មិនចង់ជ្រើស ចិន ឬសហរដ្ឋអាមេរិក។ ហេតុនេះ ជម្រើសថ្មី គឺមានតែ ឥណ្ឌា។ ឥណ្ឌាដែលអាចនិយាយទៅកាន់គ្រប់ភាគី ៕
7/19/2023 • 6 minutes, 13 seconds ហេតុអ្វីបានចិនអាចប្រឈមនឹងការខ្វះសាច់ដើម្បីចិញ្ចឹមពលរដ្ឋទាំង ១ ៤០០លាននាក់នាប៉ុន្មានឆ្នាំខាងមុខ?
ថ្មីៗនេះ អង្គការស្បៀង និងកសិកម្មហៅកាត់ FAO និងអង្គការនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចហៅកាត់ OCDE បានចេញផ្សាយរបាយការណ៍ស្តីពីទស្សនវិស័យកសិកម្មនៅក្នុងលោកចន្លោះឆ្នាំ ២០២៣ និងឆ្នាំ ២០៣២។ របាយការណ៍បានផ្តល់ចំណាប់អារម្មណ៍ខ្លាំងលើប្រទេសចិនដោយបញ្ជាក់ថា ចិននឹងត្រូវប្រឈមនឹងបញ្ហាចម្បងមួយនៅប៉ុន្មានឆ្នាំខាងមុខ។ បញ្ហាចម្បងនោះ គឺការខ្វះសាច់ ពិសេសសាច់ជ្រូកដើម្បីចិញ្ចឹមពលរដ្ឋទាំង ១ ៤០០លាននាក់របស់ខ្លួន។ ចាប់ពីពេលនេះតទៅ ពិភពលោកហាក់លែងនិយាយ ឬមួយក៏ហាក់បានបំភ្លេចចោលនូវជំងឺកូវីដ១៩ នោះបើទោះបីជាជំងឺឆ្លងរាតត្បាតសកលមួយនេះនៅមិនទាន់រលាយបាត់ទាំងស្រុងក៏ដោយ។ អ្វីៗហាក់បានត្រឡប់ទៅរកភាពដើមដូចនៅមុនផ្ទុះជំងឺកូវីដ១៩។ ចិនបានចាកចេញជាស្ថាពរ ហើយបានបង្ហាញពីភាពធនរបស់ខ្លួន ទោះបីជាតម្លៃទំនិញបានឡើងថ្លៃក៏ដោយ នេះជាការគូសបញ្ជាក់របស់អង្គការស្បៀង និងកសិកម្ម FAO និងអង្គការនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច OCDEនៅក្នុងរបាយការណ៍ចេញផ្សាយថ្មីៗនេះ។ តាម FAO និង OCDE នគរោបនីយកម្មឆាប់រហ័សរបស់ចិននឹងបន្តមានជាបន្តទៀត។កត្តានេះនាំឱ្យមានកំណើនកាន់ច្រើនឡើងនូវការប្រើអាហារកែច្នៃដូចជាខ្លាញ់ ស្ករ រួមទាំងសាច់។ នៅអាស៊ីអាគ្នេយ៍ ការប្រើសាច់នឹងកើនចំនួន ១២% ពីពេលនេះទៅឆ្នាំ ២០៣២ ហើយចិនជាប្រភពនៃកំណើននេះ ឬនិយាយឲ្យស្រួលយល់ ចិនជាប្រទេសដែលត្រូវការសាច់ច្រើនជាងគេនៅប៉ុន្មានឆ្នាំខាងមុខ ពិសេសគឺសាច់ជ្រូក។ ដើម្បីអាចមានសាច់ជ្រូកគ្រប់គ្រាន់សម្រាប់ចិញ្ចឹមពលរដ្ឋទាំង ១ ៤០០លាននាក់ ចិនបានពង្រឹងគំរូកសិកម្មរបស់ខ្លួន។ ជាក់ស្តែងក្នុងឆ្នាំ ២០២២ ចិនបានដាក់សម្ពោធអគារមួយកម្ពស់ ២៦ជាន់ដោយមានចិញ្ចឹមជ្រូកចំនួន ៦៥០ ០០០ក្បាលដើម្បីយកសាច់។គួរបញ្ជាក់ថា នៅក្នុងបរិមាណផលិតកម្មសាច់ជ្រូកសរុបក្នុងលោក ចិនមានចំណែកជាងពាក់កណ្តាល។ តែបញ្ហានៅត្រង់ថា បរិមាណសាច់ជ្រូករបស់ចិនខ្លួនឯងនេះក៏នៅមិនគ្រប់គ្រាន់ដើម្បីអាចឆ្លើយតបនឹងតម្រូវការសាច់របស់ពលរដ្ឋដែលកំពុងកើនឡើងផង។ នៅក្នុងករណីនេះ ចិននៅបន្តពឹងលើការនាំចូលសាច់ពីបរទេសនាប៉ុន្មានឆ្នាំខាងមុខ ពិសេសសាច់គោ។ ចូរកុំភ្លេចថា នគរោបនីយកម្មបានហុចចេញនូវផលវិបាកដែលគេមិនអាចមើលរំលងបាន នោះគឺការរួមតូចនូវផ្ទៃដីកសិកម្ម និងការបំពុលដី។ គួរបញ្ជាក់ថាសព្វថ្ងៃនេះ ចិនទើបបានផ្តើមបង្កើនការចិញ្ចឹមជ្រូកឡើងវិញ ក្រោយពីមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលហាក់នៅមិនបានកំចាត់បាត់ទាំងស្រុងនៅឡើយទេ។ក្រៅពីចិន ជំងឺប៉េស្តជ្រូកអាហ្រ្វិកដដែលមួយនេះក៏បានឆ្លងរាលដាលចូលនៅក្នុងប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ដែរ។ សព្វថ្ងៃនេះ ចិនបាននាំសាច់ជ្រូកចូលជាង ១លានតោនក្នុងមួយឆ្នាំ។ ចំណែកសាច់គោវិញត្រូវបានចិននាំចូលច្រើនពីប្រទេសប្រេស៊ីល អាហ្សង់ទីន និងអ៊ុយរូហ្កាយ។ ប្រទេសនៅអាមេរិកឡាទីនទាំង ៣នេះផ្គត់ផ្គង់ឲ្យទីផ្សារសាច់គោចិនចំនួន ៣ភាគ៤។ ដូច្នេះខុសពីការលើកឡើង ការទទួលទានសាច់ក្នុងពិភពលោកមិនមានការថយចុះទេ នោះបើទោះបីជាមានការទទួលស្គាល់ពីផលវិបាករបស់វាចំពោះបរិស្ថានក៏ដោយ។ តាមអង្គការស្បៀង និងកសិកម្មFAO ការប្រើសាច់បានរួមចំណែកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជិត ១៥%។តែទោះជាយ៉ាងនេះក្តី ការប្រើសាច់នៅក្នុងលោកនឹងកើនថែមទៀតពី ១០% ទៅ ១៥% ពីពេលនេះទៅឆ្នាំ ២០៣២ ក្រោយពីបានឡើង ៦ដងនារយៈពេល ៦០ឆ្នាំចុងក្រោយនេះ។ នៅក្នុងប្រទេសចិន ការប្រើសាច់បានគុណ ១ នឹង ២០ដងគិតតាំងពីឆ្នាំ ១៩៦០។ ចិនត្រូវការស្បៀងដើម្បីចិញ្ចឹមពលរដ្ឋរបស់ខ្លួនទាំង ១ ៤០០លាននាក់ជារឿងមួយធម្មតា។ តែចំណោតនៅត្រង់ថា កំណើនតម្រូវការស្បៀងរបស់ចិន មិនថាសាច់ ឬជាអាហារអ្វីទេបានធ្វើឲ្យតម្លៃរបស់វានៅលើទីផ្សារពិភពលោកឡើងថ្លៃខ្ពស់។ នេះអាចជាផលវិបាកជះទៅលើប្រទេសមួយចំនួនដែលមានតម្រូវការដូចចិន តែគ្មានសមត្ថភាពដើម្បីទិញ។សរុបមក ចិនកំពុងពឹងខ្លាំងលើការនាំចូលសាច់ មិនថាសាច់ជ្រូក ឬសាច់គោពីបរទេសដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើងជាមួយនឹងកំណើនរបស់ប្រជាពលរដ្ឋ។ តែក្នុងពេលជាមួយគ្នា និងដើម្បីបង្ការលើការពឹងពាក់លើអ្នកដទៃ ចិនបានផ្តើមស្វែងរកបច្ចេកវិទ្យាដើម្បីបង្កើតសាច់សិប្បនិម្មិតដែលមានរស់ជាតិ និងក្លិនដូចសាច់មែនទែន មិនថាសាច់ជ្រូក សាច់គោ ឬសាច់មាន់ទេ៕
7/18/2023 • 4 minutes, 48 seconds The Economist៖ ហេតុអ្វីសាលាវៀតណាមល្អខ្លាំង?
ផ្អែកតាមសារព័ត៌មាន The Economist សាលារៀនវៀតណាមពិតជាល្អណាស់។ វៀតណាមយល់អំពីតម្លៃនៃការអប់រំ និងវៀតណាមបណ្ដុះគ្រូបានល្អ ហើយវិស័យអប់រំទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបក្សកុម្មនិស្ដវៀតណាម។ បិតាស្ថាបនិកវៀតណាម លោក ហូ ជីមិញ ធ្លាប់បានលើកឡើងថា “ដើម្បីទទួលបានផលប្រយោជន៍ដប់ឆ្នាំ យើងត្រូវដាំដើមឈើ។ ដើម្បីប្រយោជន៍មួយរយឆ្នាំ យើងត្រូវតែបណ្ដុះបណ្ដាលប្រជាជន។” នាអំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយ សេដ្ឋកិច្ចវៀតណាមមានកំណើនខ្ពស់ ហើយប្រជាជនក៏មានជីវភាពកាន់តែប្រសើរផងដែរ។ កម្រិតប្រាក់ចំណូលរបស់ប្រជាជនវៀតណាមម្នាក់ៗជាមធ្យមប្រចាំឆ្នាំបច្ចុប្បន្នមានត្រឹមតែប្រមាណ៣៧៦០ដុល្លារអាមេរិកប៉ុណ្ណោះ ដែលវាជាកម្រិតទាបជាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមមាន ម៉ាឡេស៊ី និងថៃ។ ទោះជាយ៉ាងណា បើមើលទៅលើគុណភាពនៃការសិក្សារបស់សិស្សនិស្សិត ការអប់រំរបស់វៀតណាមត្រូវបានវាយតម្លៃខ្ពស់ ជាឧទាហរណ៍ ផ្អែកតាមសារព័ត៌មាន The Economist សាលារៀនវៀតណាមពិតជាល្អណាស់។បិតាស្ថាបនិកវៀតណាម លោក ហូ ជីមិញ តែងតែលើកឡើងថា “ដើម្បីទទួលបានផលប្រយោជន៍ដប់ឆ្នាំ យើងត្រូវដាំដើមឈើ។ ដើម្បីប្រយោជន៍មួយរយឆ្នាំ យើងត្រូវតែបណ្ដុះបណ្ដាលប្រជាជន។”រហូតមកដល់ពេលបច្ចុប្បន្ន កុមារវៀតណាមមានឱកាសចូលរៀននៅក្នុងប្រព័ន្ធសិក្សាដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។ នេះបើមើលទៅលើការវាយតម្លៃស្ដង់ដារអន្តរជាតិលើអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ។ ទិន្នន័យចុងក្រោយរបស់ធនាគារពិភពលោកបង្ហាញថា បើគិតលើពិន្ទុសិក្សាសរុប សិស្សវៀតណាមមិនត្រឹមតែមានប្រៀបជាងសិស្សនៅក្នុងប្រទេសម៉ាឡេស៊ី និងថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកម្រិតលើសប្រទេសអង់គ្លេស និងកាណាដា ដែលជាប្រទេសមានប្រាក់ចំណូលច្រើនជាងវៀតណាមឆ្ងាយណាស់។នៅវៀតណាម ការសិក្សារបស់កុមារគឺជាលទ្ធផលនៃកត្តាយ៉ាងច្រើន ដែលភាគច្រើនចាប់ផ្តើមនៅផ្ទះជាមួយឪពុកម្តាយ ហើយនិងបរិយាកាសដែលកុមារធំឡើង។ ប៉ុន្តែ កត្តាទាំងនេះគឺមិនគ្រប់គ្រាន់ទេ ដើម្បីពន្យល់ពីការកើនឡើងនៃគុណភាពរបស់វិស័យអប់រំនៅវៀតណាម។ កត្តាគន្លឹះចម្បងនោះគឺ អ្វីដែលកើតឡើងនៅក្នុងថ្នាក់រៀន។ កុមារវៀតណាមរៀនសូត្របានច្រើននៅសាលា ជាពិសេសតាំងពីឆ្នាំដំបូងនៃការសិក្សារបស់ពួកគេ។នៅក្នុងការសិក្សាមួយនៅឆ្នាំ២០២០ លោក Abhijeet Singh នៃសាលា Stockholm School of Economics បានវាស់ស្ទង់ផលិតភាពនៃការសិក្សារបស់សិស្សនៅវៀតណាម អេត្យូពី ឥណ្ឌា និងប៉េរូ។ លទ្ធផលបានបង្ហាញថា កូនសិស្សវៀតណាមដែលមានអាយុចន្លោះពី៥ទៅ៨ឆ្នាំ បាននាំមុខកូនសិស្សផ្សេងទៀត។ ប្រសិនបើកូនសិស្សទាំងនោះទទួលការអប់រំក្នុងពេលមួយឆ្នាំទៀត នោះវាបង្កើនប្រូបាប៊ីលីតេដែលកុមារវៀតណាមអាចដោះស្រាយលំហាត់គណិតវិទ្យាកើនឡើង២១ពិន្ទុ ស្របពេលដែលកូនសិស្សនៅប្រទេសឥណ្ឌាមានកើនឡើងត្រឹមតែ ៦ពិន្ទុប៉ុណ្ណោះ។ផ្អែកតាមការសិក្សាមួយផ្សេងទៀត ក្នុងឆ្នាំ២០២២ ដោយមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍សកល (The Centre for Global Development) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានរកឃើញថា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៥៦ក្នុងចំណោម ៨៧ប្រទេស គុណភាពនៃការអប់រំពាក់ព័ន្ធនឹងអំណាន បានធ្លាក់ចុះចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ក៏ប៉ុន្តែ នៅវៀតណាម លទ្ធផលអំណានមានការកើនឡើង។ផ្អែកតាមការចេញផ្សាយរបស់កាសែត The Economist វៀតណាមយល់ពីតម្លៃនៃការអប់រំ និងបណ្ដុះគ្រូបានល្អ។ គ្រូវៀតណាមត្រូវបានជ្រើសរើស ដោយមានលក្ខណៈសម្បត្តិល្អប្រសើរជាងមុន មានប្រសិទ្ធភាពជាងមុនក្នុងការបង្រៀន និងបំពេញការងារបានយ៉ាងល្អ។ គ្រូៗទទួលបានការបណ្តុះបណ្តាលជាញឹកញាប់ ហើយត្រូវផ្តល់សេរីភាពក្នុងរៀបចំកម្មវិធីបង្រៀន។ គ្រូនៅតំបន់ដាច់ស្រយាលទទួលប្រាក់ឧបត្ថម្ភច្រើនជាងមុន។ សំខាន់បំផុត ការវាយតម្លៃរបស់គ្រូគឺផ្អែកលើការអនុវត្តរបស់សិស្ស និងលទ្ធផលជាក់ស្ដែងរបស់ពួកគេ។ គ្រូៗដែលមានសិស្សឆ្នើមនឹងទទួលរង្វាន់ “គ្រូឆ្នើម” ដ៏មានឥទ្ធិពលនៅវៀតណាម។ក្រៅពីនេះ ការអប់រំនៅវៀតណាមទទួលការគាំទ្រយ៉ាងពេញទំហឹងពីបក្សកុម្មនិស្ដវៀតណាមផងដែរ។ នៅវៀតណាម គ្រូបង្រៀនជាច្រើនជាសមាជិកបក្ស។ បណ្ដាខេត្តនៅវៀតណាមត្រូវចំណាយ ២០%នៃថវិការបស់ពួកគេលើវិស័យអប់រំ ដើម្បីជំរុញគោលការណ៍សមធម៌ក្នុងតំបន់របស់ពួកគេ។ គណបក្សយកចិត្តទុកដាក់យ៉ាងខ្លាំងលើរឿងនេះ ដើម្បីធានាដល់ការកែសម្រួលគោលនយោបាយអប់រំ ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងស្តង់ដារបង្រៀន។ លោក Ngo Quang Vinh មន្ត្រីផ្នែកសង្គមនៅធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា គ្រួសាររបស់វៀតណាមមានការប្តេជ្ញាចិត្តណាស់ចំពោះការអប់រំ ព្រោះពួកគេមានវប្បធម៌ពីលទ្ធិខុងជឺ ដែលការអប់រំគឺជាស្នូលនៃជីវិត។ គាត់និយាយថា សូម្បីតែឪពុកម្ដាយក្រីក្រក៏ព្យាយាមធ្វើយ៉ាងណាឱ្យកូនចូលរៀនឯកជនបន្ថែមផងដែរ។ នៅតាមទីក្រុង ប្រជាជនជាច្រើនស្វែងរកសាលារៀនដែលគ្រូបានទទួលងារជា "គ្រូឆ្នើមក្នុងការបង្រៀន Excellence in teaching"។ទោះជាយ៉ាងណា លោក Phung Duc Tung នាយកវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍មេគង្គ នៅរដ្ឋធានីហាណូយ បានលើកឡើងថា ក្រុមហ៊ុនកាន់តែច្រើនចង់បានបុគ្គលិកដែលមានជំនាញខ្ពស់ជាងមុន ដូចជា ជំនាញគ្រប់គ្រង ដែលនិស្សិតវៀតណាមជាទូទៅមិនត្រូវបានបណ្តុះបណ្តាលទេ ហើយបញ្ហាវិសមភាពរវាងការអប់រំនៅទីក្រុង និងទីជនបទក៏បានកើនឡើងផង។ ដើម្បីធានាថា វៀតណាមនៅតែស្ថិតក្នុងលំដាប់ថ្នាក់ល្អបំផុតនៅក្នុងវិស័យអប់រំ រដ្ឋាភិបាលនឹងត្រូវដោះស្រាយនិន្នាការទាំងនេះ។ លោកបានលើកឡើងថា ដូចដែល លោក ហូ ជីមិញ ចូលចិត្តដាស់តឿនប្រជាជន ការដាំដុះទាមទារការយកចិត្តទុកដាក់ជាប្រចាំ៕
7/17/2023 • 5 minutes, 1 second ហេតុអ្វីឆ្នាំនេះបារាំងលាកម្រាលព្រំទទួលឥណ្ ឌាជាភ្ញៀវកិត្តិយស ក្នុងថ្ងៃបុណ្យជាតិ?
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានអញ្ជើញលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីបុណ្យជាតិ ថ្ងៃទី ១៤កក្កដា។ នេះជានិម្មតរូបបញ្ជាក់ឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងៗរវាងបារាំងនិងឥណ្ឌា ដែលកំពុងសាកល្បងចាប់ចំណែករបស់ខ្លួន នៅក្នុងពិភពលោកដ៏កាន់តែតានតឹង មានតែភាពប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងចិននិងអាមេរិក។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ម៉ូឌី រងការរិះគន់ថាកំពុងបែកទៅដឹកនាំប្រទេសរបៀបផ្តាច់ការ និងប្រើនយោបាយបង្ក្រាបប្រជាពលរដ្ឋជាជនជាតិភាគតិចអ៊ីស្លាមជាង១៩៥លាននាក់ ឥតត្រាប្រណី ប៉ុន្តែហេតុអ្វីបានជាបារាំងជ្រើសរើសអញ្ជើញ ជាភ្ញៀវកិត្តិយស មកអង្គុយក្បែរប្រធានាធិបតីនៅលើវេទិកា នាឱកាសដង្ហែក្បួនព្យុះហយាត្រា ក្នុងថ្ងៃបុណ្យជាតិ ថ្ងៃទី១៤កក្កដាទៅវិញ?មកពីទំនាក់ទំនងជាមួយឥណ្ឌា ជាចំណងមិនអាចខ្វះបានទេ។ នេះជាចម្លើយដ៏ខ្លីរបស់ទីប្រឹក្សាវិមានប្រធានាធិបតី។ ឥណ្ឌាជាមានតួនាទីស្នូលក្នុងសំណុំរឿងពិភពលោកចម្បងៗ ព្រោះឥណ្ឌាជាមហាអំណាចពិភពលោកលំដាប់ទី៥ ជាមហាអំណាចទីមួយផ្នែកប្រជាជន (ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក) និងជាប់លេខបីពិភពលោកខាងបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ដូច្នេះគ្មានអ្វីអាចទៅរួចដោយគ្មានឥណ្ឌាទេ ក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋជាលើកទីបួន នៅក្នុងប្រទេសបារាំង ក្រោមអាណត្តិរបស់លោកប្រធានាធិបតីម៉ាក្រុង ដែលចាប់ផ្តើមពីថ្ងៃ ព្រហស្បតិ៍ទី ១៣កក្កដាទៅ ភ្ញៀវកិត្តិយស ម៉ូឌី នឹងអង្គុយក្បែរម្ចាស់ផ្ទះទស្សនាក្បួនព្យុះហយាត្រា ដែលមានយោធាឥណ្ឌា និងយន្តហោះប្រដេញរាហ្វាល់ឥណ្ឌាបីគ្រឿង ចូលរួមដង្ហែក្នុងថ្ងៃបុណ្យជាតិបារាំងដែរ។ លោកម៉ូឌី នឹងទទួលទានអាហារពេលល្ងាច ជាមួយប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ នាល្ងាចថ្ងៃព្រហស្បតិ៍ជាលក្ខណៈឯកជន និងបន្ទាប់មកនៅល្ងាចថ្ងៃសុក្រ នៅសារមន្ទីរLouvres មុននឹងចេញទៅមើលកាំជ្រួចជាមួយគ្នា។មានមូលហេតុច្រើនដែលជំរុញប្រធានាធិបតីបារាំងស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌាយ៉ាងពិសេសដូច្នេះ។ ដំបូង គឺមូលហេតុការទូត ៖ ក្នុងខណៈដែលបារាំងហាក់ឯកា ឬរងការតវាច្រើនក្នុងរង្វង់អឺរ៉ុប និងសម្ព័ន្ធអាត្លង់ទិក (អូតង់) វាជាប្រការល្អដែលបារាំងបើកចំហទៅរកក្រុមប្រទេសធំៗក្នុងចំណោមក្រុមប្រទេសកំពុងលូតលាស់ ដូចយ៉ាងប្រេស៊ីល អាហ្វ្រិកខាងត្បូង និងឥណ្ឌា។ បារាំងរបស់លោកម៉ាក្រុង ចង់មានចំណែកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងចង់ធ្វើស្ពានភ្ជាប់ក្រុមសេរីនិយម លោកខាងលិច និងជាតិភាគច្រើនក្នុងតំបន់។ មហាយក្សឥណ្ឌា មានទំនាក់ទំនងសាំញ៉ាំណាស់ជាមួយចិន តែគោរពនយោបាយការទូតពហុនិយម ដូចបារាំងដែរ។ ប្រទេសប្រទេសទាំងពីរ មានជំហរមិនប្រកាន់ខ្សែ បក្សសម្ព័ន្ធ ថាត្រូវតែកាន់ខាងនេះ ឬប្លុកនោះទេ ហើយមានយុទ្ធសាស្ត្រដូចគ្នា ជាពិសេសយុទ្ធសាស្ត្រនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានទិសដៅចង់ទប់ទល់នយោបាយវាតទីនិយមរបស់ចិនផង និងនយោបាយពង្រីកឥទ្ធិពលរបស់អាមេរិកក្នុងតំបន់ផង។ សូមបញ្ជាក់ថាបារាំងក៏មានដែនដីមួយចំនួន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលគេហៅដែនដីនាយសមុទ្ទបារាំង។បារាំងនិងឥណ្ឌាបង្ហាញឆន្ទៈចង់ដើរតួនាទីជាមហាអំណាចលំនឹង មានសមត្ថភាពនិយាយរកគ្រប់ភាគី។ ថ្វីបើលោកម៉ាក្រុង ហាក់ដកខ្លួនចេញឆ្ងាយពីលោកពូទីនមែន តែលោកម៉ូឌី នៅបន្តរក្សាទំនាក់ទំនងជាប្រពៃណីជាមួយម៉ូស្គូជានិច្ច ដោយបដិសេធមិនដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ្នកឈ្លានពានអ៊ុយក្រែន ហើយក៏មិនថ្កោលទោសទង្វើរបស់រុស្ស៊ីដែរ។ជាងនេះទៅទៀត មហាអំណាចនុយក្លេអ៊ែរទាំងពីរ បានចងភ្ជាប់គ្នាដោយភាពជាដៃគូយុទ្ធសាស្ត្រ ចំណាស់២៥ឆ្នាំហើយ ជាក់ស្តែងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការទិញយន្តហោះរ៉ាហ្វាល់ពីបារាំង។ បើតាមគេហទំព័រសារព័ត៌មាន la Tribune ការបញ្ជាទិញយន្តហោះរ៉ាហ្វាល់ប្រភេទហោះពីនាវាផ្ទុកយន្តហោះ ២៦គ្រឿង និងនាវាមុជទឹកបីគ្រឿង ទំនងជាអាចនឹងត្រូវចុះហត្ថលេខាក្នុងទស្សនកិច្ចនេះផង។ ប៉ុន្តែពុំទាន់មានការបញ្ជាក់ជាផ្លូវការណាមួយទេ គិតមកទល់នឹងថ្ងៃអង្គារទី ១១កក្កដា។កិច្ចសហប្រតិបត្តិការក្នុងវិស័យអវកាសនិងផ្កាយរណប អន្តរកាលថាមពល ក៏ជាមូលហេតុសំខាន់មួយទៀតដែលបារាំងមិនអាចមើលរំលងឥណ្ឌាបានឡើយ។ អ៊ីចឹងត្រូវធិបបញ្ហាសិទ្ធិមនុស្ស? លោកម៉ូឌី ទើបនឹងបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅអាមេរិក ដោយគ្មានទេការធ្វើពហិការទ្រង់ទ្រាយធំប្រឆាំងនឹងលោកម៉ូឌី ព្រោះបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសឥណ្ឌា។ ដូច្នេះបើតាមអ្នកការទូត ប្រមុខជាតិនិយមឥណ្ឌាអាចងាកទៅរកអាមេរិក បើបារាំងរារាំងប្រយោជន៍ឥណ្ឌាដោយហេតុសិទ្ធិមនុស្ស។ នេះហើយជា Real Politik៕
7/12/2023 • 4 minutes, 30 seconds អង្គការសហប្រជាជាតិអំពាវនាវឲ្យស្រោចស្រង់កម្មវត្ថុអភិវឌ្ឍន៍មនុស្សជាតិដែលកំពុងជួបហានិភ័យ
នៅថ្ងៃចន្ទ ទី១០ កក្កដា អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍មួយស្តីពីការអនុវត្តន៍លើកម្មវត្ថុអភិវឌ្ឍន៍ប្រកបដោយចីរភាពរយៈពេល ១៥ឆ្នាំពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០។ ដូច្នេះគិតត្រឹមឆ្នាំ ២០២៣ ការអនុវត្តន៍លើកម្មវត្ថុមួយនេះបានឈានដល់ពាក់កណ្តាលទី និងត្រូវដើរជិតដល់គោលដៅនៅឆ្នាំ ២០៣០។ តែបើតាមប្រមុខអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែរស៍ ការអនុវត្តន៍លើផ្នែកខ្លះនៃកម្មវត្ថុមួយនេះបែរជានៅទ្រឹងមួយកន្លែង ឬកំពុងដើរថយក្រោយទៅវិញ។ នៅក្នុងន័យនេះ លោកអង់តូនីញ៉ូ ហ្គូទែរស៍បានអំពាវនាវឲ្យប្រទេសទាំងអស់ប្រឹងប្រែងបន្ថែម និងឲ្យបានលឿនជាងសព្វថ្ងៃ។ កាលពី ១៥ឆ្នាំមុន ពោលក្នុងឆ្នាំ ២០១៥ ប្រទេសសមាជិកអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆន្ទលើគម្រោងអភិវឌ្ឍន៍មនុស្សជាតិដែលគេឲ្យឈ្មោះ « កាលវិភាគ ២០៣០ »។ នៅក្នុង « កាលវិភាគ ២០៣០ » នេះ អង្គការសហប្រជាជាតិបានកំណត់យកកម្មវត្ថុនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន ១៧កម្មវត្ថុដែលមានចំនួន ១៦៩ផ្ទាំងស៊ីបខុសគ្នា។ អ្វីដែលអង្គការសហប្រជាជាតិចង់បានតាមរយៈ « កាលវិភាគ ២០៣០ » គឺការកសាងអនាគតមួយប្រសើរ និងប្រកបដោយចីរភាពសម្រាប់មនុស្សជាតិទាំងអស់នៅដំណាច់ទសវត្សរ៍នេះ។កាត់បន្ថយភាពក្រីក្រ កាត់បន្ថយវិសមភាពក្នុងសង្គម ការទទួលបានសិទ្ធិស្មើគ្នារវាងបុរស និងស្រ្តី កុមារគ្រប់រូបត្រូវទៅសាលារៀន ទទួលបានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា កាត់បន្ថយអត្រាមរណៈទារក មានអ៊ីនធ័រនែត និងភ្លើងអគ្គីសនីប្រើគ្រប់គ្នា ទទួលបានសេវាសុខភាពគ្រប់គ្នា។ល។ និង។ល។ ទាំងអស់នេះសុទ្ធសឹងជាផែនការសន្យាដែលប្រទេសសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិត្រូវសម្រេចឲ្យបានក្នុងរយៈពេល ១៥ឆ្នាំពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០។ គិតត្រឹមពាក់ឆ្នាំ ២០២៣ អស់រយៈពេល ៨ឆ្នាំមកហើយដែលពិភពលោកបានអនុវត្តលើផែនការខាងលើ។ ដូច្នេះ តើអ្វីទៅជាលទ្ធផលដែលទទួលបានតាំងពីឆ្នាំ ២០១៥ មកដល់សព្វថ្ងៃ?។មិនល្អទាល់តែសោះ នេះជាការសន្និដ្ឋានរបស់អង្គការសហប្រជាជាតិតាមរយៈរបាយការណ៍មួយចេញផ្សាយក្នុងថ្ងៃចន្ទ ទី១០ កក្កដា។ ប្រមុខអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែរស៍បានបញ្ជាក់ដោយទាញសញ្ញាអាសន្នថា នៅក្នុងការវាយតម្លៃលើការអនុវត្តន៍ផែការសន្យាចំនួន ១៤០ចំណុច មានជាង ៣០% មិនត្រឹមតែគ្មានការចម្រើនទៅមុខប៉ុណ្ណោះទេ តែបែរជាបានធ្លាក់ចុះទៅវិញតាំងពីឆ្នាំ ២០១៥។ បើអ្វីៗនឹងបន្តមានសង្វាក់ដូចសព្វថ្ងៃ មានមនុស្សចំនួន ៥៧៥លាននាក់នឹងបន្តរស់នៅក្នុងភាពក្រីក្រខ្លាំងនៅឆ្នាំ ២០៣០។ធ្ងន់ធ្ងរជាងនេះ របាយការណ៍បានគូសបញ្ជាក់ថា ពិភពលោកបានដើរថយក្រោយវិលទៅរកកម្រិតអត់ឃ្លានដូចឆ្នាំ ២០០៥។ ជាក់ស្តែងក្នុងឆ្នាំ ២០២១ មានមនុស្សម្នាក់ក្នុងចំណោម៣នាក់ក្នុងលោក ឬស្មើនឹង ២ ៣០០លាននាក់បានរស់ក្នុងអសន្តិសុខស្បៀងអាហារល្មម ឬខ្លាំង។ របាយការណ៍ដដែលបានកត់សម្គាល់ឃើញថា មនុស្សចំនួន ១ ១០០លាននាក់ដែលកំពុងរស់នៅតាមទីក្រុង និងជាយក្រុងបែរជាមានលក្ខខណ្ឌជីវិតរស់នៅដូចអ្នករស់នៅតាមទីកន្លែងអានាធិបតេយ្យទៅវិញ ហើយចំនួននេះនឹងកើនដល់ ២ ០០០លាននាក់ពីពេលនេះទៅ ៣០ឆ្នាំខាងមុខ។ ទាក់ទងនឹងសមភាពបុរស ស្រ្តីត្រូវបានរបាយការណ៍គូសបញ្ជាក់ពីភាពរីកចម្រើនយឺតខ្លាំងមែនទែន។បើអ្វីៗនឹងមានដំណើរការដូចសព្វថ្ងៃ គេត្រូវប្រើពេលចំនួន ២៨៦ឆ្នាំដើម្បីលុបបំបាត់ច្បាប់ទាំងអស់ដែលមានការរើសអើងចំពោះស្រ្តី និងត្រូវចំណាយពេលរហូតដល់ទៅ ៣០០ឆ្នាំដើម្បីបិទបញ្ចប់អាពាហ៍ពិពាហ៍កុមារ។បើគ្មានវិធានការថ្មីលើសពីអ្វីដែលកំពុងមានសព្វថ្ងៃទេ មានតែ ១ប្រទេសគត់ក្នុងចំណោម ៦ប្រទេសដែលនឹងឈានដល់គោលដៅមានសាលាមធ្យមសិក្សាសម្រាប់កូនក្មេងទាំងអស់។ តើភាពយឺតយ៉ាវក្នុងការអនុវត្តន៍ផែនការ « កាលវិភាគ ២០៣០ »ជាកំហុសរបស់អ្នកណា និងដោយមូលហេតុអ្វីទៅ?។តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ជំងឺឆ្លងកូវីដ១៩ មានចំណែកទទួលខុសត្រូវនៅក្នុងភាពយឺតយ៉ាវនេះ។ ចំណែកហេតុផលមួយទៀត អង្គការសហប្រជាជាតិបានទម្លាក់ការទទួលខុសត្រូវលើប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដែលបានរារាំងដល់វឌ្ឍនភាពរបស់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍។ « កប់នៅក្រោមភ្នំនៃបំណុល ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេដោយភាពបរាជ័យរួមរបស់យើងក្នុងការវិនិយោគលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព » នេះជាការគូសបញ្ជាក់របស់ប្រមុខអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែរស៍។ សរុបមក នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ និងនៅសល់ពេល ៧ឆ្នាំទៀតដើម្បីសម្រេចឲ្យបាននូវកម្មវត្ថុអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ ២០៣០។តើវាមិនយឺតពេលហើយទេដឹងក្នុងការសម្រេចឲ្យបាននូវកម្មវត្ថុមួយនេះ?។ មិនយឺតពេលទេ តែត្រូវចាប់ផ្តើមពន្លឿនពីឥឡូវនេះទៅ នេះជាការបញ្ជាក់ដោយព្រមានរបស់លោកអង់តូនីញ៉ូ ហ្គូទែរស៍។ បន្ថែមពីលើនេះ ប្រមុខអង្គការសហប្រជាជាតិបានអំពាវនាវឲ្យអនុម័តនូវផែនការសង្រ្គោះមួយចំពោះកម្មវត្ថុអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅក្នុងផែនការសង្រ្គោះនេះ លោកអង់តូនីញ៉ូ ហ្គូទែរស៍បានស្នើឲ្យមានឆន្ទៈនយោបាយថ្មី និងការបន្ថែមថវិកាចំនួន ៥០០ ០០០លានដុល្លារក្នុងមួយឆ្នាំពីពេលនេះទៅឆ្នាំ ២០៣០។ សំណើទាំងអស់នេះនឹងដាក់ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដែលគ្រោងរៀបចំរយៈពេល ២ថ្ងៃពីថ្ងៃទី១៨ ដល់ទី១៩ កញ្ញាខាងមុខ៕
7/11/2023 • 5 minutes, 50 seconds តើអង្គការណាតូកំពុងយកប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិកធ្វើជាចំណាប់ខ្មាំងដូចការចោទរបស់ចិនដែរ ឬទេ?
ក្នុងរយៈពេល ២ថ្ងៃពីថ្ងៃអង្គារ ទី១១ ដល់ថ្ងៃពុធ ទី១២ កក្កដា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងហៅកាត់ជាភាសាអង់គ្លេសណាតូបើកកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងវីលនីញូស ប្រទេសលីទុយអានី។ ចិនមិនមែនជាសមាជិក ហើយក៏មិនត្រូវបានណាតូអញ្ជើញឲ្យចូលរួមដែរ។ តែណាតូបានអញ្ជើញប្រទេសអូស្រា្តលី ជប៉ុន នូវែលសេឡង់ និងប្រទេសកូរ៉េខាងត្បូង។ កាយវិការនេះត្រូវបានចិនចោទណាតូពីបទយកប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិកធ្វើជាចំណាប់ខ្មាំង។ ហេតុអ្វីបានជាចិនលើកឡើងយ៉ាងដូចនេះ និងថា តើចិនគួរបារម្ភពីការពង្រីកសមាជិកណាតូទៅកាន់អាស៊ីដែរ ឬទេ? ចាប់កំណើតក្នុងថ្ងៃទី៤ មេសា ឆ្នាំ ១៩៤៩ ដោយមានសមាជិកចំនួន ១២ប្រទេសមកពីអឺរ៉ុប និងអាមេរិកខាងជើង អង្គការណាតូមានសមាជិកសរុបចំនួន ៣១ប្រទេសនាពេលសព្វថ្ងៃ។ តែនៅពេលខាងមុខ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះអាចមានសមាជិកថ្មីបន្ថែមទៀត ពិសេសមុនគេគឺប្រទេសស៊ុយអែត។ គួរបញ្ជាក់ថា នៅក្នុងចំណោមសមាជិកទាំង ៣១ប្រទេសរបស់ណាតូ គឺគ្មានប្រទេសអាស៊ីទេ។ តែទោះជាយ៉ាងនេះក្តី ចិនដែលជាប្រទេសមហាអំណាចមួយនៅអាស៊ីបានតាមដាន និងឃ្លាំមើលការវិវត្តន៍របស់ណាតូដោយមិនដាក់ភ្នែក។មានមូលហេតុសំខាន់ចំនួនពីរដែលបញ្ជាក់ត្រង់ចំណុចនេះ ទី១ ណាតូហាក់កំពុងចាប់អារម្មណ៍ និងបែរសម្លឹងទៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងទី២ ណាតូហាក់កំពុងដាក់ចិននៅក្នុងបញ្ជីប្រទេសគូប្រជែង ឬអាចជាសត្រូវដែលមិនអាចធ្វេសប្រហែស និងមើលរំលងបានឡើយ។ ណាតូហាក់កំពុងចាប់អារម្មណ៍ និងបែរសម្លឹងទៅតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រោះនៅក្នុងកិច្ចប្រជុំកំពូលរៀបចំក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញកាលពីឆ្នាំ ២០២២ ណាតូបានអញ្ជើញ ៤ប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិកឲ្យចូលរួមក្នុងនាមជាភ្ញៀវ គឺប្រទេសអូស្រា្តលី ជប៉ុន នូវែលសេឡង់ និងប្រទេសកូរ៉េខាងត្បូង។ នេះជាលើកទី១ ដែលណាតូបានអញ្ជើញប្រទេសទាំង ៤ ឲ្យចូលរួម។តែសម្រាប់ចិន ទោះការអញ្ជើញពេលនោះជាលើកទី១ ឬជាលើកទីប៉ុន្មានក៏ដោយ គឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យខ្លួនបារម្ភ និងមិនអាចធ្វើព្រងើយកន្តើយបានទេ។ ចំណែកណាតូហាក់កំពុងយកចិនធ្វើជាគូប្រជែង ឬអាចជាសត្រូវ ព្រោះនៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅក្រោយជំនួបកំពូលឆ្នាំ ២០២២ ណាតូបានចាត់ទុកចិនជាតួអង្គមួយដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ សន្តិសុខ និងតម្លៃរបស់ណាតូ។ ណាតូមើលឃើញថា ចិនកំពុងព្យាយាមធ្វើឲ្យផុយស្រួយនូវសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ជាធំ។ ការហ៊ាននិយាយយ៉ាងដូចនេះត្រូវបានប្រមុខអង្គការណាតូលោកយែន ស្តុលទែនប៊ែរពន្យល់បកស្រាយនាដំណើរទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនកាលពីដំណាច់ខែមករា ឆ្នាំ ២០២៣ នេះ។លោកស្តុលទែនប៊ែរបានលើកឡើងជាពិសេសពីឥទ្ធិពល និងអាកប្បកិរិយាឈ្លានពានរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងនៅក្នុងតំបន់ ការបង្កើតសព្វាវុធបាញ់ចម្ងាយឆ្ងាយ និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី។ ការឆ្លើយបកវិញរបស់ចិនហាក់ដូចយឺតពេលបន្តិចមែន តែចិនមិនដែលទុកឲ្យការវាយប្រហារណាមួយលើខ្លួនកន្លងហួសដោយគ្មានការឆ្លើយតបនោះទេ។ ថ្លែងទៅកាន់ក្រុមមន្រ្តីការទូតជប៉ុន និងកូរ៉េខាងត្បូងក្នុងថ្ងៃទី៤ កក្កដា នាយកការិយាល័យមជ្ឈិមបក្សកុម្មុយនិស្តចិនទទួលបន្ទុកកិច្ចការបរទេសលោកវ៉ាង យីបានប្រើឃ្លាក្នុងន័យចំអកថា « អាមេរិក និងអឺរ៉ុបអសមត្ថភាពក្នុងការបែងចែករវាងជនជាតិចិន ជនជាតិជប៉ុន និងជនជាតិកូរ៉េ។ ទោះជាយើងទៅលាបសក់ពណ៌ទង់ដែង ឬទៅកែច្រមុះឡើងវិញក៏យើងមិនអាចក្លាយជាជនជាតិលោកខាងលិចបានដែរ។ យើងត្រូវដឹងថាតើប្រភពកំណើតរបស់យើងនៅឯណា »។ចំណែកប្រតិកម្មចំៗ និងខ្លាំងៗរបស់ចិនបានចេញពីមាត់រដ្ឋមន្រ្តីការពារជាតិចិនលោកលី ស្ហាំងហ្វូ។ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលស្តីពីសន្តិសុខរៀបចំក្នុងប្រទេសសិង្ហបុរីនាដើមខែមិថុនា លោកលី ស្ហាំងហ្វូបានវាយតម្លៃថា គោលបំណងរបស់សម្ព័ន្ធយោធា ដូចជាណាតូនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺយកប្រទេសក្នុងតំបន់ធ្វើជាចំណាប់ខ្មាំង និងបង្កជម្លោះ រួមទាំងការប្រឈមមុខ។ តាមប្រមុខការពារជាតិចិន ការប៉ុនប៉ងបែបនេះនឹងធ្វើឱ្យតំបន់ធ្លាក់ក្នុងជម្លោះ និងការបែកបាក់។ តាមរយៈប្រតិកម្មរបស់ចិននេះនាំឲ្យគេយល់បានថាតិច ឬច្រើន ចិនបារម្ភពីការពង្រីកឥទ្ធិពលរបស់អង្គការណាតូនៅអាស៊ី ពិសេសនៅឥណ្ឌូប៉ាស៊ីហ្វិកដែលចិនកំពុងអាងយ៉ាងខ្លាំង។តែទោះជាយ៉ាងនេះក្តី រឿងតៃវ៉ាន់នៅតែជារឿងសំខាន់ និងអាទិភាពទី១ របស់ចិនដដែល។ រដ្ឋមន្រ្តីការពារជាតិចិនលោកលី ស្ហាំងហ្វូបានរម្លឹកជាថ្មីនៅសិង្ហបុរីដែលលោកបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិសុខថា តៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ អាចថាជារឿងចៃដន្យក៏ថាបាន មិនចៃដន្យក៏ថា ព្រោះក្នុងថ្ងៃទី៦ កក្កដា ពោលប៉ុន្មានថ្ងៃមុនអង្គការណាតូបើកកិច្ចប្រជុំកំពូលក្នុងថ្ងៃទី១១ កក្កដា ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានធ្វើដំណើរទៅកាន់ទីបញ្ជាការដ្ឋានកងទ័ពក្នុងខេត្តជាំងស៊ូដែលមានទីតាំងមិនឆ្ងាយប៉ុន្មានពីកោះតៃវ៉ាន់។នៅទីនោះ លោកស៊ីបានប្រាប់កងទ័ពចិនឲ្យហ៊ានប្រយុទ្ធ ប្រយុទ្ធឲ្យល្អបំផុត និងត្រូវប្តេជ្ញាប្រយុទ្ធដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិ។ ទន្ទឹមគ្នានេះនៅក្រុងសៀងហៃ កងទ័ពជើងទឹកចិន និងរុស្ស៊ីបានធ្វើសមយុទ្ធរួមគ្នារយៈពេលមួយសប្តាហ៍តាំងពីថ្ងៃទី៥ កក្កដាដល់ថ្ងៃទី១១ កក្កដាដែលជាថ្ងៃទី១ នៃការបើកកិច្ចប្រជុំកំពូលរបស់អង្គការណាតូ៕
7/10/2023 • 5 minutes, 46 seconds ហេតុអ្វីរុស្ស៊ីបានបាត់បង់សតវត្សទី២១របស់ខ្លួនទោះគ្មានសង្គ្រាម?
ទោះបីមិនមានសង្គ្រាមជាមួយអ៊ុយក្រែន រុស្ស៊ីបានមើលឃើញពីការដើរថយក្រោយនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងច្រើន នៅសតវត្សរ៍ទី២១នេះ។ អត្រាកំណើតធ្លាក់ចុះ អត្រាមរណៈកើនឡើង កម្រិតច្នៃប្រឌិតដើរថយក្រោយ រួមផ្សំនឹងការកើនឡើងអំពើពុករលួយសុទ្ធតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់វឌ្ឍនភាពប្រទេស។ ប្រឈមនឹងផលលំបាកនៃសង្គ្រាម ស្របពេលដែលប្រជាជនរុស្ស៊ីរាប់សែននាក់បានចាកចេញពីប្រទេស តើគេអាចនិយាយថារុស្ស៊ីបានបាត់បង់សតវត្សទី២១របស់ខ្លួនដែរឬយ៉ាងណា? គិតមកដល់ថ្ងៃនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយពេលច្រើនជាង៥០០ថ្ងៃទៅហើយ។ សង្គ្រាមនេះបានបង្កផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរមិនថាលើប្រទេសរុស្ស៊ី និងអ៊ុយក្រែនផ្ទាល់ ប៉ុន្តែឥទ្ធិពលរបស់វាបានរីករាលដាលទៅកាន់ពិភពលោកទាំងមូល។នាពេលថ្មីៗ ផ្អែកតាមបទវិភាគរបស់លោក Fareed Zakaria នៃសារព័ត៌មាន CNN បង្ហាញថា បញ្ហាដ៏ធំបំផុតរបស់រុស្ស៊ីមិនមែនសង្គ្រាមនោះទេ ប៉ុន្តែវាជាការបាត់បង់សតវត្សរ៍ទី២១របស់ខ្លួន។ ហេតុអ្វី?អ្វីដែលជាបំណងប្រាថ្នារបស់រុស៊្សីដែលកំពុងដឹកនាំដោយ លោក វ៉្លាឌីមៀរ ពូទីន ថាអាចវាយលុកឈ្លានពានអ៊ុយក្រែនបានសម្រេច និងនៅក្នុងពេលដ៏ខ្លី ត្រូវបរាជ័យ។ ក៏ប៉ុន្តែ អ៊ុយក្រែនក្រោមជំនួយឧបត្ថម្ភយ៉ាងច្រើនពីប្រទេសសម្ព័ន្ធមិត្តលោកខាងលិច បានទប់ទល់ និងវាយបកទៅរុស្ស៊ីវិញ។ រហូតមកដល់ពេលបច្ចុប្បន្ន រុស្ស៊ីថែមទាំងត្រូវប្រឈមនឹងបញ្ហានៃការបែកបាក់ផ្ទៃក្នុងផងដែរ តួយ៉ាង ជាមួយក្រុមទាហានស៊ីឈ្នួលរបស់ខ្លួន។នៅក្នុងសៀវភៅ "The Third Wave" និពន្ធដោយលោក Samuel Huntington មានខ្លឹមសារសំខាន់មួយបង្ហាញថា នៅក្នុងរបបផ្តាច់ការដូចរុស្ស៊ីបច្ចុប្បន្ន ការបែកបាក់គ្នានៅក្នុងចំណោមឥស្សរជននយោបាយដែលកំពុងកាន់អំណាចគឺជាសញ្ញាអវិជ្ជមានបង្ហាញអំពីភាពទន់ខ្សោយនៃប្រព័ន្ធដឹកនាំទាំងមូល។ នៅពេលណាដែលសមាជិកសំខាន់ៗនៃប្រព័ន្ធដឹកនាំបែកបាក់ នោះជារឿយៗ វាអាចបង្កឱ្យមានការផ្លាស់ប្តូរកាន់តែធំឡើងៗ។ ផ្ទុយទៅវិញ នៅពេលដែលគេមិនអាចមើលឃើញការបែកបាក់ នោះវាក៏មានន័យថា មេដឹកនាំផ្តាច់ការប្រហែលជាអាចបន្ដដឹកនាំប្រទេសតទៅទៀត។ដើម្បីស្វែងយល់ពីការតស៊ូអំណាចនៅក្នុងប្រព័ន្ធដឹកនាំរបស់រុស្ស៊ី គេអាចស្វែងយល់អំពីអ្វីដែលលោក Winston Churchill បានធ្លាប់លើកឡើងថា “នយោបាយរបស់ប្រព័ន្ធដឹកនាំរុស្ស៊ី គឺដូចទៅនឹងស្ថានភាពនៃការប្រយុទ្ធគ្នារវាងចចកមួយក្រុម នៅក្រោមកម្រាលព្រំ។ អ្នកមើលពីក្រៅអាចត្រឹមតែឮសូរសំឡេងគ្រហឹមរបស់ចចកទាំងនោះ ហើយពេលគេឃើញឆ្អឹងហោះចេញពីក្រោមមក នោះគេអាចច្បាស់ថានរណាជាអ្នកណាឈ្នះ។”ទោះជាយ៉ាងណា អ្វីដែលរុស្ស៊ីត្រូវប្រឈមតាំងពីមុនមានសង្គ្រាមជាមួយអ៊ុយក្រែនគឺ សញ្ញាអវិជ្ជមាននៃការអភិវឌ្ឍនៅក្នុងប្រទេសខ្លួនតែម្ដង។ ស្ថិតិអាចធ្វើឱ្យយើងភ្ញាក់ផ្អើល។ ជាឧទាហរណ៍ កុមារជនជាតិរុស្ស៊ីម្នាក់អាយុ១៥ឆ្នាំសព្វថ្ងៃនេះមានអាយុកាលសង្ឃឹមរស់ជាមធ្យមដូចទៅនឹងកុមារអាយុ១៥ឆ្នាំនៅប្រទេសហៃទីដែលជាប្រទេសក្រីក្រ និងមានការអភិវឌ្ឍតិចតួចបំផុត។ នៅត្រង់ចំណុចនេះ គេត្រូវចាំថា រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានជាងគេបំផុតរបស់ពិភពលោក បើគិតអំពីធនធានធម្មជាតិដែលរុស្ស៊ីមាន។ លើសពីនេះ រុស្ស៊ី គឺជាសង្គមមួយដែលមានទីក្រុងច្រើន ការអភិវឌ្ឍឧស្សាហកម្ម កម្រិតនៃការអប់រំ និងកម្រិតអក្ខរកម្មដែលធ្លាប់អាចប្រៀបធៀបទៅនឹងបណ្ដាប្រទេសអឺរ៉ុប ហើយអាចប្រហែលមានកម្រិតលើសពីប្រទេសអឺរ៉ុបខ្លះផ្សេងទៀតផងដែរ។ក៏ប៉ុន្តែ ផ្អែកតាមឯកសារស្រាវជ្រាវចេញផ្សាយកាលពីខែសីហា ឆ្នាំ២០២២ ដោយលោក Nicholas Eberstadt បង្ហាញថា អស់រយៈពេលបីទសវត្សរ៍មកហើយដែលរុស្ស៊ីបាននិងកំពុងមើលឃើញអំពីចំនួនប្រជាជនថយចុះ។ អត្រាមនុស្សស្លាប់មានច្រើនជាងអត្រាកំណើត លើកលែងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥។ ជាក់ស្ដែង រឿងនេះក៏បានកើនឡើងនៅក្នុងបណ្ដាប្រទេសឧស្សាហកម្មផ្សេងៗផងដែរ ក៏ប៉ុន្ដែអ្វីដែលកើតឡើងនៅរុស្ស៊ីគឺលើសពីការរំពឹងទុក។នៅឆ្នាំ២០១៩ មុនពេលវិបត្តិជំងឺកូវីដ១៩ និងសង្គ្រាមជាមួយអ៊ុយក្រែន អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា កុមារអាយុ១៥ឆ្នាំនៅក្នុងប្រទេសរុស្ស៊ីមានអាយុសង្ឃឹមរស់ត្រឹម៥៣,៧ឆ្នាំទៀតប៉ុណ្ណោះ ដែលដូចគ្នាទៅនឹងនៅប្រទេសហៃទី និងទាបជាងអាយុសង្ឃឹមរស់ នៅក្នុងប្រទេសយេម៉ែន ម៉ាលី និងស៊ូដង់ខាងត្បូងទៅទៀត។ កុមារស្វីសដែលមានអាយុដូចគ្នាអាចរំពឹងរស់បានយូរជាងកុមាររុស៊្សី១៣ឆ្នាំឯណោះ។ជាទូទៅ ការអប់រំមានទំនាក់ទំនងកើនឡើងជាមួយនឹងសុខភាពល្អ ប៉ុន្តែរឿងនេះមិនបានកើនឡើងទេនៅក្នុងប្រទេសរុស្ស៊ី។ ស្ថិតិបង្ហាញថា រុស្ស៊ីជាប្រទេសដែលមានកម្រិតអប់រំខ្ពស់ ដូចទៅនឹងបណ្ដាប្រទេសជឿនលឿនបំផុតនៅលើពិភពលោក ប៉ុន្តែបែរជាមានអត្រាមរណៈ ដូចប្រទេសមានកម្រិតអភិវឌ្ឍតិចតួចទៅវិញ។ មើលឱ្យលម្អិតកាន់តែជ្រៅ រុស្ស៊ីបច្ចុប្បន្នមានការអភិវឌ្ឍសេដ្ឋកិច្ចកម្រិតអាក្រក់ជាងសហភាពសូវៀតទៅទៀត។ ក្នុងឆ្នាំ២០១៩ ប្រទេសរុស្ស៊ីបានជាប់ចំណាត់ថ្នាក់នៅពីក្រោយប្រទេសអូទ្រីសក្នុងការដាក់ពាក្យសុំប័ណ្ណប៉ាតង់អន្តរជាតិ (សំដៅដល់ប៉ាតង់នៃរបកគំហើញថ្មីៗ) ទោះបីជារុស៊្សីមានចំនួនប្រជាជន១៦ដងលើសអូទ្រីសក៏ដោយ។ នៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ការទទួលបានប៉ាតង់ច្នៃប្រឌិតគឺសំខាន់ណាស់។ សព្វថ្ងៃនេះ ចំណាត់ថ្នាក់របស់រុស្ស៊ីគឺដូចទៅនឹងរដ្ឋអាឡាបាម៉ា ក្នុងការទទួលបានប៉ាតង់ប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក (វាជាស្តង់ដារមាសសម្រាប់ក្រុមហ៊ុននានានៅជុំវិញពិភពលោក) ទោះបីជារុស្ស៊ី មានប្រជាជនជិត៣០ដងលើសរដ្ឋនេះក៏ដោយ។ ដោយសារសង្គ្រាម និងការចាកចេញរបស់ប្រជាជនរុស្ស៊ី រាប់សែននាក់ តួលេខនៃរបកគំហើញថ្មី និងការទទួលបានប៉ាតង់ទំនងកាន់តែធ្លាក់ចុះ។តើហេតុអ្វីរឿងនេះអាចកើតឡើង? ផ្អែកតាមសៀវភៅ "Russia Against Modernity" លោក Alexander Etkind បានពន្យល់ថា លោក ពូទីន បានបង្កើតរដ្ឋប៉ារ៉ាស៊ីតមួយ ដែលទទួលបានប្រាក់ចំណូលភាគច្រើនដោយសារតែធនធានធម្មជាតិជាជាងការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយការច្នៃប្រឌិត ហើយវាមិនសូវផ្តល់សុខុមាលភាពដល់ប្រជាជនរបស់ខ្លួននោះទេ។ លោក Alexander Etkind បានសរសេរថា អំពើពុករលួយគឺតែងតែកើតមានច្រើននៅក្នុងរបបដឹកនាំដូចរុស្ស៊ីបច្ចុប្បន្ន។ សរុបជារួម ទោះបីមិនមានសង្គ្រាមជាមួយអ៊ុយក្រែន រុស្ស៊ីបានបាត់បង់ការអភិវឌ្ឍយ៉ាងច្រើនសម្រាប់ប្រទេសខ្លួនទៅហើយ នៅសតវត្ស៍ទី២១នេះ៕
7/10/2023 • 5 minutes, 58 seconds បារាំង ៖ តើកុប្បកម្មហិង្សា ប៉ះពាល់ដល់វិស័យទេសចរណ៍ យ៉ាងណា ?
បន្ទាប់ពីឆ្លងកាត់ភាពចលាចលហិង្សាអស់៦យប់ នៅតាមទីក្រុងតូចធំស្ទើរពេញផ្ទៃប្រទេស បារាំងបានត្រលប់មករកភាពស្ងប់ស្ងាត់វិញហើយ នៅឡើយតែវិស័យទេសចរណ៍ និងសណ្ឋាគារ ដែលបន្តព្រួយបារម្ភ ខ្លាចបាត់បង់ភ្ញៀវ ព្រោះរូបភាពហិង្សា និងទង្វើបែបបំផ្លិចបំផ្លាញ របស់ក្មេងជំទង់ពេញកំហឹង មានចុះផ្សាយយ៉ាងព្រោងព្រាត ក្នុងទំព័រសង្គម និងបណ្តាញសារព័ត៌មានអន្តរជាតិ។ បារាំងទិសដៅទេសចរណ៍ដ៏ទាក់ទាញ កំពុងប្រលាក់ប្រលូសដោយកុប្បកម្មហិង្សា? តើវិស័យទេសចរណ៍បារាំង ត្រូវចុះស្រអាប់ និងខាតបង់យ៉ាងណា? ក្នុងរដូវក្តៅ រដូវទេសចរណ៍ តែបែរជាមានរូបភាពអាក្រក់ៗ ៖ ក្មេងជំទង់ៗតតាំងនឹងប៉ូលិស យ៉ាងហិង្សា រូបភាពដុតឡាន ដុតអគារ អគ្គិភ័យ សកម្មភាពវាយបំផ្លាញ វាយបំបែកកញ្ចក់ គាស់ទ្វារហាង គាស់ផ្សារ ដើម្បីលួចយករបស់មានតម្លៃ បង្ហោះបង្ហាញស្ទើរគ្មានដាច់នៅតាមបណ្តាញសង្គម បណ្តាញផ្សព្វផ្សាយព័ត៌មាន ទូទាំងពិភពលោក នារយៈពេលនៃកុប្បកម្ម ៦យប់របស់ក្មេងជំទង់ ក្រោយការស្លាប់របស់យុវជន ណាហ៊ែល ដែលប៉ូលិសបានបាញ់ ហើយស្លាប់ នៅពេលគេចមិនឱ្យប៉ូលិសឆែក ច្បាស់ជាជះឥទ្ធិពលមិនល្អសោះឡើយសម្រាប់វិស័យទេសចរណ៍បារាំង។ បើតាមប្រធានការិយាល័យទេសចរណ៍ក្រុងប៉ារីស ក្នុងរយៈពេលពីរថ្ងៃដំបូងនៃខែកក្កដា មានទេសចរប្រមាណ ២០ទៅ២៥%បានលុបចោលដំណើរមកកាន់រដ្ឋធានីប៉ារីស (កក់សណ្ឋាគារ)។ ចំណែកខាងភោជនីដ្ឋាននិងបាអាហារដ្ឋានរង្គសាលពេលរាត្រី វិញ ការខាតបង់អស់ឡើងដល់ជាង៥០% ក្នុងមួយចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការប៉ាន់ស្មានរបស់ប្រធានសហព័ន្ធសហជីពសណ្ឋាគារតំបន់Ile de France (ក្រុងនិងជុំវិញក្រុងប៉ារីស) ដែលទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការជួយសងការខាតបង់នេះ និងយល់ថា រូបភាពប្រទេសបារាំង ជាពិសេសប៉ារីស បានធ្លាក់ស្រអាប់ខ្លាំងណាស់។ ទិដ្ឋភាពហិង្សា ការបិទបណ្តាញដឹកជញ្ជូនសាធារណៈតាំងពីព្រលប់ លុបកម្មវិធីសិល្បៈផ្សេងៗ ពិតជាប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ និងជំរុញឱ្យទេសចរបរទេសបោះបង់គម្រោងមកទស្សនាប្រទេសបារាំងមែនឬ ? មែន ! សម្រាប់ពេលខ្លីចំពោះមុខភ្លាមៗ។ នេះបើតាមការវិភាគរបស់ស្ថាបនិកនៃការិយាល័យជំនាញទេសចរណ៍លោក Guy Raffour។ រាល់គ្រប់ហេតុការណ៍ហិង្សាដែលផ្ទុះឡើង តែងតែជះផលប៉ះពាល់តិចឬច្រើនជាស្វ័យប្រវត្តិដល់វិស័យទេសចរណ៍ មិនថាជាបាតុកម្មប្រឆាំងនឹងកំណែទម្រង់ច្បាប់សោធនវិត្តន៍ បាតុកម្មត្រាំត្រែងរៀងរាល់ថ្ងៃសៅរ៍របស់ក្រុមអាវកាក់លឿងកាលពីឆ្នាំ២០១៨ ឬភេរវកម្មកណ្តាលរដ្ឋធានីកាលពីថ្ងៃទី ១៣វិច្ឆិកា២០១៥ និងកុប្បកម្មហិង្សារបស់ក្រុមយុវជនកាលពីឆ្នាំ២០០៥ដែលបណ្តាលមកពីការស្លាប់របស់ក្មេងពីរនាក់។ កាលណោះ ទេសចរ៣០%បានលុបឬលើកពេលមកលេងប៉ារីស។ ហើយលើកនេះក៏មិនខុសពីលើកមុនៗដែរ។ ហេតុដូច្នេះហើយបានជាអ្នករកស៊ីផ្នែកសណ្ឋាគារ អត់ព្រួយមិនបាន។ សាលាក្រុងប៉ារីស បានទទួលស្គាល់ថាវិស័យទេសចរណ៍មានហេតុផលដែលត្រូវព្រួយបារម្ភ តែក្រុមប្រឹក្សារដ្ឋធានីប៉ារីស ទើបបានបោះឆ្នោតនៅថ្ងៃអង្គារបើកមូលនិធិពិសេសសម្រាប់ជួយពាណិជ្ជករហើយ។ ហើយម្យ៉ាងទៀត ទោះបីវិបត្តិបានរំខានដំណើរកំសាន្តរបស់ទេសចរខ្លះដែលបានមកដល់ប៉ារីសហើយ និងបានចោទជាកង្វល់ដល់អ្នករៀបនឹងមកប៉ារីសមែន ប៉ុន្តែបារាំងជាប្រទេសទេសចរណ៍ពិតៗ។ តាំងពីចូលឆ្នាំ២០២៣មក បារាំង ប្រឈមនឹងបាតុកម្មហិង្សាប្រឆាំងនឹងកំណែទម្រង់ច្បាប់សោធននិវត្តន៍ផង ឥលូវអំពើកុប្បកម្មហិង្សារបស់ក្មេងជំទង់ទៀត តែតួលេខទេសចរណ៍ឡើងខ្ពស់ត្រដែតណាស់ទាំងសម្រាប់ប៉ារីស និងប្រទេសបារាំងទាំងមូល។ ចំនួនទេសចរសម្រាប់៦ខែដើមឆ្នាំ២០២៣ ដូចគ្នាឆមាសទីមួយនៃឆ្នាំ២០១៩ ពោលគឺ ចំនួនទេសចរណ៍ឡើងស្មើនឹងសម័យមុនកូវីដទៅហើយ។ ដូច្នេះគ្មានអ្វីដែលត្រូវប្រញាប់ស្រែកអាសន្នទេ។ទាំងអ្នកជំនាញផ្នែកប្រឹក្សាទេសចរណ៍ក៏ដូចជាអាជ្ញាធរក្រុងប៉ារីស សុទ្ធតែប្រឹងសម្រួលស្ថានការណ៍ដោយពន្យល់ថាបើមើលពីចម្ងាយ ឃើញតែព័ត៌មានវិលឥតឈប់នៃអំពើហិង្សា គេត្រូវតែព្រួយបារម្ភហើយ ដូច្នេះភ្នាក់ងារទេសចរណ៍បារាំងត្រូវចេះពន្យល់ភ្ញៀវបរទេសវិញ។ អំពើហិង្សាមិនកើតទូទាំងប្រទេស និងគ្រប់ទីក្រុងឯណា ! ទេសចរអាមេរិកឬជប៉ុនជាភ្ញៀវមកពីឆ្ងាយនិងតែងចំណាយច្រើននៅក្នុងប្រទេសបារាំង តែក៏អ្នកភ័យខ្លាចខ្លាំងជាងគេរឿងអសន្តិសុខ និងងាយទទួលឥទ្ធិពលពីការផ្សព្វផ្សាយព័ត៌មានស្តីពីស្ថានភាពនៅប្រទេសបារាំង។ តែ៨០%នៃទេសចរមកលេងបារាំង ជាអឺរ៉ុប នៅជិតឬជាប់របងបារាំង ហើយយល់ពីចិត្តនិងស្គាល់ប្រវត្តិសាស្ត្របារាំងជាង ដឹងថា ថ្ងៃបុណ្យជាតិបារាំងជាថ្ងៃពលរដ្ឋងើបធ្វើកុប្បកម្មបះបោរធ្វើបដិវត្ត និងមានកូដកម្ម បាតុកម្ម ជាញឹកញយ ស្ទើរក្លាយជាប្រពៃណីមួយរបស់បារាំងទៅហើយ។ តែអ្នកជំនាញ អ្នកវិភាគ និងអ្នកមានអាជីពក្នុងវិស័យទេសចរណ៍ សុទ្ធតែគិតនិងយល់ស្របគ្នាថា ព្រឹត្តិការណ៍កីឡាខ្នាតអន្តរជាតិ នៅចុងឆ្នាំ២០២៣ (ការប្រកួតបាល់Rugbyពិភពលោកខែកញ្ញា) និងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នឹងស្រូបទាក់ទេសចរបរទេស បានយ៉ាងច្រើនមកវិញជាក់ជាពុំខាន៕
7/5/2023 • 4 minutes, 58 seconds បារាំង៖ តើអ្វីខ្លះដែលបានរុញក្មេងជំទង់ឲ្យហិង្សា កម ្រោលចូល បង្កកុបកម្មពាសពេញប្រទេស?
បារាំងបានឆ្លងកាត់ស្ថានភាពចលាចលហិង្សា កុបកម្មសឹងពាសពេញប្រទេស អស់មួយសប្តាហ៍កន្លងមកនេះ បន្ទាប់ពីមានករណីក្មេងជំទង់ម្នាក់ឈ្មោះ ណាហ៊ែល ត្រូវបាននគរបាលបាញ់បណ្តាលឲ្យស្លាប់ កាលពីថ្ងៃអង្គារទី២៧មិថុនា នៅជាយខាងលិចទីក្រុងប៉ារីស។ ក្រោយហេតុការណ៍ ចលនាកុបកម្មហិង្សាបានផ្ទុះឡើងជារៀងរាល់យប់ តាមទីក្រុងនានាសឹងពាសពេញប្រទេស ដោយក្រុមកុបករ ភាគច្រើនជាក្មេងជំទង់ ទាំងហ្វូងៗ បាននាំគ្នាដុតរថយន្ត បង្កអគ្គីភ័យតាមអគារ និងវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ យ៉ាងហិង្សាជាទីបំផុត។ តើកត្តាអ្វីខ្លះ ដែលបានជំរុញឲ្យក្មេងជំទង់នៅបារាំង អាយុត្រឹម១២ ១៣ឆ្នាំ ចេញធ្វើសកម្មភាពហិង្សាយ៉ាងកំរោល ប្រឆាំងសង្គម ប្រឆាំងសមត្ថកិច្ចបែបនេះ? នៅយប់ទី៧ អំពើកុបកម្មហិង្សា ហាក់បានថមថយច្រើន នៅទូទាំងប្រទេសបារាំង។ អស់មួយសប្តាហ៍ ដែលសមត្ថកិច្ច នគរបាលបារាំង ជាច្រើនពាន់នាក់ បានព្យាយាមទប់ទល់យ៉ាងលំបាកលំបិន ដើម្បីបំបែកក្រុមកុបករដ៏ហិង្សា នៅតាមទីក្រុងនានា សឹងពាសពេញបារាំង។ រូបភាពជាច្រើន ត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គម និងពាសពេញពិភពលោក បង្ហាញឲ្យឃើញ រថយន្តឆេះខ្លោចតាមដងផ្លូវ អគ្គីភ័យឆេះអគារ ហាងទំនិញឆាបឆេះ ឬបាក់បែក និងខ្លះត្រូវក្រុមជនឆក់ឱកាស ចូលទៅលួចប្រមូលទំនិញ យ៉ាងអនាធិបតេយ្យបំផុត។ តាមការលើកឡើង របស់លោកប្រធានសហព័ន្ធនយោជកបារាំង គឺការខូចខាតប្រមាណ៧ថ្ងៃមកនេះ គឺមិនក្រោម១ពាន់លានអឺរ៉ូនោះទេ។វាយបំផ្លាញសាលារៀន បណ្ណាល័យ ...ក្រុមកុបករ បានវាយបំផ្លាញផងដែរ នូវសាលារៀន សាលាមតេយ្យ សាលាឃុំសង្កាត់ បណ្ណាល័យ ស្នងការដ្ឋាននគរបាល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនផ្សេងទៀត។ ជាអំពើហិង្សាយ៉ាងកម្រោល ដែលធ្វើឲ្យគ្រប់មនុស្សទូទៅ ដែលមានការពិចារណា ទោះបន្តិចបន្តួច ងឿងឆ្ងល់ មិនអាចយល់បានថាហេតុអ្វី ហេតុអ្វីបានជាកុបករទាំងអស់នេះ ធ្វើសកម្មភាពហិង្សាបែបនេះ?យោងតាមតួលេខក្រសួងមហាផ្ទៃ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៤កក្កដា សមត្ថកិច្ចបានចាប់ខ្លួនកុបករហិង្សា ចំនួន ៣៩១៥នាក់ ដែលក្នុងនោះ មាន១២៤៤នាក់ គឺជាអនីតិជន។ កុបករទាំងអស់ មានអាយុមិនលើសពី៣០ឆ្នាំទេ ហើយអ្វីដែលគួរឲ្យកត់សំគាល់បំផុត គឺភាគច្រើន សុទ្ធតែក្មេងជំទង់ប្រុសៗ អាយុ ត្រឹម ១២ ១៣ឆ្នាំប៉ុណ្ណោះ។ យុវជន និងក្មេងជំទង់ទាំងនោះ ភាគច្រើនមានដើមកំណើតក្រុមគ្រួសារ មកពីបណ្តាប្រទេសអាហ្វ្រិក និងតំបន់ម៉ាហ្ក្រេប។យោងតាមមន្ត្រីម្នាក់ ធ្វើការនៅសាលាក្រុងNanterre ជាទីដែលផ្តើមផ្ទុះអំពើកុបកម្មទាំងនេះ គឺយុវជនក្មេងជំទង់ ដែលបានធ្វើកុបកម្ម មានលាយឡំគ្នាច្រើន ខ្លះមានការងារធ្វើបន្តិចបន្តួច ខ្លះអត់ការងារធ្វើ តែលតោលពពាក់ពពូន នៅតែតាមក្រោមអគារក្នុងតំបន់ដែលពួកគេរស់នៅ។ ភាគច្រើនលើសលុប គឺពួកគេបានបោះបង់ចោលការសិក្សា ហើយខ្លះទៀត បានធ្លាក់ចូលទៅក្នុងបណ្តាញទុច្ចរិត លួចឆក់ប្លន់ និងជួញដូរគ្រឿងញៀនជាដើម។ស្អប់គុំគួនខ្លាំងទៅលើនរគបាលលោក Olivier Galland សង្គមវិទូបារាំង ជំនាញផ្នែកយុវជន បានលើកឡើងថា ចំណុចរួមមួយរបស់យុវជនកុបករហិង្សាទាំងនេះ គឺការស្អប់គុំគួនទៅលើនគរបាលបារាំង។ នៅពេលដែលមានហេតុការណ៍អកុសលនីមួយកើតឡើង ជាក់ស្តែងដូចជាករណី ក្មេងជំទង់អាយុ១៧ឆ្នាំ ដែលត្រូវនគរបាលបាញ់បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី២៧មិថុនាដោយសារក្មេងជំទង់រូបនេះមិនព្រមឈប់រថយន្តទៅតាមការឃាត់នោះ គឺវាមានបំផ្ទុះបំផុសកំហឹងគុំគួន ដែលមាននៅក្នុងចិត្តរបស់យុវជនក្មេងៗ។ជាងនេះទៀត ដោយសារពួកគេខ្លះ ធ្វើសកម្មភាពទុច្ចរិតឆក់ប្លន់ លួចបន្លំ ជួញគ្រឿងញៀនជាដើម គឺធ្វើឲ្យពួកគេតែងត្រូវបាននគរបាលឃាត់សួរនាំ ជាញឹកញាប់។ ការសួរនាំ ដែលអាចពេលខ្លះ មានជាការសំឡុត គំរាម ឬអាចមានលក្ខណៈរើសអើងមើលងាយប្រកាន់ពូជសាសន៍ ជាដើម។ល។ បរិបទនេះ ធ្វើឲ្យតំបន់ដែលពួកគេរស់នៅជាទូទៅ ក្លាយជាតំបន់ពពាក់ពពូន ហិង្សា ត្រូវនគរបាលសង្ស័យ ដែលវាបង្កើតជាវប្បធម៌ពាលា បំពានច្បាប់ ផ្គើននគរបាល ផ្គើនសមត្ថកិច្ច។ទន្ទឹមគ្នានេះទៀត យោងតាមការអង្កេតសង្គមសាស្ត្រ ទឹកចិត្តពុះកញ្ជ្រោលខឹងស្អប់គុំគួនមកលើសមត្ថកិច្ចរដ្ឋបារាំង គឺមួយផ្នែកកើតចេញពីការរស់នៅមិនចុះសម្រុងក្នុងសង្គម។ យុវជនទាំងនោះ ភាគច្រើនលើសលុប កើតក្នុងវង់ត្រកូលគ្រួសារអ្នកកាន់សាសនាអ៊ីស្លាម ដែលយល់ថាសង្គមបារាំង ជាសង្គមស្អប់ខ្ពើមពួកគេ រើសអើងពួកគេ បោះបង់ចោលពួកគេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចរន្តសាសនាអ៊ីស្លាមជ្រុលនិយម បានរីកសាយភាយខ្លាំងណាស់ ក្នុងចំណោមយុវជនដែលរស់នៅតាមតំបន់ក្រីក្រ ជាយទីក្រុងធំៗ។បណ្តាញសង្គមជាមធ្យោបាយក្នុងរយៈពេល៧ថ្ងៃកន្លងមកនេះ ដែលមានផ្ទុះអំពើហិង្សាកុបកម្មយ៉ាងកម្រោល មានមនុស្សជាច្រើននាក់ ដែលធ្វើការងារសង្គម តាមសមាគមន៍នានា បានអះអាងថា បានព្យាយាមសួរនាំ និយាយជាមួយយុវជនក្មេងៗដែលជាកុបករ ដើម្បីពន្យល់ឃាត់ពួកគេ។ តែអ្វីដែលជាការសង្កេតឃើញជាទូទៅ គឺយុវជន ក្មេងជំទង់ទាំងនោះ ងប់វក់ក្នុងភ្លើងកំហិងរបស់ពួកគេ មិនអាចស្តាប់ហេតុផលពីនរណាបានទាំងអស់។លើសពីកត្តាកំហិងពុះកញ្ជ្រោលនេះ អ្វីដែលបានជំរុញធ្វើឲ្យកុបកម្មហិង្សាប៉ុន្មានថ្ងៃមកនេះ មានទ្រង់ទ្រាយធំ ទប់មិនឈ្នះ គឺបណ្តាញសង្គម។ ជាការពិត បណ្តាញសង្គមមិនមែនជាប្រភពនៃបញ្ហាទេ តែបណ្តាញសង្គម គឺជាមធ្យោបាយ ដែលធ្វើឲ្យកុបកម្មហិង្សា រីកសាយភាយយ៉ាងលឿនរហ័ស។ នៅលើបណ្តាញ Snapchat និង Instagram ជាដើម ពួកក្មេងជំទង់ទាំងនេះ ចែកចាយដំណឹង រៀបចំណាត់ជួបគ្នា កំណត់ទីតាំងដុតត្រង់នេះ វាយត្រង់នោះ ធ្វើឲ្យសមត្ថកិច្ចតាមសឹងតែមិនទាន់។ជាងនេះទៀត ក្រុមក្មេងស្ទាវទាំងអស់នេះ បានថែមទាំងប្រកួតប្រណាំងគ្នាតាមបណ្តាញសង្គម ថាអ្នកណាក្រុមណា ធ្វើឡូយអស្ចារ្យជាងគេ បាញ់កាំជ្រួចផ្កាភ្លើងបានច្រើនជាងគេ ដុតឡានបានច្រើនជាងគេ ឬចូលវាយកំទេចអគារបានលឿនជាងគេជាដើម។ល។ ការប្រកួតប្រជែង សំញ៉ែញភាពអស្ចារ្យ តាមលក្ខណៈក្មេងខ្វះការពិចារណា ដែលពួកគេបង្ហាញតាមវីដេអូ ផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គមនានា។ កត្តាទាំងអស់នេះ គួបផ្សំគ្នា ធ្វើឲ្យពួកគេ កាន់តែកម្រោល ព្រោះពួកគេគិតថាខ្លួនឯងសម្បើមអស្ចារ្យខ្លាំង។កុបកម្មហិង្សាកក្រើកប្រទេសរយៈពេល៧ថ្ងៃមកនេះ វាបានដាស់សតិស្មារតីរដ្ឋាភិបាលបារាំង និងអ្នកនយោបាយគ្រប់ជាន់ថ្នាក់ ឲ្យមើលឃើញអំពីបញ្ហា ជំងឺ ដំបៅស៊ីរូងក្នុងសង្គម ដែលកើតចេញពីភាពមិនចុះសម្រុងគ្នា រវាងយុវជន និងកម្លាំងសមត្ថកិច្ចអាជ្ញាធររដ្ឋ។ សង្គមវិទូ Oliver Galland បានលើកឡើងថា ក្មេងជំទង់ហិង្សា ធ្វើកុបកម្មពាសពេញប្រទេសបែបនេះ ទោះជាមានហេតុផលអ្វីក៏ដោយ តែលោកយល់ថា វាគឺជាកំហុសនៃប្រព័ន្ធអប់រំបារាំង។ គេមិនអាចទំលាក់កំហុសទាំងស្រុង ទៅលើឪពុកម្តាយ ដែលមិនប្រៀនប្រដៅតម្រង់ផ្លូវកូននោះទេ ព្រោះជាទូទៅ អាណាព្យាបាលមិនអាចធ្វើអ្វីបានច្រើនឡើយ ប្រឈមនឹងបញ្ហាក្មេងជំទង់ហិង្សាបែបនេះ។ ផ្ទុយទៅវិញ សម្រាប់លោក លោកយល់ថា គឺសាលារៀន គឺប្រព័ន្ធអប់រំ ដែលបានបរាជ័យ មិនអាចតម្រង់ផ្លូវយុវជនទាំងនោះ ឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម៕
7/5/2023 • 6 minutes, 41 seconds ហេតុអ្វីបានជាប្រទេសបារាំងស្វែងរកអ៊ុយរ៉ាញ៉ូម និងលីចូមរហូតដល់ប្រទេសម៉ុងហ្គោលី?
នៅចុងខែមិថុនាកន្លងទៅថ្មីៗនេះ ប្រមុខការទូតបារាំងលោកស្រីកាទ្រីន កូឡូណា (Catherine Colonna) បានបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅក្នុងប្រទេសម៉ុងហ្គោលី។ គោលដៅនៃទស្សនកិច្ច គឺពង្រឹងកិច្ចសហប្រតិបត្តិការជាមួយម៉ុងហ្គោលីដែលជាប្រទេសអាស៊ីមួយសម្បូរដោយធនធានធម្មជាតិយុទ្ធសាស្រ្ត ពិសេសអ៊ុយរ៉ាញ៉ូម និងលីចូម។ នៅមុនលោកស្រីកូឡូណា ប្រធានាធិបតីបារាំងលោកម៉ាក្រុងបានបំពេញទស្សនកិច្ចនៅម៉ុងហ្គោលីក្នុងខែឧសភា។ ហេតុអ្វីបានជាបារាំងស្វែងរកអ៊ុយរ៉ាញ៉ូមដល់ម៉ុងហ្គោលី និងថា តើបារាំងអាចប្រជែងជាមួយរុស្ស៊ី និងចិនដែលកំពុងមានឥទ្ធិពលខ្លាំងលើម៉ុងហ្គោលីដែរ ឬទេ? ក្នុងរយៈពេលតែជាងមួយខែតិចតួច មានទស្សនកិច្ចចំនួនពីរដងរបស់ថ្នាក់ដឹកនាំបារាំងនៅក្នុងប្រទេសម៉ុងហ្គោលី។ ទី១ ជាទស្សនកិច្ចរយៈពេលខ្លីរបស់ប្រធានាធិបតីលោកម៉ាក្រុងកាលពីថ្ងៃទី២១ ឧសភា ហើយទស្សនកិច្ចទី២ ជាទស្សនកិច្ចរយៈពេល២ថ្ងៃរបស់ប្រមុខការទូតលោកស្រីកាទ្រីន កូឡូណាពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ មិថុនា។ អ្វីជាការកត់សម្គាល់ ដំណើរផ្លូវទៅកាន់ម៉ុងហ្គោលីរបស់លោកម៉ាក្រុងក្នុងថ្ងៃទី២១ ឧសភាជាដំណើរផ្លូវដែលលោកម៉ាក្រុងបានត្រឡប់ពីការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G៧ រៀបចំក្នុងប្រទេសជប៉ុន។ ចំណែកកំណត់សម្គាល់ទី២ នេះជាលើកទី១ បង្អស់ដែលមានប្រធានាធិបតីបារាំងម្នាក់បានដាក់ជើងជាន់ទឹកដីម៉ុងហ្គោលី។មានផ្ទៃក្រឡាដីជាង ១លាន ៥សែនគីឡូម៉ែត្រក្រឡាដែលពាក់កណ្តាលជាវាលខ្សាច់ និងមានពលរដ្ឋរស់នៅជាង ៣លាន ៣សែននាក់ ម៉ុងហ្គោលីជាប្រទេសអាស៊ីដែលស្ថិតនៅចន្លោះរវាងប្រទេសរុស្ស៊ី និងប្រទេសចិន។ តែអ្វីដែលគេមិនអាចមើលរំលង និងមិនអាចមិននិយាយបាន គឺធនធានធម្មជាតិដែលម៉ុងហ្គោលីមាននៅក្នុងដីរបស់ខ្លួន ពិសេសអ៊ុយរ៉ាញ៉ូម។ នេះជាហើយជាអ្វីដែលបារាំងបានសម្លឹងឃើញ និងកំពុងចង់បាន។ ដូច្នេះគេអាចនិយាយបានថា ការឆ្លៀតចូលម៉ុងហ្គោលីរយៈពេលខ្លីរបស់លោកម៉ាក្រុង និងបន្តដោយទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកស្រីកាទ្រីន កូឡូណាប្រហែលមិនមែនជារឿងចៃដន្យ ឬជាការគួរសមអ្វីទេ។កម្មវត្ថុរបស់រដ្ឋាភិបាលបារាំង គឺស្វែងរកប្រភពអ៊ុយរ៉ាញ៉ូមពីគ្រប់ទីកន្លែងទាំងអស់ដែលអាចធ្វើទៅបានដើម្បីផ្តត់ផ្គង់ដល់ដំណើរការមជ្ឈមណ្ឌលនុយក្លេអ៊ែររបស់ខ្លួន។ ក្រៅពីអ៊ុយរ៉ាញ៉ូមរបស់ម៉ុងហ្គោលី បារាំងក៏កំពុងសម្លឹងឃើញលោហៈលីចូមដែលគេហៅជាលោហៈយុទ្ធសាស្រ្ត។ សព្វថ្ងៃនេះ ក្រុមហ៊ុនបារាំង Orano ដែលរដ្ឋបារាំងជាអ្នកមានភាគហ៊ុនច្រើនកំពុងមានក្នុងដៃនូវអាជ្ញាប័ណ្ណអាជីវកម្មចំនួន ៣ច្បាប់សម្រាប់ធ្វើអាជីវកម្មលើអណ្តូងរ៉ែម៉ុងហ្គោលី។ ចាប់ពីពេលនេះទៅ ការចរចាកំពុងបន្តធ្វើដើម្បីឈានទៅមានកិច្ចព្រមព្រៀងនាពេលខាងមុខស្តីពីការបែងចែកធនធានអ៊ុយរ៉ាញ៉ូមដែលទាញយកបាន និងសិទ្ធិក្នុងការធ្វើពាណិជ្ជកម្ម។ក្រុមហ៊ុនបារាំង Orano ជាដៃគូជាមួយក្រុមហ៊ុនម៉ុងហ្គោលី Mon-Atom។ តែចំណែកភាគហ៊ុនរបស់ Orano មានដល់ទៅ ៦៦%។ នៅក្នុងកិច្ចចរចា ក្រុមហ៊ុនបារាំង Orano អាចមានសិទ្ធិធ្វើពាណិជ្ជកម្មលើអ៊ុយរ៉ាញ៉ូមចំនួន ២ភាគ៣ ដែលទាញយកបាន។ លោក Olivier Thoumyre អ្នកតំណាងក្រុមហ៊ុន Orano នៅម៉ុងហ្គោលីបានលំអិតថា សិទ្ធិធ្វើពាណិជ្ជកម្ម និងហិរញ្ញប្បទាននឹងអាស្រ័យលើកិច្ចព្រមព្រៀងដែលទទួលបាន។ ចំណែកក្រសួងការបរទេសបារាំងបានបញ្ជាក់ថា ការចំណាយដើម្បីវិនិយោគនឹងកើនលើសពាន់លានអឺរ៉ូ។ បើអ្វីៗនឹងមានដំណើរដូចការរំពឹងទុកមែន បារាំងសង្ឃឹមទទួលបានអ៊ុយរ៉ាញ៉ូមក្នុងបរិមាណដ៏ច្រើនសម្បើមពីប្រទេសម៉ុងហ្គោលី។បើបារាំងទទួលបានដូចដែលខ្លួនសង្ឃឹមទុកមែន បារាំងអាចពង្រឹងភាពជាម្ចាស់ការ និងឯករាជ្យភាពក្នុងបញ្ហាអ៊ុយរ៉ាញ៉ូមក៏ដូចជាលោហៈយុទ្ធសាស្រ្តលីចូម។ ទន្ទឹមគ្នានេះ បារាំងអាចឆ្លើយដោយប្រយោលទៅនឹងការរិះគន់ ទិតៀនរបស់អង្គការក្រៅរដ្ឋាភិបាល Greenpeace ដែលថា បារាំងបានបន្តពឹងលើអ៊ុយរ៉ាញ៉ូមចម្រើនរួចពីរុស្ស៊ី នោះបើទោះបីជានុយក្លេអ៊ែរមិនមាននៅក្នុងទណ្ឌកម្មអឺរ៉ុបប្រឆាំងរុស្ស៊ីតាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនក៏ដោយ។ គួរបញ្ជាក់ថា ក្រុមហ៊ុនបារាំង Orano បានចាប់ផ្តើមប្រតិបត្តិការរុករកអ៊ុយរ៉ាញ៉ូមនៅវាលខ្សាច់ហ្គោប៊ីរបស់ម៉ុងហ្គោលីក្នុងឆ្នាំ ១៩៩៧។ តែគឺទើបនៅឆ្នាំ ២០១០ ដែល Orano បានរកឃើញប្រភពអ៊ុយរ៉ាញ៉ូមនៅទីតាំងមួយឈ្មោះ Zuuvch Ovoo។ តាមរយៈអណ្តូងរ៉ែអ៊ុយរ៉ាញ៉ូមមួយនេះ Orano សង្ឃឹមទទួលបានអ៊ុយរ៉ាញ៉ូមនៅឆ្នាំ ២០២៨ ក្នុងបរិមាណ ២ ៥០០តោនក្នុងមួយឆ្នាំសម្រាប់រយៈពេល ៣០ឆ្នាំ។តាមពិតទៅ ម៉ុងហ្គោលីមិនបានស្ថិតក្នុងចំណោមប្រទេសដែលបារាំងបាននាំចូលអ៊ុយរ៉ាញ៉ូមទេមកទល់សព្វថ្ងៃ។ ចំណែកនៅក្នុងកម្រិតសហភាពអឺរ៉ុបក៏គ្មានប្រទេសម៉ុងហ្គោលីដែរ។ តាមរបាយការណ៍ឆ្នាំ ២០២១ របស់ទីភ្នាក់ងារផ្គត់ផ្គង់អឺរ៉ុបឈ្មោះ Euratom អ៊ុយរ៉ាញ៉ូមសឹងទាំងអស់ត្រូវបានសហភាពអឺរ៉ុបនាំចូលពី ៥ប្រទេស គឺនីហ្សេ កាហ្សាក់ស្ថាន រុស្ស៊ី អូស្រា្តលី និងប្រទេសកាណាដា។ ជាក់ស្តែង ក្រុមហ៊ុនបារាំង Orano ដែលពីមុនមានឈ្មោះ Areva បានធ្វើអាជីវកម្មលើអណ្តូងរ៉ែអ៊ុយរ៉ាញ៉ូមក្នុងប្រទេសនីហ្សេតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ។ សមាគមន៍ប្រឆាំងនុយក្លេអ៊ែរឈ្មោះ néga Watt យល់ឃើញថា បើគិតពីភូមិសាស្រ្តនយោបាយ ការងាករកអ៊ុយរ៉ាញ៉ូមម៉ុងហ្គោលីរបស់បារាំងជារឿងប្រថុយប្រថាន។ជារឿងប្រថុយប្រថានព្រោះម៉ុងហ្គោលី និយាយជារួម និងអ៊ុយរ៉ាញ៉ូមម៉ុងហ្គោលីនិយាយដោយឡែកកំពុងស្ថិត និងកំពុងបន្តស្ថិតក្នុងការប្រជែងឥទ្ធិពលរវាងចិន និងរុស្ស៊ីដែលជាមហាអំណាចឧស្សាហកម្មក្នុងវិស័យនុយក្លេអ៊ែរ។ តែសម្រាប់បារាំង ក្រុងប៉ារីសមានសន្លឹកបៀរមួយដើម្បីទាញយកអ៊ុយរ៉ាញ៉ូមរបស់ម៉ុងហ្គោលី។ សន្លឹកបៀរនោះ គឺជំនាញបច្ចេកទេសរបស់បារាំងក្នុងរឿងនុយក្លេអ៊ែរ និងការធ្វើអាជីវកម្មដោយគិតគូរយកចិត្តទុកដាក់ចំពោះបរិស្ថាន រួមទាំងសុខុមាលភាពរបស់ប្រជាជនម៉ុងហ្គោលី៕
7/4/2023 • 6 minutes, 21 seconds គម្រោងយន្តហោះអ៊ីពែរសូនិករបស់អឺរ៉ុប៖ ប៉ារីស-ញូវយ៉កត ្រឹម៩០នាទី?
យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដឹកអ្នកដំណើរ ពីប៉ារីស ទៅញូវយ៉ក ដោយប្រើពេលត្រឹមតែ ៩០នាទី ហើយដោយមិនបញ្ចេញឧស្ម័នកាបូនិកសោះ... នេះគឺជាគម្រោងរបស់ក្រុមហ៊ុន Start-up មួយនៅអឺរ៉ុប ឈ្មោះ Destinus។ កន្លងមក គេធ្លាប់សង្កេតឃើញមានគម្រោងស្រដៀងគ្នានេះច្រើនរួចមកហើយ ក៏ប៉ុន្តែ គម្រោងរបស់ Destinus ហាក់បោះជំហានទៅមុខលឿនគួរឲ្យកត់សម្គាល់ ដោយយន្តហោះគំរូដើមមួយត្រូវបានគេយកមកដាក់បង្ហាញ នៅក្នុងអំឡុងពិព័រណ៌យន្តហោះអន្តរជាតិនៅប៉ារីស កាលពីសប្តាហ៍កន្លងទៅ។ គិតមកទល់នឹងពេលនេះ ជិត ២០ឆ្នាំហើយ ដែលការហោះហើរដឹកអ្នកដំណើរ ក្នុងល្បឿនលឿនកម្រិតស៊ូពែរសូនិក ត្រូវបិទបញ្ចប់ ជាមួយនឹងការហោះហើរចុងក្រោយរបស់យន្តហោះធុន Concorde កាលពីខែវិច្ឆិកាឆ្នាំ២០០៣។យន្តហោះប្រភេទថ្មី ដែលក្រុមហ៊ុន Destinus កំពុងអភិវឌ្ឍនៅពេលនេះ ក្រៅពីជាប្រភេទយន្តហោះគ្មានមនុស្សបើក គឺនឹងមានល្បឿនលឿនជាង Concorde រហូតដល់ទៅ ៣ដង។ ជាប្រភេទយន្តហោះអ៊ីពែរសូនិក ដោយមានល្បឿនលឿនជាងសំឡេងយ៉ាងតិច ៥ដង គឺលើសពី ៦១០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចហោះរហូតទៅដល់កម្ពស់ ពី ៣០គីឡូម៉ែត្រ ទៅ ៤០គីឡូម៉ែត្រ ពោលគឺ រហូតដល់ទៅជាង ៣ដង ខ្ពស់ជាងរយៈកម្ពស់យន្តហោះដឹកអ្នកដំណើរបច្ចុប្បន្ន។ក្នុងល្បឿនអ៊ីពែរសូនិកនេះ យន្តហោះ Destinus អាចធ្វើដំណើរឆ្លងមហាសមុទ្រអាត្លង់ទិកពីប៉ារីសទៅញូវយ៉ក ដោយប្រើរយៈពេលត្រឹមតែ ១ម៉ោងកន្លះ ចំណែកពីប៉ារីសទៅស៊ីដនី ប្រើពេលត្រឹមតែ ៤ម៉ោងប៉ុណ្ណោះ។ លើសពីនេះទៅទៀត ការហោះហើរនេះក៏នឹងមិនមានបញ្ចេញឧស្ម័នកាបូនិកនោះដែរ ដោយសារតែវាជាប្រភេទយន្តហោះប្រើអ៊ីដ្រូសែន (ជាប្រភេទអ៊ីដ្រូសែនរាវ ដែលបច្ចុប្បន្នត្រូវបានគេប្រើសម្រាប់រ៉ុកកែតអវកាស)។គួរបញ្ជាក់ថា ក្រុមហ៊ុន Destinus មានទីស្នាក់ការកណ្តាល នៅក្នុងប្រទេសស្វ៊ីស ហើយមានទីតាំងនៅក្នុងប្រទេសមួយចំនួនផ្សេងទៀត នៅអឺរ៉ុប គឺរួមមាន នៅបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ។ក្រុមហ៊ុននេះទើបនឹងត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០២១កន្លងទៅនេះប៉ុណ្ណោះ ក៏ប៉ុន្តែ គម្រោងផលិតយន្តហោះអ៊ីពែរសូនិកបានបោះជំហានទៅមុខយ៉ាងលឿន គួរឲ្យកត់សម្គាល់ ដោយត្រឹមតែ ៨ខែក្រោយបង្កើតក្រុមហ៊ុន យន្តហោះគំរូដើមតូចមួយ ដែលគេឲ្យឈ្មោះថា Destinus 1 ដែលមានប្រវែង ៤ម៉ែត្រ ត្រូវបានគេផលិត និងដាក់ហោះហើរសាកល្បងប្រកបដោយជោគជ័យ ហើយ Destinus 2 ដែលមានប្រវែង ១០ម៉ែត្រ បានហោះហើរដោយជោគជ័យ ប្រមាណជា ២ខែក្រោយមកទៀត។យន្តហោះគំរូទាំងពីរគ្រឿងនេះ ត្រូវបានគេផលិតឡើង ក្នុងគោលដៅសាកល្បងម៉ូទ័រ ដែលប្រើកេរ៉ូសែនធម្មតា បូកបន្ថែមជាមួយអ៊ីដ្រូសែន ហើយវាមានល្បឿនយឺតជាងល្បឿនសំឡេងនៅឡើយ។ ចំណែក Destinus 3 ដែលគេគ្រោងហោះសាកល្បង នៅដើមឆ្នាំ២០២៤ខាងមុខ ទើបអាចហោះដល់កម្រិតស៊ូពែរសូនិក គឺល្បឿនលឿនជាងសំឡេងជិត១ដងកន្លះ។ Destinus 4 នឹងបង្កើនល្បឿនដល់ ២ដងកន្លះនៃល្បឿនសំឡេង ហើយចុងក្រោយ Destinus 5 ដែលគេគ្រោងហោះសាកល្បង នៅក្នុងចន្លោះឆ្នាំ២០២៧-២០២៨ នឹងត្រូវបំពាក់គ្រប់បច្ចេកវិទ្យាទាំងអស់ សម្រាប់ការហោះហើរក្នុងល្បឿនអ៊ីពែរសូនិក។គោលដៅរបស់ Destinus គឺចង់ផលិត និងដាក់ឲ្យដំណើរការយន្តហោះគ្មានមនុស្សបើក ប្រភេទអ៊ីពែរសូនិក ដែលអាចដឹកទំនិញបានពី ៣តោន ទៅ ៤តោន ឬដឹកអ្នកដំណើរពី ២៥ ទៅ ៣០នាក់ នៅក្នុងអំឡុងឆ្នាំ២០៣១-២០៣២ខាងមុខ។ នៅក្នុងជំហានដំបូងនេះ ការហោះហើរដឹកអ្នកដំណើរនឹងធ្វើឡើង សម្រាប់តែ Business Class តែប៉ុណ្ណោះ ដោយគេរំពឹងថា ថ្លៃហោះហើរនឹងមានកម្រិតខ្ពស់។ ក៏ប៉ុន្តែ នៅជំហានជាបន្តបន្ទាប់ទៅទៀត គេគ្រោងនឹងផលិតយន្តហោះ កាន់តែធំ ដឹកអ្នកដំណើរបានកាន់តែច្រើននាក់ ហើយរួមជាមួយនឹងការធ្លាក់ថ្លៃនៃថាមពលអ៊ីដ្រូសែនផង គេរំពឹងថា នឹងអាចបញ្ចុះតម្លៃសំបុត្រយន្តហោះ ហើយឈានទៅពង្រីកការដឹកអ្នកដំណើរធម្មតា ក្នុង Economy Class។គិតមកទល់នឹងពេលនេះ ក្រុមហ៊ុន Destinus រកទុនវិនិយោគបានប្រមាណជា ៥០លានអឺរ៉ូ ដើម្បីចំណាយទៅលើគម្រោងរបស់ខ្លួន ដោយនៅក្នុងនោះ មានមួយផ្នែកបានមកពីវិនិយោគឯកជន ចំណែកមួយផ្នែកទៀតបានពីជំនួយរបស់រដ្ឋ តាមរយៈកម្មវិធីអភិវឌ្ឍថាមពលបៃតង គឺអ៊ីដ្រូសែន។ ក៏ប៉ុន្តែ នាយកក្រុមហ៊ុន Destinus បានឲ្យដឹងថា គេនៅត្រូវការទុនច្រើនបន្ថែមទៀត គឺរហូតដល់ទៅប្រមាណជា ១ពាន់លានអឺរ៉ូ ដើម្បីចំណាយទៅលើការអភិវឌ្ឍបច្ចេកវិទ្យា និងផលិតយន្តហោះសាកល្បង រហូតដល់ដំណាក់កាលចុងក្រោយ គឺយន្តហោះគំរូ Destinus 5។ ក្រោយពីហោះសាកល្បងបានជោគជ័យជាស្ថាពររួចហើយ គេនៅត្រូវការទុនជាច្រើនពាន់លានអឺរ៉ូបបន្ថែមពីលើនេះទៅទៀត ដើម្បីចំណាយទៅលើការផលិតយន្តហោះ ដើម្បីដាក់ឲ្យដំណើរការជាលក្ខណៈទៀងទាត់៕
6/28/2023 • 4 minutes, 18 seconds ព្រឹត្តិការណ៍បះបោរនៅរុស្ស៊ី ធ្វើឲ្យ ចិន ឃើញច្បាស់ពីអំណាចទន់ខ្សោយរបស់រុស្ស៊ី?
