ប្រវត្តិរ៉ុកកែតអវកាសរុស្ស៊ីធុន Soyuz
រុស្ស៊ី គឺជាប្រទេសមហាអំណាចដ៏ចម្បងមួយ នៅក្នុងវិស័យអវកាស នៅក្នុងពេលបច្ចុប្បន្ន ជាមួយនឹងបច្ចេកវិទ្យារ៉ុកកែត និងយានអវកាស ដ៏ល្បីល្បាញមួយនៅលើពិភពលោក គឺ សូយូស (Soyuz)។ Soyuz ជាបច្ចេកវិទ្យាបន្សល់ទុកតាំងពីសម័យសហភាពសូវៀត ហើយត្រូវបានអភិវឌ្ឍចេញពីបច្ចេកវិទ្យារ៉ុកកែត V2 របស់អាល្លឺម៉ង់ ដោយវិស្វករសូវៀត ឈ្មោះ Sergei Korolev ដែលត្រូវបានគេចាត់ទុកជាបិតានៃកម្មវិធីអវកាសសូវៀត។ Sergei Pavlovich Korolev កើតនៅឆ្នាំ១៩០៧ នៅហ្ស៊ីតូមៀរ (Zhytomyr) ប្រទេសអ៊ុយក្រែន ដែលកាលណោះ ស្ថិតនៅក្នុងរង្វង់ចក្រភពរុស្ស៊ី និងក្រោយមកទៀត ជារដ្ឋមួយ ក្នុងសហភាពសូវៀត។ Korolev បានបញ្ចប់ការសិក្សាពីសាលាប៉ូលីតិចនិកក្រុងកៀវ និងពីសកលវិទ្យាល័យម៉ូស្គូ ដោយចាប់យកជំនាញខាងវិស្វកម្មយន្តហោះ និងម៉ូទ័ររ៉ុកកែត ហើយបានបង្កើតក្រុមការងារស្រាវជ្រាវផ្នែករ៉ុកកែតអវកាសមួយ ដែលបានទទួលជោគជ័យក្នុងការផលិតរ៉ុកកែតប្រើឥន្ធនៈរាវជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្តសូវៀត នៅឆ្នាំ១៩៣៣។ក៏ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមកទៀត Korolev បានក្លាយជាជនរងគ្រោះ ដោយនយោបាយឃោរឃៅនៃរបបស្តាលីន ហើយបានក្លាយជាអ្នកទោសនយោបាយ នៅឆ្នាំ១៩៣៨។ Korolev ត្រូវបានគេធ្វើទារុណកម្មក្នុងគុក ហើយត្រូវបានគេបញ្ជូនទៅដាក់ក្នុងគុកនៅស៊ីបេរីជាច្រើនខែ មុននឹងត្រូវបានគេបញ្ជូនមកម៉ូស្គូវិញ ហើយតាមរយៈអន្តរាគមន៍របស់ Andrei Tupolev (អ្នកបង្កើតយន្តហោះធុន Tupolev) Sergei Korolev ក៏ត្រូវបានគេដាក់បញ្ចូលទៅក្នុងក្រុមស្រាវជ្រាវវិទ្យាសាស្រ្តមួយ ជាមួយអ្នកវិទ្យាសាស្រ្តផ្សេងទៀតដែលជាប់ទោសនយោបាយដូចគ្នា។នៅក្នុងអំឡុងពេលនោះ រុស្ស៊ីកំពុងស្ថិតក្នុងសង្គ្រាមលោកលើកទី២ ហើយ Korolev ត្រូវបានគេចាត់ឲ្យទទួលបន្ទុកដឹកនាំស្រាវជ្រាវផលិតរ៉ុកកែត ដើម្បីប្រជែងជាមួយនឹងរ៉ុកកែត V2 របស់អាល្លឺម៉ង់ ហើយនៅឆ្នាំ១៩៤៥ នៅក្រោយពេលកងទ័ពសូវៀត វាយដណ្តើមកាន់កាប់ទីតាំងរ៉ុកកែតរបស់អាល្លឺម៉ង់ ដោយរឹបអូសបានទាំងតួរ៉ុកកែត និងប្លង់រ៉ុកកែត V2, Korolev ក៏ត្រូវបានគេបញ្ជូនឲ្យទៅអាល្លឺម៉ង់ ដើម្បីមើលការខុសត្រូវក្នុងការនាំយកបច្ចេកវិទ្យារ៉ុកកែត V2 នេះទៅផលិតជារ៉ុកកែតថ្មី សម្រាប់សហភាពសូវៀត។ចេញពីម៉ូដែលរ៉ុកកែត V2 នេះ Korolev បានផលិតចេញជាមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីមួយប្រភេទ ដែលគេឲ្យឈ្មោះថា Scud ហើយដែលត្រូវបានគេប្រើជាទូទៅ នៅក្នុងអំឡុងសម័យសង្គ្រាមត្រជាក់។ បន្ទាប់មកទៀត នៅឆ្នាំ១៩៥៣ Korolev បានចាប់ផ្តើមរៀបចំផលិតរ៉ុកកែតប្រភេទថ្មីមួយទៀត គឺរ៉ុកកែតធុន R-7 ដែលជាមីស៊ីលបាលីស្ទិកអន្តរទ្វីបដំបូងបង្អស់នៅលើពិភពលោក អាចបាញ់បានចម្ងាយរហូតដល់ទៅ ៨០០០គីឡូម៉ែត្រ ហើយអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ កម្លាំង ពី៣ ទៅ ៥មេហ្កាតោន។ក៏ប៉ុន្តែ ក្រៅពីជាមីស៊ីលបាលីស្ទិកអន្តរទ្វីបផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ R-7 ក៏ត្រូវបានគេយកទៅប្រើជារ៉ុកកែតអវកាសផងដែរ... ជារ៉ុកកែតអវកាស ដែលបានដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងវិស័យអវកាសរបស់សូវៀត។R-7 គឺជាប្រភេទរ៉ុកកែត ដែលមានពីរកំណាត់ ដោយនៅកំណាត់ទីមួយ មានតួរ៉ុកកែតធំមួយនៅចំកណ្តាល បំពាក់ទៅដោយម៉ូទ័រ (ធុន RD-108)ចំនួន ២គ្រឿង អមទៅដោយប៊ូស្ទ័រចំនួន ៤ នៅជុំវិញ ដោយប៊ូស្ទ័រនីមួយៗ បំពាក់ទៅដោយម៉ូទ័រ (ធុន RD-107)ចំនួន ១គ្រឿង។ខុសពីរ៉ុកកែតអវកាសភាគច្រើន ដែលមានប៊ូស្ទ័រប្រើឥន្ធនៈរឹង ប៊ូស្ទ័រទាំង ៤គ្រឿង របស់រ៉ុកកែតធុន R-7 គឺជាប្រភេទរ៉ុកកែតប្រើឥន្ធនៈរាវ ដែលមានន័យថា នៅក្នុងរ៉ុកកែត R-7 ទាំងមូល រាប់ចាប់តាំងពីប៊ូស្ទ័រ តួរ៉ុកកែតកំណាត់ទីមួយ រហូតទៅដល់កំណាត់ទីពីរ សុទ្ធតែប្រើឥន្ធនៈរាវដូចគ្នាទាំងអស់ គឺឥន្ធនៈប្រភេទ KeroLox ពោលគឺ កេរ៉ូសែន និងអុកស៊ីសែនរាវ។រ៉ុកកែត R-7 ត្រូវបានគេបាញ់បង្ហោះប្រកបដោយជោគជ័យជាលើកទីមួយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៥៧។ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៧ រ៉ុកកែត R-7 ត្រូវបានគេយកទៅប្រើ ដើម្បីបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ គឺផ្កាយរណប Sputnik។មួយខែក្រោយមកទៀត នៅថ្ងៃទី៣ វិច្ឆិកា នៅក្នុងពេលដែលសហរដ្ឋអាមេរិកនៅមិនទាន់បានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបបានមួយគ្រឿងនៅឡើយ Korolev និងក្រុមការងារបានប្រើរ៉ុកកែត R-7 ដើម្បីបាញ់បង្ហោះយានអវកាសទីពីរ ទៅក្នុងគន្លងតារាវិថី។ បេសកកម្មនេះត្រូវបានគេឲ្យឈ្មោះថា Sputnik-2 ដែលនៅលើនោះ មានដឹកឆ្កែឈ្មោះ “ឡៃកា” ទៅជាមួយ ដោយត្រូវបានបាញ់បង្ហោះប្រកបដោយជោគជ័យ ទៅដាក់ក្នុងគន្លងតារាវិថី។ចាប់ពីពេលនោះមកKorolev និង រ៉ុកកែត R-7 បានសម្រេចជោគជ័យជាប្រវត្តិសាស្រ្តជាច្រើនផ្សេងទៀតជាបន្តបន្ទាប់គ្នា៖ ការបញ្ជូនយានគ្មានមនុស្សបើកទៅកាន់ព្រះចន្ទជាលើកទីមួយ ថតយករូបភាពពីផ្នែកម្ខាងទៀតរបស់ព្រះចន្ទជាលើកទីមួយ បញ្ជូនយានគ្មានមនុស្សបើកចេញពីផែនដី សំដៅទៅហោះកាត់ភពផ្សេងជាលើកទីមួយ គឺភពសុក្រ និងចុងក្រោយ គឺការបញ្ជូនមនុស្សទៅក្នុងទីអវកាសជាលើកទីមួយ គឺបេសកកម្ម Vostok ដឹកអវកាសយានិក យូរី ហ្កាហ្ការីន ទៅធ្វើដំណើរក្នុងគន្លងតារាវិថីមួយជុំផែនដី មុននឹងវិលត្រឡប់មកចុះលើផែនដីវិញដោយសុវត្ថិភាព នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១។Korolev ក៏បានរៀបចំផែនការបញ្ជូនមនុស្សទៅចុះចតលើដីព្រះចន្ទផងដែរ ដើម្បីប្រជែងជាមួយអាមេរិក ដោយក្នុងផែនការនេះ Korolev គ្រោងផលិតរ៉ុកកែតថ្មីស្រឡាងមួយទៀត គឺរ៉ុកកែតធុន N-1 ដែលគេអាចនិយាយបានថា ជាគូប្រជែងជាមួយនឹងរ៉ុកកែត Saturn-V របស់អាមេរិក និងយានអវកាសធុន សូយូស (Soyuz) ដែលជាគូប្រជែងជាមួយនឹងយានអាប៉ូឡូ។ក៏ប៉ុន្តែ គម្រោងរ៉ុកកែត N-1 របស់ Korolev នេះ ត្រូវជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ រហូតទាល់តែដល់ឆ្នាំ១៩៦៤ ទើប Korolev បានទទួលភ្លើងខៀវឲ្យចាប់ផ្តើមគម្រោង ដោយមកទល់នឹងពេលនោះ គម្រោងទៅកាន់ព្រះចន្ទរបស់ទីភ្នាក់ងារណាសាអាមេរិកបានចាប់ផ្តើមធ្វើយ៉ាងពេញទំហឹង តាំងពីឆ្នាំ១៩៦១មកម៉្លេះ។ក្រៅពីចាប់ផ្តើមយឺតជាងអាមេរិករហូតដល់ទៅ៣ឆ្នាំ គម្រោងទៅកាន់ព្រះចន្ទរបស់សូវៀតត្រូវប្រឈមនឹងបញ្ហាដ៏ធំមួយទៀត គឺនៅឆ្នាំ១៩៦៥ ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ក្រោយពីគម្រោងរ៉ុកកែត N-1 បានទទួលភ្លើងខៀវពីរដ្ឋាភិបាល Korolev ក៏ធ្លាក់ខ្លួនឈឺ ដោយកើតជំងឺមហារីក ហើយទទួលមរណភាព នៅឆ្នាំ១៩៦៦។ក្រោយមរណភាពរបស់ Korolev កម្មវិធីអវកាសរបស់សូវៀតក៏ត្រូវជួបនឹងបញ្ហា ហើយគម្រោងផលិតរ៉ុកកែត N-1 ក៏កាន់តែយឺតយ៉ាវខ្លាំងឡើង ប្រជែងមិនឈ្នះគម្រោងអាប៉ូឡូរបស់អាមេរិក ដែលបានទទួលជោគជ័យក្នុងការបញ្ជូនអវកាសយានិកឲ្យទៅចុះចតលើដីព្រះចន្ទ នៅឆ្នាំ១៩៦៩។៥ឆ្នាំក្រោយមកទៀត នៅឆ្នាំ១៩៧៤ សូវៀតក៏បានសម្រេចលុបចោលគម្រោងផលិតរ៉ុកកែត N-1 ដោយទុកតែគម្រោងផលិតយានអវកាសសូយូស ជាមួយនឹងរ៉ុកកែត R-7 ដែលបន្សល់ទុកពីសម័យ Korolev។ រ៉ុកកែត R-7 ដែលត្រូវបានគេយកទៅប្រើជាប់ជាប្រចាំ នៅក្នុងវិស័យអវកាសសូវៀត និងបន្ទាប់មកទៀត វិស័យអវកាសរុស្ស៊ី នៅក្រោយការដួលរលំសហភាពសូវៀត។នៅក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងទៅនេះ រ៉ុកកែត R-7 ត្រូវបានគេយកទៅកែលម្អ និងផលិតចេញជាប្រភេទផ្សេងៗគ្នា ពីជំនាន់មួយទៅជំនាន់មួយ ដោយរ៉ុកកែត R-7 ជំនាន់ចុងក្រោយបង្អស់ នៅតែត្រូវបានគេបន្តប្រើជាប់ជាប្រចាំរហូតមកទល់នឹងសព្វថ្ងៃ ហើយដែលត្រូវបានគេឲ្យឈ្មោះថា « Soyuz » ។គិតជាសរុប រ៉ុកកែតធុន R-7 គ្រប់ជំនាន់ រាប់ចាប់តាំងពី Sputnik, Vostok រហូតមកដល់ Soyuz បច្ចុប្បន្ន ធ្លាប់ត្រូវបានគេបាញ់បង្ហោះដោយជោគជ័យរហូតដល់ទៅជិត ២ពាន់ដង ពោលគឺជាប្រភេទរ៉ុកកែត ដែលអាចបំពេញបេសកកម្មអវកាសបានច្រើនជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្ត ហើយ ជាង ៥០ឆ្នាំក្រោយមរណភាពរបស់ Sergei Korolev រ៉ុកកែត Soyuz ដែលជាប្រភេទមួយនៃរ៉ុកកែត R-7 អាចនឹងបន្តដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យអវកាសរុស្ស៊ី នៅក្នុងរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត៕
7/1/2023 • 10 minutes, 58 seconds ប្រវត្តិរ៉ុកកែត Ariane របស់អឺរ៉ុប
រ៉ុកកែត Ariane-5 គឺជារ៉ុកកែតដ៏មានប្រសិទ្ធភាព និងមានអត្រាជោគជ័យខ្ពស់ ហើយជាគន្លឹះជួយឲ្យអឺរ៉ុបបានគ្រប់គ្រងទីផ្សារបាញ់បង្ហោះផ្កាយរណបពាណិជ្ជកម្ម នៅក្នុងរយៈពេលជាច្រើនឆ្នាំ។ ក៏ប៉ុន្តែ មុននឹងឈានមកដល់ជោគជ័យនេះ កម្មវិធីរ៉ុកកែតអវកាសរបស់អឺរ៉ុបបានឆ្លងកាត់នូវបរាជ័យជាច្រើន រហូតស្ទើរតែត្រូវបានគេបោះបង់ចោល។ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ នៅក្នុងពេលដែលវិស័យអវកាសរបស់សហរដ្ឋអាមេរិក និងសហភាពសូវៀតកំពុងបោះជំហានទៅមុខយ៉ាងលឿន នៅក្នុងបរិបទនៃការប្រជែងអវកាស ក្នុងសង្គ្រាមត្រជាក់ នៅអឺរ៉ុបឯណេះវិញ វិស័យអវកាសត្រូវជាប់គាំងទៅមុខមិនរួច ដោយការព្យាយាមបង្កើតកម្មវិធីអវកាសរួមគ្នា ក្នុងក្របខណ្ឌអឺរ៉ុប ជាពិសេស គម្រោងផលិតរ៉ុកកែតអវកាស « Europa » ត្រូវទទួលបរាជ័យ។ស្ថិតនៅក្នុងស្ថានភាពជាប់គាំង ក្នុងកិច្ចសហប្រតិបត្តិការក្របខណ្ឌអឺរ៉ុបនេះ បារាំង តាមរយៈមជ្ឈមណ្ឌលអវកាស ដែលហៅជាភាសាបារាំងថា Centre nationale d’études spatiales ហៅកាត់ថា CNES ក៏បានផលិតរ៉ុកកែតអវកាសផ្ទាល់ខ្លួនឯង គឺរ៉ុកកែតធុន Dimant ដែលត្រូវបានបាញ់បង្ហោះដោយជោគជ័យជាលើកទីមួយ នៅឆ្នាំ១៩៦៥។ តាមរយៈជោគជ័យនេះ បារាំងក៏បានក្លាយជាប្រទេសមហាអំណាចអវកាសទីបី បន្ទាប់ពីអាមេរិក និងសូវៀត ក៏ប៉ុន្តែ រ៉ុកកែតធុន Diamant នេះ ក៏នៅតែមិនអាចជួយឲ្យបារាំង និងអឺរ៉ុបមានឯករាជ្យនៅក្នុងវិស័យអវកាសបាននោះដែរ ដោយសារតែវាជាប្រភេទរ៉ុកកែតធុនតូច អាចផ្ទុកទម្ងន់បានត្រឹមប្រមាណជា ២០០គីឡូក្រាមតែប៉ុណ្ណោះ ទៅគន្លងតារាវិថីទាប (Low Earth Orbit) ដែលជាហេតុធ្វើឲ្យការបាញ់បង្ហោះផ្កាយរណបជាច្រើនរបស់អឺរ៉ុបត្រូវពឹងផ្អែកលើរ៉ុកកែតរបស់អាមេរិក។ហេតុដូច្នេះហើយបានជាបារាំងនៅតែបន្តព្យាយាមជំរុញឲ្យមានកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអឺរ៉ុប ដើម្បីឈានទៅផលិតរ៉ុកកែតធុនធ្ងន់ផ្ទាល់ខ្លួនឯង ដោយមិនចាំបាច់ពឹងលើអ្នកដទៃ។ គម្រោងអវកាសអឺរ៉ុប ដែលបារាំងចង់ធ្វើ ដោយមានប្រទេស ៣ ជាជំហរ គឺបារាំង អង់គ្លេស និងអាល្លឺម៉ង់។ ក៏ប៉ុន្តែ នៅពេលនោះ អាល្លឺម៉ង់មិនសូវជាចាប់អារម្មណ៍ចង់ចូលរួម ដោយសារតែមើលឃើញពីបរាជ័យក្នុងគម្រោង « Europa » កាលពីមុន។ ចំណែកអង់គ្លេសវិញ ក៏មិនសូវជាចង់ចំណាយលុយលើគម្រោងផលិតរ៉ុកកែតថ្មី ដោយសារតែរំពឹងលើរ៉ុកកែតរបស់ណាសា។ក៏ប៉ុន្តែ អ្វីៗត្រូវប្រែប្រួល ជាមួយនឹងបញ្ហាចម្រូងចម្រាសជាមួយអាមេរិក ជុំវិញការបាញ់បង្ហោះផ្កាយរណបអឺរ៉ុប ឈ្មោះ Symphonie។Symphonie គឺជាប្រភេទផ្កាយរណបទូរគមនាគមន៍ ដែលផលិតឡើង ក្នុងគម្រោងរួមគ្នា រវាងបារាំង និងអាល្លឺម៉ង់ ហើយដែលត្រូវបាញ់បង្ហោះទៅដាក់ក្នុងគន្លងតារាវិថី Geostationnary ពោលគឺ ទៅដល់រយៈកម្ពស់រហូតដល់ទៅជាង ៣៥ម៉ឺនគីឡូម៉ែត្រពីដី។ ដោយសារតែអឺរ៉ុបមិនមានរ៉ុកកែតធុនធ្ងន់អាចបាញ់បង្ហោះផ្កាយរណបនេះបាន គេក៏ត្រូវការទៅពឹងអាមេរិក ដែលនៅពេលនោះ គឺជាប្រទេសមួយគត់ នៅក្នុងចំណោមប្រទេសលោកខាងលិច ដែលមានរ៉ុកកែតអវកាសធុនធ្ងន់ មានសមត្ថភាពអាចបាញ់បង្ហោះផ្កាយរណប Symphonie នេះបាន។នៅពេលនោះ អាមេរិកយល់ព្រមបាញ់បង្ហោះផ្កាយរណប Symphonie ឲ្យអឺរ៉ុប ក៏ប៉ុន្តែ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយ គឺ ផ្កាយរណបនេះ អឺរ៉ុបអាចយកទៅប្រើប្រាស់បានសម្រាប់តែអឺរ៉ុបខ្លួនឯងតែប៉ុណ្ណោះ ដោយមិនត្រូវយក ទៅធ្វើអាជីវកម្មនៅលើទីផ្សារទូរគមនាគមន៍នោះទេ។ ការណ៍ដែលអាមេរិកដាក់លក្ខខណ្ឌបែបនេះ គឺដើម្បីការពារចំណែកទីផ្សាររបស់ខ្លួន ពីការប្រកួតប្រជែងពីអឺរ៉ុប ក៏ប៉ុន្តែ សម្រាប់អឺរ៉ុប នេះគឺជាការដាស់ស្មារតីឲ្យភ្ញាក់ខ្លួនថា ដើម្បីអាចមាននយោបាយអវកាសឯករាជផ្ទាល់ខ្លួនឯង អាចទាញយកផលចំណេញពីសក្តានុពលវិស័យអវកាសដោយពេញលេញសម្រាប់ខ្លួនឯង អឺរ៉ុបចាំបាច់ត្រូវតែមានរ៉ុកកែតអវកាសផ្ទាល់ខ្លួនឯង។នៅទីបំផុតទៅ នៅឆ្នាំ១៩៧៣ បារាំងក៏បានទទួលជោគជ័យ ក្នុងការបញ្ចុះបញ្ចូលអាល្លឺម៉ង់ និងអង់គ្លេស ព្រមទាំងប្រទេសមួយចំនួនទៀត ឲ្យចូលរួមបង្កើតកម្មវិធីអវកាសរួមគ្នា ហើយគម្រោងអភិវឌ្ឍរ៉ុកកែត “អារីយ៉ាន” ក៏បានចាប់កំណើតឡើង ដោយមានបារាំងជាអ្នកចេញមុខរ៉ាប់រងការចំណាយច្រើនជាងគេ ការគ្រប់គ្រងគម្រោងផលិតរ៉ុកកែតអារីយ៉ានក៏ត្រូវបានប្រគល់ទៅឲ្យមជ្ឈមណ្ឌលអវកាសបារាំង (CNES) ហើយទីតាំងបាញ់បង្ហោះរ៉ុកកែតក៏ស្ថិតនៅក្នុងទឹកដីបារាំង គឺមជ្ឈមណ្ឌលអវកាស “គូរូ” នៅខេត្តហ្គីយ៉ាន (ដែនដីនាយសមុទ្ររបស់បារាំង)។រ៉ុកកែតអារីយ៉ានលើកដំបូងបង្អស់ គឺ Ariane-1 ត្រូវបានគេផលិត និងបាញ់បង្ហោះប្រកបដោយជោគជ័យជាលើកទីមួយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៧៩។ គិតជាសរុប ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងទៅនេះ រ៉ុកកែតអារីយ៉ានធ្លាប់ត្រូវបានអភិវឌ្ឍចេញជា ៥ជំនាន់រួចមកហើយ ដោយពីមួយជំនាន់ទៅមួយមួយជំនាន់ ត្រូវបំពាក់ទៅដោយបច្ចេកវិទ្យាកាន់តែទំនើបឡើងៗ គឺតាំងពី Ariane-1 រហូតមកដល់ Ariane-5។Ariane-5 ជាប្រភេទរ៉ុកកែតអវកាសធុនធ្ងន់ ឬហៅតាមភាសាអង់គ្លេសថា «Heavy-lift space launch vehicul» (HLV) ពោលគឺស្ថិតនៅក្នុងប្រភេទជាមួយគ្នានឹងរ៉ុកកែត Falcon 9 របស់ក្រុមហ៊ុន SpaceX និងរ៉ុកកែត Long March 5 របស់ចិន។មានប្រវែងសរុប ៥៣ម៉ែត្រ អារីយ៉ាន-៥ គឺជាប្រភេទរ៉ុកកែត ដែលមានពីរកំណាត់ ដោយកំណាត់ទីមួយ ប្រើម៉ូទ័រតែមួយគ្រឿង គឺម៉ូទ័រធុន Vulcain ប្រើឥន្ធនៈរាវប្រភេទ HydroLox ពោលគឺ អ៊ីដ្រូសែន និងអុកស៊ីសែនរាវ។ នៅអមសងខាងកំណាត់ទីមួយនេះ មានប៊ូស្ទ័រ (Booster) ចំនួនពីរ ប្រើឥន្ធនៈរឹង (Solid fuel) ចំណែកនៅកំណាត់ទីពីរវិញ គឺប្រើម៉ូទ័រមួយគ្រឿង ធុន HM-7។Ariane-5 មានសមត្ថភាពផ្ទុកទម្ងន់បានជាង ២០តោន ទៅកាន់គន្លងតារាវិថីទាប ឬហៅតាមភាសាអង់គ្លេសថា « Low-Earth Orbit » (LEO) គឺគន្លងតារាវិថីក្នុងចន្លោះពី ១៦០គីឡូម៉ែត្រ ទៅ ១០០០គីឡូម៉ែត្រពីដី និងជាង ១០តោន សម្រាប់គន្លងតារាវិថី Geostationnary ដែលស្ថិតនៅរយៈកម្ពស់ជាង ៣៥ម៉ឺនគីឡូម៉ែត្រពីដី។គិតចាប់តាំងពីឆ្នាំ១៩៩៦មក Ariane-5 ធ្លាប់ត្រូវបានគេបានគេបាញ់បង្ហោះសរុបចំនួន ១១៦លើក ដោយនៅក្នុងនោះ ជោគជ័យ ចំនួន ១១១លើក ពោលគឺ មានអត្រាជោគជ័យដល់ទៅ ៩៥%។ ជាមួយនឹងសមត្ថភាពក្នុងការបាញ់បង្ហោះផ្ការយណបច្រើនគ្រឿងយកទៅដាក់ក្នុងគន្លងតារាវិថី ក្នុងរយៈកម្ពស់ខុសៗគ្នា នៅក្នុងការបាញ់បង្ហោះតែមួយ រ៉ុកកែត Ariane-5 ជារ៉ុកកែតដ៏ជោគជ័យបំផុតមួយ នៅក្នុងទីផ្សារផ្តល់សេវាកម្មបាញ់បង្ហោះផ្កាយរណបឯកជន ដោយធ្លាប់គ្រប់គ្រងទីផ្សារពិភពលោកបានរហូតដល់ទៅ ៥០% ទៅ ៦០% ឯណោះ នៅមុនពេលមានការប្រកួតប្រជែងពីរ៉ុកកែត Falcon 9 របស់ក្រុមហ៊ុន SpaceX។ក្រៅពីជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណប Ariane-5 ក៏បានទទួលជោគជ័យក្នុង បេសកកម្មអវកាសធំៗជាច្រើនផងដែរ រួមមានទាំងការបាញ់បង្ហោះតេឡេស្កុបអវកាសជេមស៍វេប កាលពីឆ្នាំ២០២១ ក៏ដូចជា ការបាញ់បង្ហោះយាន “រ៉ូហ្សេតា” (Rosetta) កាលពីឆ្នាំ២០០៤ ដើម្បីទៅចុះចតលើផ្កាយដុះកន្ទុយ។នៅថ្ងៃទី១៦មិថុនាឆាប់ៗខាងមុខនេះ Ariane-5 នឹងត្រូវគេបាញ់បង្ហោះជាលើកទី ១១៧ និងជាលើកចុងក្រោយបង្អស់ មុននឹងត្រូវដាក់ឲ្យចូលនិវត្តន៍ ហើយជំនួសមកវិញ ដោយ Ariane ជំនាន់ថ្មីមួយទៀត ដែលរឹតតែទំនើបជាងមុន គឺ Ariane-6៕