ថ្ងៃអង្គារ រដ្ឋអំណាចរុស្ស៊ី ប្រកាសបញ្ជាក់ជាថ្មី ថាលើកលែងចោលបទប្តឹងផ្តល់និងបទចោទប្រកាន់ទាំងឡាយ ចំពោះក្រុមទាហានស៊ីឈ្នួល Wagner។ ក្រុមទាហាន Wagner ដែលកាលពីថ្ងៃសៅរ៍ បានបះបោរនិងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរុស្ស៊ី។ ព្រឹត្តិការណ៍បះបោរនេះ បានធ្វើឲ្យ ពិភពលោក ភ្ញាក់ផ្អើលជាខ្លាំង។ ជាដៃគូយុទ្ធសាស្ត្រជាមួយរុស្ស៊ី ប្រទេសចិន ក៏ភ្ញាក់ផ្អើលខ្លាំងណាស់ដែរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំចិន ក៏ទំនងជាភ្ញាក់ស្មារតី និង ឃើញច្បាស់ពីអំណាចទន់ខ្សោយរបស់រុស្ស៊ី។ តើនេះ ពិតជាដូច្នេះមែនដែរឬទេ? ដៃគូទប់ទល់នឹងបស្ចិមប្រទេសចំពោះថ្នាក់ដឹកនាំចិន ប្រទេសរុស្ស៊ីជាដៃគូដ៏ចាំបាច់ និងដ៏មានប្រយោជន៍ សម្រាប់ទប់ទល់ឥទ្ធិពលរបស់ពួកលោកខាងលិច នៅក្នុងឆាកអន្តរជាតិ។ ហេតុដូច្នេះហើយ ទើបការបះបោរ របស់ ក្រុមទាហានស៊ីឈ្នួលWagner នៅរុស្ស៊ី គឺត្រូវ ថ្នាក់ដឹកនាំចិន បានតាមដានយ៉ាងកៀកកិត។ រដ្ឋអំណាចក្រុងប៉េកាំង ក៏បានបង្ហាញស្មារតីជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះរដ្ឋអំណាចក្រុងម៉ូស្កូ។ បើទោះបីជា ចិន ចាត់ទុកថាការបះបោររបស់ពួកWagner ជា«រឿងផ្ទៃក្នុងរបស់រុស្ស៊ី»ក៏ដោយក្តី ក៏ប៉ុន្តែ ចិន បានសន្យាខំប្រឹងប្រែងសព្វបែបយ៉ាងដើម្បី«ថែរក្សាស្ថិរភាព»របស់រុស្ស៊ី។ នៅម៉ូស្កូ ថ្ងៃអាទិត្យ ពេលហេតុការណ៍ទាន់ហន់ប្រញាប់ខ្លាំង គឺនៅក្រុងប៉េកាំងឯណោះ រដ្ឋមន្ត្រីការបរទេសចិន បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជាបន្ទាន់ ហើយប្រមុខការទូតចិន បានប្រាប់សមភាគីអំពីទឹកចិត្តនិងជំនួយរបស់មិត្ត ចិន ចំពោះ រុស្ស៊ី។ បើតាមទិនានុប្បវត្តិប្រជាជនចិន អ្នកនាំពាក្យក្រសួងកិច្ចការបរទេសចិន បានថ្លែងថា «ក្នុងនាមជាមិត្តក្បែររបងនឹងគ្នា ហើយនិងជាដៃគូសហការយុទ្ធសាស្ត្រនៅក្នុងសករាជថ្មីនេះ ប្រទេសចិន ជួយប្រទេសរុស្ស៊ី ដើម្បីធានាស្ថិរភាពជាតិ ឈានទៅរកសម្រេចការអភិវឌ្ឍនិងវិបុលភាព។»កាសែតប្រជាជនជនចិន បានយកចិត្តតាមដានការបះបោរ របស់ ក្រុមទាហានស៊ីឈ្នួលWagner និងគូសបង្ហាញថា មិនដល់រយៈប្រមាណ២៤ម៉ោងស្រួលបួលផង ព្រឹត្តិការណ៍បះបោរដែលផ្ទុះឡើងនៅថ្ងៃសៅរ៍ទី២៤មិថុនា បានរលត់ទៅវិញ នៅថ្ងៃអាទិត្យ។ កាសែតររដ្ឋចិនសង្កត់ធ្ងន់ថា ចិនបានធូរចិត្តជាខ្លាំង នៅពេលទទួលដំណឹងថា ការបះបោរ ស្ងប់ស្ងាត់ទៅវិញ។ ទោះបីជាយ៉ាងណាក្តី ព្រឹត្តិការណ៍បះបោរក្រុមទាហានស៊ីឈ្នួលWagner ដែលលើកទ័ពសម្រុកចូលរដ្ឋធានីម៉ូស្កូ គឺត្រូវអ្នកជំនាញនិងអ្នកវិភាគនយោបាយរុស្ស៊ី យល់ឃើញថា នេះជាបង្ហាញពីអស្ថិរភាពក្នុងប្រទេសរុស្ស៊ី។ អស្ថិរភាព ក៏មានដែរ ក្នុងផ្នត់គំនិតរបស់ពលរដ្ឋរុស្ស៊ី ហើយនិងជំរុញឲ្យកើតមានក្តីមិនទុកចិត្តចំពោះរដ្ឋអំណាច កាន់តែរីកធំឡើង។ មិនតែប៉ុណ្ណោះ ស្ថានការណ៍បះបោរនេះ ក៏ស្តែងដែរ ពីប្រព័ន្ធគ្រប់គ្រងយោធារុស្ស៊ី ទន់ខ្សោយ មិនមាំទាំ និង មានចន្លោះប្រហោងខ្លាំង ឬអាចបែកបាក់ផ្ទៃក្នុងផង ដែលអាចអនុញ្ញាតឲ្យ ពួកទាហានវ៉ាក់នែរ លើកទ័ពចូលដល់កៀករដ្ឋធានីម៉ូស្កូ។ ការបះបោរទាហានស៊ីឈ្នួលនេះ ចប់ស្ងប់ទៅ ដោយមានជំនួយចរចាអន្តរាគន៍ពីសំណាក់ ថ្នាក់ដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ចៅហ្វាយវិមានក្រេមឡាំង។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃអង្គារ បានថ្លែងអរគុណចំពោះក្រុមទាហានជាតិរុស្ស៊ី ដែលបានជួយទប់ទល់ និងបញ្ជៀសការបះបោរ ដែល ប្រមុខរដ្ឋរុស្ស៊ី ចាត់ទុកថា «បញ្ជៀសសង្គ្រាមស៊ីវិល»។ រដ្ឋអំណាចរុស្ស៊ី ក៏លើកលែងបទចោទប្រកាន់ទាំងឡាយចំពោះក្រុមបះបោរ។ត្រង់ចំណុចនេះ គឺនាំឲ្យមានសំណួរនិងចម្ងល់ច្រើនដែរ។ អ្នកខ្លះចោទសួរនិងសង្ស័យថា លោក វ្ល៉ាឌីមៀរ ពូទីន និង មេដឹកនាំក្រុមទាហានស៊ីឈ្នួលWagner លោក អេវហ្គេនី ព្រីហ្គោហ្ស៊ីន គឺ ប្រហែលតាមពិត គ្មានរឿងទាស់ទែងនឹងគ្នាទេ ហើយនិងថា ការដកទ័ពចូលទឹកដីរុស្ស៊ីពីសំណាក់ក្រុមវ៉ាក់ន្នែរ គឺជាការផ្សំគំនិតគ្នា និងជា ល្បែងយុទ្ធសាស្ត្ររៀបចំទុកជាមុន របស់ លោកពូទីននិងលោកព្រីហ្គោហ្ស៊ីន? នេះក៏ទំនងជាល្បិចយុទ្ធសាស្ត្រដកថយ និងបំភាន់គំនិតរបស់យោធាអ៊ុយក្រែន ដើម្បីនឹងប្រមូលកម្លាំងវាយសង្គ្រប់ លើ អ៊ុយក្រែន? នៅមានសំណួរនិងសេណារីយ៉ូ ជាច្រើន ដែលគេអាចគិតចេញប្លែកៗគ្នា។«អស្ថិរភាពនៃអំណាចក្រុងម៉ូស្កូ»ចំពោះប្រទេសចិន គឺអ្នកវិភាគនិងអ្នកជំនាញផ្សេងៗ ប្រមើលមើលឃើញថា ថ្នាក់ដឹកនាំចិន ច្បាស់ជាទាញទុកជាមេរៀននិងបទពិសោធទុកសម្រាប់ខ្លួន ជុំវិញព្រឹត្តិការណ៍បះបោរ។ មេរៀននោះ គឺថា រុស្ស៊ី មិនច្បាស់ថាមានស្ថិរភាពទាំងស្រុងទេ ហើយបទពិសោធចំពោះចិនខ្លួនឯងវិញ គឺដើម្បីបញ្ជៀសការបះបោរជាយថាហេតុណាមួយនៅក្នុងស្រុកខ្លួនដែរ គឺ ចិន ចាំបាច់ត្រូវតែរឹងបន្តឹងប្រព័ន្ធគ្រប់គ្រងយោធា នៅក្នុងប្រទេស និងក្នុងបក្ស បន្ថែមទៀត។អ្នកវិភាគ Vicotr Shih នៃសកលវិទ្យាល័យ San Diego នៅសហរដ្ឋអាមេរិក ជឿថា ថ្នាក់ដឹកនាំចិនក្រុងប៉េកាំង ច្បាស់ជាភ្ញាក់ស្មារតីដូចគេចោលនឹងដប់ថ្ម។ ដ្បិតថា «មុននឹងផ្ទុះព្រឹត្តិការណ៍ប៉ះបោររបស់ពួកវ៉ាក់នែរ គឺ ចិន ខំតែគិតថា រដ្ឋអំណាចរុស្ស៊ី និងអំណាចរបស់លោកពូទីន ជាអំណាចមាំទាំ និងប៉ះពាល់មិនបាន»។ តែតាមពិត ផ្ទុយខុសស្រឡះ។ ព័ត៌មានខ្លះ បញ្ជាក់ថា ខ្វះតែ ៤០០ គីឡូម៉ែត្រ គឺដល់ម៉ូស្កូ តែក្រុមWagnerខ្លួនឯង បង្ហើបថា ខ្វះតែ២០០គីឡូម៉ែត្រ តែប៉ុណ្ណោះ ចូលដល់រដ្ឋធានីម៉ូស្កូ។ ការបះបោរនេះ ជាពិតជាភាពតក់ស្លុតដ៏ធំមួយ ចំពោះរដ្ឋបាលក្រុងប៉េកាំង និងជាពិសេសចំពោះប្រធានាធិបតីចិន ស៊ី ជីនពីង ដែលថ្នាក់ដឹកនាំចិនឃើញភ្លឺភ្នែកច្បាស់ថា ប្រព័ន្ធការពារជាតិនៅខាងក្នុងប្រទេសរុស្ស៊ី គឺបរាជ័យធ្លាក់ទឹកតែម្តង។ នេះជាការគូសបង្ហាញរបស់ លោក Björn Alexander Dube អ្នកជំនាញទំនាក់ទំនងចិន-រុស្ស៊ី នៃសកលវិទ្យាល័យចិន Jilin ។អ្នកវិភាគ Victor Shih ហ៊ានថែមទាំងបញ្ចេញយោបល់ថា «ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន នាំឲ្យខូចខាតដល់ស្ថិរភាពរបស់រុស្ស៊ីខ្លួនឯងដែរ»។ ដូច្នេះ ប្រហែលជា ចិន អាចនឹងបញ្ចេញសកម្មភាពកាន់តែខ្លាំង ក្នុងការចរចាបញ្ចប់សង្គ្រាមនេះ ពីព្រោះថា កាលណាសង្គ្រាមនៅអ៊ុយក្រែនចេះតែបន្ត នោះសកម្មភាពចលាចលផ្សេងៗ អាចនឹងបន្តមាន និងបន្តធ្វើឲ្យ រុស្ស៊ី កាន់តែខ្សោយ ហើយប្រសិនបើរបបអំណាចរុស្ស៊ីដួលរំលំ នោះក៏ពុំមែនជាផលល្អ សម្រាប់រដ្ឋអំណាច ចិន ដែរ៕
6/27/2023 • 5 minutes, 23 seconds ការបះបោរនៅរុស្ស៊ី៖តើអនាគតរបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែនៅអាហ្វ្រិកនឹងទៅជាយ៉ាងណា?
នៅរុស្ស៊ី សកម្មភាពងើបបះបោររបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែបានចប់ទៅមែន ប៉ុន្តែវានៅបន្សល់ទុកនូវផលវិបាក និងចំណោទសួរជាច្រើនទាក់ទងនឹងអនាគតរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាក់ណែ ដឹកនាំដោយលោកព្រីហ្គោហ្ស៊ីន មនុស្សជំនិតដែលលោកពូទីនទើបចាត់ទុកជាជនជាតិក្បត់ជាតិ ក្នុងរឿងដឹកនាំការបះបោរប្រឆាំងថ្នាក់ដឹកនាំយោធារុស្ស៊ី។ ក្រៅពីចូលរួមយ៉ាងសកម្មនៅក្នុងសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែសកម្មខ្លាំងនៅទឹកដីបរទេស ជាពិសេសនៅអាហ្វ្រិក និងនៅដើមបូព៌ា។ ដូច្នេះ នៅពេលដែលមេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែត្រូវនិរទេសទៅនៅបេឡារុស ចំណែកអនាគតរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាក់ណែក៏មិនច្បាស់លាស់នៅក្រោយការបះបោរមិនបានសម្រេច កាលពីថ្ងៃសៅរ៍ តើជោគវាសនារបស់ទាហានវ៉ាក់ណែនៅអាហ្វ្រិកនឹងទៅជាយ៉ាងណាទៅវិញ? បង្កើតឡើងនៅឆ្នាំ ២០១៤ ដោយលោកអេវហ្គីនី ព្រីហ្គោហ្ស៊ីនដែលធ្លាប់ជាមេចុងភៅរបស់លោកពូទីន ទាហានស៊ីឈ្នួលវ៉ាក់ណែជាកម្លាំងប្រដាប់អាវុធដែលរដ្ឋាភិបាលរបស់លោកពូទីនបញ្ជូនទៅធ្វើសកម្មភាពលួចលាក់នៅទឹកដីបរទេស ដោយចាប់ផ្តើមដំបូងសមរភូមិប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែន និងនៅស៊ីរី។ ចាប់តាំងពីឆ្នាំ ២០១៥ វត្តមានរបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែរបស់លោកព្រីហ្គោហ្ស៊ីនបានចាប់រីកសាយភាយនៅទ្វីបអាហ្រ្វិក ជាទីដែលក្រុមវ៉ាក់ណែឈរជើងបោះទីតាំងក្នុងប្រទេសជាង១០ ដូចជាអាហ្វ្រិកកណ្តាល ម៉ាលី ស៊ូដង់ លីប៊ី ម៉ូហ្សំប៊ិក កាំម៉ារូន និងអេរីត្រេជាដើម។នៅបណ្តាប្រទេសអាហ្វ្រិកដែលកំពុងជួបអសន្តិសុខ សង្រ្គាមស៊ីវិល និងការវាយប្រហាររបស់ក្រុមភេរវនិយម ក្រុមហ៊ុនវ៉ាក់ណែផ្តល់សេវាជាច្រើនដូចជា ផ្តល់ទាហានប្រយុទ្ធ បណ្តុះបណ្តាលទាហានក្នុងស្រុក ការពារសន្តិសុខប្រធានាធិបតី ឬមេដឹកនាំរបបសឹក ធានាការពារកន្លែងបូមប្រេងរបស់ក្រុមហ៊ុនរុស្ស៊ី ធ្វើអាជីវកម្មជីកយករ៉ែ និងផ្តល់ជំនួយដល់មេដឹកនាំផ្តាច់ការក្នុងរឿងផ្សព្វផ្សាយព័ត៌មានមិនពិត បំផុសបំផុលឲ្យគេស្អប់ទាហានបារាំងជាដើម។ នៅម៉ាលី ស៊ូដង់ និងនៅអាហ្វ្រិកកណ្តាល ក្រុមទាហានស៊ីឈ្នួលរុស្ស៊ីវ៉ាក់ណែបានចូលទៅជំនួសវត្តមានបារាំង តាមរយៈការផ្តល់ជំនួយកម្លាំងទ័ព និងលក់អាវុធដល់មេដឹកនាំរបបសឹក ដើម្បីប្រយុទ្ធប្រឆាំងក្រុមជីហាត ក្រុមអាល់កៃដា ជាថ្នូរនឹងសិទ្ធិធ្វើអាជីវកម្មជីកយក មាស ពេជ្រ។ ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែកំពុងមានវត្តមានយ៉ាងសកម្មនៅទឹកដីអាហ្វ្រិក។ ប៉ុន្តែ ការបះបោររបស់ក្រុមវ៉ាក់ណែប្រឆាំងថ្នាក់ដឹកនាំយោធារុស្ស៊ីកាលពីថ្ងៃសៅរ៍ទី២៤មិថុនា រហូតធ្វើឲ្យលោកពូទីនចាត់ទុកជាទង្វើក្បត់ជាតិ និងនិរទេសមេក្រុមហ៊ុនវ៉ាក់ណែ លោកព្រីហ្គោហ្ស៊ីនចេញពីរុស្ស៊ី ចង់ឬមិនចង់ នឹងអាចប៉ះពាល់ដល់អនាគតរបស់ក្រុមទាហានវ៉ាក់ណែនៅអាហ្វ្រិក។ ចំណែកមេដឹកនាំអាហ្រ្វិកដែលកំពុងធ្វើការជាមួយក្រុមទាហានវ៉ាក់ណែក៏កំពុងចាំអ៊ុតមើលការវិវត្តន៍ក្នុងទំនាក់ទំនងលោកពូទីន និងលោកព្រីហ្គោហ្ស៊ីន មេទាហានស៊ីឈ្នួលវ៉ាក់ណែ។ តើលោកពូទីននៅបន្តទុកឲ្យទាហានស៊ីឈ្នួលវ៉ាក់ណែរបស់លោកព្រីហ្គោហ្ស៊ីនមានវត្តមាននៅអាហ្វ្រិកតទៅទៀត ឬគាស់រំលើង រំលាយចោលក្រុមវ៉ាក់ណែដែលហ៊ានលើកគ្នាបះបោរប្រឆាំងថ្នាក់ដឹកនាំយោធា?ទាក់ទងនឹងអនាគតរបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែនៅទឹកដីបរទេស ជាពិសេសនៅអាហ្វ្រិក អ្នកជំនាញបារាំង លោក Thierry Vircoulonបានលើកសេណារីយ៉ូ ៤។ ទីមួយ រដ្ឋាភិបាលរុស្ស៊ីអាចក្រសោបយកសកម្មភាពទាំងអស់របស់វ៉ាក់ណែមកគ្រប់គ្រងក្នុងដៃ។ ទី២ លោកពូទីនអាចយកក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ីផ្សេងទៀតដែលស្និទ្ធនឹងក្រសួងការពារជាតិរុស្ស៊ី មកជំនួសក្រុមហ៊ុនវ៉ាក់ណែ។ នៅត្រង់ចំណុចនេះ មានក្រុមទាហានស៊ីឈ្នួលផ្សេងទៀតនៅរុស្ស៊ី ដូចជាក្រុមហ្គាសព្រំ ឬមេដឹកនាំនៅឆេឆេនីជាដើមធ្លាប់បង្ហាញចេតនាចង់ជំនួសក្រុមវ៉ាក់ណែ។ ទី៣ លោកពូទីនអាចទុកឲ្យលោកព្រីហ្គោហ្ស៊ីនផ្តោតលើបេសកកម្មនៅទឹកដីបរទេស ប៉ុន្តែលោកព្រីហ្គោហ្ស៊ីនត្រូវយល់ព្រមប្រគល់ទាហានវ៉ាក់ណែដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែនទៅឲ្យក្រសួងការពារជាតិរុស្ស៊ី។ សេណារីយ៉ូទី៤ គឺអ្វីៗរក្សាដូចដើម ព្រោះរុស្ស៊ីអាចគិតថា នៅទីបំផុតទៅ វត្តមានរបស់វ៉ាក់ណែនៅអាហ្វ្រិកបានជួយការពារផលប្រយោជន៍រុស្ស៊ី មិនថាធនធានរ៉ែមាសពេជ្រ និងភូមិសាស្រ្តនយោបាយដើម្បីប្រជែងឥទ្ធិពលរបស់អឺរ៉ុប និងអាមេរិកនៅទឹកដីអាហ្វ្រិក។ប៉ុន្តែ សេណារីយ៉ូទី៤ពិបាកនឹងអាចកើតឡើងបានណាស់ ព្រោះថា លោកពូទីនខឹកំពុងខឹងខ្លាំងនឹងក្រុមវ៉ាក់ណែរបស់លោកព្រីហ្គោហ្ស៊ីនដែលហ៊ានលើកគ្នាបះបោរ ផ្ចាញ់ផ្ចាលអំណាច ធ្វើឲ្យលោកអាម៉ាស់មុខ។ លោកពូទីនទំនងជាមិនបណ្តោយឲ្យក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែដែលអាចជាអនាគតគំរាមកំហែងអំណាចរបស់លោក នៅបន្តរកស៊ីមានបានដោយសារសកម្មភាពយោធានៅទឹកដីអាហ្វ្រិក។ តើលោកពូទីនបញ្ជូនកងទ័ពរុស្ស៊ីទៅកាន់ការជំនួសក្រុមវ៉ាក់ណែនៅអាហ្វ្រិក? លោកពូទីនប្រាកដណាស់មិនចង់ទុកកន្លែងរបស់ក្រុមវ៉ាក់ណែឲ្យនៅទំនេរចោល ព្រោះថា អាហ្វ្រិក ស៊ីរី ជាទឹកដីសំបូរធនធានរ៉ែមាសពេជ្រ ប្រេង ដែលជាទុនដើម្បីយកទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ដោយមិននិយាយចំៗឈ្មោះទាហានវ៉ាក់ណែ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកស៊ែរហ្គេយ ឡាវ្រូសបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា គ្រូបណ្តុះបណ្តាលយោធារុស្ស៊ីនៅតែបន្តវត្តមានរបស់ខ្លួននៅអាហ្វ្រិកកណ្តាល។ថ្នាក់ដឹកនាំអាហ្វ្រិកដែលកំពុងធ្វើការជាមួយក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ ដូចជាអាហ្វ្រិកកណ្តាល និងម៉ាលីជាដើម កំពុងតាមដានស្ថានការណ៍នៅរុស្ស៊ី នៅក្រោយការបះបោររបស់ទាហានស៊ីឈ្នួលវ៉ាក់ណែ។ ប៉ុន្តែ ពួកគេមិនសូវជាបារម្ភខ្លាំងប៉ុន្មាន ក្នុងហេតុផលថា ទោះជាមួយក្រុមវ៉ាក់ណែ ឬក្រុមទាហានស៊ីឈ្នួលរុស្ស៊ីណាមួយផ្សេងទៀត ក៏កិច្ចសន្យាយោធារបស់ពួកគេជាមួយរុស្ស៊ីនៅតែដដែលគ្មានប្រែប្រួល។ សម្រេចសម្រួលទៅ រាល់ទាហានស៊ីឈ្នួលរុស្ស៊ីដែលកំពុងធ្វើសកម្មភាពនៅទឹកដីបរទេសមិនអាចធ្វើអ្វីបានទេ បើសិនគ្មានជំនួយសព្វាវុធ សម្ភារៈ ថ្នាំពេទ្យ កងទ័ព និងព័ត៌មានសម្ងាត់ពីក្រសួងការពារជាតិរុស្ស៊ី៕
6/26/2023 • 5 minutes, 29 seconds ថាមពល៖កាតាបន្តចុះកិច្ចព្រមព្រៀងលក់ឧស្ម័នឲ្យចិន ខណ ៈដែលអឺរ៉ុបកំពុងបន្តរារែកអល់អែក
នៅថ្ងៃអង្គារ ទី២០ មិថុនា ប្រទេសកាតាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ឧស្ម័នធម្មជាតិពង្រាវទៅឲ្យប្រទេសចិន។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងរវាងក្រុមហ៊ុនចិនឈ្មោះ China National Petroleum Corporation និងក្រុមហ៊ុនកាតាឈ្មោះ QatarEnergy សម្រាប់រយៈពេល ២៧ឆ្នាំ។ នៅក្នុងរយៈពេល ២៧ឆ្នាំ កាតានឹងលក់ឧស្ម័នធម្មជាតិពង្រាវទៅឲ្យចិនចំនួន ៤លានតោនក្នុងមួយឆ្នាំ។ នេះជាមហាកិច្ចព្រមព្រៀងលើកទី២ រវាងកាតា និងចិន បន្ទាប់ពីមហាកិច្ចព្រមព្រៀងលើកទី១ ក្នុងឆ្នាំ ២០២២។ ហេតុអ្វីបានជាកាតាសម្រុកលក់ឧស្ម័នរបស់ខ្លួនទៅបរទេស ពិសេសប្រទេសចិន? កាលពីជិត ១ឆ្នាំមុន ពោលក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ កាតា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយក្សមួយស្តីពីថាមពល។ កិច្ចព្រមព្រៀងយក្សកាលណោះបានធ្វើឡើងរវាងក្រុមហ៊ុនថាមពលកាតាឈ្មោះ QatarEnergy និងក្រុមហ៊ុនថាមពលចិនឈ្មោះ Sinopec។ តាមរយៈកិច្ចព្រមព្រៀងមួយនេះពេលនោះ QatarEnergyនឹងលក់ឧស្ម័នធម្មជាតិពង្រាវឲ្យ Sinopec ចំនួន ៤លានតោនក្នុង ១ឆ្នាំសម្រាប់រយៈពេល ២៧ឆ្នាំ។ ឥឡូវនេះ មិនទាន់ដល់ ១ឆ្នាំស្រួលបួលផង កាតា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយក្សមួយទៀតដែលលើកនេះបានធ្វើឡើងឡើងរវាងក្រុមហ៊ុនថាមពលកាតាឈ្មោះ QatarEnergy ដដែល និងក្រុមហ៊ុនថាមពលចិនមួយទៀតឈ្មោះ China National Petroleum Corporation ឬហៅកាត់ CNPC។ចំណែកខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងរវាងQatarEnergy និង CNPC គឺដូចគ្នាបិះបិតនឹងខ្លឹមសារនៅក្នុងកិច្ចព្រព្រៀងរវាងQatarEnergy និង Sinopec មានន័យថា ជាកិច្ចសន្យាលក់ឧស្ម័នធម្មជាតិពង្រាវចំនួន ៤លានតោនក្នុង ១ឆ្នាំសម្រាប់រយៈពេល ២៧ឆ្នាំ។ នៅក្នុងពិធីចុះហត្ថលេខាក្នុងទីក្រុងដូហា អគ្គនាយកក្រុមហ៊ុន QatarEnergyលោក SaadSherida Al-Kaabiបានសាទរពីទំនាក់ទំនងប្រសើររវាងចិន និងកាតា។ ក្រៅពីនេះ លោកAl-Kaabi ក៏បានប្រកាសឲ្យដឹងពីការចូលរួមរបស់ក្រុមហ៊ុន CNPC ចំនួន ៥% ជាមួយក្រុមហ៊ុន QatarEnergy នៅក្នុងគម្រោងពង្រីកអណ្តូងឧស្ម័នNorth Field East។ ប្រធានក្រុមហ៊ុន CNPC លោក Dai Houliang បានធានាថា ការទទួលបានចំណែកភាគហ៊ុននៅក្នុងគម្រោង North Field Eastជាផ្នែកមួយនៃកុងសង់ស៊ុសយុទ្ធសាស្រ្តរវាងចិន និងកាតា។គម្រោង North Field East ដែលក្រុមហ៊ុន QatarEnergyត្រូវចំណាយលុយប្រមាណជា ២៨ ៧៥០លានដុល្លារនឹងអនុញ្ញាតឲ្យកាតាអាចបង្កើនផលិតកម្មឧស្ម័នធម្មជាតិពី ៧៧លានតោនក្នុង ១ឆ្នាំទៅ ១២៦លានតោនក្នុង ១ឆ្នាំពីពេលនេះទៅឆ្នាំ ២០២៧។ ចិនដែលជាអតិថិជនដំបូងគេរបស់កាតាជាប្រទេសមួយដែលបាននាំចូលឧស្ម័នធម្មជាតិពង្រាវច្រើនជាងគេក្នុងលោក។ ក្រៅពីចិន ជប៉ុន និងកូរ៉េខាងត្បូងក៏ជាអតិថិជនសំខាន់របស់កាតាដែរ។ តែក្នុងនាមជាប្រទេសជម្រុកឧស្ម័នធម្មជាតិពង្រាវធំជាងគេមួយជាមួយអាមេរិក និងអូស្រា្តលី កាតាត្រូវការអតិថិជនច្រើនជាងនេះ ពិសេសអតិថិជនដូចចិនដែលហ៊ានទិញក្នុងបរិមាណច្រើន និងហ៊ានចុះកិច្ចសន្យាទិញរយៈពេលយូរ។ ចូរកុំភ្លេចថាសព្វថ្ងៃនេះ កាតានៅមានសមត្ថភាពអាចផលិតឧស្ម័នធម្មជាតិពង្រាវបានជាង ៦០លានតោនក្នុងមួយឆ្នាំ។៦០លានតោនក្នុងមួយឆ្នាំជាបរិមាណមួយដ៏ច្រើនសម្បើមដែលកាតាត្រូវស្វែងរកអតិថិជនថ្មីឲ្យខានតែបាន។ ក្រៅពីអតិថិជននៅអាស៊ី មានប្រទេសអឺរ៉ុបជាច្រើនក៏កំពុងសំឡឹងឃើញឧស្ម័នធម្មជាតិពង្រាវរបស់កាតាដែរ ពិសេសក្នុងពេលដែលរុស្ស៊ីបានបិទរ៉ូប៊ីណេឧស្ម័នបង្ហូរទៅអឺរ៉ុប។ តែបញ្ហានៅត្រង់ថា ប្រទេសអឺរ៉ុបទាំងនោះមិនចង់ចុះកិច្ចសន្យារយៈពេលវែងជាមួយកាតាដូចចិនទេ។ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ កាតា និងអាល្លឺម៉ង់បានចុះហត្ថលេខាកិច្ចព្រមព្រៀងលើកទី១ សម្រាប់តែរយៈពេល ១៥ឆ្នាំប៉ុណ្ណោះ។ តើកាតាគួរបន្តស្វែងរកអតិថិជនទិញឧស្ម័នធម្មជាតិពង្រាវរបស់ខ្លួនក្នុងបរិមាណច្រើន និងមានរយៈពេលវែងដូចអតិថិជនចិន ឬយ៉ាងណា?។មានតែកាតាម្នាក់ឯងគត់ដែលអាចឆ្លើយនឹងសំណួរនេះបាន។ តែសម្រាប់សេដ្ឋវិទូលោក Justin Alexander តម្រូវការឧស្ម័នធម្មជាតិពង្រាវនៅអាស៊ីអាចជំរុញឲ្យអតិថិជននៅអឺរ៉ុបគិតគូរពិចារណា និងពន្លឿនកិច្ចចរចាជាមួយកាតា។ តាមលោក Justin Alexander កាតា និងអឺរ៉ុបអាចធ្វើសម្បទានឲ្យគ្នាទៅវិញ ទៅមក ពិសេសកាតាអាចទទួលយកកិច្ចសន្យារយៈពេលខ្លីដូចដែលអឺរ៉ុបចង់បាន តែជាកិច្ចសន្យាបត់បែនទៅតាមស្ថានភាពជាក់ស្តែង។ លោក Justin Alexander យល់ថា ការមានកិច្ចសន្យា ទោះជារយៈពេលខ្លីគ្រាន់បើជាងគ្មានកិច្ចសន្យា ព្រោះអ្វីដែលសំខាន់សម្រាប់កាតា គឺលក់ឧស្ម័នធម្មជាតិពង្រាវរបស់ខ្លួន។ ការហ៊ាននិយាយដូចនេះ ព្រោះមិនមែនមានតែកាតាមួយទេដែលមានឧស្ម័នធម្មជាតិពង្រាវលក់ឲ្យចិន ឬឲ្យអឺរ៉ុប។ក្រៅពីទិញឧស្ម័នធម្មជាតិពង្រាវរបស់កាតា ចិនក៏បានទិញពីរុស្ស៊ីដែរ។ មួយវិញទៀត តាំងពីរុស្ស៊ីឈប់លក់ឧស្ម័នឲ្យអឺរ៉ុបដោយសារតែរឿងរ៉ាវសង្រ្គាមអ៊ុយក្រែនមក រុស្ស៊ីក៏កំពុងស្វែងរកអតិថិជនថ្មីដែរ។ ដូច្នេះសម្រាប់កាតា វាជាឱកាសដែលត្រូវចាប់យកទីផ្សារអឺរ៉ុបដោយមិនត្រូវសំឡឹងមើលកិច្ចសន្យារយៈពេលវែង ឬខ្លីទេ៕
6/21/2023 • 5 minutes, 29 seconds ហេតុអ្វីបារាំងនិងអាល្លឺម៉ង់ខ្វែងគំនិតគ្នាលើគម្រោងការពារដែនអាកាសអឺរ៉ុប?
កាលពីថ្ងៃចន្ទ លោក អេម៉ានុយអែល ម៉ាក្រុង ដោយឆ្លៀតក្នុងអំឡុងពិព័រណ៍យន្តហោះ នៅទីក្រុងប៉ារីស បានរៀបចំសន្និសីទមួយ ដើម្បីជជែកអំពីយុទ្ធសាស្រ្ត ក្នុងការពង្រឹងប្រព័ន្ធការពារដែនអាកាសអឺរ៉ុប។ គម្រោងពង្រឹងប្រព័ន្ធការពារដែនអាកាសផ្តួចផ្តើមគំនិតដោយបារាំងនេះត្រូវបានធ្វើឡើង នៅក្នុងបរិបទតានតឹងជាមួយរុស្ស៊ី ក៏ប៉ុន្តែ វាក៏ជាគម្រោង ដែលប្រជែងគ្នាក្នុងក្របខណ្ឌអឺរ៉ុបគ្នាឯងផងដែរ គឺប្រជែងជាមួយគម្រោងការពារដែនអាកាស ដែលផ្តួចផ្តើមគំនិតធ្វើដោយអាល្លឺម៉ង់។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ពោលគឺ ចាប់តាំងពីក្រោយសង្គ្រាមត្រជាក់ និងការបិទបញ្ចប់ការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី បណ្តាប្រទេសនៅអឺរ៉ុបមិនសូវយកជាយកចិត្តទុកដាក់ខ្លាំងនោះទេ ទៅលើការពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។ អ្វីៗត្រូវប្រែប្រួលជាមួយនឹងការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន និងជាពិសេស ការប្រើប្រាស់យ៉ាងទូលំទូលាយនូវតាក់ទិកវាយប្រហារតាមផ្លូវអាកាសដោយរុស្ស៊ី ទៅលើអ៊ុយក្រែន រាប់ចាប់តាំងពីការវាយប្រហារដោយប្រើយន្តហោះចម្បាំង ដោយមីស៊ីល និងដ្រូន វាគឺជាការដាស់ស្មារតីបណ្តាប្រទេសនៅអឺរ៉ុបឲ្យភ្ញាក់ដឹងខ្លួន ពីចំណុចខ្សោយរបស់ខ្លួន ប្រឈមនឹងការគំរាមកំហែងពីលើអាកាស។ជារួម ស្ទើរតែគ្រប់ប្រទេសទាំងអស់ នៅអឺរ៉ុប សុទ្ធតែឯកភាពគ្នា ទៅលើភាពចាំបាច់ ក្នុងការពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ដោយក្នុងនោះ គេសង្កេតឃើញប្រទេសសំខាន់ពីរ គឺបារាំង និងអាល្លឺម៉ង់ សុទ្ធតែបានបញ្ចេញកញ្ចប់ថវិកា រាប់ពាន់លានអឺរ៉ូ ដើម្បីចំណាយទៅលើប្រព័ន្ធការពារដែនអាកាស។ ក៏ប៉ុន្តែ ការខ្វែងគំនិតគ្នាកើតឡើង ជុំវិញសំណួរថា តើអឺរ៉ុបគួរប្រើប្រព័ន្ធការពារដែនអាកាសបែបណា? ទិញពីប្រទេសណា?កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅនេះ អាល្លឺម៉ង់បានប្រកាសឲ្យដឹង អំពីគម្រោងការពារដែនអាកាសមួយ ដែលមានឈ្មោះជាភាសាអង់គ្លេសថា « Euro Sky Shield » ដោយមានការចូលរួមពីសំណាក់ប្រទេសចំនួន ១៧ ក្នុងបក្សសម្ព័ន្ធអូតង់ ដើម្បីស្រាក់គ្នា ទិញប្រព័ន្ធការពារដែនអាកាសរួមគ្នាយកមកប្រើ។ នៅក្នុងគម្រោង ដែលផ្តួចផ្តើមគំនិតដោយអាល្លឺម៉ង់នេះ គេគ្រោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស មកពី ៣ប្រភព៖ មីស៊ីលធុន IRIS-T របស់អាល្លឺម៉ង់ សម្រាប់រយៈចម្ងាយជិត មីស៊ីលធុន Patriot របស់អាមេរិក សម្រាប់រយៈចម្ងាយមធ្យម និង មីស៊ីលធុន Arrow-3 របស់អ៊ីស្រាអែល សម្រាប់រយៈចម្ងាយឆ្ងាយ។នៅក្នុងចំណោមប្រទេស ដែលចូលរួមក្នុងគម្រោងរបស់អាល្លឺម៉ង់នេះ គឺរួមមានជាអាទិ៍ ប្រទេសអង់គ្លេស បណ្តាប្រទេសនៅអឺរ៉ុបខាងជើង អឺរ៉ុបកណ្តាល និងប្រទេសនៅតំបន់សមុទ្របាល់ទិក។ ចំណែកបារាំងវិញ ដែលមានប្រព័ន្ធការពារដែនអាកាសផ្ទាល់ខ្លួនឯងស្រាប់ មិនស្ថិតនៅក្នុងគម្រោងរបស់អាល្លឺម៉ង់នេះទេ ហើយមិនត្រឹមតែប៉ុណ្ណោះ បារាំងក៏បានបង្ហាញនូវការមិនសប្បាយចិត្តផងដែរ ចំពោះគម្រោងរបស់អាល្លឺម៉ង់ ដោយសារតែបារាំងយល់ឃើញថា គម្រោងនេះនឹងធ្វើឲ្យអឺរ៉ុបបាត់បង់ស្វ័យភាពខាងយុទ្ធសាស្រ្ត ដោយត្រូវពឹងផ្អែកលើអ្នកដទៃ ដើម្បីផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។អាល្លឺម៉ង់ធ្លាប់បានពន្យល់បកស្រាយថា ការណ៍ដែលអាល្លឺម៉ង់សម្រេចទិញប្រព័ន្ធការពារដែនអាកាសពីអាមេរិក និងអ៊ីស្រាអែល គឺដោយសារតែស្ថានការណ៍បច្ចុប្បន្នតម្រូវឲ្យអឺរ៉ុបពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនជាបន្ទាន់ ដូច្នេះ ការទិញប្រព័ន្ធដែលមានស្រាប់ វាងាយស្រួលជាង និងឆាប់រហ័សជាង ការចំណាយលុយ និងចំណាយពេល អភិវឌ្ឍបច្ចេកវិទ្យាថ្មីដោយខ្លួនឯង។ក៏ប៉ុន្តែ បារាំងវិញបានគូសបញ្ជាក់ថា គិតមកទល់នឹងសព្វថ្ងៃនេះ អឺរ៉ុបមានរួចទៅហើយ បច្ចេកវិទ្យាការពារដែនអាកាស ដោយប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លី ក្រៅពី IRIS-T របស់អាល្លឺម៉ង់ គឺមានមីស៊ីលធុន Mistral របស់បារាំង។ ចំណែកប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមវិញ គឺមានប្រព័ន្ធ MAMBA ផលិតរួមគ្នាដោយបារាំង និងអ៊ីតាលី។ ហេតុដូច្នេះហើយបានជាបារាំងចោទជាសំណួរថា តើហេតុអ្វីបានជាអឺរ៉ុបចាំបាច់ត្រូវទៅទិញប្រព័ន្ធការពារដែនអាកាស Patriot ពីអាមេរិកទៅវិញ នៅក្នុងពេលដែលអឺរ៉ុបមានប្រព័ន្ធការពារដែនអាកាសខ្លួនឯងរួចជាស្រេចទៅហើយ គឺប្រព័ន្ធ MAMBA ដែលមានប្រសិទ្ធភាពដូចគ្នា និងមានរយៈចម្ងាយប្រហាក់ប្រហែលគ្នាទៅនឹង Patriot?អ្វីដែលធ្វើឲ្យបារាំង រឹតតែពិបាកនឹងទទួលយកទៅទៀត គឺនៅក្នុងគម្រោងរបស់អាល្លឺម៉ង់ គេគ្រោងទៅទិញប្រព័ន្ធការពារមីស៊ីលពីអ៊ីស្រាអែល ដែលមិនត្រឹមតែជាប្រទេសនៅក្រៅអឺរ៉ុបនោះទេ តែថែមទាំងជាប្រទេសដែលនៅក្រៅបក្សសម្ព័ន្ធអូតង់ទៅទៀត។នៅក្នុងអំឡុងសន្និសីទ រៀបចំធ្វើឡើង កាលពីថ្ងៃចន្ទ នៅក្នុងអំឡុងពិព័រណ៍យន្តហោះនៅប៉ារីស លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រកាសឲ្យដឹងថា បារាំង ប៊ែលហ្ស៊ិក អេស្តូនី ហុងគ្រី និងស៊ីប បានឯកភាពគ្នាថា នឹងបញ្ជាទិញរួមគ្នា នូវមីស៊ីលការពារដែនអាកាសរយៈចម្ងាយខ្លី ធុន Mistral ចំនួន ១០០០ដើម ហើយលោកប្រធានាធិបតីបារាំងក៏បានឲ្យដឹងផងដែរថា តាមរយៈអ្វីដែលគេបានជជែកគ្នា នៅក្នុងអំឡុងសន្និសីទនេះ បង្ហាញឲ្យឃើញថា នៅក្នុងវិស័យការពារដែនអាកាសនេះ អឺរ៉ុបអាចស្វែងរកដំណោះស្រាយក្នុងក្របខណ្ឌអឺរ៉ុបគ្នាឯង ដោយមិនចាំបាច់ត្រូវទៅពឹងលើប្រទេសផ្សេង ដែលនាំឲ្យបាត់បង់ឯករាជ្យយុទ្ធសាស្រ្តរបស់ខ្លួននោះទេ៕
6/21/2023 • 4 minutes, 37 seconds សហគមន៍អន្តរជាតិរៀបចំសន្និសីទស្តីពីជំនួយមនុស្សធម៌សម្រាប់ស៊ូដង់ ខណៈដែលការប្រយុទ្ធគ្នាកំពុងបន្តមាន
នៅថ្ងៃចន្ទ ទី១៩ មិថុនា ប្រទេសស៊្វីសធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីជំនួយមនុស្សធម៌សម្រាប់ប្រទេសស៊ូដង់។ សន្និសីទនេះរៀបចំឡើងក្នុងពេលដែលស៊ូដង់កំពុងបន្តអូសជើងនៅក្នុងជម្លោះផ្លូវអាវុធរវាងឧត្តមសេនីយពីររូបតាំងពីជាង ២ខែកន្លងទៅ។ តាំងពីថ្ងៃផ្ទុះអាវុធដំបូងក្នុងថ្ងៃទី១៥ មេសា មានបទឈប់បាញ់ច្រើនដងត្រូវបានព្រមព្រៀងរវាងភាគីជម្លោះទាំងពីរ។ តែជាទូទៅ បទឈប់បាញ់ទាំងអស់មិនត្រូវបានគោរពត្រឹមត្រូវទេ។ បើជម្លោះប្រដាប់អាវុធកំពុងបន្តមានយ៉ាងក្តៅគគុកដូចនេះ ហេតុអ្វីបានជាសហគមន៍អន្តរជាតិបែរជារៀបចំសន្និសីទដើម្បីនិយាយតែពីជំនួយមនុស្សធម៌ទៅវិញ? តាំងពីថ្ងៃទី១៥ មេសា ជម្លោះរវាងកងទ័ពរបស់ឧត្តមសេនីយពីររូបគឺលោកអាប់ឌែល ហ្វាតា អាល់ បួរ៉ានដែលជាអគ្គមេបញ្ជាការកងទ័ពជាតិ និងលោកម៉ូហាម៉េដ ហាំដាន ដាហ្កាឡូដែលជាមេបញ្ជាការកងអាវុធហត្ថប្រតិបត្តិការរហ័សបានបណ្តាលឲ្យមានមនុស្សស្លាប់ជាង ២ ០០០នាក់ និងមានអ្នកបម្លាស់ទីក្នុងស្រុក និងអ្នកភៀសខ្លួនចេញពីស្រុកកំណើតសរុបជាង ២លាន ២សែននាក់។ ទាំងនេះគ្រាន់ជាតួលេខបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះការប្រឈមមុខដាក់គ្នារវាងឧត្តមសេនីយជើងខ្លាំងទាំងពីររូបកំពុងបន្តមាន និងបើតាមមើលទៅ គ្មាននរណាម្នាក់សុខចិត្តលើកទង់ជាតិ ស ឬមួយក៏ធ្វើសម្បទានឲ្យនរណាម្នាក់ឡើយ។ឧត្តមសេនីយអាល់ បួរ៉ាន និងឧត្តមសេនីយហាំដាន ដាហ្កាឡូសុទ្ធតែបានប្រកាន់ជំហរដូចគ្នាថា ភ្នំមួយមិនអាចមានខ្លាចពីរបានជាដាច់ខាត។ តែគេនៅមិនទាន់ដឹងថា តើខ្លាមួយណានឹងត្រូវខ្ទាតចេញពីភ្នំនោះមុនគេទេ។ អ្វីដែលគេដឹង ជម្លោះរវាងឧត្តមសេនីយជើងខ្លាំងទាំងពីររូបកំពុងជះផលវិបាកខ្លាំងដល់ស៊ូដង់ដែលជាប្រទេសក្រីក្រខ្លាំងជាងគេមួយនៅអាហ្វ្រិកខាងកើត ពិសេសប្រជាជនស៊ីវិលស្លូតត្រង់ទាំង ៤៨លាននាក់តែម្តង។ នៅមុនផ្ទុះជម្លោះប្រដាប់អាវុធ មានប្រជាជនស៊ូដង់ម្នាក់ក្នុងចំណោម ៣នាក់បានជួបគ្រោះអត់ឃ្លាន។ តែសព្វថ្ងៃនេះ មានប្រជាជនស៊ូដង់រហូតដល់ទៅ ២៥លាននាក់ ពោលជិតពាក់កណ្តាលប្រទេសកំពុងត្រូវការជំនួយមនុស្សធម៌ដើម្បីរស់។អង្គការសហប្រជាជាតិបានក្រើនរម្លឹកថា ប្រជាជនស៊ូដង់ទាំង ២៥លាននាក់មិនអាចបន្តរស់បានទេ បើគ្មានជំនួយមនុស្សធម៌អន្តរជាតិទេនោះ។ ដូច្នេះ នេះជារឿងបន្ទាន់ និងអាទិភាពដែលសហគមន៍អន្តរជាតិត្រូវគិតគូរមុនគេតាមរយៈការរៀបចំឲ្យមានសន្និសីទនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីសពេលនេះ។ កម្មវត្ថុនៃសន្និសីទអន្តរជាតិដែលមានអារ៉ាប៊ីសាអូឌីតជាសហប្រធាន គឺស្វែងរកថវិកាដើម្បីផ្តល់ទៅឲ្យទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិដែលនៅមិនទាន់ទទួលបានថវិកាលើកទី៥ នៅឡើយ។ នៅក្នុងទឹកប្រាក់ដែលអង្គការសហប្រជាជាតិចង់បានចំនួន ៣ ០០០ដុល្លារសម្រាប់ឆ្នាំ ២០២៣ នេះ គឺទើបទទួលបានតែ ១៧% ប៉ុណ្ណោះ។ក្រៅពីជួយប្រជាជនស៊ូដង់ក្នុងស្រុកផ្ទាល់ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិក៏ត្រូវចូលជួយប្រទេសជិតខាងស៊ូដង់ដែលបានបើកទ្វារទទួលជនភៀសខ្លួនស៊ូដង់ដែរ។ តម្រូវការរបស់ប្រជាជនស៊ូដង់មានច្រើនតាំងពីចំណីអាហារ ទឹកស្អាត ថ្នាំពេទ្យ និងគ្រូពេទ្យដើម្បីប្រឈមទប់នឹងជំងឺឆ្លង ខណៈដែលរដូវភ្លៀងឈានចូលជិតដល់។ នៅតាមតំបន់ប្រយុទ្ធរវាងកម្លាំងរបស់ឧត្តមសេនីយទាំងពីររូប គ្រប់មន្ទីរពេទ្យដែលរងការទម្លាក់គ្រាប់បែកលែងដំណើរការ និងបានក្លាយជាទីតាំងរបស់កងទ័ព។ ចំណែកមន្ទីរពេទ្យដែលនៅដំណើរការក៏អស់ថ្នាំប្រើប្រាស់ ហើយគ្រូពេទ្យក៏បានភៀសខ្លួនទៅកាន់ទីកន្លែងផ្សេង ឬមួយក៏បោះបង់អាជីពរបស់ខ្លួនមួយរយៈ។ ស្ថានការណ៍ដែលកំពុងធ្លាក់ដុនដាប និងគួរឲ្យបារម្ភខ្លាំង គឺនៅតំបន់ដារហ្វួរស្ថិតប៉ែកខាងលិចប្រទេស។នៅទីនោះ មានការប្រយុទ្ធគ្នារវាងកងទ័ពជាតិ ប៉ារ៉ាទាហាន កម្លាំងប្រដាប់អាវុធកុលសម្ព័ន្ធ និងជនស៊ីវិលប្រដាប់អាវុធ។ តាមអង្គការសហប្រជាជាតិ អំពើហិង្សនៅក្នុងតំបន់ដារហ្វួបានបណ្តាលឲ្យមានមនុស្សជាង ១៥០ ០០០នាក់ភៀសខ្លួនទៅកាន់ប្រទេសឆាដក្បែរខាង។ គួររម្លឹកថា តំបន់មួយនេះរបស់ស៊ូដង់ធ្លាប់បានធ្លាក់ក្នុងសង្រ្គាមផ្ទៃក្នុងកាលពីទសវត្សរ៍ ២០០០ ដោយបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណជា ៣០០ ០០០នាក់ និងមានអ្នកបម្លាស់ទីក្នុងស្រុកជិត ២លានកន្លះនាក់។ យោងតាមអង្គការសហប្រជាជាតិ តំបន់ដដែលមួយនេះកំពុងធ្វើដំណើរឆ្ពោះទៅមហន្តរាយមនុស្សធម៌ ហើយអំពើហិង្សាដែលកំពុងកើតនៅតំបន់ដារហ្វួរអាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។គួរបញ្ជាក់ថា តាំងពីថ្ងៃផ្ទុះអាវុធរវាងឧត្តមសេនីយអាល់ បួរ៉ាន និងឧត្តមសេនីយហាំដាន ដាហ្កាឡូជាង ២ខែកន្លងទៅមក មានបទឈប់បាញ់ច្រើនដងត្រូវបានមនុស្សខ្លាំងទាំងពីរព្រមព្រៀងគ្នា។ បទឈប់បាញ់ថ្មីចុងក្រោយរយៈពេល ៧២ម៉ោងទើបបានចូលជាធរមានក្នុងថ្ងៃអាទិត្យ ទី១៨ មិថុនា និងត្រូវអស់សុពលភាពនៅថ្ងៃពុធ ទី២១ មិថុនា។ កម្មវត្ថុនៃបទឈប់បាញ់ គឺអនុញ្ញាតឲ្យមានការដឹកជំនួយមនុស្សធម៌ទៅឲ្យប្រជាជនស៊ីវិល ពិសេសអ្នកដែលកំពុងជាប់គាំងនៅក្នុងតំបន់ប្រយុទ្ធ។ តែគេបានសង្កេតឃើញជារួមថា បទឈប់បាញ់សឹងទាំងអស់មិនសូវបានគោរពត្រឹមត្រូវទេ។ នេះជាដើមចមមួយទៀតក្រៅពីកង្វះថវិកាដែលក្រុមអង្គការមនុស្សធម៌មិនអាចនាំជំនួយទៅឲ្យប្រជាជនស៊ូដង់បាន។ នេះដោយនៅមិនទាន់រាប់បញ្ចូលនូវការរារាំងរបស់រដ្ឋអំណាចស៊ូដង់ផង ពិសេសការអល់អែក មិនចង់ផ្តល់ទិដ្ឋាការឲ្យបុគ្គលិកមនុស្សធម៌ដែលចង់ចូលទៅស៊ូដង់។ដូច្នេះ វាល្មមដល់ពេលដែលឧត្តមសេនីយគូបដិបក្ខទាំងពីរគិតគូរពីប្រយោជន៍ប្រទេស និងប្រជាជនឲ្យធំជាងមហិច្ឆតាផ្ទាល់ខ្លួន។ បើពុំនោះសោតទេ ស៊ូដង់នឹងធ្លាក់ទៅក្នុងទំព័រខ្មៅងងឹតជាមួយនឹងការស្លាប់ជីវិតមនុស្ស និងការបំផ្លិចបំផ្លាញក្នុងល្បឿនលឿនមិនធ្លាប់មានពីពេលមុន។ ចំណែកសហគមន៍អន្តរជាតិត្រូវតែជួយស៊ូដង់ឲ្យខានតែ ព្រោះបើគ្មានជំនួយនេះទេ ស៊ូដង់អាចក្លាយជាកន្លែងអនាធិបតេយ្យយ៉ាងឆាប់រហ័សដែលបង្កឱ្យមានអសន្តិសុខនៅទូទាំងតំបន់តែម្តង៕
6/20/2023 • 6 minutes, 14 seconds ក្រោយពីតុលាការសហព័ន្ធចោទប្រកាន់ លោក ត្រាំ កាន់តែវាយប្រហារសម្តីសង្គ្រុបលើរដ្ឋបាល បៃដិន
កាលពីសប្តាហ៍មុន តុលាការសហព័ន្ធអាមេរិក បានសម្រេចចោទប្រកាន់ជាផ្លូវការ លើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ជាច្រើនករណីជុំវិញសំណុំរឿងរក្សាទុកឯកសារសម្ងាត់ជាតិ ហើយបទចោទប្រកាន់នីមួយៗ អាចនឹងត្រូវមានទោសជាប់ពន្ធនាគារ ប្រមាណជាង១០ឆ្នាំ។ នេះគឺជាលើកទី១ក្នុងប្រវត្តិសាស្ត្រអាមេរិក។ ប៉ុន្មានថ្ងៃនេះ ក្នុងការជួបជុំឃោសនានយោបាយ ជនជាប់ចោទលោក ដូណាល់ ត្រាំ កាន់តែប្រឹងប្រែងវាយប្រហារសម្តីសង្គ្រុបលើលោក ចូ បៃដិន ហើយនិងចង្អុលមុខរដ្ឋមន្ត្រីយុត្តិធម៌ ថា «ជាជនពុករលួយ» និងជា «ជនកុម្មុយនិស្ត»។ អ្នកវិភាគ មើលឃើញថា ស្ថានការណ៍នេះ ក្រៅតែពីបង្កបញ្ហាដល់ដំណើរលទ្ធិប្រជាធិបតេយ្យអាមេរិក គឺ កាន់តែនាំឲ្យប្រទេសនេះ ងាយធ្លាក់ក្នុងសភាពគ្រោះថ្នាក់ និងអំពើហិង្សាផ្ទៃក្នុង។ ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ លោក ដូណាល់ ត្រាំ ចូលបង្ហាញខ្លួននៅតុលាការ២ដងហើយ។ ក៏ប៉ុន្តែ លោក នៅតែប្រកែកអះអាងថា ខ្លួនជាជនស្អាតស្អំ គ្មានកំហុស។ នេះជាអ្វីដែលអតីប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងជាថ្មីក្នុងសប្តាហ៍ ចំពោះមុខអ្នកគាំទ្ររាប់សិបពាន់នាក់ ក្នុងរដ្ឋ New Jersey។ ក្រៅពីថ្លែងការពារខ្លួន លោក ដូណាល់ ត្រាំ ឆ្លៀតឱកាសកេងចំណេញ វាយបកទៅគូសត្រូវ។ ជាបេក្ខជនប្រធានាធិបតីអាណត្តិថ្មី ឆ្នាំ២០២៤ មកពីបក្សសាធារណរដ្ឋ លោក ត្រាំ បានព្រលយពាក្យដោយគ្មានសំចៃមាត់ រិះគន់ប្រធានាធិបតីអាមេរិក ចូ បៃដិន ថា ជា «ជនពុករលួយ»។ លោក ដូណាល់ ត្រាំ ក៏ថែមទាំងចាត់ទុកថា រដ្ឋអាជ្ញាពិសេស Jack Smith ថា«ជាបិសាចកំណាច» ថាជា «ចោរ» និងជា «ជនកុម្មុយនិស្តម៉ាសីសនិយម ដែលបំផ្លិចបំផ្លាញប្រជាធិបតេយ្យអាមេរិក»។ ចំពោះរដ្ឋមន្ត្រីក្រសួងយុត្ថិធម៌អាមេរិកMerrick Garland ក៏ត្រូវ លោក ត្រាំ បង្ហើរវោហាសាស្ត្រមើលងាយផងថា ជារដ្ឋមន្ត្រី នៃក្រសួង«អយុត្តិធម៌» ដូច្នេះទៅវិញ។មិនតែប៉ុណ្ណោះ លោក ដូណាល់ ត្រាំ គឺបានចោទប្រកាន់ថាប្រធានាធិបតីអាមេរិកបច្ចុប្បន្ន និងរដ្ឋបាលអាមេរិករបស់លោក ចូ បៃដិន ថាកំពុងតែធ្វើបាបរូបលោក ដែលជាបេក្ខជនប្រធានាធិបតីអាណត្តិថ្មី ដ៏មានសក្តានុពល និងមានប្រជាប្រិយភាពជាងគេ មកពីបក្សសាធារណរដ្ឋ និងជាគូប្រកួតប្រជែងដ៏ស្វាហាប់សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤។ដោយឡែក ចំពោះបណ្តឹងទាំងឡាយទាំងពួងចំពោះរូបលោក ត្រូវលោក ដូណាល់ ត្រាំ ចាត់ទុកថា «ការបៀតបៀននយោបាយ ហើយជា ការធ្វើទុក្ខបុកម្នេញតាមបែបនៃរបបផ្តាច់ការហ្វាស៊ីស និងរបបកុម្មុយនិស្ត»។សម្តីវាយប្រហារធ្ងន់ៗទាំងនេះ គឺបន្ទាប់ពី អតីតប្រធានាធិបតីរូបនេះត្រូវ តុលាការសហព័ន្ធអាមេរិក នៅ Miami សម្រេចចោទប្រកាន់ជាផ្លូវការ ជាច្រើនករណីជុំវិញសំណុំរឿងឯកសារសម្ងាត់ជាតិ។ ច្បាប់សហរដ្ឋអាមេរិក បានចែងថា រាល់គ្រប់តែប្រធានាធិបតីអាមេរិក តម្រូវឲ្យផ្តល់ រាល់សំបុត្រឆ្លើយឆ្លង និង ម៉ែលសារអេឡិចត្រូនិច រួមទាំងឯកសារផ្សេងទៀត ព្រមទាំងឯកសារសម្ងាត់ជាតិ តម្កល់ទុកនៅបណ្ណាសារដ្ឋាន។ ហើយបើតាមច្បាប់ គឺមិនត្រូវរក្សាឯកសារសម្ងាត់ជាតិ នៅកន្លែងគ្មានសុវត្ថិភាព ឬកន្លែងដែលគ្មានការអនុវត្តដោយច្បាប់ នោះឡើយ។ ត្រង់ចំណុចនេះ ការផ្សាយរបស់កាសែតអាមេរិក គឺឲ្យដឹងថា លោក ដូណាល់ ត្រាំ ក្រោយពីធ្លាក់ចេញពីដំណែងហើយ នៅខែមករា ឆ្នាំ២០២១ គឺលោកបានប្រមូលយកឯកសារជាច្រើនកេស យកទៅផ្ទះរបស់ខ្លួន ហើយរក្សាទុកដោយធ្វេសប្រហែស ដូចជាដាក់ទុកក្នុងបន្ទប់ទឹក ជាដើម។ សំណុំរឿងផ្សេងទៀត! តុលាការរដ្ឋសហព័ន្ធ ក៏បានចោទលោក ដូណាល់ ត្រាំ ដែរពីការរារាំងកិច្ចការងាររបស់តុលាការយុត្តិធម៌ និងបទល្មើសផ្តល់សក្ខីកម្មមិនពិត ជាដើម។ នៅតុលាការរដ្ឋញូយ៉ក លោក ត្រាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំតួលេខគណនេយ្យ ដែលគេចោទរូបលោក ថាបានយកលុយសម្រាប់ឃោសនាបោះឆ្នោត ទៅសូកបិទមាត់ តួកុនស្រីកូនជ្រូក ដើម្បីកុំឲ្យនាងទម្ងាយរឿងរ៉ាវពាក់ពន័្ធផ្លូវភេទជាមួយនឹងលោក។តាមការស្ទង់មតិរបស់ YouGov គឺ ៦៧% នៃអ្នកបោះឆ្នោត មកពីបក្សសាធារណរដ្ឋ គឺបង្ហាញចេតនាចង់បោះឆ្នោតគាំទ្ររូបលោក ដូណាល់ ត្រាំ សម្រាប់អាណត្តិថ្មី។ ពលរដ្ឋអាមេរិកទាំងនោះ ក៏ថ្លែងការយល់ឃើញដែរថា រឿងរ៉ាវបណ្តឹងផ្លូវច្បាប់ទាំងឡាយប្រឆាំងនឹងរូបលោក ត្រាំ គឺសុទ្ធតែមានចរិតនយោបាយ។ អ្នកខ្លះថែមទាំងគិតថា ប្រសិនបើរឿងករណីបណ្តឹងផ្លូវច្បាប់នោះ បើវាពិតប្រាកដតែពាក់កណ្តាល ច្បាស់ជាលោកត្រាំ ត្រូវនគរបាលចាប់ដាក់ពន្ធនាគារបាត់ហើយ។ផ្ទុយទៅវិញ ក្រុមអ្នកគាំទ្រលោកដូណាល់ត្រាំ ដែលជាពួកសាធារណរដ្ឋ និងជាក្រុមដែលងប់ងល់នឹងការប្រើប្រាស់អាវុធ គឺបានព្រមានជាចំហ ថា ប្រសិនបើហ៊ានតែនរណាធ្វើបាប លោក ដូណាល់ ត្រាំ គឺពួកគេមិនអត់ឱនសោះឡើយ។ បើថាឲ្យសាមញ្ញ គឺ នរណាហ៊ានចាប់ខ្លួនលោកត្រាំ គឺត្រូវរំលងសាកសពពួកគេសិន។ ទោះបីជាយ៉ាងក៏ដោយ ការប្រើប្រាស់ពាក្យសម្តីវោហាសាស្ត្រចោទប្រកាន់ចំពោះលោក បៃដិន ក្តី លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្តី និង វាយប្រហារលើរដ្ឋអាជ្ញាពិសេស ពី សំណាក់ជនជាប់ចោទលោក ដូណាល់ ត្រាំ គឺធ្វើនាំឲ្យមានការចោទសួរច្រើនចំពោះប្រព័ន្ធយុត្តិធម៌នៅសហរដ្ឋអាមេរិក ហើយនិងធ្វើឲ្យ ប្រជាពលរដ្ឋអាមេរិក មិនទុកចិត្តចំពោះនីតីរដ្ឋ។ អ្នកវិភាគស្ថានការណ៍ ព្រួយបារម្ភពីដំណើរលទ្ធិប្រជាធិបតេយ្យសហរដ្ឋអាមេរិក។ សាស្ត្រាចារ្យ Edward Foley នៃសកលវិទ្យាល័យOhio វិភាគមើលឃើញថា ស្ថានការណ៍នេះ អាចនាំឲ្យប្រទេសងាយធ្លាក់ក្នុងសភាពគ្រោះថ្នាក់ជាខ្លាំង៕
6/14/2023 • 5 minutes, 9 seconds ហេតុអ្វីបានជាកាណាដា និងហូឡង់ប្តឹងស៊ីរីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ?
នៅថ្ងៃចន្ទ ទី១២ មិថុនា ប្រទេសកាណាដា និងប្រទេសហូឡង់បានប្តឹងប្រទេសស៊ីរីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេពីបទឧក្រិដ្ឋកម្មលើប្រជាពលរដ្ឋខ្លួនឯង។ តាំងពីស៊ីរីបានធ្លាក់ក្នុងសង្រ្គាមស៊ីរីជាង ១០ឆ្នាំមក នេះជាលើកទី១ ដែលមានការប្តឹងស៊ីរីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ។ តើបទឧក្រិដ្ឋកម្មដែលរដ្ឋាភិបាលស៊ីរីបានធ្វើលើប្រជាពលរដ្ឋខ្លួនឯងមានអ្វីខ្លះ និងថា តើការដាក់ស៊ីរីឲ្យប្រឈមនឹងតុលាការអន្តរជាតិពេលនេះមិនយឺតពេលទេ ឬយ៉ាងណា? តាំងពីឆ្នាំ ២០១១ ដែលប្រទេសស៊ីរីបានធ្លាក់ក្នុងសង្រ្គាមហែកហួរផ្ទៃក្នុង។ ជាង ១២ឆ្នាំក្រោយមក ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះហាក់ត្រូវបានគេនិយាយតិចជាងមុន និងហាក់លែងមានអ្នកផ្សេងជួយឈឺឆ្អាល ខ្វល់ខ្វាយ។ ចំណែកប្រជាពលរដ្ឋដែលមិនបាន ឬមិនអាចភៀសខ្លួនចេញពីស្រុកកំណើតកំពុងបន្តរស់នៅតាមព្រេងវាសនារបស់ខ្លួនជាមួយនឹងមេដឹកនាំផ្តាច់ការគ្មានគូប្រៀប។ សង្រ្គាមជាង ១២ឆ្នាំកន្លងទៅបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិចកន្លះលាននាក់ និងរបួសជាច្រើនម៉ឺននាក់ផ្សេងទៀត។ អ្វីដែលកំពុងបន្តបន្សល់ទុកមកដល់សព្វថ្ងៃ គឺរចនាសម្ព័ន្ធរបស់ប្រទេសបានខ្ទេចខ្ទីរ ហិនហោចសឹងទាំងស្រុង និងមានពលរដ្ឋជាងពាក់កណ្តាលក្នុងចំនួនពលរដ្ឋសរុបជាង ២១លាននាក់បានភៀសខ្លួនទៅជ្រកកោននៅក្នុងប្រទេសផ្សេង ពិសេសប្រទេសជិតខាងដូចយ៉ាងតួកគីជាដើម។តែព្រឹត្តិការណ៍ដែលបានលេចធ្លោខ្លាំងមិនអាចកំបាំងភ្នែកអ្នកដទៃបាន គឺការធ្វើបាបប្រជាពលរដ្ឋខ្លួនឯងតាមគ្រប់រូបភាពគ្មានត្រាប្រណីពីសំណាក់មេដឹកនាំផ្តាច់ការអាសាដ។ ការធ្វើទារុណកម្ម ពិសេសលើអ្នកទោស អំពើហិង្សាផ្លូវភេទ អំពើហិង្សាលើស្រ្តីភេទ និងកុមារ ការបាត់ខ្លួនដោយបង្ខំ និងការប្រើអាវុធគីមី ទាំងនេះសុទ្ធសឹងជាបទឧក្រិដ្ឋដែលមេដឹកនាំផ្តាច់ការអាសាដបានប្រើលើពលរដ្ឋខ្លួនឯងតាំងពីឆ្នាំ ២០១១។ នេះហើយជាសំណុំរឿងដែលប្រទេសកាណាដា និងប្រទេសហូឡង់បានប្តឹងស៊ីរីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ។ អ្វីដែលកាណាដា និងហូឡង់ចង់បាននៅក្នុងបណ្តឹងរបស់ខ្លួន គឺចង់ឲ្យតុលាការយុត្តិធម៌អន្តរជាតិចេញបញ្ជាឲ្យស៊ីរីចាត់វិធានការបន្ទាន់បញ្ឈប់ការធ្វើទារុណកម្ម និងអំពើឃោរឃៅ អមនុស្សធម៌លើប្រជាជនរបស់ខ្លួន។ការសម្រេចប្តឹងស៊ីរីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិត្រូវបានកាណាដា និងហូឡង់ពន្យល់ថា គេមិនអាចមានសន្តិភាព និងការផ្សះផ្សាយូរអង្វែងនៅស៊ីរីបានឡើយ ប្រសិនបើជនរងគ្រោះ និងអ្នកនៅរស់រានមានជីវិតមិនទទួលបានយុត្តិធម៌ទេនោះ។ មែនទែនទៅ គឺហូឡង់ជាអ្នកដែលបានស្នើមុនគេក្នុងខែកញ្ញាឆ្នាំ ២០២០ឲ្យទម្លាក់ការទទួលខុសត្រូវលើស៊ីរីពីបទរំលោភលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម។ នៅជិតមួយឆ្នាំក្រោយមក ពោលក្នុងខែមីនា ឆ្នាំ ២០២១ កាណាដាក៏បានចូលរួមជាមួយហូឡង់ដែរ។ តែការដែលហូឡង់ និងកាណាដាបានសម្រេចដាក់ស៊ីរីឲ្យប្រឈមនឹងតុលាការយុត្តិធម៌អន្តរជាតិពេលនេះ គឺមកពីស៊ីរីដែលជាប្រទេសហត្ថលេខីម្នាក់នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្មបានរារាំងមិនឲ្យមានការរៀបចំជំនួបជាមួយកាណាដា និងហូឡង់។ក្រៅពីរឿងរ៉ាវពាក់ព័ន្ធនឹងការធ្វើទារុណកម្ម និងអំពើឃោរឃៅ អមនុស្សធម៌លើប្រជាជនខ្លួនឯង កាណាដា និងហូឡង់ក៏បានស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិចេញបញ្ជាឲ្យស៊ីរីបញ្ឈប់ការឃុំឃាំងមនុស្សក្រៅប្រព័ន្ធតុលាការ និងបង្ហាញទីកន្លែងបញ្ចុះសពមនុស្សដែលបានបាត់បង់ជីវិត។ ខណៈនេះ គេនៅមិនទាន់ឃើញមានប្រតិកម្មយ៉ាងណាពីស៊ីរីនៅឡើយទេ។ អ្វីដែលគេដឹង ស៊ីរីធ្លាប់បានបដិសេធច្រើនដងលើគ្រប់ការចោទប្រកាន់ ពិសេសពាក់ព័ន្ធនឹងការប្រើអាវុធគីមី នោះបើទោះបីជាមានការបញ្ជាក់ពីអង្គការហាមការប្រើអាវុធគីមីក៏ដោយ។គេនៅមិនទាន់ដឹងថា តើនៅពេលណាទើបតុលាការយុត្តិធម៌អន្តរជាតិនឹងបើកសវនាការលើបណ្តឹងរបស់កាណាដា និងហូឡង់ពេលនេះទេ។ អ្វីដែលគេអាចនិយាយបាន សេចក្តីសម្រេចរបស់តុលាការមួយនេះនឹងអាចប្រើពេលយូររហូតដល់ច្រើនឆ្នាំផងក៏មិនដឹង។ គួរបញ្ជាក់ថា នេះជាលើកទី១ ដែលមានការប្តឹងស៊ីរីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិពាក់ព័ន្ធនឹងទង្វើឧក្រិដកម្មរបស់មេដឹកនាំផ្តាច់ការស៊ីរី។ តើវាមិនយឺតពេលពេកទេដឹងនៅជាង ១២ឆ្នាំក្រោយមក?។ វាហាក់ដូចជាចង់យឺតពេលបន្តិចមែន តែសម្រាប់ជនរងគ្រោះ និងអ្នកនៅរស់រានមានជីវិត យុត្តិធម៌ជារឿងសំខាន់មិនអាចខ្វះបានទោះត្រូវចំណាយពេលប៉ុន្មានខែ ប៉ុន្មានឆ្នាំក៏ដោយចុះ៕
6/13/2023 • 4 minutes, 45 seconds តើសហរដ្ឋអាមេរិកអាចជំរុញឲ្យអារ៉ាប៊ីសាអូឌីត និងអ៊ីស ្រាអែលភ្ជាប់ទំនាក់ទំនងប្រក្រតីរវាងគ្នាបានដែរ ឬទេ?
ប្រមុខការទូតអាមេរិកលោកអង់តូនី ប៊្លីនកិនបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតរយៈពេល ៣ថ្ងៃពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ មិថុនា។ កម្មវត្ថុនៃទស្សនកិច្ចបានផ្តោតលើប្រធានបទសំខាន់ចំនួនពីរ ទី១ ស្តារ និងពង្រឹងទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតដែលជាសម្ព័ន្ធមិត្តប្រវត្តិសាស្រ្តនៅមជ្ឈិមបូព៌ា និងប្រធានបទសំខាន់ទី២ ព្យាយាមរុញអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលឲ្យភ្ជាប់ទំនាក់ទំនងប្រក្រតីរវាងគ្នា។ នៅក្នុងប្រធានបទទី២ នេះ ក្រុងវ៉ាស៊ីនតោនចង់សម្រេចឲ្យបាននៅមុនដំណាច់ឆ្នាំ ២០២៣។ តើអាចទៅរួចដែរ ឬទេ និងថា តើរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត អ្នកណាអាចបោះដៃរកអ្នកណាមុនគេ? ដើម្បីអាចឆ្លើយនឹងសំណួរខាងលើបាន គេត្រូវផ្តល់ជាមុននូវចម្លើយចំពោះសំណួរមួយដែលសួរថា ហេតុអ្វីបានជាអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលគ្មានទំនាក់ទំនងការទូតរវាងគ្នាមកដល់សព្វថ្ងៃ។ តាមពិតទៅ មិនថាអារ៉ាប៊ីសាអូឌីត ឬប្រទេសអារ៉ាប់ភាគច្រើនទេ ការមានទំនាក់ទំនងប្រក្រតីជាមួយអ៊ីស្រាអែលត្រូវបានភ្ជាប់ជាមួយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ក្រុមប្រទេសអារ៉ាប់ភាគច្រើនបានគាំទ្របុព្វហេតុរបស់ប៉ាឡេស្ទីនដែលចង់បានរដ្ឋឯករាជ្យមួយជាផ្លូវការរស់ក្បែរអ៊ីស្រាអែល។ បុព្វហេតុមួយនេះត្រូវបានក្រុមប្រទេសអារ៉ាប់ភាគច្រើនយកធ្វើជាលក្ខខណ្ឌអាទិភាពតែមួយគត់ដើម្បីអាចភ្ជាប់ទំនាក់ទំនងប្រក្រតីជាមួយអ៊ីស្រាអែលបាន។តែគេបានសង្កេតឃើញជារួមថា លក្ខខណ្ឌដាច់ខាតមួយនេះហាក់កំពុងប្រែប្រួលទៅតាមស្ថានការណ៍ប្រែប្រួលរបស់ពិភពលោក ឬនិយាយឲ្យស្រួលយល់ វាហាក់លែងជាលក្ខខណ្ឌអាទិភាពមិនអាចខ្វះបានទៀតឡើយ នោះបើទោះបីជាជម្លោះអ៊ីស្រាអែល ប៉ាឡេស្ទីនកំពុងបន្តជាប់គាំងគ្មានច្រកចេញក៏ដោយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំហររបស់ប្រទេសអារ៉ាប់ខ្លះ និយាយជារួម និងជំហររបស់អារ៉ាប៊ីសាអូឌីត និយាយដោយឡែកចំពោះអ៊ីស្រាអែលមានការប្រែប្រួល។ ថ្លែងនៅក្នុងបទសម្ភាសន៍ឲ្យទូរទស្សន៍អាមេរិកមួយក្នុងខែមីនា ឆ្នាំ ២០២០ រាជទាយាទអារ៉ាប៊ីសាអូឌីតបេន សាលម៉ានបានចាត់ទុកអ៊ីស្រាអែលដូចជាសម្ព័ន្ធមិត្តម្នាក់មានសក្តានុពល។បន្ទាប់មក អារ៉ាប៊ីសាអូឌីតមិនបាននិយាយអ្វីទាំងអស់នៅពេលប្រទេសអេមីរ៉ាតអារ៉ាប់រួម ប៉ារ៉ែន ម៉ារ៉ុក និងស៊ូដង់បានភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលក្នុងឆ្នាំ ២០២០ និង ២០២១ ក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋបាលអាមេរិកក្នុងជំនាន់លោកដូណាល់ ត្រាំ។ ថ្មីៗនេះ ពោលនៅក្នុងឱកាសទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិកលោកអង់តូនី ប៊្លីនកិននៅអារ៉ាប៊ីសាអូឌីតពីថ្ងៃទី៦ ដល់ថ្ងៃទី៨ មិថុនា ប្រមុខការទូតអារ៉ាប៊ីសាអូឌីតលោកហ្វាយសាល បេន ហ្វារ៉ានបានយល់ឃើញថា ការមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែលជាផលប្រយោជន៍របស់តំបន់ និងអាចហុចអត្ថប្រយោជន៍សំខាន់ៗសម្រាប់ទាំងអស់គ្នា។តែលោកបេន ហ្វារ៉ានមិនភ្លេចបញ្ជាក់ថា បើគ្មានផ្លូវឆ្ពោះទៅកាន់សន្តិភាពសម្រាប់ប្រជាជនប៉ាឡេស្ទីនទេ នោះអត្ថប្រយោជន៍ពីការមានទំនាក់ទំនងប្រក្រតីជាមួយអ៊ីស្រាអែលក៏មានកម្រិតដែរ។តាមប្រមុខការទូតអារ៉ាប៊ីសាអូឌីតរូបនេះ គេត្រូវបន្តស្វែងរកផ្លូវមួយឆ្ពោះទៅដំណោះស្រាយរដ្ឋពីរដែលផ្តល់សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌ឲ្យប្រជាជនប៉ាឡេស្ទីន។ ការលើកឡើងរបស់លោកហ្វារ៉ានយ៉ាងដូចនេះនាំឲ្យគេយល់បានភ្លាមថា អារ៉ាប៊ីសាអូឌីតបានត្រៀមខ្លួនដើម្បីសើរើពិនិត្យមើលឡើងវិញនូវជំហររបស់ខ្លួនដែលមានពីមុនមក ឬនិយាយបែបម្យ៉ាងទៀត អារ៉ាប៊ីសាអូឌីតហាក់លែងប្រកាន់ជំហរម៉ឺងម៉ាត់ដាច់ខាតដូចមុនទៀតឡើយ។ការលើកឡើងរបស់លោកហ្វារ៉ានមានន័យថា ការភ្ជាប់ទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែលមិនមែនជាការបិទផ្លូវស្វែងរកសន្តិភាពឲ្យប៉ាឡេស្ទីនទេ។ គួរបញ្ជាក់ថាតាំងពីដំបូង អារ៉ាប៊ីសាអូឌីតបានយកការបង្កើតរដ្ឋប៉ាឡេស្ទីនដោយកំណត់ខ្សែព្រំដែនឆ្នាំ ១៩៦៧ ធ្វើជាលក្ខខណ្ឌដើម្បីអាចភ្ជាប់ទំនាក់ទំនងប្រក្រតីជាមួយអ៊ីស្រាអែលបាន។ តែរូបមន្តមួយនេះត្រូវបានអ៊ីស្រាអែលបដិសេធយ៉ាងដាច់អហង្ការតាំងពីដើមទី។ តាមពិត អារ៉ាប៊ីសាអូឌីតនៅតែចង់បាន និងចង់ឃើញប៉ាឡេស្ទីនមានរដ្ឋឯករាជ្យមួយរស់ក្បែរអ៊ីស្រាអែលជានិច្ច។ គ្រាន់តែថា ការទាមទារយកខ្សែព្រំដែនឆ្នាំ ១៩៦៧ ធ្វើជាលក្ខខណ្ឌអាចមិនចាំបាច់ទៀតឡើយ។ ក៏ប៉ុន្តែ សម្បទានមួយនេះរបស់អារ៉ាប៊ីសាអូឌីតមិនមែនជាសម្បាទានដោយគ្មានថ្នូរត្រឡប់វិញពីអាមេរិកទេ។យោងតាមកាសែតអាមេរិក សំណើដែលទីក្រុងរីយ៉ាដចង់បានពីទីក្រុងវ៉ាស៊ីនតោនរួមមាន ការចូលរួមនៅក្នុងផែនការបង្កើតកម្មវិធីនុយក្លេអ៊ែរស៊ីវិល ការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខដើម្បីប្រឈមទប់នឹងអ៊ីរ៉ង់ និងការលក់ប្រព័ន្ធសព្វាវុធទំនើបៗ។ តែអ្វីដែលកាសែតអាមេរិកបានចុះផ្សាយនេះមិនត្រូវបានភាគីណាមួយបញ្ជាក់ជាផ្លូវការទេ។ ប្រមុខការទូតអារ៉ាប៊ីសាអូឌីតលោកហ្វាយសាល បេន ហ្វារ៉ានបានត្រឹមអះអាងថា ការដែលអារ៉ាប៊ីសាអូឌីតចង់បង្កើតកម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ខ្លួនមិនមែនជារឿងស្ងាត់ ហើយអារ៉ាប៊ីសាអូឌីតចង់ឃើញអាមេរិកជាអ្នកចូលរួមដេញថ្លៃម្នាក់។ចំណែកប្រមុខការទូតអាមេរិកលោកអង់តូនី ប៊្លីនកិនបានត្រឹមទូរស័ព្ទប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូពីលទ្ធផលនៃជំនួបដែលលោកមានជាមួយលោកហ្វារ៉ាន។ គេមិនដឹងថា តើអាមេរិកយល់យ៉ាងម៉េចពីសំណើរបស់អារ៉ាប៊ីសាអូឌីត ពិសេសរឿងការបង្កើតកម្មវិធីនុយក្លេអ៊ែរស៊ីវិលទេ។ អ្វីដែលគេអាចនិយាយបាន សំណើនេះបានបំផុសឲ្យមានការពុះចែករដ្ឋបាលអាមេរិកដែលខ្លាចមានការប្រជែងអាវុធនុយក្លេអ៊ែរនៅមជ្ឈិបូព៌ារវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។ ចំណែកអ៊ីស្រាអែលក៏បានបារម្ភពីរឿងនេះដែរ។ ចុះតើអ៊ីស្រាអែលគិតយ៉ាងណាពីការផ្តល់សញ្ញាបើកចំហរបស់អារ៉ាប៊ីសាអូឌីត?។មានតែអ៊ីស្រាអែលម្នាក់គត់ដែលអាចឆ្លើយនឹងសំណួរនេះបាន។ ចំណែកអាមេរិកវិញ បើគូសត្រូវទាំងពីរអាចក្លាយជាមិត្តនឹងគ្នានៅថ្ងៃណាមួយនោះ វានឹងធ្វើឲ្យអាមេរិកមានឥទ្ធិពលកាន់តែខ្លាំងនៅក្នុងតំបន់។ ផ្ទុយទៅវិញ អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តប្រវត្តិសាស្រ្តស្រាប់របស់អាមេរិកនៅក្នុងតំបន់នឹងបន្តជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចដដែល៕
6/13/2023 • 6 minutes, 5 seconds លោកចន ឃ៊ែរី៖ពិភពលោកមិនអាចបន្តមានកំណើនមនុស្សដូចសព្វថ្ងៃបានឡើយ?
នៅថ្ងៃអង្គារ ទី៦ មិថុនា ប្រេសិតពិសេសអាមេរិកទទួលបន្ទុកបញ្ហាអាកាសធាតុលោកចន ឃ៊ែរីបានផ្តល់បទសម្ភាសន៍ឲ្យ AFP ក្នុងទីក្រុងអូស្លូ ប្រទេសន័រវែស។ លោកចន ឃ៊ែរីបានផ្តល់ទស្សនៈផ្ទាល់ខ្លួនស្តីពីចំនួនមនុស្សក្នុងលោកដែលនឹងមានជិត ១០ ០០០លាននាក់នៅឆ្នាំ ២០៥០។ សម្រាប់លោកចន ឃ៊ែរី ពិភពលោកមិនអាចបន្តមានកំណើនមនុស្សដូចសព្វថ្ងៃបានឡើយ។ តែលោកក៏មិនបានស្នើឲ្យមានការកាត់បន្ថយចំនួនមនុស្សដែរ។ អនុសាសន៍របស់លោកចន ឃ៊ែរី គឺចង់ឲ្យមនុស្សគ្រប់រូបប្តូរទម្លាប់រស់នៅប្រចាំថ្ងៃរបស់ខ្លួន។ កាលពីជាង ៧០ឆ្នាំមុន ពោលក្នុងឆ្នាំ ១៩៥០ ចំនួនមនុស្សនៅលើផែនដីរបស់យើងមានតែជាង ២ ៦០០លាននាក់ប៉ុណ្ណោះ។ តែចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ មក ចំនួននេះបានគុណ ១ ជា ៣ ពោលមានជាង ៨ ០០០លាននាក់ ហើយនៅឆ្នាំ ២០៥០ ចំនួនមនុស្សនៅលើផែនដីរបស់យើងនឹងមានជិត ១០ ០០០លាននាក់។ អ្វីដែលកាន់តែច្បាស់ជាងនេះ កំណើនប្រជាជននៅក្នុងលោកប្រហែលមិនចប់ត្រឹមនេះទេ ខណៈដែលទំហំផែនដីរបស់យើងហាក់មិនបានរីកធំជាងមុនឡើយ។ វាមិនខុសអ្វីពីប្រទេសមួយដែលមានផ្ទៃដីនៅដដែល និងប្រហែលជាអាចរួមតូចផងក៏ដឹង ខណៈដែលចំនួនប្រជាជននៅក្នុងប្រទេសនោះកើនកាន់តែច្រើន។នេះហើយជាបញ្ហា ព្រោះបើតាមការយល់ឃើញរបស់ប្រេសិតពិសេសអាមេរិកទទួលបន្ទុកបញ្ហាអាកាសធាតុលោកចន ឃ៊ែរី ផែនដីរបស់យើងមិនអាចទ្រទ្រង់នឹងចំនួនមនុស្សដែលមានកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំបានទេ។ តើមនុស្សគួរតែបញ្ឈប់ការបង្កើតកូនត្រឹមនេះ ឬយ៉ាងណា?។ តាមពិតទៅ លោកចន ឃ៊ែរីមិនបានស្នើឲ្យកាត់បន្ថយចំនួនមនុស្សទេ។ អ្វីដែលលោកចន ឃ៊ែរីចង់បាននៅពេលនេះ និងពេលខាងមុខ គឺចង់ឲ្យគ្រប់គ្នាយកចិត្តទុកដាក់ និងគិតគូរពីរបៀបរស់នៅប្រចាំថ្ងៃដើម្បីធ្វើយ៉ាងណា ឲ្យជីវិតមនុស្ស និងជីវិតផែនដីអាចបន្តរួមរស់ និងទ្រទ្រង់គ្នាទៅវិញ ទៅមកបាន។ពិតណាស់ ដើម្បីអាចរស់បាន មនុស្សគ្រប់រូប មិនថាអ្នកមាន ឬអ្នកក្រ មិនថាអ្នករស់ក្នុងទីក្រុង ឬអ្នករស់នៅតាមទីជនបទ ដាច់ស្រយាល គឺត្រូវការចំណីអាហារ ឬថាមពល។ តែត្រូវដឹងថា បើគ្មានផែនដី និងធនធានសំបូរបែបដែលផែនដីបានផ្តល់ឲ្យទេក៏គ្មានជីវិតសត្វលោកដែរ។ ចំណែកធនធានសំបូរបែបនៅក្នុងផែនដីរបស់យើងទៀតសោតក៏មានកម្រិតដែរ ពោលមិនចេះតែមានដោយគ្មានទីបញ្ចប់នោះទេ។ ផ្តើមចេញពីចំណុចនេះ ប្រេសិតពិសេសអាមេរិកទទួលបន្ទុកបញ្ហាអាកាសធាតុលោកចន ឃ៊ែរីចង់ទាញចំណាប់អារម្មណ៍ឲ្យមនុស្សលោកគ្រប់រូបចូលរួមគិតគូរពីបញ្ហាសុខភាពផែនដីឲ្យស្មើនឹងបញ្ហាសុខភាពខ្លួនឯង។អ្វីដែលលោកចន ឃ៊ែរីចង់និយាយទាក់ទងនឹងការគិតគូររឿងសុខភាពផែនដីនេះ គឺចង់ឲ្យមនុស្សប្តូរទម្លាប់របៀបរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ តាមលោកចន ឃ៊ែរី សុខភាពផែនដីរបស់យើងសព្វថ្ងៃកំពុងទទួលរងផលប៉ះពាល់ដោយសកម្មភាពរបស់មនុស្ស។ ការដែលផែនដីកាន់តែឡើងកម្តៅ និងការដែលធនធានលើផែនដីកាន់តែធ្លាក់ចុះ គឺជាស្នាដៃរបស់មនុស្ស។ មិនទាន់អីផង ផែនដីបានឡើងកម្តៅប្រមាណជា ១,២អង្សារបើធៀបនឹងមុនសម័យឧស្សាហកម្ម។ គ្រាន់តែការផលិតស្បៀងដើម្បីចិញ្ចឹមមនុស្សទាំងជាង ៨ ០០០លាននាក់បានចូលរួមបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាង ១ភាគ៤ លើលោក។មានឧស្ម័នផ្ទះកញ្ចក់ប្រមាណជា ៤០% បានកើតចេញពីការចិញ្ចឹមសត្វ និងការខ្ជះខ្ជាយចំណីអាហារ។ ចំណែកនៅសេសសល់ប្រមាណជា ៦០% ទៀតបានកើតចេញពីផលិកម្មស្រូវ ការប្រើជីកសិកម្ម ការបំប្លែងដីដាំដុះ ឬមួយក៏ការកាប់បំផ្លាញព្រៃឈើជាដើម។ បើទាំងអស់នេះមិនមែនជាស្នាដៃរបស់មនុស្ស តើវាជាស្នាដៃរបស់អ្នកណា?។ ដូច្នេះសម្រាប់លោកចន ឃ៊ែរី មនុស្សជាអ្នកទទួលខុសត្រូវ ហើយមនុស្សជាអ្នកដោះស្រាយ។ មនុស្សដែលលោកចន ឃ៊ែរីចង់សំដៅ គឺយើងទាំងអស់គ្នាដែលកំពុងរស់លើផែនដីសព្វថ្ងៃ។ រីឯដំណោះស្រាយដើម្បីបញ្ចុះកម្តៅលើភពផែនដី គឺផ្តើមចេញពីការប្តូរទម្លាប់រស់នៅសព្វថ្ងៃ។ទម្លាប់ដែលគួរប្តូររួមមាន កាត់បន្ថយការធ្វើដំណើរតាមយន្តហោះ កាត់បន្ថយការបរិភោគសាច់ បញ្ឈប់ការបំពុលដីកសិកម្មតាមរយៈការប្រើជីកសិកម្មជ្រុលហួសហេតុដើម្បីបង្កើនទិន្នផល ឬមួយក៏កុំខ្ជះខ្ជាយចំណីអាហារ។ល។ និង។ល។ គួរបញ្ជាក់ថា ឧស្ម័នផ្ទះកញ្ចក់ជាដើមចម និងជាអ្នកទទួលខុសត្រូវនៃការប្រែប្រួលអាកាសធាតុ ហើយការប្រែប្រួលអាកាសធាតុនេះនឹងជះផលវិបាកលើចង្វាក់ផលិតកម្មចំណីអាហារដោយសារមានភាពរាំងស្ងួត ទឹកជំនន់ និងបាតុភូតអាកាសធាតុធ្ងន់ធ្ងរផ្សេងទៀត។ លោកចន ឃ៊ែរីបានធ្វើសេចក្តីសន្និដ្ឋានចុងក្រោយដោយផ្តោតសំខាន់លើការខ្ជះខ្ជាយចំណីអាហារ។តាមប្រេសិតពិសេសអាមេរិកទទួលបន្ទុកបញ្ហាអាកាសធាតុរូបនេះ បើទាំងអស់គ្នាបញ្ឈប់ការខ្ជះខ្ជាយចំណីអាហារដូចដែលកំពុងមានសព្វថ្ងៃ ទាំងអស់គ្នាអាចមានរបៀបរស់នៅកាន់តែប្រសើរ មានអាហារបរិភោគកាន់តែល្អ ហើយពិសេសជាងនេះទៅទៀតនោះ គេអាចចិញ្ចឹមមនុស្សបានកាន់តែច្រើន។ អ្វីៗមិនទាន់យឺតពេលទេ តែគេត្រូវគិតគូរពីឥឡូវនេះទៅដោយមិនអាចពន្យារពេលបានទៀតឡើយ៕
6/7/2023 • 5 minutes, 11 seconds កំណើនវិស័យថាមពលសូឡាអាចបង្កើតបញ្ហាចោទរឿងចាត់ចែងសំណ ល់ផ្ទាំងសូឡា
នៅក្នុងរបាយការណ៍ ចេញផ្សាយ កាលពីថ្ងៃទី២៥ ឧសភា កន្លងទៅ ទីភ្នាក់ងារថាមពលអន្តរជាតិ បានព្យាករថា ការវិនិយោគទៅលើថាមពលបៃតង នៅក្នុងឆ្នាំ២០២៣នេះ នឹងត្រូវកើនឡើងលើសថាមពលផូស៊ីល ហើយក្នុងចំណោមថាមពលបៃតងនេះ វិស័យដែលនាំមុខគេ គឺថាមពលសូឡា។ កំណើនដ៏លឿននៃវិស័យថាមពលសូឡានេះ វាគឺជាដំណឹងល្អមួយ សម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័ន ទប់ស្កាត់ការឡើងកម្តៅផែនដី។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា វាក៏អាចចោទជាបញ្ហាចម្បងមួយផងដែរ គឺកំណើននៃកាកសំណល់ពីផ្ទាំងសូឡាដែលគេលែងប្រើ ហើយដែលអាចនឹងត្រូវបង្កជាការបំពុលបរិស្ថាន។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ គិតត្រឹមឆ្នាំ២០២១កន្លងទៅ បរិមាណអគ្គិសនី ដែលផលិតចេញពីថាមពលសូឡា មានរហូតដល់ទៅជាង ១លានមេហ្កាវ៉ាត់ឯណោះ គិតជាសរុបនៅទូទាំងពិភពលោកទាំងមូល។ គិតជាចំនួនផ្ទាំងសូឡាវិញ គឺមានរហូតដល់ទៅ ប្រមាណជា ២ពាន់៥រយលានផ្ទាំង ដែលត្រូវបានគេដាក់ដំឡើង ហើយផ្ទាំងសូឡាត្រូវបានគេដំឡើងប្រើប្រាស់កាន់តែច្រើន សំណល់ដែលបង្កើតឡើង ពីផ្ទាំងសូឡាចាស់ៗក៏នឹងត្រូវកើនឡើងច្រើនទៅតាមនោះផងដែរ។ជាទូទៅ ផ្ទាំងសូឡានីមួយៗ គេអាចប្រើបានក្នុងចន្លោះពី ២៥ឆ្នាំ ទៅ៣០ឆ្នាំ ក៏ប៉ុន្តែ បច្ចេកវិទ្យាសូឡា គឺជាបច្ចេកវិទ្យាដែលមានការវិវឌ្ឍជឿនលឿនទៅមុខយ៉ាងលឿនជាប់ជាប្រចាំ ធ្វើឲ្យគេអាចផលិតផ្ទាំងសូឡាបានកាន់តែទំនើប អាចផលិតអគ្គិសនីបានកាន់តែមានប្រសិទ្ធភាព។ ដូច្នេះ ផ្ទាំងសូឡាចាស់ៗត្រឹមអាយុ ១០ ទៅ ១៥ឆ្នាំ ដែលគេនៅអាចប្រើបានច្រើនឆ្នាំតទៅមុខទៀត ក៏ត្រូវគេផ្លាស់ចេញ ដើម្បីដំឡើងផ្ទាំងសូឡាថ្មី ដែលអាចផលិតអគ្គិសនីបានច្រើនជាង និងក្នុងតម្លៃថោកជាង។ទាំងនេះ ជាកត្តាធ្វើឲ្យសំណល់ពីផ្ទាំងសូឡាចាស់ៗ ក៏ត្រូវកើនឡើងរឹតតែខ្លាំង ដោយគេបានព្យាករថា នៅត្រឹមឆ្នាំ២០៣៥ខាងមុខនេះ សំណល់ពីផ្ទាំងសូឡានៅទូទាំងពិភពលោកទាំងមូលនឹងត្រូវកើនឡើងរហូតដល់ទៅជាង ១លានតោនក្នុងមួយឆ្នាំ ហើយចំនួននេះនឹងត្រូវកើនឡើងដល់ទៅជាង ១០លានតោន នៅត្រឹមឆ្នាំ២០៥០ខាងមុខ។គួរបញ្ជាក់ថា សំណល់ពីផ្ទាំងសូឡាចាស់ៗទាំងនេះ ជាប្រភេទសំណល់ដែលមានហានិភ័យ ហើយនៅក្នុងសហភាពអឺរ៉ុប គេចាត់បញ្ចូលសំណល់ពីផ្ទាំងសូឡាចាស់ៗ ទៅក្នុងប្រភេទសំណល់អេឡិចត្រូនិក ដែលមិនអាចយកទៅចោលជាមួយសំរាមធម្មតាបាននោះទេ ពោលគឺ ចាំបាច់ត្រូវតែចាត់ចែងដោយប្រយ័ត្នប្រយែង ជាពិសេស គឺជំរុញឲ្យមានការកែច្នៃកាកសំណល់ ដើម្បីយកទៅប្រើឡើងវិញ។បញ្ហាចោទ គឺនៅត្រង់ថា គិតមកទល់នឹងពេលបច្ចុប្បន្ននេះ ឧស្សាហកម្មកែច្នៃសំណល់ពីផ្ទាំងសូឡានេះ នៅមានភាពយឺតយ៉ាវខ្លាំងនៅឡើយ ដោយសារតែវាជាមុខជំនួញ ដែលមិនសូវផ្តល់ប្រាក់ចំណេញ ទើបមិនសូវទាក់ទាញវិនិយោគបានច្រើន។គួរបញ្ជាក់ថា សារធាតុដែលមាននៅក្នុងផ្ទាំងសូឡា គឺមានផ្ទាំងកញ្ចក់ដែលស្រោបពីលើ អាលុយមីញ៉ូមដែលនៅស្រោបជុំវិញ ចំណែកនៅខាងក្នុង Solar Cells គឺមានសឺមីកុងឌុចទ័េ និងសារធាតុមានតម្លៃខ្លះទៀត ជាអាទិ៍ ប្រាក់ និងទង់ដែង។ ប្រាក់ និងទង់ដែងនេះ ជាប្រភេទលោហៈមានតម្លៃ ក៏ប៉ុន្តែ វាមានតិចតួច ហើយពិបាកកែច្នៃចេញពីសំណល់ផ្ទាំងសូឡា។ ចំណែកសារធាតុដែលងាយស្រួលកែច្នៃ ហើយមានបរិមាណច្រើនជាងគេ គឺកញ្ចក់។ ក៏ប៉ុន្តែ កញ្ចក់ ដែលគេកែច្នៃចេញពីផ្ទាំងសូឡាចាស់ៗនេះ មានគុណភាពអន់ មិនអាចយកទៅផលិតផ្ទាំងសូឡាថ្មីបាន។ហេតុដូច្នេះហើយបានជាមានអ្នកជំនាញជាច្រើនបានលើកឡើងថា ដើម្បីបង្កើនសកម្មភាពកែច្នៃសំណល់ពីផ្ទាំងសូឡា ហើយបញ្ចៀសផលវិបាកធ្ងន់ធ្ងរទៅដល់បរិស្ថានទៅថ្ងៃអនាគត គឺចាំបាច់ត្រូវតែមានវិធាន ដាក់ចេញដោយរដ្ឋាភិបាល ដើម្បីកំណត់កាតព្វកិច្ចឲ្យក្រុមហ៊ុនដែលផលិត ឬនាំចូលផ្ទាំងសូឡា ចាំបាច់ត្រូវតែកែច្នៃសំណល់ពីផ្ទាំងសូឡានេះឲ្យបាន នៅក្នុងអត្រាណាមួយជាកំហិត ដូចជា នៅក្នុងសហភាពអឺរ៉ុប ជាដើម ច្បាប់កំណត់តាំងពីឆ្នាំ២០១២កន្លងទៅថា សំណល់ពីផ្ទាំងសូឡានេះ ចាំបាច់ត្រូវតែយកទៅកែច្នៃឡើងវិញឲ្យបានយ៉ាងតិច ៨០%។ការដាក់កាតព្វកិច្ចបែបនេះ វាជាសម្ពាធមួយឲ្យក្រុមហ៊ុនឯកជនចំណាយទៅលើកែច្នៃសំណល់ផ្ទាំងសូឡា ហើយបង្កើនវិនិយោគ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាកែច្នៃសំណល់ផ្ទាំងសូឡានេះឲ្យកាន់តែមានប្រសិទ្ធភាព ពោលគឺ អាចទាញយកសារធាតុដើមបានកាន់តែច្រើន និងក្នុងតម្លៃទាប ដែលបន្តិចម្តងៗ វានឹងអាចធ្វើឲ្យឧស្សាហកម្មកែច្នៃសំណល់ផ្ទាំងសូឡានេះ ក្លាយជាមុខជំនួញដែលអាចផ្តល់ប្រាក់ចំណេញ ហើយអាចទាក់ទាញវិនិយោគបានកាន់តែច្រើន។គួរបញ្ជាក់ថា គិតមកទល់នឹងពេលបច្ចុប្បន្ននេះ គេមានបច្ចេកវិទ្យា ដែលអាចកែច្នៃសំណល់ពីផ្ទាំងសូឡាបានរហូតដល់ទៅ ៩៥% ហើយក្រុមហ៊ុនមួយនៅបារាំង ដែលគ្រោងនឹងសម្ពោធដាក់ឲ្យដំណើរការរោងចក្រកែច្នៃសំណល់ផ្ទាំងសូឡាទ្រង់ទ្រាយធំ នៅក្នុងពេលឆាប់ៗខាងមុខនេះ រំពឹងថា នឹងអាចកែច្នៃសំណល់ផ្ទាំងសូឡានេះបានកាន់តែមានប្រសិទ្ធភាពជាងនេះទៅទៀត គឺបានរហូតដល់ទៅ ៩៩% ជាពិសេស គឺអាចទាញយកលោហៈមានតម្លៃ រួមមាន ប្រាក់ និងទង់ដែង បានច្រើនជាងបច្ចេកវិទ្យាមុនៗ៕
6/7/2023 • 4 minutes, 49 seconds គ្រោះថ្នាក់រថភ្លើង៖ហេតុអ្វីបានជាប្រទេសឥណ្ឌាពិបាកធ ្វើកំណែទម្រង់លើបណ្តាញផ្លូវដែករបស់ខ្លួន?
នៅក្នុងប្រទេសឥណ្ឌា ២ថ្ងៃក្រោយគ្រោះថ្នាក់រថភ្លើងដែលបានផ្តាច់ជីវិតមនុស្សជិត ៣០០នាក់ និងរបួសប្រមាណជា ៩០០នាក់មក រថភ្លើងដឹកអ្នកដំណើរ និងដឹកទំនិញបានធ្វើចរាចរណ៍ជាថ្មីនៅទីតាំងកើតហេតុក្នុងថ្ងៃចន្ទ ទី៥ មិថុនា។ ចំណែកដើមចមនៃគ្រោះថ្នាក់ត្រូវបានរដ្ឋអំណាចទម្លាយឲ្យដឹងក្នុងថ្ងៃអាទិត្យ ទី៤ មិថុនា។ តែទោះជាយ៉ាងនេះក្តី គ្រោះថ្នាក់ដឹករថភ្លើងពេលនេះបានបង្កឲ្យមានការចោទសួរជាថ្មីស្តីពីសុវត្ថិភាព និងសន្តិសុខផ្លូវដែករបស់ឥណ្ឌា។ នៅក្នុងប្រទេសណាមិនដឹងទេ តែបើនៅឥណ្ឌា រថភ្លើងគឺជាមធ្យោបាយដឹកជញ្ជូនដែលពេញនិយមខ្លាំងមិនថាជារថភ្លើងសម្រាប់ដឹកមនុស្ស ដឹកទំនិញ សម្រាប់ផ្លូវឆ្ងាយ ឬផ្លូវជិតទេ។ ជាមធ្យោបាយដឹកជញ្ជូនដែលប្រជាជនឥណ្ឌាចូលចិត្តជាងគេ ព្រោះវាមានតម្លៃថោក ពិសេសការធ្វើដំណើរផ្លូវឆ្ងាយ។ ក្នុងមួយថ្ងៃៗនាពេលបច្ចុប្បន្ន មានរថភ្លើងប្រមាណជា ១៤ ០០០ខ្សែ និងមានក្បាលរថភ្លើងចំនួន ៨ ០០០គ្រឿងបានធ្វើចរាចរណ៍លើបណ្តាញផ្លូវដែកប្រវែង ៦៤ ០០០គីឡូម៉ែត្រដែលឥណ្ឌាមាន។ ក្នុងមួយថ្ងៃៗ មានប្រជាជនឥណ្ឌាជាង ២១លាននាក់បានធ្វើដំណើរតាមរថភ្លើង។ ក៏ប៉ុន្តែ សុវត្ថិភាព និងសន្តិសុខលើបណ្តាញផ្លូវដែករបស់ឥណ្ឌានៅតែចោទជាបញ្ហាដដែល។តាមពិត គ្រោះថ្នាក់រថភ្លើងកាលពីថ្ងៃសុក្រ ទី២ មិថុនាដែលបានផ្តាច់ជីវិតមនុស្សជិត ៣០០នាក់ និងរបួសប្រមាណជា ៩០០នាក់មិនមែនជាគ្រោះថ្នាក់ធ្ងន់ធ្ងរលើកទី១ ទេ។ កាលពីថ្ងៃទី២ សីហា ឆ្នាំ ១៩៩៩ គ្រោះថ្នាក់រថភ្លើងដឹកអ្នកដំណើរចំនួន ២គ្រឿងបុកគ្នាលើផ្លូវតែមួយបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ២៨៥នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ តែគ្រោះថ្នាក់រថភ្លើងដែលបានសម្លាប់មនុស្សច្រើនជាងគេនៅឥណ្ឌារហូតមកដល់ពេលនេះ គឺនៅជាគ្រោះថ្នាក់កាលពី ៤២ឆ្នាំមុន ពោលក្នុងថ្ងៃទី៦ មិថុនា ឆ្នាំ ១៩៨១។ កាលណោះ រថភ្លើងមួយខ្សែដែលមានទូររថភ្លើងចំនួន ៧ទូរបានធ្លាក់ពីលើស្ពានចូលក្នុងទន្លេបាម៉ាទីដោយបណ្តាលឲ្យមានមនុស្សស្លាប់ពី ៨០០នាក់ទៅ ១ ០០០នាក់។នៅក្នុងប្រទេសឥណ្ឌា គ្រោះថ្នាក់រថភ្លើងដែលគេបានកត់សម្គាល់ឃើញរួមមាន ការភ្លាត់ធ្លាក់ចេញពីផ្លូវនិងការបុកគ្នារវាងរថភ្លើងពីរដែលបើកបញ្ច្រាស់គ្នាលើផ្លូវតែមួយ។ តែបើផ្អែកតាមរបាយការណ៍របស់ស្ថាប័នសវនកម្មចេញផ្សាយក្នុងឆ្នាំ ២០២២ គ្រោះថ្នាក់រថភ្លើងភ្លាត់ជេញពីផ្លូវមានដល់ទៅ ៦៩%។នៅក្នុងន័យនេះ របាយការណ៍បានទម្លាក់ការទទួលខុសត្រូវលើ ៣ករណីសំខាន់ ទី១ បណ្តាញផ្លូវដែកភាគច្រើនមានសភាពទ្រុឌទ្រោម ទី២ កង្វះការថែទាំ និងទី៣ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវដែកមានដំណើរការមិនល្អ។ តែនៅមានករណីទី៤ មួយទៀតដែលគេត្រូវបូកបញ្ចូលដោយខានមិនបាន គឺកំហុសរបស់មនុស្សដោយចេតនា ឬដោយអចេតនា។មូលហេតុនៃគ្រោះថ្នាក់រថភ្លើង ៣ខ្សែកាលពីថ្ងៃទី២ មិថុនាត្រូវបានរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនផ្លូវដែកលោក Ashwini Vaishnaw ថ្លែងក្នុងថ្ងៃអាទិត្យ ទី៤ មិថុនាថា មានការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវដែក និងគេបានដឹងពីអត្តសញ្ញាណរបស់ក្រុមមនុស្សដែលបានធ្វើ។ គួរបញ្ជាក់ថា គ្រោះថ្នាក់ក្នុងថ្ងៃទី២ មិថុនាមានជាប់ពាក់ព័ន្ធនឹងរថភ្លើងចំនួន ៣ខ្សែ ក្នុងនោះ មាន ២ខ្សែជារថភ្លើងដឹកអ្នកដំណើរ និងមួយខ្សែជារថភ្លើងដឹកទំនិញ។ តាមពិត រថភ្លើងដឹកទំនិញដែលកំពុងចតស្ងៀមនៅស្ថានីយ៍ត្រូវបានរថភ្លើងដឹកអ្នកដំណើរបរក្នុងល្បឿន ១៣០គីឡូម៉ែត្របុកមួយទឹហឹងដោយធ្វើឲ្យទូររថភ្លើងចំនួន ៣ទូរខ្ទាតចេញពីផ្លូវទៅប៉ះនឹងរថភ្លើងដឹកអ្នកដំណើរមួយខ្សែទៀត។សម្រាប់រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនផ្លូវដែកលោក Ashwini Vaishnaw បើគ្មានការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវដែកទេ ម្ល៉េះរថភ្លើងដឹកអ្នកដំណើរមិនអាចរត់គេចពីផ្លូវដើមចូលក្នុងផ្លូវដែលរថភ្លើងដឹកទំនិញកំពុងសំចតស្ងៀមនៅមួយកន្លែងបានឡើយ។ តែលោក Ashwini Vaishnaw បានបដិសេធមិនផ្តល់អ្វីឲ្យបានលំអិតជាងនេះដោយចង់រង់ចាំលទ្ធផលស៊ើបអង្កេតនាពេលខាងមុខជាមុនសិន។ អ្វីដែលគេអាចនិយាយបាន គ្រោះថ្នាក់ថ្មីថ្មោងមួយនេះជាកំហុសរបស់មនុស្ស ទោះក្នុងផ្លូវចេតនា ឬអចេតនា។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីឥណ្ឌាលោកណារិនដ្រា ម៉ូឌីបានព្រមានទុកជាមុនរួចជាស្រេចថា គ្មានអ្នកទទួលខុសត្រូវណាម្នាក់បានរួចខ្លួនពីព្រឹត្តិការណ៍ដ៏សោកសៅនេះបានជាដាច់ខាត។ទន្ទឹមគ្នានេះ លោកម៉ូឌីក៏បានប្រកាសចេញនូវកម្មវិធីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកក្នុងទឹកប្រាក់ ៣០ ០០០លានដុល្លារ។ មែនទែនទៅ គ្រោះថ្នាក់រថភ្លើងនៅឥណ្ឌាឧស្សាហ៍កើតមានណាស់ ទោះជាគ្រោះថ្នាក់ភ្លាត់ចេញពីផ្លូវ បុកគ្នា ឬមួយធ្លាក់ផ្លូវ។ តាមទិន្នន័យផ្លូវការ មានមនុស្សស្លាប់ប្រមាណជា ២០ ០០០នាក់ក្នុងមួយឆ្នាំនៅចន្លោះឆ្នាំ ២០១៧ និងឆ្នាំ ២០២១។ តាមពិត រដ្ឋាភិបាលក្រុងញូដែលីមិនបានធ្វើព្រងើយកន្តើយនឹងប្រព័ន្ធដឹកជញ្ជូនផ្លូវដែករបស់ខ្លួនទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានចាយលុយយ៉ាងច្រើនសម្បើមដើម្បីធ្វើទំនើបកម្មបណ្តាញផ្លូវដែក កសាងស្ថានីយ៍ទំនើប បង្កើតផ្លូវដែកថ្មី និងការដាក់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវដែកដើម្បីបញ្ជៀសការបុកគ្នា។តែបើផ្អែកលើវិសាលភាពផ្លូវដែក និងការដឹកជញ្ជូនតាមផ្លូវដែកដែលឥណ្ឌាកំពុងមាន និងកំពុងត្រូវការសព្វថ្ងៃ ការធ្វើកំណែទម្រង់បន្ថែមឲ្យបានស៊ីជម្រៅ និងឲ្យបានលឿនជាងនេះជារឿងចាំបាច់មិនអាចខ្វះបាន។ ក្នុងនាមជាប្រទេសមួយដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងនៅលើលោក លុយលែងជាបញ្ហាទៀតឡើយចំពោះឥណ្ឌា៕
6/6/2023 • 6 minutes, 12 seconds IMF៖ គ្រោះថ្នាក់នៃវិស័យហិរញ្ញវត្ថុ និងធនាគារឆ្នាំ២០២ ៣?
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានបង្ហាញអំពី ភាពងាយរងគ្រោះនៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ សម្រាប់ឆ្នាំ២០២៣នេះ។ បញ្ហានេះបានក្លាយជាចំណុចត្រូវផ្តោតយ៉ាងសំខាន់ ហើយការភ័យខ្លាចនៃការឆ្លងវិបត្តិនេះទៅប្រព័ន្ធហិរញ្ញវត្ថុទាំងមូល រួមទាំងស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារ ក៏បានក្លាយជាប្រធានបទក្ដៅផងដែរ។ ហេតុអ្វី? បើមើលនៅលើផ្ទៃទឹកខាងលើ សេដ្ឋកិច្ចពិភពលោកហាក់ដូចជាត្រៀមខ្លួនរួចរាល់ ដើម្បីស្ទុះងើបឡើងវិញបន្តិចម្តងៗ ក្រោយត្រូវប្រឈមជាមួយវិបត្តិជំងឺកូវីដ១៩ និងឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ក្នុងនោះ សេដ្ឋកិច្ចចិនកំពុងស្ទុះងើបឡើងវិញ បន្ទាប់ពីការបើកចំហសេដ្ឋកិច្ចរបស់ខ្លួន។ ការរំខានដល់ខ្សែច្រវាក់នៃការផ្គត់ផ្គង់ទំនិញនៅទូទាំងពិភពលោកគឺមានភាពធូរស្រាលជាងមុន នៅពេលដែលតម្លៃថាមពល និងតម្លៃស្បៀងអាហារសកលកំពុងធ្លាក់ចុះ។ ក្នុងពេលដំណាលគ្នា កម្រិតអតិផរណា ឬការឡើងថ្លៃទំនិញជាទូទៅក៏មានកម្រិតធ្លាក់ចុះផងដែរ។ផ្អែកតាមការព្យាករចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ ឬគេស្គាល់ថា IMF កំណើនសេដ្ឋកិច្ចសកលនឹងមានកម្រិត ២,៨ភាគរយនៅឆ្នាំ២០២៣នេះ មុនពេលកើនឡើងតិចតួចដល់ ៣ភាគរយនៅឆ្នាំ២០២៤។ក៏ប៉ុន្តែ បើមើលនៅក្នុងជម្រៅផ្ទៃទឹក បញ្ហា និងមានភាពផុយស្រួយកំពុងកើតមានឡើង ព្រោះតែបញ្ហាអស្ថិរភាពនៅក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យធនាគារ ដែលបានកើតឡើងនាពេលថ្មីៗនេះ។ ការព្រួយបារម្ភគឺថា ការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុ តួយ៉ាងការអនុវត្តនយោបាយដំឡើងអត្រាការប្រាក់ដើម្បីដោះស្រាយបញ្ហាអតិផរណា ក្នុងរយៈពេល ១២ខែកន្លងមកនេះ កំពុងចាប់ផ្តើមមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យហិរញ្ញវត្ថុ។យោងតាមស្ថាប័នអន្ដរជាតិ IMF អ្វីដែលពិភពលោកត្រូវប្រឈមថ្មី គឺ បញ្ហានៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ។ ភាពងាយរងគ្រោះក្នុងវិស័យធនាគារ បានក្លាយជាចំណុចត្រូវផ្តោតជាសំខាន់ ហើយការភ័យខ្លាចនៃការឆ្លងវិបត្តិនេះទៅប្រព័ន្ធហិរញ្ញវត្ថុទាំងមូល រួមទាំងស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារ ក៏បានក្លាយជាប្រធានបទក្ដៅផងដែរ។ ហេតុអ្វី?ពីមុនវិបត្តិសង្គ្រាម ពិភពលោកមានកម្រិតអតិផរណាទាប ឬទំនិញមិនសូវមានការកើនឡើងតម្លៃ រីឯអត្រាការប្រាក់សម្រាប់កម្ចីក៏មានកម្រិតទាបផងដែរ។ ក៏ប៉ុន្តែ ក្រោយមក ពិភពលោកត្រូវប្រឈមវិបត្តិផ្ទួនៗ ធនាគារកណ្ដាលនៃប្រទេសយ៉ាងច្រើនលើពិភពលោក បានរឹតបន្តឹងយ៉ាងខ្លាំងលើគោលនយោបាយរូបិយវត្ថុ។ ជាលទ្ធផល វាបានបង្កឱ្យមានផលប៉ះពាល់យ៉ាងច្រើននៅក្នុងវិស័យធនាគារ និងស្ថាប័នដែលពឹងផ្អែកច្រើនលើកម្ចី។ឥឡូវនេះ នយោបាយដំឡើងអត្រាការប្រាក់បានធ្វើឱ្យកម្ចីងាយស្រួលត្រូវបានបង្អាក់ ហើយ ថ្លៃដើមនៃហិរញ្ញប្បទាន (Cost of funding) ឬការទទួលបានមូលនិធិ ក៏មានការកើនឡើងផងដែរ។ ដូច្នេះ អ្នកផ្ដល់កម្ចី ឬអ្នកផ្ញើប្រាក់នឹងត្រូវចំណាយច្រើនជាងមុន ដើម្បីដំណើរការប្រតិបត្តិការរបស់ខ្លួន។ នៅក្នុងស្ថានភាពនេះ ស្ថាប័នហិរញ្ញវត្ថុដែលធ្លាប់ពឹងផ្អែកខ្លាំងលើប្រភពលុយដែលមានការប្រាក់ទាប ត្រូវរងផលប៉ះពាល់ខ្លាំងណាស់ ក្នុងការកែប្រែម៉ូឌែលអាជីវកម្មរបស់ខ្លួន។នាពេលចុងក្រោយ អស្ថិរភាពហិរញ្ញវត្ថុបានកើតឡើងនៅក្នុងចក្រភពអង់គ្លេស និងភាពចលាចលនៃវិស័យធនាគារនាពេលថ្មីៗនេះបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ក្នុងករណីទាំងពីរនេះ អាជ្ញាធរបានចាត់វិធានការលឿនរហ័ស និងខ្លាំង ហើយអាចទប់ស្កាត់ការរីករាលដាលនៃវិបត្តិរហូតមកដល់ពេលនេះ។ ក៏ប៉ុន្តែ ប្រព័ន្ធហិរញ្ញវត្ថុទាំងមូលនៅតែមានបញ្ហាដ៏គួរឱ្យបារម្ភនៅឡើយ។នៅក្នុងកម្រិតសកល ការបរាជ័យដែលគេមិននឹកស្មានដល់របស់ធនាគារចំនួនពីរ នៅសហរដ្ឋអាមេរិក នៅខែមីនា ឆ្នាំ២០២៣ និងការដួលរលំនៃទំនុកចិត្តនៅក្នុងធនាគារស៊្វីស Credit Suisse បានធ្វើឱ្យអ្នកដាក់ប្រាក់បញ្ញើនៅធនាគារ និងនៅស្ថាប័នមិនមែនធនាគារ ឬអ្នកវិនិយោគ ត្រូវវាយតម្លៃឡើងវិញនូវសុវត្ថិភាពនៃប្រាក់បញ្ញើ របស់ខ្លួន ហើយព្យាយាមដកប្រាក់ពីស្ថាប័ន និងការវិនិយោគដែលពួកគេយល់ថាងាយរងគ្រោះ។ជាទូទៅ នៅពេលមានវិបត្តិ អ្នកវិនិយោគដែលភ័យស្លន់ស្លោតែងតែព្យាយាមដកសាច់ប្រាក់របស់ពួកគេភ្លាមៗ ដូចដែលពួកគេបានធ្វើជាមួយធនាគារ Credit Suisse។ ដូច្នេះ ស្ថាប័នហិរញ្ញវត្ថុដែលមានបំណុលខ្ពស់ ពួកគេនឹងមានហានិភ័យខ្លាំងណាស់ ប្រឈមនឹងស្ថានភាពបែបនេះ។ នៅក្នុងកម្រិតប្រទេស ប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទន់ខ្សោយ ក៏អាចក្លាយជាគោលដៅនៃហានិភ័យបន្ទាប់ផងដែរ។ ការរឹតបន្តឹងយ៉ាងខ្លាំងនៃលក្ខខណ្ឌហិរញ្ញវត្ថុសកល និងភាពតក់ស្លុតលើហានិភ័យ អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើលក្ខខណ្ឌនៃការផ្ដល់កម្ចី និងហិរញ្ញវត្ថុសាធារណៈ ជាពិសេសនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍។ ប្រទេសទាំងនោះអាចរងគ្រោះព្រោះត្រូវប្រឈមនឹងការដកប្រាក់យ៉ាងគំហុកពីអ្នកវិនិយោគបរទេស។ នៅពេលដែលអ្នកវិនិយោគបង្ខំដកលុយច្រើន វាធ្វើឱ្យលុយបរទេស ជាឧទាហរណ៍ លុយដុល្លារអាមេរិកធ្លាក់ចុះបរិមាណ ដូច្នេះវាអាចបង្កឱ្យលុយបរទេសឡើងថ្លៃ រីឯលុយជាតិត្រូវធ្លាក់តម្លៃខ្លាំង និងភ្លាមៗ។ ស្ថានភាពនេះអាចបង្កឱ្យមានចលាចលតម្លៃលុយ និងតម្លៃទំនិញផងដែរ។ វាក៏អាចបង្កឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយទំនុកលើការវិនិយោគ និងការចំណាយនឹងធ្លាក់ចុះ។ នៅក្នុងសេណារីយ៉ូអាក្រក់បំផុត សេដ្ឋកិច្ចជាតិត្រូវជាប់គាំង ធ្លាក់ក្នុងវិបត្តិ ហើយចំណូលរបស់ប្រជាពលរដ្ឋនឹងអាចឈានដល់ការធ្លាក់ចុះខ្លាំង។ផ្អែកតាមអនុសាសន៍របស់ស្ថាប័នអន្ដរជាតិ IMF ការអនុវត្តនយោបាយហិរញ្ញវត្ថុដោយប្រុងប្រយ័ត្ន និងទាន់ពេលវេលាគឺមានភាពចាំបាច់ណាស់ នាពេលឥឡូវនេះ ដើម្បីការពារទាំងប្រព័ន្ធហិរញ្ញវត្ថុ និងសកម្មភាពសេដ្ឋកិច្ចទាំងមូល៕
6/5/2023 • 5 minutes, 35 seconds តើអ្វីខ្លះជាចំណុចចម្រូងចម្រាសនៅក្នុងការចរចាលើសន្ធ ិសញ្ញាប្លាស្ទិក?
ចាប់តាំងពីថ្ងៃចន្ទ ២៩ឧសភា ដើមសប្តាហ៍នេះមក តំណាងរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន មកពី ១៧៥ប្រទេស កំពុងចរចាគ្នា នៅក្នុងទីក្រុងប៉ារីស ទៅលើសន្ធិសញ្ញាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថានដោយប្លាស្ទិក។ ថ្វីដ្បិតតែប្រទេសភាគច្រើនទូទៅ សុទ្ធតែទទួលស្គាល់ អំពីគ្រោះថ្នាក់បង្កឡើងដោយសំណល់ប្លាស្ទិក ក៏ប៉ុន្តែ គេនៅតែមានគំនិតខ្វែងគ្នាខ្លាំងនៅឡើយ ជុំវិញវិធានការដែលត្រូវដាក់ចេញ ដើម្បីដោះស្រាយបញ្ហាប្លាស្ទិកនេះ។ តើការខ្វែងគំនិតគ្នានេះ កើតឡើងជុំវិញចំណុចចម្បងអ្វីខ្លះ? ការចរចាលើសន្ធិសញ្ញាប្លាស្ទិក ដែលប្រព្រឹត្តទៅ នៅក្នុងទីក្រុងប៉ារីស នៅក្នុងសប្តាហ៍នេះ គឺជាការចរចាជុំទីពីរ បន្ទាប់ពីការចរចាជុំទីមួយ កាលពីខែធ្នូកន្លងទៅ ហើយនៅក្នុងការចរចាទាំងពីរជុំនេះ ស្ទើរតែគ្រប់គ្នាសុទ្ធតែទទួលស្គាល់ថា ប្លាស្ទិកគឺជាបញ្ហា។ការផលិតប្លាស្ទិកចេះតែបន្តកើនឡើងក្នុងអត្រាមួយលឿនខ្លាំង ដោយកើនឡើងមួយជាពីរ នៅក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ហើយគេរំពឹងថា វានឹងអាចកើនឡើងរហូតដល់ទៅមួយជាបី នៅក្នុងរយៈពេល ៤០ឆ្នាំខាងមុខ។ នៅក្នុងចំណោមផលិតផលប្លាស្ទិកដែលគេផលិតមកនេះ មានរហូតដល់ទៅប្រមាណជា ២ភាគ៣ ជាប្រភេទប្លាស្ទិកប្រើតែម្តង ឬពីរបីដងបោះចោល ហើយក្នុងចំណោមប្លាស្ទិកដែលប្រើរួចនេះទៀតសោត មានមិនដល់ ១០%ផង ដែលត្រូវបានគេយកទៅច្នៃឡើងវិញ។ជាលទ្ធផល ប្លាស្ទិកត្រូវក្លាយសំណល់បំពុលបរិស្ថាន ដោយលម្អងប្លាស្ទិកត្រូវបានគេរកឃើញនៅគ្រប់ទីកន្លែងនៅក្នុងធម្មជាតិ រាប់ចាប់តាំងពីក្នុងទឹកសមុទ្រ នៅក្នុងទឹកកកនៅតំបន់ប៉ូល នៅក្នុងត្រី និងសត្វសមុទ្រ ហើយរហូតចូលមកដល់ក្នុងខ្លួនមនុស្សយើង ដែលបង្កជាហានិភ័យទៅដល់សុខភាពរបស់មនុស្សយើង។បន្ថែមពីលើនេះទៅទៀត ប្លាស្ទិកក៏ជាប្រភពចម្បងមួយដែរ នៃការឡើងកម្តៅផែនដី ដោយតួលេខរបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ច (OCDE) ដែលប្រមូលផ្តុំទៅដោយប្រទេសមានសេដ្ឋកិច្ចជឿនលឿនបង្ហាញថា នៅក្នុងឆ្នាំ២០១៩កន្លងទៅ ប្លាស្ទិកមានចំណែករហូតដល់ទៅ ៣,៤% នៅក្នុងការបញ្ចេញឧស្ម័ន ដែលនាំឲ្យភពផែនដីឡើងកម្តៅ។ទាំងនេះ គឺជាបញ្ហាចោទ ដែលស្ទើរគ្រប់គ្នាសុទ្ធតែទទួលស្គាល់ ក៏ប៉ុន្តែ និយាយពីដំណោះស្រាយវិញ គេសង្កេតឃើញមានការខ្វែងគំនិតគ្នា រវាងប្រទេសពីរក្រុម។មួយក្រុម ដែលមានជាអាទិ៍ ប្រទេសក្នុងបក្សសម្ព័ន្ធ ដែលគេហៅជាភាសាអង់គ្លេសថា High Ambition Coalition នាំមុខដោយរវ៉ាន់ដា និងន័រវែស និងចូលរួមដោយសហភាពអឺរ៉ុប កាណាដា ជប៉ុន និងប្រទេសផ្សេងទៀត គិតជាសរុបប្រមាណជា ៥០ប្រទេស ទាមទារឲ្យបង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ដែលផ្តោតអាទិភាពចម្បងទៅលើការកាត់បន្ថយការផលិត និងការប្រើប្រាស់ប្លាស្ទិក ពោលគឺ កាត់បន្ថយប្រភពដើមនៃសំណល់ប្លាស្ទិក។ចំណែកមួយក្រុមទៀត ជំទាស់នឹងការដាក់កម្រិតលើការផលិតប្លាស្ទិក ហើយទាមទារឲ្យផ្តោតអាទិភាពទៅលើការពង្រឹងប្រសិទ្ធភាពនៃការចាត់ចែងសំណល់ប្លាស្ទិក និងការបង្កើនការច្នៃសំណល់ប្លាស្ទិកទៅវិញ។ ប្រទេសនៅក្នុងក្រុមទីពីរនេះ គឺរួមមានជាអាទិ៍ សហរដ្ឋអាមេរិក ចិន អារ៉ាប៊ីសាអ៊ូឌីត និងបណ្តាប្រទេសក្នុងអង្គការ OPEC។យើងអាចសង្កេតឃើញថា នៅក្នុងចំណោមប្រទេសទាំងប៉ុន្មានខាងលើនេះ ដែលជំទាស់មិនចង់ឲ្យដាក់កាតព្វកិច្ចកាត់បន្ថយការផលិតប្លាស្ទិក គឺសុទ្ធសឹងជាប្រទេសដែលមានផលប្រយោជន៍ច្រើន នៅក្នុងវិស័យផលិតបា្លស្ទិក ក្នុងនោះ ចិនជាប្រទេសផលិតប្លាស្ទិកច្រើនជាងគេលើពិភពលោក អាមេរិកជាប្រទេសផលិតប្លាស្ទិកច្រើនជាងគេលំដាប់ទីពីរបន្ទាប់ពីចិន និងជាប្រទេសប្រើប្លាស្ទិកច្រើនជាងគេ ចំណែកអារ៉ាប៊ីសាអ៊ូឌីត និងអង្គការ OPEC គឺជាប្រទេសផលិត និងនាំចេញប្រេងច្រើនជាងគេនៅលើពិភពលោក។គួរបញ្ជាក់ថា ប្រេង គឺជាវត្ថុធាតុដើមដ៏ចម្បង នៅក្នុងការផលិតប្លាស្ទិក។ ហេតុដូច្នេះហើយបានជា នៅក្នុងរបាយការណ៍ចេញផ្សាយ កាលពីថ្ងៃទី១៦ឧសភាកន្លងទៅនេះ កម្មវិធីបរិស្ថានសហប្រជាជាតិបានជំរុញឲ្យបញ្ឈប់នូវរាល់ការឧបត្ថម្ភរបស់រដ្ឋចំពោះវិស័យថាមពលផូស៊ីល រួមមានទាំងវិស័យប្រេងនេះផងដែរ ពីព្រោះថា ការឧបត្ថម្ភរបស់រដ្ឋ នៅក្នុងវិស័យនេះ វាធ្វើឲ្យថាមពលផូស៊ីលមានតម្លៃទាប ហើយនៅពេលដែលតម្លៃថាមពលផូស៊ីលទាប វាមិនត្រឹមតែជាកត្តាជំរុញការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលនាំឲ្យផែនដីឡើងកម្តៅតែប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាក៏ជាកត្តាចម្បងមួយផងដែរ ជំរុញការផលិតប្លាស្ទិកថ្មីៗ ដោយសារតែវាមានថ្លៃដើមទាប៕
5/31/2023 • 4 minutes, 21 seconds តួកគី៖ហេតុអ្វីបានជាក្រុមប្រទេសនៅមជ្ឈិមបូព៌ាបានគាំទ្រការជាប់ឆ្នោតអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កាន?
នៅក្នុងប្រទេសតួកគី លោកអ៊ែរដូហ្កានទើបត្រូវបានប្រជាជនបោះឆ្នោតឲ្យកាន់តំណែងប្រធានាធិបតីអាណត្តិថ្មីចំនួន ៥ឆ្នាំបន្ថែមទៀតនាការបោះឆ្នោតក្នុងថ្ងៃអាទិត្យ ទី២៨ ឧសភា។ តាំងពីយប់ថ្ងៃជាប់ឆ្នោតភ្លាម លោកអ៊ែរដូហ្កានបានទទួលសារអបអរសាទរពីបណ្តាមេដឹកនាំបរទេសជាច្រើន ពិសេសសារពីក្រុមប្រទេសលោកខាងលិច។ បន្ទាប់មក សារចូលរួមអបអរសាទរក៏មានមកពីសឹងគ្រប់ប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា។ សម្រាប់មេដឹកនាំនៅមជ្ឈិមបូព៌ាភាគច្រើន ការជាប់ឆ្នោតអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កានជាដំណឹងល្អដែលមិនអាចមិនសាទរបានទេ។ ទោះជាសម្ព័ន្ធមិត្តយូរអង្វែង ឬថ្មីថ្មោង ទោះជាសម្ព័ន្ធមិត្តជិត ឬឆ្ងាយ និងទោះជាពីមុខធ្លាប់អាក់អន់ ស្រពន់ចិត្ត ហើយឥឡូវល្អូកល្អឺននឹងគ្នាក៏ដោយ មេដឹកនាំនៅតំបន់មជ្ឈិមបូព៌ាសឹងទាំងអស់មិនភ្លេចផ្ញើសារអបអរសាទរការជាប់ឆ្នោតអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កានទេ។ មេដឹកនាំនៃប្រទេសកាតាព្រះអង្គម្ចាស់តាមីម បេន ហាម៉ាដ អាល់ ថានីជាអ្នកដែលបានផ្ញើសារអបអរសាទរលោកអ៊ែរដូហ្កានមុនគេ។ លើសពីសារអបអរសាទរនេះ កាតាថែមទាំងបានបាញ់ភ្លើងពណ៌ទង់ជាតិតួកគីនៅលើជញ្ជាំងនៃអគារខ្ពស់ជាងគេក្នុងទីក្រុងដូហាដោយភ្ជាប់ជាមួយនូវរូបថតលោកអ៊ែរដូហ្កាន និងព្រះអង្គម្ចាស់តាមីមស្ថិតក្បែរគ្នាទៀតផង។អ្នកសាទរលោកអ៊ែរដូហ្កានបន្ទាប់មក គឺចលនាប៉ាឡេស្ទីនហាម៉ាស់ ក្រុមភាតរៈអ៊ីស្លាមនៅក្នុងប្រទេសអេហ្ស៊ីប និងគ្រប់ចលនាអ៊ីស្លាមទាំងអស់ដែលស្និទ្ធនឹងគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍របស់លោកអ៊ែរដូហ្កាន។ ចលនាប៉ាឡេស្ទីនហាម៉ាស់យល់ថា ជម្រើសរបស់ប្រជាជនតួកគីក្នុងការរក្សាទុកឲ្យលោកអ៊ែរដូហ្កានបន្តកាន់តំណែងជាដំណឹងប្រសើរណាស់សម្រាប់ខ្លួន។ ជាដំណឹងប្រសើរ ព្រោះលោកអ៊ែរដូហ្កានតែងឈឺឆ្អាល និងគាំទ្រជានិច្ចចំពោះបុព្វហេតុរបស់ប៉ាឡេស្ទីន និយាយាជារួម និងចលនាហាម៉ាស់ និយាយដោយឡែកនៅក្នុងជម្លោះត ទល់នឹងអ៊ីស្រាអែល។ ទោះជាយ៉ាងនេះក្តី អ៊ីស្រាអែលក៏មិនភ្លេចសាទរលោកអ៊ែរដូហ្កានដោយសង្ឃឹមពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយតួកគី។គួររម្លឹកថា គឺទើបនៅរដូវក្តៅឆ្នាំ ២០២២ ដែលលោកអ៊ែរដូហ្កានបានផ្តើមទាក់ទងផ្លូវទូតអឹមអៀមជាមួយអ៊ីស្រាអែលឡើងវិញ។ដោយឡែក ប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមដែលជាអតីតគូសត្រូវរបស់តួកគីក៏បានសាទរលោកអ៊ែរដូហ្កានដែរ។ គួររម្លឹកថាក្នុងរយៈពេល ១០ឆ្នាំ មជ្ឈិមបូព៌ាបានក្លាយជាឆាកនៃការប្រឈមមុខគ្នាយ៉ាងហិង្សារវាងសម្ព័ន្ធតួកគី-កាតាដែលគាំទ្របដិវត្តន៍អារ៉ាប់ និងសម្ព័ន្ធអារ៉ាប៊ីសាអូឌីត-អេមីរ៉ាតអារ៉ាប់រួមដែលមិនចង់ឃើញការប្តូររបៀបគ្រប់គ្រងតាមបែបអត្តាធិបតេយ្យ។ ក៏ប៉ុន្តែ ភាពស្ងប់ស្ងាត់នៃបដិវត្តន៍អារ៉ាប់ ការចុះខ្សោយរបស់ក្រុមភាតរៈអ៊ីស្លាមនៅក្នុងតំបន់ រួមទាំងការធ្លាក់ចុះសេដ្ឋកិច្ចតួកគីបានបង្ខំឲ្យលោកអ៊ែរដូហ្កានផ្តើមងាកទៅចែចូវគូសត្រូវរបស់ខ្លួនចាប់ពីឆ្នាំ ២០២០។ការប្តូរជំហរ ១៨០អង្សាររបស់លោកអ៊ែរដូហ្កានបានឈានដល់ការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងតួកគី និងអេមីរ៉ាតអារ៉ាប់រួមក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ហើយរវាងតួកគី និងអារ៉ាប៊ីសាអូឌីតក្នុងខែមិថុនា ឆ្នាំ ២០២២។ សញ្ញានៃភាពធូរស្រាលក៏មានជាមួយប្រទេសអេហ្ស៊ីបតាមរយៈសារអបអរសាទរលោកអ៊ែរដូហ្កានរបស់លោកអាល់ស៊ីស៊ីដែរ។ គួររម្លឹកថាក្នុងរយៈពេល ១០ឆ្នាំ លោកអ៊ែរដូហ្កាន និងលោកអាល់ស៊ីស៊ីបានស្គាល់ទំនាក់ទំនងតានតឹងខ្លាំងរវាងគ្នា។ ដើមចមនៃភាពមើលមុខគ្នាមិនចំនេះបានកើតមានក្នុងរដូវក្តៅឆ្នាំ ២០១៣ ពោលនៅពេលដែលលោកអាល់ស៊ីស៊ីក្នុងនាមជាឧត្តមសេនីយពេលនោះបានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីស៊ីវិលលោកម័រស៊ីដែលជាភាតរៈអ៊ីស្លាម។កាលណោះ ភាតរៈអ៊ីស្លាមមួយភាគធំបានរត់ភៀសខ្លួនទៅជ្រកកោនក្នុងទឹកដីតួកគី។ គឺទើបនៅក្នុងខែមីនាកន្លងទៅថ្មីៗនេះទេដែលតួកគី និងអេហ្ស៊ីបបានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការរវាងគ្នាឡើងវិញ។ ជាមួយប្រទេសអ៊ីរ៉ង់ ការជាប់ឆ្នោតមួយអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កានជាកិច្ចសន្យាសម្រាប់ស្ថិរភាព និងការបន្តមានទំនាក់ទំនងជាមួយអ្នកជិតខាងតួកគី។ អតីតមន្រ្តីការទូតអ៊ីរ៉ង់ម្នាក់លោក Mohsen Pakayin បានយល់ឃើញថា វាជារឿងប្រសើរសម្រាប់អ៊ីរ៉ង់ បើលោកអ៊ែរដូហ្កានបន្តកាន់អំណាច។ តាមលោក Mohsen វាជាឱកាសដែលអនុញ្ញាតឲ្យតួកគីអាចជួយអ៊ីរ៉ង់ឲ្យគេចពីទណ្ឌកម្មអន្តរជាតិទាក់ទងនឹងសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ទន្ទឹមនឹងមានមេដឹកនាំច្រើននៅមជ្ឈិមបូព៌ាបានសាទរលោកអ៊ែរដូហ្កាន នៅមានប្រធានាធិបតីស៊ីរីលោកអាសាដដែលមិនត្រឹមមិនឈឺក្បាលនឹងការជាប់ឆ្នោតមួយអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កានប៉ុណ្ណោះទេ តែថែមទាំងបានខកចិត្តទៀតផង។ គេអាចយល់ពីជំហររបស់លោកអាសាដ ព្រោះលោកអ៊ែរដូហ្កានបានគាំទ្រក្រុមប្រឆាំងនឹងលោកអាសាដ និងបានកាន់កាប់ទឹកដីមួយផ្នែករបស់ស៊ីរីនៅប៉ែកខាងជើង។ ផ្ទុយទៅវិញសម្រាប់ក្រុមប្រឆាំងនឹងលោកអាសាដ ការបន្តកាន់អំណាចរបស់លោកអ៊ែរដូហ្កាននៅតួកគីជាដំណឹងល្អដែលមិនអាចមិនត្រេកត្រអាលបានឡើយ។សរុបមកវិញ មេដឹកនាំភាគច្រើននៅមជ្ឈិមបូព៌ាចង់បាន និងចង់ឃើញតួកគីបន្តស្ថិតក្នុងកណ្តាប់ដៃលោកអ៊ែរដូហ្កានជាជាងអ្នកផ្សេង។ ហេតុផលប្រហែលមិនពិបាកយល់ទេ ព្រោះលោកអ៊ែរដូហ្កានជាឥស្សរជនដែលពួកគេបានស្គាល់ច្បាស់ និងធ្លាប់ធ្វើការជាមួយ។ ក្រោមភ្នែកច្រមុះរបស់ពួកគេ ទោះមានអាយុ ៦៩ឆ្នាំ និងបានអង្គុយកៅអីប្រធានាធិបតីតួកគីតាំងពីឆ្នាំ ២០០៣ មកហើយក៏ដោយ លោកអ៊ែរដូហ្កានជាតួអង្គនៃស្ថិរភាពនៅក្នុងតំបន់ដែលកំពុងស្គាល់ការរៀបចំរចនាសម្ព័ន្ធ និងសណ្តាប់ធ្នាប់ឡើងវិញ៕
5/30/2023 • 5 minutes, 53 seconds តួកគី៖ហេតុអ្វីបានជាក្រុមប្រទេសនៅមជ្ឈិមបូព៌ាបានគាំទ្រការជាប់ឆ្នោតអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កាន?
នៅក្នុងប្រទេសតួកគី លោកអ៊ែរដូហ្កានទើបត្រូវបានប្រជាជនបោះឆ្នោតឲ្យកាន់តំណែងប្រធានាធិបតីអាណត្តិថ្មីចំនួន ៥ឆ្នាំបន្ថែមទៀតនាការបោះឆ្នោតក្នុងថ្ងៃអាទិត្យ ទី២៨ ឧសភា។ តាំងពីយប់ថ្ងៃជាប់ឆ្នោតភ្លាម លោកអ៊ែរដូហ្កានបានទទួលសារអបអរសាទរពីបណ្តាមេដឹកនាំបរទេសជាច្រើន ពិសេសសារពីក្រុមប្រទេសលោកខាងលិច។ បន្ទាប់មក សារចូលរួមអបអរសាទរក៏មានមកពីសឹងគ្រប់ប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា។ សម្រាប់មេដឹកនាំនៅមជ្ឈិមបូព៌ាភាគច្រើន ការជាប់ឆ្នោតអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កានជាដំណឹងល្អដែលមិនអាចមិនសាទរបានទេ។ ទោះជាសម្ព័ន្ធមិត្តយូរអង្វែង ឬថ្មីថ្មោង ទោះជាសម្ព័ន្ធមិត្តជិត ឬឆ្ងាយ និងទោះជាពីមុខធ្លាប់អាក់អន់ ស្រពន់ចិត្ត ហើយឥឡូវល្អូកល្អឺននឹងគ្នាក៏ដោយ មេដឹកនាំនៅតំបន់មជ្ឈិមបូព៌ាសឹងទាំងអស់មិនភ្លេចផ្ញើសារអបអរសាទរការជាប់ឆ្នោតអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កានទេ។ មេដឹកនាំនៃប្រទេសកាតាព្រះអង្គម្ចាស់តាមីម បេន ហាម៉ាដ អាល់ ថានីជាអ្នកដែលបានផ្ញើសារអបអរសាទរលោកអ៊ែរដូហ្កានមុនគេ។ លើសពីសារអបអរសាទរនេះ កាតាថែមទាំងបានបាញ់ភ្លើងពណ៌ទង់ជាតិតួកគីនៅលើជញ្ជាំងនៃអគារខ្ពស់ជាងគេក្នុងទីក្រុងដូហាដោយភ្ជាប់ជាមួយនូវរូបថតលោកអ៊ែរដូហ្កាន និងព្រះអង្គម្ចាស់តាមីមស្ថិតក្បែរគ្នាទៀតផង។អ្នកសាទរលោកអ៊ែរដូហ្កានបន្ទាប់មក គឺចលនាប៉ាឡេស្ទីនហាម៉ាស់ ក្រុមភាតរៈអ៊ីស្លាមនៅក្នុងប្រទេសអេហ្ស៊ីប និងគ្រប់ចលនាអ៊ីស្លាមទាំងអស់ដែលស្និទ្ធនឹងគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍របស់លោកអ៊ែរដូហ្កាន។ ចលនាប៉ាឡេស្ទីនហាម៉ាស់យល់ថា ជម្រើសរបស់ប្រជាជនតួកគីក្នុងការរក្សាទុកឲ្យលោកអ៊ែរដូហ្កានបន្តកាន់តំណែងជាដំណឹងប្រសើរណាស់សម្រាប់ខ្លួន។ ជាដំណឹងប្រសើរ ព្រោះលោកអ៊ែរដូហ្កានតែងឈឺឆ្អាល និងគាំទ្រជានិច្ចចំពោះបុព្វហេតុរបស់ប៉ាឡេស្ទីន និយាយាជារួម និងចលនាហាម៉ាស់ និយាយដោយឡែកនៅក្នុងជម្លោះត ទល់នឹងអ៊ីស្រាអែល។ ទោះជាយ៉ាងនេះក្តី អ៊ីស្រាអែលក៏មិនភ្លេចសាទរលោកអ៊ែរដូហ្កានដោយសង្ឃឹមពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយតួកគី។គួររម្លឹកថា គឺទើបនៅរដូវក្តៅឆ្នាំ ២០២២ ដែលលោកអ៊ែរដូហ្កានបានផ្តើមទាក់ទងផ្លូវទូតអឹមអៀមជាមួយអ៊ីស្រាអែលឡើងវិញ។ដោយឡែក ប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមដែលជាអតីតគូសត្រូវរបស់តួកគីក៏បានសាទរលោកអ៊ែរដូហ្កានដែរ។ គួររម្លឹកថាក្នុងរយៈពេល ១០ឆ្នាំ មជ្ឈិមបូព៌ាបានក្លាយជាឆាកនៃការប្រឈមមុខគ្នាយ៉ាងហិង្សារវាងសម្ព័ន្ធតួកគី-កាតាដែលគាំទ្របដិវត្តន៍អារ៉ាប់ និងសម្ព័ន្ធអារ៉ាប៊ីសាអូឌីត-អេមីរ៉ាតអារ៉ាប់រួមដែលមិនចង់ឃើញការប្តូររបៀបគ្រប់គ្រងតាមបែបអត្តាធិបតេយ្យ។ ក៏ប៉ុន្តែ ភាពស្ងប់ស្ងាត់នៃបដិវត្តន៍អារ៉ាប់ ការចុះខ្សោយរបស់ក្រុមភាតរៈអ៊ីស្លាមនៅក្នុងតំបន់ រួមទាំងការធ្លាក់ចុះសេដ្ឋកិច្ចតួកគីបានបង្ខំឲ្យលោកអ៊ែរដូហ្កានផ្តើមងាកទៅចែចូវគូសត្រូវរបស់ខ្លួនចាប់ពីឆ្នាំ ២០២០។ការប្តូរជំហរ ១៨០អង្សាររបស់លោកអ៊ែរដូហ្កានបានឈានដល់ការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងតួកគី និងអេមីរ៉ាតអារ៉ាប់រួមក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ហើយរវាងតួកគី និងអារ៉ាប៊ីសាអូឌីតក្នុងខែមិថុនា ឆ្នាំ ២០២២។ សញ្ញានៃភាពធូរស្រាលក៏មានជាមួយប្រទេសអេហ្ស៊ីបតាមរយៈសារអបអរសាទរលោកអ៊ែរដូហ្កានរបស់លោកអាល់ស៊ីស៊ីដែរ។ គួររម្លឹកថាក្នុងរយៈពេល ១០ឆ្នាំ លោកអ៊ែរដូហ្កាន និងលោកអាល់ស៊ីស៊ីបានស្គាល់ទំនាក់ទំនងតានតឹងខ្លាំងរវាងគ្នា។ ដើមចមនៃភាពមើលមុខគ្នាមិនចំនេះបានកើតមានក្នុងរដូវក្តៅឆ្នាំ ២០១៣ ពោលនៅពេលដែលលោកអាល់ស៊ីស៊ីក្នុងនាមជាឧត្តមសេនីយពេលនោះបានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីស៊ីវិលលោកម័រស៊ីដែលជាភាតរៈអ៊ីស្លាម។កាលណោះ ភាតរៈអ៊ីស្លាមមួយភាគធំបានរត់ភៀសខ្លួនទៅជ្រកកោនក្នុងទឹកដីតួកគី។ គឺទើបនៅក្នុងខែមីនាកន្លងទៅថ្មីៗនេះទេដែលតួកគី និងអេហ្ស៊ីបបានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការរវាងគ្នាឡើងវិញ។ ជាមួយប្រទេសអ៊ីរ៉ង់ ការជាប់ឆ្នោតមួយអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កានជាកិច្ចសន្យាសម្រាប់ស្ថិរភាព និងការបន្តមានទំនាក់ទំនងជាមួយអ្នកជិតខាងតួកគី។ អតីតមន្រ្តីការទូតអ៊ីរ៉ង់ម្នាក់លោក Mohsen Pakayin បានយល់ឃើញថា វាជារឿងប្រសើរសម្រាប់អ៊ីរ៉ង់ បើលោកអ៊ែរដូហ្កានបន្តកាន់អំណាច។ តាមលោក Mohsen វាជាឱកាសដែលអនុញ្ញាតឲ្យតួកគីអាចជួយអ៊ីរ៉ង់ឲ្យគេចពីទណ្ឌកម្មអន្តរជាតិទាក់ទងនឹងសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ទន្ទឹមនឹងមានមេដឹកនាំច្រើននៅមជ្ឈិមបូព៌ាបានសាទរលោកអ៊ែរដូហ្កាន នៅមានប្រធានាធិបតីស៊ីរីលោកអាសាដដែលមិនត្រឹមមិនឈឺក្បាលនឹងការជាប់ឆ្នោតមួយអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កានប៉ុណ្ណោះទេ តែថែមទាំងបានខកចិត្តទៀតផង។ គេអាចយល់ពីជំហររបស់លោកអាសាដ ព្រោះលោកអ៊ែរដូហ្កានបានគាំទ្រក្រុមប្រឆាំងនឹងលោកអាសាដ និងបានកាន់កាប់ទឹកដីមួយផ្នែករបស់ស៊ីរីនៅប៉ែកខាងជើង។ ផ្ទុយទៅវិញសម្រាប់ក្រុមប្រឆាំងនឹងលោកអាសាដ ការបន្តកាន់អំណាចរបស់លោកអ៊ែរដូហ្កាននៅតួកគីជាដំណឹងល្អដែលមិនអាចមិនត្រេកត្រអាលបានឡើយ។សរុបមកវិញ មេដឹកនាំភាគច្រើននៅមជ្ឈិមបូព៌ាចង់បាន និងចង់ឃើញតួកគីបន្តស្ថិតក្នុងកណ្តាប់ដៃលោកអ៊ែរដូហ្កានជាជាងអ្នកផ្សេង។ ហេតុផលប្រហែលមិនពិបាកយល់ទេ ព្រោះលោកអ៊ែរដូហ្កានជាឥស្សរជនដែលពួកគេបានស្គាល់ច្បាស់ និងធ្លាប់ធ្វើការជាមួយ។ ក្រោមភ្នែកច្រមុះរបស់ពួកគេ ទោះមានអាយុ ៦៩ឆ្នាំ និងបានអង្គុយកៅអីប្រធានាធិបតីតួកគីតាំងពីឆ្នាំ ២០០៣ មកហើយក៏ដោយ លោកអ៊ែរដូហ្កានជាតួអង្គនៃស្ថិរភាពនៅក្នុងតំបន់ដែលកំពុងស្គាល់ការរៀបចំរចនាសម្ព័ន្ធ និងសណ្តាប់ធ្នាប់ឡើងវិញ៕
5/30/2023 • 5 minutes, 53 seconds បរិស្ថាន៖ហេតុអ្វីបានជាឥណ្ឌាពិបាកប្រឆាំងនឹងការបំពុលដោយប្លាស្ទិក ខណៈដែលរដ្ឋាភិបាលមានវិធានការតឹងតែង?
ការបំពុលដោយប្លាស្ទិកជាប្រធានបទនៃកិច្ចប្រជុំកំពូលអន្តរជាតិដែលបានរៀបចំនៅក្នុងប្រទេសបារាំងពីថ្ងៃចន្ទ ទី២៩ ឧសភាដល់ថ្ងៃសុក្រ ទី២ មិថុនា។ កម្មវត្ថុនៃកិច្ចប្រជុំកំពូល គឺអនុម័តលើសន្ធិសញ្ញាមួយស្តីពីការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិកលើបរិស្ថាន និងសុខភាពរបស់មនុស្ស។ នៅក្នុងប្រទេសឥណ្ឌា កាកសំណល់ប្លាស្ទិកកំពុងបន្តក្លាយជាបញ្ហា និងជាក្តីកង្វល់ បើទោះបីជារដ្ឋាភិបាលបានចាត់វិធានការតឹងតែងប្រឆាំងនឹងប្លាស្ទិកក៏ដោយ។ គួរបញ្ជាក់ថាក្នុងមួយឆ្នាំៗ ឥណ្ឌាបានបោះចោលប្លាស្ទិកជិត ៤លានតោន ពិសេសផលិតផលប្លាស្ទិកដែលប្រើតែមួយដង រួចបោះចោល។ ក្នុងនាមជាប្រទេសដែលកំពុងមានប្រជាជនច្រើនជាងគេក្នុងលោក ឥណ្ឌាក៏កំពុងមានសំរាមច្រើនដែលមិនអាចកំបាំងភ្នែកប្រជាជនបានឡើយ ពិសេសអ្នករស់ក្នុងទីក្រុងញូដែលី។ សព្វថ្ងៃ ទីក្រុងមួយនេះមានមនុស្សរស់នៅដល់ទៅ ៣២លាននាក់ ពោលស្មើនឹងចំនួនប្រជាជនរបស់ប្រទេសស៊្វីសដល់ទៅ ៤ដង។ ក្នុងមួយថ្ងៃៗ អ្នករស់នៅក្នុងទីក្រុងញូដែលីបានចោលសំរាមប្រមាណជា ១២ ០០០តោន។ តែដោយខ្វះហេដ្ឋារចនាសម្ព័ន្ធទំនើបដើម្បីចម្រាញ់សំរាមទាំងនេះ រដ្ឋអំណាចក្រុងញូដែលីហាក់គ្មានជម្រើសច្រើនក្រៅពីយកទៅគរចោលកណ្តាលវាលក្រោមមេឃនៅឆ្ងាយពីទីក្រុងទេ។Okhla ជាគំនរសំរាមដ៏ធំមួយក្នុងចំណោមគំនរសំរាមចំនួន ៣កន្លែងដែលស្ថិតនៅប៉ែកខាងត្បូងទីក្រុងញូដែលី។កាលពីខែធ្នូ ឆ្នាំ ២០២២ គំនរសំរាម Okhla មានកម្ពស់ដល់ទៅ ៤៥ម៉ែត្រឯណោះ។ គេបានសង្កេតឃើញមានសំរាមគ្រប់ប្រភេទនៅក្នុងគំនរនោះ ពិសេសកាកសំណល់ប្រចាំថ្ងៃដែលប្រជាជនបានបោះចោល។ តែសំរាមដែលកំពុងបង្កឲ្យមានក្តីបារម្ភខ្លាំងចំពោះបរិស្ថាន និងជីវិតសត្វលោក គឺប្លាស្ទិក មិនថាជាដបប្លាស្ទិក ថង់ប្លាស្ទិក កែវប្លាស្ទិក ឬមួយក៏ផលិតផលអ្វីផ្សេងដែលធ្វើពីប្លាស្ទិកទេ។ ក្នុងមួយឆ្នាំៗនៅទូទាំងប្រទេសឥណ្ឌា មានសំរាមប្លាស្ទិកជិត ៤លានតោន។ ម្យ៉ាងទៀត នៅក្នុងចំណោមសំរាមប្លាស្ទិកទាំងជិត ៤លានតោននេះ ភាគច្រើនជាប្លាស្ទិកដែលប្រើតែមួយដង រួចបោះចោល និងមានពី ៤០% ទៅ ៧០% ជាប្លាស្ទិកដែលមិនអាចកែច្នៃប្រើឡើងវិញបាន។ក្រៅពីវត្តមានប្លាស្ទិកនៅតាមគំនរសំរាមដែលកំណត់ដោយរដ្ឋអំណាច គេបានឃើញប្លាស្ទិកដែលប្រជាជនឥណ្ឌាបានបោះចោលពាសវាល ពាសកាលនៅតាមផ្លូវ នៅក្នុងស្ទឹង បឹងបួរ និងនៅក្នុងសមុទ្រ។ ពិតណាស់ ផលិតផលប្លាស្ទិកដែលប្រើរួចក៏ជាសំរាមដែរ។ តែត្រូវដឹងថា សំរាមមួយនេះបានជះផលវិបាកអាក្រក់ខ្លាំងណាស់ដល់បរិស្ថាន និងសុខភាពសត្វលោក មិនថាមនុស្ស ឬសត្វ។ នៅឥណ្ឌាក៏ដូចជានៅក្នុងប្រទេសផ្សេងលើលោក វត្តមានប្លាស្ទិកមានជាប់ជាប្រចាំនៅក្នុងដី នៅក្នុងទឹក និងនៅក្នុងខ្យល់។ ជារៀងរាល់ថ្ងៃ មនុស្សលោកកំពុងលេបប្លាស្ទិកចូលក្នុងក្រពះដោយមិនដឹងខ្លួន ទោះតិច ឬច្រើន។គួរបញ្ជាក់ថា ឥណ្ឌាបានប្រើប្លាស្ទិកតិចជាងប្រទេសផ្សេង ពិសេសអាមេរិក និងប្រទេសនៅអឺរ៉ុប។ ពលរដ្ឋឥណ្ឌាម្នាក់បានប្រើប្លាស្ទិកចំនួន ១១គីឡូក្រាមក្នុងមួយឆ្នាំ។ ចំណែកពលរដ្ឋនៅអឺរ៉ុបបានប្រើចំនួន ៦៥គីឡូក្រាម ហើយពលរដ្ឋអាមេរិកបានប្រើដល់ទៅ ១០៩គីឡូក្រាម។ តែចំណោតចំពោះឥណ្ឌា គឺការគ្រប់គ្រងសំរាមប្លាស្ទិកមិនបានល្អ និងគ្មានប្រសិទ្ធិភាព។ មែនទែនទៅ រដ្ឋាភិបាលឥណ្ឌាមិនបានមើលស្រាលលើផលវិបាកដែលកើតចេញពីប្លាស្ទិកចំពោះបរិស្ថាន និងសុខភាពមនុស្សទេ។ តាំងពីជិត ១ឆ្នាំកន្លងទៅ ពោលចាប់ពីថ្ងៃទី១ កក្កដា ឆ្នាំ ២០២២ រដ្ឋាភិបាលបានដាក់វិធានការហាមការផលិត ការនាំចូល និងការលក់ផលិតផលប្លាស្ទិកណាដែលប្រើតែមួយដង រួចបោះចោល ដូចយ៉ាងបំពង់បឺត ឬមួយក៏កែវ។ការបំពានលើវិធានការមួយនេះនឹងរងការផាកពិន័យជាប្រាក់ដល់ទៅជាង ១០ម៉ឺនរូពី ឬស្មើជាង ១ ២០០ដុល្លារ ឬមួយក៏ប្រឈមនឹងការជាប់ក្នុងពន្ធនាគាររហូតដល់ ៥ឆ្នាំ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏បានបង្កើតឲ្យមានច្បាប់មួយដោយតម្រូវឲ្យអ្នកផលិតប្លាស្ទិកជាអ្នកទទួលខុសត្រូវក្នុងការប្រមូល និងកែច្នៃប្លាស្ទិកដើម្បីប្រើប្រាស់ឡើងវិញ។ កម្មវត្ថុរបស់រដ្ឋាភិបាលក្នុងការបង្កើតវិធានការកាលពីខែកក្កដា ឆ្នាំ ២០២២ គឺឈានទៅបិទបញ្ចប់ការប្រើប្រភេទប្លាស្ទិកតែមួយលើក រួចបោះចោលនៅដំណាច់ឆ្នាំ ២០២២ ដដែល។ តែបញ្ហានៅត្រង់ថា វិធានការរបស់រដ្ឋាភិបាលនេះមិនសូវមានការគោរពឲ្យបានត្រឹមត្រូវ ហើយរដ្ឋអំណាចក៏មិនបានតាមដានលើការអនុវត្តន៍ដែរ។អ៊ីចឹងហើយបានជាពេលនេះឈានដល់ពាក់កណ្តាលឆ្នាំ ២០២៣ ទៅហើយ ប្លាស្ទិកនៅបន្តចោទជាបញ្ហាដដែលនៅក្នុងសង្គមឥណ្ឌា។ តើវាជាកំហុសរបស់អ្នកណា និងថាអ្វីទៅជាដំណោះស្រាយ?។ វាមិនមែនជាកំហុសរបស់អ្នកណាម្នាក់ និងត្រូវទម្លាក់កំហុសដាក់អ្នកណាម្នាក់ដែរ។ តែវាជាការទទួលខុសត្រូវរួមគ្នា និងត្រូវចូលរួមដោះស្រាយរួមគ្នា។ សម្រាប់រដ្ឋាភិបាល គឺត្រូវពង្រឹងការគ្រប់គ្រងសំរាមប្លាស្ទិកឲ្យបានល្អ លើកទឹកចិត្តពលរដ្ឋឲ្យញែករវាងសំរាមស្ងួត និងសំរាមសើម ហើយឈានបន្តិចម្តងៗទៅបិទបញ្ចប់ការប្រើប្លាស្ទិកទាំងស្រុងតែម្តង។ ចំណែកពលរដ្ឋវិញ គឺត្រូវចាប់ផ្តើមប្តូរទម្លាប់ពីការប្រើថង់ប្លាស្ទិក ឬកែវប្លាស្ទិកទៅប្រើថង់ក្រណាត់ ឬកែវក្រដាសវិញ។តែអ្វីដែលត្រូវធ្វើមុនគេនៅចំពោះមុខ គឺបញ្ឈប់ទម្លាប់អាក្រក់ដែលបោះចោលសំរាមពាសវាល ពាសកាល ពិសេសសំរាមប្លាស្ទិកនេះឯង។ តាមពិតទៅ បើនិយាយត្រឹមប្លាស្ទិកមិនមែនជាបញ្ហាទេ។ អ្វីដែលជាបញ្ហា គឺការបំពុលដែលប្លាស្ទិកបានផ្តល់ទៅលើបរិស្ថាន និងសុខភាពមនុស្ស។ ចូរកុំភ្លេចថា ប្លាស្ទិកជាឃាតករ នៅពេលដែលគេបោះចោលវាពាសវាល ពាសកាលនៅតាមផ្លូវ ក្នុងព្រៃ ក្នុងស្ទឹង បឹងបួរ និងនៅក្នុងសមុទ្រ៕
5/29/2023 • 6 minutes, 14 seconds ហេតុអ្វីជប៉ុនលើកឡើងអំពីការកសាងអនាគតរួមគ្នាជាមួយអាស៊ី?
នាពេលថ្មីៗ តាមរយៈសារព័ត៌មានជប៉ុន The Asian Nikkei នាយករដ្ឋមន្ដ្រីជប៉ុន លោក Fumio Kishida បានលើកឡើងថា ប្រទេសជប៉ុនចង់កសាងអនាគតរួមគ្នាជាមួយប្រទេសដៃគូអាស៊ី។ សម្រាប់ជប៉ុន ឥណ្ឌូប៉ាស៊ីហ្វិកគឺជាដែនដីថ្មីនៃការច្នៃប្រឌិត និងជាដែនដីនៃថាមពលសេដ្ឋកិច្ច ហើយជប៉ុនប្តេជ្ញាគាំទ្រដល់បង្កើតគំនិតអាជីវកម្មថ្មីៗ ដើម្បីដោះស្រាយបញ្ហាសង្គមនានា នៅក្នុងតំបន់នេះ។ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសជប៉ុនផ្តោតលើ "ការកសាងអនាគតរួមគ្នា" ជាមួយដៃគូអាស៊ីរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា ប្រទេសជប៉ុនចង់ធ្វើការជាមួយបណ្ដាប្រទេសផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមសង្គមនានានៅក្នុងតំបន់អាស៊ី។ នេះបើយោងតាមការចេញផ្សាយថ្មីៗដោយសារព័ត៌មានជប៉ុន The Asian Nikkei។លោក Kishida បាននិយាយនៅក្នុងពិធីជប់លៀងអាហារពេលល្ងាចក្នុងអំឡុងពេល “វេទិកាអនាគតអាស៊ី” ដែលរៀបចំដោយសារព័ត៌មាន Nikkei នៅទីក្រុងតូក្យូ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានធ្វើជាប្រធានកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឬគេស្គាល់ថា G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។បើតាមនាយករដ្ឋមន្រ្ដីជប៉ុនរូបនេះ ប្រទេសជប៉ុនចង់ជំរុញលើកកម្ពស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ សម្រាប់លោក ភាពជាដៃគូស្មើភាព និងការបង្កើតអនាគតរួមគ្នានៅតំបន់អាស៊ីនឹងមានសារៈសំខាន់ខ្លាំងណាស់។ កន្លងមក ជប៉ុនបានធ្វើការជាមួយរដ្ឋាភិបាលមកពីប្រទេសអាស៊ីផ្សេងៗ និងជាមួយវិស័យឯកជនផងដែរ។នាពេលបច្ចុប្បន្ន អាស៊ីកំពុងក្លាយជាទីផ្សារនៃអ្នកប្រើប្រាស់ដ៏ធំបំផុតមួយរបស់ពិភពលោក។ ក៏ប៉ុន្តែ អាស៊ីក៏កំពុងប្រឈមមុខជាមួយនឹងបញ្ហាសង្គមយ៉ាងច្រើនផងដែរ ដូចជា ការកើនឡើងនៃគម្លាតរវាងអ្នកមាន និងអ្នកក្រ ការកកស្ទះចរាចរណ៍ និងការដែលមានហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ និងងាយរងគ្រោះនៅឡើយ នៅក្នុងវិស័យហិរញ្ញវត្ថុ ព័ត៌មាន និងថាមពល។"នាយករដ្ឋមន្រ្ដីជប៉ុនបានបន្តថា អាស៊ីកំពុងងើបឡើងក្លាយជាទីផ្សារដ៏ធំរបស់ពិភពលោក ហើយអាស៊ីមានឆន្ទះក្នុងការដោះស្រាយបញ្ហាសង្គមនានាដែលខ្លួនបានកំពុងនឹងប្រឈម។ តំបន់នេះកំពុងប្រែក្លាយខ្លួនទៅជា មជ្ឈមណ្ឌលបង្កើតថ្មីដ៏សំខាន់របស់ពិភពលោក។ ហើយលោកមានទំនុកចិត្តថា ជប៉ុន និងអាស៊ីអាចកសាងទំនាក់ទំនងថ្មីៗបន្ថែមមួយកម្រិតទៀតនៅក្នុងវិស័យនៃការបង្កើតថ្មី។ជាឧទាហរណ៍ នាយករដ្ឋមន្ដ្រីជប៉ុន លោក Kishida ក៏បានលើកឡើងអំពីប្រព័ន្ធរូបិយប័ណ្ណឌីជីថលបាគង (Cambodia's Bakong digital currency) របស់កម្ពុជាថាជាឧទាហរណ៍នៃកិច្ចសហការបង្កើតថ្មីបែបនេះ។ បាគងគឺជាបច្ចេកវិទ្យា Blockchain សម្រាប់ដាក់ឱ្យដំណើរការ លុយឌីជីថលរបស់ធនាគារកណ្តាលដំបូងគេនៅអាស៊ី។ ប្រព័ន្ធលុយឌីជីថលនេះអាចឱ្យប្រជាពលរដ្ឋដែលមិនមានធនាគារ អាចផ្ទេរប្រាក់នៅលើស្មាតហ្វូនរបស់ពួកគេ។ បាគងគឺជាគម្រោងសហការជាមួយក្រុមហ៊ុន startup ឬក្រុមហ៊ុនបង្កើតថ្មី របស់ជប៉ុន និងធនាគារជាតិកម្ពុជា។លោក Kishida បាននិយាយថា "ខ្ញុំជឿថាយើងអាចបង្កើតបាគងទីពីរ និងទីបីដោយបង្កើតខ្សែច្រវាក់នៃការច្នៃប្រឌិតដែលឆ្លងកាត់ពីព្រំដែនជាតិមួយទៅព្រំដែនជាតិមួយផ្សេងទៀត។"មេដឹកនាំជប៉ុនបានពណ៌នាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកថាជា ព្រំដែនថ្មីនៃការច្នៃប្រឌិត" ដោយនិយាយថាប្រទេសជប៉ុននឹង គាំទ្រយ៉ាងខ្លាំងដល់គម្រោង startups នៅក្នុងព្រំដែនថ្មីនេះ ដោយសហការជាមួយប្រទេសដែលចែករំលែកគំនិតឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ រួមទាំងសហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលសេឡង់ផងដែរ។លោក Kishida បាននិយាយថា "ខ្ញុំមានអារម្មណ៍ថាតំបន់មានសក្តានុពលគ្មានដែនកំណត់ ប្រសិនបើបញ្ហាប្រឈមរបស់សង្គមអាស៊ីទាំងនេះអាចត្រូវបានបំប្លែងទៅជាថាមពល និងការច្នៃប្រឌិតរកដំណោះស្រាយសម្រាប់កំណើនសេដ្ឋកិច្ចអាស៊ី។"ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីជប៉ុនក៏បាននិយាយថា ការបង្កើតច្បាប់ថ្មីដើម្បីគាំទ្រការសហករណ៍គ្នា និងការបង្កើតថ្មី គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយលោកក៏បានលើកឡើងផងដែរអំពី ក្របខ័ណ្ឌសេដ្ឋកិច្ចពហុភាគីដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ និងការរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬគេស្គាល់ថា “CPTPP” និងគម្រោងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ឬគម្រោង RCEP។សម្រាប់រដ្ឋាភិបាលជប៉ុន តំបន់ដែលត្រូវផ្តោតសំខាន់មានចំនួនបួន សម្រាប់កិច្ចសហប្រតិបត្តិការដែលជប៉ុនចងកសាងឱ្យកាន់តែស៊ីជម្រៅ រួមមាន តំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង ប្រទេសកោះប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង។មេដឹកនាំជប៉ុនបាននិយាយថា ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងកសាងទំនាក់ទំនងរបស់ពួកគេឱ្យឈានដល់ "ដំណាក់កាលថ្មីបន្ទាប់ទៀត" នៅពេលដែលពួកគេបានរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូក្នុង ខែធ្នូ ឆ្នាំ២០២២។នៅឯតំបន់អាស៊ីខាងត្បូង មេដឹកនាំជប៉ុនបាននិយាយថា ប្រទេសជប៉ុននឹងបន្តរួមចំណែករៀបចំរចនាសម្ព័ន្ធបំណុល និងជួយស្រីលង្កាឱ្យដើរលើផ្លូវឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។សម្រាប់ករណីកូរ៉េខាងត្បូង ជប៉ុននឹងជំរុញកិច្ចសហប្រតិបត្តិការឡើងវិញ តាមរយៈ "ទំនាក់ទំនងជិតស្និទ្ធ" បន្ទាប់ពីប្រទេសជិតខាងទាំងពីរបានបន្តដោះស្រាយបញ្ហាការទូតឡើងវិញ នាពេលថ្មីៗនេះ។លោក Kishida បានលើកឡើងចុងក្រោយថា "ប្រទេសជប៉ុននឹងបន្តគោរពភាពចម្រុះគ្នានៃអាស៊ី ហើយក្នុងនាមជាដៃគូដ៏ល្អ ជប៉ុននឹងធ្វើការរួមគ្នាជាមួយអាស៊ី ដើម្បីកសាងអនាគតរួមគ្នា"៕
5/29/2023 • 5 minutes, 10 seconds ហេតុដូចម្តេច បានជា ការដាក់ទណ្ឌកម្មពេជ្ររុស្ស៊ី ស្មុគស្មាញយ៉ាងហ្នឹង?
ក្នុងថ្ងៃដំបូងនៃជំនួបកំពូលខ្លួននៅក្រុង Hiroshima បណ្តាប្រទេសលូតលាស់ជាងគេខាងឧស្សាហកម្ម ហៅថា G7 បានប្រកាស ទណ្ឌកម្មថ្មីៗទល់នឹងរុស្ស៊ី ដោយតម្រង់ជាអាទិ៍ លើការជួញពេជ្រ ដែលនាំមកនូវកម្រៃសែនក្រាសក្រែលដល់រុស្ស៊ី។ ដើម្បីអនុវត្តទណ្ឌកម្មនេះ ក្រុមប្រទេសG7 នឹងប្រើប្រាស់វិធីសាស្ត្របច្ចេកវិទ្យាឈានមុខ ក្នុងការតាមដានរក ថាពេជ្រនោះមានប្រភពមកពីណា។
”ពេជ្រ មិនមែន អមតៈទេ “ - សំដីចំអកនេះ បន្លឺឡើងដោយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ក្នុងបទអន្តរាគមន៍ខ្លួន នៅពីមុខប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ក្រុមG7 ក្នុងក្រុង ជប៉ុន Hiroshima។ ក្រុម G7 ដាក់ទណ្ឌកម្មទល់នឹងពេជ្ររុស្ស៊ី ដែលការនាំវាចេញទៅក្រៅ ផ្តល់ចំណូលបាន ៥.០០០ លានដុល្លារ ក្នុងមួយឆ្នាំៗ ដល់ប្រទេសរុស្ស៊ី។ អង់គ្លេសក្នុងរឿងនេះ ដៃដល់ជាងគេ ដោយបានប្រកាស ហាមមិនឲ្យនាំពេជ្ររុស្ស៊ី ចូលឡើយ - ហាមនេះគឺ ទាំងស្រុង និង គ្មានល័ក្ខខ័ណ្ឌ។
តាំងពីចុងខែកញ្ញាម៉្លេះ គណៈកម្មការអឺរ៉ុប បានស្នើឲ្យដាក់ទណ្ឌកម្មពេជ្ររុស្ស៊ី -ការនេះរំលឹកដោយអ្នក ឆ្លើយឆ្លង របស់ AFP នៅក្រុង Bruxelles លោក Pierre Benazet ។ កាលណោះជា កញ្ចប់ទណ្ឌកម្មទី ៨ ប្រឆាំងរុស្ស៊ី ដែលអនុម័ត ១០ថ្ងៃក្រោយមក ប៉ុន្តែមិនរាប់បញ្ចូល ពេជ្រទេ ដ្បិត ប្រទេស បែលហ្ស៊ិក បានប្រើសិទ្ធិជំទាស់។ តាំងពីពេលនោះមក បញ្ហាដាក់ទណ្ឌកម្មពេជ្រររុស្ស៊ី ត្រូវបានព្យួរទុក ដោយឥតកំណត់ថេរវេលា។ ហើយ ត្រូវការឲ្យមានការចាត់ចែងជាជំនួបកំពូលG7 ដើម្បីឲ្យវាលេចចេញមកជាថ្មី។
ត្រូវតែនិយាយថា វិស័យពេជ្រ របស់ខេត្ត Anvers នៅប៉ែកខាងជើង ប្រទេសបែលហ្ស៊ិក បន្តស្ថិតនៅជា ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់អង់គ្លេស។ ពេជ្រ តំណាងឲ្យ ១៥% នៃ ការនាំចេញរបស់ បែល ហ្ស៊ិក ទៅតំបន់នៅក្រៅសហភាពអឺរ៉ុប និង៥% នៃការនាំចេញសរុប របស់បែលហ្ស៊ិក។ ខេត្ត បែលហ្ស៊ិក Anvers សព្វថ្ងៃស្ថិតនៅជា ប៉ូលមួយសែនសំខាន់នៅក្នុងលោក ខាងជំនួញពេជ្រ។ ៤០% នៃ ពេជ្រច្នៃ៥០%នៃពេជ្រឧស្សាហកម្ម និង៨៥% នៃដុំពេជ្រមិនទាន់ច្នៃ បច្ចុប្បន្នឆ្លងកាត់តាម ប្រទេសបែលហ្សិក។
ប៉ុន្តែ ១ភាគ៣ នៃពេជ្រ គឺនាំចូលពីប្រទេសរុស្ស៊ី - នេះជាមូលហេតុនៃ ក្តីបារម្ភចំពោះទស្សនវិស័យដាក់ទណ្ឌកម្ម លើផ្នែកនេះ ដែលគម្រាមទៅហើយ ដោយការប្រជែងពីខាងឥណ្ឌា។ ត្រូវឲ្យមានការបោះឆ្នោត ក្នុងរដ្ឋសភាបែលហ្សិក គាំទ្រដល់ការដាក់ទណ្ឌកម្មលើពេជ្ររុស្ស៊ី ដើម្បីលោកប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលរូបគាត់ផ្ទាល់ជាជាតិ បែលហ្ស អាចស្នើឲ្យដាក់ទណ្ឌកម្មបែបនេះ។
ជាឧស្សាហកម្មមួយដ៏ចម្បងនៅ ឥណ្ឌា
ពួកប្រទេសក្រុម G7 ឥឡូវ នឹងសាកល្បងបញ្ចុះបញ្ចូលឥណ្ឌា ឲ្យភ្ជាប់ខ្លួនទៅនឹងទណ្ឌកម្មនេះ។ ភារកិច្ច ដែលចោទ មិនមែនងាយស្រួលបំពេញឡើយ ពីព្រោះរុស្ស៊ីជា សម្ព័ន្ធមិត្តយុទ្ធសាស្ត្រ របស់ឥណ្ឌា រាប់ ទសវត្សមកហើយ ហើយ ក្រុង New Delhi សោត មិនថ្កោលទោសម៉ូស្គូ ជាសាធារណៈឯណា ចំពោះ ការលុកលុយចូលអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ ឥណ្ឌាជាប្រទេសនាំចូលពេជ្ររុស្ស៊ី ក្នុងបរិមាណធំធេង ។ ក្រុមហ៊ុនយក្សរុស្ស៊ីខាងជីកពេជ្រ បែបយ៉ាង Alrosa ជាទម្លាប់ទៅហើយ ផ្គត់ផ្គង់ ដល់ទៅ ១ភាគ៣ នៃដុំពេជ្រ សម្រាប់ច្នៃនៅឥណ្ឌា។ នៅ ឥណ្ឌា រដ្ឋ Gujarat ជាទីដែល ច្នៃដល់ទៅ៩០% នៃពេជ្រពិភពលោក ប្រើកម្លាំងមនុស្សដល់ ១លាននាក់ឯណោះ។
ក្រោយពី លុកលុយចូលអ៊ុយក្រែន បរិមាណពេជ្រដែលរុស្ស៊ីនាំចេញ បានធ្លាក់ចុះក្រោមចំហាយទណ្ឌកម្ម បស្ចិមលោក ដែលឆូតឈ្មោះប្រទេសរុស្ស៊ីចេញពី ប្រព័ន្ធធនាគារអន្តរជាតិ SWIFT ។ ទន្ទឹមនេះ ការនាំចេញ នៃពេជ្រឥណ្ឌាដែលច្នៃនិងធ្វើឲ្យរលោង បានស្រុតចុះមែនទែន មកពីសហគ្រាសអាមេរិកាំង និងអឺរ៉ុប នាំគ្នាប្រកែក មិនព្រមទិញ ពេជ្រដែលចេញពីប្រទេសរុស្ស៊ី។
ការនាំចេញនៃពេជ្រឥណ្ឌាដែលច្នៃនិងធ្វើឲ្យរលោង បាននាំចំណូល ១.០៣២ លានដុល្លារ ក្នុងខែមេសា នេះជាទិន្នន័យ នៃក្រុមប្រឹក្សាខាងនាំចេញត្បូងពេជ្រ និង គ្រឿងអលង្ការ GJEPC ដែលចង្អុលឲ្យឃើញ ពីការធ្លាក់ចុះអស់ ៣៩% ឬជាទឹកប្រាក់អស់ជាង ៨០០ លានដុល្លារ បើធៀបទៅនឹង ខែមេសា ឆ្នាំមុន។
តាម ប្រធាន ក្រុមប្រឹក្សា GJEPC លោក Vipul Shah ឧស្សាហកម្មនឹង ប្រកាន់ឥរិយាបថប្រុងប្រយ័ត្ន ចំពោះ ប្រភេទទណ្ឌកម្ម ដាក់ទល់នឹង ពេជ្ររុស្ស៊ី។ គាត់ថ្លែងដូចតទៅ ៖ រុស្ស៊ី ជា ប្រទេសមួយដ៏ចម្បងខាងផ្គត់ផ្គង់ ពេជ្រ ដល់យើង។ ការផ្គត់ផ្គង់នេះ នឹង ធ្លាក់ក្នុងភាពបង្ខិតបង្ខំ។ យើងនឹងប្រឈម ចំពោះបញ្ហាដ៏ធំ ។ រឿង ដែលចោទជាបន្ទាន់គឺ បញ្ហាផ្តល់ការងារដែលនឹងរងផលប៉ះពាល់ធ្ងន់តែម្តង ៕
5/25/2023 • 5 minutes, 5 seconds អាល្លឺម៉ង់ចង់ក្លាយជាមហាយក្សក្នុងវិស័យសឺមីកុងឌុចទ័ រ តែផ្លូវដែលត្រូវដើរនៅវែងឆ្ងាយ និងពោរពេញដោយឧសបគ្គ
ក្នុងរយៈពេលចុងក្រោយនេះ ប្រទេសអាល្លឺម៉ង់បានប្រកាសឲ្យដឹងជាបន្តបន្ទាប់ពីមហាគម្រោងវិនិយោគនៅក្នុងវិស័យសឺមីកុងឌុចទ័រ។ កម្មវត្ថុរបស់សហភាពអឺរ៉ុប និយាយជារួម និងរបស់អាល្លឺម៉ង់ និយាយដោយឡែក គឺដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស។ តែរវាងកង្វះកម្លាំងពលកម្មជំនាញ និងភាពចម្រូងចម្រាសក្នុងរឿងឧបត្ថម្ភធន ផ្លូវដែលអាល្លឺម៉ង់ចង់ក្លាយជាមហាយក្សនៅក្នុងវិស័យយុទ្ធសាស្រ្តមួយនេះនៅវែងឆ្ងាយ និងពោរពេញដោយឧសបគ្គច្រើនរាប់មិនអស់។
ជាងពេលណាៗទាំងអស់ មិនថាប្រទេសអាល្លឺម៉ង់ ឬប្រទេសផ្សេងទេ សឺមីកុងឌុចទ័រ ឬហៅដោយសាមញ្ញបន្ទះឈីបអេឡិចត្រូចនិកជាផលិតផលដែលគ្រប់គ្នាកំពុងត្រូវការខ្លាំង។ ជាផលិតផលត្រូវការ និងកំពុងពេញនិយមខ្លាំង ព្រោះសឺមីកុងឌុចទ័រត្រូវបានគេយកទៅបំពាក់នៅក្នុងរថយន្តអគ្គិសនី ស្មាតហ្វូន កង្ហារយក្ស ឬមួយក៏គ្រាប់មីស៊ីលជាដើម។ គេអាចនិយាយបានថា បើគ្មានបន្ទះឈីបអេឡិចត្រូនិកមួយនេះទេ គេមិនអាចផលិតរថយន្តអគ្គិសនី ឬស្មាតហ្វូនបានឡើយ។ ដូច្នេះ វាជារឿងមួយធម្មតា និងមិនភ្ញាក់ផ្អើលដែលម្នាក់ៗកំពុងព្យាយាមក្រសោបយកទីផ្សារសឺមីកុងឌុចទ័រ។
នៅក្នុងប្រទេសអាល្លឺម៉ង់ រោងចក្រផលិតសឺមីកុងឌុចទ័រឈ្មោះអ៊ីនហ្វីណុន(Infineon) ក្នុងទីក្រុងដ្រេស (Dresde) ដែលបានបោះទុនវិនិយោគចំនួន ៥ ០០០លានអឺរ៉ូទើបបើកសម្ពោធដាក់ឲ្យដំណើរការនាដើមខែឧសភានេះ។ ប្រមុខរដ្ឋាភិបាលលោកអូឡាហ្វ ស្ហុលស៍បានថ្លែងនាឱកាសនោះដោយចាត់ទុកសឺមីកុងឌុចទ័រជាប្រេងប្រចាំសតវត្សរ៍ទី២១។ នៅក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងនាចុងសប្តាហ៍កន្លងទៅ ពាក្យសឺមីកុងឌុចទ័រដដែលនេះក៏ត្រូវបានលោកអូឡាហ្វ ស្ហុលស៍លើកយកទៅនិយាយជាមួយថ្នាក់ដឹកនាំកូរ៉េខាងត្បូងដោយអំពាវនាវឲ្យពួកគេដាក់ទុនវិនិយោគនៅលើទឹកដីអឺរ៉ុប។
ក្រៅពីរោងចក្រ អ៊ីនហ្វីណុន របស់អាល្លឺម៉ង់ដែលទើបបានបើកសម្ពោធថ្មីថ្មោង ក្រុមហ៊ុនតៃវ៉ាន់ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអេឡិចត្រូចនិកដ៏ធំមួយក្នុងលោកក៏កំពុងបន្តការចរចាជាមួយរដ្ឋាភិបាលអាល្លឺម៉ង់ដើម្បីបង្កើតរោងចក្រផលិតសឺមីកុងឌុចទ័រនៅក្នុងទីក្រុងដ្រេសដែរ។ តាម TSMC ការចរចាដែលបានចាប់ផ្តើមតាំងពីជាង ១ឆ្នាំនឹងត្រូវចេញលទ្ធផលនៅក្នុងខែសីហាខាងមុខ។ គួរបញ្ជាក់ថា ទីក្រុងដ្រេសរបស់អាល្លឺម៉ង់ដែលជាប៉ូលអឺរ៉ុបទី១ ផ្នែកផលិតមីក្រូអេឡិចត្រូនិកត្រូវបានគេដាក់ឈ្មោះជា « Silicon Saxony »។
ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី១ នៅអឺរ៉ុប អាល្លឺម៉ង់ចង់ឃើញអឺរ៉ុបមានភាពម្ចាស់ការខ្លួនឯងនៅក្នុងការផលិតសឺមីកុងឌុចទ័រដោយផ្តើមកាត់បន្ថយបន្តិចម្តងៗពីការពឹងផ្អែកលើការនាំចូលពីបរទេស។ អឺរ៉ុប និងអាល្លឺម៉ង់យល់មិនខុសទេថា ការពឹងដង្ហើមអ្នកដទៃដើម្បីដក ពិសេសនៅក្នុងវិស័យយុទ្ធសាស្រ្តដូចយ៉ាងសឺមីកុងឌុចទ័រ ជារឿងលំបាក និងគ្រោះថ្នាក់ខ្លាំងណាស់។ អ៊ីចឹងហើយបានជានៅក្នុងខែមេសាកន្លងទៅ សហភាពអឺរ៉ុបបានអនុម័តលើផែនការវិនិយោគនៅក្នុងវិស័យសឺមីកុងឌុចទ័រដែលមានទឹកប្រាក់ដល់ទៅ ៤៣ ០០០លានអឺរ៉ូ។ កម្មវត្ថុដែលអឺរ៉ុបចង់បាន គឺឈានទៅក្រសោបទីផ្សារសឺមីកុងឌុចទ័រក្នុងលោកចំនួន ២០% នៅឆ្នាំ ២០៣០។
តែដើម្បីអាចឈានដល់គោលដៅមួយនេះបាន អឺរ៉ុបត្រូវបង្កើនផលិតកម្មសឺមីកុងឌុចទ័រមួយគុណនឹងបួន។ មួយវិញទៀត អឺរ៉ុបត្រូវប្រឈមនឹងគូប្រជែងគ្រាក់ៗផ្សេងទៀតក្នុងលោក ពិសេសអាមេរិកដែលគ្រោងវិនិយោគលើវិស័យសឺមីកុងឌុចទ័រក្នុងទឹកប្រាក់ជាង ៥០ ០០០លានដុល្លារ។ សម្រាប់អាល្លឺម៉ង់និយាយដោយឡែក មហិច្ឆតា និងឆន្ទៈចង់ក្លាយជាមហាយក្សសឺមីកុងឌុចទ័រពិតជាមាន។ តែដើម្បីឲ្យសុបិន្តមួយនេះក្លាយជាការពិតបាន មានបញ្ហាសំខាន់នៅចំពោះមុខចំនួនពីរដែលអាល្លឺម៉ង់ត្រូវដោះស្រាយ។ បញ្ហាទី១ ទាក់ទងនឹងឧបត្ថម្ភធនសាធារណៈ ឬនិយាយបែបសាមញ្ញ ប្រាក់ជំនួយរបស់រដ្ឋសម្រាប់ក្រុមហ៊ុន ឬរោងចក្រដែលវិនិយោគក្នុងវិស័យសឺមីកុងឌុចទ័រ និងបញ្ហាទី២ គឺធនធានមនុស្សដែលមានជំនាញ។
មានមតិពីរផ្ទុយគ្នានៅក្នុងរឿងឧបត្ថម្ភធនសាធារណៈ។ អ្នកខ្លះយល់ថា រដ្ឋត្រូវដាក់លុយឲ្យច្រើនដើម្បីជួយគាំទ្រវិស័យឯកជនក្នុងការបង្កើនវិនិយោគនៅក្នុងវិស័យសឺមីកុងឌុចទ័រ។ តែអ្នកខ្លះទៀតយល់ថា រដ្ឋគួរតែបង្វែរលុយជំនួយនេះទៅធ្វើអ្វីផ្សេងដោយគេយល់ថា អឺរ៉ុប និងអាល្លឺម៉ង់មិនអាចគេផុតពីការពឹងផ្អែកលើការនាំចូលសឺមីកុងឌុចទ័រពីបរទេសបានទេ។ ទាក់ទងនឹងធនធានមនុស្សដែលមានជំនាញវិញ អាល្លឺម៉ង់កំពុងប្រឈមនឹងការខ្វះខាតខ្លាំង។ ការសិក្សាមួយចេញផ្សាយកាលពីខែធ្នូ ឆ្នាំ ២០២២ ដោយវិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់បានឲ្យដឹងថាបច្ចុប្បន្ន អាល្លឺម៉ង់កំពុងខ្វះពលករជំនាញចំនួន ៦២ ០០០នាក់នៅក្នុងវិជ្ជាជីវៈផ្សេងៗនៃឧស្សាហកម្មបន្ទះឈីប។
សរុបមកវិញ ផ្លូវដែលអាល្លឺម៉ង់ត្រូវដើរដើម្បីអាចក្លាយជាមហាអំណាចនៅក្នុងវិស័យសឺមីកុងឌុចទ័រនៅវែងឆ្ងាយ និងពោរពេញដោយឧសបគ្គ។ សព្វថ្ងៃនេះ មានកោះមួយ និង ២ប្រទេសដែលកំពុងក្រសោបទីផ្សារសឺមីកុងឌុចទ័រក្នុងលោក គឺតៃវ៉ាន់ កូរ៉េខាងត្បូង និងចិន។ គ្រាន់តែតៃវ៉ាន់ម្នាក់ឯងបានផ្គត់ផ្គង់ដល់ទៅ ៩០% ឯណោះ។ ដូច្នេះនៅពេលខាងមុខ អឺរ៉ុប និងអាល្លឺម៉ង់ប្រហែលចៀសមិនរួចពីការបន្តនាំចូលសឺមីកុងឌុចទ័រពីបរទេស គ្រាន់តែថា ការនាំចូលអាចនឹងកាត់បន្ថយជាងមុខ។ ចំណែកតៃវ៉ាន់ កូរ៉េខាងត្បូង ឬចិនក៏ប្រហែលមិនទុកបណ្តោយឲ្យប្រទេសណាមួយដណ្តើមទីផ្សារសឺមីកុងឌុចទ័រពីដៃខ្លួនដោយងាយៗឡើយ៕
5/24/2023 • 5 minutes, 52 seconds អាមេរិក៖ កិច្ចព្រមព្រៀងប្រវត្តិសាស្រ្តដើម្បីបញ្ចៀ សវិបត្តិខ្វះទឹកទន្លេខូឡូរ៉ាដូ
ក្រោយពីបានចរចាគ្នាយ៉ាងតានតឹង រដ្ឋនៅប៉ែកខាងលិចសហរដ្ឋអាមេរិក បានឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីថ្ងៃចន្ទកន្លងទៅ ស្តីពីការកាត់បន្ថយការប្រើប្រាស់ទឹក ពីទន្លខូឡូរ៉ាដូ។ ទន្លេខូឡូរ៉ាដូ ដែលកំពុងប្រឈមនឹងវិបត្តិ ដោយសារតែបរិមាណទឹកត្រូវធ្លាក់ចុះខ្លាំង ដោយសារតែគ្រោះរាំងស្ងួត និងការឡើងកម្តៅផែនដី។
ទន្លេខូឡូរ៉ាដូ មានប្រវែងសរុប ២៣៣០គីឡូម៉ែត្រ ហូរចេញពីតំបន់ជួរភ្នំ Rocky Mountains ក្នុងរដ្ឋខូឡូរ៉ាដូ ចាក់ចូលទៅក្នុងឈូងសមុទ្រកាលីហ្វ័រញ៉ា គឺជាប្រភពទឹកដ៏ចម្បងមួយ សម្រាប់ប្រជាជនប្រមាណជា ៤០លាននាក់ រស់នៅតាមបណ្តារដ្ឋ នៅប៉ែកខាងលិចសហរដ្ឋអាមេរិក។ ទាំងតួទន្លេ ដៃទន្ល ព្រមទាំងបឹង ដែលនៅតាមបណ្តោយទន្លេ ផ្តល់ទឹកសម្រាប់ប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ទឹកសម្រាប់ប្រើប្រាស់នៅតាមផ្ទះ និងនៅតាមទីក្រុងសំខាន់ៗផង ហើយក៏ជាប្រភពចម្បងមួយផងដែរ សម្រាប់ការផលិតថាមពលអគ្គិសនី តាមរយៈទំនប់វារីអគ្គិសនី។
ក៏ប៉ុន្តែ ជាមួយនឹងការឡើងកម្តៅផែនដី ដែលបង្កើតទៅជាគ្រោះរាំងស្ងួតស្ទើរជាប្រចាំ នៅក្នុងរយៈពេលប្រមាណជាពីរទសវត្សរ៍ចុងក្រោយនេះ កម្រិតកម្ពស់ទឹកក្នុងទន្លេខូឡូរ៉ាដូចេះតែបន្តធ្លាក់ចុះជារៀងរាល់ឆ្នាំ ដោយយោងតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្ត ចុះផ្សាយ នៅក្នុងទស្សនាវដ្តី Nature កាលពីឆ្នាំទៅមិញ គេបានរកឃើញថា នៅក្នុងចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១ តំបន់នៅប៉ែកនិរតីសហរដ្ឋអាមេរិកទទួលទឹកភ្លៀងតិចបំផុតមិនធ្លាប់ឃើញមាន នៅក្នុងរយៈពេលយ៉ាងតិច ១២០០ឆ្នាំកន្លងទៅ ហើយនៅក្នុងអំឡុងរដូវក្តៅ ឆ្នាំ២០២២កន្លងទៅនេះ កម្រិតកម្ពស់ទឹកទន្លេខូឡូរ៉ាដូ បានធ្លាក់ចុះទាបខ្លាំង រហូតធ្វើឲ្យទំនប់វារីអគ្គិសនី ក៏ត្រូវប្រឈមនឹងការខ្វះទឹក សម្រាប់ដំណើរការផលិតថាមពលអគ្គិសនី។
ប្រឈមនឹងបញ្ហាខ្វះទឹកនេះ ដែលតម្រូវឲ្យមានការកាត់បន្ថយការប្រើប្រាស់ទឹក ភាពតានតឹងក៏ត្រូវកើតមានឡើង រវាងបណ្តារដ្ឋទាំង ៧ (Colorado, Wyoming, Utah, New Mexico, Arizona, California, Nevada) ដែលពឹងផ្អែកខ្លាំងលើប្រភពទឹក ពីទន្លេខូឡូរ៉ាដូ។
រដ្ឋាភិបាលសហព័ន្ធបានទាមទារឲ្យរដ្ឋទាំង ៧ ចរចាគ្នា ស្វែងរកកិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹកឲ្យបាន ២៥% ប្រៀបធៀបនឹងតម្រូវការបច្ចុប្បន្ន។ ក៏ប៉ុន្តែ ការចរចានេះចេះតែបន្តអូសបន្លាយពេលរាប់ខែ ជាពិសេស គឺដោយសារតែមានការខ្វែងគំនិតគ្នា ជុំវិញសំណួរថា តើរដ្ឋណាត្រូវមានភារៈកាត់បន្ថយការប្រើប្រាស់ទឹក ក្នុងកម្រិតណា?