ប្រវត្តិរ៉ុកកែត៖ យានចម្លងអវកាស (Space Shuttle)
ក្រោយពីទទួលជោគជ័យក្នុងការបញ្ជូនមនុស្សទៅចុះចតលើដីព្រះចន្ទ ក្នុងគម្រោងអាប៉ូឡូ ទីភ្នាក់ងារណាសា ដែលកញ្ចប់ថវិកាត្រូវកាត់បន្ថយច្រើន ក៏បានសម្រេចបញ្ចប់គម្រោងផលិតរ៉ុកកែត Saturn V ហើយងាកមកផ្តោតលើគម្រោងថ្មី គឺយានចម្លងអវកាស (Space Shuttle) ក្នុងគោលដៅបង្កើតប្រព័ន្ធដឹកជញ្ជូនអវកាសមួយ ដែលអាចប្រើបានច្រើនដង ហើយមានតម្លៃថោកជាងរ៉ុកកែតក្នុងគម្រោងអាប៉ូឡូ។
នៅឆ្នាំ១៩៦៩ នៅពេលដែល Niel Armstrong និង Buzz Aldrin ឈានជើងជាន់ដីព្រះចន្ទ អាមេរិកក៏បានក្លាយជាប្រទេសដែលទទួលជោគជ័យ ក្នុងការប្រជែងអវកាស ដោយយកឈ្នះលើសហភាពសូវៀត ហើយក្នុងពេលជាមួយគ្នា កម្មវិធីអាប៉ូឡូ ដែលត្រូវបានគេបង្កើតឡើងមកក្នុងគោលដៅចម្បង ដើម្បីប្រណាំងប្រជែងបញ្ជូនមនុស្សទៅចុះចតលើដីព្រះចន្ទនេះ ក៏ត្រូវឈានមកដល់ចំណុចរបត់ដ៏សំខាន់មួយផងដែរ។
ជាមួយនឹងនឹងកញ្ចប់ថវិកាដែលត្រូវកាត់បន្ថយដោយសភាអាមេរិក ទីភ្នាក់ងារណាសាក៏បានងាកចេញពីរ៉ុកកែត Saturn V នៃគម្រោងអាប៉ូឡូ ទៅបង្កើតគម្រោងថ្មីមួយទៀត គឺយានចម្លងអវកាស (Space Shuttle)។ គោលគំនិតចម្បង នៃគម្រោងយានចម្លងអវកាសនេះ គឺចង់ជំនួសការប្រើរ៉ុកកែត ដែលបាញ់បានតែម្តង ហើយត្រូវបោះចោល ដែលត្រូវចំណាយលុយច្រើន ដោយការប្រើរ៉ុកកែត និងយានអវកាស ដែលអាចប្រើបានច្រើនដង ដើម្បីអាចកាត់បន្ថយការចំណាយ នៅក្នុងការធ្វើដំណើរទៅក្នុងទីអវកាស។
Space Shuttle នៅក្នុងគម្រោងថ្មីនេះ មានទម្រង់ជាកូនកាត់ គឺពាក់កណ្តាលជាយន្តហោះ និងពាក់កណ្តាលជារ៉ុកកែត។ ក្នុងនោះ តួយាន ដែលណាសាហៅជាភាសាអង់គ្លេសថា « Orbiter » មានស្លាប និងមានកង់ ដែលអាចចុះចតដូចយន្តហោះ ក៏ប៉ុន្តែ នៅលើយាននេះ មានម៉ូទ័រចំនួន ៣គ្រឿង ដែលជាប្រភេទម៉ូទ័ររ៉ុកកែតអវកាស ធុន RS-25 សម្រាប់ប្រើនៅពេលបាញ់បង្ហោះយានចេញពីដី។
នៅពេលបាញ់ចេញពីដី Space Shuttle ត្រូវភ្ជាប់ជាមួយនឹងធុងឥន្ធនៈដ៏ធំមួយនៅកណ្តាល ដែលមានផ្ទុកអុកស៊ីសែន និងអ៊ីដ្រូសែនរាវ សម្រាប់ម៉ូទ័រ RS-25 ទាំង ៣គ្រឿង ហើយនៅអមសងខាងធុងឥន្ធនៈនេះ មានភ្ជាប់ប៊ូស្ទ័រចំនួនពីរ ដែលជាប្រភេទប៊ូស្ទ័រប្រើឥន្ធនៈរឹង (Solid fuel)។ ម៉ូទ័រ RS-25 ទាំង៣គ្រឿង បូករួមជាមួយនឹងប៊ូស្ទ័រទាំងសងខាងរបស់ Space Shuttle នេះ បង្កើតជាកម្លាំងរុញសរុបជាង ៣០មេហ្កាញូតុន (កម្លាំងខ្លាំងជាង Falcon Heavy របស់ក្រុមហ៊ុន SpaceX បច្ចុប្បន្ននេះទៅទៀត) ហើយអាចផ្ទុកទម្ងន់បានជាង ២៤តោន ទៅដល់គន្លងតារាវិថីទាប (Low Earth Orbit)។
ក្រោយពីបាញ់ចេញពីដី ប៊ូស្ទ័រទាំងពីរ អាចមានដំណើរការរយៈពេល ២នាទី ទើបអស់ឥន្ធនៈ ហើយត្រូវផ្តាច់ខ្លួនចេញ មុននឹងបើកឆ័ត្រយោងទម្លាក់ខ្លួនសន្សឹមៗទៅលើទឹកសមុទ្រ ដោយមាននាវានៅរង់ចាំ ដើម្បីស្រង់ចេញពីទឹក យកទៅជួសជុលកែលម្អ ទុកប្រើនៅពេលក្រោយ។
ចំណែក តួយាន ឬ Orbiter ឯណោះវិញ ម៉ូទ័រ RS-25 ទាំង ៣គ្រឿង អាចមានដំណើរការរហូតដល់ទៅ ៨នាទីឯណោះ ពោលគឺ រហូតទាល់តែអាចធ្វើដំណើរទៅដល់ក្នុងគន្លងតារាវិថី ទើបប្រើអស់ឥន្ធនៈ ហើយធុងឥន្ធនៈក៏ត្រូវផ្តាច់ចេញពីតួយាន។
ក្រោយពីបញ្ចប់បេសកកម្ម, តួយាន (Orbiter) ដែលមានស្រោបជុំវិញទៅដោយខែលការពារកម្តៅ ត្រូវធ្វើដំណើរត្រឡប់ចូលមកក្នុងស្រទាប់បរិយាកាសផែនដីវិញ ដើម្បីសំដៅទៅចុះចតនៅទីតាំងដើមវិញ គឺនៅឯមជ្ឈមណ្ឌលអវកាសរបស់ណាសានៅ Cape Canaveral រដ្ឋផ្លរីដា។
យានចម្លងអវកាសឈ្មោះ Columbia ត្រូវបានគេបាញ់បង្ហោះដោយជោគជ័យជាលើកទីមួយ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៨១ ដោយបានដឹកអវកាសយានិកចំនួន ២រូប ទៅក្នុងគន្លងតារាវិថី មុននឹងវិលត្រឡប់មកចុះចតលើដីវិញដោយសុវត្ថិភាព ពីរថ្ងៃក្រោយមកទៀត។
រាប់ចាប់តាំងពីពេលនោះមក រហូតមកទល់នឹងឆ្នាំ២០១១ Space Shuttle ចំនួន ៥គ្រឿង ត្រូវបានគេផលិត និងដាក់ឲ្យប្រើប្រាស់ គឺ Columbia, Challenger, Discovery, Atlantis និង Endeavour ដោយយានទាំង ៥គ្រឿងនេះ បានបំពេញបេសកកម្មទៅក្នុងគន្លងតារាវិថីជុំវិញផែនដី គិតជាសរុបចំនួន ១៣៥លើក ក្នុងនោះ រួមមានទាំងបេសកកម្មបាញ់បង្ហោះផ្កាយរណប បេសកកម្មបង្ហោះ និងជួសជុលថែទាំតេឡេស្កុបអវកាសហឺបល បេសកកម្មដំឡើងស្ថានីយ៍អវកាសអន្តរជាតិ ក៏ដូចជា បេសកកម្មដឹកជញ្ជូនសម្ភារៈ និងអវកាសយានិកទៅមក រវាងផែនដី និងស្ថានីយ៍អវកាសអន្តរជាតិ។
ក៏ប៉ុន្តែ ជាមួយនឹងជោគជ័យនេះ Space Shuttle ក៏បានឆ្លងកាត់នូវបរាជ័យដ៏ចម្បងចំនួនពីរលើកផងដែរ គឺការផ្ទុះ Challenger នៅឆ្នាំ១៩៨៦ និងការផ្ទុះ Columbia នៅឆ្នាំ២០០៣ ដែលបណ្តាលឲ្យអវកាសយានិកសរុប ១៤រូប ត្រូវបាត់បង់ជីវិត។
នៅឆ្នាំ២០០៤ មួយឆ្នាំក្រោយការផ្ទុះ Columbia លោកប្រធានាធិបតីអាមេរិក ចច ដាបិលយូ ប៊ូស ក៏បានសម្រេចថា នឹងដាក់ Space Shuttle ឲ្យចូលនិវត្តន៍ នៅក្រោយពេលដែលបេសកកម្មចុងក្រោយ គឺការដំឡើងស្ថានីយ៍អវកាសអន្តរជាតិ ត្រូវបានធ្វើចប់សព្វគ្រប់។ គម្រោង Space Shuttle ត្រូវបានបញ្ចប់ ជាមួយនឹងការហោះហើរលើកចុងក្រោយ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១១។ ចាប់ពីពេលនោះហើយ ដែលទីភ្នាក់ងារណាសា លែងមានរ៉ុកកែត និងយានអវកាស សម្រាប់ដឹកអវកាសយានិកដោយខ្លួនឯង ដោយរាល់ការបញ្ជូនសម្ភារៈ និងអវកាសយានិក ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ត្រូវពឹងផ្អែកលើរ៉ុកកែត និងយានអវកាសធុនសូយូស (Soyuz) របស់រុស្ស៊ី រហូតមកទល់នឹងឆ្នាំ២០២០កន្លងទៅ ក្រោយពីការដាក់ឲ្យដំណើរការយាន Crew Dragon និងរ៉ុកកែត Falcon 9 របស់ក្រុមហ៊ុន SpaceX៕
5/27/2023 • 10 minutes, 3 seconds រ៉ុកកែតអាល្លឺម៉ង់ V2៖ ឫសគល់នៃបច្ចេកវិទ្យារ៉ុកកែតសម័យទំនើប
រ៉ុកកែតអវកាស (ក៏ដូចជារ៉ុកកែតយោធា) មានឫសគល់ចេញពីការរកឃើញរំសេវ និងកាំជ្រួចបាញ់ជាការកម្សាន្ត នៅចិនសម័យបុរាណ ហើយមានមូលដ្ឋានវិទ្យាសាស្រ្ត ពីច្បាប់ចលនារបស់អ៊ីសាក់ ញូតុន។ ក៏ប៉ុន្តែ បច្ចេកវិទ្យារ៉ុកកែតសម័យទំនើប ដែលគេប្រើជាទូទៅ នៅក្នុងសម័យកាលបច្ចុប្បន្ននេះ មានឫសគល់ចេញពីអាវុធដ៏សំខាន់មួយ របស់អាល្លឺម៉ង់ណាស៊ី ក្នុងសម័យសង្គ្រាមលោកលើកទីពីរ គឺរ៉ុកកែត ដែលគេឲ្យឈ្មោះថា V-2 រចនាឡើងដោយវិស្វកររ៉ុកកែតដ៏ល្បីរបស់អាល្លឺម៉ង់ គឺ Wernher von Braun។
Wernher von Braun កើតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩១២ នៅក្នុងត្រកូលស្តុកស្តម្ភមួយ នៅអាល្លឺម៉ង់។ ជាក្មេង ដែលពីដំបូងមិនសូវជារៀនពូកែប៉ុន្មាននោះទេ ជាពិសេស មិនសូវពូកែខាងមុខវិជ្ជាវិទ្យាសាស្រ្ត គឺគណិតវិទ្យា និងរូបវិទ្យា ក៏ប៉ុន្តែ ជាក្មេងដែលដក់ចិត្តខ្លាំងទៅលើផ្នែកអវកាស និងតារាសាស្រ្ត។
ចំណុចរបត់ចម្បង ដែលនាំ von Braun ទៅរកដំណើរជីវិតជាអ្នកវិទ្យាសាស្ត្រ គឺកើតឡើង នៅក្នុងអំឡុងឆ្នាំ១៩២៥។ នៅពេលនោះ von Braun ដែលមានវ័យ ១៣ឆ្នាំ បានអានសៀវភៅមួយក្បាលនិពន្ធដោយអ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់មួយរូប ដែលត្រូវបានគេចាត់បញ្ចូលទៅក្នុងចំណោមបិតាស្ថាបនិកទាំង៣រូប នៃវិទ្យាសាស្រ្តរ៉ុកកែត គឺ Hermann Oberth ។ សៀវភៅនេះនិយាយអំពីចក្ខុវិស័យក្នុងការប្រើរ៉ុកកែត នៅក្នុងការធ្វើដំណើរទៅកាន់ទីអវកាស ដែលជាប្រធានបទត្រូវនឹងចំណង់ចំណូលចិត្តរបស់ von Braun ក៏ប៉ុន្តែ នៅក្នុងសៀវភៅនេះ មានចំណុចបច្ចេកទេសជាច្រើន ដែលពិបាកយល់ ដោយសារតែ von Braun មិនសូវពូកែខាងរូបវិទ្យា និងគណិតវិទ្យា។ ចាប់ពីពេលនោះហើយ ដែល von Braun ចាប់ផ្តើមយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រ រហូតបានក្លាយជាសិស្សឆ្នើមមួយរូបនៅសាលារៀន។
Von Braun បានរៀនចប់ថ្នាក់វិស្វករខាងមេកានិក ហើយបន្តការសិក្សារហូតបានបញ្ចប់សញ្ញាបត្រថ្នាក់បណ្ឌិត ពីសកលវិទ្យាល័យក្រុងប៊ែរឡាំង។ ក្នុងពេលជាមួយគ្នា von Braun ក៏បានចូលរួមយ៉ាងសកម្មផងដែរ នៅក្នុងក្រុមសិក្សាស្រាវជ្រាវខាងរ៉ុកកែត ជាពិសេស គឺបានទៅធ្វើជាជំនួយការឲ្យ Hermann Oberth នៅក្នុងការស្រាវជ្រាវ និងពិសោធន៍ ទៅលើម៉ូទ័ររ៉ុកកែត ដែលប្រើឥន្ធនៈរាវ (Liquid-fuel)។
គិតត្រឹមចុងឆ្នាំ១៩៣៤ ក្រុមការងាររបស់ von Braun បានផលិត និងសាកល្បងប្រកបដោយជោគជ័យ នូវរ៉ុកកែតប្រើឥន្ធនៈរាវចំនួនពីរដើម ដែលអាចហោះឡើងទៅដល់រយៈកម្ពស់ ២៤០០ម៉ែត្រពីដី ដែលជារយៈកម្ពស់មួយដ៏ខ្ពស់ សម្រាប់បច្ចេកវិទ្យារ៉ុកកែត ក្នុងសម័យកាលនោះ។ ក៏ប៉ុន្តែ គិតមកទល់នឹងពេលនោះ អាល្លឺម៉ង់ ដែលស្ថិតក្រោមកាន់អំណាចរបស់ហ៊ីត្លែរ បានហាមឃាត់ការសិក្សា និងសាកល្បងរ៉ុកកែតជាលក្ខណៈឯកជន ដោយគ្រប់គម្រោងសិក្សាស្រាវជ្រាវលើរ៉ុកកែតទាំងអស់ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ព ហើយប៉ុន្មានឆ្នាំក្រោយមកទៀត នៅក្នុងពេលដែលពិភពលោកកំពុងឆាបឆេះដោយសង្គ្រាម (សង្គ្រាមលោកលើកទី២) von Braun ក៏ត្រូវបានតែងតាំងឲ្យដឹកនាំក្រុមស្រាវជ្រាវដ៏ធំមួយរបស់កងទ័ពអាល្លឺម៉ង់។ គោលដៅ គឺយកបច្ចេកវិទ្យារ៉ុកកែត ទៅផលិតជាអាវុធ ដើម្បីប្រើនៅក្នុងសង្គ្រាម ហើយអាវុធ ដែល von Braun ផលិតបាន សម្រាប់កងទ័ពអាល្លឺម៉ង់នៅពេលនោះ គឺរ៉ុកកែត ដែលគេឲ្យឈ្មោះថា V-2។
រ៉ុកកែត V-2 នេះ ជាប្រភេទរ៉ុកកែតប្រើឥន្ធនៈរាវ មានប្រវែង ១៤ម៉ែត្រ ទម្ងន់តួរ៉ុកកែត ១៣តោន ផ្ទុកក្បាលគ្រាប់ទម្ងន់ជិត១តោន ហើយអាចបាញ់ឡើងទៅលើដល់រយៈកម្ពស់រហូតដល់ទៅជាង ១៧០គីឡូម៉ែត្រពីដី ពោលគឺជារ៉ុកកែតដំបូងបង្អស់ ក្នុងប្រវត្តិសាស្រ្ត ដែលអាចធ្វើដំណើរចេញផុតពីស្រទាប់បរិយាកាសផែនដី ចូលទៅដល់ក្នុងលំហអវកាស។
រ៉ុកកែត V-2 ត្រូវបានបាញ់សាកល្បងដោយជោគជ័យជាលើកដំបូង នៅឆ្នាំ១៩៤២ ហើយត្រូវបានដាក់ឲ្យប្រតិបត្តិការ នៅឆ្នាំ១៩៤៤ ដោយប្រើជាលើកដំបូងបង្អស់ វាយប្រហារទៅលើទីក្រុងប៉ារីស នៅខែកញ្ញា ឆ្នាំ១៩៤៤ គឺ ៣ខែក្រោយពីកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តវាយលុកចូលរំដោះប្រទេសបារាំង តាមឆ្នេរ Normandie។
នៅពេលដែលសង្គ្រាមលោកលើកទី២ឈានចូលដល់ទីបញ្ចប់ ហើយអាល្លឺម៉ង់ត្រូវចាញ់សង្គ្រាម ទាំងសហរដ្ឋអាមេរិក និងទាំងសហភាពសូវៀត សុទ្ធតែបានប្រជែងគ្នាចូលកាន់កាប់ទីតាំងស្រាវជ្រាវ និងផលិតរ៉ុកកែត V2 រឹបអូសយកប្លង់រ៉ុកកែត ក៏ដូចជា តួរ៉ុកកែត ដែលនៅសេសសល់មិនទាន់ប្រើ ដើម្បីយកទៅសិក្សាលម្អិត អំពីបច្ចេកវិទ្យារបស់វា។ ក៏ប៉ុន្តែ អ្វីដែលកាន់តែសំខាន់ជាងរ៉ុកកែត និងប្លង់រ៉ុកកែតនេះទៅទៀត គឺខួរក្បាល ដែលនៅពីក្រោយការរចនា និងផលិតរ៉ុកកែត គឺ Wernher von Braun។
នៅដើមឆ្នាំ១៩៤៥ នៅពេលដែលកងទ័ពសូវៀតវាយលុកចូលជិតដល់ Peenamünde ដែលជាទីតាំងស្រាវជ្រាវ និងផលិតរ៉ុកកែត V2 von Braun និងក្រុមស្រាវជ្រាវបានសម្រេចគ្នាថា ពួកគេសុខចិត្តចុះចូលប្រគល់ខ្លួនឲ្យអាមេរិកជាជាងសូវៀត ដូច្នេះ ក៏បានធ្វើដំណើរចាកចេញពី Peenamünde ហើយប៉ុន្មានខែក្រោយមកទៀត បានប្រគល់ខ្លួនឲ្យកងទ័ពអាមេរិក នៅខែឧសភាឆ្នាំ១៩៤៥។
ទៅដល់អាមេរិក von Braun ព្រមជាមួយនឹងក្រុមការងារស្រាវជ្រាវរ៉ុកកែត V2 រាប់រយនាក់ បានបន្តការងារស្រាវជ្រាវលើបច្ចេកវិទ្យារ៉ុកកែតជាបន្តទៅទៀត ដោយពីដំបូង von Braun ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានគម្រោងអភិវឌ្ឍមីស៊ីលបាលីស្ទិកឲ្យកងទ័ពអាមេរិក ហើយនៅក្នុងគម្រោងនេះ von Braun បានយកបច្ចេកវិទ្យារ៉ុកកែត V2 ទៅផលិតជាមីស៊ីលថ្មីមួយទៀត គឺមីស៊ីលឈ្មោះ Redstone ដែលជាមីស៊ីលបាលីស្ទិកលើកដំបូងរបស់អាមេរិក និងជាមីស៊ីលដំបូងបង្អស់របស់អាមេរិក ដែលត្រូវបានបាញ់ដោយបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
Von Braun និងក្រុមការងារពី Peenamünde ក៏បានយកបច្ចេកវិទ្យារ៉ុកកែត V2 ទៅផលិតជារ៉ុកកែត សម្រាប់ប្រើក្នុងវិស័យអវកាសផងដែរ គឺរ៉ុកកែតឈ្មោះ Juno ដែលត្រូវបានប្រើ ក្នុងការបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់របស់អាមេរិក គឺផ្កាយរណបឈ្មោះ Explorer-1 បាញ់បង្ហោះ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៥៨ ជាការឆ្លើយតបនឹងការបាញ់បង្ហោះផ្កាយរណប Sputnik របស់សូវៀត កាលពី ៤ខែមុន។
នៅឆ្នាំ១៩៦០ Wernher von Braun ត្រូវបានផ្ទេរចេញពីកងទ័ព ឲ្យទៅធ្វើការនៅទីភ្នាក់ណាសា ដោយនៅទីនោះ von Braun ត្រូវបានតែងតាំងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវដ៏ធំមួយឈ្មោះ Marshall Space Flight Center និងជាអ្នកទទួលខុសត្រូវដឹកនាំគម្រោងផលិតរ៉ុកកែតអវកាសដ៏សំខាន់មួយ នៅក្នុងប្រវត្តិនៃវិស័យអវកាស គឺរ៉ុកកែត Saturn V ដែលអាមេរិកប្រើ ក្នុងការបញ្ជូនអវកាសយានិកឲ្យទៅចុះចតលើដីព្រះចន្ទជាលើកដំបូងបង្អស់ នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ គឺបេសកកម្មអាប៉ូឡូទី១១ នៅឆ្នាំ១៩៦៩។
ដូច្នេះ សរុបជារួមមកវិញ រ៉ុកកែត V2របស់អាល្លឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទី២គឺជាឫសគល់រួម នៃបច្ចេកវិទ្យារ៉ុកកែតទាំងពីរប្រភេទនៅក្នុងសម័យកាលបច្ចុប្បន្ន៖ ទីមួយ មីស៊ីលបាលីស្ទិក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ជាអាវុធប្រល័យលោក និងមួយទៀត រ៉ុកកែតអវកាស ដែលប្រើក្នុងការធ្វើដំណើរទៅក្នុងទីអវកាស ហើយជួយឲ្យមនុស្សយើងអាចពង្រីកចំណេះដឹងទៅលើចក្រវាល៕
4/3/2023 • 10 minutes, 10 seconds ប្រវត្តិរ៉ុកកែត៖ ចាប់ពីចិនសម័យបុរាណ ដល់ដើមសតវត្សរ៍ទី២០