ជារួម គេសង្កេតឃើញមានការប្រឈមមុខដាក់គ្នា រវាងម្ខាងរដ្ឋកាលីហ្វ័រញ៉ា និងម្ខាងទៀត រដ្ឋ ៦ផ្សេងទៀត ដែលទាមទារឲ្យកាលីហ្វ័រញ៉ាត្រូវមានភារៈកាត់បន្ថយការប្រើប្រាស់ទឹកច្រើនជាងគេ ដោយសារតែមកទល់នឹងពេលបច្ចុប្បន្ននេះ គឺរដ្ឋកាលីហ្វ័រញ៉ា ដែលទាញយកទឹកពីទន្លេខូឡូរ៉ាដូមកប្រើប្រាស់បានច្រើនជាងគេ។
ប្រឈមនឹងការជាប់គាំងនេះ រដ្ឋាភិបាលរបស់ចូ បៃដិន ក៏ព្រមាន កាលពីខែមេសាកន្លងទៅថា ដើម្បីធានានូវប្រភពផ្គត់ផ្គង់ទឹកដោយចីរភាពពីទន្លេខូឡូរ៉ាដូ នៅក្នុងបរិបទនៃការឡើងកម្តៅផែនដី ការកាត់បន្ថយការប្រើប្រាស់ទឹក វាគឺជារឿងចាំបាច់ដែលត្រូវតែធ្វើដោយខានមិនបាន ដូច្នេះ ឬមួយរដ្ឋទាំង ៧ ព្រមព្រៀងគ្នាលើការបែងចែកកាតព្វកិច្ចកាត់បន្ថយការប្រើប្រាស់ទឹកដោយខ្លួនឯង ឬមួយ រដ្ឋាភិបាលសហព័ន្ធនឹងជាអ្នកចេញមុខធ្វើអន្តរាគមន៍ជាឯកតោភាគី កំណត់កាតព្វកិច្ចលើរដ្ឋទាំង ៧។
នៅទីបំផុត ការព្រមព្រៀងគ្នាមួយត្រូវបានគេរកឃើញ កាលពីថ្ងៃចន្ទ ដោយនៅក្នុងនោះ រដ្ឋចំនួន ៣ គឺកាលីហ្វ័រញ៉ា អារីសូណា និងនេវ៉ាដា បានសុខចិត្តកាត់បន្ថយការប្រើប្រាស់ទឹកឲ្យបាន ៣ពាន់៧រយលានម៉ែត្រគូប ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៦ខាងមុខ ពោលគឺ ស្មើនឹងប្រមាណជា ១៣% នៃបរិមាណទឹក ដែលរដ្ឋទាំង ៣ ទាញយកពីទន្លេខូឡូរ៉ាដូ ក្នុងពេលបច្ចុប្បន្ន។
នៅក្នុងបរិមាណទឹកដែលត្រូវកាត់បន្ថយការប្រើប្រាស់នេះ ប្រមាណជា ៣ភាគ៤ នឹងត្រូវប៉ះប៉ូវមកវិញ ដោយរដ្ឋាភិបាលសហព័ន្ធ តាមរយៈការផ្តល់លុយ ១ពាន់២រយលានដុល្លារ ទៅដល់ប្រជាកសិករ ក៏ដូចជាប្រជាជនដែលរស់នៅតាមទីក្រុង ហើយដែលត្រូវកាត់បន្ថយការប្រើប្រាស់ទឹក។ ចំណែក ១ភាគ៤ផ្សេងទៀត គឺជាបន្ទុករបស់រដ្ឋទាំង ៣។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោកប្រធានាធិបតីចូ បៃដិន បានសាទរកិច្ចព្រមព្រៀងនេះ ដោយបានលើកឡើងថា វាគឺជាជំហានដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារស្ថិរភាពនៃប្រព័ន្ធផ្គត់ផ្គង់ទឹកនៅក្នុងទន្លេខូឡូរ៉ាដូ ប្រឈមនឹងការប្រែប្រួលអាកាសធាតុ។
ក៏ប៉ុន្តែ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ការកាត់បន្ថយការប្រើប្រាស់ទឹក នៅក្នុងបរិមាណ ដែលបានព្រមព្រៀងគ្នានេះ គឺគ្រាន់តែជាវិធានការ សម្រាប់រយៈពេលខ្លីតែប៉ុណ្ណោះ។ នៅក្នុងបរិបទនៃការឡើងកម្តៅផែនដីបច្ចុប្បន្ននេះ គេត្រូវការជាចាំបាច់នូវវិធានការផ្សេងបន្ថែមពីលើនេះទៅទៀត ទើបអាចជាដំណោះស្រាយសម្រាប់រយៈពេលវែងទៅថ្ងៃអនាគតបាន៕
5/24/2023 • 4 minutes, 40 seconds ហេតុអ្វីបានជាបស្ចិមលោកពិបាកដើរតាមផ្លូវរបស់សម្ព័ន្ធអារ៉ាប់ក្នុងការភ្ជាប់ទំនាក់ទំនងប្រក្រតីជាមួយស៊ីរីឡើងវិញ?
សម្ព័ន្ធអារ៉ាប់បានរៀបចំកិច្ចប្រជុំកំពូលក្នុងទីក្រុងជេដា ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសុក្រ ទី១៩ ឧសភា។ ព្រឹត្តិការណ៍លេចធ្លោខ្លាំងនៅក្នុងកិច្ចប្រជុំកំពូលលើកនេះ គឺការវិលត្រឡប់ចូលសម្ព័ន្ធអារ៉ាប់ជាថ្មីរបស់ប្រទេសស៊ីរីក្នុងនាមជាសមាជិក បន្ទាប់ពីបានវត្តមានអស់រយៈពេល ១២ឆ្នាំ។ នៅចំពោះមុខការវិលត្រឡប់របស់ស៊ីរីទៅរួមរស់ជាមួយគ្រួសារអារ៉ាប់ឡើងវិញពេលនេះ តើបស្ចិមលោកយល់ឃើញយ៉ាងណា និងថា ហេតុអ្វីបានជាបស្ចិមលោកពិបាកដើរតាមផ្លូវរបស់សម្ព័ន្ធអារ៉ាប់ក្នុងការភ្ជាប់ទំនាក់ទំនងប្រក្រតីជាមួយស៊ីរីឡើងវិញ?។
១២ឆ្នាំក្រោយមក ស៊ីរីបានរកឃើញឡើងវិញនូវកន្លែងរបស់ខ្លួននៅក្នុងសម្ព័ន្ធអារ៉ាប់ ហើយ ១២ឆ្នាំក្រោយមក ប្រធានាធិបតីស៊ីរីលោកអាសាដបានទទួលជាថ្មីនូវកៅអីរបស់ខ្លួននៅក្នុងក្រុមគ្រួសារអារ៉ាប់មួយនេះ។ គួររម្លឹកថាកាលពី ១២ឆ្នាំមុន ពោលនៅពេលស៊ីរីធ្លាក់ក្នុងសង្រ្គាមហែកហួរផ្ទែក្នុង លោកអាសាដបានប្រើកម្លាំងវាយបង្រ្កាបក្រុមប្រឆាំងយ៉ាងហិង្សា។ កាលណោះ សហគមន៍អន្តរជាតិ និងសម្ព័ន្ធអារ៉ាប់បានអំពាវនាវឲ្យលោកអាសាដបញ្ឈប់ការបង្ហូរឈាមរបស់ពលរដ្ឋខ្លួនឯង។ តែការអំពាវនាវនេះមិនត្រូវបានលោកអាសាដយកត្រចៀកស្តាប់ទេ។ ទីបំផុតកាលណោះ បស្ចិមលោកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងដាក់ឲ្យស៊ីរីនៅឯកោផ្លូវទូត។
ចំណែកសម្ព័ន្ធអារ៉ាប់ក៏បានដាក់ទណ្ឌកម្មដូចគ្នា និងបានព្យួរសមាជិកភាពរបស់ស៊ីរីក្នុងខែវិច្ឆិកា ឆ្នាំ ២០១១។ ១២ឆ្នាំក្រោយមក ស៊ីរីបាននិងកំពុងបន្តផុងជើងនៅក្នុងសង្រ្គាមស៊ីវិលដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើនពាន់នាក់ និងមានពលរដ្ឋពាក់កណ្តាលក្នុងចំណោមពលរដ្ឋសរុប ២២លាននាក់បានភៀសខ្លួនចេញក្រៅប្រទេស ឬមួយក៏បម្លាស់ទីក្នុងស្រុក។ ចំណែកហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសបានរងការខូចខាត និងខ្ទេចខ្ទីរសឹងទាំងស្រុង។ តែនៅក្នុងកិច្ចប្រជុំកំពូលរៀបចំក្នុងក្រុងជេដា ប្រទេសអារ៉ាប៊ីសាអូឌីត សម្ព័ន្ធអារ៉ាប់ និងក្រុមប្រទេសអារ៉ាប់ខ្លះបានមើលមិនឃើញ ឬធ្វើជាមើលមិនឃើញនូវទំព័រខ្មៅងងឹតនៅស៊ីរី ពិសេសទុក្ខលំបាកវេទនារបស់ប្រជាជនក្នុងរយៈពេល ១២ឆ្នាំកន្លងទៅ។
នេះពិតជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ប្រជាជនស៊ីរីទូទៅ ពិសេសក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីដែលចង់បានការផ្លាស់ប្តូរ និងការដួលរលំរបបផ្តាច់ការរបស់លោកអាសាដ។ តាមពិត ឥស្សរជនដែលនៅពីក្រោយវិលត្រឡប់ជាថ្មីរបស់ស៊ីរីទៅក្នុងសម្ព័ន្ធអារ៉ាប់ពេលនេះ គឺរាជទាយាទអាប៊ីសាអូឌីតបេន សាលម៉ាន។ កម្មវត្ថុរបស់មនុស្សខ្លាំងអារ៉ាប៊ីសាអូឌីតអង្គនេះ គឺរៀបចំសណ្តាប់ធ្នាប់តំបន់មជ្ឈិមបូព៌ាឡើងវិញ ហើយការរួបរួមជាមួយរដ្ឋាភិបាលស៊ីរីរបស់លោកអាសាដជាថ្មី គឺជាចំណែកមួយចាំបាច់មិនអាចខ្វះបាន។ ព្រះអង្គម្ចាស់បេន សាលម៉ានយល់មិនច្រឡំទេថា តំបន់មជ្ឈិមបូព៌ាកំពុងមានស្ថានការណ៍រញ៉េរញ៉ៃ និងពោរពេញដោយជម្លោះប្រដាប់អាវុធច្រំដែលរាប់មិនអស់។
តែអ្វីដែលព្រះអង្គម្ចាស់បេន សាលម៉ានកំពុងមើលរំលង ឬធ្វើជាមើលរំលងនោះគឺថា លោកអាសាដកំពុងបន្តដឹកនាំប្រទេសតាមបែបផ្តាច់ការដោយបង្រ្កាបលើពលរដ្ឋខ្លួនឯងមិនរើសមុខ។ ចុះសម្រាប់ក្រុមប្រទេសលោកខាងលិចវិញ តើពួកគេយល់ឃើញយ៉ាងម៉េចចំពោះកាយវិការរបស់ព្រះអង្គម្ចាស់បេន សាលម៉ានពេលនេះ?។ គ្មានវាចាអ្វីទាំងអស់ ជាកាយវិការត្រឹមត្រូវមិននិយាយ ហើយជាកាយវិការមិនត្រឹមត្រូវក៏មិននិយាយដែរ។ ជម្រើសរបស់បស្ចិមប្រទេសហាក់មានតែពីរគត់ ទី១ ទទួលយកតាមការសម្រេចរបស់ព្រះអង្គម្ចាស់បេន សាលម៉ាន និងទី២ បន្តទាមទារឲ្យក្រុមដៃគូអារ៉ាប់បន្តដាក់សម្ពាធលើរដ្ឋាភិបាលស៊ីរីដើម្បីឲ្យលោកអាសាដវិលចូលតុចរចាស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាម។
គេអាចយល់ពីជម្រើសរបស់បស្ចិមលោកព្រោះតាំងពីស៊ីរីធ្លាក់ក្នុងសង្រ្គាមស៊ីវិលមក បស្ចិមលោកមិនដែលស្នើដំណោះស្រាយអ្វី និងបានទុកឲ្យស៊ីរីបន្តរស់តាមវាសនារបស់ខ្លួន។ លើសពីនេះ ស៊ីរីក៏ត្រូវបានក្រុមប្រទេសមហាអំណាចប្រើជាសមរភូមិដើម្បីប្រជែងកម្លាំងនឹងគ្នាថែមទៀត។ ក្នុងរយៈពេល ១២ឆ្នាំ សហរដ្ឋអាមេរិកក៏ដូចជាសហភាពអឺរ៉ុបបាន និងកំពុងបន្តអនុវត្តនូវនយោបាយគ្មានដំណោះស្រាយចំពោះស៊ីរី។ តាមអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំស៊ីរីលោក Robert Ford អាមេរិកបន្តអនុវត្តនូវនយោបាយចំនួន ៣យ៉ាង គឺការដាក់ទណ្ឌកម្ម ការប្រឆាំងនឹងភេរវនិយម និងការផ្តល់ជំនួយមនុស្សធម៌។ ចំណែកអតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំស៊ីរីលោក Michel Duclos បានបញ្ជាក់ថា អាមេរិកក៏ដូចជាអឺរ៉ុបកំពុងបន្តរក្សានូវជំហរ ៣មិនចំពោះស៊ីរី គឺមិនភ្ជាប់ទំនាក់ទំនងប្រក្រតី មិនកសាងឡើងវិញ និងមិនលើកទណ្ឌកម្មចេញវិញ។
សំណួរ តើបស្ចិមលោកគួរប្តូរយុទ្ធសាស្រ្តដើរតាមផ្លូវដែលទើបត្រួសត្រាយថ្មីដោយសម្ព័ន្ធអារ៉ាប់ចំពោះស៊ីរីនៅពេលនេះដែរ ឬទេ?។ សម្រាប់លោក Michel Duclos មានតែបស្ចិមលោកខ្លួនឯងទេដែលអាចឆ្លើយនឹងសំណួរនេះបាន។ តែបើតាមមើលទៅ ផ្លូវឆ្ពោះទៅមានទំនាក់ទំនងធម្មតាឡើងវិញជាមួយស៊ីរីរបស់បស្ចិមលោកប្រហែលជារឿងពិបាកបន្តិច ព្រោះអ្វីដែលបស្ចិមលោកចង់បានតាំងពី ១២ឆ្នាំមកដល់សព្វថ្ងៃ គឺការផ្លាស់ប្តូរនៅស៊ីរី ឬនិយាយឲ្យស្រួលយល់ ការដួលរលំរបបផ្តាច់ការរបស់លោកអាសាដ។ បញ្ហានៅត្រង់ថា លោកអាសាដហាក់កំពុងបន្តតោងអំណាចយ៉ាងណែនក្នុងដៃ។ ត្រង់ចំណុចនេះត្រូវបានរាជទាយាទអារ៉ាប៊ីសាអូឌីតបេន សាលម៉ានពន្យល់ថា នយោបាយដាក់ស៊ីរីឲ្យនៅឯកោផ្លូវទូតរយៈពេល ១២ឆ្នាំគ្មានប្រសិទ្ធិភាព និងល្មមដល់ពេលដែលសម្ព័ន្ធអារ៉ាប់ចេញមុខគិតគូរដោះស្រាយបញ្ហាតំបន់ ពិសេសបញ្ហាសមាជិករបស់ខ្លួនដោយខ្លួនឯង។
នេះស បញ្ជាក់ឲ្យឃើញពីភាពម្ចាស់ការ និងការទទួលខុសត្រូវរបស់សម្ព័ន្ធអារ៉ាប់ និយាយជារួម និងរបស់អារ៉ាប៊ីសាអូឌីត និយាយដោយឡែកនៅមជ្ឈិមបូព៌ា។ តែអ្វីដែលគេមិនភ្លេចនិយាយ វត្តមានជាថ្មីរបស់ស៊ីរីនៅក្នុងគ្រួសារអារ៉ាប់ជាជោគជ័យផ្ទាល់ខ្លួនរបស់ព្រះអង្គម្ចាស់បេន សាលម៉ានដែលចង់ឃើញអារ៉ាប៊ីសាអូឌីតដើរតួនាទីជាបងធំនៅក្នុងតំបន់៕
5/22/2023 • 5 minutes, 55 seconds ហេតុអ្វីចិន និងឥណ្ឌាជំរុញកំណើនសេដ្ឋកិច្ចសកលឆ្នាំ២ ០២៣?
វិបត្តិនៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ បានក្លាយជាប្រធានបទក្ដៅ ក្នុងការវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន បន្ថែមពីលើបញ្ហាសកលនានាដែលពិភពលោកកំពុងប្រឈមស្រេចស្រាប់។ ដូច្នេះ ភាពមិនច្បាស់នៅតែមាន ក៏ប៉ុន្តែ អាស៊ីគឺជាតំបន់គន្លឹះក្នុងការជំរុញការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ២០២៣នេះ។ ក្នុងនោះ ប្រទេសចិន និងឥណ្ឌានឹងរួមចំណែកប្រហែលពាក់កណ្តាលនៃកំណើនសេដ្ឋកិច្ចពិភពលោក។
តំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺជាតំបន់គន្លឹះ ក្នុងការជំរុញការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ២០២៣នេះ នៅពេលដែលពិភពលោកបច្ចុប្បន្ននៅបន្ដប្រឈមបរិបទសេដ្ឋកិច្ចយ៉ាប់យ៉ឺននៅឡើយ។ នេះបើផ្អែកតាមការព្យាកររបស់ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF)។
តំបន់អាស៊ីនឹងរួមចំណែកប្រហែល ៧០ភាគរយនៃកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣ ស្របពេលដែលតំបន់អឺរ៉ុបរួមចំណែកប្រមាណតែ ៧ភាគរយ និងតំបន់អាមេរិកតំណាងប្រហែល ១៤ភាគរយ។ ក្នុងនោះ ចិនតំណាងឱ្យជិត ៣៥ភាគរយ ហើយឥណ្ឌាតំណាងឱ្យជាង ១៥ភាគរយ។ ដូច្នេះ ប្រទេសធំទាំងពីរ គឺ ចិន និងឥណ្ឌាគឺជាសេចក្ដីសង្ឃឹមនៃដង្ហើមសេដ្ឋកិច្ចសកល។
របាយការណ៍ “ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់” ចុងក្រោយបំផុតរបស់ស្ថាប័នអន្ដរជាតិ IMF បានពិពណ៌នាថា តំបន់អាស៊ីគឺជាតំបន់ដែលមានភាពធន់ និងមានថាមពលសេដ្ឋកិច្ចប្រសើរជាងគេបំផុតរបស់ពិភពលោក នាពេលបច្ចុប្បន្ន។ កំណើនសេដ្ឋកិច្ចនៅអាស៊ី និងប៉ាស៊ីហ្វិកត្រូវគេព្យាករណ៍ថានឹងកើនឡើងដល់ប្រមាណ ៤,៦ភាគរយនៅឆ្នាំនេះ ពី ៣,៨ភាគរយកាលពីឆ្នាំមុន។
ហេតុអ្វីតំបន់អាស៊ីរួមចំណែកខ្ពស់បែបនេះ?
មូលហេតុចម្បងដែលអាស៊ីរួមចំណែកខ្លំាងដល់កំណើនសេដ្ឋកិច្ចពិភពលោក គឺការបើកដំណើរការឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ ការបើកចំហរនេះនឹងធ្វើឱ្យមានការកើនឡើងនៃការប្រើប្រាស់ទូទៅ ហើយវាអាចជំរុញដល់កំណើននៃការប្រើប្រាស់នៅទូទាំងតំបន់អាស៊ីទាំងមូល និងពិភពលោកផងដែរ។ នាប៉ុន្មានឆ្នាំចុងក្រោយ តម្រូវការ និងការប្រើប្រាស់សកលមានការធ្លាក់ចុះច្រើន នៅក្នុងកម្រិតពិភពលោក។
ទោះជាយ៉ាងណា តំបន់អាស៊ីក៏ត្រូវប្រឈមជាមួយបញ្ហាសំខាន់ៗផងដែរ។ នៅក្នុងរយៈពេលខ្លី ការព្យាយាមដោះស្រាយបញ្ហាអតិផរណា ឬការឡើងថ្លៃទំនិញជាទូទៅ តាមរយៈការអនុវត្តយោបាយរូបិយវត្ថុ និងនយោបាយសារពើពន្ធដែលកាន់តែមានកម្រិតតឹងតែង អាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។ ជាភាសាសាមញ្ញ នៅពេលដែលប្រទេសមួយអនុវត្តនយោបាយតឹងតែង គឺគេសំដៅ ដល់ការចាយវាយរបស់រដ្ឋ និងទីផ្សារមានការប្រយ័ត្នប្រយែងខ្ពស់ ឬគេចាយតែទៅលើអ្វីដែលចាំបាច់ប៉ុណ្ណោះ។ ធនាគារកណ្ដាលនៃបណ្ដាប្រទេសលើពិភពលោកធ្វើបែបនេះដើម្បីព្យាយាមរក្សាកម្រិតអតិផរណាគោលដៅប្រមាណ ២ភាគរយ និងរក្សាស្ថិរភាពបំណុលសាធារណៈ ពោលគឺដើម្បីកុំឱ្យទំនិញឡើងថ្លៃពេក ហើយប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាជន។
នាពេលបច្ចុប្បន្ន ប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីមិនសូវរងផលប៉ះពាល់ធំដុំនោះទេ ប្រឈមជាមួយភាពចលាចលនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុដែលបានកើតឡើងនាពេលថ្មីៗនេះ នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប។ ជាឧទាហរណ៍ បញ្ហារបស់ធនាគារស៊្វីស និងធនាគារនៅអាមេរិក។ ក៏ប៉ុន្តែ តំបន់អាស៊ីត្រូវប្រុងប្រយ័ត្នខ្លាំងផងដែរពាក់ព័ន្ធនឹងបញ្ហានៃការកើនឡើងនូវបំណុលគ្រួសារ និងបំណុលសហគ្រាសដែលមានកម្រិតកាន់តែខ្ពស់។
ក្នុងរយៈពេលវែងជាងនេះ សេដ្ឋកិច្ចចិននឹងបន្ដជាប្រភពនៃកំណើនសេដ្ឋកិច្ចពិភពលោក ក៏ប៉ុន្តែភាគរយរួមចំណែកអាចនឹងធ្លាក់ចុះ ហើយប្រទេសឥណ្ឌាកាន់តែរួមចំណែកខ្ពស់។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ សេដ្ឋកិច្ចចិនគឺជាក្បាលម៉ាស៊ីនដ៏ចម្បងនៃកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ និងសម្រាប់សេដ្ឋកិច្ចសកលលោកទាំងមូល។ ក៏ប៉ុន្ដែ សេដ្ឋកិច្ចចិនអាចនឹងថយចុះជាងនេះ ព្រោះថាចិនត្រូវប្រឈមមុខជាមួយបញ្ហាប្រជាសាស្រ្តដែលប្រជាជនចិនកាន់តែមានវ័យចំណាស់ច្រើន អត្រាកំណើតធ្លាក់ចុះ កម្លាំងពលកម្មនៃមនុស្សពេញស័យធ្លាក់ចុះ ហើយនិងការធ្លាក់ចុះនៃផលិតភាពក្នុងប្រទេសចិន។
សេដ្ឋកិច្ចពិភពលោក៖ វិបត្តិហិរញ្ញវត្ថុបង្ហាញភាពផុយស្រួយ
ងាកទៅមើលស្ថានភាពសេដ្ឋកិច្ចពិភពលោកជារួមវិញ ពិភពលោកគឺនៅមានស្ថានភាពមិនច្បាស់លាស់នៅឡើយ ចំពេលដែលពិភពលោកត្រូវបន្ដប្រឈមភាពចលាចលក្នុងវិស័យហិរញ្ញវត្ថុ អតិផរណាខ្ពស់ ឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ដមានវត្តមាន និងវិបត្តិជំងឺកូវីដ១៩ដែលមានរយៈពេលបីឆ្នាំមកហើយ។ នេះបើយោងតាមការវាយតម្លៃនៅក្នុង របាយការណ៍ចេញផ្សាយថ្មីរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ។
ក្រៅពីបញ្ហាដែលមានស្រេចស្រាប់ដូចរៀបរាប់ខាងលើ អ្វីដែលពិភពលោកត្រូវប្រឈមថ្មីគឺ វិបត្តិនៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ។ របាយការណ៍បានបង្ហាញអំពីភាពងាយរងគ្រោះក្នុងវិស័យធនាគារ ដែលបានក្លាយជាចំណុចត្រូវផ្តោតជាសំខាន់ ហើយការភ័យខ្លាចនៃការឆ្លងវិបត្តិនេះទៅប្រព័ន្ធហិរញ្ញវត្ថុទាំងមូល រួមទាំងស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារ ក៏បានក្លាយជាប្រធានបទក្ដៅផងដែរ៕
5/22/2023 • 4 minutes, 39 seconds តើអ្វីទៅជាដំណោះស្រាយស្នើឡើងដោយអ.ស.ប.ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោយប្លាស្ទិក?
ការបំពុលបរិស្ថានដោយសារធាតុប្លាស្ទិក គឺជាបញ្ហាដ៏ចម្បងមួយ ដែលពិភពលោកកំពុងប្រឈម។ ក៏ប៉ុន្តែ កាលពីថ្ងៃអង្គារ កម្មវិធីបរិស្ថានសហប្រជាជាតិបានចេញផ្សាយនូវរបាយការណ៍មួយ ដោយបានស្នើឡើងនូវវិធានការចាំបាច់មួយចំនួន ដែលអាចនឹងជួយកាត់បន្ថយការបំពុលបរិស្ថាន ដោយប្លាស្ទិក បានរហូតដល់ទៅ ៨០% នៅទូទាំងពិភពលោក នៅត្រឹមឆ្នាំ២០៤០ខាងមុខ។ តើដំណោះស្រាយបញ្ហាប្លាស្ទិក ដែលស្នើឡើងដោយអ.ស.ប.នេះ មានអ្វីខ្លះ?
ការបំពុលបរិស្ថានដោយសារធាតុប្លាស្ទិក គឺជាបញ្ហាចម្បង ដែលកើតឡើង នៅស្ទើរតែគ្រប់ទីកន្លែង រាប់ចាប់តាំងពីនៅក្នុងទឹក ទាំងក្នុងមហាសមុទ្រ ទៅដល់តំបន់អាក់ទិក និងទាំងនៅក្នុងខ្យល់ ដែលយើងដកដង្ហើម។ គិតត្រឹមឆ្នាំ២០២១កន្លងទៅ ត្រឹមតែក្នុងមួយឆ្នាំ ផលិតផលប្លាស្ទិក ដែលយើងប្រើតែម្តងរួចហើយបោះចោល បានបង្កើតជាសំណល់ប្លាស្ទិករហូតដល់ទៅ ១៣៩លានតោន នៅទូទាំងពិភពលោក។ ហើយគេព្យាករថា ប្រសិនបើគ្មានចំណាត់ការអ្វីទេនោះ ការផលិតប្លាស្ទិកនៅទូទាំងពិភពលោកនឹងត្រូវកើនឡើង១ជា៣ នៅត្រឹមឆ្នាំ២០៦០ខាងមុខ បង្កើតជាបញ្ហាបំពុលបរិស្ថានកាន់តែធ្ងន់ធ្ងរ ប៉ះពាល់ទៅដល់សុខភាពរបស់មនុស្ស និងទាំងប្រព័ន្ធអេកូឡូហ្ស៊ីនៃជីវៈចម្រុះ ហើយក៏អាចប៉ះពាល់ផងដែរ ទៅដល់អាកាសធាតុលើភពផែនដី។
ហេតុដូច្នេះហើយបានជាវាគឺជារឿងចាំបាច់ ដែលគេត្រូវចាប់ផ្តើមបង្កើនកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយការប្រើផលិតផលប្លាស្ទិក ចាប់តាំងពីពេលនេះទៅ ហើយនៅក្នុងអានុសាសន៍លើកឡើង នៅក្នុងរបាយការណ៍របស់អ.ស.ប. គេអាចកាត់បន្ថយការបំពុលបរិស្ថានដោយប្លាស្ទិកនេះ តាមរយៈយុទ្ធសាស្រ្តចំនួន ៣៖ ប្រើផលិតផលតែមួយឲ្យបានច្រើនដង កែច្នៃផលិតផល ដែលលែងប្រើ និងស្វែងរកផលិតផលជំនួសប្លាស្ទិក។
យោងតាមរបាយការណ៍របស់អ.ស.ប. ការកាត់បន្ថយផលិតផលប្លាស្ទិក ដែលប្រើតែម្តងបោះចោល ហើយជំរុញឲ្យប្រើផលិតផលតែមួយឲ្យបានច្រើនដង រួមមានជាអាទិ៍ ជំរុញការផលិតនិងប្រើប្រាស់ដបដែលអាចចាក់បំពេញឡើងវិញ កាត់បន្ថយការលក់ទំនិញដោយវេចខ្ចប់ និងបង្កើតយន្តការលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់បង្វិលសម្បកដប ឬកញ្ចប់ទំនិញទៅរោងចក្រវិញ ជាដើម អាចនឹងជួយកាត់បន្ថយការបំពុលបរិស្ថានដោយប្លាស្ទិក បានប្រមាណជា ៣០% នៅត្រឹមឆ្នាំ២០៤០ខាងមុខ។
ការកាត់បន្ថយការបំពុលបរិស្ថានដោយប្លាស្ទិក ២០% បន្ថែមទៀត គឺអាចធ្វើទៅបាន តាមរយៈការជំរុញការច្នៃផលិតផលប្លាស្ទិកដែលប្រើរួច ហើយការជំរុញការច្នៃផលិតផលប្លាស្ទិកនេះអាចធ្វើទៅបានតាមរយៈការដាក់ចេញនូវគោលនយោបាយ ដែលធ្វើឲ្យវិស័យកែច្នៃសំណល់ប្លាស្ទិក ក្លាយជាម៉ូដែលសេដ្ឋកិច្ចមួយ ដែលអាចផ្តល់នូវប្រាក់ចំណេញ ដើម្បីលើកទឹកចិត្តដល់វិស័យឯកជន។
គោលនយោបាយនេះ រួមមានជាអាទិ៍ ការលុបចេញនូវរាល់ការឧបត្ថម្ភរបស់រដ្ឋចំពោះវិស័យថាមពលផូស៊ីល ពីព្រោះថា ការឧបត្ថម្ភរបស់រដ្ឋ នៅក្នុងវិស័យនេះ វាធ្វើឲ្យថាមពលផូស៊ីលមានតម្លៃទាប ហើយនៅពេលដែលតម្លៃថាមពលផូស៊ីលទាប វាមិនត្រឹមតែជាកត្តាជំរុញការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នោះទេ ក៏ប៉ុន្តែ វាក៏ជាកត្តាចម្បងមួយផងដែរ ជំរុញការផលិតប្លាស្ទិកថ្មីៗ ដោយសារតែវាមានថ្លៃដើមទាប។
ដូច្នេះ ការលុបចោលការឧបត្ថម្ភរបស់រដ្ឋ នៅក្នុងវិស័យថាមពលផូស៊ីលនេះ វានឹងធ្វើឲ្យថ្លៃផលិតត្រូវកើនឡើង ហើយនៅពេលដែលការផលិតប្លាស្ទិកថ្មីៗ មានថ្លៃដើមកាន់តែខ្ពស់ វាអាចនឹងជំរុញឲ្យមានការយកផលិតផលប្លាស្ទិកដែលប្រើរួចទៅកែច្នៃបានកាន់តែច្រើន ដោយសារតែវាត្រូវក្លាយជាសកម្មភាព ដែលអាចផ្តល់នូវផលចំណេញបានច្រើនជាង។
យុទ្ធសាស្រ្តទី៣ គឺការប្រើសារធាតុផ្សេងជំនួសឲ្យការប្រើប្លាស្ទិក ដូចជាប្រើប្រអប់ ឬការវេចខ្ចប់ ដោយប្រើក្រដាស ឬសារធាតុផ្សេងទៀត ដែលអាចរំលាយ ឬបំប្លែងបាន គឺអាចជួយកាត់បន្ថយការបំពុលបរិស្ថានដោយប្លាស្ទិកបាន ១៧% បន្ថែមទៀត។
ដូច្នេះ គិតជាសរុប យុទ្ធសាស្រ្តទាំង៣នេះ អាចនឹងជួយកាត់បន្ថយការបំពុលបរិស្ថានដោយប្លាស្ទិក បានរហូតដល់ទៅជិត ៨០% នៅត្រឹមឆ្នាំ២០៤០ខាងមុខ។
និយាយសង្ខេបជាសរុបដោយខ្លីមកវិញ យុទ្ធសាស្រ្តកាត់បន្ថយការបំពុលដោយប្លាស្ទិក ដែលស្នើឡើងដោយអ.ស.ប. មានមូលដ្ឋាននៅលើគោលគំនិតដ៏ចម្បងមួយ គឺចៀសវាងការប្រើផលិតផលប្លាស្ទិកណាដែលមិនចាំបាច់ ឬដែលអាចចៀសរួច ចំណែកផលិតផលប្លាស្ទិកដែលចាំបាច់ ហើយមិនអាចចៀសរួច ត្រូវបង្កើនការប្រើផលិតផលតែមួយឲ្យបានច្រើនដង និងយកផលិតផលដែលប្រើលែងកើតទៅកែច្នៃ ពោលគឺ ជំរុញសេដ្ឋកិច្ចវិលជុំ (Circular Economy)។
យោងតាមកម្មវិធីបរិស្ថានសហប្រជាជាតិ ការអនុវត្តវិធានការ ជំរុញសេដ្ឋកិច្ចវិលជុំនេះ ទាមទារឲ្យមានការវិនិយោគច្រើន រហូតដល់ទៅប្រមាណជា ៦៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែ បើសិនជាគេមិនធ្វើអ្វីសោះ ការបំពុលបរិស្ថានដោយប្លាស្ទិកអាចនឹងបង្កនូវផលប៉ះពាល់ ដែលទាមទារឲ្យមានការចំណាយកាន់តែច្រើនជាងនេះទៅទៀត គឺរហូតដល់ទៅប្រមាណជា ១១៣ពាន់លានដុល្លារឯណោះ ក្នុងមួយឆ្នាំៗ។
បន្ថែមពីលើនេះទៅទៀត របាយការណ៍របស់អ.ស.ប.ក៏បានប៉ាន់ស្មានផងដែរថា ការកាត់បន្ថយការបំពុលបរិស្ថានដោយប្លាស្ទិក ៨០% ទៅតាមយុទ្ធសាស្រ្តខាងលើនេះអាចនឹងជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកបានប្រមាណជា ៥០០លានតោនក្នុងមួយឆ្នាំៗ ហើយអាចបង្កើតការងារធ្វើសម្រាប់ប្រជាជនបានប្រមាណជា ៧០ម៉ឺននាក់នៅទូទាំងពិភពលោក ជាពិសេស នៅតាមបណ្តាប្រទេសដែលមានចំណូលទាប។
គួរបញ្ជាក់ថា របាយការណ៍របស់កម្មវិធីបរិស្ថានសហប្រជាជាតិនេះ ត្រូវបានចេញផ្សាយ នៅក្នុងពេលដែលគេកំពុងត្រៀមបើកកិច្ចចរចាជំហានទីពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៩ឧសភា ដល់ថ្ងៃទី២មិថុនាខាងមុខ ក្នុងគោលដៅឈានទៅបង្កើតសន្ធិសញ្ញាអន្តរជាតិមួយឲ្យបាន នៅត្រឹមបំណាច់ឆ្នាំ២០២៤ ដើម្បីកំណត់អំពីយន្តការគ្រប់គ្រងប្លាស្ទិក ចាប់តាំងពីដំណាក់កាលផលិត ដំណាក់កាលប្រើប្រាស់ រហូតទៅដល់ដំណាក់កាលគ្រប់គ្រងសំណល់ប្លាស្ទិក៕
5/17/2023 • 5 minutes, 46 seconds ចិនកំពុងបន្ថែមមន្តស្នេហ៍នៅអាស៊ីកណ្តាល ខណៈដែលរុស្ស ៊ីកំពុងជាប់ដៃនៅក្នុងសង្រ្គាមអ៊ុយក្រែន
នៅថ្ងៃទី១៨ និងទី១៩ ឧសភាខាងមុខ ចិននឹងបើកកិច្ចប្រជុំកំពូលចិន -អាស៊ីកណ្តាលនៅក្នុងទីក្រុងស៊ីអាន។ កម្មវត្ថុនៃកិច្ចប្រជុំកំពូលមួយនេះ គឺផ្តល់សន្ទុះបន្ថែមនូវគម្រោងខ្សែក្រវ៉ាត់ និងផ្លូវដែលផ្តួចផ្តើមដោយប្រធានាធិបតីចិនលោកស៊ី ជីនពីងកាលពីឆ្នាំ ២០១៣។ កិច្ចប្រជុំកំពូលធ្វើឡើងនៅក្នុងបរិបទនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយសង្រ្គាមមួយនេះជាឱកាសដ៏ល្អខ្លាំងដើម្បីឲ្យចិនអាចបន្ថែមមន្តស្នេហ៍លើបណ្តាប្រទេសនៅអាស៊ីកណ្តាលដែលជាអតីតសាធារណរដ្ឋសហភាពសូវៀត។ តើមន្តស្នេហ៍របស់ចិនមានអ្វីខ្លះ និងថា តើបណ្តាប្រទេសនៅអាស៊ីកណ្តាលគិតយ៉ាងម៉េចរវាងជម្រើសនៅជាមួយចិន និងនៅជាមួយរុស្ស៊ី?
ក្នុងនាមជាអតីតសាធារណរដ្ឋសហភាពសូវៀតមែន តែបណ្តាប្រទេសនៅអាស៊ីកណ្តាលជាទីកន្លែងមួយដ៏សំខាន់នៅក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។ ផ្តួចផ្តើមដោយប្រធានាធិបតីចិនលោកស៊ី ជីនពីងក្នុងឆ្នាំ ២០១៣ គម្រោងខ្សែក្រវ៉ាត់ និងផ្លូវជាកម្មវិធីនៃការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ចិនទៅកាន់បរទេសតាមរយៈការសាងសង់ផ្លូវគោក ផ្លូវដែក ឬកំពង់ផែ។ តាមរយៈគម្រោងមួយនេះ ចិនបានយល់ព្រមឲ្យបណ្តាប្រទេសពាក់ព័ន្ធខ្ចីលុយដោយមិនយកការប្រាក់ ឬយកការប្រាក់តិចតួច។ នៅពេលដែលគេនិយាយពីបណ្តាប្រទេសនៅអាស៊ីកណ្តាល គេចង់សំដៅលើប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកមេនីស្ថាន និងអូសបេគីស្ថាន។
ចិនបានបញ្ជាក់ថា ពាណិជ្ជកម្មរបស់ខ្លួនជាមួយបណ្តាប្រទេសទាំងនេះមានទឹកប្រាក់ដល់ទៅ ៧០ ០០០លានដុល្លារក្នុងឆ្នាំ ២០២២ និងបានហាក់ឡើងចំនួន ២២% នៅត្រីមាសទី១ ឆ្នាំ ២០២៣។ នេះ ស បញ្ជាក់ឲ្យឃើញថា ជំនួញរវាងចិន និងអាស៊ីកណ្តាលកំពុងមានដំណើរដោយរលូន និងទទួលបានផលល្អដែលគ្មានភាគីណាមួយអាចនិយាយផ្ទុយពីនេះបានឡើយ។ ចំណែកក្រុមអ្នកវិភាគបានយល់ឃើញថា សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនជាឱកាសមួយបន្ថែមទៀតដើម្បីរុញបណ្តាប្រទេសអាស៊ីកណ្តាលឲ្យងាករកចិនកាន់តែខ្លាំងជាងមុន ពិសេសចង់បានការធានានៅក្នុងវិស័យសេដ្ឋកិច្ច និងការទូត។
ពិតណាស់ ក្នុងនាមជាអតីតសាធារណរដ្ឋសហភាពសូវៀត បណ្តាប្រទេសនៅអាស៊ីកណ្តាលបាន និងកំពុងបន្តមានទំនាក់ទំនងប្រពៃណី រួមទាំងវប្បធម៌ជាមួយរុស្ស៊ីសព្វថ្ងៃ។ តែគេមិនត្រូវភ្លេចនិយាយទេថា នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោកពូទីនបានសម្រេចប្រើកម្លាំងទ័ពចូលឈ្លានពានអ៊ុយក្រែន មានប្រទេសអាស៊ីកណ្តាលខ្លះបានផ្តើមព្រួយបារម្ភពីបូរណភាព និងអធិបតេយ្យភាពរបស់ខ្លួនដោយចោទជាសំណួរថា តើនៅថ្ងៃណា ខែណា និងឆ្នាំណាទៅដែលខ្លួននឹងទទួលវាសនាដូចអ៊ុយក្រែន?។ ដូច្នេះសម្រាប់ចិន វាជាឱកាស និងជាពេលវេលាដែលមានអំណោយផលល្អណាស់សម្រាប់អូសទាញ និងផ្តល់សន្ទុះបន្ថែមនូវគម្រោងខ្សែក្រវ៉ាត់ និងផ្លូវនៅអាស៊ីកណ្តាល។
គួរបញ្ជាក់ថាសព្វថ្ងៃនេះ មានគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្លះកំពុងជាប់គាំងក្រោមហេតុផលផ្សេងៗ។ ឧទាហរណ៍ជាក់ស្តែង ភាពជាប់គាំងលើគម្រោងសាងសង់ផ្លូវដែកដែលត ភ្ជាប់រវាងចិនជាមួយកៀហ្ស៊ីស៊ីស្ថាន និងអូសបេគីស្ថានក្នុងតម្លៃ ៦ ០០០លានដុល្លារ ឬមួយក៏ការពង្រីកបន្ថែមនូវបំពង់បង្ហូរប្រេងរវាងចិន និងអាស៊ីកណ្តាលជាដើម។ តាមអ្នកជំនាញលោកស្រីណាហ្ស៊ី កាសេណូវ៉ា អាស៊ីកណ្តាល និងចិនមានចំណងរវាងគ្នាដោយការមានព្រំដែនរួម និងប្រវត្តិសាស្រ្តយូរអង្វែង។ ប្រវត្តិសាស្រ្តយូរអង្វែងរវាងចិន និងបណ្តាប្រទេសអាស៊ីកណ្តាលដែលលោកស្រីណាហ្ស៊ីចង់និយាយ គឺទាក់ទងនឹងផ្នែកសន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឃន៍។ ដូច្នេះសម្រាប់លោកស្រីណាហ្ស៊ី ការដែលចិនរំកិលទៅកាន់អាស៊ីកណ្តាលជារឿងធម្មតា និងមានភាពស៊ីសង្វាក់គ្នា។
ក៏ប៉ុន្តែ ឥទ្ធិពលរបស់ចិននៅក្នុងតំបន់មិនចេះតែមានដំណើរដោយរលូន គ្មានឧបសគ្គ និងអាចទទួលយកបានពីប្រជាជនគ្រប់រូបនៅក្នុងតំបន់នោះឯណា។ ជាក់ស្តែងក្នុងឆ្នាំ ២០១៩ មានផ្ទុះបាតុកម្មប្រឆាំងចិននៅកាហ្សាក់ស្ថាន ហើយក្នុងឆ្នាំ ២០២០ បាតុកម្មប្រឆាំងចិនក៏មាននៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថានដែរ។ កំហឹង និងក្តីបារម្ភរបស់ពួកគេ គឺខ្លាចចិនប្រើឥទ្ធិពលដើម្បីចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសពួកគេ។ កំហឹងប្រឆាំងនឹងចិនរបស់ពួកគេបន្ទាប់ទៀត គឺការដែលចិនបាន និងកំពុងបន្តធ្វើបាបជនជាតិភាគតិចអ៊ុយហ្គួរអ្នកកាន់សាសនាអ៊ីស្លាមក្នុងខេត្តស៊ីនជាំង។ ចូរកុំភ្លេចថា វប្បធម៌ និងភាសារបស់ជនជាតិភាគតិចអ៊ុយហ្គួរមានលក្ខណៈស្រដៀងគ្នានឹងពលរដ្ឋភាគច្រើននៅអាស៊ីកណ្តាល។
តាមពិត តម្រូវការវិនិយោគបរទេស មិនថាពីចិន ឬពីប្រទេសដទៃជារឿងចាំបាច់មិនអាចខ្វះបានសម្រាប់តំបន់អាស៊ីកណ្តាល ឬតំបន់ផ្សេងទៀតក្នុងលោក។ តែសាស្រ្តាចារ្យជនជាតិអាមេរិកលោកSébatien Peyrouse កត់សម្គាល់ឃើញពីលក្ខណៈពិសេសនៃគម្រោងវិនិយោគរបស់ចិនដែលថា វាហាក់បានហុចប្រយោជន៍ឲ្យចិនខ្លួនឯងជាជាងឲ្យប្រទេសដែលចិនបានចូលទៅបោះទុនរកស៊ី។ តាមលោក Sébatien Peyrouse ការវិនិយោគរបស់ចិនមិនមែនដើម្បីអភិវឌ្ឍផលិតកម្មក្នុងស្រុកទេ តែដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញផលិតផលចិនទៅកាន់ប្រទេសនោះ និងការនាំចូលវត្ថុធាតុដើមពីប្រទេសនោះទៅកាន់ចិន។
មួយវិញទៀត ការវិនិយោគរបស់ចិននៅក្នុងប្រទេសណាមួយក៏ហាក់មិនបានជួយបង្កើតការងារសម្រាប់ពលរដ្ឋក្នុងប្រទេសនោះ និងថែមទាំងបានរុញប្រទេសនោះឲ្យជាប់បំណុលវ័ន ក របស់ខ្លួនទៀតផង។ ទាំងនេះសុទ្ធសឹងជាអារម្មណ៍ និងជាការមើលឃើញរបស់ប្រជាជនភាគច្រើននៅអាស៊ីកណ្តាល។ ការសិក្សាថ្មីៗមួយបានបង្ហាញថា ប្រជាជនភាគច្រើននៅអាស៊ីកណ្តាលនៅរក្សាមនោសញ្ចេតនាជាមួយរុស្ស៊ីជាជាងជាមួយចិនដោយគេប្រៀបធៀបរវាងការជាប់ខ្សែអន្ទាក់រុស្ស៊ី និងខ្សែអន្ទាក់ចិន។ ខ្សែអន្ទាក់រុស្ស៊ីធ្វើពីលីឡុងដែលអាចស្រាយរួច ទោះអាចត្រូវប្រើពេលយូរ។ ចំណែកខ្សែអន្ទាក់ចិនធ្វើពីដែកដែលមិនអាចស្រាយបាន និងប្រហែលគ្មានថ្ងៃដោះរួចទៀតផង៕
តើបក្សប្រឆាំងថៃអាចនឹងបង្កើតរដ្ឋាភិបាលចម្រុះបានដែរឬទេ?
លទ្ធផលបោះឆ្នោតថៃបានបង្ហាញយ៉ាងជាក់ច្បាស់ថា គណបក្សប្រឆាំងទទួលបានសំឡេងនាំមុខយ៉ាងដាច់ឆ្ងាយ ធៀបទៅនឹងគណបក្សកាន់អំណាច ដែលស្និទ្ធនឹងកងទ័ព។ លទ្ធផលបោះឆ្នោតនេះ គូសបញ្ជាក់អំពីចលនាប្រជាពលរដ្ឋថៃ ដែលច្រានចោលការដឹកនាំដោយកងទ័ព ហើយចង់បាននូវការផ្លាស់ប្តូរថ្មី ក៏ប៉ុន្តែ សំណួរនៅតែចោទឡើងថា គណបក្សប្រឆាំងពិតជាអាចរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះ ហើយបិទបញ្ចប់សករាជនៃរដ្ឋាភិបាលស្និទ្ធនឹងកងទ័ពបានដែរឬទេ?
កាលពីថ្ងៃចន្ទ គណៈកម្មការបោះឆ្នោតថៃ បានប្រកាសឲ្យដឹងថា ការរាប់សន្លឹកឆ្នោតត្រូវបានធ្វើចប់សព្វគ្រប់ ហើយលទ្ធផលបង្ហាញថា គណបក្សកាវក្លៃ ឬ « Move Forward » តាមភាសាអង់គ្លេស គឺជាគណបក្សនាំមុខគេ ដោយទទួលបានអាសនៈចំនួន ១៥១ នៅក្នុងរដ្ឋសភា។
ក្រោយការប្រកាសរបស់គណៈកម្មការបោះឆ្នោត លោក ភិថា លីមចៈរើនរ៉ាត់ (Pita Limjaroenrat) ប្រមុខដឹកនាំគណបក្សកាវក្លៃ បានប្រកាសអំពីការចងសម្ព័ន្ធមិត្តជាមួយគណបក្សភឿថៃ ដែលមានចំនួនអាសនៈស្ថិតនៅលំដាប់ទី២ និងបូករួមជាមួយនឹងគណបក្សតូចៗចំនួន ៤ផ្សេងទៀត ដើម្បីរួមគ្នាបង្កើតជារដ្ឋាភិបាលចម្រុះ។
គណបក្សទាំង ៦នេះ មានអាសនៈបូកបញ្ចូលគ្នា រហូតដល់ទៅ ៣០៩អាសនៈ ពោលគឺជាចំនួនភាគច្រើនលើសលុប រហូតដល់ទៅជាង ៦០% នៅក្នុងរដ្ឋសភា ដែលមានអាសនៈសរុបចំនួន ៥០០។ ក៏ប៉ុន្តែ បើទោះជាយ៉ាងនេះក៏ដោយ សម្ព័ន្ធមិត្តបក្សទាំង ៦នេះ ក៏នៅតែមិនប្រាកដថានឹងអាចបង្កើតរដ្ឋាភិបាលចម្រុះបាននោះដែរ។
ចំណោទ គឺនៅត្រង់ថា យោងតាមរដ្ឋធម្មនុញ្ញ ដែលតាក់តែងឡើងដោយរបបសឹក ការបង្កើតរដ្ឋាភិបាលចាំបាច់ត្រូវឆ្លងកាត់ការបោះឆ្នោត នៅក្នុងសភាទាំងពីររួមគ្នា គឺរដ្ឋសភា និងព្រឹទ្ធសភា ដោយគិតជាសរុប គេត្រូវការសំឡេងរហូតដល់ទៅ ៣៧៦ឯណោះ ក្នុងចំណោមសមាជិកសរុប ៧៥០ក្នុងសភាទាំងពីរ ទើបអាចបង្កើតរដ្ឋាភិបាលបាន។
ដូច្នេះ ក្រុមប្រឆាំងនៅត្រូវការសំឡេងគាំទ្រ ៦៧សំឡេងទៀត ទើបអាចបង្កើតរដ្ឋាភិបាលបាន ក្នុងពេលដែលសមាជិកព្រឹទ្ធសភាទាំង ២៥០រូប សុទ្ធតែត្រូវបានតែងតាំងឡើងដោយរបបសឹក។
មែនទែនទៅ ខាងក្រុមយោធា ថ្វីដ្បិតតែទទួលបានសំឡេងតិចតួចនៅក្នុងការបោះឆ្នោត ពោលគឺ ទទួលបានអាសនៈប្រមាណត្រឹម ១៥% នៅរដ្ឋសភា ក៏ប៉ុន្តែ ក៏នៅតែអាចមានផ្លូវបង្កើតរដ្ឋាភិបាលចម្រុះបានដែរ។
គណបក្សទាំងពីរ ដែលស្និទ្ធនឹងក្រុមយោធា គឺគណបក្សផាឡាំងប្រាឆារ៉ាត់ ដែលបង្កើតឡើងដោយរបបសឹក កាលពីឆ្នាំ២០១៨ ហើយបច្ចុប្បន្នដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាវីត វង់ស៊ុវ៉ាន់ និងគណបក្សដែលលោកប្រាយុទ្ធ ចាន់អូចា ទើបនឹងបំបែកចេញទៅបង្កើតថ្មី គឺគណបក្សរួមថៃសាងឆាត ទទួលបានអាសនៈសរុបបញ្ចូលគ្នា ចំនួន ៧៦អាសនៈ ហើយបើគេបូកបន្ថែមជាមួយសំឡេងនៅព្រឹទ្ធសភាចំនួន ២៥០ទៀត ខាងក្រុមយោធា ត្រូវការសំឡេងគាំទ្រតែ ៥០សំឡេងទៀតប៉ុណ្ណោះ ដើម្បីបង្កើតរដ្ឋាភិបាល។
ខាងយោធាត្រូវការ ៥០សំឡេង ចំណែកខាងក្រុមប្រឆាំងត្រូវការ ៦៧សំឡេង ដូច្នេះ នៅក្នុងការប្រទាញប្រទង់គ្នានេះ មានគណបក្សមួយដែលអាចនឹងដើរតួនាទីសំខាន់ គឺគណបក្សភូមិចៃថៃ។ គណបក្សភូមិចៃថៃ ជាគណបក្សដែលទទួលបានសំឡេងគាំទ្រច្រើន ក្នុងលំដាប់ទី៣ ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយទទួលបាន ៧០អាសនៈ។
ដូច្នេះ ប្រសិនបើគណបក្សភូមិចៃថៃចូលរួមក្នុងបក្សសម្ព័ន្ធក្រុមប្រឆាំង គេប្រាកដជានឹងអាចមានសំឡេងភាគច្រើនគ្រប់គ្រាន់ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះបាន បើទោះបីជាគ្មានសំឡេងគាំទ្រពីសំណាក់សមាជិកព្រឹទ្ធសភា។
ផ្ទុយទៅវិញ ប្រសិនបើគណបក្សភូមិចៃទៅរួមដៃជាមួយគណបក្សផាឡាំងប្រាឆារ៉ាត់ និងគណបក្សរួមថៃសាងឆាត ហើយសមាជិកព្រឹទ្ធសភាទាំង ២៥០បោះឆ្នោតគាំទ្រ ខាងយោធាអាចនឹងមានសំឡេងគ្រប់គ្រាន់ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ បើទោះបីជាពួកគេជាគណបក្សសំឡេងភាគតិច នៅក្នុងរដ្ឋសភា។
គួរកត់សម្គាល់ថា គណបក្សភូមិចៃថៃ ដែលមានឫសគល់ដំបូងចេញពីគណបក្សថៃរ៉ាក់ថៃរបស់លោកថាក់ស៊ីន បានបំបែកខ្លួនចេញទៅបង្កើតបក្សថ្មី កាលពីឆ្នាំ២០០៨កន្លងទៅ ក្រោយពីគណបក្សស្និទ្ធិនឹងលោកថាក់ស៊ីនជាច្រើនត្រូវបានតុលាការធម្មនុញ្ញសម្រេចរំលាយចោល។ ចាប់តាំងពីពេលនោះមក គណបក្សភូមិចៃថៃ និងក្រុមស្និទ្ធិនឹងលោកថាក់ស៊ីន ថ្វីដ្បិតតែមានគោលនយោបាយស្រដៀងគ្នា ក៏ប៉ុន្តែ តែងតែដើរផ្លូវបញ្ច្រាស់គ្នា ដោយនៅឆ្នាំ២០០៨ គណបក្សភូមិចៃថៃបានទៅចូលរួមធ្វើរដ្ឋាភិបាលចម្រុះជាមួយលោកអាភិស៊ីត វេចាជីវ៉ា ដែលជាគូប្រជែងរបស់ក្រុមលោកថាក់ស៊ីន ហើយនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៩កន្លងទៅនេះ ភូមិចៃថៃបានទៅចូលរួមធ្វើរដ្ឋាភិបាលចម្រុះជាមួយនឹងក្រុមយោធា ដោយប្រមុខដឹកនាំគណបក្សភូមិចៃថៃបច្ចុប្បន្ន គឺលោក អនុធីន ឆានវីរៈគូន បានកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងរដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចាន់អូចា។
ម្យ៉ាងទៀត គណបក្សភូមិចៃថៃធ្លាប់បានប្រកាស តាំងពីមុនពេលបោះឆ្នោតថា ខ្លួននឹងមិនចូលរួមបង្កើតរដ្ឋាភិបាលជាមួយនឹងគណបក្សណា ដែលមានគោលនយោបាយចង់សើរើបទល្មើសប្រមាថព្រះមហាក្សត្រ។ ការសើរើបទល្មើសប្រមាថព្រះមហាក្សត្រនេះ គឺជាគោលនយោបាយដ៏ចម្បងមួយរបស់គណបក្សកាវក្លៃ។
ដូច្នេះ ទាំងនេះអាចជាចំណុចខ្ទាស់ ដែលពិបាកនឹងទាក់ទាញគណបក្សភូមិចៃថៃឲ្យមកចូលក្នុងរដ្ឋាភិបាលចម្រុះ ជាមួយគណបក្សកាវក្លៃ និងគណបក្សភឿថៃ ហើយប្រសិនបើគ្មានសំឡេងគាំទ្រពីគណបក្សភូមិចៃថៃនេះទេ ការបង្កើតរដ្ឋាភិបាលចម្រុះ ដោយក្រុមបក្សសម្ព័ន្ធប្រឆាំងទាំង ៦គណបក្ស ប្រាកដជានឹងត្រូវរំពឹងទៅលើសំឡេងគាំទ្រ ពីសំណាក់សមាជិកព្រឹទ្ធសភា គឺក្តីរំពឹងថា លទ្ធផលបោះឆ្នោត ដែលបង្ហាញពីការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ម្ចាស់ឆ្នោតចំពោះក្រុមប្រឆាំង និងសំឡេងគាំទ្រដ៏តិចតួចចំពោះក្រុមស្និទ្ធនឹងយោធា អាចជាសម្ពាធនយោបាយមួយ ចំពោះសមាជិកព្រឹទ្ធសភា យ៉ាងហោចមួយផ្នែក ឲ្យបោះឆ្នោតគាំទ្ររដ្ឋាភិបាលចម្រុះ ដែលតំណាងពលរដ្ឋរហូតដល់ទៅ ៦០% នៅទូទាំងប្រទេស៕
5/16/2023 • 5 minutes, 34 seconds លោកថាក់ស៊ីនគ្រោងត្រលប់ចូលប្រទេសខណៈដែលគណបក្សភឿថៃរបស់កូនស្រីកំពុងឡើងកូដប្រជាប្រិយ
នៅប្រទេសថៃ ថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាថ្មីកាន់តែខិតជិតមកដល់ នៅថ្ងៃអាទិត្យទី ១៤ឧសភាខាងមុខ។ ខណៈពេលដែលគណបក្សភឿថៃ របស់លោកស្រី ភែថងថាន ស៊ីណាវ៉ាត់ ជាកូនស្រីកំពុងមានប្រជាប្រិយភាពខ្លាំង និងសង្ឃឹមឈ្នះសន្លឹកឆ្នោតភ្លូកទឹកភ្លូកដី នៅថ្ងៃអាទិត្យ អតីតនាយករដ្ឋមន្រ្តី លោកថាក់ស៊ីន ដែលកំពុងនិរទេសខ្លួន នៅក្រោយរដ្ឋប្រហារឆ្នាំ ២០០៦ បានបង្ហោះសារធ្វីតធ័រ កាលពីថ្ងៃអង្គារម្សិលមិញថា លោកមានគម្រោងចង់វិលត្រលប់ចូលប្រទេសថៃវិញ នៅខែកក្កដាខាងមុខ។ តើការវិលត្រលប់របស់លោកថាក់ស៊ីនជាលាភ ឬជាគ្រោះ សម្រាប់អនាគតគណបក្សភឿថៃ?
នៅក្នុងសារធ្វីតកាលពីថ្ងៃអង្គារ អតីតនាយករដ្ឋមន្រ្តីថៃ លោកថាក់ស៊ីន ដែលបានរត់និរទេសខ្លួនទៅនៅទីក្រុងឌូបៃ ជិត២ទសវត្សរ៍បានសរសេរថា លោកគ្រោងចង់វិលត្រលប់ទៅរស់នៅប្រទេសថៃវិញ ដើម្បីទៅមើលថែចៅ ព្រោះថានៅថ្ងៃទី២៦កក្កដា ខាងមុខ លោកនឹងមានអាយុ ៧៤ឆ្នាំ។ អតីតនាយករដ្ឋមន្រ្តីថៃដែលត្រូវក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងនៅឆ្នាំ២០០៦ មុននឹងរត់ភៀសខ្លួនទៅនៅបរទេស នៅបានអះអាងថា លោកត្រៀមខ្លួនដើម្បីតទល់ នៅចំពោះមុខតុលាការថៃ ដែលធ្លាប់បានកាត់ទោសកំបាំងមុខ ឲ្យលោកជាប់ពន្ធនាគារ ២ឆ្នាំ ក្នុងសំណុំរឿងរំលោភអំណាច។ ការចោទប្រកាន់ដែលលោកថាក់ស៊ីនធ្លាប់បានបដិសេធទាត់ចោល។
នៅក្នុងសារធ្វីតធ័រ លោកថាក់ស៊ីនអាចលើកយកបញ្ហាគ្រួសារ និងវ័យចំណាស់របស់លោកមកធ្វើជាហេតុផលដើម្បីចង់វិលត្រលប់ចូលស្រុក នៅក្រោយ រត់និរទេសខ្លួន អស់១៧ឆ្នាំ។ ប៉ុន្តែ សម្រាប់អ្នកវិភាគ ការប្រកាសរបស់លោកថាក់ស៊ីន ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពល និងបន្តមានប្រជាប្រិយភាព នៅក្នុងចំណោមប្រជាជនថៃ គឺជាសារជំរុញលើកទឹកចិត្តឲ្យគេទៅបោះឆ្នោតគាំទ្រគណបក្សភឿថៃ នៅថ្ងៃអាទិត្យខាងមុខ។
ការស្ទង់មតិនៅប៉ុន្មានថ្ងៃមកនេះបានបង្ហាញថា គណបក្សភឿថៃ គណបក្សប្រឆាំងធំជាងគេ ដែលដឹកនាំដោយកូនស្រីរបស់លោកថាក់ស៊ីន នៅតែនាំមុខគេ នៅក្នុងលទ្ធផលឆ្នោត ចំណែកគណបក្សថ្មីរបស់លោកនាយករដ្ឋមន្រ្តីផុតអាណត្តិ ប្រាយុទ្ធ ចាន់អូចា ឈ្មោះ រួបរួមជាតិថៃ ស្ថិតនៅចំណាត់ថ្នាក់ទី៣ ក្រោយគណបក្សMove Forward ដែលកំពុងឡើងកូដប្រជាប្រិយក្នុងចំណោមយុវជនថៃ ដែលស្រេកឃ្លាន ទាមទារឲ្យមានការផ្លាស់ប្តូរនៅប្រទេសថៃ។
ត្រកូល ស៊ីណាវ៉ាត់ ជាបង្អែកនយោបាយដ៏សំខាន់សម្រាប់ពលរដ្ឋថៃនៅតាមទីជនបទ ជាពិសេសតំបន់ភាគខាងជើង ប៉ុន្តែ ជាសត្រូវសួពូជរបស់ក្រុមយោធានិងក្រុមរាជានិយម។នៅ២០ឆ្នាំចុងក្រោយនេះ គណបក្សដែលមានការចូលរួមរបស់គ្រួសារស៊ីណាវ៉ាត់តែងទទួលជ័យជំនះដ៏ធំធេងនៅក្នុងការបោះឆ្នោតជាតិ។ ប៉ុន្តែ ជារៀងរាល់លើក រដ្ឋាភិបាលដឹកនាំដោយត្រកូលស៊ីណាវ៉ាត់ ត្រូវកងទ័ពធ្វើរដ្ឋប្រហារបណ្តេញចេញពីអំណាច។ លោកថាក់ស៊ីន នៅឆ្នាំ២០០៦ ចំណែកលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ដែលជាប្អូនស្រី នៅឆ្នាំ ២០១៤។
ដំណឹងស្តីពីគម្រោងវិលត្រលប់របស់លោកថាក់ស៊ីនអាចជួយជំរុញសំឡេងគាំទ្រគណបក្សភឿថៃកើនឡើងមួយកម្រិត ប៉ុន្តែ ជាមួយគ្នានោះ វាក៏អាចជាដើមហេតុទាក់ទាញឲ្យមានបាតុកម្មប្រឆាំងរបស់ក្រុមអាវលឿង ដែលជាអ្នករាជានិយម អ្នករស់នៅទីក្រុង។ បាតុកម្មកងទ័ពអាចប្រើជាលេស ដើម្បីធ្វើរដ្ឋប្រហារទម្លាក់រាល់អនាគតរដ្ឋាភិបាលណាដែលមានពាក់ព័ន្ធជាមួយគ្រួសារថាក់ស៊ីន។
ការបោះឆ្នោតសភាលើកនេះអាចជាឱកាសចុងក្រោយសម្រាប់ជីវិតនយោបាយរបស់ត្រកូលស៊ីណាវ៉ាត់។ ប៉ុន្តែ នៅក្នុងសារនយោបាយទៅកាន់អ្នកគាំទ្រ លោកស្រី ភែថងថាន កូនស្រីរបស់លោកថាក់ស៊ីន ដែលមានវោហាស័ព្ទ និងមានប្រជាប្រិយភាពមិនចាញ់ឪពុកបានបង្ហាញសុទិដ្ឋិនិយមថា ទំនងគ្មានរដ្ឋប្រហារសាជាថ្មី ក្នុងករណីគណបក្សភឿថៃ ទទួលជ័យជំនះ នៅក្នុងការបោះឆ្នោតលើកនេះ។
សម្រាប់គណបក្សភឿថៃ ការប្រឈមនៅចំពោះមុខសព្វថ្ងៃ មិនមែនរដ្ឋប្រហារយោធា ប៉ុន្តែ គឺការឡើងកូដ របស់គណបក្សMove Forward “បោះជំហានទៅមុខ” គណបក្សប្រឆាំងមួយទៀត ដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវជនថៃ ដែលទាមទារចង់ឲ្យមានការផ្លាស់ប្តូរក្នុងសង្គមថៃ។ គណបក្សភឿថៃបារម្ភថា ការបាត់បង់អ្នកគាំទ្រទៅក្នុងដៃរបស់គណបក្សMove Forwardជាឧបសគ្គរារាំងមិនឲ្យគណបក្សភឿថៃអាចសម្រេចគោលដៅ ដែលខ្លួនចង់បាន នោះគឺការទទួលបានអាសនៈ ជាង៣០០អាសនៈនៅរដ្ឋសភា ដែលជាសំឡេងភាគច្រើននៅរដ្ឋសភា។
ទោះមានសំឡេងភាគច្រើននៅរដ្ឋសភា ប៉ុន្តែ បេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សភឿថៃ ដូចជា លោកស្រី ភែថងថាន ដែលជាកូនស្រីរបស់លោកថាក់ស៊ីន មិនប្រាកដថា នឹងទទួលបានការបោះឆ្នោតគាំទ្រពីសភា។ ផ្ទុយទៅវិញ អតីតនាយករដ្ឋមន្រ្តី លោកប្រាយុទ្ធ ចាន់អូចានឹងអាចត្រូវជ្រើសរើសឲ្យធ្វើជានាយករដ្ឋមន្រ្តីសាជាថ្មី នោះបើទោះជា គណបក្សរួបរួមជាតិថៃ របស់លោក ទទួលបានអាសនៈតិចតួច បើប្រៀបធៀបនឹងគណបក្សប្រឆាំងក៏ដោយ។ តាមអ្នកវិភាគ រដ្ឋធម្មនុញ្ញឆ្នាំ២០១៧ តាក់តែងដោយរដ្ឋាភិបាលសឹក នៅចាំខ្ទាស់ជើងមិនឲ្យបក្សប្រឆាំងដែលឈ្នះឆ្នោតអាចកាន់តំណែងនាយករដ្ឋមន្ត្រី។ សមាជិកព្រឹទ្ធសភាទាំង២៥០រូប ដែលកើតចេញពីការជ្រើសរើសផ្ទាល់របស់កងទ័ព ទៅតាមរដ្ឋធម្មនុញ្ញថ្មី និងដែលមានសិទ្ធិចូលរួមបោះឆ្នោតជាមួយសមាជិករដ្ឋសភា ប្រាកដជាបោះឆ្នោតគាំទ្រលោកប្រាយុទ្ធ ចាន់អូចា។ ប៉ុន្តែ នាយករដ្ឋមន្រ្តីផុតអាណត្តិអាចត្រូវប្រជែងជាមួយបេក្ខជនសំខាន់មួយរូប គឺ លោក ប្រាវីដ វង្សសាវ៉ាន អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិក្នុងរដ្ឋាភិបាលរបស់លោកប្រាយុទ្ធចាន់អូចា។
សូមបញ្ជាក់ថា លោកប្រាវីដ វង្សសាវ៉ានដែលជាប្រធានគណបក្សផាឡាំងប្រាឆារ៉ាត់ បក្សកាន់អំណាច ត្រូវបានគណបក្សជ្រើសរើសជាបេក្ខជននាយករដ្ឋមន្រ្តី ចំណែក លោកប្រាយុទ្ធ ចាន់អូចាបានដើរចេញពីគណបក្សផាឡាំងប្រាឆារ៉ាត់ ដែលធ្លាប់គាំទ្រឲ្យលោកក្លាយជានាយករដ្ឋមន្រ្តី នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩ ដើម្បីទៅចូលរួមដឹកនាំគណបក្សរួបរួមជាតិថៃ ដែលទីប្រឹក្សាម្នាក់របស់លោកបានបង្កើតឡើង នៅឆ្នាំ ២០២១។
សម្រាប់អ្នកវិភាគ ការដើរចេញរបស់លោកប្រាយុទ្ធ ចាន់អូចា ពីគណបក្សកាន់អំណាចឆ្លុះបញ្ចាំងពីការបែកបាក់ក្នុងជួរផ្ទៃដឹកនាំយោធាថៃ ប៉ុន្តែ មិនដល់ថ្នាក់ឈ្លោះដណ្តើមអំណាចគ្នានោះទេ។ ការចែកផ្លូវគ្នានៅពេលនេះអាចជាយុទ្ធសាស្រ្តរបស់មេដឹកនាំយោធាថៃ។ ដោយសារតែកងទ័ពត្រូវគេស្អប់ ធ្លាក់កូដប្រជាប្រិយ ដោយសារការធ្វើរដ្ឋប្រហារ លោកប្រាយុទ្ធចាន់អូចាបានដើរចេញពីគណបក្សដែលបង្កើតឡើងដោយក្រុមយោធា ដោយងាកត្រលប់ទៅចូលរួមជាមួយគណបក្សថ្មីថ្មោង។ លោកប្រាយុទ្ធចាន់អូចា មានបំណងឲ្យប្រជាជនថៃភ្លេចរូបភាព ឯកសណ្ឋាទ័ពរបស់លោក ព្រោះនៅពេលនេះ លោកជាអ្នកនយោបាយធម្មតា ដែលលែងជាប់ពាក់ព័ន្ធនឹងគណបក្សកាន់អំណាចគណបក្សផាឡាំងប្រាឆារ៉ាត់ ដែលបានដឹកនាំរដ្ឋាភិបាលសឹកជិត១០ឆ្នាំមកនេះ។
យ៉ាងណាក៏ដោយ ទោះចែកផ្លូវគ្នា លែងនៅក្នុងគណបក្សតែមួយ ប៉ុន្តែ លោកប្រាវីដ វង្សសាវ៉ាន និងលោកប្រាយុទ្ធ ចាន់អូចាទំនងអាចត្រលប់មកចាប់ដៃគ្នាដើម្បីត្រលប់មកបង្កើតរដ្ឋាភិបាលចម្រុះ ដឹកនាំរដ្ឋាភិបាលថៃសាជាថ្មី៕
5/10/2023 • 4 minutes, 29 seconds បោះឆ្នោតសភាថៃ៖ខ្យល់ពុលក្នុងបរិយាកាសបានក្លាយជាប្រធានបទមិនអាចខ្វះបាននៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត?
នៅថ្ងៃអាទិត្យ ទី១៤ ឧសភាចុងសប្តាហ៍នេះ ប្រទេសថៃនឹងរៀបចំបោះឆ្នោតសភាដើម្បីជ្រើសរើសសមាជិកសភាថ្មីចំនួន ៥០០នាក់។ ខណៈនេះ គណបក្សដែលបានប្រកាសចូលរួមបោះឆ្នោតកំពុងបន្តយុទ្ធនាការឃោសនារបស់ខ្លួន។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សនីមួយៗបានជ្រើសរើសយកប្រធានបទអាទិភាពខុសៗគ្នាដើម្បីទទួលបានសំឡេងគាំទ្រពីអ្នកបោះឆ្នោត។ តែអ្វីជាការកត់សម្គាល់ បញ្ហាបរិស្ថាន ពិសេសការប្រឆាំងទប់នឹងខ្យល់ពុលក្នុងបរិយាកាសកំពុងក្លាយជាប្រធានបទអាទិភាពមួយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។
នៅក្នុងប្រទេសណាមិនដឹងទេ តែបើនៅថៃ ខ្យល់ពុលនៅក្នុងបរិយាកាសកំពុងបន្តក្លាយជាបញ្ហាចម្បង និងជាបញ្ហាប្រឈមប្រចាំថ្ងៃដល់សុខភាពរបស់ប្រជារាស្រ្តថៃគ្រប់រូបដោយមិនរើសមុខ។ ចន្លោះខែកុម្ភៈ និងខែមេសាដែលជារដូវហួតហែងខ្លាំង ប្រជារាស្រ្តថៃពិបាកដកដង្ហើមស្រូបយកខ្យល់តុកស៊ិកនៅក្នុងបរិយាកាស ពិសេសអ្នករស់នៅក្នុងក្រុងបាងកក និងតាមបណ្តាក្រុងស្ថិតប៉ែកខាងជើងប្រទេស។ តាមអង្គការឃ្លាំមើលគុណភាពខ្យល់ឈ្មោះ IQAir បាងកង និងឈៀងម៉ៃស្ថិតក្នុងចំណោមទីក្រុងទាំង ១០ ដែលមានខ្យល់ពុលតុកស៊ិកខ្លាំងជាងគេលើលោក។
នៅថៃ ខ្យល់ពុលតុកស៊ិកកើតចេញពីភ្លើងឆេះព្រៃ ផ្សែងចេញពីបំពង់ស៊ីម៉ាំងរថយន្ត ផ្សែងចេញពីបំពង់រោងចក្រ ឬមួយក៏ផ្សែងចេញពីការដុតចំបើងរបស់ប្រជាកសិករថៃនៅក្រោយការច្រូកកាត់រួច។ បើគិតតាំងពីដើមឆ្នាំ ២០២៣ មក មានប្រជារាស្រ្តថៃជាង ២លាន ៤សែនបានធ្លាក់ខ្លួនឈឺចូលព្យាបាលក្នុងមន្ទីរពេទ្យដោយសារតែការដកដង្ហើមស្រូបខ្យល់ពុលក្នុងបរិយាកាស។ តាមអ្នកជំនាញជំងឺផ្លូវដង្ហើម បញ្ហាដែលអ្នកជំងឺភាគច្រើនជួបប្រទះច្រើនជាបញ្ហាផ្លូវដង្ហើមដូចជាក្អក ឈឺបំពង់ ក ឬមួយក៏រលាភភ្នែកជាដើម។
កំណត់សម្គាល់មួយទៀត ក្រុមមនុស្សចាស់ ពិសេសអ្នកមានជំងឺប្រចាំកាយស្រាប់ជាក្រុមមនុស្សដែលងាយរងផលប៉ះពាល់ខ្លាំងនឹងខ្យល់ពុលក្នុងបរិយាកាស ព្រោះវាអាចធ្វើឲ្យជំងឺរបស់ពួកគាត់ធ្លាក់ដុនដាបកាន់តែខ្លាំងថែមទៀត។ នៅថៃ គឺកម្រិតអត្រាល្អងធូលីតូចល្អិតដែលមានបរិមាណលើសពីកម្រិតរបស់អង្គការសុខភាពពិភពលោកដល់ទៅជិត ៤ដងឯណោះ។ល្អងធូលីតូចល្អិតនេះអាចចូលជ្រៅទៅក្នុងសួត និងទៅក្នុងឈាមដែលបង្កចេញជាជំងឺផ្លូវដង្ហើមប្រចាំកាយ។
លោក Jos Vandelaer អ្នកតំណាងអង្គការសុខភាពពិភពលោកនៅថៃបានគូសបញ្ជាក់ថា ខ្យល់ពុលក្នុងបរិយាកាសមិនត្រឹមជាបញ្ហាសុខភាពសាធារណៈប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់ដល់ផលិតភាពនៃសេដ្ឋកិច្ចផងដែរ។ នៅពេលដែលមានមនុស្សឈឺមិនអាចទៅធ្វើការបាន សកម្មភាពសេដ្ឋកិច្ចនឹងធ្លាក់ចុះ។ តាមទិន្នន័យរបស់សេដ្ឋវិទូបរិស្ថាន ការខាតបង់សេដ្ឋកិច្ចបង្កដោយខ្យល់ពុលនៅថៃក្នុងឆ្នាំ ២០១៩ មានទឹកប្រាក់ដល់ទៅជាង ៦៣ ០០០លានដុល្លារ ពោលស្មើនឹង ១១% នៃផលិតផលសរុបក្នុងស្រុក។ ពិតណាស់ ប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍ជាតំបន់មួយក្នុងចំណោមតំបន់នៃពិភពលោកដែលងាយរងគ្រោះខ្លាំងនឹងការប្រែប្រួលអាកាសធាតុ។
តែនេះមិនមែនមានន័យថា ថៃ និងតំបន់អាស៊ីអាគ្នេយ៍ត្រូវបន្តរស់តាមវាសនាដោយឈរឱបដៃនៅស្ងៀមមិនធ្វើអ្វីដើម្បីទប់ស្កាត់នឹងលំហូរផ្សែងពុលនៅក្នុងបរិយាកាសនោះឡើយ។ ដូច្នេះសម្រាប់ថៃ វាល្មមដល់ពេលដែលរដ្ឋាភិបាលត្រូវគិតគូរឲ្យបានលឿនបំផុតដែលអាចធ្វើទៅបាន ហើយឱកាសកាន់តែល្អជាងពេលណាៗទៅទៀតនោះ គឺក្នុងពេលដែលថៃកំពុងត្រៀមរៀបចំបោះឆ្នោតសភានាពេលខាងមុខ។ ប្រធានបទអាទិភាពមួយដែលគណបក្សនយោបាយត្រូវបញ្ចូលទៅក្នុងកម្មវិធីឃោសនាបោះឆ្នោតរបស់ខ្លួន គឺវិធានការទប់ស្កាត់នឹងការចាក់ចោលឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។
ចំណែកប្រជារាស្រ្តថៃខ្លួនឯង ពិសេសអ្នកបោះឆ្នោតក៏ត្រូវជំរុញ និងទាមទារឲ្យគណបក្សនយោបាយគិតគូរយកចិត្តទុកដាក់លើប្រធានបទបរិស្ថាននេះដោយខានមិនបានដែរ។ ប្រជារាស្រ្តថៃចំនួន ២ភាគ៣ បានមើលឃើញថា ការប្រែប្រួលអាកាសធាតុមិនត្រូវបានគណបក្សនយោបាយយកធ្វើជាប្រធានរឿងអាទិភាពរបស់ខ្លួនទេ នេះបើផ្អែកតាមការសិក្សាមួយចេញផ្សាយកាលពីដំណាច់ឆ្នាំ ២០២២។ ស្រ្តីអ្នកបោះឆ្នោតវ័យ ៣៦ឆ្នាំម្នាក់យល់ឃើញថា បញ្ហាខ្យល់ពុលពិតជាសំខាន់ហើយ តែអ្វីដែលសំខាន់ជាងនេះនៅថៃ គឺអភិបាលកិច្ច សេដ្ឋកិច្ច និងអតិផរណា។
ក្នុងចំណោមគណបក្សធំ តូចដែលនឹងចូលរួមបោះឆ្នោតនាពេលខាងមុខ គណបក្សបៃតង គណបក្ស Move Forward និងគណបក្សភឿថៃបានដាក់វិធានការប្រឆាំងនឹងខ្យល់ពុលនៅក្នុងកម្មវិធីឃោសនារបស់ខ្លួន។ « កម្មវត្ថុរបស់យើងមិនមែនសំដៅកៅអីនាយករដ្ឋមន្រ្តីទេ តែដើម្បីដោះស្រាយបញ្ហាបរិស្ថាន » នេះជាការធានារបស់ស្ថាបនិក និងប្រធានគណបក្សបៃតងលោកភួងសា ជួនណាម។ ចំណែកគណបក្ស Move Forward បានស្នើឲ្យកាត់បន្ថយការចាក់ចោលឧស្ម័នកាបូនតាមរយៈការផ្តល់ឧបត្ថម្ភធនដល់ប្រជាកសិករ និងការជំរុញឲ្យប្រើឡានអគ្គិសនីជាដើម។ រីឯគណបក្សភឿថៃបានសន្យាបិទបញ្ចប់ទម្លាប់នៃការដុតចំបើងរបស់ប្រជាកសិករ។
ដូច្នេះ និងអ្វីដែលប្រជារាស្រ្តថៃកំពុងរង់ចាំពីគណបក្សនយោបាយខ្លះ គឺការយកទ្រឹស្តីទៅអនុវត្តជាក់ស្តែង។ នេះប្រហែលជារឿងពិបាកបន្តិច ព្រោះជាទូទៅនៅពេលទទួលបានអំណាច មានទ្រឹស្តីខ្លះបន្តស្ថិតនៅលើក្រដាស ហើយទ្រឹស្តីដដែលនេះតែងលេចជាថ្មីនៅពេលបោះឆ្នោតម្តងៗ។ តែអ្វីដែលមនុស្សគ្រប់រូបមិនត្រូវបំភ្លេច ទោះជាជនជាតិអ្វីក៏ដោយនោះគឺថា ផែនដីជាជម្រករួម ហើយយុទ្ធនាការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា៕
5/9/2023 • 5 minutes, 47 seconds វិបត្តិស្បៀងអាហារសកលនៅមានកម្រិតខ្ពស់ទោះសង្គ្រាមបា នកន្លងផុតទៅមួយឆ្នាំ
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយពេលច្រើនជាងមួយឆ្នាំរួចទៅហើយ គិតមកដល់ពេលបច្ចុប្បន្ន។ សង្គ្រាមនេះបានធ្វើឱ្យទីផ្សារទំនិញកសិកម្ម និងតម្លៃម្ហូបអាហារសកល កើនឡើងក្នុងកម្រិតខ្ពស់បំផុត នៅដើមឆ្នាំ២០២២ ប៉ុន្តែបានធ្លាក់ចុះសន្សឹមៗរហូតមកដល់ថ្ងៃនេះ។ ទោះជាយ៉ាងណា មានប្រជាជនប្រមាណ១ពាន់លាននាក់ នៅក្នុងបណ្ដាប្រទេសយ៉ាងច្រើនដែលត្រូវរងគ្រោះ និងមានភាពផុយស្រួយនៅឡើយ។
គិតមកដល់ថ្ងៃនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយពេលច្រើនជាងមួយឆ្នាំរួចទៅហើយ។ សង្គ្រាមនេះបានធ្វើឱ្យទីផ្សារទំនិញកសិកម្ម និងតម្លៃម្ហូបអាហារសកលកើនឡើងក្នុងកម្រិតខ្ពស់ បន្ទាប់តម្លៃទំនិញទាំងនេះបានធ្លាក់តម្លៃបន្ដិច ក្រោយកើនឡើងនៅកម្រិតខ្ពស់បំផុត នៅដើមឆ្នាំ២០២២។
រុស្ស៊ី និងអ៊ុយក្រែនគឺជាប្រទេសនាំចេញស្រូវសាលី និងដំណាំកសិកម្មសំខាន់ៗផ្សេងទៀត ដ៏ធំបំផុតទាំងពីររបស់ពិភពលោក។ ប្រទេសទាំងពីរនេះបានឈានចូលដល់ឆ្នាំទីពីរនៃសង្រ្គាម។ ក្នុងអំឡុងពេលនេះ ប្រទេសដែលងាយរងគ្រោះជាច្រើននៅលើពិភពលោក នៅតែប្រឈមមុខនឹងវិបត្តិអសន្តិសុខស្បៀង។ ផ្អែកតាមការប៉ាន់ស្មាន ប្រទេសដែលផុយស្រួយ និងងាយរងផលប៉ះពាល់ដោយជម្លោះសង្គ្រាមនេះ មានប្រជាជនប្រមាណ ១ពាន់លាននាក់ ដែលរងហានិភ័យខ្លាំង។
អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានលើកឡើងកាលពីខែមីនា ថា ទោះជាតម្លៃកសិកម្ម និងម្ហូបអាហារបានធ្លាក់ចុះសន្សឹមៗ ក្នុងរយៈពេល ១១ខែជាប់ៗគ្នា ប៉ុន្តែវាបានធ្វើឱ្យតម្លៃម្ហូបអាហារធ្លាក់ចុះតែ ១៩ភាគរយប៉ុណ្ណោះ ប្រៀបធៀបជាមួយកម្រិតថ្លៃខ្ពស់បំផុត កាលពីខែមីនាឆ្នាំមុន។
តួលេខផ្លូវការបង្ហាញថា កម្រិតអតិផរណា ឬការឡើងថ្លៃទំនិញជាទូទៅ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នៅតែមានកម្រិតខ្ពស់ជាងកម្រិតមធ្យម សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក៏ប៉ុន្តែ កម្រិតអតិផរណាកំពុងវិលត្រលប់ទៅរកកម្រិតនៅពីមុនសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ផ្អែកតាមសន្ទស្សន៍តម្លៃអាហាររបស់អង្គការ FAO លទ្ធផលបង្ហាញថា ប្រេងបន្លែ រួមជាមួយនឹងទឹកដោះគោ និងធញ្ញជាតិ បានធ្លាក់ថ្លៃ នៅពេលដែលស្ករ និងសាច់មានការប្រែប្រួលតិចតួច ចាប់តាំងពីដើមឆ្នាំមុន។
អង្គការមូលនិធិអន្ដរជាតិ (IMF) និងស្ថាប័នពិភពលោកផ្សេងទៀតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមនាពេលថ្មីៗនេះ ស្តីពីសន្តិសុខស្បៀង ថា រដ្ឋាភិបាល និងម្ចាស់ជំនួយត្រូវតែបង្កើនការគាំទ្របន្ថែមសម្រាប់ជួយដល់ក្រុមពលរដ្ឋងាយរងគ្រោះបំផុត រួមផ្សំនឹងការជួយសម្រួលដល់ដំណើរការពាណិជ្ជកម្ម និងទីផ្សារ ដែលបង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ពួកគាត់។
ប្រធានអង្គការ FAO អង្គការមូលនិធិអន្ដរជាតិ ធនាគារពិភពលោក កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការពាណិជ្ជកម្មពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ថា "សកម្មភាពរួមគ្នាបន្ថែមទៀតលើវិស័យសំខាន់ៗគឺចាំបាច់ណាស់ដើម្បីទប់ស្កាត់វិបត្តិដ៏យូរអង្វែង រួមមានវិបត្តិសន្តិសុខស្បៀង និងវិបត្តិអាហារូបត្ថម្ភសកល។"
រហូតមកដល់ពេលនេះ កម្មវិធី Food Shock Window ថ្មីរបស់ អង្គការមូលនិធិអន្ដរជាតិបានគាំទ្រប្រទេសហ្គីណេ ហៃទី ម៉ាឡាវី ស៊ូដង់ខាងត្បូង និងអ៊ុយក្រែន។ លើសពីនេះទៀត ប្រទេសចំនួនប្រាំបួនដែលប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរក៏ទទួលបានអត្ថប្រយោជន៍ពីជំនួយហិរញ្ញវត្ថុរបស់ IMF តាមរយៈកម្មវិធីថ្មី ឬកម្មវិធីដែលមានស្រាប់ ដោយផ្តោតលើការពង្រឹងជំនួយកម្មវិធីសុវត្ថិភាពសង្គម និងគោលនយោបាយដើម្បីជួយដោះស្រាយផលប៉ះពាល់នៃវិបត្តិស្បៀងអាហារ។
យោងតាម កម្មវិធីស្បៀងអាហារពិភពលោក (WFP) ពិភពលោកប្រឈមនឹងវិបត្តិភាពអត់ឃ្លានជាសកល ក្នុងកម្រិតមិនធ្លាប់មានពីមុនមក។ ក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ ចំនួនមនុស្សដែលប្រឈមមុខ ឬប្រឈមនឹងហានិភ័យនៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ បានកើនឡើងពី១៣៥លាននាក់ នៅក្នុង៥៣ប្រទេស មុនការរាតត្បាតជំងឺកូវីដ១៩ ដល់៣៤៥លាននាក់ក្នុង ៨២ប្រទេសនាពេលបច្ចុប្បន្ននេះ។ ជាទូទៅ នៅពេលដែលសង្គមមួយមានវិបត្តិ មិនថាវិបត្តិនោះជាវិបត្តិសេដ្ឋកិច្ច ឬវិបត្តិស្បៀងអាហារ ស្រ្ដី និងកុមារីត្រូវប្រឈមមុនគេ។
អង្គការ FAO បានប៉ាន់ប្រមាណថា ក្នុងចំណោមបណ្ដាប្រទេសដែលងាយរងគ្រោះបំផុតគឺប្រទេសអភិវឌ្ឍន៍តិចតួច ឬប្រទេសដែលមានចំណូលទាប។ ប្រទេសទាំងនេះមានជម្រើសតិចតួច ប៉ុន្តែត្រូវចំណាយក្នុងការនាំចូលស្បៀងអាហារ ក្នុងបរិមាណតិចជាងមុន។
រដ្ឋអនុតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិក និងប្រទេសផ្សេងទៀតដែលទិញអាហារច្រើនជាងពួកគេនាំចេញ ក៏ទំនងជាប្រឈមនឹងការកើនឡើងថ្លៃដើមនៃផលិតកម្ម ហើយពួកគេនឹងទទួលបាននូវស្បៀងអាហារសំខាន់ៗតិចជាងមុន។
នៅក្នុងតំបន់មួយចំនួនដូចជា នៅអាហ្រ្វិកខាងកើត និងម៉ាដាហ្គាស្កា ពួកគេបានជួបប្រទះនឹងគ្រោះរាំងស្ងួត និងទុរ្ភិក្សរួចហើយ ហើយការកើនឡើងតម្លៃស្បៀងអាហារត្រូវគេរំពឹងថានឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ៕
5/8/2023 • 4 minutes, 12 seconds នៅឥណ្ឌា ប្រជាជនកាន់សាសនាហិណ្ឌូនិងអ៊ីស្លាម ចោទប ្រកាន់គ្នាពីបញ្ហាបង្កើតកូនច្រើន
តាំងពីពេលដែល អង្គការសហប្រជាជាតិ ចេញផ្សាយរបាយការណ៍ពីចំនួនកំណើនប្រជាជនឥណ្ឌានឹងកើនឡើងច្រើនលើសប្រជាជនចិនមក គឺ ធ្វើឲ្យ ប្រជាជនឥណ្ឌាកាន់សាសនាហិណ្ឌូ និង អ្នកកាន់សាសនាអ៊ីស្លាមនៅក្នុងស្រុក កាន់តែបញ្ឆេះកំហឹងដាក់គ្នាខ្លាំងឡើងៗដែរ។ នៅផ្ទៃក្នុងប្រទេសឥណ្ឌា បណ្តាអ្នកកាន់សាសនាហិណ្ឌូ ជាតិនិយមជ្រុល បានអង្អុលមុខពួកអ្នកកាន់សានាអ៊ីស្លាម ថាបង្កើតកូនច្រើនដើម្បីចង់គ្រប់គ្រងប្រទេសឥណ្ឌា។ ចំណែកឯ អ្នកកាន់សាសនាអ៊ីស្លាម ចោទវិញថា អ្នកកាន់សាសនាហិណ្ឌូកំពុងតែបំប៉ោងបំភ្លៃ ហើយនិង រើសអើងជនជាតិភាគតិច។
ពាក់កណ្តាលឆ្នាំនេះ ឥណ្ឌា វ៉ាដាច់ ចិន ខាងបង្កើតកូន។ ប្រជាជនឥណ្ឌា នឹងកើនដល់ ១,៤២៨៦ ពាន់លាននាក់ ហើយ ចិន មានប្រជាជន ១,៤២៥៧ ពាន់លាននាក់។ នេះជាទិន្នន័យរបស់អង្គការសហប្រជាជាតិ ដែលផ្សាយព្រោងព្រាត ក្នុងខែមេសាកន្លងទៅ។
«អ៊ីស្លាមត្រួតត្រាឥណ្ឌា»
ផ្ទៃក្នុងប្រទេសឥណ្ឌា គឺបញ្ហាកំណើតកូនច្រើននេះ បង្កឲ្យមានការរើសអើងប្រកាន់គ្នា ចំណោមរង្វង់ប្រជាពលរដ្ឋឥណ្ឌាខ្លួនឯង ដែលនិយមនិកាយសាសនាផ្សេងគ្នា។ ពួកឥណ្ឌាកាន់សាសនាហិណ្ឌូ បញ្ឆេះកំហឹង និងសាបព្រោះភាពស្អប់ខ្ពើមទៅលើពួកមូស្លិមកាន់សាសនាអ៊ីស្លាម ព្រមទាំងចោទថា ពួកអ៊ីស្លាមខំប្រឹងបង្កើតកូនឲ្យបានច្រើន ដើម្បីឲ្យច្រើនជាងពួកហិណ្ឌូ អាចត្រួតត្រាប្រទេសឥណ្ឌាទាំងមូល ហើយនិងចង់បង្កើតច្បាប់សាសនាអ៊ីស្លាម «សារីយ៉ា Charia» ជំនួសច្បាប់រដ្ឋធម្មនុញ្ញ ហិណ្ឌូនិយម តែម្តង។
ទិន្នភាពនេះ មានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងនៅលើបណ្តាញផ្សព្វផ្សាយសង្គម។ នៅរដ្ឋឧត្តរប្រទេស (ឬ Uttar Pradesha) ឱសថការីម្នាក់ ឈ្មោះ អមីត អ៊ុតបាយ្យាយ (Amit Upadhyay )មានអ្នកគាំទ្រ ៤ ម៉ឺននាក់នៅក្នុងបណ្តាញសង្គម ហ្វេសបុក បានស្រោចគំនិតអើសអើងប្រឆាំងនឹង ជនជាតិឥណ្ឌា ភាគតិច កាន់តែសាសនាអ៊ីស្លាម។ អ្នកលក់ឱសថ ជាតិនិយមសាសនាហិណ្ឌូ រូបនេះ បានផ្សាយក្នុងបណ្តាញសង្គម និងឃោសនាប្រាប់អតិថិជនទៅទិញថ្នាំ ជាពួកហិណ្ឌូ ថា «ត្រូវតែនាំគ្នាបង្កើតកូនឲ្យបានច្រើន ឲ្យច្រើនជាងពួកអ៊ីស្លាម។ បើមិនដូច្នេះទេ ពួកអ៊ីស្លាម នឹងក្លាយជាអ្នកបង្កគ្រោះថ្នាក់ គំរាមកំហែង ហើយនិងលុបបំបាត់សាសនាហិណ្ឌូ នៅស្រុកឥណ្ឌាហើយ»។ បុរសម្នាក់នេះ ផ្សព្វផ្សាយគំនិតអើសអើងបែបៗដូច្នេះនេះ ជាប្រចាំ និងតែងតែមានអ្នកតាមដានចូលចិត្តច្រើនដែរ ។
ការឃោសនាបែបៗនេះ នៅប្រទេសឥណ្ឌា ពុំមែនមានតែនៅក្នុងចំណោមប្រជាពលរដ្ឋសាមញ្ញទេ សូម្បីតែ ពួកអ្នកនយោបាយនិងអ្នកច្បាប់ នៅរដ្ឋសភាជាតិ ក៏មានដែរ។ គំនិតជំរុញឲ្យពួកហិណ្ឌូបង្កើនចំនួនកូនឲ្យច្រើន ឲ្យលើសពួកអ៊ីស្លាមនេះ គឺអ្នកនយោបាយជាតិនិយមជ្រុល បំផុសការគិតនេះច្រើនឆ្នាំដែរមកហើយ។ ឧទាហរណ៍ជាក់ស្តែង គឺពួកអ្នកនយោបាយរបស់គណបក្ស Bharatiya Janata Party (BJP) បក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ណារិន្ទ្រា ម៉ូឌី និងដែលប្រកាន់នយោបាយហិណ្ឌូនិយម។ ក្នុង២០១៩ អ្នកតំណាងរាស្ត្រ រាកិស្ហ សិង្ហា (Rakesh Sinha) មកពីបក្សអំណាចនេះ បានផ្តួចផ្តើមរៀបចំ សំណើច្បាប់ កំណត់ចំនួនកូន ឲ្យមានត្រឹម ២ នាក់។ នេះក៏ព្រោះតែគេយល់ឃើញថា ក្នុងគ្រួសារកាន់សាសនាអ៊ីស្លាម ប្តីអាចមានប្រពន្ធច្រើននិងកូនច្រើនពេក។ សំណើច្បាប់ក្នុងស្មារតីបែបនេះ ត្រូវអ្នកតំណាងរាស្ត្រ ដល់ទៅ ១២៤ នាក់ឯណោះ បានគាំទ្រ។
បុគ្គលល្បីល្បាញម្នាក់ទៀត លោក ឥស្សារ ឡល (Ishwar Lal) ដែលស្និទ្ធនឹងបក្សហិណ្ឌូនិយមនេះ ក៏បានថ្លែងបែបចំអកឌឺដងផង នៅទីសាធារណៈថា«ពួកហិណ្ឌូ រៀបអាពាហ៍ពិពាហ៍តែម្តង និងមានកូនតែ ២ ប៉ុន្តែ ចំណែកឯ ពួកអ៊ីស្លាម រៀបការ ៤ - ៥ ដង ហើយមានកូន ក៏ច្រើនសន្ធឹក ស្ទើរតែអាចបង្កើតក្រុមកីឡា ១ ក្រុម បានទៅហើយ»។
តើនៅឥណ្ឌា ពួកមូស្លិមកាន់សាសនាអ៊ីស្លាម ពិតជាមានចំនួនច្រើនជាងពួកហិណ្ឌូ មែនឬទេ?