បច្ចេកវិទ្យារ៉ុកកែតបច្ចុប្បន្ន ទាំងរ៉ុកកែតអវកាស និងរ៉ុកកែតយោធា មានគោលការណ៍គ្រឹះចេញពីទ្រឹស្តីវិទ្យាសាស្រ្តរបស់អ៊ីសាក់ ញូតុន អ្នកប្រាជ្ញអង់គ្លេសនៅសតវត្សរ៍ទី១៧។ ក៏ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្តែង រ៉ុកកែតត្រូវបានគេប្រើ តាំងពីរាប់រយឆ្នាំមុនអ៊ីសាក់ ញូតុន ទៅទៀត។ រ៉ុកកែតដំបូងគេ ដែលគេអាចបញ្ជាក់បានតាមរយៈឯកសារប្រវត្តិសាស្រ្ត គឺមានដើមកំណើតចេញពីចិនសម័យបុរាណ។
ដំណើររឿងចាប់ផ្តើមឡើង នៅក្នុងអំឡុងពាក់កណ្តាលសតវត្សរ៍ទី៩ ហើយមិនមែនកើតឡើងចេញពីការសិក្សាពាក់ព័ន្ធនឹងរ៉ុកកែតនេះទេ ក៏ប៉ុន្តែ កើតឡើងដោយចៃដន់ចេញពីពិសោធន៍ទៅលើរឿងផ្សេងពីគ្នាដាច់ស្រឡះ។
នៅក្នុងអំឡុងពេលនោះ មានរាជគ្រូចិន ដែលឈ្មោះត្រូវបាត់ដានប្រវត្តិសាស្រ្តទៅហើយ បានធ្វើពិសោធន៍ស្វែងរកថ្នាំទិព្វផ្តល់ជីវិតអមតៈ ក៏ប៉ុន្តែ នៅក្នុងការផ្សំគ្រឿងធ្វើពិសោធន៍នេះ ក៏ស្រាប់តែផ្សំចេញបានជាម្សៅម្យ៉ាងដែលមានចំហេះយ៉ាងខ្លាំង ឆាបឆេះរលាកទាំងខ្លួនអ្នកធ្វើពិសោធន៍ ហើយរហូតដល់ឆេះទាំងកន្លែងធ្វើពិសោធន៍។ នោះគឺជាការរកឃើញដោយចៃដន់នូវម្សៅផ្ទុះ ឬរំសេវ ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត។
កាលពីដំបូង ចិននៅមិនទាន់យករំសេវនេះទៅប្រើធ្វើជាគ្រឿងផ្ទុះប្រើក្នុងវិស័យកងទ័ពនៅឡើយទេ គឺប្រើធ្វើត្រឹមជាកាំជ្រួច សម្រាប់ដុតលេងជាការកម្សាន្តតែប៉ុណ្ណោះ។ រហូតទាល់តែដល់អំឡុងសតវត្សរ៍ទី១២ និងទី១៣ ក្នុងរាជវង្សសុង ទើបចិនយករំសេវធ្វើជាកាំជ្រួចភ្ជាប់ជាមួយព្រួញភ្លើង ដើម្បីប្រើនៅក្នុងសមរភូមិ ជាពិសេស ប្រើចាប់ពីឆ្នាំ១២៣២ ក្នុងអំឡុងសង្គ្រាមទល់នឹងពួកម៉ុងហ្គោល។
ជាការពិតថា រវាងរ៉ុកកែតសម័យទំនើប និងកាំជ្រួចបាញ់លម្អកម្សាន្តរបស់ចិនសម័យបុរាណនោះ បច្ចេកវិទ្យាមានគម្លាតគ្នាយ៉ាងដាច់ឆ្ងាយ ក៏ប៉ុន្តែ វាមានមូលដ្ឋានវិទ្យាសាស្រ្តលើគោលការណ៍គ្រឹះតែមួយដូចគ្នា៖ រំសេវនៅក្នុងកាំជ្រួចដើរតួនាទីជាឥន្ធនៈ ប្រៀបបានទៅនឹងឥន្ធនៈរឹង (Solid Fuel) របស់រ៉ុកកែតសម័យទំនើបដែរ ហើយប្រតិកម្មចំហេះបង្កើតឡើងដោយរំសេវ វាបង្កើតឲ្យមានជាលំហូរឧស្ម័ន ក្នុងសីតុណ្ហភាពយ៉ាងខ្ពស់ និងល្បឿនយ៉ាងលឿន ចេញពីតួរ៉ុកកែតចាក់ចុះទៅខាងក្រោម រួចហើយបង្កើតជាកម្លាំងរុញរ៉ុកកែតឲ្យឡើងទៅលើ ទៅតាមគោលការណ៍ ដែលប៉ុន្មានសតវត្សរ៍ក្រោយមកទៀតត្រូវបានបង្កើតជាទ្រឹស្តីវិទ្យាសាស្រ្ត ដោយ អ៊ីសាក់ ញូតុន។
ចាប់ពីអំឡុងសតវត្សរ៍ទី១៦ រ៉ុកកែតត្រូវបានគេប្រើប្រាស់កាន់តែទូលំទូលាយ នៅក្នុងវិស័យកងទ័ព ទាំងនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ី ក៏ដូចជារីកសាយភាយរហូតទៅដល់តំបន់អឺរ៉ុប។ នៅអឺរ៉ុប បច្ចេកវិទ្យារ៉ុកកែតបានឆ្លងកាត់នូវការអភិវឌ្ឍជឿនលឿន ចេញពីបច្ចេកវិទ្យារ៉ុកកែតបន្សល់ទុកពីចិនសម័យបុរាណ ឆ្ពោះទៅរកបច្ចេកវិទ្យារ៉ុកកែតសម័យទំនើប ដោយការអភិវឌ្ឍបច្ចេកវិទ្យារ៉ុកកែតនេះត្រូវបានធ្វើឡើង ទាំងតាមរយៈការរកឃើញទ្រឹស្តីវិទ្យាសាស្រ្ត ដោយអ្នកប្រាជ្ញសំខាន់ៗមួយចំនួន ទាំងអ្នកប្រាជ្ញខាងវិទ្យាសាស្រ្តជាមូលដ្ឋាន ជាពិសេស កាលីលេ និង អ៊ីសាក់ ញូតុន ក៏ដូចជា អ្នកវិទ្យាសាស្រ្តជំនាញខាងបច្ចេកវិទ្យារ៉ុកកែតដោយផ្ទាល់។
ទាក់ទងនឹងជំនាញរ៉ុកកែតនេះ មានអ្នកវិទ្យាសាស្រ្តចំនួន ៣រូប ដែលជាទូទៅ ត្រូវបានគេចាត់ទុកថាជាបិតាវិទ្យាសាស្រ្តរ៉ុកកែត គឺ អ្នកវិទ្យាសាស្ត្ររុស្ស៊ី Konstantin Tsiolkovsky អ្នកវិទ្យាសាស្រ្តអាមេរិក Robert Goddard និងអ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់ ដើមកំណើតរូម៉ានី Hermann Oberth៕
3/27/2023 • 7 minutes, 51 seconds រ៉ុកកែតអវកាសធុន H3 គន្លឹះនៃកម្មវិធីអវកាសជប៉ុន
កាលពីថ្ងៃទី៧ មីនា ២០២៣ ជប៉ុនបានបាញ់បង្ហោះរ៉ុកកែតអវកាសថ្មីមួយរបស់ខ្លួន គឺរ៉ុកកែតធុន H3។ រ៉ុកកែត ដែលជប៉ុនរំពឹងថា នឹងអាចជាគន្លឹះក្នុងការប្រកួតប្រជែង ក្នុងវិស័យអវកាស ជាពិសេស ក្នុងប្រជែងក្នុងទីផ្សារផ្តល់សេវាកម្មបាញ់បង្ហោះផ្កាយរណប។ ក៏ប៉ុន្តែ ការបាញ់បង្ហោះនេះត្រូវទទួលបរាជ័យ ដោយមានបញ្ហាម៉ូទ័រនៃកំណាត់ទីពីរ ហើយដែលតម្រូវឲ្យគេបញ្ជាឲ្យរ៉ុកកែតបំផ្ទុះកម្ទេចខ្លួនឯងចោល ដើម្បីចៀសវាងគ្រោះថ្នាក់ពេលធ្លាក់មកលើដី។
H3 គឺជារ៉ុកកែតអវកាសថ្មីសន្លាងមួយ ដែលជប៉ុនទើបនឹងផលិតបាន ហើយការបាញ់បង្ហោះ នៅថ្ងៃទី៧មីនា២០២៣ គឺជាការប៉ុនប៉ងលើកទីពីរ ក្រោយពីការបាញ់បង្ហោះលើកទីមួយ កាលពីខែកុម្ភៈត្រូវបានគេលុបចោលនៅនាទីចុងក្រោយ ដោយសារមានបញ្ហាម៉ូទ័ររបស់ប៊ូស្ទ័រ ដែលជាហេតុធ្វើឲ្យរ៉ុកកែតមិនអាចហោះឡើងចេញផុតពីដីបាន។
នៅក្នុងការបាញ់បង្ហោះនៅថ្ងៃទី៧មីនានេះ រ៉ុកកែតត្រូវបានបាញ់ចេញពីដីដោយជោគជ័យ ដោយគ្រប់ម៉ូទ័រទាំងអស់ ទាំងម៉ូទ័ររបស់តួរ៉ុកកែតកំណាត់ទីមួយ និងម៉ូទ័ររបស់ប៊ូស្ទ័រទាំងពីរ ដែលនៅអមសងខាង សុទ្ធតែមានដំណើរការជាធម្មតា។ ក៏ប៉ុន្តែ កើតឡើងទៅលើរ៉ុកកែតកំណាត់ទីពីរ ដោយម៉ូទ័រមិនអាចដំណើរការបាន ទើបជប៉ុនសម្រេចបញ្ជូនសញ្ញាពីចម្ងាយ បញ្ជាឲ្យរ៉ុកកែតបំផ្ទុះកម្ទេចខ្លួនឯង ដើម្បីចៀសហានិភ័យនៅពេលរ៉ុកកែតធ្លាក់ចុះមកលើដីវិញ។
បរាជ័យនៃបេសកកម្មនេះ វាមិនត្រឹមតែធ្វើឲ្យបាត់បង់ផ្កាយរណបដែលផ្ទុកនៅលើនោះទេ ក៏ប៉ុន្តែ ជាងនេះទៅទៀត វាជាដំណើរវិវឌ្ឍអវិជ្ជមានដ៏ចម្បងមួយ សម្រាប់កម្មវិធីអវកាសរបស់ជប៉ុន ពីព្រោះថា តាមគម្រោង គឺរ៉ុកកែតធុន H3 នេះហើយ ដែលជាគន្លឹះ សម្រាប់ឲ្យជប៉ុនបោះជំហានចូលប្រកួតប្រជែងក្នុងវិស័យអវកាស ជាពិសេស ប្រកួតប្រជែងក្នុងទីផ្សារផ្តល់សេវាកម្មបាញ់បង្ហោះផ្កាយរណប។
យោងតាមទីភ្នាក់ងារអវកាសជប៉ុន រ៉ុកកែតធុន H3 មានលក្ខណៈពិសេសចម្បងពីរ។
ទីមួយ វាជាប្រភេទរ៉ុកកែត ដែលងាយស្រួលបត់បែនទៅតាមប្រភេទបេសកកម្ម ជាអាទិ៍ វាជារ៉ុកកែតដែលអាចបាញ់បង្ហោះដោយមិនចាំបាច់មានប៊ូស្ទ័រ ឬអាចភ្ជាប់ប៊ូស្ទ័រតែពីរ ឬក៏បន្ថែមប៊ូស្ទ័ររហូតទៅដល់ ៤ អាស្រ័យទៅតាមតម្រូវការរបស់បេសកកម្មនីមួយៗ។
ទីពីរ វាជារ៉ុកកែតដែលប្រើគ្រឿងផ្សំជាច្រើនផលិតឡើងដោយ 3D-Printing និងគ្រឿងផ្សំដែលមាននៅលើទីផ្សារជាទូទៅ (ប្រើនៅក្នុងវិស័យឧស្សាហកម្មជាទូទៅ) ដែលគេមិនចាំបាច់ផលិតឡើងជាពិសេស សម្រាប់តែរ៉ុកកែត។ ទាំងនេះ វាធ្វើឲ្យរ៉ុកកែត H3 នេះ មានថ្លៃផលិតទាប ហើយអាចផ្តល់សេវាកម្មបាញ់បង្ហោះក៏ក្នុងតម្លៃទាប។ ហេតុដូច្នេះហើយបានជាជប៉ុនរំពឹងថា រ៉ុកកែតធុន H3 ថ្មីនេះ ថ្វីដ្បិតតែតែមិនមែនជាប្រភេទរ៉ុកកែត ដែលអាចប្រើបានច្រើនដង ក៏ប៉ុន្តែ នៅតែអាចផ្តល់សេវាកម្មក្នុងតម្លៃទាប ដែលអាចប្រកួតប្រជែងបាន ជាមួយនឹងរ៉ុកកែតធុន Falcon 9 របស់ក្រុមហ៊ុន SpaceX។
ទីភ្នាក់ងារអវកាសជប៉ុនធ្លាប់បានលើកឡើងថា នៅពេលដែលរ៉ុកកែតធុន H3 នេះ ត្រូវបាញ់បង្ហោះដោយជោគជ័យ គេគ្រោងនឹងដាក់វាឲ្យដំណើរការផ្តល់សេវាកម្មបាញ់បង្ហោះបេសកកម្មអវកាស ទាំងបេសកកម្មឯកជន និងទាំងបេសកកម្មអវកាសរបស់រដ្ឋាភិបាលជប៉ុន ជាលក្ខណៈទៀងទាត់ ដោយបាញ់បង្ហោះឲ្យបានរហូតដល់ទៅ ៦ដង ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ២០ឆ្នាំខាងមុខ។
ក៏ប៉ុន្តែ សម្រាប់ពេលនេះ អ្វីៗបានត្រឹមតែជាការរំពឹងទុក ដោយរ៉ុកកែតធុន H3 នេះ នៅមិនទាន់អាចដាក់ឲ្យដំណើរការបានដោយជោគជ័យនៅឡើយ ហើយគិតមកទល់នឹងពេលនេះ ទីភ្នាក់ងារអវកាសជប៉ុនក៏នៅមិនទាន់ឲ្យដឹងនៅឡើយដែរថា បរាជ័យកាលពីថ្ងៃទី៧មីនាកន្លងទៅនេះកើតឡើងដោយមូលហេតុអ្វីពិតប្រាកដ ហើយតើនៅពេលណាទើបគេអាចបាញ់បង្ហោះរ៉ុកកែតនេះសាជាថ្មីម្តងទៀត ដើម្បីអាចចាប់ផ្តើមដាក់វាឲ្យដំណើរការបាន?
3/13/2023 • 7 minutes, 19 seconds រកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យពីរដែលមានធាតុផ្សំជាទឹកស្ទើរសុទ្ធសាធ
កាលពីពេលកន្លងមក យើងធ្លាប់ស្គាល់តែភពពីរប្រភេទតែប៉ុណ្ណោះ គឺភពសិលា និងភពឧស្ម័ន។ កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញភពប្រភេទថ្មីមួយទៀត ស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ គឺភពទឹក (ភពដែលមានធាតុផ្សំភាគច្រើនលើសលុបជាទឹក)។ ភពប្រភេទថ្មីនេះ ត្រូវបានគេរកឃើញនៅក្នុងប្រព័ន្ធផ្កាយ ឈ្មោះ Kepler-138។
ភពទឹកដ៏ចម្លែកនេះស្ថិតនៅចម្ងាយ ២១៨ឆ្នាំពន្លឺពីភពផែនដី ក្នុងប្រព័ន្ធផ្កាយ ឈ្មោះ Kepler-138 ហើយភព នៅក្នុងប្រព័ន្ធផ្កាយនេះ ត្រូវបានរកឃើញជាលើកដំបូង ដោយតេឡេស្កុបអវកាសកេព្ល័រ (Kepler Space Telescope) កាលពីឆ្នាំ២០១៤កន្លងទៅ។
មានទីតាំងស្ថិតនៅក្នុងបណ្តុំផ្កាយឈ្មោះ Lyra ផ្កាយ Kepler-138 គឺជាប្រភេទ “កូនផ្កាយក្រហម” ឬជាភាសាអង់គ្លេសថា « Red Dwarf » ឬ « M-Dwarf »។ ជាប្រភេទផ្កាយដែលមានម៉ាស់ស្រាល ពោលគឺ មានម៉ាស់ត្រឹមតែប្រមាណជាពាក់កណ្តាលប៉ុណ្ណោះនៃម៉ាស់របស់ព្រះអាទិត្យ ចំណែកសីតុណ្ហភាពនៅលើផ្ទៃខាងលើរបស់ផ្កាយវិញក៏មានទាបជាងព្រះអាទិត្យយ៉ាងឆ្ងាយផងដែរ គឺត្រឹមប្រមាណជិត ៤ពាន់អង្សារប៉ុណ្ណោះ ធៀបនឹងព្រះអាទិត្យ ដែលមានរហូតដល់ទៅជិត ៦ពាន់អង្សារ។
កាលពីឆ្នាំ២០១៤ តាមរយៈតេឡេស្កុបអវកាសគេព្ល័រ គេបានរកឃើញថា នៅជុំវិញផ្កាយ Kepler-138 មានភពចំនួន ៣។ ទីមួយ គឺភពដែលស្ថិតនៅប៉ែកខាងក្នុងគេបង្អស់ ឈ្មោះថា Kepler-138b ជាប្រភេទភពសិលាដូចជាភពផែនដីយើងនេះដែរ ក៏ប៉ុន្តែ មានម៉ាស់ត្រឹមប្រហាក់ប្រហែលនឹងម៉ាស់របស់ភពអង្គារ។ ចំណែកភពទីពីរ និងទីបី គឺ Kepler-138c និង Kepler-138d ដែលជាប្រភេទភពដ៏ចម្លែកខុសគេ ខុសពីអ្វីដែលគេធ្លាប់ឃើញមានកាលពីពេលកន្លងមក ដោយតាមរយៈការសិក្សាលម្អិតទៅលើទិន្នន័យប្រមូលបានដោយតេឡេស្កុបអវកាសហឺបល (Hubble) និងតេឡេស្កុបអវកាសស្ពីតស័រ (Spitzer) អ្នកវិទ្យាសាស្រ្តបានរកឃើញថា ភពទាំងពីរនេះ គឺជាប្រភេទភពដែលផ្សំឡើងដោយទឹក។
នៅលើភព Kepler-138c និង Kepler-138d ថ្វីដ្បិតតែស្នូលខាងក្នុងគឺជាសិលា ក៏ប៉ុន្តែ ផ្ទៃខាងលើត្រូវហ៊ុំព័ទ្ធទៅដោយទឹក ដែលមានជម្រៅគិតជាមធ្យមរហូតដល់ទៅ ២ពាន់គីឡូម៉ែត្រ ពោលគឺ ជ្រៅជាងទឹកសមុទ្រនៅលើភពផែនដីយើងនេះរហូតដល់ទៅ៥០០ដងឯណោះ។ ហើយគិតជាសរុប បរិមាណទឹកសរុបនៅលើភពនីមួយៗ គឺមានយ៉ាងតិចរហូតដល់ទៅ ៥០% ឯណោះ នៃទំហំសរុបរបស់ភព។
ទោះជាយ៉ាងណា អ្នកវិទ្យាសាស្រ្តមិនរំពឹងថា Kepler-138c និង Kepler-138d នេះមានទឹកសមុទ្រនៅផ្ទៃផ្នែកខាងលើ ដូចនៅលើភពផែនដីរបស់យើងនោះទេ។ ដោយសារតែភពទាំងពីរនេះស្ថិតនៅក្រៅតំបន់អំណោយផលដល់ជីវិត (Habitable Zone) គឺនៅកៀកខ្លាំងពេកទៅនឹងផ្កាយ ដូច្នេះ វាត្រូវមានសីតុណ្ហភាពខ្ពស់ដល់កម្រិតមួយ ដែលធ្វើឲ្យទឹកត្រូវហួត ក្លាយទៅជាចំហាយទឹកយ៉ាងក្រាសឃ្មឹកនៅស្រទាប់ខាងលើ ហើយទាល់តែចុះជ្រៅទៅស្រទាប់ខាងក្នុង ទៅដល់កន្លែងដែលមានសម្ពាធខ្ពស់ ទើបអាចមានទឹកនៅក្នុងសភាពរាវបាន។
ក្រៅពីការរកឃើញថា ភព Kepler-138c និង Kepler-138d ជាភពដែលផ្សំឡើងដោយទឹក ទិន្នន័យពីតេឡេស្កុបហឺបល និងស្ពីតស័រក៏បង្ហាញឲ្យឃើញផងដែរថា នៅក្នុងប្រព័ន្ធផ្កាយ Kepler-138 នេះ មានភពទីបួនមួយទៀត ដែលគេឲ្យឈ្មោះថា Kepler-138e។
Kepler-138e ដែលមានម៉ាស់ត្រឹមប្រមាណជាពាក់កណ្តាលផែនដី មានគន្លងស្ថិតនៅខាងក្រៅគេបង្អស់ ដោយត្រូវធ្វើដំណើរមួយជុំផ្កាយក្នុងរយៈពេល ៣៨ថ្ងៃ ពោលគឺ យូរជាងគេបើធៀបនឹងភព៣ផ្សេងទៀត គឺ Kepler-138d ធ្វើដំណើរមួយជុំផ្កាយក្នុងរយៈពេល ២៣ថ្ងៃ, Kepler-138c ១៤ថ្ងៃ ហើយ Kepler-138b អាចធ្វើដំណើរបានមួយជុំផ្កាយ ដោយចំណាយពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ។
គិតមកត្រឹមពេលនេះ អ្នកវិទ្យាសាស្រ្តបានសន្និដ្ឋានថា ភព Kepler-138e នេះ មានគន្លងស្ថិតនៅក្នុងតំបន់អំណោយផលដល់ជីវិត ឬ Habitable Zone ក៏ប៉ុន្តែ ដោយសារតែការសិក្សាកំពុងស្ថិតនៅក្នុងដំណាក់កាលបឋមនៅឡើយ ដូច្នេះ គេនៅមិនទាន់អាចកំណត់បានច្បាស់លាស់នៅឡើយទេថា តើ Kepler-138e មានស្រទាប់បរិយាកាស ឬក៏មានទឹកនៅលើផ្ទៃដីដែរឬក៏យ៉ាងណា៕
1/23/2023 • 8 minutes, 35 seconds រកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យស្រដៀងភពផែនដីទីពីរនៅក្នុងប្រព័ន្ធផ្កាយតែមួយ
កាលពីថ្ងៃទី១០មករា២០២៣ អ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារណាសាបានប្រកាសឲ្យដឹងថា គេបានរកឃើញភពស្រដៀងនឹងភពផែនដីមួយទៀត ស្ថិតនៅក្នុងតំបន់អំណោយផលដល់ជីវិត (Habitable Zone) នៅក្នុងប្រព័ន្ធផ្កាយតែមួយ ដែលគេធ្លាប់បានរកឃើញភពស្រដៀងផែនដីមួយរួចហើយ កាលពីពេលកន្លងទៅ គឺប្រព័ន្ធផ្កាយ ដែលគេឲ្យឈ្មោះថា TOI 700 ស្ថិតនៅចម្ងាយប្រមាណជា ១០០ឆ្នាំពន្លឺពីផែនដី។
កាលពីឆ្នាំ២០២០កន្លងទៅ ការសង្កេតដោយប្រើតេឡេស្កុបអវកាសរបស់ណាសា គឺតេឡេស្កុប TESS (Transiting Exoplanet Survey Satellite) គេបានរកឃើញភពចំនួន ៣ នៅក្នុងប្រព័ន្ធផ្កាយ TOI 700 គឺភព TOI 700b, c និង d ។ ក៏ប៉ុន្តែ ក្រោយមកទៀត នៅក្នុងការសង្កេតបន្ថែមជាលើកទីពីរ ដោយតេឡេស្កុប TESS ដដែលនេះ គេបានរកឃើញភពមួយបន្ថែមទៀត គឺ TOI 700e។
នៅក្នុងចំណោមភពទាំង៣ ដែលគេបានរកឃើញ កាលពីឆ្នាំ២០២០, TOI 700b មានគន្លងនៅខាងក្នុងគេបង្អស់ គឺជាប្រភេទភពសិលា មានម៉ាស់ស្រាលជាងភពផែនដីបន្តិច ហើយធ្វើដំណើរមួយជុំផ្កាយដោយប្រើរយៈពេល ១០ថ្ងៃ។ ក្នុងគន្លងបន្ទាប់មកទៀត គឺ TOI 700c ជាប្រភេទភពឧស្ម័នស្រដៀងនឹងភពណិបទូន មានម៉ាស់ធ្ងន់ជាងផែនដីប្រហែលជា ២ដងកន្លះ ហើយធ្វើដំណើរមួយជុំផ្កាយដោយប្រើរយៈពេល ១៦ថ្ងៃ។ ចំណែកនៅប៉ែកខាងក្រៅគេបង្អស់ គឺភព TOI 700d ដែលធ្វើដំណើរមួយជុំផ្កាយ ដោយប្រើរយៈពេល ៣៧ថ្ងៃ គឺជាភពដែលគេចាប់អារម្មណ៍ខ្លាំងជាងគេ ដោយសារតែវាជាប្រភេទភពសិលា មានម៉ាស់ប្រហាក់ប្រហែលនឹងភពផែន ហើយស្ថិតនៅក្នុងតំបន់ដែលមានអំណោយផលដល់ជីវិត ពោលគឺ ជាតំបន់ដែលមានសីតុណ្ហភាពមិនក្តៅពេក ហើយក៏មិនត្រជាក់ពេក គឺសីតុណ្ហភាពល្មមអាចឲ្យទឹកស្ថិតនៅក្នុងសភាពរាវនៅលើផ្ទៃដីបាន ដែលជាលក្ខខណ្ឌចាំបាច់បំផុតមួយ សម្រាប់ការរីកលូតលាស់នៃជីវិត។
ភពទីបួន ដែលគេទើបនឹងរកឃើញ កាលពីខែមករាឆ្នាំ២០២៣នេះ គឺ TOI 700e ជាប្រភេទភពសិលា មានម៉ាស់ប្រហាក់ប្រហែលនឹងភពផែនដី គឺប្រហែល ៩៥% នៃម៉ាស់ផែនដី ហើយធ្វើដំណើរមួយជុំផ្កាយ ដោយប្រើពេល ២៨ថ្ងៃ ដែលមានន័យថា វាមានគន្លងស្ថិតនៅចន្លោះភព c និង d ពោលគឺ ខាងក្រៅ TOI 700c ក៏ប៉ុន្តែ ខាងក្នុង TOI 700d។
គួរបញ្ជាក់ថា គិតរហូតមកទល់នឹងពេលនេះ ភពក្រៅប្រព័ន្ធព្រះអាទិត្យ ដែលអ្នកវិទ្យាសាស្រ្តបានរកឃើញ ភាគច្រើនលើសលុប គឺជាភពឧស្ម័ន ស្រដៀងទៅនឹងភពទាំង ៤ នៅប៉ែកខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង ដោយសារតែភពប្រភេទនេះមានទំហំធំសម្បើមៗ ងាយនឹងឲ្យតេឡេស្កុបអាចឆ្លុះមើលឃើញ។ ចំណែកភពសិលាតូចៗ ទំហំប្រហាក់ប្រហែលនឹងផែនដីវិញ ពិបាកនឹងឆ្លុះមើលឃើញ។ ដូច្នេះហើយបានជាគិតមកទល់នឹងពេលនេះ នៅក្នុងចំណោមភពក្រៅប្រព័ន្ធព្រះអាទិត្យដែលគេបានរកឃើញ មានតិចតួចណាស់ដែលជាប្រភេទភពសិលាស្រដៀងនឹងផែនដី ហើយមានរឹតតែតិចតួចទៅទៀត ភពស្រដៀងផែនដី ដែលស្ថិតនៅក្នុងតំបន់អំណោយផលដល់ជីវិត។
ភពក្រៅប្រព័ន្ធព្រះអាទិត្យ ក្នុងតំបន់អំណោយផលដល់ជីវិតទាំងនេះហើយ ដែលនឹងជាគោលដៅចម្បង សម្រាប់ការសិក្សាលម្អិត ដោយតេឡេស្កុបអវកាសទំនើបថ្មី គឺតេឡេស្កុបអវកាសជេមស៍វេប ដែលជាតេឡេស្កុបមានសមត្ថភាពកំណត់យ៉ាងលម្អិត អំពីធាតុផ្សំគីមី នៅក្នុងស្រទាប់បរិយាកាសលើភពក្រៅប្រព័ន្ធព្រះអាទិត្យ។ ធាតុផ្សំគីមី ក្នុងស្រទាប់បរិយាកាស ដែលអាចជាតម្រុយ អំពីវត្តមាននៃជីវិតក្រៅភព៕
1/14/2023 • 7 minutes, 27 seconds Orion Nebula៖ ទីចាប់កំណើតផ្កាយដ៏ធំនិងដែលនៅជិតផែនដីបំផុត
Orion Nebula ដែលមានទីតាំងស្ថិតនៅក្នុងផ្កាយយាមនង្គ័ល គឺជាណេប៊ុយឡាដែលយើងអាចមើលឃើញដោយភ្នែកទទេ ដោយមិនត្រូវការតេឡេស្កុប។ រូបភាពដែលថតបានដោយតេឡេស្កុបអវកាសហឺបល (Hubble Space Telescope) និងជេមស៍វេប (James Webb Space Telescope) បង្ហាញឲ្យឃើញពីផ្កាយរាប់ពាន់ដួង ដែលទើបនឹងចាប់កំណើតឡើង នៅក្នុង Orion Nebula ដែលជាបណ្តុំធូលី និងឧស្ម័ន មានមុខកាត់ប្រមាណជា ៣០ឆ្នាំពន្លឺ។
ស្ថិតនៅចម្ងាយ ១៣៥០០ឆ្នាំពន្លឺ ហើយមានមុខកាត់រហូតដល់ទៅប្រមាណជា ៣០ឆ្នាំពន្លឺ Orion Nebula គឺជាទីចាប់កំណើតផ្កាយដ៏ធំ និងដែលនៅជិតផែនដីយើងបំផុត ហើយក៏ជាណេប៊ុយឡាដ៏ភ្លឺមួយផងដែរ ដែលអាចឲ្យយើងអាចមើលឃើញដោយភ្នែកទទេបានយ៉ាងងាយ ហើយបើមើលតាមរយៈតេឡេស្កុប (ទោះជាត្រឹមជាតេឡេស្កុបធុនតូចមួយ) ក៏អាចឲ្យយើងមើលឃើញយ៉ាងច្បាស់ ជាពន្លឺភ្លឺដាសក្នុងទម្រង់ជាណេប៊ុយឡា។
រូបភាពថតដោយតេឡេស្កុបអវកាសហឺបល នៅឆ្នាំ២០០៦ បង្ហាញយ៉ាងច្បាស់ និងយ៉ាងលម្អិត អំពីទម្រង់ និងរចនាសម្ព័ន្ធ ព្រមទាំងសារធាតុគីមី ដែលជាធាតុផ្សំចម្បងៗ នៅក្នុងបណ្តុំធូលី និងឧស្ម័នរបស់ Orion Nebula ដោយនៅក្នុងរូបភាពនេះ ពណ៌លឿងទំ គឺសារធាតុអ៊ីដ្រូសែន, ពណ៌បៃតង គឺអុកស៊ីសែន ចំណែកពណ៌ស្វាយ គឺស៊ុលផួរ។
រូបភាពនេះក៏បានបង្ហាញផងដែរ អំពីវត្តមានផ្កាយ ដែលមានរហូតដល់ទៅប្រមាណជា ៣ពាន់ដួង ដែលបានចាប់កំណើតឡើង នៅក្នុង Orion Nebula ដោយនៅក្នុងចំណោមនោះ ត្រង់កន្លែងដែលមានពន្លឺភ្លឺខ្លាំងជាងគេ នៅចំកណ្តាល Orion Nebula មានផ្កាយដ៏ភ្លឺចំនួន ៤ដួង ដែលសុទ្ធសឹងជាផ្កាយ ធំៗ មានម៉ាស់ ក្នុងចន្លោះពី ១៥ដង ទៅ ៣០ដង នៃម៉ាស់ព្រះអាទិត្យរបស់យើង ហើយសុទ្ធសឹងជាផ្កាយដែលទើបនឹងចាប់កំណើតថ្មីៗ មានអាយុត្រឹមប្រមាណជា ២លានឆ្នាំតែប៉ុណ្ណោះ។ ជាការប្រៀបធៀប ព្រះអាទិត្យ ដែលជាផ្កាយស្ថិតនៅចំកណ្តាលប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ មានអាយុរហូតដល់ទៅ ៤ពាន់៥រយលានឆ្នាំឯណោះ។
បន្ថែមពីលើរូបភាពថតដោយតេឡេស្កុបហឺបល រូបថតដោយតេឡេស្កុបអវកាសកាន់តែទំនើបមួយទៀត គឺតេឡេស្កុបជេមស៍វេប ថតនៅឆ្នាំ២០២២ បង្ហាញកាន់តែច្បាស់ អំពីផ្កាយមួយចំនួនផ្សេងទៀត ដែលគេមិនអាចមើលឃើញ នៅក្នុងរូបភាពហឺបល ដោយភាគច្រើន គឺជាផ្កាយ ដែលទើបនឹងចាប់កំណើតថ្មីៗ។
សម្រាប់អ្នកវិទ្យាសាស្រ្ត ការសង្កេត និងសិក្សាលម្អិតទៅលើ Orion Nebula នេះ វាមានសារៈសំខាន់បំផុត ពីព្រោះថា វាអាចឲ្យយើងយល់បានកាន់តែច្បាស់ អំពីយន្តការនៃការចាប់កំណើតរបស់ផ្កាយ... ការចាប់កំណើតរបស់ផ្កាយនីមួយៗដាច់ពីគ្នា ក៏ដូចជាការចាប់កំណើតផ្កាយជាក្រុម ឬហៅថា “ក្លាស្ទ័រ” (Cluster) ហើយជាពិសេស អាចយល់បានកាន់តែច្បាស់ អំពីអ្វីដែលកើតឡើង ចំពោះព្រះអាទិត្យ និងប្រព័ន្ធព្រះអាទិត្យរបស់យើង នៅពេលចាប់កំណើតឡើង កាលពី ៤ពាន់៥រយលានឆ្នាំមុន៕
1/6/2023 • 6 minutes, 19 seconds Crab Nebula៖ ណេប៊ុយឡាដែលបន្សល់ទុកពីស៊ូពើណូវ៉ា កត់ត្រាទុកដោយតារាវិទូចិន កាលពីឆ្នាំ១០៥៤
កាលពីឆ្នាំ១០៥៤ តារាវិទូចិនបានសង្កេតឃើញផ្កាយដ៏ចម្លែកមួយដួង ដែលគេមិនធ្លាប់ឃើញពីមុនសោះ ស្រាប់តែលេចមុខឡើង នៅក្នុងផ្កាយគោ (Taurus) ហើយមានពន្លឺភ្លឺខ្លាំង ដែលអាចឲ្យគេមើលឃើញសូម្បីតែនៅពេលថ្ងៃ។ បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្រ្តស្រាវជ្រាវដឹងបានថា អ្វីដែលតារាវិទូចិនសង្កេតឃើញ និងកត់ត្រាទុកនៅឆ្នាំ១០៥៤នោះ គឺជាបាតុភូតស៊ូពើណូវ៉ា ដែលបច្ចុប្បន្នបន្សល់ទុកនូវណេប៊ុយឡាឈ្មោះ "Crab Nebula" ដែលមានមុខកាត់រហូតដល់ទៅ ១០ឆ្នាំពន្លឺ។
នៅពេលដែលផ្កាយមួយអស់ជីវិតហើយត្រូវផ្ទុះទៅជាស៊ូពើណូវ៉ា សារធាតុដែលនៅស្រទាប់ខាងក្រៅរបស់ផ្កាយ ត្រូវសាយភាយចេញទៅក្នុងទីអវកាស ហើយបង្កើតបានជាបណ្តុំធូលី និងឧស្ម័ន ដែលមានរាងដូចជាពពក ហើយដែលគេឲ្យឈ្មោះថា « Nebula »។ នៅក្នុងចំណោម Nebula អស់ទាំងនេះ មាន Nebula មួយ ដែលគេស្គាល់ជាទូទៅច្រើនជាងគេ គឺ Crab Nebula។
Crab Nebula ដែលមានឈ្មោះផ្លូវការថា « Messier-1 » ឬហៅដោយខ្លីថា « M1 » មានទីតាំងស្ថិតនៅក្នុងផ្កាយគោ (Taurus) និយាយឲ្យចំ គឺស្ថិតនៅក្បែរខាងចុងស្នែងមួយ ក្នុងចំណោមស្នែងគោទាំងពីរ ហើយនៅមិនឆ្ងាយប៉ុន្មានពីផ្កាយ Aldebaran ដែលជាផ្កាយដ៏ភ្លឺ ពណ៌ក្រហម ស្ថិតនៅចំភ្នែកគោ។
គិតមកទល់នឹងឆ្នាំ២០២២នេះ រូបភាពយ៉ាងច្បាស់ និងយ៉ាងលម្អិតបំផុតរបស់ Crab Nebula គឺរូបភាពដែលថតដោយតេឡេស្កុបហឺបល នៅក្នុងចន្លោះពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០០ ដោយនៅក្នុងរូបភាពនេះ គេអាចសង្កេតឃើញយ៉ាងច្បាស់នូវសារធាតុ ដែលបំភាយចេញពីផ្កាយក្នុងបាតុភូតស៊ូពើណូវ៉ា ដោយពណ៌នីមួយៗនៅក្នុងរូបភាពនេះ កំណត់អំពីសារធាតុផ្សេងៗគ្នា ក្នុងនោះ សារធាតុដែលប្រមូលផ្តុំគ្នាចេញរូបរាងដូចជាសសៃប្រទាក់ក្រឡាគ្នាពណ៌លឿងទំ គឺភាគច្រើនជាអ៊ីដ្រូសែន, ពណ៌បៃតង់ គឺស៊ុលផួរ ចំណែកពណ៌ខៀវ និងពណ៌ក្រហមដែលនៅជាយខាងក្រៅ គឺអុកស៊ីសែន។
នៅក្នុងរូបភាពផ្សេងទៀត តេឡេស្កុបហឺបលក៏បានឆ្លុះឃើញផងដែរអំពីចលនារបស់ Pulsar ដែលចេញពីផ្កាយណឺត្រុង នៅចំកណ្តាល Crab Nebula។ ផ្កាយណឺត្រុង ដែលបន្សល់ទុកពីស្នូលរបស់ផ្កាយដើម ក្រោយផ្ទុះទៅជាស៊ូពើណូវ៉ា... ជាផ្កាយដែលផ្សំឡើងដោយណឺត្រុងសុទ្ធសាធ ដោយមានទំហំតូចត្រឹមប្រហែលនឹងទីក្រុងមួយតែប៉ុណ្ណោះ ក៏ប៉ុន្តែ មានម៉ាស់ស្មើនឹងព្រះអាទិត្យរបស់យើង ហើយមានចលនាវិលជុំវិញខ្លួនឯងយ៉ាងលឿន រហូតដល់ទៅប្រមាណជា ៣០ជុំឯណោះ ក្នុងមួយវិនាទី។
Crab Nebula នេះ គឺជាអ្វីដែលបន្សល់ទុកពីបាតុភូតស៊ូពើណូវ៉ា ដែលយើងសង្កេតឃើញ កាលពីជិត១០០០ឆ្នាំមុន ក៏ប៉ុន្តែ តាមការពិតទៅការផ្ទុះស៊ូពើណូវ៉ានេះ បានកើតឡើងតាំងពី ៧៥០០ឆ្នាំមុនមកម៉្លេះ។ ដោយសារតែ Crab Nebula នេះ ស្ថិតនៅចម្ងាយរហូតដល់ទៅ ៦៥០០ឆ្នាំពន្លឺពីភពផែនដី ដូច្នេះ ចាប់ពីពេលផ្ទុះទៅជាស៊ូពើណូវ៉ា ពន្លឺស៊ូពើណូវ៉ានេះត្រូវចំណាយពេល ៦៥០០ឆ្នាំ ទើបអាចធ្វើដំណើរមកដល់ផែនដី ហើយអាចឲ្យតារាវិទូចិនអាចសង្កេតឃើញបាន កាលពីជិត១០០០ឆ្នាំមុន៕
12/17/2022 • 7 minutes, 29 seconds តើផែនដីអាចរងផលប៉ះពាល់អ្វីខ្លះពេលផ្កាយបេតែលជូសផ្ទុះជាស៊ូពើណូវ៉ា?
បេតែលជូសមានម៉ាស់ធំជាងព្រះអាទិត្យរបស់យើង ប្រហែលពី ១០ដង ទៅ ១៥ដង ហើយបើទោះជាវាទើបនឹងមានអាយុត្រឹមប្រមាណជា ១០លានឆ្នាំ ក៏ប៉ុន្តែ បេតែលជូសកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត ដែលអាចនឹងត្រូវផ្ទុះទៅជាស៊ូពើណូវ៉ាបានគ្រប់ពេលទាំងអស់។ នៅពេលដែលផ្កាយបេតែលជូសត្រូវផ្ទុះទៅជាស៊ូពើណូវ៉ា តើភពផែនដីអាចនឹងត្រូវរងនូវផលប៉ះពាល់អ្វីខ្លះ?
នៅក្នុងចក្រវាលរបស់យើងនេះ ក្រៅពីបន្ទុះប៊ីកប៊ែង និងបន្ទុះកាំរស្មីហ្កាម៉ា ដែលគេហៅជាភាសាអង់គ្លេសថា Gama-ray burst, ស៊ូពើណូវ៉ា គឺជាការផ្ទុះដ៏ខ្លាំងបំផុតមួយ គឺខ្លាំងជាងគ្រប់អ្វីៗផ្សេងទៀតទាំងអស់ ដែលមនុស្សយើងធ្លាប់ស្គាល់។ នៅពេលដែលផ្កាយមួយផ្ទុះទៅជាស៊ូពើណូវ៉ា វាបញ្ចេញពន្លឺភ្លឺខ្លាំងជាងកាឡាក់ស៊ីមួយទាំងមូលទៅទៀត ហើយកម្លាំងផ្ទុះរបស់វាអាចធ្វើឲ្យសារធាតុដែលនៅស្រទាប់ខាងក្រៅរបស់ផ្កាយ ត្រូវសាយភាយចេញទៅក្រៅ កាត់តាមលម្ហអវកាស ក្នុងល្បឿនរហូតដល់ទៅប្រមាណពី ១ម៉ឺន៥ពាន់ ទៅ ៤ម៉ឺនគីឡូម៉ែត្រក្នុងមួយវិនាទី ពោលគឺ រហូតដល់ទៅជាង ១០%ឯណោះ នៃល្បឿនរបស់ពន្លឺ។
គិតមកទល់នឹងសព្វថ្ងៃនេះ អ្នកវិទ្យាសាស្រ្តបានប៉ាន់ស្មានថា ស៊ូពើណូវ៉ាដែលកើតឡើង នៅក្នុងចម្ងាយត្រឹមប្រមាណជា ៥០ឆ្នាំពន្លឺពីយើង វាអាចនឹងធ្វើឲ្យស្រទាប់បរិយាកាសជុំវិញភពផែនដីរបស់យើងនេះត្រូវបាត់បង់ទាំងស្រុង ហើយជីវិតរបស់មនុស្សយើង ក៏ដូចជាគ្រប់ភារៈរស់ផ្សេងទៀត នៅលើភពផែនដីរបស់យើងនេះ អាចនឹងត្រូវស្លាប់ផុតពូជទាំងអស់។ ការសិក្សាខ្លះបង្ហាញថា ផលប៉ះពាល់ដល់ជីវិត ដោយសារបាតុភូតស៊ូពើណូវ៉ា អាចកើតឡើងរហូតដល់ទៅចម្ងាយប្រមាណជា ១៥០ឆ្នាំពន្លឺឯណោះ។
ទោះជាយ៉ាងណា ផ្កាយបេតែលជូសស្ថិតនៅចម្ងាយរហូតដល់ទៅប្រមាណជា ៦៥០ឆ្នាំ ទៅ ៧០០ឆ្នាំពន្លឺឯណោះពីភពផែនដីរបស់យើង។ ដូច្នេះ នៅពេលដែលបេតែលជូសផ្ទុះទៅជាស៊ូពើណូវ៉ា វានឹងមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតលើភពផែនដីរបស់យើងនោះទេ។ ក៏ប៉ុន្តែ គេរំពឹងថា វានឹងបង្កើតជាទស្សនីយភាពដ៏អស្ចារ្យមួយ នៅលើផ្ទៃមេឃ ពីព្រោះថា នៅពេលដែលបេតែលជូសផ្ទុះជាស៊ូពើណូវ៉ា វានឹងជះពន្លឺដ៏ខ្លាំង ដែលយើងអាចមើលឃើញសូម្បីតែនៅពេលថ្ងៃ ចំណែកនៅពេលយប់វិញ ពន្លឺស៊ូពើណូវ៉ានេះនឹងត្រូវកើនឡើងបន្តិចម្តងៗ រហូតអាចនឹងត្រូវភ្លឺប្រហាក់ប្រហែលនឹងព្រះចន្ទពេញវង់ ដោយវានឹងភ្លឺក្នុងរយៈពេលរហូតដល់ទៅរាប់ខែឯណោះ មុននឹងត្រូវថមថយពន្លឺទៅវិញបន្តិចម្តងៗ រហូតដល់ពេលមួយ បេតែលជូសនឹងត្រូវបាត់ពីផ្ទៃមេឃរបស់យើងជារៀងរហូត។
អ្នកវិទ្យាសាស្ត្របានព្យាករថា ការផ្ទុះជាស៊ូពើណូវ៉ារបស់បេតែលជូសនេះអាចនឹងកើតឡើង នៅក្នុងរយៈពេលប្រមាណជា ១០ម៉ឺនឆ្នាំទៀត ឬក៏វាអាចកើតឡើងនៅថ្ងៃស្អែក ឬក៏វាអាចកើតឡើងរួចទៅហើយក៏អាចថាបាន គ្រាន់តែយើងមិនទាន់អាចមើលឃើញតែប៉ុណ្ណោះ។ នេះគឺដោយសារតែបេតែលជូសស្ថិតនៅចម្ងាយរហូតដល់ទៅប្រមាណជា ៧០០ឆ្នាំពន្លឺពីយើង ហើយចាប់ពីពេលផ្ទុះជាស៊ូពើណូវ៉ា ពន្លឺចេញពីស៊ូពើណូវ៉ានេះ ត្រូវការពេលរហូតដល់ទៅ ៧០០ឆ្នាំឯណោះ ទើបធ្វើដំណើរមកដល់ផែនដី ហើយអាចឲ្យយើងមើលឃើញវាបាន៕
12/10/2022 • 8 minutes, 17 seconds តើអ្វីទៅជាបាតុភូត "ស៊ូពើណូវ៉ា"?
នៅក្នុងចក្រវាលរបស់យើងនេះ ក្រៅតែពីបន្ទុះប៊ីកប៊ែង (Big Bang) មានតែបាតុភូតពីរទៀតប៉ុណ្ណោះ ដែលមានកម្លាំងផ្ទុះដ៏ខ្លាំងមហិមាបំផុត គឺការផ្ទុះកាំរស្មីហ្កាម៉ា (Gamma-ray burst) និងបាតុភូត "ស៊ូពើណូវ៉ា" (Supernova)។ តើបាតុភូត "ស៊ូពើណូវ៉ា" នេះគឺជាអ្វី? តើវាកើតឡើងដោយរបៀបណា? ហេតុអ្វីបានជាគេឲ្យឈ្មោះបាតុភូតនេះថា "ស៊ូពើណូវ៉ា"?
យប់មួយ នៅក្នុងឆ្នាំ១៦០៤ តារាវិទូអាល្លឺម៉ង់ យ៉ូហាណេស កេព្ល័រ (Johannes Kepler) បានសង្កេតឃើញផ្កាយដ៏ចម្លែកមួយដួង នៅចន្លោះផ្កាយវិច្ឆិកា (Scorpius) និងផ្កាយធ្នូ (Sagittarius) ជាផ្កាយថ្មីមួយ ដែលគេមិនធ្លាប់ឃើញមានសោះកាលពីមុន ក៏ស្រាប់តែលេចមុខឡើង ហើយពីយប់មួយទៅយប់មួយ វាមានពន្លឺកាន់តែភ្លឺខ្លាំងឡើងៗ រហូតកើនឡើងហួសកម្រិតពន្លឺរបស់ផ្កាយព្រហស្បតិ៍ ក្នុងរយៈពេលត្រឹមតែប៉ុន្មានយប់តែប៉ុណ្ណោះ។
កាលពីប្រមាណជា ៣០ឆ្នាំមុន យ៉ូហាណេស កេព្ល័រ តារាវិទូដ៏ល្បីល្បាញមួយរូបទៀត គឺតារាវិទូដាណឺម៉ាក ទីកូ ប្រាហេ (Tycho Brahe) ក៏ធ្លាប់សង្កេតឃើញបាតុភូតស្រដៀងគ្នានេះដែរ នៅក្នុងបណ្តុំផ្កាយ “កាស្យូពេ” (Cassiopeia)។ ទាំង កេព្ល័រ និង ទាំង ទីកូ ប្រាហេ សុទ្ធតែនាំគ្នាកំណត់ថា ផ្កាយដែលគេមិនធ្លាប់ឃើញសោះ ហើយក៏ស្រាប់តែលេចមុខឡើង ក្នុងពន្លឺចែងចាំងភ្លាមៗបែបនេះ គឺប្រាកដជាផ្កាយ ដែលទើបនឹងចាប់កំណើតឡើងថ្មី ហើយបានហៅផ្កាយទាំងនេះថា « Stella Nova »។ តាមភាសាឡាតាំង « Stella » គឺ “ផ្កាយ” ហើយ « Nova » គឺមានន័យថា “ថ្មី”។
ជាច្រើនឆ្នាំក្រោយៗមកទៀត អ្នកវិទ្យាសាស្រ្តបានរកឃើញថា បាតុភូត ដែលយ៉ូហាណេស កេព្ល័រ និងទីកូ ប្រាហេ ហៅថា « Stella Nova » នេះ តាមការពិតទៅ មិនមែនជាការចាប់កំណើតផ្កាយថ្មី នោះទេ ផ្ទុយទៅវិញ គឺជាការស្លាប់របស់ផ្កាយ នៅក្នុងហេតុការណ៍ផ្ទុះដ៏សម្បើមបំផុតមួយនៅក្នុងចក្រវាល។ មកទល់នឹងពេលនេះ បាតុភូតនេះនៅតែបន្តជាប់ឈ្មោះថា « Nova » ដដែល គឺ “ស៊ូពើណូវ៉ា” (Supernova)។
ផ្កាយ គឺជាដុំស៊្វែរឧស្ម័ន ដែលមានម៉ាស់យ៉ាងសម្បើមៗ រហូតបង្កើតជាសម្ពាធ និងសីតុណ្ហភាពរាប់លានអង្សា នាំឲ្យមានប្រតិកម្មនុយក្លេអ៊ែរ (ហ្វុយស្យុងនុយក្លេអ៊ែរ) នៅក្នុងស្នូលរបស់ផ្កាយ។ ហ្វុយស្យុងនុយក្លេអ៊ែរនេះហើយ ដែលធ្វើឲ្យផ្កាយ ដូចជាព្រះអាទិត្យរបស់យើងជាដើម អាចបញ្ចេញថាមពល និងពន្លឺជាប់ជាប់ជាប្រចាំឥតដាច់ ក្នុងរយៈពេលរហូតដល់ទៅរាប់ពាន់លានឆ្នាំ។ ថាមពលដែលចេញពីប្រតិកម្មនុយក្លេអ៊ែរក្នុងស្នូលនេះ វាក៏បង្កើតឲ្យមានផងដែរនូវកម្លាំងរុញចេញពីស្នូលសំដៅទៅស្រទាប់ខាងក្រៅរបស់ផ្កាយ។
នៅក្នុងដំណាក់កាលធម្មតានៃជីវិតរបស់ផ្កាយ ដែលគេហៅជាភាសាអង់គ្លេសថា « Main sequence star » ផ្កាយស្ថិតនៅក្នុងស្ថានភាពលំនឹងមួយ គឺថាមពលដែលចេញពីប្រតិកម្មនុយក្លេអ៊ែរនៅក្នុងស្នូលរបស់ផ្កាយបង្កើតបានជាកម្លាំងរុញទៅខាងក្រៅ ក្នុងកម្រិតមួយល្មមគ្រប់គ្រាន់អាចទប់ជាមួយនឹងកម្លាំងទំនាញ ដែលទាញសារធាតុសំដៅទៅកាន់ស្នូល។
នៅពេលដែលប្រតិកម្មនុយក្លេអ៊ែរនេះប្រើអស់សារធាតុអ៊ីដ្រូសែន ផ្កាយត្រូវចូលដំណាក់កាលចុងក្រោយនៃជីវិត ដោយដំបូងត្រូវរីកប៉ោងក្លាយជា "ផ្កាយយក្សក្រហម" ហើយបន្ទាប់មកទៀត សម្រាប់ផ្កាយដែលមានម៉ាស់ក្នុងចន្លោះ ពី ៨ដង ទៅ ១៥ដងនៃម៉ាស់របស់ព្រះអាទិត្យ វានឹងត្រូវផ្ទុះជាស៊ូពើណូវ៉ា រួចហើយបន្សល់ទុកតែស្នូលខាងក្នុង ដែលត្រូវក្លាយទៅជាផ្កាយដែលផ្សំឡើងដោយណឺត្រុងសុទ្ធសាធ ហើយដែលគេឲ្យឈ្មោះថា "ផ្កាយណឺត្រុង" (Neutron star)៕
11/29/2022 • 9 minutes, 9 seconds តើពហុចក្រវាលមានទំនាក់ទំនងអ្វីនឹងទ្រឹស្តីរូបវិទ្យាកង់ទិក?
ពហុចក្រវាល ឬហៅជាភាសាអង់គ្លេសថា « Multiverse » គឺជាប្រធានបទដ៏ពេញនិយមមួយ នៅក្នុងការជជែកវែកញែកគ្នា ក៏ដូចជានៅក្នុងរឿងប្រលោមលោក ឬខ្សែភាពយន្ត។ ថ្វីដ្បិតតែមកទល់នឹងសព្វថ្ងៃនេះ គ្មានភស្តុតាងណាមួយដែលអាចបញ្ជាក់បានពិតប្រាកដ ក៏ប៉ុន្តែ ពហុចក្រវាលនេះមិនមែនជារឿងប្រឌិតសុទ្ធសាធនោះតែ តែវាមានមូលដ្ឋានលើទ្រឹស្តីវិទ្យាសាស្រ្តចម្បងមួយ គឺចេញពីទ្រឹស្តីរូបវិទ្យាកង់ទិក។
តើចក្រវាលមានតែមួយគត់ ឬក៏ក្រៅពីចក្រវាលរបស់យើងនេះ នៅមានចក្រវាលច្រើនផ្សេងទៀត? តើអាចជារឿងទៅរួចទេ ដែលអ្វីៗដែលមាននៅក្នុងចក្រវាលរបស់យើងនេះ (កាឡាក់ស៊ី ភពផែនដី មនុស្សយើង) អាចមានស្រដៀងគ្នានៅក្នុងចក្រវាលជាច្រើនផ្សេងទៀត? តើអាចទេ ដែលមនុស្សម្នាក់ៗអាចមានវត្តមាន នៅក្នុងចក្រវាលច្រើនផ្សេងៗគ្នា ក៏ប៉ុន្តែ មានជោគវាសនា មានគន្លងជីវិតខុសៗគ្នា?