ចម្លើយ គឺថា នៅឥណ្ឌា ពួកមូស្លិមកាន់សាសនាអ៊ីស្លាម ជាក្រុមជនជាតិភាគតិច ហើយមានចំនួនតិចជាងពួកហិណ្ឌូឆ្ងាយណាស់។ តាមការសិក្សារបស់មជ្ឈមណ្ឌលអាមេរិកខាងជញ្ជឹងគិត Pew Reaserche Center គឺបានបញ្ជាក់ឲ្យឃើញថា សូម្បីតែនៅពេលពាក់កណ្តាលសតវត្សរ៍ទី២១នេះ ក៏ពលរដ្ឋឥណ្ឌាជនជាតិភាគតិចកាន់សាសនាអ៊ីស្លាម នៅតែមានចំនួនតិចជាងពួកឥណ្ឌាកាន់សាសនាហិណ្ឌូ ឆ្ងាយដែរ។ ពោលគឺ នៅឆ្នាំ២០៥០ ពួកឥណ្ឌាអ៊ីស្លាម អាចកើនឡើងដល់ ៣១១ លាននាក់ ចំណែក ឯ ពួកហិណ្ឌូ ១,៣ ពាន់លាននាក់ ឯណោះ។ ចំពោះអត្រាបង្កើតកូនវិញ ២ទសវត្សរ៍ចុងក្រោយ ពួកឥណ្ឌាអ៊ីស្លាម បានថយចុះស្ទើរតែពាក់កណ្តាល។ ការសិក្សា១នៅឆ្នាំ២០២១ បញ្ជាក់ថា នារីឥណ្ឌាកាន់សាសនាអ៊ីស្លាមម្នាក់ អាចផ្តល់កំណើតកូន ជាមធ្យម ២,៣ នាក់។ ផ្ទុយពីរយៈពេល២០ឆ្នាំមុន ដែល នារីមូស្លិមឥណ្ឌាម្នាក់ បង្កើតកូន ជាមធ្យម ៤ ទៅ៥ នាក់ឯណោះ។
«ដើម្បីកេងចំណេញនយោបាយ»
លោកបណ្ឌិត ឃុរៃស្ហី (S.Y. Quraishi) ជាអតីតស្នងការរៀបចំការបោះឆ្នោតជាតិឥណ្ឌា ហើយរូបលោកក៏ជាអ្នកកាន់សាសនាអ៊ីស្លាមម្នាក់ដែរ បានវិភាគពិចារណានិងសរសេរច្រើនពី ពួកក្រុមជាតិនិយមជ្រុលហិណ្ឌូ។ លោកបណ្ឌិតថា ពួកនេះឃោសនាបំភ្លៃព័ត៌មានស្តីពីអត្រាកំណើត ព្រោះដើម្បីកេងចំណេញនយោបាយ។
នេះអាចឲ្យគេឆ្លុះបញ្ចាំងឃើញពីទង្វើរបស់បក្សកាន់អំណាចនៅឥណ្ឌា។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី មិនបានប្រកាសចំនួនសិក្សាប្រជាសាស្រជាផ្លូវការទេ ពីព្រោះអាចទំនងជាចង់ទុកឲ្យមានការបកស្រាយផ្សេងគ្នាៗចំពោះចំនួនបង្កើតកូនផង ហើយម្យ៉ាងទៀត ក៏ព្រោះតែបារម្ភខ្លាចពីការរិះគន់ចំពោះអត្រាអត់ការងារធ្វើ ដ៏ច្រើនក្នុងចំណោមយុវជន។ ប្រជាជនឥណ្ឌា ជិតពាក់កណ្តាល មានអាយុតិចជាង៣០ឆ្នាំ ហើយដែលកំពុងតែស្រេកឃ្លានក្នុងការប្រលូកចូលក្នុងវិស័យការងារ។ ប្រសិនបើរដ្ឋាភិបាលឥណ្ឌាប្រកាសចំណុចនេះ ជាផ្លូវការ គឺមិននាំផលល្អ ហើយថែមទាំងអាចជះផលអាក្រក់ដល់ការបោះឆ្នោតជាតិ នៅឆ្នាំខាងមុខនេះ។
ចំពោះប្រទេសឥណ្ឌាផ្ទាល់ ក្រៅពីបញ្ហាកង្វះការងារ កំណើនខ្លាំងខាងប្រជាសាស្ត្រ គឺនឹងនាំឲ្យបង្កជាបញ្ហាចំណោទប្រឈមខ្លាំង វិបត្តិសង្គម មានទាំងពីការសិក្សា រចនាសម្ព័ន្ធ ទឹក ភ្លើង... ពិសេសទៅទៀត គឺ វិសមភាពអ្នកមានអ្នកក្រ, កង្វះលំនៅដ្ឋានសមរម្យនៅក្នុងទីក្រុង...៕
5/3/2023 • 5 minutes, 34 seconds អ្វីទៅជាហេតុផល នៅពីក្រោយវត្តមានអន្តរាគមន៍របស់ចិន ក្នុងសំណុំរឿងសង្គ្រាមអ៊ុយក្រែន
ថ្មីៗនេះ ចិនបានបង្ហាញវត្តមានកាន់តែច្បាស់ ដើម្បីចង់ចូលខ្លួនដោះស្រាយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ បន្ទាប់ពីត្រូវបានក្រុមប្រទេសលោកខាងលិច ចោទថាមានទំនោរគាំទ្ររុស្ស៊ី នៅទីបំផុតទៅ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានសន្ទនាតាមទូរស័ព្ទជាលើកទី១ ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី កាលពីថ្ងៃទី២៦មេសាកន្លងទៅ។ ការសន្ទនាដែលថ្នាក់ដឹកនាំទាំងពីរ អះអាងថាបានផ្តោតទៅលើការពង្រឹងទំនាក់ទំនងទ្វេរភាគី និងជាពិសេសនោះ គឺការប្រឹងប្រែងឈានទៅរៀបចំការចរចាសន្តិភាព។ តើចិន ពិតជាអាចជួយនាំសន្តិភាពមកឲ្យអ៊ុយក្រែនដែរឬទេ? ហើយអ្វីទៅជាហេតុផល ដែលញ៉ាំងឲ្យចិន ចូលខ្លួនមកអន្តរាគមន៍ដោះស្រាយវិបត្តិនេះ ក្នុងពេលនេះ?
ជាច្រើនខែមកហើយ ដែលលោកហ្សេឡេនស្គី បានព្យាយាមសុំនិយាយជាមួយលោកស៊ី ជីនពីង ទាក់ទិននឹងបញ្ហាសង្គ្រាម ដែលរុស្ស៊ីបានដុតបញ្ឆេះឡើងនៅលើទឹកដីអ៊ុយក្រែន។ មិនត្រឹមតែមិនបានឆ្លើយតបនឹងសំណើររបស់ភាគីអ៊ុយក្រែន លោកស៊ី ជីនពីងបានទាំងទៅធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូ ដែលធ្វើឲ្យសម្ព័ន្ធមិត្តលោកខាងលិច កាន់តែច្បាស់ក្នុងចិត្ត ថាចិនមានទំនោរកាន់ជើងរុស្ស៊ី។
ទីបំផុត កាលពីថ្ងៃទី២៦មេសា លោកស៊ី ជីនពីង និងលោកហ្សេឡេនស្គី បាននិយាយគ្នាតាមទូរស័ព្ទ អស់រយៈពេលប្រមាណ១ម៉ោង។ ជាការសន្ទនាដែលភាគីចិនអះអាងថា គឺភាគីអ៊ុយក្រែនជាអ្នកបានស្នើមក។ លោកប្រធានាធិបតីចិន បានប្រកាសគោលជំហរ ចង់ចូលរួមធ្វើជាអាជ្ញាកណ្តាល ដើម្បីនាំភាគីជម្លោះទាំង២ រុស្ស៊ី និង អ៊ុយក្រែន ចូលតុចរចា ដើម្បីកសាងសន្តិភាព។ តែយ៉ាងណា អ្នកជំនាញខ្លះ បានសំដែងការមិនទុកចិត្តទេ ចំពោះតួនាទីអាជ្ញាកណ្តាលរបស់ចិននេះ។
នៅក្នុងសន្និសីតពិភាក្សាមួយ រៀបចំដោយវិទ្យាស្ថាន Carnegie Endowment for Peace លោក Chan Heng Chee អ្នកជំនាញចិន បានលើកឡើងថា បើលោកស៊ី ជីនពីង មានវត្តមានចេញមុខចង់ឲ្យមានការចរចាសន្តិភាពនៅពេលនេះ ក៏ព្រោះតែលោកពូទីនជាអ្នកដែលបានបានប្រាប់លោកស៊ី ជីនពីង ថារុស្ស៊ីបានត្រៀមខ្លួនសុខចិត្តចរចាហើយ។
លោក Can Kasapoglu អ្នកជំនាញនៅ Hudson Institute បានលើកឡើងថា ធាតុពិតអ៊ុយក្រែនខ្លួនឯង ក៏កំពុងតែព្យាយាមរកសន្ទុះថ្មីដែរ ទាំងផ្នែកនយោបាយ និងនៅលើសមរភូមិប្រយុទ្ធ។ អ៊ុយក្រែនអាចទប់បានរាល់ថ្ងៃនេះ គឺដោយសារជំនួយសព្វាវុធរបស់ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច សឹងទាំងស្រុង។ ក៏ប៉ុន្តែពេលវេលាកាន់តែដើរទៅមុខ ចរន្តគំនិតគាំទ្រអ៊ុយក្រែន ពីបណ្តាប្រទេសលោកខាងលិច ហាក់បានចុះថយម្តងបន្តិចៗ ដោយសារតែសង្គ្រាមនេះអូសបន្លាយ ធ្វើបាបសេដ្ឋកិច្ច និងជីវភាព។
ជាក់ស្តែងនៅសហរដ្ឋអាមេរិក យោងតាមការស្ទាបស្ទង់មតិធ្វើឡើងដោយ Pew Research Center កាលពីខែមីនាឆ្នាំ២០២២ គឺមានប្រជាជនអាមេរិកចំនួន៧%ដែលគិតថាអាមេរិកចំណាយប្រាក់ច្រើនជ្រុលហើយទៅលើអ៊ុយក្រែន តែនៅខែមករា២០២៣ តួលេខបានកើនដល់២៦%។ យោងតាមការវិភាគរបស់លោកស្រី Marlène Laruelle សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Gorge Washington គឺចំនួនមតិសាធារណៈជនដែលគាំទ្រឲ្យអ៊ុយក្រែនប្រឹងប្រយុទ្ធ នឹងកាន់តែថយចុះថែមទៀត ក្នុងរវាងប៉ុន្មានខែខាងមុខនេះ មិនថានៅសមរភូមិ អ៊ុយក្រែនបានជោគជ័យ ឬបរាជ័យប៉ុណ្ណានោះទេ។ ផ្ទុយទៅវិញ សំឡេងអំពាវនាវហៅឲ្យដាក់អាវុធ ហើយងាកមកចរចាសន្តិភាព នឹងកាន់តែផុសផុលឡើង។
គួររំលឹកថា ផែនការសន្តិភាពដែលចិនបានស្នើកាលពីចុងខែកុម្ភៈ គឺមាន១២ចំណុច។ ហើយផ្អែកតាមលោក Jean François Di Meglio អ្នកវិភាគបារាំងប្រចាំនៅតៃវ៉ាន់ គឺអ្វីដែលលោកស៊ី ជីនពីង បានស្នើទៅកាន់លោកហ្សេឡេនស្គីថ្មីៗនេះ មានខ្លឹមសារមិនខុសគ្នាប៉ុន្មានទេ។ ដោយឡែក លោក Bertrand Badie សាស្ត្រាចារ្យនៅសាលា Science Po Paris បានលើកឡើងថា មានចំណុច២សំខាន់៖ ទីមួយគឺគោលការណ៍បូរណភាពដែនដី ដែលចំណុចនេះគឺសំខាន់់ខ្លាំងណាស់សម្រាប់ភាគីអ៊ុយក្រែន ហើយទី២ គឺគោលការណ៍សន្តិសុខរួម ដែលនឹងអាចផ្តល់ច្រកចេញ ដោយមិនបាក់មុខឲ្យទៅភាគីរុស្ស៊ី។
តែយ៉ាងណាក៏ដោយ គោលការណ៍បូរណភាពដែលដី គឺជាបញ្ហាចម្រូងចម្រាស ចាក់ស្រែសខ្លាំងណាស់ ជាពិសេសពាក់ព័ន្ធនឹងតំបន់គ្រីម៉េ។ លោកប្រធានាធិបតីអ៊ុយក្រែនអះអាងសារជាថ្មី បន្ទាប់ពីនិយាយទូរស័ព្ទជាមួយលោកស៊ី ជីនពីង ថា « វានឹងគ្មានសន្តិភាពជាដរាបយូរអង្វែងទេ ដរាបណារុស្ស៊ីមិនដកថយចេញទាំងស្រុងពីទឹកដីអ៊ុយក្រែន ដោយរាប់ទាំងតំបន់គ្រីម៉េផង។ មានន័យថា ទាក់ទិននឹង គោលការណ៍បូរណភាពដែនដី គឺផ្លូវចរចាសឹងតែគ្មានសោះតែម្តង។ សេតវិមានអាមេរិក ធ្លាប់បានបញ្ជាក់ថា រឿងចរចាសន្តិភាព គឺលោកហ្សេឡេនស្គីជាអ្នកសម្រេច ថាត្រូវធ្វើពេលណានោះ គឺពេលដែលអ៊ុយក្រែនគិតថាខ្លួនអាចមានប្រៀបនៅក្នុងតុចរចា។ បើចរចាពេលនេះ ទាំងដែលតំបន់ដុនបាស តំបន់គ្រីម៉េ និងដែនដីមួយចំនួនទៀត ស្ថិតក្នុងដៃរុស្ស៊ីនោះ គឺលោកហ្សេឡេនស្គីមិនចរចាជាដាច់ខាត។
តែចង់មិនចង់ ពេលនេះ ចិនកំពុងតែបោះជំហានមានវត្តមាន ចូលរួមប្រើប្រាស់វិស័យការទូត ដើម្បីដោះស្រាយវិបត្តិ។ គឺជាបន្ទាត់យុទ្ធសាស្ត្ររបស់ចិន ដែលចង់ចូលរួមចាត់ចែងកិច្ចការពិភពលោកឲ្យបានកាន់តែសកម្ម ក្នុងនាមចិនជាមហាអំណាច ប្រជែងជាមួយអាមេរិក។ តាមរយៈយុទ្ធសាស្ត្រនេះ ចិនចង់ប្រាប់ពិភពលោកថា អាមេរិកមិនមែនជាមហាអំណាចដឹកនាំពិភពលោកតែម្នាក់ឯងនោះទេ។ ជាងនេះទៀត នៅក្នុងវិបត្តិអ៊ុយក្រែន ចិនចង់ប្រាប់ពិភពលោកថា អ្វីដែលអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចកំពុងតែធ្វើ គឺវាមិនមែនជាការដោះស្រាយបញ្ហាទេ តែគឺជាការបញ្ឆេះបញ្ហាឲ្យកាន់ក្តៅរោល តាមរយៈការផ្តល់អាវុធទៅឲ្យអ៊ុយក្រែន។ ផ្ទុយទៅវិញគឺចិនទេ ដែលមានហេតុផលត្រឹមត្រូវ ចេញមុខដោះស្រាយនាំភាគីជម្លោះទាំង២ អ៊ុយក្រែននិងរុស្ស៊ី ឲ្យចូលតុចរចាសន្តិភាព។ នេះបើផ្អែកតាមការវិភាគ របស់លោក Jean François Di Meglio។
គួររំលឹកថា ចិនបានជួយសម្របសម្រួល ផ្សះផ្សារអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌិត។ ហើយថ្មីៗនេះ រដ្ឋាភិបាលចិនបានបង្ហើបឲ្យដឹង ថាខ្លួនចង់ចូលរួមសម្របសម្រួលផែនការសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនថែមទៀតផង។ ដូច្នេះ ប្រសិនបើចិនអាចនាំសន្តិភាពឲ្យអ៊ុយក្រែនមែននោះ គឺវានឹងកាន់តែពង្រឹងមុខមាត់ និងតួនាទីរបស់ចិន ក្នុងនាមជាមហាអំណាចដ៏ធំ។ ជាមហាអំណាចដែលអាចដោះស្រាយបញ្ហាបាន ខុសពីអាមេរិកដែលដើរបង្កតែបញ្ហា។ បន្ថែមពីនេះ លោក Jean François Di Meglio បានលើកឡើងថា ប្រសិនបើចិនជោគជ័យក្នុងរឿងអ៊ុយក្រែនមែននោះ នោះវានឹងផ្តល់កម្លាំងយ៉ាងជឿជាក់ទៅឲ្យចិន នៅក្នុងសំណុំរឿងកោះតៃវ៉ាន់៕
5/2/2023 • 6 minutes, 13 seconds ហេតុអ្វីបានជាចិន និងឥណ្ឌាពិបាកនិយាយចុះសម្រុងគ្នានៅក្នុងជម្លោះដែនដីនៅភ្នំហេមពាន្ត?
កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ មេសា រដ្ឋមន្រ្តីការពារជាតិចិន និងឥណ្ឌាបានជួបគ្នានៅក្នុងទីក្រុងញូដែលី។ កម្មវត្ថុនៃជំនួប គឺដើម្បីជជែកគ្នាពីជម្លោះដែនដីនៅភ្នំហេមពាន្ត។ តែជាជំនួបមួយដែលមានបង្កប់ដោយភាពតានតឹងខ្លាំង។ គួររម្លឹកថា ជម្លោះដែនដីមួយនេះធ្លាប់បានរុញចិន និងឥណ្ឌាឲ្យធ្វើសង្រ្គាមនឹងគ្នាក្នុងឆ្នាំ ១៩៦២ និងមានការប៉ះទង្គិចគ្នាធ្ងន់ធ្ងរកាលពីឆ្នាំ ២០២០។ តើជម្លោះដែនដីនៅភ្នំហេមពាន្តមានដំណើរដើមទងយ៉ាងម៉េច និងថា ហេតុអ្វីបានជាចិន និងឥណ្ឌាពិបាកនិយាយចុះសម្រុងគ្នាខ្លាំងម្ល៉េះ?
សព្វថ្ងៃនេះ ចិន និងឥណ្ឌាមានព្រំដែនគោកជាប់គ្នាប្រវែង ៣ ៥០០គីឡូម៉ែត្រ។ តែបញ្ហានៅត្រង់ថា ខ្សែព្រំដែនគោកទាំង ៣ ៥០០គីឡូម៉ែត្រដែលខ័ណ្ឌចែកប្រទេសជិតខាងទាំងពីរនៅមិនទាន់បានគូសវាសឲ្យបានច្បាស់លាស់ និងត្រឹមត្រូវនៅឡើយទេ។ ទន្ទឹមគ្នានេះ នៅមានទីតាំងចំនួនពីរដែលចិន និងឥណ្ឌាកំពុងឈ្លោះដណ្តើមគ្នា។ ចិនបានទាមទារពីឥណ្ឌាវិញនូវដែនដីដែលមានទំហំ ៧៥ ០០០គីឡូម៉ែត្រក្រឡាក្នុងរដ្ឋអារូណាឆាល់ ប្រាដេស។ ចំណែកឥណ្ឌាបានទាមទារពីចិនវិញនូវដែនដីទំហំ ៣៧ ០០០គីឡូម៉ែត្រក្រឡានៅតំបន់ឡាដាដែលចិនបានក្រសោបកាន់កាប់តាំងឆ្នាំ ១៩៦២ មកម្ល៉េះ។
តើដែនដីដែលម្នាក់ៗកំពុងបន្តទាមទារពេលនេះពិតជាដែនដីរបស់ខ្លួនដែរ ឬទេ?។យើងទុកសំណួរនេះឲ្យចិន និងឥណ្ឌាបន្តស្វែងរកចម្លើយជាបន្តទៀតចុះ។ អ្វីដែលគេអាចនិយាយបាន ជម្លោះដែនដីនៅភ្នំហេមពាន្តដ៏សែនស្មុគស្មាញ រ៉ាំរៃ និងអូសបន្លាយរវាងចិន និងឥណ្ឌាមកដល់សព្វថ្ងៃ គឺជាមរតកអាណានិគមកាលពីជាង ១០០ឆ្នាំមុន ពោលនៅពេលដែលចក្រភពអង់គ្លេសបានចូលធ្វើអាណានិគមនៅឥណ្ឌាក្នុងឆ្នាំ ១៩១៤។ កាលណោះ អង់គ្លេសបានគូសវាសដោយអន្តោម័តនូវខ្សែព្រំដែនខ័ណ្ឌចែករវាងឥណ្ឌា និងតំបន់ស្វយ័តទីបេរបស់ចិន។
នៅក្នុងការគូសវាសខ្សែព្រំដែនពេលនោះ អង់គ្លេសបានដាក់បញ្ចូលទៅក្នុងទឹកដីឥណ្ឌានូវតំបន់ឡាដា និងរដ្ឋអារូណាឆាល់ ប្រាដេស។ តែបញ្ហានៅត្រង់ថា ចិនមិនបានទទួលស្គាល់ និងបន្តមិនទទួលស្គាល់មកដល់បច្ចុប្បន្ននូវខ្សែព្រំដែនគូសវាសដោយចក្រភពអង់គ្លេសកាលពីជាង ១០០ឆ្នាំនោះឡើយ។ ក្រុងប៉េកាំងនៅតែបន្តចាត់ទុករដ្ឋអារូណាឆាល់ ប្រាដេសជាដែនដីរបស់តំបន់ទីបេ ពោលមិនមែនជារបស់ឥណ្ឌាទេ។គួរបញ្ជាក់ថា រដ្ឋអារូណាឆាល់ ប្រាដេសដែលមានព្រំដែនជាប់ប្រទេសប៊ូតង់ជាតំបន់យុទ្ធសាស្រ្តពិសេសសម្រាប់ចិន។
ជាតំបន់យុទ្ធសាស្រ្តពិសេសព្រោះរដ្ឋអារូណាឆាល់ ប្រាដេសជាប្រភពធនធានរ៉ែ ប្រភពទឹកដ៏សំខាន់ និងជាទីកន្លែងសាសនាព្រះពុទ្ធដ៏ធំមួយ។ វត្តអារ៉ាមឈ្មោះ Galden Namgey Lhatse ដែលស្ថិតក្នុងតំបន់ Tawang ជាវត្តធំលំដាប់ទី២ របស់ទីបេបន្ទាប់ពីវត្តអារ៉ាមឈ្មោះ Potala ដែលស្ថិតក្នុងតំបន់ Lhassa។ ពិតណាស់ និងខុសពីជម្លោះខ្លះដែលចិនមានជាមួយអ្នកផ្សេង ពិសេសជាមួយតៃវ៉ាន់ ជម្លោះព្រំដែនដែលចិនមានជាមួយឥណ្ឌាហាក់មិនសូវធំដុំ មិនសូវខ្ចរខ្ចាយ មិនសូវមានគេនិយាយច្រើន និងក៏មិនសូវធ្វើឲ្យគេចាប់អារម្មណ៍ប៉ុន្មានដែរ។ តែគេក៏មិនត្រូវភ្លេចនិយាយទេថា ជម្លោះមួយនេះបានរុញចិន និងឥណ្ឌាឲ្យធ្លាក់ក្នុងសង្រ្គាមនឹងគ្នាម្តងក្នុងខែតុលា ឆ្នាំ ១៩៦២។
សង្រ្គាមក្នុងរយៈពេល ១ខែនាពេលនោះត្រូវបានបិទបញ្ចប់ដោយការចាញ់របស់កងទ័ពឥណ្ឌា។ ទោះជាយ៉ាងនេះក្តី ស្ថានការណ៍នៅតាមព្រំដែនបន្តក្តៅគគុក និងតានតឹងជាអចិន្ត្រៃយ៍។ តាំងពីពេលនោះមក គ្មានកិច្ចព្រមព្រៀងអ្វីត្រូវបានរកឃើញដើម្បីបិទបញ្ចប់ជម្លោះអូសបន្លាយរវាងប្រទេសជិតខាងទាំងពីរទេ។ លើសពីនេះ ភាពរំជើបរំជួលមានជាប់ជាប្រចាំដែលពេលខ្លះនាំឲ្យគេបារម្ភពីការផ្ទុះសង្រ្គាមជាថ្មី។ ជាក់ស្តែងក្នុងឆ្នាំ ២០២០ ការប៉ះទង្គិចដោយការប្រតាយប្រតប់គ្នាដោយប្រើដំបងរវាងកងទ័ពទាំងពីរនៅជ្រលងភ្នំ Galwan ស្ថិតកម្ពស់ ៤ ០០០ម៉ែត្របានបណ្តាលឲ្យស្លាប់ទាហានឥណ្ឌាប្រមាណជា ២០នាក់។ ចំណែកនៅចិនក៏មានស្លាប់ដែរ តែចិនមិនបានប្រាប់តួលេខ។
ការប៉ះទង្គិចក្នុងឆ្នាំ ២០២០ ជារឿងធ្ងន់ធ្ងរទី១ បន្ទាប់ពីសង្រ្គាមផ្លូវអាវុធក្នុងខែតុលា ឆ្នាំ ១៩៦២។ ភាពប្រទូសរ៉ាយមួយនេះកាលណោះបានបិទបញ្ចប់នូវការព្យាយាមរំកិលរកគ្នារវាងឥណ្ឌា និងចិនដែលបានផ្តួចផ្តើមដោយនាយករដ្ឋមន្រ្តីឥណ្ឌាលោកណារ៉េនដ្រា ម៉ូឌី និងប្រធានាធិបតីចិនលោកស៊ី ជីនពីងក្នុងឆ្នាំ ២០១៨ នៅក្រុងវូហាន និងនៅក្រុងតាមីល ណាឌូក្នុងឆ្នាំ ២០១៩។ ក្នុងរយៈពេលជិត ៣ឆ្នាំក្រោយការប៉ះទង្គិចគ្នាក្នុងឆ្នាំ ២០២០ មានកិច្ចចរចាប្រមាណជា ១៥លើកត្រូវបានរៀបចំឡើងរវាងកងទ័ពទាំងពីរនៅតាមព្រំដែនដើម្បីកាត់បន្ថយភាពតានតឹងឲ្យបានច្រើនបំផុតដែលអាចធ្វើទៅបាន។ តែគ្មានទទួលបានលទ្ធផលអ្វីជាដុំកំភួនទេ។
កាលពីថ្ងៃទី២៧ មេសាថ្មីៗកន្លងទៅ រដ្ឋមន្រ្តីការពារជាតិឥណ្ឌា និងចិនបានជួបគ្នានៅក្នុងទីក្រុងញូដែលី។ តាំងពីក្រោយការប៉ះទង្គិចគ្នាក្នុងឆ្នាំ ២០២០ នេះជាលើកទី១ ដែលប្រមុខការពារជាតិនៃប្រទេសជិតខាងទាំងពីរបានអង្គុយជជែកទល់មុខគ្នា និងនិយាយត្រង់ទៅ ត្រង់មក។ តែគេបានសង្កេតឃើញជារួមថា ការជជែកគ្នាមានភាពតានតឹងខ្លាំង ហើយឥស្សរជនទាំងពីរថែមទាំងបានចៀសវាងមិនចាប់ដៃគ្នាទៀតផង។ ខណៈដែលរដ្ឋមន្រ្តីការពារជាតិឥណ្ឌាលើកឡើងថា ការអភិវឌ្ឃន៍នៃទំនាក់ទំនងរវាងចិន និងឥណ្ឌាផ្អែកលើប្រេវ៉ាឡង់នៃសន្តិភាព និងភាពស្ងប់ស្ងាត់នៅតាមព្រំដែន សមភាគីចិនបានលើកឡើងថា គេមិនគួរភ្ជាប់ទំនាក់ទំនងទ្វេភាគីជាមួយនឹងជម្លោះព្រំដែន ឬនិយាយឲ្យយល់ គេមិនគួរដាក់ទំនាក់ទំនងទ្វេភាគី និងជម្លោះព្រំដែនទៅក្នុងកន្ទ្រកតែមួយឡើយ។
សរុបមកវិញ ជំហររបស់ចិន និងឥណ្ឌាក្នុងរឿងជម្លោះព្រំដែននៅភ្នំហេមពាន្តហាក់បានជាប់គាំងនៅជុំវិញជំហរពីរដែលមិនអាចផ្សះផ្សាគ្នាបានទេ។ ខណៈនេះ ស្ថានការណ៍ទូទៅស្ថិតក្រោមការគ្រប់គ្រង និងហាក់មានភាពស្ងប់ស្ងាត់ តែកំពុងក្តៅងំដែលអាចផ្ទុះឡើងដោយគ្មាននរណាម្នាក់អាចដឹងមុនបានទេ។ កុំថាឡើយដីមួយម៉ែត្រ សូម្បីតែមួយចង្អាមក៏គ្មាននរណាម្នាក់សុខចិត្តបាត់បង់ជាដាច់ខាត៕
5/1/2023 • 6 minutes, 41 seconds ភាពផុយស្រួយរបស់កម្ពុជាប្រឈមនឹងបម្រែបម្រួលអាកាសធាត ុ
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ ព្រោះដោយសារកត្តាទីតាំងភូមិសាស្ត្រ អភិបាលកិច្ចនៅទន់ខ្សោយ និងការងាយរងផលប៉ះពាល់ផ្សេងៗពីគ្រោះមហន្ដរាយធម្មជាតិ។ ទៅថ្ងៃខាងមុខ ការរវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុនឹងមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការធានានូវនិរន្តរភាពនៃសេដ្ឋកិច្ចជាតិ សម្រាប់រយៈពេលវែង។
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ។ នាពេលបច្ចុប្បន្ន នៅពេលដែលអាកាសធាតុកាន់តែប្រែប្រួលខ្លាំង ជាឧទាហរណ៍ ការឡើងកម្ដៅកាន់តែក្ដៅ ការធ្លាក់ភ្លៀងច្រើន និងមិនទៀងទាត់ ឬការអូសបន្លាយរដូវក្ដៅកាន់តែយូរ គឺបានធ្វើឱ្យកម្ពុជាកាន់តែងាយរងគ្រោះ។
ផ្អែកតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB report) ដែលចេញផ្សាយនាពេលថ្មីៗ លទ្ធផលបង្ហាញថា នៅក្នុងឆ្នាំ២០២២កន្លងមក សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ក្រោយត្រូវឆ្លងកាត់វិបត្តិជំងឺកូវីដ១៩ អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។ មូលហេតុចម្បងគឺដោយសារកំណើននៃការនាំចេញដ៏រឹងមាំ និងការងើបឡើងវិញនៃវិស័យទេសចរណ៍។ ទោះជាយ៉ាងណា នៅក្នុងរបាយការណ៍ដដែល កម្ពុជាចាំបាច់ត្រូវពង្រីកការវិនិយោគបៃតង ឬការអភិវឌ្ឍដោយគិតលើបញ្ហាអាកាសធាតុ និងបរិស្ថានឱ្យបានច្រើន ក្នុងនាមជាវិស័យអាទិភាពជាយុទ្ធសាស្ត្រ ដើម្បីជំរុញសក្តានុពលកំណើនសេដ្ឋកិច្ចរបស់ខ្លួន នៅរយៈពេលវែង។
នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះខ្លាំង ចំពោះការប្រែប្រួលអាកាសធាតុ ព្រោះដោយសារកត្តាទីតាំងភូមិសាស្ត្រ អភិបាលកិច្ចនៅទន់ខ្សោយ និងការងាយរងផលប៉ះពាល់ផ្សេងៗពីមហន្ដរាយធម្មជាតិ។
ផ្អែកតាមសន្ទស្សន៍ The Notre Dame-Global Adaptation Index កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលនៅត្រៀមខ្លួនតិចតួចនៅឡើយ ដើម្បីអាចប្រឈមទៅនឹងបញ្ហាអាកាសធាតុ ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៤៩ ក្នុងចំណោមប្រទេស១៨២។ ជាក់ស្ដែង កម្ពុជាស្ថិតនៅក្នុងតំបន់វាលទំនាបលិចទឹក ក្នុងទំហំផ្ទៃដីយ៉ាងធំទូលំទូលាយ ដូច្នេះកម្ពុជាត្រូវប្រឈមមុខនឹងទឹកជំនន់យ៉ាងខ្លាំង។ ផ្អែកតាមសន្ទស្សន៍ The Global Risk Index For Humanitarian Crises And Disasters កម្ពុជាទទួលបានពិន្ទុងាយរងគ្រោះបំផុត គឺ ៩,៥លើពិន្ទុ១០។
បម្រែបម្រួលអាកាសធាតុនៅកម្ពុជាត្រូវគេរំពឹងថានឹងកាន់តែមានការកើនឡើង ហើយវានឹងធ្វើឱ្យមានការកើនឡើងនូវល្បឿនប្រេកង់ និងអាំងតង់ស៊ីតេនៃការកើនឡើងទឹកជំនន់ គ្រោះរាំងស្ងួត ការកើនឡើងសីតុណ្ហភាពកាន់តែក្ដៅជាងមុន ការកើនឡើងកម្រិតទឹកសមុទ្រ និងអំបិលនៅក្នុងសមុទ្រកាន់តែមានស្ថានភាពអាក្រក់។
សម្រាប់សេចក្តីសន្និដ្ឋានរបស់ ADB ការប្រែប្រួលអាកាសធាតុអាចរារាំងយ៉ាងខ្លាំងដល់សក្តានុពលកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលវែងរបស់ប្រទេសកម្ពុជា។
រដ្ឋាភិបាលកម្ពុជាប្រាថ្នាចង់ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទោះជាយ៉ាងនេះក្តី បញ្ហានៃការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យទំហំសេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះប្រហែល១០%នៅឆ្នាំ២០៥០។ មូលហេតុចម្បងគឺបណ្ដាលមកពីការបាត់បង់ផលិតភាព ឬការបាត់បង់លទ្ធភាពផលិតកម្ម ព្រោះដោយសារអាកាសធាតុប្រែប្រួលធ្ងន់ធ្ងរ និងកាន់តែមានការកើនឡើងកម្ដៅ។ ទឹកជំនន់ និងគ្រោះរាំងស្ងួតអាចកើនមានឡើងកាន់តែញឹកញាប់ និងកាន់តែអាក្រក់ទៅៗ ហើយវាអាចបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម និងការកើនឡើងនៃកម្រិតទឹកសមុទ្រ។ ការជ្រាបចូលនៃទឹកប្រៃលើដីគោកក៏អាចធ្វើឱ្យប៉ះពាល់ដល់ធនធានជលផលទឹកសាប និងដីកសិកម្មកាន់តែខូចគុណភាពផងដែរ។ វិស័យទេសចរណ៍ក៏ងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ព្រោះថាការប្រែប្រួលអាកាសធាតុអាចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងតម្រូវការទេសចរណ៍។
នៅក្នុងន័យនេះ ADB បានផ្ដល់អនុសាសន៍ថា កម្ពុជាត្រូវគិតគូរពីការប្រែប្រួលអាកាសធាតុឱ្យកាន់តែខ្លាំង ប្រសិនបើកម្ពុជាចង់បន្ដកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
ប្រទេសកម្ពុជាគឺជាប្រទេសដែលមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតទាប ក៏ប៉ុន្តែការបំភាយនៅកម្ពុជាកំពុងកើនឡើងដោយសារតែការកាប់បំផ្លាញព្រៃឈើ ការពង្រីកដីដាំដុះស្រូវ និងការកើនឡើងនៃតម្រូវការថាមពលនៅក្នុងវិស័យឧស្សាហកម្ម។ ដូច្នេះ ការបន្ថយការបញ្ចេញការបំពុលកាបូនឌីអុកស៊ីតនឹងអាចធ្វើឱ្យកម្ពុជាមានឱកាសទទួលកំណើនសេដ្ឋកិច្ចថ្មី ព្រោះថា នាពេលបច្ចុប្បន្ន ពិភពលោកកំពុងមានកំណើនតម្រូវការសកលសម្រាប់ផលិតផល និងសេវាកម្មដែលគិតគូរដល់បរិស្ថាន។ ការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចដែលមានការបំពុលសូន្យក៏អាចនឹងបង្កើតការងារដែលមានគុណភាពខ្ពស់ និងផ្តល់ឱ្យកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង សម្រាប់អ្នកវិនិយោគពិភពលោកដែលចាប់អារម្មណ៍កាន់តែខ្លាំងឡើងលើការវិនិយោគបៃតង។
សម្រាប់ ADB ការពង្រីកការវិនិយោគបៃតងក្នុងវិស័យអាទិភាពនឹងធ្វើឱ្យកម្ពុជាបង្កើនសក្តានុពលនៃកំណើនសេដ្ឋកិច្ចនៅរយៈពេលវែងរបស់ខ្លួន។
នាពេលបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្ដបង្កើនកំណើនសេដ្ឋកិច្ចបៃតង តាមរយៈ ផែនការយុទ្ធសាស្រ្តជាតិស្តីពីកំណើនបៃតងឆ្នាំ២០១៣-២០៣០ និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ កម្ពុជាមានសក្តានុពលក្នុងការពង្រីកការវិនិយោគលើថាមពលកកើតឡើងវិញ និងការពង្រីកប្រសិទ្ធភាពនៃវិស័យថាមពល ដោយប្រើប្រាស់ធនធានថាមពលពន្លឺព្រះអាទិត្យដ៏សម្បូរបែបរបស់ខ្លួន។ បន្ថែមពីលើនេះ កម្ពុជាក៏មានលទ្ធភាពវិនិយោគលើកសិកម្មអាកាសធាតុឆ្លាតវៃ (Climate-smart Agriculture) និងការគ្រប់គ្រងមូលធនធម្មជាតិផងដែរ ដោយមើលឃើញពីសារៈសំខាន់នៃវិស័យកសិកម្មចំពោះសន្តិសុខស្បៀងរបស់កម្ពុជា និងសក្តានុពលសម្រាប់ធ្វើពាណិជ្ជកម្ម។
ជាចុងក្រោយ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុនឹងមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងធានានូវនិរន្តរភាពនៃសេដ្ឋកិច្ចជាតិ សម្រាប់រយៈពេលវែង៕
5/1/2023 • 6 minutes, 27 seconds អ្នកជំនាញជឿថា ចិនកំពុងតែបង្កើនទំហំចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ
ប្រមាណ១០ឆ្នាំចុងក្រោយនេះ ចិនបានធ្វើទំនើបកម្មយ៉ាងខ្លាំង លើវិស័យយោធា ទាំងផ្នែកសមត្ថភាពកងទាហាន ទាំងគ្រឿងសព្វាវុធរបស់ខ្លួន។ ស្ថិតក្នុងបរិបទប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង ជាមួយអាមេរិក ជុំវិញសំណុំរឿងកោះតៃវ៉ាន់ ចិនហាក់ដូចជាបាននិងកំពុង តែបង្កើនទំហំចំនួនក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។ នេះបើផ្អែកតាមការវិភាគរបស់អ្នកជំនាញក្នុងវិស័យនេះ។ ផ្អែកតាមប៉ាន់ស្មានរបស់ក្រសួងការពារជាតិអាមេរិក នៅរវាងឆ្នាំ២០៣៤ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន នឹងកើនសរុបចំនួន១៥០០គ្រាប់។
ពី៣៥០គ្រាប់ឡើ់ងទៅ១៥០០គ្រាប់
ចិនបានធ្វើការសាកអាវុធនុយក្លេអ៊ែរ នៅឆ្នាំ១៩៦៤។ តាំងតែពីនោះមក ចិនបានសន្យានឹងមិនពង្រីកទំហំចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនទេ ហើយក៏នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុនដែរ ប្រសិនបើខ្លួនមិនរងការវាយប្រហារដោយអាវុធរបៀបនេះទេនោះ។ យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាព ស្ថិតនៅទីក្រុងស្តុកខូម Sipri បច្ចុប្បន្ននេះចិនមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៣៥០គ្រាប់។ ពោលគឺតិងជាងគេឆ្ងាយ ដូចយ៉ាងរុស្ស៊ី មាន៤៤៧៧គ្រាប់ អាមេរិក មាន៣៧០៨គ្រាប់។
ក៏ប៉ុន្តែ អំណេះតទៅ ចិនទំនងហាក់ដូចជាមិនចង់ស្ថិតនៅក្នុងស្ថានភាពនេះតទៅទៀតទេ។ លោក Matt Korda អ្នកជំនាញសហព័ន្ធវិទ្យាសាស្ត្រអាមេរិក ដែលតាមដានឃ្លាំមើលការរីកសាយភាយអាវុធនុយក្លេអែរ បានឡើងថា ចិននឹងប្រឹងបន្ថែមចំនួនក្បាលគ្រាប់នុយក្លេអ៊ែរឲ្យបានច្រើន។ យោងតាមរបាយការណ៍មួយ របស់ក្រសួងការពារជាតិអាមេរិក ចេញផ្សាយកាលពីខែវិច្ឆិកា គឺនៅរវាងឆ្នាំ២០៣៥ ចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរ សរុបចំនួន១៥០០គ្រាប់។
ដូចគ្នាដែរ លោក David Logan សាស្ត្រាចារ្យនៅ Naval War College ដែលជាវិទ្យាស្ថានស្រាវជ្រាវនិងសិក្សាផ្នែកកងទ័ពជើងទឹកអាមេរិក បានវិភាគឃើញថា ចិនកំពុងតែព្យាយាមពង្រីក ពង្រឹងសមត្ថភាព និងធ្វើទំនើបកម្ម ទៅលើកម្លាំងសមត្ថភាពនុយក្លេអ៊ែរ ខ្លាំងជាងពេលណាៗទាំងអស់។ អ្នកជំនាញរូបនេះបន្ថែមថា អំឡុងពេលនេះ ចិនកំពុងប្រើគ្រប់មធ្យោបាយ ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែម ឲ្យបានចំនួនច្រើន និងថែមទាំងពង្រឹងសមត្ថភាពអាវុធបាញ់បង្ហោះក្បាលគ្រាប់ទាំងនោះផង ដោយមានទាំងបាញ់ពីដី ពីលើអាកាស និងពីក្នុងទឹកសមុទ្រ។ ស្ថិតនៅក្នុងទិសដៅនេះដែរ ចិនបាននិងកំពុងសាងសង់ យ៉ាងលឿនរហ័ស នូវប្រព័ន្ធជើងទម្របាញ់បង្ហោះមីស៊ីលបាលីស្ទីកអន្តរទ្វីប។ យោងតាមក្រសួងការពារជាតិអាមេរិក បច្ចុប្បន្នចិនមានបំពង់ទម្របាញ់មីស៊ីលប្រភេទនេះ ចំនួន៣០០គ្រឿងហើយ។
រុស្ស៊ីសន្យាជួយ
គួរកត់សំគាល់ថា មហាយក្សចិន តែងតែអះអាងជានិច្ចជាកាលថា ខ្លួននឹងរក្សាកម្លាំងសព្វាវុធនុយក្លេអ៊ែរ ឲ្យស្ថិតនៅទាបបំផុត ក្នុងកម្រិតចាំបាច់ដើម្បីតែការពារសន្តិសុខជាតិប៉ុណ្ណោះ។ ហើយកាលពីខែមុន ក្នុងពេលជួបជាមួយលោកពូទីន លោកស៊ី ជីនពីង បានប្រកាសថា “សង្គ្រាមនុយក្លេអ៊ែរ នឹងមិនអាចផ្ទុះឡើងបានជាដាច់ខាត”។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ យោងតាម ក្រុមសម្ព័ន្ធអន្តរជាតិ ដើម្បីលប់បំបាត់អាវុធនុយក្លេអ៊ែរ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១ រដ្ឋាភិបាលចិនបានចំណាយប្រាក់ប្រមាណ ជិត១២ពាន់លានដុល្លារ ទៅលើវិស័យសព្វាវុធនុយក្លេអ៊ែរ។ ពោលគឺស្មើនឹង១ភាគ៣ នៃទំហំទឹកប្រាក់ដែលអាមេរិកបានចំណាយលើវិស័យនេះ។
តែយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះបានលើកឡើងថា ការអភិវឌ្ឍន៍វិស័យសព្វាវុធនុយក្លេអ៊ែររបស់ចិន គឺអាចមានឧបសគ្គច្រើន។ ការផលិតក្បាលគ្រាប់នុយក្លែអ៊ែរ ត្រូវការជាចាំបាច់ នូវធាតុហ្វីស៊ីល (Matière fissile) ដែលមានស្នូលអាតូមិក ហើយសមត្ថភាពនិងបច្ចេកវិទ្យាផលិតរបស់ចិននៅមានកម្រិត។ ក្នុងបញ្ហានេះ អ្នកជំនាញជឿថា រុស្ស៊ីទំនងជាអាចជួយចិនបាន។
សូមរំលឹកថា កន្លងមកថ្មីៗនេះ ប្រធានាធិបតីចិននិងរុស្ស៊ី បានប្រកាសសន្យា រួមសហការគ្នាក្នុងវិស័យនុយក្លេអ៊ែរ។ អ្នកជំនាញបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី បានសុខចិត្តយល់ព្រមជួយចិន នៅក្នុងគម្រោងសាសង់ រ៉េអាក់ទ័រល្បឿនលឿន ដែលអាចផលិតចេញជា ធាតុហ្វីស៊ីល ក្នុងបរិមានច្រើន យ៉ាងឆាប់រហ័ស។ ផ្អែកតាមប៉េកាំង កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ គឺពាក់ព័ន្ធតែលើវិស័យនុយក្លេអ៊ែរស៊ីវីលតែប៉ុណ្ណោះ។ តែយ៉ាងណា អ្នកជំនាញជឿថា អាចនឹងឆក់ឱកាសប្រើបច្ចេកវិទ្យានេះ ដើម្បីផលិត ធាតុហ្វីស៊ីល ឲ្យបានច្រើន ទុកប្រើក្នុងគ្រាប់បែកបរមាណូ។
បង្កើនសមត្ថភាពចម្រាញ់ធាតុព្លុយតូនីញ៉ូម
ផ្អែកតាមលោក Matt Korda ចិនពិតជាអាចមានផ្លូវ បង្កើនសកម្មភាពចម្រាញ់ធាតុព្លុយតូនីញ៉ូម ក្នុងទំហំមួយច្រើន តាមរយៈបច្ចេកវិទ្យា រ៉េអាក់ទ័រណឺត្រុងរហ័ស ដែលរុស្ស៊ីនឹងប្រគល់ឲ្យ។ ក៏ប៉ុន្តែសម្រាប់ពេល មិនទាន់មានសញ្ញាអ្វីមួយបញ្ជាក់ថា ចិនចង់ធ្វើបែបនេះនោះទេ។ លោក Gregory Kulacki អ្នកជំនាញចិននៅ Union of Concerned Scientists បានលើកឡើងថា ទំហំស្តុករបស់ចិនមានទាបខ្លាំងណាស់។ លោកអះអាងថា យោងតាមប្រភពព័ត៌មាន ជាមួយនឹងរ៉េអាក់ទ័រដែលផលិតធាតុអ៊ីហ្សូតូបហ្វីស៊ីល (Isotopes fissiles) បែបរហ័ស របស់រុស្ស៊ី គឺចិនមិនអាចមានលទ្ធភាពចម្រាញ់ធាតុព្លុយតូនីញ៉ូម ឲ្យបានលឿនរហ័ស ដូចអ្វីដែលខ្លួនចង់បាន បាននោះទេ ។
ប្រាប់ទៅអាមេរិកថា "កុំចង់សាក!"
គួរកត់សំគាល់ដែរថា ជាទូទៅរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក តែងតែមានទំនោរបំផ្លើស ឬបំប៉ោងតួលេខខ្លះ ដើម្បីធ្វើឲ្យស្ថានការណ៍កាន់តែអាសន្ន ហើយទាមទារសុំថវិកាចំនាយឲ្យបានច្រើនពីសភាខុសហ្ក្រេស។ តែទន្ទឹមគ្នានេះ ចិនក៏មានហេតុផលគ្រប់គ្រាន់ដែរ ដែលតម្រូវឲ្យខ្លួនត្រូវតែពង្រឹងសមត្ថភាពសព្វាវុធនុយក្លេអ៊ែរ។ លោក David Logan សាស្ត្រាចារ្យនៅ Naval War College ពន្យល់ថា មេដឹកនាំចិនបារម្ភថា អាមេរិកអាចនឹងបើកការវាយប្រហារនុយក្លេអ៊ែរមកលើចិនមុន ហើយដែលនឹងកម្ទេចសមត្ថភាពចិន មិនឲ្យវាយបកទៅវិញបាន។ ដូច្នេះ ការពង្រឹងសមត្ថភាពរបស់ចិន គឺសំដៅឆ្លើយតប បិទផ្លូវកុំឲ្យលទ្ធភាពអាចកើតឡើងបាន។
បន្ថែមពីនេះទៀត ការប្រឹងប្រែងរបស់ចិននៅក្នុងវិស័យនេះ គឺចង់ប្រាប់ទៅភាគីអាមេរិក ឲ្យពិចារណាឲ្យបានច្បាស់ ព្រោះអាមេរិកនឹងខាតបង់ខ្លាំង បើហ៊ានលូកដៃចូលក្នុងសំណុំរឿងតំបន់ ។ លោក Ankit Panda អ្នកជំនាញនៅ មូលនិធិ Carnegie ដើម្បីសន្តិភាពអន្តរជាតិ បានពន្យល់ថា ចិនចង់ប្រើកម្លាំងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន កំញើញប្រាប់ទៅអាមេរិក ថាមិនត្រូវលូកដៃចូលក្នុងបញ្ហាច្រកសមុទ្រតៃវ៉ាន់។ ទោះបីចិនអះអាងថា ចង់ឱបក្រសោបកោះតៃវ៉ាន់ មកក្នុងមហាគ្រួសារចិនវិញ ដោយសន្តិវិធីក្តី តែចិនបានបដិសេធថានឹងមិនប្រើកម្លាំងនោះឡើយ៕
4/26/2023 • 6 minutes, 2 seconds ការប្រែប្រួលអាកាសធាតុ ៖ ភាពរាំងស្ងួត កំពុងរុញច្ រានសត្វស្លាប សត្វល្អិត ... ឱ្យឆាប់ផុតពូជ ?
ប្រលាយគ្មានទឹក ទន្លេហួត ដីដាំដុះឡើងបែកក្រហែង ... ផលវិបាកនៃភាពរាំងស្ងួត មានច្រើនអនេក។ ភាពរាំងស្ងួត កំពុងរំខានជីវិតសត្វព្រៃយ៉ាងខ្លាំង។ បើតាមសម្ព័ន្ធការពារសត្វបក្សាបក្សីបារាំង បន្ថែមពីលើការស្រេកទឹក ភាពរាំងស្ងួត បានធ្វើឱ្យជីវិតបន្តពូជ និងដំណើរផ្លាស់ទីតាមរដូវរបស់សត្វ ក្រឡាប់ចាក់យ៉ាងខ្លាំង។
បណ្តាប្រទេសនៅទ្វីបអឺរ៉ុប ជាជនរងគ្រោះជួរមុខពីការឡើងកម្តៅភពផែនដី ឬការប្រែប្រួលអាកាសធាតុ។ បើតាមអង្គការសហប្រជាជាតិ ជិត៧៥%នៃផ្ទៃដីអឺរ៉ុប កំពុងក្លាយទៅជាដីវាលខ្សោះ។ ឆ្នាំមុន ជាឆ្នាំដែលក្តៅខ្លាំង ស្ងួតហួតហែងបំផុតមិនធ្លាប់ជួបប្រទះ នៅអេស្ប៉ាញ នៅបារាំង ... បាតុភូតពាក់ព័ន្ធនឹងការឡើងកម្តៅអាកាសធាតុនេះ បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍កាន់តែខ្លាំង អំពីបញ្ហាកង្វះទឹក និងភាពរាំងស្ងួត។ បញ្ហាខ្វះទឹកបានក្លាយជាប្រធានបទ ដ៏សំខាន់ ទាំងក្នុងរង្វង់អ្នកនយោបាយ និងអ្នកការពារបរិស្ថាន។
កង្វះទឹក និងគ្រោះរាំងស្ងួត នៅអឺរ៉ុប បានបង្កឥទ្ធិពលអាក្រក់គួរឱ្យរន្ធត់ទៅហើយសម្រាប់តំបន់ខ្លះ។ បើតាមរបាយការណ៍របស់អង្គការសម្ព័ន្ធដើម្បីការពារសត្វស្លាប ដោយហេតុតែ មានភ្លៀងធ្លាក់តិចជាងធម្មតាចំនួន ៣០% នៅរដូវផ្ការីក និងរដូវក្តៅឆ្នាំ២០២២ ជីវិតជីវៈចម្រុះ នៅតំបន់អភិរក្សសត្វ ភាគខាងត្បូងប្រទេសបារាំង បានបាត់បង់សត្វគួរកត់សម្គាល់ ៖ ពុំសូវមានការបន្តពូជ ពុំសូវមានសត្វមកជ្រក ឯអត្រាស្លាប់ខ្ពស់។
ដោយជាក់ស្តែង ចំនួនសត្វស្លាបរស់ផ្លាស់ទីក្នុងទឹក បានថយចុះអស់១៩ដង បើប្រៀបទៅនឹងមធ្យមភាគរយៈពេល៥ឆ្នាំមុន ពោលគឺមានតែ៦៤ក្បាលនៅខែសីហា២០២២ ទល់នឹង១២០០ក្បាលជាមធ្យមកាលពីពេលមុន។ ចំនួនទាព្រៃមានតិចជាងឆ្នាំមុនៗដល់ទៅ៦ដង។
ពពួកសត្វប្រភេទខ្លះទៀត ជាពិសេសពពួកសត្វជិតផុតពូជរស់រំពឹងលើទឹក ដោយហេតុតែខ្វះទឹក សត្វទាំងនោះពុំអាចធ្វើការបន្តពូជសោះ ឬក៏មានដែរតែក្នុងល្បឿនយឺតបំផុត។ បើតាមសម្ព័ន្ធការពារសត្វស្លាប គេគ្មានឃើញពពួកសត្វនេះ កាច់សំបុកពងកូនសោះ នៅក្នុងតំបន់សើមអភិរក្សសត្វរបស់ប្រទេសបារាំង។ ក៏គ្មានសោះដែរ កូនកន្ធុំរុយ ខ្លួនវែង និងកូនក្អុកកូននគីង្គក់ នៅតំបន់ព្រៃអភិរក្សMoeze-Oleron ព្រោះខ្សែទឹកឆាប់រីងហួតមុនរដូវខ្លាំងពេក។ មានន័យពពួកសត្វកន្ធុំរុយ និងគីង្គក់នេះ ចាប់ផុតរលត់ពូជ បន្តិចម្តងៗ ពីតំបន់សើមបារាំងហើយ។ សម្រាប់ពពួកសត្វ រស់ក្នុងកន្លែងតែមួយ គ្មានទឹក គ្មានការបន្តពូជពងញាស់កូន បើបាត់បង់ហើយ គឺបាត់ទាំងស្រុង និងដ៏ធ្ងន់ធ្ងរណាស់។ បើខ្វះទឹក តើត្រីអាចរស់បានយ៉ាងដូចម្តេច ? ក្នុងតំបន់អភិរក្សដដែលនេះ អត្រាត្រីងាប់ខ្ពស់ខ្លាំងណាស់។ សូម្បីតែសត្វល្អិតជាច្រើនប្រភេទ ដូចយ៉ាង ពីងពាង ចង្រិត ក៏រកស្ទើររកលែងឃើញដែរ ព្រោះវាលស្មៅគ្មានផ្កា និង ស្ងួតហួតហែងពេក។
គ្មានទឹក ពិបាករស់ ចំណីអាហារក៏ខ្សត់ ហើយងាយរកការធ្វើបាប ព្រៃសើមព្រៃស្ងួត លែងជាជម្រកដ៏មនោរម្យ បក្សាបក្សី សត្វស្លាប សត្វល្អិត។ កត្តាទាំងនេះ ប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធជីវៈចម្រុះ។ សេចក្តីសន្និដ្ឋាននេះ ជាសារបញ្ជាក់ឱ្យឃើញថា វិបត្តិអាកាសធាតុនិងបាត់បង់ជីវៈចម្រុះ មានចំណងពាក់ព័ន្ធគ្នា ដែលត្រូវតែដោះស្រាយទន្ទឹមនិងរួមគ្នា។
ជីវិតសត្វព្រៃ មិនថាសត្វស្លាប សត្វល្អិត សត្វរស់ក្នុងទឹកលើគោក រងសម្ពាធយ៉ាងខ្លាំងរួចទៅហើយពីការអភិវឌ្ឍកសិកម្មបែបប្រពលវប្បកម្ម ពីសកម្មភាពប្រមាញ់ ពីការបំពុលបរិស្ថាន ពីការរីកសាយភាយនៃពូជកំណាច ឥលូវត្រូវប្រឈមនឹងបាតុភូតរាំងស្ងួត ជាច្រើនឆ្នាំជាប់គ្នាទៀត បន្ថែមមួយជាន់ទៀត។ ដូច្នេះ ពពូជសត្វខ្លះមិនអាចត្រដររស់បានទៀត គឺត្រូវតែងាប់ដោយចៀសមិនរួច ព្រោះមកទល់ខែមីនានេះ ស្រទាប់ទឹកក្រោមដីមានកំរិតទាបខ្លាំងណាស់។ បន្ទាប់ពីឆ្លងកាត់រដូវក្តៅដ៏សែនហួតហែងបំផុតក្នុងប្រវត្តិសីតុណ្ហភាពមក រដូវរងារ ដែលជារយៈពេលសន្សំទឹកស្តុកទុកផ្សើមដី ឆ្នាំនេះ ក៏មានភ្លៀងតិចតួចបំផុត។ បារាំងកត់ត្រាឃើញគ្មានភ្លៀងមួយដំណក់សោះ រយៈពេល ៣២ថ្ងៃ ជាប់គ្នា។ ដូច្នេះរដូវក្តៅខាងមុខ ច្បាស់ជានឹង ក្តៅខ្លាំង នឹងស្ងួតខ្លាំងទៀតជាប្រាកដ៕
4/25/2023 • 4 minutes, 19 seconds ហេតុអ្វីជម្លោះប្រដាប់អាវុធ នៅស៊ូដង់គំរាមកំហែង សន្តិសុខតំបន់អាហ្វ្រិក?
នៅស៊ូដង់ ស្ថានការណ៍ កាន់តែធ្លាក់ដុនដាប ដោយសារក្រុមយោធាទាំងពីរ នៅតែបន្តប្រយុទ្ធដណ្តើមអំណាចគ្នា ដោយគ្មានភាគីណាមួយយល់ព្រមចុះចាញ់ទាល់តែសោះ។ ការប្រយុទ្ធគ្នាដ៏ហិង្សា ១០ថ្ងៃមកនេះ រវាងក្រុមកងទ័ពជាតិ និងក្រុមកងអាវុធហត្ថប្រតិបត្តិការរហ័ស FSR នៅរដ្ឋធានីខាទុំ និងតំបន់ដាហ្វួរបានសម្លាប់មនុស្សជាង ៤០០នាក់ និងរបួស ជាង ៣៧០០នាក់។ ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត បណ្តាប្រទេសធំៗបានរួសរាន់ជម្លៀស មន្រ្តីទូត និងពលរដ្ឋរបស់ខ្លួនចេញពីស៊ូដង់។ នៅថ្ងៃចន្ទម្សិលមិញ ប្រមុខការបរទេសអឺរ៉ុបបានអះអាងថា ជនជាតិអឺរ៉ុប ជាង១០០០នាក់ ត្រូវជម្លៀសចេញពីប្រទេសស៊ូដង់។ ប្រទេសធំៗ និងប្រទេសជិតខាងរបស់ស៊ូដង់សម្រេចជម្លៀសប្រជាជនរបស់ខ្លួនចេញពីស៊ូដង់ ដោយមើលឃើញថា ការប្រយុទ្ធគ្នា ដោយមិនបន្ធូរដៃរវាងគូបដិបក្ខកំពុងធ្វើឲ្យស៊ូដង់ធ្លាក់ទៅក្នុងសង្រ្គាមស៊ីវិល យ៉ាងប្រាកដ។ អស្ថិរភាព សង្រ្គាមស៊ីវិលនៅស៊ូដង់នឹងគំរាមកំហែងតំបន់អាហ្វ្រិកទាំងមូល។ ហេតុអ្វីបានជាដូច្នេះ។
ស្ថិតនៅភាគខាងកើតអាហ្រ្វិក ស៊ូដង់មានព្រំដែនគោកជាមួយប្រទេស ៧ គឺ អេហ្ស៊ីប លីប៊ី ឆាត អាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង អេត្យូពី និងអេរីត្រេ។ នៅត្រើយម្ខាងសមុទ្រក្រហមរបស់ស៊ូដង់ គឺប្រទេសអារ៉ាប៊ីសាអូឌីត។ ការប្រយុទ្ធដណ្តើមអំណាចគ្នា រវាងមេដឹកនាំទ័ពស៊ូដង់ ទាំងពីរក្រុម ដែលបានឈានចូលដល់ថ្ងៃទី ១០ថ្ងៃ គិតត្រឹម ទី ២៥មេសា បានសម្លាប់ជីវិតមនុស្សជាង ៤០០នាក់ និងមនុស្សរាប់ម៉ឺននាក់ត្រូវរត់ភៀសខ្លួន គេចពីតំបន់ដែលមានការប្រយុទ្ធគ្នាខ្លាំង ដូច ជា រដ្ឋធានីខាទុំ និងតំបន់ដាហ្វួរ។ ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ វាយតម្លៃថា មានប្រជាជនពី ១ម៉ឺន ទៅ ២ម៉ឺននាក់នាក់បានរត់ភៀសខ្លួនចេញពីតំបន់ដាហ្វួរ ទៅជ្រកកោននៅប្រទេសឆាតជាប់ព្រំដែនស៊ូដង់។ លំហូរជនភៀសខ្លួនថ្មីនឹងទៅដាក់បន្ទុកថ្មីលើប្រទេសឆាត ដែលបានទទួលជនភៀសខ្លួន ស៊ូដង់ ជាង ២សែននាក់រួចទៅហើយ។
ក្រៅពីបង្កឲ្យមានវិបត្តិជនភៀសខ្លួនស៊ូដង់ ទៅកាន់ប្រទេសជិតខាង ជម្លោះដណ្តើមអំណាចរវាងមេទ័ពទាំងពីររបស់ស៊ូដង់បានបង្កឲ្យមានក្តីបារម្ភថា វាមិនត្រឹមតែធ្វើឲ្យស៊ូដង់ធ្លាក់ក្នុងសង្រ្គាមស៊ីវិលរ៉ាំរ៉ៃសាជាថ្មី ប៉ុន្តែ វានឹងទាក់ទាញកងទ័ពបរទេស និងក្រុមប្រដាប់អាវុធក្នុងតំបន់ឲ្យលូកដៃចូលក្នុងសង្រ្គាមដណ្តើមអំណាចនៅស៊ូដង់។
ភ្នំមួយមិនអាចមានខ្លាពីរ
នៅស៊ូដង់ ការផ្ទុះអាវុធ តាំងពីថ្ងៃ ទី ១៥មេសា រវាងកងទ័ពជាតិ និងកងកម្លាំងអាវុធហត្ថប្រតិបត្តិការរហ័ស កើតឡើងនៅក្នុងកាលៈទេសៈ ដែលមេដឹកនាំក្រុមយោធាទាំងពីរកំពុងចរចាបែងចែកអំណាចគ្នា នៅក្នុងករណីដែលស៊ូដង់ត្រូវផ្លាស់ប្តូរពីរបបសឹក ទៅជារបបដឹកនាំដោយរដ្ឋាភិបាលស៊ីវិល។ លោក Mohamed Hamdane Daglo ហៅក្រៅថា Hemedti ដែលជាមេបញ្ជាការរបស់កងអាវុធហត្ថប្រតិបត្តិការរហ័សបានទាមទារចង់ឲ្យកងទ័ពរបស់ខ្លួនចូលជាសមាជិកផ្លូវការរបស់កងទ័ពជាតិ ចំណែកលោកត្រូវទទួលបានមុខតំណែងដឹកនាំជាន់ខ្ពស់ក្នុងជួរកងទ័ព។ ការទាមទារដែលលោក Abdel Fattah al-Burhane ដែលជាអគ្គមេបញ្ជាការកងទ័ពជាតិស៊ូដង់ បដិសេធ រហូតក្លាយជាដើមចមនៃការផ្អាកការចរចាដើម្បីការវិលត្រលប់របស់រដ្ឋាភិបាលស៊ីវិល នៅស៊ូដង់។
ទាំងមេបញ្ជាការរបស់កងអាវុធហត្ថ និងមេបញ្ជាកងទ័ពជាតិ ដែលជាគូសត្រូវប្រយុទ្ធគ្នាលើកនេះ សុទ្ធសឹងជាមេទ័ពដ៏មានអំណាច សេសសល់ពីរបបដឹកនាំផ្តាច់ការ របស់ អូម៉ា អាល់បាឆៀរ។ ក្រោយរបបផ្តាច់ការនេះដួលរលំ នៅខែមេសា ឆ្នាំ២០១៩ លោក Abdel Fattah al-Burhane ដែលជាអគ្គមេបញ្ជាកងទ័ពជាតិ បានក្លាយជាប្រធានក្រុមប្រឹក្សាកំពូល នៅក្រោយ ការចុះកិច្ចព្រមព្រៀងជាមួយក្រុមអ្នកនយោបាយស៊ីវីល ដើម្បីឈានទៅធ្វើអន្តរកម្ម អំណាចប្រជាធិបតេយ្យ ចំណែក លោក Hemedti បានតំណែងជាអនុប្រធាន។
ប៉ុន្តែ នៅក្នុងដំណាក់កាលចរចា ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសអាហ្វ្រិក សង្រ្គាមពាក្យសំដី ចោទប្រកាន់គ្នាទៅវិញ ទៅមក រវាងមេទ័ពដ៏មានអំណាចទាំងពីរ បានរាលដាលទៅជាការប្រយុទ្ធផ្នែកអាវុធ រវាងទាហានទាំងពីរក្រុម នៅតាមផ្លូវ ក្នុងរដ្ឋធានីខាទុំ នៅថ្ងៃទី ១៥ មេសា។
តាមលោក Kholoold Khair ស្ថាបនិកមជ្ឈមណ្ឌលស្រាវជ្រាវ Confluence Advisory នៅទីក្រុងខាទុំ នេះជាលើកទីមួយហើយ ដែលមានការប្រយុទ្ធគ្នាដ៏ហិង្សាខ្លាំងបែបនេះ បើគិតពី សង្គ្រាមដណ្តើមឯករាជ្យពីអង់គ្លេស នៅឆ្នាំ១៩៥៦។
អង្គការអន្តរជាតិឈ្មោះថា International Crisis Group ដែលមានទីស្នាក់នៅប្រទេសប៊ែលហ្សិក បារម្ភថា ជម្លោះប្រដាប់អាវុធរវាងគូបដិបក្ខយោធាទាំងពីរអាចហៀរ រាលដាលពេញផ្ទៃប្រទេសស៊ូដង់ ជាពិសេស នៅតំបន់ដាហ្វួរ។ ជម្លោះដណ្តើមអំណាចរវាងមេដឹកនាំយោធាទាំងពីរ នៅថ្នាក់ជាតិ អាចទាក់ទាញឲ្យមានជម្លោះជាតិពិន្ធុ ការប្រយុទ្ធគ្នាដ៏ហិង្សា នៅតំបន់ដាហ្វួរ ព្រោះថា នៅទីនោះ ក្រុមប្រដាប់អាវុធអារ៉ាប់អាចជ្រើសរើសយកក្រុមកងអាវុធហត្ថ ចំណែកនិងក្រុមប្រដាប់អាវុធអាហ្វ្រិកដែលមិនមែនអារ៉ាប់ និងប្រជាជនក្នុងជំរំភៀសខ្លួន ដែលធ្លាប់រងគ្រោះដោយសារការសម្លាប់រង្គាល របស់កងអាវុធហត្ថប្រតិបត្តិការរហ័ស នឹងអាចចុះចូលជាមួយកងទ័ពជាតិ។
អ្នកជំនាញវាយតម្លៃថា ការប្រយុទ្ធដ៏ហិង្សានឹងអូសបន្លាយពេលយូរ គ្មានកាលកំណត់ ព្រោះថា គូបដិបក្ខទាំងពីរនឹងប្រើឲ្យគ្រប់មធ្យោបាយ គ្រប់សព្វាវុធ និងជំនួយទ័ពពីបរទេស។ នៅពេលមេបញ្ជាការកងទ័ពជាតិស៊ូដង់ លោក អាប់ឌែល ហ្វាតា អាល់ បួរ៉ាន (Abdel Fattah al-Burhane) មានទំនាក់ទំនងជិតស្និទជាមួយប្រធានាធិបតីអេហ្ស៊ីប មេកងអាវុធហត្ថ លោក ម៉ូហាម៉េដ ហាំដាន ដាហ្កាឡូ (Mohamed Hamdane Daglo)ដែលជាគូសត្រូវជាមនុស្សដ៏មានឥទ្ធិពល និងទំនាក់ទំនងការទូតជាមួយប្រទេសអារ៉ាប់អ្នកមាន ដូចជាអេមីរ៉ាត អារ៉ាប់រួមជាដើម។ ម្យ៉ាង ក្រោមការដឹកនាំរបស់លោកដាហ្កាឡូ កងកម្លាំងអាវុធហត្ថ ស៊ូដង់ ដែលមានសមាជិករាប់ម៉ឺននាក់ មានមុខរបរជាទាហានស៊ីឈ្នួល ធ្វើសង្រ្គាមនៅបរទេស ដូចជានៅលីប៊ី ឬយេម៉ែនជាដើម។ នៅយេម៉ែន ទាហានស៊ីឈ្នួលស៊ូដង់របស់លោក ដាហ្កាឡូ ជួយប្រយុទ្ធឲ្យកងទ័ពអារ៉ាប៊ីសាអូឌីត។ លោកដាហ្កាឡូអាចរត់ទៅពឹងសុំជំនួយពីកងកម្លាំងលីប៊ីរបស់សេនាប្រមុខខាលីហ្វា ហាវតា ឬទាហានអេត្បូពីឲ្យមកជួយខ្លួនដើម្បីធ្វើសង្រ្គាមតទល់នឹងកងទ័ពជាតិស៊ូដង់។ នេះគេមិនទាន់និយាយពី ទាហានស៊ីឈ្នួលវ៉ាក់ណែររុស្ស៊ី ដែលធ្វើអាជីវកម្មរ៉ែមាស ប្រេងកាតរបស់ស៊ូដង់ ក្រោមភ្លើងខៀវរបស់កងកម្លាំងអាវុធហត្ថស៊ូដង់ របស់លោក ដាហ្កាឡូ។ ចំណែកប្រទេស ឆាត អេត្យូពី ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល ដែលមានព្រំដែនជាប់ជាមួយស៊ូដង់ ក៏អាចលូកដៃចូលអន្តរាគមទាំងផ្នែកនយោបាយ និងយោធា នៅក្នុងប្រទេសជិតខាងរបស់ខ្លួន ស៊ូដង់ ដែលសំបូរមាស និងប្រេងកាត។ រដ្ឋមន្រ្តីការបរទេសអាមេរិកធ្លាប់ព្រមានថា បើសង្គ្រាមស៊ីវីល ផ្ទុះឡើងនៅស៊ូដង់ នោះវានឹងទៅរញ្ជួយ បង្កឲ្យមានអស្ថិរភាពពេញមួយតំបន់អាហ្វ្រិកខាងជើងឆៀងខាងកើត។
នៅចំពោះមុខការផ្ទុះអាវុធ ដែលអាចរាលដាលទៅជាសង្រ្គាមស៊ីវិល នៅស៊ូដង់ សហគមន៍អន្តរជាតិ ជាថ្មីម្តងទៀត បានត្រឹមតែឈរមើល ដោយមិនអាចធ្វើអ្វីបាន ឬក៏មានទឹកមាត់ប្រៃ ដើម្បី និយាយឲ្យភាគីជម្លោះនៅស៊ូដង់ស្តាប់ធ្វើតាម។ ចិនដែលដែលមានចំណែកផលប្រយោជន៍គួរសមដែរនៅស៊ូដង់ បានព្យាយាមនិយាយបញ្ចុះបញ្ចូលកងទ័ពដែរ ពេលកន្លងមកនេះ ឲ្យរៀបចំប្រទេសឲ្យមានស្ថិរភាពសន្តិសុខ ព្រោះចិនមានក្រុមហ៊ុនបូមប្រេងកាតនៅស៊ូដង់ច្រើនណាស់។ ប៉ុន្តែ ចិន នៅថ្ងៃចន្ទម្សិលមិញ ក៏បានបញ្ជាឲ្យគេចេញទៅដឹកជញ្ជូនជនជាតិរបស់ខ្លួនចេញពីស៊ូដង់ ដែលកំពុងធ្លាក់ក្នុងជម្លោះប្រដាប់អាវុធហិង្សា ដែលមិនងាយនឹងរលត់ទៅវិញ៕
4/24/2023 • 6 minutes, 32 seconds ហេតុអ្វីខ្យល់ពុល និងកម្ដៅខ្លាំងបូករួមបញ្ចូល គ្នា អាចធ្វើឲ្យសុខភាពមនុស្ស ប្រឈមគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ?
ការកើនឡើងបញ្ហាប្រឈមដំណាលគ្នា ពោលគឺការកើនឡើងកម្រិតសីតុណ្ហភាពកាន់តែខ្ពស់ ក្នុងអត្រាកំណត់ត្រាកាន់តែក្ដៅ និងការកើនឡើងនៃការបំពុលបរិយាកាស បានបង្កហានិភ័យខ្លាំងណាស់ ដល់សុខភាពមនុស្ស និងការធ្វើឱ្យសេចក្ដីស្លាប់កាន់តែផុយស្រួយ។ ស្ថិតិបង្ហាញថា នៅក្នុងថ្ងៃដែលមានការបំពុល និងកម្ដៅឡើងក្ដៅខ្លាំងព្រមគ្នា នោះហានិភ័យនៃការស្លាប់បានកើនឡើងដល់កម្រិត ២១%។ អត្រានេះគឺមានកម្រិតខ្ពស់ណាស់។ ហេតុអ្វី?
ហានិភ័យសុខភាពដែលកើតមានឡើង ហើយជាប់ទាក់ទងទៅនឹងអាកាសធាតុ កាន់តែវិវត្តន៍ទៅកម្រិតប្រកាសអាសន្ន។ ក្នុងនោះ ពិភពលោកកំពុងប្រឈមបញ្ហាចម្បងពីរ ពោលគឺ ទីមួយ ការកើនឡើងនៃសីតុណ្ហភាពកាន់តែក្ដៅក្នុងអត្រាកំណត់ត្រាកាន់តែខ្ពស់ និងទីពីរ ការកើនឡើងនៃការបំពុលបរិយាកាស ពីព្រោះតែសកម្មភាពផ្សេងៗទាំងពីមនុស្ស និងធម្មជាតិ ដូចជា ការកើនឡើងនៃការបំពុលពីផ្សែងយានជំនិះគ្រប់ប្រភេទ និងភ្លើងឆេះព្រៃជាដើម។
នាពេលបច្ចុប្បន្ន ត្រឹមតែបញ្ហាតែមួយក្នុងចំណោមបញ្ហាចម្បងទាំងពីរខាងលើគឺវាល្មមធំគ្រប់គ្រាន់ ដែលអាចធ្វើឱ្យមនុស្សមានបញ្ហាសុខភាព ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងអាចធ្វើឱ្យមនុស្សដែលមានបញ្ហាសុខភាពស្រេចស្រាប់ឱ្យកាន់តែមានកម្រិតធ្ងន់ធ្ងរបន្ថែមទៀត។
តើវានឹងមានអ្វីកើតឡើង នៅពេលដែលបញ្ហាទាំងពីរកើនឡើងព្រមគ្នា ពោលគឺពិភពលោកត្រូវឡើងកម្ដៅ និងការបំពុលកាន់តែខ្លាំង?
យោងតាមសារព័ត៌មាន Vox នៅក្នុងឆ្នាំ២០២៣នេះ តំបន់អាស៊ីមួយផ្នែកធំកំពុងត្រូវ រងផលប៉ះពាល់យ៉ាងខ្លាំងពីអាកាសធាតុក្ដៅខ្លាំង ជាពិសេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ នៅទូទាំងប្រទេសចិន ឥណ្ឌា បង់ក្លាដែស និងប្រទេសថៃ ការឡើងកម្ដៅមានកម្រិតខ្ពស់លើសពី៤០អង្សា។ ស្ថិតិចុងក្រោយបង្ហាញថា យ៉ាងហោចណាស់ មនុស្ស១៣នាក់បានស្លាប់ រហូតមកដល់ពេលនេះ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងប្រទេសឥណ្ឌា ព្រោះតែអាកាសធាតុក្ដៅខ្លាំង។ នៅក្នុងប្រទេសថៃ កំណត់ត្រាសីតុណ្ហភាពក្តៅឡើងៗកាន់តែមានកម្រិតខ្ពស់ នាប៉ុន្មានឆ្នាំចុងក្រោយ រីឯ នៅក្នុងប្រទេសចិន មានបណ្ដាខេត្តយ៉ាងច្រើនសុទ្ធតែបានឆ្លងកាត់ការឡើងកម្ដៅមិនធ្លាប់មាន។ កាលពីឆ្នាំមុន រលកកម្ដៅបានឆាបឆេះប្រទេសឥណ្ឌា និងប៉ាគីស្ថាន នៅរដូវក្ដៅឆ្នាំនេះ ហើយវាបានឆក់យកជីវិតមនុស្សរាប់លាននាក់។
នៅជាប់ប្រទេសកម្ពុជា ប្រទេសឡាវក៏បានប្រឈមជាមួយកំណត់ត្រាថ្មីនៃការឡើងកម្ដៅផងដែរ។ ប្រទេសនេះសម្បូរទៅដោយព្រៃឈើ និងមានប្រជាជនតិច ប៉ុន្តែការឡើងកម្ដៅនៅឆ្នាំនេះគឺមានរហូតដល់ ៤២,៧អង្សា។ វាជាកំណត់ត្រាមិនធ្លាប់មានក្នុងប្រទេសឡាវ។ នៅកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍ថា សីតុណ្ហភាពកម្ពុជាអាចឡើងដល់ជិត៤០អង្សា នៅអំឡុងរដូវប្រាំងនេះ។
ងាកទៅទ្វីបអាមេរិក និងអឺរ៉ុប បណ្ដាប្រទេសក្នុងតំបន់ក៏បាននិងកំពុងប្រឈមនឹងបញ្ហានេះផងដែរ។ អាមេរិកខាងលិចបានឆ្លងកាត់ការគំរាមកំហែងទ្វេដងនៃការឡើងកម្ដៅ និងការបំពុលកាន់តែមានកម្រិតខ្ពស់។ នៅអូស្ត្រាលីភាគខាងកើត គេអាចប្រទះឃើញរដូវក្តៅខ្លាំង ហើយភ្លើងឆេះព្រៃក៏មានកម្រិតកាន់តែគ្រោះថ្នាក់ ជាពិសេស កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០។ វាជាកម្រិតកម្ដៅដ៏សាហាវនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះ។ នៅរុស្ស៊ី ភ្លើងឆេះព្រៃបានកើតឡើងក្នុងកម្រិតដ៏ធំបំផុតរបស់ខ្លួនក្នុងកំណត់ត្រាកាលពីឆ្នាំមុន។ នៅទ្វីបអឺរ៉ុប រលកកម្ដៅក្ដៅខ្លាំងបានវាយលុកពាសពេញប្រទេសតួកគី ក្រិក អេស្ប៉ាញ និងប្រទេសបារាំង កាលពីឆ្នាំមុន។
ថ្មីៗនេះ អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Southern California បង្ហាញថា ហានិភ័យនៃការស្លាប់របស់មនុស្សកាន់តែកើនឡើង នៅពេលដែលពិភពលោកត្រូវប្រឈមដំណាលគ្នានៃការកើនឡើងសីតុណ្ហភាពកាន់តែក្តៅខ្លាំង និងការបំពុលកាន់តែច្រើន។ តួលេខបង្ហាញថា ការស្លាប់របស់មនុស្សម្នាក់បានកើនឡើងក្នុងអត្រា ៦,១% នៅថ្ងៃដែលមានសីតុណ្ហភាពក្ដៅខ្លាំង និងក្នុងអត្រា ៥% នៅថ្ងៃដែលមានការបំពុលខ្លាំង នេះបើយើងធៀបជាមួយថ្ងៃដែលមិនក្តៅខ្លាំង។ ប៉ុន្តែ នៅក្នុងថ្ងៃដែលមានលក្ខខណ្ឌទាំងពីរព្រមគ្នា នោះហានិភ័យនៃការស្លាប់បានកើនឡើងដល់កម្រិត ២១%។ អត្រានេះគឺមានកម្រិតខ្ពស់ណាស់។
លោក Francesca Dominici សាស្ត្រាចារ្យផ្នែកជីវសាស្ត្រនៅសកលវិទ្យាល័យ Harvard បានមានប្រសាសន៍ថា “នៅពេលដែលរលកកម្ដៅ និងការបំពុលកាន់តែខ្លាំង សារធាតុភាគល្អិតតូចៗពីការបំពុល និងកម្ដៅ អាចជ្រាបចូលយ៉ាងជ្រៅទៅក្នុងសួត និងចរន្តឈាមរបស់មនុស្ស។ ជាលទ្ធផល វាអាចបង្កឱ្យមានជំងឺសរសៃឈាមបេះដូង បញ្ហាផ្លូវដង្ហើម និងមហារីក។ លើសពីនេះ នៅពេលដែលភាគល្អិតតូចៗទាំងនោះមានប្រតិកម្មជាមួយនឹងសីតុណ្ហភាពក្ដៅខ្លាំង និងប្រឈមជាមួយពន្លឺព្រះអាទិត្យ ពួកវាអាចធ្វើឱ្យផលប៉ះពាល់លើសុខភាពកាន់តែអាក្រក់ទៅៗ ហើយអាចបង្កឱ្យមានផលប៉ះពាល់ដល់ផ្លូវដង្ហើមដូចជា ជំងឺហឺត និងការស្លាប់ជាដើម។
អង្គការឧតុនិយមពិភពលោកបានលើកឡើងថា សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកកំពុងកើនឡើងកម្ដៅ និងអាចនឹងឆ្លងផុតកម្រិត១,៥អង្សា។ វាជាកម្រិតកម្ដៅប្រកាសអាសន្ន ដោយអ្នកជំនាញ អំពីការឡើងកម្ដៅផែនដី។
យោងតាមអ្នកជំនាញ នៅពេលដែលការប្រែប្រួលអាកាសធាតុកាន់តែបង្កើនល្បឿន ហើយពិភពលោកកាន់តែក្ដៅ និងកាន់តែមានការបំពុលបរិស្ថាន យើងនឹងបន្តជួបប្រទះនូវព្រឹត្តិការណ៍ឡើងកម្ដៅកាន់តែញឹកញាប់ កាន់តែខ្លាំងខ្លា និងមានរយៈពេលកាន់តែយូរជាងនេះ។ ជាលទ្ធផល ការបំពុល និងផលប៉ះពាល់លើសុខភាពក៏កាន់តែមានច្រើនផងដែរ៕
4/24/2023 • 5 minutes, 41 seconds បច្ចេកវិទ្យាថ្មីដើម្បីស្រូបឧស្ម័នកាបូនិកពីក្នុងសមុទ្រ
នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅផែនដី ការស្រូបយក និងស្តុកឧស្ម័នកាបូនិក ត្រូវបានគេលើកឡើងជារឿយៗថាអាចជាដំណោះស្រាយមួយ ហើយនៅក្នុងពេលដែលជាទូទៅ គេតែងតែនាំគ្នានិយាយពីការស្រូបឧស្ម័នកាបូនិកពីក្នុងបរិយាកាស អ្នកជំនាញមួយក្រុមនៅសកលវិទ្យាល័យអាមេរិកកំពុងអភិវឌ្ឍបច្ចេកវិទ្យាពីក្នុងសមុទ្រ។ តើការស្រូបយកឧស្ម័នកាបូនិកពីក្នុងសមុទ្រនេះអាចមានឥទ្ធិពលអ្វី ក្នុងការជួយទប់ស្កាត់ការឡើងកម្តៅផែនដី?
ជាទូទៅ កាលណានិយាយអំពីការស្រូបឧស្ម័នកាបូនិក និងការបញ្ចេញអុកស៊ីសែន គេច្រើនតែនាំគ្នាគិតទៅដល់ព្រៃឈើ។ ក៏ប៉ុន្តែ មហាសមុទ្រមានសមត្ថភាពស្រូបយកឧស្ម័នកាបូនិក និងអាចផលិតអុកស៊ីសែនបានច្រើនជាងព្រៃឈើទៅទៀត ដោយគិតជាសរុបទៅ មហាសមុទ្រនៅលើភពផែនដីទាំងមូលអាចស្រូបយកកម្តៅដែលបង្កឡើងដោយសកម្មភាពរបស់មនុស្សបានរហូតដល់ទៅ ៩០% ស្រូបយកឧស្ម័នកាបូនិក ដែលបញ្ចេញដោយសកម្មភាពមនុស្សបានដល់ទៅ ២៥% ហើយបើគិតជាប្រព័ន្ធអេកូឡូហ្ស៊ីសមុទ្រទាំងមូល ពោលគឺ រាប់ទាំងទឹកសមុទ្រ ទាំងសត្វ និងរុក្ខជាតិនៅក្នុងទឹកសមុទ្រ ក៏ដូចជាព្រៃកោងកាងក្នុងសមុទ្រ គឺអាចមានស្រូបយក និងស្តុកឧស្ម័នកាបូនិកបានច្រើនជាងព្រៃឈើលើដីគោករហូតដល់ទៅបួនដងឯណោះ។
ក៏ប៉ុន្តែ សមត្ថភាពរបស់មហាសមុទ្រក្នុងការស្រូប និងស្តុកឧស្ម័នកាបូនិកនេះ ក៏មិនមែនគ្មានដែនកំណត់នោះដែរ។ នៅពេលដែលទឹកសមុទ្រស្រូបយកឧស្ម័នកាបូនិកកាន់តែច្រើន វាធ្វើឲ្យអាស៊ីតត្រូវកើនឡើង ហើយបូករួមជាមួយនឹងកំណើនសីតុណ្ហភាពផងនោះ វាធ្វើឲ្យមហាសមុទ្រត្រូវថមថយសមត្ថភាពក្នុងការស្រូបយក និងស្តុកឧស្ម័នកាបូនិក។ ទោះជាយ៉ាងណា សមត្ថភាពក្នុងការស្រូបយកឧស្ម័នកាបូនិកនេះអាចនឹងត្រូវកើនឡើងមកវិញ ប្រសិនបើគេអាចកាត់បន្ថយឧស្ម័នកាបូនិកពីក្នុងទឹកសមុទ្រ។
បច្ចេកវិទ្យាកាត់បន្ថយឧស្ម័នកាបូនិកពីក្នុងទឹកសមុទ្រនេះហើយ ដែលក្រុមអ្នកជំនាញនៅឯសកលវិទ្យាល័យ UCLA នៅកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កំពុងអភិវឌ្ឍ។ គម្រោងដែលគេឲ្យឈ្មោះថា SeaChange។
នៅក្នុងគម្រោងនេះ គេបង្កើតជារោងចក្រនៅលើទូកប្រវែង ៣០ម៉ែត្រ ដោយនៅលើនោះ គេបូមទឹកសមុទ្រ យកទៅដាក់ឆ្លងកាត់ចរន្តអគ្គិសនី ហើយតាមរយៈយន្តការអេឡិចត្រូលីស វាបង្កើតជាប្រតិកម្មគីមី ដែលបំប្លែងឧស្ម័នកាបូនិក ទៅជាម្សៅកាល់ស្យូមកាបូណាត។ បន្ទាប់មកទៀត ទឹកសមុទ្រ ដែលលែងមានឧស្ម័នកាបូនិកហើយនោះ ត្រូវគេបង្ហូរចូលទៅក្នុងសមុទ្រវិញ ចំណែកម្សៅកាល់ស្យូមកាបូណាត គេអាចយកទៅស្តុកទុកលើដីគោកក៏បាន ឬក៏អាចចាក់ចូូលទៅក្នុងសមុទ្រវិញក៏បាន ដើម្បីឲ្យវាធ្លាក់ចុះទៅបាតសមុទ្រ ដោយមិនបញ្ចេញឧស្ម័នកាបូនិកទៅក្នុងទឹកសមុទ្រវិញ។
យោងតាមអ្នកជំនាញនៅក្នុងគម្រោងនេះ ការស្រូបយកឧស្ម័នកាបូនិកពីក្នុងសមុទ្រមានប្រសិទ្ធភាពជាងការស្រូបយកឧស្ម័នកាបូនិកពីក្នុងបរិយាកាស ពីព្រោះថា ទឹកសមុទ្រមានឧស្ម័នកាបូនិកច្រើនជាងក្នុងបរិយាកាសរហូតដល់ទៅប្រមាណជា ១៥០ដង ហើយយន្តការនៃការស្រូបយកឧស្ម័នកាបូនិកពីក្នុងទឹកសមុទ្រ តាមអេឡិចត្រូលីសនេះ ត្រូវការប្រើថាមពលតិចជាងការស្រូបយកឧស្ម័នកាបូនិកពីក្នុងបរិយាកាស ចំណែកការស្តុកម្សៅកាល់ស្យូមកាបូណាតពីការស្រូបឧស្ម័នកាបូនិកពីសមុទ្រ គឺងាយស្រួលជាង និងត្រូវចំណាយលុយតិចជាងការស្តុកឧស្ម័នកាបូនិកដែលស្រូបយកពីក្នុងបរិយាកាស។
លើសពីនេះទៅទៀត តាមរយៈយន្តការអេឡិចត្រូលីសនេះ ក្រៅពីអាចស្រូបយកឧស្ម័នកាបូនិកពីក្នុងសមុទ្រ ក៏អាចផលិតអ៊ីដ្រូសែនបានផងដែរ។ អ៊ីដ្រូសែន ដែលបច្ចុប្បន្នត្រូវបានគេសំឡឹងឃើញថាជាប្រភពថាមពលដ៏សំខាន់មួយ សម្រាប់ជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ហើយអ៊ីដ្រូសែនដែលផលិតដោយអេឡិចត្រូលីស ត្រូវបានគេចាត់ទុកថាជាអ៊ីដ្រូសែនបៃតង ពោលគឺជាប្រភេទអ៊ីដ្រូសែនដែលមិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ទាំងនៅក្នុងដំណាក់កាលប្រើប្រាស់ និងក្នុងដំណាក់កាលផលិត។
សំណួរចម្បងមួយ ដែលគេត្រូវចោទសួរនៅពេលនេះ គឺនៅត្រង់ថា តើការបូមទឹកសមុទ្រមកទាញយកឧស្ម័នកាបូនិករួចហើយបង្ហូរចូលទៅក្នុងសមុទ្រវិញ ក៏ដូចជាការចាក់ម្សៅកាល់ស្យូមកាបូណាតទៅក្នុងសមុទ្រវិញនេះ តើវាអាចនឹងបង្កនូវផលប៉ះពាល់ណាមួយដែរឬទេ ចំពោះបរិស្ថានសមុទ្រ?