យោងតាមទ្រឹស្តីរូបវិទ្យាកង់ទិក អាតូម ក៏ដូចជាភាគល្អិតផ្សេងទៀត នៅក្នុងពិភពកង់ទិក អាចស្ថិតនៅក្នុងទីតាំងច្រើនផ្សេងគ្នា ឬក្នុងសភាពខុសៗគ្នាក្នុងពេលតែមួយ ដែលគេហៅជាភាសាអង់គ្លេសថា « Superposition »។ នេះជាលក្ខណៈដ៏ចម្លែកមួយនៃរូបវិទ្យាកង់ទិក ដែលជាទូទៅត្រូវបានលើកបង្ហាញតាមរយៈពិសោធន៍អំពីសត្វឆ្មារបស់ Erwin Schrödinger។
យោងតាមពិសោធន៍នេះ សត្វឆ្មាដែលស្ថិតនៅក្នុងហឹបបិទជិតត្រូវស្ថិតក្នុងស្ថានភាព Superposition គឺស្លាប់ផង និងរស់ផង ក្នុងពេលតែមួយ។ រហូតទាល់តែក្រោយពេលដែលយើងបើកហឹបនេះមើល ទើបជោគវាសនារបស់សត្វឆ្មាត្រូវបានកំណត់ គឺឬមួយឆ្មាស្លាប់ ឬមួយឆ្មានៅរស់។
យោងតាមបិតាស្ថាបនិករូបវិទ្យាកង់ទិកពីររូប គឺ Niels Bohr និង Werner Heisenberg ចំណុចគន្លឹះ ដែលនាំឲ្យ Superposition របស់សត្វឆ្មាត្រូវបញ្ចប់ គឺការសង្កេត និងវាស់វែង។ មុនពេលមានការសង្កេត និងវាស់វែង គ្រប់អ្វីៗទាំងអស់នៅជារលកនៃប្រូបាប៊ីលីតេ (Quantum Wave Function) ដោយគោរពទៅតាមសមីការ Schrödinger។ នៅពេលដែលមានការសង្កេត និងវាស់វែងមើល វាតម្រូវឲ្យរលកនៃប្រូបាប៊ីលីតេត្រូវបញ្ចប់ (Wave function collapse) ហើយតម្រូវឲ្យអាតូម ឬក៏ភាគល្អិតក្រោមអាតូមត្រូវមានអត្ថិភាពនៅក្នុងទីតាំងណាមួយ ឬនៅក្នុងស្ថានភាពណាមួយជាក់លាក់។ នេះជាការបកស្រាយមួយ ទៅលើទ្រឹស្តីរូបវិទ្យាកង់ទិក ដែលគេច្រើនហៅជាភាសាអង់គ្លេសថា Copenhagen interpretation។
ក៏ប៉ុន្តែ យោងតាមការបកស្រាយមួយទៀត ដែលស្នើឡើងដោយរូបវិទូអាមេរិក Hugh Everett Superposition នៃមេកានិកកង់ទិក ត្រូវបន្តទៅមុខជាអចិន្ត្រៃយ៍ ដោយមិនត្រូវបញ្ចប់ដោយការសង្កេត និងវាស់វែងណាមួយនោះទេ ហើយរលកកង់ទិក ឬ Wave Function គឺជាគោលការណ៍គ្រឹះនៃមេកានិកកង់ទិក ដែលមានលក្ខណៈអចិន្ត្រៃយ៍ ដោយគ្មានការបញ្ចប់ (Wave function collapse) ដូចការបកស្រាយទៅតាម Copenhagen interpretation នោះទេ។
នៅក្នុងករណី Schrödinger’s Cat បើយោងទៅតាមការបកស្រាយរបស់ Hugh Everett គេមិនអាចបែងចែកដាច់ពីគ្នា រវាងអ្វីដែលនៅក្នុងហឹបថាជាមេកានិកកង់ទិក ហើយអ្វីដែលនៅក្រៅហឹបថាជាមេកានិកក្លាស៊ិកបាននោះទេ។ ឆ្មា និងអាតូមដែលនៅក្នុងហឹបស្ថិតក្រោមច្បាប់កង់ទិក មនុស្សយើងដែលនៅក្រៅហឹប ហើយដែលផ្សំឡើងពីអាតូម និងភាគល្អិតក្រោមអាតូមដូចគ្នា ក៏ត្រូវតែស្ថិតក្រោមច្បាប់កង់ទិកដូចគ្នានេះដែរ។ ដូចគ្នាដែរចំពោះបរិស្ថានដែលនៅជុំវិញ ទាំងបរិស្ថាននៅក្នុងហឹប និងបរិស្ថាននៅក្រៅហឹប ដែលសុទ្ធតែផ្សំឡើងដោយអាតូម និងភាគល្អិតក្រោមអាតូម ក៏សុទ្ធតែត្រូវស្ថិតក្រោមច្បាប់កង់ទិកដូចគ្នាទាំងអស់។
ដូច្នេះ បើឆ្មាដែលនៅក្នុងហឹបស្ថិតក្នុងស្ថានភាព Superposition នៅពេលដែលយើងបើកហឹបនេះមើល យើងក៏ស្ថិតក្នុងស្ថានភាព Superposition នៃមេកានិកកង់ទិកនេះដូចគ្នា។ Superposition របស់ឆ្មា គឺឆ្មាស្លាប់ផង និងឆ្មានៅរស់ផងក្នុងពេលតែមួយ ហើយ Superposition របស់យើង គឺយើងបើកហឹបមើលឃើញឆ្មាស្លាប់ផង និងយើងឃើញឆ្មានៅរស់ផង ក្នុងពេលតែមួយ។
ក៏ប៉ុន្តែ នៅក្នុងស្ថានភាពជាក់ស្តែង យើងមិនអាចដឹងខ្លួនថា យើងមើលឃើញឆ្មាស្លាប់ផង និងឆ្មានៅរស់ផង ពីព្រោះថា យោងទៅតាមគោលការណ៍ពីរទៀតនៃមេកានិកកង់ទិក គោលការណ៍ដែលគេហៅជាភាសាអង់គ្លេសថា Quantum Decoherence និង Quantum Entanglement ទាំងឆ្មា ទាំងយើង និងទាំងបរិស្ថានដែលនៅជុំវិញខ្លួនយើង ត្រូវស្ថិតក្នុងស្ថានភាព Superposition ដែលបែកខ្នែងចេញទៅជាពិភពពីរដាច់ពីគ្នា ឯករាជ្យដាច់ចេញពីគ្នា ដោយគ្មានព័ត៌មានឆ្លងគ្នាពីពិភពមួយទៅពិភពមួយទៀតបាននោះទេ។
ដូច្នេះ បើយោងទៅតាមការបកស្រាយរបស់ Hugh Everett នៅក្នុងពិភពមួយ ឬចក្រវាលមួយ យើងបើកហឹបមើលឃើញឆ្មាស្លាប់ ហើយនៅក្នុងពេលទន្ទឹមគ្នានេះ នៅក្នុងចក្រវាលមួយផ្សេងទៀត យើងបើកហឹបមើលឃើញឆ្មានៅរស់ ហើយចក្រវាលទាំងពីរនេះ ថ្វីដ្បិតតែស្ថិតនៅទន្ទឹមគ្នា ក្នុងពេលតែមួយ ក៏ប៉ុន្តែ ឯករាជ្យដាច់ចេញពីគ្នា។
ការបកស្រាយរបស់ Hugh Everett ទៅលើរូបវិទ្យាកង់ទិកនេះ ត្រូវបានគេស្គាល់ជាទូទៅជាភាសាអង់គ្លេសថា Many-worlds interpretation ហើយការបកស្រាយនេះហើយ ដែលជាមូលដ្ឋានគ្រឹះមួយ ដែលកំណត់ថា ចក្រវាលត្រូវមានច្រើន គឺអាចមានចំនួនច្រើនដោយគ្មានដែនកំណត់៕
10/1/2022 • 10 minutes, 30 seconds រូបវិទ្យាកង់ទិក៖ អនុគមន៍រលកកង់ទិក និង Schrödinger's Cat
នៅឆ្នាំ១៩២៤ អ្នកប្រាជ្ញរូបវិទ្យាបារាំង Louis de Broglie បានរកឃើញទ្រឹស្តី ដែលលើកឡើងថា អេឡិចត្រុងគឺជារលកផង និងជាភាគល្អិតផង (Wave-particle duality) ហើយពីរឆ្នាំក្រោយមកទៀត អ្នកប្រាជ្ញរូបវិទ្យាអូទ្រីស Erwin Schrödinger បានរកឃើញសមីការ ដែលបញ្ជាក់អំពីរលកកង់ទិក ហើយដែលជាមូលដ្ឋានគ្រឹះនៃរូបវិទ្យាកង់ទិក។ ក៏ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក Schrödinger បានសង្កេតឃើញភាពចម្លែកនៃទ្រឹស្តីកង់ទិកនេះ ហើយបានបញ្ជាក់ អំពីភាពចម្លែកនេះ តាមរយៈឧទាហរណ៍អំពីសត្វឆ្មារ (Schrödinger's cat)។
ជិត២០ឆ្នាំក្រោយពីអាញស្តាញចុះផ្សាយទ្រឹស្តី ដែលបង្ហាញថា ពន្លឺ ដែលកាលពីមុនគេធ្លាប់តែគិតថាជារលក ត្រូវផ្សំឡើងដោយបណ្តុំថាមពលជាភាគល្អិត គឺហ្វូតុង នៅឆ្នាំ១៩២៤ រូបវិទូបារាំងឈ្មោះ ល្វី ដឺប្រឺយ (Louis de Broglie) នៅក្នុងនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត បានលើកឡើងនូវទ្រឹស្តីមួយថា អេឡិចត្រុង ដែលគេស្គាល់តាំងពីដើមមកថាជាភាគល្អិតនោះ បែរជាមានលក្ខណៈជារលកទៅវិញ។ មែនទែនទៅ យោងតាមទ្រឹស្តីរបស់ ល្វី ដឺប្រឺយ អេឡិចត្រុង ក៏ដូចជាភាគល្អិតផ្សេងទៀតដែរ គឺមានលក្ខណៈជាភាគល្អិតផង និងជារលកផង ទ្រឹស្តី ដែលគេហៅជាភាសាអង់គ្លេសថា Wave-particle duality។
នៅឆ្នាំ១៩២៦ រូបវិទូអូទ្រីសឈ្មោះ Erwin Schrödinger បានសិក្សាស្រាវជ្រាវលម្អិត ទៅលើទ្រឹស្តីរលកអេឡិចត្រុងរបស់ ល្វី ដឺប្រឺយ ហើយបានរកឃើញសមីការ ដែលអាចពិពណ៌នា និងព្យាករអំពីដំណើរវិវឌ្ឍរបស់រលកអេឡិចត្រុង ក៏ដូចជា ភាគល្អិតផ្សេងទៀត នៅក្នុងកម្រិតកង់ទិក។ សមីការនេះត្រូវបានស្គាល់ជាទូទៅថា “សមីការ Schrödinger” (Schrödinger equation) ហើយដែលជាមូលដ្ឋានគ្រឹះចម្បងបំផុតនៃរូបវិទ្យាកង់ទិក។
គេអាចនិយាយដោយប្រៀបធៀបគ្នាបានថា ច្បាប់ចលនានៃមេកានិកក្លាស៊ិក គឺមានសមីការរបស់អ៊ីសាក់ញូតុនជាមូលដ្ឋានគ្រឹះ រីឯមេកានិកកង់ទិកវិញ សមីការជាមូលដ្ឋានគ្រឹះចម្បងបំផុត គឺសមីការរបស់ Schrödinger។ នៅក្នុងមេកានិកក្លាស៊ិក សមីការរបស់ញូតុន ជាគន្លឹះក្នុងការពិពណ៌នា និងព្យាករយ៉ាងសុក្រឹត អំពីចលនារបស់ភព ផ្កាយ និងកាឡាក់ស៊ី ចំណែកនៅក្នុងមេកានិកកង់ទិកវិញ សមីការរបស់ Schrödinger គឺជាគន្លឹះក្នុងការពិពណ៌នា និងព្យាករ អំពីអាតូម និងភាគល្អិតក្រោមអាតូម។
ក៏ប៉ុន្តែ ផ្ទុយស្រឡះពីមេកានិកក្លាស៊ិក ដែលការព្យាករអាចធ្វើឡើងបានយ៉ាងជាក់លាក់ នៅក្នុងមេកានិកកង់ទិកវិញ សមីការរលកកង់ទិកអាចឲ្យគេព្យាករបានត្រឹមតែជាប្រូបាប៊ីលីតេតែប៉ុណ្ណោះ មានន័យថា នៅក្នុងពិភពកង់ទិក អេឡិចត្រុង ក៏ដូចជាភាគល្អិតផ្សេងទៀតដែរ មិនមានអត្ថិភាពពិតប្រាកដនោះទេ ដោយគេមិនអាចកំណត់បានច្បាស់លាស់ថា វាមានចលនាបែបណា ទៅទិសខាងណា ឬស្ថិតនៅទីតាំងណាមួយពិតប្រាកដនោះទេ។ មែនទែនទៅ គេមិនត្រឹមតែមិនអាចដឹងថា អេឡិចត្រុងស្ថិតនៅទីតាំងណាមួយ ឬក្នុងសភាពបែបណាមួយពិតប្រាកដនោះទេ ក៏ប៉ុន្តែ ទៅតាមគោលការណ៍នៃមេកានិកកង់ទិក អេឡិចត្រុងអាចស្ថិតនៅក្នុងទីតាំងច្រើនផ្សេងគ្នា ឬក្នុងសភាពខុសគ្នាក្នុងពេលតែមួយ ដែលគេហៅជាភាសាអង់គ្លេសថា « Superposition »។
នេះគឺជាភាពចម្លែក ដែលសូម្បីតែ Erwin Schrödinger ខ្លួនឯងផ្ទាល់ ក៏ពិបាកនឹងទទួលយក ហើយដើម្បីបង្ហាញពីភាពចម្លែកនេះ Erwin Schrödinger បានលើកឡើង អំពីពិសោធន៍ទៅលើសត្វឆ្មារ ដែលគេតែងតែស្គាល់ជាភាសាអង់គ្លេសថា Schrödinger's cat។
នៅក្នុងពិសោធន៍របស់ Schrödinger នេះ គេយកសត្វឆ្មារមួយក្បាលទៅដាក់នៅក្នុងហឹបបិទជិត ដោយនៅក្នុងហឹបនោះ មានផ្ទុកសារធាតុវិទ្យុសកម្ម ដែលអាតូមរបស់វាអាចមានបម្រែបម្រួលវិទ្យុសកម្ម (Radioactive decay) ក្នុងប្រូបាប៊ីលីតេ ៥០%-៥០% ពោលគឺ ប្រូបាប៊ីលីតេ ៥០% ដែលវាបំភាយវិទ្យុសកម្ម ហើយ ៥០% មិនបំភាយវិទ្យុសកម្ម។
នៅក្នុងហឹបនោះដែរ គេដាក់ដបឧស្ម័នពុល ដោយមានយន្តការពិសេស ភ្ជាប់ជាមួយនឹងឧបករណ៍ចាប់សញ្ញាវិទ្យុសកម្ម។ ប្រសិនបើមានការបំភាយវិទ្យុសកម្ម យន្តការពិសេសនឹងបញ្ចេញឧស្ម័នពុល ហើយសត្វឆ្មារនឹងត្រូវស្លាប់។ ផ្ទុយទៅវិញ បើសិនជាគ្មានការបំភាយវិទ្យុសកម្មទេ ឧស្ម័នពុលក៏នឹងមិនត្រូវបំភាយចេញ ហើយសត្វឆ្មារត្រូវនៅរស់។ និយាយជារួម ជោគវាសនារបស់សត្វឆ្មារត្រូវផ្សាភ្ជាប់ទៅនឹងអាតូម គឺមានប្រូបាប៊ីលីតេ ៥០% ឆ្មារត្រូវស្លាប់ ហើយ ៥០% ឆ្មារនៅរស់។
យោងទៅតាមគោលការណ៍នៃរូបវិទ្យាកង់ទិក ដរាបណាគេមិនទាន់បើកហឹបនេះមើលទេ អាតូមត្រូវស្ថិតនៅក្នុងស្ថានភាពពីរក្នុងពេលតែមួយ គឺបំភាយវិទ្យុសកម្ម និងមិនបំភាយវិទ្យុសកម្ម ហើយដោយសារតែជោគវាសនារបស់សត្វឆ្មារត្រូវផ្សាភ្ជាប់នឹងអាតូម ដូច្នេះ សត្វឆ្មារក៏ត្រូវស្ថិតក្នុងស្ថានភាពពីរក្នុងពេលតែមួយដូចគ្នា គឺស្លាប់ផង និងនៅរស់ផង។ រហូតទាល់តែដល់ពេលដែលគេបើកហឹបនោះមើល ទើបគេឃើញឆ្មារស្លាប់ ឬឆ្មារនៅរស់។
ស្ថានភាព Superposition គឺ ឆ្មារអាចនៅរស់ផង និងស្លាប់ផង ក្នុងពេលតែមួយនេះហើយ ដែលជារឿងដ៏សែនចម្លែក ដែល Erwin Schrödinger គិតថា វាគឺជារឿងដែលមិនសមហេតុផល ហើយមិនអាចទៅរួច៕
9/26/2022 • 9 minutes, 56 seconds រូបវិទ្យាកង់ទិក៖ វត្ថុពិតជាក់ស្តែងប៉ុន្តែផ្សំឡើងដោយអ្វីៗដែលមានត្រឹមជាប្រូបាប៊ីលីតេ
យោងតាមទ្រឹស្តីកង់ទិក គ្រប់អ្វីៗទាំងអស់ ដែលស្ថិតក្នុងកម្រិតអាតូម ឬក្រោមអាតូម ដរាបណាគេនៅមិនទាន់សង្កេត និងវាស់វែងមើលទេនោះ វាមិនមានអត្ថិភាពពិតប្រាកដនោះទេ ដោយអ្វីៗមានត្រឹមតែជារលកនៃប្រូបាប៊ីលីតេតែប៉ុណ្ណោះ។ នេះហើយជាភាពចម្លែកដែលអ្នកវិទ្យាសាស្រ្តជាបិតាស្ថាបនិករូបវិទ្យាកង់ទិច តែងតែបានលើកឡើងជាសង្ខេបថា គ្រប់អ្វីៗដែលយើងកំណត់ថាជាវត្ថុពិត អាចមើលឃើញ អាចពាល់បាន ក៏ប៉ុន្តែ ត្រូវផ្សំឡើងដោយភាគល្អិត ដែលទៅតាមលក្ខណៈធម្មជាតិ មិនអាចជាវត្ថុពិត។
យោងតាមទ្រឹស្តីរបស់អាញស្តាញ និងការពិសោធន៍ជាក់ស្តែងទៅលើឥទ្ធពលហ្វូតូអេឡិចទ្រិក ពន្លឺគឺជាភាគល្អិត ដែលគេឲ្យឈ្មោះថា “ហ្វូតុង”។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ការពិសោធន៍ជាច្រើនផ្សេងទៀត ក៏សុទ្ធតែបង្ហាញផងដែរថា ពន្លឺគឺជារលក គឺរលកអេឡិចត្រូម៉ាញេទិក។ បើដូច្នេះ តើពន្លឺគឺជាអ្វីពិតប្រាកដ? ជារលក (Wave) ឬក៏ជាភាគល្អិត (Particle)?
ប៉ុន្មានឆ្នាំក្រោយការចេញផ្សាយទ្រឹស្តីរបស់អាញស្តាញ ភាពចម្លែកមួយទៀតក៏កើតមានឡើង ដោយលើកនេះ ទាក់ទងនឹងភាគល្អិតវិញម្តង គឺអេឡិចត្រុង។
នៅក្នុងការធ្វើពិសោធន៍ទៅលើអេឡិចត្រុងនេះ ដែលគេហៅថា “Double-slit experiment” គេបង្កើតចន្លោះពីរ មានរាងបញ្ឈរ ហើយស្ថិតនៅទន្ទឹមគ្នា រួចហើយបញ្ជូនអេឡិចត្រុងឲ្យឆ្លងកាត់ចន្លោះទាំងពីរនេះ ទៅប៉ះនឹងផ្ទាំងដែលនៅខាងក្រោយ។ ដោយសារតែតាមការយល់ដឹងពីមុនមក គេដឹងថា អេឡិចត្រុងគឺជាភាគល្អិត ដូច្នេះ អេឡិចត្រុងនីមួយៗគួរតែធ្វើដំណើរឆ្លងកាត់ចន្លោះណាមួយក្នុងចំណោមចន្លោះទាំងពីរ ហើយទៅប៉ះនឹងផ្ទាំងដែលនៅខាងក្រោយ បង្កើតជាគំនូសបញ្ឈរពីរទន្ទឹមគ្នា។
ក៏ប៉ុន្តែ ខុសពីការរំពឹងទុក នៅក្នុងការធ្វើពិសោធន៍ជាក់ស្តែង គេសង្កេតឃើញថា នៅលើផ្ទាំងដែលស្ថិតនៅខាងក្រោយនោះ អេឡិចត្រុងមិនបង្កើតត្រឹមតែបន្ទាត់បញ្ឈរពីរនោះទេ តែបង្កើតជាបន្ទាត់ច្រើនបញ្ឈរតម្រៀបគ្នា គឺក្នុងទម្រង់ដូចគ្នាទាំងស្រុងទៅនឹងការពិសោធន៍ Double-slit experiemnt ទៅលើរលក។
នេះគឺជាចំណុចរបត់ដ៏ចម្បងមួយ នៅក្នុងវិស័យវិទ្យាសាស្រ្តសម័យទំនើប ហើយជាការរុះរើឡើងវិញទាំងស្រុង នូវចំណេះដឹងវិទ្យាសាស្រ្ត ដែលមនុស្សយើងធ្លាប់មានកាលពីមុន។ កាលពីមុន ពន្លឺ ដែលយើងធ្លាប់តែដឹងថា គឺជារលក ក៏ប៉ុន្តែ ត្រូវបានគេរកឃើញថា ត្រូវផ្សំឡើងដោយភាគល្អិត គឺ ហ្វូតុង។ ចំណែកអេឡិចត្រុងវិញ ដែលយើងធ្លាប់តែដឹងថា គឺជាភាគល្អិត ឥឡូវ ត្រូវបានគេធ្វើពិសោធន៍ឃើញមានលក្ខណៈជារលកទៅវិញ។
ដើម្បីពន្យល់អំពីភាពចម្លែកនេះ Niels Bohr អ្នកប្រាជ្ញរូបវិទ្យាដាណឺម៉ាក និងអ្នកប្រាជ្ញមួយចំនួនផ្សេងទៀត នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩២០ រួមមានដូចជា Erwin Schrödinger, Paul Dirac និង Werner Heisenberg ក៏បានបង្កើតទ្រឹស្តីថ្មី គឺទ្រឹស្តីរូបវិទ្យាកង់ទិក។
យោងតាមទ្រឹស្តីរូបវិទ្យាកង់ទិក នៅក្នុងពិសោធន៍ Double-slit experiment អេឡិចត្រុងនៅពេលកំពុងធ្វើដំណើរ មិនមានរូបរាង ឬក៏ទីតាំងជាក់លាក់នោះទេ គឺគ្រាន់តែជារលកនៃប្រូបាប៊ីលីតេតែប៉ុណ្ណោះ។ អេឡិចត្រុងជារលកនេះ ឆ្លងកាត់តាមចន្លោះទាំងពីរ នៅក្នុងពេលតែមួយ បង្កើតជារលកពីរដាច់ពីគ្នា ហើយមានឥទ្ធិពលលើគ្នាទៅវិញទៅមក បង្កើតទៅជាទម្រង់នៃប្រូបាប៊ីលីតេថ្មីមួយទៀត ហើយទាល់តែនៅពេលដែលរលកនេះធ្វើដំណើរទៅប៉ះនឹងផ្ទាំងដែលនៅខាងក្រោយ ទើបអ្វីៗដែលត្រឹមតែជារលកនៃប្រូបាប៊ីលីតេត្រូវប្រែក្លាយខ្លួនជាចំណុចនៃភាគល្អិតមួយ នៅត្រង់ទីតាំងណាមួយ អាស្រ័យទៅតាមប្រូបាប៊ីលីតេ។
ទៅតាមទ្រឹស្តីកង់ទិកនេះ គ្រប់អ្វីៗទាំងអស់ ដែលស្ថិតក្នុងកម្រិតអាតូម ឬក្រោមអាតូម ដរាបណាគេនៅមិនទាន់សង្កេត និងវាស់វែងមើលទេនោះ វាមិនមានអត្ថិភាពពិតប្រាកដនោះទេ។ គ្មានទីតាំងជាក់លាក់ ហើយក៏គ្មានរូបរាងជាក់លាក់នោះដែរ ដោយអ្វីៗមានត្រឹមតែជារលកនៃប្រូបាប៊ីលីតេតែប៉ុណ្ណោះ រហូតទាល់តែគេវាស់មើល ទើបអ្វីដែលជារលកនៃប្រូបាប៊ីលីតេនេះត្រូវមានរូបរាង និងទីតាំងពិតប្រាកដ៕
9/19/2022 • 8 minutes, 28 seconds រូបវិទ្យាកង់ទិក៖ អាញស្តាញ និងទ្រឹស្តី “កង់តាពន្លឺ”
អាល់ប៊ែរ អាញស្តាញ (Albert Einstein) ត្រូវបានគេស្គាល់ជាទូទៅ តាមរយៈទ្រឹស្តី Relativity ក៏ប៉ុន្តែ របកគំហើញ ដែលធ្វើឲ្យអាញស្តាញបានទទួលរង្វាន់ណូបែលរូបវិទ្យា គឺទាក់ទងនឹងឥទ្ធិពលហ្វូតូអេឡិចទ្រិក (Photoelectric effect) ហើយដែលនាំទៅដល់ទ្រឹស្តីដ៏ចម្បងមួយ នៅក្នុងរូបវិទ្យាកង់ទិក គឺទ្រឹស្តីដែលថា ពន្លឺត្រូវផ្សំឡើងដោយភាគល្អិត ដែលគេហៅថា "កង់តា" ហើយដែលក្រោយមកត្រូវបានគេហៅថា "ហ្វូតុង" (Photon)។
នៅក្នុងអំឡុងឆ្នាំ១៩០០ អ្នកប្រាជ្ញអាល្លឺម៉ង់ ឈ្មោះ Max Planck ដែលសិក្សាទៅលើភាពចម្លែក នៅក្នុងទំនាក់ទំនង រវាងសីតុណ្ហភាព ហ្វ្រេកង់ និងពណ៌របស់ពន្លឺ បានរកឃើញសមីការ និងទ្រឹស្តីមួយ ដែលគេឲ្យឈ្មោះថា Planck’s Law ហើយដែលកំណត់ថា ថាមពល (ដូចជាថាមពលដែលចេញពីពន្លឺជាដើម) មិនមែនជាលំហូរជាប់គ្នាឥតដាច់នោះទេ ផ្ទុយទៅវិញ គឺផ្សំឡើងដោយបណ្តុំថាមពលដាច់ៗពីគ្នា ដែលគេឲ្យឈ្មោះថា “កង់តា” (Quanta)។
ទ្រឹស្តីនេះបានស្រាយចម្ងល់ទាក់ទងនឹងសីតុណ្ហភាព និងពណ៌របស់ពន្លឺ (Ultraviolet Catastrophe) ក៏ប៉ុន្តែ វាបង្កើតជាចម្ងល់ថ្មីមួយទៀត ទាក់ទងទៅនឹងធម្មជាតិរបស់ពន្លឺដោយផ្ទាល់។
គិតមកទល់នឹងដើមសតវត្សរ៍ទី២០នោះ អ្នកវិទ្យាសាស្រ្តជាទូទៅជឿថា ពន្លឺគឺជាលំហូរឥតដាច់។ ពន្លឺជារលកដែលបង្កើតជាហ្វ្រេកង់ខុសៗគ្នា។ “ពន្លឺជារលក” មិនត្រឹមតែជាទ្រឹស្តីនោះទេ ក៏ប៉ុន្តែ ក៏ត្រូវបានបង្ហាញឲ្យឃើញផងដែរ នៅក្នុងការសង្កេត និងការធ្វើពិសោធន៍ជាក់ស្តែង ដោយអ្នកវិទ្យាសាស្រ្តមុនៗ។
អាញស្តាញវិញ នៅក្នុងការសិក្សាចុះផ្សាយនៅឆ្នាំ១៩០៥ បានរុះរើឡើងវិញទាំងស្រុងនូវទ្រឹស្តីវិទ្យាសាស្រ្តតាំងពីរាប់រយឆ្នាំមុន ដោយបានកំណត់ថា ពន្លឺគឺផ្សំឡើងដោយបណ្តុំថាមពលដាច់ៗពីគ្នា ប្រៀបដូចជាភាគល្អិត ដែលនៅពេលនោះ គេហៅថា “កង់តាពន្លឺ” ហើយដែលបច្ចុប្បន្ននេះ គេស្គាល់ជាទូទៅថា “ហ្វូតុង”។
តាមរយៈទ្រឹស្តី អំពី “កង់តាពន្លឺ” នេះ អ្វីដែល Max Planck បានរកឃើញត្រឹមជាសមីការគណិតវិទ្យា ត្រូវបានពន្យល់បកស្រាយទៅតាមលក្ខណៈរូបវិទ្យាដោយអាល់ប៊ែរ អាញស្តាញ ហើយទ្រឹស្តី “កង់តាពន្លឺ” នេះ គឺជាចំណុចរបត់ដ៏ចម្បងមួយ នៅក្នុងការយល់ដឹងរបស់យើងទៅលើពន្លឺ ហើយក៏ជាដំណើរវិវឌ្ឍដ៏ចម្បងមួយផងដែរ នៃទ្រឹស្តីរូបវិទ្យាកង់ទិក៕
9/12/2022 • 8 minutes, 42 seconds ប្រវត្តិនៃការកកើតទ្រឹស្តីរូបវិទ្យាកង់ទិក
ទ្រឹស្តីរូបវិទ្យាកង់ទិក ថ្វីដ្បិតតែស្មុគស្មាញ និងពោរពេញទៅដោយភាពចម្លែក ក៏ប៉ុន្តែ ជាទ្រឹស្តីមួយដែលមានផលប្រយោជន៍បំផុត នៅក្នុងការអនុវត្តជាក់ស្តែង ហើយក៏មានឥទ្ធិពលយ៉ាងខ្លាំងផងដែរទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់យើង នៅក្នុងពេលបច្ចុប្បន្ននេះ។ បច្ចេកវិទ្យាជាច្រើន រាប់ចាប់តាំងពីកាំរស្មីឡាស៊ែរ នៅក្នុងវិស័យវេជ្ជសាស្រ្ត រហូតទៅដល់ទូរសព្ទដៃ កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចជាច្រើនផ្សេងទៀតដែលយើងប្រើជាប្រចាំសព្វថ្ងៃនេះ មិនអាចកើតមានបានទេ ប្រសិនបើគ្មានទ្រឹស្តីរូបវិទ្យាកង់ទិក។
នៅក្នុងរូបវិទ្យាសម័យទំនើបបច្ចុប្បន្ននេះ គេឃើញមានទ្រឹស្តីចម្បងៗចំនួនពីរ៖ ទីមួយ Relativity ជាទ្រឹស្តីដែលគ្រប់គ្រងទៅលើអ្វីៗដែលមានទំហំធំ និងចម្ងាយឆ្ងាយសម្បើមៗ ដូចជា ភព ផ្កាយ កាឡាក់ស៊ី ប៊្លែកហូល ជាដើម និងទីពីរ ទ្រឹស្តីកង់ទិច ដែលគ្រប់គ្រងទៅលើអ្វីដែលមានទំហំដ៏តូចល្អិត រហូតកម្រិតអាតូម ឬក្រោមអាតូម។
ចំណុចចាប់ផ្តើម ដែលនាំទៅដល់ការរកឃើញទ្រឹស្តីរូបវិទ្យាកង់ទិច គឺកើតចេញពីការសិក្សាទៅលើវត្ថុដ៏សាមញ្ញមួយ កាលពីជាងមួយសតវត្សរ៍មុន គឺការសិក្សាទៅលើអំពូលភ្លើង។ គេដឹងថា អំពូលភ្លើងមានពន្លឺ នៅពេលដែលមានចរន្តអគ្គិសនីឆ្លងកាត់រេស៊ីស្តង់ដ៏តូចឆ្មារនៅក្នុងអំពូល ដែលធ្វើឲ្យរេស៊ីស្តង់ឡើងកម្តៅ ហើយបញ្ចេញពន្លឺ។ តាមការសង្កេតជាក់ស្តែង គេឃើញថា ពណ៌នៃពន្លឺបញ្ចេញដោយរេស៊ីស្តង់អំពូលភ្លើងនេះ គឺវាប្រែប្រួលអាស្រ័យទៅលើសីតុណ្ហភាព ក៏ប៉ុន្តែ យន្តការរូបវិទ្យានៅពីក្រោយការផ្លាស់ប្តូរពណ៌នៃពន្លឺនេះ គឺនៅតែជាអាថ៌កំបាំងដ៏ធំមួយ ដែលគេនៅមិនទាន់អាចយល់បាននៅឡើយ។
នៅឆ្នាំ១៩០០ អ្នកប្រាជ្ញអាល្លឺម៉ង់ ឈ្មោះ Max Planck បានផ្តោតការសិក្សាទៅលើសំណួរចម្បងមួយថា តើហេតុអ្វីបានជានៅពេលដែលរេស៊ីស្តង់អំពូលភ្លើងកាន់តែក្តៅ ពន្លឺដែលបញ្ចេញដោយរេស៊ីស្តង់នោះត្រូវផ្លាស់ប្តូរពណ៌? រឹតតែចម្លែកជាងនេះទៅទៀត តើហេតុអ្វីបានជាការប្រែប្រួលពណ៌នៃពន្លឺនេះត្រូវបញ្ចប់ត្រឹមពណ៌ ស?