យោងតាមអ្នកជំនាញ នៅក្នុងគម្រោង SeaChange នៅសកលវិទ្យាល័យ UCLA យន្តការនេះនឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថានសមុទ្រនោះទេ។ ក៏ប៉ុន្តែ នេះគ្រាន់តែជាការសន្និដ្ឋានបឋមតែប៉ុណ្ណោះ ដោយមកទល់នឹងពេលនេះ គេនៅមិនទាន់ឃើញមានការសិក្សាណាមួយ ដើម្បីអាចបញ្ជាក់ជុំវិញបញ្ហានេះឲ្យបានច្បាស់លាស់នៅឡើយនោះទេ៕
4/19/2023 • 4 minutes, 7 seconds ហេតុអ្វីបានជា ១២ឆ្នាំក្រោយមក ក្រុមប្រទេសអារ៉ាប់ផ្ត ើមរាប់រក និងចង់ទាញស៊ីរីឲ្យចូលក្នុងសម្ព័ន្ធអារ៉ាប់ឡើងវិញ?
នៅថ្ងៃអង្គារ ទី១៨ មេសា ប្រមុខការទូតអារ៉ាប៊ីសាអូឌីតបានធ្វើទស្សនកិច្ចនៅក្នុងប្រទេសស៊ីរី។ ទស្សនកិច្ចនេះបានធ្វើឡើង បន្ទាប់ពីអារ៉ាប៊ីសាអូឌីតបានរៀបចំកិច្ចប្រជុំថ្នាក់ប្រមុខការទូតនៃក្រុមប្រទេសអារ៉ាប់កាលពីថ្ងៃសុក្រ ទី១៤ មេសា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមចេញផ្សាយក្នុងថ្ងៃសៅរ៍ ទី១៥ មេសា កិច្ចប្រជុំបានមូលមតិគ្នាដើម្បីដើរតួនាទីស្នូលនៅក្នុងដំណោះស្រាយឲ្យវិបត្តិស៊ីរី ពិសេសចង់ឃើញស៊ីរីដែលត្រូវបានសម្ព័ន្ធអារ៉ាប់ព្យួរសមាជិកភាពក្នុងឆ្នាំ ២០១១ វិលត្រឡប់ចូលក្នុងអង្គការអារ៉ាប់មួយនេះឡើងវិញ។ ហេតុអ្វីបានជានៅ ១២ឆ្នាំក្រោយមក ក្រុមប្រទេសអារ៉ាប់ដដែលនេះបែរជាផ្តើមរាប់រក និងចង់ទាញស៊ីរីឲ្យចូលក្នុងសម្ព័ន្ធអារ៉ាប់ជាថ្មីនៅពេលនេះ?។
មិនខុសពីប្រទេសមួយចំនួននៅក្នុងតំបន់ទេ ស៊ីរីបានឆ្លងជំងឺបដិវត្តពណ៌ ឬហៅចលនាបះបោរមហាជនដែលបានចាប់កំណើតចេញពីប្រទេសទុយនីស៊ីក្នុងឆ្នាំ ២០១១។ដើម្បីប្រឈមទប់នឹងចលនាបះបោរមហាជនមួយនេះ រដ្ឋាភិបាលស៊ីរីរបស់លោកប្រធានាធិបតីអាសាដមិនញញើតប្រើកម្លាំងវាយបង្រ្កាបយ៉ាងហិង្សាទេ។ នៅពេលនោះ សហគមន៍អន្តរជាតិ ពិសេសសម្ព័ន្ធអារ៉ាប់ដែលមានស៊ីរីជាសមាជិកម្នាក់បានទាមទារឲ្យលោកអាសាដបញ្ឈប់ការវាយបង្រ្កាបលើពលរដ្ឋខ្លួនឯង។ តែការទាមទារមួយនេះកាលណោះមិនត្រូវបានលោកអាសាដធ្វើដឹង ធ្វើឮទេ។ ទីបំផុត ស៊ីរីរបស់លោកអាសាដត្រូវបានបស្ចិមលោកដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងដាក់ឲ្យនៅឯកោផ្លូវទូត។ ចំណែកសម្ព័ន្ធអារ៉ាប់ក៏បានដាក់ទណ្ឌកម្មដូចគ្នា និងបានព្យួរសមាជិកភាពស៊ីរីក្នុងខែវិច្ឆិកា ឆ្នាំ ២០១១។
បន្ទាប់មកក្នុងខែកុម្ភៈ ឆ្នាំ ២០១២ ក្រុមប្រឹក្សានៃកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្សដែលមានសមាជិក ៦ប្រទេសបានប្រកាសដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីស៊ីរី។ លើសពីនេះក្នុងឆ្នាំ ២០១៣ កៅអីស៊ីរីនៅសម្ព័ន្ធអារ៉ាប់ក៏ត្រូវបានប្រគល់ទៅឲ្យក្រុមប្រឆាំងស៊ីរីជាអ្នកអង្គុយវិញ។ តែនេះមិនមែនមានន័យថា លោកអាសាដបានស្ថិតនៅឯកោទាំងស្រុងឯណា ព្រោះលោកនៅបន្តទទួលបានការគាំទ្រពីប្រទេសខ្លះ ពិសេសរុស្ស៊ី និងអ៊ីរ៉ង់។ ក្នុងរយៈពេល ១២ឆ្នាំ ស៊ីរីបានក្លាយជាសមរភូមិសង្រ្គាមហែកហួរផ្ទៃក្នុងផង និងជាសមរភូមិនៃការប្រជែងកម្លាំងគ្នារវាងមហាអំណាចខាងក្រៅផង។ នៅម្ខាង រុស្ស៊ី និងអ៊ីរ៉ង់បានជួយគាំទ្រ និងទំនុកបម្រុងដល់លោកអាសាដ ហើយនៅម្ខាងទៀត បស្ចិមលោកបានជួយគាំទ្រក្រុមប្រឆាំងស៊ីរី។
ក្នុងរយៈពេល ១២ឆ្នាំកន្លងទៅនេះ លោកអាសាដដែលកំពុងបន្តកាន់អំណាចយ៉ាងណែនក្នុងដៃជាឥស្សរជនដែលមេដឹកនាំបស្ចិមលោក និងមេដឹកនាំអារ៉ាប់ទុកចោលគៀនជញ្ជាំង មិនមើលមុខ និងមិនស្តីរក។ អ៊ីចឹងសួរថា តើមានកត្តាអ្វីខ្លះដែលបានជំរុញឲ្យក្រុមប្រទេសអារ៉ាប់បែរទៅរាប់រកលោកអាសាដ និងចង់ឃើញស៊ីរីវិលត្រឡប់ចូលក្នុងសម្ព័ន្ធអារ៉ាប់ជាថ្មីនៅពេលនេះ?។ អាចមានកត្តាសំខាន់ចំនួនពីរ ទី១ គឺគ្រោះរញ្ជួយក្នុងថ្ងៃទី៦ កុម្ភៈនៅម្តុំព្រំដែនរវាងតួកគី និងស៊ីរី ហើយកត្តាទី២ គឺចេញពីគំនិតផ្តួចផ្តើមរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ គ្រោះរញ្ជួយដីបានបង្ខំចិត្តឲ្យប្រធានាធិបតីស៊ីរីលោកអាសាដទាក់ទងឡើងវិញជាមួយបណ្តាប្រទេសអារ៉ាប់ដែលដឹកជំនួយមនុស្សធម៌ឲ្យស៊ីរី។
គ្រោះរញ្ជួយដីជាឱកាសអនុញ្ញាតឲ្យមេដឹកនាំអារ៉ាប់ទូរស័ព្ទនិយាយជាមួយលោកអាសាដដើម្បីចែករំលែកទុក្ខ និងស្នើជំនួយ។ ចំណែកកត្តាទី២ ដែលបានធ្វើឲ្យស៊ីរី និងក្រុមប្រទេសអារ៉ាប់វិលរកផ្លូវវិជ្ជមានពេលនេះ គឺក្រោមគំនិតផ្តួចផ្តើមរបស់អារ៉ាប៊ីសាអូឌីតក្នុងសម័យរាជទាយាទបេន សាលម៉ានដែលចង់ឲ្យពិភពអារ៉ាប់ដើរតួនាទីស្នូលជួយដោះស្រាយបញ្ហានៅក្នុងតំបន់ និយាយជារួម និងនៅក្នុងវិបត្តិស៊ីរី និយាយដោយឡែក។ អារ៉ាប៊ីសាអូឌីត រួមទាំងបណ្តាប្រទេសអារ៉ាប់មួយចំនួនបានយល់ឃើញដូចគ្នាថា វាល្មមដល់ពេលដែលគេត្រូវបិទទំព័រខ្មៅងងឹតនៅស៊ីរី និងបើកទំព័រថ្មីសម្រាប់ប្រទេសអារ៉ាប់មួយនេះនៅក្នុងតំបន់។ គេអាចថាពិភពអារ៉ាប់ហាក់ទើបភ្ញាក់ខ្លួនដែលបានទុកឲ្យដំបៅស៊ីរីស្អុយរលួយជាង ១០ឆ្នាំនៅក្នុងតំបន់ក៏ថាបាន។
តែអ្វីដែលពួកគេចង់បង្ហាញពេលនេះ គឺការមិនចង់បន្តទុកបណ្តោយឲ្យស៊ីរីក្លាយឆាកនៃការប្រជែងកម្លាំងរវាងមហាអំណាចមកពីក្រៅផង និងមិនចង់ឃើញអ្នកផ្សេងបន្តលូកដៃចាត់ចែងដោះស្រាយរឿងវិបត្តិស៊ីរីផង ឬនិយាយឲ្យស្រួលយល់ វិបត្តិនៅក្នុងតំបន់ត្រូវតែដោះស្រាយដោយអង្គការនៅក្នុងតំបន់។ អ៊ីចឹងហើយបានជាក្នុងរយៈពេលចុងក្រោយនេះ ទីក្រុងរីយ៉ាដបានពន្លឿនសកម្មភាពការទូតយ៉ាងមមាញឹកជាមួយស៊ីរីដែលមិនធ្លាប់មាននារយៈពេល ១២ឆ្នាំកន្លងទៅ។ ជាក់ស្តែងនៅយប់ថ្ងៃទី១៤ មេសា អារ៉ាប៊ីសាអូឌីតបានរៀបចំកិច្ចប្រជុំថ្នាក់ប្រមុខការទូតនៃ ៩ប្រទេសអារ៉ាប់ ក្នុងនោះ មាន ៦ប្រទេសជាសមាជិកក្រុមប្រឹក្សានៃកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្ស។
កម្មវត្ថុនៃកិច្ចប្រជុំ គឺស្វែងរកកុងស៊ុសនាំស៊ីរីចូលក្នុងអង្គការសម្ព័ន្ធអារ៉ាប់ជាថ្មី។ តែដើម្បីអាចឈានដល់គោលដៅមួយនេះបាន គេត្រូវនិយាយជំនះប្រទេសកាតាដែលបានគំាំទ្រក្រុមប្រឆាំងស៊ីរី និងកំពុងបន្តជំទាស់នឹងការមានទំនាក់ទំនងប្រក្រតីជាមួយលោកអាសាដ។ យ៉ាងណាក៏ដោយ អារ៉ាប៊ីសាអូឌីតមិនបានបោះបង់ចោលការប្រឹងប្រែងរបស់ខ្លួនទេ។ សំណួរដែលកំពុងចោទ ហេតុអ្វីបានជាអារ៉ាប៊ីសាអូឌីតទើបបានចូលខ្លួនជួយឈឺឆ្អាលរឿងស៊ីរីនៅពេលនេះទៅវិញ?។ មានឱកាសសំខាន់ចំនួនពីរដែលចងគ្នាទៅវិញទៅមក ទី១ បរិបទធូរស្រាលដែលអារ៉ាប៊ីសាអូឌីតទើបមានជាមួយអ៊ីរ៉ង់ឆ្ពោះទៅភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងគ្នាដោយមានចិនធ្វើជាអាជ្ញាកណ្តាល។
គួររម្លឹកថា អារ៉ាប៊ីសអូឌីត និងអ៊ីរ៉ង់ដែលបានផ្តាច់ទំនាក់ទំនងការទូតរវាងគ្នាក្នុងឆ្នាំ ២០១៦ ជាគូប្រជែងដ៏មានឥទ្ធិពលខ្លាំង និងធ្ងន់ជាងគេនៅក្នុងតំបន់។ ចំណែកឱកាសទី២ អារ៉ាប៊ីសាអូឌីតចង់ព្យាយាមដកខ្លួនចេញពីសង្រ្គាមនៅយេម៉ែនដែលបានផុងខ្លួនតាំងពីឆ្នាំ ២០១៥។ សម្រាប់ទីក្រុងរីយ៉ាដ ភាពល្អូកល្អឺនឡើងវិញជាមួយទីក្រុងតេហេរ៉ង់អាចអនុញ្ញាតឲ្យខ្លួនដើរចេញពីសង្រ្គាមយេម៉ែនតាមផ្លូវដែលបានចូលដោយមិនអាម៉ាស់មុខ និងអាចបង្វែរការយកចិត្តទុកដាក់លើរឿងផ្សេង ពិសេសការអភិវឌ្ឍន៍ប្រទេសដោយមិនភ្លេចពីតួនាទីជាបងធំនៅក្នុងតំបន់ឡើយ៕
4/18/2023 • 6 minutes, 21 seconds ហេតុអ្វីអាល្លឺម៉ង់បោះបង់ចោលថាមពលនុយក្លេអ៊ែរ?
អាល្លឺម៉ង់បានបិទមជ្ឈមណ្ឌលនុយក្លេអ៊ែរចំនួនបី ដែលនៅសេសសល់ចុងក្រោយ កាលពីថ្ងៃសៅរ៍ ដោយបញ្ឈប់ទាំងស្រុងនូវរាល់ការផលិតអគ្គិសនីពីថាមពលនុយក្លេអ៊ែរ។ ការដកខ្លួនចេញពីថាមពលនុយក្លេអ៊ែរនេះ កំពុងបង្កើតឲ្យមានជាបញ្ហាចម្រូងចម្រាស និងការខ្វែងយោបល់គ្នា នៅក្នុងចំណោមប្រជាជនអាល្លឺម៉ង់ខ្លួនឯងផ្ទាល់ ដោយសារតែបច្ចុប្បន្ននេះ ពិភពលោកកំពុងស្វះស្វែងកាត់បន្ថយការប្រើថាមពលផូស៊ីល ដើម្បីទប់ស្កាត់ការឡើងកម្តៅផង ហើយក្នុងពេលជាមួយគ្នា វិបត្តិថាមពលក៏កំពុងកើតឡើង ដោយសារសង្គ្រាមអ៊ុយក្រែនផង។ តើមានដំណើរហេតុអ្វី ដែលជំរុញឲ្យអាល្លឺម៉ង់ប្តូរផ្តាច់បោះបង់ចោលថាមពលនុយក្លេអ៊ែរបែបនេះ?
ទំនាក់ទំនងស្មុគស្មាញ រវាងអាល្លឺម៉ង់ និងនុយក្លេអ៊ែរ មិនមែនទើបនឹងកើតមានថ្មីៗនេះទេ ក៏ប៉ុន្តែ មានតាំងពីក្រោយសម័យសង្គ្រាមលោកលើកទី២មកម៉្លេះ។
ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើហ៊ីរ៉ូស្ហ៊ីម៉ា និងណាហ្កាសាគីដោយសហរដ្ឋអាមេរិក គម្រោងផលិតអាវុធនុយក្លេអ៊ែរដោយហ៊ីត្លែរ បូករួមជាមួយនឹងសង្គ្រាមត្រជាក់ ដែលអាល្លឺម៉ង់ត្រូវពុះចែកជាពីរ ហើយក្លាយជាចំណុចកណ្តាលនៃការប្រឈមមុខដាក់គ្នា រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ គឺអាមេរិក និងសូវៀត ទាំងនេះ សុទ្ធសឹងជាកត្តាចម្បងៗ ដែលធ្វើឲ្យប្រជាជនអាល្លឺម៉ង់ជាទូទៅមិនចូលចិត្តនុយក្លេអ៊ែរ ដោយតែងតែផ្សារភ្ជាប់នុយក្លេអ៊ែរទៅនឹងសង្គ្រាម។ គំនិតប្រឆាំងនឹងនុយក្លេអ៊ែរនេះ មិនមែនកើតមានតែចំពោះអាវុធនុយក្លេអ៊ែរនោះទេ ក៏ប៉ុន្តែ ក៏មានផងដែរចំពោះនុយក្លេអ៊ែរស៊ីវិល។
ក៏ប៉ុន្តែ បើទោះជាមានគំនិតប្រឆាំងនឹងនុយក្លេអ៊ែរបែបនេះក៏ដោយ អាល្លឺម៉ង់ក៏នៅតែយកនុយក្លេអ៊ែរមកប្រើជាប្រភពថាមពលដ៏ចម្បងមួយផងដែរ ដោយនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៩០ អាល្លឺម៉ង់មានមជ្ឈមណ្ឌលនុយក្លេអ៊ែររហូតដល់ទៅ ១៩ ហើយថាមពលអគ្គិសនីដែលអាល្លឺម៉ង់ប្រើប្រាស់ មានរហូតដល់ទៅប្រមាណជា ១ភាគ៣ មានប្រភពចេញពីនុយក្លេអ៊ែរ។
ចលនាប្រឆាំងនឹងនុយក្លេអ៊ែរនៅអាល្លឺម៉ង់ចាប់ផ្តើមមានសន្ទុះខ្លាំង ចាប់ពីឆ្នាំ១៩៨៦ ក្រោយពីមានគ្រោះថ្នាក់នុយក្លេអ៊ែរនៅឈែរណូប៊ីល ដែលស្ថិតនៅចម្ងាយត្រឹមតែជាង ១ពាន់គីឡូម៉ែត្រពីអាល្លឺម៉ង់។
នៅឆ្នាំ១៩៩៨ គណបក្សបៃតង ដែលជាគណបក្សមានគោលនយោបាយប្រឆាំងនឹងនុយក្លេអ៊ែរ បានក្លាយជាគណបក្សនៅក្នុងរដ្ឋាភិបាលអាល្លឺម៉ង់ជាលើកទីមួយ ដោយចូលរួមក្នុងរដ្ឋាភិបាលចម្រុះជាមួយនឹងគណបក្សឆ្វេងនិយម (SPD)។ នៅពេលនោះហើយ ដែលរដ្ឋាភិបាលអាល្លឺម៉ង់បានដាក់ចេញនូវគោលនយោបាយដកខ្លួនសន្សឹមៗចេញពីការប្រើថាមពលនុយក្លេអ៊ែរ ដោយកំណត់ឲ្យបញ្ឈប់ទាំងស្រុងនូវការសាងសង់រេអាក់ទ័រនុយក្លេអ៊ែរថ្មី ចាប់ពីឆ្នាំ២០០២ ចំណែករេអាក់ទ័រដែលមានស្រាប់នឹងត្រូវបញ្ឈប់ដំណើរការបន្តិចម្តងៗ នៅក្នុងរយៈពេលពីរទស្សវត្សរ៍ក្រោយៗមកទៀត។
នៅឆ្នាំ២០១០ លោកស្រី អង់ហ្គេឡា មែរកិល មកពីគណបក្សស្តាំនិយមបានឡើងមកកាន់អំណាច ហើយចង់ពន្យារពេលប្រើថាមពលនុយក្លេអ៊ែររយៈពេល ១៤ឆ្នាំបន្ថែមទៀត ក៏ប៉ុន្តែ មួយឆ្នាំក្រោយមក នៅឆ្នាំ២០១១ គ្រោះថ្នាក់នុយក្លេអ៊ែរនៅហ្វូគូស្ហ៊ីម៉ាក៏បានកើតឡើង តម្រូវឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ផ្លាស់ប្តូរជំហរមកចាប់យកគម្រោងការណ៍ចាស់ដូចពីមុនវិញ គឺបិទបញ្ចប់ការប្រើថាមពលនុយក្លេអ៊ែរ នៅត្រឹមដំណាច់ឆ្នាំ២០២២។ គម្រោងបិទបញ្ចប់ការប្រើថាមពលនុយក្លេអ៊ែរ ដែលមានចែងកំណត់យ៉ាងច្បាស់ នៅក្នុងច្បាប់។
ចាប់តាំងពីពេលនោះមក មជ្ឈមណ្ឌលនុយក្លេអ៊ែរនៅអាល្លឺម៉ង់ត្រូវបានគេបិទលែងឲ្យដំណើរការម្តងមួយៗ ហើយគិតត្រឹមចុងឆ្នាំ២០២១ នៅសល់តែមជ្ឈមណ្ឌលនុយក្លេអ៊ែរចំនួន៣ប៉ុណ្ណោះ ដែលនៅបន្តដំណើរការ។
ក្រោយពេលដែលរុស្ស៊ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន នៅខែកុម្ភៈឆ្នាំ២០២២ ធ្វើឲ្យអាល្លឺម៉ង់ ក៏ដូចជាតំបន់អឺរ៉ុបទាំងមូលប្រឈមនឹងវិបត្តិថាមពល ការជជែកដេញដោលគ្នាក៏ចាប់ផ្តើមកើតមានឡើង នៅអាល្លឺម៉ង់ ជុំវិញសំណួរថា តើគេគួរបន្តអនុវត្តគម្រោងការណ៍បិទមជ្ឈមណ្ឌលនុយក្លេអ៊ែរ ឬក៏គួរពន្យារពេលសិន។ ក៏ប៉ុន្តែ នៅទីបំផុតទៅ រដ្ឋាភិបាលអាល្លឺម៉ង់បានសុខចិត្តពន្យារពេលតែជាង ៤ខែប៉ុណ្ណោះ មុននឹងបិទមជ្ឈមណ្ឌលនុយក្លេអ៊ែរទាំង ៣ចុងក្រោយ កាលពីថ្ងៃសៅរ៍ ១៥មេសាចុងសប្តាហ៍កន្លងទៅ ហើយសុខចិត្តពន្យារពេលដំណើរការរោងចក្រអគ្គិសនៅដើរដោយធ្យូងថ្មទៅវិញ ដើម្បីប្រឈមនឹងបញ្ហាកង្វះថាមពល។
ហេតុដូច្នេះហើយបានជា នៅក្រោយពេលបិទមជ្ឈមណ្ឌលនុយក្លេអ៊ែរនេះ មតិសាធារណៈអាល្លឺម៉ង់ត្រូវពុះចែកជាពីរ ដោយម្ខាងអបអរការបិទបញ្ចប់ជាស្ថាពរនូវសករាជនុយក្លេអ៊ែរ នៅអាល្លឺម៉ង់ ចំណែកម្ខាងទៀត រិះគន់ចំណាត់ការរដ្ឋាភិបាលថា ជាការធ្វើទៅតាមមនោគមន៍វិជ្ជាទាំងងងឹតងងល់ ខ្វះភាពប្រាកដនិយម ដោយបិទមជ្ឈមណ្ឌលនុយក្លេអ៊ែរនៅក្នុងពេលដែលអាល្លឺម៉ង់កំពុងប្រឈមនឹងកង្វះថាមពល ហើយពន្យារពេលរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម នៅក្នុងពេលដែលអាល្លឺម៉ង់ ក៏ដូចជា ពិភពលោកទាំងមូល កំពុងស្វះស្វែងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ដើម្បីទប់ស្កាត់ការឡើងកម្តៅផែនដី។
នៅក្នុងការស្ទាបស្ទង់មតិចុះផ្សាយដោយទូរទស្សន៍រដ្ឋអាល្លឺម៉ង់ កាលពីសប្តាហ៍មុន គេរកឃើញថា ប្រជាជនអាល្លឺម៉ង់ដល់ទៅ ៥៩% ពោលគឺជាងពាក់កណ្តាលឯណោះ ប្រឆាំងនឹងការបញ្ឈប់ការប្រើថាមពលនុយក្លេអ៊ែរនៅពេលនេះ។ ជាការពិតថា ប្រជាជនអាល្លឺម៉ង់ភាគច្រើននៅតែចង់បញ្ឈប់ការប្រើថាមពលនុយក្លេអ៊ែរ ដោយគ្រាន់តែមិនចង់ឲ្យធ្វើនៅក្នុងបរិបទបច្ចុប្បន្ន។
រដ្ឋាភិបាលអាល្លឺម៉ង់វិញ បានឆ្លើយការពារខ្លួនថា ការដកខ្លួនចេញពីថាមពលនុយក្លេអ៊ែរនៅពេលនេះ នឹងមិនធ្វើឲ្យប៉ះពាល់ទៅដល់គោលនយោបាយថាមពល និងអាកាសធាតុរបស់អាល្លឺម៉ង់នោះទេ ដោយរដ្ឋាភិបាលដាក់ជាអាទិភាពខ្ពស់ ចំពោះការអភិវឌ្ឍថាមពលបៃតង ជាអាទិ៍ ថាមពលព្រះអាទិត្យ និងថាមពលខ្យល់ ដើម្បីជំនួសថាមពលនុយក្លេអ៊ែរ និងថាមពលផូស៊ីល ដោយរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅ ផលិតថាមពលអគ្គិសនី ឲ្យបាន ៨០% ចេញពីថាមពលបៃតង នៅត្រឹមឆ្នាំ២០៣០ ហើយគ្រោងបិទរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មទាំងស្រុង នៅត្រឹមឆ្នាំ២០៣៨ខាងមុខ៕
4/18/2023 • 5 minutes, 23 seconds ហេតុអ្វីអ្នកជំនាញបារម្ភពីការអភិវឌ្ឍបញ្ញាសិប្បនិម្មិត?
នៅក្នុងបរិបទនៃការវិវឌ្ឍយ៉ាងលឿនទៅមុខនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មានអ្នកជំនាញជាច្រើនបានបង្ហាញនូវក្តីបារម្ភ ហើយបាននាំគ្នាចេញញត្តិមួយ កាលពីចុងខែមីនាកន្លងទៅនេះ អំពាវនាវឲ្យផ្អាកជាបណ្តោះអាសន្ន នូវការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។ តើហេតុអ្វីបានអ្នកជំនាញបារម្ភជុំវិញបញ្ញាសិប្បនិម្មិតខ្លាំងបែបនេះ?
នៅក្នុងចំណោមអ្នកជំនាញ ដែលចុះហត្ថលេខាលើញត្តិទាមទារឲ្យផ្អាកការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏រួមមានផងដែរ Steve Wozniak ដៃគូស្ថាបនិកក្រុមហ៊ុន Apple ជាមួយ Steve Job និង Elon Musk។
Elon Musk ដែលបច្ចុប្បន្នជាប្រធានក្រុមហ៊ុន SpaceX, Tesla និង Twitter គឺជាអ្នកបានចូលរួមចំណែកបង្កើតក្រុមហ៊ុន OpenAI កាលពីឆ្នាំ២០១៥ មុននឹងលាឈប់ពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាលពីឆ្នាំ២០១៨។ ក្រុមហ៊ុន OpenAI គឺជាក្រុមហ៊ុន ដែលបង្កើតបញ្ញាសិប្បនិម្មិត ChatGPT ដែលជាបច្ចេកវិទ្យាកាន់តែទំនើបខ្លាំងឡើង ហើយដែលកំពុងតែធ្វើឲ្យអ្នកជំនាញព្រួយបារម្ភ។
នៅក្នុងលិខិតចំហ ចុះផ្សាយ កាលពីថ្ងៃទី២២មីនា អ្នកជំនាញបានលើកឡើង អំពីចំណុចចម្បងបី ដែលអាចជាបញ្ហាប្រឈមគួរឲ្យព្រួយបារម្ភ។
ទីមួយ ផលប៉ះពាល់ដល់ទីផ្សារការងារ ដោយសារតែការងាររបស់មនុស្សកាន់តែច្រើនអាចនឹងត្រូវធ្វើជំនួសដោយបញ្ញាសិប្បនិម្មិត។
ទីពីរ ការរីកដុះដាលនៃព័ត៌មានមិនពិត ឬព័ត៌មានបំភ្លៃ ដែលពីមួយថ្ងៃទៅមួយថ្ងៃនឹងកើតមានកាន់តែច្រើន ហើយជាពិសេសជាងនេះទៅទៀត ភាពទំនើបនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត វាអាចនឹងធ្វើឲ្យយើងកាន់តែពិបាកនឹងបែងចែករវាង មួយណាជាព័ត៌មានពិត មួយណាមិនពិត ដែលអាចបង្កើតជាភាពវឹកវរនៅក្នុងសង្គម ក៏ដូចជា ប៉ះពាល់ទៅដល់លទ្ធិប្រជាធិបតេយ្យ។
ទីបី គឺទាក់ទងទៅនឹងជោគវាសនារបស់មនុស្សជាតិយើង នៅក្នុងរយៈពេលវែងទៅថ្ងៃអនាគត ដោយនៅក្នុងលិខិតចំហ គេបានចោទជាសំណួរថា តើយើងគួរបណ្តោយឲ្យបន្តអភិវឌ្ឍបញ្ញាសិប្បនិម្មិតកាន់តែជឿនលឿន ដែលថ្ងៃណាមួយអាចមានបញ្ញាខ្ពស់រហូតអាចប្រកួតប្រជែងជាមួយមនុស្ស ឬក៏ឆ្លាតជាងមនុស្ស មានចំនួនច្រើនជាងមនុស្ស ហើយអាចជំនួសមនុស្សយើងឬក៏យ៉ាងណា? តើយើងគួរទុកបណ្តោយឲ្យជោគវាសនាអនាគតមនុស្សជាតិយើងទាំងមូលត្រូវស្ថិតក្នុងដៃក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬក៏យ៉ាងណា?
តាមការពិតទៅ អ្នកជំនាញដែលចុះហត្ថលេខាលើលិខិតចំហនេះ មិនបានជំទាស់ទាំងស្រុងទៅនឹងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនោះទេ ដោយគ្រាន់តែទាមទារឲ្យការអភិវឌ្ឍបច្ចេកវិទ្យានេះត្រូវធ្វើឡើង ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីធានាថា បច្ចេកវិទ្យានេះនឹងមិនបង្កនូវគ្រោះថ្នាក់ដល់មនុស្សជាតិយើង។
បញ្ហាចោទ គឺនៅត្រង់ថា ក្នុងពេលបច្ចុប្បន្ននេះ បញ្ហាសិប្បនិម្មិត នៅមិនទាន់មានវិធានគ្រប់គ្រងម៉ត់ចត់ និងជាលក្ខណៈទូទៅនៅឡើយ ហើយនៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុនឯកជនកំពុងតែប្រណាំងប្រជែងគ្នាបង្កើតបញ្ញាសិប្បនិម្មិត ប្រៀបបាននឹងការប្រណាំងប្រជែងសព្វាវុធ រវាងរដ្ឋ និងរដ្ឋដូច្នោះដែរ ពោលគឺ ក្រុមហ៊ុននីមួយៗ ព្យាយាមបង្កើតបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឲ្យកាន់តែទំនើបឡើង ដើម្បីប្រជែងយកឈ្នះគូប្រជែង ក្នុងគោលដៅ ដណ្តើមចំណែកទីផ្សាររៀងៗខ្លួន។
ជាក់ស្តែង គេឃើញថា ភ្លាមៗក្រោយពីក្រុមហ៊ុន Microsoft ប្រកាសដាក់ដំណើរការ ChatGPT នៅក្នុងប្រព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Google ដែលជាគូប្រជែងក៏បានប្រកាសភ្លាមៗថា នឹងរៀបចំដាក់ឲ្យដំណើរការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ខ្លួនមួយដែរ គឺ Bard ដើម្បីប្រជែងជាមួយនឹង ChatGPT។ ត្រឹមតែប៉ុន្មានខែក្រោយមកទៀត ChatGPT ក៏ស្រាប់តែប្រកាសចេញបច្ចេកវិទ្យាថ្មីមួយបន្ថែមទៀត គឺ ChatGPT-4 ។
ChatGPT-4 ជាបញ្ញាសិប្បនិម្មិតដែលជឿនលឿនខ្លាំង ដែលអ្នកជំនាញឯករាជបានវាយតម្លៃថា វាអាចជាចំណុចចាប់ផ្តើមមួយ ឈានទៅរកបច្ចេកវិទ្យា AGI ឬ Artificial General Intelligence ពោលគឺជាប្រភេទបញ្ញាសិប្បនិម្មិត ដែលមានបញ្ញាស្មើនឹងមនុស្សយើង ហើយអាចប្រកួតប្រជែងជាមួយនឹងមនុស្សយើងបាន។
ភាពជឿនលឿនខ្លាំងនៃបច្ចេកវិទ្យា ChatGPT-4 ព្រមទាំងល្បឿននៃការអភិវឌ្ឍដ៏ឆាប់រហ័សរបស់វានេះហើយ ដែលធ្វើឲ្យអ្នកជំនាញព្រួយបារម្ភ ហើយអំពាវនាវឲ្យគ្រប់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ ផ្អាកជាបណ្តោះអាសន្ន សម្រាប់រយៈពេល ៦ខែ រាល់ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថ្មី ដែលមានកម្រិតជឿនលឿនលើសពី ChatGPT-4។
និយាយឲ្យចំ អ្នកជំនាញមិនទាមទារឲ្យផ្អាកការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទាំងស្រុងនោះទេ ក៏ប៉ុន្តែ គ្រាន់តែទាមទារឲ្យផ្អាកការប្រណាំងប្រជែងគ្នា បង្កើតបញ្ញាសិប្បនិម្មិតកាន់តែទំនើបជាងពេលបច្ចុប្បន្ន នៅមុនពេលដែលគេអាចបង្កើតនូវវិធានគ្រប់គ្រងបញ្ញាសិប្បនិម្មិត ដើម្បីធានាថា ការអភិវឌ្ឍបច្ចេកវិទ្យានេះត្រូវធ្វើឡើងប្រកបដោយតម្លាភាព និងសុវត្ថិភាព៕
4/12/2023 • 4 minutes, 35 seconds តើបញ្ញាសិប្បនិម្មិតអាចបង្កផលប៉ះពាល់អ្វីខ្លះដល់ទីផ្សារការងារ?
នៅក្នុងមួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងរីកចម្រើនយ៉ាងលឿនទៅមុខគួរឲ្យកត់សម្គាល់។ ជឿនលឿនខ្លាំង រហូតធ្វើឲ្យអ្នកជំនាញជាច្រើនបង្ហាញនូវក្តីបារម្ភ ហើយនាំគ្នាធ្វើញត្តិទាមទារឲ្យផ្អាកការអភិវឌ្ឍបញ្ញាសិប្បនិម្មិតជាបណ្តោះអាសន្ន ដោយនៅក្នុងចំណោមក្តីបារម្ភរបស់អ្នកជំនាញនេះ ក៏មានដែរ ផលប៉ះពាល់ចំពោះទីផ្សារការងារ។ តើភាពជឿនលឿននៃបច្ចេកវិទ្យាសិប្បនិម្មិតនេះអាចនឹងបង្កនូវផលប៉ះពាល់អ្វីខ្លះដល់ការងាររបស់មនុស្សយើង?
បញ្ញាសិប្បនិម្មិត ដែលគេច្រើនហៅកាត់ពីភាសាអង់គ្លេសថា “អេអាយ” (AI) មិនមែនជារឿងថ្មីនោះទេ។ អ្វីដែលថ្មី គឺវាមានភាពជឿនលឿនខ្លាំងជាងមុន និងមានមុខងារទូលំទូលាយជាងមុន ដែលអាចឲ្យគេកែច្នៃយកទៅប្រើប្រាស់នៅក្នុងវិស័យកាន់តែទូលាយ ហើយដែលមានសក្តានុពលបង្កើតជាមុខងារស្វ័យប្រវត្តិជំនួសការងាររបស់មនុស្សបានកាន់តែច្រើនជាងមុន។
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតខ្លះ រួមមានដូចជា Midjourney ឬក៏ DALL-E ជាដើម អាចបង្កើតជារូបភាពបានយ៉ាងលឿន និងយ៉ាងស្អាត ដែលមនុស្សភាគច្រើនមិនអាចធ្វើបាន។ បញ្ញាសិប្បនិម្មិតខ្លះទៀត អាចបង្កើតជាបទភ្លេង ឬបង្កើតជាសំឡេងមនុស្សនិយាយ ទៅតាមអត្ថបទ។ រឹតតែជឿនលឿនជាងនេះទៅទៀត គឺបញ្ញាសិប្បនិម្មិតថ្មីចុងក្រោយ ដែលគេតែងតែនាំគ្នានិយាយទៅដល់ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺ ChatGPT របស់ក្រុមហ៊ុន OpenAI ហើយដែលត្រូវបានដាក់ឲ្យដំណើរការលើប្រព័ន្ធ Microsoft។
ChatGPT អាចសន្ទនាឆ្លងឆ្លើយជាមួយមនុស្ស អាចសរសេរអត្ថបទ (ជាអត្ថបទតែងសេចក្តី ជាអត្ថបទព័ត៌មាន ឬជារឿងប្រលោមលោក) អាចសរសេរកូដកុំព្យូទ័រ ឬរចនាវេបសាយពីដើមដល់ចប់ដោយចេញត្រឹមពីគំនូសព្រាង ហើយអ្វីដែលធ្វើឲ្យអ្នកជំនាញរឹតតែភ្ញាក់ផ្អើលជាងនេះទៅទៀត គឺសមត្ថភាពរបស់ ChatGPT ក្នុងការឆ្លើយសំណួរវិញ្ញាសារប្រឡងថ្នាក់សកលវិទ្យាល័យ ក្នុងមុខជំនាញដ៏លំបាកពីរ គឺជំនាញវេជ្ជសាស្ត្រ និងមេធាវី។
នៅក្នុងការធ្វើតេស្តដោយអ្នកជំនាញនៅសកលវិទ្យាល័យអាមេរិក ChatGPT អាចប្រឡងជាប់ក្នុងវិញ្ញាសារមេធាវី ចំណែកក្នុងវិញ្ញាសារថ្នាក់វេជ្ជសាស្រ្តវិញ អាចឆ្លើយត្រូវរហូតដល់ទៅក្នុងរង្វង់ ៦០% ដែលជាកម្រិតខ្ពស់មិនធ្លាប់អាចធ្វើបានដោយបញ្ញាសិប្បនិម្មិតកាលពីមុន។
កាលពីចុងខែមីនាកន្លងទៅនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៃធនាគារ Golmand Sachs របស់អាមេរិក បានចេញផ្សាយរបាយការណ៍មួយ ដោយបានកត់សម្គាល់ថា បញ្ញាសិប្បនិម្មិត ដែលមានសមត្ថភាពបង្កើតមាតិកា (អត្ថបទ រូបភាព ឬសំឡេង) ក្នុងគុណភាពមួយ ដែលគេមិនអាចបែងចែកបានថា មួយណាបង្កើតដោយបញ្ញាសិប្បនិម្មិត មួយណាបង្កើតដោយមនុស្ស វាគឺជាចំណុចរបត់ដ៏ចម្បងមួយ ហើយគេព្យាករថា នៅក្នុងដំណើរវិវឌ្ឍនេះ បញ្ញាសិប្បនិម្មិតអាចនឹងជំនួសការងារមនុស្សរហូតដល់ទៅប្រមាណជា ៣០០លាននាក់ នៅទូទាំងពិភពលោកទាំងមូល ដោយគិតជាមធ្យមការងារប្រមាណជា ១៨% អាចនឹងត្រូវធ្វើដោយបញ្ញាសិប្បនិម្មិត។ ក៏ប៉ុន្តែ ការជំនួសការងារមនុស្ស ដោយបញ្ញាសិប្បនិម្មិតនេះក៏អាស្រ័យផងដែរ ទៅលើប្រភេទការងារ និងទៅតាមប្រទេសនីមួយៗ។
ជារួម ការងារដោយដៃ ត្រូវរងនូវផលប៉ះពាល់តិចជាងការងារដោយប្រើបញ្ញា។ ជាអាទិ៍ នៅក្នុងរបាយការណ៍ គេបានព្យាករថា នៅក្នុងវិស័យសំណង់ មុខងារត្រឹមតែប្រមាណជា ៦% ប៉ុណ្ណោះ ដែលអាចនឹងត្រូវជំនួសដោយបញ្ញាសិប្បនិម្មិតបាន រីឯមុខងារក្នុងផ្នែករដ្ឋបាល និងក្នុងវិជ្ជាជីវៈផ្នែកច្បាប់វិញ អាចនឹងត្រូវប៉ះពាល់ខ្លាំងជាងគេ ដោយមានមុខងាររហូតដល់ទៅប្រមាណពី ៤៤% ទៅ ៤៦% អាចនឹងត្រូវជំនួសដោយបញ្ញាសិប្បនិម្មិត។
នេះមានន័យថា បណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដែលការងារដោយដៃមានអត្រាទាបជាងការងារដោយប្រើបញ្ញា អាចនឹងត្រូវប៉ះពាល់ច្រើនជាងប្រទេសកំពុងអភិវឌ្ឍ។ តាមការព្យាករ នៅក្នុងប្រទេសជឿនលឿន ដូចជា អាមេរិក និងប្រទេសនៅអឺរ៉ុបជាដើម ការងាររហូតដល់ទៅប្រមាណជា ២ភាគ៣ អាចនឹងត្រូវប៉ះពាល់ក្នុងកម្រិតណាមួយ ហើយប្រមាណជា ១ភាគ៤ អាចនឹងត្រូវជំនួសដោយបញ្ញាសិប្បនិម្មិតទាំងស្រុង។
ទោះជាយ៉ាងណា យោងតាមរបាយការណ៍របស់ Goldman Sachs ការដាក់ពង្រាយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាលក្ខណៈទូលំទូលាយ អាចនឹងជួយបង្កើនផលិតភាពការងារ និងជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោកបានដល់ទៅ ៧% ក្នុងមួយឆ្នាំៗ សម្រាប់រយៈពេល ១០ឆ្នាំ។ កំណើនសេដ្ឋកិច្ច និងបច្ចេកវិទ្យានេះ អាចនឹងនាំទៅដល់ការបង្កើតជាប្រភេទផលិតផល ឬសេវាកម្មថ្មី ហើយបង្កើតជាប្រភេទមុខងារថ្មីសម្រាប់មនុស្ស ជំនួសមុខងារដែលត្រូវដាក់ឲ្យធ្វើជាស្វ័យប្រវត្តិដោយបញ្ញាសិប្បនិម្មិត។
អ្វីដែលគេពិបាកនឹងព្យាករ គឺនៅត្រង់ថា តើប្រភេទមុខងារថ្មី ដែលបង្កើតឡើងនេះ វាអាចមានគ្រប់គ្រាន់ សម្រាប់ស្រូបយកអ្នកដែលបាត់បង់ការងារដោយបញ្ញាសិប្បនិម្មិតបានដែរឬទេ? នៅក្នុងពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះចេះបន្តរីកចម្រើនជឿនលឿនទៅមុខក្នុងល្បឿនយ៉ាងលឿនដូចជាសព្វថ្ងៃនេះ តើល្បឿននៃការបង្កើតប្រភេទការងារថ្មីវាអាចទាន់ល្បឿននៃការបាត់បង់ការងារ ដែលត្រូវជំនួសដោយសិប្បនិម្មិតបានដែរឬក៏យ៉ាងណា?
4/11/2023 • 4 minutes, 49 seconds ហេតុអ្វីជប៉ុនយឺតយ៉ាវខ្លាំងក្នុងវិស័យរថយន្តអគ្គិសនី?
នៅក្នុងពេលបច្ចុប្បន្ននេះ នៅក្នុងពេលដែលពិភពលោកកំពុងស្វះស្វែងកាត់បន្ថយការបញ្ចេញឧស្ម័ន ដើម្បីទប់ស្កាត់ការឡើងកម្តៅផែនដី ទីផ្សាររថយន្តអគ្គិសនីក៏កំពុងតែស្គាល់នូវកំណើនយ៉ាងលឿនជាប់ជាប្រចាំផងដែរ។ ក៏ប៉ុន្តែ នៅក្នុងចរន្តនៃកំណើនវិស័យរថយន្តអគ្គិសនីនេះ គេសង្កេតឃើញថា ជប៉ុន ដែលជាប្រទេសនាំមុខគេមួយក្នុងវិស័យឧស្សាហកម្មយានយន្ត ហើយដែលកន្លងមក ធ្លាប់ជាជើងឯកខាងរថយន្តអគ្គិសនី តែបែរកំពុងតែដើរតាមពីក្រោយគេទៅវិញ។ តើនេះបណ្តាលមកពីមូលហេតុអ្វី?
កាលពីជាង១០ឆ្នាំមុន កាលណានិយាយពីទីផ្សាររថយន្តអគ្គិសនី គឺគេនិយាយពីជប៉ុន។ ជប៉ុនគ្រប់គ្រងចំណែកទីផ្សាររថយន្តអគ្គិសនីរហូតដល់ទៅប្រមាណពី ៧០% ទៅ ៩០% នៅទូទាំងពិភពលោក ហើយរថយន្តអគ្គិសនីដំបូងៗគេ ដែលចេញលក់នៅលើទីផ្សារ គឺជាម៉ាករបស់ជប៉ុន ជាពិសេស គឺចេញពីក្រុមហ៊ុនមីតស៊ូប៊ីស៊ី និងនីសាន់។
ក៏ប៉ុន្តែ ជាង១០ឆ្នាំក្រោយមក យោងតាមតួលេខចេញផ្សាយដោយសារព័ត៌មានជប៉ុន Nikkei នៅក្នុងឆ្នាំ២០២២កន្លងទៅ ការលក់រថយន្តអគ្គិសនីដែលមានប្រមាណជា ៧លានគ្រឿងនៅទូទាំងពិភពលោក ម៉ាកដែលនាំមុខគេ គឺ BYD របស់ចិន ដែលលក់ដាច់រហូតដល់ទៅជិត ៣លានគ្រឿង, Tesla របស់អាមេរិកស្ថិតនៅលំដាប់ទីពីរ លក់បានជាង ២លានគ្រឿង, ម៉ាកធំៗរបស់អឺរ៉ុប រួមមាន Volkswagen របស់អាល្លឺម៉ង់ និង Renault របស់បារាំង ជាដើម លក់បាន ជាង ១លានគ្រឿង ចំណែករថយន្តអគ្គិសនីរបស់ជប៉ុនវិញ ទាំងតូយ៉ូតា ហុងដា និងនីសាន់ បូកបញ្ចូលគ្នា លក់ចេញបានត្រឹមតែប្រមាណជា ២០ម៉ឺនគ្រឿងតែប៉ុណ្ណោះ។
ដូច្នេះ គិតជាចំណែកទីផ្សារ ក្រុមហ៊ុនចិនគ្រប់គ្រងប្រមាណជា ៤០% អាមេរិក ៣០% អឺរ៉ុប ២០% ចំណែកក្រុមហ៊ុនជប៉ុនវិញ គ្រប់គ្រងចំណែកទីផ្សារមិនដល់ ៥% ផង នៃទីផ្សាររថយន្តអគ្គិសនីពិភពលោកបច្ចុប្បន្ន។
កត្តាចម្បងបំផុត ដែលធ្វើឲ្យជប៉ុនមានភាពយឺតយ៉ាវខ្លាំង ហើយដើរតាមពីក្រោយគេយ៉ាងដាច់ឆ្ងាយ នៅក្នុងការអភិវឌ្ឍរថយន្តអគ្គិសនី គឺដោយសារតែជប៉ុនផ្តោតអាទិភាពចម្បងទៅលើរថយន្ត Hybrid ពោលគឺប្រភេទរថយន្តកូនកាត់ ដែលមានម៉ូទ័រប្រើប្រេង និងអគ្គិសនីលាយឡំគ្នា។
ក្រុមហ៊ុនជប៉ុនផ្តោតអាទិភាពចម្បងទៅលើរថយន្ត Hybrid នេះ ម្យ៉ាង ដោយសារតែនេះជាបច្ចេកវិទ្យា ដែលជប៉ុននាំមុខគេស្រាប់ ហើយដែលប្រទេសផ្សេងទៀតពិបាកនឹងជ្រៀតចូលមកប្រជែងដណ្តើមទីផ្សារជាមួយ។ ម្យ៉ាងទៀត ដោយសារតែជប៉ុនមិនសូវមានជំនឿចិត្តទៅលើទីផ្សាររថយន្តអគ្គិសនី។
ក្រុមហ៊ុនជប៉ុន ជាពិសេស ក្រុមហ៊ុនតូយ៉ូតា យល់ថា សក្តានុពលនៃការប្រើប្រាស់រថយន្តអគ្គិសនី គឺមានតិចតួច បើប្រៀបធៀបនឹងរថយន្ត Hybrid ដោយសារតែរថយន្តអគ្គិសនីទាមទារឲ្យមានការបោះទុនវិនិយោគច្រើន ទៅលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ទៅលើការសង់ទីតាំងបញ្ចូលអាគុយរាយជាបណ្តាញនៅទូទាំងប្រទេស ក្នុងពេលជាមួយគ្នា សក្តានុពលនៃការកាត់បន្ថយការបញ្ចេញឧស្ម័នដោយរថយន្តអគ្គិសនីក៏មិនសូវជាមានច្រើន ដោយសារតែថាមពលអគ្គិសនី ដែលផលិតចេញពីថាមពលបៃតង នៅមានតិចតួចនៅឡើយ ដែលជាហេតុធ្វើឲ្យរថយន្តអគ្គិសនី នៅតែបន្តពឹងផ្អែកខ្លាំងលើអគ្គិសនី ផលិតចេញពីថាមពលផូស៊ីល ដែលជាប្រភពនៃការបញ្ចេញឧស្ម័នដដែលជាដដែល។
ដូច្នេះ ទៅតាមឡូហ្ស៊ិចរបស់ជប៉ុន រថយន្តប្រភេទ Hybrid ថ្វីដ្បិតតែមិនកាត់បន្ថយការប្រើប្រេងទាំងស្រុង ក៏ប៉ុន្តែ ងាយស្រួលប្រើជាង អាចទាក់ទាញអ្នកប្រើប្រាស់ឲ្យងាកចេញពីរថយន្តប្រើប្រេងសុទ្ធសាធ ដូច្នេះ វាអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នបានក្នុងកម្រិតមួយសមរម្យ គ្រាន់បើជាងរថយន្តអគ្គិសនី ដែលស្មុគស្មាញក្នុងការប្រើប្រាស់ ហើយដែលនៅទីបំផុតទៅ មិនអាចទាក់ទាញអ្នកប្រើប្រាស់ឲ្យងាកចេញពីរថយន្តប្រើប្រេងសុទ្ធសាធបាន ដូច្នេះ បែរជាមិនមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នទៅវិញ។
ទោះជាយ៉ាងណា នៅក្នុងពេលបច្ចុប្បន្ននេះ គេសង្កេតឃើញមានដំណើរវិវឌ្ឍមួយចំនួន ដែលអាចជាកត្តាជំរុញវិស័យរថយន្តអគ្គិសនីឡើងវិញនៅជប៉ុន។
កាលពីឆ្នាំ២០២២កន្លងទៅនេះ ការលក់រថយន្តអគ្គិសនី នៅក្នុងប្រទេសជប៉ុន បានកើនឡើងរហូតដល់ទៅជិត៣ដងធៀបនឹងឆ្នាំ២០២១ ក្នុងពេលដែលរដ្ឋាភិបាលជប៉ុនក៏បានដាក់ចេញនូវគោលនយោបាយជំរុញឲ្យប្រជាជនទិញរថយន្តអគ្គិសនីមកប្រើប្រាស់ ជាពិសេស តាមរយៈការផ្តល់ជំនួយដោយផ្ទាល់ ដល់អ្នកទិញរថយន្តអគ្គិសនីថ្មីៗ និងការបោះទុនវិនិយោគទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដោយជប៉ុនគ្រោងបង្កើនទីតាំងបញ្ជូលអាគុយរថយន្តអគ្គិសនី ពីប្រមាណជា ៣ម៉ឺនកន្លែងក្នុងពេលបច្ចុប្បន្ន ឲ្យឡើងទៅដល់ ១៥ម៉ឺនកន្លែង នៅទូទាំងប្រទេស នៅត្រឹមឆ្នាំ២០៣០ខាងមុខ។
សម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន ដំណើរវិវឌ្ឍនៃទីផ្សារក្នុងស្រុកជប៉ុននេះ វាមកបន្ថែមពីលើដំណើរវិវឌ្ឍនៃទីផ្សារពិភពលោក ដែលគេសង្កេតឃើញថា កំណើននៃការលក់រថយន្តអគ្គិសនី នៅទូទាំងពិភពលោកចេះតែបន្តកើនឡើងជាប់ជាប្រចាំ ដោយកាលពីឆ្នាំ២០២២កន្លងទៅ ចំនួនរថយន្តអគ្គិសនី ដែលត្រូវបានលក់ចេញ គិតជាសរុបនៅទូទាំងពិភពលោកបានកើនឡើងរហូតដល់ទៅប្រមាណជា ៥០% បើធៀបទៅនឹងឆ្នាំ២០២១។
លើសពីនេះទៅទៀត បណ្តាប្រទេសជាច្រើន ជាអាទិ៍ សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ដែលជាទីផ្សារដ៏សំខាន់មួយរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន ក៏កំពុងតែដាក់ចេញនូវគោលនយោបាយ ដែលជំរុញវិស័យរថយន្តអគ្គិសនី ក៏ដូចជាការរឹតបន្តឹងវិធានបរិស្ថាន ក្នុងគោលដៅឈានទៅហាមឃាត់ទាំងស្រុងការលក់រថយន្តប្រើប្រេង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ហេតុដូច្នេះហើយបានជា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញក្រុមហ៊ុនផលិតរថយន្តជប៉ុនបាននាំគ្នាប្រកាសវិនិយោគកាន់តែច្រើនទៅលើការផលិតរថយន្តអគ្គិសនី ដើម្បីព្យាយាមសម្របខ្លួនទៅតាមដំណើរវិវឌ្ឍជាក់ស្តែង នៅលើទីផ្សារ៕
4/10/2023 • 5 minutes, 9 seconds ធនាគារ ADB៖ សេដ្ឋកិច្ចកម្ពុជាងើបឡើងលឿន ដោយសារវិស័យវ ិស័យទេសចរណ៍
ផ្អែកតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាពេលថ្មីៗ កំណើននៃការនាំចេញដ៏រឹងមាំ និងការងើបឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា បានរួមចំណែកបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងកាត់បន្ថយឱនភាពថវិកា នៅឆ្នាំ២០២២។ ទោះជាយ៉ាងណា កម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគបៃតងជាវិស័យអាទិភាព និងជាវិស័យយុទ្ធសាស្ត្រ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ខ្លួន។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងរង្វង់ ៥,៥ ភាគរយនៅឆ្នាំ២០២៣ និង ៦ភាគរយក្នុងឆ្នាំ២០២៤ ក៏ព្រោះការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។ នេះបើយោងតាមការចេញផ្សាយថ្មី នៅក្នុងគេហទំព័រផ្លូវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
នាយកធនាគារ ADB ប្រចាំប្រទេសកម្ពុជា លោក Jyotsana Varma បានមានប្រសាសន៍ថា “ទោះបីជាតម្រូវការពិភពលោកមានកម្រិតចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចរបស់កម្ពុជាបានបន្តដំណើរការល្អនៅឆ្នាំ២០២២ ព្រោះការងើបឡើងវិញនៃវិស័យទេសចរណ៍។ សេដ្ឋកិច្ចរបស់កម្ពុជាបង្ហាញភាពវិជ្ជមានជាមួយនឹងកំណើនសេដ្ឋកិច្ចរឹងមាំ ការកាត់បន្ថយឱនភាពគណនីចរន្ត និងអតិផរណាមានកម្រិតមធ្យមនៅឆ្នាំ២០២៣។”
របាយការណ៍របស់ ADB បានចេញផ្សាយក្រោយចំណងជើងថា “ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (The Asian Development Outlook - ADO) សម្រាប់ខែមេសា ឆ្នាំ២០២៣។ របាយការណ៍នេះបានលើកឡើងថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងកើនឡើង៧,៣% នៅឆ្នាំ២០២៣ ហើយមានកំណើន ៦,៨% នៅឆ្នាំ២០២៤។ កម្រិតអតិផរណា ឬការឡើងថ្លៃទំនិញជាទូទៅ ត្រូវគេរំពឹងថានឹងមានកម្រិតមធ្យមក្នុងអត្រាជាមធ្យម៣% ក្នុងឆ្នាំ២០២៣ និង៤%នៅឆ្នាំ២០២៤។ របាយការណ៍នេះក៏បាននិយាយថា កម្ពុជាត្រូវបន្ដខិតខំប្រឹងប្រែងបន្តទៀត ក្នុងការពង្រីកការវិនិយោគបៃតង ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរយៈពេលវែង។
សេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងប្រមាណ ៥,២% ក្នុងឆ្នាំ២០២២ ដោយសារការកើនឡើងនៃតម្រូវការពីបរទេស សម្រាប់ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា។ កត្តានេះបានជំរុញឱ្យមានការរស់ឡើងវិញនៃតម្រូវការអាហារ និងកន្លែងស្នាក់នៅ ហើយនិងកំណើនពាណិជ្ជកម្មក្នុងស្រុក ការដឹកជញ្ជូន និងទំនាក់ទំនង។ នៅពេលណាមនុស្សមានទំនុកចិត្តក្នុងការធ្វើដំណើរ ហើយការរឹតបន្តឹងលើការធ្វើដំណើរត្រូវបានលុបចោល នោះការមកដល់របស់ភ្ញៀវអន្តរជាតិនឹងស្ទុះងើបឡើងវិញយ៉ាងខ្លាំងដល់ប្រហែល ២,៣លាននាក់ក្នុងឆ្នាំ២០២២។ តួលេខនេះកើនឡើងពីប្រហែល ២០ម៉ឺននាក់ក្នុងឆ្នាំ២០២១។ ទោះជាយ៉ាងណា កំណើននៃវិស័យកសិកម្មបានធ្លាក់ចុះនៅឆ្នាំ២០២២ ព្រោះតែតម្លៃប្រេងឥន្ធនៈកើនឡើង និងវត្ថុធាតុដើមក្នុងកសិកម្មផ្សេងទៀត។
កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញពាក់ព័ន្ធត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ដោយសារតែតម្រូវការខាងក្រៅមានកម្រិតខ្សោយ ជាពិសេស នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់របស់កម្ពុជា។ ទោះជាយ៉ាងណា វិស័យឧស្សាហកម្មនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីការកែទម្រង់គោលនយោបាយវិនិយោគ រួមទាំងច្បាប់វិនិយោគឆ្នាំ២០២១ ដែលបានបង្កើតឱ្យមានសេវាកម្មច្រកចេញចូលតែមួយ សម្រាប់អ្នកវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ។
ទិន្នផលឧស្សាហកម្មត្រូវបានគេរំពឹងថានឹងកើនឡើង ៥,៨% ក្នុងឆ្នាំ២០២៣ មុនពេលបង្កើនល្បឿនដល់ ៧,៨% នៅឆ្នាំ២០២៤។ កំណើននៅក្នុងវិស័យសាងសង់ត្រូវបានគេរំពឹងថានឹងនៅតែមានកំណើនយឺតយ៉ាវ។ វិស័យកសិកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើង ១,១%នៅឆ្នាំនេះ និង១,២% ក្នុងឆ្នាំ២០២៤ ដែលត្រូវបានជំរុញដោយផលិតកម្មដំណាំ សម្រាប់ការនាំចេញ។
លោក Jyotsana Varma បានបន្ថែមថា "ហានិភ័យចំពោះទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា រួមមាន កំណើនសេដ្ឋកិច្ចខ្សោយនៅសហរដ្ឋអាមេរិក និងអឺរ៉ុបដែលជាប្រភពនៃការនាំចេញកម្ពុជា កម្រិតខ្ពស់នៃបំណុលឯកជន កំណើនតិចជាងការរំពឹងទុកនៃការមកដល់នៃភ្ញៀវទេសចរ និងការធ្លាក់ចុះនៃការវិនិយោគផ្ទាល់ពីសាធារណៈរដ្ឋប្រជាមានិតចិន ការកើនឡើងតម្លៃថាមពលខ្ពស់ និងបញ្ហាអាកាសធាតុដែលប៉ះពាល់ដល់ផលិតភាពកសិកម្មនៅកម្ពុជា។”
ធនាគារ ADB កំពុងអនុវត្តគម្រោងវិនិយោគចំនួន ២,៤ពាន់លានដុល្លារនៅកម្ពុជា ដោយផ្តល់កម្ចីប្រចាំឆ្នាំជាមធ្យមជាង ៣៥០លានដុល្លារ ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២២។ ធនាគារ ADB ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៦ និងមានសមាជិកចំនួន៦៨ប្រទេស ក្នុងនោះមាន ៤៩ប្រទេសមកពីតំបន់អាស៊ី៕
4/10/2023 • 4 minutes, 8 seconds ឈ្វេងយល់អំពីបទចោទប្រកាន់ទៅលើលោកដូណាល់ត្រាំដោយតុលា ការញូវយ៉ក
កាលពីថ្ងៃអង្គារ ៤មេសា លោកដូណាល់ ត្រាំ បានចូលខ្លួនទៅតុលាការនៅញូវយ៉ក ដើម្បីទទួលការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌចំនួន ៣៤។ ជាបទចោទប្រកាន់ ដែលលោកអតីតប្រធានាធិបតីអាមេរិកបដិសេធមិនទទួលកំហុស ព្រមទាំងបានបរិហាររិះគន់ថា ជាការចោទប្រកាន់ដែលមានចរិតនយោបាយ និងជាការជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតី ដែលរូបលោកគឺជាបេក្ខជន។ តើអ្វីទៅជាបទចោទទាំង ៣៤ ហើយបទល្មើសនេះអាចនឹងត្រូវប្រឈមនឹងទោសអ្វីខ្លះ?
បទចោទប្រកាន់ដោយតុលាការញូវយ៉ក ទៅលើលោកដូណាល់ ត្រាំ ថ្វីដ្បិតតែមានទាំងអស់ដល់ទៅ ៣៤ ក៏ប៉ុន្តែ ជាបទល្មើសតែមួយប៉ុណ្ណោះ គឺបទក្លែងបន្លំកំណត់ត្រាគណនេយ្យក្រុមហ៊ុន ហើយការក្លែងបន្លំនេះទៀតសោត ថ្វីដ្បិតតែមាន ៣៤ដង បង្កើតទៅជាបទចោទប្រកាន់ដល់ទៅ ៣៤ ក៏ប៉ុន្តែ វាជាប់ពាក់ព័ន្ធតែនឹងអង្គហេតុតែមួយប៉ុណ្ណោះ គឺការបង់លុយទៅឲ្យតារាសម្តែងកុនអាសអាភាស ដើម្បីបិទមាត់កុំឲ្យលេចធ្លាយរឿងអាស្រូវ នៅក្នុងអំឡុងពេលដែលលោកដូណាល់ ត្រាំ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦កន្លងទៅ។
មែនទែនទៅ នៅក្នុងច្បាប់អាមេរិក ការបង់លុយទៅឲ្យតារាកុនអាសអាភាសនេះវាមិនមែនជារឿងខុសច្បាប់នោះទេ។ អ្វីដែលតុលាការចោទប្រកាន់ថាជារឿងខុសច្បាប់ គឺនៅត្រង់ថា លុយដែលបង់ទៅឲ្យតារាកុនអាសអាភាសនេះ ត្រូវបានកត់ត្រានៅក្នុងគណនេយ្យក្រុមហ៊ុនរបស់លោកដូណាល់ ត្រាំថាជាមុខចំណាយលើថ្លៃមេធាវី ដែលបង្កើតទៅជាបទល្មើសក្លែងបន្លំកំណត់ត្រាគណនេយ្យក្រុមហ៊ុន។
តាមធម្មតា បទល្មើសក្លែងបន្លំកំណត់ត្រាគណនេយ្យក្រុមហ៊ុននេះទៀតសោត ទៅតាមច្បាប់ក្នុងរដ្ឋញូវយ៉ក ក៏វាមិនមែនជាបទល្មើសធ្ងន់ធ្ងរនោះដែរ គឺត្រឹមជាបទល្មើសដែលអាចជាប់ទោសពន្ធនាគារក្រោម១២ខែ ឬត្រូវពិន័យជាលុយតែប៉ុណ្ណោះ (class A misdemeanor)។
ក៏ប៉ុន្តែ តុលាការបានចោទប្រកាន់លោកដូណាល់ត្រាំ ពីបទក្លែងបន្លំកំណត់ត្រាគណនេយ្យក្រុមហ៊ុន ដោយមានស្ថានទម្ងន់ទោស ពោលគឺ ក្លែងបន្លំក្នុងចេតនាប្រព្រឹត្ត ឬបិទបាំងបទល្មើសណាមួយផ្សេងទៀត (class E felony)។
នៅក្នុងសេចក្តីសម្រេចចោទប្រកាន់លើលោកដូណាល់ត្រាំ ដែលត្រូវបានបង្ហាញជាសាធារណៈ កាលពីថ្ងៃអង្គារកន្លងទៅនេះ រដ្ឋអាជ្ញាមិនបានបញ្ជាក់លម្អិតថា តើបទល្មើស ដែលលោកដូណាល់ ត្រាំ ចេតនាប្រព្រឹត្ត ឬបិទបាំង ដោយក្លែងបន្លំកំណត់ត្រាក្រុមហ៊ុននេះ គឺជាបទល្មើសអ្វីពិតប្រាកដនោះទេ។ ក៏ប៉ុន្តែ បើមើលទៅលើទឡ្ហីករណ៍នៃការចោទប្រកាន់ ក៏ដូចជា ការថ្លែងផ្ទាល់មាត់ផ្សេងទៀត គេអាចមើលឃើញពីតម្រុយខ្លះៗថា បទល្មើសនេះ អាចទាក់ទងទៅនឹងការបំពានច្បាប់បោះឆ្នោត និងច្បាប់ស្តីពីហិរញ្ញវត្ថុយុទ្ធនាការឃោសនាបោះឆ្នោត ហើយតួអង្គសំខាន់ នៅក្នុងសំណុំរឿងនេះ ហើយដែលអាចនឹងជាសាក្សីសំខាន់ផងដែរ គឺអតីតមេធាវីរបស់លោកដូណាល់ ត្រាំ ឈ្មោះ ម៉ៃឃើល កូហ៊ែន (Michael Cohen)។
ម៉ៃឃើល កូហ៊ែន គឺជាអ្នកដែលបានចាត់ចែងចរចា និងបង់លុយទៅឲ្យតារាកុនអាសអាភាស Stormy Daniels ហើយដោយសារតែការលាក់បាំងរឿងបង់លុយទៅឲ្យ Stormy Daniels នេះ ម៉ៃឃើល កូហ៊ែន ត្រូវបានតុលាការកាត់ទោស កាលពីឆ្នាំ២០១៨កន្លងទៅ ដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទល្មើសនឹងច្បាប់ស្តីពីហិរញ្ញវត្ថុយុទ្ធនាការឃោសនាបោះឆ្នោត។ នៅក្នុងសំណុំរឿងនេះ ម៉ៃឃើល កូហ៊ែនបានសារភាពថា ខ្លួនពិតជាបានបង់លុយទៅឲ្យ Stormy Daniels មែន ដោយដំបូងប្រើលុយផ្ទាល់ខ្លួនឯង ហើយបន្ទាប់មកទៀត ទើបលោកដូណាល់ ត្រាំ សងលុយនេះមកវិញ ដោយដាក់ថាជាលុយថ្លៃមេធាវី។
ដូច្នេះ ជារួមមកវិញ តុលាការយល់ឃើញថា លោកដូណាល់ ត្រាំ បង់លុយទៅឲ្យតារាកុនអាសអាភាស ដើម្បីបំបិទរឿងអាស្រូវ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត គឺក្នុងគោលដៅការពារបេក្ខភាពប្រធានាធិបតីរបស់លោក ដូច្នេះ លុយនេះត្រូវចាត់ទុកថាជាការចំណាយឃោសនាបោះឆ្នោត ហើយការលាក់បាំងការចំណាយឃោសនាបោះឆ្នោត គឺជាទង្វើល្មើសនឹងច្បាប់បោះឆ្នោត ដូច្នេះ ការក្លែងបន្លំកំណត់ត្រាគណនេយ្យក្រុមហ៊ុន ដោយបង្វែរមុខចំណាយ ដែលបង់ទៅឲ្យតារាកុនអាសអាភាស ទៅដាក់ជាមុខចំណាយទៅលើថ្លៃមេធាវី វាគឺជាការក្លែងបន្លំ ក្នុងចេតនាប្រព្រឹត្តបទល្មើសច្បាប់បោះឆ្នោត ដូច្នេះ វាបង្កើតទៅជាបទក្លែងបន្លំកំណត់ត្រាគណនេយ្យក្រុមហ៊ុន ដោយមានស្ថានទម្ងន់ទោស ដែលតាមច្បាប់នៅរដ្ឋញូវយ៉ក អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធគាររហូតដល់ទៅ ៤ឆ្នាំ៕
4/5/2023 • 3 minutes, 55 seconds វិធីសាស្រ្តដើម្បីចូលរួមកាត់បន្ថយការឡើងកម្តៅនៅក្នុ ងបរិយាកាសដោយដំណាំស្រូវ
នៅក្នុងប្រទេសវៀតណាមក៏ដូចជានៅក្នុងប្រទេសអាស៊ីមួយចំនួន ដីកសិកម្មភាគច្រើនត្រូវបានប្រើដើម្បីដាំស្រូវ។ តែអ្វីជាការកត់សម្គាល់ ដំណាំស្រូវមានចំណែកចូលរួម ឬជាអ្នកទទួលខុសត្រូវមួយផ្នែកនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស។ តើដំណាំស្រូវបានចូលរួមការឡើងកម្តៅនៅក្នុងបរិយាកាសយ៉ាងម៉េច និងថា តើគេមានវិធីសាស្រ្តអ្វីខ្លះដើម្បីកាត់បន្ថយ?។
ការដាំដំណាំទូទៅ និយាយជារួម និងការដាំដំណាំស្រូវ និយាយដោយឡែក គេមិនត្រូវបំភ្លេច និងមិនអាចធ្វើមិនដឹង មិនឮនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅនៅក្នុងបរិយាកាសបានឡើយ។ មិនត្រូវបំភ្លេច និងមិនអាចធ្វើមិនដឹង មិនឮដោយសារថា ដំណាំស្រូវជាអ្នកទទួលខុសត្រូវ ឬបានចូលរួមបញ្ចេញឧស្ម័នមេតានប្រមាណជា ១០% ទៅក្នុងបរិយាកាស។ ១០% ហាក់ដូចជាតិចមែន តែគេមិនត្រូវភ្លេចនិយាយទេថា ឧស្ម័នមេតានបានរក្សាទុកកម្តៅរហូតដល់ទៅ ៨០ដងច្រើនជាងឧស្ម័នកាបូនិក។ ធម្មតា ឧស្ម័នមេតានភាគច្រើនមានប្រភពចេញពីលាមកបសុសត្វធំៗ ដូចជាសេះ គោ ឬក្របី។
តែទន្ទឹមគ្នានេះ ឧស្ម័នមេតានក៏មានប្រភពចេញពីបាក់តេរីដែលបានចាប់កំណើតនៅក្នុងស្រែលិចទឹក ហើយចំនួនបាក់តេរីដដែលនេះមានកាន់តែច្រើននៅពេលដែលគេទុកចំបើងឲ្យរលួយក្នុងស្រែលិចទឹកនៅក្រោយការច្រូតកាត់។ នេះជាដើមចមទីមួយនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសដោយឧស្ម័នមេតាន។ ចំណែកដើមចមទី២ គឺការដុតចម្បើមក្នុងស្រែចោលនៅក្រោយការប្រមូលផលរួច។ ដូច្នេះ តើមានវិធីសាស្រ្តដើម្បីបញ្ជៀសការដុតចំបើង និងការទុកចំបើងចោលឲ្យរលួយក្នុងស្រែលិចទឹកនៅក្រោយការច្រូតកាត់បានដែរ ឬទេ?។ ចម្លើយចំពោះសំណួរនេះត្រូវបានកសិករជនជាតិវៀតណាមម្នាក់ឈ្មោះដុង វ៉ាន់កាញ់ចោទជាសំណួរថា បើគេអាចទាញបានប្រយោជន៍ពីចំបើងទៀតនោះ តើវាមិនចំណេញទាំងអស់ទេ ឬយ៉ាងណា?។
អ្វីដែលកសិករជនជាតិវៀតណាមវ័យ ៣៩ឆ្នាំរូបនេះចង់និយាយ គឺទទួលបានទាំងលុយ និងការចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស។ ជំនួសឲ្យការទុកចំបើងរលួយក្នុងស្រែលិចទឹក ឬដុតចោលនៅក្រោយការច្រូតកាត់រួច គេយកចំបើងទៅត្រាំទឹក ហើយដាក់ដំរៀបផ្ទាល់ដីដើម្បីយកផ្សិតលក់។ បន្ទាប់មក គេយកចំបើងដដែលនេះទៅលាយកិនបញ្ចូលគ្នាដើម្បីធ្វើជីសរីរាង្គដ៏មានជីវជាតិសម្រាប់ការដាំដំណាំផ្សេងទៀត។ គំនិតផ្តួចផ្តើមមួយនេះបានទទួលការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលឈ្មោះ « វិទ្យាសា្ថនស្រាវជ្រាវអង្ករអន្តរជាតិ » ហៅកាត់ IRRI។ នៅវៀតណាម ទាំងអស់គ្នាបានជ្រើសយកគំនិតផ្តួចផ្តើមមួយនេះ នេះជាសម្តីរបស់កសិករជនជាតិវៀតណាមលោកដុង វ៉ាន់កាញ់។
អ្វីជាការកត់សម្គាល់ គំនិតផ្តួចផ្តើមមួយនេះត្រូវបានគេយកទៅអនុវត្តកាន់តែច្រើន បន្ទាប់ពីមានប្រមាណ ១០០ប្រទេសបានសន្យាចូលរួមកាត់បន្ថយឧស្ម័នមេតាននៅក្នុងបរិយាកាសឲ្យដល់ ៣០% ពីពេលនេះទៅឆ្នាំ ២០៣០។ តែអ្វីដែលគួរឲ្យសោកស្តាយ ឥណ្ឌា និងចិនដែលជាប្រទេសដាំស្រូវច្រើនជាងគេមិនបានស្ថិតក្នុងចំណោមប្រទេសទាំង ១០០ នោះទេ។ នៅវៀតណាម បច្ចេកទេសក្នុងការប្រើចំបើងឡើងវិញត្រូវបានរដ្ឋអំណាចបង្ហាត់បង្រៀន និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់កសិករ និងមន្ត្រីកសិកម្មក្នុងស្រុកនៅទូទាំងប្រទេស នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលស្រាវជ្រាវកសិឧស្សាហកម្មអន្តរជាតិ។ តែគេមិនដឹងច្បាស់ថា តើមានកសិករវៀតណាមប៉ុន្មាននាក់ដែលបានយកបច្ចេកទេសនេះទៅអនុវត្តជាក់ស្តែងនោះទេ។
តាមធនាគារពិភពលោក នៅមានចំបើងដល់ទៅជាង ៨០% នៅតំបន់ដីសណ្តទន្លេមេគង្គត្រូវបានគេដុតចោលនៅឡើយកាលពីឆ្នាំ ២០២២។ ដោយឡែក បូកផ្សំនឹងការគ្រប់គ្រងចំបើងតាមរយៈការទាញយកផលពីកាកសំណល់ក្នុងស្រែមួយនេះ ក្រុមអ្នកស្រាវជ្រាវបានផ្តល់អនុសាសន៍ឲ្យបន្ថែមវិធីសាស្រ្តមួយទៀត គឺបង្ហូរ ឬបូមទឹកចេញពីស្រែដើម្បីកាត់បន្ថយបាក់តេរី និងបង្កើតអុកស៊ីសែនពីដីស្រែឡើងវិញ។ តាមក្រុមអ្នកស្រាវជ្រាវ នៅពេលមានទឹកដក់ជាប់ក្នុងស្រែមានន័យថា គ្មានការដូរខ្យល់រវាងដី និងបរិយាកាសខាងក្រៅ។ ពិតណាស់ និងខុសពីដំណាំផ្សេងទៀត ដំណាំស្រូវតម្រូវឲ្យមានទឹកដក់ជាប់ជាប្រចាំនៅក្នុងស្រែ។ តែក្រោយប្រមូលផលរួច និងបើនៅសល់ទឹកក្នុងស្រែទៀត គឺត្រូវយកទឹកនោះចេញ។
នៅវៀតណាម វិធីសាស្រ្តមួយនេះត្រូវបានអនុវត្តលើដីស្រែដាំស្រូវចំនួន ១ភាគ៣ ឬចំនួនពាក់កណ្តាលក្នុងខេត្តអាន ចាងដោយផ្អែកតាមរដូវនីមួយៗ។ សរុបមកវិញ ការដាំស្រូវទទួលបានស្រូវជារឿងធម្មតា តែមិនត្រូវភ្លេចថា ដើមស្រូវ ឬចំបើងមិនមែនជាកាកសំណល់ឥតប្រយោជន៍ទេ។ តែសារដែលក្រុមអ្នកវិទ្យាសាស្រ្តចង់ទាញចំណាប់អារម្មណ៍នោះគឺថា ការដាំស្រូវមិនអាចធ្វើព្រងើយកន្តើយ ឬមើលរំលងនឹងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសបានឡើយ ទោះជាឧស្ម័នមេតាន ឬឧស្ម័នកាបូនិក៕
4/4/2023 • 5 minutes, 14 seconds ហេតុអ្វីបានជាមានក្រុមហ៊ុនបរទេសកាន់តែច្រើនបានជ្រើស យកកាណាដាដើម្បីផលិតអាគុយរថយន្តអគ្គិសនី?
នៅក្នុងពិភពលោកសព្វថ្ងៃដែលកំពុងបារម្ភខ្លាំងពីការប្រែប្រួលអាកាសធាតុ ការប្តូរពីរថយន្តប្រើប្រេងទៅរថយន្តអគ្គិសនីជាការរួមចំណែកដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស។ តែអ្វីដែលសំខាន់ជាងគេនៅក្នុងរថយន្តអគ្គិសនី គឺអាគុយ ហើយនៅក្នុងការផលិតអាគុយនេះទៀតសោត មានក្រុមហ៊ុនបរទេសកាន់តែច្រើនបានជ្រើសយកប្រទេសកាណាដាដើម្បីផលិត។ តើកាណាដាមានសក្តានុពលអ្វីខ្លះនៅក្នុងវិស័យផលិតរថយន្ត និយាយជារួម និងវិស័យផលិតអាគុយ និយាយដោយឡែក?
នៅពេលដែលគេនិយាយពីរថយន្តប្រើប្រេង មិនថាសាំង ឬម៉ាស៊ូត គេពិតជាចាប់អារម្មណ៍ភ្លាមពីប្រភពប្រេងដែលគេបានដឹងគ្រប់គ្នាថា ភាគច្រើនមាននៅក្នុងបណ្តាប្រទេសអារ៉ាប់ ដូចយ៉ាងអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ ឬកូវ៉ែត។ តែបើគេនិយាយពីរថយន្តអគ្គិសនី គេពិតជាចាប់អារម្មណ៍ភ្លែតពីប្រភពរ៉ែចាំបាច់ដើម្បីឈានទៅផលិតអាគុយ ក្នុងនោះ លីចូមជាប្រភេទរ៉ែចាំបាច់ខ្លាំងជាងគេ។ សព្វថ្ងៃ ចិនស្ថិតលំដាប់ទី១ ជាប្រទេសដែលបានផលិតអាគុយច្រើនជាងគេក្នុងលោក ពោលមានដល់ទៅ ៧៥% ឯណោះ។ ចំណែកប្រទេសកាណាដាវិញ គឺស្ថិតនៅលេខរៀងទី៥។ តែបើតាមនាយករដ្ឋមន្រ្តីកាណាដាលោកហ្សូសស្តាំង ទ្រុយដូ ចាប់ពីពេលនេះទៅ កាណាដាបានឡើងពីលេខរៀងទី៥ ទៅលេខរៀងទី២ ពោលបន្ទាប់ពីចិន។
មិនមែនជាការអួតអាងទេ តែលោកទ្រុយដូបានសំអាងលើចំណាត់ថ្នាក់ចុងក្រោយរបស់ក្រុមហ៊ុនស្រាវជ្រាវឈ្មោះ BloombergNEF។ របាយការណ៍របស់ BloombergNEF បានលើកយកសក្តានុពលសំខាន់ចំនួនពីរដែលកាណាដាមាន ទី១ ប្រភពវត្ថុធាតុដើមសម្រាប់ផលិតអាគុយ និងទី២ សង្វាក់ផលិតកម្មដែលប្រើថាមពលបានមកពីប្រភពស្អាត ឬហៅថាមពលកើតឡើងវិញ។ ជាក់ស្តែងក្នុងខេត្តកេបិក ថាមពលចំនួន ៩៩% ជាថាមពលបៃតងដែលបានមកពីវារីអគ្គិសនី។ គឺសក្តានុពលសំខាន់ទាំងអស់នេះហើយដែលបានធ្វើឲ្យកាណាដាក្លាយជាគោលដៅ និងកំពុងទាក់ទាញក្រុមហ៊ុនបរទេសកាន់តែច្រើនឲ្យចូលទៅបោះទុនដើម្បីផលិតអាគុយរថយន្តអគ្គិសនី។
ទន្ទឹមនឹងអំណោយផលទាំងនេះ រដ្ឋាភិបាលកាណាដាក៏បានប្រើសន្លឹកបៀរចុងក្រោយមួយទៀតក្នុងដៃ គឺការបន្ធូរបន្ធយពន្ធ។ នៅក្នុងច្បាប់ថវិកាប្រចាំឆ្នាំដែលទើបបានបង្ហាញនាពេលថ្មីៗនេះ រដ្ឋាភិបាលបានបញ្ចុះពន្ធដល់ទៅ ៣០% សម្រាប់ការផលិតបច្ចេកវិទ្យាបៃតង ការបំលែង ការទាញយក ឬការកែច្នៃឡើងវិញនូវរ៉ែសំខាន់ៗ។ វិធានការបន្ធូរបន្ធយពន្ធនេះជាការផ្តល់សន្ទុះបន្ថែមនៅក្នុងផលិតកម្មអាគុយដែលកំពុងមានដំណើរការល្អស្រាប់។ ក្នុងរយៈពេលតែ ២ឆ្នាំ ការវិនិយោគនៅក្នុងការផលិតអាគុយមានទឹកប្រាក់ជាង ១៨ ០០០លានដុល្លារ។ ជាមួយនឹងអំណោយផលដែលកាណាដាមាន ក្រុមហ៊ុនផលិតរថយន្តដែលបានចាកចេញពីកាណាដាទៅកាន់ប្រទេសក្បែរខាងបានបែរក្បាលត្រឡប់វិញ និងមានការចូលទៅបោះទុនរបស់ក្រុមហ៊ុនថ្មីផ្សេងទៀត។
ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ម៉ាក Volkwagen នឹងធ្វើការសាងសង់រោងចក្រផលិតអាគុយនៅក្នុងខេត្ត Ontario របស់កាណាដា។ សម្រាប់ក្រុមហ៊ុន Volkwagen នេះជារោងចក្រផលិតអាគុយទី១ របស់ខ្លួន នៅក្រៅទឹកដីអឺរ៉ុប ហើយសម្រាប់កាណាដា នេះជាលើកទី១ ក្នុងរយៈពេល ៣៥ឆ្នាំ ដែលមានក្រុមហ៊ុនផលិតរថយន្តថ្មីមួយបានបោះទុនរកស៊ីនៅកាណាដា។ ក្រៅពី Volkwagen នៅមានក្រុមហ៊ុនអាមរិកាំង Stellantis General Motors ឬក្រុមហ៊ុនផលិតសំបកកង់បារាំង Michelin ជាដើម។ ជាងពេលណាៗទាំងអស់ចាប់ពីពេលនេះត ទៅ តម្រូវការរ៉ែចាំបាច់សម្រាប់ផលិតអាគុយរថយន្តអគ្គិសនីនឹងបន្តកើនឡើងជាលំដាប់។
តាមទីភ្នាក់ងារថាមពលអន្តរជាតិ តម្រូវការអាចនឹងកើន១គុណជា៤ និងគុណរហូតដល់ជា ៦ ចាប់ពីពេលនេះទៅឆ្នាំ ២០៤០។ ក្រៅពីផ្តល់សន្ទុះនៅក្នុងផ្នែកផលិតអាគុយ រដ្ឋាភិបាលកាណាដាក៏បានផ្តោតលើផ្នែកកែច្នៃឡើងឡើងវិញដែរ។ ផ្នែកកៃច្នៃឡើងវិញដែលគេចង់និយាយនេះ គឺការទាញយកបានលោហៈយុទ្ធសាស្រ្តរហូតដល់ទៅ ៩៥% ពីអាគុយចាស់ៗដែលប្រើហើយ រួចយកលោហៈយុទ្ធសាស្រ្តនេះទៅផលិតអាគុយថ្មីឡើងវិញ។ តាមលក្ខណៈសេដ្ឋកិច្ច គេហៅជាសង្វាក់ផលិកម្មវិលជុំ។ ការផលិតថ្មីដោយប្រើវត្ថុធាតុដើមចាស់បានហុចប្រយោជន៍ពីរ ទី១ មិនសូវបំពុលបរិស្ថាន និងទី២ ប្រើទឹកតិច។ ចូរកុំភ្លេចថា ការស្វែងរកលោហៈយុទ្ធសាស្រ្តនៅក្នុងអណ្តូងរ៉ែបានប៉ះពាល់ខ្លាំងដល់បរិស្ថាន។ ចំណែកនិតិវិធីទាញយកលោហៈយុទ្ធសាស្រ្តពីក្នុងអណ្តូងរ៉ែក៏ត្រូវប្រើទឹកច្រើនដែរ។
សរុបមកវិញ កាណាដាកំពុងក្លាយជាទីតាំងដ៏ទាក់ទាញខ្លាំងសម្រាប់ក្រុមហ៊ុនផលិតរថយន្ត និយាយជារួម និងក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនី និយាយដោយឡែក។ តើវាជាទំព័រថ្មីសម្រាប់កាណាដា ឬ?។ មិនមែនត្រឹមជាទំព័រថ្មីប៉ុណ្ណោះទេ តែវាស្ទើរជាសៀវភៅថ្មីមួយដែលកាណាដាកំពុងសរសេរអំពីវិស័យរថយន្តនៅកាណាដា នេះជាការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មកាណាដាលោក François-Philippe Champagne៕
4/3/2023 • 5 minutes, 18 seconds តើការទទួលយកលុយយ័នរបស់រុស្ស៊ីមានន័យយ៉ាងណាសម្រាប់លុ យដុល្លារអាមេរិក?
ការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើប្រទេសរុស្ស៊ីបានជំរុញឱ្យប្រទេសនេះស្វះស្វែងរកមធ្យោបាយផ្សេងៗ នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ នាពេលថ្មីៗ ក្រោយទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង នៅរុស្ស៊ី មេដឹកនាំរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន បានប្រកាសពីការប្រើប្រាស់លុយយ័ននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន។ហេតុអ្វីរុស្ស៊ី និងចិនធ្វើបែបនេះ? ហើយតើទង្វើនេះមានន័យយ៉ាងណាសម្រាប់លុយដុល្លារអាមេរិក?
នាពេលថ្មីៗ ក្រោយទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង នៅរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន បានប្រកាសពីការទទួលយកប្រាក់យ័នជារូបិយប័ណ្ណសំខាន់មួយ សម្រាប់ការរក្សាទុនបម្រុងអន្តរជាតិរបស់ខ្លួន សម្រាប់ប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្មអន្ដរជាតិ និងសូម្បីតែប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារផងដែរ។
ការផ្លាស់ប្តូរនេះបានធ្វើឱ្យប្រទេសរុស្ស៊ីក្លាយជាឧទាហរណ៍មួយដ៏កម្រ ក្នុងនាមជាប្រទេសដែលទទួលយកប្រាក់យ័នជាលុយបម្រុងអន្ដរជាតិរបស់ខ្លួន ជាជាងប្រើប្រាស់លុយដុល្លារអាមេរិក ឬលុយអឺរ៉ូ។ តើទង្វើនេះមានន័យយ៉ាងណាសម្រាប់ឧត្តមភាពនៃលុយដុល្លារអាមេរិក?
ឧត្តមភាពនៃលុយដុល្លារអាមេរិកក្នុងប្រវត្តិសាស្រ្ដជាង១០០ឆ្នាំ
ក្នុងប្រវត្តិសាស្រ្ដមនុស្សជាតិ លុយជាតិរបស់ប្រទេសមួយនឹងក្លាយជា លុយបម្រុងរបស់សកលលោក នៅពេលណាប្រទេសនោះមានសេដ្ឋកិច្ចធំជាងគេបំផុត ជាឧទាហរណ៍ លុយដុល្លារអាមេរិកបច្ចុប្បន្ន បានក្លាយជា លុយបម្រុងអន្ដរជាតិ ជំនួស លុយផោនអង់គ្លេស ក្រោយសង្គ្រាមលោកលើកទីពីរ។
ដោយសារតែឧត្តមភាពនៃលុយដុល្លារ និងសេដ្ឋកិច្ចដ៏ធំបំផុតលំដាប់កំពូលទីមួយលើលោក រដ្ឋាភិបាលអាមេរិកត្រូវគេមើលឃើញថាបានបន្ដប្រើប្រាស់លុយដុល្លារជាអាវុធ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសផ្សេងៗ តួយ៉ាងណា ការដាក់ទណ្ឌកម្មលើរុស្ស៊ីក្នុងពេលបច្ចុប្បន្ន។
អាមេរិកបន្ដប្រើប្រាស់ដុល្លារអាមេរិកជាអាវុធហិរញ្ញវត្ថុ
នៅក្នុងឆ្នាំ២០១២ អាមេរិកបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដោយកាត់ផ្តាច់ធនាគារអ៊ីរ៉ង់ចេញពីប្រព័ន្ធលុយដុល្លារអាមេរិក។ នៅក្នុងឆ្នាំ២០១៤ អាមេរិកដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បន្ទាប់ពីរុស្ស៊ីឈ្លានពានយកតំបន់ Crimea និងផ្នែកមួយនៃភាគខាងកើតអ៊ុយក្រែន។
នៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន រុស្ស៊ីត្រូវបានកាត់ផ្ដាច់ស្ទើរតែទាំងស្រុងពីប្រព័ន្ធហិរញ្ញវត្ថុរបស់សកលលោកដែលកំពុងគ្របដណ្ដប់ដោយអាមេរិក។ ជាលទ្ធផល រុស្ស៊ីមិនអាចប្រើប្រាស់ទុនបម្រុងអន្ដរជាតិរបស់ខ្លួនភាគច្រើនបានទេ ព្រោះថាធនាគាររុស្ស៊ីមួយចំនួនត្រូវបានដាក់ទណ្ឌកម្មដោយលោកខាងលិច និងសហរដ្ឋអាមេរិក។ រុស្ស៊ីមានទុនបម្រុងបរទេសច្រើន ប្រមាណ ៦១០ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២)។ រុស្ស៊ីគឺជាប្រទេសដែលមានទុនបម្រុងច្រើនបំផុតលំដាប់ទី៤ នៅពីក្រោយតែ ចិន ជប៉ុន និងស្វ៊ីស។
ការដាក់ទណ្ឌកម្មលើរុស្ស៊ី និងសញ្ញាព្រមានចំពោះចិន
ការដាក់ទណ្ឌកម្មនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅកាន់ពិភពលោកជាពិសេស សម្រាប់ប្រទេសចិន។ រដ្ឋាភិបាលចិនចាត់ទុកថា ទង្វើនេះគឺជាជម្រើសនុយក្លេអ៊ែរ ក្នុងចំណោមទណ្ឌកម្មហិរញ្ញវត្ថុ។ មូលហេតុនេះហើយដែលតាំងពីក្នុងឆ្នាំ២០១៥ ប្រទេសចិនបានចាប់ផ្តើមបង្កើតប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងព្រំដែនរបស់ខ្លួន។ ក៏ប៉ុន្តែ ប្រព័ន្ធលុយយ័នចិននេះមានការរីកចម្រើនយឺតនៅឡើយ។
អ្នកជំនាញចិនកំពុងជំរុញឱ្យរដ្ឋាភិបាលចិនបង្កើនជម្រើសផ្សេងៗពីប្រព័ន្ធលុយដុល្លារអាមេរិក តួយ៉ាង ការពន្លឿនការធ្វើអន្តរជាតិភាវូបនីយកម្មប្រាក់យ័ន និងការប្រើប្រាស់ប្រាក់យ័នឌីជីថល។ ក្នុងសង្គមចិនជាក់ស្ដែង នាពេលបច្ចុប្បន្ន វាមិនមែនជារឿងថ្មីនោះទេក្នុងការប្រើប្រាស់លុយឌីជីថល។ ប្រជាជនចិនរាប់រយលាននាក់កំពុងប្រើប្រាស់សេវាកម្ម Alipay និង WeChat Pay ដោយស្កេនលេខកូដ QR នៅលើអេក្រង់ស្មាតហ្វូនរបស់ខ្លួន ជំនួសលុយក្រដាស។
ក្រោយទស្សនកិច្ចរបស់ លោក ស៊ី ជិនពីង នៅរុស្ស៊ី ប្រធានាធិបតីរុស្ស៊ីបានប្រកាសពីការប្រើប្រាស់លុយយ័ន។ យន្ដការនេះទំនងធ្វើឡើងដើម្បីជំរុញល្បឿននៃការជំនួសលុយដុល្លារអាមេរិកផងដែរ។
តើរុស្ស៊ីប្រើប្រាស់លុយយ័ននឹងមានន័យយ៉ាងណាសម្រាប់ឧត្តមភាពនៃលុយដុល្លារអាមេរិក?