គេដឹងថា នៅក្នុងវិសាលគមន៍នៃពន្លឺ ដែលយើងអាចមើលឃើញដោយភ្នែកទទេ ពណ៌នៃពន្លឺគឺត្រូវកំណត់ដោយហ្វ្រេកង់ គឺពន្លឺដែលមានហ្វ្រេកង់ទាបមានពណ៌ក្រហម ហើយពន្លឺដែលមានហ្វ្រេកង់ខ្ពស់មានពណ៌ខៀវ ឬកាន់តែខ្ពស់ទៅទៀត រហូតដល់ពណ៌ស្វាយ។
ក៏ប៉ុន្តែ នៅក្នុងករណីអំពូលភ្លើង បើទោះជាគេបង្កើនថាមពលអគ្គិសនី ធ្វើឲ្យកម្តៅរេស៊ីស្តង់កាន់តែក្តៅយ៉ាងណា គេក៏មិនអាចធ្វើឲ្យពន្លឺត្រូវផ្លាស់ប្តូរពណ៌ទៅជាពណ៌ខៀវ ឬពណ៌ស្វាយបាននោះទេ ដោយអាចបង្កើតបានត្រឹមតែពន្លឺពណ៌ ស តែប៉ុណ្ណោះ។ មែនទែនទៅ សូម្បីតែពន្លឺព្រះអាទិត្យ ដែលសីតុណ្ហភាពនៅលើផ្ទៃខាងលើមានរហូតដល់ទៅជាង ៥ពាន់អង្សានោះ ក៏បញ្ចេញពន្លឺភាគច្រើន ជាពន្លឺពណ៌ ស នេះដែរ ដោយមានពន្លឺពណ៌ខៀវ និងពណ៌ស្វាយក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ហើយពន្លឺប្រភេទអ៊ុលត្រាវីយ៉ូឡេ វិញ គឺរឹតតែតិចទៅទៀត។
តើហេតុអ្វីបានជាប្រភេទពន្លឺដែលមានកម្រិតថាមពល និងហ្វ្រេកង់ខ្ពស់ ដូចជាអ៊ុលត្រាវីយ៉ូឡេនេះ សូម្បីតែចេញពីវត្ថុដែលមានសីតុណ្ហភាពខ្ពស់រហូតដល់ទៅរាប់ពាន់អង្សាដូចជាព្រះអាទិត្យ ក៏នៅតែកម្រនឹងឃើញមានបែបនេះទៅវិញ? នេះគឺជាអាថ៌កំបាំងដ៏ធំមួយ សម្រាប់អ្នកវិទ្យាសាស្រ្ត នៅក្នុងអំឡុងដើមសតវត្សរ៍ទី២០ ភាពចម្លែកនេះត្រូវបានគេស្គាល់ជាទូទៅជាភាសាអង់គ្លេសថា « Ultraviolet Catastrophe »។
នៅក្នុងការសិក្សាស្រាវជ្រាវ ដើម្បីស្រាយចម្ងល់នេះ Max Planck បានរកឃើញសមីការគណិតវិទ្យា ដែលអាចកំណត់យ៉ាងសុក្រឹត អំពីទំនាក់ទំនង រវាងហ្វ្រេកង់ ពណ៌ និងកម្រិតថាមពលរបស់ពន្លឺ ដោយនៅក្នុងសមីការនោះ Max Planck បានបន្ថែមកុងស្តង់មួយ ដែលគេហៅជាទូទៅថា “កុងស្តង់ផ្លាងខ៍” (Planck constant)។
ចេញសមីការនេះ Max Planck បានសន្និដ្ឋានថា ថាមពល (ដូចជាថាមពលដែលចេញពីពន្លឺជាដើម) វាមិនមែនជាលំហូរជាប់ឥតដាច់នោះទេ ផ្ទុយទៅវិញ គឺផ្សំឡើងដោយបណ្តុំថាមពលដាច់ៗពីគ្នា។ បណ្តុំថាមពល ប្រៀបបានដូចជាភាគល្អិត ហើយដែលក្រោយមកត្រូវបានគេឲ្យឈ្មោះថា “កង់តា” (Quanta)។
ទ្រឹស្តីរូបវិទ្យាជុំវិញកង់តានេះហើយ ដែលក្រោយមក ត្រូវបានគេឲ្យឈ្មោះថា រូបវិទ្យាកង់ទិច ឬ មេកានិកកង់ទិច ហើយដែលជាទូទៅ Max Planck ត្រូវបានគេចាត់ទុកថាជាបិតាស្ថាបនិកមួយរូប រួមជាមួយនឹងអ្នកប្រាជ្ញល្បីៗមួយចំនួនផ្សេងទៀត នៅក្នុងអំឡុងពេលនោះ រួមមានជាអាទិ៍ Albert Einstein និងអ្នកប្រាជ្ញដាណឺម៉ាក Niels Bohr ក៏ដូចជាអ្នកប្រាជ្ញសំខាន់ៗមួយចំនួនក្រោយៗមកទៀត រួមមាន អ្នកប្រាជ្ញបារាំង Louis de Broglie អ្នកប្រាជ្ញអង់គ្លេស Paul Dirac អ្នកប្រាជ្ញអូទ្រីស Erwin Schrödinger និងអ្នកប្រាជ្ញអាល្លឺម៉ង់ Werner Heisenberg៕
9/2/2022 • 9 minutes, 40 seconds តើគេអាចកែប្រែភពអង្គារឲ្យក្លាយជាភពសម្រាប់មនុស្សរស់នៅបានដែរឬទេ?
តាមរយៈការសិក្សាយ៉ាងស៊ីជម្រៅ កាលពីពេលកន្លងមក ដោយមានទាំងការបញ្ជូនយានទៅចុះចតដោយផ្ទាល់ផង យើងអាចដឹងបានថា ភពអង្គារ នៅក្នុងពេលបច្ចុប្បន្ននេះ មិនមានលក្ខខណ្ឌអំណោយផលនោះទេ សម្រាប់ជីវិតមនុស្សយើងរស់នៅ។ទោះជាយ៉ាងណា មានអ្នកវិទ្យាសាស្រ្តមួយចំនួន ធ្លាប់បានលើកឡើងថា សម្រាប់រយៈពេលវែងទៅមុខ គេអាចកែប្រែបរិស្ថានរបស់ភពអង្គារនេះ ឲ្យក្លាយជាភព ដែលមានលក្ខខណ្ឌ សម្រាប់ឲ្យមនុស្សយើងរស់នៅបាន គឺកែប្រែទៅតាមយន្តការ ដែលហៅជាភាសាអង់គ្លេសថា « Terraforming »។
នៅក្នុងដំណើការកែប្រែបរិស្ថានភពអង្គារឲ្យមានលក្ខខណ្ឌអំណោយផលសម្រាប់ជីវិតនេះ ចំណុចគន្លឹះទីមួយ ដែលគេត្រូវមើល គឺស្រទាប់បរិយាកាស។
បច្ចុប្បន្ននេះ ភពអង្គារមានស្រទាប់បរិយាកាសយ៉ាងស្តើង ត្រឹមតែប្រមាណជា ១% ប៉ុណ្ណោះ នៃស្រទាប់បរិយាកាសរបស់ភពផែនដី។ ការបង្កើនស្រទាប់បរិយាកាសនេះ អាចបង្កើតនូវលក្ខខណ្ឌវិជ្ជមានចម្បងចំនួនពីរ សម្រាប់ជីវិត។
ទីមួយ នៅពេលដែលស្រទាប់បរិយាកាសមានកាន់តែក្រាស់ សម្ពាធនៅលើផ្ទៃដីភពអង្គារក៏មានកាន់តែខ្ពស់ ហើយនៅពេលដែលសម្ពាធកាន់តែខ្ពស់ មនុស្សអាចដើរចេញពីទីជម្រកមកខាងក្រៅបាន ដោយមិនចាំបាច់មានសម្លៀកបំពាក់អវកាស ហើយម្យ៉ាងទៀត សម្ពាធខ្ពស់ វាក៏ជាលក្ខខណ្ឌចាំបាច់មួយផងដែរ ដើម្បីឲ្យទឹកអាចស្ថិតនៅជាសភាពរាវ ដោយមិនត្រូវហួតទៅជាចំហាយទឹក។
ទីពីរ ស្រទាប់បរិយាកាសក្រាស់អាចជួយទប់ស្កាត់វិទ្យុសកម្មពីព្រះអាទិត្យបានមួយផ្នែក ហើយបន្ថែមពីលើនេះទៅទៀត វាអាចជួយទប់កម្តៅព្រះអាទិត្យមិនឲ្យភាយចេញទៅវិញ ហើយអាចបង្កើនសីតុណ្ហភាពនៅលើភពអង្គារ។
នៅពេលដែលសីតុណ្ហភាពកើនឡើង រូបកាយរបស់មនុស្សយើងក៏ងាយនឹងរស់នៅ ហើយកាន់តែសំខាន់ជាងនេះទៅទៀត សីតុណ្ហភាពកើនឡើង បូករួមជាមួយនឹងកំណើននៃសម្ពាធបរិយាកាស វាជាលក្ខខណ្ឌផ្សំគ្នា អាចធ្វើឲ្យទឹកស្ថិតនៅជាសភាពរាវ ដែលជាលក្ខខណ្ឌចាំបាច់បំផុតមួយ សម្រាប់ជីវិត។
កន្លងមក លោក អេឡន មើស្ក៍ ម្ចាស់ក្រុមហ៊ុន SpaceX ដែលមានគម្រោងបញ្ជូនមនុស្សឲ្យទៅរស់នៅលើភពអង្គារ ធ្លាប់បានលើកឡើងជាច្រើនលើកថា វិធីសាស្រ្តដែលអាចបង្កើនស្រទាប់បរិយាកាស និងបង្កើនសីតុណ្ហភាពលើភពអង្គារបានលឿនបំផុត គឺបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ នៅត្រង់តំបន់ប៉ូលរបស់ភពអង្គារ ដើម្បីធ្វើឲ្យផ្ទាំងទឹកកកនៅតំបន់ប៉ូលនេះត្រូវរលាយ ហើយបញ្ចេញចំហាយទឹក និងឧស្ម័នកាបូនិកទៅក្នុងបរិយាកាស។
ក៏ប៉ុន្ត មានអ្នកវិទ្យាសាស្រ្តជាច្រើនយល់ថា គេអាចមានវិធីសាស្រ្តមួយទៀត ដែលអាចបង្កើនបរិមាណឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសភពអង្គារបាន ដោយមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរ។
ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធ្វើឲ្យភពឡើងកម្តៅនេះ វាគឺជាជំនាញរបស់មនុស្សយើងស្រាប់ទៅហើយ។ ដូច្នេះ យើងអាចយកបទពិសោធន៍នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នាំឲ្យផែនដីឡើងកម្តៅបច្ចុប្បន្ននេះ ទៅអនុវត្តនៅលើភពអង្គារ ធ្វើឲ្យភពអង្គារត្រូវឡើងកម្តៅបន្តិចម្តងៗ រហូតដល់កម្រិតមួយ ទឹកកក និងឧស្ម័នកាបូនិកដែលកកជាប់ក្នុងផ្ទាំងទឹកកកក៏ត្រូវរលាយ ហើយបញ្ចេញចំហាយទឹក និងឧស្ម័នកាបូនិកកាន់តែច្រើនទៅក្នុងបរិយាកាស នាំឲ្យសីតុណ្ហភាពត្រូវកើនឡើងកាន់តែលឿនថែមទៀត ចំណែកស្រទាប់បរិយាកាសក៏មានកាន់តែក្រាស់។
ក្រោយពីសីតុណ្ហភាព និងសម្ពាធកើនឡើង ដល់កម្រិតមួយសមស្រប ដែលអាចឲ្យទឹកស្ថិតនៅជាសភាពរាវបាន ទឹកកកដែលរលាយ បូករួមជាមួយនឹងចំហាយទឹកនៅក្នុងបរិយាកាសដែលអាចបង្កើតជាទឹកភ្លៀងធ្លាក់ចុះមកវិញ ក៏អាចផ្សំគ្នាបន្តិចម្តងៗអាចធ្វើឲ្យផ្ទៃដីភពអង្គារត្រូវគ្របដណ្តប់ទៅដោយទឹករាវ។
ដំណាក់កាលបន្ទាប់ គឺត្រូវប្រែក្លាយបរិយាកាសភពអង្គារ ឲ្យទៅជាខ្យល់ដែលមានអុកស៊ីសែនក្នុងអត្រាមួយគ្រាប់គ្រាន់ អាចឲ្យយើងដកដង្ហើមបាន ដូចនៅលើភពផែនដីរបស់យើង។ នៅក្នុងដំណាក់កាលនេះ យើងក៏អាចយកមេរៀនពីផែនដីរបស់យើងនេះទៅអនុវត្តលើភពអង្គារបានដែរ ពីព្រោះថា កាលពីប្រមាណជាង ៣ពាន់លានឆ្នាំមុន ផែនដីរបស់យើងក៏ធ្លាប់ជាភពដែលមានបរិយាកាសសម្បូរទៅដោយឧស្ម័នកាបូនិកដូចគ្នានេះដែរ ចំណែកឯអុកស៊ីសែនវិញ មានតិចតួចតែប៉ុណ្ណោះ។
កត្តាចម្បង ដែលបានប្រែក្លាយបរិយាកាសផែនដីឲ្យមានពេញទៅដោយអុកស៊ីសែនដូចជាសព្វថ្ងៃ គឺបាក់តេរីមួយប្រភេទ ដែលគេហៅជាភាសាអង់គ្លេសថា Cyanobacteria។ ដូច្នេះ គេអាចបញ្ជូនបាក់តេរីប្រភេទនេះពីផែនដីឲ្យទៅរស់នៅលើភពអង្គារ ដើម្បីធ្វើរស្មីសំយោគ ប្រែក្លាយបរិយាកាសដែលពោរពេញទៅដោយឧស្ម័នកាបូនិក ឲ្យទៅជាបរិយាកាសដែលសម្បូរអុកស៊ីសែន ដូចអ្វីដែលកើតឡើង នៅលើភពផែនដីរបស់យើង។
ជាការពិតណាស់ថា ទាំងអស់នេះ គឺគ្រាន់តែជាទ្រឹស្តីតែប៉ុណ្ណោះ។ មកទល់នឹងពេលនេះ មនុស្សយើងមិនទាន់ដែលបានយកវិធីសាស្រ្តអស់ទាំងនេះទៅអនុវត្តជាក់ស្តែង នៅកន្លែងណាមួយ ក្រៅពីភពផែនដីរបស់យើងនៅឡើយនោះទេ។ ដូច្នេះ គ្មានអ្នកណាម្នាក់អាចដឹងឲ្យប្រាកដបានទេថា យើងពិតជាអាចកែប្រែបរិស្ថានភពអង្គារ ហើយបង្កើតលក្ខខណ្ឌដែលអាចឲ្យមនុស្សយើងរស់នៅបានពិតប្រាកដ។ ហើយទៅតាមបច្ចេកវិទ្យាដែលយើងមានបច្ចុប្បន្ននេះ បើទោះជាអាចធ្វើទៅបាន ក៏វាប្រាកដជានឹងត្រូវចំណាយពេលយ៉ាងយូរនោះដែរ គឺអាចយូររហូតដល់ទៅរាប់រយឆ្នាំ ឬក៏អាចយូរជាងនេះទៅទៀត ទើបអាចកែប្រែបរិស្ថានលើភពអង្គារ ពីភពហួតហែងបច្ចុប្បន្ននេះ ឲ្យទៅជាភាពដែលមានលក្ខខណ្ឌអំណោយផល សម្រាប់ឲ្យមនុស្សយើងរស់នៅជាលក្ខណៈធម្មជាតិបាន៕
8/26/2022 • 11 minutes, 6 seconds តើមនុស្សអាចទៅរស់នៅលើភពអង្គារបានដែរឬទេ?
មានអ្នកខ្លះគិតថា មនុស្សយើងគួរស្វែងរកភពថ្មី ដើម្បីធ្វើជាជម្រកបន្ថែមពីលើផែនដី ចៀសវាងរស់នៅកន្លែងតែមួយ នាំឲ្យពូជមនុស្សត្រូវប្រឈមនឹងការស្លាប់ផុតពូជ ដោយហេតុការណ៍ដែលយើងមិនអាចទប់ទល់បាន ដូចជា ការបុកទង្គិចជាមួយអាចម៍ផ្កាយជាដើម។ នៅក្នុងបច្ចេកវិទ្យាដែលយើងមានបច្ចុប្បន្ន គេសំឡឹងឃើញមានតែភពអង្គារមួយប៉ុណ្ណោះ ដែលអាចមានអំណោយផលជាងគេ ហើយអ្នកខ្លះថែមទាំងមានគម្រោងបញ្ជូនមនុស្សទៅរស់នៅលើនោះថែមទៀត។ ក៏ប៉ុន្តែ សួរថា តើភពអង្គារនេះពិតជាមានលក្ខខណ្ឌអំណោយផល ដែលអាចឲ្យមនុស្សយើងទៅរស់នៅបានមែនឬក៏យ៉ាងណា?
នៅក្នុងបច្ចេកវិទ្យាដែលមនុស្សយើងមានសព្វថ្ងៃនេះ បើចង់ធ្វើដំណើរចេញពីប្រព័ន្ធព្រះអាទិត្យទៅប្រព័ន្ធផ្កាយផ្សេង វាគឺជារឿងស្មុគស្មាញខ្លាំង ដែលពិបាកនឹងអាចទៅរួច។ ដូច្នេះ លទ្ធភាពបច្ចុប្បន្ន គឺមានត្រឹមតែនៅក្នុងប្រព័ន្ធព្រះអាទិត្យនេះប៉ុណ្ណោះ។
បើគិតតែក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ យើងឃើញថា ភពអង្គារ គឺអាចរាប់ថាជាភពដែលមានលក្ខខណ្ឌអំណោយផលជាងគេ សម្រាប់ធ្វើជាទីជម្រកទីពីររបស់មនុស្សយើង។
ក៏ប៉ុន្តែ សួរថា តើមនុស្សយើងពិតជាអាចរស់នៅលើភពអង្គារបានមែនឬក៏យ៉ាងណា? លក្ខខណ្ឌអាចមានអំណោយផល បើធៀបនឹងភពផ្សេងទៀត ក៏ប៉ុន្តែ បើធៀបនឹងលក្ខខណ្ឌនៃជីវិត ដែលយើងមានលើភពផែនដីរបស់យើងនេះវិញ វាគឺជារឿងផ្សេង។
ភពអង្គារគឺជាភពហួតហែង គ្មានទឹករាវនៅលើដី ដែលអាចឲ្យមនុស្សយកមកប្រើប្រាស់បាននោះទេ ចំណែកស្រទាប់បរិយាកាសវិញមានយ៉ាងស្តើងបំផុត គឺមានត្រឹមតែប្រមាណជា ១% ប៉ុណ្ណោះនៃស្រទាប់បរិយាកាសផែនដី។ ស្រទាប់បរិយាកាសស្តើង បូករួមជាមួយនឹងកម្លាំងទំនាញក៏ខ្សោយ (ត្រឹមប្រហែល ៤០% នៃកម្លាំងទំនាញផែនដី) សម្ពាធបរិយាកាសនៅលើដីភពអង្គារក៏មានកម្រិតយ៉ាងសែនទាបផងដែរ គឺទាបជាងសម្ពាធនៅលើភពផែនដីរហូតដល់ទៅ ១០០ដងឯណោះ។
លើសពីនេះទៅទៀត បរិយាកាសនៅលើភពអង្គារនេះទៀតសោត មិនមានអុកស៊ីសែនឲ្យយើងដកដង្ហើមបាននោះដែរ ដោយនៅក្នុងខ្យល់លើភពអង្គារ មានរហូតដល់ទៅ ៩៥% គឺជាឧស្ម័នកាបូនិក។
និយាយពីសីតុណ្ហភាពវិញ ភពអង្គារមានសីតុណ្ហភាពត្រជាក់ខ្លាំង បើធៀបនឹងភពផែនដីរបស់យើង ដោយសីតុណ្ហភាពខ្ពស់បំផុតអាចមានត្រឹម ២០អង្សា ចំណែកត្រជាក់បំផុត អាចចុះរហូតដល់ទៅ -១២០អង្សាឯណោះ ហើយបើគិតជាសីតុណ្ហភាពមធ្យម គឺក្នុងរង្វង់ -៦០អង្សា (សីតុណ្ហភាពមធ្យមលើភពផែនដីរបស់យើង គឺ ១៥អង្សា)។
ម្យ៉ាងទៀត ការប្រែប្រួលនៃសីតុណ្ហភាព រវាងពេលថ្ងៃ និងពេលយប់ នៅលើភពអង្គារ ក៏មានគម្លាតគ្នាយ៉ាងដាច់ឆ្ងាយផងដែរ ដោយនៅក្នុងអំឡុងរដូវក្តៅ នៅតំបន់អេក្វាទ័រលើភពងអង្គារ សីតុណ្ហភាពពេលថ្ងៃអាចឡើងដល់ ២០អង្សា ចំណែកពេលយប់អាចចុះត្រជាក់រហូតដល់ទៅ -៧០អង្សា។
ការគំរាមកំហែងដ៏ធំមួយទៀត នៅលើភពអង្គារ គឺវិទ្យុសកម្មមកពីព្រះអាទិត្យ ពីព្រោះថា ភពអង្គារ ក្រៅពីមានស្រទាប់បរិយាកាសស្តើង គឺគ្មានខែលម៉ាញេទិកជាខែលការពារ ដូចជានៅលើភពផែនដីរបស់យើងនោះទេ។ វិទ្យុសកម្មពីព្រះអាទិត្យនេះ អាចបង្កនូវផលប៉ពាល់ទាំងចំពោះឧបករណ៍ប្រើប្រាស់ ជាពិសេស ប្រព័ន្ធអេឡិចត្រូនិច ហើយជាពិសេស គឺបង្កនូវផលប៉ះពាល់ទៅដល់ជីវិត ទាំងអាយុជីវិតរបស់មនុស្ស និងទាំងជីវិតសត្វ រុក្ខជាតិ ដែលជាធនធានចាំបាច់ សម្រាប់ការរស់នៅរបស់មនុស្សយើង។
ដូច្នេះ ជារួមមកវិញ មនុស្សមិនអាចរស់លើភពអង្គារបាន ដូចជានៅលើភពផែនដីរបស់យើងនោះទេ។ អាចរស់នៅបានទាល់តែមានការរៀបចំរចនាសម្ព័ន្ធពិសេស៖ មានទីជម្រក ដែលអាចការពារវិទ្យុសកម្មពីព្រះអាទិត្យពីខាងក្រៅ ចំណែកនៅខាងក្នុងត្រូវមានប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែន និងប្រព័ន្ធរក្សាសម្ពាធឲ្យស្មើនឹងកម្រិតសម្ពាធធម្មតាលើផែនដី៕
6/28/2022 • 8 minutes, 49 seconds ហេតុអ្វីបានជាភពអង្គារក្លាយជាភពស្ងួតហួតហែង?
ទិន្នន័យជាច្រើនបង្ហាញថា ភពអង្គារធ្លាប់ជាភពដែលមានទឹក ក្នុងបរិមាណដ៏ច្រើន ដែលបង្កើតជាបឹង ទន្លេ សមុទ្រ... ហើយទឹកលើផ្ទៃដីភពអង្គារនេះ ធ្លាប់មានក្នុងរយៈពេលយូររហូតដល់ទៅរាប់ពាន់លានឆ្នាំឯណោះ។ តើមូលហេតុអ្វីបានជាភពអង្គារលែងមានទឹក ហើយក្លាយជាភពស្ងួតហួតហែងបច្ចុប្បន្ននេះ?
គិតមកទល់នឹងពេលបច្ចុប្បន្ននេះ ថ្វីដ្បិតតែគេនៅមិនទាន់មានភស្តុតាងជាក់លាក់ បញ្ជាក់អំពីវត្តមាននៃជីវិត ឬលក្ខខណ្ឌអំណោយផលដល់ជីវិតនៅលើភពអង្គារ ក៏ប៉ុន្តែ ទិន្នន័យដែលគេប្រមូលបាន អាចបញ្ជាក់យ៉ាងច្បាស់ថា នៅលើផ្ទៃដីភពអង្គារធ្លាប់មានទឹករាវ ក្នុងបរិមាណដ៏ច្រើន ដែលបង្កើតទៅជាទន្លេ និងសមុទ្រ ហើយការសិក្សាចុងក្រោយបង្អស់កាលពីពេលថ្មីៗនេះក៏បានបង្ហាញផងដែរថា ទឹកនៅលើផ្ទៃដីភពអង្គារនេះមិនមែនមានតែមួយរយៈពេលខ្លីនោះទេ ផ្ទុយទៅវិញ គឺធ្លាប់មានក្នុងរយៈពេលយូរ រហូតដល់ទៅរាប់ពាន់លានឆ្នាំឯណោះ។
សំណួរត្រូវចោទឡើងថា តើទឹកអស់ទាំងនោះត្រូវបាត់ទៅណា? ហេតុអ្វីបានជាភពអង្គារត្រូវវិវឌ្ឍទៅជាភពហួតហែងគ្មានទឹកបែបនេះទៅវិញ?
ចម្លើយ គឺចេញមកពីព្រះអាទិត្យ! នៅស្នូលខាងក្នុងព្រះអាទិត្យ កន្លែងដែលជាប្រភពនៃប្រតិកម្មនុយក្លេអ៊ែរ និងជាប្រភពនៃថាមពលព្រះអាទិត្យ សីតុណ្ហភាពមានរហូតដល់ទៅប្រមាណជា ១៥លានអង្សា។ មកដល់ផ្ទៃខាងលើរបស់ព្រះអាទិត្យ សីតុណ្ហភាពមានត្រឹមប្រមាណជា ៦ពាន់អង្សា ក៏ប៉ុន្តែ ចេញផុតពីផ្ទៃព្រះអាទិត្យ ចូលទៅដល់ក្នុងស្រទាប់បរិយាកាសផ្នែកខាងលើវិញ ដែលគេឲ្យឈ្មោះថា « Corona » សីតុណ្ហភាពមានរហូតដល់ទៅជាង ១លានអង្សា បង្កើតទៅជាខ្យល់ព្រះអាទិត្យ (ឬ Solarwind) ដែលពេលខ្លះមានល្បឿនរហូតដល់ទៅប្រមាណជា ៨០០គីឡូម៉ែត្រក្នុងមួយវិនាទី សាយភាយចេញពីព្រះអាទិត្យ សំដៅទៅប៉ែកខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដោយត្រូវឆ្លងកាត់តាមគន្លងរបស់ភព។
ខុសពីភពផែនដី ដែលមានដែនម៉ាញេទិកជាខែលការពារ ភពអង្គារបានបាត់បង់ដែនម៉ាញេទិក តាំងពីរាប់ពាន់លានឆ្នាំមុនមកម៉្លេះ ហើយនៅពេលដែលលែងមានដែនម៉ាញេទិកជាខែលការពារ ស្រទាប់បរិយាកាស រួមទាំងម៉ូលេគុលទឹកនៅលើភពអង្គារក៏ត្រូវបាត់បង់បន្តិចម្តងៗ ដោយត្រូវរងនូវកម្លាំងខ្យល់ព្រះអាទិត្យ។
បន្ថែមពីលើនេះទៅទៀត ការបាត់បង់ស្រទាប់បរិយាកាស ត្រូវធ្វើឲ្យសីតុណ្ហភាព និងសម្ពាធនៅលើដីភពអង្គារក៏ត្រូវធ្លាក់ចុះខ្លាំងផងដែរ ដែលជាហេតុធ្វើឲ្យទឹកមិនអាចស្ថិតនៅជាសភាពរាវនៅលើដីបាន ដោយមួយផ្នែកត្រូវក្លាយជាចំហាយទឹក ភាយចេញទៅក្នុងបរិយាកាស បន្ទាប់មកត្រូវខ្យល់ព្រះអាទិត្យបក់នាំចេញទៅក្នុងទីអវកាស ចំណែកមួយផ្នែកទៀតត្រូវក្លាយជាទឹកកក ឬត្រូវរលាយចូលជាមួយរ៉ែក្រោមដី។
ហេតុដូច្នេះហើយបានជា ភពអង្គារត្រូវក្លាយជាភពដែលមានស្រទាប់បរិយាកាសយ៉ាងស្តើង គឺស្តើងជាងបរិយាកាសផែនដីរហូតដល់ទៅប្រមាណជា ១០០ដង ចំណែកនៅលើដីភពអង្គារវិញ ក៏លែងមានទឹក បន្សល់ទុកនូវផ្ទៃដីស្ងួតហែងរហូតមកទល់នឹងពេលបច្ចុប្បន្ន៕
6/28/2022 • 7 minutes, 34 seconds បេសកកម្មអារតេមីសទី៣ (Artemis-III) ដែលនឹងបញ្ជូនអវកាសយានិកទៅចុះចតលើដីព្រះចន្ទ
បន្ទាប់ពីបេសកកម្មទី១ ដែលបញ្ជូនតែយានទទេ និងបេសកកម្មទី២ ដែលមានដឹកអវកាសយានិកប៉ុន្តែត្រឹមហោះកាត់មួយជុំព្រះចន្ទ បេសកកម្មទី៣វិញ គឺជាចំណុចរបត់ដ៏ចម្បងមួយ នៃគម្រោងអារតេមីស គឺការបញ្ជូនអវកាសយានិកឲ្យទៅចុះចតដោយផ្ទាល់លើដីព្រះចន្ទ ដើម្បីបើកផ្លូវឆ្ពោះទៅការបង្កើតមូលដ្ឋានអចិន្ត្រៃយ៍ ទុកប្រើសម្រាប់ការធ្វើដំណើរទៅកាន់ភពអង្គារ។
បេសកកម្មអារតេមីសទី៣ (Artemis-3) គឺជាបេសកកម្មដំបូង នៅក្នុងគម្រោងអារតេមីស ដែលណាសានឹងបញ្ជូនអវកាសយានិកឲ្យទៅចុះចតលើដីព្រះចន្ទ ហើយជាលើកទីមួយ រាប់ចាប់តាំងពីគម្រោងអាប៉ូឡូ ត្រូវបានបិទបញ្ចប់ កាលពីឆ្នាំ១៩៧២កន្លងទៅ។
នៅក្នុងបេសកកម្មអារតេមីសទី៣នេះ ក៏ស្រដៀងគ្នានឹងបេសកកម្មទី២ដែរ អវកាសយានិកត្រូវធ្វើដំណើរពីផែនដីនេះទៅ តាមយាន Orion ហើយបាញ់បង្ហោះដោយប្រើរ៉ុកកែតធុន SLS។
ក្រោយពីធ្វើដំណើរក្នុងគន្លងជុំវិញផែនដី ហើយអវកាសយានិកបានត្រួតពិនិត្យប្រព័ន្ធដំណើរការរបស់យានរួចរាល់ហើយ Orion នឹងបញ្ឆេះម៉ូទ័រ ដើម្បីបង្កើនល្បឿនចេញពីគន្លងផែនដី ធ្វើដំណើរឆ្ពោះទៅកាន់គន្លងព្រះចន្ទ (TLI Burn) ដោយនៅពេលទៅដល់ព្រះចន្ទនោះ Orion ត្រូវបញ្ឆេះម៉ូទ័រសាជាថ្មី ដើម្បីអាចចូលទៅក្នុងគន្លងជុំវិញព្រះចន្ទ ក្នុងគន្លងជាមួយគ្នានឹងស្ថានីយ៍ Gateway។
ក៏ប៉ុន្តែ សម្រាប់បេសកកម្ម Artemis-3 នេះ ទីភ្នាក់ងារណាសាបានសម្រេចថា នឹងមិនពឹងផ្អែកទាំងស្រុងលើ Gateway នោះទេ។ មានន័យថា ប្រសិនបើ Gateway ត្រូវបានសាងសង់ចប់សព្វគ្រប់ ហើយត្រូវបាញ់បង្ហោះយកទៅដាក់ក្នុងគន្លងជុំវិញព្រះចន្ទ អាចមានដំណើរការបាន Orion នឹងធ្វើដំណើរទៅភ្ជាប់ជាមួយ Gateway រួចហើយ ផ្ទេរអវកាសយានិកចេញពី Orion ចូលទៅក្នុង Gateway ហើយបន្ទាប់មកទៀត ចេញពី Gateway ចូលទៅក្នុង Starship ដែលក្រុមហ៊ុន SpaceX ជាអ្នកទទួលបន្ទុកបាញ់បង្ហោះ និងបញ្ជូនទៅកាន់ Gateway នៅក្នុងបេសកកម្មដាច់ដោយឡែកមួយទៀត។
ផ្ទុយទៅវិញ ប្រសិនបើ Gateway នៅមិនទាន់អាចមានដំណើរការពេញលេញនៅឡើយទេនោះ Orion នឹងហោះទៅភ្ជាប់ជាមួយ Starship ដោយផ្ទាល់។ ក្រោយពីបានផ្ទេរអវកាសយានិកចេញពី Orion រួចហើយ Starship នឹងផ្តាច់ខ្លួនចេញ ដើម្បីដឹកអវកាសយានិកទៅចុះចតលើដីព្រះចន្ទ ដោយតាមគម្រោង គឺនឹងត្រូវចុះចតនៅក្បែរតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ ជាទីតាំង ដែលគេសង្ស័យថា អាចមានវត្តមានទឹកកកនៅក្រោមដី។
អវកាសយានិក ដែលមានស្រ្តីម្នាក់ផង ជាស្ត្រីទីមួយ ដែលនឹងធ្វើដំណើរទៅជាន់ដីព្រះចន្ទ នៅក្នុងប្រវត្តិសាស្ត្រ នឹងត្រូវស្ថិតនៅលើព្រះចន្ទនោះ នៅក្នុងរយៈពេលរហូតដល់ទៅជិតមួយសប្តាហ៍ (៦ថ្ងៃ) ក្នុងពេលដែលយាន Orion បន្តស្ថិតនៅក្នុងគន្លងជុំវិញព្រះចន្ទ។
ក្រោយពីបញ្ចប់បេសកកម្មលើដីព្រះចន្ទ អវកាសយានិក ត្រូវហោះចេញពីព្រះចន្ទមកវិញ តាមយាន Starship ដដែល ដើម្បីត្រឡប់ទៅតភ្ជាប់ជាមួយយាន Orion ហើយក្រោយពីផ្ទេរអវកាសយានិកចេញពី Starship យាន Orion ក៏នឹងផ្តាច់ខ្លួន រួចហើយបញ្ឆេះម៉ូទ័ររុញយានឲ្យចេញពីគន្លងព្រះចន្ទ ហើយធ្វើដំណើរវិលត្រឡប់មកកាន់ភពផែនដីវិញ ដោយធ្វើដំណើរទៅតាមគន្លង និងយន្តការដូចគ្នាទាំងស្រុងទៅនឹងបេសកកម្មទាំងពីរលើកមុន គឺ Artemis-1 និង Artemis-2 ពោលគឺ ផ្នែកខាងក្រោយនៃយាន Orion (Service Module) ត្រូវផ្តាច់ខ្លួនចេញ មុនពេលធ្វើដំណើរចូលទៅដល់ក្នុងស្រទាប់បរិយាកាសផែនដី ដោយទុកតែផ្នែកខាងមុខ គឺ ដែលមានដឹកអវកាសយានិក និងមានខែលការពារកម្តៅ ឲ្យធ្វើដំណើរចូលមកក្នុងស្រទាប់បរិយាកាស និងចុះចតលើផ្ទៃទឹកសមុទ្រ៕
6/6/2022 • 7 minutes, 42 seconds បេសកកម្មអារតេមីសទី២ (Artemis-II)
បន្ទាប់ពីបេសកកម្មទី១ (Artemis-I) ដែលជាបេសកកម្មគ្មានអវកាសយានិក ទីភ្នាក់ងារណាសាគ្រោងធ្វើបេសកកម្មទី២ (Artemis-II) នៅក្នុងអំឡុងឆ្នាំ២០២៤ ដោយនៅក្នុងដំណាក់កាលទីពីរនេះអារតេមីសនឹងមិនធ្វើដំណើរទៅដោយទទេនោះទេ ដោយនៅក្នុងយាន Orion នឹងមានដឹកអវកាសយានិកចំនួន ៤រូប។ គោលដៅ គឺធ្វើដំណើរទៅហោះកាត់មួយជុំព្រះចន្ទ រួចហើយត្រឡប់មកផែនដីវិញ តែមិនចុះចតលើដីព្រះចន្ទ។
ក្រោយពីហោះចេញពីដី ហើយក្រោយពីប៊ូស្ទ័រទាំងពីរ និង Core Stage នៃកំណាត់ទីមួយត្រូវបានផ្តាច់ចេញហើយ រ៉ុកកែតកំណាត់ទី២ ឬ Upper Stage រួមជាមួយនឹងយាន Orion ត្រូវហោះចូលទៅក្នុងគន្លងតារាវិថីទាប (Low Earth Orbit)។
ក្រោយពីហោះមួយជុំ នៅក្នុង Low Earth Orbit នេះ ដោយត្រូវចំណាយពេលប្រមាណជា ៩០នាទី Upper Stage នឹងបញ្ឆេះម៉ូទ័រសាជាថ្មី ដើម្បីរុញយាន Orion ឲ្យទៅដល់គន្លងតារាវិថីខ្ពស់ (High Earth Orbit) ដោយចុងម្ខាងនៅត្រឹមប្រមាណជាង ៣៧០គីឡូម៉ែត្រ ចំណែកចុងម្ខាងទៀត ចេញរហូតទៅដល់ប្រមាណជាង ១០ម៉ឺនគីឡូម៉ែត្រពីដី (ជិត ១ភាគ៣ នៃចម្ងាយ រវាងផែនដី និងព្រះចន្)ទ។
នៅក្នុងអំឡុងពេលស្ថិតក្នុងគន្លងជុំវិញផែនដីនេះ អវកាសយានិកត្រូវពិនិត្យ និងធ្វើតេស្តបច្ចេកវិទ្យារបស់យាន ដោយផ្តោតសំខាន់ទៅលើប្រតិបត្តិការ ដែលគេឲ្យឈ្មោះជាភាសាអង់គ្លេសថា « Proximity Operation Demonstration » ដើម្បីធ្វើតេស្តសមត្ថភាពយាន ទាក់ទងនឹងការហោះស្កាត់ជួប និងតភ្ជាប់យាន (Rendez-vous and docking) ដែលជាប្រតិបត្តិការចាំបាច់ នៅក្នុងបេសកកម្ម Artemis-III ក៏ដូចជានៅក្នុងបេសកកម្មបន្តបន្ទាប់ផ្សេងទៀត ទៅថ្ងៃអនាគត។
បន្ទាប់ពីបានធ្វើតេស្តប្រតិបត្តិការ Proximity Operation Demonstration នេះរួចហើយ នៅក្នុងអំឡុងពេលដែលយាន Orion ស្ថិតនៅក្នុងគន្លងជុំវិញផែនដីនៅឡើយ អវកាសយានិកត្រូវផ្តោតលើចំណុចទីពីរ ដែលជាចំណុចដ៏សំខាន់ នៅក្នុងបេសកកម្មដែលមានដឹកអវកាសយានិក គឺការពិនិត្យប្រព័ន្ធយាន ដោយផ្តោតលើប្រព័ន្ធទំនាក់ទំនង (Deep Space Communication) ប្រព័ន្ធគោចរណ៍ (Deep Space Navigation) និងប្រព័ន្ធទ្រទ្រង់ជីវិត (Life Support System)។
ក្រោយពីពិនិត្យមើលឃើញថា ប្រព័ន្ធអស់ទាំងនេះមានដំណើរការត្រឹមត្រូវ អាចឲ្យអវកាសយានិកធ្វើដំណើរប្រកបដោយសុវត្ថភាពបានហើយ ទើបគេបញ្ឆេះម៉ូទ័រសាជាថ្មី ដោយលើកនេះ គេត្រូវប្រើម៉ូទ័រ ដែលនៅជាប់នឹង Service Module របស់យាន Orion ដោយផ្ទាល់ ដើម្បីបង្កើនល្បឿនយានឲ្យចូលទៅក្នុងគន្លង ដែលនាំទៅកាន់ព្រះចន្ទ នៅក្នុងយន្តការដែលគេឲ្យឈ្មោះថា Trans-Lunar Injection Burn (TLI)។
ការធ្វើដំណើរពីផែនដីទៅព្រះចន្ទ និងពីព្រះចន្ទត្រឡប់មកផែនដីវិញ ដោយយាន Orion នេះ នឹងត្រូវទៅតាមគន្លងមានរាងជាលេខ ៨ ហើយដែលគេហៅជាភាសាអង់គ្លេសថា « Free-Return Trajectory » មានន័យថា ជាគន្លង ដែលអាចនាំយានឲ្យធ្វើដំណើរពីផែនដី ទៅព្រះចន្ទ និងពីព្រះចន្ទត្រឡប់មកកាន់ផែនដីវិញបាន បើទោះជាមិនមានកម្លាំងម៉ូទ័របន្ថែម ដោយប្រើជំនួយពីកម្លាំងទំនាញរបស់ផែនដី និងកម្លាំងទំនាញរបស់ព្រះចន្ទ។
តាមរយៈគន្លងនេះ ក្រោយពីបានបញ្ឆេះម៉ូទ័រជាលើកចុងក្រោយ នៅក្នុងយន្តការ Trans-Lunar Injection Burn យាន Orion នឹងបណ្តែតខ្លួន សំដៅទៅហោះកាត់ពីមុខព្រះចន្ទ (ឬពីឆ្វេងព្រះចន្ទបើមើលពីផែនដី) រួចហើយកម្លាំងទំនាញរបស់ព្រះចន្ទនឹងទាញយានឲ្យហោះវាងពីក្រោយ សំដៅទៅខាងស្តាំវិញ មុននឹងហោះសំដៅត្រឡប់មកកាន់ផែនដី ដោយមិនទាមទារឲ្យមានការបញ្ឆេះម៉ូទ័រសាជាថ្មី លើកលែងតែករណីចាំបាច់ ដើម្បីកែតម្រូវគន្លងយាន ឲ្យហោះសំដៅមកកាន់ស្រទាប់បរិយាកាសផែនដី ក្នុងរង្វាស់មុំជាក់លាក់ណាមួយ។
ដំណើរត្រឡប់ពីព្រះចន្ទ មកកាន់ផែនដីវិញនេះ នឹងត្រូវធ្វើ នៅក្នុងយន្តការប្រហាក់ប្រហែលគ្នា ទៅនឹងបេសកកម្ម Artemis-I ដែរ៕
5/22/2022 • 7 minutes, 31 seconds បេសកកម្មអារតេមីសទី១ (Artemis-I) ទៅកាន់ព្រះចន្ទ
Artemis-I គឺជាបេសកកម្មទី១ នៃគម្រោងអារតេមីសរបស់ណាសា ដើម្បីបញ្ជូនមនុស្សទៅកាន់ព្រះចន្ទ ក្នុងគោលដៅបោះទីតាំងអចិន្រ្តៃយ៍ និងដើម្បីធ្វើជាមូលដ្ឋាន សម្រាប់បេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារ។ នៅក្នុងបេសកកម្មទី១នេះ នឹងមិនមានដឹកអវកាសយានិកនោះទេ ដោយមានតែតួយានទទេតែប៉ុណ្ណោះ ដើម្បីជាការសាកល្បងបច្ចេកវិទ្យារ៉ុកកែត និងយានអវកាសថ្មី មុននឹងឈានទៅដឹកអវកាសយានិក។
បេសកកម្ម Artemis-1 ត្រូវបាញ់បង្ហោះ ដោយប្រើរ៉ុកកែត SLS ដោយបាញ់បង្ហោះចេញពី Launch Pad 39B (Cape Canaveral, Florida) ដែលជាទីតាំងប្រវត្តិសាស្រ្តមួយ ដែលគេធ្លាប់ប្រើ ដើម្បីបាញ់បង្ហោះយានទៅកាន់ព្រះចន្ទ កាលពីក្នុងគម្រោងអាប៉ូឡូ។
ជិតដល់ពេលបាញ់បង្ហោះ អ៊ីដ្រូសែន និងអុកស៊ីសែន ត្រូវគេបង្ហូរចូលទៅបំពេញធុងឥន្ធនៈ ហើយបន្ទាប់មកទៀត ការរាប់ថយក្រោយ (Countdown) ត្រូវចាប់ផ្តើមនៅ ១៥វិនាទីមុន ឬ T-15seconds។
ការបញ្ឆេះម៉ូទ័រត្រូវចាប់ផ្តើមពីម៉ូទ័រទាំង ៤ របស់ Core Stage ហើយបន្ទាប់មកទៀត ទើបម៉ូទ័ររបស់ប៊ូស្ទ័រត្រូវចាប់ផ្តើម បង្កើតជាកម្លាំងដំណោលសរុបរហូតដល់ទៅជិត ៤ម៉ឺនគីឡូញូតុន រុញតួរ៉ុកកែត ដែលមានទម្ងន់សរុបជិត ៣ពាន់តោន ឲ្យហោះចេញពីទីតាំងបាញ់បង្ហោះ។
៩០វិនាទីក្រោយបាញ់បង្ហោះ រ៉ុកកែតបង្កើនល្បឿនរហូតដល់កម្រិតមួយ ដែលសម្ពាធ ដោយកម្លាំងកកិតដោយស្រទាប់បរិយាកាស ទៅលើតួរ៉ុកកែត ត្រូវកើនឡើងដល់កម្រិតអតិបរមា ដែលគេហៅជាភាសាអង់គ្លេសថា Maximum Dynamic Pressure (Max Q)។
ប្រមាណជា ២នាទី ក្រោយបាញ់បង្ហោះ រ៉ុកកែតធ្វើដំណើរទៅដល់រយៈកម្ពស់ប្រមាណជា ៤៥គីឡូម៉ែត្រពីដី ប៊ូស្ទ័រទាំងពីរប្រើអស់ឥន្ធនៈ ហើយក៏ត្រូវផ្តាច់ខ្លួនចេញ ដោយទុកតែ Core Stage ជាមួយនឹងម៉ូទ័រ RS-25 ទាំង ៤គ្រឿង ជាអ្នកបន្តដំណើរទៅមុខ ឆ្ពោះទៅកាន់គន្លងតារាវិថីជុំវិញផែនដី។
ក្រោយពីរ៉ុកកែតធ្វើដំណើរចេញផុតពីស្រទាប់បរិយាកាស សម្បកដែកដែលស្រោបពីខាងក្រៅ ដើម្បីការពារយាន Orion ពីភាពកកិតនឹងស្រទាប់បរិយាកាស ក៏ត្រូវផ្តាច់ចេញ ហើយប្រមាណជា ៤០វិនាទីក្រោយមកទៀត ប្រព័ន្ធសុវត្ថិភាព (Launch Abort System) ដែលលែងចាំបាច់ទៀតហើយនោះក៏ត្រូវផ្តាច់ចេញពីតួយានផងដែរ។
ប្រមាណជា ៨នាទីក្រោយបាញ់បង្ហោះ នៅពេលដែលរ៉ុកកែតធ្វើដំណើរទៅដល់រយៈកម្ពស់ប្រមាណជាជាតិ ១៦០គីឡូម៉ែត្រពីដី ហើយរ៉ុកកែតក៏បង្កើនល្បឿនដល់កម្រិតមួយ ដែលគេចង់បានហើយនោះ ម៉ូទ័រទាំង ៤គ្រឿងត្រូវគេពន្លត់ (Main Engine Cut-off) ហើយ Core Stage ក៏ត្រូវគេផ្តាច់ចេញ ដោយទុកតែ Upper Stage ឲ្យនៅភ្ជាប់ជាមួយនឹងយាន Orion។
ក្រោយពីផ្តាច់ចេញពី Core Stage ផ្ទាំងសូឡា ចំនួន ៤ ដែលនៅជាប់នឹងយាន Orion ក៏ត្រូវគេពន្លាតចេញ ដើម្បីអាចចាប់ផ្តើមផលិតថាមពលអគ្គិសនីដោយខ្លួនឯង ហើយបន្ទាប់មកទៀត ម៉ូទ័ររបស់កំណាត់ទី២ ក៏ត្រូវគេចាប់ផ្តើមបញ្ឆេះ ក្នុងយន្តការមួយ ដែលគេហៅជាភាសាអង់គ្លេសថា Perigee Raise Maneuver ដើម្បីរុញយានឲ្យចូលទៅក្នុងគន្លងតារាវិថី ក្នុងរយៈកម្ពស់ ចន្លោះពីប្រមាណជា ៥០០គីឡូម៉ែត្រ ទៅ ១៨០០គីឡូម៉ែត្រពីដី (គន្លងតារាវិថីទាប ឬ Low Earth Orbit)។
ប្រមាណជាជាង ១ម៉ោង ក្រោយបាញ់បង្ហោះ និងក្រោយពីធ្វើដំណើរបានមួយជុំផែនដី Upper Stage ត្រូវបញ្ឆេះម៉ូទ័រសាជាថ្មីម្តងទៀត នៅក្នុងយន្តការដែលគេឲ្យឈ្មោះថា Trans-Lunar Injection Burn (TLI) ដើម្បីរុញយាន Orion ឲ្យចេញពីគន្លងតារាវិថីជុំវិញផែនដី ហើយធ្វើដំណើរសំដៅទៅកាន់គន្លងរបស់ព្រះចន្ទ។
នៅពេលទៅដល់ចម្ងាយប្រមាណជា ១០០គីឡូម៉ែត្រពីព្រះចន្ទ យាន Orion ត្រូវប្រើម៉ូទ័រ ដែលនៅជាប់នឹង Service Module ដើម្បីបន្ថយល្បឿន ហើយចូលទៅក្នុងគន្លងជុំវិញព្រះចន្ទ។
ក្រោយពីធ្វើដំណើរជុំវិញព្រះចន្ទរួចហើយ Orion នឹងបញ្ឆេះម៉ូទ័រសាជាថ្មីម្តងទៀត ដើម្បីបង្កើនល្បឿនឲ្យចេញផុតពីគន្លងជុំវិញព្រះចន្ទ ហើយធ្វើដំណើរសំដៅត្រឡប់មកកាន់ភពផែនដីវិញ ដោយធ្វើដំណើរទៅតាមគន្លងមួយ ដែលនឹងត្រូវនាំ Orion ឲ្យហោះសំដៅចូលរហូតទៅដល់ស្រទាប់បរិយាកាសផែនដី។
នៅពេលដែលយាន Orion ធ្វើដំណើរមកដល់ក្នុងចម្ងាយប្រមាណជា ៥ពាន់គីឡូម៉ែត្រពីដី Service Module ដែលគេលែងត្រូវការទៀតហើយនោះ នឹងត្រូវផ្តាច់ខ្លួនចេញ ដោយទុកតែ Crew Module ឲ្យហោះសំដៅមកកាន់ស្រទាប់បរិយាកាសផែនដី ហើយមុនពេលមកដល់ស្រទាប់បរិយាកាស Crew Module (ដែលមានរាងជាសាជី) ត្រូវបង្វិលត្រឡប់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យផ្នែកដែលមានខែលការពារកម្តៅស្ថិតនៅខាងមុខ ដើម្បីការពារតួយានពីភាពកកិតនឹងស្រទាប់បរិយាកាស។
ដំណើរចូលមកកាន់ស្រទាប់បរិយាកាសផែនដី ដែលគេហៅជាភាសាអង់គ្លេសថា « Reentry » ចាប់ផ្តើមនៅរយៈកម្ពស់ប្រមាណជា ១២០គីឡូម៉ែត្រពីដី ដោយនៅពេលនោះ Orion ធ្វើដំណើរក្នុងល្បឿនរហូតដល់ទៅប្រមាណជា ១១គីឡូម៉ែត្រក្នុងមួយវិនាទី មុននឹងបន្ថយល្បឿនបន្តិចម្តងៗ ដោយសារភាពកកិតនឹងស្រទាប់បរិយាកាស ហើយនៅពេលដែល Orion ធ្វើដំណើរចូលមកដល់រយៈកម្ពស់ប្រមាណជា ៧ពាន់ម៉ែត្រពីដី ឆ័ត្រយោងតូចចំនួនពីរត្រូវបើកចេញ ដើម្បីឲ្យយានបន្ថយល្បឿនបានកាន់តែយឺត មុននឹងអាចបើកឆ័ត្រយោងធំៗទាំង ៣ ឲ្យ Orion ធ្លាក់ចុះសន្សឹមៗ ទៅលើទឹកសមុទ្រ៕
5/21/2022 • 8 minutes, 6 seconds រ៉ុកកែត SLS របស់ណាសាមានលក្ខណៈពិសេសអ្វីខ្លះ?