នាពេលបច្ចុប្បន្ន សេដ្ឋកិច្ចចិនមានការរីកចម្រើនកាន់តែធំ និងតំណាងជាង១ភាគ៥នៃសេដ្ឋកិច្ចពិភពលោក។ តួនាទីលុយយ័នចិនមានកំណើន ហើយប្រទេសម្ដងមួយៗបានទទួលយកលុយយ័ន ជាពិសេស បណ្ដាប្រទេសដែលទទួលរងទណ្ឌកម្មពីអាមេរិក ដូចរុស្ស៊ីបច្ចុប្បន្ន។ ក៏ប៉ុន្តែ លុយយ័ននៅស្ថិតក្នុងកំណើនយឺតយ៉ាវនៅឡើយ បើប្រៀបធៀបជាមួយនឹងទំហំសេដ្ឋកិច្ចចិន។ បច្ចុប្បន្ន សេដ្ឋកិច្ចចិនមានទំហំ១ភាគ៥នៃសេដ្ឋកិច្ចសកល ប៉ុន្តែលុយយ័នមានភាគរយតិចណាស់នៃចរាចរណ៍លុយអន្តរជាតិ។
យោងតាមធនាគារ The Bank for International Settlements លុយយ័នចរាចរណ៍ត្រឹមតែ២%ប៉ុណ្ណោះក្នុងកម្រិតសកលក្នុងឆ្នាំ២០១៩។ ចរាចរណ៍លុយយ័ននេះនៅកម្រិតតិចតួចណាស់ បើប្រៀបធៀបទៅនឹងលុយដុល្លារអាមេរិក ដែលមានការចរាចរណ៍ ៤៤ភាគរយនៃប្រតិបត្តិការប្តូរប្រាក់បរទេសទូទាំងពិភពលោក។ លុយអឺរ៉ូតំណាងប្រហែលជិត៤០% បន្ទាប់មក លុយយ៉េនជប៉ុន និងលុយផោនអង់គ្លេសតំណាងប្រហែល ៥%។
យោងតាមអ្នកជំនាញភាគច្រើន ប្រាក់ដុល្លារអាមេរិកនៅតែជាស្តេចគ្មានគូប្រជែង ក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ហើយដុល្លារដើរតួនាទីជាលុយបម្រុងពិភពលោក ក្នុងពេលបច្ចុប្បន្ន។ ដូច្នេះ ទោះរុស្ស៊ីទទួលលុយយ័នចិន ក៏ការជំនួសតំណែងលុយដុល្លារអាមេរិកអាចត្រូវការពេលវេលាយូរទៀត៕
4/2/2023 • 4 minutes, 54 seconds ក្រោយពីបានផុងខ្លួននៅក្នុងសង្រ្គាមយេម៉ែនរយៈពេល ៨ឆ្នាំ អារ៉ាប៊ីសាអូឌីតកំពុងព្យាយាមរកច្រកចេញ
កាលពី ៨ឆ្នាំមុន ពោលក្នុងខែមីនា ឆ្នាំ ២០១៥ ប្រទេសអារ៉ាប៊ីសាអូឌីតបានដឹកនាំកម្លាំងសម្ព័ន្ធអារ៉ាប់ចូលអន្តរាគមន៍នៅក្នុងប្រទេសយេម៉ែន។ កម្មវត្ថុសំខាន់របស់ទីក្រុងរីយ៉ាដ គឺការពារជនស៊ីវិល និងធានាសន្តិសុខនៅតាមព្រំដែនពីការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទីដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់។ ពេលនេះ និង ៨ឆ្នាំក្រោយមក យេម៉ែនកំពុងព្យាយាមរកផ្លូវចេញពីសង្រ្គាម ខណៈដែលក្រុមឧទ្ទាមហ៊ូទីហាក់កំពុងបន្តវាតទី និងមានឥទ្ធិពលកាន់តែខ្លាំង។ ហេតុអ្វីមានអារ៉ាប៊ីសាអូឌីតបែរជាកំពុងព្យាយាមដកខ្លួនចេញពីសង្រ្គាមយេម៉ែន និងថា តើអាចចេញរួមដែរ ឬទេ?។
ដើម្បីអាចឆ្លើយនឹងសំណួរទាំងអស់នេះបាន គេចាំបាច់បកក្រោយទៅចាប់អារម្មណ៍ពីដើមចមដែលបានរុញយេម៉ែនឲ្យធ្លាក់ទៅក្នុងវិបត្តិហែកហួរផ្ទៃក្នុងមកដល់សព្វថ្ងៃ។ ក៏ដូចជាប្រទេសអារ៉ាប់មួយចំនួននៅក្នុងតំបន់ដែរ យេម៉ែនបានរងគ្រោះដោយបដិវត្តន៍អារ៉ាប់កាលពីឆ្នាំ ២០១១ ដែលបានផ្ទុះចេញដំបូងពីប្រទេសទុយនីស៊ី។ គេបានសង្កេតឃើញជារួមថា បដិវត្តន៍របស់កម្លាំងមហាជនមួយនេះបានឈានដល់ការផ្តួលរំលំមេដឹកនាំផ្តាច់ការ ឬក៏យ៉ាងហោចណាស់បានបង្ខំចិត្តឲ្យមេដឹកនាំផ្តាច់ការចុះចេញពីអំណាច ឬរត់ចោលស្រុក។ ករណីប្រទេសយេម៉ែន ឥទ្ធិពលបាតុកម្មមហាជនបានបង្ខំឲ្យលោកសាឡេចុះចេញពីកៅអីប្រធានាធិបតីក្នុងឆ្នាំ ២០១១។
ការបោះឆ្នោតថ្មីត្រូវបានរៀបចំនៅដើមឆ្នាំ ២០១២ និងដែលប្រធានាធិបតីថ្មីពេលនោះមានឈ្មោះហាឌី។ តែខុសពីការគិត និងពីក្តីរំពឹងទុក ការផ្លាស់ប្តូរថ្មីមួយនេះបែរជាបានធ្វើឲ្យស្ថានការណ៍របស់យេម៉ែនធ្លាក់ដុនដាបកាន់តែខ្លាំងឡើងទៅវិញ។ ស្ថានការណ៍នៅពេលនោះ គឺជម្លោះហែកហួរផ្ទៃក្នុង ឬហៅសង្រ្គាមស៊ីវិលរវាងក្រុមអ្នកកាន់សាសនាអ៊ីស្លាមនិកាយឈីអ៊ីត និងក្រុមអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ុយនីត។ ក្នុងឆ្នាំ ២០១៤ ក្រុមឧទ្ទាមហ៊ូទីនិកាយឈីអ៊ីតដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់បានវាយចូលកាន់កាប់ទីក្រុងសាណា និងទីក្រុងសំខាន់ៗរបស់ប្រទេស។ បន្ទាប់មកក្នុងខែកុម្ភៈ ឆ្នាំ ២០១៥ ប្រធានាធិបតីថ្មីលោកហាឌីក៏បានភៀសខ្លួនទៅជ្រកកោណនៅប្រទេសអារ៉ាប៊ីសាអូឌីត។
នៅពេលនោះ រដ្ឋាភិបាលរបស់លោកហាឌីក៏បានរើទៅបោះទីតាំងបណ្តោះអាសន្ននៅក្នុងក្រុងអាដេនដែលជាក្រុងធំទី២ របស់យេម៉ែននៅប៉ែកខាងត្បូង។ នេះហើយជាផ្លូវរបត់ថ្មីមួយទៀតដែលធ្ងន់ធ្ងរជាមុន ព្រោះជាការពុះចែកប្រទេសជាពីរដោយនៅម្ខាងគ្រប់គ្រងដោយពួកឧទ្ទាមហ៊ូទី និងនៅម្ខាងទៀតគ្រប់គ្រងដោយរដ្ឋាភិបាលរបស់លោកហាឌី។ គឺផ្តើមចេញពីផ្លូវរបត់ដដែលនេះឯងដែលប្រទេសអារ៉ាប៊ីសាអូឌីតបានចូលខ្លួនអន្តរាគមន៍ក្នុងខែមីនា ឆ្នាំ ២០១៥ តាមរយៈការបង្កើតឲ្យមានកម្លាំងសម្ព័ន្ធអារ៉ាប់មួយ។ កម្មវត្ថុនៃការបង្កើតកម្លាំងសម្ព័ន្ធអារ៉ាប់កាលណោះ គឺដើម្បីជួយកម្លាំងរបស់រដ្ឋាភិបាលយេម៉ែនស្របច្បាប់ក្នុងការត ទល់នឹងពួកឧទ្ទាមហ៊ូទីផង និងដើម្បីការពារព្រំដែនអារ៉ាប៊ីសាអូឌីតពីការវាយប្រហារដោយពួកឧទ្ទាមនេះផង។
សង្រ្គាមហែកហួរផ្ទៃក្នុងជារឿងមួយមិនអាចប្រកែកបាន តែរឿងដែលកាន់តែលេចច្បាស់ជាងនេះនៅពេលនោះ យេម៉ែនដែលជាប្រទេសក្រីក្រជាងគេមួយនៅឧបទ្វីបអារ៉ាប៊ីបានក្លាយជាសមរភូមិនៃការប្រឈមមុខ និងការប្រជែងគ្នារវាងមហាអំណាចពីរនៅក្នុងតំបន់ គឺអារ៉ាប៊ីសាអូឌីតនិកាយស៊ុយនីតដែលគាំទ្ររដ្ឋាភិបាលយេម៉ែនស្របច្បាប់និកាយស៊ុយនីត និងអ៊ីរ៉ង់និកាយឈីអ៊ីតដែលគាំទ្រពួកឧទ្ទាមហ៊ូទីនិកាយឈីអ៊ីតដូចគ្នា។ សង្រ្គាមរយៈពល ៨ឆ្នាំកន្លងទៅបានបណ្តាលស្លាប់ជនស៊ីវិលចំនួន ៣៨ម៉ឺននាក់។ គេត្រូវរង់ចាំដល់ខែមេសា ឆ្នាំ ២០២២ ទើបមានកិច្ចព្រមព្រៀងឈប់បាញ់មួយរវាងភាគីជម្លោះផ្ទៃក្នុងដោយមានអន្តរាគមន៍របស់អង្គការសហប្រជាជាតិ។
គេបានសង្កេតឃើញជារួមថា ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់មួយនេះបានអស់សុពលភាពតាំងពីខែតុលា ឆ្នាំ ២០២២ ក៏ដោយក៏ការឈប់បាញ់កំពុងមានមកដល់សព្វថ្ងៃ។ តែគេមិនត្រូវភ្លេចនិយាយទេថា ៨ឆ្នាំក្រោយអន្តរាគមន៍យោធារបស់អារ៉ាប៊ីសាអូឌីតនៅយេម៉ែន ពួកឧទ្ទាមហ៊ូទីមានឥទ្ធិពលកាន់តែខ្លាំងដោយបានគ្រប់គ្រងដែនដីកាន់តែធំជាងមុន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកឧទ្ទាមហ៊ូទីបានវាយប្រហារដោយដ្រូនលើទីតាំងប្រេងរបស់អារ៉ាប៊ីសាអូឌីត និងឆ្លងរហូតដល់ទឹកដីអេមីរ៉ាតអារ៉ាប់រួមថែមទៀត។ ចុះហេតុអ្វីបានជាអារ៉ាប៊ីសាអូឌីតបែរជាកំពុងស្វែងរកច្រកចេញពីសង្រ្គាមយេម៉ែននៅពេលនេះទៅវិញ និងថា តើអាចចេញរួចដែរ ឬអត់។
តាមពិតទៅ អារ៉ាប៊ីសាអូឌីតមិនចង់ដកខ្លួនដើម្បីយករួចខ្លួនទេ តែចង់បន្តដើរតួនាទីគន្លឹះនៅក្នុងដំណើរស្វែងរកសន្តិភាពឲ្យយេម៉ែន ទោះបីជាខ្លួនដឹងថាពិបាកក៏ដោយ។ ក្រុងរីយ៉ាដបានផ្តើមចរចាផ្ទាល់ជាមួយពួកឧទ្ទាមហ៊ូទីដោយមានប្រទេសអូម៉ង់ធ្វើជាអាជ្ញាកណ្តាលតាំងពីមុនកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានក្នុងខែមេសា ឆ្នាំ ២០២២ ទៅទៀត។ ដូច្នេះគេអាចនិយាយបានថា កិច្ចព្រមព្រៀងឈប់បាញ់មួយនេះជាឱកាសមួយ ហើយឱកាសដែលកាន់តែល្អជាងនេះទៅទៀតនោះ គឺការដែលអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ទើបត្រូវរ៉ូវគ្នាឡើងវិញក្រោយពីបានបែរខ្នងដាក់គ្នារយៈពេល ៧ឆ្នាំ។ ចូរកុំភ្លេចថា បើកុំតែមានអ៊ីរ៉ង់នៅពីក្រោយ ម្ល៉េះក៏ពួកឧទ្ទាមហ៊ូទីនៅយេម៉ែនមិនអាចមានឥទ្ធិពលខ្លាំងដល់ម្លឹងដែរ។
ដូច្នេះ អ៊ីរ៉ង់មានឥទ្ធិពល និងទឹកមាត់ប្រៃដើម្បីនិយាយជាមួយពួកឧទ្ទាមហ៊ូទីឲ្យឈប់វាយប្រហារលើអារ៉ាប៊ីសាអូឌីត និងឲ្យចូលតុ ចរចា។ បើអ្វីៗនឹងមានដំណើរដោយរលូនមែន អារ៉ាប៊ីសាអូឌីតអាចចេញពីយេម៉ែនតាមផ្លូវដែលបានចូលដោយគ្មានភាពអាម៉ាស់។ បើអ្វីៗមានដំណើរដូចក្តីរំពឹងទុកមែន អារ៉ាប៊ីសាអូឌីតនឹងរួចផុតពីការរ៉ៅឆានរបស់ពួកឧទ្ទាមហ៊ូទី និងអាចផ្តោតការយកចិត្តទុកដាក់តែលើការអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន ពិសេសពន្លឿនមហាកំណែទម្រង់របស់រាជទាយាទបេន សាលម៉ាន៕
3/29/2023 • 5 minutes, 57 seconds ជប៉ុន៖ នៅពេលជំនួយហិរញ្ញវត្ថុមិនអាចដោះស្រាយវិបត ្តិអត្រាកំណើតធ្លាក់ចុះ
ប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃអត្រាកំណើតគឺជានយោបាយអាទិភាពរបស់រដ្ឋាភិបាលជប៉ុន។ ទិន្នន័យផ្លូវការចេញផ្សាយដោយក្រសួងសុខាភិបាលជប៉ុនបានបង្ហាញថា នៅឆ្នាំ ២០២២អត្រាកំណើតទារកមានតិចជាង៨សែននាក់ ដែលជាអត្រាដ៏ទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីជប៉ុនបង្កើតស្ថាប័នស្ថិតិប្រជាជន ជាង១២០ឆ្នាំមកនេះ។ ប្រឈមនឹងវិបត្តិអត្រាកំណើតធ្លាក់ចុះជាលំដាប់ លោកនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដាបានប្រកាសកាលពីខែមករាកន្លងទៅថា រដ្ឋាភិបាលរបស់លោកនឹងអាចបង្កើនទ្វេដង កញ្ចប់ចំណាយសម្រាប់កម្មវិធីថែទាំកុមារ ដើម្បីជំរុញលើកទឹកចិត្តឲ្យប្រជាជនជប៉ុនចង់បានកូន។
អត្រាកំណើតនៅប្រទេសជប៉ុនបានធ្លាក់ចុះមកនៅប្រមាណ៨សែននាក់ នៅឆ្នាំ ២០២២។ ជាអត្រាកំណើតទាបខ្លាំងមិនធ្លាប់មាននៅក្នុងប្រវត្តិជប៉ុន រហូតធ្វើឲ្យលោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស៊ីដា ទាញសញ្ញាអាសន្នកាលពីខែមករាកន្លងទៅថា ប្រទេសជប៉ុនកំពុងដើរមកដល់មាត់ជ្រោះមួយដែលគំរាមកំហែងសមត្ថភាពជប៉ុនមិនឲ្យដំណើរការបានក្នុងនាមជាសង្គមជាតិមួយ
រដ្ឋាភិបាលជប៉ុនធ្លាប់បានព្យាកររួចហើយថា ចំនួនប្រជាជនជប៉ុននឹងនៅតែបន្តធ្លាក់ចុះនៅក្នុងរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត ដោយចំនួនប្រជាជនសរុបអាចនឹងធ្លាក់ចុះមកនៅត្រឹមតែប្រមាណជា ៨៨លាននាក់ប៉ុណ្ណោះ នៅឆ្នាំ២០៦៥។
ប្រទេសមហាឧស្សាហកម្មមួយចំនួនធំកំពុងជួបប្រទះវិបត្តិអត្រាកំណើតធ្លាក់ចុះ ប៉ុន្តែនៅប្រទេសជប៉ុន វិបត្តិអត្រាកំណើតធ្លាក់ចុះមានលក្ខណៈស្រួចស្រាវខ្លាំងជាងគេ ព្រោះថា ក្រៅតែពីអត្រាកំណើតធ្លាក់ចុះ ជប៉ុនដែលប្រជាជនសរុប១២៥លាននាក់ ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងពិភពលោក បន្ទាប់ពីម៉ូណាកូ ក្នុងនាមជាប្រទេសដែលមានមនុស្សចាស់រស់នៅច្រើនជាងគេ។ នៅជប៉ុន មនុស្សម្នាក់ក្នុងចំណោម១៥០០នាក់ មានអាយុលើសពី១០០ឆ្នាំ។ បន្ថែមពីលើវិបត្តិអត្រាកំណើតធ្លាក់ចុះ វិបត្តិប្រជាសាស្រ្តចាស់រិចរិល និងការរឹតបន្តឹងច្បាប់ការងារសម្រាប់ពលករបរទេសកំពុងធ្វើឲ្យជប៉ុនជួបបញ្ហាកង្វះកម្លាំងពលកម្មសម្រាប់កំណើនសេដ្ឋកិច្ច។
អត្រាកំណើតនៅជប៉ុនធ្លាក់ចុះ ដោយសារកត្តាមួយចំនួន ដូចជា សេដ្ឋកិច្ច (ការចំណាយច្រើនសម្រាប់រស់នៅប្រចាំថ្ងៃ) ការអប់រំ (មនុស្សស្រីកាន់តែច្រើនជ្រើសរើសការងារ ជាជាងធ្វើជាស្ត្រីមេផ្ទះ) និងសិទ្ធិប្រើប្រាស់ថ្នាំពន្យារកំណើត។ គ្មានសុទិដ្ឋិនិយមលើកំណើនសេដ្ឋកិច្ចជប៉ុន យុវជនជប៉ុនភាគច្រើន ដែលព្រួយបារម្ភជានិច្ចពីបញ្ហាបាត់បង់ប្រាក់ខែ ប្រាក់ចំណូល គ្មានទឹកចិត្ត ដើម្បីបង្កើតគ្រួសារ ចង់បានកូនដែលជាបន្ទុកចំណាយធ្ងន់។ បញ្ហាថវិកាដើម្បីចំណាយក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន ជាហេតុផលសំខាន់មួយដែលបន្ទុចបង្អាក់មិនឲ្យយុវជនជប៉ុនចង់បានកូន។ ការចំណាយខ្ពស់សម្រាប់ការចិញ្ចឹមកូន បានធ្វើឲ្យជប៉ុនជាប់ចំណាត់ថ្នាក់ទី៣ បន្ទាប់ពីចិន និងកូរ៉េខាងត្បូង។ នៅមានហេតុផលមួយចំនួនទៀត ដូចជាកង្វះសេវាទទួលមើលកុមារ និងបញ្ហាពេលវេលា។ ប្រជាជនជប៉ុន ភាគច្រើន ចំណាយពេលវេលាច្រើនតែនៅកន្លែងធ្វើការ និងគ្មានពេលគ្រប់គ្រាន់ដើម្បីមើលថែកូន។
គ្រប់គ្នាដឹងពីមូលហេតុដែលធ្វើឲ្យអត្រាកំណើតទារកធ្លាក់ចុះនៅប្រទេសជប៉ុន។ រដ្ឋាភិបាលមុនៗបានព្យាយាមដាក់គោលនយោបាយជាច្រើនដើម្បី លើកទឹកចិត្តប្រជាជនឲ្យចង់បានកូនឡើង តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការចិញ្ចឹមកូន ការអនុញ្ញាតឲ្យមនុស្សស្រីមានពេលវេលាច្រើនលំហែមាតុភាព ប៉ុន្តែ គោលនយោបាយទាំងនោះគ្មានប្រសិទ្ធិភាព។
សម្រាប់លោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស៊ីដា វិបត្តិអត្រាកំណើតធ្លាក់ចុះ ជាបញ្ហាដែលគេត្រូវដោះស្រាយបន្ទាន់ ដោយមិនត្រូវពន្យារពេលតទៅទៀតទេ។ ជប៉ុននៅមានពេលវេលា តែពី៦ ទៅ៧ឆ្នាំប៉ុណ្ណោះ ដើម្បីអាចជំរុញអត្រាកំណើតឲ្យកើនឡើងវិញ មុននឹងអ្វីៗត្រូវហួសពេល។ នៅខែមករាកន្លងទៅ លោកបានសន្យាបង្កើនទ្វេដងកញ្ចប់ថវិការដ្ឋសម្រាប់ការចិញ្ចឹមកូន ការបង្កើតមណ្ឌលទទួលមើលក្មេង និងការសម្រួលឲ្យបុរសមានសិទ្ធិឈប់សម្រាប់លំហែរបិតុភាព។
រដ្ឋាភិបាលរបស់លោកគីស៊ីដាអនុញ្ញាតឲ្យបុរសឈប់សម្រាកសម្រាប់លំហែបិតុភាព ឲ្យបាន៥០%នៅ ២ឆ្នាំខាងមុខ និងដល់៨៥% នៅឆ្នាំ ២០៣០។ ប៉ុន្តែ សួរថា តើកញ្ចប់ជំនួយសម្រាប់ការចិញ្ចឹមកុមារ និងលំហែរបិតុភាពអាចដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះដែរឬទេ។
អ្នកជំនាញ និងប្រជាជនជប៉ុនស្វាគមគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដើម្បីជំរុញអត្រាកំណើត ប៉ុន្តែ គេមិនប្រាកដថា គោលនយោបាយរបស់រដ្ឋាភិបាលនឹងមានប្រសិទ្ធិភាព ទៅបញ្ចុះបញ្ចូលឲ្យប្រជាជនជប៉ុនចង់បានកូន។
ស្រ្តីជប៉ុននៅតែបារម្ភខ្លាចបាត់បង់ការងារ ចំណែកមនុស្សប្រុសនៅរារែកមិនដាក់ពាក្យសុំលំហែបិតុភាព ដោយខ្លាចថា នៅពេលត្រលប់ពីលំហែបិតុភាព ពួកគេលែងអាចចូលកាន់តួនាទីចាស់ ត្រូវផ្លាស់ប្តូរទៅកាន់កន្លែងការងារថ្មី ឬខកខានមិនបានទទួលការដំឡើងឋានៈការងារជាដើម។
ម្យ៉ាង សម្រាប់ស្រ្តីជប៉ុន បើទោះបុរសជប៉ុនទទួលបានសិទ្ធិលំហែបិតុភាពដើម្បីសម្រាលបន្ទុករបស់ម្តាយ ប៉ុន្តែ ការចិញ្ចឹមថែទាំកូននៅតែជាបន្ទុករបស់មនុស្សស្រី។ នៅត្រង់ចំណុចនេះ គេត្រូវស្តីបន្ទោសវប្បធម៌ សង្គមអភិរក្សដែលជប៉ុននៅប្រកាន់ខ្ជាប់រហូតមក។ នៅក្នុងវប្បធម៌ជប៉ុន មនុស្សប្រុសជាអ្នករកប្រាក់ចំណូល ចំណែកស្រ្តីមានបន្ទុកមើលកូន ទុកដាក់ចង្រ្កានជើងឆ្នាំង។
គេអាចនិយាយបានថា ដើម្បីជំរុញអត្រាកំណើតឲ្យកើនឡើងវិញ គោលនយោបាយផ្តល់សេវា និងជំនួយហិរញ្ញវត្ថុសម្រាប់ការចិញ្ចឹមកូន មិនទាន់គ្រប់គ្រាន់ទេ។ រដ្ឋាភិបាលជប៉ុនត្រូវបង្កើនប្រាក់ខែ និងបង្កើតបរិយាកាសដែលធ្វើឲ្យប្រជាជនមានទំនុកចិត្តលើសេដ្ឋកិច្ច។ ចុងក្រោយគឺការផ្លាស់ប្តូរផ្នត់គំនិតក្នុងសង្គមជប៉ុន។ ស្រ្តីសព្វថ្ងៃដែលមានសិទ្ធិនិងមហិច្ឆតាចង់ធ្វើការងារតំណែងខ្ពស់ដូចមនុស្សប្រុស អាចពិចារណាចង់បានកូន បើសិនមនុស្សប្រុសចូលរួមជួយមើលចិញ្ចឹមបីបាច់កូន និងលែងទម្លាក់បន្ទុកមើលកូនទៅលើស្ត្រីតទៅទៀត៕
3/28/2023 • 5 minutes, 41 seconds ហេតុអ្វីបានជាហុងឌូរ៉ាសគ្មានជម្រើសផ្សេងក្រៅពីលែងលះចិនតៃវ៉ាន់ទៅរៀបការជាមួយចិនដីគោក?
ចាប់ពីថ្ងៃទី២៧ មីនា ឆ្នាំ ២០២៣ ទៅ នៅសល់តែ ១៣ប្រទេសប៉ុណ្ណោះដែលកំពុងបន្តមានទំនាក់ទំនងការផ្លូវទូតផ្លូវការជាមួយកោះតៃវ៉ាន់ ឬហៅដោយសាមញ្ញថាចិនតៃវ៉ាន់។ ហុងឌូរ៉ាសជាប្រទេសចុងក្រោយដែលទើបបានផ្តាច់គ្រប់ទំនាក់ទំនងការទូតជាមួយចិនតៃវ៉ាន់ និងបានងាករកចិនដីគោកវិញ។ នេះជាជោគជ័យថ្មីមួយទៀតរបស់ក្រុងប៉េកាំងដែលបានប្រើយុទ្ធសាស្រ្តគ្រប់បែបម្យ៉ាងដើម្បីខ្ទប់ក្រុងតៃប៉ិកឲ្យឯកោផ្លូវទូតនៅលើឆាកអន្តរជាតិ។ ហេតុអ្វីបានជាហុងឌូរ៉ាសដែលបានរួមរស់ជាមួយតៃវ៉ាន់អស់រយៈពេលជាង ៨០ឆ្នាំបែរជាសម្រេចដើរចេញពីតៃវ៉ាន់នៅពេលនេះទៅវិញ?។
ចប់ហើយរាត្រីទឹកឃ្មុំរយៈពេល ៨២ឆ្នាំរវាងចិនតៃវ៉ាន់ និងប្រទេសហុងឌូរ៉ាស។ ចាប់ពីពេលនេះត ទៅ ហុងឌូរ៉ាសបានក្លាយជាប្រទេសទី ១៨២ ក្នុងលោកដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយចិនដីគោក និងបានទទួលស្គាល់ចិនតែមួយដែលមានឈ្មោះ « សាធារណរដ្ឋប្រជាមានិតចិន »។ ចាប់ពីពេលនេះតទៅ ចំនួនប្រទេសដែលកំពុងមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់នៅសល់តែ ១៣ប្រទេសប៉ុណ្ណោះ ហើយនៅក្នុងចំណោម ១៣ប្រទេសដែលកំពុងបន្តល្អូតល្អឺនជាមួយតៃវ៉ាន់នេះទៀតសោត មានភាគច្រើនជាប្រទេសតូចតាចនៅតំបន់ប៉ាស៊ីហ្វិក ឬតំបន់ការ៉ាអ៊ីបដែលសូម្បីតែឈ្មោះក៏គេមិនដែលស្គាល់ផង។
សម្រាប់ប្រទេសផ្សេងដែលបានផ្តាច់ខ្លួនចេញពីតៃវ៉ាន់នាពេលកន្លងមក និងសម្រាប់ហុងឌូរ៉ាសនៅពេលនេះ មានមូលហេតុតែមួយគត់ដែលបានបង្ខំចិត្តពួកគេឲ្យបែរខ្នងដាក់ចិនតៃវ៉ាន់ និងបែរមុខរកចិនដីគោក គឺការសំឡឹងឃើញលុយចិន។ ត្រង់ចំណុចនេះ ប្រមុខការទូតហុងឌូរ៉ាសបានពន្យល់បកស្រាយដោយមិនលាក់លៀមថា តៃវ៉ាន់មិនបានផ្តល់ចម្លើយវិជ្ជមានតាមសំណើដ៏ធំធេងរបស់ហុងឌូរ៉ាសទេ។ សំណើដែលប្រមុខការទូតហុងឌូររ៉ាសចង់និយាយនេះ គឺតម្រូវការលុយ។ គួរបញ្ជាក់ថា មានពលរដ្ឋជាង ១០លាននាក់ ហុងឌូរ៉ាសជាប្រទេសក្រីក្រខ្លាំងជាងគេមួយនៅអាមេរិកឡាទីន។
ក្នុងចំណោមពលរដ្ឋទាំងជាង ១០លាននាក់ មានរហូតដល់ទៅ ៧៤% ដែលកំពុងរស់នៅក្រោមខ្សែបន្ទាត់ក្រីក្រ។ សព្វថ្ងៃនេះ ប្រាក់បំណុលដែលហុងឌូរ៉ាសកំពុងជំពាក់គេមានដល់ទៅ ២០ ០០០លានដុល្លារ។ សម្រាប់ប្រមុខការទូតហុងឌូរ៉ាស បំណុលនេះកំពុងចង ក ប្រទេស និងប្រជាជនហុងឌូរ៉ាស។ ដូច្នេះគេអាចនិយាយបានថា ជម្រើសដើរចេញពីចិនតៃវ៉ាន់ទៅចូលចិនដីគោករបស់ហុងឌូរ៉ាសពេលនេះជាជម្រើសមួយដែលហុងឌូរ៉ាសគ្មានជម្រើសអ្វីផ្សេងក្រៅពីនេះ។ ពិតណាស់ ជម្រើសរបស់ហុងឌូរ៉ាសមិនបានធ្វើឲ្យតៃវ៉ាន់សប្បាយចិត្ត និងបានអំពាវនាវហុងឌូរ៉ាសកុំឲ្យផឹងទឹកពុលរបស់ចិនដើម្បីបំពេញការស្រេកទឹករបស់ខ្លួន។
ទន្ទឹមគ្នានេះ ក្រុងតៃប៉ិកបានផ្តល់យោបល់ដល់ក្រុងតេហ្គូស៊ីហ្គាល់ប៉ាកុំឲ្យធ្លាក់ក្នុងអន្ទាក់បំណុលរបស់ក្រុងប៉េកាំង។ តើជម្រើសផ្តាច់ខ្លួនចេញពីចិនតៃវ៉ាន់ទៅចូលចិនដីគោករបស់ហុងឌូរ៉ាសជាកំហុសរបស់អ្នកណា?។ ជារួម គេពិបាកទម្លាក់កំហុសដាក់អ្នកណាម្នាក់ណាស់ ព្រោះទាំងចិនតៃវ៉ាន់ ចិនដីគោក និងហុងឌូរ៉ាសសុទ្ធតែសំឡឹងឃើញប្រយោជន៍រៀងៗខ្លួន។ សម្រាប់តៃវ៉ាន់ ការអូសទាញបានប្រទេសកាន់តែច្រើនឲ្យមានទំនាក់ទំនងការទូតផ្លូវការជាមួយខ្លួនបានអនុញ្ញាតឲ្យខ្លួនមានមុខ មាត់ស្មើនឹងចិនដីគោកនៅលើឆាកអន្តរជាតិ។ សម្រាប់ចិនដីគោកវិញ ការខ្ទប់តៃវ៉ាន់ឲ្យឯកោផ្លូវទូតនៅលើឆាកអន្តរជាតិជាគោលដៅតែមួយគត់ទោះត្រូវបង់ក្នុងតម្លៃណាក៏ដោយចុះ។
គួរបញ្ជាក់ថា ចិនតែងចាត់ទុកតៃវ៉ាន់ជាខេត្តឧទ្ទាមមួយរបស់ខ្លួន និងមិនញញើតប្រើកម្លាំងបាយវាយប្រហារបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យនៅថ្ងៃណាមួយនោះ។ ចំណែកហុងឌូរ៉ាសឯណោះវិញ នៅពេលមានជម្រើសមួយណាដែលបានហុចប្រយោជន៍ច្រើនឲ្យខ្លួន គឺមិនបាច់ពិចារណា វែងឆ្ងាយនាំឲ្យខាតពេលទេ។ ត្រង់ចំណុចនេះ តៃវ៉ាន់បានដឹងច្បាស់ ហើយអ្នកដែលបានដឹងកាន់តែច្បាស់ជាងនេះ គឺចិនដីគោក។ នេះមិនមែនមានន័យថា ចិនតៃវ៉ាន់គ្មានលទ្ធភាព និងសមត្ថភាពដើម្បីជួយដល់ក្រុមប្រទេសដែលកំពុងមានទំនាក់ទំនងផ្លូវទូតជាមួយខ្លួនទេ។ តែគេត្រូវហ៊ានទទួលស្គាល់ថា ចិនសព្វថ្ងៃមិនដូចចិនកាលពី ២០ឆ្នាំ ឬ ៣០ឆ្នាំមុនឯណា មានន័យថា ចិនសព្វថ្ងៃមានលទ្ធភាព និងមានសមត្ថភាពខ្លាំងជាងតៃវ៉ាន់ឆ្ងាយណាស់។
លទ្ធភាព និងសមត្ថភាពទាំងនៅក្នុងវិស័យសេដ្ឋកិច្ច ការទូត និងយោធា ចិនសព្វថ្ងៃជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងលោក និងជាប្រទេសសមាជិកម្នាក់ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង ៥ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ដូច្នេះ គេពិបាកស្តីបន្ទោសហុងឌូរ៉ាស កោះសាឡូម៉ុង ឬមួយក៏កោះគីរីបាទីដែលបានផ្តាច់ពីតៃវ៉ាន់ទៅភ្ជាប់ជាមួយចិន។ មែនទែនទៅ អ្វីដែលប្រទេសតូចតាចមួយចំនួនកំពុងធ្វើពេលនេះ គឺដូចគ្នានឹងបណ្តាប្រទេសលោកខាងលិចក្នុងទសវត្សរ៍ ៦០ ឬ ៧០ ដែលបានទទួលស្គាល់ចិនតែមួយ គឺសាធារណរដ្ឋប្រជាមានិតចិន។ តែការទទួលស្គាល់ចិនតែមួយនេះមិនបានរារាំងបណ្តាប្រទេសលោកខាងលិចទាំងនោះមិនឲ្យរកស៊ីជាមួយតៃវ៉ាន់ឯណា។
អ្វីដែលចិនដីគោកមិនចង់បាន និងមិនចង់ឃើញ គឺត្រឹមមិនចង់ឲ្យប្រទេសណាមួយក្នុងលោកបន្តមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់តែប៉ុណ្ណោះ។ សរុបមក ឥទ្ធិពល និងអំណាចរបស់ចិនសព្វថ្ងៃពិបាកធ្វើឲ្យប្រទេសផ្សេងបន្តទ្រាំរក្សាទុកទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ ចាប់ពីអំណេះ ត ទៅ ហុងឌូរ៉ាសប្រហែលមិនមែនជាប្រទេសចុងក្រោយដែលបានលែងលះចិនតៃវ៉ាន់ទៅរៀបការជាមួយចិនដីគោកទេ។ យូរ ឬឆាប់នៅពេលខាងមុខ ប្រទេសដែលនៅសេសសល់ផ្សេងទៀតអាចនឹងដើរតាមផ្លូវរបស់ហុងឌូរ៉ាស៕
3/27/2023 • 5 minutes, 36 seconds ហេតុអ្វីភ្ញៀវទេសចរអន្ដរជាតិបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២២?
ការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ក្នុងកម្រិតសកល បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២២ ហើយទំនងអាចកើនឡើងដល់ជិតអត្រាពីមុនវិបត្តិជំងឺកូវីដ១៩។ នៅកម្ពុជា វិស័យទេសចរណ៍បានរួមចំណែកយ៉ាងចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារដោយផ្ទាល់រាប់ម៉ឺនកន្លែងជូនប្រជាជន។
ក្រោយរយៈពេលបីឆ្នាំបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ការធ្វើដំណើររបស់ភ្លៀវទេចរអន្ដរជាតិនៅទីបំផុតបានត្រលប់មកវិញ។ ផ្អែកតាមតួលេខផ្លូវការ វិស័យទេសចរណ៍ក្នុងកម្រិតសកលបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅឆ្នាំ២០២២ និងបានកើនឡើងក្នុងចំនួនច្រើនជាងពីរដងធៀបនឹងរយៈពេលពីរឆ្នាំមុន។
ការប៉ាន់ប្រមាណចុងក្រោយបង្ហាញថា ការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិអាចឈានដល់កម្រិតពី ៨០ភាគរយទៅ៩៥ភាគរយស្មើនឹងកម្រិតមុនវិបត្តិជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២៣នេះ។
ភ្ញៀវទេសចរអន្ដរជាតិ
ឆ្នាំ២០២០គឺជាឆ្នាំដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តទេសចរណ៍ ព្រោះថាពិភពលោកទាំងមូលត្រូវបង្ខំបិទប្រទេសរៀងៗខ្លួន ដើម្បីទប់ស្កាត់ជាមួយការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងឆ្នាំ២០២១ ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិបានកើនឡើងត្រឹមតែ១១ភាគរយប៉ុណ្ណោះ ព្រោះថាការរឹតបន្តឹងលើការធ្វើដំណើរនៅតែមាន ហើយបានកើតឡើងក្នុងរយៈពេលយ៉ាងយូរ និងនៅក្នុងតំបន់ជាច្រើននៃពិភពលោក។
មកដល់ថ្ងៃនេះ វាមានរយៈពេលជិតបីឆ្នាំទៅហើយ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា កូវីដ១៩គឺជាជំងឺរាតត្បាត។ ប៉ុន្តែ មកដល់ឆ្នាំនេះ ភាពសុទិដ្ឋិនិយមហាក់បានត្រលប់មកវិញសម្រាប់វិស័យទេសចរណ៍។ អគ្គលេខាធិការអង្គការ UNWTO លោក Zurab Pololiksahvili បានលើកឡើងនៅក្នុងកម្មវិធីវិស័យទេសចរណ៍មួយនៅទីក្រុងបែរឡាំងឆ្នាំ២០២៣នេះថា "ទេសចរណ៍សកលតែងតែត្រឡប់មកវិញ"។
ចាប់តាំងពីឆ្នាំ១៩៨០ ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងយ៉ាងខ្លាំងពី ២៧៧លាននាក់ទៅជិត១,៥ពាន់លាននាក់ នៅឆ្នាំ២០១៩។ ក្នុងនោះ ភ្លៀវទេសចរយ៉ាងច្រើនមានប្រភពពីប្រទេសចិន។
ក្តីសង្ឃឹមពីការកើនឡើងនៃចំនួនភ្លៀវទេសចរចិន
យោងតាមកាសែតរដ្ឋចិន The China Daily ប្រជាជនចិនអាចធ្វើដំណើរដោយសេរី ទៅកាន់គ្រប់ផ្នែកនៃពិភពលោក ដោយសារការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ក្នុងរយៈពេល ៤ទស្សវត្សរ៍កន្លងមកនេះ។ ប្រៀបធៀបនឹងរយៈពេល៤០ឆ្នាំមុន ការធ្វើដំណើរទេសចរណ៍ទៅបរទេស ឬក្នុងស្រុក គឺត្រឹមជាក្តីស្រមៃសម្រាប់ប្រជាជនចិនទូទៅប៉ុណ្ណោះ។
ស្ថានភាពបានផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងរយៈពេលបួនទសវត្សរ៍កន្លងមកនេះ។ ស្ថិតិបង្ហាញថា ក្នុងឆ្នាំ២០១៩ ប្រជាជនចិនបានធ្វើដំណើរទៅក្រៅប្រទេស ក្នុងចំនួន ១៥៥លាននាក់ ដែលធ្វើឱ្យប្រទេសចិន ក្លាយជាប្រទេសដែលមានអ្នកទេសចរអន្តរជាតិច្រើនជាងគេបំផុត នៅលើពិភពលោក ដោយនាំមុខប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកដែលស្ថិតនៅលំដាប់ទីពីរ និងទីបី។
ប្រជាជនចិនបានចំណាយប្រាក់ ១៣០ពាន់លានដុល្លារអាមេរិក នៅក្រៅប្រទេស និងជិត ១ទ្រីលានដុល្លារអាមេរិក លើការធ្វើដំណើរក្នុងស្រុក។ ការកើនឡើងការធ្វើដំណើររបស់ប្រជាជនចិនបង្ហាញពីការកើនឡើងកម្រិតជីវភាពរបស់ប្រជាជនចិន។
វិស័យទេសចរណ៍កម្ពុជា
នៅកម្ពុជាឯណោះវិញ ភ្លៀវទេសចរអន្តរជាតិមានចំនួន ២,២៨លាននាក់ នៅក្នុងឆ្នាំ២០២២ ពោលគឺកើនឡើងជាង១ពាន់ភាគរយ រីឯភ្លៀវទេសចរជាតិគឺជិត១៤លាននាក់ (កើនឡើងជិត២០០ភាគរយ)។ នៅកម្ពុជាបច្ចុប្បន្ន ចំណូលទេសចរណ៍អន្តរជាតិត្រូវប៉ាន់ប្រមាណថាទទួលបានជាង ១ ៤១៥លានដុល្លារអាមេរិក ហើយវិស័យនេះបានបង្កើតមុខរបរ និងការងារទេសចរណ៍ដោយផ្ទាល់ចំនួនជាង ៣២ម៉ឺននាក់៕
Giec៖ពិភពលោកនៅមានមធ្យោបាយដើម្បីទប់ស្កាត់នឹងការឡើងកម្តៅន ៅក្នុងបរិយាកាស តែត្រូវមានឆន្ទៈនយោបាយម៉ឺងម៉ាត់
នៅថ្ងៃចន្ទ ទី២០ មីនា ក្រុមអ្នកជំនាញអាកាសធាតុរបស់អង្គការសហប្រជាជាតិ Giec បានចេញផ្សាយរបាយការណ៍មួយស្តីពីបញ្ហាអាកាសធាតុ។ របាយការណ៍ដែលមានកម្រាស់ ១០០០ទំព័រនេះជាលទ្ធផលបានមកពីការសិក្សា ស្រាវជ្រាវអស់រយៈពេល ៩ឆ្នាំ។ គួរបញ្ជាក់ថា Giec បានចេញផ្សាយរបាយការណ៍ដូចគ្នានេះកាលពីឆ្នាំ ២០១៤។ តែសម្រាប់របាយការណ៍ឆ្នាំ ២០២៣ នេះ Giec បានទាញសញ្ញាអាសន្នពីកំណើនកម្តៅលើភពផែនដីដែលពិភពលោកត្រូវរួសរាន់ចូលរួមទប់ស្កាត់ឲ្យបានលឿនបំផុត។ តាម Giec ពិភពលោកមានមធ្យោបាយ តែអ្វីដែលកំពុងខ្វះ គឺឆន្ទៈនយោបាយម៉ឺងម៉ាត់។
ចាប់ពីពេលនេះត ទៅ និងជាងពេលណាៗទាំងអស់ ការពិតនៃការប្រែប្រួលអាកាសធាតុ និងផលវិបាករបស់វាចំពោះជីវិតនៅលើភពផែនដីរបស់យើងលែងជាអាថ៍កំបាំង និងប្រហែលជាគ្មានអ្នកណាម្នាក់អាចនិយាយផ្ទុយពីនេះបានទេ។ លែងជាអាថ៍កំបាំង និងមិនអាចនិយាយផ្ទុយពីនេះបានដោយសារតែកម្តៅលើភពផែនដីកំពុងធ្វើដំណើរមិនចំផ្លូវ ឬនៅលើផ្លូវអាក្រក់។ ស្ថានភាពបែបនេះធ្លាប់ត្រូវបាន Giec ទាញសញ្ញាអាសន្នម្តងហើយនៅក្នុងរបាយការណ៍ឆ្នាំ ២០១៤។ តែនៅ ៩ឆ្នាំក្រោយមក ពោលនៅក្នុងរបាយការណ៍ឆ្នាំ ២០២៣ នេះ ស្ថានភាពហាក់បានធ្លាក់ចុះមួយកម្រិតទៀត ឬនិយាយបែបផ្សេង ការដើរចេញពីផ្លូវដែលត្រូវដើរកំពុងមានគម្លាតកាន់តែឆ្ងាយថែមទៀត។
នៅក្នុងរបាយការណ៍ឆ្នាំ ២០២៣ Giec បានបញ្ជាក់ក្នុងន័យព្រមានថា ចាប់ពីឆ្នាំ ២០៣០ ២០៣៥ ទៅ កម្តៅលើភពផែនដីនឹងកើន ១,៥អង្សារធៀបនឹងសម័យមុនឧស្សាហកម្ម។ តាម Giec សីតុណ្ហភាពជាមធ្យមនាពេលបច្ចុប្បន្នបានកើនឡើង ១,២អង្សាររួចទៅហើយ។ ចំណែកដើមចមដែលបានធ្វើឲ្យភពផែនដីបន្តឡើងកម្តៅមិនត្រូវបាន Giec ពិចារណាស្វែងរកយូរទេ គឺយើងគ្រប់គ្នាដែលកំពុងរស់នៅលើផែនដីសព្វថ្ងៃនេះឯង ឬនិយាយឲ្យស្រួលយល់ គឺសកម្មភាពរបស់មនុស្ស។ ដើមចមនៃការឡើងកម្តៅលើភពផែនដីដែល Giec ចង់ផ្តោតសំខាន់នៅក្នុងរបាយការណ៍ឆ្នាំ ២០២៣ របស់ខ្លួន គឺការកាប់បំផ្លាញព្រៃឈើ និងថាមពលផូស៊ីលបានពីការប្រើធ្យូងថ្ម ប្រេង និងឧស្ម័ន។
កំណើនឧស្ម័នផ្ទះកញ្ចក់កើតចេញពីការប្រើធ្យូងថ្ម ប្រេង និងឧស្ម័នបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងក្នុងឆ្នាំ ២០១៩ បរិមាណឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសបានកើនឡើងដល់ទៅ ៥៩ ០០០លានតោន។ តែ Giec បានកត់សម្គាល់ឃើញថា ពីប្រទេសមួយទៅប្រទេសមួយ ការចាក់ចោលឧស្ម័នផ្ទះកញ្ចក់មានបរិមាណមិនដូចគ្នាទេដោយអាស្រ័យលើកម្រិតប្រាក់ចំណូលរបស់ប្រទេសនីមួយៗ។ អ្វីដែល Giec ចង់និយាយនេះគឺថា ក្រុមប្រទេសអ្នកមាន ឬក្រុមប្រទេសអភិវឌ្ឍន៍បានចាក់ចោលឧស្ម័នផ្ទះកញ្ចក់ច្រើនជាងក្រុមប្រទេសអ្នកក្រ ឬក្រុមប្រទេសកំពុងអភិវឌ្ឍន៍។ តែទោះជាអ្នកមាន ឬអ្នកក្រ មានមនុស្សលោកជិតពាក់កណ្តាល ពោលមានពី ៣ ៣០០លានទៅ ៣ ៦០០លាននាក់កំពុងរស់ក្នុងបរិបទងាយរងគ្រោះខ្លាំងនឹងការប្រែប្រួលអាកាសធាតុ។
នៅពេលដែលគេនិយាយពីការប្រែប្រួលអាកាសធាតុ គេមិនអាចមិននិយាយបានឡើយពីផលវិបាករបស់វាដែលមានច្រើន រួមមាន អសន្តិសុខស្បៀងអាហារ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ការខ្វះទឹកប្រើប្រាស់ អត្រាមរណៈខ្ពស់ ផ្តល់ភាពងាយស្រួលដល់ការចម្លងជំងឺ និងការបម្លាស់ទីរបស់ប្រជាជនពីកន្លែងមួយទៅកន្លែងមួយ។ល។ និង ។ល។ អ្វីដែលធ្ងន់ធ្ងរជាងនេះ មានផលវិបាកខ្លះនឹងគ្មានថ្ងៃដែលអាចស្រោចស្រង់វិញបានឡើយ។ ដូច្នេះវាជារឿងបន្ទាន់បំផុតដែលមនុស្សគ្រប់រូបត្រូវរួមគ្នាចាត់វិធានការទប់ស្កាត់នឹងការឡើងកម្តៅលើភពផែនដី។ ជារឿងបន្ទាន់ ព្រោះការឡើងកម្តៅបន្ថែមត្រឹមចំនួន ១អង្សារ ឬតិចជាងនេះ គ្រោះមហន្តរាយចំពោះផែនដី និងមនុស្សលោកនឹងមានធំធេងខ្លាំងណាស់ នេះជាការព្រមានរបស់ Giec។
តើវាមិនយឺតពេលពេកទេ ឬដើម្បីទប់ស្កាត់?។ មិនទាន់យឺតពេលទេ តែត្រូវធ្វើឲ្យបានលឿន និងឲ្យបានសកម្មប្រកបដោយមហិច្ឆតាខ្ពស់។ សម្រាប់ប្រធាន Giec លោកហូស៊ុង លី របាយការណ៍ឆ្នាំ ២០២៣ នេះជាសារនៃក្តីសង្ឃឹមដើម្បីដោះស្រាយគ្រប់បញ្ហាអាកាសធាតុ។ តាមលោកហូស៊ុង លី ពិភពលោកនៅមានសំណាងអាចទប់ស្កាត់កុំឲ្យកម្តៅលើភពផែនដីកើនលើសពី ១,៥អង្សាធៀបនឹងមុនសម័យឧស្សាហកម្មដែលជាកម្មវត្ថុនៃកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីអាកាសធាតុ COP២១។តែដើម្បីអាចសម្រេចកម្មវត្ថុមួយនេះបាន គេត្រូវកាត់បន្ថយការចាក់ចោលឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសឲ្យបាន ៤៨% ពីពេលនេះទៅឆ្នាំ ២០៣០ ធៀបនឹងឆ្នាំ ២០១៩។
នៅក្នុងន័យនេះ ពិភពលោកត្រូវកាត់បន្ថយការប្រើធ្យូងថ្ម ប្រេង និងឧស្ម័នដែលជាប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដល់ទៅ ៨០%។ តែបើចង់បន្តប្រើធ្យូងថ្ម ប្រេង និងឧស្ម័នដោយសារតែគ្មានជម្រើសផ្សេង គឺត្រូវរកវិធីសាស្រ្តដោយប្រើបច្ចេកវិទ្យាដើម្បីស្រូប និងស្តុកឧស្ម័នផ្ទះកញ្ចក់។ ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំនយោបាយគ្រប់ប្រទេសត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមក្នុងបញ្ហាអាកាសធាតុ និងត្រូវពន្យល់ពលរដ្ឋឲ្យយល់ដឹងពីគ្រោះថ្នាក់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ អ្វីដែលត្រូវធ្វើជាបន្ទាន់នៅក្នុងករណីនេះ គឺការគិតគូរឡើងវិញពីរបៀបរស់នៅនាពេលខាងមុខ ដូចជាការប្តូរចំណីអាហារ ឬការប្តូររបៀបធ្វើដំណើរជាដើម។ ក្រៅពីនេះ ជម្រើសនៃការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក៏ជារឿងមួយដែលត្រូវគិតគូរដែរ។
Giec យល់ថា ការចំណាយដើម្បីទប់ស្កាត់នឹងការឡើងកម្តៅលើភពផែនដីនឹងមានទឹកប្រាក់តិចជាងការចំណាយដើម្បីស្តារគ្រោះមហន្តរាយដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។ អ្វីដែល Giec ចង់និយាយ ការពារប្រសើរជាងព្យាបាល។ សរុបមកវិញ អ្វីៗមិនទាន់យឺតពេលទេ ព្រោះពិភពលោកមានលទ្ធភាព មធ្យោបាយ និងចំណេះដឹងគ្រប់បែបយ៉ាងដើម្បីទប់នឹងស្កាត់នឹងការឡើងកម្តៅលើភពផែនដី។ តែអ្វីដែលកំពុងខ្វះមានតែមួយគត់ គឺឆន្ទៈនយោបាយម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំគ្រប់ប្រទេសទាំងអស់។ មិនថាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ ផែនដីជាជម្រករួមដែលទាំងអស់គ្នាមានកាតព្វកិច្ចចូលរួមថែរក្សា និងការពារ៕
3/21/2023 • 6 minutes, 32 seconds ២០ឆ្នាំក្រោយការវាយប្រហាររបស់អាមេរិក អ្វីទៅជាស្ថាន ការណ៍របស់ប្រទេសអ៊ីរ៉ាក់សព្វថ្ងៃ?
ថ្ងៃទី២០ មីនា ឆ្នាំ ២០២៣ ជាខួប ២០ឆ្នាំនៃការវាយប្រហាររបស់អាមេរិក រួមជាមួយអង់គ្លេសលើប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី២០ មីនា ឆ្នាំ ២០០៣។ ហេតុផលនៃការលើកឡើងរបស់រដ្ឋបាលអាមេរិកនាជំនាន់ប្រធានាធិបតី George W. Bush កាលណោះ គឺមកពីរបបអ៊ីរ៉ាក់របស់ប្រធានាធិបតីសាដាម ហ៊ូសេនមានអាវុធប្រល័យលោក។ ប្រតិបត្តិការយោធារបស់អាមេរិក និងអង់គ្លេសបានទម្លាក់របបសាដាម ហ៊ូសេន និងមិនបានរកឃើញអាវុធប្រល័យលោកទេ។ ផ្ទុយទៅវិញ សង្រ្គាមមួយនេះបានរុញអ៊ីរ៉ាក់ឲ្យធ្លាក់ក្នុងជម្លោះ និងវិបត្តិជាបន្តបន្ទាប់មកដល់សព្វថ្ងៃ។
អ្វីៗបានចាប់ផ្តើមនៅព្រឹកព្រលឹមស្រាងៗក្នុងថ្ងៃទី២០ មីនា ឆ្នាំ ២០០៣។ ទ័ពអាមេរិកចំនួន ១៥០ ០០០នាក់ និងទ័ពអង់គ្លេសចំនួន ៤០ ០០០នាក់បានបើកប្រតិបត្តិការវាយប្រហារដូចផ្លេកបន្ទោលើអ៊ីរ៉ាក់ដែលគេហៅជាប្រតិបត្តិការ« សេរីភាពអ៊ីរ៉ាក់ »។ ក្នុងរយៈពេលតែ ៣សប្តាហ៍ ប្រតិបត្តិការ « សេរីភាពអ៊ីរ៉ាក់ » របស់អាមេរិក និងអង់គ្លេសបានផ្តួលរំលំរបបសាដាម ហ៊ូសេន ហើយក្នុងថ្ងៃទី៩ មេសា ឆ្នាំ ២០០៣ ដដែល អាមេរិកបានចូលគ្រប់គ្រងក្រុងបាកដាដ។ របបសាដាម ហ៊ូសេនមានអាវុធប្រល័យលោក នេះជាហេតុផលតែមួយគត់ដែលរដ្ឋបាលអាមេរិកក្នុងជំនាន់ប្រធានាធិបតី George W. Bush បានបង្ហាញពិភពលោកដើម្បីកំចាត់របបសាដាម ហ៊ូសេន។
តែបញ្ហានៅត្រង់ថា គ្មានអាវុធប្រល័យលោកធុនណាមួយត្រូវបានអាមេរិករកឃើញនៅក្រោយការដួលរលំរបបសាដាម ហ៊ូសេន ហើយនៅ ២០ឆ្នាំក្រោយមក អាមេរិកនៅតែរកមិនឃើញអាវុធប្រល័យលោករបស់សាដាម ហ៊ូសេនដដែល។ ផ្ទុយទៅវិញ និងអ្វីដែលជាលទ្ធផលកើតចេញពីប្រតិបត្តិការវាយប្រហារអ៊ីរ៉ាក់របស់អាមេរិកក្នុងឆ្នាំ ២០០៣ គឺជាការចាប់ផ្តើមផ្ទុះឡើងនូវសម័យកាលក្រឡាប់ចាក់ និងបង្ហូរឈាមដែលប្រទេសនៅតំបន់ឈូងសមុទ្រពែក្សមួយនេះមិនធា្លប់ជួបប្រទះនៅក្នុងប្រវត្តិរបស់ខ្លួនទេ។ ធ្លាក់ក្នុងសង្រ្គាមស៊ីវិលហែកហួរផ្ទៃក្នុងគួរឲ្យរន្ធត់នៅចន្លោះឆ្នាំ ២០០៦ និង ២០០៨។ បន្ទាប់មក ទឹកដីមួយភាគត្រូវបានស្ថិតក្រោមការកាន់កាប់របស់អង្គការរដ្ឋអ៊ីស្លាម។
គេត្រូវរង់ចាំដល់ឆ្នាំ ២០១១ ទើបអាមេរិកបានសម្រេចដកទ័ពចេញពីអ៊ីរ៉ាក់។ តែគេមិនត្រូវភ្លេចនិយាយទេថា សង្រ្គាមអាមេរិកនៅអ៊ីរ៉ាក់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១១ បានបណ្តាលឲ្យស្លាប់ជនស៊ីវិលអ៊ីរ៉ាក់ជាង ១០០ ០០០នាក់ ហើយអាមេរិកបានបញ្ជាក់ពីការស្លាប់ទាហានអាមេរិកជិត ៤ ៥០០នាក់។ ថ្ងៃនេះ និង ២០ឆ្នាំក្រោយមក រដ្ឋអំណាចអ៊ីរ៉ាក់មិនថាថ្នាក់សហព័ន្ធ និងថ្នាក់តំបន់ទេ គឺមិនបានគ្រោងរៀបចំពិធីអ្វីសម្រាប់ខួប ២០ឆ្នាំនៃការចូលឈ្លានពានរបស់អាមេរិកឡើយ។ មួយវិញទៀត នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mohamed Chia al-Soudani មិនបានលើកឡើងជាសាធារណៈពីការឈ្លានពានរបស់អាមេរិកទេ តែជាការដួលរលំរបបផ្តាច់ការសាដាម ហ៊ូសេន។ សម្រាប់លោក Mohamed Chia al-Soudani អ៊ីរ៉ាក់រម្លឹកថ្ងៃនេះនូវការឈឺចាប់របស់ពលរដ្ឋខ្លួនដោយសារសង្រ្គាមគ្មានន័យនារយៈពេលប៉ុន្មានឆ្នាំនេះ។
គេអាចនិយាយបានជារួមថាសព្វថ្ងៃ អ៊ីរ៉ាក់ហាក់បានរកឃើញឡើងវិញខ្លះៗនូវស្ថានភាពប្រក្រតីរបស់ខ្លួន។ ការបោះឆ្នោតត្រូវបានរៀបចំច្រើនដងដោយមានការចូលរួមពីគណបក្សច្រើន ហើយសេរីភាពក្នុងការបញ្ចេញមតិត្រូវបានធានា។ តែនេះគ្រាន់ជាទ្រឹស្តីប៉ុណ្ណោះ ព្រោះការអនុវត្តន៍ជាក់ស្តែងជារឿងផ្សេង និងស្មុគស្មាញខ្លាំងណាស់។ នៅក្រោយការបោះឆ្នោតសភាក្នុងខែតុលា ឆ្នាំ ២០២១ ការជជែកដេញដោល តថ្លៃគ្នារវាងគណបក្សជាប់ឆ្នោតដើម្បីបង្កើតរដ្ឋាភិបាលថ្មីបានប្រើពេលរហូតដល់ទៅមួយឆ្នាំ។ ចំណែកបេសកកម្មរបស់អង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់បានរៀបរាប់ពីបរិយាកាសអាប់អួរ និងបំភ័យដល់សេរីភាពក្នុងការបញ្ចេញមតិ។
ក្រៅពីស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គមដែលមានតែសំបកក្រៅ នៅមានបញ្ហាជាច្រើនផ្សេងទៀតដែលអ៊ីរ៉ាក់បាន និងកំពុងបន្តជួបប្រទះ ក្នុងនោះមានអំពើពុករលួយ ការធ្វេសប្រហែសរបស់ថ្នាក់ដឹកនាំ ការតស៊ូមិនស្មោះត្រង់របស់ថ្នាក់ដឹកនាំដើម្បីអំណាច និងឥទ្ធិពលរបស់ប្រទេសជិតខាងធំៗ ពិសេសអ៊ីរ៉ង់។ តាមអង្គការក្រៅរដ្ឋាភិបាល Transparency Internationa អ៊ីរ៉ាក់ស្ថិតក្នុងចំណាត់ថ្នាក់ទី១៥៧នៃចំណោម១៨០ប្រទេសពុករលួយ។ ក្នុងចំណោមរដ្ឋាភិបាលដែលបានឡើងកាន់អំណាចបន្តបន្ទាប់គ្នាតាំងពីឆ្នាំ ២០០៣ គ្មានរដ្ឋាភិបាលណាមួយអាចកំចាត់អំពើពុករលួយស៊ីរូងផ្ទៃក្នុងប្រទេសបានទេ ពិសេសនៅក្នុងវិស័យសុខាភិបាល និងសេវាសាធារណៈ។ គ្មានរដ្ឋាភិបាលណាមួយបានយកចិត្តទុកដាក់ និងគិតប្រយោជន៍ពលរដ្ឋជាធំទេ។
ប្រជាជនត្រូវបានគេទុកចោលឲ្យស្វែងរកជោគវាសនាអនាគតដោយខ្លួនឯង។ នៅក្នុងប្រទេសមួយដែលសម្បូរប្រេង មានប្រជាជនដល់ទៅ ១ភាគ៣ កំពុងរស់នៅក្រោមខ្សែបន្ទាត់ក្រីក្រ។ នៅក្នុងប្រទេសមួយដែលសម្បូរប្រេងតែបែរជាខ្វះភ្លើងអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃទៅវិញ ហើយមានពេលខ្លះ ការដាច់ភ្លើងមានរយៈពេលដល់ទៅ ១២ម៉ោងឯណោះ។ ២០ឆ្នាំក្រោយការដួលរលំរបបសាដាម ហ៊ូសេន អ៊ីរ៉ាក់ហាក់កំពុងស្ថិតឆ្ងាយពីការពិត និងពីក្តីរំពឹងទុក។ ការពី ២០ឆ្នាំមុន ពលរដ្ឋអ៊ីរ៉ាក់ទូទៅបានសាទរ និងត្រេកត្រអាលនឹងការដួលរលំរបបសាដាម ហ៊ូសេនដោយគិតថា អនាគតក្រោយសាដាម ហ៊ូសេននឹងរុងរឿងថ្លៃថ្លា។
តែពេលនេះ និង ២០ឆ្នាំក្រោយមក ពលរដ្ឋអ៊ីរ៉ាក់បែរជាកំពុងរងការឈឺចាប់ និងទុក្ខវេទនាទៅវិញ ហើយមានអ្នកខ្លះស្តាយក្រោយថា បើទុករបបសាដាម ហ៊ូសេនប្រហែលជាគ្រាន់បើជាងរបបសព្វថ្ងៃ៕
3/20/2023 • 5 minutes, 46 seconds តើវិស័យអចលនទ្រព្យនៅកម្ពុជាវិវត្តន៍បែបណាក្នុងឆ្នាំ២០២៣?
វិស័យអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន បន្តស្ថិតក្រោមសម្ពាធ ហើយនឹងមិនងាយងើបត្រលប់មកមានកំណើនខ្ពស់ដូចពីមុនវិបត្តិជំងឺកូវីដ១៩បាននោះទេ។ វិស័យនេះទំនងបន្ដដើរអូសជើងក្នុងរយៈពេលយូរជាងការរំពឹងទុក ព្រោះតែកម្ពុជាត្រូវប្រឈមវិបត្តិសកលនានា។ តើវិស័យអចលនទ្រព្យនៅកម្ពុជាវិវត្តន៍បែបណាក្នុងឆ្នាំ២០២៣? ហើយតើអ្វីជាបទពិសោធទាញចេញពីវិបត្តិអចលនទ្រព្យនៅកម្ពុជាកាលពីឆ្នាំ២០០៨?
វិស័យអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន បន្តស្ថិតក្រោមសម្ពាធ ហើយទំនងមិនអាចងើបមកមានកំណើនខ្ពស់ដូចពីមុនវិបត្តិជំងឺកូវីដ១៩បាននោះទេ។ វិស័យនេះទំនងបន្ដមានកំណើនយឺតយ៉ាវ ក្នុងរយៈពេលយូរជាងការរំពឹងទុក។
វិស័យអចលនទ្រព្យ និងការរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា
ផ្អែកតាមមន្រ្ដីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានលើកឡើងនៅវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៣ កាលពីចុងខែមករាឆ្នាំនេះ វិស័យសំណង់ និងអចលនទ្រព្យត្រូវគេព្យាករណ៍ថា ងើបឡើងយឺតក្នុងឆ្នាំ២០២៣។ វិស័យនេះរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រាប្រមាណ ១០ភាគរយក្នុងមួយឆ្នាំ។ នៅក្នុងឆ្នាំ២០២៣ វិស័យសំណង់ និងវិស័យអចលនទ្រព្យ មានកំណើនត្រឹមតែនៅរង្វង់ ១,១ភាគរយ ឬ១,២ភាគរយប៉ុណ្ណោះ។
ជាតម្លៃបន្ថែម វិស័យសំណង់ និងអចលនទ្រព្យមានទំហំ១៥%នៃទំហំសេដ្ឋកិច្ចជាតិ។ យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋាភិបាលនឹងភាគីពាក់ពន្ធ័នឹងពិភាក្សារិះរិកវិធានការជាដំណោះស្រាយយ៉ាងណាកុំអោយវិស័យនេះដួលរលំដោយសារខ្វះឥណទាន។ ភាគីពាក់ពន្ធ័ទាំងនោះមានដូចជា ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ អាជ្ញាធរអចលនទ្រព្យ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងនិយតករអចលនទ្រព្យ។
តើអ្វីជាកត្តាជំរុញឱ្យវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាកើនឡើង ក្រោយវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០០៨?
ប្រភពហិរញ្ញប្បទាន ឬគេស្គាល់សាមញ្ញាថា កម្ចី ដែលមានអត្រាការប្រាក់ទាប និងមានការប្រកួតប្រជែងគ្នារវាងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាកត្តាចម្បងសម្រាប់កំណើនអចលនទ្រព្យ។ នៅពេលការប្រាក់កម្ចីមានកម្រិតទាប ប្រជាជនមាននិន្នាការប្រើប្រាស់កម្ចី ដើម្បីទិញរបស់ប្រើប្រាស់ រួមទាំងសេវាបង់រំលោះផ្ទះ ដី និងរបស់ប្រើប្រាស់ផ្សេងៗ។
ក្រៅពីនេះ កត្តាចម្បងផ្សេងៗ រួមមាន ការកើនឡើងនៃចំនួនប្រជាជនដែលមានប្រាក់ចំណូលមធ្យម ការកើនឡើងចំនួនប្រជាជនដែលទើបរៀបការថ្មីថ្មោង និងការធ្វើចំណាកស្រុករបស់ប្រជាជនកាន់តែច្រើនពីតាមបណ្ដាខេត្តមកទីក្រុង ជាពិសេសគឺទីក្រុងភ្នំពេញ គឺជាកត្តាចម្បងដែលជំរុញឱ្យកំណើនតម្រូវការអចលនទ្រព្យ លំនៅដ្ឋាន និងដីធ្លីពាណិជ្ជកម្មបន្ដកើនឡើង។ នៅពេលនិន្នាការមនុស្សទៅរស់នៅទីណា នោះតម្លៃដីធ្លីនៅទីនោះនឹងកើនឡើង។ ការទិញលក់រយៈពេលខ្លី ឬជាភាសាបច្ចេកទេស “ការឆ្លៀតឱកាសរកចំណេញ ឬ Speculation” ក៏ជំរុញឱ្យមានការប្រែប្រួលថ្លៃអចលនទ្រព្យខ្លាំងផងដែរ ព្រោះនៅពេលដែលរបស់មួយបន្ដកើនឡើង មនុស្សមាននិន្នាការទិញលក់ដើម្បីបានផលចំណេញក្នុងរយៈពេលខ្លី។
តើអ្វីខ្លះជាបទពិសោធពីវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ និងផលប៉ះពាល់លើវិស័យអចលនទ្រព្យនៅកម្ពុជា?
នៅឆ្នាំ២០០៨ ធនាគារជាតិនៃកម្ពុជាបានកម្រិតប្រាក់កម្ចី សម្រាប់វិស័យអចលនទ្រព្យ និងសំណង់ត្រឹមតែ ៨%នៃផលប័ត្រប្រាក់កម្ចីសរុប ឬគេស្គាល់ជាភាសាបច្ចេកទេស “Loan Portfolios” របស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ។ វិធានការនេះបានរុញច្រានឱ្យវិស័យនេះត្រូវជាប់គាំងបន្ដិចផងដែរ ព្រោះថាគម្រោងអភិវឌ្ឍន៍អចលទ្រព្យភាគច្រើនបំផុត គឺប្រើប្រាស់កម្ចី។ ដូច្នេះ នៅពេលម្ចាស់គម្រោងមិនអាចទទួលបានកម្ចី ពួកគេនឹងបញ្ឍប់គម្រោង ហើយចុងក្រោយគម្រោងយ៉ាងច្រើននឹងជាប់គាំង រហូតដល់វិស័យទាំងមូល។ នេះប្រហែលជាមូលហេតុមួយដែលធនាគារជាតិនៃកម្ពុជា នាពេលបច្ចុប្បន្ន មិនដាក់ចេញនូវវិធានការបែបនេះ។
គិតមកដល់ឆ្នាំ២០២២ កម្ចីធនាគារដែលផ្តល់ដល់វិស័យធំៗបានកើនឡើង ១៩,៣ភាគរយ បើធៀបនឹងឆ្នាំមុន នៅពេលដែលវិស័យសំណង់ និងអចលនទ្រព្យទទួលបានប្រហែល១៨ភាគរយនៃទំហំទឹកប្រាក់កម្ចីសរុបចំនួន ៤៦ពាន់លានដុល្លារអាមេរិក។
បច្ចុប្បន្នភាពនៃវិបត្តិសកលអន្ដរជាតិ
ការដើរយឺតនៃវិស័យអចលទ្រព្យនៅកម្ពុជាមិនអាចកាត់ផ្ដាច់ពីវិបត្តិសកលផ្សេងៗនាពេលបច្ចុប្បន្នបានទេ។ ភាពអាប់អួនៅតែបន្ដកើនឡើងមាននៅក្នុងសេដ្ឋកិច្ចពិភពលោក។ ផ្អែកតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) សកម្មភាពសេដ្ឋកិច្ចសកលជារួមកំពុងធ្លាក់ចុះច្រើន និងខ្លាំងជាងការរំពឹងទុក។ កម្រិតអតិផរណាបានកើនឡើងខ្ពស់ខ្លាំង ប្រៀបធៀបក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។ វិបត្តិនៃការឡើងថ្លៃការចំណាយក្នុងការរស់នៅ ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុនៅក្នុងតំបន់ភាគច្រើន ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរីករាលដាលនៃជំងឺកូវីដ១៩ បានរួមចំណែកបន្ថែមទម្ងន់ទៅលើការធ្លាក់ចុះកំណើនសេដ្ឋកិច្ច។
ក្រៅពីនេះកត្តាភូមិសាស្ត្រនយោបាយក៏ជះឥទ្ធិពលខ្លាំងផងដែរលើពិភពលោក។ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ កត្តាភូមិសាស្ត្រនយោបាយមិនសូវជះឥទ្ធិពលទេលើសេដ្ឋកិច្ចសកល និងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ ពិភពលោកពីមុននេះមានទំនាក់ទំនងអន្តរជាតិល្អ និងមានស្ថិរភាព ហើយការជឿទុកចិត្តគ្នារវាង ប្រទេសមហាអំណាចមានកម្រិតខ្ពស់។ កត្តានេះអំណោយផលខ្លាំងណាស់ដល់កំណើនសេដ្ឋកិច្ចខ្ពស់ និងការវិនិយោគ។ ក៏ប៉ុន្តែ អ្វីៗបានផ្លាស់ប្ដូរ ជាពិសេស ក្រោយការប្រឈមមុខដាក់គ្នារវាងមហាអំណាចចិន និងអាមេរិក រហូតមកដល់ពេលបច្ចុប្បន្ន។ ផ្អែកតាមអ្នកជំនាញ ដោយសារការប្រជែងភូមិសាស្ដ្រនយោបាយនឹងបន្ដកើតមានឡើងនៅច្រើនឆ្នាំខាងមុខ គេមិនគួររំពឹងខ្ពស់អំពីការវិលត្រលប់មកវិញឆាប់ៗនោះទេនូវកំណើនសេដ្ឋកិច្ច និងការវិនិយោគខ្លាំងខ្លាដូចពីមុន៕
3/20/2023 • 5 minutes, 25 seconds ប្រឈមនឹងការផ្តុំគ្នារករឿងពីលោកខាងលិច ចិន ប្តេជ្ញាពង្រឹងសមត្ថភាពបច្ចេកវិទ្យាទំនើបដោយខ្លួនឯង
ជាមួយនឹងការចូលកាន់ការងារ នៃរដ្ឋាភិបាលថ្មីរបស់ចិន ចិនបានប្រកាសគំរោងដ៏ធំជាច្រើន ដើម្បីធ្វើកំណែទម្រង់លើស្ថាប័នខ្លួន ជាពិសេសនៅក្នុងវិស័យស្រាវជ្រាវបច្ចេកវិទ្យាទំនើប។ ជាការធ្វើកំណែទម្រង់ ដែលចិនអះអាងថា ដើម្បីពង្រឹងសមត្ថភាព និងស្វ័យភាពរបស់ចិនខ្លួនឯង នៅក្នុងវិស័យបច្ចេកវិទ្យាទំនើប ដោយមិនពឹងបច្ចេកវិទ្យាគេ ខណៈដែលបច្ចុប្បន្ននេះ ក្រុមប្រទេសលោកខាងលិច កំពុងតែផ្តុំគ្នា រករឿងចិនកាន់តែខ្លាំង នៅក្នុងវិស័យយុទ្ធសាស្ត្រនេះ។
កាលពីថ្ងៃអង្គារសប្តាហ៍កន្លងទៅ រដ្ឋាភិបាលថ្មីរបស់ចិន បានប្រកាសនូវផែនការធ្វើកំណែទម្រង់ជាច្រើន ទៅលើស្ថាប័នរដ្ឋ។ ផែនការកំណែទម្រង់ស៊ីជំរៅ ដែលនឹងត្រូវអនុម័តជាផ្លូវការដោយសភាប្រជាមានិតចិន នៅថ្ងៃសុក្រខាងមុខនេះ។ អ្វីដែលជាការកត់សំគាល់ធំបំផុតនោះ គឺផែនការកំណែទម្រង់ ទៅលើវិស័យបច្ចេកវិទ្យាទំនើប
តាមរយៈផែនការកំណែទម្រង់នេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបរបស់ចិន នឹងត្រូវពង្រឹងតួនាទីទទួលខុសត្រូវ ដូចជាក្នុងការរៀបចំសម្របសម្រួល និងជួយជំរុញឲ្យការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្លាយចេញជាលទ្ធផលជាក់ស្តែង ក្នុងការអនុវត្ត។ ក្រសួងដ៏សំខាន់នេះ នឹងមានកាតព្វកិច្ចផងដែរ ធ្វើយ៉ាងណា ផ្តល់សន្ទុះឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដល់បណ្តាញស្រាវជ្រាវ រកគំនិតច្នៃប្រឌិតថ្មី និងក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។
ចិននឹងបង្កើតផងដែរ នូវស្ថាប័នថ្មីមួយ ឈ្មោះថាការិយាល័យជាតិគ្រប់គ្រងទិន្នន័យ ដែលនឹងមានតួនាទី ចាត់ចែងគ្រប់គ្រងទិន្នន័យលើបណ្តាញអ៊ីនធ័រនិត។ ស្ថាប័នថ្មីនេះ ក៏នឹងត្រូវជួយលើកកំពស់ជាទូទៅ ដល់វិស័យសេដ្ឋកិច្ចលើបណ្តាញបច្ចេកវិទ្យា និងរៀបចំបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីនិងចាំបាច់ ដើម្បីអភិវឌ្ឍន៍វិស័យនេះ។ អំណេះតទៅ សហគ្រាស អាជ្ញាធររដ្ឋ អ្នកស្រាវជ្រាវ ក៏ដូចជាវិស្វករចិនទាំងអស់ នឹងត្រូវរួមកម្លាំងគ្នា ប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹងសមត្ថភាពជាតិ ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិត។ ជាផែនការដ៏ចាំបាច់ ដើម្បីឲ្យចិនអាចមានកម្លាំង ប្រឈមជាមួយការដាក់ឧបសគ្គ កាន់តែច្រើនឡើងៗ ពីសំណាក់រដ្ឋាភិបាលអាមេរិក និងបក្សពួកសម្ព័ន្ធមិត្តលោកខាងលិច មកលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន។
គួរកត់សំគាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២ បានចាប់ផ្តើមប្រកួតប្រជែងគ្នាកាន់តែខ្លាំង និងយ៉ាងចំហបំផុត នៅក្នុងវិស័យបច្ចេកវិទ្យាទំនើប តួយ៉ាងដូចជាក្នុងវិស័យផលិតឧបករណ៍សឺមីកុងដុកទ័រ។ ឧបករណ៍នេះ គឺជាធាតុផ្សំយ៉ាងសំខាន់ ដែលគេត្រូវការជាចាំបាច់ ដើម្បីផលិតសម្ភារៈបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទដៃស្មាតហ្វូន រថយន្តទំនើប ឬក៏គ្រឿងអាវុធយុទ្ធភណ្ឌទំនើបផ្សេងៗ។ ដោយលើកឡើង ពីហេតុផលសន្តិសុខជាតិ រដ្ឋាភិបាលអាមេរិក បានចេញបទបញ្ជា ដាក់ទណ្ឌកម្មទៅលើសហគ្រាសចិន ដែលផលិតឧបករណ៍សឺមីកុងដុកទ័រ។ អាមេរិកបានហាមឃាត់មិនឲ្យក្រុមហ៊ុនចិនទាំងនោះ អាចទទួលយកបច្ចេកវិទ្យាទំនើបរបស់អាមេរិក យកទៅប្រើដើម្បីផលិតឧបករណ៍សឺម៉ីកុងដុកទ័រនៅចិន។
នៅក្នុងពេលប្រកាសអំពីផែនការកំណែទម្រង់ កាលពីថ្ងៃអង្គារសប្តាហ៍មុន លោក Xioa Jie អគ្គលេខាធិការរដ្ឋាភិបាលចិន បានលើកឡើងថា អំណេះតទៅ ចិនត្រូវតែប្រឹងប្រែងប្រឈមជាមួយ ការលំបាក ឧបសគ្គជាច្រើន ដែលត្រូវបានដាក់ដោយការប្រកួតប្រជែងអន្តរជាតិ នៅក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ លោកទទួលស្គាល់ថា ឧបសគ្គទាំងនេះ គឺវាគួបផ្សំបន្ថែម ដោយការប្រមូលផ្តុំគ្នារបស់បរទេស ដើម្បីធ្វើបាប និងដាក់សំពាធមកលើចិន។ ដូច្នេះ ចិនត្រូវតែរៀបចំ ពង្រឹងសមត្ថភាពខ្លួន ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា ធ្វើយ៉ាងណា អាចយកឈ្នះឧបសគ្គលំបាកទាំងនេះ ហើយនិងឈានទៅមានស្វ័យភាព មិនពឹងអ្នកដ៏ទៃ នៅក្នុងវិស័យនេះ។
សូមបញ្ជាក់ថា ក្រៅពីផែនការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋ រដ្ឋាភិបាលថ្មីរបស់ចិន ក៏មានគម្រោងផងដែរ ក្នុងការកាត់បន្ថយបុគ្គលិកចំនួន៥% ពីតាមស្ថាប័នរដ្ឋ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ័រ បុគ្គលិកទាំងនេះនឹងត្រូវគេដកយកទៅដាក់ វិស័យមួយចំនួនផ្សេងទៀតដែលត្រូវការសមត្ថភាពនិងកម្លាំង។ ក្រៅពីនេះ អង្គភាពគ្រប់គ្រងវិស័យធនាគារនិងធានារ៉ាប់រ៉ងចិនបច្ចុប្បន្ននេះ នឹងត្រូវជំនួសដោយ ស្ថាប័នថ្មីមួយ ដែលនឹងមានតួនាទីគ្រប់គ្រងវិស័យហិរញ្ញវត្ថុទាំងមូលតែម្តង។ នៅក្នុងសុន្ទរកថា ចូលកាន់តំណែងអាណត្តិទី៣ លោកប្រធានាធិបតីស៊ី ជីនពីងបានថ្លែងថា ចិនត្រូវពង្រឹងសមត្ថភាពខ្លួនក្នុងការផលិត។ លោកបន្តថា ប្រទេសដែលមានប្រជាជន ដល់ទៅ១៤០០លាននាក់ដូចជាចិន មិនអាចពឹងអ្នកណាផ្សេង ក្រៅពីពឹងខ្លួនឯងឡើយ ដើម្បីឈានទៅកសាងវិស័យកាម្មន្តសាលខ្លាំងរឹងមាំ ទំនើបថ្មី ហើយកាន់តែគោរពបរិស្ថានធម្មជាតិ។
គួរកត់សំគាល់ដែរថា បច្ចុប្បន្ននេះ ខណៈដែលសេដ្ឋកិច្ចសកលលោកកំពុងតែជួបវិបត្តិរាំងស្ទះរួចទៅហើយ សេដ្ឋកិច្ចចិនកំពុងតែរងសំពាធ ដោយសារតែប្រទេសលោកខាងលិចជាច្រើន ចាប់ផ្តើមងាកមុខចេញពីចិន។ ប្រទេសខ្លះ ដូចជា ឥណ្ឌា និងវៀតណាមជាដើម បានក្លាយជាគូប្រកួតប្រជែងរបស់ចិន នៅលើទីផ្សារផលិតកម្ម។ ចិនត្រូវប្រឹងគ្រប់មធ្យោបាយ ដើម្បីទាក់ទាញក្រុមហ៊ុនបរទេស ឲ្យបន្តវិនិយោគ ឬបញ្ជាទិញជាមួយក្រុមហ៊ុនខ្លួន។
តាមការគ្រោងទុក រដ្ឋសភាប្រជាមានិតចិន នឹងបោះឆ្នោតអនុម័តផែនការកំណែទម្រង់ទាំងអស់របស់រដ្ឋាភិបាល នៅថ្ងៃសុក្រទី ១៧មីនា។ លទ្ធផលបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ ដែលនឹងគ្មាននរណាភ្ញាក់ផ្អើលនោះទេ។ លោក Changhao Wei អ្នកស្រាវជ្រាវម្នាក់នៅសកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក បានពន្យល់ថា តាមធម្មតា សភាចិនតែងតែបោះឆ្នោតគាំទ្រ ផែនការកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ស្នើមក នៅរៀងរាល់ពេលចាប់ផ្តើមអាណត្តិ៥ឆ្នាំថ្មី របស់ប្រធានាធិបតីចិន។ លោកអះអាងថា ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ ជាមួយនឹងគណបក្សកុម្មុយនីស្តចិន ក៏អាចមានការវិវឌ្ឍន៍ថ្មីបន្ថែមដែរ ជាមួយនឹងផែនការកំណែទម្រង់លើកនេះ។ ជាងនេះទៀត គឺវាអាចទៅរួច ដែលលោកស៊ី ជីនពីង និងគណបក្សកុម្មុយនីស្តចិន នឹងប្រើប្រាស់ផែនការកំណែទម្រង់នេះ ដើម្បីរឹតបន្តឹងក្តាប់អំណាចគ្រប់គ្រងកាន់តែខ្លាំងឡើងថែមទៀត៕
3/14/2023 • 5 minutes, 53 seconds ឈ្វេងយល់អំពីការដួលរលំធនាគារដ៏ធំមិនធ្លាប់មាននៅអាមេរិកចាប់តាំងពីឆ្នាំ២០០៨
ទីផ្សារហិរញ្ញវត្ថុនៅទូទាំងពិភពលោក កំពុងតែរំជើបរំជួលយ៉ាងខ្លាំង ក្រោយពីមានការដួលរលំធនាគារឈ្មោះ SVB (Silicon Valley Bank) ដែលជាធនាគារដ៏ធំមួយ នៅអាមេរិក កាលពីថ្ងៃសុក្រ។ ការដួលរលំធនាគារដ៏ធំមួយនេះកំពុងតែធ្វើឲ្យមានក្តីបារម្ភ អំពីការរីករាលដាល ទៅជាវិបត្តិហិរញ្ញវត្ថុទ្រង់ទ្រាយធំ ដូចកាលពីវិបត្តិហិរញ្ញវត្ថុសកល កាលពីឆ្នាំ២០០៨កន្លងទៅ។ តើហេតុអ្វីបានជាធនាគារដ៏ធំមួយ ស្រាប់តែត្រូវដួលរលំភ្លាមៗ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃបែបនេះ?
ធនាគារអាមេរិក ដែលរលំ កាលពីថ្ងៃសុក្រកន្លងទៅនេះ មានឈ្មោះថា Silicon Valley Bankហៅកាត់ដោយខ្លីថា SVBភាគច្រើនរកស៊ីជាមួយក្រុមហ៊ុនប្រភេទ Startup នៅក្នុងវិស័យបច្ចេកវិទ្យា។ SVB គឺជាធនាគារដ៏ធំលំដាប់ទី ១៦ នៅអាមេរិក មានទ្រព្យសកម្មរហូតដល់ទៅជាង ២០០ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ២០២២កន្លងទៅ។
មូលហេតុដែលនាំឲ្យធនាគារ SVB ត្រូវដួលរលំនៅពេលនេះ បើនិយាយឲ្យខ្លី គឺមកពីអតិថិជន នាំគ្នាសម្រុកទៅដកលុយចេញពីធនាគារ។ ក៏ប៉ុន្តែ ដំណើរដើមទង រហូតនាំទៅដល់ចលនាសម្រុកទៅដកលុយយ៉ាងគំហុកនេះ គឺវាមានជាប់ទាក់ទងទៅនឹងកត្តាច្រើនផ្សេងទៀត។
បញ្ហាចម្បងរបស់ធនាគារ SVB គឺចាប់ផ្តើមចេញពីការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក។ ការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលនេះ វាគឺជាវិធានការចម្បង ដើម្បីទប់ស្កាត់វិបត្តិអតិផរណា ក៏ប៉ុន្តែ វាបង្កើតជាបញ្ហា សម្រាប់ធនាគារ SVB ដែលធ្លាប់តែទាញផលចំណេញពីលំហូរសាច់ប្រាក់ ដោយសារអត្រាការប្រាក់ទាប។
បញ្ហាចម្បងទីមួយ គឺនៅត្រង់ថា ការដំឡើងអត្រាការប្រាក់ វាធ្វើឲ្យលំហូរសាច់ប្រាក់ទៅក្នុងវិស័យបច្ចេកវិទ្យាមិនសូវសម្បូរដូចមុន ធ្វើឲ្យកំណើនទីផ្សារមូលបត្រក្នុងវិស័យបច្ចេកវិទ្យាត្រូវយឺតយ៉ាវជាងមុន បង្កនូវផលប៉ះពាល់ទៅដល់ការរកស៊ីរបស់ SVB ដែលផ្តោតចម្បងទៅលើវិស័យបច្ចេកវិទ្យា។
បន្ថែមពីលើនេះទៅទៀត ការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាល វាក៏ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងផងដែរ ទៅលើតម្លៃមូលបត្របំណុលរយៈពេលវែង។
នៅក្នុងពេលបច្ចុប្បន្ននេះ មូលបត្របំណុលរយៈពេល ១០ឆ្នាំ របស់រតនាគារអាមេរិក អាចផ្តល់ការប្រាក់រហូតដល់ទៅ ៣,៩% ឯណោះ ក្នុងពេលដែលមូលបត្របំណុលប្រមាណជា ២១ពាន់លានដុល្លារ ដែលធនាគារ SVB មានក្នុងដៃ ហើយដែលភាគច្រើនជាមូលបត្របំណុលរតនាគារអាមេរិក អាចផ្តល់ការប្រាក់ត្រឹមតែ ១,៧៩% ប៉ុណ្ណោះ។
ក្នុងពេលជាមួយគ្នា ការធ្លាក់ចុះនៃលំហូរវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យា ធ្វើឲ្យក្រុមហ៊ុន Startup ដែលជាអតិថិជនរបស់ SVB ហើយដែលកន្លងមកនាំគ្នាយកលុយមកទុកក្នុងធនាគារ ក៏ចាប់ផ្តើមនាំគ្នាមកដកលុយពីធនាគារវិញ ដើម្បីយកទៅផ្គត់ផ្គង់តម្រូវការលំហូរសាច់ប្រាក់របស់ខ្លួន។
ប្រឈមនឹងតម្រូវការសាច់ប្រាក់ដើម្បីបើកឲ្យអតិថិជននេះ ធនាគារ SVB ក៏បានលក់ចេញមូលបត្រទាំង ២១ពាន់លានដុល្លារ ដោយសុខចិត្តខាតលុយរហូតដល់ទៅ ១,៨ពាន់លានដុល្លារ ហើយកាលពីថ្ងៃពុធ ៨មីនា ក្រៅពីបានប្រកាសឲ្យដឹងពីការខាតលុយ ១,៨ពាន់លានដុល្លារនេះ ធនាគារ SVB បានប្រកាសផងដែរ ដាក់លក់ភាគហ៊ុនថ្មីរបស់ខ្លួនចំនួន ២,២៥ពាន់ដុល្លា ដើម្បីប្រមូលលុយមកបំពេញតម្រូវការសាច់ប្រាក់។
ក៏ប៉ុន្តែ ដំណឹងមិនល្អទាំងពីរផ្ទួនៗគ្នា គឺធនាគារខាតលុយផង ហើយត្រូវការសាច់ប្រាក់ផងបែបនេះ វាធ្វើឲ្យភាគហ៊ុនរបស់ SVB ត្រូវធ្លាក់ដាំដូង ហើយភាគហ៊ុនថ្មី ដែលត្រូវលក់ ដើម្បីប្រមូលលុយមកបំពេញតម្រូវការសាច់ប្រាក់ ក៏មិនមានអ្នកចង់ទិញ។ ក្នុងពេលជាមួយគ្នា អតិថិជនមានលុយទុកក្នុងធនាគារ ក៏នាំគ្នាភ័យ ហើយសម្រុកមកដកលុយចេញពីធនាគារវិញ។
គ្រាន់តែនៅក្នុងថ្ងៃព្រហស្បតិ៍មួយ ធនាគារ SVB បានទទួលបញ្ជាដកលុយពីអតិថិជន គិតជាទឹកប្រាក់សរុបរហូតដល់ទៅ ៤២ពាន់លានដុល្លារ។ ចំណែកតម្លៃភាគហ៊ុនវិញ ត្រូវធ្លាក់ចុះរហូតដល់ទៅ ៦០%។
ចូលដល់ថ្ងៃសុក្រ ត្រឹមតែ ៤៨ម៉ោង ក្រោយពីប្រកាសខាតលុយ និងលក់ភាគហ៊ុនថ្មី ធនាគារ SVB ក៏ត្រូវរលំ ដោយការលក់ភាគហ៊ុនរបស់ធនាគារនៅលើទីផ្សារត្រូវបានបញ្ឈប់ ធនាគារទាំងមូលត្រូវបានអាជ្ញាធរបិទទ្វារ ហើយទ្រព្យរបស់ធនាគារត្រូវបានយកមកដាក់ក្រោមការចាត់ចែងជាបណ្តោះអាសន្នដោយរដ្ឋាភិបាលសហព័ន្ធអាមេរិក។
ដើម្បីស្តារទំនុកចិត្តលើប្រព័ន្ធធនាគារ និងជាពិសេស ដើម្បីរំងាប់ក្តីបារម្ភរបស់សាធារណជន និងបញ្ចៀសការសម្រុកទៅដកលុយពីធនាគារ រដ្ឋាភិបាលរបស់លោកចូ បៃដិន បានប្រកាសចេញមុខធានាលើលុយតម្កល់របស់អតិថិជនធនាគារ។ ក៏ប៉ុន្តែ គេនៅមិនទាន់អាចដឹងប្រាកដនៅឡើយទេថា តើការចេញមុខធានារបស់រដ្ឋាភិបាលនេះអាចនឹងទប់ទល់ការរីករាលដាលនៃវិបត្តិនេះបានប៉ុណ្ណា ដោយជាក់ស្តែង គេសង្កេតឃើញថា គិតត្រឹមថ្ងៃចន្ទនេះ តម្លៃភាគហ៊ុននៅលើទីផ្សារ នៅស្ទើរតែគ្រប់កន្លែងនៅទូទាំងពិភពលោក នៅតែបន្តធ្លាក់ចុះខ្លាំងនៅឡើយ ជាពិសេស ភាគហ៊ុនរបស់ធនាគារ៕
3/13/2023 • 4 minutes, 45 seconds តើការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ជាស្នាដៃរបស់អ៊ុ យក្រែន?
ជាង ៥ខែក្រោយមក សំណួរនៅតែចោទឡើងជុំវិញ ការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្នុងសមុទ្របាល់ទិក។ សេចក្តីរាយការណ៍ថ្មីចុងក្រោយ ដោយសារព័ត៌មានលោកខាងលិច បង្ហាញថា ការបំផ្ទុះបំពង់បង្ហូរឧស្ម័ននេះត្រូវបានធ្វើឡើងដោយក្រុមអ្នកគាំទ្រអ៊ុយក្រែន ក៏ប៉ុន្តែ ការលើកនេះត្រូវបានច្រានចោលដោយរដ្ឋាភិបាលក្រុងកៀវ។
បំពង់បង្ហូរឧស្ម័ន Nord Stream ដែលមានពីរខ្សែ (Nord Stream 1 និង Nord Stream 2) តភ្ជាប់ពីរុស្ស៊ី ឆ្លងកាត់សមុទ្របាល់ទិកមកប្រទេសអាល្លឺម៉ង់ ត្រូវផ្ទុះទាំងពីរខ្សែ កាលពីថ្ងៃទី២៦កញ្ញាកន្លងទៅ ហើយភ្លាមៗក្រោយពីហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័ននេះ គេនាំគ្នាដាក់ការសង្ស័យទៅលើរុស្ស៊ី។ ក៏ប៉ុន្តែ សម្មតិកម្មនេះត្រូវចោទជាសំណួរចម្បងមួយថា តើរុស្ស៊ីចាំបាច់ត្រូវបំផ្ទុះបំពង់ឧស្ម័នតម្លៃរាប់ពាន់លានដុល្លារនេះធ្វើអ្វី បើរុស្ស៊ីគឺជាម្ចាស់បំពង់បង្ហូរឧស្ម័ននេះស្រាប់ ហើយរុស្ស៊ីអាចបិទ ឬបើកការបង្ហូរឧស្ម័នតាមបំពង់នេះបានគ្រប់ពេលទៅតាមការចង់បាន។
កាលពីដើមខែកុម្ភៈកន្លងទៅនេះ អ្នកកាសែតស៊ើបអង្កេតដ៏ល្បីឈ្មោះមួយរូបរបស់អាមេរិក (Seymour Hersh) បានចុះផ្សាយអត្ថបទមួយ (ជាអត្ថបទផ្ទាល់ខ្លួន ចុះផ្សាយលើ Blog ផ្ទាល់ខ្លួន មិនតាមរយៈស្ថាប័នព័ត៌មាន) ចោទប្រកាន់អាមេរិកថា ជាអ្នកបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្នុងប្រតិបត្តិការសម្ងាត់ ដែលមានកិច្ចសហប្រតិបត្តិការពីសំណាក់ន័រវែស ហើយធ្វើឡើង ក្នុងអំឡុងសមយុទ្ធអូតង់ នៅក្នុងតំបន់សមុទ្របាល់ទិក។
ក៏ប៉ុន្តែ កាលពីថ្ងៃអង្គារ ៧មីនានេះ កាសែត The New York Times បានចុះផ្សាយ ដោយដកស្រង់ប្រភពពីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះថា ព័ត៌មានចារកិច្ចថ្មីចុងក្រោយបង្ហាញថា ការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ត្រូវបានធ្វើឡើងដោយក្រុមបុគ្គលឯកជន ដែលគាំទ្រអ៊ុយក្រែន ក៏ប៉ុន្តែ គេមិនមានភស្តុតាងបញ្ជាក់ថា លោកប្រធានាធិបតីហ្សេឡិនស្គី ឬក៏មន្រ្តីរបស់លោកមានជាប់ពាក់ព័ន្ធនៅក្នុងប្រតិបត្តិការនេះដែរឬក៏អត់នោះទេ។
នៅថ្ងៃអង្គារនេះដែរ កាសែតអាល្លឺម៉ង់ Die Zeit ព្រមទាំងបណ្តាញព័ត៌មានផ្សេងទៀតនៅអាល្លឺម៉ង់ ក៏បានចេញផ្សាយលទ្ធផលស៊ើបអង្កេតដាច់ដោយឡែកមួយទៀតផងដែរ។ ជាការស៊ើបអង្កេតធ្វើឡើងរួមគ្នាដោយបណ្តាញព័ត៌មានអាល្លឺម៉ង់ ដោយតាមរយៈការស៊ើបអង្កេតនេះ គេបានរកឃើញថា អាជ្ញាធរអាល្លឺម៉ង់ក៏បានរកឃើញតម្រុយ ពីការជាប់ពាក់ព័ន្ធជាមួយនឹងក្រុមបុគ្គលឯកជនអ៊ុយក្រែននេះដែរ ពោលគឺ ស្រដៀងគ្នាទៅនឹងអ្វីដែលបានចុះផ្សាយដោយកាសែត The New York Times។
យោងតាមការស៊ើបអង្កេតអាល្លឺម៉ង់ ប្រតិបត្តិការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ត្រូវបានធ្វើឡើងដោយមនុស្ស ៦នាក់ (ប្រុស ៥នាក់ ស្រីម្នាក់) ធ្វើដំណើរតាមនាវាមួយគ្រឿង ចេញពីកំពង់ផែ Rostock នៅប៉ែកខាងជើងប្រទេសអាល្លឺម៉ង់ ទៅកាន់កោះមួយរបស់ដាណឺម៉ាក ដែលមានទីតាំងនៅត្រង់ម្តុំដែលមានហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream។
គិតមកទល់នឹងពេលនេះ ក្រុមស៊ើបអង្កេតអាល្លឺម៉ង់នៅមិនទាន់អាចកំណត់អត្តសញ្ញាណជនទាំង ៦នាក់នេះបាននៅឡើយទេ ដោយសារតែពួកគេប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ដែលធ្វើឡើងដោយអ្នកជំនាញអាជីព។ ក៏ប៉ុន្តែ គេអាចកំណត់បានថា នាវាដែលជាប់សង្ស័យក្នុងប្រតិបត្តិការនេះ គឺជាប្រភេទនាវាកម្សាន្ត ជួលដោយក្រុមហ៊ុនមួយ ដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ូឡូញ ហើយមានម្ចាស់ជាជនជាតិអ៊ុយក្រែន។
មួយថ្ងៃក្រោយការចុះផ្សាយដោយបណ្តាញសារព័ត៌មាន រដ្ឋអាជ្ញាអាល្លឺម៉ង់បានសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃពុធដោយបានបញ្ជាក់ថា ក្រុមស៊ើបអង្កេតអាល្លឺម៉ង់ពិតជាបានរកឃើញនាវាកម្សាន្តដែលជាប់សង្ស័យក្នុងហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream នេះមែន ព្រមទាំងបានចូលឆែកឆេរ និងរកឃើញតម្រុយជាតិផ្ទុះនៅលើនោះ កាលពីពាក់កណ្តាលខែមករាកន្លងទៅ។
ទោះជាយ៉ាងណា អាល្លឺម៉ង់ ក៏ដូចជាអាមេរិក និងអង្គការអូតង់ បានបង្ហាញនូវភាពប្រយ័ត្នប្រយែង ដោយបានលើកឡើងថា គិតរហូតមកទល់នឹងពេលនេះ ការស៊ើបអង្កេតនៅមិនទាន់ចប់សព្វគ្រប់ ហើយក៏មិនទាន់បានរកឃើញភស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើការសន្និដ្ឋានណាមួយបានច្បាស់លាស់នៅឡើយនោះទេ។
ពីក្រុងកៀវវិញ រដ្ឋាភិបាលអ៊ុយក្រែនបានបដិសេធថា ខ្លួនមិនមានជាប់ពាក់ព័ន្ធណាមួយនឹងហេតុការណ៍ផ្ទុុះបំពង់បង្ហូរឧស្ម័ននេះទេ។ ចំណែកអ្នកនាំពាក្យវិមានក្រេមឡាំងវិញ អះអាងថា ការចុះផ្សាយដោយបណ្តាញព័ត៌មានថ្មីៗចុងក្រោយនេះ គឺគ្រាន់តែជាផ្នែកមួយនៃយុទ្ធនាការ ដើម្បីបំភាន់មតិសាធារណៈតែប៉ុណ្ណោះ។ បំភាន់មតិ ដើម្បីបង្វែរការសង្ស័យពីអ្នកទទួលខុសត្រូវពិតប្រាកដ ដែលបើតាមរុស្ស៊ី គឺសហរដ្ឋអាមេរិក។
រុស្ស៊ីក៏បានបង្ហាញនូវការមិនសប្បាយចិត្តផងដែរ ដែលខ្លួនមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការស៊ើបអង្កេតលើករណីបំផ្ទុះបំពង់បង្ហូរឧស្ម័ននេះ។ ការស៊ើបអង្កេត ដែលបច្ចុប្បន្នត្រូវបានធ្វើឡើងរួមគ្នាដោយអាល្លឺម៉ង់ ស៊ុយអែត និងដាណឺម៉ាក។ ជាថ្មីម្តងទៀត រុស្ស៊ីបន្តទាមទារឲ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ តាមរយៈការអនុម័តសេចក្តីសម្រេច នៅក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប៕
3/9/2023 • 4 minutes, 32 seconds ហេតុអ្វីគម្រោងផ្គត់ផ្គង់អ៊ីដ្រូសែនជប៉ុន-អូស្ត្រាលីមានភាពចម្រូងចម្រាស?
រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់លុយ ១ពាន់៥រយលានដុល្លារអាមេរិក សម្រាប់គម្រោងផលិតអ៊ីដ្រូសែននៅអូស្រ្តាលី ដើម្បីដឹកយកមកផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេសជប៉ុន។ នេះជាគម្រោងដ៏ធំសម្បើមមួយ ហើយក៏ជាគម្រោងដែលមានភាពចម្រូងចម្រាសច្រើនផងដែរ។ គេដឹងថា អ៊ីដ្រូសែនគឺជាប្រភេទថាមពល ដែលមិនបញ្ចេញឧស្ម័នកាបូនិក ដូច្នេះ គួរតែមានប្រយោជន៍ក្នុងការជួយទប់ស្កាត់ការឡើងកម្តៅផែនដី។ ក៏ប៉ុន្តែ តើហេតុអ្វីបានជាគម្រោងនេះត្រូវប្រឈមនឹងបញ្ហាចម្រូងចម្រាសបែបនេះទៅវិញ?
គម្រោងផ្គត់ផ្គង់ថាមពលអ៊ីដ្រូសែន ដែលគេឲ្យឈ្មោះជាភាសាអង់គ្លេសថា Hydrogen Energy Supply Chain ហៅកាត់ថា HESC ធ្លាប់បានទទួលទុនវិនិយោគពីសំណាក់រដ្ឋាភិបាលជប៉ុន និងអូស្រ្តាលី ក្នុងទំហំទឹកប្រាក់ជាង ៣០០លានដុល្លាររួចមកហើយ កាលពីពេលកន្លងមក សម្រាប់ដំណាក់កាលសិក្សាសាកល្បង។ ទុនវិនិយោគបន្ថែម ចំនួន ១ពាន់៥រយលានដុល្លារ ដែលរដ្ឋាភិបាលជប៉ុនទើបនឹងសម្រេចផ្តល់បន្ថែមនៅពេលនេះ គឺសម្រាប់ដំណាក់កាលសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឈានទៅផលិត និងធ្វើអាជីវកម្មថាមពលអ៊ីដ្រូសែន នៅក្នុងរង្វង់ឆ្នាំ២០៣០ខាងមុខ។
គម្រោងនេះមានគោលដៅផលិតឧស្ម័នអ៊ីដ្រូសែនជាជំហានដំបូងក្នុងចន្លោះពី ៣ម៉ឺន ទៅ ៤ម៉ឺនតោនក្នុងមួយឆ្នាំ មុននឹងត្រូវបង្កើនបន្តិចម្តងៗ រហូតដល់ជាង ២០ម៉ឺនតោនក្នុងមួយឆ្នាំ ដោយឧស្ម័នអ៊ីដ្រូសែននេះ ដែលផលិតចេញដំបូងជាឧស្ម័ន នៅក្នុងប្រទេសអូស្រ្តាលី នឹងត្រូវបំប្លែងជាអ៊ីដ្រូសែនរាវ ដើម្បីដឹកតាមកប៉ាល់ទៅផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេសជប៉ុន។
លុយវិនិយោគនៅក្នុងគម្រោងនេះ ត្រូវបានរដ្ឋាភិបាលជប៉ុនយកចេញពីមូលនិធិអភិវឌ្ឍបច្ចេកវិទ្យាថាមពលបៃតង ហើយបើយោងតាមក្រុមហ៊ុនគ្រប់គ្រងគម្រោង ថាមពលអ៊ីដ្រូសែន ដែលផលិតចេញពីគម្រោងនៅអូស្រ្តាលីនេះ នឹងជួយឲ្យជប៉ុនអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកប្រមាណជាជិត ២លានតោនក្នុងមួយឆ្នាំៗ ពោលគឺ ស្មើនឹងការបញ្ចេញឧស្ម័នដោយរថយន្តប្រើប្រេងរហូតដល់ទៅ ៣៥ម៉ឺនគ្រឿងឯណោះ។
ក៏ប៉ុន្តែ ថ្វីដ្បិតតែអ៊ីដ្រូសែនជាប្រភេទថាមពលមិនបញ្ចេញឧស្ម័នកាបូនិក នៅក្នុងដំណាក់កាលប្រើប្រាស់ នៅក្នុងដំណាក់កាលផលិតវិញ វាគឺជារឿងផ្សេង។ ប្រសិនបើការផលិតអ៊ីដ្រូសែនត្រូវធ្វើឡើងដោយប្រើអគ្គិសនីទៅបំបែកម៉ូលេគុលទឹក តាមវិធីអេឡិចត្រូលីស ហើយថាមពលអគ្គិសនីនេះទៀតសោតមានប្រភពចេញពីថាមពលបៃតង អ៊ីដ្រូសែនប្រភេទនេះទើបគេចាត់ទុកថាជាថាមពលបៃតង ដោយមិនបញ្ចេញឧស្ម័នកាបូនិកទាំងក្នុងដំណាក់កាលប្រើប្រាស់ និងក្នុងដំណាក់កាលផលិត។
បញ្ហាចោទចម្បងនៃគម្រោងផ្គត់ផ្គង់អ៊ីដ្រូសែនអូស្រ្តាលី-ជប៉ុន (HESC) គឺនៅត្រង់ថា អ៊ីដ្រូសែននឹងមិនត្រូវផលិតដោយប្រើវិធីអេឡិចត្រូលីសនេះទេ ផ្ទុយទៅវិញ គឺផលិតចេញពីធ្យូងថ្ម (Coal gasification) ដែលជាប្រភពចម្បងនៃការបញ្ចេញឧស្ម័នកាបូនិក។
យោងតាមការសិក្សាដោយវិទ្យាស្ថានស្រាវជ្រាវឯករាជមួយរបស់អូស្រ្តាលី ចុះផ្សាយ កាលពីឆ្នាំទៅមិញ ការផលិតអ៊ីដ្រូសែនដោយធ្យូងថ្ម នៅក្នុងគម្រោងអូស្រ្តាលី-ជប៉ុននេះ នឹងត្រូវបញ្ចេញឧស្ម័នកាបូនិកក្នុងចន្លោះពីជិត ៣លាន ទៅជិត ៤លានតោនក្នុងមួយឆ្នាំ ពោលគឺ ច្រើនជាងបរិមាណឧស្ម័នកាបូនិកដែលអាចកាត់បន្ថយក្នុងដំណាក់កាលប្រើប្រាស់អ៊ីដ្រូសែនរហូតដល់ទៅជិតពីរដងឯណោះ។
ដូច្នេះ បើគិតជាសរុបទៅ គម្រោងនេះមិនត្រឹមតែមិនអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកបាននោះទេ ក៏ប៉ុន្តែ មានតែនាំឲ្យការបញ្ចេញឧស្ម័នកាបូនិកត្រូវកើនឡើងទៅវិញ។ ហេតុដូច្នេះហើយបានជាគម្រោងនេះមានបញ្ហាចម្រូងចម្រាសច្រើន ដោយត្រូវប្រឈមនឹងការរិះគន់ ជាពិសេស ពីសំណាក់អង្គការ និងសកម្មជនការពារបរិស្ថាន។
ជាការពិតថា នៅក្នុងគម្រោងផ្គត់ផ្គង់អ៊ីដ្រូសែនអូស្រ្តាលី-ជប៉ុននេះ គេគ្រោងប្រើបច្ចេកវិទ្យា ដើម្បីស្រូបយកឧស្ម័នកាបូនិកពីការផលិតអ៊ីដ្រូសែន រួចហើយយកទៅស្តុកទុក នៅក្រោមដីបាតសមុទ្រអូស្រ្តាលី។ ក៏ប៉ុន្តែ បញ្ហាចោទ គឺនៅត្រង់ថា គិតមកទល់នឹងពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាស្រូបឧស្ម័នកាបូនិកនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ ហើយគេក៏នៅមិនទាន់ដឹងប្រាកដច្បាស់នៅឡើយដែរថា តើបច្ចេកវិទ្យានេះនឹងអាចរួចរាល់ដាក់ឲ្យដំណើរការបានទាន់ពេល ជាមួយនឹងការដាក់ឲ្យដំណើរការគម្រោងផលិតអ៊ីដ្រូសែននៅអូស្រ្តាលីនេះដែរឬក៏អត់។
ហេតុដូច្នេះហើយបានជាអង្គការការពារបរិស្ថានមួយនៅអូស្ត្រាលី (Environment Victoria) បានទទូចថា នៅក្នុងពេលដែលបច្ចេកវិទ្យាស្រូបឧស្ម័នកាបូនិកនៅមិនទាន់មានប្រសិទ្ធភាពបែបនេះ គេមិនគួរបង្កើតគម្រោងផលិតអ៊ីដ្រូសែនដោយប្រើធ្យូងថ្មនោះទេ ប្រសិនបើគេពិតជាមានចេតនាចង់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពិតមែន៕
3/8/2023 • 4 minutes, 2 seconds អ.ស.ប.រៀបចំគម្រោងតាមដានប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់ន ៅទូទាំងពិភពលោក
អង្គការឧតុនិយមពិភពលោក ដែលជាស្ថាប័នមួយរបស់អ.ស.ប.បានប្រកាសឲ្យដឹង នៅថ្ងៃចន្ទ អំពីការសម្រេចបង្កើតគម្រោងតាមដានជាក់ស្តែង អំពីប្រភពនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលជាដើមហេតុចម្បងនាំឲ្យភពផែនដីឡើងកម្តៅ។ តាមរយៈគម្រោងនេះ គេរំពឹងថា នឹងអាចស្វែងយល់កាន់តែច្បាស់ អំពីប្រភពឧស្ម័នផ្ទះកញ្ចក់ និងអាចចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័ន ដើម្បីទប់ស្កាត់ការឡើងកម្តៅផែនដី។
ការសម្រេចបង្កើតគម្រោងតាមដានប្រភពនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ត្រូវបានធ្វើឡើង កាលពីសប្តាហ៍មុន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់អង្គការឧតុនិយមពិភពលោក ដែលមានប្រទេសសមាជិកជាង ៣០ ក្នុងនោះរួមមានជាអាទិ៍ អាមេរិក ចិន រុស្ស៊ី និងឥណ្ឌា ហើយនឹងត្រូវដាក់ឆ្លងការអនុម័ត ដោយប្រទេសសមាជិកទាំង ១៩៣ នៅក្នុងកិច្ចប្រជុំ ដែលគ្រោងធ្វើ នៅក្នុងទីក្រុងហ្សឺណែវប្រទេសស្វ៊ីស នៅក្នុងខែឧសភាខាងមុខ ។
គោលដៅនៃគម្រោងនេះ គឺធ្វើយ៉ាងណាកំណត់យ៉ាងសុក្រឹត អំពីទីតាំងភូមិសាស្រ្ត ដែលជាប្រភពដើមនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលក្នុងនោះមានឧស្ម័ន៣ប្រភេទចម្បងៗ គឺ ឧស្ម័នកាបូនិក មេតាន និងឌីអាសូតម៉ូណូអុកស៊ីត។
គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះ ការតាមដានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រូវបានធ្វើឡើង តាមរយៈការប៉ាន់ស្មានដោយផ្អែកទៅលើទិន្នន័យនៃសកម្មភាពសេដ្ឋកិច្ច និងឧស្សាហកម្ម នៅក្នុងប្រទេសនីមួយៗ។
ជាឧទាហរណ៍ គេអាចប៉ាន់ស្មានបានថា ឧស្សាហកម្មផលិតដែកថែបក្នុងមួយតោនត្រូវបញ្ចេញឧស្ម័នកាបូនិកប៉ុន្មាន ដូច្នេះ បើគេដឹងថា នៅក្នុងប្រទេសណាមួយផលិតដែកថែបប៉ុន្មានតោនក្នុងមួយឆ្នាំ គេអាចប៉ាន់ស្មានជារួមបានថា ប្រទេសនោះបញ្ចេញឧស្ម័នកាបូនិកប៉ុន្មាន ពីការផលិតដែកថែបសរុបក្នុងមួយឆ្នាំ។
ជាទូទៅ ការបា៉ន់ស្មានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅតាមវិធីនេះ (ដែលគេតែងហៅជាភាសាអង់គ្លេសថា « bottom up approach ») ត្រូវបានធ្វើឡើង ដោយអនុវត្តទៅតាមបទដ្ឋានអន្តរជាតិ ដែលកំណត់ដោយអ្នកជំនាញអាកាសធាតុរបស់អ.ស.ប. ហៅកាត់ជាភាសាអង់គ្លេសថា IPCC។ ក៏ប៉ុន្តែ បើទោះជាធ្វើទៅតាមបទដ្ឋានអន្តរជាតិនេះក៏ដោយ នេះគ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ ហើយដោយសារតែមានភាពមិនច្បាស់លាស់ ជុំវិញការស្រូបឧស្ម័នកាបូនិកដោយយន្តការមួយចំនួន ជាពិសេស ដោយព្រៃឈើ និងមហាសមុទ្រ ដូច្នេះ វាអាចបង្កើតជាគម្លាតគ្នាខ្លាំង រវាងការប៉ាន់ស្មាន និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាក់ស្តែងទៅក្នុងបរិយាកាស។
ការវាស់វែងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយផ្ទាល់អាចធ្វើទៅបានតាមរយៈការសិក្សាទៅលើធាតុផ្សំគីមីក្នុងស្រទាប់បរិយាកាស ដើម្បីកំណត់អំពីបរិមាណ និងបម្រែបម្រួលនៃសារធាតុគីមី ដែលជាប្រភេទឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស។ ការវាស់វែងនេះអាចធ្វើទៅបាន តាមរយៈស្ថានីយ៍ដែលនៅលើដី ឬក៏តាមរយៈផ្កាយរណប ហើយគិតមកទល់នឹងពេលនេះ អង្គការឧតុនិយមពិភពលោកក៏មានកម្មវិធីតាមដាន និងវាស់វែងឧស្ម័នផ្ទះកញ្ចក់ក្នុងស្រទាប់បរិយាកាសដោយផ្ទាល់នេះដែរ ក៏ប៉ុន្តែ កម្មវិធីនេះវាស់វែងទៅលើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុបក្នុងមួយឆ្នាំៗ ជាលក្ខណៈទូទៅ នៅលើភពផែនដីទាំងមូល។ នេះមានន័យថា គេអាចដឹងបានត្រឹមតែថា ក្នុងមួយឆ្នាំៗ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុបមានប៉ុន្មាននៅទូទាំងពិភពលោកទាំងមូល ក៏ប៉ុន្តែ មិនអាចកំណត់បានជាក់លាក់ថា តើឧស្ម័នផ្ទះកញ្ចក់នេះមានប្រភពចេញពីប្រទេសណា ឬទីតាំងភូមិសាស្រ្តណាមួយពិតប្រាកដ។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ មន្ត្រីជាន់ខ្ពស់អង្គការឧតុនិយមពិភពលោកបានលើកឡើងថា ការដឹងត្រឹមតែការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុប ដោយមិនដឹងលម្អិតពីប្រភពរបស់វាបែបនេះ វាធ្វើឲ្យប្រទេសនីមួយៗ ឬក្រុមហ៊ុននីមួយៗ អាចដោះសារយករួចខ្លួន ហើយទម្លាក់ការទទួលខុសត្រូវទៅលើអ្នកផ្សេង។ ម្នាក់ៗអាចអះអាងថា ខ្លួនបានកាត់បន្ថយការបញ្ចេញឧស្ម័នប៉ុណ្ណេះ ឬប៉ុណ្ណោះ កាលពីឆ្នាំមុន ដោយសំអាងទៅលើការប៉ាន់ស្មានផ្អែកលើសកម្មភាពសេដ្ឋកិច្ចនិងឧស្សាហកម្មប្រចាំឆ្នាំ ក៏ប៉ុន្តែ គេមិនអាចដឹងបានថា តើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពិតជាក់ស្តែងមានទំហំប៉ុណ្ណាពិតប្រាកដ។
ហេតុដូច្នេះហើយបានជាអង្គការឧតុនិយមពិភពលោកសម្រេចបង្កើតគម្រោងតាមដានប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់នេះឡើង ហើយយោងតាមមន្ត្រីអង្គការឧតុនិយមពិភពលោក គម្រោងនេះ (Greenhouse Gas Monitoring Infrastructure) អាចនឹងបង្កើតជាផែនទី ដែលមានសញ្ញាសម្គាល់ បង្ហាញយ៉ាងលម្អិត អំពីបរិមាណនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅតាមទីតាំងភូមិសាស្រ្តនីមួយៗ ហើយលើសពីនេះទៅទៀត ទិន្នន័យនៅលើផែនទីនេះនឹងត្រូវគេអាប់ដេតជាលក្ខណៈទៀងទាត់ នៅរៀងរាល់មួយខែម្តង ពោលគឺខុសពីទិន្នន័យក្នុងការវាស់វែងបច្ចុប្បន្ន ដែលធ្វើឡើងនៅរៀងរាល់មួយឆ្នាំម្តង។
អង្គការសហប្រជាជាតិរំពឹងថា ការបង្កើនសុក្រឹតភាពក្នុងការតាមដានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នេះ អាចជាកត្តាចម្បងមួយ ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុ ចុះនៅទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥កន្លងទៅ ដែលបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដើម្បីទប់ស្កាត់ការឡើងកម្តៅផែនដីមិនឲ្យលើសពី ១,៥អង្សា៕
3/7/2023 • 4 minutes, 32 seconds តើប្រទេសស៊្វីសទប់ស្កាត់អតិផរណាដោយរបៀបណា?
ប្រទេសស៊្វីសបានបញ្ជៀសអតិផរណាដ៏ខ្លាំងក្លា ក្នុងពេលដែលប្រទេសផ្សេងៗទៀតនៅអឺរ៉ុបនៅតែបន្តប្រឈមនឹងការកើនឡើងតម្លៃទំនិញខ្ពស់កប់ពពក។ អតិផរណានៅប្រទេសស៊្វីសបានឡើងត្រឹមតែ៣,៥%នៅក្នុងឆ្នាំ២០២២ ពោលគឺទាបជាងឆ្ងាយពីប្រទេសផ្សេងៗនៅអឺរ៉ុប។ យោងតាមកាសែត CNBC លុយហ្វ្រង់ស្វ៊ីសមានស្ថិរភាពល្អ ការផ្គត់ផ្គង់ថាមពល និងការគ្រប់គ្រងតម្លៃទំនិញសំខាន់ៗដោយរដ្ឋ គឺជាកត្តាគន្លឹះដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសនេះអាចប្រឈមនឹងវិបត្តិអតិផរណា។
ការកើនឡើងនៃតម្លៃទំនិញជាទូទៅ ឬគេស្គាល់ថា ការកើនឡើងអតិផរណា គឺមិនសូវមានកម្រិតខ្ពស់ទេនៅក្នុងប្រទេសស៊្វីស ដែលជាប្រទេសតូចមួយ និងសម្បូរដោយភ្នំ នៅអឺរ៉ុប។ ក្នុងពេលជាមួយគ្នា ប្រទេសជាច្រើននៅទូទាំងពិភពលោកកំពុងប្រឈមនឹងអតិផរណាខ្ពស់។
កម្រិតអតិផរណានៅប្រទេសស្វ៊ីសបានឡើងត្រឹមតែ៣,៥%ក្នុងឆ្នាំ២០២២។ វាជាកម្រិតខ្ពស់ក្នុងរយៈពេល២៩ឆ្នាំចុងក្រោយ។ នៅសហរដ្ឋអាមេរិក កម្រិតអតិផរណាកើនឡើង ៩,១% ចក្រភពអង់គ្លេស (១១,១%) និងតំបន់ចាយប្រាក់អឺរ៉ូ (១០,៦%)។
ធនាគារជាតិស៊្វីសបានលើកឡើងកាលពីខែធ្នូថា អតិផរណានៅស៊្វីសអាចធ្លាក់ចុះជាមធ្យម ២,៤% ក្នុងឆ្នាំ២០២៣ និង១,៨%ក្នុងឆ្នាំ២០២៤។
តើកត្តាអ្វីខ្លះដែលធ្វើឱ្យប្រទេសស៊្វីសអាចទប់ទលនឹងអតិផរណាបច្ចុប្បន្ន?
ស្ដង់ដាររស់នៅខ្ពស់រួចស្រេចស្រាប់នៅស៊្វីស
ស៊្វីសគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រជាជនមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ដោយចំណូលជាតិសម្រាប់មនុស្សម្នាក់ៗ គឺមានកម្រិតខ្ពស់ជាងប្រទេសដែលមានសេដ្ឋកិច្ចធំៗផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក ជប៉ុន និងអាល្លឺម៉ង់។
នៅស៊្វីស ពលរដ្ឋជាមធ្យមមានទ្រព្យសម្បត្តិប្រហែល៧០ម៉ឺនដុល្លារអាមេរិក ពោលគឺប្រជាជនស៊្វីសមានទ្រព្យសម្បត្តិច្រើនណាស់។ ប្រទេសនេះមានកម្រិតស្ដង់ដារនៃការរស់នៅ និងការប្រើប្រាស់មានកម្រិតខ្ពស់។
ជាលទ្ធផល ពលរដ្ឋស៊្វីសជាទូទៅមិនសូវរងឥទ្ធិពលពីការកើនឡើងតម្លៃទំនិញទេ ព្រោះថាការចំណាយលើទំនិញជាមូលដ្ឋានដើម្បីរស់នៅ ឧទាហរណ៍ ថ្លៃស្នាក់នៅ ថ្លៃម្ហូបអាហារ ថាមពល និងទឹក គឺគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះនៃការចំណាយផ្សេងៗ រួមមាន ការកម្សាន្ដ និងការធ្វើដំណើរ។
លោក Tobias Straumann សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្រ្តសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Zurich បានប្រាប់កាសែត CNBC ថា "ដោយសារតែមនុស្សជាមធ្យមមានទ្រព្យសម្បត្តិច្រើន នោះការចំណាយលើម្ហូបអាហារនៅក្នុងថវិកាសរុបនៃគ្រួសាររបស់ពួកគេគឺមិនធំដូចនៅក្នុងប្រទេសដទៃទៀតទេ"។
ស្ថិរភាពលុយហ្វ្រង់ស៊្វីស និងតម្រូវការលុយស៊្វីសពីសកលលោកក្នុងពេលវិបត្តិ
ហេតុផលមួយទៀតសម្រាប់ស្ថិរភាពតម្លៃទំនិញ គឺវាទាក់ទងនឹងស្ថិរភាពនៃតម្លៃលុយហ្វ្រង់ស្វ៊ីស។ លុយពីហ្វ្រង់ស្វ៊ីសមានតម្លៃល្អ ហើយលុយនេះកាន់តែមានគេចង់បានច្រើន នៅពេលពិភពលោកមានវិបត្តិ។ ហេតុការណ៍នេះបានកើតឡើងរាប់រយឆ្នាំមកហើយ។ ពិភពលោកទុកចិត្តលើលុយស៊្វីស និងសេដ្ឋកិច្ចប្រទេសនេះ។
លុយស៊្វីសបានឡើងថ្លៃជាលំដាប់។ នៅឆ្នាំ២០២២ លុយស៊្វីសកើនតម្លៃស្មើប្រាក់អឺរ៉ូ។ នៅពេលដែលលុយស៊្វីសបន្ដរក្សាស្ថិរភាព និងកើនឡើងតម្លៃ វាអំណោយផលដល់ ប្រទេសស៊្វីស ដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មអន្តរជាតិ ព្រោះថា សម្រាប់បរិមាណលុយស៊្វីសដដែល ប្រជាជនស៊្វីសអាចនាំចូលទំនិញបានច្រើនជាងមុន។
ការផ្គត់ផ្គង់ថាមពលធន់ដោយក្រុមហ៊ុនរដ្ឋ
ប្រទេសស៊្វីសក៏មិនសូវរងផលប៉ះពាល់ពីកត្តាខាងក្រៅផងដែរ ដូចជាឥទ្ធិពលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម។
ប្រទេសនេះមានសណ្ឋានដីភ្នំ និងបឹងជាង១៥០០ ហើយវាធ្វើឱ្យប្រទេសស៊្វីសមិនសូវពឹងផ្អែកលើការនាំចូលប្រេង និងឧស្ម័ន ដូចប្រទេសជិតខាងនៅអឺរ៉ុបមួយចំនួន។ នៅស៊្វីស ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលគឺជាកម្មសិទ្ធិរបស់រដ្ឋ ដូច្នេះពួកគេមិនសូវប្រឈមនឹងការប្រែប្រួលទីផ្សារខ្លាំងទេ នៅពេលពិភពលោកប្រែប្រួល។
ការគ្រប់គ្រងតម្លៃលើទំនិញ និងសេវាកម្មដោយយន្ដការរដ្ឋ
ក្រៅពីវិស័យថាមពល តម្លៃអាហាររបស់ប្រទេសស៊្វីសបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំត្រឹមតែ៤% ធៀបនឹងជាង១២% នៅសហរដ្ឋអាមេរិក ជាង១៧% នៅចក្រភពអង់គ្លេស និងជាង២០% នៅអាល្លឺម៉ង់។
ក្នុងចំណោមទំនិញប្រើប្រាស់សំខាន់ៗ ដូចជា ម្ហូបអាហារ ទីកន្លែងស្នាក់នៅ និងការដឹកជញ្ជូន ដែលតំណាងស្ទើរតែមួយភាគបី (៣០%) គឺជាការប្រើប្រាស់ជាមូលដ្ឋាន ហើយវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។ វិស័យទាំងនេះមិនសូវងាយរងគ្រោះនឹងការប្រែប្រួលអតិផរណាទេ។
ការយកពន្ធខ្ពស់លើការនាំចូលទំនិញកសិកម្មក៏មានន័យថា អាហារដែលផលិតក្នុងស្រុក ដូចជាទឹកដោះគោ និងឈីស ត្រូវបានរដ្ឋកំណត់តម្លៃ ហើយវាមិនសូវរងផលប៉ះពាល់ពីការប្រែប្រួលក្នុងទីផ្សារអាហារពិភពលោកទេ។
លោក Jean-Claude Huber អ្នកគ្រប់គ្រងសណ្ឋាគារ Piz Buin Klosters នៅភាគខាងកើតនៃប្រទេសស៊្វីសបាននិយាយថា "យើងព្យាយាមទិញឱ្យបានច្រើនតាមតែអាចធ្វើទៅបាននូវផលិតផលផលិតក្នុងប្រទេស ប៉ុន្តែសូម្បីតែក្នុងតំបន់តូចៗ។ នៅក្នុងរយៈពេលវែង យើងចង់ឱ្យឧស្សាហកម្មក្នុងស្រុកអាចធ្វើការ និងដំណើរការបាន៕"
3/6/2023 • 5 minutes, 10 seconds សង្គ្រាមអ៊ុយក្រែន៖ បញ្ហាប្រឈមចម្បងរបស់ឥណ្ឌាដែលជាប្រធាន G20
នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេស G20 កំពុងជួបប្រជុំគ្នា នៅក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌា។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង តែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច កាលពីសប្តាហ៍មុន ដែលត្រូវបញ្ចប់ទៅដោយមិនអាចចេញសេចក្តីថ្លែងការណ៍រួមមួយបាន ដោយសារតែបញ្ហាចម្រូងចម្រាសជុំវិញសង្គ្រាមអ៊ុយក្រែន។ ភាពចម្រូងចម្រាសជុំវិញសង្គ្រាមអ៊ុយក្រែន ដែលអាចនឹងក្លាយជាបញ្ហាប្រឈមដ៏ចម្បងមួយ សម្រាប់ឥណ្ឌា ដែលចង់ឆ្លៀតឱកាសជាប្រធាន G20 ក្នុងឆ្នាំ២០២៣នេះ ដើម្បីបង្កើនតួនាទីរបស់ខ្លួននៅលើឆាកនយោបាយពិភពលោក។
ឥណ្ឌា គឺជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី៥ និងជាប្រទេសដែលកំពុងមានកំណើនសេដ្ឋកិច្ចដ៏លឿន ដូច្នេះ វាគឺជារឿងធម្មតា ដែលឥណ្ឌារំពឹងចង់ក្លាយជាប្រទេស ដែលមានតួនាទីសំខាន់ នៅក្នុងកិច្ចការពិភពលោក។ ឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចទើបនឹងរីកលូតលាស់ថ្មី សំឡឹងមើលមកខ្លួនឯងជាប្រទេសមហាអំណាចថ្នាក់កណ្តាលមួយ ដែលអាចដើរតួនាទីជាស្ពាន រវាងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានឧស្សាហកម្មជឿនលឿន។
ហេតុដូច្នេះហើយបានជា ក្នុងនាមជាប្រធានក្រុម G20 នៅឆ្នាំ២០២៣នេះ ឥណ្ឌាចង់ផ្តោតជាអាទិភាពទៅលើសំណុំរឿងមួយចំនួន ដែលសុទ្ធសឹងជាសំណុំរឿងសំខាន់ និងបន្ទាន់ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចទើបនឹងរីកលូតលាស់ថ្មី ក៏ដូចជាសម្រាប់ប្រទេសកំពុងអភិវឌ្ឍ រួមមានជាអាទិ៍ បញ្ហាកំណើននៃបំណុលរបស់ប្រទេសក្រីក្រ បញ្ហាអតិផរណា សន្តិសុខស្បៀងនិងថាមពល បដិវត្តន៍ឌីជីថល រួមទាំងបញ្ហាអាកាសធាតុ ជាដើម។
ក៏ប៉ុន្តែ បញ្ហាប្រឈមដ៏ធំមួយ សម្រាប់ឥណ្ឌា គឺសំណុំរឿងជាអាទិភាពអស់ទាំងនេះ អាចនឹងត្រូវគ្របដណ្តប់ដោយបញ្ហាចម្រូងចម្រាស ជុំវិញសង្គ្រាមអ៊ុយក្រែន។
គួររំឭកឡើងវិញថា សង្គ្រាមអ៊ុយក្រែននេះធ្លាប់បានក្លាយជាបញ្ហាដ៏សែនចម្រូងចម្រាសរួចទៅហើយ នៅក្នុងអំឡុងជំនួបកំពូល G20 កាលពីឆ្នាំទៅមិញ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយនៅពេលនោះ ប្រទេសជាសមាជិិកខ្វែងគំនិតគ្នាខ្លាំង ជុំវិញការចេញសេចក្តីថ្លែងការណ៍រួម ដោយមានដាក់បញ្ចូលឃ្លាថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
ថ្មីៗនេះទៀត កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច G20 កាលពីសប្តាហ៍មុន នៅក្នុងប្រទេសឥណ្ឌា ក៏ត្រូវប្រឈមនឹងបញ្ហាចម្រូងចម្រាសទាក់ទងនឹងសង្គ្រាមអ៊ុយក្រែននេះដែរ។ចម្រូងចម្រាសរហូតធ្វើឲ្យកិច្ចប្រជុំ ត្រូវបិទបញ្ចប់ទៅ ដោយមិនអាចចេញសេចក្តីថ្លែងការណ៍រួមមួយបាន។ ហើយគេរំពឹងថា បញ្ហាចម្រូងចម្រាសនេះក៏ទំនងជានឹងត្រូវកើតមានឡើងដែរ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស G20 ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុងញូដេលី នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ។
បញ្ហាចោទចម្បងមួយ សម្រាប់ឥណ្ឌា គឺនៅត្រង់ថា នៅក្នុងឋានៈជាម្ចាស់ផ្ទះ ឥណ្ឌាត្រូវមានតួនាទីជាអ្នកសម្រួបសម្រួលការខ្វែងគំនិតគ្នាក្នុងចំណោមប្រទេសសមាជិក ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ជំហររបស់ឥណ្ឌាខ្លួនឯងផ្ទាល់ ចំពោះសង្គ្រាមអ៊ុយក្រែន ក៏ជាបញ្ហាចម្រូងចម្រាសមួយផងដែរ ដោយប្រទេសមួយចំនួន ជាពិសេស បណ្តាប្រទេសលោកខាងលិចយល់ថា ឥណ្ឌាមានជំហរលម្អៀងទៅរករុស្ស៊ី។
តាំងពីដើមមក ឥណ្ឌាតែងតែបានបដិសេធមិនព្រមថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននោះទេ ហើយឥណ្ឌាក៏តែងតែបោះឆ្នោតអនុប្បវាទផងដែរ នៅក្នុងការបោះឆ្នោតនៅអ.ស.ប. ទាំងការបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជានៅក្នុងមហាសន្និបាត ដើម្បីអនុម័តសេចក្តីសម្រេចថ្កោលទោសរុស្ស៊ី នៅក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន។
ជាការពិតថា ទាក់ទងនឹងសង្គ្រាមអ៊ុយក្រែននេះ ឥណ្ឌាធ្លាប់បានលើកឡើង អំពីការទាមទារឲ្យគោរពធម្មនុញ្ញអ.ស.ប. គោរពច្បាប់អន្តរជាតិ គោរពអធិបតេយ្យ និងបូរណភាពដែនដីរបស់រដ្ឋ, ព្រមានពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ហើយថ្នាក់ដឹកនាំឥណ្ឌា ព្រមទាំងបានលើកឡើងម្តងជាពីរដងថា “សករាជបច្ចុប្បន្ននេះ មិនមែនជាសករាជនៃការធ្វើសង្គ្រាម”... ដែលទាំងអស់នេះត្រូវបានគេមើលឃើញថាជាការរិះគន់ដោយប្រយោលចំពោះរុស្ស៊ី។
ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ ឥណ្ឌាតែងតែចៀសវាងមិនរិះគន់រុស្ស៊ីដោយត្រង់ៗនោះទេ ហើយក្នុងពេលជាមួយគ្នា ឥណ្ឌាមានតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ីទៅវិញ ជាពិសេសបង្កើនការទិញប្រេងពីរុស្ស៊ី ក្នុងពេលដែលបណ្តាប្រទេសលោកខាងលិច នាំគ្នាដាក់ទណ្ឌកម្មលើរុស្ស៊ី ហាមឃាត់ការទិញប្រេង និងឧស្ម័នពីរុស្ស៊ី ហើយតែងតែបានទាមទារយ៉ាងទទូចឲ្យឥណ្ឌាចូលរួមដាក់សម្ពាធលើរុស្ស៊ី នៅក្នុងសំណុំរឿងអ៊ុយក្រែន។
នេះហើយដែលអាចជាបញ្ហាស្មុគស្មាញ ដែលអាចធ្វើឲ្យឥណ្ឌាត្រូវរងនូវសម្ពាធពីសំណាក់ប្រទេសលោកខាងលិច ទាក់ទងនឹងជំហរផ្ទាល់របស់ឥណ្ឌា នៅក្នុងសង្គ្រាមអ៊ុយក្រែនផង ក្នុងពេលដែលឥណ្ឌាខ្លួនឯងក្នុងនាមជាប្រធាន G20 ត្រូវដើរតួនាទីជាអ្នកសម្រួបសម្រួលបញ្ហាចម្រូងចម្រាស រវាងប្រទេសសមាជិក៕
3/2/2023 • 4 minutes, 10 seconds ហ្វូគូស៊ីម៉ា៖ តើការបង្ហូរទឹកកាកសំណល់វិទ្យុសកម្មចូលទៅក្នុងសមុទ្រ មានគ្រោះថ្នាក់កម្រឹតណា?
១២ឆ្នាំ បានកន្លងផុតទៅហើយ បន្ទាប់ពីជប៉ុនបានជួបគ្រោះមហន្តរាយនុយក្លេអ៊ែរ ដោយសារតែរលកយក្សស៊ូណាមិ បានបោកបក់លើរោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា។ ជាង១០ឆ្នាំមកនេះ អ្នកជំនាញនិងអាជ្ញាធរជប៉ុន បានប្រឹងប្រែងរកមធ្យោបាយ ដើម្បីទប់ស្កាត់ការបែកធ្លាយសារធាតុវិទ្យុសកម្ម ព្រមទាំងទប់រ៉េអាក់ទ័រនុយក្លេអ៊ែរ ឲ្យស្ថិតក្នុងស្ថិរភាព ចៀសវាងករណីផ្ទុះ។ រដ្ឋាភិបាលជប៉ុន បានសម្រេចបើកភ្លើងខៀវ អនុញ្ញាតឲ្យក្រុមហ៊ុន TEPCO ដែលជាក្រុមហ៊ុនគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរហ៊ូគីឈីម៉ា អាចបង្ហូរកាកសំណល់ទឹក ដែលមានផ្ទុកសារធាតុវិទ្យុសកម្ម ចូលទៅក្នុងសមុទ្រ។ ប្រតិបត្តិការនេះនឹងត្រូវចាប់ផ្តើមធ្វើ ក្នុងពេលឆាប់ខាងមុខនេះហើយ បើទោះបីជាសហគមន៍ប្រជាជនមូលដ្ឋាន ព្រមទាំងអង្គការការពារបរិស្ថាន បានសំដែងការជំទាស់យ៉ាងណាក៏ដោយ។
កាកសំណល់ទឹកដែលមានផ្ទុកសារធាតុវិទ្យុសកម្ម គឺជាបន្ទុកនៃការទទួលខុសត្រូវដ៏សែនធ្ងន់ របស់អាជ្ញាធរជប៉ុន ព្រមទាំងក្រុមហ៊ុន TEPCO ដែលជាក្រុមហ៊ុនគ្រប់គ្រោងរោងចក្រនុយក្លេអ៊ែរហ្វ៊ូគីស៊ីម៉ា។ បច្ចុប្បន្ននេះ ក្នុងមួយថ្ងៃៗ ស្ថានីយ៍នុយក្លេអ៊ែរហ្វ៊ូគីស៊ីម៉ា ដែលរងការខូចខាតដោយរលកយកស៊ូណាមិ កាលពីខែមីនា២០១១នោះ បានផលិតចេញជាទឹកកាកសំណល់ផ្ទុកសារធាតុវិទ្យុសកម្ម ចំនួន១សែនលីត្រ ជាមធ្យម។ ទឹកផ្ទុកសារធាតុវិទ្យុសកម្មទាំងនេះ គឺមានរាប់ទាំងទឹកក្នុងស្រទាប់ដី ទឹកភ្លៀងដែលស្រោចមកលើរោងចក្រហ្វ៊ូគូស៊ីម៉ា និងទឹកដែលគេប្រើប្រាស់ ដើម្បីទប់សីតុណ្ហភាពរ៉េអាក់ទ័រនុយក្លេអ៊ែរ កុំឲ្យឡើងក្តៅខ្លាំងជាដើម។
ទឹកទាំងនេះ ត្រូវបានគេប្រមូលយកទៅបន្សុត បន្សាបសារធាតុវិទ្យុសកម្មមួយផ្នែក មុននឹងត្រូវគេយកទៅស្តុកទុកនៅទីកន្លែងមានសុវត្ថិភាព។ បច្ចុប្បន្ននេះ ទឹកកាកសំណល់ដែលត្រូវគេបន្សុតរួចរាល់ គឺមានចំនួន ១លាន៣២ម៉ឺនតោន ដែលគេស្តុកទុកនៅក្នុងស៊ីទែនធំៗ ក្នុងបរិវេននៃស្ថានីយ៍នុយក្លេអ៊ែរហ្វ៊ូគីស៊ីម៉ា។ ក៏ប៉ុន្តែ ទីតាំងស្តុកទឹកទាំងនេះ កំពុងតែចាល់ខ្លាំង ពេញដល់កម្រិត៩៦%ហើយ នៃសមត្ថភាពស្តុកទុកនៃបរិវេន។
គឺដោយហេតុនេះហើយ បានជាក្រុមហ៊ុន TEPCO បានរិះរកមធ្យោបាយផ្សេងទៀត ដើម្បីរំដោះទឹកកាកសំណល់ទាំងនេះចេញ។ មធ្យោបាយនោះ គឺការបង្ហូរទឹកទាំងនេះ ចូលទៅក្នុងសមុទ្រ។ ផែនការនេះ ត្រូវបានរដ្ឋាភិបាលជប៉ុន សម្រេចអនុញ្ញាតយល់ព្រមហើយ បន្ទាប់ពីបានពិចារណាអស់ជាច្រើនឆ្នាំ។ តាមការគ្រោងទុកនៅរដូវផ្ការីកខាងមុខនេះ គេនឹងចាប់ផ្តើមអនុវត្ត ប្រតិបត្តិការបង្ហូរទឹកកាកសំណល់វិទ្យុសកម្មនេះ ចូលទៅក្នុងសមុទ្រ។
តើការបង្ហូរទឹកកាកសំណល់មានផ្ទុកសារធាតុវិទ្យុសកម្មទាំងនេះ ចូលទៅក្នុងសមុទ្រ វាអាចបង្កគ្រោះថ្នាក់ដែរឬទេ?
ក្រុមហ៊ុន TEPCO បានអះអាងថា អ្នកជំនាញគេបានប្រើប្រាស់បច្ចេកវិទ្យាបន្សុតដ៏ទំនើបបំផុត ដើម្បីកម្ចាត់សារធាតុវិទ្យុសកម្មមួយចំនួនធំ ក្នុងចំណោមសារធាតុទាំង៦២មុខ ដែលមានផ្ទុកក្នុងទឹកកាកសំណល់ទាំងនោះ។ ក៏ប៉ុន្តែTEPCO ទទួលស្គាល់ថា មានសារធាតុមួយមុខ គឺសារធាតុ ទ្រីត្យូម (Tritium) ដែលបច្ចេកវិទ្យារាល់ថ្ងៃនេះ មិនទាន់អាចមានសមត្ថភាពរំដោះវា ចេញពីទឹកបានទេ។
យោងតាមអ្នកជំនាញ សារធាតុទ្រីត្យូម អាចបង្កគ្រោះថ្នាក់ ដល់សុខភាពមនុស្សបាន គឺទាល់តែក្នុងបរិមាណច្រើន។ ដោយឡែក ក្រុមហ៊ុន TEPCO បានអះអាងថា គេនឹងយកទឹកស្អាតទៅលាយបន្ថែម ជាមួយទឹកកាកសំណល់ ដែលមានផ្ទុកសារធាតុទ្រីត្យូម ដើម្បីធ្វើយ៉ាងណាឲ្យកម្រិតវិទ្យុសកម្ម មានទាប មិនឲ្យលើស១៥០០becquerels ក្នុងមួយលីត្រ។ ពោលគឺទាបជាងឆ្ងាយ បើប្រៀបធៀបទៅនឹងកម្រិតអតិបរមា ដែលកំណត់ដោយច្បាប់ជប៉ុន ដែលមាន ៦០០០០Bq/L។
ផ្អែកតាមទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA ដែលចូលរួមត្រួតពិនិត្យប្រតិបត្តិការបង្ហូរកាកសំណក គឹប្រតិបត្តិការរបស់ TEPCO បានគោរពដោយត្រឹមត្រូវទៅតាមក្រិដ្ឋក្រម លក្ខខណ្ឌសុវត្ថិភាពអន្តរជាតិ ហើយថាការបង្ហូរទឹកកាកសំណល់ទាំងនេះចូលសមុទ្រ គឺវាមិនបង្កមហន្តរាយអ្វី ដល់បរិស្ថាននោះទេ។
ក៏ប៉ុន្តែ ទោះជាមានការអះអាងយ៉ាងនេះក៏ដោយ ប្រទេសក្បែរខាងជប៉ុន មានចិន និងកូរ៉េខាងត្បូង ព្រមទាំងអង្គការការពារបរិស្ថានដូចជាអង្គការ Greenpeace ជាដើម បានសំដែងមតិរិះគន់ និងជំទាស់ចំពោះប្រតិបត្តិការនេះ។ រីឯសហគមន៍ប្រជានេសាទនៅតំបន់ហ្វ៊ូគីស៊ីម៉ា បានបង្ហាញការព្រួយបារម្ភថា ប្រតិបត្តិការនេះនឹងធ្វើឲ្យពួកគេលែងអាចលក់ទិន្នផលនេសាទរបស់ពួកគេបានតទៅទៀត ដោយសារតែមនុស្សម្នាបារម្ភខ្លាចសារធាតុវិទ្យុសកម្ម។ ប្រជានេសាទជប៉ុននៅតំបន់ហ្វ៊ូគូស៊ីម៉ា បានត្អូញត្អែរថា គេបានប្រឹងប្រែងយ៉ាងលំបាកណាស់ ទំរាំទទួលបានទំនុកចិត្តឡើងវិញពីអ្នកទិញទូទៅ បន្ទាប់ពីមានគ្រោះមហន្តរាយនុយក្លេអ៊ែរនៅឆ្នាំ២០១១។
យ៉ាងណាក៏ដោយ ប្រតិបត្តិការនេះកំពុងតែដំណើរការទៅមុខហើយ។ ក្រុមហ៊ុន TEPCO កំពុងតែរៀបចំដាក់ប្រព័ន្ធចម្រោះទឹក នៅតាមឆ្នេរសមុទ្រ ព្រមទាំងបានសាងសង់បំពង់បង្ហូរនៅបាតសមុទ្រ ប្រវែង១គីឡូម៉ែត្រ ដើម្បីកុំឲ្យទឹកកាកសំណល់នោះ អណ្តែតត្រឡប់មកឆ្នេរវិញ។ ជាមួយគ្នានេះដែរ លោក Kenichi Takahara តំណាងម្នាក់របស់ក្រុមហ៊ុនTEPCO បានបញ្ជាក់ថា គេនឹងមិនបង្ហូរទឹកកាកសំណល់វិទ្យុសកម្ម ម្តងទាំងអស់នោះទេ។ គឺគេនឹងបង្ហូរ ម្តងបន្តិច ក្នុងមួយថ្ងៃយ៉ាងច្រើនបំផុត ចំនួន៥០០តោន តែប៉ុណ្ណោះ។ ជារួម ក្រុមហ៊ុន TEPCO នឹងតាមដានត្រួតពិនិត្យយ៉ាងម៉ដ្ឋចត់ ធ្វើយ៉ាងណា មិនឲ្យទឹកដែលមានសារធាតុទ្រីត្យូម មានកម្រិតលើសពី ២២០០០ពាន់លានបេកេរែល ក្នុងមួយឆ្នាំឡើយ។ កម្រិតនេះ គឺជាកម្រិតដាក់កំហិតដោយច្បាប់ជប៉ុន ដែលមានជាធរមាន តាំងតែពីមុនមានមហន្តរាយនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ាទៅទៀត។ លោក Kenichi Takahara ប្រតិបត្តិការបង្ហូរទឹកកាកសំណល់វិទ្យុសកម្មនេះ គឺនឹងត្រូវចំណាយពេលចន្លោះពី ៣០ ទៅ៤០ឆ្នាំឯណោះ។
ដោយឡែក ដើម្បីធ្វើឲ្យសហគមន៍ប្រជានេសាទជប៉ុន ស្ថិតនៅតំបន់ហ្វ៊ូគូស៊ីម៉ា មានការស្ងប់ចិត្ត ក្រុមហ៊ុន TEPCO បានព្យាយាមអះអាងជាច្រើនលើកច្រើនសារ តាមរយៈការស្រាវជ្រាវសាកល្បង ថាទឹកកាកសំណល់ទាំងនេះ នឹងមិនបង្កផលប៉ះពាល់អ្វី ដល់គុណភាពផលនេសាទសមុទ្រនោះទេ។ TEPCO បានយកត្រី និងសត្វសមុទ្រជាច្រើនរយក្បាល យកមកសាកល្បង ដោយចំនួនពាក់កណ្តាលយកទៅដាក់ក្នុងទឹកសមុទ្រធម្មតា ហើយពាក់កណ្តាលទៀត ដាក់ក្នុងទឹកកាកសំណល់ ដែលគេគ្រោងបង្ហូរចូលសមុទ្រ។ ជាលទ្ធផល គឺត្រីដែលគេដាក់ចូលក្នុងទឹកកាកសំណល់វិទ្យុសកម្ម គឺសារធាតុទ្រីត្យូម បានជ្រាបចូលក្នុងខ្លួនត្រីក្នុងកម្រិតមួយគួរឲ្យកត់សំគាល់។ ក៏ប៉ុន្តែនៅពេលគេយកត្រីនោះទៅលែងក្នុងទឹកសមុទ្រធម្មតាវិញ គឺកម្រិតសារធាតុទ្រីត្យូម បានរលាយបាត់អស់ក្នុងពេលដ៏ខ្លី។ នេះបើតាមការអះអាង របស់លោក Kazuo Yamanaka មន្ត្រីជំនាញរបស់TEPCO ដែលបានបង្ហាញការសាកល្បងនេះ ផ្សាយផ្ទាល់តាមបណ្តាញYoutube។
តែទោះជាយ៉ាងនេះក្តី ការសាកល្បងទាំងអស់នេះ អាចនៅតែមិនគ្រប់គ្រាន់ ដើម្បីធ្វើឲ្យប្រជានេសាទជប៉ុនត្រជាក់ចិត្តនោះទេ។ លោក Masahiro Ishibashi អ្នកនេសាទម្នាក់ បានថ្លែងប្រាប់អ្នកយកព័ត៌មានបារាំង AFP ថាប្រតិបត្តិការបង្ហូរទឹក កាកសំណល់រោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ាចូលសមុទ្រនេះ គឺវានឹងមកបំផ្លាញការប្រឹងប្រែងជាង១០ឆ្នាំមកនេះ របស់ប្រជានេសាទមូលដ្ឋាន ដែលខំប្រឹងកសាងទំនុកចិត្តជូនដល់អតិថិជនទាំងអស់៕
2/27/2023 • 6 minutes, 56 seconds បើចិនពិចារណាពីការផ្តល់អាវុធឲ្យរុស្ស៊ីដូចដែលអាមេរិកចោទមែន តើសង្រ្គាមអ៊ុយក្រែនអាចទៅជាយ៉ាងណា?
សង្រ្គាមអ៊ុយក្រែនដែលបានអូសបន្លាយជិត ១ឆ្នាំកំពុងបង្កឲ្យមានសង្រ្គាមពាក្យសម្តីយ៉ាងផុសផុលរវាងអាមេរិក និងចិននាប៉ុន្មានថ្ងៃចុងក្រោយនេះ។ អាមេរិកបានចោទចិនពីបទគ្រោងបញ្ជូនអាវុធឲ្យរុស្ស៊ី តែចិនបានបដិសេធ។ ហេតុអ្វីបានជាអាមេរិកចង្អុលមុខចិន និងបារម្ភខ្លាចចិនផ្តល់អាវុធឲ្យរុស្ស៊ី?។ តើចិនពិតជាចង់ឲ្យអាវុធទៅរុស្ស៊ីមែន ឬ និងថា ចុះបើចិនឲ្យអាវុធទៅរុស្ស៊ីមែន តើវាអាចធ្វើឲ្យសង្រ្គាមអ៊ុយក្រែនវិវឌ្ឍទៅយ៉ាងដូចម្តេច?។
តាំងពីរុស្ស៊ីបើកសមរភូមិសង្រ្គាមនៅអ៊ុយក្រែនក្នុងថ្ងៃដំបូងទី២៤ កុម្ភៈ ឆ្នាំ ២០២២ ចិនបានចេញមុខគាំទ្ររុស្ស៊ីផ្នែកហិរញ្ញវត្ថុ និងការទូតដោយមិនត្រូវការពិចារណាយូរសូម្បីតែមួយនាទី។ តែអ្វីដែលចិនបាន និងកំពុងព្យាយាមមិនចង់លូកដៃឲ្យបានជ្រៅជាងនេះមកដល់សព្វថ្ងៃ គឺការផ្តល់គ្រឿងសព្វាអាវុធឲ្យរុស្ស៊ីដូចដែលក្រុមប្រទេសលោកខាងលិចបាន និងកំពុងបន្តផ្តល់ឲ្យអ៊ុយក្រែនយ៉ាងគគ្រឹកគគ្រេង។ អវត្តមានអាវុធចិនបានបង្ខំឲ្យរុស្ស៊ីបែរងាកទៅរកសម្ព័ន្ធមិត្តផ្សេង ពិសេសអ៊ីរ៉ង់ដើម្បីទទួលបានអាវុធចាំបាច់មួយចំនួន ដូចយ៉ាងដ្រូន។ បន្ទាប់មក និងបើយោងតាមរដ្ឋបាលអាមេរិក រុស្ស៊ីក៏ទទួលបានអាវុធពីកូរ៉េខាងជើង ពិសេសគ្រាប់រ៉ូកែត និងគ្រាប់កាំភ្លើងត្បាល់។
ឥឡូវនេះ និងចំពេលដែលសង្រ្គាមអ៊ុយក្រែនកំពុងបោះជំហានចូលឆ្នាំទី២ ចិនបានក្លាយជាផ្ទាំងស៊ីប និងជាក្តីបារម្ភរបស់អាមេរិក។ ក្នុងរយៈពេល ២ថ្ងៃជាប់គ្នា គឺថ្ងៃទី១៩ និងថ្ងៃទី២០ កុម្ភៈកន្លងទៅថ្មីៗនេះ ប្រមុខការទូតអាមេរិកលោកអង់តូនី ប៊្លីនកិនបានថ្លែងដដែលៗដោយចោទចិនពីមានគម្រោងបញ្ជូនអាវុធឲ្យរុស្ស៊ី។ តែបញ្ហានៅត្រង់ថា លោកប៊្លីនកិនមិនបានបង្ហាញភស្តុតាងអ្វីទាំងអស់។ ទោះជាយ៉ាងនេះក្តី លោក Richard McGregor អ្នកជំនាញអាស៊ីខាងកើតនៅវិទ្យាសា្ថន Lowy ក្រុងស៊ីដនីប្រទេសអូស្រ្តាលីយល់ឃើញថា ការដែលលោកប៊្លីនកិនបានទម្លាយរឿងនេះជាសាធារណៈ គឺមកពីអាមេរិកមានព័ត៌មានជាក់លាក់ និងគួរឲ្យជឿទុកចិត្ត។
ក៏ប៉ុន្តែសម្រាប់ចិន អ្វីដែលលោកប៊្លីនកិនបានលើកឡើងជារឿងមិនពិត និងជាព័ត៌មានក្លែងក្លាយ។ តើការពិតនៅត្រង់ណា? នេះជាសំណួរមួយដែលគេពិបាក ឬនៅមិនទាន់អាចផ្តល់ចម្លើយបានយ៉ាងម៉េចនៅឡើយទេ។ តែឧបមាថា បើចិនផ្តល់អាវុធទៅឲ្យរុស្ស៊ីមែននោះ តើវាអាចធ្វើឲ្យសង្រ្គាមអ៊ុយក្រែនក្រឡាប់ចាក់ដែរ ឬទេ?។ យើងទុកសំណួរនេះឆ្លើយនៅពេលបន្តិចទៀតដោយចាប់អារម្មណ៍ជាដំបូងអំពីស្ថានភាពធនធានទ័ព និងអាវុធរបស់រុស្ស៊ី និងអ៊ុយក្រែន។ នៅក្នុងរយៈពេល ៦ខែដំបូងនៃសង្រ្គាម រុស្ស៊ីមានធនធានទ័ពពេញដៃ និងមានអាវុធគ្រប់ប្រភេទពេញឃ្លាំង។ តែក្នុងរយៈពេល ៦ខែដំបូងនោះ រុស្ស៊ីបានបាត់បង់ទ័ព និងគ្រឿងសព្វាវុធយ៉ាងក្រាស់ក្រែល។
ដើម្បីជំនួសឲ្យការបាត់បង់ទ័ព ក្រុងមូស្គូបានបើកយុទ្ធនាការកេណ្ឌទ័ពចំនួន ៣០០ ០០០នាក់ និងប្រើកម្លាំងទ័ពស៊ីឈ្នួល ហើយដើម្បីជំនួសឲ្យការបាត់បង់គ្រឿងសព្វាវុធ រុស្ស៊ីបានងាករកប្រទេសមិត្ត ពិសេសអ៊ីរ៉ង់។ តែគេបានមើលឃើញថា រុស្ស៊ីបានជួបការលំបាកក្នុងការបំពេញការខ្វះខាតទាំងចំនួនទ័ព និងគ្រឿងសព្វាវុធ។ អ៊ីចឹងហើយបានជានៅ ៦ខែចុងក្រោយនេះ រុស្ស៊ីបានចាញ់ច្រាបអ៊ុយក្រែននៅលើសមរភូមិដោយបានដកទ័ពចេញពីតំបន់ដែលវាយយកបាន រួចយកទៅដាក់ប្រមូលផ្តុំនៅតែតំបន់ប៉ែកខាងកើតវិញ។ ចំណែកអ៊ុយក្រែនដែលមានចំនួនទ័ព និងអាវុធតិចជាងរុស្ស៊ី ការបាត់បង់ក៏មានមិនតិចដែរ។ តែខុសពីរុស្ស៊ី អ៊ុយក្រែនទទួលបានគ្រឿងសព្វាវុធពីក្រុមប្រទេសលោកខាងលិច និងសុទ្ធសឹងជាអាវុធទំនើបៗទៀត។
ដូច្នេះជាងពេលណាៗទាំងអស់សម្រាប់រុស្ស៊ី តម្រូវការអាវុធចិន ទោះជាគ្រាប់កាំភ្លើងត្បាល់ ឬអាវុធបាញ់ចម្ងាយឆ្ងាយ គឺលើសពីរឿងចាំបាច់ទៅទៀតនៅពេលនេះ។ បើរុស្ស៊ីទទួលបានអាវុធពីចិន ជញ្ជីងសមរភូមិសង្រ្គាមអ៊ុយក្រែននឹងផ្អៀងទៅខាងរុស្ស៊ីជាថ្មីមានន័យថា រុស្ស៊ីអាចមានប្រៀបលើអ៊ុយក្រែនវិញ នេះជាការយល់ឃើញរបស់លោក Mick Ryan ឧត្តមសេនីយអូស្រ្តាលីម្នាក់ចូលនិវត្ត។ មែនទែនទៅ រុស្ស៊ី និងចិនជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេច ហើយកិច្ចសហប្រតិបត្តិការនយោបាយ ពាណិជ្ជកម្ម និងយោធារវាងប្រទេសទាំងពីរបានកើនឡើងតាំងពីមុនផ្ទុះសង្រ្គាមអ៊ុយក្រែន និងនៅតែបន្តមាន។ ត្រង់ចំណុចនេះ ក្រុមអ្នកជំនាញសឹងទាំងអស់បានមើលឃើញដូចគ្នា។
តែរឿងចិនហ៊ានផ្តល់អាវុធ ឬមិនហ៊ានផ្តល់អាវុធឲ្យរុស្ស៊ីសម្រាប់បន្តសង្រ្គាមនៅអ៊ុយក្រែនជារឿងមួយផ្សេងទៀតដែលចិនអាចគិត និងពិចារណាច្រើនដង។ ក្រុមអ្នកជំនាញជាច្រើនបានយល់ឃើញថា សង្រ្គាមអ៊ុយក្រែនបាននិងកំពុងក្លាយជាសង្រ្គាមដោយប្រយោលរវាងអាមេរិក និងរុស្ស៊ីក្រោមរូបភាពដូចសម័យសង្រ្គាមត្រជាក់។ សម្រាប់សាស្រ្តាចារ្យអូស្រា្តលីលោក Alexey Muraviev សង្រ្គាមអ៊ុយក្រែយជាដំណាក់ការដ៏គ្រោះថ្នាក់មួយសម្រាប់បរិយាកាសសន្តិសុខអន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោក។ តាមលោក Alexey ចិនហាក់កំពុងស្ថិតលើផ្លូវទាល់មួយដែលពិបាកបត់ស្តាំ ឬបត់ឆ្វេង។
បើផ្តល់អាវុធឲ្យរុស្ស៊ីដោយផ្ទាល់ ចិនត្រូវហ៊ានប្រឈមនឹងទណ្ឌកម្មបស្ចិមលោកក្នុងនោះ ផ្តាច់គ្រប់ទំនាក់ទំនងជាមួយអឺរ៉ុប និងផ្តាច់ទំនាក់ទំនងដែលនៅសេសសល់ជាមួយអាមេរិក។ តែបើឈរមើលទុកឲ្យរុស្ស៊ីចាញ់សង្រ្គាម ចិននឹងនៅតែលតោលម្នាក់ឯង ព្រោះរុស្ស៊ីជាមហាអំណាចធំតែមួយគត់ដែលគាំទ្រចិន។ ផ្ទុយទៅវិញ បើរុស្ស៊ីឈ្នះសង្រ្គាមមានន័យស្មើនឹងបរាជ័យយុទ្ធសាស្រ្តរបស់បស្ចិមលោកនិយាយជារួម និងអាមេរិកនិយាយដោយឡែក។ តែលោក Alexey យល់ថា ចិនអាចមិនចេញមុខផ្តល់អាវុធឲ្យរុស្ស៊ីដោយផ្ទាល់ និងផ្តល់តាមរយៈអ្នកផ្សេងដូចជាកូរ៉េខាងជើង ឬក្រុមទាហានស៊ីឈ្នួល Wagner ជាដើម៕
2/22/2023 • 6 minutes, 12 seconds ១ឆ្នាំមកនេះ នរណាបានជួយអ្វីខ្លះ ទៅឲ្យអ៊ុយក្រែន?
ថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២ រុស្ស៊ីបានសម្រេចលើកទ័ពវាយប្រហារឈ្លានពានអ៊ុយក្រែន។ នៅពេលដំបូង ដែលសង្គ្រាមនេះបានផ្ទុះឡើង គ្មាននរណាម្នាក់ នឹកស្មានដល់ទេ ថាអ៊ុយក្រែនអាចមានសមត្ថភាពទប់នឹងកម្លាំងកងទ័ពដ៏ធំ ព្រមទាំងគ្រឿងសព្វាវុធដ៏ច្រើនសន្ធឹករបស់រុស្ស៊ី។ តែគិតមកត្រឹមពេលនេះ សង្គ្រាមនេះបានអូសបន្លាយរយៈពេល១ឆ្នាំហើយ ហើយកងទ័ពអ៊ុយក្រែន បានបង្ហាញឲ្យពិភពលោកឃើញ នូវភាពអំណត់ សេចក្តីក្លាហាន តស៊ូប្រយុទ្ធ ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ កម្លាំងទប់ទល់របស់កងទ័ពអ៊ុយក្រែននេះ ក៏ជាលទ្ធផលនៃជំនួយគ្រឿងសព្វាវុធជាច្រើនផងដែរ ពីសំណាក់ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច។
អាមេរិកជួយច្រើនលើសគេ
នៅក្នុងការផ្តល់ជំនួយយោធា គ្រឿងសព្វាវុធទៅឲ្យអ៊ុយក្រែន ដើម្បីវាយទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី គឺសហរដ្ឋអាមេរិក ដែលជាប្រទេសបានជួយអ៊ុយក្រែន ច្រើនជាងអ្នកណាទាំងអស់។ ប្រមាណ១ឆ្នាំមកនេះ សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាគិតជាទឹកប្រាក់សរុប ចំនួន២២០០០លានដុល្លារ ទៅឲ្យអ៊ុយក្រែនរួចហើយ។ តាំងតែពីពេលដំបូង ក្រោយរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន សហរដ្ឋអាមេរិកបានបញ្ជូនកាណុងនិងគ្រាប់មីស៊ីលជាច្រើនគ្រាប់ ទៅឲ្យអ៊ុយក្រែន តួយ៉ាងមីស៊ីលប្រភេទ Stingers លីបាញ់ពីលើស្មា និងប្រព័ន្ធបាញ់មីស៊ីលពហុគ្រាប់ ប្រភេទ Himars ដែលអនុញ្ញាតឲ្យកងទ័ពអ៊ុយក្រែន អាចទប់កម្លាំងឈ្លានពានរបស់កងទ័ពរុស្ស៊ី។ ហើយកាលពីចុងខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលលោកចូ បៃដិន បានប្រកាសថានឹងបញ្ជូនរថក្រោះប្រយុទ្ធ ប្រភេទ Abrams ចំនួន៣១គ្រឿងទៅឲ្យអ៊ុយក្រែន។
ក្នុងចំណោមប្រព័ន្ធអាវុធទំនើប កងទ័ពអ៊ុយក្រែន ក៏បានទទួលជំនួយពីបារាំងផងដែរ ជាមួយនឹងការណុង Caesar ចំនួន១៨កាណុង ដែលអាចបាញ់គ្រាប់ទំហំ ១៥៥មីលីម៉ែត្រ។ បារាំងទើបតែបានប្រកាសថា នឹងបន្ថែមចំនួន ១២កាណុងទៀត។ លើសពីនេះ បារាំងបានប្រកាសបញ្ជូនរថពាសដែកធុនស្រាល ប្រភេទ AMX-10 RC ចំនួន២៤គ្រឿង ព្រមជាមួយប្រព័ន្ធការពារផ្លូវអាកាសផងដែរ។ រីឯអង់គ្លេសវិញ បានប្រគល់ឲ្យអ៊ុយក្រែន នូវមីស៊ីលជាច្រើនគ្រាប់ ព្រមទាំងសន្យាបញ្ជូនរថក្រោះប្រយុទ្ធ Challenger 2 ចំនួន១៤គ្រឿង។
រថក្រោះ Léopard 2
ដោយឡែក ប្រទេសអាល្លឺម៉ង់ បានរងនូវការរិះគន់ជាខ្លាំង ពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិច ថាមានភាពស្ទាក់ស្ទើខ្លាំងជាងគេ ក្នុងការបញ្ជូនអាវុធទៅជួយអ៊ុយក្រែន។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលអាល្លឺម៉ង់ បានចំណាយប្រាក់ចំនួន ជាង៥ពាន់លានអឺរ៉ូ ដើម្បីជួយទំនុកបម្រុងដល់រដ្ឋាភិបាលអ៊ុយក្រែន។ ក្រៅពីបានបញ្ជូនមីស៊ីលជាច្រើនគ្រាប់ អាល្លឺម៉ង់ បានបញ្ជូនប្រព័ន្ធខែលមីស៊ីល Patriot និង Iris-T ទៅឲ្យអ៊ុយក្រែន។ ហើយបន្ទាប់ពីរងនូវការដាក់សំពាធជាខ្លាំង រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចបើកភ្លើងខៀវ អនុញ្ញាតឲ្យមានការបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទ Leopard 2។ ប៊ែរឡាំងបានអះអាងថា នៅរវាងចុងខែមីនាខាងមុខ ខ្លួននឹងបញ្ជូនរថក្រោះ Léopard 2 ចំនួនជាង១០គ្រឿងទៅឲ្យអ៊ុយក្រែន ខណៈក្រុមប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត សន្យាថានឹងបញ្ជូនទៅចំនួនប្រមាណ៣១គ្រឿង នៅរវាងដំណាច់ខែមេសា។
ក្រោយការប្រកាសបើកភ្លើងខៀវពីសំណាក់អាល្លឺម៉ង់ ប្រទេសចំនួន ដូចជា ប៉ូឡូញ ន័រវែស ហ្វាំងឡង់ ព័រទុយហ្កាល់ កាណាដា អេស្ប៉ាញ ហូឡង់ជាដើម បានប្រកាសពីបំណងរបស់គេ ក្នុងការបញ្ជូនរថក្រោះ Léopard 2 ទៅឲ្យអ៊ុយក្រែន មានចំនួនសរុបប្រមាណ៨០គ្រឿង។ ហើយអាល្លឺម៉ង់ ដាណឺម៉ាក និង ហូឡង់ ក៏សន្យាថានឹងបញ្ជូនរថក្រោះ Léopard 1 ចំនួនសរុបប្រមាណ១០០គ្រឿងដែរ ទៅកាន់អ៊ុយក្រែន។ រថក្រោះ Leopard របស់អាល្លឺម៉ង់ ត្រូវបានអ្នកជំនាញកងទ័ព អះអាងថា នឹងអាចជួយកងទ័ពអ៊ុយក្រែនបានច្រើនណាស់ ព្រោះវាមានសមត្ថភាពវាយប្រហារបាញ់ប្លោងគ្រាប់ និងបើកសម្រុករុលទៅមុខយ៉ាងលឿន ទោះបីជាមានឧបសគ្គរារាំង រណ្តៅ ឬគ្រាប់មីនជាដើម។
ជួយអ៊ុយក្រែនថ្ងៃនេះ ដូចការពារខ្លួនឯងទៅថ្ងៃមុខ
បើនិយាយពីចំនួនទឹកប្រាក់សរុប សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ គឺជាអ្នកបានចំណាយច្រើនជាងគេ ក្នុងការជួយអ៊ុយក្រែន ក្នុងរយៈពេលសង្គ្រាម១ឆ្នាំមកនេះ។ តែទន្ទឹមគ្នានេះ ក្រុមប្រទេសក្បែរខាងជាប់អ៊ុយក្រែន ដែលមានដូចជាក្រុមប្រទេសតំបន់សមុទ្របាល់ទិក និងប៉ូឡូញជាដើម បានបង្ហាញនូវកាយវិការសម្បុរធម៌ជាខ្លាំង ក្នុងការជួយអ៊ុយក្រែន បើយើងប្រៀបធៀបទៅនឹងទំហំចំណូលដុលក្នុងស្រុក របស់ប្រទេសទាំងនោះ។ ជាការពិតណាស់ ប៉ូឡូញនិងក្រុមប្រទេសតំបន់សមុទ្របាល់ទិក ពិតជាខ្លាចណាស់ ថាថ្ងៃអនាគត ខ្លួនអាចនឹងមានវាសនាដូចអ៊ុយក្រែន ប្រសិនបើបណ្តោយឲ្យរុស្ស៊ី មានជ័យជំនះនៅពេលនេះ។
ថ្ងៃទី២០កុម្ភៈ លោក ចូ បៃដិន បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវ ហើយបានសន្យាថា សហរដ្ឋអាមេរិក ព្រមទាំងក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច នឹងប្រមែប្រមូលបញ្ជូនគ្រឿងសព្វាវុធបន្ថែមទៀត ទៅជួយអ៊ុយក្រែន។ ហើយនៅថ្ងៃទី២១កុម្ភៈ ថ្លែងពីទីក្រុងវ៉ាកសូវី ប្រទេសប៉ូឡូញ លោក ចូ បៃដិន បានថ្លែងសារបញ្ជាក់ អំពីការប្តេជ្ញាចិត្តដ៏រឹងមាំ ក្នុងជួយទំនុកបម្រុងគាំទ្រប្រជាជាតិអ៊ុយក្រែន ទប់ទល់ចំពោះសង្គ្រាមឈ្លានពានដែលរុស្ស៊ីកំពុងតែធ្វើ។ លោកចូ បៃដិន មិនបានភ្លេចទេ ក្នុងការថ្លែងសេចក្តីអរគុណចំពោះប្រទេសប៉ូឡូញ ដែលបានជួយអ៊ុយក្រែន យ៉ាងសកម្ម ក្នុងរយៈពេល១ឆ្នាំមកនេះ។
ប៉ូឡូញស្វិតស្វាញសកម្ម
ជាការកត់សំគាល់ ប៉ូឡូញ ត្រូវបានគេមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានជួរក្រោយសម្រាប់កងទ័ពអ៊ុយក្រែន ជាទីតាំងបណ្តុះបណ្តាល បង្វឹកកងទ័ពអ៊ុយក្រែន ឲ្យចេះប្រើគ្រឿងសព្វាវុធទំនើបៗ ដែលក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិចបានបញ្ជូនទៅ។ ក្រៅពីគ្រឿងសព្វាវុធ ប៉ូឡូញដែលមានព្រំដែនជាប់អ៊ុយក្រែន ក៏គឺជាដែនដីឆ្លងកាត់ នៃការដឹកជញ្ជូនស្បៀងអាហារ ជំនួយសប្បុរសធម៌ ទៅជួយប្រជាជនអ៊ុយក្រែនផងដែរ។
ជាងនេះទៀត ប្រព័ន្ធខែលមីស៊ីល Patriot ដ៏ទំនើបរបស់អាមេរិក កំពុងឈរជើងនៅក្នុងទឹកដីប៉ូឡូញ មិនឆ្ងាយប៉ុន្មានពីព្រំដែនអ៊ុយក្រែន រងចាំតែភ្លើងខៀវប៉ុណ្ណោះ ត្រូវដឹកបញ្ជូនទៅកាន់អ៊ុយក្រែន។ ជាមួយនឹងការសន្យាផ្តល់ជំនួយបន្ថែមទៀត ពីសំណាក់អាមេរិក គឺប៉ូឡូញដែលគឺជាអ្នកទទួលរៀបចំចាត់ចែងការដឹកជញ្ជូនឆ្លងព្រំដែន។ ក្នុងនាមជាមូលដ្ឋានជួរក្រោយ ប៉ូឡូញក៏ជួយកងទ័ពអ៊ុយក្រែនដែរ នៅក្នុងប្រតិបត្តិការជួសជុល គ្រឿងសព្វាវុធដែលខូចខាតនៅសមរភូមិ។ វិស្វករ និងអ្នកជំនាញប៉ូឡូញជាច្រើននាក់ កំពុងធ្វើការយ៉ាងសកម្ម ក្នុងការជួសជុល ដាក់ឲ្យដំណើរការឡើងវិញ នូវគ្រឿងឧបករណ៍ សម្ភារៈ សព្វាវុធយោធារបស់កងទ័ពអ៊ុយក្រែន។
ការវាយប្រហារឈ្លានពានអ៊ុយក្រែន ពីសំណាក់រុស្ស៊ី ដឹកនាំដោយលោកពូទីន មិនត្រឹមតែមិនបានធ្វើឲ្យក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិចបាក់ស្បាតខ្លាចប៉ុណ្ណោះទេ តែផ្ទុយទៅវិញ គឺវាបានរុញឲ្យសម្ព័ន្ធមិត្តលោកខាងលិច រួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ កាន់តែខ្លាំងឡើង ដើម្បីយកឈ្នះសកម្មភាពឈ្លានពានល្មើសច្បាប់អន្តរជាតិ របស់រុស្ស៊ី៕
2/21/2023 • 6 minutes, 7 seconds ហេតុអ្វីបានជាអ៊ីរ៉ង់លែងជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវ ទេសចរបស្ចិមលោកក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ?
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសអ៊ីរ៉ង់បានក្លាយជាគោលដៅទេសចរណ៍ដែលក្រុមប្រទេសលោកខាងលិចបានផ្តល់យោបល់មិនឲ្យពលរដ្ឋខ្លួនទៅដើរកំសាន្ត។ អ៊ីចឹងហើយបានជានៅពេលនេះ ក្រុមហ៊ុនទេសចរណ៍ និងក្រុមអ្នកជំនាញទេសចរណ៍កំពុងព្យាយាមអូសទាញភ្ញៀវទេសចរពីបណ្តាប្រទេសផ្សេង។ ហេតុអ្វីបានជាក្រុមប្រទេសលោកខាងលិចណែនាំពលរដ្ឋខ្លួនមិនឲ្យទៅលេងនៅអ៊ីរ៉ង់ និងថា តើអ៊ីរ៉ង់មានសក្តានុពលទេសចរណ៍អ្វីខ្លះដើម្បីអាចទាក់ទាញភ្ញៀវទេសចរក្រៅពីអឺរ៉ុប?។
អ្វីៗបានចាប់ផ្តើមដោយរលូននៅចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០១៩។ រលូនព្រោះនៅក្នុងរយៈពេលនោះ ប្រតិបត្តិការទាក់ទាញភ្ញៀវទេសចរបរទេស ពិសេសភ្ញៀវទេសចរបស្ចិមលោករៀបចំដោយរដ្ឋាភិបាលអ៊ីរ៉ង់បានធ្វើឲ្យភ្ញៀវទេសចរអឺរ៉ុបនាំគ្នាសម្រុកទៅលេងអ៊ីរ៉ង់យ៉ាងច្រើនកុះករ។ Ispahan Chiraz ឬ Persepolis ជាតំបន់ទេសចរណ៍ពេញនិយមខ្លាំងជាងគេរបស់ភ្ញៀវទេសចរទូទៅ។ ក្នុងឆ្នាំ ២០១៩ អ៊ីរ៉ង់ទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួន ៨លាននាក់។ តែមហិច្ឆតារបស់រដ្ឋអំណាចក្រុងតេហេរ៉ង់មិនមែនឈប់ត្រឹម ៨លាននាក់ក្នុងមួយឆ្នាំឯណា។ កម្មវត្ថុដែលអ៊ីរ៉ង់ចង់បានពីពេលនេះទៅឆ្នាំ ២០២៥ គឺទទួលបានភ្ញៀវទេសចរបរទេសដល់ទៅ ២០លាននាក់ក្នុងមួយឆ្នាំ។
ក៏ប៉ុន្តែ កម្មវត្ថុ និងមហិច្ឆតាមួយនេះហាក់គ្រាន់តែ និងកំពុងនៅជាក្តីស្រមៃនៅឡើយនាពេលនេះ។ ជាក្តីស្រមៃព្រោះអ្វីៗហាក់បានក្រឡាប់ចាក់តែមួយប៉ប្រិចភ្នែកដោយសារកើតមានព្រឹត្តិការណ៍បន្តបន្ទាប់គ្នាចាប់ពីឆ្នាំ ២០១៨។ ក្នុងឆ្នាំ ២០១៨ អាមេរិកក្នុងជំនាន់ប្រធានាធិបតីលោកដូណាល់ ត្រាំបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាឆ្នាំ ២០១៥។ បន្ទាប់មកក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ មានក្បួនបាតុកម្មមហាជនប្រឆាំងនឹងរដ្ឋាភិបាល ហើយក្នុងខែមករា ឆ្នាំ ២០២០ មានធ្លាក់យន្តហោះស៊ីវិលអ៊ុយក្រែនមួយដោយត្រូវគ្រាប់មីស៊ីលរបស់ទ័ពអ៊ីរ៉ង់ ក្រោយពីយន្តហោះនោះទើបហោះឡើងចេញពីអាកាសយានដ្ឋានក្រុងតេហេរ៉ង់។
ពិតណាស់ តិច ឬច្រើន ព្រឹត្តិការណ៍ចំនួន ៣ឆ្នាំបន្តបន្ទាប់គ្នាខាងលើនេះបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់វិស័យសេដ្ឋកិច្ចអ៊ីរ៉ង់ និយាយជារួម និងវិស័យទេសចរណ៍ និយាយដោយឡែក។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលអ៊ីរ៉ង់បានព្យាយាម និងប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីស្តាររូបភាព និងស្ថានការណ៍ឡើងវិញ ពិសេសផ្តល់ជំនឿទុកចិត្តជាថ្មីដល់ភ្ញៀវទេសចរបរទេស។ តែខណៈដែលរឿងចាស់មិនទាន់រលត់ និងស្ងប់ស្រួលបួលផង ស្រាប់តែមានកើតរឿងថ្មីមួយបន្ថែមទៀតកាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០២២។ រឿងថ្មីនោះ គឺបាតុកម្មមហាជននៅទូទាំងប្រទេស ក្រោយពីការស្លាប់នារីម៉ាសា អាមីនី។
គួររម្លឹកថាមានអាយុ ២២ឆ្នាំ នារីម៉ាសា អាមីនីត្រូវបានប៉ូលិសសីលធម៌អ៊ីរ៉ង់ចាប់ខ្លួនក្នុងថ្ងៃទី ១៣ កញ្ញាក្រោមបទចោទប្រកាន់ពីការស្លៀកពាក់មិនសមរម្យតាមច្បាប់សាសនាអ៊ីស្លាម។ តែនៅ ៣ថ្ងៃក្រោយការចាប់ខ្លួន នារីម៉ាសា អាមីនីបានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ។ គេបានសង្កេតឃើញថា ព្រឹត្តិការណ៍មួយបាន និងកំពុងធ្វើឲ្យរដ្ឋាភិបាលឈឺក្បាល វិលមុខយ៉ាងខ្លាំង។ ឈឺក្បាល វិលមុខ ព្រោះក្រៅពីមានបាតុកម្មប្រឆាំងរបស់មហាជនក្នុងស្រុក ការស្លាប់នារីម៉ាសា អាមីនីបានបំផុសឲ្យមានប្រតិកម្មថ្កោលទោសយ៉ាងខ្លាំងក្លាពីអន្តរជាតិ ពិសេសពីពលរដ្ឋអ៊ីរ៉ង់រស់នៅបរទេស។
ដូច្នេះច្បាស់ណាស់ បរិបទថ្មីមួយនេះបានធ្វើឲ្យភ្ញៀវទេសចរអឺរ៉ុបកាន់តែខ្លាចរអារលែងចង់ទៅអ៊ីរ៉ង់តែម្តង។ បន្ថែមពីនេះ មានប្រទេសអឺរ៉ុបជាច្រើន ពិសេសបារាំង និងអាល្លឺម៉ង់បានផ្តល់យោបល់ដល់ពលរដ្ឋខ្លួនកុំឲ្យទៅអ៊ីរ៉ង់។ ក្រុងប៉ារីសបានព្រមានត្រង់ៗថា ដើរលេងនៅអ៊ីរ៉ង់ប្រឈមនឹងហានិភ័យនៃការឃាត់ខ្លួន ការចាប់ឃុំក្រៅប្រព័ន្ធតុលាការ និងការកាត់ទោសដោយអយុត្តិធម៌។ ការព្រមានដូចនេះព្រោះសព្វថ្ងៃ មានជនជាតិបារាំងចំនួន ៦នាក់កំពុងជាប់ក្នុងពន្ធនាគារអ៊ីរ៉ង់ ក្នុងនោះ មានខ្លះជាអ្នកទេសចរធម្មតា។ ក្រៅពីអស្ថិរភាពសង្គម និងនយោបាយ វិបត្តិកូវីដ១៩ ជាដើមចមមួយទៀតនៃការគ្មានភ្ញៀវទេសចរបរទេសដែរ។
ផលវិបាកកើតចេញពីការគ្មាន ឬមានភ្ញៀវទេសចរបរទេសតិចតួចមានច្រើន សណ្ធាគារភាគច្រើនគ្មានភ្ញៀវស្នាក់នៅ ក្រុមមគ្គុទ្ទេសក៍ទេសចរភាគច្រើនដើរទាត់ខ្យល់ ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ ឬទំនិញសិប្បកម្មក្នុងស្រុកឈរដកដង្ហើមចោល ឬមួយក៏តំបន់ទេសចរណ៍ស្ងាត់មិនសូវមានភ្ញៀវទេសចរជាដើម។ អ្វីដែលច្បាស់នៅចំពោះមុខ អ៊ីរ៉ង់មិនអាចបន្តទន្ទឹងរង់ចាំភ្ញៀវទេសចរអឺរ៉ុបបានឡើយ ហើយក៏មិនច្បាស់ថា ភ្ញៀវទេសចរអឺរ៉ុបអាចសម្រុកត្រឡប់ទៅលេងអ៊ីរ៉ង់ដូចមុនដែរ។ អ្វីដែលអ៊ីរ៉ង់សង្ឃឹមពេលនេះ គឺភ្ញៀវទេសចរបរទេសពីប្រទេសផ្សេង ដូចយ៉ាងរុស្ស៊ី ចិន និងតួកគីដែលមិនឈឺឆ្អាល ខ្វល់ខ្វាយនឹងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់។
បន្ទាប់មក គឺបណ្តាប្រទេសជិតខាងក្នុងតំបន់ ពិសេសក្រុមប្រទេសដែលមានវប្បធម៌ និងសាសនារួមដូចគ្នា ដូចជាអ៊ីរ៉ាក់ លីបង់ កូវ៉ែត ឬមួយក៏ប៉ាគីស្ថាន។ ផ្ទាំងស៊ីបបន្ទាប់មកទៀតរបស់រដ្ឋាភិបាលអ៊ីរ៉ង់ គឺការអភិវឌ្ឍន៍វិស័យទេសចរណ៍វេជ្ជសាស្រ្តដោយសំអាងលើហេដ្ឋារចនាសម្ព័ន្ធសុខភាពដែលមានប្រសិទ្ធភាព តម្លៃទាប និងជំនាញផ្នែកវះកាត់កែសម្ផស្សដែលកំពុងពេញនិយម និងទាក់ទាញខ្លាំងពីប្រជាជនរស់ក្នុងតំបន់មជ្ឈិមបូព៌ា៕
2/20/2023 • 5 minutes, 49 seconds ឥណ្ឌា បញ្ជាទិញយន្តហោះច្រើន មិនធ្លាប់មានក្នុ ងប្រវត្តិសាស្ត្រអាកាសចរណ៍ស៊ីវិល
ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ ចំនួន ៤៧០ គ្រឿង ពីក្រុមហ៊ុនអឺរ៉ុប-បារាំង និងអាមេរិក។ ការបញ្ជាទិញក្នុងចំនួនដ៏ច្រើនសន្ធឹកដូច្នេះ គឺ មិនធ្លាប់ជួបសោះ នៅក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ស៊ីវិល។ ហេតុអ្វី ឥណ្ឌា សម្រុកទិញយន្តហោះ នៅពេលនេះ ហើយនិងទិញក្នុងចំនួនច្រើនយ៉ាងដូច្នេះ?
ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» បញ្ជាទិញយន្តហោះចំនួន ៤៧០ គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះ Airbus និងពីក្រុមហ៊ុន Boeing។ ៧០គ្រឿង សម្រាប់ហោះហើររយៈចម្ងាយឆ្ងាយ ហោះឆ្លងទ្វីប ហើយ ៤០០គ្រឿងទៀត ជាយន្តហោះសម្រាប់ធ្វើដំណើររយៈចម្ងាយខ្លី ។ ទំនិញបក្សីស្លាបដែកនេះ គឺចំនួនជាងពាក់កណ្តាល ជារបស់ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប-បារាំង ហើយ ជិតពាក់កណ្តាលទៀត ជាផលិតផលរបស់សហរដ្ឋអាមេរិក។
មន្ត្រីរដ្ឋាភិបាលអាមេរិក បានឲ្យបណ្តាសារព័ត៌មាន ដឹងថា ឥណ្ឌា បញ្ជាទិញយន្តហោះ Boeing ពីអាមេរិក ចំនួន ២២០គ្រឿង ក្នុងនោះ មានប្រភេទ Boeing 737 MAX ចំនួន ១៩០ គ្រឿង និងយន្តហោះធំហោះចម្ងាយឆ្ងាយឆ្លងទ្វីប ប្រភេទ B787 ចំនួន ២០ គ្រឿង ព្រមទាំងនិង ១០គ្រឿងទៀត សម្រាប់យន្តហោះប្រភេទ B777X។
ក្នុងការឆ្លើយឆ្លងតាមខ្សែទូរសព្ទ ប្រធានាធិបតីអាមេរិក ចូ បៃដិន និងនាយករដ្ឋមន្ត្រី នរិន្ទ្រា ម៉ូឌី បានសម្តែងសុឆន្ទៈពង្រឹងទំនាក់ទំនងទ្វេភាគី ចំពោះវិស័យអាកាសចរណ៍ស៊ីវិល វិស័យផលិតផលពាក់កណ្តាលសម្រេច ហើយនិងសហការគ្នាផ្នែកទំនើបកម្មវិស័យការពារជាតិផង ព្រមទាំងបច្ចេកវិទ្យាសប្បនិមិត្តទៀត។ នេះបើតាមប្រភពពីមន្ត្រីស្និទ្ធនឹងថ្នាក់ដឹកនាំឥណ្ឌា។
ពីចំណែកបារាំងវិញ ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានធ្វើជាសាក្សី ពីចម្ងាយ តាមប្រព័ន្ធវីដេអូ ក្នុងឱកាសចុះហត្ថលេខាទិញ-លក់យន្តហោះ Airbus និងក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា»។ ប្រមុខរដ្ឋបារាំង មានប្រសាសន៍ជាភាសាអង់គ្លេស ទៅកាន់សមភាគីនាយករដ្ឋមន្ត្រី នរិន្ទ្រា ម៉ូឌី ដើម្បីឲ្យកក់ក្តៅចិត្តថា បារាំងសន្យាប្តេជ្ញាអស់ពីជម្រៅចិត្តក្នុងការផ្តល់បច្ចេកវិទ្យាដ៏មានប្រសិទ្ធភាពរបស់ខ្លួន ទៅឲ្យឥណ្ឌា ហើយនិងបារាំងរីករាយចូលរួមចំណែកក្នុងដំណើរការ«ផលិតទំនិញស្នាដៃឥណ្ឌា»ផង។
សរុប ចំនួនទឹកប្រាក់ បញ្ជាទិញយន្តហោះបរទេស ពីសំណាក់ក្រុមហ៊ុនឥណ្ឌាលើកនេះ គឺក្នុងតម្លៃ សរុប ៧០ ពាន់លានដុល្លារ។ ជាចំនួនមួយដ៏ច្រើនសន្ធឹក ដែល អ្នកជំនាញ អះអាងថា«មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ស៊ីវិល»។
ហេតុអ្វី ឥណ្ឌា សម្រុកទិញយន្តហោះដឹកអ្នកដំណើរ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ហើយនិងទិញក្នុងចំនួនច្រើនសន្ធឹកយ៉ាង ដូច្នេះ?
មូលហេតុគឺកើតចេញពីមហិច្ឆតានយោបាយដឹកនាំជាតិផង និងពីតម្រូវការជាក់ស្តែងផង។ ការប្រកាសទិញយន្តហោះថ្មីបន្ថែម ឋិតក្របខណ្ឌនៃពិព័រណ៌វិស័យអាកាសចរណ៍ឥណ្ឌា ចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៧ កុម្ភៈ នៅស្រុកឥណ្ឌា។ តាំងពីថ្ងៃបើកសម្ពោធពិព័រណ៌ដំបូងម្ល៉េះដែល ថ្នាក់ដឹកនាំរដ្ឋបាលទីក្រុងញូវដេលី សម្តែងពីមហិច្ឆតាអភិវឌ្ឍវិស័យហោះហើរ និងចង់ឃើញ មហាយក្សឥណ្ឌា ក្លាយជាប្រទេសជឿនលឿនវិស័យអាកាសចរណ៍ និងមានកិត្តិនាមមុខមាត់ យ៉ាងហោចក្នុងចំណោម ៥ប្រទេស ដែល ល្អដាច់គេលើលោកខាងដំណើរផ្លូវអាកាស។ ដើម្បីបំពេញមហិច្ឆតានេះ អ្នកដាច់ចង្កូចនយោបាយឥណ្ឌា បានប្រកាសក្នុងខែកុម្ភៈ ថានឹងបន្តសាងសង់អាកាសយានដ្ឋាន ចំនួន ជាង ១០០ កន្លែងទៀត ចាប់ពីពេលនេះ ដល់ឆ្នាំ២០២៤ខាងមុខ។
ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំឥណ្ឌា បាន ប្រមើលមើលឃើញថា ទីផ្សារជើងហោះហើររបស់ឥណ្ឌា មានទំហំធំធេង ពោលគឺ គុណនឹងបួនដង ពីពេលនេះដល់ឆ្នាំ២០៤១ ដែលអាចនឹងកើនដល់ ៦៤១ លាននាក់។ អាស្រ័យហេតុនេះ ក្រុមហ៊ុនយន្តហោះដឹកអ្នកដំណើរឥណ្ឌា ត្រូវរួសរាន់បញ្ជាទិញយន្តហោះថ្មីបន្ថែម គឺអាចត្រូវទិញ ដល់ទៅ១៥០០ ទៅ១៧០០គ្រឿង ក្នុងចន្លោះ២-៣ឆ្នាំទៀត។ នេះបើតាមការព្យាកររបស់អាកាសចរណ៍ស៊ីវិលអឺរ៉ុប។ ទំនងជាស្រដៀងៗគ្នាដែរ អ្នកជំនាញឥណ្ឌា គិតគូរឃើញថាឥណ្ឌាអាចនឹងត្រូវការយន្តហោះស៊ីវិលយ៉ាងតិច ២ ០០០ គ្រឿងបន្ថែមទៀត ក្នុងរយៈពេល ១០ ទៅ១៥ឆ្នាំខាងមុខ។
ពេលវេលានេះ ក៏សមស្របតាមចង្វាក់ផលិតកម្មដែរ ពីព្រោះថា ការទទួលយន្តហោះបញ្ជាទិញពីសំណាក់ឥណ្ឌាលើកនេះ គឺត្រូវ នាយកទីផ្សាររបស់ក្រុមហ៊ុនAirbus បញ្ជាក់ថា ការផ្ទេរយន្តហោះតាមគម្រោង អាចនឹងត្រូវធ្វើឡើងនៅឆ្នាំ២០២៧ ឯណោះ។ ក៏ប៉ុន្តែ ក្រុមហ៊ុន Boeing មិនបានបញ្ជាក់កាលបរិច្ឆេទទេ។
មូលហេតុធំមួយទៀតដែរ គឺការផ្លាស់ប្តូរយន្តហោះចាស់ៗចេញ។ គេមិនត្រូវភ្លេចទេថា ការបញ្ជាទិញយន្តហោះថ្មី - ទំនើប គឺជាករណីចាំបាច់សម្រាប់ធានាសុវត្ថិភាពអ្នកដំណើរ ដ្បិតថា ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» មិនបានទិញយន្តហោះថ្មី ទាល់តែសោះនិង ជាច្រើនឆ្នាំដែរមកហើយ។ ការទិញយន្តហោះថ្មីចុងក្រោយបង្អស់របស់ «អ៊ែរឥណ្ឌា» គឺនៅឆ្នាំ ២០០៦ ឯណោះ។ ហេតុដូច្នេះ បើតាមលោក Mark Martin អគ្គនាយកខាងក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ បានលើកឡើងថា ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» ត្រូវផ្លាស់ប្តូរយន្តហោះថ្មីៗ ស្ទើរតែពាក់កណ្តាល ចន្លោះ ៥ទៅ ៧ឆ្នាំទៀត។
ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» មានប្រវត្តិបែបណា?
ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» កើតពីដំបូងឆ្នាំ១៩៣២ ជាសហគ្រាសឧស្សាហកម្មបារាំង-ឥណ្ឌា ប៉ុន្តែត្រូវធ្វើជាតូបនីយកម្ម ជាក្រុមហ៊ុនរដ្ឋ នៅពេលដែល ឥណ្ឌា ប្រកាសឯករាជ្យ ដាច់ចេញពីការត្រួតត្រារបស់អង់គ្លេសនៅ ឆ្នាំ១៩៤៧។ នៅឆ្នាំ២០០៩ ក្រុមហ៊ុនរដ្ឋនេះ ខាតច្រើន ហើយរដ្ឋឥណ្ឌា បានចាក់បញ្ចូលលុយ ១៥ពាន់លានដុល្លារ តែនៅតែស្រង់មិនកើត។ នៅឆ្នាំ២០២២ «អ៊ែរឥណ្ឌា» ត្រូវផ្ទេរមកជាក្រុមហ៊ុនឯកជនវិញ។ ពោលគឺត្រឡប់មកវង្សត្រកូលម្ចាស់ដើម គឺ ត្រកូល តាតា «Tata» ឋិតក្រោមកណ្តាប់ដៃរបស់ មហាសេដ្ឋី Ratan Tata ដែលមានក្រុមហ៊ុនរកស៊ីច្រើនវិស័យ រាប់ចាប់តាំងពីផ្នែករថយន្ត សណ្ឋាគារ ផ្នែកគីមី ក្រុមហ៊ុនលោហៈ និងរហូតដល់ ក្រុមហ៊ុនទំនិញចំណីអាហារ ជាដើម ដែលមានបុគ្គលិកក្រោមបង្គាប់ ប្រមាណជាង ៩៣៥ ០០០ នាក់ឯណោះ។ អ្នកជំនាញជឿថា «អ៊ែរឥណ្ឌា» អាចនឹងកសាងកេរ្តិ៍ ជាក្រុមហ៊ុនយន្តហោះលំដាប់ពិភពលោក៕
2/15/2023 • 6 minutes, 13 seconds