នៅក្នុងគម្រោង "អារតេមីស" (Artemis) ដើម្បីបញ្ជូនមនុស្សទៅកាន់ព្រះចន្ទ ទីភ្នាក់ងារណាសាបានផលិតរ៉ុកកែតអវកាសថ្មីមួយ ដែលគេឲ្យឈ្មោះថា "Space Launche System" (SLS)។ ជារ៉ុកកែតដ៏មានកម្លាំងខ្លាំងជាងគេបំផុត នៅក្នុងចំណោមរ៉ុកកែតអវកាស ដែលកំពុងមានដំណើរការ នៅក្នុងពេលបច្ចុប្បន្ននេះ។
រ៉ុកកែត SLS មានប្រវែង ៩៨ម៉ែត្រ ហើយកម្លាំងម៉ូទ័រសរុប មានរហូតដល់ទៅជាង ៣៩មេហ្កាញូតុន គឺ ៤ម៉េហ្កាញូតុនខ្លាំងជាងរ៉ុកកែតធុន Saturn V និងជាង ១៦ម៉េហ្កាញូតុនខ្លាំងជាងរ៉ុកកែតធុន Falcon Heavy របស់ក្រុមហ៊ុន SpaceX ដែលកាលពីមុនជាប់ឈ្មោះជារ៉ុកកែតអវកាសខ្លាំងជាងគេបំផុតនៅលើពិភពលោក។
SLS ជារ៉ុកកែតដែលចែកចេញជាពីរកំណាត់ ឬ Stage ហើយកំណាត់ទីមួយក៏ត្រូវចែកចេញជាពីរផ្នែកផងដែរ គឺផ្នែកនៅកណ្តាល ដែលគេហៅថា Core Stage មានម៉ូទ័រចំនួន ៤ ជាម៉ូទ័រធុន RS-25 ដែលណាសាធ្លាប់ប្រើច្រើនដងរួចមកហើយ សម្រាប់យានចម្លងអវកាស ឬ Space Shuttle កាលពីមុន ហើយប្រើប្រភេទឥន្ធនៈក៏ដូចគ្នាផងដែរ គឺប្រភេទអ៊ីដ្រូសែន ដោយមានអុកស៊ីសែនជាសារធាតុជំនួយសម្រាប់ចំហេះ។
នៅអមសងខាង Core Stage នេះ គឺមានភ្ជាប់ដោយប៊ូស្ទ័រចំនួនពីរ ដែលប៊ូស្ទ័រនីមួយៗមានប្រវែង ៥៤ម៉ែត្រ និងមុខកាត់ជិត ៤ម៉ែត្រ។
នៅពីលើ Core Stage នេះកំណាត់ទីមួយ គឺមានរ៉ុកកែតកំណាត់ទីពីរ ឬ Upper Stage ដែលមានធុងផ្ទុកឥន្ធនៈប្រវែងជិត ១៤ម៉ែត្រ និងមុខកាត់ជាង ៥ម៉ែត្រ ផ្ទុកឥន្ធនៈប្រភេទដូចគ្នានឹងកំណាត់ទីមួយដែរ គឺអ៊ីដ្រូសែន ឬ Hydrolox។
បន្ទាប់ពី Upper Stage គឺមានយាន Orion ដែលចែកចេញជាពីរផ្នែកផងដែរ គឺផ្នែកខាងក្រោយ ដែលគេឲ្យឈ្មោះថា Service Module ផលិតដោយទីភ្នាក់ងារអេសា ជាផ្នែកមានផ្ទុកឥន្ធនៈ និងប្រព័ន្ធម៉ូទ័រ និងផ្នែកខាងមុខមានរាងជាសាជី ដែលគេឲ្យឈ្មោះថា Command Module/Crew Module ជាកន្លែងផ្ទុកប្រព័ន្ធបញ្ជាយាន ហើយអាចផ្ទុកអវកាសយានិកបានពី ២នាក់ ទៅ ៦នាក់។
បន្ទាប់ពីយាន Orion នេះ ផ្នែកដែលមានរាងស្រួចវែងនៅខាងចុងបំផុតនៃរ៉ុកកែត គឺជាប្រព័ន្ធសុវត្ថិភាព ដែលគេឲ្យឈ្មោះថា Launch Abort System ពោលគឺជាប្រព័ន្ធសម្រាប់សង្រ្គោះអវកាសយានិក នៅក្នុងករណីមានបញ្ហានៅពេលបាញ់បង្ហោះរ៉ុកកែត។ នៅក្នុងករណីអាសន្ន ប្រព័ន្ធសុវត្ថិភាពនេះ ដែលមានភ្ជាប់ជុំវិញដោយកូនប៊ូស្ទ័រតូចៗចំនួន ៤ អាចនឹងត្រូវគេប្រើ ដើម្បីផ្តាច់ផ្នែកដែលមានដឹកអវកាសយានិក ចេញពីតួរ៉ុកកែត ហោះឡើងទៅលើផុតពីកន្លែងគ្រោះថ្នាក់ រួចហើយបើកឆ័ត្រយោង ដើម្បីនាំអវកាសយានិកចុះចតមកលើដីវិញ។
តាមគម្រោង ណាសានឹងផលិតរ៉ុកកែតធុន SLS នេះជា ៣ប្រភេទ។ ប្រភេទទីមួយ ដែលគេឲ្យឈ្មោះថា SLS Block 1 មានសមត្ថភាពដឹកទម្ងន់ពីផែនដី រហូតទៅដល់គន្លងព្រះចន្ទ បាន ២៧តោន។ SLS Block 1B អាចដឹកទម្ងន់បានពី ៣៨តោន ទៅ ៤២តោន និង SLS Block 2 អាចដឹកទម្ងន់បានពី ៤៣តោន ទៅ ៤៦តោន។
SLS Block 1 នឹងត្រូវប្រើសម្រាប់បេសកកម្មចំនួន ៣ដំបូង ទៅកាន់ព្រះចន្ទ គឺ Artemis-1 ជាបេសកកម្មសាកល្បង ដែលមិនមានផ្ទុកអវកាសយានិក ហើយដែលណាសាគ្រោងធ្វើ នៅក្នុងឆ្នាំ២០២២នេះ, Artemis-2 គ្រោងធ្វើនៅឆ្នាំ២០២៤ខាងមុខ នឹងត្រូវដឹកអវកាសយានិក រហូតទៅដល់គន្លងតារាវិថីជុំវិញព្រះចន្ទ ក៏ប៉ុន្តែមិនចុះចត និង Artemis-3 ជាបេសកកម្មផ្ទុកអវកាសយានិក ទៅចុះចតដោយផ្ទាល់លើដីព្រះចន្ទ ដែលណាសាគ្រោងធ្វើ នៅក្នុងឆ្នាំ២០២៥ខាងមុខ៕
4/11/2022 • 6 minutes, 39 seconds ប្រវត្តិនៃការរកឃើញតំបន់អួតខ្លោវដ៍ (Oort Cloud)
ព្រំដែនប្រព័ន្ធព្រះអាទិត្យរបស់យើង មិនមែនបញ្ចប់ត្រឹមតំបន់ខ្សែក្រវាត់គុយពែរនេះនោះទេ។ ទៅហួសពីខ្សែក្រវាត់គុយពែរនេះទៅ នៅមានតំបន់មួយទៀត ដែលគេឲ្យឈ្មោះថា អួតខ្លោវដ៍ ដោយយកទៅតាមឈ្មោះរបស់តារាវិទូហូឡង់ គឺ យ៉ាន អួត (Jan Oort)។ តំបន់អួតខ្លោវដ៍នេះ មានរាងជាស្វ៊ែរព័ទ្ធជុំវិញប្រព័ន្ធព្រះអាទិត្យ ហើយព្រំដែនខាងក្រៅបំផុត ស្ថិតនៅចម្ងាយរហូតដល់ទៅ ប្រមាណជា ១ឆ្នាំពន្លឺ ទៅ១,៥ឆ្នាំពន្លឺ ពីព្រះអាទិត្យ។
យ៉ាន អួត (Jan Oort) បានលើកសម្មតិកម្ម អំពីវត្តមាននៃតំបន់រាងជាស្វ៊ែរព័ទ្ធជុំវិញប្រព័ន្ធព្រះអាទិត្យរបស់យើង កាលពីឆ្នាំ១៩៥០ ពោលគឺ នៅក្នុងអំឡុងពេលប្រហាក់ប្រហែលគ្នា នឹងពេលដែលសម្មតិកម្មទាក់ទងនឹងខ្សែក្រវាត់គុយពែរ ត្រូវបានលើកឡើង ដោយតារាវិទូហូឡង់មួយរូបទៀត គឺ Gerard Kuiper។
ដូចទៅនឹងករណីខ្សែក្រវាត់គុយពែរដែរ សម្មតិកម្ម អំពីតំបន់អួតខ្លោវដ៍នេះ កើតចេញពីការសង្កេតទៅលើផ្កាយដុះកន្ទុយ ក៏ប៉ុន្តែ ខុសពី Gerard Kuiper ដែលផ្តោតការសិក្សាទៅលើផ្កាយដុះកន្ទុយ ដែលធ្វើដំណើរចូលមកក្បែរព្រះអាទិត្យជាលក្ខណៈទៀងទាត់ ទៅតាមវដ្តខ្លី ក្រោម ២០ឆ្នាំ យ៉ាន អួត វិញ កត់សម្គាល់ទៅលើផ្កាយដុះកន្ទុយមួយប្រភេទទៀត ដែលមានគន្លងចេញទៅយ៉ាងសែនឆ្ងាយពីព្រះអាទិត្យ ឆ្ងាយរហូតដល់ទៅរាប់ម៉ឺន ឬរាប់សែនដងនៃចម្ងាយរវាងព្រះអាទិត្យនិងភពផែនដីរបស់យើង។
ក្រៅពីមានគន្លងចេញទៅយ៉ាងឆ្ងាយពីព្រះអាទិត្យ គេក៏អាចសង្កេតឃើញផងដែរថា ផ្កាយដុះកន្ទុយអស់ទាំងនេះ មិនសុទ្ធតែមានគន្លងស្របទៅនឹងប្លង់របស់ភព ដូចជាផ្កាយដុះកន្ទុយ ដែលមកពីតំបន់ខ្សែក្រវាត់គុយពែរនោះទេ ផ្ទុយទៅវិញ មានផ្កាយដុះកន្ទុយខ្លះមានគន្លងរាងបញ្ឆិត ឬបញ្ឈរ ពីលើចុះក្រោម ឬពីក្រោមឡើងទៅលើក៏មាន។
ហេតុដូច្នេះហើយបានជា យ៉ាន អួត បានសន្និដ្ឋានថា នៅប៉ែកខាងក្រៅប្រព័ន្ធព្រះអាទិត្យ ចេញទៅឆ្ងាយហួសពីតំបន់ខ្សែក្រវាត់គុយពែរ នៅមានតំបន់មួយទៀត ដែលប្រមូលផ្តុំទៅដោយបំណែកតូចធំ ដែលបន្សល់ទុកតាំងពីពេលកកើតប្រព័ន្ធព្រះអាទិត្យ ក៏ប៉ុន្តែ ខុសពីតំបន់ខ្សែក្រវាត់គុយពែរ និងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ដែលមានរាងមូលសំប៉ែតដូចថាស តំបន់អួតខ្លោវដ៍នេះវិញ គឺមានរាងមូលជាស្វ៊ែរព័ទ្ធជុំវិញប្រព័ន្ធព្រះអាទិត្យរបស់យើង។
ជាទូទៅ ការស្វែងរកបំណែក នៅក្នុងតំបន់អួតខ្លោវដ៍នេះ វាគឺជារឿងស្មុគស្មាញខ្លាំង ដោយសារតែវាស្ថិតនៅឆ្ងាយខ្លាំងពេកពីព្រះអាទិត្យ និងពីភពផែនដីរបស់យើង។
ដើម្បីងាយគិតសម្រៃអំពីចម្ងាយដ៏សែនឆ្ងាយនេះ យើងគួរកត់សម្គាល់ថា យាន Voyager ដែលជាយានដ៏មានល្បឿនលឿនបំផុត ហើយដែលបានធ្វើដំណើរចេញផុតពីដែនម៉ាញេទិចរបស់ព្រះអាទិត្យ ចូលទៅដល់លំហ Interstellar (ដែលពេលខ្លះត្រូវបានគេចាត់ទុកថាបានចេញផុតពីប្រព័ន្ធព្រះអាទិត្យរបស់យើងទៅហើយនោះ) តាមពិតទៅ នៅមិនទាន់ធ្វើដំណើរទៅដល់តំបន់អួតខ្លោវដ៍នៅឡើយនោះទេ។ ក្នុងល្បឿនបច្ចុប្បន្ននេះ Voyager ត្រូវចំណាយពេលប្រមាណជា ៣០០ឆ្នាំទៀត ទើបធ្វើដំណើរទៅដល់តំបន់អួតខ្លោវដ៍ ហើយទាល់តែប្រមាណជា ៣ម៉ឺនឆ្នាំទៀត ទើបអាចឆ្លងផុតតំបន់អួតខ្លោវដ៍នេះបាន។
បើទោះជាគេអាចធ្វើដំណើរក្នុងល្បឿនលឿនស្មើនឹងល្បឿនរបស់ពន្លឺក៏ដោយ ក៏គេត្រូវការពេលមិនតិចនោះដែរ ទើបអាចធ្វើដំណើរទៅដល់តំបន់អួតខ្លោវដ៍នេះបាន។ ក្នុងល្បឿន ៣០ម៉ឺនគីឡូម៉ែត្រក្នុងមួយវិនាទី ពន្លឺដែលចេញពីព្រះអាទិត្យត្រូវចំណាយពេលត្រឹមតែ ៨នាទីប៉ុណ្ណោះ ដើម្បីមកដល់ភពផែនដីរបស់យើង, ៤ម៉ោងកន្លះទៅដល់ភពណិបទូន ហើយចូលទៅដល់តំបន់ខ្សែក្រវាត់គុយពែរ, ប្រមាណជា ៧ម៉ោងកន្លះចេញផុតពីខ្សែក្រវាត់គុយពែរ ក៏ប៉ុន្តែ ទាល់តែប្រមាណជា ១០ថ្ងៃក្រោយមកទើបអាចចូលទៅដល់ព្រំដែនប៉ែកខាងក្នុងនៃតំបន់អួតខ្លោវដ៍ ហើយបន្ទាប់មកទៀត ត្រូវការពេលក្នុងរង្វង់ពី១ឆ្នាំ ទៅ១ឆ្នាំកន្លះទៀត ទើបពន្លឺដែលចេញពីព្រះអាទិត្យនេះ អាចធ្វើដំណើរចេញផុតពីតំបន់អួតខ្លោវដ៍។
និយាយជារួម ព្រំដែនខាងក្រៅបំផុតនៃតំបន់អួតខ្លោវដ៍ ស្ថិតនៅចម្ងាយរហូតដល់ទៅ ១ឆ្នាំ ឬ១ឆ្នាំកន្លះឯណោះពីព្រះអាទិត្យ ពោលគឺ ប្រមាណជា ១ភាគ៤ នៃចម្ងាយទៅកាន់ផ្កាយ Proxima Centauri ផ្កាយដែលស្ថិតនៅជិតបំផុតនឹងប្រព័ន្ធព្រះអាទិត្យរបស់យើង៕
4/5/2022 • 7 minutes, 23 seconds ប្រវត្តិនៃការរកឃើញខ្សែក្រវាត់គុយពែរ
ខ្សែក្រវាត់គុយពែរ (Kuiper Belt) គឺជាតំបន់ស្ថិតនៅប៉ែកខាងក្រៅប្រព័ន្ធព្រះអាទិត្យ លាតសន្ធឹងចាប់ពីគន្លងរបស់ភពណិបទូន រហូតទៅដល់ចម្ងាយប្រមាណពី ៣០ ទៅ ៥០AU (៣០ ទៅ ៥០ដង នៃចម្ងាយរវាងផែនដីទៅព្រះអាទិត្យ)។ ឈ្មោះ "គុយពែរ" គឺយកតាមឈ្មោះតារាវិទូហូឡង់ Gerard Kuiper ដែលបានលើកសម្មតិកម្មនៃវត្តមានខ្សែក្រវាត់គុយពែរនេះឡើង កាលពីដើមទសវត្សរ៍ឆ្នាំ១៩៥០។
Gerard Kuiper បានសិក្សាលម្អិតទៅលើគន្លងរបស់ផ្កាយដុះកន្ទុយ ជាពិសេស ផ្កាយដុះកន្ទុយ ដែលធ្វើដំណើរចូលមកប៉ែកខាងក្នុងប្រព័ន្ធព្រះអាទិត្យជាលក្ខណៈទៀងទាត់ ទៅតាមវដ្តដែលមានរយៈពេលខ្លីក្រោម ២០ឆ្នាំ។
គេដឹងថា ផ្កាយដុះកន្ទុយ នៅពេលដែលចូលមកក្បែរព្រះអាទិត្យម្តងៗ ម៉ាស់របស់វាក៏ត្រូវថយចុះជាបន្តបន្ទាប់ ថយចុះទៅតាមចំហាយទឹក ឧស្ម័ន ឬធូលី ដែលរលាយដោយសារថាមពលរបស់ព្រះអាទិត្យ។ ដូច្នេះ ផ្កាយដុះកន្ទុយដែលចូលមកប៉ែកខាងក្នុងប្រព័ន្ធព្រះអាទិត្យញឹកញាប់ ម៉ាស់របស់វាក៏ត្រូវថយចុះលឿន រហូតដល់ពេលមួយវាប្រាកដជានឹងត្រូវរលាយបាត់រូបទាំងស្រុង ដោយមិនអាចស្ថិតស្ថិរនៅបានយូរនោះទេ។ តាមការប៉ាន់ស្មាន ដោយយោងទៅលើម៉ាស់របស់វា ផ្កាយដុះកន្ទុយអស់ទាំងនេះ អាចមានជីវិតយ៉ាងច្រើនត្រឹមរាប់សិបម៉ឺនឆ្នាំប៉ុណ្ណោះ។
ដូច្នេះ សំណួរដ៏ចម្បងមួយត្រូវចោទឡើង នៅក្នុងចំណោមអ្នកវិទ្យាសាស្រ្ត នៅក្នុងអំឡុងពេលនោះ គឺចោទឡើងថា ផ្កាយដុះកន្ទុយទាំងនេះគឺជាបំណែកដែលបន្សល់ទុកតាំងពីពេលកកើតប្រព័ន្ធព្រះអាទិត្យដំបូងមកម៉្លេះ តើហេតុអ្វីបានជាជាង៤ពាន់៥រយលានឆ្នាំ ក្រោយការកកើតប្រព័ន្ធព្រះអាទិត្យ គេនៅតែបន្តឃើញមានផ្កាយដុះកន្ទុយតទៅទៀតបែបនេះ?
Gerard Kuiper ក៏បានលើកជាសម្មតិកម្មឡើងថា បំណែកដែលបន្សល់ទុកពីការកកើតប្រព័ន្ធព្រះអាទិត្យ គឺនៅប្រមូលផ្តុំគ្នា នៅក្នុងតំបន់មួយ នៅប៉ែកខាងក្រៅប្រព័ន្ធព្រះអាទិត្យ ទៅហួសពីគន្លងភពណិបទូន ដោយភាគច្រើនវាមានគន្លងថេរនៅក្នុងតំបន់នោះ ដោយមិនចូលមកប៉ែកខាងក្នុងប្រព័ន្ធព្រះអាទិត្យនោះទេ ម៉ាស់របស់វាក៏មិនត្រូវថយចុះដោយថាមពលរបស់ព្រះអាទិត្យនោះដែរ ហេតុដូច្នេះហើយបានជាវាអាចស្ថិតស្ថិរនៅគង់វង់បានយូររហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។
ផ្កាយដុះកន្ទុយ ដែលគេសង្កេតឃើញ គឺមានប្រភពដើមចេញពីតំបន់នេះឯង មានន័យថា កាលពីមុនវាជាបំណែកដែលមានគន្លងថេរ នៅក្នុងតំបន់ខ្សែក្រវាត់គុយពែរ ក៏ប៉ុន្តែ ដោយសារតែវាត្រូវរងនូវការរំខានណាមួយ (ដោយការបុកទង្គិចគ្នាជាមួយនឹងបំណែកផ្សេង ឬដោយឥទ្ធិពលនៃកម្លាំងទំនាញរបស់ភពណាមួយ) ទើបធ្វើឲ្យគន្លងរបស់វាត្រូវប្រែប្រួល ហើយនាំចូលមកប៉ែកខាងក្នុងប្រព័ន្ធព្រះអាទិត្យ។
ក៏ប៉ុន្តែ ផ្កាយដុះកន្ទុយទាំងនេះ គ្រាន់តែជាផ្នែកដ៏តូចមួយប៉ុណ្ណោះ ក្នុងពេលដែលបំណែកជាច្រើនផ្សេងទៀត បន្តមានគន្លងថេរ នៅក្នុងតំបន់ខ្សែក្រវាត់គុយពែរ។
ទោះជាយ៉ាងណា អ្វីដែល Gerard Kuiper លើកឡើងនៅពេលនោះ គឺនៅត្រឹមតែជាទ្រឹស្តីមួយតែប៉ុណ្ណោះ ដោយគេមិនមានភស្តុតាងជាក់លាក់ណាមួយ ដែលអាចបញ្ជាក់បាននោះទេ ដោយសារតែតំបន់ខ្សែក្រវាត់គុយពែរនេះ ស្ថិតនៅឆ្ងាយខ្លាំងពេកពីផែនដី ហើយបំណែកនៅក្នុងតំបន់នេះភាគច្រើនក៏មានទំហំតូចៗ ដែលជាហេតុធ្វើឲ្យគេពិបាកនឹងស្វែងរកឃើញ។
រហូតទាល់តែប្រមាណជា ៤០ឆ្នាំក្រោយមក នៅឆ្នាំ១៩៩២ បំណែកនៅក្នុងតំបន់ខ្សែក្រវាត់គុយពែរ ដែលគេឲ្យឈ្មោះជាភាសាអង់គ្លេសថា « Kuiper Belt Objects » ឬ KBO ត្រូវបានគេរកឃើញជាលើកទីមួយ ហើយដែលជាភស្តុតាងដំបូងបង្អស់បញ្ជាក់អំពីខ្សែក្រវាត់គុយពែរ។
គិតរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ គេបានរកឃើញបំណែកនៅក្នុងតំបន់ខ្សែក្រវាត់គុយពែរ (Kuiper Belt Objects) ចំនួនជាង ២ពាន់ ហើយគេប៉ាន់ស្មានថា គិតជាសរុប នៅក្នុងតំបន់ខ្សែក្រវាត់គុយពែរនេះ បំណែកដែលមានទំហំចាប់ពី ១០០គីឡូម៉ែត្រឡើងទៅ អាចមានរហូតដល់ទៅរាប់សិបម៉ឺន ហើយបើរាប់ទាំងបំណែកតូចៗល្មម ទំហំចាប់ពី ២០គីឡូម៉ែត្រឡើង គឺអាចមានរហូតដល់ទៅរាប់រយលានឯណោះ។
ខ្សែក្រវាត់គុយពែរនេះក៏មិនមែនជាព្រំដែនចុងក្រោយនៃប្រព័ន្ធព្រះអាទិត្យរបស់យើងនោះដែរ ដោយហួសពីខ្សែក្រវាត់គុយពែរនេះទៅ នៅមានតំបន់មួយទៀត ដែលមានរាងជាស្វ៊ែរស្ថិតនៅព័ទ្ធជុំវិញប្រព័ន្ធអាទិត្យរបស់យើង ហើយដែលគេឲ្យឈ្មោះថា អួតខ្លោវដ៍ (Oort Cloud)៕
3/28/2022 • 8 minutes, 4 seconds